User Tools

Site Tools


Translations of this page?:
km:tipitaka:book_007

មាតិកា

-Namo tassa bhagavato arahato sammā-
ព្រះត្រៃបិដកភាសាខ្មែរ - Tipiṭaka Khmer language
ភាគ ៧ - Book 7

Ven. Members of the Sangha, Ven. Theras Valued Upasaka, valued Upasika This is a Work Edition! 1.Edition 20170101 Do not share it further except for editing and working purposes within the transcription project on sangham.net. Only for personal use. If you find any mistake or like to join the merits please feel invited to join here: sangham.net or Upasika Norum on sangham.net Anumodana!

សូម​ថ្វាយបង្គំ​ចំពោះ​ព្រះសង្ឃ, ជំរាបសួរ​ឧបាសក និង​ឧបាសិកា​ទាំង​អស់ នេះ​គឺ​ជា​សេចក្តី​ព្រាងច្បាប់​ការ​បោះ​ពុម្ព​ផ្សាយ! 1.Edition 20170101 សូម​កុំ​ចែក​រំលែក​បន្ថែម​ទៀត ប្រសិន​បើ​មិន​មែន​សម្រាប់​ការ​កែសម្រួល​នៅ sangham.net និង​កិច្ច​ការ​នេះ។ សូម​គិត​ថា​លោក​អ្នក​ត្រូវ​បាន​អញ្ជើញ​ដើម្បី​ចូល​រួម​បុណ្យកុសល​នេះ និង​​សូមប្រាប់​ពួក​យើង​អំពី​កំហុស និង​ប្រើវេទិកា​នេះ: sangham.net ឬ​ប្រាប់​ឧបាសិកា Norum នៅ​លើ sangham.net សូម​អនុមោទនា!

A topic about progress and feedback can be found here: ព្រះត្រៃបិដក ភាគ ០០៧ - Tipitaka Book 007, for change log on ati.eu see here: រាយការណ៍ ភាគ ០០៧



book_007.jpg

គំរូ ឯកសារ ផ្សេងទៀត ៖
book_007.pdf

លេខសម្គាល់
លេខទំព៍រ

ព្រះត្រៃបិដក ភាគ ទី៧

ទ. ១

វិន័យបិដក

ភាគ ទី ៧

មហាវគ្គ

ទុតិយភាគ
ភាគ ទី ២

វស្សូបនាយិកក្ខន្ធកៈ - បវារណក្ខន្ធកៈ - ចម្មក្ខន្ធកៈ - ភេសជ្ជក្ខន្ធកៈ

នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស។

ខ្ញុំសូមនមស្ការ ចំពោះព្រះដ៏មានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធ ព្រះអង្គនោះ។

វស្សូបនាយិកក្ខន្ធកៈ

(៣. វស្សូបនាយិកក្ខន្ធកោ)

១០៧. វស្សូបនាយិកានុជាននា

(១០៧)

[១] សម័យ​នោះ ព្រះពុទ្ធ​មានព្រះភាគ ទ្រង់គង់​នៅវត្ត​វេឡុវន កលន្ទកនិវាបស្ថាន ទៀប​ក្រុង​រាជគ្រឹះ។ គ្រានោះឯង ការនៅចាំវស្សា​ ព្រះមានព្រះភាគ​មិនទាន់​បាន​បញ្ញត្ត​ដល់ភិក្ខុទាំង​ឡាយ​នៅឡើយ។ ភិក្ខុទាំងនោះក៏ចេញដើរ​ទៅកាន់​ចារិក អស់​ហេមន្តរដូវខ្លះ អស់​គិម្ហរដូវខ្លះ អស់​វស្សានរដូវខ្លះ។ មនុស្សទាំងឡាយ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកសមណៈ ជាសក្យ​បុត្តិយ៍ មិនសមបើនឹងដើរទៅកាន់ចារិក​អស់ហេមន្តរដូវខ្លះ អស់គិម្ហរដូវខ្លះ អស់វស្សានរដូវខ្លះ ដើរ​ជាន់ស្មៅស្រស់ទាំងឡាយ បៀតបៀននូវវត្ថុ​ដែលមានជីវិត​ មានឥន្ទ្រិយ​តែ១ ញុំាងសត្វ​តូចៗ​ជាច្រើន​ឲ្យដល់នូវ​សេចក្តីវិនាស​សោះ សូម្បីពួកបរិព្វាជក​ មានលទ្ធិដទៃទាំងនេះ ដែល​ជាអ្នក​ពោល​ធម៌អាក្រក់ ម្តេចគង់នឹងសម្ងំឈប់​សម្រាកនៅចាំវស្សា សូម្បីទាំងពួក​សត្វស្លាបនេះ​ទៀត​សោត ក៏គង់ធ្វើសំបុក​លើចុងឈើ​ទាំងឡាយ ហើយនឹងសម្ងំ​ឈប់សម្រាក​នៅ​ចាំវស្សា​ដែរ ចំឡែក​តែ​ពួក​សមណៈ ជាសក្យបុត្តិយ៍នេះ នៅតែដើរ​ទៅកាន់ចារិក អស់ហេមន្តរដូវខ្លះ អស់​គិម្ហរដូវខ្លះ អស់វស្សានរដូវខ្លះ ដើរជាន់ស្មៅ​ស្រស់​ទាំងឡាយ បៀតបៀន​នូវវត្ថុ​ដែល​មានជីវិត​ មានឥន្ទ្រិយ​តែ១ ញុំាងសត្វ​​តូចៗ​ជាច្រើន​​ឲ្យដល់នូវ​​សេចក្តីវិនាស។ កាលមនុស្ស​ទាំងនោះ កំពុង​​ពោលទោស តិះដៀល បន្តុះបង្អាប់ ភិក្ខុទាំងឡាយ​​ក៏បានឮច្បាស់។ គ្រានោះឯង ភិក្ខុទាំងនោះ ក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះមានព្រះភាគ។ ព្រោះនិទាននេះ ដំណើរនេះ ព្រះមានព្រះភាគ ទ្រង់​ធ្វើ​នូវធម្មីកថា ក្នុងវេលានោះឯង រួចហើយ​ទើបទ្រង់​ត្រាស់​ហៅភិក្ខុទាំងឡាយ​​មកអនុញ្ញាតថា ម្នាលភិក្ខុ​ទាំងឡាយ តថាគតអនុញ្ញាត​​ឲ្យភិក្ខុចូល​វស្សា។1)

[២] គ្រានោះឯង ភិក្ខុទាំងឡាយ​មានសេចក្តី​តិ្រះរិះយ៉ាងនេះថា យើងគួរចូលវស្សា​ក្នុង​កាល​ណាហ្ន៎។ ភិក្ខុទាំងនោះក្រាបទូលសេចក្តីនុ៎ះ​ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យភិក្ខុចូលវស្សា​ក្នុងវស្សានរដូវ។ លំដាប់​នោះ ភិក្ខុ​ទាំង​ឡាយ​មានសេចក្តី​ត្រិះរិះយ៉ាងនេះថា ថ្ងៃចូលវស្សា​ តើមានប៉ុន្មាន​ហ្ន៎។ ភិក្ខុទាំងនោះ ​ក្រាប​ទូល​សេចក្តី​​នុ៎ះ​ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ថ្ងៃចូលវស្សា​នេះមាន​ពីរ គឺថ្ងៃបុរិមិកា​2) វស្សា១ ថ្ងៃបច្ឆិមិកា​3) វស្សា១ ភិក្ខុ​គួរចូល​បុរិមិកាវស្សា ក្នុងថ្ងៃ​បន្ទាប់​នៃថ្ងៃពេញ​បូណ៌មីខែអាសាធ (គឺថ្ងៃ១រោច​ខែអាសាធ) ភិក្ខុគួរចូល​បច្ឆិមិកាវស្សាក្នុងថ្ងៃ​ដែល​កន្លង​ហួស១ខែអំពីថ្ងៃពេញបូណ៌មីខែអាសាធ (គឺថ្ងៃ១រោច ខែស្រាពណ៌) ម្នាលភិក្ខុទាំងឡាយ ថ្ងៃចូលវស្សាមានតែពីរយ៉ាងនេះឯង។

១០៨. វស្សានេ ចារិកាបដិក្ខេបាទិ

(១០៨)

[៣] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុបាន​ចូលវស្សា​ហើយ ក៏ចេញ​ដើរទៅកាន់​ចារិក​ក្នុង​កណ្តាល​វស្សា។ មនុស្សទាំងឡាយពោលទោស តិះដៀស បន្តុះបង្អាប់​ដូចក្នុង​គ្រាមុន​នោះ​ទៀត​ថា ពួកសមណៈ ជាសក្យ​បុត្តិយ៍ មិនសមបើនឹងដើរទៅកាន់ចារិក​អស់ហេមន្តរដូវខ្លះ អស់​គិម្ហ​រដូវ​ខ្លះ អស់វស្សានរដូវខ្លះ ដើរ​ជាន់ស្មៅស្រស់ទាំងឡាយ បៀតបៀនវត្ថុ​ដែលមានជីវិត​ មានឥន្ទ្រិយ​តែ​មួយ ញុំាងពួកសត្វ​តូចៗ​ជាច្រើន​ឲ្យដល់នូវ​សេចក្តីវិនាស​សោះ យ៉ាងដូចជា​ពួក​តិរ្ថិយ​ដទៃនេះ ដែល​​​ពោល​ធម៌អាក្រក់ ម្តេចគង់នឹងសម្ងំឈប់​សម្រាកនៅចាំវស្សា អស់​ទាំងពួក​សត្វ​ស្លាប​នេះ​ទៀត​​សោត ក៏ធ្វើ​សំបុក​​ទាំងឡាយ​ទុកនៅ​លើចុងឈើទាំងឡាយ ហើយនឹង​សម្ងំ​នៅចាំវស្សា​ដូចគ្នា​ដែរ ចំឡែក​តែ​ពួក​សមណៈ ជាសក្យបុត្តិយ៍នេះ ម្តេចឡើយ​ក៏នៅតែដើរ​ទៅកាន់ចារិក អស់​ហេមន្ត​រដូវ​ខ្លះ អស់​គិម្ហរដូវខ្លះ អស់វស្សាន​រដូវខ្លះ ដើរជាន់ស្មៅ​ស្រស់​ទាំងឡាយ បៀតបៀន​វត្ថុ​ដែល​មាន​ជីវិត​ មានឥន្ទ្រិយ​តែមួយ ញុំាងពួកសត្វ​​តូចៗ​ជាច្រើន​​ឲ្យដល់នូវ​​សេចក្តីវិនាស។ កាលមនុស្ស​ទាំង​នោះ កំពុង​​ពោលទោស តិះដៀល បន្តុះបង្អាប់ ភិក្ខុទាំងឡាយ​​ក៏បានឮច្បាស់។ ពួក​ភិក្ខុណា​ដែល​មានសេចក្តីប្រាថ្នា​តិច ភិក្ខុទាំងនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួក​ឆព្វគ្គិយភិក្ខុ​ចូលវស្សាហើយ មិនសម​បើនឹង​ចេញដើរ​ទៅកាន់​ចារិក​ក្នុងកណ្តាល​វស្សាសោះ។ គ្រានោះ ភិក្ខុទាំងនោះ ក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះមានព្រះភាគ។ ព្រោះនិទាននេះ ដំណើរនេះ ទើបព្រះមានព្រះភាគ ទ្រង់​ធ្វើ​ធម្មីកថា​រួចហើយ ត្រាស់ហៅ​ភិក្ខុទាំងឡាយ​​មកបញ្ញត្ត​ថា ម្នាល​ភិក្ខុ​​​ទាំងឡាយ ភិក្ខុចូល​វស្សាហើយ មិននៅចាំបុរិមិកាវស្សា​​អស់ខែ​៣ ឬបច្ឆិមិកាវស្សា​អស់​ខែ៣ទេ មិនត្រូវចៀសចេញទៅ​កាន់​ចារិក​ឡើយ ភិក្ខុណា​ចៀស​ចេញ​ទៅ ត្រូវអាបត្តិ​ទុក្កដ។

[៤] សម័យនោះឯង ពួកឆព្វគ្គិយ​ភិក្ខុមិនប្រាថ្នា​នឹងចូលវស្សា។ ភិក្ខុទាំងឡាយ​ក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គទ្រង់​បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុកុំមិនចូល​វស្សា​ឡើយ (គឺត្រូវតែ​ចូលវស្សា) ភិក្ខុណាមិនចូល​វស្សា ត្រូវអាបត្តិទុក្កដ។ សម័យ​នោះឯង ពួក​ឆព្វគ្គិយភិក្ខុមិនប្រាថ្នានឹងចូលវស្សាក្នុង​ថ្ងៃចូលវស្សា​នោះ ក៏ក្លែង​ដើរ​ចេញពីទីអាវាស។ ភិក្ខុ​ទាំង​ឡាយ​​ក្រាបទូល​សេចក្តីនុ៎ះ​ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គទ្រង់បញ្ញត្តថា ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុមិនប្រាថ្នា​នឹងចូលវស្សា ក៏ក្លែង​ដើរចេញ​ពីអាវាស​ទៅក្នុង​ថ្ងៃចូលវស្សា​នោះ​មិនបានទេ ភិក្ខុ​ណា​ចេញ​ដើរទៅ ត្រូវអាបត្តិ​ទុក្កដ។

[៥] សម័យនោះឯង ព្រះបាទ​មាគធសេនិយពិម្ពិសារទ្រង់​មានសេចក្តី​ប្រាថ្នា​ដើម្បី​នឹងលើក​ខែ4) ក៏បញ្ជូន​រាជបម្រើ​ទៅក្នុងសំណាក់​ភិក្ខុទាំងឡាយថា លោកម្ចាស់​ទាំងឡាយ​គួរតែចូលវស្សា​ក្នុង​ខែ​ខាងមុខ (ខែ​អាសាធក្រោយ)។ ភិក្ខុទាំងឡាយ​ក្រាបទូលសេចក្តី​នុ៎ះ​​ចំពោះ​ព្រះមាន​ព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យភិក្ខុប្រព្រឹត្ត​ទៅតាមសេ្តច​ទាំងឡាយចុះ។

១០៩. សត្តាហករណីយានុជាននា

(១០៩)

[៦] គ្រានោះឯង ព្រះមានព្រះភាគ​គង់ក្នុង​ក្រុង​រាជគ្រឹះ​គួរដល់​ពុទ្ធអធ្យាស្រ័យ ហើយទ្រង់​យាងសំដៅ​ទៅឯក្រុង​សាវត្ថី ទ្រង់យាង​ទៅកាន់ចារិក​ដោយលំដាប់ស្រុក ទើបបាន​ដល់ទៅ​ក្រុង​សាវត្ថី។ បានឮថា ព្រះមានព្រះភាគ​គង់នៅវត្ត​ជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀប​ក្រុង​សាវត្ថី​នោះឯង។ សម័យនោះឯង ក្នុងកោសល​ជនបទ មានឧបាសក​ឈ្មោះឧទេន បានឲ្យ​គេធ្វើ​វិហារ​ចំពោះ​សង្ឃ។ ឧបាសក​នោះក៏បានបញ្ជូន​បម្រើទៅក្នុងសំណាក់​ភិក្ខុទាំងឡាយថា សូមឲ្យ​លោកម្ចាស់​​ទាំងឡាយនិមន្តមក ដ្បិត​ខ្ញុំ​ករុណា​ប្រាថ្នានឹង​ថ្វាយទានផង ស្តាប់ធម៌ផង នឹងបាន​ឃើញ​ភិក្ខុទាំងឡាយផង។ ភិក្ខុទាំងឡាយនិយាយយ៉ាងនេះ​វិញថា នែអាវុសោ ព្រះមានព្រះភាគ​បាន​បញ្ញត្ត​ហើយថា ភិក្ខុទាំងឡាយ​ចូលវស្សា​ហើយមិនបាន​នៅចាំ​បុរិមិកាវស្សា​អស់៣ខែ ឬបច្ឆិមិកាវស្សា​អស់៣ខែ​ទេ មិនត្រូវចេញដើរទៅកាន់ចារិកឡើយ សូមឲ្យ​ឧទេនឧបាសក​បង្អង់​ចាំសិន ទំរាំតែភិក្ខុទាំងឡាយនៅចាំវស្សារួច លុះចាំវស្សារួចហើយ មុខជានឹងទៅ បើឧបាសក​នោះ មានការ​ត្រូវធ្វើជាប្រញាប់ សូមឲ្យផ្ញើ​វិហារ​​ទុកក្នុងសំណាក់​ភិក្ខុទាំងឡាយ ដែលនៅ​ក្នុងអាវាស​ក្នុងទី​នោះសិនចុះ។ ឯឧទេន​ឧបាសក ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា លោកម្ចាស់​ទាំងឡាយ កាលបើអញ​បានបញ្ជូន​ពាក្យ​បណ្តាំ​ទៅហើយ មិនសមបើនឹងមិន​និមន្តមកសោះ ដ្បិតអញជាទាយក ជាកប្បិយការកៈ ជាឧបដ្ឋាក​របស់​សង្ឃ។ កាល​ឧទេនឧបាសកកំពុង​តែ​ពោលទោស តិះដៀល បន្តុះបង្អាប់​ ភិក្ខុទាំងឡាយក៏បានឮច្បាស់។ វេលានោះ ភិក្ខុទាំងនោះ​ ក៏​ក្រាបទូល​សេចក្តីនុ៎ះ​ចំពោះ​ព្រះមានព្រះភាគ។ ព្រោះនិទាននេះ ដំណើរនេះ ព្រះមានព្រះភាគ​ ទ្រង់ធ្វើ​ធម្មីកថា ក្នុង​វេលានោះ​ឯង រួចហើយ​ទ្រង់ត្រាស់​ហៅភិក្ខុទាំងឡាយ​មក អនុញ្ញាតថា ម្នាល​ភិក្ខុទាំងឡាយ កាលបើជន​ទាំង៧ពួក គឺភិក្ខុ១ ភិក្ខុនី១ សិក្ខមានា១ សាមណេរ១ សាមណេរី១ ឧបាសក១ ឧបាសិកា១ បានបញ្ជូនបម្រើ​មកហើយ តថាគតអនុញ្ញាត​ឲ្យភិក្ខុទៅដោយ​សត្តាហករណីយ (កិច្ច​ដែលគួរធ្វើបាន​៧ថ្ងៃ) កាលបើគេមិនបញ្ជូន​បម្រើមកទេ ភិក្ខុមិនត្រូវ​ទៅទេ ម្នាលភិក្ខុទាំងឡាយ កាលបើជនទាំង៧ពួក​នេះ បានបញ្ជូន​បម្រើមកហើយ តថាគត​អនុញ្ញាត​ឲ្យភិក្ខុទៅបាន កាលបើ​គេមិនបញ្ជូនបម្រើមកទេ ភិក្ខុមិនត្រូវទៅទេ ភិក្ខុត្រូវធ្វើ​ការត្រឡប់​ក្នុង​រវាង​៧ថ្ងៃ​។5) ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើមានឧបាសក​បាន​ឲ្យគេធ្វើ​វិហារចំពោះសង្ឃហើយ។ បើឧបាសកនោះបញ្ជូនបម្រើមកក្នុង​សំណាក់​ភិក្ខុទាំងឡាយថា សូមលោកម្ចាស់ទាំងឡាយ​និមន្តមក ខ្ញុំករុណា​ប្រាថ្នា​នឹងថ្វាយ​ទានផង នឹងស្តាប់ធម៌ផង នឹងឃើញ​ភិក្ខុទាំងឡាយផង។ ម្នាលភិក្ខុទាំងឡាយ កាលបើមានគេបានបញ្ជូន​បម្រើ​មកហើយ ភិក្ខុត្រូវ​ទៅដោយសត្តាហករណី​យ​បាន កាលបើឥតមានគេបញ្ជូន​បម្រើ​មកទេ ភិក្ខុ​មិនត្រូវទៅទេ ភិក្ខុត្រូវធ្វើការត្រឡប់​វិលវិញ​ ក្នុងរវាង​៧ថ្ងៃ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនា​នេះ បើមាន​ឧបាសក​បានឲ្យគេ​ធ្វើរោង​អឌ្ឍយោគចំពោះ​សង្ឃ។បេ។ ឲ្យគេធ្វើ​ប្រាសាទវែង។ ឲ្យគេធ្វើ​ប្រាសាទ​ដម្បូល​ត្រងិល។ ឲ្យគេធ្វើ​គុហា។ ឲ្យគេធ្វើ​បរិវេណ។ ឲ្យគេធ្វើ​បន្ទប់។ ឲ្យ​គេធ្វើ​សាលា​សម្រាប់​ឆាន់។ ឲ្យគេធ្វើ​រោងភ្លើង។ ឲ្យគេធ្វើកប្បិយកុដិ។ ឲ្យគេធ្វើ​វច្ចកុដិ (បង្គន់)។ ឲ្យគេធ្វើ​ទីចង្រ្កម។ ឲ្យគេធ្វើ​រោងចង្ក្រម។ ឲ្យគេធ្វើអណ្តូងទឹក។ ឲ្យគេធ្វើសាលា​នៅនាអណ្តូងទឹក។ ឲ្យគេធ្វើ​ផ្ទះជាទី​រក្សាកាយ។ ឲ្យគេធ្វើសាលាសម្រាប់​ប្រើប្រាស់​នៅនាផ្ទះ​ជាទីរក្សាកាយ។ ឲ្យគេធ្វើស្រះ។ ឲ្យគេធ្វើមណ្ឌប។ ឲ្យគេធ្វើអារាម។ ឲ្យគេធ្វើទីអារាម។ បើឧបាសក​នោះបញ្ជូន​បម្រើ​ទៅក្នុង​សំណាក់​​ភិក្ខុ​ទាំងឡាយថា សូមលោកម្ចាស់​ទាំងឡាយនិមន្តមក ខ្ញុំករុណា​ប្រាថ្នា​នឹងថ្វាយ​ទានផង នឹងស្តាប់​ធម៌ផង នឹងឃើញ​ភិក្ខុទាំងឡាយ​ផង។ ម្នាលភិក្ខុទាំងឡាយ កាលបើមាន​គេបញ្ជូន​បម្រើ​មកហើយ ភិក្ខុត្រូវ​ទៅដោយសត្តាហករណីយបាន កាលបើ​ឥតមានគេបញ្ជូន​បម្រើមកទេ ភិក្ខុ​មិនត្រូវ​ទៅទេ ភិក្ខុត្រូវ​ធ្វើការ​ត្រឡប់​វិលវិញ​ក្នុងរវាង​៧ថ្ងៃ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើមាន​ឧបាសក​ចំពោះភិក្ខុច្រើនរូប។បេ។ បានឲ្យគេធ្វើ​វិហារ​ចំពោះភិក្ខុ១រូប។ ឲ្យគេធ្វើ​អឌ្ឍយោគ។ ឲ្យគេធ្វើ​ប្រាសាទវែង។ ឲ្យគេធ្វើ​ប្រាសាទ​​ដម្បូល​ត្រងិល។ ឲ្យគេ​ធ្វើ​គុហា។ ឲ្យគេធ្វើ​បរិវេណ។ ឲ្យគេធ្វើ​​បន្ទប់ទឹក។ ឲ្យ​គេធ្វើរោង​​សម្រាប់​ឆាន់។ ឲ្យគេធ្វើ​​រោងភ្លើង។ ឲ្យគេធ្វើ​​កប្បិយ​កុដិ។ ឲ្យគេធ្វើ​​វច្ចកុដិ។ ឲ្យគេ​ធ្វើ​ទីចង្រ្កម។ ឲ្យគេធ្វើ​​រោងសម្រាប់​ចង្ក្រម។ ឲ្យគេធ្វើ​​អណ្តូង​ទឹក។ ឲ្យគេធ្វើ​សាលា​សម្រាប់​ប្រើប្រាស់​នៅ​នាអណ្តូងទឹក។ ឲ្យគេធ្វើ​ផ្ទះជាទី​រក្សាកាយ។ ឲ្យគេធ្វើ​សាលា​ក្បែរផ្ទះ​ជា​ទីរក្សាកាយ។ ឲ្យគេធ្វើស្រះ។ ឲ្យគេធ្វើមណ្ឌប។ ឲ្យគេ​ធ្វើអារាម។ ឲ្យគេធ្វើ​​ទី​ដី​អារាម។ បើឧបាសក​​នោះបញ្ជូន​​បម្រើ​ទៅក្នុង​សំណាក់​​ភិក្ខុ​ទាំងឡាយថា សូមលោកម្ចាស់​ទាំងឡាយ​និមន្ត​មក ខ្ញុំករុណា​ប្រាថ្នា​នឹងឲ្យ​​ទានផង នឹងស្តាប់​​ធម៌ផង នឹងឃើញ​​ភិក្ខុទាំង​ឡាយ​ផង។ ម្នាល​ភិក្ខុ​ទាំង​ឡាយ កាលបើមាន​គេបញ្ជូន​បម្រើ​មក ភិក្ខុគប្បី​ទៅដោយ​សត្តាហករណីយ​បាន កាលបើ​គេ​មិន​បញ្ជូន​​បម្រើ​មកទេ ភិក្ខុ​មិនត្រូវ​ទៅទេ ភិក្ខុគប្បី​ធ្វើការ​ត្រឡប់​វិលមកវិញ​ក្នុង​រវាង​៧ថ្ងៃ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ក្នុងសាសនានេះ បើមានឧបាសក​បានឲ្យគេធ្វើ​វិហារ​ចំពោះ​ភិក្ខុនី​សង្ឃ ចំពោះ​ភិក្ខុនី​ច្រើន​រូប ចំពោះភិក្ខុនីមួយរូប ចំពោះ​សិក្ខមានាច្រើនរូប ចំពោះសិក្ខមានា​១រូប ចំពោះ​សាមណេរ​ច្រើនរូប ចំពោះ​សាមណេរ១រូប ចំពោះសាមណេរីច្រើនរូប ចំពោះសាមណេរី១រូប។ បានឲ្យ​គេធ្វើ​អឌ្ឍយោគ។ ឲ្យគេធ្វើ​ប្រាសាទវែង។ ឲ្យគេធ្វើ​ប្រាសាទ​​ដំបូល​ត្រងិល។ ឲ្យគេធ្វើ​គុហា។ ឲ្យគេធ្វើ​បរិវេណ។ ឲ្យគេធ្វើ​បន្ទប់ទឹក។ ឲ្យ​គេធ្វើ​រោង​​សម្រាប់​ឆាន់។ ឲ្យគេធ្វើ​រោង​ភ្លើង។ ឲ្យគេធ្វើ​កប្បិយ​កុដិ។ ឲ្យគេ​ធ្វើ​វច្ចកុដិ។ ឲ្យគេធ្វើ​​ទីចង្រ្កម។ ឲ្យគេធ្វើ​​រោងចង្ក្រម។ ឲ្យគេ​ធ្វើអណ្តូង​ទឹក។ ឲ្យគេ​ធ្វើ​រោង​សម្រាប់ប្រើប្រាស់​​នៅនាអណ្តូងទឹក។ ឲ្យគេធ្វើស្រះ។ ឲ្យគេធ្វើមណ្ឌប។ ឲ្យគេធ្វើអារាម។ ឲ្យគេ​ធ្វើទីដីអារាម។ បើឧបាសក​នោះបញ្ជូន​បម្រើ​ទៅក្នុង​សំណាក់​ភិក្ខុ​ទាំងឡាយ​ថា សូមដ៏ចំរើន​ទាំងឡាយនិមន្តមក ខ្ញុំករុណា​ប្រាថ្នា​នឹងថ្វាយ​ទានផង នឹងស្តាប់​ធម៌ផង នឹងឃើញ​​ភិក្ខុទាំងឡាយ​ផង។ ម្នាលភិក្ខុទាំងឡាយ កាលបើមាន​គេបញ្ជូន​បម្រើ​មកហើយ ភិក្ខុ​គប្បី​​ទៅ​ដោយ​សត្តាហករណីយ​បាន កាលបើគេមិនបញ្ជូន​បម្រើមកទេ ភិក្ខុ​មិនត្រូវ​ទៅទេ ភិក្ខុ​គប្បី​ធ្វើការ​ត្រឡប់​វិលវិញ​ក្នុងរវាង​៧ថ្ងៃ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើមាន​ឧបាសក​បានឲ្យ​គេធ្វើ​ទីនៅ​ចំពោះខ្លួនឯងវិញ។ ឲ្យគេធ្វើផ្ទះសម្រាប់ដេក។ ឲ្យគេធ្វើ​ឃ្លាំង។ ឲ្យ​គេធ្វើ​ប៉ម (បញ្ចា)។ ឲ្យ​គេធ្វើ​​ប្រាសាទ​បួនជ្រុង។ ឲ្យគេធ្វើ​​រានផ្សារ។ ឲ្យគេធ្វើ​រោងរានផ្សារ។ ឲ្យគេ​ធ្វើប្រាសាទ​​វែង។ ឲ្យគេធ្វើ​ប្រាសាទ​ដំបូល​ត្រងិល។ ឲ្យគេ​ធ្វើ​គុហា។ ឲ្យគេ​ធ្វើបរិវេណ។ ឲ្យគេ​ធ្វើ​បន្ទប់​ទឹក។ ឲ្យ​គេធ្វើរោង​សម្រាប់បរិភោគ។ ឲ្យគេធ្វើ​រោងភ្លើង។ ឲ្យគេធ្វើ​ផ្ទះសម្រាប់​ចំអិនអាហារ។ ឲ្យគេធ្វើ​វច្ចកុដិ។ ឲ្យគេធ្វើ​ទីចង្រ្កម។ ឲ្យគេធ្វើ​រោងចង្ក្រម។ ឲ្យគេធ្វើ​អណ្តូង​ទឹក។ ឲ្យគេធ្វើរោង​សម្រាប់​ប្រើប្រាស់​​នៅនាអណ្តូងទឹក។ ឲ្យគេធ្វើ​ផ្ទះជាទី​រក្សាកាយ។ ឲ្យគេធ្វើ​សាលា​ក្បែរផ្ទះ​ជាទីរក្សាកាយ។ ឲ្យគេ​ធ្វើ​ស្រះ។ ឲ្យគេធ្វើមណ្ឌប។ ឲ្យគេធ្វើអារាម។ ឲ្យគេធ្វើ​ទី​ដី​អារាម។ មានការដណ្តឹង​(កូនស្រី) ដើម្បី​កូន​ប្រុស​ក្តី មានការដណ្តឹង​(កូនប្រុស) ដើម្បីកូនស្រី​ក្តី គេមានជម្ងឺក្តី គេប្រាប់​ព្រះសូត្រ​ដែលគេ​ដឹង​ប្រាកដក្តី។ បើឧបាសក​នោះបញ្ជូន​បម្រើ​ទៅក្នុង​សំណាក់​ភិក្ខុ​ទាំងឡាយថា សូម​លោកដ៏ចំរើន​​ទាំងឡាយ​និមន្តមករៀន​យកព្រះសូត្រនេះ កុំឲ្យព្រះសូត្រ​នេះសាបសូន្យ​ទៅ​ឡើយ។ ម្យ៉ាងទៀត ឧបាសកនោះ មានកិច្ចឯណានីមួយក្តី មានកិច្ច​ត្រូវធ្វើ (ខានមិនបាន)ក្តី។ បើឧបាសក​នោះបញ្ជូន​បម្រើ​ទៅក្នុង​សំណាក់​ភិក្ខុ​ទាំងឡាយថា សូម​លោកដ៏ចំរើន​​ទាំងឡាយ​និមន្តមក ខ្ញុំករុណា​ប្រាថ្នា​នឹងថ្វាយ​ទានផង នឹងស្តាប់​ធម៌ផង នឹងឃើញ​ភិក្ខុទាំងឡាយ​ផង។ ម្នាលភិក្ខុទាំងឡាយ កាលបើ​មាន​​គេ​បញ្ជូន​បម្រើ​មក ភិក្ខុគប្បី​ទៅដោយ​សត្តាហករណីយ​បាន កាលបើ​គេមិនបញ្ជូន​បម្រើមក​ទេ ភិក្ខុ​មិនត្រូវ​ទៅទេ ភិក្ខុត្រូវ​ធ្វើការ​ត្រឡប់​វិលវិញ​ក្នុង​រវាង​៧ថ្ងៃ។ ម្នាលភិក្ខុទាំងឡាយ ក្នុង​សាសនា​នេះ បើមានឧបាសិកា​បានឲ្យគេធ្វើ​វិហារ​ចំពោះសង្ឃ។ បើ​ឧបាសិកា​​នោះបញ្ជូន​បម្រើ​ទៅ​ក្នុង​​សំណាក់​ភិក្ខុ​ទាំងឡាយ​ថា សូមលោកម្ចាស់​ទាំងឡាយ​និមន្ត​មក ខ្ញុំករុណា​ប្រាថ្នា​នឹងថ្វាយ​ទានផង នឹងស្តាប់​ធម៌ផង នឹងឃើញ​​ភិក្ខុទាំងឡាយ​ផង។ ម្នាលភិក្ខុ​ទាំងឡាយ កាលបើមាន​គេ​បញ្ជូន​​បម្រើ​មកហើយ ភិក្ខុ​គប្បី​​ទៅដោយសត្តាហករណីយបាន កាល​បើគេ​មិនបញ្ជូន​បម្រើមកទេ ភិក្ខុ​​មិនត្រូវ​ទៅទេ ភិក្ខុ​ត្រូវ​ធ្វើការ​ត្រឡប់​វិលវិញ​ក្នុងរវាង​៧ថ្ងៃ។ ម្នាល​ភិក្ខុ​ទាំងឡាយ ក្នុងសាសនា​នេះ បើមានឧបាសិកា​​បានឲ្យគេធ្វើ​អឌ្ឍយោគ​ចំពោះសង្ឃ។ ឲ្យគេធ្វើប្រាសាទវែង។ ឲ្យគេ​ធ្វើ​ប្រាសាទ​ដំបូលត្រងិល។ ឲ្យគេធ្វើគុហា។ ឲ្យគេធ្វើបរិវេណ។ ឲ្យគេធ្វើបន្ទប់ទឹក។ ឲ្យគេធ្វើរោង​សម្រាប់​ឆាន់។ ឲ្យគេធ្វើរោងភ្លើង។ ឲ្យគេធ្វើ​កប្បិយកុដិ។ ឲ្យគេ​ធ្វើ​វច្ចកុដិ។ ឲ្យគេធ្វើទីចង្ក្រម។ ឲ្យគេធ្វើ​​រោងចង្ក្រម។ ឲ្យគេធ្វើ​អណ្តូងទឹក។ ឲ្យគេធ្វើ​រោងសម្រាប់​ប្រើប្រាស់​នៅនាអណ្តូងទឹក។ ឲ្យគេធ្វើផ្ទះ​ជាទីរក្សាកាយ។ ឲ្យគេធ្វើ​សាលាក្បែរ​ផ្ទះ​ជាទីរក្សាកាយ។ ឲ្យគេធ្វើស្រះ។ ឲ្យគេធ្វើ​មណ្ឌប។ ឲ្យគេធ្វើអារាម។ ឲ្យគេធ្វើទីដីអារាម។ បើ​ឧបាសិកា​​នោះបញ្ជូន​បម្រើ​ទៅក្នុង​សំណាក់​ភិក្ខុ​ទាំងឡាយ​ថា សូមលោកម្ចាស់​ទាំងឡាយ​និមន្ត​មក ខ្ញុំករុណា​ប្រាថ្នា​នឹងថ្វាយ​ទានផង នឹងស្តាប់​ធម៌ផង នឹងឃើញ​​ភិក្ខុទាំងឡាយ​ផង។ ម្នាលភិក្ខុ​ទាំងឡាយ កាលបើ​មាន​គេបញ្ជូន​បម្រើ​មក ភិក្ខុ​គប្បី​​ទៅដោយសត្តាហករណីយបាន កាល​បើគេ​មិនបញ្ជូន​បម្រើមកទេ ភិក្ខុ​មិនត្រូវ​ទៅទេ ភិក្ខុ​ត្រូវ​ធ្វើការ​ត្រឡប់​វិលវិញ​ក្នុងរវាង​៧ថ្ងៃ។ ម្នាល​ភិក្ខុ​ទាំងឡាយ ក្នុងសាសនានេះ បើមានឧបាសិកា​គេបានធ្វើវិហារ​ចំពោះភិក្ខុច្រើនរូប។បេ។ ចំពោះភិក្ខុ១រូប ចំពោះ​ភិក្ខុនីសង្ឃ ចំពោះ​ភិក្ខុនីច្រើនរូប ចំពោះភិក្ខុនី១រូប ចំពោះសិក្ខមានា​ច្រើនរូប ចំពោះ​សិក្ខមានា១រូប ចំពោះ​សាមណេរ​ច្រើនរូប ចំពោះ​សាមណេរ១រូប ចំពោះ​សាមណេរី​ច្រើនរូប ចំពោះ​សាមណេរី១រូប។បេ។ បានឲ្យគេធ្វើ​លំនៅ​​ចំពោះខ្លួនឯង។ ឲ្យគេធ្វើផ្ទះសម្រាប់​ដេក។ ឲ្យគេ​ធ្វើ​ឃ្លាំង។ ឲ្យគេធ្វើ​ប៉ម (បញ្ចា)។ ឲ្យគេធ្វើ​ប្រាសាទ​បួនជ្រុង។ ឲ្យគេធ្វើរានផ្សារ។ ឲ្យគេធ្វើ​រោងរានផ្សារ។ ឲ្យគេធ្វើប្រាសាទវែង។ ឲ្យគេធ្វើ​ប្រាសាទ​ដំបូលត្រងិល។ ឲ្យគេធ្វើគុហា។ ឲ្យគេធ្វើបរិវេណ។ ឲ្យគេធ្វើបន្ទប់ទឹក។ ឲ្យគេធ្វើរោង​សម្រាប់​បរិភោគអាហារ។ ឲ្យគេធ្វើរោងភ្លើង។ ឲ្យគេធ្វើផ្ទះសម្រាប់​ចំអិនអាហារ។ ឲ្យគេធ្វើ​វច្ចកុដិ។ ឲ្យគេធ្វើទីចង្ក្រម។ ឲ្យគេធ្វើ​រោងចង្ក្រម។ ឲ្យគេធ្វើ​អណ្តូងទឹក។ ឲ្យគេធ្វើ​រោងសម្រាប់​ប្រើប្រាស់​នៅនាអណ្តូងទឹក។ ឲ្យគេធ្វើស្រះ។ ឲ្យគេធ្វើមណ្ឌប។ ឲ្យគេធ្វើអារាម។ ឲ្យគេធ្វើទីដីអារាម។ មានការដណ្តឹង​ (កូនស្រី) ដើម្បីកូន​ប្រុសក្តី មានការដណ្តឹង​(កូនប្រុស) ដើម្បីកូនស្រីក្តី គេមាន​ជម្ងឺក្តី គេប្រាប់ព្រះសូត្រដែល​គេដឹង​ប្រាកដ​ក្តី។ បើ​ឧបាសិកា​​នោះបញ្ជូន​បម្រើ​ទៅក្នុង​សំណាក់​ភិក្ខុ​ទាំងឡាយ​ថា សូមលោកម្ចាស់​ទាំងឡាយ​​និមន្ត​មករៀន​យកនូវព្រះសូត្រ​នេះ កុំឲ្យ​ព្រះសូត្រនេះ​សាបសូន្យ​ទៅឡើយ។ ម្យ៉ាងទៀត ឧបាសិកានោះ មានកិច្ចឯណានីមួយក្តី មានកិច្ច​ត្រូវធ្វើ (ខានមិនបាន) ក្តី។ បើឧបាសិកានោះ បញ្ជូន​បម្រើ​ទៅក្នុងសំណាក់​ភិក្ខុទាំងឡាយថា សូមលោកម្ចាស់​ទាំងឡាយ​និមន្ត​មក ខ្ញុំករុណា​ប្រាថ្នា​នឹងថ្វាយ​ទានផង នឹងស្តាប់​ធម៌ផង នឹងឃើញ​​ភិក្ខុទាំងឡាយ​ផង។ ម្នាលភិក្ខុ​ទាំងឡាយ កាលបើ​​គេបញ្ជូន​បម្រើ​មកហើយ ភិក្ខុ​គប្បី​​ទៅដោយសត្តាហករណីយបាន កាល​បើគេ​មិនបញ្ជូន​បម្រើមកទេ ភិក្ខុ​មិនត្រូវ​ទៅទេ ភិក្ខុ​ត្រូវ​ធ្វើការ​ត្រឡប់​វិលវិញ​ក្នុងរវាង​៧ថ្ងៃ។ ម្នាលភិក្ខុ​ទាំង​ឡាយ ក្នុងសាសនានេះ បើមានភិក្ខុឲ្យគេធ្វើ​វិហារ​ចំពោះសង្ឃ ភិក្ខុនី​ឲ្យគេធ្វើ​វិហារ​ចំពោះសង្ឃ សិក្ខមានាឲ្យគេធ្វើ​វិហារ​ចំពោះសង្ឃ សាមណេរឲ្យគេធ្វើ​វិហារ​ចំពោះសង្ឃ សាមណេរី​ឲ្យគេធ្វើ​វិហារ​ចំពោះសង្ឃ ចំពោះភិក្ខុច្រើនរូប ចំពោះ​ភិក្ខុ១រូប ចំពោះ​ភិក្ខុនី​សង្ឃ ចំពោះ​ភិក្ខុនីច្រើនរូប ចំពោះភិក្ខុនី១រូប ចំពោះសិក្ខមានា​ច្រើនរូប ចំពោះ​សិក្ខមានា១រូប ចំពោះ​សាមណេរ​ច្រើនរូប ចំពោះ​សាមណេរ១រូប ចំពោះ​សាមណេរី​ច្រើនរូប ចំពោះ​សាមណេរី​១​រូប។បេ។ បានឲ្យគេធ្វើវិហារ​​ចំពោះខ្លួនឯង។ ឲ្យគេ​ធ្វើ​អឌ្ឍយោគ។ ឲ្យគេធ្វើប្រាសាទវែង។ ឲ្យគេ​ធ្វើ​ប្រាសាទដំបូលត្រងិល។ ឲ្យគេធ្វើគុហា។ ឲ្យគេធ្វើ​បរិវេណ។ ឲ្យគេធ្វើបន្ទប់ទឹក។ ឲ្យគេធ្វើរោង​សម្រាប់​បរិភោគអាហារ។ ឲ្យគេធ្វើរោងភ្លើង។ ឲ្យគេ​ធ្វើកប្បិយកុដិ។ ឲ្យគេធ្វើ​វច្ចកុដិ។ ឲ្យគេធ្វើ​ទី​ចង្ក្រម។ ឲ្យគេធ្វើ​រោងចង្ក្រម។ ឲ្យគេធ្វើ​អណ្តូងទឹក។ ឲ្យគេ​ធ្វើ​រោងសម្រាប់​ប្រើប្រាស់​នៅនា​​អណ្តូង​ទឹក។ ឲ្យគេធ្វើស្រះ។ ឲ្យគេធ្វើមណ្ឌប។ ឲ្យគេធ្វើ​អារាម។ ឲ្យគេធ្វើទីដីអារាម។ បើសាមណេរី​​នោះ​បញ្ជូន​បម្រើ​ទៅក្នុង​សំណាក់​ភិក្ខុ​ទាំងឡាយ​ថា សូមលោកម្ចាស់​ទាំងឡាយ​​និមន្ត​មក ខ្ញុំករុណា​ប្រាថ្នា​នឹងថ្វាយ​ទានផង នឹងស្តាប់​ធម៌ផង នឹងឃើញ​​ភិក្ខុទាំងឡាយ​ផង។ ម្នាលភិក្ខុ​ទាំងឡាយ កាលបើ​​មាន​គេបញ្ជូន​បម្រើ​មកហើយ ភិក្ខុ​គប្បី​​ទៅដោយសត្តាហករណីយបាន កាល​បើគេ​មិនបញ្ជូន​បម្រើមកទេ ភិក្ខុ​មិនត្រូវ​ទៅទេ ភិក្ខុ​ត្រូវ​ធ្វើការ​ត្រឡប់​វិលវិញ​ក្នុងរវាង​៧ថ្ងៃ។

១១០. បញ្ចន្នំ អប្បហិតេបិ អនុជាននា

(១១០)

[៧] សម័យនោះឯង មានភិក្ឋុ១រូប​មានជម្ងឺ។ ភិក្ខុនោះ បានបញ្ជូន​បម្រើ​ទៅក្នុង​សំណាក់​ភិក្ខុ​ទាំងឡាយ​ថា ដ្បិតខ្ញុំ​មានជម្ងឺ សូមភិក្ខុ​ទាំងឡាយ​​និមន្ត​មក ខ្ញុំ​ប្រាថ្នានឹង​ឲ្យភិក្ខុទាំងឡាយ​និមន្ត​មក។ ភិក្ខុទាំងឡាយ​ក៏ក្រាបទូល​​សេចក្តីនុ៎ះ​ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់​អនុញ្ញាត​ថា ម្នាលភិក្ខុទាំងឡាយ កាលបើសហធម្មិកបុគ្គល​ទាំង​៥ពួក គឺភិក្ខុ១ ភិក្ខុនី១ សិក្ខមានា១ សាមណេរ១ សាមណេរី១ មិនបានបញ្ជូន​បម្រើមក ក៏តថាគត​អនុញ្ញាត​ឲ្យភិក្ខុទៅ ដោយ​សត្តាហករណីយ​​បាន នឹងនិយាយទៅថ្វី​ដល់កិច្ច​ដែលគេបាន​បញ្ជូន​បម្រើ​មកហើយនោះ ម្នាលភិក្ខុទាំងឡាយ ពួកសហធម្មិកបុគ្គល​ទាំង៥ពួក​នេះ ទុកជា​មិនបានបញ្ជូន​បម្រើមក​ ក៏​តថាគត​​អនុញ្ញាត​ឲ្យភិក្ខុទៅ ដោយសត្តាហ​ករណីយបាន នឹងនិយាយទៅថ្វី​ដល់កិច្ច​ដែលគេ​បាន​បញ្ជូន​បម្រើមកនោះ ភិក្ខុត្រូវ​ធ្វើការ​ត្រឡប់​វិលវិញ​ក្នុងរវាង​៧ថ្ងៃ។ ម្នាលភិក្ខុទាំងឡាយ ក៏ក្នុង​សាសនា​នេះ មានភិក្ខុឈឺ។ បើភិក្ខុនោះ បញ្ជូន​បម្រើ​ទៅក្នុង​សំណាក់​ភិក្ខុ​ទាំងឡាយ​ថា ដ្បិតខ្ញុំ​មានជម្ងឺ សូមភិក្ខុ​ទាំងឡាយ​​និមន្ត​មក ខ្ញុំ​ប្រាថ្នា​នឹងឲ្យភិក្ខុទាំងឡាយ​និមន្ត​មក។ ម្នាលភិក្ខុ​ទាំង​ឡាយ បើទុកជាភិក្ខុឈឺ​នោះមិនបាន​បញ្ជូន​បម្រើមក ក៏ភិក្ខុគប្បីទៅ ដោយសត្តាហករណីយ​បាន នឹង​និយាយ​ទៅថ្វី​ដល់កិច្ច​ដែលគេ​​បញ្ជូន​បម្រើមកហើយនោះ ភិក្ខុត្រូវ​ធ្វើការ​ត្រឡប់​វិលវិញ​ក្នុងរវាង​៧ថ្ងៃ ដោយគិត​ថា អាត្មាអញ​នឹងស្វែងរក​ភត្ត​សម្រាប់ភិក្ខុឈឺក្តី នឹងស្វែង​រកភត្ត​សម្រាប់​ភិក្ខុបម្រើ​ជម្ងឺក្តី នឹងស្វែងរក​ថ្នាំ​សម្រាប់​ភិក្ខុឈឺក្តី នឹងសាកសួរជម្ងឺក្តី នឹងបម្រើ​ជម្ងឺក្តី។ ម្នាលភិក្ខុ​ទាំងឡាយ ក៏ក្នុងសាសនានេះ សេចក្តីអផ្សុក (ចង់សឹក) កើតឡើង​ដល់ភិក្ខុ។ បើភិក្ខុនោះបញ្ជូន​បម្រើ​ទៅក្នុង​សំណាក់​ភិក្ខុទាំងឡាយ​ថា សេចក្តីអផ្សុក​កើតឡើង​ដល់ខ្ញុំ​ហើយ សូមភិក្ខុ​ទាំងឡាយ​និមន្ត​មក ខ្ញុំ​ប្រាថ្នា​ឲ្យ​ភិក្ខុទាំងឡាយ​និមន្ត​មក។ ម្នាលភិក្ខុទាំងឡាយ បើទុក​ជាភិក្ខុនោះមិនបាន​បញ្ជូន​បម្រើមក ក៏ភិក្ខុគប្បី​ទៅ ដោយសត្តាហករណីយបាន នឹងនិយាយ​ទៅថ្វី​ដល់កិច្ច​ដែល​ភិក្ខុបញ្ជូន​បម្រើ​មកហើយនោះ ភិក្ខុត្រូវធ្វើ​ការត្រឡប់​វិលវិញ​ដោយគិតថា អាត្មា​អញ​នឹង​បំបាត់​សេចក្តី​អផ្សុក​​ដោយខ្លួនឯង ឬនឹងឲ្យ​អ្នកដទៃ​បំបាត់ ឬនឹងធ្វើ​នូវធម្មកថាចំពោះ​ភិក្ខុនោះ។ ម្នាលភិក្ខុ​ទាំងឡាយ ក៏ក្នុងសាសនានេះ សេចក្តីរង្កៀស​កើតឡើង​ដល់ភិក្ខុហើយ។ បើភិក្ខុនោះ​បញ្ជូន​បម្រើទៅ​ក្នុងសំណាក់​ភិក្ខុទាំងឡាយថា សេចក្តី​រង្កៀស​កើតឡើង​ដល់ខ្ញុំហើយ សូមភិក្ខុ​ទាំងឡាយ​និមន្តមក ខ្ញុំប្រាថ្នា​ឲ្យ​ភិក្ខុទាំងឡាយនិមន្តមក។ ម្នាលភិក្ខុ​ទាំងឡាយ បើទុក​ជាភិក្ខុ​នោះមិនបាន​បញ្ជូន​បម្រើមក ក៏ភិក្ខុគប្បី​ទៅ ដោយសត្តាហករណីយបាន នឹងនិយាយ​ទៅថ្វី​ដល់កិច្ច​ដែល​ភិក្ខុបញ្ជូន​បម្រើ​មកហើយនោះ ភិក្ខុត្រូវធ្វើ​ការត្រឡប់​វិលវិញ​ក្នុងរវាង​៧ថ្ងៃ ដោយ​គិតថា អាត្មា​អញ​នឹងបន្ទោបង់​នូវសេចក្តីរង្កៀស​ដោយខ្លួនឯង ឬឲ្យ​អ្នកដទៃបន្ទោបង់ ឬនឹងធ្វើ​នូវធម្មកថាដល់​ភិក្ខុនោះ។ ម្នាលភិក្ខុ​ទាំងឡាយ ក៏ក្នុងសាសនានេះ ទិដ្ឋិខុស​កើតឡើង​ដល់​ភិក្ខុ​ហើយ។ បើភិក្ខុនោះ​បញ្ជូន​បម្រើទៅ​ក្នុងសំណាក់​ភិក្ខុទាំងឡាយថា ទិដ្ឋិ​ខុសកើតឡើង​ដល់​ខ្ញុំ​ហើយ សូមភិក្ខុ​ទាំងឡាយ​និមន្តមក ខ្ញុំចង់​ឲ្យ​ភិក្ខុទាំងឡាយនិមន្តមក។ ម្នាលភិក្ខុ​ទាំងឡាយ បើទុក​ជាភិក្ខុ​នោះ​មិនបាន​បញ្ជូន​បម្រើមក ក៏ភិក្ខុគប្បី​ទៅ ដោយសត្តាហករណីយបាន នឹងនិយាយ​ទៅថ្វី​ដល់​កិច្ច​​ដែល​ភិក្ខុ​បាន​បញ្ជូន​​បម្រើ​មកហើយនោះ ភិក្ខុត្រូវធ្វើ​ការត្រឡប់​វិលវិញ​ក្នុងរវាង​៧​ថ្ងៃ ដោយ​គិតថា អាត្មា​អញ​នឹងដោះ ឬនឹងឲ្យ​អ្នកដទៃ​ដោះនូវ​ទិដ្ឋិខុស ឬនឹងធ្វើ​នូវធម្មកថាដល់​ភិក្ខុ​នោះ។ ម្នាលភិក្ខុ​ទាំងឡាយ ក៏ក្នុងសាសនានេះ ភិក្ខុត្រូវគរុធម៌​ហើយ គួរ​ដល់បរិវាស។ បើភិក្ខុនោះ​បញ្ជូន​បម្រើទៅក្នុង​សំណាក់​ភិក្ខុទាំងឡាយថា ដ្បិតខ្ញុំត្រូវគរុធម៌ហើយ គួរដល់​បរិវាស សូមភិក្ខុ​ទាំងឡាយ​​និមន្តមក ខ្ញុំប្រាថ្នា​ឲ្យ​ភិក្ខុទាំងឡាយនិមន្តមក។ ម្នាលភិក្ខុ​ទាំងឡាយ ទុក​ជាភិក្ខុ​នោះ​មិន​បាន​​បញ្ជូន​បម្រើមក ក៏ភិក្ខុគប្បី​ទៅ ដោយសត្តាហករណីយបាន នឹងនិយាយ​ទៅថ្វី​ដល់កិច្ច​ដែល​ភិក្ខុបានបញ្ជូន​បម្រើ​មក​ហើយ​នោះ ភិក្ខុត្រូវធ្វើ​ការត្រឡប់​វិលវិញ​​ក្នុងរវាង​៧ថ្ងៃ ដោយគិតថា អាត្មា​​អញ​នឹងធ្វើ​សេចក្តីខ្វល់ខ្វាយ​ ឬនឹងសូត្រ​ (កម្មវាចា) ឬនឹងជាគណបូរកៈ (គឺ​ជាអ្នកបំពេញ​គណៈ​សង្ឃ) ក្នុងការឲ្យ​បរិវាស​។ ម្នាល​ភិក្ខុ​​ទាំងឡាយ ក៏ក្នុងសាសនា​នេះ មានភិក្ខុគួរ​នឹង​ទាញ​​អន្តរាបត្តិ​​មកដាក់​ក្នុង​​មូលាបត្តិ។ បើភិក្ខុ​នោះ​បញ្ជូន​​បម្រើទៅ​ក្នុង​សំណាក់​​ភិក្ខុទាំងឡាយថា ដ្បិតខ្ញុំ​គួរនឹងទាញ​អន្តរាបត្តិ​មកដាក់​ក្នុង​​មូលាបត្តិ​ សូមភិក្ខុ​ទាំងឡាយ​និមន្តមក ខ្ញុំប្រាថ្នា​ឲ្យ​ភិក្ខុ​ទាំង​ឡាយ​​និមន្តមក។ ម្នាលភិក្ខុ​ទាំង​ឡាយ ទុក​ជាភិក្ខុនោះមិនបាន​បញ្ជូន​បម្រើមក ក៏ភិក្ខុគប្បី​ទៅ ដោយសត្តាហករណីយបាន នឹង​និយាយ​​ទៅថ្វី​ដល់កិច្ច​ដែល​ភិក្ខុបញ្ជូន​បម្រើ​មកហើយនោះ ភិក្ខុ​ត្រូវធ្វើ​ការត្រឡប់​វិលវិញ​ ក្នុង​រវាង​៧ថ្ងៃ ដោយគិតថា អាត្មា​អញ​នឹងធ្វើសេចក្តី​ខ្វល់ខ្វាយ ឬ​នឹង​សូត្រ​ (កម្មវាចា) ឬជា​គណបូរកៈ​ក្នុងការទាញ​នូវ​អន្តរាបត្តិ​មកដាក់​ក្នុង​មូលាបត្តិ។ ម្នាលភិក្ខុ​ទាំង​ឡាយ ក៏ក្នុងសាសនានេះ មានភិក្ខុ​គួរ​ដល់​មានត្ត។ បើភិក្ខុនោះ​បញ្ជូន​បម្រើទៅ​ក្នុងសំណាក់​ភិក្ខុ​ទាំងឡាយថា ដ្បិតខ្ញុំ​គួរដល់​មានត្ត​ហើយ សូមភិក្ខុ​ទាំងឡាយ​និមន្តមក ខ្ញុំចង់​ឲ្យ​ភិក្ខុ​ទាំងឡាយ​និមន្តមក។ ម្នាលភិក្ខុ​ទាំងឡាយ ទុក​ជា​ភិក្ខុ​នោះមិនបាន​បញ្ជូន​បម្រើមកទេ ក៏ភិក្ខុគប្បី​ទៅ ដោយ​សត្តាហករណីយបាន នឹងនិយាយ​ទៅថ្វី​ដល់​កិច្ច​ដែល​​ភិក្ខុបានបញ្ជូន​បម្រើ​មក​ហើយនោះ ភិក្ខុ​ត្រូវធ្វើ​ការត្រឡប់​វិលវិញ ក្នុងរវាង​​៧ថ្ងៃ ដោយ​គិត​ថា អាត្មា​អញ​នឹងធ្វើ​សេចក្តី​ខ្វល់ខ្វាយ ឬនឹង​សូត្រ (កម្មវាចា) ឬនឹង​ជាគណបូរកៈ​ក្នុងការ​ឲ្យ​មានត្ត។ ម្នាលភិក្ខុ​ទាំងឡាយ ក្នុង​សាសនា​នេះ មាន​ភិក្ខុគួរដល់អព្ភានកម្ម។ បើភិក្ខុនោះ​បញ្ជូន​បម្រើ​ទៅ​ក្នុង​សំណាក់​ភិក្ខុ​ទាំងឡាយ​ថា ខ្ញុំគួរ​ដល់​អព្ភាន​ហើយ សូមភិក្ខុ​ទាំងឡាយ​និមន្តមក ខ្ញុំប្រាថ្នា​ឲ្យ​ភិក្ខុ​ទាំងឡាយ​និមន្ត​មក។ ម្នាលភិក្ខុ​ទាំង​ឡាយ ទុក​ជាភិក្ខុនោះមិនបាន​បញ្ជូន​បម្រើ​មក​ ក៏ភិក្ខុគប្បី​ទៅ ដោយសត្តាហករណីយបាន នឹង​និយាយ​​ទៅថ្វី​ដល់កិច្ច​​ដែល​ភិក្ខុបញ្ជូន​បម្រើ​មកហើយនោះ ភិក្ខុត្រូវធ្វើ​ការត្រឡប់​វិលវិញ ក្នុងរវាង​​៧ថ្ងៃ ដោយគិតថា អាត្មា​អញ​នឹងធ្វើ​សេចក្តី​ខ្វល់ខ្វាយ ឬនឹងសូត្រ (កម្មវាចា) ឬនឹង​ជាគណបូរកៈ​ក្នុងអព្ភានកម្ម។ ម្នាលភិក្ខុ​ទាំងឡាយ ក្នុង​សាសនា​នេះ សង្ឃ​មានសេចក្តីប្រាថ្នា​ដើម្បី​ធ្វើ​នូវ​កម្មគឺ តជ្ជនីយកម្មក្តី និយស្សកម្មក្តី បព្វាជនីយកម្មក្តី បដិសារណីយកម្មក្តី ឧក្ខេបនីយកម្មក្តី ចំពោះ​ភិក្ខុ​ហើយ។ បើភិក្ខុនោះ​បញ្ជូន​បម្រើទៅ​ក្នុងសំណាក់​ភិក្ខុ​ទាំងឡាយថា ឥឡូវ​សង្ឃ​មាន​សេចក្តី​ប្រាថ្នា​ដើម្បីធ្វើនូវកម្ម​ដល់ខ្ញុំហើយ សូមភិក្ខុ​ទាំងឡាយ​និមន្តមក ខ្ញុំប្រាថ្នា​ឲ្យ​ភិក្ខុ​ទាំងឡាយ​​និមន្តមក។ ម្នាលភិក្ខុ​ទាំង​ឡាយ ទុក​ជា​ភិក្ខុ​នោះ​មិនបាន​បញ្ជូន​បម្រើមក ក៏ភិក្ខុគប្បី​ទៅ ដោយ​សត្តាហករណីយ​បាន នឹងនិយាយ​ទៅថ្វី​ដល់​កិច្ច​ដែល​ភិក្ខុបញ្ជូន​បម្រើ​មកហើយនោះ ភិក្ខុត្រូវធ្វើ​ការត្រឡប់​វិលវិញ ក្នុងរវាង​​៧ថ្ងៃ ដោយ​គិត​ថា សង្ឃ​មិនគួរ​ធ្វើនូវកម្ម ឬគួរ​បង្អោន​ទៅរក​ដើម្បី​កម្មស្រាល ដោយឧបាយ​ដូចម្តេចហ្ន៎។ ម្យ៉ាង​វិញ​ទៀត កម្ម គឺតជ្ជនីយកម្មក្តី និយស្សកម្មក្តី បព្វាជនីយកម្មក្តី បដិសារណីយកម្មក្តី ឧក្ខេបនីយ​កម្ម​ក្តី សង្ឃ​បានធ្វើ​ដល់ភិក្ខុ​នោះហើយ។ បើភិក្ខុ​នោះ​បញ្ជូន​បម្រើទៅក្នុង​សំណាក់​ភិក្ខុ​ទាំងឡាយ​ថា ឥឡូវ​សង្ឃបានធ្វើ​នូវកម្ម​ដល់ខ្ញុំហើយ សូម​ភិក្ខុ​​ទាំងឡាយ​និមន្តមក ខ្ញុំប្រាថ្នា​ឲ្យ​ភិក្ខុ​ទាំងឡាយ​និមន្តមក។ ម្នាលភិក្ខុ​ទាំង​ឡាយ ទុក​ជា​ភិក្ខុ​នោះ​មិន​បាន​បញ្ជូន​បម្រើមក ក៏ភិក្ខុគប្បី​ទៅ ដោយ​សត្តាហករណីយបាន នឹងនិយាយ​ទៅថ្វី​ដល់​កិច្ច​​ដែល​ភិក្ខុបញ្ជូន​បម្រើ​មកហើយនោះ ភិក្ខុត្រូវធ្វើ​ការត្រឡប់​វិលវិញ ក្នុងរវាង​​៧ថ្ងៃ ដោយគិតថា ភិក្ខុ​នោះ​គួរ​ប្រព្រឹត្ត​វត្តដោយប្រពៃ គួរសម្របរោម គួរ​ប្រព្រឹត្ត​វត្តសម​គួរដល់​កិរិយា​រលាស់​ខ្លួន​ចេញ​ចាកទោស សង្ឃគប្បី​រម្ងាប់​នូវកម្ម​នោះចេញ​ ដោយឧបាយ​ដូចម្តេចហ្ន៎។ ម្នាលភិក្ខុទាំងឡាយ ក៏ក្នុងសាសនានេះ មានភិក្ខុនីឈឺ។ បើភិក្ខុនីនោះ បញ្ជូន​បម្រើ​ទៅក្នុង​សំណាក់​ភិក្ខុ​ទាំងឡាយ​ថា ដ្បិតខ្ញុំ​មានជម្ងឺ សូមលោកម្ចាស់​ទាំងឡាយ​​និមន្ត​មក ខ្ញុំ​ប្រាថ្នា​ឲ្យលោកម្ចាស់​ទាំងឡាយ​និមន្ត​មក។ ម្នាលភិក្ខុ​ទាំង​ឡាយ ទុកជាភិក្ខុនី​នោះមិនបាន​បញ្ជូន​​បម្រើមក ក៏ភិក្ខុគប្បីទៅ ដោយ​សត្តាហករណីយ​​បាន នឹងនិយាយទៅថ្វី​ដល់កិច្ច​ ដែលភិក្ខុនី​បាន​​បញ្ជូន​បម្រើមកហើយនោះ ភិក្ខុត្រូវ​ធ្វើការ​ត្រឡប់​វិលវិញ​ក្នុងរវាង​៧ថ្ងៃ ដោយគិត​ថា អាត្មា​អញ​នឹងស្វែងរក​គិលានភត្តក្តី​ ស្វែង​រកគិលានុបដ្ឋាកភត្តក្តី ស្វែងរកគិលានភេសជ្ជៈក្តី នឹងសួរ​ជម្ងឺ​ក្តី នឹងបម្រើ​ជម្ងឺក្តី។ ម្នាលភិក្ខុ​ទាំង​ឡាយ ក៏ក្នុងសាសនានេះ សេចក្តីអផ្សុក កើតឡើង​ដល់ភិក្ខុនី​ហើយ។ បើភិក្ខុនីនោះបញ្ជូន​បម្រើ​ទៅក្នុង​សំណាក់​ភិក្ខុទាំងឡាយ​ថា សេចក្តីអផ្សុក​កើតឡើង​ដល់ខ្ញុំ​ហើយ សូមលោកម្ចាស់​ទាំង​ឡាយ​និមន្ត​មក ខ្ញុំ​ប្រាថ្នា​ឲ្យ​លោកម្ចាស់ទាំងឡាយ​និមន្ត​មក។ ម្នាលភិក្ខុទាំងឡាយ ទុក​ជា​ភិក្ខុនី​នោះ​មិនបាន​បញ្ជូន​បម្រើមក ក៏ភិក្ខុគប្បី​ទៅ ដោយ​សត្តាហករណីយ​បាន នឹងនិយាយ​ទៅថ្វី​ដល់កិច្ច​ដែល​ភិក្ខុនីបញ្ជូន​បម្រើ​មកហើយនោះ ភិក្ខុត្រូវធ្វើ​ការត្រឡប់​វិលវិញ​ ក្នុងរវាង​៧ថ្ងៃ ដោយគិតថា អាត្មា​អញ​នឹង​បំបាត់​សេចក្តីអផ្សុក​របស់ភិក្ខុនី ឬ​នឹង​ឲ្យ​អ្នកដទៃ​បំបាត់ ឬនឹងធ្វើ​នូវធម្មកថាដល់​ភិក្ខុនីនោះ។ ម្នាលភិក្ខុ​ទាំងឡាយ ក៏ក្នុង​សាសនា​នេះ សេចក្តីរង្កៀស​កើតឡើង​ដល់ភិក្ខុនីហើយ។ បើភិក្ខុនីនោះ​បញ្ជូន​បម្រើទៅ​ក្នុងសំណាក់​ភិក្ខុ​ទាំងឡាយ​ថា សេចក្តី​រង្កៀស​កើតឡើង​ដល់ខ្ញុំហើយ សូមលោកម្ចាស់​ទាំងឡាយ​និមន្តមក ខ្ញុំប្រាថ្នា​ឲ្យលោកម្ចាស់​ទាំងឡាយ​និមន្ត​មក។ ម្នាលភិក្ខុ​ទាំងឡាយ ទុក​ជាភិក្ខុនី​នោះមិនបាន​បញ្ជូន​បម្រើ​មក ក៏ភិក្ខុគប្បី​ទៅ ដោយ​សត្តាហករណីយបាន នឹងនិយាយ​ទៅថ្វី​ដល់កិច្ច​ដែល​ភិក្ខុនីបញ្ជូន​បម្រើ​មកហើយនោះ ភិក្ខុត្រូវធ្វើ​ការត្រឡប់​វិលវិញ​ក្នុងរវាង​៧ថ្ងៃ ដោយគិតថា អាត្មា​អញ​នឹងបន្ទោបង់​ ឬ​នឹងឲ្យ​អ្នកដទៃបន្ទោបង់​នូវសេចក្តី​រង្កៀស ឬនឹងធ្វើ​នូវធម្មកថាដល់​ភិក្ខុនីនោះ។ ម្នាលភិក្ខុ​ទាំង​ឡាយ ក៏ក្នុងសាសនានេះ ទិដ្ឋិ​ខុស​កើតឡើង​ដល់​ភិក្ខុ​នីហើយ។ បើភិក្ខុនីនោះ​បញ្ជូន​បម្រើទៅ​ក្នុង​សំណាក់​​ភិក្ខុទាំងឡាយថា ទិដ្ឋិ​ខុសកើតឡើង​ដល់​ខ្ញុំ​ហើយ សូមលោកម្ចាស់​ទាំងឡាយ​និមន្តមក ខ្ញុំប្រាថ្នា​ឲ្យ​លោកម្ចាស់​ទាំង​ឡាយនិមន្តមក។ ម្នាលភិក្ខុ​ទាំងឡាយ ទុក​ជាភិក្ខុនីនោះមិនបាន​បញ្ជូន​បម្រើមក ក៏ភិក្ខុគប្បី​ទៅ ដោយសត្តាហករណីយបាន នឹងនិយាយ​ទៅថ្វី​ដល់កិច្ច​ដែល​ភិក្ខុនី​បញ្ជូន​បម្រើ​​មក​​ហើយ​នោះ ភិក្ខុ​ត្រូវធ្វើ​ការត្រឡប់​វិលវិញ​ក្នុងរវាង​៧​ថ្ងៃ ដោយ​គិតថា អាត្មា​អញ​នឹងដោះ ឬនឹងឲ្យ​អ្នកដទៃជួយ​ដោះ​នូវ​ទិដ្ឋិខុស ឬនឹងធ្វើ​នូវធម្មកថាដល់​ភិក្ខុ​នីនោះ។ ម្នាលភិក្ខុ​ទាំងឡាយ ក៏ក្នុង​សាសនា​នេះ ភិក្ខុនីត្រូវគរុធម៌ គួរ​ដល់មានត្តហើយ។ បើភិក្ខុនីនោះ​បញ្ជូន​បម្រើទៅក្នុង​សំណាក់​ភិក្ខុទាំង​ឡាយ​ថា ដ្បិតខ្ញុំត្រូវគរុធម៌ គួរដល់មានត្តហើយ សូមលោកម្ចាស់​​ទាំងឡាយ​និមន្តមក ខ្ញុំប្រាថ្នា​ឲ្យ​លោក​ម្ចាស់​​ទាំងឡាយនិមន្តមក។ ម្នាលភិក្ខុ​ទាំងឡាយ ទុក​ជាភិក្ខុនី​នោះ​មិន​បាន​​បញ្ជូន​បម្រើមក ក៏ភិក្ខុ​គប្បី​ទៅ ដោយសត្តាហករណីយបាន នឹងនិយាយ​ទៅថ្វី​ដល់កិច្ច​ដែល​ភិក្ខុនី​បាន​បញ្ជូន​​បម្រើ​មក​ហើយ​នោះ ភិក្ខុត្រូវធ្វើ​ការត្រឡប់​វិលវិញ​​ក្នុងរវាង​៧ថ្ងៃ ដោយគិតថា អាត្មា​អញ​នឹងធ្វើ​សេចក្តី​ខ្វល់​ខ្វាយ​​ក្នុង​កាឲ្យ​នូវមានត្ត។ ម្នាលភិក្ខុ​ទាំងឡាយ ក៏ក្នុងសាសនានេះ មាន​ភិក្ខុនី​គួរនឹង​ទាញ​អន្តរាបត្តិ​​មកចូលក្នុង​មូលាបត្តិ។ បើភិក្ខុនីនោះ​បញ្ជូន​បម្រើទៅ​ក្នុងសំណាក់​ភិក្ខុ​ទាំងឡាយ​ថា ដ្បិតខ្ញុំ​ករុណាគួរនឹងទាញ​អន្តរាបត្តិ​មកចូល​ក្នុង​មូលាបត្តិ​ សូមលោកម្ចាស់​​ទាំង​ឡាយ​និមន្តមក ខ្ញុំប្រាថ្នា​ឲ្យ​លោកម្ចាស់​ទាំងឡាយ​និមន្តមក។ ម្នាលភិក្ខុ​ទាំងឡាយ ទុក​ជាភិក្ខុនី​នោះមិនបាន​បញ្ជូន​បម្រើមក ក៏ភិក្ខុគប្បី​ទៅ ដោយសត្តាហករណីយបាន នឹងនិយាយ​ទៅថ្វី​ដល់កិច្ច​ដែល​ភិក្ខុនីបញ្ជូន​បម្រើ​មកហើយនោះ ភិក្ខុត្រូវធ្វើ​ការត្រឡប់​វិលវិញ​ ក្នុង​រវាង​៧ថ្ងៃ ដោយគិតថា អាត្មា​អញ​នឹង​ធ្វើ​សេចក្តី​ខ្វល់ខ្វាយក្នុងការទាញ​អន្តរាបត្តិ​មកចូល​ក្នុងមូលាបត្តិ។ ម្នាលភិក្ខុ​ទាំងឡាយ ក្នុងសាសនា​នេះ មានភិក្ឋុនីគួរដល់អព្ភានកម្មហើយ។ បើភិក្ខុនីនោះ​បញ្ជូន​បម្រើទៅក្នុង​សំណាក់​ភិក្ខុ​ទាំង​ឡាយថា ដ្បិតខ្ញុំករុណាគួរ​ដល់​អព្ភានកម្មហើយ សូមលោកម្ចាស់​ទាំង​ឡាយ​​និមន្តមក ខ្ញុំករុណា​ប្រាថ្នា​ឲ្យ​លោកម្ចាស់​ទាំងឡាយ​និមន្តមក។ ម្នាលភិក្ខុ​ទាំង​ឡាយ ទុក​ជា​ភិក្ខុនី​នោះ​មិនបាន​បញ្ជូន​បម្រើមក ក៏ភិក្ខុគប្បី​ទៅ ដោយសត្តាហករណីយបាន នឹងនិយាយ​ទៅថ្វី​ដល់​កិច្ច​​​ដែល​ភិក្ខុនីបញ្ជូន​បម្រើ​មកហើយនោះ ភិក្ខុត្រូវធ្វើ​ការត្រឡប់​វិលវិញ ក្នុងរវាង​​៧ថ្ងៃ ដោយ​គិត​ថា អាត្មា​អញ​នឹងធ្វើ​សេចក្តី​ខ្វល់ខ្វាយ​ក្នុងអព្ភានកម្ម។ ម្នាលភិក្ខុ​ទាំងឡាយ ក៏ក្នុង​សាសនា​នេះ សង្ឃ​ចង់​ធ្វើ​​កម្មគឺ តជ្ជនីយកម្ម​ក្តី និយស្សកម្មក្តី បព្វាជនីយកម្មក្តី បដិសារណីយកម្មក្តី ឧក្ខេបនីយកម្មក្តី ដល់​ភិក្ខុនី។ បើភិក្ខុនីនោះ​បញ្ជូន​បម្រើទៅ​ក្នុងសំណាក់​ភិក្ខុ​ទាំងឡាយថា ឥឡូវ​សង្ឃចង់ធ្វើកម្ម​ដល់ខ្ញុំ​ករុណា​ហើយ សូមលោកម្ចាស់​ទាំងឡាយ​និមន្តមក ខ្ញុំប្រាថ្នា​ឲ្យលោកម្ចាស់​ទាំងឡាយ​​និមន្តមក។ ម្នាល​ភិក្ខុ​​ទាំង​ឡាយ ទុក​ជាភិក្ខុនីនោះមិនបាន​បញ្ជូន​បម្រើមក ក៏ភិក្ខុគប្បី​ទៅ ដោយ​សត្តាហករណីយ​បាន នឹងនិយាយ​ទៅថ្វី​ដល់កិច្ច​ដែល​ភិក្ខុនីបញ្ជូន​បម្រើ​មកហើយនោះ ភិក្ខុត្រូវធ្វើ​ការត្រឡប់​វិល​វិញ ក្នុងរវាង​​៧ថ្ងៃ ដោយគិតថា សង្ឃ​មិនគួរ​ធ្វើកម្ម ឬគួរតែ​បង្អោន​ទៅ​ដើម្បី​កម្មស្រាល ដោយ​ឧបាយ​​ដូចម្តេចហ្ន៎។ មួយទៀត សង្ឃបានធ្វើកម្ម គឺតជ្ជនីយកម្មក្តី និយស្សកម្មក្តី បព្វាជនីយកម្មក្តី បដិសារណីយកម្មក្តី ឧក្ខេបនីយកម្មក្តី ដល់ភិក្ខុនីនោះហើយ។ បើ​ភិក្ខុនី​​​នោះ​បញ្ជូន​​បម្រើទៅក្នុង​សំណាក់​ភិក្ខុ​ទាំងឡាយថា ​សង្ឃបានធ្វើ​កម្ម​ដល់ខ្ញុំករុណាហើយ សូម​​លោកម្ចាស់​​ទាំងឡាយ​និមន្ត​មក ខ្ញុំករុណាប្រាថ្នា​ឲ្យ​លោកម្ចាស់​ទាំងឡាយ​និមន្តមក។ ម្នាល​ភិក្ខុ​​ទាំង​ឡាយ ទុក​ជា​ភិក្ខុនី​នោះ​មិន​បាន​បញ្ជូន​បម្រើមក ក៏ភិក្ខុគប្បី​ទៅ ដោយ​សត្តាហករណីយ​បាន នឹងនិយាយ​ទៅថ្វី​ដល់​កិច្ច​​ដែល​ភិក្ខុនីបានបញ្ជូន​បម្រើ​មកហើយនោះ ភិក្ខុត្រូវធ្វើ​ការត្រឡប់​វិលវិញ ក្នុងរវាង​​៧ថ្ងៃ ដោយ​គិត​ថា ភិក្ខុនីនោះ​គួរ​ប្រព្រឹត្តដោយប្រពៃ គួរសម្របរោម គួរ​ប្រព្រឹត្ត​វត្ត សម​គួរដល់​កិរិយា​រលាស់​ខ្លួន​ចេញ​ចាកទោស សង្ឃគប្បី​រម្ងាប់​កម្ម​នោះ​ ដោយឧបាយ​ដូចម្តេចហ្ន៎។ ម្នាលភិក្ខុទាំងឡាយ ក៏ក្នុង​សាសនានេះ សិក្ខមានាមានជម្ងឺ។ បើសិក្ខមានានោះ បញ្ជូន​បម្រើ​ទៅក្នុង​សំណាក់​ភិក្ខុ​ទាំងឡាយ​ថា ដ្បិតខ្ញុំ​មានជម្ងឺ សូមលោកម្ចាស់​ទាំងឡាយ​​និមន្ត​មក ខ្ញុំករុណា​ប្រាថ្នា​ឲ្យលោកម្ចាស់ទាំងឡាយ​និមន្ត​មក។ ម្នាលភិក្ខុ​ទាំង​ឡាយ ទុកជាសិក្ខមានា​នោះមិន​បាន​បញ្ជូន​បម្រើមក ក៏ភិក្ខុគប្បីទៅ ដោយ​សត្តាហករណីយ​បាន នឹងនិយាយទៅថ្វី​ដល់​កិច្ច​​ដែល​សិក្ខមានា​​បញ្ជូន​បម្រើមកហើយនោះ ភិក្ខុត្រូវ​ធ្វើការ​ត្រឡប់​វិលវិញ​ក្នុងរវាង​៧ថ្ងៃ ដោយ​គិត​ថា អាត្មាអញ​នឹងស្វែងរក​គិលានភត្ត ឬនឹង​ស្វែង​រកគិលានុបដ្ឋាកភត្ត ឬនឹងស្វែង​រក​គិលាន​ភេសជ្ជៈ ឬនឹងសួរជម្ងឺ ឬនឹងបម្រើ​ជម្ងឺ។ ម្នាលភិក្ខុ​ទាំងឡាយ ក៏ក្នុងសាសនានេះ សេចក្តីអផ្សុក​កើត​ឡើង​​ដល់សិក្ខមានាហើយ។បេ។ សេចក្តីរង្កៀស​កើតឡើង​ហើយ។ ទិដ្ឋិខុស​កើតឡើងហើយ។ សិក្ខា​កម្រើក (គឺដាច់​សិក្ខាសម្មតិ)ហើយ។ បើ​សិក្ខមានានោះ​បញ្ជូន​បម្រើទៅ​ក្នុងសំណាក់​ភិក្ខុ​ទាំង​ឡាយថា ឥឡូវ​សិក្ខារបស់ខ្ញុំ​ករុណា​កម្រើក​ហើយ សូមលោកម្ចាស់​​ទាំងឡាយ​និមន្តមក ខ្ញុំករុណា​ប្រាថ្នា​​ឲ្យលោកម្ចាស់​ទាំងឡាយនិមន្តមក។ ម្នាលភិក្ខុ​ទាំងឡាយ ទុក​ជាសិក្ខមានា​នោះ​មិន​បាន​បញ្ជូន​បម្រើមក ក៏ភិក្ខុគប្បី​ទៅ ដោយ​សត្តាហករណីយ​បាន នឹងនិយាយ​ទៅថ្វី​ដល់កិច្ច​ដែល​សិក្ខមានា​បញ្ជូន​បម្រើ​មកហើយនោះ ភិក្ខុ​ត្រូវធ្វើ​ការត្រឡប់​វិលវិញ​ក្នុងរវាង​៧​ថ្ងៃ ដោយ​គិតថា អាត្មា​អញ​នឹងធ្វើសេចក្តីខ្វល់ខ្វាយ​ក្នុងការ​សមាទានសិក្ខា។ ម្នាលភិក្ខុ​ទាំងឡាយ ក៏ក្នុង​សាសនា​នេះ មានសិក្ខមានា​ប្រាថ្នា​នឹង​ឧបសម្បទា។ បើ​សិក្ខមានានោះ​បញ្ជូន​បម្រើទៅក្នុង​សំណាក់​​ភិក្ខុ​ទាំង​ឡាយថា ដ្បិតខ្ញុំប្រាថ្នានឹងឧបសម្បទា សូមលោកម្ចាស់​​ទាំងឡាយ​និមន្តមក ខ្ញុំករុណាប្រាថ្នា​ឲ្យ​លោកម្ចាស់ទាំងឡាយនិមន្តមក។ ម្នាល​ភិក្ខុ​ទាំងឡាយ ទុក​ជាសិក្ខមានា​នោះ​មិន​បាន​​បញ្ជូន​បម្រើ​មក ក៏ភិក្ខុគប្បី​ទៅ ដោយ​សត្តាហករណីយ​បាន នឹងនិយាយ​ទៅថ្វី​ដល់កិច្ច​ដែលសិក្ខមានា​បញ្ជូន​​បម្រើ​​មកហើយនោះ ភិក្ខុត្រូវ​ធ្វើ​ការត្រឡប់​​វិលវិញ​​ក្នុងរវាង​៧ថ្ងៃ ដោយ​គិត​ថា អាត្មា​អញ​នឹងធ្វើ​សេចក្តី​ខ្វល់ខ្វាយ​ ឬនឹង​សូត្រ​ (កម្មវាចា) ឬនឹងជា​គណបូរកៈ ក្នុង​​ឧបសម្បទា​កម្ម ​។ ម្នាល​ភិក្ខុ​ទាំងឡាយ ក៏ក្នុង​សាសនា​នេះ មានសាមណេរឈឺ។ បើសាមណេរនោះ​បញ្ជូន​បម្រើទៅ​ក្នុង​សំណាក់​​ភិក្ខុទាំងឡាយថា ដ្បិត​ខ្ញុំករុណាឈឺ សូមភិក្ខុ​ទាំងឡាយ​និមន្តមក ខ្ញុំករុណា​ប្រាថ្នា​ឲ្យ​ភិក្ខុ​ទាំងឡាយ​និមន្តមក។ ម្នាលភិក្ខុ​ទាំងឡាយ ទុក​ជាសាមណេរនោះមិនបាន​បញ្ជូន​បម្រើមក ក៏​ភិក្ខុ​គប្បី​​ទៅ ដោយ​សត្តាហករណីយ​បាន នឹងនិយាយ​ទៅថ្វី​ដល់កិច្ច​ដែល​សាមណេរ​បញ្ជូន​បម្រើ​មក​ហើយនោះ ភិក្ខុត្រូវធ្វើ​ការត្រឡប់​វិលវិញ​ ក្នុង​រវាង​៧ថ្ងៃ ដោយគិតថា អាត្មា​អញ​នឹងជួយ​ស្វែងរក​គិលានភត្តក្តី ស្វែងរក​គិលានុបដ្ឋាកភត្ត​ក្តី ស្វែងរក​គិលានភេសជ្ជៈ​ក្តី​ សាកសួរ​ជម្ងឺ​ក្តី បម្រើជម្ងឺក្តី។ ម្នាល​ភិក្ខុ​ទាំងឡាយ ក៏ក្នុងសាសនានេះ សេចក្តីអផ្សុកកើតឡើង​ដល់សាមណេរ។បេ។ សេចក្តី​រង្កៀស​​​កើតឡើង​ដល់​សាមណេរ។ ទិដ្ឋិខុស​កើតឡើង​ដល់​សាមណេរ។ សាមណេរ​មានការ​ប្រាថ្នា​ដើម្បី​សួរ​នូវវស្សា។ បើសាមណេរនោះ​បញ្ជូន​បម្រើទៅ​ក្នុងសំណាក់​ភិក្ខុទាំងឡាយថា ដ្បិតខ្ញុំ​ករុណា​​មានការប្រាថ្នា​ដើម្បី​សួរនូវ​វស្សា សូមភិក្ខុ​ទាំងឡាយ​និមន្តមក ខ្ញុំករុណាប្រាថ្នា​ឲ្យ​ភិក្ខុ​ទាំង​ឡាយ​និមន្តមក។ ម្នាល​ភិក្ខុ​ទាំងឡាយ ទុក​ជាសាមណេរ​នោះ​មិន​បាន​​បញ្ជូន​បម្រើមក ក៏ភិក្ខុគប្បី​ទៅ ដោយ​សត្តាហករណីយ​បាន នឹងនិយាយ​ទៅថ្វី​ដល់កិច្ច​ដែល​សាមណេរបញ្ជូន​បម្រើ​មក​ហើយ​នោះ ភិក្ខុត្រូវធ្វើ​ការត្រឡប់​វិលវិញ​ក្នុងរវាង​៧​ថ្ងៃ ដោយ​គិតថា អាត្មា​អញ​នឹងសាកសួរវស្សា​ ឬ​នឹងប្រាប់​វស្សា។ ម្នាលភិក្ខុ​ទាំងឡាយ ក៏ក្នុងសាសនានេះ មានសាមណេរ​ចង់ឧបសម្បទា។ បើ​សាមណេរ​នោះ​​បញ្ជូន​បម្រើទៅក្នុង​សំណាក់​ភិក្ខុ​ទាំងឡាយ​ថា ដ្បិតខ្ញុំករុណាចង់​ឧបសម្បទា សូម​ភិក្ខុ​​ទាំង​ឡាយ​និមន្តមក ខ្ញុំករុណាប្រាថ្នា​ឲ្យ​ភិក្ខុ​ទាំងឡាយ​និមន្ត​មក។ ម្នាលភិក្ខុ​ទាំងឡាយ ទុក​ជា​សាមណេរ​​​នោះ​មិន​បាន​​បញ្ជូន​បម្រើមក ក៏ភិក្ខុគប្បី​ទៅ ដោយសត្តាហករណីយបាន នឹងនិយាយ​ទៅ​ថ្វី​ដល់កិច្ច​ដែល​សាមណេរបញ្ជូន​បម្រើ​មក​ហើយ​នោះ ភិក្ខុត្រូវធ្វើ​ការត្រឡប់​វិលវិញ​​ក្នុងរវាង​៧ថ្ងៃ ដោយគិតថា អាត្មា​អញ​នឹងធ្វើ​សេចក្តីខ្វល់ខ្វាយ​ ឬនឹងសូត្រ​ (កម្មវាចា) ឬនឹងជាគណបូរកៈ ក្នុងឧបសម្បទាកម្ម។ ម្នាលភិក្ខុ​ទាំងឡាយ ក៏ក្នុង​សាសនា​នេះ មានសាមណេរីឈឺ។ បើ​សាមណេរី​នោះ​​បញ្ជូន​បម្រើទៅ​ក្នុងសំណាក់​ភិក្ខុទាំងឡាយថា ដ្បិតខ្ញុំមានជម្ងឺ សូមលោកម្ចាស់​ទាំងឡាយ​និមន្តមក ខ្ញុំ​ប្រាថ្នា​ឲ្យលោកម្ចាស់​ទាំងឡាយ​និមន្តមក។ ម្នាលភិក្ខុ​ទាំងឡាយ ទុក​ជាសាមណេរី​នោះ​មិនបាន​បញ្ជូន​បម្រើមក ក៏ភិក្ខុគប្បី​ទៅ ដោយ​សត្តាហករណីយ​បាន នឹងនិយាយ​ទៅថ្វី​ដល់​កិច្ច​​ដែល​សាមណេរីបាន​បញ្ជូន​បម្រើ​មកហើយនោះ ភិក្ខុត្រូវធ្វើ​ការត្រឡប់​វិលវិញ​ ក្នុង​រវាង​៧ថ្ងៃ ដោយគិតថា អាត្មា​អញ​នឹង​ស្វែងរក​គិលានភត្ត ឬស្វែងរក​គិលានុបដ្ឋាកភត្ត ឬស្វែងរក​គិលាន​ភេសជ្ជៈ​ ឬសួរ​ជម្ងឺ ឬបម្រើជម្ងឺ។ ម្នាលភិក្ខុ​ទាំង​ឡាយ ក៏ក្នុងសាសនានេះ សេចក្តីអផ្សុកកើតឡើង​ដល់សាមណេរី។ សេចក្តីរង្កៀស​កើតឡើង​ដល់សាមណេរី។ ទិដ្ឋិខុស​កើតឡើង​ដល់​សាមណេរី។ សាមណេរី​មានសេចក្តី​ប្រាថ្នា​ដើម្បី​នឹងសួរ​នូវវស្សា។ មានសេចក្តីប្រាថ្នា​ដើម្បីសមាទាន​នូវ​សិក្ខា។ បើសាមណេរីនោះ​បញ្ជូន​បម្រើទៅ​ក្នុង​សំណាក់​​ភិក្ខុទាំងឡាយថា ដ្បិតខ្ញុំមានសេចក្តីប្រាថ្នា​ដើម្បី​សមាទាននូវសិក្ខា សូមលោកម្ចាស់​ទាំង​ឡាយ​​និមន្តមក ខ្ញុំប្រាថ្នា​ឲ្យលោកម្ចាស់​ទាំងឡាយ​និមន្ត​មក។ ម្នាលភិក្ខុ​ទាំងឡាយ ទុក​ជា​សាមណេរី​​នោះ​មិន​បាន​​បញ្ជូន​បម្រើមក ក៏ភិក្ខុគប្បី​ទៅ ដោយ​សត្តាហករណីយ​បាន នឹងនិយាយ​ទៅថ្វី​ដល់កិច្ច​ដែល​សាមណេរីបានបញ្ជូន​បម្រើ​មកហើយនោះ ភិក្ខុត្រូវធ្វើ​ការត្រឡប់​វិលវិញ​ក្នុង​រវាង​​៧​ថ្ងៃ ដោយ​គិតថា អាត្មា​អញ​នឹងធ្វើនូវ​សេចក្តី​ខ្វល់ខ្វាយ​ក្នុង​ការ​សមាទាន​នូវសិក្ខា។

១១១. សត្តន្នំ អប្បហិតេបិ អនុជាននា

(១១១)

[៨] សម័យនោះឯង មាតារបស់ភិក្ខុ១រូបមានជម្ងឺ។ មាតានោះ​ក៏បានបញ្ជូន​បម្រើ​ទៅក្នុង​សំណាក់​ភិក្ខុជាកូនថា ដ្បិតខ្ញុំ​មានជម្ងឺ ខ្ញុំចង់​ឲ្យ​លោកកូន​និមន្តមក។ ក្នុងវេលានោះ ភិក្ខុនោះ​មាន​សេចក្តី​ត្រិះរិះ​យ៉ាងនេះថា ព្រះដ៏មានព្រះភាគ​បានបញ្ញត្ត​ហើយថា កាលបើជន​ទាំង​៧ពួក​បាន​បញ្ជូន​បម្រើមកហើយ ភិក្ខុគួរទៅដោយ​សត្តាហករណីយបាន កាលបើ​ជនទាំង៧ពួក​មិនបញ្ជូន​បម្រើមកទេ ភិក្ខុមិនគួរទៅទេ ចំណែកឯពួក​សហធម្មិកបុគ្គល​ទាំង៥វិញ មិនបាន​បញ្ជូន​បម្រើមក ក៏ភិក្ខុគួរទៅ​ដោយសត្តាហករណីយបាន នឹងនិយាយទៅថ្វីដល់​កិច្ច​ដែលគេ​បញ្ជូន​បម្រើ​មកហើយនោះ ក៏ឥឡូវ​ មានតារបស់អញនេះ​មានជម្ងឺ តែមាតានោះ​មិនមែន​ជាឧបាសិកា តើអាត្មា​អញ​ត្រូវប្រតិបត្តិ​ដូចម្តេចហ្ន៎។ ភិក្ខុទាំងឡាយ​បានក្រាបទូល​សេចក្តីនុ៎ះ​ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាត​ថា ម្នាលភិក្ខុទាំងឡាយ ទុកជាពួកជន​ទាំង៧ គឺ​ភិក្ខុ ភិក្ខុនី សិក្ខមានា សាមណេរ សាមណេរី មាតា បិតា មិនបានបញ្ជូន​បម្រើមក ក៏តថាគត​អនុញ្ញាត​ឲ្យភិក្ខុទៅ ដោយសត្តាហករណីយបាន នឹងនិយាយ​ទៅថ្វី​ដល់កិច្ច​ដែលគេបាន​បញ្ជូន​បម្រើ​មកហើយនោះ ម្នាលភិក្ខុទាំងឡាយ ទុកជាពួកជន​ទាំង៧នេះ មិនបានបញ្ជូន​បម្រើមក ក៏តថាគត​អនុញ្ញាត​ឲ្យភិក្ខុទៅ ដោយសត្តាហករណីយបាន នឹងនិយាយ​ទៅថ្វី​ដល់កិច្ច​ដែលគេ​បញ្ជូន​បម្រើ​មក​ហើយ​នោះ ភិក្ខុ​ត្រូវធ្វើការ​ត្រឡប់វិលវិញ​ក្នុងរវាង​៧ថ្ងៃ។ ម្នាលភិក្ខុទាំងឡាយ ក៏ក្នុងសាសនានេះ មាតា​របស់ភិក្ខុ​មានជម្ងឺ។ បើមាតានោះបញ្ជូន​បម្រើ​ទៅក្នុង​សំណាក់​ភិក្ខុជាកូនថា ដ្បិតខ្ញុំ​មានជម្ងឺ សូម​​លោក​កូន​របស់ខ្ញុំនិមន្តមក ខ្ញុំចង់​ឲ្យលោកកូន​និមន្តមក។ ម្នាលភិក្ខុទាំងឡាយ ទុកជាមាតា​មិន​បាន​បញ្ជូន​បម្រើមក ក៏ភិក្ខុគប្បីទៅ ដោយសត្តាហករណីយបាន នឹងនិយាយ​ទៅថ្វី​ដល់កិច្ច​ដែល​មាតា​​បញ្ជូន​បម្រើ​មកហើយនោះ ភិក្ខុ​ត្រូវធ្វើការ​ត្រឡប់វិលវិញ​ ក្នុងរវាង​៧ថ្ងៃ ដោយគិតថា អាត្មាអញ​នឹងស្វែងរក​គិលានភត្ត នឹងស្វែងរក​គិលានុបដ្ឋាកភត្ត នឹងស្វែងរក​គិលានភេសជ្ជៈ ឬ​នឹងសួរ​ជម្ងឺ ឬនឹង​បម្រើជម្ងឺ។ ម្នាលភិក្ខុទាំងឡាយ ក៏ក្នុងសាសនានេះ បិតា​របស់ភិក្ខុ​មានជម្ងឺ។ បើបិតានោះបញ្ជូន​បម្រើ​ទៅក្នុង​សំណាក់​ភិក្ខុជាកូនថា ដ្បិតខ្ញុំ​មានជម្ងឺ សូម​ឲ្យ​លោក​កូន​របស់​ខ្ញុំ​និមន្ត​មក ខ្ញុំចង់​ឲ្យលោកកូន​និមន្តមក។ ម្នាលភិក្ខុទាំងឡាយ ទុកជាបិតា​មិន​បាន​បញ្ជូន​បម្រើមក ក៏ភិក្ខុគប្បីទៅ ដោយសត្តាហករណីយបាន នឹងនិយាយ​ទៅថ្វី​ដល់កិច្ច​ដែល​បិតា​​បញ្ជូន​បម្រើ​មក​ហើយ​នោះ ភិក្ខុ​ត្រូវធ្វើការ​ត្រឡប់វិលវិញ​ ក្នុងរវាង​៧ថ្ងៃ ដោយគិតថា អាត្មាអញ​នឹងស្វែងរក​គិលានភត្ត នឹងស្វែងរក​គិលានុបដ្ឋាកភត្ត នឹងស្វែងរក​គិលានភេសជ្ជៈ ឬ​នឹងសួរ​ជម្ងឺ ឬនឹង​បម្រើ​ជម្ងឺ។

១១២. បហិតេយេវ អនុជាននា

(១១២)

ម្នាលភិក្ខុទាំងឡាយ ក៏ក្នុងសាសនានេះ បងប្អូនប្រុស​​របស់ភិក្ខុ​មានជម្ងឺ។ បើបង​ប្អូន​ប្រុស​នោះ​បញ្ជូន​បម្រើ​ទៅក្នុង​សំណាក់​ភិក្ខុជាបងប្អូនថា ដ្បិតខ្ញុំ​មានជម្ងឺ សូមឲ្យ​​លោក​ជាបងប្អូន​របស់​ខ្ញុំនិមន្តមក ខ្ញុំចង់​ឲ្យលោកជាបងប្អូន​និមន្តមក។ ម្នាលភិក្ខុទាំងឡាយ កាលបើ​បងប្អូន​ប្រុស​បញ្ជូន​បម្រើមកហើយ ភិក្ខុគប្បីទៅ ដោយសត្តាហករណីយបាន បើ​បងប្អូន​ប្រុស​មិនបាន​បញ្ជូន​បម្រើ​មក​ទេ ភិក្ខុ​មិនគួរ​ទៅទេ ភិក្ខុ​ត្រូវធ្វើការ​ត្រឡប់វិលវិញ​ ក្នុងរវាង​៧ថ្ងៃ។ ម្នាល​ភិក្ខុ​ទាំងឡាយ ក៏ក្នុង​សាសនានេះ បងប្អូនស្រី​របស់ភិក្ខុ​មានជម្ងឺ។ បើបងប្អូនស្រីនោះបញ្ជូន​បម្រើ​ទៅក្នុង​សំណាក់​ភិក្ខុ​ថា ដ្បិតខ្ញុំ​មានជម្ងឺ សូមឲ្យ​​លោកជាបងប្អូនប្រុស​របស់ខ្ញុំនិមន្តមក ខ្ញុំប្រាថ្នា​​ឲ្យលោក​ជាបងប្អូន​ប្រុស​​និមន្តមក។ ម្នាលភិក្ខុទាំងឡាយ កាលបើបងប្អូនស្រី​​បាន​បញ្ជូន​បម្រើមក​ហើយ ភិក្ខុគប្បីទៅ ដោយសត្តាហករណីយបាន កាលបើបងប្អូន​ស្រីមិនបាន​បញ្ជូន​បម្រើ​មកទេ ភិក្ខុ​មិនត្រូវទៅទេ ភិក្ខុ​ត្រូវធ្វើការ​ត្រឡប់វិលវិញ​ ក្នុងរវាង​៧ថ្ងៃ។ ម្នាល​ភិក្ខុ​ទាំងឡាយ ក៏ក្នុង​សាសនា​នេះ ញាតិ​របស់ភិក្ខុ​មានជម្ងឺ។ បើញាតិនោះបញ្ជូន​បម្រើ​ទៅក្នុង​សំណាក់​ភិក្ខុថា ដ្បិតខ្ញុំ​មានជម្ងឺ សូមឲ្យ​​លោក​ដ៏ចំរើន​និមន្ត​មក ខ្ញុំប្រាថ្នា​​ឲ្យលោកដ៏ចំរើន​និមន្តមក។ ម្នាលភិក្ខុទាំងឡាយ កាលបើញាតិ​​បញ្ជូន​បម្រើមក​ហើយ ភិក្ខុគប្បីទៅ​ដោយសត្តាហករណីយបាន កាលបើញាតិ​មិន​បាន​​បញ្ជូន​បម្រើ​មកទេ ភិក្ខុ​មិនត្រូវទៅទេ ភិក្ខុ​ត្រូវធ្វើការ​ត្រឡប់វិលវិញ​ ក្នុងរវាង​៧ថ្ងៃ។ ម្នាល​ភិក្ខុ​ទាំងឡាយ ក៏ក្នុង​សាសនា​នេះ អ្នកធ្វើការឈ្នួល​របស់ភិក្ខុ​មានជម្ងឺ។ បើអ្នកធ្វើការឈ្នួលនោះបញ្ជូន​បម្រើ​ទៅក្នុង​សំណាក់​ភិក្ខុ​ទំាងឡាយថា ដ្បិតខ្ញុំករុណា​មានជម្ងឺ សូមឲ្យភិក្ខុទាំងឡាយនិមន្តមក ខ្ញុំប្រាថ្នា​​ឲ្យភិក្ខុទាំងឡាយ​និមន្ត​មក។ ម្នាលភិក្ខុទាំងឡាយ កាលបើអ្នកធ្វើការឈ្នួល​​បញ្ជូន​បម្រើ​មក​​ហើយ ភិក្ខុគប្បីទៅ ដោយ​សត្តាហករណីយបាន កាលបើអ្នកធ្វើការឈ្នួលមិនបាន​បញ្ជូន​បម្រើ​មកទេ ភិក្ខុ​មិនត្រូវ​ទៅ​ទេ ភិក្ខុ​ត្រូវធ្វើការ​ត្រឡប់វិលវិញ​ ក្នុងរវាង​៧ថ្ងៃ។

[៩] សម័យនោះឯង មហាវិហារ​របស់សង្ឃ​បាក់បែក​ទ្រុតទ្រោមទៅ មានឧបាសកម្នាក់​បាន​ឲ្យគេកាប់យក​គ្រឿង​ឈើនៅក្នុងព្រៃ។ ឧបាសកនោះក៏បានបញ្ជូន​បម្រើទៅ​ក្នុង​សំណាក់​ភិក្ខុ​ទាំង​ឡាយថា បើលោកដ៏ចំរើនទាំងឡាយអាច​ឲ្យគេនាំ​យកគ្រឿង​ឈើនោះទៅបាន ខ្ញុំ​ករុណា​នឹងប្រគេន​គ្រឿងឈើនោះ។ ភិក្ខុទាំងឡាយបានក្រាបទូលសេចក្តី​នុ៎ះ​ចំពោះ​ព្រះ​ដ៏មានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យភិក្ខុទៅ ដោយសង្ឃករណីយ​ (កិច្ច​ដែលសង្ឃគួរធ្វើ)​បាន ហើយត្រូវធ្វើ​ការ​ត្រឡប់វិលវិញ​ ក្នុងរវាង​៧ថ្ងៃ។

ចប់ ភាណវារៈ សំដែង​អំពីភិក្ខុ​នៅចាំវស្សា​ជាបឋម។

១១៣. អន្តរាយេ អនាបត្តិវស្សច្ឆេទវារោ

(១១៣)

[១០] សម័យនោះឯង ភិក្ខុទាំងឡាយ​បានចាំវស្សា​ក្នុងអាវាស១ ក្នុងកោសល​ជនបទ ពួក​សត្វ​សាហាវ​តែងទៅបៀតបៀន។ ពួកសត្វសាហាវនោះ​មកចាប់​ភិក្ខុទាំងនោះខ្លះ មកចោម​ព័ទ្ធ​បង្អើល​ភិក្ខុទាំងនោះខ្លះ។ ភិក្ខុទាំងឡាយបានក្រាបទូលសេចក្តី​នុ៎ះ​ចំពោះ​ព្រះ​ដ៏មានព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ក៏ក្នុងសាសនានេះ ភិក្ខុទាំងឡាយ​បានចូលវស្សា​ហើយ​មានពួកសត្វ​សាហាវ​មកបៀតបៀន។ ចាប់​យកភិក្ខុទាំងនោះក្តី មកចោម​ព័ទ្ធ​បង្អើល​ភិក្ខុ​ទាំងនោះ​ក្តី។ ភិក្ខុទាំងឡាយត្រូវធ្វើទុកក្នុងចិត្ត​ថា អាវាសនេះឯង មានសេចក្តី​អន្តរាយ ហើយចៀសចេញ​ទៅចុះ។ ភិក្ខុទាំងនោះដាច់វស្សា តែមិនត្រូវអាបត្តិទេ។ ម្នាលភិក្ខុទាំងឡាយ ក៏ក្នុងសាសនានេះ ភិក្ខុ​ទាំងឡាយ​បានចូលវស្សា​ហើយ ពួកសត្វមានពិស6) ​មកបៀតបៀន។ សត្វទីឃជាតិទាំងនោះខាំភិក្ខុខ្លះ មកចោម​ព័ទ្ធ​បង្អើល​ភិក្ខុ​ទាំងនោះ​ខ្លះ។ ភិក្ខុទាំងនោះត្រូវតាំងចិត្ត​ថា អាវាសនេះឯង មានសេចក្តី​អន្តរាយ ហើយចៀសចេញ​ទៅចុះ។ ភិក្ខុទាំងនោះដាច់វស្សា តែមិនត្រូវអាបត្តិទេ។ ម្នាលភិក្ខុទាំងឡាយ ក៏ក្នុងសាសនានេះ បើភិក្ខុទាំងឡាយ​ចូលវស្សា​ហើយ ​មានពួកចោរ​មកបៀតបៀន។ ចោរទាំងនោះ​ប្លន់ភិក្ខុទាំងឡាយខ្លះ វាយសំពង​​ភិក្ខុ​ទាំងឡាយខ្លះ។ ភិក្ខុទាំងនោះ ត្រូវតាំងចិត្ត​ថា អាវាសនេះឯង មានសេចក្តី​អន្តរាយ ហើយចៀសចេញ​ទៅចុះ។ ភិក្ខុទាំងនោះដាច់វស្សា តែមិនត្រូវអាបត្តិទេ។ ម្នាលភិក្ខុទាំងឡាយ ក៏ក្នុងសាសនានេះ ភិក្ខុទាំងឡាយ​ចូលវស្សា​ហើយ ​មានពួកបិសាច​បៀត​បៀន។ បិសាចទាំងនោះ​ចូលទៅ (ក្នុងសរីរៈរបស់ភិក្ខុទាំងឡាយនោះ)​ខ្លះ នាំយក (ភិក្ខុ​ទាំង​ឡាយ​នោះ)​ទៅខ្លះ។ ភិក្ខុទាំងនោះ ត្រូវតាំងចិត្ត​ថា អាវាសនេះឯង មានសេចក្តី​អន្តរាយ ហើយចៀស​ចេញ​​ទៅចុះ។ ភិក្ខុទាំងនោះដាច់វស្សា តែមិនត្រូវអាបត្តិទេ។ ម្នាលភិក្ខុទាំងឡាយ ក៏ក្នុង​សាសនា​នេះ ភិក្ខុទាំងឡាយ​ចូលវស្សា​ហើយ ស្រាប់តែភ្លើងឆេះ​ស្រុក​ជាទីគោចរ។ ភិក្ខុទាំងឡាយ​ក៏លំបាក​ដោយអាហារបិណ្ឌបាត ភិក្ខុទាំងនោះ ត្រូវតាំងចិត្ត​ថា អាវាសនេះឯង មានសេចក្តី​អន្តរាយ ហើយ​ចៀស​ចេញ​ទៅចុះ។ ភិក្ខុទាំងនោះដាច់វស្សា តែមិនត្រូវអាបត្តិទេ។ ម្នាលភិក្ខុទាំងឡាយ ក៏ក្នុង​សាសនា​នេះ ភិក្ខុទាំងឡាយ​ចូលវស្សា​ហើយ ស្រាប់តែ​ភ្លើងឆេះ​ទីសេនាសនៈ។ ភិក្ខុទំាងឡាយ​ក៏លំបាក​ដោយទីសេនាសនៈ។ ភិក្ខុទាំងនោះ ត្រូវតាំងចិត្ត​ថា អាវាសនេះឯង មានសេចក្តី​អន្តរាយ ហើយចៀសចេញ​ទៅចុះ។ ភិក្ខុទាំងនោះដាច់វស្សា តែមិនត្រូវអាបត្តិទេ។ ម្នាលភិក្ខុទាំងឡាយ ក៏​ក្នុង​សាសនានេះ ភិក្ខុទាំងឡាយ​ចូលវស្សា​ហើយ ស្រាប់តែ​មានទឹកជន់​មកលិច​ស្រុកជាទីគោចរ។ ភិក្ខុទាំងឡាយ​ក៏លំបាក​​ដោយអាហារ​បិណ្ឌបាត។ ភិក្ខុទាំងនោះ ត្រូវតាំងចិត្ត​ថា អាវាសនេះឯង មានសេចក្តី​អន្តរាយ ហើយចៀសចេញ​ទៅចុះ។ ភិក្ខុទាំងនោះដាច់វស្សា តែមិនត្រូវអាបត្តិទេ។ ម្នាលភិក្ខុទាំងឡាយ ក៏​ក្នុង​សាសនានេះ ​មានទឹកជន់​លិចទីសេនាសនៈ​របស់ពួក​ភិក្ខុដែល​ចូលវស្សា​ហើយ។ ភិក្ខុទាំងឡាយ​ក៏លំបាក​​ដោយទីសេនាសនៈ។ ភិក្ខុទាំងនោះ ត្រូវតាំងចិត្ត​ថា អាវាសនេះឯង មានសេចក្តី​អន្តរាយ ហើយចៀសចេញ​ទៅចុះ។ ភិក្ខុទាំងនោះដាច់វស្សា តែ​មិន​ត្រូវ​អាបត្តិទេ។

[១១] សម័យនោះឯង ភិក្ខុទាំងឡាយចូលវស្សា​ហើយក្នុងអាវាស១ ស្រាប់តែ​មានពួកចោរ​មកនៅក្នុង​ស្រុក​ជាទីគោចរ។ ភិក្ខុទាំងនោះ​ បានក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះ​មានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាត​ថា ម្នាលភិក្ខុទាំងឡាយ ស្រុកជាទីគោចរ មានក្នុងទីណា តថាគត​អនុញ្ញាត​ឲ្យភិក្ខុទាំងឡាយ​ទៅនៅក្នុង​ទីនោះចុះ។ ចំណែកអ្នកស្រុកក៏​បែកគ្នា​ទៅជាពីរ​ផ្នែក។ ភិក្ខុ​ទាំង​ឡាយ​ បានក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះ​មានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាត​ថា ម្នាលភិក្ខុ​ទាំងឡាយ អ្នកស្រុកទាំងឡាយ​មានចំនួន​ច្រើនជាង​ នៅក្នុងទីណា តថាគត​អនុញ្ញាត​ឲ្យភិក្ខុ​ទាំងឡាយ​​ទៅនៅ​ក្នុងទីនោះបាន។ (ចំណែក) អ្នកស្រុក​ដែលឥត​មានសទ្ធា ឥតមាន​សេចក្តី​ជ្រះថ្លា ច្រើនជាង។ ភិក្ខុទាំងឡាយ​ ក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះ​មានព្រះភាគ។ ព្រះអង្គ​ទ្រង់​អនុញ្ញាត​​ថា ម្នាលភិក្ខុទាំងឡាយ ពួកអ្នកស្រុកដែលមានសទ្ធា​ជ្រះថ្លា​ មាននៅក្នុងទីណា តថាគត​អនុញ្ញាត​ឲ្យភិក្ខុទាំងឡាយ​ទៅនៅ​ក្នុងទីនោះឯង។

[១២] សម័យនោះឯង ក្នុងកោសលជនបទ មានពួកភិក្ខុចូលវស្សា​ក្នុងអាវាស១ ក៏មិនដែល​បានភោជន​សៅហ្មង ឬឧត្តម​ឲ្យបានឆ្អែត​ពេញលេញ​ម្តងសោះ។ ភិក្ខុទាំងឡាយ​ក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះ​មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់​ថា ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើពួកភិក្ខុដែលចូលវស្សាហើយ មិនបានភោជន​សៅហ្មង ឬឧត្តម​ល្មម​ឆ្អែត​ពេញលេញ​ទេ។ ភិក្ខុទាំងនោះ​ត្រូវតាំងចិត្តថា អាវាស​នេះឯង មានសេចក្តី​អន្តរាយ ហើយចៀស​ចេញទៅ​ចុះ។ ភិក្ខុទាំងនោះដាច់​វស្សា តែមិនត្រូវ​អាបត្តិទេ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើ​ពួក​ភិក្ខុ​ដែល​ចូលវស្សាហើយ បានភោជន​សៅហ្មង ឬឧត្តម​ល្មម​ឆ្អែត​ពេញលេញ​ហើយ តែមិនបាន​ភោជន​ទាំងឡាយ​ឲ្យជាទី​សប្បាយសោះ។ ភិក្ខុទាំងនោះ​ត្រូវតាំងចិត្តថា អាវាស​នេះឯង មាន​សេចក្តី​​អន្តរាយ ហើយចៀស​ចេញទៅ​ចុះ។ ភិក្ខុទាំងនោះដាច់​វស្សា តែមិនត្រូវ​អាបត្តិទេ។ ម្នាលភិក្ខុ​ទាំងឡាយ ក្នុងសាសនានេះ បើ​ពួក​ភិក្ខុ​ដែល​ចូលវស្សាហើយ បានភោជន​សៅហ្មង ឬឧត្តម​ល្មម​ឆ្អែត​ពេញលេញ​ហើយ បាន​ភោជន​ទាំងឡាយ​ក៏ជាទី​សប្បាយ តែមិនបាន​ភេសជ្ជៈ​ទាំងឡាយ​ជាទីសប្បាយ​សោះ។ ភិក្ខុទាំងនោះ​ត្រូវតាំងចិត្តថា អាវាស​នេះឯង មាន​សេចក្តី​​អន្តរាយ ហើយចៀស​ចេញទៅ​ចុះ។ ភិក្ខុទាំងនោះដាច់​វស្សា តែមិនត្រូវ​អាបត្តិទេ។ ម្នាលភិក្ខុ​ទាំងឡាយ ក្នុង​សាសនា​នេះ បើ​ពួក​ភិក្ខុ​ដែល​ចូលវស្សាហើយ បានភោជន​សៅហ្មង ឬឧត្តម​ល្មម​ឆ្អែត​ពេញលេញ​បាន​ភោជន​ទាំងឡាយ​ក៏ជាទី​សប្បាយ បាន​ភេសជ្ជៈ​ទាំងឡាយក៏​ជាទីសប្បាយ​ តែមិនបានអ្នក​ឧបដ្ឋាក​ឲ្យសមគួរសោះ។ ភិក្ខុទាំងនោះ​ត្រូវតាំងចិត្តថា អាវាស​នេះឯង មាន​សេចក្តី​​អន្តរាយ ហើយ​ចៀស​ចេញទៅ​ចុះ។ ភិក្ខុទាំងនោះដាច់​វស្សា តែមិនត្រូវ​អាបត្តិទេ។ ម្នាលភិក្ខុ​ទាំង​ឡាយ ក្នុងសាសនានេះ បើមាន​ស្រីមក​ប្រលោម​ភិក្ខុ​ដែល​ចូលវស្សាហើយថា លោកម្ចាស់​ចូរនិមន្ត​មក ខ្ញុំករុណាប្រគេនប្រាក់លោកក្តី ខ្ញុំករុណាប្រគេនមាសលោកក្តី ខ្ញុំករុណាប្រគេនស្រែលោកក្តី ខ្ញុំករុណាប្រគេនចំការ​លោកក្តី ខ្ញុំករុណាប្រគេន​គោឈ្មោលលោកក្តី ខ្ញុំករុណាប្រគេន​គោញី​លោកក្តី ខ្ញុំករុណាប្រគេន​ខ្ញុំប្រុស​លោកក្តី ខ្ញុំករុណាប្រគេន​ខ្ញុំស្រីលោកក្តី ខ្ញុំករុណាប្រគេន​កូនស្រី​ ដើម្បីឲ្យជា​ភរិយា​លោកក្តី ខ្ញុំករុណាជា​ភរិយាលោកក្តី ខ្ញុំករុណានំាយក​ស្រីដទៃ​មកឲ្យជាភរិយា​លោកក្តី។ ក្នុងវេលានោះ បើភិក្ខុមានសេចក្តីត្រិះរិះ​យ៉ាងនេះថា ព្រះដ៏មានព្រះភាគ​ទ្រង់ត្រាស់ថា ចិត្តជាធម្មជាត​ តែងប្រែត្រឡប់​រហ័ស​ដោយពិត ក្រែងព្រហ្មចរិយធម៌​របស់អាត្មាអញ​នឹងមាន​សេចក្តី​អន្តរាយ ដូច្នេះហើយ ត្រូវ​ចៀស​ចេញទៅបាន។ ភិក្ខុនោះដាច់​វស្សា តែមិនត្រូវ​អាបត្តិទេ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ក្នុងសាសនានេះ បើមាន​ស្រីផ្កាមាសមក​ប្រលោម​ភិក្ខុ​ដែល​ចូល​វស្សា​ហើយ។បេ។ ថុល្លកុមារី (ស្រីចាស់ក្រមុំ) មកប្រលោម ខ្ទើយមកប្រលោម ពួកញាតិមកប្រលោម ពួកស្តេច​មកប្រលោម ពួកចោរ​មកប្រលោម ពួកអ្នកលេង​មកប្រលោមថា បពិត្រ​លោកដ៏ចំរើន សូមលោកម្ចាស់​និមន្ត​មក យើងខ្ញុំប្រគេនប្រាក់លោកក្តី យើងខ្ញុំប្រគេនមាសលោកក្តី យើងខ្ញុំ​ប្រគេន​ស្រែលោកក្តី យើងខ្ញុំប្រគេនចំការ​លោកក្តី យើងខ្ញុំប្រគេន​គោឈ្មោលលោកក្តី យើងខ្ញុំ​ប្រគេន​គោញី​លោកក្តី យើងខ្ញុំប្រគេន​ខ្ញុំប្រុស​លោកក្តី យើងខ្ញុំប្រគេន​ខ្ញុំស្រីលោកក្តី យើងខ្ញុំប្រគេន​កូនស្រី​ ដើម្បីឲ្យជា​ភរិយា​លោកក្តី យើងខ្ញុំនំាយក​ស្រីដទៃ​មកឲ្យជាភរិយា​លោកក្តី។ ក្នុងវេលានោះ បើភិក្ខុមានសេចក្តីត្រិះរិះ​យ៉ាងនេះថា ព្រះដ៏មានព្រះភាគ ​ទ្រង់ត្រាស់ថា ចិត្តជាធម្មជាត​ តែង​ប្រែ​ត្រឡប់​​រហ័ស​ដោយពិត ក្រែងមានសេចក្តីអន្តរាយ​ដល់ព្រហ្មចរិយធម៌​របស់អាត្មាអញ ដូច្នេះ​ហើយ ត្រូវ​ចៀស​ចេញទៅបាន។ ភិក្ខុនោះដាច់​វស្សា តែមិនត្រូវ​អាបត្តិទេ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ក្នុងសាសនានេះ បើភិក្ខុ​ចូល​វស្សា​ហើយ ឃើញកំណប់​ទ្រព្យ​ឥតមានម្ចាស់។ ក្នុងវេលានោះ បើ​ភិក្ខុ​មាន​សេចក្តីត្រិះរិះ​យ៉ាងនេះថា ព្រះដ៏មានព្រះភាគ ​ទ្រង់ត្រាស់ថា ចិត្តជាធម្មជាត​ តែង​ប្រែ​ត្រឡប់​​រហ័ស​ដោយពិត ក្រែងមានសេចក្តីអន្តរាយ ​ដល់ព្រហ្មចរិយធម៌​របស់អញ ដូច្នេះ​ហើយ ត្រូវ​ចៀស​ចេញទៅបាន។ ភិក្ខុនោះដាច់​វស្សា តែមិនត្រូវ​អាបត្តិទេ។

១១៤. សង្ឃភេទេ អនាបត្តិវស្សច្ឆេទវារោ

(១១៤)

ម្នាល​ភិក្ខុ​ទាំង​ឡាយ ក្នុងសាសនានេះ បើ​ភិក្ខុ​ចូល​វស្សា​ហើយ ឃើញភិក្ខុច្រើនរូប​កំពុង​ព្យាយាម​ដើម្បីបំបែកសង្ឃ។ ក្នុងវេលានោះ បើ​ភិក្ខុ​មាន​សេចក្តីត្រិះរិះ​យ៉ាងនេះថា សង្ឃភេទ ព្រះដ៏មានព្រះភាគ ​ទ្រង់ត្រាស់ថា មានទោសធ្ងន់ សូមកុំឲ្យសង្ឃ​បែកគ្នា​ក្នុងទីចំពោះ​មុខអញឡើយ ដូច្នេះ​ហើយ ត្រូវ​ចៀស​ចេញទៅបាន។ ភិក្ខុនោះ​ដាច់​​វស្សា តែមិនត្រូវ​អាបត្តិទេ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ក្នុងសាសនានេះ បើ​ភិក្ខុ​ចូល​វស្សា​ហើយ បានឮដំណឹងថា ពួកភិក្ខុច្រើនរូប​​ព្យាយាម​ដើម្បីបំបែកសង្ឃ។ ក្នុងវេលានោះ បើ​ភិក្ខុ​មាន​សេចក្តី​ត្រិះរិះ​យ៉ាងនេះថា ការបំបែកសង្ឃ ព្រះដ៏មានព្រះភាគ ​ទ្រង់ត្រាស់ថា មានទោសធ្ងន់ សូមកុំ​ឲ្យ​សង្ឃ​​បែកគ្នា​ក្នុងទីចំពោះ​មុខអញឡើយ ដូច្នេះ​ហើយ ត្រូវ​ចៀស​ចេញទៅបាន។ ភិក្ខុនោះ​ដាច់​​វស្សា តែមិនត្រូវ​អាបត្តិទេ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ក្នុងសាសនានេះ បើ​ភិក្ខុ​ចូល​វស្សា​ហើយ បាន​ឮ​ដំណឹង​ថា ក្នុងអាវាស​ឯណោះ មានភិក្ខុច្រើនរូប​​ព្យាយាម​ដើម្បីបំបែកសង្ឃ។ ក្នុងវេលានោះ បើ​ភិក្ខុ​មាន​សេចក្តី​ត្រិះរិះ​យ៉ាងនេះថា ភិក្ខុទាំងនោះ ជាមិត្ត​របស់អាត្មាអញ អាត្មាអញ​នឹងនិយាយ​នឹង​ភិក្ខុទាំងនោះថា នែអាវុសោ ការបំបែកសង្ឃ ព្រះដ៏មានព្រះភាគ ​ទ្រង់ត្រាស់ថា មានទោសធ្ងន់ អស់លោកដ៏មានអាយុ កុំចូលចិត្ត​នឹងការបំបែក​សង្ឃ​ឡើយ ភិក្ខុទាំងនោះ មុខជា​នឹងធ្វើតាម មុខជា​នឹងប្រាថ្នា​ដើម្បី​ស្តាប់ពាក្យអាត្មាអញ មុខជា​នឹងផ្អៀង​ត្រចៀក​ស្តាប់ ដូច្នេះ​ហើយ ត្រូវ​ចៀស​ចេញទៅបាន។ ភិក្ខុនោះ​ដាច់​​វស្សា តែមិនត្រូវ​អាបត្តិទេ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ក្នុងសាសនានេះ បើ​ភិក្ខុ​ចូល​វស្សា​ហើយ បាន​ឮ​ដំណឹង​ថា ក្នុងអាវាស​ឯណោះ មានភិក្ខុច្រើនរូប​​ព្យាយាម​ដើម្បី​បំបែក​សង្ឃ។ ក្នុងវេលានោះ បើ​ភិក្ខុ​មាន​សេចក្តី​ត្រិះរិះ​យ៉ាងនេះថា ភិក្ខុទាំងនោះ មិនមែនជាមិត្ត​របស់អាត្មាអញមែន ប៉ុន្តែថា ភិក្ខុទាំងឡាយ​ណាដែល​ជាមិត្តរបស់​ភិក្ខុទាំងឡាយនោះ ភិក្ខុទាំង​នោះ ក៏គង់​ជាមិត្ត​របស់អាត្មាអញដែរ អញ​នឹងនិយាយ​ប្រាប់​ភិក្ខុទាំងនោះ ភិក្ខុទាំងនោះ លុះអាត្មា​អញ​បាននិយាយ​ទៅហើយ មុខជា​នឹងនិយាយ​ប្រាប់ភិក្ខុទាំងនោះថា នែអាវុសោ ការបំបែកសង្ឃ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា មានទោសធ្ងន់ អស់លោកដ៏​មានអាយុ កុំចូលចិត្ត​នឹងការ​បំបែក​សង្ឃឡើយ ភិក្ខុទាំងនោះ មុខជានឹងធ្វើតាម មុខជា​នឹងប្រាថ្នា​ដើម្បី​ស្តាប់ពាក្យអាត្មាអញ មុខជា​នឹងផ្អៀង​ត្រចៀក​ស្តាប់ ដូច្នេះ​ហើយ ត្រូវ​ចៀស​ចេញទៅបាន។ ភិក្ខុនោះ​ដាច់​​វស្សា តែមិនត្រូវ​អាបត្តិទេ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ក្នុងសាសនានេះ ​ភិក្ខុ​ចូល​វស្សា​ហើយ បាន​ឮ​ដំណឹង​ថា ក្នុង​អាវាស​ឯណោះ សង្ឃមុខជានឹងបែក ព្រោះភិក្ខុច្រើនរូប។ ក្នុងវេលានោះ បើ​ភិក្ខុ​មាន​សេចក្តី​ត្រិះរិះ​យ៉ាងនេះថា ភិក្ខុទាំងនោះ ជាមិត្ត​របស់អញ ៗ​នឹងនិយាយ​ប្រាប់​ភិក្ខុទាំងនោះថា នែអាវុសោ ព្រះដ៏មានព្រះភាគ ​ទ្រង់ត្រាស់ថា ការបំបែកសង្ឃមានទោសធ្ងន់ លោកដ៏មានអាយុទាំងឡាយ កុំចូលចិត្ត​នឹងការបំបែក​សង្ឃ​ឡើយ ភិក្ខុទាំងនោះ ​នឹងធ្វើតាម ​នឹងប្រាថ្នា​ដើម្បី​ស្តាប់​ពាក្យ​របស់​អញ ​នឹងផ្អៀង​ត្រចៀក​ស្តាប់ ដូច្នេះ​ហើយ ត្រូវ​ចៀស​ចេញទៅបាន។ ភិក្ខុនោះ​ដាច់​​វស្សា តែមិន​ត្រូវ​​អាបត្តិទេ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ក្នុងសាសនានេះ ​បើភិក្ខុ​ចូល​វស្សា​ហើយ បាន​ឮ​ដំណឹង​ថា ក្នុង​​អាវាស​ឯណោះ សង្ឃមុខជានឹងបែក ព្រោះភិក្ខុច្រើនរូប។ ក្នុងវេលានោះ បើ​ភិក្ខុ​មាន​សេចក្តី​​ត្រិះរិះ​យ៉ាងនេះថា ភិក្ខុទាំងឡាយនោះឯង​ មិនមែន​ជាមិត្ត​របស់អាត្មាទេ ប៉ុន្តែថា ភិក្ខុទាំងឡាយ​ណាដែល​ជាមិត្ត​របស់ភិក្ខុទាំងនោះ ភិក្ខុទាំងនោះ ក៏ជាមិត្ត​របស់អាត្មាអញដែរ អាត្មាអញ​​នឹងនិយាយ​ប្រាប់​ភិក្ខុទាំងនោះ ភិក្ខុទាំងនោះ លុះ​អាត្មាអញ​និយាយ​ទៅហើយ មុខជា​នឹង​និយាយ​ប្រាប់ភិក្ខុ​ទាំងនោះថា នែអាវុសោ ការបំបែកសង្ឃ ព្រះដ៏មានព្រះភាគ ​ទ្រង់ត្រាស់ថា មានទោស​ធ្ងន់ អស់លោកដ៏មានអាយុ កុំចូលចិត្ត​នឹងការបំបែក​សង្ឃ​ឡើយ ភិក្ខុទាំងនោះ មុខជា​នឹងធ្វើតាម មុខ​ជា​នឹងប្រាថ្នា​ដើម្បី​ស្តាប់​ពាក្យអាត្មា​អញ មុខជា​នឹងផ្អៀង​ត្រចៀក​ស្តាប់ ដូច្នេះ​ហើយ ត្រូវ​ចៀស​ចេញទៅបាន។ ភិក្ខុនោះ​ដាច់​​វស្សា តែមិនត្រូវ​អាបត្តិទេ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ក្នុងសាសនានេះ បើ​​ភិក្ខុ​ចូល​វស្សា​ហើយ បានឮដំណឹងថា ក្នុងអាវាស​ឯណោះ មានភិក្ខុនីច្រើនរូប​​ ព្យាយាម​ដើម្បី​បំបែកសង្ឃ។ ក្នុងវេលានោះ បើ​ភិក្ខុ​មាន​សេចក្តី​ត្រិះរិះ​យ៉ាងនេះថា ភិក្ខុនីទាំងនោះ ជាមិត្ត​របស់​អាត្មាអញពិត អាត្មាអញ​នឹងនិយាយ​ប្រាប់​ភិក្ខុនីទាំងនោះថា នែនាងទាំងឡាយ ការ​បំបែកសង្ឃ ព្រះដ៏មានព្រះភាគ ​ទ្រង់ត្រាស់ថា មានទោសធ្ងន់ អស់នាង កុំចូលចិត្ត​នឹងការបំបែក​សង្ឃ​ឡើយ ពួកភិក្ខុនីនោះ មុខជា​នឹងធ្វើតាម មុខជា​នឹងប្រាថ្នា​ដើម្បី​ស្តាប់ពាក្យអាត្មាអញ មុខជា​នឹងផ្អៀង​ត្រចៀក​ស្តាប់ ដូច្នេះ​ហើយ ត្រូវ​ចៀស​ចេញទៅបាន។ ភិក្ខុនោះ​ដាច់​​វស្សា តែមិនត្រូវ​អាបត្តិទេ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ក្នុងសាសនានេះ បើ​ភិក្ខុ​ចូល​វស្សា​ហើយ បាន​ឮ​ដំណឹង​ថា ក្នុងអាវាស​ឯណោះ មានភិក្ខុនីច្រើនរូប ​​ព្យាយាម​ដើម្បី​បំបែក​សង្ឃ។ ក្នុងវេលានោះ បើ​ភិក្ខុ​មាន​សេចក្តី​ត្រិះរិះ​យ៉ាងនេះថា ភិក្ខុនីទាំងនោះ មិនមែនជាមិត្ត​របស់អាត្មាអញមែន ប៉ុន្តែថា ភិក្ខុនី​ណា​ ដែល​ជាមិត្ត​របស់​ភិក្ខុនីទាំងនោះ ភិក្ខុនីទាំង​នោះ ក៏​ជាមិត្ត​របស់អាត្មាអញដែរ អាត្មាអញ​នឹង​និយាយ​​ប្រាប់​ភិក្ខុនី​ទាំងនោះ ភិក្ខុនីទាំងនោះ លុះអាត្មា​អញ​បាននិយាយ​ទៅហើយ មុខជា​និយាយ​​ប្រាប់​ភិក្ខុនី​ទាំងនោះថា នែនាងទាំងឡាយ ការបំបែកសង្ឃ ព្រះដ៏មានព្រះភាគ ទ្រង់​ត្រាស់​ថា មានទោសធ្ងន់ ពួកនាង កុំចូលចិត្ត​នឹងការ​បំបែក​សង្ឃឡើយ ពួកភិក្ខុនីនោះ មុខ​ជា​នឹង​ធ្វើតាម មុខជា​នឹងប្រាថ្នា​ដើម្បី​ស្តាប់ពាក្យអាត្មាអញ មុខជា​នឹងផ្អៀង​ត្រចៀក​ស្តាប់ ដូច្នេះ​ហើយ ត្រូវ​ចៀស​ចេញទៅចុះ។ ភិក្ខុនោះ​ដាច់​​វស្សា តែមិនត្រូវ​អាបត្តិទេ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ក្នុង​សាសនា​នេះ ​បើភិក្ខុ​ចូល​វស្សា​ហើយ បាន​ឮ​ដំណឹង​ថា ក្នុង​អាវាស​ឯណោះ សង្ឃមុខជានឹងបែក ព្រោះភិក្ខុនីច្រើនរូប។ ក្នុងវេលា​នោះ បើ​ភិក្ខុ​មាន​សេចក្តី​ត្រិះរិះ​យ៉ាងនេះថា ភិក្ខុនីទាំងនោះ ជាមិត្ត​របស់អាត្មាអញដោយពិត អាត្មា​អញ​នឹងនិយាយ​ប្រាប់​ភិក្ខុនីទាំងនោះថា នែនាងទាំងឡាយ ការបំបែកសង្ឃ ព្រះដ៏មាន​ព្រះ​ភាគ ​ទ្រង់ត្រាស់ថា មានទោសធ្ងន់ អស់ទាំងនាង កុំចូលចិត្ត​នឹង​ការ​បំបែក​សង្ឃ​ឡើយ ភិក្ខុនី​ទាំង​នោះ មុខជា​នឹងធ្វើតាម មុខជា​នឹងប្រាថ្នា​ដើម្បី​ស្តាប់​ពាក្យ​របស់​អាត្មា​អញ មុខជា​នឹងផ្អៀង​ត្រចៀក​ស្តាប់ ដូច្នេះ​ហើយ ត្រូវ​ចៀស​ចេញទៅបាន។ ភិក្ខុនោះ​ដាច់​​វស្សា តែមិនត្រូវ​អាបត្តិទេ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ក្នុងសាសនានេះ ​បើភិក្ខុ​ចូល​វស្សា​ហើយ បាន​ឮ​ដំណឹង​ថា ក្នុង​អាវាស​ឯណោះ សង្ឃ​មុខជានឹងបែក ព្រោះភិក្ខុនីច្រើនរូប។ ក្នុងវេលានោះ បើ​ភិក្ខុ​មាន​សេចក្តី​​ត្រិះរិះ​យ៉ាងនេះថា ភិក្ខុនី​ទាំងនោះ​ មិនមែន​ជាមិត្ត​របស់អាត្មាអញពិតមែន ប៉ុន្តែថា ភិក្ខុនី​ទាំងឡាយ​ណា ដែល​ជាមិត្ត​របស់​ភិក្ខុនីទាំងនោះ ភិក្ខុនីទាំងឡាយនោះ ក៏ជាមិត្ត​របស់អាត្មាអញដែរ អាត្មា​អញ​​នឹងនិយាយ​ប្រាប់​ភិក្ខុនីទាំងនោះ ភិក្ខុនីទាំងនោះ លុះ​អាត្មាអញ​និយាយ​ទៅហើយ នឹង​និយាយ​ប្រាប់ភិក្ខុនី​ទាំង​នោះ​ថា នែនាងទាំងឡាយ ការបំបែកសង្ឃ ព្រះដ៏មានព្រះភាគ ​ទ្រង់​ត្រាស់​ថា មានទោសធ្ងន់ ពួកនាង​ កុំចូលចិត្ត​នឹងការបំបែក​សង្ឃ​ឡើយ ភិក្ខុនីទាំងនោះ មុខជា​នឹងធ្វើតាម មុខជា​ប្រាថ្នា​ដើម្បី​ស្តាប់​ពាក្យអាត្មា​អញ មុខជា​នឹងផ្អៀង​ត្រចៀក​ស្តាប់ ដូច្នេះ​ហើយ ត្រូវ​ចៀស​ចេញទៅបាន។ ភិក្ខុនោះ​ដាច់​​វស្សា តែមិនត្រូវ​អាបត្តិទេ។

១១៥. វជាទីសុ វស្សូបគមនំ

(១១៥)

[១៣] សម័យនោះឯង ភិក្ខុ១រូប​មានសេចក្តី​ប្រាថ្នា​ដើម្បីចូល​វស្សាក្នុងលំនៅ​របស់គង្វាល​គោ។ ភិក្ខុទាំងឡាយក្រាបទូលសេចក្តីនុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត​ឲ្យភិក្ខុចូលវស្សា ក្នុងលំនៅរបស់​គង្វាលគោបាន។ ឯលំនៅ​របស់​គង្វាលគោក៏រើចេញទៅ។ ភិក្ខុទាំងឡាយ​ក្រាបទូល​សេចក្តី​នុ៎ះ ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ លំនៅ​គង្វាលគោទៅក្នុងទីណា តថាគត​អនុញ្ញាត​ឲ្យភិក្ខុ​ទៅក្នុងទីនោះបាន។ សម័យ​នោះឯង មានភិក្ខុ១រូប កាលថ្ងៃចូលវស្សា​កាន់​តែជិត​ហើយ ក៏​ប្រាថ្នា​ដើម្បី​ទៅដោយពួកឈ្មួញ​រទេះ។7) ភិក្ខុទាំងឡាយ​ក្រាបទូល​សេចក្តី​នុ៎ះ ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យភិក្ខុចូលវស្សា​ក្នុងពួក​ឈ្មួញរទេះបាន។ សម័យ​នោះឯង មានភិក្ខុ១រូប កាលថ្ងៃចូល​វស្សា​កាន់​តែជិត​ហើយ ក៏ប្រាថ្នា​ដើម្បី​ទៅដោយទូក។ ភិក្ខុទាំងឡាយ​ក្រាបទូល​សេចក្តី​នុ៎ះ ចំពោះ​ព្រះដ៏​មាន​ព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យភិក្ខុ​ចូលវស្សា​ក្នុង​ទូក​បាន។

១១៦. វស្សំ អនុបគន្តព្វដ្ឋានានិ

(១១៦)

[១៤] សម័យនោះឯង មានភិក្ខុ១រូប​ ចូល​វស្សាក្នុងរោងឈើ។ មនុស្សទាំងឡាយ​ក៏​ពោល​ទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុទាំងនោះដូចជាពួកបិសាច។ ភិក្ខុទាំងឡាយ​ក្រាប​ទូល​សេចក្តី​នុ៎ះ​​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់បញ្ញត្តថា ភិក្ខុមិនត្រូវ​ចូលវស្សា​ក្នុងរូង​ឈើទេ ភិក្ខុ​ណា​ចូល ភិក្ខុនោះត្រូវ​អាបត្តិ​ទុក្កដ។ សម័យនោះឯង ភិក្ខុទាំងឡាយ​ចូលវស្សា​លើ​ប្រគាបឈើ។ ពួកមនុស្ស ​ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុ​ទាំងនោះ​ដូចជា​ពួក​ព្រាន​ម្រឹគ។ ភិក្ខុ​ទាំង​ឡាយ​ក្រាប​ទូល​សេចក្តីនុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់បញ្ញត្តថា ម្នាល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុមិនត្រូវ​ចូលវស្សាលើប្រគាប​ឈើទេ ភិក្ខុណាចូល ត្រូវ​អាបត្តិ​ទុក្កដ។

[១៥] សម័យនោះឯង ភិក្ខុទាំងឡាយចូលវស្សាក្នុងទីវាល។ ដល់​វេលាភ្លៀងធ្លាក់មក ភិក្ខុ​ទាំង​នោះ​ក៏ស្ទុះចូលទៅរកម្លប់ឈើខ្លះ យុរស្បូវខ្លះ (សំយាប ឬរងស្បូវ)។ ភិក្ខុទាំងឡាយ​ក្រាប​ទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​មិនត្រូវ​ចូល​វស្សា​ក្នុងទីវាលទេ ភិក្ខុណាចូល ត្រូវអាបត្តិ​ទុក្កដ។ សម័យនោះឯង ភិក្ខុ​ទាំង​ឡាយ​ចូល​វស្សា​ឥតមានទីសេនា​សនៈឡើយ ក៏លំបាក​ដោយត្រជាក់ខ្លះ ដោយ​កំដៅខ្លះ។ ភិក្ខុទាំងឡាយ​ក្រាប​ទូល​សេចក្តី​​នុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គបញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​មិន​ត្រូវ​​ចូល​វស្សា​​​ដោយឥតមានទីសេនាសនៈទេ ភិក្ខុណាចូល ត្រូវអាបត្តិ​ទុក្កដ។ សម័យនោះឯង ភិក្ខុ​ទាំង​ឡាយ​​ចូលវស្សាក្នុងខ្ទមខ្មោច។ មនុស្ស​ទាំងឡាយ​ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ភិក្ខុ​ទាំង​នោះ ដូចជាពួកជន​ដុតខ្មោច។ ភិក្ខុទាំងឡាយ ក្រាបទូលសេចក្តីនុ៎ះ ​ចំពោះ​ព្រះដ៏​មាន​ព្រះ​ភាគ។ ព្រះអង្គបញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​មិនត្រូវ​ចូលវស្សា​ក្នុងខ្ទមខ្មោចទេ ភិក្ខុណាចូល ត្រូវអាបត្តិ​ទុក្កដ។ សម័យនោះឯង ភិក្ខុទាំងឡាយចូលវស្សាក្នុងឆត្ត។ មនុស្សទាំងឡាយ ក៏​ពោល​ទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុទាំងនោះ​ដូចជាពួកគង្វាលគោ។ ភិក្ខុ​ទាំងឡាយ​ក្រាបទូល​សេចក្តី​​នុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គបញ្ញត្តថា ម្នាល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុ​មិនត្រូវ​ចូល​វស្សា​​ក្នុងឆត្តទេ ភិក្ខុណាចូល ត្រូវអាបត្តិ​ទុក្កដ។ សម័យនោះឯង ភិក្ខុទាំងឡាយ​ចូល​វស្សា​ក្នុង​ពាង​ទឹក។ មនុស្សទាំងឡាយ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុទាំងនោះ ​ដូចជាពួកតិរ្ថិយ។ ភិក្ខុទាំងឡាយ​ក្រាបទូលសេចក្តី​នុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់បញ្ញត្តថា ម្នាល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុ​មិនត្រូវ​ចូលវស្សា​ក្នុងពាងទឹកទេ ភិក្ខុណាចូល ត្រូវអាបត្តិ​ទុក្កដ។

១១៧. អធម្មិកកតិកា

(១១៧)

[១៦] សម័យនោះឯង ក្នុងក្រុងសាវត្ថី សង្ឃបានធ្វើកតិកា (ប្តេជ្ញា)ថា ភិក្ខុមិនត្រូវបំបួស​កុលបុត្ត​ក្នុងកណ្តាលវស្សាឡើយ។ ស្រាប់តែ​ចៅរបស់នាងវិសាខា ជាមាតាមិគារសេដ្ឋី បានចូល​ទៅរកពួក​ភិក្ខុហើយ សូម​នូវផ្នួស។ ភិក្ខុទាំងឡាយ​ក៏បាន​និយាយ​ទៅវិញ​យ៉ាងនេះថា នែអ្នក​ដ៏​មានអាយុ សង្ឃបានធ្វើកតិកា​ថា មិនត្រូវឲ្យភិក្ខុណា​បំបួស​កុលបុត្តក្នុង​កណ្តាលវស្សាឡើយ នែ​អ្នកដ៏មានអាយុ អ្នកឯងចូរបង្អង់សិន ទំរាំតែភិក្ខុទាំងឡាយ​នៅចាំវស្សា លុះចាំវស្សា​រួចហើយ នឹង​បំបួស។ គ្រានោះ ភិក្ខុទាំងនោះ លុះចាំវស្សា​រួចហើយ ក៏បាននិយាយ​ពាក្យនេះ​នឹងចៅ​របស់​នាង​វិសាខា ជាមាតា​មិគារសេដ្ឋីថា នែអ្នកដ៏មានអាយុ អ្នកឯងចូរមកបួស​ក្នុងកាល​ឥឡូវ​នេះចុះ។ បុរស​នោះ ពោលតបយ៉ាងនេះវិញថា បពិត្រលោកដ៏ចំរើន ប្រសិនបើខ្ញុំករុណាបានបួស​រួច​ស្រឡះ​​ហើយ ខ្ញុំករុណាគួរត្រេកអរពេកណាស់ បពិត្រលោកដ៏ចំរើន ឥឡូវនេះ ខ្ញុំករុណាខាន​បួស​ហើយ។ នាងវិសាខា ជាមាតា​មិគារសេដ្ឋី ក៏ពោលទោស តិះដៀល បន្តុះបង្អាប់​ថា លោក​ម្ចាស់​ទាំងឡាយមិនសមបើ​នឹងធ្វើកតិកាបែបយ៉ាងនេះថា ភិក្ខុមិនត្រូវបំបួស​កុលបុត្ត​ ក្នុងកណ្តាល​វស្សា​សោះ ឯភិក្ខុ​មិនត្រូវប្រព្រឹត្តធម៌​មានកំណត់​កាលដូច្នោះទេ។ កាលនាងវិសាខា ជាមាតា​មិគារសេដ្ឋី កំពុងពោលទោស តិះដៀល បន្តុះបង្អាប់ ភិក្ខុទាំងឡាយ​ក៏បានឮច្បាស់។ វេលា​នោះឯង ភិក្ខុទាំង​នោះ ក្រាបទូលសេចក្តីនុ៎ះ​ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់​បញ្ញត្ត​ថា ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុ​មិន​ត្រូវធ្វើកតិកាបែបនេះថា ភិក្ខុមិនត្រូវ​បំបួស​កុលបុត្ត​ក្នុងកណ្តាល​វស្សាទេ ភិក្ខុណាធ្វើ ត្រូវ​អាបត្តិ​​ទុក្កដ។

១១៨. បដិស្សវទុក្កដាបត្តិ

(១១៨)

[១៧] សម័យនោះឯង ឧបនន្ទ ជាសក្យបុត្តដ៏មានអាយុ បានទទួលប្តេជ្ញា​ស្តេច​បសេនទិ​កោសល​ថា នឹងនៅចាំវស្សា​ដោយ​បុរិមិកាវស្សា។ ឧបនន្ទ​នោះ​កាល​ដើរទៅកាន់​អាវាសនោះ ក៏​បាន​ឃើញអាវាសពីរ ក្នុងពាក់កណ្តាលផ្លូវ ជាអាវាស​មានចីវរច្រើន។ ឧបនន្ទ​នោះ មានសេចក្តី​ត្រិះរិះ​​យ៉ាងនេះ​ថា បើដូច្នោះ គួរអាត្មាអញ​នៅចាំវស្សា​ក្នុងអាវាស​ទាំងពីរ​នេះចុះ ចីវរ​មុខជា​នឹង​កើត​​ដល់​អាត្មាអញ​ជាច្រើន ដោយអាការ​យ៉ាងនេះ។ ឧបនន្ទនោះ ក៏បាននៅ​ចាំវស្សា​ក្នុងអាវាស​ទាំង​ពីរនោះ។ ស្តេចបសេនទិកោសល ក៏ពោលទោស តិះដៀល បន្តុះបង្អាប់​ថា លោក​ម្ចាស់​ឧបនន្ទ ជាសក្យបុត្ត បានទទួល​ប្តេជ្ញាថា អញនៅចាំវស្សាហើយ មិនសមបើ​នឹងធ្វើឲ្យខុស​ពាក្យ​ប្តេជ្ញា​ទៅ​វិញ​សោះ ព្រះមានព្រះភាគ ទ្រង់តិះដៀលមុសាវាទ ទ្រង់សរសើរ​តែការ​វៀរចាក​ពាក្យ​មុសាវាទ ដោយអនេកបរិយាយ។ កាលស្តេចបសេនទិកោសល កំពុងពោលទោស តិះដៀល បន្តុះ​បង្អាប់​ ភិក្ខុទាំងឡាយ ​ក៏បានឮច្បាស់។ ភិក្ខុទាំងឡាយណា ជាអ្នក​មានសេចក្តី​ប្រាថ្នា​តិច។បេ។ ភិក្ខុទាំងនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ឧបនន្ទ ជាសក្យ​បុត្ត ដ៏មានអាយុ បាន​ទទួល​​ប្តេជ្ញា​ស្តេច​បសេនទិកោសល​ថា នឹងនៅចាំវស្សា​ហើយ មិនសមបើ​នឹង​ធ្វើឲ្យខុស​ពាក្យ​ប្តេជ្ញា​ទៅវិញសោះ ព្រះដ៏មានព្រះភាគ ទ្រង់តិះដៀលឲ​ពាក្យមុសាវាទ ទ្រង់សរសើរ​តែការវៀរ​ចាក​​ពាក្យមុសាវាទ ដោយអនេក​បរិយាយ។ ​វេលា​នោះ ភិក្ខុទាំងនោះ ក៏​ក្រាប​ទូល​នូវសេចក្តី​នុ៎ះ​ចំពោះព្រះដ៏មានព្រះភាគ។ ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគ ទ្រង់ឲ្យប្រជុំ​ភិក្ខុសង្ឃ ក្នុងវេលានោះ ហើយទ្រង់​សួរចំពោះ​ឧបនន្ទ​ ជាសក្យបុត្ត​ដ៏មានអាយុថា ឧបនន្ទ ឮថា អ្នក​ឯង​បាន​ទទួល​​ប្តេជ្ញាស្តេច​បសេនទិកោសលថា នឹងនៅចាំវស្សា​ ហើយធ្វើ​ឲ្យខុស​ពាក្យប្តេជ្ញា​ទៅ​វិញ ពិតមែនឬ។ ឧបនន្ទក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធជាម្ចាស់​ដ៏មាន​ជោគ ទ្រង់បន្ទោសថា ម្នាលមោឃបុរស អ្នកឯងបានទទួល​ប្តេជ្ញា​ស្តេច​បសេនទិ​កោសល​ថា​នឹង​​នៅចាំ​វស្សាហើយ មិនសមបើនឹងធ្វើឲ្យខុស​ពាក្យប្តេជ្ញា​ទៅវិញសោះ ម្នាលមោឃបុរស តថាគត​​បាន​តិះដៀល​​ពាក្យមុសាវាទ បានសរសើរ​តែការ​វៀរ​ចាក​ពាក្យមុសាវាទ ដោយ​អនេក​បរិយាយ ម្នាលមោឃបុរស អំពើនេះ នឹងបានដឹកនាំពួកជន​ ដែល​មិនទាន់​ជ្រះថ្លា​ឲ្យជ្រះថ្លា​ឡើង​ក៏​ទេ។បេ។ ទ្រង់បន្ទោសហើយ ធ្វើនូវធម្មីកថា រួចទ្រង់ត្រាស់ហៅ​ភិក្ខុទាំងឡាយ​មកថា ម្នាល​ភិក្ខុ​ទាំងឡាយ ក្នុងសាសនានេះ បើភិក្ខុបានទទួល​ប្តេជ្ញា​ថា នៅចាំវស្សា​ ដោយ​បុរិមិកាវស្សា​ហើយ។ ភិក្ខុ​នោះកំពុងតែដើរទៅកាន់​អាវាសនោះ ក៏បានឃើញ​អាវាស​ពីរក្នុង​ពាក់កណ្តាលផ្លូវ ជាអាវាស​មានចីវរ​ច្រើន។ ភិក្ខុនោះ មានសេចក្តីត្រិះរិះ​យ៉ាងនេះថា បើដូច្នោះ គួរ​អាត្មាអញ​នឹងនៅចាំវស្សា​ក្នុងអាវាស​ទាំងពីរ​នេះចុះ ចីវរមុខជានឹងកើត​ដល់អាត្មាអញ​ជាច្រើន ដោយអាការយ៉ាងនេះ។ ភិក្ខុ​នោះ ក៏នៅចាំវស្សា​ក្នុងអាវាស​ទាំងពីរនោះ។ ម្នាលភិក្ខុទាំងឡាយ បុរិមិកាវស្សា​របស់​ភិក្ខុ​នោះ មិន​ប្រាកដ​​ផង ភិក្ខុនោះត្រូវអាបត្តិ​ទុក្កដ ព្រោះទទួលពាក្យ​ប្តេជ្ញា​ផង។ ម្នាលភិក្ខុទាំងឡាយ ក្នុង​សាសនា​នេះ បើភិក្ខុបាន​ទទួល​ប្តេជ្ញា​ថានៅចាំ​វស្សា​ ដោយបុរិមិកាវស្សា​ហើយ។ ភិក្ខុនោះ កាល​នឹង​ដើរ​ទៅ​កាន់​អាវាស​នោះ ក៏ធ្វើឧបោសដ​ខាងក្រៅ លុះដល់ថ្ងៃ​១រោច ទើប​ចូលទៅវិហារ ក្រាល​សេនា​សនៈ ដំកល់ទឹក​ឆាន់ ទឹកប្រើប្រាស់ បោសច្រាសទីបរិវេន។ ក្នុងថ្ងៃនោះឯង ភិក្ខុនោះ​ឥត​មាន​​កិច្ច​នឹងត្រូវធ្វើឡើយ ហើយក៏ដើរចេញទៅ។ ម្នាល​ភិក្ខុទាំងឡាយ ឯបុរិមិកាវស្សា របស់​ភិក្ខុ​នោះ មិនប្រាកដផង ភិក្ខុនោះត្រូវអាបត្តិ​ទុក្កដ ព្រោះ​ទទួល​ពាក្យប្តេជ្ញា​ផង។

ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើភិក្ខុបាន​ទទួល​ប្តេជ្ញា​ថា នឹងនៅចាំ​វស្សា​ ដោយ​បុរិមិកាវស្សា​ហើយ។ ភិក្ខុនោះ កាលដើរទៅកាន់​អាវាស​នោះ ក៏ធ្វើឧបោសថខាងក្រៅ លុះដល់ថ្ងៃ​១រោច ទើប​ចូលទៅវិហារ ក្រាល​អាសនៈ ដំកល់ទឹក​ឆាន់ ទឹកប្រើប្រាស់ បោសច្រាសទីបរិវេន។ ក្នុងថ្ងៃនោះ ភិក្ខុនោះ​ប្រកប​ដោយ​​កិច្ចត្រូវធ្វើ ហើយក៏ដើរចេញទៅ។ ម្នាល​ភិក្ខុទាំងឡាយ បុរិមិកាវស្សា របស់ភិក្ខុនោះ ក៏មិន​ប្រាកដផង ភិក្ខុនោះត្រូវអាបត្តិ​ទុក្កដ ព្រោះ​ទទួល​ពាក្យប្តេជ្ញា​ផង។ ម្នាលភិក្ខុទាំងឡាយ ក្នុង​សាសនា​នេះ បើភិក្ខុបាន​ទទួល​ប្តេជ្ញា​ថា នៅចាំ​វស្សា​ ដោយ​បុរិមិកាវស្សា​ហើយ។ ភិក្ខុនោះ កាល​នឹង​ដើរទៅកាន់​អាវាស​នោះ ក៏ធ្វើឧបោសថខាងក្រៅ លុះដល់ថ្ងៃ​១រោច ទើប​ចូលទៅវិហារ ក្រាល​សេនាសនៈ រួចដំកល់ទឹក​ឆាន់ ទឹកប្រើប្រាស់ បោស​ច្រាស​ទី​បរិវេន។ ភិក្ខុនោះនៅអស់ពីរបីថ្ងៃ ឥតមាន​កិច្ចអ្វីនឹងគួរធ្វើឡើយ ហើយក៏ដើរចេញទៅ។ ម្នាល​ភិក្ខុទាំងឡាយ បុរិមិកាវស្សា របស់ភិក្ខុនោះ ក៏មិនប្រាកដផង ភិក្ខុនោះត្រូវអាបត្តិ​ទុក្កដ ព្រោះ​ទទួល​ពាក្យប្តេជ្ញា​ផង។ ម្នាលភិក្ខុ​ទាំងឡាយ ក្នុងសាសនានេះ បើភិក្ខុបាន​ទទួល​ប្តេជ្ញា​ថា នៅចាំ​វស្សា​ ដោយ​បុរិមិកាវស្សា​ហើយ។ ភិក្ខុនោះ កាលនឹងដើរទៅកាន់​អាវាស​នោះ ក៏ធ្វើឧបោសថ​ខាងក្រៅ លុះដល់ថ្ងៃ​១រោច ទើប​ចូលទៅកាន់វិហារ ក្រាលសេនាសនៈ ដំកល់ទឹក​ឆាន់ ទឹក​ប្រើ​ប្រាស់ បោសច្រាសទីបរិវេន។ ភិក្ខុ​នោះ នៅអស់ពីរបីថ្ងៃហើយ ប្រកបដោយ​កិច្ចគួរ​នឹង​ធ្វើ ក៏ដើរចេញទៅ។ ម្នាល​ភិក្ខុទាំងឡាយ បុរិមិកាវស្សា របស់ភិក្ខុនោះ ក៏មិនប្រាកដផង ភិក្ខុ​នោះ​ត្រូវ​អាបត្តិ​​ទុក្កដ ព្រោះ​ទទួល​ពាក្យប្តេជ្ញា​ផង។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើភិក្ខុបាន​ទទួល​ប្តេជ្ញា​ថា នៅចាំ​វស្សា​ ដោយ​បុរិមិកាវស្សា​ហើយ។ ភិក្ខុនោះ កាលនឹងដើរទៅកាន់​អាវាស​នោះ ក៏ធ្វើឧបោសដ​ខាងក្រៅ លុះ​ដល់​ថ្ងៃ​១រោច ទើប​ចូលទៅកាន់វិហារ រៀបក្រាលសេនាសនៈ ដំកល់ទឹក​ឆាន់ ទឹកប្រើប្រាស់ បោស​ច្រាស​ទីបរិវេន។ ភិក្ខុនោះ នៅអស់ពីរបីថ្ងៃ ក៏ដើរចេញទៅដោយ​សត្តាហករណីយ។ ភិក្ខុនោះ​នៅ​ខាង​ក្រៅ(អាវាស)​ហួស៧ថ្ងៃនោះ។ ម្នាល​ភិក្ខុទាំងឡាយ បុរិមិកាវស្សា របស់ភិក្ខុនោះ មិន​ប្រាកដ​ផង ភិក្ខុនោះត្រូវអាបត្តិ​ទុក្កដ ព្រោះ​ទទួល​ពាក្យប្តេជ្ញា​ផង។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើភិក្ខុបាន​ទទួល​ប្តេជ្ញា​គេថា នៅចាំ​វស្សា​ ដោយ​បុរិមិកា​វស្សា​ហើយ។បេ។ ភិក្ខុនោះ នៅ​អស់​ពីរបី​ថ្ងៃ ក៏ថយចេញទៅ ដោយសត្តាហករណីយ។ ភិក្ខុនោះ វិលត្រឡប់​មកវិញ​ក្នុងរវាង៧ថ្ងៃ។ ម្នាល​ភិក្ខុទាំងឡាយ បុរិមិកាវស្សា របស់ភិក្ខុនោះ ក៏ប្រាកដផង ភិក្ខុនោះមិនត្រូវអាបត្តិ ព្រោះ​ទទួល​ពាក្យ​ប្តេជ្ញា​ផង។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើភិក្ខុបាន​ទទួល​ប្តេជ្ញាគេ​ថា នៅចាំ​វស្សា​ ដោយ​បុរិមិកាវស្សា​ហើយ។ ភិក្ខុនោះ កាលនឹងដើរ​ទៅ​កាន់​​អាវាស​នោះ ក៏ធ្វើឧបោសថ​ខាងក្រៅ លុះដល់ថ្ងៃ​១រោច ​ចូលទៅឯវិហារ ក្រាលសេនាសនៈ រួច​ដំកល់ទឹក​ឆាន់ ទឹកប្រើប្រាស់ បោស​ច្រាស​ទីបរិវេណ។ ភិក្ខុនោះ កាលបើនៅខ្វះ​៧ថ្ងៃទៀត នឹងដល់ថ្ងៃបវារណា ក៏ប្រកប​កិច្ច​ដែល​ត្រូវ​ធ្វើ ហើយថយចេញទៅ។ ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុនោះ បានមកកាន់​អាវាសនោះក្តី មិនបាន​មកកាន់អាវាសនោះក្តី។ ម្នាលភិក្ខុទាំងឡាយ ឯបុរិមិកាវស្សា​របស់ភិក្ខុនោះ ក៏ប្រាកដផង ភិក្ខុនោះ​មិន​ត្រូវអាបត្តិ ព្រោះ​ទទួល​ពាក្យប្តេជ្ញា​ផង។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើភិក្ខុបាន​ទទួល​​ប្តេជ្ញាគេ​ថា នៅចាំ​វស្សា​ ដោយ​បុរិមិកា​វស្សា​​ហើយ។ ភិក្ខុនោះ ទៅកាន់​អាវាស​នោះ ក៏ធ្វើ​ឧបោសថ​ លុះដល់ថ្ងៃ​១រោច ទើប​ចូលទៅកាន់​វិហារ រៀបក្រាលសេនាសនៈ ដំកល់ទឹក​ឆាន់ ទឹក​ប្រើ​ប្រាស់ បោសច្រាសទីបរិវេណ។ ក្នុង​ថ្ងៃ​នោះ​ឯង ភិក្ខុនោះឥតមាន​កិច្ចរវល់នឹងធ្វើឡើយ ហើយ​ក៏ថយចេញទៅ។ ម្នាល​ភិក្ខុទាំងឡាយ ឯបុរិមិកាវស្សា របស់ភិក្ខុនោះ ក៏មិនប្រាកដផង ភិក្ខុ​នោះ​ត្រូវ​អាបត្តិ​ទុក្កដ ព្រោះ​ទទួល​ពាក្យប្តេជ្ញា​ផង។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើភិក្ខុបាន​ទទួល​​ប្តេជ្ញាគេ​ថា នៅចាំ​វស្សា​ ដោយ​បុរិមិកាវស្សា​ហើយ។ ភិក្ខុនោះ ទៅកាន់​អាវាស​នោះ ក៏ធ្វើ​ឧបោសថ លុះដល់ថ្ងៃ​១រោច ទើប​ចូល​ទៅ​កាន់វិហារ រៀបក្រាលសេនាសនៈ ដំកល់ទឹក​ឆាន់ ទឹក​ប្រើប្រាស់ បោសច្រាសទីបរិវេណ។ ក្នុងថ្ងៃនោះឯង ភិក្ខុនោះក៏ប្រកប​ដោយ​កិច្ចដែលត្រូវធ្វើ ទើប​ថយ​ចេញ​ទៅ។បេ។ ភិក្ខុនោះ នៅអស់​ពីរបីថ្ងៃ ឥតមានកិច្ចអ្វី ក៏ថយចេញទៅ។បេ។ ភិក្ខុនោះ នៅអស់​ពីរបីថ្ងៃ ប្រកប​ដោយកិច្ច​ការ ក៏ថយចេញទៅ។បេ។ ភិក្ខុនោះ នៅអស់​ពីរបីថ្ងៃ ក៏ថយ​ចេញ​ទៅ ដោយសត្តាហករណីយ។ ភិក្ខុនោះ នៅខាងក្រៅ (អាវាស) ឲ្យហួស​ពី៧ថ្ងៃនោះ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុរិមិកាវស្សា របស់ភិក្ខុនោះ ក៏មិនប្រាកដផង ភិក្ខុនោះត្រូវអាបត្តិ​ទុក្កដ ព្រោះ​ទទួល​ពាក្យប្តេជ្ញា​ផង។បេ។ ភិក្ខុនោះ នៅអស់ពីរបីថ្ងៃ ក៏ថយចេញទៅ​ដោយសត្តាហករណីយ។ ភិក្ខុ​នោះ ត្រឡប់វិល​វិញ​ក្នុង​រវាង​៧ថ្ងៃ។ ម្នាលភិក្ខុទាំងឡាយ បុរិមិកាវស្សា​របស់ភិក្ខុនោះ ក៏ប្រាកដផង ភិក្ខុនោះ​មិនត្រូវ​អាបត្តិ​ ព្រោះ​ទទួលពាក្យប្តេជ្ញាផង។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើ​ភិក្ខុ​បានទទួល​ប្តេជ្ញា​គេថា នៅចាំវស្សា​ដោយបុរិមិកាវស្សាហើយ។ ភិក្ខុនោះទៅកាន់អាវាសនោះ ក៏ធ្វើ​ឧបោសថ លុះដល់​ថ្ងៃ១រោច ទើបចូលទៅកាន់វិហារ រៀបក្រាលសេនាសនៈ ដំកល់ទឹកឆាន់ និង​ទឹក​ប្រើប្រាស់ បោសច្រាស​ទីបរិវេណ។ ភិក្ខុនោះ កាលបើនៅខ្វះ​៧ថ្ងៃទៀត នឹងដល់ថ្ងៃបវារណា ក៏ប្រកប​ដោយកិច្ច​ ហើយថយចេញទៅ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ មកកាន់អាវាសនោះក្តី មិនបានមកក្តី។ ម្នាលភិក្ខុទាំងឡាយ បុរិមិកាវស្សា​របស់ភិក្ខុនោះ ក៏ប្រាកដផង ភិក្ខុនោះ​មិន​ត្រូវ​អាបត្តិ​ ព្រោះ​ទទួលពាក្យប្តេជ្ញាផង។

[១៨] ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើភិក្ខុបានទទួល​ប្តេជ្ញាគេ​ថា នៅចាំវស្សា​ ដោយ​បច្ឆិមិកាវស្សា​ហើយ។ ភិក្ខុនោះ កាលនឹងដើរទៅកាន់​អាវាសនោះ ក៏ធ្វើឧបោសដ​ខាងក្រៅ លុះដល់ថ្ងៃ​១រោច ទើប​ចូលទៅកាន់វិហារ រៀបក្រាលសេនាសនៈ ដំកល់ទឹក​ឆាន់ ទឹកប្រើប្រាស់ បោសច្រាសទីបរិវេណ។ ភិក្ខុនោះឥតមាន​កិច្ចអ្វី ក៏ចៀសចេញទៅ ក្នុងថ្ងៃនោះឯង។ ម្នាល​ភិក្ខុ​ទាំងឡាយ បច្ឆិមិកាវស្សា របស់ភិក្ខុនោះ ក៏មិនប្រាកដផង ភិក្ខុនោះត្រូវអាបត្តិ​ទុក្កដ ព្រោះ​ទទួល​ពាក្យប្តេជ្ញា​ផង។

ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើភិក្ខុបាន​ទទួល​ប្តេជ្ញាគេ​ថា នៅចាំ​វស្សា​ ដោយ​បច្ឆិមិកាវស្សា​ហើយ។ ភិក្ខុនោះ កាលនឹងដើរទៅកាន់​អាវាស​នោះ ក៏ធ្វើឧបោសថខាងក្រៅ លុះដល់ថ្ងៃ​១រោច ទើប​ចូលទៅកាន់វិហារ រៀបក្រាលសេនាសនៈ ដំកល់ទឹក​ឆាន់ ទឹកប្រើប្រាស់ បោស​ច្រាសទីបរិវេណ។ ភិក្ខុនោះមាន​កិច្ចដែលត្រូវធ្វើ ក៏ចៀសចេញទៅ​ក្នុងថ្ងៃនោះឯង។បេ។ ភិក្ខុនោះ នៅអស់ពីរបីថ្ងៃ ឥតមានកិច្ច​អ្វី ក៏ចៀសចេញទៅ។បេ។ ភិក្ខុនោះ នៅអស់​ពីរបីថ្ងៃ មានកិច្ច​​ដែលត្រូវធ្វើ ក៏ចៀសចេញទៅ។បេ។ ភិក្ខុនោះ នៅអស់​ពីរបីថ្ងៃ ក៏ចៀសចេញ​ដោយ​សត្តាហករណីយ។ ភិក្ខុនោះនៅខាងក្រៅ​ហួសកំណត់​៧ថ្ងៃនោះទៅ។ បច្ឆិមិកាវស្សា​របស់​ភិក្ខុនោះ ក៏មិនប្រាកដ​ផង ភិក្ខុនោះ ត្រូវអាបត្តិ​ទុក្កដ ព្រោះ​ទទួលពាក្យប្តេជ្ញា​ផង។ ម្នាល​ភិក្ខុទាំងឡាយ ក្នុង​សាសនា​​នេះ បើភិក្ខុបាន​ទទួល​ប្តេជ្ញាគេ​ថា នៅចាំ​វស្សា​ ដោយបច្ឆិមិកាវស្សា​ហើយ។ ភិក្ខុនោះ កាល​នឹងចេញដើរទៅកាន់​អាវាស​នោះ ក៏ធ្វើឧបោសថ​ខាងក្រៅ លុះដល់ថ្ងៃ​១រោច ទើប​ចូល​ទៅ​កាន់​វិហារ រៀបក្រាលសេនាសនៈ ដំកល់ទឹក​ឆាន់ ទឹកប្រើប្រាស់ បោសច្រាសទីបរិវេណ។ ភិក្ខុនោះ នៅអស់ពីរបីថ្ងៃហើយ ក៏ចៀសចេញទៅដោយ​សត្តាហករណីយ។ ភិក្ខុនោះ ត្រឡប់វិលវិញ ក្នុង​រវាង​៧ថ្ងៃ​នោះ។ ម្នាល​ភិក្ខុទាំងឡាយ បច្ឆិមិកាវស្សា របស់ភិក្ខុនោះ ក៏ប្រាកដផង ភិក្ខុនោះ​មិន​ត្រូវ​អាបត្តិ ព្រោះ​ទទួល​ពាក្យប្តេជ្ញា​ផង។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើភិក្ខុបាន​ទទួល​ពាក្យ​ប្តេជ្ញា​​គេថា នៅចាំ​វស្សា​ ដោយបច្ឆិមិកា​វស្សា​ហើយ។បេ។ ភិក្ខុនោះ កាលបើ​នៅខ្វះ​៧ថ្ងៃទៀត នឹង​ដល់​ថ្ងៃ​ជាទីរីកឡើងនៃផ្កាកុមុទ គឺថ្ងៃ​ជាគំរប់​៤ខែ នៃរដូវ​ភ្លៀង (១៥កើត ខែ​កត្តិក) មានកិច្ច​ដែល​ត្រូវ​ធ្វើ ក៏ចៀសចេញទៅ។ ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុនោះ បានមកកាន់​អាវាសនោះក្តី មិនបាន​មក​ក្តី។ ម្នាលភិក្ខុទាំងឡាយ បច្ឆិមិកាវស្សា​របស់ភិក្ខុនោះ ក៏ប្រាកដផង ភិក្ខុនោះ​មិន​ត្រូវ​អាបត្តិ ព្រោះ​ទទួល​ពាក្យប្តេជ្ញា​ផង។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើភិក្ខុបាន​ទទួល​ប្តេជ្ញា​គេ​ថា នៅចាំ​វស្សា​ ដោយ​បច្ឆិមិកា​វស្សា​​ហើយ។ ភិក្ខុនោះ ទៅកាន់​អាវាស​នោះហើយ ក៏ធ្វើ​ឧបោសថ​ ដល់ថ្ងៃ​១​រោច ទើប​ចូលទៅកាន់​វិហារ រៀបក្រាលសេនាសនៈ ដំកល់ទឹក​ឆាន់ និងទឹក​ប្រើ​ប្រាស់ បោស​ច្រាស​ទីបរិវេណ។ ភិក្ខុនោះឥតមាន​កិច្ចអ្វី ក៏ចៀសចេញទៅ​ក្នុងថ្ងៃនោះឯង។បេ។ ភិក្ខុនោះ មានកិច្ច​ដែលត្រូវធ្វើ ក៏ចៀសចេញទៅក្នុងថ្ងៃ​នោះឯង។បេ។ ភិក្ខុនោះ នៅអស់​ពីរបីថ្ងៃ ឥត​មាន​កិច្ចអ្វី​ ក៏ចៀសចេញទៅ។បេ។ ភិក្ខុនោះ នៅអស់ពីរបីថ្ងៃ មានកិច្ចដែលត្រូវធ្វើ​ ក៏ចៀស​ចេញ​ទៅ។បេ។ ភិក្ខុនោះនៅអស់​ពីរបីថ្ងៃ ក៏ចៀសចេញទៅ​ ដោយសត្តាហករណីយ។ ភិក្ខុនោះ​នៅ​ខាង​ក្រៅ​ហួសកំណត់​៧ថ្ងៃទៅ។ ម្នាល​ភិក្ខុទាំងឡាយ បច្ឆិមិកាវស្សា របស់ភិក្ខុនោះ ក៏មិនប្រាកដផង ភិក្ខុ​នោះត្រូវអាបត្តិ​ទុក្កដ ព្រោះ​ទទួល​ពាក្យប្តេជ្ញា​ផង។បេ។ ភិក្ខុនោះ នៅអស់​ពីរបីថ្ងៃ ក៏​ចៀស​ចេញ​ទៅ ដោយសត្តាហករណីយ។ ភិក្ខុនោះត្រឡប់វិលវិញ​ក្នុងរវាង​៧ថ្ងៃនោះ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បច្ឆិមិកាវស្សា របស់ភិក្ខុនោះ ក៏ប្រាកដផង ភិក្ខុនោះមិនត្រូវអាបត្តិ​ ព្រោះ​ទទួល​ពាក្យប្តេជ្ញា​ផង។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើភិក្ខុបានទទួល​ប្តេជ្ញា​គេថា នៅចាំវស្សា​ដោយ​បច្ឆិមិកាវស្សាហើយ។បេ។ ភិក្ខុនោះ កាលបើនៅខ្វះ​៧ថ្ងៃទៀត នឹងដល់ថ្ងៃជាទីរីក​នៃផ្កា​កុមុទ គឺថ្ងៃ​ជា​គំរប់​៤ខែ នៃរដូវភ្លៀង (១៥កើត ខែកត្តិក) មានកិច្ចដែល​ត្រូវធ្វើ ក៏ចៀសចេញទៅ។ ម្នាលភិក្ខុ​ទាំង​ឡាយ ភិក្ខុនោះ មកកាន់អាវាសនោះក្តី មិនបានមកក្តី។ ម្នាលភិក្ខុទាំងឡាយ បច្ឆិមិកាវស្សា​របស់​ភិក្ខុនោះ ក៏ប្រាកដផង ភិក្ខុនោះ​មិនត្រូវអាបត្តិ​ ព្រោះ​ទទួលពាក្យប្តេជ្ញាផង។

ចប់ វស្សូបនាយិកក្ខន្ធកៈទី៣។

ឧទាន​នៃវស្សូបនាយិកក្ខន្ធកៈ​នោះ គឺ

១១៩. តស្សុទ្ទានំ

(១១៩)

[១៩] រឿង​ព្រះដ៏មានព្រះភាគ ទ្រង់អនុញ្ញាត​ឲ្យភិក្ខុចូលវស្សា១ ពួកភិក្ខុគិតថា យើង​ត្រូវ​ចូលវស្សា​ក្នុងកាលណាហ្ន៎១ ពួកភិក្ខុគិតថា ថ្ងៃចូលវស្សា​ តើមានប៉ុន្មាន​យ៉ាង១ ពួកឆព្វគ្គិយ​ភិក្ខុ​បាន​ចូលវស្សា​ហើយ ចេញដើរទៅកាន់​ចារិក​ក្នុង​កណ្តាល​វស្សា១ មិនប្រាថ្នា​នឹងចូលវស្សា​១ វេលា​ជិតចូលវស្សា​ហើយ ក្លែង​ដើរចេញ​ទៅកាន់​អាវាសដទៃ១ ស្តេច​ពិម្ពិសារ​ប្រាថ្នា​នឹងលើកខែ១ ឧបាសក​​បានឲ្យគេកសាងវិហារ​ចំពោះសង្ឃ១ ភិក្ខុមានជម្ងឺ១ មាតានិង​បិតារបស់​ភិក្ខុ​មានជម្ងឺ១ បងប្អូនរបស់​​ភិក្ខុមានជម្ងឺ១ ញាតិរបស់ភិក្ខុ​មានជម្ងឺ១ អ្នកធ្វើការឈ្នួល​របស់​ភិក្ខុ​មានជម្ងឺ១ វិហារ​ទ្រុឌ​ទ្រោម១ សត្វ​សាហាវ​បៀតបៀន​ពួកភិក្ខុ១ សត្វមានពិស​បៀតបៀន​ពួក​ភិក្ខុ១ ពួកចោរ​បៀត​បៀន​​ពួកភិក្ខុ១ ពួកបិសាច​បៀតបៀន​ពួកភិក្ខុ១ ភ្លើងឆេះស្រុក និងឆេះទី​សេនាសនៈ​ទាំងពីរ​រឿង១ ទឹកជន់​លិចស្រុក​១ ចោរ​មកតាំងនៅ​ក្នុងស្រុក១ ពួកទាយកជា​ច្រើន​ឥតមាន​សទ្ធា​ជ្រះថ្លា១ ភិក្ខុនៅ​ចាំវស្សា​ក្នុងអាវាស​ដទៃ ហើយ​មិនដែល​បានភោជន​សៅហ្មង ឬឧត្តម​ឆាន់​ឲ្យ​ឆ្អែត​ពេញ​លេញ១ ភិក្ខុនៅចាំវស្សាហើយ​មិនដែល​បានភោជន​ឆាន់​ឲ្យសប្បាយ​១ ភិក្ខុ​បានភេសជ្ជៈ​ជាទី​សប្បាយ​ហើយ តែ​មិនបានឧបដ្ឋាក​ដ៏សមគួរ១ ស្រីប្រលោម​ភិក្ខុ១ ស្រី​ផ្កាមាស​ប្រលោម​ភិក្ខុ១ នាងថុល្លកុមារី​ប្រលោម​ភិក្ខុ១ មនុស្ស​ខ្ទើយ​ប្រលោម​ភិក្ខុ១ ញាតិ​ប្រលោម​ភិក្ខុ១ ស្តេចប្រលោម​ភិក្ខុ១ ពួកចោរ​ប្រលោមភិក្ខុ១ ពួកអ្នកលេង​ប្រលោម​ភិក្ខុ១ ភិក្ខុឃើញ​កំណប់​ទ្រព្យ១ ភិក្ខុឃើញ​ភិក្ខុ​ច្រើនរូប​ព្យាយាម​បំបែក​សង្ឃ១ ភិក្ខុ៨ពួក​បានឮដំណឹងថា ភិក្ខុនិងភិក្ខុនី​ព្យាយាម​បំបែក​សង្ឃ១ ភិក្ខុចូលវស្សាក្នុង​លំនៅ​របស់គង្វាល​គោ១ ភិក្ខុចូលវស្សា​ក្នុង​ពួក​ឈ្មួញ​រទេះ១ ភិក្ខុចូល​វស្សា​ក្នុងទូក១ ភិក្ខុចូលវស្សា​ក្នុងរូងឈើ១ ភិក្ខុចូលវស្សា​លើប្រគាបឈើ១ ភិក្ខុចូលវស្សា​ក្នុង​ទី​វាល១ ភិក្ខុចាំវស្សា​ឥតមាន​ទីសេនាសនៈ១ ភិក្ខុចូលវស្សា​ក្នុងខ្ទមខ្មោច១ ក្រោមឆត្ត១ ក្នុង​ពាង​ទឹក១ សង្ឃធ្វើប្តេជ្ញាគ្នាថា កុំឲ្យបំបួស​បុលបុត្រ​ក្នុងវស្សា១ ភិក្ខុទទួល​ប្តេជ្ញា​ថានៅចាំ​បុរិមិកាវស្សា ឬបច្ឆិមិកាវស្សា ហើយធ្វើឧបោសថ​ខាងក្រៅ បណ្ឌិតគួរ​ប្រកប​តាមសមគួរ​ដល់​ន័យ១ ភិក្ខុឥត​មាន​កិច្ច​អ្វី​ហើយចៀសចេញទៅ១ ភិក្ខុមានកិច្ច​ ហើយចៀសចេញ​ទៅ១ ភិក្ខុ​នៅអស់​ពីរបីថ្ងៃ ក៏ទៅ​ដោយ​សត្តាហករណីយ ហើយ​ត្រឡប់​​វិល​វិញ​១ នៅខ្វះ​៧ថ្ងៃ​ទៀត នឹង​ដល់​ថ្ងៃ​​បវារណា​ ភិក្ខុ​នោះ​ទៅ​ដោយ​សត្តាហករណី​ ហើយត្រឡប់​មកកាន់​អាវាស​នោះក្តី មិនបាន​ត្រឡប់មកកាន់​អាវាស​នោះ​ក្តី១ បណ្ឌិត​​គប្បីពិចារណា​​នូវទំនង​ដែល​មានបែបផែន​​រៀបរយ​ក្នុង​​ឧទ្ទាន​នៃរឿង​ទាំង​អម្បាល​​ណេះហោង។

ក្នុងខន្ធកៈនេះ​មានរឿង​៥២។

បវារណក្ខន្ធកៈ

(៤. បវារណាក្ខន្ធកោ)

១២០. អផាសុកវិហារោ

(១២០)

[២០] ​សម័យ​នោះឯង ព្រះពុទ្ធដ៏មានជោគ ទ្រង់គង់​នៅវត្ត​ជេតពន របស់​អនាថបិណ្ឌិក​សេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង មានភិក្ខុច្រើនរូប ជាមិត្រ ទើបនឹងបាន​ជួបប្រទះ​គ្នា​ថ្មី ជា​មិត្រស្និទ្ធិស្នាលមាំមួន បានចូលវស្សានៅក្នុងអាវាស១ ក្នុងកោសលជនបទ។ គ្រានោះ ភិក្ខុ​ទាំង​នោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា ដោយឧបាយដូចម្តេចហ្ន៎ យើងនឹងបាន​ព្រមព្រៀង​គ្នា ស្មោះ​សរ មិនវិវាទគ្នា នៅចាំវស្សាឲ្យបានស្រួលផង មិនលំបាកដោយអាហារ​បិណ្ឌបាតផង។ លំដាប់​នោះ​ឯង ភិក្ខុទាំងនោះ មានសេចក្តីត្រិះរិះយ៉ាងនោះថា បើយើងមិននិយាយគ្នា មិនចរចារ​គ្នា​ទៅ​វិញ​ទៅមក ភិក្ខុណាត្រឡប់មក​ពីបិណ្ឌបាត​អំពីស្រុក​មុនគេ ភិក្ខុនោះ គប្បីក្រាលអាសនៈ ដំកល់​ទឹក​សម្រាប់​លាងជើង តាំងសម្រាប់​រងជើង​ដែលលាង​រួចហើយ និងគ្រឿងសម្រាប់​ជូតជើង​ដែល​មិន​ទាន់​លាង​ គប្បីលាងភាជន៍​សម្រាប់ផ្ទេរបាយ ហើយ​យកទៅដំកល់ទុក គប្បី​ដំកល់ទឹក​ឆាន់ និងទឹក​ប្រើប្រាស់ ភិក្ខុណាត្រឡប់មកពីបិណ្ឌបាត​អំពីស្រុកក្រោយគេ បើមានបិណ្ឌបាត​សល់​អំពីភិក្ខុនោះឆាន់ បើភិក្ខុនោះប្រាថ្នា គប្បីឆាន់ចុះ បើមិនប្រាថ្នាទេ គួរចាក់ចោលទៅលើទី​ដែល​គ្មាន​​ស្មៅស្រស់ ឬជះចោល​ទៅក្នុងទឹកដែល​គ្មានសត្វ(ក៏បាន) ភិក្ខុនោះគប្បីរើអាសនៈ ទុក​ដាក់ទឹក​សម្រាប់លាងជើង តាំងសម្រាប់រងជើង និងគ្រឿងសម្រាប់ជូតជើង គប្បីលាងភាជន៍​សម្រាប់​ផ្ទេរ​បាយ ហើយរៀបចំទុកដាក់ គប្បីទុកដាក់ទឹកឆាន់ ទឹកប្រើប្រាស់ គប្បី​បោសច្រាស​រោងភត្ត ភិក្ខុ​ណាឃើញក្អម​ដាក់ទឹកឆាន់ក្តី ក្អមដាក់ទឹក​ប្រើប្រាស់ក្តី ក្អមលាងវច្ចៈក្តី ដែលរលីង​ទទេ ភិក្ខុនោះ​គួរ​ដំកល់ទុក បើភិក្ខុនោះមិនអាច ព្រោះវិការ​ដៃ (ឈឺដៃ) គួរហៅគ្នីគ្នា ដោយអាការ​បោយដៃ មក​ឲ្យ​ដំ​កល់ទុក តែកុំឲ្យបញ្ចេញវាចា​ព្រោះបច្ច័យ​នោះឡើយ យ៉ាងនេះឯង ទើបយើង​ទាំងអស់​គ្នា​ព្រម​ព្រៀង ស្មោះសរ មិនវិវាទគ្នា នៅចាំវស្សា​ក៏ស្រួលផង មិនបានលំបាក​ដោយ​អាហារ​បិណ្ឌបាត​ផង។ គ្រានោះឯង ភិក្ខុទាំងនោះក៏លែងស្តីហៅរកឆ្លើយ​ឆ្លងគ្នានឹងគ្នា​ទៅវិញ​ទៅមក ភិក្ខុណា​ត្រឡប់​មកពីបិណ្ឌបាត​អំពីស្រុក​មុនគេ ភិក្ខុនោះ ក៏ក្រាលអាសនៈ ដំកល់​ទឹក​សម្រាប់​​លាងជើង តាំងសម្រាប់​រងជើង​ និងគ្រឿងសម្រាប់​ជូតជើង​​ លាងភាជន៍​សម្រាប់ផ្ទេរបាយ រួចដំកល់ទុក ​ដំកល់​ទឹក​ឆាន់ និងទឹក​ប្រើប្រាស់ ភិក្ខុណាត្រឡប់មកអំពីបិណ្ឌបាត​អំពីស្រុកក្រោយគេ បើមាន​អាហារ​​សេសសល់​អំពីភិក្ខុនោះឆាន់ បើភិក្ខុនោះប្រាថ្នា ក៏ឆាន់ទៅ បើមិនប្រាថ្នាទេ ចាក់​ចោល​ទៅលើទី​គ្មាន​ស្មៅស្រស់ ឬជះចោល​​ទៅក្នុងទឹកដែល​គ្មានសត្វក្តី ភិក្ខុនោះរើអាសនៈចេញ ទុក​ដាក់ទឹក​សម្រាប់លាងជើង តាំងសម្រាប់រងជើង គ្រឿងសម្រាប់ជូតជើង លាងភាជន៍​សម្រាប់​ផ្ទេរបាយ ហើយរៀបទុកដាក់ ទុកដាក់ទឹកឆាន់ និងទឹកប្រើប្រាស់ ​បោសច្រាស​រោងភត្ត ភិក្ខុ​ណា​ឃើញ​ក្អម​សម្រាប់ដាក់ទឹកឆាន់ក្តី ក្អមសម្រាប់ដាក់ទឹក​ប្រើប្រាស់ក្តី ក្អមដាក់ទឹកសម្រាប់វច្ចៈក្តី ដែល​​រលីង​ទទេ ភិក្ខុនោះក៏ដំកល់ទុក បើភិក្ខុ​នោះ​មិន​អាច ព្រោះវិការ​ដៃ ក៏ហៅគ្នីគ្នា ដោយអាការ​បោយដៃ មកឲ្យដំកល់ទុក តែមិនបានបញ្ចេញវាចា​ព្រោះបច្ច័យ​នោះឡើយ។

[២១] ការដែលចូលទៅគាល់ព្រះមានព្រះភាគនុ៎ះ ជាទំនៀម​របស់​ភិក្ខុទាំងឡាយ ដែល​ចាំ​វស្សា​រួចហើយ។ វេលានោះឯង ភិក្ខុទាំងនោះ លុះនៅចាំវស្សាកន្លង៣ខែ​ទៅហើយ ក៏រៀបចំ​ទុក​ដាក់​សេនាសនៈ រួចកាន់យកបាត្រ និងចីវរ ចេញដើរសំដៅទៅក្រុងសាវត្ថី លុះដើរទៅដោយ​លំដាប់​ហើយ ក៏ចូលទៅគាល់ព្រះមានព្រះភាគ ក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀប​ក្រុង​សាវត្ថី លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំ​ព្រះមានព្រះភាគ រួចអង្គុយ​នៅក្នុងទី​ដ៏​សម​គួរ។ ការរីករាយ​ជាមួយ​នឹងពួកភិក្ខុជាអាគន្តុកនុ៎ះឯង ជាទំនៀម​របស់ព្រះពុទ្ធ​មានព្រះភាគ​ទាំង​ឡាយ (គ្រប់ព្រះអង្គ)។ គ្រានោះឯង ព្រះដ៏មានព្រះភាគ​ ទ្រង់ត្រាស់នូវ​ព្រះពុទ្ធ​ដីកា​នេះ​នឹងពួក​ភិក្ខុ​​ទាំងនោះថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ​ល្មម​អត់ធន់​សេចក្តី​ទុក្ខបានឬទេ ល្មម​ឲ្យ​ឥរិយាបថ​​ប្រព្រឹត្តទៅស្រួល​បានឬទេ​ អ្នកទាំងឡាយជាបុគ្គលព្រមព្រៀងគ្នា ស្រុសស្រួលគ្នា មិន​ទាស់​​ទែងគ្នា នៅចាំវស្សាដោយសប្បាយហើយឬ មួយទៀត អ្នកទាំងឡាយ​ មិនលំបាក​ដោយ​បិណ្ឌបាតទេឬ។ ភិក្ខុទាំងឡាយ ក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ យើងខ្ញុំ​ល្មមអត់​ទ្រាំ​សេចក្តី​ទុក្ខបាន បពិត្រព្រះដ៏មានព្រះភាគ យើងខ្ញុំល្មមឲ្យឥរិយាបថ​ប្រព្រឹត្ត​ទៅស្រួលបាន បពិត្រ​ព្រះអង្គដ៏ចំរើន យើងខ្ញុំក៏ព្រមព្រៀងគ្នា ស្រុសស្រួលគ្នា មិនទាស់ទែងគ្នា នៅចាំវស្សា​តាម​សប្បាយ មួយទៀត យើងខ្ញុំមិនលំបាក​ដោយបិណ្ឌបាតទេ។ ព្រះតថាគតទាំងឡាយ ទ្រង់ជ្រាប​ហើយត្រាស់​សួរក៏មាន ទ្រង់ជ្រាបហើយ មិនត្រាស់សួរ (ក៏មាន) ទ្រង់ជ្រាបកាល​គួរ​ហើយ ត្រាស់សួរ(ក៏មាន) ទ្រង់ជ្រាបកាលគួរហើយមិនត្រាស់​សួរ (ក៏មាន) ព្រះតថាគត​ទាំងឡាយ ត្រាស់​សួរ​ចំពោះតែហេតុដែល​ប្រកបដោយ​ប្រយោជន៍ មិនទ្រង់ត្រាស់សួរ​ហេតុដែល​ឥត​ប្រយោជន៍​ឡើយ (ព្រោះ) ហេតុដែលឥតប្រយោជន៍ ព្រះតថាគត​ទាំងឡាយ​ទ្រង់ផ្តាច់ផ្តិល​ដោយ​អរិយមគ្គ​ហើយ។ ព្រះពុទ្ធទាំងឡាយដ៏មានព្រះភាគត្រាស់សួរ​ចំពោះ​ភិក្ខុទាំងឡាយ ដោយ​អាការ​ពីរយ៉ាង គឺទ្រង់ត្រាស់សួរ​ ដោយទ្រង់គិតថា តថាគត​នឹងសំដែង​ធម៌ម្យ៉ាង និងបញ្ញត្ត​សិក្ខាបទ​ដល់សាវក​ទាំងឡាយ​ម្យ៉ាង។ គ្រានោះឯង ព្រះដ៏មានព្រះភាគ ទ្រង់មានព្រះពុទ្ធដីកា​នេះ​នឹងពួក​ភិក្ខុ​ទាំង​នោះថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយព្រមព្រៀងគ្នា ស្រុសស្រួលគ្នា មិនទាស់ទែងគ្នា នៅ​ចាំ​វស្សា​​ដោយសប្បាយ​យ៉ាងណាទៅ មួយទៀត អ្នកទាំងឡាយមិនលំបាក​ដោយ​អាហារ​បិណ្ឌបាត​ទេឬ។ ភិក្ខុទាំងឡាយក្រាបទូល​ថា បពិត្រ​ព្រះអង្គដ៏ចំរើន យើងខ្ញុំ​ព្រះភិក្ខុ​ច្រើនរូបជាមិត្រ បាន​ជួប​ប្រទះ​​គ្នាជាមិត្រ សេពគប់គ្នាមាំមួន ចូលទៅចាំវស្សា​ក្នុងអាវាស​មួយនា​កោសលជនបទនេះ បពិត្រ​ព្រះអង្គដ៏ចំរើន យើងខ្ញុំទាំងនោះមានសេចក្តី​ត្រិះរិះដូច្នេះថា យើងគប្បី​ជាបុគ្គល​ព្រម​ព្រៀង​គ្នា ស្រុសស្រួលគ្នា កុំទាស់ទែងគ្នា នៅចាំវស្សា​ដោយសប្បាយ មួយទៀត យើងមិនគប្បី​លំបាក​ដោយ​បិណ្ឌបាត ដោយឧបាយដូចម្តេចហ្ន៎ បពិត្រព្រះអង្គដ៏ចំរើន យើងខ្ញុំទាំងនោះមានសេចក្តី​ត្រិះរិះ​ដូច្នេះ​ទៀតថា ប្រសិនបើយើងកុំ​គប្បី​ហៅរកគ្នា កុំគប្បីចរចារក​គ្នាទៅវិញទៅមក ភិក្ខុ​ណា​ត្រឡប់មក​ពីបិណ្ឌបាតក្នុងស្រុក​មុនគេ ភិក្ខុនោះ ត្រូវរៀបចំអាសនៈ ដំកល់ទឹក​លាងជើង តាំង​រងជើង ទ្រនាប់សម្រាប់​ជូតជើង​ លាងភាជន៍​សម្រាប់ផ្ទេរភត្ត រួចហើយ​ដំកល់ទុក ហើយ​ដំកល់​ទឹក​ផឹក ទឹក​ប្រើប្រាស់ ភិក្ខុណាត្រឡប់មកអំពីបិណ្ឌបាត​ក្នុង​ស្រុក​ក្រោយ​គេ បើមានអាហារសេស​សល់​​អំពីភិក្ខុឆាន់ បើភិក្ខុនោះចង់ឆាន់ ក៏ឆាន់ចុះ បើមិនចង់ឆាន់ទេ ក៏គប្បីចាក់ចោលលើទី​ដែល​គ្មាន​​ស្មៅស្រស់ ឬបាចចោលក្នុងទឹកដែល​គ្មានសត្វ ភិក្ខុ​នោះ​ត្រូវសា​អាសនៈ ត្រូវទុក​ដាក់ទឹក​សម្រាប់​លាងជើង តាំងសម្រាប់រងជើង និងទ្រនាប់សម្រាប់ជូតជើង ត្រូវលាងភាជន៍​សម្រាប់​ផ្ទេរ​ភត្ត ហើយយកទៅទុកដាក់ រួចត្រូវទុកដាក់ទឹកផឹក ទឹកប្រើប្រាស់ ត្រូវ​បោស​​រោងភត្ត ភិក្ខុ​ណា​ឃើញ​ក្អម​​ទឹកផឹក​ក្តី ក្អមទឹក​ប្រើប្រាស់ក្តី ក្អមដាក់ទឹកសម្រាប់លាងវច្ចៈក្តី ដែលរលីង​ទទេ ត្រូវ​ភិក្ខុ​នោះ​ដំកល់ទុក បើភិក្ខុនោះមិនអាច (នឹងធ្វើការនោះបាន) ព្រោះវិការ​នៃដៃ (គឺឈឺដៃជាដើម) ត្រូវបោយដៃហៅភិក្ខុទីពីរ ឲ្យដំកល់ទុក មិនត្រូវបញ្ចេញវាចា​ព្រោះហេតុ​នោះ​ឡើយ កាល​បើ​ធ្វើ​យ៉ាង​នេះហើយ ទើបបានយើង​ទាំងឡាយ ជាបុគ្គលព្រមព្រៀងគ្នា ស្រុសស្រួលគ្នា មិន​ទាស់​ទែង​គ្នា នៅចាំវស្សា​ដោយសប្បាយ មួយវិញទៀត យើងទាំងឡាយ​មិនលំបាក​ដោយ​​បិណ្ឌបាតទេ បពិត្រ​ព្រះអង្គដ៏ចំរើន លំដាប់នោះឯង យើងខ្ញុំ​មិនហៅរកគ្នា មិនចរចារកគ្នា​ទៅវិញ​ទៅមកទេ ភិក្ខុណាត្រឡប់មកអំពីបិណ្ឌបាតក្នុងស្រុក​មុនគេ ភិក្ខុនោះ ក៏ក្រាលអាសនៈ ដំកល់​ទុកនូវទឹក​​លាង​ជើង តាំង​រងជើង​ និងទ្រនាប់សម្រាប់​ជូតជើង​​ លាងភាជន៍​សម្រាប់ផ្ទេរភត្ត ហើយដំកល់ទុក រួច​​ដំកល់ទឹកផឹក ទឹក​ប្រើប្រាស់ ភិក្ខុណាត្រឡប់មកអំពី​បិណ្ឌបាត​ក្នុងស្រុកក្រោយគេ បើ​មាន​អាហារ​​សេសសល់​អំពីភិក្ខុឆាន់ បើភិក្ខុនោះចង់ឆាន់ ក៏ឆាន់ទៅ បើមិនចង់ឆាន់ទេ ភិក្ខុនោះក៏ចាក់​ចោលលើទី​ដែលគ្មាន​ស្មៅស្រស់ក៏បាន បាចចោល​​ក្នុងទឹកដែល​គ្មានសត្វក៏បាន ភិក្ខុនោះ​សា​អាសនៈ​ចេញ ហើយទុក​ដាក់ទឹក​លាងជើង តាំង​រងជើង និងទ្រនាប់សម្រាប់ជូតជើង លាងភាជន៍​សម្រាប់​ផ្ទេរភត្ត ហើយយកទៅទុក រួចដាក់ទឹកផឹក ទឹកប្រើប្រាស់ ​បោស​រោងភត្ត ភិក្ខុ​ណា​ឃើញ​ក្អម​ដាក់ទឹកផឹកក្តី ក្អមដាក់ទឹក​ប្រើប្រាស់ក្តី ក្អមទឹកសម្រាប់លាងវច្ចៈក្តី ដែល​រលីង​ទទេ ភិក្ខុ​នោះ​ក៏ដងយកមក​ដំកល់ទុក បើភិក្ខុ​នោះ​មិន​អាច (នឹងធ្វើការនោះបាន) ព្រោះវិការនៃដៃ (ឈឺ​ដៃ​ជា​ដើម) ភិក្ខុនោះបក់ដៃហៅភិក្ខុទីពីរ ឲ្យដង​យកមកដំកល់ទុក មិនបាច់បញ្ចេញវាចា​ព្រោះហេតុ​នោះឡើយ។ បពិត្រ​ព្រះអង្គដ៏ចំរើន កាលបើធ្វើយ៉ាងនេះហើយ យើងខ្ញុំក៏ព្រមព្រៀងគ្នា ស្រុស​ស្រួល​គ្នា មិនទាស់ទែងគ្នា នៅចាំ​វស្សាជាសប្បាយ មួយវិញទៀត យើងខ្ញុំមិនលំបាក ដោយបិណ្ឌបាតឡើយ។

[២២] គ្រានោះឯង ព្រះដ៏មានព្រះភាគ ទ្រង់ហៅភិក្ខុទាំងឡាយមកត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ ឮថាមោឃបុរស​ទាំងឡាយនេះ នៅ(ចាំវស្សា) មិនសប្បាយទេ (តែ) ប្តេជ្ញា​ថាខ្លួន​ជាអ្នក​នៅដោយសប្បាយ ម្នាលភិក្ខុទាំងឡាយ ឮថាមោឃបុរសទាំងឡាយ​នេះនៅ​ដូចជាការ​នៅរួម​របស់បសុសត្វ (សត្វចិញ្ចឹម) ហើយប្តេជ្ញាថា ខ្លួន​ជាអ្នក​នៅសប្បាយ ម្នាល​ភិក្ខុ​ទាំងឡាយ ឮថា​មោឃបុរស​ទាំងឡាយ​នេះ នៅ​ដូចជាការ​នៅរួម​របស់​​សត្វពពែ (តែ) ប្តេជ្ញាថាខ្លួន​ជាអ្នក​នៅ​សប្បាយ ម្នាលភិក្ខុទាំងឡាយ ឮថាមោឃបុរស​ទាំងឡាយ​នេះនៅ​ដូចជាការនៅរបស់បុគ្គល​ប្រមាទ (តែ) ប្តេជ្ញាថាខ្លួន​ជាអ្នក​នៅដោយ​សប្បាយ​ ម្នាល​ភិក្ខុទាំងឡាយ មោឃបុរសទាំងឡាយ​នេះ មិនសមបើ​នឹងសមាទានមូគវត្ត (វត្តរបស់មនុស្សគ) ដែលជា​តិត្ថិយសមាទាន (សមាទាន​របស់​តិរ្ថិយ) ទេ ម្នាលភិក្ខុទាំងឡាយ អំពើនេះ មិននាំ​ឲ្យ​ជ្រះថ្លា​ដល់​ពួកជនដែល​មិនទាន់ជ្រះថ្លា​ទេ។បេ។ លុះទ្រង់​បន្ទោស​ហើយ ទ្រង់ធ្វើធម្មីកថា ត្រាស់ហៅ​ភិក្ខុទាំងឡាយថា ម្នាល​ភិក្ខុ​ទាំង​ឡាយ មិនត្រូវភិក្ខុ​សមាទាន​មូគវត្ត ​ដែល​ជា​តិត្ថិយ​សមាទានទេ ភិក្ខុណាសមាទានត្រូវអាបត្តិ​ទុក្កដ។ ​ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​ទាំងឡាយ ដែលនៅចាំវស្សា​រួចហើយ បវារណា​​ដោយស្ថាន​៣យ៉ាង គឺដោយឃើញក្តី ដោយ​ឮក្តី ដោយរង្កៀសក្តី។ បវារណានោះជាការ​អនុលោម​ដើម្បីពោល​ប្រដៅ​នូវគ្នានឹងគ្នា ជាការ​ចេញ​ចាក​អាបត្តិ ជាការធ្វើវិន័យ​ឲ្យជាប្រធាន នឹង​ប្រាកដ​ដល់អ្នកទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ ត្រូវអ្នកទាំងឡាយ​បវារណា​យ៉ាងនេះ។ ត្រូវភិក្ខុ​ដែល​ឆ្លាស ប្រតិពល ឲ្យសង្ឃ​ដឹងថា បពិត្រ​ព្រះសង្ឃ​ដ៏ចំរើន សូមសង្ឃ​ស្តាប់ខ្ញុំ ថ្ងៃនេះ​ជា​ថ្ងៃ​បវារណា។ បើបវារណាកម្មមាន​កាល​គួរដល់​សង្ឃហើយ គួរសង្ឃបវារណា។ ត្រូវភិក្ខុ​ជាថេរៈ​ធ្វើ​ឧត្តរាសង្គ ឆៀងស្មាម្ខាង អង្គុយ​ច្រហោង ផ្គង​អញ្ជលីឡើង ហើយនិយាយយ៉ាងនេះ​នឹងសង្ឃថា នែ​អាវុសោ ខ្ញុំសូម​បវារណា​នឹងសង្ឃ ដោយឃើញ​ក្តី ឮក្តី រង្កៀសក្តី សូមលោកដ៏មានអាយុ​ទាំង​ឡាយ​​ អាស្រ័យ​នូវសេចក្តី​អនុគ្រោះ ហើយពោលចំពោះខ្ញុំ កាលបើខ្ញុំឃើញ នឹងធ្វើតាម នែ​អាវុសោ ខ្ញុំសូមបវារណា​នឹងសង្ឃ ជាគំរប់ពីរដងផង ដោយឃើញក្តី ឮក្តី រង្កៀសក្តី សូម​លោក​ដ៏​មាន​អាយុ​​ទាំងឡាយ​អាស្រ័យ​នូវសេចក្តី​អនុគ្រោះ​ហើយ​ពោល​ចំពោះខ្ញុំ កាលបើខ្ញុំ​ឃើញ នឹង​ធ្វើ​តាម នែអាវុសោ ខ្ញុំសូម​បវារណា​នឹងសង្ឃ​ជាគំរប់​បីដងផង ដោយឃើញក្តី ឮក្តី រង្កៀសក្តី សូម​លោកដ៏មានអាយុ​ទាំងឡាយ​អាស្រ័យ​នូវសេចក្តី​អនុគ្រោះ ហើយពោលចំពោះខ្ញុំ កាលបើខ្ញុំឃើញ នឹងធ្វើតាម ត្រូវភិក្ខុ​ខ្ចីវស្សាធ្វើឧត្តរាសង្គ ឆៀងស្មាម្ខាង អង្គុយច្រហោង ផ្គងអញ្ជលីឡើង ហើយ​និយាយ​យ៉ាង​នេះនឹងសង្ឃថា បពិត្រព្រះសង្ឃ​ដ៏ចំរើន ខ្ញុំសូម​បវារណា​នឹងសង្ឃ ដោយឃើញក្តី ឮក្តី រង្កៀសក្តី សូមលោកដ៏មានអាយុ​ទាំងឡាយ​អាស្រ័យ​នូវសេចក្តី​អនុគ្រោះ​ ហើយ​ពោល​ចំពោះ​ខ្ញុំ កាល​បើខ្ញុំ​ឃើញ នឹងធ្វើ​តាម បពិត្រ​ព្រះសង្ឃដ៏ចំរើន ខ្ញុំសូមបវារណា​នឹងសង្ឃ​ជាគំរប់​ពីរដង​ផង ដោយឃើញក្តី ឮក្តី រង្កៀសក្តី សូមលោកដ៏មានអាយុ​ទាំងឡាយ​អាស្រ័យ​នូវ​សេចក្តី​អនុគ្រោះ​ ហើយពោល​ចំពោះ​ខ្ញុំ កាលបើខ្ញុំ​ឃើញ នឹងធ្វើតាម បពិត្រ​ព្រះសង្ឃ​ដ៏ចំរើន ខ្ញុំសូមបវារណា​នឹង​សង្ឃ​ជាគំរប់បីរដងផង ដោយឃើញក្តី ឮក្តី រង្កៀសក្តី សូមលោកដ៏មានអាយុ​ទាំងឡាយ​អាស្រ័យ​នូវសេចក្តី​អនុគ្រោះ​ ហើយពោលចំពោះ​ខ្ញុំ កាលបើខ្ញុំ​ឃើញ នឹងធ្វើតាម។

[២៣] សម័យនោះឯង កាលដែលភិក្ខុទាំងឡាយជាថេរៈ​កំពុងតែអង្គុយច្រហោង បវារណា ពួកឆព្វគ្គិយភិក្ខុក៏​នៅលើអាសនៈ​ទាំងឡាយ​។ ភិក្ខុទាំងឡាយណាមាន​សេចក្តី​ប្រាថ្នាតិច​។បេ។ ភិក្ខុទាំងឡាយនោះពោលទោស តិះដៀល​បន្តុះបង្អាប់​ថា កាលដែលភិក្ខុទាំងឡាយ​ជាថេរៈកំពុង​អង្គុយ​ច្រហោង បវារណា មិនសមបើពួក​ឆព្វគ្គិយ​ភិក្ខុ​ហ៊ាននៅ​លើអាសនៈ​ទាំងឡាយ​សោះ។ ទើបភិក្ខុទាំងឡាយ​ក្រាបទូល​ដំណើរនុ៎ះ​ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ឮថាកាលដែលភិក្ខុ​ទាំងឡាយ​ជាថេរៈ កំពុង​អង្គុយ​ច្រហោង​បវារណា ពួកឆព្វគ្គិយភិក្ខុនៅលើអាសនៈ ពិតមែនឬ។ ភិក្ខុទាំងឡាយ ក្រាបទូលថា បពិត្រ​ព្រះមានព្រះភាគ ការនោះពិតមែន។ ព្រះពុទ្ធ​មានព្រះភាគ ទ្រង់បន្ទោសថា ម្នាល​ភិក្ខុទាំងឡាយ កាលដែលភិក្ខុទាំងឡាយជាថេរៈកំពុង​អង្គុយ​ច្រហោង បវារណា មោឃបុរស​ទាំងឡាយ​នោះមិនសម​បើនឹងហ៊ាននៅលើ​អាសនៈ​ទាំងឡាយទេ ម្នាលភិក្ខុទាំងឡាយ អំពើ​នេះ​មិនមែន​នាំឲ្យជ្រះថ្លាដល់ពួកជនដែលមិនទាន់ជ្រះថ្លាទេ។បេ។ លុះទ្រង់បន្ទោសហើយ ទ្រង់​ធ្វើធម្មីកថា​ ត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ កាលដែល​ភិក្ខុ​ជាថេរៈ​ទាំងឡាយ​កំពុង​អង្គុយ​ច្រហោង បវារណា ភិក្ខុ​មិនត្រូវ​នៅលើអាសនៈ​ទាំងឡាយទេ ភិក្ខុណានៅ ត្រូវអាបត្តិ​ទុក្កដ ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុទាំងអស់​នោះ អង្គុយច្រហោង ហើយបវារណា។ ក៏សម័យ​នោះឯង ព្រះថេរៈ​មួយអង្គ ថយកំឡាំង​ដោយជរា កាលបើ​អង្គុយ​ច្រហោង រង់ចាំទំរាំ​ភិក្ខុទាំងឡាយ​បវារណាគ្រប់គ្នា ក៏ជ្រុលជ្រប់ដួលទៅ។ ភិក្ខុទាំងឡាយ ក្រាបទូល​ដំណើរនុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យភិក្ខុអង្គុយច្រហោង ក្នុងពេលដែល​ខ្លួនកំពុង​បវារណា លុះបវារណា​រួចហើយ ទើបអង្គុយ​លើអាសនៈបាន។

១២១. បវារណាភេទា

(១២១)

[២៤] លំដាប់នោះ ភិក្ខុទាំងឡាយ​មានសេចក្តីត្រិះរិះ​ដូច្នេះថា បវារណា​មានប៉ុន្មាន​យ៉ាងហ្ន៎។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះ​ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គ​ទ្រង់​ត្រាស់​ថា ម្នាលភិក្ខុទាំងឡាយ បវារណា​មានពីរយ៉ាង គឺចាតុទ្ទសិកាបវារណា8) ១ បណ្ណរសិកាបវារណា​9) ​១ ម្នាលភិក្ខុទាំងឡាយ បវារណា​មានតែពីរ​យ៉ាង​ប៉ុណ្ណេះឯង។ លំដាប់នោះ ភិក្ខុទាំងឡាយ​មានសេចក្តីត្រិះរិះ​ដូច្នេះថា បវារណាកម្ម​មានប៉ុន្មាន​យ៉ាងហ្ន៎។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះ​ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គ​ទ្រង់​មានបន្ទូលថា ម្នាលភិក្ខុទាំងឡាយ បវារណា​កម្មទាំងនេះមាន៤ គឺបវារណាកម្មជាពួក មិនត្រូវតាមធម៌១ បវារណា​កម្ម​ព្រមព្រៀង​គ្នា តែមិនត្រូវតាមធម៌១ បវារណា​កម្មជាពួក តែត្រូវតាមធម៌១ បវារណាកម្ម​ព្រមព្រៀងគ្នា​ត្រូវតាមធម៌១។ ម្នាល​ភិក្ខុទាំងឡាយ បវារណាកម្ម​ទាំង៤នោះ បវារណាកម្មណាជាពួក​ តែមិនត្រូវតាមធម៌ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ​មិនត្រូវធ្វើ​បវារណា​កម្មបែបនេះទេ ម្យ៉ាងទៀត តថាគត​មិនអនុញ្ញាត​បវារណាកម្ម​បែបនេះទេ។ ម្នាលភិក្ខុទាំងឡាយ បណ្តា​បវារណាកម្ម​ទាំង៤នោះ បវារណាកម្មណា​ព្រមព្រៀងគ្នា​ តែមិនត្រូវ​តាមធម៌ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ​មិនត្រូវ​ធ្វើ​បវារណា​កម្ម​បែបនេះទេ ម្យ៉ាងទៀត តថាគត​មិនអនុញ្ញាត​បវារណា​កម្ម​បែបនេះទេ។ ម្នាលភិក្ខុទាំងឡាយ បណ្តាបវារណា​កម្មទាំង៤នោះ បវារណាកម្មណាជាពួក​តែត្រូវតាមធម៌ ម្នាល​ភិក្ខុទាំងឡាយ អ្នកទាំងឡាយ​មិនត្រូវ​ធ្វើបវារណាកម្ម​បែបនេះទេ ម្យ៉ាងទៀត តថាគតមិនអនុញ្ញាត​បវារណាកម្ម​បែបនេះទេ។ ម្នាល​ភិក្ខុទាំងឡាយ បណ្តាបវារណាកម្មទាំង៤នោះ បវារណាកម្មណា ព្រមព្រៀងគ្នា ត្រូវតាមធម៌ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ​ត្រូវធ្វើ​បវារណាកម្មបែបនេះចុះ តថាគត​អនុញ្ញាត​បវារណាកម្មបែបនេះ។ ម្នាលភិក្ខុទាំងឡាយ ព្រោះ​ហេតុនោះ ភិក្ខុ​ក្នុងសាសនានេះ ត្រូវសិក្សា​ដូច្នេះថា បវារណា​កម្មណា​ព្រមព្រៀង​គ្នាត្រូវតាមធម៌ យើងទាំងឡាយ​នឹងធ្វើបវារណា​កម្ម​បែបនេះ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ​ត្រូវតែសិក្សាយ៉ាងនេះឯង។

១២២. បវារណាទានានុជាននា

(១២២)

[២៥] គ្រានោះឯង ព្រះមានព្រះភាគត្រាស់ហៅ​ភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ចូរអ្នក​ទាំងឡាយប្រជុំគ្នាចុះ (ព្រោះ) សង្ឃនឹងបវារណា។ កាលបើ​ព្រះមានព្រះភាគ​ទ្រង់​មានបន្ទូល​យ៉ាងនេះហើយ ភិក្ខុមួយរូប បានក្រាបទូល​ព្រះមានព្រះភាគ​ដោយពាក្យថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន នៅមានភិក្ខុឈឺ ភិក្ខុនោះ​មិនបានមក។ ព្រះមានព្រះភាគ​ទ្រង់អនុញ្ញាត​ថា ម្នាលភិក្ខុ​ទាំងឡាយ តថាគតអនុញ្ញាត​ឲ្យភិក្ខុឈឺឲ្យនូវ​បវារណាបាន។ ម្នាលភិក្ខុទាំងឡាយ ក៏ឯបវារណា​នោះត្រូវ​ឲ្យយ៉ាងនេះ។ ត្រូវភិក្ខុឈឺនោះចូលទៅរក​ភិក្ខុមួយ​រូបធ្វើ​ឧត្តរាសង្គ​ឆៀង​ស្មាម្ខាង អង្គុយ​ច្រហោង​ផ្គង​អញ្ជលី​ឡើង ហើយនិយាយ​យ៉ាងនេះនឹង​ភិក្ខុនោះថា ខ្ញុំសូម​ឲ្យ​បវារណា ចូរលោកនាំបវារណារបស់ខ្ញុំទៅ ចូរលោកបវារណា​ដើម្បី​ប្រយោជន៍​ដល់ខ្ញុំ​ផង។ ភិក្ខុនោះ​បញ្ជាក់​ (សេចក្តី) ដោយ​កាយ (ក្តី) បញ្ជាក់​ដោយវាចា(ក្តី) បញ្ជាក់ដោយ​កាយ ​និង​វាចា(ក្តី) ក៏ឈ្មោះ​ថា ភិក្ខុ​នោះឲ្យ​បវារណាហើយ។ (បើ) ភិក្ខុឈឺ​មិនបញ្ជាក់​ដោយកាយ មិនបញ្ជាក់​​ដោយ​វាចា មិនបញ្ជាក់​ដោយកាយ និងវាចាទេ មិនឈ្មោះថា ភិក្ខុ​ឈឺនោះ ​ឲ្យ​បវារណាឡើយ។ បើសង្ឃ​បាននូវ​ការឲ្យ​បវារណានុ៎ះយ៉ាងនេះហើយ ការបាននុ៎ះ ជាការល្អ បើសង្ឃ​មិនបាន​ទេ ម្នាល​ភិក្ខុ​ទាំងឡាយ សង្ឃត្រូវនាំភិក្ខុឈឺនោះដោយ​គ្រែ ឬតាំង​មកក្នុង​ទីជាកណ្តាលសង្ឃ ហើយ​សឹមបវារណា។ ម្នាលភិក្ខុទាំងឡាយ ប្រសិនបើ​ពួកភិក្ខុអ្នកបម្រើ​ភិក្ខុឈឺ​មានសេចក្តី​ត្រិះរិះ​យ៉ាង​នេះថា បើយើងទាំងឡាយ​ ឲ្យភិក្ខុឈឺឃ្លាតចាកទី អាពាធនឹង​រឹតតែចំរើន ឬនឹង​ធ្វើកាលកិរិយា (មិនខាន)។ ម្នាលភិក្ខុទាំងឡាយ សង្ឃមិនត្រូវ​ឲ្យភិក្ខុឈឺឃ្លាតចាកទីទេ ត្រូវ​សង្ឃ​ទៅបវារណា​ក្នុងទីនោះ មិនត្រូវ​សង្ឃបវារណា​ជាពួកឡើយ បើបវារណា ត្រូវអាបត្តិទុក្កដ។ ម្នាល​ភិក្ខុទាំងឡាយ កាលបើភិក្ខុឈឺឲ្យ​បវារណាហើយ បើភិក្ខុអ្នកនាំបវារណាចៀសចេញ​ចាក​ទី​នោះទៅ ត្រូវភិក្ខុ​នោះ ឲ្យ​បវារណា​ដល់ភិក្ខុដទៃ។ ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុ​ឈឺ​ឲ្យ​បវារណាហើយ បើភិក្ខុអ្នកនាំ​បវារណា​សឹកក្នុងថ្ងៃនោះឯង​។បេ។ ស្លាប់ (ឬ) ប្តេជ្ញា​ខ្លួន​ជាសាមណេរ ប្តេជ្ញាខ្លួន​ជាអ្នកលាសិក្ខា ប្តេជ្ញាខ្លួនជា​អ្នកត្រូវ​អន្តិមវត្ថុ ប្តេជ្ញា​ខ្លួន​ជាមនុស្សឆ្កួត ប្តេជ្ញាខ្លួន​ជាអ្នក​មានចិត្តរវើរវាយ ប្តេជ្ញាខ្លួន​ជាអ្នកមានវេទនា​គ្របសង្កត់ ប្តេជ្ញាខ្លួន​ជាអ្នកត្រូវសង្ឃ​លើកវត្ត ព្រោះ​មិនឃើញ​អាបត្តិ ប្តេជ្ញាខ្លួន​ជាអ្នកត្រូវសង្ឃ​លើកវត្ត​ព្រោះ​មិន​ធ្វើ​តបអាបត្តិ (មិនសំដែងអាបត្តិ) ប្តេជ្ញាខ្លួន​ជាអ្នកត្រូវសង្ឃ​លើកវត្ត ព្រោះមិនលះបង់​ទិដ្ឋិ​អាក្រក់ ប្តេជ្ញាខ្លួន​ជាបណ្ឌក ប្តេជ្ញាខ្លួន​ជាថេយ្យសំវាសក ប្តេជ្ញាខ្លួន​ជាអ្នក​ចូលទៅ​កាន់ពួកតិរ្ថិយ ប្តេជ្ញាខ្លួន​ជាតិរច្ឆាន ប្តេជ្ញាខ្លួន​ជាអ្នកសំឡាប់មាតា ប្តេជ្ញាខ្លួន​ជាអ្នកសម្លាប់បិតា ប្តេជ្ញាខ្លួន​ជាអ្នកសំឡាប់​ព្រះអរហន្ត ប្តេជ្ញាខ្លួន​ជាអ្នកទ្រុស្តភិក្ខុនី ប្តេជ្ញាខ្លួន​ជាអ្នកបំបែកសង្ឃ ប្តេជ្ញាខ្លួន​ជាអ្នកធ្វើ​ព្រះលោហិត​ឲ្យពុរពងឡើង ប្តេជ្ញាខ្លួន​ជាមនុស្ស​មានភេទពីរ ត្រូវភិក្ខុនោះ​ឲ្យបវារណា​ដល់​ភិក្ខុដទៃ។ ម្នាលភិក្ខុទាំងឡាយ កាលដែលភិក្ខុឈឺ ឲ្យបវារណាហើយ បើភិក្ខុអ្នក​នាំបវារណា​ចៀសចេញ​ទៅ​ ក្នុងពាក់កណ្តាល​ផ្លូវ មិនហៅ​ថា បាន​នាំបវារណា​មក​ដល់​ឡើយ។ ម្នាល​ភិក្ខុទាំងឡាយ កាលភិក្ខុឈឺ​ ឲ្យបវារណាហើយ បើភិក្ខុអ្នកនាំបវារណា ​សឹក​ត្រង់​ពាក់​​កណ្តាល​ផ្លូវទៅ (ក្តី) ស្លាប់ទៅ(ក្តី)។បេ។ ប្តេជ្ញាខ្លួន​ជាមនុស្សមានភេទពីរ (ក្តី) មិនហៅថា បាន​នាំ​បវារណា​មកដល់ទេ។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុឈឺ​ឲ្យបវារណាហើយ បើភិក្ខុអ្នកនាំ​បវារណា​ ទៅដល់​សង្ឃហើយ ទើបបានចៀសចេញទៅ បវារណា​ឈ្មោះថា បាននាំមក​ដល់​ហើយ។ ម្នាល​ភិក្ខុទាំងឡាយ កាល​ភិក្ខុឈឺ​ឲ្យបវារណា​ហើយ បើភិក្ខុអ្នក​នាំបវារណា​ទៅដល់​សង្ឃ​ហើយ ទើបបានសឹក (ក្តី) ស្លាប់(ក្តី)។បេ។ ប្តេជ្ញាខ្លួន​ជាមនុស្ស​មានភេទពីរ (ក្តី) បវារណាឈ្មោះថា បាន​នាំមកដល់ហើយ។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុឈឺ ឲ្យ​បវារណាហើយ បើភិក្ខុអ្នក​នាំ​បវារណា​ទៅដល់​សង្ឃហើយ ដេកលក់មិនបានប្រាប់ បវារណាឈ្មោះថា បាននាំមក​ដល់​ហើយ ភិក្ខុអ្នក​នាំបវារណា​មិនត្រូវអាបត្តិទេ។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុឈឺ​ឲ្យ​បវារណាហើយ បើ​ភិក្ខុ​អ្នក​​នាំបវារណា​ ទៅដល់សង្ឃ​ហើយ ក៏ចូល​សមាបត្តិទៅ មិនបានប្រាប់ បវារណា​ឈ្មោះថា បាននាំ​​មកដល់ហើយ ភិក្ខុអ្នកនាំ​បវារណា មិនត្រូវ​អាបត្តិទេ។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុឈឺ​ឲ្យបវារណា​ហើយ បើភិក្ខុអ្នកនាំ​បវារណា​ទៅដល់សង្ឃ​ហើយ ភ្លេច​មិនបានប្រាប់​ បវារណា​ឈ្មោះថា បាននាំមកដល់ហើយ ភិក្ខុអ្នក​នាំបវារណា មិនត្រូវអាបត្តិទេ។ ម្នាលភិក្ខុទាំងឡាយ កាល​ភិក្ខុឈឺឲ្យបវារណាហើយ បើភិក្ខុអ្នកនាំបវារណាទៅដល់សង្ឃហើយ ក្លែងមិនប្រាប់ បវារណា​​ឈ្មោះថា បាននាំ​មកដល់ហើយ (តែ) ភិក្ខុអ្នកនាំបវារណា​ត្រូវអាបត្តិ​ទុក្កដ។ ម្នាល​ភិក្ខុ​ទាំងឡាយ ក្នុងថ្ងៃបវារណានោះ (បើ) សង្ឃមានកិច្ច​ត្រូវធ្វើ តថាគត​អនុញ្ញាត​ឲ្យភិក្ខុ​កាលដែល​ឲ្យ​បវារណា​ហើយ ត្រូវឲ្យឆន្ទៈផង។

១២៣. ញាតកាទិគ្គហណកថា

(១២៣)

[២៦] ក៏សម័យនោះឯង ពួកញាតិ​ចាប់ភិក្ខុមួយអង្គក្នុងថ្ងៃ​បវារណានោះ។ ភិក្ខុទាំងឡាយ​ក្រាបទូលដំណើរនោះចំពោះព្រះមានព្រះភាគ។ ព្រះអង្គទ្រង់មានបន្ទូលថា ម្នាលភិក្ខុ​ទាំង​ឡាយ ក្នុងសាសនានេះ បើមាន​ពួកជន​ជាញាតិ​ចាប់ភិក្ខុ​ក្នុងថ្ងៃបវារណានោះ។ ត្រូវ​ភិក្ខុទាំងឡាយ​និយាយ​នឹង​ពួកជន​ជាញាតិនោះយ៉ាងនេះថា នែអ្នកដ៏មានអាយុទាំងឡាយ សូម​អ្នកទាំងឡាយ​លែង​ភិក្ខុនេះមួយរំពេចសិន ទំរាំ​ភិក្ខុនេះបវារណារួច។ បើសង្ឃបានសេចក្តី​យល់ព្រម​នុ៎ះដូច្នេះហើយ ការដែលបាននុ៎ះ ជាការល្អ បើមិនបានទេ ត្រូវភិក្ខុទាំងឡាយ​និយាយ​នឹង​ពួក​ជន​ជា​ញាតិនោះ​យ៉ាងនេះថា នែអ្នកដ៏មានអាយុទាំងឡាយ សូមអ្នកទាំងឡាយនៅ​ក្នុង​ទីដ៏សមគួរ​មួយរំពេចសិន ទំរាំ​ភិក្ខុនេះឲ្យបវារណារួច។ បើសង្ឃបានសេចក្តី​យល់ព្រម​នុ៎ះ​ដូច្នេះ​ហើយ ការបាននុ៎ះ ជាការល្អ បើមិនបានទេ ត្រូវភិក្ខុទាំងឡាយ​និយាយ​នឹងពួកជនជាញាតិនោះ​យ៉ាង​នេះ​ថា នែអ្នកដ៏មានអាយុទាំងឡាយ សូមអ្នកទាំងឡាយនាំភិក្ខុនេះ ទៅកាន់​ទីក្រៅសីមា​​មួយ​រំពេច​សិន ទំរាំ​សង្ឃបវារណារួច។ បើសង្ឃបានសេចក្តី​យល់ព្រម​នុ៎ះដូច្នេះហើយ ការបាននុ៎ះ ជាការល្អ បើមិនបានទេ មិនត្រូវសង្ឃបវារណាដោយពួកឡើយ បើបវារណា ត្រូវអាបត្តិ​ទុក្កដ។ ម្នាលភិក្ខុ​ទាំងឡាយ ក្នុងសាសនានេះ បើស្តេចទាំងឡាយ​ចាប់ភិក្ខុ(ក្តី) ពួកចោរចាប់ភិក្ខុ​(ក្តី) ពួក​អ្នកលេង​ចាប់​​ភិក្ខុ​(ក្តី) ពួក​ភិក្ខុជាសត្រូវ​ចាប់ភិក្ខុ (ក្តី) ​ក្នុងថ្ងៃបវារណានោះ។ ត្រូវ​ភិក្ខុទាំងឡាយ​និយាយនឹង​ពួកភិក្ខុ​ជាសត្រូវទាំងនោះយ៉ាងនេះថា នែលោកដ៏មានអាយុទាំងឡាយ សូម​អស់​លោក​ទាំងឡាយ​​លែង​ភិក្ខុនេះមួយរំពេចសិន ទំរាំ​ភិក្ខុនេះបវារណារួច។ បើសង្ឃបានសេចក្តី​យល់ព្រម​នុ៎ះដូច្នេះហើយ ការបាននុ៎ះ ជាការល្អ បើមិនបានទេ ត្រូវភិក្ខុទាំងឡាយ​និយាយ​នឹង​ភិក្ខុ​ជាសត្រូវ​ទាំងនោះ​យ៉ាងនេះថា នែលោកដ៏មានអាយុទាំងឡាយ សូមលោកទាំងឡាយនៅ​ក្នុង​ទីដ៏សមគួរ​មួយរំពេចសិន ទំរាំ​ភិក្ខុនេះឲ្យបវារណារួច។ បើសង្ឃបានសេចក្តី​យល់ព្រម​នុ៎ះ​ដូច្នេះ​ហើយ ការ​បាន​នុ៎ះ ជាការល្អ បើមិនបានទេ ត្រូវភិក្ខុទាំងឡាយ​និយាយ​នឹងពួកភិក្ខុជាសត្រូវទាំងនោះ​យ៉ាង​នេះ​ថា នែលោកដ៏មានអាយុទាំងឡាយ សូមអស់លោកនាំភិក្ខុនេះទៅកាន់ទី​ក្រៅសីមា​​មួយ​រំពេច​សិន ទំរាំ​សង្ឃបវារណារួច។ បើសង្ឃបានសេចក្តី​យល់ព្រម​នុ៎ះដូច្នេះហើយ ការបាននុ៎ះ ជាការល្អ បើមិនបានទេ មិនត្រូវសង្ឃបវារណាដោយពួកឡើយ បើបវារណា ត្រូវអាបត្តិ​ទុក្កដ។

១២៤. សង្ឃបវារណាទិប្បភេទា

(១២៤)

[២៧] ក្នុងសម័យនោះឯង ភិក្ខុ៥រូបនៅក្នុង​អាវាសមួយ​ក្នុងថ្ងៃ​បវារណានោះ។ គ្រានោះ ភិក្ខុ​ទាំងឡាយ​មានសេចក្តីត្រិះរិះ​ដូច្នេះថា ព្រះមានព្រះភាគ​ទ្រង់បញ្ញត្តហើយថា ត្រូវភិក្ខុ​បវារណា​ដោយសង្ឃបវារណា ក៏ឥឡូវនេះ យើងទាំងឡាយជាជន៥រូប តើត្រូវយើងទាំងឡាយ​បវារណា​ដូចម្តេច។ ភិក្ខុទាំងឡាយ​ក្រាបទូលដំណើរនុ៎ះចំពោះព្រះមានព្រះភាគ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ​ទាំង​ឡាយ តថាគតអនុញ្ញាត​ឲ្យភិក្ខុ៥រូប​បវារណា ដោយសង្ឃបវារណា។ សម័យ​នោះ​ឯង ភិក្ខុ៤រូប នៅក្នុង​អាវាសមួយ​ ក្នុងថ្ងៃ​បវារណានោះ។ គ្រានោះ ភិក្ខុទាំងឡាយនោះ​មាន​សេចក្តី​ត្រិះរិះ​​ដូច្នេះថា ព្រះមានព្រះភាគ​ ទ្រង់អនុញ្ញាតឲ្យភិក្ខុ៥រូប​បវារណា ​ដោយសង្ឃបវារណា ក៏​ឥឡូវ​នេះ យើងទាំងឡាយជាជន៤រូប តើត្រូវយើងទាំងឡាយ​បវារណា​ដូចម្តេច ភិក្ខុទាំងឡាយ​ក្រាប​ទូល​ដំណើរនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ​ទាំង​ឡាយ តថាគត​ អនុញ្ញាត​ឲ្យភិក្ខុ៤រូប ​បវារណា ដល់គ្នានឹងគ្នាបាន។ ម្នាលភិក្ខុទាំងឡាយ ត្រូវ​បវារណា​យ៉ាងនេះ។ ត្រូវភិក្ខុ​ដែលឆ្លាស ​ប្រតិពល ​ឲ្យភិក្ខុទាំងឡាយ​នោះ យល់ថា សូមលោក​ដ៏មានអាយុ​ទាំងឡាយ​ស្តាប់ខ្ញុំ ថ្ងៃនេះជាថ្ងៃបវារណា។ បើបវារណាកម្ម មានកាលគួរ ដល់លោក​ដ៏មានអាយុ​ទាំងឡាយ​​ហើយ ត្រូវយើងទាំងឡាយ​បវារណា​ដល់គ្នានឹងគ្នា។ ត្រូវភិក្ខុជាថេរៈ ធ្វើឧត្តរាសង្គ ឆៀងស្មា​ម្ខាង អង្គុយ​ច្រហោង ហើយផ្គងអញ្ជលីឡើង រួចនិយាយនឹងភិក្ខុទាំងឡាយ​នោះ​យ៉ាង​នេះ​ថា នែអាវុសោ ខ្ញុំសូមបវារណានឹងលោក​ដ៏មានអាយុ​ទាំងឡាយ ដោយឃើញក្តី ឮក្តី រង្កៀសក្តី សូមលោក​ដ៏មានអាយុ​ទាំងឡាយ អាស្រ័យ​នូវសេចក្តី​អនុគ្រោះ ​និយាយ​(រំលឹក) ខ្ញុំ កាលបើ​ខ្ញុំឃើញ នឹងធ្វើតាម នែអាវុសោ ខ្ញុំសូមបវារណា នឹងលោក​ដ៏មានអាយុ​ទាំងឡាយ ជាគំរប់​ពីរដងផង ដោយ​ឃើញក្តី ឮក្តី រង្កៀសក្តី សូមលោក​ដ៏មានអាយុ​ទាំងឡាយ អាស្រ័យ​នូវសេចក្តី​អនុគ្រោះ​ និយាយ​ (ដាស់តឿន)​ខ្ញុំ កាលបើ​ខ្ញុំឃើញ នឹងធ្វើតាម នែអាវុសោ ខ្ញុំសូមបវារណា​នឹងលោក​​ដ៏មានអាយុ​ទាំងឡាយ​ ជាគំរប់បីដងផង ដោយឃើញក្តី ឮក្តី រង្កៀសក្តី សូមលោក​ដ៏មានអាយុ​ទាំងឡាយ ​អាស្រ័យ​នូវសេចក្តី​អនុគ្រោះ​ និយាយ ​(រំលឹក)​ខ្ញុំ កាលបើ​ខ្ញុំឃើញ នឹងធ្វើតាម។ ត្រូវភិក្ខុខ្ចី ធ្វើ​ឧត្តរា​សង្គ ​ឆៀងស្មា​ម្ខាង អង្គុយ​ច្រហោង ផ្គងអញ្ជលីឡើង រួចនិយាយ​យ៉ាងនេះ​ ​នឹង​ភិក្ខុ​ទាំងឡាយ​​នោះថា បពិត្រលោកដ៏ចំរើន ខ្ញុំសូមបវារណានឹងលោក​ដ៏មានអាយុ​ទាំងឡាយ ដោយ​ឃើញក្តី ឮក្តី រង្កៀសក្តី សូមលោក​ដ៏មានអាយុ​ទាំងឡាយ អាស្រ័យ​នូវសេចក្តី​អនុគ្រោះ ​និយាយ​ (ដាស់តឿន)​ខ្ញុំ កាលបើ​ខ្ញុំឃើញ នឹងធ្វើតាម បពិត្រលោកដ៏ចំរើន ខ្ញុំសូម​បវារណា​ នឹងលោក​ដ៏​មាន​អាយុ​​ទាំងឡាយ ជាគំរប់​ពីរដងផង ដោយ​ឃើញក្តី ឮក្តី រង្កៀសក្តី សូមលោក​ដ៏មានអាយុ​ទាំង​ឡាយ ​អាស្រ័យ​នូវសេចក្តី​អនុគ្រោះ​ និយាយ​ (ដាស់តឿន)​ខ្ញុំ កាលបើ​ខ្ញុំឃើញ នឹងធ្វើតាម បពិត្រ​លោកដ៏ចំរើន ខ្ញុំសូមបវារណា នឹងលោក​ដ៏មានអាយុ​ទាំងឡាយ​ ជាគំរប់បីដងផង ដោយឃើញក្តី ឮក្តី រង្កៀសក្តី សូមលោក​ដ៏មានអាយុ​ទាំងឡាយ ​អាស្រ័យ​នូវសេចក្តី​អនុគ្រោះ​ និយាយ ​(ដាស់​តឿន)​ខ្ញុំ កាលបើ​ខ្ញុំឃើញ នឹងធ្វើតាម។ ក៏សម័យនោះឯង ភិក្ខុ៣រូប នៅក្នុង​អាវាសមួយ​ ក្នុងថ្ងៃ​បវារណានោះ។ គ្រានោះ ភិក្ខុទាំងឡាយនោះ ​មាន​សេចក្តី​ត្រិះរិះ​​ដូច្នេះថា ព្រះដ៏មានព្រះភាគ​ ទ្រង់អនុញ្ញាត ឲ្យភិក្ខុ៥រូប​បវារណា ​ដោយសង្ឃបវារណា ឲ្យភិក្ខុ​៤រូប បវារណា​ដល់គ្នានឹងគ្នា ​ឥឡូវ​​នេះ យើងទាំងឡាយជាជន៣រូប តើយើងទាំងឡាយត្រូវ​បវារណា​ដូចម្តេច។ ភិក្ខុទាំងឡាយ​ក្រាប​ទូល​ដំណើរនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គ​ទ្រង់​មាន​បន្ទូលថា ម្នាលភិក្ខុ​ទាំង​ឡាយ តថាគត​អនុញ្ញាត​ឲ្យភិក្ខុ៣រូប ​បវារណាដល់គ្នានឹងគ្នាបាន។ ម្នាលភិក្ខុទាំងឡាយ ត្រូវ​ភិក្ខុ​ទាំងឡាយ បវារណាយ៉ាងនេះ។ ត្រូវភិក្ខុ​ដែលឆ្លាស​ប្រតិពល​ឲ្យ​ភិក្ខុ​ទាំងឡាយ​នោះដឹងថា សូម​លោក​​ដ៏មានអាយុ​ទាំងឡាយ​ស្តាប់ខ្ញុំ ថ្ងៃនេះជាថ្ងៃបវារណា។ បើ​បវារណាកម្ម​មាន​កាល​គួរ​ដល់​លោក​ដ៏មានអាយុទាំងឡាយ​ហើយ ត្រូវយើងទាំងឡាយ​បវារណា​ដល់គ្នានឹងគ្នា។ ត្រូវភិក្ខុជាថេរៈ ធ្វើឧត្តរាសង្គ ឆៀងស្មា​ម្ខាង ហើយអង្គុយ​ច្រហោង ផ្គងអញ្ជលី​ឡើង រួចនិយាយនឹងភិក្ខុទាំងឡាយ​នោះយ៉ាងនេះថា នែអាវុសោ ខ្ញុំសូមបវារណានឹងលោក​ដ៏មាន​អាយុ​​ទាំងឡាយ ដោយឃើញក្តី ឮក្តី រង្កៀសក្តី សូមលោក​ដ៏មានអាយុ​ទាំងឡាយអាស្រ័យ​នូវ​សេចក្តី​អនុគ្រោះ ​និយាយ​(ដាស់តឿន) ខ្ញុំ កាលបើ​ខ្ញុំឃើញ នឹងធ្វើតាម នែអាវុសោ ខ្ញុំសូម​បវារណា​នឹងលោក​ដ៏មានអាយុ​ទាំងឡាយ ​ជា​គំរប់​ពីរដងផង ដោយ​ឃើញក្តី ឮក្តី រង្កៀសក្តី សូមលោក​ដ៏មាន​អាយុ​ទាំងឡាយ អាស្រ័យ​នូវ​សេចក្តី​​អនុគ្រោះ​ និយាយ​(ដាស់តឿន)​ខ្ញុំ កាលបើ​ខ្ញុំឃើញ នឹងធ្វើតាម នែអាវុសោ ខ្ញុំសូម​បវារណា​ នឹងលោក​ដ៏មានអាយុ​ទាំងឡាយ ​ជាគំរប់បីដងផង ដោយឃើញក្តី ឮក្តី រង្កៀសក្តី សូមលោក​ដ៏​មាន​អាយុ​​ទាំងឡាយ ​អាស្រ័យ​នូវសេចក្តី​អនុគ្រោះ​ និយាយ​(ដាស់តឿន)​ខ្ញុំ កាលបើ​ខ្ញុំឃើញ នឹង​ធ្វើ​តាម។ ត្រូវភិក្ខុខ្ចី ធ្វើ​ឧត្តរា​សង្គ ​ឆៀងស្មា​ម្ខាង ហើយអង្គុយ​ច្រហោង ផ្គងអញ្ជលីឡើង រួច​និយាយ​យ៉ាងនេះ​នឹង​ភិក្ខុ​ទាំងឡាយ​​នោះថា បពិត្រ​លោក​ដ៏ចំរើន ខ្ញុំសូមបវារណា នឹងលោក​ដ៏មានអាយុ​ទាំងឡាយ ដោយ​ឃើញក្តី ឮក្តី រង្កៀសក្តី សូមលោក​ដ៏មានអាយុ​ទាំងឡាយ អាស្រ័យ​នូវសេចក្តី​អនុគ្រោះ ​និយាយ​(ដាស់តឿន)​ខ្ញុំ កាលបើ​ខ្ញុំឃើញ នឹងធ្វើតាម បពិត្រលោកដ៏ចំរើន ខ្ញុំ​សូម​បវារណា​នឹងលោក​ដ៏​មាន​អាយុ​​ទាំងឡាយ ជា​គំរប់​ពីរដងផង ដោយ​ឃើញក្តី ឮក្តី រង្កៀសក្តី សូម​លោក​​ដ៏មានអាយុ​ទាំង​ឡាយ​អាស្រ័យ​នូវ​សេចក្តី​​អនុគ្រោះ​ និយាយ​(ដាស់តឿន)​ខ្ញុំ កាលបើ​ខ្ញុំ​ឃើញ នឹងធ្វើតាម បពិត្រ​លោកដ៏ចំរើន ខ្ញុំ​សូម​បវារណា នឹងលោក​ដ៏មានអាយុ​ទាំងឡាយ ​ជា​គំរប់​បី​ដងផង ដោយឃើញក្តី ឮក្តី រង្កៀសក្តី សូម​លោក​​ដ៏មានអាយុ​ទាំងឡាយ​ អាស្រ័យ​នូវសេចក្តី​អនុគ្រោះ​ និយាយ​(ដាស់​តឿន)​ខ្ញុំ កាលបើ​ខ្ញុំ​ឃើញ នឹងធ្វើតាម។ ក៏សម័យនោះឯង ភិក្ខុពីររូប នៅក្នុង​អាវាសមួយ​ ក្នុងថ្ងៃ​បវារណានោះ។ គ្រា​នោះ ភិក្ខុទាំងឡាយនោះ​ មាន​សេចក្តី​ត្រិះរិះ​​ដូច្នេះ​ថា ព្រះដ៏មានព្រះភាគ ​ទ្រង់អនុញ្ញាត​ឲ្យភិក្ខុ៥រូប ​បវារណា ​ដោយសង្ឃបវារណា ឲ្យ​ភិក្ខុ​៤រូប បវារណា​ដល់គ្នានឹងគ្នា ឲ្យភិក្ខុ​៣រូប បវារណា​ដល់គ្នានឹងគ្នា ​ឥឡូវ​នេះ យើង​ទាំងឡាយ​ជា​ជន​ពីររូប តើយើងត្រូវ​បវារណា​ដូចម្តេច។ ភិក្ខុទាំងឡាយ​ក្រាប​ទូល​ដំណើរនុ៎ះ ចំពោះ​ព្រះ​មាន​ព្រះ​ភាគ។ ព្រះអង្គ​ទ្រង់​មានបន្ទូលថា ម្នាល​ភិក្ខុ​ទាំង​ឡាយ តថាគត​ អនុញ្ញាត​ឲ្យភិក្ខុពីររូប ​បវារណា​ដល់​គ្នានឹងគ្នាបាន។ ម្នាលភិក្ខុទាំងឡាយ ត្រូវភិក្ខុបវារណាយ៉ាងនេះ។ ត្រូវភិក្ខុជាថេរៈ ធ្វើឧត្តរា​សង្គ ​ឆៀងស្មា​ម្ខាង ហើយអង្គុយ​ច្រហោង ផ្គងអញ្ជលីឡើង រួចនិយាយយ៉ាងនេះ​ នឹង​ភិក្ខុខ្ចីថា​ នែ​អាវុសោ ខ្ញុំសូមបវារណានឹងលោក​ដ៏មាន​អាយុ​ ដោយឃើញក្តី ឮក្តី រង្កៀសក្តី សូមលោក​ដ៏​មាន​អាយុ​​ អាស្រ័យ​នូវសេចក្តី​អនុគ្រោះ​ និយាយ​(ដាស់តឿន)​ខ្ញុំ កាលបើ​ខ្ញុំឃើញ នឹងធ្វើតាម នែអាវុសោ ខ្ញុំ​សូមបវារណានឹងលោក​ដ៏មានអាយុ​ ជា​គំរប់​ពីរដងផង ដោយ​ឃើញក្តី ឮក្តី រង្កៀសក្តី សូមលោក​ដ៏មានអាយុ ​អាស្រ័យ​នូវសេចក្តី​អនុគ្រោះ​ និយាយ​(ដាស់តឿន)​ខ្ញុំ កាលបើ​ខ្ញុំឃើញ នឹងធ្វើតាម នែ​អាវុសោ ខ្ញុំសូម​បវារណា នឹងលោក​​ដ៏មានអាយុ​ ​ជាគំរប់បីដងផង ដោយឃើញក្តី ឮក្តី រង្កៀសក្តី សូមលោក​ដ៏មានអាយុ​ ​អាស្រ័យ​​នូវសេចក្តី​អនុគ្រោះ​ និយាយ​(ដាស់តឿន)​ខ្ញុំ កាលបើ​ខ្ញុំឃើញ នឹង​ធ្វើតាម។ ត្រូវភិក្ខុខ្ចី ធ្វើ​ឧត្តរា​សង្គ ​ឆៀងស្មា​ម្ខាង ហើយអង្គុយ​ច្រហោង ផ្គងអញ្ជលីឡើង រួច​និយាយ​យ៉ាងនេះ​នឹង​ភិក្ខុ​ជា​ថេរៈថា បពិត្រលោកដ៏ចំរើន ខ្ញុំសូមបវារណា នឹងលោក​ដ៏មានអាយុ​ ដោយ​​ឃើញក្តី ឮក្តី រង្កៀសក្តី សូមលោក​ដ៏មានអាយុ​ អាស្រ័យ​នូវសេចក្តី​អនុគ្រោះ ​និយាយ​(ដាស់​តឿន)​ខ្ញុំ កាលបើ​ខ្ញុំឃើញ នឹង​ធ្វើតាម បពិត្រលោកដ៏ចំរើន ខ្ញុំសូមបវារណា នឹងលោក​ដ៏​មាន​អាយុ ​​ជាគំរប់​ពីរដងផង ដោយ​ឃើញក្តី ឮក្តី រង្កៀសក្តី សូមលោក​ដ៏មានអាយុ​ ​អាស្រ័យ​នូវសេចក្តី​អនុគ្រោះ​ និយាយ​(ដាស់តឿន)​ខ្ញុំ កាលបើ​ខ្ញុំឃើញ នឹងធ្វើតាម បពិត្រ​លោកដ៏ចំរើន ខ្ញុំសូម​បវារណា​នឹងលោក​ដ៏មានអាយុ​ ​ជាគំរប់​បីដងផង ដោយឃើញក្តី ឮក្តី រង្កៀសក្តី សូមលោក​ដ៏មានអាយុ​ ​អាស្រ័យ​នូវសេចក្តី​អនុគ្រោះ​ និយាយ ​(ដាស់​តឿន)​ខ្ញុំ កាលបើ​ខ្ញុំឃើញ នឹងធ្វើតាម។ ក៏សម័យនោះឯង ភិក្ខុមួយរូប​នៅក្នុង​អាវាសមួយ ក្នុង​ថ្ងៃបវារណានោះ។ ឯភិក្ខុនោះ ក៏មាន​សេចក្តី​ត្រិះរិះ ដូច្នេះថា ព្រះដ៏មាន​ព្រះភាគ​ ទ្រង់អនុញ្ញាត ​ឲ្យភិក្ខុ៥រូប​បវារណា ដោយសង្ឃបវារណា​ឲ្យ​ភិក្ខុ៤រូប​បវារណា ដល់​គ្នា​នឹងគ្នា ឲ្យភិក្ខុ៣រូប​ បវារណា​ដល់គ្នានឹងគ្នា ឲ្យភិក្ខុពីររូប ​បវារណា​ដល់គ្នា​នឹងគ្នា ឥឡូវនេះ អាត្មា​អញ​​តែម្នាក់ឯង គួរអាត្មាអញ​បវារណាដូចម្តេចហ្ន៎។ ភិក្ខុទាំងឡាយក្រាប​ទូល​ដំណើរនុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ​ទ្រង់មានបន្ទូលថា ម្នាលភិក្ខុទាំងឡាយ ក៏​ក្នុង​សាសនានេះ ភិក្ខុ​មួយ​រូប​ នៅក្នុងអាវាសមួយ ក្នុងថ្ងៃបវារណានោះ។ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុ​ចៀសចេញទៅ អំពី​ប្រទេស​​ណា គឺឧបដ្ឋានសាលា10) ​ក្តី មណ្ឌបក្តី គល់ឈើក្តី ត្រូវភិក្ខុ​នោះ បោស​ប្រទេសនោះ ហើយដំកល់ទុក​នូវទឹកឆាន់ ទឹកប្រើប្រាស់ ត្រូវក្រាលអាសនៈរួច អុជ​ប្រទីប ហើយត្រូវអង្គុយចាំ។ បើមានភិក្ខុទាំងឡាយ​ដទៃមក ត្រូវភិក្ខុនោះ បវារណាជាមួយនឹង​ភិក្ខុ​ទាំងឡាយនោះចុះ បើគ្មាន​ភិក្ខុទាំងឡាយមកទេ ត្រូវភិក្ខុនោះ​អធិដ្ឋាន​ថា ថ្ងៃនេះ​ជាថ្ងៃ​បវារណា​របស់អញ បើមិនអធិដ្ឋានទេ ត្រូវអាបត្តិ​ទុក្កដ។ ម្នាលភិក្ខុទាំងឡាយ ក្នុងអាវាសណា១ ដែល​មាន​ភិក្ខុ​នៅ៥រូប ភិក្ខុ៤រូប មិនត្រូវនាំ​បវារណា​របស់ភិក្ខុ១រូប ហើយ​បវារណា​ដោយសង្ឃ​បវារណា​ក្នុង​អាវាស​នោះទេ បើបវារណា ត្រូវអាបត្តិទុក្កដ។ ម្នាលភិក្ខុទាំងឡាយ ក្នុងអាវាសណា១ ដែល​មាន​ភិក្ខុនៅ៤រូប ភិក្ខុ៣រូប មិនត្រូវ​នាំបវារណា​របស់ភិក្ខុ១រូបមក ហើយបវារណាដល់គ្នានឹងគ្នា ក្នុង​អាវាសនោះទេ បើបវារណា ត្រូវអាបត្តិ​ទុក្កដ។ ម្នាលភិក្ខុទាំងឡាយ ក្នុងអាវាសណា១ ដែលមាន​ភិក្ខុ​នៅ៣រូប ភិក្ខុ២រូប មិនត្រូវ​នាំបវារណា​របស់ភិក្ខុ១រូបមក ហើយបវារណាដល់គ្នានឹងគ្នា ក្នុង​អាវាសនោះទេ បើបវារណា ត្រូវអាបត្តិទុក្កដ។ ម្នាលភិក្ខុទាំងឡាយ ក្នុងអាវាសណា១ ដែល​មាន​ភិក្ខុ​នៅ២រូប ភិក្ខុ១រូប មិនត្រូវ​នាំបវារណា​របស់ភិក្ខុ១រូបមក ហើយ​អធិដ្ឋានក្នុង​អាវាស​នោះទេ។ បើអធិដ្ឋាន ត្រូវអាបត្តិទុក្កដ។

១២៥. អាបត្តិបដិកម្មវិធិ

(១២៥)

[២៨] ក៏សម័យនោះឯង ភិក្ខុ១រូបត្រូវ​អាបត្តិ​ក្នុងថ្ងៃបវារណា​នោះ។ ក៏ភិក្ខុនោះ​មាន​សេចក្តី​ត្រិះរិះដូច្នេះថា ព្រះដ៏មានព្រះភាគ ទ្រង់​បញ្ញត្តហើយថា ភិក្ខុដែល​មានអាបត្តិ​ មិនត្រូវ​បវារណា​ណាទេ ឥឡូវអាត្មាអញ ត្រូវអាបត្តិហើយ តើអាត្មាអញត្រូវ​ប្រតិបត្តិ​ដូចម្តេចហ្ន៎។ ភិក្ខុទាំងឡាយ ក្រាបទូលដំណើរនុ៎ះ​ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា​ ម្នាលភិក្ខុទាំងឡាយ ក្នុង​សាសនានេះ បើមានភិក្ខុ ត្រូវអាបត្តិ ​ក្នុងថ្ងៃបវារណា​នោះ។ ម្នាលភិក្ខុទាំងឡាយ ត្រូវភិក្ខុនោះ​ចូលទៅ​រកភិក្ខុ១រូប ហើយ​ធ្វើឧត្តរាសង្គ ឆៀង​ស្មាម្ខាង អង្គុយច្រហោង ផ្គងអញ្ជលី​ រួចនិយាយ​យ៉ាងនេះនឹងភិក្ខុនោះថា ម្នាលអាវុសោ ខ្ញុំត្រូវអាបត្តិ​ឈ្មោះនេះហើយ ខ្ញុំសូមសំដែង​អាបត្តិ​នោះចេញ។ ត្រូវភិក្ខុអ្នកទទួលអាបត្តិនោះនិយាយថា លោក​ឃើញឬទេ។ ភិក្ខុអ្នកសំដែង​នោះ​ឆ្លើយថា អើខ្ញុំឃើញ។ ភិក្ខុអ្នកទទួលអាបត្តិត្រូវប្រាប់ថា ត្រូវលោកសង្រួមតទៅ។ ម្នាលភិក្ខុទាំង​ឡាយ ក្នុងសាសនានេះ បើមាន​ភិក្ខុសង្ស័យ​ នឹងអាបត្តិ ​ក្នុងថ្ងៃបវារណានោះ។ ម្នាល​ភិក្ខុទាំងឡាយ ត្រូវភិក្ខុនោះ ចូល​ទៅរកភិក្ខុ១រូប ហើយធ្វើឧត្តរាសង្គ ឆៀង​ស្មាម្ខាង អង្គុយ​ច្រហោង ផ្គងអញ្ជលី រួចនិយាយ​យ៉ាងនេះ នឹងភិក្ខុនោះថា នែអាវុសោ ខ្ញុំមានសេចក្តីសង្ស័យ​នឹងអាបត្តិឈ្មោះនេះ កាល​ណាខ្ញុំ​អស់សេចក្តីសង្ស័យ ខ្ញុំនឹងធ្វើតប (សំដែង) នូវអាបត្តិ​នោះ ក្នុងកាលនោះ លុះពោលដូច្នេះ​ហើយ ត្រូវបវារណាចុះ។ មិនត្រូវភិក្ខុ ធ្វើនូវសេចក្តី​អន្តរាយដល់​បវារណា​ ព្រោះហេតុប៉ុណ្ណោះទេ។

១២៦. អាបត្តិអាវិករណវិធិ

(១២៦)

ក៏សម័យនោះឯង ភិក្ខុ១រូប កំពុងតែបវារណា​ ក៏រលឹក​ឃើញ​អាបត្តិ។ ទើបភិក្ខុ​នោះ មានសេចក្តី​ត្រិះរិះដូច្នេះថា ព្រះដ៏មានព្រះភាគ ទ្រង់បញ្ញត្ត​ហើយថា ភិក្ខុដែល​មានអាបត្តិ​ មិនត្រូវបវារណា​ទេ ឥឡូវ ​អាត្មាអញ ត្រូវអាបត្តិហើយ តើអាត្មាអញ ត្រូវប្រតិបត្តិ​ដូចម្តេចហ្ន៎។ ភិក្ខុទាំងឡាយ ក្រាបទូល​​ដំណើរនុ៎ះ​ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនា​នេះ បើមានភិក្ខុកំពុងតែបវារណា ក៏រលឹកឃើញអាបត្តិ។ ម្នាលភិក្ខុទាំងឡាយ ត្រូវភិក្ខុនោះ និយាយ​យ៉ាង​នេះ នឹងភិក្ខុជិតខាងថា នែអាវុសោ ខ្ញុំត្រូវអាបត្តិ​ឈ្មោះនេះហើយ ខ្ញុំចេញ​ពីទីនេះ​ហើយ នឹងសំដែងអាបត្តិនោះចេញ លុះពោលដូច្នេះហើយ ត្រូវបវារណាចុះ។ មិនត្រូវភិក្ខុធ្វើ​នូវសេចក្តី​អន្តរាយ​ដល់បវារណា​ព្រោះហេតុ​ប៉ុណ្ណោះទេ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនា​នេះ បើភិក្ខុកំពុងតែបវារណា ហើយមានសេចក្តី​សង្ស័យនឹងអាបត្តិ។ ម្នាលភិក្ខុទាំងឡាយ ត្រូវភិក្ខុនោះ និយាយ​យ៉ាង​នេះ នឹងភិក្ខុជិតខាងថា នែអាវុសោ ខ្ញុំមានសេចក្តីសង្ស័យ​ នឹងអាបត្តិ​ឈ្មោះ​នេះ​ កាល​ណា ខ្ញុំអស់​សេចក្តីសង្ស័យ ខ្ញុំនឹងសំដែងអាបត្តិនោះចេញ ​ក្នុងកាលនោះ លុះពោលដូច្នេះហើយ ត្រូវ​បវារណាចុះ។ មិនត្រូវភិក្ខុធ្វើ​សេចក្តី​អន្តរាយ​ដល់បវារណា​ព្រោះហេតុ​ប៉ុណ្ណោះទេ។

១២៧. សភាគាបត្តិបដិកម្មវិធិ

(១២៧)

ក៏សម័យ​នោះ​ឯង សង្ឃទាំងអស់ក្នុង​អាវាស១ ត្រូវសភាគាបត្តិ (អាបត្តិដូចគ្នា) ក្នុងថ្ងៃបវារណានោះ។ ក៏ភិក្ខុ​ទាំងឡាយនោះ មានសេចក្តីត្រិះរិះដូច្នេះថា ព្រះដ៏មានព្រះភាគ ទ្រង់បញ្ញត្តហើយថា ភិក្ខុមិនត្រូវ​សំដែង​សភាគបត្តិ មិនត្រូវទទួល​សភាគាបត្តិ (នឹងគ្នាទេ) ឥឡូវ​សង្ឃនេះ សុទ្ធតែត្រូវ​សភាគាបត្តិ​ហើយ តើយើងទាំងឡាយត្រូវប្រតិបត្តិដូចម្តេចហ្ន៎។ ភិក្ខុទាំងឡាយ​ក្រាបទូល​ដំណើរនុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនា​នេះ បើសង្ឃ​ទាំង​អស់​​ក្នុងអាវាសមួយ ត្រូវសភាគាបត្តិ ក្នុងថ្ងៃបវារណានោះ។ ម្នាលភិក្ខុទាំងឡាយ ត្រូវភិក្ខុទាំង​ឡាយនោះ​ បញ្ជូនភិក្ខុ១រូប ទៅកាន់អាវាសជិតខាង​ ក្នុងថ្ងៃនោះថា នែអាវុសោ ចូរលោក​ទៅ​សំដែង​​អាបត្តិ​នោះ ហើយ​មកវិញ យើងទាំងឡាយនឹងសំដែង​អាបត្តិនោះ ក្នុង​សំណាក់លោក។ បើសង្ឃ​បានការសំដែង​អាបត្តិនុ៎ះដូច្នេះហើយ ការបាននុ៎ះ​ជាការល្អ បើមិនបានទេ ត្រូវភិក្ខុដែល​ឆ្លាស​ប្រតិពល ឲ្យសង្ឃដឹងថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃ​ស្តាប់ខ្ញុំ (ដ្បិត) សង្ឃទាំងអស់នេះ​ត្រូវ​សភាគាបត្តិហើយ កាលបើសង្ឃឃើញភិក្ខុដទៃ​បរិសុទ្ធ មិនមានអាបត្តិ សង្ឃនឹងសំដែង​អាបត្តិនោះ ក្នុងសំណាក់​ភិក្ខុនោះកាលនោះ លុះពោលដូច្នេះហើយ ត្រូវ​បវារណា​ចុះ។ មិនត្រូវ​សង្ឃធ្វើ​សេចក្តីអន្តរាយ​ដល់បវារណាព្រោះហេតុ​ប៉ុណ្ណោះទេ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនា​នេះ បើសង្ឃ​ទាំងអស់​ក្នុងអាវាសមួយ មានសេចក្តីសង្ស័យនឹងសភាគាបត្តិ ​ក្នុងថ្ងៃបវារណានោះ ត្រូវ​ភិក្ខុដែលឆ្លាស ប្រតិពល ឲ្យសង្ឃដឹងថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃ​ស្តាប់ខ្ញុំ សង្ឃទាំង​អស់នេះ មានសេចក្តីសង្ស័យ ​ក្នុងសភាគាបត្តិ កាលណាសង្ឃ​អស់សេចក្តីសង្ស័យ សង្ឃនឹង​សំដែង​​អាបត្តិ​នោះចេញ កាលនោះ លុះពោល​ដូច្នេះហើយ ត្រូវបវារណាចុះ។ មិនត្រូវសង្ឃ​ធ្វើ​សេចក្តីអន្តរាយ​ដល់បវារណា ព្រោះហេតុប៉ុណ្ណោះទេ។

ចប់ បឋមភាណវារៈ។

១២៨. អនាបត្តិបន្នរសកំ

(១២៨)

[២៩] ក៏សម័យនោះឯង ពួកអាវាសិកភិក្ខុ (អ្នកនៅក្នុងអាវាស) ជាច្រើន​ប្រមាណ​៥រូប ឬជាង​៥រូបឡើងទៅ ប្រជុំគ្នាក្នុងអាវាសមួយ ក្នុងថ្ងៃ​បវារណានោះ។ ភិក្ខុទាំងនោះ មិនដឹង​ថាមានពួក​អាវាសិកភិក្ខុរូបឯទៀត​មិនទាន់មកដល់។ ភិក្ខុទាំងឡាយនោះ សំគាល់ថាជាធម៌ សំគាល់​ថាជា​វិន័យ ជាពួកទេ តែសំគាល់ថា​ ព្រមព្រៀងគ្នា ហើយបវារណា។ កាលដែលភិក្ខុ​ទាំងឡាយ​នោះ កំពុង​បវារណា ស្រាប់តែ​មានពួក​អាវាសិកភិក្ខុឯទៀត ច្រើន​ជាងមកដល់។ ភិក្ខុ​ទាំងឡាយ ក្រាបទូលដំណើរនុ៎ះ ​ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់មានបន្ទូលថា ម្នាលភិក្ខុ​ទាំងឡាយ ក្នុងសាសនានេះ បើក្នុងអាវាសមួយ មាន​ពួកអាវាសិកភិក្ខុ​ជាច្រើនគឺ ៥រូប ឬជាង​៥រូប​ឡើងទៅ ប្រជុំគ្នា​ក្នុងថ្ងៃបវារណា​នោះ។ ភិក្ខុទាំងនោះ មិនដឹងថា មានពួកអាវាសិកភិក្ខុដទៃ ​មិនទាន់​មកដល់។ ភិក្ខុទាំងឡាយ​នោះ សំគាល់​ថាជាធម៌ សំគាល់​ថាជាវិន័យ ជាពួកទេ តែសំគាល់ថា ​ព្រម​ព្រៀងហើយ ក៏នាំគ្នា​បវារណា។ កាលដែលភិក្ខុទាំងនោះ កំពុងបវារណា ស្រាប់តែមានពួក​អាវាសិកភិក្ខុឯទៀត ​ច្រើនជាងមកដល់។ ម្នាលភិក្ខុទាំងឡាយ ត្រូវភិក្ខុទាំងឡាយនោះ បវារណា​ម្តងទៀត។ ភិក្ខុទាំងឡាយ ដែលបវារណាហើយ មិនត្រូវអាបត្តិ​ទេ។ ម្នាលភិក្ខុ​ទាំងឡាយ ក្នុង​សាសនានេះ បើក្នុងអាវាសណាមួយ មាន​ពួកអាវាសិកភិក្ខុ​ជាច្រើនគឺ ៥រូប ឬជាង​៥រូប​ឡើងទៅ ប្រជុំគ្នា​ក្នុងថ្ងៃបវារណា​នោះ។ ភិក្ខុទាំងនោះ មិនដឹងថា មានពួកអាវាសិកភិក្ខុឯទៀត​ មិនទាន់​មកដល់។ ភិក្ខុ​ទាំង​នោះ សំគាល់​ថាជាធម៌ ថាជាវិន័យ ជាពួកទេ តែសំគាល់ថា​ ព្រម​ព្រៀង ក៏នាំគ្នា​បវារណាទៅ។ កាលដែលភិក្ខុទាំងនោះ កំពុង​បវារណា ស្រាប់តែមានពួក​អាវាសិកភិក្ខុឯទៀត ​ស្មើៗគ្នាមកដល់។ ភិក្ខុទាំងឡាយ ដែលបវារណា​ហើយ ក៏ឈ្មោះថា បានបវារណាល្អហើយ ត្រូវតែភិក្ខុទាំងឡាយ ​ដែលនៅសល់អំពីនោះ បវារណា ពួកភិក្ខុ ដែលបានបវារណាហើយ មិនត្រូវអាបត្តិទេ។ ម្នាលភិក្ខុ​ទាំងឡាយ ក្នុងសាសនានេះ បើក្នុងអាវាសណាមួយ មាន​ពួកអាវាសិកភិក្ខុ​ជាច្រើនគឺ ៥រូប ឬជាង​៥រូប​ឡើងទៅ ប្រជុំគ្នា​ក្នុងថ្ងៃបវារណា​នោះ។ ភិក្ខុ​ទាំងនោះ ​មិនដឹង​ថាមាន​ពួក​អាវាសិកភិក្ខុ​ដឯទៀត​មិនទាន់​មកដល់។ ភិក្ខុទាំង​នោះ សំគាល់​ថាជាធម៌ សំគាល់​ថាជាវិន័យ ជាពួកទេ តែសំគាល់ថា​ព្រម​ព្រៀងហើយ ក៏​បវារណាទៅ។ កាលដែល​ភិក្ខុទាំងនោះ ​កំពុង​បវារណា ស្រាប់តែមានពួក​អាវាសិកភិក្ខុឯទៀត តិចជាងមកដល់។ ភិក្ខុដែលបាន​បវារណា​ហើយ ក៏ឈ្មោះថា បវារណាល្អហើយ ត្រូវពួកភិក្ខុ ដែលនៅសល់អំពីនោះ បវារណា ភិក្ខុ​ទាំងឡាយ​ដែល​បានបវារណា​ហើយ មិនត្រូវ​អាបត្តិទេ។ ម្នាលភិក្ខុទាំងឡាយ​ ក្នុងសាសនានេះ បើក្នុង​អាវាស​ណាមួយ មានពួកអាវាសិកភិក្ខុជាច្រើន គឺ៥រូប ឬ​ជាង៥រូបឡើងទៅ ប្រជុំគ្នាក្នុងថ្ងៃ​បវារណា​នោះ។ ភិក្ខុទាំងនោះ មិនដឹងថាមានពួក​អាវាសិកភិក្ខុឯទៀត ​មិនទាន់មកដល់។ ភិក្ខុទាំងឡាយនោះ​ ក៏សំគាល់ថា​ជាធម៌ សំគាល់ថាជាវិន័យ ជាពួកទេ តែសំគាល់ថា ព្រមព្រៀង ហើយបវារណា​ទៅ។ កាលដែលភិក្ខុទាំងនោះ ទើបតែនឹង​បវារណារួច ក៏មានពួកអាវាសិកភិក្ខុ​ឯទៀត​ ច្រើនជាង​មកដល់។ ម្នាលភិក្ខុទាំងឡាយ ត្រូវភិក្ខុទាំងនោះ បវារណាម្តងទៀត ភិក្ខុដែល​បាន​បវារណា​ហើយ មិនត្រូវអាបត្តិទេ។បេ។ ក៏មានពួកអាវាសិកភិក្ខុចំនួន​ស្មើៗគ្នាមកដល់។ ភិក្ខុទាំងឡាយ ​ដែលបាន​បវារណា​ហើយ ក៏ឈ្មោះថា​ បវារណាដោយល្អ ត្រូវពួកអាវាសិកភិក្ខុឯទៀត ​បវារណា​ក្នុង​សំណាក់​ភិក្ខុទាំងឡាយនោះចុះ ភិក្ខុដែលបានបវារណា​ហើយ មិនត្រូវអាបត្តិទេ។បេ។ ក៏មានពួក​អាវាសិកភិក្ខុ​ឯទៀត​តិចជាងមកដល់។ ពួកភិក្ខុដែល​បវារណាហើយ ក៏ឈ្មោះថា ​បានបវារណា​ល្អហើយ ត្រូវ ​(ពួក​ភិក្ខុដែល​មកក្រោយ) បវារណា​ក្នុងសំណាក់​ភិក្ខុទាំងឡាយ (ដែល​បវារណាហើយ) នោះចុះ ភិក្ខុដែលបានបវារណាហើយ មិនត្រូវអាបត្តិទេ។ ម្នាលភិក្ខុទាំងឡាយ​ ក្នុងសាសនានេះ បើក្នុង​អាវាស​ណាមួយ មានពួក​អាវាសិកភិក្ខុជាច្រើន គឺ៥រូប ឬ​ជាង​៥រូប​ឡើង​ទៅ ប្រជុំគ្នាក្នុងថ្ងៃ​បវារណា​នោះ។ ភិក្ខុទាំងនោះ មិនដឹងថា មានពួក​អាវាសិកភិក្ខុឯទៀត ​មិន​ទាន់​មក​ដល់។ ភិក្ខុទាំងនោះ ​ក៏សំគាល់ថា​ជាធម៌ សំគាល់ថាជាវិន័យ ជាពួកទេ តែ​សំគាល់​ថា ​ព្រម​ព្រៀង ហើយបវារណា​ទៅ។ កាលដែលភិក្ខុ​ទាំងឡាយនោះ ទើបតែនឹង​បវារណារួច ភិក្ខុ​បរិសទ្យ​មិនទាន់​ក្រោយចេញ​នៅឡើយ ក៏ពួក​អាវាសិកភិក្ខុ​ឯទៀត​ ច្រើនជាង​មកដល់។ ម្នាលភិក្ខុ​ទាំង​ឡាយ ត្រូវភិក្ខុទាំងឡាយនោះ បវារណា​ម្តងទៀត។ ពួកភិក្ខុ ដែលបាន​បវារណា​ហើយ មិន​ត្រូវ​អាបត្តិ​ទេ។បេ។ ក៏មានពួកអាវាសិកភិក្ខុ​ឯទៀត ចំនួន​ស្មើៗគ្នាមកដល់។បេ។ តិចជាង។ ភិក្ខុ​ទាំងឡាយ ​​ដែលបាន​បវារណា​ហើយ ឈ្មោះថា​ បវារណាល្អហើយ ​(ពួក​ភិក្ខុដែល​មិនទាន់បវារណា) ត្រូវបវារណា ​ក្នុងសំណាក់​ភិក្ខុទាំងឡាយនោះចុះ ពួកភិក្ខុ​ ដែលបាន​បវារណា​ហើយ មិនត្រូវ​អាបត្តិទេ។ ម្នាលភិក្ខុទាំងឡាយ​ ក្នុងសាសនានេះ បើក្នុង​អាវាស​ណាមួយ មាន​ពួក​អាវាសិក​ភិក្ខុជាច្រើន គឺ៥រូប ឬ​ជាង៥រូប​ឡើងទៅ ប្រជុំគ្នា ក្នុងថ្ងៃ​បវារណា​នោះ។ ភិក្ខុទាំង​នោះ​ មិន​ដឹង​ជាមានពួក​អាវាសិកភិក្ខុឯទៀត​មិនទាន់មកដល់។ ភិក្ខុទាំងនោះ ​សំគាល់ថា​ជាធម៌ សំគាល់ថាជាវិន័យ ជាពួកទេ តែសំគាល់ថា ព្រមព្រៀងហើយ ក៏បវារណា​ទៅ។ កាលដែល​ភិក្ខុ​ទាំង​ឡាយនោះ ទើបតែនឹង​បវារណារួច ភិក្ខុបរិសទ្យពួក​ខ្លះ ក្រោកចេញទៅហើយ ក៏មាន​ពួក​អាវាសិកភិក្ខុ​​ឯទៀត ​ច្រើនជាង​មកដល់។ ម្នាលភិក្ខុទាំងឡាយ ត្រូវភិក្ខុទាំងឡាយ​នោះ​ បវារណា​ម្តង​ទៀត ពួកភិក្ខុដែលបាន​បវារណា​ហើយ មិនត្រូវអាបត្តិទេ។បេ។ ក៏មានពួកអាវាសិកភិក្ខុឯទៀត ​ស្មើៗគ្នា​មក​ដល់។បេ។ តិចជាង។ ភិក្ខុ​ដែល​បវារណា​ហើយ ក៏ឈ្មោះថា​ បានបវារណាល្អហើយ ភិក្ខុ(ដែល​មិនទាន់បវារណា) ត្រូវបវារណា​ក្នុងសំណាក់​ភិក្ខុទាំងឡាយនោះចុះ ភិក្ខុ​ទាំងឡាយ​ ដែល​បាន​បវារណា​ហើយ មិនត្រូវអាបត្តិទេ។ ម្នាលភិក្ខុទាំងឡាយ​ ក្នុងសាសនានេះ បើក្នុង​អាវាស​ណាមួយ មានពួកអាវាសិកភិក្ខុជាច្រើន គឺ៥រូប ឬ​ជាង៥រូបឡើងទៅ ប្រជុំគ្នា ក្នុងថ្ងៃ​បវារណា​នោះ។ ភិក្ខុ​ទាំង​នោះ​ មិនដឹងថា មានពួក​អាវាសិកភិក្ខុឯទៀត ​មិនទាន់មកដល់។ ភិក្ខុទាំងនោះ ​សំគាល់ថា​ជាធម៌ សំគាល់​ថាជាវិន័យ ជាពួកទេ តែសំគាល់ថា ព្រមព្រៀងហើយ ក៏បវារណា​ទៅ។ កាល​​ដែលភិក្ខុ​ទាំង​នោះ ទើបតែនឹង​បវារណារួច ភិក្ខុបរិសទ្យ​ទាំងអស់​ ក្រោកចេញហើយ ក៏មានពួកអាវាសិកភិក្ខុ​ឯទៀត ​​ច្រើនជាង​មកដល់។ ម្នាលភិក្ខុទាំងឡាយ ត្រូវភិក្ខុទាំងឡាយនោះ បវារណាម្តងទៀតចុះ ភិក្ខុ​ទាំងឡាយដែល​បវារណា​ហើយ មិនត្រូវអាបត្តិទេ។បេ។ ក៏មានពួកអាវាសិកភិក្ខុឯទៀត ​ស្មើៗ​គ្នា​មក​ដល់។បេ។ តិចជាង។ ភិក្ខុ​ដែល​បវារណា​ហើយ ក៏ឈ្មោះថា​ បានបវារណាល្អហើយ ភិក្ខុ(ដែល​មិនទាន់​បវារណា) ត្រូវបវារណា​ ក្នុងសំណាក់​ភិក្ខុទាំងឡាយនោះចុះ ភិក្ខុ​ដែល​បវារណាហើយ មិនត្រូវអាបត្តិទេ។

ចប់ រឿង​ភិក្ខុបវារណា​មិនត្រូវអាបត្តិ មាន១៥យ៉ាង។

១២៩. វគ្គាវគ្គសញ្ញីបន្នរសកំ

(១២៩)

[៣០] ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើក្នុងអាវាសណាមួយ ​មានពួក​អាវាសិកភិក្ខុ ជា​ច្រើន គឺ​៥រូប ឬជាង​៥រូបឡើងទៅ ប្រជុំគ្នាក្នុងថ្ងៃ​បវារណានោះ។ ភិក្ខុទាំងឡាយនោះ ដឹង​ថា​មានពួក​​អាវាសិកភិក្ខុឯទៀត ​មកមិនទាន់ដល់។ ភិក្ខុទាំងឡាយនោះ សំគាល់ថាជាធម៌ សំគាល់​ថា​ជា​វិន័យ ជាពួកទេ តែសំគាល់ថា​ព្រមព្រៀងគ្នា ហើយក៏បវារណាទៅ។ កាលភិក្ខុ​ទាំងឡាយ​នោះ​កំពុង​​បវារណា ក៏​មានពួក​អាវាសិកភិក្ខុឯទៀត ច្រើន​ជាងមកដល់។ ម្នាលភិក្ខុ​ទាំងឡាយ ត្រូវ​ភិក្ខុ​ទាំងឡាយ​នោះ បវារណា​ម្តងទៀត។ ភិក្ខុដែលបវារណាហើយ ត្រូវអាបត្តិទុក្កដ។បេ។ ក៏មានពួក​អាវាសិកភិក្ខុឯទៀត ​ស្មើៗគ្នាមកដល់។បេ។ តិចជាង។ ភិក្ខុទាំងឡាយដែល​បវារណា​ហើយ ក៏ឈ្មោះថា បានបវារណា ដោយល្អហើយ ត្រូវភិក្ខុដែលនៅសល់អំពីនោះ បវារណាចុះ ពួកភិក្ខុ​ដែល​បវារណា​ហើយ ត្រូវ​អាបត្តិទុក្កដ។ ម្នាលភិក្ខុទាំងឡាយ​ ក្នុងសាសនានេះ បើក្នុង​អាវាស​ណាមួយ មានពួកអាវាសិកភិក្ខុជាច្រើន គឺ៥រូប ឬ​ជាង៥រូបឡើងទៅ ប្រជុំគ្នា ក្នុងថ្ងៃ​បវារណា​នោះ។ ភិក្ខុទាំងឡាយនោះដឹងថា មានពួក​អាវាសិកភិក្ខុឯទៀត ​មិនទាន់មកដល់។ ភិក្ខុ​ទាំងឡាយ​នោះ​​សំគាល់ថា​ ជាធម៌ សំគាល់ថា ជាវិន័យ ជាពួកទេ តែសំគាល់ថា ព្រមព្រៀង ហើយក៏បវារណា​​ទៅ។ កាលដែលភិក្ខុទាំងនោះ ទើបតែនឹង​បវារណារួច។បេ។ ភិក្ខុ​បរិសទ្យ​មិនទាន់​ក្រោក ភិក្ខុបរិសទ្យពួក​ខ្លះក្រោកហើយ ភិក្ខុបរិសទ្យ​ទាំងអស់ ​ក្រោកចេញហើយ ទើប​មាន​ពួក​អាវាសិក​ភិក្ខុ​​ឯទៀត​​ ច្រើនជាង ​មកដល់។បេ។ ស្មើៗគ្នា។បេ។ តិចជាង។ ពួកភិក្ខុ​ដែល​បវារណា​ហើយ ក៏ឈ្មោះថា​ បានបវារណាល្អហើយ ពួកភិក្ខុ(ដែល​មិនទាន់បវារណា) ត្រូវបវារណា​ក្នុងសំណាក់​ភិក្ខុទាំងឡាយនោះចុះ ពួកភិក្ខុ​ ដែល​បវារណាហើយ ត្រូវអាបត្តិទុក្កដ។

ចប់ រឿងពួក​ភិក្ខុជាពួក តែសំគាល់ថា ព្រមព្រៀងគ្នា មាន១៥យ៉ាង។

១៣០. វេមតិកបន្នរសកំ

(១៣០)

[៣១] ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើក្នុងអាវាស​ណាមួយ មាន​ពួកអាវាសិកភិក្ខុ​ជាច្រើន គឺ​៥រូប ឬជាង៥រូបឡើងទៅ ប្រជុំគ្នា​ក្នុងថ្ងៃបវារណានោះ។ ភិក្ខុទាំងឡាយនោះ​ដឹងថា មានពួកអាវាសិកភិក្ខុ​ឯទៀតមិនទាន់មកដល់។ ពួកភិក្ខុទាំងឡាយនោះ​មានសេចក្តី​សង្ស័យ​ដូច្នេះថា គួរយើងទាំងឡាយបវារណា ឬមិនគួរទេ (ហើយក៏នាំគ្នា) បវារណាទៅ។ កាល​ដែល​ភិក្ខុទាំងឡាយនោះ ​កំពុងតែបវារណា ក៏មានពួកអាវាសិកភិក្ខុឯទៀត ​ច្រើនជាង​មកដល់។ ម្នាលភិក្ខុទាំងឡាយ ត្រូវភិក្ខុទាំងឡាយនោះ បវារណាម្តងទៀត ពួកភិក្ខុ ដែលបវារណា​ហើយ ត្រូវអាបត្តិ​ទុក្កដ។បេ។ ក៏មានពួកអាវាសិកភិក្ខុ​ឯទៀត ស្មើៗគ្នាមកដល់។បេ។ តិចជាង។ ពួកភិក្ខុ ដែលបវារណាហើយ ក៏ឈ្មោះថា បានបវារណាល្អហើយ ត្រូវពួកភិក្ខុ ដែលនៅ​សល់អំពីនោះ​ បវារណាចុះ ពួកភិក្ខុដែលបវារណាហើយ ត្រូវ​អាបត្តិទុក្កដ។ ម្នាលភិក្ខុទាំងឡាយ ក្នុង​សាសនា​នេះ បើក្នុង​អាវាស​ណាមួយ ​មានពួក​អាវាសិកភិក្ខុ​ជាច្រើន គឺ៥រូប ឬជាង៥រូប​ឡើងទៅ ប្រជុំគ្នា ក្នុងថ្ងៃ​បវារណានោះ។ ភិក្ខុទាំងនោះ ដឹងថាមានពួក​អាវាសិកភិក្ខុ​ឯទៀត ​មិនទាន់​មកដល់។ តែពួកភិក្ខុទាំងនោះ មានសេចក្តី​សង្ស័យថា គួរ​យើងទាំងឡាយ​បវារណា ឬមិនគួរទេ (ហើយ​ក៏នាំគ្នា) បវារណាទៅ។ កាល​ដែលពួក​ភិក្ខុទាំងនោះ ទើបតែ​នឹងបវារណាហើយ។បេ។ ភិក្ខុ​បរិសទ្យមិនទាន់ក្រោកចេញ ភិក្ខុបរិសទ្យ​ពួកខ្លះ​ក្រោកចេញហើយ ភិក្ខុបរិសទ្យ​ទាំងអស់​ក្រោកចេញហើយ ទើបមានពួកអាវាសិកភិក្ខុ​ឯទៀត​ ច្រើនជាង​មកដល់។បេ។ ស្មើៗគ្នា។បេ។ តិចជាង។ ពួកភិក្ខុ ដែលបវារណាហើយ ឈ្មោះថា បានបវារណាល្អហើយ ពួកភិក្ខុ (ដែល​មិនទាន់​បវារណា) ត្រូវបវារណា​ ក្នុងសំណាក់​ភិក្ខុទាំងឡាយ​នោះចុះ ពួកភិក្ខុ ​ដែលបវារណាហើយ ត្រូវអាបត្តិ​ទុក្កដ។

ចប់ រឿងពួកភិក្ខុ​មានសេចក្តីសង្ស័យ មាន១៥យ៉ាង។

១៣១. កុក្កុច្ចបកតបន្នរសកំ

(១៣១)

[៣២] ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើក្នុងអាវាស​ណាមួយ មាន​ពួកអាវាសិកភិក្ខុ​ជាច្រើន គឺ​៥រូប ឬជាង៥រូបឡើងទៅ ប្រជុំគ្នា ​ក្នុងថ្ងៃបវារណានោះ។ ភិក្ខុទាំងនោះ ​ដឹងថា មានពួកអាវាសិកភិក្ខុ​ឯទៀត មិនទាន់មកដល់។ ភិក្ខុទាំងនោះ​ មានសេចក្តី​រង្កៀសថា យើង​ទាំង​ឡាយ​ គួរតែបវារណា មិនមែនថា យើងមិនគួរបវារណាទេ ដូច្នេះហើយ ក៏បវារណាទៅ។ កាល​ដែល​ភិក្ខុទាំងឡាយនោះ​កំពុងតែបវារណា ទើបមានអាវាសិកភិក្ខុឯទៀត​ច្រើនជាង​មកដល់។ ម្នាលភិក្ខុទាំងឡាយ ត្រូវពួកភិក្ខុទាំងនោះបវារណាម្តងទៀត ឯពួកភិក្ខុដែលបវារណា​ហើយ ត្រូវអាបត្តិ​ទុក្កដ។បេ។ ទើបមានពួកអាវាសិកភិក្ខុ​ឯទៀត ស្មើៗគ្នាមកដល់។បេ។ តិចជាង។ ពួក​ភិក្ខុដែលបវារណាហើយ ក៏ឈ្មោះថា បានបវារណាល្អហើយ ត្រូវតែពួកភិក្ខុ ដែលនៅ​សល់​អំពី​នោះ​ បវារណាចុះ ពួកភិក្ខុ ដែលបវារណាហើយ ត្រូវ​អាបត្តិទុក្កដ។ ម្នាលភិក្ខុទាំងឡាយ ក្នុង​សាសនា​នេះ បើ​អាវាស​ណាមួយ ​មានពួក​អាវាសិកភិក្ខុ​ជាច្រើន គឺ៥រូប ឬជាង៥រូប​ឡើងទៅ ប្រជុំគ្នា ក្នុងថ្ងៃ​បវារណានោះ។ ភិក្ខុទាំងនោះ ដឹងថាមានពួក​អាវាសិកភិក្ខុ​ឯទៀត ​មិនទាន់​មកដល់។ ភិក្ខុទាំងនោះ មានសេចក្តីរង្កៀសថា ​យើងទាំងឡាយ​ គួរតែបវារណា មិនមែនថា​យើងទាំងឡាយ​ មិន​គួរបវារណាទេដូច្នេះ ហើយ​ក៏បវារណាទៅ។ កាល​ដែល​ភិក្ខុទាំងឡាយនោះ ទើបតែ​នឹង​បវារណា​ហើយ។បេ។ ភិក្ខុ​បរិសទ្យមិនទាន់ក្រោកចេញ ភិក្ខុបរិសទ្យ​ពួកខ្លះ​ក្រោក​ចេញ​ទៅហើយ ភិក្ខុបរិសទ្យ​ទាំងអស់ ​ក្រោកចេញទៅហើយ ទើបមានពួកអាវាសិកភិក្ខុ​ឯទៀត​ ច្រើន​ជាង​​មក​ដល់។បេ។ ស្មើៗគ្នា។បេ។ តិចជាង។ ពួកភិក្ខុ ដែលបវារណាហើយ ក៏ ឈ្មោះថា​បាន​បវារណា​ល្អ​ហើយ ពួកភិក្ខុ (ដែល​មិនទាន់​បានបវារណា) ត្រូវបវារណា​ ក្នុងសំណាក់​ភិក្ខុទាំងឡាយ​​នោះចុះ ភិក្ខុ​ដែលបវារណាហើយ ត្រូវអាបត្តិ​ទុក្កដ។

ចប់ រឿងពួកភិក្ខុ​មានសេចក្តីរង្កៀស មាន១៥យ៉ាង។

១៣២. ភេទបុរេក្ខារបន្នរសកំ

(១៣២)

[៣៣] ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើក្នុងអាវាស​ណាមួយ មាន​អាវាសិកភិក្ខុ​​ទាំងឡាយជា​ច្រើន គឺ​៥រូប ឬជាង៥រូបឡើងទៅ ប្រជុំគ្នា​ ក្នុងថ្ងៃបវារណានោះ។ ភិក្ខុទាំងឡាយនោះ​ ដឹងថាមាន​ពួក​អាវាសិកភិក្ខុ​ឯទៀត មិនទាន់មកដល់។ ភិក្ខុទាំងឡាយនោះ​មានបំណងនឹង​បំបែកសង្ឃថា ភិក្ខុទាំងឡាយនុ៎ះ ចូរបាត់ទៅចុះ ភិក្ខុទាំងឡាយនុ៎ះ​ ចូរវិនាស​ទៅចុះ ប្រយោជន៍អ្វី​ ដោយភិក្ខុ​ទាំងឡាយនោះ ដូច្នេះហើយ ក៏បវារណាទៅ។ កាល​បើ​ភិក្ខុទាំងនោះ​ កំពុងបវារណា ទើប​មាន​ពួក​អាវាសិកភិក្ខុឯទៀត ​ច្រើនជាង​មកដល់។ ម្នាលភិក្ខុទាំងឡាយ ត្រូវភិក្ខុទាំងឡាយ​នោះ ​បវារណា​ម្តង​ទៀត ពួកភិក្ខុ ដែលបានបវារណា​ហើយ ត្រូវអាបត្តិ​ថុល្លច្ច័យ។បេ។ ទើបមានពួកអាវាសិកភិក្ខុ​ឯទៀត ​ស្មើៗគ្នាមកដល់។បេ។ តិចជាង។ ពួក​ភិក្ខុ ដែលបវារណាហើយ ក៏ឈ្មោះថា បាន​បវារណា​ល្អ​ហើយ ត្រូវតែពួកភិក្ខុ ដែលនៅ​សល់​អំពី​នោះ​ បវារណាចុះ ពួកភិក្ខុ ដែលបានបវារណាហើយ ត្រូវ​អាបត្តិថុល្លច្ច័យ។ ម្នាលភិក្ខុទាំងឡាយ ក្នុង​សាសនា​នេះ បើ​ក្នុងអាវាស​ណាមួយ ​មានពួក​អាវាសិកភិក្ខុ​ជាច្រើន គឺ៥រូប ឬជាង៥រូប​ឡើងទៅ ប្រជុំគ្នា ក្នុងថ្ងៃ​បវារណានោះ។ ភិក្ខុ​ទាំងឡាយ​នោះ ​ដឹងថាមានពួក​អាវាសិកភិក្ខុ​ឯទៀត​មិនទាន់មកដល់។ (តែ) ពួកភិក្ខុទាំងនោះ​មានបំណង​នឹង​បំបែក​សង្ឃថា ភិក្ខុទាំងឡាយនុ៎ះ ចូរបាត់ទៅចុះ ភិក្ខុទាំងឡាយនុ៎ះ ចូរវិនាស​ទៅចុះ ត្រូវ​ការអ្វី​ដោយ​ភិក្ខុទាំងឡាយនោះ ដូច្នេះហើយ ក៏បវារណាទៅ។ កាលបើ​ភិក្ខុទាំងឡាយនោះ ទើបតែ​នឹង​បវារណា​ហើយ។បេ។ ភិក្ខុ​បរិសទ្យ មិនទាន់ក្រោកចេញ ភិក្ខុបរិសទ្យ​ពួកខ្លះ ​ក្រោកចេញហើយ ភិក្ខុ​បរិសទ្យ​​ទាំងអស់ ​ក្រោកចេញហើយ ទើបមានពួកអាវាសិកភិក្ខុ​ឯទៀត ​ច្រើនជាង​មក​ដល់។ ម្នាល​ភិក្ខុទាំងឡាយ ត្រូវភិក្ខុទាំងឡាយនោះ ​បវារណា​ម្តងទៀត ពួក​ភិក្ខុ ដែល​បាន​បវារណា​ហើយ ត្រូវអាបត្តិថុល្លច្ច័យ។បេ។ ទើបមានពួក​អាវាសិកភិក្ខុ​ឯទៀត ស្មើៗគ្នាមកដល់។បេ។ តិចជាង។ ពួក​ភិក្ខុ​ដែលបវារណាហើយ ក៏ឈ្មោះថា​ បាន​បវារណា​ល្អ​ហើយ ត្រូវភិក្ខុ​ទាំងឡាយ​នោះ បវារណា​ ក្នុងសំណាក់​ភិក្ខុទាំងឡាយ​នោះចុះ ពួកភិក្ខុ​ដែលបានបវារណាហើយ ត្រូវអាបត្តិ​ថុល្លច្ច័យ។

ចប់ រឿងពួកភិក្ខុ​មានបំណងនឹងបំបែកសង្ឃ មាន១៥យ៉ាង។

១៣៣. សីមោត្តន្តិកបេយ្យាលំ

(១៣៣)

[៣៤] ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើក្នុងអាវាស​ណាមួយ មាន​ពួកអាវាសិកភិក្ខុ​ជាច្រើន គឺ​៥រូប ឬជាង៥រូបឡើងទៅ ប្រជុំគ្នា ​ក្នុងថ្ងៃបវារណានោះ។ ភិក្ខុទាំងឡាយនោះមិន​ដឹងជា មានពួកអាវាសិកភិក្ខុ​ឯទៀត កំពុងដើរចូលមកដល់​ខាងក្នុងសីមា។បេ។ ភិក្ខុទាំងឡាយ​នោះ​មិនដឹងថា មានពួក​អាវាសិកភិក្ខុ​ឯទៀត ​ដើរចូលមកដល់​ខាងក្នុងសីមា។បេ។ ភិក្ខុទាំងឡាយ​នោះ មិនឃើញ​ពួកអាវាសិកភិក្ខុឯទៀត ​កំពុងដើរចូលមកដល់​ខាងក្នុងសីមា។បេ។ ភិក្ខុទាំងឡាយ​នោះ មិនឃើញ​ពួកអាវាសិកភិក្ខុឯទៀត បានដើរចូលមកដល់ ខាងក្នុងសីមា។បេ។ ពួកភិក្ខុទាំងនោះ មិនឮថា ពួកអាវាសិកភិក្ខុ​ឯទៀត ​កំពុង​ដើរចូលមកខាងក្នុងសីមា។បេ។ ពួកភិក្ខុទាំងនោះ ​មិនឮថា ពួកអាវាសិកភិក្ខុ​ឯទៀត ​បានដើរចូល​មកខាងក្នុងសីមា។ ពួកអាវាសិកភិក្ខុ​ និងអាវាសិកភិក្ខុ​មានន័យ១៧៥តិក ពួកអាគន្តុកភិក្ខុ​ និងអាវាសិកភិក្ខុ​មានន័យ​១៧៥តិក ពួក​អាវាសិកភិក្ខុ និង​អាគន្តុកភិក្ខុ​មានន័យ​១៧៥តិក ពួក​អាគន្តុកភិក្ខុ និង​អាគន្តុកភិក្ខុ​មានន័យ​១៧៥តិក ត្រូវជា​៧០០តិក តាមរបៀប​បេយ្យាលមុខ។

១៣៤. ទិវសនានត្តំ

(១៣៤)

[៣៥] ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើមានពួកអាវាសិកភិក្ខុ​ ប្រកាន់​ថា ថ្ងៃ​១៤ ពួកអាគន្តុកភិក្ខុ ប្រកាន់ថា ថ្ងៃ​១៥។ បើពួកអាវាសិកភិក្ខុ​ច្រើនជាង ត្រូវពួកអាគន្តុកភិក្ខុ​ ប្រព្រឹត្ត​តាមអាវាសិកភិក្ខុ។ បើមានចំនួនស្មើៗគ្នាទេ ត្រូវពួកអាគន្តុកភិក្ខុ ​ប្រព្រឹត្ត​តាមពួក​អាវាសិកភិក្ខុ​វិញ។ បើពួក​អាគន្តុក​ភិក្ខុ មានចំនួនច្រើនជាង ត្រូវពួកអាវាសិកភិក្ខុ​ប្រព្រឹត្តតាម​ពួកអាគន្តុកភិក្ខុ​ចុះ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើមានពួកអាវាសិកភិក្ខុ យល់​ថាថ្ងៃ​១៥ ពួក​អាគន្តុក​ភិក្ខុ​យល់ថា ថ្ងៃ​១៤។ បើពួកអាវាសិកភិក្ខុ ​មានចំនួនច្រើនជាង ត្រូវពួកអាគន្តុកភិក្ខុ ​ប្រព្រឹត្ត​តាម​ពួក​អាវាសិក​ភិក្ខុ។ បើចំនួនស្មើៗគ្នាទេ ត្រូវពួកអាគន្តុកភិក្ខុ ​ប្រព្រឹត្ត​តាមពួក​អាវាសិកភិក្ខុ​វិញ។ បើពួក​អាគន្តុក​ភិក្ខុ មានចំនួនច្រើនជាង ត្រូវពួកអាវាសិកភិក្ខុ ​ប្រព្រឹត្តតាមពួកអាគន្តុកភិក្ខុចុះ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ក្នុងសាសនានេះ បើពួកអាវាសិកភិក្ខុ​ យល់​ថាថ្ងៃ​១កើត ឬ១រោច ពួក​អាគន្តុក​ភិក្ខុ​យល់​ថា ​ថ្ងៃ​១៥។ បើពួកអាវាសិកភិក្ខុ មានចំនួន​ច្រើនជាង មិនត្រូវពួកអាវាសិកភិក្ខុ​ ឲ្យសាមគ្គី​ដល់ពួកអាគន្តុកភិក្ខុទេ ត្រូវពួកអាគន្តុកភិក្ខុ​ ទៅកាន់ទី​ក្រៅសីមា ហើយបវារណាចុះ។ បើ​ស្មើៗគ្នា​ទេ មិនត្រូវពួកអាវាសិកភិក្ខុ ​ឲ្យសាមគ្គី​ ដល់ពួក​អាគន្តុកភិក្ខុឡើយ ត្រូវពួក​អាគន្តុកភិក្ខុ ​ទៅកាន់ទី​ក្រៅសីមា ហើយបវារណាចុះ។ បើពួកអាគន្តុកភិក្ខុច្រើនជាង ត្រូវពួក​អាវាសិកភិក្ខុ ​ឲ្យសាមគ្គី​ដល់ពួក​​អាគន្តុកភិក្ខុ​ ឬត្រូវ​ទៅកាន់ទីក្រៅសីមា។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើពួកអាវាសិកភិក្ខុ​ យល់​ថាថ្ងៃ​១៥ ពួក​អាគន្តុក​ភិក្ខុ ​យល់​ថា​ថ្ងៃ​១កើត ឬ១រោច។ បើ​ពួក​អាវាសិកភិក្ខុ​​ច្រើនជាង ត្រូវពួកអាគន្តុកភិក្ខុ​ ឲ្យសាមគ្គី ​ដល់អាវាសិកភិក្ខុ ឬត្រូវ​ទៅកាន់ទី​ក្រៅ​សីមា។ បើពួកភិក្ខុទាំងនោះ ​ស្មើៗគ្នាទេ ត្រូវពួកអាគន្តុកភិក្ខុ​ ឲ្យសាមគ្គី​ដល់ពួក​អាវាសិកភិក្ខុ ឬត្រូវ​​ទៅ​កាន់ទី​ក្រៅសីមា។ បើពួកអាគន្តុកភិក្ខុច្រើនជាង មិនត្រូវពួក​អាគន្តុកភិក្ខុ ​ឲ្យសាមគ្គី​ដល់ពួក​អាវាសិកភិក្ខុឡើយ​ ត្រូវពួកអាវាសិកភិក្ខុ ​ទៅកាន់ទីក្រៅសីមា ហើយបវារណាចុះ។

១៣៥. លិង្គាទិទស្សនំ

(១៣៥)

[៣៦] ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើពួក​អាគន្តុកភិក្ខុ ឃើញ​អាការរបស់​អាវាសិកភិក្ខុ ភេទរបស់​អាវាសិកភិក្ខុ និមិត្តរបស់អាវាសិកភិក្ខុ ឧទ្ទេស ​របស់អាវាសិកភិក្ខុ គ្រែ និងតាំង ពូក និងខ្នើយ ដែលពួក​អាវាសិកភិក្ខុ ​លាតក្រាលដោយល្អហើយ ទឹកឆាន់ ទឹកប្រើ​ដែល​ពួកអាវាសិកភិក្ខុ ដម្កល់​ល្អហើយ បរិវេណ ដែលពួក​អាវាសិកភិក្ខុ បោសស្អាតហើយ។ លុះ​ឃើញហើយ ក៏មានសេចក្តីសង្ស័យថា មានពួកអាវាសិកភិក្ខុ ឬគ្មានទេ។ ពួកអាគន្តុកភិក្ខុ​ទាំងនោះ​មានសេចក្តីសង្ស័យ មិនពិនិត្យ គយគន់មើល លុះមិនពិនិត្យហើយ ក៏បវារណា ត្រូវអាបត្តិ​ទុក្កដ។បេ។ ពួកអាគន្តុកភិក្ខុ​ទាំងនោះ​សង្ស័យ ហើយក៏ពិនិត្យ លុះពិនិត្យហើយ មិនឃើញ លុះមិនឃើញហើយ ក៏បវារណា មិនត្រូវអាបត្តិទេ។ ពួកអាគន្តុកភិក្ខុ​ទាំងនោះ​សង្ស័យ ហើយ​ពិនិត្យមើល លុះពិនិត្យហើយឃើញ លុះឃើញហើយ ក៏បវារណាជាមួយគ្នា មិនត្រូវអាបត្តិ​ទេ។ ពួកអាគន្តុក​ភិក្ខុ​ទាំងនោះ​សង្ស័យ ហើយក៏ពិនិត្យ លុះពិនិត្យហើយឃើញ លុះឃើញហើយ ក៏​បវារណាផ្សេងៗគ្នា ត្រូវអាបត្តិ​ទុក្កដ។ អាគន្តុកភិក្ខុទាំងនោះ​មានសេចក្តី​សង្ស័យ ហើយពិនិត្យមើល លុះពិនិត្យ​មើល ក៏ឃើញ លុះឃើញ​ហើយ ក៏មានបំណងនឹងបំបែក​សង្ឃ​ដោយគិតថា ពួកភិក្ខុទាំងនុ៎ះ ​ចូរបាត់ទៅ ពួកភិក្ខុទាំងនុ៎ះ ​ចូរវិនាសទៅ ត្រូវការអ្វី ​ដោយពួក​ភិក្ខុ​ទាំងនោះ ហើយក៏បវារណា ត្រូវអាបត្តិ​ថុល្លច្ច័យ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើពួក​អាគន្តុកភិក្ខុ​ ឮ​អាការរបស់​អាវាសិកភិក្ខុ ភេទរបស់​អាវាសិកភិក្ខុ និមិត្តរបស់អាវាសិកភិក្ខុ ឧទ្ទេស​​របស់អាវាសិកភិក្ខុ សូរជើងរបស់ពួក​អាវាសិកភិក្ខុ កំពុងចង្ក្រម សំឡេងស្វាធ្យាយ (សូត្រធម៌) សំឡេងក្អក សំឡេងកណ្តាស់ របស់ពួកអាវាសិកភិក្ខុ​។ លុះឮហើយ មាន​សេចក្តី​សង្ស័យ​ថា មាន​ពួក​អាវាសិកភិក្ខុ ឬគ្មានទេ។ ពួកអាគន្តុកភិក្ខុ​ទាំងនោះ ​មានសេចក្តីសង្ស័យ ហើយមិនពិនិត្យមើល លុះមិនពិនិត្យហើយ ក៏បវារណាទៅ ត្រូវអាបត្តិ​ទុក្កដ។បេ។ ពួកអាគន្តុកភិក្ខុ​ទាំងនោះ មានសេចក្តី​សង្ស័យ ហើយពិនិត្យមើល លុះពិនិត្យ​ហើយ​មិន​ឃើញ លុះមិនឃើញហើយ ក៏បវារណាទៅ មិនត្រូវអាបត្តិទេ។ ពួកអាគន្តុកភិក្ខុ​ទាំងនោះ មាន​សេចក្តី​សង្ស័យ ហើយ​ពិនិត្យមើល លុះពិនិត្យមើលហើយ ក៏ឃើញ លុះឃើញហើយ ក៏​បវារណា​ជា​មួយគ្នា មិនត្រូវអាបត្តិ​ទេ។ ពួកអាគន្តុក​ភិក្ខុ​ទាំងនោះ មានសេចក្តី​សង្ស័យ ហើយក៏ពិនិត្យមើល លុះពិនិត្យមើលហើយ ក៏ឃើញ លុះឃើញហើយ ក៏​បវារណាផ្សេងៗគ្នា ត្រូវអាបត្តិ​ទុក្កដ។ ពួកអាគន្តុកភិក្ខុទាំងនោះ​មានសេចក្តី​សង្ស័យ ហើយពិនិត្យមើល លុះពិនិត្យ​មើល ហើយឃើញ លុះ​ឃើញ​ហើយ មានបំណងនឹងបំបែក​សង្ឃ​ ដោយគិតថា ពួកលោកទាំងនុ៎ះ​ បាត់ទៅចុះ ចូរលោកទាំងនុ៎ះ វិនាសទៅចុះ ត្រូវការអ្វី​ ដោយ​ភិក្ខុ​ទាំងនោះ ដូច្នេះហើយ ក៏បវារណា ត្រូវអាបត្តិ​ថុល្លច្ច័យ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើពួកអាវាសិកភិក្ខុ ​ឃើញ​អាការ របស់​អាគន្តុកភិក្ខុ ភេទរបស់​អាគន្តុកភិក្ខុ និមិត្តរបស់អាគន្តុកភិក្ខុ ឧទ្ទេស​របស់អាគន្តុកភិក្ខុ បាត្រ​ដែលខ្លួន​មិនស្គាល់ ចីវរដែលខ្លួន​មិនស្គាល់ សំពត់និសីទនៈ​ដែលខ្លួនមិនស្គាល់ ស្នាមដែល​ស្រោចទឹក​លាងជើង​របស់ពួក​អាគន្តុកភិក្ខុ។ លុះ​ឃើញហើយ ក៏មានសេចក្តីសង្ស័យថា មាន​ពួក​អាគន្តុកភិក្ខុ ឬគ្មាន​ទេ។ ពួកអាវាសិក​ទាំងនោះ ​មានសេចក្តីសង្ស័យ ហើយមិនពិនិត្យមើល លុះមិនពិនិត្យមើល​ហើយ ក៏បវារណា ត្រូវអាបត្តិ​ទុក្កដ។បេ។ ពួកអាវាសិកភិក្ខុ​ទាំងនោះ​ មានសេចក្តី​សង្ស័យ ហើយក៏ពិនិត្យមើល លុះពិនិត្យមើលហើយមិនឃើញ លុះមិនឃើញហើយ ក៏បវារណា មិនត្រូវអាបត្តិទេ។ ពួកអាវាសិកភិក្ខុ​ទាំងនោះ ​មានសេចក្តីសង្ស័យ ហើយក៏​ពិនិត្យ​មើល លុះពិនិត្យមើលហើយឃើញ លុះឃើញហើយ បវារណាជាមួយគ្នា មិនត្រូវអាបត្តិ​ទេ។ ពួកអាវាសិក​ភិក្ខុ​ទាំងនោះ មានសេចក្តី​សង្ស័យ ទើបពិនិត្យមើល លុះពិនិត្យហើយឃើញ លុះឃើញហើយ ក៏​បវារណាញែកគ្នា ត្រូវអាបត្តិ​ទុក្កដ។ ពួកអាវាសិកភិក្ខុទាំងនោះ ​មានសេចក្តី​សង្ស័យ ហើយក៏ពិនិត្យមើល លុះពិនិត្យ​មើលហើយឃើញ លុះឃើញ​ហើយ មាន​បំណង​នឹង​បំបែក​​​សង្ឃ​ដោយគិតថា ចូរភិក្ខុទាំងនុ៎ះ បាត់ទៅចុះ ចូរភិក្ខុទាំងនុ៎ះ ​វិនាសទៅចុះ ត្រូវការអ្វី ​ដោយ​ពួក​​ភិក្ខុ​ទាំងនោះ ដូច្នេះហើយ ក៏បវារណាទៅ ត្រូវអាបត្តិ​ថុល្លច្ច័យ។ ម្នាលភិក្ខុទាំងឡាយ ក្នុង​សាសនា​នេះ បើពួកអាវាសិកភិក្ខុ បានឮ​អាការ របស់​អាគន្តុកភិក្ខុ ភេទរបស់​អាគន្តុកភិក្ខុ និមិត្តរបស់អាគន្តុកភិក្ខុ ឧទ្ទេស​របស់អាគន្តុកភិក្ខុ សូរជើងរបស់ពួកអាគន្តុកភិក្ខុ កំពុងដើរមក សូរគោះស្បែកជើង សូរក្អក សូរកណ្តាស់ របស់ពួក​អាគន្តុកភិក្ខុ។ លុះ​ឮហើយ ក៏​មាន​សេចក្តី​សង្ស័យ​ថា មានពួកអាគន្តុកភិក្ខុ ឬគ្មានទេ។ ពួកអាវាសិកភិក្ខុ​ទាំងនោះ​ មានសេចក្តីសង្ស័យ ហើយមិនពិនិត្យមើល លុះមិនពិនិត្យមើលហើយ ក៏បវារណា ត្រូវអាបត្តិ​ទុក្កដ។បេ។ ពួកអាវាសិក​ភិក្ខុ​​ទាំងនោះ មានសេចក្តី​សង្ស័យ ហើយពិនិត្យមើល លុះពិនិត្យហើយមិនឃើញ លុះ​មិន​ឃើញ​ហើយ ក៏បវារណាទៅ មិនត្រូវអាបត្តិទេ។ ពួកអាអាវាសិក​ទាំងនោះ មានសេចក្តី​សង្ស័យ ហើយ​ពិនិត្យមើល លុះពិនិត្យមើលហើយឃើញ លុះឃើញហើយ ក៏បវារណាជាមួយគ្នា មិនត្រូវអាបត្តិ​ទេ។ ពួកអាវាសិក​ភិក្ខុ​ទាំងនោះ​ មានសេចក្តីសង្ស័យ ហើយពិនិត្យមើល លុះពិនិត្យមើល​ហើយ​ឃើញ លុះឃើញហើយ ក៏​បវារណាញែកគ្នា ត្រូវអាបត្តិ​ទុក្កដ។ ពួកអាវាសិកភិក្ខុទាំងនោះ ​មាន​សេចក្តី​​សង្ស័យ ហើយពិនិត្យមើល លុះពិនិត្យ​មើលហើយឃើញ លុះឃើញ​ហើយ ក៏​មាន​បំណង​នឹង​បំបែក​សង្ឃ​ដោយគិតថា ចូរភិក្ខុទាំងនុ៎ះ ​បាត់ទៅចុះ ពួកភិក្ខុទាំងនុ៎ះ វិនាសទៅចុះ ត្រូវការអ្វី​ដោយ​ភិក្ខុ​ទាំងនោះ ដូច្នេះហើយ ក៏បវារណាទៅ ត្រូវអាបត្តិ​ថុល្លច្ច័យ។

១៣៦. នានាសំវាសកាទីហិ បវារណា

(១៣៦)

[៣៧] ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើប្រសិនជាពួក​អាគន្តុក​ភិក្ខុ បាន​ឃើញ​ពួកអាវាសិកភិក្ខុ​ មានសំវាស​ផ្សេងគ្នា។ ពួកអាគន្តុកភិក្ខុទាំងនោះ ត្រឡប់​បានសេចក្តីយល់ថា មានសំវាសស្មើគ្នាទៅវិញ លុះត្រឡប់​បានសេចក្តីយល់​ថា មានសំវាស​ស្មើគ្នា​ហើយ មិនសួរ (លទ្ធិ) លុះ​មិនសួរហើយ ក៏បវារណាជាមួយគ្នាទៅ មិនត្រូវអាបត្តិ​ទេ។បេ។ ពួកអាគន្តុកភិក្ខុទាំងនោះ ​សួរ លុះសួរហើយ ក៏មិនអាចគ្របសង្កត់បាន គឺមិនអាច​ឲ្យ​ភិក្ខុទាំងអស់នោះ លះបង់​ទិដ្ឋិ​ខុសបាន លុះគ្របសង្កត់មិនបានហើយ ក៏បវារណា​ជាមួយគ្នាទៅ ត្រូវអាបត្តិ​ទុក្កដ។ ពួកអាគន្តុកភិក្ខុ​ទាំងនោះ​សួរ​ លុះសួរហើយ ក៏មិនអាចគ្របសង្កត់បាន លុះគ្របសង្កត់មិនបានហើយ ក៏​បវារណាញែកគ្នា មិនត្រូវអាបត្តិទេ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើប្រសិនជាពួក​អាគន្តុក​ភិក្ខុ​ ឃើញ​ពួកអាវាសិកភិក្ខុ​ មានសំវាសស្មើគ្នា។ ពួកអាគន្តុកភិក្ខុទាំងនោះ ត្រឡប់​បាន​សេចក្តី​យល់ថា ពួកអាវាសិកភិក្ខុមានសំវាសផ្សេងគ្នាទៅវិញ លុះត្រឡប់​បានសេចក្តីយល់​ថា មានសំវាសផ្សេងគ្នា​ហើយ មិនសួរ (លទ្ធិ) លុះ​មិនសួរហើយ ក៏បវារណាជាមួយគ្នាទៅ ត្រូវ​អាបត្តិ​ទុក្កដ។បេ។ ពួកអាគន្តុកភិក្ខុទាំងនោះ​សួរ លុះសួរហើយ ក៏គ្របសង្កត់បាន គឺ​ឲ្យពួក​អាវាសិក​​ភិក្ខុ លះបង់​ទិដ្ឋិ​ខុសបាន លុះគ្របសង្កត់បានហើយ ក៏បវារណា​ញែកគ្នា ត្រូវអាបត្តិ​ទុក្កដ។ ពួក​អាគន្តុកភិក្ខុ​ទាំងនោះ​សួរ​ លុះសួរហើយ ក៏គ្របសង្កត់បាន លុះគ្រប​សង្កត់​បានហើយ ក៏​បវារណា​ជាមួយគ្នា មិនត្រូវអាបត្តិទេ។ ពួកអាគន្តុកភិក្ខុទាំងនោះសួរ លុះសួរហើយ គ្របសង្កត់​មិនបាន លុះគ្របសង្កត់​មិនបានហើយ ក៏បវារណា​ញែកគ្នាទៅ មិនត្រូវអាបត្តិទេ។ ម្នាលភិក្ខុ​ទាំងឡាយ ក្នុងសាសនានេះ បើពួក​អាវាសិក​ភិក្ខុ បាន​ឃើញ​ពួកអាគន្តុកភិក្ខុ ​មានសំវាស​ផ្សេងគ្នា។ (តែ) ពួកអាវាសិកភិក្ខុទាំងនោះ ត្រឡប់​បានសេចក្តីយល់ថា ពួកអាគន្តុកភិក្ខុ ​មាន​សំវាស​ស្មើគ្នា​ទៅ​វិញ លុះត្រឡប់​បានសេចក្តីយល់​ថា ពួកអាគន្តុកភិក្ខុមានសំវាស​ស្មើគ្នា​ហើយ មិនសួរ លុះ​មិន​សួរ​ហើយ ក៏បវារណាជាមួយគ្នាទៅ មិនត្រូវអាបត្តិ​ទេ។បេ។ ពួកអាវាសិកភិក្ខុទាំងនោះ​សួរ លុះ​សួរ​ហើយ គ្របសង្កត់មិនបាន លុះគ្របសង្កត់មិនបានហើយ ក៏បវារណា​ជាមួយគ្នាទៅ ត្រូវអាបត្តិ​ទុក្កដ។ ពួកអាវាសិកភិក្ខុ​ទាំងនោះ​សួរ​ លុះសួរហើយ គ្របសង្កត់មិនបាន លុះ​គ្របសង្កត់​មិន​បាន​ហើយ ក៏​បវារណាញែកគ្នា មិនត្រូវអាបត្តិទេ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើ​ពួក​អាវាសិក​ភិក្ខុបាន​ឃើញ​ពួកអាគន្តុកភិក្ខុ​មានសំវាសស្មើគ្នា។ (តែ) ពួកអាវាសិកភិក្ខុទាំងនោះ ត្រឡប់​​បាន​សេចក្តី​យល់ថា ពួកអាគន្តុកភិក្ខុមានសំវាសផ្សេងគ្នាទៅវិញ លុះត្រឡប់​បាន​សេចក្តី​យល់​​ថា ​មានសំវាសផ្សេងគ្នា​ហើយ មិនសួរ លុះ​មិនសួរហើយ ក៏បវារណាជាមួយគ្នាទៅ ត្រូវ​អាបត្តិ​ទុក្កដ។បេ។ ពួកអាវាសិកភិក្ខុទាំងនោះ​សួរ លុះសួរហើយ គ្របសង្កត់បាន លុះ​គ្រប​សង្កត់​បាន​ហើយ ក៏បវារណា​ញែកគ្នា ត្រូវអាបត្តិ​ទុក្កដ។ ពួកអាវាសិកភិក្ខុ​ទាំងនោះ​សួរ​ លុះសួរហើយ គ្រប​សង្កត់​បាន លុះគ្រប​សង្កត់​បានហើយ ក៏​បវារណាជាមួយគ្នាទៅ មិនត្រូវអាបត្តិទេ។

១៣៧. ន គន្តព្វវារោ

(១៣៧)

[៣៨] ម្នាលភិក្ខុទាំងឡាយ ក្នុងថ្ងៃបវារណានោះ មិនត្រូវ​ភិក្ខុទាំងឡាយចេញពី​អាវាស​ដែល​មានភិក្ខុ ទៅកាន់​អាវាស​ដែលគ្មានភិក្ខុទេ វៀរលែងតែ​សង្ឃ វៀរលែងតែ​ភិក្ខុមានការ​អន្តរាយ។ ម្នាលភិក្ខុទាំងឡាយ ក្នុងថ្ងៃបវារណានោះ មិនត្រូវ​ភិក្ខុទាំងឡាយ​ចេញពី​អាវាស​ដែល​មានភិក្ខុ ទៅកាន់អនាវាស (ទី​មិនមែន​អាវាស) ដែលគ្មានភិក្ខុទេ វៀរលែងតែសង្ឃ វៀរលែងតែ​ភិក្ខុ​មានការអន្តរាយ។ ម្នាលភិក្ខុទាំងឡាយ ក្នុងថ្ងៃបវារណានោះ មិនត្រូវ​ភិក្ខុ​ចេញពី​អាវាស​ដែល​មានភិក្ខុ ទៅកាន់អាវាស ឬអនាវាស ដែលគ្មានភិក្ខុទេ វៀរលែងតែសង្ឃ វៀរលែងតែ​ភិក្ខុ​មាន​ការ​អន្តរាយ។ ម្នាលភិក្ខុទាំងឡាយ ក្នុងថ្ងៃបវារណានោះ មិនត្រូវ​ភិក្ខុ​ចេញពី​អនាវាស​ដែល​មានភិក្ខុ ទៅកាន់អាវាសដែលគ្មានភិក្ខុទេ វៀរលែងតែសង្ឃ វៀរលែងតែ​ភិក្ខុ​មានការអន្តរាយ។ ម្នាលភិក្ខុទាំងឡាយ ក្នុងថ្ងៃបវារណានោះ មិនត្រូវ​ភិក្ខុ​ចេញពី​អនាវាស​ដែល​មានភិក្ខុ ទៅ​កាន់​អនាវាស​ដែលគ្មានភិក្ខុទេ វៀរលែងតែសង្ឃ វៀរលែងតែ​ភិក្ខុ​មានការអន្តរាយ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ក្នុងថ្ងៃបវារណានោះ មិនត្រូវ​ភិក្ខុ​ចេញពី​អនាវាស​ដែល​មានភិក្ខុ ទៅកាន់​អាវាស ឬអនាវាស​ដែល​គ្មានភិក្ខុទេ វៀរលែងតែសង្ឃ វៀរលែងតែ​ភិក្ខុ​មានការអន្តរាយ។ ម្នាលភិក្ខុទាំងឡាយ ក្នុងថ្ងៃបវារណានោះ មិនត្រូវ​ភិក្ខុ​ចេញពីអាវាស ឬ​ពីអនាវាស​ដែល​មានភិក្ខុ ទៅកាន់​អាវាស​ដែល​គ្មាន​ភិក្ខុទេ វៀរលែងតែសង្ឃ វៀរលែងតែ​ភិក្ខុ​មានការអន្តរាយ។ ម្នាលភិក្ខុទាំងឡាយ ក្នុងថ្ងៃបវារណានោះ មិនត្រូវ​ភិក្ខុ​ចេញពីអាវាស ឬ​ពីអនាវាស​ដែល​មានភិក្ខុ ទៅកាន់​អនាវាស​ដែល​គ្មាន​ភិក្ខុទេ វៀរលែងតែសង្ឃ វៀរលែងតែ​ភិក្ខុ​មានការអន្តរាយ។ ម្នាលភិក្ខុទាំងឡាយ ក្នុងថ្ងៃបវារណានោះ មិនត្រូវ​ភិក្ខុ​ចេញពីអាវាស ឬអនាវាស​ដែល​មានភិក្ខុ ទៅកាន់​អាវាស ឬអនាវាស​ដែល​គ្មាន​ភិក្ខុទេ វៀរលែងតែសង្ឃ វៀរលែងតែ​ភិក្ខុ​មានការអន្តរាយ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ក្នុងថ្ងៃបវារណានោះ មិនត្រូវ​ភិក្ខុ​ចេញពីអាវាស ​ដែល​មានភិក្ខុ ទៅកាន់​អាវាស​ដែល​មាន​ភិក្ខុនោះទេ គឺអាវាសណា​ ដែលមានពួក​ភិក្ខុ មានសំវាស​ផ្សេងគ្នា វៀរលែងតែសង្ឃ វៀរលែងតែ​ភិក្ខុ​មានការអន្តរាយ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ក្នុងថ្ងៃបវារណានោះ មិនត្រូវ​ភិក្ខុ​ចេញពីអាវាស ​ដែល​មាន​ភិក្ខុ ទៅកាន់​អនាវាស​ ដែល​មាន​ភិក្ខុនោះទេ គឺអនាវាសណា ​ដែលមានពួក​ភិក្ខុ មានសំវាស​ផ្សេងគ្នា វៀរលែងតែសង្ឃ វៀរលែងតែ​ភិក្ខុ​មានការអន្តរាយ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ក្នុងថ្ងៃបវារណានោះ មិនត្រូវ​ភិក្ខុ​ចេញពីអាវាស ​ដែល​មានភិក្ខុ ទៅកាន់​អាវាស ឬអនាវាស ​ដែល​មាន​ភិក្ខុទេ គឺអាវាស ឬអនាវាសណា ​ដែលមានពួក​ភិក្ខុ មានសំវាស​ផ្សេងគ្នា វៀរលែងតែសង្ឃ វៀរលែងតែ​ភិក្ខុ​មានការអន្តរាយ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ក្នុងថ្ងៃបវារណានោះ មិនត្រូវ​ភិក្ខុ​ចេញ​ពី​អនាវាស ​ដែល​មានភិក្ខុ ទៅកាន់​អាវាស ​ដែល​មាន​ភិក្ខុទេ។បេ។ ទៅកាន់​អនាវាស។បេ។ ទៅកាន់​អាវាស ឬអនាវាសទេ គឺអាវាស ឬអនាវាសណា ​ដែលមានពួក​ភិក្ខុមានសំវាស​ផ្សេងគ្នា វៀរ​លែង​តែ​សង្ឃ វៀរលែងតែ​ភិក្ខុ​មានការអន្តរាយ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ក្នុងថ្ងៃបវារណានោះ មិនត្រូវ​ភិក្ខុ​ចេញ​​ពី​អាវាស ឬអនាវាស ​ដែល​មានភិក្ខុ ទៅកាន់​អាវាស​ ដែល​មាន​ភិក្ខុទេ។បេ។ ទៅកាន់​អនាវាសទេ។បេ។ ទៅកាន់​អាវាស ឬអនាវាសទេ គឺអាវាស ឬអនាវាសណា ​ដែលមានពួក​ភិក្ខុ​មាន​សំវាស​​ផ្សេងគ្នា វៀរ​លែង​តែ​សង្ឃ វៀរលែងតែ​ភិក្ខុ​មានការអន្តរាយ។

១៣៨. គន្តព្វវារោ

(១៣៨)

ម្នាល​ភិក្ខុ​ទាំង​ឡាយ ក្នុងថ្ងៃបវារណានោះ ​ភិក្ខុគួរ​ចេញ​ពី​អាវាស ​ដែល​មានភិក្ខុ ទៅកាន់​អាវាស ​ដែល​មាន​ភិក្ខុ​បាន។បេ។ ទៅកាន់​អនាវាស។បេ។ ទៅកាន់​អាវាស ឬអនាវាស គឺអាវាស ឬអនាវាសណា​ដែលមានពួក​ភិក្ខុ មានសំវាសស្មើគ្នាបាន ហើយភិក្ខុ​ក៏ដឹងថា អាវាសណា អាត្មាអញ​ អាចទៅ​ទាន់​ក្នុងថ្ងៃ​នេះជាប្រាកដ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ក្នុងថ្ងៃបវារណានោះ ​ភិក្ខុគួរ​ចេញ​ពី​អនាវាស ​ដែល​មានភិក្ខុ ទៅកាន់​អាវាស ​ដែល​មាន​ភិក្ខុ​បាន។បេ។ ទៅកាន់​អនាវាស ឬទៅកាន់​អាវាស ឬអនាវាស គឺអាវាស ឬអនាវាសណា​ ដែលមានពួក​ភិក្ខុមានសំវាសស្មើគ្នា ហើយភិក្ខុ​ក៏ដឹងថា អាវាស​ណាអាត្មាអញ ​អាចទៅ​ទាន់ ​ក្នុងថ្ងៃ​នេះជាប្រាកដ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ក្នុងថ្ងៃបវារណានោះ ​ភិក្ខុគួរ​ចេញ​ពី​អាវាស ឬអនាវាស ​ដែល​មានភិក្ខុ ទៅកាន់​អាវាស ​ដែល​មាន​ភិក្ខុ​បាន។បេ។ ទៅកាន់​អនាវាស។បេ។ ទៅកាន់​អាវាស ឬអនាវាស គឺអាវាស ឬអនាវាសណា​ ដែលមានពួក​ភិក្ខុ​មាន​សំវាស​ស្មើគ្នាបាន ហើយភិក្ខុ​ក៏ដឹងថា អាវាសណា អាត្មាអញ ​អាចទៅ​ទាន់ ​ក្នុងថ្ងៃ​នេះជាប្រាកដ។

១៣៩. វជ្ជនីយបុគ្គលសន្ទស្សនា

(១៣៩)

[៣៩] ម្នាលភិក្ខុទាំងឡាយ មិនត្រូវភិក្ខុបវារណាក្នុងបរិសទ្យ​ដែលមានភិក្ខុនីអង្គុយ​ជាមួយផងទេ ភិក្ខុណាបវារណា ត្រូវអាបត្តិទុក្កដ។ ម្នាលភិក្ខុទាំងឡាយ មិន​ត្រូវភិក្ខុបវារណា​ក្នុងបរិសទ្យ​ ដែលមាននាង​សិក្ខមានា សាមណេរ សាមណេរី បុគ្គលអ្នកលាសិក្ខា បុគ្គល​អ្នកត្រូវ​អន្តិមវត្ថុ​ អង្គុយជាមួយផងទេ ភិក្ខុណាបវារណា ត្រូវអាបត្តិទុក្កដ។ ម្នាលភិក្ខុទាំងឡាយ មិនត្រូវ​ភិក្ខុ​បវារណា​ក្នុងបរិសទ្យ ​ដែលមានភិក្ខុត្រូវ​សង្ឃលើកវត្ត ព្រោះ​មិនឃើញអាបត្តិ អង្គុយជាមួយ​ផងទេ ភិក្ខុ​ណាបវារណា ត្រូវវិនយធរ​ឲ្យភិក្ខុនោះ ធ្វើ​តាម​ធម៌ (គឺឲ្យសំដែងអាបត្តិចេញ)។ មិនត្រូវភិក្ខុ​បវារណា​ ក្នុងបរិសទ្យ ​ដែលមានភិក្ខុ​ត្រូវសង្ឃ​លើកវត្ត​ ព្រោះមិនសំដែង​អាបត្តិ ភិក្ខុត្រូវសង្ឃលើកវត្ត ព្រោះ​មិនលះទិដ្ឋិអាក្រក់ ​អង្គុយជាមួយផងទេ ភិក្ខុណាបវារណា ត្រូវវិនយធរ​ឲ្យភិក្ខុនោះ ធ្វើតាមធម៌។ មិនត្រូវភិក្ខុ​បវារណា​ក្នុងបរិសទ្យ ​ដែលមានបណ្ឌក (ខ្ទើយ) ​អង្គុយ​ជាមួយផងទេ ភិក្ខុណាបវារណា ត្រូវអាបត្តិទុក្កដ។ មិនត្រូវភិក្ខុ​បវារណា ​ក្នុងបរិសទ្យ​ដែលមានបុគ្គល ជាថេយ្យសំវាសក11) បុគ្គល​គេចទៅចូល​សាសន៍​តិរ្ថិយ តិរច្ឆាន បុគ្គល​អ្នកសម្លាប់មាតា អ្នកសម្លាប់បិតា អ្នកសម្លាប់​ព្រះអរហន្ត អ្នកទ្រុស្តភិក្ខុនី អ្នកបំបែកសង្ឃ អ្នកធ្វើ​លោហិតុប្បាទ (ធ្វើ​ព្រះលោហិត​ព្រះពុទ្ធ​ឲ្យពងឡើង) បុគ្គលជា​ឧភតោព្យញ្ជនកៈ (មនុស្សមាន​ភេទ​ពីរ) ​អង្គុយ​ជាមួយផងទេ ភិក្ខុណាបវារណា ត្រូវអាបត្តិទុក្កដ។ ម្នាលភិក្ខុទាំងឡាយ មិនត្រូវ​ភិក្ខុបវារណា ដោយឲ្យ​បវារណា ឈ្មោះថាបរិវាសិក (មានបរិសទ្យក្រោក​ចេញទៅ​ហើយ) វៀរលែង​តែបរិសទ្យ​មិនទាន់ក្រោក​ចេញ។ ម្នាលភិក្ខុទាំងឡាយ មិនត្រូវភិក្ខុបវារណា ​ក្នុងថ្ងៃ​មិនមែន​ថ្ងៃ​បវារណាទេ វៀរលែងតែ​សង្ឃសាមគ្គី ​បវារណាចេញ។

ចប់ ទុតិយភាណវារៈ។

១៤០. ទ្វេវាចិកាទិបវារណា

(១៤០)

[៤០] ក៏សម័យនោះឯង មានអាវាសមួយ​ក្នុងកោសលជនបទ​ កើតសញ្ចរភ័យ12) ក្នុងថ្ងៃបវារណានោះ។ ភិក្ខុទាំងឡាយ មិនអាច​នឹងបវារណា​ជាតេវាចិកាបវារណា (បវារណា ជាគំរប់៣ដង) ​បាន។ ភិក្ខុទាំងឡាយ ក្រាបទូលដំណើរនុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យ​ភិក្ខុបវារណា ​ជាទ្វេវាចិកាបវារណា (បវារណា​ ជាគំរប់ពីរដង) ​បាន។ (កាលនោះ) សញ្ចរភ័យ​ដ៏ក្លាខ្លាំងជាងមុន​កើតឡើងទៀត។ ពួកភិក្ខុ មិនអាច​នឹងបវារណា ​ជាទ្វេវាចិកាបវារណា​បាន។ ភិក្ខុ​ទាំងឡាយ ក្រាបទូលដំណើរនុ៎ះ ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាល​ភិក្ខុ​ទាំងឡាយ តថាគតអនុញ្ញាត ឲ្យ​ភិក្ខុបវារណា ​ជាឯកវាចិកាបវារណា (បវារណា​តែម្ដងៗ) ​បាន។ សញ្ចរភ័យ​ដ៏ក្លាខ្លាំងជាងមុន​កើតឡើងទៀត។ (កាលនោះ) ពួកភិក្ខុមិនអាច​បវារណា​ជាឯកវាចិកាបវារណា​​បាន។ ពួកភិក្ខុ ក្រាបទូលដំណើរនុ៎ះ ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យ​ភិក្ខុបវារណា​ជាសមានវស្សិកា​បវារណា (ឲ្យភិក្ខុ​ដែលមានវស្សាស្មើៗ​គ្នា បវារណា​ព្រមគ្នា)​បាន។ ក៏សម័យនោះ​ឯង ក្នុងអាវាសមួយ មានពួកមនុស្ស(មក) ឲ្យទានក្នុងថ្ងៃបវារណានោះ អស់រាត្រីជាច្រើន (ជិតភ្លឺ)។ ទើប​ភិក្ខុទាំងឡាយនោះ​ មានសេចក្តីត្រិះរិះ​ដូច្នេះថា ពួកមនុស្សទាំងនេះ​ ឲ្យទានអស់​រាត្រី​ជាច្រើន បើសង្ឃ​នឹងបវារណា​ ជាតេវាចិកាបវារណា សង្ឃនឹងបវារណាមិនទាន់ ដ្បិតរាត្រីនេះ​ ជិតភ្លឺ​ហើយ តើយើង​ទាំងឡាយ ត្រូវប្រតិបត្តិ​ដូចម្តេច។ ភិក្ខុទាំងឡាយ ក្រាបទូលដំណើរនុ៎ះ​ ចំពោះព្រះដ៏​មានព្រះភាគ។ ព្រះអង្គ ទ្រង់មានបន្ទូលថា ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើក្នុងអាវាស​ណាមួយ​ មានពួក​មនុស្ស ឲ្យទានក្នុងថ្ងៃ​បវារណានោះ អស់រាត្រីជាច្រើន។ បើពួកភិក្ខុ​ក្នុងទីនោះ មានសេចក្តីត្រិះរិះ​យ៉ាងនេះថា ពួកមនុស្សដែល​ឲ្យទាន អស់​រាត្រី​ជាច្រើន បើសង្ឃ​នឹងបវារណា​ជាតេវាចិកាបវារណា សង្ឃនឹងបវារណាមិនទាន់ ដ្បិតរាត្រី​ជិតភ្លឺ​ហើយ។ ត្រូវភិក្ខុដែលឆ្លាស ប្រតិពល ឲ្យសង្ឃដឹងថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ (ដ្បិតមាន) ពួកមនុស្សអ្នក​ឲ្យ​ទាន អស់រាត្រីជាច្រើន។ បើសង្ឃនឹងបវារណា ជាតេវាចិកាបវារណា សង្ឃនឹងបវារណា​មិនទាន់ទេ ដ្បិតរាត្រីជិតភ្លឺហើយ។ បើកម្មមានកាលគួរ​ដល់សង្ឃហើយ គួរសង្ឃបវារណា ជា​ទ្វេវាចិកាបវារណា ជាឯកវាចិកាបវារណា ជាសមានវស្សិកាបវារណា។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើក្នុងអាវាសណាមួយ មានពួក​ភិក្ខុនិយាយធម៌ ពួកភិក្ខុរៀនព្រះសូត្រ​សង្គាយនា (ផ្ទៀងផ្ទាត់) ព្រះសូត្រ ពួកភិក្ខុជាវិនយធរ​ វិនិច្ឆ័យ​វិន័យ ពួកភិក្ខុធម្មកថិក​សាកច្ឆាធម៌ ពួក​ភិក្ខុធ្វើសេចក្តីឈ្លោះគ្នា ក្នុងថ្ងៃបវារណានោះ អស់រាត្រីជាច្រើន។ បើពួកភិក្ខុក្នុងអាវាស​នោះ​ មានសេចក្តីត្រិះរិះ​យ៉ាងនេះថា ពួកភិក្ខុធ្វើសេចក្តីឈ្លោះគ្នា អស់រាត្រីជាច្រើន បើសង្ឃ​នឹងបវារណា ជាតេវាចិកាបវារណា សង្ឃនឹង​បវារណា​មិនទាន់ ព្រោះរាត្រីទៀបភ្លឺហើយ។ ត្រូវ​ភិក្ខុ​ដែល​ឆ្លាស ប្រតិពល ឲ្យសង្ឃដឹងថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ពួកភិក្ខុធ្វើ​សេចក្តី​ឈ្លោះគ្នា អស់រាត្រីជាច្រើន។ បើសង្ឃនឹងបវារណា ជាតេវាចិកាបវារណា សង្ឃនឹងបវារណា​មិន​ទាន់ ព្រោះរាត្រីទៀបភ្លឺហើយ បើកម្មមានកាលគួរ​ដល់សង្ឃហើយ គួរសង្ឃបវារណា ជា​ទ្វេវាចិកាបវារណា ជាឯកវាចិកាបវារណា ជាសមានវស្សិកាបវារណា។ ក្នុងអាវាសមួយ ក្នុងកោសល​ជនបទ មានភិក្ខុសង្ឃច្រើន​ ប្រជុំគ្នា​ ក្នុងថ្ងៃបវារណានោះ ទីដែលគត់​ភ្លៀងក៏តិច មហាមេឃ​ក៏តាំងឡើង (គឺនឹងធ្លាក់ភ្លៀង)។ ទើបភិក្ខុទាំងនោះ​ មានសេចក្តីត្រិះរិះ​យ៉ាងនេះថា ភិក្ខុសង្ឃនេះ ប្រជុំគ្នាច្រើនម្ល៉េះ ទីដែលគត់ភ្លៀង​ក៏តិច មហាមេឃ ​ក៏តាំងឡើងហើយ បើសង្ឃ​នឹងបវារណា ជាតេវាចិកាបវារណា សង្ឃនឹង​បវារណា​មិនហើយ ជាប្រាកដ ភ្លៀងនេះនឹងធ្លាក់​ចុះ​មិនខាន គួរពួកយើង​ប្រតិបត្តិ​ដូចម្តេចហ្ន៎។ ភិក្ខុទាំងឡាយ ក្រាបទូលដំណើរនុ៎ះ ​ចំពោះព្រះដ៏​មានព្រះភាគ។ ព្រះអង្គ ទ្រង់មានបន្ទូលថា ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើក្នុងអាវាស​ណា​មួយ មានភិក្ខុសង្ឃច្រើន ​ប្រជុំគ្នា​ ក្នុងថ្ងៃបវារណានោះ។ ទីគត់​ភ្លៀងក៏តិច ភ្លៀងធំ​ក៏តាំងឡើង​ហើយ។ បើពួកភិក្ខុក្នុងអាវាសនោះ​ មានសេចក្តីត្រិះរិះ​យ៉ាងនេះថា ភិក្ខុសង្ឃនេះ ប្រជុំគ្នាច្រើន​ដល់​ម្ល៉េះ ទីដែលគត់ភ្លៀង​ក៏តិច ភ្លៀងធំ ​ក៏តាំងឡើងហើយ បើសង្ឃ​នឹងបវារណា ជា​តេវាចិកា​បវារណា សង្ឃនឹង​បវារណា​មិនហើយ ជាប្រាកដ ភ្លៀងនឹងធ្លាក់​ចុះ​មិនខាន។ ត្រូវភិក្ខុដែលឆ្លាស ប្រតិពល ឲ្យសង្ឃដឹងថា បពិត្រព្រះគម្តែងសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ (ដ្បិត) ភិក្ខុសង្ឃនេះ ប្រជុំគ្នាច្រើនណាស់។ ទីគត់ភ្លៀងក៏តិច ភ្លៀងធំ ក៏​តាំងឡើយហើយ។ បើសង្ឃ​នឹងបវារណា​ជា​តេវាចិកា​បវារណា សង្ឃនឹងបវារណា​មិនហើយជាប្រាកដ ភ្លៀងនេះធ្លាក់​ចុះមិនខាន។ បើកម្ម​មានកាល​គួរ​ដល់សង្ឃហើយ សង្ឃគប្បីបវារណា ជា​ទ្វេវាចិកាបវារណា ជាឯកវាចិកាបវារណា ជាសមានវស្សិកាបវារណា។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើក្នុងអាវាស​ណា​មួយ មានការអន្តរាយអំពីស្តេច ក្នុងថ្ងៃបវារណានោះ។បេ។ មានការអន្តរាយ​អំពីចោរ។ មានការអន្តរាយ​អំពី​ភ្លើង។ មានការអន្តរាយអំពីទឹក។ មានការអន្តរាយអំពីមនុស្ស។ មានការអន្តរាយអំពី​អមនុស្ស (មានខ្មោចបិសាច​ជាដើម)។ មានការអន្តរាយអំពី​សត្វសាហាវ។ មានការអន្តរាយ​អំពី​សត្វលូនវារ (ពស់តូចពស់ធំ)។ មានការអន្តរាយដល់​ជីវិត។ មានការអន្តរាយដល់​ព្រហ្មចារ្យ។ បើពួកភិក្ខុ​ក្នុង​អាវាស​នោះ​ មានសេចក្តីត្រិះរិះ​យ៉ាងនេះថា នេះឯង​ជា​សេចក្តីអន្តរាយ​ដល់ព្រហ្មចារ្យ បើសង្ឃ​នឹងបវារណា ជា​តេវាចិកា​បវារណា សង្ឃនឹង​បវារណា​មិនហើយជាប្រាកដ នឹងមាន​ការអន្តរាយ​ដល់ព្រហ្មចារ្យ​នេះមិនខាន។ ត្រូវភិក្ខុឆ្លាស ប្រតិពល ឲ្យសង្ឃដឹងថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ នេះជាការអន្តរាយ​ដល់ព្រហ្មចារ្យ បើសង្ឃ​នឹងបវារណា​ ជា​តេវាចិកា​បវារណា សង្ឃនឹងបវារណា​មិនហើយ ជាប្រាកដ ការអន្តរាយ ដល់​ព្រហ្មចារ្យ​នេះ មុខជានឹងកើត​ឡើងមិន​ខាន។ បើកម្ម​មានកាល​គួរ​ដល់សង្ឃហើយ គួរសង្ឃបវារណា ជា​ទ្វេវាចិកាបវារណា ជាឯកវាចិកាបវារណា ជាសមានវស្សិកាបវារណា។

១៤១. បវារណាឋបនំ

(១៤១)

[៤១] ក៏សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុ​មានអាបត្តិ (ថាត្រូវអាបត្តិ) ហើយបវារណា។ ភិក្ខុទាំងឡាយ ក្រាបទូលដំណើរនុ៎ះ ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់បញ្ញត្តថា ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុដែលមានអាបត្តិ មិនត្រូវបវារណាទេ ភិក្ខុណាបវារណា ត្រូវអាបត្តិទុក្កដ។ ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុណាមានអាបត្តិហើយ បវារណា តថាគត​អនុញ្ញាត​ ឲ្យភិក្ខុសុំ​ធ្វើឱកាស​ ហើយចោទ​អាបត្តិ ដល់ភិក្ខុនោះ។ ក៏សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុ កាលដែលភិក្ខុ​ឯទៀត​សូមឱកាស មិនប្រាថ្នា​នឹងបើកឱកាស​ឲ្យ។ ភិក្ខុទាំងឡាយ ក្រាបទូលដំណើរនុ៎ះ ចំពោះ​ព្រះដ៏​មាន​ព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាល​ភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត ​ឲ្យឃាត់​នូវបវារណា ដល់ភិក្ខុដែលមិនធ្វើឱកាស (មិនបើកឲ្យ) ម្នាលភិក្ខុទាំងឡាយ ភិក្ខុត្រូវឃាត់បវារណាយ៉ាង​នេះ ត្រូវ​ភិក្ខុសូត្រ ក្នុងកណ្តាល​សង្ឃ ចំពោះ​បុគ្គលនោះ ដែលមានក្នុងទីចំពោះមុខ​ ក្នុងថ្ងៃ​បវារណា​នោះ គឺ​ថ្ងៃទី​១៤ ឬថ្ងៃទី១៥ ថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ បុគ្គលឈ្មោះនេះ ប្រកបដោយ​អាបត្តិហើយ បវារណា ខ្ញុំសូមឃាត់​ នូវបវារណា របស់បុគ្គលនោះ មិនគួរសង្ឃ​បវារណានឹង​បុគ្គល​នោះ ដែល​មានក្នុងទីចំពោះមុខទេ។ បវារណាឈ្មោះថា ភិក្ខុបានឃាត់ហើយ។ ក៏សម័យ​នោះឯង ពួកឆព្វគ្គិយភិក្ខុ ​គិតគ្នាថា ពួកភិក្ខុមានសីលជាទីស្រឡាញ់ មុខជានឹងឃាត់​បវារណា​ របស់ពួក​យើង​ជាមុនហើយ ក៏តាំងរូតរះ​ឃាត់បវារណា ​ដល់ពួកភិក្ខុដែលបរិសុទ្ធ​មិនត្រូវអាបត្តិ ដោយឥត​មានរឿង ឥតមានហេតុអ្វី ថែមទាំងឃាត់បវារណា ដល់​ពួកភិក្ខុ​ដែលបានបវារណា​ហើយផង។ ភិក្ខុទាំងឡាយ ក្រាបទូលដំណើរនុ៎ះ​ ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ​ទ្រង់មានបន្ទូលថា ម្នាលភិក្ខុទាំងឡាយ មិនត្រូវភិក្ខុឃាត់បវារណា ដល់​ពួកភិក្ខុដែល​បរិសុទ្ធ ដែល​មិនត្រូវអាបត្តិ ​ដោយឥត​មានរឿង ឥតមានហេតុអ្វីទេ ភិក្ខុណាឃាត់ ត្រូវអាបត្តិទុក្កដ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិន​ត្រូវឃាត់បវារណា ​ដល់ពួក​ភិក្ខុ ដែលបានបវារណាហើយទេ ភិក្ខុណាឃាត់ ត្រូវអាបត្តិ​ទុក្កដ។

[៤២] ម្នាលភិក្ខុទាំងឡាយ បវារណាដែល​ភិក្ខុបានឃាត់ហើយ ដោយប្រការដូច្នេះឯង។ បវារណា ដែលភិក្ខុឃាត់​មិនបាន ដូចមានសេចក្តី​តទៅនេះ។ ម្នាលភិក្ខុទាំងឡាយ បវារណា ​ដែល​ភិក្ខុឃាត់មិនបាននោះ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុឃាត់​បវារណា ចំពោះតេវាចិកា​បវារណា​ ដែលសង្ឃបានសូត្រហើយ បានពោលហើយ បានបញ្ចប់ស្រេចហើយ បវារណាឈ្មោះថា ភិក្ខុឃាត់មិនបាន ម្នាលភិក្ខុទាំងឡាយ បើភិក្ខុឃាត់​បវារណា ចំពោះទ្វេវាចិកា​បវារណា ម្នាលភិក្ខុទាំងឡាយ បើភិក្ខុឃាត់​បវារណា ចំពោះ​ឯកវាចិកាបវារណា​ ម្នាលភិក្ខុ​ទាំង​ឡាយ បើភិក្ខុឃាត់​បវារណា ចំពោះ​សមានវស្សិកាបវារណា ដែលសង្ឃបានសូត្រហើយ បានពោលហើយ បានបញ្ចប់ស្រេចហើយ បវារណាឈ្មោះថា ភិក្ខុឃាត់មិនបានឡើយ។ ម្នាលភិក្ខុទាំងឡាយ បវារណា ដែល​ភិក្ខុមិនត្រូវឃាត់ ​ដូចបានសំដែង​មកនេះឯង។ ម្នាលភិក្ខុ​ទាំងឡាយ បវារណា ដែលឈ្មោះថា ភិក្ខុឃាត់បាននោះ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុ​ឃាត់​​បវារណា ចំពោះតេវាចិកា​បវារណា​ ដែលសង្ឃបានសូត្រហើយ បានពោលហើយ តែមិនទាន់ចប់ បវារណាឈ្មោះថា ភិក្ខុបានឃាត់ហើយ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុឃាត់​បវារណា ចំពោះទ្វេវាចិកា​បវារណា ម្នាលភិក្ខុទាំងឡាយ បើភិក្ខុឃាត់​បវារណា ចំពោះ​ឯកវាចិកាបវារណា​ ម្នាលភិក្ខុ​ទាំង​ឡាយ បើភិក្ខុឃាត់​បវារណា ចំពោះ​សមានវស្សិកា​បវារណា​ដែល​សង្ឃបានសូត្រហើយ បានពោលហើយ តែមិនទាន់ចប់ បវារណាឈ្មោះថា ភិក្ខុបានឃាត់ហើយ។ ម្នាលភិក្ខុទាំងឡាយ បវារណាឈ្មោះថា ​ភិក្ខុបានឃាត់ហើយ ​ដូច​ពោល​មក​នេះ​ឯង។

[៤៣] ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើប្រសិន​ជាមានភិក្ខុ​ ឃាត់បវារណា​ចំពោះ​ភិក្ខុ​ផងគ្នា ក្នុងថ្ងៃ​បវារណានោះ។ បើពួកភិក្ខុឯទៀត​ បានស្គាល់ភិក្ខុនោះថា លោកដ៏មានអាយុ​នេះឯង មានកាយសមាចារមិន​បរិសុទ្ធ13) មានវចីសមាចារ​មិនបរិសុទ្ធ14) មានអាជីវៈ​មិនបរិសុទ្ធ15) ល្ងង់ មិនឆ្លាស កាលបើមានគេចោទសួរ ក៏មិនអាចឲ្យគេចោទសួរបាន។ ត្រូវសង្ឃ​សង្រួបសង្រួមថា នែភិក្ខុ កុំឡើយ លោកកុំធ្វើការបង្កហេតុ កុំឈ្លោះគ្នា កុំទាស់ទែងគ្នា កុំធ្វើការ​វិវាទ​គ្នាឡើយ ដូច្នេះហើយ សឹមបវារណាចុះ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើភិក្ខុ​ឃាត់​បវារណា ​ចំពោះ​ភិក្ខុ​ផងគ្នា ក្នុងថ្ងៃ​បវារណានោះ។ បើពួកភិក្ខុដទៃ​បានស្គាល់ភិក្ខុនោះថា លោក​ដ៏មាន​អាយុ​នេះឯង មានកាយសមាចារ​បរិសុទ្ធ តែមានវចីសមាចារ​មិនបរិសុទ្ធ មានអាជីវៈ​មិនបរិសុទ្ធ ល្ងង់ មិនឆ្លាស កាលបើមានគេចោទសួរ ក៏មិនអាចឲ្យគេចោទសួរបាន។ ត្រូវសង្ឃ​សង្រួប​សង្រួមថា នែភិក្ខុ កុំឡើយ លោកកុំធ្វើការបង្កហេតុ កុំឈ្លោះគ្នា កុំទាស់ទែងគ្នា កុំ​វិវាទ​គ្នា​ឡើយ ដូច្នេះហើយ សឹមបវារណា។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើភិក្ខុ​ឃាត់បវារណា​ចំពោះ​ភិក្ខុ​ផងគ្នា ក្នុងថ្ងៃ​បវារណានោះ។ បើពួកភិក្ខុឯទៀត​បានស្គាល់ភិក្ខុនោះថា លោកដ៏មាន​អាយុ​​នេះឯង មានកាយសមាចារ​បរិសុទ្ធ មានវចីសមាចារបរិសុទ្ធ តែមានអាជីវៈ​មិនបរិសុទ្ធ ល្ងង់ មិនឆ្លាស កាលបើមានគេចោទសួរ ក៏មិនអាចឲ្យគេចោទសួរបាន។ ត្រូវសង្ឃ​សង្រួបសង្រួមថា នែ​ភិក្ខុ លោកកុំធ្វើការបង្កហេតុ កុំឈ្លោះគ្នា កុំទាស់ទែងគ្នា កុំ​វិវាទ​គ្នា ដូច្នេះហើយ សឹមបវារណាចុះ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើភិក្ខុ​ឃាត់បវារណា​ចំពោះ​ភិក្ខុ​ផងគ្នា ក្នុងថ្ងៃ​បវារណា​នោះ។ បើពួកភិក្ខុដទៃ​ស្គាល់ភិក្ខុនោះថា លោកដ៏មាន​អាយុ​​នេះឯង មានកាយសមាចារ​បរិសុទ្ធ មានវចីសមាចារបរិសុទ្ធ មានអាជីវៈ​បរិសុទ្ធ តែល្ងង់ មិនឆ្លាស កាលគេចោទសួរ ក៏មិន​អាច​ឲ្យ​គេចោទសួរបាន។ ត្រូវសង្ឃ​សង្រួបសង្រួមថា កុំឡើយ​ភិក្ខុ លោកកុំធ្វើការបង្កហេតុ កុំឈ្លោះគ្នា កុំទាស់ទែងគ្នា កុំ​វិវាទ​គ្នា ដូច្នេះហើយ សឹមបវារណាចុះ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើភិក្ខុ​ឃាត់បវារណា​ ចំពោះ​ភិក្ខុ​ផងគ្នា ក្នុងថ្ងៃ​បវារណានោះ។ បើពួកភិក្ខុដទៃ ​​ស្គាល់ភិក្ខុនោះថា លោកដ៏មាន​អាយុ​​នេះឯង មានកាយសមាចារ​បរិសុទ្ធ មានវចីសមាចារបរិសុទ្ធ មានអាជីវៈ​​បរិសុទ្ធ ជាបណ្ឌិត ឆ្លាស មានប្រាជ្ញា កាលមានគេចោទសួរ អាចឲ្យគេចោទសួរបាន។ ត្រូវភិក្ខុ​ទាំងឡាយ និយាយនឹង​ភិក្ខុនោះថា នែអាវុសោ លោកនេះឯង ឃាត់បវារណា ​ចំពោះ​ភិក្ខុនេះ លោកឃាត់​បវារណា​នោះ ព្រោះហេតុអ្វី លោកឃាត់ព្រោះសីលវិបត្តិ ឬឃាត់​ព្រោះ​អាចារវិបត្តិ ឬ​ឃាត់​ព្រោះ​ទិដ្ឋិវិបត្តិ។ បើភិក្ខុអ្នកឃាត់នោះ និយាយយ៉ាងនេះថា ខ្ញុំឃាត់ព្រោះសីលវិបតិ្ត ខ្ញុំឃាត់​ព្រោះ​អាចារវិបតិ្ត ខ្ញុំឃាត់ព្រោះទិដ្ឋិវិបតិ្ត។ ត្រូវភិក្ខុទាំងឡាយ និយាយនឹង​ភិក្ខុនោះ ​យ៉ាងនេះថា លោក​ដ៏​មានអាយុ ស្គាល់សីលវិបត្តិ ស្គាល់អាចារវិបត្តិ ស្គាល់​ទិដ្ឋិវិបត្តិ​ដែរឬ។ បើភិក្ខុនោះ​និយាយ​យ៉ាងនេះ​ថា នែអាវុសោ ខ្ញុំស្គាល់សីលវិបតិ្ត អាចារវិបត្តិ ទិដ្ឋិវិបត្តិ ជាប្រាកដ។ ត្រូវភិក្ខុទាំងឡាយ និយាយ​ នឹង​ភិក្ខុ​នោះ​ យ៉ាងនេះថា នែអាវុសោ ចុះដូចម្តេចហៅថា សីលវិបត្តិ ដូចម្តេចហៅថា អាចារវិបត្តិ ដូចម្តេចហៅថា ទិដ្ឋិវិបត្តិ។ បើភិក្ខុនោះ ​និយាយ​យ៉ាងនេះ​ថា បារាជិក៤ សង្ឃាទិសេស១៣ នេះហៅថាសីលវិបតិ្ត ថុល្លច្ច័យ បាចិត្តិយ បាដិទេសនីយ ទុក្កដ ទុព្ភាសិត នេះហៅថា អាចារវិបត្តិ មិច្ឆាទិដ្ឋិ និងអន្តគ្គាហិកាទិដ្ឋិ នេះហៅថា ទិដ្ឋិវិបត្តិ។ ត្រូវភិក្ខុទាំងឡាយ និយាយ​ នឹង​ភិក្ខុ​នោះ ​យ៉ាង​នេះ​ថា នែអាវុសោ លោកឃាត់បវារណា ចំពោះ​ភិក្ខុនេះ អ្នកឃាត់ដោយឃើញ ឬឃាត់ដោយឮ ឬឃាត់ដោយរង្កៀស។ បើភិក្ខុនោះ​ និយាយ​យ៉ាងនេះ​ថា ខ្ញុំឃាត់ដោយឃើញក្តី ខ្ញុំឃាត់ដោយ​ឮក្តី ខ្ញុំឃាត់ដោយ​រង្កៀសក្តី។ ត្រូវភិក្ខុទាំងឡាយ និយាយ​នឹង​ភិក្ខុ​នោះ ​យ៉ាងនេះថា នែអាវុសោ លោកឃាត់​បវារណា ចំពោះ​ភិក្ខុនេះ ​ដោយឃើញ តើលោកឃើញហេតុ​ដូចម្តេច លោកឃើញអ្វី​ ក្នុង​បវារណានោះ លោកឃើញក្នុងកាលណា លោកឃើញ​ក្នុងទីណា កាលភិក្ខុនោះ​ ត្រូវ​អាបត្តិ​បារាជិក លោកឃើញដែរឬ កាលភិក្ខុនេះ​ត្រូវអាបត្តិ​សង្ឃាទិសេស លោកឃើញដែរឬ កាលភិក្ខុនេះ​ ត្រូវ​អាបត្តិថុល្លច្ច័យ បាចិត្តិយ បាដិទេសនីយ ទុក្កដ ទុព្ភាសិត លោកឃើញ​ដែរឬ ចំណែក​លោកនៅក្នុងទីណា ឯភិក្ខុនេះ​នៅក្នុងទីណា លោកកំពុងធ្វើអ្វីខ្លះ ភិក្ខុនេះ​កំពុងធ្វើអ្វីខ្លះ។ បើ​ភិក្ខុនោះ ​និយាយ​យ៉ាងនេះ​ថា នែអាវុសោ ខ្ញុំមិនមែនឃាត់បវារណា ​ចំពោះ​ភិក្ខុនេះ ​ដោយ​ឃើញ​ទេ ខ្ញុំឃាត់បវារណា ដោយ​ឮទេតើ។ ត្រូវភិក្ខុទាំងឡាយ និយាយ​នឹង​ភិក្ខុ​នោះ ​យ៉ាងនេះថា នែ​អាវុសោ លោកឃាត់​បវារណាណា ចំពោះ​ភិក្ខុនេះ​ដោយឮ លោកឮហេតុ​ដូចម្តេច ក្នុងបវារណា​នោះ លោកឮអ្វី លោកឮក្នុងកាលណា លោកឮ​ក្នុងទីណា លោកឮថា ភិក្ខុនេះ ​ត្រូវ​អាបត្តិ​បារាជិក​ហើយឬ លោកឮថា ភិក្ខុនេះ​ ត្រូវអាបត្តិ​សង្ឃាទិសេសហើយឬ លោកឮថា ភិក្ខុនេះ​ ត្រូវ​អាបត្តិថុល្លច្ច័យ អាបត្តិបាចិត្តិយ បាដិទេសនីយ ទុក្កដ ទុព្ភាសិត​ហើយឬ លោកឮពីភិក្ខុឬ លោកឮ​ពីភិក្ខុនីឬ ឮពីនាងសិក្ខមានាឬ ឮពីសាមណេរឬ ឮពីសាមណេរីឬ ឮពី​ឧបាសកឬ ឮពីឧបាសិកាឬ ឮពីស្តេចទាំងឡាយឬ ឮពី​ពួកមហាមាត្យ​ស្តេចឬ ឮពីពួកតិរ្ថិយឬ ឮពីពួកសាវកតិរ្ថិយឬ។ បើភិក្ខុនោះ ​និយាយថា នែអាវុសោ ខ្ញុំមិនបានឃាត់​បវារណា​ ចំពោះភិក្ខុនេះដោយឮទេ ខ្ញុំឃាត់​បវារណា​ ដោយរង្កៀសទេតើ។ ត្រូវភិក្ខុទាំងឡាយ និយាយ​នឹង​ភិក្ខុ​នោះ ​យ៉ាងនេះថា នែ​អាវុសោ លោកឃាត់​បវារណាណា ចំពោះ​ភិក្ខុនេះ​ដោយរង្កៀស លោករង្កៀស​ដូចម្តេច ក្នុងបវារណា​នោះ ហេតុអ្វីក៏លោករង្កៀស លោករង្កៀសក្នុងកាលណា លោករង្កៀស​ក្នុងទីណា លោករង្កៀសថា ភិក្ខុនេះ ​​ត្រូវ​អាបត្តិ​បារាជិក​ហើយឬ លោករង្កៀសថា ភិក្ខុនេះ ​ត្រូវអាបត្តិ​សង្ឃាទិសេសហើយឬ លោករង្កៀសថា ភិក្ខុនេះ​ ត្រូវ​អាបត្តិថុល្លច្ច័យ បាចិត្តិយ បាដិទេសនីយ ទុក្កដ ទុព្ភាសិត​ហើយឬ លោករង្កៀសព្រោះឮពីភិក្ខុឬ លោករង្កៀសព្រោះឮ​ពីភិក្ខុនីឬ លោករង្កៀសព្រោះ​ឮពី​​សិក្ខមានាឬ លោករង្កៀសព្រោះឮពីសាមណេរឬ លោករង្កៀសព្រោះឮពីសាមណេរីឬ លោករង្កៀសព្រោះ​ឮពី​​ឧបាសកឬ លោករង្កៀសព្រោះឮពីឧបាសិកាឬ លោករង្កៀសព្រោះឮពីពួកស្តេចឬ លោក​រង្កៀសព្រោះឮពី​ពួកមហាមាត្យ​ស្តេចឬ លោករង្កៀសព្រោះឮពីពួកតិរ្ថិយឬ លោក​រង្កៀស​ព្រោះឮពីពួកសាវកតិរ្ថិយឬ។ បើភិក្ខុនោះ​ និយាយថា នែអាវុសោ ខ្ញុំមិនមែនឃាត់​បវារណា​ចំពោះភិក្ខុនេះ ដោយរង្កៀសទេ មួយវិញទៀត ខ្ញុំក៏មិនដឹងថា ខ្ញុំឃាត់​បវារណា​ចំពោះភិក្ខុនោះ ដោយ​ហេតុអ្វីទេ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុអ្នកចោទនោះ មិនធ្វើចិត្ត​ របស់ពួក​សព្រហ្មចារី ជាវិញ្ញូ ឲ្យ​ត្រេកអរ ​តាមការសាក​សួរទេ គួរនឹងពោលថា ភិក្ខុដែល​ត្រូវគេចោទ មិនគួរ​ភិក្ខុ​ដទៃ​តិះដៀលទេ គឺឥតទោសទេ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុអ្នកចោទនោះ ធ្វើចិត្ត​របស់​សព្រហ្មចារី ជាវិញ្ញូឲ្យ​ត្រេកអរ​តាមសេចក្តីសាក​សួរ គួរពោលថា ភិក្ខុដែល​ត្រូវចោទ គួរ​ភិក្ខុ​ដទៃ​តិះដៀលបាន (មានទោស)។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុអ្នកចោទនោះ ប្តេជ្ញា​ចំពោះភិក្ខុ ដែលខ្លួន​តាម​កំចាត់(ចោទ) ដោយអាបត្តិបារាជិក រកមូលគ្មាន ត្រូវសង្ឃលើកអាបត្តិ​សង្ឃាទិសេស (ចំពោះ​ភិក្ខុអ្នកចោទនោះ) ហើយសឹមបវារណាចុះ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុអ្នកចោទនោះ ប្តេជ្ញា​ចំពោះភិក្ខុ ដែលខ្លួន​តាម​កំចាត់ (ចោទ) ដោយអាបត្តិសង្ឃាទិសេស មិនមានមូល ត្រូវសង្ឃ​ឲ្យភិក្ខុ​នោះ ធ្វើតាមធម៌ (ត្រូវសំដែងអាបត្តិចេញ) ហើយសឹមបវារណាចុះ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុ​អ្នកចោទនោះ ប្តេជ្ញាចំពោះ​ភិក្ខុ ដែល​ខ្លួនតាមកំចាត់ ដោយអាបត្តិថុល្លច្ច័យ បាចិត្តិយ បាដិទេសនីយ ទុក្កដ ទុព្ភាសិត រកមូលគ្មាន ត្រូវសង្ឃ​ឲ្យ​ភិក្ខុនោះធ្វើតាមធម៌ (សំដែងអាបត្តិចេញ) ហើយសឹមបវារណាចុះ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុដែលត្រូវចោទ ប្តេជ្ញាខ្លួនថា ត្រូវអាបត្តិបារាជិក ត្រូវសង្ឃ​ធ្វើ​នាសនកម្ម (ចំពោះភិក្ខុនោះ) ហើយសឹមបវារណាចុះ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុ ដែលត្រូវចោទនោះ ប្តេជ្ញា​ខ្លួនថា ​ត្រូវអាបត្តិសង្ឃាទិសេស ត្រូវសង្ឃលើកអាបត្តិ​សង្ឃាទិសេសហើយ សឹមបវារណាចុះ។ ម្នាលភិក្ខុ​ទាំងឡាយ បើភិក្ខុ ដែលត្រូវចោទនោះ ប្តេជ្ញា​ខ្លួនថា​ ត្រូវអាបត្តិថុល្លច្ច័យ បាចិត្តិយ បាដិទេសនីយ ទុក្កដ ទុព្ភាសិត ត្រូវសង្ឃឲ្យភិក្ខុនោះ ធ្វើ​តាមធម៌ (សំដែងអាបត្តិ​ ហើយ​សឹម​បវារណា​ចុះ)។

១៤២. ថុល្លច្ចយវត្ថុកាទិ

(១៤២)

[៤៤] ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើមានភិក្ខុត្រូវអាបត្តិ​ថុល្លច្ច័យ​ ក្នុងថ្ងៃបវារណានោះ។ មានភិក្ខុ​ពួកខ្លះ​ យល់ថា អាបត្តិថុល្លច្ច័យ មានភិក្ខុ​ពួកខ្លះ យល់ថា សង្ឃាទិសេស។ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុណា ដែល​យល់ថា អាបត្តិថុល្លច្ច័យ ម្នាលភិក្ខុទាំងឡាយ ត្រូវពួកភិក្ខុនោះ នាំភិក្ខុ (ត្រូវអាបត្តិ) នោះ ចេញទៅកាន់​ទីគួរមួយ ​ហើយឲ្យភិក្ខុ​នោះ ធ្វើតាមធម៌ រួចត្រូវ​ចូលទៅរកសង្ឃ ហើយនិយាយយ៉ាងនេះថា នែអាវុសោ ភិក្ខុ​នោះ​ត្រូវអាបត្តិណាហើយ ភិក្ខុនោះ បានសំដែង​អាបត្តិ​នោះ តាមធម៌ហើយ បើកម្ម​មានកាលគួរ​ដល់​សង្ឃហើយ គួរសង្ឃ​បវារណា។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើមានភិក្ខុ ត្រូវ​អាបត្តិ​ថុល្លច្ច័យ ក្នុងថ្ងៃបវារណានោះ។ មានភិក្ខុ​ពួកខ្លះ​ យល់ថា អាបត្តិថុល្លច្ច័យ មានភិក្ខុពួកខ្លះ យល់​ថា អាបត្តិបាចិត្តិយ មានភិក្ខុពួកខ្លះ ​យល់ថា អាបត្តិថុល្លច្ច័យ មានភិក្ខុពួកខ្លះ យល់ថា អាបត្តិ​បាដិទេសនីយ មានភិក្ខុពួកខ្លះ យល់ថា អាបត្តិ​ថុល្លច្ច័យ មានភិក្ខុពួកខ្លះ យល់ថា អាបត្តិ​ទុក្កដ មានភិក្ខុពួកខ្លះ យល់ថា អាបត្តិ​ថុល្លច្ច័យ មានភិក្ខុពួកខ្លះ យល់ថា អាបត្តិ​ទុព្ភាសិត។ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុណា ដែលយល់ថា អាបត្តិថុល្លច្ច័យ ម្នាលភិក្ខុទាំងឡាយ ត្រូវ​ភិក្ខុពួក​នោះ នាំ​ភិក្ខុនោះចេញ ​ទៅកាន់ទីគួរមួយ ឲ្យធ្វើតាមធម៌ (សំដែងអាបត្តិ) ហើយសឹមចូលមករក​សង្ឃ រួចត្រូវនិយាយ យ៉ាងនេះថា នែអាវុសោ ភិក្ខុនោះត្រូវអាបត្តិណា ភិក្ខុនោះ ក៏បានសំដែង​អាបត្តិនោះ តាមធម៌ហើយ បើកម្ម​មានកាលគួរដល់សង្ឃហើយ សង្ឃគប្បី​បវារណា។ ម្នាលភិក្ខុ​ទាំងឡាយ ក្នុងសាសនានេះ បើមានភិក្ខុ ត្រូវ​អាបត្តិ​បាចិត្តិយ ត្រូវអាបត្តិ​បាដិទេសនីយ ត្រូវអាបត្តិទុក្កដ ត្រូវអាបត្តិទុព្ភាសិត ក្នុងថ្ងៃបវារណានោះ។ មានភិក្ខុ​ពួកខ្លះ ​យល់ថា ត្រូវអាបត្តិទុព្ភាសិត ភិក្ខុពួកខ្លះ យល់​ថា ត្រូវអាបត្តិសង្ឃាទិសេស។ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុណា ដែល​យល់ថា ត្រូវអាបត្តិទុព្ភាសិត ម្នាលភិក្ខុទាំងឡាយ ត្រូវពួក​ភិក្ខុ​នោះ នាំភិក្ខុនោះចេញ ​ទៅកាន់ទីគួរមួយ ឲ្យធ្វើតាមធម៌ ហើយសឹមចូលទៅរក​សង្ឃ រួចនិយាយយ៉ាងនេះថា នែអាវុសោ ភិក្ខុនោះត្រូវអាបត្តិណា ភិក្ខុនោះក៏បានសំដែង​អាបត្តិនោះ តាមធម៌ហើយ បើកម្ម​មានកាល​គួរ ​ដល់​សង្ឃ​ហើយ សង្ឃគប្បី​បវារណាចុះ។ ម្នាលភិក្ខុ​ទាំងឡាយ ក្នុងសាសនានេះ បើមានភិក្ខុ ត្រូវ​អាបត្តិ​ទុព្ភាសិត ក្នុងថ្ងៃបវារណានោះ។ មានភិក្ខុ​ពួកខ្លះ​យល់ថា ត្រូវអាបត្តិទុព្ភាសិត ​ភិក្ខុពួកខ្លះ យល់​ថា ត្រូវអាបត្តិថុល្លច្ច័យ មានភិក្ខុពួកខ្លះ​យល់ថា ត្រូវអាបត្តិទុព្ភាសិត ភិក្ខុពួកខ្លះ យល់ថា ត្រូវអាបត្តិ​បាចិត្តិយ ភិក្ខុពួកខ្លះយល់ថា ត្រូវអាបត្តិទុព្ភាសិត ភិក្ខុពួកខ្លះយល់ថា ត្រូវអាបត្តិបាដិទេសនីយ មានភិក្ខុពួកខ្លះយល់ថា ត្រូវអាបត្តិ​ទុព្ភាសិត ភិក្ខុពួកខ្លះយល់ថា ត្រូវអាបត្តិទុក្កដ។ ម្នាលភិក្ខុ​ទាំង​ឡាយ ពួកភិក្ខុណា ដែលយល់ថា ត្រូវអាបត្តិទុព្ភាសិត ម្នាលភិក្ខុទាំងឡាយ ត្រូវ​ពួកភិក្ខុ​នោះ នាំ​ភិក្ខុនោះចេញ​ទៅកាន់ទីគួរមួយ ឲ្យធ្វើតាមធម៌ ហើយត្រូវចូលទៅរក​សង្ឃ រួច​និយាយ ​យ៉ាង​នេះ​ថា នែអាវុសោ ភិក្ខុនោះ ត្រូវអាបត្តិណា ភិក្ខុនោះ បានសំដែង​អាបត្តិនោះ តាមធម៌ហើយ បើកម្ម​មាន​កាលគួរ ដល់សង្ឃហើយ សង្ឃគប្បី​បវារណាចុះ។

១៤៣. វត្ថុឋបនាទិ

(១៤៣)

[៤៥] ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើភិក្ខុ​សូត្រឡើង​ក្នុងកណ្តាលសង្ឃ ក្នុងថ្ងៃ​បវារណានោះថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ វត្ថុនេះប្រាកដ តែបុគ្គលមិនប្រាកដ បើកម្ម​មានកាលគួរ​ដល់សង្ឃហើយ សង្ឃគប្បីឃាត់វត្ថុទុក ហើយសឹមបវារណា។ ត្រូវភិក្ខុ​ទាំងឡាយនិយាយ​នឹងភិក្ខុនោះយ៉ាងនេះថា នែអាវុសោ ព្រះដ៏មានព្រះភាគ​​ទ្រង់បញ្ញត្តបវារណា ដើម្បីឲ្យវត្ថុ​ទាំងឡាយ​ស្អាតវិសេស បើវត្ថុប្រាកដ តែបុគ្គល​មិនប្រាកដទេ ចូរអ្នក​ប្រាប់វត្ថុ​នោះ​ឥឡូវ​នេះកុំខាន។ ម្នាលភិក្ខុ​ទាំងឡាយ ក្នុងសាសនានេះ បើមានភិក្ខុ​សូត្រឡើងកណ្តាលសង្ឃ ក្នុងថ្ងៃ​បវារណានោះថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ (ដ្បិត) បុគ្គលនេះប្រាកដ តែ​វត្ថុមិនប្រាកដទេ បើកម្ម​មានកាលគួរ​ដល់សង្ឃហើយ សូមសង្ឃឃាត់នូវបុគ្គល ហើយ​សឹម​បវារណា។ ត្រូវភិក្ខុ​ទាំងឡាយនិយាយ​នឹងភិក្ខុនោះយ៉ាងនេះថា នែអាវុសោ ព្រះដ៏មានព្រះភាគ​​ទ្រង់បញ្ញត្តបវារណា ដើម្បីឲ្យពួកភិក្ខុព្រមព្រៀងគ្នា បើបុគ្គលប្រាកដ តែវត្ថុ​មិនប្រាកដទេ ចូរអ្នក​ប្រាប់បុគ្គល​នោះ​ឥឡូវ​នេះកុំខាន។ ម្នាលភិក្ខុ​ទាំងឡាយ ក្នុងសាសនានេះ បើមានភិក្ខុ​សូត្រ​ឡើង​​កណ្តាលសង្ឃ ក្នុងថ្ងៃ​បវារណានោះថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ (ដ្បិត) វត្ថុនេះក្តី បុគ្គលក្តី ក៏ប្រាកដ បើកម្ម​មានកាលគួរ​ដល់សង្ឃហើយ ត្រូវសង្ឃឃាត់ទាំងវត្ថុ ទាំងបុគ្គល ហើយសឹមបវារណា។ ត្រូវភិក្ខុ​ទាំងឡាយនិយាយយ៉ាងនេះនឹងភិក្ខុ​នោះថា នែអាវុសោ ព្រះដ៏មានព្រះភាគ​​ ទ្រង់បញ្ញត្តបវារណា ដើម្បីឲ្យវត្ថុ​ទាំងឡាយបរិសុទ្ធផង ដើម្បីឲ្យភិក្ខុ​ទាំងឡាយ​ព្រមព្រៀតគ្នាផង បើវត្ថុ និងបុគ្គលប្រាកដ ចូរលោក​ប្រាប់វត្ថុ​ និងបុគ្គល​នោះក្នុងកាល​​ឥឡូវ​នេះ​មក។ ម្នាលភិក្ខុ​ទាំងឡាយ បើវត្ថុ​ប្រាកដ​មុនបវារណា បុគ្គល​ប្រាកដក្រោយ​បវារណា គួរនឹងចោទ​បាន។ ម្នាលភិក្ខុទាំងឡាយ បើបុគ្គលប្រាកដមុនបវារណា វត្ថុប្រាកដ​ក្រោយបវារណា គួរនឹង​ចោទបាន។ ម្នាលភិក្ខុទាំងឡាយ បើវត្ថុ និងបុគ្គល​ប្រាកដមុន​បវារណា កាលបើសង្ឃ​បានធ្វើ​បវារណាហើយ បើភិក្ខុ​សើរើកម្មនោះឡើង ត្រូវឱក្កោដនកបាចិត្តិយ (ត្រូវបាចិត្តិយ​ព្រោះការ​សើរើ)។

១៤៤. ភណ្ឌនការកវត្ថុ

(១៤៤)

[៤៦] ក៏សម័យនោះឯង ពួកភិក្ខុច្រើនរូប​ដែលជាមិត្រគ្រាន់តែ​ឃើញគ្នា​ និងជាមិត្រ​បានគប់គ្នា (មិត្រស្និទ្ធស្នាលមាំមួន) ចូលទៅចាំវស្សាក្នុងអាវាសមួយក្នុងកោសលជនបទ។ ពួក​ភិក្ខុដទៃដែលនៅជិតខាងភិក្ខុទាំងឡាយនោះ ធ្វើ​សេចក្តីប្រកួតប្រកាន់គ្នា ធ្វើសេចក្តីឈ្លោះគ្នា ធ្វើសេចក្តីទាស់ទែងគ្នា ធ្វើតិរច្ឆានកថា ជាអ្នកធ្វើ​អធិករណ៍​ក្នុងសង្ឃចូលទៅចាំវស្សា​ដោយប៉ងថា កាលបើភិក្ខុទាំងនោះនៅចាំវស្សារួចហើយ ពួកយើងនឹង​ឃាត់បវារណា​ក្នុងថ្ងៃដែលបវារណា។ ពួកភិក្ខុទាំងនោះបានឮដំណឹងថា ពួក​ភិក្ខុដទៃដែលនៅជិតខាងយើង ជាអ្នកធ្វើ​សេចក្តី​ប្រកួត​ប្រកាន់​គ្នា ធ្វើសេចក្តីឈ្លោះប្រកែក ធ្វើសេចក្តីទាស់ទែងគ្នា ធ្វើតិរច្ឆានកថា ជាអ្នកធ្វើ​អធិករណ៍​ក្នុងសង្ឃចូលទៅចាំវស្សា​ ដោយគិតថា កាលបើភិក្ខុទាំងនោះនៅចាំវស្សារួចហើយ ពួកយើងនឹង​ឃាត់បវារណា​ក្នុងថ្ងៃដែលបវារណា គួរយើងទាំងឡាយប្រតិបត្តិដូចម្តេចហ្ន៎។ ភិក្ខុទាំងឡាយ​ក្រាបទូល​ដំណើរនុ៎ះ​ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើមានពួកភិក្ខុច្រើនរូប ជាមិត្រដែលធ្លាប់​ឃើញគ្នា​ ជាមិត្រស្និទ្ធស្នាលមាំមួន ចូល​ទៅចាំវស្សាក្នុងអាវាសមួយ។ ពួក​ភិក្ខុដទៃដែលនៅជិតខាងពួកភិក្ខុទាំងនោះ ជាអ្នកធ្វើ​សេចក្តីប្រកួតប្រកាន់ ធ្វើសេចក្តីឈ្លោះ ធ្វើសេចក្តីទាស់ទែង ធ្វើតិរច្ឆានកថា ជាអ្នកធ្វើ​អធិករណ៍​ក្នុងសង្ឃ ចូលទៅចាំវស្សា​ដោយប៉ងថា កាលបើភិក្ខុទាំងនោះ នៅចាំវស្សារួចហើយ ពួកយើងនឹង​ឃាត់បវារណា ​ក្នុងថ្ងៃដែលបវារណា។ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត​ឲ្យពួក​ភិក្ខុទាំងនោះ ធ្វើ​ចាតុទ្ទសីឧបោសថ​ពីរបីឧបោសថ16) ដោយគិតថា ធ្វើដូចម្តេច​ពួក​យើង​នឹងគប្បី​បវារណា​ឲ្យបាន​មុនពួកភិក្ខុទាំងនោះ។ ម្នាលភិក្ខុទាំងឡាយ បើពួកភិក្ខុ​ជាអ្នកធ្វើ​សេចក្តីប្រកួតប្រកាន់គ្នា ធ្វើសេចក្តីឈ្លោះប្រកែកគ្នា ធ្វើសេចក្តីទាស់ទែងគ្នា ធ្វើតិរច្ឆានកថា ធ្វើ​អធិករណ៍​​ក្នុងសង្ឃទាំងនោះ មកកាន់អាវាស ម្នាលភិក្ខុទាំងឡាយ ត្រូវភិក្ខុអ្នកនៅក្នុងអាវាស​ទាំងនោះ ប្រជុំគ្នាបវារណាភ្លាមៗចុះ លុះបវារណាហើយ ត្រូវនិយាយថា នែអាវុសោ យើង​ទាំងឡាយ​បានបវារណា​រួចហើយ លោកដ៏មានអាយុ​ទាំងឡាយ​សំគាល់​យ៉ាងណា ក៏ចូរ​ធ្វើ​យ៉ាងនោះចុះ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុដែល​ជាអ្នកធ្វើ​សេចក្តីប្រកួតប្រកាន់គ្នា ធ្វើសេចក្តី​ឈ្លោះ​គ្នា វិវាទគ្នា ធ្វើតិរច្ឆានកថា ធ្វើ​អធិករណ៍​​ក្នុងសង្ឃទាំងនោះ មិនបានដឹងរឿងអ្វី ហើយមកកាន់អាវាសនោះ ម្នាលភិក្ខុទាំងឡាយ ត្រូវភិក្ខុអ្នកនៅក្នុងអាវាស​ទាំងនោះ ក្រាល​អាសនៈ ដំកល់ទឹក​លាងជើង តាំងរងជើង ទ្រនាប់​សម្រាប់ជូតជើង ត្រូវក្រោកឡើង ទទួលយកបាត្រ និងចីវរ ត្រូវសួរភិក្ខុទាំងនោះ​ដោយទឹកឆាន់។ ត្រូវបំភាន់​ភិក្ខុទាំងនោះ​ ហើយទៅកាន់ទីក្រៅសីមា ហើយសឹមបវារណាចុះ។ លុះបវារណាហើយ ត្រូវនិយាយថា នែអាវុសោ យើង​ទាំងឡាយ​បានបវារណា​រួចហើយ លោកដ៏មានអាយុ​ទាំងឡាយ​សំគាល់​យ៉ាង​ណា ចូរ​ធ្វើ​យ៉ាងនោះចុះ។ បើភិក្ខុបានកិច្ចនោះ ដោយអាការដូច្នោះហើយ ការបាននុ៎ះ ជាការល្អ បើមិនបានទេ ត្រូវភិក្ខុអ្នកនៅក្នុង​អាវាស​ដែលឆ្លាស ប្រតិពល ឲ្យពួកភិក្ខុ​អ្នកនៅ​ក្នុងអាវាស​ផងគ្នា​ដឹងថា សូមលោកដ៏មានអាយុទាំងឡាយ​ដែលនៅ​ក្នុង​អាវាស​ស្តាប់ខ្ញុំ បើកម្មមាន​កាលគួរ​ដល់លោក​ដ៏មានអាយុ​ទាំងឡាយ​ណាហើយ យើងត្រូវធ្វើឧបោសថ ត្រូវសំដែងបាតិមោក្ខ ត្រូវបវារណា ក្នុងកាឡបក្ខ គឺក្នុងរនោច ដែលមកដល់​ឥឡូវនេះឯង។ ម្នាលភិក្ខុទាំងឡាយ បើពួក​ភិក្ខុជាអ្នកធ្វើ​សេចក្តីប្រកួតប្រកាន់ ធ្វើសេចក្តី​ឈ្លោះប្រកែក ធ្វើសេចក្តី​ទាស់ទែង ធ្វើតិរច្ឆាន​កថា ធ្វើអធិករណ៍​ក្នុងសង្ឃទាំងនោះ​ និយាយយ៉ាងនេះនឹងអាវាសិកភិក្ខុទាំងនោះ​ថា នែអាវុសោ ខ្ញុំសូមអង្វរ ចូរលោកទាំងឡាយ​បវារណា​ចំពោះយើង​ក្នុងកាលឥឡូវនេះចុះ។ ត្រូវអាវាសិកភិក្ខុ​និយាយនឹង​ភិក្ខុទាំងនោះយ៉ាងនេះថា នែអាវុសោ លោកទាំងឡាយ​មិនមែន​ជាធំ​ក្នុងការ​បវារណា​របស់យើងទេ យើងមិនទាន់​បវារណានៅឡើយ។ ម្នាលភិក្ខុទាំងឡាយ បើពួក​ភិក្ខុជាអ្នកធ្វើ​សេចក្តី​ប្រកួត​ប្រកាន់ ធ្វើសេចក្តី​ឈ្លោះប្រកែក ធ្វើសេចក្តី​ទាស់ទែង ធ្វើតិរច្ឆាន​កថា ធ្វើអធិករណ៍​ក្នុង​សង្ឃ​ទាំងនោះនៅ​ទាល់តែអស់​កាឡបក្ខនោះ ត្រូវ​អាវាសិកភិក្ខុ​ដែលឆ្លាស​​ ប្រតិពល ឲ្យពួកអាវាសិកភិក្ខុ​​ផង​គ្នា​ដឹងដោយពាក្យ​ដូច្នេះថា សូមលោកដ៏មានអាយុទាំងឡាយ​ដែលនៅ​ក្នុង​អាវាស​ស្តាប់ខ្ញុំ បើកម្ម​មាន​កាលគួរ​ដល់លោក​ដ៏មានអាយុ​ទាំងឡាយហើយ យើងទាំងឡាយ​ត្រូវធ្វើឧបោសថ ត្រូវ​សំដែងបាតិមោក្ខ ត្រូវបវារណា ក្នុងជុណ្ហបក្ខ ដែលមកដល់​ក្នុងកាលឥឡូវនេះ គឺក្នុងខ្នើត។ ម្នាល​ភិក្ខុ​ទាំងឡាយ បើពួក​ភិក្ខុអ្នកធ្វើ​សេចក្តីប្រកួតប្រកាន់ ធ្វើសេចក្តី​ឈ្លោះ ធ្វើសេចក្តីវិវាទ ធ្វើតិរច្ឆាន​កថា ធ្វើអធិករណ៍​ក្នុងសង្ឃទាំងនោះ​ និយាយយ៉ាងនេះនឹងភិក្ខុទាំងនោះ​ថា នែអាវុសោ ខ្ញុំសូម​អង្វរ ចូរលោកទាំងឡាយ​បវារណា​ចំពោះយើងទាំងឡាយ ​ក្នុងកាលឥឡូវនេះចុះ។ ត្រូវ​អាវាសិកភិក្ខុ​ទាំងឡាយ ​និយាយយ៉ាងនេះនឹងភិក្ខុទាំងឡាយ​នោះថា នែអាវុសោ លោក​ទាំងឡាយ​មិនមែន​ជាធំ​ក្នុងការ​បវារណា​របស់យើងទេ យើងមិនទាន់​បវារណានៅឡើយ។ ម្នាល​ភិក្ខុទាំងឡាយ បើពួក​ភិក្ខុអ្នកធ្វើ​សេចក្តី​ប្រកួត​ប្រកាន់ ធ្វើសេចក្តី​ឈ្លោះ ធ្វើសេចក្តី​ទាស់ទែង ធ្វើតិរច្ឆាន​កថា ធ្វើអធិករណ៍​ក្នុង​សង្ឃ​ទាំងនោះនៅ​ទាល់តែអស់​ជុណ្ហបក្ខនោះទៀត ម្នាលភិក្ខុទាំងឡាយ ត្រូវភិក្ខុទាំងនោះនាំគ្នា​បវារណា​ ដោយខានមិនបាន​ក្នុងតិថីជាគំរប់​៤ខែ នៃវស្សានរដូវ ជាទីរីកនៃផ្កាកុមុទ ក្នុងជុណ្ហបក្ខ ដែលមក​ដល់ឥឡូវ​នេះ (ថ្ងៃពេញបូណ៌មី ខែកត្តិក)។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុទាំងនោះ​កំពុង​តែបវារណា ហើយមានភិក្ខុឈឺ​ឃាត់​បវារណា​ដល់ភិក្ខុមិនឈឺ ត្រូវភិក្ខុដទៃ​និយាយ​នឹងភិក្ខុឈឺ​នោះយ៉ាងនេះថា លោកដ៏​មានអាយុ​ជាអ្នក​មានជម្ងឺ ធម្មតា ភិក្ខុឈឺ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ជាបុគ្គល​មិនគាប់ចិត្ត​នឹងការ​សាកសួរទេ នែអាវុសោ ចូរលោករង់ចាំ ទំរាំ​លោកជារោគសិន ដល់លោកជារោគហើយ កាលបើ​ត្រូវការនឹងចោទ ក៏ចោទចុះ។ កាលបើភិក្ខុនិយាយ​យ៉ាងនេះហើយ ភិក្ខុដែលឈឺនោះ នៅតែ​ចោទ ត្រូវអាបត្តិ​បាចិត្តិយ ព្រោះមិនអើពើ (នឹងពាក្យឃាត់)។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុទាំងនោះ​កំពុង​តែបវារណា ហើយមានភិក្ខុមិនឈឺ​ឃាត់​បវារណា​ដល់ភិក្ខុឈឺ ត្រូវភិក្ខុដទៃ​និយាយ​នឹងភិក្ខុមិនឈឺ​នោះ​យ៉ាងនេះថា នែអាវុសោ ភិក្ខុនេះឯងឈឺ ក៏ធម្មតា ភិក្ខុឈឺ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ជាបុគ្គល​មិនគួរដល់ការ​សួរដេញដោលទេ នែអាវុសោ ចូរលោករង់ចាំ ទំរាំភិក្ខុនេះជារោគសិន ដល់​លោកនេះជារោគហើយ កាលបើ​លោកប្រាថ្នា​នឹងចោទ ក៏ចោទចុះ។ កាលបើភិក្ខុដទៃ​និយាយ​​យ៉ាងនេះហើយ ភិក្ខុមិនឈឺនោះនៅតែ​ចោទ ត្រូវអាបត្តិ​បាចិត្តិយ ព្រោះមិនអើពើ (នឹងពាក្យឃាត់)។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុទាំងឡាយនោះ​ កំពុង​តែបវារណា ហើយមាន​ភិក្ខុឈឺ​​ឃាត់​បវារណា​ដល់ភិក្ខុឈឺ ត្រូវភិក្ខុដទៃ​និយាយយ៉ាងនេះ​នឹងភិក្ខុ​នោះថា លោកដ៏​មាន​អាយុ​ទាំងឡាយ ​ជាអ្នកឈឺ ក៏ធម្មតា ភិក្ខុឈឺ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ​មិនគួរ​ដល់​ការ​សួរដេញដោលទេ នែអាវុសោ ចូរលោកបង្អង់សិន ទំរាំ​លោកទាំងឡាយជារោគ ដល់​លោក​ដែល​មានហេតុ (នោះ) ជាសះស្បើយ​ហើយ កាលបើលោក​ត្រូវការនឹងចោទ ក៏ចោទភិក្ខុដែល​ឥតរោគ (នោះចុះ)។ កាលបើភិក្ខុដទៃនិយាយ​យ៉ាងនោះហើយ ភិក្ខុឈឺនោះនៅតែ​ចោទ ត្រូវអាបត្តិ​បាចិត្តិយ ព្រោះមិនអើពើ (នឹងពាក្យឃាត់)។ ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុទាំងឡាយនោះ កំពុង​តែបវារណា ហើយមានភិក្ខុ​មិនឈឺឃាត់​បវារណា​ដល់ភិក្ខុមិនឈឺ។ ត្រូវសង្ឃដេញដោល​ភិក្ខុ​ទាំងពីរ​រូបដោយ​ត្រឹមត្រូវ សាកសួរ​ដោយត្រឹមត្រូវ ហើយឲ្យភិក្ខុទាំងនោះ​ធ្វើតាម​ធម៌ (គឺសំដែង​អាបត្តិ) ហើយ​សឹមបវារណាចុះ។

១៤៥. បវារណាសង្គហោ

(១៤៥)

[៤៧] ក៏សម័យនោះឯង ពួកភិក្ខុ​ច្រើនរូប​ ជាមិត្រ​ធ្លាប់ឃើញគ្នា ជាមិត្រស្និទ្ធស្នាល​មាំមួន ចូលទៅចាំវស្សាក្នុង​អាវាសមួយ ក្នុងកោសល​ជនបទ។ កាលភិក្ខុទាំងនោះព្រមព្រៀង ស្មោះសរ​រកគ្នា មិនវិវាទគ្នា ហើយក៏បានដល់នូវធម៌ម្យ៉ាង​ ដែលជាគ្រឿង​នៅសប្បាយ។17) គ្រានោះឯង ភិក្ខុទាំងនោះ​ មានសេចក្តីត្រិះរិះ​ដូច្នេះថា កាលយើងទាំងឡាយព្រមព្រៀងគ្នា រីករាយរកគ្នា មិនទាស់ទែងគ្នា ក៏បាន​ដល់នូវ​ធម៌ម្យ៉ាង ដែលជាគ្រឿង​នៅសប្បាយហើយ ក្នុងពេលនេះ បើយើងទាំងឡាយ​នឹង​បវារណា គង់នឹង​មានពួក​ភិក្ខុដែលបវារណារួច​ហើយ ចៀសចេញទៅកាន់ចារិក យើងទាំងឡាយ​មុខជានឹងឃ្លាត​ចាកធម៌ ជាគ្រឿង​នៅសប្បាយនេះ​ដោយអាការ​ដូច្នេះមិនខាន យើងទាំងឡាយ​ត្រូវប្រតិបត្តិ​ដូចម្តេចហ្ន៎។ ភិក្ខុទាំងឡាយ​ក្រាបទូល​ដំណើរនុ៎ះ​ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គ​ទ្រង់មានបន្ទូលថា ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើមានពួកភិក្ខុជាច្រើន ជាមិត្រ​​ឃើញគ្នា​ ជាមិត្រស្និទ្ធស្នាលមាំមួន ចូល​ទៅចាំវស្សាក្នុងអាវាសមួយ។ ​ភិក្ខុទាំងឡាយនោះ ជាអ្នកព្រមព្រៀង ស្មោះសរ​រកគ្នា មិនទាស់ទែងគ្នា ហើយបានដល់​នូវធម៌ម្យ៉ាង ដែលជា​គ្រឿង​នៅសប្បាយ។ ម្នាល​ភិក្ខុ​ទាំងឡាយ បើពួកភិក្ខុនៅក្នុងអាវាស​នោះ មានសេចក្តីត្រិះរិះ​យ៉ាងនេះថា យើងទាំងឡាយ ជាអ្នកព្រមព្រៀង ​រីករាយរកគ្នា មិនវិវាទគ្នា បានដល់​នូវធម៌ម្យ៉ាង ដែលជា​គ្រឿង​នៅសប្បាយ ហើយក្នុងពេលនេះ បើប្រសិនជាយើងនឹង​បវារណា គង់មានពួក​ភិក្ខុដែលបវារណា​រួចហើយ ចៀសចេញ​ទៅកាន់ចារិក យើងទាំងឡាយមុខជា​នឹងឃ្លាត​ចាកធម៌​ ជាគ្រឿង​នៅសប្បាយនេះ ដោយអាការ​ដូច្នេះមិនខាន។ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត​ឲ្យ​ភិក្ខុទាំងឡាយនោះ ធ្វើ​បវារណាសង្គហៈ។ ម្នាលភិក្ខុទាំងឡាយ ក៏ឯបវារណាសង្គហៈនោះ ត្រូវភិក្ខុធ្វើ​យ៉ាងនេះ។ ត្រូវភិក្ខុ​ទាំងអស់​ប្រជុំ​ក្នុងទីជាមួយគ្នា។ លុះប្រជុំគ្នាហើយ ត្រូវភិក្ខុ​ដែលឆ្លាស ប្រតិពល ឲ្យសង្ឃ​ដឹងថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃ​ស្តាប់ខ្ញុំ យើងទាំងឡាយ ជាអ្នកព្រមព្រៀងគ្នា ស្មោះសររកគ្នា មិនវិវាទគ្នា បានដល់​នូវធម៌ម្យ៉ាង ដែលជា​គ្រឿង​នៅសប្បាយហើយ។ ក្នុងពេលនេះ បើប្រសិន​ជា​យើង​ទាំងឡាយនឹង​បវារណា គង់មានពួក​ភិក្ខុដែលបានបវារណា​រួចហើយ ចេញ​ទៅកាន់ចារិក យើងទាំងឡាយមុខជា​នឹងឃ្លាត​ចាកធម៌​ ជាគ្រឿង​នៅសប្បាយនេះ ដោយអាការ​ដូច្នេះ​មិន​ខាន។ បើកម្មមាន​កាលគួរ​ដល់សង្ឃហើយ គួរសង្ឃធ្វើបវារណាសង្គហៈ គួរធ្វើឧបោសថ គួរសំដែង​បាតិមោក្ខ គួរបវារណា ក្នុងថ្ងៃជាគំរប់៤ខែ នៃវស្សានរដូវ ជាទីរីកនៃផ្កាកុមុទ ក្នុង(ជុណ្ហបក្ខ) ដែល​មក​ដល់ក្នុងកាលឥឡូវ​នេះ។ នេះជាញត្តិ។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃ​ស្តាប់ខ្ញុំ យើងទាំង​ឡាយ ជាអ្នកព្រមព្រៀងគ្នា រីករាយរកគ្នា មិនទាស់ទែងគ្នា បានដល់​នូវធម៌ម្យ៉ាង ដែលជា​គ្រឿង​នៅសប្បាយហើយ។ ក្នុងពេលនេះ បើ​យើង​ទាំងឡាយនឹង​បវារណាទៅ គង់មានពួក​ភិក្ខុ​ដែល​បាន​បវារណាហើយ ចៀសចេញ​ទៅកាន់ចារិក យើងទាំងឡាយមុខជា​នឹងឃ្លាត​ចាកធម៌​ ជាគ្រឿង​នៅសប្បាយនេះ ដោយអាការ​ដូច្នេះ​មិន​ខាន។ ឥឡូវសង្ឃ​ធ្វើបវារណាសង្គហៈ ធ្វើឧបោសថ សំដែង​បាតិមោក្ខ និងបវារណា ក្នុងថ្ងៃជាគំរប់៤ខែ នៃវស្សានរដូវ ជាទីរីកនៃផ្កាកុមុទ ក្នុង (ជុណ្ហបក្ខ) ដែល​មក​ដល់ក្នុងកាលឥឡូវ​នេះ។ ការធ្វើបវារណាសង្គហៈ គឺថាសង្ឃនឹងធ្វើឧបោសថ សំដែង​បាតិមោក្ខ និងបវារណា ក្នុងថ្ងៃជាគំរប់៤ខែ នៃវស្សានរដូវ ជាទីរីកនៃផ្កាកុមុទ ក្នុង (ជុណ្ហបក្ខ) ដែល​មក​ដល់ក្នុងកាលឥឡូវ​នេះ គាប់ចិត្ត​ដល់លោកម្ចាស់​អង្គណា គួរលោកម្ចាស់​អង្គ​នោះស្ងៀម មិនគាប់ចិត្ត​ដល់លោកម្ចាស់​អង្គណា គួរលោកម្ចាស់​អង្គនោះ​និយាយឡើង។ បវារណាសង្គហៈ គឺថាសង្ឃនឹងធ្វើឧបោសថ សំដែង​បាតិមោក្ខនេះ និងបវារណា ក្នុងថ្ងៃ​ជាគំរប់​៤​ខែ នៃវស្សានរដូវ ជាទីរីកនៃផ្កាកុមុទ ក្នុង (ជុណ្ហបក្ខ) ដែល​មក​ដល់ក្នុងកាលឥឡូវ​នេះ សង្ឃបាន​ធ្វើរួចហើយ។ បវារណាសង្គហៈ​នោះ គាប់ចិត្ត​ដល់សង្ឃហើយ ព្រោះហេតុនោះ បានជាសង្ឃ​ស្ងៀម។ ខ្ញុំសូមចាំទុក​នូវរឿង​នេះ ដោយអាការ​ស្ងៀមនៅយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុទាំងឡាយនោះ ធ្វើបវារណាសង្គហៈហើយ មានភិក្ខុណាមួយនិយាយ​យ៉ាងនេះថា នែ​អាវុសោ ខ្ញុំប្រាថ្នានឹង​ចេញទៅ​កាន់​ចារិក​ក្នុងជនបទ ព្រោះខ្ញុំ​មានកិច្ចត្រូវ​ធ្វើក្នុង​ជនបទ។ ត្រូវភិក្ខុ​ដទៃ​​និយាយ​នឹងភិក្ខុ​នោះយ៉ាងនេះថា នែអាវុសោ ខ្ញុំសូមអង្វរលោកសិន ចូរលោក​បវារណា​ហើយសឹមទៅចុះ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុនោះកំពុង​តែបវារណា ឃាត់បវារណា​ភិក្ខុ​រូបណាមួយ គួរភិក្ខុ​ដែលត្រូវគេឃាត់​នោះនិយាយ​យ៉ាងនេះនឹងភិក្ខុ​អ្នកឃាត់​នោះថា នែអាវុសោ លោកមិនមែន​ជាធំ ក្នុងការបវារណា​របស់ខ្ញុំទេ ខ្ញុំ​នឹងមិនទាន់​បវារណា។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុនោះ​ កំពុង​តែបវារណា បើមានភិក្ខុណាមួយ ឃាត់បវារណាភិក្ខុនោះ ត្រូវសង្ឃ​ដេញដោល​សួរភិក្ខុទាំងពីររូប លុះសាកសួរហើយ សឹមឲ្យ​ភិក្ខុទាំងពីរ​ធ្វើតាមធម៌ (គឺ​សំដែង​អាបត្តិ)។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុនោះ បានសម្រេចកិច្ច​នោះក្នុងជនបទហើយ ត្រឡប់​មកកាន់​អាវាស​នោះវិញ ខាងក្នុង​ថ្ងៃគំរប់៤ខែ នៃវស្សានរដូវ ជាទីរីកនៃផ្កាកុមុទ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុទាំងឡាយនោះ កំពុង​តែបវារណា ហើយមានភិក្ខុ​ណាមួយឃាត់​បវារណា​ដល់ភិក្ខុនោះ គួរ​ភិក្ខុដែលត្រូវគេឃាត់នោះ និយាយ​នឹងភិក្ខុអ្នក​ឃាត់នោះយ៉ាងនេះថា នែអាវុសោ លោកមិនមែន​ជាឥស្សរៈ ក្នុងការបវារណា​របស់ខ្ញុំទេ ខ្ញុំ​បានបវារណាហើយ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុ​ទាំងឡាយនោះ កំពុងតែបវារណា ក៏ភិក្ខុ​នោះឃាត់​បវារណា​របស់ភិក្ខុណាមួយ។ ត្រូវ​សង្ឃ​ដេញ​ដោល សាកសួរភិក្ខុទាំងពីររូប លុះដេញដោល សាកសួរហើយ ឲ្យភិក្ខុទាំងពីររូប​ធ្វើតាម​ធម៌ ហើយ​សឹមបវារណា ដោយសង្ឃបវារណាចុះ។

ចប់ បវារណក្ខន្ធកៈ ទី៤។

រឿងក្នុង​ខន្ធកៈនេះ​មាន​៤៦រឿង។

ឧទ្ទាននៃ​បវារណក្ខន្ធកៈនោះគឺ

១៤៦. តស្សុទ្ទានំ

(១៤៦)

[៤៨] រឿងពួកភិក្ខុនៅចាំវស្សា​ក្នុងកោសល​ជនបទ មកគាល់ព្រះសាស្តា១ រឿង​ភិក្ខុនៅ​រួមគ្នា​ដូច​បសុសត្វ (គឺសត្វដែលគេចិញ្ចឹម) មិនជាទីសប្បាយ១ រឿង​បវារណាជាការអនុលោម​ដល់គ្នា​នឹងគ្នា១ រឿងពួកឆព្វគ្គិយភិក្ខុអង្គុយលើ​អាសនៈ​ ក្នុងពេលដែលភិក្ខុជាថេរៈ​ កំពុង​បវារណា១ រឿង​បវារណាមានពីរយ៉ាង១ រឿងបវារណា​កម្មបួនយ៉ាង១ រឿងព្រះអង្គទ្រង់​អនុញ្ញាត​ឲ្យភិក្ខុឈឺ​ឲ្យបវារណា១ រឿងញាតិ​ចាប់ភិក្ខុ​ក្នុងថ្ងៃបវារណា១ រឿងស្តេច​ចាប់ភិក្ខុ​ក្នុងថ្ងៃបវារណា១ រឿងពួកចោរ​ចាប់ភិក្ខុ​ក្នុងថ្ងៃបវារណា១ រឿងពួកអ្នកលេង​ចាប់ភិក្ខុ​ក្នុងថ្ងៃបវារណា១ រឿងភិក្ខុជា​សត្រូវ​​ចាប់ភិក្ខុ​ក្នុងថ្ងៃបវារណា១ រឿងទ្រង់អនុញ្ញាត​ឲ្យភិក្ខុ​ប្រាំរូប​ធ្វើបវារណា​ដោយសង្ឃ​បវារណា១ រឿងទ្រង់អនុញ្ញាត​ឲ្យភិក្ខុ​បួនរូបបវារណា​ដល់គ្នានឹងគ្នា១ រឿងទ្រង់អនុញ្ញាត​ឲ្យភិក្ខុ​បីរូប​បវារណា​ដល់គ្នានឹងគ្នា១ រឿងទ្រង់អនុញ្ញាត​ឲ្យភិក្ខុ​ពីររូប​បវារណា​ដល់គ្នានឹងគ្នា១ រឿងទ្រង់អនុញ្ញាត​ឲ្យភិក្ខុ​មួយរូប​អធិដ្ឋាន​បវារណា១ រឿង​ភិក្ខុត្រូវអាបត្តិ​ក្នុងថ្ងៃបវារណា១ រឿង​ភិក្ខុសង្ស័យ​អាបត្តិ​ក្នុងថ្ងៃបវារណា១ រឿងភិក្ខុកំពុងតែបវារណា ហើយរលឹកឃើញ​អាបត្តិ១ រឿង​សង្ឃទាំងអស់ត្រូវ​សភាគាបត្តិ​ក្នុងថ្ងៃបវារណា១ រឿងសង្ឃទាំងអស់​សង្ស័យ​សភាគាបត្តិ១ រឿង​ភិក្ខុនៅក្នុងអាវាស​ច្រើនជាង​ និងស្មើគ្នា និង​តិចជាង១ រឿង​ពួកអាវាសិកភិក្ខុប្រកាន់​ថាថ្ងៃដប់បួន តែពួក​អាគន្តុកភិក្ខុប្រកាន់​ថាថ្ងៃ​ដប់ប្រាំ១ រឿងភេទ និងសំវាសទាំងពីរ​របស់​អាវាសិកភិក្ខុ​និង​អាគន្តុកភិក្ខុ១ រឿង​ភិក្ខុគួរទៅកាន់អាវាស​ដែលមាន​ភិក្ខុ​ក្នុងថ្ងៃបវារណា១ រឿង​ភិក្ខុមិនត្រូវ​បវារណា​ក្នុងបរិសទ្យ​ដែលភិក្ខុនីអង្គុយ​ជាមួយ១ រឿងទ្រង់ហាម​មិនឲ្យភិក្ខុបវារណា​ក្នុងការ​ឲ្យឆន្ទៈ១ រឿង​សញ្ចរភ័យ១ រឿង​មនុស្ស​ឲ្យទាន​ក្នុងថ្ងៃបវារណា​ដរាប​ដល់ទៀបភ្លឺ១ រឿង​មាន​ភ្លៀង​ក្នុងថ្ងៃបវារណា​១ រឿង​ការអន្តរាយ​ដល់បវារណា១ រឿង​ព្រះអង្គទ្រង់ហាមមិនឲ្យ​ភិក្ខុមាន​អាបត្តិធ្វើ​បវារណា១ រឿងពួកឆព្វគ្គិយភិក្ខុ​គិតថា ពួកបេសលភិក្ខុ​ឃាត់បវារណា​ដល់ពួកយើង ហើយប្រញាប់​ឃាត់​បវារណា​ជាមុន១ រឿងភិក្ខុឃាត់​បវារណា​មិនបាន១ រឿងភិក្ខុ​ឃាត់​បវារណា​ដល់ភិក្ខុផងគ្នា​ក្នុងថ្ងៃបវារណា​១ (សេចក្តីសួរថា លោកឃាត់​បវារណា) ព្រោះហេតុអ្វី១ រឿង​សួរ​ថាវិបត្តិ​ដូចម្តេចខ្លះ១ រឿង​ឃាត់បវារណា​ដោយឃើញ ដោយឮ ដោយរង្កៀស១ រឿង​ភិក្ខុអ្នកចោទ១ រឿងភិក្ខុដែលត្រូវចោទ១ រឿងភិក្ខុត្រូវអាបត្តិ​ថុល្លច្ច័យ១ រឿង​វត្ថុ​និងបុគ្គល១ រឿង​ភិក្ខុអ្នកធ្វើការបង្កហេតុ១ រឿង​បវារណាសង្គហៈ១ រឿង​ភិក្ខុមិនជាធំ​ក្នុងការបវារណា១ រឿង​សង្ឃ​គួរ​សាកសួរភិក្ខុទាំងពីររូប ហើយឲ្យ​ភិក្ខុទាំងពីររូប​ធ្វើតាមធម៌ ហើយសឹម​បវារណា១។

ចម្មក្ខន្ធកៈ

(៥. ចម្មក្ខន្ធកោ)

១៤៧. សោណកោឡិវិសវត្ថុ

(១៤៧)

[៤៩] សម័យនោះ ព្រះពុទ្ធមានព្រះភាគ គង់នៅលើភ្នំគិជ្ឈកូដ ទៀបក្រុងរាជគ្រឹះ។ គ្រានោះឯង ព្រះបាទមាគធសេនិយពិម្ពិសារ សោយរាជ្យ​ជាឥស្សរាធិបតិលើអ្នកស្រុកទាំង​៨ម៉ឺន។ សម័យនោះឯង ក្នុងក្រុងចម្បា មានកូនសេដ្ឋីម្នាក់ឈ្មោះ​សោណៈ ជាកោឡិវិសគោត្ត ហើយជា​សុខុមាលជាតិ។ សេដ្ឋិបុត្តនោះ មានរោមជាច្រើនដុះ​ត្រង់បាតជើងទាំងពីរ។ គ្រានោះ ព្រះបាទ​មាគធសេនិយពិម្ពិសារ ទ្រង់​ប្រជុំ​ពួកអ្នក​ស្រុកទាំង​៨ម៉ឺន ហើយទ្រង់បញ្ជូនរាជបម្រើ​ទៅក្នុង​សំណាក់​សោណកោឡិវិសដោយ​មានកិច្ចអ្វីនីមួយថា សោណៈចូរមក ដ្បិតយើងចង់​ឲ្យសោណៈ​មក។ វេលានោះឯង ឯមាតាបិតា​នៃសោណកោឡិវិសបាននិយាយ​ពាក្យនេះនឹង​សោណកោឡិវិសថា នែសោណៈ​កូន ឥឡូវស្តេច​ចង់​ទតមើលជើង​របស់អ្នក នែសោណៈ​កូន អ្នកឯង​កុំចាំបាច់​លាជើង​បង្ហាញ​ស្តេចឡើយ អ្នកឯង​ចូរ​អង្គុយ​ពែនភ្នែន​ចំពោះ​ព្រះភក្ត្រ​ស្តេចចុះ កាលបើ​អ្នកអង្គុយនៅហើយ ស្តេចគង់នឹង​ទតឃើញ​ជើងអ្នកហើយ។ គ្រានោះឯង ពួកជនក៏​បាននាំសោណកោឡិវិស​មកដោយគ្រែស្នែង (មកថ្វាយស្តេច)។ ខណៈនោះ សោណកោឡិវិស ក៏​បានចូលទៅគាល់ព្រះបាទ​មាគធសេនិយពិម្ពិសារ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំ​ព្រះបាទ​មាគធសេនិយពិម្ពិសារ រួចហើយអង្គុយពែនភ្នែន​ចំពោះព្រះភក្ត្រស្តេច។ ឯព្រះបាទ​មាគធសេនិយ​ពិម្ពិសារ ក៏បានទតទៅឃើញ​រោមទាំងឡាយ​ដែលដុះ​ពេញបាតជើង​របស់សោណកោឡិវិស។ គ្រានោះឯង ព្រះបាទ​មាគធសេនិយ​ពិម្ពិសារ ទ្រង់បានប្រដៅនូវ​ប្រយោជន៍18) ទាំងឡាយជាបច្ចុប្បន្ន ចំពោះពួក​អ្នកស្រុកទាំង៨ម៉ឺននោះស្រេចហើយ ក៏ទ្រង់​បញ្ជូន​ទៅវិញថា នែនាយទាំងឡាយ យើងបានប្រដៅអ្នករាល់គ្នា​ ក្នុងប្រយោជន៍​ជាបច្ចុប្បន្ន​ហើយ អ្នកទាំងឡាយចូរ​នាំគ្នាទៅវិញចុះ តែអ្នកទាំងឡាយត្រូវនាំគ្នាទៅគាល់​ព្រះដ៏មានព្រះភាគ ព្រះដ៏មានព្រះភាគនោះ មុខជានឹងប្រៀនប្រដៅ​នូវប្រយោជន៍​ទាំងឡាយ​ក្នុង​បរលោក​ដល់យើងទាំងឡាយ។ វេលានោះឯង ពួកអ្នកស្រុកទាំង៨ម៉ឺន​នោះ បានទៅឯភ្នំ​គិជ្ឈកូដ។ សម័យនោះឯង ព្រះសាគតដ៏មានអាយុ ជាអ្នកបម្រើព្រះដ៏មានព្រះភាគ។ វេលានោះ ពួកអ្នកស្រុក​ទាំង៨ម៉ឺននោះ បានចូល​ទៅរកព្រះសាគត​ដ៏មានអាយុ លុះចូលទៅ​ដល់ហើយ ក៏បាននិយាយពាក្យនេះ​នឹងព្រះសាគត​ដ៏មាន​អាយុថា បពិត្រលោកដ៏ចំរើន ឥឡូវពួកអ្នកស្រុក​ទាំង៨ម៉ឺននេះ បានចូលមកក្នុងទីនេះ ដើម្បី​ឃើញព្រះដ៏មានព្រះភាគ បពិត្រលោកដ៏ចំរើន យើងខ្ញុំគួរបាន​ឃើញព្រះដ៏មានព្រះភាគ ទើប​ជាការប្រពៃ។ ព្រះសាគតភិក្ខុតបវិញថា នែអ្នកដ៏មានអាយុទាំងឡាយ បើដូច្នោះ អ្នករាល់គ្នា​ឈប់​បង្អង់​ចាំអាត្មា​នៅទី​នេះ១ស្របក់ចុះ ចាំអាត្មា​ក្រាបទូល​ព្រះដ៏មានព្រះភាគ​សិន។ គ្រានោះឯង កាលពួកអ្នកស្រុកទាំង៨ម៉ឺន​នោះកំពុងតែសំឡឹង​មើលក្នុងទី​ចំពោះមុខ ​ព្រះសាគត​ដ៏មានអាយុ ក៏ជ្រែក​ចុះចំផែនថ្ម19) ហើយទៅផុស​ក្នុងទីចំពោះ​ព្រះភក្ត្រ​ព្រះដ៏មានព្រះភាគ រួចក៏បាន​ពោល​ពាក្យនេះ​នឹងព្រះដ៏មានព្រះភាគថា បពិត្រ​ព្រះអង្គដ៏ចំរើន ឥឡូវ​មាន​ពួកអ្នកស្រុកទាំង​៨ម៉ឺន​នេះ បាន​ចូលមកក្នុងទីនេះ​ដើម្បី​ឃើញព្រះដ៏មានព្រះភាគ បពិត្រព្រះអង្គដ៏ចំរើន ព្រះដ៏មានព្រះភាគ​រមែង​ជ្រាបនូវកាល​គួរ ជាប្រយោជន៍​ក្នុងកាលឥឡូវ​នេះ។ ព្រះដ៏មានព្រះភាគតបថា នែសាគត បើដូច្នោះ អ្នកចូរទៅ​រៀបចំក្រាលអាសនៈ ត្រង់ម្លប់នៃវិហារចុះ។ ព្រះសាគត​ដ៏មានអាយុ​បាន​ទទួល​ព្រះពុទ្ធដីកា​ព្រះដ៏មានព្រះភាគថា ព្រះករុណាព្រះអង្គ ហើយក៏នាំ​យកតាំង ជ្រែកចុះក្នុង​ទី​ចំពោះ​ព្រះភក្ត្រ​ព្រះដ៏មានព្រះភាគ កាលអ្នកស្រុក​ទាំង​៨ម៉ឺន​នោះ កំពុង​សំឡឹង​មើលក្នុង​ទីចំពោះ​មុខ ក៏ស្រាប់តែទៅផុស​ចំផែនថ្ម ហើយក្រាលអាសនៈ​ត្រង់ម្លប់​នៃវិហារ។ វេលានោះ ព្រះមានព្រះភាគ ទ្រង់យាងចេញពី​វិហារ ទៅគង់នៅ​លើអាសនៈ​ដែលព្រះសាគត​ត្ថេរៈ​បានក្រាល​ត្រង់ម្លប់​នៃវិហារ។ លំដាប់នោះឯង ពួកអ្នកស្រុកទាំង​៨ម៉ឺន​នោះ បានចូល​ទៅគាល់​ព្រះដ៏​មានព្រះភាគ លុះចូលទៅ​ដល់ហើយ ក៏ក្រាបថ្វាយបង្គំ​ព្រះដ៏មានព្រះភាគ រួចអង្គុយ​នៅក្នុងទី​ដ៏សមគួរ។ គ្រានោះ ពួកអ្នក​ស្រុកទាំង​៨ម៉ឺននោះ ក៏អបអរ រាក់ទាក់នឹងព្រះសាគត​ដ៏មាន​អាយុទៅវិញ មិនបានអបអរ​រាក់ទាក់​នឹង​ព្រះដ៏មានព្រះភាគ ដូច្នោះឡើយ។ វេលានោះឯង ព្រះដ៏មានព្រះភាគ ទ្រង់ជ្រាប​សេចក្តី​បរិវិតក្ក​ ​ក្នុងចិត្តរបស់​ពួកអ្នកស្រុក​ទាំង៨ម៉ឺន ដោយព្រះទ័យ​នោះហើយ ទើបទ្រង់ត្រាស់​ហៅព្រះសាគត​ដ៏មានអាយុ​មកថា នែសាគត បើដូច្នោះ​ អ្នកចូរ​សំដែង​ឥទ្ធិប្បាដិហារ្យ ដែលជាធម៌​របស់មនុស្សជាន់ខ្ពស់ ឲ្យក្រៃលែង​ឡើង​ទៅទៀត។ ព្រះសាគត​ដ៏​មានអាយុ​បានទទួល​ស្តាប់​ព្រះពុទ្ធដីកាព្រះដ៏មានព្រះភាគថា ព្រះករុណាព្រះអង្គ ហើយក៏ហោះ​ទៅលើវេហាស៍ ចង្រ្កម គឺដើរខ្លះ ឈរខ្លះ គង់ខ្លះ សិងខ្លះ បណ្តាល​ឲ្យកើតផ្សែងខ្លះ បណ្តាល​ឲ្យ​កើតភ្លើងខ្លះ បាត់​ខ្លួន​ទៅខ្លះ ក្នុងប្រទេស​ទំនេរ គឺ​អាកាស។ វេលានោះ ព្រះសាគតដ៏មានអាយុ លុះបាន​សំដែង​ឥទ្ធិប្បាដិហារ្យ ជាធម៌​របស់មនុស្សជាន់ខ្ពស់ មានប្រការច្រើនយ៉ាង ​នៅលើប្រទេស​ទំនេរ គឺអាកាស​រួចហើយ ក៏មកក្រាបសិរសា ទៀប​ព្រះបាទា នៃព្រះដ៏មានព្រះភាគ ហើយក៏​បាន​ក្រាបបង្គំ​ទូលពាក្យនេះ នឹងព្រះមានព្រះភាគ​ថា បពិត្រព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគ ជាគ្រូ​របស់ខ្ញុំព្រះអង្គ ខ្ញុំព្រះអង្គជាសាវក បពិត្រព្រះអង្គដ៏ចំរើន ព្រះដ៏មានព្រះភាគ ជាគ្រូ​របស់​ខ្ញុំ​ព្រះ​អង្គ ខ្ញុំព្រះអង្គជាសាវក។ ខណៈនោះ អ្នកស្រុកទាំង​៨ម៉ឺននោះ ក៏ពោលថា នែគ្នាយើង​ដ៏ចំរើន គួរ​អស្ចារ្យពេកណាស់ នែគ្នាយើងដ៏ចំរើន ហេតុដែលមិនធ្លាប់កើត កើត​ឡើងហើយតើ អម្បាល​សាវក​មានឫទ្ធិ​ខ្លាំង មានអានុភាព​ច្រើនម្ល៉ោះ​ទៅហើយ ចំណង់​បើគ្រូ គង់មានឫទ្ធានុភាព​ក្រៃលែង ជាងនេះ​ពិតប្រាកដ ហើយបែរមកអបអរ​ រាក់ទាក់​ នឹង​ព្រះដ៏មានព្រះភាគវិញ លែងអបអរ​រាក់ទាក់​ នឹង​ព្រះសាគតដ៏មានអាយុ​ដូច្នោះទៀតឡើយ។ វេលានោះ ព្រះដ៏មានព្រះភាគ​ជាម្ចាស់ ទ្រង់ជ្រាបសេចក្តី​បរិវិតក្ក ​ក្នុងចិត្ត​របស់​ពួកអ្នកស្រុក ទាំង​៨ម៉ឺន​នោះ ដោយ​ព្រះទ័យហើយ ទើបទ្រង់​សំដែងនូវ​អនុបុព្វីកថា ឯអនុបុព្វីកថានោះ តើដូចម្តេចខ្លះ គឺព្រះអង្គ​ទ្រង់សំដែង​ទាន​កថា សីលកថា សគ្គកថា សំដែងពីទោស​ របស់កាមគុណ ដែលជារបស់លាមកសៅហ្មង និងអានិសង្ស​ក្នុងកិរិយា​ចេញបួស។ ​ព្រះដ៏មានព្រះភាគ ​ជាម្ចាស់ ទ្រង់​បានជ្រាបថា ពួក​ជនទាំង​នោះមានចិត្ត​ស្រួល មានចិត្តទន់ មានចិត្តប្រាសចាក​នីវរណៈ មានចិត្តអណ្តែតឡើង មានចិត្ត​ជ្រះថ្លា​ក្នុងវេលា​ណាហើយ ក៏ទ្រង់សំដែងនូវ​ធម្មទេសនា ដែលព្រះពុទ្ធ​ទាំងឡាយ​ តែងលើក​ឡើង​សំដែង​ដោយ​ព្រះអង្គ​ឯង គឺសំដែងពី​កងទុក្ខ ហេតុដែលនាំឲ្យកើតកងទុក្ខ សេចក្តីរំលត់នូវ​កងទុក្ខ និងផ្លូវ​ដែល​ដល់​នូវ​សេចក្តី​រំលត់​កងទុក្ខ ក្នុងវេលានោះ។ សំពត់សស្អាត ប្រាសចាកវត្ថុមានពណ៌ខ្មៅ គួរ​ទទួល​យកគ្រឿង​ជ្រលក់​ដោយ​ល្អ យ៉ាងណាមិញ ធម្មចក្ខុ (គឺ​សោតាបត្តិមគ្គ) ឥតមានធូលី ឥតមាន​មន្ទិល ក៏កើតឡើងដល់​ពួកអ្នកស្រុក​ទាំង៨ម៉ឺន​នោះ លើអាសនៈ​នោះថា ធម្មជាតឯណានីមួយ មានសេចក្តីកើតឡើង​ជាធម្មតា ធម្មជាតទាំងអស់នោះ តែងមានសេចក្តីរលត់​ទៅវិញ​ជាធម្មតា យ៉ាង​នោះឯង។ ពួកជន​ទាំងនោះ ក៏បានយល់នូវ​អរិយសច្ចធម៌ហើយ បានដល់នូវ​អរិយសច្ច​ធម៌​ហើយ បានដឹងច្បាស់ ​នូវ​អរិយសច្ចធម៌​ហើយ បានចុះចិត្តស៊ប់ ​ក្នុងអរិយសច្ចធម៌ហើយ ឆ្លងផុត​សេចក្តីសង្ស័យ ប្រាសចេញពី​សេចក្តី​ងឿងឆ្ងល់ ដល់​នូវសេចក្តី​ក្លៀវក្លា មិនបានជឿបុគ្គលដទៃ​ ក្នុងសាសនា នៃ​ព្រះសាស្តា ក៏បាន​ក្រាបបង្គំ​ទូលពាក្យ​នេះ នឹងព្រះដ៏មានព្រះភាគថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន ច្បាស់ណាស់ហើយ បពិត្រព្រះអង្គដ៏ចំរើន ច្បាស់ណាស់ហើយ បពិត្រព្រះ​អង្គ​ដ៏ចំរើន បុគ្គលផ្ងារឡើង ​នូវ​ភាជន៍ដែលគេផ្កាប់ចុះ ឬបើកឡើង​ នូវ​វត្ថុដែល​កំបាំង ឬប្រាប់ផ្លូវ​ដល់​អ្នក​វង្វេងផ្លូវ ឬទ្រោល​បំភ្លឺ​ប្រទីបប្រេង​ ក្នុងទីងងឹត ដោយគិតថា ពួកជន​ដែលមានចក្ខុ នឹងបាន​ឃើញ​នូវរូបទាំងឡាយ យ៉ាងណាមិញ ធម៌ដែលព្រះដ៏មានព្រះភាគ បានសំដែង​ដោយ​អនេក​បរិយាយ ក៏ដូច្នោះឯង បពិត្រព្រះអង្គដ៏ចំរើន យើងខ្ញុំទាំងឡាយនេះ សូមដល់​នូវ​ព្រះដ៏មាន​ព្រះភាគ ​ជាម្ចាស់ផង ព្រះធម៌ផង ព្រះភិក្ខុសង្ឃ​ផងថា ជាទីរលឹក សូម​ព្រះដ៏មាន​ព្រះភាគជាម្ចាស់ ចាំទុកនូវយើងខ្ញុំ​ថា ជា​ឧបាសក បានដល់​នូវ​ព្រះរតនត្រ័យ ថាជា​ទីរលឹក​ស្មើ​ដោយជីវិត ចាប់ដើម​តាំងពីថ្ងៃនេះទៅ។

សោណស្ស បព្វជ្ជា

(សោណស្ស បព្វជ្ជា)

[៥០] គ្រានោះ សោណកោឡិវិស មានសេចក្តីត្រិះរិះ​ដូច្នេះថា ធម៌​ដែលព្រះដ៏​មានព្រះភាគ​ទ្រង់សំដែងហើយ យ៉ាងណាៗ អាត្មាអញ​ក៏បានដឹងជាក់ បុគ្គលដែលនៅគ្រប់គ្រង​រក្សាផ្ទះនេះ មិនងាយ​នឹងប្រព្រឹត្ត​ព្រហ្មចរិយធម៌​ឲ្យពេញលេញ ឲ្យបរិសុទ្ធ​ដោយចំណែក១ ដូច​ជាសង្ខ ដែលបុគ្គល​ដុសខាត់​ហើយទេ បើដូច្នោះ មានតែអាត្មាអញនឹងកោរសក់ ពុកមាត់ ហើយស្លៀក​ដណ្តប់​សំពត់​កាសាយ ចេញចាកផ្ទះ ហើយបួស​ក្នុងភាព​ នៃបុគ្គល​មិនមាន​ប្រយោជន៍​ដោយផ្ទះ។ ខណៈនោះ ពួកអ្នកស្រុកទាំង​៨ម៉ឺននោះ ក៏បានត្រេកអរ​រីករាយ​នឹងធម៌ ដែលព្រះមានព្រះភាគ​ទ្រង់​សំដែងហើយ ក៏ក្រោកចេញចាក​អាសនៈ ក្រាបថ្វាយបង្គំ​ព្រះមានព្រះភាគ រួចធ្វើ​ប្រទក្សិណ ហើយក៏ចៀស​ចេញទៅ។ វេលានោះឯង សោណកោឡិវិស កាលបើពួកអ្នកស្រុកទាំង៨ម៉ឺន​ ចៀសចេញ​ទៅមិនយូរ​ប៉ុន្មាន បានចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាប​ថ្វាយបង្គំ​ព្រះដ៏មានព្រះភាគ ហើយអង្គុយ​នៅក្នុងទីដ៏សមគួរ។ សោណកោឡិវិស លុះ​អង្គុយ​នៅក្នុងទី​ដ៏សមគួរ​ហើយ ក៏បានក្រាបបង្គំទូល​ពាក្យនេះ នឹងព្រះដ៏មានព្រះភាគ​ថា បពិត្រ​ព្រះអង្គដ៏ចំរើន ធម៌​ដែលព្រះអង្គ ​ទ្រង់សំដែងហើយ យ៉ាងណាៗ ខ្ញុំព្រះអង្គ​ក៏ដឹងបានទាំងអស់ បុគ្គលដែលនៅគ្រប់គ្រង​រក្សាផ្ទះ មិនងាយ​នឹងប្រព្រឹត្ត​ព្រហ្មចរិយធម៌​ឲ្យបានពេញលេញ ឲ្យបាន​បរិសុទ្ធ​ដោយចំណែក១ ដូច​ជាសង្ខ ដែលបុគ្គល​ដុសខាត់​ហើយទេ បពិត្រ​ព្រះអង្គដ៏ចំរើន ឥឡូវ ខ្ញុំព្រះអង្គចង់កោរសក់ និងពុកមាត់ ហើយស្លៀក​ដណ្តប់​សំពត់​កាសាយ ចេញចាកផ្ទះ ហើយបួស​ក្នុងភាព​នៃបុគ្គល​មិនមាន​ប្រយោជន៍​ដោយផ្ទះ បពិត្រព្រះអង្គដ៏ចំរើន សូម​ព្រះដ៏​មានព្រះភាគ ទ្រង់ព្រះមេត្តាបំបួស​ខ្ញុំព្រះអង្គ។ សោណកោឡិវិស បានបព្វជ្ជា​ឧបសម្បទា​ក្នុង​សំណាក់​ព្រះមានព្រះភាគ។ លុះព្រះសោណដ៏​មានអាយុ បានឧបសម្បទាមិនយូរ​ប៉ុន្មាន ក៏បានទៅ​គង់​នៅ​ព្រៃ​សីតវន (ព្រៃត្រជាក់)។ កាលសោណភិក្ខុនោះ ខំព្យាយាមខ្លាំង ដើរចង្ក្រមទៅ បាទារបស់​លោក​ក៏បែក (ចេញ​ឈាម)។ ទីចង្ក្រមក៏ប្រឡាក់ដោយឈាម ដូច​ជាទី​ដែលសម្រាប់​សម្លាប់គោ។ ខណៈនោះ កាលព្រះសោណៈ​ដ៏មានអាយុ​ សម្ងំ​ក្នុងទីស្ងាត់ ក៏កើត​ការត្រិះរិះ​ក្នុងចិត្ត​យ៉ាងនេះថា ពួក​សាវក​ឯណាមួយ ​នៃព្រះដ៏​មានព្រះភាគ ដែលមានព្យាយាម​ប្រឹងប្រែង បណ្តាសាវក​ទាំងនោះ អាត្មាអញ ​ក៏ជាសាវកមួយដែរ តែបើទុកជាដូច្នោះ ក៏ចិត្ត​របស់​អាត្មាអញ ​នៅមិនទាន់​ផុតចាក​អាសវៈ ដោយមិនមានឧបាទានឡើយ ឯត្រកូលរបស់​អាត្មាអញ ក៏​មានទ្រព្យ​សម្បត្តិ​បរិបូណ៌ដែរ អាត្មាអញ អាច​នឹងបរិភោគ​ទ្រព្យ​សម្បត្តិផង អាច​នឹងធ្វើ​បុណ្យ​ផង បើដូច្នោះ គួរ​អាត្មាអញ វិលត្រឡប់ទៅ​ ដើម្បី​ហីនភេទវិញ (គឺសឹក) ហើយនឹង​បរិភោគ​ទ្រព្យ​សម្បត្តិ​ផង ធ្វើបុណ្យផង។ លំដាប់នោះ ព្រះដ៏​មានព្រះភាគ ទ្រង់បាន​ជ្រាប​សេចក្តីត្រិះរិះ ​ក្នុងចិត្ត​របស់​ព្រះសោណៈ​ដ៏មានអាយុ ដោយព្រះទ័យហើយ ក៏ស្រាប់តែ​បាត់ព្រះអង្គពីលើភ្នំគិជ្ឈកូដ ទៅប្រាកដ​ព្រះអង្គនៅឯព្រៃសីតវន ប្រៀបដូចបុរស​មាន​កំឡាំង លាចេញនូវ​ដើមដៃ ​ដែលខ្លួន​បត់ចូល ឬបត់ចូលនូវ​ដើមដៃ ដែលខ្លួន​លាចេញ។ វេលានោះ ព្រះដ៏​មានព្រះភាគ ទ្រង់​យាង​ទៅកាន់​សេនាសនចារិក​ ជាមួយ​នឹងពួកភិក្ខុជាច្រើនរូប បានយាងសំដៅ​ទៅកាន់​ទី​ចង្ក្រម​របស់​ព្រះសោណៈ​ដ៏មានអាយុនោះ។ ព្រះមានព្រះភាគ ​ក៏បានទត​ទៅឃើញ​ទីចង្ក្រម​របស់ព្រះ​សោណៈ​ដ៏មានអាយុ​ប្រឡាក់ដោយឈាម លុះទត​ឃើញហើយ ក៏​ត្រាស់ហៅភិក្ខុទាំងឡាយ​មកសួរថា ម្នាលភិក្ខុទាំងឡាយ ទីចង្ក្រមនេះ ជាទីចង្ក្រម​របស់អ្នកណា បានជាប្រឡាក់​ដោយឈាម ដូចជាទី​សម្រាប់​សម្លាប់គោ។ ភិក្ខុទាំងឡាយក្រាបទូលថា បពិត្រ​ព្រះអង្គដ៏ចំរើន កាលព្រះសោណៈ​ដ៏មាន​អាយុខំព្យាយាម​ដើរចង្ក្រមទៅ បាទា​របស់លោកក៏បែក នេះជាទីចង្ក្រម​របស់​លោក​នោះ ដែល​ប្រឡាក់ដោយឈាម ដូចជាទី​ដែលសម្រាប់​សម្លាប់គោ។ វេលានោះ ព្រះមាន​ព្រះភាគ ទ្រង់​យាងចូលទៅកាន់​វិហារ​របស់​ព្រះសោណៈ​ដ៏មានអាយុ លុះយាង​ចូលទៅ​ដល់ហើយ ក៏ទ្រង់​គង់​នៅលើ​អាសនៈ ដែលគេ​បាន​ក្រាលទុក។ ចំណែកឯព្រះសោណៈ​ដ៏មានអាយុ ក៏ក្រាបថ្វាយ​បង្គំ​ព្រះ​​មានព្រះភាគ រួចហើយអង្គុយនៅក្នុងទីដ៏សមគួរ។ លុះ​ព្រះសោណៈ​ដ៏មានអាយុ អង្គុយ​នៅក្នុង​ទីដ៏សមគួរហើយ ទើបព្រះ​មានព្រះភាគ ទ្រង់មាន​ព្រះបន្ទូល​យ៉ាងនេះថា នែសោណៈ កាលអ្នកសម្ងំនៅ​ក្នុងទីស្ងាត់ ក៏កើត​ការត្រិះរិះ​ក្នុងចិត្ត​យ៉ាងនេះថា ពួក​សាវក​ណាមួយ ​របស់ព្រះ​មានព្រះភាគ ដែលមានព្យាយាម​ប្រឹងប្រែង បណ្តា​សាវក​ទាំងនោះ អាត្មាអញ​ ក៏ជាសាវកមួយដែរ តែបើទុកជាដូច្នោះ ក៏ចិត្ត​របស់​អាត្មាអញ​នៅមិន​ទាន់​​ផុតចាក​អាសវៈទាំងឡាយ ដោយ​មិនមាន​ឧបាទាន​ឡើយ ម្យ៉ាងទៀត ទ្រព្យ​សម្បត្តិ​ក្នុង​ត្រកូល​​របស់អាត្មាអញ ក៏​មាន​បរិបូណ៌ អាត្មាអញអាច​នឹងបរិភោគ​ទ្រព្យ​សម្បត្តិផង ធ្វើ​បុណ្យ​ផង បើដូច្នោះ គួរ​អាត្មាអញ វិលត្រឡប់ទៅ ​ដើម្បី​ហីនភេទ​ ហើយ​​បរិភោគ ​នូវទ្រព្យ​សម្បត្តិ​ផង ធ្វើបុណ្យផង។ សោណៈ​ភិក្ខុនោះ​ក្រាបទូលថា បពិត្រព្រះអង្គ​ដ៏ចំរើន ពិតមែន។ ព្រះ​មានព្រះភាគ ទ្រង់សួរថា នែសោណៈ អ្នកឯងសំគាល់ហេតុនោះ​ដូចម្តេច កាលពីដើម​អ្នកឯងនៅជា​គ្រហស្ថនោះ ជាអ្នកឆ្លាស​ក្នុងសូរ​សំឡេង​ខ្សែពិណឬ។ ព្រះសោណៈ​ក្រាបទូលថា បពិត្រ​ព្រះអង្គដ៏​ចំរើន ពិតមែន។ ព្រះ​មានព្រះភាគ ទ្រង់​សួរថា នែសោណៈ អ្នកឯង​សំគាល់​ហេតុនោះដូចម្តេច កាលណាខ្សែ​ពិណ​ របស់អ្នក​តឹងពេកទៅ តើពិណ​របស់អ្នកឯង មានសំឡេង​ពីរោះឬ គួរ​ដល់ការងារ ​ក្នុងកាល​នោះដែរឬ។ ព្រះសោណៈ​ក្រាបទូលថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន ការនុ៎ះ​មិនដូច្នោះទេ។ ព្រះ​មានព្រះភាគទ្រង់​សួរថា នែសោណៈ អ្នកឯង​សំគាល់​ហេតុនោះដូចម្តេច កាលណាបើខ្សែ​ពិណ​ របស់អ្នកធូរពេក តើពិណ​របស់អ្នកឯង មានសំឡេង​ពីរោះឬ គួរ​ដល់ការងារ ​ក្នុងកាល​នោះដែរឬ។ ព្រះសោណៈ​ក្រាបទូលថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន ការនុ៎ះ​មិនដូច្នោះទេ។ ព្រះ​មានព្រះភាគទ្រង់​សួរថា នែសោណៈ អ្នក​សំគាល់​ហេតុនោះដូចម្តេច កាលណាបើខ្សែ​ពិណ​ របស់អ្នក មិន​តឹងពេក មិនធូរពេក តាំងនៅក្នុងគុណ​ដ៏ល្មម តើពិណ​របស់អ្នកឯង មានសំឡេង​ពីរោះឬ គួរ​ដល់ការងារ​ក្នុងកាល​នោះដែរឬ។ ព្រះសោណៈ​​នោះក្រាប​ទូល​ថា ព្រះករុណាព្រះអង្គ។ ព្រះ​មានព្រះភាគ ទ្រង់ត្រាស់ថា នែសោណៈ សេចក្តី​ព្យាយាម​ដែល​តឹងពេក នាំឲ្យកើត​សេចក្តីរាយមាយ សេចក្តីព្យាយាម​ដែលធូរពេក នាំឲ្យកើត​សេចក្តីខ្ជិល​ច្រអូស ដូចខ្សែពិណយ៉ាង​នោះឯង ព្រោះហេតុនោះ នែសោណៈ ក្នុងវេលានេះ អ្នកចូរតាំង​សេចក្តី​ព្យាយាម​ឲ្យស្មើ​ ក្នុងធម្មវិន័យ​នេះ ត្រូវប្រើឥន្ទ្រិយ​ទាំងឡាយ​ឲ្យ​ស្មើគ្នាផង ត្រូវកាន់​យក​នូវ​និមិត្ត​ក្នុងសមថៈនោះផង។ ព្រះសោណៈ​ដ៏មានអាយុ បានទទួលស្តាប់​ព្រះពុទ្ធដីកា​ព្រះ​មាន​ព្រះភាគ ដោយពាក្យថា ព្រះករុណាព្រះអង្គ។ វេលានោះឯង ​ព្រះ​មានព្រះភាគទ្រង់ទូន្មាន​ព្រះសោណៈ​ដ៏​មានអាយុ ដោយឱវាទ​នេះរួចហើយ ទើបទ្រង់​បាត់ព្រះអង្គ អំពី​ទីចំពោះ​មុខ នៃ​ព្រះសោណៈ​ដ៏​មានអាយុ នៅនាព្រៃសីតវន ហើយទ្រង់​ប្រាកដ​នៅលើភ្នំគិជ្ឈកូដវិញ ប្រៀបដូចជាបុរស​ដែលមាន​កំឡាំង លាដើមដៃ ដែលខ្លួនបត់ចូល ឬ​បត់ចូល ​នូវដើមដៃ ​ដែលខ្លួន​លាចេញ។ លំដាប់នោះ លុះ​សម័យ​តមក ព្រះសោណៈ​ដ៏មានអាយុ ក៏បានតាំង​សេចក្តី​ព្យាយាម​ស្មើ បាន​ប្រើឥន្ទ្រិយ​ទាំង​៥​ក៏​ស្មើ​គ្នាផង បានកាន់​យកនូវ​និមិត្ត​ក្នុងសមថៈ​នោះឯង។ វេលានោះ ព្រះសោណៈ​ដ៏មានអាយុ បាន​ចៀស​ចេញ ទៅ​តែម្នាក់ឯង ឥតមាន​សេចក្តី​ប្រមាទឡើយ ខំព្យាយាម​ ដុតបង់​នូវកិលេស បញ្ជូន​ចិត្ត​ឲ្យបែរទៅ (កាន់​ព្រះនិព្វាន) ពួក​កុលបុត្រ ​ដែលចេញចាក​ផ្ទះហើយ ទៅបួស​ក្នុងភាព​ជាបុគ្គលមិនមាន​ប្រយោជន៍​ដោយផ្ទះ ដោយប្រពៃ ដើម្បីប្រយោជន៍​ដល់​អនុត្តរ​ធម៌ណា (ព្រះសោណៈ) ក៏បានធ្វើឲ្យជាក់ច្បាស់​ នូវអនុត្តរធម៌​នោះ ជាទីបំផុត​ នៃមគ្គព្រហ្មចារ្យ ដោយបញ្ញា​របស់ខ្លួន​ ដោយខ្លួនឯង ក្នុងបច្ចុប្បន្ននេះ បាន​សម្រេច​សម្រាន្ត​នៅ ដោយ​ឥរិយាបថទាំង​៤ មិនយូរ​ប៉ុន្មាន ក៏បានដឹង​ច្បាស់ថា ជាតិកំណើតរបស់​អាត្មាអញ ​អស់ហើយ ព្រហ្មចរិយធម៌​អញ​ ក៏​បាននៅចប់ហើយ កិច្ចដែលត្រូវធ្វើ អញ​ក៏បាន​ធ្វើហើយ នឹងមានកិច្ច​ដទៃអំពីកិច្ច​នេះតទៅ​ទៀត គ្មានឡើយ។ បណ្តាព្រះអរហន្តទាំងឡាយ ព្រះសោណៈ​ដ៏មានអាយុ ក៏ជាព្រះអរហន្ត​អង្គមួយដែរ។

[៥១] លំដាប់នោះ កាលព្រះសោណៈ​ដ៏មានអាយុ បានសម្រេច​ព្រះអរហត្តហើយ ក៏មាន​សេចក្តី​រិះគិត​ដូច្នេះថា បើដូច្នោះ មានតែអាត្មាអញ ​នឹងសំដែងគុណ គឺអរហត្តផល ក្នុងសំណាក់​ព្រះដ៏​​មានព្រះភាគ។ វេលានោះ ព្រះសោណៈ​ដ៏មានអាយុ បានចូលទៅគាល់​ព្រះ​មាន​ព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំ ​ព្រះ​មានព្រះភាគ រួចអង្គុយ​នៅក្នុងទីដ៏​សមគួរ។ ព្រះ​សោណៈ​​ដ៏មានអាយុ អង្គុយ​នៅក្នុងទី​ដ៏សមគួរហើយ ក៏បាន​ក្រាបបង្គំ​ទូលពាក្យនេះ នឹងព្រះដ៏​មានព្រះភាគថា បពិត្រ​ព្រះអង្គដ៏ចំរើន ភិក្ខុណា ជាព្រះអរហន្តខីណាស្រព បានសិក្សា​ព្រហ្មចារ្យ​ចប់ហើយ មានកិច្ច​សម្រេច​ហើយ មានភារៈ​ដាក់ចុះហើយ20) បានសម្រេច​ប្រយោជន៍របស់​ខ្លួនហើយ មានកិលេស​ ជាគ្រឿង​ប្រកប​សត្វក្នុងភព​អស់ហើយ មានចិត្ត​ផុតស្រឡះ​ហើយ (ចាកកិលេស) ព្រោះដឹងដោយ​ប្រពៃ ភិក្ខុនោះ​មាន​អធ្យាស្រ័យបង្អោន​ទៅកាន់​ហេតុ​ទាំង៦យ៉ាង គឺ​មានអធ្យាស្រ័យ​បង្អោន​ទៅកាន់​នេក្ខម្ម21) (គឺ​អរហត្ត)១ មានអធ្យាស្រ័យ​បង្អោន​ទៅក្នុងទីស្ងាត់១ មានអធ្យាស្រ័យ​បង្អោន​ទៅកាន់សេចក្តី​មិនព្យាបាទ​១ មានអធ្យាស្រ័យ​បង្អោន​ទៅកាន់​ធម៌ ជាគ្រឿង​អស់ទៅ​នៃ​ឧបាទាន១ មានអធ្យាស្រ័យ​បង្អោន​ទៅកាន់​ធម៌ ជាគ្រឿង​អស់​ទៅនៃ​តណ្ហា១ មានអធ្យាស្រ័យ​បង្អោន​ទៅកាន់​សេចក្តី​មិនវង្វេង១ បពិត្រ​ព្រះអង្គដ៏ចំរើន មានហេតុថា ក្នុងលោកនេះ មានលោកដ៏មានអាយុ​ពួកខ្លះ មានសេចក្តី​រិះគិត​ដូច្នេះថា លោកដ៏មានអាយុនេះ ឈ្មោះថាមានអធ្យាស្រ័យ​ បង្អោន​ទៅកាន់នេក្ខម្មៈ ព្រោះ​អាស្រ័យ​នូវគុណ គ្រាន់តែសេចក្តី​ជឿ​ប៉ុណ្ណោះឯង បពិត្រព្រះអង្គដ៏ចំរើន បុគ្គល​កុំគប្បី​យល់​ហេតុ​នេះ ដូច្នេះឡើយ បពិត្រព្រះអង្គដ៏​ចំរើន ឯភិក្ខុ ដែលជា​ព្រះខីណាស្រព បានសិក្សា​ព្រហ្មចារ្យ​ចប់ហើយ មានកិច្ច​សម្រេចហើយ កាលមិនបាន​ពិចារណាខ្លួន ដែលមានកិច្ច​ត្រូវធ្វើ ឬ​មិនបាន​ពិចារណា​ នូវសេចក្តី​ចំរើន​នៃកិច្ច ដែលខ្លួនបានធ្វើ​ហើយ បានឈ្មោះថា មានអធ្យាស្រ័យ​បង្អោន​ទៅកាន់នេក្ខម្មៈ ព្រោះអស់​រាគៈ ព្រោះប្រាសចាក​រាគៈ​ហើយ ឈ្មោះថា មានអធ្យាស្រ័យ​បង្អោន​ទៅកាន់នេក្ខម្មៈ ព្រោះអស់ទោសៈ ព្រោះប្រាសចាកទោសៈ​ហើយ ឈ្មោះថា មានអធ្យាស្រ័យ​បង្អោន​ទៅកាន់នេក្ខម្មៈ ព្រោះអស់មោហៈ ព្រោះប្រាសចាក​មោហៈ​ហើយ បពិត្រព្រះអង្គដ៏​ចំរើន មានហេតុថា ក្នុងលោកនេះ មានលោកដ៏មានអាយុ​ពួកខ្លះ មានសេចក្តី​រិះគិត​យ៉ាង​នេះថា លោក​ដ៏មានអាយុនេះ ជាអ្នកប្រាថ្នា​លាភសក្ការៈ និងសេចក្តីសរសើរហើយ ឈ្មោះថា មានអធ្យាស្រ័យ​បង្អោន​ទៅក្នុងទីដ៏ស្ងាត់ បពិត្រព្រះអង្គ​ដ៏ចំរើន បុគ្គល​កុំគប្បី​យល់​ហេតុ​នេះ ដូច្នេះឡើយ បពិត្រ​ព្រះអង្គដ៏​ចំរើន ឯភិក្ខុជា​ព្រះខីណាស្រព សិក្សា​ព្រហ្មចារ្យ​ចប់ហើយ មានកិច្ច​សម្រេចហើយ មិនបាន​ពិចារណានូវខ្លួន ដែលមានកិច្ច​ត្រូវធ្វើ ឬ​មិនបាន​ពិចារណា​នូវសេចក្តី​ចំរើន​នៃកិច្ច ដែលខ្លួនបានធ្វើ​ហើយ ឈ្មោះថា មានអធ្យាស្រ័យ​បង្អោន​ទៅក្នុងទីដ៏ស្ងាត់ ព្រោះអស់​រាគៈ ព្រោះប្រាសចាក​រាគៈ​ហើយ ឈ្មោះថា មានអធ្យាស្រ័យ​បង្អោន​ទៅក្នុងទីដ៏ស្ងាត់ ព្រោះ​អស់​ទោសៈ ព្រោះប្រាសចាកទោសៈ​ហើយ ឈ្មោះថា មានអធ្យាស្រ័យ​បង្អោន​ទៅក្នុងទីដ៏ស្ងាត់ ព្រោះ​អស់​មោហៈ ព្រោះប្រាសចាក​មោហៈ​ហើយ បពិត្រព្រះអង្គដ៏​ចំរើន មានហេតុថា ក្នុងលោកនេះ មានលោកដ៏មានអាយុ​ពួកខ្លះ មានសេចក្តី​រិះគិត​យ៉ាង​នេះថា លោក​ដ៏មានអាយុនេះ កាល​ត្រឡប់​មកកាន់សេចក្តី​ប្រកាន់សីល ប្រកាន់​វត្ត​ដោយ​សភាវៈ​ថ្លៃថ្លា ឈ្មោះថា មានអធ្យាស្រ័យ​បង្អោន​ទៅ​កាន់​​សេចក្តីមិន​ព្យាបាទ បពិត្រព្រះអង្គ​ដ៏ចំរើន បុគ្គល​កុំគប្បី​យល់​ហេតុនេះ​ ដូច្នេះឡើយ បពិត្រ​ព្រះអង្គដ៏ចំរើន ភិក្ខុជា​ព្រះខីណាស្រព បានសិក្សាព្រហ្មចារ្យចប់ហើយ មានកិច្ច​សម្រេច​ហើយ មិនបាន​ពិចារណានូវ​ខ្លួន​ ដែលមានកិច្ច​ត្រូវធ្វើ ឬ​មិនបាន​ពិចារណា​ នូវសេចក្តី​ចំរើន នៃកិច្ច​ដែលខ្លួនធ្វើហើយ ឈ្មោះថា មានអធ្យាស្រ័យ​បង្អោន​ទៅកាន់​សេចក្តី​មិនព្យាបាទ ព្រោះអស់រាគៈ ព្រោះ​ប្រាសចាក​រាគៈ​ហើយ ឈ្មោះថា មានអធ្យាស្រ័យ​បង្អោន​ទៅកាន់សេចក្តី​មិនព្យាបាទ ព្រោះ​អស់​ទោសៈ ព្រោះប្រាសចាកទោសៈ​ហើយ ឈ្មោះថា មានអធ្យាស្រ័យ​បង្អោន​ទៅកាន់សេចក្តី​មិនព្យាបាទ ព្រោះអស់មោហៈ ព្រោះប្រាសចាក​មោហៈ​ហើយ ឈ្មោះ​ថាមាន​អធ្យាស្រ័យ​បង្អោន​ទៅកាន់​ធម៌ ជាគ្រឿង​អស់ទៅនៃ​ឧបាទាន ព្រោះអស់​រាគៈ ព្រោះប្រាសចាក​រាគៈ​ហើយ ឈ្មោះថា មានអធ្យាស្រ័យ​បង្អោន​ទៅកាន់ធម៌ ជាគ្រឿង​អស់ទៅ​នៃឧបាទាន ព្រោះអស់ទោសៈ ព្រោះ​ប្រាសចាក​ទោសៈ​ហើយ ឈ្មោះថា មានអធ្យាស្រ័យ​បង្អោន​ទៅកាន់ធម៌ ​ជាគ្រឿង​អស់​ទៅ​នៃ​ឧបាទាន ព្រោះអស់មោហៈ ព្រោះប្រាសចាក​មោហៈ​ហើយ ឈ្មោះថា មានអធ្យាស្រ័យ​បង្អោន​ទៅកាន់​ធម៌ ជាគ្រឿង​អស់ទៅ ​នៃតណ្ហា ព្រោះអស់​រាគៈ ព្រោះប្រាសចាក​រាគៈ​ហើយ ឈ្មោះថា មានអធ្យាស្រ័យ​ បង្អោន​ទៅកាន់ធម៌ ជាគ្រឿង​អស់ទៅ ​នៃតណ្ហា ព្រោះអស់ទោសៈ ព្រោះ​ប្រាសចាក​ទោសៈ​ហើយ ឈ្មោះថា មានអធ្យាស្រ័យ​បង្អោន​ទៅកាន់ធម៌ ជាគ្រឿង​អស់​ទៅ​ នៃ​តណ្ហា ព្រោះអស់មោហៈ ព្រោះប្រាសចាក​មោហៈ​ហើយ ឈ្មោះថា មានអធ្យាស្រ័យ​បង្អោន​ទៅកាន់​សេចក្តី​មិនវង្វេង ព្រោះអស់​រាគៈ ព្រោះប្រាសចាក​រាគៈ​ហើយ ឈ្មោះថា មានអធ្យាស្រ័យ​បង្អោន​ទៅកាន់សេចក្តី​មិនវង្វេង ព្រោះអស់ទោសៈ ព្រោះប្រាសចាកទោសៈ​ហើយ ឈ្មោះថា មានអធ្យាស្រ័យ​បង្អោន​ទៅកាន់សេចក្តី​មិនវង្វេង ព្រោះអស់មោហៈ ព្រោះប្រាសចាក​មោហៈ​ហើយ បពិត្រព្រះអង្គដ៏​ចំរើន ភិក្ខុកាល​បើមានចិត្ត​ផុតស្រឡះប្រពៃ​យ៉ាងនេះហើយ បើទុក​ជារូប​ទាំងឡាយ​ដែល​មានកំឡាំង​គួរនឹង​ដឹងច្បាស់​ដោយភ្នែក មកកាន់​គន្លងភ្នែក ក៏មិនបាន​គ្រប​សង្កត់​ចិត្ត​របស់ភិក្ខុ​នោះបានឡើយ ចិត្តរបស់ភិក្ខុនោះ ដែលអារម្មណ៍​មិនបានធ្វើ​ឲ្យ​ច្រឡំ ដោយកិលេស ជាចិត្ត​ឋិតនៅខ្ជាប់ខ្ជួន ឥតមានកម្រើក ដោយតណ្ហាហើយ ពិចារណា​ឃើញ​នូវ​សេចក្តី​កើតឡើង​ និងសេចក្តី​រលត់ទៅនៃចិត្តនោះ បើសំឡេង​ទាំងឡាយ​ដែលមានកំឡាំង​គួរនឹង​ដឹងច្បាស់​ដោយ​ត្រចៀកបាន… ក្លិនទាំងឡាយ​ដែលមានកំឡាំង​គួរនឹង​ដឹងច្បាស់​ដោយច្រមុះបាន… រស​ទាំងឡាយ​​ ដែលមានកំឡាំង​គួរនឹង​ដឹងច្បាស់​ដោយអណ្តាតបាន… ផោដ្ឋព្វៈ (គឺ​អារម្មណ៍​ដែល​មក​ប៉ះ​ត្រូវកាយ) ទាំងឡាយ ​ដែលមានកំឡាំង​គួរនឹង​ដឹងច្បាស់​ដោយកាយបាន… ធម្មារម្មណ៍ (គឺ​អារម្មណ៍​ដែល​កើត​ក្នុងចិត្ត) ទាំងឡាយ​ ដែលមានកំឡាំង​គួរនឹង​ដឹងច្បាស់​ដោយចិត្តបាន មកកាន់​ផ្លូវ​នៃចិត្ត ក៏គ្របសង្កត់​ចិត្ត​របស់លោក​នោះ​មិនបានឡើយ ចិត្តរបស់លោកនោះ ដែល​អារម្មណ៍​មិនបាន​ធ្វើ​ឲ្យ​ច្រឡំ​ដោយកិលេស ជាចិត្ត​ឋិតនៅ​ខ្ជាប់ខ្ជួន ឥត​មានកម្រើកដោយ​តណ្ហាហើយ លោក​​បានពិចារណា​ឃើញ នូវ​សេចក្តី​កើត​ឡើង និងសេចក្តី​រលត់​ទៅ នៃចិត្ត​នោះ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ឧបមាដូចជា​ភ្នំថ្ម ឥតធ្លុះ ឥត​ប្រហោង ជាភ្នំតាន់សុទ្ធ បើមានសំណុំខ្យល់ ​ដែលមាន​កំឡាំង​​ខ្លាំង​ បក់បោក​មកពីទិស​ខាងកើតក្តី ក៏ញុំាង​ភ្នំនោះ ឲ្យកម្រើក​មិនបាន ឲ្យ​រំជួយ​មិនបាន ឲ្យ​ញាប់​ញ័រ​មិនបានឡើយ បើមានសំណុំខ្យល់​ ដែលមាន​កំឡាំង​ខ្លាំង​ បក់បោក​មកពីទិស​ខាងលិច​ក្តី។បេ។ បើមានសំណុំខ្យល់​ ដែលមាន​កំឡាំង​ខ្លាំង​ បក់បោក​មកពីទិស​ខាងជើងក្តី។បេ។ បើមាន​សំណុំ​ខ្យល់​​ ដែលមាន​កំឡាំង​ខ្លាំង​ បក់បោក​មកពីទិស​ខាងត្បូងក្តី ក៏ញុំាង​ភ្នំនោះ ឲ្យកម្រើក​មិនបាន ឲ្យ​រំជួយ​មិនបាន ឲ្យ​ញាប់​ញ័រ​មិនបានឡើយ បពិត្រ​ព្រះអង្គដ៏ចំរើន ភិក្ខុកាល​មានចិត្ត​ផុត​ស្រឡះ​ ដោយ​ប្រពៃ​យ៉ាងនេះហើយ បើរូបទាំងឡាយ​ ដែលមានកំឡាំង​ គួរនឹង​ដឹងច្បាស់​ដោយភ្នែក មកកាន់​គន្លង​ភ្នែកក្តី ក៏​គ្រប​សង្កត់​ចិត្ត ​របស់លោក​នោះមិនបានឡើយ ចិត្តរបស់លោកនោះ ដែលអារម្មណ៍​មិនបានធ្វើ​ឲ្យ​ច្រឡំ​ដោយកិលេស ជាចិត្ត​ឋិត​នៅខ្ជាប់ខ្ជួន ឥតមាន​កម្រើក ដោយ​តណ្ហា លោក​ពិចារណា​​​នូវ​សេចក្តី​កើតឡើង​ និង​សេចក្តី​រលត់​ទៅនៃចិត្តនោះ បើសំឡេង​ទាំងឡាយ ​​ដែលមាន​កំឡាំង​គួរនឹង​ដឹងច្បាស់​ដោយត្រចៀកក្តី… ក្លិនទាំងឡាយ​ ដែលមានកំឡាំង​ គួរនឹង​ដឹងច្បាស់​ដោយច្រមុះក្តី… រស​ទាំងឡាយ​ដែលមានកំឡាំង ​គួរនឹង​ដឹងច្បាស់​ដោយ​អណ្តាត​ក្តី… ផោដ្ឋព្វៈ​ទាំងឡាយ​​ដែលមាន​កំឡាំង​គួរនឹង​ដឹងច្បាស់​ដោយកាយក្តី… ធម្មារម្មណ៍​ទាំងឡាយ ​ដែលមានកំឡាំង ​គួរនឹង​ដឹងច្បាស់​ដោយចិត្ត មកកាន់​ផ្លូវ​ចិត្តក្តី ក៏គ្របសង្កត់​នូវចិត្ត ​របស់លោក​នោះ​មិនបានឡើយ ចិត្តរបស់លោកនោះ ដែល​អារម្មណ៍​មិនបាន​ធ្វើ​ឲ្យ​ច្រឡំ​ដោយកិលេស ជាចិត្ត​ឋិតនៅ​ខ្ជាប់ខ្ជួន ឥត​មានកម្រើកដោយ​តណ្ហា លោក​រមែងពិចារណា ​នូវ​សេចក្តី​កើត​ឡើង និង​សេចក្តី​​រលត់​នៃចិត្ត​នោះ ក៏មានឧបមេយ្យដូច្នោះឯង។

[៥២] ភិក្ខុ​កាលបើមានអធ្យាស្រ័យ​បង្អោន​ទៅកាន់​នេក្ខម្មៈ (គឺ​អរហត្ត)​ផង មានអធ្យាស្រ័យ​បង្អោន​ទៅកាន់​សេចក្តី​ស្ងប់ស្ងាត់​នៃចិត្តផង មានអធ្យាស្រ័យ​បង្អោន​ទៅកាន់​សេចក្តី​មិនព្យាបាទ​ផង មានអធ្យាស្រ័យ​បង្អោន​ទៅកាន់​​ធម៌​ជាគ្រឿង​អស់ទៅ​នៃឧបាទាន​ផង មានអធ្យាស្រ័យ​បង្អោន​ទៅកាន់​ធម៌​ជាគ្រឿង​អស់ទៅនៃ​តណ្ហាផង មានអធ្យាស្រ័យ​បង្អោន​ទៅកាន់​សេចក្តី​មិនវង្វេង​នៃ​ចិត្ត​ផង ចិត្ត​ក៏ផុតស្រឡះ​ដោយប្រពៃ ព្រោះ​បានឃើញ​នូវសេចក្តី​កើត និង​សេចក្តី​វិនាស​នៃអាយតនៈ កាលភិក្ខុ​នោះ​មានចិត្ត​ផុត​ស្រឡះ​ហើយដោយ​ប្រពៃ មានចិត្ត​រម្ងាប់ហើយ សេចក្តី​ចំរើន​នៃកិច្ច ​ដែល​ភិក្ខុនោះ​បានធ្វើ​ហើយក៏គ្មាន ​កិច្ច​ដែលគួរ​នឹង​ធ្វើក៏គ្មាន។ ថ្មដែលតាន់សុទ្ធ មិនបាន​រំជួយដោយខ្យល់ យ៉ាងណាមិញ រូប សំឡេង ក្លិន រស ផស្សៈ និង​ធម្មារម្មណ៍​ទាំងអស់ ដែល​ជាទីគាប់ចិត្តក្តី មិនជាទី​គាប់ចិត្ត​ក្តី ក៏ញុំាង​ចិត្ត​របស់​ភិក្ខុ​ជាតាទិបុគ្គល​22) ឲ្យ​ញាប់ញ័រ​មិនបាន យ៉ាងនោះដែរ ចិត្តរបស់ភិក្ខុ​នោះ ជាចិត្ត​ឋិត​នៅខ្ជាប់​ខ្ជួន ជាចិត្ត​ផុតស្រឡះ​ចាកកិលេសហើយ លោកពិចារណា​នូវ​សេចក្តី​កើត និង​សេចក្តី​រលត់​នៃចិត្តនោះ។

១៤៨. ទិគុណាទិឧបាហនបដិក្ខេបោ

(១៤៨)

[៥៣] គ្រានោះ ព្រះមានព្រះភាគ ទ្រង់​ត្រាស់ហៅ​ភិក្ខុទាំងឡាយមកថា នែភិក្ខុ​ទាំងឡាយ ពួកកុលបុត្ត តែង​ប្រកាស​គុណ គឺអរហត្តផលយ៉ាង​នេះឯង ពួកកុលបុត្តទាំងនោះ បានប្រកាស​សេចក្តី​នៃបុគ្គល​ជាអរហន្តផង មិនបានបង្អោន​ខ្លួនទៅ​ដោយអំនួតថា ខ្លួនជា​ព្រះអរហន្តផង ម្យ៉ាងទៀត ក្នុងលោកនេះ មានពួកមោឃបុរស​ខ្លះ ប្រកាស​ព្រះអរហត្តផល ទំនង​ធ្វើ​ដូច​ជា​សើច​លេង មោឃបុរស​ទាំងនោះ តែងដល់​នូវ​សេចក្តី​ចង្អៀត​ចង្អល់ ក្នុងកាលជាខាងក្រោយ (មិនខានឡើយ)។ វេលានោះ ព្រះមានព្រះភាគទ្រង់​ត្រាស់ហៅ​ព្រះសោណៈដ៏​មានអាយុថា នែសោណៈ អ្នកឯង​ធ្លាប់ចំរើនដោយសេចក្តីសុខ នែសោណៈ ឥឡូវនេះ តថាគតអនុញ្ញាត​ស្បែក​ជើង​១ជាន់​ឲ្យអ្នក។ ព្រះសោណៈ​នោះក្រាបទូលថា បពិត្រព្រះអង្គ​ដ៏ចំរើន ខ្ញុំព្រះអង្គ​បាន​លះបង់​ប្រាក់​ចំនួន​៨០រទេះ​ធំ (គឺ១រទេះធំ​កំណត់​ពីររទេះតូច) ផង បានលះបង់​នូវពួក​សេនា​ប្រកប​ដោយ​ដំរី៧ផង ហើយបានចេញពីផ្ទះមកបួស​ក្នុង​ភាព នៃ​បុគ្គល​មិនមាន​ប្រយោជន៍​ដោយផ្ទះ ជនទាំង​ឡាយ​មុខ​ជា​នឹងពោល (តិះដៀល) ដល់ខ្ញុំព្រះអង្គថា សោណកោឡិវិស ​បានលះបង់​ប្រាក់​ចំនួន​៨០រទេះ​យ៉ាងធំផង បានលះបង់​ នូវពួក​សេនា ​ប្រកប​ដោយ​ដំរី៧ផង ហើយបានចេញ​ចាក​ផ្ទះ​ មកបួស​ក្នុង​ភាព នៃ​បុគ្គល​មិនមាន​ប្រយោជន៍​ដោយផ្ទះ ឥឡូវនេះ សោណកោឡិវិស​នេះ នៅជាប់​ចំពាក់​នឹងស្បែកជើង១ជាន់ បើព្រះដ៏មានព្រះភាគ​ នឹង​ទ្រង់​អនុញ្ញាត​ដល់ភិក្ខុសង្ឃ ទើបខ្ញុំ​ព្រះអង្គ​ហ៊ាន​ប្រើប្រាស់ បើព្រះដ៏មានព្រះភាគ​ មិនទ្រង់អនុញ្ញាត​ដល់​ភិក្ខុសង្ឃទេ ខ្ញុំព្រះអង្គ​មិនហ៊ាន​ប្រើប្រាស់ទេ។ ព្រោះនិទាននេះ ដំណើរនេះ ទើបព្រះដ៏មានព្រះភាគ ទ្រង់ធ្វើ​នូវ​ធម្មីកថា ក្នុង​វេលានោះហើយ ទ្រង់​ត្រាស់​ហៅភិក្ខុ​ទាំងឡាយ​មកថា ម្នាលភិក្ខុ​ទាំងឡាយ តថាគត​អនុញ្ញាត​នូវ​ស្បែកជើង​១ជាន់ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវ​ពាក់​ស្បែកជើង​២ជាន់ មិនត្រូវ​ពាក់​ស្បែកជើង​៣ជាន់ មិនត្រូវ​ពាក់​ស្បែកជើង​៤ជាន់ឡើងទៅទេ ភិក្ខុណាពាក់ ត្រូវអាបត្តិ​ទុក្កដ។

១៤៩. សព្វនីលិកាទិបដិក្ខេបោ

(១៤៩)

[៥៤] ​សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុពាក់ស្បែកជើងពណ៌ខៀវសុទ្ធ (ដូចពណ៌​ផ្កាត្រកៀត)។បេ។ ពាក់ស្បែកជើងពណ៌លឿងសុទ្ធ (ដូចពណ៌ផ្កាកណ្ណិការ)។ ពាក់ស្បែក​ជើង​ពណ៌ក្រហមសុទ្ធ (ដូចពណ៌ផ្កាច្បារ)។ ពាក់ស្បែកជើងពណ៌ហង្សបាទសុទ្ធ (ដូចពណ៌​ស្បែង)។ ពាក់ស្បែកជើងពណ៌ខ្មៅសុទ្ធ (ដូចពណ៌ផ្លែផ្គាំ)។ ពាក់ស្បែក​ជើងពណ៌​ក្រហមក្រមៅសុទ្ធ (ដូចពណ៌ខ្នងក្អែប)។ ពាក់ស្បែកជើងពណ៌លឿងទុំសុទ្ធ (ដូចពណ៌ស្លឹកឈើទុំ ឬដូចផ្កាឈូក)។ មនុស្សទាំងឡាយក៏ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ដូចជាពួកគ្រហស្ថដែល​បរិភោគ​នូវកាមគុណ។ ភិក្ខុទាំងឡាយបាន​ក្រាបទូល​សេចក្តីនុះ​ ចំពោះ​ព្រះដ៏មានព្រះភាគជាម្ចាស់។ ព្រះអង្គទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវពាក់​ស្បែកជើង​ពណ៌ខៀវសុទ្ធ មិនត្រូវពាក់​ស្បែកជើង​ពណ៌លឿងសុទ្ធ មិនត្រូវពាក់​ស្បែកជើង​ពណ៌ក្រហមសុទ្ធ មិនត្រូវពាក់​ស្បែកជើង​ពណ៌ហង្សបាទសុទ្ធ មិនត្រូវពាក់​ស្បែកជើង​ពណ៌ខ្មៅសុទ្ធ មិនត្រូវពាក់​ស្បែកជើង​ពណ៌ក្រហម​ក្រមៅសុទ្ធ មិនត្រូវពាក់​ស្បែកជើង​ពណ៌លឿងទុំសុទ្ធ​ឡើយ ភិក្ខុណាពាក់ ត្រូវអាបត្តិ​ទុក្កដ។ សម័យ​នោះឯង ពួកឆព្វគ្គិយភិក្ខុ​ពាក់ស្បែកជើង​មានខ្សែខៀវ។ ពាក់ស្បែកជើង​មានខ្សែលឿង។ ពាក់ស្បែកជើង​មានខ្សែក្រហម។ ពាក់ស្បែកជើង​មានខ្សែហង្សបាទ។ ពាក់ស្បែកជើង​មានខ្សែខ្មៅ។ ពាក់ស្បែកជើង​មានខ្សែក្រហម​ក្រមៅ។ ពាក់ស្បែកជើង​មានខ្សែលឿងទុំ។ មនុស្សទាំងឡាយក៏ពោលទោស តិះដៀល បន្តុះ​បង្អាប់​​ថា ដូចជាពួកគ្រហស្ថដែល​បរិភោគ​នូវ​កាមគុណ។ ភិក្ខុ​ទាំងឡាយ​បាន​ក្រាបទូល​​សេចក្តីនុះ​ចំពោះ​ព្រះដ៏​មានព្រះភាគ​ជាម្ចាស់។ ព្រះអង្គទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវពាក់​ស្បែកជើង​មានខ្សែខៀវទេ មិនត្រូវពាក់ស្បែកជើង​មានខ្សែលឿង មិនត្រូវពាក់ស្បែកជើង​មានខ្សែក្រហម មិនត្រូវពាក់ស្បែកជើង​មានខ្សែហង្សបាទ មិនត្រូវពាក់ស្បែកជើង​មានខ្សែខ្មៅ មិនត្រូវពាក់ស្បែកជើង​មានខ្សែក្រហម​ក្រមៅ មិនត្រូវពាក់ស្បែកជើង​មានខ្សែលឿងទុំទេ ភិក្ខុណាពាក់ ត្រូវអាបត្តិទុក្កដ។ សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុ​ពាក់ស្បែកជើង​បិទកែង។ ពាក់​ស្បែកជើងស្រោបជើងទាំងអស់រហូតដល់​ស្មងជើង (ដូច​ជាស្បែកជើង​អ្នកស្រុក​យោនកៈ)។ ពាក់ស្បែកជើង​ដែលគេក្រង ជារបៀប​បិទខ្នងជើង។ ពាក់ស្បែកជើងដែលញាត់​ដោយគរ។ ពាក់​ស្បែកជើង មានខ្សែវិចិត្រ​ដូចស្លាបទទា។ ពាក់ស្បែកជើងមានខ្សែ​មានសណ្ឋាន​ដូចស្នែង​កែះ។ ពាក់ស្បែកជើងមានខ្សែ​មានសណ្ឋានដូច​ស្នែង​ពពែ។ ពាក់ស្បែកជើងមានខ្សែ មានសណ្ឋានដូច​កន្ទុយសត្វ​ខ្ទួយ។ ពាក់ស្បែកជើងដែលចាក់ស្រែះ​ដោយ​ព្រុយកន្ទុយក្ងោក។ ពាក់ស្បែកជើងដែល​វិចិត្រ (ផ្សេងៗ)។ មនុស្សទាំងឡាយក៏ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ដូចជាពួក​គ្រហស្ថ ដែល​បរិភោគ​​នូវកាមគុណ។ ភិក្ខុទាំងឡាយបាន​ក្រាបទូល​សេចក្តីនុ៎ះ ​ចំពោះ​ព្រះដ៏មាន​ព្រះភាគ​ជា​ម្ចាស់។ ព្រះអង្គទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវពាក់​ស្បែកជើងបិទកែង មិនត្រូវពាក់​ស្បែកជើងដែលស្រោបជើងទាំងអស់រហូតស្មងជើង មិនត្រូវពាក់​ស្បែកជើង​ដែលគេក្រងជារបៀប​បិទខ្នងជើង មិនត្រូវពាក់​ស្បែកជើងដែលញាត់ដោយគរ មិនត្រូវពាក់​ស្បែកជើងដែលមានខ្សែវិចិត្រ​ដូចស្លាបទទា មិនត្រូវពាក់​ស្បែកជើងមានខ្សែ​មានសណ្ឋាន​ដូចស្នែង​កែះ មិនត្រូវពាក់​ស្បែកជើងមានខ្សែមានសណ្ឋានដូច​ស្នែងពពែមិនត្រូវពាក់​ស្បែកជើងមានខ្សែមានសណ្ឋាន​ដូចកន្ទុយសត្វខ្ទួយ មិនត្រូវពាក់​ស្បែកជើងដែលគេ​ស្រេះដោយ​ព្រុយ​កន្ទុយក្ងោក មិនត្រូវពាក់​ស្បែកជើងដែលវិចិត្រ​(ផ្សេងៗ)ឡើយ ភិក្ខុណាពាក់ ត្រូវអាបត្តិ​ទុក្កដ។ សម័យ​នោះឯង ពួកឆព្វគ្គិយភិក្ខុ​ពាក់ស្បែកជើង ដែលចំជាយ​ដោយស្បែកសត្វសីហៈ។ ពាក់ស្បែកជើងដែលចំជាយ​ដោយស្បែកខ្លាធំ។ ពាក់ស្បែកជើងដែលចំជាយ​ដោយស្បែកខ្លាដំបង។ ពាក់ស្បែកជើង ដែលចំជាយ​ដោយ​ស្បែកខ្លារខិន។ ពាក់ស្បែកជើង ដែលចំជាយ​ដោយស្បែកភេ។ ពាក់ស្បែកជើង ដែលចំជាយ​ដោយស្បែកឆ្មា។ ពាក់ស្បែកជើង ដែលចំជាយ​ដោយស្បែកសត្វកង្ហែន។ ពាក់ស្បែកជើង ដែលចំជាយ​ដោយស្បែកមៀម។ មនុស្សទាំងឡាយក៏ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ដូចជាពួកគ្រហស្ថ ដែល​បរិភោគ​​នូវកាមគុណ។ ភិក្ខុទាំងឡាយបាន​ក្រាបទូល​សេចក្តីនុ៎ះ ​ចំពោះ​ព្រះដ៏មាន​ព្រះភាគ ព្រះអង្គ​ទ្រង់​បញ្ញត្ត​ថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយមិនត្រូវពាក់​ស្បែកជើង ដែលចំជាយ​ដោយ​ស្បែក​សត្វ​សីហៈ មិនត្រូវពាក់ស្បែកជើង ដែលចំជាយ​ដោយស្បែកខ្លាធំ មិនត្រូវពាក់ស្បែកជើងដែលចំជាយ​ដោយស្បែកខ្លាដំបង មិនត្រូវពាក់ស្បែកជើងដែលចំជាយ​ដោយស្បែកខ្លារខិន មិនត្រូវ​ពាក់ស្បែក​ជើង​ដែល​ចំជាយ​ដោយស្បែក​ភេ មិនត្រូវ​ពាក់ស្បែកជើងដែលចំជាយ​ដោយស្បែកឆ្មា មិនត្រូវ​ពាក់ស្បែកជើង​​ដែល​ចំជាយ​ដោយស្បែកសត្វកង្ហែន មិនត្រូវពាក់ស្បែកជើងដែលចំជាយ​ដោយ​ស្បែក​មៀម ភិក្ខុណាពាក់ ត្រូវអាបត្តិទុក្កដ។

១៥០. ឱមុក្កគុណង្គុណូបាហនានុជាននា

(១៥០)

[៥៥] គ្រានោះឯង ព្រះមាន​ព្រះភាគទ្រង់​ស្លៀកស្បង់ក្នុងវេលា​ព្រឹកព្រហាម ហើយប្រដាប់​បាត្រនិង​ចីវរ យាងចូលទៅកាន់ក្រុងរាជគ្រឹះ ដើម្បីបិណ្ឌបាត មានភិក្ខុ១រូបជាបច្ឆាសមណៈ (គឺ​សមណៈ​តាម​ក្រោយ)។ ភិក្ខុនោះខ្ចកជើង​ ដើរតាមក្រោយៗ ​ព្រះដ៏មានព្រះភាគ ក្នុងវេលានោះ។ មានឧបាសកម្នាក់ ពាក់ស្បែកជើង​៤ជាន់ឡើងទៅ បានឃើញព្រះដ៏មានព្រះភាគ​ ទ្រង់យាង​មក​ពី​ចម្ងាយ លុះឃើញហើយ ក៏ដោះស្បែកជើង​ចេញ ហើយចូលសំដៅ​ទៅព្រះដ៏មានព្រះភាគ លុះចូល​ទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំ​ព្រះដ៏មានព្រះភាគ រួចចូល​ទៅរក​ភិក្ខុនោះ លុះចូល​ទៅ​ដល់​​ហើយ ក៏ក្រាបថ្វាយបង្គំ​ភិក្ខុនោះហើយ ក៏បាននិយាយ​ពាក្យនេះថា បពិត្រលោក​ដ៏ចំរើន លោកម្ចាស់ហេតុអ្វីបានជាខ្ចក។ ភិក្ខុនោះប្រាប់ថា នែអ្នកដ៏មានអាយុ បាទារបស់អាត្មាបែក។ ឧបាសក​នោះនិយាយថា បពិត្រលោកដ៏ចំរើន សូមលោកម្ចាស់ ​ទទួល​យកស្បែកជើង​ចុះ។ ភិក្ខុ​នោះ​តបថា នែអ្នកដ៏មានអាយុ ណ្ហើយកុំ ព្រោះស្បែកជើង​៤ជាន់ឡើងទៅ ព្រះដ៏មានព្រះភាគ​បានទ្រង់​ហាមរួចជាស្រេចហើយ។ ព្រះអង្គមាន​បន្ទូលថា នែភិក្ខុ ចូរអ្នក​ទទួល​យកស្បែកជើង​នេះចុះ។ ព្រោះនិទាននេះ ដំណើរនេះ ទើបព្រះដ៏មានព្រះភាគ​បានធ្វើ​នូវធម្មីកថា​ ក្នុងវេលានោះ រួចទ្រង់​ត្រាស់​ហៅភិក្ខុ​ទាំងឡាយ​មកអនុញ្ញាត​ថា ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​នូវ​ស្បែកជើង​៤ជាន់​ឡើងទៅ ដែល​គេពាក់ហើយ​ដោះមកប្រគេន (គឺជាស្បែកជើងចាស់) ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​មិនត្រូវ​ពាក់​ស្បែក​ជើង​៤ជាន់​ឡើងទៅ ដែលជាស្បែកជើង​ថ្មីទេ ភិក្ខុណាពាក់ ត្រូវអាបត្តិ​ទុក្កដ។

១៥១. អជ្ឈារាមេ ឧបាហនបដិក្ខេបោ

(១៥១)

[៥៦] សម័យនោះឯង ព្រះដ៏មានព្រះភាគ​មិនបានទ្រង់​ឆ្លងព្រះបាទ (ហើយ) ទ្រង់​ចង្ក្រម​នៅក្នុងទីវាល។ ឯពួក​ភិក្ខុចាស់ក៏មិនហ៊ាន​ពាក់ស្បែកជើង​ដើរចង្ក្រម​ ដោយគិតឃើញថា ព្រះជាគ្រូ​មិនទ្រង់​ឆ្លង​ព្រះបាទ​ ហើយទ្រង់ចង្ក្រម។ កាលបើព្រះ​បរមសាស្តា​មិនទ្រង់​ឆ្លង​ព្រះបាទ ហើយទ្រង់ចង្ក្រម ពួក​ភិក្ខុចាស់ ក៏មិនពាក់ស្បែកជើង ហើយចង្ក្រម (គឺ​ដើរតាម​ធម្មតា) ឯពួក​ឆព្វគ្គិយភិក្ខុ​ ក៏ពាក់ស្បែកជើង​ ហើយចង្ក្រម។ ភិក្ខុទាំងឡាយណាមាន​សេចក្តី​ប្រាថ្នាតិច។បេ។ ភិក្ខុទាំងនោះក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា កាលបើ​ព្រះបរមសាស្តា​ មិនបានទ្រង់​ឆ្លង​ព្រះបាទ កំពុង​ចង្ក្រម​ក្តី ពួកភិក្ខុចាស់ មិនបាន​ពាក់ស្បែកជើង ​កំពុង​ចង្ក្រមក្តី ពួកឆព្វគ្គិយភិក្ខុ មិនសម​បើ នឹងហ៊ាន​ពាក់ស្បែកជើង​ដើរចង្ក្រម​សោះ។ វេលានោះឯង ភិក្ខុទាំងនោះ​ក្រាបទូល​សេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ បានឮថា កាលព្រះបរមសាស្តា ​មិនបានទ្រង់​ឆ្លងព្រះបាទ កំពុង​ចង្ក្រមក្តី ពួកភិក្ខុចាស់ ​មិនបាន​ពាក់​ស្បែក​ជើង​ កំពុង​ចង្ក្រមក្តី ពួកឆព្វគ្គិយភិក្ខុ​ ក៏ពាក់ស្បែកជើង ហើយដើរចង្ក្រម ពិតមែនឬ។ ភិក្ខុទាំង​នោះ​ក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធជាម្ចាស់ដ៏​មានជោគ ទ្រង់​បន្ទោស​ថា ម្នាលភិក្ខុទាំងឡាយ កាលព្រះសាស្តា​ ​មិន​បានទ្រង់​ឆ្លង​ព្រះបាទ កំពុង​ចង្ក្រមក្តី ពួកភិក្ខុចាស់​មិនបាន​ពាក់​ស្បែក​ជើង​ កំពុង​ចង្ក្រមក្តី មោឃបុរស​ទាំងនោះ មិនសមបើ​នឹងហ៊ាន​ពាក់ស្បែក​ជើង ហើយដើរចង្ក្រមទេ ម្នាលភិក្ខុទាំងឡាយ ពួកគ្រហស្ថដែលស្លៀកស ម្តេចគង់​មានសេចក្តី​គោរព​ កោតក្រែង​ក្នុងអាចារ្យ មានការចិញ្ចឹមជីវិតស្មើគ្នា ព្រោះហេតុ​នៃ​សិល្បសាស្ត្រ​សម្រាប់​ចិញ្ចឹម​ជីវិត ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងធម្មវិន័យនេះ គួរតែប្រព្រឹត្ត​ឲ្យល្អ ព្រោះថា អ្នក​ទាំងឡាយ​បានបួស​មក​ក្នុងធម្មវិន័យ ​ដែលតថាគត​បានសំដែង ​ដោយល្អយ៉ាងនេះហើយ គួរតែគោរព​កោតក្រែង មានសេចក្តី​ចិញ្ចឹមជីវិត​ស្មើគ្នា ក្នុងអាចារ្យក្តី ក្នុងភិក្ខុល្មមធ្វើ​ជាអាចារ្យក្តី ក្នុងឧបជ្ឈាយ៍ក្តី ក្នុងភិក្ខុ​ល្មម​ធ្វើ​ជាឧបជ្ឈាយ៍ក្តី ម្នាលភិក្ខុទាំងឡាយ អំពើនេះនឹងបាន​ដឹកនាំ​ពួកជន​ដែល​មិនទាន់​បាន​ជ្រះថ្លា ឲ្យជ្រះថ្លាឡើងទេ។បេ។ លុះទ្រង់បន្ទោសរួច ទ្រង់​ធ្វើនូវធម្មីកថា ហើយត្រាស់​ហៅភិក្ខុ​ទាំងឡាយ​មក ទ្រង់​បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ កាលបើអាចារ្យ(ក្តី) ភិក្ខុល្មមធ្វើ​ជាអាចារ្យ(ក្តី) ឧបជ្ឈាយ៍(ក្តី) ភិក្ខុ​ល្មម​ធ្វើ​ជាឧបជ្ឈាយ៍(ក្តី) មិនបានពាក់ស្បែកជើងដើរ​ចង្ក្រមទេ ភិក្ខុមិនត្រូវ​ពាក់​ស្បែកជើង ហើយដើរចង្ក្រមទេ ភិក្ខុណាដើរចង្ក្រម ត្រូវអាបត្តិ​ទុក្កដ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិន​ត្រូវពាក់ស្បែកជើង​ខាងក្នុងវត្តទេ ភិក្ខុណាពាក់ ត្រូវអាបត្តិ​ទុក្កដ។

[៥៧] សម័យនោះឯង មានភិក្ខុ១រូប​ កើតរោគដំបៅលេចនៅបាតជើង។ ភិក្ខុទាំងឡាយ​ក៏បាន​គ្រាហ៍​យកភិក្ខុនោះទៅឲ្យ​បន្ទោបង់ឧច្ចារៈផង បស្សាវៈផង។ ព្រះមានព្រះភាគ ទ្រង់យាង​ទៅកាន់សេនា​សនចារិក ក៏បានទតទៅឃើញ​ភិក្ខុទាំងនោះ កំពុង​គ្រាហ៍យក​ភិក្ខុនោះ​ទៅឲ្យ​បន្ទោបង់​ឧច្ចារៈផង បស្សាវៈផង លុះឃើញហើយ ក៏ទ្រង់យាង​ចូលទៅរក​ភិក្ខុនោះ លុះយាង​ចូលទៅ​ដល់ហើយ ទើបទ្រង់មាន​បន្ទូលនេះ​ នឹងភិក្ខុទាំងនោះថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះ​កើត​រោគអ្វី។ ភិក្ខុទាំងនោះ​ ក្រាបទូលថា បពិត្រ​ព្រះអង្គដ៏ចំរើន លោកដ៏មានអាយុនេះ កើតរោគ​ដំបៅ​លេចនៅបាតជើង ពួកខ្ញុំព្រះអង្គក៏គ្រាហ៍​យកលោក​ដ៏មានអាយុ​នេះមកឲ្យ​បន្ទោបង់​ឧច្ចារៈផង បស្សាវៈផង។

[៥៨] ព្រោះនិទាននេះ ដំណើរនេះ ទើបព្រះមានព្រះភាគ​ ទ្រង់ធ្វើ​នូវធម្មីកថា​ក្នុង​វេលា​នោះ រួចទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយ​មក ទ្រង់អនុញ្ញាត​ថា ម្នាលភិក្ខុទាំងឡាយ (បើ) ភិក្ខុណា មាន​ជើងឈើក្តី មានជើងបែកក្តី មានរោគដំបៅលេច​នៅបាតជើងក្តី តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុនោះ​ពាក់ស្បែកជើងបាន។ សម័យនោះឯង ភិក្ខុទាំងឡាយ មិនបានលាងជើង ហើយស្រាប់តែឡើង​ទៅកាន់គ្រែខ្លះ តាំងខ្លះ នាំឲ្យប្រឡាក់​ចីវរ និងសេនាសនៈ។ ភិក្ខុទាំងឡាយក្រាបទូល​សេចក្តីនុ៎ះ​ចំពោះព្រះមានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគត​ អនុញ្ញាត​ឲ្យ​ភិក្ខុ​ពាក់ស្បែកជើងបាន ដោយគិតថា ក្នុងវេលានេះ អាត្មាអញ នឹងឡើងគ្រែ ឬតាំង។ សម័យ​នោះឯង ក្នុងវេលាយប់ មានពួកភិក្ខុ​ដើរទៅកាន់​រោងឧបោសថខ្លះ ទីប្រជុំ​អង្គុយខ្លះ ក៏ជាន់ទៅលើ​ដង្គត់​ឈើខ្លះ លើបន្លាខ្លះ ក្នុងទីងងឹត ជើងរបស់​ភិក្ខុទាំងនោះក៏​មានទុក្ខវេទនា។ ភិក្ខុទាំងឡាយ ក៏បានក្រាបទូល​សេចក្តីនុ៎ះ​ចំពោះព្រះមានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាល​ភិក្ខុ​ទាំង​ឡាយ តថាគត​អនុញ្ញាត​ឲ្យភិក្ខុពាក់ស្បែកជើង កាន់គប់ភ្លើង ប្រទីប និងឈើច្រត់​ខាងក្នុង​អារាម​បាន។

១៥២. កដ្ឋបាទុកាទិបដិក្ខេបោ

(១៥២)

សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុ ក្រោកឡើង​ក្នុងបច្ចូសសម័យ​នៃ​រាត្រី (ជិតភ្លឺ) ក៏ពាក់​ទ្រនាប់​ជើងឈើ ហើយចង្ក្រម​ក្នុងទីវាល មានសំឡេងហ៊ោ មានសំឡេងខ្លាំង មានសំឡេងថា ខដខដៈ ហើយនិយាយ​តិរច្ឆានកថា​ផ្សេងៗ គឺនិយាយ​ពីស្តេច និយាយពី​ចោរ និយាយ​ពី​មហាមាត្យ និយាយពី​សេនា និយាយ​ពីភ័យ និយាយពី​ចម្បាំង និយាយពី​គ្រឿងស៊ី និយាយពីគ្រឿងផឹក និយាយពីសំពត់ និយាយពីការដេក និយាយពីកម្រងផ្កា និយាយពីគ្រឿង​ក្រអូប និយាយពីញាតិ និយាយពីយាន និយាយពីស្រុក និយាយពីនិគម និយាយពីនគរ និយាយពីជនបទ និយាយពីស្រី និយាយពីប្រុស និយាយពីបុគ្គលដែល​ក្លៀវក្លា និយាយពី​ច្រកផ្លូវ និយាយពី​កន្លែង​ក្អមទឹក (គឺកំពង់ទឹក) និយាយពីបុព្វប្រេត (គឺញាតិ​ដែលស្លាប់ទៅហើយ) និយាយពី​ពាក្យឥត​ប្រយោជន៍​ មានប្រការ​ផ្សេងៗ និយាយពីរឿង​កុហក​ក្នុងលោក (មានរឿង​ក្អែកស កុកក្រហមជាដើម) និយាយពីរឿងជីក​សមុទ្រ និយាយពីសេចក្តី​ចំរើន និងសេចក្តី​សាបសូន្យ ហើយជាន់លើសត្វល្អិតៗឲ្យស្លាប់ខ្លះ ឲ្យភិក្ខុទាំងឡាយ​ឃ្លាត​ចាកសមាធិខ្លះ។ ភិក្ខុទាំងឡាយ​ណា មាន​សេចក្តី​ប្រាថ្នាតិច។បេ។ ភិក្ខុទាំងនោះ ក៏​ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ពួកឆព្វគ្គិយ​ភិក្ខុ មិនសមបើ​នឹងក្រោកឡើងក្នុងបច្ចូសសម័យ នៃរាត្រី ហើយពាក់​ទ្រនាប់ជើង​ឈើ ដើរ​ក្នុងទីវាល មានសំឡេងហ៊ោ សំឡេងខ្លាំង សំឡេងខដខដៈ ហើយនិយាយពី​តិរច្ឆានកថា​ផ្សេងៗ គឺនិយាយ​ពីស្តេច និយាយពី​ចោរ។បេ។ និយាយពីសេចក្តី​ចំរើន និងសេចក្តី​សាបសូន្យដូច្នេះៗ ហើយជាន់លើសត្វល្អិតៗឲ្យស្លាប់ខ្លះ ឲ្យភិក្ខុទាំងឡាយ​ ឃ្លាត​ចាកសមាធិខ្លះ​សោះ។ គ្រានោះឯង ភិក្ខុទាំងនោះ ក្រាបទូលសេចក្តីនុ៎ះ ​ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គ​ទ្រង់​ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ បានឮថា ពួកឆព្វគ្គិយ​ភិក្ខុ ក្រោកឡើងក្នុងបច្ចូសសម័យ​ នៃ​រាត្រី​ហើយ ក៏ពាក់​ទ្រនាប់ជើង​ឈើ ដើរទៅ​ក្នុងទីវាល មានសំឡេងហ៊ោ សំឡេងខ្លាំង សំឡេងខដខដៈ ហើយនិយាយ​តិរច្ឆានកថា​ផ្សេងៗ គឺនិយាយ​ពីស្តេច និយាយពី​ចោរ។បេ។ និយាយពីសេចក្តី​ចំរើន និងសេចក្តី​សាបសូន្យដូច្នេះៗ ហើយដើរជាន់លើសត្វល្អិតៗឲ្យស្លាប់ខ្លះ ឲ្យភិក្ខុទាំងឡាយ​ឃ្លាត​ចាកសមាធិខ្លះ​ ពិតមែនឬ។ ភិក្ខុទាំងនោះ ក្រាបទូលថា បពិត្រព្រះមានព្រះភាគ ពិតមែន។បេ។ លុះព្រះមានព្រះភាគ​ ទ្រង់បន្ទោស​រួច ទ្រង់ធ្វើ​ធម្មីកថា ហើយទ្រង់​ត្រាស់ហៅ​ភិក្ខុទាំងឡាយ​មក​ ទ្រង់​បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវ​ពាក់ទ្រនាប់ជើងឈើឡើយ ភិក្ខុណាពាក់ ត្រូវអាបត្តិទុក្កដ។

[៥៩] គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់គង់នៅ​ក្រុង​រាជគ្រឹះ ដោយសមគួរ​ដល់​ពុទ្ធ​អធ្យាស្រ័យ រួចហើយ​ទ្រង់យាង​សំដៅ​ទៅក្រុង​ពារាណសី ទ្រង់យាង​ទៅកាន់ចារិក​ដោយលំដាប់ ក៏បានដល់​ទៅក្រុង​ពារាណសីនោះ។ បានឮថា ព្រះដ៏មានព្រះភាគ ទ្រង់​គង់​នៅក្នុងព្រៃ​ឥសិបតនមិគទាយវន ទៀបក្រុង​ពារាណសី។ វេលានោះឯង ពួកឆព្វគ្គិយភិក្ខុគិតថា ទ្រនាប់ជើង​ឈើ ព្រះដ៏មានព្រះភាគទ្រង់ហាមហើយ ក៏ប្រើគេឲ្យកាត់​ត្នោតខ្ចីទាំងឡាយ (យកមកធ្វើ) ជាទ្រនាប់​ជើង​ស្លឹកត្នោត ហើយពាក់​ ឯត្នោតខ្ចី​ទាំងនោះ លុះគេកាត់ហើយ ក៏ស្វិតស្រពោន។ មនុស្សទាំងឡាយ ក៏​ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ពួកសមណៈ ជាសក្យបុត្ត មិនសម​បើនឹង​ហ៊ាន​ប្រើ​គេឲ្យកាត់ត្នោតខ្ចីៗ (យកមកធ្វើ)​ជាទ្រនាប់ជើង​ស្លឹកត្នោត ហើយពាក់សោះ ឯដើម​ត្នោតខ្ចីទាំងនោះ លុះគេកាត់ហើយ ក៏ស្វិតស្រពោន ពួកសមណៈ ជាសក្យបុត្ត ហ៊ាន​បៀតបៀន​វត្ថុ​ដែល​មាន​ជីវិត មានឥន្ទ្រិយ​តែ១។ កាលមនុស្សទាំងនោះ កំពុង​ពោលទោស តិះដៀល បន្តុះបង្អាប់ ភិក្ខុទាំងឡាយ​ក៏បានឮច្បាស់។ វេលានោះឯង ភិក្ខុទាំងនោះ ក៏ក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថាពួកឆព្វគ្គិយភិក្ខុ ប្រើគេឲ្យកាត់ត្នោតខ្ចីៗ (យកមកធ្វើ)​ជាទ្រនាប់ជើង​ស្លឹកត្នោត ហើយពាក់ ​ត្នោតខ្ចីទាំងនោះ លុះ​គេ​កាត់​ហើយ ក៏ស្វិតស្រពោន ពិតមែនឬ។ ភិក្ខុទាំងនោះ ក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធដ៏មានជោគ ទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ មោឃបុរស​ទាំងនោះ មិន​សម​​បើនឹង​ប្រើ​គេឲ្យកាត់ត្នោតខ្ចីៗ (យកមកធ្វើ)​ជាទ្រនាប់ជើង​ស្លឹកត្នោត ហើយពាក់ទេ ​ត្នោត​ខ្ចី​ទាំង​នោះ លុះគេកាត់ហើយ ក៏ស្វិតស្រពោនអស់ ម្នាលភិក្ខុទាំងឡាយ ដ្បិតពួកមនុស្ស​តែង​សំគាល់​ថា ដើមឈើមានជីវិត ម្នាលភិក្ខុទាំងឡាយ អំពើនេះ មិនបានដឹកនាំពួកជន​ដែលមិនទាន់​ជ្រះថ្លា ឲ្យបានជ្រះថ្លាឡើងទេ។បេ។ លុះទ្រង់បន្ទោស​រួច ទ្រង់ធ្វើនូវ​ធម្មីកថា ហើយ​ត្រាស់ហៅ​ភិក្ខុ​ទាំងឡាយ​​មក​ ទ្រង់​បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវ​ពាក់ទ្រនាប់ជើងស្លឹកត្នោតឡើយ ភិក្ខុណាពាក់ ត្រូវអាបត្តិទុក្កដ។ សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុគិតថា ទ្រនាប់ជើងស្លឹកត្នោត ព្រះដ៏​មានព្រះភាគទ្រង់ហាមហើយ ទើបប្រើគេឲ្យកាត់​នូវឫស្សីខ្ចីទាំងឡាយវិញ (យកមកធ្វើ) ជាទ្រនាប់​ជើង​ស្លឹកឫស្សី ហើយពាក់​ ឯឫស្សីខ្ចី​ទាំងនោះ លុះគេកាត់ហើយ ក៏ស្វិតស្រពោនអស់។ មនុស្សទាំងឡាយ ក៏​ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ពួកសមណៈ ជាសក្យបុត្រ មិនគួរ​បើ​នឹង​​ហ៊ាន​ប្រើ​គេឲ្យកាត់ឫស្សីខ្ចីទាំងឡាយ (យកមកធ្វើ)​ជាទ្រនាប់ជើង​ស្លឹកឫស្សី ហើយពាក់សោះ ឯឫស្សីខ្ចីទាំងនោះ លុះគេកាត់ហើយ ក៏ស្វិតស្រពោនទៅ ពួកសមណៈ ជាសក្យបុត្រ ហ៊ាន​បៀតបៀន​​របស់​ដែល​មាន​ជីវិត មានឥន្ទ្រិយ​តែ១។ កាលមនុស្សទាំងនោះ កំពុងតែ​ពោលទោស តិះដៀល បន្តុះបង្អាប់ ភិក្ខុទាំងឡាយ​ក៏បានឮច្បាស់។ វេលានោះឯង ភិក្ខុទាំងនោះ ក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។បេ។ ព្រះអង្គទ្រង់​បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវ​ពាក់ទ្រនាប់ជើងស្លឹកឫស្សីឡើយ ភិក្ខុណាពាក់ ត្រូវអាបត្តិទុក្កដ។

[៦០] គ្រានោះឯង ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុង​ក្រុង​ពារាណសី គួរតាមពុទ្ធ​អធ្យាស្រ័យ រួចទ្រង់យាងទៅកាន់ចារិក នៃក្រុង​ភទ្ទិយៈ កាលទ្រង់​យាង​ទៅកាន់ចារិក​ ដោយលំដាប់ ក៏បានដល់ទៅក្រុងភទ្ទិយៈនោះ។ បានឮមកថា ព្រះអង្គ​គង់នៅ​ក្នុងព្រៃ​ជាតិយាវន ទៀបក្រុងភទ្ទិយៈនោះ។ សម័យនោះឯង ពួកភទ្ទិយៈភិក្ខុ (ភិក្ខុដែល​នៅក្នុង​ក្រុង​ភទ្ទិយៈ) មានសេចក្តីខ្វល់ខ្វាយ​ក្នុងការ​ប្រដាប់​ទ្រនាប់ជើង មានប្រការផ្សេ​ងៗ គឺធ្វើទ្រនាប់ជើង​ស្មៅ​ខ្លួនឯង​ខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើទ្រនាប់ជើង​ស្មៅ​យាប្ល៉ងខ្លួនឯង​ខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើទ្រនាប់ជើង​ស្មៅដំណេក​ទន្សាយ​ខ្លួនឯង​ខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើទ្រនាប់ជើង​ស្លឹកទន្សែ​ខ្លួនឯង​ខ្លះ ប្រើគេ​ឲ្យ​ធ្វើខ្លះ ធ្វើទ្រនាប់ជើង​ស្មៅ​មានពណ៌​ដូចផ្កាឈូកខ្លួនឯង​ខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើទ្រនាប់ជើង​សំពត់​ដែលគេត្បាញ​ដោយរោម​សត្វ​ខ្លួនឯង​ខ្លះ ប្រើគេឲ្យធ្វើខ្លះ ក៏លះបង់​ចោល​នូវបាលី អដ្ឋកថា អធិសីល អធិចិត្ត និងអធិប្បញ្ញា។23) ភិក្ខុទាំងឡាយណាមាន​សេចក្តី​ប្រាថ្នាតិច។បេ។ ភិក្ខុទាំងឡាយនោះ ក៏​ពោល​ទោស តិះដៀល បន្តុះបង្អាប់​ថា ពួកភទ្ទិយភិក្ខុ មិនសម​បើនឹងខ្វល់ខ្វាយក្នុង​ការ​តាក់តែង​ទ្រនាប់​ជើង​មានបការ​ផ្សេងៗ គឺ ធ្វើទ្រនាប់ជើង​ស្មៅ​ខ្លួនឯង​ខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើទ្រនាប់ជើង​ស្មៅ​យាប្ល៉ង​ខ្លួនឯង​ខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើទ្រនាប់ជើង​ស្មៅដំណេក​ទន្សាយ​ខ្លួនឯង​ខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើ​ទ្រនាប់​ជើង​ស្លឹកទន្សែ​ខ្លួនឯង​ខ្លះ ប្រើគេ​ឲ្យ​ធ្វើខ្លះ ធ្វើទ្រនាប់ជើង​ស្មៅ​មានពណ៌​ដូចផ្កាឈូកខ្លួនឯង​ខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើទ្រនាប់ជើង​​ដែលគេត្បាញ​ដោយរោម​សត្វ​ខ្លួនឯង​ខ្លះ ប្រើគេឲ្យធ្វើខ្លះ ហើយ​លះបង់​នូវបាលី អដ្ឋកថា អធិសីល អធិចិត្ត និងអធិប្បញ្ញាសោះ។ វេលានោះ ភិក្ខុទាំងនោះ​បានក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គទ្រង់​ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថា ពួកភទ្ទិយភិក្ខុខ្វល់ខ្វាយ​ក្នុងការតាក់តែង​ទ្រនាប់ជើង មានបការផ្សេងៗ គឺធ្វើទ្រនាប់ជើង​ស្មៅ​ខ្លួនឯង​ខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើទ្រនាប់ជើង​ស្មៅ​យាប្ល៉ងខ្លួនឯង​ខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើទ្រនាប់ជើង​ស្មៅដំណេក​ទន្សាយ​ខ្លួនឯង​ខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើទ្រនាប់ជើង​ស្លឹកទន្សែ​ខ្លួនឯង​ខ្លះ ប្រើគេ​ឲ្យ​ធ្វើខ្លះ ធ្វើទ្រនាប់ជើង​ស្មៅ​មានពណ៌​ដូចផ្កាឈូកខ្លួនឯង​ខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើទ្រនាប់ជើង​សំពត់​ដែលគេត្បាញ​ដោយរោម​សត្វ​ខ្លួនឯង​ខ្លះ ប្រើគេឲ្យធ្វើខ្លះ ហើយលះបង់​បាលី អដ្ឋកថា អធិសីល អធិចិត្ត និងអធិប្បញ្ញា ពិតមែនឬ។ ភិក្ខុទាំងនោះក្រាបទូលថា បពិត្រ​ព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធដ៏មានជោគ ទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ ពួកមោឃបុរស​ទាំងនោះ មិន​សម​បើនឹងខ្វល់ខ្វាយក្នុង​ការតាក់តែង​ទ្រនាប់ជើង មានបការផ្សេងៗ គឺធ្វើទ្រនាប់ជើង​ស្មៅ​ខ្លួនឯង​ខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើទ្រនាប់ជើង​ស្មៅ​យាប្ល៉ងខ្លួនឯង​ខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើទ្រនាប់ជើង​ស្មៅដំណេក​ទន្សាយ​ខ្លួនឯង​ខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើទ្រនាប់ជើង​ស្លឹកទន្សែ​ខ្លួនឯង​ខ្លះ ប្រើគេ​ឲ្យ​ធ្វើខ្លះ ធ្វើទ្រនាប់ជើង​ស្មៅ​មានពណ៌​ដូចផ្កាឈូកខ្លួនឯង​ខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើទ្រនាប់ជើង​សំពត់​ដែលគេត្បាញ​ដោយរោម​សត្វ​ខ្លួនឯង​ខ្លះ ប្រើគេឲ្យធ្វើខ្លះ លះបង់​នូវបាលី អដ្ឋកថា អធិសីល អធិចិត្ត និងអធិប្បញ្ញា ម្នាលភិក្ខុទាំងឡាយ អំពើនេះ មិនបានដឹកនាំពួកជន​ដែលមិនទាន់​ជ្រះថ្លា ឲ្យបានជ្រះថ្លាឡើងទេ។បេ។ លុះទ្រង់បន្ទោស​រួច ទ្រង់ធ្វើនូវ​ធម្មីកថា ហើយ​ត្រាស់ហៅ​ភិក្ខុ​ទាំងឡាយ​​មក​ ទ្រង់​បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវ​ពាក់ទ្រនាប់ជើងស្មៅ មិនត្រូវ​ពាក់ទ្រនាប់ជើងស្មៅយាប្ល៉ង មិនត្រូវ​ពាក់ទ្រនាប់ជើងស្មៅដំណេកទន្សាយ មិនត្រូវ​ពាក់ទ្រនាប់ជើងស្លឹកទន្សែ មិនត្រូវ​ពាក់ទ្រនាប់ជើងស្មៅមានពណ៌​ដូចផ្កាឈូក មិនត្រូវ​ពាក់ទ្រនាប់ជើងសំពត់​ដែលគេត្បាញ​ដោយរោមសត្វ មិនត្រូវ​ពាក់ទ្រនាប់ជើងមាស មិនត្រូវ​ពាក់ទ្រនាប់ជើងប្រាក់ មិនត្រូវ​ពាក់ទ្រនាប់ជើងកែវមណី មិនត្រូវ​ពាក់ទ្រនាប់ជើងកែវ​ពិទូរ្យ មិនត្រូវ​ពាក់ទ្រនាប់ជើង​កែវផ្លេក មិនត្រូវ​ពាក់ទ្រនាប់ជើងសម្រិត មិនត្រូវ​ពាក់ទ្រនាប់ជើងកែវ​កញ្ចក់ មិនត្រូវ​ពាក់ទ្រនាប់ជើងសំណប៉ាហាំង (សំណស) មិនត្រូវ​ពាក់ទ្រនាប់ជើងសំណភក់ (សំណខ្មៅ) មិនត្រូវ​ពាក់ទ្រនាប់ជើងទង់ដែងទេ ភិក្ខុណាពាក់ ត្រូវអាបត្តិទុក្កដ។ ម្នាលភិក្ខុទាំងឡាយ ម្យ៉ាងទៀត ភិក្ខុមិនត្រូវប្រើប្រាស់​ទ្រនាប់ជើង (គឺជ្រុញជើង) ណាមួយ​ដែលគួរ​នឹងឲ្យកម្រើកទៅបាន ភិក្ខុណាប្រើប្រាស់ ត្រូវអាបត្តិ​ទុក្កដ ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ទ្រនាប់ជើង៣យ៉ាង ដែលគេដំកល់នៅជានិច្ច ដែលគេ​ឲ្យកម្រើក​ទៅមិនបាន គឺ​ទ្រនាប់​ជើង​សម្រាប់​បន្ទោបង់​នូវវច្ចៈ១ ទ្រនាប់ជើងសម្រាប់បន្ទោបង់​នូវ​បស្សាវៈ១ ទ្រនាប់ជើង​សម្រាប់​​លាងជម្រះ(លាមក)១។ ​

[៦១] គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់គង់​ក្នុងនគរ​ភទ្ទិយៈ គួរដល់ពុទ្ធអធ្យាស្រ័យ រួច​ទ្រង់​យាង​ទៅកាន់​ចារិក​ក្រុងសាវត្ថី កាលទ្រង់យាងទៅកាន់​ចារិក​ដោយលំដាប់ ក៏បានដល់​ទៅ​ក្រុង​សាវត្ថីនោះ។ បានឮមកថា ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅវត្ត​ជេតពន របស់អនាថបិណ្ឌិក​សេដ្ឋី ជិតក្រុង​សាវត្ថីនោះ។ សម័យ​នោះឯង ពួកឆព្វគ្គិយភិក្ខុ កាលមេគោទាំងឡាយ កំពុង​តែហែលឆ្លង​ទឹកស្ទឹង​អចិរវតី ក៏ចាប់ស្នែងខ្លះ ចាប់ស្លឹកត្រចៀកខ្លះ ចាប់កខ្លះ ចាប់កន្ទុយខ្លះ ឡើងជិះលើ​ខ្នងខ្លះ មានចិត្តតម្រេក ក៏ស្ទាបអង្គជាតខ្លះ ចាប់ជ្រមុជកូនគោ​ទៅក្នុងទឹក​ឲ្យស្លាប់ខ្លះ។ មនុស្ស​ទាំងឡាយក៏​ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកសមណៈ ជាសក្យបុត្ត កាលមេគោ​ទាំង​ឡាយ កំពុង​ឆ្លង​ទឹក មិនសមបើនឹង​ចាប់ស្នែងខ្លះ ចាប់ស្លឹកត្រចៀកខ្លះ ចាប់កខ្លះ ចាប់កន្ទុយខ្លះ ឡើងជិះលើ​ខ្នងខ្លះ មានចិត្តតម្រេក ហើយស្ទាបអង្គជាតខ្លះ ចាប់ជ្រមុជកូនគោ​ទៅក្នុងទឹក​ឲ្យស្លាប់ខ្លះ ដូចជាពួក​គ្រហស្ថអ្នក​បរិភោគនូវ​កាមគុណសោះ។ កាលមនុស្សទាំងនោះ​កំពុង​ពោលទោស តិះដៀល បន្តុះបង្អាប់ ភិក្ខុទាំងឡាយបានឮច្បាស់។ វេលានោះឯង ភិក្ខុទាំងនោះក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវ​ចាប់​ស្នែង​មេគោទាំងឡាយ មិនត្រូវចាប់ស្លឹកត្រចៀក មិនត្រូវចាប់ក មិនត្រូវចាប់កន្ទុយ មិនត្រូវឡើងជិះលើ​ខ្នង ភិក្ខុណាឡើងជិះ ត្រូវអាបត្តិ​ទុក្កដ ម្នាលភិក្ខុទាំងឡាយ ម្យ៉ាងទៀត ភិក្ខុមិនត្រូវ​មានចិត្ត​ត្រេកអរ ពាល់អង្គជាត (មេគោ) ឡើយ ភិក្ខុណាពាល់ ត្រូវអាបត្តិថុល្លច្ច័យ ភិក្ខុ​មិនត្រូវ​ធ្វើ​កូនគោ​ឲ្យ​ស្លាប់ឡើយ ភិក្ខុណាធ្វើ​ឲ្យស្លាប់ ភិក្ខុនោះ​ វិនយធរ​ត្រូវ​ឲ្យធ្វើតាមធម៌​។24)

១៥៣. យានាទិបដិក្ខេបោ

(១៥៣)

[៦២] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុទៅ​ដោយយាន​ដែលគេទឹមដោយគោញី មានបុរស​ជាអ្នកបរក៏មាន ទឹមដោយ​គោឈ្មោល មានស្រីជាអ្នកបរក៏មាន។ មនុស្ស​ទាំងឡាយក៏​ពោលទោស តិះដៀល បន្តុះបង្អាប់ថា ដូចជាពួកជន​ដែលទៅលេងទឹក​ស្ទឹងគង្គា និងស្ទឹង​មហី។ ភិក្ខុ​ទាំងឡាយ​ក្រាប​ទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​មិន​ត្រូវទៅ​ដោយយានឡើយ ភិក្ខុណាទៅ ត្រូវអាបត្តិទុក្កដ។ សម័យ​នោះឯង មានភិក្ខុ​១រូប​ទៅកាន់​ក្រុង​សាវត្ថី ក្នុងកោសលជនបទ ដើម្បីគាល់​ព្រះដ៏មានព្រះភាគ ដល់ពាក់​កណ្តាល​ផ្លូវ ក៏មានជម្ងឺ។ វេលានោះឯង ភិក្ខុនោះក៏គេច​ចុះចេញអំពីផ្លូវ ទៅអង្គុយ​នៅក្រោម​ដើមឈើ​១។ មនុស្ស​ទាំងឡាយ​ក្រឡេកឃើញ​ភិក្ខុនោះ​ហើយ ក៏បាននិយាយ​ពាក្យនេះថា បពិត្រ​លោកដ៏​ចំរើន លោកម្ចាស់​នឹងនិមន្ត​ទៅទីណា។ ភិក្ខុនោះប្រាប់ថា នែអ្នកដ៏មានអាយុ អាត្មានឹងទៅក្រុង​សាវត្ថី ដើម្បី​គាល់ព្រះដ៏មានព្រះភាគ។ មនុស្សទាំងនោះទូលថា បពិត្រ​លោកដ៏ចំរើន សូមលោកម្ចាស់​និមន្ត​មក យើងនឹងទៅជាមួយគ្នា។ ភិក្ខុនោះតបថា នែអ្នកដ៏មានអាយុ អាត្មាទៅមិនរួចទេ ព្រោះ​អាត្មាមានជម្ងឺ។ មនុស្សទាំងនោះទូលថា បពិត្រលោកដ៏ចំរើន សូមលោកម្ចាស់​និមន្ត​មកឡើង​ជិះ​យានទៅ។ ភិក្ខុនោះតបថា នែអ្នកដ៏មានអាយុ មិនគួរទេ ព្រោះយាន ព្រះដ៏មានព្រះភាគ​ទ្រង់​ហាមឃាត់​រួចទៅហើយ។ ភិក្ខុនោះរង្កៀសខ្លាចក្រែង ក៏មិនឡើងជិះយានឡើយ។ វេលានោះឯង ភិក្ខុនោះក៏​ដើរទៅដល់​ក្រុងសាវត្ថី បានដំណាលរឿងនុ៎ះ​ដល់ភិក្ខុទាំងឡាយ។ ភិក្ខុទាំងឡាយ​ក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគ ទ្រង់ធ្វើ​ធម្មីកថាក្នុងវេលានោះ រួចទ្រង់ត្រាស់​ហៅភិក្ខុទាំងឡាយមក ទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាតយាន​ដល់​ភិក្ខុដែល​មានជម្ងឺ។ វេលានោះ ភិក្ខុទាំងឡាយ​មានសេចក្តី​ត្រិះរិះ​យ៉ាងនេះថា (ព្រះដ៏មានព្រះភាគ ទ្រង់អនុញ្ញាត​) យានដែល​ទឹម​ដោយសត្វញី ឬទឹមដោយ​សត្វឈ្មោលហ្ន៎។ ភិក្ខុទាំងឡាយ ក្រាបទូលសេចក្តីនុ៎ះ ​ចំពោះ​ព្រះដ៏មាន​ព្រះភាគ។ ព្រះអង្គទ្រង់​អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​យាន​ដែលគេ​ទឹម​ដោយសត្វឈ្មោល និងយាន​ដែលសម្រាប់អូស ឬរុញ​ដោយដៃ​។25) សម័យ​នោះឯង មានភិក្ខុ១រូប កើតសេចក្តី​មិនសប្បាយខ្លាំង ព្រោះទង្គិច ទង្គុក​ដោយយាន(យានរលាក់)។ ភិក្ខុទាំង​ឡាយក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់​អនុញ្ញាតថា ម្នាលភិក្ខុ​ទាំងឡាយ តថាគត​អនុញ្ញាត​នូវគ្រែស្នែង និងអង្រឹងស្នែង។

១៥៤. ឧច្ចាសយនមហាសយនបដិក្ខេបោ

(១៥៤)

[៦៣] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុប្រើប្រាស់​ឧច្ចាសយនៈ (គ្រែកន្លង​ហួស​ប្រមាណ) និងមហាសយនៈ (គ្រឿង​កម្រាលមិនគួរ) អាសន្ទិ (អាសនៈ​ដែលខ្ពស់​ហួស​ប្រមាណ)១ បល្លង្ក (គ្រែ​ដែលមានជើងវិចិត្រ​ដោយរូប​សត្វ​សាហាវ)១ គោណកៈ (ព្រំដែល​មានរោម​វែង​ជាង​៤ធ្នាប់)១ ចិត្តកៈ (កម្រាលដែល​គេធ្វើដោយរោម​សត្វ វិចិត្រ​ដោយរូប​សត្វសាហាវ)១ បដិកៈ (កម្រាល​ពណ៌​ស ដែលគេធ្វើ​ដោយរោមសត្វ)១ បដលិកៈ (កម្រាលដែល​ធ្វើដោយរោមសត្វ​ជាផ្កាចង្កោម)១ តូលិកៈ (កម្រាលដែលញាត់​ដោយគរ ជាប្រក្រតី)១ វិកតិកៈ (កម្រាលដែលធ្វើ​ដោយរោមសត្វ វិចិត្រ​ដោយរូបសត្វ មានសីហៈ និងខ្លាធំជាដើម)១ ឧទ្ធលោមិ (កម្រាលដែលធ្វើ​ដោយរោមសត្វ មានរោម​ច្រាងឡើងតែម្ខាង)១ ឯកន្តលោមិ (កម្រាលដែលធ្វើដោយរោមសត្វ មានរោម​ច្រាងឡើង​ទាំងសងខាង)១ កដិស្សៈ (កម្រាលដែលធ្វើដោយឌិនមាស និងសូត្រ ហើយចាក់ស្រេះ​ដោយរតនៈ​26) )១ កោសេយ្យៈ (កម្រាលដែលធ្វើដោយសរសៃសូត្រ ហើយចាក់ស្រេះ​ដោយរតនៈ)១ កុត្តកៈ (កម្រាលដែលធ្វើដោយរោមសត្វ ល្មមចុះពួកស្រីរបាំ១៦នាក់ ឈររាំបាន)១ ហត្ថត្ថរៈ (កម្រាល​សម្រាប់​ក្រាលលើខ្នងដំរី)១ អស្សត្ថរៈ (កម្រាលសម្រាប់​ក្រាល​លើខ្នងសេះ)១ រថត្ថរៈ (កម្រាល​សម្រាប់​ក្រាលលើរថ)១ អជិនប្បវេណិ (កម្រាល ដែលគេ​ធ្វើ​ដោយស្បែក​ខ្លា)១ កម្រាល​ដ៏ឧត្តម​ ដែលគេធ្វើ​ដោយស្បែកសត្វឈ្មុស១ ខ្នើយ​មានពណ៌​ក្រហមទាំងពីរខាង (ខ្នើយក្បាល និងខ្នើយ​ជើង) ព្រមទាំងពិតាន ដែលមានពណ៌​ក្រហម១។ មនុស្សទាំងឡាយ កាលដើរទៅ​កាន់​វិហារ​ចារិក បានឃើញហើយ ក៏​ពោលទោស តិះដៀល បន្តុះបង្អាប់ថា ដូចជាពួកគ្រហស្ថ ​ដែលបរិភោគ​កាមគុណ។ ភិក្ខុ​ទាំងឡាយ​ ក្រាប​ទូល​សេចក្តី​នុ៎ះ ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ​ទ្រង់​បញ្ញត្ត​ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​មិនត្រូវប្រើប្រាស់​ឧច្ចាសយនៈ និងមហាសយនៈឡើយ គឺអាសន្ទិ (អាសនៈ​ដែលខ្ពស់​ហួស​ប្រមាណ)១ បល្លង្ក (គ្រែ​ដែលមានជើងវិចិត្រ ​ដោយរូប​សត្វ​សាហាវ)១ គោណកៈ (ព្រំដែល​មានរោម​វែង​ជាង​៤ធ្នាប់)១ ចិត្តកៈ (កម្រាល ដែល​គេធ្វើដោយរោម​សត្វ វិចិត្រ​ដោយរូប​សត្វសាហាវ)១ បដិកៈ (កម្រាល ​ដែលមានពណ៌​ស ធ្វើ​ដោយរោមសត្វ)១ បដលិកៈ (កម្រាល ដែល​ធ្វើដោយរោមសត្វ​ជាផ្កាចង្កោម)១ តូលិកៈ (កម្រាល ដែលញាត់​ដោយគរ ជា​ប្រក្រតី)១ វិកតិកៈ (កម្រាល ដែលធ្វើ​ដោយរោមសត្វ វិចិត្រ​ដោយរូបសត្វ មានសីហៈ និង​ខ្លាធំ​ជា​ដើម)១ ឧទ្ធលោមិ (កម្រាល ដែលធ្វើ​ដោយរោមសត្វ មានរោម​ច្រាងឡើងតែម្ខាង)១ ឯកន្តលោមិ (កម្រាល ដែលធ្វើដោយ រោមសត្វ មានរោម​ច្រាងឡើង​ទាំងសងខាង)១ កដិស្ស (កម្រាល ​ដែល​ធ្វើ​ដោយ​ឌិនមាស និងសូត្រ ហើយចាក់ស្រេះ​ ដោយរតនៈ​)១ កោសេយ្យ (កម្រាល​ដែលធ្វើ​ដោយ​សរសៃសូត្រ ហើយចាក់ស្រេះ​ ដោយរតនៈ)១ កុត្តកៈ (កម្រាលដែលធ្វើដោយរោមសត្វ ល្មម​ពួក​ស្រីរបាំ​១៦នាក់ ឈររាំបាន)១ ហត្ថត្ថរៈ (កម្រាល​ សម្រាប់​ក្រាលលើខ្នងដំរី)១ អស្សត្ថរៈ (កម្រាល​សម្រាប់​​ក្រាល​លើខ្នងសេះ)១ រថត្ថរៈ (កម្រាល​សម្រាប់​ក្រាលលើរថ)១ អជិនប្បវេណិ (កម្រាល​ដែល​គេ​ធ្វើ​ដោយស្បែក​ខ្លា)១ កម្រាល​ដ៏ឧត្តម​ដែលគេធ្វើ​ដោយស្បែកសត្វឈ្មុស១ ខ្នើយ​មាន​ពណ៌​​ក្រហមទាំងពីរខាង (ខ្នើយក្បាល និងខ្នើយ​ជើង) ព្រមទាំងពិតាន ដែលមានពណ៌​ក្រហម១ ភិក្ខុណាប្រើប្រាស់ ត្រូវអាបត្តិទុក្កដ។

១៥៥. សព្វចម្មបដិក្ខេបោ

(១៥៥)

[៦៤] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុគិតគ្នាថា ឧច្ចាសយនៈ និងមហាសយនៈ ព្រះ​មានព្រះភាគ​ បានទ្រង់ហាមហើយ ក៏នាំគ្នាប្រើប្រាស់ស្បែកសត្វដ៏ធំ​ គឺស្បែកសត្វសីហៈ ស្បែក​ខ្លាធំ ស្បែកខ្លាដំបង។ ស្បែកទាំងនោះ ពួកឆព្វគ្គិយភិក្ខុ បាន​កាត់ឲ្យល្មម​នឹងគ្រែខ្លះ កាត់​ឲ្យល្មម​នឹង​តាំង​ខ្លះ ក្រាលលើគ្រែខាង​ក្នុងខ្លះ ក្រាលលើគ្រែខាងក្រៅខ្លះ ក្រាលខាងលើតាំង​ខាងក្នុងខ្លះ ក្រាល​លើតាំង​ខាងក្រៅខ្លះ។ មនុស្សទាំងឡាយ ដើរ​ទៅកាន់វិហារចារិក ឃើញហើយ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ដូចពួកគ្រហស្ថ ​អ្នកបរិភោគ​នូវកាមគុណ។ ភិក្ខុទាំងឡាយ​ ក្រាបទូល​សេចក្តីនុ៎ះ ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់​បញ្ញត្ត​ថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ​មិនត្រូវប្រើប្រាស់​ នូវស្បែកសត្វ​ដ៏ធំ គឺស្បែកសត្វ​សីហៈ ស្បែកខ្លាធំ ស្បែកខ្លាដំបងឡើយ ភិក្ខុណា​ប្រើប្រាស់ ត្រូវ​អាបត្តិទុក្កដ។

[៦៥] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុ​គិតគ្នាថា ស្បែកសត្វដ៏ធំ​ទាំងឡាយ ព្រះដ៏មានព្រះ​ភាគទ្រង់ហាមហើយ ក៏នាំគ្នាប្រើប្រាស់ស្បែក​គោទាំងឡាយវិញ។ ស្បែកគោ​ទាំងនោះ ពួក​ឆព្វគ្គិយ​ភិក្ខុ បាន​កាត់ឲ្យល្មម​នឹងគ្រែខ្លះ កាត់​ឲ្យល្មម​នឹង​តាំង​ខ្លះ ក្រាលលើគ្រែខាង​ក្នុងខ្លះ ក្រាលលើគ្រែខាងក្រៅខ្លះ ក្រាលលើតាំង​ខាងក្នុងខ្លះ ក្រាល​លើតាំង​ខាងក្រៅខ្លះ។ មិនតែ​ប៉ុណ្ណោះ មានភិក្ខុបាបមួយរូប ជាជីតុន​ របស់​ឧបាសក​បាបម្នាក់។ វេលានោះ ភិក្ខុ​បាបនោះ លុះវេលា​ព្រឹក​ព្រហាម ក៏ស្លៀកស្បង់ ហើយកាន់យកបាត្រ​និងចីវរ ហើយចូលទៅកាន់ផ្ទះ ​របស់ឧបាសក​បាប​នោះ លុះចូលទៅដល់ហើយ ក៏អង្គុយ​នៅលើអាសនៈ ​ដែលគេក្រាលទុក។ លំដាប់នោះ ឧបាសក​បាបនោះ​ បានចូលទៅរក​ភិក្ខុបាប លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំ​ភិក្ខុបាបនោះ ហើយអង្គុយ​នៅក្នុងទីដ៏សមគួរ។ គ្រានោះឯង ឧបាសក​បាបនោះ​ មានកូនគោ១ មានរូបល្អ គួរ​នឹងរមឹលមើល នាំឲ្យកើតសេចក្តី​ជ្រះថ្លាដ៏វិចិត្រ ​ប្រហែល​នឹងកូន​ខ្លាដំបង។ វេលានោះ ភិក្ខុបាបនោះ ក៏សំឡឹង​មើល​ទៅកូនគោនោះមិនដាក់ភ្នែកសោះ។ លំដាប់នោះ ឧបាសកបាបនោះ បាននិយាយ​ពាក្យ​នេះ​នឹងភិក្ខុបាប​នោះថា បពិត្រលោកដ៏ចំរើន ហេតុអ្វី​ បានជាលោកម្ចាស់​ សំឡឹង​មើល​កូនគោនេះ​មិនដាក់​ភ្នែកសោះ។ ភិក្ខុនោះ​ប្រាប់ថា នែអ្នកដ៏មានអាយុ ដ្បិតអាត្មា​ត្រូវការ​ស្បែកកូនគោ​នេះ។ ខណៈ​នោះ ឧបាសក​បាបនោះ ក៏សម្លាប់កូនគោនោះ ហើយពន្លះយក​ស្បែក ​ប្រគេន​ទៅ​ភិក្ខុ​បាប​នោះ។ គ្រានោះ ភិក្ខុបាបនោះ ក៏​លាក់ស្បែកនោះ ​ក្នុងសង្ឃាដិ ហើយក៏ដើរទៅ។ វេលានោះ មេគោ​នោះអាល័យកូន ក៏ទៅតាមពីខាងក្រោយៗ​ភិក្ខុបាបនោះ។ ភិក្ខុទាំងឡាយ ​ក៏បាន​និយាយ​យ៉ាង​នេះ​ថា អាវុសោ ហេតុអ្វី​បានជា​មេគោនេះ​ មកតាម​ពីខាងក្រោយ​ៗលោក។ ភិក្ខុនោះ​ប្រាប់ថា អាវុសោ ខ្ញុំ​មិនដឹងជា​មេគោនេះ មកតាមខ្ញុំ​ពីខាងក្រោយៗ​ ដោយហេតុអ្វីទេ។ វេលានោះឯង សង្ឃាដិ​ របស់​ភិក្ខុបាបនោះ ​ក៏ប្រឡាក់ទៅដោយ​ឈាម។ ភិក្ខុទាំងឡាយ បាន​និយាយ​យ៉ាងនេះថា អាវុសោ សង្ឃាដិនេះ តើអ្នកធ្វើដូចម្តេច (បានជាប្រឡាក់)។ ខណៈនោះ ភិក្ខុបាបនោះ​ បានប្រាប់​សេចក្តី​នុ៎ះ​ ដល់ភិក្ខុទាំងឡាយ។ ភិក្ខុទាំងឡាយ ក៏​បានសួរថា អាវុសោ លោកបាន​បបួល​គេធ្វើបាណាតិបាត​ទេដឹង។ ភិក្ខុនោះឆ្លើយថា អើអាវុសោ។ ភិក្ខុទាំងឡាយណា មានសេចក្តី​ប្រាថ្នាតិច។បេ។ ភិក្ខុទាំង​នោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុមិនសម​បើនឹង​បបួលគេឲ្យធ្វើ​បាណាតិបាត​សោះ ក្រែងបាណាតិបាត ព្រះដ៏មានព្រះភាគ ទ្រង់តិះដៀល​ដោយអនេក​បរិយាយ ព្រះអង្គ​ ទ្រង់​សរសើរ​តែការ​វៀរចាកអំពើបាណាតិបាត​ដូច្នោះឬ។ គ្រានោះ ភិក្ខុទាំងនោះ ក្រាបទូល​សេចក្តី​នុ៎ះ ​ចំពោះ​ព្រះដ៏មានព្រះភាគ។

[៦៦] ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគ ទ្រង់ឲ្យប្រជុំ​ភិក្ខុសង្ឃក្នុង​វេលា​នោះហើយ ទ្រង់សួរចំពោះ​ភិក្ខុបាបនោះថា ម្នាលភិក្ខុ ឮថាអ្នកឯង​បាន​បបួល​គេឲ្យធ្វើ​បាណាតិបាត ពិតមែនឬ។ ភិក្ខុបាបក្រាបទូល​ថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធ​ដ៏មានជោគ ទ្រង់បន្ទោសថា នែមោឃបុរស អ្នកឯង​មិនសម​នឹងបបួលគេឲ្យធ្វើ​បាណាតិបាត​ទេ នែមោឃបុរស ក្រែងអំពើបាណាតិបាត តថាគត បានតិះដៀល​ហើយ ដោយអនេក​បរិយាយ តថាគត​​សរសើរ​តែការ​វៀរចាក អំពើបាណាតិបាត​ ដូច្នោះទេឬ នែមោឃបុរស អំពើនេះ នឹងបាន​ដឹកនាំពួកជន ដែលមិនទាន់​ជ្រះថ្លា​ ឲ្យបានជ្រះថ្លាឡើងទេ។បេ។ លុះទ្រង់​បន្ទោសរួចហើយ ទ្រង់​ធ្វើ​ធម្មីកថា ហើយត្រាស់ហៅភិក្ខុទាំងឡាយមក បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​មិនត្រូវ​បបួល​គេក្នុងបាណាតិបាតទេ ភិក្ខុណាបបួល ត្រូវឲ្យវិនយធរធ្វើតាមធម៌។ ម្នាលភិក្ខុទាំងឡាយ ម្យ៉ាងទៀត ភិក្ខុមិនត្រូវប្រើប្រាស់​ស្បែកគោទេ ភិក្ខុណាប្រើប្រាស់ ត្រូវអាបត្តិទុក្កដ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុមិនត្រូវប្រើប្រាស់​ស្បែកសត្វណាមួយទេ ភិក្ខុណាប្រើប្រាស់ ត្រូវអាបត្តិទុក្កដ។ សម័យ​នោះឯង មានគ្រែ និងតាំង ដែលពួកមនុស្សបានដាសដោយស្បែក បានរួតរឹត​ដោយស្បែក។ ភិក្ខុទាំងឡាយរង្កៀស មិនហ៊ាន​អង្គុយលើ។ ភិក្ខុទាំងនោះ ក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់​អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុអង្គុយលើទី​សេនាសនៈ​ ដែលជាគិហិវិក័ត (របស់ដែលគ្រហស្ថ​ធ្វើផ្សេងៗ) បាន កុំឲ្យ​តែ​ដេក។

១៥៦. គិហិវិកតានុញ្ញាតាទិ

(១៥៦)

វេលានោះឯង មានវិហារ​27) ដែលពួក​ជន​បាន​រុំចង​ដោយខ្សែស្បែក​ទាំងឡាយ។ ភិក្ខុទាំងឡាយរង្កៀស មិនហ៊ាន​អង្គុយលើ។ ភិក្ខុទាំងនោះ ក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់​អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុអង្គុយលើវិហារ ដែលគេគ្រាន់​តែចងបាន។

[៦៧] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុ​ពាក់ស្បែកជើង ហើយចូលទៅកាន់​ស្រុក។ មនុស្ស​ទាំងឡាយ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ដូចជាពួកគ្រហស្ថ ​ដែលបរិភោគ​កាមគុណ។ ​ភិក្ខុទាំងនោះ ក្រាបទូល​សេចក្តី​នុ៎ះ ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់​បញ្ញត្តថា ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុមិនត្រូវ​ពាក់ស្បែកជើង​ ចូលទៅកាន់ស្រុកទេ ភិក្ខុណា(ពាក់)​ចូលទៅ ត្រូវ​អាបត្តិ​ទុក្កដ។ សម័យនោះឯង មានភិក្ខុ១រូប​មានជម្ងឺ តែវៀរចាក​ស្បែកជើង ក៏​មិនអាច​នឹង​ដើរ​ចូល​ទៅកាន់​ស្រុក​បានឡើយ។ ​ភិក្ខុទាំងឡាយ ក្រាបទូល​សេចក្តី​នុ៎ះ​ ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យភិក្ខុដែលមាន​ជម្ងឺ ពាក់​ស្បែក​ជើង​ ចូលទៅកាន់ស្រុកបាន។

១៥៧. សោណកុដិកណ្ណវត្ថុ

(១៥៧)

[៦៨] សម័យនោះឯង ព្រះមហាកច្ចានៈ​ដ៏មានអាយុ គង់នៅ​លើភ្នំឈ្មោះ​បបាត ទៀបក្រុង​ឈ្មោះកុររឃរៈ ក្នុងអវន្តីជនបទ។ សម័យនោះឯង ឧបាសកឈ្មោះ​សោណកុដិកណ្ណ ​28) ជាឧបដ្ឋាករបស់​ព្រះមហាកច្ចានៈ​ដ៏មានអាយុ។ វេលានោះ ឧបាសក​ឈ្មោះសោណកុដិកណ្ណ បានចូលទៅរកព្រះមហាកច្ចានៈ​ដ៏មានអាយុ លុះចូលទៅ​ដល់​ហើយ ក៏ថ្វាយបង្គំ​ព្រះមហាកច្ចានៈ​ដ៏មានអាយុ រួចអង្គុយ​នៅក្នុងទីដ៏សមគួរ។ លុះឧបាសក​ឈ្មោះសោណកុដិកណ្ណអង្គុយ​នៅក្នុងទីដ៏សមគួរហើយ ក៏បានិយាយ​ពាក្យនេះនឹង​ព្រះមហាកច្ចានៈ​ដ៏មានអាយុថា បពិត្រ​លោកដ៏ចំរើន ធម៌ដែល​លោកម្ចាស់​មហាកច្ចានៈ​បានសំដែង​ហើយយ៉ាងណាៗ ខ្ញុំ​ករុណាក៏ដឹង​ច្បាស់ តែបុគ្គល​ដែលនៅ​គ្រប់គ្រងផ្ទះ មិនងាយ​នឹង​ប្រព្រឹត្តព្រហ្មចរិយធម៌​នេះ​ឲ្យបរិបូណ៌ ពេញលេញ ឲ្យស្អាតរលីង​ ដូចជា​សង្ខ​ដែលបុគ្គល​ដុស​ខាត់​ហើយ បពិត្រលោក​ដ៏ចំរើន ឥឡូវ​ខ្ញុំករុណា​ចង់កោរសក់ និងពុកមាត់ ហើយស្លៀកដណ្តប់​សំពត់​កាសាយ​ទាំងឡាយ ហើយចេញចាកផ្ទះ ទៅបួស​ក្នុងភេទ​របស់​បុគ្គល​គ្មានផ្ទះ បពិត្រ​លោកដ៏​ចំរើន សូមលោកម្ចាស់​មហាកច្ចានៈ​បំបួស​ខ្ញុំផង។ កាលបើ​ឧបាសក​នោះនិយាយ​យ៉ាង​នេះហើយ ព្រះមហាកច្ចានៈ​ដ៏មានអាយុ ក៏បាននិយាយពាក្យនេះ​នឹងសោណកុដិកណ្ណ​ឧបាសក​ថា នែសោណៈ ការប្រព្រឹត្ត​នូវ​ការដេក​តែម្នាក់ឯង បរិភោគនូវភត្ត​តែមួយពេល និងប្រព្រឹត្ត​ព្រហ្មចរិយធម៌​ ដរាប​អស់​មួយជីវិត មិនងាយ​នឹងធ្វើ​បានឡើយ នែសោណៈ ណ្ហើយចុះ អ្នកឯង​គួរ​តែនៅជាគ្រហស្ថ ប្រកបតាម​ពាក្យ​ប្រៀនប្រដៅ ​របស់​ព្រះពុទ្ធ​ទាំងឡាយ គឺ​ការដេកតែ​ម្នាក់ឯង ការ​បរិភោគ​ភត្ត​តែម្តង និងការប្រព្រឹត្ត​ព្រហ្មចរិយធម៌ សមគួរ​តាមកាល ក្នុងភេទជា​គ្រហស្ថ​នោះចុះ។ ការ​ប្រុងប្រៀប​នឹងបួស​របស់សោណកុដិកណ្ណ​ឧបាសកនោះ ក៏​បានរម្ងាប់​ស្ងប់ស្ងាត់​ទៅក្នុង​ពេល​នោះឯង។ សោណកុដិកណ្ណ​ឧបាសក បានចូលទៅរក​ព្រះមហាកច្ចានៈ​ដ៏មានអាយុ​ជាគំរប់​ពីរដង​ផង។បេ។ សោណកុដិកណ្ណ​ឧបាសក បានចូលទៅរក​ព្រះមហាកច្ចានៈ​ដ៏មានអាយុ​ជាគំរប់​បីដង​ផង លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះមហាកច្ចានៈ​ដ៏មានអាយុ រួចអង្គុយ​នៅក្នុង​ទីដ៏​សមគួរ។ លុះសោណកុដិកណ្ណ​ឧបាសក អង្គុយ​នៅក្នុងទី​ដ៏សមគួរហើយ ក៏បានិយាយ​ពាក្យ​នេះ​ នឹង​​ព្រះមហាកច្ចានៈ​ដ៏មាន​អាយុថា បពិត្រព្រះអង្គដ៏ចំរើន ធម៌ដែល​លោកម្ចាស់​មហាកច្ចានៈ​ បាន​សំដែង​​ហើយយ៉ាងណាៗ ខ្ញុំ​ករុណាក៏ដឹង​ច្បាស់ (តែថា) បុគ្គល​ដែលនៅ​គ្រប់គ្រងផ្ទះ មិនងាយ​នឹង​ប្រព្រឹត្ត​ នូវ​ព្រហ្មចរិយធម៌​​នេះ ​ឲ្យបានពេញអស់ជើង ឲ្យបានស្អាតអស់ជើង​ ដូចជា​សង្ខ ​ដែលគេ​ដុស​​ខាត់​ហើយទេ បពិត្រលោក​ដ៏ចំរើន ឥឡូវ​ខ្ញុំករុណា​ចង់កោរសក់ និងពុកមាត់ ហើយ​ស្លៀក​ដណ្តប់​​សំពត់​កាសាយ​ ចេញចាកផ្ទះ ទៅបួស​ក្នុងភេទ​របស់​បុគ្គល​គ្មានផ្ទះ បពិត្រ​លោកដ៏​ចំរើន សូមលោកម្ចាស់​មហាកច្ចានៈ​ បំបួស​ខ្ញុំផង។ ព្រះមហាកច្ចានៈ​ដ៏មានអាយុ ក៏បានបំបួស​សោណកុដិកណ្ណ​ឧបាសក ​ក្នុងវេលានោះឯង។ សម័យ​នោះឯង អវន្តិទក្ខិណាបថជនបទ មាន​ភិក្ខុតិចណាស់។ វេលានោះ ព្រះមហាកច្ចានៈ​ដ៏មានអាយុ ឲ្យប្រជុំ​ភិក្ខុសង្ឃ​មានពួក១០ ដែលមក​ពីទិស​នោះៗ ហើយឲ្យឧបសម្បទា​សោណៈ​ដ៏​មានអាយុ ដោយក្រ លំបាក​ពេកណាស់ លុះតែ​កន្លង​៣ឆ្នាំទៅ (ទើប​រក​គណៈសង្ឃ​បានគ្រប់ដប់)។ លំដាប់នោះ កាលសោណៈ​ដ៏មានអាយុ​ នៅចាំ​វស្សា​រួចហើយ នៅក្នុងទីស្ងាត់ លាក់ខ្លួន​សម្ងំ ក៏កើតការ​ត្រិះរិះ​ ក្នុងចិត្ត​យ៉ាង​នេះថា អាត្មាអញ​គ្រាន់​តែ​បានឮថា ព្រះមានព្រះភាគ​នោះ បែប​យ៉ាងនេះៗ តែអាត្មាអញ​ មិនដែល​ឃើញ​ព្រះមានព្រះភាគ ​ចំពោះ​មុខសោះ។ បើឧបជ្ឈាយ៍​អនុញ្ញាតឲ្យ​អាត្មាអញទៅ អាត្មាអញ​គួរ​តែទៅ ឲ្យ​បានឃើញព្រះមានព្រះភាគ ជាអរហន្ត​សម្មាសម្ពុទ្ធ​នោះ។ គ្រានោះ ព្រះសោណៈ​ដ៏មានអាយុ លុះវេលា​ថ្ងៃរសៀល ក៏ចេញ​អំពី​ទីលាក់ខ្លួនពួន​សម្ងំហើយ ចូលទៅរកព្រះមហាកច្ចានៈ​ដ៏​មាន​អាយុ លុះចូលទៅ​ដល់ហើយ ក៏ថ្វាយបង្គំព្រះមហាកច្ចានៈ​ដ៏មានអាយុ រួចក៏​អង្គុយ​នៅក្នុង​ទីដ៏សម​គួរ។ លុះ​ព្រះសោណៈ​ដ៏មានអាយុ អង្គុយ​នៅក្នុងទៅ​ដ៏សមគួរហើយ បាននិយាយ​ពាក្យនេះ​នឹង​ព្រះមហាកច្ចានៈ​​ដ៏មានអាយុថា បពិត្រលោក​ដ៏ចំរើន កាលខ្ញុំករុណា​នៅក្នុងទីស្ងាត់ លាក់ខ្លួន ពួន​សម្ងំក្នុងទីនេះ ក៏កើតការ​ត្រិះរិះ​ក្នុងចិត្ត​យ៉ាង​នេះថា អាត្មាអញ​គ្រាន់​តែ​បានឮថា ព្រះមាន​ព្រះភាគ​​នោះ បែប​យ៉ាងនេះៗ តែអាត្មាអញ ​មិនដែល​ឃើញ​ព្រះមានព្រះភាគ​ ក្នុងទីចំពោះ​មុខ​បាន​ម្តង​សោះ បើឧបជ្ឈាយ៍​អនុញ្ញាត ឲ្យ​អាត្មាអញទៅ គួរតែអាត្មាអញទៅ ឲ្យ​បានឃើញ​ព្រះមាន​ព្រះ​ភាគ ជាអរហន្តសម្មាសម្ពុទ្ធ​នោះ បពិត្រ​លោកដ៏ចំរើន បើឧបជ្ឈាយ៍​អនុញ្ញាត​ឲ្យខ្ញុំ​ករុណាទៅ ខ្ញុំ​ករុណា​គួរ​នឹងទៅ ឲ្យបានឃើញ​ព្រះមានព្រះភាគ​ ជាអរហន្តសម្មាសម្ពុទ្ធនោះ។ ព្រះមហាកច្ចានៈ​ក៏និយាយ​តប​វិញថា នែសោណៈ ប្រពៃ​ពេកណាស់ហើយ នែសោណៈ លោកចូរ​ទៅ​គាល់​ព្រះមាន​ព្រះភាគ ជាព្រះអរហន្តសម្មាសម្ពុទ្ធ​នោះចុះ នែសោណៈ លោកមុខជា​នឹងបានឃើញ​ព្រះមានព្រះភាគនោះ ជាទីនាំ​ឲ្យកើត​សេចក្តី​ជ្រះថ្លា គួរ​ឲ្យជ្រះថ្លា មានឥន្ទ្រិយ​រម្ងាប់ហើយ មានព្រះទ័យ​រម្ងាប់ហើយ បានដល់​នូវ​បញ្ញា​សម្រាប់​ទូន្មាន និងសមាធិ​សម្រាប់​រម្ងាប់​ដ៏ឧត្តម បានទូន្មាន​ព្រះអង្គហើយ បានរក្សាព្រះអង្គហើយ បានឈ្នះ​ឥន្ទ្រិយ​ហើយ បាន​ប្រាសចាក​កិលេស​ហើយ នែសោណៈ បើដូច្នោះ លោកចូរថ្វាយ​បង្គំ​ព្រះបាទ​ទាំងគូ ​របស់​ព្រះមានព្រះភាគ ដោយសិរសា តាមពាក្យខ្ញុំថា បពិត្រ​ព្រះអង្គដ៏​ចំរើន ឧបជ្ឈាយ៍​ របស់​ខ្ញុំ​ព្រះអង្គ ​ឈ្មោះ​មហាកច្ចានៈ​ដ៏​មានអាយុ សូម​ក្រាបថ្វាយបង្គំ ​ចំពោះ​ព្រះបាទ​ទាំងគូ ​របស់ព្រះ​ដ៏មានព្រះភាគ​ដោយ​សិរសា រួច​ហើយ​ចូរលោក​ក្រាបទូល​យ៉ាងនេះ (ទៀត)​ថា បពិត្រព្រះអង្គ​ដ៏ចំរើន ដែន​អវន្តិទក្ខិណាបថ មានភិក្ខុ​តិចណាស់ ខ្ញុំព្រះអង្គ​ប្រជុំ​ភិក្ខុសង្ឃ​មានពួក១០ ​អំពី​ប្រទេស​នោះៗ ហើយបាន​ឧបសម្បទា ​ដោយលំបាកពេកណាស់ លុះតែ​កន្លង​៣ឆ្នាំ​ទៅហើយ (ទើបស្រេច) ធ្វើម្តេចហ្ន៎ ព្រះមានព្រះភាគ គួរ​ទ្រង់​អនុញ្ញាត ​នូវ​ឧបសម្បទា ​ក្នុងដែន​អវន្តិទក្ខិណាបថ ដោយគណៈសង្ឃ​ ឲ្យតិច​ល្មមទៅ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ក្នុងដែន​អវន្តិទក្ខិណាបថ ​មានផែនដី​ខ្មៅស្អិត គ្រោតគ្រាត រឹងរដិបរដុប ​ដោយស្នាម​ជើងគោ ធ្វើម្តេចហ្ន៎ ព្រះមានព្រះភាគ គួរទ្រង់​អនុញ្ញាត​ ស្បែកជើង​៤ជាន់​ឡើងទៅ ក្នុងដែន​អវន្តិទក្ខិណាបថ បពិត្រព្រះអង្គដ៏ចំរើន ក្នុងដែន​អវន្តិទក្ខិណាបថ ពួកមនុស្ស​រាប់អាន​ការ​ងូត​ទឹក​ណាស់ ប្រកប​ដោយសេចក្តី​ស្អាត​ព្រោះទឹក ធ្វើម្តេចហ្ន៎ ព្រះមាន​ព្រះភាគ គួរទ្រង់​អនុញ្ញាត​ ការ​ងូត​ទឹកឲ្យបាន​ជានិច្ច​ ក្នុងដែន​អវន្តិទក្ខិណាបថ បពិត្រព្រះអង្គដ៏ចំរើន ដែនអវន្តិទក្ខិណាបថ មាន​កម្រាល​ស្បែកច្រើន គឺស្បែក​ចៀម ស្បែកពពែ ស្បែកម្រឹគ បពិត្រព្រះអង្គដ៏ចំរើន ក្នុងមជ្ឈិមជនបទ មានស្មៅ ឈ្មោះ​ឯរគុ​29) ស្មៅឈ្មោះ​មោរគុ30) ស្មៅឈ្មោះ​មជ្ជារុ​31) ស្មៅឈ្មោះ​ជន្តុ​32) យ៉ាងណាមិញ បពិត្រព្រះអង្គដ៏ចំរើន ក្នុងដែនអវន្តិទក្ខិណាបថ ក៏មានកម្រាលស្បែក គឺ​ស្បែកចៀម ស្បែក​ពពែ ស្បែកម្រឹគ​ដូច្នោះដែរ ធ្វើម្តេចហ្ន៎ ព្រះដ៏មាន​ព្រះភាគ គួរ​ទ្រង់​អនុញ្ញាត​កម្រាល​ស្បែកទាំងឡាយ គឺស្បែកចៀម ស្បែកពពែ ស្បែកម្រឹគ ក្នុងដែនអវន្តិទក្ខិណាបថ បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ មនុស្សទាំងឡាយ ​ប្រគេន​ចីវរ ដើម្បី​ភិក្ខុ​ដែលនៅ​ក្រៅសីមាថា យើងប្រគេន​ចីវរ​នេះ ដល់​ភិក្ខុ​ឈ្មោះនេះ ភិក្ខុទាំងនោះ​ មកប្រាប់​ថា នែអាវុសោ ពួកមនុស្ស​ឈ្មោះនេះ បានប្រគេន​ចីវរ​ ដើម្បី​លោកហើយ ភិក្ខុទាំងនោះ ​ក៏រង្កៀស មិនត្រេកអរ ព្រោះយល់ឃើញថា កុំឲ្យ​ត្រូវនិស្សគ្គិយ​ ដល់​យើងឡើយ ធ្វើម្តេចហ្ន៎ ព្រះមានព្រះភាគ គួរ​ទ្រង់​ប្រាប់​របៀប​ប្រតិបត្តិ​ក្នុងចីវរ។ ឯព្រះសោណៈ​ដ៏​មានអាយុ​ទទួល​ស្តាប់ពាក្យ​ព្រះមហាកច្ចានៈ​ដ៏មានអាយុ​ដោយពាក្យថា ករុណាលោកម្ចាស់ រួច​ហើយក៏​ក្រោកចាកអាសនៈ ថ្វាយបង្គំ​ព្រះមហាកច្ចានៈ​ដ៏មានអាយុ ធ្វើប្រទក្សិណ ហើយទុក​ដាក់​គ្រឿង​សេនាសនៈ រួចកាន់​យកបាត្រនិង​ចីវរ ចេញដើរ​ដោយលំដាប់​ទៅ​ក្រុង​សាវត្ថី ក៏ចូល​ទៅរក​ព្រះមានព្រះភាគ ក្នុងវត្ត​ជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ក្បែរ​ក្រុង​សាវត្ថី លុះចូលទៅ​ដល់ហើយ ក៏​ក្រាបថ្វាយបង្គំ​ព្រះ​មានព្រះភាគ ហើយអង្គុយនៅ​ក្នុងទី​ដ៏សមគួរ។ វេលានោះ ព្រះ​មាន​ព្រះភាគ ទ្រង់ត្រាស់ហៅ​ព្រះអានន្ទ​ដ៏មានអាយុមកថា នែអានន្ទ អ្នកចូរ​ទៅក្រាល​សេនាសនៈ​ឲ្យអាគន្តុកភិក្ខុនេះ (បន្តិច)។ គ្រានោះ ព្រះអានន្ទ​ដ៏មានអាយុ​គិតថា ព្រះមានព្រះភាគទ្រង់​បង្គាប់​អញ​ថា នែអានន្ទ អ្នកឯងចូរក្រាល​សេនាសនៈ ​ឲ្យអាគន្តុកភិក្ខុនេះ (បន្តិច) ចំពោះភិក្ខុណា ព្រះ​មាន​ព្រះភាគ ទ្រង់​ប្រាថ្នា​ ដើម្បីគង់​នៅក្នុងវិហារ១ ជាមួយនឹង​ភិក្ខុនោះ គឺថាព្រះមានព្រះភាគ ប្រាថ្នា​ដើម្បីគង់​នៅក្នុងវិហារ១ ​ជាមួយ​នឹងព្រះសោណៈ​ដ៏មានអាយុ លុះគិត​ដូច្នោះហើយ ក៏ក្រាល​សេនាសនៈ ​ចំពោះ​ព្រះសោណៈ​ដ៏មានអាយុ​ ក្នុងវិហារ ​ដែលព្រះមានព្រះភាគ​គង់នៅ។

[៦៩] គ្រានោះ ព្រះមានព្រះភាគ ទ្រង់គង់​ក្នុងទីកណ្តាលវាល អស់រាត្រី​ជាច្រើន ទើប​យាង​ចូលទៅ​កាន់វិហារ។ ចំណែកខាង​ព្រះសោណៈ​ដ៏មានអាយុ ក៏នៅ​ក្នុងទីកណ្តាលវាល អស់​រាត្រី​ជាច្រើន ទើបចូល​ទៅកាន់វិហារដែរ។ វេលានោះ ព្រះមានព្រះភាគ ទ្រង់​ក្រោកឡើង​ក្នុងបច្ចូសសម័យនៃរាត្រី បានត្រាស់បង្គាប់​ព្រះសោណៈ​ដ៏មានអាយុថា នែភិក្ខុ អ្នកគួរ​នឹងសំដែង​ធម៌​បន្តិចទៅ។ ព្រះសោណៈ​ដ៏មានអាយុ បានទទួល​ព្រះពុទ្ធដីកា​ព្រះមានព្រះភាគ​ដោយពាក្យថា ព្រះករុណាព្រះអង្គ ហើយក៏សំដែង​នូវ​សូត្រទាំងឡាយ មាននៅក្នុងអដ្ឋកវគ្គ​ទាំងអស់ ​ដោយ​សរភញ្ញ។ លុះចប់​សរភញ្ញ​ របស់ព្រះសោណៈ​ដ៏មានអាយុ​ហើយ ព្រះ​មានព្រះភាគ ក៏បាន​អនុមោទនា​ ក្នុងខណៈ​នោះថា នែភិក្ខុ ពីរោះហើយៗ នែភិក្ខុ សូត្រទាំងឡាយ​ ដែល​មានក្នុង​អដ្ឋកវគ្គ អ្នកបានរៀន​មកត្រឹមត្រូវហើយ អ្នកបានធ្វើ​ទុកក្នុងចិត្ត​ល្អហើយ បានពិចារណា​ល្អហើយ អ្នកប្រកប​ដោយសំដី​ដ៏​ពីរោះ ​ក្បោះក្បាយ ប្រាសចាកទោស គួរនឹងញុំាង​ជនឲ្យ​បានដឹង​ច្បាស់​នូវ​សេចក្តី នែភិក្ខុ អ្នកមានវស្សាប៉ុន្មានហើយ។ ព្រះសោណៈ​ក្រាបទូលថា បពិត្រ​ព្រះមានព្រះភាគ ខ្ញុំព្រះអង្គ​ទើបបាន​តែ១វស្សាទេ។ ព្រះមានព្រះភាគ ទ្រង់សួរថា នែភិក្ខុ ហេតុអ្វី​បានជា​អ្នកធ្វើ​ការ​ឲ្យយឺតយូរ​យ៉ាងនេះ (ក្របួសម្ល៉េះ)។ ព្រះសោណៈ​ក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន ឯទោស​ក្នុងកាម​ទាំងឡាយ ខ្ញុំព្រះអង្គ​បានឃើញ​មកជាយូរហើយ តែថាធម្មតា​ ឃរាវាស មានសេចក្តី​ចង្អៀត​ចង្អល់ច្រើន មានកិច្ចច្រើន មានការងារច្រើន។ វេលានោះ ព្រះមានព្រះភាគ ទ្រង់ជ្រាប​ច្បាស់​សេចក្តី​នុ៎ះ​ហើយ ទើបទ្រង់​បន្លឺ​ឡើងនូវ​ឧទាន​នេះ ក្នុងវេលានោះថា

បុគ្គល​បានឃើញ​ទោសក្នុងលោកហើយ

ដឹងនូវធម៌​ដែលប្រាសចាកឧបធិក្កិលេស

ជាព្រះអរិយៈ រមែងមិនត្រេកអរ​ក្នុងបាប

ជាបុគ្គលស្អាត រមែង​មិនត្រេកអរ​ក្នុងបាប។

១៥៨. មហាកច្ចានស្ស បញ្ចវរបរិទស្សនា

(១៥៨)

[៧០] គ្រានោះ ព្រះសោណៈ​ដ៏មានអាយុ​គិតថា ព្រះមានព្រះភាគ ទ្រង់​ស្មោះសរ​នឹងអាត្មា​អញ​ដោយពិត ព្រះឧបជ្ឈាយ៍​របស់អាត្មាអញ​ បានផ្ញើពាក្យ​បណ្តាំណា កាលនេះ ជាកាលគួរ​នឹង​ក្រាបទូល​ តាមពាក្យ​បណ្តាំនោះ ទើប​ក្រោកចាក​អាសនៈ ធ្វើឧត្តរាសង្គ លើស្មាម្ខាង ហើយក្រាប​ទៀប​ព្រះបាទ​ទាំងគូ​ របស់ព្រះមានព្រះភាគ​ ដោយសិរសា ហើយក្រាប​ទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះមាន​ព្រះភាគថា បពិត្រ​ព្រះអង្គដ៏​ចំរើន ព្រះឧបជ្ឈាយ៍​ របស់​ខ្ញុំ​ព្រះអង្គ ​ឈ្មោះ​មហាកច្ចានៈ​ដ៏​មានអាយុ សូមឱនសិរសា​ ក្រាបថ្វាយបង្គំ​​ព្រះបាទ​ទាំងគូ​ របស់ព្រះ​ដ៏មានព្រះភាគ​​ជាម្ចាស់ ម្យ៉ាងទៀត លោកឲ្យខ្ញុំព្រះអង្គ​​ក្រាបទូល​យ៉ាងនេះ​ថា បពិត្រព្រះអង្គ​ដ៏ចំរើន ដែន​អវន្តិទក្ខិណាបថ មានភិក្ខុ​តិច (ចាប់ដើម​តាំងពីខ្ញុំ​ព្រះអង្គ​បានបួស​ជាសាមណេរ) កន្លងទៅ៣ឆ្នាំហើយ ទំរាំ​ប្រជុំ​ភិក្ខុសង្ឃ​បាន១០រូប ដែលមកពីទិស​នោះៗ ហើយទើបបាន​ឧបសម្បទា ​ដោយលំបាកពន់​ពេក​ណាស់ ធ្វើម្តេចហ្ន៎ ព្រះមានព្រះភាគ គួរ​ទ្រង់​អនុញ្ញាត ​នូវ​ឧបសម្បទា ​ក្នុងដែន​អវន្តិទក្ខិណាបថ ដោយគណៈសង្ឃ តិចជាងមុន បពិត្រ​ព្រះអង្គ​ដ៏ចំរើន ក្នុងដែន​អវន្តិទក្ខិណាបថ​ មានផែនដី​ខ្មៅស្អិត គ្រោតគ្រាត រឹងរដិបរដុប ​ដោយស្នាម​ជើងគោ ធ្វើម្តេចហ្ន៎ ព្រះដ៏មានព្រះភាគ គួរទ្រង់​អនុញ្ញាត ​ស្បែកជើង​៤ជាន់​ឡើងទៅ ក្នុងដែន​អវន្តិទក្ខិណាបថ បពិត្រព្រះអង្គដ៏ចំរើន ក្នុងដែន​អវន្តិទក្ខិណាបថ ពួកមនុស្ស​ រាប់អាន​ការ​ងូត​ទឹក​ណាស់ ប្រកប​ដោយសេចក្តី​ស្អាត​ព្រោះទឹក ធ្វើម្តេចហ្ន៎ ព្រះដ៏មាន​ព្រះភាគ គួរទ្រង់​អនុញ្ញាត ​ការ​ងូត​ទឹក ឲ្យបាន​ជានិច្ច​ ក្នុងដែន​អវន្តិទក្ខិណាបថ បពិត្រព្រះអង្គដ៏ចំរើន ក្នុងដែនអវន្តិទក្ខិណាបថ មាន​កម្រាល​ស្បែកទាំងឡាយ គឺស្បែក​ចៀម ស្បែកពពែ ស្បែកម្រឹគ បពិត្រព្រះអង្គដ៏ចំរើន ក្នុងមជ្ឈិមជនបទ មានស្មៅឈ្មោះ​ឯរគុ ស្មៅឈ្មោះ​មោរគុ ស្មៅឈ្មោះ​មជ្ជារុ ស្មៅឈ្មោះ​ជន្តុ យ៉ាងណាមិញ បពិត្រព្រះអង្គដ៏ចំរើន ក្នុងដែនអវន្តិទក្ខិណាបថ មានកម្រាលគេធ្វើ​ដោយស្បែកទាំងឡាយ គឺ​ស្បែកចៀម ស្បែក​ពពែ ស្បែកម្រឹគ​ ក៏ដូច្នោះដែរ ធ្វើម្តេចហ្ន៎ ព្រះដ៏មាន​ព្រះភាគ គួរ​ទ្រង់​អនុញ្ញាត​កម្រាលទាំងឡាយ​ ដែល​គេធ្វើដោយ​ស្បែក គឺស្បែកចៀម ស្បែកពពែ ស្បែកម្រឹគ ក្នុងដែនអវន្តិទក្ខិណាបថ បពិត្រ​ព្រះអង្គ​ដ៏​ចំរើន ក្នុងកាលឥឡូវនេះ មនុស្សទាំងឡាយ​ គេប្រគេន​ចីវរ ដើម្បីពួក​ភិក្ខុ ​ដែលនៅ​ក្រៅសីមាថា យើងនឹងប្រគេន​ចីវរ​នេះ ដើម្បី​ភិក្ខុ​ឈ្មោះនេះ ភិក្ខុទាំងនោះ​មកហើយ ប្រាប់​ថា នែអាវុសោ ពួកមនុស្ស​​ឈ្មោះនេះ បានប្រគេន​ចីវរ​​ចំពោះ​លោក ភិក្ខុទាំងនោះ​ក៏រង្កៀស មិនត្រេកអរ ដោយ​គិត​ថា កុំឲ្យ​មាននិស្សគ្គិយ ​ដល់​យើងឡើយ ធ្វើដូចម្តេចហ្ន៎ ព្រះដ៏មានព្រះភាគ គួរ​ទ្រង់​ប្រាប់​របៀប​ប្រតិបត្តិ​ក្នុងចីវរ។

[៧១] ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគ ទ្រង់ធ្វើ​នូវធម្មីកថា​ក្នុងវេលានោះ រួច​ទ្រង់ត្រាស់ហៅ​ភិក្ខុទាំងឡាយ​មក ទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ ដែនអវន្តិទក្ខិណាបថ មានភិក្ខុតិច ម្នាល​ភិក្ខុទាំងឡាយ ក្នុងបច្ចន្តិមជនបទ ​33) ទាំងអស់ តថាគត​អនុញ្ញាត​នូវ​ឧបសម្បទា​ដោយគណៈសង្ឃ មានវិនយធរ​34) ជាគំរប់​ប្រាំបាន។ បណ្តាជនបទ​ទាំងនោះ ជនបទ​ទាំងឡាយនេះ ដែលជា​បច្ចន្តិមជនបទ គឺក្នុងទិសខាងកើត មាននិគមឈ្មោះ​កជង្គល ខាងនាយកជង្គលនិគម​នោះ មាននិគម​ឈ្មោះ​មហាសាលា ខាងនាយ​និគម​ឈ្មោះ​មហាសាលានោះ ហៅថា​បច្ចន្តិមជនបទ ខាងអាយចូលមក ជា​មជ្ឈិមជនបទ។ ក្នុងទិស​អាគ្នេយ៍ មានស្ទឹងឈ្មោះ​សល្លវតី ខាងនាយ​ស្ទឹង​សល្លវតីនោះ ហៅថា​បច្ចន្តិមជនបទ ខាងអាយ​ចូលមក ជាមជ្ឈិមជនបទ។ ក្នុងទិសខាងត្បូង មាននិគម​ឈ្មោះ​សេតកណ្ណិក ខាងនាយ​សេតកណ្ណិកនិគមនោះ ហៅថា​បច្ចន្តិមជនបទ ខាង​អាយ​ចូលមក ជាមជ្ឈិមជនបទ។ ក្នុងទិសខាងលិច មានស្រុកព្រាហ្មណ៍​ ឈ្មោះថូនគ្រាម ខាងនាយ​ស្រុក​ថូនគ្រាមនោះ ហៅថា​បច្ចន្តិមជនបទ ខាងអាយចូលមក ជាមជ្ឈិមជនបទ។ ក្នុងទិសខាង​ជើង មានភ្នំឈ្មោះ​ឧសីរធជ ខាងនាយភ្នំនោះ ហៅថា​បច្ចន្តិមជនបទ ខាងអាយចូលមក ជាមជ្ឈិម​ជនបទ។ ម្នាលភិក្ខុទាំងឡាយ ក្នុងបច្ចន្តិមជនបទទាំងឡាយ​បែបនេះ តថាគត​អនុញ្ញាត​នូវ​ឧបសម្បទា​ដោយគណៈសង្ឃ មានវិនយធរ​ជាគំរប់៥បាន។ ម្នាលភិក្ខុទាំងឡាយ ក្នុងដែន​អវន្តិទក្ខិណាបថ មានផែនដីខ្មៅស្អិត រឹងគ្រោតគ្រាត រដិបរដុប​ដោយស្នាមជើងគោ ម្នាលភិក្ខុទាំងឡាយ ក្នុងបច្ចន្តិមជនបទទាំងអស់ តថាគត​អនុញ្ញាតស្បែកជើង​៤ជាន់​ឡើងទៅ។ ម្នាលភិក្ខុទាំងឡាយ ក្នុងដែន​អវន្តិទក្ខិណាបថ ពួកមនុស្ស​ច្រើនរាប់អាន​ការងូតទឹក ប្រកបដោយ​សេចក្តី​ស្អាត​ព្រោះទឹក ម្នាលភិក្ខុទាំងឡាយ ក្នុងបច្ចន្តិមជនបទទាំងអស់ តថាគត​អនុញ្ញាត​នូវការងូតទឹក​បានជានិច្ច។ ម្នាលភិក្ខុទាំងឡាយ ក្នុងដែន​អវន្តិទក្ខិណាបថ មានកម្រាល​ស្បែក​ទាំងឡាយ គឺស្បែកចៀម ស្បែកពពែ ស្បែកម្រឹគ ម្នាលភិក្ខុទាំងឡាយ ក្នុងមជ្ឈិមជនបទ​ទាំងឡាយ មានស្មៅឈ្មោះ​ឯរគុ ស្មៅឈ្មោះ​មោរគុ ស្មៅឈ្មោះ​មជ្ជារុ ស្មៅឈ្មោះ​ជន្តុ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ក្នុងដែន​អវន្តិទក្ខិណាបថ មានកម្រាល​ស្បែកទាំងឡាយ គឺស្បែកចៀម ស្បែកពពែ ស្បែកម្រឹគ ក៏យ៉ាងនោះដែរ ម្នាលភិក្ខុទាំងឡាយ ក្នុង​បច្ចន្តិមជនបទ​ទាំងអស់ តថាគត​អនុញ្ញាតកម្រាលស្បែកទាំងឡាយ គឺស្បែកចៀម ស្បែកពពែ ស្បែកម្រឹគ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើមានពួក​មនុស្ស​ប្រគេន​ចីវរ​ដើម្បី​ភិក្ខុទាំងឡាយ ដែល​នៅក្រៅសីមាថា យើងប្រគេនចីវរ​នេះ ចំពោះ​ភិក្ខុឈ្មោះនេះ ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យភិក្ខុ​ត្រេកអរបាន ចីវរ​មិនទាន់​មកដល់ដៃ​ដរាបណា ចីវរ​នោះ ភិក្ខុ​មិនត្រូវ​រាប់​តាម​កំណត់​ថ្ងៃ ​35) ​ដរាបនោះ។

ចប់ ចម្មក្ខន្ធកៈ ទី៥។

ក្នុងខន្ធកៈនេះ មាន​និទាន​៦៣។

ឧទ្ទាន​នៃចម្មក្ខន្ធកៈ​នោះ គឺ

១៥៩. តស្សុទ្ទានំ

(១៥៩)

[៧២] រឿង​ព្រះបាទ​មាគធៈ ជាធំលើអ្នកស្រុក​៨ម៉ឺន១ រឿង​សោណសេដ្ឋីបុត្រ១ រឿង​សាគតភិក្ខុ​សំដែង​ឥទ្ធិបាដិហារ្យ ជាឧត្តរិមនុស្សធម៌ច្រើន លើភ្នំគិជ្ឈកូដ១។ រឿង​សោណភិក្ខុ​បួសហើយ ប្រារព្ធព្យាយាម​ក្រៃពេក បាទាក៏បែក១ រឿង​ព្រះដ៏មានព្រះភាគ ទ្រង់ទូន្មាន​ឲ្យ​សោណភិក្ខុតាំង​ព្យាយាម​តាមខ្សែពិណ១ រឿង​ព្រះដ៏មានព្រះភា​គ ទ្រង់អនុញ្ញាត​ស្បែកជើង​មួយជាន់១ រឿងព្រះដ៏មានព្រះភាគ ទ្រង់ហាមស្បែកជើង​ពណ៌ខៀវ ពណ៌លឿង ពណ៌ក្រហម ពណ៌​ហង្សបាទ ពណ៌ខ្មៅ។ ស្បែកជើងពណ៌​ក្រហមក្រមៅ (ដូចខ្នងក្អែប) និងពណ៌​លឿងទុំ (ដូចផ្កាឈូក)១ រឿង​ទ្រង់​ហាមខ្សែស្បែកជើង ​មានពណ៌​ខៀវ​ជាដើម១ រឿងទ្រង់​ហាមស្បែក​ជើង​បិទកែងជើង១ រឿង​ទ្រង់ហាមស្បែកជើង​ ស្រោបជើងទាំងអស់​ រហូត​ស្មងជើង១ រឿង​ទ្រង់ហាម​ស្បែកជើង​ ដែលគេក្រង ​ជារបៀប​បិទខ្នងជើង១ រឿងទ្រង់ហាមស្បែកជើងញាត់ដោយ​គរ១ រឿងទ្រង់ហាមស្បែកជើងមានពណ៌​វិចិត្រ ​ដូចស្លាប​សត្វទទា១ រឿងទ្រង់ហាមស្បែកជើង​មានខ្សែ​មានសណ្ឋាន​ដូចស្នែងកែះ១ រឿងទ្រង់ហាមស្បែកជើង ​មានខ្សែមានសណ្ឋាន​ ដូចស្នែង​ពពែ១។ រឿងទ្រង់ហាមស្បែកជើង មានខ្សែងរ មានសណ្ឋាន​ ដូច​កន្ទុយ​សត្វខ្ទួយ១ រឿងទ្រង់ហាមស្បែកជើង ដែលចាក់ស្រេះ​ ដោយព្រុយ​កន្ទុយ​សត្វក្ងោក១ រឿងទ្រង់ហាមស្បែកជើងដ៏​វិចិត្រ​ផ្សេងៗ១ រឿងទ្រង់ហាមស្បែកជើង ​ដែលចំជាយ​ដោយ​ស្បែកសត្វសីហៈ សត្វខ្លាធំ សត្វខ្លាដំបង សត្វខ្លារខិន១ ស្បែកភេ ស្បែកឆ្មា ស្បែក​កង្ហែន ស្បែក​មៀម១។ រឿងទ្រង់អនុញ្ញាត​ស្បែកជើង៤ជាន់​ឡើងទៅ ដល់ភិក្ខុ​មានបាតជើង​បែក១ រឿង​ភិក្ខុ​មានដំបៅ​លេចនៅ​បាតជើង១ រឿង​ភិក្ខុមិនលាងជើង ហើយជាន់លើ​គ្រែតាំង១ រឿង​ភិក្ខុជាន់​លើដង្គត់ឈើ១ រឿង​ឆព្វគ្គិយភិក្ខុ​ ពាក់ទ្រនាប់ជើងឈើ ឮសំឡេង​ខដខដ១ រឿង​ឆព្វគ្គិយភិក្ខុ​ប្រើប្រាស់​ទ្រនាប់​ជើងស្លឹក​ត្នោត១ រឿង​ឆព្វគ្គិយភិក្ខុ ប្រើប្រាស់​ទ្រនាប់ជើង​ស្លឹក​ឫស្សី១ រឿង​ឆព្វគ្គិយភិក្ខុ​ ធ្វើទ្រនាប់ជើងស្មៅ១… ស្មៅយាប្ល៉ង១… ស្មៅដំណេកទន្សាយ១… ទន្សែ១។ …ស្មៅ​មានពណ៌ដូច​ផ្កាឈូក១ …សំពត់រោមសត្វ១ មាស១ ប្រាក់១ កែវមណី១ កែវពិទូរ្យ១ កែវផ្លេក១ សំរឹទ្ធ១ កែវកញ្ចក់១ សំណប៉ាហំាង១ សំណភក់១ ទង់ដែងមួយ។ រឿង​ឆព្វគ្គិយភិក្ខុ​ចាប់​អាវយវៈ​មេគោ មានស្នែងជាដើម១ រឿង​ឆព្វគ្គិយភិក្ខុជិះយាន១ រឿងភិក្ខុឈឺ១ រឿង​ព្រះសម្ពុទ្ធ​ទ្រង់​អនុញ្ញាត​យានទឹម​ដោយបុរស ឬសត្វឈ្មោល១ រឿង​ព្រះសម្ពុទ្ធ ទ្រង់អនុញ្ញាត​គ្រែស្នែង១ រឿង​ឆព្វគ្គិយភិក្ខុ ប្រើប្រាស់​ឧច្ចាសយនៈ និងមហាសយនៈ១ រឿង​ឆព្វគ្គិយភិក្ខុ ​ប្រើប្រាស់​ស្បែកសត្វ​ធំ១ រឿង​ឆព្វគ្គិយភិក្ខុ ​ប្រើប្រាស់​ស្បែកគោ១ រឿង​ភិក្ខុលាមក​ ជាជីតុន ​របស់ឧបាសក​លាមក១។ រឿង​ព្រះមានព្រះភាគ​ ទ្រង់អនុញ្ញាត​ ឲ្យភិក្ខុអង្គុយលើស្បែក ដែលគ្រហស្ថ​ធ្វើប្លែក១ រឿង​វិហារ​ដែលគេ​រុំចង​ ដោយខ្សែស្បែក១ រឿង​ឆព្វគ្គិយភិក្ខុ ពាក់​ស្បែកជើង​ចូលទៅ​កាន់ស្រុក១ រឿងព្រះសម្ពុទ្ធ​ទ្រង់​អនុញ្ញាត ​ឲ្យភិក្ខុឈឺ​ពាក់ស្បែកជើង ​ចូលទៅកាន់​ស្រុកបាន១ រឿង​ព្រះមហាកច្ចានៈ១ រឿង​ព្រះសោណត្ថេរ​ សំដែង​សូត្រប្រកបដោយ​វគ្គ៨ ដោយសរគឺសម្លេង១។ រឿង​ព្រះសម្ពុទ្ធ​ ទ្រង់​អនុញ្ញាត​ នូវឧបសម្បទាកម្ម​ ដោយភិក្ខុ​៥រូប១ ស្បែកជើង៤ជាន់​ឡើងទៅ១ ការងូតទឹក​ជានិច្ច១ កម្រាលស្បែក១ ទ្រង់​អនុញ្ញាត​ ឲ្យភិក្ខុត្រេកអរ​នឹងចីវរ បើមិនទាន់ដល់ដៃទេ មិនត្រូវ​ឲ្យរាប់​រាត្រី​ឡើយ១ ព្រះមានព្រះភាគ​ ជានាយក ទ្រង់ប្រទាន​ពរ​ទាំង៥នេះដល់​ព្រះសោណត្ថេរហើយ។

ភេសជ្ជក្ខន្ធកៈ

(៦. ភេសជ្ជក្ខន្ធកោ)

១៦០. បញ្ចភេសជ្ជកថា

(១៦០)

[៧៣] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់នៅវត្ត​ជេតពន​របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ពួក​ភិក្ខុកើត​អាពាធ (ប្រមាត់) ក្នុងសរទកាល​36) បបរ​ដែល​ហុតទៅ ក៏ចង្អោរ​ចេញមកវិញ បាយដែល​ឆាន់ទៅ ក៏ចង្អោរ​ចេញមកវិញ។ ព្រោះហេតុនោះ ពួក​ភិក្ខុទាំងនោះក៏​មានខ្លួនស្គាំងស្គម​សៅហ្មង មានសម្បុរ​អាក្រក់ កើតជារោគលឿង ស្លេកស្លាំង មានខ្លួន​រវាម​ដោយសរសៃ។ ព្រះដ៏មានព្រះភាគ​បានទតឃើញ​ភិក្ខុទាំងនោះ​ស្គាំងស្គម សៅហ្មង មានសម្បុរអាក្រក់ កើតជារោគលឿង ស្លេកស្លាំង មានខ្លួន​រវាម​ដោយសរសៃ លុះទតឃើញ​ហើយ ក៏ត្រាស់ហៅព្រះអានន្ទ​ដ៏មានអាយុ​មកថា ម្នាលអានន្ទ ក្នុងពេលនេះ ហេតុដូចម្តេច​បានជា​ពួក​ភិក្ខុ​ស្គាំងស្គម សៅហ្មង មានសម្បុរអាក្រក់ កើតជារោគលឿង ស្លេកស្លាំង មានខ្លួន​រវាម​ដោយសរសៃ។ ព្រះអានន្ទ​ក្រាបទូលថា បពិត្រព្រះអង្គ​ដ៏ចំរើន ឥឡូវនេះ ពួក​ភិក្ខុ​កើត​អាពាធ (ប្រមាត់) ក្នុងសរទកាល បបរ​ដែល​ហុតទៅ ក៏ចង្អោរ​ចេញមកវិញ បាយដែល​ឆាន់ទៅ ក៏ចង្អោរ​ចេញមកវិញ ព្រោះអាពាធនោះ បានជា​ភិក្ខុទាំងនោះស្គំាងស្គម ​សៅហ្មង មានសម្បុរ​អាក្រក់ កើតជារោគលឿង ស្លេកស្លាំង មានខ្លួន​រវាម​ដោយសរសៃ។ គ្រានោះ ព្រះ​មានព្រះភាគ ទ្រង់​គង់​សម្ងំ​នៅក្នុងទីស្ងាត់ ក៏មានព្រះ​ហឫទ័យ​ត្រិះរិះ​ដូច្នេះថា ឥឡូវនេះ ពួកភិក្ខុកើត​អាពាធ (ប្រមាត់) ក្នុងសរទកាល បបរ​ដែល​ហុតទៅ ក៏ចង្អោរ​ចេញមកវិញ បាយដែល​ឆាន់ទៅ ក៏ចង្អោរ​ចេញមកវិញ ព្រោះអាពាធនោះហើយ បានជា​ភិក្ខុទាំងនោះ ទៅជាស្គាំងស្គម ​សៅហ្មង មាន​សម្បុរ​​អាក្រក់ កើតជារោគលឿង ស្លេកស្លាំង មានខ្លួន​រវាម​ដោយសរសៃ (ឥឡូវ) វត្ថុដែល​ជាភេសជ្ជៈ​ក៏មាន វត្ថុដែលគេសន្មត​ថាជាភេសជ្ជៈ​ក៏មាន វត្ថុដែលផ្សាយទៅ​សម្រាប់​ជាអាហារ​របស់​មនុស្ស​លោក ក៏មាន វត្ថុដែលជា​​អាហារ​មិនបានគ្រោតគ្រាត ក៏មាន តើគួរ​តថាគត​អនុញ្ញាត​វត្ថុ​ដូចម្តេច ទើបសមគួរ​ជាភេសជ្ជៈ​ដល់ភិក្ខុទាំងឡាយហ្ន៎។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់​ត្រិះរិះ​ដូច្នេះថា ភេសជ្ជៈ​ទាំង៥នេះគឺ ទឹកដោះរាវ១ ទឹកដោះខាប់១ ប្រេង១ ទឹកឃ្មុំ១ ស្ករអំពៅ១ វត្ថុ​ទាំងនេះ ជាភេសជ្ជៈ​ផង ដែលគេ​សន្មត​ថាជាភេសជ្ជៈ​ផង ផ្សាយទៅ​សម្រាប់​ជាអាហារ​របស់​មនុស្ស​លោកផង ​ជាអាហារ​មិនបានគ្រោតគ្រាតផង បើដូច្នោះ មានតែតថាគត​អនុញ្ញាត​ភេសជ្ជៈ​ទាំង៥​នេះដល់​ពួកភិក្ខុ​ ដើម្បី​ឲ្យភិក្ខុ​ទទួល​ក្នុងកាលគួរ ឆាន់ក្នុង​កាលគួរ​37) ​បាន។ ព្រោះនិទាននេះ ដំណើរនេះ ទើបព្រះមានព្រះភាគ ទ្រង់ចេញ​អំពីទីសម្ងំ ក្នុងទីស្ងាត់ នៅវេលា​សាយណ្ហសម័យ ហើយទ្រង់​ធ្វើ​ធម្មីកថា រួចត្រាស់​ហៅ​ភិក្ខុទាំងឡាយ​មកថា ម្នាលភិក្ខុទាំងឡាយ ក្នុងវេលានេះ តថាគត​សម្ងំ​នៅក្នុងទីស្ងាត់ មានចិត្តត្រិះរិះ​ដូច្នេះថា ឥឡូវនេះ ពួកភិក្ខុកើត​អាពាធ (ប្រមាត់) ក្នុងសរទកាលហើយ បបរ​ដែល​ហុតទៅ ក៏ចង្អោរ​ចេញមកវិញ បាយដែល​ឆាន់ទៅ ក៏ចង្អោរ​ចេញមកវិញ ព្រោះអាពាធនោះ ទើបបានជា​ភិក្ខុទាំងនោះ​ស្គាំងស្គម ​សៅហ្មង មាន​សម្បុរ​​អាក្រក់ កើតជារោគលឿង ស្លេកស្លាំង មានខ្លួន​រវាម​ដោយសរសៃ វត្ថុខ្លះ​ជាភេសជ្ជៈ វត្ថុខ្លះដែលគេសន្មត​ថាជាភេសជ្ជៈ វត្ថុខ្លះផ្សាយទៅ​សម្រាប់​ជាអាហារ​របស់​មនុស្ស​លោក វត្ថុខ្លះជា​​អាហារ​មិន​បាន​គ្រោត​គ្រាត តើគួរ​តថាគត​អនុញ្ញាត​វត្ថុ​ដូចម្តេច ទើបសមគួរ​ជាភេសជ្ជៈ​ដល់ភិក្ខុទាំងឡាយហ្ន៎ ម្នាលភិក្ខុទាំងឡាយ តថាគតឯង មានសេចក្តី​ត្រិះរិះ​ដូច្នេះថា ភេសជ្ជៈ​ទាំង៥នេះគឺ ទឹកដោះរាវ១ ទឹកដោះខាប់១ ប្រេង១ ទឹកឃ្មុំ១ ស្ករអំពៅ១ របស់​ទាំងនេះ ជាភេសជ្ជៈ​ផង ដែលគេ​សន្មត​ថា​ជា​ភេសជ្ជៈ​​ផង ផ្សាយទៅ​សម្រាប់​ជាអាហារ​របស់​មនុស្ស​លោកផង ​ជាអាហារ​មិនបាន​គ្រោត​គ្រាត​ផង បើដូច្នោះ មានតែតថាគត​អនុញ្ញាត​ភេសជ្ជៈ​ទាំង៥​នេះ ដល់​ភិក្ខុ​ទាំងឡាយ​ ដើម្បី​ឲ្យភិក្ខុ​ទទួល​ក្នុងកាលគួរ បរិភោគក្នុង​កាលគួរ។ ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យភិក្ខុ​ទទួល​ភេសជ្ជៈ​ទាំង៥នោះ ក្នុងកាលគួរ បរិភោគ​ក្នុងកាលគួរ។

[៧៤] សម័យនោះឯង ពួកភិក្ខុ​ទទួលភេសជ្ជៈ​ទាំង៥នោះ ក្នុងកាលគួរ ឆាន់ក្នុងកាលគួរ។ សូម្បីភោជន​ដ៏ស្និទ្ធ ក៏មិនត្រូវមាត់38) របស់ភិក្ខុទាំងនោះទៅហើយ កុំចាំបាច់​និយាយ​ឡើយដល់​ភោជន​ប្រក្រតី ដែលជាវត្ថុ​សៅហ្មង។ ដោយអាពាធ (ប្រមាត់) កើតឡើង​ក្នុងសរទកាល​នោះផង ដោយភត្ត​ដែល​មិនរលួយ​នេះផង ភិក្ខុទាំងនោះ ក៏រឹង​រឹត​តែ​មានខ្លួន​ស្គាំងស្គម សៅហ្មង មានសម្បុរ​អាក្រក់ កើតជារោគលឿង ស្លេកស្លាំង មានខ្លួន​រវាម​ដោយសរសៃ ព្រោះហេតុ​ទាំងពីរនោះ។ ព្រះមានព្រះភាគ ទ្រង់បានទត​ឃើញ​ភិក្ខុ​ទាំងនោះ រឹង​រឹត​តែ​មានខ្លួន​ស្គាំងស្គម សៅហ្មង មានសម្បុរ​អាក្រក់ កើតជារោគលឿង ស្លេកស្លាំង មានខ្លួន​រវាម​ដោយសរសៃ លុះទតឃើញហើយ ក៏ត្រាស់ហៅ​ព្រះអានន្ទ​ដ៏មានអាយុថា ម្នាលអានន្ទ ឥឡូវ​នេះ ហេតុដូចម្តេច បានជាពួកភិក្ខុ​រឹង​រឹត​តែ​មានខ្លួន​ស្គាំងស្គម សៅហ្មង មានសម្បុរ​អាក្រក់ កើតជារោគលឿង ស្លេកស្លាំង មានខ្លួន​រវាម​ដោយសរសៃ។ ព្រះអានន្ទ​ក្រាបបង្គំ​ទូលថា បពិត្រ​ព្រះអង្គដ៏ចំរើន ឥឡូវនេះ ពួកភិក្ខុ​ទទួលភេសជ្ជៈ​ទាំង៥នោះ ក្នុងកាលគួរ ឆាន់ក្នុងកាលគួរ សូម្បី​ភោជន​​ដ៏ស្និទ្ធ ក៏មិនត្រូវមាត់​របស់ភិក្ខុទាំងនោះទៅហើយ កុំចាំបាច់​និយាយ​ឡើយដល់​ភោជន​ប្រក្រតី ដែលជាវត្ថុ​សៅហ្មង ដោយអាពាធ (ប្រមាត់) ដែលកើតឡើង​ក្នុងសរទកាល​នោះផង ដោយភត្ត​ដែល​មិនរលួយ​នេះផង ភិក្ខុទាំងនោះ ក៏រឹង​រឹត​តែ​មានខ្លួន​ស្គាំងស្គម សៅហ្មង មានសម្បុរ​អាក្រក់ កើតជារោគលឿង ស្លេកស្លាំង មានខ្លួន​រវាម​ដោយសរសៃ ព្រោះហេតុ​ទាំងពីរនោះ។ ព្រោះនិទាននេះ ដំណើរនេះ ទើបព្រះដ៏មានព្រះភាគ ទ្រង់ធ្វើ​ធម្មីកថា ហើយ​ត្រាស់ហៅភិក្ខុ​ទាំងឡាយ​មកក្នុងពេល​នោះថា ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាតឲ្យ​ភិក្ខុ​ទទួល​ភេសជ្ជៈទាំង៥​នោះ ឆាន់ក្នុង​កាលគួរ​ក៏បាន ក្នុងកាល​មិនគួរ​ក៏បាន​។39)

[៧៥] សម័យនោះឯង ពួកភិក្ខុមានជម្ងឺ ត្រូវការដោយ​ខ្លាញ់ជាថ្នាំ។ ពួក​ភិក្ខុក្រាប​បង្គំទូល​សេចក្តីនុ៎ះ​ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ខ្លាញ់ ជាភេសជ្ជៈ គឺខ្លាញ់ខ្លាឃ្មុំ ខ្លាញ់ត្រី ខ្លាញ់ក្រពើ ខ្លាច់ជ្រូក ខ្លាញ់លា ដែលភិក្ខុ​ទទួល​ក្នុង​កាលគួរ ចំអិន​ក្នុងកាលគួរ លាយគ្នាក្នុងកាលគួរ សម្រាប់ឲ្យភិក្ខុ​ប្រើប្រាស់​ដោយវិធី​ប្រើប្រាស់​ដូចប្រេង (ជា​សត្តាហកាលិក)​បាន​។40) ម្នាលភិក្ខុ​ទាំងឡាយ បើ​ខ្លាញ់ដែលភិក្ខុបាន​ទទួល​ក្នុង​កាលមិនគួរ ចំអិន​ក្នុងកាលមិនគួរ លាយគ្នា​ក្នុងកាល​មិន​គួរ បើភិក្ខុ​ប្រើប្រាស់ខ្លាញ់នោះ ត្រូវអាបត្តិ​ទុក្កដបី។ ម្នាលភិក្ខុទាំងឡាយ បើខ្លាញ់ដែលភិក្ខុ​ទទួល​​ក្នុង​កាលគួរ តែចំអិន​ក្នុងកាលមិនគួរ លាយគ្នាក្នុងកាលមិនគួរ បើភិក្ខុ​ប្រើប្រាស់ខ្លាញ់នោះ ត្រូវអាបត្តិ​ទុក្កដពីរ។ ម្នាលភិក្ខុទាំងឡាយ បើខ្លាញ់ដែលភិក្ខុ​ទទួល​​ក្នុង​កាលគួរ ចំអិន​ក្នុងកាលគួរ តែលាយគ្នាក្នុងកាលមិនគួរ បើភិក្ខុ​ប្រើប្រាស់ខ្លាញ់នោះ ត្រូវអាបត្តិ​ទុក្កដមួយ។ ម្នាលភិក្ខុ​ទាំង​ឡាយ បើខ្លាញ់ដែលភិក្ខុ​ទទួល​​ក្នុង​កាលគួរ ចំអិន​ក្នុងកាលគួរ លាយគ្នាក្នុងកាលគួរ បើភិក្ខុ​ប្រើប្រាស់​ខ្លាញ់នោះ មិនត្រូវអាបត្តិឡើយ។

១៦១. មូលាទិភេសជ្ជកថា

(១៦១)

[៧៦] សម័យនោះឯង ពួកភិក្ខុមានជម្ងឺ មានសេចក្តីត្រូវការដោយឫស ឬមើមជា​ភេសជ្ជៈ។​ ​ភិក្ខុទាំងនោះ ក្រាបទូល​សេចក្តីនុ៎ះ​ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ តថាគត​អនុញ្ញាតនូវ​ឫស ឬមើមជាភេសជ្ជៈ គឺមើមរមៀត មើមខ្ញី មើមលំពាន់ មើម​ប្រស់ មើមអាច់ឆ្ពឹស មើមរំដេង មើមស្បូវភ្លាំង មើមស្មៅ​ក្រវាញជ្រូក ម្យ៉ាងទៀត មើម​ដទៃ​ណា ជាភេសជ្ជៈ មិនផ្សាយទៅ​ដើម្បី​ខាទនីយៈ ក្នុងខាទនីយៈ មិនផ្សាយទៅ​ដើម្បី​ភោជនីយៈ ក្នុងភោជនីយៈ ឲ្យភិក្ខុ​ទទួលមើមទាំងឡាយនោះ ហើយរក្សាទុក​ ដរាប​ទាល់អស់បាន កាលបើ​មានហេតុ ទើប​ភិក្ខុឆាន់បាន កាលបើគ្មានហេតុទេ ហើយភិក្ខុឆាន់ ត្រូវអាបត្តិ​ទុក្កដ។ សម័យ​នោះឯង ពួកភិក្ខុមានជម្ងឺ មានសេចក្តីត្រូវការ ដោយម្សៅជា​ភេសជ្ជៈ ដែលកើត​អំពី​ឫស ឬមើម។​ ​ពួកភិក្ខុ ក្រាបទូល​សេចក្តីនុ៎ះ​ ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ តថាគត​អនុញ្ញាតថ្មកិន និង​កូនថ្មកិន។

[៧៧] សម័យ​នោះឯង ពួកភិក្ខុមានជម្ងឺ មានសេចក្តីត្រូវការដោយទឹកចត់ជា​ភេសជ្ជៈ។ ភិក្ខុ​ទាំងនោះ ក្រាបទូល​សេចក្តីនុ៎ះ ​ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ តថាគត​អនុញ្ញាតទឹកចត់ ជាភេសជ្ជៈ គឺទឹកចត់​ កើត​អំពី​ដើមស្តៅ ទឹកចត់​កើត​អំពី​ដើមខ្លែងគង់ ទឹកចត់​កើត​អំពី​ដើមអម្បែងថ្ងៃ ទឹកចត់​កើត​អំពី​វល្លិ៍បណ្តូលពេជ្រ ទឹកចត់​កើត​អំពី​ដើមទន្លា ឬថ្ងាន់ ម្យ៉ាងទៀត ទឹកចត់​ដទៃ​ណាជាភេសជ្ជៈ មិនផ្សាយទៅ​ដើម្បីខាទនីយៈ ក្នុងខាទនីយៈ មិនផ្សាយទៅ​ដើម្បី​ភោជនីយៈ ក្នុងភោជនីយៈ ឲ្យភិក្ខុទទួល​ទឹក​ចត់ទាំងនោះ ហើយ​រក្សាទុក​ដរាប​ទល់អស់បាន កាលបើមានហេតុ ទើបភិក្ខុឆាន់បាន កាលបើគ្មានហេតុទេ ហើយភិក្ខុឆាន់ ត្រូវអាបត្តិ​ទុក្កដ។

[៧៨] សម័យនោះឯង ពួកភិក្ខុមានជម្ងឺ មានសេចក្តីត្រូវការដោយស្លឹកឈើ ជា​ភេសជ្ជៈ។ ភិក្ខុ​ទាំងនោះ ក្រាបបង្គំទូល​សេចក្តីនុ៎ះ ​ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ​ទាំង​ឡាយ តថាគត​អនុញ្ញាតស្លឹកឈើ ជាភេសជ្ជៈ គឺស្លឹកស្តៅ ស្លឹកខ្លែងគង់ ស្លឹកអម្បែងថ្ងៃ ស្លឹក​ម្រះព្រៅ ឬជីរលីងលាក់ ស្លឹកកប្បាស ម្យ៉ាងទៀត ស្លឹក​ដទៃ​ណាជាភេសជ្ជៈ មិនផ្សាយទៅ​ដើម្បី​ខាទនីយៈ ក្នុងខាទនីយៈ មិនផ្សាយទៅ​ដើម្បី​ភោជនីយៈ ក្នុងភោជនីយៈ ឲ្យភិក្ខុទទួល​ស្លឹក​ទាំង​នោះ ហើយទុក​ដរាប​ទល់អស់បាន កាលបើមានហេតុ ទើបភិក្ខុឆាន់បាន កាលបើគ្មានហេតុទេ ហើយភិក្ខុឆាន់ ត្រូវអាបត្តិ​ទុក្កដ។

[៧៩] សម័យ​នោះឯង ពួកភិក្ខុមានជម្ងឺ មានសេចក្តីត្រូវការដោយផ្លែឈើ ជា​ភេសជ្ជៈ។ ភិក្ខុ​ទាំងនោះ ក្រាបបង្គំទូល​សេចក្តីនុ៎ះ​ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ​ទាំង​ឡាយ តថាគត​អនុញ្ញាតផ្លែឈើ​ជាភេសជ្ជៈ គឺផ្លែពិលង្គ ផ្លែដីប្លី ផ្លែម្រេច ផ្លែសម៉ ផ្លែសម៉ពីភេក ផ្លែកន្ទួតព្រៃ ផ្លែក្រវ៉ាញ ម្យ៉ាងទៀត ផ្លែឈើ​ដទៃ​ណាជាភេសជ្ជៈ មិនផ្សាយទៅ​ដើម្បីខាទនីយៈ ក្នុងខាទនីយៈ មិនផ្សាយទៅ​ដើម្បី​ភោជនីយៈ ក្នុងភោជនីយៈ ឲ្យភិក្ខុទទួល​ផ្លែឈើទាំងឡាយនោះ ហើយ​រក្សាទុក​ដរាប​ទល់អស់បាន កាលបើមានហេតុ ទើបភិក្ខុឆាន់បាន កាលបើគ្មានហេតុទេ ហើយ​ភិក្ខុឆាន់ ត្រូវអាបត្តិ​ទុក្កដ។

[៨០] សម័យ​នោះឯង ពួកភិក្ខុមានជម្ងឺ មានសេចក្តីត្រូវការដោយជ័រឈើ​ជា​ភេសជ្ជៈ។ ភិក្ខុ​ទាំងនោះ ក្រាបបង្គំទូល​សេចក្តីនុ៎ះ​ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ​ទាំង​ឡាយ តថាគត​អនុញ្ញាតជ័រឈើ​ជាភេសជ្ជៈ គឺជ័រ​ដែលហូរចេញ​អំពី​ដើមហិង្គុ១ ជ័រ​ដែលគេ​យកស្លឹក និងមែកហិង្គុ​មករំងាស់១ ជ័រ​ដែលគេយក​តែស្លឹក​ហិង្គុ​តែម្យ៉ាង​មករំងាស់១ (ជ័រ​ទាំង៣​យ៉ាងនេះ ជាជាតិ​ហិង្គុ​ទាំងអស់) ជ័រ​ដែលហូរចេញ​អំពី​ត្រួយឈើ១ ជ័រ​ដែលហូរចេញ​អំពី​ស្លឹកឈើ១ ជ័រ​ដែលគេបេះ​ស្លឹកឈើ​យកមកធ្វើ១ កំញាន១ ម្យ៉ាងទៀត ជ័រឈើ​ដទៃ​ណា​ដែលជា​ភេសជ្ជៈ មិនផ្សាយទៅ​ដើម្បីខាទនីយៈ ក្នុងខាទនីយៈ មិនផ្សាយទៅ​ដើម្បី​ភោជនីយៈ ក្នុង​ភោជនីយៈ ឲ្យភិក្ខុទទួលជ័រឈើទាំងនោះ ហើយ​រក្សាទុក​ដរាប​ទល់អស់បាន កាលបើមានហេតុ ទើបភិក្ខុឆាន់បាន កាលបើគ្មានហេតុទេ ហើយ​ភិក្ខុឆាន់ ត្រូវអាបត្តិ​ទុក្កដ។

[៨១] សម័យ​នោះឯង ពួកភិក្ខុមានជម្ងឺ មានសេចក្តីត្រូវការដោយអំបិល ជា​ភេសជ្ជៈ។ ភិក្ខុ​ទាំងនោះ ក្រាបបង្គំទូល​សេចក្តីនុ៎ះ​ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ​ទាំង​ឡាយ តថាគត​អនុញ្ញាតអំបិល​ជាភេសជ្ជៈ គឺអំបិលកើត​ក្បែរឆ្នេរ​សមុទ្ទ មានបែបដូច​ដីខ្សាច់ អំបិល​មានពណ៌ខ្មៅ (អំបិល​ប្រក្រតី) អំបិល​មានពណ៌​ស កើតលើភ្នំ អំបិល​ដែល​មានពន្លក​ដុះ​អំពី​ផែនដី (អំបិល​ដែលកើត​អំពី​អាចម៍ដី​មានរសប្រៃ) អំបិល​មានពណ៌ក្រហម​ដែល​គេចំអិន​ជាមួយ​នឹងគ្រឿង​សម្ភារៈ​ទាំងពួង ម្យ៉ាងទៀត អំបិល​ដទៃ​ណាដែលជាភេសជ្ជៈ មិនផ្សាយទៅ​ដើម្បី​ខាទនីយៈ ក្នុងខាទនីយៈ មិនផ្សាយទៅ​ដើម្បី​ភោជនីយៈ ក្នុងភោជនីយៈ ឲ្យភិក្ខុទទួល​អំបិល​ទាំង​នោះ ហើយ​រក្សាទុក​ដរាប​ទល់អស់បាន កាលបើមានហេតុ ទើបភិក្ខុឆាន់បាន កាលបើ​គ្មាន​ហេតុ​ទេ ហើយ​ភិក្ខុឆាន់ ត្រូវអាបត្តិ​ទុក្កដ។

[៨២] សម័យនោះឯង ព្រះវេលដ្ឋសីសៈដ៏មានអាយុ​ ជាឧបជ្ឈាយ៍​របស់ព្រះអានន្ទ​ដ៏មានអាយុ​ កើតបូសធំ។ ចីវរដែល​ប្រឡាក់​ដោយទឹក​រំអិល ក៏ជាប់ស្អិត​នៅនឹងកាយ​របស់​ព្រះវេលដ្ឋសីសៈ​នោះ។ ពួក​ភិក្ខុក៏យក​ទឹក​ទៅលាប​ចីវរ​នោះឲ្យសើមៗ ហើយបកចេញ។ ព្រះដ៏​មានព្រះភាគ ទ្រង់ពុទ្ធដំណើរទៅកាន់​សេនាសនចារិក បានទតឃើញ​ភិក្ខុទាំងនោះ​កំពុង​យកទឹក​ទៅលាបចីវរ​ទាំងនោះ​ឲ្យសើមៗ ហើយបកចេញ លុះទតហើយ ទ្រង់ចូលទៅកាន់​សំណាក់​ភិក្ខុ​ទាំងនោះ លុះចូលទៅដល់ហើយ ទ្រង់មាន​ពុទ្ធដម្រាស់​នេះនឹង​ភិក្ខុ​ទាំងនោះថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះ​មានអាពាធ​ដូចម្តេច។ ពួកភិក្ខុ​ក្រាបបង្គំ​ទូលថា បពិត្រព្រះ​អង្គ​ដ៏ចំរើន ព្រះវេលដ្ឋសីសៈ​ដ៏មានអាយុនេះ កើតបូសធំ ចីវរ​ប្រឡាក់​ដោយទឹក​រំអិល ជាប់​ស្អិត​នៅ​នឹងកាយ ខ្ញុំព្រះអង្គ​ទាំងឡាយ​ យកទឹក​មកលាបចីវរ​ទាំងនោះ​ឲ្យសើមៗ ហើយបកចេញ។ ព្រោះ​និទាននេះ ដំណើរនេះ ទើបព្រះមានព្រះភាគ ទ្រង់ធ្វើ​ធម្មីកថា ហើយត្រាស់​ហៅភិក្ខុ​ទាំងឡាយ​មក​ក្នុងពេល​នោះថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុណាមានអាពាធ គឺកម ឬរមាស់ក្តី បូសតូចក្តី អាពាធ​ទឹករងៃក្តី បូសធំក្តី និងកាយ​មានក្លិន​អាក្រក់ តថាគត​អនុញ្ញាត​គ្រឿង​លំអិត ជាភេសជ្ជៈ​ដល់ភិក្ខុនោះ តថាគត​អនុញ្ញាត​អាចម៍គោ ដីស្អិត និងកាក​នៃគ្រឿង​ជ្រលក់ ដល់ភិក្ខុ​ដែលមាន​ជម្ងឺ ម្នាលភិក្ខុ​ទាំងឡាយ តថាគតអនុញ្ញាត​ត្បាល់ និងអង្រែ។

[៨៣] សម័យ​នោះឯង ពួកភិក្ខុមានជម្ងឺ មានសេចក្តីត្រូវការដោយគ្រឿង​លំអិត ជា​ភេសជ្ជៈ ដែលគេរែង​រួចស្រេចហើយ។ ភិក្ខុ​ទាំងនោះ ក្រាបបង្គំទូល​សេចក្តីនុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ​ទាំង​ឡាយ តថាគត​អនុញ្ញាតកញ្ច្រែង សម្រាប់រែង​គ្រឿង​លំអិត។ (ពួក​ភិក្ខុ​មានជម្ងឺ) មានសេចក្តី​ត្រូវការ​ដោយគ្រឿង​លំអិត​ដ៏ល្អិត​ក្រៃលែង។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ តថាគត​អនុញ្ញាត​កញ្ច្រែងសំពត់​41)

[៨៤] សម័យនោះឯង មានភិក្ខុ​១រូប មានអាពាធ​កើតអំពី​អមនុស្ស ​។42) អាចារ្យ​និងឧបជ្ឈាយ៍​ជាអ្នកបម្រើ​ភិក្ខុនោះ ក៏​មិនអាច​នឹងធ្វើ​ភិក្ខុនោះ​ឲ្យស្បើយ​រោគ​បាន។ ភិក្ខុនោះ​ទៅកាន់​កន្លែង​គេសម្លាប់ជ្រូក ហើយក៏ស៊ីសាច់ឆៅ ​43) ផឹកឈាមស្រស់។44) អាពាធ​របស់​ភិក្ខុនោះ ដែលកើតអំពី​អមនុស្ស​នោះ ក៏រម្ងាប់ទៅ។ ពួក​ភិក្ខុក្រាបបង្គំ​ទូលសេចក្តីនុ៎ះ​ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​សាច់ឆៅ ឈាមស្រស់ ដល់ភិក្ខុ​ដែល​មានអាពាធ​កើតអំពី​អមនុស្ស។

[៨៥] សម័យនោះឯង ភិក្ខុ១រូប មានអាពាធ ឈឺភ្នែក។ ​ភិក្ខុទាំងឡាយ នាំគ្នា​គ្រាហ៍​ភិក្ខុ​នោះ​ទៅឲ្យ​បន្ទោបង់​ឧច្ចារៈផង បស្សាវៈផង។ ព្រះ​មានព្រះភាគ ទ្រង់ពុទ្ធដំណើរទៅកាន់​សេនាសនចារិក បានទតឃើញ​ភិក្ខុទាំងនោះ​កំពុង​នាំគ្នា​គ្រាហ៍​ភិក្ខុនោះ​ទៅឲ្យ​បន្ទោបង់​ឧច្ចារៈផង បស្សាវៈផង លុះ​ទតឃើញហើយ ក៏ទ្រង់ចូលទៅកាន់​លំនៅ​ភិក្ខុ​ទាំងនោះ លុះចូលទៅដល់ហើយ ទ្រង់មាន​ពុទ្ធតម្រាស់​នេះនឹង​ភិក្ខុ​ទាំងនោះថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះ​មានអាពាធ​ដូចម្តេច។ ភិក្ខុទាំងនោះ​ក្រាបបង្គំ​ទូលថា បពិត្រព្រះ​អង្គ​ដ៏ចំរើន លោក​ដ៏មានអាយុនេះ មានអាពាធ​ឈឺភ្នែក ខ្ញុំព្រះអង្គ​ទាំងឡាយ នាំគ្នា​គ្រាហ៍​ភិក្ខុនោះ​ទៅឲ្យ​បន្ទោបង់​ឧច្ចារៈផង បស្សាវៈផង។ ព្រោះ​និទាន​នេះ ដំណើរនេះ ទើបព្រះមានព្រះភាគ ទ្រង់ធ្វើ​ធម្មីកថា ហើយត្រាស់​ហៅភិក្ខុ​ទាំងឡាយ​មក​ក្នុង​ពេល​​នោះថា ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាតថ្នាំបន្តក់ភ្នែក គឺថ្នាំបន្តក់ភ្នែក​មានពណ៌​ខ្មៅ (ដែលគេស្លដោយ​គ្រឿងសម្ភារៈ​ទាំងពួង) ​ថ្នាំបន្តក់ភ្នែក​ធ្វើពី​បារទ (ដែលគេធ្វើ​ដោយ​គ្រឿង​សម្ភារៈ​ផ្សេងៗ) ថ្នាំបន្តក់ភ្នែក​ដែលកើត​ក្នុងខ្សែទឹក​ជ័ររង់ និងធ្យូង (ដែល​គេយក​អំពី​អណ្តាត​បទីប)។ ពួកភិក្ខុ​មានសេចក្តី​ត្រូវការ​ដោយ​ដោយវត្ថុ​ដែលយកមក​កិនលាយ​ជាមួយគ្នា​នឹងថ្នាំ​បន្តក់ភ្នែក។ ពួក​ភិក្ខុ​ក្រាបបង្គំទូល​សេចក្តីនុ៎ះ​ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ខ្លឹមចន្ទន៍ ខ្លឹមក្រស្នា ខ្លឹមក្លាំពាក់ កំញាន និងមើម​ស្មៅ​ក្រវាញជ្រូក។ សម័យ​នោះឯង ពួកភិក្ខុ​ទុកថ្នាំបន្តក់ភ្នែក​ទាំងឡាយ​ ដែលជាម្សៅ​ក្នុងសៀនទាំង​ឡាយខ្លះ ក្នុងផ្តិល​ទាំងឡាយខ្លះ (ថ្នាំបន្តក់​ទាំងឡាយនោះ) ច្រឡូក​ច្រឡំ​ទៅដោយ​កំទេច​ស្មៅ​ទាំងឡាយខ្លះ ដោយអាចម៍ដី​ទាំងឡាយខ្លះ។ ពួក​ភិក្ខុ​ក្រាបបង្គំទូល​សេចក្តីនុ៎ះ​ចំពោះ​ព្រះមាន​ព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ក្លាក់ សម្រាប់​ដាក់​ថ្នាំ​បន្តក់ភ្នែក។ សម័យ​នោះឯង ពួកឆព្វគ្គិយភិក្ខុ ប្រើប្រាស់ក្លាក់​សម្រាប់ដាក់​ថ្នាំ​បន្តក់ភ្នែក​ខ្ពស់ និង​ទាប (គឺ​មានល្អ មានអាក្រក់) គឺក្លាក់​ធ្វើដោយមាស និងក្លាក់​ធ្វើដោយប្រាក់។ មនុស្សទាំងឡាយ​ពោលទោស តិះដៀល បន្តុះបង្អាប់ថា ដូចជាពួក​គ្រហស្ថ​ ដែលបរិភោគ​កាមគុណ។ ​ភិក្ខុទាំង​ឡាយ ​ក្រាបបង្គំទូល​សេចក្តីនុ៎ះ ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុ​មិនត្រូវ​ប្រើប្រាស់​ក្លាក់​ សម្រាប់​ដាក់​ថ្នាំបន្តក់ភ្នែក​ខ្ពស់ និងទាបទេ ភិក្ខុណា​ប្រើប្រាស់ ត្រូវ​អាបត្តិ​ទុក្កដ ម្នាល​ភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ក្លាក់​ធ្វើដោយ​ឆ្អឹង ​45) ធ្វើដោយភ្លុក ធ្វើដោយស្នែង ធ្វើដោយ​ដើម​បបុស ធ្វើ​ដោយដើមឫស្សី ធ្វើដោយឈើ ធ្វើដោយជ័រឈើ ធ្វើដោយ​ផ្លែឈើ ធ្វើដោយ​លោហធាតុ​46) ធ្វើដោយ​គូថសង្ខ។ សម័យ​នោះឯង ពួក​ភិក្ខុ​មិនបានបិទក្លាក់​សម្រាប់ដាក់ថ្នាំ​បន្តក់ភ្នែក ថ្នាំ​ទាំងនោះ ក៏ច្រឡូក​ច្រឡំ​ដោយ​កំទេច​ស្មៅ​ទាំង​ឡាយខ្លះ ដោយអាចម៍ដី​ទាំងឡាយខ្លះ។ ពួក​ភិក្ខុ​ក្រាបបង្គំទូល​សេចក្តីនុ៎ះ​ ចំពោះ​ព្រះដ៏មាន​ព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុទាំងឡាយ តថាគត​ អនុញ្ញាត​គម្រប ឬឆ្នុក។ គម្រប​ចេះតែធ្លាក់។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាលភិក្ខុទាំងឡាយ តថាគត​ អនុញ្ញាត​ឲ្យភិក្ខុ​រុំ ឬចងក្លាក់​ដោយខ្សែ។ ក្លាក់ក៏ចេះតែបែក។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ ឲ្យភិក្ខុ​ស្រេះ​ដោយខ្សែ។ សម័យនោះ ពួក​ភិក្ខុ​បន្តក់ភ្នែក ​ដោយម្រាមដៃ ភ្នែក​ទាំងឡាយ ក៏មិនស្រួល។ ពួក​ភិក្ខុ​ក្រាបបង្គំទូល​សេចក្តីនុ៎ះ​ចំពោះ​ព្រះដ៏មាន​ព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ តថាគត​អនុញ្ញាត​ចង្កឹះក្លាក់។ សម័យ​នោះ ពួកឆព្វគ្គិយភិក្ខុ ប្រើប្រាស់​ចង្កឹះក្លាក់​ដ៏​ខ្ពស់ និង​ទាប គឺចង្កឹះ​ធ្វើដោយមាសខ្លះ ​ធ្វើដោយប្រាក់ខ្លះ។ ពួកមនុស្ស​ពោលទោស តិះដៀល បន្តុះ​បង្អាប់​ថា ដូចជាពួក​គ្រហស្ថ​ អ្នកបរិភោគ​កាមគុណ។ ​ភិក្ខុទាំង​ឡាយ ​ក្រាបបង្គំទូល​សេចក្តីនុ៎ះ​ចំពោះ​ព្រះ​ដ៏​មានព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុ​មិនត្រូវ​ប្រើប្រាស់ចង្កឹះ​ក្លាក់ដ៏​​ខ្ពស់ និង​ទាបទេ ភិក្ខុណា​ប្រើប្រាស់ ត្រូវ​អាបត្តិ​ទុក្កដ ម្នាល​ភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត ចង្កឹះដែល​ធ្វើ​ដោយ​ឆ្អឹង ធ្វើដោយភ្លុក ធ្វើដោយស្នែង។បេ។ ធ្វើដោយ​គូថសង្ខ។ សម័យនោះ ចង្កឹះក្លាក់ ក៏​ធ្លាក់​ទៅលើ​ផែនដី ចង្កឹះក្លាក់នោះក៏​អាក្រក់ មិនស្អាត។ ភិក្ខុទាំង​ឡាយ ​ក្រាបបង្គំទូល​សេចក្តីនុ៎ះ ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ តថាគត​ អនុញ្ញាត​ បំពង់​សម្រាប់​ដាក់​ចង្កឹះ។ សម័យ​នោះឯង ពួកភិក្ខុ​រក្សាក្លាក់​សម្រាប់​ដាក់ថ្នាំបន្តក់​ភ្នែកខ្លះ ចង្កឹះ​ក្លាក់​ខ្លះ​នៅតែនឹងដៃ។ ភិក្ខុទាំងឡាយ​ក្រាបបង្គំ​ទូល​សេចក្តីនុ៎ះ ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ ថង់​សម្រាប់​ដាក់ក្លាក់។ ខ្សែយោគ​របស់ថង់​នោះ ក៏​មិនទាន់មាន។ ពួកភិក្ខុ​ក្រាបបង្គំ​ទូល​សេចក្តីនុ៎ះ​ ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ​ទ្រង់​ត្រាស់​ថា ម្នាលភិក្ខុទាំងឡាយ តថាគត​ អនុញ្ញាតនូវខ្សែយោគ និងខ្សែ​សម្រាប់ចង។

[៨៦] សម័យនោះឯង ព្រះបិលិន្ទវច្ឆត្ថេរ​ដ៏មានអាយុ​ កើតជម្ងឺក្តៅក្បាល។ ភិក្ខុ​ទាំងឡាយ​ក្រាបទូល​សេចក្តី​នុ៎ះ ​ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ ប្រេង​សម្រាប់​លាបក្បាល។ ព្រះបិលិន្ទវច្ឆត្ថេរ ក៏នៅ​តែអត់ទ្រាំ​រោគនោះ​មិនបាន។ ពួក​ភិក្ខុ​ក្រាបទូលសេចក្តី​នុ៎ះ ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​នត្ថុកម្ម (គឺការហិត ឬបញ្ច្រក ទៅតាម​ច្រមុះ)។ ឯថ្នាំ​សម្រាប់ហិត ឬបញ្ច្រក​ ទៅតាម​ច្រមុះ​ ក៏កំពប់ខ្ចាយទៅ។ ភិក្ខុ​ទាំងឡាយ ក្រាបបង្គំទូលសេចក្តី​នុ៎ះ ​ចំពោះ​ព្រះដ៏​មាន​ព្រះ​ភាគ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុទាំងឡាយ តថាគត​អនុញ្ញាតបំពង់​សម្រាប់​បញ្ច្រក​ទៅ​តាម​​ច្រមុះ (គឺបំពង់នត្ថុ)។ សម័យ​នោះឯង ពួកឆព្វគ្គិយ​ភិក្ខុ ​ប្រើប្រាស់​បំពង់​នត្ថុដ៏ខ្ពស់​និងទាប គឺ​បំពង់​នត្ថុ​ធ្វើ​ដោយមាស​ខ្លះ ធ្វើដោយប្រាក់ខ្លះ។ ពួក​មនុស្សពោលទោស តិះដៀល បន្តុះបង្អាប់​ថា ដូចជាពួក​គ្រហស្ថ ​ដែល​បរិភោគកាមគុណ។ ភិក្ខុទាំងឡាយ ​ក្រាបបង្គំទូលសេចក្តី​នុ៎ះ​ចំពោះ​ព្រះដ៏​មាន​ព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុ​មិនត្រូវ​ប្រើប្រាស់​បំពង់​នត្ថុ​ដ៏ខ្ពស់ និងទាបទេ ភិក្ខុណា​ប្រើប្រាស់ ត្រូវអាបត្តិ​ទុក្កដ ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​បំពង់​នត្ថុ ដែលធ្វើដោយឆ្អឹង។បេ។ ធ្វើដោយគូថសង្ខ។ ភិក្ខុទាំងឡាយ​បន្តក់ថ្នាំ​សម្រាប់​នត្ថុទៅមិនស្មើគ្នា ​។47) ពួកភិក្ខុ​ក្រាប​ទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​បំពង់​សម្រាប់នត្ថុជាគូ ​48) ភិក្ខុទាំងនោះ​ ក៏នៅ​តែអត់ទ្រាំ​មិនបាន។ ភិក្ខុទាំងឡាយ​ក្រាបបង្គំ​ទូល​សេចក្តី​នុ៎ះ​ចំពោះព្រះដ៏​មានព្រះភាគ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យជក់​យកផ្សែង។ ពួក​ភិក្ខុក៏​យកថ្នាំ​នោះមក​មូរ ធ្វើជា​បារី ហើយជក់ទៅ (ក៏ត្រឡប់​ទៅជា) ក្តៅក។ ពួកភិក្ខុ​ក្រាបបង្គំទូលសេចក្តី​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​នូវខ្សៀរ។ សម័យ​នោះឯង ឆព្វគ្គិយ​ភិក្ខុ​ប្រើប្រាស់​ខ្សៀរដ៏ខ្ពស់​និងទាប គឺខ្សៀរ​ធ្វើ​ដោយមាស​ខ្លះ ធ្វើដោយប្រាក់ខ្លះ។ ​មនុស្សទាំងឡាយ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ដូចជាពួក​គ្រហស្ថ​ដែល​បរិភោគ​កាម​គុណ។ ភិក្ខុទាំងឡាយ ​ក្រាបបង្គំទូលសេចក្តី​នុ៎ះ​ចំពោះ​ព្រះដ៏​មាន​ព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុ​មិនត្រូវ​ប្រើប្រាស់​ខ្សៀរទាំងឡាយ​ដ៏ខ្ពស់ និងទាបទេ ភិក្ខុណា​ប្រើប្រាស់ ត្រូវ​អាបត្តិ​ទុក្កដ។ ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាតខ្សៀរ ដែលធ្វើដោយឆ្អឹង។បេ។ ដែល​ធ្វើ​ដោយ​គូថសង្ខ។ សម័យនោះឯង ភិក្ខុទាំងឡាយ មិនបានបិទ​គ្រប​ខ្សៀរទុក សត្វតូចៗ ក៏ចូល​ទៅក្នុង​ខ្សៀរនោះ។ ពួកភិក្ខុ​ក្រាប​ទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុទាំងឡាយ តថាគត​អនុញ្ញាតនូវ​គម្រប។ សម័យ​នោះឯង ពួកភិក្ខុ​រក្សាខ្សៀរ​នៅតែ​នឹងដៃ។ ភិក្ខុ​ទាំង​ឡាយ​ក្រាបបង្គំ​ទូល​សេចក្តី​នុ៎ះ​ចំពោះព្រះដ៏​មានព្រះភាគ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ​ទាំង​ឡាយ តថាគត​អនុញ្ញាតនូវថង់​សម្រាប់​ដាក់ខ្សៀរ។ ឯខ្សៀរ និងគម្របក៏ទង្គិចគ្នា។ ពួកភិក្ខុ​ក្រាបបង្គំទូលសេចក្តី​នុ៎ះ ​ចំពោះ​ព្រះ​មាន​ព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​នូវថង់​ជាគូ។ ខ្សែយោគរបស់​ថង់​ ក៏មិនទាន់មាន​នៅឡើយ។ ភិក្ខុ​ទាំងឡាយ​ក្រាបបង្គំទូលសេចក្តី​នុ៎ះ ​ចំពោះ​ព្រះ​មាន​ព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត ​នូវខ្សែយោគ និងខ្សែ​សម្រាប់ចង។

[៨៧] សម័យនោះឯង ព្រះបិលិន្ទវច្ឆដ៏​មានអាយុ មានអាពាធ កើតអំពីខ្សល់។ ពេទ្យ​ទាំងឡាយ​និយាយ​យ៉ាងនេះថា ភិក្ខុត្រូវស្លប្រេង។ ពួកភិក្ខុ​ក្រាបបង្គំទូលសេចក្តី​នុ៎ះ​ចំពោះ​ព្រះ​មាន​ព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុទាំងឡាយ តថាគត​អនុញ្ញាតឲ្យភិក្ខុ​ស្លប្រេងបាន។ ភិក្ខុ​ទាំងឡាយ​ក៏លាយ​ទឹកស្រវឹង​ក្នុងប្រេង​ដែល​ស្លនោះ។ ពួកភិក្ខុ​ក្រាបបង្គំទូលសេចក្តី​នុ៎ះ​ចំពោះ​ព្រះ​មាន​ព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុទាំងឡាយ តថាគត​អនុញ្ញាតឲ្យភិក្ខុ​លាយ​ទឹក​ស្រវឹង​ក្នុងប្រេង​ដែលស្លបាន។ សម័យ​នោះឯង ពួកឆព្វគ្គិយ​ភិក្ខុស្លប្រេង លាយទឹក​ស្រវឹង​ច្រើនពេក ដល់នាំគ្នាផឹក​ប្រេងនោះទៅ ក៏ស្រវឹង។ ពួកភិក្ខុ​ក្រាបបង្គំទូលសេចក្តី​នុ៎ះ​ចំពោះ​ព្រះ​មាន​ព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវ​ផឹកប្រេង​ដែលគេលាយ​ទឹក​ស្រវឹង​ច្រើនពេកទេ ភិក្ខុណាផឹក ត្រូវវិនយធរ​ឲ្យភិក្ខុនោះ​ធ្វើតាម​ធម៌ ​49) ម្នាលភិក្ខុទាំងឡាយ ប្រេងស្លណាដែល​គ្មានពណ៌ គ្មានក្លិន និងគ្មាន​រស​របស់​ទឹកស្រវឹង​ប្រាកដ​ឡើងទេ តថាគត​អនុញ្ញាត​ឲ្យភិក្ខុ​ផឹកប្រេង​ ដែលគេ​លាយ​ទឹកស្រវឹង​មានសភាព​យ៉ាងនោះបាន។ សម័យ​នោះឯង ពួកភិក្ខុ​ស្លប្រេង លាយទឹក​ស្រវឹង​ច្រើនពេក។ ក្នុងពេលនោះ ភិក្ខុ​ទាំងឡាយក៏មានសេចក្តី​ត្រិះរិះ​ដូច្នេះថា ប្រេងដែល​គេលាយ​នឹងទឹកស្រវឹង​ច្រើនពេក តើយើង​ត្រូវ​ប្រតិបត្តិ​ដូចម្តេច។ ភិក្ខុទាំងឡាយ ​ក្រាបបង្គំទូលសេចក្តី​នុ៎ះ​ចំពោះ​ព្រះ​ដ៏មាន​ព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុទាំងឡាយ តថាគត​អនុញ្ញាតឲ្យ​ភិក្ខុ​ទុកដាក់ប្រេង​ ដែលគេលាយ​ទឹកស្រវឹង​ច្រើនពេក​នោះ ជាថ្នាំរឹត ឬលាបទៅវិញ។ សម័យ​នោះឯង ព្រះបិលិន្ទវច្ឆដ៏​មានអាយុ មានប្រេង​ដែលស្ល​ហើយជាច្រើន។ តែគ្មានភាជន៍​សម្រាប់​ដាក់ប្រេង។ ពួកភិក្ខុ​ក្រាប​បង្គំ​ទូល​សេចក្តី​​នុ៎ះ​ចំពោះ​ព្រះដ៏​មាន​ព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​នូវតុម្ព (គឺ​កុណ្ឌីទឹក) ទាំង៣យ៉ាង គឺតុម្ពធ្វើដោយ​ទង់ដែង១ តុម្ព​ធ្វើដោយឈើ១ តុម្ព​ធ្វើ​ដោយ​ផ្លែឈើ១។ សម័យ​នោះឯង ព្រះបិលិន្ទវច្ឆ​ដ៏មានអាយុ​កើតរោគខ្យល់​ក្នុងអវយវៈ។ ភិក្ខុ​ទាំង​ឡាយ ​ក្រាបបង្គំទូលសេចក្តី​នុ៎ះ​ចំពោះ​ព្រះ​មាន​ព្រះភាគ។ ព្រះអង្គ​ត្រាស់ថា ម្នាល​ភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​សេទកម្ម (ការធ្វើឲ្យ​ចេញញើស)។ ព្រះបិលិន្ទវច្ឆដ៏មានអាយុ ក៏នៅ​តែ​អត់ទ្រាំ​មិនបាន។ ពួកភិក្ខុ​ក្រាបបង្គំទូលសេចក្តី​នុ៎ះ​ចំពោះ​ព្រះ​មាន​ព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​ឆ្ពង់​ដោយស្លឹកឈើ និងមែក​ឈើផ្សេងៗ។ ព្រះបិលិន្ទវច្ឆ​ដ៏មានអាយុ​ ក៏នៅតែ​អត់ទ្រាំ​មិនបាន។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យឆ្ពុងធំ ​50) ព្រះបិលិន្ទវច្ឆ​ដ៏មានអាយុ ក៏នៅតែ​អត់ទ្រាំ​មិនបាន។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ទឹកដែល​គេ​ស្ងោរលាយ​នឹង​ស្លឹកឈើ មែកឈើ​ផ្សេងៗ។ ​​​​​​​​​ព្រះបិលិន្ទវច្ឆ​ដ៏មាន​អាយុ ក៏នៅតែ​អត់ទ្រាំ​មិនបាន។ ព្រះអង្គ​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាតបន្ទប់ទឹក​51)

[៨៨] សម័យនោះឯង ព្រះបិលិន្ទវច្ឆដ៏​មានអាយុ កើតរោគខ្សល់ ចុកសៀត​ក្នុងសន្លាក់​ដៃជើង​ជាដើម។ ភិក្ខុទាំងឡាយ​ក្រាបបង្គំទូលសេចក្តី​នុ៎ះ​ចំពោះ​ព្រះ​មាន​ព្រះភាគ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុទាំងឡាយ តថាគត​អនុញ្ញាតឲ្យភិក្ខុធ្វើឈាម​ឲ្យ​ហូរចេញបាន។ ព្រះបិលិន្ទវច្ឆ​ដ៏​​មានអាយុ ក៏នៅ​តែ​អត់ទ្រាំ​មិនបាន។ ពួកភិក្ខុ​ក្រាបបង្គំទូលសេចក្តី​នុ៎ះ​ចំពោះ​ព្រះ​ដ៏មាន​ព្រះ​ភាគ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុជប់​យក​ឈាម ដោយ(បំពង់)​ស្នែងបាន។

[៨៩] សម័យនោះឯង ព្រះបិលិន្ទវច្ឆដ៏​មានអាយុ មានបាទាបែក។ ពួកភិក្ខុ​ក្រាប​បង្គំ​ទូល​សេចក្តី​​នុ៎ះ​ចំពោះ​ព្រះ​ដ៏មាន​ព្រះភាគ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ថ្នាំ​សម្រាប់លាប​ជើង។ ព្រះបិលិន្ទវច្ឆ​ដ៏​​មានអាយុ ក៏នៅ​តែ​អត់ទ្រាំ​មិនបាន។ ភិក្ខុទាំងឡាយ ​ក្រាបបង្គំទូលសេចក្តី​នុ៎ះ​ចំពោះ​ព្រះ​ដ៏មាន​ព្រះ​ភាគ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុតាក់​តែង​ទឹក​ស្រវឹង (សម្រាប់​លាបជើង​ឲ្យស្រួល)។

[៩០] សម័យនោះឯង ភិក្ខុ​មួយរូប​ មានអាពាធ​កើតពក។ ពួកភិក្ខុ​ក្រាប​បង្គំ​ទូល​សេចក្តី​​នុ៎ះ​ចំពោះ​ព្រះ​ដ៏មាន​ព្រះភាគ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​សត្ថកម្ម (វះដោយកាំបិត)។ (ភិក្ខុនោះ) មានសេចក្តី​ត្រូវការ​ដោយទឹកចត់។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត​អនុញ្ញាត​ទឹក​ចត់។ (ភិក្ខុនោះ) មានសេចក្តី​ត្រូវការ​ដោយម្សៅល្ង។ ព្រះអង្គ​ទ្រង់​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត​អនុញ្ញាតម្សៅល្ង។ (ភិក្ខុនោះ) មានសេចក្តី​ត្រូវការ​ដោយដុំ​សត្តូវ (សម្រាប់​បិទមុខដំបៅ)។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត​អនុញ្ញាត​ដុំ​សត្តូវ។ ភិក្ខុទាំងឡាយ មានសេចក្តី​ត្រូវការ​ដោយសំពត់​សម្រាប់​រុំដម្បៅ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត​អនុញ្ញាត​កំណាត់​សំពត់​សម្រាប់​រុំ​ដម្បៅ។ ដម្បៅក៏​រមាស់។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​លាង​ដោយម្សៅ​គ្រាប់ស្ពៃ។ ដម្បៅ​ក៏រីក​ឡើង។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យភិក្ខុ​ចំហុយ​ដម្បៅ​នោះ។ (លុះចំហុយ​ទៅហើយ) សាច់​ក៏ដុះ​លាន​ចេញមក។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​យកទឹក​លាយ​នឹងអម្បិលក្រួស​មកបង្កាត់ (ដម្បៅ​នោះចេញ)។ (លុះ​បង្កាត់​ទៅហើយ) ដម្បៅ​ក៏​មិនបាន​ដុះសាច់ឡើង។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត​អនុញ្ញាត​​ប្រេង​សម្រាប់​លាបដម្បៅ។ ប្រេង​ក៏ហៀរហូរចេញ។ ពួក​ភិក្ខុ​ក្រាប​បង្គំទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត​អនុញ្ញាត​សំពត់​សម្រាប់​បិទ​ប្រេង និងថ្នាំ​រក្សាដម្បៅ​ទាំងអស់។

[៩១] សម័យ​នោះឯង មានភិក្ខុ១រូប​ពស់ចឹក។ ​ភិក្ខុទាំងឡាយ​ក្រាប​បង្គំទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត​អនុញ្ញាតឲ្យ​ភិក្ខុ​ឲ្យ​ថ្នាំ​មហាវិក័ដ​៤យ៉ាង គឺគូថ (អាចម៍)១ ទឹមូត្រ(ទឹកនោម)១ ផេះ១ ដី១។ ក្នុងពេលនោះ ភិក្ខុ​ទាំងឡាយ មានសេចក្តី​​ត្រិះរិះដូច្នេះថា យើងមិនបាច់​ទទួល​ប្រគេន​ថ្នាំទាំងនេះទេឬ ឬត្រូវ​តែ​ទទួល​ប្រគេន​ទើបបាន។ ​ភិក្ខុទាំងឡាយ ​ក្រាប​បង្គំទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុ​ទាំងឡាយ កាលបើ​មាន​កប្បិយ​​52) ការកៈ តថាគត​អនុញ្ញាតឲ្យ​ភិក្ខុ​ប្រើ​កប្បិយការកៈ​នោះទទួល​ជំនួស​បាន កាលបើ​គ្មាន​កប្បិយការកៈ​ទេ តថាគត​អនុញ្ញាត​ឲ្យភិក្ខុ​កាន់យក​ខ្លួនឯង ហើយឆាន់ចុះ។ សម័យ​នោះឯង ភិក្ខុ១រូប​ផឹកថ្នាំ​ពិស។ ពួកភិក្ខុ​ក្រាប​បង្គំទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត​អនុញ្ញាតឲ្យ​ភិក្ខុផឹកគូថ (អាចម៍​ដែល​លាយ​ដោយ​ទឹក)។ ក្នុងពេលនោះ ភិក្ខុ​ទាំងនោះ មានសេចក្តី​​ត្រិះរិះដូច្នេះថា យើងមិនបាច់​ទទួល​ប្រគេន (នូវ​គូថនោះ) ទេឬ ឬថាគួរ​តែ​ទទួល​ប្រគេន​ទើបបាន ​ភិក្ខុទាំងឡាយ ​ក្រាប​បង្គំទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត​អនុញ្ញាតដូច្នេះ កាល​បើ​ភិក្ខុ​បន្ទោបង់​គូថណាហើយ បានទទួលទុក (អំពី​ថ្ងៃមុន) លុះដល់​ទៅថ្ងៃស្អែក គូថនោះ ឈ្មោះ​ថា​ភិក្ខុ​បាន​ទទួល​រួចហើយ មិនបាច់​ទទួល​ប្រគេន​ទៀតទេ។

[៩២] សម័យ​នោះឯង ភិក្ខុ​១រូប​មានអាពាធ ព្រោះត្រូវថ្នាំស្នេហ៍។ ពួកភិក្ខុ​ក្រាប​បង្គំទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុផឹកទឹក​លាយ​ដោយ​អាច់បំណាស់ ​។53) សម័យ​នោះឯង ភិក្ខុ​១រូប​មានអាពាធ ខូច​ធាតុ​ភ្លើង (កើតរោគមួល)។ ភិក្ខុទាំងឡាយ​ក្រាប​បង្គំទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះដ៏​មាន​ព្រះ​ភាគ។ ព្រះ​អង្គ​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុផឹកទឹកក្បុង​54) សម័យ​នោះឯង ភិក្ខុ​១រូប​ កើតរោគស្គមលឿង។ ពួកភិក្ខុ​ក្រាប​បង្គំទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុឆាន់​សម៉ ដែលត្រាំ​ដោយទឹកនោម​។55) សម័យ​នោះឯង ភិក្ខុ​១រូប​មានអាពាធ គឺខូចសម្បុរ។ ភិក្ខុទាំងឡាយ​ក្រាប​បង្គំទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះដ៏​មាន​ព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុធ្វើការ​លាប​ដោយគ្រឿង​ក្រអូបបាន។ សម័យ​នោះឯង ភិក្ខុ​១រូប ​មានកាយប្រកប​ដោយ​រោគទល់។ ភិក្ខុ​ទាំង​ឡាយ ​​ក្រាប​បង្គំទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះដ៏​មាន​ព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុផឹកថ្នាំបញ្ចុះ។ (ភិក្ខុនោះ) មានសេចក្តី​ត្រូវ​ការ​ដោយ​ទឹក​អង្ករ​ថ្លា។ ពួកភិក្ខុ​ក្រាប​បង្គំទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះ​មាន​ព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ តថាគត​អនុញ្ញាត​នូវទឹក​អង្ករថ្លា។ (ភិក្ខុនោះ) មានសេចក្តី​ត្រូវ​ការ​ដោយ​ទឹកសណ្តែក​បាយ​ស្ងោរ ដែលគេ​មិនបាន​ធ្វើស្និទ្ធ (គឺ​គេ​មិនបាន​ត្រង​ឲ្យ​ស្អាតបាត)។ ភិក្ខុទាំងឡាយ ​ក្រាប​បង្គំទូល​សេចក្តី​​នុ៎ះ​ចំពោះ​ព្រះ​មាន​ព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ តថាគត​អនុញ្ញាត​ទឹកសណ្តែកបាយស្ងោរ ដែលគេ​មិនបាន​ធ្វើឲ្យស្និទ្ធ។ (ភិក្ខុនោះ) មានសេចក្តី​ត្រូវ​ការ​ដោយ​ទឹកសណ្តែកបាយស្ងោរ​ ដែលគេ​ធ្វើ​ឲ្យស្និទ្ធ (គេ​បាន​ត្រង​ឲ្យស្អាត​បាត)។ ពួកភិក្ខុ​ក្រាប​បង្គំ​ទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះ​មាន​ព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ តថាគត​អនុញ្ញាត​ទឹក​សណ្តែកបាយ​ស្ងោរ ដែលគេ​ធ្វើឲ្យស្និទ្ធ។ (ភិក្ខុនោះ) មានសេចក្តី​ត្រូវ​ការ​ដោយ​សាច់​ដែល​មានឱជារស។ ពួកភិក្ខុ​ក្រាប​បង្គំទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះ​មាន​ព្រះភាគ។ ព្រះអង្គ​ទ្រង់​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ តថាគត​អនុញ្ញាតសាច់​ដែលមាន​ឱជារស។

១៦២. បិលិន្ទវច្ឆវត្ថុ

(១៦២)

[៩៣] សម័យនោះឯង ព្រះបិលិន្ទវច្ឆដ៏មានអាយុ ឲ្យគេ​ជម្រះ​ញកភ្នំក្បែរ​ក្រុង​រាជគ្រឹះ ប្រាថ្នា​នឹងធ្វើ​ទីពួន ឬទីជ្រកកោន។ គ្រានោះ ព្រះបាទ​មាគធសេនិយពិម្ពិសារ យាងចូល​ទៅកាន់​លំនៅ​ព្រះបិលិន្ទវច្ឆ​ដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំ​ព្រះបិលិន្ទវច្ឆ​ដ៏មានអាយុ រួចគង់​នៅក្នុងទីដ៏​សមគួរ។ លុះព្រះបាទ​មាគធសេនិយពិម្ពិសារគង់​ក្នុងទី​ដ៏សមគួរ​ហើយ ក៏ទ្រង់​មាន​ព្រះឱង្ការ​នេះ នឹង​ព្រះបិលិន្ទវច្ឆ​ដ៏មានអាយុថា បពិត្រ​លោកដ៏ចំរើន ព្រះថេរៈ​ប្រើឲ្យគេ​ធ្វើ​អ្វី។ ព្រះបិលិន្ទវច្ឆ​ឆ្លើយថា បពិត្រមហារាជ អាត្មាភាព​ ឲ្យគេជម្រះ​ញកភ្នំ ប្រាថ្នានឹង​ធ្វើ​ទីពួន ឬទី​ជ្រក​កោន។ ស្តេចសួរថា បពិត្រលោក​ដ៏ចំរើន លោកម្ចាស់​ មានសេចក្តី​ត្រូវការ ​ដោយ​អារាមិកជន​56) ​ដែរឬ។ ព្រះបិលិន្ទវច្ឆ​ឆ្លើយថា បពិត្រ​មហារាជ ព្រះដ៏មានបុណ្យ​មិនទាន់​អនុញ្ញាត​អារាមិកជន​នៅឡើយ​ទេ។ ស្តេច​ទ្រង់មាន​ព្រះឱង្ការ​ថា បពិត្រ​លោកដ៏ចំរើន បើដូច្នោះ​ គួរលោក​ក្រាបទូល​សួរ​ព្រះដ៏​មានព្រះភាគ ហើយ​មកប្រាប់ខ្ញុំ​វិញ។ ព្រះបិលិន្ទវច្ឆ​ដ៏មានអាយុ ទទួលស្តាប់​ព្រះឱង្ការ​នៃ​ព្រះបាទ​មាគធ​សេនិយពិម្ពិសារ​ដោយពាក្យថា សូមថ្វាយ​ព្រះពរ​មហារាជ។ ព្រះបិលិន្ទវច្ឆ​ដ៏មានអាយុ​ក៏បាន​ពន្យល់​ព្រះបាទ​មាគធ​សេនិយពិម្ពិសារ​ឲ្យទ្រង់​ឃើញច្បាស់​ ឲ្យ​កាន់យកព្រម ឲ្យអាចហ៊ាន ឲ្យត្រេកអរ ដោយពាក្យ​ដ៏ប្រកប​ដោយធម៌។ លំដាប់នោះ ព្រះបាទ​មាគធ​សេនិយពិម្ពិសារ កាល​ដែល​ព្រះបិលិន្ទវច្ឆ​ដ៏មានអាយុ​បានពន្យល់​ឲ្យទ្រង់​ឃើញច្បាស់ ឲ្យកាន់យកព្រម ឲ្យអាច​ហ៊ាន ឲ្យ​ត្រេកអរ ដោយពាក្យ​ប្រកបដោយ​ធម៌ រួចហើយក៏ទ្រង់​ក្រោក​ចាកអាសនៈ ថ្វាយបង្គំ​ព្រះបិលិន្ទវច្ឆ​ដ៏មានអាយុ ធ្វើប្រទក្សិណ ហើយចៀសចេញទៅ។ ក្រោយពីនោះមក ព្រះបិលិន្ទវច្ឆ​ដ៏មានអាយុ បាន​ប្រើ​បម្រើ​ឲ្យទៅកាន់​សំណាក់​ព្រះដ៏មានព្រះភាគថា បពិត្រព្រះអង្គ​ដ៏ចំរើន ព្រះបាទ​មាគធសេនិយពិម្ពិសារ ទ្រង់មាន​សេចក្តី​ប្រាថ្នា​នឹងប្រគេន​នូវ​អារាមិកជន បពិត្រ​ព្រះអង្គ​ដ៏ចំរើន តើ​ខ្ញុំព្រះអង្គ​ត្រូវ​ប្រតិបត្តិ​ដូចម្តេច​ទៅ។ ព្រោះនិទាននេះ ដំណើរនេះ ទើបព្រះ​ដ៏មានព្រះភាគ ទ្រង់​ធ្វើ​ធម្មីកថា ហើយត្រាស់​ហៅ​ពួក​ភិក្ខុ​មក​ក្នុងពេលនោះថា ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត (ឲ្យ​ភិក្ខុទទួល) អារាមិកជន។ ព្រះបាទ​មាគធសេនិយពិម្ពិសារ ទ្រង់ចូល​ទៅកាន់​លំនៅ​ព្រះបិលិន្ទវច្ឆ​ដ៏មានអាយុ ជាគំរប់​ពីរដង លុះចូល​ទៅដល់ហើយ ក៏ថ្វាយបង្គំ​ព្រះបិលិន្ទវច្ឆ​ដ៏មានអាយុ ហើយគង់​នៅក្នុង​ទី​ដ៏សមគួរ។ លុះព្រះបាទ​មាគធសេនិយពិម្ពិសារ ទ្រង់​គង់​ក្នុង​ទី​ដ៏សមគួរ​ហើយ ក៏ទ្រង់​មានព្រះ​ឱង្ការ​ដូច្នេះ នឹង​ព្រះបិលិន្ទវច្ឆ​ដ៏មានអាយុថា បពិត្រ​លោកដ៏​ចំរើន ព្រះដ៏មានបុណ្យ​ទ្រង់​បាន​អនុញ្ញាត​អារាមិកជន​ហើយឬ។ ព្រះបិលិន្ទវច្ឆ​ឆ្លើយថា ថ្វាយព្រះពរ មហារាជ។ ព្រះបាទ​មាគធសេនិយពិម្ពិសារ ទ្រង់​មាន​ព្រះ​ឱង្ការ​ថា បពិត្រ​លោកដ៏ចំរើន បើដូច្នោះ ខ្ញុំ​ព្រះករុណា​នឹងប្រគេន​អារាមិកជន​ដល់លោកម្ចាស់។ គ្រានោះឯង ព្រះបាទ​មាគធ​សេនិយ​ពិម្ពិសារ ទទួល​ថា នឹងប្រគេន​អារាមិកជន​ដល់ព្រះបិលិន្ទវច្ឆ​ដ៏មានអាយុ ហើយក៏ទ្រង់​ភ្លេចទៅ លុះយូរមក ទើបបាន​ទ្រង់​រឭក​ឃើញ ក៏មានព្រះឱង្ការ​ហៅមហាមាត្យ​ម្នាក់​ ជាអ្នក​សម្រេច​រាជការ​ទាំងពួងថា ម្នាលនាយ អារាមិកជនណា​​ ដែលអញ​ទទួលថា​នឹងប្រគេន​ដល់លោក​ម្ចាស់ អារាមិកជន​នោះ តើអញ​បានប្រគេន​ហើយឬ។ មហាមាត្យ​ក្រាបទូលថា បពិត្រ​ព្រះ​សម្មតិទេព ព្រះអង្គ​មិនទាន់​បានប្រគេន​អារាមិកជន​ដល់លោកម្ចាស់​នៅឡើយទេ។ ព្រះបាទ​ពិម្ពិសារ​ទ្រង់​សួរ​ថា ម្នាលនាយ តាំងពីថ្ងៃនោះ មកដល់​ឥឡូវនេះ តើយូរ​ប៉ុន្មាន​រាត្រីហើយ។ មហាមា្យ​នោះ បាន​រាប់​រាត្រី​ទាំងឡាយ (ឃើញ) ហើយក៏​ក្រាបបង្គំ​ទូល​ព្រះបាទ​មាគធសេនិយពិម្ពិសារ​ក្នុងពេល​នោះ​ដូច្នេះថា បពិត្រ​ព្រះសម្មតិទេព (បើ​គិតតាំង​ពីថ្ងៃ​នោះ ដល់មក​ថ្ងៃនេះ) ចំនួន​ប្រាំរយ​រាត្រីហើយ។ ស្តេច​ទ្រង់​មានព្រះឱង្ការថា ម្នាលនាយ បើដូច្នោះ ចូរអ្នកឯង​ប្រគេន​អារាមិកជន​ប្រាំរយ​នាក់​ ដល់​លោកម្ចាស់ចុះ។ មហាមាត្យ​នោះ ទទួល​ស្តាប់​ព្រះឱង្ការ​ព្រះបាទ​មាគធសេនិយពិម្ពិសារ​ដោយពាក្យថា ព្រះករុណាថ្លៃវិសេស ហើយក៏ប្រគេន​អារាមិកជន​ប្រាំរយ​នាក់ដល់​ព្រះបិលិន្ទវច្ឆ​ដ៏មានអាយុ។ (ចាប់ដើម​ពីនោះមក) ស្រុក (នោះ) ក៏តាំង​នៅជាស្រុក​មួយដោយឡែក។ ពួកជន​ក៏​ហៅ​ស្រុកនោះថា អារាមិកគ្រាមខ្លះ បិលិន្ទវច្ឆគ្រាមខ្លះ។

[៩៤] សម័យ​នោះឯង ព្រះបិលិន្ទវច្ឆ​ដ៏មានអាយុ ជាជីតុន​57) ក្នុងស្រុកនោះ។ គ្រានោះឯង ព្រះបិលិន្ទវច្ឆ​ដ៏មានអាយុស្លៀកស្បង់ អំពី​ព្រឹក ហើយ​ប្រដាប់​ដោយបាត្រ និងចីវរ ចូលទៅកាន់​បិលិន្ទវច្ឆគ្រាម ដើម្បីបិណ្ឌបាត។ សម័យ​នោះ​ឯង ក្នុងស្រុកនោះ មានល្បែង​មហោស្រព។ ពួកទារក​58) ក៏បានប្រដាប់​ខ្លួន ស្អិតស្អាង​ដោយកម្រង​ផ្កា ហើយលេងមហោស្រព។ ក្នុងពេលនោះ ព្រះបិលិន្ទវច្ឆ​ដ៏មានអាយុ បាន​ត្រាច់​ទៅ​បិណ្ឌបាត​តាមលំដាប់​ច្រកក្នុង​បិលិន្ទវច្ឆគ្រាម ហើយ​ចូលទៅ​កាន់​ផ្ទះ​អារាមិកជន​ម្នាក់ លុះ​ចូល​ទៅ​ដល់​ហើយ ក៏គង់​លើអាសនៈ​ ដែលគេ​ក្រាលប្រគេន។ សម័យ​នោះឯង ធីតា​59) របស់​ប្រពន្ធ​អារាមិកជន​នោះឃើញ​ពួកទារក​ដទៃ ប្រដាប់ខ្លួន ស្អិតស្អាង​ដោយកម្រងផ្កា ក៏យំទារថា អ្នកម៉ែ ចូរ​ឲ្យកម្រង​ផ្កាដល់ខ្ញុំ អ្នកម៉ែ ចូរឲ្យគ្រឿង​ប្រដាប់​ដល់ខ្ញុំ។ ក្នុងពេលនោះ ព្រះបិលិន្ទវច្ឆ​ដ៏មានអាយុ បានពោលពាក្យនេះ នឹង​ប្រពន្ធ​របស់​អារាមិកជន​នោះថា ព្រោះហេតុអ្វី បានជា​ទារិកា​60) នេះយំ។ ប្រពន្ធ​របស់​អារាមិកជន​នោះឆ្លើយថា បពិត្រ​លោកដ៏ចំរើន ទារិកា​នេះ ឃើញ​ពួក​ទារក​ដទៃប្រដាប់​ខ្លួន ស្អិតស្អាង​ដោយកម្រង​ផ្កា ក៏យំទារថា អ្នកម៉ែ ចូរ​ឲ្យ​កម្រង​ផ្កា​ដល់ខ្ញុំ អ្នកម៉ែ ចូរ​ឲ្យគ្រឿង​ប្រដាប់​ដល់ខ្ញុំ ដូច្នេះ ឯយើងខ្ញុំ​ទាំងឡាយ ជាអ្នកកំសត់ នឹងបាន​កម្រង​ផ្កា​មកពីណា នឹងបាន​គ្រឿង​ប្រដាប់​មកពីណា។ គ្រានោះឯង ព្រះបិលិន្ទវច្ឆ​ដ៏មានអាយុ ចាប់​យក​រង្វេល​ស្មៅមួយ ហើយនិយាយ​ដូច្នេះ​នឹង​ប្រពន្ធ​អារាមិកជន​នោះថា បើដូច្នោះ មានតែ​នាង​ចូរ​បំពាក់​រង្វេល​ស្មៅ​នេះ លើក្បាល​ទារិកានោះចុះ។ ទើប​ប្រពន្ធ​អារាមិកជន​នោះ ក៏​ចាប់យក​រង្វេល​ស្មៅ​នោះ ហើយ​បំពាក់លើក្បាល​ទារិកានោះ។ រង្វេលស្មៅនោះ ក៏ក្លាយ​ទៅជា​កម្រង​ផ្កា​មាស ល្អល្អះ គួរពិតពិល​រមិលមើល ជាទីនាំ​ឲ្យ​កើត​សេចក្តី​ជ្រះថ្លា។ ទុកជា​ខាងក្នុង​ព្រះរាជវាំង ក៏​រក​កម្រង​ផ្កា​មាស​បែបនេះ​គ្មាន។ ពួកមនុស្ស​ក៏​ក្រាបបង្គំ​ទូល​ព្រះបាទ​មាគធសេនិយពិម្ពិសារ​ថា បពិត្រ​ព្រះសម្មតិទេព ក្នុងផ្ទះ​អារាមិកជន​ឯណោះ មាន​កម្រង​ផ្កាមាស ល្អល្អះ គួរពិតពិល​រមិល​មើល ជាទីនាំ​ឲ្យ​កើត​សេចក្តី​ជ្រះថ្លា ទុកជា​ខាងក្នុង​វាំងរបស់​ព្រះ​ករុណា ក៏​រក​កម្រង​ផ្កា​មាស​បែបនោះ​គ្មានដែរ អារាមិកជន​នោះ ជាអ្នក​កំសត់ទេ នឹងមាន​កម្រងផ្កា​មាសពីណា ប្រាកដ​ជា​វា​លួច​គេមក​មិនខានឡើយ។ ក្នុងវេលានោះ ព្រះបាទ​មាគធសេនិយ​ពិម្ពិសារ ទ្រង់​ប្រើឲ្យមនុស្ស​ទៅចាប់​ចង​ត្រកូល​អារាមិកជននោះ។ លុះវេលាព្រឹក​ព្រហាមឡើង ជាថ្ងៃ​គំរប់ពីរ ព្រះ​បិលិន្ទវច្ឆ​ដ៏មានអាយុ ស្លៀកស្បង់ ប្រដាប់​ដោយបាត្រ និងចីវរ ហើយចូល​ទៅបិណ្ឌបាត​ឯបិលិន្ទវច្ឆគ្រាម កាលបើ​ត្រាច់​ទៅបិណ្ឌបាត​ តាម​លំដាប់ច្រក ក្នុងបិលិន្ទវច្ឆគ្រាមហើយ ក៏ចូល​ទៅរក​ផ្ទះ​អារាមិកជន​នោះ លុះចូល​ទៅដល់ហើយ ក៏សួរ​ពួកមនុស្ស ​ដែល​នៅជិតខាងថា ត្រកូល​អារាមិកជន​នេះ តើទៅឯណា។ ពួក​មនុស្ស​ ដែល​នៅជិតខាង​ឆ្លើយថា បពិត្រ​លោកដ៏​ចំរើន ត្រកូល​អារាមិជន ស្តេច​ឲ្យ​ចាប់ចង​អស់ទៅហើយ ព្រោះហេតុតែ​កម្រង​ផ្កាមាស (ដែល​លោកម្ចាស់​ឲ្យទៅ)​នុ៎ះ។ ឯព្រះ​បិលិន្ទវច្ឆ​ដ៏មានអាយុ ក៏ចូលទៅ​កាន់​ព្រះរាជនិវេស៍​របស់ព្រះបាទ​មាគធសេនិយ​ពិម្ពិសារ លុះចូល​ទៅដល់​ហើយ ក៏គង់​លើអាសនៈ ​ដែល​គេ​ក្រាលប្រគេន។ គ្រានោះ ព្រះបាទ​មាគធសេនិយពិម្ពិសារ ចូល​ទៅរក​ព្រះ​បិលិន្ទវច្ឆ​ដ៏មានអាយុ លុះចូល​ទៅ​ដល់​ហើយ ក៏​ថ្វាយបង្គំ ​ព្រះ​បិលិន្ទវច្ឆ​ដ៏មានអាយុ ហើយគង់​ក្នុង​ទីសមគួរ។ លុះព្រះបាទ​មាគធ​សេនិយ​ពិម្ពិសារ គង់ក្នុង​ទី​សមគួរហើយ ព្រះ​បិលិន្ទវច្ឆ​ដ៏មានអាយុ បាន​ថ្វាយ​ព្រះពរ​ដូច្នេះ​ថា បពិត្រ​មហារាជ ហេតុអ្វី​ បានជា​ព្រះអង្គ​ឲ្យ​គេ​ចាប់​ចង​ត្រកូល​អារាមិកជន​មក។ ព្រះបាទ​ពិម្ពិសារ​ឆ្លើយថា បពិត្រ​លោកម្ចាស់ ព្រោះ​ក្នុង​ផ្ទះ​អារាមិកជន​នោះ មានកម្រង​ផ្កា​មាស​ ល្អល្អះ គួរ​ពិត​ពិល​រមិលមើល ជាទីនាំ​ឲ្យកើត​សេចក្តី​ជ្រះថ្លា ទុកជា​ខាងក្នុង​វាំង​របស់​ខ្ញុំ ក៏​រកកម្រង​ផ្កា​បែប​នេះគ្មានដែរ អារាមិកជន​នោះ ជាមនុស្ស​កំសត់ទេ នឹង​មានកម្រង​ផ្កាមាស​ពីណា ប្រាកដ​ជាវា​លួច​គេ​មក​មិនខានឡើយ។ គ្រានោះ ព្រះ​បិលិន្ទវច្ឆ​ដ៏មានអាយុ ​បានអធិដ្ឋាន​ប្រាសាទ​ របស់ព្រះបាទ​មាគធសេនិយពិម្ពិសារ​ឲ្យទៅជាមាស (មួយរំពេច)។ ប្រាសាទ​នោះ ក៏​ក្លាយ​ទៅជា​មាសសុទ្ធ។ ព្រះ​បិលិន្ទវច្ឆ​ដ៏មានអាយុ ថ្វាយព្រះពរ​សួរថា បពិត្រ​មហារាជ មាសច្រើន​ម្ល៉េះនេះ តើ​ព្រះអង្គ​បាន​មក​ពីណា។ ព្រះបាទ​ពិម្ពិសារ​ឆ្លើយថា បពិត្រ​លោកដ៏ចំរើន មាសនេះ​ខ្ញុំដឹងហើយ នេះជា​ឥទ្ធានុភាព​របស់​លោកម្ចាស់​ទេតើ មានបន្ទូល​ដូច្នោះហើយ ក៏ឲ្យ​គេដោះលែង​ត្រកូល​អារាមិកជន​នោះទៅ។

[៩៥] ពួក​មនុស្ស​បាន​ឮដំណឹង​ថា ព្រះ​បិលិន្ទវច្ឆ​ដ៏មានអាយុ សំដែង​ឥទ្ធិបាដិហារ្យ ជា​ឧត្តរិមនុស្សធម្ម ដល់បរិសទ្យ ព្រមទាំងស្តេចហើយ ក៏មានចិត្ត​ត្រេកអរជ្រះថ្លា នាំគ្នា​យក​ភេសជ្ជៈ​ទាំង៥ គឺ​ទឹកដោះរាវ១ ទឹកដោះខាប់១ ប្រេង១ ទឹកឃ្មុំ១ ស្ករអំពៅ១ មកប្រគេន​ព្រះ​បិលិន្ទវច្ឆ​ដ៏មានអាយុ។ ឯ​ព្រះ​បិលិន្ទវច្ឆ​ដ៏មានអាយុ បានលាភមក​ហើយ ក៏តែង​ចាត់ចែង​បណ្តាភេសជ្ជៈ​ទាំង​៥ ភេសជ្ជៈ​ណាមួយ ដែល​លោកបាន​មកៗ (នោះ) ដល់បរិសទ្យ​ជាធម្មតា។ ចំណែក​ខាង​បរិសទ្យ​របស់​ព្រះ​បិលិន្ទវច្ឆ​ដ៏មានអាយុនោះ ជាមនុស្ស​ល្មោភច្រើន តែង​យក​ភេសជ្ជៈទាំង​អម្បាល​ម៉ាន ដែលខ្លួន​បានមកៗ ទុក​ដាក់ពេញ​ថ្លាងខ្លះ ពេញក្អមខ្លះ ពេញសម្ពត់​តម្រង​ទឹកខ្លះ ពេញ​ថង់ខ្លះ ហើយព្យួរ​ទុក​រាល់ៗ​បង្អួច។ ភេសជ្ជៈ​ទាំងនោះ​ហៀរហូរ​កំពប់ខ្ចាយ។ កុដិ​ក៏ដេរដាស​ដោយ​ពួក​កណ្តុរ។ ពួក​មនុស្ស​ដើរ​ទៅកាន់​វិហារ​ចារិក​ បានឃើញ​ហើយ ពោលទោស តិះដៀល បន្តុះ​បង្អាប់ថា ពួកសមណៈ ជាសក្យបុត្រនេះ មានរបស់​ទុក​ដាក់ក្នុង​ឃ្លាំង ដូចជា​ព្រះបាទ​មាគធ​សេនិយពិម្ពិសារ​ដែរ។ ពួក​ភិក្ខុ​បាន​ឮមនុស្ស​ទាំងនោះ​ពោលទោស តិះដៀល បន្តុះបង្អាប់​ហើយ។ ពួក​ភិក្ខុណា​មានសេចក្តី​ប្រាថ្នាតិច។បេ។ ភិក្ខុទាំងនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ពួក​ភិក្ខុ​មិនគួរ​នឹង​មកសន្សំ (ភេសជ្ជៈ) ដោយសេចក្តីល្មោភច្រើន​បែប​ដូច្នេះសោះ។ ទើប​ភិក្ខុ​ទាំងនោះ ក្រាបបង្គំ​ទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គ​ទ្រង់​ត្រាស់​សួរថា ម្នាល​ភិក្ខុ​ទាំងឡាយ ឮថា​ពួកភិក្ខុ​សន្សំ (ភេសជ្ជៈ) ដោយសេចក្តី​ល្មោភច្រើន​បែប​ដូច្នេះ ពិតមែនឬ។ ពួក​ភិក្ខុ​ក្រាបទូលថា បពិត្រ​ព្រះមានព្រះភាគ ពិតមែន។បេ។ ព្រះសម្ពុទ្ធ​ទ្រង់​តិះដៀល​ ហើយទ្រង់​ធ្វើ​ធម្មីកថា ត្រាស់ហៅ​ភិក្ខុទាំងឡាយ​មកថា ភេសជ្ជៈ​ទាំងឡាយណា ដែល​ពួក​ភិក្ខុ​មានជម្ងឺ គប្បី​លិទ្ធ​ភ្លក់ (ឆាន់)​បាន គឺទឹកដោះរាវ១ ទឹកដោះខាប់១ ប្រេង១ ទឹកឃ្មុំ១ ស្ករអំពៅ១ ភិក្ខុទទួល​ភេសជ្ជៈ​ទាំង​នោះហើយ ត្រូវទុកដាក់​ឆាន់​បាន​កំណត់​ត្រឹម​៧ថ្ងៃ ជាយ៉ាងយូរ​បំផុត បើភិក្ខុ​ទុក​ភេសជ្ជៈ​ទាំងនោះ​ឲ្យកន្លងហួស​ពីកំណត់​នោះទៅ ត្រូវ​វិនយធរ​ឲ្យភិក្ខុ​នោះធ្វើ​តាមធម៌​។61)

ចប់ វារៈសំដែងអំពីភេសជ្ជៈ ដែលព្រះមានព្រះភាគអនុញ្ញាតជាបឋម។

១៦៣. គុឡាទិអនុជាននា

(១៦៣)

[៩៦] គ្រានោះ ព្រះមានព្រះភាគ គង់​ទៀប​ក្រុង​សាវត្ថី គួរ​តាម​ព្រះ​អធ្យាស្រ័យ​ហើយ ទ្រង់​យាង​ទៅកាន់​ចារិក​ក្រុង​រាជគ្រឹះ។ ព្រះកង្ខារេវត​ដ៏មានអាយុ បានដើរចូល​ទៅកាន់​កន្លែង​ធ្វើ​ស្ករ​អំពៅ ក្នុងពាក់​កណ្តាលផ្លូវ ហើយបាន​ឃើញ​ពួក​ជន​កំពុង​ដាក់​ម្សៅខ្លះ ផេះខ្លះ​ លាយ​ក្នុង​ស្ករ​អំពៅ លុះឃើញ​ហើយ ក៏មាន​សេចក្តី​រង្កៀស​ថា ស្ករអំពៅ​លាយ​ដោយ​​អាមិសៈ​ ជាអកប្បិយៈ ប្រហែល​ជាស្ករ​អំពៅ មិនគួរ​ភិក្ខុ​នឹងឆាន់ក្នុង​វេលា​វិកាល​ទេដឹង (កាល​រង្កៀស​ដូច្នេះហើយ) ព្រម​ទាំង​បរិសទ្យ​ ក៏មិនហ៊ានឆាន់​ដុំស្ករ​អំពៅ​ឡើយ។ ពួក​ភិក្ខុណា​សំគាល់​ពាក្យ​ព្រះរេវត​នោះ​ ថាជា​ពាក្យ​គួរស្តាប់បាន ភិក្ខុទាំងនោះ ក៏មិនហ៊ាន​ឆាន់​ស្ករអំពៅដែរ។ ភិក្ខុទាំងឡាយ បាន​ក្រាបទូល​ដំណើរនុ៎ះ​ ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ​ទ្រង់​ត្រាស់សួរថា ម្នាល​ភិក្ខុទាំងឡាយ ពួក​ជន​ដាក់​ម្សៅខ្លះ ផេះខ្លះ លាយក្នុង​ស្ករ​អំពៅ​ដើម្បី​ប្រយោជន៍​អ្វី។ ពួក​ភិក្ខុ​ក្រាបបង្គំ​ទូលថា បពិត្រ​ព្រះ​ដ៏មានព្រះភាគ ដើម្បី​ប្រយោជន៍​ឲ្យ​ស្អិត។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុទាំងឡាយ បើគេ​ដាក់​ម្សៅ​ខ្លះ ផេះខ្លះ​លាយ​ក្នុងស្ករអំពៅ គ្រាន់តែ​ឲ្យស្អិត (ប៉ុណ្ណោះទេ) ស្ករអំពៅ​នោះ នៅរាប់​ថាជា​ស្ករ​អំពៅ​ដដែល។ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត​ឲ្យ​ភិក្ខុ​ឆាន់​ស្ករអំពៅ​(នោះ) ​បានតាម​សប្បាយ។ ព្រះកង្ខារេវត​ដ៏មានអាយុ បានឃើញ​សណ្តែកបាយ​ ដុះលើដុំលាមក ក្នុងទី​ពាក់​កណ្តាល​ផ្លូវ លុះឃើញ​ហើយ ក៏​រង្កៀស​ថា សណ្តែកបាយ​ ជាអកប្បិយៈ ទុក​ជាចំអិន​ហើយ សណ្តែកបាយ ក៏គង់​តែដុះឡើង​ខ្លះទៀត កាល​រង្កៀស​ដូច្នេះហើយ ព្រម​ទាំង​បរិសទ្យ​ ក៏មិន​ហ៊ាន​ឆាន់​សណ្តែកបាយ​ឡើយ។ ពួក​ភិក្ខុណា​ សំគាល់​ពាក្យ​ព្រះកង្ខារេវត​នោះ​ ថាជា​ពាក្យ​គួរស្តាប់បាន ភិក្ខុទាំងនោះ ក៏មិនហ៊ាន​ឆាន់​សណ្តែកបាយដែរ។ ភិក្ខុទាំងឡាយ ​ក្រាបបង្គំទូល​ដំណើរនុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុទាំងឡាយ បើសណ្តែកបាយ​ដែល​គេ​ចំអិន​ហើយ នៅតែ​ដុះឡើង​ខ្លះទៀត ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ​ឲ្យ​ភិក្ខុ​ឆាន់សណ្តែក​បាយ​ ​(នោះ) ​បានតាម​សប្បាយ។ ក៏សម័យ​នោះឯង ភិក្ខុមួយរូប មានអាពាធកើតអំពី​ខ្យល់ក្នុង​ពោះ។ ភិក្ខុនោះ​បានផឹក​ថ្នាំ ឈ្មោះ​លោណសោចិរកៈ ​62) ភិក្ខុនោះ ក៏បាត់​អាពាធ​កើត​អំពី​ខ្យល់​ក្នុង​ពោះ​នោះទៅ។ ពួកភិក្ខុ​ក្រាបបង្គំ​ទូល​ដំណើរ​នុ៎ះ ​ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត ​ឲ្យភិក្ខុឈឺ​ ឆាន់ថ្នាំ​ឈ្មោះ​លោណសោចិរកៈ (នោះ) បានតាម​សប្បាយ ឲ្យភិក្ខុ​មិនឈឺ​ ឆាន់​ថ្នាំ​លាយ​ទឹក ដោយវិធី​ប្រើ​ប្រាស់​ដូច​ទឹក (មានទឹក​ផ្លែស្វាយ​ជាដើម) បាន។

១៦៤. អន្តោវុដ្ឋាទិបដិក្ខេបកថា

(១៦៤)

[៩៧] គ្រានោះ ព្រះមានព្រះភាគ​ ទ្រង់​យាង​ទៅកាន់​ចារិក​ដោយ​លំដាប់ បាន​ដល់​ទៅ​ក្រុង​រាជគ្រឹះ។ បានឮថា ​ព្រះមានព្រះភាគ ទ្រង់​គង់​នៅ​វត្ត​វេឡុវន កលន្ទកនិវាបស្ថាន ក្បែរ​ក្រុង​រាជគ្រឹះ​នោះ។ សម័យ​នោះឯង ​ព្រះដ៏មានព្រះភាគ ទ្រង់​អាពាធ​កើត​អំពី​ខ្យល់​ក្នុង​ព្រះឧទរ។ គ្រានោះ ព្រះ​អានន្ទ​ដ៏មានអាយុ​គិតថា កាលអំពី​មុន ​ព្រះដ៏មានព្រះភាគ ទ្រង់​អាពាធ​កើតអំពី​ខ្យល់​ក្នុង​ព្រះ​ឧទរ ទ្រង់បាន​សះស្បើយ​ទៅវិញ ព្រោះ(សោយ) ​បបរឈ្មោះតេកដុលា​63) (លុះគិតដូច្នោះហើយ) ក៏សូមល្ងខ្លះ អង្ករខ្លះ សណ្តែកបាយ​ខ្លះ (បានហើយ) ទុកខាងក្នុង​អកប្បិយកុដិ​ដោយខ្លួនឯង ចំអិន​ខាងក្នុង​អកប្បិយកុដិ​ដោយខ្លួនឯង ទើប​បង្អោន​ទៅថ្វាយ​​ព្រះដ៏មានព្រះភាគ ហើយក្រាប​បង្គំ​ទូលថា សូម​ព្រះដ៏មានព្រះភាគ ទ្រង់​សោយ​នូវ​បបរ​ឈ្មោះ​តេកដុលា។ ព្រះតថាគត​ទាំងឡាយ ទ្រង់​ជ្រាបនូវហេតុ​ហើយសួរ​ក៏មាន ទ្រង់​ជ្រាប​ហើយ មិនសួរ​ក៏មាន ទ្រង់ជ្រាប​ច្បាស់នូវ​កាលគួរ​ហើយសួរក៏មាន ទ្រង់​ជ្រាប​ច្បាស់​នូវ​កាលគួរ​ហើយ មិនសួរក៏មាន ឯព្រះតថាគត​ទាំងឡាយ ព្រះអង្គ​តែងសួរ​តែការណា​ដែល​ប្រកប​ដោយប្រយោជន៍ ការដែល​​មិនប្រកប​ដោយប្រយោជន៍ ព្រះអង្គ​មិនសួរ​ឡើយ ព្រោះ​ព្រះតថាគត​ទាំងឡាយ ទ្រង់​បានផ្តាច់បង់​នូវ​កម្ម​មិនប្រកប​ដោយប្រយោជន៍​ទាំងឡាយ ដោយអរិយមគ្គ​ជ្រះ​ស្រឡះហើយ។ ព្រះពុទ្ធ​ជាម្ចាស់​ដ៏​មានព្រះភាគ​ទាំងឡាយ រមែង​ទ្រង់សួរ​ពួក​ភិក្ខុ​ដោយ​អាការ​ពីរ​យ៉ាង គឺសួរ​ដើម្បី​សំដែង​ធម៌​ម្យ៉ាង ដើម្បី​នឹង​បញ្ញត្ត​សិក្ខាបទ​ដល់​សាវក​ទាំងឡាយ​ម្យ៉ាង។ លំដាប់​នោះ ​ព្រះដ៏មានព្រះភាគ ទ្រង់ហៅ​ព្រះអានន្ទ​ដ៏មានអាយុ​មកហើយ ទ្រង់​ត្រាស់​សួរថា ម្នាល​អានន្ទ បបរនេះ​បានមក​ពីណា។ ទើប​ព្រះអានន្ទ​ដ៏មានអាយុ ក្រាបបង្គំទូល​ដំណើរ​នុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះពុទ្ធ​ជាម្ចាស់​ដ៏មានព្រះភាគ ទ្រង់​បន្ទោសថា ម្នាលអានន្ទ កម្មដែល​អ្នក​ធ្វើនេះ មិនសមគួរ មិនត្រូវ​ទំនង មិនត្រូវបែប មិនជា​របស់​សមណៈ មិនគប្បី មិនគួរ​ធ្វើទេ ម្នាល​អានន្ទ អ្នកឯង​មិនសម​បើនឹង​ត្រិះរិះ​ដើម្បី​សេចក្តី​ប្រាថ្នា​ច្រើន​មានសភាព​យ៉ាង​នេះទេ ម្នាល​អានន្ទ អាមិសៈ​ណា ដែល​ភិក្ខុទុក​ខាងក្នុង​(អកប្បិយកុដិ) អាមិសៈ​នោះ ក៏ទៅជា​អកប្បិយៈ (មិនគួរ) ដែរ អាមិសៈណាដែល​ភិក្ខុចំអិន​ខាងក្នុង​អកប្បិយកុដិ អាមិសៈ​នោះ ក៏ទៅជាអកប្បិយៈ​ដែរ អាមិសៈណា ដែល​ភិក្ខុចំអិន​ដោយខ្លួន​ឯង អាមិសៈ​នោះ ក៏ទៅជាអកប្បិយៈ​ដែរ ម្នាល​អានន្ទ អំពើ​ដែលអ្នកធ្វើនេះ មិនមែន​នាំឲ្យ​ជ្រះថ្លា​ដល់ពួកជន ដែល​មិនទាន់​ជ្រះថ្លាទេ។បេ។ ទ្រង់​បន្ទោស​ហើយ ទ្រង់ធ្វើ​ធម្មីកថា រួច​ត្រាស់​ហៅភិក្ខុ​ទាំងឡាយ​មកថា ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុ​មិនគប្បី​ឆាន់​អាមិសៈ ដែល​ជា​អន្តោវុត្ថ (ភោជន​ដែល​ភិក្ខុ​ទុកខាង​ក្នុងអកប្បិយកុដិ) អាមិសៈ​ ដែល​ជាអន្តោបក្ក (ភោជន​ ដែល​ភិក្ខុ​ចំអិន​ក្នុង​អកប្បិយកុដិ) អាមិសៈ​ ដែលជា​សាមបក្ក (ភោជន​ ដែលភិក្ខុ​ចំអិន​ដោយខ្លួនឯង)​ទេ ភិក្ខុណាឆាន់ ត្រូវអាបត្តិ​ទុក្កដ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុ​ទុកភោជន ​ខាងក្នុង​អកប្បិយកុដិផង ចំអិន​ខាងក្នុង​អកប្បិយកុដិផង ចំអិន​ដោយខ្លួនឯងផង បើភិក្ខុឆាន់​ភោជន​នោះ ត្រូវអាបត្តិ​ទុក្កដបី។ ម្នាល​ភិក្ខុទាំងឡាយ បើភិក្ខុ​ទុកភោជន​ ខាងក្នុង​អកប្បិយកុដិផង ចំអិន​ខាងក្នុង​អកប្បិយកុដិផង តែប្រើ​ពួកអ្នកដទៃ​ចំអិន​ឲ្យ បើភិក្ខុឆាន់​ភោជន​នោះ ត្រូវអាបត្តិ​ទុក្កដពីរ។ ម្នាល​ភិក្ខុ​ទាំងឡាយ បើភិក្ខុ​ទុកភោជន​ខាងក្នុង​អកប្បិយកុដិ ចំអិន​ខាងក្រៅ​អកប្បិយកុដិ តែភិក្ខុចំអិន​ខ្លួនឯង បើភិក្ខុឆាន់​ភោជន​នោះ ត្រូវអាបត្តិ​ទុក្កដពីរ។ ម្នាល​ភិក្ខុទាំងឡាយ បើភិក្ខុ​ទុកភោជន​ខាង​ក្រៅ​អកប្បិយកុដិ ចំអិន​ខាងក្នុង​អកប្បិយកុដិ តែភិក្ខុ​ចំអិនខ្លួនឯង បើភិក្ខុឆាន់​ភោជន​នោះ ត្រូវ​អាបត្តិ​ទុក្កដពីរ។ ម្នាល​ភិក្ខុទាំងឡាយ បើភិក្ខុ​ទុកភោជន ​ខាងក្នុង​អកប្បិយកុដិ ចំអិន​ខាងក្រៅ​អកប្បិយកុដិ តែប្រើពួក​អ្នកដទៃ​ចំអិនឲ្យ បើភិក្ខុឆាន់​ភោជន​នោះ ត្រូវអាបត្តិ​ទុក្កដមួយ។ ម្នាល​ភិក្ខុទាំងឡាយ បើភិក្ខុ​ទុកភោជន​ខាងក្រៅ​អកប្បិយកុដិ ចំអិន​ខាងក្នុង​អកប្បិយកុដិ តែ​ប្រើ​ពួក​អ្នកដទៃ​ចំអិនឲ្យ បើភិក្ខុឆាន់​ភោជន​នោះ ត្រូវអាបត្តិ​ទុក្កដមួយ។ ម្នាល​ភិក្ខុទាំងឡាយ បើភិក្ខុ​ទុកភោជន​ខាងក្រៅ​អកប្បិយកុដិ ចំអិន​ខាងក្រៅ​អកប្បិយកុដិ តែភិក្ខុ​ចំអិនខ្លួនឯង បើភិក្ខុឆាន់​ភោជន​នោះ ត្រូវអាបត្តិ​ទុក្កដមួយ។ ម្នាល​ភិក្ខុទាំងឡាយ បើភិក្ខុ​ទុកភោជន​ ខាងក្រៅ​អកប្បិយកុដិ ចំអិន​ខាងក្រៅ​អកប្បិយកុដិ តែប្រើពួក​អ្នកដទៃ​ចំអិនឲ្យ បើភិក្ខុឆាន់​ភោជន​នោះ មិនត្រូវអាបត្តិ​ទេ។

[៩៨] សម័យ​នោះឯង ពួក​ភិក្ខុដឹងថា ការ​ចំអិន​ខ្លួនឯង ព្រះដ៏មានព្រះភាគ ទ្រង់​ហាមហើយ ក៏រង្កៀស​ក្នុងការ​ចំអិន​ថែមទៀត។ ភិក្ខុទាំងឡាយ ក្រាបបង្គំ​ទូល​ដំណើរនុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត ​ឲ្យភិក្ខុ​ចំអិន​ថែមទៀតបាន។

[៩៩] សម័យ​នោះឯង ក្រុងរាជគ្រឹះ​កើតទុរភិក្ស (អត់បាយ)។ មនុស្ស​ទាំងឡាយ បាន​នាំយក​អំបិលខ្លះ ប្រេងខ្លះ អង្ករខ្លះ ខាទនីយៈខ្លះ ទៅកាន់អារាម។ ភិក្ខុទាំងឡាយ ទុកវត្ថុ​ទាំងនោះ​ខាងក្រៅ(កុដិ) ពួកសត្វ​តូចៗ​64) នាំគ្នាស៊ីខ្លះ ពួក​ចោរ​លួច​យកទៅខ្លះ។ ភិក្ខុទាំងឡាយ ក្រាបបង្គំ​ទូល​ដំណើរនុ៎ះ ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ​​​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុទាំងឡាយ តថាគត​អនុញ្ញាតឲ្យភិក្ខុ​ទុក (វត្ថុ​ទាំងនោះ) ខាងក្នុង​អកប្បិយកុដិបាន ភិក្ខុទាំងឡាយ ក៏ទុកវត្ថុទាំងនោះខាងក្នុងអកប្បិយកុដិ ហើយឲ្យគេ​ចំអិន​ខាងក្រៅ ពួកជន​អ្នកស៊ីដែល នាំគ្នា​ចោមរោមស៊ី។ ភិក្ខុទាំងឡាយ មិនស្និទ្ធ​ចិត្ត (ប្រកបដោយ​សេចក្តី​រង្កៀស) ក៏ចេះតែ​ឆាន់ទៅ។ ភិក្ខុទាំងឡាយ ក្រាបបង្គំ​ទូល​ដំណើរ​នុ៎ះ ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត ​ឲ្យភិក្ខុ​ចំអិន​ខាងក្នុង​អកប្បិយកុដិបាន។ កាលដែលស្រុក​អំណត់​អត់បាយ ពួក​កប្បិយការកជន ក៏នាំយកអាមិសៈ​អស់ទៅ​ជាច្រើន ប្រគេន​តែ​បន្តិចបន្តួច ​ដល់ពួកភិក្ខុ។ ភិក្ខុ​ទាំង​ឡាយ ក្រាបបង្គំ​ទូល​ដំណើរនុ៎ះ ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ តថាគត​អនុញ្ញាត​ ឲ្យ​ភិក្ខុ​ចំអិន​ខ្លួនឯងបាន។ ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត ​ឲ្យភិក្ខុ​ទុកអាមិសៈ​ក្នុងអកប្បិយកុដិបាន ឲ្យ​ចំអិន​អាមិសៈ ​ក្នុងអកប្បិយកុដិបាន ឲ្យ​ចំអិន​អាមិសៈ​ខ្លួន​ឯងបាន។

១៦៥. ឧគ្គហិតបដិគ្គហណា

(១៦៥)

[១០០] សម័យ​នោះឯង ពួក​ភិក្ខុច្រើនរូប​នៅចាំវស្សា​ក្នុងដែន​កាសី ហើយក៏​នាំគ្នាទៅ​កាន់​ក្រុង​រាជគ្រឹះ ដើម្បី​គាល់​ព្រះមានព្រះភាគ លុះទៅ​ដល់ពាក់កណ្តាលផ្លូវ ក៏រក​ភោជន​សៅហ្មង ឬឧត្តម​នឹងឆាន់​ឲ្យឆ្អែត​បរិបូណ៌​មិនបាន (ឃើញ) មានតែ​ផ្លែឈើ​ ដែលគួរ​នឹងឆាន់​ជាច្រើន តែរក​បុគ្គល​ជា​កប្បិយការកគ្មាន។ ភិក្ខុទាំងនោះ មានរូបកាយ​លំបាក ក៏នាំគ្នាចូល​ទៅគាល់​ព្រះ​ដ៏មាន​ព្រះភាគ ក្នុងវត្ត​វេឡុវន កលន្ទកនិវាបស្ថាន ជិតក្រុង​រាជគ្រឹះ លុះចូលទៅដល់ហើយ ថ្វាយបង្គំ​ព្រះមានព្រះភាគ រួចក៏​អង្គុយនៅក្នុង​ទៅសមគួរ។ ការដែលរីករាយ​ជាមួយ​នឹងពួក​ភិក្ខុ​អាគន្តុក​នេះឯង ជាប្រវេណីរបស់ព្រះពុទ្ធ​ដ៏មានព្រះភាគ​ទាំងឡាយ (គ្រប់ព្រះអង្គ)។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់មាន​ព្រះបន្ទូល​ដូច្នេះ​ នឹងភិក្ខុ​ទាំងនោះថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំង​ឡាយ​ល្មម​អត់ទ្រាំ​សេចក្តី​លំបាក​បានដែរ​ឬទេ ល្មមញុំាង​ឥរិយាបថ ​ឲ្យប្រព្រឹត្ត​ទៅបាន​ស្រួល​ដែរ​ឬទេ អ្នក(រាល់គ្នា) ដើរមក​តាមផ្លូវ​ឆ្ងាយ មិនលំបាក​ទេឬ ម្យ៉ាងទៀត ម្នាលភិក្ខុទាំងឡាយ អ្នកទាំង​ឡាយ​ មកអំពី​ទីណា។ ភិក្ខុទាំងឡាយ ក្រាបបង្គំ​ទូលថា បពិត្រ​ព្រះដ៏មានព្រះភាគ ខ្ញុំព្រះអង្គទាំង​ឡាយ​ល្មម​ធន់ទ្រាំ​បាន បពិត្រ​ព្រះដ៏មានព្រះភាគ ខ្ញុំព្រះអង្គ​ទាំងឡាយ ​ល្មមញុំាង​ឥរិយាបថ​ឲ្យប្រព្រឹត្ត​ទៅ​ស្រួលបាន បពិត្រ​ព្រះអង្គដ៏​ចំរើន ខ្ញុំព្រះអង្គ​ទាំងឡាយ ​នៅ​ចាំវស្សា​ក្នុង​ដែន​កាសី ហើយមកកាន់​ក្រុង​រាជគ្រឹះ ដើម្បី​គាល់​ព្រះអង្គ​ ក្នុងទីនេះ លុះមកដល់​ពាក់កណ្តាលផ្លូវ រកភោជន​សៅហ្មង ឬឧត្តម​នឹងឆាន់​ឲ្យបានឆ្អែត​បរិបូណ៌​គ្មាន (ឃើញ)​មានតែ​ផ្លែឈើ ​ដែល​គួរ​នឹងឆាន់​ជាច្រើន តែរកបុគ្គល ​ជាកប្បិយការកៈ​គ្មាន ហេតុនោះ បានជា​ខ្ញុំ​ព្រះអង្គ​ទាំងឡាយ មានរូប​កាយ​លំបាក មកតាមផ្លូវ​ឆ្ងាយ។ ព្រោះនិទាននេះ ដំណើរនេះ ទើ់បព្រះដ៏មានព្រះភាគ ទ្រង់ធ្វើ​ធម្មីកថា ហើយទ្រង់ត្រាស់​ហៅពួក​ភិក្ខុមកថា ម្នាលភិក្ខុទាំងឡាយ (បើភិក្ខុណា) បានឃើញ​ផ្លែឈើ ដែល​គួរ​នឹងឆាន់​ក្នុងទីណា តែរកបុគ្គល​ ជាកប្បិយការកៈ​គ្មាន តថាគត​ អនុញ្ញាត​ឲ្យ​ (ភិក្ខុនោះ) រើស​ខ្លួន​ឯង ហើយនាំយកទៅ​ លុះឃើញ​បុគ្គល​ ជា​កប្បិយការកៈ​ហើយ ត្រូវដាក់ចុះ​លើផែនដី ឲ្យកប្បិយការកៈ​ប្រគេន ហើយឆាន់ចុះ។ ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត ​ឲ្យភិក្ខុ​ទទួល​របស់​ឧគ្គហិត គឺវត្ថុ​ដែល​ភិក្ខុកាន់យក​ហើយបាន។

[១០១] សម័យនោះឯង ប្រេងល្ងថ្មី និងទឹកឃ្មុំថ្មី​កើតឡើង​ដល់​ព្រាហ្មណ៍​ម្នាក់។ ឯព្រាហ្មណ៍​នោះ ក៏ត្រិះរិះ​ដូច្នេះថា បើដូច្នោះ មានតែគួរ​អាត្មាអញ ​ប្រគេន​ប្រេងល្ងថ្មី និងទឹក​ឃ្មុំថ្មី​ ដល់ភិក្ខុសង្ឃ​ មានព្រះពុទ្ធ​ ជាប្រធាន។ ទើបព្រាហ្មណ៍​នោះ ចូលទៅគាល់​ព្រះដ៏មានព្រះភាគ លុះចូលទៅ​ដល់ហើយ បានស្មោះសរ រីករាយ​ ទៅនឹង​ព្រះដ៏មានព្រះភាគ លុះធ្វើ​ពាក្យ​គួរ​ជាទី​រីករាយ គួរ​ជាទីរលឹក ​ឲ្យសម្រេច​ហើយ ក៏ឈរ​នៅក្នុងទី​សមគួរ។ លុះព្រាហ្មណ៍​នោះ ឈរ​នៅក្នុង​ទីសមគួរ​ហើយ បាននិមន្ត​ព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រ​ព្រះអង្គដ៏ចំរើន សូមព្រះគោតម​ដ៏ចំរើន ព្រមទាំងភិក្ខុសង្ឃ​ ទទួល​ភត្តរបស់​ខ្ញុំ​ព្រះអង្គ​ ដើម្បី​ឆាន់​ក្នុងថ្ងៃស្អែក។ ព្រះដ៏មានព្រះភាគ ក៏ទ្រង់​ទទួល​និមន្ត​ ដោយភាវៈ​ស្ងៀម។ ចំណែក​ព្រាហ្មណ៍​នោះ ដឹងច្បាស់ថា ព្រះដ៏មានព្រះភាគ​ទ្រង់​ទទួល​និមន្ត​ហើយ ទើបចៀសចេញទៅ។ លុះកន្លង​រាត្រី​នោះទៅហើយ ព្រាហ្មណ៍​នោះ​បានតាក់​តែង ​នូវខាទនីយភោជនីយាហារ​យ៉ាងឧត្តម ស្រេច​ហើយ ទើប​ឲ្យ​ក្រាបបង្គំ​ទូល​នូវ​កាល​គួរ ​ចំពោះ​ព្រះដ៏មានព្រះភាគថា បពិត្រ​ព្រះគោតម​ដ៏ចំរើន ពេលនេះ​សមគួរ​ហើយ ភត្ត​សម្រេច​ហើយ។ លំដាប់​នោះ ព្រះដ៏​មានព្រះភាគ ​ទ្រង់​ស្បង់​ហើយ ប្រដាប់​ដោយបាត្រ​ និង​ចីវរ​អំពី​ព្រឹក យាង​ទៅ​កាន់ផ្ទះ​ព្រាហ្មណ៍​នោះ លុះយាង​ទៅដល់ហើយ ទ្រង់គង់​លើអាសនៈ ​ដែល​ព្រាហ្មណ៍​តាក់តែង​ទុក ព្រមទាំង​ភិក្ខុសង្ឃ។ ឯព្រាហ្មណ៍​នោះ ​បាន​អង្គាស​ថ្វាយ​ខាទនីយភោជនីយាហារ (បង្អែមចំអាប) ដ៏ឆ្ងាញ់​ពីសារ​ ដោយដៃ​ខ្លួនឯង ចំពោះ​ព្រះភិក្ខុសង្ឃ​ មាន​ព្រះពុទ្ធ ​ជា​ប្រធាន​ឲ្យ​ឆ្អែត​ស្កប់ស្កល់ ត្រាតែ​ដល់​លោកប្រកែក ​លែងទទួល​ទៀត លុះព្រះដ៏មានព្រះភាគ​ ទ្រង់​សោយ​ស្រេច​ លែងលូក​ព្រះហស្ថ​ទៅក្នុងបាត្រ (ព្រាហ្មណ៍) ក៏អង្គុយ​ក្នុងទីសមគួរ។ លុះព្រាហ្មណ៍​នោះ​អង្គុយ​នៅ​ក្នុងទីសមគួរ​ហើយ ទើបព្រះ​ដ៏​មានព្រះភាគ​ ទ្រង់​ពន្យល់​ឲ្យឃើញ​ច្បាស់ ឲ្យ​កាន់យកតាម ឲ្យ​អាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថាហើយ ទ្រង់​ក្រោកចាកអាសនៈ ​យាងចៀស​ចេញទៅ។ កាល​ព្រះដ៏មានព្រះភាគ យាងចេញ​ទៅ មិនយូរ​ប៉ុន្មាន ព្រាហ្មណ៍​នោះ ក៏​មានសេចក្តី​ត្រិះរិះ​ដូច្នេះថា អាត្មា​អញ​និមន្ត​ព្រះភិក្ខុ​សង្ឃ មានព្រះពុទ្ធ​ ជាប្រធាន​មក ​ដោយមាន​បំណង​ថា នឹង​ប្រគេន​ប្រេង​ល្ងថ្មី និង​ទឹក​ឃ្មុំ​ថ្មី ដើម្បី​ប្រយោជន៍ ​ដល់​ប្រេង​ល្ង និង​ទឹកឃ្មុំ​ណា ប្រេង​ល្ង​ និងទឹក​ឃ្មុំនោះ អាត្មា​អញ​ភ្លេច​ប្រគេន​ទៅហើយ បើដូច្នោះ មានតែ​អាត្មាអញ​ឲ្យគេ​នាំយក​នូវ​ប្រេង​ល្ងថ្មី និងទឹកឃ្មុំ​ថ្មី ដោយ​ក្រឡរ និងក្អម​ទៅកាន់​អារាម។ ទើប​ព្រាហ្មណ៍​នោះ ​ឲ្យគេ​នាំយកប្រេង​ល្ងថ្មី និងទឹកឃ្មុំ​ថ្មី​ ដោយ​ក្រឡរ និងក្អម ទៅកាន់​អារាម ហើយបាន​ចូលទៅរក​ព្រះដ៏មានព្រះភាគ លុះចូល​ទៅ​ដល់​ហើយ ក៏ឈរ​នៅក្នុង​ទីសមគួរ។ លុះព្រាហ្មណ៍​នោះ ឈរ​នៅក្នុងទី​សមគួរ​ហើយ បានក្រាបបង្គំ​ទូល​ព្រះដ៏មានព្រះភាគ ​ដូច្នេះថា បពិត្រ​ព្រះគោតម​ដ៏ចំរើន ខ្ញុំព្រះអង្គ​បាននិមន្ត​ភិក្ខុសង្ឃ មានព្រះពុទ្ធ​ជាប្រធាន ដោយមាន​បំណង​ថា​ នឹង​ប្រគេន​ប្រេងល្ងថ្មី និងទឹកឃ្មុំថ្មី ដើម្បី​ប្រយោជន៍​ ដល់​ប្រេង​ល្ង ​និង​ទឹកឃ្មុំណា ប្រេងល្ង និងទឹក​ឃ្មុំនោះ ខ្ញុំព្រះអង្គ​ក៏ភ្លេចប្រគេន សូមព្រះគោតម​ដ៏ចំរើន ទទួល​យក​ប្រេង​ល្ងថ្មី និងទឹកឃ្មុំថ្មី​របស់​ខ្ញុំព្រះអង្គ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាលព្រាហ្មណ៍ បើដូច្នោះ​ អ្នកឯង​ចូរ​ប្រគេន ​ដល់​ភិក្ខុ​ទាំងឡាយចុះ។ គ្រានោះឯង កាលស្រុក​កើត​ទុរភិក្ស (អត់បាយ) ភិក្ខុ​ទាំងឡាយ ​ក៏ហាមឃាត់​វត្ថុ​បន្តិចបន្តួច​ខ្លះ ​65) ពិចារណា ហើយហាម​ឃាត់​ខ្លះ​66) ម្យ៉ាង​​ទៀត សង្ឃ​ទាំងអស់ ក៏បាន​ហាម​ភត្ត​រួចហើយ។ ពួកភិក្ខុក៏​រង្កៀស ហើយមិនហ៊ាន​ទទួល។ ព្រះអង្គ​ទ្រង់​ត្រាស់​ថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយចូរ​ទទួល​ចុះ ចូរឆាន់​ចុះ ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យភិក្ខុ​ដែលឆាន់ហើយ ហាមភត្ត​រួចហើយ ឆាន់​ភោជន​មិនមែន​ជា​របស់​ដែល​អំពី​ភិក្ខុ​ឈឺ ឬ​មិនបាន​ធ្វើ​វិនយកម្ម ដែលគេ​នាំយកមកអំពី​ទីដែល​គេនិមន្ត​នោះបាន។

១៦៦. បដិគ្គហិតាទិអនុជាននា

(១៦៦)

[១០២] សម័យ​នោះឯង ត្រកូល​ឧបដ្ឋាក​របស់​ឧបនន្ទ​សក្យបុត្រ​ដ៏មានអាយុ បាន​បញ្ជូន​ខាទនីយៈ​ទៅ ដើម្បី​ប្រយោជន៍​ដល់សង្ឃ ហើយផ្តាំថា ត្រូវពួក​អ្នកឯង​បង្ហាញ​ដល់​លោកម្ចាស់​ឧបនន្ទ​រួចហើយ សឹម​ប្រគេន​សង្ឃចុះ។ គ្រានោះឯង ឧបនន្ទ​សក្យបុត្រ​ដ៏មានអាយុ​ចូល​ទៅ​ស្រុក​ដើម្បី​បិណ្ឌបាត។ ឯមនុស្ស​ទាំងនោះក៏​ទៅកាន់​អារាម​ ហើយសួរ​ភិក្ខុ​ទាំងឡាយ​ថា បពិត្រ​លោក​ដ៏​ចំរើន លោកម្ចាស់​ឧបនន្ទ​ទៅណាហើយ។ ពួកភិក្ខុ​ប្រាប់ថា ម្នាលអាវុសោ​ទាំងឡាយ ឧបនន្ទ​សក្យបុត្រ​ដ៏មានអាយុ​នុ៎ះ​ ចូលទៅ​ស្រុក​ ដើម្បី​បិណ្ឌបាតហើយ។ មនុស្ស​ទាំងនោះ​ប្រាប់​ពួក​ភិក្ខុ​ថា បពិត្រ​លោកដ៏​ចំរើន ខាទនីយៈ​នេះ ពួកយើង​ត្រូវ​បង្ហាញ ​ដល់​លោកម្ចាស់​ឧបនន្ទ​សិន ហើយសឹម​ប្រគេន​ដល់សង្ឃ។ ពួកភិក្ខុ​ក្រាបបង្គំ​ទូល​ដំណើរ​នុ៎ះ​ ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ​ទ្រង់​ត្រាស់​ថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ អ្នកទាំងឡាយ​ ចូរ​ទទួលទុក ទំរាំតែ​ឧបនន្ទ​វិលមក​ដល់។ លំដាប់នោះ ឧបនន្ទ​សក្យបុត្រ​ដ៏មានអាយុ ចូលទៅរក​ត្រកូលទាំងឡាយ ​ក្នុងវេលា​មុនភត្ត ហើយវិល​ត្រឡប់​មក​ ក្នុងវេលា​ថ្ងៃពេក។ សម័យ​នោះឯង កាលស្រុក​កើតទុរភិក្ស (អត់បាយ) ភិក្ខុ​ទាំងឡាយ​ហាមឃាត់​វត្ថុ​បន្តិចបន្តួច​ខ្លះ ពិចារណា ហើយក៏ហាមឃាត់ខ្លះ ម្យ៉ាងទៀត សង្ឃទាំង​អស់​ ក៏​បានហាម​ភត្តរួច​ហើយ។ ពួកភិក្ខុ​ក៏រង្កៀស មិនហ៊ាន​ទទួល។ ព្រះអង្គ​ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយចូរ​ទទួលចុះ ចូរឆាន់ចុះ ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ ឲ្យ​ភិក្ខុដែល​បរិភោគហើយ ហាមភត្តរួចហើយ ឆាន់ភោជន ​មិនមែន​ជារបស់​ដែល ​អំពី​ភិក្ខុ​ឈឺ ឬមិនបាន​ធ្វើ​វិនយកម្ម ដែល​ភិក្ខុ​បានទទួល​ ក្នុងវេលា​មុនភត្ត (នោះ)​បាន។

[១០៣] គ្រានោះ ព្រះមានព្រះភាគ គង់​ក្នុងក្រុងរាជគ្រឹះ តាម​សមគួរ​ដល់​ព្រះអធ្យាស្រ័យ​ហើយ យាងចេញ​ទៅកាន់ចារិក​ នៃក្រុង​សាវត្ថី​ ទ្រង់​យាង​ទៅកាន់​ចារិក ​ដោយ​លំដាប់ ទើប​បាន​ទៅដល់​ក្រុង​សាវត្ថី។ បានឮថា ព្រះមានព្រះភាគ គង់​ក្នុង​វត្តជេតវន ​របស់​អនាថបិណ្ឌិកសេដ្ឋី ជិត​ក្រុង​សាវត្ថីនោះ។ សម័យ​នោះឯង ព្រះសារីបុត្ត​ដ៏មានអាយុ មានអាពាធក្តៅ​រោលរាល​ក្នុងកាយ។ លំដាប់នោះ ព្រះមហាមោគ្គល្លាន​ដ៏មានអាយុ បានចូលទៅ​រក​ព្រះសារីបុត្ត​ដ៏មានអាយុ លុះចូល​ទៅ​ដល់ហើយ និយាយពាក្យនេះ​នឹង​ព្រះសារីបុត្ត​ដ៏មានអាយុថា ម្នាលអាវុសោ​សារីបុត្ត កាលពីមុន លោកមាន​អាពាធ​ក្តៅ ដុតរោលរាល​ក្នុងកាយ តើលោក​បានជាសះស្បើយ ​ដោយថ្នាំ​អ្វី។ ព្រះសារីបុត្ត​តបថា ម្នាលអាវុសោ ខ្ញុំបាន​ជាសះស្បើយ ​ដោយមើម​ឈូក និងក្រអៅឈូក។ លំដាប់នោះ ព្រះមហាមោគ្គល្លាន​ដ៏មានអាយុ បំបាត់​ខ្លួន​ អំពី​វត្ត​ជេតវន ហើយ​ទៅប្រាកដ​ទៀប​មាត់​ស្រះបោក្ខរណី ឈ្មោះ​មន្ទាកិនី​ ដោយឆាប់​រហ័យ ដូចជាបុរស​មានកំលាំង លាចេញ​នូវ​ដៃ​ដែល​ខ្លួនបត់ចូល ឬបត់​ចូល នូវ​ដៃ​ដែលខ្លួន​លាចេញ។ មានដំរី១ បានឃើញ​ព្រះមហាមោគ្គល្លាន​ដ៏មានអាយុ​មកអំពី​ចម្ងាយ លុះឃើញហើយ បាននិយាយ​ពាក្យនេះ នឹង​ព្រះមហាមោគ្គល្លាន​ដ៏​មានអាយុថា បពិត្រ​លោកដ៏ចំរើន សូមលោកម្ចាស់​មហាមោគ្គល្លាន​មកចុះ បពិត្រ​លោកដ៏​ចំរើន លោកម្ចាស់​មហាមោគ្គល្លាន​មកល្អហើយ បពិត្រ​លោកដ៏ចំរើន លោកម្ចាស់​ ត្រូវការ​ដោយវត្ថុ​អ្វី ខ្ញុំ​បាន​អ្វីប្រគេន​លោកម្ចាស់។ ព្រះមហាមោគ្គល្លាន​តបថា ម្នាលអាវុសោ យើងត្រូវការ​ដោយ​មើម​ឈូក និងក្រអៅឈូក។ ទើប​ដំរីនោះ​ បង្គាប់​ទៅ​ដំរី​ដទៃថា ម្នាលនាយ​ បើដូច្នោះ អ្នកចូរ​ប្រគេន​មើម​ឈូក និងក្រអៅឈូក ​ដល់លោកម្ចាស់​ តាម​សព្វព្រះហឫទ័យ។ ឯដំរីនោះ ចុះទៅកាន់​ស្រះបោក្ខរណី ​ឈ្មោះ​មន្ទាកិនី ហើយដកយក នូវ​មើមឈូក និង​ក្រអៅឈូក ​ដោយប្រមោយ ហើយ​លាងស្អាត វេច​ចង​ជាសំណុំ រួច​ចូលទៅរក​ព្រះមហាមោគ្គល្លាន​ដ៏​មានអាយុ។ លំដាប់នោះ ព្រះមហាមោគ្គល្លាន​ដ៏​មានអាយុ បំបាត់ខ្លួន​ពីមាត់ស្រះ​បោក្ខរណី ​ឈ្មោះ​មន្ទាកិនី ទៅប្រាកដ​នៅ​ក្នុង​វត្តជេតវនវិញ ​ដោយឆាប់រហ័យ ដូច​ជាបុរស​មានកំឡាំង លាដៃ​ដែលខ្លួន​បត់ចូល ឬបត់​ចូល​នូវដៃ​ដែលខ្លួន​លាចេញ។ ឯដំរីនោះ បំបាត់ខ្លួន​អំពី​មាត់ស្រះ​បោក្ខរណី ​ឈ្មោះមន្ទាកិនី​ ទៅប្រាកដ​នៅ​ក្នុងវត្តជេតវនដែរ ទើបដំរីនោះ​ បានឲ្យ​ព្រះមហាមោគ្គល្លាន​ដ៏​មានអាយុ ទទួល​មើមឈូក និង​ក្រអៅឈូក ហើយក៏បំបាត់​ខ្លួន​អំពី​វត្ត​ជេតវន​ ទៅប្រាកដ​ទៀប​មាត់ស្រះបោក្ខរណី ​ឈ្មោះមន្ទាកិនី​វិញ។ ចំណែក​ព្រះមហាមោគ្គល្លាន​ដ៏​មានអាយុ ក៏ហុច​មើមឈូក និងក្រអៅ​ឈូក​ ទៅព្រះសារីបុត្ត​ដ៏មានអាយុ។ ឯព្រះសារីបុត្ត​មានអាយុ កាលបានឆាន់​មើមឈូក និងក្រអៅឈូក​ហើយ ក៏​បានសះ​ ជាអាពាធ ​ដែល​ដុត​រោលរាល​ក្នុងកាយ។ មើមឈូក និងក្រអៅឈូក​ ក៏សល់នៅជាច្រើន។ សម័យ​នោះឯង កាលស្រុក​កើត​ទុរភិក្ស (អត់បាយ) ភិក្ខុ​ទាំងឡាយ ក៏​ហាមឃាត់​វត្ថុ​បន្តិចបន្តួច​ខ្លះ ពិចារណា ហើយក៏ហាមឃាត់ខ្លះ ម្យ៉ាងទៀត សង្ឃទាំង​អស់​ក៏​បានហាម​ភត្តរួច​ហើយ។ ពួកភិក្ខុ​មានសេចក្តី​រង្កៀស ក៏មិនហ៊ាន​ទទួល។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ​ចូរ​ទទួលចុះ ចូរឆាន់ចុះ ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត ​ឲ្យ​ភិក្ខុដែលឆាន់ហើយ ហាម​ភត្ត​រួច​ហើយ ឆាន់ភោជន​ មិនមែន​ជារបស់​ដែល ​អំពី​ភិក្ខុ​ឈឺ ឬមិនបាន​ធ្វើ​វិនយកម្ម ដែលតាំង​នៅ​ក្នុងព្រៃ ​តាំងនៅ​ក្នុងគុម្ពឈូកបាន។

[១០៤] សម័យ​នោះឯង ក្នុងក្រុងសាវត្ថី មានវត្ថុ​សម្រាប់​ទំពាស៊ី គឺផ្លែឈើ​កើត​ឡើង​ជាច្រើន តែរក​បុគ្គល​ជាកប្បិយការកៈ​គ្មាន។ ពួកភិក្ខុមានសេចក្តី​រង្កៀស ក៏មិនហ៊ានឆាន់​ផ្លែឈើ​ឡើយ។ ភិក្ខុទាំងឡាយក្រាបបង្គំ​ទូលដំណើរ​នុ៎ះ ​ចំពោះ​ព្រះដ៏​មានព្រះភាគ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត ​ឲ្យ​ភិក្ខុឆាន់ផ្លែឈើ ​ដែលគ្មានពូជ (ផ្លែឈើខ្ចី) និងផ្លែឈើ​ ដែល​គួរ​បន្លេច​យក​ពូជចេញ (ដូច​ផ្លែខ្នុរ​ជាដើម) សូម្បី​គេមិនបាន​ធ្វើ​ឲ្យជាកប្បិយ ក៏គួរ (ឆាន់បាន)។

១៦៧. សត្ថកម្មបដិក្ខេបកថា

(១៦៧)

[១០៥] លំដាប់នោះ ព្រះដ៏មានព្រះភាគ គង់ទៀបក្រុងសាវត្ថី ​សមគួរ​ដល់​ព្រះអធ្យាស្រ័យ​ហើយ ទ្រង់យាង​ទៅកាន់ចារិក ក្រុងរាជគ្រឹះ​ ទ្រង់​យាង​ទៅ​ ដោយ​លំដាប់ ទើប​បានដល់​ទៅ​ក្រុង​រាជគ្រឹះ។ បានឮថា ព្រះមានព្រះភាគ ទ្រង់គង់​ក្នុង​វត្តវេឡុវន កលន្ទកនិវាបស្ថាន ជិតក្រុង​រាជគ្រឹះ​នោះឯង។ សម័យ​នោះឯង ភិក្ខុ១រូប​ កើតអាពាធ​ឫសដូងបាត។ ពេទ្យឈ្មោះ​ អាកាសគោត្រ បានធ្វើ​សត្ថកម្ម (កាត់ ឬវះឫសដូងបាតនោះ) ដោយកាំបិត។ ទទួល​ពេលនោះ ព្រះមានព្រះភាគ ទ្រង់​យាង​ទៅកាន់​ចារិក​សេនាសនៈ ក៏បានយាង​ទៅកាន់​លំនៅ​ របស់​ភិក្ខុនោះ។ ពេទ្យឈ្មោះ​អាកាសគោត្រ បានឃើញ​ព្រះដ៏មានព្រះភាគ​ យាង​មកអំពី​ចម្ងាយ លុះឃើញ​ច្បាស់ហើយ ក៏​បាន​ក្រាបបង្គំ​ទូល​ព្រះដ៏មានព្រះភាគ​ ដូច្នេះថា សូម​ព្រះគោតម​ដ៏ចំរើន ទ្រង់​យាង​មកទតវច្ចមគ្គ​របស់​ភិក្ខុនេះ ដូចជាមាត់​សត្វទន្សង។ គ្រានោះ ព្រះមានព្រះភាគ​ ទ្រង់​ព្រះតម្រិះថា មោឃបុរស​នេះ​ ចំអក​ឲ្យ​តថាគត​ទេតើ ដូច្នោះហើយ ក៏ទ្រង់​យាង​ត្រឡប់​ចាកទីនោះទៅ។ ព្រោះនិទាននេះ ដំណើរនេះ ទើបទ្រង់​ឲ្យប្រជុំភិក្ខុសង្ឃ ហើយត្រាស់សួរ​ភិក្ខុ​ទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ក្នុងវិហារ​ឯណោះ មានភិក្ខុឈឺ​ដែរ​ឬទេ។ ភិក្ខុទាំងឡាយ​ ក្រាបបង្គំ​ទូលថា បពិត្រ​ព្រះដ៏​មានព្រះភាគ មាន។ ព្រះអង្គ​ទ្រង់​ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ​ឈឺ​ដូចម្តេច។ ពួក​ភិក្ខុ​ក្រាបបង្គំ​ទូលថា បពិត្រ​ព្រះអង្គដ៏​ចំរើន លោកដ៏​មានអាយុនោះ កើតឫសដូងបាត ពេទ្យ​ឈ្មោះ​អាកាសគោត្រ ក៏បានធ្វើ​សត្ថកម្មឲ្យ។ ព្រះពុទ្ធ​ដ៏មានព្រះភាគ ទ្រង់​តិះដៀលថា ម្នាលភិក្ខុទាំងឡាយ អំពើ​នៃ​មោឃបុរស​នោះ មិនសមគួរ មិនទំនង មិនសមបែប មិន​ជារបស់​សមណៈ មិនគួរគប្បី មិនមែន​ជាកិច្ច​ត្រូវធ្វើទេ ម្នាលភិក្ខុទាំងឡាយ មោឃបុរស​នោះ មិនគួរ​នឹង​ឲ្យគេ​ធ្វើ​សត្ថកម្ម​ ក្នុងទីចង្អៀតទេ ម្នាលភិក្ខុទាំងឡាយ ស្បែក​ក្នុងទី​ចង្អៀត ជារបស់​សុខុមល្អិត មាន​ដំបៅសះបាន​ដោយក្រ កម្របុគ្គល ​នឹងយក​កាំបិត​ទៅវះ ​ក្នុងទីចង្អៀត​បាន ម្នាលភិក្ខុទាំងឡាយ អំពើ​នេះ មិនមែន​នាំឲ្យជ្រះថ្លា​ ដល់ពួក​ជន ដែល​មិនទាន់​ជ្រះថ្លាទេ។បេ។ លុះទ្រង់​តិះដៀល​ហើយ ទ្រង់​ធ្វើ​ធម្មីកថា ត្រាស់​ហៅភិក្ខុ​ទាំងឡាយ​មកថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនគួរ​ឲ្យគេធ្វើ​សត្ថកម្ម ​ក្នុងទីចង្អៀតទេ ភិក្ខុណា​ឲ្យគេធ្វើ ត្រូវអាបត្តិ​ថុល្លច្ច័យ។ សម័យ​នោះឯង ឆព្វគ្គិយ​ភិក្ខុ​គិត​គ្នាថា ព្រះដ៏​មានព្រះភាគ ទ្រង់​ហាម​ការធ្វើសត្ថកម្ម​ហើយ ទើបឲ្យ​គេធ្វើ​វត្ថិកម្មវិញ (ការចង​រឹត​ក្បាល​ឫសដូងបាត​នោះ ​ដោយខ្សែ)។ ពួកភិក្ខុណា​មានសេចក្តី​ប្រាថ្នាតិច។បេ។ ភិក្ខុទាំងនោះ ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ពួកឆព្វគ្គិយភិក្ខុ មិនសម​បើ នឹង​ឲ្យគេធ្វើ​វត្ថិកម្មសោះ។ លំដាប់​នោះ ភិក្ខុទាំងនោះ ក្រាបបង្គំ​ទូល​ដំណើរនុ៎ះ​ ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ឮថា ពួកឆព្វគ្គិយភិក្ខុ ​ឲ្យគេធ្វើ​វត្ថិកម្ម ពិតមែនឬ។ ពួកភិក្ខុ​ក្រាបបង្គំ​ទូលថា បពិត្រ​ព្រះដ៏មានព្រះភាគ ពិតមែន។បេ។ ព្រះអង្គ ទ្រង់​តិះដៀលហើយ ទ្រង់​ធ្វើ​ធម្មីកថា ត្រាស់ហៅ​ភិក្ខុ​ទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវ​ឲ្យគេធ្វើ ​សត្ថកម្ម ឬវត្ថិកម្ម​ ក្នុងទីជិត ដោយជុំវិញ នៃទីចង្អៀត ​ប្រមាណពីរធ្នាប់ទេ ភិក្ខុណា​ឲ្យគេធ្វើ ត្រូវអាបត្តិ​ថុល្លច្ច័យ។

១៦៨. មនុស្សមំសបដិក្ខេបកថា

(១៦៨)

[១០៦] គ្រានោះ ព្រះមានព្រះភាគ គង់ក្នុង​ក្រុងរាជគ្រឹះ សមគួរ​តាមព្រះអធ្យាស្រ័យហើយ ទ្រង់យាងចេញ​ទៅកាន់​ចារិក ​ក្រុងពារាណសី កាលទ្រង់​យាង​ទៅកាន់​ចារិក ​ដោយលំដាប់ ក៏បាន​ដល់​ទៅ​ក្រុង​ពារាណសីនោះ។ បានឮថា ព្រះដ៏មានព្រះភាគ គង់នៅព្រៃ​ឥសិបតនមិគទាយវន ជិត​ក្រុង​ពារាណសីនោះ។ គ្រានោះឯង ក្នុងក្រុង​ពារាណសី ​មានជន​២នាក់ គឺ​ឧបាសក​ឈ្មោះ​សុប្បិយ១ ឧបាសិកា ឈ្មោះ​សុប្បិយា១ ជាអ្នកមានសេចក្តី​ជ្រះថ្លា ជាអ្នកឲ្យទាន ជាអ្នក​ធ្វើការ​បម្រើ​សង្ឃ។ លំដាប់នោះ សុប្បិយាឧបាសិកា ​បានទៅកាន់វត្ត ហើយដើរចូល​ទៅគ្រប់​វិហារ គ្រប់​ទីបរិវេណ ហើយសួរភិក្ខុ​ទាំងឡាយថា បពិត្រលោកម្ចាស់ មានលោកម្ចាស់​អង្គ​ណាឈឺ​ខ្លះដែរ លោកម្ចាស់អង្គ​ណា ត្រូវ​ការ​ឲ្យខ្ញុំ​ករុណា​ យករបស់អ្វី​មកប្រគេនដែរឬ។ វេលានោះឯង ភិក្ខុ​១រូប​បាន​ផឹកថ្នាំបញ្ចុះ។ ភិក្ខុនោះ​ក៏និយាយ​នឹង​សុប្បិយាឧបាសិកា​ ដូច្នេះថា ម្នាលនាង អាត្មា​ឆាន់​ថ្នាំ​បញ្ចុះ អាត្មាត្រូវការ​ដោយ​សាច់ ​ដែល​មានឱជារស។ សុប្បិយាឧបាសិកា​និយាយថា ល្អហើយ លោកម្ចាស់ នឹងឲ្យគេយកមក​ប្រគេន (និយាយ​ដូច្នេះហើយ) បានទៅដល់​ផ្ទះហើយ ក៏បង្គាប់​កូនក្មួយថា ម្នាលនាយ អ្នកចូរទៅ អ្នកចូរដឹង (ចូរទិញ) នូវ​សាច់​សត្វ ​ដែលស្លាប់ស្រាប់។ បុរស​នោះ​បានទទួល​ពាក្យ​សុប្បិយា​ឧបាសិកា​ថា បាទ​អ្នកម្ចាស់ ហើយក៏ដើររក​សាច់​អស់​ទាំង​ក្រុង​ពារាណសី មិនបានឃើញ​សាច់​សត្វ ​ដែលស្លាប់​ស្រាប់ឡើយ។ បុរស​នោះបានចូល​ទៅរក​សុប្បិយា​ឧបាសិកា លុះចូលទៅដល់ហើយ បាននិយាយ​ដូច្នេះ នឹង​សុប្បិយាឧបាសិកា​ថា បពិត្រអ្នកម្ចាស់ គ្មានសាច់​សត្វ ​ដែលស្លាប់​ស្រាប់ទេ ព្រោះថ្ងៃនេះ គ្មានគេ​សម្លាប់​សត្វសោះ។ លំដាប់នោះ សុប្បិយា​ឧបាសិកា មានសេចក្តី​ត្រិះរិះ ​យ៉ាង​នេះថា កាលបើ​ភិក្ខុឈឺ​នេះឯង មិនបាន​សាច់ ដែល​មាន​ឱជារស​ទេ អាពាធ ​ក៏រឹងរឹត​តែចំរើនឡើង ឬមួយ​ នឹងធ្វើកាល​កិរិយា​ទៅមិនខាន (ឥឡូវ) អាត្មាអញ បានទទួល​ប្តេជ្ញា​ថា នឹងប្រគេនសាច់ ដល់ត្រឡប់​ជាមិនឲ្យ​គេយកទៅ​ប្រគេន​វិញ កិច្ច​នោះ​ មិនសមគួរ​ដល់អញសោះ។ សុប្បិយាឧបាសិកា​ ក៏ចាប់​យកកាំបិត​សម្រាប់​ហាន់សាច់ មកអារ​សាច់ភ្លៅ (របស់ខ្លួន) ហើយហុច​ឲ្យទៅ​ទាសីថា ហ៏ ហងឯង​ចូរ​យកសាច់នេះ​ទៅចាត់ចែង ហើយ​យកទៅប្រគេន ​ដល់ភិក្ខុឈឺ ​ក្នុងវិហារ​ឯណោះចុះ ម្យ៉ាងទៀត (បើមាន) ភិក្ខុណា​សួរ​រកអញ នាងឯង​ចូរ​ទូលលោកថា អញ​ឈឺ (និយាយ​ផ្តាំ​ដូច្នេះហើយ) បានរុំភ្លៅ​ដោយសម្ពត់​សម្រាប់​បង្ករ ហើយចូល​ទៅក្នុងបន្ទប់ ដេកលើគ្រែ។ លំដាប់នោះ សុប្បិយឧបាសក បានទៅកាន់ផ្ទះ ហើយសួរ​ទាសីថា នាង​សុប្បិយា​ទៅណា។ ទាសីនោះ​ប្រាប់ថា បពិត្រ​អ្នកម្ចាស់ អ្នកម្ចាស់នោះ​សម្រាន្ត​ក្នុងបន្ទប់។ លំដាប់នោះ សុប្បិយឧបាសក​បានចូល​ទៅរក​សុប្បិយាឧបាសិកា លុះចូល​ទៅដល់​ហើយ សួរ​សុប្បិយាឧបាសិកា​យ៉ាងនេះថា ព្រោះហេតុអ្វី​បានជានាង​ដេក។ សុប្បិយា​ឧបាសិកា​ឆ្លើយថា ខ្ញុំឈឺ។ សុប្បិយឧបាសក​សួរថា នាងឈឺអ្វី។ ទើបសុប្បិយាឧបាសិកា ​ប្រាប់​សេចក្តី​នុ៎ះ ​ដល់សុប្បិយឧបាសក (ដោយសព្វគ្រប់)។ លំដាប់នោះ សុប្បិយឧបាសក​គិតថា អើហ្ន៎ អស្ចារ្យ​ពេកណាស់ អើហ្ន៎​ ចំឡែកពេកណាស់ សុប្បិយាឧបាសិកា​នេះ ជាស្រី​មានសទ្ធា​ជ្រះថ្លាមែន អម្បាល​សាច់​របស់ខ្លួន​ គង់​លះបង់បាន ចំណង់​បើ ​វត្ថុ​តិចតួច​ឯទៀត ឧបាសិកា​នេះ នឹង​មិនឲ្យ​ដូចម្តេចបាន គិតដូច្នេះហើយ ក៏មានចិត្ត​រីករាយ​ខ្ពស់ឡើង បានចូល​ទៅគាល់​ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំ​ព្រះដ៏មានព្រះភាគ ហើយអង្គុយ​ក្នុងទីសមគួរ។ លុះសុប្បិយ​ឧបាសក​ អង្គុយ​ក្នុងទីសមគួរ​ហើយ បានក្រាប​បង្គំ​ទូល​ព្រះដ៏មានព្រះភាគ​យ៉ាងនេះថា បពិត្រ​ព្រះ​អង្គដ៏ចំរើន សូមព្រះដ៏មានព្រះភាគ ​ព្រមទាំង​ព្រះភិក្ខុសង្ឃ​ និមន្ត​ទទួល​ភត្ត​របស់​ខ្ញុំ​ព្រះអង្គ ដើម្បី​ឆាន់​ក្នុងថ្ងៃស្អែក។ ព្រះមានព្រះភាគ ទ្រង់ទទួល​ដោយ​ភាវៈ​ស្ងៀម។ លំដាប់នោះ សុប្បិយ​ឧបាសក​បានដឹងថា ព្រះមានព្រះភាគ ទ្រង់ទទួល​និមន្ត​ហើយ ក៏ក្រោកចាក​អាសនៈ ថ្វាយបង្គំ​ព្រះមានព្រះភាគ ធ្វើប្រទក្សិណ ហើយចៀសចេញទៅ។ លុះកន្លង​រាត្រី​នោះទៅហើយ សុប្បិយ​ឧបាសក ក៏បានតាក់តែង​ខាទនីយភោជនីយាហារ​ ដ៏ឧត្តម​ហើយ ក៏ឲ្យមនុស្ស ​ទៅក្រាបបង្គំ​ទូល ​កាល​សមគួរ​ចំពោះ​ព្រះដ៏មានព្រះភាគថា បពិត្រ​ព្រះអង្គដ៏​ចំរើន ពេលសមគួរ​ហើយ ភត្តសម្រេច​ហើយ។ គ្រានោះ វេលាព្រឹក ព្រះដ៏មានព្រះភាគ ទ្រង់ស្បង់ ហើយប្រដាប់​ដោយបាត្រ និងចីវរ យាង​ទៅកាន់​ផ្ទះសុប្បិយ​ឧបាសក លុះយាង​ទៅដល់ហើយ គង់លើអាសនៈ​ ដែលគេ​រៀបចំថ្វាយ មួយអន្លើ​ដោយភិក្ខុសង្ឃ។ វេលានោះ សុប្បិយ​ឧបាសក បានចូល​ទៅគាល់​ព្រះដ៏មានព្រះភាគ លុះចូលទៅ​ដល់ហើយ ថ្វាយបង្គំ​ព្រះដ៏មានព្រះភាគ ហើយឈរ​ក្នុងទីសមគួរ។ លុះសុប្បិយ​ឧបាសក ឈរ​នៅក្នុងទី​សមគួរហើយ ព្រះដ៏មានព្រះភាគ ​ទ្រង់​មានបន្ទូល​ដូច្នោះថា នាងសុប្បិយា​​នៅក្នុងទីណា។ សុប្បិយ​ឧបាសក​ ក្រាបបង្គំ​ទូលថា បពិត្រ​ព្រះដ៏មានព្រះភាគ នាង​សុប្បិយាឈឺ។ ព្រះអង្គ​ទ្រង់មាន​បន្ទូលថា បើដូច្នោះ (ឲ្យ) នាងសុប្បិយា​ចូលមក។ សុប្បិយ​ឧបាសក ក្រាប​បង្គំ​ទូលថា បពិត្រ​ព្រះដ៏មានព្រះភាគ នាងសុប្បិយា​ មិនអាច​នឹងមក​បានទេ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា បើដូច្នោះ អ្នកទាំងឡាយ​ចូរគ្រាហ៍​ នាំយកមក។ លំដាប់នោះ សុប្បិយ​ឧបាសក បានគ្រាហ៍​សុប្បិយា​ឧបាសិកា ​នាំមកថ្វាយ។ និម្មិត្ត តែព្រះមានព្រះភាគ ទ្រង់​ទត​ឃើញ​(កាលណា) ដំបៅរបស់​នាង ​ដែល​ធំដល់​ម្ល៉ោះ ក៏ដុះសាច់​ សះជា​ មានសម្បុរ​ល្អ មាន​រោម​ដុះពេញ​ឡើងវិញ​មួយរំពេច។ លំដាប់នោះ សុប្បិយ​ឧបាសក និងសុប្បិយាឧបាសិកា​បាននិយាយ​គ្នាថា អើហ្ន៎ អស្ចារ្យ​ពេកណាស់ អើហ្ន៎ ចំឡែកពេកណាស់ ព្រះតថាគត មានឫទ្ធិច្រើន មានអានុភាព​ច្រើន គ្រាន់តែ​ព្រះអង្គ ​ទ្រង់​បាន​ទត​ឃើញ​មួយរំពេច ដំបៅ​ ដែលធំ​ដល់ម្ល៉ោះ ក៏ដុះសាច់​សះជា មានសម្បុរល្អ មានរោមដុះ​ពេញឡើងវិញ (អ្នក​ទាំងនោះ) មានចិត្ត​រីករាយ​ខ្ពស់ឡើង ក៏អង្គាស​ខាទនីយភោជនីយាហារ (បង្អែបចំអាប) ដ៏ឆ្ងាញ់​ពីសារ ​ដោយដៃ​ខ្លួនឯង ចំពោះ​ព្រះភិក្ខុសង្ឃ មានព្រះពុទ្ធ ​ជាប្រធាន ឲ្យឆ្អែត​ស្កប់ស្កល់ ត្រាតែ​ដល់លោក​ប្រកែក លែង​ទទួលទៀត លុះព្រះ​ដ៏មានព្រះភាគ ​ទ្រង់សោយស្រេច លែងលូកព្រះហស្ថ​ ទៅក្នុងបាត្រ​ហើយ ក៏នាំគ្នា​អង្គុយ​ក្នុងទី​សមគួរ។ លំដាប់នោះ ព្រះមានព្រះភាគ​ បានញុំាង​សុប្បិយឧបាសក និងសុប្បិយាឧបាសិកា ឲ្យឃើញ​ច្បាស់ ឲ្យកាន់យកតាម ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថាហើយ ក៏ទ្រង់​ក្រោក​ចាកអាសនៈ ចៀសចេញទៅ។

[១០៧] ព្រោះនិទាននេះ ដំណើរនេះ ទើបព្រះដ៏​មានព្រះភាគ​ ទ្រង់ឲ្យប្រជុំ​ភិក្ខុសង្ឃ ហើយត្រាស់​សួរ​ពួក​ភិក្ខុថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​ណា សូម​សាច់​អំពី​សុប្បិយាឧបាសិកា។ កាល​បើ​ព្រះដ៏មានព្រះភាគ​ ត្រាស់​សួរ​យ៉ាង​នេះហើយ ភិក្ខុនោះ​ក្រាបទូល​ព្រះដ៏មានព្រះភាគ ​ដូច្នេះថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន ខ្ញុំ​ព្រះអង្គ​បានសូម​សាច់ ​អំពី​សុប្បិយាឧបាសិកា។ ព្រះអង្គ​ទ្រង់​ត្រាស់​ថា ម្នាល​ភិក្ខុ អ្នកបាន​ឲ្យគេនាំ​យក​សាច់​មកហើយឬនៅ។ ភិក្ខុនោះក្រាបបង្គំ​ទូលថា បពិត្រ​ព្រះដ៏​មានព្រះភាគ ខ្ញុំព្រះអង្គ​បានឲ្យគេ​នាំ​យកសាច់​នោះ​មកហើយ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុ អ្នក​បានឆាន់​ហើយឬនៅ។ ភិក្ខុ​នោះក្រាបបង្គំ​ទូលថា បពិត្រ​ព្រះដ៏មានព្រះភាគ ខ្ញុំ​ព្រះអង្គ​បានឆាន់​ហើយ។ ព្រះអង្គ​ទ្រង់​ត្រាស់​ថា ម្នាលភិក្ខុ ​(មុនដែលនឹង​ឆាន់) អ្នកបាន​ពិចារណា​ដែរឬទេ។ ភិក្ខុនោះ​ក្រាបទូលថា បពិត្រ​ព្រះដ៏មានព្រះភាគ ខ្ញុំ​ព្រះអង្គ ​មិនបាន​ពិចារណាទេ។ ព្រះពុទ្ធ​ដ៏មានព្រះភាគ ទ្រង់តិះដៀល​ថា នែមោឃបុរស អ្នកឯង​ មិនសមបើ​នឹងមិន​ពិចារណា ហើយ​ហ៊ាន​ឆាន់​សាច់ (ដូច្នេះ) សោះ ម្នាលមោឃបុរស អ្នកឯង​ឆាន់​សាច់​មនុស្ស​ពិតហើយ ម្នាលមោឃបុរស អំពើនេះ មិននាំឲ្យជ្រះថ្លា ​ដល់ពួកជន ​ដែលមិនទាន់​ជ្រះថ្លាទេ។បេ។ ទ្រង់​តិះដៀល​រួចហើយ ទ្រង់​ធ្វើ​ធម្មីកថា ត្រាស់​ហៅភិក្ខុ​ទាំងឡាយ​មកថា ម្នាលភិក្ខុទាំងឡាយ ពួក​មនុស្ស​ ដែល​មានសទ្ធា មានសេចក្តី​ជ្រះថ្លា មនុស្ស​ទាំងនោះ​ សូម្បីតែសាច់​របស់ខ្លួន​ឯង​ ក៏គង់​លះប្រគេន​បាន ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុ​មិនត្រូវឆាន់​សាច់មនុស្សទេ ភិក្ខុណាឆាន់ ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ ម្យ៉ាងទៀត ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុមិនបាន​ពិចារណា​ជាមុនហើយ មិនត្រូវ​ឆាន់សាច់ទេ ភិក្ខុណាឆាន់​ ត្រូវ​អាបត្តិ​ទុក្កដ។

១៦៩. ហត្ថិមំសាទិបដិក្ខេបកថា

(១៦៩)

[១០៨] សម័យ​នោះឯង មានដំរី​របស់ស្តេច​ស្លាប់​ជាច្រើន។ ចួន​ជាវេលា​ស្រុក​អត់​បាយ មនុស្ស​ទាំងឡាយ ​នាំគ្នា​ស៊ីសាច់​ដំរី ក៏បាន​ប្រគេន​សាច់​ដំរី ​ដល់ពួកភិក្ខុ ដែល​ត្រាច់ទៅ​បិណ្ឌបាត។ ភិក្ខុទាំងឡាយ ក៏នាំគ្នា​ឆាន់សាច់ដំរី។ ពួកមនុស្ស​ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ពួក​សមណ​សក្យបុត្រ មិនសមបើ​នឹងហ៊ាន​ឆាន់សាច់ដំរី​សោះ ដំរី​ក៏ជាអង្គ (យាន) របស់ស្តេច បើស្តេច​ទ្រង់ជ្រាប មុខជាខ្ញាល់ នឹងភិក្ខុ​ទាំងនោះមិនខាន។ ពួកភិក្ខុ​ក្រាបបង្គំ​ទូល​ដំណើរនុ៎ះ ​ចំពោះ​ព្រះដ៏​មានព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុមិនត្រូវ​ឆាន់​សាច់ដំរីទេ ភិក្ខុណា​ឆាន់ ត្រូវអាបត្តិ​ទុក្កដ។ សម័យ​នោះឯង (មាន) សេះរបស់​ស្តេច​ស្លាប់​ជាច្រើន។ ចួនជា​វេលា​ស្រុក​អត់បាយ មនុស្ស​ទាំងឡាយ​ នាំគ្នា​ស៊ីសាច់​សេះ ក៏បាន​ប្រគេន​សាច់សេះ​ ដល់ពួកភិក្ខុ ដែល​ត្រាច់​ទៅ​​បិណ្ឌបាត។ ភិក្ខុទាំងឡាយ ក៏នាំគ្នា​ឆាន់សាច់សេះ។ ពួកមនុស្ស​ពោលទោស តិះដៀល បន្តុះ​បង្អាប់​ថា ពួក​សមណ​សក្យបុត្រ មិនសមបើ ​នឹងហ៊ាន​ឆាន់សាច់សេះទេ ព្រោះ​សេះ​ជាអង្គ (យាន) របស់​ស្តេចដែរ បើស្តេច​ទ្រង់​ជ្រាប មុខជា​ខ្ញាល់ នឹងភិក្ខុ​ទាំងនោះមិនខាន។ ពួកភិក្ខុ​ក្រាបបង្គំ​ទូល​ដំណើរនុ៎ះ​ ចំពោះ​ព្រះដ៏​មានព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុមិនត្រូវ​ឆាន់​សាច់សេះទេ ភិក្ខុណា​ឆាន់ ត្រូវអាបត្តិ​ទុក្កដ។ សម័យ​នោះឯង វេលា​ស្រុក​អត់បាយ មនុស្ស​ទាំងឡាយ​ នាំគ្នា​ស៊ីសាច់ឆ្កែ ក៏បាន​ប្រគេន​សាច់​ឆ្កែ ​ដល់ពួក​ភិក្ខុ​ ដែលត្រាច់​ទៅបិណ្ឌបាត។ ភិក្ខុ​ទាំងឡាយ ​ក៏នាំគ្នាឆាន់សាច់ឆ្កែ។ ពួកមនុស្ស​ពោលទោស តិះដៀល បន្តុះ​បង្អាប់​ថា ពួក​សមណ​សក្យបុត្រ មិនសមបើ ​នឹងហ៊ាន​ឆាន់សាច់ឆ្កែសោះ ព្រោះឆ្កែ ជាសត្វ​គួរខ្ពើមរអើម។ ភិក្ខុ​ទាំងឡាយ​ក្រាបបង្គំ​ទូល​សេចក្តីនុ៎ះ​ ចំពោះ​ព្រះដ៏​មានព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុមិនត្រូវ​ឆាន់​សាច់ឆ្កែទេ ភិក្ខុណា​ឆាន់ ត្រូវអាបត្តិ​ទុក្កដ។ សម័យ​នោះឯង ពេល​ស្រុក​អត់បាយ មនុស្ស​​ទាំងឡាយ​ ស៊ីសាច់ពស់ ក៏បាន​ប្រគេន​សាច់ពស់​ ដល់ពួក​ភិក្ខុ​ដែលត្រាច់​ទៅបិណ្ឌបាត។ ភិក្ខុ​​ទាំងឡាយ​ក៏នាំគ្នាឆាន់សាច់ពស់។ ពួកមនុស្ស​ពោលទោស តិះដៀល បន្តុះ​បង្អាប់​ថា ពួក​សមណ​សក្យបុត្រ មិនសមបើ​ នឹងហ៊ាន​ឆាន់សាច់ពស់សោះ ព្រោះ​ពស់​ជាសត្វ​គួរ​ខ្ពើមរអើម។ ចំណែកខាង​ស្តេចនាគ ឈ្មោះ​សុបស្ស​ បានចូល​ទៅគាល់​ព្រះដ៏​មានព្រះភាគ លុះ​ចូល​ទៅដល់​ហើយ ថ្វាយបង្គំ​ព្រះមានព្រះភាគ​ហើយ ឋិតនៅ​ក្នុង​ទីសមគួរ។ លុះសុបស្សនាគរាជ​ ឋិតនៅ​ក្នុង​ទីសមគួរ​ហើយ បានក្រាបបង្គំ​ទូល​ ព្រះដ៏មានព្រះភាគថា បពិត្រព្រះអង្គ​ដ៏ចំរើន នាគទាំងឡាយ ជាសត្វ​គ្មាន​សទ្ធា គ្មាន​សេចក្តី​ជ្រះថ្លាទេ ក្រែងពួកនាគ​ទាំងនោះ បៀតបៀន​ភិក្ខុ​ទាំងឡាយខ្លះ​មិនខាន បពិត្រ​ព្រះអង្គដ៏​ចំរើន ខ្ញុំព្រះអង្គ​សូម​អង្វរ សូមកុំ​ឲ្យ​លោកម្ចាស់​ទាំងឡាយ ​ឆាន់​សាច់​ពស់​ឡើយ។ លំដាប់នោះ ព្រះមានព្រះភាគ​ ញុំាង​សុបស្សនាគរាជ​ ឲ្យឃើញច្បាស់ ឲ្យកាន់យកតាម ឲ្យអាចហ៊ាន ឲ្យរីករាយ​ ដោយធម្មីកថា​ហើយ។ លុះសុបស្ស​នាគរាជ​ ដែលព្រះដ៏មានព្រះភាគ​ ទ្រង់​​ឲ្យឃើញច្បាស់ ឲ្យកាន់យកតាម ឲ្យអាចហ៊ាន ឲ្យរីករាយ​ដោយធម្មីកថា​ហើយ ក៏ថ្វាយ​បង្គំ​ព្រះដ៏មានព្រះភាគ​ ធ្វើប្រទក្សិណ​ចៀសចេញទៅ។ ព្រោះនិទាននេះ ដំណើរនេះ ទើប​ព្រះដ៏មានព្រះភាគ ទ្រង់ធ្វើ​ធម្មីកថា​ហើយ ត្រាស់ហៅ​ភិក្ខុ​ទាំងឡាយ​មកថា ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុមិនត្រូវ​ឆាន់​សាច់ពស់ទេ ភិក្ខុណា​ឆាន់ ត្រូវអាបត្តិ​ទុក្កដ។ សម័យ​នោះឯង ពួក​ព្រាន​សម្លាប់​សត្វ​សីហៈ​ហើយ ស៊ីសាច់សីហៈ ក៏បាន​ប្រគេន​សាច់សីហៈ​ ដល់ពួក​ភិក្ខុ ​ដែលត្រាច់​ទៅបិណ្ឌបាត។ ពួកភិក្ខុ​ឆាន់សាច់សីហៈហើយ ក៏ទៅនៅក្នុងព្រៃ។ ពួកសត្វ​សីហៈ ​ធុំក្លិន​សាច់សីហៈ ក៏សម្លាប់​ភិក្ខុ​ជាច្រើន។ ភិក្ខុទាំងឡាយ ក្រាបបង្គំ​ទូលសេចក្តី​នុ៎ះ ​ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​មិនត្រូវ​ឆាន់​សាច់​សីហៈទេ ភិក្ខុណា​ឆាន់ ត្រូវអាបត្តិ​ទុក្កដ។ សម័យ​នោះឯង ពួកព្រាន​សម្លាប់​ខ្លាធំ ហើយស៊ីសាច់​ខ្លាធំ ក៏បាន​ប្រគេន​សាច់​ខ្លាធំ ​ដល់​ពួកភិក្ខុ ​ដែលត្រាច់​ទៅបិណ្ឌបាត។ ពួកភិក្ខុឆាន់​សាច់ខ្លាធំហើយ ទៅនៅក្នុងព្រៃ។​ ពួកខ្លា​ធំ បានធុំក្លិន​សាច់​ខ្លា​ធំ ក៏សម្លាប់​ភិក្ខុ​ជាច្រើន។ ភិក្ខុទាំងឡាយ ក្រាបបង្គំ​ទូលសេចក្តី​នុ៎ះ​ ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​មិនត្រូវ​ឆាន់​សាច់​ខ្លាធំទេ ភិក្ខុណា​ឆាន់ ត្រូវអាបត្តិ​ទុក្កដ។ សម័យ​នោះឯង ពួកព្រាន​សម្លាប់​ខ្លាដំបង ហើយស៊ីសាច់​ខ្លាដំបង ក៏បាន​ប្រគេន​សាច់​ខ្លាដំបង ​ដល់​ពួកភិក្ខុ ​ដែលត្រាច់​ទៅបិណ្ឌបាត។ ពួកភិក្ខុឆាន់​សាច់ខ្លាដំបងហើយ ក៏ទៅនៅក្នុង​ព្រៃ។​ ពួកខ្លាដំបង បានធុំក្លិន​សាច់​ខ្លាដំបង ក៏សម្លាប់​ភិក្ខុ​ជាច្រើន។ ភិក្ខុទាំងឡាយ ក្រាបបង្គំ​ទូល​សេចក្តី​នុ៎ះ ​ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​មិនត្រូវ​ឆាន់​សាច់​ខ្លាដំបងទេ ភិក្ខុណា​ឆាន់ ត្រូវអាបត្តិ​ទុក្កដ។ សម័យ​នោះឯង ពួកព្រាន​សម្លាប់​ខ្លាឃ្មុំ ហើយ​ស៊ី​សាច់​​ខ្លាឃ្មុំ ក៏បាន​ប្រគេន​សាច់​ខ្លាឃ្មុំ ​ដល់​ពួកភិក្ខុ ​ដែលត្រាច់​ទៅបិណ្ឌបាត។ ពួកភិក្ខុឆាន់​សាច់​ខ្លា​ឃ្មុំហើយ ក៏ទៅនៅក្នុងព្រៃ។​ពួកខ្លា​ឃ្មុំ បានធុំក្លិន​សាច់​ខ្លាឃ្មុំហើយ ក៏សម្លាប់​ភិក្ខុ​ជាច្រើន។ ភិក្ខុទាំងឡាយ ក្រាបបង្គំ​ទូលសេចក្តី​នុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុ​មិនត្រូវ​ឆាន់​សាច់ខ្លាឃ្មុំទេ ភិក្ខុណា​ឆាន់ ត្រូវអាបត្តិ​ទុក្កដ។ សម័យ​នោះឯង ពួកព្រាន​សម្លាប់សត្វឆ្កែព្រៃ ហើយស៊ីសាច់​ឆ្កែព្រៃ ក៏បាន​ប្រគេន​សាច់ឆ្កែព្រៃ​ ដល់​ពួកភិក្ខុ​ដែល​ត្រាច់​​ទៅបិណ្ឌបាត។ ភិក្ខុទាំងឡាយ ឆាន់សាច់ឆ្កែព្រៃហើយ ក៏ទៅនៅក្នុងព្រៃ។ ពួកឆ្កែព្រៃ បានធុំក្លិន​សាច់​ឆ្កែព្រៃហើយ ក៏សម្លាប់​ភិក្ខុ​ជាច្រើន។ ភិក្ខុទាំងឡាយ ក្រាបបង្គំ​ទូលសេចក្តី​នុ៎ះ​ចំពោះ​ព្រះដ៏​មាន​ព្រះ​ភាគ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​មិនត្រូវ​ឆាន់​សាច់ឆ្កែព្រៃទេ ភិក្ខុណា​ឆាន់ ត្រូវអាបត្តិ​ទុក្កដ។

ចប់ សុប្បិយភាណវារៈ ទី២។

១៧០. យាគុមធុគោឡកានុជាននា

(១៧០)

[១០៩] គ្រានោះ ព្រះដ៏មានព្រះភាគ គង់​ទៀតក្រុងពារាណសី សមគួរ​តាមព្រះ​អធ្យាស្រ័យ​ហើយ ក៏យាងចេញ​ទៅកាន់​ចារិក​នៃអន្ធកវិន្ទ​ប្រទេស ជាមួយ​នឹងភិក្ខុ​សង្ឃ​ជាច្រើន ប្រមាណ​មួយពាន់​ពីររយហាសិបរូប។ សម័យ​នោះឯង ពួក​មនុស្ស​អ្នកជនបទ បានផ្ទុក​អម្បិល​ខ្លះ ប្រេងខ្លះ អង្ករខ្លះ ខាទនីយៈខ្លះ ក្នុងរទេះ​ទាំងឡាយ ហើយក៏​បរទៅ​តាមក្រោយៗ​ភិក្ខុសង្ឃ​ មាន​ព្រះពុទ្ធ​ជាប្រធាន។ ពួកមនុស្ស​អ្នកស៊ីដែល​ប្រមាណ​ប្រាំរយនាក់ ក៏គិតគ្នាថា (បើ) ពួក​យើង​បាន​លំដាប់​(វេន) នៃភត្ត​ក្នុងកាលណា នឹងធ្វើភត្ត​ក្នុងកាលនោះ។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់​យាង​ទៅកាន់​ចារិក​តាមលំដាប់ ក៏បាន​ដល់ទៅ​អន្ធកវិន្ទ​ប្រទេសនោះ។ លំដាប់នោះ កាល​ព្រាហ្មណ៍​ម្នាក់​មិនបាន​លំដាប់​(វេន)​នៃ​ភត្ត ក៏មានសេចក្តី​រិះគិត​យ៉ាង​នេះថា អាត្មាអញ​បានដើរ​តាម​ភិក្ខុសង្ឃ មានព្រះពុទ្ធ​ជាប្រធាន ជាង​២ខែហើយ ដោយប៉ងថា បើអាត្មាអញ​បាន​លំដាប់​(វេន) នៃភត្ត​ក្នុងកាលណា នឹងធ្វើ​ភត្ត​ក្នុងកាលនោះ ឥឡូវ​លំដាប់​(វេន)​នៃភត្ត​ អាត្មាអញ​មិន​ទាន់​បាននៅឡើយ ខ្លួនអញ​ទៀត​សោតក៏​តែម្នាក់ឯង ទាំង​ប្រយោជន៍​ខាង​ឃរាវាស​របស់​អាត្មាអញ​ទៀត ក៏សាបសូន្យ​ទៅជាច្រើន បើដូច្នោះ មានតែ​គួរ​អាត្មាអញ​ទៅត្រួតមើល​រោងភត្ត វត្ថុណា​គ្មាន​ក្នុងរោងភត្ត អាត្មាអញ​ក៏នឹង​តាក់តែង​នូវវត្ថុនោះ។ វេលា​ដែលព្រាហ្មណ៍​នោះទៅមើល​រោង​ភត្ត ក៏​មិនឃើញ​វត្ថុពីរយ៉ាង គឺ​បបរ​និងនំ​មានរស​ផ្អែមឡើយ​។67) ទើបព្រាហ្មណ៍​នោះចូល​ទៅរក​ព្រះអានន្ទ​ដ៏មានអាយុ លុះចូលទៅ​ដល់ហើយ និយាយ​នឹងព្រះអានន្ទ​ដ៏មានអាយុដូច្នេះថា បពិត្រ​ព្រះអានន្ទ​ដ៏ចំរើន កាលខ្ញុំ​ករុណា​មិនបាន​លំដាប់​(វេន) នៃភត្ត​ក្នុងទីនេះ ក៏មានសេចក្តី​ត្រិះរិះ​យ៉ាងនេះថា អាត្មាអញដើរ​តាម​ភិក្ខុសង្ឃ មានព្រះពុទ្ធ​ជាប្រធាន ជាង​២ខែហើយ ដោយប៉ងថា (បើ)អាត្មាអញ​បាន​លំដាប់​(វេន) នៃភត្ត​ក្នុងពេលណា នឹងធ្វើ​ភត្ត​ក្នុងពេលនោះ ឥឡូវអាត្មាអញ​មិនទាន់​បាន​​លំដាប់​(វេន)​នៃភត្ត​​នៅ​ឡើយ ខ្លួនអញ​ទៀត​សោតក៏​តែម្នាក់ឯង ទាំង​ប្រយោជន៍​ខាង​ឃរាវាស​របស់​អាត្មាអញ​ទៀត ក៏សាបសូន្យ​ទៅជាច្រើន បើដូច្នោះ មានតែ​គួរ​អាត្មាអញ​ទៅត្រួតមើល​រោងភត្ត វត្ថុណា​គ្មាន​ក្នុងរោងភត្ត អាត្មា​អញ​​នឹង​តាក់តែង​នូវវត្ថុនោះ (យ៉ាងនេះ) បពិត្រព្រះ​អានន្ទ​ដ៏ចំរើន កាលខ្ញុំ​ព្រះករុណា​ទៅមើល​រោង​ភត្ត ​មិនបានឃើញ​វត្ថុពីរយ៉ាង គឺ​បបរ​និងនំ​មានរស​ផ្អែមឡើយ បពិត្រ​ព្រះអានន្ទ​ដ៏ចំរើន បើ​ខ្ញុំ​ករុណា​តាក់តែង​បបរ និងនំ​មានរស​ផ្អែម​មកថ្វាយ ព្រះគោតម​ដ៏ចំរើន ទ្រង់​ទទួល​របស់​ខ្ញុំ​ករុណា​ដែរឬ។ ព្រះអានន្ទ​ប្រាប់ថា ម្នាល​ព្រាហ្មណ៍ បើដូច្នោះ ចាំអាត្មា​ទូលសួរ​ព្រះ​ដ៏មានព្រះភាគ​សិន។ លំដាប់​នោះ ព្រះអានន្ទ​ដ៏​មានអាយុ​បានក្រាប​បង្គំ​ទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាលអានន្ទ បើដូច្នោះ ឲ្យព្រាហ្មណ៍​នោះតាក់​តែងចុះ។ ទើប​ព្រះអានន្ទ​ទៅ​ប្រាប់ពា្រហ្មណ៍​ថា​ ម្នាលព្រាហ្មណ៍ បើដូច្នោះ អ្នកចូរ​តាក់តែង​ចុះ។ លុះរាត្រី​នោះកន្លង​ទៅហើយ ឯព្រាហ្មណ៍​នោះ​តាក់តែង​បបរ និង​នំមាន​រស​ផ្អែម​ជាច្រើន ក៏​បានបង្អោន​ថ្វាយ​ចំពោះ​ព្រះ​ដ៏​មានព្រះភាគ ហើយទូលថា សូមព្រះគោតម​ដ៏ចំរើន ទ្រង់​ទទួល​បបរ និង​នំ​មានរស​ផ្អែម​របស់​ខ្ញុំ​ព្រះអង្គ។ ព្រះដ៏មានព្រះភាគ​ទ្រង់​ត្រាស់ថា ម្នាលព្រាហ្មណ៍ បើដូច្នោះ​ អ្នកចូរ​ប្រគេន​ដល់​ភិក្ខុ​ទាំង​ឡាយចុះ។ ពួក​ភិក្ខុរង្កៀស មិនហ៊ាន​ទទួល។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុទាំងឡាយ អ្នកទាំង​ឡាយ​ចូរ​ទទួល​ចុះ ចូរ​ឆាន់ចុះ។ ព្រាហ្មណ៍​នោះ អង្គាស​ភិក្ខុសង្ឃ មាន​ព្រះពុទ្ធអង្គ ​ជាប្រធាន ដោយ​បបរ និងនំ​មានរស​ផ្អែម​ជាច្រើន ដោយដៃ​របស់ខ្លួន ឲ្យឆ្អែតស្កប់ស្កល់ ត្រាតែ​លោក​ប្រកែក​លែង​ទទួលទៀត លុះព្រះដ៏​មានព្រះភាគ ទ្រង់លាង​ព្រះហស្ថ​ស្រេច លែងលូក​ទៅក្នុងបាត្រ​ហើយ (ព្រាហ្មណ៍) ក៏អង្គុយ​ក្នុងទីសមគួរ។ លុះព្រាហ្មណ៍​នោះ អង្គុយ​ក្នុង​ទៅសមគួរហើយ ព្រះដ៏​មានព្រះភាគ​ទ្រង់មាន​បន្ទូល​ដូច្នេះថា ម្នាលព្រាហ្មណ៍ អានិសង្ស​បបរ​នេះ​មាន១០យ៉ាង អានិសង្សបបរ១០យ៉ាងនោះ តើដូចម្តេច គឺ​បុគ្គល​អ្នកឲ្យបបរ ឈ្មោះថា ឲ្យអាយុ១ ឲ្យពណ៌​សម្បុរ១ ឲ្យសេចក្តីសុខ១ ឲ្យកំលាំងកាយ១ ឲ្យប្រាជ្ញា១ បបរដែល​បុគ្គល​ហុត​ទៅហើយ រមែង​ហាមឃាត់​សេចក្តីឃ្លាន១ បន្ទោបង់សេចក្តី​ស្រេក១ ញុំាង​ខ្យល់​ឲ្យដើរ​ទៅស្រួល១ ញុំាង​សរសៃ​ឲ្យស្អាត១ ញុំាង​អាហារថ្មី​ដ៏សេសសល់​ឲ្យរលួយ១ ម្នាល​ព្រាហ្មណ៍ អានិសង្សបបរ​មាន​១០​យ៉ាង​នេះ​ឯង។

[១១០] ជនណា​បានឲ្យបបរ​ដោយគោរព ដល់ពួក​សមណៈ ដែលជាអ្នក​សង្រួម អ្នកបរិភោគ​ភោជន​ដែល​អ្នកដទៃ​ឲ្យ ក្នុងកាល​ដ៏គួរ (ជននោះ) ឈ្មោះថា ឲ្យនូវ​ហេតុ​នៃ​អានិសង្ស​ទាំង​១០យ៉ាងគឺ អាយុ១ ពណ៌សម្បុរ១ សេចក្តីសុខ១ កំឡាំងកាយ១ ប្រាជ្ញា​របស់​បុគ្គល​នោះ​តែង​កើតឡើង១ បបរនោះ​តែងកំចាត់​បង់សេចក្តី​ឃ្លាន១ សេចក្តី​ស្រេក១ និងញុំាង​ខ្យល់ (ឲ្យ​បាន​ដើរ​ស្រួល)១ ញុំាង​សរសៃ​ឲ្យស្អាត១ ញុំាង​ភត្ត​ឲ្យរលួយ១។ នេះជា​ភេសជ្ជៈ ដែល​ព្រះសុគត​ទ្រង់​សរសើរហើយ។ ព្រោះហេតុនោះ អ្នកមាន​សេចក្តី​ត្រូវការ​ ចង់​បាន​សេចក្តី​សុខ​ជារបស់​មនុស្ស​ក្តី ប្រាថ្នាសេចក្តី​សុខ​ជារបស់​ទិព្វក្តី ចង់បាន​សេចក្តី​ល្អរុងរឿង​ក្នុងមនុស្សក្តី គួរ​ឲ្យ​បបរជានិច្ចចុះ។

[១១១] លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់​អនុមោទនា​ចំពោះ​ព្រាហ្មណ៍​នោះ​ដោយ​គាថា​ទាំងនេះហើយ ទ្រង់ក្រោកចាក​អាសនៈ យ៉ាងចេញទៅ។ ព្រោះនិទាននេះ ដំណើរ​នេះ ទើបព្រះដ៏​មានព្រះភាគ ទ្រង់​ធ្វើធម្មីកថា ហើយត្រាស់ហៅ​ពួកភិក្ខុមកថា ម្នាល​ភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត ​(​ឲ្យភិក្ខុ​ឆាន់) បបរ និងនំមាន​រសផ្អែម​បាន។

១៧១. តរុណបសន្នមហាមត្តវត្ថុ

(១៧១)

[១១២] ពួកមនុស្ស​បានឮដំណឹងថា ព្រះដ៏​មានព្រះភាគ ទ្រង់​អនុញ្ញាត​បបរ​ និងនំមានរស​ផ្អែមដល់​ភិក្ខុទាំងឡាយ (ដូច្នោះ) ហើយ។ មនុស្ស​ទាំងនោះ ក៏នាំគ្នាតាក់តែង​បបរភោជ្ជ ​68) និងនំមានរសផ្អែម ពីព្រឹកព្រហាម (មកប្រគេនភិក្ខុទាំងឡាយ)។ ពួកភិក្ខុបានឆាន់បបរភោជ្ជ និងនំមានរសផ្អែម ឆ្អែតពីព្រឹកព្រហាមហើយ លុះទៅឆាន់​ក្នុងរោងភត្ត​ទៀត ក៏មិនបានឆ្ងាញ់ពីសា។ សម័យនោះឯង មានមហាមាត្យម្នាក់ ជាអ្នកមាន​សេចក្តី​ជ្រះថ្លា​ថ្មី (មិនទាន់មុតមាំ) បាននិមន្តភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធានទុក ដើម្បីឆាន់ក្នុងថ្ងៃស្អែក។ លំដាប់នោះ មហាមាត្យ អ្នកមានសេចក្តីជ្រះថ្លាថ្មីនោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា បើដូច្នោះ មានតែគួរអាត្មាអញតាក់តែង​ចង្ហាន់សាច់ ចំនួន​១២៥០​សម្រាប់ (ឲ្យល្មម) ដល់ភិក្ខុ១២៥០រូប ហើយប្រគេនចង្ហាន់​សាច់មួយសម្រាប់​ៗ ដល់ភិក្ខុមួយរូបៗ។ មហាមាត្យ អ្នកមានសេចក្តីជ្រះថ្លា​ថ្មី​នោះ លុះកន្លងរាត្រីនោះទៅ ក៏បានតាក់តែង​ខាទនីយភោជនីយៈ ដ៏ឧត្តម និងចង្ហាន់សាច់​១២៥០​សម្រាប់ ហើយក៏ប្រើបម្រើឲ្យទៅក្រាបបង្គំទូល​ពេលឆាន់ ចំពោះ​ព្រះដ៏មានព្រះភាគថា បពិត្រ​ព្រះអង្គដ៏ចំរើន ពេលនេះល្មមហើយ ភត្តសម្រេចហើយ។ គ្រានោះ ពេលព្រឹកព្រហាម ព្រះដ៏មាន​ព្រះភាគ​ទ្រង់​ស្បង់​ ហើយប្រដាប់​ដោយបាត្រ និងចីវរ យាងទៅកាន់ផ្ទះ​មហាមាត្យ អ្នកមាន​សេចក្តី​ជ្រះថ្លា​ថ្មីនោះ លុះយាង​ទៅដល់ហើយ ទ្រង់គង់​លើអាសនៈ ដែលគេរៀបចំថ្វាយ មួយអន្លើ​ ដោយភិក្ខុសង្ឃ។ ឯមហាមាត្យ អ្នកមាន​សេចក្តី​ជ្រះថ្លា​ថ្មីនោះ បានអង្គាស​ពួកភិក្ខុ​ក្នុងរោងភត្ត។ ភិក្ខុ​ទាំងឡាយ​ បាននិយាយ​យ៉ាងនេះថា ម្នាលអាវុសោ អ្នកចូរឲ្យ (ភត្ត) តែបន្តិចចុះ ម្នាលអាវុសោ អ្នកចូរឲ្យតែបន្តិចបានហើយ។ មហាមាត្យនិយាយថា បពិត្រលោកដ៏ចំរើន សូមលោកម្ចាស់​ទាំងឡាយ កុំទទួលភត្តបន្តិចបន្តួច ដោយគិតថា មហាមាត្យនេះ មានសេចក្តីជ្រះថ្លាថ្មី ខាទនីយ​ភោជនីយៈ ខ្ញុំបានចាត់ចែងទុកហើយជាច្រើន ទាំងចង្ហាន់សាច់១២៥០សម្រាប់ផង ខ្ញុំនឹងប្រគេន​ចង្ហាន់សាច់​មួយសម្រាប់ៗ ដល់ភិក្ខុមួយរូបៗ បពិត្រលោកដ៏ចំរើន សូមលោកម្ចាស់​ទាំងឡាយ​ ទទួល ដរាបដល់ឆ្អែត។ ពួកភិក្ខុនិយាយតបថា ម្នាលអាវុសោ យើងទាំងឡាយ ទទួលភត្ត​បន្តិច​ៗ ព្រោះ​ហេតុប៉ុណ្ណេះ ក៏ទេ យើងទាំងឡាយ ឆាន់បបរភោជ្ជ និងនំ​មានរសផ្អែម ឆ្អែតអំពីព្រឹក​រួចហើយ ព្រោះហេតុនោះ បានជាយើងទទួលភត្តតែបន្តិចៗ។ លំដាប់នោះ មហាមាត្យ អ្នកមាន​សេចក្តី​ជ្រះថ្លា​ថ្មីនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ខ្ញុំបាននិមន្ត​លោកម្ចាស់ទាំងឡាយ​រួចហើយ មិនសមបើនឹងទៅឆាន់បបរភោជ្ជ​របស់ជនឯទៀតសោះ (លោកម្ចាស់​ខ្លាចក្រែង) ខ្ញុំ​មិនអាច​នឹងប្រគេន​ឲ្យឆាន់ឆ្អែត​បានឬ។ មហាមាត្យនោះ មានសេចក្តីក្រោធ តូចចិត្ត ប្រាថ្នានឹង​ចោទ កាលដាក់បាត្រ​ភិក្ខុទាំងឡាយពេញហើយ ក៏ដើរទៅនិយាយថា ពួកលោកណាចង់​ឆាន់ក្តី នាំយកទៅក្តី​ (ក៏តាមចិត្តចុះ)។ លំដាប់នោះ មហាមាត្យ អ្នកមាន​សេចក្តី​ជ្រះថ្លា​ថ្មីនោះ បានអង្គាស​ភិក្ខុសង្ឃ មានព្រះពុទ្ធ​ជាប្រធាន ដោយខាទនីយភោជនីយៈ ដ៏ឧត្តម ដោយដៃនៃខ្លួន ឲ្យឆ្អែត ស្កប់ស្កល់ ត្រាតែលោកប្រកែក លែងទទួលទៀត លុះព្រះដ៏មានព្រះភាគ ទ្រង់សោយស្រេច លែងលូកព្រះហស្ថទៅក្នុងបាត្រហើយ (មហាមាត្យ) ក៏អង្គុយ​ក្នុងទីសមគួរ។ លុះមហាមាត្យ អ្នកមាន​សេចក្តី​ជ្រះថ្លា​ថ្មីនោះ អង្គុយ​នៅក្នុងទីសមគួរហើយ ព្រះដ៏មានព្រះភាគ ទ្រង់ឲ្យ​ឃើញច្បាស់ ឲ្យកាន់យកតាម ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថា ហើយទ្រង់​ក្រោកចាក​អាសនៈ យាងចេញទៅ។ ឯមហាមាត្យ អ្នកមាន​សេចក្តី​ជ្រះថ្លា​ថ្មីនោះ កាលព្រះដ៏មានព្រះភាគ យាងចេញទៅ​ មិនយូរប៉ុន្មាន ក៏កើតសេចក្តីរង្កៀស និងសេចក្តីក្តៅក្រហាយថា អាត្មាអញ ឥតលាភទេតើ លាភរបស់អាត្មាអញ គ្មានសោះទេហ្ន៎ ទាំងអត្តភាពជាមនុស្សសោត ក៏​អាត្មាអញ​បានដោយកម្រ មិនមែនអាត្មាអញ​បានដោយងាយទេ (ឥឡូវ) អាត្មាអញ ខឹង តូចចិត្ត ប្រាថ្នា​នឹងចោទ បានដាក់បាត្រភិក្ខុទាំងឡាយឲ្យពេញ ហើយដើរចៀសចេញទៅ និយាយថា លោក​ទាំងឡាយ​ ចូរឆាន់ក្តី នាំយកទៅក្តី (ក៏តាមចិត្តចុះ) កម្មដែលអាត្មាអញ សន្សំមកជាច្រើន​ហើយ (នេះ) នឹងជាបុណ្យ ឬជាបាបហ្ន៎។ ឯមហាមាត្យ អ្នកមាន​សេចក្តី​ជ្រះថ្លា​ថ្មីនោះ ក៏ចូល​ទៅគាល់​ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំ​ព្រះដ៏មានព្រះភាគ ហើយអង្គុយ​ក្នុងទី​សមគួរ។ លុះ​មហាមាត្យ អ្នកមាន​សេចក្តី​ជ្រះថ្លា​ថ្មីនោះអង្គុយ​ក្នុងទីសមគួរ​ហើយ ក៏ក្រាប​បង្គំ​ទូលព្រះដ៏មានព្រះភាគ​ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន កាលដែលព្រះដ៏មានព្រះភាគ យាង​ចេញ​​ទៅមិនយូរប៉ុន្មាន ក្នុងវេលានេះ ខ្ញុំព្រះអង្គក៏មានសេចក្តីរង្កៀស និងសេចក្តី​ក្តៅ​ក្រហាយថា អាត្មា​អញ ឥតលាភទេតើ លាភរបស់អាត្មាអញ គ្មានសោះទេហ្ន៎ ទាំងអត្តភាពជាមនុស្សសោត ក៏​អាត្មាអញ​បានដោយកម្រ មិនមែនអាត្មាអញ​បានដោយងាយទេ (ឥឡូវ) អាត្មាអញ ខឹង អន់ចិត្ត ប្រាថ្នា​នឹងចោទ បានដាក់បាត្រភិក្ខុទាំងឡាយឲ្យពេញហើយ ដើរចៀសចេញទៅ និយាយថា លោក​ទាំងឡាយ​ ចូរឆាន់ក្តី នាំយកទៅក្តី (ក៏តាមចិត្តចុះ) កម្មដែលអាត្មាអញ បាន​សន្សំ​មកជា​ច្រើន​​ហើយ (នេះ) នឹងជាបុណ្យ ឬជាបាបហ្ន៎ បពិត្រ​ព្រះអង្គដ៏ចំរើន កម្មដែលខ្ញុំព្រះអង្គ​បាន​សន្សំ​មកជាច្រើនហើយ (នេះ) តើនឹងជាបុណ្យ ឬជាបាប។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលអាវុសោ ភិក្ខុសង្ឃ មានព្រះពុទ្ធ​ជាប្រធាន ដែលអ្នកបាន​និមន្ត​ ដើម្បីឆាន់ក្នុងថ្ងៃស្អែក ដោយចំណែកណា ចំណែកដែលអ្នកបាន​សន្សំហើយនោះ ក៏ជាបុណ្យ​យ៉ាងច្រើន គ្រាប់បាយ​មួយគ្រាប់ៗរបស់អ្នក ដែលភិក្ខុមួយរូបៗ ទទួលហើយ ដោយចំណែកណា ចំណែកដែលអ្នកបានសន្សំនោះ ក៏ជាបុណ្យ​យ៉ាងច្រើនហើយ ឈ្មោះថា អ្នកឯង​ប្រារព្ធ​យកឋានសួគ៌ហើយ។ ឯមហាមាត្យ អ្នកមានសេចក្តី​ជ្រះថ្លាថ្មីនោះ ក៏គិតថា ប្រហែលជាលាភ​របស់អាត្មាអញហើយ ប្រហែលជាអាត្មាអញ បានអត្ត​ភាព ជាមនុស្សល្អហើយ ប្រហែលជាអាត្មាអញ បានសន្សំបុណ្យជាច្រើនហើយ ប្រហែល​ជាឈ្មោះថា អាត្មាអញ​ប្រារព្ធ​យកឋានសួគ៌ហើយ ក៏មានចិត្តរីករាយ ស្រស់ស្រាយឡើង ក្រោកចាក​អាសនៈ ហើយថ្វាយបង្គំ​ព្រះដ៏មានព្រះភាគ ធ្វើប្រទក្សិណ រួចចៀសចេញទៅ។ ព្រោះនិទាននេះ ដំណើរនេះ ទើបព្រះដ៏មានព្រះភាគ ទ្រង់ឲ្យប្រជុំ​ភិក្ខុសង្ឃ ហើយត្រាស់សួរ​ ចំពោះ​ពួកភិក្ខុថា ម្នាលភិក្ខុទាំងឡាយ ឮថា គេបាននិមន្ត​ពួកភិក្ខុទៅក្នុងត្រកូលដទៃហើយ ភិក្ខុទាំងនោះ នៅឆាន់បបរភោជ្ជ របស់​ត្រកូលឯទៀតវិញ ពិតមែនឬ។ ពួកភិក្ខុក្រាបបង្គំ​ទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធ​ជាម្ចាស់ដ៏មានព្រះភាគ ទ្រង់តិះដៀលថា ម្នាល​ភិក្ខុទាំងឡាយ មោឃបុរស​ទាំងនោះ បាននិមន្ត​ក្នុងត្រកូលដទៃហើយ មិនសមបើ​នឹងទៅ​ឆាន់​បបរភោជ្ជ របស់ត្រកូលឯទៀតសោះ ម្នាលភិក្ខុទាំងឡាយ អំពើនេះ មិននាំឲ្យជ្រះថ្លា ដល់ពួកជន ដែលមិនទាន់ជ្រះថ្លាទេ។បេ។ ទ្រង់តិះដៀលហើយ ទ្រង់ធ្វើ​ធម្មីកថា ត្រាស់ហៅភិក្ខុទាំងឡាយមក​ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុទទួលនិមន្តក្នុងត្រកូលដទៃហើយ មិនត្រូវឆាន់បបរភោជ្ជ របស់ត្រកូល​ឯទៀតទេ ភិក្ខុណាឆាន់ ត្រូវវិនយធរ​ឲ្យភិក្ខុនោះធ្វើតាមធម៌ (គឺ​ឲ្យសំដែងអាបត្តិ​ចេញ)។

១៧២. ពេលដ្ឋកច្ចានវត្ថុ

(១៧២)

[១១៣] គ្រានោះ ព្រះដ៏មានព្រះភាគ គង់នៅក្នុង​អន្ធកវិន្ទប្រទេស តាមសមគួរ​ដល់ព្រះ​អធ្យាស្រ័យហើយ ទ្រង់យាងចេញទៅកាន់ចារិក ក្រុងរាជគ្រឹះ មួយអន្លើ​ដោយភិក្ខុសង្ឃច្រើន ប្រមាណ​១២៥០រូប។ សម័យនោះឯង បុរស​ឈ្មោះ​វេលដ្ឋកច្ចាន បានផ្ទុកសុទ្ធតែក្អមស្ករអំពៅ ពេញរទេះទាំង៥០០ហើយ ក៏ចេញចាកក្រុងរាជគ្រឹះ ទៅតាម​ផ្លូវឆ្ងាយ ចំពោះ​អន្ធកវិន្ទ​ប្រទេស។ ព្រះដ៏មានព្រះភាគ បានទតឃើញ​វេលដ្ឋកច្ចាន​ដើរមកអំពីចម្ងាយ លុះទតឃើញហើយ ទ្រង់យាង​ចៀសអំពីផ្លូវ ទៅគង់ក្រោម​ម្លប់ឈើមួយ។ លំដាប់នោះ វេលដ្ឋកច្ចាន បានចូលទៅ​គាល់​ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំ​ព្រះដ៏មានព្រះភាគ រួចឈរនៅ​ក្នុងទីសមគួរ។ លុះវេលដ្ឋកច្ចាន ឈរ​នៅក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូល​ព្រះដ៏មានព្រះភាគ​ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គចង់​ប្រគេន​ស្ករអំពៅមួយក្អមៗ ដល់ភិក្ខុមួយរូបៗ។ ព្រះដ៏មានព្រះភាគ​ ទ្រង់ត្រាស់ថា ម្នាលកច្ចាន បើដូច្នោះ ចូរអ្នកឯងទៅយកស្ករអំពៅ​តែមួយក្អម​មកមើលសិន។ វេលដ្ឋកច្ចាន បានទទួល​ព្រះបន្ទូលព្រះដ៏មានព្រះភាគ​ថា ព្រះករុណា​ព្រះអង្គ ហើយយកស្ករអំពៅមួយក្អម ដើរចូលទៅរកព្រះដ៏មានព្រះភាគ​ លុះចូលទៅដល់ហើយ ក្រាប​បង្គំទូលព្រះដ៏មានព្រះភាគ​ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គបានយកក្អម​ស្ករអំពៅ​មកហើយ បពិត្រព្រះអង្គដ៏ចំរើន តើខ្ញុំ​ព្រះអង្គ នឹងត្រូវប្រតិបត្តិដូចម្តេច។ ព្រះដ៏មានព្រះភាគ​ ទ្រង់​ត្រាស់ថា ម្នាលកច្ចាន បើដូច្នោះ អ្នកឯងចូរប្រគេន​ស្ករអំពៅ ដល់ភិក្ខុទាំងឡាយចុះ។ វេលដ្ឋកច្ចាន ទទួលព្រះបន្ទូលព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ ហើយប្រគេនស្ករអំពៅ ដល់ភិក្ខុទាំង​ឡាយ រួច​ក្រាបបង្គំទូល​ព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គបានប្រគេន​ស្ករអំពៅ ដល់ពួកភិក្ខុរួចហើយ ឥឡូវ ស្ករអំពៅនេះ នៅសល់ជាច្រើន បពិត្រព្រះអង្គ​ដ៏ចំរើន តើខ្ញុំ​ព្រះអង្គនឹងត្រូវ​ប្រតិបត្តិ​ដូចម្តេច។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលកច្ចាន បើដូច្នោះ អ្នកឯង ចូរប្រគេន​ស្ករអំពៅ ដល់ពួកភិក្ខុ ដរាបដល់អស់ចំណង់ចុះ។ ​​វេលដ្ឋកច្ចាន ទទួល​ព្រះបន្ទូល​ព្រះមាន​ព្រះភាគ​ថា ព្រះករុណាព្រះអង្គ ហើយប្រគេនស្ករអំពៅ ដល់ពួកភិក្ខុ ដរាបដល់​អស់​ចំណង់ រួច​ក្រាបបង្គំទូល​ព្រះដ៏មានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គបានប្រគេន​ស្ករអំពៅ ដល់ពួកភិក្ខុ ដរាបដល់​អស់ចំណង់ហើយ តែស្ករអំពៅនេះ នៅសល់ច្រើន បពិត្រព្រះអង្គ​ដ៏ចំរើន តើខ្ញុំ​ព្រះអង្គ ត្រូវ​ប្រតិបត្តិ​ដូចម្តេច។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលកច្ចាន បើដូច្នោះ អ្នកឯង ចូរ​ឲ្យពួក​ភិក្ខុឆាន់​ឆ្អែត ស្កប់ស្កល់ ដោយស្ករអំពៅ​ទាំងឡាយចុះ។ វេលដ្ឋកច្ចាន ទទួល​ព្រះបន្ទូល​ព្រះដ៏មានព្រះភាគថា ព្រះករុណាព្រះអង្គ ហើយបានញុំាងពួកភិក្ខុឲ្យឆ្អែត ស្កប់ស្កល់ ដោយស្ករអំពៅ​ទាំងឡាយ។ ភិក្ខុពួកខ្លះ ដាក់ពេញបាត្រ ក៏មាន វេចនឹងសម្ពត់​តម្រងទឹកក៏មាន ដាក់ពេញ​ថង់យាមក៏មាន។ លុះវេលដ្ឋកច្ចាន បានឲ្យពួកភិក្ខុ​ឆាន់ឆ្អែតស្កប់ស្កល់ ដោយស្ករអំពៅ​ទាំងឡាយហើយ ក៏​ក្រាបបង្គំទូល​ព្រះដ៏មានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ​បាន​ឲ្យពួកភិក្ខុ​ឆាន់ឆ្អែតស្កប់ស្កល់ ដោយ​ស្ករអំពៅទាំងឡាយហើយ តែថា ស្ករអំពៅនេះ ក៏នៅសល់ច្រើន បពិត្រព្រះអង្គ​ដ៏ចំរើន តើខ្ញុំ​ព្រះអង្គនឹងត្រូវ​ប្រតិបត្តិ​ដូចម្តេច។ ព្រះអង្គ​ទ្រង់​ត្រាស់​ថា ម្នាលកច្ចាន បើដូច្នោះ អ្នកឯង ចូរឲ្យ​ស្ករអំពៅ ដល់ពួកមនុស្ស អ្នកស៊ីដែលផងចុះ។ វេលដ្ឋកច្ចាន បានទទួលព្រះបន្ទូលព្រះដ៏មានព្រះភាគថា ព្រះករុណាព្រះអង្គ ហើយ​ឲ្យស្ករអំពៅ ដល់ពួកមនុស្ស អ្នកស៊ីដែល រួច​ក្រាបបង្គំទូល​ព្រះដ៏មានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គបានឲ្យ​ស្ករអំពៅ ដល់ពួកមនុស្ស អ្នកស៊ីដែលហើយ តែថា ស្ករអំពៅនេះ នៅសល់ច្រើន បពិត្រព្រះអង្គ​ដ៏ចំរើន តើខ្ញុំ​ព្រះអង្គនឹងត្រូវ​ប្រតិបត្តិ​ដូចម្តេច។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលកច្ចាន បើដូច្នោះ អ្នកឯង ចូរឲ្យ​ស្ករអំពៅ ដល់ពួកមនុស្ស អ្នកស៊ីដែល ដរាបដល់​អស់ចំណង់ចុះ។ វេលដ្ឋកច្ចាន បានទទួលព្រះបន្ទូលព្រះដ៏មានព្រះភាគថា ព្រះករុណាព្រះអង្គ ហើយក៏​ឲ្យ​ស្ករអំពៅ ដល់ពួកមនុស្ស អ្នកស៊ីដែល ដរាបដល់អស់ចំណង់ រួច​ក្រាបបង្គំទូល​ព្រះដ៏មាន​ព្រះភាគ​ដូច្នេះ​ថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គបានឲ្យ​ស្ករអំពៅ ដល់ពួកមនុស្ស អ្នកស៊ីដែល ដរាប​ដល់អស់​ចំណង់ហើយ តែថា ស្ករអំពៅនេះ ក៏នៅសល់ច្រើន បពិត្រព្រះអង្គ​ដ៏ចំរើន តើខ្ញុំ​ព្រះអង្គ​ត្រូវ​​ប្រតិបត្តិ​ដូចម្តេច។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលកច្ចាន បើដូច្នោះ អ្នកឯង ចូរឲ្យពួកមនុស្ស អ្នកស៊ីដែលឆ្អែតស្កប់ស្កល់ ដោយស្ករអំពៅទាំងឡាយចុះ។ វេលដ្ឋកច្ចាន បាន​ទទួល​ព្រះបន្ទូល​ព្រះដ៏មានព្រះភាគថា ព្រះករុណាព្រះអង្គ ហើយ​ឲ្យពួកមនុស្ស អ្នកស៊ីដែល ឆ្អែតស្កប់ស្កល់ ដោយស្ករអំពៅទាំងឡាយ។ ពួកមនុស្ស អ្នកស៊ីដែលខ្លះ ដាក់ពេញក្រឡក៏មាន ដាក់ពេញក្អមក៏មាន វេចនឹងសម្ពត់កម្រាលក៏មាន ដាក់ពេញថ្នក់ក៏មាន។ លំដាប់នោះ វេលដ្ឋកច្ចាន បានឲ្យ​ពួកមនុស្ស អ្នកស៊ីដែល ឆ្អែតស្កប់ស្កល់ ដោយស្ករអំពៅ​ទាំងឡាយ រួច​ក្រាបបង្គំ​ទូល​ព្រះដ៏មានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គបានឲ្យពួក​មនុស្ស អ្នកស៊ីដែល ឆ្អែតស្កប់ស្កល់ ដោយ​ស្ករអំពៅទាំងឡាយហើយ តែថា ស្ករអំពៅនេះ នៅសល់ច្រើន បពិត្រព្រះអង្គ​ដ៏ចំរើន តើខ្ញុំ​ព្រះអង្គនឹងត្រូវ​ប្រតិបត្តិ​ដូចម្តេច។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលកច្ចាន ក្នុងលោក ព្រមទាំងទេវតា ព្រមទាំងមារ ព្រមទាំងព្រហ្ម ក្នុងពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ព្រមទាំងសម្មតិទេព និងមនុស្ស តថាគត មិនដែលឃើញអ្នកណាមួយ​ឆាន់ស្ករអំពៅហើយ ស្ករអំពៅ​នោះ រលួយ​ទៅដោយស្រួលទេ វៀរលែងតែតថាគត ឬសាវក​របស់តថាគត​ប៉ុណ្ណោះ ម្នាល​កច្ចាន បើដូច្នោះ ចូរអ្នកឯង ចោលស្ករអំពៅ​នោះ ទៅក្នុងទីដែលគ្មានស្មៅស្រស់ ឬចាក់​ចោលទៅក្នុងទឹក ដែលគ្មានសត្វក៏បាន។ វេលដ្ឋកច្ចាន បានទទួល​ព្រះបន្ទូល​ព្រះដ៏មានព្រះភាគ​ថា ព្រះករុណាព្រះអង្គ ហើយចាក់ចោល​ស្ករអំពៅនោះ ទៅក្នុងទឹក​ដែលគ្មានសត្វ។ ឯស្ករអំពៅ​ដែល​វេលដ្ឋកច្ចាន​ដាក់ចុះទៅក្នុងទឹកនោះ ក៏លាន់ឮសំឡេងថា ចិច្ចិដិ ចិចិដិ ហុយផ្សែងឡើង​ដេរដាស គួរនាដូចជាផាលនង្គ័ល នៅហាលថ្ងៃអស់មួយថ្ងៃហើយ បុគ្គលដាក់ចុះទៅក្នុងទឹក រមែង​ឮសំឡេងថា ចិច្ចិដិ ចិចិដិ ហុយផ្សែង​ឡើងដេរដាស យ៉ាងណាមិញ ស្ករអំពៅនោះ ដែលបុគ្គល​ដាក់​ចុះទៅក្នុងទឹកហើយ រមែងឮសំឡេងថា ចិច្ចិដិ ចិចិដិ ហុយផ្សែង​ឡើងដេរដាស ដូច្នោះដែរ។ លំដាប់នោះឯង វេលដ្ឋកច្ចាន មានសេចក្តីស្លុតចិត្ត កើតព្រឺព្រួចអស់ទាំងរោម ហើយចូលទៅ​គាល់​ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ក៏ក្រាបថ្វាយបង្គំ​ព្រះដ៏មានព្រះភាគ រួចអង្គុយនៅ​ក្នុងទី​សមគួរ។ លុះវេលដ្ឋកច្ចាន អង្គុយនៅ​ក្នុងទីសមគួរហើយ ព្រះមានព្រះភាគ ទ្រង់សំដែង​អនុបុព្វីកថា គឺទ្រង់ប្រកាសអំពីទាន១ អំពីសីល១ អំពីស្ថានសួគ៌១ អំពីទោសដ៏លាមកសៅហ្មង របស់កាម​ទាំងឡាយ១ និងអានិសង្ស​ ក្នុងការចេញចាកកាម១។ វេលាណា ព្រះដ៏មានព្រះភាគ ទ្រង់ជ្រាបថា វេលដ្ឋកច្ចាន មានចិត្តស្រួល មានចិត្តទន់ មានចិត្ត​ប្រាសចាកនីវរណៈ មានចិត្តស្រស់​ស្រាយឡើង មានចិត្តជ្រះថ្លា វេលានោះ ក៏ទ្រង់ប្រកាស​ធម្មទេសនា ដែលព្រះពុទ្ធ​ទាំងឡាយ ទ្រង់លើក​ឡើងប្រកាស​ចំពោះ​ព្រះអង្គឯង គឺទុក្ខសច្ច សមុទយសច្ច និរោធសច្ច មគ្គសច្ច។ គួរនាដូចជាសម្ពត់​សស្អាត ប្រាសចាកវត្ថុមានពណ៌ខ្មៅ គួរទទួលទឹកជ្រលក់​ដោយល្អ យ៉ាងណាមិញ ឯវេលដ្ឋកច្ចាន ក៏បានកើតធម្មចក្ខុ គឺសោតាបត្តិមគ្គ ប្រាសចាកធូលី ប្រាសចាក​គ្រឿង​សៅហ្មង លើអាសនៈ​នោះឯង ដូច្នេះថា ធម្មជាតិណាមួយ ដែលកើតឡើង​ជាធម្មតា ធម្មជាតិ​ទាំងអស់នោះ ក៏តែងរលត់​ទៅវិញ ជាធម្មតា យ៉ាងនោះដែរ។ គ្រាដែលវេលដ្ឋកច្ចាន បានឃើញ​សច្ចធម៌ហើយ បានដល់សច្ចធម៌ហើយ បានដឹងច្បាស់សច្ចធម៌ហើយ បានយាង​ចុះកាន់​សច្ចធម៌ហើយ បានឆ្លងវិចិកិច្ឆា កំចាត់បង់នូវ​សេចក្តី​ងឿងឆ្ងល់ ដល់នូវ​ភាវៈ​ជាអ្នក​ក្លៀវក្លា មិនជឿបុគ្គលដទៃ​ ក្នុងសាសនានៃព្រះសាស្តា ក៏បានក្រាបបង្គំទូល​ព្រះមានព្រះភាគយ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ភាសិតរបស់ព្រះអង្គពីរោះណាស់ បពិត្រព្រះអង្គដ៏ចំរើន ភាសិត​របស់​ព្រះអង្គ​ពីរោះណាស់ បពិត្រព្រះអង្គដ៏ចំរើន គួរនាដូចជាមនុស្សចាប់របស់​ដែលគេផ្កាប់ចុះ​ ឲ្យផ្ងារ​ឡើង ពុំនោះ ដូចជាមនុស្ស​បើបង្ហាញ​របស់ដែលគេ​លាក់បាំងទុក ពុំនោះសោត ដូចជា​មនុស្ស​ប្រាប់​ផ្លូវ​ដល់អ្នកវង្វេង ឬក៏ដូចជាមនុស្សកាន់ប្រទីប ទ្រោល​បំភ្លឺក្នុងទីងងឹត ដោយគិតថា ឲ្យមនុស្ស​ដែលមានភ្នែកភ្លឺ មើលឃើញនូវរូបទាំងឡាយ យ៉ាងណាមិញ ធម៌ដែលព្រះដ៏មានព្រះ​ភាគ ទ្រង់ប្រកាសហើយ ដោយអនេកបរិយាយ ក៏យ៉ាងនោះដែរ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ​នេះ សូមដល់ព្រះដ៏មានព្រះភាគផង ព្រះធម៌ផង ព្រះសង្ឃផង ថាជាទីពឹង ទីរលឹក សូម​ព្រះដ៏​មានព្រះភាគ ចាំទុកនូវខ្ញុំថាជាឧបាសក អ្នកដល់ (នូវ​ព្រះរតនត្រ័យ) ថាជាទីពឹង ស្មើដោយ​ជីវិត តាំង​អំពី​ថ្ងៃនេះ ជាដើមទៅ។

[១១៤] គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់យាង​ទៅកាន់ចារិក តាមលំដាប់​ បានដល់​ទៅក្រុង​រាជគ្រឹះនោះ។ បានឮថា ព្រះមានព្រះភាគ គង់ក្នុង​វត្តវេឡុវនកលន្ទកនិវាបស្ថាន ជិតក្រុង​រាជគ្រឹះនោះ។ សម័យ​នោះឯង ស្ករអំពៅ​កើតឡើង​ជាច្រើនក្នុងក្រុងរាជគ្រឹះ។ ពួកភិក្ខុក៏​រង្កៀសថា ស្ករអំពៅ ព្រះដ៏មានព្រះភាគ ទ្រង់អនុញ្ញាត​ចំពោះតែភិក្ខុមានជម្ងឺ​ប៉ុណ្ណោះ មិនបានទ្រង់​អនុញ្ញាត​ដល់ភិក្ខុគ្មានជម្ងឺឡើយ ក៏មិនហ៊ាន​ឆាន់ស្ករអំពៅ។ ពួកភិក្ខុក្រាបបង្គំ​ទូលសេចក្តីនុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ស្ករអំពៅ​ដល់ភិក្ខុ​មានជម្ងឺ (អនុញ្ញាត) ទឹកស្ករអំពៅ​ដល់ភិក្ខុគ្មានជម្ងឺ។

១៧៣. បាដលិគាមវត្ថុ

(១៧៣)

[១១៥] លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងក្រុងរាជគ្រឹះ តាមសមគួរ​ដល់ព្រះ​អធ្យាស្រ័យហើយ ទើបយាងចេញ​ទៅកាន់ចារិកនៃ​បាដលិគ្រាម មួយអន្លើដោយ​ភិក្ខុសង្ឃ​ច្រើន ប្រមាណ​១២៥០រូប។ គ្រាកាលព្រះដ៏មានព្រះភាគ ទ្រង់យាង​ទៅកាន់ចារិក​ដោយលំដាប់ ក៏បាន​ដល់ទៅ​បាដលិគ្រាមនោះ។ ពួកឧបាសក​នៅក្នុង​បាដលិគ្រាម បានឮដំណឹងថា ព្រះដ៏មានព្រះភាគ ទ្រង់យាងមកដល់​បាដលិគ្រាមហើយ។ គ្រានោះ ពួកឧបាសកនៅក្នុង​បាដលិគ្រាម បាននាំគ្នាចូលទៅ​គាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំ​ព្រះដ៏មានព្រះភាគ រួចអង្គុយ​ក្នុងទីសមគួរ។ លុះពួកឧបាសក​ អ្នកនៅក្នុង​បាដលិគ្រាម អង្គុយ​ក្នុងទីសមគួរ​ហើយ ទើបព្រះដ៏មានព្រះភាគ ទ្រង់ពន្យល់​ឲ្យ​ឃើញច្បាស់ ឲ្យកាន់យកតាម ឲ្យ​អាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថា។ លំដាប់នោះ ពួកឧបាសក អ្នកនៅក្នុងដែនបាដលិគ្រាម លុះ​ព្រះដ៏មានព្រះភាគ ទ្រង់​ពន្យល់​ឲ្យឃើញច្បាស់ ឲ្យកាន់យកតាម ឲ្យអាចហ៊ាន ឲ្យរីករាយ​ ដោយធម្មីកថា ទើបក្រាបបង្គំ​ទូលព្រះដ៏មានព្រះភាគ​យ៉ាងនេះថា បពិត្រ​ព្រះអង្គដ៏ចំរើន សូម​ព្រះដ៏មានព្រះភាគ ព្រម​ទាំងភិក្ខុសង្ឃ​ទទួលយក​រោងសំណាក់​របស់យើងខ្ញុំ​ទាំងឡាយ។ ព្រះដ៏មានព្រះភាគ ទ្រង់​ទទួល​ដោយ​ភាវៈ​ស្ងៀម។ លំដាប់នោះ ពួក​ឧបាសក អ្នកនៅ​ក្នុង​បាដលិគ្រាម​ បានដឹងថា ព្រះមានព្រះភាគទ្រង់ទទួលហើយ ក៏នាំគ្នា​ក្រោកចាក​អាសនៈ ក្រាបថ្វាយ​បង្គំ​ព្រះមានព្រះភាគ ធ្វើប្រទក្សិណ ហើយចូលទៅកាន់​រោងសំណាក់ លុះចូល​ទៅដល់​ហើយ ក៏បាន​ក្រាលរោង​សំណាក់​ដោយគ្រឿង​កម្រាល​សព្វគ្រប់ហើយ ក៏តែងតាំង​អាសនៈទាំងឡាយ និងដម្កល់​ក្អមទឹក តែងតាំង​ប្រទីប​ប្រេង ហើយចូលទៅគាល់​ព្រះមានព្រះភាគ លុះ​ចូល​ទៅដល់ហើយ ក៏ថ្វាយបង្គំ​ព្រះមានព្រះភាគ ហើយឋិតនៅក្នុងទី​សមគួរ។ ពួកឧបាសក អ្នកនៅ​ក្នុងបាដលិគ្រាម បានឋិត​នៅក្នុងទី​សមគួរហើយ បានក្រាបបង្គំ​ទូលព្រះមានព្រះភាគ​យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ឯរោងសំណាក់​យើងខ្ញុំ បានក្រាលកម្រាល​សព្វគ្រប់ហើយ អាសនៈ​ទាំងឡាយ​ យើងខ្ញុំ​បានតែង​តាំងស្រេចហើយ ក្អមទឹកយើងខ្ញុំ បានដម្កល់​ទុកហើយ ប្រទីបប្រេង យើងខ្ញុំបាន​តែងតាំង​ស្រេចហើយ បពិត្រ​ព្រះអង្គ​ដ៏ចំរើន សូមព្រះមានព្រះភាគ សំគាល់​កាលដ៏​គួរ​ និងនិមន្ត​ទៅក្នុងកាល​ឥឡូវ​នេះចុះ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ស្បង់ ហើយ​ប្រដាប់​ដោយបាត្រ និងចីវរ យាងទៅកាន់​រោង​សំណាក់​ជាមួយ​នឹងភិក្ខុសង្ឃ លុះយាងទៅដល់ហើយ ទ្រង់​លាង​ព្រះបាទ​ទាំងគូហើយ ក៏យាងចូលទៅកាន់​រោងសំណាក់ ទ្រង់គង់​ផ្អែក​នឹងសសរ​កណ្តាល បែរព្រះភក្ត្រ​ទៅទិស​ខាងកើត។ ពួកភិក្ខុក៏បាន​លាងជើង ហើយចូលទៅកាន់​រោងសំណាក់ដែរ ហើយអង្គុយ​ផ្ទាប់​នឹងជញ្ជាំងទិសខាងលិច បែរមុខ​ទៅទិសខាងកើត ឈមមុខ​ត្រង់​ទៅរកព្រះដ៏មានព្រះភាគ។ ចំណែកពួកឧបាសក អ្នកនៅក្នុង​បាដលិគ្រាម ក៏បាន​លាងជើង ហើយនាំគ្នាចូលទៅ​កាន់រោងសំណាក់ ហើយអង្គុយ​ផ្ទាប់នឹង​ជញ្ជាំង​ខាងកើត បែរមុខ​ទៅទិស​ខាងលិច ឈមមុខ​ត្រង់​ទៅរក​ព្រះដ៏មានព្រះភាគដែរ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់​ត្រាស់ហៅ​ពួកឧបាសក​ អ្នកនៅក្នុងបាដលិគ្រាមមក ហើយទ្រង់ត្រាស់ថា។

[១១៦] ម្នាលគហបតិទាំងឡាយ ទោសទាំង៥ប្រការនេះ ជាទោសនៃ​បុគ្គលទ្រុស្តសីល 69) ឬវិបត្តិ​ចាកសីល។ ទោសទាំង៥ប្រការនោះ តើដូចម្តេចខ្លះ។ ម្នាលគហបតិទាំងឡាយ បុគ្គលទ្រុស្តសីល ឬវិបត្តិ​ចាកសីល ក្នុងលោកនេះ តែង​បាន​នូវសេចក្តីវិនាស​នៃសម្បត្តិ​ដ៏ច្រើន ហេតុមកពីសេចក្តី​ប្រមាថ។ នេះជាទោស​ទី១ នៃបុគ្គល​ទ្រុស្តសីល ឬវិបត្តិចាកសីល។ ម្នាលគហបតិទាំងឡាយ ពាក្យ​ដទៃ​មានតទៅទៀត បុគ្គលទ្រុស្តសីល ឬវិបត្តិ​ចាកសីលហើយ តែង​មានកិត្តិសព្ទអាក្រក់ ឮខ្ចរខ្ចាយទៅ។ នេះជាទោស​ទី២ នៃបុគ្គល​ទ្រុស្តសីល ឬវិបត្តិចាកសីល។ ម្នាលគហបតិទាំងឡាយ ពាក្យ​ដទៃ​មានតទៅទៀត បុគ្គលទ្រុស្តសីល ឬវិបត្តិ​ចាកសីលហើយ (បើ) ចូលទៅកាន់​បរិសទ្យណា ទោះបី​ជាខត្តិយបរិសទ្យ​ក្តី ជាព្រាហ្មណ៍បរិសទ្យក្តី ជាគហបតិបរិសទ្យក្តី ជាសមណបរិសទ្យក្តី ក៏គ្មាន​ក្លៀវក្លា មានតែ​មុខឱន​ចុះ ហើយដើរចូល​ទៅ។ នេះជាទោស​ទី៣ នៃបុគ្គល​ទ្រុស្តសីល ឬវិបត្តិចាកសីល។ ម្នាលគហបតិទាំងឡាយ ពាក្យ​ដទៃ​មានតទៅទៀត បុគ្គលទ្រុស្តសីល ឬវិបត្តិ​ចាកសីលហើយ វេលាទៀបស្លាប់ តែងវង្វេងស្មារតី។ នេះជាទោស​ទី៤ នៃបុគ្គល​ទ្រុស្តសីល ឬវិបត្តិចាកសីល។ ម្នាល​គហបតិទាំងឡាយ ពាក្យ​ដទៃ​មានតទៅទៀត បុគ្គលទ្រុស្តសីល ឬវិបត្តិ​ចាកសីលហើយ លុះរំលាងខន្ធ​បន្ទាប់​អំពី​មរណៈ រមែងទៅកាន់អបាយ70) (តិរច្ឆាន) ទុគ្គតិ71) (ប្រេត) វិនិបាត72) (អសុរកាយ) និរយ (នរក)។ នេះជាទោស​ទី៥ នៃបុគ្គល​ទ្រុស្តសីល ឬវិបត្តិចាកសីល។ ម្នាលគហបតិទាំងឡាយ ទោសទាំង៥ប្រការនេះឯង ជាទោស​នៃបុគ្គលទ្រុស្តសីល ឬវិបត្តិ​ចាក​សីល។

[១១៧] ម្នាលគហបតិទាំងឡាយ អានិសង្សទាំង៥ប្រការនេះ ជាអានិសង្សនៃបុគ្គល​មានសីល ឬបរិបូណ៌ដោយសីល។ អានិសង្សទាំង៥ប្រការនោះ តើដូចម្តេចខ្លះ។ ម្នាល​គហបតិ​ទាំងឡាយ បុគ្គលមានសីល ឬបរិបូណ៌ដោយសីល ក្នុងលោកនេះ តែង​បាន​នូវគំនរ ​នៃសម្បត្តិ​ដ៏ច្រើន ហេតុមកពីសេចក្តីមិន​ប្រមាថ។ នេះជាអានិសង្ស​ទី១ នៃបុគ្គល​មានសីល ឬបរិបូណ៌ដោយសីល។ ម្នាលគហបតិទាំងឡាយ ពាក្យ​ដទៃ​មានតទៅទៀត បុគ្គលមានសីល ឬបរិបូណ៌ដោយសីលហើយ តែង​មានកិត្តិសព្ទដ៏ពីរោះ ឮខ្ចរខ្ចាយទៅ។ នេះជាអានិសង្ស​ទី២ នៃបុគ្គលមានសីល ឬបរិបូណ៌ដោយសីល។ ម្នាលគហបតិទាំងឡាយ ពាក្យ​ដទៃ​មានតទៅទៀត បុគ្គលមានសីល ឬបរិបូណ៌ដោយសីលហើយ (បើ) ចូលទៅកាន់​បរិសទ្យណា ទោះបី​ជា​ខត្តិយ​បរិសទ្យ​​ក្តី ជាព្រាហ្មណ៍បរិសទ្យក្តី ជាគហបតិបរិសទ្យក្តី ជាសមណបរិសទ្យក្តី ក៏​ក្លៀវក្លា មិនឱនមុខ​ចុះ គឺថា មិនក្រអឹមក្រអៀម ហើយដើរចូល​ទៅ។ នេះជាអានិសង្ស​ទី៣ នៃបុគ្គល​មានសីល ឬបរិបូណ៌ដោយសីល។ ម្នាលគហបតិទាំងឡាយ ពាក្យ​ដទៃ​មានតទៅទៀត បុគ្គល​មាន​សីល ឬបរិបូណ៌ដោយសីលហើយ លុះវេលាទៀបស្លាប់ ក៏មិនវង្វេងស្មារតីឡើយ។ នេះជាអានិសង្ស​ទី៤ នៃបុគ្គល​មានសីល ឬបរិបូណ៌ដោយសីល។ ម្នាល​គហបតិទាំងឡាយ ពាក្យ​ដទៃ​មានតទៅទៀត បុគ្គលមានសីល ឬបរិបូណ៌ដោយសីលហើយ លុះរំលាងខន្ធ​បន្ទាប់​អំពី​មរណៈ រមែងទៅកាន់មនុស្សលោក ឬទេវលោក។ នេះជាអានិសង្ស​ទី៥ នៃបុគ្គល​មានសីល ឬបរិបូណ៌ដោយសីល។ ម្នាលគហបតិទាំងឡាយ អានិសង្សទាំង៥ប្រការនេះឯង ជាអានិសង្ស​​នៃបុគ្គលមានសីល ឬបរិបូណ៌ដោយ​សីល។

[១១៨] គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ពន្យល់​ឧបាសក​ទាំងឡាយ នៅក្នុង​បាដលិគ្រាម​ឲ្យឃើញច្បាស់ ឲ្យកាន់យកតាម ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថា អស់​រាត្រីជាច្រើន ហើយបញ្ជូន​ទៅដោយ​ព្រះពុទ្ធ​ដីកាថា ម្នាលគហបតិទាំងឡាយ រាត្រី (បឋមយាម) កន្លង​ទៅហើយ អ្នកទាំងឡាយ ចូរដឹងនូវកាល​ដ៏គួរ នឹងត្រឡប់ទៅវិញ​ក្នុងកាលឥឡូវ​នេះចុះ។ ឧបាសក​ទាំងឡាយនៅក្នុងបាដលិគ្រាម បានទទួលព្រះពុទ្ធដីកា​ព្រះដ៏មានព្រះភាគថា ព្រះករុណាព្រះអង្គ ហើយក្រោកចាកទីអង្គុយ ថ្វាយបង្គំ​ព្រះដ៏មានព្រះភាគ ធ្វើប្រទក្សិណ ចៀសចេញទៅ។ វេលាដែល​ឧបាសក​ទាំងឡាយ នៅក្នុងបាដលិគ្រាម ចៀសចេញ​ទៅមិនយូរប៉ុន្មាន ព្រះអង្គក៏​ទ្រង់យាងចូល​ទៅកាន់​សុញ្ញាគារដ្ឋាន (គឺ​ផ្ទះស្ងាត់)។

១៧៤. សុនិធវស្សការវត្ថុ

(១៧៤)

[១១៩] សម័យនោះឯង មហាមាត្យ​នៅក្នុងដែន​មគធៈ ឈ្មោះ​សុនីធៈ១ វស្សការៈ១ នាំគ្នាកសាង​ក្រុងក្នុង​បាដលិគ្រាម ដើម្បីនឹង​ការពារ​ពួករាជត្រកូល ដែលនៅក្នុងដែនវជ្ជី។ ព្រះមានព្រះភាគ ទ្រង់​តើនឡើងក្នុង​បច្ចូសសម័យនៃរាត្រី ហើយទ្រង់ទតដោយ​ទិព្វចក្ខុ ដ៏ស្អាត​កន្លង​លើសចក្ខុ​របស់មនុស្ស បានឃើញពួក​ទេវតាជាច្រើនកំពុង​គយគន់មើលទៅកន្លែង​សង់​ផ្ទះ ក្នុងបាដលិគ្រាម។ ទេវតាមានសក្តិធំ គយគន់មើលទីកន្លែងសង់ផ្ទះក្នុងប្រទេសណា ចិត្តរបស់​ស្តេច និងរាជមហាមាត្យ ដែលមានសក្តិធំទាំងឡាយ ក៏បង្អោនទៅ​ដើម្បី​នឹងកសាង​លំនៅ​ក្នុង​ប្រទេស​នោះដែរ ទេវតា​មានសក្តិជាកណ្តាល គយគន់មើលទីកន្លែងសង់ផ្ទះក្នុងប្រទេសណា ចិត្តរបស់​ស្តេច និងរាជមហាមាត្យ ដែលមានសក្តិជាកណ្តាលទាំងឡាយ ក៏បង្អោនទៅ​ដើម្បី​នឹងកសាង​លំនៅ​ក្នុង​ប្រទេស​នោះដែរ ទេវតា​មានសក្តិទាប គយគន់មើល​ទីកន្លែង​សង់ផ្ទះ​ក្នុង​ប្រទេស​ណា ចិត្តរបស់​ស្តេច និងរាជមហាមាត្យ ដែលមានសក្តិទាបទាំងឡាយ ក៏បង្អោនទៅ​ដើម្បី​នឹងកសាង​លំនៅ​ក្នុង​ប្រទេស​នោះដែរ។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហៅ​ព្រះអានន្ទ​ដ៏មានអាយុ​មក ហើយទ្រង់សួរថា ម្នាលអានន្ទ ជនពួកណាហ្ន៎ គេសាង​ក្រុង​ក្នុងបាដលិគ្រាម។ ព្រះអានន្ទក្រាបបង្គំទូលថា បពិត្រ​ព្រះអង្គដ៏ចំរើន មហាមាត្យ​ក្នុងដែនមគធៈ ឈ្មោះ​សុនីធៈ និងវស្សការៈ សាង​ក្រុង​ក្នុងបាដលិគ្រាម ដើម្បី​នឹងការពារ​នូវពួករាជត្រកូល ដែល​នៅក្នុង​ដែន​វជ្ជី។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលអានន្ទ មហាមាត្យនៅក្នុងដែនមគធៈ ឈ្មោះសុនីធៈ និងវស្សការៈ បានប្រឹក្សាគ្នា​នឹងពួក​ទេវតា ក្នុងស្ថានតាវត្តិង្ស73) ថាយ៉ាងណាមិញ ម្នាលអានន្ទ មហាមាត្យ​នៅក្នុងដែនមគធៈ ឈ្មោះ​សុនីធៈ និងវស្សការៈ សាង​ក្រុង​ក្នុងបាដលិគ្រាម ដើម្បី​នឹងការពារ​នូវពួករាជត្រកូលក្នុង​ដែន​វជ្ជី យ៉ាងនោះដែរ ម្នាលអានន្ទ តថាគត​ក្រោកឡើងក្នុងបច្ចូសសម័យ នៃរាត្រី ក្នុងសុញ្ញាគារដ្ឋាន (ផ្ទះស្ងាត់) នេះ ហើយមើល​ដោយ​ទិព្វចក្ខុ​ដ៏ស្អាត​ កន្លង​លើសចក្ខុរបស់​មនុស្ស បានឃើញពួកទេវតា​ជាច្រើន កំពុង​គយគន់មើល​ទៅកន្លែង​សង់ផ្ទះ ក្នុងបាដលិគ្រាម។ ពួក​ទេវតាមានសក្តិធំ គយគន់​មើលទី​កន្លែង​សង់ផ្ទះ​ក្នុងប្រទេសណា ចិត្តរបស់​ស្តេច និងរាជមហាមាត្យ ដែលមានសក្តិធំ ក៏បង្អោនទៅ​ដើម្បី​នឹងកសាង​លំនៅ​ក្នុង​ប្រទេស​នោះដែរ ទេវតា​មានសក្តិជាកណ្តាល គយគន់មើល​ទីកន្លែង​សង់ផ្ទះ​ក្នុងប្រទេសណា ចិត្តរបស់​ស្តេច និងរាជមហាមាត្យ ដែលមានសក្តិជាកណ្តាល ក៏បង្អោនទៅ​ដើម្បី​នឹងកសាង​លំនៅ​ក្នុង​ប្រទេស​នោះដែរ ទេវតា​មានសក្តិទាប គយគន់មើល​ទីកន្លែង​សង់ផ្ទះ​ក្នុង​ប្រទេស​ណា ចិត្តរបស់​ស្តេច និងរាជមហាមាត្យ ដែលមានសក្តិទាប ក៏បង្អោនទៅ​ដើម្បី​នឹងកសាង​លំនៅ​ក្នុង​ប្រទេស​នោះដែរ ម្នាលអានន្ទ ទីប្រជុំ​របស់អរិយបុគ្គលទាំងឡាយ ដែលមាន​ទាំងអម្បាលមាណ និងផ្លូវជំនួញ ដែលមានទាំងអម្បាលមាណ បាដលិបុត្រនេះ ក៏ជាក្រុងប្រសើរជាង​ទីប្រជុំ​ព្រះអរិយបុគ្គល និងផ្លូវ​ជំនួញ​អម្បាលនោះ ម្យ៉ាងទៀត ជាកន្លែង​បែកធ្លាយ ឬ​របូត​បង្វេច​ទ្រព្យ ម្នាលអានន្ទ ​ក្រុងបាដលិបុត្រមុខជានឹងមាន​សេចក្តីអន្តរាយ​៣យ៉ាង គឺអន្តរាយ​អំពីភ្លើង១ អន្តរាយអំពី​ទឹក១ អន្តរាយអំពី​ហេតុខាងក្នុង គឺបែកចាកគ្នានឹងគ្នា១។

[១២០] គ្រានោះ មហាមាត្យ​នៅក្នុងដែនមគធៈ ឈ្មោះសុនីធៈ និងវស្សការៈ (នាំគ្នា) ចូលទៅ​គាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ពោលពាក្យរាក់ទាក់ សំណេះសំណាល​ទៅរក​ព្រះមានព្រះភាគ លុះបញ្ចប់ពាក្យដែល​គួរជាទីរីករាយ និងពាក្យ​គួរជាទីរលឹក ល្មម​ឲ្យកើត​សេចក្តីស្និទ្ធស្នាល​ហើយ ទើបឋិត​នៅក្នុងទីសមគួរ។ លុះមហាមាត្យ​ ក្នុងដែនមគធៈ ឈ្មោះសុនីធៈ និងវស្សការៈ ឋិតនៅក្នុងទីសមគួរហើយ ក៏ពោលពាក្យដូច្នេះ​នឹងព្រះដ៏មានព្រះភាគ​ថា សូមព្រះ​គោតមដ៏ចំរើនទទួលភត្តរបស់ខ្ញុំ​ព្រះអង្គ​ទាំងឡាយ ដើម្បីឆាន់​ក្នុងថ្ងៃស្អែក មួយអន្លើ​ដោយភិក្ខុ​សង្ឃ។ ព្រះមានព្រះភាគ ទ្រង់ទទួល​និមន្ត​ដោយភាវៈ​ស្ងៀម។ គ្រានោះ មហាមាត្យនៅក្នុង​ដែន​មគធៈ ឈ្មោះសុនីធៈ និងវស្សការៈ ដឹងថា ព្រះមានព្រះភាគ ទ្រង់ទទួលនិមន្តហើយ ក៏ក្រោក​ចាក​ទីអង្គុយ ហើយដើរចេញទៅ។ គ្រានោះ មហាមាត្យ​នៅក្នុងដែនមគធៈ ឈ្មោះសុនីធៈ និងវស្សការៈ តាក់តែងខាទនីយភោជនីយាហារដ៏ឧត្តម (រួចហើយ) ចាត់បម្រើឲ្យទៅ​ក្រាបបង្គំ​ទូល​កាលដ៏គួរ ដល់ព្រះមានព្រះភាគថា បពិត្រព្រះគោតមដ៏ចំរើន កាល (នេះជាកាលគួរហើយ) ភត្ត​ក៏សម្រេចហើយ។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ស្បង់ ហើយប្រដាប់​ដោយបាត្រ និង​ចីវរ ក្នុង​វេលាព្រឹក យាងចូលទៅកាន់លំនៅមហាមាត្យ នៅក្នុងដែនមគធៈ ឈ្មោះសុនីធៈ និងវស្សការៈ លុះយាងចូលទៅដល់ហើយ ក៏គង់លើអាសនៈ ដែលគេរៀបចំថ្វាយ ជាមួយនឹងភិក្ខុសង្ឃ។ គ្រានោះ មហាមាត្យនៅក្នុងដែនមគធៈ ឈ្មោះសុនីធៈ និងវស្សការៈ ក៏អង្គាស​ភិក្ខុសង្ឃ មានព្រះពុទ្ធ​ជាប្រធាន ដោយខាទនីយភោជនីយហារ ដ៏ឆ្ងាញ់​ពីសាដោយដៃ​នៃខ្លួន ត្រាតែ​ភិក្ខុ​សង្ឃហាមឃាត់ លុះកំណត់​ដឹងថា ព្រះមានព្រះភាគ ទ្រង់សោយរួចហើយ ដាក់ព្រះហស្តចុះចាក​បាត្រហើយ ក៏អង្គុយនៅក្នុងទីដ៏សមគួរ។ លុះមហាមាត្យ​នៅក្នុងដែនមគធៈ ឈ្មោះសុនីធៈ និងវស្សការៈ អង្គុយ​នៅក្នុងទីដ៏សមគួរហើយ ទើប​ព្រះមានព្រះភាគ ទ្រង់​អនុមោទនា ដោយ​ព្រះគាថា​ទាំងឡាយ​នេះថា

[១២១] មនុស្ស ជាបណ្ឌិតជាតិ រមែង​សម្រេច​នូវការ​នៅក្នុង​ប្រទេសណាហើយ ក៏តែង​ឲ្យពួក​បុគ្គល​អ្នកមានសីល ដែលសង្រួមល្អ ប្រព្រឹត្តធម៌ដ៏ប្រសើរ ឲ្យបរិភោគ​ក្នុងលំនៅរបស់ខ្លួន ហើយបានទាំង​ឧទ្ទិស​ផលទក្ខិណាទាន (ឲ្យចំណែកបុណ្យ) ដល់ពួកទេវតាដែលនៅ​ក្នុងប្រទេស​នោះ (ថែមទៀត)។ ទេវតា​ទាំងនោះ តែងបូជា​ចំពោះមនុស្សដែលបាន​បូជាដល់ខ្លួន តែងរាប់​អាន​ចំពោះ​មនុស្សដែល​រាប់អានដល់ខ្លួន តែងអនុគ្រោះ​មនុស្សនោះ ដូចជាមាតា​អនុគ្រោះបុត្រ ដែល​ខ្លួន​បីថ្នម ផ្ទាប់​នឹងទ្រូង​ឲ្យចំរើនឡើង។ មនុស្ស​ដែលទេវតា​ បានអនុគ្រោះហើយ ក៏តែងឃើញ​នូវ​សេចក្តី​ចំរើនសព្វៗកាល។

[១២២] លំដាប់នោះ ព្រះមានព្រះភាគ​ ទ្រង់អនុមោទនាដោយព្រះគាថាទាំងឡាយនេះ ចំពោះ​មហាមាត្យ​ នៅក្នុងដែនមគធៈ ឈ្មោះសុនីធៈ និងវស្សការៈ (ចប់ហើយ) ក៏ទ្រង់​ក្រោកចាក​អាសនៈ​ យាងចេញទៅ។ សម័យនោះឯង មហាមាត្យ ​នៅក្នុងដែនមគធៈ ឈ្មោះសុនីធៈ និងវស្សការៈ ដើរតាមព្រះមានព្រះភាគ អំពីក្រោយៗ ដោយគិតថា ក្នុងថ្ងៃនេះ ព្រះសមណគោតម នឹងយាងចេញទៅ តាមទ្វារណា ទ្វារនោះ នឹងបាន​ឈ្មោះថា គោតមទ្វារ នឹងឆ្លងស្ទឹងគង្គា តាមកំពង់ណា កំពង់នោះ នឹងបានឈ្មោះថា គោតមតិត្ថ។ គ្រានោះ ព្រះដ៏​មានព្រះភាគ​ ទ្រង់​យាងចេញ​ តាមទ្វារណា ទ្វារនោះក៏ឈ្មោះថា គោតមទ្វារ ជាប្រាកដ (ដល់​សព្វថ្ងៃនេះ)។ វេលានោះ ព្រះដ៏មានព្រះភាគ ទ្រង់យាងចូលទៅកាន់ស្ទឹង​គង្គា។ ស្ទឹងគង្គា​មាន​ទឹកពេញប្រៀប ត្រឹមស្មើនឹង​មាត់ច្រាំង ល្មមសត្វ​ក្អែក​ ឱនផឹកបាន។ មនុស្សពួកខ្លះ ​រកទូក មនុស្ស​ពួកខ្លះ​រកផែ មនុស្ស​ពួកខ្លះ​ ចងក្បូន ប្រាថ្នានឹងឆ្លងអំពី​ត្រើយខាងអាយ ទៅកាន់​ត្រើយខាង​នាយ។ ព្រះដ៏មានព្រះភាគ ទ្រង់បានឃើញ​មនុស្សទាំងនោះ គឺមនុស្ស​ពួកខ្លះ ​កំពុងរកទូក មនុស្សពួកខ្លះ​ កំពុង​រកផែ មនុស្ស​ពួកខ្លះ ​កំពុងចងក្បូន ប្រាថ្នានឹង​ឆ្លងអំពីត្រើយ​ខាងអាយ ទៅត្រើយ​ខាងនាយ លុះ​ព្រះដ៏មានព្រះភាគ ទ្រង់ឃើញ​ហើយ ក៏និម្មិត​ព្រះអង្គបាត់ (មួយរំពេច) អំពី​ត្រើយខាង​អាយ នៃស្ទឹងគង្គា ទៅប្រាកដនៅត្រើយ​ខាងនាយ ជាមួយ​នឹងភិក្ខុសង្ឃ គួរនា​ដូចជាបុរស មានកំឡាំង​ លាចេញនូវដើមដៃ ​ដែលបត់ចូល ឬបត់ចូលនូវ​ដើមដៃ ដែលលាចេញ ឆាប់រហ័សដូច្នោះឯង។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ជ្រាបច្បាស់ នូវ​សេចក្តី​នោះហើយ ទើបបន្លឺ​ឡើង នូវ​ឧទាន​គាថា​នេះ ក្នុងវេលានោះថា ពួកជនណាឆ្លងស្ទឹង គឺតណ្ហា​ដ៏ជ្រៅឆ្ងាយ​ទូលាយបាន (ពួកជននោះឯង) តែង​ធ្វើស្ពាន គឺអរិយមគ្គមិនឲ្យប៉ះពាល់ទីជាទំនាប​ទាំងឡាយ ហើយឆ្លងបាន សេចក្តីពិតថា ជន​ធម្មតា (ដែលប្រាថ្នា​នឹងឆ្លងទឹកបន្តិចបន្តួច) តែង​ចងក្បូន (ទើបឆ្លងទៅបាន) ឯជនជាអ្នក​ប្រាជ្ញទាំងឡាយ គឺព្រះពុទ្ធ​ និងសាវករបស់ព្រះពុទ្ធ លោកបាន​ឆ្លង​រួចស្រឡះហើយ។

១៧៥. កោដិគាមេ សច្ចកថា

(១៧៥)

[១២៣] គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់យាង​ចូលទៅកាន់កោដិគ្រាម74)។ បានឮថា ព្រះដ៏មានព្រះភាគ ទ្រង់គង់​នៅក្នុង​កោដិគ្រាមនោះ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយ ក្នុងកោដិគ្រាម​នោះមក ហើយត្រាស់ថា ម្នាល​ភិក្ខុទាំងឡាយ តថាគតក្តី អ្នកទាំងឡាយក្តី អន្ទោល​ទៅ និងត្រាច់រង្គាត់​ទៅកាន់ផ្លូវ​ឆ្ងាយយ៉ាងនេះ ព្រោះ​មិនបាន​ត្រាស់ដឹង និងមិនបាន​ចាក់ធ្លុះ​ នូវអរិយសច្ចទាំង៤ អរិយសច្ចទាំង៤ដូចម្តេចខ្លះ ម្នាល​ភិក្ខុទាំងឡាយ តថាគត និងអ្នកទាំងឡាយ អន្ទោល​ទៅ ត្រាច់រង្គាត់​ទៅកាន់ផ្លូវ​ឆ្ងាយ​នេះ ដូច្នេះ ព្រោះ​មិនបាន​ត្រាស់ដឹង និងមិនបាន​ចាក់ធ្លុះ​ នូវទុក្ខអរិយសច្ច នូវទុក្ខសមុទយអរិយសច្ច។បេ។ នូវទុក្ខនិរោធអរិយសច្ច។បេ។ តថាគត និងអ្នកទាំងឡាយ អន្ទោល​ទៅ ត្រាច់រង្គាត់​ទៅកាន់ផ្លូវ​ឆ្ងាយនេះ ដូច្នេះ ព្រោះ​មិនបាន​ត្រាស់ដឹង និងមិនបាន​ចាក់ធ្លុះ​ នូវទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច ម្នាលភិក្ខុទាំងឡាយទុក្ខអរិយសច្ចនោះ តថាគត​ និងអ្នក​ទាំងឡាយបាន​ត្រាស់ដឹង បានចាក់ធ្លុះហើយ ទុក្ខសមុទយអរិយសច្ចនោះ តថាគត និងអ្នក​ទាំងឡាយ​ បាន​ត្រាស់ដឹង បានចាក់ធ្លុះហើយ ទុក្ខនិរោធអរិយសច្ចនោះ តថាគត និងអ្នក​ទាំងឡាយបាន​ត្រាស់ដឹង បានចាក់ធ្លុះហើយ ទុក្ខនិរោធគាមិនីបដិបទាអរិយសច្ចនោះ តថាគត និងអ្នក​ទាំងឡាយបាន​ត្រាស់ដឹង បានចាក់ធ្លុះហើយ ភវតណ្ហា តថាគត និងអ្នក​ទាំងឡាយ ដកឡើងហើយ ខ្សែ គឺតណ្ហា សម្រាប់ដឹកនាំទៅក្នុងភព ក៏អស់ហើយ ឥឡូវនេះ គ្មានភព​ថ្មីទៀត​ទេ។

[១២៤] ការអន្ទោលទៅកាន់ផ្លូវឆ្ងាយ​ក្នុងជាតិទាំងឡាយនោះៗឯង ព្រោះមិនបានឃើញ​នូវ​អរិយសច្ចទាំង៤ជាធម៌ពិត។ អរិយសច្ចទាំង៤នេះឯង តថាគត​ និងអ្នកទាំងឡាយ បានឃើញហើយ តណ្ហាជាអ្នកដឹកនាំទៅកាន់ភព ក៏តថាគត និងអ្នកទាំងឡាយ​គាស់រំលើងហើយ ឫសនៃ​សេចក្តី​ទុក្ខ ក៏តថាគត និងអ្នករាល់គ្នា​ ផ្តាច់ចោលហើយ ឥឡូវនេះ គ្មាន​ភពថ្មីទៀតទេ។

១៧៦. អម្ពបាលីវត្ថុ

(១៧៦)

[១២៥] នាងអម្ពបាលី ជាស្រីផ្កាមាស បានឮដំណឹងថា ព្រះដ៏មានព្រះភាគ ទ្រង់ពុទ្ធដំណើរ​មកកាន់កោដិគ្រាម។ លំដាប់នោះឯង នាងអម្ពបាលី ជាស្រីផ្កាមាស បានប្រើគេ​ឲ្យទឹមយានដ៏ថ្លៃថ្លាហើយ ក៏ឡើងជិះយានដ៏ថ្លៃថ្លា ចេញទៅអំពីក្រុងវេសាលី ដោយយានដ៏​ថ្លៃថ្លា​ទាំងអម្បាលនោះ ដើម្បី​ជួបនឹងព្រះដ៏មានព្រះភាគ ហើយដាក់យានទុក​ក្នុងទីមួយ រួចចុះ​អំពី​យាន ដើរទៅដោយជើងទទេ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូល​ទៅដល់ហើយ ក៏ក្រាប​ថ្វាយ​បង្គំ​ចំពោះព្រះដ៏មានព្រះភាគ ហើយអង្គុយនៅ​ក្នុងទីសមគួរ។ ព្រះដ៏មានព្រះភាគ ទ្រង់​ពន្យល់​នាងអម្ពបាលី ជាស្រីផ្កាមាស ដែលអង្គុយ​ក្នុងទីសមគួរ (នោះ) ឯង ឲ្យយល់ព្រម ឲ្យ​កាន់យកព្រម ឲ្យរីករាយ ឲ្យត្រេកអរ ដោយធម្មីកថា។ លំដាប់នោះ នាងអម្ពបាលី ជាស្រីផ្កាមាស លុះព្រះដ៏មានព្រះភាគ ទ្រង់ពន្យល់​ឲ្យយល់ព្រម ឲ្យ​កាន់យកព្រម ឲ្យរីករាយ ឲ្យត្រេកអរ ដោយ​ធម្មីកថាហើយ ទើបក្រាបបង្គំទូល​ព្រះដ៏មានព្រះភាគថា បពិត្រ​ព្រះអង្គដ៏ចំរើន សូមព្រះដ៏មានព្រះភាគ ទទួល​ភត្តរបស់ខ្ញុំព្រះអង្គ ដើម្បីឆាន់ក្នុងថ្ងៃស្អែក មួយអន្លើ ដោយភិក្ខុសង្ឃ។ ព្រះដ៏មានព្រះភាគ ទ្រង់​បានទទួល​និមន្ត ​ដោយតុណ្ហីភាព។ គ្រានោះ នាងអម្ពបាលី ជាស្រីផ្កាមាស ដឹងថា ព្រះដ៏មានព្រះភាគ ទ្រង់​ទទួល​និមន្តហើយ ទើប​ក្រោក​ចាកទីអង្គុយ ថ្វាយបង្គំលាព្រះដ៏មានព្រះភាគ ធ្វើប្រទក្សិណ ហើយចៀសចេញទៅ។

១៧៧. លិច្ឆវីវត្ថុ

(១៧៧)

ពួក​ស្តេច​លិច្ឆវី ក្រុងវេសាលី បានឮដំណឹងថា ព្រះដ៏មានព្រះភាគ ទ្រង់ពុទ្ធដំណើរ​មកដល់​កោដិគ្រាម។ ពួក​ស្តេចលិច្ឆវី ក្រុងវេសាលី ក៏ឲ្យពួក​សារថី ទឹមយានដ៏ថ្លៃថ្លា ហើយឡើង​គង់យាន​ដ៏ថ្លៃថ្លា ចេញ​អំពី​ក្រុងវេសាលី ទៅដោយយានដ៏ថ្លៃថ្លាទាំងអម្បាល​នោះ​ ដើម្បីជួបនឹង​ព្រះដ៏មានព្រះភាគ។ ស្តេច​លិច្ឆវីពួកខ្លះ លាបពណ៌ខៀវ មានសម្បុរខៀវ75) ទ្រង់ព្រះពស្ត្រខៀវ76) មានគ្រឿង​តែងខ្លួន​ក៏ខៀវ77) ស្តេច​លិច្ឆវីពួកខ្លះ លាបពណ៌លឿង មានសម្បុរលឿង ទ្រង់ព្រះពស្ត្រលឿង មានគ្រឿង​តែងខ្លួន​ក៏លឿង ស្តេច​លិច្ឆវីពួកខ្លះ លាបពណ៌ក្រហម មានសម្បុរក្រហម ទ្រង់ព្រះពស្ត្រក្រហម មានគ្រឿង​តែងខ្លួន​ក៏ក្រហម ស្តេច​លិច្ឆវីពួកខ្លះ លាបពណ៌ស មានសម្បុរស ទ្រង់​ព្រះពស្ត្រស មានគ្រឿង​តែងខ្លួន​ក៏ស។​ លំដាប់នោះ នាងអម្ពបាលី ជាស្រី​ផ្កាមាស ប្រជល់​ចន្ទោលដោយចន្ទោល បំប៉ះនឹមដោយនឹម បំប៉ះកង់ដោយកង់ បំប៉ះភ្លៅដោយភ្លៅ (នៃយាន) របស់ពួកស្តេចលិច្ឆវីកំឡោះៗ។ គ្រានោះ ស្តេចលិច្ឆវី​ទាំងនោះ និយាយ​នឹង​នាងអម្ពបាលី ជាស្រីផ្កាមាសថា ម្នាលមេ អម្ពបាលី ព្រោះហេតុអ្វីបានជានាង​មក​ប្រជល់​ចន្ទោលដោយចន្ទោល បំប៉ះនឹមដោយនឹម បំប៉ះកង់ដោយកង់ បំប៉ះភ្លៅដោយភ្លៅ (នៃយាន) របស់យើងជាស្តេច​លិច្ឆវីកំឡោះៗ។ នាងអម្ពបាលី​តបថា បពិត្រអយ្យបុត្ត​78) ទាំងឡាយ ព្រោះថា ខ្ញុំបាន​និមន្តភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធាន ដើម្បី​នឹងឆាន់​ក្នុងថ្ងៃស្អែក។ ស្តេច​លិច្ឆវី​ទាំងអម្បាលនោះ មានព្រះបន្ទូលថា ម្នាលមេអម្ពបាលី ចូរនាងឲ្យ​ភត្តនេះ​មកយើងចុះ (យើងនឹងឲ្យដំឡៃនាង) ចំនួន​១សែនកហាបណៈ។ នាងអម្ពបាលីតបថា បពិត្រ​អយ្យបុត្ត ទុកជាព្រះអង្គប្រទានក្រុងវេសាលី ព្រមទាំងសួយសារអាករ ដែលមាននៅ​ក្នុងជនបទ មកខ្ញុំ ខ្ញុំក៏​មិនព្រមថ្វាយភត្តនោះឡើយ។ គ្រានោះ ស្តេចលិច្ឆវីទាំងនោះ ទះម្រាម​ព្រះហស្ថ ហើយពោលថា ម្នាលអ្នកទាំងឡាយដ៏ចំរើន យើងចាញ់មាតុគ្រាមហើយ ម្នាលគ្នាយើង​ដ៏ចំរើន យើងចាញ់មាតុគ្រាមហើយ។ លំដាប់នោះ ស្តេចលិច្ឆវី​ទាំងនោះ (ក៏នាំគ្នា) ចូលទៅកាន់​ទីដែល​ព្រះដ៏មានព្រះភាគ​គង់នៅ។ ព្រះដ៏មានព្រះភាគ ទ្រង់ទតឃើញ​ស្តេចលិច្ឆវីទាំងនោះ កំពុង​យាងមកអំពីចម្ងាយ លុះឃើញហើយ ទ្រង់ត្រាស់ហៅពួកភិក្ខុថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុណា​ដែលមិនធ្លាប់ឃើញទេវតា ក្នុងស្ថានតាវត្តិង្សទេ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរ​រមិលមើល​ពួកលិច្ឆវីបរិសទ្យចុះ អ្នកទាំងឡាយ ចូររមិលមើល​ពួកលិច្ឆវីបរិសទ្យរឿយៗចុះ ម្នាលភិក្ខុ​ទាំងឡាយ អ្នកទាំងឡាយ ចូរប្រៀបធៀបពួកលិច្ឆវីបរិសទ្យ ទៅនឹងពួក​ទេវតា​ក្នុងជាន់​តាវត្តិង្សមើលចុះ។ លំដាប់នោះ ស្តេចលិច្ឆវីទាំងនោះ ក៏ដាក់យានទុកក្នុងទីមួយ ហើយចុះអំពី​យាន ដើរទៅដោយជើងទទេ ចូលទៅគាល់​ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ទើបក្រាបថ្វាយ​បង្គំព្រះដ៏មានព្រះភាគ រួចអង្គុយនៅក្នុងទីសមគួរ។ ព្រះដ៏មានព្រះភាគ ទ្រង់ពន្យល់​ពួកស្តេច​លិច្ឆវី ដែលអង្គុយក្នុងទីសមគួរនោះឯង ឲ្យយល់ព្រម ឲ្យកាន់យកព្រម ឲ្យរីករាយ ឲ្យត្រេកអរ ដោយធម្មីកថា។ ឯស្តេចលិច្ឆវីទាំងនោះ ដែលព្រះដ៏មានព្រះភាគ ទ្រង់ពន្យល់ ឲ្យយល់ព្រម ឲ្យកាន់យកព្រម ឲ្យរីករាយ ឲ្យត្រេកអរ ដោយធម្មីកថាហើយ ក៏ពោលពាក្យនេះ នឹងព្រះដ៏​មានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះដ៏​មានព្រះភាគ ព្រមទាំងភិក្ខុសង្ឃ​ ទទួលភត្ត​ពួកខ្ញុំព្រះអង្គ​ ក្នុងថ្ងៃស្អែក។ ព្រះដ៏​មានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលលិច្ឆវីទាំងឡាយ តថាគត បានទទួលភត្ត​ របស់នាង​អម្ពបាលី ជាស្រីផ្កាមាស ​ក្នុងថ្ងៃ​ស្អែករួចទៅហើយ។ លំដាប់នោះ ស្តេច​លិច្ឆវី​ទាំងនោះ ទះម្រាមព្រះហស្ថ ហើយពោលថា ម្នាលគ្នាយើងដ៏ចំរើន យើងចាញ់មាតុគ្រាម​ហើយ ម្នាលគ្នាយើងដ៏ចំរើន យើងចាញ់មាតុគ្រាម​ហើយ។ លំដាប់នោះ ស្តេច​លិច្ឆវីទាំងនោះ ត្រេកអររីករាយ តាមភាសិត​របស់ព្រះដ៏​មានព្រះភាគហើយ ក្រោកចាកអាសនៈ ក្រាបថ្វាយ​បង្គំ​ព្រះ​មានព្រះភាគ ធ្វើប្រទក្សិណ ហើយចៀសចេញទៅ។ គ្រានោះ ព្រះដ៏​មានព្រះភាគ គង់ក្នុង​កោដិគ្រាម គួរតាមព្រះអធ្យាស្រ័យ ហើយយាង​ទៅកាន់នាទិកាប្រទេស។ ព្រះអង្គ ទ្រង់គង់​នៅក្នុង​រោងឥដ្ឋ ក្នុងនាទិកាប្រទេសនោះឯង។ លុះព្រលឹមឡើង នាងអម្ពបាលី ជាស្រីផ្កាមាស ក៏តាក់​តែង​ខាទនីយភោជនីយាហារ (បង្អែម ចំអាប) ក្នុងអារាម (ផ្ទះ) របស់ខ្លួន ហើយចាត់​បម្រើឲ្យទៅ​ក្រាប​បង្គំ​ទូលកាល​គួរ ដល់ព្រះដ៏​មានព្រះភាគថា ពេលគួរហើយព្រះអង្គ ភត្តសម្រេចហើយ។ គ្រានោះ ព្រះដ៏​មានព្រះភាគ ទ្រង់ស្បង់ ហើយប្រដាប់ដោយបាត្រ និងចីវរអំពីព្រលឹម យាងតម្រង់ទៅ​កាន់​ទីអង្គាស (ចង្ហាន់) របស់នាងអម្ពបាលី ជាស្រីផ្កាមាស លុះយាងទៅដល់ហើយ ទើបគង់លើ​អាសនៈ ដែលគេក្រាលថ្វាយ ព្រមទាំងភិក្ខុសង្ឃ។ គ្រានោះ នាងអម្ពបាលី ជាស្រីផ្កាមាស អង្គាស​ថ្វាយខាទនីយភោជនីយាហារ (បង្អែម ចំអាប) ដ៏ឆ្ងាញ់ពីសារ ដោយដៃខ្លួនឯង ចំពោះ​ព្រះភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធាន ឲ្យឆ្អែតស្កប់ស្កល់ ត្រាតែព្រះដ៏​មានព្រះភាគ ទ្រង់ឈប់ទទួល សោយស្រេចហើយ លែងលូកព្រះហស្ថ​ទៅក្នុងបាត្រហើយ ទើប (នាង) អង្គុយ​នៅក្នុងទី​សមគួរ។ កាលបើនាងអម្ពបាលី ជាស្រីផ្កាមាស អង្គុយនៅក្នុងទីដ៏សមគួរហើយ ទើបពោលពាក្យ​នេះ នឹង​ព្រះដ៏​មានព្រះភាគ​ថា បពិត្រ​ព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ សូមថ្វាយ​នូវអម្ពបាលិវននេះ ដល់​ព្រះភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធាន។ ព្រះដ៏​មានព្រះភាគ ក៏ទ្រង់ទទួលនូវ​អារាម (នោះ)។ គ្រានោះ ព្រះដ៏​មានព្រះភាគ ពន្យល់នាងអម្ពបាលី ជាស្រីផ្កាមាស ឲ្យយល់ព្រម ឲ្យកាន់យកព្រម ឲ្យត្រេកអរ ឲ្យរីករាយ ដោយធម្មីកថា ហើយទ្រង់ក្រោកចាកអាសនៈ យាងទៅកាន់ព្រៃមហាវន។ បានឮថា ព្រះមានព្រះភាគ គង់នៅក្នុង​កូដាគារសាលា នាមហាវន ជិតក្រុង​វេសាលីនោះឯង។

ចប់ វារៈពោលអំពីស្តេចលិច្ឆវី។

១៧៨. សីហសេនាបតិវត្ថុ

(១៧៨)

[១២៦] សម័យនោះឯង ពួកស្តេចលិច្ឆវី ដែលមានកេរ្តិឈ្មោះល្បីល្បាញ​ក្រៃលែង អង្គុយប្រជុំគ្នា ក្នុងរោង​សម្រាប់ទទួលភ្ញៀវ ហើយពោលសរសើរគុណព្រះពុទ្ធ79) ពោលសរសើរ​គុណព្រះធម៌80) ពោលសរសើរគុណព្រះសង្ឃ81) ដោយបរិយាយជាច្រើន។ សម័យនោះ សីហសេនាបតិ ជាសាវកនិគ្រណ្ឋ ក៏អង្គុយនៅ​ក្នុងកណ្តាល​បរិសទ្យនោះដែរ។ ទើបសីហសេនាបតិ ត្រិះរិះដូច្នេះថា ព្រះដ៏​មានព្រះភាគនោះ ព្រះអង្គជាព្រះអរហន្តសម្មាសម្ពុទ្ធ​ប្រាកដ ឥតសង្ស័យឡើយ ព្រោះហេតុនោះ ពួកស្តេចលិច្ឆវី​ទាំងនោះ ដែលមានកេរ្តិឈ្មោះល្បីល្បាញក្រៃលែង អង្គុយប្រជុំគ្នាក្នុងរោង​សម្រាប់ទទួលភ្ញៀវ ហើយពោលសរសើរគុណព្រះពុទ្ធ ពោលសរសើរគុណព្រះធម៌ ពោលសរសើរ​គុណព្រះសង្ឃ ដោយបរិយាជាច្រើន បើដូច្នោះ មានតែអាត្មាអញ​ចូលទៅ ដើម្បី​ឃើញ​ព្រះមានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធនោះ (លងមើល)។ លំដាប់នោះ សីហសេនាបតិ ចូលសំដៅទៅត្រង់ទីដែល​និគណ្ឋនាដបុត្តនៅ លុះចូលទៅដល់ហើយ ក៏សំពះនិគណ្ឋនាដបុត្ត ហើយអង្គុយនៅក្នុងទីសមគួរ។ លុះសីហសេនាបតិ អង្គុយនៅក្នុងទីសមគួរហើយ ទើបនិយាយទៅ​នឹងនិគណ្ឋនាដបុត្តថា បពិត្រ​លោកដ៏ចំរើន ខ្ញុំចង់ចូលទៅឃើញ​ព្រះសមណគោតម (ម្តងមើល)។ និគណ្ឋនាដបុត្តពោលថា នែអ្នកសីហៈ អ្នកឯងជាអ្នកនិយាយ​ចំពោះកិច្ចការថា ត្រូវធ្វើ និងចូលទៅមើលសមណគោត្តម ជាអ្នកពោលពាក្យឃាត់​កិច្ចការថា មិនត្រូវ​ធ្វើដូចម្តេចបាន ម្នាលអ្នកសីហៈ ព្រោះសមណគោតម ជាអ្នកពោល​ពាក្យ​ឃាត់​កិច្ចការ ថាមិនត្រូវធ្វើ សំដែងធម៌ហាមកិច្ចការថា មិនត្រូវធ្វើ និងទូន្មាន​សាវកទាំងឡាយ ដោយពោលពាក្យឃាត់កិច្ចការ​ថា មិនត្រូវធ្វើនោះដែរ។ ឯការរៀបចំដំណើរ​របស់សីហសេនាបតិ ដើម្បីនឹងទៅឃើញព្រះដ៏​មានព្រះភាគ (នុ៎ះ) ក៏អាក់ខានទៅ។ ពួក​ស្តេចលិច្ឆវី​​ ដែលមានកេរ្តិឈ្មោះល្បីល្បាញក្រៃលែង អង្គុយប្រជុំគ្នាក្នុងរោង​សម្រាប់ទទួលភ្ញៀវ ហើយពោលសរសើរគុណព្រះពុទ្ធ ពោលសរសើរគុណព្រះធម៌ ពោលសរសើរ​គុណព្រះសង្ឃ ដោយបរិយាជាច្រើន អស់វារៈ​ជាគំរប់ពីរដងផង។បេ។ អស់វារៈ​ជាគំរប់​បីដងផង។ ឯសីហសេនាបតិ ក៏មានសេចក្តី​ត្រិះរិះក្នុងវារៈជាគំរប់បីដងថា ព្រះដ៏មានព្រះភាគនោះ ព្រះអង្គ​ជា​ព្រះអរហន្តសម្មាសម្ពុទ្ធប្រាកដ ឥតសង្ស័យឡើយ ព្រោះហេតុនោះហើយ បានជាពួក​ស្តេចលិច្ឆវី​​​ទាំងនេះ ដែលមានកេរ្តិឈ្មោះល្បីល្បាញក្រៃលែង អង្គុយប្រជុំគ្នាក្នុងរោង​សម្រាប់ទទួលភ្ញៀវ ហើយពោលសរសើរគុណព្រះពុទ្ធ ពោលសរសើរគុណព្រះធម៌ ពោលសរសើរ​គុណព្រះសង្ឃ ដោយបរិយាជាច្រើន និគ្រណ្ឋទាំង (នេះ) ទោះអញលាក្តី មិនលាក្តី នឹងធ្វើអ្វីអញ បើដូច្នោះ អាត្មាអញ មិនបាច់លា​និគ្រណ្ឋ​ទាំង (នេះ) ទេ គួរតែចូលទៅឃើញ​ព្រះដ៏មានព្រះភាគ ជា​ព្រះអរហន្តសម្មាសម្ពុទ្ធនោះតែម្តង។ លំដាប់នោះ សីហសេនាបតិ ចេញទៅអំពីក្រុងវេសាលី ដោយរថ៥០០ ក្នុងវេលាថ្ងៃ ដើម្បីនឹងឃើញ​ព្រះដ៏មានព្រះភាគ ហើយដាក់យានទុកក្នុងទី​សមគួរ ទើបចុះ​អំពីយាន ដើរទៅដោយជើងទទេ ចូលតម្រង់ទៅកាន់ទីដែល​ព្រះដ៏មានព្រះភាគគង់នៅ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំ​ព្រះដ៏មានព្រះភាគ ទើបអង្គុយក្នុងទីសមគួរ។ លុះសីហសេនាបតិអង្គុយក្នុងទី​សមគួរហើយ បានក្រាបបង្គំ​ទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រ​ព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ​បានឮថា ព្រះសមណគោតម ជាអ្នកពោលឃាត់កិច្ចការ​ថា មិនត្រូវធ្វើ សំដែងធម៌ ហាមកិច្ចការថា មិនត្រូវធ្វើ ទាំងទូន្មាន​សាវកទាំងឡាយ ដោយពោលពាក្យ​ឃាត់​កិច្ចការ​ថា មិនត្រូវធ្វើ ដូច្នោះដែរ បពិត្រព្រះអង្គដ៏ចំរើន គេទាំងឡាយតែងពោលយ៉ាងនេះថា ព្រះសមណគោតម ជាអ្នកពោលឃាត់កិច្ចការ​ថា មិនត្រូវធ្វើ សំដែងធម៌ ហាមកិច្ចការថា មិនត្រូវធ្វើ ទាំងទូន្មាន​សាវកទាំងឡាយ ដោយពោលពាក្យ​ឃាត់​កិច្ចការ​ថា មិនត្រូវធ្វើដូច្នោះដែរ បពិត្រ​ព្រះអង្គដ៏ចំរើន គេទាំងនោះពោលត្រង់ តាមពាក្យរបស់ព្រះអង្គ មិនមែន​ពោលបង្កាច់​ព្រះអង្គ ​ដោយពាក្យ​មិនពិតទេឬ ដ្បិត​ព្រះអង្គតែងពោលជាក់ច្បាស់ ​នូវធម៌ ​សមគួរ​ដល់ធម៌ ប្រសិនបើមាន​សហធម្មិកណាមួយបាននិយាយ​ត្រូវតាម​ព្រះពុទ្ធដីកាដែល​ព្រះអង្គ​បានពោល (នោះ) ក៏មិនបាន​ដល់​នូវហេតុ​ដំណេះដំនៀល​ឡើយ បពិត្រព្រះអង្គដ៏ចំរើន ព្រោះហេតុនោះហើយ បានជាយើង​ខ្ញុំ​ព្រះអង្គ​មិនចង់ពោល​បង្កាច់​ព្រះដ៏មានព្រះភាគ។

[១២៧] ព្រះអង្គទ្រង់ត្រាស់ថា ម្នាលសីហៈ មានហេតុជាទំនង​គួរឲ្យអ្នកផងថាចំពោះ​តថាគតថា ព្រះសមណគោតម ជាអ្នកពោលពាក្យឃាត់កិច្ចការ​ថា មិនត្រូវធ្វើ សំដែងធម៌ ហាមកិច្ចការថា មិនត្រូវធ្វើ ទាំងទូន្មាន​សាវកទាំងឡាយ ដោយពាក្យថា មិនត្រូវធ្វើនោះដែរ ដែលគេ​ថានោះ ត្រូវហើយ។ ម្នាលសីហៈ មានហេតុជាទំនង​គួរឲ្យអ្នកផងថាចំពោះ​តថាគតថា ព្រះសមណគោតម ជាអ្នកពោលថា ត្រូវធ្វើកិច្ចការ សំដែងធម៌ថា ត្រូវធ្វើ ទាំងទូន្មាន​សាវក​ទាំងឡាយ ដោយពាក្យថា ត្រូវធ្វើនោះដែរ ដែលគេ​ថានោះ ត្រូវហើយ។ ម្នាលសីហៈ មានហេតុជា​ទំនង​ គួរឲ្យអ្នកផងថាចំពោះ​តថាគតថា ព្រះសមណគោតម ជាអ្នកពោលពាក្យកាត់ផ្តាច់​ផ្តិលទេតើ សំដែងធម៌ ដើម្បីកាត់ផ្តាច់ផ្តិល ទាំងទូន្មាន​សាវកទាំងឡាយ ដោយពាក្យថា ត្រូវកាត់ផ្តាច់ផ្តិលនោះដែរ ដែល​ថានោះ ត្រូវហើយ។ ម្នាលសីហៈ មានហេតុជាទំនង​ គួរ​ឲ្យអ្នក​ផង​ថាចំពោះ​តថាគតថា ព្រះសមណគោតម ជាអ្នកខ្ពើមរអើម សំដែងធម៌ ដើម្បីខ្ពើមរអើម ទាំងទូន្មាន​សាវកទាំងឡាយ ដោយពាក្យថា គួរខ្ពើមរអើមនោះដែរ ដែលគេ​ថានោះ ត្រូវហើយ។ ម្នាលសីហៈ មានហេតុជាទំនង​ គួរ​ឲ្យអ្នក​ផង​ថាចំពោះ​តថាគតថា ព្រះសមណគោតម ជាអ្នកបំផ្លាញទេតើ សំដែងធម៌ ដើម្បីបំផ្លាញ ទាំងទូន្មាន​សាវកទាំងឡាយ ដោយពាក្យថា ត្រូវបំផ្លាញ​នោះដែរ ដែលគេ​ថានោះ ត្រូវហើយ។ ម្នាលសីហៈ មានហេតុជាទំនង​ គួរ​ឲ្យអ្នក​ផង​ថាចំពោះ​តថាគតថា ព្រះសមណគោតម ជាអ្នកដុតកំដៅទេតើ សំដែងធម៌ ដើម្បីដុតកំដៅ ទាំង​ទូន្មាន​សាវកទាំងឡាយ ដោយពាក្យថា ត្រូវដុតកំដៅនោះដែរ ដែលគេ​ថានោះ ត្រូវហើយ។ ម្នាលសីហៈ មានហេតុជាទំនង​ គួរ​ឲ្យអ្នក​ផង​ថាចំពោះ​តថាគតថា ព្រះសមណគោតម ជាមនុស្សឥតកំណើត សំដែងធម៌ ដើម្បីមិនឲ្យមានកំណើត ទាំងទូន្មាន​សាវកទាំងឡាយ ដោយពាក្យមិនមានកំណើតនោះដែរ ដែលគេ​ថានោះ ត្រូវហើយ។ ម្នាលសីហៈ មានហេតុជាទំនង​ គួរ​ឲ្យអ្នក​ផង​ថាចំពោះ​តថាគតថា ព្រះសមណគោតម ជាអ្នកទំនុកបំរុង សំដែងធម៌ ដើម្បីទំនុកបំរុង ទាំងទូន្មាន​សាវកទាំងឡាយ ដោយពាក្យថា ឲ្យទំនុកបំរុងនោះដែរ ដែលគេ​ថានោះ ត្រូវហើយ។ ម្នាលសីហៈ ទំនងដែលគួរ​ឲ្យអ្នក​ផង​ថាចំពោះ​តថាគតថា ព្រះសមណគោតម ជាអ្នកពោលពាក្យថា មិនត្រូវធ្វើ សំដែងធម៌ ហាមថា មិនត្រូវធ្វើ ទាំងទូន្មាន​សាវកទាំងឡាយ ដោយពាក្យថា មិនត្រូវធ្វើនោះដែរ ដែលគេ​ថា​នោះ ត្រូវហើយ តើដូចម្តេច ម្នាលសីហៈ ដ្បិតតថាគតពោលថា មិនត្រូវធ្វើចំពោះតែកាយទុច្ចរិត វចីទុច្ចរិត មនោទុច្ចរិត និងពោលឃាត់​កិច្ចការថា មិនត្រូវធ្វើចំពោះតែអកុសលធម៌ដ៏​អាក្រក់​ច្រើនប្រការ ម្នាលសីហៈ ទំនងនេះឯងហើយ ដែលគួរ​ឲ្យអ្នកផង​ថាចំពោះតថាគតថា ព្រះសមណគោតម ជាអ្នកពោលឃាត់កិច្ចការថា មិនត្រូវធ្វើ សំដែងធម៌ហាមថា មិនត្រូវធ្វើ ទាំងទូន្មាន​សាវកទាំងឡាយ ដោយពាក្យថា មិនត្រូវធ្វើនោះដែរ ដែលគេថានោះ ត្រូវហើយ។ ម្នាលសីហៈ ទំនងដែលគួរ​ឲ្យអ្នកផង​ថាចំពោះតថាគតថា ព្រះសមណគោតម ជាអ្នកពោលថា ត្រូវធ្វើ សំដែងធម៌ថា ត្រូវធ្វើ ទាំងទូន្មាន​សាវកទាំងឡាយ ដោយពាក្យថា ត្រូវធ្វើនោះដែរ ដែលគេ​ថា​នោះ ត្រូវហើយ តើដូចម្តេច។ ម្នាលសីហៈ ដ្បិតតថាគតពោលថា ត្រូវធ្វើចំពោះតែកាយសុចរិត វចីសុចរិត មនោសុចរិត និងពោលថា ត្រូវធ្វើចំពោះតែកុសលធម៌ដែលមានប្រយោជន៍​ច្រើន​ប្រការ ម្នាលសីហៈ ទំនងនេះឯងហើយ ដែលគួរ​ឲ្យអ្នកផង​ថាចំពោះតថាគតថា ព្រះសមណ​គោតម ជាអ្នកពោលថា ត្រូវធ្វើ សំដែងធម៌ថា ត្រូវធ្វើ ទាំងទូន្មាន​សាវកទាំងឡាយ ដោយពាក្យថា ត្រូវធ្វើនោះដែរ ដែលគេថានោះ ត្រូវហើយ។ ម្នាលសីហៈ ទំនងដែលគួរ​ឲ្យអ្នកផង​ថាចំពោះ​តថាគត​ថា ព្រះសមណគោតម ជាអ្នកពោលពាក្យកាត់ផ្តាច់ផ្តិល សំដែងធម៌ ដើម្បីកាត់ផ្តាច់ផ្តិល ទាំងទូន្មាន​សាវកទាំងឡាយ ដោយពាក្យថា ត្រូវកាត់ផ្តាច់ផ្តិល ដែលគេ​ថា​នោះ ត្រូវហើយ តើដូចម្តេច។ ម្នាលសីហៈ ដ្បិតតថាគតពោលថា ត្រូវកាត់ផ្តាច់ផ្តិលរាគៈ ទោសៈ មោហៈ និងពោលថា ត្រូវកាត់ផ្តាច់ផ្តិលនោះ ចំពោះតែអកុសលធម៌ដ៏​អាក្រក់​ច្រើនប្រការ ម្នាលសីហៈ ទំនងនេះឯងហើយ ដែលគួរ​ឲ្យអ្នកផង​ថាចំពោះតថាគតថា ព្រះសមណគោតម ជាអ្នកពោលពាក្យកាត់ផ្តាច់ផ្តិល សំដែងធម៌ ដើម្បីកាត់ផ្តាច់ផ្តិល ទាំងទូន្មាន​សាវកទាំងឡាយ ដោយពាក្យថា ត្រូវកាត់ផ្តាច់ផ្តិល ដែលគេថានោះ ត្រូវហើយ។ ម្នាលសីហៈ ទំនងដែលគួរ​ឲ្យ​អ្នក​ផង​​ថាចំពោះតថាគតថា ព្រះសមណគោតម ជាអ្នកខ្ពើមរអើម សំដែងធម៌ ដើម្បីការខ្ពើមរអើម ទាំងទូន្មាន​សាវកទាំងឡាយ ដោយពាក្យថា ត្រូវខ្ពើមរអើមនោះដែរ ដែលគេ​ថា​នោះ ត្រូវហើយ តើដូចម្តេច។ ម្នាលសីហៈ ព្រោះតថាគតខ្ពើមចំពោះតែកាយទុច្ចរិត វចីទុច្ចរិត មនោទុច្ចរិត និងខ្ពើមចំពោះសេចក្តីប្រកបចិត្ត ផ្តេកផ្តិតទៅរកអកុសលធម៌ដ៏​អាក្រក់​ច្រើនប្រការ ម្នាលសីហៈ ទំនងនេះឯងហើយ ដែលគួរ​ឲ្យអ្នកផង​ថាចំពោះតថាគតថា ព្រះសមណគោតម ជាអ្នកខ្ពើមរអើម សំដែងធម៌ ដើម្បីការខ្ពើមរអើម ទាំងទូន្មាន​សាវកទាំងឡាយ ដោយការខ្ពើមរអើមនោះដែរ ដែលគេថានោះ ត្រូវហើយ។ ម្នាលសីហៈ ទំនងដែលគួរ​ឲ្យអ្នកផង​ថាចំពោះតថាគតថា ព្រះសមណគោតម ជាអ្នកបំផ្លាញ សំដែងធម៌ ដើម្បីបំផ្លាញ ទាំងទូន្មាន​សាវកទាំងឡាយ ដោយពាក្យថា ត្រូវបំផ្លាញនោះដែរ ដែលគេ​ថា​នោះ ត្រូវហើយ តើដូចម្តេច។ ម្នាលសីហៈ ព្រោះ​តថាគត​ សំដែងធម៌ចំពោះផ្លូវ​ប្រតិបត្តិ ដែលបំផ្លាញ​បង់នូវ​រាគៈ ទោសៈ មោហៈ និងសំដែងធម៌​ចំពោះផ្លូវប្រតិបត្តិ បំផ្លាញបង់នូវអកុសលធម៌ដ៏​អាក្រក់​ច្រើនប្រការ ម្នាលសីហៈ ទំនងនេះឯង​ហើយ ដែលគួរ​ឲ្យអ្នកផង​ថាចំពោះតថាគតថា ព្រះសមណគោតម ជាអ្នកបំផ្លាញ សំដែងធម៌ ដើម្បីបំផ្លាញ ទាំងទូន្មាន​សាវកទាំងឡាយ ដោយពាក្យថា ត្រូវបំផ្លាញនោះដែរ ដែលគេថានោះ ត្រូវហើយ។ ម្នាលសីហៈ ទំនងដែលគួរ​ឲ្យអ្នកផង​ថាចំពោះតថាគតថា ព្រះសមណគោតម ជាអ្នកដុតកំដៅ សំដែងធម៌ ដើម្បីដុតកំដៅ ទាំងទូន្មាន​សាវកទាំងឡាយ ដោយពាក្យថា ត្រូវដុតកំដៅនោះដែរ ដែលគេ​ថា​នោះ ត្រូវហើយ តើដូចម្តេច។ ម្នាលសីហៈ ព្រោះ​តថាគត​ពោលថា កាយទុច្ចរិត វចីទុច្ចរិត មនោទុច្ចរិត ជាទីតាំង​នៃសេចក្តី​ក្តៅក្រហាយ ជាអកុសលធម៌ដ៏​អាក្រក់ ម្នាលសីហៈ អកុសលធម៌ដ៏អាក្រក់​ទាំងឡាយ ដែលជាទីតាំង​នៃសេចក្តីក្តៅក្រហាយ (នោះ) បើអ្នកណាបានលះស្រឡះហើយ បានផ្តាច់ផ្តិលឫសគល់អស់ហើយ បានធ្វើ​វត្ថុ​សម្រាប់​កើត​​ទៀត​ ឲ្យអស់រលីង ដូចជាដើម​ត្នោតដែលគេក្របែល គាស់រំលើង ឲ្យលែងដុះ​តទៅទៀត​ហើយ បានធ្វើឲ្យលែងមានបែបភាព​តទៅទៀតហើយ ឲ្យជាធម៌លែងមានកំណើត​តទៅខាងមុខ​ទៀត​​ហើយ តថាគត ហៅអ្នកនោះថា អ្នកដុតកំដៅ ម្នាលសីហៈ អកុសលធម៌ដ៏អាក្រក់​ទាំងឡាយ ដែល​ជាទីតាំង​នៃសេចក្តីក្តៅក្រហាយ (នោះ) តថាគតឯង បានលះស្រឡះហើយ បានផ្តាច់​ផ្តិល​ឫសគល់អស់ហើយ បានធ្វើវត្ថុសម្រាប់កើត​ទៀត​ ឲ្យអស់រលីង ដូចដើម​ត្នោត​ ដែលគេក្របែល គាស់រំលើង ឲ្យលែងដុះតទៅទៀតហើយ បានធ្វើឲ្យលែងមានបែបភាព​តទៅ​ទៀត​ហើយ ឲ្យ​ជា​ធម៌លែងមានកំណើត​តទៅខាងមុខ​ហើយ ម្នាលសីហៈ ទំនងនេះឯងហើយ ដែលគួរ​ឲ្យអ្នក​ផង​​ថា​ចំពោះ​តថាគត​ថា ព្រះសមណគោតម ជាអ្នកដុតកំដៅ សំដែងធម៌ ដើម្បីដុតកំដៅ ទាំង​ទូន្មាន​សាវក​ទាំងឡាយ ដោយពាក្យថា ត្រូវដុតកំដៅនោះដែរ ដែលគេថានោះ ត្រូវហើយ។ ម្នាលសីហៈ ទំនង​ដែលគួរ​ឲ្យអ្នកផង​ថាចំពោះតថាគតថា ព្រះសមណគោតម ជាអ្នកឥតកំណើត សំដែងធម៌ ដើម្បី​មិនឲ្យមានកំណើត ទាំងទូន្មាន​សាវកទាំងឡាយ ដោយពាក្យថា មិនឲ្យមាន​កំណើតនោះដែរ ដែល​គេ​ថា​នោះ ត្រូវហើយ តើដូចម្តេច។ ម្នាលសីហៈ ព្រោះកិរិយាដេកក្នុង​គភ៌​តទៅទៀត ដំណើរ​កើត​ក្នុងភព តទៅខាងមុខទៀត បើអ្នកណាបាន​លះស្រឡះហើយ បាន​​ផ្តាច់​ផ្តិល​ឫស​គល់​អស់​ហើយ បានធ្វើវត្ថុសម្រាប់កើត​ទៀត​ ឲ្យអស់រលីង ដូចដើម​ត្នោតដែលគេក្របែល គាស់រំលើង ឲ្យលែងដុះតទៅទៀតហើយ បានធ្វើឲ្យលែងមានបែបភាព​តទៅទៀតហើយ ឲ្យជាធម៌​ លែងមាន​កំណើត​​តទៅខាងមុខទៀត​ហើយ តថាគត ហៅអ្នកនោះថា អ្នកឥតកំណើត ម្នាលសីហៈ កិរិយា​ដេកក្នុង​គភ៌ តទៅទៀត ដំណើរកើតក្នុងភព តទៅខាងមុខទៀត តថាគត បានលះស្រឡះហើយ បានផ្តាច់ផ្តិលឫសគល់អស់ហើយ បានធ្វើវត្ថុសម្រាប់កើត​ទៀត​ ឲ្យអស់រលីង ដូចដើម​ត្នោត​ ដែល​គេក្របែល គាស់រំលើង ឲ្យលែងដុះតទៅទៀតហើយ បានធ្វើឲ្យលែងមានបែបភាព​តទៅ​ទៀត​ហើយ ឲ្យជាធម៌ លែងមានកំណើត​ តទៅខាងមុខ​ទៀតហើយ ម្នាលសីហៈ ទំនងនេះឯងហើយ ដែលគួរ​ឲ្យអ្នក​ផង​​ថាចំពោះតថាគតថា ព្រះសមណគោតម ជាអ្នកឥតកំណើត សំដែងធម៌ ដើម្បីមិនឲ្យមានកំណើត ទាំង​ទូន្មាន​សាវកទាំងឡាយ ដោយពាក្យមិនឲ្យមានកំណើតនោះដែរ ដែលគេថានោះ ត្រូវហើយ។ ម្នាលសីហៈ ទំនងដែលគួរអ្នកផងថាចំពោះតថាគតថា ព្រះសមណគោតម ជាអ្នកទំនុកបំរុងពួក សំដែងធម៌ ដើម្បីទំនុកបំរុង ទាំង​ទូន្មាន​សាវក​ទាំង​ឡាយ ដោយពាក្យថា ឲ្យទំនុកបំរុងនោះដែរ ដែលគេថានោះ ត្រូវហើយ តើដូចម្តេច។ ម្នាលសីហៈ ព្រោះតថាគតជាអ្នក​ទំនុកបំរុងពួក សំដែងធម៌ ដើម្បី​ទំនុកបំរុង ដោយសេចក្តីទំនុកបំរុង​ដ៏ឧត្តម82) ទាំងទូន្មានសាវកទាំងឡាយ ដោយពាក្យថា ឲ្យទំនុកបំរុង​នោះដែរ ម្នាលសីហៈ ទំនងនេះឯងហើយ ដែលគួរឲ្យអ្នកផង​ថា​ចំពោះ​តថាគតថា ព្រះសមណគោតម ជាអ្នកទំនុកបំរុង សំដែងធម៌ ដើម្បីទំនុកបំរុង ទាំង​ទូន្មាន​សាវក​ទាំង​ឡាយ ដោយពាក្យថា ឲ្យទំនុកបំរុងនោះដែរ ដែលគេថានោះ ត្រូវហើយ។

[១២៨] កាលបើព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ សីហសេនាបតិ ក្រាបបង្គំទូល​ព្រះដ៏មានព្រះភាគ​យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ភាសិតរបស់ព្រះអង្គ​ពីរោះណាស់ បពិត្រព្រះអង្គដ៏ចំរើន ភាសិតរបស់ព្រះអង្គពីរោះណាស់ បពិត្រព្រះអង្គដ៏ចំរើន ធម៌ដែលព្រះអង្គ​សំដែងហើយ ដោយអនេកបរិយាយយ៉ាងនេះ គួរនាដូចជាមនុស្សចាប់បើក​របស់​ដែលគេផ្កាប់ចុះ ឲ្យផ្ងារឡើង ពុំនោះ ដូចជាមនុស្សបើកបង្ហាញ​របស់ដែលគេលាក់​ បិទបាំង ពុំនោះសោត ដូចជាមនុស្សអ្នកប្រាប់ផ្លូវ ដល់អ្នកវង្វេង ឬក៏ដូចជាមនុស្សកាន់ប្រទីបប្រេង ទ្រោលបំភ្លឺ​ក្នុងទីងងឹត ដោយគិតថា មនុស្ស​មានភ្នែក មើលឃើញនូវរូបទាំងឡាយបាន បពិត្រ​ព្រះអង្គ​ដ៏ចំរើន ខ្ញុំព្រះអង្គនេះ សូមដល់នូវ​ព្រះដ៏មានព្រះភាគផង ព្រះធម៌ផង ព្រះភិក្ខុសង្ឃផង ថា​ជាទីរឭក សូមព្រះដ៏មានព្រះភាគ ទ្រង់ជ្រាបនូវខ្ញុំ​ព្រះអង្គ ថាជាឧបាសក ដល់ហើយនូវ​ព្រះរតនត្រ័យ ថាជាទីរឭកស្មើដោយជីវិត តាំងអំពីថ្ងៃនេះទៅ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលសីហៈ អ្នកឯងចូរ​ធ្វើនូវការ​គិតជញ្ជឹងមើលសិន ឯការគិតជញ្ជឹងមើល (នោះ) ជាកិច្ចប្រពៃ​ របស់មនុស្ស​ជាអ្នកដឹងទាំងឡាយ ដូចអ្នកឯង (នេះ)។ សីហសេនាបតិ ក្រាបបង្គំទូលថា បពិត្រ​ព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ​ត្រេកអររីករាយ ជាច្រើនលើសជាងប្រមាណ តាមព្រះពុទ្ធដីការបស់​ព្រះមានព្រះភាគនេះ ដ្បិត​ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងខ្ញុំព្រះអង្គថា ម្នាលសីហៈ ចូរអ្នកឯង​ធ្វើនូវការ​គិតជញ្ជឹងមើលសិន ឯការគិតជញ្ជឹង​មើល (នោះ) ជាកិច្ចប្រពៃ​របស់មនុស្ស​ជាអ្នកដឹង​ទាំងឡាយ ដូចអ្នកឯង (នេះ) បពិត្រព្រះអង្គដ៏ចំរើន តិរិ្ថយដទៃទាំងឡាយ បានខ្ញុំព្រះអង្គជាសាវក មុខជាគេ​នាំគ្នាលើកទង់ជុំវិញក្រុងវេសាលីទាំងអស់ រួច (គេប្រកាសសេចក្តី) ថា យើងទាំងឡាយ បានសីហសេនាបតិ​មកជាសាវកហើយ ក៏ក្នុងកាលឥឡូវនេះ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់​នឹង​ខ្ញុំ​ព្រះអង្គយ៉ាងនេះថា ម្នាលសីហៈ ចូរអ្នកឯងធ្វើនូវការ​គិតជញ្ជឹង​មើលសិន ឯការគិតជញ្ជឹង​មើល (នោះ) ជាកិច្ចប្រពៃ របស់មនុស្ស​ជាអ្នកដឹងទាំងឡាយ ដូចអ្នកឯង (នេះ) បពិត្រ​ព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនេះ សូមដល់នូវព្រះដ៏មានព្រះភាគផង ព្រះធម៌ផង ព្រះភិក្ខុសង្ឃផង ថាជាទីរឭក ជាគំរប់ពីរដង សូមព្រះដ៏មានព្រះភាគ ទ្រង់ជ្រាបនូវខ្ញុំព្រះអង្គ ថាជាឧបាសក ដល់ព្រះរតនត្រ័យ ថាជាទីរឭកស្មើដោយជីវិត តាំងអំពីថ្ងៃនេះទៅ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលសីហៈ ត្រកូលរបស់អ្នក ជាអណ្តូង​បម្រុង​ពួកនិគ្រណ្ឋ ជាយូរណាស់មកហើយ អ្នកសំគាល់​ថាបាន​អ្នកណា នឹងឲ្យបិណ្ឌបាត​ដល់តិរ្ថិយ​ដែលចូលមកនោះ។ សីហសេនាបតិ ក្រាបទូលថា បពិត្រ​ព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គត្រេកអរ​ រីករាយ​ជាច្រើនលើសប្រមាណ តាមពុទ្ធដីកា​របស់​ព្រះដ៏​មានព្រះភាគនេះ ដ្បិតព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់នឹង​ខ្ញុំព្រះអង្គ​យ៉ាងនេះថា ម្នាលសីហៈ ត្រកូលរបស់អ្នក ជាអណ្តូង​បម្រុង​ពួកនិគ្រណ្ឋ ជាយូរណាស់មកហើយ អ្នកសំគាល់​ថាបាន​អ្នក​ណា នឹងឲ្យបិណ្ឌបាត​ដល់និគ្រណ្ឋ​ ដែលចូលមកនោះវិញ បពិត្រ​ព្រះអង្គដ៏ចំរើន ពាក្យនេះ ខ្ញុំ​ព្រះអង្គ​ស្តាប់បានហើយ ថាព្រះសមណគោតម ទ្រង់ត្រាស់នឹងខ្ញុំ​យ៉ាងនេះថា អ្នកត្រូវ​ឲ្យទាន​ដល់​តថាគតតែម្យ៉ាង មិនត្រូវឲ្យទាន​ដល់ពួកនិគ្រណ្ឋ​ដទៃទេ អ្នកត្រូវ​ឲ្យទាន​ដល់សាវក​របស់​តថាគត​តែម្យ៉ាង មិនត្រូវឲ្យទាន​ដល់ពួកសាវក​របស់ពួកនិគ្រណ្ឋ​ដទៃទេ ទានដែលអ្នកឲ្យហើយ ដល់​តថាគត ជាទានមានផលច្រើន ទានដែលអ្នកឲ្យ​ហើយ ដល់ពួកនិគ្រណ្ឋដទៃ ជាទាន​មិនមាន​ផល​ច្រើនទេ ទានដែលអ្នកឲ្យហើយ ដល់​ពួកសាវករបស់តថាគត ជាទានមានផលច្រើន ទានដែល​អ្នក​ឲ្យ​ហើយ ដល់ពួកសាវករបស់និគ្រណ្ឋដទៃ ជាទាន​មិនមាន​ផល​ច្រើនទេ ក៏ក្នុងកាលឥឡូវ​នេះ ព្រះដ៏មានព្រះភាគ បបួលខ្ញុំ​ព្រះអង្គ​ឲ្យធ្វើទាន​ដល់ពួកនិគ្រណ្ឋ (វិញ) បពិត្រព្រះអង្គដ៏ចំរើន ប៉ុន្តែ​ខ្ញុំព្រះអង្គដឹងកាលដ៏សមគួរ​ ក្នុងការឲ្យទាននេះ បពិត្រ​ព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនេះ សូមដល់​នូវ​ព្រះដ៏មានព្រះភាគ ព្រះធម៌ផង ព្រះភិក្ខុសង្ឃផង ថាជាទីរឭក ជាគំរប់បីដង សូម​ព្រះដ៏មានព្រះភាគ ទ្រង់ជ្រាប​នូវខ្ញុំព្រះអង្គ ថាជាឧបាសក ដល់ព្រះរតនត្រ័យ ថាជាទីរឭក ដោយ​ជីវិត តាំងអំពី​នេះទៅ។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់សំដែង​អនុបុព្វីកថា ដល់សីហសេនាបតិ គឺសំដែងនូវ​ទានកថា សីលកថា សគ្គកថា ទោសរបស់​កាម​ទាំងឡាយ ដ៏លាមកសៅហ្មង និងអានិសង្ស​ក្នុងការចេញបួស។ ព្រះដ៏មានព្រះភាគ ទ្រង់ជ្រាបថា សីហសេនាបតិ មានចិត្ត​ស្រួល មានចិត្តទន់ មានចិត្តប្រាសចាក​នីវរណៈ មានចិត្តរីករាយ មានចិត្តជ្រះថ្លា ក្នុងកាលណាហើយ ក្នុងកាលនោះ ព្រះអង្គក៏សំដែងនូវ​ធម្មទេសនា ដែលព្រះពុទ្ធ​ទាំងឡាយ​តែង​លើកឡើង​សំដែង​ដោយ​ព្រះអង្គឯង គឺ (សំដែង) ទុក្ខ សមុទយ និរោធ មគ្គ។ ធម្មតា សំពត់សស្អាត មិនដិតប្រឡាក់ ដោយវត្ថុ​មានពណ៌ខ្មៅ គួរទទួលទឹកជ្រលក់​ដោយល្អបាន យ៉ាងណាមិញ ធម្មចក្ខុ គឺសោតាបត្តិមគ្គ ប្រាសចាកធូលី ប្រាសចាកមន្ទិល ក៏កើតឡើងដល់សីហសេនាបតិ ក្នុងទីអង្គុយ​នោះឯងថា ធម្មជាត​ណាមួយ មានសេចក្តី​កើតឡើង​ជាធម្មតា ធម្មជាតទាំងអស់នោះ តែងរលត់​ទៅវិញជាធម្មតា ក៏មានឧបមេយ្យ​ដូច្នោះឯង។ គ្រានោះ សីហសេនាបតិ បានឃើញ​ធម៌ហើយ បានដល់​ធម៌ហើយ បានត្រាស់ដឹង​ធម៌ហើយ ឈមចុះកាន់​ធម៌ស៊ប់ហើយ កន្លងផុតសេចក្តី​សង្ស័យ​ហើយ កាត់បង់នូវ​សេចក្តី​ងឿងឆ្ងល់ ជាអ្នកដល់នូវ​សេចក្តីក្លាហាន លែង​ជឿស្តាប់បុគ្គល​ដទៃ ក្នុងសាសនា​របស់ព្រះសាស្តា ទើបក្រាបទូលព្រះដ៏មានព្រះភាគ ដោយពាក្យដូច្នេះថា បពិត្រ​ព្រះអង្គដ៏ចំរើន សូមព្រះដ៏មានព្រះភាគ ព្រមទាំងភិក្ខុសង្ឃ ទទួលភត្តរបស់ខ្ញុំ​ព្រះអង្គ ក្នុងថ្ងៃស្អែកនេះ។ ព្រះដ៏មានព្រះភាគ ទ្រង់ទទួលនិមន្ត​ ដោយតុណ្ហីភាព។ គ្រានោះ សីហសេនាបតិ ដឹងថាព្រះដ៏មានព្រះភាគ ទ្រង់ទទួល​និមន្តហើយ ក៏ក្រោកចាក​ទីអង្គុយ ថ្វាយបង្គំ​លាព្រះដ៏មានព្រះភាគ ធ្វើប្រទក្សិណ ហើយដើរចេញទៅ។ ទើបសីហសេនាបតិ បង្គាប់បុរស​ម្នាក់​ថា នែនាយ អ្នកឯង​ចូរទៅ​រកសាច់សត្វស្លាប់​ស្រាប់មក។ លុះកន្លងរាត្រីយប់នោះហើយ ទើប​សីហ​សេនាបតិ តាក់តែងខាទនីយភោជនីយាហារដ៏ឆ្ងាញ់ពីសា ហើយចាត់បម្រើឲ្យទៅក្រាបទូល​នូវ​ភត្តកាល ដល់ព្រះដ៏មានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន (កាលនេះ) ជាកាល​សមគួរហើយ ភត្ត​ក៏សម្រេចហើយ។ គ្រានោះ ក្នុងបុព្វណ្ហសម័យ ព្រះដ៏មានព្រះភាគ ទ្រង់ស្បង់ ហើយទ្រង់​បាត្រចីវរ យាងទៅកាន់​ផ្ទះសីហសេនាបតិ លុះចូល​ទៅដល់ហើយ គង់លើអាសនៈ ដែលគេ​ក្រាល​បម្រុង​ទុក ព្រមទាំងភិក្ខុសង្ឃ។ សម័យ​នោះឯង និគ្រណ្ឋទាំងឡាយច្រើន (នាំគ្នានៅ) គ្រប់ច្រក នៅគ្រប់ផ្លូវត្រឡែងកែង ក្នុងក្រុងវេសាលី ហើយផ្គងដៃឡើង កន្ទក់កន្ទេញថា ថ្ងៃនេះ សីហសេនាបតិ សម្លាប់សត្វចិញ្ចឹម​ដ៏ធាត់ៗ ធ្វើភត្ត​បម្រុង​សមណគោតម សមណគោតម​ដឹងថា សាច់​គេធ្វើចំពោះខ្លួន ក៏នៅតែឆាន់សាច់​នោះដែរ។ គ្រានោះ មានបុរស​ម្នាក់ ចូលទៅរក​សីហ​សេនាបតិ លុះចូលទៅ​ដល់ហើយ និយាយ​ខ្សិប​ជិតត្រចៀក​សីហសេនាបតិថា បពិត្រលោក​ដ៏ចំរើន សូមលោកជ្រាបចុះ ពួកនិគ្រណ្ឋទាំងអម្បាលនេះជាច្រើន (នាំគ្នានៅ) គ្រប់ច្រក នៅគ្រប់ផ្លូវត្រឡែងកែង ក្នុងក្រុងវេសាលី ហើយផ្គងដៃឡើង កន្ទក់កន្ទេញថា ថ្ងៃនេះ សីហសេនាបតិ សម្លាប់សត្វចិញ្ចឹម​ដ៏ធាត់ៗ ធ្វើភត្ត​បម្រុង​សមណគោតម សមណគោតម​ដឹងថា សាច់​គេធ្វើចំពោះខ្លួនហើយ ក៏នៅតែឆាន់សាច់​នោះដែរ។ សីហសេនាបតិ និយាយថា ម្នាលអ្នក ចូរ​កុំនិយាយឡើយ លោកដ៏មានអាយុទាំងអម្បាលនោះ ប្រាថ្នានឹងពោលទោសព្រះពុទ្ធ ប្រាថ្នានឹងពោលទោសព្រះធម៌ ប្រាថ្នានឹងពោលទោសព្រះសង្ឃ អស់កាល​ជាយូរមកហើយ លោកដ៏មានអាយុទាំងអម្បាលនោះ ពោលបង្កាច់​ព្រះដ៏មានព្រះភាគនោះដោយ​របស់ដែល​មិនមាន ដោយការទទេ ដោយពាក្យមុសាវាទ ដោយពាក្យមិនពិត មិនអស់​មិនហើយឡើយ ក៏​ឯការពិត (នោះ) យើងមិនក្លែងផ្តាច់​បង់ជីវិតសត្វ ព្រោះហេតុ​ជីវិត (របស់ខ្លួន) ទេ។ គ្រានោះ សីហសេនាបតិ អង្គាស​ភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធាន ឲ្យឆ្អែតស្កប់ស្កល់ ដោយខាទនីយ​ភោជនីយដ៏ផ្ចិតផ្ចង់ ត្រាតែព្រះដ៏មានព្រះភាគ ទ្រង់ឈប់ទទួល សោយជាស្រេច ដាក់​ព្រះហស្ថ​អំពី​បាត្រ ទើបអង្គុយ​នៅក្នុងទីដ៏សមគួរ។ ព្រះដ៏មានព្រះភាគ ទ្រង់ពន្យល់​សីហសេនាបតិ ដែលអង្គុយ​ហើយក្នុងទីសមគួរ ឲ្យយល់ព្រម ឲ្យកាន់យកព្រម ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយ​ធម្មីកថាហើយ ក៏ក្រោកចាកអាសនៈ យាងចេញទៅ។ ព្រោះរឿងនេះ ដំណើរនេះ ទើប​ព្រះដ៏មានព្រះភាគ ទ្រង់ធ្វើធម្មីកថាហើយ ត្រាស់ហៅភិក្ខុទាំងឡាយ​មក ហើយទ្រង់ (បញ្ញត្ត) ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុ កាលដឹងថា សាច់គេធ្វើចំពោះ (ខ្លួន) កុំគប្បី​បរិភោគ ភិក្ខុណា​បរិភោគ ត្រូវអាបត្តិ​ទុក្កដ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត​ត្រីនិងសាច់ ដែលបរិសុទ្ធ​ដោយបំផុត៣​យ៉ាង គឺមិនបានឃើញ មិនបានឮ មិនបានរង្កៀស។

១៧៩. កប្បិយភូមិអនុជាននា

(១៧៩)

[១២៩] សម័យនោះឯង ក្រុងវេសាលីមានបាយបរិបូណ៌ មានសន្ទូងល្អ មានបិណ្ឌបាត​បានស្រួល ងាយនឹងញុំាង​អត្តភាពឲ្យប្រព្រឹត្ត​ទៅបាន ដោយការស្វែងរក និងការព្យាយាម។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់យាងទៅកាន់ទីស្ងាត់ សម្ងំនៅក្នុងព្រះកម្មដ្ឋាន ទើបទ្រង់ត្រិះរិះ​ដោយព្រះទ័យ​យ៉ាងនេះថា ខាទនីយភោជនីយៈ​ទាំងឡាយណា ដែលតថាគតបាន​អនុញ្ញាត​ហើយ ដល់ភិក្ខុទាំងឡាយ ក្នុងកាលដែលស្រុកមានអំណត់​ មានសន្ទូងមិនល្អ មានបិណ្ឌបាត​បាន​ដោយលំបាក គឺខាទនីយភោជនីយៈ ដែលទុកដាក់​ខាងក្នុង (អកប្បិយកុដិ) ចំអិនខាងក្នុង (អកប្បិយកុដិ) ភិក្ខុចំអិនដោយខ្លួនឯង ភិក្ខុទទួល​របស់ជាឧគ្គហិត ដែលគេ​នាំមកអំពី​ទីនោះ ដែល​ភិក្ខុទទួលប្រគេនក្នុងវេលាមុនភត្ត វត្ថុនៅ​ក្នុងព្រៃ វត្ថុ​នៅក្នុងស្រះ ក៏ក្នុងថ្ងៃនេះ ភិក្ខុទាំងឡាយ នៅបរិភោគ​ភត្តទាំងនោះឬ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ចេញអំពីការសម្ងំនៅក្នុង​ព្រះកម្មដ្ឋាន ក្នុងវេលារសៀលហើយ ទ្រង់ត្រាស់ហៅព្រះអានន្ទ​ដ៏មានអាយុមក ទ្រង់​ (សួរ) ថា ម្នាលអានន្ទ ខាទនីយភោជនីយៈ​ទាំងឡាយណា ដែលតថាគតបាន​អនុញ្ញាត​ហើយ ដល់​ភិក្ខុ​ទាំង​ឡាយ ក្នុងកាលមានអំណត់​ មានសន្ទូងមិនល្អ មានបិណ្ឌបាត​បាន​ដោយលំបាក គឺ​ខាទនីយ​ភោជនីយៈ ដែលទុកដាក់​ខាងក្នុង និងចំអិនខាងក្នុង (អកប្បិយកុដិ) ភិក្ខុចំអិនដោយខ្លួនឯង ភិក្ខុទទួល​របស់ជាឧគ្គហិត ដែលគេ​នាំមកអំពី​ទីនោះ ដែល​ភិក្ខុទទួលប្រគេនក្នុងវេលាមុនភត្ត វត្ថុនៅ​ក្នុងព្រៃ វត្ថុ​នៅក្នុងស្រះ ក៏ក្នុងថ្ងៃនេះ តើភិក្ខុទាំងឡាយ នៅបរិភោគ​ភត្តទាំងនោះឬអ្វី។ ព្រះអានន្ទ ក្រាបបង្គំទូល​ថា បពិត្រព្រះដ៏មានព្រះភាគ ភិក្ខុទាំងឡាយ នៅបរិភោគនៅឡើយ។ ព្រោះនិទាននេះ ដំណើរនេះ ទើបព្រះដ៏មានព្រះភាគ ទ្រង់ធ្វើនូវធម្មីកថា ត្រាស់ហៅភិក្ខុទាំង​ឡាយមក ហើយទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ខាទនីយភោជនីយៈ​ទាំងឡាយណា ដែលតថាគតបាន​អនុញ្ញាត​ហើយ ដល់​ភិក្ខុ​ទាំង​ឡាយ ក្នុងកាលមានអំណត់​ មានសន្ទូងមិនល្អ មានបិណ្ឌបាត​បាន​ដោយលំបាក គឺ​ខាទនីយ​ភោជនីយៈ ដែលទុកដាក់​ខាងក្នុង និងចំអិនខាងក្នុង (អកប្បិយកុដិ) ភិក្ខុចំអិនដោយខ្លួនឯង ភិក្ខុទទួល​របស់ជាឧគ្គហិត ដែលគេ​នាំមកអំពី​ទីនោះ ដែល​ភិក្ខុទទួលប្រគេនក្នុងវេលាមុនភត្ត វត្ថុនៅ​ក្នុងព្រៃ វត្ថុ​នៅក្នុងស្រះ ឥឡូវនេះ តថាគតហាម​ខាទនីយ​ភោជនីយៈ​ទាំងនោះ តាំងពី​ថ្ងៃនេះទៅ ម្នាលភិក្ខុទាំងឡាយ​ ភិក្ខុកុំគប្បីបរិភោគ​នូវ​ខាទនីយភោជនីយ ជាអន្តោវុត្ថ (ទុកដាក់ខាងក្នុងអកប្បិយកុដិ) អន្តោបក្ក (ចំអិន​ខាងក្នុង​អកប្បិយកុដិ) សាមំបក្ក (ភិក្ខុចំអិនខ្លួនឯង) ឧគ្គហិតប្បដិគ្គហិត (កាន់ជាមុន ហើយទើប​ឲ្យគេ​ប្រគេន) បើភិក្ខុណាបរិភោគ ត្រូវអាបត្តិ​ទុក្កដ។ ម្នាលភិក្ខុទាំងឡាយ ម្យ៉ាងទៀត ភិក្ខុឆាន់រួចហើយ ហាមភត្តហើយ កុំគប្បី​ឆាន់​អនតិរិត្តភោជន (ភោជនថ្មោង) គឺខាទនីយភោជនីយ ដែលទាយក​នាំមក​អំពីទីនោះ ភិក្ខុទទួល​ក្នុងវេលាមុនភត្ត វត្ថុ​ដែលតាំង​នៅក្នុងព្រៃ វត្ថុដែលតាំងនៅ​ក្នុងស្រះ បើភិក្ខុណា​បរិភោគ វិនយធរត្រូវ​កាត់សេចក្តីតាមអាបត្តិ។

[១៣០] សម័យនោះឯង ពួកមនុស្សអ្នកជនបទផ្ទុកអម្បិលខ្លះ ប្រេងខ្លះ អង្ករខ្លះ ខាទនីយាហារខ្លះច្រើនមុខ ក្នុងរទេះទាំងឡាយ ហើយបង្វិល​រទេះមកឈប់​នៅក្បែរ​ក្លោងទ្វារខាង​ក្រៅអារាម ដោយប៉ងថា យើងទាំងឡាយនឹងបាននូវលំដាប់ (ទីកន្លែង) ក្នុងកាលណា យើងនឹង​ធ្វើ​ភត្ត (ថ្វាយសង្ឃ) ក្នុងកាលនោះ។ (ចួនពេលនោះ) មហាមេឃក៏ទូទឹមឡើង។ គ្រានោះ ពួក​មនុស្ស​ទាំងអម្បាលនោះ ចូល​ទៅរកព្រះអានន្ទដ៏មានអាយុ លុះចូលទៅដល់ហើយ ទើបទូល​ព្រះអានន្ទដ៏មានអាយុ ដោយពាក្យដូច្នេះថា បពិត្រព្រះអានន្ទដ៏ចំរើន មនុស្ស​អ្នកនៅ​ក្នុងជនបទ ផ្ទុកអម្បិលខ្លះ ប្រេងខ្លះ អង្ករខ្លះ ខាទនីយាហារខ្លះ​ច្រើនមុខ ក្នុងរទេះទាំងឡាយ ហើយមកឈប់​នៅក្បែរក្លោងទ្វារនេះ ចួនពេលនោះ មហាមេឃក៏ទូទឹមឡើង បពិត្រព្រះអានន្ទដ៏ចំរើន មនុស្សអ្នក​នៅក្នុងជនបទទាំងនោះ គួរប្រតិបត្តិ​ដូចម្តេចទៅ។ គ្រានោះ ព្រះអានន្ទដ៏មានអាយុ ក្រាបទូលសេចក្តី​នុ៎ះ​ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាលអានន្ទ ណ្ហើយចុះ បើសង្ឃប្រាថ្នានៅទីណា គឺជាវិហារក្តី អឌ្ឍយោគក្តី ប្រាសាទក្តី ប្រាសាទត្រងិលក្តី​ គូហាក្តី ដែលនៅ​ចុងក្រោយគេ សង្ឃចូរ​សន្មត (នូវ​ទីនោះ) ឲ្យជាកប្បិយភូមិ ហើយឲ្យអ្នក​ជនបទ​ទាំង​នោះ នៅក្នុងទីនោះចុះ។ ម្នាលភិក្ខុទាំងឡាយ សង្ឃគប្បីសន្មតយ៉ាងនេះ គឺភិក្ខុ​ជាអ្នកឆ្លាស ប្រតិពល គប្បី​ប្តឹងសង្ឃ​ឲ្យដឹងថា បពិត្រព្រះសង្ឃដ៏ចំរើន សូមព្រះសង្ឃ​ស្តាប់ខ្ញុំ បើកម្មមានកាលសមគួរ​ដល់​សង្ឃហើយ សង្ឃគប្បី​សន្មត​វិហារ​ឈ្មោះនេះ ឲ្យជា​កប្បិយភូមិ។ នេះជាញត្តិ។ បពិត្រព្រះសង្ឃ​ដ៏ចំរើន សូមព្រះសង្ឃស្តាប់ខ្ញុំ សង្ឃ​សន្មត​វិហារ​ឈ្មោះនេះ ឲ្យជា​កប្បិយភូមិ។ ការសន្មត​វិហារ​ឈ្មោះនេះ ឲ្យជា​កប្បិយភូមិ សមគួរ​ដល់លោកដ៏មានអាយុ​អង្គណា លោកដ៏​មានអាយុ​អង្គនោះគប្បីស្ងៀម បើមិនសមគួរ​ដល់លោកដ៏មានអាយុ​អង្គណា លោកដ៏​មានអាយុ​អង្គនោះគប្បីនិយាយឡើង។ សង្ឃបានសន្មតវិហារឈ្មោះនេះ ឲ្យជាកប្បិយភូមិហើយ។ ការ​សន្មត​នេះ សមគួរដល់សង្ឃ ហេតុនោះ ទើបសង្ឃស្ងៀមនៅ។ ខ្ញុំសូមចាំទុកនូវដំណើរ​នេះ ដោយ​អាការស្ងៀមនៅយ៉ាងនេះ។ សម័យនោះឯង មនុស្សទាំងឡាយដាំបបរ ដាំបាយ ស្លសម្ល ចិញ្ច្រាំសាច់ ពុះឧស ធ្វើសំឡេងគឹកកង ក្នុងកប្បិយភូមិ ដែលសង្ឃ​សន្មត​ឲ្យនោះឯង។ ព្រះដ៏​មានព្រះភាគ ទ្រង់តើនឡើងក្នុងវេលា​បច្ចូសសម័យ​នៃរាត្រី បានឮសំឡេង​គឹកកងខ្លាំង ខ្ញៀវខ្ញារ83) លុះឮហើយ ទើបទ្រង់ត្រាស់ហៅ​ព្រះអានន្ទ​ដ៏មានអាយុមកសួរថា ម្នាល​អានន្ទ សំឡេងគឹកកងខ្លាំង ខ្ញៀវខ្ញារនោះ តើជាសំឡេងអ្វី។ ព្រះអានន្ទក្រាបបង្គំទូលថា បពិត្រ​ព្រះអង្គដ៏ចំរើន ឥឡូវនេះ មនុស្សទាំងឡាយដាំបបរ ដាំបាយ ស្លសម្ល ចិញ្ច្រាំសាច់ ពុះឧស ក្នុងកប្បិយភូមិ ដែលសង្ឃ​សន្មត​នោះឯង បពិត្រព្រះដ៏មានព្រះភាគ សំឡេងគឹកកងខ្លាំង ខ្ញៀវខ្ញារនោះ ជាសំឡេងនុ៎ះឯង។ ព្រោះនិទាននេះ ដំណើរនេះ ទើបព្រះដ៏មានព្រះភាគ ទ្រង់​ធ្វើធម្មីកថា ហើយទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយ​មក ទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​មិនគួរ​ប្រើប្រាស់​នូវ​កប្បិយភូមិ ដែលសង្ឃសន្មតទេ ភិក្ខុណាប្រើប្រាស់ ត្រូវអាបត្តិទុក្កដ ម្នាល​ភិក្ខុទាំងឡាយ តថាគតអនុញ្ញាតនូវ​កប្បិយភូមិបីយ៉ាង គឺឧស្សាវនន្តិកា​84) ១ គោនិសាទិកា85) ១ គហបតិកា86) ១។ សម័យនោះឯង យសោជភិក្ខុដ៏មានអាយុ មានជម្ងឺ។ មនុស្សទាំងឡាយនាំភេសជ្ជៈ ដើម្បីប្រយោជន៍​ដល់លោកនោះ។ ភិក្ខុទាំងឡាយ ដាក់​ទុកភេសជ្ជៈ​ទាំងនោះ​ក្រៅ (លំនៅ)។ សត្វតូចៗ (មានកណ្តុរ) ជាដើម ទំពាស៊ីខ្លះ ពួកចោរលួច​យកទៅខ្លះ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូល​រឿងនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត​ឲ្យអ្នកទាំងឡាយប្រើប្រាស់នូវ​កប្បិយភូមិ ដែលសង្ឃ​សន្មតឲ្យ។ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត​នូវកប្បិយភូមិ៤យ៉ាងគឺ ឧស្សាវនន្តិកា១ គោនិសាទិកា១ គហបតិកា១ សម្មតិកា87) ១។

១៨០. មេណ្ឌកគហបតិវត្ថុ

(១៨០)

[១៣១] សម័យនោះឯង មេណ្ឌកគហបតិនៅអាស្រ័យក្នុងក្រុងភទ្ទិយៈ។ សេដ្ឋីនោះ មានឥទ្ធានុភាពខាងឯកក់ជំរះនូវសីស (ក្បាល) រួចប្រើគេឲ្យបោសជង្រុកស្រូវ ហើយទើបអង្គុយ​ខាងក្រៅទ្វារ។ ធារស្រូវ​ក៏ស្រាប់តែធ្លាក់ចុះមកអំពីអាកាស ពេញទាំងជង្រុក។ ឯភរិយា (របស់​សេដ្ឋីនោះ) មានឥទ្ធានុភាពខាងឯចូលទៅអង្គុយជិតថាសមួយ មានចំណុះមួយអាឡ្ហក88) និងថាសមួយ សម្រាប់ដាក់សម្ល និងម្ហូបក្រៀម ហើយអង្គាសនូវ​បុរស​ ជាទាសកម្មករដោយភត្ត។ បើសេដ្ឋីភរិយាមិនទាន់ក្រោកឡើង ភត្តនោះក៏មិនចេះអស់ទៅ។ កូនប្រុស (របស់សេដ្ឋីនោះ) មានឥទ្ធានុភាព ខាងឯកាន់យកថង់មានចំណុះមួយពាន់ (កហាបណៈ) ហើយឲ្យរង្វាន់ដល់បុរស ជាទាសកម្មករអស់ប្រាំមួយខែ។ បើថង់នៅតែក្នុងដៃ​របស់​សេដ្ឋីបុត្តនោះដរាបណា រង្វាន់នោះ ក៏មិនចេះអស់ទៅដរាបនោះ។ កូនប្រសាស្រី (របស់សេដ្ឋីនោះ) មានឥទ្ធានុភាព ខាងឯមុខការចូលទៅអង្គុយជិតកញ្ជើមួយ មានចំណុះ​៤ទោណ89) ហើយឲ្យភត្តដល់បុរស ជាទាសកម្មករ អស់​ប្រាំមួយខែ។ បើកូនប្រសាស្រីរបស់សេដ្ឋីនោះ មិនទាន់ក្រោកឡើងដរាបណា ភត្តនោះ ក៏មិនចេះអស់ទៅ ដរាបនោះ។ ខ្ញុំប្រុស (របស់សេដ្ឋីនោះ) មានឥទ្ធានុភាព ខាងឯមុខការភ្ជួរស្រែ ដោយនង្គ័លតែមួយ មានអាច់បំណះប្រាំពីរបែកចេញទៅ។ ព្រះបាទ​មាគធ​សេនិយ​ពិម្ពិសារ បាន​ឮដំណឹងថា មេណ្ឌកគហបតិនៅក្នុងក្រុងភទ្ទិយៈ ក្នុងដែនរបស់យើង (នេះ) ថាមាន ឥទ្ធានុភាព​ ខាងឯកក់ជំរះនូវសីសៈ រួចប្រើគេឲ្យបោសជង្រុកស្រូវ ហើយទើបអង្គុយ​ខាងក្រៅទ្វារ ធារស្រូវ​ក៏ធ្លាក់ចុះមកពីអាកាស ពេញទាំងជង្រុកបាន ភរិយារបស់​សេដ្ឋីនោះ មាន​ឥទ្ធានុភាព ខាង​ឯចូល​ទៅ​អង្គុយ​ជិតថាសមួយ មានចំណុះមួយអាឡ្ហក និងថាសមួយ សម្រាប់ដាក់សម្ល និងម្ហូបក្រៀម ហើយអង្គាសនូវ​បុរស​ ជាទាសកម្មករដោយភត្ត បើសេដ្ឋីភរិយានោះ មិនទាន់ក្រោកឡើង ដរាបណា ភត្តនោះក៏មិនចេះអស់ទៅ ដរាបនោះ កូនប្រុសរបស់សេដ្ឋីនោះ មានឥទ្ធានុភាព ខាងឯកាន់យកថង់មានចំណុះមួយពាន់កហាបណៈ ហើយឲ្យរង្វាន់ដល់បុរស ជា​ទាសកម្មករ​អស់​ប្រាំមួយ​ខែ បើថង់នៅតែក្នុងដៃ​របស់​សេដ្ឋីបុត្តនោះដរាបណា រង្វាន់នោះ ក៏មិនចេះ​អស់ទៅ​ដរាប​នោះ កូនប្រសាស្រីរបស់សេដ្ឋីនោះ មានឥទ្ធានុភាព ខាងឯចូលទៅអង្គុយជិតកញ្ជើមួយ មាន​ចំណុះ​​៤ទោណ ហើយឲ្យភត្តដល់បុរស ជាទាសកម្មករ អស់​ប្រាំមួយខែ បើកូនប្រសាស្រី​សេដ្ឋី​នោះ មិនទាន់ក្រោកឡើងដរាបណា ភត្តនោះ ក៏មិនចេះអស់ទៅ ដរាបនោះ ខ្ញុំប្រុស របស់សេដ្ឋីនោះ មានឥទ្ធានុភាព ខាងឯការភ្ជួរស្រែ ដោយនង្គ័លតែមួយ មាន​អាច់បំណះ​ប្រាំពីរ​បែក​ចេញទៅ។ ទើបព្រះបាទមាគធសេនិយពិម្ពិសារ ទ្រង់ហៅនូវសព្វត្ថកមហាមាត្យ90) ម្នាក់មក ហើយ​ទ្រង់មាន​ព្រះឱង្ការថា នែនាយ ឮថាមេណ្ឌកគហបតិ នៅក្នុងក្រុងភទ្ទិយៈ ក្នុងដែនរបស់យើង (នេះ) មានឥទ្ធានុភាព ខាងឯកក់ជំរះនូវសីសៈ រួចប្រើ​គេឲ្យបោសជង្រុកស្រូវ ហើយអង្គុយ​ខាងក្រៅទ្វារ ធារស្រូវស្រាប់តែធ្លាក់ចុះមកអំពីអាកាស ពេញ​ទាំងជង្រុក។បេ។ ខ្ញុំប្រុស​របស់សេដ្ឋី​នោះ មានឥទ្ធានុភាព ខាងឯការភ្ជួរស្រែ ដោយនង្គ័លតែមួយ មានអាចម៍បំណះប្រាំពីរបែកចេញទៅ នែនាយ អ្នកចូរទៅឲ្យដឹងការ (បើ) អ្នកឃើញហើយ ដូច​ជាយើងឃើញ ខ្លួនឯងដែរ។ មហាមាត្យនោះទទួល​ព្រះរាជឱង្ការ​នៃព្រះបាទ​មាគធ​សេនិយ​ពិម្ពិសារ ដោយពាក្យដូច្នេះថា យ៉ាងហ្នឹងហើយ ព្រះសម្មតិទេព ហើយត្រាច់​សំដៅទៅកាន់ក្រុង​ភទ្ទិយៈ តាមលំដាប់ ជាមួយនឹងសេនាមានអង្គ៤ ចូលទៅរក​មេណ្ឌកគហបតិ លុះចូលទៅ​ដល់​ហើយ ទើបនិយាយ​នឹងមេណ្ឌកគហបតិថា នែគហបតិ យើងនេះឯង ព្រះរាជាទ្រង់​ត្រាស់​បង្គាប់​មកថា ម្នាលនាយ ឮថាមេណ្ឌកគហបតិ នៅក្នុងក្រុងភទ្ទិយៈ ក្នុងដែនរបស់យើង (នេះ) មានឥទ្ធានុភាព ខាងឯកក់ជំរះនូវសីសៈ រួចប្រើ​គេឲ្យបោសជង្រុកស្រូវ ហើយអង្គុយ​ខាងក្រៅទ្វារ ធារស្រូវក៏ស្រាប់តែធ្លាក់ចុះមកអំពីអាកាស ពេញ​ទាំងជង្រុក។បេ។ ខ្ញុំប្រុស​របស់សេដ្ឋី​នោះ មានឥទ្ធានុភាព ខាងឯកិច្ចការភ្ជួរស្រែ ដោយនង្គ័លតែមួយ មានអាចម៍​បំណះ​ប្រាំពីរ​បែកចេញ​ទៅ នែនាយ អ្នកចូរទៅឲ្យដឹងការ (បើ) អ្នកឃើញហើយ ដូច​ជាយើងឃើញ ខ្លួនឯងដែរ ម្នាលគហបតិ ឥឡូវនេះ យើងចង់ឃើញឥទ្ធានុភាពរបស់អ្នក។ គ្រានោះ មេណ្ឌកគហបតិ កក់​ជំរះ​នូវ​សីសៈ រួចប្រើ​គេឲ្យបោសជង្រុកស្រូវ ហើយទើបអង្គុយ​ខាងក្រៅទ្វារ ធារស្រូវ​ក៏ស្រាប់​តែធ្លាក់​ចុះ​មក​អំពីអាកាស ពេញ​ទាំងជង្រុក។ មហាមាត្យនិយាយថា ម្នាលគហបតិ ឥទ្ធានុភាព​របស់​អ្នក យើងក៏បាន​ឃើញហើយ តែយើង​ចង់ឃើញ​ឥទ្ធានុភាព​ភរិយា​របស់អ្នកទៀត។ ទើប​មេណ្ឌកគហបតិ បង្គាប់ទៅភរិយាថា នែនាង បើដូច្នោះ ចូរនាងអង្គាសនូវ​សេនាមានអង្គ៤ ដោយភត្តចុះ។ លំដាប់​នោះ ភរិយារបស់​មេណ្ឌកគហបតិ ចូលទៅអង្គុយជិតថាស មានចំណុះមួយអាឡ្ហក និងថាស​មួយ​សម្រាប់​ដាក់សម្ល និងម្ហូបក្រៀម ហើយអង្គាសនូវសេនា​មានអង្គ៤ ដោយភត្ត។ សេដ្ឋិភរិយានោះ មិនទាន់ក្រោកឡើងដរាបណា ភត្តនោះ ក៏មិនចេះអស់ទៅដរាបនោះ។ មហាមាត្យនិយាយថា ម្នាលគហបតិ ឥទ្ធានុភាពភរិយា​របស់​អ្នក យើងបាន​ឃើញហើយ តែយើង​ចង់ឃើញ​ឥទ្ធានុភាព​កូនប្រុស​របស់អ្នកទៀត។ ទើប​មេណ្ឌកគហបតិ បង្គាប់ទៅកូនប្រុសថា នែកូន បើដូច្នោះ អ្នកចូរឲ្យរង្វាន់ ដល់​សេនាមានអង្គ៤ អស់ប្រាំមួយខែចុះ។ លំដាប់​នោះ កូនរបស់​មេណ្ឌកគហបតិ កាន់យកថង់ មានចំណុះមួយពាន់​កហាបណៈ ហើយឲ្យរង្វាន់ ដល់សេនា​មានអង្គ៤ អស់ប្រាំមួយខែ។ ថង់នៅក្នុងដៃ​របស់សេដ្ឋិបុត្តនោះដរាបណា រង្វាន់នោះ ក៏មិនចេះអស់ទៅដរាប​នោះ។ មហាមាត្យនិយាយថា ម្នាលគហបតិ ឥទ្ធានុភាពកូនប្រុស​របស់​អ្នក យើងបាន​ឃើញហើយ តែយើង​ចង់ឃើញ​ឥទ្ធានុភាពកូនប្រសាស្រី​របស់អ្នកទៀត។ ទើប​មេណ្ឌកគហបតិ បង្គាប់ទៅកូនប្រសាស្រីថា នែនាង បើដូច្នោះ នាងចូរឲ្យនូវភត្ត ដល់​សេនាមានអង្គ៤ អស់ប្រាំមួយខែចុះ។ លំដាប់​នោះ កូនប្រសាស្រីរបស់​មេណ្ឌកគហបតិ ចូលទៅអង្គុយជិតកញ្ជើ​មួយ​ មានចំណុះ៤ទោណ ហើយឲ្យនូវភត្ត ដល់សេនា​មានអង្គ៤ អស់ប្រាំមួយខែ។ កូនប្រសាស្រី​របស់សេដ្ឋីនោះ មិនទាន់ក្រោកឡើងដរាបណា ភត្តនោះ ក៏មិនចេះអស់ទៅដរាបនោះ។ មហាមាត្យ​និយាយថា ម្នាលគហបតិ ឥទ្ធានុភាព​កូនប្រសាស្រីរបស់​អ្នក យើងបាន​ឃើញហើយ យើង​ចង់ឃើញ​ឥទ្ធានុភាពខ្ញុំប្រុស​របស់អ្នកទៀត។ ​មេណ្ឌកគហបតិនិយាយតបថា បពិត្រ​អ្នក​ជាម្ចាស់ ឯឥទ្ធានុភាព​ខ្ញុំប្រុសរបស់ខ្ញុំ អ្នកត្រូវ​ឃើញក្នុងស្រែ (ឯណោះ)។ មហាមាត្យ​ក៏និយាយ​ថា ម្នាលគហបតិ ណ្ហើយចុះ ឯឥទ្ធានុភាព​ខ្ញុំប្រុសរបស់អ្នក (ទុកដូចជា) យើងបានឃើញ​ហើយដែរ។ លំដាប់​នោះ មហាមាត្យនោះ ត្រឡប់មកកាន់​ក្រុងរាជគ្រឹះវិញ ព្រមដោយសេនាមានអង្គ៤ ចូលទៅ​គាល់ព្រះបាទមាគធសេនិយពិម្ពិសារ លុះចូល​ទៅដល់ហើយ ទើបក្រាបទូលដំណើរនុ៎ះ ដល់​ព្រះបាទមាគធសេនិយពិម្ពិសារ (ដោយសព្វគ្រប់)។

១៨១. បញ្ចគោរសាទិអនុជាននា

(១៨១)

[១៣២] គ្រានោះឯង ព្រះដ៏មានព្រះភាគ គង់ក្នុងក្រុងវេសាលី គួរតាមព្រះអធ្យាស្រ័យ​ហើយ ទ្រង់​ចៀសចេញទៅកាន់ចារិក ក្នុងក្រុង​ភទ្ទិយៈ ជាមួយនឹង​ភិក្ខុសង្ឃ​ជាច្រើន គឺភិក្ខុ​១២៥០រូប។ ក្នុង​កាលនោះ កាលព្រះមានព្រះភាគ ត្រាច់ទៅកាន់ចារិក ដោយលំដាប់ ក៏យាងតម្រង់​ទៅកាន់​ក្រុង​ភទ្ទិយៈនោះ។ បានឮថា ព្រះមានព្រះភាគ គង់ក្នុងព្រៃម្លិះ ទៀបក្រុងភទ្ទិយៈនោះ។ មេណ្ឌក​គហបតិ បានឮច្បាស់ (នូវ​ដំណឹងនោះហើយ ទើបប្រកាសសេចក្តីនោះថា) ម្នាលគ្នាយើង បាន​ឮថា ព្រះសមណគោតម ជាសក្យបុត្រ ចេញចាកសក្យត្រកូល ទៅទ្រង់ព្រះផ្នួស ឥឡូវ​ស្តេច​មកដល់​ក្រុង​ភទ្ទិយៈ ដោយលំដាប់ ហើយគង់ក្នុងព្រៃម្លិះ ទៀប​ក្រុងភទ្ទិយៈ ក៏កិត្តិសព្ទដ៏ពីរោះ​របស់​ព្រះគោតមដ៏ចំរើននោះ ឮខ្ចរខ្ចាយសុះសាយយ៉ាងនេះថា ព្រះដ៏មានព្រះភាគនោះ ព្រះអង្គ​ទ្រង់ព្រះនាមថា អរហំ ព្រោះព្រះអង្គឆ្ងាយចាកសេចក្តីសៅហ្មង​គ្រប់យ៉ាង ថា សម្មាសម្ពុទ្ធោ ព្រោះ​ព្រះអង្គត្រាស់ដឹងនូវញេយ្យធម៌​ទាំងពួង​ ដោយប្រពៃ ចំពោះព្រះអង្គ ថា វិជ្ជាចរណសម្បន្នោ ព្រោះ​ព្រះអង្គបរិបូណ៌​ដោយវិជ្ជា និងចរណៈ គឺ សេចក្តីចេះដឹង និងក្រឹត្យ ដែលបុគ្គល​គប្បី​ប្រព្រឹត្ត ថា សុគតោ ព្រោះព្រះអង្គមានដំណើរល្អទៅកាន់​ព្រះនិព្វាន ថា លោកវិទូ ព្រោះព្រះអង្គ​ជ្រាបច្បាស់​នូវត្រៃលោក ថា អនុត្តរោ ព្រោះព្រះអង្គប្រសើរ​ដោយសីលាទិគុណ រកបុគ្គល​ណាមួយ​ស្មើគ្មាន ថា បុរិសទម្មសារថិ ព្រោះព្រះអង្គជាអ្នកទូន្មាន​នូវបុរស​ ដែលគួរ​ទូន្មានបាន ថា សត្ថាទេវមនុស្សានំ ព្រោះព្រះអង្គជាគ្រូនៃទេវតា និងមនុស្សទាំងឡាយ ថា ពុទ្ធោ ព្រោះព្រះអង្គ​បាន​ត្រាស់ដឹងនូវអរិយសច្ចធម៌ ថា ភគវា ព្រោះព្រះអង្គ​លែងវិល​ត្រឡប់មកកាន់ភពថ្មី​ទៀត ព្រះអង្គបាន​ត្រាស់ដឹង បានធ្វើឲ្យជាក់ច្បាស់នូវ​ព្រះនិព្វាន ចំពោះព្រះអង្គ ហើយញុំាង​លោកនេះ ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ញុំាងពពួកសត្វ ព្រមទាំងសមណៈ និងព្រាហ្មណ៍ ទាំង​មនុស្ស ជាសម្មតិទេព និង​មនុស្សដ៏សេស ឲ្យបានត្រាស់ដឹងផង ព្រះអង្គទ្រង់សំដែងធម៌ ពីរោះ​បទដើម ពីរោះបទកណ្តាល និងពីរោះបទចុង ព្រះអង្គប្រកាស​នូវព្រហ្មចរិយធម៌ ព្រមទាំង​អត្ថ និងព្យញ្ជនៈដ៏ពេញ​បរិបូណ៌ បរិសុទ្ធអស់ជើង ក៏ដំណើរដែលបានឃើញ បានជួប​នឹងព្រះ​អរហន្តទាំងឡាយ មានសភាពយ៉ាងនោះ ជាការ​ប្រពៃពេក។ លំដាប់នោះ មេណ្ឌកគហបតិ ឲ្យមនុស្សទឹមយានដ៏ល្អៗ ឡើងជិះយានដ៏ល្អៗ មានយានដ៏ល្អៗ បរចេញទៅពីក្រុងភទ្ទិយៈ ដើម្បី​គាល់ព្រះមានព្រះភាគ។ ពួកតិរ្ថិយជាច្រើនរូប បានឃើញ​មេណ្ឌកគហបតិ កំពុង​មកពី​ចម្ងាយ លុះឃើញហើយ បាននិយាយពាក្យនេះ​នឹងមេណ្ឌកគហបតិថា នែគហបតិ អ្នកទៅណា។ មេណ្ឌកគហបតិនិយាយថា បពិត្រលោកដ៏ចំរើន ខ្ញុំ​ទៅគាល់ព្រះសមណគោតម។ ពួកតិរ្ថិយ​និយាយថា នែគហបតិ អ្នកឯង​ជាកិរិយវាទ (អ្នកពោលពាក្យថា ត្រូវធ្វើកិច្ចការ) នឹងចូល​ទៅគាល់​សមណគោតម ជាអកិរិយវាទ (អ្នកពោលពាក្យឃាត់កិច្ចថា ថាមិនត្រូវធ្វើ) ដូចម្តេចបាន គហបតិ ព្រោះសមណគោតម ជាអកិរិយវាទ សំដែងធម៌តាមបែប​អកិរិយវាទ ម្យ៉ាងទៀត សមណគោតម​នោះ ទូន្មានពួកសាវក តាមបែបអកិរិយវាទនោះដែរ។ លំដាប់នោះឯង មេណ្ឌកគហបតិ មានសេចក្តី​ត្រិះរិះដូច្នេះថា ព្រះដ៏មានព្រះភាគនោះ ច្បាស់ជាអរហំសម្មាសម្ពុទ្ធឥតសង្ស័យឡើយ ពួកតិរ្ថិយទាំងនេះ ឈ្នានីសជាប្រាកដ ភូមិប្រទេសនៃយានមានត្រឹមណា ក៏ទៅដោយយាន​ត្រឹម​នោះ ហើយចុះចាកយាន ដើរទៅដោយជើងទទេ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅ​ដល់ហើយ ក៏ថ្វាយបង្គំ​ព្រះដ៏មានព្រះភាគ រួចអង្គុយ​ក្នុងទីសមគួរ។ ព្រះមានព្រះភាគ ទ្រង់សំដែង​អនុបុព្វីកថា ដល់មេណ្ឌកគហបតិ ដែលអង្គុយ​នៅក្នុងទីសមគួរ អនុបុព្វីកថានោះ ដូចម្តេចខ្លះ (ឯអនុបុព្វីកថានោះ) គឺ ព្រះមានព្រះភាគ ​ទ្រង់ប្រកាស​ទាន​កថា (សំដែងអំពី​ការធ្វើទាន) សីលកថា (សំដែងអំពី​ការរក្សាសីល) សគ្គកថា (សំដែងអំពីស្ថានសួគ៌) ទោស​របស់កាមទាំងឡាយ ដ៏ថោកទាប ដ៏សៅហ្មង និងអានិសង្ស​ក្នុងការ​ចេញចាកកាម។ កាលណាបើ​ព្រះដ៏មានព្រះភាគ​បានជ្រាបថា មេណ្ឌកគហបតិ មានចិត្ត​ស្រួល មានចិត្តទន់ មានចិត្តប្រាសចាក​នីវរណៈ មានចិត្តរីករាយឡើង មានចិត្ត​ជ្រះថ្លា​ហើយ ទើបព្រះអង្គ ទ្រង់ប្រកាស​ធម្មទេសនា ដែលព្រះពុទ្ធ​ទាំងឡាយ​ ទ្រង់លើក​ឡើង​សំដែង​ដោយ​ព្រះអង្គ​ឯង គឺទុក្ខ សមុទយ និរោធ មគ្គ ក្នុងកាលនោះ។ ធម្មតា សំពត់សស្អាត ប្រាសចាកមន្ទិលខ្មៅ គួរ​ទទួលទឹក​ជ្រលក់​ដោយស្រួលបាន យ៉ាងណាមិញ មេណ្ឌកគហបតិ កើតធម្មចក្ខុ គឺ​សោតាបត្តិមគ្គ ប្រាសចាកធូលី ប្រាសចាក​មន្ទិល លើអាសនៈ​នោះ​ឯង (ហើយពិចារណាឃើញ) ដូច្នេះថា របស់ណាមួយ ដែលមានសេចក្តីកើតឡើង​ជាធម្មតា របស់អស់នោះ ក៏មានសេចក្តីរលត់​ទៅ​ជាធម្មតា ក៏មានឧបមេយ្យដូច្នោះដែរ។ វេលាដែល​មេណ្ឌកគហបតិ បានឃើញធម៌ សម្រេចធម៌ ដឹងធម៌​ជាក់ច្បាស់ យាងចុះមុតមាំ​ក្នុងធម៌ហើយ ឆ្លងផុតចាកសេចក្តីស្ទាក់ស្ទើរ ប្រាសចាកសេចក្តីសង្ស័យ ដល់នូវសេចក្តី​ក្លៀវក្លា មិនជឿអ្នកដទៃ​ ក្នុងសាសនានៃ​ព្រះសាស្តា បាន​ក្រាបបង្គំ​ទូលព្រះដ៏មានព្រះភាគដូច្នេះថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន ព្រះបន្ទូល​របស់ព្រះអង្គ​ពីរោះណាស់ហើយ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ព្រះបន្ទូល​របស់ព្រះអង្គ​ពីរោះណាស់ហើយ បពិត្រព្រះអង្គដ៏ចំរើន ដូចជាបុគ្គលផ្ងាររបស់​ ដែល​ផ្កាប់​ ឬបើកបង្ហាញ​របស់ដែល​កំបាំង ឬប្រាប់ផ្លូវ​ដល់​អ្នក​វង្វេង ឬទ្រោល​​ប្រទីបប្រេង​ ក្នុងទីងងឹត ដោយ​គិត​ថា ពួកមនុស្សមានភ្នែក (ភ្លឺ) នឹងបាន​ឃើញ​រូបទាំងឡាយ មានឧបមាយ៉ាងណាមិញ ធម៌ដែល​ព្រះដ៏មាន​ព្រះភាគ ប្រកាសហើយ​ដោយ​បរិយាយជាច្រើន ក៏មានឧបមេយ្យដូច្នោះឯង បពិត្រ​ព្រះអង្គ​ដ៏ចំរើន ខ្ញុំព្រះអង្គនេះ សូមដល់​នូវ​ព្រះដ៏មានព្រះភាគ​ផង ព្រះធម៌ផង ភិក្ខុសង្ឃ​ផងថា ជាទីរលឹក សូម​ព្រះដ៏មាន​ព្រះភាគ ចាំទុកនូវខ្ញុំព្រះអង្គ​ថាជា​ឧបាសក ដល់​​ព្រះរតនត្រ័យ ជា​ទីរលឹក​​ស្មើ​ដោយជីវិត ក្នុងកាលមានថ្ងៃនេះជាដើម បពិត្រព្រះអង្គដ៏ចំរើន សូម​ព្រះដ៏មានព្រះភាគ ទ្រង់ទទួលភត្តរបស់ខ្ញុំព្រះអង្គ ដើម្បីឆាន់ក្នុងថ្ងៃស្អែក ជាមួយនឹង​ព្រះភិក្ខុ​សង្ឃ។ ព្រះដ៏មានព្រះភាគ ទ្រង់ទទួល​ដោយ​តុណ្ហីភាព (ការស្ងៀម)។ លំដាប់នោះ មេណ្ឌក​គហបតិ ដឹងច្បាស់ថា ព្រះដ៏មានព្រះភាគ ទ្រង់ទទួលនិមន្តហើយ ក៏ក្រោកចាកអាសនៈ ថ្វាយបង្គំ​ព្រះមានព្រះភាគ ធ្វើ​ប្រទក្សិណ ហើយចៀសចេញទៅ។ លំដាប់នោះ លុះកន្លងរាត្រីនោះទៅ មេណ្ឌកគហបតិ ក៏ឲ្យមនុស្សចាត់ចែងខាទនីយភោជនីយាហារដ៏ផ្ចិតផ្ចង់ ហើយឲ្យអ្នកបម្រើទៅ​ក្រាប​បង្គំទូល​កាលគួរ ដល់​ព្រះដ៏មានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន កាល (នេះ) ជាកាល​គួរហើយ ភត្តសម្រេចហើយ។ ទើបព្រះដ៏មានព្រះភាគ ទ្រង់ស្បង់ ហើយទ្រង់បាត្រ និងចីវរ ក្នុង​បុព្វណ្ហសម័យ យាងចូលទៅកាន់លំនៅ​របស់មេណ្ឌកគហបតិ លុះយាងចូលទៅ​ដល់ហើយ ក៏គង់​លើអាសនៈ ដែលគេក្រាលទុកហើយ ជាមួយនឹងភិក្ខុសង្ឃ។ វេលានោះ ប្រពន្ធ កូនប្រុស កូន​ប្រសាស្រី និងខ្ញុំ​ប្រុសរបស់មេណ្ឌកគហបតិ ក៏នាំគ្នាចូលទៅគាល់ព្រះមានព្រះភាគ លុះចូល​ទៅដល់ហើយ ថ្វាយបង្គំ​ព្រះមានព្រះភាគ រួចអង្គុយ​ក្នុងទីសមគួរ។ ព្រះមានព្រះភាគ ទ្រង់សំដែង​អនុបុព្វីកថា ដល់ជនទាំងនោះ អនុបុព្វីកថានោះ ដូចម្តេច ឯអនុបុព្វីកថានោះ គឺ ព្រះដ៏​មាន​ព្រះភាគ ​ទ្រង់ប្រកាស​ទាន​កថា សីលកថា សគ្គកថា ទោស​របស់កាមទាំងឡាយ ដ៏ថោកទាប ដ៏សៅហ្មង និងអានិសង្ស​ ក្នុងការ​ចេញចាកកាម។ កាលណាបើ​ព្រះដ៏មានព្រះភាគ​បានជ្រាបថា ជនទាំងអស់នោះ មានចិត្ត​ស្រួល មានចិត្តទន់ មានចិត្តប្រាសចាក​នីវរណៈ មានចិត្តរីករាយឡើង និងមានចិត្ត​ជ្រះថ្លា​ហើយ ក៏ទ្រង់ប្រកាស​ធម្មទេសនា ដែលព្រះពុទ្ធ​ទាំងឡាយ​ ទ្រង់លើក​ឡើង​សំដែង​​ដោយ​ព្រះអង្គ​ឯង គឺទុក្ខ ហេតុឲ្យកើតទុក្ខ សេចក្តីរំលត់ទុក្ខ និងបដិបទា ជាផ្លូវ​ទៅកាន់​ទីរំលត់ទុក្ខ ក្នុងកាលនោះ។ សំពត់សស្អាត ប្រាសចាកមន្ទិលខ្មៅ គួរ​ទទួលទឹក​ជ្រលក់​ដោយ​ស្រួល​បាន យ៉ាងណាមិញ ពួកជនទាំងនោះ កើតធម្មចក្ខុ គឺ​សោតាបត្តិមគ្គ ប្រាសចាកធូលី ប្រាសចាក​មន្ទិល លើអាសនៈ​នោះ​ឯង (ហើយពិចារណាឃើញ) ដូច្នេះថា របស់ណាមួយ ដែលមាន​កិរិយាកើតឡើង​ជាធម្មតា របស់អស់នោះ ក៏មានសេចក្តីរលត់​ទៅ​ជាធម្មតា ក៏មាន​ឧបមេយ្យ​ដូច្នោះ​ឯង ជនទាំងនោះ បានឃើញធម៌ បានលុះធម៌ បានដឹងធម៌ច្បាស់ ឈមចុះមុតមាំ​ក្នុង​ធម៌​ហើយ ឆ្លងផុតចាកសេចក្តីស្ទាក់ស្ទើរ ប្រាសចាកសេចក្តីសង្ស័យ ដល់នូវសេចក្តី​ក្លៀវក្លា មិនជឿ​បុគ្គល​ដទៃ​ ក្នុងសាសនា​ព្រះសាស្តា ហើយ​ក្រាបបង្គំ​ទូលព្រះដ៏មានព្រះភាគដូច្នេះថា បពិត្រ​ព្រះអង្គ​​ដ៏ចំរើន ព្រះបន្ទូល​របស់ព្រះអង្គ​ពីរោះណាស់ហើយ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ព្រះបន្ទូល​របស់ព្រះអង្គ​ពីរោះណាស់ហើយ បពិត្រព្រះអង្គដ៏ចំរើន ដូចជាបុគ្គលផ្ងាររបស់​ ដែល​ផ្កាប់​ ឬបើកបង្ហាញ​របស់ដែល​កំបាំង ឬប្រាប់ផ្លូវ​ដល់​មនុស្សដែល​វង្វេងផ្លូវ ឬទ្រោល​​ប្រទីបប្រេងបំភ្លឺ​ ក្នុងទីងងឹត ដោយ​គិត​ថា ពួកមនុស្សមានចក្ខុ នឹង​ឃើញ​រូបទាំងឡាយបាន មានឧបមា​យ៉ាង​ណា​មិញ ធម៌ដែល​ព្រះដ៏មាន​ព្រះភាគ ទ្រង់ប្រកាសហើយ​ ដោយ​បរិយាយជាច្រើន ក៏មាន​ឧបមេយ្យ​ដូច្នោះ​ឯង បពិត្រ​ព្រះអង្គ​ដ៏ចំរើន យើងខ្ញុំទាំងឡាយនេះ សូមដល់​​ព្រះដ៏មានព្រះភាគ​ផង ព្រះធម៌ផង ព្រះភិក្ខុសង្ឃ​ផងថា ជាទីរលឹក សូម​ព្រះដ៏មាន​ព្រះភាគ ចាំទុកនូវយើងខ្ញុំទាំងឡាយ​ថា​ជា​ឧបាសក ដល់​​នូវព្រះរតនត្រ័យ ថាជា​ទីរលឹក​​ស្មើ​ដោយជីវិត ក្នុងកាលមានថ្ងៃនេះជាដើម។ វេលានោះ មេណ្ឌកគហបតិ បានអង្គាស​ខាទនីយភោជនីយាហារ (បង្អែម ចំអាប) ដ៏ឆ្ងាញ់ពីសា ដោយដៃខ្លួនឯង ចំពោះ​ព្រះភិក្ខុសង្ឃ មានព្រះពុទ្ធ​ជាប្រធាន ឲ្យឆ្អែតស្កប់ស្កល់ ត្រាតែ​ដល់លោក​ប្រកែក​លែងទទួល​ទៀត លុះព្រះដ៏មានព្រះភាគ ទ្រង់សោយ​ស្រេច លែងលូក​ព្រះហស្ថទៅក្នុង​បាត្រ​ហើយ ក៏អង្គុយ​ក្នុងទីសមគួរ។ លុះមេណ្ឌកគហបតិ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំ​ទូល​ព្រះដ៏មានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគ គង់ក្នុង​ក្រុងភទ្ទិយៈ​ដរាបណា ខ្ញុំព្រះអង្គ​នឹងផ្គត់ផ្គង់​ព្រះភិក្ខុសង្ឃ មានព្រះពុទ្ធ​ជាប្រធាន ដោយភត្តដែល​ត្រូវ​ថ្វាយ​ជានិច្ចដរាបនោះ។ ទើបព្រះដ៏មានព្រះភាគ ទ្រង់ពន្យល់​ឲ្យមេណ្ឌកគហបតិយល់តាម ឲ្យប្រតិបត្តិ​តាម ឲ្យអាហ៊ាន ឲ្យរីករាយ ដោយធម្មីកថា ហើយ​ទ្រង់​ក្រោកចាកអាសនៈ ចៀសចេញទៅ។

[១៣៣] គ្រានោះ ព្រះមានព្រះភាគ គង់នៅក្រុងភទ្ទិយៈ គួរតាមពុទ្ធអធ្យាស្រ័យ ហើយទ្រង់​មិនលាមេណ្ឌកគហបតិ ក៏យាងទៅ​កាន់ចារិក ក្នុងអង្គុត្តរាបជនបទ ជាមួយនឹង​ភិក្ខុសង្ឃ​ជាច្រើន ចំនួន​១២៥០រូប។ មេណ្ឌកគហបតិ បានឮថា ព្រះដ៏មានព្រះភាគ យាងចេញ​ទៅកាន់​ចារិក ក្នុងអង្គុត្តរាបជនបទ ជាមួយនឹង​ភិក្ខុសង្ឃ​ជាច្រើន ចំនួន​១២៥០រូប។ ទើបមេណ្ឌក​គហបតិបង្គាប់ពួកខ្ញុំប្រុស និងពួកអ្នកធ្វើការងារថា ម្នាលអ្នកទាំងឡាយ បើដូច្នោះ​ ចូរអ្នកទាំងឡាយ​ផ្ទុកអំបិលខ្លះ ប្រេងខ្លះ អង្ករខ្លះ ខាទនីយៈខ្លះ ឲ្យច្រើន​ក្នុងរទេះទាំងឡាយមក ម្យ៉ាងទៀត នាយ​គោបាល១២៥០នាក់ ចូរនាំមេគោ១២៥០មក (បើ) យើងជួបនឹង​ព្រះដ៏មានព្រះភាគ​ក្នុងទីណា យើង​នឹងនិមន្ត​ព្រះដ៏មានព្រះភាគ ឲ្យឆាន់ទឹកដោះស្រស់ រូតថ្មីៗ ក្នុងទីនោះ។ មេណ្ឌក​គហបតិ ក៏បាន​ផ្គត់ផ្គង់​ព្រះដ៏មានព្រះភាគ​ក្នុងទីកន្តារ91) ពាក់កណ្តាលផ្លូវ។ លំដាប់នោះ មេណ្ឌកគហបតិ ចូលទៅគាល់​ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក្រាបថ្វាយបង្គំ​ព្រះដ៏មានព្រះភាគ រួចឈរ​ក្នុងទីសម​គួរ។ លុះមេណ្ឌកគហបតិ ឈរក្នុងទីសមគួរហើយ បានក្រាបបង្គំ​ទូល​ព្រះដ៏មានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន សូម​ព្រះដ៏មានព្រះភាគ ទ្រង់ទទួលភត្តរបស់ខ្ញុំព្រះអង្គ ដើម្បីឆាន់ក្នុងថ្ងៃ​ស្អែក ជាមួយនឹងភិក្ខុសង្ឃ។ ព្រះដ៏មានព្រះភាគ ទ្រង់ទទួល​និមន្ត​ដោយតុណ្ហីភាព។ ឯមេណ្ឌក​គហបតិ ដឹងច្បាស់ថា ព្រះដ៏មានព្រះភាគ ទ្រង់ទទួល​និមន្តហើយ ក៏ក្រោកចាកអាសនៈ ថ្វាយបង្គំ​ព្រះមានព្រះភាគ ធ្វើប្រទក្សិណ ហើយចៀសចេញទៅ។ លុះកន្លងរាត្រីនោះទៅ ទើបមេណ្ឌក​គហបតិ ឲ្យមនុស្សតាក់តែងខាទនីយភោជនីយាហារដ៏​ផ្ចិតផ្ចង់ហើយ ក៏ឲ្យក្រាបបង្គំទូលកាល​គួរ​ ដល់ព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន កាល(នេះ) ជាកាលគួរហើយ ភត្តសម្រេច​ហើយ។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ស្បង់ ហើយទ្រង់បាត្រនិងចីវរ ក្នុងបុព្វណ្ហសម័យ ក៏ទ្រង់​យាងទៅកាន់ទីអង្គាសរបស់មេណ្ឌកគហបតិ លុះយាងទៅ​ដល់ហើយ ទ្រង់គង់​លើអាសនៈ ដែលគេក្រាលថ្វាយ ជាមួយនឹង​ភិក្ខុសង្ឃ។ ទើបមេណ្ឌកគហបតិ បង្គាប់​ពួកអ្នកឃ្វាលគោ​​១២៥០​នាក់ថា ម្នាលអ្នកទាំងឡាយ បើដូច្នោះ ចូរអ្នក​ទាំងឡាយ យកមេគោមួយៗ មកបំរុងទុក ដើម្បី​រូត​យកទឹកដោះស្រស់ថ្មីៗ ហើយយើងនឹងប្រគេន​ភិក្ខុមួយអង្គៗឆាន់។ ទើបមេណ្ឌកគហបតិអង្គាស​ព្រះភិក្ខុសង្ឃ មានព្រះពុទ្ធ​ជាប្រធាន ឲ្យឆ្អែតស្កប់ស្កល់ ដោយខាទនីយភោជនីយាហារដ៏ផ្ចិតផ្ចង់ និងទឹកដោះស្រស់ដែលរូត​ថ្មីៗ ដោយដៃខ្លួនឯង។ ភិក្ខុទាំងឡាយមានសេចក្តីរង្កៀស មិនហ៊ាន​ទទួល​ទឹកដោះស្រស់។ ព្រះដ៏មានព្រះភាគ ទ្រង់មាន​ព្រះបន្ទូលថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ​ចូរទទួលឆាន់ចុះ។ លំដាប់នោះឯង មេណ្ឌកគហបតិ អង្គាសព្រះភិក្ខុសង្ឃ មានព្រះពុទ្ធ​ជាប្រធាន ឲ្យឆ្អែតស្កប់ស្កល់ ដោយខាទនីយភោជនីយាហារដ៏ផ្ចិតផ្ចង់ និង​ទឹកដោះ​ស្រស់​ដែលរូត​ថ្មីៗ ដោយដៃខ្លួន លុះព្រះដ៏មានព្រះភាគ ទ្រង់សោយស្រេច លែងលូកព្រះហស្ថ​ទៅក្នុងបាត្រហើយ ក៏អង្គុយ​ក្នុងទីសមគួរ។ លុះមេណ្ឌក​គហបតិ អង្គុយ​ក្នុងទីសមគួរ​ហើយ បាន​ក្រាបបង្គំទូល​ព្រះដ៏មានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន គង់មានផ្លូវកន្តារទាំងឡាយ ដែល​មាន​ទឹកតិច មានភក្សាហារតិច ដែលអ្នកគ្មានស្បៀង មិនអាច​នឹងទៅបាន បពិត្រ​ព្រះអង្គដ៏ចំរើន ខ្ញុំ​ព្រះអង្គសូមឱកាស សូមព្រះដ៏មានព្រះភាគ អនុញ្ញាត​ស្បៀង​ ដល់ភិក្ខុទាំងឡាយ។ គ្រានោះឯង ព្រះដ៏មានព្រះភាគ ឲ្យមេណ្ឌក​គហបតិយល់តាម ឲ្យប្រតិបត្តិតាម ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថា ហើយទ្រង់ក្រោកចាក​អាសនៈ ចៀសចេញទៅ។ ព្រោះនិទាននេះ ដំណើរនេះ ទើប​ព្រះដ៏មានព្រះភាគ ទ្រង់ធ្វើធម្មីកថា ហើយត្រាស់ហៅភិក្ខុ​ទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​នូវគោរស៥ គឺទឹកដោះស្រស់១ ទឹកដោះជូរ១ ខ្លាញ់១ ទឹកដោះខាប់១ ទឹកដោះ​ថ្លា១។ ម្នាលភិក្ខុទាំងឡាយ មានផ្លូវកន្តារ ដែលមានទឹកតិច មាន​ភក្សាហារ​តិច ដែល​អ្នកគ្មាន​ស្បៀង មិនអាចនឹងទៅបាន។ ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យភិក្ខុស្វែងរកស្បៀងបាន គឺ​ភិក្ខុ​ត្រូវការអង្ករ ស្វែងរកអង្ករបាន ត្រូវការសណ្តែកបាយ ស្វែងរកសណ្តែកបាយបាន ត្រូវ​ការ​សណ្តែករាជមាស ស្វែងរកសណ្តែករាជមាសបាន ត្រូវការអំបិល ស្វែងរក​អំបិលបាន ត្រូវការ​ស្ករ​អំពៅ ស្វែងរក​ស្ករអំពៅបាន ត្រូវការប្រេង ស្វែងរក​ប្រេងបាន ត្រូវការទឹកដោះថ្លា ស្វែងរកទឹកដោះ​ថ្លាបាន។ ម្នាលភិក្ខុទាំងឡាយ មនុស្សទាំងឡាយ មានសទ្ធាជ្រះថ្លា មនុស្សទាំង​នោះទុកដាក់មាស និងប្រាក់ ក្នុងដៃ​កប្បិយការកៈ​ទាំងឡាយ ដោយពាក្យថា របស់ណាគួរ​ដល់​លោកម្ចាស់ ចូរអ្នកទាំងឡាយ ប្រគេន​របស់នោះ​ ដោយមាស និងប្រាក់​នេះចុះ។ ម្នាលភិក្ខុ​ទាំងឡាយ តថាគត អនុញ្ញាត​ឲ្យភិក្ខុ​ត្រេកអរ ​ចំពោះ​វត្ថុ​ជាកប្បិយៈ (ដែលកើត) អំពី​មាស និងប្រាក់​នោះបាន ម្នាលភិក្ខុទាំងឡាយ តែតថាគត​មិនពោលថា ត្រូវអ្នកត្រេកអរ ត្រូវអ្នកស្វែងរក​មាស​និង​ប្រាក់​ដូច្នេះ ដោយបរិយាយ​នីមួយឡើយ។

១៨២. កេណិយជដិលវត្ថុ

(១៨២)

[១៣៤] លំដាប់នោះ កាលព្រះមានព្រះភាគ កាលទ្រង់​ត្រាច់ទៅកាន់ចារិក​ដោយលំដាប់ បានយាងទៅដល់​អាបណនិគម។ ជដិល​ឈ្មោះកេណិយៈ បានឮដំណឹងថា នែគ្នាយើង ឮថា ព្រះសមណគោតម ជាសក្យបុត្រ (ចេញ) ចាកសក្យត្រកូល ទៅទ្រង់ព្រះផ្នួស ឥឡូវមកដល់​អាបណនិគមដោយលំដាប់ ក៏កិត្តិសព្ទពីរោះ​របស់ព្រះគោតម​ដ៏ចំរើននោះឯង ឮខ្ចរខ្ចាយសុះ​សាយយ៉ាងនេះថា ព្រះដ៏មានព្រះភាគអង្គនោះ ទ្រង់​ព្រះនាមថា អរហំ ព្រោះព្រះអង្គ​ឆ្ងាយ​ចាក​សេចក្តី​សៅហ្មង​គ្រប់យ៉ាង ថា សម្មាសម្ពុទ្ធោ ព្រោះ​ព្រះអង្គត្រាស់ដឹងនូវញេយ្យធម៌​​ ដោយប្រពៃ ចំពោះព្រះអង្គ ថា វិជ្ជាចរណសម្បន្នោ ព្រោះ​ព្រះអង្គបរិបូណ៌​ដោយវិជ្ជា និងចរណៈ ថា សុគតោ ព្រោះព្រះអង្គមានដំណើរល្អ យាងទៅកាន់​ព្រះនិព្វាន ថា លោកវិទូ ព្រោះព្រះអង្គ​ជ្រាបច្បាស់​នូវ​ត្រៃ​លោក ថា អនុត្តរោ ព្រោះព្រះអង្គប្រសើរ​ដោយសីលាទិគុណ រកបុគ្គល​ណាមួយ​ស្មើគ្មាន ថា បុរិសទម្មសារថិ ព្រោះព្រះអង្គជាអ្នកទូន្មាន​នូវបុរស​ ដែលគួរ​ទូន្មានបាន ថា សត្ថាទេវមនុស្សានំ ព្រោះព្រះអង្គជាគ្រូនៃទេវតា និងមនុស្សទាំងឡាយ ថា ពុទ្ធោ ព្រោះព្រះអង្គ​បាន​ត្រាស់​ដឹង​នូវ​អរិយសច្ចធម៌ ថា ភគវា ព្រោះព្រះអង្គ​លែងវិល​ត្រឡប់មកកាន់ភពថ្មី​ទៀត ព្រះអង្គបាន​ត្រាស់ដឹង បានធ្វើឲ្យជាក់ច្បាស់នូវ​ព្រះនិព្វាន ចំពោះព្រះអង្គ ហើយញុំាង​លោកនេះ ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ញុំាងពពួកសត្វ ព្រមទាំងសមណៈ និងព្រាហ្មណ៍ ញុំាង​មនុស្ស ជា​សម្មតិទេព និង​មនុស្សដ៏សេស ឲ្យបានត្រាស់ដឹងផង ព្រះអង្គទ្រង់សំដែងធម៌ ពីរោះ​បទដើម ពីរោះបទកណ្តាល និងពីរោះបទចុង ទ្រង់ប្រកាស​ព្រហ្មចរិយធម៌ ព្រមទាំង​អត្ថ ព្រមទាំង​ព្យញ្ជនៈដ៏ពេញ​បរិបូណ៌ ដ៏បរិសុទ្ធអស់ជើង ក៏ដំណើរដែលបានឃើញ បានជួប​នឹងព្រះ​អរហន្ត​ទាំង​ឡាយ មានសភាពយ៉ាងនោះ ជាការ​ប្រពៃពេក។ លំដាប់នោះ កេណិយជដិល មានសេចក្តី​ត្រិះរិះ​ដូច្នេះថា គួរអញ​ឲ្យគេនាំយករបស់អ្វីហ្ន៎ ទៅថ្វាយព្រះសមណគោតម។ ទើប​កេណិយ​ជដិល មានសេចក្តីត្រិះរិះ​ដូច្នេះថា ឫសីទាំងឡាយណា ដែលជាបុព្វបុរស​របស់​ព្រាហ្មណ៍​ទាំងឡាយ ដែលជាអ្នកកសាងមន្ត ជាអ្នករាយមន្ត បទមន្តបុរាណនេះ ដែល​ពួកឫសីណា បានច្រៀង​មកហើយ បាន​រាយមកហើយ បានសន្សំមកច្រើនហើយ ឥឡូវនេះ ព្រាហ្មណ៍​ទាំងឡាយ តែងស្វាធ្យាយតាមបទមន្តនោះ តែងសូត្រ​តាមបទមន្តនោះ តែងពោល​តាមបទមន្ត​ ដែលឫសី​ទាំងឡាយ​នោះពោលហើយ តែង​បង្រៀន​តាមបទមន្ត ដែលឫសី​ទាំងឡាយ​នោះ​បង្រៀន​មកហើយ ដូចជាព្រាហ្មណ៍ ឈ្មោះអដ្ឋកៈ ព្រាហ្មណ៍ឈ្មោះវាមកៈ ព្រាហ្មណ៍ឈ្មោះ​វាមទេវៈ ព្រាហ្មណ៍ឈ្មោះវេស្សាមិត្តៈ ព្រាហ្មណ៍ឈ្មោះ​យមត្តគ្គិ ព្រាហ្មណ៍ឈ្មោះអង្គិរសៈ ព្រាហ្មណ៍ឈ្មោះភារទ្វាជៈ ព្រាហ្មណ៍ឈ្មោះវាសេដ្ឋៈ ព្រាហ្មណ៍ឈ្មោះកស្សបៈ ព្រាហ្មណ៍ឈ្មោះ​ភគុ ពួកព្រាហ្មណ៍​ទាំងនោះ ជាអ្នកវៀរចាកការបរិភោគ​ក្នុងរាត្រី វៀរចាកការបរិភោគខុសកាល (រាប់​ពីពេលថ្ងៃត្រង់​ទៅដល់អរុណរះ) ត្រេកអរនឹងទឹកបានទាំងឡាយ មានសភាព​យ៉ាងនេះ សូម្បី​ព្រះសមណគោតម ក៏ជាអ្នកវៀរចាកការបរិភោគ​ក្នុងរាត្រី វៀរចាកវិកាលភោជន ព្រះសមណ​គោតម ក៏គួរ​ត្រេកអរ​នឹងទឹកបាន​ទាំងឡាយ​ មានសភាព​យ៉ាងនេះដែរហើយ ក៏ឲ្យគេ​តាក់តែង​ទឹកបានជាច្រើន ឲ្យរែកទៅ​ដោយ​ម្រែក​ទាំងឡាយ ហើយចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូល​ទៅដល់ហើយ ក៏រីករាយ​ជាមួយនឹង​ព្រះដ៏មានព្រះភាគ ហើយពោលនូវ​ពាក្យរាក់ទាក់ រីករាយ សំណេះសំណាលគួរ​រលឹករួចហើយ ក៏បានឈរ​នៅក្នុង​ទីគួរមួយ។ លុះកេណិយ​ជដិល ឈរ​នៅក្នុងទីគួរ​មួយហើយ បានទូលពាក្យនេះនឹង​ព្រះដ៏មានព្រះភាគថា សូមព្រះគោតម​ដ៏ចំរើន​ទទួលទឹកបាន​របស់ខ្ញុំ​ព្រះអង្គ។ ព្រះមានព្រះភាគ​មានព្រះបន្ទូលថា នែកេណិយៈ បើដូច្នោះ អ្នកឯង​ចូរប្រគេនដល់ភិក្ខុទាំងឡាយចុះ។ ភិក្ខុទាំងឡាយរង្កៀស មិនហ៊ានទទួល។ ព្រះអង្គទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ចូរអ្នកទាំងឡាយទទួលឆាន់ចុះ។ គ្រានោះ កេណិយជដិល ក៏បាន​អង្គាស​ភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធាន ឲ្យឆ្អែតស្កប់ស្កល់ ដោយទឹកបានទាំងឡាយដ៏ច្រើន ដោយដៃខ្លួនឯង កាលដឹងថា ព្រះដ៏មានព្រះភាគ ទ្រង់លាងព្រះហស្ថហើយ លែងលូក​ព្រះហស្ថ​ទៅក្នុងបាត្រហើយ ក៏អង្គុយ​ក្នុងទីគួរមួយ។ លុះកេណិយជដិល​អង្គុយក្នុងទីសមគួរហើយ ព្រះដ៏មានព្រះភាគ ក៏ទ្រង់ពន្យល់​ឲ្យឃើញ​តាម ឲ្យកាន់យកតាម ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថា។ ឯកេណិយជដិល កាលព្រះដ៏មានព្រះភាគ ទ្រង់ពន្យល់​ឲ្យឃើញ​តាម ឲ្យកាន់​យកតាម ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថាហើយ ក៏បានក្រាបទូលពាក្យនេះ​នឹង​ព្រះដ៏​មាន​ព្រះភាគដូច្នេះថា សូមព្រះគោតមដ៏ចំរើន ព្រមទាំងភិក្ខុសង្ឃ ទទួលភត្តខ្ញុំព្រះអង្គ ដើម្បី​ឆាន់​ក្នុងថ្ងៃ​ស្អែក។ ព្រះដ៏មានព្រះភាគ មានព្រះបន្ទូល​ថា នែ​កេណិយៈ ភិក្ខុសង្ឃ​ច្រើនណាស់ ចំនួន​១២៥០អង្គ អ្នកសោត ក៏ជ្រះថ្លាខ្លាំង​ក្នុងព្រាហ្មណ៍​ទាំងឡាយហើយ។ កេណិយ​ជដិល​ បានក្រាបទូល​ពាក្យនេះ នឹងព្រះមានព្រះភាគ អស់វារៈជាគំរប់​ពីរដងផងថា បពិត្រ​ព្រះគោតម​ដ៏ចំរើន ទុកជាភិក្ខុសង្ឃច្រើន ចំនួន​១២៥០អង្គក្តី ទុកជាខ្ញុំព្រះអង្គជ្រះថ្លា​ខ្លាំងក្នុងពា្រហ្មណ៍​ទាំងឡាយក្តី ក៏សូម​ព្រះគោតម​ដ៏ចំរើន ព្រមទាំងភិក្ខុសង្ឃ ទទួល​ភត្តខ្ញុំ​ព្រះអង្គ ដើម្បី​ឆាន់​ក្នុងថ្ងៃ​ស្អែក។ ព្រះមានព្រះភាគ ទ្រង់ត្រាស់​ថា នែ​កេណិយៈ ភិក្ខុសង្ឃ​ច្រើន​ណាស់ ចំនួន​១២៥០អង្គ អ្នកឯងសោត ក៏ជ្រះថ្លាខ្លាំង​ក្នុងព្រាហ្មណ៍​ទាំងឡាយហើយ។ កេណិយ​ជដិល​ បានទូល​ពាក្យនេះ នឹងព្រះដ៏មានព្រះភាគ អស់វារៈជាគំរប់​បីដងផងថា បពិត្រ​ព្រះគោតម​ដ៏ចំរើន ទុកជាភិក្ខុ​សង្ឃ​ច្រើន ចំនួន​១២៥០អង្គក្តី ទុកជាខ្ញុំព្រះអង្គជ្រះថ្លា​ខ្លាំង ក្នុងពា្រហ្មណ៍​ទាំង​ឡាយ​ក្តី ក៏សូម​ព្រះគោតម​ដ៏ចំរើន ព្រមទាំងភិក្ខុសង្ឃ ទទួល​ភត្តខ្ញុំ​ព្រះអង្គ ដើម្បី​ឆាន់​ក្នុងថ្ងៃ​ស្អែក។ ព្រះដ៏មានព្រះភាគ ទ្រង់ទទួល​ដោយតុណ្ហីភាព។ លំដាប់នោះ កេណិយជដិល​ដឹងច្បាស់ថា ព្រះដ៏មានព្រះភាគ ទ្រង់ទទួលនិមន្តហើយ ក៏ក្រោកចាកអាសនៈ ចៀសចេញទៅ។ ព្រោះនិទាន​នេះ ដំណើរនេះ ទើបព្រះដ៏មានព្រះភាគ ទ្រង់ធ្វើធម្មីកថា ហើយត្រាស់ហៅភិក្ខុទាំងឡាយមក ក្នុងពេលនោះថា ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ទឹកបានទាំងឡាយ៨យ៉ាង គឺ ទឹកផ្លែស្វាយ ទឹកផ្លែព្រីង ទឹកផ្លែចេកមានគ្រាប់ ទឹកផ្លែចេកឥតគ្រាប់ ទឹកផ្លែស្រគំ ទឹកផ្លែចន្ទន៍ ទឹកក្រអៅឈូក ទឹកផ្លែមាក់ប្រាំង។92) ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ទឹកផ្លែឈើ​គ្រប់យ៉ាង លើកលែងតែ​ផ្លែស្រូវ។93) ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ទឹកស្លឹកឈើគ្រប់យ៉ាង លើកលែងតែទឹកបន្លែដែលឆ្អិនហើយ94) ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត​ទឹកផ្កាឈើគ្រប់យ៉ាង លើកលែងតែ​ទឹក​ផ្កា​ស្រគំ។ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតទឹកអំពៅ។ លុះកន្លង​រាត្រីនោះទៅ កេណិយ​ជដិល ឲ្យគេតាក់តែងខាទនីយភោជនីយាហារ​ដ៏ថ្លៃថ្លា ក្នុងអាស្រមខ្លួន ហើយឲ្យក្រាបបង្គំ​ទូល​ភត្តកាល ដល់​ព្រះមាន​ព្រះភាគ​ថា បពិត្រព្រះគោតមដ៏ចំរើន កាលនេះជាកាលគួរ ភត្តសម្រេច​ហើយ។ វេលានោះ ក្នុង​បុព្វណ្ហសម័យ ព្រះដ៏មានព្រះភាគ ទ្រង់ស្បង់ ហើយប្រដាប់ដោយបាត្រ និងចីវរ យាងចូលទៅ​កាន់អាស្រមរបស់កេណិយ​ជដិល លុះយាងចូលទៅហើយ ទ្រង់គង់​លើអាសនៈ ដែលគេក្រាលថ្វាយ ជាមួយនឹងភិក្ខុសង្ឃ។ លំដាប់នោះឯង កេណិយ​ជដិល បានអង្គាស​ភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធាន ឲ្យឆ្អែតស្កប់ស្កល់ ដោយខាទនីយភោជនីយាហារដ៏ថ្លៃថ្លា ដោយដៃខ្លួនឯង កាលដឹងថា​ព្រះដ៏មានព្រះភាគ ទ្រង់សោយ​ស្រេច លែងលូកព្រះហស្ថ​ទៅក្នុងបាត្រហើយ ក៏អង្គុយ​ក្នុងទី​សមគួរ។ លុះកេណិយ​ជដិល​អង្គុយ​ក្នុងទីសមគួរហើយ ព្រះដ៏មានព្រះភាគ ទ្រង់​អនុមោទនា ដោយគាថាទាំងឡាយនេះថា។

[១៣៥]

យញ្ញៈទាំងឡាយ មានការបូជាភ្លើង ជាប្រធាន សាវិត្តិឆន្ទ ជាប្រធានរបស់​ឆន្ទសាស្ត្រ ស្តេច​ ជាប្រធាន​របស់​មនុស្សទាំងឡាយ សាគរ ជាប្រធានរបស់ស្ទឹង​ទាំងឡាយ ព្រះចន្ទ ជាប្រធាននៃ​នក្ខត្តឫក្ស​ទាំងឡាយ ព្រះអាទិត្យ ជាប្រធាន​នៃ​ពន្លឺទាំងឡាយ ព្រះសង្ឃ​ប៉ុណ្ណោះ ជាប្រធាន​របស់មនុស្ស​ទាំងឡាយ ដែលប្រាថ្នានូវបុណ្យ ហើយបូជា។

គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់អនុមោទនា ដោយគាថាទាំងឡាយនេះ ចំពោះ​កេណិយជដិលហើយ ក៏ទ្រង់​ក្រោកចាកអាសនៈ ចៀសចេញទៅ។

១៨៣. រោជមល្លវត្ថុ

(១៨៣)

[១៣៦] គ្រានោះឯង ព្រះដ៏មានព្រះភាគ គង់ក្នុងអាបណនិគម ដោយគួរ​ដល់ពុទ្ធ​អធ្យាស្រ័យ ហើយទ្រង់យាង​ទៅកាន់ចារិក ​ក្រុងកុសិនារា ជាមួយនឹង​ភិក្ខុសង្ឃ​ជាច្រើន ចំនួន​១២៥០រូប។ ពួកស្តេច​មល្លទាំងឡាយ នៅក្នុងក្រុងកុសិនារា បានឮដំណឹងថា ព្រះដ៏មានព្រះភាគ ព្រមទាំងភិក្ខុសង្ឃ​ដ៏ច្រើន ចំនួន​១២៥០រូប យាងមកកាន់ក្រុង​កុសិនារា។ ពួក​មល្លក្សត្រិទាំងនោះ បានធ្វើការប្តេជ្ញាគ្នាថា អ្នកណាមិនធ្វើការក្រោកទទួលព្រះមានព្រះភាគ អ្នកនោះ​ត្រូវពិន័យ​ជាទ្រព្យ​៥០០កហាបណៈ (មិនខាន)។ ក៏សម័យ​នោះឯង មល្លក្សត្រ​ឈ្មោះរោជៈ ជាសំឡាញ់​ព្រះអានន្ទ​ដ៏មានអាយុ។ លំដាប់នោះឯង ព្រះមានព្រះភាគ កាលត្រាច់ទៅកាន់ចារិក​ដោយលំដាប់ ក៏បានយាង​ទៅដល់​ក្រុងកុសិនារានោះ។ ពួកមល្លក្សត្រ​នៅក្នុងក្រុងកុសិនារា បានធ្វើការ​ក្រោកទទួល​ព្រះដ៏មានព្រះភាគ។ លំដាប់នោះឯង រោជមល្លក្សត្រ ក៏ធ្វើការ​ក្រោក​ទទួល​ព្រះដ៏មានព្រះភាគដែរ ហើយចូលទៅរកព្រះអានន្ទដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំ​ព្រះអានន្ទដ៏មានអាយុ ហើយក៏ឈរ​ក្នុងទី​សមគួរ។ ព្រះអានន្ទ​ដ៏មានអាយុ​ បាន​និយាយ​​ពាក្យនេះ នឹងរោជមល្លក្សត្រ ​ដែលឈរ​ក្នុងទីសមគួរ​ដូច្នេះថា នែរោជៈ​ដ៏មានអាយុ អ្នកបាន​ធ្វើការក្រោកទទួលណា ចំពោះ​ព្រះមានព្រះភាគ ការក្រោកទទួលនេះ ជាការ​ប្រពៃ​របស់អ្នកហើយ។ រោជមល្លក្សត្រនិយាយថា បពិត្រព្រះអានន្ទដ៏ចំរើន ខ្ញុំមិនមែន​ធ្វើ (សេចក្តី​គោរព) ច្រើន ព្រោះ​ព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃទេ ប៉ុន្តែ​ពួកញាតិ​ បានធ្វើ​ការ​ប្តេជ្ញាថា អ្នក​ណាមិនធ្វើការ​ក្រោកទទួល​ព្រះមានព្រះភាគ អ្នកនោះនឹងត្រូវពិន័យ​ជាទ្រព្យ​៥០០កហាបណៈ​មិនខាន បពិត្រព្រះអានន្ទ​ដ៏ចំរើន ខ្ញុំ​បានធ្វើការ​ក្រោកទទួល​ព្រះមានព្រះភាគ​យ៉ាងនេះ ព្រោះ​ខ្លាច​ពិន័យ​របស់ពួក​ញាតិទេ។ គ្រានោះឯង ព្រះអានន្ទ​ដ៏មានអាយុ មានសេចក្តី​អាក់អន់​ចិត្តថា រោជមល្លក្សត្រ មិនសមបើនឹងហ៊ាននិយាយ​យ៉ាងនេះសោះ។ វេលានោះ ព្រះអានន្ទ​ដ៏មានអាយុ ចូលទៅ​គាល់​​ព្រះដ៏មានព្រះភាគ លុះចូល​ទៅដល់ហើយ ថ្វាយបង្គំ​ព្រះដ៏មានព្រះភាគ រួច​អង្គុយ​ក្នុងទីសមគួរ។ លុះព្រះអានន្ទ​ដ៏មានអាយុ អង្គុយ​ក្នុងទីសមគួរ​ហើយ បាន​ក្រាបបង្គំទូល​ព្រះដ៏មានព្រះភាគដូច្នេះថា បពិត្រព្រះអង្គ​ដ៏ចំរើន រោជមល្លក្សត្រនេះ ជាអ្នកល្បីល្បាញ ជាមនុស្ស​មានគេស្គាល់ (ច្រើន) មានឫទ្ធិច្រើន ពួកមនុស្សដែលមានគេស្គាល់ច្រើន មានសភាព​យ៉ាងនេះ រមែង​មានសេចក្តីជ្រះថ្លាក្នុងធម្មវិន័យនេះ បពិត្រ​ព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គសូម​ឱកាស រោជមល្លក្សត្រ គប្បីជ្រះថ្លាក្នុងធម្មវិន័យ​នេះយ៉ាងណា សូម​ព្រះមានព្រះភាគ ទ្រង់ធ្វើយ៉ាង​នោះ។ ព្រះដ៏មានព្រះភាគ មានព្រះបន្ទូលថា នែអានន្ទ រោជមល្លក្សត្រ​គប្បីជ្រះថ្លា ក្នុងធម្មវិន័យ​នេះ ដោយហេតុណា ហេតុនោះ តថាគត​មិនលំបាកធ្វើទេ។ ទើប​ព្រះដ៏មានព្រះភាគ មានព្រះទ័យ​ប្រកបដោយ​មេត្តា ផ្សាយ​ទៅកាន់​រោជមល្លក្សត្រ ហើយទ្រង់ក្រោកចាក​អាសនៈ យាងចូល​ទៅកាន់វិហារ។ ឯរោជមល្លក្សត្រ កាលបើព្រះដ៏មានព្រះភាគ មានព្រះទ័យ​មេត្តា ផ្សាយ​មកប៉ះពាល់​ហើយ ក៏ចូល​ទៅគ្រប់វិហារ គ្រប់បរិវេណ ដូចជា​មេគោមានកូនខ្ចី​ដូច្នោះឯង ហើយក៏​សួរពួកភិក្ខុថា លោកដ៏ចំរើន ឥឡូវនេះ​ព្រះដ៏មានព្រះភាគ ជាអរហំ សម្មាសម្ពុទ្ធ ព្រះអង្គ​គង់ក្នុង​ទីណា ដ្បិតយើងខ្ញុំ​ចង់ឃើញ​ព្រះដ៏មានព្រះភាគ ជាអរហំ សម្មាសម្ពុទ្ធ​អង្គនោះ។ ពួក​ភិក្ខុ​ប្រាប់ថា នែអាវុសោរោជៈ (ព្រះដ៏មានព្រះភាគ ទ្រង់គង់) ក្នុងវិហារ​ដែលគេ​បិទទ្វារនុ៎ះ ដូច្នោះ​ ចូរអ្នក​មានសំឡេងតិចចូលទៅជិត កុំរួសរាន់ ចូលទៅកាន់របៀង ក្អកគ្រហែម ហើយសឹមគោះសន្ទះទ្វារ ព្រះដ៏មានព្រះភាគ​នឹងបើទ្វារ​ឲ្យអ្នក។ វេលានោះ រោជមល្លក្សត្រ​ ចូលទៅកាន់​វិហារ ដែលគេ​បិទ​នោះ ដោយស្ងប់ស្ងាត់សម្លេងសន្សឹមៗ ដើរចូលទៅកាន់​របៀង ក្អកគ្រហែម ហើយគោះ​សន្ទះទ្វារ។ ព្រះដ៏មានព្រះភាគ ក៏ទ្រង់​បើកទ្វារ​ឲ្យ។ គ្រានោះ រោជមល្លក្សត្រ ចូលទៅកាន់វិហារ​ ថ្វាយបង្គំ​ព្រះដ៏មានព្រះភាគ ហើយអង្គុយនៅក្នុងទីសមគួរ។ លុះរោជមល្លក្សត្រ អង្គុយ​នៅក្នុងទី​សមគួរហើយ ទើបព្រះមានព្រះភាគ ទ្រង់​សំដែង​អនុបុព្វីកថា អនុបុព្វីកថានោះ តើដូចម្តេច (ឯ​អនុបុព្វីកថានោះ) គឺព្រះមានព្រះភាគ ​ទ្រង់ប្រកាស​ទាន​កថា សីលកថា សគ្គកថា ទោស​របស់​កាម​ទាំងឡាយដ៏លាមកអាក្រក់ និងអានិសង្ស ​ក្នុងការចេញចាកកាម។ កាលណាបើ​ព្រះដ៏​មាន​ព្រះភាគ​ ទ្រង់ជ្រាបថា រោជមល្លក្សត្រ មានចិត្ត​ស្រួល មានចិត្តទន់ មានចិត្តប្រាសចាក​នីវរណៈ មានចិត្តរីករាយ មានចិត្ត​ជ្រះថ្លា​ហើយ ព្រះអង្គ ក៏ទ្រង់ប្រកាស​ធម្មទេសនា ដែលព្រះពុទ្ធ​ទាំង​ឡាយ​ ទ្រង់លើក​ឡើង​សំដែង ​ដោយ​ព្រះអង្គ​ឯង គឺទុក្ខ ហេតុឲ្យកើតទុក្ខ ធម៌ជាគ្រឿង​រំលត់ទុក្ខ និងសេចក្តីប្រតិបត្តិទៅកាន់ទី​រំលត់ទុក្ខ ក្នុងកាលនោះ។ ធម្មតា សំពត់ស្អាត ប្រាសចាក​មន្ទិលខ្មៅ គួរ​ទទួលទឹក​ជ្រលក់​ ដោយ​ស្រួលបាន យ៉ាងណាមិញ ធម្មចក្ខុ គឺ​សោតាបត្តិមគ្គ ដ៏ប្រាសចាកធូលី ប្រាសចាក​មន្ទិល កើតឡើងដល់​រោជមល្លក្សត្រ លើអាសនៈ​នោះឯង (ហើយ​ពិចារណាឃើញ​) ថា របស់ណាមួយ មានសេចក្តីកើតឡើង​ជាធម្មតា របស់ទាំងអស់នោះ មានសេចក្តីរលត់​ទៅ ​ជាធម្មតា ដូច្នោះឯង។ លំដាប់នោះ រោជមល្លក្សត្រ បានឃើញធម៌ បានលុះធម៌ បានដឹង​ធម៌ច្បាស់ ឈមចុះមុតមាំ​ ក្នុងធម៌ហើយ ឆ្លងផុតចាក​សេចក្តីស្ទាក់ស្ទើរ ប្រាសចាក​សេចក្តីសង្ស័យ ដល់​នូវ​សេចក្តី​​ក្លៀវក្លា មិនជឿបុគ្គលដទៃ​ ក្នុងសាសនា នៃ​ព្រះសាស្តា ហើយបាន​ក្រាបបង្គំ​ទូល​ព្រះដ៏​មាន​ព្រះភាគ​ថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន ខ្ញុំព្រះអង្គ សូមឱកាស លោកម្ចាស់ទាំងឡាយ គួរ​ទទួល​ចីវរ បិណ្ឌបាត សេនាសនៈ និងភេសជ្ជបរិក្ខារ គឺថ្នាំ​ ជាបច្ច័យ ​ដល់មនុស្ស​មានជម្ងឺ របស់​ខ្ញុំ​ព្រះអង្គ​តែ​ម្យ៉ាង កុំទទួល​របស់ពួក​បុគ្គល​ដទៃ។ ព្រះមានព្រះភាគ មានព្រះបន្ទូលថា នែរោជៈ ពួកជនណា​មួយ ឃើញ​ធម៌ ដោយញាណ​ជាសេក្ខៈ ដោយទស្សនៈ ជាសេក្ខៈ ដូចជាធម៌​ ដែលអ្នក​បាន​ឃើញ​ហើយ ជនទាំងនោះ តែងមានគំនិតយ៉ាងនេះថា ឱហ្ន៎ លោកម្ចាស់ទាំងឡាយ គប្បីទទួលចីវរ បិណ្ឌបាត សេនាសនៈ និងភេសជ្ជបរិក្ខារ គឺថ្នាំ​ ជាបច្ច័យ ​ដល់អ្នក​មានជម្ងឺ របស់​យើងទាំង​ឡាយ​តែ​ម្យ៉ាង កុំទទួល​របស់ជនទាំងឡាយដទៃឡើយ នែរោជៈ បើដូច្នោះ ភិក្ខុទាំងឡាយ នឹងទទួល​របស់​អ្នកខ្លះ របស់ពួកជន​ឯទៀតខ្លះ។ ក៏សម៏យ​នោះឯង ក្នុងក្រុងកុសិនារា ពួកជន​បានតាក់តែង​លំដាប់​ភត្តដ៏ឧត្តម។ គ្រានោះឯង រោជមល្លក្សត្រ កាលមិនបានលំដាប់ភត្ត (ដាក់វេនភត្ត) ក៏​មានសេចក្តីត្រិះរិះ​ដូច្នេះថា បើដូច្នោះ គួរតែអញ​ត្រួតមើលរោងភត្ត វត្ថុណា​មិនមានក្នុង​រោងភត្ត គួរ​អញ​តាក់តែង​វត្ថុនោះ។ កាលរោជមល្លក្សត្រ ត្រួតមើលរោងភត្ត មិនបានឃើញ​វត្ថុពីរយ៉ាង គឺ​អន្លក់១ ខាទនីយៈ​ធ្វើដោយម្សៅ១។ លំដាប់នោះ រោជមល្លក្សត្រ បានចូលទៅរក​ព្រះអានន្ទ​ដ៏មាន​អាយុ លុះចូលទៅដល់ហើយ បាននិយាយ​ពាក្យ​នេះ នឹងព្រះអានន្ទ​ដ៏មានអាយុថា បពិត្រ​ព្រះអានន្ទដ៏​ចំរើន កាលខ្ញុំមិនបានលំដាប់ភត្ត ក្នុងក្រុង​កុសិនារានេះ ក៏​មានសេចក្តីត្រិះរិះ​ដូច្នេះថា បើដូច្នោះ គួរតែអាត្មាអញ​ ត្រួតមើលរោងភត្ត វត្ថុណាគ្មានក្នុង​រោងភត្ត គួរអាត្មា​អញ​ តាក់តែង​វត្ថុនោះឡើង បពិត្រព្រះអានន្ទដ៏ចំរើន កាលខ្ញុំនោះ ត្រួតមើលរោងភត្ត មិនបានឃើញ​វត្ថុពីរមុខ គឺ​អន្លក់១ ខាទនីយៈ​ធ្វើដោយម្សៅ១ បពិត្រព្រះអានន្ទ​ដ៏ចំរើន បើខ្ញុំ​នឹងតាក់តែង​អន្លក់ផង ខាទនីយៈ​ធ្វើ​ដោយម្សៅផង តើព្រះមានព្រះភាគ នឹង​ទទួល​របស់​ខ្ញុំឬទេ។ ព្រះអានន្ទ​តបថា នែរោជៈ បើដូច្នោះ ចាំអាត្មានឹងយក​សេចក្តី​ ក្រាបបង្គំ​ទូល​ព្រះដ៏មានព្រះភាគសិន។ ទើប​​ព្រះអានន្ទ​ដ៏មានអាយុ ក្រាបបង្គំទូល​ដំណើរនុ៎ះ ចំពោះ​ព្រះដ៏មានព្រះភាគ។ ​ព្រះដ៏មានព្រះភាគ ទ្រង់​មានបន្ទូល​ថា នែអានន្ទ បើដូច្នោះ ចូរឲ្យរោជមល្លក្សត្រតាក់តែងចុះ។ ព្រះអានន្ទ​ដ៏​មានអាយុ ប្រាប់ថា នែរោជៈ បើដូច្នោះ ចូរអ្នក​តាក់តែងចុះ។ លុះកន្លងរាត្រីនោះទៅ ទើប​រោជមល្លក្សត្រ ឲ្យ​គេតាក់តែង​អន្លក់ និងខាទនីយៈ​ធ្វើ​ដោយម្យៅ​ដ៏ច្រើន ហើយបង្អោនថ្វាយ ដល់​ព្រះមានព្រះភាគ ដោយពាក្យថា បពិត្រព្រះអង្គដ៏ចំរើន សូម​ព្រះមាន​ព្រះភាគ ទទួលអន្លក់ និងខាទនីយៈ ​ធ្វើដោយ​ម្យៅ​របស់ខ្ញុំ​ព្រះអង្គ។ ព្រះមានព្រះភាគ ទ្រង់មានបន្ទូលថា នែរោជៈ បើដូច្នោះ ចូរអ្នក​ប្រគេន​ដល់​ភិក្ខុទាំងឡាយចុះ។ ភិក្ខុទាំងឡាយ ​មានសេចក្តី​រង្កៀស ក៏មិនហ៊ាន​ទទួល (វត្ថុទាំងនោះ)។ ព្រះអង្គ​ទ្រង់​មានបន្ទូលថា ម្នាលភិក្ខុទាំងឡាយ ចូរអ្នកទាំងឡាយ​ ទទួលឆាន់ចុះ។ ទើបរោជមល្លក្សត្រ អង្គាស​ភិក្ខុសង្ឃ មានព្រះពុទ្ធ​ ជាប្រធាន ឲ្យឆ្អែតស្កប់ស្កល់ ដោយអន្លក់ និងខាទនីយៈ ​ធ្វើ​ពីម្យៅ ដោយដៃខ្លួនឯង លុះព្រះមានព្រះភាគ ទ្រង់សោយស្រេច លែងលូក​ព្រះហស្ថ​ ទៅក្នុងបាត្រហើយ ក៏អង្គុយ​ក្នុងទីសមគួរ។ លុះរោជមល្លក្សត្រ ​អង្គុយ​ក្នុងទីសមគួរហើយ ទើប​ព្រះដ៏មានព្រះភាគ ទ្រង់ពន្យល់​ ឲ្យប្រតិបត្តិតាម ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថា ហើយទ្រង់ក្រោកចាក​អាសនៈ ចៀសចេញទៅ។ ព្រោះនិទាននេះ ដំណើរនេះ ទើប​ព្រះដ៏មានព្រះភាគ ទ្រង់ធ្វើ​ធម្មីកថា ហើយត្រាស់ហៅ​ភិក្ខុទាំងឡាយ​ថា ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ អន្លក់​គ្រប់មុខផង ខាទនីយៈ​ធ្វើពីម្យៅ​គ្រប់មុខផង។

១៨៤. វុឌ្ឍបព្វជិតវត្ថុ

(១៨៤)

[១៣៧] គ្រានោះ ព្រះដ៏មានព្រះភាគគង់ក្នុងក្រុងកុសិនារា តាមគួរ​ដល់ពុទ្ធអធ្យាស្រ័យ​ហើយ ទ្រង់យាងទៅកាន់​ចារិក ​ក្រុង​អាតុមា ជាមួយនឹងភិក្ខុសង្ឃ​ជាច្រើន ចំនួន​១២៥០រូប។ ក៏​សម័យ​នោះឯង ភិក្ខុ95) មួយរូប​ធ្លាប់ធ្វើជាង​កោរ​កាត់ បួសឯចាស់ នៅអាស្រ័យ​ក្នុងក្រុង​អាតុមា។ ទារក96) ពីរនាក់របស់​ភិក្ខុនោះមានសំឡេងពីរោះ ប្រកបដោយ​សេចក្តី​វាងវៃ មិនខ្ជិលច្រអូស សម្រេច​សិល្បៈ​ក្នុងវិជ្ជា​កោរកាត់ ក្នុងសំណាក់អាចារ្យ​របស់ខ្លួន។ ភិក្ខុបួស​ឯចាស់​នោះ បានឮដំណឹងថា ព្រះដ៏មានព្រះភាគ ព្រមទាំងភិក្ខុសង្ឃ​ជាច្រើន ចំនួន​១២៥០រូប មកកាន់​ក្រុងអាតុមា។ គ្រានោះឯង ភិក្ខុបួសឯចាស់នោះ បាននិយាយ​ពាក្យនេះនឹង​ទារកទាំងឡាយនោះ​ថា នែអ្នកទាំងឡាយ ឮថា ព្រះដ៏មានព្រះភាគ ព្រមទាំងភិក្ខុសង្ឃ​ជាច្រើន ចំនួន១២៥០រូប ស្តេច​មក​កាន់​ក្រុងអាតុមា នែអ្នកទាំងឡាយ ចូរអ្នកទាំងឡាយ ទៅយក​ប្រដាប់កាំបិតកោរ ព្រមទាំង​បំពង់ និងថង់ ហើយដើរទៅកាន់ផ្ទះ​ជាលំដាប់ៗ ចូរប្រមូលអំបិលខ្លះ ប្រេងខ្លះ អង្ករខ្លះ ខាទនីយៈ​ខ្លះ យើងនឹងធ្វើទឹកបានបបរ​ ថ្វាយ​ដល់ព្រះដ៏មានព្រះភាគ ដែលទ្រង់​ពុទ្ធដំណើរមកដល់។ ទារក​ទាំងនោះ ទទួលពាក្យភិក្ខុបួស​ឯចាស់នោះថា ករុណាលោកឪពុក ហើយក៏កាន់យក​ប្រដាប់​កាំបិត​កោរ ដោយបំពង់ និងថង់ ដើរទៅកាន់ផ្ទះ​ជាលំដាប់ៗ ប្រមូល​អំបិលខ្លះ ប្រេងខ្លះ អង្ករខ្លះ ខាទនីយៈ​ខ្លះ។ មនុស្សទាំងឡាយ ឃើញទារកទាំងនោះ មានសំឡេងពីរោះ ប្រកបដោយ​សេចក្តី​វាងវៃ ទុកជា​អ្នកណា​មិនចង់​ឲ្យធ្វើ (កាត់ ឬកោរ) អ្នកទាំងនោះ ក៏ឲ្យធ្វើ លុះឲ្យ​ធ្វើហើយ ក៏ឲ្យ​តម្លៃ​ជាច្រើន។ ឯទារកទាំងនោះ ប្រមូលអំបិលខ្លះ ប្រេងខ្លះ អង្ករខ្លះ ខាទនីយៈ​ខ្លះ ជាច្រើន។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ត្រាច់ទៅកាន់ចារិក ដោយលំដាប់ ក៏បានដល់​ទៅក្រុង​អាតុមា។ បានឮថា ព្រះដ៏មានព្រះភាគ គង់ក្នុង​ភូសាគារ97) ជិតក្រុង​អាតុមានោះ។ លុះកន្លងរាត្រីនោះទៅ ទើបភិក្ខុ​បួសឯចាស់នោះ ឲ្យចាត់ចែង​បបរជាច្រើន ហើយបង្អោនថ្វាយចំពោះ​ព្រះដ៏មានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន សូម​ព្រះដ៏មានព្រះភាគ ទទួលបបរ​របស់ខ្ញុំ​ព្រះអង្គ។ ព្រះតថាគតទាំងឡាយ ទ្រង់ជ្រាបហើយ សួរ​ក៏មាន ទ្រង់ជ្រាបហើយ មិនសួរក៏មាន ទ្រង់ជ្រាប​កាលគួរហើយ សួរក៏មាន ទ្រង់ជ្រាបកាល​គួរ​ហើយ មិនសួរក៏មាន ព្រះតថាគត​ទាំងឡាយ សួរតែហេតុ​ដែលប្រកបដោយ​ប្រយោជន៍ មិនសួរ​ហេតុដែលមិនប្រកប​ដោយប្រយោជន៍ឡើយ ព្រោះហេតុ​មិនប្រកប​ដោយ​ប្រយោជន៍​ ព្រះតថាគត​ទាំងឡាយ សម្លាប់បង់​ហើយដោយ​អរិយមគ្គ។ ព្រះពុទ្ធ​ដ៏មានព្រះភាគ​ទាំងឡាយ ទ្រង់​សួរពួកភិក្ខុដោយហេតុពីរប្រការ គឺទ្រង់សួរ​ដើម្បី​នឹងសំដែងធម៌១ ដើម្បី​នឹង​បញ្ញត្ត​សិក្ខាបទ​ដល់​សាវក​ទាំងឡាយ១។ គ្រានោះឯង ព្រះដ៏មានព្រះភាគ មានព្រះបន្ទូលនេះ នឹង​ភិក្ខុបួស​ឯចាស់​នោះថា នែភិក្ខុ បបរនេះ អ្នកឯង​បានមកពីណា។ ទើបភិក្ខុបួស​ឯចាស់នោះ ក្រាបបង្គំ​ទូល​ដំណើរនុ៎ះ ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះពុទ្ធ​ដ៏មានព្រះភាគ ទ្រង់បន្ទោសថា នែមោឃបុរស អំពើ​នេះមិនសមគួរ មិនទំនង មិនត្រូវបែប មិនមែនជា​របស់សមណៈ មិនគប្បី មិនគួរ​ធ្វើទេ នែ​មោឃបុរស អ្នកឯង​ជាអ្នកបួស មិនសមបើនឹងបបួល (គេឲ្យធ្វើ) ក្នុងការមិនគួរសោះ នែមោឃបុរស អំពើនេះ មិនមែននាំឲ្យជ្រះថ្លា ដល់ពួក​ជនដែល​មិនទាន់ជ្រះថ្លាទេ។បេ។ លុះទ្រង់​បន្ទោសហើយ ទ្រង់ធ្វើធម្មីកថា ហើយទ្រង់ហៅភិក្ខុទាំងឡាយ (មក ហើយទ្រង់​មានព្រះបន្ទូល) ថា ម្នាលភិក្ខុទាំងឡាយ បព្វជិត មិនត្រូវបបួល (គេឲ្យធ្វើ) ក្នុងការ​មិនគួរទេ បព្វជិតណាបបួល ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុដែលធ្លាប់ធ្វើ​ជាងកោរកាត់ (មកពីដើម) មិន​ត្រូវរក្សាគ្រឿង​ប្រដាប់កាំបិត​កោរទុកទេ ភិក្ខុណា​រក្សាទុក ត្រូវអាបត្តិទុក្កដ។

[១៣៨] គ្រានោះឯង ព្រះមានព្រះភាគ គង់ក្នុងក្រុងអាតុមា គួរ​តាមពុទ្ធ​អធ្យាស្រ័យហើយ ក៏ទ្រង់​យាង​ទៅកាន់ចារិក​ក្រុងសាវត្ថី។ លុះព្រះមានព្រះភាគ ទ្រង់ត្រាច់​ទៅកាន់ចារិក ដោយលំដាប់ បានដល់ទៅ​ក្រុងសាវត្ថីនោះ។ បានឮថា ព្រះមានព្រះភាគ គង់ក្នុង​វត្តជេតពន របស់​អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថីនោះ។ ក៏សម៏យ​នោះឯង ក្នុងក្រុង​សាវត្ថី មានផ្លែឈើជា​ខាទនីយៈ98) ច្រើនពោរពាស។ ទើបភិក្ខុទាំងឡាយ​ មានសេចក្តី​ត្រិះរិះ​ដូច្នេះថា ផ្លែឈើជាខាទនីយ ដូចម្តេច ដែលព្រះមានព្រះភាគ ទ្រង់អនុញ្ញាត ផ្លែឈើជាខាទនីយៈ ដូចម្តេច ដែលព្រះមានព្រះភាគ​មិនបានអនុញ្ញាត។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូល​ដំណើរនុ៎ះ ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាត​ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត​ផ្លែឈើ​ជា​ខាទនីយៈ​គ្រប់យ៉ាង។

[១៣៩] ក៏សម័យនោះឯង មនុស្សទាំងឡាយដាំពូជឈើទាំងឡាយជារបស់សង្ឃ​ ក្នុង​ដីជា​របស់​បុគ្គល ដាំពូជឈើទាំងឡាយជារបស់បុគ្គល ​ក្នុង​ដីជា​របស់សង្ឃ។ ភិក្ខុទាំងឡាយ ក្រាបបង្គំ​ទូល​​ដំណើរ​នុ៎ះ ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់មានព្រះបន្ទូល​ថា ម្នាលភិក្ខុទាំងឡាយ (បើ) ពូជឈើទាំងឡាយជារបស់សង្ឃ ដែលដាំក្នុង​ដីជារបស់បុគ្គល ត្រូវភិក្ខុឲ្យចំណែក99) (ដល់ម្ចាស់ដីខ្លះ) ហើយសឹមបរិភោគ (បើ) ពូជឈើទាំងឡាយ ជារបស់បុគ្គល ដែលដាំ​ក្នុងដី​ជារបស់សង្ឃ ត្រូវ​ភិក្ខុ​ឲ្យ​ចំណែក​ (ដល់​ម្ចាស់ដីខ្លះ) ហើយសឹមបរិភោគ។

១៨៥. ចតុមហាបទេសកថា

(១៨៥)

[១៤០] ក៏សម័យនោះឯង ភិក្ខុទាំងឡាយកើតសេចក្តីរង្កៀស ក្នុងកន្លែងជាអន្លើៗថា របស់អ្វីហ្ន៎ ដែលព្រះដ៏មានព្រះភាគ អនុញ្ញាត របស់អ្វី ដែលព្រះដ៏មានព្រះភាគ មិនបានអនុញ្ញាត។ ពួកភិក្ខុក្រាបបង្គំទូលដំណើរនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គមាន​ព្រះបន្ទូលថា ម្នាលភិក្ខុទាំងឡាយ របស់ណាដែលតថាគត​មិនបានហាមទុកថា របស់នេះ​មិនគួរ​ទេ បើរបស់នោះអនុលោម​ចូលរបស់​មិនគួរ ឃាត់របស់គួរ របស់នោះ មិនគួរ​ដល់អ្នកទាំងឡាយ​ឡើយ ម្នាលភិក្ខុទាំងឡាយ របស់ណា​ដែលតថាគត​មិនបានហាមទុកថា របស់នេះមិនគួរ បើរបស់​នោះអនុលោម​ចូលរបស់គួរ ឃាត់របស់មិនគួរ របស់នោះ​ គួរដល់​អ្នកទាំងឡាយ ម្នាល​ភិក្ខុ​ទាំង​ឡាយ របស់ណាដែលតថាគត​មិនអនុញ្ញាត​ទុកថា របស់នេះគួរ បើរបស់​នោះអនុលោម​ចូលរបស់​មិនគួរ ឃាត់របស់គួរ របស់នោះ មិនគួរ​ដល់អ្នកទាំងឡាយឡើយ ម្នាលភិក្ខុទាំងឡាយ របស់ណា​ដែលតថាគត​មិនបាន​អនុញ្ញាត​ទុកថា របស់នេះគួរ បើរបស់​នោះអនុលោម​ចូល​របស់​គួរ ឃាត់​របស់មិនគួរ របស់នោះ​ គួរដល់​អ្នកទាំងឡាយ។​

[១៤១] គ្រានោះឯង ភិក្ខុទាំងឡាយមានសេចក្តីត្រិះរិះដូច្នេះថា វត្ថុជាយាមកាលិក (ដែលច្រឡំ) ដោយវត្ថុជាយាវកាលិក គួរ ឬមិនគួរទេ វត្ថុជាសត្តាហកាលិក (ច្រឡំ) ដោយវត្ថុ​ជាយាវកាលិក គួរ ឬមិនគួរទេ វត្ថុជាយាវជីវិក (ច្រឡំ) ដោយវត្ថុ​ជាយាវកាលិក គួរ ឬមិនគួរទេ វត្ថុជា​សត្តាហកាលិក (ច្រឡំ) ដោយវត្ថុជាយាមកាលិក គួរ ឬមិនគួរទេ វត្ថុ​ជាយាវជីវិក (ច្រឡំ) ដោយវត្ថុ​ជាយាមកាលិក គួរ ឬមិនគួរទេ វត្ថុជាយាវជីវិក (ច្រឡំ) ដោយវត្ថុ​ជាសត្តាហកាលិក គួរ ឬមិនគួរទេ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលដំណើរនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គមាន​ព្រះបន្ទូលថា ម្នាលភិក្ខុទាំងឡាយ វត្ថុជាយាមកាលិក (ច្រឡំ) ដោយវត្ថុជាយាវកាលិក ដែល​ភិក្ខុ​ទទួល​ក្នុងថ្ងៃនោះ គួរបានតែក្នុងកាល មិនគួរក្នុងវិកាលទេ ម្នាលភិក្ខុទាំងឡាយ វត្ថុ​ជា​សត្តាហកាលិក (ច្រឡំ) ដោយវត្ថុ​ជាយាវកាលិក ដែលភិក្ខុទទួល​ក្នុងថ្ងៃនោះ គួរបាន​តែ​ក្នុងកាល មិនគួរក្នុងវិកាលទេ ម្នាលភិក្ខុទាំងឡាយ វត្ថុជាយាវជីវិក (ច្រឡំ) ដោយវត្ថុ​ជាយាវកាលិក ដែល​ភិក្ខុទទួល​ក្នុងថ្ងៃនោះ គួរបានតែក្នុងកាល មិនគួរក្នុងវិកាលទេ ម្នាលភិក្ខុទាំងឡាយ វត្ថុជា​សត្តាហកាលិក (ច្រឡំ) ដោយវត្ថុជាយាមកាលិក ដែលភិក្ខុទទួល​ក្នុងថ្ងៃនោះ គួរបានតែ​ក្នុងយាម កន្លង​យាមទៅហើយ មិនគួរទេ ម្នាលភិក្ខុទាំងឡាយ វត្ថុ​ជាយាវជីវិក (ច្រឡំ) ដោយវត្ថុ​ជាយាមកាលិក ដែលភិក្ខុទទួល​ក្នុងថ្ងៃនោះ គួរបានតែ​ក្នុងយាម កន្លងយាមទៅហើយ មិនគួរទេ ម្នាលភិក្ខុទាំងឡាយ វត្ថុជាយាវជីវិក (ច្រឡំ) ដោយវត្ថុ​ជាសត្តាហកាលិក ដែល​ភិក្ខុទទួល​ក្នុងថ្ងៃ​នោះ គួរអស់៧ថ្ងៃ ហួស​៧ថ្ងៃទៅហើយ មិនគួរទេ។

ចប់ ភេសជ្ជក្ខន្ធកៈ ទី៦។

ក្នុងខន្ធកៈនេះមាន១០៦រឿង។

ឧទ្ទាននៃភេសជ្ជក្ខន្ធកៈនោះគឺ

១៨៦. តស្សុទ្ទានំ

(១៨៦)

[១៤២] រឿងភិក្ខុកើតអាពាធក្នុងសរទកាល ព្រះសម្ពុទ្ធ​ ទ្រង់អនុញ្ញាតឲ្យភិក្ខុឆាន់ភេសជ្ជ​បានក្នុងកាលក្តី ខុសកាលក្តី១ រឿង​ទ្រង់អនុញ្ញាខ្លាញ់រាវ១ រឿងទ្រង់អនុញ្ញាត​មើមឈើ១ រឿងភិក្ខុ​ត្រូវការ​ដោយថ្នាំ ដែលកិនជាម្សៅ១ រឿងទ្រង់អនុញ្ញាត​ថ្នាំទឹកចត់១ រឿងទ្រង់អនុញ្ញាត​ថ្នាំស្លឹកឈើ១ រឿងទ្រង់អនុញ្ញាតថ្នាំផ្លែឈើ១ រឿងទ្រង់អនុញ្ញាតថ្នាំជ័រឈើ១ រឿងទ្រង់​អនុញ្ញាត​អម្បិល១ រឿងទ្រង់អនុញ្ញាតអាចម៍គោ និងថ្នាំលំអិត១ រឿងទ្រង់អនុញ្ញាត​គ្រឿង​រែងថ្នាំលំអិត១ រឿងទ្រង់អនុញ្ញាត​សាច់ឆៅ និងឈាមស្រស់១ រឿងទ្រង់អនុញ្ញាតថ្នាំ​បន្តក់​ភ្នែក និង​គ្រឿងលំអិត​សម្រាប់​លាប១ រឿងភិក្ខុ​ប្រើក្លាក់ថ្នាំប្លែកៗ១ រឿង​ក្លាក់ថ្នាំគ្មានគម្រប១ រឿងទ្រង់អនុញ្ញាត​ចង្កឹះក្លាក់ថ្នាំ១ រឿងទ្រង់អនុញ្ញាតស្រោមចង្កឹះ១ រឿងទ្រង់អនុញ្ញាតថង់​ក្លាក់១ រឿងទ្រង់អនុញ្ញាត​ខ្សែយោគ និងខ្សែសម្រាប់ចង១ រឿងទ្រង់អនុញ្ញាតប្រេងសម្រាប់លាប​ក្បាល១ រឿងទ្រង់អនុញ្ញាត​ការនត្ថុ១ រឿងទ្រង់អនុញ្ញាតបំពង់សម្រាប់នត្ថុ១ រឿងទ្រង់អនុញ្ញាត​ឲ្យភិក្ខុជក់ផ្សែង១ រឿងទ្រង់​អនុញ្ញាតខ្សៀរ១ រឿងទ្រង់អនុញ្ញាតថង់ខ្សៀរ១ រឿងទ្រង់អនុញ្ញាត​ការស្លប្រេង១ រឿងទ្រង់​អនុញ្ញាត​​ឲ្យភិក្ខុដាក់គ្រឿងស្រវឹងទៅក្នុង​ប្រេងស្ល១ រឿងទ្រង់ហាម​មិនឲ្យ​ភិក្ខុឆាន់ប្រេងដែល​ដាក់គ្រឿង​​ស្រវឹងច្រើនពេក១ រឿងទ្រង់អនុញ្ញាតឲ្យភិក្ខុអធិដ្ឋាន​ថ្នាំលាប១ រឿងទ្រង់អនុញ្ញាត​តុម្ព​សម្រាប់ដាក់ប្រេង១ រឿងទ្រង់អនុញ្ញាតការឆ្ពុង១ រឿងទ្រង់អនុញ្ញាតការ​ឆ្ពុង​ដោយគ្រឿង​សម្ភារៈ១ រឿងទ្រង់​អនុញ្ញាតការឆ្ពុងធំ១ រឿងទ្រង់អនុញ្ញាតទឹកដែលស្ងោរ​ដោយស្លឹកឈើ មែកឈើ១ រឿងទ្រង់​អនុញ្ញាតបន្ទប់ទឹក១ រឿងទ្រង់អនុញ្ញាតឲ្យ​ជប់យកឈាម និងអនុញ្ញាត​ស្នែង​សម្រាប់ជប់​ឈាម១ រឿងទ្រង់អនុញ្ញាតថ្នាំសម្រាប់​លាបជើង និងអនុញ្ញាត​ឲ្យ​ភិក្ខុតាក់តែងទឹកស្រវឹង (សម្រាប់​លាបជើងឲ្យស្រួល)១ រឿងទ្រង់អនុញ្ញាតសត្ថកម្ម១ រឿងទ្រង់អនុញ្ញាតទឹកចត់១ រឿងទ្រង់​អនុញ្ញាតម្សៅល្ង១ រឿងទ្រង់អនុញ្ញាតដុំសត្តូវ១ រឿងទ្រង់អនុញ្ញាតសំពត់​សម្រាប់រុំដម្បៅ១ រឿងទ្រង់​អនុញ្ញាតឲ្យភិក្ខុ​លាងដម្បៅ ដោយ​ម្សៅគ្រាប់ស្ពៃ១ រឿងទ្រង់អនុញ្ញាតឲ្យធ្វើការចំហុយ១ រឿងទ្រង់​អនុញ្ញាតឲ្យ​បង្កាត់​ដម្បៅ ដោយ​ទឹកអម្បិល១ រឿងទ្រង់អនុញ្ញាត​ប្រេងសម្រាប់​លាប​ដម្បៅ១ រឿងទ្រង់អនុញ្ញាតសម្ពត់​សម្រាប់រុំ​ប្រេង១ រឿងទ្រង់អនុញ្ញាតថ្នាំមហាវិក័ដ១ រឿងទ្រង់​អនុញ្ញាត​ការទទួល​ប្រគេន១ រឿងទ្រង់អនុញ្ញាតឲ្យផឹកគូថ១ រឿងទ្រង់អនុញ្ញាតអាច់បំណាស់១ រឿងទ្រង់​អនុញ្ញាតទឹកក្បុង១ រឿងទ្រង់អនុញ្ញាតសម៉ត្រាំទឹកមូត្រ១ រឿងទ្រង់​អនុញ្ញាត​ការ​លាប​ដោយ​គ្រឿងក្រអូប១ រឿងទ្រង់អនុញ្ញាតថ្នាំបញ្ចុះ១ រឿងទ្រង់អនុញ្ញាតទឹកអង្ករថ្លា១ រឿងទ្រង់​អនុញ្ញាត​ទឹក​សណ្តែកបាយស្ងោរ១ រឿងទ្រង់អនុញ្ញាតឱជារសសាច់១ រឿង​ព្រះបិលិន្ទវច្ឆត្ថេរឲ្យគេ​ជម្រះ​ញក​ភ្នំ និងអនុញ្ញាត​អារាមិកជន១ រឿងទ្រង់អនុញ្ញាតឲ្យភិក្ខុឈឺ ទុកភេសជ្ជៈ​ឆាន់​អស់​៧ថ្ងៃ១ រឿងទ្រង់អនុញ្ញាតឲ្យភិក្ខុឆាន់ស្ករអំពៅ១ រឿងទ្រង់អនុញ្ញាតឲ្យភិក្ខុឆាន់សណ្តែកបាយ១ រឿងទ្រង់អនុញ្ញាតថ្នាំលោណសោចិរកៈ១ រឿងទ្រង់ហាម​មិនឲ្យភិក្ខុឆាន់វត្ថុជាសាមបក្ក១ រឿងទ្រង់​អនុញ្ញាតឲ្យភិក្ខុចំអិនថែមទៀត១ រឿងត្រឡប់ ទ្រង់អនុញ្ញាត​អន្តោវុត្ថ អន្តោបក្ក និង​សាមបក្ក​វិញ ក្នុងកាលអត់បាយ១ រឿងទ្រង់អនុញ្ញាតផ្លែឈើ ជាខាទនីយៈ និងអនុញ្ញាតល្ង ជា​ខាទនីយៈ១ រឿង​បុរេភត្ត១ រឿងក្តៅក្រហាយក្នុងកាយ១ រឿងទ្រង់អនុញ្ញាតឲ្យភិក្ខុឆាន់ផ្លែឈើ​ដែលគ្មានពូជ១ រឿង​ភិក្ខុមានអាពាធឫសដូងបាទ១ រឿងទ្រង់ហាមមិនឲ្យភិក្ខុធ្វើវត្ថិកម្ម និង​សត្ថកម្ម១ រឿង​សុប្បិយាឧបាសិកា១ រឿងទ្រង់ហាមមិនឲ្យភិក្ខុឆាន់សាច់មនុស្ស១ រឿងទ្រង់ហាម​មិនឲ្យ​ភិក្ខុ​ឆាន់សាច់សេះ១ រឿងទ្រង់ហាម​មិនឲ្យភិក្ខុ​ឆាន់សាច់ឆ្កែ១ រឿងទ្រង់ហាម​មិនឲ្យភិក្ខុ​ឆាន់សាច់ពស់១ រឿងទ្រង់ហាម​មិនឲ្យភិក្ខុ​ឆាន់សាច់សីហៈ១ រឿងទ្រង់ហាម​មិនឲ្យភិក្ខុ​ឆាន់​សាច់​ខ្លាធំ១ រឿងទ្រង់ហាម​មិនឲ្យភិក្ខុ​ឆាន់សាច់ខ្លាដម្បង១ រឿងទ្រង់ហាម​មិនឲ្យភិក្ខុ​ឆាន់សាច់ខ្លាឃ្មុំ១ រឿងទ្រង់ហាម​មិនឲ្យភិក្ខុ​ឆាន់សាច់ឆ្កែព្រៃ១ រឿងលំដាប់ភត្ត (វេន)១ រឿងទ្រង់​អនុញ្ញាតបបរ១ រឿង​មហាមាត្យមានសេចក្តី​ជ្រះថ្លាថ្មី១ រឿង​ភិក្ខុដែលគេនិមន្តក្នុងទីដទៃហើយ មិនត្រូវ​ឆាន់បបរ​អ្នកដទៃ១ រឿងទ្រង់អនុញ្ញាត​ស្ករអំពៅ ដល់ភិក្ខុមានជម្ងឺ១ រឿង​មហាមាត្យឈ្មោះ​សុនីធ១ រឿង​ព្រះដ៏មានព្រះភាគ ទ្រង់គង់​នៅក្នុង​ផ្ទះសំណាក់​ធ្វើពីឥដ្ឋ១ រឿង​ស្ទឹងគង្គា១ រឿង​ព្រះដ៏មាន​ព្រះភាគ គង់នៅក្នុង​កោដិគ្រាម ហើយទ្រង់សំដែង​ចតុរារិយសច្ច១ រឿងស្រីផ្កាមាស ឈ្មោះ​អម្ពបាលី និងស្តេច​លិច្ឆវី១ រឿងសាច់ដែលគេធ្វើចំពោះភិក្ខុ១ រឿង​ក្រុងវេសាលីសម្បូណ៌​បាយ១ រឿងទ្រង់ត្រឡប់ហាម មិនឲ្យ​ឆាន់វត្ថុ ដែលជា​អន្តោវុត្ថ អន្តោបក្ក និងសាមបក្ក១ រឿង​មហាមេឃ១ រឿង​ព្រះថេរៈ​ឈ្មោះយសមានជម្ងឺ១ រឿង​មេណ្ឌកគហបតិ និងរឿង​ទ្រង់អនុញ្ញាត​គោរសប្រាំ១ រឿង​ទ្រង់អនុញ្ញាត​ឲ្យភិក្ខុស្វែងរកស្បៀងបាន១ រឿងកេណិយជដិល​ និងរឿង​ទ្រង់​អនុញ្ញាត​ទឹកបានផ្លែស្វាយ ទឹកបានផ្លែព្រីង ទឹកបានផ្លែចេកមានគ្រាប់ ទឹកបានផ្លែចេកឥតគ្រាប់ ទឹកបានផ្លែស្រគំ ទឹកបានផ្លែចន្ទន៍ ទឹកបានក្រអៅឈូក ទឹកបានផ្លែមាក់ប្រាង១ រឿងទ្រង់​អនុញ្ញាត​អន្លក់ និង​ខាទនីយៈ ធ្វើដោយម្សៅ១ រឿង​ភិក្ខុធ្លាប់​ជាជាងកោរកាត់ នៅក្នុងក្រុង​អាតុមា១ រឿង​ទ្រង់​អនុញ្ញាត​ផ្លែឈើជាខាទនីយៈ ក្នុងក្រុងសាវត្ថី១ រឿងពូជឈើជារបស់សង្ឃ គេដាំក្នុង​ទីដី​ជារបស់បុគ្គល១ រឿងភិក្ខុមានសេចក្តីសង្ស័យក្នុងទី​ដោយអន្លើៗ១ រឿង​កាលិកលាយគ្នា១។

ចប់ភាគ៧

មាតិកា

មហាវគ្គ ភាគ ទី ២ លេខ ទំព៍រ
វស្សុបនាយិកក្ខន្ធកៈ
ការនៅចាំវស្សាព្រះដ៏មានព្រះភាគមិនទាន់បានបញ្ញត្ត
និទានឆព្វគ្គិយភិក្ខុ
ការចូលវស្សា
កិរិយាធ្វើនូវការត្រឡប់មកវិញក្នុងរវាង ៧ ថ្ងៃ
អន្តរាយទាំងឡាយកើតឡើងដល់ពួកភិក្ខុដែលនៅចាំវស្សា ៣៧
អន្តរាយទាំងឡាយមានដល់ពួកភិក្ខុដែលចូលវស្សា ៤១
ការបំបែកសង្ឃកើតឡើងដល់ពួកភិក្ខុដែលចូលវស្សា ៤៣
និទានភិក្ខុ ១រូប មានសេចក្តីប្រាថ្នាដើម្បីចូលវស្សាក្នុងលំនៅរបស់គង្វាលគោ ៤៦
ពួកភិក្ខុចូលវស្សាក្នុងទីវាល ជាដើម ៤៩
សង្ឃប្តេជ្ញាគ្នាថា ភិក្ខុមិនត្រូវបំបួសកុលបុត្រក្នុងកណ្តាលវស្សា ៥១
និទានឧបនន្ទសក្យបុត្ត ៥២
ការនៅចាំវស្សាក្នុងអាវាសទាំងឡាយពីរ ៥៣
ត្រូវអាបត្តិទុក្កដព្រោះទទួលពាក្យប្តេជ្ញា ៥៥
ឧទ្ទាននៃវស្សុបនាយិកក្ខន្ធក ៦៣
បវារណាក្ខន្ធកៈ ៦៦
និទានភិក្ខុច្រើនរូបជាមិត្រទើបនឹងបានជួបគ្នាថ្មី ៦៦
មូគវត្ត (វត្តរបស់មនុស្សគ) ជាតិត្ថិយសមាទាន ៦៧
តេវាចិកាបវារណា ៧៥
បវារណាពីរយ៉ាង (ចាតុទ្ទសិកាបវារណា ១ បណ្ណរសិកាបវារណា ១) ៧៧
ការឲ្យនូវបវារណានៃភិក្ខុឈឺ ៧៩
អន្តរាយទាំងឡាយកើតឡើងក្នុងពេលនៃបវារណាកម្ម ៨៣
គណប្បវារណា និងតេវាចិកាបវារណា ៨៥
ភិក្ខុ ៣ រូប បវារណាដល់គ្នានិងគ្នា ៨៧
ភិក្ខុ ២ រូប បវារណាដល់គ្នានិងគ្នា ៨៩
និទានភិក្ខុ ១ រូប ត្រូវអាបត្តិក្នុងថ្ងៃបវារណា ៩១
ការបវារណានៃភិក្ខុអ្នកមិនមានសភាគាបត្តិ ៩៣
និទានអាវាសិកភិក្ខុ និយាយពីភិក្ខុអ្នកបវារណាមិនត្រូវអាបត្តិ មាន ១៥ យ៉ាង ៩៥
ពួកភិក្ខុជាពួកតែសំគាល់ថា ព្រមព្រៀងគ្នា មាន ១៥ យ៉ាង ១០១
ពួកភិក្ខុមានសេចក្តីរង្កៀស មាន ១៥ យ៉ាង ១០៣
ពួកភិក្ខុមានបំណងនឹងបំបែកសង្ឃ មាន ១៥ យ៉ាង ១០៥
ថ្ងៃរបស់អាវាសិកភិក្ខុ និងអាគន្តុកភិក្ខុផ្សេងគ្នា ១០៧
ការបវារណារបស់ពួកភិក្ខុដែលមានសេចក្តីសង្ស័យ ជាដើម ១០៩
ការបវារណារបស់ពួកភិក្ខុដែលមានសំវាសស្មើគ្នា ជាដើម ១១៣
ភិក្ខុមិនត្រូវទៅក្នុងថ្ងៃបវារណានោះ ១១៥
កាលភិក្ខុនីបរិសទ្យអង្គុយហើយ ភិក្ខុមិនត្រូវបវារណា ១១៩
រឿងអាវាស ១ ក្នុងកោសលជនបទកើតសញ្ចរភ័យក្នុងថ្ងៃបវារណានោះ ១២០
ការបវារណាជាតេវាចិកាបវារណា ជាដើម ១២១
និទានឆព្វគ្គិយភិក្ខុត្រូវអាបត្តិហើយបវារណា ១២៥
បវារណាដែលភិក្ខុបានឃាត់ និងបវារណាដែលភិក្ខុមិនបានឃាត់ ១២៧
ការឃាត់នូវបវារណាចំពោះភិក្ខុផងគ្នា ១២៩
សេចក្តីយល់ផ្សេងៗគ្នាក្នុងការត្រូវអាបត្តិ ១៣៥
ពួកភិក្ខុអ្នកធ្វើការប្រកួតប្រកាន់ ជាដើម ១៣៩
ការធ្វើនូវបវារណាសង្គហនៃភិក្ខុអ្នកព្រមព្រៀងគ្នា ជាដើម ១៤៥
ការធ្វើនូវបវារណាសង្គហ ១៤៩
ឧទ្ទាននៃបវារណាក្ខន្ធក ១៥០
ចម្មក្ខន្ធកៈ ១៥៣
និទានកូនសេដ្ឋីម្នាក់ឈ្មោះសោណជាកោឡិវិសគោត្ត ១៥៣
និទានព្រះសាគតត្ថេរ ១៥៥
និទានព្រះសោណត្ថេរ ១៥៩
ខីណាសវគុណកថា ១៦៧
ការបញ្ញត្តិស្បែកជើងជាអកប្បិយ ១៧៥
ស្បែកជើង ៤ ជាន់ ឡើងទៅ ដែលគេពាក់ហើយដោះប្រគេន (ស្បែកជើងចាស់) ១៧៩
ភិក្ខុមិនត្រូវពាក់ស្បែកជើងខាងក្នុងវត្ត ១៨១
និទានភិក្ខុមានរោគដំបៅលេចនៅបាទជើង ១៨២
ភិក្ខុមិនត្រូវពាក់ទ្រានាប់ជើងឈើ ១៨៥
ភិក្ខុមិនត្រូវពាក់ទ្រានាប់ជើងស្លឹកត្នោត ១៨៧
(ពួកភិក្ខុក្នុងក្រុងភទ្ទិយ) ពាក់ទ្រនាប់ជើងមានបការផ្សេង ៗ ១៨៩
សេចក្តីបញ្ញត្តិនូវទ្រនាប់ជើងជាអកប្បិយ ១៩១
និទានឆព្វគ្គិយភិក្ខុចាប់ស្នែងមេគោ ជាដើម ១៩២
ភិក្ខុមិនត្រូវចាប់មេគោ ១៩៣
និទានឆព្វគ្គិយភិក្ខុទៅដោយយានដែលទឹមដោយគោញី ១៩៤
ការទ្រង់អនុញ្ញាតនូវគ្រែស្នែង ១៩៥
ឧច្ចាសយនមហាសយនកថា ១៩៧
ភិក្ខុមិនត្រូវប្រើប្រាស់ស្បែកសត្វដ៏ធំ ១៩៩
និទានភិក្ខុបាប ២០០
ភិក្ខុមិនត្រូវពាក់ស្បែកជើងចូលទៅកាន់ស្រុក ២០៣
និទានព្រះសោណត្ថេរ ២០៤
ព្រះដ៏មានព្រះភាគទ្រង់ប្រទានពរ ៥ យ៉ាង ដល់ព្រះសោណត្ថេរ ២១៤
ទ្រង់ទ្រាយនៃមជ្ឈិមបទេស ២១៥
ឧទ្ទាននៃចម្មក្ខន្ធក ២១៦
ភេសជ្ជក្ខន្ធកៈ ២២១
និទានភិក្ខុកើតអាពាធ (ប្រមាត់) ២២១
ពោលអំពីភេសជ្ជទាំង៥ ២២៣
ពោលអំពីភេសជ្ជ មានខ្លាញ់ ជាដើម ២២៥
ពោលអំពីភេសជ្ជ មានទឹកចត់ ជាដើម ២២៧
ពោលអំពីភេសជ្ជ មានជ័រ ជាដើម ២២៩
ពោលអំពីភេសជ្ជ មានគ្រឿងលំអិត ជាដើម ២៣១
ពោលអំពីការទ្រង់អនុញ្ញាតភេសជ្ជ មានថ្នាំបន្តក់ភ្នែក ជាដើម ២៣៣
ពោលអំពីការទ្រង់អនុញ្ញាតនូវចង្កឹះក្លាក់ ២៣៥
និទានបិលិន្ទវច្ឆត្ថេរដ៏មានអាយុកើតជម្ងឺក្តៅក្បាល ២៣៦
ពោលអំពីការទ្រង់អនុញ្ញាតភេសជ្ជ មានប្រេងលាបក្បាល ជាដើម ២៣៧
និទានបិលិន្ទវច្ឆត្ថេរ ២៣៩
និទានភិក្ខុ ១ រូប មានអាពាធកើតពក ២៤២
ថ្នាំមហាវិកដ ៤ យ៉ាង ២៤៣
ពោលអំពីភិក្ខុមានអាពាធផ្សេងៗ ២៤៥
និទានព្រះបិលិន្ទវច្ឆត្ថេរ និយាយអំពីការទ្រង់អនុញ្ញាតនូវអារាមិកជន ២៤៧
និទានព្រះបិលិន្ទវច្ឆត្ថេរ និយាយអំពីកម្រងផ្កាជាវិការនៃមាស ២៤៩
និទានព្រះបិលិន្ទវច្ឆត្ថេរ និយាយអំពីភេសជ្ជ ៥ យ៉ាង ២៥៣
និទានព្រះកង្ខារេវតត្ថេរ ពោលអំពីស្ករអំពៅ ២៥៥
ព្រះដ៏មានព្រះភាគទ្រង់អាពាធកើតអំពីខ្យល់ក្នុងព្រះឧទរ ២៥៧
ភោជនដែលភិក្ខុទុក និងចំអិនខាងក្នុងអកប្បិយកុដិ និងចំអិនដោយខ្លួនឯង ២៥៩
និទានព្រាហ្មណ៍ ១ រូប ២៦៣
និទានឧបនន្ទសក្យបុត្ត ២៦៧
ព្រះសារីបុត្តមានអាពាធក្តៅរោលរាលក្នុងកាយ ២៦៨
ការទ្រង់អនុញ្ញាតផ្លែឈើដែលគ្មានពូជ ជាដើម ២៧១
សត្ថកម្ម (ការកាត់ ឬវះ) វត្ថិកម្ម (ការចងរឹត) ២៧៣
(ភិក្ខុត្រូវការដោយ) សាច់ដែលមានឱជារស ២៧៥
និទានសុប្បិយាឧបាសិកា ២៧៧
ពោលអំពីសាច់ដែលមិនគួរ ២៧៩
និទានព្រាហ្មណ៍ ១ រូប ២៨៥
ពោលអំពីអានិសង្សបបរ មាន ១០ យ៉ាង ២៨៧
និទានមហាមាត្យ (ម្នាក់) ជាអ្នកមានសេចក្តីជ្រះថ្លាថ្មី (មិនទាន់មុតមាំ) ២៨៩
សេចក្តីរង្កៀសរបស់មហាមាត្យអ្នកមានសេចក្តីជ្រះថ្លាថ្មី ២៩១
និទានបុរសឈ្មោះវេលដ្ឋកច្ចាន និយាយអំពីការប្រគេនស្ករអំពៅ ២៩៤
ធម្មចក្ខុ គឺសោតាបត្តិមគ្គរបស់បុរសឈ្មោះវេលដ្ឋកច្ចាន ២៩៩
និទានពួកភិក្ខុរង្កៀសមិនហ៊ានឆាន់ស្ករអំពៅ ៣០០
ពោលអំពីការទ្រង់ទទួលនូវរោងសំណាក់ ៣០១
ទោស ៥ ប្រការ នៃបុគ្គលទ្រុស្តសីល ឬ វិបត្តិចាកសីល ៣០៣
អានិសង្ស ៥ ប្រការ នៃបុគ្គលមានសីល ឬបរិបូណ៌ដោយសីល ៣០៥
និទានមហាមាត្យឈ្មោះសុនធនឯវស្សការ ៣០៧
អនុមោទនាគាថា ៣១១
ចតុរារយសច្ចទេសនាកថា ៣១៣
និទាននាងអម្ពបាលីជាស្រីផ្កាមាស ៣១៥
និទានស្តេចលិច្ឆវីក្នុងក្រុងវេសាលី ៣១៧
និទានសីហសេនាបតិ ពោលអំពីអកិរិយវាទ ៣២១
និទានសីហសេនាបតិ ពោលអំពីវាទ មានអកិរិយវាទ ជាដើម ៣២៥
និទានសីហសេនាបតិ ការសំដែងនូវភាវនៃខ្លួនជាឧបាសក ៣៣១
និទានសីហសេនាបតិ ពោលអំពីសាច់ដែលគេធ្វើចំពោះ (ខ្លួន) ៣៣៥
ភិក្ខុកាលដឹងថាសាច់ដែលគេធ្វើចំពោះ (ខ្លួន) មិនត្រូវបរិភោគ ៣៣៧
និទានពួកមនុស្សអ្នកជនបទ និយាយអំពីការសន្មតិកប្បិយភូមិ ៣៣៩
កប្បិយភូមិ ៤ យ៉ាង និទានមេណ្ឌកគហបតី ៣៤៣
និទានមេណ្ឌកគហបតី អានុភាពនៃជន មានមេណ្ឌកគហបតី ជាដើម ៣៤៥
និទានមេណ្ឌកគហបតី ពុទ្ធគុណកថា ៣៤៩
និទានមេណ្ឌកគហបតី អនុបុព្វីកថា ៣៥១
និទានមេណ្ឌកគហបតី ការសំដែងនូវភាវនៃខ្លួនជាឧបាសក ៣៥៣
ធម្មចក្ខុ គឺសោតាបត្តិមគ្គនៃមេណ្ឌកគហបតី ៣៥៥
និទានមេណ្ឌកគហបតី ការអង្គាសនៃមេណ្ឌកគហបតី (នោះ) ៣៥៦
ការទ្រង់អនុញ្ញាតនូវការស្វែងរកស្បៀង ៣៥៩
និទានកេណិយជដិល ៣៦១
និទានមល្លក្សត្រទាំងឡាយនៅក្នុងក្រុងកុសិនារា ៣៦៦
និទានមល្លក្សត្រឈ្មោះរោជ ការធ្វើនូវការក្រោកទទួលព្រះដ៏មានព្រះភាគ ៣៦៧
និទានមល្លក្សត្រឈ្មោះរោជ អនុបុព្វីកថា ៣៦៩
និទានរោជមល្លក្សត្រ ៣៧១
និទានភិក្ខុបួសឯចាស់ ៣៧៣
ពោលអំពីមនុស្សដាំពូជឈើរបស់សង្ឃ (ក្នុងដី) របស់បុគ្គល ៣៧៧
ពោលអំពីកាលិក មានយាមកាលិក ជាដើម ៣៧៩
ឧទ្ទាននៃភេសជ្ជក្ខន្ធក ៣៨០
1)
អដ្ឋកថា អធិប្បាយថា ក្នុងវស្សានរដូវ ភិក្ខុ​ត្រូវចូល​វស្សា​ឲ្យគ្រប់បីខែ។
2)
ថ្ងៃចូលវស្សាមុន។
3)
ថ្ងៃចូលវស្សាក្រោយ។
4)
អដ្ឋកថា ថា ទ្រង់មានសេចក្តី​ប្រាថ្នានឹងលើកខែជាដម្បូង​នៃវស្សានរដូវ គឺប្រាថ្នា​នឹងធ្វើខែ​ស្រាពណ៌ ឲ្យទៅ​ជាខែអាសាធវិញ (ខែ​អាសាធ​ខាងដើម ហៅបឋមាសាធ ខែដែល​លើក​ខាង​ក្រោយ ហៅទុតិយាសាធ)។
5)
សេចក្តីថា ភិក្ខុលើកសត្តាហៈចេញទៅអំពីវត្ត​ហើយ ត្រូវត្រឡប់មកវត្ត​ខាងក្នុង​អរុណថ្ងៃទី​៧វិញ កុំទៅ​នៅក្រៅវត្ត​ឲ្យហួស​អរុណថ្ងៃទី៧ឡើយ។
6)
សិរឹសប សំដៅយក​សត្វលូនវារ ដែល​មានពិស មានពស់​ ក្អែបជាដើម។
7)
ក្នុងដីកាថា ប្រជុំជន។
8)
បវារណាក្នុង​ថ្ងៃទី១៤
9)
បវារណា​ក្នុងថ្ងៃ​ទី១៥
10)
សាលាឆាន់
11)
លួចសំវាស
12)
ភ័យ​ដែល​កើតអំពី​មនុស្ស​នៅក្នុងព្រៃ។
13)
សេចក្តីប្រព្រឹត្តិ​ដោយកាយ​មិនបរិសុទ្ធ។
14)
សេចក្តីប្រព្រឹត្តិ​ដោយវាចា​មិនបរិសុទ្ធ។
15)
សេចក្តីចិញ្ចឹមជីវិត​មិនបរិសុទ្ធ។
16)
ក្នុងវស្សា៣ខែ បើមានហេតុទាស់ ទ្រង់អនុញ្ញាត​ឲ្យធ្វើ​ចាតុទ្ទសីឧបោសថ​ពីរបី​ឧបោសថបាន គឺឧបោសថ​ទី៣-៤-៥។ ឯទី៣ គឺរនោច​ខែស្រាពណ៍ ទី៤-៥ ខែភទ្ទបទ។ ឯធ្វើ​បែបនេះខុស​ពីធម្មតា​តែខែភទ្ទបទមួយទេ។
17)
អដ្ឋកថា សំដៅ​យកសមថៈ ឬវិបស្សនា ដែលទើប​នឹងបាន នៅទន់ ឬខ្ចីនៅឡើយ។
18)
(អដ្ឋកថា) សំដៅយក​អំពើទាំងឡាយ មានការភ្ជួរស្រែ និងលក់ដូរ​ជាដើម ដែលប្រកប​ដោយធម៌ និងចិញ្ចឹមមាតាបិតា​ដែលប្រកបដោយធម៌។
19)
អដ្ឋកថា ថា ផែនថ្មមានសណ្ឋានដូចព្រះចន្ទពាក់កណ្តាលវង់ នៅខាងក្រោមជណ្តើរ។
20)
កិលេស​១០យ៉ាង និងខន្ធ៥ ជាដើម ឈ្មោះថា ភារៈ គឺគ្រឿង​ធ្ងន់ ដែលហៅថា​មានភារៈ​ដាក់ចុះហើយ គឺអស់​រវល់​ដោយកិលេស និងខន្ធ​ជាដើមនោះតទៅទៀត។
21)
អដ្ឋកថា ថា បានចាក់ធ្លុះ ត្រាស់ដឹង ធ្វើឲ្យជាក់ច្បាស់​នូវព្រះអរហត្ត។
22)
(អដ្ឋកថា) បុគ្គល​ដែល​មិនញាប់ញ័រ​ដោយសេចក្តី​ត្រេកអរ និង​សេចក្តី​អន់ចិត្ត ក្នុងអារម្មណ៍​ជាទីគាប់ចិត្ត និងអារម្មណ៍​មិនជាទីគាប់ចិត្ត។
23)
អដ្ឋកថា កែមហាខន្ធកៈ ពន្យល់​សេចក្តីថា អធិសីល បានខាង​បាតិមោក្ខសីល។ អធិចិត្ត​ បានខាង​ សមាធិភាវនា​ជាលោកិយ។ អធិប្បញ្ញា បានខាង​មគ្គភាវនា​ជាលោកុត្តរ។
24)
ត្រូវសម្រេច​អាបត្តិ​តាម​សញ្ចិច្ចបាណសិក្ខាបទ សប្បាណវគ្គ​បាចិត្តិយកណ្ឌ។ ក្នុងខន្ធកៈ​ទាំងអស់ មានបំណងប្រាប់​តែ​អាបត្តិ​ដែលមាន​ក្រៅបាតិមោក្ខ បើកន្លែងណា​មាននិយាយ​ជាប់​ទាក់ទង​ដោយ​អាបត្តិក្នុង​បាតិមោក្ខផងនោះ គ្រាន់តែមានប្រាប់ថា ត្រូវធ្វើតាមធម៌ៗ យ៉ាងនេះ ព្រោះបាននិយាយ​រួច​មកហើយ។​
25)
អដ្ឋកថា ថា យាន​ដែលសម្រាប់​អូស ឬរុញ​ដោយដៃ ទុកជាប្រុសក្តី ស្រីក្តី អូស ឬរុញទៅ ក៏គួរ។
26)
រតនៈ សំដៅយកកែវ​មុក្តា កែវមណី សង្ខ ថ្ម មាស និងប្រាក់​ជាដើម។
27)
សំដៅយក​ទីនៅ ដូចកុដិ និងសាលាជាដើម។
28)
ឧបាសក​ឈ្មោះ​សោណៈ តែងពាក់គ្រឿង​ប្រដាប់​ត្រចៀក មានដម្លៃ​មួយកោដិ បានជាគេ​ហៅថា កុដិកណ្ណ ជាប់ផង (អដ្ឋកថា)
29)
១.២.៣.៤ តាមអដ្ឋកថា ថា ស្មៅទាំង៤យ៉ាងនេះ គេ​តែង​យក​មកធ្វើជា​កន្ទេល​រឹងខ្លះ កន្ទេលទន់ខ្លះ ឯស្មៅ​ឈ្មោះ​ឯរគុ​មានសម្ផស្ស​រឹង គ្រោតគ្រាត ស្មៅឈ្មោះ​មោរគុ​នោះ ​មានចុង​ក្រហម មានសាច់​ល្អិតទន់ មានសម្ផស្ស​ស្រួល គេតែង​យក​មក​ធ្វើ​ជាកន្ទេល​ទន់​សម្រាប់ដេក កាលបើដេក​សង្កត់​ទៅហើយ លុះក្រោកចេញ ក៏ប៉ោងឡើងវិញ ឯស្មៅ​ឈ្មោះ​មជ្ជារុនោះ គេ​យក​មកធ្វើជា​សំពត់​សាដក​ក៏បាន ស្មៅឈ្មោះ​ជន្តុនោះ មានពណ៌​ដូចកែវមណី។
30) , 76)
31) , 77)
32) , 44)
33)
សំដៅយក​ប្រទេស​ ជាខាងក្រៅពី​មជ្ឈិម​ប្រទេស។
34)
សំដៅយកគ្រូសូត្រ
35)
តាមធម្មតា ក្នុងមជ្ឈិមបទេស ភិក្ខុបានទទួល​ចីវរ​ក្តី បានដឹង​ដំណឹង​ចីវរ​ដែល​គេ​មិនប្រគេនក្តី ភិក្ខុត្រូវរាប់​ថ្ងៃ​តាំង​តែបាន​ទទួល ឬបានដឹងដំណឹង​នោះ បើភិក្ខុ​មិនបាន​វិកប្ប ឬ​មិនបាន​អធិដ្ឋាន​ឲ្យហួស​កំណត់​១០ថ្ងៃទៅ ចីវរនោះ​ជានិស្សគ្គិយ ឯបច្ចន្តិមជនបទ តាមពុទ្ធានុញ្ញាតនេះ បើចីវរ​មិនទាន់ដល់ដៃ ភិក្ខុ​មិនបាច់​រាប់ថ្ងៃឡើយ។
36)
កាលដែល​ជាទី​ស្រៀវស្រាញ សង្កើរសង្កាញ់ គឺខែ​ជាខាង​ចុងនៃ​វស្សានរដូវ និងខាងដើម​នៃហេមន្តរដូវ។
37)
សំដៅយក​តាំងពី​ពេល​ព្រឹក ទៅទល់ថ្ងៃត្រង់។ តទៅខាងមុខ​ នឹងមានទ្រង់​អនុញ្ញាត​រើរុះទៀត។
38)
សារត្ថទីបនី និងវិមតិវិនោទនីដីកាថា ភោជន​ទាំងនោះ ក៏ត្រឡប់​ទៅជា​សៅហ្មង មិនមានឱជារស​ឆ្ងាញ់ពីសា​វិញ។
39)
កាលគួរ គឺតាំង​ពី​អរុណរះ ទៅទល់ថ្ងៃត្រង់ ឯកាលមិនគួរ​នោះ តាំងពី​ថ្ងៃ​ជ្រេពីត្រង់ ទៅទល់​នឹង​អរុណរះ
40)
ប្រើប្រាស់​បានកំណត់​ត្រឹម៧​ថ្ងៃ ជាយ៉ាងយូរ។
41)
វត្ថុសម្រាប់រែង​គ្រឿង​លំអិត មានម្សៅ​ជាដើម ដែលហៅថា កាតៅ។
42)
ជម្ងឺ​ដែល​ឈឺ​ព្រោះ​ខ្មោចចូល
43)
៣.៤ អដ្ឋកថា ថា ភិក្ខុនោះ​មិនស៊ីសាច់ឆៅ ផឹកឈាមស្រស់​នោះខ្លួនឯងទេ គឺខ្មោច​ដែលវាចូល​ភិក្ខុនោះ​វាស៊ី វាផឹក លុះស៊ី​ផឹក​ហើយ វាចេញទៅ។
45)
វៀរលែង​តែឆ្អឹង​មនុស្ស​ចេញ ក្រៅពីនោះ ទោះឆ្អឹង​អ្វីៗក៏គួរ​ទាំងអស់។
46)
គឺក្លាក់​ដែលធ្វើ​ពីជាតិស្ពាន់ ទង់ដែង ដែក សំណភក់ សំណប៉ាហាំង។
47)
គឺប្រេង​ដែលចូល​ទៅតាម​ច្រមុះនោះ​ មិនស្មើគ្នា ចួនកាលច្រើន ចួន​កាលតិច។
48)
ដើម្បី​ឲ្យនត្ថុ​ចូលទៅព្រមគ្នា។
49)
ត្រូវឲ្យ​ភិក្ខុនោះ​សំដែង​អាបត្តិ​បាចិត្តិយចេញ។
50)
អដ្ឋកថា ថា ត្រូវ​ដាក់​រងើកភ្លើង​ឲ្យពេញ​ក្នុងរណ្តៅ ឲ្យបាន​ប្រមាណ​មួយជំហរ​បុរស រួចបិទ​រណ្តៅ​នោះ​ដោយ​អាចម៍ដី និងដីខ្សាច់​ជាដើមហើយ ក្រាលស្លឹកឈើ​ផ្សេងៗ​លើរណ្តៅ​នោះ ហើយ​យកប្រេង​លាបខ្លួន រួច​ដេក​ប្រែចុះ ប្រែឡើង​លើរណ្តៅនោះ ឲ្យចេញ​ញើស​ពីសរីរៈ។
51)
អដ្ឋកថា ថា ត្រូវ​ដាក់ទឹកក្តៅ​ឲ្យពេញ​ក្នុងភាជន៍ ឬស្នូក ហើយចូលទៅ​ធ្វើការ​ឆ្ពុង​ក្នុងបន្ទប់ទឹក​នោះ។
52)
សំដៅ​យក​បុគ្គល​ដែល​ប្រសប់​ធ្វើ​វត្ថុ​មិនគួរ ឲ្យជាវត្ថុ​គួរ
53)
ព្រះអង្គទ្រង់​អនុញ្ញាត​ឲ្យភិក្ខុ​យកអាច់​បំណាស់​ដែលជាប់នឹង​ផាលនង្គ័ល មកលាយ​នឹងទឹក​ហើយផឹក។
54)
អដ្ឋកថា ថា ឲ្យ​យក​បាយមកដុត​នឹងភ្លើងឲ្យឆេះ​ជាផេះ ហើយច្រោះត្រងយកទឹកមកផឹក។
55)
អដ្ឋកថា ថា សំដៅយក​តែ​ទឹកនោម​គោម្យ៉ាង មិនបាននិយាយ​ដល់ទឹកនោម​មនុស្សទេ។
56)
មនុស្ស​ដែលស្តេច​បាន​វេរ​ផ្តាច់​ ឲ្យជាអ្នកថែរក្សាវត្ត (រាជ​ពីដើម​ហៅថាពលព្រះ)។
57)
ជាអ្នកធ្លាប់​ចូលទៅ​មកក្នុងត្រកូល។
58)
ក្មេងប្រុស។
59)
កូនស្រី
60)
ក្មេងស្រី
61)
ត្រូវឲ្យភិក្ខុនោះ​សំដែង​អាបត្តិ​បាចិត្តិយចេញ។​
62)
អដ្ឋកថា កែតតិយបារាជិកថា ថ្នាំឈ្មោះ​លោណសោចិរកនោះ គេធ្វើ​ដាក់​ផ្លែសម៉ កន្ទួតព្រៃ សម៉ពិភេគ គ្រឿង​ចត់ និងស្រូវ​ទាំងពួង មានស្រូវ​សាលីជាដើម និង​អបរណ្ណជាតិ មានសណ្តែកល្ង​ជាដើម និង​បាយនៃ​ស្រូវ​៧ប្រការ មាន​ស្រូវ​សាលី​ជាដើម និងផ្លែឈើទាំង​ពួង មានផ្លែចេកជាដើម និងលម្ពង់​ឈើទាំងពួង មានលម្ពង់​ផ្តៅ និង​កាកោះជាដើម និងត្រីសាច់ និងភេសជ្ជៈ​ជាច្រើន មានទឹកឃ្មុំ ទឹកអំពៅ អម្បិលសិន្ធវជាដើម ហើយត្រាំ​ក្នុងភាជន៍ បិទមាត់ភាជន៍​ឲ្យជិត ទុកឲ្យយូរកំណត់១ឆ្នាំ ២ឆ្នាំ ឬ៣ឆ្នាំ​ក៏បាន។ ថ្នាំ​នោះ​ក៏​ឆ្អិន​ល្អ មានពណ៌​ដូចទឹក​ផ្លែព្រីង សម្រាប់ឆាន់កែរោគខ្យល់ ក្អក ឃ្លង់ ស្គមលឿង និង​ឫសដូងបាទ​ជាដើម ម្យ៉ាងទៀត ជាថ្នាំ​សម្រាប់​ឆាន់​ក្រោយបាយ។
63)
បបរលាយដោយរបស់​បីយ៉ាង​គឺ ល្ង អង្ករ និងសណ្តែក។
64)
ក្នុងអដ្ឋកថា ថា សត្វឆ្មា កណ្តុរ ទន្សង និងស្ការ។
65)
ក្នុងវិមតិវិនោទនីដីកា ថា កាលបើ​មាន​ទាយក​ប្រគេន​វត្ថុ​បន្តិចបន្តួច​រួចហើយ ភិក្ខុទាំងឡាយ​ក៏ហាមឃាត់​ មិនទទួល​ទៀត។
66)
ភិក្ខុ​កំណត់​ដឹងថា យើងអាច​ញុំាង​អត្តភាព​ឲ្យ​ប្រព្រឹត្ត​ទៅ​ដោយវត្ថុ​មានប្រមាណ​ប៉ុណ្ណេះ វត្ថុ​ដ៏​សល់​អំពី​នេះ ចូរ​បាន​ដល់​ភិក្ខុ​ឯទៀត​ចុះ ហើយក៏ហាម​ឃាត់​មិនទទួល។
67)
ក្នុងដីកាថា នំដែល​គេលាយ​ដោយ​វត្ថុ​ មានស្ករ​ជាដើម
68)
បបរ​ដែល​គេធ្វើ​អំពីភោជន​ទាំង៥ គឺបាយ១ នំស្រស់១ នំក្រៀម១ ត្រី១ សាច់១ ដែលនាំ​ឲ្យកើតបវារណា តាមសិក្ខាបទទី៥ នៃភោជនវគ្គ។
69)
ក្នុង​តតិយសារត្ថទីបនីដីកាតតិយសមន្ត អធិប្បាយពីរយ៉ាង គឺបុគ្គល​មិនបាន​សមាទានសីល ឬសមាទានសីលហើយធ្វើ​សីលឲ្យដាច់ទៅវិញ។
70)
ប្រទេស​ប្រាសចាក​សេចក្តីសុខ។
71)
ទី គឺបណ្ឌិតគប្បីខ្ពើម។
72)
ចូរមើលវិនយបិដក មហាវិភង្គភាគទី១ ទំព័រ​១៤​ឯណោះ។
73)
អដ្ឋកថា និងដីកាថា ពួកមហាមាត្យ ដែលសាង​ក្រុង​ក្នុងបាដលិគ្រាម ក៏ហាក់​ដូចជាបាន​ទៅប្រឹក្សា​គ្នានឹងទេវតា​ក្នុងស្ថានតាវត្តិង្ស។
74)
ក្នុងតតិយសារត្ថទីបនីដីកាតតិយសមន្ត ពន្យល់សេចក្តីថា កោដិគ្រាមនោះ នៅត្រង់​កន្លែងកំពូល​ប្រាសាទនៃស្តេច​មហាបនាទ ដែលលិចចុះទៅក្នុងផែនដី (មើលមង្គលត្ថទីបនី ក្នុងតតិយគាថា សិប្បកថា)។
75)
១.២.៣ ក្នុងតតិយសារត្ថទីបនីដីកា តតិយសមន្តថា សូម្បីរាជរថ ទង់ សេះ ដងជន្លួញ ក៏សឹង​ប្រដាប់​ដោយមាស និងកែវ​ មានសម្បុរខៀវទាំងអស់ ទាំងលឿង ក្រហម ស ក៏ដូចគ្នា។
78)
អយ្យបុត្ត គឺព្រះអង្គម្ចាស់
79)
ក្នុងដីកា ពន្យល់​សេចក្តីថា ពោលសរសើរពុទ្ធគុណ ដោយចរិយា៣ គឺ ញាតត្ថចរិយា១ លោកត្ថចរិយា១ ពុទ្ធត្ថចរិយា១។
80)
ពោលសរសើរធម្មគុណ ដោយចំណែកនិកាយ៥ បិដក៣ នវង្គសត្ថុសាសន៩ ធម្មក្ខន្ធ៨៤.០០០។
81)
ពោលសរសើរ​សង្ឃគុណ ដោយអំណាចបព្វជ្ជាថា ភទ្ទិយរាជ មហាកប្បិនរាជ បុក្កុស យសកុលបុត្ត សោណសេដ្ឋិបុត្ត រដ្ឋបាលកុលបុត្ត (លោកទាំងអម្បាលនេះជាដើម) ស្តាប់ធម៌ហើយ បាននូវ​សទ្ធា លះស្វេត្រឆត្ររាជសម្បត្តិ លះទី​សេនាបតិ ទីជាសេដ្ឋី ទីជានាយឃ្លាំង ចេញបួស​ក្នុងសាសនា​របស់​ព្រះសាស្តា។
82)
ក្នុងដីកាថា ទំនុកបំរុងដើម្បីឲ្យបាន​សម្រេចមគ្គ៤ និងផល៤។
83)
សំឡេង​ដូចក្អែក​កញ្ជ្រៀវ។
84)
អដ្ឋកថា កប្បិយកុដិ ដែលសង្ឃសូត្រព្រមគ្នាថា កប្បិយកុដឹ ករោម យើងទាំងឡាយ ធ្វើកប្បិយកុដិដូច្នេះ បីដង ហើយកសាងឡើង ឈ្មោះថា ឧស្សាវនន្តិកា។
85)
ខ្ទមតូច ឬរោងតូច ដែលចាស់​ គ្រាំគ្រា ដូចរោងគោ គួរជាកប្បិយកុដិបាន ឈ្មោះថា គោនិសាទិកា ៗមានពីរយ៉ាងគឺ សេនាសនៈ ដែលគ្មានរបង ឬជញ្ជាំង ឈ្មោះថា អារាមគោនិសាទិកា១ សេនាសនៈ​ទាំងអស់ ដែលមានរបង ឬជញ្ជាំងខ្លះក្តី មិនមានខ្លះក្តី ឈ្មោះថា វិហារគោនិសាទិកា១។
86)
មនុស្សទាំងឡាយ កសាងអាវាសហើយ គេនិយាយថា សូមលោកម្ចាស់ទាំងឡាយ ប្រើប្រាស់នូវ​ (កប្បិយកុដិ) នេះចុះ កប្បិយកុដិនេះ ឈ្មោះថា គហបតិកា។
87)
កុដិ ដែលសង្ឃប្រកាសដោយ​ញត្តិទុតិយកម្ម សន្មតឲ្យជាកប្បិយកុដិ ហៅថា សម្មតិកា។
88)
បួននាឡិ ជាមួយអាឡ្ហក។
89)
បួនអាឡ្ហក ជាមួយទោណ គឺ១៦នាឡិ
90)
អមាត្យ អ្នក​សម្រេចរាជការទាំងអស់។
91)
ផ្លូវជាទីញុំាងទឹកឲ្យឆ្លង បានដល់ផ្លូវ ដែលគេ​ទៅមក​បានដោយលំបាក។
92)
អដ្ឋកថា ថា ទឹកអដ្ឋបានទាំងនេះ ជារបស់ត្រជាក់ក្តី ឆ្អិនដោយ​កំដៅថ្ងៃក្តី ក៏គួរ បើចំអិន​ដោយភ្លើង មិនគួរ។
93)
បានដល់ស្រូវ៧ប្រការ។
94)
រសពួកស្លឹកឈើ ដែល​ជា​យាវកាលិក ជារបស់គួរ​ក្នុងបុរេភត្តប៉ុណ្ណោះ រសស្លឹកឈើ ដែលជាយាវជីវិក ភិក្ខុចំអិន​លាយ​នឹងសប្បិ​ជាដើម គួរ​អស់កាល​៧ថ្ងៃ បើចំអិនដោយទឹកសុទ្ធ គួរដរាបដល់អស់ បើចំអិន​ដោយទឹកដោះ​ជាដើម មិនគួរ សូម្បីស្លឹកឈើ​ដែលគេចំអិន​ដោយវត្ថុឯទៀតៗ ក៏ហៅថា រសបន្លែដែរ។
95)
តាមសារត្ថទីបនីដីកាថា ភិក្ខុនោះឈ្មោះ​សុភទ្ទ។
96)
ក្មេងពីរនាក់នេះ ជាកូនរបស់​លោក បានបួស​ជាសាមណេរ។
97)
តាមសារត្ថទីបនីដីកាថា មានគំនរចំបើង​ធំនៅទីនោះ គេបាន​កាយចំបើងចេញពីខាងក្នុង ហើយធ្វើឲ្យសមគួរ​ ជាលំនៅ​របស់បព្វជិតទាំងឡាយ ដូចជា​សាលា។
98)
ផ្លែឈើដែលត្រូវ​ទំពាឆាន់។
99)
អដ្ឋកថា ថា ត្រូវបែងជា១០ភាគ ហើយត្រូវយក១ភាគ ដែលជាភាគទី១០ ឲ្យដល់​ម្ចាស់ដី សល់ក្រៅ​ពីនោះ ៩ភាគ ត្រូវបានម្ចាស់ពូជ។ រឿងចែកយ៉ាងនេះ ជាបោរាណកចារិត្តក្នុងជម្ពូទ្វីប។
km/tipitaka/book_007.txt · ពេលកែចុងក្រោយ: 2023/03/16 11:05 និពន្ឋដោយ Johann