User Tools

Site Tools


Translations of this page?:
km:tipitaka:book_013

មាតិកា

-Namo tassa bhagavato arahato sammā-
ព្រះត្រៃបិដកភាសាខ្មែរ - Tipiṭaka Khmer language
ភាគ ១៣ - Book 13

Ven. Members of the Sangha, Ven. Theras Valued Upasaka, valued Upasika This is a Work Edition! 1.Edition 20170101 Do not share it further except for editing and working purposes within the transcription project on sangham.net. Only for personal use. If you find any mistake or like to join the merits please feel invited to join here: sangham.net or Upasika Norum on sangham.net Anumodana!

សូម​ថ្វាយបង្គំ​ចំពោះ​ព្រះសង្ឃ, ជំរាបសួរ​ឧបាសក និង​ឧបាសិកា​ទាំង​អស់ នេះ​គឺ​ជា​សេចក្តី​ព្រាងច្បាប់​ការ​បោះ​ពុម្ព​ផ្សាយ! 1.Edition 20170101 សូម​កុំ​ចែក​រំលែក​បន្ថែម​ទៀត ប្រសិន​បើ​មិន​មែន​សម្រាប់​ការ​កែសម្រួល​នៅ sangham.net និង​កិច្ច​ការ​នេះ។ សូម​គិត​ថា​លោក​អ្នក​ត្រូវ​បាន​អញ្ជើញ​ដើម្បី​ចូល​រួម​បុណ្យកុសល​នេះ និង​​សូមប្រាប់​ពួក​យើង​អំពី​កំហុស និង​ប្រើវេទិកា​នេះ: sangham.net ឬ​ប្រាប់​ឧបាសិកា Norum នៅ​លើ sangham.net សូម​អនុមោទនា!

A topic about progress and feedback can be found here: ព្រះត្រៃបិដក ភាគ ០១៣ - Tipitaka Book 013, for change log on ati.eu see here: រាយការណ៍ ភាគ ០១៣



book_013.jpg

គំរូ ឯកសារ ផ្សេងទៀត ៖
book_013.pdf

លេខសម្គាល់
លេខទំព៍រ

ព្រះត្រៃបិដក ភាគ ទី១៣

ទ. ១

វិន័យបិដក

ភាគ ទី១៣

បរិវារៈ

(បរិវារ)

ទុតិយភាគ
ភាគ ទី២

ខន្ធកបុច្ឆា | ឯកុត្តរិកៈ | បុច្ឆាវិសជ្ជនាអំពីឧបោសថកម្មជាដើម | គាថាសង្គណិកៈ | អធិករណភេទ | គាថាសង្គណិកៈ ជាតំណមក | ចោទនាកណ្ឌ | ចូឡសង្គាម | មហាសង្គាម | កឋិនភេទ | ឧបាលិបញ្ចកៈ | សមុដ្ឋាន | ទុតិយគាថាសង្គណិកៈ | សេទមោចនគាថា | បញ្ចវគ្គ

នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស។

ខ្ញុំ​សូម​នមស្ការ ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ ជា​អរហន្ត​សម្មាសម្ពុទ្ធ ព្រះ​អង្គ​នោះ​។

ខន្ធកបុច្ឆា

(ខន្ធកបុច្ឆាវារោ)

[១] ខ្ញុំនឹងសួរឧបសម្បទាខន្ធកៈ ដែលប្រកបដោយនិទាន (ហេតុដែលទ្រង់បញ្ញត្តសិក្ខាបទ) ប្រកបដោយនិទ្ទេស (សំដែងអំពីបុគ្គលជាដើម) អាបត្តិរបស់បទឧក្រិដ្ឋ1) មានប៉ុន្មាន។

ខ្ញុំនឹងឆ្លើយឧបសម្បទាខន្ធកៈ ដែលប្រកបដោយនិទាន ប្រកបដោយនិទ្ទេស អាបត្តិរបស់បទឧក្រិដ្ឋ មាន២។

[២] ខ្ញុំនឹងសួរឧបោសថក្ខន្ធកៈ ដែលប្រកបដោយនិទាន ប្រកបដោយនិទ្ទេស អាបត្តិរបស់បទឧក្រិដ្ឋ មានប៉ុន្មាន។

ខ្ញុំនឹងឆ្លើយឧបោសថក្ខន្ធកៈ ដែលប្រកបដោយនិទាន ប្រកបដោយនិទ្ទេស អាបត្តិរបស់បទឧក្រិដ្ឋ មាន៣។

[៣] ខ្ញុំនឹងសួរវស្សូបនាយិកក្ខន្ធកៈ ដែលប្រកបដោយនិទាន ប្រកបដោយនិទ្ទេស អាបត្តិរបស់បទឧក្រិដ្ឋ មានប៉ុន្មាន។

ខ្ញុំនឹងឆ្លើយវស្សូបនាយិកក្ខន្ធកៈ ដែលប្រកបដោយនិទាន ប្រកបដោយនិទ្ទេស អាបត្តិរបស់បទឧក្រិដ្ឋ មាន១។

[៤] ខ្ញុំនឹងសួរបវារណាខន្ធកៈ ដែលប្រកបដោយនិទាន ប្រកបដោយនិទ្ទេស អាបត្តិរបស់បទឧក្រិដ្ឋ មានប៉ុន្មាន។

ខ្ញុំនឹងឆ្លើយបវារណាខន្ធកៈ ដែលប្រកបដោយនិទាន ប្រកបដោយនិទ្ទេស អាបត្តិរបស់បទឧក្រិដ្ឋ មាន៣។

[៥] ខ្ញុំនឹងសួរចម្មសញ្ញុត្ត (ចម្មក្ខន្ធកៈ) ដែលប្រកបដោយនិទាន ប្រកបដោយនិទ្ទេស អាបត្តិរបស់បទឧក្រិដ្ឋ មានប៉ុន្មាន។

ខ្ញុំនឹងឆ្លើយចម្មសញ្ញុត្ត ដែលប្រកបដោយនិទាន ប្រកបដោយនិទ្ទេស អាបត្តិរបស់បទឧក្រិដ្ឋ មាន៣។

[៦] ខ្ញុំនឹងសួរភេសជ្ជក្ខន្ធកៈ ដែលប្រកបដោយនិទាន ប្រកបដោយនិទ្ទេស អាបត្តិរបស់បទឧក្រិដ្ឋ មានប៉ុន្មាន។

ខ្ញុំនឹងឆ្លើយភេសជ្ជក្ខន្ធកៈ ដែលប្រកបដោយនិទាន ប្រកបដោយនិទ្ទេស អាបត្តិរបស់បទឧក្រិដ្ឋ មាន៣។

[៧] ខ្ញុំនឹងសួរកឋិនក្ខន្ធកៈ ដែលប្រកបដោយនិទាន ប្រកបដោយនិទ្ទេស អាបត្តិរបស់បទឧក្រិដ្ឋ មានប៉ុន្មាន។

ខ្ញុំនឹងឆ្លើយកឋិនក្ខន្ធកៈ ដែលប្រកបដោយនិទាន ប្រកបដោយនិទ្ទេស ឯអាបត្តិរបស់បទឧក្រិដ្ឋ មិនមានក្នុងកឋិនក្ខន្ធកៈនោះទេ។

[៨] ខ្ញុំនឹងសួរចីវរសញ្ញុត្ត (ចីវរក្ខន្ធកៈ) ដែលប្រកបដោយនិទាន ប្រកបដោយនិទ្ទេស អាបត្តិរបស់បទឧក្រិដ្ឋ មានប៉ុន្មាន។

ខ្ញុំនឹងឆ្លើយចីវរសញ្ញុត្ត ដែលប្រកបដោយនិទាន ប្រកបដោយនិទ្ទេស អាបត្តិរបស់បទឧក្រិដ្ឋ មាន៣។

[៩] ខ្ញុំនឹងសួរចម្បេយ្យក្ខន្ធកៈ ដែលប្រកបដោយនិទាន ប្រកបដោយនិទ្ទេស អាបត្តិរបស់បទឧក្រិដ្ឋ មានប៉ុន្មាន។

ខ្ញុំនឹងឆ្លើយចម្បេយ្យក្ខន្ធកៈ ដែលប្រកបដោយនិទាន ប្រកបដោយនិទ្ទេស អាបត្តិរបស់បទឧក្រិដ្ឋ មាន១។

[១០] ខ្ញុំនឹងសួរកោសម្ពិកក្ខន្ធកៈ ដែលប្រកបដោយនិទាន ប្រកបដោយនិទ្ទេស អាបត្តិរបស់បទឧក្រិដ្ឋ មានប៉ុន្មាន។

ខ្ញុំនឹងឆ្លើយកោសម្ពិកក្ខន្ធកៈ ដែលប្រកបដោយនិទាន ប្រកបដោយនិទ្ទេស អាបត្តិរបស់បទឧក្រិដ្ឋ មាន១។

[១១] ខ្ញុំនឹងសួរកម្មក្ខន្ធកៈ ដែលប្រកបដោយនិទាន ប្រកបដោយនិទ្ទេស អាបត្តិរបស់បទឧក្រិដ្ឋ មានប៉ុន្មាន។

ខ្ញុំនឹងឆ្លើយកម្មក្ខន្ធកៈ ដែលប្រកបដោយនិទាន ប្រកបដោយនិទ្ទេស អាបត្តិរបស់បទឧក្រិដ្ឋ មាន១។

[១២] ខ្ញុំនឹងសួរបរិវាសិកក្ខន្ធកៈ ដែលប្រកបដោយនិទាន ប្រកបដោយនិទ្ទេស អាបត្តិរបស់បទឧក្រិដ្ឋ មានប៉ុន្មាន។

ខ្ញុំនឹងឆ្លើយបរិវាសិកក្ខន្ធកៈ ដែលប្រកបដោយនិទាន ប្រកបដោយនិទ្ទេស អាបត្តិរបស់បទឧក្រិដ្ឋ មាន១។

[១៣] ខ្ញុំនឹងសួរសមុច្ចយក្ខន្ធកៈ ដែលប្រកបដោយនិទាន ប្រកបដោយនិទ្ទេស អាបត្តិរបស់បទឧក្រិដ្ឋ មានប៉ុន្មាន។

ខ្ញុំនឹងឆ្លើយសមុច្ចយក្ខន្ធកៈ ដែលប្រកបដោយនិទាន ប្រកបដោយនិទ្ទេស អាបត្តិរបស់បទឧក្រិដ្ឋ មាន១។

[១៤] ខ្ញុំនឹងសួរសមថក្ខន្ធកៈ ដែលប្រកបដោយនិទាន ប្រកបដោយនិទ្ទេស អាបត្តិរបស់បទឧក្រិដ្ឋ មានប៉ុន្មាន។

ខ្ញុំនឹងឆ្លើយសមថក្ខន្ធកៈ ដែលប្រកបដោយនិទាន ប្រកបដោយនិទ្ទេស អាបត្តិរបស់បទឧក្រិដ្ឋ មាន២។

[១៥] ខ្ញុំនឹងសួរខុទ្ទកវត្ថុក្ខន្ធកៈ ដែលប្រកបដោយនិទាន ប្រកបដោយនិទ្ទេស អាបត្តិរបស់បទឧក្រិដ្ឋ មានប៉ុន្មាន។

ខ្ញុំនឹងឆ្លើយខុទ្ទកវត្ថុក្ខន្ធកៈ ដែលប្រកបដោយនិទាន ប្រកបដោយនិទ្ទេស អាបត្តិរបស់បទឧក្រិដ្ឋ មាន៣។

[១៦] ខ្ញុំនឹងសួរសេនាសនក្ខន្ធកៈ ដែលប្រកបដោយនិទាន ប្រកបដោយនិទ្ទេស អាបត្តិរបស់បទឧក្រិដ្ឋ មានប៉ុន្មាន។

ខ្ញុំនឹងឆ្លើយសេនាសនក្ខន្ធកៈ ដែលប្រកបដោយនិទាន ប្រកបដោយនិទ្ទេស អាបត្តិរបស់បទឧក្រិដ្ឋ មាន៣។

[១៧] ខ្ញុំនឹងសួរសង្ឃភេទក្ខន្ធកៈ ដែលប្រកបដោយនិទាន ប្រកបដោយនិទ្ទេស អាបត្តិរបស់បទឧក្រិដ្ឋ មានប៉ុន្មាន។

ខ្ញុំនឹងឆ្លើយសង្ឃភេទក្ខន្ធកៈ ដែលប្រកបដោយនិទាន ប្រកបដោយនិទ្ទេស អាបត្តិរបស់បទឧក្រិដ្ឋ មាន២។

[១៨] ខ្ញុំនឹងសួរសមាចារ (វត្តក្ខន្ធកៈ) ដែលប្រកបដោយនិទាន ប្រកបដោយនិទ្ទេស អាបត្តិរបស់បទឧក្រិដ្ឋ មានប៉ុន្មាន។

ខ្ញុំនឹងឆ្លើយសមាចារ ដែលប្រកបដោយនិទាន ប្រកបដោយនិទ្ទេស អាបត្តិរបស់បទឧក្រិដ្ឋ មាន១។

[១៩] ខ្ញុំនឹងសួរបាតិមោក្ខដ្ឋបនក្ខន្ធកៈ ដែលប្រកបដោយនិទាន ប្រកបដោយនិទ្ទេស អាបត្តិរបស់បទឧក្រិដ្ឋ មានប៉ុន្មាន។

ខ្ញុំនឹងឆ្លើយបាតិមោក្ខដ្ឋបនក្ខន្ធកៈ ដែលប្រកបដោយនិទាន ប្រកបដោយនិទ្ទេស អាបត្តិរបស់បទឧក្រិដ្ឋ មាន១។

[២០] ខ្ញុំនឹងសួរភិក្ខុនីខន្ធកៈ ដែលប្រកបដោយនិទាន ប្រកបដោយនិទ្ទេស អាបត្តិរបស់បទឧក្រិដ្ឋ មានប៉ុន្មាន។

ខ្ញុំនឹងឆ្លើយភិក្ខុនីខន្ធកៈ ដែលប្រកបដោយនិទាន ប្រកបដោយនិទ្ទេស អាបត្តិរបស់បទឧក្រិដ្ឋ មាន២។

[២១] ខ្ញុំនឹងសួរបញ្ចសតិកក្ខន្ធកៈ ដែលប្រកបដោយនិទាន ប្រកបដោយនិទ្ទេស អាបត្តិរបស់បទឧក្រិដ្ឋ មានប៉ុន្មាន។

ខ្ញុំនឹងឆ្លើយបញ្ចសតិកក្ខន្ធកៈ ដែលប្រកបដោយនិទាន ប្រកបដោយនិទ្ទេស អាបត្តិរបស់បទឧក្រិដ្ឋ មិនមានក្នុងបញ្ចសតិកក្ខន្ធៈនោះទេ។

[២២] ខ្ញុំនឹងសួរសត្តសតិកក្ខន្ធកៈ ដែលប្រកបដោយនិទាន ប្រកបដោយនិទ្ទេស អាបត្តិរបស់បទឧក្រិដ្ឋ មានប៉ុន្មាន។

ខ្ញុំនឹងឆ្លើយសត្តសតិកក្ខន្ធកៈ ដែលប្រកបដោយនិទាន ប្រកបដោយនិទ្ទេស អាបត្តិរបស់បទឧក្រិដ្ឋ មិនមានក្នុងសត្តសតិកក្ខន្ធកៈនោះទេ។

ចប់ ខន្ធកបុច្ឆាទី១។

ឧទ្ទាន គឺបញ្ជីរឿងនៃពាក្យសួរអំពីខន្ធកៈនោះ

[២៣]

(ខន្ធកៈ២២ គឺ) ឧបសម្បទាខន្ធកៈ១ ឧបោសថក្ខន្ធកៈ១ វស្សូបនាយិកក្ខន្ធកៈ១ បវារណាក្ខន្ធកៈ១ ចម្មក្ខន្ធកៈ១ ភេសជ្ជក្ខន្ធកៈ១ កឋិនក្ខន្ធកៈ១ ចីវរក្ខន្ធកៈ១ ចម្បេយ្យក្ខន្ធកៈ១ កោសម្ពិកក្ខន្ធកៈ១ កម្មក្ខន្ធកៈ១ បរិវាសិកក្ខន្ធកៈ១ សមុច្ចយក្ខន្ធកៈ១ សមថក្ខន្ធកៈ១ ខុទ្ទកវត្ថុក្ខន្ធកៈ១ សេនាសនក្ខន្ធកៈ១ សង្ឃភេទក្ខន្ធកៈ១ សមាចារ គឺវត្តក្ខន្ធកៈ១។ បាតិមោក្ខដ្ឋបនក្ខន្ធកៈ១ ភិក្ខុនីក្ខន្ធកៈ១ បញ្ចសតិកក្ខន្ធកៈ១ សត្តសតិកក្ខន្ធកៈ១។

ឯកុត្តរិកៈ

(ឯកុត្តរិកនយោ)

(ឯកកវារៈ ទី១)

(១. ឯកកវារោ)

[២៤] ភិក្ខុត្រូវស្គាល់ធម៌ ដែលធ្វើឲ្យមានអាបត្តិ។2) ភិក្ខុត្រូវស្គាល់ធម៌ ដែលធ្វើមិនឲ្យមានអាបត្តិ។3) ភិក្ខុត្រូវស្គាល់អាបត្តិ។4) ភិក្ខុត្រូវស្គាល់អនាបត្តិ។5) ភិក្ខុត្រូវស្គាល់លហុកាបត្តិ (អាបត្តិស្រាល)។ ភិក្ខុត្រូវស្គាល់គរុកាបត្តិ (អាបត្តិធ្ងន់)។ ភិក្ខុត្រូវស្គាល់សាវសេសាបត្តិ (លើកតែអាបត្តិបារាជិកចេញ)។ ភិក្ខុត្រូវស្គាល់អនវសេសាបត្តិ (អាបត្តិបារាជិក)។ ភិក្ខុត្រូវស្គាល់ទុដ្ឋុល្លាបត្តិ គឺអាបត្តិ២កងខាងដើម។ ភិក្ខុត្រូវស្គាល់អទុដ្ឋុល្លាបត្តិ គឺអាបត្តិ៥កងខាងចុង។ ភិក្ខុត្រូវស្គាល់អាបត្តិសំដែងចេញបាន។ ភិក្ខុត្រូវស្គាល់អាបត្តិសំដែងចេញមិនបាន។ ភិក្ខុត្រូវស្គាល់អាបត្តិ ដែលជាទេសនាគាមិនី។ ភិក្ខុត្រូវស្គាល់អាបត្តិ ដែលមិនមែនជាទេសនាគាមិនី។ ភិក្ខុត្រូវស្គាល់អាបត្តិ ដែលធ្វើនូវសេចក្តីអន្តរាយ។6) ភិក្ខុត្រូវស្គាល់អាបត្តិ ដែលមិនធ្វើសេចក្តីអន្តរាយ។7) ភិក្ខុត្រូវស្គាល់អាបត្តិ ដែលជាសាវជ្ជប្បញ្ញត្តិ។8) ភិក្ខុត្រូវស្គាល់អាបត្តិ ដែលជាអនវជ្ជប្បញ្ញត្តិ។9) ភិក្ខុត្រូវស្គាល់អាបត្តិ ដែលតាំងឡើងអំពីការធ្វើ (ដូចយ៉ាងបារាជិកាបត្តិ)។ ភិក្ខុត្រូវស្គាល់អាបត្តិ ដែលតាំងឡើងអំពីការមិនធ្វើ (ដូចជាភិក្ខុត្រូវអាបត្តិ ព្រោះមិនអធិដ្ឋានចីវរ)។ ភិក្ខុត្រូវស្គាល់អាបត្តិ ដែលតាំងឡើងអំពីការធ្វើ និងការមិនធ្វើ (ដូចក្នុងកុដិការសិក្ខាបទ)។ ភិក្ខុត្រូវស្គាល់អាបត្តិខាងដើម គឺអាបត្តិដែលភិក្ខុត្រូវមុន។ ភិក្ខុត្រូវស្គាល់អាបត្តិខាងចុង គឺអាបត្តិដែលត្រូវបន្ទាប់គ្នាមក។ ភិក្ខុត្រូវស្គាល់អាបត្តិជាចន្លោះ នៃអាបត្តិខាងដើម។10) ភិក្ខុត្រូវស្គាល់អាបត្តិជាចន្លោះ នៃអាបត្តិខាងចុង។11) ភិក្ខុត្រូវស្គាល់អាបត្តិ ដែលខ្លួនសំដែងហើយ ជាអាបត្តិ គួរដល់កិរិយារាប់ គឺដាក់ធុរៈចេញបាន។ ភិក្ខុត្រូវស្គាល់អាបត្តិ ដែលខ្លួនសំដែងហើយ តែមិនគួរដល់កិរិយារាប់ (ដាក់ធុរៈចេញបាន)។ ភិក្ខុត្រូវស្គាល់បញ្ញត្តិ។ ភិក្ខុត្រូវស្គាល់អនុប្បញ្ញត្តិ។ ភិក្ខុត្រូវស្គាល់អនុប្បន្នប្បញ្ញត្តិ។ ភិក្ខុត្រូវស្គាល់សព្វត្ថប្បញ្ញត្តិ។ ភិក្ខុត្រូវស្គាល់បទេសប្បញ្ញត្តិ។ ភិក្ខុត្រូវស្គាល់សាធារណប្បញ្ញត្តិ។ ភិក្ខុត្រូវស្គាល់អសាធារណប្បញ្ញត្តិ។ ភិក្ខុត្រូវស្គាល់ឯកតោបញ្ញត្តិ។ ភិក្ខុត្រូវស្គាល់ឧភតោបញ្ញត្តិ។ ភិក្ខុត្រូវស្គាល់អាបត្តិមានទោសធ្ងន់។ ភិក្ខុត្រូវស្គាល់អាបត្តិមិនមានទោសធ្ងន់។ ភិក្ខុត្រូវស្គាល់អាបត្តិ ដែលបដិសំយុត្តដោយគ្រហស្ថ។ ភិក្ខុត្រូវស្គាល់អាបត្តិ ដែលមិនបដិសំយុត្តដោយគ្រហស្ថ។ ភិក្ខុត្រូវស្គាល់អាបត្តិ ដែលទៀង គឺអនន្តរិយកម្ម៥។ ភិក្ខុត្រូវស្គាល់អាបត្តិ ដែលមិនទៀង គឺក្រៅអំពីអនន្តរិយកម្ម។ ភិក្ខុត្រូវស្គាល់បុគ្គល ដែលធ្វើខុសខាងដើមបញ្ញត្តិ (អាទិកម្មិកបុគ្គល)។ ភិក្ខុត្រូវស្គាល់បុគ្គល ដែលមិនធ្វើខុសខាងដើមបញ្ញត្តិ (អនុប្បញ្ញត្តិការកបុគ្គល)។ ភិក្ខុត្រូវស្គាល់បុគ្គលអ្នកត្រូវអាបត្តិមិនបានជានិច្ច (ត្រូវអាបត្តិម្តងៗ)។ ភិក្ខុត្រូវស្គាល់បុគ្គល អ្នកត្រូវអាបត្តិរឿយៗ (ត្រូវជានិច្ច)។ ភិក្ខុត្រូវស្គាល់បុគ្គលអ្នកចោទ។ ភិក្ខុត្រូវស្គាល់បុគ្គលដែលគេចោទ។ ភិក្ខុត្រូវស្គាល់បុគ្គលអ្នកចោទមិនត្រូវតាមធម៌។ ភិក្ខុត្រូវស្គាល់បុគ្គលដែលគេចោទមិនត្រូវតាមធម៌។ ភិក្ខុត្រូវស្គាល់បុគ្គលអ្នកចោទត្រូវតាមធម៌។ ភិក្ខុត្រូវស្គាល់បុគ្គលដែលគេចោទត្រូវតាមធម៌។ ភិក្ខុត្រូវស្គាល់និយតបុគ្គល (ដែលប្រកបដោយមិច្ឆត្តនិយតធម៌ ឬសម្មត្តនិយតធម៌)។ ភិក្ខុត្រូវស្គាល់អនិយតបុគ្គល។ ភិក្ខុត្រូវស្គាល់បុគ្គល ដែលគួរដល់អាបត្តិ គឺពួកសាវ័ក។ ភិក្ខុត្រូវស្គាល់បុគ្គល ដែលមិនគួរដល់អាបត្តិ គឺព្រះពុទ្ធ និងព្រះបច្ចេកពុទ្ធ។ ភិក្ខុត្រូវស្គាល់បុគ្គល ដែលសង្ឃធ្វើឧក្ខេបនីយកម្ម។ ភិក្ខុត្រូវស្គាល់បុគ្គលដែលសង្ឃមិនបានធ្វើឧក្ខេបនីយកម្ម។ ភិក្ខុត្រូវស្គាល់បុគ្គលដែលសង្ឃឲ្យវិនាសចេញហើយ។ ភិក្ខុត្រូវស្គាល់បុគ្គលដែលសង្ឃមិនបានឲ្យវិនាសចេញ។ ភិក្ខុត្រូវស្គាល់បុគ្គលមានសំវាសស្មើគ្នា។ ភិក្ខុត្រូវស្គាល់បុគ្គលមានសំវាសផ្សេងៗគ្នា។ ភិក្ខុត្រូវស្គាល់វិធីបញ្ឈប់បាតិមោក្ខ។

ចប់ ឯកកៈ (ពួកមួយៗ)។

ឧទ្ទាន គឺបញ្ជីរឿងនៃឯកកៈ (ពួកមួយៗ) នោះដូច្នេះ

[២៥]

ហេតុដែលធ្វើឲ្យមានអាបត្តិ១ លហុកាបត្តិ១ សាវសេសាបត្តិ១ ទុដ្ឋុល្លាបត្តិ១ អាបត្តិដែលគួរសំដែងចេញបាន១ អាបត្តិដែលជាទេសនាគាមិនី១ អាបត្តិដែលធ្វើសេចក្តីអន្តរាយ១ អាបត្តិដែលជាសាវជ្ជប្បញ្ញត្តិ១ អាបត្តិដែលតាំងឡើងអំពីការធ្វើ១ អាបត្តិដែលដែលតាំងឡើងអំពីការធ្វើ និងការមិនធ្វើ១ អាបត្តិខាងដើម១ អាបត្តិជាចន្លោះ១ អាបត្តិគួរដល់កិរិយារាប់១ បញ្ញត្តិ១ អនុប្បញ្ញត្តិ១ អនុប្បន្នប្បញ្ញត្តិ១ សព្វត្ថប្បញ្ញត្តិ១ សាធារណប្បញ្ញត្តិ១ អសាធារណប្បញ្ញត្តិ១ ឯកតោបញ្ញត្តិ១ ទុដ្ឋុល្លាបត្តិ១ អាបត្តិដែលបដិសំយុត្តដោយគ្រហស្ថ១ អាបត្តិទៀង១ អាទិកម្មិកបុគ្គល១ បុគ្គលអ្នកត្រូវអាបត្តិមិនជានិច្ច១ បុគ្គលអ្នកចោទ១ បុគ្គលអ្នកចោទមិនតាមធម៌១ ចោទតាមធម៌១ និយតបុគ្គល១ បុគ្គលមិនគួរដល់អាបត្តិ១ បុគ្គលដែលសង្ឃធ្វើឧក្ខេបនីយកម្ម១ បុគ្គលដែលសង្ឃឲ្យវិនាស១ បុគ្គលមានសំវាសស្មើគ្នា១ វិធីបញ្ឈប់បាតិមោក្ខ១ នេះជាឧទ្ទានក្នុងពួកមួយៗ។

(ទុកវារៈ ទី២)

(២. ទុកវារោ)

[២៦] អាបត្តិជាសញ្ញាវិមោក្ខ (សចិត្តកៈ) ក៏មាន អាបត្តិជានោសញ្ញាវិមោក្ខ (អចិត្តកៈ) ក៏មាន។ អាបត្តិត្រូវដល់ភិក្ខុដែលបានសមាបត្តិក៏មាន អាបត្តិត្រូវដល់ភិក្ខុដែលមិនបានសមាបត្តិក៏មាន។ អាបត្តិដែលប្រកបនឹងព្រះសទ្ធម្មក៏មាន អាបត្តិដែលប្រកបនឹងអសទ្ធម្មក៏មាន។ អាបត្តិដែលប្រកបនឹងគ្រឿងបរិក្ខាររបស់ខ្លួនក៏មាន អាបត្តិដែលប្រកបនឹងគ្រឿងបរិក្ខាររបស់បុគ្គលដទៃក៏មាន។ អាបត្តិដែលប្រកបនឹងបុគ្គល គឺខ្លួនឯងក៏មាន។ អាបត្តិដែលប្រកបនឹងបុគ្គល គឺអ្នកដទៃក៏មាន។ ភិក្ខុនិយាយពាក្យសច្ចៈ ត្រូវគរុកាបត្តិក៏មាន ភិក្ខុនិយាយពាក្យមុសា ត្រូវលហុកាបត្តិក៏មាន។ ភិក្ខុនិយាយពាក្យមុសា ត្រូវគរុកាបត្តិក៏មាន ភិក្ខុនិយាយពាក្យសច្ចៈ ត្រូវលហុកាបត្តិក៏មាន។ ភិក្ខុនៅលើផែនដី ត្រូវអាបត្តិក៏មាន នៅលើអាកាស មិនត្រូវអាបត្តិក៏មាន នៅលើអាកាស ត្រូវអាបត្តិ នៅលើផែនដី មិនត្រូវអាបត្តិក៏មាន។ ភិក្ខុដើរចេញទៅ ត្រូវអាបត្តិ ដើរចូលមក មិនត្រូវអាបត្តិក៏មាន ដើរចូលមកត្រូវអាបត្តិ ដើរចេញទៅ មិនត្រូវអាបត្តិក៏មាន។ ភិក្ខុកាន់យក ត្រូវអាបត្តិក៏មាន មិនកាន់យក ត្រូវអាបត្តិក៏មាន។ ភិក្ខុសមាទាន(វត្ត) ត្រូវអាបត្តិក៏មាន មិនសមាទាន (វត្ត) ត្រូវអាបត្តិក៏មាន។ ភិក្ខុធ្វើ ត្រូវអាបត្តិក៏មាន មិនធ្វើ ត្រូវអាបត្តិក៏មាន។ ភិក្ខុឲ្យ ត្រូវអាបត្តិក៏មាន មិនឲ្យ ត្រូវអាបត្តិក៏មាន។ ភិក្ខុទទួល ត្រូវអាបត្តិក៏មាន មិនទទួល ត្រូវអាបត្តិក៏មាន។ ភិក្ខុត្រូវអាបត្តិ ព្រោះបរិភោគក៏មាន ត្រូវអាបត្តិ ព្រោះមិនបរិភោគក៏មាន។ ភិក្ខុត្រូវអាបត្តិតែក្នុងវេលាយប់ មិនត្រូវអាបត្តិក្នុងវេលាថ្ងៃក៏មាន ត្រូវអាបត្តិតែក្នុងវេលាថ្ងៃ មិនត្រូវក្នុងវេលាយប់ក៏មាន ភិក្ខុត្រូវអាបត្តិក្នុងពេលអរុណរះក៏មាន ត្រូវអាបត្តិក្នុងពេលអរុណមិនទាន់រះក៏មាន។ ភិក្ខុកាត់ ត្រូវអាបត្តិក៏មាន មិនកាត់ ត្រូវអាបត្តិក៏មាន។ ភិក្ខុបិទបាំង ត្រូវអាបត្តិក៏មាន មិនបិទបាំង ត្រូវអាបត្តិក៏មាន។ ភិក្ខុទ្រទ្រង់ ត្រូវអាបត្តិក៏មាន មិនទ្រទ្រង់ ត្រូវអាបត្តិក៏មាន។

[២៧] ឧបោសថមានពីរយ៉ាងគឺ ចាតុទ្ទសីឧបោសថ១ បណ្ណរសីឧបោសថ១។ បវារណាមាន២យ៉ាង គឺ ចាតុទ្ទសីបវារណា១ បណ្ណរសីបវារណា១។ កម្មមានពីរយ៉ាងគឺ អបលោកនកម្ម១ ញត្តិកម្ម១។ កម្មមាន២យ៉ាងដទៃទៀតគឺ ញត្តិទុតិយកម្ម១ ញត្តិចតុត្ថកម្ម១។ ទីកើតនៃកម្មមាន២យ៉ាងគឺ ទីកើតនៃអបលោកនកម្ម១ ទីកើតនៃញត្តិកម្ម១។ ទីកើតនៃកម្មមាន២យ៉ាងដទៃទៀត គឺទីកើតនៃញត្តិទុតិយកម្ម១ ទីកើតនៃញត្តិចតុត្ថកម្ម១។ ទោសរបស់កម្មមាន២យ៉ាង គឺទោសនៃអបលោកនកម្ម១ ទោសនៃញត្តិកម្ម១។ ទោសរបស់កម្មមាន២យ៉ាងដទៃទៀតគឺ ទោសនៃញត្តិទុតិយកម្ម១ ទោសនៃញត្តិចតុត្ថកម្ម១។ សម្បត្តិរបស់កម្ម មាន២យ៉ាងគឺ សម្បត្តិនៃអបលោកនកម្ម១ សម្បត្តិនៃញត្តិកម្ម១។ សម្បត្តិរបស់កម្ម មាន២យ៉ាងដទៃទៀត គឺសម្បត្តិនៃញត្តិទុតិយកម្ម១ សម្បត្តិនៃញត្តិចតុត្ថកម្ម១។ ភូមិនៃភិក្ខុមានសំវាសផ្សេងៗគ្នា មាន២យ៉ាងគឺ ភិក្ខុធ្វើខ្លួនឲ្យមានសំវាសផ្សេងគ្នា ដោយខ្លួនឯង១ សង្ឃព្រមព្រៀងគ្នាលើកវត្តភិក្ខុនោះ ព្រោះមិនឃើញអាបត្តិក្តី ព្រោះមិនសំដែងអាបត្តិក្តី ព្រោះមិនលះបង់ (ទិដ្ឋិអាក្រក់)ក្តី១។ ភូមិនៃភិក្ខុមានសំវាសស្មើគ្នា មាន២យ៉ាងគឺ ភិក្ខុធ្វើខ្លួនឲ្យមានសំវាសផ្សេងគ្នា ដោយខ្លួនឯង១ សង្ឃព្រមព្រៀងគ្នាសូត្រឱសារណកម្ម ចំពោះភិក្ខុដែលសង្ឃលើកវត្តហើយនោះ ព្រោះមិនឃើញអាបត្តិក្តី ព្រោះមិនសំដែងអាបត្តិក្តី ព្រោះមិនលះបង់ (ទិដ្ឋិអាក្រក់)ក្តី១។

[២៨] បារាជិកមាន២យ៉ាង គឺ បារាជិករបស់ពួកភិក្ខុ១ បារាជិករបស់ពួកភិក្ខុនី១។ សង្ឃាទិសេសមាន២ ថុល្លច្ច័យមាន២ បាចិត្តិយៈមាន២ បាដិទេសនីយៈមាន២ ទុក្កដ មាន២ ទុព្ភាសិតមាន២ គឺរបស់ភិក្ខុ១ របស់ភិក្ខុនី១ រួមជាអាបត្តិ៧ គឺកងនៃអាបត្តិទាំង៧។ សង្ឃបែកធ្លាយ ដោយអាការ២ គឺដោយកម្ម១ ដោយការចាប់ស្លាក១។

[២៩] បុគ្គលដែលភិក្ខុមិនត្រូវឲ្យឧបសម្បទា មាន២ពួក គឺ បុគ្គលសាបសូន្យចាកកាល១ បុគ្គលសាបសូន្យចាកអវយវៈ១។ បុគ្គលដែលភិក្ខុមិនត្រូវឲ្យឧបសម្បទា មាន២ពួកដទៃទៀត គឺ បុគ្គលជាវត្ថុវិបត្តិ១ បុគ្គលធ្លាប់ធ្វើអំពើអាក្រក់១។ បុគ្គលដែលភិក្ខុមិនត្រូវឲ្យឧបសម្បទា មាន២ពួកដទៃទៀត គឺ បុគ្គលមាន (បរិក្ខារ) មិនគ្រប់គ្រាន់១ បុគ្គលមាន (បរិក្ខារ) គ្រប់គ្រាន់ហើយ តែមិនសូម (ឧបសម្បទា)១។ ភិក្ខុមិនត្រូវនៅអាស្រ័យនឹងបុគ្គល២ពួក គឺ បុគ្គលជាអលជ្ជី១ បុគ្គលពាល១។ ភិក្ខុមិនត្រូវឲ្យនិស្ស័យ ដល់បុគ្គល២ពួក គឺ បុគ្គលជាអលជ្ជី១ បុគ្គលជាលជ្ជី តែមិនបានសូម១។ ភិក្ខុត្រូវឲ្យនិស្ស័យ ដល់បុគ្គល២ពួក គឺ បុគ្គលល្ងង់១ បុគ្គលជាលជ្ជី ហើយបានសូម១។ បុគ្គលដែលមិនគួរត្រូវអាបត្តិ មាន២គឺ ព្រះពុទ្ធ១ ព្រះបច្ចេកពុទ្ធ១។ បុគ្គលដែលគួរនឹងត្រូវអាបត្តិមាន២គឺ ភិក្ខុ១ ភិក្ខុនី១។ បុគ្គលមិនគួរនឹងត្រូវអាបត្តិ ព្រោះក្លែង មាន២គឺ ភិក្ខុ១ ភិក្ខុនី១ ដែលជាអរិយបុគ្គល។ បុគ្គលដែលគួរនឹងត្រូវអាបត្តិ ព្រោះក្លែង មាន២គឺ ភិក្ខុ១ ភិក្ខុនី១ ដែលជាបុថុជ្ជន។ បុគ្គលមិនគួរនឹងប្រព្រឹត្តកន្លងវត្ថុ ដែលប្រកបដោយទោសយ៉ាងធំ ព្រោះក្លែង មាន២គឺ ភិក្ខុ១ ភិក្ខុនី១ ដែលជាព្រះអរិយបុគ្គល។ បុគ្គលគួរនឹងប្រព្រឹត្តកន្លងនូវវត្ថុ ដែលប្រកបដោយទោសយ៉ាងធំ ព្រោះក្លែង មាន២គឺ ភិក្ខុ១ ភិក្ខុនី១ ដែលជាបុថុជ្ជន។

[៣០] ការហាមឃាត់មាន២យ៉ាង គឺ ហាមឃាត់ដោយកាយ១ ហាមឃាត់ដោយវាចា១។ ការសូត្រនិស្សារណាកម្មមាន២យ៉ាងគឺ បុគ្គលមិនដល់និស្សារណាកម្មនៅឡើយ តែបើសង្ឃសូត្រនិស្សារណាកម្មចំពោះបុគ្គលនោះ បុគ្គលពួកខ្លះ ឈ្មោះថាសង្ឃសូត្រនិស្សារណាកម្មហើយដោយល្អ១ បុគ្គលពួកខ្លះ ឈ្មោះថា សង្ឃសូត្រនិស្សារណាកម្មដោយអាក្រក់១។ ការសូត្រឱសារណាកម្មមាន២យ៉ាងគឺ បុគ្គលមិនទាន់ដល់ឱសារណាកម្មនៅឡើយ តែបើសង្ឃសូត្រឱសារណាកម្ម ចំពោះបុគ្គលនោះ បុគ្គលពួកខ្លះ ឈ្មោះថា សង្ឃសូត្រឱសារណាកម្មហើយដោយល្អ១ បុគ្គលពួកខ្លះ ឈ្មោះថា សង្ឃសូត្រឱសារណាកម្មហើយដោយអាក្រក់១។ ការប្តេជ្ញា មាន២យ៉ាងគឺ ប្តេជ្ញាដោយកាយ១ ប្តេជ្ញាដោយវាចា១។ ការទទួលមាន២យ៉ាងគឺ ទទួលដោយកាយ១ ទទួលដោយវត្ថុដែលជាប់នឹងកាយ១។ ការឃាត់មាន២យ៉ាងគឺ ឃាត់ដោយកាយ១ ឃាត់ដោយវាចា១។ ការបៀតបៀនមាន២យ៉ាងគឺ បៀតបៀនសិក្ខា១ បៀតបៀនគ្រឿងបរិភោគ (ជារបស់សង្ឃ ឬបុគ្គល)១។ ការចោទមាន២យ៉ាងគឺ ចោទដោយកាយ១ ចោទដោយវាចា១។

[៣១] បលិពោធនៃកឋិន មាន២យ៉ាងគឺ អាវាសបលិពោធ១ ចីវរបលិពោធ១។ ការមិនមានបលិពោធនៃកឋិនមាន២យ៉ាងគឺ មិនមានបលិពោធនឹងអាវាស១ មិនមានបលិពោធនឹងចីវរ១។ ចីវរមាន២យ៉ាងគឺ គហបតិចីវរ១ បំសុកូលចីវរ១។ បាត្រមាន២យ៉ាងគឺ បាត្រដែក១ បាត្រដី១។ មណ្ឌល គឺជើងបាត្រ មាន២យ៉ាងគឺ ជើងបាត្រដែលគេធ្វើដោយសំណប៉ាហាំង១ ធ្វើដោយសំណភក់១។ ការអធិដ្ឋានបាត្រមាន២យ៉ាងគឺ អធិដ្ឋានដោយកាយ១ អធិដ្ឋានដោយវាចា១។ ការអធិដ្ឋានចីវរមាន២យ៉ាងគឺ អធិដ្ឋានដោយកាយ១ អធិដ្ឋានដោយវាចា១។ ការវិកប្បមាន២យ៉ាងគឺ វិកប្បក្នុងទីចំពោះមុខ១ វិកប្បក្នុងទីកំបាំងមុខ១។ វិន័យមាន២យ៉ាងគឺ វិន័យរបស់ពួកភិក្ខុ១ របស់ពួកភិក្ខុនី១។ អត្ថរបស់វិន័យមាន២យ៉ាងគឺ បញ្ញត្ត១ បញ្ញត្តានុលោម (គឺមហាបទេស៤)១។ សេចក្តីផូរផង់នៃវិន័យមាន២យ៉ាងគឺ សម្លាប់នូវបច្ច័យក្នុងអកប្បិយវត្ថុ១ ការធ្វើនូវប្រមាណក្នុងកប្បិយវត្ថុ១។

[៣២] ភិក្ខុត្រូវអាបត្តិដោយអាការ២យ៉ាងគឺ ត្រូវដោយកាយ១ ត្រូវដោយវាចា១។ ភិក្ខុចេញចាកអាបត្តិ ដោយអាការ២យ៉ាងគឺ ចេញចាកដោយកាយ១ ចេញចាកដោយវាចា១។ បរិវាសមាន២យ៉ាងគឺ បដិច្ឆន្នបរិវាស១ អប្បដិច្ឆន្នបរិវាស១។ បរិវាសមាន២យ៉ាងដទៃទៀតគឺ សុទ្ធន្តបរិវាស១ សមោធានបរិវាស១។ មានត្តមាន២យ៉ាងគឺ បដិច្ឆន្នមានត្ត១ អប្បដិច្ឆន្នមានត្ត១។ មានត្តមាន២យ៉ាងដទៃទៀតគឺ បក្ខមានត្ត១ សមោធានមានត្ត១។ ការដាច់រាត្រីរបស់បុគ្គល២ពួក គឺ ភិក្ខុកំពុងនៅបរិវាស១ ភិក្ខុកំពុងប្រព្រឹត្តមានត្ត១។

[៣៣] ការមិនអើពើមាន២យ៉ាងគឺ មិនអើពើនឹងបុគ្គល១ មិនអើពើនឹងធម៌១។ អំបិលមាន២បែបគឺ អំបិលកើតឯង១ អំបិលកើតអំពីជាតិដីប្រៃ១។ អំបិលមាន២យ៉ាងដទៃទៀតគឺ អំបិលកើតពីទឹកសមុទ្រ១ អំបិលខ្មៅ១។ អំបិលមាន២យ៉ាងដទៃទៀតគឺ អំបិលសិន្ធវៈ (អំបិលមានសម្បុរស ដុះលើភ្នំ)១ អំបិលឧព្ភិទៈ (អំបិលដុះជាពន្លកៗឡើងពីផែនដី)១។ អំបិលមាន២យ៉ាងដទៃទៀតគឺ អំបិលឈ្មោះរោមកៈ (អំបិលកើតក្នុងរោមជនបទ)១ អំបិលឈ្មោះបក្ខល្លកៈ (អំបិលកើតពីទឹកក្បុង ដែលធ្វើអំពីស្រូវដំណើប)១។ បរិភោគមាន២គឺ អព្ភន្តរបរិភោគ (បរិភោគលេបចូលទៅ)១ ពាហិរបរិភោគ (ប្រើប្រាស់ខាងក្រៅ)១។ ការជេរមាន២យ៉ាងគឺ ជេរយ៉ាងថោកទាប១ ជេរយ៉ាងឧក្រិដ្ឋ១។ ការញុះញង់ កើតដោយអាការ២យ៉ាងគឺ ប៉ងដើម្បីឲ្យគេស្រឡាញ់ខ្លួន១ ប៉ងដើម្បីបំបែកគ្នា១។ ភិក្ខុទទួលគណភោជនបានដោយអាការ២យ៉ាង គឺដោយគេនិមន្ត១ ដោយការសូមគេ១។ ការចូលវស្សាមាន២យ៉ាងគឺ បុរិមិកាវស្សា១ បច្ឆិមិកាវស្សា១។ ការឃាត់ហាមបាតិមោក្ខ ដែលមិនប្រកបដោយធម៌ មាន២យ៉ាង។ ការឃាត់ហាមបាតិមោក្ខ ដែលប្រកបដោយធម៌ មាន២យ៉ាង។

[៣៤] បុគ្គលពាលមាន២ពួក គឺ បុគ្គលដែលនាំភារៈ (កិច្ច មានអារាធនាធម៌ជាដើម) មិនទាន់មានមក១ បុគ្គលដែលមិននាំភារៈ ដែលមានមកហើយ១។ បុគ្គលជាបណ្ឌិតមាន២ពួក គឺបុគ្គលដែលមិននាំភារៈ មិនទាន់មកដល់១ បុគ្គលដែលនាំភារៈមានមកហើយ១។ បុគ្គលពាល មាន២ពួកដទៃទៀត គឺបុគ្គលមានសេចក្តីសំគាល់ក្នុងអកប្បិយវត្ថុ ថាជាកប្បិយវត្ថុ១ បុគ្គលមានសេចក្តីសំគាល់ក្នុងកប្បិយវត្ថុ ថាជាអកប្បិយវត្ថុ១។ បុគ្គលជាបណ្ឌិត មាន២ពួកគឺ បុគ្គលមានសេចក្តីសំគាល់ក្នុងអកប្បិយវត្ថុ ថាជាអកប្បិយវត្ថុ១ បុគ្គលមានសេចក្តីសំគាល់ក្នុងកប្បិយវត្ថុ ថាជាកប្បិយវត្ថុ១។ បុគ្គលពាល មាន២ពួកដទៃទៀត គឺ បុគ្គលមានសេចក្តីសំគាល់ក្នុងអនាបត្តិ ថាជាអាបត្តិ១ បុគ្គលមានសេចក្តីសំគាល់ក្នុងអាបត្តិ ថាជាអនាបត្តិ១។ បុគ្គលជាបណ្ឌិត មាន២ពួកគឺ បុគ្គលមានសេចក្តីសំគាល់ក្នុងអាបត្តិ ថាជាអាបត្តិ១ បុគ្គលមានសេចក្តីសំគាល់ក្នុងអនាបត្តិ ថាជាអនាបត្តិ១។ បុគ្គលពាលមាន២ពួកដទៃទៀតគឺ បុគ្គលមានសេចក្តីសំគាល់ក្នុងសភាវៈមិនមែនធម៌ ថាជាធម៌១ មានសេចក្តីសំគាល់ក្នុងសភាវៈធម៌ ថាមិនមែនធម៌១។ បុគ្គលជាបណ្ឌិត មាន២ពួកគឺ បុគ្គលមានសេចក្តីសំគាល់ក្នុងសភាវៈមិនមែនធម៌ ថាមិនមែនជាធម៌១ បុគ្គលមានសេចក្តីសំគាល់ក្នុងសភាវៈជាធម៌ ថាជាធម៌១។ បុគ្គលពាល មាន២ពួកដទៃទៀតគឺ បុគ្គលមានសេចក្តីសំគាល់ក្នុងសភាវៈមិនមែនវិន័យ ថាជាវិន័យ១ បុគ្គលមានសេចក្តីសំគាល់ក្នុងសភាវៈជាវិន័យ ថាមិនមែនវិន័យ១។ បុគ្គលជាបណ្ឌិត មាន២ពួកគឺ បុគ្គលមានសេចក្តីសំគាល់ក្នុងសភាវៈមិនមែនជាវិន័យ ថាមិនមែនជាវិន័យ១ បុគ្គលមានសេចក្តីសំគាល់ក្នុងសភាវៈជាវិន័យ ថាជាវិន័យ១។

[៣៥] អាសវៈទាំងឡាយតែងចំរើនដល់បុគ្គល២ពួកគឺ បុគ្គលដែលសង្ស័យចំពោះហេតុដែលមិនគួរសង្ស័យ១ បុគ្គលដែលមិនសង្ស័យចំពោះហេតុដែលគួរសង្ស័យ១។ អាសវៈទាំងឡាយ រមែងមិនចំរើនដល់បុគ្គល២ពួកគឺ បុគ្គលដែលមិនសង្ស័យចំពោះហេតុដែលមិនគួរសង្ស័យ១ បុគ្គលដែលសង្ស័យចំពោះហេតុដែលគួរសង្ស័យ១។ អាសវៈទាំងឡាយ តែងចំរើនដល់បុគ្គល២ពួកដទៃទៀតគឺ បុគ្គលមានសេចក្តីសំគាល់ក្នុងអកប្បិយវត្ថុ ថាជាកប្បិយវត្ថុ១ បុគ្គលមានសេចក្តីសំគាល់ ក្នុងកប្បិយវត្ថុ ថាជាអកប្បិយវត្ថុ១។ អាសវៈទាំងឡាយ រមែងមិនចំរើនដល់បុគ្គល២ពួកគឺ បុគ្គលមានសេចក្តីសំគាល់ក្នុងអកប្បិយវត្ថុ ថាជាអកប្បិយវត្ថុ១ បុគ្គលមានសេចក្តីសំគាល់ ក្នុងកប្បិយវត្ថុ ថាជាកប្បិយវត្ថុ១។ អាសវៈទាំងឡាយ រមែងចំរើនដល់បុគ្គល២ពួកដទៃទៀតគឺ បុគ្គលមានសេចក្តីសំគាល់ក្នុងអនាបត្តិ ថាជាអាបត្តិ១ បុគ្គលមានសេចក្តីសំគាល់ ក្នុងអាបត្តិ ថាជាអនាបត្តិ១។ អាសវៈទាំងឡាយ រមែងមិនចំរើនដល់បុគ្គល២ពួកគឺ បុគ្គលមានសេចក្តីសំគាល់ក្នុងអនាបត្តិ ថាជាអនាបត្តិ១ បុគ្គលមានសេចក្តីសំគាល់ ក្នុងអាបត្តិ ថាជាអាបត្តិ១។ អាសវៈទាំងឡាយ រមែងចំរើនដល់បុគ្គល២ពួកដទៃទៀតគឺ បុគ្គលមានសេចក្តីសំគាល់ក្នុងសភាវៈមិនមែនធម៌ ថាជាធម៌១ បុគ្គលមានសេចក្តីសំគាល់ ក្នុងសភាវៈជាធម៌ ថាមិនមែនជាធម៌១។ អាសវៈទាំងឡាយ រមែងមិនចំរើនដល់បុគ្គល២ពួកគឺ បុគ្គលមានសេចក្តីសំគាល់ក្នុងសភាវៈមិនមែនធម៌ ថាមិនមែនជាធម៌១ បុគ្គលមានសេចក្តីសំគាល់ ក្នុងសភាវៈជាធម៌ ថាជាធម៌១។ អាសវៈទាំងឡាយ រមែងចំរើនដល់បុគ្គល២ពួកដទៃទៀតគឺ បុគ្គលមានសេចក្តីសំគាល់ក្នុងសភាវៈមិនមែនវិន័យ ថាជាវិន័យ១ បុគ្គលមានសេចក្តីសំគាល់ ក្នុងសភាវៈជាវិន័យ ថាមិនមែនជាវិន័យ១។ អាសវៈទាំងឡាយ រមែងមិនចំរើនដល់បុគ្គល២ពួកគឺ បុគ្គលមានសេចក្តីសំគាល់ក្នុងសភាវៈមិនមែនវិន័យ ថាមិនមែនវិន័យ១ បុគ្គលមានសេចក្តីសំគាល់ ក្នុងសភាវៈជាវិន័យ ថាជាវិន័យ១។

ចប់ ទុកៈ (ពួកពីរៗ)។

ឧទ្ទាន គឺបញ្ជីរឿងនៃទុកៈ (ពួកពីរៗ) នោះ ដូច្នេះ

[៣៦]

អាបត្តិជាសញ្ញាវិមោក្ខ១ អាបត្តិនៃភិក្ខុដែលបានសមាបត្តិ១ អាបត្តិប្រកបដោយព្រះសទ្ធម្ម១ អាបត្តិប្រកបដោយបរិក្ខារ១ អាបត្តិប្រកបដោយបុគ្គល១ ភិក្ខុនិយាយពាក្យសច្ចៈ ត្រូវអាបត្តិ១ ភិក្ខុនៅលើផែនដី ត្រូវអាបត្តិ១ ភិក្ខុចេញទៅ ត្រូវអាបត្តិ១ ភិក្ខុកាន់យក ត្រូវអាបត្តិ១ ភិក្ខុសមាទាន ត្រូវអាបត្តិ១ ភិក្ខុធ្វើ ត្រូវអាបត្តិ១ ភិក្ខុកាលឲ្យ ត្រូវអាបត្តិ១ ភិក្ខុកាលទទួល ត្រូវអាបត្តិ១ ភិក្ខុត្រូវអាបត្តិ ព្រោះបរិភោគ១ ត្រូវអាបត្តិក្នុងវេលាយប់១ ត្រូវអាបត្តិក្នុងវេលាអរុណរះ១ ភិក្ខុកាត់ ត្រូវអាបត្តិ១ ភិក្ខុបិទបាំង ត្រូវអាបត្តិ១ ភិក្ខុទ្រទ្រង់ ត្រូវអាបត្តិ១ ឧបោសថ១ បវារណា១ កម្ម១ កម្មដទៃទៀត១ វត្ថុនៃកម្ម១ វត្ថុនៃកម្មដទៃទៀត១ ទោសនៃកម្ម១ ទោសនៃកម្មដទៃទៀត១ សម្បត្តិនៃកម្ម២យ៉ាង១ ភូមិនៃភិក្ខុមានសំវាសផ្សេងៗគ្នា១ ភូមិនៃភិក្ខុមានសំវាសស្មើគ្នា១ បារាជិក១ សង្ឃាទិសេស១ ថុល្លច្ច័យ១ បាចិត្តិយៈ១ បាដិទេសនីយៈ១ ទុក្កដ១ ទុព្ភាសិត១ រួមជាកងនៃអាបត្តិ៧ សង្ឃបែកគ្នា១ ភិក្ខុមិនត្រូវឲ្យឧបសម្បទា១ មិនត្រូវឲ្យឧបសម្បទា ចំពោះបុគ្គលពីរពួកដទៃទៀត១ ភិក្ខុមិនត្រូវអាស្រ័យនៅ១ មិនត្រូវឲ្យនិស្ស័យ១ បុគ្គលមិនគួរនឹងត្រូវអាបត្តិ១ បុគ្គលគួរត្រូវអាបត្តិព្រោះក្លែង១ បុគ្គលគួរនឹងត្រូវអាបត្តិព្រោះប្រព្រឹត្តកន្លងវត្ថុដែលប្រកបដោយទោសយ៉ាងធំ១ ការហាមឃាត់១ ការសូត្រនិស្សារណាកម្ម១ ការសូត្រឱសារណាកម្ម១ ការប្តេជ្ញា១ ការទទួល១ ការឃាត់១ ការបៀតបៀន១ ការចោទ១ បលិពោធនៃកឋិន២យ៉ាង១ មិនមានបលិពោធនៃកឋិន២យ៉ាងដូចគ្នា១ ចីវរ១ បាត្រ និងជើងទ្របាត្រ១ ការអធិដ្ឋានបាត្រ២យ៉ាង១ ការអធិដ្ឋានចីវរ២យ៉ាងដូចគ្នា១ ការវិកប្ប១ វិន័យ១ អត្ថនៃវិន័យ១ សេចក្តីផូរផង់ (នៃវិន័យ)១ ភិក្ខុត្រូវអាបត្តិ (ដោយអាការ២យ៉ាង)១ ចេញចាកអាបត្តិ (ដោយអាការ២យ៉ាង)១ បរិវាស២យ៉ាង១ បរិវាស២យ៉ាងដទៃទៀត១ មានត្ត២យ៉ាង១ មានត្ត២យ៉ាងដទៃទៀត១ ការដាច់រាត្រី១ សេចក្តីមិនអើពើ១ អំបិល២យ៉ាង មាន៣ពួកតទៅទៀត១ ការបរិភោគ១ ការជេរ១ បេសុញ្ញវាទ១ ការទទួលគណភោជន១ ការចូលវស្សា១ ការបញ្ឈប់នូវបាតិមោក្ខ១ បុគ្គលពាលនាំភារៈ១ កប្បិយវត្ថុ១ អនាបត្តិ១ អធម្មកម្ម១ វិនយកម្ម១ អាសវៈទាំងឡាយ១។

(តិកវារៈ ទី៣)

(៣. តិកវារោ)

[៣៧] ភិក្ខុត្រូវអាបត្តិតែក្នុងកាលដែលព្រះមានព្រះភាគគង់នៅ កាលដែលព្រះអង្គបរិនិព្វានហើយ មិនត្រូវក៏មាន ភិក្ខុត្រូវអាបត្តិតែក្នុងកាលដែលព្រះមានព្រះភាគបរិនិព្វានហើយ កាលដែលព្រះអង្គគង់នៅឡើយ មិនត្រូវក៏មាន ភិក្ខុត្រូវអាបត្តិទាំងក្នុងកាលដែលព្រះអង្គគង់នៅ ទាំងក្នុងកាលដែលព្រះអង្គបរិនិព្វានហើយ ក៏មាន។ ភិក្ខុត្រូវអាបត្តិតែក្នុងកាល មិនត្រូវក្នុងវិកាល ក៏មាន ភិក្ខុត្រូវអាបត្តិតែក្នុងវិកាល មិនត្រូវក្នុងកាលក៏មាន ភិក្ខុត្រូវអាបត្តិទាំងក្នុងកាល ទាំងក្នុងវិកាល ក៏មាន។ ភិក្ខុត្រូវអាបត្តិតែក្នុងវេលាយប់ មិនត្រូវក្នុងវេលាថ្ងៃ ក៏មាន ត្រូវអាបត្តិតែក្នុងវេលាថ្ងៃ មិនត្រូវក្នុងវេលាយប់ ក៏មាន ត្រូវអាបត្តិទាំងវេលាយប់ ទាំងវេលាថ្ងៃ ក៏មាន។ ភិក្ខុមានវស្សា១០ ត្រូវអាបត្តិ មានវស្សាខ្វះពី១០ មិនត្រូវអាបត្តិក៏មាន ភិក្ខុមានវស្សាខ្វះពី១០ ត្រូវអាបត្តិ មានវស្សា១០ មិនត្រូវអាបត្តិក៏មាន ទាំងភិក្ខុមានវស្សា១០ ទាំងភិក្ខុមានវស្សាខ្វះពី១០ ត្រូវអាបត្តិ ក៏មាន។ ភិក្ខុមានវស្សា៥ ត្រូវអាបត្តិ មានវស្សាខ្វះពី៥ មិនត្រូវអាបត្តិក៏មាន ភិក្ខុមានវស្សាខ្វះពី៥ ត្រូវអាបត្តិ មានវស្សាគ្រប់៥ មិនត្រូវអាបត្តិក៏មាន ទាំងភិក្ខុមានវស្សា៥ ទាំងភិក្ខុមានវស្សាខ្វះពី៥ ត្រូវអាបត្តិក៏មាន។ ភិក្ខុមានចិត្តជាកុសល ត្រូវអាបត្តិ មានចិត្តជាអកុសល មិនត្រូវអាបត្តិក៏មាន ភិក្ខុមានចិត្តជាអកុសល ត្រូវអាបត្តិ មានចិត្តជាកុសល មិនត្រូវអាបត្តិក៏មាន ភិក្ខុមានចិត្តជាអព្យាក្រឹត ត្រូវអាបត្តិក៏មាន។ ភិក្ខុមានចិត្តប្រកបដោយសុខវេទនា ត្រូវអាបត្តិក៏មាន មានចិត្តប្រកបដោយទុក្ខវេទនា ត្រូវអាបត្តិក៏មាន មានចិត្តប្រកបដោយអទុក្ខមសុខវេទនា ត្រូវអាបត្តិក៏មាន។

[៣៨] ចោទនាវត្ថុ (វត្ថុជាគ្រឿងចោទ) មាន៣យ៉ាង គឺដោយឃើញ១ ឮ១ រង្កៀស១។ ការចាប់ស្លាក មាន៣យ៉ាងគឺ គូឡ្ហកៈ (ស្លាកបិទ)១ វិវដ្តកៈ (ស្លាកបើក)១ សកណ្ណជប្បកៈ (ការខ្សឹបជិតត្រចៀកជាស្លាក)១។ បំរាមមាន៣យ៉ាងគឺ សេចក្តីប្រាថ្នាធំ១ សេចក្តីមិនសន្តោស១ សេចក្តីមិនផូរផង់ចិត្ត១។ អនុញ្ញាតមាន៣យ៉ាងគឺ សេចក្តីប្រាថ្នាតិច១ សេចក្តីសន្តោស១ សេចក្តីផូរផង់ចិត្ត១។ បំរាមមាន៣យ៉ាងដទៃទៀតគឺ សេចក្តីប្រាថ្នាធំ១ សេចក្តីមិនសន្តោស១ សេចក្តីមិនដឹងប្រមាណ១។ អនុញ្ញាតមាន៣យ៉ាងគឺ សេចក្តីប្រាថ្នាតិច១ សេចក្តីសន្តោស១ សេចក្តីដឹងប្រមាណ១។ បញ្ញត្តិមាន៣យ៉ាងគឺ បញ្ញត្តិ១ អនុប្បញ្ញត្តិ១ អនុប្បន្នប្បញ្ញត្តិ១។ បញ្ញត្តិមាន៣យ៉ាងដទៃទៀតគឺ សព្វត្ថប្បញ្ញត្តិ១ បទេសប្បញ្ញត្តិ១ សាធារណប្បញ្ញត្តិ១។ បញ្ញត្តិមាន៣យ៉ាងដោយឡែកទៀតគឺ អសាធារណប្បញ្ញត្តិ១ ឯកតោបញ្ញត្តិ១ ឧភតោបញ្ញត្តិ១។

[៣៩] ភិក្ខុពាលត្រូវអាបត្តិ ភិក្ខុជាបណ្ឌិត មិនត្រូវអាបត្តិក៏មាន ភិក្ខុជាបណ្ឌិត ត្រូវអាបត្តិ ភិក្ខុពាលមិនត្រូវអាបត្តិក៏មាន ភិក្ខុពាលក្តី ជាបណ្ឌិតក្តី ត្រូវអាបត្តិក៏មាន។ ភិក្ខុត្រូវអាបត្តិ ក្នុងកាឡប័ក្ខ (រនោច) មិនត្រូវក្នុងជុណ្ហប័ក្ខ (ខ្នើត) ក៏មាន ភិក្ខុត្រូវអាបត្តិក្នុងជុណ្ហប័ក្ខ មិនត្រូវក្នុងកាឡប័ក្ខក៏មាន ភិក្ខុមិនត្រូវអាបត្តិ ទាំងក្នុងកាឡប័ក្ខ ទាំងក្នុងជុណ្ហប័ក្ខ ក៏មាន។ សេចក្តីអនុញ្ញាត គួរតែក្នុងកាឡប័ក្ខ មិនគួរក្នុងជុណ្ហប័ក្ខក៏មាន គួរតែក្នុងជុណ្ហប័ក្ខ មិនគួរក្នុងកាឡប័ក្ខក៏មាន គួរទាំងក្នុងកាឡប័ក្ខ ទាំងជុណ្ហប័ក្ខក៏មាន។ ភិក្ខុត្រូវអាបត្តិ តែក្នុងហេមន្តរដូវ មិនត្រូវក្នុងគិម្ហរដូវ ទាំងមិនត្រូវអាបត្តិក្នុងវស្សានរដូវក៏មាន ត្រូវអាបត្តិក្នុងគិម្ហរដូវ មិនត្រូវអាបត្តិក្នុងហេមន្តរដូវ មិនត្រូវអាបត្តិក្នុងវស្សានរដូវផងក៏មាន ត្រូវអាបត្តិក្នុងវស្សានរដូវ មិនត្រូវអាបត្តិក្នុងគិម្ហរដូវផង មិនត្រូវអាបត្តិក្នុងហេមន្តរដូវផង ក៏មាន។ សង្ឃត្រូវអាបត្តិ គណៈមិនត្រូវអាបត្តិ បុគ្គលមិនត្រូវអាបត្តិក៏មាន គណៈត្រូវអាបត្តិ សង្ឃមិនត្រូវអាបត្តិ បុគ្គលមិនត្រូវអាបត្តិក៏មាន បុគ្គលត្រូវអាបត្តិ សង្ឃមិនត្រូវអាបត្តិ គណៈមិនត្រូវអាបត្តិក៏មាន។ សេចក្តីអនុញ្ញាតគួរដល់សង្ឃ មិនគួរដល់គណៈ មិនគួរដល់បុគ្គលក៏មាន គួរដល់គណៈ មិនគួរដល់សង្ឃ មិនគួរដល់បុគ្គលក៏មាន គួរដល់បុគ្គល មិនគួរដល់សង្ឃ មិនគួរដល់គណៈក៏មាន។

[៤០] ការបិទបាំងមាន៣យ៉ាងគឺ ភិក្ខុបិទបាំងវត្ថុ មិនបិទបាំងអាបត្តិ១ បិទបាំងអាបត្តិ មិនបិទបាំងវត្ថុ១ បិទបាំងទាំងវត្ថុ ទាំងអាបត្តិ១។ គ្រឿងបិទបាំងមាន៣យ៉ាងគឺ គ្រឿងបិទបាំងគឺផ្ទះ ជាទីរក្សាកាយ១ គ្រឿងបិទបាំងគឺទឹក១ គ្រឿងបិទបាំងគឺសម្ពត់១។ វត្ថុ៣យ៉ាង ដែលបិទបាំងទុក ទើបប្រព្រឹត្តទៅស្រួល តែបើកឡើង ប្រព្រឹត្តទៅមិនស្រួល គឺមាតុគ្រាមមានវត្ថុបិទបាំង ទើបប្រព្រឹត្តទៅស្រួល តែមិនមានវត្ថុបិទបាំង ប្រព្រឹត្តទៅមិនស្រួល១ មន្តរបស់ពួកព្រាហ្មណ៍បិទបាំងទុក ទើបប្រព្រឹត្តទៅស្រួល បើកឡើង ប្រព្រឹត្តទៅមិនស្រួល១ មិច្ឆាទិដ្ឋិបិទបាំងទុក ទើបប្រព្រឹត្តទៅស្រួល១ តែបើកឡើង ប្រព្រឹត្តទៅមិនស្រួល១។ វត្ថុ៣យ៉ាងបើកចេញ ទើបរុងរឿង បិទទុក មិនរុងរឿងឡើយ គឺ មណ្ឌលព្រះចន្ទ បើកឡើង ទើបរុងរឿង តែបិទបាំងទុក មិនរុងរឿង១ មណ្ឌលព្រះអាទិត្យ បើកឡើង ទើបរុងរឿង តែបិទបាំងទុក មិនរុងរឿង១ ធម្មវិន័យ ដែលតថាគតសំដែងហើយ បើកឡើង ទើបរុងរឿង បិទបាំងទុក មិនរុងរឿង១។ ការកាន់យកសេនាសនៈ មាន៣យ៉ាងគឺ បុរិមកៈ១ បច្ឆិមកៈ១ អន្តរាមុត្តកៈ១។

[៤១] ភិក្ខុឈឺត្រូវអាបត្តិ ភិក្ខុឥតឈឺ មិនត្រូវអាបត្តិក៏មាន ភិក្ខុមិនឈឺត្រូវអាបត្តិ ភិក្ខុឈឺមិនត្រូវអាបត្តិក៏មាន ទាំងភិក្ខុឈឺ ទាំងភិក្ខុមិនឈឺ ត្រូវអាបត្តិក៏មាន។

[៤២] ការបញ្ឈប់បាតិមោក្ខមិនប្រកបដោយធម៌ មាន៣យ៉ាង។ ការបញ្ឈប់បាតិមោក្ខប្រកបដោយធម៌ មាន៣យ៉ាង។ បរិវាស មាន៣យ៉ាង គឺ បដិច្ឆន្នបរិវាស១ អប្បដិច្ឆន្នបរិវាស១ សុទ្ធន្តបរិវាស១។ មានត្តមាន៣យ៉ាងគឺ បដិច្ឆន្នមានត្ត១ អប្បដិច្ឆន្នមានត្ត១ បក្ខមានត្ត១។ ការដាច់រាត្រីរបស់ភិក្ខុដែលនៅបរិវាស មាន៣យ៉ាងគឺ ការនៅរួម១ ការមិននៅរួម១ ការមិនបានប្រាប់១។

[៤៣] ភិក្ខុនៅខាងក្នុង ត្រូវអាបត្តិ នៅខាងក្រៅ មិនត្រូវអាបត្តិក៏មាន នៅខាងក្រៅ ត្រូវអាបត្តិ នៅខាងក្នុង មិនត្រូវអាបត្តិក៏មាន ត្រូវអាបត្តិទាំងខាងក្នុង ទាំងខាងក្រៅក៏មាន។ ភិក្ខុនៅខាងក្នុងសីមា ត្រូវអាបត្តិ នៅខាងក្រៅសីមា មិនត្រូវអាបត្តិក៏មាន នៅខាងក្រៅសីមា ត្រូវអាបត្តិ នៅខាងក្នុងសីមា មិនត្រូវអាបត្តិក៏មាន ត្រូវអាបត្តិទាំងខាងក្នុងសីមា ទាំងខាងក្រៅសីមាក៏មាន។

[៤៤] ភិក្ខុត្រូវអាបត្តិដោយអាការ៣យ៉ាងគឺ ត្រូវដោយកាយ១ ត្រូវដោយវាចា១ ត្រូវដោយកាយ និងវាចា១។ ភិក្ខុត្រូវអាបត្តិដោយអាការ៣យ៉ាងដទៃទៀត គឺ ត្រូវក្នុងកណ្តាលសង្ឃ១ ត្រូវក្នុងកណ្តាលគណៈ១ ត្រូវក្នុងសំណាក់នៃបុគ្គល១។ ភិក្ខុចេញចាកអាបត្តិ ដោយអាការ៣យ៉ាង គឺ ចេញចាកដោយកាយ១ ចេញចាកដោយវាចា១ ចេញចាកដោយកាយ និងវាចា១។ ភិក្ខុចេញចាកអាបត្តិ ដោយអាការ៣យ៉ាងដទៃទៀត គឺ ចេញចាកក្នុងកណ្តាលសង្ឃ១ ក្នុងកណ្តាលគណៈ១ ក្នុងសំណាក់នៃបុគ្គល១។ ការឲ្យអមូឡ្ហវិន័យ មិនប្រកបដោយធម៌ មាន៣យ៉ាង។ ការឲ្យអមូឡ្ហវិន័យ ប្រកបដោយធម៌ មាន៣យ៉ាង។

[៤៥] កាលបើសង្ឃប្រាថ្នា គប្បីធ្វើតជ្ជនីយកម្ម ដល់ភិក្ខុដែលប្រកបដោយអង្គ៣គឺ ភិក្ខុជាអ្នកបង្កហេតុ បង្កជំលោះ បង្កវិវាទ បង្កតិរច្ឆានកថា បង្កអធិករណ៍ក្នុងសង្ឃ១ ជាមនុស្សល្ងង់ មិនឈ្លាសវៃ ច្រើនដោយអាបត្តិ មិនមានការកំណត់អាបត្តិ១ ជាបុគ្គលនៅច្រឡូកច្រឡំដោយគ្រហស្ថ ដោយការច្រឡូកច្រឡំមិនសមគួរ១។ កាលបើសង្ឃប្រាថ្នា គប្បីធ្វើនិយស្សកម្ម ដល់ភិក្ខុដែលប្រកបដោយអង្គ៣គឺ ភិក្ខុជាអ្នកបង្កហេតុ។បេ។ បង្កអធិករណ៍ក្នុងសង្ឃ១ ជាមនុស្សល្ងង់ មិនឈ្លាសវៃ ច្រើនដោយអាបត្តិ មិនមានការកំណត់អាបត្តិ១ ជាអ្នកនៅច្រឡូកច្រឡំដោយគ្រហស្ថ ដោយការច្រឡូកច្រឡំមិនសមគួរ១។ កាលបើសង្ឃប្រាថ្នា គប្បីធ្វើបព្វាជនីយកម្ម ដល់ភិក្ខុដែលប្រកបដោយអង្គ៣គឺ ភិក្ខុអ្នកបង្កហេតុ។បេ។ អ្នកបង្កអធិករណ៍ក្នុងសង្ឃ១ ជាមនុស្សល្ងង់ មិនឈ្លាសវៃ ច្រើនដោយអាបត្តិ មិនមានការកំណត់អាបត្តិ១ ជាអ្នកទ្រុស្តត្រកូល ជាអ្នកមានមារយាទអាក្រក់១។ កាលបើសង្ឃប្រាថ្នា គប្បីធ្វើបដិសារណីយកម្ម ដល់ភិក្ខុប្រកបដោយអង្គ៣គឺ ភិក្ខុជាអ្នកបង្កហេតុ។បេ។ អ្នកបង្កអធិករណ៍ក្នុងសង្ឃ១ ជាមនុស្សល្ងង់ មិនឈ្លាសវៃ ច្រើនដោយអាបត្តិ មិនមានការកំណត់អាបត្តិ១ ជេរគម្រាមគ្រហស្ថ១។ កាលបើសង្ឃប្រាថ្នា គប្បីធ្វើឧក្ខេបនីយកម្ម ដល់ភិក្ខុដែលប្រកបដោយអង្គ៣ ព្រោះមិនឃើញអាបត្តិ គឺ ភិក្ខុជាអ្នកបង្កហេតុ។បេ។ ជាអ្នកបង្កអធិករណ៍ក្នុងសង្ឃ១ ជាមនុស្សល្ងង់ មិនឈ្លាសវៃ ច្រើនដោយអាបត្តិ មិនមានការកំណត់អាបត្តិ១ ត្រូវអាបត្តិហើយ មិនប្រាថ្នាដើម្បីឃើញអាបត្តិ១។ កាលបើសង្ឃប្រាថ្នា គប្បីធ្វើឧក្ខេបនីយកម្ម ដល់ភិក្ខុដែលប្រកបដោយអង្គ៣ ព្រោះមិនសំដែងអាបត្តិគឺ ភិក្ខុជាអ្នកបង្កហេតុ។បេ។ ជាអ្នកបង្កអធិករណ៍ក្នុងសង្ឃ១ ជាមនុស្សល្ងង់ មិនឈ្លាសវៃ ច្រើនដោយអាបត្តិ មិនមានការកំណត់អាបត្តិ១ ត្រូវអាបត្តិហើយ មិនប្រាថ្នាដើម្បីសំដែងអាបត្តិចេញ១។ កាលបើសង្ឃប្រាថ្នា គប្បីធ្វើឧក្ខេបនីយកម្ម ព្រោះមិនលះបង់ទិដ្ឋិអាក្រក់ចេញ ដល់ភិក្ខុដែលប្រកបដោយអង្គ៣គឺ ភិក្ខុជាអ្នកបង្កហេតុ។បេ។ ជាអ្នកបង្កអធិករណ៍ក្នុងសង្ឃ១ ជាមនុស្សល្ងង់ មិនឈ្លាសវៃ ច្រើនដោយអាបត្តិ មិនមានការកំណត់អាបត្តិ១ មិនប្រាថ្នានឹងលះបង់ទិដ្ឋិអាក្រក់ចេញ។ កាលបើសង្ឃប្រាថ្នា គប្បីលៃលក ដើម្បីសេចក្តីមាំមួន12) ដល់ភិក្ខុដែលប្រកបដោយអង្គ៣គឺ ភិក្ខុជាអ្នកបង្កហេតុ បង្កជំលោះ បង្កវិវាទ បង្កតិរច្ឆានកថា បង្កអធិករណ៍ក្នុងសង្ឃ១ ជាមនុស្សល្ងង់ មិនឈ្លាសវៃ ច្រើនដោយអាបត្តិ មិនមានការកំណត់អាបត្តិ១ ជាអ្នកនៅច្រឡូកច្រឡំដោយគ្រហស្ថ ដោយការច្រឡូកច្រឡំមិនសមគួរ១។ សង្ឃគប្បីធ្វើកម្ម ដល់ភិក្ខុដែលប្រកបដោយអង្គ៣គឺ ភិក្ខុជាអ្នកឥតមានខ្មាស១ ភិក្ខុល្ងង់១ មិនមែនជាបកតត្ត១។ សង្ឃគប្បីធ្វើកម្ម ដល់ភិក្ខុដែលប្រកបដោយអង្គ៣ដទៃទៀតគឺ ភិក្ខុជាអ្នកមានសីលវិបត្តិ ក្នុងអធិសីល១ មានអាចារវិបត្តិ ក្នុងអជ្ឈាចារ១ មានទិដ្ឋិវិបត្តិ ក្នុងអតិទិដ្ឋិ១។ សង្ឃគប្បីធ្វើកម្ម ដល់ភិក្ខុដែលប្រកបដោយអង្គ៣ដោយឡែកទៀតគឺ ភិក្ខុជាអ្នកប្រកបខាងល្បែងដោយកាយ១ ជាអ្នកប្រកបខាងល្បែង ដោយវាចា១ ជាអ្នកប្រកបខាងល្បែង ដោយកាយ និងវាចា១។ សង្ឃគប្បីធ្វើកម្ម ដល់ភិក្ខុដែលប្រកបដោយអង្គ៣ដោយឡែកទៀតគឺ ភិក្ខុជាអ្នកប្រកបដោយមារយាទមិនមានសណ្តាប់ធ្នាប់ដោយកាយ១ ជាអ្នកប្រកបដោយមារយាទ មិនមានសណ្តាប់ធ្នាប់ ដោយវាចា១ ជាអ្នកប្រកបដោយមារយាទ មិនមានសណ្តាប់ធ្នាប់ ដោយកាយ និងវាចា១។ សង្ឃគប្បីធ្វើកម្ម ដល់ភិក្ខុដែលប្រកបដោយអង្គ៣ដោយឡែកទៀតគឺ ភិក្ខុជាអ្នកប្រកបដោយការបៀតបៀនដោយកាយ១ ជាអ្នកប្រកបដោយការបៀតបៀនដោយវាចា១ ជាអ្នកប្រកបដោយការបៀតបៀនដោយកាយ និងវាចា១។ សង្ឃគប្បីធ្វើកម្ម ដល់ភិក្ខុដែលប្រកបដោយអង្គ៣ដោយឡែកទៀតគឺ ភិក្ខុជាអ្នកប្រកបដោយមិច្ឆាជីវៈដោយកាយ១ ជាអ្នកប្រកបដោយមិច្ឆាជីវៈដោយវាចា១ ជាអ្នកប្រកបដោយមិច្ឆាជីវៈ ដោយកាយ និងវាចា១។ សង្ឃគប្បីធ្វើកម្ម ដល់ភិក្ខុដែលប្រកបដោយអង្គ៣ដោយឡែកទៀតគឺ ភិក្ខុត្រូវអាបត្តិហើយ សង្ឃបានធ្វើកម្មហើយ នៅតែឲ្យឧបសម្បទា (ដល់កុលបុត្រ)១ ឲ្យនិស្ស័យ (ដល់កុលបុត្រ)១ ឲ្យសាមណេរបម្រើខ្លួន១។ សង្ឃគប្បីធ្វើកម្ម ដល់ភិក្ខុដែលប្រកបដោយអង្គ៣ដទៃទៀតគឺ កម្មដែលសង្ឃធ្វើហើយ ដោយអាបត្តិណា ភិក្ខុត្រូវអាបត្តិដដែលនោះ ឬត្រូវអាបត្តិដទៃប្រហែលគ្នានឹងអាបត្តិនោះ១ ឬអាបត្តិដែលធ្ងន់ជាងអាបត្តិនោះទៅទៀត១។ សង្ឃគប្បីធ្វើកម្ម ដល់ភិក្ខុដែលប្រកបដោយអង្គ៣ដោយឡែកទៀតគឺ ភិក្ខុពោលតិះដៀលព្រះពុទ្ធ១ ពោលតិះដៀលព្រះធម៌១ ពោលតិះដៀលព្រះសង្ឃ១។ កាលបើមានភិក្ខុប្រកបដោយអង្គ៣គឺ ភិក្ខុមិនមានអៀនខ្មាស១ ភិក្ខុពាល១ មិនមែនជាបកតត្ត១ មកបញ្ឈប់នូវឧបោសថ ក្នុងកណ្តាលជំនុំសង្ឃ ៗត្រូវហាមដោយពាក្យថា ម្នាលភិក្ខុ មិនគួរទេ កុំបង្កហេតុ កុំឈ្លោះ កុំប្រកាន់ផ្សេងគ្នា កុំទាស់ទែងគ្នា ដូច្នេះ រួចហើយសឹមធ្វើឧបោសថ។ កាលបើភិក្ខុប្រកបដោយអង្គ៣គឺ ភិក្ខុមិនមានអៀនខ្មាស១ ភិក្ខុពាល១ មិនមែនជាបកតត្ត១ មកបញ្ឈប់បវារណា ក្នុងកណ្តាលជំនុំសង្ឃ ៗត្រូវហាមដោយពាក្យថា ម្នាលភិក្ខុ មិនគួរទេ អ្នកកុំបង្កហេតុ កុំឈ្លោះគ្នា កុំប្រកាន់ផ្សេងគ្នា កុំទាស់ទែងគ្នា ដូច្នេះ រួចហើយសឹមធ្វើបវារណា។ សង្ឃសម្មតិណាមួយ សង្ឃមិនត្រូវឲ្យដល់ភិក្ខុដែលប្រកបដោយអង្គ៣គឺ ភិក្ខុជាអ្នកមិនមានខ្មាស១ ភិក្ខុល្ងង់១ មិនមែនជាបកតត្ត១។ ភិក្ខុប្រកបដោយអង្គ៣ មិនត្រូវស្តីពោលរកសង្ឃ គឺ ភិក្ខុជាអ្នកមិនខ្មាស១ ភិក្ខុល្ងង់១ មិនមែនជាបកតត្ត១។ ភិក្ខុដែលប្រកបដោយអង្គ៣ សង្ឃមិនត្រូវដំកល់ទុកក្នុងដំណែងផ្សេងណាមួយ គឺ ភិក្ខុជាអ្នកមិនមានខ្មាស១ ភិក្ខុល្ងង់១ មិនមែនជាបកតត្ត១។ ភិក្ខុមិនត្រូវអាស្រ័យនឹងភិក្ខុដែលប្រកបដោយអង្គ៣ គឺ ភិក្ខុជាអ្នកមិនមានខ្មាស១ ភិក្ខុល្ងង់១ មិនមែនជាបកតត្ត១។ ភិក្ខុមិនត្រូវឲ្យនិស្ស័យ ដល់ភិក្ខុដែលប្រកបដោយអង្គ៣ គឺ ភិក្ខុជាអ្នកមិនមានខ្មាស១ ភិក្ខុល្ងង់១ មិនមែនជាបកតត្ត១។ ភិក្ខុមិនត្រូវធ្វើឱកាសកម្ម ដល់ភិក្ខុដែលមកសូមឱកាស ដែលប្រកបដោយអង្គ៣ គឺ ភិក្ខុជាអ្នកមិនមានខ្មាស១ ភិក្ខុល្ងង់១ មិនមែនជាបកតត្ត១។ ភិក្ខុមិនត្រូវជឿស្តាប់ពាក្យរបស់ភិក្ខុ ដែលប្រកបដោយអង្គ៣ គឺ ភិក្ខុជាអ្នកមិនមានខ្មាស១ ភិក្ខុល្ងង់១ មិនមែនជាបកតត្ត១។ ភិក្ខុមិនត្រូវសួរវិន័យ ចំពោះភិក្ខុដែលប្រកបដោយអង្គ៣ គឺ ភិក្ខុជាអ្នកមិនមានខ្មាស១ ភិក្ខុល្ងង់១ មិនមែនជាបកតត្ត១។ ភិក្ខុដែលប្រកបដោយអង្គ៣ មិនត្រូវសួរវិន័យ (នឹងភិក្ខុណាមួយ) គឺ ភិក្ខុជាអ្នកមិនមានខ្មាស១ ភិក្ខុល្ងង់១ មិនមែនជាបកតត្ត១។ ភិក្ខុមិនត្រូវដោះស្រាយវិន័យ ចំពោះភិក្ខុដែលប្រកបដោយអង្គ៣ គឺ ភិក្ខុជាអ្នកមិនមានខ្មាស១ ភិក្ខុល្ងង់១ មិនមែនជាបកតត្ត១។ ភិក្ខុដែលប្រកបដោយអង្គ៣ មិនត្រូវដោះស្រាយវិន័យនឹងភិក្ខុណាមួយ គឺ ភិក្ខុជាអ្នកមិនមានខ្មាស១ ភិក្ខុល្ងង់១ មិនមែនជាបកតត្ត១។ ភិក្ខុមិនត្រូវឲ្យការសាកសួរ ដល់ភិក្ខុដែលប្រកបដោយអង្គ៣ គឺ ភិក្ខុជាអ្នកមិនមានខ្មាស១ ភិក្ខុល្ងង់១ មិនមែនជាបកតត្ត១។ ភិក្ខុមិនត្រូវសាកច្ឆាវិន័យជាមួយនឹងភិក្ខុ ដែលប្រកបដោយអង្គ៣ គឺ ភិក្ខុជាអ្នកមិនមានខ្មាស១ ភិក្ខុល្ងង់១ មិនមែនជាបកតត្ត១។ ភិក្ខុដែលប្រកបដោយអង្គ៣ មិនត្រូវឲ្យឧបសម្បទា មិនត្រូវឲ្យនិស្ស័យ មិនត្រូវឲ្យសាមណេរបម្រើខ្លួន គឺ ភិក្ខុជាអ្នកមិនមានខ្មាស១ ភិក្ខុល្ងង់១ មិនមែនជាបកតត្ត១។

[៤៦] ឧបោសថមាន៣យ៉ាង គឺចាតុទ្ទសីឧបោសថ១ បណ្ណរសីឧបោសថ១ សាមគ្គីឧបោសថ១។ ឧបោសថមាន៣យ៉ាងដទៃទៀត គឺសង្ឃឧបោសថ១ គណឧបោសថ១ បុគ្គលឧបោសថ១។ ឧបោសថមាន៣យ៉ាងដទៃទៀត គឺសុត្តុទ្ទេសឧបោសថ១ បារិសុទ្ធិឧបោសថ១ អធិដ្ឋានុបោសថ១។ បវារណាមាន៣យ៉ាង គឺ ចាតុទ្ទសីបវារណា១ បណ្ណរសីបវារណា១ សាមគ្គីបវារណា១។ បវារណាមាន៣យ៉ាងដទៃទៀត គឺសង្ឃប្បវារណា១ គណប្បវារណា១ បុគ្គលប្បវារណា១ បវារណាមាន៣យ៉ាងដទៃទៀត គឺតេវាចិកាបវារណា១ ទ្វេវាចិកាបវារណា១ សមានវស្សិកាបវារណា១។ បុគ្គលឈមមុខទៅកាន់អបាយ ទៅកាន់នរក មាន៣ពួក គឺ បុគ្គលមិនមែនជាអ្នកប្រព្រឹត្តព្រហ្មចារ្យ តែប្តេជ្ញាថា ជាអ្នកប្រព្រឹត្តព្រហ្មចារ្យ១ បុគ្គលចោទព្រហ្មចារីបុគ្គលដ៏បរិសុទ្ធ ដែលជាអ្នកប្រព្រឹត្តព្រហ្មចរិយធម៌ ដ៏បរិសុទ្ធ ដោយព្រហ្មចរិយធម៌មិនមានមូល១ បុគ្គលណាមួយមានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា ទោសក្នុងកាមគុណមិនមានដូច្នេះ បុគ្គលនោះ តែងដល់នូវការសេពគប់ នូវកាមទាំងឡាយ១ ព្រោះមិនលះលទ្ធិនេះចេញ។ មូលនៃអកុសលមាន៣យ៉ាងគឺ លោភៈ ជាមូលនៃអកុសល១ ទោសៈ ជាមូលនៃអកុសល១ មោហៈ ជាមូលនៃអកុសល១។ មូលនៃកុសល មាន៣យ៉ាងគឺ អលោភៈ ជាមូលនៃកុសល១ អទោសៈ ជាមូលនៃកុសល១ អមោហៈ ជាមូលនៃកុសល១។ ទុច្ចរិតមាន៣យ៉ាង គឺ កាយទុច្ចរិត១ វចីទុច្ចរិត១ មនោទុច្ចរិត១។ សុចរិតមាន៣យ៉ាងគឺ កាយសុចរិត១ វចីសុចរិត១ មនោសុចរិត១។ ព្រះមានព្រះភាគ ទ្រង់បញ្ញត្តតិកភោជនសិក្ខាបទ ក្នុងត្រកូលទាំងឡាយ ព្រោះអាស្រ័យអំណាចប្រយោជន៍៣យ៉ាង គឺ ដើម្បីផ្ទញ់ផ្ទាល់បុគ្គលឥតខ្មាស១ ដើម្បីនៅសប្បាយដល់ភិក្ខុអ្នកមានសីលជាទីស្រឡាញ់ ដោយទ្រង់ត្រិះរិះថា ភិក្ខុប្រាថ្នាលាមកទាំងឡាយកុំទំលាយសង្ឃ ព្រោះអាស្រ័យពួក១ ដើម្បីអនុគ្រោះដល់ត្រកូល១។ ទេវទត្តត្រូវអសទ្ធម្ម៣ប្រការ គ្របសង្កត់ រួបរិតចិត្ត ហើយក៏ទៅកាន់អបាយ ទៅកាន់នរក តាំងនៅអស់ក័ល្ប កែខ្លួនលែងបាន (អសទ្ធម្ម៣ប្រការនោះគឺ) សេចក្តីប្រាថ្នាលាមក១ មានមិត្រលាមក១ ទេវទត្តនោះ បានសម្រេចគុណវិសេសត្រឹមជាន់ទាប តែដល់នូវសេចក្តីសាបសូន្យ ក្នុងចន្លោះវិញ១។ សម្មតិមាន៣យ៉ាងគឺ ទណ្ឌសម្មតិ១ សិក្កាសម្មតិ១ ទណ្ឌសិក្កាសម្មតិ១។ ទ្រនាប់ជើង ដែលសម្រាប់ដំកល់ទុកជានិច្ច មិនត្រូវធ្វើឲ្យឃ្លាតចាកកន្លែងមាន៣គឺ ទ្រនាប់សម្រាប់បន្ទោបង់វច្ចៈ១ ទ្រនាប់សម្រាប់បន្ទោបង់បស្សាវៈ១ ទ្រនាប់សម្រាប់ជំរះអាចម៍១។ ទ្រនាប់សម្រាប់ជូតជើង មាន៣គឺ ទ្រនាប់ថ្ម១ ទ្រនាប់ក្បឿង១ ទ្រនាប់អណ្តាតសមុទ្រ១។

ចប់តិកៈ (ពួកបីៗ)។

ឧទ្ទាន គឺបញ្ជីរឿងនៃតិកៈ (ពួកបីៗ) នោះដូច្នេះ

[៤៧]

ភិក្ខុត្រូវអាបត្តិក្នុងកាលដែលព្រះមានព្រះភាគគង់ព្រះជន្មនៅ១ ភិក្ខុត្រូវអាបត្តិក្នុងកាលគួរ១ ក្នុងរាត្រី១ ភិក្ខុមានវស្សា១០ ត្រូវអាបត្តិ១ មានវស្សា៥ ក៏ត្រូវអាបត្តិ១ មានកុសលចិត្ត ក៏ត្រូវអាបត្តិ១ ប្រកបដោយវេទនា ត្រូវអាបត្តិ១ ចោទនវត្ថុ១ ការចាប់ស្លាក១ ការឃាត់មានពីរលើក១ បញ្ញត្តិ១ បញ្ញត្តិពីរលើកដទៃទៀត១ ភិក្ខុពាលត្រូវអាបត្តិក៏មាន១ ភិក្ខុត្រូវអាបត្តិក្នុងកាឡប័ក្ខ១ ការចូលវស្សាគួរក្នុងកាឡប័ក្ខ១ ភិក្ខុត្រូវអាបត្តិក្នុងហេមន្តរដូវក៏មាន១ សង្ឃត្រូវអាបត្តិ១ ឧបោសថ និងបវារណា គួរដល់សង្ឃ១ ការបិទបាំង១ គ្រឿងបិទបាំង១ វត្ថុដែលបិទបាំងទុក១ វត្ថុដែលបើកឡើង១ ការកាន់យកសេនាសនៈ១ ភិក្ខុឈឺត្រូវអាបត្តិ១ បញ្ឈប់បាតិមោក្ខ១ បរិវាស១ មានត្ត១ ភិក្ខុកំពុងនៅបរិវាស១ ភិក្ខុនៅខាងក្នុង ត្រូវអាបត្តិ១ ភិក្ខុត្រូវអាបត្តិខាងក្នុងសីមា១ ភិក្ខុត្រូវអាបត្តិដោយអាការ៣ដទៃទៀត១ ភិក្ខុចេញចាកអាបត្តិដោយអាការ៣ដទៃទៀត១ ការឲ្យអមូឡ្ហវិន័យ២យ៉ាង១ សង្ឃធ្វើតជ្ជនីយកម្ម១ និយស្សកម្ម១ បព្វាជនីយកម្ម១ បដិសារណីយកម្ម១ សង្ឃធ្វើឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ១ ព្រោះមិនសំដែងអាបត្តិ១ ព្រោះមិនលះបង់ទិដ្ឋិអាក្រក់១ សង្ឃលៃលកដើម្បីសេចក្តីមាំមួន១ សង្ឃគប្បីធ្វើកម្មដល់ភិក្ខុ១ អធិសីល១ ល្បែង១ ភិក្ខុមានមារយាទមិនមានសណ្តាប់ធ្នាប់១ ការបៀតបៀន១ មិច្ឆាជីវៈ១ ភិក្ខុត្រូវអាបត្តិហើយ នៅតែឲ្យឧបសម្បទា១ ភិក្ខុត្រូវអាបត្តិប្រហែលនឹងអាបត្តិមុននោះ១ ភិក្ខុតិះដៀលព្រះរតនត្រ័យ១ ហាមឧបោសថ១ ហាមបវារណា១ សង្ឃសម្មតិ១ ភិក្ខុល្ងង់ មិនគប្បីស្តីរកសង្ឃ១ សង្ឃមិនត្រូវដំកល់ភិក្ខុល្ងង់ទុកក្នុងដំណែងផ្សេងណាមួយ១ មិនត្រូវឲ្យនិស្ស័យ១ មិនត្រូវបើកឱកាសឲ្យ១ មិនត្រូវជឿស្តាប់ពាក្យ១ មិនត្រូវសួរវិន័យមានពីរលើក១ មិនត្រូវឆ្លើយវិន័យមានពីរលើក១ មិនត្រូវឲ្យការសាកសួរ១ មិនត្រូវសាកច្ឆាវិន័យ១ មិនត្រូវឲ្យឧបសម្បទា១ មិនត្រូវឲ្យនិស្ស័យ១ មិនត្រូវឲ្យសាមណេរបំរើខ្លួន១ ឧបោសថមាន៣យ៉ាង១ បវារណាមាន៣យ៉ាង១ ជន៣ពួកទៅកាន់អបាយ១ អកុសលមូល១ កុសលមូល១ ទុច្ចរិត និងសុចរិត១ តិកភោជនសិក្ខាបទ១ ទេវទត្តត្រូវអសទ្ធម្មគ្របសង្កត់១ សម្មតិ១ ទ្រនាប់ជើង១ ទ្រនាប់សម្រាប់ជូតជើង១ ពាក្យដែលពោលមកនេះ ជាឧទ្ទានក្នុងតិកបទ។

(ចតុក្កវារៈ ទី៤)

(៤. ចតុក្កវារោ)

[៤៨] ភិក្ខុត្រូវអាបត្តិដោយវាចារបស់ខ្លួន ចេញចាកអាបត្តិដោយវាចារបស់អ្នកដទៃក៏មាន ភិក្ខុត្រូវអាបត្តិដោយវាចារបស់អ្នកដទៃ ចេញចាកអាបត្តិដោយវាចារបស់ខ្លួនក៏មាន ត្រូវអាបត្តិដោយវាចារបស់ខ្លួន ចេញចាកអាបត្តិដោយវាចារបស់ខ្លួនក៏មាន ត្រូវអាបត្តិដោយវាចារបស់អ្នកដទៃ ចេញចាកអាបត្តិដោយវាចារបស់អ្នកដទៃក៏មាន។ ភិក្ខុត្រូវអាបត្តិដោយកាយ ចេញចាកអាបត្តិដោយវាចាក៏មាន ត្រូវអាបត្តិដោយវាចា ចេញចាកអាបត្តិដោយកាយក៏មាន ត្រូវអាបត្តិដោយកាយ ចេញចាកអាបត្តិដោយកាយក៏មាន ត្រូវអាបត្តិដោយវាចា ចេញចាកអាបត្តិដោយវាចាក៏មាន។ ភិក្ខុដេកលក់ ត្រូវអាបត្តិ ភ្ញាក់ឡើងចេញចាកអាបត្តិក៏មាន ភ្ញាក់ឡើងត្រូវអាបត្តិ ដេកលក់ទៅវិញ ចេញចាកអាបត្តិក៏មាន ដេកលក់ ត្រូវអាបត្តិ ដេកលក់ ចេញចាកអាបត្តិក៏មាន ភ្ញាក់ឡើង ត្រូវអាបត្តិ ភ្ញាក់ឡើងចេញចាកអាបត្តិក៏មាន។ ភិក្ខុមិនមានចិត្ត ត្រូវអាបត្តិ ប្រកបដោយចិត្ត ចេញចាកអាបត្តិក៏មាន ភិក្ខុប្រកបដោយចិត្ត ត្រូវអាបត្តិ មិនមានចិត្ត ចេញចាកអាបត្តិក៏មាន ភិក្ខុមិនមានចិត្ត ត្រូវអាបត្តិ មិនមានចិត្ត ចេញចាកអាបត្តិក៏មាន ភិក្ខុប្រកបដោយចិត្ត ត្រូវអាបត្តិ ប្រកបដោយចិត្ត ចេញចាកអាបត្តិក៏មាន។ ភិក្ខុត្រូវអាបត្តិហើយសំដែង កំពុងតែសំដែង ត្រូវអាបត្តិទៀតក៏មាន ភិក្ខុត្រូវអាបត្តិហើយ ចេញចាកអាបត្តិ កំពុងចេញចាកអាបត្តិ ត្រូវអាបត្តិទៀតក៏មាន។ ភិក្ខុត្រូវអាបត្តិដោយកម្ម ចេញចាកអាបត្តិដោយមិនមែនកម្មក៏មាន ភិក្ខុត្រូវអាបត្តិដោយមិនមែនកម្ម ចេញចាកអាបត្តិ ដោយកម្មក៏មាន ភិក្ខុត្រូវអាបត្តិដោយកម្ម ចេញចាកអាបត្តិដោយកម្មក៏មាន ភិក្ខុត្រូវអាបត្តិដោយមិនមែនកម្ម ចេញចាកអាបត្តិដោយមិនមែនកម្មក៏មាន។

[៤៩] អនរិយវោហារ (វោហារមិនប្រសើរ) មាន៤គឺ ការពោលថា បានឃើញក្នុងហេតុដែលខ្លួនមិនបានឃើញ១ ការពោលថា បានឮក្នុងហេតុដែលខ្លួនមិនបានឮ១ ការពោលថា បានពាល់ត្រូវ ក្នុងហេតុដែលខ្លួនមិនបានពាល់ត្រូវ១ ការពោលថា ដឹងច្បាស់ ក្នុងហេតុដែលខ្លួនមិនបានដឹងច្បាស់១។ អរិយវោហារ (វោហារដ៏ប្រសើរ) មាន៤គឺ ការពោលថា មិនបានឃើញ ក្នុងហេតុដែលខ្លួនមិនបានឃើញ១ ការពោលថា មិនបានឮក្នុងហេតុដែលខ្លួនមិនបានឮ១ ការពោលថា មិនបានពាល់ត្រូវ ក្នុងហេតុដែលខ្លួនមិនបានពាល់ត្រូវ១ ការពោលថា មិនបានដឹងច្បាស់ ក្នុងហេតុដែលខ្លួនមិនបានដឹងច្បាស់១។ អនរិយវោហារមាន៤ដទៃទៀតគឺ ការពោលថា មិនបានឃើញ ក្នុងហេតុដែលខ្លួនបានឃើញ១ ការពោលថា មិនបានឮក្នុងហេតុដែលខ្លួនបានឮ១ ការពោលថា មិនបានពាល់ត្រូវ ក្នុងហេតុដែលខ្លួនពាល់ត្រូវ១ ការពោលថា មិនបានដឹងច្បាស់ ក្នុងហេតុដែលខ្លួនដឹងច្បាស់១។ អរិយវោហារមាន៤គឺ ការពោលថា បានឃើញ ក្នុងហេតុដែលខ្លួនបានឃើញ១ ការពោលថា បានឮក្នុងហេតុដែលខ្លួនបានឮ១ ការពោលថា បានពាល់ត្រូវ ក្នុងហេតុដែលខ្លួនបានពាល់ត្រូវ១ ការពោលថា បានដឹងច្បាស់ ក្នុងហេតុដែលខ្លួនបានដឹងច្បាស់១។ បារាជិកាបត្តិទាំង៤របស់ភិក្ខុ សាធារណ៍ទៅដល់ពួកភិក្ខុនីផង។ បារាជិកាបត្តិទាំង៤របស់ភិក្ខុនី មិនបានសាធារណ៍ទៅដល់ពួកភិក្ខុផងទេ។ បរិក្ខារ៤ គឺបរិក្ខាដែលភិក្ខុគួររក្សា គួរគ្រប់គ្រង គួរប្រកាន់ថាជារបស់អាត្មាអញ គួរប្រើប្រាស់ក៏មាន បរិក្ខារដែលភិក្ខុគួររក្សា គួរគ្រប់គ្រង មិនគួរប្រកាន់ថាជារបស់អាត្មាអញ តែគួរប្រើប្រាស់ក៏មាន បរិក្ខារដែលភិក្ខុគួររក្សា គួរគ្រប់គ្រង តែមិនគួរប្រកាន់ថាជារបស់អាត្មាអញ មិនគួរប្រើប្រាស់ក៏មាន បរិក្ខារដែលភិក្ខុមិនគួររក្សា មិនគួរគ្រប់គ្រង មិនគួរប្រកាន់ថាជារបស់អាត្មាអញ មិនគួរប្រើប្រាស់ក៏មាន។

[៥០] ភិក្ខុត្រូវអាបត្តិក្នុងទីចំពោះមុខ ចេញចាកអាបត្តិក្នុងទីកំបាំងមុខក៏មាន ត្រូវអាបត្តិក្នុងទីកំបាំងមុខ ចេញចាកអាបត្តិក្នុងទីចំពោះមុខក៏មាន ត្រូវអាបត្តិក្នុងទីចំពោះមុខ ចេញចាកអាបត្តិក្នុងទីចំពោះមុខក៏មាន ត្រូវអាបត្តិក្នុងទីកំបាំងមុខ ចេញចាកអាបត្តិក្នុងទីកំបាំងមុខក៏មាន។ ភិក្ខុកាលមិនដឹង ត្រូវអាបត្តិ កាលដឹង ចេញចាកអាបត្តិក៏មាន កាលដឹង ត្រូវអាបត្តិ កាលមិនដឹង ចេញចាកអាបត្តិក៏មាន កាលដឹង ត្រូវអាបត្តិ កាលដឹង ចេញចាកអាបត្តិក៏មាន កាលមិនដឹង ត្រូវអាបត្តិ កាលមិនដឹង ចេញចាកអាបត្តិក៏មាន។

[៥១] ភិក្ខុត្រូវអាបត្តិដោយអាការ៤យ៉ាងគឺ ត្រូវដោយកាយ១ ដោយវាចា១ ដោយកាយ និងវាចា១ ដោយកម្មវាចា១។ ភិក្ខុត្រូវអាបត្តិដោយអាការ៤យ៉ាងដទៃទៀត គឺ ត្រូវក្នុងកណ្តាលជំនុំសង្ឃ១ ក្នុងកណ្តាលគណៈ១ ក្នុងសំណាក់នៃបុគ្គល១ ដោយក្លាយភេទ១។ ភិក្ខុចេញចាកអាបត្តិដោយអាការ៤យ៉ាងគឺ ចេញចាកដោយកាយ១ ចេញចាកដោយវាចា១ ចេញចាកដោយកាយ និងវាចា១ ចេញចាកដោយកម្មវាចា១។ ភិក្ខុចេញចាកអាបត្តិដោយអាការ៤យ៉ាងដទៃទៀត គឺ ចេញចាកអាបត្តិក្នុងកណ្តាលជំនុំសង្ឃ១ ក្នុងកណ្តាលគណៈ១ ក្នុងសំណាក់នៃបុគ្គល១ ដោយក្លាយភេទ១។ ភិក្ខុលះបង់បុរិមភេទ (ភេទប្រុស) ព្រមទាំងការបានចំពោះភេទ (ថ្មី) ឋិតនៅក្នុងបច្ឆិមភេទ (ភេទស្រី) វិញ្ញត្តិទាំងឡាយក៏ស្ងប់រម្ងាប់ទៅ បណ្ណត្តិទាំងឡាយក៏រលត់បាត់ទៅ។ ភិក្ខុនីលះបង់បច្ឆិមភេទ ព្រមទាំងការបានចំពោះភេទ (ថ្មី) ឋិតនៅក្នុងបុរិមភេទ វិញ្ញត្តិទាំងឡាយ ក៏ស្ងប់រម្ងាប់បាត់ទៅ បណ្ណត្តិទាំងឡាយក៏រលត់ទៅ។ ការចោទមាន៤យ៉ាងគឺ ចោទដោយសីលវិបត្តិ១ ចោទដោយអាចារវិបត្តិ១ ចោទដោយទិដ្ឋិវិបត្តិ១ ចោទដោយអាជីវវិបត្តិ១។ បរិវាសមាន៤យ៉ាង គឺ បដិច្ឆន្នបរិវាស១ អប្បដិច្ឆន្នបរិវាស១ សុទ្ធន្តបរិវាស១ សមោធានបរិវាស១។ មានត្តមាន៤យ៉ាង គឺ បដិច្ឆន្នមានត្ត១ អប្បដិច្ឆន្នមានត្ត១ បក្ខមានត្ត១ សមោធានមានត្ត១។ ការដែលដាច់រាត្រីរបស់ភិក្ខុអ្នកប្រព្រឹត្តមានត្តមាន៤យ៉ាងគឺ ការនៅរួម១ ការមិននៅរួម១ ការមិនប្រាប់១ ប្រព្រឹត្តវត្ត ក្នុងទីមិនគ្រប់គណៈសង្ឃ១។ គ្រឿងអាង (មហាបទេស) មាន៤។ គ្រឿងបរិភោគដែលភិក្ខុទទួលប្រគេន មាន៤ គឺ យាវកាលិក១ យាមកាលិក១ សត្តាហកាលិក១ យាវជីវិក១។ ថ្នាំមហាវិក័ដ មាន៤យ៉ាង គឺ គូថៈ១ មូត្រ១ ផេះ១ ដី១។ កម្មមាន៤យ៉ាង គឺ អបលោកនកម្ម១ ញត្តិកម្ម១ ញត្តិទុតិយកម្ម១ ញត្តិចតុត្ថកម្ម១។ កម្មមាន៤យ៉ាងដទៃទៀត គឺ កម្មជាពួកមិនប្រកបដោយធម៌១ កម្មព្រមព្រៀងគ្នា មិនប្រកបដោយធម៌១ កម្មជាពួក តែប្រកបដោយធម៌១ កម្មព្រមព្រៀងគ្នា ទាំងប្រកបដោយធម៌១។ វិបត្តិមាន៤គឺ សិលវិបត្តិ១ អាចារវិបត្តិ១ ទិដ្ឋិវិបត្តិ១ អាជីវវិបត្តិ១។ អធិករណ៍ មាន៤គឺ វិវាទាធិករណ៍១ អនុវាទាធិករណ៍១ អាបត្តាធិករណ៍១ កិច្ចាធិករណ៍១។ អ្នកញុំាងបរិសទ្យឲ្យអាក្រក់ មាន៤គឺ ភិក្ខុទ្រុស្តសីលមានធម)ដ៏លាមក ចាត់ជាអ្នកញុំាងបរិសទ្យឲ្យអាក្រក់១ ភិក្ខុនីទ្រុស្តសីលមានធម៌ដ៏លាមក ចាត់ជាអ្នកញុំាងបរិសទ្យឲ្យអាក្រក់១ ឧបាសកទ្រុស្តសីល មានធម៌ដ៏លាមក ចាត់ជាអ្នកញុំាងបរិសទ្យឲ្យអាក្រក់១ ឧបាសិកាទ្រុស្តសីល មានធម៌ដ៏លាមក ចាត់ជាអ្នកញុំាងបរិសទ្យឲ្យអាក្រក់១។ អ្នកញុំាងបរិសទ្យឲ្យល្អមាន៤ គឺ ភិក្ខុមានសីល មានធម៌ល្អ ចាត់ជាអ្នកញុំាងបរិសទ្យឲ្យល្អ១ ភិក្ខុនីមានសីល មានធម៌ល្អ ចាត់ជាអ្នកញុំាងបរិសទ្យឲ្យល្អ១ ឧបាកសមានសីល មានធម៌ល្អ ចាត់ជាអ្នកញុំាងបរិសទ្យឲ្យល្អ១ ឧបាសិកាមានសីល មានធម៌ល្អ ចាត់ជាអ្នកញុំាងបរិសទ្យឲ្យល្អ១។

[៥២] អាគន្តុកភិក្ខុត្រូវអាបត្តិ អាវាសិកភិក្ខុ មិនត្រូវអាបត្តិក៏មាន អាវាសិកភិក្ខុត្រូវអាបត្តិ អាគន្តុកភិក្ខុ មិនត្រូវអាបត្តិក៏មាន ទាំងអាគន្តុកភិក្ខុ ទាំងអាវាសិកភិក្ខុ ត្រូវអាបត្តិក៏មាន ទាំងអាគន្តុកភិក្ខុ ទាំងអាវាសិកភិក្ខុ មិនត្រូវអាបត្តិក៏មាន។ គមិកភិក្ខុ ត្រូវអាបត្តិ អាវាសិកភិក្ខុ មិនត្រូវអាបត្តិក៏មាន អាវាសិកភិក្ខុ ត្រូវអាបត្តិ គមិកភិក្ខុ មិនត្រូវអាបត្តិក៏មាន ទាំងគមិកភិក្ខុ ទាំងអាវាសិកភិក្ខុ ត្រូវអាបត្តិក៏មាន ទាំងគមិកភិក្ខុ ទាំងអាវាសិកភិក្ខុ មិនត្រូវអាបត្តិក៏មាន។

[៥៣] សេចក្តីផ្សេងគ្នាដោយវត្ថុ តែមិនផ្សេងគ្នាដោយអាបត្តិក៏មាន ផ្សេងគ្នាដោយអាបត្តិ តែមិនផ្សេងគ្នាដោយវត្ថុក៏មាន ផ្សេងគ្នាដោយវត្ថុផង ផ្សេងគ្នាដោយអាបត្តិផងក៏មាន មិនផ្សេងគ្នាដោយវត្ថុ មិនផ្សេងគ្នាដោយអាបត្តិក៏មាន។ សភាវៈមានចំណែកស្មើគ្នាដោយវត្ថុ តែមិនមានចំណែកស្មើគ្នាដោយអាបត្តិក៏មាន មានចំណែកស្មើគ្នាដោយអាបត្តិ តែមិនមានចំណែកស្មើគ្នាដោយវត្ថុក៏មាន មានចំណែកស្មើគ្នាដោយវត្ថុ មានចំណែកស្មើគ្នាដោយអាបត្តិក៏មាន មិនមានចំណែកស្មើគ្នាដោយវត្ថុ មិនមានចំណែកស្មើគ្នាដោយអាបត្តិក៏មាន។

[៥៤] ឧបជ្ឈាយ៍ត្រូវអាបត្តិ សទ្ធិវិហារិកមិនត្រូវអាបត្តិក៏មាន សទ្ធិវិហារិកត្រូវអាបត្តិ ឧបជ្ឈាយ៍មិនត្រូវអាបត្តិក៏មាន ទាំងឧបជ្ឈាយ៍ ទាំងសទ្ធិវិហារិកត្រូវអាបត្តិក៏មាន ទាំងឧបជ្ឈាយ៍ ទាំងសទ្ធិវិហារិក មិនត្រូវអាបត្តិក៏មាន។ អាចារ្យត្រូវអាបត្តិ អន្តេវាសិកមិនត្រូវអាបត្តិក៏មាន អន្តេវាសិកត្រូវអាបត្តិ អាចារ្យមិនត្រូវអាបត្តិក៏មាន ទាំងអាចារ្យ ទាំងអន្តេវាសិកត្រូវអាបត្តិក៏មាន ទាំងអាចារ្យ ទាំងអន្តេវាសិកមិនត្រូវអាបត្តិក៏មាន។

[៥៥] ហេតុនៃការដាច់វស្សា តែមិនត្រូវអាបត្តិមាន៤យ៉ាង គឺ សង្ឃបែកគ្នា១ ភិក្ខុទាំងឡាយប្រាថ្នាទំលាយសង្ឃ១ មានអន្តរាយដល់ជីវិត១ មានអន្តរាយដល់ព្រហ្មចារ្យ១។ វចីទុច្ចរិតមាន៤យ៉ាងគឺ មុសាវាទ១ បិសុណាវាទ១ ផរុសវាទ១ សម្ផប្បលាបៈ១។ វចីសុចរិតមាន៤យ៉ាងគឺ សច្ចវាចា (និយាយពាក្យពិត)១ អបិសុណាវាចា (មិននិយាយពាក្យស៊កសៀត)១ សណ្ហវាចា (និយាយពាក្យពីរោះ)១ មត្តភាសា (និយាយពាក្យគួរដល់ប្រមាណ)១។

[៥៦] ភិក្ខុកាន់យកទ្រព្យគេដោយខ្លួនឯង ត្រូវគរុកាបត្តិ ប្រើគេឲ្យកាន់យក ត្រូវលហុកាបត្តិក៏មាន កាន់យកទ្រព្យគេដោយខ្លួនឯង ត្រូវលហុកាបត្តិ ប្រើគេឲ្យកាន់យក ត្រូវគរុកាបត្តិក៏មាន កាន់យកទ្រព្យគេដោយខ្លួនឯងក្តី ប្រើគេឲ្យកាន់យកក្តី ត្រូវគរុកាបត្តិក៏មាន កាន់យកទ្រព្យគេដោយខ្លួនឯងក្តី ប្រើគេឲ្យកាន់យកក្តី ត្រូវលហុកាបត្តិក៏មាន។ បុគ្គលគួរដល់ការអភិវាទ មិនគួរដល់ការក្រោកទទួលក៏មាន បុគ្គលគួរដល់ការក្រោកទទួល មិនគួរដល់ការអភិវាទក៏មាន បុគ្គលគួរដល់ការអភិវាទផង គួរដល់ការក្រោកទទួលផងក៏មាន បុគ្គលមិនគួរដល់ការអភិវាទ មិនគួរដល់ការក្រោកទទួលក៏មាន។ បុគ្គលគួរដល់អាសនៈ មិនគួរដល់ការអភិវាទក៏មាន បុគ្គលគួរដល់ការអភិវាទ មិនគួរដល់អាសនៈក៏មាន បុគ្គលគួរដល់អាសនៈផង គួរដល់ការអភិវាទផងក៏មាន បុគ្គលមិនគួរដល់អាសនៈ មិនគួរដល់ការអភិវាទក៏មាន។

[៥៧] ភិក្ខុត្រូវអាបត្តិតែក្នុងកាល មិនត្រូវក្នុងវិកាលក៏មាន ត្រូវអាបត្តិតែក្នុងវិកាល មិនត្រូវក្នុងកាលក៏មាន ត្រូវអាបត្តិទាំងក្នុងកាល ទាំងក្នុងវិកាលក៏មាន មិនត្រូវអាបត្តិទាំងក្នុងកាល ទាំងក្នុងវិកាលក៏មាន។ វត្ថុដែលភិក្ខុទទួលប្រគេនហើយ គួរតែក្នុងកាល មិនគួរក្នុងវិកាលក៏មាន វត្ថុដែលភិក្ខុទទួលប្រគេនហើយ គួរក្នុងវិកាល មិនគួរក្នុងកាលក៏មាន វត្ថុដែលភិក្ខុទទួលប្រគេនហើយ គួរក្នុងកាលផង គួរក្នុងវិកាលផងក៏មាន វត្ថុដែលភិក្ខុទទួលប្រគេនហើយ មិនគួរក្នុងកាល មិនគួរក្នុងវិកាលក៏មាន។ ភិក្ខុត្រូវអាបត្តិតែក្នុងបច្ចន្តិមជនបទ មិនត្រូវក្នុងមជ្ឈិមជនបទក៏មាន ត្រូវអាបត្តិតែក្នុងមជ្ឈិមជនបទ មិនត្រូវក្នុងបច្ចន្តិមជនបទក៏មាន ត្រូវអាបត្តិទាំងក្នុងបច្ចន្តិមជនបទ ទាំងក្នុងមជ្ឈិមជនបទក៏មាន មិនត្រូវអាបត្តិទាំងក្នុងបច្ចន្តិមជនបទ ទាំងក្នុងមជ្ឈិមជនបទក៏មាន។ វត្ថុគួរតែក្នុងបច្ចន្តិមជនបទ មិនគួរក្នុងមជ្ឈិមជនបទក៏មាន គួរតែក្នុងមជ្ឈិមជនបទ មិនគួរក្នុងបច្ចន្តិមជនបទក៏មាន គួរទាំងក្នុងបច្ចន្តិមជនបទ ទាំងក្នុងមជ្ឈិមជនបទក៏មាន មិនគួរទាំងក្នុងបច្ចន្តិមជនបទ មិនគួរទាំងក្នុងមជ្ឈិមជនបទក៏មាន។ ភិក្ខុនៅខាងក្នុង ត្រូវអាបត្តិ នៅខាងក្រៅ មិនត្រូវអាបត្តិក៏មាន នៅខាងក្រៅត្រូវអាបត្តិ នៅខាងក្នុងមិនត្រូវអាបត្តិក៏មាន នៅខាងក្នុងក៏ត្រូវអាបត្តិ នៅខាងក្រៅក៏ត្រូវអាបត្តិក៏មាន នៅខាងក្នុងក៏មិនត្រូវអាបត្តិ នៅខាងក្រៅក៏មិនត្រូវអាបត្តិក៏មាន។ ភិក្ខុនៅខាងក្នុងសីមា ត្រូវអាបត្តិ នៅខាងក្រៅសីមា មិនត្រូវអាបត្តិក៏មាន នៅខាងក្រៅសីមា ត្រូវអាបត្តិ នៅខាងក្នុងសីមាមិនត្រូវអាបត្តិក៏មាន នៅខាងក្នុងសីមាក៏ត្រូវអាបត្តិ នៅខាងក្រៅសីមាក៏ត្រូវអាបត្តិក៏មាន នៅខាងក្នុងសីមាក៏មិនត្រូវអាបត្តិ នៅខាងក្រៅសីមាក៏មិនត្រូវអាបត្តិ។ ភិក្ខុនៅក្នុងស្រុកត្រូវអាបត្តិ នៅក្នុងព្រៃមិនត្រូវអាបត្តិក៏មាន នៅក្នុងព្រៃត្រូវអាបត្តិ នៅក្នុងស្រុកមិនត្រូវអាបត្តិក៏មាន នៅក្នុងស្រុកក៏ត្រូវអាបត្តិ នៅក្នុងព្រៃក៏ត្រូវអាបត្តិក៏មាន នៅក្នុងស្រុកក៏មិនត្រូវអាបត្តិ នៅក្នុងព្រៃក៏មិនត្រូវអាបត្តិក៏មាន។

[៥៨] ការចោទមាន៤យ៉ាង គឺចង្អុរចំពោះវត្ថុ១ ចង្អុរចំពោះអាបត្តិ១ ឃាត់សំវាស១ ឃាត់សាមីចិកម្ម១។ បុព្វកិច្ចមាន៤យ៉ាង។ កម្មមានកាលដ៏គួរមាន៤។ អនញ្ញបាចិត្តិយៈមាន៤។ ភិក្ខុសម្មតិមាន៤។ ការលុះអគតិមាន៤គឺ លុះទៅខាងឆន្ទាគតិ១ លុះទៅខាងទោសាគតិ១ លុះទៅខាងមោហាគតិ១ លុះទៅខាងភយាគតិ១។ ការមិនលុះអគតិមាន៤គឺ មិនលុះទៅខាងឆន្ទាគតិ១ មិនលុះទៅខាងទោសាគតិ១ មិនលុះទៅខាងមោហាគតិ១ មិនលុះទៅខាងភយាគតិ១។ អលជ្ជីភិក្ខុ ដែលប្រកបដោយអង្គ៤គឺ លុះទៅខាងឆន្ទាគតិ១ លុះទៅខាងទោសាគតិ១ លុះទៅខាងមោហាគតិ១ លុះទៅខាងភយាគតិ១ រមែងទំលាយនូវសង្ឃ។ ភិក្ខុមានសីលជាទីស្រឡាញ់ ប្រកបដោយអង្គ៤គឺ មិនលុះទៅខាងឆន្ទាគតិ១ មិនលុះទៅខាងទោសាគតិ១ មិនលុះទៅខាងមោហាគតិ១ មិនលុះទៅខាងភយាគតិ១ រមែងធ្វើសង្ឃដែលបែកគ្នាហើយ ឲ្យព្រមព្រៀងគ្នាវិញ។ ភិក្ខុមិនគួរសួរវិន័យចំពោះភិក្ខុដែលប្រកបដោយអង្គ៤គឺ ភិក្ខុលុះទៅខាងឆន្ទាគតិ១ លុះទៅខាងទោសាគតិ១ លុះទៅខាងមោហាគតិ១ លុះទៅខាងភយាគតិ១។ ភិក្ខុដែលប្រកបដោយអង្គ៤គឺ ភិក្ខុលុះទៅខាងឆន្ទាគតិ១ លុះទៅខាងទោសាគតិ១ លុះទៅខាងមោហាគតិ១ លុះទៅខាងភយាគតិ១ ក៏មិនគួរសួរវិន័យឡើយ។ ភិក្ខុមិនគួរដោះស្រាយវិន័យ ចំពោះភិក្ខុដែលប្រកបដោយអង្គ៤គឺ ភិក្ខុលុះទៅខាងឆន្ទាគតិ១ លុះទៅខាងទោសាគតិ១ លុះទៅខាងមោហាគតិ១ លុះទៅខាងភយាគតិ១។ ភិក្ខុដែលប្រកបដោយអង្គ៤គឺ ភិក្ខុលុះទៅខាងឆន្ទាគតិ១ លុះទៅខាងទោសាគតិ១ លុះទៅខាងមោហាគតិ១ លុះទៅខាងភយាគតិ១ ក៏មិនត្រូវដោះស្រាយវិន័យ។ ភិក្ខុមិនត្រូវឲ្យការសាកសួរ ចំពោះភិក្ខុដែលប្រកបដោយអង្គ៤ គឺ ភិក្ខុលុះទៅខាងឆន្ទាគតិ១ លុះទៅខាងទោសាគតិ១ លុះទៅខាងមោហាគតិ១ លុះទៅខាងភយាគតិ១។ ភិក្ខុមិនត្រូវសាកច្ឆាវិន័យជាមួយនឹងភិក្ខុ ដែលប្រកបដោយអង្គ៤គឺ ភិក្ខុលុះទៅខាងឆន្ទាគតិ១ លុះទៅខាងទោសាគតិ១ លុះទៅខាងមោហាគតិ១ លុះទៅខាងភយាគតិ១។

[៥៩] ភិក្ខុឈឺត្រូវអាបត្តិ មិនឈឺមិនត្រូវអាបត្តិក៏មាន មិនឈឺ ត្រូវអាបត្តិ ឈឺ មិនត្រូវអាបត្តិក៏មាន ឈឺត្រូវអាបត្តិ មិនឈឺក៏ត្រូវអាបត្តិក៏មាន ឈឺមិនត្រូវអាបត្តិ មិនឈឺមិនត្រូវអាបត្តិក៏មាន។

[៦០] ការបញ្ឈប់នូវបាតិមោក្ខ មិនប្រកបដោយធម៌មាន៤យ៉ាង។ ការបញ្ឈប់នូវបាតិមោក្ខ ប្រកបដោយធម៌មាន៤យ៉ាង។

ចប់ ចតុក្កៈ (ពួកបួនៗ)។

ឧទ្ទាន គឺបញ្ជីរឿងនៃចតុក្កៈ (ពួកបួនៗ) នោះដូច្នេះ

[៦១]

ភិក្ខុត្រូវអាបត្តិដោយវាចារបស់ខ្លួន១ ដោយកាយ១ ដេកលក់ត្រូវអាបត្តិ១ មិនមានចិត្តក្លែងត្រូវអាបត្តិ១ ត្រូវអាបត្តិកំពុងសំដែងអាបត្តិ១ ត្រូវអាបត្តិដោយកម្ម១ អនរិយវោហារមាន៤យ៉ាង១ អរិយវោហារមាន៤យ៉ាងដូចគ្នា១ បារាជិក៤របស់ភិក្ខុទួទៅទាំងពួកភិក្ខុ ទាំងពួកភិក្ខុនី១ ភិក្ខុគួររក្សាបរិក្ខារទុក១ នៅក្នុងទីចំពោះមុខ ត្រូវអាបត្តិ១ ភិក្ខុមិនដឹង ត្រូវអាបត្តិ១ ត្រូវអាបត្តិដោយកាយ១ ត្រូវអាបត្តិក្នុងកណ្តាលជំនុំសង្ឃ១ ចេញចាកអាបត្តិដោយអាការ៤យ៉ាង មាន២លើក១ លះបង់បុរិមភេទ ព្រមទាំងការបានភេទថ្មី១ ការចោទ១ បរិវាស១ ភិក្ខុប្រព្រឹត្តមានត្ត១ គ្រឿងអាង១ គ្រឿងបរិភោគដែលភិក្ខុទទួលប្រគេន១ ថ្នាំមហាវិក័ដ១ កម្ម៤យ៉ាងដទៃទៀត១ វិបត្តិ១ អធិករណ៍១ បុគ្គលអ្នកញុំាងបរិសទ្យឲ្យអាក្រក់១ ភិក្ខុញុំាងបរិសទ្យឲ្យល្អ១ អាគន្តុកភិក្ខុត្រូវអាបត្តិ១ គមិកភិក្ខុត្រូវអាបត្តិ១ សភាវៈផ្សេងគ្នាដោយវត្ថុ១ សភាវៈស្មើគ្នាដោយវត្ថុ១ ឧបជ្ឈាយ៍ត្រូវអាបត្តិ១ អាចារ្យត្រូវអាបត្តិ១ ហេតុនៃការដាច់វស្សា តែមិនត្រូវអាបត្តិ១ ទុច្ចរិត១ សុចរិត១ ភិក្ខុកាន់យកទ្រព្យគេ ត្រូវអាបត្តិ១ បុគ្គលគួរដល់ការអភិវាទ១ បុគ្គលគួរដល់អាសនៈ១ វត្ថុដែលភិក្ខុទទួលប្រគេន គួរក្នុងកាល១ ភិក្ខុត្រូវអាបត្តិតែក្នុងបច្ចន្តិមជនបទ១ វត្ថុដែលគួរតែក្នុងបច្ចន្តិមជនបទ១ ត្រូវអាបត្តិតែក្នុងខាងក្នុង១ ត្រូវអាបត្តិតែក្នុងសីមា១ ត្រូវអាបត្តិតែក្នុងស្រុក១ ការចោទ១ បុព្វកិច្ច១ កម្មមានកាលដ៏គួរ១ អនញ្ញបាចិត្តិយៈ១ សម្មតិ១ អគតិ១ មិនគួរដល់នូវអគតិ១ អលជ្ជីភិក្ខុ១ ភិក្ខុមានសីលជាទីស្រឡាញ់១ ភិក្ខុមិនគួរសួរវិន័យចំពោះភិក្ខុ២ពួក១ មិនគួរដោះស្រាយវិន័យ ចំពោះភិក្ខុ២ពួកដូចគ្នា១ ភិក្ខុមិនត្រូវឲ្យការសាកសួរ១ មិនត្រូវសាកច្ឆា១ ភិក្ខុឈឺត្រូវអាបត្តិ១ ការបញ្ឈប់បាតិមោក្ខ១។

(បញ្ចកវារៈ ទី៥)

(៥. បញ្ចកវារោ)

[៦២] អាបត្តិមាន៥យ៉ាង។ កងនៃអាបត្តិមាន៥យ៉ាង។ វិនីតវត្ថុ (វត្ថុដែលព្រះមានព្រះភាគបានជម្រះហើយ) មាន៥យ៉ាង។ អនន្តរិកកម្ម (កម្មដែលឲ្យផលក្នុងអត្តភាពជាបន្ទាប់) មាន៥យ៉ាង។ និយតបុគ្គល (បុគ្គលដែលទៀត) មាន៥ពួក។ ឆេទនកាបត្តិ (អាបត្តិដែលមានការកាត់ជាវិនយកម្ម) មាន៥យ៉ាង។ ភិក្ខុត្រូវអាបត្តិដោយអាការ៥យ៉ាង។ អាបត្តិ៥យ៉ាង មានមុសាវាទជាបច្ច័យ។ ភិក្ខុមិនគួរដល់សង្ឃកម្មដោយអាការ៥យ៉ាង គឺ មិនធ្វើកម្មដោយខ្លួនឯង១ មិនអារាធនាភិក្ខុឯទៀត១ មិនឲ្យឆន្ទៈ១ មិនឲ្យបារិសុទ្ធិ១ ហាមឃាត់កម្មដែលសង្ឃកំពុងធ្វើ ឬមានសេចក្តីយល់ឃើញថា មិនត្រូវតាមធម៌ក្នុងកម្មដែលសង្ឃបានធ្វើរួចហើយ១។ ភិក្ខុគួរដល់កម្មដោយអាការ៥យ៉ាង គឺភិក្ខុធ្វើកម្មដោយខ្លួនឯង១ អារាធនាភិក្ខុឯទៀត១ ឲ្យឆន្ទៈ១ ឲ្យបារិសុទ្ធិ១ មិនហាមឃាត់កម្មដែលសង្ឃកំពុងធ្វើ ឬមានសេចក្តីយល់ឃើញថា ត្រូវតាមធម៌ក្នុងកម្មដែលសង្ឃបានធ្វើរួចហើយ១។ ធម៌៥យ៉ាង តែងសម្រេចដល់ភិក្ខុជាអ្នកប្រព្រឹត្តបិណ្ឌបាតិកធុតង្គ គឺត្រាច់ទៅក្នុងត្រកូល ដោយមិនបាច់លាភិក្ខុផងគ្នា១ ឆាន់គណភោជនបាន១ ឆាន់បរម្បរភោជនបាន១ មិនអធិដ្ឋានចីវរក៏បាន១ មិនវិកប្បចីវរក៏បាន១។ ភិក្ខុដែលប្រកបដោយអង្គ៥ ទុកជាភិក្ខុបាប ឬជាភិក្ខុមានធម៌មិនបានកម្រើក ក៏គួរឲ្យគេរង្កៀសសង្ស័យបាន គឺការត្រាច់ទៅក្នុងលំនៅស្រីផ្កាមាស១ ការត្រាច់ទៅក្នុងលំនៅស្រីមេម៉ាយ១ ការត្រាច់ទៅក្នុងលំនៅស្រីក្រមុំចាស់១ ការត្រាច់ទៅក្នុងលំនៅមនុស្សខ្ទើយ១ ការត្រាច់ទៅក្នុងលំនៅភិក្ខុនី១។ ប្រេងមាន៥យ៉ាង គឺប្រេងល្ង១ ប្រេងស្ពៃ១ ប្រេងស្រគំ១ ប្រេងល្ហុងខ្ញែ១ ប្រេងខ្លាញ់១។ ខ្លាញ់មាន៥យ៉ាងគឺ ខ្លាញ់ខ្លាឃ្មុំ១ ខ្លាញ់ត្រី១ ខ្លាញ់ឆ្លាម១ ខ្លាញ់ជ្រូក១ ខ្លាញ់លា១។ សេចក្តីវិនាស៥យ៉ាងគឺ វិនាសញាតិ១ វិនាសភោគៈ១ វិនាសព្រោះរោគ១ វិនាសសីល១ វិនាសព្រោះទិដ្ឋិ១។ សេចក្តីបរិបូណ៌មាន៥យ៉ាង គឺបរិបូណ៌ដោយញាតិ១ បរិបូណ៌ដោយភោគៈ១ បរិបូណ៌ដោយសេចក្តីមិនមានរោគ១ បរិបូណ៌ដោយសីល១ បរិបូណ៌ដោយទិដ្ឋិ១។ ការរម្ងាប់និស្ស័យចាកឧបជ្ឈាយ៍មាន៥យ៉ាង គឺឧបជ្ឈាយ៍ចៀសចេញទៅ១ សឹកចេញទៅ១ ស្លាប់ទៅ១ ទៅចូលពួក (តិរ្ថីយ)១ ឧបជ្ឈាយ៍បណ្តេញចាកនិស្ស័យ១ ជាគំរប់៥។ បុគ្គលដែលមិនគួរឲ្យឧបសម្បទា មាន៥ពួក គឺបុគ្គលខ្វះខាតកាល (មានឆ្នាំមិនគ្រប់ម្ភៃ)១ បុគ្គលខ្វះខាតអវយវៈ (មានដាច់ដៃជាដើម)១ បុគ្គលជាវត្ថុវិបត្តិ (មានខ្ទើយជាដើម)១ បុគ្គលធ្វើអំពើអាក្រក់ បានដល់អភព្វបុគ្គល៨យ៉ាង (មានថេយ្យសំវាសជាដើម)១ បុគ្គលមានបាត្រ និងចីវរមិនគ្រប់១។ សំពត់បំសុកូល មាន៥យ៉ាង គឺសំពត់ដែលធ្លាក់ចុះក្នុងព្រៃស្មសាន១ សំពត់ដែលធ្លាក់ចុះទៀបរានផ្សារ១ សំពត់ដែលកណ្តុរកាត់១ សំពត់ដែលកណ្តៀរកោរ១ សំពត់ដែលភ្លើងឆេះ១។ សំពត់បំសុកូលមាន៥យ៉ាងដទៃទៀតគឺ សំពត់ដែលគោទំពាស៊ី១ សំពត់ដែលពពែទំពាស៊ី១ សំពត់ដែលគេរុំដំបូកធ្វើពលិកម្ម១ សំពត់ដែលគេចោលត្រង់កន្លែងអភិសេកស្តេច១ សំពត់ដែលគេទៅកាន់ព្រៃស្មសាន លុះត្រឡប់មកវិញហើយ គេផ្លាស់ចោល១។ ការលួចមាន៥យ៉ាងគឺ លួចដោយបញ្ឆោត១ លួចដោយកំហែង១ លួចដោយកំណត់ទ្រព្យ និងទីកន្លែង១ លួចដោយបំបិទបំបាំង១ លួចដោយផ្លាស់ប្តូរស្លាក១។ មហាចោរ៥ពួក រមែងមាននៅក្នុងលោក។ វត្ថុដែលភិក្ខុមិនគួរលះបង់មាន៥ពួក។ វត្ថុដែលភិក្ខុមិនគួរចែក មាន៥ពួក។ អាបត្តិ៥យ៉ាង តាំងឡើងអំពីកាយ មិនបានតាំងឡើងអំពីវាចា និងចិត្ត។ អាបត្តិ៥យ៉ាង តាំងឡើងអំពីកាយ និងវាចា មិនបានតាំងឡើងអំពីចិត្ត។ អាបត្តិ៥កង ជាទេសនាគាមិនី។ សង្ឃមាន៥ពួក។ បាតិមោក្ខុទ្ទេសមាន៥យ៉ាង។ គណសង្ឃមានវិនយធរជាគំរប់៥ គួរឲ្យឧបសម្បទាក្នុងបច្ចន្តិមជនបទទាំងពួង។ អានិសង្សក្នុងការក្រាលកឋិន មាន៥យ៉ាង។ កម្មមាន៥យ៉ាង។ អាបត្តិ៥យ៉ាង ត្រូវក្នុងខណៈដែលសង្ឃសូត្រសមនុភាសនកម្ម ជាគំរប់៣ដងចប់។ ភិក្ខុកាន់យកទ្រព្យដែលគេមិនបានឲ្យដោយអាការ៥យ៉ាង ត្រូវអាបត្តិបារាជិក។ ភិក្ខុកាន់យកទ្រព្យដែលគេមិនបានឲ្យដោយអាការ៥យ៉ាង ត្រូវអាបត្តិថុល្លច្ច័យ។ ភិក្ខុកាន់យកទ្រព្យដែលគេមិនបានឲ្យដោយអាការ៥យ៉ាង ត្រូវអាបត្តិទុក្កដ។ របស់ដែលជាអកប្បិយៈ មាន៥យ៉ាង ភិក្ខុមិនគួរឆាន់ គឺរបស់ដែលគេមិនបានឲ្យ១ របស់ដែលភិក្ខុមិនស្គាល់ជាក់លាក់១ របស់ដែលមិនគួរ១ របស់ដែលមិនបានទទួលប្រគេន១ របស់ដែលភិក្ខុមិនបានធ្វើវិនយកម្ម១។ របស់ដែលជាកប្បិយៈ មាន៥យ៉ាង ភិក្ខុគួរឆាន់ គឺរបស់ដែលគេបានឲ្យ១ របស់ដែលភិក្ខុស្គាល់ជាក់លាក់១ របស់ដែលគួរ១ របស់ដែលបានទទួលប្រគេន១ របស់ដែលភិក្ខុបានធ្វើវិនយកម្ម១។ ទាន៥យ៉ាង មិនមែនជាបុណ្យទេ តែសត្វលោកសន្មតថាជាបុណ្យ គឺឲ្យទឹកស្រវឹង១ ឲ្យមហោស្រព១ ឲ្យស្រី (ដល់បុរស)១ ឲ្យគោឈ្មោល (ដល់គោញី)១ ឲ្យរូបគំនូរ (ដែលប្រកបដោយមេថុន)១។ សភាវៈ៥យ៉ាង ដែលកើតឡើងហើយ មិនងាយនឹងបន្ទោបង់ចេញបានគឺ រាគៈកើតឡើងហើយ មិនងាយនឹងបន្ទោបង់ចេញបាន១ ទោសៈកើតឡើងហើយ មិនងាយនឹងបន្ទោបង់ចេញបាន១ មោហៈកើតឡើងហើយ មិនងាយនឹងបន្ទោបង់ចេញបាន១ បដិភាណ (សេចក្តីឈ្លាស) កើតឡើងហើយ មិនងាយនឹងបន្ទោបង់ចេញបាន១ ចិត្តរបស់បុគ្គលដែលប្រាថ្នានឹងដើរចេញទៅ កើតឡើងហើយ មិនងាយនឹងបន្ទោបង់ចេញបាន១។ អានិសង្សការបោសមាន៥យ៉ាង គឺចិត្តរបស់ខ្លួនក៏ជ្រះថ្លា១ ចិត្តរបស់អ្នកដទៃក៏ជ្រះថ្លា១ ពួកទេវតាតែងពេញចិត្ត១ អ្នកបោសរមែងសន្សំនូវការដែលប្រព្រឹត្តទៅ ដើម្បីសេចក្តីជ្រះថ្លា១ លុះដល់បែកធ្លាយរាងកាយ ខាងមុខអំពីសេចក្តីស្លាប់ ក៏រមែងទៅកើតក្នុងសុគតិ សួគ៌ ទេវលោក១។ អានិសង្សការបោសមាន៥យ៉ាងដទៃទៀត គឺចិត្តរបស់ខ្លួនជ្រះថ្លា១ ចិត្តរបស់អ្នកដទៃក៏ជ្រះថ្លា១ ពួកទេវតាតែងពេញចិត្ត១ ឈ្មោះថាធ្វើតាមសាសនារបស់ព្រះសាស្តា១ ប្រជុំជនជាខាងក្រោយនឹងយកតម្រាប់តាម១។

[៦៣] វិន័យធរដែលប្រកបដោយអង្គ៥ ដល់នូវការរាប់ថាជាបុគ្គលពាល គឺមិនរៀនទីកំណត់ភាសារបស់ខ្លួន១ មិនរៀនទីកំណត់ភាសារបស់ជនដទៃ១ លុះមិនរៀនទីកំណត់ភាសារបស់ខ្លួនហើយ ក៏កាត់សេចក្តីដោយមិនត្រូវតាមធម៌១ លុះមិនរៀនទីកំណត់ភាសារបស់ជនដទៃហើយ ក៏កាត់សេចក្តីដោយមិនត្រូវតាមធម៌១ កាត់សេចក្តីមិនត្រូវតាមពាក្យប្តេជ្ញា១។ វិនយធរ ដែលប្រកបដោយអង្គ៥ ដល់នូវការរាប់ថា ជាបណ្ឌិត គឺរៀនទីកំណត់ភាសារបស់ខ្លួន១ រៀនទីកំណត់ភាសារបស់ជនដទៃ១ លុះរៀនទីកំណត់ភាសារបស់ខ្លួនហើយ ទើបកាត់សេចក្តីដោយត្រូវតាមធម៌១ លុះរៀនទីកំណត់ភាសារបស់ជនដទៃហើយ ទើបកាត់សេចក្តីដោយត្រូវតាមធម៌១ កាត់សេចក្តីត្រូវតាមពាក្យប្តេជ្ញា១។ វិនយធរប្រកបដោយអង្គ៥ដទៃទៀត ដល់នូវការរាប់ថាជាបុគ្គលពាល គឺមិនស្គាល់អាបត្តិ១ មិនស្គាល់មូលរបស់អាបត្តិ១ មិនស្គាល់ហេតុដែលកើតអាបត្តិ១ មិនស្គាល់សេចក្តីរលត់អាបត្តិ១ មិនស្គាល់បដិបទាឲ្យដល់នូវសេចក្តីរលត់អាបត្តិ១។ វិនយធរប្រកបដោយអង្គ៥ ដល់នូវការរាប់ថាជាបណ្ឌិត គឺស្គាល់អាបត្តិ១ ស្គាល់មូលរបស់អាបត្តិ១ ស្គាល់ហេតុដែលកើតអាបត្តិ១ ស្គាល់សេចក្តីរលត់អាបត្តិ១ ស្គាល់បដិបទាឲ្យដល់នូវសេចក្តីរលត់អាបត្តិ១។ វិនយធរប្រកបដោយអង្គ៥ដទៃទៀត ដល់នូវការរាប់ថាជាបុគ្គលពាល គឺមិនស្គាល់អធិករណ៍១ មិនស្គាល់មូលរបស់អធិករណ៍១ មិនស្គាល់ហេតុដែលកើតអធិករណ៍១ មិនស្គាល់សេចក្តីរលត់អធិករណ៍១ មិនស្គាល់បដិបទាឲ្យដល់នូវសេចក្តីរលត់អធិករណ៍១។ វិនយធរប្រកបដោយអង្គ៥ ដល់នូវការរាប់ថាជាបណ្ឌិត គឺស្គាល់អធិករណ៍១ ស្គាល់មូលរបស់អធិករណ៍១ ស្គាល់ហេតុដែលកើតអធិករណ៍១ ស្គាល់សេចក្តីរលត់អធិករណ៍១ ស្គាល់បដិបទាឲ្យដល់នូវសេចក្តីរលត់អធិករណ៍១។ វិនយធរប្រកបដោយអង្គ៥ដទៃទៀត ដល់នូវការរាប់ថាជាបុគ្គលពាល គឺមិនស្គាល់វត្ថុ១ មិនស្គាល់និទាន១ មិនស្គាល់បញ្ញត្តិ១ មិនស្គាល់អនុប្បញ្ញត្តិ១ មិនស្គាល់គន្លងនៃពាក្យដែលតគ្នា១។ វិនយធរដែលប្រកបដោយអង្គ៥ ដល់នូវការរាប់ថាជាបណ្ឌិត គឺស្គាល់វត្ថុ១ ស្គាល់និទាន១ ស្គាល់បញ្ញត្តិ១ ស្គាល់អនុប្បញ្ញត្តិ១ ស្គាល់គន្លងនៃពាក្យដែលតគ្នា១។ វិនយធរដែលប្រកបដោយអង្គ៥ដទៃទៀត ដល់នូវការរាប់ថាជាបុគ្គលពាល គឺមិនស្គាល់ញត្តិ១ មិនស្គាល់កិរិយាធ្វើញត្តិ១ មិនឈ្លាសក្នុងកិច្ចខាងដើម១ មិនឈ្លាសក្នុងកិច្ចខាងចុង១ មិនស្គាល់កាលគួរ១។ វិនយធរដែលប្រកបដោយអង្គ៥ ដល់នូវការរាប់ថាជាបណ្ឌិត គឺស្គាល់ញត្តិ១ ស្គាល់កិរិយាធ្វើញត្តិ១ ឈ្លាសក្នុងកិច្ចខាងដើម១ ឈ្លាសក្នុងកិច្ចខាងចុង១ ស្គាល់កាលគួរ១។ វិនយធរដែលប្រកបដោយអង្គ៥ដទៃទៀត ដល់នូវការរាប់ថាជាបុគ្គលពាល គឺមិនស្គាល់អាបត្តិ និងអនាបត្តិ១ មិនស្គាល់លហុកាបត្តិ និងគរុកាបត្តិ១ មិនស្គាល់សាវសេសាបត្តិ និងអនវសេសាបត្តិ១ មិនស្គាល់ទុដ្ឋុល្លាបត្តិ និងអទុដ្ឋុល្លាបត្តិ១ វិន័យធរនោះ មិនរៀនតំណអាចារ្យ ហើយនិងមិនយកចិត្តទុកដាក់ មិនពិចារណាដោយល្អ១។ វិនយធរដែលប្រកបដោយអង្គ៥ ដល់នូវការរាប់ថាជាបណ្ឌិត គឺស្គាល់អាបត្តិ និងអនាបត្តិ១ ស្គាល់លហុកាបត្តិ និងគរុកាបត្តិ១ ស្គាល់សាវសេសាបត្តិ និងអនវសេសាបត្តិ១ មិនស្គាល់ទុដ្ឋុល្លាបត្តិ និងអទុដ្ឋុល្លាបត្តិ១ វិន័យធរនោះ បានរៀនតំណអាចារ្យ ហើយនិងយកចិត្តទុកដាក់ ពិចារណាដោយល្អ១។ វិនយធរដែលប្រកបដោយអង្គ៥ដទៃទៀត ដល់នូវការរាប់ថាជាបុគ្គលពាល គឺមិនស្គាល់អាបត្តិ និងអនាបត្តិ១ មិនស្គាល់លហុកាបត្តិ និងគរុកាបត្តិ១ មិនស្គាល់សាវសេសាបត្តិ និងអនវសេសាបត្តិ១ មិនស្គាល់ទុដ្ឋុល្លាបត្តិ និងអទុដ្ឋុល្លាបត្តិ១ វិន័យធរនោះ មិនបានចេះចាំបាតិមោក្ខទាំងពីរយ៉ាងដោយពិស្តារ មិនចេះចែកបទភាជនៈដោយប្រពៃ មិនបានចាំស្ទាត់រត់មាត់ដោយប្រពៃ មិនចេះកាត់សេចក្តីដោយប្រពៃ តាមសុត្តៈ គឺខន្ធកៈ និងបរិវារៈ តាមអនុព្យញ្ជន គឺអក្ខរៈ និងបទ១។ វិនយធរដែលប្រកបដោយអង្គ៥ ដល់នូវការរាប់ថាជាបណ្ឌិត គឺស្គាល់អាបត្តិ និងអនាបត្តិ១ ស្គាល់លហុកាបត្តិ និងគរុកាបត្តិ១ ស្គាល់សាវសេសាបត្តិ និងអនវសេសាបត្តិ១ ស្គាល់ទុដ្ឋុល្លាបត្តិ និងអទុដ្ឋុល្លាបត្តិ១ វិន័យធរនោះ បានចេះចាំបាតិមោក្ខទាំងពីរយ៉ាងដោយពិស្តារ ចេះចែកបទភាជនៈដោយប្រពៃ បានចាំស្ទាត់រត់មាត់ដោយប្រពៃ ចេះកាត់សេចក្តីដោយប្រពៃ តាមសុត្តៈ តាមអនុព្យញ្ជន១។ វិនយធរដែលប្រកបដោយអង្គ៥ដទៃទៀត ដល់នូវការរាប់ថាជាបុគ្គលពាល គឺមិនស្គាល់អាបត្តិ និងអនាបត្តិ១ មិនស្គាល់លហុកាបត្តិ និងគរុកាបត្តិ១ មិនស្គាល់សាវសេសាបត្តិ និងអនវសេសាបត្តិ១ មិនស្គាល់ទុដ្ឋុល្លាបត្តិ និងអទុដ្ឋុល្លាបត្តិ១ ជាអ្នកមិនឈ្លាសក្នុងការកាត់សេចក្តីក្នុងអធិករណ៍១។ វិនយធរដែលប្រកបដោយអង្គ៥ ដល់នូវការរាប់ថាជាបណ្ឌិត គឺស្គាល់អាបត្តិ និងអនាបត្តិ១ ស្គាល់លហុកាបត្តិ និងគរុកាបត្តិ១ ស្គាល់សាវសេសាបត្តិ និងអនវសេសាបត្តិ១ ស្គាល់ទុដ្ឋុល្លាបត្តិ និងអទុដ្ឋុល្លាបត្តិ១ ជាអ្នកឈ្លាសក្នុងការកាត់សេចក្តីក្នុងអធិករណ៍១។

[៦៤] ភិក្ខុអ្នកប្រព្រឹត្តអារញ្ញកធុតង្គ (ភិក្ខុអ្នកនៅក្នុងព្រៃជាវត្ត) មាន៥ពួក គឺភិក្ខុប្រព្រឹត្តអារញ្ញកធុតង្គ ដោយសេចក្តីល្ងង់ សេចក្តីវង្វេង១ ភិក្ខុប្រព្រឹត្តអារញ្ញកធុតង្គ មានសេចក្តីប្រាថ្នាលាមកជ្រុលជ្រប់ ដោយសេចក្តីប្រាថ្នា១ ភិក្ខុប្រព្រឹត្តអារញ្ញកធុតង្គ ព្រោះសេចក្តីឆ្កួត និងអណ្តែតអណ្តូងចិត្ត១ ភិក្ខុប្រព្រឹត្តអារញ្ញកធុតង្គដោយគិតថា ភិក្ខុអ្នកប្រព្រឹត្តអារញ្ញកធុតង្គ ព្រះពុទ្ធ និងពុទ្ធសាវ័កតែងសរសើរ១ ម្យ៉ាងទៀត ភិក្ខុប្រព្រឹត្តអារញ្ញកធុតង្គ ព្រោះអាស្រ័យសេចក្តីប្រាថ្នាតិចផង អាស្រ័យសេចក្តីសន្តោសផង អាស្រ័យការដុសខាត់ចិត្តផង អាស្រ័យសេចក្តីស្ងាត់កាយ ស្ងាត់ចិត្តផង អាស្រ័យសេចក្តីប្រតិបត្តិ ដែលមានប្រយោជន៍ផង១។ ភិក្ខុអ្នកប្រព្រឹត្តបិណ្ឌបាតិកធុតង្គមាន៥ពួក។ ភិក្ខុអ្នកប្រព្រឹត្តបំសុកូលិកធុតង្គមាន៥ពួក។ ភិក្ខុអ្នកប្រព្រឹត្តរុក្ខមូលិកធុតង្គ មាន៥ពួក។ ភិក្ខុអ្នកប្រព្រឹត្តសោសានិកធុតង្គ មាន៥ពួក។ ភិក្ខុអ្នកប្រព្រឹត្តអព្ភោកាសិកធុតង្គ មាន៥ពួក។ ភិក្ខុអ្នកប្រព្រឹត្តតេចីវរិកធុតង្គ មាន៥ពួក។ ភិក្ខុអ្នកប្រព្រឹត្តសបទានចារិកធុតង្គ មាន៥ពួក។ ភិក្ខុអ្នកប្រព្រឹត្តនេសជ្ជិកធុតង្គ មាន៥ពួក។ ភិក្ខុអ្នកប្រព្រឹត្តយថាសន្ថតិកធុតង្គ មាន៥ពួក។ ភិក្ខុអ្នកប្រព្រឹត្តឯកាសនិកធុតង្គ មាន៥ពួក។ ភិក្ខុអ្នកប្រព្រឹត្តខលុបច្ឆាភត្តិកធុតង្គ មាន៥ពួក។ ភិក្ខុអ្នកប្រព្រឹត្តបត្តបិណ្ឌិកធុតង្គ មាន៥ពួក គឺភិក្ខុអ្នកប្រព្រឹត្តបិណ្ឌិកធុតង្គ ដោយសេចក្តីល្ងង់ សេចក្តីវង្វេង១ ភិក្ខុអ្នកប្រព្រឹត្តបត្តបិណ្ឌិកធុតង្គ មានសេចក្តីប្រាថ្នាលាមកជ្រុលជ្រប់ ដោយសេចក្តីប្រាថ្នា១ ភិក្ខុអ្នកប្រព្រឹត្តបត្តបិណ្ឌិកធុតង្គ ព្រោះសេចក្តីឆ្កួត សេចក្តីអណ្តែតអណ្តូងចិត្ត១ ភិក្ខុអ្នកប្រព្រឹត្តបត្តបិណ្ឌិកធុតង្គដោយគិតថា ភិក្ខុអ្នកប្រព្រឹត្តបត្តបិណ្ឌិកធុតង្គ ព្រះពុទ្ធ និងពុទ្ធសាវ័ក តែងសរសើរ១ ម្យ៉ាងទៀត ភិក្ខុអ្នកប្រព្រឹត្តបត្តបិណ្ឌិកធុតង្គ ព្រោះអាស្រ័យសេចក្តីប្រាថ្នាតិចផង អាស្រ័យសេចក្តីសន្តោសផង អាស្រ័យការដុសខាត់ចិត្តផង អាស្រ័យសេចក្តីស្ងាត់កាយ ស្ងាត់ចិត្តផង អាស្រ័យសេចក្តីប្រតិបត្តិ ដែលមានប្រយោជន៍ផង១។

[៦៥] ភិក្ខុដែលប្រកបដោយអង្គ៥ មិនត្រូវនៅដោយឥតនិស្ស័យទេ គឺ ភិក្ខុមិនស្គាល់ឧបោសថ (ថ្ងៃឧបោសថ)១ មិនស្គាល់ឧបោសថកម្ម១ មិនចេះបាតិមោក្ខ១ មិនចេះឧទ្ទេសរបស់បាតិមោក្ខ១ មានវស្សាមិនគ្រប់ប្រាំ១។ ភិក្ខុដែលប្រកបដោយអង្គ៥ ទើបគួរនៅដោយឥតនិស្ស័យបាន គឺ ភិក្ខុស្គាល់ឧបោសថ១ ស្គាល់ឧបោសថកម្ម១ ចេះបាតិមោក្ខ១ ចេះឧទ្ទេសរបស់បាតិមោក្ខ១ មានវស្សាគ្រប់ប្រាំ ឬមានវស្សាលើសអំពីប្រាំឡើងទៅ១។ ភិក្ខុដែលប្រកបដោយអង្គ៥ដទៃទៀត ក៏មិនត្រូវនៅដោយឥតនិស្ស័យដែរ គឺ ភិក្ខុមិនស្គាល់បវារណា (ថ្ងៃបវារណា)១ មិនស្គាល់បវារណាកម្ម១ មិនចេះបាតិមោក្ខ១ មិនចេះឧទ្ទេសរបស់បាតិមោក្ខ១ មានវស្សាមិនគ្រប់ប្រាំ១។ ភិក្ខុដែលប្រកបដោយអង្គ៥ ទើបគួរនៅដោយឥតនិស្ស័យបាន គឺ ភិក្ខុស្គាល់បវារណា១ ស្គាល់បវារណាកម្ម១ ចេះបាតិមោក្ខ១ ចេះឧទ្ទេសរបស់បាតិមោក្ខ១ មានវស្សាគ្រប់ប្រាំ ឬមានវស្សាលើសអំពីប្រាំឡើងទៅ១។ ភិក្ខុដែលប្រកបដោយអង្គ៥ដទៃទៀត ក៏មិនត្រូវនៅដោយឥតនិស្ស័យដែរ គឺ ភិក្ខុមិនស្គាល់អាបត្តិ និងអនាបត្តិ១ មិនស្គាល់លហុកាបត្តិ និងគរុកាបត្តិ១ មិនស្គាល់សាវសេសាបត្តិ និងអនវសេសាបត្តិ១ មិនស្គាល់ទុដ្ឋុល្លាបត្តិ និងអទុដ្ឋុល្លាបត្តិ១ មានវស្សាមិនគ្រប់ប្រាំ១។ ភិក្ខុដែលប្រកបដោយអង្គ៥ ទើបគួរនៅដោយឥតនិស្ស័យបាន គឺ ភិក្ខុស្គាល់អាបត្តិ និងអនាបត្តិ១ ស្គាល់លហុកាបត្តិ និងគរុកាបត្តិ១ ស្គាល់សាវសេសាបត្តិ និងអនវសេសាបត្តិ១ ស្គាល់ទុដ្ឋុល្លាបត្តិ និងអទុដ្ឋុល្លាបត្តិ១ មានវស្សាគ្រប់ប្រាំ ឬមានវស្សាលើសអំពីប្រាំឡើងទៅ១។ ភិក្ខុនីដែលប្រកបដោយអង្គ៥ មិនត្រូវនៅដោយឥតនិស្ស័យទេ គឺភិក្ខុនីមិនស្គាល់ឧបោសថ១ មិនស្គាល់ឧបោសថកម្ម១ មិនចេះបាតិមោក្ខ១ មិនចេះឧទ្ទេសរបស់បាតិមោក្ខ១ មានវស្សាមិនគ្រប់ប្រាំ១។ ភិក្ខុនីដែលប្រកបដោយអង្គ៥ ទើបគួរនៅដោយឥតនិស្ស័យបាន គឺ ភិក្ខុនីស្គាល់ឧបោសថ១ ស្គាល់ឧបោសថកម្ម១ ចេះបាតិមោក្ខ១ ចេះឧទ្ទេសរបស់បាតិមោក្ខ១ មានវស្សាគ្រប់ប្រាំ ឬមានវស្សាលើសអំពីប្រាំឡើងទៅ១។ ភិក្ខុនីដែលប្រកបដោយអង្គ៥ដទៃទៀត ក៏មិនត្រូវនៅដោយឥតនិស្ស័យដែរ គឺ ភិក្ខុនីមិនស្គាល់បវារណា១ មិនស្គាល់បវារណាកម្ម១ មិនចេះបាតិមោក្ខ១ មិនចេះឧទ្ទេសរបស់បាតិមោក្ខ១ មានវស្សាមិនគ្រប់ប្រាំ១។ ភិក្ខុនីដែលប្រកបដោយអង្គ៥ ទើបគួរនៅដោយឥតនិស្ស័យបាន គឺ ភិក្ខុនីស្គាល់បវារណា១ ស្គាល់បវារណាកម្ម១ ចេះបាតិមោក្ខ១ ចេះឧទ្ទេសរបស់បាតិមោក្ខ១ មានវស្សាគ្រប់ប្រាំ ឬមានវស្សាលើសអំពីប្រាំឡើងទៅ១។ ភិក្ខុនីដែលប្រកបដោយអង្គ៥ដទៃទៀត ក៏មិនត្រូវនៅដោយឥតនិស្ស័យដែរ គឺ ភិក្ខុនីមិនស្គាល់អាបត្តិ និងអនាបត្តិ១ មិនស្គាល់លហុកាបត្តិ និងគរុកាបត្តិ១ មិនស្គាល់សាវសេសាបត្តិ និងអនវសេសាបត្តិ១ មិនស្គាល់ទុដ្ឋុល្លាបត្តិ និងអទុដ្ឋុល្លាបត្តិ១ មានវស្សាមិនគ្រប់ប្រាំ១។ ភិក្ខុនីដែលប្រកបដោយអង្គ៥ ទើបគួរនៅដោយឥតនិស្ស័យបាន គឺ ភិក្ខុនីស្គាល់អាបត្តិ និងអនាបត្តិ១ ស្គាល់លហុកាបត្តិ និងគរុកាបត្តិ១ ស្គាល់សាវសេសាបត្តិ និងអនវសេសាបត្តិ១ ស្គាល់ទុដ្ឋុល្លាបត្តិ និងអទុដ្ឋុល្លាបត្តិ១ មានវស្សាគ្រប់ប្រាំ ឬមានវស្សាលើសអំពីប្រាំឡើងទៅ១។

[៦៦] អំពើមិនជាទីញុំាងសេចក្តីជ្រះថ្លាឲ្យកើត រមែងមានទោស៥យ៉ាង គឺខ្លួនឯងតិះដៀលខ្លួនឯង១ អ្នកប្រាជ្ញសង្កេតមើលហើយ តែងតិះដៀល១ កិត្តិស័ព្ទអាក្រក់ រមែងផ្សាយទៅ១ បុគ្គលនោះមានសេចក្តីវង្វេង ធ្វើមរណកាល១ លុះរំលាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ទៅ រមែងទៅកើតក្នុងកំណើតតិរច្ឆាន ប្រេត អសុរកាយ នរក១។ អំពើដែលញុំាងសេចក្តីជ្រះថ្លាឲ្យកើត រមែងមានអានិសង្ស៥គឺ ខ្លួនឯងតិះដៀលខ្លួនឯងមិនបាន១ អ្នកប្រាជ្ញសង្កេតមើលហើយ តែងសរសើរ១ កិត្តិស័ព្ទល្អ រមែងផ្សាយទៅ១ បុគ្គលនោះ មិនមានសេចក្តីវង្វេង ធ្វើមរណកាល១ លុះរំលាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ទៅ រមែងទៅកើតក្នុងសុគតិ សួគ៌ ទេវលោក១។ អំពើមិនជាទីញុំាងសេចក្តីជ្រះថ្លាឲ្យកើត រមែងមានទោស៥យ៉ាងដទៃទៀត គឺពួកជនដែលមិនទាន់ជ្រះថ្លា ក៏ខានជ្រះថ្លា១ ជនពួកខ្លះ ដែលជ្រះថ្លាស្រាប់ហើយ ក៏បែរជាបាត់ជ្រះថ្លាទៅវិញ១ ឈ្មោះថាមិនធ្វើតាមពាក្យប្រដៅរបស់ព្រះសាស្តា១ ប្រជុំជនជាខាងក្រោយ រមែងយកតម្រាប់តាម១ ចិត្តរបស់បុគ្គលនោះក៏មិនជ្រះថ្លា១។ អំពើដែលញុំាងសេចក្តីជ្រះថ្លាឲ្យកើត រមែងមានអានិសង្ស៥យ៉ាង គឺពួកជនដែលមិនទាន់ជ្រះថ្លា ក៏ជ្រះថ្លាឡើង១ ជនពួក ដែលជ្រះថ្លាស្រាប់ហើយ ក៏រឹងរឹតតែជ្រះថ្លាឡើង១ ឈ្មោះថាធ្វើតាមពាក្យប្រដៅរបស់ព្រះសាស្តា១ ប្រជុំជនជាខាងក្រោយ រមែងយកតម្រាប់តាម១ ចិត្តរបស់បុគ្គលនោះក៏ជ្រះថ្លា១។ ភិក្ខុអ្នកទៅកាន់ត្រកូល រមែងមានទោស៥យ៉ាង គឺត្រូវអាបត្តិព្រោះមិនបានប្រាប់ភិក្ខុដែលមាននៅក្នុងអាវាសហើយត្រេចទៅ១ ត្រូវអាបត្តិ ព្រោះអង្គុយក្នុងទីស្ងាត់១ ត្រូវអាបត្តិក្នុងអាសនៈដែលកំបាំង១ សំដែងធម៌ដល់មាតុគ្រាមលើសជាងប្រាំ ប្រាំមួយម៉ាត់ឡើងទៅ ត្រូវអាបត្តិ១ មានសេចក្តីត្រិះរិះជាច្រើន ក្នុងកាមគុណ១។ ភិក្ខុអ្នកចូលទៅកាន់ត្រកូល នៅច្រឡូកច្រឡំក្នុងត្រកូលហួសវេលា រមែងមានទោស៥យ៉ាង គឺក្រឡេកមើលមាតុគ្រាមរឿយៗ កាលបើមើលហើយ និងមានសេចក្តីជាប់ជំពាក់១ កាលបើមានសេចក្តីជាប់ជំពាក់ហើយ នឹងកើតសេចក្តីស្និទ្ធស្នាល១ កាលបើមានសេចក្តីស្និទ្ធស្នាលហើយ នឹងកើតមានរាគៈ គ្របសង្កត់ចិត្ត១ ទោសជាតនេះតែងកើតមាន ចំពោះតែភិក្ខុដែលមានចិត្ត ត្រូវរាគៈគ្របសង្កត់ហើយ គឺភិក្ខុនោះនឹងប្រព្រឹត្តព្រហ្មចរិយធម៌ ទាំងសេចក្តីអផ្សុក ឬនឹងត្រូវអាបត្តិដែលសៅហ្មងឯណានីមួយ ឬនឹងពោលលាសិក្ខាត្រឡប់មកកាន់ភេទគ្រហស្ថវិញ១។

[៦៧] ពូជមាន៥យ៉ាង គឺពូជឫស ឬមើម១ ពូជដើម១ ពូជថ្នាំង១ ពូជត្រួយ ឬចុង១ រួមពូជគ្រាប់១ផង ជាគំរប់៥។ ផ្លែឈើដែលភិក្ខុគួរឆាន់បានដោយសមណកប្បមាន៥យ៉ាង គឺផ្លែឈើ ដែលគេសម្រេចដោយភ្លើង១ គេសម្រេចដោយសស្ត្រា១ គេសម្រេចដោយក្រចក១ ផ្លែឈើដែលគ្មានគ្រាប់១ ផ្លែឈើដែលគេយកគ្រាប់ចេញ១ ជាគំរប់៥។

[៦៨] វិសុទ្ធិមាន៥ គឺសំដែងនូវនិទាន ហើយសូត្រឧទ្ទេស ដែលសល់អំពីនិទាននោះ ដោយសុតបទ នេះជាវិសុទ្ធិទី១ សំដែងនូវនិទាន រួចសំដែងនូវបារាជិកទាំង៤ ហើយសូត្រនូវឧទ្ទេស ដែលសល់អំពីបារាជិកនោះ ដោយសុតបទ នេះជាវិសុទ្ធិទី២ សំដែងនូវនិទាន ហើយសំដែងនូវបារាជិកទាំង៤ រួចសំដែងនូវសង្ឃាទិសេសទាំង១៣ ហើយសូត្រនូវឧទ្ទេស ដែលសល់អំពីសង្ឃាទិសេសនោះ ដោយសុតបទ នេះជាវិសុទ្ធិទី៣ សំដែងនូវនិទាន ហើយសំដែងនូវបារាជិកទាំង៤ សំដែងនូវសង្ឃាទិសេសទាំង១៣ រួចសំដែងអនិយ័តទាំង២ ហើយសូត្រនូវឧទ្ទេស ដែលសល់អំពីអនិយ័តនោះ ដោយសុតបទ នេះជាវិសុទ្ធិទី៤។ (ការសំដែង) ដោយពិស្តារ ចាត់ជាវិសុទ្ធិទី៥។ វិសុទ្ធិ៥យ៉ាងដទៃទៀត គឺឧបោសថ ដែលភិក្ខុធ្វើដោយសំដែងបាតិមោក្ខ១ ឧបោសថដែលភិក្ខុធ្វើដោយប្រាប់បារិសុទ្ធិ១ ឧបោសថដែលភិក្ខុធ្វើដោយអធិដ្ឋាន១ ឧបោសថដែលភិក្ខុធ្វើដោយសេចក្តីព្រមព្រៀងគ្នា១ បវារណា១ ជាគំរប់៥។

[៦៩] ភិក្ខុអ្នកទ្រទ្រង់វិន័យ តែងបានអានិសង្ស៥ប្រការ គឺសីលក្ខន្ធរបស់ខ្លួន ឈ្មោះថា ភិក្ខុនោះបានគ្រប់គ្រងរក្សាដោយល្អ១ ភិក្ខុនោះតែងជាទីពឹងនៃពួកភិក្ខុដែលមានសេចក្តីសង្ស័យជាប្រក្រតី១ ភិក្ខុនោះ ជាអ្នកក្លៀវក្លា និយាយក្នុងកណ្តាលជំនុំសង្ឃ១ ភិក្ខុនោះ រមែងសង្កត់សង្កិនដោយល្អ នូវពួកសត្រូវដោយសហធម៌ គឺសិក្ខាបទដែលព្រះមានព្រះភាគ ទ្រង់បញ្ញត្តទុក១ ភិក្ខុនោះ ឈ្មោះថា ជាអ្នកប្រតិបត្តិដើម្បីញុំាងព្រះសទ្ធម្មឲ្យតាំងនៅមាំ១។ ការបញ្ឈប់បាតិមោក្ខ ដែលមិនប្រកបដោយធម៌ មាន៥ប្រការ។ ការបញ្ឈប់បាតិមោក្ខ ប្រកបដោយធម៌ មាន៥ប្រការ។

ចប់ បញ្ចកៈ (ពួក៥ៗ)។

ឧទ្ទាន គឺបញ្ជីរឿង នៃបញ្ចកៈ (ពួកប្រាំៗ) នោះដូច្នេះ

[៧០]

និយាយអំពីអាបត្តិ១ កងនៃអាបត្តិ១ វិនីតវត្ថុ១ អានន្តរិកកម្ម១ និយតបុគ្គល១ អាបត្តិមានកិរិយាកាត់ជាវិនយកម្ម១ ភិក្ខុត្រូវអាបត្តិ១ អាបត្តិមានមុសាវាទ ជាបច្ច័យ១ ភិក្ខុមិនគួរដល់កម្ម១ ភិក្ខុដែលគួរដល់កម្ម១ ធម៌៥យ៉ាង តែងសម្រេចដល់ភិក្ខុអ្នកប្រព្រឹត្តបិណ្ឌបាត១ ភិក្ខុដែលគួរឲ្យគេរង្កៀសសង្ស័យ១ ប្រេង១ ខ្លាញ់១ សេចក្តីវិនាស១ សម្បទា១ រម្ងាប់ចាកនិស្ស័យ១ បុគ្គល១ សំពត់បំសុកូលឈ្មោះសោសានិក១ សំពត់បំសុកូលឈ្មោះគោខាយិត១ ការលួច១ មហាចោរ១ វត្ថុដែលភិក្ខុមិនគួរលះបង់១ វត្ថុដែលភិក្ខុមិនគួរចែក១ អាបត្តិតាំងឡើងអំពីកាយ១ អាបត្តិតាំងឡើងអំពីកាយ និងវាចា១ អាបត្តិជាទេសនាគាមិនី១ សង្ឃ១ ឧទ្ទេសរបស់បាតិមោក្ខ១ ឲ្យឧបសម្បទា ក្នុងបច្ចន្តប្រទេស១ អានិសង្សកឋិន១ សង្ឃកម្ម១ អាបត្តិជាយាវតតិយកា១ លួច ត្រូវអាបត្តិបារាជិក១ លួច ត្រូវអាបត្តិថុល្លច្ច័យ១ លួច ត្រូវអាបត្តិទុក្កដ១ វត្ថុមិនគួរឆាន់១ វត្ថុគួរឆាន់១ ទានមិនមែនជាបុណ្យ១ ធម៌មិនងាយនឹងបន្ទោបង់បាន១ អានិសង្សបោស១ អានិសង្សបោសដទៃទៀត១ វិន័យធរមិនរៀន និងរៀនទីកំណត់ភាសា១ មិនស្គាល់ និងស្គាល់អាបត្តិ១ មិនស្គាល់ និងស្គាល់អធិករណ៍១ មិនស្គាល់ និងស្គាល់វត្ថុ១ មិនស្គាល់ និងស្គាល់ញត្តិ១ មិនស្គាល់ និងស្គាល់អាបត្តិ១ មិនចេះ និងចេះបាតិមោក្ខទាំងពីរ១ ស្គាល់លហុកាបត្តិ និងគរុកាបត្តិ១ ជាគំរប់៨ អ្នកទាំងឡាយចូរដឹងនូវធម៌ (ដែលជាអង្គរបស់វិន័យធរ) ទាំង៨នេះ ថាជាធម៌ខ្មៅ និងស (អាក្រក់ និងល្អ ឬមិនចេះ និងចេះ) រឿងភិក្ខុប្រព្រឹត្តអារញ្ញកធុតង្គ១ បិណ្ឌបាតិកធុតង្គ១ បំសុកូលិកធុតង្គ១ រុក្ខមូលិកធុតង្គ១ សោសានិកធុតង្គ១ អព្ភោកាសិកធុតង្គ១ តេចីវរិកធុតង្គ១ សបទានចារិកធុតង្គ១ នេសជ្ជិកធុតង្គ១ យថាសន្ថតិកធុតង្គ១ ខលុបច្ឆាភត្តិកធុតង្គ១ បត្តបិណ្ឌិកធុតង្គ១ ឧបោសថ១ បវារណា១ អាបត្តិ និងអនាបត្តិ១ ធម៌ទាំងនេះ មានចំណែកខ្មៅនិងស (អាក្រក់ និងល្អ) ធម៌ទាំងអម្បាលនោះ មានដល់ភិក្ខុនីដូចជាភិក្ខុដែរ រឿងទោសនៃអំពើមិនជាទីញុំាងសេចក្តីជ្រះថ្លាឲ្យកើត១ អានិសង្សនៃអំពើដែលញុំាងសេចក្តីជ្រះថ្លាឲ្យកើត១ ទោស និងអានិសង្សនៃអំពើទាំងពីរដទៃទៀត១ ធម៌ទាំងនេះមានចំណែកខ្មៅ និងស ដូចគ្នាដែរ រឿងទោសដែលមានក្នុងភិក្ខុអ្នកចូលទៅកាន់ត្រកូល១ ទោសភិក្ខុដែលនៅច្រឡូកច្រឡំក្នុងត្រកូលហួសវេលា១ អំពីពូជ១ ផ្លែឈើដែលភិក្ខុគួរឆាន់បានដោយសមណកប្ប១ វិសុទ្ធិ១ វិសុទ្ធិដទៃទៀត១ អានិសង្សនៃភិក្ខុអ្នកទ្រទ្រង់វិន័យ១ បញ្ឈប់បាតិមោក្ខ មិនប្រកបដោយធម៌១ បញ្ឈប់បាតិមោក្ខប្រកបដោយធម៌១ ធម៌ទាំងនេះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ថាមានចំណែកខ្មៅ និងសដូចគ្នា ចប់បញ្ចកសុទ្ធិ តែប៉ុណ្ណេះ។

(ឆក្កវារៈ ទី៦)

(៦. ឆក្កវារោ)

[៧១] អគារវៈមាន៦យ៉ាង។ គារវៈមាន៦យ៉ាង។ វិនីតវត្ថុមាន៦យ៉ាង។ សិក្ខាបទដែលមានពាក្យថាប្រព្រឹត្តដោយសមគួរមាន៦។ សមុដ្ឋាននៃអាបត្តិមាន៦យ៉ាង។ អាបត្តិដែលមានកិរិយាកាត់ជាវិនយកម្ម មាន៦។ ភិក្ខុត្រូវអាបត្តិដោយអាការ៦យ៉ាង។ ភិក្ខុអ្នកទ្រទ្រង់វិន័យ តែងបានអានិសង្ស៦ប្រការ។ សិក្ខាបទដែលមានទីកំណត់មាន៦។ ភិក្ខុគួរនៅប្រាសចាកត្រៃចីវរបានត្រឹម៦រាត្រី។ ចីវរមាន៦យ៉ាង។ ទឹកជ្រលក់មាន៦យ៉ាង។ អាបត្តិ៦យ៉ាង តាំងឡើងតែអំពីកាយ និងចិត្ត មិនបានតាំងឡើងអំពីវាចា។ អាបត្តិ៦យ៉ាង តាំងឡើងតែអំពីវាចា និងចិត្ត មិនបានតាំងឡើងអំពីកាយ។ អាបត្តិ៦យ៉ាង តាំងឡើងអំពីកាយ វាចា និងចិត្ត។ សង្ឃកម្មមាន៦យ៉ាង។ វិវាទមូល (ដើមហេតុវិវាទ) មាន៦យ៉ាង។ អនុវាទមូល (ដើមហេតុនៃការចោទប្រកាន់) មាន៦យ៉ាង។ សារាណីយធម៌មាន៦យ៉ាង។ បណ្តោយ៦ចំអាម ទទឹង៦ចំអាម ដោយចំអាមព្រះសុគត។ ការរម្ងាប់និស្ស័យចាកអាចារ្យ មាន៦យ៉ាង។ អនុប្បញ្ញត្តិក្នុងនហានសិក្ខាបទមាន៦លើក។ ភិក្ខុកាន់យកចីវរដែលធ្វើមិនទាន់ស្រេចហើយ ចៀសចេញទៅ។ ភិក្ខុប្រមូលយកចីវរដែលធ្វើមិនទាន់ស្រេច ហើយចៀសចេញទៅ។

[៧២] ភិក្ខុប្រកបដោយអង្គ៦ គួរឲ្យឧបសម្បទា គួរឲ្យនិស្ស័យ គួរឲ្យសាមណេរបម្រើខ្លួនបាន គឺភិក្ខុប្រកបដោយកងសីល ជារបស់អសេក្ខបុគ្គល១ ប្រកបដោយកងសមាធិ ជារបស់អសេក្ខបុគ្គល១ ប្រកបដោយកងបញ្ញា ជារបស់អសេក្ខបុគ្គល១ ប្រកបដោយកងវិមុត្តិ ជារបស់អសេក្ខបុគ្គល១ ប្រកបដោយកងវិមុត្តិញ្ញាណទស្សនៈ (បច្ចវេក្ខណញ្ញាណ) ជារបស់អសេក្ខបុគ្គល១ មានវស្សា១០ ឬមានវស្សាលើសអំពី១០ ឡើងទៅ១។ ភិក្ខុដែលប្រកបដោយអង្គ៦ដទៃទៀត ក៏គួរឲ្យឧបសម្បទា គួរឲ្យនិស្ស័យ គួរឲ្យសាមណេរបម្រើខ្លួនបាន គឺប្រកបដោយកងសីល ជារបស់អសេក្ខបុគ្គល ដោយខ្លួនឯង ទាំងដឹកនាំអ្នកដទៃ (ឲ្យប្រកប) ក្នុងកងសីល ជារបស់អសេក្ខបុគ្គល១ ប្រកបដោយកងសមាធិ ជារបស់អសេក្ខបុគ្គល ដោយខ្លួនឯង ទាំងដឹកនាំអ្នកដទៃ ក្នុងកងសមាធិ ជារបស់អសេក្ខបុគ្គល១ ប្រកបដោយកងបញ្ញា ជារបស់អសេក្ខបុគ្គល ដោយខ្លួនឯង ទាំងដឹកនាំអ្នកដទៃ ក្នុងកងបញ្ញា ជារបស់អសេក្ខបុគ្គល១ ប្រកបដោយកងវិមុត្តិ ជារបស់អសេក្ខបុគ្គល ដោយខ្លួនឯង ទាំងដឹកនាំអ្នកដទៃ ក្នុងកងវិមុត្តិ ជារបស់អសេក្ខបុគ្គល១ ប្រកបដោយកងវិមុត្តិញ្ញាណទស្សនៈ ជារបស់អសេក្ខបុគ្គល ដោយខ្លួនឯង ទាំងដឹកនាំអ្នកដទៃ ក្នុងកងវិមុត្តិញ្ញាណទស្សនៈ ជារបស់អសេក្ខបុគ្គល១ មានវស្សា១០ ឬមានវស្សាលើសអំពី១០ ឡើងទៅ១។ ភិក្ខុដែលប្រកបដោយអង្គ៦ដទៃទៀត ក៏គួរឲ្យឧបសម្បទា គួរឲ្យនិស្ស័យ គួរឲ្យសាមណេរបម្រើខ្លួនបាន គឺជាភិក្ខុមានសេចក្តីជឿត្រូវ១ មានសេចក្តីខ្មាសបាប១ មានសេចក្តីក្រែងខ្លាចបាប១ ប្រារព្ធសេចក្តីព្យាយាម១ មានសតិខ្ជាប់ខ្ជួន១ មានវស្សា១០ ឬមានវស្សាលើសអំពី១០ ឡើងទៅ១។ ភិក្ខុដែលប្រកបដោយអង្គ៦ដទៃទៀត ក៏គួរឲ្យឧបសម្បទា គួរឲ្យនិស្ស័យ គួរឲ្យសាមណេរបម្រើខ្លួនបាន គឺភិក្ខុមិនវិបត្តិចាកសីលក្នុងអធិសីល១ មិនវិបត្តិចាកមារយាទ ក្នុងអជ្ឈាចារៈ១ មិនវិបត្តិចាកទិដ្ឋិក្នុងអតិទិដ្ឋិ១ ជាអ្នកចេះដឹងច្រើន១ មានប្រាជ្ញា១ មានវស្សា១០ ឬមានវស្សាលើសអំពី១០ឡើងទៅ១។ ភិក្ខុដែលប្រកបដោយអង្គ៦ដទៃទៀត ក៏គួរឲ្យឧបសម្បទា គួរឲ្យនិស្ស័យ គួរឲ្យសាមណេរបម្រើខ្លួនបាន គឺភិក្ខុជាអ្នកអាចនឹងបម្រើ ឬប្រើគេឲ្យបម្រើនូវអន្តេវាសិកក្តី សទ្ធិវិហារិកក្តី ដែលមានជម្ងឺ១ អាចនឹងបំបាត់ ឬប្រើគេឲ្យបំបាត់នូវសេចក្តីអផ្សុកដែលកើតឡើង១ អាចនឹងបន្ទោបង់ ឬប្រើគេឲ្យបន្ទោបង់ តាមធម៌ នូវសេចក្តីសង្ស័យដែលកើតឡើង១ ស្គាល់អាបត្តិ១ ស្គាល់ការចេញចាកអាបត្តិ១ មានវស្សា១០ ឬមានវស្សាច្រើនជាង១០ឡើងទៅ១។ ភិក្ខុដែលប្រកបដោយអង្គ៦ដទៃទៀត ក៏គួរឲ្យឧបសម្បទា គួរឲ្យនិស្ស័យ គួរឲ្យសាមណេរបម្រើខ្លួនបាន គឺភិក្ខុជាអ្នកអាចឲ្យអន្តេវាសិក ឬសទ្ធិវិហារិកសិក្សាក្នុងអភិសមាចារិកាសិក្ខាបាន១ អាចទូន្មានក្នុងអាទិព្រហ្មចរិយកាសិក្ខា១ អាចទូន្មានក្នុងអភិធម៌១ អាចទូន្មានក្នុងអភិវិន័យ១ អាចដោះតាមធម៌ នូវទិដ្ឋិខុសដែលកើតឡើង១ មានវស្សា១០ ឬមានវស្សាច្រើនជាង១០ឡើងទៅ១។ ភិក្ខុដែលប្រកបដោយអង្គ៦ដទៃទៀត ក៏គួរឲ្យឧបសម្បទា គួរឲ្យនិស្ស័យ គួរឲ្យសាមណេរបម្រើខ្លួនបាន គឺភិក្ខុស្គាល់អាបត្តិ១ ស្គាល់អនាបត្តិ១ ស្គាល់លហុកាបត្តិ១ ស្គាល់គរុកាបត្តិ១ ភិក្ខុនោះចេះបាតិមោក្ខទាំងពីរដោយពិស្តារ ចេះចែកបទភាជនៈដោយប្រពៃ ចាំស្ទាត់រត់មាត់ដោយប្រពៃ កាត់សេចក្តីដោយប្រពៃ តាមសុត្តៈ គឺខន្ធកៈ និងបរិវារៈ តាមអនុព្យញ្ជនៈ គឺអក្ខរៈ និងបទ១ មានវស្សា១០ ឬមានវស្សាច្រើនជាង១០ឡើងទៅ១។

[៧៣] ការបញ្ឈប់បាតិមោក្ខមិនប្រកបដោយធម៌មាន៦។ ការបញ្ឈប់បាតិមោក្ខប្រកបដោយធម៌មាន៦។

ចប់ ឆក្កៈ (ពួកប្រាំមួយៗ)។

ឧទ្ទាន គឺបញ្ជីរឿងនៃឆក្កៈនោះដូច្នោះ

[៧៤]

និយាយអំពីអគារវៈ១ គារវៈ១ វិនីតវត្ថុ១ សិក្ខាបទ ដែលមានពាក្យថាប្រព្រឹត្តដោយសមគួរ១ សមុដ្ឋាននៃអាបត្តិ១ អាបត្តិមានកិរិយាកាត់ជាវិនយកម្ម១ អាការដែលត្រូវអាបត្តិ១ អានិសង្ស១ សិក្ខាបទដែលមានទីកំណត់១ នៅប្រាសចាកត្រៃចីវរ៦រាត្រី១ ចីវរ១ ទឹកជ្រលក់១ អាបត្តិតាំងឡើងតែអំពីកាយ និងចិត្ត១ អាបត្តិតាំងឡើងតែអំពីវាចា និងចិត្ត១ អាបត្តិតាំងឡើងអំពីកាយ និងវាចា និងចិត្ត១ សង្ឃកម្ម១ វិវាទមូល១ អនុវាទមូល១ ប្រមាណបណ្តោយ និងប្រមាណទទឹង១ ការរម្ងាប់ចាកនិស្ស័យ១ អនុប្បញ្ញត្តិ១ ភិក្ខុកាន់យកចីវរ ដែលធ្វើមិនទាន់ស្រេចហើយចៀសចេញទៅ១ ភិក្ខុប្រមូលយកចីវរដែលធ្វើមិនទាន់ស្រេច ហើយចៀសចេញទៅ១ ភិក្ខុដឹកនាំអ្នកដទៃក្នុងសីល ជារបស់អសេក្ខបុគ្គលជាដើម១ ភិក្ខុមានសេចក្តីជឿត្រូវ១ ភិក្ខុប្រកបដោយអធិសីល១ ភិក្ខុអាចបម្រើកូនសិស្សដែលមានជម្ងឺបាន១ ភិក្ខុអាចបង្រៀនកូនសិស្ស ក្នុងអភិសមាចារិកាសិក្ខា១ ភិក្ខុស្គាល់អាបត្តិ១ បញ្ឈប់បាតិមោក្ខ មិនប្រកបដោយធម៌១ បញ្ឈប់បាតិមោក្ខប្រកបដោយធម៌១។

(សត្តកវារៈ ទី៧)

(៧. សត្តកវារោ)

[៧៥] អាបត្តិមាន៧យ៉ាង។ កងនៃអាបត្តិមាន៧។ វិនីតវត្ថុមាន៧យ៉ាង។ សិក្ខាបទដែលមាន ពាក្យថាប្រព្រឹត្តដោយសមគួរមាន៧។ សមថៈឈ្មោះបដិញ្ញាតករណៈ មិនប្រកបដោយធម៌មាន៧យ៉ាង។ សមថៈឈ្មោះបដិញ្ញាតករណៈ ប្រកបដោយធម៌ មាន៧យ៉ាង។ ភិក្ខុទៅដោយសត្តាហកិច្ចមិនត្រូវអាបត្តិ ព្រោះអាស្រ័យបុគ្គល៧ពួក។ ភិក្ខុអ្នកទ្រទ្រង់វិន័យ តែងបានអានិសង្ស៧យ៉ាង។ សិក្ខាបទដែលមានទីកំណត់មាន៧យ៉ាង។ វត្ថុដែលជានិស្សគ្គិយៈ ក្នុងខណៈអរុណរះឡើង មាន៧យ៉ាង។ សមថៈ មាន៧យ៉ាង។ សង្ឃកម្មមាន៧យ៉ាង។ ស្រូវស្រស់មាន៧ប្រការ។ ខ្នាតទទឹងកុដិ៧ចំអាម (ត្រូវវាស់ខាងក្នុងជញ្ជាំង)។ អនុប្បញ្ញត្តិក្នុងគណភោជនសិក្ខាបទ មាន៧លើក។ ភេសជ្ជៈ (ដែលជាសត្តាហកាលិក) ភិក្ខុត្រូវទទួលសន្សំទុកឆាន់បានតែត្រឹម៧ថ្ងៃ។ ភិក្ខុកាន់យកចីវរ ដែលធ្វើស្រេចហើយ ចៀសចេញទៅ។ ភិក្ខុប្រមូលយកចីវរដែលធ្វើស្រេចហើយ ចៀសចេញទៅ។ អាបត្តិដែលមិនមានដល់ភិក្ខុ បណ្ឌិតគប្បីឃើញ។ អាបត្តិដែលមានដល់ភិក្ខុ ក៏បណ្ឌិតគប្បីឃើញ។ អាបត្តិដែលមានដល់ភិក្ខុ បណ្ឌិតគប្បីរម្ងាប់ចេញ។ ការបញ្ឈប់បាតិមោក្ខ ដែលមិនប្រកបដោយធម៌ មាន៧យ៉ាង។ ការបញ្ឈប់បាតិមោក្ខ ដែលប្រកបដោយធម៌ មាន៧យ៉ាង។

[៧៦] ភិក្ខុដែលប្រកបដោយអង្គ៧ បានឈ្មោះថា ជាវិន័យធរ គឺស្គាល់អាបត្តិ១ ស្គាល់អនាបត្តិ១ ស្គាល់លហុកាបត្តិ១ ស្គាល់គរុកាបត្តិ១ ជាអ្នកមានសីល និងសង្រួមក្នុងបាតិមោក្ខសំវរៈ បរិបូណ៌ដោយអាចារៈ និងគោចរៈ ឃើញភ័យក្នុងទោស សូម្បីបន្តិចបន្តួច ហើយសមាទានសិក្សាក្នុងសិក្ខាបទ១ ជាអ្នកបានដូចសេចក្តីប្រាថ្នា បានដោយមិនលំបាក បានដោយធំទូលាយ នូវឈានទាំង៤ ដែលអាស្រ័យនូវចិត្តដ៏ថ្លៃថ្លា ជាឈាននាំឲ្យនៅជាសុខ ក្នុងបច្ចុប្បន្ន១ បានធ្វើឲ្យជាក់ច្បាស់នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់អាសវៈហើយដោយបញ្ញាខ្លួនឯង ហើយសម្រេចសម្រាន្តនៅ (ដោយឥរិយាបថទាំង៤) ក្នុងបច្ចុប្បន្ន១។ ភិក្ខុដែលប្រកបដោយអង្គ៧ដទៃទៀត បានឈ្មោះថា ជាវិន័យធរ គឺស្គាល់អាបត្តិ១ ស្គាល់អនាបត្តិ១ ស្គាល់លហុកាបត្តិ១ ស្គាល់គរុកាបត្តិ១ ជាអ្នកចេះដឹងច្រើន ទ្រទ្រង់នូវពុទ្ធវចនៈ សន្សំនូវពុទ្ធវចនៈ ធម៌ដែលពីរោះខាងដើម ពីរោះកណ្តាល ពីរោះខាងចុង ប្រកាសនូវព្រហ្មចរិយៈ ព្រមទាំងអត្ថ និងព្យញ្ជនៈ ដ៏ពេញបរិបូណ៌ បរិសុទ្ធគ្រប់គ្រាន់ទាំងអស់ ធម៌ដែលមានសភាពដូច្នោះ ភិក្ខុនោះ បានចេះដឹងច្រើន បានទ្រទ្រង់ បានចាំស្ទាត់រត់មាត់ បានចូលចិត្តច្បាស់លាស់ បានយល់ជ្រាលជ្រៅដោយទិដ្ឋិ គឺបញ្ញា១ ជាអ្នកបានដូចសេចក្តីប្រាថ្នា បានដោយមិនលំបាក បានដោយធំទូលាយ នូវឈានទាំង៤ ដែលអាស្រ័យនូវចិត្តដ៏ថ្លៃថ្លា ជាឈាននាំឲ្យនៅជាសុខ ក្នុងបច្ចុប្បន្ន១ បានធ្វើឲ្យជាក់ច្បាស់នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់អាសវៈហើយដោយបញ្ញាខ្លួនឯង ហើយសម្រេចសម្រាន្តនៅ (ដោយឥរិយាបថទាំង៤) ក្នុងបច្ចុប្បន្ន១។ ភិក្ខុដែលប្រកបដោយអង្គ៧ដទៃទៀត បានឈ្មោះថា ជាវិន័យធរ គឺស្គាល់អាបត្តិ១ ស្គាល់អនាបត្តិ១ ស្គាល់លហុកាបត្តិ១ ស្គាល់គរុកាបត្តិ១ ភិក្ខុនោះចេះចាំបាតិមោក្ខទាំងពីរ ដោយពិស្តារ ចេះចែកបទភាជនៈដោយប្រពៃ ចាំស្ទាត់រត់មាត់ដោយប្រពៃ ចេះកាត់សេចក្តីដោយប្រពៃ តាមសុត្តៈ គឺខន្ធកៈ និងបរិវារៈ តាមអនុព្យញ្ជនៈ គឺអក្ខរៈ និងបទ១ ជាអ្នកបានដូចសេចក្តីប្រាថ្នា បានដោយមិនលំបាក បានដោយធំទូលាយ នូវឈានទាំង៤ ដែលអាស្រ័យនូវចិត្តដ៏ថ្លៃថ្លា ជាឈាននាំឲ្យនៅជាសុខ ក្នុងបច្ចុប្បន្ន១ បានធ្វើឲ្យជាក់ច្បាស់នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់អាសវៈហើយ ដោយបញ្ញាខ្លួនឯង ហើយសម្រេចសម្រាន្តនៅ (ដោយឥរិយាបថទាំង៤) ក្នុងបច្ចុប្បន្ន១។ ភិក្ខុដែលប្រកបដោយអង្គ៧ដទៃទៀត បានឈ្មោះថា ជាវិន័យធរ គឺស្គាល់អាបត្តិ១ ស្គាល់អនាបត្តិ១ ស្គាល់លហុកាបត្តិ១ ស្គាល់គរុកាបត្តិ១ រលឹកឃើញនូវចំណែកខន្ធ ដែលធ្លាប់អាស្រ័យនៅក្នុងកាលមុន មានច្រើនប្រការ គឺរលឹកឃើញ ១ជាតិខ្លះ ២ជាតិខ្លះ ៣ជាតិខ្លះ ៤ជាតិខ្លះ ៥ជាតិខ្លះ។បេ។ ១០ជាតិខ្លះ ២០ជាតិខ្លះ ៣០ជាតិខ្លះ ៤០ជាតិខ្លះ ៥០ជាតិខ្លះ ១០០ជាតិខ្លះ ១០០០ជាតិខ្លះ ១០០០០០ (១សែន) ជាតិខ្លះ សំវដ្តកប្បជាច្រើនខ្លះ វិវដ្តកប្បជាច្រើនខ្លះ សំវដ្តវិវដ្តកប្បជាច្រើនខ្លះ ថាអាត្មាអញ កើតក្នុងទីឯណោះ មានឈ្មោះយ៉ាងនោះ មានគោត្រយ៉ាងនោះ មានសម្បុរយ៉ាងនោះ មានអាហារយ៉ាងនោះ ទទួលសុខទុក្ខយ៉ាងនោះ មានអាយុកំណត់ប៉ុណ្ណោះ លុះអាត្មាអញច្យុតចាកទីនោះហើយ ទៅកើតក្នុងទីឯណោះទៀត ដែលអាត្មាអញបានកើតក្នុងទីនោះ មានឈ្មោះយ៉ាងនោះ មានគោត្រយ៉ាងនោះ មានសម្បុរយ៉ាងនោះ មានអាហារយ៉ាងនោះ ទទួលសុខទុក្ខយ៉ាងនោះ មានអាយុកំណត់ប៉ុណ្ណោះ លុះអាត្មាអញច្យុតចាកទីនោះហើយ ទើបបានមកកើតក្នុងទីនេះ ភិក្ខុនោះរលឹកនូវចំណែកខន្ធ ដែលធ្លាប់អាស្រ័យនៅក្នុងកាលមុន មានច្រើនប្រការ ព្រមទាំងអាការ ព្រមទាំងឧទ្ទេស ដោយប្រការដូច្នេះ១ ភិក្ខុនោះមានចក្ខុទិព្វដ៏បរិសុទ្ធ កន្លងហួសចក្ខុរបស់មនុស្សធម្មតា បានឃើញពួកសត្វដែលច្យុត ដែលកើត ជាសត្វថោកទាបខ្លះ ឧត្តមខ្លះ មានសម្បុរល្អខ្លះ មានសម្បុរអាក្រក់ខ្លះ មានគតិល្អខ្លះ មានគតិអាក្រក់ខ្លះ ដឹងច្បាស់នូវពួកសត្វដែលប្រព្រឹត្តទៅតាមកម្មរបស់ខ្លួនថា អើហ្ន៎ សត្វពួកនេះប្រកបដោយកាយទុច្ចរិត ប្រកបដោយវចីទុច្ចរិត ប្រកបដោយមនោទុច្ចរិត ជាអ្នកតិះដៀលព្រះអរិយបុគ្គល ជាអ្នកយល់ខុស ប្រកាន់ស៊ប់នូវអំពើតាមសេចក្តីយល់ខុស សត្វពួកនោះ លុះមានរាងកាយបែកធ្លាយទៅ ខាងមុខអំពីសេចក្តីស្លាប់ រមែងទៅកើតក្នុងកំណើតតិរច្ឆាន ប្រេត អសុរកាយ នរក ម្យ៉ាងទៀតថា អើហ្ន៎ សត្វពួកនេះប្រកបដោយកាយសុចរិត ប្រកបដោយវចីសុចរិត ប្រកបដោយមនោសុចរិត ជាអ្នកមិនតិះដៀលព្រះអរិយបុគ្គល ជាអ្នកយល់ត្រូវ ប្រកាន់ស៊ប់នូវកម្មតាមសេចក្តីយល់ត្រូវ សត្វពួកនោះ លុះមានរាងកាយបែកធ្លាយទៅ ខាងមុខអំពីសេចក្តីស្លាប់ រមែងទៅកើតក្នុងសុគតិ និងឋានសួគ៌ ទេវលោក ភិក្ខុនោះមានចក្ខុទិព្វ ដ៏បរិសុទ្ធ កន្លងហួសចក្ខុ របស់មនុស្សធម្មតា បានឃើញពួកសត្វដែលច្យុត ដែលកើត ជាសត្វថោកទាបខ្លះ ឧត្តមខ្លះ មានសម្បុរល្អខ្លះ មានសម្បុរអាក្រក់ខ្លះ មានគតិល្អខ្លះ មានគតិអាក្រក់ខ្លះ ដឹងច្បាស់នូវពួកសត្វ ដែលប្រព្រឹត្តទៅតាមកម្មរបស់ខ្លួន ដោយប្រការដូច្នេះ១ បានធ្វើឲ្យជាក់ច្បាស់នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់អាសវៈហើយ ដោយបញ្ញាខ្លួនឯង ហើយសម្រេចសម្រាន្តនៅ (ដោយឥរិយាបថទាំង៤) ក្នុងបច្ចុប្បន្ន១ វិន័យធរ ដែលប្រកបដោយអង្គ៧ រមែងល្អ គឺស្គាល់អាបត្តិ១ ស្គាល់អនាបត្តិ១ ស្គាល់លហុកាបត្តិ១ ស្គាល់គរុកាបត្តិ១ ជាអ្នកមានសីល១។បេ។ សមាទានសិក្សា ក្នុងសិក្ខាបទទាំងឡាយ១ ជាអ្នកបានដូចសេចក្តីប្រាថ្នា បានដោយមិនលំបាក បានដោយទូលាយ នូវឈានទាំង៤ ដែលអាស្រ័យនូវចិត្តដ៏ថ្លៃថ្លា ជាឈាននាំឲ្យនៅជាសុខ ក្នុងបច្ចុប្បន្ន១ បានធ្វើឲ្យជាក់ច្បាស់នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់អាសវៈហើយ ដោយបញ្ញាខ្លួនឯង ហើយសម្រេចសម្រាន្តនៅ (ដោយឥរិយាបថទាំង៤) ក្នុងបច្ចុប្បន្ន១។ វិន័យធរ ដែលប្រកបដោយអង្គ៧ដទៃទៀត រមែងល្អ គឺស្គាល់អាបត្តិ១ ស្គាល់អនាបត្តិ១ ស្គាល់លហុកាបត្តិ១ ស្គាល់គរុកាបត្តិ១ ជាអ្នកចេះចាំច្រើន។បេ។ បានយល់ជ្រាលជ្រៅ ដោយទិដ្ឋិគឺបញ្ញា១ ជាអ្នកបានដូចសេចក្តីប្រាថ្នា បានដោយមិនលំបាក បានដោយធំទូលាយ នូវឈានទាំង៤ ដែលអាស្រ័យនូវចិត្តដ៏ថ្លៃថ្លា ជាឈាននាំឲ្យនៅជាសុខ ក្នុងបច្ចុប្បន្ន១ បានធ្វើឲ្យជាក់ច្បាស់នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់អាសវៈហើយ ដោយបញ្ញាខ្លួនឯង ហើយសម្រេចសម្រាន្តនៅ (ដោយឥរិយាបថទាំង៤) ក្នុងបច្ចុប្បន្ន១។ វិន័យធរ ប្រកបដោយអង្គ៧ដទៃទៀត ក៏រមែងល្អ គឺស្គាល់អាបត្តិ១ ស្គាល់អនាបត្តិ១ ស្គាល់លហុកាបត្តិ១ ស្គាល់គរុកាបត្តិ១ ភិក្ខុនោះ ចេះចាំបាតិមោក្ខទាំងពីរ ដោយពិស្តារ ចេះចែកបទ ភាជនៈដោយប្រពៃ ចាំស្ទាត់រត់មាត់ដោយប្រពៃ ចេះកាត់សេចក្តីដោយប្រពៃ តាមសុត្តៈ គឺខន្ធកៈ និងបរិវារៈ តាមអនុព្យញ្ជនៈ គឺអក្ខរៈ និងបទ១ ជាអ្នកបានដូចសេចក្តីប្រាថ្នា បានដោយមិនលំបាក បានដោយធំទូលាយ នូវឈានទាំង៤ ដែលអាស្រ័យនូវចិត្តដ៏ថ្លៃថ្លា ជាឈាននាំឲ្យនៅជាសុខ ក្នុងបច្ចុប្បន្ន១ បានធ្វើឲ្យជាក់ច្បាស់នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់អាសវៈហើយ ដោយបញ្ញាខ្លួនឯង ហើយសម្រេចសម្រាន្តនៅ (ដោយឥរិយាបថទាំង៤) ក្នុងបច្ចុប្បន្ន១។ វិន័យធរ ដែលប្រកបដោយអង្គ៧ដទៃទៀត រមែងល្អ គឺស្គាល់អាបត្តិ១ ស្គាល់អនាបត្តិ១ ស្គាល់លហុកាបត្តិ១ ស្គាល់គរុកាបត្តិ១ រលឹកឃើញនូវចំណែកខន្ធ ដែលធ្លាប់អាស្រ័យនៅក្នុងកាលមុន មានច្រើនប្រការ១។បេ។ មានចក្ខុទិព្វដ៏បរិសុទ្ធ កន្លងហួសចក្ខុរបស់មនុស្សធម្មតា ឃើញពួកសត្វដែលច្យុត ដែលកើត ជាសត្វថោកទាបខ្លះ ឧត្តមខ្លះ មានសម្បុរល្អខ្លះ មានសម្បុរអាក្រក់ខ្លះ មានគតិល្អខ្លះ មានគតិអាក្រក់ខ្លះ ដឹងច្បាស់នូវពួកសត្វ ដែលប្រព្រឹត្តទៅតាមកម្មរបស់ខ្លួន១។បេ។ បានធ្វើឲ្យជាក់ច្បាស់នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់អាសវៈហើយ ដោយបញ្ញាខ្លួនឯង ហើយសម្រេចសម្រាន្តនៅ (ដោយឥរិយាបថទាំង៤) ក្នុងបច្ចុប្បន្ន១។

[៧៧] អសទ្ធម្មមាន៧យ៉ាង គឺបុគ្គលមិនមានសទ្ធា១ មិនខ្មាសបាប១ មិនល្អែងនឹងបាប១ ចេះដឹងតិច១ ខ្ជិលច្រអូស ភ្លេចស្មារតី១ ឥតប្រាជ្ញា១។ ព្រះសទ្ធម្មមាន៧យ៉ាង គឺបុគ្គលមានសទ្ធា១ ខ្មាសបាប១ ល្អែងនឹងបាប១ ចេះដឹងច្រើន១ ប្រារព្ធព្យាយាម១ មានស្មារតីខ្ជាប់ខ្ជួន១ មានប្រាជ្ញា១។

ចប់ សត្តកៈ (ពួកប្រាំពីរៗ)។

ឧទ្ទាន គឺបញ្ជីរឿងនៃសត្តកៈ (ពួកប្រាំពីរៗ) នោះដូច្នេះ

[៧៨]

និយាយអំពីអាបត្តិ១ កងនៃអាបត្តិ១ វិនីតវត្ថុ១ សិក្ខាបទមានពាក្យថាប្រព្រឹត្តដោយសមគួរ១ បដិញ្ញាតករណៈ មិនប្រកបដោយធម៌១ បដិញ្ញាតករណៈ ប្រកបដោយធម៌១ ទៅដោយសត្តាហកិច្ច មិនមានអាបត្តិ១ អានិសង្សវិន័យធរ១ សិក្ខាបទដែលមានទីកំណត់១ វត្ថុជានិស្សគ្គិយៈក្នុងខណៈដែលអរុណរៈឡើង១ សមថៈ១ កម្ម១ ស្រូវស្រស់១ ខ្នាតទទឹងកុដិ១ អនុប្បញ្ញត្តិក្នុងគណភោជនសិក្ខាបទ១ ភេសជ្ជៈ ភិក្ខុគួរទទួលទុកឆាន់បានកំណត់៧ថ្ងៃ១ ភិក្ខុកាន់យកចីវរដែលសម្រេច ហើយចៀសចេញទៅ១ ភិក្ខុប្រមូលយកចីវរដែលសម្រេច ហើយចៀសចេញទៅ១ អាបត្តិមិនមានដល់ភិក្ខុ១ អាបត្តិមានដល់ភិក្ខុ១ អាបត្តិដែលមានដល់ភិក្ខុ បណ្ឌិតគប្បីរម្ងាប់ចេញ១ បញ្ឈប់បាតិមោក្ខ មិនប្រកបដោយធម៌១ បញ្ឈប់បាតិមោក្ខ ប្រកបដោយធម៌១ ភិក្ខុដែលបានឈ្មោះថាជាវិន័យធរ៤ពួក១ ភិក្ខុ៤ពួកដែលល្អ១ អសទ្ធម្ម៧ប្រការ១ ព្រះសទ្ធម្ម៧ប្រការ ដែលព្រះមានព្រះភាគទ្រង់ទេសនាហើយ១។

(អដ្ឋកវារៈ ទី៨)

(៨. អដ្ឋកវារោ)

[៧៩] កាលបើភិក្ខុបានឃើញច្បាស់នូវអានិសង្ស៨ប្រការហើយ មិនត្រូវលើកវត្តភិក្ខុនោះ ព្រោះមិនឃើញអាបត្តិឡើយ។ កាលបើភិក្ខុបានឃើញនូវអានិសង្ស៨ប្រការហើយ ត្រូវសំដែងអាបត្តិនោះចេញ ដោយសេចក្តីជឿពាក្យភិក្ខុឯទៀត។ សិក្ខាបទជាយាវតតិយកាមាន៨។ ភិក្ខុទ្រុស្តត្រកូលដោយប្រការ៨យ៉ាង។ មាតិកា៨យ៉ាង នាំឲ្យកើតចីវរ។ មាតិកា៨យ៉ាង នាំឲ្យដោះកឋិន។ ទឹកបាន មាន៨យ៉ាង។ ទេវទត្តត្រូវអសទ្ធម្ម៨ប្រការគ្របសង្កត់ហើយ មានចិត្ត គឺអសទ្ធម្មរួបរឹតហើយ ក៏ធ្លាក់ទៅក្នុងទីមិនចំរើន ធ្លាក់ទៅនរក តាំងនៅអស់១កប្ប រកអ្នកណាកែមិនកើត។ លោកធម៌មាន៨ប្រការ។ គរុធម៌មាន៨ប្រការ។ បាដិទេសនីយសិក្ខាបទមាន៨។ មុសាវាទប្រកបដោយអង្គ៨។ អង្គរបស់ឧបោសថមាន៨។ អង្គរបស់ភិក្ខុដែលជាទូត (អ្នកទទួលបម្រើ) មាន៨។ វត្តរបស់ពួកតិរ្ថិយ មាន៨។ ធម៌ជាអស្ចារ្យចំឡែកក្នុងមហាសមុទ្ទ មាន៨។ ធម៌ជាអស្ចារ្យចំឡែកក្នុងធម៌វិន័យនេះ មាន៨។ អនតិរិត្តភោជនមាន៨។ អតិរិត្តភោជនមាន៨។ វត្ថុដែលជានិស្សគ្គិយៈ ក្នុងខណៈអរុណរះឡើងជាគំរប់៨។ បារាជិកសិក្ខាបទមាន៨។ ភិក្ខុនីធ្វើវត្ថុទី៨ឲ្យពេញ សង្ឃត្រូវឲ្យវិនាស។ អាបត្តិដែលភិក្ខុនីធ្វើវត្ថុទី៨ឲ្យពេញ សំដែងចេញបានក៏មាន សំដែងចេញមិនបានក៏មាន។ ឧបសម្បទា ប្រកបដោយកម្មវាចា៨លើក។ ត្រូវក្រោកទៅទទួលបុគ្គល៨ពួក។ ត្រូវឲ្យអាសនៈ ដល់បុគ្គល៨ពួក។ ឧបាសិកា បានសូមពរទាំង៨ប្រការ។ ភិក្ខុប្រកបដោយអង្គ៨ សង្ឃគួរសន្មតឲ្យជាអ្នកប្រដៅភិក្ខុនី។ អានិសង្សវិន័យធរមាន៨។ សិក្ខាបទដែលមានទីកំណត់មាន៨។ ភិក្ខុដែលសង្ឃធ្វើតស្សបាបិយសិកាកម្មហើយ គួរប្រព្រឹត្តដោយប្រពៃ ក្នុងធម៌ទាំង៨ប្រការ។ ការបញ្ឈប់បាតិមោក្ខ ដែលមិនប្រកបដោយធម៌ មាន៨។ ការបញ្ឈប់បាតិមោក្ខ ដែលប្រកបដោយធម៌មាន៨។

ចប់ អដ្ឋកៈ (ពួកប្រាំបីៗ)។

ឧទ្ទាន គឺបញ្ជីរឿង នៃអដ្ឋកៈ (ពួកប្រាំបីៗ) នោះដូច្នេះ

[៨០]

និយាយអំពីភិក្ខុមិនត្រូវលើកវត្តភិក្ខុនោះ១ ភិក្ខុគួរសំដែងអាបត្តិដោយជឿពាក្យភិក្ខុដទៃ១ សិក្ខាបទជាយាវតតិយកា១ ភិក្ខុទ្រុស្តត្រកូល១។ មាតិកានាំឲ្យកើតចីវរ១ មាតិកានាំឲ្យដោះកឋិន១ ទឹកបាន១ ទេវទត្តត្រូវអសទ្ធម្មគ្របសង្កត់១ លោកធម៌១ គរុធម៌១ បាដិទេសនីយសិក្ខាបទ១ មុសាវាទ១ ឧបោសថ១ អង្គរបស់ភិក្ខុជាទូត១ វត្តតិរ្ថិយ១ ធម៌ជាអស្ចារ្យចំឡែកក្នុងមហាសមុទ្ទ១ អនតិរិត្តភោជន១ អតិរិត្តភោជន១ និស្សគ្គិយវត្ថុ១ បារាជិកសិក្ខាបទ១ ភិក្ខុនីធ្វើវត្ថុទី៨ ឲ្យពេញ១ អាបត្តិដែលភិក្ខុនីសំដែងមិនបាន១ ឧបសម្បទា១ ការក្រោកទទួល១ ឲ្យអាសនៈ១ ឧបាសិកាសូមពរ១ ភិក្ខុដែលសង្ឃគួរសន្មតឲ្យប្រដៅភិក្ខុនី១ អានិសង្សវិន័យធរ១ សិក្ខាបទដែលមានទីកំណត់១ ភិក្ខុគួរប្រព្រឹត្តក្នុងធម៌៨ប្រការ១ បញ្ឈប់បាតិមោក្ខ មិនប្រកបដោយធម៌១ បញ្ឈប់បាតិមោក្ខ ប្រកបដោយធម៌១ ពួកធម៌ប្រាំបីៗ (នេះ) ព្រះសម្ពុទ្ធទ្រង់សំដែងទុកមកដោយល្អហើយ។

(នវកវារៈ ទី៩)

(៩. នវកវារោ)

[៨១] អាឃាតវត្ថុ គឺវត្ថុជាទីកើតនៃគំនុំមាន៩។ ធម៌សម្រាប់កំចាត់នូវគំនុំមាន៩។ វិនីតវត្ថុមាន៩។ អាបត្តិជាបឋមាបត្តិកា (ដែលត្រូវជាដម្បូង) មាន៩។ សង្ឃបែកគ្នាដោយធម៌៩ប្រការ។ ភោជនឧត្តមមាន៩យ៉ាង។ ភិក្ខុត្រូវទុក្កដ ព្រោះឆាន់សាច់៩យ៉ាង។ ឧទ្ទេសរបស់បាតិមោក្ខមាន៩។ សិក្ខាបទដែលមានទីកំណត់មាន៩។ ធម៌ដែលមានតណ្ហាជាមូល មាន៩។ មានះ មាន៩ប្រការ។ ចីវរ៩ប្រការ ភិក្ខុគួរអធិដ្ឋាន។ ចីវរ៩ប្រការ ភិក្ខុមិនគួរវិកប្ប។ បណ្តោយ (ចីវរព្រះសុគត)៩ចំអាម ដោយចំអាមព្រះសុគត។ ទានដែលមិនប្រកបដោយធម៌ មាន៩យ៉ាង។ ការទទួលដែលមិនប្រកបដោយធម៌ មាន៩យ៉ាង។ បរិភោគដែលមិនប្រកបដោយធម៌ មាន៩យ៉ាង។ ទានដែលប្រកបដោយធម៌មាន៣យ៉ាង។ ការទទួលដែលប្រកបដោយធម៌មាន៣យ៉ាង។ បរិភោគដែលប្រកបដោយធម៌មាន៣យ៉ាង។ ការពន្យល់ ឬបញ្ជាក់ ដែលមិនប្រកបដោយធម៌មាន៩យ៉ាង។ ការពន្យល់ ឬបញ្ជាក់ ដែលប្រកបដោយធម៌មាន៩យ៉ាង។ នវកៈ មាន២ ក្នុងកម្មដែលមិនប្រកបដោយធម៌។ នវកៈ មាន២ ក្នុងកម្មដែលប្រកបដោយធម៌។ ការបញ្ឈប់បាតិមោក្ខ ដែលមិនប្រកបដោយធម៌មាន៩។ ការបញ្ឈប់បាតិមោក្ខ ដែលប្រកបដោយធម៌មាន៩។

ចប់ នវកៈ (ពួកប្រាំបួនៗ)។

ឧទ្ទាន គឺបញ្ជីរឿង នៃនវកៈ (ពួកប្រាំបួនៗ) នោះដូច្នេះ

[៨២]

និយាយអំពីវត្ថុជាទីកើតគំនុំ ធម៌សម្រាប់កំចាត់គំនុំ១ វិនីតវត្ថុ១ អាបត្តិជាបឋមាបត្តិកា១ សង្ឃបែកគ្នា១ ភោជនឧត្តម១ ភិក្ខុត្រូវទុក្កដ ព្រោះឆាន់សាច់១ ឧទ្ទេសរបស់បាតិមោក្ខ១ សិក្ខាបទដែលមានទីកំណត់១ ធម៌ដែលមានតណ្ហាជាមូល១ មានះ១ អធិដ្ឋាន១ វិកប្ប១ ចំអាមព្រះសុគត១ ទាន១ ការទទួល១ ការបរិភោគ១ ទាន និងការទទួល និងការបរិភោគ ដែលប្រកបដោយធម៌មាន៣ប្រការ១ ពន្យល់ ឬបញ្ជាក់មិនប្រកបដោយធម៌១ ពន្យល់ ឬបញ្ជាក់ប្រកបដោយធម៌១ នវកៈពីរពួក ២ដង១ ការបញ្ឈប់បាតិមោក្ខ មិនប្រកបដោយធម៌១។ ការបញ្ឈប់បាតិមោក្ខ ដែលប្រកបដោយធម៌១។

(ទសកវារៈ ទី១០)

(១០. ទសកវារោ)

[៨៣] វត្ថុជាទីកើតគំនុំមាន១០។ ធម៌សម្រាប់កំចាត់នូវគំនុំមាន១០។ វិនីតវត្ថុមាន១០។ មិច្ឆាទិដ្ឋិមានវត្ថុ១០។ សម្មាទិដ្ឋិមានវត្ថុ១០។ ទិដ្ឋិឈ្មោះអន្តគ្គាហិកាមាន១០។ មិច្ឆត្តធម៌មាន១០។ សម្មត្តធម៌មាន១០។ អកុសលកម្មបថមាន១០។ កុសលកម្មបថមាន១០។ ការចាប់ស្លាក ដែលមិនប្រកបដោយធម៌មាន១០។ ការចាប់ស្លាក ដែលប្រកបដោយធម៌ មាន១០។ សិក្ខាបទរបស់សាមណេរមាន១០។ សាមណេរ ប្រកបដោយអង្គ១០ គួរឲ្យវិនាស។

[៨៤] វិន័យធរ ដែលប្រកបដោយអង្គ១០ ដល់នូវការរាប់ថាជាបុគ្គលពាល គឺមិនរៀនទីកំណត់ភាសារបស់ខ្លួន១ មិនរៀនទីកំណត់ភាសារបស់ជនដទៃ១ លុះមិនរៀនទីកំណត់ភាសារបស់ខ្លួនហើយ កាត់សេចក្តីមិនត្រូវតាមធម៌១ លុះមិនរៀនទីកំណត់ភាសារបស់ជនដទៃហើយ កាត់សេចក្តីមិនត្រូវតាមធម៌១ កាត់សេចក្តីមិនត្រូវតាមពាក្យប្តេជ្ញា១ មិនស្គាល់អាបត្តិ១ មិនស្គាល់មូលនៃអាបត្តិ១ មិនស្គាល់ហេតុឲ្យកើតអាបត្តិ១ មិនស្គាល់សេចក្តីរលត់នៃអាបត្តិ១ មិនស្គាល់បដិបទាឲ្យដល់នូវសេចក្តីរលត់នៃអាបត្តិ១។ វិនយធរ ដែលប្រកបដោយអង្គ១០ ដល់នូវការរាប់ថា ជាបណ្ឌិត គឺរៀនទីកំណត់ភាសារបស់ខ្លួន១ រៀនទីកំណត់ភាសារបស់ជនដទៃ១ លុះរៀនទីកំណត់ភាសារបស់ខ្លួនហើយ កាត់សេចក្តីត្រូវតាមធម៌១ លុះរៀនទីកំណត់ភាសារបស់ជនដទៃហើយ កាត់សេចក្តីត្រូវតាមធម៌១ កាត់សេចក្តីត្រូវតាមពាក្យប្តេជ្ញា១ ស្គាល់អាបត្តិ១ ស្គាល់មូលនៃអាបត្តិ១ ស្គាល់ហេតុឲ្យកើតអាបត្តិ១ ស្គាល់សេចក្តីរលត់នៃអាបត្តិ១ ស្គាល់បដិបទាឲ្យដល់នូវសេចក្តីរលត់នៃអាបត្តិ១។ វិនយធរ ដែលប្រកបដោយអង្គ១០ដទៃទៀត ដល់នូវការរាប់ថាជាបុគ្គលពាល គឺមិនស្គាល់អធិករណ៍១ មិនស្គាល់មូលនៃអធិករណ៍១ មិនស្គាល់ហេតុឲ្យកើតអធិករណ៍១ មិនស្គាល់សេចក្តីរលត់នៃអធិករណ៍១ មិនស្គាល់បដិបទាឲ្យដល់នូវសេចក្តីរលត់នៃអធិករណ៍១ មិនស្គាល់វត្ថុ១ មិនស្គាល់និទាន១ មិនស្គាល់បញ្ញត្តិ១ មិនស្គាល់អនុប្បញ្ញត្តិ១ មិនស្គាល់គន្លងពាក្យដែលជាប់តគ្នា១។ វិនយធរប្រកបដោយអង្គ១០ ដល់នូវការរាប់ថាជាបណ្ឌិត គឺស្គាល់អធិករណ៍១ ស្គាល់មូលនៃអធិករណ៍១ ស្គាល់ហេតុឲ្យកើតអធិករណ៍១ ស្គាល់សេចក្តីរលត់នៃអធិករណ៍១ ស្គាល់បដិបទាឲ្យដល់នូវសេចក្តីរលត់អធិករណ៍១ ស្គាល់វត្ថុ១ ស្គាល់និទាន១ ស្គាល់បញ្ញត្តិ១ ស្គាល់អនុប្បញ្ញត្តិ១ ស្គាល់គន្លងពាក្យដែលជាប់តគ្នា១។ វិនយធរ ដែលប្រកបដោយអង្គ១០ដទៃទៀត ក៏ដល់នូវការរាប់ថាជាបុគ្គលពាល គឺមិនស្គាល់ញត្តិ១ មិនស្គាល់ការធ្វើញត្តិ១ មិនឈ្លាសក្នុងកិច្ចខាងដើម១ មិនឈ្លាសក្នុងកិច្ចខាងចុង១ មិនស្គាល់កាល១ មិនស្គាល់អាបត្តិ និងអនាបត្តិ១ មិនស្គាល់លហុកាបត្តិ និងគរុកាបត្តិ១ មិនស្គាល់សាវសេសាបត្តិ និងអនវសេសាបត្តិ១ មិនស្គាល់ទុដ្ឋុល្លាបត្តិ និងអទុដ្ឋុល្លាបត្តិ១ វិន័យធរនោះ មិនរៀនតំណអាចារ្យ ទាំងមិនយកចិត្តទុកដាក់ មិនពិចារណាដោយល្អ១។ វិនយធរដែលប្រកបដោយអង្គ១០ ដល់នូវការរាប់ថាជាបណ្ឌិត គឺស្គាល់ញត្តិ១ ស្គាល់ការធ្វើញត្តិ១ ឈ្លាសក្នុងកិច្ចខាងដើម១ ឈ្លាសក្នុងកិច្ចខាងចុង១ ស្គាល់កាល១ ស្គាល់អាបត្តិ និងអនាបត្តិ១ ស្គាល់លហុកាបត្តិ និងគរុកាបត្តិ១ ស្គាល់សាវសេសាបត្តិ និងអនវសេសាបត្តិ១ ស្គាល់ទុដ្ឋុល្លាបត្តិ និងអទុដ្ឋុល្លាបត្តិ១ វិន័យធរនោះ បានរៀនតំណអាចារ្យ ទាំងបានយកចិត្តទុកដាក់ បានពិចារណាដោយល្អ១។ វិនយធរដែលប្រកបដោយអង្គ១០ដទៃទៀត ក៏ដល់នូវការរាប់ថាជាបុគ្គលពាល គឺមិនស្គាល់អាបត្តិ និងអនាបត្តិ១ មិនស្គាល់លហុកាបត្តិ និងគរុកាបត្តិ១ មិនស្គាល់សាវសេសាបត្តិ និងអនវសេសាបត្តិ១ មិនស្គាល់ទុដ្ឋុល្លាបត្តិ និងអទុដ្ឋុល្លាបត្តិ១ វិន័យធរនោះ មិនចេះចាំបាតិមោក្ខទាំងពីរដោយពិស្តារ មិនចេះចែកបទភាជនៈដោយប្រពៃ មិនបានចាំស្ទាត់រត់មាត់ដោយប្រពៃ មិនចេះកាត់សេចក្តីដោយប្រពៃ តាមសុត្តៈ គឺខន្ធកៈ និងបរិវារៈ តាមអនុព្យញ្ជន គឺអក្ខរៈ និងបទ១ មិនស្គាល់អាបត្តិ និងអនាបត្តិ១ មិនស្គាល់លហុកាបត្តិ និងគរុកាបត្តិ១ មិនស្គាល់សាវសេសាបត្តិ និងអនវសេសាបត្តិ១ មិនស្គាល់ទុដ្ឋុល្លាបត្តិ និងអទុដ្ឋុល្លាបត្តិ១ មិនឈ្លាសក្នុងការវិនិច្ឆ័យអធិករណ៍១។ វិនយធរ ប្រកបដោយអង្គ១០ ដល់នូវការរាប់ថាជាបណ្ឌិត គឺស្គាល់អាបត្តិ និងអនាបត្តិ១ ស្គាល់លហុកាបត្តិ និងគរុកាបត្តិ១ ស្គាល់សាវសេសាបត្តិ និងអនវសេសាបត្តិ១ ស្គាល់ទុដ្ឋុល្លាបត្តិ និងអទុដ្ឋុល្លាបត្តិ១ វិន័យធរនោះ ចេះចាំបាតិមោក្ខទាំងពីរដោយពិស្តារ ចេះចែកបទភាជនៈដោយប្រពៃ ចាំស្ទាត់រត់មាត់ដោយប្រពៃ ចេះកាត់សេចក្តីដោយប្រពៃ តាមសុត្តៈ តាមអនុព្យញ្ជន១ ស្គាល់អាបត្តិ និងអនាបត្តិ១ ស្គាល់លហុកាបត្តិ និងគរុកាបត្តិ១ ស្គាល់សាវសេសាបត្តិ និងអនវសេសាបត្តិ១ ស្គាល់ទុដ្ឋុល្លាបត្តិ និងអទុដ្ឋុល្លាបត្តិ១ ឈ្លាសក្នុងការវិនិច្ឆ័យអធិករណ៍១។

[៨៥] ភិក្ខុប្រកបដោយអង្គ១០ សង្ឃគួរសន្មតដោយឧព្វាហិកាកម្ម។13) ព្រះតថាគត អាស្រ័យអំណាចប្រយោជន៍ទាំង១០ ទើបបញ្ញត្តសិក្ខាបទដល់សាវ័កទាងឡាយ។ ទោសក្នុងការចូលទៅក្នុងព្រះរាជវាំង មាន១០យ៉ាង។ ទានវត្ថុ១០យ៉ាង។ រតនៈមាន១០យ៉ាង។ ភិក្ខុសង្ឃមានពួក១០។ គណៈសង្ឃពួក១០ គួរឲ្យឧបសម្បទាបាន។ សំពត់បំសុកូលមាន១០យ៉ាង។ ការទ្រទ្រង់ចីវរមាន១០យ៉ាង។ អតិរេកចីវរ ភិក្ខុត្រូវប្រើប្រាស់បានកំណត់ត្រឹម១០ថ្ងៃ។ ទឹកសុក្កៈមាន១០យ៉ាង។ ស្រីមាន១០ពួក។ ភរិយាមាន១០ពួក។ វជ្ជីបុត្តកភិក្ខុទាំងឡាយ សំដែងវត្ថុទាំង១០ប្រការ ក្នុងក្រុងវេសាលី។ អវន្ទិយបុគ្គលមាន១០ពួក។ អក្កោសវត្ថុមាន១០យ៉ាង។ ភិក្ខុនាំពាក្យញុះញង់ ដោយអាការ១០។ សេនាសនៈមាន១០យ៉ាង។ ជនទាំងឡាយបានសូមពរទាំង១០។ ការបញ្ឈប់បាតិមោក្ខ ដែលមិនប្រកបដោយធម៌មាន១០។ ការបញ្ឈប់បាតិមោក្ខ ដែលប្រកបដោយធម៌មាន១០។ អានិសង្សបបរមាន១០យ៉ាង។ សាច់ដែលភិក្ខុមិនគួរឆាន់ មាន១០យ៉ាង។ សិក្ខាបទដែលមានទីកំណត់ មាន១០។ ភិក្ខុមានវស្សាគ្រប់១០ ដែលឈ្លាស ប្រតិពល ទើបគួរឲ្យបព្វជ្ជា គួរឲ្យឧបសម្បទា គួរឲ្យនិស្ស័យ គួរឲ្យសាមណេរបម្រើខ្លួន។ ភិក្ខុនីមានវស្សាគ្រប់១០ ដែលឈ្លាស ប្រតិពល ទើបគួរឲ្យបព្វជ្ជា គួរឲ្យឧបសម្បទា គួរឲ្យនិស្ស័យ គួរឲ្យសាមណេរីបម្រើខ្លួនបាន។ ភិក្ខុនី ដែលឈ្លាស ប្រតិពល មានវស្សាគ្រប់១០ ទើបគួរត្រេកអរនឹងការសន្មតិ ឲ្យបំបួសគេបាន។ ភិក្ខុនីគប្បីឲ្យសិក្ខា14) ដល់ស្រីគិហិគតា15) មានវស្សាគ្រប់១០។

ចប់ ទសកៈ (ពួកដប់ៗ)។

ឧទ្ទាន គឺបញ្ជីរឿង នៃទសកៈ (ពួកដប់ៗ) នោះដូច្នេះ

[៨៦]

និយាយអំពីវត្ថុជាទីកើតគំនុំ ធម៌សម្រាប់កំចាត់គំនុំ១ វិនីតវត្ថុ១ មិច្ឆាទិដ្ឋិ១ សម្មាទិដ្ឋិ១ អន្តគ្គាហិកាទិដ្ឋិ១ មិច្ឆត្តធម៌១ សម្មត្តធម៌១ អកុសលកម្មបថ១ កុសលកម្មបថ១ ការចាប់ស្លាកមិនប្រកបដោយធម៌១ ការចាប់ស្លាកប្រកបដោយធម៌១ សិក្ខាបទរបស់សាមណេរ១ សាមណេរដែលគួរឲ្យវិនាស១ ទីកំណត់ភាសា១ អធិករណ៍១ ញត្តិ១ លហុកាបត្តិ១ លហុកាបត្តិម្យ៉ាងទៀត១ គរុកាបត្តិ១ អ្នកទាំងឡាយ ចូរដឹងធម៌ទាំងអម្បាលនេះ ថាជាធម៌មានចំណែកខ្មៅ និងស ភិក្ខុដែលសង្ឃត្រូវសន្មតដោយឧព្វាហិកាកម្ម១ ព្រះតថាគត ទ្រង់បញ្ញត្តិសិក្ខាបទ១ ទោសក្នុងការចូលទៅក្នុងព្រះរាជវាំង១ ទានវត្ថុ១ រតនៈ១ សង្ឃពួកដប់១ ការឲ្យឧបសម្បទាដោយសង្ឃពួក១០ ដូចគ្នា១ សំពត់បំសុកូល១ ការប្រើប្រាស់ចីវរ១ អតិរេកចីវរ គួរប្រើប្រាស់បានត្រឹមតែកំណត់១០ថ្ងៃ១ ទឹកសុក្កៈ១០យ៉ាង១ ស្រី១០ពួក១ ភរិយា១០ពួក១ វត្ថុ១០យ៉ាង១ អវន្ទិយបុគ្គល១ អក្កោសវត្ថុ១ ភិក្ខុនាំការញុះញង់១ សេនាសនៈ១ ការសូមពរ១ ការបញ្ឈប់បាតិមោក្ខ ដែលមិនប្រកបដោយធម៌១ ការបញ្ឈប់បាតិមោក្ខ ប្រកបដោយធម៌១ អានិសង្សបបរ១ សាច់មិនគួរឆាន់១ សិក្ខាបទដែលមានទីកំណត់១ ភិក្ខុដែលគួរឲ្យបព្វជ្ជាជាដើម១ ភិក្ខុនីដែលគួរឲ្យបព្វជ្ជាជាដើម១ ភិក្ខុនីគួរត្រេកអរនឹងការសន្មតិបព្វជ្ជា១ ស្រីគិហិគតា១ ធម៌ពួកដប់ៗនេះ ព្រះសម្មាសម្ពុទ្ធ ទ្រង់សំដែងហើយ ដោយប្រពៃ។

(ឯកាទសកវារៈ ទី១១)

(១១. ឯកាទសកវារោ)

[៨៧] បុគ្គល១១ពួក បើនៅជាអនុបសម្បន្ននៅឡើយ ភិក្ខុមិនត្រូវឲ្យឧបសម្បទា ទុកជាបានឧបសម្បទារួចហើយ ភិក្ខុត្រូវឲ្យវិនាសចេញ។ ទ្រនាប់ជើងដែលភិក្ខុមិនគួរប្រើប្រាស់ មាន១១យ៉ាង។ បាត្រដែលភិក្ខុមិនគួរប្រើប្រាស់ មាន១១យ៉ាង។ ចីវរដែលភិក្ខុមិនគួរប្រើប្រាស់ មាន១១យ៉ាង។ អាបត្តិជាយាវតតិយកាមាន១១។ អន្តរាយិកធម៌១១ប្រការ របស់ពួកភិក្ខុនី ភិក្ខុត្រូវសួរ។ ចីវរ ដែលភិក្ខុគួរអធិដ្ឋាន មាន១១យ៉ាង។ ចីវរដែលភិក្ខុមិនគួរវិកប្ប មាន១១យ៉ាង។ វត្ថុដែលជានិស្សគ្គិយៈ ក្នុងពេលអរុណរះឡើង ជាគំរប់១១។ ឡេវក្ឌុំដែលជាកប្បិយៈ (គួរប្រើប្រាស់បាន) មាន១១យ៉ាង។ ក្រវិលក្ឌុំដែលជាកប្បិយៈ មាន១១យ៉ាង។ ផែនដីជាអកប្បិយៈ (ភិក្ខុមិនគួរជីក) មាន១១យ៉ាង។ ផែនដីជាកប្បិយៈមាន១១យ៉ាង។ សេចក្តីរម្ងាប់ចាកនិស្ស័យ មាន១១ប្រការ។ អវន្ទិយបុគ្គលមាន១១ពួក។ សិក្ខាបទមានទីកំណត់មាន១១។ ពួកជនបានសូមពរ១១ប្រការ។ ទោសរបស់សីមា មាន១១ប្រការ។ ទោស១១ប្រការរមែងកើតប្រាកដដល់បុគ្គលជាអ្នកជេរ និងជាអ្នកគម្រាម។ មេត្តាចេតោវិមុត្តិ ដែលបុគ្គលធ្វើឲ្យថ្នឹកហើយ ចំរើនហើយ ធ្វើឲ្យក្រាស់ក្រែលហើយ ធ្វើឲ្យដូចជាយានជំនិះហើយ ធ្វើឲ្យជាទីនៅហើយ ឲ្យតាំងនៅញឹកញយហើយ សន្សំទុកមិនឲ្យបាត់ ប្រារព្ធដោយល្អហើយ និងមានអានិសង្ស១១ប្រការជាពិតប្រាកដ គឺបុគ្គលនោះដេកលក់ជាសុខ១ ភ្ញាក់ឡើងជាសុខ១ មិនយល់សុប្តិអាក្រក់១ ជាទីស្រឡាញ់របស់ពួកមនុស្ស១ ជាទីស្រឡាញ់របស់ពួកអមនុស្ស១ ពួកទេវតាតែងរក្សា១ ភ្លើងក្តី ថ្នាំពិសក្តី គ្រឿងសស្ត្រាវុធក្តី ក៏មិនប៉ះពាល់ដល់បុគ្គលនោះ១ ចិត្តបុគ្គលនោះ រមែងចូលកាន់សមាធិដោយរួសរាន់១ បុគ្គលនោះ មានពណ៌សម្បុរមុខស្រស់បស់១ បុគ្គលនោះមិនបានវង្វេង ធ្វើមរណកាល១ កាលបើមិនទាន់បានត្រាស់ដឹងនូវគុណធម៌ជាន់ខ្ពស់ទេ ជាអ្នកបានទៅកើតក្នុងព្រហ្មលោក១ មេត្តាចេតោវិមុត្តិ ដែលបុគ្គលគប្បីធ្វើឲ្យថ្នឹកហើយ ចំរើនហើយ ធ្វើឲ្យក្រាស់ក្រែលហើយ ធ្វើឲ្យដូចជាយានជំនិះហើយ ធ្វើឲ្យជាទីនៅហើយ ឲ្យតាំងនៅញឹកញយហើយ សន្សំទុកមិនឲ្យបាត់ ប្រារព្ធដោយល្អហើយ អានិសង្ស១១ប្រការនេះ នឹងកើតប្រាកដ។

ចប់ ឯកាទសកៈ (ពួកដប់មួយៗ)។

ឧទ្ទាន គឺបញ្ជីរឿងនៃឯកាទសកៈ (ពួកដប់មួយៗ) នោះដូច្នេះ

[៨៨]

និយាយអំពីឧបសម្បន្ន ដែលសង្ឃគួរឲ្យវិនាស១ ទ្រនាប់ជើង១ បាត្រ១ ចីវរ១ អាបត្តិ ជាយាវតតិយកា១ អន្តរាយិកធម៌ ដែលវិន័យធរត្រូវសួរ១ ចីវរគួរអធិដ្ឋាន១ ចីវរគួរវិកប្ប១ វត្ថុជានិស្សគ្គិយៈ ក្នុងវេលាអរុណរះឡើង១ ឡេវក្ឌុំ១ ក្រវិលក្ឌុំ១ ដីជាអកប្បិយៈ១ ដីជាកប្បិយៈ១ សេចក្តីរម្ងាប់ចាកនិស្ស័យ១ អវន្ទិយបុគ្គល១ សិក្ខាបទដែលមានទីកំណត់១ ការសូមពរ១ ទោសរបស់សីមា១ ការជេរ១ អានិសង្សមេត្តាមាន១១ប្រការ១។

ចប់ ឯកុត្តរិកៈ (ការស្រង់យកសេចក្តីតាំងពីពួកមួយៗ ឡើងទៅ)។

ឧទ្ទាន នៃឯកុត្តរិកៈនោះ ដូច្នេះ

[៨៩]

ពួកធម៌មួយ១ ពួកធម៌ពីរ១ ពួកធម៌បី១ ពួកធម៌បួន១ ពួកធម៌ប្រាំ១ ពួកធម៌ប្រាំមួយ១ ពួកធម៌ប្រាំពីរ១ ពួកធម៌ប្រាំបី១ ពួកធម៌ប្រាំបួន១ ពួកធម៌ដប់១ ពួកធម៌ដប់មួយ១ ឈ្មោះថា ឯកុត្តរិកៈ ជារបស់ប្រាសចាកមន្ទិល ដែលព្រះពុទ្ធជាតាទិបុគ្គល ទ្រង់ត្រាស់ដឹងនូវធម៌ ទ្រង់ប្រកបដោយសេចក្តីព្យាយាមច្រើន ទ្រង់សំដែងទុកមក ដើម្បីប្រយោជន៍ ដល់សព្វសត្វទាំងឡាយ។

បុច្ឆាវិសជ្ជនាអំពីឧបោសថកម្មជាដើម

(ឧបោសថាទិបុច្ឆាវិស្សជ្ជនា)

(អាទិមជ្ឈន្តបុច្ឆនៈ)

(អាទិមជ្ឈន្តបុច្ឆនំ)

[៩០] ឧបោសថកម្ម មានអ្វីជាខាងដើម មានអ្វីជាកណ្តាល មានអ្វីជាទីបំផុត។ បវារណាកម្ម មានអ្វីជាខាងដើម មានអ្វីជាកណ្តាល មានអ្វីជាទីបំផុត។ តជ្ជនីយកម្ម។បេ។ និយស្សកម្ម។បេ។ បព្វាជនីយកម្ម។បេ។ បដិសារណីយកម្ម។បេ។ ឧក្ខេបនីយកម្ម។បេ។ បរិវាសទាន (ការឲ្យបរិវាស)។បេ។ មូលាយប្បដិកស្សនា។បេ។ មានត្តទាន។បេ។ អព្ភាន។បេ។ ឧបសម្បទាកម្ម មានអ្វីជាខាងដើម មានអ្វីជាកណ្តាល មានអ្វីជាទីបំផុត។ ការរម្ងាប់តជ្ជនីយកម្ម មានអ្វីជាខាងដើម មានអ្វីជាកណ្តាល មានអ្វីជាទីបំផុត។ ការរម្ងាប់និយស្សកម្ម។បេ។ ការរម្ងាប់បព្វាជនីយកម្ម។បេ។ ការរម្ងាប់បដិសារណីយកម្ម។បេ។ ការរម្ងាប់ឧក្ខេបនីយកម្ម មានអ្វីជាខាងដើម មានអ្វីជាកណ្តាល មានអ្វីជាទីបំផុត។ សតិវិន័យ មានអ្វីជាខាងដើម មានអ្វីជាកណ្តាល មានអ្វីជាទីបំផុត។បេ។ អមូឡ្ហវិន័យ។បេ។ តស្សបាបិយសិកា។បេ។ តិណវត្ថារកៈ។បេ។ ការសន្មតិភិក្ខុឲ្យជាអ្នកប្រដៅភិក្ខុនី។បេ។ ការសន្មតិភិក្ខុឲ្យនៅប្រាសចាកត្រៃចីវរ។បេ។ ការសន្មតិសន្ថ័ត។បេ។ ការសន្មតិភិក្ខុឲ្យជាអ្នកចោលរូបិយៈ។បេ។ ការសន្មតិភិក្ខុឲ្យជាអ្នកប្រគល់សាដក។បេ។ ការសន្មតិភិក្ខុឲ្យជាអ្នកប្រគល់បាត្រ។បេ។ ការសន្មតិឈើច្រត់។បេ។ ការសន្មតិសង្រែក។បេ។ ការសន្មតិឈើច្រត់ និងសង្រែក មានអ្វីជាខាងដើម មានអ្វីជាកណ្តាល មានអ្វីជាទីបំផុត។

(អាទិមជ្ឈន្តវិស្សជ្ជនា)

(អាទិមជ្ឈន្តវិស្សជ្ជនា)

[៩១] សួរថា ឧបោសថកម្ម មានអ្វីជាខាងដើម មានអ្វីជាកណ្តាល មានអ្វីជាទីបំផុត។ ឆ្លើយថា ឧបោសថកម្ម មានសេចក្តីព្រមព្រៀងជាខាងដើម មានការធ្វើជាកណ្តាល មានការបញ្ចប់ជាទីបំផុត។ បវារណាកម្ម មានអ្វីជាខាងដើម មានអ្វីជាកណ្តាល មានអ្វីជាទីបំផុត។ បវារណាកម្ម មានសេចក្តីព្រមព្រៀងជាខាងដើម មានការធ្វើជាកណ្តាល មានការចប់ជាទីបំផុត។ តជ្ជនីយកម្ម មានអ្វីជាខាងដើម មានអ្វីជាកណ្តាល មានអ្វីជាទីបំផុត។ តជ្ជនីយកម្ម មានវត្ថុ និងបុគ្គលជាខាងដើម មានញត្តិជាកណ្តាល មានកម្មវាចាជាទីបំផុត។ និយស្សកម្ម។បេ។ បព្វាជនីយកម្ម បដិសារណីយកម្ម ឧក្ខេបនីយកម្ម បរិវាសទាន មូលាយប្បដិកស្សនា មានត្តទាន អព្ភាន មានអ្វីជាខាងដើម មានអ្វីជាកណ្តាល មានអ្វីជាទីបំផុត។ អព្ភាន មានវត្ថុ និងបុគ្គលជាខាងដើម មានញត្តិជាកណ្តាល មានកម្មវាចាជាទីបំផុត។ ឧបសម្បទាកម្ម មានអ្វីជាខាងដើម មានអ្វីជាកណ្តាល មានអ្វីជាទីបំផុត។ ឧបសម្បទាកម្ម មានបុគ្គលជាខាងដើម មានញត្តិជាកណ្តាល មានកម្មវាចាជាទីបំផុត។ ការរម្ងាប់តជ្ជនីយកម្ម មានអ្វីជាខាងដើម មានអ្វីជាកណ្តាល មានអ្វីជាទីបំផុត។ ការរម្ងាប់តជ្ជនីយកម្ម មានការប្រព្រឹត្តវត្តដោយល្អជាខាងដើម មានញត្តិជាកណ្តាល មានកម្មវាចាជាទីបំផុត។ ការរម្ងាប់និយស្សកម្ម។បេ។ បព្វាជនីយកម្ម បដិសារណីយកម្ម ឧក្ខេបនីយកម្ម មានអ្វីជាខាងដើម មានអ្វីជាកណ្តាល មានអ្វីជាទីបំផុត។ ការរម្ងាប់ឧក្ខេបនីយកម្ម មានការប្រព្រឹត្តវត្តដោយល្អជាខាងដើម មានញត្តិជាកណ្តាល មានកម្មវាចាជាទីបំផុត។ សតិវិន័យ មានអ្វីជាខាងដើម មានអ្វីជាកណ្តាល មានអ្វីជាទីបំផុត។ សតិវិន័យមានវត្ថុ និងបុគ្គលជាខាងដើម មានញត្តិជាកណ្តាល មានកម្មវាចាជាទីបំផុត។ អមូឡ្ហវិន័យ។បេ។ តស្សបាបិយសិកា តិណវត្ថារកៈ ការសន្មតិភិក្ខុឲ្យជាអ្នកប្រដៅភិក្ខុនី ការសន្មតិភិក្ខុឲ្យនៅប្រាសចាកត្រៃចីវរ ការសន្មតិសន្ថ័ត ការសន្មតិភិក្ខុឲ្យជាអ្នកចោលរូបិយៈ ការសន្មតិភិក្ខុឲ្យជាអ្នកប្រគល់សាដក ការសន្មតិភិក្ខុឲ្យជាអ្នកប្រគល់បាត្រ ការសន្មតិឈើច្រត់ ការសន្មតិសង្រែក ការសន្មតិឈើច្រត់ និងសង្រែក មានអ្វីជាខាងដើម មានអ្វីជាកណ្តាល មានអ្វីជាទីបំផុត។ ការសន្មតិឈើច្រត់ និងសង្រែកមានវត្ថុ និងបុគ្គលជាខាងដើម មានញត្តិជាកណ្តាល មានកម្មវាចាជាទីបំផុត។

បករណៈសំដែងអំពីអំណាចប្រយោជន៍

(អត្ថវសបករណំ)

[៩២] ព្រះតថាគត ទ្រង់បញ្ញត្តសិក្ខាបទ ដល់សាវ័កទាំងឡាយ ព្រោះអាស្រ័យអំណាចប្រយោជន៍១០យ៉ាង គឺដើម្បីសេចក្តីល្អដល់សង្ឃ១ ដើម្បីនៅសប្បាយដល់សង្ឃ១ ដើម្បីសង្កត់សង្កិននូវបុគ្គលទាំងឡាយ ដែលមិនមានសេចក្តីអៀនខ្មាស១ ដើម្បីនៅជាសុខស្រួល ដល់ភិក្ខុទាំងឡាយ ដែលមានសីលជាទីស្រឡាញ់១ ដើម្បីរារាំងនូវអាសវធម៌ទាំងឡាយ ក្នុងបច្ចុប្បន្ន១ ដើម្បីកំចាត់បង់នូវអាសវធម៌ទាំងឡាយ ក្នុងបរលោក១ ដើម្បីញុំាងបុគ្គលទាំងឡាយ ដែលមិនទាន់ជ្រះថ្លា ឲ្យជ្រះថ្លាឡើង១ ដើម្បីញុំាងបុគ្គលទាំងឡាយ ដែលជ្រះថ្លាហើយ ឲ្យរឹងរឹតតែជ្រះថ្លាឡើង១ ដើម្បីតំកល់នៅមាំ នៃព្រះសទ្ធម្ម១ ដើម្បីអនុគ្រោះដល់វិន័យ១។

[៩៣] អំណាចប្រយោជន៍ណា ដែលជាសេចក្តីល្អដល់សង្ឃ អំណាចប្រយោជន៍នោះ ឈ្មោះថា សប្បាយដល់សង្ឃ អំណាចប្រយោជន៍ណាសប្បាយដល់សង្ឃ អំណាចប្រយោជន៍នោះ ឈ្មោះថា (ប្រព្រឹត្តទៅ) ដើម្បីសង្កត់សង្កិន នូវបុគ្គលទាំងឡាយ ដែលមិនមានសេចក្តីអៀនខ្មាស អំណាចប្រយោជន៍ណា (ប្រព្រឹត្តទៅ) ដើម្បីសង្កត់សង្កិននូវបុគ្គលទាំងឡាយ ដែលមិនមានសេចក្តីអៀនខ្មាស អំណាចប្រយោជន៍នោះ ឈ្មោះថា (ប្រព្រឹត្តទៅ) ដើម្បីនៅជាសុខស្រួល ដល់ភិក្ខុទាំងឡាយ ដែលមានសីលជាទីស្រឡាញ់ អំណាចប្រយោជន៍ណា (ប្រព្រឹត្តទៅ) ដើម្បីនៅជាសុខស្រួលដល់ភិក្ខុទាំងឡាយ ដែលមានសីលជាទីស្រឡាញ់ អំណាចប្រយោជន៍នោះ ឈ្មោះថា (ប្រព្រឹត្តទៅ) ដើម្បីរារាំងអាសវធម៌ទាំងឡាយ ក្នុងបច្ចុប្បន្ន អំណាចប្រយោជន៍ណា (ប្រព្រឹត្តទៅ) ដើម្បីរារាំងនូវអាសវធម៌ទាំងឡាយក្នុងបច្ចុប្បន្ន អំណាចប្រយោជន៍នោះ ឈ្មោះថា (ប្រព្រឹត្តទៅ) ដើម្បីកំចាត់បង់នូវអាសវធម៌ទាំងឡាយ ក្នុងបរលោក អំណាចប្រយោជន៍ណា (ប្រព្រឹត្តទៅ) ដើម្បីកំចាត់បង់នូវអាសវធម៌ទាំងឡាយ ក្នុងបរលោក អំណាចប្រយោជន៍នោះ ឈ្មោះថា (ប្រព្រឹត្តទៅ) ដើម្បីញុំាងបុគ្គលទាំងឡាយ ដែលមិនទាន់ជ្រះថ្លា ឲ្យជ្រះថ្លាឡើង អំណាចប្រយោជន៍ណា (ប្រព្រឹត្តទៅ) ដើម្បីញុំាងបុគ្គលទាំងឡាយ ដែលមិនទាន់ជ្រះថ្លា ឲ្យជ្រះថ្លាឡើង អំណាចប្រយោជន៍នោះ ឈ្មោះថា (ប្រព្រឹត្តទៅ) ដើម្បីញុំាងបុគ្គលទាំងឡាយ ដែលជ្រះថ្លាហើយ ឲ្យរឹងរឹតតែជ្រះថ្លាឡើង អំណាចប្រយោជន៍ណា (ប្រព្រឹត្តទៅ) ដើម្បីញុំាងបុគ្គលទាំងឡាយ ដែលជ្រះថ្លាហើយ ឲ្យរឹងរិតតែជ្រះថ្លាឡើង អំណាចប្រយោជន៍នោះ ឈ្មោះថា (ប្រព្រឹត្តទៅ) ដើម្បីតម្កល់នៅមាំ នៃព្រះសទ្ធម្ម អំណាចប្រយោជន៍ណា (ប្រព្រឹត្តទៅ) ដើម្បីតម្កល់នៅមាំ នៃព្រះសទ្ធម្ម អំណាចប្រយោជន៍នោះ ឈ្មោះថា (ប្រព្រឹត្តទៅ) ដើម្បីអនុគ្រោះដល់វិន័យ។

[៩៤] អំណាចប្រយោជន៍ណា ដែលជាសេចក្តីល្អដល់សង្ឃ អំណាចប្រយោជន៍នោះ ឈ្មោះថា សប្បាយដល់សង្ឃ អំណាចប្រយោជន៍ណា ដែលជាសេចក្តីល្អដល់សង្ឃ អំណាចប្រយោជន៍នោះ ឈ្មោះថា (ប្រព្រឹត្តទៅ) ដើម្បីសង្កត់សង្កិននូវបុគ្គលទាំងឡាយ ដែលមិនមានសេចក្តីអៀនខ្មាស អំណាចប្រយោជន៍ណា ដែលជាសេចក្តីល្អដល់សង្ឃ អំណាចប្រយោជន៍នោះ ឈ្មោះថា (ប្រព្រឹត្តទៅ) ដើម្បីនៅជាសុខស្រួល ដល់ភិក្ខុទាំងឡាយ ដែលមានសីលជាទីស្រឡាញ់ អំណាចប្រយោជន៍ណា ដែលជាសេចក្តីល្អដល់សង្ឃ អំណាចប្រយោជន៍នោះ ឈ្មោះថា (ប្រព្រឹត្តទៅ) ដើម្បីរារាំងនូវអាសវធម៌ទាំងឡាយ ក្នុងបច្ចុប្បន្ន អំណាចប្រយោជន៍ណា ដែលជាសេចក្តីសប្បាយដល់សង្ឃ អំណាចប្រយោជន៍នោះ ឈ្មោះថា (ប្រព្រឹត្តទៅ) ដើម្បីកំចាត់បង់នូវអាសវធម៌ទាំងឡាយ ក្នុងបរលោក អំណាចប្រយោជន៍ណា ដែលជាសេចក្តីល្អដល់សង្ឃ អំណាចប្រយោជន៍នោះ ឈ្មោះថា (ប្រព្រឹត្តទៅ) ដើម្បីញុំាងបុគ្គលទាំងឡាយ ដែលមិនទាន់ជ្រះថ្លា ឲ្យជ្រះថ្លាឡើង អំណាចប្រយោជន៍ណា ដែលជាសេចក្តីល្អដល់សង្ឃ អំណាចប្រយោជន៍នោះ ឈ្មោះថា (ប្រព្រឹត្តទៅ) ដើម្បីញុំាងបុគ្គលទាំងឡាយ ដែលជ្រះថ្លាហើយ ឲ្យរឹងរឹតតែជ្រះថ្លាឡើង អំណាចប្រយោជន៍ណា ដែលជាសេចក្តីល្អដល់សង្ឃ អំណាចប្រយោជន៍នោះ ឈ្មោះថា (ប្រព្រឹត្តទៅ) ដើម្បីតំកល់នៅមាំ នៃព្រះសទ្ធម្ម អំណាចប្រយោជន៍ណា ដែលជាសេចក្តីល្អដល់សង្ឃ អំណាចប្រយោជន៍នោះ ឈ្មោះថា (ប្រព្រឹត្តទៅ) ដើម្បីអនុគ្រោះដល់វិន័យ។

[៩៥] អំណាចប្រយោជន៍ណា ដែលជាសេចក្តីសប្បាយដល់សង្ឃ អំណាចប្រយោជន៍នោះ ឈ្មោះថា (ប្រព្រឹត្តទៅ) ដើម្បីសង្កត់សង្កិននូវបុគ្គលទាំងឡាយ ដែលមិនមានសេចក្តីអៀនខ្មាស អំណាចប្រយោជន៍ណា ដែលជាសេចក្តីសប្បាយដល់សង្ឃ អំណាចប្រយោជន៍នោះ ឈ្មោះថា (ប្រព្រឹត្តទៅ) ដើម្បីនៅជាសុខស្រួលដល់ភិក្ខុទាំងឡាយ ដែលមានសីលជាទីស្រឡាញ់ អំណាចប្រយោជន៍ណា ដែលជាសេចក្តីសប្បាយដល់សង្ឃ អំណាចប្រយោជន៍នោះ ឈ្មោះថា (ប្រព្រឹត្តទៅ) ដើម្បីរារាំងនូវអាសវធម៌ទាំងឡាយ ក្នុងបច្ចុប្បន្ន អំណាចប្រយោជន៍ណា ដែលជាសេចក្តីសប្បាយដល់សង្ឃ អំណាចប្រយោជន៍នោះ ឈ្មោះថា (ប្រព្រឹត្តទៅ) ដើម្បីកំចាត់បង់នូវអាសវធម៌ទាំងឡាយ ក្នុងបរលោក អំណាចប្រយោជន៍ណា ដែលជាសេចក្តីសប្បាយដល់សង្ឃ អំណាចប្រយោជន៍នោះ ឈ្មោះថា (ប្រព្រឹត្តទៅ) ដើម្បីញុំាងបុគ្គលទាំងឡាយ ដែលមិនទាន់ជ្រះថ្លា ឲ្យជ្រះថ្លាឡើង អំណាចប្រយោជន៍ណា ដែលជាសេចក្តីសប្បាយដល់សង្ឃ អំណាចប្រយោជន៍នោះ ឈ្មោះថា (ប្រព្រឹត្តទៅ) ដើម្បីញុំាងបុគ្គលទាំងឡាយ ដែលជ្រះថ្លាហើយ ឲ្យរឹងរឹតតែជ្រះថ្លាឡើង អំណាចប្រយោជន៍ណា ដែលជាសេចក្តីសប្បាយដល់សង្ឃ អំណាចប្រយោជន៍នោះ ឈ្មោះថា (ប្រព្រឹត្តទៅ) ដើម្បីតំកល់នៅមាំ នៃព្រះសទ្ធម្ម អំណាចប្រយោជន៍ណា ដែលជាសេចក្តីសប្បាយដល់សង្ឃ អំណាចប្រយោជន៍នោះ ឈ្មោះថា (ប្រព្រឹត្តទៅ) ដើម្បីអនុគ្រោះដល់វិន័យ អំណាចប្រយោជន៍ណា ដែលជាសេចក្តីសប្បាយដល់សង្ឃ អំណាចប្រយោជន៍នោះ ឈ្មោះថា ជាសេចក្តីល្អដល់សង្ឃ។

[៩៦] អំណាចប្រយោជន៍ណា (ប្រព្រឹត្តទៅ) ដើម្បីសង្កត់សង្កិននូវបុគ្គលទាំងឡាយ ដែលមិនមានសេចក្តីអៀនខ្មាស។បេ។ អំណាចប្រយោជន៍ណា (ប្រព្រឹត្តទៅ) ដើម្បីនៅជាសុខស្រួលដល់ភិក្ខុទាំងឡាយ ដែលមានសីលជាទីស្រឡាញ់។បេ។ អំណាចប្រយោជន៍ណា (ប្រព្រឹត្តទៅ) ដើម្បីរារាំងនូវអាសវធម៌ទាំងឡាយ ក្នុងបច្ចុប្បន្ន។បេ។ អំណាចប្រយោជន៍ណា (ប្រព្រឹត្តទៅ) ដើម្បីកំចាត់បង់នូវអាសវធម៌ទាំងឡាយ ក្នុងបរលោក។បេ។ អំណាចប្រយោជន៍ណា (ប្រព្រឹត្តទៅ) ដើម្បីញុំាងជនទាំងឡាយ ដែលមិនទាន់ជ្រះថ្លា ឲ្យជ្រះថ្លាឡើង។បេ។ អំណាចប្រយោជន៍ណា (ប្រព្រឹត្តទៅ) ដើម្បីញុំាងជន ដែលជ្រះថ្លាហើយ ឲ្យរឹងរឹតតែជ្រះថ្លាឡើង។បេ។ អំណាចប្រយោជន៍ណា (ប្រព្រឹត្តទៅ) ដើម្បីតំកល់នៅមាំ នៃព្រះសទ្ធម្ម។បេ។ អំណាចប្រយោជន៍ណា (ប្រព្រឹត្តទៅ) ដើម្បីអនុគ្រោះដល់វិន័យ អំណាចប្រយោជន៍នោះ ឈ្មោះថា ជាសេចក្តីល្អដល់សង្ឃ អំណាចប្រយោជន៍ណា (ប្រព្រឹត្តទៅ) ដើម្បីអនុគ្រោះដល់វិន័យ អំណាចប្រយោជន៍នោះ ឈ្មោះថា ជាសេចក្តីសប្បាយដល់សង្ឃ អំណាចប្រយោជន៍ណា (ប្រព្រឹត្តទៅ) ដើម្បីអនុគ្រោះដល់វិន័យ អំណាចប្រយោជន៍នោះ ឈ្មោះថា (ប្រព្រឹត្តទៅ) ដើម្បីសង្កត់សង្កិននូវបុគ្គលទាំងឡាយ ដែលមិនមានអៀនខ្មាស អំណាចប្រយោជន៍ណា (ប្រព្រឹត្តទៅ) ដើម្បីអនុគ្រោះដល់វិន័យ អំណាចប្រយោជន៍នោះ ឈ្មោះថា (ប្រព្រឹត្តទៅ) ដើម្បីនៅជាសុខស្រួលដល់ភិក្ខុទាំងឡាយ ដែលមានសីលជាទីស្រឡាញ់ អំណាចប្រយោជន៍ណា (ប្រព្រឹត្តទៅ) ដើម្បីអនុគ្រោះដល់វិន័យ អំណាចប្រយោជន៍នោះ ឈ្មោះថា (ប្រព្រឹត្តទៅ) ដើម្បីរារាំងនូវអាសវធម៌ទាំងឡាយ ក្នុងបច្ចុប្បន្ន អំណាចប្រយោជន៍ណា (ប្រព្រឹត្តទៅ) ដើម្បីអនុគ្រោះដល់វិន័យ អំណាចប្រយោជន៍នោះ ឈ្មោះថា (ប្រព្រឹត្តទៅ) ដើម្បីកំចាត់បង់នូវអាសវធម៌ទាំងឡាយ ក្នុងបរលោក អំណាចប្រយោជន៍ណា (ប្រព្រឹត្តទៅ) ដើម្បីអនុគ្រោះដល់វិន័យ អំណាចប្រយោជន៍នោះ ឈ្មោះថា (ប្រព្រឹត្តទៅ) ដើម្បីញុំាងជនទាំងឡាយ ដែលមិនទាន់ជ្រះថ្លា ឲ្យជ្រះថ្លាឡើង អំណាចប្រយោជន៍ណា (ប្រព្រឹត្តទៅ) ដើម្បីអនុគ្រោះដល់វិន័យ អំណាចប្រយោជន៍នោះ ឈ្មោះថា (ប្រព្រឹត្តទៅ) ដើម្បីញុំាងជនទាំងឡាយ ដែលជ្រះថ្លាហើយ ឲ្យរឹងរឹតតែជ្រះថ្លាឡើង អំណាចប្រយោជន៍ណា (ប្រព្រឹត្តទៅ) ដើម្បីអនុគ្រោះដល់វិន័យ អំណាចប្រយោជន៍នោះ ឈ្មោះថា (ប្រព្រឹត្តទៅ) ដើម្បីតំកល់នៅមាំ នៃព្រះសទ្ធម្ម។

[៩៧] ក្នុងបករណៈ សំដែងអំណាចប្រយោជន៍ (នេះ) បណ្ឌិតត្រូវដឹងថា មានអត្ថ១រយ ធម៌១រយ និរុត្តិ២រយ និងញាណ៤រយ។

ចប់ បករណៈ អំពីអំណាចប្រយោជន៍។

ចប់ មហាវគ្គ (ពួកធំៗ)។

ឧទ្ទាន គឺបញ្ជីរឿងនៃបករណៈ អំពីអំណាចប្រយោជន៍នោះដូច្នេះ

[៩៨]

មុនដម្បូងនិយាយអំពីបុច្ឆាក្នុងវារៈទាំង៨យ៉ាង១ តមកទៀត និយាយអំពីវិសជ្ជនាក្នុងវារៈ៨យ៉ាង ក្នុងបច្ច័យទាំងឡាយ១ និយាយអំពីវារៈ១៦ របស់ភិក្ខុទាំងឡាយ១ និយាយអំពីវារៈ១៦របស់ភិក្ខុនីទាំងឡាយ១ និយាយអំពីប្រភេទជាចន្លោះនៃបេយ្យាលៈ១ និយាយអំពីការស្រង់សេចក្តីមួយៗ ឡើងទៅ១ និយាយអំពីបវារណា១ និយាយអំពីអំណាចប្រយោជន៍១ និយាយអំពីការរួបរួមសេចក្តីដែលជាពួកធំៗ១។

គាថាសង្គណិកៈ

(គាថាសង្គណិកំ)[អដ្ឋកថា ហៅថា បឋមគាឋាសង្គណិកៈ (គាថាឆ្លូកឆ្លាស់ជាដំបូង)។]

(សត្តនគរេសុ បញ្ញត្តសិក្ខាបទ ទី១)

(១. សត្តនគរេសុ បញ្ញត្តសិក្ខាបទំ)

[៩៩] ព្រះសម្មាសម្ពុទ្ធ ទ្រង់ត្រាស់សួរព្រះឧបាលិត្ថេរដ៏មានអាយុថា អ្នកធ្វើចីវរឆៀងស្មាម្ខាង រួចប្រណម្យអញ្ជលី ធ្វើហាក់ដូចជាមានបំណង (អ្វីមួយ) មកក្នុងទីនេះ ដើម្បីអ្វី។ ព្រះឧបាលិត្ថេរ ក្រាបបង្គំទូលសួរថា សិក្ខាបទទាំងឡាយណា ដែលព្រះអង្គបានបញ្ញត្តទុក ក្នុងវិន័យទាំងពីរ តែងមកកាន់ឧទ្ទេសរាល់ៗថ្ងៃឧបោសថ សិក្ខាបទទាំងនោះ មានប៉ុន្មាន ទ្រង់បញ្ញត្តក្នុងនគរណាខ្លះ។ ព្រះអង្គ ទ្រង់ត្រាស់តបថា អ្នកមានប្រាជ្ញាមោះមុតល្អហើយ អ្នកសួរដោយឧបាយ ព្រោះហេតុនោះ តថាគតនឹងប្រាប់អ្នក តាមទំនងដែលតថាគតជាអ្នកឈ្លាសវៃ។ សិក្ខាបទទាំងឡាយណា ដែលតថាគតបានបញ្ញត្តទុក ក្នុងវិន័យទាំងពីរ តែងមកកាន់ឧទ្ទេសរាល់ៗថ្ងៃឧបោសថ សិក្ខាបទនោះ មាន៣៥០សិក្ខាបទ តថាគតបញ្ញត្តក្នុងនគរទាំង៧។

[១០០] ព្រះឧបាលិត្ថេរ ក្រាបបង្គំទូលសួរថា សិក្ខាបទដែលទ្រង់បញ្ញត្តក្នុងនគរទាំង៧នោះ តើនគរណាខ្លះ។ សូមព្រះអង្គដោះស្រាយនូវប្រាស្នានោះរបស់ខ្ញុំព្រះអង្គ យើងខ្ញុំទាំងឡាយ នឹងពិចារណា នូវគន្លងពាក្យរបស់ព្រះអង្គ ហើយប្រតិបត្តិតាម ការប្រតិបត្តិតាមនោះ នឹងជាប្រយោជន៍ ដល់យើងខ្ញុំទាំងឡាយ។ ឯសិក្ខាបទទាងឡាយ ដែលតថាគតបញ្ញត្ត (ក្នុងនគរទាំង៧នោះ) គឺ នគរវេសាលី១ រាជគ្រឹះ១ សាវត្ថី១ អាឡវី១ កោសម្ពី១ ដែនសក្កៈ១ ដែនភគ្គៈ។

[១០១] ព្រះឧបាលិត្ថេរ ក្រាបបង្គំទូលសួរថា សិក្ខាបទប៉ុន្មាន ដែលទ្រង់បញ្ញត្តក្នុងនគរវេសាលី សិក្ខាបទប៉ុន្មាន ដែលទ្រង់បញ្ញត្តក្នុងនគររាជគ្រឹះ សិក្ខាបទប៉ុន្មាន ដែលទ្រង់បញ្ញត្តក្នុងនគរសាវត្ថី សិក្ខាបទប៉ុន្មាន ដែលទ្រង់បញ្ញត្តក្នុងនគរអាឡវី សិក្ខាបទប៉ុន្មាន ដែលទ្រង់បញ្ញត្តក្នុងនគរកោសម្ពី សិក្ខាបទប៉ុន្មាន ដែលទ្រង់បញ្ញត្តក្នុងដែនសក្កៈ សិក្ខាបទប៉ុន្មាន ដែលទ្រង់បញ្ញត្តក្នុងភគ្គជនបទ ខ្ញុំព្រះអង្គសួរនូវសេចក្តីណា សូមទ្រង់ព្រះមេត្តាប្រោស ប្រាប់សេចក្តីនោះ ដល់ខ្ញុំព្រះអង្គ។ ព្រះអង្គ ទ្រង់ត្រាស់ថា តថាគតបញ្ញត្តសិក្ខាបទ១០ ក្នុងនគរវេសាលី តថាគតបញ្ញត្តសិក្ខាបទ២១ ក្នុងនគររាជគ្រឹះ តថាគតបញ្ញត្តសិក្ខាបទទាំងអស់២៩៤ក្នុងនគរសាវត្ថី តថាគតបញ្ញត្តសិក្ខាបទ៦ ក្នុងនគរអាឡវី តថាគតបញ្ញត្តសិក្ខាបទ៨ ក្នុងនគរកោសម្ពី តថាគតបញ្ញត្តសិក្ខាបទ៨ ក្នុងដែនសក្កៈ តថាគតបញ្ញត្តសិក្ខាបទ៣ ក្នុងដែនភគ្គៈ។ សិក្ខាបទទាំងឡាយណា ដែលតថាគតបញ្ញត្តក្នុងនគរវេសាលី អ្នកចូរប្រុងស្តាប់សិក្ខាបទទាំងនោះ ដូចសំដែងតទៅនេះ។ មេថុនធម្មសិក្ខាបទ១ មនុស្សវិគ្គហសិក្ខាបទ១ ឧត្តរិមនុស្សធម្មសិក្ខាបទ១ អតិរេកសិក្ខាបទ16) ១ កាឡកសិក្ខាបទ១ ភូតគាមសិក្ខាបទ១ បរម្បរាភត្តសិក្ខាបទ១ ទន្តបោណសិក្ខាបទ១ អចេលកសិក្ខាបទ១ ភិក្ខុនីសុអក្កោសកសិក្ខាបទ១ ទាំង១០សិក្ខាបទនេះ តថាគតបញ្ញត្តក្នុងនគរវេសាលី។ សិក្ខាបទទាំងឡាយណា ដែលតថាគតបញ្ញត្តក្នុងនគររាជគ្រឹះ អ្នកចូរប្រុងស្តាប់សិក្ខាបទទាំងនោះ ដូចសំដែងតទៅនេះ។ អទិន្នាទានសិក្ខាបទ១ (សញ្ញាចិកសិក្ខាបទ17) ១) អនុទ្ធំសនសិក្ខាបទទាំងពីរ ភេទសិក្ខាបទទាំងពីរ អន្តរវាសកសិក្ខាបទ18) ១ រូបិយសិក្ខាបទ១ សុត្តវិញ្ញត្តិសិក្ខាបទ១ ឧជ្ឈាបនកសិក្ខាបទ១ បាចិតបិណ្ឌសិក្ខាបទ19) ១ គណភោជនសិក្ខាបទ១ វិកាលភោជនសិក្ខាបទ១ ចារិត្តសិក្ខាបទ១ នហានសិក្ខាបទ១ ឩនវីសសិក្ខាបទ១ ចីវរទានសិក្ខាបទ20) ១ វោសាសន្តិសិក្ខាបទ21) ១ សិក្ខាបទទាំងនេះ តថាគតបញ្ញត្ត ក្នុងនគររាជគ្រឹះ។ គិរគ្គសិក្ខាបទ១ ចារិកសិក្ខាបទ១ ឆន្ទទានសិក្ខាបទ22) ១ (សិក្ខាបទទាំងនេះ រួមពីលើមក ត្រូវជា)២១សិក្ខាបទ តថាគតបញ្ញត្ត ក្នុងក្រុងរាជគ្រឹះនោះដែរ។ សិក្ខាបទទាំងឡាយណា ដែលតថាគតបញ្ញត្តក្នុងនគរសាវត្ថី អ្នកចូរប្រុងស្តាប់សិក្ខាបទទាំងនោះ ដូចសំដែងតទៅនេះ។ បារាជិកសិក្ខាបទ៤ សង្ឃាទិសេសសិក្ខាបទ១៦ អនិយតសិក្ខាបទ២ និស្សគ្គិយសិក្ខាបទ៣៤23) សិក្ខាបទ ១៥៦ ដែលតថាគតហៅថា ខុទ្ទកសិក្ខាបទ គារយ្ហសិក្ខាបទ១០ និងសេក្ខិយវត្ត៧២។ រួមទាំងអស់ត្រូវជាសិក្ខាបទ២៩៤ ដែលតថាគតបញ្ញត្ត ក្នុងនគរសាវត្ថី។ សិក្ខាបទទាំងឡាយណា ដែលតថាគតបញ្ញត្ត ក្នុងនគរអាឡវី អ្នកចូរប្រុងស្តាប់សិក្ខាបទទាំងនោះ ដូចសំដែងតទៅនេះ។ កុដិការសិក្ខាបទ១ កោសិយសិក្ខាបទ១ បឋមសហសេយ្យសិក្ខាបទ១ បឋវីខណនសិក្ខាបទ១ ភូតគាមសិក្ខាបទ១ សប្បាណកសិក្ខាបទ១ សិក្ខាបទទាំង៦នេះ តថាគតបញ្ញត្ត ក្នុងនគរអាឡវី។ សិក្ខាបទទាំងឡាយណា ដែលតថាគតបញ្ញត្ត ក្នុងនគរកោសម្ពី អ្នកចូរប្រុងស្តាប់សិក្ខាបទទាំងនោះ ដូចសំដែងតទៅនេះ។ មហល្លកសិក្ខាបទ24)) ១ ទុព្វចជាតិកសិក្ខាបទ១ អញ្ញវាទកសិក្ខាបទ១ មហល្លកសិក្ខាបទ25)) ១ សុរាបានសិក្ខាបទ១ អនាទរិយសិក្ខាបទ១ សហធម្មិកសិក្ខាបទ១ សុរុសុរុការកសិក្ខាបទ១ ជាគំរប់៨។ សិក្ខាបទទាំងឡាយណា ដែលតថាគតបញ្ញត្ត ក្នុងដែនសក្កៈ ចូរអ្នកប្រុងស្តាប់សិក្ខាបទទាំងនោះ ដូចសំដែងតទៅនេះ។ ឯឡកលោមធោវាបនសិក្ខាបទ១ បត្តសិក្ខាបទ26) ១ ឱវាទសិក្ខាបទ27) ១ ភេសជ្ជសិក្ខាបទ28) ១ សូចិឃរសិក្ខាបទ១ អារញ្ញកសេនាសនសិក្ខាបទ១ ទាំង៦សិក្ខាបទនេះ តថាគតបញ្ញត្ត ក្នុងក្រុងកបិលព័ស្តុ។ ឧទកសុទ្ធិយសិក្ខាបទ និងឱវាទុបសង្កមនសិក្ខាបទ ក្នុងភិក្ខុនីវិភង្គ ក៏តថាគតបញ្ញត្ត (ក្នុងដែនសក្កៈដែរ)។ សិក្ខាបទទាំងឡាយណា ដែលតថាគតបញ្ញត្តក្នុង ដែនភគ្គៈ ចូរអ្នកប្រុងស្តាប់សិក្ខាបទទាំងនោះ ដូចសំដែងតទៅនេះ។ ជោតិសមាទហនវិសិព្វនសិក្ខាបទ១ សាមិសសិក្ខាបទ១ សសិត្ថកសិក្ខាបទ១។ បារាជិកសិក្ខាបទ៤ សង្ឃាទិសេសសិក្ខាបទ៧ និស្សគ្គិយសិក្ខាបទ៨ ខុទ្ទកសិក្ខាបទ៣២ បាដិទេសនីយសិក្ខាបទ២ សេក្ខិយសិក្ខាបទ៣ ទាំង៥៦សិក្ខាបទ (នេះ) ព្រះពុទ្ធដែលជាអាទិច្ចពន្ធុ ទ្រង់បញ្ញត្តក្នុងនគរទាំង៦ សិក្ខាបទទាំងអស់មាន២៩៤ ព្រះគោតមដ៏មានយស ទ្រង់បញ្ញត្តក្នុងនគរសាវត្ថី។

(ចតុវិបត្តិ ទី២)

(២. ចតុវិបត្តិំ)

[១០២] ខ្ញុំព្រះអង្គបានសួរហើយ នូវប្រស្នាណា ព្រះអង្គក៏បានសំដែងហើយ ដល់ខ្ញុំព្រះអង្គ (១ទៀត) ពាក្យណាដែលខ្ញុំព្រះអង្គ បានទូលសួរហើយ ព្រះអង្គក៏បានព្យាករពាក្យនោះ ដោយមិនមានលើសខ្វះ។ ខ្ញុំព្រះអង្គ សូមសួរនូវប្រស្នាដោយឡែកទៀត សូមទ្រង់សំដែងនូវប្រស្នានោះមក។ សូមសួរថា គរុកាបត្តិក្តី លហុកាបត្តិក្តី សាវសេសាបត្តិក្តី អនវសេសាបត្តិក្តី ទុដ្ឋុល្លាបត្តិក្តី អទុដ្ឋុល្លាបត្តិក្តី ភិក្ខុទាំងឡាយ ដែលត្រូវអាបត្តិ ជាយាវតតិយកាក្តី (សិក្ខាបទ) ដែលជា សាធារណប្បញ្ញត្តិក្តី ជាអសាធារណប្បញ្ញត្តិក្តី វិបត្តិទាំងឡាយ តែងរម្ងាប់ ដោយសមថៈទាំងឡាយណាក្តី សូមព្រះអង្គព្យាករ នូវពាក្យទាំងឡាយ មានអាបត្តិជាដើមនេះ។ ហ៏ យើងទាំងឡាយ នឹងស្តាប់នូវព្រះពុទ្ធដីការបស់ព្រះអង្គ។ អាបត្តិទាំងឡាយ ដែលចាត់ជាគរុកាបត្តិ មាន៣១29) អាបត្តិទាំងឡាយ ដែលចាត់ជាអនវសេសាបត្តិមាន៨ មកក្នុងទីនេះ អាបត្តិទាំងឡាយណា ជាគរុកាបត្តិក្តី អាបត្តិទាំងនោះ ហៅថា ទុដ្ឋុល្លាបត្តិ អាបត្តិទាំងឡាយណា ជាទុដ្ឋុល្លាបត្តិ អាបត្តិទាំងនោះ ហៅថា សីលវិបត្តិ។ បារាជិកាបត្តិ និងសង្ឃាទិសេសាបត្តិ ព្រះសម្មាសម្ពុទ្ធ ទ្រង់ហៅថា សីលវិបត្តិ។ ថុល្លច្ចយាបត្តិ បាចិត្តិយាបត្តិ បាដិទេសនីយាបត្តិ ទុក្កដាបត្តិ និងទុព្ភាសិតាបត្តិ ដូចយ៉ាងភិក្ខុណា មានសេចក្តីប៉ុនប៉ងនឹងសើចលេងហើយជេរ។ អាបត្តិទាំងនេះ ព្រះសម្មាសម្ពុទ្ធ ទ្រង់ត្រាស់ថា ជាអាចារវិបត្តិ។

[១០៣] ភិក្ខុទាំងឡាយ ដែលអសទ្ធម្មរួបរឹត ជាអ្នកអាប់ប្រាជ្ញា ដែលមោហៈបិទបាំង ប្រកាន់ទិដ្ឋិខុស តែងពោលបង្កាច់ នូវព្រះសម្មាសម្ពុទ្ធនេះ ព្រះសម្មាសម្ពុទ្ធ ទ្រង់ត្រាស់ថា ជាទិដ្ឋិវិបត្តិ។

[១០៤] ភិក្ខុមានសេចក្តីប្រាថ្នាអាក្រក់ លុះក្នុងអំណាចសេចក្តីប្រាថ្នា ពោលអួតឧត្តរិមនុស្សធម្ម ដែលមិនមាន (ក្នុងខ្លួន) ដែលមិនពិត ព្រោះហេតុតែអាជីវៈ ព្រោះដំណើរអាជីវៈ ជាភិក្ខុប្រព្រឹត្តនិយាយដឹកនាំបុរសឲ្យស្រ្តី ដឹកនាំស្ត្រីឲ្យបុរស ព្រោះហេតុតែអាជីវៈ ព្រោះដំណើរអាជីវៈ ភិក្ខុពោលថា ភិក្ខុណានៅក្នុងវិហាររបស់អ្នក ភិក្ខុនោះឯង ជាព្រះអរហន្ត ព្រោះហេតុតែអាជីវៈ ព្រោះដំណើរអាជីវៈ ភិក្ខុសូមបណីតភោជនទាំងឡាយ ដើម្បីប្រយោជន៍ដល់ខ្លួន មកបរិភោគ ព្រោះហេតុតែអាជីវៈ ព្រោះដំណើរអាជីវៈ ភិក្ខុនីសូមបណីតភោជនទាំងឡាយ ដើម្បីប្រយោជន៍ដល់ខ្លួន យកមកបរិភោគ ព្រោះហេតុតែអាជីវៈ ព្រោះដំណើរអាជីវៈ ភិក្ខុដែលមិនមានជម្ងឺ សូមសំឡក្តី បាយក្តី ដើម្បីប្រយោជន៍ដល់ខ្លួន យកមកបរិភោគ ព្រោះហេតុតែអាជីវៈ ព្រោះដំណើរអាជីវៈ។ នេះព្រះសម្មាសម្ពុទ្ធ ទ្រង់ត្រាស់ថា ជាអាជីវវិបត្តិ។

[១០៥] បុគ្គល១១រូប (ត្រូវអាបត្តិក្នុងខណៈ ដែលសង្ឃសូត្រសមនុភាសនកម្ម)ចប់ ជាគំរប់៣ដង ចូរអ្នកប្រុងស្តាប់ នូវសេចក្តីនៃបុគ្គលទាំងនោះ ដូចសំដែងតទៅនេះ គឺឧក្ខិត្តានុវត្តិកភិក្ខុមួយពួក ភិក្ខុដែលត្រូវអាបត្តិក្នុងខណៈដែលសង្ឃសូត្រសមនុភាសនកម្ម) ចប់ ជាគំរប់៣ដង ៨រូប អរិដ្ឋភិក្ខុមួយរូប ចណ្ឌកាលីភិក្ខុនីមួយរូប បុគ្គលទាំងប៉ុណ្ណេះ (ត្រូវអាបត្តិក្នុងខណៈ ដែលសង្ឃសូត្រសមនុភាសនកម្ម) ចប់ ជាគំរប់៣ដង។

(ឆេទនកាទិ ទី៣)

(៣. ឆេទនកាទិ)

[១០៦] សួរថា ព្រះពុទ្ធដែលជាអាទិច្ចពន្ធុ ទ្រង់បញ្ញត្តថា សិក្ខាបទដែលមានកិរិយាកាត់ចេញ ជាវិនយកម្ម មានប៉ុន្មាន សិក្ខាបទដែលមានកិរិយាបំបែកចេញ ជាវិនយកម្ម មានប៉ុន្មាន សិក្ខាបទ ដែលមានកិរិយាកកាយចេញ ជាវិនយកម្ម មានប៉ុន្មាន អនញ្ញបាចិត្តិយសិក្ខាបទ គឺបាចិត្តិយៈ ដែលមានពាក្យថា មិនមែនហេតុដទៃ មានប៉ុន្មាន សិក្ខាបទ ដែលនិយាយពីការសន្មតិភិក្ខុ មានប៉ុន្មាន សិក្ខាបទដែលនិយាយពីសាមីចិកម្ម មានប៉ុន្មាន សិក្ខាបទដែលនិយាយពីកំណត់ មានប៉ុន្មាន សិក្ខាបទដែលមានពាក្យថាដឹង មានប៉ុន្មាន។

ឆ្លើយថា ព្រះពុទ្ធជាអាទិច្ចពន្ធុ ទ្រង់បញ្ញត្តថា សិក្ខាបទដែលមានកិរិយាកាត់ចេញ ជាវិនយកម្ម មាន៦ សិក្ខាបទដែលមានកិរិយាបំបែកចេញ ជាវិនយកម្ម មាន១ សិក្ខាបទ ដែលមានកិរិយាកកាយចេញ ជាវិនយកម្មមាន១ អនញ្ញបាចិត្តិយសិក្ខាបទមាន៤ សិក្ខាបទដែលនិយាយពីការសន្មតិភិក្ខុ មាន៤ សិក្ខាបទដែលនិយាយពីសាមីចិកម្ម មាន៧ សិក្ខាបទដែលនិយាយពីកំណត់ មាន១៤ សិក្ខាបទដែលមានពាក្យថាដឹង មាន១៦។

(អសាធារណាទិ ទី៤)

(៤. អសាធារណាទិ)

[១០៧] សិក្ខាបទរបស់ភិក្ខុ មាន២២០ ដែលមកកាន់ឧទ្ទេសរាល់ៗថ្ងៃឧបោសថ សិក្ខាបទភិក្ខុនី មាន៣០៤ ដែលមកកាន់ឧទ្ទេស រាល់ៗថ្ងៃឧបោសថ។

សិក្ខាបទ៤៦របស់ភិក្ខុ មិនបានទួទៅដល់ពួកភិក្ខុនី សិក្ខាបទ១៣០ របស់ភិក្ខុនី មិនបានទួទៅដល់ពួកភិក្ខុ បូករួមត្រូវជា១៧៦សិក្ខាបទ ជាសិក្ខាបទមិនទួទៅ ដល់បុគ្គលទាំងពីរពួក គឺភិក្ខុ និងភិក្ខុនីទេ សិក្ខាបទ១៧៤ ដែលបុគ្គលទាំងពីរពួកត្រូវសិក្សាស្មើភាគគ្នា។

[១០៨] សិក្ខាបទរបស់ភិក្ខុមាន២២០ តែងមកកាន់ឧទ្ទេសក្នុងថ្ងៃឧបោសថទាំងឡាយ ចូរអ្នកប្រុងស្តាប់សិក្ខាបទទាំងនោះ ដូចសំដែងតទៅនេះ។ បារាជិក៤ សង្ឃាទិសេស១៣ អនិយត២ និស្សគ្គិយៈ៣០ ខុទ្ទកៈ (បាចិត្តិយៈ)៩២ បាដិទេសនីយៈ៤ សេក្ខិយៈ៧៥ ទាំង២២០នេះ ជាសិក្ខាបទរបស់ភិក្ខុ តែងមកកាន់ឧទ្ទេសរាល់ៗថ្ងៃឧបោសថ។

[១០៩] សិក្ខាបទរបស់ពួកភិក្ខុនីមាន៣០៤ តែងមកកាន់ឧទ្ទេស រាល់ៗថ្ងៃឧបោសថ ចូរអ្នកប្រុងស្តាប់សិក្ខាបទទាំងនោះ ដូចសំដែងតទៅនេះ។ បារាជិក៨ សង្ឃាទិសេស១៧ និស្សគ្គិយៈ៣០ ខុទ្ទកៈ (បាចិត្តិយៈ)១៦៦ បាដិទេសនីយៈ៨ សេក្ខិយៈ៧៥ ទាំង៣០៤នេះ ជាសិក្ខាបទរបស់ភិក្ខុនី ដែលមកកាន់ឧទ្ទេសរាល់ៗថ្ងៃឧបោសថ។

[១១០] សិក្ខាបទរបស់ពួកភិក្ខុមាន៤៦ ដែលមិនបានទួទៅ ដល់ពួកភិក្ខុនី ចូរអ្នកប្រុងស្តាប់សិក្ខាបទទាំងនោះ ដូចសំដែងតទៅនេះ។ សង្ឃាទិសេស៦ អនិយត២ ត្រូវជា៨សិក្ខាបទ និស្សគ្គិយៈ១២ទៀត ត្រូវជា២០សិក្ខាបទ ខុទ្ទកៈ២២ និងបាដិទេសនីយៈ៤ ទាំង៤៦នេះ ជាសិក្ខាបទរបស់ពួកភិក្ខុ មិនបានទួទៅដល់ពួកភិក្ខុនីទេ។

[១១១] សិក្ខាបទរបស់ពួកភិក្ខុនីមាន១៣០ ដែលមិនបានទួទៅ ដល់ពួកភិក្ខុ ចូរអ្នកប្រុងស្តាប់សិក្ខាបទទាំងនោះ ដូចសំដែងតទៅនេះ។ បារាជិក៤ សង្ឃាទិសេស១០ និស្សគ្គិយៈ១២ ខុទ្ទកៈ៩៦ បាដិទេសនីយៈ៨ ទាំង១៣០នេះ ជាសិក្ខាបទរបស់ពួកភិក្ខុនី មិនទួទៅ ដល់ភិក្ខុទាំងឡាយទេ។

[១១២] សិក្ខាបទ១៧៦30) ដែលមិនទួទៅដល់បុគ្គលទាំងពីរពួក ចូរអ្នកប្រុងស្តាប់សិក្ខាបទទាំងនោះ ដូចសំដែងតទៅនេះ។ បារាជិក៤ សង្ឃាទិសេស១៦ អនិយត២ និស្សគ្គិយៈ២៤ ខុទ្ទកៈ១១៨ បាដិទេសនីយៈ១២ ទាំង១៧៦នេះ មិនបានទួទៅដល់បុគ្គលទាំងពីរពួកទេ។

[១១៣] សិក្ខាបទដែលបុគ្គលទាំងពីរពួក ត្រូវសិក្សាស្មើភាគគ្នា មាន១៧៤ ចូរអ្នកប្រុងស្តាប់សិក្ខាបទទាំងនោះ ដូចសំដែងតទៅនេះ។ បារាជិក៤ សង្ឃាទិសេស៧ និស្សគ្គិយៈ១៨ ខុទ្ទកៈ៧០គត់ សេក្ខិយៈ៧៥ ដែលបុគ្គលទាំងពីរពួក ត្រូវសិក្សាស្មើភាគគ្នា។

[១១៤] បុគ្គល គឺភិក្ខុ និងភិក្ខុនីទាំងឡាយណា ត្រូវអាបត្តិបារាជិកទាំង៨ហើយ បុគ្គលទាំងនោះ ជាអ្នកមានកិត្តិសព្ទអាក្រក់ មិនបានលូតលាស់ចំរើនឡើងទេ ជននោះឧបមាដូចដើមត្នោត ដែលគេគាស់រំលើង ដូចស្លឹកឈើទុំ (ដែលជ្រុះចាកទង) ដូចថ្មតាន់ (ដែលបែកដាច់ពីគ្នា) ដូចមនុស្សកំបុតក្បាល ដូចដើមត្នោតកំបុតក។

[១១៥] សង្ឃាទិសេស២៣ អនិយត២ និស្សគ្គិយៈ៤២ បាចិត្តិយៈ១៨៨ បាដិទេសនីយៈ១២ សេក្ខិយៈ៧៥ រម្ងាប់ដោយសមថៈ៣យ៉ាង គឺសម្មុខាវិន័យ១ បដិញ្ញាតករណៈ១ តិណវត្ថារកៈ១។

[១១៦] ឧបោសថមាន២យ៉ាង បវារណាមាន២យ៉ាង សង្ឃកម្មមាន៤យ៉ាង ដែលព្រះជិនស្រីទ្រង់សំដែងទុកមក ឧទ្ទេស (របស់ភិក្ខុ) មាន៥ ឧទ្ទេស (របស់ភិក្ខុនី) មាន៤ មិនមានក្រៅពីនេះទៅទៀតទេ ឯកងនៃអាបត្តិមាន៧។

[១១៧] អធិករណ៍ មាន៤យ៉ាង រម្ងាប់ដោយសមថៈ៧ គឺរម្ងាប់ដោយសមថៈ២ខ្លះ ៤ខ្លះ ៣ខ្លះ ឯកិច្ចាធិរណ៍ រម្ងាប់ដោយសមថៈ១។

(បារាជិកាទិអាបត្តិ ទី៥)

(៥. បារាជិកាទិអាបត្តិ)

[១១៨] សិក្ខាបទណា ដែលតថាគតហៅថា បារាជិក ចូរអ្នកប្រុងស្តាប់សិក្ខាបទនោះ ដូចសំដែងតទៅនេះ។ បុគ្គលដែលឃ្លាតខុស ភ្លាត់របូត ចាកព្រះសទ្ធម្មទាំងឡាយហើយ សំវាស មិនមានក្នុងបុគ្គលនោះឡើយ ព្រោះហេតុនោះ សិក្ខាបទនុ៎ះ តថាគតហៅថា បារាជិក។

[១១៩] សិក្ខាបទណា ដែលតថាគតហៅថា សង្ឃាទិសេស ចូរអ្នកប្រុងស្តាប់សិក្ខាបទនោះ ដូចសំដែងតទៅនេះ។ សង្ឃឲ្យបរិវាសទាញមក ដាក់ក្នុងមូលាបត្តិ ឲ្យមានត្ត ឲ្យអព្ភាន ព្រោះហេតុនោះ សិក្ខាបទនុ៎ះ តថាគតហៅថា សង្ឃាទិសេស។

[១២០] សិក្ខាបទណា ដែលតថាគតហៅថា អនិយត ចូរអ្នកប្រុងស្តាប់សិក្ខាបទនោះ ដូចសំដែងតទៅនេះ។ ពាក្យថា អនិយត បានសេចក្តីថា មិនទៀង មានចំណែកមិនតែមួយទេ បណ្តាអាបត្តិទាំង៣យ៉ាង (វិន័យធរគប្បីកាត់តាម) អាបត្តិណាមួយ ដែលតថាគតហៅថា អនិយត។

[១២១] សិក្ខាបទណា ដែលតថាគតហៅថា ថុល្លច្ច័យ ចូរអ្នកប្រុងស្តាប់សិក្ខាបទនោះ ដូចសំដែងតទៅនេះ។ ភិក្ខុណាសំដែង (អាបត្តិ) ក្នុងទីជិតភិក្ខុមួយរូប ឬក៏ភិក្ខុណាទទួលអាបត្តិនោះ ទោស (របស់ភិក្ខុអ្នកទទួល) មិនមែនមានដូចជាភិក្ខុអ្នកសំដែងនោះឡើយ ព្រោះហេតុដូច្នោះ សិក្ខាបទនុ៎ះ ទើបតថាគតហៅថា ថុល្លច្ច័យ។

[១២២] សិក្ខាបទណា ដែលតថាគតហៅថា និស្សគ្គិយៈ ចូរអ្នកប្រុងស្តាប់សិក្ខាបទនោះ ដូចសំដែងតទៅនេះ។ ភិក្ខុលះបង់ (វត្ថុណាមួយ) ក្នុងកណ្តាលជំនុំសង្ឃ ឬកណ្តាលគណៈ ពុំនោះសោត ចំពោះបុគ្គលមួយរូប ក្នុងទីជាមួយគ្នា រួចហើយទើបសំដែងអាបត្តិចេញ ព្រោះហេតុដូច្នោះ សិក្ខាបទនុ៎ះ តថាគតហៅថា និស្សគ្គិយៈ។

[១២៣] សិក្ខាបទណា ដែលតថាគតហៅថា បាចិត្តិយៈ ចូរអ្នកប្រុងស្តាប់សិក្ខាបទនោះ ដូចសំដែងតទៅនេះ។ សិក្ខាបទណា ញុំាងកុសលធម៌ឲ្យធ្លាក់ចុះ ប្រទូស្តចំពោះអរិយមគ្គ ជាហេតុធ្វើចិត្តឲ្យវង្វេង ព្រោះហេតុដូច្នោះ សិក្ខាបទនុ៎ះ តថាគតហៅថា បាចិត្តិយៈ។

[១២៤] សិក្ខាបទណា ដែលតថាគតហៅថា បាដិទេសនីយៈ ចូរអ្នកប្រុងស្តាប់សិក្ខាបទនោះ ដូចសំដែងតទៅនេះ។ ភិក្ខុមិនមែនជាញាតិ ទទួលភោជនខ្លួនឯង (អំពីដៃភិក្ខុនី) ដែលរកបានដោយកម្រ ហើយបរិភោគ សិក្ខាបទនុ៎ះ តថាគតហៅថា គារយ្ហៈ (បាដិទេសនីយៈ)។ ភិក្ខុកំពុងឆាន់ក្នុងទីដែលគេនិមន្ត បើមានភិក្ខុនីបង្គាប់គេ ឲ្យចាត់ចែង (ភោជន) តាមសេចក្តីពេញចិត្ត (ខ្លួន) ក្នុងទីនោះ ហើយភិក្ខុមិនហាមឃាត់ ចេះតែឆាន់ក្នុងទីនោះ សិក្ខាបទនុ៎ះ តថាគតហៅថា គារយ្ហៈ។ ភិក្ខុមិនមានជម្ងឺ ទៅកាន់ត្រកូល ដែលមានចិត្តសទ្ធា តែមានភោគៈតិច ដែលគេមិនមានសេចក្តីខ្វល់ខ្វាយ ហើយបរិភោគក្នុងផ្ទះ នៃត្រកូលនោះ សិក្ខាបទនុ៎ះ តថាគតហៅថា គារយ្ហៈ។ បើភិក្ខុ (មិនមានជម្ងឺ) នៅក្នុងព្រៃ ដែលប្រកបដោយរង្កៀស ប្រកបដោយភ័យ (ទទួលខាទនីយភោជនីយាហារ) ដែលគេមិនបានឲ្យដំណឹងជាមុន ហើយបរិភោគក្នុងទីនោះ សិក្ខាបទនុ៎ះ តថាគតហៅថា គារយ្ហៈ។ ភិក្ខុនីមិនមែនជាញាតិ ទៅសូមវត្ថុ ដែលពួកជនដទៃ តែងរាប់អានថា ជារបស់អញ ទោះជាទឹកដោះថ្លាក្តី ប្រេងក្តី ទឹកឃ្មុំក្តី ទឹកអំពៅក្តី ត្រីសាច់ក្តី ទឹកដោះស្រស់ ឬទឹកដោះជូរក្តី ដោយខ្លួនឯង ភិក្ខុនី (នោះ) ដល់ហើយនូវសេចក្តីតិះដៀល ក្នុងសាសនាព្រះសុគត គឺត្រូវបាដិទេសនីយៈ។

[១២៥] សិក្ខាបទណា ដែលតថាគតហៅថា ទុក្កដ ចូរអ្នកប្រុងស្តាប់សិក្ខាបទនោះ ដូចសំដែងតទៅនេះ។ អំពើអាក្រក់ណា ទោះខុសក្តី ឆ្គាំឆ្គងក្តី ភ្លាំងភ្លាត់ក្តី មនុស្សធ្វើអំពើបាបណាមួយ ទោះក្នុងទីចំពោះមុខក្តី ក្នុងទីកំបាំងមុខក្តី អ្នកប្រាជ្ញទាំងឡាយ តែងហៅថា អំពើអាក្រក់ ព្រោះហេតុដូច្នោះ សិក្ខាបទនុ៎ះ តថាគតហៅថា ទុក្កដ។

[១២៦] សិក្ខាបទណា ដែលតថាគតហៅថា ទុព្ភាសិត ចូរអ្នកប្រុងស្តាប់សិក្ខាបទនោះ ដូចសំដែងតទៅនេះ។ បទណា ដែលបុគ្គលពោលអាក្រក់ក្តី ភ្លាំងភ្លាត់ក្តី សៅហ្មងក្តី អ្នកប្រាជ្ញទាំងឡាយ តែងតិះដៀលនូវបទ (ទាំងនោះ) ណាមួយ ព្រោះហេតុដូច្នោះ សិក្ខាបទនុ៎ះ តថាគតហៅថា ទុព្ភាសិត។

[១២៧] សិក្ខាបទណា ដែលតថាគតហៅថា សេក្ខិយៈ ចូរអ្នកប្រុងស្តាប់សិក្ខាបទនោះ ដូចសំដែងតទៅនេះ។ ការប្រព្រឹត្តជាដើមអាទិនុ៎ះក្តី សេចក្តីសង្រួមប្រយ័ត្នមុខមាត់ក្តី រមែងជារបស់បុគ្គល ដែលសិក្សាហើយ ដែលកំពុងសិក្សា កំពុងប្រព្រឹត្តតាមលំអានផ្លូវត្រង់ តែការសិក្សាប្រាកដដូច្នោះ មិនមាន ព្រោះហេតុនោះ សិក្ខាបទនុ៎ះ តថាគតហៅថា សេក្ខិយៈ។ ភិក្ខុដែលបិទបាំង (មូលាបត្តិ) ទុក នឹងត្រឡប់ត្រូវអាបត្តិថ្មីទៀត ភិក្ខុដែលបើក (ប្រាប់មូលាបត្តិ) នឹងមិនត្រូវអាបត្តិថ្មីទៀតឡើយ ព្រោះហេតុដូច្នោះ គួរបើកនូវមូលាបត្តិ ដែលខ្លួនបិទបាំងទុក ធ្វើយ៉ាងនេះ ទើបបានមិនត្រូវអាបត្តិថ្មីនោះទៀត។ ព្រៃជាដំណើររបស់ពួកម្រឹគ អាកាស ជាដំណើររបស់ពួកបក្សី សេចក្តីវិនាស ជាដំណើររបស់សង្ខតធម៌ទាំងឡាយ ព្រះនិព្វាន ជាដំណើររបស់ព្រះអរហន្ត។

ចប់ គាថាសង្គណិកៈ (គាថាឆ្លូកឆ្លាស់គ្នា)។

ឧទ្ទាន គឺបញ្ជីរឿង នៃគាថាសង្គណិកៈនោះ ដូច្នេះ

[១២៨]

សំដែងអំពីសិក្ខាបទទាំងឡាយ ដែលទ្រង់បញ្ញត្តក្នុងនគរទាំងប្រាំពីរ១ សំដែងអំពីវិបត្តិ៤យ៉ាង របស់ភិក្ខុ និងភិក្ខុនី១ សំដែងអំពីសិក្ខាបទជាសាធារណៈ និងអសាធារណៈ របស់ពួកភិក្ខុ និងភិក្ខុនី១ គាថាសង្គណិកៈ (គាថាឆ្លូកឆ្លាស់គ្នា) នេះ លោកសំដែង ដើម្បីអនុគ្រោះដល់ព្រះសាសនា។

អធិករណភេទ

(អធិករណភេទោ)

(ឧក្កោដនភេទាទិ ទី១)

(១. ឧក្កោដនភេទាទិ)

[១២៩] អធិករណ៍មាន៤យ៉ាង គឺវិវាទធិករណ៍១ អនុវាទាធិករណ៍១ អាបត្តាធិករណ៍១ កិច្ចាធិករណ៍១។ នេះហៅថា អធិករណ៍៤យ៉ាង។ អធិករណ៍ទាំង៤យ៉ាងនេះ មានការសើរើ គឺហាមឃាត់ប៉ុន្មានយ៉ាង។ អធិករណ៍ទាំង៤យ៉ាងនេះ មានការសើរើ១០យ៉ាង គឺវិវាទាធិករណ៍ មានការសើរើ២យ៉ាង អនុវាទាធិករណ៍ មានការសើរើ៤យ៉ាង អាបត្តាធិករណ៍ មានការសើរើ៣យ៉ាង កិច្ចាធិករណ៍ មានការសើរើតែ១។ អធិករណ៍ទាំង៤យ៉ាងនេះ មានការសើរើទាំង១០នេះឯង។ កាលបើសើរើវិវាទាធិករណ៍ តែងសើរើនូវសមថៈប៉ុន្មាន កាលបើសើរើអនុវាទាធិករណ៍ តែងសើរើនូវសមថៈប៉ុន្មាន កាលបើសើរើអាបត្តាធិករណ៍ តែងសើរើនូវសមថៈប៉ុន្មាន កាលបើសើរើកិច្ចាធិករណ៍ តែងសើរើនូវសមថៈប៉ុន្មាន។ កាលបើសើរើវិវាទាធិករណ៍ តែងសើរើនូវសមថៈ២យ៉ាង កាលបើសើរើអនុវាទាធិករណ៍ តែងសើរើនូវសមថៈ៤យ៉ាង កាលបើសើរើអាបត្តាធិករណ៍ តែងសើរើនូវសមថៈ៣យ៉ាង កាលបើសើរើកិច្ចាធិករណ៍ តែងសើរើនូវសមថៈ១យ៉ាង។

[១៣០] ការសើរើមានប៉ុន្មាន ភិក្ខុបាននូវការសើរើ ដោយអាការប៉ុន្មាន បុគ្គលដែលប្រកបដោយអង្គប៉ុន្មាន ទើបសើរើអធិករណ៍បាន បុគ្គលប៉ុន្មានពួក កាលសើរើអធិករណ៍ទៅហើយ ត្រូវអាបត្តិ (ខ្លួនឯង)។ ការសើរើមាន១២យ៉ាង ភិក្ខុបាននូវការសើរើ ដោយអាការ១០យ៉ាង បុគ្គលដែលប្រកបដោយអង្គ៤ ទើបសើរើនូវអធិករណ៍បាន បុគ្គល៤ពួក កាលបើសើរើអធិករណ៍ទៅហើយ តែងត្រូវអាបត្តិ (ខ្លួនឯងវិញ)។ ការសើរើទាំង១២នោះ ដូចម្តេចខ្លះ។ ការសើរើទាំង១២នោះ គឺកម្មដែលសង្ឃមិនទាន់ធ្វើ១ កម្មដែលសង្ឃធ្វើមិនត្រឹមត្រូវ១ កម្មដែលសង្ឃត្រូវធ្វើជាថ្មីទៀត១ កម្មដែលសង្ឃមិនទាន់សម្រេច១ កម្មដែលសង្ឃសម្រេចហើយមិនត្រឹមត្រូវ១ កម្មដែលសង្ឃត្រូវសម្រេចជាថ្មីទៀត១ កម្មដែលសង្ឃមិនទាន់វិនិច្ឆ័យ១ កម្មដែលសង្ឃវិនិច្ឆ័យហើយ មិនត្រឹមត្រូវ១ កម្មដែលសង្ឃត្រូវវិនិច្ឆ័យជាថ្មីទៀត១ កម្មដែលសង្ឃមិនទាន់បានរម្ងាប់១ កម្មដែលសង្ឃរម្ងាប់ហើយមិនត្រឹមត្រូវ១ កម្មដែលសង្ឃត្រូវរម្ងាប់ជាថ្មីទៀត31) ១។ ភិក្ខុបាននូវការសើរើ ដោយអាការ១០ (នោះ) ដូចម្តេចខ្លះ។ ភិក្ខុសើរើនូវអធិករណ៍ ដែលកើតក្នុងទីនោះ១ សើរើនូវអធិករណ៍ ដែលកើតក្នុងទីនោះ ហើយរម្ងាប់ទៅវិញ១ សើរើនូវអធិករណ៍ ក្នុងទីពាក់កណ្តាលផ្លូវ១ សើរើនូវអធិករណ៍ ដែលស្ងប់រម្ងាប់ហើយ ក្នុងទីពាក់កណ្តាលផ្លូវ១ សើរើនូវអធិករណ៍ ដែលដល់ហើយក្នុងទីនោះ១ សើរើនូវអធិករណ៍ ដែលដល់ក្នុងទីនោះ ហើយស្ងប់រម្ងាប់១ សើរើនូវសតិវិន័យ១ សើរើនូវអមូឡ្ហវិន័យ១ សើរើនូវតស្សបាបិយសិកា១ សើរើនូវតិណវត្ថារកៈ១។ ភិក្ខុបាននូវការសើរើដោយអាការ១០យ៉ាងនេះឯង។ បុគ្គលដែលប្រកបដោយអង្គ៤ ដូចម្តេចខ្លះ ទើបសើរើនូវអធិករណ៍។ បុគ្គលលុះឆន្ទាគតិ១ ទើបសើរើនូវអធិករណ៍ លុះទោសាគតិ១។បេ។ លុះមោហាគតិ១ លុះភយាគតិ១ ទើបសើរើនូវអធិករណ៍។ បុគ្គលដែលប្រកបដោយអង្គ៤ប្រការនេះឯង ទើបសើរើនូវអធិករណ៍។ បុគ្គល៤ពួក ដូចម្តេចខ្លះ កាលបើសើរើនូវអធិករណ៍ តែងត្រូវអាបត្តិ (ខ្លួនឯងវិញ)។ បុគ្គលទើបនឹងបានឧបសម្បទាក្នុងថ្ងៃនោះ សើរើ ត្រូវឧក្កោដនកបាចិត្តិយៈ១ បុគ្គលដែលទើបមកថ្មី សើរើ ត្រូវឧក្កោដនកបាចិត្តិយៈ១ បុគ្គលជាអ្នកធ្វើការ (រម្ងាប់អធិករណ៍នោះៗ) សើរើ ត្រូវឧក្កោដនកបាចិត្តិយៈ១ បុគ្គលអ្នកឲ្យឆន្ទៈ សើរើ ត្រូវឧក្កោដនកបាចិត្តិយៈ១។ បុគ្គលទាំង៤ពួកនេះ កាលបើសើរើអធិករណ៍ តែងត្រូវអាបត្តិ (ខ្លួនឯងវិញ)។

(អធិករណនិទានាទិ ទី២)

(២. អធិករណនិទានាទិ)

[១៣១] វិវាទាធិករណ៍ មានអ្វីជាគ្រឿងប្រគល់ឲ្យនូវផល មានអ្វីជាហេតុឲ្យកើតឡើង មានអ្វីជាកំណើត មានអ្វីជាដែន មានអ្វីជាអង្គ មានអ្វីជាសមុដ្ឋាន។ អនុវាទាធិករណ៍ មានអ្វីជាគ្រឿងប្រគល់ឲ្យនូវផល មានអ្វីជាហេតុឲ្យកើតឡើង មានអ្វីជាកំណើត មានអ្វីជាដែន មានអ្វីជាអង្គ មានអ្វីជាសមុដ្ឋាន។ អាបត្តាធិករណ៍ មានអ្វីជាគ្រឿងប្រគល់ឲ្យនូវផល មានអ្វីជាហេតុឲ្យកើតឡើង មានអ្វីជាកំណើត មានអ្វីជាដែន មានអ្វីជាអង្គ មានអ្វីជាសមុដ្ឋាន។ កិច្ចាធិករណ៍ មានអ្វីជាគ្រឿងប្រគល់ឲ្យនូវផល មានអ្វីជាហេតុឲ្យកើតឡើង មានអ្វីជាកំណើត មានអ្វីជាដែន មានអ្វីជាអង្គ មានអ្វីជាសមុដ្ឋាន។ វិវាទាធិករណ៍ មានសេចក្តីទាស់ទែង ជាគ្រឿងប្រគល់ឲ្យនូវផល មានសេចក្តីទាស់ទែង ជាហេតុឲ្យកើតឡើង មានសេចក្តីទាស់ទែង ជាកំណើត មានសេចក្តីទាស់ទែងជាដែន មានសេចក្តីទាស់ទែងជាអង្គ មានសេចក្តីទាស់ទែងជាសមុដ្ឋាន។ អនុវាទាធិករណ៍ មានការចោទជាគ្រឿងប្រគល់ឲ្យនូវផល មានការចោទ ជាហេតុឲ្យកើតឡើង មានការចោទ ជាកំណើត មានការចោទជាដែន មានការចោទជាអង្គ មានការចោទជាសមុដ្ឋាន។ អាបត្តាធិករណ៍ មានអាបត្តិ ជាគ្រឿងប្រគល់ឲ្យនូវផល មានអាបត្តិ ជាហេតុឲ្យកើតឡើង មានអាបត្តិជាកំណើត មានអាបត្តិ ជាដែន មានអាបត្តិ ជាអង្គ មានអាបត្តិ ជាសមុដ្ឋាន។ កិច្ចាធិករណ៍ មានកិច្ច ដែលសង្ឃត្រូវធ្វើ ជាគ្រឿងប្រគល់ឲ្យនូវផល មានកិច្ច ដែលសង្ឃត្រូវធ្វើ ជាហេតុឲ្យកើតឡើង មានកិច្ច ដែលសង្ឃត្រូវធ្វើ ជាកំណើត មានកិច្ចដែលសង្ឃត្រូវធ្វើជាដែន មានកិច្ច ដែលសង្ឃត្រូវធ្វើជាអង្គ មានកិច្ចដែលសង្ឃត្រូវធ្វើជាសមុដ្ឋាន។ វិវាទាធិករណ៍ មានអ្វីជាគ្រឿងប្រគល់ឲ្យនូវផល មានអ្វីជាហេតុឲ្យកើតឡើង មានអ្វីជាកំណើត មានអ្វីជាដែន មានអ្វីជាអង្គ មានអ្វីជាសមុដ្ឋាន។ អនុវាទាធិករណ៍។បេ។ អាបត្តាធិករណ៍ កិច្ចាធិករណ៍ មានអ្វីជាគ្រឿងប្រគល់ឲ្យនូវផល មានអ្វីជាហេតុឲ្យកើតឡើង មានអ្វីជាកំណើត មានអ្វីជាដែន មានអ្វីជាអង្គ មានអ្វីជាសមុដ្ឋាន។ វិវាទាធិករណ៍ មានហេតុជាគ្រឿងប្រគល់ឲ្យនូវផល មានហេតុ ជាហេតុឲ្យកើតឡើង មានហេតុជាកំណើត មានហេតុជាដែន មានហេតុជាអង្គ មានហេតុជាសមុដ្ឋាន។ អនុវាទាធិករណ៍។បេ។ អាបត្តាធិករណ៍ កិច្ចាធិករណ៍ មានហេតុជាគ្រឿងប្រគល់ឲ្យនូវផល មានហេតុជាហេតុឲ្យកើតឡើង មានហេតុជាកំណើត មានហេតុជាដែន មានហេតុជាអង្គ មានហេតុជាសមុដ្ឋាន។ វិវាទាធិករណ៍ មានអ្វីជាគ្រឿងប្រគល់ឲ្យនូវផល មានអ្វីជាហេតុឲ្យកើតឡើង មានអ្វីជាកំណើត មានអ្វីជាដែន មានអ្វីជាអង្គ មានអ្វីជាសមុដ្ឋាន។ អនុវាទាធិករណ៍។បេ។ អាបត្តាធិករណ៍ កិច្ចាធិករណ៍ មានអ្វីជាគ្រឿងប្រគល់ឲ្យនូវផល មានអ្វីជាហេតុឲ្យកើតឡើង មានអ្វីជាកំណើត មានអ្វីជាដែន មានអ្វីជាអង្គ មានអ្វីជាសមុដ្ឋាន។ វិវាទាធិករណ៍ មានបច្ច័យ ជាគ្រឿងប្រគល់ឲ្យនូវផល មានបច្ច័យ ជាហេតុឲ្យកើតឡើង មានបច្ច័យ ជាកំណើត មានបច្ច័យជាដែន មានបច្ច័យជាអង្គ មានបច្ច័យជាសមុដ្ឋាន។ អនុវាទាធិករណ៍។បេ។ អាបត្តាធិករណ៍ កិច្ចាធិករណ៍ មានបច្ច័យ ជាគ្រឿងប្រគល់ឲ្យនូវផល មានបច្ច័យ ជាហេតុឲ្យកើតឡើង មានបច្ច័យ ជាកំណើត មានបច្ច័យជាដែន មានបច្ច័យជាអង្គ មានបច្ច័យជាសមុដ្ឋាន។

(អធិករណមូលាទិ ទី៣)

(៣. អធិករណមូលាទិ)

[១៣២] អធិករណ៍៤យ៉ាង មានមូលប៉ុន្មាន មានសមុដ្ឋានប៉ុន្មាន។ អធិករណ៍៤យ៉ាង មានមូល៣៣ មានសមុដ្ឋាន៣៣។ អធិករណ៍៤យ៉ាង មានមូល៣៣ដូចម្តេច។ វិវាទាធិករណ៍ មានមូល១២ អនុវាទាធិករណ៍ មានមូល១៤ អាបត្តាធិករណ៍ មានមូល៦ កិច្ចាធិករណ៍ មានមូល១ គឺសង្ឃ។ អធិករណ៍៤យ៉ាង មានមូល៣៣ (ដូចរាប់មក) នេះឯង។ អធិករណ៍៤យ៉ាង មានសមុដ្ឋាន៣៣ ដូចម្តេចខ្លះ។ វិវាទាធិករណ៍ មានភេទករវត្ថុទាំង១៨ ជាសមុដ្ឋាន អនុវាទាធិករណ៍ មានវិបត្តិទាំង៤ជាសមុដ្ឋាន អាបត្តាធិករណ៍ មានកងនៃអាបត្តិទាំង៧ ជាសមុដ្ឋាន កិច្ចាធិករណ៍ មានកម្មទាំង៤ ជាសមុដ្ឋាន។ អធិករណ៍៤យ៉ាង មានសមុដ្ឋាន ៣៣ (ដូចរាប់មក) នេះឯង។

(អធិករណបច្ចយាបត្តិ ទី៤)

(៤. អធិករណបច្ចយាបត្តិ)

[១៣៣] សួរថា វិវាទាធិករណ៍ ជាអាបត្តិ ឬជាអនាបត្តិ។ ឆ្លើយថា វិវាទាធិករណ៍ មិនមែនជាអាបត្តិទេ។ ចុះភិក្ខុត្រូវអាបត្តិព្រោះបច្ច័យនៃវិវាទាធិករណ៍ មានដែរឬទេ។ អើ ភិក្ខុត្រូវអាបត្តិ ព្រោះបច្ច័យនៃវិវាទាធិករណ៍ ក៏មានដែរ។ ចុះភិក្ខុត្រូវអាបត្តិប៉ុន្មាន ព្រោះបច្ច័យនៃវិវាទាធិករណ៍។ ភិក្ខុត្រូវអាបត្តិ២យ៉ាង ព្រោះបច្ច័យនៃវិវាទាធិករណ៍ (គឺភិក្ខុ) ជេរប្រទេចឧបសម្បន្ន ត្រូវអាបត្តិបាចិត្តិយៈ១ ជេរប្រទេចអនុបសម្បន្ន ត្រូវអាបត្តិទុក្កដ១។ ភិក្ខុត្រូវអាបត្តិ២យ៉ាងនេះ ព្រោះបច្ច័យនៃវិវាទាធិករណ៍។ បណ្តាវិបត្តិ៤យ៉ាង អាបត្តិទាំងនោះ រួមចូលនឹងវិបត្តិប៉ុន្មាន បណ្តាអធិករណ៍៤យ៉ាង (អាបត្តិទាំងនោះ) ចាត់ជាអធិករណ៍ណា បណ្តាកងនៃអាបត្តិទាំង៧ (អាបត្តិទាំងនោះ) លោកសង្គ្រោះ ដោយកងនៃអាបត្តិប៉ុន្មាន បណ្តាសមុដ្ឋាន នៃអាបត្តិ៦យ៉ាង (អាបត្តិទាំងនោះ) តាំងឡើងអំពីសមុដ្ឋានប៉ុន្មាន រម្ងាប់ដោយអធិករណ៍ប៉ុន្មាន រម្ងាប់ក្នុងទីដូចម្តេច រម្ងាប់ដោយសមុដ្ឋានប៉ុន្មាន។ បណ្តាវិបត្តិ៤យ៉ាង អាបត្តិទាំងនោះ រួមចូលនឹងវិបត្តិ១ គឺអាចារវិបត្តិ បណ្តាអធិករណ៍៤យ៉ាង (អាបត្តិទាំងនោះ) ចាត់ជា អាបត្តាធិករណ៍ បណ្តាកងនៃអាបត្តិទាំង៧ (អាបត្តិទាំងនោះ) លោកសង្គ្រោះ ដោយកងនៃអាបត្តិ២គឺ កងនៃអាបត្តិបាចិត្តិយៈ ក៏មាន កងនៃអាបត្តិទុក្កដ ក៏មាន បណ្តាសមុដ្ឋាន នៃអាបត្តិ៦យ៉ាង (អាបត្តិទាំងនោះ) តាំងឡើងអំពីសមុដ្ឋាន៣ រម្ងាប់ដោយអធិករណ៍១ គឺកិច្ចាធិករណ៍ រម្ងាប់ក្នុងទីទាំង៣ គឺកណ្តាលជំនុំសង្ឃ១ កណ្តាលគណៈ១ ក្នុងសំណាក់នៃបុគ្គល១ និងរម្ងាប់ដោយសមថៈ៣គឺ សម្មុខាវិន័យ និងបដិញ្ញាតករណៈ ក៏មានខ្លះ សម្មុខាវិន័យ និងតិណវត្ថារកៈ ក៏មានខ្លះ។

[១៣៤] អនុវាទាធិករណ៍ ជាអាបត្តិ ឬជាអនាបត្តិ។ អនុវាទាធិករណ៍ មិនមែនជាអាបត្តិទេ។ ចុះភិក្ខុត្រូវអាបត្តិ ព្រោះបច្ច័យនៃអនុវាទាធិករណ៍ មានដែរឬទេ។ អើ ភិក្ខុត្រូវអាបត្តិ ព្រោះបច្ច័យនៃអនុវាទាធិករណ៍ មានដែរ។ ភិក្ខុត្រូវអាបត្តិប៉ុន្មាន ព្រោះបច្ច័យនៃអនុវាទាធិករណ៍។ ភិក្ខុត្រូវអាបត្តិ៣យ៉ាង ព្រោះបច្ច័យនៃអនុវាទាធិករណ៍ (គឺភិក្ខុ) ចោទបង្កាច់ភិក្ខុផងគ្នា ដោយអាបត្តិបារាជិក មិនមានមូល ត្រូវអាបត្តិសង្ឃាទិសេស ចោទបង្កាច់ដោយអាបត្តិសង្ឃាទិសេស មិនមានមូល ត្រូវអាបត្តិបាចិត្តិយៈ ចោទបង្កាច់ដោយអាចារវិបត្តិ មិនមានមូល ត្រូវអាបត្តិទុក្កដ ភិក្ខុត្រូវអាបត្តិ៣យ៉ាងនេះឯង ព្រោះបច្ច័យនៃអនុវាទាធិករណ៍។ បណ្តាវិបត្តិ៤យ៉ាង អាបត្តិទាំងនោះ រួមចូលនឹងវិបត្តិប៉ុន្មាន បណ្តាអធិករណ៍៤យ៉ាង (អាបត្តិទាំងនោះ) រួមចូលនឹងអធិករណ៍ណា បណ្តាកងនៃអាបត្តិ៧យ៉ាង (អាបត្តិទាំងនោះ) លោកសង្គ្រោះដោយកងនៃអាបត្តិប៉ុន្មាន បណ្តាសមុដ្ឋាន នៃអាបត្តិ៦យ៉ាង (អាបត្តិទាំងនោះ) តាំងឡើងអំពីសមុដ្ឋានប៉ុន្មាន និងរម្ងាប់ដោយអធិករណ៍ប៉ុន្មាន រម្ងាប់ក្នុងទីដូចម្តេច រម្ងាប់ដោយសមថៈប៉ុន្មាន។ បណ្តាវិបត្តិ៤យ៉ាង អាបត្តិទាំងនោះ រួមចូលនឹងវិបត្តិ២ គឺសីលវិបត្តិក៏មាន អាចារវិបត្តិក៏មាន បណ្តាអធិករណ៍៤យ៉ាង (អាបត្តិទាំងនោះ) ចាត់ជាអាបត្តាធិករណ៍ បណ្តាកងនៃអាបត្តិ៧យ៉ាង (អាបត្តិទាំងនោះ) លោកសង្គ្រោះដោយកងនៃអាបត្តិ៣គឺ កងនៃអាបត្តិសង្ឃាទិសេស ក៏មាន កងនៃអាបត្តិបាចិត្តិយៈ ក៏មាន កងនៃអាបត្តិទុក្កដក៏មាន បណ្តាសមុដ្ឋាន នៃអាបត្តិ៦យ៉ាង (អាបត្តិទាំងនោះ) តាំងឡើងដោយសមុដ្ឋាន៣ អាបត្តិណា ជាគរុកាបត្តិ អាបត្តិនោះ តែងរម្ងាប់ដោយអធិករណ៍១ គឺកិច្ចាធិករណ៍ រម្ងាប់ក្នុងទី១ គឺកណ្តាលជំនុំសង្ឃ និងរម្ងាប់ដោយសមថៈ២គឺ សម្មុខាវិន័យ១ បដិញ្ញាតករណៈ១ អាបត្តិទាំងឡាយណា ជាលហុកាបត្តិ អាបត្តិទាំងនោះ តែងរម្ងាប់ដោយអធិករណ៍១គឺ កិច្ចាធិករណ៍ រម្ងាប់ក្នុងទីទាំង៣គឺ កណ្តាលជំនុំសង្ឃ១ កណ្តាលគណៈ១ ក្នុងសំណាក់នៃបុគ្គល១ រម្ងាប់ដោយសមថៈ៣គឺ សម្មុខាវិន័យ និងបដិញ្ញាតករណក៏មាន សម្មុខាវិន័យ និងតិណវត្ថារកៈ ក៏មានខ្លះ។

[១៣៥] អាបត្តាធិករណ៍ ជាអាបត្តិ ឬជាអនាបត្តិ។ អាបត្តាធិករណ៍ មិនមែនជាអាបត្តិទេ។ ចុះភិក្ខុត្រូវអាបត្តិ ព្រោះបច្ច័យ នៃអាបត្តាធិករណ៍ មានដែរឬទេ។ អើ ភិក្ខុត្រូវអាបត្តិ ព្រោះបច្ច័យនៃអាបត្តាធិករណ៍ ក៏មានដែរ។ ភិក្ខុត្រូវអាបត្តិប៉ុន្មាន ព្រោះបច្ច័យ នៃអាបត្តាធិករណ៍។ ភិក្ខុត្រូវអាបត្តិ៤យ៉ាង ព្រោះបច្ច័យ នៃអាបត្តាធិករណ៍ គឺ ភិក្ខុនីដឹងថា (ភិក្ខុនីផងគ្នា) ត្រូវអាបត្តិបារាជិក ហើយជួយបិទបាំងទុក ត្រូវអាបត្តិបារាជិក ភិក្ខុនី មានសេចក្តីសង្ស័យ ហើយបិទបាំងទុក ត្រូវអាបត្តិថុល្លច្ច័យ ភិក្ខុបិទបាំងអាបត្តិសង្ឃាទេសេស ត្រូវអាបត្តិបាចិត្តិយៈ បើបិទបាំងអាចារៈវិបត្តិទុក ត្រូវអាបត្តិទុក្កដ ភិក្ខុ និងភិក្ខុនី ត្រូវអាបត្តិទាំង៤យ៉ាងនេះ ព្រោះបច្ច័យ នៃអាបត្តាធិករណ៍។ បណ្តាវិបត្តិ៤យ៉ាង អាបត្តិទាំងនោះ រួមចូលនឹងវិបត្តិប៉ុន្មាន បណ្តាអធិករណ៍៤យ៉ាង (អាបត្តិទាំងនោះ) រួមចូលនឹងអធិករណ៍ណា បណ្តាកងនៃអាបត្តិទាំង៧ (អាបត្តិទាំងនោះ) លោកសង្គ្រោះដោយកងនៃអាបត្តិប៉ុន្មាន បណ្តាសមុដ្ឋាន នៃអាបត្តិ៦យ៉ាង (អាបត្តិទាំងនោះ) តាំងឡើងដោយសមុដ្ឋានប៉ុន្មាន រម្ងាប់ដោយអធិករណ៍ប៉ុន្មាន រម្ងាប់ក្នុងទីដូចម្តេច រម្ងាប់ដោយសមុដ្ឋានប៉ុន្មាន។ បណ្តាវិបត្តិទាំង៤ អាបត្តិទាំងនោះ រួមចូលនឹងវិបត្តិ២ គឺសីលវិបត្តិក៏មាន អាចារវិបត្តិក៏មាន បណ្តាអធិករណ៍ទាំង៤យ៉ាង (អាបត្តិទាំងនោះ) រួមចូលនឹងអាបត្តាធិករណ៍ បណ្តាកងនៃអាបត្តិទាំង៧ (អាបត្តិទាំងនោះ) លោកសង្គ្រោះដោយកងនៃអាបត្តិ៤គឺ កងនៃអាបត្តិបារាជិកក៏មាន កងនៃអាបត្តិថុល្លច្ច័យ ក៏មាន កងនៃអាបត្តិបាចិត្តិយៈ ក៏មាន កងនៃអាបត្តិទុក្កដក៏មាន បណ្តាសមុដ្ឋាន នៃអាបត្តិ៦យ៉ាង (អាបត្តិទាំងនោះ) តាំងឡើងដោយសមុដ្ឋាន១គឺ តាំងឡើងអំពីកាយ វាចា ចិត្ត អាបត្តិណា ជាអនវសេសាបត្តិ អាបត្តិនោះ មិនរម្ងាប់ដោយអធិករណ៍ណាទេ មិនរម្ងាប់ក្នុងទីណាទេ មិនរម្ងាប់ដោយសមថៈណាទេ អាបត្តិទាំងឡាយណា ជាលហុកាបត្តិ អាបត្តិទាំងនោះ តែងរម្ងាប់ដោយអធិករណ៍១គឺ កិច្ចាធិករណ៍ រម្ងាប់ក្នុងទីទាំង៣គឺ កណ្តាលជំនុំសង្ឃ១ កណ្តាលគណៈ១ ក្នុងសំណាក់បុគ្គល១ និងរម្ងាប់ដោយសមថៈ៣គឺ សម្មុខាវិន័យ និងបដិញ្ញាតករណៈ ក៏មានខ្លះ សម្មុខាវិន័យ និងតិណវត្ថារកៈ ក៏មានខ្លះ។

[១៣៦] កិច្ចាធិករណ៍ ជាអាបត្តិ ឬជាអនាបត្តិ។ កិច្ចាធិករណ៍ មិនមែនជាអាបត្តិទេ។ ចុះភិក្ខុត្រូវអាបត្តិ ព្រោះបច្ច័យនៃកិច្ចាធិករណ៍ មានដែរឬទេ។ អើ ភិក្ខុត្រូវអាបត្តិ ព្រោះបច្ច័យនៃកិច្ចាធិករណ៍ ក៏មានដែរ។ ភិក្ខុត្រូវអាបត្តិប៉ុន្មានយ៉ាង ព្រោះបច្ច័យនៃកិច្ចាធិករណ៍។ ភិក្ខុ និងភិក្ខុនី ត្រូវអាបត្តិ៥យ៉ាង ព្រោះបច្ច័យនៃកិច្ចាធិករណ៍ គឺភិក្ខុនី ប្រព្រឹត្តតាមភិក្ខុនី ដែលភិក្ខុនីសង្ឃលើកវត្ត កាលបើសង្ឃសូត្រសមនុភាសនកម្ម ចប់ជាគំរប់៣ដងហើយ នៅតែមិនលះបង់ (កម្មនោះចេញ) ត្រូវអាបត្តិទុក្កដ ក្នុងខណៈដែលចប់ញត្តិ ត្រូវអាបត្តិថុល្លច្ច័យទាំងឡាយ ក្នុងខណៈដែលចប់កម្មវាចាពីរលើក ត្រូវអាបត្តិបារាជិក ក្នុងខណៈដែលចប់កម្មវាចាស្រេច ភិក្ខុទាំងឡាយ ដែលប្រព្រឹត្តតាមភិក្ខុអ្នកបំបែកសង្ឃ កាលបើសង្ឃសូត្រសមនុភាសនកម្មចប់ជាគំរប់៣ដងហើយ នៅតែមិនលះបង់ (កម្មនោះចេញ) ត្រូវអាបត្តិសង្ឃាទិសេស ភិក្ខុទាំងឡាយ ដែលប្រកាន់ទិដ្ឋិអាក្រក់ កាលបើសង្ឃសូត្រសមនុភាសនកម្មចប់ ជាគំរប់៣ដងហើយ នៅតែមិនលះបង់ទិដ្ឋិអាក្រក់ចេញ ត្រូវអាបត្តិបាចិត្តិយៈ ភិក្ខុត្រូវអាបត្តិ៥យ៉ាងនេះ ព្រោះបច្ច័យនៃកិច្ចាធិករណ៍។ បណ្តាវិបត្តិទាំង៤យ៉ាង អាបត្តិទាំងនោះ រួមចូលនឹងវិបត្តិប៉ុន្មាន បណ្តាអធិករណ៍ទាំង៤យ៉ាង អាបត្តិទាំងនោះ រួមចូលនឹងអធិករណ៍ណា បណ្តាកងនៃអាបត្តិទាំង៧ អាបត្តិទាំងនោះ លោកសង្គ្រោះដោយកងនៃអាបត្តិណា បណ្តាសមុដ្ឋាននៃអាបត្តិទាំង៦យ៉ាង អាបត្តិទាំងនោះ តាំងឡើងអំពីសមុដ្ឋានប៉ុន្មានយ៉ាង រម្ងាប់ដោយអធិករណ៍ប៉ុន្មាន រម្ងាប់ក្នុងទីដូចម្តេច រម្ងាប់ដោយសមថៈប៉ុន្មាន។ បណ្តាវិបត្តិទាំង៤យ៉ាង អាបត្តិទាំងនោះ រួមចូលនឹងវិបត្តិ២យ៉ាង គឺ សីលវិបត្តិក៏មាន អាចារវិបត្តិក៏មាន បណ្តាអធិករណ៍ទាំង៤យ៉ាង អាបត្តិទាំងនោះ រួមចូលនឹងអាបត្តាធិករណ៍ បណ្តាកងនៃអាបត្តិទាំង៧ អាបត្តិទាំងនោះ សង្គ្រោះដោយកងនៃអាបត្តិ៥គឺ កងនៃអាបត្តិបារាជិក ក៏មាន កងនៃអាបត្តិសង្ឃាទិសេស ក៏មាន កងនៃអាបត្តិថុល្លច្ច័យក៏មាន កងនៃអាបត្តិបាចិត្តិយៈក៏មាន កងនៃអាបត្តិទុក្កដក៏មាន បណ្តាសមុដ្ឋាននៃអាបត្តិទាំង៦យ៉ាង អាបត្តិទាំងនោះ តាំងឡើងអំពីសមុដ្ឋាន១ គឺតាំងឡើងអំពីកាយ វាចា ចិត្ត អាបត្តិណា ជាអនវសេសាបត្តិ អាបត្តិនោះមិនរម្ងាប់ដោយអធិករណ៍ណាទេ មិនរម្ងាប់ក្នុងទីណាមួយទេ មិនរម្ងាប់ដោយសមថៈណាទេ អាបត្តិណាជាគរុកាបត្តិ អាបត្តិនោះតែងរម្ងាប់ដោយអធិករណ៍១ គឺកិច្ចាធិករណ៍ រម្ងាប់ក្នុងទី១ គឺក្នុងកណ្តាលជំនុំសង្ឃ រម្ងាប់ដោយសមថៈ២គឺ សម្មុខាវិន័យ១ បដិញ្ញាតករណៈ១ អាបត្តិទាំងឡាយណា ជាលហុកាបត្តិ អាបត្តិទាំងឡាយនោះ តែងរម្ងាប់ដោយអធិករណ៍១គឺ កិច្ចាធិករណ៍រម្ងាប់ក្នុងទីទាំង៣គឺ កណ្តាលជំនុំសង្ឃ១ កណ្តាលគណៈ១ ក្នុងសំណាក់នៃបុគ្គល១ រម្ងាប់ដោយសមថៈ៣យ៉ាងគឺ សម្មុខាវិន័យ និងបដិញ្ញាតករណៈក៏មានខ្លះ សម្មុខាវិន័យ និងតិណវត្ថារកៈ ក៏មានខ្លះ។

(អធិករណាធិប្បាយៈ ទី៥)

(៥. អធិករណាធិប្បាយោ)

[១៣៧] វិវាទាធិករណ៍ ទៅជាអនុវាទាធិករណ៍ ទៅជាអាបត្តាធិករណ៍ ទៅជាកិច្ចាធិករណ៍ មានដែរឬទេ។ វិវាទាធិករណ៍ មិនទៅជាអនុវាទាធិករណ៍ទេ មិនទៅជាអាបត្តាធិករណ៍ទេ មិនទៅជាកិច្ចាធិករណ៍ទេ។ ប៉ុន្តែអនុវាទាធិករណ៍ អាបត្តាធិករណ៍ និងកិច្ចាធិករណ៍ មានឡើង ព្រោះបច្ច័យនៃវិវាទាធិករណ៍។ មានសេចក្តីអធិប្បាយដូចម្តេច។ (មានសេចក្តីអធិប្បាយថា) ភិក្ខុទាំងឡាយ ក្នុងសាសនានេះ ជជែកគ្នាថា សភាវៈនេះជាធម៌ក្តី ថាសភាវៈនេះ មិនមែនជាធម៌ក្តី។បេ។ ថាទុដ្ឋុល្លាបត្តិក្តី ថាអទុដ្ឋុល្លាបត្តិក្តី សេចក្តីប្រកួតប្រកាន់ ជម្លោះ សេចក្តីប្រកាន់ខុស សេចក្តីជជែក ការនិយាយបែកផ្សេងពីគ្នា ការនិយាយផ្តេសផ្តាស ការនិយាយដើម្បីឲ្យគេព្រួយចិត្ត សេចក្តីប្រកែកប្រណាំងណា ក្នុងសភាវៈទាំងនោះ នេះដែលព្រះសាស្តាត្រាស់ហៅថា វិវាទាធិករណ៍។ សង្ឃជជែកគ្នា ព្រោះវិវាទាធិករណ៍ ហៅថា វិវាទាធិករណ៍។ កាលដែលសង្ឃជជែកគ្នាទាំងចោទផង ហៅថា អនុវាទាធិករណ៍។ កាលដែលសង្ឃចោទ ត្រូវអាបត្តិ (ខ្លួនឯង) ហៅថា អាបត្តាធិករណ៍។ សង្ឃធ្វើកម្ម ព្រោះអាបត្តិនោះ ហៅថា កិច្ចាធិករណ៍។ អនុវាទាធិករណ៍ អាបត្តាធិករណ៍ និងកិច្ចាធិករណ៍ កើតមាន ព្រោះតែបច្ច័យនៃវិវាទាធិករណ៍ ដូចបានអធិប្បាយមកនេះ។

[១៣៨] អនុវាទាធិករណ៍ ទៅជាអាបត្តាធិករណ៍ ទៅជាកិច្ចាធិករណ៍ ទៅជាវិវាទាធិករណ៍ មានដែរឬទេ។ អនុវាទាធិករណ៍ មិនទៅជាអាបត្តាធិករណ៍ មិនទៅជាកិច្ចាធិករណ៍ មិនទៅជាវិវាទាធិករណ៍ទេ។ ប៉ុន្តែអាបត្តាធិករណ៍ កិច្ចាធិករណ៍ និងវិវាទាធិករណ៍ តែងកើតមាន ព្រោះបច្ច័យនៃអនុវាទាធិករណ៍។ មានសេចក្តីអធិប្បាយដូចម្តេច។ (មានសេចក្តីអធិប្បាយថា) ភិក្ខុទាំងឡាយ ក្នុងសាសនានេះ ចោទភិក្ខុផងគ្នាដោយសីលវិបត្តិក្តី32) ដោយអាចារវិបត្តិក្តី33) ដោយទិដ្ឋិវិបត្តិក្តី34) ដោយអាជីវវិបត្តិក្តី35) ការចោទ សេចក្តីប្រកាន់ ការពោលជជែក ការពោលតវ៉ា ការពោលបង្កាច់ ការខំពោលបង្ខូច ការបន្ថែមកម្លាំងណា ក្នុងវិបត្តិទាំងនោះ នេះដែលព្រះសាស្តាត្រាស់ហៅថា អនុវាទាធិករណ៍។ សង្ឃជជែកគ្នា ព្រោះអនុវាទាធិករណ៍ ហៅថា វិវាទាធិករណ៍។ កាលដែលជជែកទាំងចោទផង ហៅថា អនុវាទាធិករណ៍។ កាលដែលចោទ ត្រូវអាបត្តិ (ខ្លួនឯង) ហៅថា អាបត្តាធិករណ៍។ សង្ឃធ្វើកម្ម ព្រោះអាបត្តិនោះ ហៅថា កិច្ចាធិករណ៍។ អាបត្តាធិករណ៍ កិច្ចាធិករណ៍ និងវិវាទាធិករណ៍ តែងកើតមាន ព្រោះបច្ច័យនៃអនុវាទាធិករណ៍ ដូចបានអធិប្បាយមកនេះឯង។

[១៣៩] អាបត្តាធិករណ៍ ទៅជាកិច្ចាធិករណ៍ ទៅជាវិវាទាធិករណ៍ ទៅជាអនុវាទាធិករណ៍ មានដែរឬទេ។ អាបត្តាធិករណ៍ មិនទៅជាកិច្ចាធិករណ៍ មិនទៅជាវិវាទាធិករណ៍ មិនទៅជាអនុវាទាធិករណ៍ទេ។ ប៉ុន្តែកិច្ចាធិករណ៍ វិវាទាធិករណ៍ និងអនុវាទាធិករណ៍ តែងកើតមាន ព្រោះតែបច្ច័យនៃអាបត្តាធិករណ៍។ មានសេចក្តីអធិប្បាយដូចម្តេច។ (មានសេចក្តីអធិប្បាយថា) កងនៃអាបត្តិទាំង៥ ក៏ហៅថា អាបត្តាធិករណ៍ កងនៃអាបត្តិទាំង៧ ក៏ហៅថា អាបត្តាធិករណ៍ នេះដែលព្រះសាស្តា ត្រាស់ហៅថា អាបត្តាធិករណ៍។ សង្ឃជជែកគ្នា ព្រោះអាបត្តាធិករណ៍ ហៅថា វិវាទាធិករណ៍។ កាលដែលជជែកទាំងចោទផង ហៅថា អនុវាទាធិករណ៍។ កាលដែលចោទ ត្រូវអាបត្តិ (ខ្លួនឯង) ហៅថា អាបត្តាធិករណ៍។ សង្ឃធ្វើកម្ម ព្រោះអាបត្តិនោះ ហៅថា កិច្ចាធិករណ៍។ កិច្ចាធិករណ៍ វិវាទាធិករណ៍ និងអនុវាទាធិករណ៍ តែងកើតមាន ព្រោះបច្ច័យនៃអាបត្តាធិករណ៍ ដូចបានអធិប្បាយមកយ៉ាងនេះ។

[១៤០] កិច្ចាធិករណ៍ ទៅជាវិវាទាធិករណ៍ ទៅជាអនុវាទាធិករណ៍ ទៅជាអាបត្តាធិករណ៍ មានដែរឬទេ។ កិច្ចាធិករណ៍ មិនទៅជាវិវាទាធិករណ៍ មិនទៅជាអនុវាទាធិករណ៍ មិនទៅជាអាបត្តាធិករណ៍ទេ។ ប៉ុន្តែវិវាទាធិករណ៍ អនុវាទាធិករណ៍ និងអាបត្តាធិករណ៍ តែងកើតមាន ព្រោះតែបច្ច័យនៃអាបត្តាធិករណ៍។ មានសេចក្តីអធិប្បាយដូចម្តេច។ (មានសេចក្តីអធិប្បាយថា) កិច្ចរបស់សង្ឃ ឬកម្មដែលសង្ឃត្រូវធ្វើណា គឺអបលោកនកម្ម១ ញត្តិកម្ម១ ញត្តិទុតិយកម្ម១ ញត្តិចតុត្ថកម្ម១ នេះដែលព្រះសាស្តា ត្រាស់ហៅថា កិច្ចាធិករណ៍។ សង្ឃជជែកគ្នា ព្រោះកិច្ចាធិករណ៍ ហៅថា វិវាទាធិករណ៍។ កាលដែលជជែកទាំងចោទផង ហៅថា អនុវាទាធិករណ៍។ កាលដែលចោទ ត្រូវអាបត្តិ (ខ្លួនឯង) ហៅថា អាបត្តាធិករណ៍។ សង្ឃធ្វើកម្ម ព្រោះអាបត្តិនោះ ហៅថា កិច្ចាធិករណ៍។ វិវាទាធិករណ៍ អនុវាទាធិករណ៍ និងអាបត្តាធិករណ៍ តែងកើតមាន ព្រោះបច្ច័យនៃកិច្ចាធិករណ៍ ដូចបានអធិប្បាយមកយ៉ាងនេះ។

(បុច្ឆាវារៈ ទី៦)

(៦. បុច្ឆាវារោ)

[១៤១] សតិវិន័យ (មាន) ក្នុងទីណា សម្មុខាវិន័យ (ក៏មាន) ក្នុងទីនោះដែរ សម្មុខាវិន័យ (មាន) ក្នុងទីណា សតិវិន័យ (ក៏មាន) ក្នុងទីនោះដែរ។ អមូឡ្ហវិន័យ (មាន) ក្នុងទីណា សម្មុខាវិន័យ (ក៏មាន) ក្នុងទីនោះដែរ សម្មុខាវិន័យ (មាន) ក្នុងទីណា អមូឡ្ហវិន័យ (ក៏មាន) ក្នុងទីនោះដែរ។ បដិញ្ញាតករណៈ (មាន) ក្នុងទីណា សម្មុខាវិន័យ (ក៏មាន) ក្នុងទីនោះដែរ សម្មុខាវិន័យ (មាន) ក្នុងទីណា បដិញ្ញាតករណៈ (ក៏មាន) ក្នុងទីនោះដែរ។ យេភុយ្យសិកា (មាន)ក្នុងទីណា សម្មុខាវិន័យ (ក៏មាន) ក្នុងទីនោះដែរ សម្មុខាវិន័យ (មាន) ក្នុងទីណា យេភុយ្យសិកា (ក៏មាន) ក្នុងទីនោះដែរ។ តស្សបាបិយសិកា (មាន) ក្នុងទីណា សម្មុខាវិន័យ (ក៏មាន) ក្នុងទីនោះដែរ សម្មុខាវិន័យ (មាន) ក្នុងទីណា តស្សបាបិយសិកា (ក៏មាន) ក្នុងទីនោះដែរ។ តិណវត្ថារកៈ (មាន) ក្នុងទីណា សម្មុខាវិន័យ (ក៏មាន) ក្នុងទីនោះដែរ សម្មុខាវិន័យ (មាន) ក្នុងទីណា តិណវត្ថារកៈ (ក៏មាន) ក្នុងទីនោះដែរ។

(វិស្សជ្ជនាវារៈ ទី៧)

(៧. វិស្សជ្ជនាវារោ)

[១៤២] ក្នុងសម័យណា អធិករណ៍រម្ងាប់ដោយសម្មុខាវិន័យ និងសតិវិន័យ សតិវិន័យ (មាន) ក្នុងទីណា សម្មុខាវិន័យ (ក៏មាន) ក្នុងទីនោះ សម្មុខាវិន័យ (មាន) ក្នុងទីណា សតិវិន័យ (ក៏មាន) ក្នុងទីនោះដែរ អមូឡ្ហវិន័យ មិនមានក្នុងទីនោះទេ បដិញ្ញាតករណៈ មិនមានក្នុងទីនោះទេ យេភុយ្យសិកា មិនមានក្នុងទីនោះទេ តស្សបាបិយសិកា មិនមានក្នុងទីនោះទេ តិណវត្ថារកៈ មិនមានក្នុងទីនោះទេ។ សម័យណា អធិករណ៍រម្ងាប់ដោយសម្មុខាវិន័យ និងអមូឡ្ហវិន័យ។បេ។ ដោយសម្មុខាវិន័យ និងបដិញ្ញាតករណៈ។បេ។ ដោយសម្មុខាវិន័យ និងយេភុយ្យសិកា។បេ។ ដោយសម្មុខាវិន័យ និងតស្សបាបិយសិកា។បេ។ ដោយសម្មុខាវិន័យ និងតិណវត្ថារកៈ តិណវត្ថារកៈ (មាន) ក្នុងទីណា សម្មុខាវិន័យ (ក៏មាន) ក្នុងទីនោះ សម្មុខាវិន័យ (មាន) ក្នុងទីណា តិណវត្ថារកៈ (ក៏មាន) ក្នុងទីនោះ សតិវិន័យ មិនមានក្នុងទីនោះទេ អមូឡ្ហវិន័យ មិនមានក្នុងទីនោះទេ បដិញ្ញាតករណៈ មិនមានក្នុងទីនោះទេ យេភុយ្យសិកាមិនមានក្នុងទីនោះទេ តស្សបាបិយសិកា មិនមានក្នុងទីនោះទេ។

(សំសដ្ឋវារៈ ទី៨)

(៨. សំសដ្ឋវារោ)

[១៤៣] សួរថា សម្មុខាវិន័យ និងសតិវិន័យ ធម៌ទាំងនេះលាយច្រឡំគ្នា ឬមិនច្រឡំគ្នាទេ មួយទៀត លោកចែករំលែកធម៌ទាំងឡាយនេះ ហើយបញ្ញត្តឲ្យផ្សេងពីគ្នាបានឬទេ។ សម្មុខាវិន័យ និងអមូឡ្ហវិន័យ។បេ។ សម្មុខាវិន័យ និងបដិញ្ញាតករណៈ សម្មុខាវិន័យ និងយេភុយ្យសិកា សម្មុខាវិន័យ និងតស្សបាបិយសិកា សម្មុខាវិន័យ និងតិណវត្ថារកៈ ធម៌ទាំងនេះ លាយច្រឡំគ្នា ឬមិនលាយច្រឡំគ្នាទេ មួយទៀត លោកចែករំលែកធម៌ទាំងនេះ ហើយបញ្ញត្តឲ្យផ្សេងគ្នាបានឬទេ។ ឆ្លើយថា សម្មុខាវិន័យ និងសតិវិន័យ ធម៌ទាំងនេះ លាយច្រឡំគ្នា មិនមែនផ្សេងគ្នាទេ មួយទៀត លោកមិនបានចែករំលែកធម៌ទាំងនេះ ហើយបញ្ញត្តឲ្យផ្សេងពីគ្នាទេ។ សម្មុខាវិន័យ និងអមូឡ្ហវិន័យ។បេ។ សម្មុខាវិន័យ និងបដិញ្ញាតករណៈ សម្មុខាវិន័យ និងយេភុយ្យសិកា សម្មុខាវិន័យ និងតស្សបាបិយសិកា សម្មុខាវិន័យ និងតិណវត្ថារកៈ ធម៌ទាំងនេះ លាយច្រឡំគ្នា មិនមែនមិនលាយច្រឡំគ្នាទេ មួយទៀត លោកមិនបានចែករំលែកធម៌ទាំងនេះ ហើយបញ្ញត្តឲ្យផ្សេងពីគ្នាទេ។

(សត្តសមថនិទាន ទី៩)

(៩. សត្តសមថនិទានំ)

[១៤៤] សម្មុខាវិន័យ មានអ្វីជាគ្រឿងប្រគល់ឲ្យនូវផល មានអ្វីជាហេតុឲ្យកើតឡើង មានអ្វីជាកំណើត មានអ្វីជាដែន មានអ្វីជាអង្គ មានអ្វីជាសមុដ្ឋាន។ សតិវិន័យ។បេ។ អមូឡ្ហវិន័យ បដិញ្ញាតករណៈ យេភុយ្យសិកា តស្សបាបិយសិកា និងតិណវត្ថារកៈ មានអ្វីជាគ្រឿងប្រគល់ឲ្យនូវផល មានអ្វីជាហេតុឲ្យកើតឡើង មានអ្វីជាកំណើត មានអ្វីជាដែន មានអ្វីជាអង្គ មានអ្វីជាសមុដ្ឋាន។ សម្មុខាវិន័យ មាននិទានជាគ្រឿងប្រគល់ឲ្យនូវផល មាននិទានជាហេតុឲ្យកើតឡើង មាននិទានជាកំណើត មាននិទានជាដែន មាននិទានជាអង្គ មាននិទានជាសមុដ្ឋាន។ សតិវិន័យ។បេ។ អមូឡ្ហវិន័យ បដិញ្ញាតករណៈ យេភុយ្យសិកា តស្សបាបិយសិកា និងតិណវត្ថារកៈ មាននិទានជាគ្រឿងប្រគល់ឲ្យនូវផល មាននិទានជាហេតុឲ្យកើតឡើង មាននិទានជាកំណើត មាននិទានជាដែន មាននិទានជាអង្គ មាននិទានជាសមុដ្ឋាន។ សម្មុខាវិន័យ មានអ្វីជាគ្រឿងប្រគល់ឲ្យនូវផល មានអ្វីជាហេតុឲ្យកើតឡើង មានអ្វីជាកំណើត មានអ្វីជាដែន មានអ្វីជាអង្គ មានអ្វីជាសមុដ្ឋាន។ សតិវិន័យ។បេ។ អមូឡ្ហវិន័យ បដិញ្ញាតករណៈ យេភុយ្យសិកា តស្សបាបិយសិកា និងតិណវត្ថារកៈ មានអ្វីជាគ្រឿងប្រគល់ឲ្យនូវផល មានអ្វីជាហេតុឲ្យកើតឡើង មានអ្វីជាកំណើត មានអ្វីជាដែន មានអ្វីជាអង្គ មានអ្វីជាសមុដ្ឋាន។ សម្មុខាវិន័យ មានហេតុជាគ្រឿងប្រគល់ឲ្យនូវផល មានហេតុជាហេតុឲ្យកើតឡើង មានហេតុជាកំណើត មានហេតុជាដែន មានហេតុជាអង្គ មានហេតុជាសមុដ្ឋាន។ សតិវិន័យ។បេ។ អមូឡ្ហវិន័យ បដិញ្ញាតករណៈ យេភុយ្យសិកា តស្សបាបិយសិកា និងតិណវត្ថារកៈ មានហេតុជាគ្រឿងប្រគល់ឲ្យនូវផល មានហេតុជាហេតុឲ្យកើតឡើង មានហេតុជាកំណើត មានហេតុជាដែន មានហេតុជាអង្គ មានហេតុជាសមុដ្ឋាន។ សម្មុខាវិន័យ មានអ្វីជាគ្រឿងប្រគល់ឲ្យនូវផល មានអ្វីជាហេតុឲ្យកើតឡើង មានអ្វីជាកំណើត មានអ្វីជាដែន មានអ្វីជាអង្គ មានអ្វីជាសមុដ្ឋាន។ សតិវិន័យ។បេ។ អមូឡ្ហវិន័យ បដិញ្ញាតករណៈ យេភុយ្យសិកា តស្សបាបិយសិកា និងតិណវត្ថារកៈ មានអ្វីជាគ្រឿងប្រគល់ឲ្យនូវផល មានអ្វីជាហេតុឲ្យកើតឡើង មានអ្វីជាកំណើត មានអ្វីជាដែន មានអ្វីជាអង្គ មានអ្វីជាសមុដ្ឋាន។ សម្មុខាវិន័យ មានបច្ច័យជាគ្រឿងប្រគល់ឲ្យនូវផល មានបច្ច័យជាហេតុឲ្យកើតឡើង មានបច្ច័យជាកំណើត មានបច្ច័យជាដែន មានបច្ច័យជាអង្គ មានបច្ច័យ ជាសមុដ្ឋាន។ សតិវិន័យ។បេ។ អមូឡ្ហវិន័យ បដិញ្ញាតករណៈ យេភុយ្យសិកា តស្សបាបិយសិកា និងតិណវត្ថារកៈ មានបច្ច័យ ជាគ្រឿងប្រគល់ឲ្យនូវផល មានបច្ច័យជាហេតុឲ្យកើតឡើង មានបច្ច័យជាកំណើត មានបច្ច័យជាដែន មានបច្ច័យជាអង្គ មានបច្ច័យជាសមុដ្ឋាន។

[១៤៥] សមថៈទាំង៧ មានមូលប៉ុន្មាន មានសមុដ្ឋានប៉ុន្មាន។ សមថៈទាំង៧ មានមូល២៦ មានសមុដ្ឋាន៣៦។ សមថៈ ទាំង៧ មានមូល២៦ (នោះ) ដូចម្តេច។ សម្មុខាវិន័យ មានមូល៤ គឺចំពោះមុខសង្ឃ១ ចំពោះមុខធម៌១ ចំពោះមុខវិន័យ១ ចំពោះមុខបុគ្គល១។ សតិវិន័យមានមូល៤។ អមូឡ្ហវិន័យ មានមូល៤។ បដិញ្ញាតករណៈ មានមូល២ គឺបុគ្គលណាសំដែង១ សំដែងចំពោះបុគ្គលណា១។ យេភុយ្យសិកា មានមូល៤ តស្សបាបិយសិកា មានមូល៤។ តិណវត្ថារកៈ មានមូល៤ គឺចំពោះមុខសង្ឃ១ ចំពោះមុខធម៌១ ចំពោះមុខវិន័យ១ ចំពោះមុខបុគ្គល១។ នេះជាមូល២៦ របស់សមថៈទាំង៧។ សមថៈទាំង36) ៧ មានសមុដ្ឋាន៣៦ (នោះ) ដូចម្តេចខ្លះ។ ការធ្វើញត្តិ ការបញ្ឈប់ញត្តិ ការចូលទៅធ្វើដោយខ្លួនឯង ការបង្គាប់ឲ្យគេចូលទៅធ្វើ ការទទួលបង្គាប់ ការមិនហាមឃាត់នូវសង្ឃកម្ម គឺសតិវិន័យ។ នូវសង្ឃកម្ម គឺអមូឡ្ហវិន័យ។បេ។ នូវសង្ឃកម្ម គឺបដិញ្ញាតករណៈ។បេ។ នូវសង្ឃកម្ម គឺយេភុយ្យសិកា។បេ។ នូវសង្ឃកម្ម គឺតស្សបាបិយសិកា។បេ។ ការធ្វើញត្តិ ការបញ្ឈប់ញត្តិ ការចូលទៅធ្វើដោយខ្លួនឯង ការបង្គាប់ឲ្យគេចូលទៅធ្វើ ការទទួលបង្គាប់ ការមិនហាមឃាត់នូវសង្ឃកម្ម គឺតិណវត្ថារកៈ។ នេះជាសមុដ្ឋាន៣៦ របស់សមថៈ៧។

(សត្តសមថនានត្ថាទិ ទី១០)

(១០. សត្តសមថនានត្ថាទិ)

[១៤៦] សម្មុខាវិន័យ និងសតិវិន័យ ធម៌ទាំងនេះ មានអត្ថផ្សេងៗគ្នា មានព្យញ្ជនៈផ្សេងៗគ្នា ឬក៏មានអត្ថជាមួយគ្នា ផ្សេងគ្នាតែព្យញ្ជនៈប៉ុណ្ណោះទេ។ សម្មុខាវិន័យ និងអមូឡ្ហវិន័យ។បេ។ សម្មុខាវិន័យ និងបដិញ្ញាតករណៈ សម្មុខាវិន័យ និងយេភុយ្យសិកា សម្មុខាវិន័យ និងតស្សបាបិយសិកា សម្មុខាវិន័យ និងតិណវត្ថារកៈ ធម៌ទាំងនេះ មានអត្ថផ្សេងៗគ្នា មានព្យញ្ជនៈផ្សេងៗគ្នា ឬក៏មានអត្ថជាមួយគ្នា ផ្សេងគ្នាតែព្យញ្ជនៈប៉ុណ្ណោះទេ។ សម្មុខាវិន័យ និងសតិវិន័យ ធម៌ទាំងនេះ មានអត្ថក៏ផ្សេងៗគ្នា មានព្យញ្ជនៈក៏ផ្សេងៗគ្នាដែរ។ សម្មុខាវិន័យ និងអមូឡ្ហវិន័យ។បេ។ សម្មុខាវិន័យ និងបដិញ្ញាតករណៈ សម្មុខាវិន័យ និងយេភុយ្យសិកា សម្មុខាវិន័យ និងតស្សបាបិយសិកា សម្មុខាវិន័យ និងតិណវត្ថារកៈ ធម៌ទាំងនេះ មានអត្ថផ្សេងៗគ្នា មានព្យញ្ជនៈក៏ផ្សេងៗគ្នាដែរ។

[១៤៧] វិវាទ ចាត់ជាវិវាទាធិករណ៍ វិវាទ មិនចាត់ជាអធិករណ៍ អធិករណ៍ មិនចាត់ជាវិវាទ ចាត់ជាអធិករណ៍ផង ជាវិវាទផង វិវាទ ចាត់ជាវិវាទាធិករណ៍ក៏មាន វិវាទ មិនចាត់ជាអធិករណ៍ក៏មាន អធិករណ៍ មិនចាត់ជាវិវាទក៏មាន ចាត់ជាអធិករណ៍ផង វិវាទផងក៏មាន។ បណ្តាធម៌ទាំងនោះ វិវាទដូចម្តេច ដែលចាត់ជាវិវាទាធិករណ៍។ ភិក្ខុទាំងឡាយក្នុងសាសនានេះ ជជែកគ្នា ថាសភាវៈនេះ ជាធម៌ក្តី មិនមែនជាធម៌ក្តី។បេ។ ជាទុដ្ឋុល្លាបត្តិក្តី ជាអទុដ្ឋុល្លាបត្តិក្តី សេចក្តីប្រកួតប្រកាន់ ជម្លោះ សេចក្តីប្រកាន់ខុស សេចក្តីជជែក ការនិយាយបែកផ្សេងពីគ្នា ការនិយាយផ្តេសផ្តាស ការនិយាយដើម្បីឲ្យគេព្រួយចិត្ត សេចក្តីប្រកែកប្រណាំងណា ក្នុងសភាវៈទាំងនោះ វិវាទនេះ ចាត់ជាវិវាទាធិករណ៍។ បណ្តាធម៌ទាំងនោះ វិវាទដូចម្តេច ដែលមិនចាត់ជាអធិករណ៍។ មាតាទាស់ទែងនឹងបុត្តក្តី បុត្តទាស់ទែងនឹងមាតាក្តី បិតាទាស់ទែងនឹងបុត្តក្តី បុត្តទាស់ទែងនឹងបិតាក្តី បងប្អូនប្រុសទាស់ទែងនឹងបងប្អូនប្រុសក្តី បងប្អូនប្រុសទាស់ទែងនឹងបងប្អូនស្រីក្តី បងប្អូនស្រីទាស់ទែងនឹងបងប្អូនប្រុសក្តី សំឡាញ់ទាស់ទែងនឹងសំឡាញ់ផងគ្នាក្តី វិវាទនេះ មិនចាត់ជាអធិករណ៍ទេ។ បណ្តាធម៌ទាំងនោះ អធិករណ៍ដូចម្តេច ដែលមិនចាត់ជាវិវាទ។ អនុវាទាធិករណ៍ អាបត្តាធិករណ៍ និងកិច្ចាធិករណ៍ អធិករណ៍នេះ មិនចាត់ជាវិវាទទេ។ បណ្តាធម៌ទាំងនោះ អធិករណ៍ដូចម្តេច ដែលចាត់ជាអធិករណ៍ផង ជាវិវាទផង។ វិវាទាធិករណ៍ ចាត់ជាអធិករណ៍ផង ជាវិវាទផង។

[១៤៨] ការចោទ ចាត់ជាអនុវាទាធិករណ៍ ការចោទ មិនចាត់ជាអធិករណ៍ អធិករណ៍ មិនចាត់ជាការចោទ ចាត់ជាអធិករណ៍ផង ជាការចោទផង ការចោទ ចាត់ជាអនុវាទាធិករណ៍ក៏មាន ការចោទ មិនចាត់ជាអធិករណ៍ក៏មាន អធិករណ៍ មិនចាត់ជាការចោទក៏មាន ចាត់ជាអធិករណ៍ផង ជាការចោទផងក៏មាន។ បណ្តាធម៌ទាំងនោះ ការចោទដូចម្តេច ដែលចាត់ជាអនុវាទាធិករណ៍។ ភិក្ខុទាំងឡាយក្នុងសាសនានេះ ចោទភិក្ខុផងគ្នា ដោយសីលវិបត្តិក្តី ដោយអាចារវិបត្តិក្តី ដោយទិដ្ឋិវិបត្តិក្តី ដោយអាជីវវិបត្តិក្តី ការចោទ សេចក្តីប្រកាន់ ការពោលជជែក ការពោលតវ៉ា ការពោលបង្កាច់ ការខំពោលបង្ខូច ការបន្ថែមកម្លាំងណា ក្នុងវិបត្តិទាំងនោះ ការចោទនេះ ចាត់ជាអនុវាទាធិករណ៍។ បណ្តាធម៌ទាំងនោះ ការចោទដូចម្តេច ដែលមិនចាត់ជាអធិករណ៍។ មាតាចោទបុត្តក្តី បុត្តចោទមាតាក្តី បិតាចោទបុត្តក្តី បុត្តចោទបិតាក្តី បងប្អូនប្រុសចោទបងប្អូនប្រុសផងគ្នាក្តី បងប្អូនប្រុសចោទបងប្អូនស្រីក្តី បងប្អូនស្រីចោទបងប្អូនប្រុសក្តី សំឡាញ់ចោទសំឡាញ់ផងគ្នាក្តី ការចោទនេះ មិនចាត់ជាអធិករណ៍ទេ។ បណ្តាធម៌ទាំងនោះ អធិករណ៍ដូចម្តេច ដែលមិនចាត់ជាការចោទ។ អាបត្តាធិករណ៍ កិច្ចាធិករណ៍ និងវិវាទាធិករណ៍ អធិករណ៍នេះ មិនចាត់ជាការចោទទេ។ បណ្តាធម៌ទាំងនោះ អធិករណ៍ដូចម្តេច ដែលចាត់ជាអធិករណ៍ផង ជាការចោទផង។ អនុវាទាធិករណ៍ ចាត់ជាអធិករណ៍ផង ជាការចោទផង។

[១៤៩] អាបត្តិ ចាត់ជាអាបត្តាធិករណ៍ អាបត្តិ មិនចាត់ជាអធិករណ៍ អធិករណ៍ មិនចាត់ជាអាបត្តិ ចាត់ជាអធិករណ៍ផង ជាអាបត្តិផង អាបត្តិ ចាត់ជាអាបត្តាធិករណ៍ក៏មាន អាបត្តិ មិនចាត់ជាអធិករណ៍ក៏មាន អធិករណ៍ មិនចាត់ជាអាបត្តិក៏មាន ចាត់ជាអធិករណ៍ផង ជាអាបត្តិផងក៏មាន។ បណ្តាធម៌ទាំងនោះ អាបត្តិដូចម្តេច ដែលចាត់ជាអាបត្តាធិករណ៍។ កងនៃអាបត្តិទាំង៥ ក៏ចាត់ជាអាបត្តាធិករណ៍ កងនៃអាបត្តិទាំង៧ ក៏ចាត់ជាអាបត្តាធិករណ៍ អាបត្តិទាំងនេះ ទើបចាត់ជាអាបត្តាធិករណ៍។ បណ្តាធម៌ទាំងនោះ អាបត្តិដូចម្តេច ដែលមិនចាត់ជាអធិករណ៍។ សោតាបត្តិ និងសមាបត្តិ អាបត្តិ37) នេះ មិនចាត់ជាអធិករណ៍ទេ។ បណ្តាធម៌ទាំងនោះ អធិករណ៍ដូចម្តេច ដែលមិនចាត់ជាអាបត្តិ។ កិច្ចាធិករណ៍ វិវាទាធិករណ៍ និងអនុវាទាធិករណ៍ អធិករណ៍នេះ មិនចាត់ជាអាបត្តិទេ។ បណ្តាធម៌ទាំងនោះ អធិករណ៍ដូចម្តេច ដែលចាត់ជាអធិករណ៍ផង ជាអាបត្តិផង។ អាបត្តាធិករណ៍ ចាត់ជាអធិករណ៍ផង ជាអាបត្តិផង។

[១៥០] កិច្ច ចាត់ជាកិច្ចាធិករណ៍ កិច្ច មិនចាត់ជាអធិករណ៍ អធិករណ៍ មិនចាត់ជាកិច្ច ចាត់ជាកិច្ចផង ជាអធិករណ៍ផង កិច្ច ចាត់ជាកិច្ចាធិករណ៍ក៏មាន កិច្ច មិនចាត់ជាអធិករណ៍ក៏មាន អធិករណ៍ មិនចាត់ជាកិច្ចក៏មាន ចាត់ជាអធិករណ៍ផង ជាកិច្ចផងក៏មាន។ បណ្តាធម៌ទាំងនោះ កិច្ចដូចម្តេច ដែលចាត់ជាកិច្ចាធិករណ៍។ កិច្ចរបស់សង្ឃ ឬកម្មដែលសង្ឃត្រូវធ្វើណា គឺអបលោកនកម្ម១ ញត្តិកម្ម១ ញត្តិទុតិយកម្ម១ ញត្តិចតុត្ថកម្ម១ កិច្ចនេះ ទើបចាត់ជាកិច្ចាធិករណ៍បាន។ បណ្តាធម៌ទាំងនោះ កិច្ចដូចម្តេច ដែលមិនចាត់ជាអធិករណ៍។ កិច្ចដែលអន្តេវាសិក ត្រូវធ្វើដល់អាចារ្យ កិច្ចដែលសទ្ធិវិហារិក ត្រូវធ្វើដល់ឧបជ្ឈាយ៍ កិច្ចដែលភិក្ខុត្រូវធ្វើដល់ភិក្ខុដែលមានឧបជ្ឈាយ៍ស្មើគ្នា កិច្ចដែលភិក្ខុត្រូវធ្វើដល់ភិក្ខុដែលមានអាចារ្យស្មើគ្នា កិច្ចនេះ មិនចាត់ជាអធិករណ៍ទេ។ បណ្តាធម៌ទាំងនោះ អធិករណ៍ដូចម្តេច ដែលមិនចាត់ជាកិច្ច។ វិវាទាធិករណ៍ អនុវាទាធិករណ៍ និងអាបត្តាធិករណ៍ អធិករណ៍នេះ មិនចាត់ជាកិច្ចទេ។ បណ្តាធម៌ទាំងនោះ កិច្ចដូចម្តេច ដែលចាត់ជាអធិករណ៍ផង ជាកិច្ចផង។ កិច្ចាធិករណ៍ ចាត់ជាអធិករណ៍ផង ជាកិច្ចផង។

ចប់ អធិករណ៍ភេទ។

ឧទ្ទាន គឺបញ្ជីរឿង នៃអធិករណ៍ភេទនោះដូច្នេះ

[១៥១]

និយាយអំពីការសើរើអធិករណ៍១ ភិក្ខុបាននូវការសើរើដោយអាការ១០យ៉ាង១ បុគ្គល គឺភិក្ខុដែលប្រកបដោយអង្គ៤ ទើបសើរើអធិករណ៍បាន១ និទាន ហេតុ បច្ច័យ មូល និងសមុដ្ឋាន (នៃអធិករណ៍)១ អធិករណ៍ដែលចាត់ជាអាបត្តិ និងអនាបត្តិ១ សមថៈទាំង៧ មានសតិវិន័យជាដើម កើតក្នុងទីណា១ សមថៈទាំង៧ មានសម្មុខាវិន័យជាដើម លាយច្រឡំគ្នា ឬមិនច្រឡំគ្នា១ និទាន ហេតុ បច្ច័យ មូល និងសមុដ្ឋាន (នៃសមថៈទាំង៧ប្រការ)១ សមថៈទាំង៧ប្រការ មានអត្ថ និងព្យញ្ជនៈ (ផ្សេងៗគ្នា)១ ធម៌ទាំងឡាយ មានវិវាទជាដើម ដែលចាត់ជាអធិករណ៍ និងមិនចាត់ជាអធិករណ៍១ នេះជាឧទ្ទាន ក្នុងអធិករណភេទ។

គាថាសង្គណិកៈ ជាតំណមក

(អបរគាថាសង្គណិកំ)

ចោទនាទិបុច្ឆាវិស្សជ្ជនៈ

(១. ចោទនាទិបុច្ឆាវិស្សជ្ជនា)38)

[១៥២] សួរថា ការចោទដើម្បីប្រយោជន៍អ្វី ការរំលឹកទោស ដើម្បីហេតុអ្វី ប្រជុំសង្ឃដើម្បីប្រយោជន៍អ្វី ម្យ៉ាងទៀត មតិកម្ម គឺការរៀនមន្តដើម្បីហេតុអ្វី។ ឆ្លើយថា ការចោទ ដើម្បីរំលឹកទោស ការរំលឹកទោសដើម្បីនឹងសង្កត់សង្កិន (បុគ្គលនោះ ឲ្យរាងចាល) ប្រជុំសង្ឃដើម្បីពិនិត្យរកនូវការវិនិច្ឆ័យ ឯមតិកម្ម គឺការរៀនមន្តផ្សេងៗគ្នា (ដើម្បីឲ្យចូលចិត្តនូវការកាត់សេចក្តី)។ បើលោកធ្វើជាវិន័យធរ ត្រូវកុំនិយាយរួសរាន់ពេក កុំនិយាយទាំងកំណាច កុំធ្វើសេចក្តីថ្នាំងថ្នាក់ចិត្តឲ្យកើតឡើង (ចំពោះអ្នកដែលត្រូវចោទ ឬអ្នកដែលចោទ) កុំនិយាយពាក្យសង្កត់សង្កិនឥតប្រយោជន៍ ដោយរួសរាន់ ត្រូវលោកពិចារណានូវវត្ត ដែលគួរប្រព្រឹត្តតាម ជាអនុលោមរបស់សិក្ខាបទ ដែលព្រះសម្ពុទ្ធ ជាអ្នកប្រាជ្ញ ឆ្លៀវឆ្លាស ទ្រង់ធ្វើ គឺបាននាំមកតំកល់ទុក ទ្រង់ពោលទុកមកដោយល្អ ក្នុងសុត្តៈ គឺឧភតោវិភង្គ ក្នុងវិន័យ គឺខន្ធកៈ ក្នុងអនុលោម គឺបរិវារៈ ក្នុងបញ្ញត្តិ គឺវិន័យបិដកទាំងអស់ ក្នុងអនុលោមិកៈ គឺមហាបទេស៤ ហើយនិងបានញុំាងគតិរបស់ខ្លួន ដែលប្រព្រឹត្តទៅក្នុងបរលោក មិនឲ្យវិនាសបាន។ លោក កាលស្វែងរកនូវប្រយោជន៍ គប្បីប្រកបតាមធម្មជាត ដែលប្រកបដោយប្រយោជន៍តាមកាលដ៏គួរ លោកកុំអាលជឿសំដី របស់អ្នកជាប់ចោទ និងអ្នកចោទ ដោយរហ័សឡើយ។ (បើ) អ្នកចោទនិយាយថា លោកត្រូវអាបត្តិហើយ លោកអ្នកជាប់ចោទ ប្រកែកថា ខ្ញុំមិនត្រូវអាបត្តិទេ (វិន័យធរ) កុំអាលលើកលែងបុគ្គលទាំង២ (នោះ) គប្បីវិនិច្ឆ័យតាមដំណពាក្យដែលប្តេជ្ញា។ ពាក្យប្តេជ្ញា (ណា) ដែលវិន័យធរ ពោលចំពោះពួកបុគ្គលដែលមានសេចក្តីខ្មាស ពាក្យប្តេជ្ញានុ៎ះ មិនមានក្នុងពួកបុគ្គល ដែលឥតសេចក្តីខ្មាសទេ (ព្រោះថា) បុគ្គលដែលឥតសេចក្តីខ្មាស សូម្បីពោលពាក្យច្រើនក្តី (វិន័យធរ) គប្បីវិនិច្ឆ័យតាមពាក្យប្តេជ្ញា ដែលជាប់មកជាមួយនឹងវត្តប្រតិបត្តិរបស់បុគ្គលនោះ។

[១៥៣] សួរថា អលជ្ជីបុគ្គល តើដូចម្តេច សេចក្តីប្តេជ្ញាមិនលូតលាស់ដល់បុគ្គលណា ខ្ញុំសួរចំពោះបុគ្គលនុ៎ះ ដូច្នេះថា បុគ្គលយ៉ាងណា ដែលព្រះមានព្រះភាគ ត្រាស់ហៅថា អលជ្ជីបុគ្គល។ ឆ្លើយថា បុគ្គលមានចិត្តក្លែង ត្រូវអាបត្តិ រួចបិទបាំងអាបត្តិទុកក្តី លុះតាមអំណាចអគតិក្តី បុគ្គលយ៉ាងនេះ ព្រះមានព្រះភាគ ត្រាស់ហៅថា អលជ្ជីបុគ្គល។

[១៥៤] ខ្ញុំដឹងពិតថា បុគ្គលយ៉ាងនេះហៅថា អលជ្ជីបុគ្គល ប៉ុន្តែខ្ញុំសូមសួររកបុគ្គលដទៃទៀតនឹងអ្នកថា បុគ្គលយ៉ាងណា ដែលព្រះមានព្រះភាគ ត្រាស់ហៅថា លជ្ជីបុគ្គល។ ឆ្លើយថា បុគ្គលមិនក្លែងឲ្យត្រូវអាបត្តិ មិនបានបិទបាំងអាបត្តិ មិនលុះអំណាចអគតិ បុគ្គលយ៉ាងនេះ ដែលព្រះមានព្រះភាគត្រាស់ហៅថា លជ្ជីបុគ្គល។

[១៥៥] ខ្ញុំដឹងពិតថា បុគ្គលយ៉ាងនេះហៅថា លជ្ជីបុគ្គល ប៉ុន្តែខ្ញុំសូមសួររកបុគ្គលដទៃទៀតនឹងអ្នកថា បុគ្គលយ៉ាងណា ដែលព្រះមានព្រះភាគ ត្រាស់ហៅថា អ្នកចោទមិនត្រូវតាមធម៌។ ឆ្លើយថា បុគ្គលដែលចោទ ដោយមិនត្រូវតាមកាល១ ដោយពាក្យមិនពិត១ ដោយពាក្យទ្រគោះ១ ដោយពាក្យមិនប្រកបដោយប្រយោជន៍១ ចោទដោយសេចក្តីស្អប់ មិនចោទដោយមេត្តាចិត្ត១ បុគ្គលយ៉ាងនេះ ព្រះមានព្រះភាគ ត្រាស់ហៅថា អ្នកចោទមិនប្រកបដោយធម៌។

[១៥៦] ខ្ញុំដឹងពិតថា បុគ្គលយ៉ាងនេះ ព្រះមានព្រះភាគ ត្រាស់ហៅថា អ្នកចោទមិនប្រកបដោយធម៌ ប៉ុន្តែខ្ញុំសូមសួររកបុគ្គលដទៃទៀតនឹងអ្នកថា បុគ្គលយ៉ាងណា ដែលព្រះមានព្រះភាគ ត្រាស់ហៅថា អ្នកចោទត្រូវតាមធម៌។ ឆ្លើយថា បុគ្គលដែលចោទ ត្រូវតាមកាល១ ដោយពាក្យពិត១ ដោយពាក្យផ្អែមល្ហែម១ ដោយពាក្យប្រកបដោយប្រយោជន៍១ ចោទដោយមេត្តាចិត្ត មិនចោទដោយស្អប់១ បុគ្គលយ៉ាងនេះ ព្រះមានព្រះភាគ ត្រាស់ហៅថា អ្នកចោទត្រូវតាមធម៌។

[១៥៧] ខ្ញុំដឹងពិតថា បុគ្គលយ៉ាងនេះ ព្រះមានព្រះភាគ ត្រាស់ហៅថា អ្នកចោទត្រូវតាមធម៌ ប៉ុន្តែខ្ញុំសូមសួររកបុគ្គលដទៃទៀតនឹងអ្នកថា បុគ្គលយ៉ាងណា ដែលព្រះមានព្រះភាគ ត្រាស់ហៅថា អ្នកចោទជាបុគ្គលពាល។ ឆ្លើយថា បុគ្គលមិនដឹងពាក្យខាងដើម និងពាក្យខាងចុង មិនយល់ដល់ពាក្យខាងដើម និងពាក្យខាងចុង មិនដឹងគន្លងពាក្យតគ្នា មិនយល់ដល់គន្លងពាក្យតគ្នា បុគ្គលយ៉ាងនេះ ព្រះមានព្រះភាគ ត្រាស់ហៅថា អ្នកចោទជាបុគ្គលពាល។

[១៥៨] ខ្ញុំដឹងពិតថា បុគ្គលយ៉ាងនេះ ព្រះមានព្រះភាគ ត្រាស់ហៅថា អ្នកចោទជាបុគ្គលពាល ប៉ុន្តែខ្ញុំសូមសួររកបុគ្គលដទៃទៀតនឹងអ្នកថា បុគ្គលយ៉ាងណា ដែលព្រះមានព្រះភាគ ត្រាស់ហៅថា អ្នកចោទជាបណ្ឌិត។ ឆ្លើយថា បុគ្គលដែលដឹងពាក្យខាងដើម និងពាក្យខាងចុង យល់ដល់ពាក្យខាងដើម និងពាក្យខាងចុង ដឹងគន្លងពាក្យតគ្នា យល់ដល់គន្លងពាក្យតគ្នា បុគ្គលយ៉ាងនេះ ព្រះមានព្រះភាគ ត្រាស់ហៅថា អ្នកចោទជាបណ្ឌិត។

[១៥៩] ខ្ញុំដឹងពិតថា បុគ្គលយ៉ាងនេះ ដែលព្រះមានព្រះភាគ ត្រាស់ហៅថា អ្នកចោទជាបណ្ឌិត ប៉ុន្តែខ្ញុំសូមសួររកហេតុដទៃទៀតនឹងអ្នកថា ដូចម្តេច ដែលព្រះមានព្រះភាគ ត្រាស់ហៅថា ការចោទ។ ឆ្លើយថា បុគ្គលចោទដោយសីលវិបត្តិក្តី ពុំនោះសោត ដោយអាចារវិបត្តិក្តី ទិដ្ឋិវិបត្តិក្តី ចោទដោយអាជីវវិបត្តិក្តី ការចោទដោយសីលវិបត្តិជាដើមនោះ ព្រះមានព្រះភាគ ត្រាស់ហៅថា ការចោទ។

ចប់ គាថាសង្គណិកៈ (គាថាឆ្លូកឆ្លាស់គ្នា) ជាតំណមក។

ចោទនាកណ្ឌ

(ចោទនាកណ្ឌំ)

(អនុវិជ្ជកអនុយោគៈ ទី១)

(១. អនុវិជ្ជកអនុយោគោ)

[១៦០] វិន័យធរ ត្រូវសួរភិក្ខុអ្នកចោទថា ម្នាលអាវុសោ លោកចោទភិក្ខុនេះ ដោយហេតុណា លោកចោទភិក្ខុនោះ ព្រោះទោសអ្វី លោកចោទដោយសីលវិបត្តិ ដោយអាចារវិបត្តិ ឬចោទដោយទិដ្ឋិវិបត្តិ។ បើភិក្ខុអ្នកចោទនោះ និយាយយ៉ាងនេះថា ខ្ញុំចោទដោយសីលវិបត្តិក្តី ខ្ញុំចោទដោយអាចារវិបត្តិក្តី ខ្ញុំចោទដោយទិដ្ឋិវិបត្តិក្តី។ ត្រូវវិន័យធរសួរភិក្ខុនោះយ៉ាងនេះថា លោកមានអាយុស្គាល់សីលវិបត្តិ ស្គាល់អាចារវិបត្តិ ស្គាល់ទិដ្ឋិវិបត្តិដែរឬទេ។ បើភិក្ខុអ្នកចោទនោះ និយាយយ៉ាងនេះថា ម្នាលអាវុសោ ខ្ញុំស្គាល់សីលវិបត្តិ ស្គាល់អាចារវិបត្តិ ស្គាល់ទិដ្ឋិវិបត្តិដែរ។ ត្រូវវិន័យធរ សួរភិក្ខុអ្នកចោទនោះយ៉ាងនេះថា ម្នាលអាវុសោ ចុះដូចម្តេចហៅថា សីលវិបត្តិ ដូចម្តេចហៅថា អាចារវិបត្តិ ដូចម្តេចហៅថា ទិដ្ឋិវិបត្តិ។ បើភិក្ខុអ្នកចោទនោះ និយាយយ៉ាងនេះថា បារាជិក៤ និងសង្ឃាទិសេស១៣នេះ ហៅថា សីលវិបត្តិ ថុល្លច្ច័យ បាចិត្តិយៈ បាដិទេសនីយៈ ទុក្កដ និងទុព្ភាសិត នេះហៅថា អាចារវិបត្តិ មិច្ឆាទិដ្ឋិ និងអន្តគ្គាហិកាទិដ្ឋិ នេះហៅថា ទិដ្ឋិវិបត្តិ។ ត្រូវវិន័យធរ សួរភិក្ខុអ្នកចោទនោះយ៉ាងនេះថា ម្នាលអាវុសោ លោកចោទភិក្ខុនេះ ដោយហេតុណា លោកចោទដោយឃើញ ដោយឮ ឬក៏ចោទដោយរង្កៀសទេ។ បើភិក្ខុអ្នកចោទនោះ និយាយយ៉ាងនេះថា ខ្ញុំចោទដោយឃើញក្តី ចោទដោយឮក្តី ចោទដោយរង្កៀសក្តី។ ត្រូវវិន័យធរ សួរភិក្ខុអ្នកចោទនោះ យ៉ាងនេះថា ម្នាលអាវុសោ លោកចោទភិក្ខុនេះ ដោយឃើញហេតុណា លោកបានឃើញទោសដូចម្តេច លោកបានឃើញហេតុដូចម្តេច លោកបានឃើញពីកាលណា លោកបានឃើញក្នុងទីណា កាលភិក្ខុនោះត្រូវអាបត្តិបារាជិក លោកបានឃើញដែរឬ កាលត្រូវអាបត្តិសង្ឃាទិសេស លោកបានឃើញដែរឬ កាលត្រូវអាបត្តិថុល្លច្ច័យ លោកបានឃើញដែរឬ កាលត្រូវអាបត្តិបាចិត្តិយៈ លោកបានឃើញដែរឬ កាលត្រូវអាបត្តិបាដិទេសនីយៈ លោកបានឃើញដែរឬ កាលត្រូវអាបត្តិទុក្កដ លោកបានឃើញដែរឬ មួយទៀត លោកនៅក្នុងទីណា ភិក្ខុនេះនៅក្នុងទីណា ចំណែកខាងលោកកំពុងធ្វើអ្វី ឯភិក្ខុនេះកំពុងធ្វើអ្វី។ បើភិក្ខុអ្នកចោទនោះ និយាយយ៉ាងនេះថា ម្នាលអាវុសោ ខ្ញុំមិនបានចោទភិក្ខុនោះ ដោយការឃើញទេ ខ្ញុំចោទដោយគ្រាន់តែបានឮ។ ត្រូវវិន័យធរសួរភិក្ខុអ្នកចោទនោះ យ៉ាងនេះថា ម្នាលអាវុសោ លោកចោទភិក្ខុនេះដោយបានឮ ដោយហេតុណា លោកបានឮដូចម្តេច លោកបានឮហេតុដូចម្តេច លោកបានឮក្នុងកាលណា លោកបានឮក្នុងទីណា លោកបានឮថា ភិក្ខុនេះត្រូវអាបត្តិបារាជិក លោកបានឮថា ភិក្ខុនេះត្រូវអាបត្តិសង្ឃាទិសេស លោកបានឮថា ភិក្ខុនេះត្រូវអាបត្តិថុល្លច្ច័យ លោកបានឮថា ភិក្ខុនេះត្រូវអាបត្តិបាចិត្តិយៈ លោកបានឮថា ភិក្ខុនេះត្រូវអាបត្តិបាដិទេសនីយៈ លោកបានឮថា ភិក្ខុនេះត្រូវអាបត្តិទុក្កដ លោកបានឮថា ភិក្ខុនេះត្រូវអាបត្តិទុព្ភាសិត លោកបានឮពាក្យភិក្ខុ លោកបានឮពាក្យភិក្ខុនី លោកបានឮពាក្យសិក្ខមានា លោកបានឮពាក្យសាមណេរ លោកបានឮពាក្យសាមណេរី លោកបានឮពាក្យឧបាសក លោកបានឮពាក្យឧបាសិកា លោកបានឮពាក្យពួកស្តេច លោកបានឮពាក្យពួករាជមហាមាត្រ លោកបានឮពាក្យពួកតិរ្ថិយ លោកបានឮពាក្យសាវ័កតិរ្ថិយឬ។ បើភិក្ខុអ្នកចោទនោះ និយាយយ៉ាងនេះថា ម្នាលអាវុសោ ខ្ញុំមិនបានចោទភិក្ខុនេះដោយោបានឮទេ ខ្ញុំចោទដោយត្រឹមតែសេចក្តីរង្កៀស។ ត្រូវវិន័យធរសួរភិក្ខុអ្នកចោទនោះយ៉ាងនេះថា ម្នាលអាវុសោ លោកចោទភិក្ខុនេះ ដោយសេចក្តីរង្កៀសដោយហេតុណា លោករង្កៀសដូចម្តេច លោករង្កៀសអំពីហេតុអ្វី លោករង្កៀសក្នុងកាលណា លោករង្កៀសក្នុងទីណា លោករង្កៀសថា ភិក្ខុនេះត្រូវអាបត្តិបារាជិក លោករង្កៀសថា ភិក្ខុនេះត្រូវអាបត្តិសង្ឃាទិសេស លោករង្កៀសថា ភិក្ខុនេះត្រូវអាបត្តិថុល្លច្ច័យ លោករង្កៀសថា ភិក្ខុនេះត្រូវអាបត្តិបាចិត្តិយៈ លោករង្កៀសថា ភិក្ខុនេះត្រូវអាបត្តិបាដិទេសនីយៈ លោករង្កៀសថា ភិក្ខុនេះត្រូវអាបត្តិទុក្កដ លោករង្កៀសថា ភិក្ខុនេះត្រូវអាបត្តិទុព្ភាសិត លោករង្កៀស ព្រោះឮពាក្យភិក្ខុ លោករង្កៀស ព្រោះឮពាក្យភិក្ខុនី លោករង្កៀស ព្រោះឮពាក្យសិក្ខមានា លោករង្កៀស ព្រោះឮពាក្យសាមណេរ លោករង្កៀស ព្រោះឮពាក្យសាមណេរី លោករង្កៀស ព្រោះឮពាក្យឧបាសក លោករង្កៀស ព្រោះឮពាក្យឧបាសិកា លោករង្កៀស ព្រោះឮពាក្យពួកស្តេច លោករង្កៀស ព្រោះឮពាក្យពួករាជមហាមាត្រ លោករង្កៀស ព្រោះឮពាក្យពួកតិរ្ថិយ លោករង្កៀស ព្រោះឮពាក្យពួកសាវ័កតិរ្ថិយ។

[១៦១] ហេតុដែលអ្នកចោទបានឃើញ សមតាមហេតុដែលឃើញមែន វិន័យធរគប្បីប្រៀបធៀបនូវហេតុដែលអ្នកចោទបានឃើញ តាមហេតុដែលបានឃើញ (បើ) ភិក្ខុអ្នកជាប់ចោទ មិនទាន់ដល់ (បារាជិក) ព្រោះអាស្រ័យហេតុ ដែលអ្នកចោទបានឃើញនោះទេ ឈ្មោះថា អ្នកចោទ មានសេចក្តីរង្កៀសមិនបរិសុទ្ធ គឺរង្កៀសដោយមិនមានមូល វិន័យធរ គប្បីវិនិច្ឆ័យតាមពាក្យប្តេជ្ញា របស់ភិក្ខុអ្នកជាប់ចោទនោះ ហើយគប្បីធ្វើឧបោសថជាមួយនឹងភិក្ខុនោះចុះ។ ហេតុដែលអ្នកចោទបានឮ សមតាមហេតុ ដែលបានឮមែន វិន័យធរគប្បីប្រៀបធៀបនូវហេតុ ដែលអ្នកចោទបានឮ តាមហេតុដែលបានឮ (បើ) ភិក្ខុអ្នកជាប់ចោទនោះ មិនទាន់ដល់ (បារាជិក) ព្រោះអាស្រ័យហេតុ ដែលអ្នកចោទបានឮទេ ឈ្មោះថា អ្នកចោទ មានសេចក្តីរង្កៀសមិនបរិសុទ្ធ វិន័យធរ គប្បីវិនិច្ឆ័យតាមពាក្យប្តេជ្ញា របស់ភិក្ខុអ្នកជាប់ចោទនោះ ហើយគប្បីធ្វើឧបោសថជាមួយនឹងភិក្ខុនោះចុះ។ ហេតុដែលអ្នកចោទបានប៉ះពាល់ សមតាមហេតុ ដែលបានប៉ះពាល់មែន វិន័យធរគប្បីប្រៀបធៀបនូវហេតុដែលបានប៉ះពាល់ តាមហេតុដែលបានប៉ះពាល់ (បើ) ភិក្ខុអ្នកជាប់ចោទនោះ មិនទាន់ដល់ (បារាជិក) ព្រោះអាស្រ័យហេតុ ដែលអ្នកចោទបាន ប៉ះពាល់ទេ ឈ្មោះថា អ្នកចោទ មានសេចក្តីរង្កៀសមិនបរិសុទ្ធ វិន័យធរ គប្បីវិនិច្ឆ័យតាមពាក្យប្តេជ្ញា របស់ភិក្ខុអ្នកជាប់ចោទនោះ ហើយគប្បីធ្វើឧបោសថជាមួយនឹងភិក្ខុនោះចុះ។

[១៦២] សួរថា ការចោទ មានអ្វីជាខាងដើម អ្វីជាកណ្តាល អ្វីជាទីបំផុត។ ឆ្លើយថា ការចោទ មានឱកាសកម្ម គឺសូមឱកាស ជាខាងដើម មានកិរិយា គឺអំពើដែលវិន័យធរត្រូវធ្វើ ជាកណ្តាល មានសមថៈ គឺសេចក្តីរម្ងាប់ ជាទីបំផុត។ សួរថា ការចោទ មានមូលប៉ុន្មាន មានវត្ថុប៉ុន្មាន មានភូមិប៉ុន្មាន បុគ្គលចោទដោយអាការប៉ុន្មាន។ ឆ្លើយថា ការចោទ មានមូល២ មានវត្ថុ៣ មានភូមិ៥ បុគ្គលចោទដោយអាការ២។ សួរថា ការចោទមានមូល២ គឺអ្វីខ្លះ។ ឆ្លើយថា ការចោទ មានមូល២នេះ គឺចោទដោយមានមូល១ ចោទដោយមិនមានមូល១។ សួរថា ការចោទមានវត្ថុ៣ គឺអ្វីខ្លះ។ ឆ្លើយថា ការចោទមានវត្ថុ៣ នេះ គឺដោយបានឃើញ១ ដោយបានឮ១ ដោយបានរង្កៀស១។ សួរថា ការចោទមានភូមិ៥ គឺអ្វីខ្លះ។ ឆ្លើយថា ការចោទមានភូមិ៥នេះ គឺពោលត្រូវតាមកាល មិនពោលខុសកាល១ ពោលពាក្យពិត មិនពោលពាក្យដែលមិនពិត១ ពោលពាក្យផ្អែមល្ហែម មិនពោលពាក្យទ្រគោះ១ ពោលពាក្យប្រកបដោយប្រយោជន៍ មិនពោលពាក្យដែលមិនប្រកបដោយប្រយោជន៍១ ពោលដោយមេត្តាចិត្ត មិនពោលដោយសេចក្តីស្អប់១។ សួរថា បុគ្គលចោទដោយអាការ២ គឺអ្វីខ្លះ។ ឆ្លើយថា បុគ្គលចោទដោយអាការ២នេះ គឺចោទដោយកាយ១ ចោទដោយវាចា១។

(ចោទកាទិបដិបត្តិ ទី២)

(២. ចោទកាទិបដិបត្តិ)

[១៦៣] សួរថា អ្នកចោទត្រូវប្រតិបត្តិដូចម្តេច អ្នកជាប់ចោទត្រូវប្រតិបត្តិដូចម្តេច សង្ឃត្រូវប្រតិបត្តិដូចម្តេច វិន័យធរត្រូវប្រតិបត្តិដូចម្តេច។ ត្រង់ពាក្យសួរថា អ្នកចោទត្រូវប្រតិបត្តិដូចម្តេច។ ឆ្លើយថា អ្នកចោទត្រូវតាំងនៅក្នុងធម៌៥យ៉ាង ទើបចោទអ្នកដទៃបាន គឺតាំងចិត្តថា អាត្មាអញនឹងនិយាយត្រូវតាមកាល មិននិយាយខុសកាល១ នឹងនិយាយពាក្យពិត មិននិយាយពាក្យដែលមិនពិត១ នឹងនិយាយពាក្យផ្អែមល្ហែម មិននិយាយពាក្យទ្រគោះ១ នឹងនិយាយពាក្យប្រកបដោយប្រយោជន៍ មិននិយាយពាក្យឥតប្រយោជន៍១ នឹងនិយាយដោយមេត្តាចិត្ត មិននិយាយដោយសេចក្តីស្អប់១។ អ្នកចោទត្រូវប្រតិបត្តិយ៉ាងនេះ។ ត្រង់ពាក្យសួរថា អ្នកជាប់ចោទ ត្រូវប្រតិបត្តិដូចម្តេច។ ឆ្លើយថា អ្នកជាប់ចោទ ត្រូវតាំងនៅក្នុងធម៌២យ៉ាង គឺក្នុងសច្ចវាចា១ ក្នុងអកុប្បធម៌ គឺសេចក្តីមិនក្រោធចំពោះអ្នកចោទ ចំពោះវិន័យធរ ចំពោះសង្ឃ១។ អ្នកជាប់ចោទ ត្រូវប្រតិបត្តិយ៉ាងនេះ។ ត្រង់ពាក្យសួរថា សង្ឃត្រូវប្រតិបត្តិដូចម្តេច។ ឆ្លើយថា សង្ឃត្រូវដឹងពាក្យដែលទាក់ទងរកគ្នា និងពាក្យដែលមិនទាក់ទងរកគ្នា គឺដឹងពាក្យខាងដើម និងពាក្យខាងចុង របស់អ្នកចោទមានប៉ុណ្ណេះ របស់អ្នកជាប់ចោទ មានប៉ុណ្ណេះជាដើម។ សង្ឃត្រូវប្រតិបត្តិយ៉ាងនេះ។ ត្រង់ពាក្យសួរថា វិន័យធរត្រូវប្រតិបត្តិដូចម្តេច។ ឆ្លើយថា អធិករណ៍នោះ តែងរម្ងាប់បានដោយធម៌ណា ដោយវិន័យណា ដោយពាក្យប្រៀនប្រដៅរបស់ព្រះសាស្តាណា វិន័យធរ ត្រូវរម្ងាប់អធិករណ៍នោះឯង ដោយធម៌នោះៗចុះ។ វិន័យធរត្រូវប្រតិបត្តិយ៉ាងនេះឯង។

[១៦៤] សួរថា ការធ្វើឧបោសថ ដើម្បីប្រយោជន៍អ្វី ធ្វើបវារណា ដើម្បីអ្វី ធ្វើបរិវាស ដើម្បីប្រយោជន៍អ្វី ធ្វើការទាញភិក្ខុមកដាក់ក្នុងមូលាបត្តិដើម្បីអ្វី ការប្រព្រឹត្តមានត្ត ដើម្បីប្រយោជន៍អ្វី ធ្វើអព្ភានកម្ម ដើម្បីអ្វី។ ឆ្លើយថា ធ្វើឧបោសថដើម្បីប្រយោជន៍ឲ្យសង្ឃព្រមព្រៀងគ្នា ធ្វើបវារណា ដើម្បីប្រយោជន៍ឲ្យសង្ឃស្អាតដោយវិសេស ធ្វើបរិវាស ដើម្បីប្រយោជន៍ដល់មានត្ត ធ្វើការទាញភិក្ខុមកដាក់ក្នុងមូលាបត្តិ ដើម្បីប្រយោជន៍នឹងសង្កត់សង្កិន (នូវបរិវាសិកភិក្ខុឲ្យរាងចាល) ការប្រព្រឹត្តមានត្ត ដើម្បីប្រយោជន៍ដល់អព្ភានកម្ម ធ្វើអព្ភានកម្ម ដើម្បីប្រយោជន៍ នឹងឲ្យភិក្ខុនោះស្អាតបរិសុទ្ធ។ បុគ្គលណា ពោលមើលងាយពួកភិក្ខុជាថេរៈ ព្រោះស្រឡាញ់ ព្រោះស្អប់ ព្រោះខ្លាច ឬព្រោះវង្វេង បុគ្គលនោះឈ្មោះថាជាអ្នកឥតប្រាជ្ញា ជាអ្នកបៀតបៀនខ្លួនឯង ផ្តាច់បង់ឥន្ទ្រិយ (មានសទ្ធិន្ទ្រិយជាដើម) ជាអ្នកឥតប្រាជ្ញា មិនមានសេចក្តីគោរពក្នុងសិក្ខា លុះទំលាយកាយទៅ តែងទៅកាន់នរក។ (ព្រោះហេតុនោះ) វិន័យធរ ត្រូវវៀរហេតុទាំងពីរនេះ គឺកុំអាស្រ័យអាមិសៈ១ កុំអាស្រ័យបុគ្គល39) ១ ត្រូវតែវិនិច្ឆ័យសេចក្តីតាមសមគួរដល់ធម៌។

(ចោទកស្សអត្តឈាបនៈ ទី៣)

(៣. ចោទកស្សអត្តឈាបនំ)

ភិក្ខុដែលមានសេចក្តីក្រោធខឹង ចងសេចក្តីក្រោធទុក កាចអាក្រក់ ពោលតិះដៀល លើកអនាបត្តិ ថាជាអាបត្តិវិញ អ្នកចោទដូច្នោះឈ្មោះថា ដុតខ្លួនឯង។ ភិក្ខុឱនខ្សឹបទៀបត្រចៀក ស្វែងរកតែទោស ធ្វើការវិនិច្ឆ័យឲ្យសាបសូន្យ សេពគប់តែផ្លូវដែលខុសៗ គឺប្រកាសនូវអាបត្តិ លើកនូវអនាបត្តិ ថាជាអាបត្តិ អ្នកចោទដូច្នោះ ក៏ឈ្មោះថា ដុតខ្លួនឯង បុគ្គលអ្នកចោទ ដោយមិនត្រូវតាមកាលដោយពាក្យមិនពិត ដោយពាក្យទ្រគោះ ដោយពាក្យឥតប្រយោជន៍ ចោទដោយស្អប់ មិនចោទដោយមេត្តាចិត្ត លើកនូវអនាបត្តិ ថាជាអាបត្តិ អ្នកចោទដូច្នេះ ក៏ឈ្មោះថា ដុតខ្លួនឯង។ បុគ្គលមិនដឹងធម៌ និងអធម៌ មិនឈ្វេងយល់ធម៌ និងអធម៌ លើកនូវអនាបត្តិ ថាជាអាបត្តិ អ្នកចោទដូច្នោះ ក៏ឈ្មោះថា ដុតខ្លួនឯង។ បុគ្គលមិនដឹងវិន័យ និងអវិន័យ មិនឈ្វេងយល់វិន័យ និងអវិន័យ លើកនូវអនាបត្តិ ថាជាអាបត្តិ អ្នកចោទដូច្នោះ ឈ្មោះថា ដុតខ្លួនឯង។ បុគ្គលមិនដឹងភាសិត និងអភាសិត មិនឈ្វេងយល់ភាសិត និងអភាសិត លើកនូវអនាបត្តិ ថាជាអាបត្តិ អ្នកចោទដូច្នោះ ឈ្មោះថា ដុតខ្លួនឯង។ បុគ្គលមិនដឹងកិច្ចវត្ត ដែលអ្នកប្រាជ្ញសន្សំ និងមិនសន្សំ មិនឈ្វេងយល់កិច្ចវត្ត ដែលអ្នកប្រាជ្ញសន្សំ និងមិនសន្សំ លើកអនាបត្តិ ថាជាអាបត្តិ អ្នកចោទដូច្នោះ ឈ្មោះថា ដុតខ្លួនឯង។ បុគ្គលមិនដឹងសិក្ខាបទ ដែលព្រះមានព្រះភាគបញ្ញត្ត និងមិនបានបញ្ញត្ត មិនឈ្វេងយល់សិក្ខាបទ ដែលព្រះមានព្រះភាគបញ្ញត្ត និងមិនបានបញ្ញត្ត លើកអនាបត្តិ ថាជាអាបត្តិ អ្នកចោទដូច្នោះ ឈ្មោះថា ដុតខ្លួនឯង។ បុគ្គលមិនដឹងនូវអាបត្តិ និងអនាបត្តិ មិនឈ្វេងយល់ដល់អាបត្តិ និងអនាបត្តិ លើកអនាបត្តិ ថាជាអាបត្តិ អ្នកចោទដូច្នោះ ឈ្មោះថា ដុតខ្លួនឯង។ បុគ្គលមិនដឹងលហុកាបត្តិ និងគរុកាបត្តិ មិនឈ្វេងយល់លហុកាបត្តិ និងគរុកាបត្តិ លើកនូវអនាបត្តិ ថាជាអាបត្តិ អ្នកចោទដូច្នោះ ឈ្មោះថា ដុតខ្លួនឯង។ បុគ្គលមិនដឹងនូវសាវសេសាបត្តិ និងអនវសេសាបត្តិ មិនឈ្វេងយល់ដល់សាវសេសាបត្តិ និងអនវសេសាបត្តិ លើកអនាបត្តិ ថាជាអាបត្តិ អ្នកចោទដូច្នោះ ឈ្មោះថា ដុតខ្លួនឯង។ បុគ្គលមិនដឹងនូវទុដ្ឋុល្លាបត្តិ និងអទុដ្ឋុល្លាបត្តិ មិនឈ្វេងយល់ដល់ទុដ្ឋុល្លាបត្តិ និងអទុដ្ឋុល្លាបត្តិ លើកនូវអនាបត្តិ ថាជាអាបត្តិ អ្នកចោទដូច្នោះ ឈ្មោះថា ដុតខ្លួនឯង។ បុគ្គលមិនដឹងពាក្យខាងដើម និងពាក្យខាងចុង មិនឈ្វេងយល់ពាក្យខាងដើម និងពាក្យខាងចុង លើកនូវអនាបត្តិ ថាជាអាបត្តិ អ្នកចោទដូច្នោះ ឈ្មោះថា ដុតខ្លួនឯង។ បុគ្គលមិនដឹងគន្លងនៃពាក្យតគ្នា មិនឈ្វេងយល់គន្លងនៃពាក្យតគ្នា លើកនូវអនាបត្តិ ថាជាអាបត្តិ អ្នកចោទដូច្នោះ ឈ្មោះថា ដុតខ្លួនឯង។

ចប់ ចោទនាកណ្ឌ។

ឧទ្ទាន គឺបញ្ជីរឿងនៃចោទនាកណ្ឌនោះដូច្នេះ

[១៦៥]

និយាយអំពីអ្នកចោទ និងវិន័យធរ១ ការចោទមានអ្វីជាខាងដើម និងមានមូលប៉ុន្មាន១ សួរថា ការធ្វើឧបោសថ ដើម្បីប្រយោជន៍អ្វី១ ដំណើរក្នុងចោទនាកណ្ឌ (នេះ) ជាគ្រឿងញុំាងសាសនាឲ្យឋិតឋេរ។

ចូឡសង្គាម

(ចូឡសង្គាមោ)

(អនុវិជ្ជកស្សបដិបត្តិ)

(១. អនុវិជ្ជកស្សបដិបត្តិ)

[១៦៦] ភិក្ខុអ្នកចូលកាន់សង្គ្រាម40) កាលបើចូលទៅរកជំនុំសង្ឃ គប្បីបន្ទាបបន្ទន់ចិត្ត ចូលទៅរកសង្ឃ គប្បីជាអ្នកមានចិត្តស្មើដោយកំណាត់សំពត់សម្រាប់ជូតនូវធូលី គប្បីជាអ្នកឈ្លាសក្នុងអាសនៈ ជាអ្នកឈ្លាសក្នុងការអង្គុយ កុំអង្គុយច្រៀតបៀតពួកភិក្ខុចាស់ កុំឃាត់អាសនៈពួកភិក្ខុខ្ចី គប្បីអង្គុយលើអាសនៈតាមសមគួរ គប្បីជាអ្នកមិនពោលពាក្យឥតប្រយោជន៍ផ្សេងៗ កុំពោលពាក្យតិរច្ឆានកថា គប្បីសំដែងធម៌ដោយខ្លួនឯងផង គប្បីនិមន្តភិក្ខុដទៃ ឲ្យសំដែងផង កុំមើលងាយព្រះអរិយៈ ដែលមានសភាពជាអ្នកស្ងប់ស្ងៀមផង។ ភិក្ខុជាវិន័យធរ ដែលសង្ឃបានអនុម័ត41) ហើយមានប្រាថ្នានឹងវិនិច្ឆ័យសេចក្តី មិនត្រូវសួររកឧបជ្ឈាយ៍ មិនត្រូវសួររកអាចារ្យ មិនត្រូវសួររកសទ្ធិវិហារិក មិនត្រូវសួររកអន្តេវាសិក មិនត្រូវសួររកបុគ្គល ដែលមានឧបជ្ឈាយ៍ស្មើគ្នា មិនត្រូវសួររកបុគ្គល ដែលមានអាចារ្យស្មើគ្នា មិនត្រូវសួររកជាតិ (មានក្សត្រិយ៍ជាដើម) មិនត្រូវសួររកនាម មិនត្រូវសួររកគោត្រ មិនត្រូវសួររកអាគម (វិជ្ជាចំណេះថា លោកចេះពោលនិកាយ មានទីឃនិកាយជាដើម) មិនត្រូវសួររកត្រកូល និងប្រទេស មិនត្រូវសួររកជាតិភូមិ (ស្រុកកំណើត)។ ព្រោះហេតុអ្វី (បានជាមិនត្រូវឲ្យសួរដូច្នេះ)។ (ព្រោះថា) សេចក្តីស្រឡាញ់ក្តី សេចក្តីស្អប់ក្តី នឹងមានដល់បុគ្គលជាវិន័យធរនោះ កាលបើមានសេចក្តីស្រឡាញ់ និងសេចក្តីស្អប់ហើយ (វិន័យធរនោះ) មុខជាលំអៀង ព្រោះស្រឡាញ់ ឬលំអៀងព្រោះស្អប់ លំអៀងព្រោះវង្វេង ឬក៏លំអៀងព្រោះខ្លាច (មិនខាន)។ ភិក្ខុជាវិន័យធរ ដែលសង្ឃបានអនុម័តហើយ មានប្រាថ្នានឹងវិនិច្ឆ័យសេចក្តី ត្រូវមានចិត្តធ្ងន់ក្នុងសង្ឃ កុំធ្ងន់ទៅក្នុងបុគ្គល ត្រូវមានចិត្តធ្ងន់ក្នុងព្រះសទ្ធម្ម កុំធ្ងន់ទៅក្នុងអាមិសៈ ជាអ្នកលុះក្នុងអំណាចនៃប្រយោជន៍ មិនត្រូវបណ្តែតបណ្តោយតាមសេចក្តីគាប់ចិត្តបរិសទ្យ គប្បីវិនិច្ឆ័យសេចក្តីតាមកាល កុំវិនិច្ឆ័យសេចក្តីឲ្យខុសកាល ត្រូវវិនិច្ឆ័យសេចក្តីដោយពាក្យពិត កុំវិនិច្ឆ័យដោយពាក្យមិនពិត ត្រូវវិនិច្ឆ័យសេចក្តីដោយពាក្យផ្អែមល្ហែម កុំវិនិច្ឆ័យសេចក្តីដោយពាក្យទ្រគោះ ត្រូវវិនិច្ឆ័យសេចក្តីដោយពាក្យ ដែលមានប្រយោជន៍ កុំវិនិច្ឆ័យសេចក្តីដោយពាក្យឥតប្រយោជន៍ ត្រូវវិនិច្ឆ័យសេចក្តីដោយមេត្តាចិត្ត កុំវិនិច្ឆ័យសេចក្តីដោយសំអប់ កុំនិយាយខ្សឹបជិតត្រចៀក កុំស្វែងរកតែទោសខុស កុំមិចភ្នែក កុំញាក់ចិញ្ចើម កុំងក់ក្បាល កុំធ្វើវិការៈផ្សេងៗដោយដៃ កុំបង្ហាញដៃទទេ ត្រូវឈ្លាសក្នុងអាសនៈ ឈ្លាសក្នុងការអង្គុយ គប្បីសំឡឹងមើលត្រឹមតែមួយជួរនឹម ត្រូវពិចារណាសេចក្តីសិន ហើយសឹមអង្គុយលើអាសនៈរបស់ខ្លួន កុំក្រោកចាកអាសនៈ កុំធ្វើការវិនិច្ឆ័យឲ្យសាបសូន្យ កុំសេពគប់ផ្លូវខុស គឺកុំប្រកាសអាបត្តិ កុំនិយាយសំដីបោះបោក កុំនិយាយរួសរាន់ពេក កុំនិយាយរហ័សហួស កុំកាចអាក្រក់ ត្រូវចេះអត់ធ្មត់ ត្រូវមានមេត្តាចិត្ត មានចិត្តអនុគ្រោះចំពោះប្រយោជន៍ ត្រូវមានចិត្តប្រកបដោយករុណា ស្វែងរកនូវប្រយោជន៍ កុំពោលពាក្យរោយរាយ ត្រូវពោលពាក្យឲ្យមានទីបំផុត កុំលុះអំណាចនៃពៀរ កុំពោលពាក្យអសុរស ត្រូវស្ទង់មើលខ្លួន (ថាអាត្មាអញអាចនឹងវិនិច្ឆ័យសេចក្តីបានឬទេ) ត្រូវស្ទង់មើលបុគ្គលដទៃ (ថាបរិសទ្យនេះ អាចសុខចិត្ត ដោយសេចក្តីអៀនខ្មាសដែរឬទេ) ត្រូវស្ទង់មើលបុគ្គលអ្នកចោទ (ថាអ្នកចោទនេះ ប្រកបដោយធម៌ឬទេ) ត្រូវស្ទង់មើលអ្នកជាប់ចោទ ត្រូវស្ទង់មើលអ្នកចោទមិនត្រូវតាមធម៌ ត្រូវស្ទង់មើលអ្នកជាប់ចោទមិនត្រូវតាមធម៌ ត្រូវស្ទង់មើលអ្នកចោទត្រូវតាមធម៌ ត្រូវស្ទង់មើលអ្នកជាប់ចោទត្រូវតាមធម៌ កុំបំបាត់ពាក្យអ្នកចោទ និងអ្នកជាប់ចោទ ដែលនិយាយមកហើយ កុំប្រកាសផ្សាយពាក្យដែលអ្នកចោទ និងអ្នកជាប់ចោទ មិនទាន់បាននិយាយ ត្រូវរៀនបទ និងព្យញ្ជនៈ ដែលទាក់ទងគ្នា ឲ្យចេះចាំល្អ ហើយសួរបុគ្គលដទៃសិន សឹមវិនិច្ឆ័យសេចក្តីតាមពាក្យប្តេជ្ញា ត្រូវធ្វើអ្នកមានបញ្ញាទន់ឲ្យរីករាយ ត្រូវធ្វើអ្នកដែលមានសេចក្តីភិតភ័យឲ្យស្រួលចិត្ត ត្រូវគំរាមបុគ្គលដែលកាច ត្រូវឲ្យបុគ្គលដែលជាអលជ្ជីសំដែងអាបត្តិចេញ ត្រូវមានចិត្តត្រង់ មានចិត្តទន់ កុំលុះឆន្ទាគតិ កុំលុះទោសាគតិ កុំលុះមោហាគតិ កុំលុះភយាគតិ ត្រូវជាអ្នកមានខ្លួនតាំងនៅជាកណ្តាលចំពោះធម៌ផង ចំពោះបុគ្គលផង។ កាលបើវិន័យធរ បានវិនិច្ឆ័យតាមទំនងយ៉ាងនេះហើយ ឈ្មោះថា ជាអ្នកធ្វើសាសនារបស់ព្រះសាស្តា (ឲ្យរុងរឿង)ផង ឈ្មោះថា ជាទីស្រឡាញ់ ជាទីពេញចិត្ត ជាទីគោរព ជាទីសរសើរនៃសព្រហ្មចារីបុគ្គលទាំងឡាយ ដែលជាអ្នកចេះដឹងផង។

[១៦៧] សុត្តៈ គឺឧភតោវិភង្គ (ប្រព្រឹត្តទៅ) ដើម្បីប្រយោជន៍ និងប្រៀបធៀប (នូវអាបត្តិ និងអនាបត្តិ) សេចក្តីឧបមា (ប្រព្រឹត្តទៅ) ដើម្បីប្រយោជន៍ និងពន្យល់សេចក្តីឲ្យច្បាស់ អត្ថ (ប្រព្រឹត្តទៅ) ដើម្បីប្រយោជន៍ និងឲ្យដឹងច្បាស់ បដិបុច្ឆា (ប្រព្រឹត្តទៅ) ដើម្បីប្រយោជន៍ នឹងដំកល់ទុក (នូវបុគ្គល) ឱកាសកម្ម (ប្រព្រឹត្តទៅ) ដើម្បីប្រយោជន៍ដល់ការចោទ ការចោទ (ប្រព្រឹត្តទៅ) ដើម្បីប្រយោជន៍នឹងរំលឹក (នូវទោសតូច និងទោសធំ) ការរំលឹកទោស ដើម្បីប្រយោជន៍នឹងធ្វើ (បុគ្គលនោះ) ឲ្យមានមាត់ពាក្យ អំពើដែលធ្វើឲ្យមានមាត់ពាក្យ ដើម្បីប្រយោជន៍ដល់ការកង្វល់ ការកង្វល់ ដើម្បីប្រយោជន៍នឹងដំកល់ទុកនូវការវិនិច្ឆ័យសេចក្តី ការវិនិច្ឆ័យ ដើម្បីប្រយោជន៍ពិចារណា (នូវទោសតូច និងទោសធំ) ការពិចារណា ដើម្បីប្រយោជន៍នឹងដឹងនូវហេតុគួរ និងមិនគួរ (ដឹងអាបត្តិ និងអនាបត្តិ គរុកាបត្តិ និងលហុកាបត្តិ) ការដឹងនូវហេតុគួរ និងមិនគួរ ដើម្បីប្រយោជន៍សង្កត់សង្កិនពួកបុគ្គល ដែលមិនមានសេចក្តីអៀនខ្មាស និងដើម្បីប្រយោជន៍លើកដំកើងនូវពួកភិក្ខុ ដែលមានសីលជាទីស្រឡាញ់ ជំនុំសង្ឃ ដើម្បីប្រយោជន៍ទទួលនូវការវិនិច្ឆ័យ បុគ្គល គឺពួកភិក្ខុដែលសង្ឃអនុញ្ញាតហើយ គួរដល់ដំណែងជាធំតាមចំណែក និងគួរដល់ដំណែងជាអ្នកពោលពាក្យពិត។ វិន័យ ដើម្បីប្រយោជន៍ដល់សេចក្តីសង្រួម សេចក្តីសង្រួម ដើម្បីប្រយោជន៍ដល់សេចក្តីមិនក្តៅក្រហាយចិត្ត សេចក្តីមិនក្តៅក្រហាយចិត្ត ដើម្បីប្រយោជន៍ដល់បាមុជ្ជៈ គឺសេចក្តីរីករាយទន់ បាមុជ្ជៈ ដើម្បីប្រយោជន៍ដល់បីតិ គឺសេចក្តីរីករាយដ៏ក្លា បីតិ ដើម្បីប្រយោជន៍ដល់បស្សទ្ធិ គឺសេចក្តីស្ងប់រម្ងាប់ បស្សទ្ធិ ដើម្បីប្រយោជន៍ដល់សុខៈ សុខៈ ដើម្បីប្រយោជន៍ដល់សមាធិ សមាធិ ដើម្បីប្រយោជន៍ដល់យថាភូតញ្ញាណទស្សនៈ គឺតរុណវិបស្សនា (វិបស្សនាទន់ខ្ចី) យថាភូតញ្ញាណទស្សនៈ ដើម្បីប្រយោជន៍ដល់និព្វិទា គឺពលវវិបស្សនា (វិបស្សនាមានកំឡាំង) និព្វិទា ដើម្បីប្រយោជន៍ដល់វិរាគៈ គឺអរិយមគ្គ វិរាគៈ ដើម្បីប្រយោជន៍ដល់វិមុត្តិ គឺអរហត្តផល វិមុត្តិ ដើម្បីប្រយោជន៍ដល់វិមុត្តិញ្ញាណទស្សនៈ គឺបច្ចវេក្ខណញ្ញាណ វិមុត្តិញ្ញាណទស្សនៈ ដើម្បីប្រយោជន៍ដល់អនុបាទាបរិនិព្វាន គឺរំលត់មិនឲ្យមានបច្ច័យជាគ្រឿងប្រកាន់តទៅ។ ព្រះអរហត្តផល ឬព្រះនិព្វាន ជាគ្រឿងរួចចាកសេចក្តីសៅហ្មងនៃចិត្ត ព្រោះមិនមានឧបាទានជាគ្រឿងប្រកាន់ណា ការពោលនូវព្រះវិន័យ មានព្រះអរហត្តផល ឬព្រះនិព្វាននុ៎ះជាប្រយោជន៍ ការប្រឹក្សានូវវិន័យ មានព្រះអរហត្តផល ឬព្រះនិព្វាននុ៎ះជាប្រយោជន៍ ការពិចារណានូវវិន័យ មានព្រះអរហត្តផល ឬព្រះនិព្វាននុ៎ះជាប្រយោជន៍ ការប្រុងស្តាប់នូវវិន័យ ក៏មានព្រះអរហត្តផល ឬព្រះនិព្វាននុ៎ះជាប្រយោជន៍។

[១៦៨] ចូរអ្នកពិចារណានូវវត្តដែលគួរប្រព្រឹត្តតាម ដែលអនុលោមតាមនូវសិក្ខាបទ ដែលព្រះលោកនាថ ជាអ្នកប្រាជ្ញ មានបញ្ញាវាងវៃ នាំមកដំកល់ទុក និងបញ្ញត្តទុកដោយប្រពៃ ធ្វើដំណើររបស់ខ្លួន ដែលប្រព្រឹត្តទៅក្នុងបរលោកកុំឲ្យវិនាសភិក្ខុណា មិនស្គាល់វត្ថុផង មិនស្គាល់វិបត្តិផង មិនស្គាល់អាបត្តិផង មិនស្គាល់និទានផង មិនឈ្លាសក្នុងអាការៈ គឺហេតុ និងមិនមែនហេតុផង មិនស្គាល់ពាក្យខាងដើម និងពាក្យខាងចុងផង មិនស្គាល់កម្មគួរធ្វើ និងមិនគួរធ្វើដោយស្មើផង មិនស្គាល់កម្មផង មិនស្គាល់អធិករណ៍ផង មិនឈ្លាសក្នុងសមថៈផង ជាអ្នកត្រេកអរស៊ប់ជាដើមផង ជាអ្នកប្រទូស្តផង ជាអ្នកល្ងង់ផង លំអៀងព្រោះខ្លាចផង ព្រោះភ្លេចស្មារតីផង មិនឈ្លាសក្នុងការប្រកាស ឲ្យអ្នកដទៃយល់ព្រមផង មិនឈ្លាសក្នុងការពិចារណា នូវហេតុ និងមិនមែនហេតុផង តែងជាអ្នកបានប័ក្ខពួក (ស្មើនឹងខ្លួន) ជាអ្នកមិនមានសេចក្តីខ្មាស ប្រកបដោយកម្មខ្មៅ មិនអើពើ (ក្នុងធម៌ និងបុគ្គល) ភិក្ខុបែបនោះ លោកហៅថា បុគ្គលដែលបណ្ឌិតលែងរាប់អាន។ ភិក្ខុណាស្គាល់វត្ថុ ស្គាល់វិបត្តិ ស្គាល់អាបត្តិ ស្គាល់និទាន ឈ្លាសក្នុងអាការៈ ដឹងច្បាស់នូវពាក្យខាងដើម និងពាក្យខាងចុង ដឹងនូវកម្មដែលគួរធ្វើ និងមិនគួរធ្វើដោយស្មើ ដឹងកម្មផង ដឹងអធិករណ៍ផង ឈ្លាសក្នុងសមថៈផង មានចិត្តមិនបានត្រេកអរ មិនបានប្រទូស្ត មិនបានវង្វេង មិនលំអៀងព្រោះខ្លាច មិនលំអៀងព្រោះវង្វេងស្មារតី ឈ្លាសក្នុងការពន្យល់ឲ្យអ្នកដទៃយល់ ឈ្លាសក្នុងការពិចារណាមើលហេតុ និងមិនមែនហេតុ តែងជាអ្នកបានប័ក្ខពួក (ស្មើនឹងខ្លួន) ជាអ្នកមានចិត្តខ្មាសបាប ប្រកបដោយកម្មស ប្រកបដោយសេចក្តីគោរព ភិក្ខុបែបនោះឯង លោកហៅថា បុគ្គលដែលបណ្ឌិតគប្បីរាប់រក។

ចប់ ចូឡសង្គាម។

ឧទ្ទាន គឺបញ្ជីរឿង នៃចូឡសង្គាមនោះ ដូច្នេះ

[១៦៩]

និយាយអំពីភិក្ខុចូលទៅកាន់សង្គ្រាម ត្រូវបន្ទាបបន្ទន់ចិត្ត១ វិន័យធរ ដែលសង្ឃបានអនុញ្ញាតហើយ មិនត្រូវសួររកឧបជ្ឈាយ៍ជាដើម១ វិន័យធរ ត្រូវមានចិត្តធ្ងន់ក្នុងសង្ឃ មិនត្រូវមានចិត្តធ្ងន់ក្នុងបុគ្គល១ សុត្តៈ ប្រព្រឹត្តទៅដើម្បីប្រយោជន៍នឹងប្រៀបធៀបនូវអាបត្តិ និងអនាបត្តិជាដើម១ ឧទ្ទានក្នុងចូឡសង្គ្រាមនេះ មានឧទ្ទេសតែមួយ លោកសំដែងទុកមក ដោយសេចក្តីអនុគ្រោះដល់វិន័យ។

មហាសង្គាម

(មហាសង្គាមោ)

(វោហរន្តេន ជានិតព្ពាទិ ទី១)

(១. វោហរន្តេន ជានិតព្ពាទិ)

[១៧០] ភិក្ខុអ្នកចូលទៅកាន់សង្គ្រាម កាលបើនិយាយ ក្នុងជំនុំសង្ឃ ត្រូវស្គាល់វត្ថុ ស្គាល់វិបត្តិ ស្គាល់អាបត្តិ ស្គាល់និទាន ស្គាល់អាការ ស្គាល់ពាក្យខាងដើម និងពាក្យខាងចុង ស្គាល់កម្មដែលគួរធ្វើ និងមិនគួរធ្វើ ស្គាល់កម្ម ស្គាល់អធិករណ៍ ស្គាល់សមថៈ កុំលុះឆន្ទាគតិ កុំលុះទោសាគតិ កុំលុះមោហាគតិ កុំលុះភយាគតិ ត្រូវពន្យល់អ្នកដទៃឲ្យយល់ព្រម ក្នុងទីដែលគួរឲ្យយល់ ត្រូវពិចារណាហេតុ និងមិនមែនហេតុ ក្នុងទីដែលគួរពិចារណា សំឡឹងមើលក្នុងទីដែលគួរសំឡឹងមើល ត្រូវញុំាងបុគ្គលដទៃឲ្យជ្រះថ្លាក្នុងទីដែលគួរឲ្យជ្រះថ្លា កុំគប្បីមើលងាយពួកជនដទៃ ដោយគិតថា អាត្មាអញបានបក្ខពួកហើយ កុំមើលងាយអ្នកចេះដឹងតិច ដោយគិតថា អាត្មាអញជាអ្នកចេះដឹងច្រើន កុំមើលងាយភិក្ខុខ្ចី ដោយគិតថា អាត្មាអញជាថេរៈចាស់ជាង កុំពោលនូវហេតុដែលមិនទាន់មកដល់ កុំញុំាងហេតុដែលមកដល់ហើយ ឲ្យវិនាសចាកធម៌ ចាកវិន័យ អធិករណ៍នោះរម្ងាប់ដោយធម៌ណា ដោយវិន័យណា ដោយពាក្យប្រៀនប្រដៅរបស់ព្រះសាស្តាណា គប្បីរម្ងាប់អធិករណ៍នោះ ដោយធម៌ជាដើមនោះៗចុះ។

[១៧១] ពាក្យថា ត្រូវស្គាល់វត្ថុ គឺត្រូវស្គាល់វត្ថុនៃបារាជិក៨ ស្គាល់វត្ថុនៃសង្ឃាទិសេស២៣ ស្គាល់វត្ថុនៃអនិយតៈ២ ស្គាល់វត្ថុនៃនិស្សគ្គិយៈ៤២ ស្គាល់វត្ថុនៃបាចិត្តិយៈ១៨៨ ស្គាល់វត្ថុនៃបាដិទេសនីយៈ១២ ស្គាល់វត្ថុនៃទុក្កដទាំងឡាយ ស្គាល់វត្ថុនៃទុព្ភាសិតទាំងឡាយ។

[១៧២] ពាក្យថា ត្រូវស្គាល់វិបត្តិ គឺត្រូវស្គាល់សីលវិបត្តិ ស្គាល់អាចារវិបត្តិ ស្គាល់ទិដ្ឋិវិបត្តិ ស្គាល់អាជីវវិបត្តិ។

[១៧៣] ពាក្យថា ត្រូវស្គាល់អាបត្តិ គឺត្រូវស្គាល់អាបត្តិបារាជិក ស្គាល់អាបត្តិសង្ឃាទិសេស ស្គាល់អាបត្តិថុល្លច្ច័យ ស្គាល់អាបត្តិនិស្សគ្គិយៈ ស្គាល់អាបត្តិបាចិត្តិយៈ ស្គាល់អាបត្តិបាដិទេសនីយៈ ស្គាល់អាបត្តិទុក្កដ ស្គាល់អាបត្តិទុព្ភាសិត។

[១៧៤] ពាក្យថា ត្រូវស្គាល់និទាន គឺត្រូវស្គាល់និទានរបស់បារាជិកទាំង៨ ស្គាល់និទានរបស់សង្ឃាទិសេស២៣ ស្គាល់និទានរបស់អនិយតៈទាំង២ ស្គាល់និទានរបស់និស្សគ្គិយៈទាំង៤២ ស្គាល់និទានរបស់បាចិត្តិយៈ១៨៨ ស្គាល់និទានរបស់បាដិទេសនីយៈទាំង១២ ស្គាល់និទានរបស់ទុក្កដទាំងឡាយ ស្គាល់និទានរបស់ទុព្ភាសិតទាំងឡាយ។

[១៧៥] ពាក្យថា ត្រូវស្គាល់អាការ គឺត្រូវស្គាល់សង្ឃដោយអាការ ស្គាល់គណៈដោយអាការ ស្គាល់បុគ្គលដោយអាការ ស្គាល់អ្នកចោទដោយអាការ ស្គាល់អ្នកជាប់ចោទដោយអាការ។ ពាក្យថា ត្រូវស្គាល់សង្ឃដោយអាការ គឺត្រូវស្គាល់សង្ឃដោយអាការយ៉ាងនេះថា សង្ឃនេះអាចនឹងរម្ងាប់អធិករណ៍នេះតាមធម៌ តាមវិន័យ តាមពាក្យប្រៀនប្រដៅរបស់ព្រះសាស្តា ឬមិនអាចរម្ងាប់បានទេ។ ពាក្យថា ត្រូវស្គាល់គណៈ ដោយអាការ គឺស្គាល់គណៈ ដោយអាការយ៉ាងនេះថា គណៈនេះ អាចនឹងរម្ងាប់អធិករណ៍នេះតាមធម៌ តាមវិន័យ តាមពាក្យប្រៀនប្រដៅរបស់ព្រះសាស្តា ឬមិនអាចរម្ងាប់បាន។ ពាក្យថា ត្រូវស្គាល់បុគ្គលដោយអាការ គឺស្គាល់បុគ្គលដោយអាការយ៉ាងនេះថា បុគ្គលនេះអាចនឹងរម្ងាប់អធិករណ៍នេះ តាមធម៌ តាមវិន័យ តាមពាក្យប្រៀនប្រដៅរបស់ព្រះសាស្តា ឬមិនអាចរម្ងាប់បានទេ។ ពាក្យថា ត្រូវស្គាល់អ្នកចោទ ដោយអាការ គឺស្គាល់អ្នកចោទ ដោយអាការយ៉ាងនេះថា លោកដ៏មានអាយុនេះ តំកល់នៅក្នុងធម៌ទាំង៥ ទើបចោទបុគ្គលដទៃ ឬមិនបានតំកល់ទេ។ ពាក្យថា ស្គាល់អ្នកជាប់ចោទ ដោយអាការ គឺស្គាល់អ្នកជាប់ចោទ ដោយអាការយ៉ាងនេះថា លោកដ៏មានអាយុនេះ តំកល់នៅក្នុងធម៌ទាំងពីរគឺ សច្ចវាចា១ អកុប្បធម៌១ ឬមិនបានតំកល់ទេ។

[១៧៦] ពាក្យថា ត្រូវស្គាល់ពាក្យខាងដើម និងពាក្យខាងចុង គឺត្រូវស្គាល់ពាក្យខាងដើម និងពាក្យខាងចុងយ៉ាងនេះថា លោកដ៏មានអាយុនេះ កន្លងនូវវត្ថុដោយវត្ថុផង កន្លងនូវវិបត្តិដោយវិបត្តិផង កន្លងនូវអាបត្តិ ដោយអាបត្តិផង គេចកែហើយប្តេជ្ញាផង ប្តេជ្ញាហើយ គេចកែផង បំពាននូវពាក្យដទៃ ដោយពាក្យដទៃផង ឬមិនបានកន្លងគេចកែបំពានទេ។

[១៧៧] ពាក្យថា ត្រូវស្គាល់កម្មដែលគួរធ្វើ និងមិនគួរធ្វើ គឺត្រូវស្គាល់មេថុនធម្ម ស្គាល់អនុលោមរបស់មេថុនធម្ម ស្គាល់បុព្វភាគ (ចំណែកខាងដើម) របស់មេថុនធម្ម។ ពាក្យថា ត្រូវស្គាល់មេថុនធម្ម គឺត្រូវស្គាល់ការជួបប្រសព្វរបស់ជនពីរៗនាក់។ ពាក្យថា ត្រូវស្គាល់អនុលោមរបស់មេថុនធម្ម គឺបានដល់ភិក្ខុបៀមអង្គជាតរបស់អ្នកដទៃ ដោយមាត់របស់ខ្លួន។ ពាក្យថា ត្រូវស្គាល់បុព្វភាគរបស់មេថុនធម្ម គឺស្គាល់ទឹកសុក្កៈមានពណ៌ និងមិនមានពណ៌ ការចាប់ពាល់កាយស្រ្តី និយាយពាក្យអាក្រក់ ចំពោះទ្វារមគ្គស្រី និយាយល្បួងស្រី ឲ្យបម្រើខ្លួនដោយកាម និយាយដឹកនាំបុរស និងស្ត្រីឲ្យបានគ្នាជាប្តីប្រពន្ធ (សិក្ខាបទទាំង៥នេះ ជាបុព្វភាគរបស់មេថុនធម្ម)។

[១៧៨] ពាក្យថា ត្រូវស្គាល់កម្ម គឺត្រូវស្គាល់កម្ម១៦យ៉ាង គឺស្គាល់អបលោកនកម្ម៤ ស្គាល់ញត្តិកម្ម៤ ស្គាល់ញត្តិទុតិយកម្ម៤ ស្គាល់ញត្តិចតុត្ថកម្ម៤។

[១៧៩] ពាក្យថា ត្រូវស្គាល់អធិករណ៍ គឺត្រូវស្គាល់អធិករណ៍ទាំង៤យ៉ាង គឺស្គាល់វិវាទាធិករណ៍១ ស្គាល់អនុវាទាធិករណ៍១ ស្គាល់អាបត្តាធិករណ៍១ ស្គាល់កិច្ចាធិករណ៍១។

[១៨០] ពាក្យថា ត្រូវស្គាល់សមថៈ គឺត្រូវស្គាល់សមថៈ៧យ៉ាង គឺស្គាល់សម្មុខាវិន័យ១ ស្គាល់សតិវិន័យ១ ស្គាល់អមូឡ្ហវិន័យ១ ស្គាល់បដិញ្ញាតករណៈ១ ស្គាល់យេភុយ្យសិកា១ ស្គាល់តស្សបាបិយសិកា១ ស្គាល់តិណវត្ថារកៈ១។

(អគតិអគន្តព្ព ទី២)

(២. អគតិអគន្តព្ពោ)

[១៨១] ពាក្យថា កុំលុះឆន្ទាគតិ សេចក្តីថាភិក្ខុដែលលុះឆន្ទាគតិ តើលុះឆន្ទាគតិដូចម្តេច។ ភិក្ខុជាវិន័យធរពួកខ្លះ ក្នុងសាសនានេះ យោគយល់ថា បុគ្គលនេះជាឧបជ្ឈាយ៍ ឬអាចារ្យ ជាសទ្ធិវិហារិក ឬអន្តេវាសិក ជាភិក្ខុមានឧបជ្ឈាយ៍ស្មើគ្នា ឬភិក្ខុដែលមានអាចារ្យស្មើគ្នា ជាមិត្តធ្លាប់ឃើញគ្នាម្តងៗ ឬជាមិត្តធ្លាប់ស្និទ្ធស្នាលគ្នាមាំ ពុំនោះជាញាតិសាលោហិតរបស់អាត្មាអញ ដូច្នេះហើយក៏សំដែងនូវសភាវៈមិនមែនធម៌ ថាជាធម៌ សំដែងនូវធម៌ ថាមិនមែនជាធម៌ សំដែងនូវសភាវៈមិនមែនវិន័យ ថាជាវិន័យ សំដែងនូវវិន័យ ថាមិនមែនជាវិន័យ សំដែងនូវពាក្យដែលព្រះតថាគតមិនបានសំដែង មិនបានពោល ថាជាពាក្យដែលព្រះតថាគតបានសំដែង បានពោល សំដែងនូវពាក្យដែលព្រះតថាគត បានសំដែង បានពោល ថាជាពាក្យដែលព្រះតថាគត មិនបានសំដែង មិនបានពោល សំដែងនូវកិច្ចវត្តដែលព្រះតថាគតមិនបានសន្សំមក ថាព្រះតថាគតធ្លាប់សន្សំមក សំដែងនូវកិច្ចវត្ត ដែលព្រះតថាគតធ្លាប់សន្សំមក ថាព្រះតថាគតមិនបានសន្សំមក សំដែងនូវសិក្ខាបទ ដែលព្រះតថាគតមិនបានបញ្ញត្ត ថាព្រះតថាគតបានបញ្ញត្ត សំដែងនូវសិក្ខាបទ ដែលព្រះតថាគតបានបញ្ញត្ត ថាព្រះតថាគតមិនបានបញ្ញត្ត សំដែងនូវអនាបត្តិ ថាជាអាបត្តិ សំដែងនូវអាបត្តិ ថាជាអនាបត្តិ សំដែងនូវលហុកាបត្តិ ថាជាគរុកាបត្តិ សំដែងនូវគរុកាបត្តិ ថាជាលហុកាបត្តិ សំដែងនូវសាវសេសាបត្តិ ថាជាអនវសេសាបត្តិ សំដែងនូវអនវសេសាបត្តិ ថាជាសាវសេសាបត្តិ សំដែងនូវទុដ្ឋុល្លាបត្តិ ថាជាអទុដ្ឋុល្លាបត្តិ សំដែងនូវអទុដ្ឋុល្លាបត្តិ ថាជាទុដ្ឋុល្លាបត្តិ ដូច្នេះ ព្រោះអនុគ្រោះដល់បុគ្គលនោះៗ ព្រោះកិរិយារក្សាដល់បុគ្គលនោះៗ ភិក្ខុជាវិន័យធរ កាលដែលលុះឆន្ទាគតិ ដោយវត្ថុទាំងឡាយ១៨ប្រការនេះ ក៏ឈ្មោះថា ប្រតិបត្តិដើម្បីមិនជាប្រយោជន៍ដល់ជនច្រើនគ្នា ដើម្បីមិនជាសុខ ដល់ជនច្រើនគ្នា ដើម្បីមិនមែនជាសេចក្តីចំរើន ដល់ជនច្រើនគ្នា ដើម្បីមិនជាប្រយោជន៍ ដើម្បីសេចក្តីទុក្ខ ដល់ទេវតា និងមនុស្សទាំងឡាយ ភិក្ខុជាវិន័យធរ កាលបើលុះឆន្ទាគតិ ដោយវត្ថុទាំង១៨ប្រការនេះ ក៏ឈ្មោះថា រក្សាខ្លួន ដែលមានកុសលធម៌ ជីកគាស់រំលើងចោលចេញផង ឈ្មោះថា ជាអ្នកប្រកបដោយទោសផង ប្រកបដោយសេចក្តីតិះដៀល របស់អ្នកប្រាជ្ញទាំងឡាយ ឈ្មោះថារងនូវអកុសលកម្មដ៏ច្រើនផង ភិក្ខុជាវិន័យធរ កាលបើលុះទៅខាងឆន្ទាគតិ ក៏រមែងលុះទៅខាងឆន្ទាគតិ ដោយអាការយ៉ាងនេះ។

[១៨២] ពាក្យថា កុំលុះទោសាគតិ សេចក្តីថា កាលដែលភិក្ខុជាវិន័យធរ លុះទោសាគតិ តើលុះទោសាគតិដូចម្តេច។ ភិក្ខុជាវិន័យធរពួកខ្លះ ក្នុងសាសនានេះ ចងគំនុំថា (បុគ្គលនេះ) បានប្រព្រឹត្តធ្វើនូវសេចក្តីវិនាសដល់អាត្មាអញ ចងគំនុំថា (បុគ្គលនេះ) កំពុងតែប្រព្រឹត្តធ្វើនូវកម្មមិនជាប្រយោជន៍ដល់អាត្មាអញ ចងគំនុំថា (បុគ្គលនេះ) មុខជានឹងប្រព្រឹត្តធ្វើនូវកម្មមិនជាប្រយោជន៍ ដល់អាត្មាអញ ចងគំនុំថា (បុគ្គលនេះ) បានប្រព្រឹត្តធ្វើនូវកម្ម មិនជាប្រយោជន៍ កំពុងប្រព្រឹត្តធ្វើនូវកម្ម មិនជាប្រយោជន៍ មុខជានឹងប្រព្រឹត្តធ្វើនូវកម្ម មិនជាប្រយោជន៍ ដល់បុគ្គលជាទីស្រឡាញ់ ជាទីគាប់ចិត្តរបស់អាត្មាអញ ចងគំនុំថា (បុគ្គលនេះ) បានប្រព្រឹត្តធ្វើនូវកម្ម ជាប្រយោជន៍ កំពុងប្រព្រឹត្តធ្វើនូវកម្មជាប្រយោជន៍ មុខជានឹងប្រព្រឹត្តធ្វើនូវកម្មជាប្រយោជន៍ ដល់បុគ្គលមិនជាទីស្រឡាញ់ មិនជាទីគាប់ចិត្តរបស់អាត្មាអញ ភិក្ខុជាវិន័យធរ កាលបើចងគំនុំខឹង មានសេចក្តីក្រេវក្រោធគ្របសង្កត់ ដោយអាឃាតវត្ថុទាំង៩ប្រការនេះហើយ រមែងសម្តែងនូវសភាវៈ មិនមែនធម៌ ថាជាធម៌ សំដែងនូវធម៌ ថាមិនមែនធម៌។បេ។ សំដែងនូវទុដ្ឋុល្លាបត្តិ ថាជាអទុដ្ឋុល្លាបត្តិ សំដែងនូវអទុដ្ឋុល្លាបត្តិ ថាជាទុដ្ឋុល្លាបត្តិ ភិក្ខុជាវិន័យធរ កាលបើលុះទោសាគតិ ដោយវត្ថុទាំង១៨ប្រការនេះ ក៏ឈ្មោះថា ប្រតិបត្តិដើម្បីមិនជាប្រយោជន៍ដល់ជនច្រើនគ្នា ដើម្បីមិនមែនជាសុខ ដល់ជនច្រើនគ្នា ដើម្បីសេចក្តីមិនចំរើន ដល់ជនច្រើនគ្នា ដើម្បីមិនជាប្រយោជន៍ ដើម្បីសេចក្តីទុក្ខ ដល់ទេវតា និងមនុស្សទាំងឡាយ ភិក្ខុជាវិន័យធរ កាលបើលុះទៅខាងទោសាគតិ ដោយវត្ថុទាំង១៨ប្រការនេះ ក៏ឈ្មោះថា រក្សាខ្លួន ដែលខ្លួនមានកុសលធម៌ ជីកគាស់រំលើងចោលហើយផង ឈ្មោះថាជាអ្នកប្រកបដោយទោសផង ប្រកបដោយសេចក្តីតិះដៀល របស់អ្នកប្រាជ្ញទាំងឡាយផង ឈ្មោះថារងនូវអកុសលកម្មច្រើនផង ភិក្ខុជាវិន័យធរ កាលបើលុះទៅខាងទោសាគតិ ក៏រមែងលុះទៅខាងទោសាគតិ ដោយអាការយ៉ាងនេះ។

[១៨៣] ពាក្យថា កុំគប្បីលំអៀងដោយមោហាគតិ សេចក្តីថា ភិក្ខុជាវិន័យធរ កាលដែលលំអៀងដោយមោហាគតិ តើលំអៀងដោយមោហាគតិដូចម្តេច។ ភិក្ខុជាវិន័យធរ មានចិត្តត្រេកអរ លុះដោយអំណាចរាគៈ មានចិត្តប្រទូស្ត លុះដោយអំណាចទោសៈ មានសេចក្តីវង្វេង លុះដោយអំណាចមោហៈ មានទិដ្ឋិជាគ្រឿងស្ទាបអង្អែល លុះដោយអំណាចទិដ្ឋិ វង្វេងភាន់ភាំងស្មារតី ត្រូវមោហៈគ្របសង្កត់ ក៏សំដែងនូវសភាវៈមិនមែនធម៌ ថាជាធម៌ សំដែងនូវធម៌ ថាមិនមែនធម៌។បេ។ សំដែងទុដ្ឋុល្លាបត្តិ ថាជាអទុដ្ឋុល្លាបត្តិ សំដែងអទុដ្ឋុល្លាបត្តិ ថាជាទុដ្ឋុល្លាបត្តិ កាលបើភិក្ខុជាវិន័យធរ លំអៀងដោយមោហាគតិ ដោយវត្ថុ១៨ប្រការនេះ ក៏ឈ្មោះថា ប្រតិបត្តិដើម្បីមិនជាប្រយោជន៍ ដល់ជនច្រើនគ្នា ដើម្បីមិនមែនជាសុខ ដល់ជនច្រើនគ្នា ដើម្បីសេចក្តីមិនចំរើនដល់ជនច្រើនគ្នា ដើម្បីមិនជាប្រយោជន៍ ដើម្បីសេចក្តីទុក្ខ ដល់ទេវតា និងមនុស្សទាំងឡាយ ភិក្ខុជាវិន័យធរ កាលបើលំអៀង ដោយមោហាគតិ ដោយវត្ថុទាំង១៨ប្រការនេះ ក៏ឈ្មោះថា រក្សាខ្លួន ដែលខ្លួនមានកុសលធម៌ ជីកគាស់រំលើងចោលហើយផង ឈ្មោះថាជាអ្នកប្រកបដោយទោសផង ប្រកបដោយសេចក្តីតិះដៀល របស់អ្នកប្រាជ្ញទាំងឡាយផង ឈ្មោះថា រងនូវអកុសលកម្មដ៏ច្រើនផង ភិក្ខុជាវិន័យធរ កាលលំអៀងដោយមោហា រមែងលំអៀងដោយមោហាគតិ ដោយអាការយ៉ាងនេះ។

[១៨៤] ពាក្យថា កុំលំអៀងដោយភយាគតិ សេចក្តីថា ភិក្ខុដែលលំអៀងដោយភយាគតិ តើលំអៀងដោយភយាគតិដូចម្តេច។ ភិក្ខុជាវិន័យធរពួកខ្លះ ក្នុងសាសនានេះគិតថា បុគ្គលនេះ អាស្រ័យនូវកម្ម មានកាយកម្មជាដើម មិនស្មើក្តី អាស្រ័យនូវព្រៃស្បាត គឺមិច្ឆាទិដ្ឋិ និងអន្តគ្គាហិកទិដ្ឋិក្តី អាស្រ័យនូវភិក្ខុមានកំឡាំងក្តី ជាអ្នករឹងរូសអាក្រក់ និងធ្វើនូវសេចក្តីអន្តរាយដល់ជីវិតក្តី នូវសេចក្តីអន្តរាយ ដល់ព្រហ្មចរិយៈក្តី ហើយតក់ស្លុត ព្រោះខ្លាចបុគ្គលនោះ ក៏សំដែងនូវសភាវៈមិនមែនធម៌ ថាជាធម៌ សំដែងនូវធម៌ ថាមិនមែនធម៌។បេ។ សំដែងនូវទុដ្ឋុល្លាបត្តិ ថាជាអទុដ្ឋុល្លាបត្តិ សំដែងអទុដ្ឋុល្លាបត្តិ ថាជាទុដ្ឋុល្លាបត្តិ កាលបើភិក្ខុជាវិន័យធរ លំអៀងដោយភយាគតិ ដោយវត្ថុទាំង១៨ប្រការនេះ ក៏ឈ្មោះថា ប្រតិបត្តិ ដើម្បីមិនជាប្រយោជន៍ដល់ជនច្រើនគ្នា ដើម្បីមិនជាសុខ ដល់ជនច្រើនគ្នា ដើម្បីសេចក្តីមិនចំរើន ដល់ជនច្រើនគ្នា ដើម្បីមិនជាប្រយោជន៍ ដើម្បីសេចក្តីទុក្ខ ដល់ទេវតា និងមនុស្សទាំងឡាយ ភិក្ខុជាវិន័យធរ កាលបើលំអៀងដោយភយាគតិ ដោយវត្ថុទាំង១៨ប្រការនេះ ក៏ឈ្មោះថា រក្សានូវខ្លួន ដែលមានកុសលធម៌ ជីកគាស់រំលើងចោលហើយផង ឈ្មោះថាជាបុគ្គលប្រកបដោយទោសផង ប្រកបដោយសេចក្តីតិះដៀល របស់អ្នកប្រាជ្ញទាំងឡាយផង ឈ្មោះថា រងនូវអកុសលកម្មច្រើនផង ភិក្ខុជាវិន័យធរ កាលដែលលំអៀងដោយភយាគតិ រមែងលំអៀងដោយភយាគតិ ដោយអាការយ៉ាងនេះ។

[១៨៥] បុគ្គលណាប្រព្រឹត្តកន្លងនូវធម៌ ព្រោះសេចក្តីស្រឡាញ់ ព្រោះស្អប់ ព្រោះខ្លាច ព្រោះវង្វេង យសសក្តិ៍របស់បុគ្គលនោះឯង រមែងសាបសូន្យទៅ ដូចព្រះចន្ទក្នុងកាឡប័ក្ខ គឺខាងរនោច។

(អគតិអគមនៈ ទី៣)

(៣. អគតិអគមនំ)

[១៨៦] ភិក្ខុជាវិន័យធរ មិនលំអៀងដោយឆន្ទាគតិ តើដូចម្តេច។ ភិក្ខុជាវិន័យធរ កាលសំដែងនូវសភាវៈមិនមែនធម៌ ថាមិនមែនធម៌ ឈ្មោះថាមិនលំអៀងដោយឆន្ទាគតិ កាលសំដែងនូវធម៌ ថាជាធម៌ ឈ្មោះថា មិនលំអៀងដោយឆន្ទាគតិ កាលសំដែងនូវសភាវៈមិនមែនវិន័យ ថាមិនមែនវិន័យ ឈ្មោះថា មិនលំអៀងដោយឆន្ទាគតិ កាលសំដែងនូវវិន័យ ថាជាវិន័យ ឈ្មោះថា មិនលំអៀងដោយឆន្ទាគតិ កាលសំដែងនូវពាក្យ ដែលព្រះតថាគតមិនបានសំដែង មិនបានពោល ថាជាពាក្យ ដែលព្រះតថាគតមិនបានសំដែង មិនបានពោល ឈ្មោះថា មិនលំអៀងដោយឆន្ទាគតិ កាលសំដែងនូវពាក្យ ដែលព្រះតថាគត បានសំដែង បានពោល ថាជាពាក្យ ដែលព្រះតថាគត បានសំដែង បានពោល ឈ្មោះថា មិនលំអៀងដោយឆន្ទាគតិ កាលសំដែងនូវកិច្ចវត្ត ដែលព្រះតថាគតមិនបានសន្សំមក ថាជាកិច្ចវត្ត ដែលព្រះតថាគតមិនបានសន្សំមក ឈ្មោះថា មិនលំអៀងដោយឆន្ទាគតិ កាលសំដែងនូវកិច្ចវត្ត ដែលព្រះតថាគតបានសន្សំមក ថាជាកិច្ចវត្ត ដែលព្រះតថាគតបានសន្សំមក ឈ្មោះថា មិនលំអៀងដោយឆន្ទាគតិ កាលសំដែងនូវសិក្ខាបទ ដែលព្រះតថាគត មិនបានបញ្ញត្ត ថាព្រះតថាគតមិនបានបញ្ញត្ត ឈ្មោះថា មិនលំអៀងដោយឆន្ទាគតិ កាលសំដែងនូវសិក្ខាបទ ដែលព្រះតថាគត ទ្រង់បញ្ញត្ត ថាព្រះតថាគត ទ្រង់បញ្ញត្ត ឈ្មោះថា មិនលំអៀងដោយឆន្ទាគតិ កាលសំដែងនូវអនាបត្តិ ថាជាអនាបត្តិ ឈ្មោះថា មិនលំអៀងដោយឆន្ទាគតិ កាលសំដែងនូវអាបត្តិ ថាជាអាបត្តិ ឈ្មោះថា មិនលំអៀងដោយឆន្ទាគតិ កាលសំដែងនូវលហុកាបត្តិ ថាជាលហុកាបត្តិ ឈ្មោះថា មិនលំអៀងដោយឆន្ទាគតិ កាលសំដែងនូវគរុកាបត្តិ ថាជាគរុកាបត្តិ ឈ្មោះថា មិនលំអៀងដោយឆន្ទាគតិ កាលសំដែងនូវសាវសេសាបត្តិ ថាជាសាវសេសាបត្តិ ឈ្មោះថា មិនលំអៀងដោយឆន្ទាគតិ កាលសំដែងនូវអនវសេសាបត្តិ ថាជាអនវសេសាបត្តិ ឈ្មោះថា មិនលំអៀងដោយឆន្ទាគតិ កាលសំដែងនូវទុដ្ឋុល្លាបត្តិ ថាជាទុដ្ឋុល្លាបត្តិ ឈ្មោះថា មិនលំអៀងដោយឆន្ទាគតិ កាលសំដែងនូវអទុដ្ឋុល្លាបត្តិ ថាជាអទុដ្ឋុល្លាបត្តិ ឈ្មោះថា មិនលំអៀងដោយឆន្ទាគតិ ភិក្ខុមិនលំអៀងដោយឆន្ទាគិត ដោយអាការយ៉ាងនេះ។

[១៨៧] ភិក្ខុជាវិន័យធរ មិនលំអៀងដោយទោសាគតិ តើដូចម្តេច។ ភិក្ខុកាលសំដែងនូវសភាវៈមិនមែនធម៌ ថាមិនមែនធម៌ ឈ្មោះថា មិនលំអៀងដោយទោសាគតិ កាលសំដែងនូវធម៌ ថាជាធម៌ ឈ្មោះថា មិនលំអៀងដោយទោសាគតិ។បេ។ កាលសំដែងនូវទុដ្ឋុល្លាបត្តិ ថាជាទុដ្ឋុល្លាបត្តិ ឈ្មោះថា មិនលំអៀងដោយទោសាគតិ កាលសំដែងនូវអទុដ្ឋុល្លាបត្តិ ថាជាអទុដ្ឋុល្លាបត្តិ ឈ្មោះថា មិនលំអៀងដោយទោសាគតិ ភិក្ខុមិនលំអៀងដោយទោសាគតិ ដោយអាការយ៉ាងនេះ។

[១៨៨] ភិក្ខុជាវិន័យធរ មិនលំអៀងដោយមោហាគតិ តើដូចម្តេច។ ភិក្ខុកាលសំដែងនូវសភាវៈមិនមែនធម៌ ថាមិនមែនធម៌ ឈ្មោះថា មិនលំអៀងដោយមោហាគតិ សំដែងនូវធម៌ ថាជាធម៌ ឈ្មោះថា មិនលំអៀងដោយមោហាគតិ។បេ។ កាលសំដែងនូវទុដ្ឋុល្លាបត្តិ ថាជាទុដ្ឋុល្លាបត្តិ ឈ្មោះថា មិនលំអៀងដោយមោហាគតិ កាលសំដែងនូវអទុដ្ឋុល្លាបត្តិ ថាជាអទុដ្ឋុល្លាបត្តិ ឈ្មោះថា មិនលំអៀងដោយមោហាគតិ ភិក្ខុមិនលំអៀងដោយមោហាគតិ ដោយអាការយ៉ាងនេះ។

[១៨៩] ភិក្ខុជាវិន័យធរ មិនលំអៀងដោយភយាគតិ តើដូចម្តេច។ ភិក្ខុកាលសំដែងនូវសភាវៈមិនមែនធម៌ ថាមិនមែនធម៌ ឈ្មោះថា មិនលំអៀងដោយភយាគតិ កាលសំដែងនូវធម៌ ថាជាធម៌ ឈ្មោះថា មិនលំអៀងដោយភយាគតិ។បេ។ កាលសំដែងនូវទុដ្ឋុល្លាបត្តិ ថាជាទុដ្ឋុល្លាបត្តិ ឈ្មោះថា លំអៀងដោយភយាគតិ កាលសំដែងនូវអទុដ្ឋុល្លាបត្តិ ថាជាអទុដ្ឋុល្លាបត្តិ ឈ្មោះថា មិនលំអៀងដោយភយាគតិ ភិក្ខុមិនលំអៀងដោយភយាគតិ ដោយអាការយ៉ាងនេះ។

[១៩០] បុគ្គលណា មិនប្រព្រឹត្តកន្លងនូវធម៌ ព្រោះសេចក្តីស្រឡាញ់ ព្រោះស្អប់ ព្រោះខ្លាច ព្រោះវង្វេង យសសក្តិ៍របស់បុគ្គលនោះឯង រមែងពេញបរិបូណ៌ ដូចព្រះចន្ទក្នុងសុក្កប័ក្ខ គឺចំណែកខាងខ្នើត។

(សញ្ញាបនីយាទិ ទី៤)

(៤. សញ្ញាបនីយាទិ)

[១៩១] សួរថា ភិក្ខុជាវិន័យធរ ពន្យល់ក្នុងទីដែលគួរពន្យល់នោះ តើដូចម្តេច។ ឆ្លើយថា ភិក្ខុជាវិន័យធរ កាលសំដែងនូវសភាវៈមិនមែនធម៌ ថាមិនមែនធម៌ ឈ្មោះថា ពន្យល់ក្នុងទីដែលគួរពន្យល់ កាលសំដែងនូវធម៌ ថាជាធម៌ ឈ្មោះថា ពន្យល់ក្នុងទីដែលគួរពន្យល់។បេ។ កាលសំដែងនូវទុដ្ឋុល្លាបត្តិ ថាជាទុដ្ឋុល្លាបត្តិ ឈ្មោះថា ពន្យល់ក្នុងទីដែលគួរពន្យល់ កាលសំដែងនូវអទុដ្ឋុល្លាបត្តិ ថាជាអទុដ្ឋុល្លាបត្តិ ឈ្មោះថា ពន្យល់ក្នុងទីដែលគួរពន្យល់ ភិក្ខុជាវិន័យធរ ពន្យល់ក្នុងទីដែលគួរពន្យល់ ដោយអាការយ៉ាងនេះ។

[១៩២] សួរថា ភិក្ខុជាវិន័យធរ ពិចារណាក្នុងទីដែលគួរពិចារណា តើដូចម្តេច។ ឆ្លើយថា ភិក្ខុជាវិន័យធរ កាលសំដែងនូវសភាវៈមិនមែនធម៌ ថាមិនមែនធម៌ ឈ្មោះថា ពិចារណាក្នុងទីដែលគួរពិចារណា កាលសំដែងនូវធម៌ ថាជាធម៌ ឈ្មោះថា ពិចារណាក្នុងទីដែលគួរពិចារណា។បេ។ កាលសំដែងនូវទុដ្ឋុល្លាបត្តិ ថាជាទុដ្ឋុល្លាបត្តិ ឈ្មោះថា ពិចារណាក្នុងទីដែលគួរពិចារណា កាលសំដែងនូវអទុដ្ឋុល្លាបត្តិ ថាជាអទុដ្ឋុល្លាបត្តិ ឈ្មោះថា ពិចារណាក្នុងទីដែលគួរពិចារណា ភិក្ខុពិចារណាក្នុងទីដែលគួរពិចារណា ដោយអាការយ៉ាងនេះ។

[១៩៣] សួរថា ភិក្ខុសំឡឹងមើលក្នុងទីគួរសំឡឹង តើដូចម្តេច។ ឆ្លើយថា ភិក្ខុកាលសំដែងនូវសភាវៈមិនមែនធម៌ ថាមិនមែនធម៌ ឈ្មោះថា សំឡឹងមើលក្នុងទីដែលគួរសំឡឹងមើល កាលសំដែងនូវធម៌ ថាជាធម៌ ឈ្មោះថា សំឡឹងមើល ក្នុងទីដែលគួរសំឡឹងមើល។បេ។ កាលសំដែងនូវទុដ្ឋុល្លាបត្តិ ថាជាទុដ្ឋុល្លាបត្តិ ឈ្មោះថា សំឡឹងមើលក្នុងទីដែលគួរសំឡឹងមើល កាលសំដែងនូវអទុដ្ឋុល្លាបត្តិ ថាជាអទុដ្ឋុល្លាបត្តិ ឈ្មោះថា សំឡឹងមើលក្នុងទីដែលគួរសំឡឹងមើល ភិក្ខុសំឡឹងមើលក្នុងទីដែលគួរសំឡឹងមើល ដោយអាការយ៉ាងនេះ។

[១៩៤] សួរថា ភិក្ខុញុំាងបុគ្គលដទៃ ឲ្យជ្រះថ្លាក្នុងទីដែលគួរជ្រះថ្លា តើដូចម្តេច។ ឆ្លើយថា ភិក្ខុកាលសំដែងនូវសភាវៈមិនមែនធម៌ ថាមិនមែនធម៌ ឈ្មោះថា ញុំាងបុគ្គលដទៃ ឲ្យជ្រះថ្លាក្នុងទីដែលគួរជ្រះថ្លា កាលសំដែងនូវធម៌ ថាជាធម៌ ឈ្មោះថា ញុំាងបុគ្គលដទៃ ឲ្យជ្រះថ្លា ក្នុងទីដែលគួរជ្រះថ្លា។បេ។ កាលសំដែងនូវទុដ្ឋុល្លាបត្តិ ថាជាទុដ្ឋុល្លាបត្តិ ឈ្មោះថា ញុំាងបុគ្គលដទៃ ឲ្យជ្រះថ្លា ក្នុងទីដែលគួរជ្រះថ្លា កាលសំដែងនូវអទុដ្ឋុល្លាបត្តិ ថាជាអទុដ្ឋុល្លាបត្តិ ឈ្មោះថា ញុំាងបុគ្គលដទៃ ឲ្យជ្រះថ្លាក្នុងទីដែលគួរជ្រះថ្លា ភិក្ខុញុំាងបុគ្គលដទៃ ឲ្យជ្រះថ្លា ក្នុងទីដែលគួរជ្រះថ្លា ដោយអាការយ៉ាងនេះ។

(បរបក្ខាទិអវជាននៈ ទី៥)

(៥. បរបក្ខាទិអវជាននំ)

[១៩៥] សួរថា ភិក្ខុមើលងាយនូវពួកភិក្ខុដទៃ ដោយគិតថា អាត្មាអញ បានបក្ខពួកហើយ តើដូម្តេច។ ឆ្លើយថា ភិក្ខុពួកមួយ ក្នុងសាសនានេះ ជាអ្នកបានបក្ខពួក បានបរិវារ មានបក្ខពួក មានញាតិ ហើយមើលងាយបុគ្គលនោះថា បុគ្គលនេះ មិនបានបក្ខពួក មិនបានបរិវារ គ្មានបក្ខពួក គ្មានញាតិទេ ក៏សំដែងនូវសភាវៈមិនមែនធម៌ ថាជាធម៌ សំដែងនូវធម៌ ថាមិនមែនធម៌។បេ។ សំដែងនូវទុដ្ឋុល្លាបត្តិ ថាជាអទុដ្ឋុល្លាបត្តិ សំដែងនូវអទុដ្ឋុល្លាបត្តិ ថាជាទុដ្ឋុល្លាបត្តិ ភិក្ខុមើលងាយនូវបក្ខពួកដទៃ ដោយគិតថា អាត្មាអញ បានបក្ខពួក ដោយអាការយ៉ាងនេះ។

[១៩៦] សួរថា ភិក្ខុមើលងាយនូវបុគ្គលដែលចេះដឹងតិច ដោយគិតថា អាត្មាអញ ជាអ្នកចេះដឹងច្រើន តើដូម្តេច។ ឆ្លើយថា ភិក្ខុពួកមួយ ក្នុងសាសនានេះ ជាអ្នកចេះដឹងច្រើន ចាំនូវសុត្តៈ សន្សំនូវសុត្តៈ រមែងមើលងាយបុគ្គលអ្នកចេះដឹងតិចនោះថា បុគ្គលនេះ ស្តាប់តិច ជាអ្នកចេះដឹងនិកាយតិច ចាំតិច ក៏សំដែងនូវសភាវៈមិនមែនធម៌ ថាជាធម៌ សំដែងនូវធម៌ ថាមិនមែនធម៌។បេ។ សំដែងនូវទុដ្ឋុល្លាបត្តិ ថាជាអទុដ្ឋុល្លាបត្តិ សំដែងនូវអទុដ្ឋុល្លាបត្តិ ថាជាទុដ្ឋុល្លាបត្តិ ភិក្ខុមើលងាយនូវបុគ្គលដែលចេះដឹងតិច ដោយគិតថា អាត្មាអញ ជាអ្នកចេះដឹងច្រើន ដោយអាការយ៉ាងនេះ។

[១៩៧] សួរថា ភិក្ខុមើលងាយភិក្ខុដែលខ្ចីជាង ដោយគិតថា អាត្មាអញ ជាថេរៈចាស់ជាង តើដូម្តេច។ ឆ្លើយថា ភិក្ខុពួកមួយ ក្នុងសាសនានេះ ជាថេរៈ ជាអ្នកដឹងរាត្រី (វែង) បួសមកជាយូរហើយ រមែងមើលងាយភិក្ខុខ្ចីនោះថា ភិក្ខុនេះនៅខ្ចី មិនសូវល្បីល្បាញ ជាអ្នកចេះដឹងតិច មិនចេះច្បាប់ទម្លាប់ អាត្មាអញ នឹងមិនធ្វើតាមពាក្យរបស់ភិក្ខុនេះទេ ដូច្នេះ ក៏សំដែងនូវសភាវៈមិនមែនធម៌ ថាជាធម៌ សំដែងនូវធម៌ ថាមិនមែនធម៌។បេ។ សំដែងនូវទុដ្ឋុល្លាបត្តិ ថាជាអទុដ្ឋុល្លាបត្តិ សំដែងនូវអទុដ្ឋុល្លាបត្តិ ថាជាទុដ្ឋុល្លាបត្តិ ភិក្ខុមើលងាយភិក្ខុខ្ចីជាង ដោយគិតថា អាត្មាអញ ជាថេរៈចាស់ជាង ដោយអាការយ៉ាងនេះ។

[១៩៨] ពាក្យថា កុំពោលនូវហេតុដែលមិនទាន់មកដល់ គឺកុំនិយាយនូវពាក្យដែលមិនទាន់ធ្លាក់ដល់មក។ ពាក្យថា កុំគប្បីញុំាងហេតុ ដែលដល់មកហើយ ឲ្យសាបសូន្យចាកធម៌ ចាកវិន័យ គឺបានដល់សង្ឃ ដែលប្រជុំគ្នាដើម្បីសេចក្តីណា កុំគប្បីញុំាងសេចក្តីនោះ ឲ្យសាបសូន្យចាកធម៌ ចាកវិន័យឡើយ។

[១៩៩] ពាក្យថា ដោយធម៌ណា គឺដោយវត្ថុដែលពិតប្រាកដ។ ពាក្យថា ដោយវិន័យណា គឺដាស់តឿនក្រើនរំលឹក។ ពាក្យថា ដោយពាក្យប្រៀនប្រដៅរបស់ព្រះសាស្តាណា គឺដោយញត្តិសម្បទាន និងអនុស្សាវនសម្បទា។

(អនុវិជ្ជកស្ស អនុយោគៈ ទី៦)

(៦. អនុវិជ្ជកស្ស អនុយោគំ)

ពាក្យថា អធិករណ៍រម្ងាប់ដោយធម៌ណា ដោយវិន័យណា ដោយពាក្យប្រៀនប្រដៅរបស់ព្រះសាស្តាណា គប្បីរម្ងាប់អធិករណ៍នោះ ដោយធម៌នោះៗ សេចក្តីថា វិន័យធរគប្បីសួរអ្នកចោទថា ម្នាលអាវុសោ លោកឃាត់បវារណារបស់ភិក្ខុនោះ ដោយហេតុណា លោកឃាត់បវារណានោះ ដោយហេតុអ្វី លោកឃាត់ដោយសីលវិបត្តិ ឬឃាត់ដោយអាចារវិបត្តិ ឬក៏ឃាត់ដោយទិដ្ឋិវិបត្តិ។ បើអ្នកចោទនោះ និយាយយ៉ាងនេះថា ខ្ញុំឃាត់ដោយសីលវិបត្តិផង ឃាត់ដោយអាចារវិបត្តិផង ឃាត់ដោយទិដ្ឋិវិបត្តិផង។ វិន័យធរ ត្រូវនិយាយនឹងភិក្ខុអ្នកចោទនោះយ៉ាងនេះថា ចុះលោកដ៏មានអាយុស្គាល់សីលវិបត្តិ ស្គាល់អាចារវិបត្តិ ស្គាល់ទិដ្ឋិវិបត្តិដែរឬ។ បើភិក្ខុអ្នកចោទនោះ និយាយយ៉ាងនេះថា ម្នាលអាវុសោ ខ្ញុំស្គាល់សីលវិបត្តិ ស្គាល់អាចារវិបត្តិ ស្គាល់ទិដ្ឋិវិបត្តិដែរ។ វិន័យធរ ត្រូវសួរភិក្ខុអ្នកចោទនោះ យ៉ាងនេះថា ម្នាលអាវុសោ ចុះសីលវិបត្តិដូចម្តេច អាចារវិបត្តិដូចម្តេច ទិដ្ឋិវិបត្តិដូចម្តេច។ បើភិក្ខុអ្នកចោទនោះ និយាយយ៉ាងនេះថា បារាជិក៤ សង្ឃាទិសេស១៣នេះ ហៅថាសីលវិបត្តិ ថុល្លច្ច័យ បាចិត្តិយៈ បាដិទេសនីយៈ ទុក្កដ ទុព្ភាសិត នេះហៅថា អាចារវិបត្តិ មិច្ឆាទិដ្ឋិ និងអន្តគ្គាហិកាទិដ្ឋិ នេះហៅថា ទិដ្ឋិវិបត្តិ។ វិន័យធរ ត្រូវសួរភិក្ខុអ្នកចោទយ៉ាងនេះថា ម្នាលអាវុសោ លោកឃាត់បវារណារបស់ភិក្ខុនេះ ដោយហេតុណា លោកឃាត់ដោយបានឃើញ ឬឃាត់ដោយបានឮ ឬក៏ឃាត់ដោយបានរង្កៀស។ បើភិក្ខុអ្នកចោទនោះ និយាយយ៉ាងនេះថា ខ្ញុំឃាត់ដោយបានឃើញផង ឃាត់ដោយបានឮផង ឃាត់ដោយបានរង្កៀសផង។ វិន័យធរ ត្រូវសួរភិក្ខុអ្នកចោទយ៉ាងនេះថា ម្នាលអាវុសោ លោកឃាត់បវារណារបស់ភិក្ខុនេះ ដោយបានឃើញ ដោយហេតុណា លោកបានឃើញដូចម្តេចខ្លះ លោកបានឃើញអំពីហេតុដូចម្តេច លោកបានឃើញពីកាលណា លោកបានឃើញក្នុងទីណា កាលភិក្ខុនេះត្រូវអាបត្តិបារាជិក លោកបានឃើញដែរឬ កាលត្រូវសង្ឃាទិសេស លោកបានឃើញដែរឬ កាលត្រូវថុល្លច្ច័យ លោកបានឃើញដែរឬ កាលត្រូវបាចិត្តិយៈ លោកបានឃើញដែរឬ កាលត្រូវបាដិទេសនីយៈ លោកបានឃើញដែរឬ កាលត្រូវទុក្កដ លោកបានឃើញដែរឬ កាលត្រូវទុព្ភាសិត លោកបានឃើញដែរឬ ចុះលោកនៅក្នុងទីណា ចំណែកភិក្ខុនេះ នៅត្រង់ទីណា លោកកំពុងធ្វើអ្វី ភិក្ខុនេះកំពុងធ្វើអ្វី។ បើភិក្ខុអ្នកចោទនោះ និយាយយ៉ាងនេះថា ម្នាលអាវុសោ ខ្ញុំមិនបានឃាត់បវារណារបស់ភិក្ខុនេះ ដោយបានឃើញទេ ខ្ញុំឃាត់បវារណាដោយគ្រាន់តែបានឮទេ។ វិន័យធរ ត្រូវសួរភិក្ខុអ្នកចោទនោះយ៉ាងនេះថា ម្នាលអាវុសោ អ្នកឃាត់បវារណារបស់ភិក្ខុនេះ ដោយបានឮ ដោយហេតុណា លោកបានឮដូចម្តេចខ្លះ លោកបានឮដោយហេតុដូចម្តេច លោកបានឮពីកាលណា លោកបានឮក្នុងទីណា លោកបានឮថា ភិក្ខុនេះត្រូវបារាជិក ឬលោកបានឮថា ភិក្ខុនេះ ត្រូវសង្ឃាទិសេស លោកបានឮថា ភិក្ខុនេះត្រូវថុល្លច្ច័យ លោកបានឮថា ភិក្ខុនេះត្រូវបាចិត្តិយៈ លោកបានឮថា ភិក្ខុនេះត្រូវបាដិទេសនីយៈ លោកបានឮថា ភិក្ខុនេះត្រូវទុក្កដ លោកបានឮថា ភិក្ខុនេះត្រូវទុព្ភាសិត លោកបានឮពាក្យភិក្ខុ លោកបានឮពាក្យភិក្ខុនី លោកបានឮពាក្យសិក្ខមានា លោកបានឮពាក្យសាមណេរ លោកបានឮពាក្យសាមណេរី លោកបានឮពាក្យឧបាសក លោកបានឮពាក្យឧបាសិកា លោកបានឮព្រះបន្ទូលនៃពួកស្តេច លោកបានឮពាក្យនៃពួករាជមហាមាត្រ លោកបានឮពាក្យនៃពួកតិរ្ថិយ ឬបានឮពាក្យនៃពួកសាវ័ករបស់តិរ្ថិយ។ បើភិក្ខុអ្នកចោទនោះ និយាយយ៉ាងនេះថា ម្នាលអាវុសោ ខ្ញុំមិនបានឃាត់បវារណារបស់ភិក្ខុនេះ ដោយបានឮទេ ខ្ញុំឃាត់បវារណា ដោយគ្រាន់តែរង្កៀសទេ។ វិន័យធរ ត្រូវសួរភិក្ខុអ្នកចោទនោះយ៉ាងនេះថា ម្នាលអាវុសោ លោកឃាត់បវារណារបស់ភិក្ខុនេះ ដោយរង្កៀស ដោយហេតុណា លោករង្កៀសដោយហេតុដូចម្តេចខ្លះ លោករង្កៀសអំពីហេតុដូចម្តេច លោករង្កៀសពីកាលណា លោករង្កៀសក្នុងទីណា លោករង្កៀសថា ភិក្ខុនេះត្រូវបារាជិក ឬលោករង្កៀសថា ភិក្ខុនេះ ត្រូវសង្ឃាទិសេស លោករង្កៀសថា ភិក្ខុនេះត្រូវថុល្លច្ច័យ លោករង្កៀសថា ភិក្ខុនេះត្រូវបាចិត្តិយៈ លោករង្កៀសថា ភិក្ខុនេះត្រូវបាដិទេសនីយៈ លោករង្កៀសថា ភិក្ខុនេះត្រូវទុក្កដ លោករង្កៀសថា ភិក្ខុនេះត្រូវទុព្ភាសិត លោករង្កៀស ព្រោះឮពាក្យភិក្ខុ លោករង្កៀស ព្រោះឮពាក្យភិក្ខុនី លោករង្កៀស ព្រោះឮពាក្យសិក្ខមានា លោករង្កៀស ព្រោះឮពាក្យសាមណេរ លោករង្កៀស ព្រោះឮពាក្យសាមណេរី លោករង្កៀស ព្រោះឮពាក្យឧបាសក លោករង្កៀស ព្រោះឮពាក្យឧបាសិកា លោករង្កៀស ព្រោះឮព្រះបន្ទូលនៃពួកស្តេច លោករង្កៀស ព្រោះឮពាក្យ នៃពួកមហាមាត្ររបស់ស្តេច លោករង្កៀស ព្រោះឮពាក្យនៃពួកតិរ្ថិយ ឬលោករង្កៀស ព្រោះឮពាក្យពួកសាវ័កនៃតិរ្ថិយ។

[២០០] ហេតុដែលអ្នកចោទបានឃើញ សមដោយហេតុដែលបានឃើញមែន វិន័យធរគប្បីប្រៀបធៀបនូវហេតុដែលអ្នកចោទបានឃើញ ដោយហេតុដែលបានឃើញ (នោះ) ភិក្ខុអ្នកជាប់ចោទមិនទាន់ដល់ (បារាជិក) ព្រោះអាស្រ័យនូវហេតុ ដែលអ្នកចោទបានឃើញនៅឡើយទេ ឈ្មោះថា អ្នកចោទមានសេចក្តីរង្កៀសមិនបរិសុទ្ធ (រង្កៀសគ្មានមូល) វិន័យធរ គប្បីវិនិច្ឆ័យតាមពាក្យប្តេជ្ញារបស់បុគ្គល គឺភិក្ខុជាអ្នកជាប់ចោទនោះ ហើយធ្វើបវារណាជាមួយនឹងភិក្ខុនោះចុះ។ ហេតុដែលអ្នកចោទបានឮ សមដោយហេតុដែលបានឮមែន វិន័យធរគប្បីប្រៀបធៀបនូវហេតុដែលអ្នកចោទបានឮ ដោយហេតុដែលបានឮ (នោះ) ភិក្ខុអ្នកជាប់ចោទនោះ មិនទាន់ដល់ (បារាជិក) ព្រោះអាស្រ័យនូវហេតុ ដែលអ្នកចោទបានឮនៅឡើយទេ ឈ្មោះថា អ្នកចោទមានសេចក្តីរង្កៀសមិនបរិសុទ្ធ វិន័យធរ គប្បីវិនិច្ឆ័យតាមពាក្យប្តេជ្ញារបស់បុគ្គល គឺភិក្ខុអ្នកជាប់ចោទនោះ ហើយគប្បីធ្វើបវារណាជាមួយនឹងភិក្ខុនោះចុះ។ ហេតុដែលអ្នកចោទបានប៉ះពាល់ សមដោយហេតុដែលបានប៉ះពាល់មែន វិន័យធរគប្បីប្រៀបធៀបនូវហេតុដែលអ្នកចោទបានប៉ះពាល់ ដោយហេតុដែលបានប៉ះពាល់ (នោះ) ភិក្ខុអ្នកជាប់ចោទនោះ មិនទាន់ដល់ (បារាជិក) ព្រោះអាស្រ័យនូវហេតុ ដែលអ្នកចោទបានប៉ះពាល់នៅឡើយទេ ឈ្មោះថា អ្នកចោទ មានសេចក្តីរង្កៀសមិនបរិសុទ្ធ វិន័យធរ គប្បីវិនិច្ឆ័យតាមពាក្យប្តេជ្ញារបស់បុគ្គល គឺភិក្ខុអ្នកជាប់ចោទនោះ ហើយគប្បីធ្វើបវារណា ជាមួយនឹងភិក្ខុនោះចុះ។

(បុច្ឆាវិភាគៈ ទី៧)

(៧. បុច្ឆាវិភាគោ)

[២០១] ត្រង់ពាក្យថា អ្នកបានឃើញដូចម្តេច គឺបានដល់ពាក្យសួរថាដូចម្តេច ត្រង់ពាក្យថា អ្នកបានឃើញអំពីហេតុដូចម្តេច គឺបានដល់ពាក្យសួរថាដូចម្តេច ត្រង់ពាក្យថា អ្នកបានឃើញពីកាលណា គឺបានដល់ពាក្យសួរថាដូចម្តេច ត្រង់ពាក្យថា អ្នកបានឃើញក្នុងទីណា គឺបានដល់ពាក្យសួរថាដូចម្តេច។

[២០២] ត្រង់ពាក្យដែលថា បានឃើញដូចម្តេច គឺបានដល់វត្ថុបុច្ឆា១ វិបត្តិបុច្ឆា១ អាបត្តិបុច្ឆា១ អជ្ឈាចារបុច្ឆា១។ ត្រង់ពាក្យថា វត្ថុបុច្ឆា គឺបានដល់ពាក្យសួរ អំពីវត្ថុនៃបារាជិក៨ សួរវត្ថុនៃសង្ឃាទិសេស២៣ សួរវត្ថុនៃអនិយតៈ២ សួរវត្ថុនៃនិស្សគ្គិយៈ៤២ សួរវត្ថុនៃបាចិត្តិយៈ១៨៨ សួរវត្ថុនៃបាដិទេសនីយៈ១២ សួរវត្ថុនៃទុក្កដទាំងឡាយ សួរវត្ថុនៃទុព្ភាសិតទាំងឡាយ។ ត្រង់ពាក្យថា វិបត្តិបុច្ឆានោះ គឺបានដល់ពាក្យសួរអំពីសីលវិបត្តិ សួរអំពីអាចារវិបត្តិ សួរអំពីទិដ្ឋិវិបត្តិ សួរអំពីអាជីវវិបត្តិ។ ត្រង់ពាក្យថា អាបត្តិបុច្ឆានោះ គឺបានដល់ពាក្យសួរអំពីអាបត្តិបារាជិក សួរអំពីអាបត្តិសង្ឃាទិសេស សួរអំពីអាបត្តិថុល្លច្ច័យ សួរអំពីអាបត្តិបាចិត្តិយៈ សួរអំពីអាបត្តិបាដិទេសនីយៈ សួរអំពីអាបត្តិទុក្កដ សួរអំពីអាបត្តិទុព្ភាសិត។ ត្រង់ពាក្យថា អជ្ឈាចារបុច្ឆានោះ គឺបានដល់ពាក្យសួរអំពីការប្រសព្វរបស់ជនពីរៗនាក់។

[២០៣] ត្រង់ពាក្យថា លោកបានឃើញអំពីហេតុដូចម្តេច គឺបានដល់លិង្គបុច្ឆា១ ឥរិយាបថបុច្ឆា១ អាការបុច្ឆា១ វិប្បការបុច្ឆា១។ ត្រង់ពាក្យថា លិង្គបុច្ឆានោះ គឺបានដល់ពាក្យសួរ អំពីភេទខ្ពស់ ឬទាប ខ្មៅ ឬស។ ត្រង់ពាក្យថា ឥរិយាបថបុច្ឆានោះ គឺបានដល់ពាក្យសួរអំពីបុគ្គលដើរ ឬឈរ អង្គុយ ឬដេក។ ត្រង់ពាក្យថា អាការបុច្ឆានោះ គឺបានដល់ពាក្យសួរអំពីភេទគ្រហស្ថ ឬភេទតិរ្ថិយ ឬភេទបព្វជិត។ ត្រង់ពាក្យថា វិប្បការបុច្ឆានោះ គឺបានដល់ពាក្យសួរអំពីបុគ្គលកំពុងដើរ ឬឈរ កំពុងអង្គុយ ឬដេក។

[២០៤] ត្រង់ពាក្យថា លោកបានឃើញពីកាលណា គឺបានដល់កាលបុច្ឆា១ សមយបុច្ឆា១ ទិវសបុច្ឆា១ ឧតុបុច្ឆា១។ ត្រង់ពាក្យថា កាលបុច្ឆានោះ គឺបានដល់ពាក្យសួរអំពីពេលព្រឹក ឬពេលថ្ងៃត្រង់ ឬថ្ងៃរសៀល។ ត្រង់ពាក្យថា សមយបុច្ឆានោះ គឺបានដល់ពាក្យសួរអំពីសម័យព្រឹក ឬសម័យថ្ងៃត្រង់ ឬក៏សម័យថ្ងៃរសៀល។ ត្រង់ពាក្យថា ទិវសបុច្ឆានោះ គឺបានដល់ពាក្យសួរអំពីវេលាមុនភត្ត វេលាក្រោយភត្ត វេលាយប់ វេលាថ្ងៃ ខាងរនោច ឬខ្នើត។ ត្រង់ពាក្យថា ឧតុបុច្ឆានោះ គឺបានដល់ពាក្យសួរអំពីហេមន្តរដូវ គិម្ហរដូវ ឬវស្សានរដូវ។

[២០៥] ត្រង់ពាក្យថា លោកបានឃើញក្នុងទីណា គឺបានដល់ឋានបុច្ឆា១ ភូមិបុច្ឆា១ ឱកាសបុច្ឆា១ បទេសបុច្ឆា១។ ត្រង់ពាក្យថា ឋានបុច្ឆានោះ គឺបានដល់ពាក្យសួរអំពីភូមិ ប្រឋពី ធរណី ឬផែនដី។ ត្រង់ពាក្យថា ភូមិបុច្ឆានោះ គឺបានដល់ពាក្យសួរអំពីភូមិ ភ្នំ ថ្ម ឬប្រាសាទ។ ត្រង់ពាក្យថា ឱកាសបុច្ឆានោះ គឺបានដល់ពាក្យសួរអំពីឱកាស ខាងកើត ឱកាសខាងលិច ឱកាសខាងជើង ឱកាសខាងត្បូង។ ត្រង់ពាក្យថា បទេសបុច្ឆានោះ គឺបានដល់ពាក្យសួរអំពីប្រទេសខាងកើត ឬប្រទេសខាងលិច ប្រទេសខាងជើង ឬប្រទេសខាងត្បូង។

ចប់ មហាសង្គាម។

ឧទ្ទាន គឺបញ្ជីរឿងនៃមហាសង្គាមនោះ ដូច្នេះ

[២០៦]

និយាយអំពីភិក្ខុត្រូវស្គាល់វត្ថុ១ ស្គាល់និទាន១ ស្គាល់អាការ១ ស្គាល់ពាក្យខាងដើម និងពាក្យខាងចុង១ ស្គាល់កម្មដែលគួរធ្វើ និងមិនគួរធ្វើ១ ស្គាល់កម្ម១ ស្គាល់អធិករណ៍១ ស្គាល់សមថៈ១ មិនលំអៀងទៅខាងឆន្ទាគតិ១ ទោសាគតិ១ មោហាគតិ១ ភយាគតិ១ ពន្យល់បុគ្គលដទៃឲ្យយល់ក្នុងទីដែលគួរពន្យល់១ ពិចារណាក្នុងទីដែលគួរពិចារណា១ សំឡឹងមើលក្នុងទីដែលគួរសំឡឹងមើល១ ញុំាងបរិសទ្យឲ្យជ្រះថ្លាក្នុងទីដែលគួរជ្រះថ្លា១ មើលងាយពួកដទៃ ដោយគិតថា អាត្មាអញបានបក្ខពួក១ អាត្មាអញ ជាអ្នកចេះដឹងច្រើន១ អាត្មាអញជាថេរៈ១ ពោលហេតុដែលមិនទាន់មកដល់១ កុំញុំាងហេតុដែលមកដល់ហើយ ឲ្យសាបសូន្យ១ រម្ងាប់អធិករណ៍ដោយធម៌ ដោយវិន័យ ដោយពាក្យប្រៀនប្រដៅរបស់ព្រះសាស្តា១ ក្នុងមហាសង្គាម បណ្ឌិតគប្បីដឹងថា (មានសេចក្តី) ប៉ុណ្ណោះឯង។

កឋិនភេទ

(កថិនភេទោ)

(កថិនអត្ថតាទិ ទី១)

(១. កថិនអត្ថតាទិ)

[២០៧] បុគ្គលដូចម្តេច ដែលឈ្មោះថា មិនបានក្រាលកឋិន បុគ្គលដូចម្តេច ដែលឈ្មោះថា បានក្រាលកឋិន កឋិនដែលភិក្ខុក្រាលមិនឡើង ដោយអាការដូចម្តេច កឋិនដែលភិក្ខុក្រាលឡើង ដោយអាការដូចម្តេច។

[២០៨] ពាក្យថា បុគ្គលដូចម្តេច ដែលឈ្មោះថា មិនបានក្រាលកឋិននោះ សេចក្តីថា បុគ្គលពីរពួក ដែលឈ្មោះថា មិនបានក្រាលកឋិន គឺបុគ្គលមិនបានក្រាល១ មិនបានអនុមោទនា១ បុគ្គលទាំង២ពួកនេះ ឈ្មោះថា មិនបានក្រាលកឋិនទេ។

[២០៩] ពាក្យថា បុគ្គលដូចម្តេច ដែលឈ្មោះថា បានក្រាលកឋិននោះ សេចក្តីថា បុគ្គល២ពួក ដែលឈ្មោះថា បានក្រាលកឋិន គឺបុគ្គលដែលបានក្រាល១ បានអនុមោទនា១ បុគ្គលទាំង២ពួកនេះ ឈ្មោះថា បានក្រាលកឋិន។

[២១០] ពាក្យថា កឋិនដែលភិក្ខុក្រាលមិនឡើង ដោយអាការដូចម្តេច សេចក្តីថា កឋិនដែលភិក្ខុក្រាលមិនឡើង ដោយអាការ២៤ គឺសំពត់ដែលគ្រាន់តែវាស់ទទឹងបណ្តោយ ក្រាលមិនឡើងជាកឋិន១ សំពត់ដែលគ្រាន់តែលាង ក្រាលមិនឡើងជាកឋិន១ សំពត់ដែលគ្រាន់តែចាត់ចែងលៃលកជាចីវរ ក្រាលមិនឡើងជាកឋិន១ សំពត់ដែលគ្រាន់តែកាត់ ក្រាលមិនឡើងជាកឋិន១ សំពត់ដែលគ្រាន់តែដានភ្ជាប់គ្នា ក្រាលមិនឡើងជាកឋិន១ សំពត់ដែលគ្រាន់តែដេរ (មានដេរបណ្តោយជាដើម) ក្រាលមិនឡើងជាកឋិន១ សំពត់ដែលគ្រាន់តែដាក់ក្ឌុំ ក្រាលមិនឡើងជាកឋិន១ សំពត់ដែលគ្រាន់តែថែមសំពត់ឲ្យមាំ ក្រាលមិនឡើងជាកឋិន១ សំពត់ដែលគ្រាន់តែប្រក់អនុវាតមួយជាន់ (ពីខាងក្រៅ) ក្រាលមិនឡើងជាកឋិន១ សំពត់ដែលគ្រាន់តែធ្វើជាអនុវាតមួយជាន់ (ពីខាងក្នុង) ក្រាលមិនឡើងជាកឋិន១ សំពត់ដែលគ្រាន់តែដេរគួបគ្នា ក្រាលមិនឡើងជាកឋិន១ សំពត់ដែលគ្រាន់តែជ្រលក់ម្តង មានពណ៌ដូចភ្លុកដំរី ឬដូចស្លឹកឈើទុំ ក្រាលមិនឡើងជាកឋិន១ សំពត់ដែលបានមក ដោយធ្វើនិមិត្ត ក្រាលមិនឡើងជាកឋិន១ សំពត់ដែលបានមក ដោយនិយាយបញ្ចុះបញ្ចូលគេ ក្រាលមិនឡើងជាកឋិន១ សំពត់ដែលខ្ចីគេ ក្រាលមិនឡើងជាកឋិន១ សំពត់ដែលធ្វើសន្និធិ គឺមិនបានធ្វើឲ្យស្រេចក្នុងថ្ងៃនោះ ក្រាលមិនឡើងជាកឋិន១ សំពត់ជានិស្សគ្គិយៈ (ទុកឲ្យកន្លងរាត្រី) ក្រាលមិនឡើងជាកឋិន១ សំពត់ដែលមិនបានធ្វើពិន្ទុកប្ប ក្រាលមិនឡើងជាកឋិន១ វៀរចាកសង្ឃាដី ក្រាលមិនឡើងជាកឋិន១ វៀរចាកចីពរ ក្រាលមិនឡើងជាកឋិន១ វៀរចាកស្បង់ ក្រាលមិនឡើងជាកឋិន១ វៀរចាកសំពត់ជាបញ្ចក្ខន្ធ ឬលើសពីបញ្ចក្ខន្ធឡើងទៅ ដែលបានកាត់ដាច់ត្រឹមត្រូវ ធ្វើឲ្យមានមណ្ឌលល្អក្នុងថ្ងៃនោះ ក្រាលមិនឡើងជាកឋិន១ វៀរចាកបុគ្គលអ្នកក្រាល ក៏ក្រាលមិនឡើងជាកឋិន១ សំពត់ដែលបុគ្គលក្រាលត្រឹមត្រូវហើយ តែបើភិក្ខុនៅក្រៅសីមា អនុមោទនា កឋិននោះ ក៏មិនឡើងជាកឋិន១។ កឋិនដែលក្រាលមិនឡើង ដោយអាការយ៉ាងនេះឯង។

[២១១] ភិក្ខុធ្វើនិមិត្តថា អាត្មានឹងក្រាលកឋិនដោយសំពត់នេះ ដូច្នេះ ហៅថា ធ្វើនិមិត្ត។ ភិក្ខុធ្វើនូវការនិយាយបញ្ចុះបញ្ចូល ដោយគិតថា អាត្មានឹងឲ្យសំពត់កឋិនកើតឡើង ដោយការនិយាយបញ្ចុះបញ្ចូលដូច្នេះ ហៅថា ការនិយាយបញ្ចុះបញ្ចូល។ សំពត់ដែលគេមិនបានឲ្យដាច់ ហៅថា សំពត់ខ្ចីគេ។ សន្និធិ មាន២យ៉ាងគឺ ករណសន្និធិ មិនធ្វើឲ្យស្រេចក្នុងថ្ងៃនោះ (ទុកធ្វើទៅក្នុងថ្ងៃខាងមុខៗតទៅទៀត)១ និចយសន្និធិ ទុកធ្វើដល់ថ្ងៃស្អែកជាកំណត់១ ហៅថា សន្និធិ។ កាលបើភិក្ខុកំពុងធ្វើ (សំពត់នោះ) អរុណក៏រះឡើង ហៅថា សំពត់ជានិស្សគ្គិយៈ។ កឋិនដែលភិក្ខុក្រាលមិនឡើង ដោយអាការ២៤នេះឯង។

[២១២] ត្រង់ពាក្យថា កឋិនដែលភិក្ខុក្រាលឡើង ដោយអាការដូចម្តេចនោះ សេចក្តីថា កឋិនដែលភិក្ខុក្រាលឡើង ដោយអាការ១៧ គឺសំពត់ថ្មីសុទ្ធ ក្រាលឡើងជាកឋិន១ សំពត់ជំនុំ ក្រាលឡើងជាកឋិន១ សំពត់ចាស់ ក្រាលឡើងជាកឋិន១ សំពត់បំសុកូល ក្រាលឡើងជាកឋិន១ សំពត់ដែលធ្លាក់ទៀបរានផ្សារ ក្រាលឡើងជាកឋិន១ សំពត់ដែលបានមកដោយមិនបានធ្វើនិមិត្ត ក្រាលឡើងជាកឋិន១ សំពត់ដែលបានមកដោយមិនបាននិយាយបញ្ចុះបញ្ចូល ក្រាលឡើងជាកឋិន១ សំពត់ដែលមិនបានខ្ចីគេ ក្រាលឡើងជាកឋិន១ សំពត់ដែលមិនបានធ្វើឲ្យជាសន្និធិ ក្រាលឡើងជាកឋិន១ សំពត់ដែលមិនមែនជានិស្សគ្គិយៈ ក្រាលឡើងជាកឋិន១ សំពត់ដែលបានធ្វើពិន្ទុកប្ប ក្រាលឡើងជាកឋិន១ សង្ឃាដិ ក្រាលឡើងជាកឋិន១ ចីពរ ក្រាលឡើងជាកឋិន១ ស្បង់ ក្រាលឡើងជាកឋិន១ ចីវរជាបញ្ចក្ខន្ធ ឬលើសពីបញ្ចក្ខន្ធឡើងទៅ ដែលបានកាត់ដាច់ត្រឹមត្រូវ ធ្វើឲ្យមានមណ្ឌលល្អក្នុងថ្ងៃនោះ ក្រាលឡើងជាកឋិន១ បុគ្គល ទើបក្រាលឡើងជាកឋិន១ សំពត់ដែលបុគ្គលក្រាលឲ្យត្រឹមត្រូវ (តាមច្បាប់) ទាំងភិក្ខុនៅក្នុងសីមា អនុមោទនា កឋិននោះ ទើបឡើងជាកឋិន១ កឋិនដែលភិក្ខុក្រាលឡើង ដោយអាការយ៉ាងនេះឯង។ កឋិនដែលភិក្ខុក្រាលឡើង ដោយអាការទាំង១៧នេះ។

[២១៣] ធម៌ប៉ុន្មានយ៉ាង ដែលកើតជាមួយនឹងការក្រាលកឋិន។ ធម៌១៥យ៉ាង ដែលកើតជាមួយនឹងការក្រាលកឋិន គឺមាតិកា៨ បលិពោធ២ អានិសង្ស៥។ ធម៌ទាំង១៥នេះឯង ដែលកើតជាមួយនឹងការក្រាលកឋិន។

(កថិនអនន្តរបច្ចយាទិ ទី២)

(២. កថិនអនន្តរបច្ចយាទិ)

[២១៤] ធម៌ប៉ុន្មានយ៉ាង ជាបច្ច័យនៃបយោគ ដោយអនន្តរប្បច្ច័យ ដោយសមនន្តរប្បច្ច័យ ដោយនិស្សយប្បច្ច័យ ដោយឧបនិស្សយប្បច្ច័យ ដោយបុរេជាតប្បច្ច័យ ដោយបច្ឆាជាតប្បច្ច័យ ដោយសហជាតប្បច្ច័យ។ ធម៌ប៉ុន្មានយ៉ាង ជាបច្ច័យនៃបុព្វករណៈ។បេ។ បច្ចុទ្ធារៈ អធិដ្ឋាន ការក្រាល មាតិកា បលិពោធ វត្ថុ ដោយអនន្តរប្បច្ច័យ ដោយសមនន្តរប្បច្ច័យ ដោយនិស្សយប្បច្ច័យ ដោយឧបនិស្សយប្បច្ច័យ ដោយបុរេជាតប្បច្ច័យ ដោយបច្ឆាជាតប្បច្ច័យ ដោយសហជាតប្បច្ច័យ។

[២១៥] បុព្វករណៈ គឺកិរិយាធ្វើមុន មានការលាងចីវរជាដើម ជាបច្ច័យនៃបយោគ គឺកិរិយាប្រកប មានដងទឹកជាដើម ដោយអនន្តរប្បច្ច័យ គឺហេតុជាលំដាប់ទី១ នៃបយោគ ដោយសមនន្តរប្បច្ច័យ គឺហេតុជាលំដាប់ទី២ ដោយនិស្សយប្បច្ច័យ គឺហេតុជាគ្រឿងទ្រទ្រង់ទី៣ ដោយឧបនិស្សយប្បច្ច័យ គឺហេតុជាគ្រឿងទ្រទ្រង់បន្ទាប់គ្នាទី៤។ បយោគ ជាបច្ច័យ នៃបុព្វករណៈ ដោយបុរេជាតប្បច្ច័យ គឺហេតុដែលកើតមុន នៃបុព្វករណៈ។ បុព្វករណៈ ជាបច្ច័យនៃបយោគ ដោយបច្ឆាជាតប្បច្ច័យ គឺហេតុដែលកើតក្រោយនៃបយោគ។ ធម៌ទាំង១៥ប្រការ ជាបច្ច័យ (នៃបយោគ និងបុព្វករណៈ) ដោយសហជាតប្បច្ច័យ គឺបច្ច័យកើតព្រមគ្នានឹងការក្រាលកឋិន។

[២១៦] បច្ចុទ្ធារៈ គឺការដកចីវរ ជាបច្ច័យនៃបុព្វករណៈ ដោយអនន្តរប្បច្ច័យ ដោយសមនន្តរប្បច្ច័យ ដោយនិស្សយប្បច្ច័យ ដោយឧបនិស្សយប្បច្ច័យ។ បុព្វករណៈ ជាបច្ច័យនៃបច្ចុទ្ធារៈ ដោយបុរេជាតប្បច្ច័យ។ បច្ចុទ្ធារៈ ជាបច្ច័យនៃបុព្វករណៈ ដោយបច្ឆាជាតប្បច្ច័យ គឺហេតុដែលកើតក្រោយរបស់បុព្វករណៈ។ ធម៌ទាំង១៥ប្រការ ជាបច្ច័យ (នៃបច្ចុទ្ធារៈ និងបុព្វករណៈ) ដោយសហជាតប្បច្ច័យ។

[២១៧] អធិដ្ឋាន ជាបច្ច័យនៃបុព្វករណៈ ដោយអនន្តរប្បច្ច័យ ដោយសមនន្តរប្បច្ច័យ ដោយនិស្សយប្បច្ច័យ ដោយឧបនិស្សយប្បច្ច័យ។ បច្ចុទ្ធារៈ ជាបច្ច័យនៃអធិដ្ឋាន ដោយបុរេជាតប្បច្ច័យ។ អធិដ្ឋាន ជាបច្ច័យនៃបច្ចុទ្ធារៈ ដោយបច្ឆាជាតប្បច្ច័យ។ ធម៌ទាំង១៥ប្រការ ជាបច្ច័យ (នៃអធិដ្ឋាន និងបច្ចុទ្ធារៈ) ដោយសហជាតប្បច្ច័យ។

[២១៨] ការក្រាល ជាបច្ច័យនៃអធិដ្ឋាន ដោយអនន្តរប្បច្ច័យ ដោយសមនន្តរប្បច្ច័យ ដោយនិស្សយប្បច្ច័យ ដោយឧបនិស្សយប្បច្ច័យ។ អធិដ្ឋាន ជាបច្ច័យនៃការក្រាល ដោយបុរេជាតប្បច្ច័យ។ ការក្រាល ជាបច្ច័យនៃអធិដ្ឋាន ដោយបច្ឆាជាតប្បច្ច័យ។ ធម៌ទាំង១៥ ជាបច្ច័យ (នៃការក្រាល និងអធិដ្ឋាន) ដោយសហជាតប្បច្ច័យ។

[២១៩] មាតិកា និងបលិពោធ ជាបច្ច័យនៃការក្រាល ដោយអនន្តរប្បច្ច័យ ដោយសមនន្តរប្បច្ច័យ ដោយនិស្សយប្បច្ច័យ ដោយឧបនិស្សយប្បច្ច័យ។ ការក្រាល ជាបច្ច័យនៃមាតិកា និងបលិពោធ ដោយបុរេជាតប្បច្ច័យ។ មាតិកា និងបលិពោធ ជាបច្ច័យនៃការក្រាល ដោយបច្ឆាជាតប្បច្ច័យ។ ធម៌ទាំង១៥ ជាបច្ច័យ (នៃមាតិកា បលិពោធ និងការក្រាល) ដោយសហជាតប្បច្ច័យ។

[២២០] សេចក្តីសង្ឃឹម និងសេចក្តីមិនសង្ឃឹម ជាបច្ច័យនៃវត្ថុ ដោយអនន្តរប្បច្ច័យ ដោយសមនន្តរប្បច្ច័យ ដោយនិស្សយប្បច្ច័យ ដោយឧបនិស្សយប្បច្ច័យ។ វត្ថុ ជាបច្ច័យនៃសេចក្តីសង្ឃឹម និងសេចក្តីមិនសង្ឃឹម ដោយបុរេជាតប្បច្ច័យ។ សេចក្តីសង្ឃឹម និងសេចក្តីមិនសង្ឃឹម ជាបច្ច័យនៃវត្ថុ ដោយបច្ឆាជាតប្បច្ច័យ។ ធម៌ទាំង១៥ប្រការ ជាបច្ច័យ (នៃសេចក្តីសង្ឃឹម និងសេចក្តីមិនសង្ឃឹម និងវត្ថុ) ដោយសហជាតប្បច្ច័យ។

(បុព្ពករណនិទានាទិវិភាគៈ ទី៣)

(៣. បុព្ពករណនិទានាទិវិភាគោ)

[២២១] បុព្វករណៈ មានអ្វីជាដើមចម មានអ្វីជាទីតាំងឡើង មានអ្វីជាកំណើត មានអ្វីជាដែនកើត មានអ្វីជាអង្គ មានអ្វីជាសមុដ្ឋាន។ បច្ចុទ្ធារៈ មានអ្វីជាដើមចម មានអ្វីជាទីតាំងឡើង មានអ្វីជាកំណើត មានអ្វីជាដែនកើត មានអ្វីជាអង្គ មានអ្វីជាសមុដ្ឋាន។ អធិដ្ឋាន មានអ្វីជាដើមចម មានអ្វីជាទីតាំងឡើង មានអ្វីជាកំណើត មានអ្វីជាដែនកើត មានអ្វីជាអង្គ មានអ្វីជាសមុដ្ឋាន។ ការក្រាល មានអ្វីជាដើមចម មានអ្វីជាទីតាំងឡើង មានអ្វីជាកំណើត មានអ្វីជាដែនកើត មានអ្វីជាអង្គ មានអ្វីជាសមុដ្ឋាន។ មាតិកា និងបលិពោធ មានអ្វីជាដើមចម មានអ្វីជាទីតាំងឡើង មានអ្វីជាកំណើត មានអ្វីជាដែនកើត មានអ្វីជាអង្គ មានអ្វីជាសមុដ្ឋាន។ សេចក្តីសង្ឃឹម និងសេចក្តីមិនសង្ឃឹម មានអ្វីជាដើមចម មានអ្វីជាទីតាំងឡើង មានអ្វីជាកំណើត មានអ្វីជាដែនកើត មានអ្វីជាអង្គ មានអ្វីជាសមុដ្ឋាន។ បុព្វករណៈ មានបយោគជាដើមចម មានបយោគជាទីតាំងឡើង មានបយោគជាកំណើត មានបយោគជាដែនកើត មានបយោគជាអង្គ មានបយោគជាសមុដ្ឋាន។ បច្ចុទ្ធារៈ មានបុព្វករណៈជាដើមចម មានបុព្វករណៈជាទីតាំងឡើង មានបុព្វករណៈជាកំណើត មានបុព្វករណៈជាដែនកើត មានបុព្វករណៈជាអង្គ មានបុព្វករណៈជាសមុដ្ឋាន។ អធិដ្ឋាន មានបច្ចុទ្ធារៈ ជាដើមចម មានបច្ចុទ្ធារៈជាទីតាំងឡើង មានបច្ចុទ្ធារៈជាកំណើត មានបច្ចុទ្ធារៈជាដែនកើត មានបច្ចុទ្ធារៈជាអង្គ មានបច្ចុទ្ធារៈជាសមុដ្ឋាន។ ការក្រាល មានអធិដ្ឋាន ជាដើមចម មានអធិដ្ឋានជាទីតាំងឡើង មានអធិដ្ឋានជាកំណើត មានអធិដ្ឋានជាដែនកើត មានអធិដ្ឋានជាអង្គ មានអធិដ្ឋានជាសមុដ្ឋាន។ មាតិកា និងបលិពោធ មានការក្រាលជាដើមចម មានការក្រាលជាទីតាំងឡើង មានការក្រាលជាកំណើត មានការក្រាលជាដែនកើត មានការក្រាលជាអង្គ មានការក្រាលជាសមុដ្ឋាន។ សេចក្តីសង្ឃឹម និងសេចក្តីមិនសង្ឃឹម មានវត្ថុជាដើមចម មានវត្ថុជាទីតាំងឡើង មានវត្ថុជាកំណើត មានវត្ថុជាដែនកើត មានវត្ថុជាអង្គ មានវត្ថុជាសមុដ្ឋាន។ បយោគ មានអ្វីជាដើមចម មានអ្វីជាទីតាំងឡើង មានអ្វីជាកំណើត មានអ្វីជាដែនកើត មានអ្វីជាអង្គ មានអ្វីជាសមុដ្ឋាន។ បុព្វករណៈ។បេ។ បច្ចុទ្ធារៈ អធិដ្ឋាន ការក្រាល មាតិកា បលិពោធ វត្ថុ សេចក្តីសង្ឃឹម និងសេចក្តីមិនសង្ឃឹម មានអ្វីជាដើមចម មានអ្វីជាទីតាំងឡើង មានអ្វីជាកំណើត មានអ្វីជាដែនកើត មានអ្វីជាអង្គ មានអ្វីជាសមុដ្ឋាន។ បយោគ មានហេតុជាដើមចម មានហេតុជាទីតាំងឡើង មានហេតុជាកំណើត មានហេតុជាដែនកើត មានហេតុជាអង្គ មានហេតុជាសមុដ្ឋាន។ បុព្វករណៈ។បេ។ បច្ចុទ្ធារៈ អធិដ្ឋាន ការក្រាល មាតិកា បលិពោធ វត្ថុ សេចក្តីសង្ឃឹម និងសេចក្តីមិនសង្ឃឹម មានហេតុជាដើមចម មានហេតុជាទីតាំងឡើង មានហេតុជាកំណើត មានហេតុជាដែនកើត មានហេតុជាអង្គ មានហេតុជាសមុដ្ឋាន។ បយោគ មានអ្វីជាដើមចម មានអ្វីជាទីតាំងឡើង មានអ្វីជាកំណើត មានអ្វីជាដែនកើត មានអ្វីជាអង្គ មានអ្វីជាសមុដ្ឋាន។ បុព្វករណៈ។បេ។ បច្ចុទ្ធារៈ អធិដ្ឋាន ការក្រាល មាតិកា បលិពោធ វត្ថុ សេចក្តីសង្ឃឹម និងសេចក្តីមិនសង្ឃឹម មានអ្វីជាដើមចម មានអ្វីជាទីតាំងឡើង មានអ្វីជាកំណើត មានអ្វីជាដែនកើត មានអ្វីជាអង្គ មានអ្វីជាសមុដ្ឋាន។ បយោគ មានបច្ច័យជាដើមចម មានបច្ច័យជាទីតាំងឡើង មានបច្ច័យជាកំណើត មានបច្ច័យជាដែនកើត មានបច្ច័យជាអង្គ មានបច្ច័យជាសមុដ្ឋាន។ បុព្វករណៈ។បេ។ បច្ចុទ្ធារៈ អធិដ្ឋាន ការក្រាល មាតិកា បលិពោធ វត្ថុ សេចក្តីសង្ឃឹម និងសេចក្តីមិនសង្ឃឹម មានបច្ច័យជាដើមចម មានបច្ច័យជាទីតាំងឡើង មានបច្ច័យជាកំណើត មានបច្ច័យជាដែនកើត មានបច្ច័យជាអង្គ មានបច្ច័យជាសមុដ្ឋាន។

[២២២] បុព្វករណៈ លោកសង្គ្រោះដោយធម៌ប៉ុន្មានយ៉ាង។ បុព្វករណៈ លោកសង្គ្រោះដោយធម៌៧យ៉ាង គឺគក់លាង១ ចាត់ចែងចីវរ១ កាត់១ ដាន១ ដេរ១ ជ្រលក់១ ធ្វើពិន្ទុកប្ប១។ បុព្វករណៈ លោកសង្គ្រោះដោយធម៌៧យ៉ាងនេះ។ បច្ចុទ្ធារៈ លោកសង្គ្រោះដោយធម៌ប៉ុន្មានយ៉ាង។ បច្ចុទ្ធារៈ លោកសង្គ្រោះដោយធម៌៣យ៉ាង គឺសង្ឃាដិ១ ចីពរ១ ស្បង់១។ អធិដ្ឋាន លោកសង្គ្រោះដោយធម៌ប៉ុន្មានយ៉ាង។ អធិដ្ឋាន លោកសង្គ្រោះដោយធម៌៣យ៉ាងគឺ សង្ឃាដិ១ ចីពរ១ ស្បង់១។ ការក្រាល លោកសង្គ្រោះដោយធម៌ប៉ុន្មានយ៉ាង។ ការក្រាល លោកសង្គ្រោះដោយធម៌១គឺ បញ្ចេញវាចា។

[២២៣] មូលរបស់កឋិន មានប៉ុន្មាន វត្ថុរបស់កឋិនមានប៉ុន្មាន ភូមិរបស់កឋិន មានប៉ុន្មាន។ មូលរបស់កឋិន មាន១ គឺសង្ឃ។ វត្ថុរបស់កឋិនមាន៣ គឺសង្ឃាដិ១ ចីពរ១ ស្បង់១។ ភូមិរបស់កឋិន មាន៦យ៉ាង គឺ សំពត់សម្បកឈើ១ សំពត់អំបោះ១ សំពត់សូត្រ១ សំពត់រោមសត្វ១ សំពត់ធ្មៃ១ សំពត់លាយវត្ថុទាំង៥ ខាងដើម១។

[២២៤] កឋិន មានអ្វីជាខាងដើម មានអ្វីជាកណ្តាល មានអ្វីជាខាងចុង។ កឋិន មានបុព្វករណៈ ជាខាងដើម មានកិរិយា គឺបច្ចុទ្ធារៈ និងអធិដ្ឋាន ជាកណ្តាល មានការក្រាលជាខាងចុង។

[២២៥] បុគ្គលប្រកបដោយអង្គប៉ុន្មាន មិនគួរក្រាលកឋិន បុគ្គលប្រកបដោយអង្គប៉ុន្មាន ទើបគួរក្រាលកឋិន។ បុគ្គលដែលប្រកបដោយអង្គ៨ មិនគួរក្រាលកឋិនបានទេ។ បុគ្គលដែលប្រកបដោយអង្គ៨ ទើបគួរក្រាលកឋិនបាន។ បុគ្គលដែលប្រកបដោយអង្គ៨គឺអ្វីខ្លះ ដែលមិនគួរក្រាលកឋិនបាន។ បុគ្គលអ្នកក្រាលមិនចេះបុព្វករណៈ១ មិនចេះបច្ចុទ្ធរៈ (ដកចីវរចាស់)១ មិនចេះអធិដ្ឋាន១ មិនចេះក្រាល១ មិនចេះមាតិកា១ មិនចេះបលិពោធ១ មិនចេះវិធីដកកឋិន១ មិនចេះអានិសង្ស១។ បុគ្គលដែលប្រកបដោយអង្គ៨នេះ មិនគួរនឹងក្រាលកឋិនបានឡើយ។ បុគ្គលដែលប្រកបដោយអង្គ៨ គឺអ្វីខ្លះ ដែលគួរក្រាលកឋិនបាន។ បុគ្គលអ្នកក្រាលចេះបុព្វករណៈ១ ចេះបច្ចុទ្ធារៈ១ ចេះអធិដ្ឋាន១ ចេះក្រាល១ ចេះមាតិកា១ ចេះបលិពោធ១ ចេះវិធីដកកឋិន១ ចេះអានិសង្ស១។ បុគ្គលប្រកបដោយអង្គទាំង៨នេះឯង ទើបគួរក្រាលកឋិនបាន។

(កថិនាទិជានិតព្ពវិភាគៈ ទី៤)

(៤. កថិនាទិជានិតព្ពវិភាគោ)

[២២៦] ការក្រាលកឋិនមិនឡើង មានដល់បុគ្គលប៉ុន្មានពួក ការក្រាលកឋិនឡើង មានដល់បុគ្គលប៉ុន្មានពួក។ ការក្រាលកឋិនមិនឡើង មានដល់បុគ្គល៣ពួក ការក្រាលកឋិនឡើង មានដល់បុគ្គល៣ពួក។ ការក្រាលកឋិនមិនឡើង មានដល់បុគ្គល៣ពួក ដូចម្តេច។ បុគ្គលឋិតនៅក្រៅសីមា អនុមោទនា១ បុគ្គលដែលអនុមោទនា មិនបានបញ្ចេញវាចា១ បុគ្គលដែលបញ្ចេញវាចា តែមិនឲ្យបុគ្គលដទៃដឹងច្បាស់១។ ការក្រាលកឋិនមិនឡើង មានដល់បុគ្គល៣ពួកនេះ។ ការក្រាលកឋិនឡើង មានដល់បុគ្គល៣ពួកដូចម្តេច។ បុគ្គលឋិតនៅក្នុងសីមា អនុមោទនា១ បុគ្គលដែលអនុមោទនាបញ្ចេញវាចា១ បុគ្គលដែលបញ្ចេញវាចា បានញុំាងអ្នកដទៃឲ្យដឹងច្បាស់១។ ការក្រាលកឋិនឡើង មានដល់បុគ្គល៣ពួកនេះ។

[២២៧] ការក្រាលកឋិនមិនឡើង មានប៉ុន្មានយ៉ាង ការក្រាលកឋិនឡើង មានប៉ុន្មានយ៉ាង។ ការក្រាលកឋិនមិនឡើងមាន៣យ៉ាង ការក្រាលកឋិនឡើង មាន៣យ៉ាង។ ការក្រាលកឋិនមិនឡើង មាន៣យ៉ាង គឺអ្វីខ្លះ។ គឺវត្ថុវិបត្តិ១ កាលវិបត្តិ១ ករណវិបត្តិ42) ១។ ការក្រាលកឋិនមិនឡើង មាន៣យ៉ាងនេះ។ ការក្រាលកឋិនឡើង មាន៣យ៉ាង គឺអ្វីខ្លះ។ គឺវត្ថុសម្បត្តិ១ កាលសម្បត្តិ១ ករណសម្បត្តិ១។ ការក្រាលកឋិនឡើង មាន៣យ៉ាងនេះ។

[២២៨] ភិក្ខុគប្បីស្គាល់កឋិន គប្បីស្គាល់ការក្រាលកឋិន គប្បីស្គាល់ខែដែលក្រាលកឋិន គប្បីស្គាល់វិបត្តិនៃការក្រាលកឋិន គប្បីស្គាល់សម្បត្តិនៃការក្រាលកឋិន គប្បីស្គាល់និមិត្តកម្ម គប្បីស្គាល់ពាក្យនិយាយបញ្ចុះបញ្ចូល គប្បីស្គាល់សំពត់ខ្ចីគេ គប្បីស្គាល់សំពត់ដែលជាសន្និធិ គប្បីស្គាល់សំពត់ជានិស្សគ្គិយៈ។

[២២៩] ត្រង់ពាក្យថា ភិក្ខុគប្បីស្គាល់កឋិននោះ សេចក្តីថា ការរួបរួមនឹងកិរិយាប្រជុំនៃធម៌ទាំងឡាយនោះឯង ជានាម ជានាមកម្ម ជានាមបញ្ញត្តិ ជាសំដី ជាគ្រឿងបញ្ជាក់ ជាគ្រឿងប្រកាស នេះជាពាក្យហៅថា កឋិន។ ត្រង់ពាក្យថា គប្បីស្គាល់ខែ ដែលក្រាលកឋិននោះ សេចក្តីថា ត្រូវស្គាល់ខែជាខាងចុងនៃវស្សានរដូវ។ ពាក្យថា គប្បីស្គាល់វិបត្តិនៃការក្រាលកឋិននោះ សេចក្តីថា ត្រូវស្គាល់វិបត្តិនៃការក្រាលកឋិន ដោយអាការ២៤។ ពាក្យថា គប្បីស្គាល់សម្បត្តិនៃការក្រាលកឋិននោះ សេចក្តីថា ត្រូវដឹងសម្បត្តិនៃការក្រាលកឋិន ដោយអាការ១៧។ ពាក្យថា គប្បីដឹងនិមិត្តកម្មនោះ សេចក្តីថា ភិក្ខុធ្វើនិមិត្តកម្មថា អាត្មានឹងក្រាលកឋិន ដោយសំពត់នេះ។ ពាក្យថា គប្បីស្គាល់ពាក្យនិយាយបញ្ចុះបញ្ចូលនោះ សេចក្តីថា ភិក្ខុធ្វើពាក្យបញ្ចុះបញ្ចូលថា អាត្មាអញនឹងធ្វើសំពត់កឋិនឲ្យកើតឡើង ដោយពាក្យបញ្ចុះបញ្ចូលនេះ។ ពាក្យថា គប្បីស្គាល់សំពត់ខ្ចីគេនោះ សេចក្តីថា ត្រូវស្គាល់សំពត់ដែលគេមិនបានឲ្យដាច់។ ពាក្យថា គប្បីស្គាល់សំពត់ដែលជាសន្និធិនោះ សេចក្តីថា ត្រូវស្គាល់សន្និធិមាន២យ៉ាង គឺសន្និធិព្រោះការមិនធ្វើក្នុងថ្ងៃនោះ១ សន្និធិព្រោះទុកដល់ថ្ងៃស្អែក១។ ពាក្យថា គប្បីស្គាល់សំពត់ជានិស្សគ្គិយៈនោះ សេចក្តីថា ភិក្ខុកំពុងធ្វើ (ចីវរ) អរុណក៏រះឡើង។

[២៣០] ត្រង់ពាក្យថា គប្បីស្គាល់ការក្រាលកឋិននោះ សេចក្តីថា បើសំពត់កឋិនកើតឡើងដល់សង្ឃ សង្ឃត្រូវប្រតិបត្តិដូចម្តេច បុគ្គលអ្នកក្រាល ត្រូវប្រតិបត្តិដូចម្តេច អ្នកអនុមោទនា ត្រូវប្រតិបត្តិដូចម្តេច។ សង្ឃគប្បីឲ្យដល់ភិក្ខុអ្នកក្រាលកឋិន ដោយញត្តិទុតិយកម្ម។ ភិក្ខុអ្នកក្រាលកឋិននោះ គប្បីលាង គក់ វាស់ កាត់ ដេរ ជ្រលក់ ធ្វើពិន្ទុកប្ប ហើយក្រាលកឋិនក្នុងថ្ងៃនោះឯង។ បើ (ភិក្ខុអ្នកក្រាល)ចង់ក្រាលកឋិនដោយសង្ឃាដិ ត្រូវដកសង្ឃាដិចាស់ចេញ អធិដ្ឋានសង្ឃាដិថ្មីឡើង គប្បីបញ្ចេញវាចាថា ខ្ញុំក្រាលកឋិនដោយសង្ឃាដិនេះ។ បើចង់ក្រាលកឋិនដោយចីពរ ក៏គប្បីដកចីពរចាស់ចេញ អធិដ្ឋានចីពរថ្មីឡើង គប្បីបញ្ចេញវាចាថា ខ្ញុំក្រាលកឋិនដោយចីពរនេះ។ បើចង់ក្រាលកឋិនដោយស្បង់ ក៏គប្បីដកស្បង់ចាស់ចេញ អធិដ្ឋានស្បង់ថ្មីឡើង គប្បីបញ្ចេញវាចាថា ខ្ញុំក្រាលកឋិនដោយស្បង់នេះ។ ភិក្ខុអ្នកក្រាលកឋិននោះ ត្រូវចូលទៅរកសង្ឃ ធ្វើចីពរឆៀងស្មាម្ខាង ផ្គងអញ្ជលីឡើងពោលដូច្នេះថា បពិត្រព្រះសង្ឃដ៏ចំរើន កឋិនរបស់សង្ឃ ខ្ញុំបានក្រាលហើយ ការក្រាលកឋិន (នេះ) សឹងប្រកបដោយធម៌ សូមលោកម្ចាស់ទាំងឡាយ ទទួលអនុមោទនាចុះ។ ពួកភិក្ខុជាអ្នកអនុមោទនានោះ ត្រូវធ្វើចីពរឆៀងស្មាម្ខាង ផ្គងអញ្ជលីឡើង ពោលយ៉ាងនេះថា ម្នាលលោកដ៏មានអាយុ កឋិនរបស់សង្ឃ លោកដ៏មានអាយុបានក្រាលហើយ ការក្រាលកឋិន (នេះ) ប្រកបដោយធម៌ យើងរាល់គ្នា សូមអនុមោទនា។ ភិក្ខុអ្នកក្រាលកឋិននោះ ចូលទៅរកភិក្ខុច្រើនរូប ធ្វើចីពរឆៀងស្មាម្ខាង ផ្គងអញ្ជលីឡើង រួចពោលយ៉ាងនេះថា បពិត្រលោកម្ចាស់ទាំងឡាយដ៏ចំរើន កឋិនរបស់សង្ឃ ខ្ញុំបានក្រាលហើយ ការក្រាលកឋិន (នេះ) ប្រកបដោយធម៌ សូមលោកម្ចាស់រាល់អង្គ ទទួលអនុមោទនាចុះ។ ពួកភិក្ខុជាអ្នកអនុមោទនានោះ គប្បីធ្វើចីពរឆៀងស្មាម្ខាង ផ្គងអញ្ជលីឡើង រួចពោលយ៉ាងនេះថា ម្នាលអាវុសោ កឋិនរបស់សង្ឃ លោកបានក្រាលហើយ ការក្រាលកឋិន (នេះ) ប្រកបដោយធម៌ យើងរាល់គ្នា សូមអនុមោទនា។ ភិក្ខុអ្នកក្រាលកឋិននោះ គប្បីចូលទៅរកភិក្ខុ១រូប ធ្វើចីពរឆៀងស្មាម្ខាង ផ្គងអញ្ជលីឡើង ពោលយ៉ាងនេះថា ម្នាលអាវុសោ កឋិនរបស់សង្ឃ ខ្ញុំបានក្រាលហើយ ការក្រាលកឋិន (នេះ) ប្រកបដោយធម៌ សូមលោកទទួលអនុមោទនាចុះ។ ភិក្ខុជាអ្នកអនុមោទនានោះ គប្បីធ្វើចីពរឆៀងស្មាម្ខាង ផ្គងអញ្ជលីឡើង ហើយពោលយ៉ាងនេះថា ម្នាលអាវុសោ កឋិនរបស់សង្ឃ លោកបានក្រាលហើយ ការក្រាលកឋិន (នេះ) ប្រកបដោយធម៌ ខ្ញុំសូមទទួលអនុមោទនា។

(បុគ្គលស្សេវកថិនត្ថារៈ ទី៥)

(៥. បុគ្គលស្សេវកថិនត្ថារោ)

[២៣១] សួរថា សង្ឃក្រាលកឋិន គណៈក្រាលកឋិន បុគ្គលក្រាលកឋិន ឡើងឬទេ។ ឆ្លើយថា សង្ឃក្រាលកឋិន មិនឡើង គណៈក្រាលកឋិន ក៏មិនឡើង បុគ្គលក្រាលកឋិន ទើបឡើង។ ព្រោះសង្ឃក្រាលកឋិន ក៏មិនឡើង គណៈក្រាលកឋិន ក៏មិនឡើង បុគ្គលក្រាលកឋិន ទើបឡើង កឋិន សង្ឃក្រាលមិនបានទេ កឋិន គណៈក្រាលមិនបានទេ កឋិន បុគ្គលទើបក្រាលបាន។ សួរថា សង្ឃសំដែងបាតិមោក្ខ គណៈសំដែងបាតិមោក្ខ បុគ្គលសំដែងបាតិមោក្ខ បានឬទេ។ ឆ្លើយថា សង្ឃសំដែងបាតិមោក្ខមិនបាន គណៈសំដែងបាតិមោក្ខ មិនបានទេ បុគ្គលទើបសំដែងបាតិមោក្ខបាន។ ព្រោះថា សង្ឃក៏សំដែងបាតិមោក្ខមិនបាន គណៈក៏សំដែងបាតិមោក្ខមិនបាន បុគ្គល ទើបសំដែងបាតិមោក្ខបាន បាតិមោក្ខ សង្ឃសំដែងមិនបាន បាតិមោក្ខ គណៈសំដែងមិនបានទេ បាតិមោក្ខ បុគ្គលទើបសំដែងបាន។ ប៉ុន្តែ បាតិមោក្ខឈ្មោះថា សង្ឃបានសំដែង បាតិមោក្ខ ឈ្មោះថា គណៈបានសំដែង បាតិមោក្ខឈ្មោះថា បុគ្គលបានសំដែង ព្រោះសង្ឃព្រមព្រៀងគ្នា គណៈក៏ព្រមព្រៀងគ្នា បុគ្គលជាអ្នកសំដែង (យ៉ាងណាមិញ)។ ការក្រាលកឋិន ក៏យ៉ាងនោះដែរ សង្ឃក្រាលកឋិន មិនឡើងទេ គណៈក្រាលកឋិន មិនឡើងទេ បុគ្គលក្រាលកឋិន ទើបឡើង ប៉ុន្តែកឋិនក៏ឈ្មោះថា សង្ឃបានក្រាល កឋិនក៏ឈ្មោះថា គណៈបានក្រាល កឋិនក៏ឈ្មោះថា បុគ្គលបានក្រាល ព្រោះសង្ឃបានអនុមោទនា គណៈបានអនុមោទនា បុគ្គលបានក្រាល។

(បលិពោធបញ្ហាព្យាករណៈ ទី៦)

(៦. បលិពោធបញ្ហាព្យាករណំ)

[២៣២] ការដោះកឋិន មានការចៀសចេញទៅជាកំណត់ ដែលព្រះពុទ្ធជាអាទិច្ចពន្ធុ បានត្រាស់រួចហើយ ខ្ញុំសូមសួរសេចក្តីនេះ នឹងលោកម្ចាស់ថា បលិពោធណាដាច់មុន។ ការដោះកឋិន គឺអស់អំណាចអានិសង្សកឋិន មានការចៀសចេញទៅជាកំណត់ ដែលព្រះពុទ្ធ ជាអាទិច្ចពន្ធុ បានត្រាស់រួចហើយ ខ្ញុំសូមឆ្លើយសេចក្តីនេះ នឹងលោកម្ចាស់ថា ចីវរបលិពោធ ដាច់មុន អាវាសបលិពោធ ដាច់ជាមួយនឹងដំណើរ ដែលភិក្ខុនោះទៅខាងក្រៅសីមា។

[២៣៣] ការដោះកឋិន មានការធ្វើចីវរស្រេចជាកំណត់ ដែលព្រះពុទ្ធជាអាទិច្ចពន្ធុ បានត្រាស់រួចហើយ ខ្ញុំសូមសួរសេចក្តីនេះ នឹងលោកម្ចាស់ថា បលិពោធណាដាច់មុន។ ការដោះកឋិន មានការធ្វើចីវរស្រេចជាកំណត់ ដែលព្រះពុទ្ធជាអាទិច្ចពន្ធុ បានត្រាស់រួចហើយ ខ្ញុំសូមឆ្លើយសេចក្តីនេះ នឹងលោកម្ចាស់ថា អាវាសបលិពោធដាច់មុន កាលបើចីវរសម្រេចហើយ ចីវរបលិពោធទើបដាច់។

[២៣៤] ការដោះកឋិន មានសេចក្តីសន្និដ្ឋានជាកំណត់ ដែលព្រះពុទ្ធជាអាទិច្ចពន្ធុ បានត្រាស់រួចហើយ ខ្ញុំសូមសួរសេចក្តីនេះ នឹងលោកម្ចាស់ថា បលិពោធណាដាច់មុន។ ការដោះកឋិន មានសេចក្តីសន្និដ្ឋានជាកំណត់ ដែលព្រះពុទ្ធជាអាទិច្ចពន្ធុ បានត្រាស់រួចហើយ ខ្ញុំសូមឆ្លើយសេចក្តីនេះ នឹងលោកម្ចាស់ថា បលិពោធទាំងពីរដាច់មិនមុន មិនក្រោយ។

[២៣៥] ការដោះកឋិន មានវិនាសចីវរជាកំណត់ ដែលព្រះមានព្រះភាគជាអាទិច្ចពន្ធុ បានត្រាស់ហើយ ខ្ញុំសូមសួរសេចក្តីនេះ នឹងលោកម្ចាស់ថា បលិពោធណាដាច់មុន។ ការដោះកឋិន មានវិនាសចីវរជាកំណត់ ដែលព្រះមានព្រះភាគជាអាទិច្ចពន្ធុ បានត្រាស់ហើយ ខ្ញុំសូមឆ្លើយសេចក្តីនេះ នឹងលោកម្ចាស់ថា អាវាសបលិពោធដាច់មុន កាលបើចីវរវិនាសទៅ ចីវរបលិពោធទើបដាច់។

[២៣៦] ការដោះកឋិន មានឮដំណឹងជាកំណត់ ដែលព្រះមានព្រះភាគជាអាទិច្ចពន្ធុ បានត្រាស់ហើយ ខ្ញុំសូមសួរសេចក្តីនេះ នឹងលោកម្ចាស់ថា បលិពោធណាដាច់មុន។ ការដោះកឋិន មានឮដំណឹងជាកំណត់ ដែលព្រះមានព្រះភាគ ជាអាទិច្ចពន្ធុ បានត្រាស់ហើយ ខ្ញុំសូមឆ្លើយសេចក្តីនេះ នឹងលោកម្ចាស់ថា ចីវរបលិពោធដាច់មុន អាវាសបលិពោធដាច់ ជាមួយនឹងវេលាដែលភិក្ខុនោះបានឮដំណឹង។

[២៣៧] ការដោះកឋិន មានសេចក្តីអស់សង្ឃឹមជាកំណត់ ដែលព្រះមានព្រះភាគ ជាអាទិច្ចពន្ធុ បានត្រាស់ហើយ ខ្ញុំសូមសួរសេចក្តីនេះ នឹងលោកម្ចាស់ថា បលិពោធណាដាច់មុន។ ការដោះកឋិន មានសេចក្តីអស់សង្ឃឹម ជាកំណត់ ដែលព្រះមានព្រះភាគ ជាអាទិច្ចពន្ធុ បានត្រាស់ហើយ ខ្ញុំសូមឆ្លើយសេចក្តីនេះ នឹងលោកម្ចាស់ថា អាវាសបលិពោធដាច់មុន កាលបើសេចក្តីសង្ឃឹមថានឹងបានចីវរ ផុតអស់ហើយ ចីវរបលិពោធទើបដាច់។

[២៣៨] ការដោះកឋិន មានការកន្លងខែត្រកឋិនជាកំណត់ ដែលព្រះមានព្រះភាគ ជាអាទិច្ចពន្ធុ បានត្រាស់ហើយ ខ្ញុំសូមសួរសេចក្តីនេះ នឹងលោកម្ចាស់ថា បលិពោធណាដាច់មុន។ ការដោះកឋិន មានការកន្លងខែត្រកឋិនជាកំណត់ ដែលព្រះមានព្រះភាគ ជាអាទិច្ចពន្ធុ បានត្រាស់ហើយ ខ្ញុំសូមឆ្លើយសេចក្តីនេះ នឹងលោកម្ចាស់ថា ចីវរបលិពោធដាច់មុន កាលភិក្ខុនោះទៅដល់ក្រៅសីមាហើយ អាវាសបលិពោធទើបដាច់។

[២៣៩] ការដោះកឋិន ជាមួយនឹងភិក្ខុទាំងឡាយ ព្រះមានព្រះភាគ ជាអាទិច្ចពន្ធុ បានត្រាស់ហើយ ខ្ញុំសូមសួរសេចក្តីនេះ នឹងលោកម្ចាស់ថា បលិពោធណាដាច់មុន។ ការដោះកឋិន ជាមួយនឹងភិក្ខុទាំងឡាយ ព្រះមានព្រះភាគ ជាអាទិច្ចពន្ធុ បានត្រាស់ហើយ ខ្ញុំសូមឆ្លើយសេចក្តីនេះ នឹងលោកម្ចាស់ថា បលិពោធទាំងពីរដាច់ មិនមុន មិនក្រោយ។

[២៤០] ការដោះកឋិន ដែលអាស្រ័យនឹងសង្ឃ មានប៉ុន្មាន ការដោះកឋិន ដែលអាស្រ័យនឹងបុគ្គល មានប៉ុន្មាន ការដោះកឋិន ដែលមិនអាស្រ័យនឹងសង្ឃ មិនអាស្រ័យនឹងបុគ្គល មានប៉ុន្មាន។ ការដោះកឋិន ដែលអាស្រ័យនឹងសង្ឃ មាន១ គឺសង្ឃសូត្រដកក្នុងចន្លោះ។ ការដោះកឋិន ដែលអាស្រ័យនឹងបុគ្គល មាន៤យ៉ាង គឺមានកិរិយាចៀសចេញទៅ ជាកំណត់១ មានការធ្វើចីវរស្រេច ជាកំណត់១ មានសេចក្តីសន្និដ្ឋាន ជាកំណត់១ មានការកន្លងខែត្រកឋិន ជាកំណត់១។ ការដោះកឋិន មិនអាស្រ័យនឹងសង្ឃ មិនអាស្រ័យនឹងបុគ្គល មាន៤យ៉ាង គឺមានវិនាសចីវរ ជាកំណត់១ មានឮដំណឹង ជាកំណត់១ មានសេចក្តីអស់សង្ឃឹម ជាកំណត់១ កឋិនដោះជាមួយនឹងភិក្ខុទាំងឡាយ១។

[២៤១] ការដោះកឋិន ដោះខាងក្នុងសីមា មានប៉ុន្មាន ការដោះកឋិន ដោះខាងក្រៅសីមា មានប៉ុន្មាន (ព្រោះ) ការដោះកឋិន ដោះក្នុងសីមាក៏មាន ដោះខាងក្រៅសីមាក៏មាន។ ការដោះកឋិន ដោះក្នុងសីមា មាន២ គឺសង្ឃសូត្រដកក្នុងចន្លោះ១ ដោះជាមួយនឹងភិក្ខុទាំងឡាយ១។ ការដោះកឋិន ដោះខាងក្រៅសីមា មាន៣យ៉ាង គឺមានកិរិយាដើរចៀសចេញទៅ ជាកំណត់១ ឮដំណឹង ជាកំណត់១ មានការកន្លងខែត្រកឋិន ជាកំណត់១។ ការដោះកឋិន ដោះខាងក្នុងសីមាក៏មាន ដោះខាងក្រៅសីមាក៏មាន មាន៤យ៉ាង គឺមានការធ្វើចីវរសម្រេច ជាកំណត់១ មានសេចក្តីសន្និដ្ឋាន ជាកំណត់១ មានការវិនាសចីវរ ជាកំណត់១ មានការអស់សេចក្តីសង្ឃឹម ជាកំណត់១។

[២៤២] ការដោះកឋិន កើតព្រមគ្នា រលត់ព្រមគ្នា មានប៉ុន្មានប្រការ ការដោះកឋិន កើតព្រមគ្នា រលត់ផ្សេងគ្នា មានប៉ុន្មានប្រការ។ ការដោះកឋិន កើតព្រមគ្នា រលត់ព្រមគ្នា មាន២ប្រការ គឺសង្ឃសូត្រដកក្នុងចន្លោះ១ ដោះជាមួយនឹងភិក្ខុទាំងឡាយ១។ ការដោះកឋិន ក្រៅពីនេះ កើតព្រមគ្នា រលត់ផ្សេងគ្នា។

ចប់ កឋិនភេទ។

ឧទ្ទាន គឺបញ្ជីរឿងនៃកឋិនភេទនោះ ដូច្នេះ

[២៤៣]

និយាយអំពីពាក្យសួរថា បុគ្គលដូចម្តេច ដែលឈ្មោះថា បានក្រាលកឋិន និងមិនបានក្រាល១ កឋិនដែលភិក្ខុក្រាលឡើង និងមិនឡើង ដោយអាការដូចម្តេច១ ធម៌១៥ប្រការ១ ធម៌ដែលមាននិទាន មានហេតុ មានបច្ច័យ១ បុព្វករណៈ សង្គ្រោះដោយធម៌៧យ៉ាង១ មូលរបស់កឋិនជាដើម១ ប្រភេទរបស់បុគ្គលទាំង៨ គួរក្រាលកឋិន១ បុគ្គល៣ពួក១ ត្រូវដឹងការក្រាលកឋិនឡើង និងមិនឡើង៣យ៉ាង១ ត្រូវដឹងកិច្ចក្រាលកឋិន១ ភិក្ខុសំដែងបាតិមោក្ខ១ បលិពោធ១ កឋិនដោះ អាស្រ័យនឹងសង្ឃ ឬបុគ្គល១ កឋិនដោះខាងក្រៅ និងខាងក្នុងសីមា១ កឋិនដោះ មានការកើត និងរលត់ព្រមគ្នា ឬផ្សេងគ្នា១។

ចប់ បរិវារៈ។

ឧបាលិបញ្ចកៈ

(ឧបាលិបញ្ចកំ)

(អនិស្សិតវគ្គ ទី១)

(១. អនិស្សិតវគ្គោ)

[២៤៤] សម័យនោះ ព្រះពុទ្ធមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន ជាអារាមរបស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ លំដាប់នោះ ព្រះឧបាលិដ៏មានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ទើបក្រាបថ្វាយបង្គំព្រះមានព្រះភាគ រួចអង្គុយនៅក្នុងទីដ៏សមគួរ។ លុះព្រះឧបាលិដ៏មានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ក៏បានក្រាបបង្គំទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុប្រកបដោយអង្គប៉ុន្មាន មិនត្រូវនៅដោយឥតនិស្ស័យ អស់១ជីវិតបាន។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ មិនត្រូវនៅដោយឥតនិស្ស័យ អស់១ជីវិតបានទេ។ អង្គ៥ តើដូចម្តេច។ គឺភិក្ខុមិនស្គាល់ឧបោសថ១ មិនស្គាល់ឧបោសថកម្ម១ មិនចេះបាតិមោក្ខ១ មិនស្គាល់បាតិមោក្ខុទ្ទេស១ មានវស្សាថយពីប្រាំ១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង មិនត្រូវនៅដោយឥតនិស្ស័យដរាបដល់អស់ជីវិតបានឡើយ។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ គួរនឹងនៅ ដោយឥតនិស្ស័យ អស់១ជីវិតបាន។ អង្គទាំង៥ តើដូចម្តេច។ គឺភិក្ខុស្គាល់ឧបោសថ១ ស្គាល់ឧបោសថកម្ម១ ចេះបាតិមោក្ខ១ ស្គាល់បាតិមោក្ខុទ្ទេស១ មានវស្សាគ្រប់៥ ឬជាង៥វស្សាឡើងទៅ១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង គួរនៅដោយឥតនិស្ស័យ អស់១ជីវិតបាន។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ដទៃទៀត មិនគួរនឹងនៅ ដោយឥតនិស្ស័យ អស់១ជីវិតបានទេ។ អង្គទាំង៥ តើដូចម្តេច។ គឺភិក្ខុមិនស្គាល់បវារណា១ មិនស្គាល់បវារណាកម្ម១ មិនចេះបាតិមោក្ខ១ មិនស្គាល់បាតិមោក្ខុទ្ទេស១ មានវស្សាមិនគ្រប់ប្រាំ១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង មិនគួរនឹងនៅ ដោយឥតនិស្ស័យ អស់១ជីវិតបានឡើយ។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ គួរនឹងនៅដោយឥតនិស្ស័យ អស់១ជីវិតបាន។ អង្គ៥ តើដូចម្តេច។ គឺភិក្ខុស្គាល់បវារណា១ ស្គាល់បវារណាកម្ម១ ចេះបាតិមោក្ខ១ ស្គាល់បាតិមោក្ខុទ្ទេស១ មានវស្សាគ្រប់៥ ឬលើសជាង៥វស្សាឡើងទៅ១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង គួរនឹងនៅ ដោយឥតនិស្ស័យ អស់១ជីវិតបាន។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ដោយឡែកទៀត មិនគួរនឹងនៅ ដោយឥតនិស្ស័យ អស់១ជីវិតបានទេ។ អង្គ៥ តើដូចម្តេច។ គឺភិក្ខុមិនស្គាល់អាបត្តិ និងអនាបត្តិ១ មិនស្គាល់លហុកាបត្តិ និងគរុកាបត្តិ១ មិនស្គាល់សាវសេសាបត្តិ និងអនវសេសាបត្តិ១ មិនស្គាល់ទុដ្ឋុល្លាបត្តិ និងអទុដ្ឋុល្លាបត្តិ១ មានវស្សាថយពីប្រាំ១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង មិនគួរនឹងនៅ ដោយឥតនិស្ស័យ អស់១ជីវិតបានឡើយ។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ គួរនឹងនៅ ដោយឥតនិស្ស័យ អស់១ជីវិតបាន។ អង្គ៥ តើដូចម្តេច។ គឺភិក្ខុស្គាល់អាបត្តិ និងអនាបត្តិ១ ស្គាល់លហុកាបត្តិ និងគរុកាបត្តិ១ ស្គាល់សាវសេសាបត្តិ និងអនវសេសាបត្តិ១ ស្គាល់ទុដ្ឋុល្លាបត្តិ និងអទុដ្ឋុល្លាបត្តិ១ មានវស្សាគ្រប់៥ ឬលើសជាង៥វស្សាឡើងទៅ១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង គួរនឹងនៅ ដោយឥតនិស្ស័យ អស់១ជីវិតបាន។

[២៤៥] ព្រះឧបាលិក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុដែលប្រកបដោយអង្គប៉ុន្មាន មិនត្រូវឲ្យឧបសម្បទា មិនត្រូវឲ្យនិស្ស័យ មិនត្រូវឲ្យសាមណេរបម្រើខ្លួន។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ មិនត្រូវឲ្យឧបសម្បទា មិនត្រូវឲ្យនិស្ស័យ មិនត្រូវឲ្យសាមណេរបម្រើខ្លួនឡើយ។ អង្គ៥ តើដូចម្តេច។ គឺភិក្ខុមិនអាចដើម្បីបម្រើដោយខ្លួនឯង ឬឲ្យគេបម្រើនូវអន្តេវាសិក និងសទ្ធិវិហារិក ដែលមានជម្ងឺ១ មិនអាចដើម្បីរម្ងាប់ដោយខ្លួនឯង ឬឲ្យគេជួយរម្ងាប់ នូវសេចក្តីអផ្សុក១ មិនអាចដើម្បីបន្ទោបង់ដោយខ្លួនឯង ឬឲ្យគេជួយបន្ទោបង់ នូវសេចក្តីសង្ស័យ ដែលកើតឡើងតាមធម្មតា១ ដើម្បីណែនាំក្នុងអភិធម្ម១ ដើម្បីណែនាំក្នុងអភិវិន័យ១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង មិនត្រូវឲ្យឧបសម្បទា មិនត្រូវឲ្យនិស្ស័យ មិនត្រូវឲ្យសាមណេរបម្រើខ្លួនឡើយ។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ ទើបត្រូវឲ្យឧបសម្បទា ត្រូវឲ្យនិស្ស័យ ត្រូវឲ្យសាមណេរបម្រើខ្លួនបាន។ អង្គ៥ តើដូចម្តេច។ គឺភិក្ខុអ្នកអាចដើម្បីបម្រើដោយខ្លួនឯង និងឲ្យគេបម្រើអន្តេវាសិក ឬសទ្ធិវិហារិក ដែលមានជម្ងឺ១ អាចនឹងរម្ងាប់ដោយខ្លួនឯង ឬប្រើគេឲ្យជួយរម្ងាប់ នូវសេចក្តីអផ្សុក១ អាចនឹងបន្ទោបង់ដោយខ្លួនឯង ឬឲ្យគេបន្ទោបង់ នូវសេចក្តីសង្ស័យ ដែលកើតឡើងតាមធម្មតា១ អាចដើម្បីណែនាំក្នុងអភិធម្ម១ ដើម្បីណែនាំក្នុងអភិវិន័យ១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ នេះឯង ទើបត្រូវឲ្យឧបសម្បទា ត្រូវឲ្យនិស្ស័យ ត្រូវឲ្យសាមណេរបម្រើខ្លួនបាន។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ដទៃទៀត ក៏មិនត្រូវឲ្យឧបសម្បទា មិនត្រូវឲ្យនិស្ស័យ មិនត្រូវឲ្យសាមណេរបម្រើខ្លួនដែរ។ អង្គ៥ តើដូចម្តេច។ គឺភិក្ខុមិនអាចដើម្បីនឹងបង្រៀនអន្តេវាសិក ឬសទ្ធិវិហារិក ក្នុងសិក្ខា គឺអភិសមាចារិកវត្ត១ មិនអាចដើម្បីណែនាំក្នុងសិក្ខា គឺអាទិព្រហ្មចរិយៈ១ មិនអាចណែនាំក្នុងអធិសីល១ មិនអាចណែនាំក្នុងអធិចិត្ត១ មិនអាចណែនាំក្នុងអធិប្បញ្ញា១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង មិនត្រូវឲ្យឧបសម្បទា មិនត្រូវឲ្យនិស្ស័យ មិនត្រូវឲ្យសាមណេរបម្រើខ្លួនឡើយ។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ ទើបត្រូវឲ្យឧបសម្បទា ត្រូវឲ្យនិស្ស័យ ត្រូវឲ្យសាមណេរបម្រើខ្លួន។ អង្គ៥ តើដូចម្តេច។ គឺភិក្ខុអាចដើម្បីបង្រៀនអន្តេវាសិក ឬសទ្ធិវិហារិក ក្នុងសិក្ខា គឺអភិសមាចារិកវត្ត១ អាចដើម្បីណែនាំក្នុងសិក្ខា គឺអាទិព្រហ្មចរិយៈ១ អាចដើម្បីណែនាំក្នុងអធិសីល១ អាចដើម្បីណែនាំក្នុងអធិចិត្ត១ អាចដើម្បីណែនាំក្នុងអធិប្បញ្ញា១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង ទើបត្រូវឲ្យឧបសម្បទា ឲ្យនិស្ស័យ ឲ្យសាមណេរបម្រើខ្លួនបាន។

[២៤៦] ព្រះឧបាលិក្រាលបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន សង្ឃត្រូវធ្វើកម្ម ដល់ភិក្ខុដែលប្រកបដោយអង្គប៉ុន្មាន។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ សង្ឃត្រូវធ្វើកម្មដល់ភិក្ខុ ដែលប្រកបដោយអង្គ៥។ អង្គ៥ តើដូចម្តេច។ គឺភិក្ខុមិនខ្មាសបាប១ ភិក្ខុល្ងង់១ មិនមែនជាបកតត្ត១ មានសេចក្តីយល់ខុស១ មានអាជីវវិបត្តិ១។ ម្នាលឧបាលិ សង្ឃត្រូវធ្វើកម្មដល់ភិក្ខុ ដែលប្រកបដោយអង្គ៥នេះឯង។ ម្នាលឧបាលិ សង្ឃត្រូវធ្វើកម្មដល់ភិក្ខុ ដែលប្រកបដោយអង្គ៥ដទៃទៀត។ អង្គ៥ តើដូចម្តេច។ គឺភិក្ខុមានសីលវិបត្តិ ក្នុងអធិសីល១ មានអាចារវិបត្តិ ក្នុងអជ្ឈាចារៈ១ មានទិដ្ឋិវិបត្តិ ក្នុងអតិទិដ្ឋិ១ មានសេចក្តីយល់ខុស១ មានអាជីវវិបត្តិ១។ ម្នាលឧបាលិ សង្ឃត្រូវធ្វើកម្មដល់ភិក្ខុ ដែលប្រកបដោយអង្គ៥នេះឯង។ ម្នាលឧបាលិ សង្ឃត្រូវធ្វើកម្មដល់ភិក្ខុ ដែលប្រកបដោយអង្គ៥ដទៃទៀត។ អង្គ៥ តើដូចម្តេច។ គឺភិក្ខុប្រកបដោយល្បែង ប្រព្រឹត្តទៅតាមកាយ១ ប្រកបដោយល្បែង ប្រព្រឹត្តទៅតាមវាចា១ ប្រកបដោយល្បែង ប្រព្រឹត្តទៅតាមកាយ និងវាចា១ មានសេចក្តីយល់ខុស១ មានអាជីវវិបត្តិ១។ ម្នាលឧបាលិ សង្ឃត្រូវធ្វើកម្មដល់ភិក្ខុ ដែលប្រកបដោយអង្គ៥នេះឯង។ ម្នាលឧបាលិ សង្ឃត្រូវធ្វើកម្មដល់ភិក្ខុ ដែលប្រកបដោយអង្គ៥ដទៃទៀត។ អង្គ៥ តើដូចម្តេច។ គឺភិក្ខុប្រកបដោយអនាចារៈ ប្រព្រឹត្តទៅតាមកាយ១ ប្រកបដោយអនាចារៈ ប្រព្រឹត្តទៅតាមវាចា១ ប្រកបដោយអនាចារៈ ប្រព្រឹត្តទៅតាមកាយ និងវាចា១ មានគំនិតយល់ខុស១ មានអាជីវវិបត្តិ១។ ម្នាលឧបាលិ សង្ឃត្រូវធ្វើកម្មដល់ភិក្ខុ ដែលប្រកបដោយអង្គ៥នេះឯង។ ម្នាលឧបាលិ សង្ឃត្រូវធ្វើកម្មដល់ភិក្ខុ ដែលប្រកបដោយអង្គ៥ដទៃទៀត។ អង្គ៥ តើដូចម្តេច។ គឺភិក្ខុប្រកបដោយកិរិយាបៀតបៀន ដែលប្រព្រឹត្តទៅតាមកាយ១ ប្រកបដោយកិរិយាបៀតបៀន ដែលប្រព្រឹត្តទៅតាមវាចា១ ប្រកបដោយកិរិយាបៀតបៀន ដែលប្រព្រឹត្តទៅតាមកាយ និងវាចា១ មានគំនិតយល់ខុស១ មានអាជីវវិបត្តិ១។ ម្នាលឧបាលិ សង្ឃត្រូវធ្វើកម្មដល់ភិក្ខុ ដែលប្រកបដោយអង្គ៥នេះឯង។ ម្នាលឧបាលិ សង្ឃត្រូវធ្វើកម្មដល់ភិក្ខុ ដែលប្រកបដោយអង្គ៥ដទៃទៀត។ អង្គ៥ តើដូចម្តេច។ គឺភិក្ខុប្រកបដោយការចិញ្ចឹមជីវិតខុស ដោយកាយ១ ប្រកបដោយការចិញ្ចឹមជីវិតខុសដោយវាចា១ ប្រកបដោយការចិញ្ចឹមជីវិតខុស ដោយកាយ និងវាចា១ មានគំនិតយល់ខុស១ មានអាជីវវិបត្តិ១។ ម្នាលឧបាលិ សង្ឃត្រូវធ្វើកម្មដល់ភិក្ខុ ដែលប្រកបដោយអង្គ៥នេះឯង។ ម្នាលឧបាលិ សង្ឃត្រូវធ្វើកម្មដល់ភិក្ខុ ដែលប្រកបដោយអង្គ៥ដទៃទៀត។ អង្គ៥ តើដូចម្តេច។ គឺភិក្ខុត្រូវអាបត្តិហើយ សង្ឃបានធ្វើកម្មរួចហើយ នៅតែឲ្យឧបសម្បទា១ នៅតែឲ្យនិស្ស័យ១ ឲ្យសាមណេរបម្រើខ្លួន១ ត្រេកអរនឹងសេចក្តីសន្មតិ ឲ្យជាអ្នកប្រដៅភិក្ខុនី១ ទុកជាសង្ឃបានសន្មតហើយ ក៏នៅតែទៅប្រដៅភិក្ខុនី១។ ម្នាលឧបាលិ សង្ឃត្រូវធ្វើកម្មដល់ភិក្ខុ ដែលប្រកបដោយអង្គ៥នេះឯង។ ម្នាលឧបាលិ សង្ឃត្រូវធ្វើកម្មដល់ភិក្ខុ ដែលប្រកបដោយអង្គ៥ដោយឡែកទៀត។ អង្គ៥ តើដូចម្តេច។ គឺសង្ឃបានធ្វើកម្ម ដោយអាបត្តិណា ភិក្ខុនោះ នៅតែត្រូវអាបត្តិនោះ១ ភិក្ខុត្រូវអាបត្តិឯទៀត ប្រហែលនឹងអាបត្តិនោះ១ ឬត្រូវអាបត្តិដែលអាក្រក់ជាងអាបត្តិមុននោះ១ ភិក្ខុតិះដៀលកម្ម១ តិះដៀលសង្ឃ ជាអ្នកធ្វើកម្ម១។ ម្នាលឧបាលិ សង្ឃត្រូវធ្វើកម្មដល់ភិក្ខុ ដែលប្រកបដោយអង្គ៥នេះឯង។ ម្នាលឧបាលិ សង្ឃត្រូវធ្វើកម្មដល់ភិក្ខុ ដែលប្រកបដោយអង្គ៥ដោយឡែកទៀត។ អង្គ៥ តើដូចម្តេច។ គឺភិក្ខុពោលតិះដៀលព្រះពុទ្ធ១ ពោលតិះដៀលព្រះធម៌១ ពោលតិះដៀលព្រះសង្ឃ១ មានគំនិតយល់ខុស១ មានអាជីវវិបត្តិ១។ ម្នាលឧបាលិ សង្ឃត្រូវធ្វើកម្មដល់ភិក្ខុ ដែលប្រកបដោយអង្គ៥នេះឯង។

ចប់ អនិស្សិតវគ្គ ទី១។

ឧទ្ទាន គឺបញ្ជីរឿង នៃអនិស្សិតវគ្គ នោះដូច្នេះ

[២៤៧]

និយាយអំពីភិក្ខុមិនស្គាល់ឧបោសថជាដើម១ មិនស្គាល់បវារណាជាដើម១ មិនស្គាល់អាបត្តិ១ ភិក្ខុមិនចេះបម្រើសិស្សឈឺ១ មិនចេះបង្រៀនសិស្ស ក្នុងអភិសមាចារិកវត្ត១ មិនខ្មាសបាប១ មិនចេះណែនាំក្នុងអធិសីល១ ប្រកបដោយល្បែង១ ប្រកបដោយអនាចារៈ១ ប្រកបដោយកិរិយាបៀតបៀន១ ប្រកបដោយការចិញ្ចឹមជីវិតខុស១ សង្ឃធ្វើកម្មដោយអាបត្តិណា ភិក្ខុនោះ នៅតែត្រូវអាបត្តិដដែលនោះ១ ភិក្ខុពោលតិះដៀលព្រះពុទ្ធ១ នេះជាវគ្គសង្គហៈទី១។

(នប្បដិប្បស្សម្ភនវគ្គៈ ទី២)

(២. នប្បដិប្បស្សម្ភនវគ្គោ)

[២៤៨] ព្រះឧបាលិក្រាលបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន សង្ឃមិនត្រូវរម្ងាប់កម្មដល់ភិក្ខុ ដែលប្រកបដោយអង្គប៉ុន្មាន។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ សង្ឃមិនត្រូវរម្ងាប់កម្ម ដល់ភិក្ខុប្រកបដោយអង្គ៥។ អង្គ៥ តើដូចម្តេច។ គឺភិក្ខុត្រូវអាបត្តិហើយ សង្ឃក៏បានធ្វើកម្មហើយ នៅតែឲ្យឧបសម្បទា១ នៅតែឲ្យនិស្ស័យ១ ឲ្យសាមណេរបម្រើខ្លួន១ ត្រេកអរនឹងសេចក្តីសន្មតិ ឲ្យជាអ្នកឲ្យឱវាទ ដល់ភិក្ខុនី១ ទុកជាសង្ឃសន្មតហើយ នៅតែទៅប្រដៅភិក្ខុនី១។ ម្នាលឧបាលិ សង្ឃមិនត្រូវរម្ងាប់កម្ម ដល់ភិក្ខុប្រកបដោយអង្គ៥នេះឯង។ ម្នាលឧបាលិ សង្ឃមិនត្រូវរម្ងាប់កម្ម ដល់ភិក្ខុប្រកបដោយអង្គ៥ដទៃទៀត។ អង្គ៥ តើដូចម្តេច។ គឺសង្ឃបានធ្វើកម្មចំពោះអាបត្តិណា ភិក្ខុនោះ នៅតែត្រូវអាបត្តិនោះទៀត១ ត្រូវអាបត្តិឯទៀត ប្រហែលនឹងអាបត្តិនោះ១ ឬត្រូវអាបត្តិដែលអាក្រក់ជាងអាបត្តិនោះ១ តិះដៀលកម្ម១ តិះដៀលពួកភិក្ខុអ្នកធ្វើកម្ម១។ ម្នាលឧបាលិ សង្ឃមិនត្រូវរម្ងាប់កម្ម ដល់ភិក្ខុប្រកបដោយអង្គ៥នេះឯង។ ម្នាលឧបាលិ សង្ឃមិនត្រូវរម្ងាប់កម្ម ដល់ភិក្ខុប្រកបដោយអង្គ៥ដទៃទៀត។ អង្គ៥ តើដូចម្តេច។ គឺភិក្ខុពោលតិះដៀលព្រះពុទ្ធ១ ពោលតិះដៀលព្រះធម៌១ ពោលតិះដៀលព្រះសង្ឃ១ មានគំនិតយល់ខុស១ មានអាជីវវិបត្តិ១។ ម្នាលឧបាលិ សង្ឃមិនត្រូវរម្ងាប់កម្មដល់ភិក្ខុ ដែលប្រកបដោយអង្គ៥នេះឯង។ ម្នាលឧបាលិ សង្ឃមិនត្រូវរម្ងាប់កម្ម ដល់ភិក្ខុប្រកបដោយអង្គ៥ដទៃទៀត។ អង្គ៥ តើដូចម្តេច។ គឺភិក្ខុមិនមានខ្មាសបាប១ ភិក្ខុល្ងង់១ មិនមែនជាបកតត្ត១ ជាអ្នកធ្វើនូវសេចក្តីញាំញី (អាបត្តិតូចធំ)១ មិនធ្វើឲ្យពេញលេញ ក្នុងវត្តទាំងឡាយ និងសិក្ខា១។ ម្នាលឧបាលិ សង្ឃមិនត្រូវរម្ងាប់កម្ម ដល់ភិក្ខុ ដែលប្រកបដោយអង្គ៥នេះឯង។

[២៤៩] ព្រះឧបាលិក្រាលបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុជាអ្នកចូលទៅកាន់សង្រ្គាម កាលបើចូលទៅរកសង្ឃ ត្រូវតំកល់ធម៌ប៉ុន្មានទុកក្នុងសន្តាន សឹមចូលទៅរកសង្ឃ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ ភិក្ខុជាអ្នកចូលទៅកាន់សង្គ្រាម កាលបើចូលទៅរកសង្ឃ ត្រូវតំកល់ធម៌៥យ៉ាង ទុកក្នុងសន្តាន ហើយសឹមចូលទៅរកសង្ឃ។ ធម៌៥ តើដូចម្តេច។ ម្នាលឧបាលិ ភិក្ខុជាអ្នកចូលទៅកាន់សង្គ្រាម កាលបើចូលទៅរកសង្ឃ ត្រូវមានចិត្តឱនលំទោន សឹមចូលទៅរកសង្ឃ គប្បីជាអ្នកមានចិត្តស្មើ ដោយសំពត់សម្រាប់ជូតធូលី ជាអ្នកឈ្លាសក្នុងអាសនៈ ឈ្លាសក្នុងការអង្គុយ១ មិនត្រូវចូលទៅច្រៀតបៀតពួកភិក្ខុជាថេរៈ មិនត្រូវឃាត់អាសនៈពួកភិក្ខុខ្ចី អង្គុយលើអាសនៈ តាមសមគួរ១ មិនត្រូវជាអ្នកនិយាយពាក្យផ្តេសផ្តាស មិនត្រូវនិយាយតិរច្ឆានកថា១ ត្រូវពោលធម៌ដោយខ្លួនឯង ឬអារាធនាអ្នកដទៃឲ្យពោលធម៌១ មិនត្រូវមើលងាយព្រះអរិយបុគ្គល ដែលលោកគង់ស្ងៀម១ ម្នាលឧបាលិ បើសង្ឃធ្វើកម្មទាំងឡាយ ដែលសង្ឃគប្បីធ្វើដោយសេចក្តីព្រមព្រៀងគ្នា ម្នាលឧបាលិ បើមានភិក្ខុមិនគាប់ចិត្តនឹងកម្មនោះ ភិក្ខុនោះ ត្រូវធ្វើទិដ្ឋិឲ្យច្បាស់ប្រាកដ សឹមដំកល់សាមគ្គី។ សេចក្តីនោះ តើព្រោះហេតុអ្វី។ ព្រោះថា ភិក្ខុនោះ ត្រូវតំកល់សាមគ្គី ដោយគិតថា អាត្មាអញ មិនត្រូវមានខ្លួនបែកអំពីសង្ឃទេ។ ម្នាលឧបាលិ ភិក្ខុជាអ្នកចូលទៅកាន់សង្គ្រាម កាលបើចូលទៅរកសង្ឃ ត្រូវតំកល់ធម៌ទាំង៥នេះ ក្នុងសន្តានសិន សឹមចូលទៅរកសង្ឃ។

[២៥០] ព្រះឧបាលិក្រាលបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុដែលប្រកបដោយអង្គប៉ុន្មាន ពោលក្នុងកណ្តាលជំនុំសង្ឃ នាំមិនឲ្យជនច្រើនគ្នាត្រេកអរផង នាំមិនឲ្យជនច្រើនគ្នាគាប់ចិត្តផង នាំមិនឲ្យជនច្រើនគ្នាចូលចិត្តផង។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ ពោលក្នុងកណ្តាលជំនុំសង្ឃ នាំមិនឲ្យជនច្រើនគ្នាត្រេកអរផង នាំមិនឲ្យជនច្រើនគ្នាគាប់ចិត្តផង នាំមិនឲ្យជនច្រើនគ្នាចូលចិត្តផង។ អង្គ៥ តើដូចម្តេច។ គឺភិក្ខុជាអ្នកនិយាយពាក្យប្រកបដោយលោភៈជាដើម១ ជាអ្នកពោលអាងអ្នកដទៃ១ ជាអ្នកមិនឈ្លាសក្នុងភាសា និងវិនិច្ឆ័យ១ ជាអ្នកមិនចោទភិក្ខុផងគ្នា ឲ្យសមគួរតាមធម៌ សមគួរតាមវិន័យ សមគួរតាមអាបត្តិ១ ជាអ្នកមិនកាត់សេចក្តីឲ្យសមគួរតាមធម៌ ឲ្យសមគួរតាមវិន័យ ឲ្យសមគួរតាមអាបត្តិ១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង និយាយកណ្តាលជំនុំសង្ឃ តែងនាំមិនឲ្យជនច្រើនគ្នាត្រេកអរផង នាំមិនឲ្យជនច្រើនគ្នាគាប់ចិត្តផង នាំមិនឲ្យជនច្រើនគ្នាចូលចិត្តផង។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ កាលនិយាយកណ្តាលជំនុំសង្ឃ តែងនាំឲ្យជនច្រើនគ្នាត្រេកអរផង នាំឲ្យជនច្រើនគ្នាគាប់ចិត្តផង នាំឲ្យជនច្រើនគ្នាចូលចិត្តផង។ អង្គ៥ តើដូចម្តេច។ គឺភិក្ខុជាអ្នកមិននិយាយពាក្យប្រកបដោយលោភៈជាដើម១ មិនពោលអាងអ្នកដទៃ១ ជាអ្នកឈ្លាសក្នុងភាសា និងវិនិច្ឆ័យ១ ជាអ្នកចោទភិក្ខុផងគ្នា ឲ្យសមគួរតាមធម៌ ឲ្យសមគួរតាមវិន័យ ឲ្យសមគួរតាមអាបត្តិ១ ជាអ្នកកាត់សេចក្តីឲ្យសមគួរតាមធម៌ ឲ្យសមគួរតាមវិន័យ ឲ្យសមគួរតាមអាបត្តិ១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង កាលនិយាយក្នុងកណ្តាលជំនុំសង្ឃ តែងនាំឲ្យជនច្រើនគ្នាត្រេកអរផង នាំឲ្យជនច្រើនគ្នាគាប់ចិត្តផង នាំឲ្យជនច្រើនគ្នាចូលចិត្តផង។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ដទៃទៀត កាលនិយាយក្នុងជំនុំសង្ឃ ក៏តែងនាំមិនឲ្យជនច្រើនគ្នាត្រេកអរផង នាំមិនឲ្យជនច្រើនគ្នាពេញចិត្តផង នាំមិនឲ្យជនច្រើនគ្នាចូលចិត្តផង។ អង្គ៥ តើដូចម្តេច។ គឺភិក្ខុជាអ្នកអួតអាង សរសើរលើកបុគ្គលដទៃ១ ជាអ្នកផ្ទញ់ផ្ទាល់គេ១ ប្រកាន់យកហេតុដែលមិនមែនជានិយ្យានិកធម៌១ ឃាត់ហេតុដែលជានិយ្យានិកធម៌១ និយាយពាក្យច្រើនឥតប្រយោជន៍១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង កាលនិយាយក្នុងកណ្តាលជំនុំសង្ឃ តែងនាំមិនឲ្យជនច្រើនគ្នាត្រេកអរផង នាំមិនឲ្យជនច្រើនគ្នាពេញចិត្តផង នាំមិនឲ្យជនច្រើនគ្នាចូលចិត្តផង។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ កាលនិយាយក្នុងកណ្តាលជំនុំសង្ឃ តែងនាំឲ្យជនច្រើនគ្នាត្រេកអរផង នាំឲ្យជនច្រើនគ្នាពេញចិត្តផង នាំឲ្យជនច្រើនគ្នាចូលចិត្តផង។ អង្គ៥ តើដូចម្តេច។ គឺភិក្ខុជាអ្នកមិនអួតអាង សរសើរលើកបុគ្គលដទៃ១ ជាអ្នកមិនផ្ទញ់ផ្ទាល់គេ១ កាន់យកហេតុដែលជានិយ្យានិកធម៌១ ឃាត់ហេតុមិនមែនជានិយ្យានិកធម៌១ មិននិយាយពាក្យដែលឥតប្រយោជន៍ដោយច្រើន១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង កាលនិយាយក្នុងកណ្តាលជំនុំសង្ឃ តែងនាំឲ្យជនច្រើនគ្នាត្រេកអរផង នាំឲ្យជនច្រើនគ្នាពេញចិត្តផង នាំឲ្យជនច្រើនគ្នាចូលចិត្តផង។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ដទៃទៀត កាលនិយាយក្នុងកណ្តាលជំនុំសង្ឃ តែងនាំមិនឲ្យជនច្រើនគ្នាត្រេកអរផង នាំមិនឲ្យជនច្រើនគ្នាពេញចិត្តផង នាំមិនឲ្យជនច្រើនគ្នាចូលចិត្តផង។ អង្គទាំង៥ តើដូចម្តេច។ គឺភិក្ខុជាអ្នកនិយាយសង្កត់សង្កិន (ព្រោះអាស្រ័យមានះ)១ មិនបានសូមឱកាសជាមុន ក៏ស្រាប់តែនិយាយ១ មិនចោទភិក្ខុដទៃឲ្យសមគួរតាមធម៌ ឲ្យសមគួរតាមវិន័យ ឲ្យសមគួរតាមអាបត្តិ១ មិនកាត់សេចក្តីឲ្យសមគួរតាមធម៌ ឲ្យសមគួរតាមវិន័យ ឲ្យសមគួរតាមអាបត្តិ១ មិនព្យាករដោយសមគួរ តាមសេចក្តីយល់របស់ខ្លួន១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង កាលនិយាយក្នុងកណ្តាលជំនុំសង្ឃ តែងនាំមិនឲ្យជនច្រើនគ្នាត្រេកអរផង នាំមិនឲ្យជនច្រើនគ្នាពេញចិត្តផង នាំមិនឲ្យជនច្រើនគ្នាចូលចិត្តផង។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ កាលនិយាយក្នុងកណ្តាលជំនុំសង្ឃ តែងនាំឲ្យជនច្រើនគ្នាត្រេកអរផង នាំឲ្យជនច្រើនគ្នាពេញចិត្តផង នាំឲ្យជនច្រើនគ្នាចូលចិត្តផង។ អង្គ៥ តើដូចម្តេច។ គឺភិក្ខុជាអ្នកពុំបាននិយាយសង្កត់សង្កិន (ព្រោះអាស្រ័យមានះ)១ បានសូមឱកាសជាមុន ទើបនិយាយ១ ចោទភិក្ខុផងគ្នាឲ្យសមគួរតាមធម៌ ឲ្យសមគួរតាមវិន័យ ឲ្យសមគួរតាមអាបត្តិ១ កាត់សេចក្តីឲ្យសមគួរតាមធម៌ ឲ្យសមគួរតាមវិន័យ ឲ្យសមគួរតាមអាបត្តិ១ ព្យាករណ៍តាមសេចក្តីយល់របស់ខ្លួន១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង កាលនិយាយក្នុងកណ្តាលជំនុំសង្ឃ តែងនាំឲ្យជនច្រើនគ្នាត្រេកអរផង នាំឲ្យជនច្រើនគ្នាពេញចិត្តផង នាំឲ្យជនច្រើនគ្នាចូលចិត្តផង។

[២៥១] ព្រះឧបាលិក្រាលបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន អានិសង្សនៃការរៀនវិន័យ មានប៉ុន្មាន។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ អានិសង្សនៃការរៀនវិន័យ មាន៥។ អានិសង្ស៥ តើដូចម្តេច។ គឺភិក្ខុជាអ្នកចេះគ្រប់គ្រងរក្សាសីលក្ខន្ធ របស់ខ្លួនដោយប្រពៃ១ រមែងបានជាទីពឹងនៃពពួកជន ដែលមានសេចក្តីសង្ស័យ១ ជាអ្នកក្លៀវក្លា និយាយកណ្តាលជំនុំសង្ឃ១ ជាអ្នកសង្កត់សង្កិននូវពួកសត្រូវ ដោយសហធម៌បានដោយងាយ១ ជាអ្នកប្រតិបត្តិដើម្បីឲ្យព្រះសទ្ធម្មឋិតឋេរ១។ ម្នាលឧបាលិ អានិសង្សនៃការរៀនវិន័យ មាន៥នេះឯង។

ចប់ នប្បដិប្បស្សម្ភនវគ្គ ទី២។

ឧទ្ទាន គឺបញ្ជីរឿងនៃនប្បដិប្បស្សម្ភនវគ្គ ទី២ នោះដូច្នេះ

[២៥២]

និយាយអំពីភិក្ខុត្រូវអាបត្តិ១ សង្ឃធ្វើកម្មភិក្ខុនោះចំពោះអាបត្តិណា១ ភិក្ខុពោលតិះដៀលព្រះពុទ្ធជាដើម១ មិនខ្មាសបាប១ ចូលទៅកាន់សង្គ្រាម១ និយាយពាក្យប្រកបដោយលោភៈជាដើម១ អួតអាងសរសើរលើកបុគ្គលដទៃ១ ពោលពាក្យសង្កត់សង្កិន១ អានិសង្សនៃការរៀនវិន័យ១។

(វោហារវគ្គ ទី៣)

(៣. វោហារវគ្គោ)

[២៥៣] ព្រះឧបាលិក្រាលបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុប្រកបដោយអង្គប៉ុន្មាន ដែលមិនត្រូវនិយាយក្នុងកណ្តាលជំនុំសង្ឃ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ មិនត្រូវនិយាយក្នុងកណ្តាលជំនុំសង្ឃ។ អង្គ៥ តើដូចម្តេច។ គឺមិនស្គាល់អាបត្តិ១ មិនស្គាល់សមុដ្ឋាននៃអាបត្តិ១ មិនស្គាល់ប្រយោគនៃអាបត្តិ១ មិនស្គាល់ការរម្ងាប់អាបត្តិ១ មិនឈ្លាសក្នុងការវិនិច្ឆ័យអាបត្តិ១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង មិនត្រូវនិយាយក្នុងកណ្តាលជំនុំសង្ឃឡើយ។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ ទើប ត្រូវនិយាយក្នុងកណ្តាលជំនុំសង្ឃបាន។ អង្គ៥ តើដូចម្តេច។ គឺភិក្ខុស្គាល់អាបត្តិ១ ស្គាល់សមុដ្ឋាននៃអាបត្តិ១ ស្គាល់ប្រយោគរបស់អាបត្តិ១ ស្គាល់ការរម្ងាប់អាបត្តិ១ ឈ្លាសក្នុងការវិនិច្ឆ័យអាបត្តិ១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង ទើបត្រូវនិយាយក្នុងកណ្តាលជំនុំសង្ឃបាន។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ដទៃទៀត មិនត្រូវនិយាយក្នុងកណ្តាលជំនុំសង្ឃ។ អង្គ៥ តើដូចម្តេច។ ភិក្ខុមិនស្គាល់អធិករណ៍១ មិនស្គាល់សមុដ្ឋាននៃអធិករណ៍១ មិនស្គាល់ប្រយោគរបស់អធិរកណ៍១ មិនស្គាល់ការរម្ងាប់អធិករណ៍១ មិនឈ្លាសក្នុងការវិនិច្ឆ័យអធិករណ៍១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង មិនត្រូវនិយាយក្នុងកណ្តាលជំនុំសង្ឃឡើយ។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ ទើបត្រូវនិយាយក្នុងកណ្តាលជំនុំសង្ឃបាន។ អង្គ៥ តើដូចម្តេច។ គឺភិក្ខុស្គាល់អធិករណ៍១ ស្គាល់សមុដ្ឋាននៃអធិករណ៍១ ស្គាល់ប្រយោគរបស់អធិករណ៍១ ស្គាល់ការរម្ងាប់អធិករណ៍១ ឈ្លាសក្នុងការវិនិច្ឆ័យអធិករណ៍១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង ទើបត្រូវនិយាយក្នុងកណ្តាលជំនុំសង្ឃបាន។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ដោយឡែកទៀត ក៏មិនត្រូវនិយាយក្នុងកណ្តាលជំនុំសង្ឃដែរ។ អង្គ៥ តើដូចម្តេច។ គឺភិក្ខុជាអ្នកនិយាយសង្កត់សង្កិនគេ១ មិនសូមឱកាសជាមុន ស្រាប់តែនិយាយ១ មិនចោទភិក្ខុផងគ្នាឲ្យសមគួរតាមធម៌ ឲ្យសមគួរតាមវិន័យ ឲ្យសមគួរតាមអាបត្តិ១ មិនកាត់សេចក្តីឲ្យសមគួរតាមធម៌ ឲ្យសមគួរតាមវិន័យ ឲ្យសមគួរតាមអាបត្តិ១ មិនព្យាករតាមសេចក្តីយល់របស់ខ្លួន១។ ម្នាលឧបាលិ ភិក្ខុប្រកបដោយអង្គ៥នេះឯង មិនត្រូវនិយាយក្នុងកណ្តាលជំនុំសង្ឃឡើយ។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ ទើបត្រូវនិយាយក្នុងកណ្តាលជំនុំសង្ឃ។ អង្គ៥ តើដូចម្តេច។ គឺភិក្ខុជាអ្នកមិនពោលសង្កត់សង្កិនគេ១ បានសូមឱកាសជាមុនហើយ ទើបនិយាយ១ ចោទភិក្ខុផងគ្នាឲ្យសមគួរតាមធម៌ ឲ្យសមគួរតាមវិន័យ ឲ្យសមគួរតាមអាបត្តិ១ កាត់សេចក្តីឲ្យសមគួរតាមធម៌ ឲ្យសមគួរតាមវិន័យ ឲ្យសមគួរតាមអាបត្តិ១ ជាអ្នកព្យាករតាមសេចក្តីយល់របស់ខ្លួន១។ ម្នាលឧបាលិ ភិក្ខុប្រកបដោយអង្គ៥នេះឯង ទើបត្រូវនិយាយក្នុងកណ្តាលជំនុំសង្ឃបាន។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ដទៃទៀត ក៏មិនត្រូវនិយាយក្នុងកណ្តាលជំនុំសង្ឃដែរ។ អង្គ៥ តើដូចម្តេច។ គឺភិក្ខុមិនស្គាល់អាបត្តិ និងអនាបត្តិ១ មិនស្គាល់លហុកាបត្តិ និងគរុកាបត្តិ១ មិនស្គាល់សាវសេសាបត្តិ និងអនវសេសាបត្តិ១ មិនស្គាល់ទុដ្ឋុល្លាបត្តិ និងអទុដ្ឋុល្លាបត្តិ១ មិនស្គាល់សប្បដិកម្មាបត្តិ43) និងអប្បដិកម្មាបត្តិ44) ១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង មិនត្រូវនិយាយក្នុងកណ្តាលជំនុំសង្ឃឡើយ។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ ទើបត្រូវនិយាយក្នុងកណ្តាលជំនុំសង្ឃ។ អង្គ៥ តើដូចម្តេច។ គឺភិក្ខុស្គាល់អាបត្តិ និងអនាបត្តិ១ ស្គាល់លហុកាបត្តិ និងគរុកាបត្តិ១ ស្គាល់សាវសេសាបត្តិ និងអនវសេសាបត្តិ១ ស្គាល់ទុដ្ឋុល្លាបត្តិ និងអទុដ្ឋុល្លាបត្តិ១ ស្គាល់សប្បដិកម្មាបត្តិ និងអប្បដិកម្មាបត្តិ១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង ទើបត្រូវនិយាយក្នុងកណ្តាលជំនុំសង្ឃបាន។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ដទៃទៀត មិនត្រូវនិយាយក្នុងកណ្តាលជំនុំសង្ឃឡើយ។ អង្គ៥ តើដូចម្តេច។ គឺភិក្ខុមិនស្គាល់កម្ម (៧ប្រការ45) មានតជ្ជនីយកម្មជាដើម)១ មិនស្គាល់ការធ្វើកម្ម១ មិនស្គាល់វត្ថុរបស់កម្ម១ មិនស្គាល់វត្តរបស់កម្ម១ មិនស្គាល់ការរម្ងាប់របស់កម្ម១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង មិនត្រូវនិយាយក្នុងកណ្តាលជំនុំសង្ឃឡើយ។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ ទើបត្រូវនិយាយក្នុងកណ្តាលជំនុំសង្ឃបាន។ អង្គ៥ តើដូចម្តេច។ គឺភិក្ខុស្គាល់កម្ម១ ស្គាល់ការធ្វើកម្ម១ ស្គាល់វត្ថុរបស់កម្ម១ ស្គាល់វត្តរបស់កម្ម១ ស្គាល់ការរម្ងាប់របស់កម្ម១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង ទើបត្រូវនិយាយក្នុងកណ្តាលជំនុំសង្ឃបាន។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ដទៃទៀត មិនត្រូវនិយាយក្នុងកណ្តាលជំនុំសង្ឃ។ អង្គ៥ តើដូចម្តេច។ គឺភិក្ខុមិនស្គាល់វត្ថុ (នៃអាបត្តិទាំង៧)១ មិនស្គាល់និទាន គឺរឿងរ៉ាវដែលទ្រង់បញ្ញត្តសិក្ខាបទ១ មិនស្គាល់បញ្ញត្តិ១ មិនស្គាល់សេចក្តីខាងចុង ខាងដើមបទ46) ១ មិនស្គាល់គន្លងពាក្យដែលជាប់តគ្នា១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង មិនត្រូវនិយាយក្នុងកណ្តាលជំនុំសង្ឃឡើយ។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ ទើបត្រូវនិយាយក្នុងកណ្តាលជំនុំសង្ឃបាន។ អង្គ៥ តើដូចម្តេច។ គឺភិក្ខុស្គាល់វត្ថុ១ ស្គាល់និទាន១ ស្គាល់បញ្ញត្តិ១ ស្គាល់សេចក្តីខាងចុង និងខាងដើមបទ១ ស្គាល់គន្លងពាក្យដែលជាប់តគ្នា១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង ទើបត្រូវនិយាយក្នុងកណ្តាលជំនុំសង្ឃបាន។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ដទៃទៀត ក៏មិនត្រូវនិយាយក្នុងកណ្តាលជំនុំសង្ឃដែរ។ អង្គ៥ តើដូចម្តេច។ គឺភិក្ខុលំអៀងទៅខាងឆន្ទាគតិ១ លំអៀងទៅខាងទោសាគតិ១ លំអៀងទៅខាងមោហាគតិ១ លំអៀងទៅខាងភយាគតិ១ មិនខ្មាសបាប១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង មិនត្រូវនិយាយក្នុងកណ្តាលជំនុំសង្ឃឡើយ។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ ទើបត្រូវនិយាយក្នុងកណ្តាលជំនុំសង្ឃបាន។ អង្គ៥ តើដូចម្តេច។ គឺភិក្ខុមិនលំអៀងទៅខាងឆន្ទាគតិ១ មិនលំអៀងទៅខាងទោសាគតិ១ មិនលំអៀងទៅខាងមោហាគតិ១ មិនលំអៀងទៅខាងភយាគតិ១ មានសេចក្តីខ្មាសបាប១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង ទើបត្រូវនិយាយក្នុងកណ្តាលជំនុំសង្ឃបាន។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ដទៃទៀត ក៏មិនត្រូវនិយាយក្នុងកណ្តាលជំនុំសង្ឃ។ អង្គ៥ តើដូចម្តេច។ គឺភិក្ខុលំអៀងទៅខាងឆន្ទាគតិ១ លំអៀងទៅខាងទោសាគតិ១ លំអៀងទៅខាងមោហាគតិ១ លំអៀងទៅខាងភយាគតិ១ មិនឈ្លាសក្នុងវិន័យ១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង មិនត្រូវនិយាយក្នុងកណ្តាលជំនុំសង្ឃឡើយ។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ ទើបត្រូវនិយាយក្នុងកណ្តាលជំនុំសង្ឃបាន។ អង្គ៥ តើដូចម្តេច។ គឺភិក្ខុមិនលំអៀងទៅខាងឆន្ទាគតិ១ មិនលំអៀងទៅខាងទោសាគតិ១ មិនលំអៀងទៅខាងមោហាគតិ១ មិនលំអៀងទៅខាងភយាគតិ១ ជាអ្នកឈ្លាសក្នុងវិន័យ១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង ទើបត្រូវនិយាយក្នុងកណ្តាលជំនុំសង្ឃបាន។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ដទៃទៀត ក៏មិនត្រូវនិយាយក្នុងកណ្តាលជំនុំសង្ឃដែរ។ អង្គ៥ តើដូចម្តេច។ គឺភិក្ខុមិនស្គាល់ញត្តិ១ មិនស្គាល់ការធ្វើដោយញត្តិ១ មិនស្គាល់វិធីសូត្រដោយញត្តិ១ មិនស្គាល់សមថៈដោយញត្តិ១ មិនស្គាល់ការរម្ងាប់ដោយញត្តិ១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង មិនត្រូវនិយាយក្នុងកណ្តាលជំនុំសង្ឃឡើយ។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ ទើបត្រូវនិយាយក្នុងកណ្តាលជំនុំសង្ឃបាន។ អង្គ៥ តើដូចម្តេច។ គឺភិក្ខុស្គាល់ញត្តិ១ ស្គាល់ការធ្វើដោយញត្តិ១ ស្គាល់វិធីសូត្រដោយញត្តិ១ ស្គាល់សមថៈដោយញត្តិ១ ស្គាល់ការរម្ងាប់ដោយញត្តិ១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង ទើបត្រូវនិយាយក្នុងកណ្តាលជំនុំសង្ឃបាន។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ដទៃទៀត ក៏មិនត្រូវនិយាយក្នុងកណ្តាលជំនុំសង្ឃដែរ។ អង្គ៥ តើដូចម្តេច។ គឺភិក្ខុមិនចេះសុត្តៈ គឺឧភតោវិភង្គ១ មិនចេះសុត្តានុលោម គឺមហាបទេសទាំងបួន១ មិនចេះវិន័យ គឺខន្ធកៈ និងបរិវារៈ១ មិនចេះវិនយានុលោម គឺមហាបទេសទាំងបួន១ មិនឈ្លាសក្នុងហេតុដែលគួរ និងមិនគួរ១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង មិនត្រូវនិយាយក្នុងកណ្តាលជំនុំសង្ឃឡើយ។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ ទើបត្រូវនិយាយក្នុងកណ្តាលជំនុំសង្ឃបាន។ អង្គ៥ តើដូចម្តេច។ គឺភិក្ខុចេះសុត្តៈ១ ចេះសុត្តានុលោម១ ចេះវិន័យ១ ចេះវិនយានុលោម១ ឈ្លាសក្នុងហេតុដែលគួរ និងមិនគួរ១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង ទើបត្រូវនិយាយក្នុងកណ្តាលជំនុំសង្ឃបាន។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ដទៃទៀត ក៏មិនត្រូវនិយាយក្នុងកណ្តាលជំនុំសង្ឃដែរ។ អង្គ៥ តើដូចម្តេច។ គឺភិក្ខុមិនចេះធម៌១ មិនចេះធម្មានុលោម គឺមហាបទេស ប៉ែកខាងព្រះសូត្រ១ មិនចេះវិន័យ១ មិនចេះវិនយានុលោម១ មិនឈ្លាសក្នុងពាក្យខាងដើម និងពាក្យខាងចុង១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង មិនត្រូវនិយាយក្នុងកណ្តាលជំនុំសង្ឃឡើយ។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ ទើបត្រូវនិយាយក្នុងកណ្តាលជំនុំសង្ឃបាន។ អង្គ៥ តើដូចម្តេច។ គឺភិក្ខុចេះធម៌១ ចេះធម្មានុលោម១ ចេះវិន័យ១ ចេះវិនយានុលោម១ ឈ្លាសក្នុងពាក្យខាងដើម និងពាក្យខាងចុង១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង ទើបត្រូវនិយាយក្នុងកណ្តាលជំនុំសង្ឃបាន។

ចប់ វោហារវគ្គ ទី៣។

ឧទ្ទាន គឺបញ្ជីរឿងនៃវោហារវគ្គទី៣ នោះដូច្នេះ

[២៥៤]

និយាយអំពីភិក្ខុមិនស្គាល់អាបត្តិ១ មិនស្គាល់អធិករណ៍១ និយាយសង្កត់សង្កិនគេ១ ស្គាល់អាបត្តិ១ មិនស្គាល់កម្ម១ មិនស្គាល់វត្ថុ១ មិនខ្មាសបាប១ មិនឈ្លាស១ មិនដឹងញត្តិ១ មិនចេះសុត្តៈ១ មិនចេះធម៌១ (ទាំងនេះ) សង្គ្រោះដោយវោហារវគ្គទី៣។

(ទិដ្ឋាវិកម្មវគ្គ ទី៤)

(៤. ទិដ្ឋាវិកម្មវគ្គោ)

[២៥៥] ព្រះឧបាលិក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន ការប្រាប់សេចក្តីយល់ឃើញ (ការសំដែងអាបត្តិ) មិនប្រកបដោយធម៌មានប៉ុន្មានយ៉ាង។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ ការប្រាប់សេចក្តីយល់ឃើញមិនប្រកបដោយធម៌នេះ មាន៥យ៉ាង។ ៥យ៉ាង គឺអ្វីខ្លះ។ គឺភិក្ខុប្រាប់សេចក្តីយល់ឃើញ ដោយមិនមានអាបត្តិ១ ប្រាប់សេចក្តីយល់ឃើញ ដោយអាបត្តិ មិនមែនជាទេសនាគាមិនី១ ប្រាប់សេចក្តីយល់ឃើញ ដោយអាបត្តិ ដែលសំដែងហើយ១ ប្រាប់សេចក្តីយល់ឃើញជាមួយនឹងភិក្ខុ៤រូប ឬ៥រូប47) ១ ប្រាប់សេចក្តីយល់ឃើញដោយគិតតែក្នុងចិត្ត (សំដែងអាបត្តិដោយមិនបញ្ចេញវចីភេទ)១។ ម្នាលឧបាលិ ការប្រាប់សេចក្តីយល់ឃើញមិនប្រកបដោយធម៌ មាន៥យ៉ាងនេះឯង។ ម្នាលឧបាលិ ការប្រាប់សេចក្តីយល់ឃើញប្រកបដោយធម៌នេះ មាន៥យ៉ាង។ ៥យ៉ាង គឺអ្វីខ្លះ។ គឺភិក្ខុប្រាប់សេចក្តីយល់ឃើញ ដោយមានអាបត្តិ១ ប្រាប់សេចក្តីយល់ឃើញ ដោយអាបត្តិ ជាទេសនាគាមិនី១ ប្រាប់សេចក្តីយល់ឃើញដោយអាបត្តិ ដែលមិនទាន់សំដែង១ ប្រាប់សេចក្តីយល់ឃើញ មិនមែនជាមួយនឹងភិក្ខុ៤រូប ឬ៥រូប១ ប្រាប់សេចក្តីយល់ឃើញដោយមិនបានគិតតែក្នុងចិត្ត១។ ម្នាលឧបាលិ ការប្រាប់សេចក្តីយល់ឃើញប្រកបដោយធម៌ មាន៥យ៉ាងនេះឯង។ ម្នាលឧបាលិ ការប្រាប់សេចក្តីយល់ឃើញ មិនប្រកបដោយធម៌ មាន៥យ៉ាងដទៃទៀត។ ៥យ៉ាង គឺអ្វីខ្លះ។ គឺភិក្ខុប្រាប់សេចក្តីយល់ឃើញ ក្នុងសំណាក់ភិក្ខុមានសំវាសផ្សេងគ្នា១ ប្រាប់សេចក្តីយល់ឃើញ ក្នុងសំណាក់ភិក្ខុដែលឋិតនៅ ក្នុងសីមាផ្សេងគ្នា48) ១ ប្រាប់សេចក្តីយល់ឃើញ ក្នុងសំណាក់ភិក្ខុមិនមែនជាបកតត្ត១ ប្រាប់សេចក្តីយល់ឃើញជាមួយនឹងភិក្ខុ៤រូប ឬ៥រូប១ ប្រាប់សេចក្តីយល់ឃើញដោយគិតតែក្នុងចិត្ត១។ ម្នាលឧបាលិ ការប្រាប់សេចក្តីយល់ឃើញ មិនប្រកបដោយធម៌ មាន៥យ៉ាងនេះឯង។ ម្នាលឧបាលិ ការប្រាប់សេចក្តីយល់ឃើញ ប្រកបដោយធម៌នេះ មាន៥យ៉ាង។ ៥យ៉ាង គឺអ្វីខ្លះ។ គឺភិក្ខុប្រាប់សេចក្តីយល់ឃើញ ក្នុងសំណាក់ភិក្ខុមានសំវាសស្មើគ្នា១ ប្រាប់សេចក្តីយល់ឃើញ ក្នុងសំណាក់ភិក្ខុដែលឋិតនៅ ក្នុងសីមាជាមួយគ្នា១ ប្រាប់សេចក្តីយល់ឃើញ ក្នុងសំណាក់ភិក្ខុជាបកតត្ត១ ប្រាប់សេចក្តីយល់ឃើញ មិនមែនជាមួយនឹងភិក្ខុ៤រូប ឬ៥រូប១ ប្រាប់សេចក្តីយល់ឃើញដោយមិនគិតតែក្នុងចិត្ត១។ ម្នាលឧបាលិ ការប្រាប់សេចក្តីយល់ឃើញ ប្រកបដោយធម៌ មាន៥យ៉ាងនេះឯង។

[២៥៦] ព្រះឧបាលិក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន ការទទួលប្រគេន មិនប្រកបដោយធម៌ មានប៉ុន្មានយ៉ាង។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ ការទទួលប្រគេន មិនប្រកបដោយធម៌នេះ មាន៥យ៉ាង។ ៥យ៉ាង គឺអ្វីខ្លះ។ គឺគេប្រគេនវត្ថុដោយកាយ ភិក្ខុមិនបានទទួលដោយកាយ១ គេប្រគេនវត្ថុដោយកាយ ភិក្ខុមិនបានទទួលដោយវត្ថុជាប់នឹងកាយ១ គេប្រគេនដោយវត្ថុជាប់នឹងកាយ ភិក្ខុមិនបានទទួលដោយកាយ១ គេប្រគេនវត្ថុដោយវត្ថុជាប់នឹងកាយ ភិក្ខុមិនបានទទួលដោយវត្ថុជាប់នឹងកាយ១ គេប្រគេនវត្ថុដោយបោះមកឲ្យ ភិក្ខុមិនបានទទួលដោយកាយ ឬដោយវត្ថុជាប់នឹងកាយ១។ ម្នាលឧបាលិ ការទទួលប្រគេន មិនប្រកបដោយធម៌ មាន៥យ៉ាងនេះឯង។ ម្នាលឧបាលិ ការទទួលប្រគេន ប្រកបដោយធម៌នេះ មាន៥យ៉ាង។ ៥យ៉ាង គឺអ្វីខ្លះ។ គឺគេប្រគេនវត្ថុដោយកាយ ភិក្ខុបានទទួលដោយកាយ១ គេប្រគេនវត្ថុដោយកាយ ភិក្ខុបានទទួលដោយវត្ថុជាប់នឹងកាយ១ គេប្រគេនវត្ថុដោយវត្ថុជាប់នឹងកាយ ភិក្ខុបានទទួលដោយកាយ១ គេប្រគេនវត្ថុដោយវត្ថុជាប់នឹងកាយ ភិក្ខុបានទទួលដោយវត្ថុជាប់នឹងកាយ១ គេប្រគេនវត្ថុដោយបោះមកឲ្យ ភិក្ខុបានទទួលដោយកាយ ឬដោយវត្ថុជាប់នឹងកាយ១។ ម្នាលឧបាលិ ការទទួលប្រគេន ប្រកបដោយធម៌ មាន៥យ៉ាងនេះឯង។

[២៥៧] ព្រះឧបាលិក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន អនតិរិត្តភោជន (ភោជនដែលភិក្ខុមិនបានធ្វើវិនយកម្ម) មានប៉ុន្មាន។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ អនតិរិត្តភោជននេះ មាន៥យ៉ាង។ ៥យ៉ាង គឺអ្វីខ្លះ។ គឺវត្ថុដែលមិនគួរធ្វើវិនយកម្ម១ វត្ថុដែលភិក្ខុមិនបានទទួលប្រគេនយកទៅធ្វើវិនយកម្ម១ វត្ថុដែលភិក្ខុដទៃ មិនបានលើកឡើងធ្វើវិនយកម្ម១ វត្ថុដែលភិក្ខុមិនបានឋិតនៅក្នុងហត្ថបាស ធ្វើវិនយកម្ម១ វត្ថុដែលភិក្ខុមិនបាននិយាយថា របស់ទាំងអស់នេះគួរ១។ ម្នាលឧបាលិ អនតិរិត្តភោជននេះ មាន៥យ៉ាង។ ៥យ៉ាង គឺអ្វីខ្លះ។ គឺវត្ថុដែលគួរធ្វើវិនយកម្ម១ វត្ថុដែលភិក្ខុបានទទួលប្រគេនយកទៅធ្វើវិនយកម្ម១ វត្ថុដែលភិក្ខុបានលើកឡើងធ្វើវិនយកម្ម១ វត្ថុដែលភិក្ខុឋិតនៅក្នុងហត្ថបាស ធ្វើវិនយកម្ម១ វត្ថុដែលភិក្ខុនិយាយថា របស់ទាំងអស់នេះគួរ១។ ម្នាលឧបាលិ អនតិរិត្តភោជន មាន៥យ៉ាងនេះឯង។

[២៥៨] ព្រះឧបាលិទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន ការហាមភោជន ប្រាកដដោយអាការប៉ុន្មាន។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ ការហាមភោជន ប្រាកដដោយអាការ៥យ៉ាង។ អាការ៥យ៉ាង គឺអ្វីខ្លះ។ គឺការកំពុងឆាន់ប្រាកដ១ ភោជនប្រាកដ១ បុគ្គលឋិតនៅក្នុងហត្ថបាស១ បង្អោនមកប្រគេន១ ការហាមឃាត់ប្រាកដ១។ ម្នាលឧបាលិ ការហាមភោជនប្រាកដដោយអាការ៥យ៉ាងនេះឯង។

[២៥៩] ព្រះឧបាលិក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន បដិញ្ញាតករណៈ (ការកាត់អាបត្តិតាមប្តេជ្ញា) មិនប្រកបដោយធម៌ មានប៉ុន្មានយ៉ាង។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ បដិញ្ញាតករណៈ មិនប្រកបដោយធម៌នេះ មាន៥យ៉ាង។ ៥យ៉ាង គឺអ្វីខ្លះ។ គឺភិក្ខុជាអ្នកត្រូវបារាជិក ហើយគេចោទដោយបារាជិក តែប្តេជ្ញាថា ត្រូវសង្ឃាទិសេសទៅវិញ សង្ឃក៏កាត់សេចក្តីភិក្ខុនោះ ដោយសង្ឃាទិសេស (នេះ) ជាបដិញ្ញាតករណៈ មិនប្រកបដោយធម៌ ភិក្ខុជាអ្នកត្រូវបារាជិក ហើយគេចោទដោយអាបត្តិបារាជិក តែប្តេជ្ញាថា ត្រូវបាចិត្តិយៈ ឬបាដិទេសនីយៈ ឬទុក្កដទៅវិញ សង្ឃកាត់សេចក្តីភិក្ខុនោះ ដោយទុក្កដ (នេះ) ជាបដិញ្ញាតករណៈ មិនប្រកបដោយធម៌ ភិក្ខុជាអ្នកត្រូវអាបត្តិសង្ឃាទិសេស ឬបាចិត្តិយៈ ឬបាដិទេសនីយៈ ឬទុក្កដ ហើយគេចោទដោយទុក្កដ តែប្តេជ្ញាថា ត្រូវបារាជិកទៅវិញ សង្ឃបានកាត់សេចក្តីភិក្ខុនោះ ដោយបារាជិក (នេះ) ជាបដិញ្ញាតករណៈ មិនប្រកបដោយធម៌ ភិក្ខុជាអ្នកត្រូវទុក្កដ ហើយគេចោទដោយទុក្កដ តែប្តេជ្ញាថា ត្រូវសង្ឃាទិសេស ឬបាចិត្តិយៈ ឬបាដិទេសនីយៈទៅវិញ សង្ឃបានកាត់សេចក្តីភិក្ខុនោះ ដោយបាដិទេសនីយៈ (នេះ) ជាបដិញ្ញាតករណៈ មិនប្រកបដោយធម៌។ ម្នាលឧបាលិ បដិញ្ញាតករណៈ មិនប្រកបដោយធម៌ មាន៥យ៉ាងនេះឯង។ ម្នាលឧបាលិ បដិញ្ញាតករណៈ ប្រកបដោយធម៌នេះ មាន៥យ៉ាង។ ៥យ៉ាង គឺអ្វីខ្លះ។ គឺភិក្ខុជាអ្នកត្រូវបារាជិក ហើយគេចោទដោយបារាជិក ក៏ប្តេជ្ញាថា ត្រូវបារាជិកមែន សង្ឃបានកាត់សេចក្តីភិក្ខុនោះ ដោយបារាជិក (នេះ) ជាបដិញ្ញាតករណៈ ប្រកបដោយធម៌ ភិក្ខុជាអ្នកត្រូវសង្ឃាទិសេស ឬបាចិត្តិយៈ ឬបាដិទេសនីយៈ ឬទុក្កដ ហើយគេចោទដោយទុក្កដ ក៏ប្តេជ្ញាថា ត្រូវទុក្កដមែន សង្ឃក៏បានកាត់សេចក្តីភិក្ខុនោះ ដោយទុក្កដ (នេះ) ជាបដិញ្ញាតករណៈ ប្រកបដោយធម៌។ ម្នាលឧបាលិ បដិញ្ញាតករណៈ ប្រកបដោយធម៌ មាន៥យ៉ាងនេះឯង។

[២៦០] ព្រះឧបាលិក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុដែលប្រកបដោយអង្គប៉ុន្មាន កាលបើសូមឱកាសកម្ម (ដើម្បីចោទ) មិនគួរភិក្ខុដទៃបើកឱកាសកម្មឲ្យ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ កាលបើសូមឱកាសកម្ម មិនគួរភិក្ខុដទៃបើកឱកាសកម្មឲ្យទេ។ អង្គ៥ គឺអ្វីខ្លះ។ គឺភិក្ខុមិនមានសេចក្តីខ្មាសបាប១ ជាភិក្ខុល្ងង់១ ជាភិក្ខុមិនមែនជាបកតត្ត១ ជាភិក្ខុនិយាយដោយប្រាថ្នាដើម្បីឲ្យភិក្ខុដទៃឃ្លាត (ចាកសាសនា)១ មិនប្រាថ្នានឹងចេញចាកអាបត្តិ១។ ម្នាលឧបាលិ ភិក្ខុប្រកបដោយអង្គ៥នេះឯង កាលបើសូមឱកាសកម្ម មិនគួរភិក្ខុដទៃបើកឱកាសកម្មឲ្យទេ។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ កាលបើសូមឱកាសកម្ម ទើបគួរភិក្ខុដទៃបើកឱកាសកម្មឲ្យ។ អង្គ៥ គឺអ្វីខ្លះ។ គឺភិក្ខុមានសេចក្តីខ្មាសបាប១ ជាបណ្ឌិត១ ជាភិក្ខុបកតត្ត១ ជាភិក្ខុនិយាយដោយប្រាថ្នាឲ្យភិក្ខុដទៃចេញចាកអាបត្តិ១ មិនប្រាថ្នាឲ្យភិក្ខុដទៃឃ្លាត (ចាកសាសនា)១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង កាលបើសូមឱកាសកម្ម ទើបគួរភិក្ខុដទៃបើកឱកាសកម្មឲ្យបាន។

[២៦១] ព្រះឧបាលិក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុប្រកបដោយអង្គប៉ុន្មាន ដែលភិក្ខុដទៃ មិនគួរសាកច្ឆាវិន័យជាមួយផង។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ ភិក្ខុដទៃមិនគួរសាកច្ឆាវិន័យជាមួយផងទេ។ អង្គ៥ គឺអ្វីខ្លះ។ គឺភិក្ខុមិនដឹងវត្ថុ១ មិនដឹងនិទាន១ មិនដឹងបញ្ញត្តិ១ មិនដឹងបទបាលីក្រោយមុន១ មិនដឹងគន្លងពាក្យដែលជាប់តគ្នា១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង មិនគួរភិក្ខុដទៃសាកច្ឆាជាមួយផងទេ។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ ទើបគួរភិក្ខុដទៃសាកច្ឆាវិន័យជាមួយផងបាន។ អង្គ៥ គឺអ្វីខ្លះ។ គឺភិក្ខុដឹងវត្ថុ១ ដឹងនិទាន១ ដឹងបញ្ញត្តិ១ ដឹងបទបាលីក្រោយមុន១ ដឹងគន្លងពាក្យដែលជាប់តគ្នា១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង គួរភិក្ខុដទៃសាកច្ឆាវិន័យជាមួយផងបាន។

[២៦២] ព្រះឧបាលិក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន ការសួរប្រស្នា មានប៉ុន្មានយ៉ាង។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ ការសួរប្រស្នានេះ មាន៥យ៉ាង។ ៥យ៉ាង គឺអ្វីខ្លះ។ គឺបុគ្គលសួរប្រស្នា ដោយសេចក្តីល្ងង់វង្វេង១ បុគ្គលមានសេចក្តីប្រាថ្នាលាមក មានសេចក្តីប្រាថ្នាគ្របសង្កត់ សួរប្រស្នា១ បុគ្គលសួរប្រស្នាដោយសេចក្តីមើលងាយគេ១ បុគ្គលសួរប្រស្នាដោយសេចក្តីចង់ដឹងច្បាស់១ បុគ្គលសួរប្រស្នាដោយគិតថា បើអាត្មាអញសួរប្រស្នាទៅហើយ គេអាចនឹងដោះស្រាយឲ្យច្បាស់លាស់បាន នេះក៏ជាការស្រួល បើអាត្មាអញ សួរប្រស្នាទៅហើយ គេមិនអាចនឹងដោះស្រាយឲ្យច្បាស់លាស់បានទេ អាត្មាអញ នឹងដោះស្រាយឲ្យច្បាស់លាស់ ដល់បុគ្គលនោះវិញ១។ ម្នាលឧបាលិ ការសួរប្រស្នា មាន៥យ៉ាងនេះឯង។ ព្រះឧបាលិក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន ការប្រាប់អរហត្តផល មានប៉ុន្មានយ៉ាង។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ ការប្រាប់អរហត្តផលនេះ មាន៥យ៉ាង។ ៥យ៉ាង គឺអ្វីខ្លះ។ គឺភិក្ខុប្រាប់អរហត្តផល ព្រោះសេចក្តីល្ងង់វង្វេង១ ភិក្ខុមានសេចក្តីប្រាថ្នាលាមក មានសេចក្តីប្រាថ្នាគ្របសង្កត់ប្រាប់អរហត្តផល១ ភិក្ខុប្រាប់អរហត្តផល ដោយឆ្កួតអណ្តែតអណ្តូងចិត្ត១ ភិក្ខុប្រាប់អរហត្តផល ដោយសេចក្តីស្មានខុស១ ភិក្ខុប្រាប់អរហត្តផលដែលពិតត្រង់១។ ម្នាលឧបាលិ ការប្រាប់អរហត្តផល មាន៥យ៉ាងនេះឯង។

[២៦៣] ព្រះឧបាលិក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន វិសុទ្ធិ មានប៉ុន្មានយ៉ាង។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ វិសុទ្ធិនេះ មាន៥យ៉ាង។ វិសុទ្ធិ៥យ៉ាង គឺអ្វីខ្លះ។ គឺភិក្ខុត្រូវសំដែងនូវនិទាន ហើយសូត្រនូវឧទ្ទេសដ៏សេស ដោយសុតបទ នេះជាវិសុទ្ធិទី១។ ភិក្ខុសំដែងនូវនិទាន ហើយត្រូវសំដែងបារាជិកទាំង៤ ហើយសូត្រនូវឧទ្ទេសដ៏សេស ដោយសុតបទ នេះជាវិសុទ្ធិទី២។ ភិក្ខុសំដែងនូវនិទាន ហើយសំដែងនូវបារាជិកទាំង៤ សំដែងនូវសង្ឃាទិសេសទាំង១៣ ហើយសូត្រនូវឧទ្ទេសដ៏សេស ដោយសុតបទ នេះជាវិសុទ្ធិទី៣។ ភិក្ខុសំដែងនូវនិទាន សំដែងនូវបារាជិកទាំង៤ សំដែងនូវសង្ឃាទិសេសទាំង១៣ សំដែងនូវអនិយតទាំង២ ហើយសូត្រនូវឧទ្ទេសដ៏សេស ដោយសុតបទ នេះជាវិសុទ្ធិទី៤។ វិសុទ្ធិទី៥ ភិក្ខុត្រូវសំដែងដោយពិស្តារ។ ម្នាលឧបាលិ វិសុទ្ធិ មាន៥យ៉ាងនេះឯង។

[២៦៤] ព្រះឧបាលិក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន ភោជនមានប៉ុន្មានយ៉ាង។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ ភោជននេះ មាន៥យ៉ាង។ ភោជន៥យ៉ាង គឺអ្វីខ្លះ។ គឺបាយ១ នំស្រស់១ នំក្រៀម១ ត្រី១ សាច់១។ ម្នាលឧបាលិ ភោជនមាន៥យ៉ាងនេះឯង។

ចប់ ទិដ្ឋាវិកម្មវគ្គ ទី៤។

ឧទ្ទាន គឺបញ្ជីរឿងនៃទិដ្ឋាវិកម្មវគ្គ នោះដូច្នេះ

[២៦៥]

និយាយអំពីសេចក្តីយល់ឃើញ (សំដែងអាបត្តិ)១ សេចក្តីយល់ឃើញដទៃទៀត១ ទទួលប្រគេន១ អតិរិត្តភោជន១ ការហាមភោជន១ កាត់អាបត្តិតាមប្តេជ្ញា១ ការសូមឱកាស១ សាកច្ឆាវិន័យ១ សួរប្រស្នា១ ប្រាប់អរហត្តផល១ វិសុទ្ធិ១ ភោជន១។

(អត្តាទានវគ្គ ទី៥)

(៥. អត្តាទានវគ្គោ)

[២៦៦] ព្រះឧបាលិក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុអ្នកចោទ ប៉ងនឹងចោទភិក្ខុដទៃ ត្រូវពិចារណាធម៌ប៉ុន្មានយ៉ាង ទុកក្នុងខ្លួន ហើយទើបចោទភិក្ខុដទៃបាន។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ ភិក្ខុអ្នកចោទ ប៉ងនឹងចោទភិក្ខុដទៃ ត្រូវពិចារណាធម៌៥យ៉ាង ទុកក្នុងខ្លួន ហើយសឹមចោទភិក្ខុដទៃ។ ធម៌៥យ៉ាង គឺអ្វីខ្លះ។ ម្នាលឧបាលិ ភិក្ខុអ្នកចោទ ប៉ងនឹងចោទភិក្ខុដទៃ ត្រូវពិចារណាយ៉ាងនេះថា អាត្មាអញ ជាអ្នកមានកាយសមាចារបរិសុទ្ធហើយឬ អាត្មាអញ ប្រកបដោយកាយសមាចារបរិសុទ្ធ មិនធ្លុះធ្លាយ មិនមានហេតុគួរឲ្យគេចាប់ថ្នាក់បាន ធម៌នុ៎ះ មានដល់អាត្មាអញដែរឬ ឬក៏មិនមានទេ។ ម្នាលឧបាលិ បើភិក្ខុមិនមានកាយសមាចារបរិសុទ្ធ មិនប្រកបដោយកាយសមាចារ មិនធ្លុះធ្លាយ មិនប្រកបដោយកាយសមាចារ ដែលមិនមានហេតុគួរឲ្យគេចាប់ថ្នាក់បានទេ គង់មានអ្នកផង និយាយដាស់តឿនភិក្ខុនោះបានថា នែលោកមានអាយុ ចូរលោកសិក្សាកាយកម្មសិន រមែងមានអ្នកផងនិយាយដាស់តឿន ដល់ភិក្ខុនោះដូច្នេះ១។ ម្នាលឧបាលិ អង្គដទៃទៀត គឺភិក្ខុអ្នកចោទ ប៉ងនឹងចោទភិក្ខុដទៃ ត្រូវពិចារណាយ៉ាងនេះថា អាត្មាអញ ជាអ្នកមានវចីសមាចារបរិសុទ្ធហើយឬ អាត្មាអញ ប្រកបដោយវចីសមាចារបរិសុទ្ធ មិនធ្លុះធ្លាយ មិនមានហេតុគួរឲ្យគេចាប់ថ្នាក់បាន ធម៌នុ៎ះ មានដល់អាត្មាអញដែរឬ ឬក៏មិនមានទេ។ ម្នាលឧបាលិ បើភិក្ខុមិនមានវចីសមាចារបរិសុទ្ធ មិនប្រកបដោយវចីសមាចារបរិសុទ្ធ មិនប្រកបដោយវចីសមាចារ មិនធ្លុះធ្លាយ មិនប្រកបដោយវចីសមាចារ មិនមានហេតុគួរឲ្យគេចាប់ថ្នាក់បាន គង់មានអ្នកផងនិយាយដាស់តឿនភិក្ខុនោះថា លោកមានអាយុ ចូរលោកសិក្សាវចីកម្មសិន រមែងមានអ្នកផងនិយាយដាស់តឿន ដល់ភិក្ខុនោះដូច្នេះ១។ ម្នាលឧបាលិ អង្គដទៃទៀត គឺភិក្ខុអ្នកចោទ ប៉ងនឹងចោទភិក្ខុដទៃ ត្រូវពិចារណាយ៉ាងនេះថា ចិត្តរបស់អាត្មាអញ ប្រកបដោយមេត្តាតម្កល់ចំពោះ មិនមានគំនុំក្នុងពួកសព្រហ្មចារីបុគ្គល ធម៌នុ៎ះ មានដល់អាត្មាអញដែរឬ ឬក៏មិនមានទេ។ ម្នាលឧបាលិ បើចិត្តប្រកបដោយមេត្តាតម្កល់ចំពោះ ជាចិត្តមិនមានគំនុំ ក្នុងពួកសព្រហ្មចារីបុគ្គល មិនមានដល់ភិក្ខុនោះទេ គង់មានអ្នកផងនិយាយដាស់តឿនភិក្ខុនោះថា នែលោកមានអាយុ ចូរលោកតាំងមេត្តាចិត្ត ក្នុងពួកសព្រហ្មចារីបុគ្គលសិន រមែងមានអ្នកផងនិយាយដាស់តឿន ដល់ភិក្ខុនោះដូច្នេះ១។ ម្នាលឧបាលិ អង្គដទៃទៀត គឺភិក្ខុអ្នកចោទ ប៉ងនឹងចោទភិក្ខុដទៃ ត្រូវពិចារណាយ៉ាងនេះថា អាត្មាអញ ជាពហុស្សូត ជាអ្នកទ្រទ្រង់ពុទ្ធវចនៈ ជាអ្នកសន្សំពុទ្ធវចនៈហើយឬ ធម៌ទាំងឡាយណា មានពីរោះដើមបទ ពីរោះកណ្តាលបទ ពីរោះចុងបទ ប្រកាសព្រហ្មចរិយៈដ៏បរិសុទ្ធ បរិបូណ៌សព្វគ្រប់ ទាំងអត្ថ ទាំងព្យញ្ជនៈ ធម៌ទាំងឡាយ មានសភាពដូច្នោះ អាត្មាអញ បានចេះចាំច្រើន បានទ្រទ្រង់ចាំស្ទាត់រត់មាត់ ចូលចិត្តច្បាស់លាស់ យល់ធ្លុះធ្លាយដោយទិដ្ឋិ គឺបញ្ញា ធម៌នុ៎ះ មានដល់អាត្មាអញដែរឬ ឬក៏មិនមានទេ។ ម្នាលឧបាលិ បើភិក្ខុមិនមែនជាពហុស្សូត អ្នកទ្រទ្រង់ពុទ្ធវចនៈ អ្នកសន្សំពុទ្ធវចនៈទេ ធម៌ទាំងឡាយណា ដែលមានពីរោះដើមបទ ពីរោះកណ្តាលបទ ពីរោះចុងបទ ប្រកាសព្រហ្មចរិយៈដ៏បរិសុទ្ធ បរិបូណ៌សព្វគ្រប់ ទាំងអត្ថ ទាំងព្យញ្ជនៈ ធម៌ទាំងឡាយ មានសភាពដូច្នោះ ភិក្ខុនោះ មិនចេះចាំច្រើន មិនទ្រទ្រង់ មិនចាំស្ទាត់រត់មាត់ មិនចូលចិត្តច្បាស់លាស់ មិនយល់ធ្លុះធ្លាយដោយទិដ្ឋិ គឺបញ្ញាទេ គង់មានអ្នកផងនិយាយដាស់តឿនភិក្ខុនោះថា នែលោកមានអាយុ ចូរលោករៀនគម្ពីរនិកាយសិន រមែងមានអ្នកផងនិយាយដាស់តឿន ដល់ភិក្ខុនោះដូច្នេះ១។ ម្នាលឧបាលិ អង្គដទៃទៀត គឺភិក្ខុអ្នកចោទ ប៉ងនឹងចោទភិក្ខុដទៃ ត្រូវពិចារណាយ៉ាងនេះថា បាតិមោក្ខទាំងពីរ អាត្មាអញ បានចេះចាំដោយពិស្តារល្អ បានចែកបទភាជនៈដោយប្រពៃ បានចាំស្ទាត់រត់មាត់ដោយប្រពៃ បានកាត់សេចក្តីដោយល្អ តាមសុត្តៈ គឺខន្ធកៈ និងបរិវារៈ តាមអនុព្យញ្ចនៈ គឺអក្ខរៈ និងបទ ធម៌នុ៎ះ មានដល់អាត្មាអញដែរឬ ឬក៏មិនមានទេ។ ម្នាលឧបាលិ បើបាតិមោក្ខទាំងពីរ ភិក្ខុមិនបានចេះចាំដោយពិស្តារ មិនបានចែកបទភាជនៈដោយល្អ មិនបានចាំស្ទាត់រត់មាត់ដោយល្អ មិនបានកាត់សេចក្តីដោយល្អ តាមសុត្តៈ និងអនុព្យញ្ជនៈទេ កាលបើមានគេសួរថា នែលោកមានអាយុ ចុះពាក្យនេះ ព្រះមានព្រះភាគ ទ្រង់សំដែងក្នុងទីណា ភិក្ខុនោះឆ្លើយមិនរួច គង់មានអ្នកផងនិយាយដាស់តឿនភិក្ខុនោះថា នែលោកមានអាយុ ចូរលោករៀនវិន័យសិន រមែងមានអ្នកផងនិយាយដាស់តឿន ដល់ភិក្ខុនោះដូច្នេះ១។ ម្នាលឧបាលិ ភិក្ខុអ្នកចោទ ប៉ងនឹងចោទភិក្ខុដទៃ ត្រូវពិចារណាធម៌៥យ៉ាងនេះ ទុកក្នុងខ្លួនហើយ ទើបចោទភិក្ខុដទៃបាន។

[២៦៧] ព្រះឧបាលិក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុអ្នកចោទ ប៉ងនឹងចោទភិក្ខុដទៃ ត្រូវតាំងធម៌ប៉ុន្មានយ៉ាង ទុកក្នុងខ្លួន ហើយទើបចោទភិក្ខុដទៃបាន។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ ភិក្ខុអ្នកចោទ ប៉ងនឹងចោទភិក្ខុដទៃ ត្រូវតាំងធម៌៥យ៉ាង ទុកក្នុងខ្លួន ហើយទើបចោទភិក្ខុដទៃបាន។ ធម៌៥ គឺអ្វីខ្លះ។ គឺភិក្ខុត្រូវតាំងទុកដូច្នេះថា អាត្មាអញ នឹងនិយាយក្នុងកាលគួរ មិននិយាយក្នុងកាលមិនគួរ១ អាត្មាអញ នឹងនិយាយពាក្យពិត មិននិយាយពាក្យមិនពិត១ អាត្មាអញ នឹងនិយាយពាក្យផ្អែមល្ហែម មិននិយាយពាក្យទ្រគោះ១ អាត្មាអញ នឹងនិយាយពាក្យប្រកបដោយប្រយោជន៍ មិននិយាយពាក្យឥតប្រយោជន៍១ អាត្មាអញ នឹងមានចិត្តប្រកបដោយមេត្តា ទើបនិយាយ មិននិយាយទៅទាំងចិត្តប្រកបដោយសេចក្តីប្រទូស្ត១។ ម្នាលឧបាលិ ភិក្ខុអ្នកចោទ ប៉ងនឹងចោទភិក្ខុដទៃ ត្រូវតាំងធម៌៥យ៉ាងនេះឯង ទុកក្នុងខ្លួន ហើយទើបចោទភិក្ខុដទៃបាន។

[២៦៨] ព្រះឧបាលិក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុអ្នកចោទ ប៉ងនឹងចោទភិក្ខុដទៃ ត្រូវធ្វើទុកក្នុងចិត្តនូវធម៌ប៉ុន្មានយ៉ាងក្នុងខ្លួន ហើយទើបចោទភិក្ខុដទៃបាន។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ ភិក្ខុអ្នកចោទ ប៉ងនឹងចោទភិក្ខុដទៃ ត្រូវធ្វើទុកក្នុងចិត្តនូវធម៌៥យ៉ាង ក្នុងខ្លួន ហើយទើបចោទភិក្ខុដទៃបាន។ ធម៌៥យ៉ាង គឺអ្វីខ្លះ។ គឺសេចក្តីករុណា១ ការស្វែងរកប្រយោជន៍១ សេចក្តីអនុគ្រោះ១ ការចេញចាកអាបត្តិ១ សេចក្តីប៉ុនប៉ងក្នុងវិន័យ១។ ម្នាលឧបាលិ ភិក្ខុអ្នកចោទ ប៉ងនឹងចោទភិក្ខុដទៃ ត្រូវធ្វើទុកក្នុងចិត្តនូវធម៌៥យ៉ាងនេះឯង ទុកក្នុងខ្លួន ហើយទើបចោទភិក្ខុដទៃបាន។

[២៦៩] ព្រះឧបាលិក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុដែលប្រកបដោយអង្គប៉ុន្មាន កាលបើសូមឱកាសកម្ម ក៏មិនគួរភិក្ខុដទៃបើកឱកាសកម្មឲ្យ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ កាលបើសូមឱកាសកម្ម ក៏មិនគួរភិក្ខុដទៃបើកឱកាសកម្មឲ្យ។ អង្គ៥ គឺអ្វីខ្លះ។ គឺភិក្ខុមានកាយសមាចារមិនបរិសុទ្ធ១ មានវចីសមាចារមិនបរិសុទ្ធ១ មានអាជីវៈមិនបរិសុទ្ធ១ ជាភិក្ខុល្ងង់ មិនឈ្លាសវៃ១ កាលបើគេសាកសួរ ក៏មិនអាចនឹងឲ្យគេសាកសួរ១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង កាលបើសូមឱកាសកម្ម ក៏មិនគួរភិក្ខុដទៃបើកឱកាសកម្មឲ្យ។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ កាលបើសូមឱកាសកម្ម ក៏គួរភិក្ខុដទៃបើកឱកាសកម្មឲ្យបាន។ អង្គ៥ គឺអ្វីខ្លះ។ គឺភិក្ខុមានកាយសមាចារបរិសុទ្ធ១ មានវចីសមាចារបរិសុទ្ធ១ មានអាជីវៈបរិសុទ្ធ១ ជាបណ្ឌិត ឈ្លាសវៃ១ កាលបើគេសាកសួរ ក៏អាចឲ្យគេសាកសួរបាន១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង កាលបើសូមឱកាសកម្ម ក៏គួរភិក្ខុដទៃបើកឱកាសកម្មឲ្យបាន។

[២៧០] ព្រះឧបាលិក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុប្រាថ្នានឹងកាន់យកនូវអត្តាទាន49) ត្រូវកាន់យកនូវអត្តាទាន ដែលប្រកបដោយអង្គប៉ុន្មាន។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ ភិក្ខុប្រាថ្នានឹងកាន់យកនូវអត្តាទាន ត្រូវកាន់យកនូវអត្តាទាន ដែលប្រកបដោយអង្គ៥។ អង្គ៥ គឺអ្វីខ្លះ។ ម្នាលឧបាលិ ភិក្ខុប្រាថ្នានឹងកាន់យកនូវអត្តាទាន ត្រូវពិចារណាយ៉ាងនេះថា អាត្មាអញ ប្រាថ្នានឹងកាន់យកនូវអត្តាទាននេះ ក្នុងកាលណា កាលនោះ ជាកាលគួរនឹងកាន់យកនូវអត្តាទាននេះ ឬមិនគួរទេ។ ម្នាលឧបាលិ បើភិក្ខុពិចារណា ហើយដឹងយ៉ាងនេះថា កាលនេះ ជាកាលមិនគួរ នឹងកាន់យកនូវអត្តាទាននេះ កាលនេះ មិនមែនជាកាលគួរទេ ម្នាលឧបាលិ ភិក្ខុមិនត្រូវកាន់យកនូវអត្តាទាននោះឡើយ។ ម្នាលឧបាលិ ម្យ៉ាងទៀត បើភិក្ខុពិចារណា ហើយដឹងយ៉ាងនេះថា កាលនេះជាកាលគួរនឹងកាន់យកនូវអត្តាទាននេះ កាលនេះ មិនមែនជាកាលមិនគួរទេ ម្នាលឧបាលិ ភិក្ខុនោះត្រូវពិចារណាតទៅទៀតថា អាត្មាអញ ប្រាថ្នានឹងកាន់យកនូវអត្តាទានណា អត្តាទាននេះ ជារឿងពិតមែន ឬមិនពិតទេ។ ម្នាលឧបាលិ បើភិក្ខុពិចារណា ហើយដឹងយ៉ាងនេះថា អត្តាទាននេះ ជារឿងមិនពិត មិនមែនជារឿងពិតទេ ម្នាលឧបាលិ ភិក្ខុមិនត្រូវកាន់យកនូវអត្តាទាននោះឡើយ។ ម្នាលឧបាលិ ម្យ៉ាងទៀត បើភិក្ខុពិចារណា ហើយដឹងយ៉ាងនេះថា អត្តាទាននេះ ជារឿងពិត មិនមែនជារឿងមិនពិតទេ ម្នាលឧបាលិ ភិក្ខុនោះត្រូវពិចារណាតទៅទៀតថា អាត្មាអញ ប្រាថ្នានឹងកាន់យកនូវអត្តាទានណា អត្តាទាននេះ ប្រកបដោយប្រយោជន៍ ឬមិនប្រកបដោយប្រយោជន៍ទេ។ ម្នាលឧបាលិ បើភិក្ខុពិចារណា ហើយដឹងយ៉ាងនេះថា អត្តាទាននេះ ឥតប្រយោជន៍ អត្តាទាននេះ មិនមែនប្រកបដោយប្រយោជន៍ទេ ម្នាលឧបាលិ ភិក្ខុមិនត្រូវកាន់យកនូវអត្តាទាននោះឡើយ។ ម្នាលឧបាលិ ម្យ៉ាងទៀត បើភិក្ខុពិចារណា ហើយដឹងយ៉ាងនេះថា អត្តាទាននេះ ប្រកបដោយប្រយោជន៍ អត្តាទាននេះ មិនមែនឥតប្រយោជន៍ទេ ម្នាលឧបាលិ ភិក្ខុនោះ ត្រូវពិចារណាតទៅទៀតថា កាលបើអាត្មាអញ កាន់យកនូវអត្តាទាននេះ នឹងបានភិក្ខុដែលជាសន្ទិដ្ឋមិត្រ (មិត្រគ្រាន់តែធ្លាប់ឃើញគ្នា) និងជាសម្ភត្តមិត្រ (មិត្រស្និទ្ធិស្នាលគ្នាមាំមួន) មកជាបក្ខពួក តាមធម៌ តាមវិន័យ ឬមិនបានទេ។ ម្នាលឧបាលិ បើភិក្ខុពិចារណា ហើយដឹងយ៉ាងនេះថា កាលបើអាត្មាអញ កាន់យកនូវអត្តាទាននេះ មុខជានឹងមិនបានភិក្ខុ ដែលជាសន្ទិដ្ឋមិត្រ និងជាសម្ភត្តមិត្រ មកជាបក្ខពួក តាមធម៌ តាមវិន័យទេ ម្នាលឧបាលិ ភិក្ខុមិនត្រូវកាន់យកនូវអត្តាទាននោះឡើយ។ ម្នាលឧបាលិ ម្យ៉ាងទៀត បើភិក្ខុពិចារណា ហើយដឹងយ៉ាងនេះថា កាលបើអាត្មាអញ កាន់យកនូវអត្តាទាននេះ មុខជានឹងបានភិក្ខុ ជាសន្ទិដ្ឋមិត្រ និងជាសម្ភត្តមិត្រ មកជាបក្ខពួក តាមធម៌ តាមវិន័យ ម្នាលឧបាលិ ភិក្ខុនោះ ត្រូវពិចារណាតទៅទៀតថា កាលបើអាត្មាអញ កាន់យកនូវអត្តាទាននេះ ការបង្កហេតុ ជម្លោះ ទាស់ទែង វិវាទ ការបែកធ្លាយនៃសង្ឃ ការប្រេះឆានៃសង្ឃ ការកំណត់នៃសង្ឃ អំពើផ្សេងៗរបស់សង្ឃ មានអត្តាទាននេះជាហេតុ នឹងមានដល់សង្ឃ ឬមិនមានទេ។ ម្នាលឧបាលិ បើភិក្ខុពិចារណាហើយ ដឹងយ៉ាងនេះថា កាលបើអាត្មាអញ កាន់យកនូវអត្តាទាននេះ ការបង្កហេតុ ជម្លោះ ទាស់ទែង វិវាទ ការបែកធ្លាយនៃសង្ឃ ការប្រេះឆានៃសង្ឃ ការកំណត់នៃសង្ឃ អំពើផ្សេងៗនៃសង្ឃ មានអត្តាទាននោះជាហេតុ នឹងមានដល់សង្ឃមិនខាន ម្នាលឧបាលិ ភិក្ខុមិនត្រូវកាន់យកនូវអត្តាទាននោះទេ។ ម្នាលឧបាលិ ម្យ៉ាងទៀត បើភិក្ខុពិចារណាហើយ ដឹងយ៉ាងនេះថា កាលបើអាត្មាអញ កាន់យកនូវអត្តាទាននេះ ការបង្កហេតុ ជម្លោះ ទាស់ទែង វិវាទ ការបែកធ្លាយនៃសង្ឃ ការប្រេះឆានៃសង្ឃ ការកំណត់នៃសង្ឃ អំពើផ្សេងៗនៃសង្ឃ មានអត្តាទាននោះជាហេតុ នឹងមិនមានដល់សង្ឃទេ ម្នាលឧបាលិ ភិក្ខុត្រូវកាន់យកនូវអត្តាទាននោះចុះ។ ម្នាលឧបាលិ អត្តាទានប្រកបដោយអង្គ៥យ៉ាងនេះឯង ដែលភិក្ខុកាន់យកហើយ ជាធម្មជាតមិនធ្វើឲ្យក្តៅក្រហាយ ក្នុងកាលជាខាងក្រោយ។

[២៧១] ព្រះឧបាលិក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុប្រកបដោយអង្គប៉ុន្មាន ទើបឈ្មោះថា ជាអ្នកមានឧបការៈច្រើន ដល់ភិក្ខុដែលកើតអធិករណ៍។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ ទើបឈ្មោះថា ជាអ្នកមានឧបការៈច្រើន ដល់ភិក្ខុដែលកើតអធិករណ៍។ អង្គ៥ គឺអ្វីខ្លះ។ គឺភិក្ខុជាអ្នកមានសីល សង្រួមក្នុងបាតិមោក្ខ បរិបូណ៌ដោយអាចារៈ និងគោចរៈ ឃើញភ័យក្នុងទោសសូម្បីបន្តិចបន្តួច សមាទានសិក្សាក្នុងសិក្ខាបទទាំងឡាយ១ ជាពហុស្សូត ទ្រទ្រង់ពុទ្ធវចនៈ សន្សំពុទ្ធវចនៈ ធម៌ទាំងឡាយណា ដែលមានពីរោះដើមបទ ពីរោះកណ្តាលបទ ពីរោះចុងបទ ប្រកាសព្រហ្មចរិយៈដ៏បរិសុទ្ធ បរិបូណ៌សព្វគ្រប់ ទាំងអត្ថ ទាំងព្យញ្ជនៈ ធម៌ទាំងឡាយមានសភាពដូច្នោះ ភិក្ខុនោះក៏បានចេះដឹងច្រើន បានទ្រទ្រង់ចាំស្ទាត់ រត់មាត់ ចូលចិត្តច្បាស់លាស់ យល់ជ្រាលជ្រៅដោយទិដ្ឋិ គឺបញ្ញា១ ភិក្ខុនោះ បានចេះចាំបាតិមោក្ខទាំងពីរដោយពិស្តារ ចែកបទភាជនៈដោយត្រឹមត្រូវបាន ចាំស្ទាត់រត់មាត់ដោយប្រពៃ កាត់សេចក្តីបានស្រួលតាមសុត្តៈ និងអនុព្យញ្ជនៈ១ ជាអ្នកតាំងមាំក្នុងវិន័យ មិនរំភើប50) អាចលួងលោម ពន្យល់ដល់ជនទាំងពីរខាង ដែលមានសេចក្តីទាស់ទែងគ្នា ដោយអត្ថ និងពិចារណា ឲ្យក្រឡេកមើល ឲ្យជ្រះថ្លាបាន១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង ទើបឈ្មោះថា ជាអ្នកមានឧបការៈច្រើន ដល់ពួកភិក្ខុដែលកើតអធិករណ៍។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ដទៃទៀត ក៏ឈ្មោះថា ជាអ្នកមានឧបការៈច្រើន ដល់ភិក្ខុដែលកើតអធិករណ៍ដែរ។ អង្គ៥ គឺអ្វីខ្លះ។ គឺភិក្ខុមានកាយសមាចារបរិសុទ្ធ១ មានវចីសមាចារបរិសុទ្ធ១ មានអាជីវៈបរិសុទ្ធ១ ជាបណ្ឌិតឈ្លាសវៃ១ កាលបើគេសាកសួរ ក៏អាចឲ្យគេសាកសួរបាន១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង ទើបឈ្មោះថា ជាអ្នកមានឧបការៈច្រើន ដល់ពួកភិក្ខុដែលកើតអធិករណ៍។ ម្នាលឧបាលិ ភិក្ខុប្រកបដោយអង្គ៥ដទៃទៀត ក៏ឈ្មោះថា ជាអ្នកមានឧបការៈច្រើន ដល់ពួកភិក្ខុដែលកើតអធិករណ៍។ អង្គ៥ គឺអ្វីខ្លះ។ គឺភិក្ខុដឹងវត្ថុ១ ដឹងនិទាន១ ដឹងបញ្ញត្តិ១ ដឹងបទបាលីក្រោយមុន១ ដឹងគន្លងពាក្យដែលជាប់តគ្នា១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង ទើបឈ្មោះថា ជាអ្នកមានឧបការៈច្រើន ដល់ពួកភិក្ខុដែលកើតអធិករណ៍។

[២៧២] ព្រះឧបាលិក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុប្រកបដោយអង្គប៉ុន្មាន ដែលភិក្ខុមិនត្រូវសាកសួរ។51) ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ ភិក្ខុប្រកបដោយអង្គ៥ ភិក្ខុផងគ្នាមិនត្រូវសាកសួរទេ។ អង្គ៥ គឺអ្វីខ្លះ។ គឺភិក្ខុមិនដឹងសុត្តៈ (ឧភតោវិភង្គ)១ មិនដឹងសុត្តានុលោម (មហាបទេសបួនខាងព្រះសូត្រ)១ មិនដឹងវិន័យ (ខន្ធកៈ និងបរិវារៈ)១ មិនដឹងវិនយានុលោម (មហាបទេសបួនខាងវិន័យ)១ ជាអ្នកមិនឈ្លាសក្នុងហេតុ និងមិនមែនហេតុ១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គទាំង៥នេះឯង ភិក្ខុមិនត្រូវសាកសួរទេ។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ ភិក្ខុផងគ្នាគួរសាកសួរបាន។ អង្គ៥ គឺអ្វីខ្លះ។ គឺភិក្ខុដឹងសុត្តៈ១ ដឹងសុត្តានុលោម១ ដឹងវិន័យ១ ដឹងវិនយានុលោម១ ជាអ្នកឈ្លាសក្នុងហេតុ និងមិនមែនហេតុ១។ ម្នាលឧបាលិ ភិក្ខុប្រកបដោយអង្គទាំង៥នេះឯង ទើបភិក្ខុគួរសាកសួរបាន។ ម្នាលឧបាលិ ភិក្ខុប្រកបដោយអង្គ៥ដទៃទៀត ក៏ភិក្ខុមិនត្រូវសាកសួរទេ។ អង្គ៥ គឺអ្វីខ្លះ។ គឺភិក្ខុមិនដឹងធម៌ គឺសុត្តន្តបិដក និងអភិធម្មបិដក១ មិនដឹងធម្មានុលោម (មហាបទេសបួនខាងព្រះសូត្រ)១ មិនដឹងវិន័យ១ មិនដឹងវិនយានុលោម១ ជាអ្នកមិនឈ្លាសក្នុងពាក្យខាងដើម និងពាក្យខាងចុង១។ ម្នាលឧបាលិ ភិក្ខុប្រកបដោយអង្គទាំង៥នេះឯង ភិក្ខុមិនត្រូវសាកសួរទេ។ ម្នាលឧបាលិ ភិក្ខុប្រកបដោយអង្គទាំង៥ ទើបភិក្ខុគួរសាកសួរបាន។ អង្គ៥ គឺអ្វីខ្លះ។ គឺភិក្ខុដឹងធម៌១ ដឹងធម្មានុលោម១ ដឹងវិន័យ១ ដឹងវិនយានុលោម១ ជាអ្នកឈ្លាសក្នុងពាក្យខាងដើម និងពាក្យខាងចុង១។ ម្នាលឧបាលិ ភិក្ខុប្រកបដោយអង្គទាំង៥នេះឯង ទើបភិក្ខុគួរសាកសួរបាន។ ម្នាលឧបាលិ ភិក្ខុប្រកបដោយអង្គ៥ដទៃទៀត ក៏ភិក្ខុមិនត្រូវសាកសួរទេ។ អង្គ៥ គឺអ្វីខ្លះ។ គឺភិក្ខុមិនដឹងវត្ថុ១ មិនដឹងនិទាន១ មិនដឹងបញ្ញត្តិ១ មិនដឹងបទបាលីក្រោយមុន១ មិនដឹងគន្លងពាក្យដែលជាប់តគ្នា១។ ម្នាលឧបាលិ ភិក្ខុប្រកបដោយអង្គ៥នេះឯង ភិក្ខុមិនត្រូវសាកសួរទេ។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គទាំង៥ ទើបភិក្ខុគួរសាកសួរបាន។ អង្គ៥ គឺអ្វីខ្លះ។ គឺភិក្ខុដឹងវត្ថុ១ ដឹងនិទាន១ ដឹងបញ្ញត្តិ១ ដឹងបទបាលីក្រោយមុន១ ដឹងគន្លងពាក្យដែលជាប់តគ្នា១។ ម្នាលឧបាលិ ភិក្ខុប្រកបដោយអង្គទាំង៥នេះឯង ទើបគួរសាកសួរបាន។ ម្នាលឧបាលិ ភិក្ខុប្រកបដោយអង្គ៥ដទៃទៀត ក៏ភិក្ខុមិនត្រូវសាកសួរទេ។ អង្គ៥ គឺអ្វីខ្លះ។ គឺភិក្ខុមិនដឹងអាបត្តិ១ មិនដឹងសមុដ្ឋាននៃអាបត្តិ១ មិនដឹងប្រយោគនៃអាបត្តិ១ មិនដឹងសេចក្តីរម្ងាប់នៃអាបត្តិ១ ជាអ្នកមិនឈ្លាស ក្នុងការវិនិច្ឆ័យអាបត្តិ១។ ម្នាលឧបាលិ ភិក្ខុប្រកបដោយអង្គទាំង៥នេះឯង ភិក្ខុមិនត្រូវសាកសួរទេ។ ម្នាលឧបាលិ ភិក្ខុប្រកបដោយអង្គ៥ ទើបគួរសាកសួរបាន។ អង្គ៥ គឺអ្វីខ្លះ។ គឺភិក្ខុដឹងអាបត្តិ១ ដឹងសមុដ្ឋាននៃអាបត្តិ១ ដឹងប្រយោគនៃអាបត្តិ១ ដឹងសេចក្តីរម្ងាប់នៃអាបត្តិ១ អ្នកឈ្លាស ក្នុងការវិនិច្ឆ័យអាបត្តិ១។ ម្នាលឧបាលិ ភិក្ខុប្រកបដោយអង្គទាំង៥នេះឯង ទើបគួរសាកសួរបាន។ ម្នាលឧបាលិ ភិក្ខុប្រកបដោយអង្គ៥ដទៃទៀត ក៏ភិក្ខុមិនត្រូវសាកសួរទេ។ អង្គ៥ គឺអ្វីខ្លះ។ គឺភិក្ខុមិនដឹងអធិករណ៍១ មិនដឹងសមុដ្ឋាននៃអធិករណ៍១ មិនដឹងប្រយោគនៃអធិករណ៍១ មិនដឹងសេចក្តីរម្ងាប់នៃអធិករណ៍១ មិនឈ្លាស ក្នុងការវិនិច្ឆ័យអធិករណ៍១។ ម្នាលឧបាលិ ភិក្ខុប្រកបដោយអង្គទាំង៥នេះឯង ភិក្ខុមិនត្រូវសាកសួរទេ។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ ទើបគួរសាកសួរបាន។ អង្គ៥ គឺអ្វីខ្លះ។ គឺភិក្ខុដឹងអធិករណ៍១ ដឹងសមុដ្ឋាននៃអធិករណ៍១ ដឹងប្រយោគនៃអធិករណ៍១ ដឹងសេចក្តីរម្ងាប់នៃអធិករណ៍១ អ្នកឈ្លាស ក្នុងការវិនិច្ឆ័យអធិករណ៍១។ ម្នាលឧបាលិ ភិក្ខុប្រកបដោយអង្គទាំង៥នេះឯង ទើបគួរសាកសួរបាន។

ចប់ អត្តាទានវគ្គទី៥។

ឧទ្ទាន គឺបញ្ជីរឿង នៃអត្តាទានវគ្គនោះ ដូច្នេះ

[២៧៣]

និយាយអំពីភិក្ខុអ្នកចោទមានកាយសមាចារជាដើម បរិសុទ្ធ១ ភិក្ខុអ្នកចោទ និយាយក្នុងកាលគួរ១ ភិក្ខុអ្នកចោទ ប្រកបដោយសេចក្តីករុណា១ ភិក្ខុសូមឱកាស១ ភិក្ខុគួរកាន់យកនូវអត្តាទាន១ ភិក្ខុមានឧបការៈ ដល់ភិក្ខុដែលកើតអធិករណ៍១ ភិក្ខុប្រកបដោយអង្គ៥ដទៃទៀត១ ភិក្ខុដឹងវត្ថុ១ សុត្តៈ១ ធម៌១ វត្ថុដទៃទៀត១ អាបត្តិ១ អធិករណ៍១។

(ធុតង្គវគ្គ ទី៦)

(៦. ធុតង្គវគ្គោ)

[២៧៤] ព្រះឧបាលិក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុអ្នកកាន់អារញ្ញកធុតង្គ មានប៉ុន្មានពួក។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ ភិក្ខុអ្នកកាន់អារញ្ញកធុតង្គ មាន៥ពួក។ ៥ពួក គឺអ្វីខ្លះ។ គឺភិក្ខុអ្នកកាន់អារញ្ញកធុតង្គ ព្រោះល្ងង់វង្វេង១ ភិក្ខុអ្នកកាន់អារញ្ញកធុតង្គ មានសេចក្តីប្រាថ្នាលាមក មានសេចក្តីប្រាថ្នាគ្របសង្កត់១ ភិក្ខុអ្នកកាន់អារញ្ញកធុតង្គ ព្រោះឆ្កួត ព្រោះរាយមាយចិត្ត១ ភិក្ខុអ្នកកាន់អារញ្ញកធុតង្គ ដោយគិតថា ភិក្ខុអ្នកកាន់អារញ្ញកធុតង្គ ព្រះពុទ្ធ និងពួកពុទ្ធសាវ័ក តែងសរសើរ១ ភិក្ខុអ្នកកាន់អារញ្ញកធុតង្គ ព្រោះអាស្រ័យសេចក្តីប្រាថ្នាតិចផង ព្រោះអាស្រ័យសេចក្តីសន្តោសផង ព្រោះអាស្រ័យការដុសខាត់ចិត្តផង ព្រោះអាស្រ័យសេចក្តីស្ងាត់ផង ព្រោះអាស្រ័យសេចក្តីប្រតិបត្តិ ដែលមានប្រយោជន៍ផង១។ ម្នាលឧបាលិ ភិក្ខុអ្នកកាន់អារញ្ញកធុតង្គ មាន៥ពួកនេះឯង។ ព្រះឧបាលិ ក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុអ្នកកាន់បិណ្ឌបាតិកធុតង្គ មានប៉ុន្មានពួក។បេ។ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុអ្នកកាន់បំសុកូលិកធុតង្គ មានប៉ុន្មានពួក។ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុអ្នកកាន់រុក្ខមូលិកធុតង្គ មានប៉ុន្មានពួក។ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុអ្នកកាន់សោសានិកធុតង្គ មានប៉ុន្មានពួក។ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុអ្នកកាន់អព្ភោកាសិកធុតង្គ មានប៉ុន្មានពួក។ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុអ្នកកាន់តេចីវរិកធុតង្គ មានប៉ុន្មានពួក។ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុអ្នកកាន់សបទានចារិកធុតង្គ មានប៉ុន្មានពួក។ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុអ្នកកាន់នេសជ្ជិកធុតង្គ មានប៉ុន្មានពួក។ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុអ្នកកាន់យថាសន្ថតិកធុតង្គ មានប៉ុន្មានពួក។ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុអ្នកកាន់ឯកាសនិកធុតង្គ មានប៉ុន្មានពួក។ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុអ្នកកាន់ខលុបច្ឆាភត្តិកធុតង្គ មានប៉ុន្មានពួក។ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុអ្នកកាន់បត្តបិណ្ឌិកធុតង្គ មានប៉ុន្មានពួក។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ ភិក្ខុអ្នកកាន់បត្តបិណ្ឌិកធុតង្គ មាន៥ពួក។ ៥ពួក គឺអ្វីខ្លះ។ គឺភិក្ខុអ្នកកាន់បត្តបិណ្ឌិកធុតង្គ ព្រោះសេចក្តីល្ងង់វង្វេង១ ភិក្ខុអ្នកកាន់បត្តបិណ្ឌិកធុតង្គ មានសេចក្តីប្រាថ្នាលាមក មានសេចក្តីប្រាថ្នាគ្របសង្កត់១ ភិក្ខុអ្នកកាន់បត្តបិណ្ឌិកធុតង្គ ព្រោះឆ្កួត ព្រោះរាយមាយចិត្ត១ ភិក្ខុអ្នកកាន់បត្តបិណ្ឌិកធុតង្គ ដោយគិតថា ភិក្ខុអ្នកកាន់បត្តបិណ្ឌិកធុតង្គ ព្រះពុទ្ធ និងពួកសាវ័កនៃព្រះពុត្ធ តែងសរសើរ១ ភិក្ខុអ្នកកាន់បត្តបិណ្ឌិកធុតង្គ ព្រោះអាស្រ័យសេចក្តីប្រាថ្នាតិចផង ព្រោះអាស្រ័យសេចក្តីសន្តោសផង ព្រោះអាស្រ័យការដុសខាត់ចិត្តផង ព្រោះអាស្រ័យសេចក្តីស្ងាត់ផង ព្រោះអាស្រ័យសេចក្តីប្រតិបត្តិ ដែលមានប្រយោជន៍នេះផង១។ ម្នាលឧបាលិ ភិក្ខុអ្នកកាន់បត្តបិណ្ឌិកធុតង្គ មាន៥ពួកនេះឯង។

ចប់ ធុតង្គវគ្គទី៦។

ឧទ្ទាន គឺបញ្ជីរឿងនៃធុតង្គវគ្គ នោះដូច្នេះ

[២៧៥]

និយាយអំពីភិក្ខុកាន់អារញ្ញកធុតង្គ១ ភិក្ខុកាន់បិណ្ឌបាតិកធុតង្គ១ ភិក្ខុកាន់បំសុកូលិកធុតង្គ១ ភិក្ខុកាន់រុក្ខមូលិកធុតង្គ១ ភិក្ខុកាន់សោសានិកធុតង្គ១ ជាគំរប់៥ ភិក្ខុកាន់អព្ភោកាសិកធុតង្គ១ ភិក្ខុកាន់តេចីវរិកធុតង្គ១ ភិក្ខុកាន់សបទានចារិកធុតង្គ១ ភិក្ខុកាន់នេសជ្ជិកធុតង្គ១ ភិក្ខុកាន់យថាសន្ថតិកធុតង្គ១ ភិក្ខុកាន់ឯកាសនិកធុតង្គ១ ភិក្ខុកាន់ខលុបច្ឆាភត្តិកធុតង្គ១ ភិក្ខុកាន់បត្តបិណ្ឌិកធុតង្គ១។

(មុសាវាទវគ្គ ទី៧)

(៧. មុសាវាទវគ្គោ)

[២៧៦] ព្រះឧបាលិ ក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន មុសាវាទ មានប៉ុន្មានយ៉ាង។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ មុសាវាទនេះ មាន៥យ៉ាង។ ៥យ៉ាង គឺអ្វីខ្លះ។ គឺមុសាវាទ ដល់នូវបារាជិក ក៏មាន មុសាវាទ ដល់នូវសង្ឃាទិសេសក៏មាន មុសាវាទ ដល់នូវថុល្លច្ច័យក៏មាន មុសាវាទ ដល់នូវបាចិត្តិយៈក៏មាន មុសាវាទ ដល់នូវទុក្កដក៏មាន។ ម្នាលឧបាលិ មុសាវាទ មាន៥យ៉ាងនេះឯង។

[២៧៧] ព្រះឧបាលិ ក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុប្រកបដោយអង្គប៉ុន្មាន កាលបើបញ្ឈប់នូវឧបោសថ ឬបវារណា ក្នុងកណ្តាលជំនុំសង្ឃ សង្ឃគប្បីសង្កត់សង្កិនថា ម្នាលភិក្ខុ ណ្ហើយ លោកកុំបង្កហេតុ កុំធ្វើជម្លោះ កុំទាស់ទែង កុំវិវាទគ្នាឡើយ ដូច្នេះហើយសឹមធ្វើឧបោសថ ឬបវារណា។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ ភិក្ខុប្រកបដោយអង្គ៥ កាលបើបញ្ឈប់នូវឧបោសថ ឬបវារណា ក្នុងកណ្តាលជំនុំសង្ឃ សង្ឃគប្បីសង្កត់សង្កិនថា ម្នាលភិក្ខុ ណ្ហើយ លោកកុំបង្កហេតុ កុំធ្វើជម្លោះ កុំទាស់ទែង កុំវិវាទគ្នាឡើយ ដូច្នេះហើយសឹមធ្វើឧបោសថ ឬបវារណា។ អង្គ៥ គឺអ្វីខ្លះ។ គឺភិក្ខុជាអ្នកមិនខ្មាសបាប១ ជាមនុស្សល្ងង់១ មិនមែនជាបកតត្ត១ ជាអ្នកនិយាយដោយបំណងនឹងឲ្យភិក្ខុដទៃឃ្លាត (ចាកសាសនា)១ ជាអ្នកមិនប្រាថ្នានឹងចេញចាកអាបត្តិ១។ ម្នាលឧបាលិ ភិក្ខុប្រកបដោយអង្គ៥នេះឯង កាលបើបញ្ឈប់នូវឧបោសថ ឬបវារណា ក្នុងកណ្តាលជំនុំសង្ឃ សង្ឃគប្បីសង្កត់សង្កិនថា ម្នាលភិក្ខុ ណ្ហើយ លោកកុំបង្កហេតុ កុំធ្វើជម្លោះ កុំទាស់ទែង កុំវិវាទគ្នាឡើយ ដូច្នេះហើយសឹមធ្វើឧបោសថ ឬបវារណា។ ម្នាលឧបាលិ ភិក្ខុប្រកបដោយអង្គ៥ដទៃទៀត កាលបើបញ្ឈប់នូវឧបោសថ ឬបវារណា ក្នុងកណ្តាលជំនុំសង្ឃ សង្ឃគប្បីសង្កត់សង្កិនថា ម្នាលភិក្ខុ ណ្ហើយលោក កុំបង្កហេតុ កុំធ្វើជម្លោះ កុំទាស់ទែង កុំវិវាទគ្នាឡើយ ដូច្នេះហើយសឹមធ្វើឧបោសថ ឬបវារណា។ អង្គ៥ គឺអ្វីខ្លះ។ គឺភិក្ខុជាអ្នកមានកាយសមាចារមិនបរិសុទ្ធ១ មានវចីសមាចារមិនបរិសុទ្ធ១ មានអាជីវៈមិនបរិសុទ្ធ១ ជាមនុស្សល្ងង់ មិនឈ្លាសវៃ១ ជាអ្នកធ្វើការបង្កហេតុ ធ្វើជម្លោះ១។ ម្នាលឧបាលិ ភិក្ខុប្រកបដោយអង្គ៥នេះឯង កាលបើបញ្ឈប់នូវឧបោសថ ឬបវារណា ក្នុងកណ្តាលជំនុំសង្ឃ សង្ឃគប្បីសង្កត់សង្កិនថា ម្នាលភិក្ខុ ណ្ហើយ លោកកុំបង្កហេតុ កុំធ្វើជម្លោះ កុំទាស់ទែង កុំវិវាទគ្នាឡើយ ដូច្នេះហើយសឹមធ្វើឧបោសថ ឬបវារណា។

[២៧៨] ព្រះឧបាលិ ក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន សង្ឃមិនត្រូវឲ្យការសាកសួរដល់ភិក្ខុ ដែលប្រកបដោយអង្គប៉ុន្មាន។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ សង្ឃមិនត្រូវឲ្យការសាកសួរ ដល់ភិក្ខុដែលប្រកបដោយអង្គ៥។ អង្គ៥ គឺអ្វីខ្លះ។ គឺភិក្ខុមិនដឹងអាបត្តិ និងអនាបត្តិ១ មិនដឹងអាបត្តិស្រាល និងធ្ងន់១ មិនដឹងសាវសេសាបត្តិ និងអនវសេសាបត្តិ១ មិនដឹងទុដ្ឋុល្លាបត្តិ និងអទុដ្ឋុល្លាបត្តិ១ មិនដឹងសប្បដិកម្មាបត្តិ52) និងអប្បដិកម្មាបត្តិ53) ១។ ម្នាលឧបាលិ សង្ឃមិនត្រូវឲ្យការសាកសួរដល់ភិក្ខុ ដែលប្រកបដោយអង្គ៥នេះឯង។ ម្នាលឧបាលិ សង្ឃត្រូវឲ្យការសាកសួរ ដល់ភិក្ខុដែលប្រកបដោយអង្គ៥។ អង្គ៥ គឺអ្វីខ្លះ។ គឺភិក្ខុដឹងអាបត្តិ និងអនាបត្តិ១ ដឹងនូវអាបត្តិស្រាល និងធ្ងន់១ ដឹងនូវសាវសេសាបត្តិ និងអនវសេសាបត្តិ១ ដឹងនូវទុដ្ឋុល្លាបត្តិ និងអទុដ្ឋុល្លាបត្តិ១ ដឹងនូវសប្បដិកម្មាបត្តិ និងអប្បដិកម្មាបត្តិ១។ ម្នាលឧបាលិ សង្ឃត្រូវឲ្យការសាកសួរដល់ភិក្ខុ ដែលប្រកបដោយអង្គ៥នេះឯង។

[២៧៩] ព្រះឧបាលិ ក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុត្រូវអាបត្តិ ដោយអាការប៉ុន្មាន។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ ភិក្ខុត្រូវអាបត្តិ ដោយអាការ៥។ អាការ៥ អ្វីខ្លះ។ គឺភិក្ខុត្រូវអាបត្តិដោយសេចក្តីមិនខ្មាសបាប១ ដោយមិនស្គាល់អាបត្តិ១ ដោយសង្ស័យ ហើយចេះតែធ្វើទៅ១ ដោយសំគាល់ថាគួរ ក្នុងរបស់ដែលមិនគួរ១ ដោយសំគាល់ថាមិនគួរ ក្នុងរបស់ដែលគួរ១។ ម្នាលឧបាលិ ភិក្ខុត្រូវអាបត្តិ ដោយអាការ៥នេះឯង។ ម្នាលឧបាលិ ភិក្ខុត្រូវអាបត្តិ ដោយអាការ៥ដទៃទៀត។ អាការ៥ គឺអ្វីខ្លះ។ គឺភិក្ខុត្រូវអាបត្តិដោយអាការមិនឃើញ54) ១ ត្រូវដោយអាការមិនឮ55) ១ ត្រូវដោយដេកលក់56) ១ ត្រូវដោយខ្លួនសំគាល់ពិត57) ១ ត្រូវដោយភ្លេចស្មារតី58) ១ ម្នាលឧបាលិ ភិក្ខុត្រូវអាបត្តិ ដោយអាការ៥នេះឯង។

[២៨០] ព្រះឧបាលិ ក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន ពៀរមានប៉ុន្មានយ៉ាង។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ ពៀរនេះមាន៥យ៉ាង។ ពៀរ៥យ៉ាង គឺអ្វីខ្លះ។ គឺការញុំាងសត្វមានជីវិតឲ្យធ្លាក់ចុះឲ្យវិនាស១ ការកាន់យកទ្រព្យ ដែលគេមិនឲ្យ១ ការប្រព្រឹត្តិខុសក្នុងកាមទាំងឡាយ១ ការនិយាយកុហក១ ហេតុជាទីតាំងនៃសេចក្តីប្រមាទ ព្រោះផឹកទឹកស្រវឹង គឺសុរា និងមេរ័យ១ ម្នាលឧបាលិ ពៀរមាន៥យ៉ាងនេះឯង។

[២៨១] ព្រះឧបាលិ ក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន កិរិយាវៀរ មានប៉ុន្មាន។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ កិរិយាវៀរ មាន៥យ៉ាង។ ៥យ៉ាង គឺអ្វីខ្លះ។ គឺកិរិយាវៀរចាកការញុំាងសត្វមានជីវិតឲ្យវិនាស១ កិរិយាវៀរចាកការកាន់យកទ្រព្យ ដែលគេមិនបានឲ្យ១ កិរិយាវៀរចាកការប្រព្រឹត្តិខុសក្នុងកាមទាំងឡាយ១ កិរិយាវៀរចាកការនិយាយកុហក១ កិរិយាវៀរចាកហេតុ ជាទីតាំងនៃសេចក្តីប្រមាទ ព្រោះផឹកទឹកស្រវឹង គឺសុរា និងមេរ័យ១។ ម្នាលឧបាលិ កិរិយាវៀរ មាន៥យ៉ាងនេះឯង។

[២៨២] ព្រះឧបាលិ ក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន សេចក្តីវិនាស មានប៉ុន្មាន។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ សេចក្តីវិនាស មាន៥យ៉ាង។ ៥យ៉ាង គឺអ្វីខ្លះ។ គឺសេចក្តីវិនាសញាតិ១ សេចក្តីវិនាសភោគសម្បត្តិ១ សេចក្តីវិនាសព្រោះរោគ១ សេចក្តីវិនាសសីល១ សេចក្តីវិនាសព្រោះទិដ្ឋិ១។ ម្នាលឧបាលិ សេចក្តីវិនាស មាន៥យ៉ាងនេះឯង។

[២៨៣] ព្រះឧបាលិ ក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន សម្បទា គឺសេចក្ដីបរិបូណ៌ មានប៉ុន្មានយ៉ាង។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ សេចក្តីបរិបូណ៌ មាន៥យ៉ាង។ ៥យ៉ាង គឺអ្វីខ្លះ។ គឺសេចក្តីបរិបូណ៌ដោយញាតិ១ សេចក្តីបរិបូណ៌ដោយភោគសម្បត្តិ១ សេចក្តីបរិបូណ៌ដោយអាការមិនមានរោគ១ សេចក្តីបរិបូណ៌ដោយសីល១ សេចក្តីបរិបូណ៌ដោយទិដ្ឋិត្រូវ១។ ម្នាលឧបាលិ សេចក្តីបរិបូណ៌ មាន៥យ៉ាងនេះឯង។

ចប់ មុសាវាទវគ្គ ទី៧។

ឧទ្ទាន គឺបញ្ជីរឿងនៃមុសាវាទវគ្គនោះ ដូច្នេះ

[២៨៤]

និយាយអំពីមុសាវាទ១ អំពីសង្ឃត្រូវសង្កត់សង្កិនភិក្ខុ១ អំពីភិក្ខុប្រកបដោយអង្គ៥ដទៃទៀត១ អំពីការសាកសួរ១ អំពីភិក្ខុត្រូវអាបត្តិ១ អំពីភិក្ខុត្រូវអាបត្តិ ដោយអាការ៥ដទៃទៀត១ អំពីពៀរ១ អំពីកិរិយាវៀរ១ អំពីសេចក្តីវិនាស១ អំពីសេចក្តីបរិបូណ៌១ (នេះ) ជាសង្គហវគ្គទីប្រាំពីរ។

(ភិក្ខុនោវាទវគ្គ ទី៨)

(៨. ភិក្ខុនោវាទវគ្គោ)

[២៨៥] ព្រះឧបាលិ ក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុប្រកបដោយអង្គប៉ុន្មាន ដែលភិក្ខុនីសង្ឃត្រូវធ្វើកម្ម។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ ភិក្ខុប្រកបដោយអង្គ៥ ដែលភិក្ខុនីសង្ឃ ត្រូវធ្វើកម្ម គឺភិក្ខុនីសង្ឃ មិនត្រូវថ្វាយបង្គំភិក្ខុនោះឡើយ។ អង្គ៥ គឺអ្វីខ្លះ។ គឺភិក្ខុបើកកាយបង្ហាញពួកភិក្ខុនី១ បើកភ្លៅបង្ហាញ១ បើកអង្គជាតបង្ហាញ១ បើកចង្កួយស្មាទាំងសងខាងបង្ហាញ១ និយាយល្បួង ឬផ្សំផ្គុំនឹងគ្រហស្ថ១។ ម្នាលឧបាលិ ភិក្ខុប្រកបដោយអង្គ៥នេះឯង ដែលភិក្ខុនីសង្ឃ ត្រូវធ្វើកម្ម គឺភិក្ខុនីសង្ឃមិនត្រូវថ្វាយបង្គំភិក្ខុនោះឡើយ។ ម្នាលឧបាលិ ភិក្ខុប្រកបដោយអង្គ៥ដទៃទៀត ភិក្ខុនីសង្ឃ ក៏ត្រូវធ្វើកម្មដែរ គឺភិក្ខុនីសង្ឃ មិនត្រូវថ្វាយបង្គំភិក្ខុនោះឡើយ។ អង្គ៥ គឺអ្វីខ្លះ។ គឺភិក្ខុព្យាយាមដើម្បីមិនឲ្យបានលាភ ដល់ពួកភិក្ខុនី១ ព្យាយាម ដើម្បីមិនឲ្យមានប្រយោជន៍ ដល់ពួកភិក្ខុនី១ ព្យាយាម ដើម្បីមិនឲ្យមានទីលំនៅ ដល់ពួកភិក្ខុនី១ ជេរគំរាមភិក្ខុនីទាំងឡាយ១ ឲ្យពួកភិក្ខុបែកចាកពួកភិក្ខុនី១។ ម្នាលឧបាលិ ភិក្ខុប្រកបដោយអង្គ៥នេះឯង ដែលភិក្ខុនីសង្ឃ ត្រូវធ្វើកម្ម គឺភិក្ខុនីសង្ឃ មិនត្រូវថ្វាយបង្គំភិក្ខុនោះឡើយ។ ម្នាលឧបាលិ ភិក្ខុប្រកបដោយអង្គ៥ដទៃទៀត ក៏ភិក្ខុនីសង្ឃ ត្រូវធ្វើកម្មដែរ គឺភិក្ខុនីសង្ឃ មិនត្រូវថ្វាយបង្គំភិក្ខុនោះឡើយ។ អង្គ៥ គឺអ្វីខ្លះ។ គឺភិក្ខុព្យាយាម ដើម្បីមិនឲ្យមានលាភ ដល់ពួកភិក្ខុនី១ ព្យាយាម ដើម្បីមិនឲ្យមានប្រយោជន៍ ដល់ពួកភិក្ខុនី១ ព្យាយាម ដើម្បីមិនឲ្យមានទីលំនៅ ដល់ពួកភិក្ខុនី១ ជេរគំរាមភិក្ខុនីទាំងឡាយ១ ផ្សំផ្គុំពួកភិក្ខុ និងពួកភិក្ខុនី១។ ម្នាលឧបាលិ ភិក្ខុប្រកបដោយអង្គ៥នេះឯង ដែលភិក្ខុនីសង្ឃ ត្រូវធ្វើកម្ម គឺភិក្ខុនីសង្ឃ មិនត្រូវថ្វាយបង្គំភិក្ខុនោះឡើយ។

[២៨៦] ព្រះឧបាលិ ក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន សង្ឃត្រូវធ្វើកម្ម ដល់ភិក្ខុនីដែលប្រកបដោយអង្គប៉ុន្មាន។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ សង្ឃត្រូវធ្វើកម្មដល់ភិក្ខុនី ដែលប្រកបដោយអង្គ៥។ អង្គ៥ អ្វីខ្លះ។ គឺភិក្ខុនីដែលបើកកាយបង្ហាញពួកភិក្ខុ១ បើកភ្លៅបង្ហាញ១ បើកអង្គជាតបង្ហាញ១ បើកចង្កួយស្មាទាំងសងខាងបង្ហាញ១ និយាយល្បួង ឬផ្សំផ្គុំនឹងគ្រហស្ថ១។ ម្នាលឧបាលិ សង្ឃត្រូវធ្វើកម្ម ដល់ភិក្ខុនី ដែលប្រកបដោយអង្គ៥នេះឯង។ ម្នាលឧបាលិ សង្ឃត្រូវធ្វើកម្ម ដល់ភិក្ខុនី ដែលប្រកបដោយអង្គ៥ដទៃទៀត។ អង្គ៥ គឺអ្វីខ្លះ។ គឺភិក្ខុនីព្យាយាមដើម្បីមិនឲ្យមានលាភ ដល់ពួកភិក្ខុ១ ព្យាយាម ដើម្បីមិនឲ្យមានប្រយោជន៍ ដល់ពួកភិក្ខុ១ ព្យាយាម ដើម្បីមិនឲ្យមានទីលំនៅ ដល់ពួកភិក្ខុ១ ជេរគំរាមភិក្ខុទាំងឡាយ១ ធ្វើពួកភិក្ខុនី ឲ្យបែកចាកពួកភិក្ខុ១។ ម្នាលឧបាលិ សង្ឃត្រូវធ្វើកម្ម ដល់ភិក្ខុនី ដែលប្រកបដោយអង្គ៥នេះឯង។ ម្នាលឧបាលិ សង្ឃត្រូវធ្វើកម្ម ដល់ភិក្ខុនី ដែលប្រកបដោយអង្គ៥ដទៃទៀត។ អង្គ៥ គឺអ្វីខ្លះ។ គឺភិក្ខុនីព្យាយាម ដើម្បីមិនឲ្យមានលាភ ដល់ភិក្ខុ១ ព្យាយាម ដើម្បីមិនឲ្យមានប្រយោជន៍ ដល់ពួកភិក្ខុ១ ព្យាយាម ដើម្បីមិនឲ្យមានទីលំនៅ ដល់ពួកភិក្ខុ១ ជេរគំរាមភិក្ខុ១ ផ្សំផ្គុំពួកភិក្ខុនី និងពួកភិក្ខុ១។ ម្នាលឧបាលិ សង្ឃត្រូវធ្វើកម្ម ដល់ភិក្ខុនី ដែលប្រកបដោយអង្គ៥នេះឯង។

[២៨៧] ព្រះឧបាលិ ក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុដែលប្រកបដោយអង្គប៉ុន្មាន មិនត្រូវបញ្ឈប់នូវឱវាទ ដល់ភិក្ខុនីទាំងឡាយ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ មិនត្រូវបញ្ឈប់នូវឱវាទ ដល់ភិក្ខុនីទាំងឡាយទេ។ អង្គ៥ គឺអ្វីខ្លះ។ គឺភិក្ខុមិនមានសេចក្តីខ្មាស១ ជាមនុស្សល្ងង់១ មិនមែនជាបកតត្ត១ ជាអ្នកនិយាយប៉ង ញុំាងភិក្ខុដទៃឲ្យឃ្លាតចាក (សាសនា)១ មិនប្រាថ្នានឹងចេញចាកអាបត្តិ១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង មិនត្រូវបញ្ឈប់នូវឱវាទ ដល់ភិក្ខុនីទាំងឡាយទេ។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ដទៃទៀត ក៏មិនត្រូវបញ្ឈប់នូវឱវាទ ដល់ភិក្ខុនីទាំងឡាយដែរ។ អង្គ៥ គឺអ្វីខ្លះ។ គឺភិក្ខុមានកាយសមាចារមិនបរិសុទ្ធ១ មានវចីសមាចារមិនបរិសុទ្ធ១ មានអាជីវៈមិនបរិសុទ្ធ១ ជាមនុស្សល្ងង់ មិនឈ្លាសវៃ១ កាលបើគេសាកសួរ ក៏មិនអាចនឹងឲ្យគេសាកសួរ១។ ម្នាលឧបាលិ ភិក្ខុប្រកបដោយអង្គ៥នេះឯង មិនត្រូវបញ្ឈប់នូវឱវាទ ដល់ភិក្ខុនីទាំងឡាយទេ។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ដទៃទៀត ក៏មិនត្រូវបញ្ឈប់នូវឱវាទ ដល់ភិក្ខុនីទាំងឡាយដែរ។ អង្គ៥ គឺអ្វីខ្លះ។ គឺភិក្ខុប្រកបដោយអនាចារ ខាងផ្លូវកាយ១ ប្រកបដោយអនាចារ ខាងផ្លូវវាចា១ ប្រកបដោយអនាចារ ទាំងផ្លូវកាយ ទាំងផ្លូវវាចា១ ជេរគំរាមពួកភិក្ខុនី១ នៅច្រឡូកច្រឡំនឹងពួកភិក្ខុនី ដោយសេចក្តីច្រឡូកច្រឡំមិនសមគួរ១។ ម្នាលឧបាលិ ភិក្ខុប្រកបដោយអង្គ៥នេះឯង មិនត្រូវបញ្ឈប់នូវឱវាទ ដល់ភិក្ខុនីទាំងឡាយទេ។ ម្នាលឧបាលិ ភិក្ខុប្រកបដោយអង្គ៥ដទៃទៀត ក៏មិនត្រូវបញ្ឈប់នូវឱវាទ ដល់ភិក្ខុនីទាំងឡាយដែរ។ អង្គ៥ គឺអ្វីខ្លះ។ គឺភិក្ខុមិនមានសេចក្តីខ្មាស១ ជាមនុស្សល្ងង់១ មិនមែនជាបកតត្ត១ ជាអ្នកធ្វើនូវការបង្កហេតុ ធ្វើនូវជម្លោះ១ ជាអ្នកមិនធ្វើនូវសិក្ខាឲ្យបរិបូណ៌១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង មិនត្រូវបញ្ឈប់នូវឱវាទ ដល់ភិក្ខុនីទាំងឡាយទេ។

[២៨៨] ព្រះឧបាលិ ក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុប្រកបដោយអង្គប៉ុន្មាន ដែលមិនត្រូវឲ្យពួកភិក្ខុនីកាន់យកឱវាទ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ ភិក្ខុប្រកបដោយអង្គ៥ ដែលមិនត្រូវឲ្យពួកភិក្ខុនីកាន់យកឱវាទ។ អង្គ៥ គឺអ្វីខ្លះ។ គឺភិក្ខុប្រកបដោយអនាចារ ខាងផ្លូវកាយ១ ប្រកបដោយអនាចារ ខាងផ្លូវវាចា១ ប្រកបដោយអនាចារ ទាំងផ្លូវកាយ ទាំងផ្លូវវាចា១ ជាអ្នកជេរគំរាមពួកភិក្ខុនី១ ជាអ្នកនៅច្រឡូកច្រឡំនឹងពួកភិក្ខុនី ដោយសេចក្តីច្រឡូកច្រឡំមិនសមគួរ១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង មិនត្រូវឲ្យពួកភិក្ខុនីកាន់យកឱវាទ។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ដទៃទៀត ក៏មិនត្រូវឲ្យពួកភិក្ខុនីកាន់យកឱវាទដែរ។ អង្គ៥ គឺអ្វីខ្លះ។ គឺភិក្ខុមិនមានសេចក្តីខ្មាស១ ជាមនុស្សពាល១ មិនមែនជាបកតត្ត១ ជាអ្នកដំណើរ១ ជាអ្នកមានជម្ងឺ១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង មិនត្រូវឲ្យពួកភិក្ខុនីកាន់យកឱវាទ។

[២៨៩] ព្រះឧបាលិ ក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុមិនត្រូវសាកច្ឆាជាមួយនឹងភិក្ខុ ដែលប្រកបដោយអង្គប៉ុន្មាន។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ ភិក្ខុមិនត្រូវសាកច្ឆាជាមួយនឹងភិក្ខុ ដែលប្រកបដោយអង្គ៥។ អង្គ៥ គឺអ្វីខ្លះ។ គឺភិក្ខុមិនប្រកបដោយសីលក្ខន្ធ ជារបស់អសេក្ខបុគ្គល១ មិនប្រកបដោយសមាធិក្ខន្ធ ជារបស់អសេក្ខបុគ្គល១ មិនប្រកបដោយបញ្ញាខន្ធ ជារបស់អសេក្ខបុគ្គល១ មិនប្រកបដោយវិមុត្តិក្ខន្ធ ជារបស់អសេក្ខបុគ្គល១ មិនប្រកបដោយវិមុត្តិញ្ញាណទស្សនក្ខន្ធ ជារបស់អសេក្ខបុគ្គល១។ ម្នាលឧបាលិ ភិក្ខុមិនត្រូវសាកច្ឆាជាមួយនឹងភិក្ខុ ដែលប្រកបដោយអង្គ៥នេះឯង។ ម្នាលឧបាលិ ភិក្ខុត្រូវសាកច្ឆាជាមួយនឹងភិក្ខុ ដែលប្រកបដោយអង្គ៥។ អង្គ៥ គឺអ្វីខ្លះ។ គឺភិក្ខុប្រកបដោយសីលក្ខន្ធ ជារបស់អសេក្ខបុគ្គល១ ប្រកបដោយសមាធិក្ខន្ធ ជារបស់អសេក្ខបុគ្គល១ ប្រកបដោយបញ្ញាខន្ធ ជារបស់អសេក្ខបុគ្គល១ ប្រកបដោយវិមុត្តិក្ខន្ធ ជារបស់អសេក្ខបុគ្គល១ ប្រកបដោយវិមុត្តិញ្ញាណទស្សនក្ខន្ធ ជារបស់អសេក្ខបុគ្គល១។ ម្នាលឧបាលិ ភិក្ខុត្រូវសាកច្ឆាជាមួយនឹងភិក្ខុ ដែលប្រកបដោយអង្គ៥នេះឯង។ ម្នាលឧបាលិ ភិក្ខុមិនត្រូវសាកច្ឆាជាមួយនឹងភិក្ខុ ដែលប្រកបដោយអង្គ៥ដទៃទៀត។ អង្គ៥ គឺអ្វីខ្លះ។ គឺភិក្ខុមិនទាន់ដល់នូវអត្ថប្បដិសម្ភិទា (ការបែកធ្លាយក្នុងអដ្ឋកថា)១ មិនទាន់ដល់នូវធម្មប្បដិសម្ភិទា (ការបែកធ្លាយក្នុងបាលី)១ មិនទាន់ដល់នូវនិរុត្តិប្បដិសម្ភិទា (ការបែកធ្លាយក្នុងភាសា ឬដីកា)១ មិនទាន់ដល់នូវបដិភាណប្បដិសម្ភិទា (ការបែកធ្លាយដោយសេចក្តីឈ្លាសវៃ)១ មិនពិចារណានូវចិត្ត ដែលរួចហើយ ចាកកិលេសយ៉ាងណា១។ ម្នាលឧបាលិ ភិក្ខុមិនត្រូវសាកច្ឆាជាមួយនឹងភិក្ខុ ដែលប្រកបដោយអង្គ៥នេះឯង។ ម្នាលឧបាលិ ភិក្ខុត្រូវសាកច្ឆាជាមួយនឹងភិក្ខុ ដែលប្រកបដោយអង្គ៥។ អង្គ៥ គឺអ្វីខ្លះ។ គឺភិក្ខុដល់នូវអត្ថប្បដិសម្ភិទា១ ដល់នូវធម្មប្បដិសម្ភិទា១ ដល់នូវនិរុត្តិប្បដិសម្ភិទា១ ដល់នូវបដិភាណប្បដិសម្ភិទា១ ពិចារណានូវចិត្ត ដែលរួចហើយ ចាកកិលេសយ៉ាងណា១។ ម្នាលឧបាលិ ភិក្ខុត្រូវសាកច្ឆាជាមួយនឹងភិក្ខុ ដែលប្រកបដោយអង្គ៥នេះឯង។

ចប់ ភិក្ខុនីឱវាទវគ្គ ទី៨។

ឧទ្ទាន គឺបញ្ជីរឿងនៃភិក្ខុនីឱវាទវគ្គនោះ ដូច្នេះ

[២៩០]

និយាយអំពីរឿង ដែលភិក្ខុនីសង្ឃត្រូវធ្វើកម្ម១ អំពីកម្មពីរយ៉ាង ដែលភិក្ខុនីសង្ឃត្រូវធ្វើដល់ភិក្ខុប្រកបដោយអង្គ៥ដទៃទៀត១ អំពីកម្ម៣យ៉ាង ដែលសង្ឃត្រូវធ្វើដល់ពួកភិក្ខុនី១ អំពីភិក្ខុមិនត្រូវបញ្ឈប់ឱវាទ មាន២ទុកៈ១ អំពីភិក្ខុមិនត្រូវឲ្យកាន់យកឱមាន មាន២ទុកៈ ដែលព្រះមានព្រះភាគត្រាស់ហើយ១ អំពីទុកៈ២ ក្នុងការនិយាយធម៌១។

(ឧព្ពាហិកវគ្គ ទី៩)

(៩. ឧព្ពាហិកវគ្គោ)

[២៩១] ព្រះឧបាលិក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុប្រកបដោយអង្គប៉ុន្មាន ដែលសង្ឃមិនត្រូវសន្មតដោយឧព្វាហិកាកម្ម។59) ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ ភិក្ខុប្រកបដោយអង្គ៥ សង្ឃមិនត្រូវសន្មតដោយឧព្វាហិកាកម្មទេ។ អង្គ៥ គឺអ្វីខ្លះ។ គឺភិក្ខុមិនឈ្លាស ក្នុងអដ្ឋកថា១ មិនឈ្លាសក្នុងបាលី១ មិនឈ្លាសក្នុងភាសា១ មិនឈ្លាសក្នុងព្យញ្ជនៈ (មានសិថិល និងធនិតជាដើម)១ មិនឈ្លាសក្នុងពាក្យខាងដើម និងខាងចុង១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង សង្ឃមិនត្រូវសន្មតដោយឧព្វាហិកាកម្មទេ។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ សង្ឃគប្បីសន្មតដោយឧព្វាហិកាកម្មបាន។ អង្គ៥ គឺអ្វីខ្លះ។ គឺភិក្ខុឈ្លាស ក្នុងអដ្ឋកថា១ ឈ្លាសក្នុងបាលី១ ឈ្លាសក្នុងភាសា១ ឈ្លាសក្នុងព្យញ្ជនៈ១ ឈ្លាសក្នុងពាក្យខាងដើម និងខាងចុង១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង សង្ឃគប្បីសន្មតដោយឧព្វាហិកាកម្មបាន។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ដទៃទៀត សង្ឃក៏មិនត្រូវសន្មតដោយឧព្វាហិកាកម្មដែរ។ អង្គ៥ គឺអ្វីខ្លះ។ គឺភិក្ខុជាអ្នកក្រោធ បណ្តោយឲ្យសេចក្តីក្រោធគ្របសង្កត់១ មានសេចក្តីលុបគុណ បណ្តោយឲ្យសេចក្តីលុបគុណ គ្របសង្កត់១ មានសេចក្តីលើកខ្លួន បណ្តោយឲ្យសេចក្តីលើកខ្លួនគ្របសង្កត់១ មានសេចក្តីច្រណែន បណ្តោយឲ្យសេចក្តីច្រណែនគ្របសង្កត់១ មានសេចក្តីប្រកាន់ដោយទិដ្ឋិរបស់ខ្លួន មានសេចក្តីប្រកាន់មាំ លះបង់បានដោយកម្រ១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង សង្ឃមិនត្រូវសន្មតដោយឧព្វាហិកាកម្មទេ។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ សង្ឃគប្បីសន្មតដោយឧព្វាហិកាកម្មបាន។ អង្គ៥ គឺអ្វីខ្លះ។ គឺភិក្ខុជាអ្នកមិនក្រោធ មិនបណ្តោយឲ្យសេចក្តីក្រោធគ្របសង្កត់១ ជាមនុស្សមិនមានសេចក្តីលុបគុណ មិនបណ្តោយឲ្យសេចក្តីលុបគុណ គ្របសង្កត់១ ជាមនុស្សមិនមានសេចក្តីលើកខ្លួន មិនបណ្តោយឲ្យសេចក្តីលើកខ្លួនគ្របសង្កត់១ ជាមនុស្សមិនច្រណែន មិនបណ្តោយឲ្យសេចក្តីច្រណែនគ្របសង្កត់១ ជាមនុស្សមិនប្រកាន់ដោយទិដ្ឋិរបស់ខ្លួន មិនប្រកាន់មាំ លះបង់បានដោយងាយ១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង សង្ឃគប្បីសន្មតដោយឧព្វាហិកាកម្មបាន។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ដទៃទៀត សង្ឃក៏មិនត្រូវសន្មតដោយឧព្វាហិកាកម្មដែរ។ អង្គ៥ គឺអ្វីខ្លះ។ គឺភិក្ខុតែងកក្រើករំពើក១ តែងធ្វើនូវសេចក្តីព្យាបាទ១ តែងចង្អៀតចង្អល់ ដោយសេចក្តីក្រោធ១ តែងបណ្តោយឲ្យកើតសេចក្តីក្រោធ១ មិនចេះអត់ធន់ មិនកាន់យកពាក្យប្រៀនប្រដៅ ដោយចំណែកខាងស្តាំ១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង សង្ឃមិនត្រូវសន្មតដោយឧព្វាហិកាកម្មទេ។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ សង្ឃគប្បីសន្មតដោយឧព្វាហិកាកម្មបាន។ អង្គ៥ គឺអ្វីខ្លះ។ គឺភិក្ខុមិនកក្រើករំពើក១ មិនធ្វើនូវសេចក្តីព្យាបាទ១ មិនចង្អៀតចង្អល់ ដោយសេចក្តីក្រោធ១ មិនបណ្តោយឲ្យកើតសេចក្តីក្រោធ១ ចេះអត់ធន់ ជាអ្នកកាន់យកពាក្យប្រៀនប្រដៅ ដោយចំណែកខាងស្តាំ១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង សង្ឃគប្បីសន្មតដោយឧព្វាហិកាកម្មបាន។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ដទៃទៀត សង្ឃក៏មិនត្រូវសន្មតដោយឧព្វាហិកាកម្មដែរ។ អង្គ៥ គឺអ្វីខ្លះ។ គឺភិក្ខុជាអ្នកមិនឲ្យគេរលឹកឃើញ គឺបំភាន់ បិទបាំងពាក្យអ្នកដើមចោទ និងចម្លើយ មិនរលឹកស្មារតី១ ជាអ្នកមិនសូមឱកាសកម្មសិន ហើយស្រាប់តែនិយាយ១ ជាអ្នកមិនចោទតាមធម៌ តាមវិន័យ និងតាមអាបត្តិ១ ជាអ្នកមិនកាត់សេចក្តីតាមធម៌ តាមវិន័យ និងតាមអាបត្តិ១ ជាអ្នកមិនប្រាប់តាមសេចក្តីយល់ឃើញ១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង សង្ឃមិនត្រូវសន្មតដោយឧព្វាហិកាកម្មទេ។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ សង្ឃគប្បីសន្មតដោយឧព្វាហិកាកម្មបាន។ អង្គ៥ គឺអ្វីខ្លះ។ គឺភិក្ខុជាអ្នកឲ្យគេរលឹកឃើញ មិនបំភាន់គេ១ ជាអ្នកសូមឱកាសកម្មសិន ហើយទើបនិយាយ១ ជាអ្នកចោទតាមធម៌ តាមវិន័យ និងតាមអាបត្តិ១ ជាអ្នកកាត់សេចក្តីតាមធម៌ តាមវិន័យ និងតាមអាបត្តិ១ ជាអ្នកប្រាប់តាមសេចក្តីយល់ឃើញ១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង សង្ឃគប្បីសន្មតដោយឧព្វាហិកាកម្មបាន។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ដទៃទៀត សង្ឃក៏មិនត្រូវសន្មតដោយឧព្វាហិកាកម្មដែរ។ អង្គ៥ គឺអ្វីខ្លះ។ គឺភិក្ខុលុះឆន្ទាគតិ១ លុះទោសាគតិ១ លុះមោហាគតិ១ លុះភយាគតិ១ ជាអ្នកមិនមានសេចក្តីខ្មាស១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង សង្ឃមិនត្រូវសន្មតដោយឧព្វាហិកាកម្មទេ។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ សង្ឃគប្បីសន្មតដោយឧព្វាហិកាកម្មបាន។ អង្គ៥ គឺអ្វីខ្លះ។ គឺភិក្ខុមិនលុះឆន្ទាគតិ១ មិនលុះទោសាគតិ១ មិនលុះមោហាគតិ១ មិនលុះភយាគតិ១ ជាអ្នកមានសេចក្តីអៀនខ្មាស១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង សង្ឃគប្បីសន្មតដោយឧព្វាហិកាកម្មបាន។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ដទៃទៀត សង្ឃក៏មិនត្រូវសន្មតដោយឧព្វាហិកាកម្មដែរ។ អង្គ៥ គឺអ្វីខ្លះ។ គឺភិក្ខុលុះឆន្ទាគតិ១ លុះទោសាគតិ១ លុះមោហាគតិ១ លុះភយាគតិ១ ជាអ្នកមិនឈ្លាសក្នុងវិន័យ១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង សង្ឃមិនត្រូវសន្មតដោយឧព្វាហិកាកម្មទេ។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ សង្ឃគប្បីសន្មតដោយឧព្វាហិកាកម្មបាន។ អង្គ៥ គឺអ្វីខ្លះ។ គឺភិក្ខុមិនលុះឆន្ទាគតិ១ មិនលុះទោសាគតិ១ មិនលុះមោហាគតិ១ មិនលុះភយាគតិ១ ជាអ្នកឈ្លាសក្នុងវិន័យ១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង សង្ឃគប្បីសន្មតដោយឧព្វាហិកាកម្មបាន។

[២៩២] ព្រះឧបាលិក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុប្រកបដោយអង្គប៉ុន្មាន ទើបដល់នូវការរាប់ថាជាភិក្ខុពាលពិត។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ ភិក្ខុប្រកបដោយអង្គ៥ ទើបដល់នូវការរាប់ថាជាភិក្ខុពាលមែន។ អង្គ៥ គឺអ្វីខ្លះ។ គឺភិក្ខុមិនចេះសុត្តៈ១ មិនចេះសុត្តានុលោមៈ១ មិនចេះវិន័យ១ មិនចេះវិនយានុលោម១ ជាអ្នកមិនឈ្លាសក្នុងហេតុដែលគួរ និងហេតុមិនគួរ១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង ទើបដល់នូវការរាប់ថា ជាភិក្ខុពាលពិត។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ ទើបដល់នូវការរាប់ថាជាភិក្ខុបណ្ឌិតពិត។ អង្គ៥ គឺអ្វីខ្លះ។ គឺភិក្ខុចេះសុត្តៈ១ ចេះសុត្តានុលោមៈ១ ចេះវិន័យ១ ចេះវិនយានុលោម១ ជាអ្នកឈ្លាសក្នុងហេតុដែលគួរ និងហេតុមិនគួរ១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង ទើបដល់នូវការរាប់ថា ជាភិក្ខុបណ្ឌិតពិត។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ដទៃទៀត ក៏ដល់នូវការរាប់ថាជាភិក្ខុពាលដែរ។ អង្គ៥ គឺអ្វីខ្លះ។ គឺភិក្ខុមិនចេះធម៌១ មិនចេះធម្មានុលោមៈ១ មិនចេះវិន័យ១ មិនចេះវិនយានុលោម១ ជាអ្នកមិនឈ្លាសក្នុងពាក្យខាងដើម និងពាក្យខាងចុង១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង ទើបដល់នូវការរាប់ថា ជាភិក្ខុពាលពិត។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ ទើបដល់នូវការរាប់ថាជាភិក្ខុបណ្ឌិតពិត។ អង្គ៥ គឺអ្វីខ្លះ។ គឺភិក្ខុចេះធម៌១ ចេះធម្មានុលោមៈ១ ចេះវិន័យ១ ចេះវិនយានុលោម១ ជាអ្នកឈ្លាសក្នុងពាក្យខាងដើម និងពាក្យខាងចុង១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង ទើបដល់នូវការរាប់ថា ជាភិក្ខុបណ្ឌិតពិត។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ដទៃទៀត ដល់នូវការរាប់ថាជាភិក្ខុពាលពិត។ អង្គ៥ គឺអ្វីខ្លះ។ គឺភិក្ខុមិនដឹងវត្ថុ១ មិនដឹងនិទាន១មិនដឹងបញ្ញត្តិ១ មិនដឹងបទបាលីក្រោយមុន១ មិនដឹងគន្លងពាក្យដែលជាប់តគ្នា១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង ដល់នូវការរាប់ថា ជាភិក្ខុពាលពិត។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ ទើបដល់នូវការរាប់ថាជាភិក្ខុបណ្ឌិតពិត។ អង្គ៥ គឺអ្វីខ្លះ។ គឺភិក្ខុដឹងវត្ថុ១ ដឹងនិទាន១ ដឹងបញ្ញត្តិ១ ដឹងបទបាលីក្រោយមុន១ ដឹងគន្លងពាក្យដែលជាប់តគ្នា១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង ទើបដល់នូវការរាប់ថា ជាបណ្ឌិតពិតមែន។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ដទៃទៀត ក៏ដល់នូវការរាប់ថាជាភិក្ខុពាលដែរ។ អង្គ៥ គឺអ្វីខ្លះ។ គឺភិក្ខុមិនដឹងអាបត្តិ១ មិនដឹងសមុដ្ឋាននៃអាបត្តិ១ មិនដឹងប្រយោគនៃអាបត្តិ១ មិនដឹងសេចក្តីរម្ងាប់នៃអាបត្តិ១ ជាអ្នកមិនឈ្លាសក្នុងការវិនិច្ឆ័យអាបត្តិ១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង ដល់នូវការរាប់ថា ជាភិក្ខុពាលពិត។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ ទើបដល់នូវការរាប់ថាជាភិក្ខុបណ្ឌិតពិត។ អង្គ៥ គឺអ្វីខ្លះ។ គឺភិក្ខុដឹងអាបត្តិ១ ដឹងសមុដ្ឋាននៃអាបត្តិ១ ដឹងប្រយោគនៃអាបត្តិ១ ដឹងសេចក្តីរម្ងាប់នៃអាបត្តិ១ ជាអ្នកឈ្លាសក្នុងការវិនិច្ឆ័យអាបត្តិ១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង ទើបដល់នូវការរាប់ថា ជាភិក្ខុបណ្ឌិតពិត។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ដទៃទៀត ក៏ដល់នូវការរាប់ថាជាភិក្ខុពាលដែរ។ អង្គ៥ គឺអ្វីខ្លះ។ គឺភិក្ខុមិនដឹងអធិករណ៍១ មិនដឹងសមុដ្ឋាននៃអធិករណ៍១ មិនដឹងប្រយោគនៃអធិករណ៍១ មិនដឹងសេចក្តីរម្ងាប់នៃអធិករណ៍១ ជាអ្នកមិនឈ្លាសក្នុងការវិនិច្ឆ័យអធិករណ៍១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង ដល់នូវការរាប់ថា ជាភិក្ខុពាលពិត។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ ទើបដល់នូវការរាប់ថាជាភិក្ខុបណ្ឌិតពិត។ អង្គ៥ គឺអ្វីខ្លះ។ គឺភិក្ខុដឹងអធិករណ៍១ ដឹងសមុដ្ឋាននៃអធិករណ៍១ ដឹងប្រយោគនៃអធិករណ៍១ ដឹងសេចក្តីរម្ងាប់នៃអធិករណ៍១ ជាអ្នកឈ្លាសក្នុងការវិនិច្ឆ័យនៃអធិករណ៍១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង ទើបដល់នូវការរាប់ថា ជាភិក្ខុបណ្ឌិតពិតមែន។

ចប់ ឧព្វាហិកាវគ្គ ទី៩។

ឧទ្ទាន គឺបញ្ជីរឿងនៃ ឧព្វាហិកាវគ្គ នោះដូច្នេះ

[២៩៣]

និយាយអំពីភិក្ខុមិនឈ្លាសក្នុងអដ្ឋកថា១ ភិក្ខុជាអ្នកក្រោធ១ ភិក្ខុតែងកក្រើករំពើក១ ភិក្ខុជាអ្នកបំភាន់គេ១ ភិក្ខុលុះឆន្ទាគតិ១ ភិក្ខុមិនឈ្លាស១ សុត្តៈ១ ធម្មៈ១ វត្ថុ១ អាបត្តិ១ អធិករណ៍១ ធម៌ទាំងអស់មានពីរៗ ដែលព្រះអង្គសំដែងហើយ អ្នកទាំងឡាយចូរដឹងថា ជាធម៌ខ្មៅ និងស គឺមានអាក្រក់ មានល្អ។

(អធិករណវូបសមវគ្គ ទី១០)

(១០. អធិករណវូបសមវគ្គោ)

[២៩៤] ព្រះឧបាលិ ក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុដែលប្រកបដោយអង្គប៉ុន្មាន មិនគួររម្ងាប់អធិករណ៍បាន។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ មិនគួររម្ងាប់អធិករណ៍បាន។ អង្គ៥ នោះតើដូចម្តេច។ គឺភិក្ខុមិនដឹងអាបត្តិ១ មិនដឹងសមុដ្ឋាននៃអាបត្តិ១ មិនដឹងប្រយោគនៃអាបត្តិ១ មិនដឹងកិរិយារម្ងាប់អាបត្តិ១ មិនឈ្លាសក្នុងការវិនិច្ឆ័យអាបត្តិ១។ ម្នាលឧបាលិ ភិក្ខុប្រកបដោយអង្គ៥នេះឯង មិនគួររម្ងាប់អធិករណ៍ទេ។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ ទើបគួររម្ងាប់អធិករណ៍បាន។ អង្គ៥ តើដូចម្តេច។ គឺភិក្ខុដឹងអាបត្តិ១ ដឹងសមុដ្ឋាននៃអាបត្តិ១ ដឹងប្រយោគនៃអាបត្តិ១ ដឹងកិរិយារម្ងាប់អាបត្តិ១ ឈ្លាសក្នុងការវិនិច្ឆ័យអាបត្តិ១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង ទើបគួររម្ងាប់អធិករណ៍ទេ។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ដទៃទៀត មិនគួររម្ងាប់អធិករណ៍ទេ។ អង្គ៥ តើដូចម្តេច។ គឺភិក្ខុមិនដឹងអធិករណ៍១ មិនដឹងសមុដ្ឋាននៃអធិករណ៍១ មិនដឹងប្រយោគនៃអធិករណ៍១ មិនដឹងកិរិយារម្ងាប់អធិករណ៍១ មិនឈ្លាសក្នុងការវិនិច្ឆ័យអធិករណ៍១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង មិនគួររម្ងាប់អធិករណ៍ទេ។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ ទើបគួររម្ងាប់អធិករណ៍បាន។ អង្គ៥ តើដូចម្តេច។ គឺភិក្ខុដឹងអធិករណ៍១ ដឹងសមុដ្ឋាននៃអធិករណ៍១ ដឹងប្រយោគនៃអធិករណ៍១ ដឹងកិរិយារម្ងាប់អធិករណ៍១ ឈ្លាសក្នុងការវិនិច្ឆ័យអធិករណ៍១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង ទើបគួររម្ងាប់អធិករណ៍បាន។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ដទៃទៀត មិនគួររម្ងាប់អធិករណ៍ទេ។ អង្គ៥ តើដូចម្តេច។ គឺភិក្ខុលំអៀងព្រោះសេចក្តីស្រឡាញ់១ លំអៀងព្រោះសេចក្តីស្អប់១ លំអៀងព្រោះសេចក្តីល្ងង់១ លំអៀងព្រោះសេចក្តីខ្លាច១ ជាអ្នកឥតខ្មាស១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង មិនគួររម្ងាប់អធិករណ៍ទេ។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ ទើបគួររម្ងាប់អធិករណ៍បាន។ អង្គ៥ តើដូចម្តេច។ គឺភិក្ខុមិនលំអៀងព្រោះសេចក្តីស្រឡាញ់១ មិនលំអៀងព្រោះសេចក្តីស្អប់១ មិនលំអៀងព្រោះសេចក្តីល្ងង់១ មិនលំអៀងព្រោះសេចក្តីខ្លាច១ ជាអ្នកមានខ្មាស១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង ទើបគួររម្ងាប់អធិករណ៍បាន។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ដទៃទៀត មិនគួររម្ងាប់អធិករណ៍បាន។ អង្គ៥ តើដូចម្តេច។ គឺភិក្ខុលំអៀងព្រោះសេចក្តីស្រឡាញ់១ លំអៀងព្រោះសេចក្តីស្អប់១ លំអៀងព្រោះសេចក្តីល្ងង់១ លំអៀងព្រោះសេចក្តីខ្លាច១ ជាអ្នកចេះដឹងតិច១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង មិនគួររម្ងាប់អធិករណ៍ទេ។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ ទើបគួររម្ងាប់អធិករណ៍បាន។ អង្គ៥ តើដូចម្តេច។ គឺភិក្ខុមិនលំអៀងព្រោះសេចក្តីស្រឡាញ់១ មិនលំអៀងព្រោះសេចក្តីស្អប់១ មិនលំអៀងព្រោះសេចក្តីល្ងង់១ មិនលំអៀងព្រោះសេចក្តីខ្លាច១ ជាអ្នកចេះដឹងច្រើន១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង ទើបគួររម្ងាប់អធិករណ៍បាន។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ដទៃទៀត មិនគួររម្ងាប់អធិករណ៍ទេ។ អង្គ៥ តើដូចម្តេច។ គឺភិក្ខុមិនដឹងវត្ថុ១ មិនដឹងនិទាន១ មិនដឹងបញ្ញត្តិ១ មិនដឹងបទខាងចុង និងបទខាងដើម១ មិនដឹងគន្លងពាក្យដែលជាប់តគ្នា១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង មិនគួររម្ងាប់អធិករណ៍ទេ។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ ទើបគួររម្ងាប់អធិករណ៍បាន។ អង្គ៥ តើដូចម្តេច។ គឺភិក្ខុដឹងវត្ថុ១ ដឹងនិទាន១ ដឹងបញ្ញត្តិ១ ដឹងបទខាងចុង និងបទខាងដើម១ ដឹងគន្លងពាក្យដែលជាប់តគ្នា១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង ទើបគួររម្ងាប់អធិករណ៍បាន។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ដទៃទៀត មិនគួររម្ងាប់អធិករណ៍ទេ។ អង្គ៥ តើដូចម្តេច។ គឺភិក្ខុលំអៀងព្រោះសេចក្តីស្រឡាញ់១ លំអៀងព្រោះសេចក្តីស្អប់១ លំអៀងព្រោះសេចក្តីល្ងង់១ លំអៀងព្រោះសេចក្តីខ្លាច១ ជាអ្នកមិនឈ្លាសក្នុងវិន័យ១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង មិនគួររម្ងាប់អធិករណ៍ទេ។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ ទើបគួររម្ងាប់អធិករណ៍បាន។ អង្គ៥ តើដូចម្តេច។ គឺភិក្ខុមិនលំអៀងព្រោះសេចក្តីស្រឡាញ់១ មិនលំអៀងព្រោះសេចក្តីស្អប់១ មិនលំអៀងព្រោះសេចក្តីល្ងង់១ មិនលំអៀងព្រោះសេចក្តីខ្លាច១ ជាអ្នកឈ្លាសក្នុងវិន័យ១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង ទើបគួររម្ងាប់អធិករណ៍បាន។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ដទៃទៀត មិនគួររម្ងាប់អធិករណ៍ទេ។ អង្គ៥ តើដូចម្តេច។ គឺភិក្ខុលំអៀងព្រោះសេចក្តីស្រឡាញ់១ លំអៀងព្រោះសេចក្តីស្អប់១ លំអៀងព្រោះសេចក្តីល្ងង់១ លំអៀងព្រោះសេចក្តីខ្លាច១ ជាអ្នកមានចិត្តធ្ងន់ក្នុងបុគ្គល មិនធ្ងន់ក្នុងសង្ឃ១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង មិនគួរនឹងរម្ងាប់អធិករណ៍ទេ។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ ទើបគួរនឹងរម្ងាប់អធិករណ៍បាន។ អង្គ៥ តើដូចម្តេច។ គឺភិក្ខុមិនលំអៀងព្រោះសេចក្តីស្រឡាញ់១ មិនលំអៀងព្រោះសេចក្តីស្អប់១ មិនលំអៀងព្រោះសេចក្តីល្ងង់១ មិនលំអៀងព្រោះសេចក្តីខ្លាច១ ជាអ្នកមានចិត្តធ្ងន់ក្នុងសង្ឃ មិនធ្ងន់ក្នុងបុគ្គល១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង ទើបគួរនឹងរម្ងាប់អធិករណ៍បាន។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ដទៃទៀត មិនគួរនឹងរម្ងាប់អធិករណ៍ទេ។ អង្គ៥ តើដូចម្តេច។ គឺភិក្ខុលំអៀងព្រោះសេចក្តីស្រឡាញ់១ លំអៀងព្រោះសេចក្តីស្អប់១ លំអៀងព្រោះសេចក្តីល្ងង់១ លំអៀងព្រោះសេចក្តីខ្លាច១ ជាអ្នកមានចិត្តធ្ងន់ក្នុងអាមិសៈ មិនធ្ងន់ក្នុងព្រះសទ្ធម្ម១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង មិនគួរនឹងរម្ងាប់អធិករណ៍ទេ។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ ទើបគួរនឹងរម្ងាប់អធិករណ៍បាន។ អង្គ៥ តើដូចម្តេច។ គឺភិក្ខុមិនលំអៀងព្រោះសេចក្តីស្រឡាញ់១ មិនលំអៀងព្រោះសេចក្តីស្អប់១ មិនលំអៀងព្រោះសេចក្តីល្ងង់១ មិនលំអៀងព្រោះសេចក្តីខ្លាច១ ជាអ្នកមានចិត្តធ្ងន់ក្នុងព្រះសទ្ធម្ម មិនធ្ងន់ក្នុងអាមិសៈ១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង ទើបគួររម្ងាប់អធិករណ៍បាន។

[២៩៥] ព្រះឧបាលិក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន សង្ឃបែកគ្នាដោយអាការប៉ុន្មាន។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ សង្ឃបែកគ្នាដោយអាការ៥។ អាការ៥ តើដូចម្តេច។ គឺដោយកម្ម (មានអបលោកនកម្មជាដើម)១ ដោយឧទ្ទេស (មាននិទានុទ្ទេសជាដើម)១ ដោយសំដែងភេទករវត្ថុ១៨យ៉ាង១ ដោយអនុស្សាវនៈ គឺសូត្របញ្ជាក់អំពីសេចក្តីស្មោះត្រង់របស់ខ្លួន60) ១ ដោយប្រគល់ស្លាក61) ១។ ម្នាលឧបាលិ សង្ឃបែកគ្នាដោយអាការ៥យ៉ាងនេះឯង។

[២៩៦] ព្រះឧបាលិក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន ព្រះអង្គត្រាស់ថា ការប្រេះឆានៃសង្ឃ បពិត្រព្រះអង្គដ៏ចំរើន ការប្រេះឆានៃសង្ឃ តែមិនទាន់បែកធ្លាយនៃសង្ឃ តើដូចម្តេច ម្យ៉ាងទៀត ការប្រេះឆានៃសង្ឃផង ការបែកធ្លាយនៃសង្ឃផងដូចម្តេច។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ តថាគត បានបញ្ញត្តអាគន្តុកវត្តនេះ ដល់ពួកភិក្ខុជាអាគន្តុកៈ ម្នាលឧបាលិ កាលបើសិក្ខាបទដែលតថាគតបានបញ្ញត្ត ដោយប្រពៃយ៉ាងនេះហើយ ពួកភិក្ខុជាអាគន្តុកៈ មិនបានប្រព្រឹត្តក្នុងអាគន្តុកវត្ត ម្នាលឧបាលិ យ៉ាងនេះហើយ ហៅថា ការប្រេះឆានៃសង្ឃ តែមិនទាន់ហៅថា បែកធ្លាយនៃសង្ឃទេ។ ម្នាលឧបាលិ តថាគត បានបញ្ញត្តអាវាសិកវត្តនេះ ដល់អាវាសិកភិក្ខុ ម្នាលឧបាលិ កាលបើសិក្ខាបទដែលតថាគតបានបញ្ញត្ត ដោយប្រពៃយ៉ាងនេះ ពួកអាវាសិកភិក្ខុ មិនប្រព្រឹត្តក្នុងអាវាសិកវត្តទេ ម្នាលឧបាលិ យ៉ាងនេះហើយ ហៅថា ការប្រេះឆានៃសង្ឃ តែមិនទាន់ហៅថា បែកធ្លាយនៃសង្ឃ។ ម្នាលឧបាលិ តថាគត បានបញ្ញត្តភត្តគ្គវត្តនេះ ក្នុងរោងភត្ត ដល់ពួកភិក្ខុ តាមលំដាប់ចាស់ខ្ចី តាមលំដាប់រាត្រី ឬលំដាប់នៃថេរៈ តាមកិច្ចដ៏សមគួរ តាមអាសនៈខ្ពស់ តាមទឹកថ្មោង តាមចង្ហាន់ថ្មោង ម្នាលឧបាលិ កាលបើសិក្ខាបទដែលតថាគតបានបញ្ញត្ត ដោយប្រពៃយ៉ាងនេះហើយ ពួកភិក្ខុថ្មី ហាមឃាត់អាសនៈ ដល់ពួកភិក្ខុជាថេរៈ ក្នុងរោងភត្ត ម្នាលឧបាលិ យ៉ាងនេះហើយ ឈ្មោះថា ការប្រេះឆានៃសង្ឃ តែមិនទាន់ហៅថា បែកធ្លាយនៃសង្ឃទេ។ ម្នាលឧបាលិ តថាគត បានបញ្ញត្តសេនាសនវត្តនេះ ក្នុសេនាសនៈ ដល់ភិក្ខុតាមលំដាប់ចាស់ខ្ចី តាមលំដាប់រាត្រី តាមកិច្ចដ៏សមគួរ ម្នាលឧបាលិ កាលបើសិក្ខាបទដែលតថាគតបានបញ្ញត្ត ដោយប្រពៃយ៉ាងនេះហើយ ពួកភិក្ខុថ្មីក៏ហាមឃាត់សេនាសនៈ ដល់ពួកភិក្ខុជាថេរៈ ម្នាលឧបាលិ យ៉ាងនេះឈ្មោះថា ការប្រេះឆានៃសង្ឃ តែមិនទាន់ហៅថា បែកធ្លាយនៃសង្ឃទេ។ ម្នាលឧបាលិ តថាគត បានបញ្ញត្តឧបោសថជាមួយគ្នា បវារណាជាមួយគ្នា សង្ឃកម្មជាមួយគ្នា កម្មតូច កម្មធំជាមួយគ្នានេះ ខាងក្នុងសីមា ដល់ភិក្ខុទាំងឡាយហើយ ម្នាលឧបាលិ កាលបើសិក្ខាបទដែលតថាគតបានបញ្ញត្ត ដោយប្រពៃយ៉ាងនេះហើយ ភិក្ខុទាំងឡាយ ក៏ធ្វើសេចក្តីកំណត់ផ្សេងគ្នា ចងគ្នាជាពួក ធ្វើឧបោសថផ្សេងគ្នា ធ្វើបវារណាផ្សេងគ្នា ធ្វើសង្ឃកម្មផ្សេងគ្នា ធ្វើកម្មតូច កម្មធំផ្សេងគ្នា ខាងក្នុងសីមានោះ ម្នាលឧបាលិ យ៉ាងនេះហើយឈ្មោះថា ការប្រេះឆានៃសង្ឃផង ឈ្មោះថា ការបែកធ្លាយនៃសង្ឃផង។

ចប់ អធិករណវូបសមវគ្គ ជាគំរប់១០។

ឧទ្ទាន គឺបញ្ជីរឿងនៃអធិករណវូបសមវគ្គនោះដូច្នេះ

[២៩៧]

និយាយអំពីអាបត្តិ១ អធិករណ៍១ ការលំអៀងដោយស្រឡាញ់១ ភិក្ខុចេះដឹងតិច១ វត្ថុ១ ភិក្ខុមិនឈ្លាស១ មានចិត្តធ្ងន់ក្នុងបុគ្គល១ ធ្ងន់ក្នុងអាមិសៈ១ សង្ឃបែកគ្នា១ ការប្រេះឆានៃសង្ឃ១ ការបែកធ្លាយនៃសង្ឃ១។

(សង្ឃភេទកវគ្គ ទី១១)

(១១. សង្ឃភេទកវគ្គោ)

[២៩៨] ព្រះឧបាលិក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុប្រកបដោយអង្គប៉ុន្មាន ឈ្មោះថាជាអ្នកបំបែកសង្ឃ តែងទៅកើតក្នុងអបាយ ទៅកើតក្នុងនរក ឋិតនៅអស់មួយកប្ប កែខ្លួនលែងបាន។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ ភិក្ខុប្រកបដោយអង្គ៥ ឈ្មោះថា ជាអ្នកបំបែកសង្ឃ តែងទៅកើតក្នុងអបាយ ទៅកើតក្នុងនរក ឋិតនៅអស់មួយកប្ប កែខ្លួនលែងបាន។ អង្គ៥ តើដូចម្តេច។ ម្នាលឧបាលិ ភិក្ខុក្នុងសាសនានេះ សំដែងនូវសភាវៈ មិនមែនធម៌ ថាជាធម៌១ សំដែងនូវធម៌ ថាមិនមែនធម៌១ សំដែងនូវសភាវៈមិនមែនវិន័យ ថាជាវិន័យ១ សំដែងនូវវិន័យ ថាមិនមែនវិន័យ១ បិទបាំងទិដ្ឋិហើយធ្វើសង្ឃកម្មផ្សេងគ្នា១។ ម្នាលឧបាលិ ប្រកបដោយអង្គ៥នេះឯង ឈ្មោះថា ជាអ្នកបំបែកសង្ឃ តែងទៅកើតក្នុងអបាយ ទៅកើតក្នុងនរក ឋិតនៅអស់មួយកប្ប កែខ្លួនលែងបាន។ ម្នាលឧបាលិ ភិក្ខុប្រកបដោយអង្គ៥ដទៃទៀត ឈ្មោះថា ជាអ្នកបំបែកសង្ឃ តែងទៅកើតក្នុងអបាយ ទៅកើតក្នុងនរក ឋិតនៅអស់មួយកប្ប កែខ្លួនលែងបាន។ អង្គ៥ តើដូចម្តេច។ ម្នាលឧបាលិ ភិក្ខុក្នុងសាសនានេះ សំដែងនូវសភាវៈ មិនមែនធម៌ ថាជាធម៌១ សំដែងនូវធម៌ ថាមិនមែនធម៌១ សំដែងនូវសភាវៈមិនមែនវិន័យ ថាជាវិន័យ១ សំដែងនូវវិន័យ ថាមិនមែនវិន័យ១ បិទបាំងទិដ្ឋិហើយសំដែងបាតិមោក្ខ១។ ម្នាលឧបាលិ ភិក្ខុប្រកបដោយអង្គ៥នេះឯង ឈ្មោះថា ជាអ្នកបំបែកសង្ឃ តែងទៅកើតក្នុងអបាយ ទៅកើតក្នុងនរក ឋិតនៅអស់មួយកប្ប កែខ្លួនលែងបាន។ ម្នាលឧបាលិ ភិក្ខុប្រកបដោយអង្គ៥ដទៃទៀត ឈ្មោះថា ជាអ្នកបំបែកសង្ឃ តែងទៅកើតក្នុងអបាយ ទៅកើតក្នុងនរក ឋិតនៅអស់មួយកប្ប កែខ្លួនលែងបាន។ អង្គ៥ តើដូចម្តេច។ ម្នាលឧបាលិ ភិក្ខុក្នុងសាសនានេះ សំដែងនូវសភាវៈមិនមែនធម៌ ថាជាធម៌១ សំដែងនូវធម៌ ថាមិនមែនជាធម៌១ សំដែងនូវសភាវៈមិនមែនវិន័យ ថាជាវិន័យ១ សំដែងនូវវិន័យ ថាមិនមែនវិន័យ១ បិទបាំងទិដ្ឋិ ហើយសំដែង (ភេទករវត្ថុ១៨យ៉ាង)១។ ម្នាលឧបាលិ ភិក្ខុប្រកបដោយអង្គ៥នេះឯង ឈ្មោះថា ជាអ្នកបំបែកសង្ឃ តែងទៅកើតក្នុងអបាយ ទៅកើតក្នុងនរក ឋិតនៅអស់មួយកប្ប កែខ្លួនលែងបាន។ ម្នាលឧបាលិ ភិក្ខុប្រកបដោយអង្គ៥ដទៃទៀត ឈ្មោះថា ជាអ្នកបំបែកសង្ឃ តែងទៅកើតក្នុងអបាយ ទៅកើតក្នុងនរក ឋិតនៅអស់មួយកប្ប កែខ្លួនលែងបាន។ អង្គ៥ តើដូចម្តេច។ ម្នាលឧបាលិ ភិក្ខុក្នុងសាសនានេះ សំដែងនូវសភាវៈមិនមែនធម៌ ថាជាធម៌១ សំដែងនូវធម៌ ថាមិនមែនជាធម៌១ សំដែងនូវសភាវៈមិនមែនវិន័យ ថាជាវិន័យ១ សំដែងនូវវិន័យ ថាមិនមែនវិន័យ១ បិទបាំងទិដ្ឋិ ហើយសូត្របញ្ជាក់អំពីសេចក្តីស្មោះត្រង់របស់ខ្លួន។ ម្នាលឧបាលិ ភិក្ខុប្រកបដោយអង្គ៥នេះឯង ឈ្មោះថា ជាអ្នកបំបែកសង្ឃ តែងទៅកើតក្នុងអបាយ ទៅកើតក្នុងនរក ឋិតនៅអស់មួយកប្ប កែខ្លួនលែងបាន។ ម្នាលឧបាលិ ភិក្ខុប្រកបដោយអង្គ៥ដទៃទៀត ឈ្មោះថា ជាអ្នកបំបែកសង្ឃ តែងទៅកើតក្នុងអបាយ ទៅកើតក្នុងនរក ឋិតនៅអស់មួយកប្ប កែខ្លួនលែងបាន។ អង្គ៥ តើដូចម្តេច។ ម្នាលឧបាលិ ភិក្ខុក្នុងសាសនានេះ សំដែងនូវសភាវៈមិនមែនធម៌ ថាជាធម៌១ សំដែងនូវធម៌ ថាមិនមែនធម៌១ សំដែងនូវសភាវៈមិនមែនវិន័យ ថាជាវិន័យ១ សំដែងនូវវិន័យ ថាមិនមែនវិន័យ១ បិទបាំងទិដ្ឋិ ប្រគល់ស្លាក១។ ម្នាលឧបាលិ ភិក្ខុប្រកបដោយអង្គ៥នេះឯង ឈ្មោះថា ជាអ្នកបំបែកសង្ឃ តែងទៅកើតក្នុងអបាយ ទៅកើតក្នុងនរក ឋិតនៅអស់មួយកប្ប កែខ្លួនលែងបាន។ ម្នាលឧបាលិ ភិក្ខុប្រកបដោយអង្គ៥ដទៃទៀត ឈ្មោះថា ជាអ្នកបំបែកសង្ឃ តែងទៅកើតក្នុងអបាយ ទៅកើតក្នុងនរក ឋិតនៅអស់មួយកប្ប កែខ្លួនលែងបាន។ អង្គ៥ តើដូចម្តេច។ ម្នាលឧបាលិ ភិក្ខុក្នុងសាសនានេះ សំដែងនូវសភាវៈមិនមែនធម៌ ថាជាធម៌១ សំដែងនូវធម៌ ថាមិនមែនជាធម៌១ សំដែងនូវសភាវៈមិនមែនវិន័យ ថាជាវិន័យ១ សំដែងនូវវិន័យ ថាមិនមែនវិន័យ១ បិទបាំងសេចក្តីពេញចិត្ត ហើយធ្វើសង្ឃកម្មផ្សេងគ្នា១។បេ។ បិទបាំងសេចក្តីពេញចិត្ត ហើយសំដែងបាតិមោក្ខ។ បិទបាំងសេចក្តីពេញចិត្តហើយ សំដែងភេទកវត្ថុ១៨យ៉ាង។ បិទបាំងសេចក្តីពេញចិត្តហើយ សូត្របញ្ជាក់អំពីសេចក្តីស្មោះត្រង់របស់ខ្លួន។ បិទបាំងសេចក្តីពេញចិត្ត ហើយប្រគល់ស្លាក។ ម្នាលឧបាលិ ភិក្ខុប្រកបដោយអង្គ៥នេះឯង ឈ្មោះថា ជាអ្នកបំបែកសង្ឃ តែងទៅកើតក្នុងអបាយ ទៅកើតក្នុងនរក ឋិតនៅអស់មួយកប្ប កែខ្លួនលែងបាន។ ម្នាលឧបាលិ ភិក្ខុប្រកបដោយអង្គ៥ដទៃទៀត ឈ្មោះថា ជាអ្នកបំបែកសង្ឃ តែងទៅកើតក្នុងអបាយ ទៅកើតក្នុងនរក ឋិតនៅអស់មួយកប្ប កែខ្លួនលែងបាន។ អង្គ៥ តើដូចម្តេច។ ម្នាលឧបាលិ ភិក្ខុក្នុងសាសនានេះ សំដែងនូវសភាវៈមិនមែនធម៌ ថាជាធម៌១ សំដែងនូវធម៌ ថាមិនមែនធម៌១ សំដែងនូវសភាវៈមិនមែនវិន័យ ថាជាវិន័យ១ សំដែងនូវវិន័យ ថាមិនមែនវិន័យ១ បិទបាំងសេចក្តីគាប់ចិត្ត ហើយធ្វើសង្ឃកម្មផ្សេងគ្នា១។បេ។ បិទបាំងសេចក្តីគាប់ចិត្ត ហើយសំដែងបាតិមោក្ខ។ បិទបាំងសេចក្តីគាប់ចិត្ត ហើយសំដែងភេទករវត្ថុ១៨យ៉ាង។ បិទបាំងសេចក្តីគាប់ចិត្ត ហើយសូត្របញ្ជាក់អំពីសេចក្តីស្មោះត្រង់របស់ខ្លួន។ បិទបាំងសេចក្តីគាប់ចិត្ត ហើយប្រគល់ស្លាក។ ម្នាលឧបាលិ ភិក្ខុប្រកបដោយអង្គ៥នេះឯង ឈ្មោះថា ជាអ្នកបំបែកសង្ឃ តែងទៅកើតក្នុងអបាយ ទៅកើតក្នុងនរក ឋិតនៅអស់មួយកប្ប កែខ្លួនលែងបាន។ ម្នាលឧបាលិ ភិក្ខុប្រកបដោយអង្គ៥ដទៃទៀត ឈ្មោះថា ជាអ្នកបំបែកសង្ឃ តែងទៅកើតក្នុងអបាយ ទៅកើតក្នុងនរក ឋិតនៅអស់មួយកប្ប កែខ្លួនលែងបាន។ អង្គ៥ តើដូចម្តេច។ ម្នាលឧបាលិ ភិក្ខុក្នុងសាសនានេះ សំដែងនូវសភាវៈមិនមែនធម៌ ថាជាធម៌១ សំដែងនូវធម៌ ថាមិនមែនធម៌១ សំដែងនូវសភាវៈមិនមែនវិន័យ ថាជាវិន័យ១ សំដែងនូវវិន័យ ថាមិនមែនជាវិន័យ១ បិទបាំងសញ្ញា ហើយធ្វើសង្ឃកម្មផ្សេងគ្នា១។បេ។ បិទបាំងសញ្ញា ហើយសំដែងបាតិមោក្ខ។ បិទបាំងសញ្ញា ហើយសំដែងភេទករវត្ថុ១៨យ៉ាង។ បិទបាំងសញ្ញា ហើយសូត្របញ្ជាក់អំពីសេចក្តីស្មោះត្រង់របស់ខ្លួន។ បិទបាំងសញ្ញា ហើយប្រគល់ស្លាក។ ម្នាលឧបាលិ ភិក្ខុប្រកបដោយអង្គ៥នេះឯង ឈ្មោះថា ជាអ្នកបំបែកសង្ឃ តែងទៅកើតក្នុងអបាយ ទៅកើតក្នុងនរក ឋិតនៅអស់មួយកប្ប កែខ្លួនលែងបាន។

ចប់ សង្ឃភេទវគ្គ ជាគំរប់១១។

ឧទ្ទាន គឺបញ្ជីរឿងនៃសង្ឃភេទវគ្គនោះ ដូច្នេះ

[២៩៩]

និយាយអំពីបិទបាំងទិដ្ឋិ ហើយធ្វើសង្ឃកម្មផ្សេងគ្នា១ សំដែងបាតិមោក្ខ១ សំដែងភេទករវត្ថុ១៨យ៉ាង១ សូត្របញ្ជាក់អំពីសេចក្តីស្មោះត្រង់របស់ខ្លួន១ ប្រគល់ស្លាក១ អាការទាំង៥នេះ អាស្រ័យនូវទិដ្ឋិ។ សេចក្តីពេញចិត្ត១ សេចក្តីគាប់ចិត្ត១ សញ្ញា១ ធម៌ទាំង៣យ៉ាងនោះ មានន័យ៥ប្រការដូចគ្នាដែរ។

(ទុតិយសង្ឃភេទកវគ្គ ទី១២)

(១២. ទុតិយសង្ឃភេទកវគ្គោ)

[៣០០] ព្រះឧបាលិក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុជាអ្នកបំបែកសង្ឃ ប្រកបដោយអង្គប៉ុន្មាន មិនកំណត់ជាទៅកើតក្នុងអបាយ មិនកំណត់ជាទៅកើតក្នុងនរក មិនឋិតនៅអស់មួយកប្ប នៅកែខ្លួនបាន។ ម្នាលឧបាលិ ភិក្ខុជាអ្នកបំបែកសង្ឃ ប្រកបដោយអង្គ៥ មិនកំណត់ជាទៅកើតក្នុងអបាយ មិនកំណត់ជាទៅកើតក្នុងនរក មិនឋិតនៅអស់មួយកប្ប នៅកែខ្លួនបាន។ អង្គ៥ តើដូចម្តេច។ ម្នាលឧបាលិ ភិក្ខុក្នុងសាសនានេះ សំដែងនូវសភាវៈមិនមែនធម៌ ថាជាធម៌១ សំដែងនូវធម៌ ថាមិនមែនធម៌១ សំដែងនូវសភាវៈមិនមែនវិន័យ ថាជាវិន័យ១ សំដែងនូវវិន័យ ថាមិនមែនវិន័យ១ មិនបិទបាំងទិដ្ឋិ ហើយធ្វើសង្ឃកម្មផ្សេងគ្នា១។ ម្នាលឧបាលិ ភិក្ខុជាអ្នកបំបែកសង្ឃ ប្រកបដោយអង្គ៥នេះឯង មិនកំណត់ជាទៅកើតក្នុងអបាយ មិនកំណត់ជាទៅកើតក្នុងនរក មិនឋិតនៅអស់មួយកប្ប នៅកែខ្លួនបាន។ ម្នាលឧបាលិ ភិក្ខុជាអ្នកបំបែកសង្ឃ ប្រកបដោយអង្គ៥ដទៃទៀត មិនកំណត់ជាទៅកើតក្នុងអបាយ មិនកំណត់ជាទៅកើតក្នុងនរក មិនឋិតនៅអស់មួយកប្ប នៅកែខ្លួនបាន។ អង្គ៥ តើដូចម្តេច។ ម្នាលឧបាលិ ភិក្ខុក្នុងសាសនានេះ សំដែងនូវសភាវៈមិនមែនធម៌ ថាជាធម៌១ សំដែងនូវធម៌ ថាមិនមែនធម៌១ សំដែងនូវសភាវៈមិនមែនវិន័យ ថាជាវិន័យ១ សំដែងនូវវិន័យ ថាមិនមែនជាវិន័យ១ មិនបិទបាំងទិដ្ឋិ ហើយសំដែងបាតិមោក្ខ១។ ម្នាលឧបាលិ ភិក្ខុជាអ្នកបំបែកសង្ឃ ប្រកបដោយអង្គ៥នេះឯង មិនកំណត់ជាទៅកើតក្នុងអបាយ មិនកំណត់ជាទៅកើតក្នុងនរក មិនឋិតនៅអស់មួយកប្ប នៅកែខ្លួនបាន។ ម្នាលឧបាលិ ភិក្ខុជាអ្នកបំបែកសង្ឃ ប្រកបដោយអង្គ៥ដទៃទៀត មិនកំណត់ជាទៅកើតក្នុងអបាយ មិនកំណត់ជាទៅកើតក្នុងនរក មិនឋិតនៅអស់មួយកប្ប នៅកែខ្លួនបាន។ អង្គ៥ តើដូចម្តេច។ ម្នាលឧបាលិ ភិក្ខុក្នុងសាសនានេះ សំដែងនូវសភាវៈមិនមែនធម៌ ថាជាធម៌១ សំដែងនូវធម៌ ថាមិនមែនធម៌១ សំដែងនូវសភាវៈមិនមែនវិន័យ ថាជាវិន័យ១ សំដែងនូវវិន័យ ថាមិនមែនជាវិន័យ១ មិនបិទបាំងទិដ្ឋិ ហើយសំដែងភេទករវត្ថុ១៨យ៉ាង១។ ម្នាលឧបាលិ ភិក្ខុជាអ្នកបំបែកសង្ឃ ប្រកបដោយអង្គ៥នេះឯង មិនកំណត់ជាទៅកើតក្នុងអបាយ មិនកំណត់ជាទៅកើតក្នុងនរក មិនឋិតនៅអស់មួយកប្ប នៅកែខ្លួនបាន។ ម្នាលឧបាលិ ភិក្ខុជាអ្នកបំបែកសង្ឃ ប្រកបដោយអង្គ៥ដទៃទៀត មិនកំណត់ជាទៅកើតក្នុងអបាយ មិនកំណត់ជាទៅកើតក្នុងនរក មិនឋិតនៅអស់មួយកប្ប នៅកែខ្លួនបាន។ អង្គ៥ តើដូចម្តេច។ ម្នាលឧបាលិ ភិក្ខុក្នុងសាសនានេះ សំដែងនូវសភាវៈមិនមែនធម៌ ថាជាធម៌១ សំដែងនូវធម៌ ថាមិនមែនធម៌១ សំដែងនូវសភាវៈមិនមែនវិន័យ ថាជាវិន័យ១ សំដែងនូវវិន័យ ថាមិនមែនវិន័យ១ មិនបិទបាំងទិដ្ឋិ ហើយសូត្របញ្ជាក់អំពីសេចក្តីស្មោះត្រង់របស់ខ្លួន១។ ម្នាលឧបាលិ ភិក្ខុជាអ្នកបំបែកសង្ឃ ប្រកបដោយអង្គ៥នេះឯង មិនកំណត់ជាទៅកើតក្នុងអបាយ មិនកំណត់ជាទៅកើតក្នុងនរក មិនឋិតនៅអស់មួយកប្ប នៅកែខ្លួនបាន។ ម្នាលឧបាលិ ភិក្ខុជាអ្នកបំបែកសង្ឃ ប្រកបដោយអង្គ៥ដទៃទៀត មិនកំណត់ជាទៅកើតក្នុងអបាយ មិនកំណត់ជាទៅកើតក្នុងនរក មិនឋិតនៅអស់មួយកប្ប នៅកែខ្លួនបាន។ អង្គ៥ តើដូចម្តេច។ ម្នាលឧបាលិ ភិក្ខុក្នុងសាសនានេះ សំដែងនូវសភាវៈមិនមែនធម៌ ថាជាធម៌១ សំដែងនូវធម៌ ថាមិនមែនធម៌១ សំដែងនូវសភាវៈមិនមែនវិន័យ ថាជាវិន័យ១ សំដែងនូវវិន័យ ថាមិនមែនវិន័យ១ មិនបិទបាំងទិដ្ឋិ ហើយប្រគល់ស្លាក១។ ម្នាលឧបាលិ ភិក្ខុជាអ្នកបំបែកសង្ឃ ប្រកបដោយអង្គ៥នេះឯង មិនកំណត់ជាទៅកើតក្នុងអបាយ មិនកំណត់ជាទៅកើតក្នុងនរក មិនឋិតនៅអស់មួយកប្ប នៅកែខ្លួនបាន។ ម្នាលឧបាលិ ភិក្ខុជាអ្នកបំបែកសង្ឃ ប្រកបដោយអង្គ៥ដទៃទៀត មិនកំណត់ជាទៅកើតក្នុងអបាយ មិនកំណត់ជាទៅកើតក្នុងនរក មិនឋិតនៅអស់មួយកប្ប នៅកែខ្លួនបាន។ អង្គ៥ តើដូចម្តេច។ ម្នាលឧបាលិ ភិក្ខុក្នុងសាសនានេះ សំដែងនូវសភាវៈមិនមែនធម៌ ថាជាធម៌១ សំដែងនូវធម៌ ថាមិនមែនធម៌១ សំដែងនូវសភាវៈមិនមែនវិន័យ ថាជាវិន័យ១ សំដែងនូវវិន័យ ថាមិនមែនវិន័យ១ មិនបិទបាំងសេចក្តីពេញចិត្ត ហើយធ្វើសង្ឃកម្មផ្សេងគ្នា១។បេ។ មិនបិទបាំងសេចក្តីគាប់ចិត្ត ហើយសំដែងបាតិមោក្ខ។ មិនបិទបាំងសេចក្តីគាប់ចិត្ត ហើយសំដែងភេទករវត្ថុ១៨យ៉ាង មិនបិទបាំងសេចក្តីគាប់ចិត្ត ហើយសូត្របញ្ជាក់អំពីសេចក្តីស្មោះត្រង់របស់ខ្លួន។ មិនបិទបាំងសេចក្តីពេញចិត្ត ហើយប្រគល់ស្លាក ម្នាលឧបាលិ ភិក្ខុជាអ្នកបំបែកសង្ឃ ប្រកបដោយអង្គ៥នេះឯង មិនកំណត់ជាទៅកើតក្នុងអបាយ មិនកំណត់ជាទៅកើតក្នុងនរក មិនឋិតនៅអស់មួយកប្ប នៅកែខ្លួនបាន។ ម្នាលឧបាលិ ភិក្ខុជាអ្នកបំបែកសង្ឃ ប្រកបដោយអង្គ៥ដទៃទៀត មិនកំណត់ជាទៅកើតក្នុងអបាយ មិនកំណត់ជាទៅកើតក្នុងនរក មិនឋិតនៅអស់មួយកប្ប នៅកែខ្លួនបាន។ អង្គ៥ តើដូចម្តេច។ ម្នាលឧបាលិ ភិក្ខុក្នុងសាសនានេះ សំដែងនូវសភាវៈមិនមែនធម៌ ថាជាធម៌១ សំដែងនូវធម៌ ថាមិនមែនធម៌១ សំដែងនូវសភាវៈមិនមែនវិន័យ ថាជាវិន័យ១ សំដែងនូវវិន័យ ថាមិនមែនវិន័យ១ មិនបិទបាំងសេចក្តីគាប់ចិត្ត ហើយធ្វើសង្ឃកម្មផ្សេងគ្នា១។បេ។ មិនបិទបាំងសេចក្តីគាប់ចិត្ត ហើយសំដែងបាតិមោក្ខ។ មិនបិទបាំងសេចក្តីគាប់ចិត្ត ហើយសំដែងភេទករវត្ថុ១៨យ៉ាង។ មិនបិទបាំងសេចក្តីគាប់ចិត្ត ហើយសូត្របញ្ជាក់អំពីសេចក្តីស្មោះត្រង់របស់ខ្លួន។ មិនបិទបាំងសេចក្តីគាប់ចិត្ត ហើយប្រគល់ស្លាក។ ម្នាលឧបាលិ ភិក្ខុជាអ្នកបំបែកសង្ឃ ប្រកបដោយអង្គ៥នេះឯង មិនកំណត់ជាទៅកើតក្នុងអបាយ មិនកំណត់ជាទៅកើតក្នុងនរក មិនឋិតនៅអស់មួយកប្ប នៅកែខ្លួនបាន។ ម្នាលឧបាលិ ភិក្ខុជាអ្នកបំបែកសង្ឃ ប្រកបដោយអង្គ៥ដទៃទៀត មិនកំណត់ជាទៅកើតក្នុងអបាយ មិនកំណត់ជាទៅកើតក្នុងនរក មិនឋិតនៅអស់មួយកប្ប នៅកែខ្លួនបាន។ អង្គ៥ តើដូចម្តេច។ ម្នាលឧបាលិ ភិក្ខុក្នុងសាសនានេះ សំដែងនូវសភាវៈមិនមែនធម៌ ថាជាធម៌១ សំដែងនូវធម៌ ថាមិនមែនធម៌១ សំដែងនូវសភាវៈមិនមែនវិន័យ ថាជាវិន័យ១ សំដែងនូវវិន័យ ថាមិនមែនវិន័យ១ មិនបិទបាំងសញ្ញាហើយ ធ្វើសង្ឃកម្មផ្សេងគ្នា១។បេ។ មិនបិទបាំងសញ្ញា ហើយសំដែងបាតិមោក្ខ។ មិនបិទបាំងសញ្ញា ហើយសំដែងភេទករវត្ថុ១៨យ៉ាង។ មិនបិទបាំងសញ្ញា ហើយសូត្របញ្ជាក់អំពីសេចក្តីស្មោះត្រង់របស់ខ្លួន។ មិនបិទបាំងសញ្ញា ហើយប្រគល់ស្លាក។ ម្នាលឧបាលិ ភិក្ខុជាអ្នកបំបែកសង្ឃ ប្រកបដោយអង្គ៥នេះឯង មិនកំណត់ជាទៅកើតក្នុងអបាយ មិនកំណត់ជាទៅកើតក្នុងនរក មិនឋិតនៅអស់មួយកប្ប នៅកែខ្លួនបាន។

ចប់ ទុតិយសង្ឃភេទវគ្គ ជាគំរប់១២។

ឧទ្ទាន គឺបញ្ជីរឿងនៃសង្ឃភេទវគ្គនោះដូច្នេះ

[៣០១]

និយាយអំពីមិនបិទបាំងទិដ្ឋិ ហើយធ្វើសង្ឃកម្មផ្សេងគ្នា១ សំដែងបាតិមោក្ខ១ សំដែងភេទករវត្ថុ១៨យ៉ាង១ សូត្របញ្ជាក់អំពីសេចក្តីស្មោះត្រង់របស់ខ្លួន១ ប្រគល់ស្លាក១ អាការទាំង៥នេះ អាស្រ័យនូវទិដ្ឋិ។ សេចក្តីពេញចិត្ត១ សេចក្តីគាប់ចិត្ត១ សញ្ញា១ ធម៌ទាំង៣យ៉ាងនោះ មានន័យ៥ប្រការដូចគ្នាដែរ។ វិធី២០គត់ ក្នុងចំណែកខាងអាក្រក់ មានក្នុងខាងក្រោម (ខាងដើម) យ៉ាងណា អ្នកទាំងឡាយ ចូរដឹងនូវវិធី២០គត់ ក្នុងចំណែកខាងល្អ ក៏យ៉ាងនោះដែរ។

(អាវាសិកវគ្គ ទី១៣)

(១៣. អាវាសិកវគ្គោ)

[៣០២] ព្រះឧបាលិក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន អាវាសិកភិក្ខុ គឺភិក្ខុដែលនៅក្នុងអាវាស ប្រកបដោយអង្គប៉ុន្មាន រមែងធ្លាក់ទៅក្នុងនរក ដូចជាគេនាំយកទៅទំលាក់។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ អាវាសិកភិក្ខុ ដែលប្រកបដោយអង្គ៥ រមែងធ្លាក់ទៅក្នុងនរក ដូចជាគេនាំយកទៅទំលាក់។ អង្គ៥ តើដូចម្តេច។ គឺភិក្ខុលំអៀងព្រោះសេចក្តីស្រឡាញ់១ លំអៀងព្រោះសេចក្តីស្អប់១ លំអៀងព្រោះសេចក្តីល្ងង់១ លំអៀងព្រោះសេចក្តីខ្លាច១ ប្រើប្រាស់នូវវត្ថុជារបស់សង្ឃ ដោយការប្រើប្រាស់ដូចជារបស់បុគ្គល១។ ម្នាលឧបាលិ អាវាសិកភិក្ខុ ដែលប្រកបដោយអង្គ៥នេះឯង រមែងធ្លាក់ទៅក្នុងនរក ដូចជាគេនាំយកទៅទំលាក់។ ម្នាលឧបាលិ អាវាសិកភិក្ខុ ដែលប្រកបដោយអង្គ៥ រមែងទៅកើតក្នុងសួគ៌ ហាក់ដូចជាគេនាំយកទៅដំកល់ទុក។ អង្គ៥ តើដូចម្តេច។ គឺភិក្ខុមិនលំអៀងព្រោះសេចក្តីស្រឡាញ់១ មិនលំអៀងព្រោះសេចក្តីស្អប់១ មិនលំអៀងព្រោះសេចក្តីល្ងង់១ មិនលំអៀងព្រោះសេចក្តីខ្លាច១ មិនប្រើប្រាស់វត្ថុជារបស់សង្ឃ ដោយការប្រើប្រាស់ដូចជារបស់បុគ្គល១។ ម្នាលឧបាលិ អាវាសិកភិក្ខុ ដែលប្រកបដោយអង្គ៥នេះឯង រមែងទៅកើតក្នុងសួគ៌ ហាក់ដូចជាគេនាំយកទៅដំកល់ទុក។

[៣០៣] ព្រះឧបាលិក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន ការដោះស្រាយវិន័យ មិនប្រកបដោយធម៌ មានប៉ុន្មានយ៉ាង។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ ការដោះស្រាយវិន័យ មិនប្រកបដោយធម៌ មាន៥យ៉ាងនេះ។ ៥យ៉ាង តើដូចម្តេច។ ម្នាលឧបាលិ ភិក្ខុក្នុងសាសនានេះ បង្អោន62) នូវសភាវៈមិនមែនធម៌ ថាជាធម៌១ បង្អោននូវធម៌ ថាមិនមែនជាធម៌១ បង្អោននូវសភាវៈមិនមែនវិន័យ ថាជាវិន័យ១ បង្អោននូវវិន័យ ថាមិនមែនជាវិន័យ១ បញ្ញត្តនូវសិក្ខាបទ ដែលតថាគតមិនបានបញ្ញត្ត ទាំងដកសិក្ខាបទ ដែលតថាគតបានបញ្ញត្តហើយ១។ ម្នាលឧបាលិ ការដោះស្រាយវិន័យ មិនប្រកបដោយធម៌ មាន៥យ៉ាងនេះឯង។ ម្នាលឧបាលិ ការដោះស្រាយវិន័យ ដែលប្រកបដោយធម៌ មាន៥យ៉ាងនេះ។ ៥យ៉ាង តើដូចម្តេច។ ម្នាលឧបាលិ ភិក្ខុក្នុងសាសនានេះ បង្អោននូវសភាវៈមិនមែនធម៌ ថាមិនមែនធម៌១ បង្អោននូវធម៌ ថាជាធម៌១ បង្អោននូវសភាវៈមិនមែនវិន័យ ថាមិនមែនវិន័យ១ បង្អោននូវវិន័យ ថាជាវិន័យ១ មិនបញ្ញត្តនូវសិក្ខាបទ ដែលតថាគតមិនបានបញ្ញត្ត ទាំងមិនដកសិក្ខាបទ ដែលតថាគតបានបញ្ញត្តហើយ១។ ម្នាលឧបាលិ ការដោះស្រាយវិន័យ ដែលប្រកបដោយធម៌ មាន៥យ៉ាងនេះឯង។

[៣០៤] ព្រះឧបាលិក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុដែលជាភត្តុទ្ទេសក៍63) (អ្នកសំដែងភត្ត) ប្រកបដោយអង្គប៉ុន្មាន រមែងធ្លាក់ទៅក្នុងនរក ហាក់ដូចជាគេនាំយកទៅទំលាក់។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ ភិក្ខុដែលជាភត្តុទ្ទេសក៍ ប្រកបដោយអង្គ៥ រមែងធ្លាក់ទៅក្នុងនរក ហាក់ដូចជាគេនាំយកទៅទំលាក់។ អង្គ៥ តើដូចម្តេច។ គឺភិក្ខុលំអៀងព្រោះសេចក្តីស្រឡាញ់១ លំអៀងព្រោះសេចក្តីស្អប់១ លំអៀងព្រោះសេចក្តីល្ងង់១ លំអៀងព្រោះសេចក្តីខ្លាច១ មិនដឹងនូវភត្ត ដែលខ្លួនបានសំដែងហើយ ទាំងមិនទាន់បានសំដែង64) ១។ ម្នាលឧបាលិ ភិក្ខុដែលជាភត្តុទ្ទេសក៍ ប្រកបដោយអង្គ៥នេះឯង រមែងធ្លាក់ចុះទៅក្នុងនរក ហាក់ដូចជាគេនាំយកទៅទំលាក់។ ម្នាលឧបាលិ ភិក្ខុដែលជាភត្តុទ្ទេសក៍ ប្រកបដោយអង្គ៥ រមែងទៅកើតក្នុងសួគ៌ ហាក់ដូចជាគេនាំយកទៅដំកល់ទុក។ អង្គ៥ តើដូចម្តេច។ គឺភិក្ខុមិនលំអៀងព្រោះសេចក្តីស្រឡាញ់១ មិនលំអៀងព្រោះសេចក្តីស្អប់១ មិនលំអៀងព្រោះសេចក្តីល្ងង់១ មិនលំអៀងព្រោះសេចក្តីខ្លាច១ ដឹងនូវភត្តដែលខ្លួនបានសំដែងហើយ ទាំងមិនទាន់បានសំដែង១។ ម្នាលឧបាលិ ភិក្ខុដែលជាភត្តុទ្ទេសក៍ ប្រកបដោយអង្គ៥នេះឯង រមែងទៅកើតក្នុងសួគ៌ ហាក់ដូចជាគេនាំយកទៅដំកល់ទុក។ ព្រះឧបាលិក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន ចុះភិក្ខុអ្នកក្រាលសេនាសនៈ។បេ។ ភិក្ខុអ្នករក្សាឃ្លាំង ភិក្ខុអ្នកទទួលចីវរ ភិក្ខុអ្នកចែកចីវរ ភិក្ខុអ្នកចែកបបរ ភិក្ខុអ្នកចែកផ្លែឈើ ភិក្ខុអ្នកចែកបង្អែម ភិក្ខុអ្នកលះបង់នូវរបស់បន្តិចបន្តួច ភិក្ខុអ្នកប្រគល់សាដក ភិក្ខុអ្នកប្រគល់បាត្រ ភិក្ខុអ្នកប្រើនូវអារាមិកជន គឺញោមវត្ត ភិក្ខុអ្នកប្រើសាមណេរ ប្រកបដោយអង្គប៉ុន្មាន រមែងធ្លាក់ទៅក្នុងនរក ហាក់ដូចជាគេនាំយកទៅទំលាក់។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ ភិក្ខុអ្នកប្រើសាមណេរ ប្រកបដោយអង្គ៥ រមែងធ្លាក់ទៅក្នុងនរក ហាក់ដូចជាគេនាំយកទៅទំលាក់។ អង្គ៥ តើដូចម្តេច។ គឺភិក្ខុលំអៀងព្រោះសេចក្តីស្រឡាញ់១ លំអៀងព្រោះសេចក្តីស្អប់១ លំអៀងព្រោះសេចក្តីល្ងង់១ លំអៀងព្រោះសេចក្តីខ្លាច១ មិនដឹងនូវសាមណេរ ដែលខ្លួនបានប្រើ ទាំងមិនទាន់បានប្រើ65) ១។ ម្នាលឧបាលិ ភិក្ខុអ្នកប្រើសាមណេរ ប្រកបដោយអង្គ៥នេះឯង រមែងធ្លាក់ទៅក្នុងនរក ហាក់ដូចជាគេនាំយកទៅទំលាក់។ ម្នាលឧបាលិ ភិក្ខុអ្នកប្រើសាមណេរ ប្រកបដោយអង្គ៥ រមែងទៅកើតក្នុងសួគ៌ ហាក់ដូចជាគេនាំយកទៅដំកល់ទុក។ អង្គ៥ តើដូចម្តេច។ គឺភិក្ខុមិនលំអៀងព្រោះសេចក្តីស្រឡាញ់១ មិនលំអៀងព្រោះសេចក្តីស្អប់១ មិនលំអៀងព្រោះសេចក្តីល្ងង់១ មិនលំអៀងព្រោះសេចក្តីខ្លាច១ ដឹងនូវសាមណេរ ដែលខ្លួនបានប្រើ ទាំងមិនទាន់បានប្រើ១។ ម្នាលឧបាលិ ភិក្ខុអ្នកប្រើសាមណេរ ប្រកបដោយអង្គ៥នេះឯង រមែងទៅកើតក្នុងសួគ៌ ហាក់ដូចជាគេនាំយកទៅដំកល់ទុក។

ចប់ អាវាសិកវគ្គ ជាគំរប់១៣។

ឧទ្ទាន គឺបញ្ជីរឿងនៃអាវាសិកវគ្គ នោះដូច្នេះ

[៣០៥]

និយាយអំពីអាវាសិកភិក្ខុ១ ការដោះស្រាយវិន័យ១ ភិក្ខុជាភត្តុទ្ទេសក៍១ ភិក្ខុអ្នកក្រាលសេនាសនៈ១ ភិក្ខុអ្នករក្សាឃ្លាំង១ ភិក្ខុអ្នកទទួលចីវរ១ ភិក្ខុអ្នកចែកចីវរ១ ចែកបបរ១ ចែកផ្លែឈើ១ ចែកបង្អែម១ ភិក្ខុអ្នកលះបង់នូវវត្ថុបន្តិចបន្តួច១ ភិក្ខុអ្នកប្រគល់សាដក១ ភិក្ខុអ្នកប្រគល់បាត្រ១ ភិក្ខុអ្នកប្រើអារាមិកជន១ ភិក្ខុអ្នកប្រើសាមណេរ១។

(កថិនត្ថារវគ្គ ទី១៤)

(១៤. កថិនត្ថារវគ្គោ)

[៣០៦] ព្រះឧបាលិក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន អានិសង្សក្នុងការក្រាលកឋិនមានប៉ុន្មាន។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ អានិសង្សក្នុងការក្រាលកឋិនមាន៥។ អានិសង្ស៥យ៉ាង តើដូចម្តេច។ គឺការត្រាច់ទៅដោយមិនបាច់លាភិក្ខុផងគ្នា66) ១ ការត្រាច់ទៅ ដោយមិនបាច់យកត្រៃចីវរឲ្យគ្រប់ទាំង៣ទៅក៏បាន១ ឆាន់គណភោជនបាន១ ប្រើប្រាស់អតិរេកចីវរបាន តាមសេចក្តីត្រូវការ១ ចីវរលាភ ដែលកើតឡើងក្នុងទីអាវាសនោះ នឹងបានដល់ភិក្ខុទាំងនោះ១។ ម្នាលឧបាលិ អានិសង្សក្នុងការក្រាលកឋិន មាន៥យ៉ាងនេះឯង។

[៣០៧] ព្រះឧបាលិក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន ទោសរបស់ភិក្ខុអ្នកភ្លេចស្មារតី មិនដឹងខ្លួន ដេកលក់ មានប៉ុន្មាន។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ ទោសរបស់ភិក្ខុអ្នកភ្លេចស្មារតី មិនដឹងខ្លួន ដេកលក់នេះ មាន៥។ ទោស៥យ៉ាង ដូចម្តេច។ គឺដេកលក់ជាទុក្ខ១ ភ្ញាក់ឡើងក៏ជាទុក្ខ១ យល់សប្តិឃើញមិនល្អ១ ទេវតាមិនរក្សា១ អសុចិឃ្លាតចេញ១។ ម្នាលឧបាលិ ទោសរបស់ភិក្ខុអ្នកភ្លេចស្មារតី មិនដឹងខ្លួន ដេកលក់ មាន៥យ៉ាងនេះឯង។ ម្នាលឧបាលិ អានិសង្សរបស់ភិក្ខុអ្នកមានសតិតាំងខ្ជាប់ ដឹងខ្លួន ដេកលក់ មាន៥យ៉ាង។ អានិសង្ស៥យ៉ាង តើដូចម្តេច។ គឺដេកលក់ជាសុខ១ ភ្ញាក់ឡើងក៏ជាសុខ១ មិនយល់សប្តិឃើញអាក្រក់១ ទេវតារក្សា១ អសុចិមិនឃ្លាតចេញ១។ ម្នាលឧបាលិ អានិសង្សរបស់ភិក្ខុអ្នកមានសតិតាំងខ្ជាប់ ដឹងខ្លួន ដេកលក់ មាន៥យ៉ាងនេះឯង។

[៣០៨] ព្រះឧបាលិក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន បុគ្គលដែលភិក្ខុមិនគួរសំពះ មានប៉ុន្មានពួក។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ បុគ្គលដែលភិក្ខុមិនគួរសំពះ មាន៥ពួក។ បុគ្គល៥ពួក តើដូចម្តេច។ គឺភិក្ខុកំពុងចូលទៅកាន់ចន្លោះផ្ទះ មិនគួរភិក្ខុសំពះ១ ដំពុងដើរតាមច្រកផ្លូវ មិនគួរសំពះ១ នៅក្នុងទីងងឹត មិនគួរសំពះ១ ភិក្ខុដែលកំពុងខ្វល់ខ្វាយដោយការងារ មិនបានអើពើនឹងការសំពះ មិនគួរសំពះ១ កំពុងដេកលក់ មិនគួរសំពះ១។ ម្នាលឧបាលិ បុគ្គល៥ពួកនេះឯង ភិក្ខុមិនគួរសំពះទេ។ ម្នាលឧបាលិ បុគ្គល៥ពួកដទៃទៀត ភិក្ខុមិនគួរសំពះ។ បុគ្គល៥ពួក តើដូចម្តេច។ គឺភិក្ខុកំពុងឆាន់បបរ មិនគួរសំពះ១ នៅក្នុងរោងភត្ត មិនគួរសំពះ១ ភិក្ខុងាកទៅក្នុងទីម្ខាង គឺបុគ្គលមានពៀរនឹងគ្នា ជាវិសភាគបុគ្គល មិនគួរសំពះ១ ភិក្ខុបញ្ជូនចិត្តទៅកាន់អារម្មណ៍ដទៃ គឺកំពុងគិតហេតុដទៃ មិនគួរសំពះ១ ភិក្ខុអាក្រាត មិនគួរសំពះ១។ ម្នាលឧបាលិ បុគ្គល៥ពួកនេះឯង មិនគួរសំពះឡើយ។ ម្នាលឧបាលិ បុគ្គល៥ពួកដទៃទៀត មិនគួរសំពះ។ បុគ្គល៥ពួក តើដូចម្តេច។ គឺភិក្ខុកំពុងឆាន់បង្អែម មិនគួរសំពះ១ កំពុងឆាន់ចំអាប មិនគួរសំពះ១ កំពុងបន្ទោបង់ឧច្ចារៈ មិនគួរសំពះ១ កំពុងបន្ទោបង់បស្សាវៈ មិនគួរសំពះ១ ភិក្ខុដែលសង្ឃលើកវត្ត មិនគួរសំពះ១។ ម្នាលឧបាលិ បុគ្គល៥ពួកនេះឯង មិនគួរសំពះឡើយ។ ម្នាលឧបាលិ បុគ្គល៥ពួកដទៃទៀត មិនគួរសំពះ។ បុគ្គល៥ពួក តើដូចម្តេច។ គឺភិក្ខុដែលបានឧបសម្បទាក្រោយ ភិក្ខុដែលបានឧបសម្បទាមុន មិនគួរសំពះ១ អនុបសម្បន្ន ភិក្ខុមិនគួរសំពះ១ ភិក្ខុមានសំវាសផ្សេងគ្នា ទោះបីចាស់ជាង តែជាអធម្មវាទី ភិក្ខុមិនគួរសំពះ១ មាតុគ្រាម ភិក្ខុមិនគួរសំពះ១ បណ្ឌកៈ ភិក្ខុមិនគួរសំពះ១។ ម្នាលឧបាលិ បុគ្គល៥ពួកនេះឯង មិនគួរសំពះឡើយ។ ម្នាលឧបាលិ បុគ្គល៥ពួកដទៃទៀត ក៏មិនគួរសំពះ។ បុគ្គល៥ពួក តើដូចម្តេច។ គឺភិក្ខុដែលកំពុងនៅបរិវាស មិនគួរសំពះ១ ភិក្ខុដែលគួរនឹងទាញមកដាក់ក្នុងមូលាបត្តិ មិនគួរសំពះ១ ភិក្ខុគួរដល់មានត្ត មិនគួរសំពះ១ ភិក្ខុកំពុងប្រព្រឹត្តមានត្ត មិនគួរសំពះ១ ភិក្ខុគួរដល់អព្ភានកម្ម មិនគួរសំពះ១។ ម្នាលឧបាលិ បុគ្គល៥ពួកនេះឯង មិនគួរសំពះឡើយ។

[៣០៩] ព្រះឧបាលិក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន បុគ្គលដែលគួរសំពះ មានប៉ុន្មានពួក។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ បុគ្គលដែលគួរសំពះ មាន៥ពួក។ បុគ្គល៥ពួក តើដូចម្តេច។ គឺភិក្ខុដែលបានឧបសម្បទាក្រោយ គួរសំពះ១ ភិក្ខុដែលមានសំវាសផ្សេងគ្នា ដែលចាស់ជាង ហើយជាធម្មវាទី គួរសំពះ១ ភិក្ខុជាអាចារ្យ គួរសំពះ១ ភិក្ខុជាឧបជ្ឈាយ៍ គួរសំពះ១ ព្រះតថាគត អរហន្ត សម្មាសម្ពុទ្ធក្នុងលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំងសមណៈ និងព្រាហ្មណ៍ ទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស ភិក្ខុគួរថ្វាយបង្គំ១។ ម្នាលឧបាលិ បុគ្គល៥ពួកនេះឯង ភិក្ខុគួរសំពះ។

[៣១០] ព្រះឧបាលិក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុខ្ចីជាង កាលនឹងថ្វាយបង្គំបាទាភិក្ខុចាស់ជាង ត្រូវដំកល់ធម៌ប៉ុន្មានយ៉ាង ទុកខាងក្នុង ទើបថ្វាយបង្គំចំពោះបាទា។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ ភិក្ខុខ្ចីជាង កាលនឹងថ្វាយបង្គំបាទាភិក្ខុចាស់ជាង ត្រូវដំកល់ធម៌៥យ៉ាង ទុកខាងក្នុង ទើបថ្វាយបង្គំចំពោះបាទា។ ធម៌៥យ៉ាង តើដូចម្តេច។ ម្នាលឧបាលិ ភិក្ខុខ្ចីជាង កាលនឹងថ្វាយបង្គំបាទាភិក្ខុចាស់ជាង ត្រូវធ្វើឧត្តរាសង្គៈ ឆៀងស្មាម្ខាង១ ផ្គងអញ្ជលី១ ច្របាច់បាទាដោយបាតដៃទាំងគូ១ ដំកល់សេចក្តីស្រឡាញ់ទុក១ សេចក្តីគោរព១ ទើបថ្វាយបង្គំចំពោះបាទាបាន។ ម្នាលឧបាលិ ភិក្ខុខ្ចីជាង កាលនឹងថ្វាយបង្គំបាទាភិក្ខុចាស់ជាង ត្រូវដំកល់ធម៌៥យ៉ាងនេះឯង ទុកខាងក្នុង ទើបថ្វាយបង្គំចំពោះបាទា។

ចប់ កឋិនត្ថារវគ្គ ជាគំរប់១៤។

ឧទ្ទាន គឺបញ្ជីរឿងនៃកឋិនត្ថារវគ្គនោះដូច្នេះ

[៣១១]

និយាយអំពីអានិសង្សក្រាលកឋិន១ ទោសរបស់ភិក្ខុភ្លេចស្មារតីដេកលក់១ ភិក្ខុកំពុងចូលទៅក្នុងចន្លោះផ្ទះ មិនគួរសំពះ១ ភិក្ខុកំពុងឆាន់បបរ មិនគួរសំពះ១ ភិក្ខុកំពុងឆាន់បង្អែម និងចំអាប មិនគួរសំពះ១ ភិក្ខុបួសមុន មិនគួរសំពះភិក្ខុបួសក្រោយ១ ភិក្ខុកំពុងនៅបរិវាស មិនគួរសំពះ១ បុគ្គលដែលគួរសំពះ១ ភិក្ខុខ្ចីជាង គួរថ្វាយបង្គំបាទាភិក្ខុចាស់ជាង១។

ចប់ ឧបាលិបញ្ចកៈ តែប៉ុណ្ណេះ។

ឧទ្ទាន គឺបញ្ជីរឿងនៃវគ្គទាំងនោះ ដូច្នេះ

[៣១២]

និយាយអំពីអនិស្សិតវគ្គ១ កម្មនប្បដិប្បស្សម្ភនវគ្គ១ វោហារវគ្គ១ ទិដ្ឋាវិកម្មវគ្គ១ ចោទនាកណ្ឌវគ្គ១ ធូតង្គវគ្គ១ មុសាវាទវគ្គ១ ភិក្ខុនោវាទវគ្គ១ ឧព្វាហិកាវគ្គ១ អធិករណវូបសមវគ្គ១ សង្ឃភេទវគ្គមានធម៌៥យ៉ាង១ ទុតិយសង្ឃភេទវគ្គ មានធម៌៥យ៉ាង ដូចមុន១ អាវាសិកវគ្គ១ កឋិនត្ថារវគ្គ១ រួមទាំងអស់ ត្រូវជា១៤វគ្គ ដែលព្រះមានព្រះភាគ ទ្រង់ប្រកាសទុកមកហើយដោយល្អ។

សមុដ្ឋាន

(អត្ថាបត្តិសមុដ្ឋានំ)

(បារាជិក ទី១)

(១. បារាជិកំ)

[៣១៣] អាបត្តិដែលភិក្ខុមិនមានចិត្តគិត ហើយត្រូវ មានចិត្តគិត ហើយចេញចាកអាបត្តិក៏មាន អាបត្តិដែលភិក្ខុមានចិត្តគិត ហើយត្រូវ មិនមានចិត្តគិត ហើយចេញចាកអាបត្តិនោះក៏មាន អាបត្តិដែលភិក្ខុមិនមានចិត្តគិត ហើយត្រូវ មិនមានចិត្តគិត ហើយចេញចាកអាបត្តិនោះក៏មាន អាបត្តិដែលភិក្ខុមានចិត្តគិត ហើយត្រូវ មានចិត្តគិត ហើយចេញចាកអាបត្តិនោះក៏មាន។ អាបត្តិដែលភិក្ខុមានកុសលចិត្ត ហើយត្រូវ មានកុសលចិត្ត ហើយចេញចាកអាបត្តិនោះក៏មាន អាបត្តិដែលភិក្ខុមានកុសលចិត្ត ហើយត្រូវ មានអកុសលចិត្ត ហើយចេញចាកអាបត្តិនោះក៏មាន អាបត្តិដែលភិក្ខុមានកុសលចិត្ត ហើយត្រូវ មានអព្យាកតចិត្ត ហើយចេញចាកអាបត្តិនោះក៏មាន អាបត្តិដែលភិក្ខុមានអកុសលចិត្ត ហើយត្រូវ មានកុសលចិត្ត ហើយចេញចាកអាបត្តិនោះក៏មាន អាបត្តិដែលភិក្ខុមានអកុសលចិត្ត ហើយត្រូវ មានអកុសលចិត្ត ហើយចេញចាកអាបត្តិនោះក៏មាន អាបត្តិដែលភិក្ខុមានអកុសលចិត្ត ហើយត្រូវ មានអព្យាកតចិត្ត ហើយចេញចាកអាបត្តិនោះក៏មាន។ អាបត្តិដែលភិក្ខុមានអព្យាកតចិត្ត ហើយត្រូវ មានកុសលចិត្ត ហើយចេញចាកអាបត្តិនោះក៏មាន អាបត្តិដែលភិក្ខុមានអព្យាកតចិត្ត ហើយត្រូវ មានអកុសលចិត្ត ហើយចេញចាកអាបត្តិនោះក៏មាន អាបត្តិដែលភិក្ខុមានអព្យាកតចិត្ត ហើយត្រូវ មានអព្យាកតចិត្ត ហើយចេញចាកអាបត្តិនោះក៏មាន។

[៣១៤] បឋមបារាជិក តាំងឡើងអំពីសមុដ្ឋានប៉ុន្មាន។ បឋមបារាជិក តាំងឡើងអំពីសមុដ្ឋាន១ គឺតាំងឡើងអំពីកាយ និងចិត្ត មិនតាំងឡើងអំពីវាចា។ ទុតិយបារាជិក តាំងឡើងអំពីសមុដ្ឋានប៉ុន្មាន។ ទុតិយបារាជិក តាំងឡើងអំពីសមុដ្ឋាន៣ គឺតាំងឡើងអំពីកាយ និងចិត្ត មិនបានតាំងឡើងអំពីវាចាក៏មាន តាំងឡើងអំពីវាចា និងចិត្ត មិនបានតាំងឡើងអំពីកាយក៏មាន តាំងឡើងអំពីកាយ និងវាចា និងចិត្តក៏មាន។ តតិយបារាជិក តាំងឡើងអំពីសមុដ្ឋានប៉ុន្មាន។ តតិយបារាជិក តាំងឡើងអំពីសមុដ្ឋាន៣ គឺតាំងឡើងអំពីកាយ និងចិត្ត មិនបានតាំងឡើងអំពីវាចាក៏មាន តាំងឡើងអំពីវាចា និងចិត្ត មិនបានតាំងឡើងអំពីកាយក៏មាន តាំងឡើងអំពីកាយ និងវាចា និងចិត្តក៏មាន។ ចតុត្ថបារាជិក តាំងឡើងអំពីសមុដ្ឋានប៉ុន្មាន។ ចតុត្ថបារាជិក តាំងឡើងអំពីសមុដ្ឋាន៣ គឺតាំងឡើងអំពីកាយ និងចិត្ត មិនបានតាំងឡើងអំពីវាចាក៏មាន តាំងឡើងអំពីវាចា និងចិត្ត មិនបានតាំងឡើងអំពីកាយក៏មាន តាំងឡើងអំពីកាយ និងវាចា និងចិត្តក៏មាន។

ចប់ បារាជិក៤។

(សង្ឃាទិសេស ទី២)

(២. សង្ឃាទិសេសំ)

[៣១៥] អាបត្តិសង្ឃាទិសេស របស់ភិក្ខុដែលព្យាយាមធ្វើអសុចិឲ្យឃ្លាតចេញ តាំងឡើងអំពីសមុដ្ឋានប៉ុន្មាន។ អាបត្តិសង្ឃាទិសេស របស់ភិក្ខុដែលព្យាយាមធ្វើអសុចិឲ្យឃ្លាតចេញ តាំងឡើងអំពីសមុដ្ឋាន១ គឺតាំងឡើងអំពីកាយ និងចិត្ត មិនបានតាំងឡើងអំពីវាចា។ អាបត្តិសង្ឃាទិសេស របស់ភិក្ខុដែលដល់ព្រមនូវកាយសំសគ្គៈ មួយអន្លើដោយមាតុគ្រាម តាំងឡើងអំពីសមុដ្ឋានប៉ុន្មាន។ អាបត្តិសង្ឃាទិសេស របស់ភិក្ខុដែលដល់ព្រមនូវកាយសំសគ្គៈ មួយអន្លើដោយមាតុគ្រាម តាំងឡើងអំពីសមុដ្ឋាន១ គឺតាំងឡើងអំពីកាយ និងចិត្ត មិនបានតាំងឡើងអំពីវាចា។ អាបត្តិសង្ឃាទិសេស របស់ភិក្ខុដែលពោលល្បួងមាតុគ្រាម ដោយវាចាអាក្រក់ តាំងឡើងអំពីសមុដ្ឋានប៉ុន្មាន។ អាបត្តិសង្ឃាទិសេស របស់ភិក្ខុដែលពោលល្បួងមាតុគ្រាម ដោយវាចាអាក្រក់ តាំងឡើងអំពីសមុដ្ឋាន៣ គឺតាំងឡើងអំពីកាយ និងចិត្ត មិនបានតាំងឡើងអំពីវាចាក៏មាន តាំងឡើងអំពីវាចា និងចិត្ត មិនបានតាំងឡើងអំពីកាយក៏មាន តាំងឡើងអំពីកាយ និងវាចា និងចិត្តក៏មាន។ អាបត្តិសង្ឃាទិសេស របស់ភិក្ខុដែលពោលសសើរការបម្រើដោយកាម ដើម្បីខ្លួន ក្នុងសំណាក់នៃមាតុគ្រាម តាំងឡើងអំពីសមុដ្ឋានប៉ុន្មាន។ អាបត្តិសង្ឃាទិសេស របស់ភិក្ខុដែលពោលសសើរការបម្រើដោយកាម ដើម្បីខ្លួន ក្នុងសំណាក់នៃមាតុគ្រាម តាំងឡើងអំពីសមុដ្ឋាន៣។បេ។ អាបត្តិសង្ឃាទិសេស របស់ភិក្ខុដែលប្រព្រឹត្តដឹកនាំ (បុរសស្ត្រីឲ្យបានគ្នាជាប្តីប្រពន្ធ) តាំងឡើងអំពីសមុដ្ឋានប៉ុន្មាន។ អាបត្តិសង្ឃាទិសេស របស់ភិក្ខុដែលប្រព្រឹត្តដឹកនាំ តាំងឡើងអំពីសមុដ្ឋាន៦ គឺតាំងឡើងអំពីកាយ មិនបានតាំងឡើងអំពីវាចា និងចិត្តក៏មាន តាំងឡើងអំពីវាចា មិនបានតាំងឡើងអំពីកាយ និងចិត្តក៏មាន តាំងឡើងអំពីកាយ និងវាចា មិនបានតាំងឡើងអំពីចិត្តក៏មាន តាំងឡើងអំពីកាយ និងចិត្ត មិនបានតាំងឡើងអំពីវាចាក៏មាន តាំងឡើងអំពីវាចា និងចិត្ត មិនបានតាំងឡើងអំពីកាយក៏មាន តាំងឡើងអំពីកាយ និងវាចា និងចិត្តក៏មាន។ អាបត្តិសង្ឃាទិសេស របស់ភិក្ខុដែលឲ្យគេធ្វើកុដិ ដោយសូមគ្រឿងឧបករណ៍អំពីគេមកដោយខ្លួនឯង តាំងឡើងអំពីសមុដ្ឋានប៉ុន្មាន។ អាបត្តិសង្ឃាទិសេស របស់ភិក្ខុដែលឲ្យគេធ្វើកុដិ ដោយសូមគ្រឿងឧបករណ៍អំពីគេមកដោយខ្លួនឯង តាំងឡើងអំពីសមុដ្ឋាន៦។បេ។ អាបត្តិសង្ឃាទិសេស របស់ភិក្ខុដែលឲ្យគេធ្វើវិហារធំ តាំងឡើងអំពីសមុដ្ឋានប៉ុន្មាន។ អាបត្តិសង្ឃាទិសេស របស់ភិក្ខុដែលឲ្យគេធ្វើវិហារធំ តាំងឡើងអំពីសមុដ្ឋាន៦។បេ។ អាបត្តិសង្ឃាទិសេស របស់ភិក្ខុដែលចោទភិក្ខុផងគ្នា ដោយអាបត្តិបារាជិក មិនមានមូល តាំងឡើងអំពីសមុដ្ឋានប៉ុន្មាន។ អាបត្តិសង្ឃាទិសេស របស់ភិក្ខុដែលចោទភិក្ខុផងគ្នា ដោយអាបត្តិបារាជិក មិនមានមូល តាំងឡើងអំពីសមុដ្ឋាន៣។បេ។ អាបត្តិសង្ឃាទិសេស របស់ភិក្ខុដែលកាន់យកហេតុបន្តិចបន្តួចរបស់អធិករណ៍ ជាចំណែកដទៃ មកជាគ្រឿងអាង ហើយចោទភិក្ខុផងគ្នា ដោយអាបត្តិបារាជិក តាំងឡើងអំពីសមុដ្ឋានប៉ុន្មាន។ អាបត្តិសង្ឃាទិសេស របស់ភិក្ខុដែលកាន់យកហេតុបន្តិចបន្តួចរបស់អធិករណ៍ ជាចំណែកដទៃ មកជាគ្រឿងអាង ហើយចោទភិក្ខុផងគ្នា ដោយអាបត្តិបារាជិក តាំងឡើងអំពីសមុដ្ឋាន៣។បេ។ អាបត្តិសង្ឃាទិសេស របស់ភិក្ខុជាអ្នកទំលាយសង្ឃ ដែលសង្ឃសូត្រសមនុភាសនកម្ម (ហាមប្រាម) ជាគំរប់៣ដងហើយ នៅតែមិនលះបង់កម្មនោះចេញ តាំងឡើងអំពីសមុដ្ឋានប៉ុន្មាន។ អាបត្តិសង្ឃាទិសេស របស់ភិក្ខុជាអ្នកទំលាយសង្ឃ ដែលសង្ឃសូត្រសមនុភាសនកម្ម ជាគំរប់៣ដងហើយ នៅតែមិនលះបង់កម្មនោះចេញ តាំងឡើងអំពីសមុដ្ឋាន១ គឺតាំងឡើងអំពីកាយ និងវាចា និងចិត្ត។ អាបត្តិសង្ឃាទិសេស របស់ពួកភិក្ខុដែលប្រព្រឹត្តតាមភិក្ខុ ជាអ្នកទំលាយសង្ឃ ដែលសង្ឃសូត្រសមនុភាសនកម្ម ជាគំរប់៣ដងហើយ នៅតែមិនលះបង់កម្មនោះចេញ តាំងឡើងអំពីសមុដ្ឋានប៉ុន្មាន។ អាបត្តិសង្ឃាទិសេស របស់ពួកភិក្ខុដែលប្រព្រឹត្តតាមភិក្ខុ ជាអ្នកទំលាយសង្ឃ ដែលសង្ឃសូត្រសមនុភាសនកម្ម ជាគំរប់៣ដងហើយ នៅតែមិនលះបង់កម្មនោះចេញ តាំងឡើងអំពីសមុដ្ឋាន១ គឺតាំងឡើងអំពីកាយ និងវាចា និងចិត្ត។ អាបត្តិសង្ឃាទិសេស របស់ភិក្ខុដែលគេប្រដៅក្រ ដែលសង្ឃសូត្រសមនុភាសនកម្ម (ហាមប្រាម) ជាគំរប់៣ដងហើយ នៅតែមិនលះបង់កម្មនោះចេញ តាំងឡើងអំពីសមុដ្ឋានប៉ុន្មាន។ អាបត្តិសង្ឃាទិសេស របស់ភិក្ខុដែលគេប្រដៅក្រ ដែលសង្ឃសូត្រសមនុភាសនកម្ម (ហាមប្រាម) ជាគំរប់៣ដងហើយ នៅតែមិនលះបង់កម្មនោះចេញ តាំងឡើងអំពីសមុដ្ឋាន១ គឺតាំងឡើងអំពីកាយ និងវាចា និងចិត្ត។ អាបត្តិសង្ឃាទិសេស របស់ភិក្ខុដែលទ្រុស្តត្រកូល ដែលសង្ឃសូត្រសមនុភាសនកម្ម (ហាមប្រាម) ជាគំរប់៣ដងហើយ នៅតែមិនលះបង់កម្មនោះចេញ តាំងឡើងអំពីសមុដ្ឋានប៉ុន្មាន។ អាបត្តិសង្ឃាទិសេស របស់ភិក្ខុដែលទ្រុស្តត្រកូល ដែលសង្ឃសូត្រសមនុភាសនកម្ម (ហាមប្រាម) ជាគំរប់៣ដងហើយ នៅតែមិនលះបង់កម្មនោះចេញ តាំងឡើងអំពីសមុដ្ឋាន១ គឺតាំងឡើងអំពីកាយ និងវាចា និងចិត្ត។

ចប់ សង្ឃាទិសេស ១៣។

[៣១៦]។បេ។ អាបត្តិទុក្កដរបស់ភិក្ខុដែលអាស្រ័យសេចក្តីមិនអើពើបន្ទោបង់ឧច្ចារៈក្តី បស្សាវៈក្តី ស្តោះទឹកមាត់ក្តីក្នុងទឹក តាំងឡើងអំពីសមុដ្ឋានប៉ុន្មាន។ អាបត្តិទុក្កដរបស់ភិក្ខុដែលអាស្រ័យសេចក្តីមិនអើពើ បន្ទោបង់ឧច្ចារៈក្តី បស្សាវៈក្តី ស្តោះទឹកមាត់ក្តី ក្នុងទឹក តាំងឡើងអំពីសមុដ្ឋាន១ គឺតាំងឡើងអំពីកាយ និងចិត្ត មិនបានតាំងឡើងអំពីវាចា។

ចប់ សេក្ខិយៈ។

(បារាជិកាទិ ទី៣)

(៣. បារាជិកាទិ)

[៣១៧] បារាជិកទាំង៤ តាំងឡើងអំពីសមុដ្ឋានប៉ុន្មាន។ បារាជិកទាំង៤ តាំងឡើងអំពីសមុដ្ឋាន៣ គឺតាំងឡើងអំពីកាយ និងចិត្ត មិនបានតាំងឡើងអំពីវាចាក៏មាន តាំងឡើងអំពីវាចា និងចិត្ត មិនបានតាំងឡើងអំពីកាយក៏មាន តាំងឡើងអំពីកាយ និងវាចា និងចិត្តក៏មាន។

[៣១៨] សង្ឃាទិសេសទាំង១៣ តាំងឡើងអំពីសមុដ្ឋានប៉ុន្មាន។ សង្ឃាទិសេសទាំង១៣ តាំងឡើងអំពីសមុដ្ឋាន៦ គឺតាំងឡើងអំពីកាយ មិនបានតាំងឡើងអំពីវាចា និងចិត្តក៏មាន តាំងឡើងអំពីវាចា មិនបានតាំងឡើងអំពីកាយ និងចិត្តក៏មាន តាំងឡើងអំពីកាយ និងវាចា មិនបានតាំងឡើងអំពីចិត្តក៏មាន តាំងឡើងអំពីកាយ និងចិត្ត មិនបានតាំងឡើងអំពីវាចាក៏មាន តាំងឡើងអំពីវាចា និងចិត្ត មិនបានតាំងឡើងអំពីកាយក៏មាន តាំងឡើងអំពីកាយ និងវាចា និងចិត្តក៏មាន។

[៣១៩] អនិយតៈទាំង២ តាំងឡើងអំពីសមុដ្ឋានប៉ុន្មាន។ អនិយតៈទាំង២ តាំងឡើងអំពីសមុដ្ឋាន៣ គឺតាំងឡើងអំពីកាយ និងចិត្ត មិនបានតាំងឡើងអំពីវាចាក៏មាន តាំងឡើងអំពីវាចា និងចិត្ត មិនបានតាំងឡើងអំពីកាយក៏មាន តាំងឡើងអំពីកាយ និងវាចា និងចិត្តក៏មាន។

[៣២០] និស្សគ្គិយៈបាចិត្តិយៈទាំង៣០ តាំងឡើងអំពីសមុដ្ឋានប៉ុន្មាន។ និស្សគ្គិយបាចិត្តិយៈទាំង៣០ តាំងឡើងអំពីសមុដ្ឋាន៦ គឺតាំងឡើងអំពីកាយ មិនបានតាំងឡើងអំពីវាចា និងចិត្តក៏មាន តាំងឡើងអំពីវាចា មិនបានតាំងឡើងអំពីកាយ និងចិត្តក៏មាន តាំងឡើងអំពីកាយ និងវាចា មិនបានតាំងឡើងអំពីចិត្តក៏មាន តាំងឡើងអំពីកាយ និងចិត្ត មិនបានតាំងឡើងអំពីវាចាក៏មាន តាំងឡើងអំពីវាចា និងចិត្ត មិនបានតាំងឡើងអំពីកាយក៏មាន តាំងឡើងអំពីកាយ និងវាចា និងចិត្តក៏មាន។

[៣២១] បាចិត្តិយៈទាំង៩២ តាំងឡើងអំពីសមុដ្ឋានប៉ុន្មាន។ បាចិត្តិយៈទាំង៩២ តាំងឡើងអំពីសមុដ្ឋាន៦ គឺតាំងឡើងអំពីកាយ មិនបានតាំងឡើងអំពីវាចា និងចិត្តក៏មាន តាំងឡើងអំពីវាចា មិនបានតាំងឡើងអំពីកាយ និងចិត្តក៏មាន តាំងឡើងអំពីកាយ និងវាចា មិនបានតាំងឡើងអំពីចិត្តក៏មាន តាំងឡើងអំពីកាយ និងចិត្ត មិនបានតាំងឡើងអំពីវាចាក៏មាន តាំងឡើងអំពីវាចា និងចិត្ត មិនបានតាំងឡើងអំពីកាយក៏មាន តាំងឡើងអំពីកាយ និងវាចា និងចិត្តក៏មាន។

[៣២២] បាដិទេសនីយៈទាំង៤ តាំងឡើងអំពីសមុដ្ឋានប៉ុន្មាន។ បាដិទេសនីយៈទាំង៤ តាំងឡើងអំពីសមុដ្ឋាន៤ គឺតាំងឡើងអំពីកាយ មិនបានតាំងឡើងអំពីវាចា និងចិត្តក៏មាន តាំងឡើងអំពីកាយ និងវាចា មិនបានតាំងឡើងអំពីចិត្តក៏មាន តាំងឡើងអំពីកាយ និងចិត្ត មិនបានតាំងឡើងអំពីវាចាក៏មាន តាំងឡើងអំពីកាយ និងវាចា និងចិត្តក៏មាន។

[៣២៣] សេក្ខិយៈទាំង៧៥ តាំងឡើងអំពីសមុដ្ឋានប៉ុន្មាន។ សេក្ខិយៈទាំង៧៥ តាំងឡើងអំពីសមុដ្ឋាន៣ គឺតាំងឡើងអំពីកាយ និងចិត្ត មិនបានតាំងឡើងអំពីវាចាក៏មាន តាំងឡើងអំពីវាចា និងចិត្ត មិនបានតាំងឡើងអំពីកាយក៏មាន តាំងឡើងអំពីកាយ និងវាចា និងចិត្តក៏មាន។

ចប់ សមុដ្ឋាន តែប៉ុណ្ណេះ។

ឧទ្ទាន គឺបញ្ជីរឿងនៃសមុដ្ឋាននោះដូច្នេះ

[៣២៤]

និយាយអំពីអាបត្តិ ដែលភិក្ខុមិនមានចិត្តគិត១ មានកុសលចិត្ត១ និយាយអំពីសមុដ្ឋាន នៃអាបត្តិទាំងអស់១ អ្នកទាំងឡាយ ចូរដឹងសមុដ្ឋានដោយបញ្ញាដ៏សមគួរដល់អាបត្តិចុះ។

ទុតិយគាថាសង្គណិកៈ

(ទុតិយគាថាសង្គណិកំ)

(កាយិកាទិអាបត្តិ ទី១)

(១. កាយិកាទិអាបត្តិ)

[៣២៥] សួរថា អាបត្តិដែលតាំងឡើងអំពីកាយ មានប៉ុន្មាន អាបត្តិដែលតាំងឡើងអំពីវាចា មានប៉ុន្មាន អាបត្តិប៉ុន្មាន មានដល់ឧបសម្បន្ន ដែលបិទបាំងទោសទុក អាបត្តិប៉ុន្មាន ដែលត្រូវព្រោះបច្ច័យ គឺការប៉ះពាល់នូវកាយ។ ឆ្លើយថា អាបត្តិ ដែលតាំងឡើងអំពីកាយ មាន៦ អាបត្តិដែលតាំងឡើងអំពីវាចា មាន៦ អាបត្តិ៣មានដល់ឧបសម្បន្ន ដែលបិទបាំងទោសទុក អាបត្តិ៥ ដែលត្រូវព្រោះបច្ច័យ គឺការប៉ះពាល់នូវកាយ។

[៣២៦] អាបត្តិដែលត្រូវក្នុងវេលាអរុណរះឡើង មានប៉ុន្មាន អាបត្តិដែលត្រូវក្នុងខណៈដែលសង្ឃសូត្រសមនុភាសនកម្មចប់ ជាគំរប់៣ដង មានប៉ុន្មាន អាបត្តិដែលត្រូវ ព្រោះបំពេញនូវវត្ថុគ្រប់ទាំង៨ មានប៉ុន្មាន ក្នុងសាសនានេះ ការសង្គ្រោះទាំងអស់ ដោយឧទ្ទេសប៉ុន្មាន។ អាបត្តិដែលត្រូវក្នុងវេលាអរុណរះឡើង មាន៣ អាបត្តិដែលត្រូវក្នុងខណៈដែលសង្ឃសូត្រសមនុភាសនកម្មចប់ ជាគំរប់៣ដង មាន២ អាបត្តិដែលត្រូវ ព្រោះបំពេញនូវវត្ថុឲ្យគ្រប់ទាំង៨ មានតែ១ ក្នុងសាសនានេះ ការសង្គ្រោះទាំងអស់ ដោយឧទ្ទេសតែ១ គឺនិទានុទ្ទេស។

[៣២៧] មូលរបស់វិន័យមានប៉ុន្មាន ដែលព្រះពុទ្ធទ្រង់បញ្ញត្តទុកមក គរុកាបត្តិក្នុងវិន័យ មានប៉ុន្មាន ដែលព្រះអង្គទ្រង់ត្រាស់ទុកមក អាបត្តិដែលត្រូវ ព្រោះបិទបាំងទុដ្ឋុល្លាបត្តិ មានប៉ុន្មាន។ មូលរបស់វិន័យមាន២ ដែលព្រះពុទ្ធ ទ្រង់បញ្ញត្តទុកមក គរុកាបត្តិក្នុងវិន័យមាន២ ដែលព្រះពុទ្ធ ទ្រង់ត្រាស់ទុកមក ដែលត្រូវព្រោះបិទបាំងទុដ្ឋុល្លាបត្តិ មាន ២។67)

[៣២៨] អាបត្តិប៉ុន្មាន ដែលត្រូវក្នុងចន្លោះផ្ទះ អាបត្តិប៉ុន្មាន ដែលត្រូវ ព្រោះឆ្លងទៅកាន់ត្រើយស្ទឹង ជាបច្ច័យ សាច់ប៉ុន្មានប្រការ ដែលភិក្ខុឆាន់ ត្រូវថុល្លច្ច័យ សាច់ប៉ុន្មានប្រការ ដែលភិក្ខុឆាន់ ត្រូវទុក្កដ។ អាបត្តិ៤ ដែលត្រូវក្នុងចន្លោះផ្ទះ អាបត្តិ៤ ដែលត្រូវព្រោះឆ្លងទៅកាន់ត្រើយស្ទឹង ជាបច្ច័យ សាច់មនុស្សតែម្យ៉ាង ដែលឆាន់ ត្រូវអាបត្តិថុល្លច្ច័យ សាច់៩ប្រការដែលភិក្ខុឆាន់ ត្រូវអាបត្តិទុក្កដ។

[៣២៩] អាបត្តិប៉ុន្មាន ដែលតាំងឡើងអំពីវាចា ហើយត្រូវតែក្នុងរាត្រី អាបត្តិប៉ុន្មាន ដែលតាំងឡើងអំពីវាចា ហើយត្រូវតែក្នុងវេលាថ្ងៃ អាបត្តិប៉ុន្មាន មានដល់ឧបសម្បន្នដែលឲ្យ អាបត្តិប៉ុន្មាន មានដល់ឧបសម្បន្នដែលទទួល។ អាបត្តិ២ប្រកបដោយវាចា ហើយត្រូវតែក្នុងរាត្រី អាបត្តិ២ ដែលតាំងឡើងអំពីវាចា ហើយត្រូវតែក្នុងវេលាថ្ងៃ អាបត្តិ៣ មានដល់ឧបសម្បន្នដែលឲ្យ អាបត្តិ៤ មានដល់ឧបសម្បន្នដែលទទួល។

(ទេសនាគាមិនិយាទិអាបត្តិ ទី២)

(២. ទេសនាគាមិនិយាទិអាបត្តិ)

[៣៣០] អាបត្តិប៉ុន្មាន ដែលជាទេសនាគាមិនី អាបត្តិប៉ុន្មាន ដែលជាសប្បដិកម្ម68) ក្នុងសាសនានេះ មានអាបត្តិប៉ុន្មាន ដែលព្រះពុទ្ធ ជាអាទិច្ចវង្ស ទ្រង់ត្រាស់ថា ជាអប្បដិកម្ម69) ក្នុងសាសនានេះ។ អាបត្តិ ដែលជាទេសនាគាមិនីមាន៥ អាបត្តិ ដែលជាសប្បដិកម្ម មាន៦ អាបត្តិ១ ដែលព្រះពុទ្ធ ជាអាទិច្ចវង្ស ទ្រង់ត្រាស់ថា ជាអប្បដិកម្ម ក្នុងសាសនានេះ។

[៣៣១] អាបត្តិប៉ុន្មាន ដែលព្រះពុទ្ធ ជាអាទិច្ចវង្ស ទ្រង់ត្រាស់ថា ជាគរុកាបត្តិ ក្នុងវិន័យ សិក្ខាបទប៉ុន្មាន ដែលតាំងឡើងអំពីកាយ និងវាចា រសស្រូវប៉ុន្មាន ដែលគួរឆាន់បាន ក្នុងវេលាវិកាល ការសន្មតិដោយញត្តិចតុត្ថកម្មវាចា មានប៉ុន្មាន។ អាបត្តិ២យ៉ាង ដែលព្រះពុទ្ធ ជាអាទិច្ចវង្ស ទ្រង់ត្រាស់ថា ជាគរុកាបត្តិ ក្នុងវិន័យ សិក្ខាបទទាំងអស់ សុទ្ធតែតាំងឡើងអំពីកាយ និងវាចា រសស្រូវតែ១ គឺថ្នាំឈ្មោះ លោណសោចិរកៈ70) ដែលគួរឆាន់បាន ក្នុងវេលាវិកាល ការសន្មតិដោយញត្តិចតុត្ថកម្មវាចា មានតែ១។

[៣៣២] អាបត្តិបារាជិក ដែលតាំងឡើងអំពីកាយ មានប៉ុន្មាន ភូមិនៃសំវាស មានប៉ុន្មាន រាត្រីដាច់ មានដល់ភិក្ខុប៉ុន្មានពួក ព្រះអង្គបញ្ញត្តខ្នាតត្រឹមពីរធ្នាប់ មានប៉ុន្មានសិក្ខាបទ។ អាបត្តិបារាជិក ដែលតាំងឡើងអំពីកាយ មាន២ ភូមិនៃសំវាស មាន២ រាត្រីដាច់ មានដល់ភិក្ខុ២ពួក (ភិក្ខុកំពុងនៅបរិវាស១ ប្រព្រឹត្តមានត្ត១) ព្រះអង្គ ទ្រង់បញ្ញត្តខ្នាតត្រឹមពីរធ្នាប់ មាន២សិក្ខាបទ។71)

[៣៣៣] ភិក្ខុនីវាយខ្លួនឯង ត្រូវអាបត្តិប៉ុន្មាន សង្ឃបែកគ្នា ដោយអាការប៉ុន្មាន អាបត្តិដែលត្រូវជាដំបូង ក្នុងវិន័យនេះ មានប៉ុន្មាន ការធ្វើញត្តិមានប៉ុន្មាន។ ភិក្ខុនី វាយខ្លួនឯង ត្រូវអាបត្តិ២ សង្ឃបែកគ្នាដោយអាការ២ អាបត្តិដែលត្រូវជាដំបូង ក្នុងវិន័យនេះ មាន២ ការធ្វើញត្តិមាន២។

[៣៣៤] ក្នុងបាណាតិបាត មានអាបត្តិប៉ុន្មាន អាបត្តិបារាជិក ដែលតាំងឡើងអំពីវាចា មានប៉ុន្មាន អាបត្តិដែលភិក្ខុនិយាយល្បួងមាតុគ្រាមដោយពាក្យអាក្រក់ មានប៉ុន្មាន អាបត្តិប៉ុន្មាន ដែលភិក្ខុត្រូវ ព្រោះការដឹកនាំបុរស និងស្ត្រី ឲ្យបានគ្នាជាប្តីប្រពន្ធ។ ក្នុងបាណាតិបាត មានអាបត្តិ៣ អាបត្តិបារាចិក ដែលតាំងឡើងអំពីវាចា មាន៣ អាបត្តិដែលភិក្ខុនិយាយល្បួងមាតុគ្រាម ដោយពាក្យអាក្រក់ មាន៣ អាបត្តិ៣ ត្រូវ (ព្រោះការដឹកនាំបុរស និងស្ត្រី ឲ្យបានគ្នាជាប្តីប្រពន្ធ)។

[៣៣៥] បុគ្គលដែលមិនត្រូវឲ្យឧបសម្បទា មានប៉ុន្មានពួក ការសង្គ្រោះកម្ម មានប៉ុន្មាន បុគ្គលដែលព្រះអង្គ ទ្រង់ត្រាស់ថា ត្រូវឲ្យវិនាស មានប៉ុន្មាន ជនប៉ុន្មានពួក ដែលត្រូវសូត្រកម្មវាចាតែម្តងបាន។ បុគ្គលដែលមិនត្រូវឲ្យឧបសម្បទា មាន៣ពួក ការសង្គ្រោះកម្ម មាន៣ បុគ្គលដែលព្រះអង្គ ទ្រង់ត្រាស់ថា ត្រូវឲ្យវិនាស មាន៣ពួក ជន៣ពួក ដែលត្រូវសូត្រកម្មវាចាតែម្តងបាន។

[៣៣៦] ក្នុងអទិន្នាទាន មានអាបត្តិប៉ុន្មាន អាបត្តិព្រោះមេថុនជាបច្ច័យ មានប៉ុន្មាន អាបត្តិប៉ុន្មាន មានដល់ភិក្ខុដែលកាត់ អាបត្តិប៉ុន្មាន ដែលភិក្ខុត្រូវ ព្រោះចោលជាបច្ច័យ។ ក្នុងអទិន្នាទាន មានអាបត្តិ៣ អាបត្តិព្រោះមេថុនជាបច្ច័យ មាន៤ អាបត្តិ៣ មានដល់ភិក្ខុដែលកាត់ អាបត្តិ៥ ដែលភិក្ខុត្រូវ ព្រោះចោលជាបច្ច័យ។

[៣៣៧] ក្នុងភិក្ខុនោវាទកវគ្គ មានអាបត្តិទុក្កដ លាយដោយអាបត្តិបាចិត្តិយៈដែរឬទេ នវកៈក្នុងបឋមសិក្ខាបទនេះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា មានប៉ុន្មាន អាបត្តិដែលត្រូវ ព្រោះចីវរ មានដល់ភិក្ខុប៉ុន្មានពួក។ ក្នុងភិក្ខុនោវាទកវគ្គ ក៏មានអាបត្តិទុក្កដ លាយដោយអាបត្តិបាចិត្តិយៈដែរ ក្នុងបឋមសិក្ខាបទនេះ មាននវកៈ៤ ដែលព្រះអង្គ ទ្រង់ត្រាស់ទុកមកហើយ អាបត្តិដែលត្រូវ ព្រោះចីវរ មានដល់ភិក្ខុពីរពួក។

[៣៣៨] អាបត្តិបាដិទេសនីយៈរបស់ភិក្ខុនី ព្រះអង្គ ទ្រង់ត្រាស់ថាមានប៉ុន្មាន អាបត្តិទុក្កដ លាយដោយអាបត្តិបាចិត្តិយៈ ព្រោះសូមស្រូវស្រស់ យកមកឆាន់ មានដែរឬទេ។ អាបត្តិបាដិទេសនីយៈរបស់ភិក្ខុនី ព្រះអង្គ ទ្រង់ត្រាស់ថា មាន៨ អាបត្តិទុក្កដ លាយដោយអាបត្តិបាចិត្តិយៈ ព្រោះសូមស្រូវស្រស់ យកមកឆាន់ ក៏មានដែរ។

[៣៣៩] អាបត្តិប៉ុន្មាន មានដល់ភិក្ខុដែលដើរ អាបត្តិប៉ុន្មាន មានដល់ភិក្ខុដែលឈរ អាបត្តិប៉ុន្មាន មានដល់ភិក្ខុដែលអង្គុយ អាបត្តិប៉ុន្មាន មានដល់ភិក្ខុដែលដេក។ អាបត្តិ៤ មានដល់ភិក្ខុដែលដើរ ឯភិក្ខុដែលឈរ ក៏មានអាបត្តិប៉ុណ្ណោះដែរ អាបត្តិ៤ មានដល់ភិក្ខុដែលអង្គុយ ឯភិក្ខុដែលដេក ក៏មានអាបត្តិប៉ុណ្ណោះដែរ។

(បាចិត្តិយៈ ទី៣)

(៣. បាចិត្តិយំ)

[៣៤០] ភិក្ខុត្រូវអាបត្តិបាចិត្តិយៈទាំងអស់ប៉ុន្មាន ដែលមានវត្ថុផ្សេងៗគ្នា ក្នុងខណៈមួយ មិនមុនមិនក្រោយ។ ភិក្ខុត្រូវអាបត្តិបាចិត្តិយៈទាំងអស់៥ ដែលមានវត្ថុផ្សេងៗគ្នា ក្នុងខណៈមួយ មិនមុនមិនក្រោយ។

[៣៤១] ភិក្ខុត្រូវអាបត្តិបាចិត្តិយៈទាំងអស់ប៉ុន្មាន ដែលមានវត្ថុផ្សេងៗគ្នា ក្នុងខណៈមួយ មិនមុនមិនក្រោយ។ ភិក្ខុត្រូវអាបត្តិបាចិត្តិយៈទាំងអស់៩ ដែលមានវត្ថុផ្សេងៗគ្នា ក្នុងខណៈមួយ មិនមុនមិនក្រោយ។

[៣៤២] ព្រះពុទ្ធជាអាទិច្ចវង្ស ទ្រង់ត្រាស់ទុកមកថា ភិក្ខុត្រូវអាបត្តិបាចិត្តិយៈទាំងអស់ប៉ុន្មាន ដែលមានវត្ថុផ្សេងៗគ្នា ហើយគួរសំដែងដោយវាចាប៉ុន្មានដងបាន។ ព្រះពុទ្ធជាអាទិច្ចវង្ស ទ្រង់ត្រាស់ទុកមកថា ភិក្ខុត្រូវអាបត្តិបាចិត្តិយៈទាំងអស់៥ ដែលមានវត្ថុផ្សេងៗគ្នា ហើយគួរសំដែងដោយវាចាតែម្តងបាន។

[៣៤៣] ព្រះពុទ្ធជាអាទិច្ចវង្ស ទ្រង់ត្រាស់ទុកថា ភិក្ខុត្រូវអាបត្តិបាចិត្តិយៈទាំងអស់ប៉ុន្មាន ដែលមានវត្ថុផ្សេងៗគ្នា ហើយគួរសំដែងដោយវាចាប៉ុន្មានដងបាន។ ព្រះពុទ្ធជាអាទិច្ចវង្ស ទ្រង់ត្រាស់ទុកមកថា ភិក្ខុត្រូវអាបត្តិបាចិត្តិយៈទាំងអស់៩ ដែលមានវត្ថុផ្សេងៗគ្នា ហើយគួរសំដែងដោយវាចាតែម្តងបាន។

[៣៤៤] ព្រះពុទ្ធជាអាទិច្ចវង្ស ទ្រង់ត្រាស់ទុកមកថា ភិក្ខុត្រូវអាបត្តិបាចិត្តិយៈទាំងអស់ប៉ុន្មាន ដែលមានវត្ថុផ្សេងៗគ្នា ហើយគួរប្រាប់អ្វី ទើបសំដែងបាន។ ព្រះពុទ្ធជាអាទិច្ចវង្ស ទ្រង់ត្រាស់ទុកមកថា ភិក្ខុត្រូវអាបត្តិបាចិត្តិយៈទាំងអស់៥ ដែលមានវត្ថុផ្សេងៗគ្នា ហើយគួរប្រាប់វត្ថុ ទើបសំដែងបាន។

[៣៤៥] ព្រះពុទ្ធជាអាទិច្ចវង្ស ទ្រង់ត្រាស់ទុកមកថា ភិក្ខុត្រូវអាបត្តិបាចិត្តិយៈទាំងអស់ប៉ុន្មាន ដែលមានវត្ថុផ្សេងៗគ្នា ហើយគួរប្រាប់អ្វី ទើបសំដែងបាន។ ព្រះពុទ្ធជាអាទិច្ចវង្ស ទ្រង់ត្រាស់ទុកមកថា ភិក្ខុត្រូវអាបត្តិបាចិត្តិយៈទាំងអស់៩ ដែលមានវត្ថុផ្សេងៗគ្នា ហើយគួរប្រាប់វត្ថុ ទើបសំដែងបាន។

[៣៤៦] អាបត្តិប៉ុន្មានយ៉ាង ដែលត្រូវក្នុងខណៈដែលសង្ឃសូត្រសមនុភាសនកម្មចប់ ជាគំរប់៣ដង អាបត្តិប៉ុន្មាន ដែលត្រូវ ព្រោះពោលជាបច្ច័យ អាបត្តិប៉ុន្មាន ដែលត្រូវ ព្រោះទំពាស៊ី (សាច់) អាបត្តិប៉ុន្មាន ដែលត្រូវ ព្រោះភោជនជាបច្ច័យ។ អាបត្តិ៣ ដែលត្រូវក្នុងខណៈដែលសង្ឃសូត្រសមនុភាសនកម្មចប់ ជាគំរប់៣ដង អាបត្តិ៦ ដែលត្រូវ ព្រោះពោលជាបច្ច័យ។ អាបត្តិ៣ ដែលត្រូវ ព្រោះទំពាស៊ី (សាច់) អាបត្តិ៥ ដែលត្រូវ ព្រោះភោជនជាបច្ច័យ។

[៣៤៧] យាវតតិយកាបត្តិទាំងអស់ រមែងដល់នូវស្ថានប៉ុន្មាន មួយទៀត អាបត្តិមានដល់បុគ្គលប៉ុន្មានពួក អធិករណ៍ មានដល់បុគ្គលប៉ុន្មានពួក។ យាវតតិយកាបត្តិទាំងអស់ រមែងដល់នូវស្ថាន៥ អាបត្តិមានដល់បុគ្គល៥ពួក អធិករណ៍ មានដល់បុគ្គល៥ពួក។

[៣៤៨] ការវិនិច្ឆ័យ មានដល់បុគ្គលប៉ុន្មានពួក ការរម្ងាប់អធិករណ៍ មានដល់បុគ្គលប៉ុន្មានពួក អនាបត្តិ មានដល់បុគ្គលប៉ុន្មានពួក បុគ្គលរុងរឿងដោយស្ថានប៉ុន្មានយ៉ាង។ ការវិនិច្ឆ័យ មានដល់បុគ្គល៥ពួក ការរម្ងាប់អធិករណ៍ មានដល់បុគ្គល៥ពួក អនាបត្តិ មានដល់បុគ្គល៥ពួក បុគ្គលរុងរឿងដោយស្ថាន៣យ៉ាង។

[៣៤៩] អាបត្តិដែលតាំងឡើងអំពីកាយ ហើយត្រូវតែក្នុងរាត្រី មានប៉ុន្មាន អាបត្តិដែលតាំងឡើងអំពីកាយ ហើយត្រូវតែក្នុងវេលាថ្ងៃ មានប៉ុន្មាន អាបត្តិប៉ុន្មាន ដែលត្រូវព្រោះគយគន់ អាបត្តិប៉ុន្មាន ដែលត្រូវ ព្រោះបិណ្ឌបាតជាបច្ច័យ។ អាបត្តិដែលតាំងឡើងអំពីកាយ ហើយត្រូវតែក្នុងរាត្រី មាន២ អាបត្តិដែលតាំងឡើងអំពីកាយ ហើយត្រូវតែក្នុងវេលាថ្ងៃ មាន២ អាបត្តិតែ១ ដែលត្រូវព្រោះគយគន់ (មើលអង្គជាតមាតុគ្រាម ដោយតម្រេក) អាបត្តិតែ១ ដែលត្រូវ ព្រោះបិណ្ឌបាតជាបច្ច័យ។72)

[៣៥០] ភិក្ខុឃើញអានិសង្សប៉ុន្មាន ទើបសំដែងធម៌ដល់អ្នកដទៃដោយសទ្ធា ឧក្ខិត្តកភិក្ខុ (ភិក្ខុដែលសង្ឃលើកវត្ត) ព្រះមានព្រះភាគ ត្រាស់ថាមានប៉ុន្មាន ការប្រព្រឹត្តវត្តដោយប្រពៃ មានប៉ុន្មាន។ ភិក្ខុឃើញអានិសង្ស៨យ៉ាង ទើបសំដែងធម៌ដល់អ្នកដទៃដោយសទ្ធា ឧក្ខិត្តកភិក្ខុ ព្រះមានព្រះភាគ ត្រាស់ថាមាន៣ពួក ការប្រព្រឹត្តវត្តដោយប្រពៃ មាន៤៣។

[៣៥១] មុសាវាទ ដល់នូវស្ថានប៉ុន្មាន ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា អាបត្តិប៉ុន្មាន ដែលមានកំណត់ថ្ងៃ អាបត្តិបាដិទេសនីយៈមានប៉ុន្មាន មួយទៀត បុគ្គលប៉ុន្មានពួក ដែលគួរសំដែងទោស។ មុសាវាទ ដល់នូវស្ថាន៥យ៉ាង ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា អាបត្តិ ដែលមានកំណត់ថ្ងៃ (នោះ) មាន១៤ អាបត្តិបាដិទេសនីយៈមាន១២ (ដោយរួមទាំងភិក្ខុ ភិក្ខុនី) បុគ្គល៤ពួក ដែលគួរសំដែងទោស។

[៣៥២] មុសាវាទ ប្រកបដោយអង្គប៉ុន្មាន ឧបោសថ មានអង្គប៉ុន្មាន អង្គរបស់ភិក្ខុដែលគួរដល់នូវទូតកម្ម មានប៉ុន្មាន ការប្រព្រឹត្តតិត្ថិយវត្ត មានប៉ុន្មាន។ មុសាវាទ ប្រកបដោយអង្គ៨ ឧបោសថ ប្រកបដោយអង្គ៨ អង្គរបស់ភិក្ខុដែលគួរដល់នូវទូតកម្ម មាន៨ ការប្រព្រឹត្តតិត្ថិយវត្ត មាន៨ប្រការ។

[៣៥៣] ឧបសម្បទា (របស់ភិក្ខុនី) ប្រកបដោយកម្មវាចាប៉ុន្មាន ភិក្ខុនីត្រូវក្រោកទទួល ចំពោះភិក្ខុនីប៉ុន្មានពួក ត្រូវឲ្យអាសនៈ ដល់ភិក្ខុនីប៉ុន្មានពួក ភិក្ខុប្រកបដោយអង្គប៉ុន្មាន ទើបគួរប្រដៅភិក្ខុនីបាន។ ឧបសម្បទា (របស់ភិក្ខុនី) ប្រកបដោយកម្មវាចា៨ ភិក្ខុនីត្រូវក្រោកទទួល ចំពោះភិក្ខុនី៨ពួក ត្រូវឲ្យអាសនៈ ដល់ភិក្ខុនី៨ពួក ភិក្ខុប្រកបដោយអង្គ៨ ទើបគួរប្រដៅភិក្ខុនីបាន។

[៣៥៤] ឆេជ្ជវត្ថុ (វត្ថុជាហេតុឲ្យដាច់ចាកភិក្ខុភាវៈ) មានដល់បុគ្គលប៉ុន្មានពួក អាបត្តិថុល្លច្ច័យ មានដល់បុគ្គលប៉ុន្មានពួក អនាបត្តិ មានដល់បុគ្គលប៉ុន្មានពួក អាបត្តិ និងអនាបត្តិទាំងអស់ (នេះ) មានវត្ថុតែមួយទេឬ។ ឆេជ្ជវត្ថុ មានដល់បុគ្គល១ពួក អាបត្តិថុល្លច្ច័យ មានដល់បុគ្គល៤ពួក អនាបត្តិ មានដល់បុគ្គល៤ពួក អាបត្តិ និងអនាបត្តិទាំងអស់ (នេះ) មានវត្ថុតែ១។

[៣៥៥] អាឃាតវត្ថុ (វត្ថុជាហេតុឲ្យកើតចិត្តគុំគួន) មានប៉ុន្មាន សង្ឃបែកគ្នាដោយភិក្ខុប៉ុន្មានរូប ក្នុងវិន័យនេះ បឋមាបត្តិកាបត្តិ មានប៉ុន្មាន កិច្ចដែលធ្វើដោយញត្តិមានប៉ុន្មាន។ អាឃាតវត្ថុ មាន៩យ៉ាង សង្ឃបែកគ្នាដោយភិក្ខុ៩រូប ក្នុងវិន័យនេះ បឋមាបត្តិកាបត្តិ មាន៩យ៉ាង កិច្ចដែលធ្វើដោយញត្តិមាន៩យ៉ាង។

(អវន្ទនីយបុគ្គលាទិ ទី៤)

(៤. អវន្ទនីយបុគ្គលាទិ)

[៣៥៦] បុគ្គលដែលមិនគួរអភិវាទ និងបុគ្គលដែលមិនគួរធ្វើអញ្ជលីកម្ម និងសាមីចិកម្ម មានប៉ុន្មានពួក អាបត្តិទុក្កដ មានដល់បុគ្គលប៉ុន្មានពួក ការទុកអតិរេកចីវរ បានប៉ុន្មានថ្ងៃ។ បុគ្គលដែលមិនគួរអភិវាទ និងបុគ្គលដែលមិនគួរធ្វើអញ្ជលីកម្ម និងសាមីចិកម្ម មាន១០ពួក អាបត្តិទុក្កដ មានដល់បុគ្គល១០ពួក ការទុកអតិរេកចីវរ បាន១០ថ្ងៃ។

[៣៥៧] ក្នុងសាសនានេះ បុគ្គលត្រូវឲ្យចីវរដល់បុគ្គលប៉ុន្មានពួក ដែលនៅចាំវស្សារួចហើយ កាលបើមានអ្នកទទួលដ៏សមគួរហើយ បុគ្គលត្រូវឲ្យចីវរ ដល់បុគ្គលប៉ុន្មានពួក មិនត្រូវឲ្យដល់បុគ្គលប៉ុន្មានពួក។ ក្នុងសាសនានេះ បុគ្គលត្រូវឲ្យចីវរដល់បុគ្គល៥ពួក73) ដែលនៅចាំវស្សារួចហើយ កាលបើមានអ្នកទទួលដ៏សមគួរ បុគ្គលត្រូវឲ្យចីវរ ដល់បុគ្គល៧ពួក មិនត្រូវឲ្យដល់បុគ្គល១៦ពួកទេ។

[៣៥៨] ភិក្ខុបិទបាំងអាបត្តិអស់មួយរយរាត្រី ត្រូវជាប៉ុន្មានរយអាបត្តិ ហើយចូលបរិវាស នៅប៉ុន្មានរាត្រី ទើបរួច (ចាកអាបត្តិ)បាន។ ភិក្ខុបិទបាំងអាបត្តិអស់មួយរយរាត្រី ត្រូវជាមួយពាន់74) អាបត្តិ ហើយចូលបរិវាស នៅ១០រាត្រី ទើបរួច (ចាកអាបត្តិនោះ)បាន។

[៣៥៩] ទោសរបស់កម្មមានប៉ុន្មាន ដែលព្រះពុទ្ធជាអាទិច្ចវង្ស ទ្រង់ត្រាស់ក្នុងវិន័យវត្ថុ ក្នុងនគរចម្បា កម្មទាំងអស់ (នោះ) ឈ្មោះថា មិនប្រកបដោយធម៌ឬអ្វី។ ទោសរបស់កម្ម (មានអបលោកនកម្មជាដើម) មាន១២ ដែលព្រះពុទ្ធជាអាទិច្ចវង្ស ទ្រង់ត្រាស់ក្នុងវិន័យវត្ថុ ក្នុងនគរចម្បា កម្មទាំងអស់ (នោះ) ឈ្មោះថា មិនប្រកបដោយធម៌មែនហើយ។

[៣៦០] សម្បត្តិរបស់កម្មមានប៉ុន្មាន ដែលព្រះពុទ្ធជាអាទិច្ចវង្ស ទ្រង់ត្រាស់ក្នុងវិន័យវត្ថុ ក្នុងនគរចម្បា កម្មទាំងអស់ (នោះ) ឈ្មោះថា ប្រកបដោយធម៌ឬអ្វី។ សម្បត្តិរបស់កម្ម មាន៤ ដែលព្រះពុទ្ធជាអាទិច្ចវង្ស ទ្រង់ត្រាស់ក្នុងវិន័យវត្ថុ ក្នុងនគរចម្បា កម្មទាំងអស់ (នោះ) ឈ្មោះថា ប្រកបដោយធម៌មែនហើយ។

[៣៦១] កម្មមានប៉ុន្មាន ដែលព្រះពុទ្ធជាអាទិច្ចវង្ស ទ្រង់ត្រាស់ក្នុងវិន័យវត្ថុ ក្នុងនគរចម្បា (កម្មនោះ) ប្រកបដោយធម៌ មានប៉ុន្មាន មិនប្រកបដោយធម៌ មានប៉ុន្មាន។ កម្មមាន៦ ដែលព្រះពុទ្ធជាអាទិច្ចវង្ស ទ្រង់ត្រាស់ក្នុងវិន័យវត្ថុ ក្នុងនគរចម្បា បណ្តាកម្មទាំង៦នេះ ព្រះពុទ្ធ ជាអាទិច្ចវង្ស ទ្រង់ត្រាស់ថា ប្រកបដោយធម៌ មានតែ១ពួក មិនប្រកបដោយធម៌ មាន៥។

[៣៦២] កម្មមានប៉ុន្មាន ដែលព្រះពុទ្ធជាអាទិច្ចវង្ស ទ្រង់ត្រាស់ក្នុងវិនយវត្ថុ ក្នុងនគរចម្បា (កម្មនោះ) ប្រកបដោយធម៌ មានប៉ុន្មាន មិនប្រកបដោយធម៌ មានប៉ុន្មាន។ កម្ម៤ ដែលព្រះពុទ្ធជាអាទិច្ចវង្ស ទ្រង់ត្រាស់ក្នុងវិនយវត្ថុ ក្នុងនគរចម្បា បណ្តាកម្មទាំង៤នេះ ព្រះពុទ្ធ ជាអាទិច្ចវង្ស ទ្រង់ត្រាស់ថា ប្រកបដោយធម៌ មានតែ១ពួក មិនប្រកបដោយធម៌ មាន៣។

[៣៦៣] ព្រះមានព្រះភាគ ទ្រង់បាននូវព្រះនិព្វាន ប្រកបដោយតាទិគុណ ទ្រង់ឃើញនូវវិវេកធម៌ បានសំដែងនូវកងនៃអាបត្តិទាំងឡាយណា បណ្តាកងនៃអាបត្តិទាំងនុ៎ះ កងនៃអាបត្តិប៉ុន្មាន ដែលមិនរម្ងាប់ដោយសមថៈទាំងឡាយ បពិត្រលោកអ្នកឈ្លាសវៃក្នុងវិភង្គ ខ្ញុំសូមសួរនូវកងនៃអាបត្តិនោះ សូមលោកឆ្លើយមក។ ព្រះមានព្រះភាគ ទ្រង់បាននូវព្រះនិព្វាន ប្រកបដោយតាទិគុណ ទ្រង់ឃើញនូវវិវេកធម៌ បានសំដែងនូវកងនៃអាបត្តិណា បណ្តាកងនៃអាបត្តិទាំងនុ៎ះ មានតែកងអាបត្តិ១ គឺបារាជិក ដែលមិនរម្ងាប់ដោយសមថៈទាំងឡាយទេ បពិត្រលោកអ្នកឈ្លាសវៃ ក្នុងវិភង្គ ខ្ញុំប្រាប់នូវកងនៃអាបត្តិនោះ ចំពោះលោក។

[៣៦៤] ព្រះពុទ្ធជាអាទិច្ចវង្ស ទ្រង់ត្រាស់ថា បុគ្គលប៉ុន្មានពួក ដែលទៅកើតក្នុងអបាយ ខ្ញុំនឹងចាំស្តាប់នូវវិស័យរបស់អ្នក ដែលជាអ្នកជ្រាបច្បាស់នូវវិន័យ។ ព្រះពុទ្ធជាអាទិច្ចវង្ស ទ្រង់ត្រាស់ថា បុគ្គល១៤៤ពួក75) ដែលបំបែកសង្ឃ តែងទៅកើតក្នុងអបាយ ទៅកើតក្នុងនរក ឋិតនៅអស់១កប្ប ចូរលោកស្តាប់វិស័យរបស់ខ្ញុំ ដែលជាអ្នកដឹងច្បាស់នូវវិន័យចុះ។

[៣៦៥] ព្រះពុទ្ធជាអាទិច្ចវង្ស ទ្រង់ត្រាស់ថា បុគ្គលប៉ុន្មានពួក ដែលមិនកើតក្នុងអបាយ ខ្ញុំនឹងចាំស្តាប់នូវវិស័យរបស់អ្នក ដែលជាអ្នកជ្រាបច្បាស់នូវវិន័យ។ ព្រះពុទ្ធជាអាទិច្ចវង្ស ទ្រង់ត្រាស់ថា បុគ្គល១៨ពួក ដែលមិនទៅកើតក្នុងអបាយ ចូរអ្នកស្តាប់នូវវិស័យរបស់ខ្ញុំ ដែលជាអ្នកដឹងច្បាស់នូវវិន័យចុះ។

[៣៦៦] ធម៌ទាំង៨ ព្រះពុទ្ធជាអាទិច្ចវង្ស ទ្រង់សំដែងប៉ុន្មានលើក ខ្ញុំនឹងចាំស្តាប់នូវវិស័យរបស់អ្នក ដែលជាអ្នកជ្រាបច្បាស់នូវវិន័យ។ ធម៌ទាំង៨ ព្រះពុទ្ធជាអាទិច្ចវង្ស ទ្រង់សំដែង មាន១៨លើក ចូរអ្នកស្តាប់នូវវិស័យរបស់ខ្ញុំ ដែលជាអ្នកដឹងច្បាស់នូវវិន័យចុះ។

(សោឡសកម្មាទិ ទី៥)

(៥. សោឡសកម្មាទិ)

[៣៦៧] ព្រះពុទ្ធជាអាទិច្ចវង្ស ទ្រង់ត្រាស់ថា កម្មមានប៉ុន្មានយ៉ាង ខ្ញុំនឹងចាំស្តាប់នូវវិស័យរបស់អ្នក ដែលជាអ្នកជ្រាបច្បាស់នូវវិន័យ។ ព្រះពុទ្ធជាអាទិច្ចវង្ស ទ្រង់ត្រាស់ថា កម្មមាន១៦យ៉ាង ចូរអ្នកស្តាប់នូវវិស័យរបស់ខ្ញុំ ដែលជាអ្នកដឹងច្បាស់នូវវិន័យចុះ។

[៣៦៨] ព្រះពុទ្ធជាអាទិច្ចវង្ស ទ្រង់ត្រាស់ថា ទោសរបស់កម្មមានប៉ុន្មានយ៉ាង ខ្ញុំនឹងចាំស្តាប់នូវវិស័យរបស់អ្នក ដែលជាអ្នកជ្រាបច្បាស់នូវវិន័យ។ ព្រះពុទ្ធជាអាទិច្ចវង្ស ទ្រង់ត្រាស់ថា ទោសរបស់កម្ម មាន១២យ៉ាង ចូរអ្នកស្តាប់នូវវិស័យរបស់ខ្ញុំ ដែលជាអ្នកដឹងច្បាស់នូវវិន័យចុះ។

[៣៦៩] ព្រះពុទ្ធជាអាទិច្ចវង្ស ទ្រង់ត្រាស់ថា សម្បត្តិរបស់កម្ម មានប៉ុន្មានយ៉ាង ខ្ញុំនឹងចាំស្តាប់នូវវិស័យរបស់អ្នក ដែលជាអ្នកជ្រាបច្បាស់នូវវិន័យ។ ព្រះពុទ្ធជាអាទិច្ចវង្ស ទ្រង់ត្រាស់ថា សម្បត្តិរបស់កម្មមាន៤យ៉ាង ចូរអ្នកស្តាប់នូវវិស័យរបស់ខ្ញុំ ដែលជាអ្នកដឹងច្បាស់នូវវិន័យចុះ។

[៣៧០] ព្រះពុទ្ធជាអាទិច្ចវង្ស ទ្រង់ត្រាស់ថា កម្មមានប៉ុន្មានយ៉ាង ខ្ញុំនឹងចាំស្តាប់នូវវិស័យរបស់អ្នក ដែលជាអ្នកជ្រាបច្បាស់នូវវិន័យ។ ព្រះពុទ្ធជាអាទិច្ចវង្ស ទ្រង់ត្រាស់ថា កម្មមាន៦យ៉ាង ចូរអ្នកស្តាប់នូវវិស័យរបស់ខ្ញុំ ដែលជាអ្នកដឹងច្បាស់នូវវិន័យចុះ។

[៣៧១] ព្រះពុទ្ធជាអាទិច្ចវង្ស ទ្រង់ត្រាស់ថា កម្មមានប៉ុន្មានយ៉ាង ខ្ញុំនឹងចាំស្តាប់នូវវិស័យរបស់អ្នក ដែលជាអ្នកជ្រាបច្បាស់នូវវិន័យ។ ព្រះពុទ្ធជាអាទិច្ចវង្ស ទ្រង់ត្រាស់ថា កម្មមាន៤យ៉ាង ចូរអ្នកស្តាប់នូវវិស័យរបស់ខ្ញុំ ដែលជាអ្នកដឹងច្បាស់នូវវិន័យចុះ។

[៣៧២] ព្រះពុទ្ធជាអាទិច្ចវង្ស ទ្រង់ត្រាស់ថា បារាជិកាបត្តិ មានប៉ុន្មាន ខ្ញុំនឹងចាំស្តាប់នូវវិស័យរបស់អ្នក ដែលជាអ្នកជ្រាបច្បាស់នូវវិន័យ។ ព្រះពុទ្ធជាអាទិច្ចវង្ស ទ្រង់ត្រាស់ថា បារាជិកាបត្តិមាន៨ ចូរអ្នកស្តាប់នូវវិស័យរបស់ខ្ញុំ ដែលជាអ្នកដឹងច្បាស់នូវវិន័យចុះ។

[៣៧៣] ព្រះពុទ្ធជាអាទិច្ចវង្ស ទ្រង់ត្រាស់ថា សង្ឃាទិសេសាបត្តិ មានប៉ុន្មាន ខ្ញុំនឹងចាំស្តាប់នូវវិស័យរបស់អ្នក ដែលជាអ្នកជ្រាបច្បាស់នូវវិន័យ។ ព្រះពុទ្ធជាអាទិច្ចវង្ស ទ្រង់ត្រាស់ថា សង្ឃាទិសេសាបត្តិ មាន២៣ ចូរអ្នកស្តាប់នូវវិស័យរបស់ខ្ញុំ ដែលជាអ្នកដឹងច្បាស់នូវវិន័យចុះ។

[៣៧៤] ព្រះពុទ្ធជាអាទិច្ចវង្ស ទ្រង់ត្រាស់ថា អនិយតៈ មានប៉ុន្មាន ខ្ញុំនឹងចាំស្តាប់នូវវិស័យរបស់អ្នក ដែលជាអ្នកជ្រាបច្បាស់នូវវិន័យ។ ព្រះពុទ្ធជាអាទិច្ចវង្ស ទ្រង់ត្រាស់ថា អនិយតៈ មាន២ ចូរអ្នកស្តាប់នូវវិស័យរបស់ខ្ញុំ ដែលជាអ្នកដឹងច្បាស់នូវវិន័យចុះ។

[៣៧៥] ព្រះពុទ្ធជាអាទិច្ចវង្ស ទ្រង់ត្រាស់ថា និស្សគ្គិយៈ មានប៉ុន្មាន ខ្ញុំនឹងចាំស្តាប់នូវវិស័យរបស់អ្នក ដែលជាអ្នកជ្រាបច្បាស់នូវវិន័យ។ ព្រះពុទ្ធជាអាទិច្ចវង្ស ទ្រង់ត្រាស់ថា និស្សគ្គិយៈ មាន៤២ ចូរអ្នកស្តាប់នូវវិស័យរបស់ខ្ញុំ ដែលជាអ្នកដឹងច្បាស់នូវវិន័យចុះ។

[៣៧៦] ព្រះពុទ្ធជាអាទិច្ចវង្ស ទ្រង់ត្រាស់ថា បាចិត្តិយាបត្តិ មានប៉ុន្មានយ៉ាង ខ្ញុំនឹងចាំស្តាប់នូវវិស័យរបស់អ្នក ដែលជាអ្នកជ្រាបច្បាស់នូវវិន័យ។ ព្រះពុទ្ធជាអាទិច្ចវង្ស ទ្រង់ត្រាស់ថា បាចិត្តិយាបត្តិ មាន១៨៨ ចូរអ្នកស្តាប់នូវវិស័យរបស់ខ្ញុំ ដែលជាអ្នកដឹងច្បាស់នូវវិន័យចុះ។

[៣៧៧] ព្រះពុទ្ធជាអាទិច្ចវង្ស ទ្រង់ត្រាស់ថា បាដិទេសនីយាបត្តិ មានប៉ុន្មានយ៉ាង ខ្ញុំនឹងចាំស្តាប់នូវវិស័យរបស់អ្នក ដែលជាអ្នកជ្រាបច្បាស់នូវវិន័យ។ ព្រះពុទ្ធជាអាទិច្ចវង្ស ទ្រង់ត្រាស់ថា បាដិទេសនីយាបត្តិមាន១២ ចូរអ្នកស្តាប់នូវវិស័យរបស់ខ្ញុំ ដែលជាអ្នកដឹងច្បាស់នូវវិន័យចុះ។

[៣៧៨] ព្រះពុទ្ធជាអាទិច្ចវង្ស ទ្រង់ត្រាស់ថា សេក្ខិយៈ មានប៉ុន្មាន ខ្ញុំនឹងចាំស្តាប់នូវវិស័យរបស់អ្នក ដែលជាអ្នកជ្រាបច្បាស់នូវវិន័យ។ ព្រះពុទ្ធជាអាទិច្ចវង្ស ទ្រង់ត្រាស់ថា សេក្ខិយៈ មាន៧៥ ចូរអ្នកស្តាប់នូវវិស័យរបស់ខ្ញុំ ដែលជាអ្នកដឹងច្បាស់នូវវិន័យចុះ។ ពាក្យដែលអ្នកសួរមកដោយប្រពៃត្រឹមណា ខ្ញុំក៏បានវិស្សជ្ជនា ដោយប្រពៃត្រឹមនោះហើយ ពាក្យបន្តិចបន្តួច ដែលមិនមែនជាខ្សែបន្ទាត់ មិនមានក្នុងពាក្យបុច្ឆាវិស្សជ្ជនានោះឡើយ។

ចប់ ទុតិយគាថាសង្គណិកៈ។

សេទមោចនគាថា

(សេទមោចនគាថា)

(អវិប្បវាសបញ្ហា ទី១)

(១. អវិប្បវាសបញ្ហា)

[៣៧៩] ពួកភិក្ខុក្តី ពួកភិក្ខុនីក្តី មិនមានសំវាស76) សម្ភោគពួកមួយ គឺពួកភិក្ខុ ឬពួកភិក្ខុនី មិនបានក្នុងបុគ្គលនោះទេ77) ការនៅរួម មិនត្រូវអាបត្តិ78) ប្រស្នានេះ ពួកលោកអ្នកឈ្លាសវៃ បានគិតមកហើយ។

[៣៨០] ព្រះមានព្រះភាគ ជាមហាឥសី (ទ្រង់ស្វែងរកនូវប្រយោជន៍ដ៏ប្រសើរ) ទ្រង់ត្រាស់ថា របស់៥យ៉ាង មិនត្រូវលះ មិនត្រូវចែក តែកាលបើភិក្ខុលះ និងប្រើប្រាស់ មិនត្រូវអាបត្តិ79) ប្រស្នានេះ ពួកលោកអ្នកឈ្លាសវៃ បានគិតមកហើយ។

[៣៨១] យើងមិនបានពោលចំពោះអវន្ទិយបុគ្គលទាំង១០ពួកទេ ទាំងអភព្វបុគ្គល១១ មានបណ្ឌកជាដើម ក៏លើកលែងដែរ តែភិក្ខុសំពះភិក្ខុចាស់80) ត្រូវអាបត្តិ ប្រស្នានេះ ពួកលោកអ្នកឈ្លាសវៃ បានគិតមកហើយ។

[៣៨២] ភិក្ខុ មិនមែនជាភិក្ខុដែលសង្ឃលើកវត្ត ទាំងមិនមែនជាភិក្ខុដែលនៅបរិវាស មិនមែនជាអ្នកទំលាយសង្ឃ ទាំងមិនមែនជាអ្នកចូលពួកតិរ្ថិយ (ភិក្ខុនោះ) ឋិតនៅក្នុងភូមិនៃសមានសំវាសកៈ (ភូមិរបស់ភិក្ខុមានសំវាសស្មើគ្នា) តែភិក្ខុនោះ មិនសាធារណៈដោយសិក្ខា81) ដូចម្តេច ប្រស្នានេះ ពួកលោកអ្នកឈ្លាសវៃ បានគិតមកហើយ។

[៣៨៣] មានបុគ្គលដែលចូលទៅសាកសួរធម៌ជាកុសល ប្រកបដោយប្រយោជន៍ បុគ្គលនោះ នឹងថារស់នៅ ក៏មិនមែន នឹងថាស្លាប់ ក៏មិនមែន នឹងថានិព្វាន ក៏មិនមែន។ ព្រះពុទ្ធទាំងឡាយ ត្រាស់ហៅបុគ្គលនោះថាដូចម្តេចទៅវិញ82) ប្រស្នានេះ ពួកលោកអ្នកឈ្លាសវៃ បានគិតមកហើយ។

[៣៨៤] យើងមិនបានពោលចំពោះអវយវៈ តាំងពីដងកាំបិតឡើងទៅទេ ទាំងអវយវៈ តាំងពីផ្ចិតចុះមកក្រោម ក៏លើកលែងដែរ តែហេតុដូចម្តេច បានជាភិក្ខុត្រូវអាបត្តិបារាជិក ព្រោះមេថុនធម្ម83) ជាបច្ច័យ ប្រស្នានេះ ពួកលោកអ្នកឈ្លាសវៃ បានគិតមកហើយ។

[៣៨៥] ភិក្ខុធ្វើកុដិ ដោយការសូមគ្រឿងឧបករណ៍គេមកដោយខ្លួនឯង ឥតមានពួកភិក្ខុសំដែងទីឲ្យ ធ្វើឲ្យកន្លងហួសប្រមាណ មានហេតុទាស់ មិនមានទីឧបចារៈ តែភិក្ខុនោះ មិនត្រូវអាបត្តិ84) ប្រស្នានេះ ពួកលោកអ្នកឈ្លាសវៃ បានគិតមកហើយ។

[៣៨៦] ភិក្ខុធ្វើកុដិ ដោយការសូមគ្រឿងឧបករណ៍គេមកដោយខ្លួនឯង ដែលមានពួកភិក្ខុសំដែងទីឲ្យ ប្រកបដោយប្រមាណ មិនមានហេតុទាស់ មានទីឧបចារៈ តែភិក្ខុនោះ ត្រូវអាបត្តិ85) ប្រស្នានេះ ពួកលោកអ្នកឈ្លាសវៃ បានគិតមកហើយ។

[៣៨៧] ឧបសម្បន្ន មិនបានប្រព្រឹត្តប្រយោគអ្វីមួយ ប្រកបដោយកាយ ទាំងមិនបានពោលនឹងអ្នកដទៃ ដោយវាចា តែឧបសម្បន្ននោះ ត្រូវគរុកាបត្តិ ជាវត្ថុដាច់ចាកភិក្ខុនីភាវៈ86) ប្រស្នានេះ ពួកលោកអ្នកឈ្លាសវៃ បានគិតមកហើយ។

[៣៨៨] បុគ្គលមានចិត្តស្ងប់រម្ងាប់ មិនបានធ្វើបាបបន្តិចបន្តួចដោយកាយក្តី វាចាក្តី ចិត្តក្តី បុគ្គលនោះ សង្ឃត្រូវឲ្យវិនាសចេញ ចុះធ្វើដូចម្តេច ទើបឈ្មោះថា ឲ្យវិនាសចេញដោយស្រួល87) ប្រស្នានេះ ពួកលោកអ្នកឈ្លាសវៃ បានគិតមកហើយ។

[៣៨៩] ភិក្ខុ កាលមិនចរចានឹងមនុស្សណាមួយ មួយទៀត កាលនឹងបញ្ចេញវាចា ក៏មិនបានពោលចំពោះអ្នកដទៃឡើយ តែភិក្ខុ (នោះ) ត្រឡប់ត្រូវអាបត្តិ ប្រកបដោយវាចា88) មិនត្រូវអាបត្តិប្រកបដោយកាយ ប្រស្នានេះ ពួកលោកអ្នកឈ្លាសវៃ បានគិតមកហើយ។

[៣៩០] សិក្ខាបទទាំងឡាយ ដែលព្រះពុទ្ធដ៏ប្រសើរ ទ្រង់ពណ៌នាទុកថា សង្ឃាទិសេស៤សិក្ខាបទ ភិក្ខុនីត្រូវអាបត្តិទាំងអស់នោះ ដោយប្រយោគតែមួយ89) ប្រស្នានេះ ពួកលោកអ្នកឈ្លាសវៃ បានគិតមកហើយ។

[៣៩១] ភិក្ខុនីពីររូប បានឧបសម្បទាក្នុងទីជាមួយគ្នា ភិក្ខុទទួលចីវរអំពីដៃនៃភិក្ខុនីទាំងពីររូប ត្រូវអាបត្តិផ្សេងៗគ្នា90) ប្រស្នានេះ ពួកលោកអ្នកឈ្លាសវៃ បានគិតមកហើយ។

[៣៩២] ជន គឺភិក្ខុ៤រូប បបួលគ្នាលួចគរុភណ្ឌ ឯភិក្ខុ៣រូប ត្រូវអាបត្តិបារាជិក ភិក្ខុ១រូប មិនត្រូវអាបត្តិបារាជិកទេ91) ប្រស្នានេះ ពួកលោកអ្នកឈ្លាសវៃ បានគិតមកហើយ។

(បារាជិកាទិបញ្ហា ទី២)

(២. បារាជិកាទិបញ្ហា)

[៣៩៣] ស្រីនៅខាងក្នុង ភិក្ខុនៅខាងក្រៅ ក្នុងផ្ទះនោះ ឥតប្រហោងសោះ ដូចម្តេចបានជាភិក្ខុត្រូវអាបត្តិបារាជិក92) ព្រោះសេពមេថុនធម្មជាបច្ច័យ ប្រស្នានេះ ពួកលោកអ្នកឈ្លាសវៃ បានគិតមកហើយ។

[៣៩៤] ឧបសម្បន្ន ទទួលប្រេង ទឹកឃ្មុំ ទឹកអំពៅ និងទឹកដោះរាវ ហើយទុកដាក់ដោយខ្លួនឯង ទុកជាមិនទាន់កន្លង៧ថ្ងៃនៅឡើយ កាលបើមានបច្ច័យហើយឆាន់ ត្រូវអាបត្តិ93) ប្រស្នានេះ ពួកលោកអ្នកឈ្លាសវៃ បានគិតមកហើយ។

[៣៩៥] ភិក្ខុត្រូវអាបត្តិនិស្សគ្គិយបាចិត្តិយៈ និងសុទ្ធកបាចិត្តិយៈ ក្នុងខណៈជាមួយគ្នា94) ប្រស្នានេះ ពួកលោកអ្នកឈ្លាសវៃ បានគិតមកហើយ។

[៣៩៦] ភិក្ខុ២០រូបមកប្រជុំគ្នា មានសេចក្តីសំគាល់ថា ព្រមព្រៀងគ្នា ហើយធ្វើសង្ឃកម្មទៅ មានភិក្ខុ១រូប ឋិតនៅក្នុងទីឆ្ងាយ មានប្រមាណ១២យោជន៍ក៏មាន ចុះហេតុដូចម្តេច បានជាសង្ឃកម្មនោះកម្រើក95) ព្រោះបច្ច័យ គឺកម្មនោះជាពួក ប្រស្នានេះ ពួកលោកអ្នកឈ្លាសវៃ បានគិតមកហើយ។

[៣៩៧] ភិក្ខុត្រូវគរុកាបត្តិទាំងអស់៦៤ ជាអាបត្តិដែលខ្លួនកែបាន ក្នុងខណៈជាមួយគ្នា ដោយគ្រាន់តែឈានជំហានទៅ និងពោលដោយវាចា96) ប្រស្នានេះ ពួកលោកអ្នកឈ្លាសវៃ បានគិតមកហើយ។

[៣៩៨] ភិក្ខុស្លៀកស្បង់ គ្រងសង្ឃាដិមានជាន់ពីរ តែចីវរទាំងអស់នោះ ជានិស្សគ្គិយៈ97) ប្រស្នានេះ ពួកលោកអ្នកឈ្លាសវៃ បានគិតមកហើយ។

[៣៩៩] ញត្តិ (របស់បុគ្គលនោះ) ក៏មិនមាន ទាំងកម្មវាចាសោត ក៏មិនមាន សូម្បីព្រះជិនស្រី ក៏មិនបានត្រាស់ហៅថា ឯហិភិក្ខុទេ ម្យ៉ាងទៀត សរណគមន៍ របស់បុគ្គលនោះ ក៏មិនមាន (ចុះហេតុអ្វីបានជា) ឧបសម្បទា របស់បុគ្គលនោះ មិនកម្រើក98) (គឺបានឧបសម្បទាពេញបរិបូណ៌) ប្រស្នានេះ ពួកលោកអ្នកឈ្លាសវៃ បានគិតមកហើយ។

[៤០០] បុគ្គលល្ងង់ សម្លាប់ស្ត្រីមិនមែនជាមាតា សម្លាប់បុរសមិនមែនជាបិតា សម្លាប់បុគ្គលមិនមែនជាព្រះអរិយៈ បុគ្គលនោះ ត្រូវអនន្តរិយកម្ម ព្រោះការសម្លាប់នោះ99) ប្រស្នានេះ ពួកលោកអ្នកឈ្លាសវៃ បានគិតមកហើយ។

[៤០១] បុគ្គលសម្លាប់ស្ត្រីដែលជាមាតាពិត សម្លាប់បុរសដែលជាបិតាពិត លុះសម្លាប់មាតាបិតាហើយ ក៏មិនត្រូវអនន្តរិយកម្ម ព្រោះការសម្លាប់នោះ100) ប្រស្នានេះ ពួកលោកអ្នកឈ្លាសវៃ បានគិតមកហើយ។

[៤០២] ភិក្ខុមិនបានចោទ មិនបានរំលឹក ហើយធ្វើកម្មដល់បុគ្គលដែលមាននៅក្នុងទីកំបាំងមុខ កម្មដែលភិក្ខុធ្វើនោះ ឈ្មោះថា ធ្វើប្រពៃហើយ ទាំងការកសង្ឃ ក៏មិនត្រូវអាបត្តិ101) ប្រស្នានេះ ពួកលោកអ្នកឈ្លាសវៃ បានគិតមកហើយ។

[៤០៣] ភិក្ខុបានចោទ បានរំលឹក ហើយធ្វើកម្មដល់បុគ្គលដែលមាននៅក្នុងទីចំពោះមុខ ឯកម្មដែលភិក្ខុនោះធ្វើហើយ ឈ្មោះថា មិនបានធ្វើទៅវិញ ទាំងការកសង្ឃ ក៏ត្រូវអាបត្តិ [អដ្ឋកថា ថា សំដៅយក ភិក្ខុឲ្យឧបសម្បទា ដល់អភព្វបុគ្គល មានបណ្ឌកជាដើម។ ប្រស្នានេះ ពួកលោកអ្នកឈ្លាសវៃ បានគិតមកហើយ។

[៤០៤] ភិក្ខុកាត់ ត្រូវអាបត្តិក៏មាន102) ភិក្ខុកាត់ មិនត្រូវអាបត្តិក៏មាន103) ភិក្ខុបិទបាំង ត្រូវអាបត្តិក៏មាន104) ភិក្ខុបិទបាំង មិនត្រូវអាបត្តិក៏មាន105) ប្រស្នានេះ ពួកលោកអ្នកឈ្លាសវៃ បានគិតមកហើយ។

[៤០៥] ភិក្ខុពោលពាក្យពិត ត្រូវគរុកាបត្តិក៏មាន106) ពោលពាក្យកុហក ត្រូវលហុកាបត្តិក៏មាន107) ពោលពាក្យកុហក ត្រូវគរុកាបត្តិក៏មាន108) ពោលពាក្យពិត ត្រូវលហុកាបត្តិក៏មាន109) ប្រស្នានេះ ពួកលោកអ្នកឈ្លាសវៃ បានគិតមកហើយ។

(បាចិត្តិយាទិបញ្ហា ទី៣)

(៣. បាចិត្តិយាទិបញ្ហា)

[៤០៦] ចីវរភិក្ខុបានអធិដ្ឋាន បានជ្រលក់ដោយគ្រឿងជ្រលក់ បានធ្វើពិន្ទុកប្បៈ ត្រឹមត្រូវហើយ តែភិក្ខុនោះប្រើប្រាស់ ត្រូវអាបត្តិ110) ប្រស្នានេះ ពួកលោកអ្នកឈ្លាសវៃ បានគិតមកហើយ។

[៤០៧] កាលបើព្រះអាទិត្យអស្តង្គតហើយ ភិក្ខុឆាន់សាច់ ភិក្ខុនោះមិនមែនជាភិក្ខុឆ្កួត ទាំងមិនមែនជាភិក្ខុមានចិត្តរវើរវាយ ទាំងមិនមែនជាភិក្ខុមានវេទនាគ្របសង្កត់ តែភិក្ខុនោះ មិនត្រូវអាបត្តិ111) ទាំងធម៌នោះសោត ក៏ព្រះសុគត ទ្រង់បានសំដែងហើយ ប្រស្នានេះ ពួកលោកអ្នកឈ្លាសវៃ បានគិតមកហើយ។

[៤០៨] ភិក្ខុនោះមិនមានតម្រេក មិនមានថេយ្យចិត្ត ទាំងមិនបានគិត ដើម្បីសម្លាប់អ្នកដទៃ កាលភិក្ខុនោះឲ្យស្លាក រមែងដាច់ចាកភិក្ខុភាវៈ112) ភិក្ខុអ្នកទទួលស្លាក ត្រូវថុល្លច្ច័យ113) ប្រស្នានេះ ពួកលោកអ្នកឈ្លាសវៃ បានគិតមកហើយ។

[៤០៩] ទីនោះ មិនមែនជាសេនាសនៈនៅក្នុងព្រៃ ដែលគេសន្មតថា ប្រកបដោយសេចក្តីរង្កៀសទេ ទាំងសង្ឃ ក៏មិនបានឲ្យសម្មតិ ទាំងភិក្ខុនោះ ក៏មិនបានក្រាលកឋិន (បើភិក្ខុនោះ) ទុកចីវរក្នុងទីនោះ ហើយទៅកាន់ទីមានប្រមាណកន្លះយោជន៍ លុះអរុណរះឡើង ភិក្ខុនោះ ក៏មិនត្រូវអាបត្តិឡើយ114) ប្រស្នានេះ ពួកលោកអ្នកឈ្លាសវៃ បានគិតមកហើយ។

[៤១០] ភិក្ខុត្រូវអាបត្តិទាំងពួង មានវត្ថុផ្សេងៗគ្នា ប្រកបដោយកាយ មិនប្រកបដោយវាចា ក្នុងខណៈជាមួយគ្នា មិនមុនមិនក្រោយ115) ប្រស្នានេះ ពួកលោកអ្នកឈ្លាសវៃ បានគិតមកហើយ។

[៤១១] ភិក្ខុត្រូវអាបត្តិទាំងពួង មានវត្ថុផ្សេងៗគ្នា ប្រកបដោយវាចា មិនប្រកបដោយកាយ ក្នុងខណៈជាមួយគ្នា មិនមុនមិនក្រោយ116) ប្រស្នានេះ ពួកលោកអ្នកឈ្លាសវៃ បានគិតមកហើយ។

[៤១២] ឧបសម្បន្ន មិនសេពមេថុននឹងស្រី៣ពួកនោះ និងបុរស៣ពួក មួយទៀត មិនសេពមេថុននឹងអនរិយជន គឺឧភតោព្យញ្ជនក៣ពួក និងបណ្ឌក៣ពួក មួយទៀត មិនបានប្រព្រឹត្តមេថុនក្នុងព្យញ្ជនៈ គឺដោយអំណាចនៃអនុលោមបារាជិកសោះឡើយ តែឧបសម្បន្ននោះ ត្រូវឆេជ្ជវត្ថុ ព្រោះមេថុនធម្មជាបច្ច័យ117) ប្រស្នានេះ ពួកលោកអ្នកឈ្លាសវៃ បានគិតមកហើយ។

[៤១៣] ភិក្ខុសូមចីវរនឹងមាតា តែមិនមែនជាចីវរ ដែលមាតាបង្អោនទៅដើម្បីសង្ឃ ភិក្ខុនោះត្រូវអាបត្តិ ព្រោះហេតុអ្វី118) មួយទៀត ភិក្ខុមិនត្រូវអាបត្តិ ព្រោះសូមចីវរនឹងពួកញាតិ ប្រស្នានេះ ពួកលោកអ្នកឈ្លាសវៃ បានគិតមកហើយ។

[៤១៤] បុគ្គលក្រោធខឹង ហើយត្រឡប់ទៅជាត្រេកអរវិញ119) បុគ្គលក្រោធខឹងហើយ គួរនឹងតិះដៀល120) បុគ្គលក្រោធខឹងហើយ គួរនឹងសរសើរ ដោយធម៌ណា ធម៌នោះ តើឈ្មោះដូចម្តេច ប្រស្នានេះ ពួកលោកអ្នកឈ្លាសវៃ បានគិតមកហើយ។

[៤១៥] បុគ្គលដែលត្រេកអរ ហើយក៏ត្រេកអរថែមទៀត បុគ្គលដែលត្រេកអរហើយ តែគួរនឹងតិះដៀល បុគ្គលដែលត្រេកអរហើយ តែគួរនឹងតិះដៀល ដោយធម៌ណា ធម៌នោះ តើឈ្មោះដូចម្តេច ប្រស្នានេះ ពួកលោកអ្នកឈ្លាសវៃ បានគិតមកហើយ។

[៤១៦] ឧបសម្បន្ន ត្រូវអាបត្តិសង្ឃាទិសេស (លាយដោយអាបត្តិ) ថុល្លច្ច័យ បាចិត្តិយៈ បាដិទេសនីយៈ និងទុក្កដ ក្នុងខណៈជាមួយគ្នា121) ប្រស្នានេះ ពួកលោកអ្នកឈ្លាសវៃ បានគិតមកហើយ។

[៤១៧] កុលបុត្រ២រូប មានឆ្នាំ២០គ្រប់គ្រាន់ហើយ ឯកុលបុត្រទាំង២រូបនោះ សឹងមានឧបជ្ឈាយ៍ជាមួយគ្នា អាចារ្យជាមួយគ្នា កម្មវាចាជាមួយគ្នា តែកុលបុត្រមួយរូប ជាឧបសម្បន្ន គឺបានឡើងជាភិក្ខុ មួយរូបទៀត ជាអនុបសម្បន្ន122) គឺនៅជាសាមណេរ ប្រស្នានេះ ពួកលោកអ្នកឈ្លាសវៃ បានគិតមកហើយ។

[៤១៨] សំពត់ដែលភិក្ខុមិនបានធ្វើកប្បពិន្ទុ ទាំងមិនបានជ្រលក់ដោយគ្រឿងជ្រលក់ ភិក្ខុស្លៀកពាក់សំពត់នោះហើយ ដើរទៅដោយគួរតាមប្រាថ្នា ភិក្ខុនោះមិនត្រូវអាបត្តិ123) ទាំងធម៌នោះសោត ក៏ព្រះសុគត ទ្រង់សំដែងហើយ ប្រស្នានេះ ពួកលោកអ្នកឈ្លាសវៃ បានគិតមកហើយ។

[៤១៩] ឧបសម្បន្ន១ មិនបានឲ្យ ឧបសម្បន្ន១ មិនបានទទួល ព្រោះហេតុនោះ ការទទួលមិនមានទេ តែឧបសម្បន្ននោះ ត្រូវគរុកាបត្តិ 124) មិនមែនជាលហុកាបត្តិ កាលដែលនឹងត្រូវអាបត្តិនោះ ក៏ត្រូវព្រោះការបរិភោគ ជាបច្ច័យ ប្រស្នានេះ ពួកលោកអ្នកឈ្លាសវៃ បានគិតមកហើយ។

[៤២០] ឧបសម្បន្ន១ មិនបានឲ្យ ឧបសម្បន្ន១ មិនបានទទួល ព្រោះហេតុនោះ ការទទួលមិនមានទេ តែឧបសម្បន្ននោះ ត្រូវលហុកាបត្តិ125) មិនមែនជាគរុកាបត្តិទេ កាលដែលត្រូវអាបត្តិនោះ ក៏ត្រូវព្រោះការបរិភោគ ជាបច្ច័យ ប្រស្នានេះ ពួកលោកអ្នកឈ្លាសវៃ បានគិតមកហើយ។

[៤២១] ឧបសម្បន្នមិនមែនជាភិក្ខុនី ត្រូវគរុកាបត្តិ ជាសាវសេសាបត្តិ ហើយបិទបាំងទុក ព្រោះអាស្រ័យសេចក្តីមិនអើពើ126) តែមិនត្រូវទោស ប្រស្នានេះ ពួកលោកអ្នកឈ្លាសវៃ បានគិតមកហើយ។

ចប់ សេទមោចនគាថា។

ឧទ្ទាន គឺបញ្ជីរឿងនៃសេទមោចនគាថានោះដូច្នេះ

[៤២២]

និយាយអំពីមិនមានសំវាស១ គរុភណ្ឌ៥ ដែលភិក្ខុលះមិនបាន១ អវន្ទិយបុគ្គល១០ពួក១ ភិក្ខុដែលសង្ឃមិនបានលើកវត្ត១ បុគ្គលដែលចូលទៅសាកសួរធម៌១ អវយវៈត្រឹមដងកាំបិតទៅលើ១ ភិក្ខុធ្វើកុដិ ដោយការសូមគ្រឿងឧបករណ៍គេមកដោយខ្លួនឯង មាន២ប្រស្នា១ ភិក្ខុនីប្រព្រឹត្តប្រយោគ មិនប្រកបដោយកាយ ត្រូវគរុកាបត្តិ១ ភិក្ខុមិនធ្វើបាបប្រកបដោយកាយ ដែលសង្ឃត្រូវឲ្យវិនាសដោយល្អ១ ភិក្ខុមិនចរចា១ សិក្ខាដែលព្រះអង្គទ្រង់សំដែង១ ភិក្ខុនីពីររូប បានឧបសម្បទាជាមួយគ្នា១ ជន គឺភិក្ខុ៤រូប បបួលគ្នាទៅលួចគរុភណ្ឌ១ ស្រីនៅក្នុង ភិក្ខុនៅក្រៅ១ ភិក្ខុទទួលប្រេងជាដើម១ ភិក្ខុត្រូវអាបត្តិនិស្សគ្គិយៈ និងបាចិត្តិយៈ ក្នុងខណៈជាមួយ១ ភិក្ខុ២០រូប មកប្រជុំគ្នា១ ភិក្ខុត្រូវគរុកាបត្តិ ដោយគ្រាន់តែឈានជំហាន១ ភិក្ខុស្លៀកស្បង់ជាដើម១ ឧបសម្បទាមិនមានញត្តិជាដើម១ បុគ្គលសម្លាប់មាតាបិតា តែមិនត្រូវអនន្តរិយកម្ម១ ភិក្ខុមិនបានចោទ១ ភិក្ខុបានចោទ១ ភិក្ខុកាត់១ ភិក្ខុពោលពាក្យពិត១ ចីវរដែលភិក្ខុបានអធិដ្ឋានហើយ១ ភិក្ខុឆាន់សាច់ក្នុងវេលាព្រះអាទិត្យអស្តង្គត១ ភិក្ខុមិនមានចិត្តត្រេកអរ១ ទីសេនាសនៈ ដែលមិនបានតាំងនៅក្នុងព្រៃ១ ភិក្ខុត្រូវអាបត្តិ មិនប្រកបដោយកាយ ប្រកបតែដោយវាចា១ ស្រី៣ពួក១ ភិក្ខុសូមចីវរនឹងមាតា១ បុគ្គលក្រោធខឹង ហើយត្រឡប់ជាត្រេកអរ១ បុគ្គលត្រេកអរ ហើយក៏ត្រេកអរថែមទៀត១ ឧបសម្បន្ន ត្រូវអាបត្តិសង្ឃាទិសេសជាដើម១ កុលបុត្រ២រូប១ សំពត់ដែលភិក្ខុមិនបានធ្វើពិន្ទុកប្បជាដើម១ ឧបសម្បន្នមួយរូប មិនបានឲ្យ១ ឧបសម្បន្នមួយរូប បានឲ្យ១ ឧបសម្បន្នត្រូវគរុកាបត្តិ១ ចប់សេទមោចនិកាគាថា ប្រស្នាដែលលោកអ្នកប្រាជ្ញ បានសំដែងឲ្យច្បាស់លាស់ហើយ។

បញ្ចវគ្គ

(បញ្ចវគ្គោ)

(កម្មវគ្គ ទី១)

(១. កម្មវគ្គោ)

[៤២៣] កម្ម៤យ៉ាង គឺអបលោកនកម្ម១ ញត្តិកម្ម១ ញត្តិទុតិយកម្ម១ ញត្តិចតុត្ថកម្ម១។ កម្មទាំង៤នេះ តែងវិបត្តិព្រោះអាការប៉ុន្មាន។ កម្មទាំង៤នេះ តែងវិបត្តិព្រោះអាការ៥ គឺវត្ថុ១ ញត្តិ១ អនុស្សាវនៈ១ សីមា១ បរិសទ្យ១។

[៤២៤] កម្មវិបត្តិព្រោះវត្ថុដូចម្តេច។ កម្មដែលសង្ឃត្រូវធ្វើចំពោះមុខ បែរជាធ្វើកំបាំងមុខទៅវិញ កម្មនេះចាត់ជាវត្ថុវិបត្តិ ជាអធម្មកម្ម។ កម្មដែលសង្ឃត្រូវធ្វើដោយការសាកសួរ បែរជាធ្វើដោយការមិនសាកសួរវិញ កម្មនេះចាត់ជាវត្ថុវិបត្តិ ជាអធម្មកម្ម។ កម្មដែលសង្ឃត្រូវធ្វើតាមពាក្យប្តេជ្ញា បែរជាធ្វើមិនតាមពាក្យប្តេជ្ញាវិញ កម្មនេះចាត់ជាវត្ថុវិបត្តិ ជាអធម្មកម្ម។ សង្ឃឲ្យអមូឡ្ហវិន័យ ដល់ភិក្ខុគួរដល់សតិវិន័យ កម្មនេះចាត់ជាវត្ថុវិបត្តិ ជាអធម្មកម្ម។ សង្ឃធ្វើតស្សបាបិយសិកាកម្ម ដល់ភិក្ខុគួរដល់អមូឡ្ហវិន័យ កម្មនេះចាត់ជាវត្ថុវិបត្តិ ជាអធម្មកម្ម។ សង្ឃធ្វើតជ្ជនីយកម្ម ដល់ភិក្ខុគួរដល់តស្សបាបិយសិកាកម្ម កម្មនេះចាត់ជាវត្ថុវិបត្តិ ជាអធម្មកម្ម។ សង្ឃធ្វើនិយស្សកម្ម ដល់ភិក្ខុគួរដល់តជ្ជនីយកម្ម កម្មនេះចាត់ជាវត្ថុវិបត្តិ ជាអធម្មកម្ម។ សង្ឃធ្វើបព្វាជនីយកម្ម ដល់ភិក្ខុគួរដល់និយស្សកម្ម កម្មនេះចាត់ជាវត្ថុវិបត្តិ ជាអធម្មកម្ម។ សង្ឃធ្វើបដិសារណីយកម្ម ដល់ភិក្ខុគួរដល់បព្វាជនីយកម្ម កម្មនេះចាត់ជាវត្ថុវិបត្តិ ជាអធម្មកម្ម។ សង្ឃធ្វើឧក្ខេបនីយកម្ម ដល់ភិក្ខុគួរដល់បដិសារណីយកម្ម កម្មនេះចាត់ជាវត្ថុវិបត្តិ ជាអធម្មកម្ម។ សង្ឃឲ្យបរិវាស ដល់ភិក្ខុគួរដល់ឧក្ខេបនីយកម្ម កម្មនេះចាត់ជាវត្ថុវិបត្តិ ជាអធម្មកម្ម។ សង្ឃទាញភិក្ខុគួរដល់បរិវាស មកដាក់ក្នុងមូលាបត្តិ កម្មនេះចាត់ជាវត្ថុវិបត្តិ ជាអធម្មកម្ម។ សង្ឃឲ្យមានត្ត ដល់ភិក្ខុគួរដល់មូលាយប្បដិកស្សនៈ កម្មនេះចាត់ជាវត្ថុវិបត្តិ ជាអធម្មកម្ម។ សង្ឃឲ្យអព្ភាន ដល់ភិក្ខុគួរដល់មានត្ត កម្មនេះចាត់ជាវត្ថុវិបត្តិ ជាអធម្មកម្ម។ សង្ឃញុំាងភិក្ខុគួរដល់អព្ភាន ឲ្យៗឧបសម្បទា កម្មនេះចាត់ជាវត្ថុវិបត្តិ ជាអធម្មកម្ម។ សង្ឃធ្វើឧបោសថ ក្នុងថ្ងៃមិនមែនជាថ្ងៃឧបោសថ កម្មនេះចាត់ជាវត្ថុវិបត្តិ ជាអធម្មកម្ម។ សង្ឃធ្វើបវារណា ក្នុងថ្ងៃមិនមែនជាថ្ងៃបវារណា កម្មនេះចាត់ជាវត្ថុវិបត្តិ ជាអធម្មកម្ម។ កម្ម វិបត្តិព្រោះវត្ថុ យ៉ាងនេះឯង។

[៤២៥] កម្មទាំងឡាយ វិបត្តិព្រោះញត្តិដូចម្តេច។ កម្មទាំងឡាយ វិបត្តិព្រោះញត្តិ ដោយអាការ៥ គឺភិក្ខុមិនសូត្រចេញឈ្មោះវត្ថុ គឺឧបសម្បទាបេក្ខៈ១ មិនចេញឈ្មោះសង្ឃ១ មិនចេញឈ្មោះបុគ្គល គឺឧបជ្ឈាយ៍១ មិនតាំងញត្តិ១ ឬតាំងញត្តិខាងក្រោយកម្មវាចា១។ កម្មទាំងឡាយ វិបត្តិព្រោះញត្តិ ដោយអាការ៥នេះឯង។

[៤២៦] កម្មទាំងឡាយ វិបត្តិព្រោះអនុស្សាវនៈដូចម្តេច។ កម្មទាំងឡាយ វិបត្តិព្រោះអនុស្សាវនៈ ដោយអាការ៥ គឺសូត្រមិនចេញឈ្មោះវត្ថុ១ មិនចេញឈ្មោះសង្ឃ១ មិនចេញឈ្មោះបុគ្គល១ ធ្វើអនុស្សាវនវិធីឲ្យខូច១ សូត្រក្នុងកាលមិនគួរ១។ កម្មទាំងឡាយ វិបត្តិព្រោះអនុស្សាវនៈ ដោយអាការ៥នេះឯង។

[៤២៧] កម្មទាំងឡាយវិបត្តិព្រោះសីមាដូចម្តេច។ កម្មទាំងឡាយវិបត្តិព្រោះសីមា ដោយអាការ១១ គឺសន្មតសីមាតូចពេក១ សន្មតសីមាធំពេក១ សន្មតសីមាមាននិមិត្តមិនតគ្នា១ សន្មតសីមាយកស្រមោលជានិមិត្ត១ សន្មតសីមាមិនមានអ្វីជានិមិត្ត១ ឈរខាងក្រៅសីមាសន្មតសីមា១ សន្មតសីមាក្នុងស្ទឹង១ សន្មតសីមាក្នុងសមុទ្រ១ សន្មតសីមាក្នុងជាតស្រះ១ ទំលាយសីមាដោយសីមា១ គ្របសីមាដោយសីមា១។ កម្មទាំងឡាយ វិបត្តិព្រោះសីមា ដោយអាការ១១នេះឯង។

[៤២៨] កម្មទាំងឡាយវិបត្តិព្រោះបរិសទ្យដូចម្តេច។ កម្មទាំងឡាយវិបត្តិព្រោះបរិសទ្យ ដោយអាការ១២ គឺកម្មដែលសង្ឃធ្វើដោយចតុវគ្គ ភិក្ខុទាំងឡាយមានចំនួនប៉ុន្មានរូប ដែលគួរដល់កម្ម ភិក្ខុទាំងនោះ ក៏មិនបានមក ទាំងឆន្ទៈរបស់ភិក្ខុដែលគួរដល់ឆន្ទៈ ក៏មិនបាននាំមក ពួកភិក្ខុដែលមាននៅក្នុងទីចំពោះមុខ ក៏ឃាត់ហាម១ កម្មដែលសង្ឃធ្វើដោយចតុវគ្គ ភិក្ខុទាំងឡាយ មានចំនួនប៉ុន្មានរូប ដែលគួរដល់កម្ម ភិក្ខុទាំងនោះ បានមកហើយ តែឆន្ទៈរបស់ភិក្ខុដែលគួរដល់ឆន្ទៈ មិនបាននាំមក ទាំងពួកភិក្ខុដែលនៅក្នុងទីចំពោះមុខ ក៏ឃាត់ហាម១ កម្មដែលសង្ឃធ្វើដោយចតុវគ្គ ភិក្ខុទាំងឡាយ មានចំនួនប៉ុន្មានរូប ដែលគួរដល់កម្ម ភិក្ខុទាំងនោះ ក៏បានមកហើយ ទាំងឆន្ទៈរបស់ភិក្ខុដែលគួរដល់ឆន្ទៈ ក៏បាននាំមកហើយដែរ តែពួកភិក្ខុដែលនៅក្នុងទីចំពោះមុខ ក៏ឃាត់ហាម១ កម្មដែលសង្ឃធ្វើដោយបញ្ចវគ្គ។បេ។ កម្មដែលសង្ឃធ្វើដោយទសវគ្គ។បេ។ កម្មដែលសង្ឃធ្វើដោយវីសតិវគ្គ ពួកភិក្ខុមានចំនួនប៉ុន្មានរូប ដែលគួរដល់កម្ម ភិក្ខុទាំងនោះ មិនបានមក ទាំងឆន្ទៈរបស់ភិក្ខុដែលគួរដល់ឆន្ទៈ ក៏មិនបាននាំមក ទាំងពួកភិក្ខុដែលនៅក្នុងទីចំពោះមុខ ក៏ឃាត់ហាម១ កម្មដែលសង្ឃធ្វើដោយវីសតិវគ្គ ភិក្ខុទាំងឡាយ មានចំនួនប៉ុន្មានរូប ដែលគួរដល់កម្ម ភិក្ខុទាំងនោះ ក៏បានមកហើយដែរ តែឆន្ទៈរបស់ភិក្ខុដែលគួរដល់ឆន្ទៈ មិនបាននាំមក ទាំងពួកភិក្ខុដែលនៅក្នុងទីចំពោះមុខ ក៏ឃាត់ហាម១ កម្មដែលសង្ឃធ្វើដោយវីសតិវគ្គ ភិក្ខុទាំងឡាយ មានចំនួនប៉ុន្មានរូប ដែលគួរដល់កម្ម ភិក្ខុទាំងនោះ ក៏បានមក ទាំងឆន្ទៈរបស់ភិក្ខុដែលគួរដល់ឆន្ទៈ ក៏បាននាំមកហើយដែរ តែពួកភិក្ខុដែលនៅក្នុងទីចំពោះមុខ ក៏ឃាត់ហាម១។ កម្មទាំងឡាយ វិបត្តិព្រោះបរិសទ្យ ដោយអាការ១២នេះឯង។

[៤២៩] កម្ម សង្ឃធ្វើដោយចតុវគ្គ បានដល់ភិក្ខុ៤រូប ជាបកតត្ត ដែលគួរដល់កម្ម ភិក្ខុជាបកតត្តដ៏សេស ជាអ្នកគួរដល់ឆន្ទៈដែរ បើសង្ឃធ្វើកម្មដល់ភិក្ខុណា ភិក្ខុនោះ ជាអ្នកមិនគួរដល់កម្ម ទាំងមិនគួរដល់ឆន្ទៈទេ តែថាជាអ្នកគួរដល់កម្ម (ដែលសង្ឃធ្វើនោះ)។ កម្ម ដែលសង្ឃធ្វើដោយបញ្ចវគ្គ បានដល់ភិក្ខុ៥រូប ជាបកតត្ត ដែលគួរដល់កម្ម ភិក្ខុជាបកតត្តដ៏សេស ជាអ្នកគួរដល់ឆន្ទៈ បើសង្ឃធ្វើកម្មដល់ភិក្ខុណា ភិក្ខុនោះ ជាអ្នកមិនគួរដល់កម្ម ទាំងជាអ្នកមិនគួរដល់ឆន្ទៈ តែថាជាអ្នកគួរដល់កម្ម (ដែលសង្ឃធ្វើនោះ)។ កម្ម ដែលសង្ឃធ្វើដោយទសវគ្គ បានដល់ភិក្ខុ១០រូប ជាបកតត្ត ដែលគួរដល់កម្ម ភិក្ខុជាបកតត្តដ៏សេស ជាអ្នកគួរដល់ឆន្ទៈ បើសង្ឃធ្វើកម្មដល់ភិក្ខុណា ភិក្ខុនោះ ជាអ្នកមិនគួរដល់កម្ម ជាអ្នកមិនគួរដល់ឆន្ទៈ តែថាជាអ្នកគួរដល់កម្ម (ដែលសង្ឃធ្វើនោះ)។ កម្ម ដែលសង្ឃធ្វើដោយវីសតិវគ្គ បានដល់ភិក្ខុ២០រូប ជាបកតត្ត ដែលគួរដល់កម្ម ភិក្ខុជាបកតត្តដ៏សេស គួរដល់ឆន្ទៈ បើសង្ឃធ្វើកម្មដល់ភិក្ខុណា ភិក្ខុនោះ ជាអ្នកមិនគួរដល់កម្ម ទាំងជាអ្នកមិនគួរដល់ឆន្ទៈ តែថាជាអ្នកគួរដល់កម្ម (ដែលសង្ឃធ្វើនោះ)។

[៤៣០] កម្ម៤យ៉ាង គឺអបលោកនកម្ម១ ញត្តិកម្ម១ ញត្តិទុតិយកម្ម១ ញត្តិចតុត្ថកម្ម១។ កម្មទាំង៤នោះ តែងវិបត្តិព្រោះអាការប៉ុន្មាន។ កម្មទាំង៤នោះ តែងវិបត្តិព្រោះអាការ៥ គឺវត្ថុ១ ញត្តិ១ អនុស្សាវនៈ១ សីមា១ បរិសទ្យ១។

[៤៣១] កម្មទាំងឡាយ វិបត្តិព្រោះវត្ថុដូចម្តេច។ (កម្មទាំងឡាយ វិបត្តិព្រោះវត្ថុនោះ) គឺសង្ឃញុំាងបណ្ឌកឲ្យទទួលឧបសម្បទា កម្មនេះចាត់ជាវត្ថុវិបត្តិ ជាអធម្មកម្ម។ សង្ឃញុំាងបុគ្គលជាថេយ្យសំវាស ឲ្យទទួលឧបសម្បទា កម្មនេះចាត់ជាវត្ថុវិបត្តិ ជាអធម្មកម្ម។ សង្ឃញុំាងបុគ្គលដែលចូលពួកតិរ្ថីយ៍ ឲ្យទទួលឧបសម្បទា កម្មនេះចាត់ជាវត្ថុវិបត្តិ ជាអធម្មកម្ម។ សង្ឃញុំាងសត្វតិរច្ឆាន ឲ្យទទួលឧបសម្បទា កម្មនេះចាត់ជាវត្ថុវិបត្តិ ជាអធម្មកម្ម។ សង្ឃញុំាងមាតុឃាតកបុគ្គល (អ្នកសម្លាប់មាតា) ឲ្យទទួលឧបសម្បទា កម្មនេះចាត់ជាវត្ថុវិបត្តិ ជាអធម្មកម្ម។ សង្ឃញុំាងបិតុឃាតកបុគ្គល (អ្នកសម្លាប់បិតា) ឲ្យទទួលឧបសម្បទា កម្មនេះចាត់ជាវត្ថុវិបត្តិ ជាអធម្មកម្ម។ សង្ឃញុំាងអរហន្តឃាតកបុគ្គល (អ្នកសម្លាប់ព្រះអរហន្ត) ឲ្យទទួលឧបសម្បទា កម្មនេះចាត់ជាវត្ថុវិបត្តិ ជាអធម្មកម្ម។ សង្ឃញុំាងភិក្ខុនីទូសកៈ (អ្នកប្រទូស្តភិក្ខុនី) ឲ្យទទួលឧបសម្បទា កម្មនេះចាត់ជាវត្ថុវិបត្តិ ជាអធម្មកម្ម។ សង្ឃញុំាងសង្ឃភេទកបុគ្គល (អ្នកបំបែកសង្ឃ) ឲ្យទទួលឧបសម្បទា កម្មនេះចាត់ជាវត្ថុវិបត្តិ ជាអធម្មកម្ម។ សង្ឃញុំាងលោហិតុប្បាទកបុគ្គល (អ្នកធ្វើព្រះលោហិតព្រះពុទ្ធ ឲ្យពុរពងឡើង) ឲ្យទទួលឧបសម្បទា កម្មនេះចាត់ជាវត្ថុវិបត្តិ ជាអធម្មកម្ម។ សង្ឃញុំាងឧភតោព្យញ្ជនកបុគ្គល ឲ្យទទួលឧបសម្បទា កម្មនេះចាត់ជាវត្ថុវិបត្តិ ជាអធម្មកម្ម។ សង្ឃញុំាងបុគ្គលមានឆ្នាំថយពី២០ ឲ្យទទួលឧបសម្បទា កម្មនេះចាត់ជាវត្ថុវិបត្តិ ជាអធម្មកម្ម។ កម្មទាំងឡាយ វិបត្តិព្រោះវត្ថុ យ៉ាងនេះឯង។

[៤៣២] កម្ម វិបត្តិព្រោះញត្តិដូចម្តេច។ កម្ម ដែលវិបត្តិព្រោះញត្តិ ដោយអាការ៥ គឺភិក្ខុសូត្រមិនចេញឈ្មោះវត្ថុ១ មិនចេញឈ្មោះសង្ឃ១ មិនចេញឈ្មោះបុគ្គល១ មិនតាំងញត្តិ១ ឬតាំងញត្តិក្រោយ(កម្មវាចា)១។ កម្ម វិបត្តិព្រោះញត្តិ ដោយអាការ៥នេះឯង។

[៤៣៣] កម្មវិបត្តិព្រោះអនុស្សាវនៈដូចម្តេច។ កម្មវិបត្តិព្រោះអនុស្សាវនៈ ដោយអាការ៥ គឺភិក្ខុសូត្រមិនចេញឈ្មោះវត្ថុ១ មិនចេញឈ្មោះសង្ឃ១ មិនចេញឈ្មោះបុគ្គល១ ធ្វើអនុស្សាវនវិធីឲ្យខូច១ ឬសូត្រក្នុងកាលមិនគួរ១។ កម្មទាំងឡាយ វិបត្តិព្រោះអនុស្សាវនៈ ដោយអាការ៥នេះឯង។

[៤៣៤] កម្មវិបត្តិព្រោះសីមាដូចម្តេច។ កម្មវិបត្តិព្រោះសីមា ដោយអាការ១១ គឺសន្មតសីមាតូចពេក១ សន្មតសីមាធំពេក១ សន្មតសីមាមាននិមិត្តមិនតគ្នា១ សន្មតសីមាយកស្រមោលជានិមិត្ត១ សន្មតសីមាមិនមានអ្វីជានិមិត្ត១ ឈរខាងក្រៅសីមាសន្មតសីមា១ សន្មតសីមាក្នុងស្ទឹង១ សន្មតសីមាក្នុងសមុទ្រ១ សន្មតសីមាក្នុងជាតស្រះ១ ទំលាយសីមាដោយសីមា១ គ្របសីមាដោយសីមា១។ កម្មទាំងឡាយ វិបត្តិព្រោះសីមា ដោយអាការ១១នេះឯង។

[៤៣៥] កម្មទាំងឡាយវិបត្តិព្រោះបរិសទ្យដូចម្តេច។ កម្មទាំងឡាយវិបត្តិព្រោះបរិសទ្យ ដោយអាការ១២ គឺកម្មដែលសង្ឃធ្វើដោយចតុវគ្គ ភិក្ខុទាំងឡាយមានចំនួនប៉ុន្មានរូប ដែលគួរដល់កម្ម ភិក្ខុទាំងនោះ មិនបានមក ទាំងឆន្ទៈរបស់ភិក្ខុដែលគួរដល់ឆន្ទៈ ក៏មិនបាននាំមក ពួកភិក្ខុដែលនៅក្នុងទីចំពោះមុខ ក៏ឃាត់ហាម១ កម្មដែលសង្ឃធ្វើដោយចតុវគ្គ ភិក្ខុទាំងឡាយមានចំនួនប៉ុន្មានរូប ដែលគួរដល់កម្ម ភិក្ខុទាំងនោះ បានមកហើយ តែឆន្ទៈរបស់ភិក្ខុដែលគួរដល់ឆន្ទៈ មិនបាននាំមក ទាំងពួកភិក្ខុដែលនៅក្នុងទីចំពោះមុខ ក៏ឃាត់ហាម១ កម្មដែលសង្ឃធ្វើដោយចតុវគ្គ ភិក្ខុទាំងឡាយ មានចំនួនប៉ុន្មានរូប ដែលគួរដល់កម្ម ភិក្ខុទាំងនោះ បានមកហើយ ទាំងឆន្ទៈរបស់ភិក្ខុដែលគួរដល់ឆន្ទៈ ក៏បាននាំមកហើយ តែពួកភិក្ខុដែលនៅក្នុងទីចំពោះមុខ ក៏ឃាត់ហាម១ កម្មដែលសង្ឃធ្វើដោយបញ្ចវគ្គ។បេ។ កម្មដែលសង្ឃធ្វើដោយទសវគ្គ។បេ។ កម្មដែលសង្ឃធ្វើដោយវីសតិវគ្គ ភិក្ខុមានចំនួនប៉ុន្មានរូប ដែលគួរដល់កម្ម ភិក្ខុទាំងនោះ មិនបានមក ទាំងឆន្ទៈរបស់ភិក្ខុដែលគួរដល់ឆន្ទៈ ក៏មិនបាននាំមក ពួកភិក្ខុដែលនៅក្នុងទីចំពោះមុខ ក៏ឃាត់ហាម១ កម្មដែលសង្ឃធ្វើដោយវីសតិវគ្គ ភិក្ខុមានចំនួនប៉ុន្មានរូប ដែលគួរដល់កម្ម ភិក្ខុទាំងនោះ ក៏បានមកហើយ តែឆន្ទៈរបស់ភិក្ខុដែលគួរដល់ឆន្ទៈ ក៏មិនបាននាំមក ពួកភិក្ខុដែលនៅក្នុងទីចំពោះមុខ ក៏ឃាត់ហាម១ កម្មដែលសង្ឃធ្វើដោយវីសតិវគ្គ ភិក្ខុមានចំនួនប៉ុន្មានរូប ដែលគួរដល់កម្ម ភិក្ខុទាំងនោះ បានមកហើយ ទាំងឆន្ទៈរបស់ភិក្ខុដែលគួរដល់ឆន្ទៈ ក៏បាននាំមកហើយ តែពួកភិក្ខុដែលនៅក្នុងទីចំពោះមុខ ក៏ឃាត់ហាម១។ កម្មទាំងឡាយ វិបត្តិព្រោះបរិសទ្យ ដោយអាការ១២នេះឯង។

[៤៣៦] អបលោកនកម្ម ដល់នូវឋានៈប៉ុន្មាន ញត្តិកម្មដល់នូវឋានៈប៉ុន្មាន ញត្តិទុតិយកម្ម ដល់នូវឋានៈប៉ុន្មាន ញត្តិចតុត្ថកម្ម ដល់នូវឋានៈប៉ុន្មាន។ អបលោកនកម្ម ដល់នូវឋានៈ៥ ញត្តិកម្មដល់នូវឋានៈ៩ ញត្តិទុតិយកម្ម ដល់នូវឋានៈ៧ ញត្តិចតុត្ថកម្ម ដល់នូវឋានៈ៧។

[៤៣៧] អបលោកនកម្មដល់នូវឋានៈ៥ដូចម្តេច។ ឋានៈ៥គឺ ឱសារណា១ និស្សារណា១ ភណ្ឌុកម្ម១ ព្រហ្មទណ្ឌ១ ជាគំរប់៥នឹងកម្មលក្ខណៈ។ អបលោកនកម្ម ដល់នូវឋានៈ៥នេះឯង។

[៤៣៨] ញត្តិកម្មដល់នូវឋានៈ៩ដូចម្តេច។ ឋានៈ៩គឺ ឱសារណា១ និស្សារណា១ ឧបោសថ១ បវារណា១ សម្មតិ គឺសន្មតខ្លួនជាអ្នកសួរ ឆ្លើយ ឬសន្មតបុគ្គល សន្មតវត្ថុ១ ការឲ្យបាត្រ និងចីវរជាដើម១ ការទទួលអាបត្តិ១ ការបង្ខិតថ្ងៃបវារណាទៅខាងមុខ១ ជាគំរប់៩នឹងកម្មលក្ខណៈ។ ញត្តិកម្ម ដល់នូវឋានៈទាំង៩នេះឯង។

[៤៣៩] ញត្តិទុតិយកម្មដល់នូវឋានៈ៧ដូចម្តេច។ ឋានៈ៧គឺ ឱសារណា១ និស្សារណា១ សម្មតិ១ ការឲ្យបាត្រ និងចីវរជាដើម១ ការដោះកឋិន១ ការសំដែង គឺសូត្រសំដែងទីដីសង់កុដិ វិហារជាដើម១ ជាគំរប់៧នឹងកម្មលក្ខណៈ។ ញត្តិទុតិយកម្ម ដល់នូវឋានៈទាំង៧នេះឯង។

[៤៤០] ញត្តិចតុត្ថកម្មដល់នូវឋានៈ៧ដូចម្តេច។ ឋានៈ៩គឺ ឱសារណា១ និស្សារណា១ សម្មតិ១ ការឲ្យបាត្រ និងចីវរជាដើម១ និគ្គហៈ គឺការសង្កត់សង្កិន ដោយទាញមកដាក់ក្នុងមូលាបត្តិ១ សមនុភាសនកម្ម១ ជាគំរប់៧នឹងកម្មលក្ខណៈ។ ញត្តិចតុត្ថកម្ម ដល់នូវឋានៈទាំង៧នេះឯង។

[៤៤១] កម្មដែលសង្ឃធ្វើដោយចតុវគ្គ បានដល់ភិក្ខុ៤រូប ជាបកតត្ត ដែលគួរដល់កម្ម ភិក្ខុជាបកតត្តដ៏សេសគួរដល់ឆន្ទៈ បើសង្ឃធ្វើកម្មដល់ភិក្ខុណា ភិក្ខុនោះជាអ្នកមិនគួរដល់កម្ម ទាំងជាអ្នកមិនគួរដល់ឆន្ទៈ តែជាអ្នកគួរដល់កម្ម (ដែលសង្ឃធ្វើនោះ)។ កម្មដែលសង្ឃធ្វើដោយបញ្ចវគ្គ។បេ។ កម្មដែលសង្ឃធ្វើដោយទសវគ្គ។បេ។ កម្មដែលសង្ឃធ្វើដោយវីសតិវគ្គ បានដល់ភិក្ខុ២០រូប ជាបកតត្ត ដែលគួរដល់កម្ម ភិក្ខុជាបកតត្តដ៏សេស ជាអ្នកគួរដល់ឆន្ទៈ បើសង្ឃធ្វើកម្មដល់ភិក្ខុណា ភិក្ខុនោះជាអ្នកមិនគួរដល់កម្ម ទាំងជាអ្នកមិនគួរដល់ឆន្ទៈ តែថាជាអ្នកគួរដល់កម្ម (ដែលសង្ឃធ្វើនោះ)។

ចប់ កម្មវគ្គ ជាបឋម។

(អត្ថវសវគ្គ ទី២)

(២. អត្ថវសវគ្គោ)

[៤៤២] ព្រះតថាគត ទ្រង់បញ្ញត្តសិក្ខាបទ ដល់ពួកសាវ័ក ព្រោះអាស្រ័យអំណាចប្រយោជន៍២ប្រការ គឺបញ្ញត្តដើម្បីសេចក្តីល្អដល់សង្ឃ១ ដើម្បីសេចក្តីសប្បាយដល់សង្ឃ១។ ព្រះតថាគត ទ្រង់បញ្ញត្តសិក្ខាបទ ដល់ពួកសាវ័ក ព្រោះអាស្រ័យអំណាចប្រយោជន៍២ប្រការនេះឯង។ ព្រះតថាគត ទ្រង់បញ្ញត្តសិក្ខាបទ ដល់ពួកសាវ័ក ព្រោះអាស្រ័យអំណាចប្រយោជន៍២ប្រការ គឺបញ្ញត្តដើម្បីសង្កត់សង្កិនពួកបុគ្គល ដែលមិនមានអៀនខ្មាស១ និងដើម្បីនៅសប្បាយដល់ពួកភិក្ខុអ្នកមានសីលជាទីស្រឡាញ់១។ ព្រះតថាគត ទ្រង់បញ្ញត្តសិក្ខាបទ ដល់ពួកសាវ័ក ព្រោះអាស្រ័យអំណាចប្រយោជន៍២ប្រការនេះឯង។ ព្រះតថាគត ទ្រង់បញ្ញត្តសិក្ខាបទ ដល់ពួកសាវ័ក ព្រោះអាស្រ័យអំណាចប្រយោជន៍២ប្រការ គឺបញ្ញត្តដើម្បីរារាំងអាសវៈទាំងឡាយក្នុងបច្ចុប្បន្ន១ ដើម្បីឃាត់ហាមអាវសៈទាំងឡាយ ក្នុងបរលោក១។ ព្រះតថាគត ទ្រង់បញ្ញត្តសិក្ខាបទ ដល់ពួកសាវ័ក ព្រោះអាស្រ័យអំណាចប្រយោជន៍២ប្រការនេះឯង។ ព្រះតថាគត ទ្រង់បញ្ញត្តសិក្ខាបទ ដល់ពួកសាវ័ក ព្រោះអាស្រ័យអំណាចប្រយោជន៍២ប្រការ គឺបញ្ញត្តដើម្បីរារាំងនូវពៀរក្នុងបច្ចុប្បន្ន១ ដើម្បីឃាត់ហាមនូវពៀរក្នុងបរលោក១។ ព្រះតថាគត ទ្រង់បញ្ញត្តសិក្ខាបទ ដល់ពួកសាវ័ក ព្រោះអាស្រ័យអំណាចប្រយោជន៍២ប្រការនេះឯង។ ព្រះតថាគត ទ្រង់បញ្ញត្តសិក្ខាបទ ដល់ពួកសាវ័ក ព្រោះអាស្រ័យអំណាចប្រយោជន៍២ប្រការ គឺបញ្ញត្តដើម្បីរារាំងទោសក្នុងបច្ចុប្បន្ន១ ដើម្បីឃាត់ហាមទោស ក្នុងបរលោក១។ ព្រះតថាគត ទ្រង់បញ្ញត្តសិក្ខាបទ ដល់ពួកសាវ័ក ព្រោះអាស្រ័យអំណាចប្រយោជន៍២ប្រការនេះឯង។ ព្រះតថាគត ទ្រង់បញ្ញត្តសិក្ខាបទ ដល់ពួកសាវ័ក ព្រោះអាស្រ័យអំណាចប្រយោជន៍២ប្រការ គឺបញ្ញត្តដើម្បីរារាំងនូវភ័យក្នុងបច្ចុប្បន្ន១ ដើម្បីឃាត់ហាមនូវភ័យ ក្នុងបរលោក១។ ព្រះតថាគត ទ្រង់បញ្ញត្តសិក្ខាបទ ដល់ពួកសាវ័ក ព្រោះអាស្រ័យអំណាចប្រយោជន៍២ប្រការនេះឯង។ ព្រះតថាគត ទ្រង់បញ្ញត្តសិក្ខាបទ ដល់ពួកសាវ័ក ព្រោះអាស្រ័យអំណាចប្រយោជន៍២ប្រការ គឺបញ្ញត្តដើម្បីរារាំងអកុសលធម៌ក្នុងបច្ចុប្បន្ន១ ដើម្បីឃាត់ហាមអកុសលធម៌ ក្នុងបរលោក១។ ព្រះតថាគត ទ្រង់បញ្ញត្តសិក្ខាបទ ដល់ពួកសាវ័ក ព្រោះអាស្រ័យអំណាចប្រយោជន៍២ប្រការនេះឯង។ ព្រះតថាគត ទ្រង់បញ្ញត្តសិក្ខាបទ ដល់ពួកសាវ័ក ព្រោះអាស្រ័យអំណាចប្រយោជន៍២ប្រការ គឺបញ្ញត្តដើម្បីអនុគ្រោះដល់ពួកគ្រហស្ថ១ ដើម្បីផ្តាច់ផ្តិលបក្ខពួករបស់បុគ្គលមានសេចក្តីប្រាថ្នាដ៏លាមក១។ ព្រះតថាគត ទ្រង់បញ្ញត្តសិក្ខាបទ ដល់ពួកសាវ័ក ព្រោះអាស្រ័យអំណាចប្រយោជន៍២ប្រការនេះឯង។ ព្រះតថាគត ទ្រង់បញ្ញត្តសិក្ខាបទ ដល់ពួកសាវ័ក ព្រោះអាស្រ័យអំណាចប្រយោជន៍២ប្រការ គឺបញ្ញត្តដើម្បីសេចក្តីជ្រះថ្លាដល់ពួកជន ដែលមិនទាន់ជ្រះថ្លា១ ដើម្បីញុំាងជន ដែលជ្រះថ្លាស្រាប់ហើយ ឲ្យរឹងរឹតតែជ្រះថ្លាឡើង១។ ព្រះតថាគត ទ្រង់បញ្ញត្តសិក្ខាបទ ដល់ពួកសាវ័ក ព្រោះអាស្រ័យអំណាចប្រយោជន៍២ប្រការនេះឯង។ ព្រះតថាគត ទ្រង់បញ្ញត្តសិក្ខាបទ ដល់ពួកសាវ័ក ព្រោះអាស្រ័យអំណាចប្រយោជន៍២ប្រការ គឺបញ្ញត្តដើម្បីញុំាងព្រះសទ្ធម្មឲ្យឋិតថេរ១ ដើម្បីអនុគ្រោះដល់ព្រះវិន័យ១។ ព្រះតថាគត ទ្រង់បញ្ញត្តសិក្ខាបទ ដល់ពួកសាវ័ក ព្រោះអាស្រ័យអំណាចប្រយោជន៍២ប្រការនេះឯង។

ចប់ អត្ថវសវគ្គ ជាគំរប់២។

(បញ្ញត្តវគ្គ ទី៣)

(៣. បញ្ញត្តវគ្គោ)

[៤៤៣] ព្រះតថាគត ទ្រង់បញ្ញត្តបាតិមោក្ខ ដល់ពួកសាវ័ក ព្រោះអាស្រ័យអំណាចប្រយោជន៍២ប្រការ។បេ។ ព្រះតថាគត ទ្រង់បញ្ញត្តបាតិមោក្ខុទ្ទេស បញ្ញត្តនូវការបញ្ឈប់បាតិមោក្ខ បញ្ញត្តបវារណា បញ្ញត្តនូវការបញ្ឈប់បវារណា បញ្ញត្តតជ្ជនីយកម្ម បញ្ញត្តនិយស្សកម្ម បញ្ញត្តបព្វាជនីយកម្ម បញ្ញត្តបដិសារណីយកម្ម បញ្ញត្តឧក្ខេបនីយកម្ម បញ្ញត្តការឲ្យបរិវាស បញ្ញត្តមូលាយប្បដិកស្សនៈ គឺការទាញភិក្ខុមកដាក់ក្នុងមូលាបត្តិ បញ្ញត្តការឲ្យមានត្ត បញ្ញត្តអព្ភាន បញ្ញត្តឱសារណីយកម្ម បញ្ញត្តនិស្សារណីយកម្ម បញ្ញត្តឧបសម្បទា បញ្ញត្តអបលោកនកម្ម បញ្ញត្តញត្តិកម្ម បញ្ញត្តញត្តិទុតិយកម្ម បញ្ញត្តញត្តិចតុត្ថកម្ម។

ចប់ បញ្ញត្តវគ្គ ជាគំរប់៣។

(អបញ្ញត្តេ បញ្ញត្តវគ្គ ទី៤)

(៤. អបញ្ញត្តេ បញ្ញត្តវគ្គោ)

[៤៤៤] កាលសិក្ខាបទដែលអ្នកណាមួយ មិនទាន់បានបញ្ញត្តទុក ព្រះតថាគត ទ្រង់បញ្ញត្តសិក្ខាបទឡើង សិក្ខាបទដែលព្រះអង្គបញ្ញត្តហើយ ទ្រង់បញ្ញត្តថែមទៀត ទ្រង់បញ្ញត្តសម្មុខាវិន័យ បញ្ញត្តសតិវិន័យ បញ្ញត្តអមូឡ្ហវិន័យ បញ្ញត្តបដិញ្ញាតករណៈ បញ្ញត្តយេភុយ្យសិកា បញ្ញត្តតស្សបាបិយសិកា បញ្ញត្តតិណវត្ថារកៈ (ព្រោះអាស្រ័យអំណាចប្រយោជន៍២ប្រការ) គឺដើម្បីសេចក្តីល្អដល់សង្ឃ១ ដើម្បីសេចក្តីសប្បាយដល់សង្ឃ១។ ព្រះតថាគត ទ្រង់បញ្ញត្តតិណវត្ថារកៈ ដល់ពួកសាវ័ក ព្រោះអាស្រ័យអំណាចប្រយោជន៍២ប្រការនេះឯង។ ព្រះតថាគត ទ្រង់បញ្ញត្តតិណវត្ថារកៈ ដល់ពួកសាវ័ក ព្រោះអាស្រ័យអំណាចប្រយោជន៍២ប្រការ គឺបញ្ញត្តដើម្បីសង្កត់សង្កិនពួកបុគ្គល ដែលមិនមានខ្មាស១ ដើម្បីនៅសប្បាយដល់ពួកភិក្ខុ ដែលមានសីលជាទីស្រឡាញ់១។ ព្រះតថាគត ទ្រង់បញ្ញត្តតិណវត្ថារកៈ ដល់ពួកសាវ័ក ព្រោះអាស្រ័យអំណាចប្រយោជន៍២ប្រការនេះឯង។ ព្រះតថាគត ទ្រង់បញ្ញត្តតិណវត្ថារកៈ ដល់ពួកសាវ័ក ព្រោះអាស្រ័យអំណាចប្រយោជន៍២ប្រការ គឺបញ្ញត្តដើម្បីរារាំងអាសវៈទាំងឡាយ ក្នុងបច្ចុប្បន្ន១ ដើម្បីឃាត់ហាមអាវសៈទាំងឡាយ ក្នុងបរលោក១។ ព្រះតថាគត ទ្រង់បញ្ញត្តតិណវត្ថារកៈ ដល់ពួកសាវ័ក ព្រោះអាស្រ័យអំណាចប្រយោជន៍២ប្រការនេះឯង។ ព្រះតថាគត ទ្រង់បញ្ញត្តតិណវត្ថារកៈ ដល់ពួកសាវ័ក ព្រោះអាស្រ័យអំណាចប្រយោជន៍២ប្រការ គឺបញ្ញត្តដើម្បីរារាំងពៀរក្នុងបច្ចុប្បន្ន១ ដើម្បីឃាត់ហាមពៀរក្នុងបរលោក១។ ព្រះតថាគត ទ្រង់បញ្ញត្តតិណវត្ថារកៈ ដល់ពួកសាវ័ក ព្រោះអាស្រ័យអំណាចប្រយោជន៍២ប្រការនេះឯង។ ព្រះតថាគត ទ្រង់បញ្ញត្តតិណវត្ថារកៈ ដល់ពួកសាវ័ក ព្រោះអាស្រ័យអំណាចប្រយោជន៍២ប្រការ គឺបញ្ញត្តដើម្បីរារាំងទោសក្នុងបច្ចុប្បន្ន១ ដើម្បីឃាត់ហាមទោស ក្នុងបរលោក១។ ព្រះតថាគត ទ្រង់បញ្ញត្តតិណវត្ថារកៈ ដល់ពួកសាវ័ក ព្រោះអាស្រ័យអំណាចប្រយោជន៍២ប្រការនេះឯង។ ព្រះតថាគត ទ្រង់បញ្ញត្តតិណវត្ថារកៈ ដល់ពួកសាវ័ក ព្រោះអាស្រ័យអំណាចប្រយោជន៍២ប្រការ គឺបញ្ញត្តដើម្បីរារាំងភ័យក្នុងបច្ចុប្បន្ន១ ដើម្បីឃាត់ហាមភ័យ ក្នុងបរលោក១។ ព្រះតថាគត ទ្រង់បញ្ញត្តតិណវត្ថារកៈ ដល់ពួកសាវ័ក ព្រោះអាស្រ័យអំណាចប្រយោជន៍២ប្រការនេះឯង។ ព្រះតថាគត ទ្រង់បញ្ញត្តតិណវត្ថារកៈ ដល់ពួកសាវ័ក ព្រោះអាស្រ័យអំណាចប្រយោជន៍២ប្រការ គឺបញ្ញត្តដើម្បីរារាំងអកុសលធម៌ ក្នុងបច្ចុប្បន្ន១ ដើម្បីឃាត់ហាមអកុសលធម៌ ក្នុងបរលោក១។ ព្រះតថាគត ទ្រង់បញ្ញត្តតិណវត្ថារកៈ ដល់ពួកសាវ័ក ព្រោះអាស្រ័យអំណាចប្រយោជន៍២ប្រការនេះឯង។ ព្រះតថាគត ទ្រង់បញ្ញត្តតិណវត្ថារកៈ ដល់ពួកសាវ័ក ព្រោះអាស្រ័យអំណាចប្រយោជន៍២ប្រការ គឺបញ្ញត្តដើម្បីអនុគ្រោះដល់ពួកគ្រហស្ថ១ ដើម្បីផ្តាច់ផ្តិលនូវបក្ខពួកនៃបុគ្គលមានសេចក្តីប្រាថ្នាដ៏លាមក១។ ព្រះតថាគត ទ្រង់បញ្ញត្តតិណវត្ថារកៈ ដល់ពួកសាវ័ក ព្រោះអាស្រ័យអំណាចប្រយោជន៍២ប្រការនេះឯង។ ព្រះតថាគត ទ្រង់បញ្ញត្តតិណវត្ថារកៈ ដល់ពួកសាវ័ក ព្រោះអាស្រ័យអំណាចប្រយោជន៍២ប្រការ គឺបញ្ញត្តដើម្បីសេចក្តីជ្រះថ្លា ដល់ពួកជន ដែលមិនទាន់ជ្រះថ្លា១ ដើម្បីញុំាងជន ដែលជ្រះថ្លាស្រាប់ហើយ ឲ្យរឹងរឹតតែជ្រះថ្លាឡើង១។ ព្រះតថាគត ទ្រង់បញ្ញត្តតិណវត្ថារកៈ ដល់ពួកសាវ័ក ព្រោះអាស្រ័យអំណាចប្រយោជន៍២ប្រការនេះឯង។ ព្រះតថាគត ទ្រង់បញ្ញត្តតិណវត្ថារកៈ ដល់ពួកសាវ័ក ព្រោះអាស្រ័យអំណាចប្រយោជន៍២ប្រការ គឺបញ្ញត្តដើម្បីញុំាងព្រះសទ្ធម្មឲ្យឋិតថេរ១ ដើម្បីអនុគ្រោះដល់ព្រះវិន័យ១។ ព្រះតថាគត ទ្រង់បញ្ញត្តតិណវត្ថារកៈ ដល់ពួកសាវ័ក ព្រោះអាស្រ័យអំណាចប្រយោជន៍២ប្រការនេះឯង។

ចប់ បញ្ចត្តវគ្គ ជាគំរប់៤។

(នវសង្គហវគ្គ ទី៥)

(៥. នវសង្គហវគ្គោ)

[៤៤៥] សង្គហៈទាំងឡាយ៩ គឺវត្ថុសង្គហៈ១ វិបត្តិសង្គហៈ១ អាបត្តិសង្គហៈ១ និទានសង្គហៈ១ បុគ្គលសង្គហៈ១ ខន្ធសង្គហៈ១ សមុដ្ឋានសង្គហៈ១ អធិករណសង្គហៈ១ សមថសង្គហៈ១។

[៤៤៦] កាលបើអធិករណ៍កើតឡើងហើយ បើភិក្ខុទាំងពីររូប ដែលជាសត្រូវនឹងគ្នាមកដល់ សង្ឃត្រូវឲ្យលោកទាំងពីររូប (នោះ) ប្រាប់រឿងរ៉ាវ លុះឲ្យលោកទាំងពីររូបប្រាប់រឿងរ៉ាវហើយ សង្ឃត្រូវស្តាប់ពាក្យប្តេជ្ញារបស់ភិក្ខុទាំងពីរ (នោះ) លុះស្តាប់ពាក្យប្តេជ្ញារបស់ពួកភិក្ខុទាំងពីររូប (នោះ) ហើយ សង្ឃត្រូវប្រាប់លោកទាំងពីររូប (នោះ) ថា កាលបើអធិករណ៍នេះ យើងបានរម្ងាប់រួចហើយ លោកទាំងពីររូប នឹងត្រេកអរ (ឬទេ) បើភិក្ខុទាំងពីររូបពោលថា យើងទាំងពីររូបនឹងទទួលត្រេកអរ សង្ឃត្រូវទទួលអធិករណ៍នោះចុះ។ បើបរិសទ្យជាពួក ក្រាស់ដោយអលជ្ជី សង្ឃត្រូវរម្ងាប់អធិករណ៍នោះ ដោយឧព្វាហិកា គឺត្រូវអបលោក ហើយសឹមសន្មត ឬសន្មតដោយទុតិយកម្មវាចា។ បើបរិសទ្យជាពួក ក្រាស់ដោយល្ងង់ សង្ឃត្រូវស្វែងរកវិន័យធរ។ អធិករណ៍នោះ តែងរម្ងាប់ដោយធម៌ណា ដោយវិន័យណា ដោយពាក្យប្រៀនប្រដៅ របស់ព្រះសាស្តាណា សង្ឃត្រូវរម្ងាប់អធិករណ៍នោះ តាមទំនងនោះចុះ។

[៤៤៧] ភិក្ខុត្រូវស្គាល់វត្ថុ ត្រូវស្គាល់គោត្រ ត្រូវស្គាល់នាម ត្រូវស្គាល់អាបត្តិ។ ត្រង់ពាក្យថា មេថុនធម្ម បានដល់វត្ថុផង គោត្រផង។ ត្រង់ពាក្យថា បារាជិក បានដល់នាមផង អាបត្តិផង។ ត្រង់ពាក្យថា អទិន្នាទាន បានដល់វត្ថុផង គោត្រផង។ ត្រង់ពាក្យថា បារាជិក បានដល់នាមផង អាបត្តិផង។ ត្រង់ពាក្យថា មនុស្សវិគ្គហៈ បានដល់វត្ថុផង គោត្រផង។ ត្រង់ពាក្យថា បារាជិក បានដល់នាមផង អាបត្តិផង។ ត្រង់ពាក្យថា ឧត្តរិមនុស្សធម្ម បានដល់វត្ថុផង គោត្រផង។ ត្រង់ពាក្យថា បារាជិក បានដល់នាមផង អាបត្តិផង។ ត្រង់ពាក្យថា សុក្កវិសដ្ឋិ បានដល់វត្ថុផង គោត្រផង។ ត្រង់ពាក្យថា សង្ឃាទិសេស បានដល់នាមផង អាបត្តិផង។ ត្រង់ពាក្យថា កាយសំសគ្គៈ បានដល់វត្ថុផង គោត្រផង។ ត្រង់ពាក្យថា សង្ឃាទិសេស បានដល់នាមផង អាបត្តិផង។ ត្រង់ពាក្យថា ទុដ្ឋុល្លវាចៈ បានដល់វត្ថុផង គោត្រផង។ ត្រង់ពាក្យថា សង្ឃាទិសេស បានដល់នាមផង អាបត្តិផង។ ត្រង់ពាក្យថា អត្តកាមៈ បានដល់វត្ថុផង គោត្រផង។ ត្រង់ពាក្យថា សង្ឃាទិសេស បានដល់នាមផង អាបត្តិផង។ ត្រង់ពាក្យថា សញ្ចរិត្តៈ បានដល់វត្ថុផង គោត្រផង។ ត្រង់ពាក្យថា សង្ឃាទិសេស បានដល់នាមផង អាបត្តិផង។ ត្រង់ពាក្យថា ភិក្ខុធ្វើកុដិ ដោយការសូមគ្រឿងឧបករណ៍គេមកដោយខ្លួនឯង បានដល់វត្ថុផង គោត្រផង។ ត្រង់ពាក្យថា សង្ឃាទិសេស បានដល់នាមផង អាបត្តិផង។ ត្រង់ពាក្យថា ភិក្ខុឲ្យគេធ្វើកុដិធំ បានដល់វត្ថុផង គោត្រផង។ ត្រង់ពាក្យថា សង្ឃាទិសេស បានដល់នាមផង អាបត្តិផង។ ត្រង់ពាក្យថា ភិក្ខុចោទភិក្ខុផងគ្នា ដោយអាបត្តិបារាជិក មិនមានមូល បានដល់វត្ថុផង គោត្រផង។ ត្រង់ពាក្យថា សង្ឃាទិសេស បានដល់នាមផង អាបត្តិផង។ ត្រង់ពាក្យថា ភិក្ខុអាស្រ័យនូវគ្រឿងអាងបន្តិចបន្តួចនៃអធិករណ៍ ជាចំណែកដទៃ ឲ្យជាលេស ហើយចោទភិក្ខុផងគ្នា ដោយអាបត្តិបារាជិក បានដល់វត្ថុផង គោត្រផង។ ត្រង់ពាក្យថា សង្ឃាទិសេស បានដល់នាមផង អាបត្តិផង។ ត្រង់ពាក្យថា ភិក្ខុបំបែកសង្ឃ សង្ឃបានសូត្រសមនុភាសនវិធី ជាគំរប់៣ដងហើយ នៅតែមិនលះបង់ (ទិដ្ឋិអាក្រក់នោះ)ចេញ បានដល់វត្ថុផង គោត្រផង។ ត្រង់ពាក្យថា សង្ឃាទិសេស បានដល់នាមផង អាបត្តិផង។ ត្រង់ពាក្យថា ពួកភិក្ខុជាអ្នកប្រព្រឹត្តតាមភិក្ខុអ្នកបំបែកសង្ឃ សង្ឃបានសូត្រសមនុភាសនវិធី ជាគំរប់៣ដងហើយ នៅតែមិនលះបង់ (ទិដ្ឋិអាក្រក់នោះ)ចេញ បានដល់វត្ថុផង គោត្រផង។ ត្រង់ពាក្យថា សង្ឃាទិសេស បានដល់នាមផង អាបត្តិផង។ ត្រង់ពាក្យថា ភិក្ខុដែលគេប្រដៅបានដោយក្រ សង្ឃបានសូត្រសមនុភាសនវិធី ជាគំរប់៣ដងហើយ នៅតែមិនលះបង់ (ទិដ្ឋិអាក្រក់នោះ)ចេញ បានដល់វត្ថុផង គោត្រផង។ ត្រង់ពាក្យថា សង្ឃាទិសេស បានដល់នាមផង អាបត្តិផង។ ត្រង់ពាក្យថា ភិក្ខុអ្នកទ្រុស្តត្រកូល សង្ឃបានសូត្រសមនុភាសនវិធី ជាគំរប់៣ដងហើយ នៅតែមិនលះបង់ (ទិដ្ឋិអាក្រក់នោះ)ចេញ បានដល់វត្ថុផង គោត្រផង។ ត្រង់ពាក្យថា សង្ឃាទិសេស បានដល់នាមផង អាបត្តិផង។បេ។ ត្រង់ពាក្យថា ភិក្ខុអាស្រ័យសេចក្តីមិនអើពើ បន្ទោបង់ឧច្ចារៈក្តី បស្សាវៈក្តី ស្តោះទឹកមាត់ក្តី ក្នុងទឹក បានដល់វត្ថុផង គោត្រផង។ ត្រង់ពាក្យថា ទុក្កដ បានដល់នាមផង អាបត្តិផង។

ចប់ នវសង្គហវគ្គ ជាគំរប់៥។

ឧទ្ទាន គឺបញ្ជីរឿងនៃបញ្ចវគ្គនោះដូច្នេះ

[៤៤៨]

(និយាយពីកម្ម៤យ៉ាង) គឺអបលោកនកម្ម១ ញត្តិកម្ម១ ញត្តិទុតិយកម្ម១ ញត្តិចតុត្ថកម្ម១ (និងវិបត្តិ៥យ៉ាង) គឺវត្ថុវិបត្តិ១ ញត្តិវិបត្តិ១ អនុស្សាវនវិបត្តិ១ សីមាវិបត្តិ១ បរិសវិបត្តិ១ (ឯវត្ថុវិបត្តិនោះ) គឺសង្ឃត្រូវធ្វើកម្មក្នុងទីចំពោះមុខ បែរជាធ្វើក្នុងទីកំបាំងមុខវិញ សង្ឃគួរសាកសួរ បែរជាមិនសាកសួរវិញ សង្ឃគួរធ្វើកម្មតាមប្តេជ្ញា បែរជាធ្វើមិនតាមពាក្យប្តេជ្ញាវិញ សង្ឃធ្វើកម្មដល់ភិក្ខុដែលគួរដល់សតិវិន័យ (ជាដើមញត្តិវិបត្តិនោះ) គឺសូត្រញត្តិមិនចេញឈ្មោះវត្ថុ១ មិនចេញឈ្មោះសង្ឃ១ មិនចេញឈ្មោះបុគ្គល១ មិនតាំងញត្តិ១ ឬតាំងញត្តិក្រោយកម្មវាចា១ (អនុស្សាវនវិបត្តិនោះ) គឺសូត្រមិនចេញឈ្មោះវត្ថុ១ មិនចេញឈ្មោះសង្ឃ១ មិនចេញឈ្មោះបុគ្គល១ ធ្វើអនុស្សាវនវិធីឲ្យខូច១ សូត្រក្នុងកាលមិនគួរ១ (សីមាវិបត្តិនោះ) គឺសីមាតូចពេក១ សីមាធំពេក១ សីមាមាននិមិត្តមិនតគ្នា១ យកស្រមោលជានិមិត្ត១ សីមាមិនមានអ្វីជានិមិត្ត១ ឈរខាងក្រៅសីមាសន្មត១ សន្មតសីមាក្នុងស្ទឹង១ សន្មតសីមាក្នុងសមុទ្រ១ សន្មតសីមាក្នុងជាតស្រះ១ ទំលាយសីមា ដោយសីមា១ គ្របសីមាដោយសីមា១ (បរិសវិបត្តិនោះ) គឺកម្មដែលសង្ឃធ្វើដោយចតុវគ្គក្តី បញ្ចវគ្គក្តី ទសវគ្គក្តី វីសតិវគ្គក្តី ភិក្ខុទាំងឡាយ ជាអ្នកគួរដល់កម្ម មិនបានមក ទាំងមិនបាននាំឆន្ទៈមក១ ភិក្ខុទាំងឡាយជាអ្នកគួរដល់កម្ម បានមកហើយ ទាំងឆន្ទៈរបស់ភិក្ខុដែលគួរដល់ឆន្ទៈ ក៏បាននាំមកហើយ តែថាជាបុគ្គលដែលគួរដល់កម្ម១ អបលោកនកម្ម ដល់នូវឋានៈ៥ ញត្តិកម្ម ដល់នូវឋានៈ៩ ញត្តិទុតិយកម្ម ដល់នូវឋានៈ៧ ញត្តិចតុត្ថកម្ម ដល់នូវឋានៈ៧ ទ្រង់បញ្ញត្តដើម្បីសេចក្តីល្អដល់សង្ឃ ដើម្បីសេចក្តីសប្បាយដល់សង្ឃ ដើម្បីសង្កត់សង្កិនបុគ្គលដែលឥតខ្មាស ដើម្បីនៅសប្បាយ ដល់ពួកភិក្ខុអ្នកមានសីលជាទីស្រឡាញ់ ដើម្បីរារាំងនូវអាសវធម៌ ដើម្បីឃាត់ហាមនូវអាសវធម៌ ដើម្បីរារាំងពៀរ ទោស ភ័យ អកុសលធម៌ ដើម្បីអនុគ្រោះដល់ពួកគ្រហស្ថ ដើម្បីផ្តាច់ផ្តិលនូវបក្ខពួកនៃបុគ្គល ដែលមានសេចក្តីប្រាថ្នាលាមក ដើម្បីសេចក្តីជ្រះថ្លានៃពួកជន ដែលមិនទាន់ជ្រះថ្លា ដើម្បីធ្វើជនដែលជ្រះថ្លាស្រាប់ហើយ ឲ្យរឹងរឹតតែជ្រះថ្លាឡើង ដើម្បីធ្វើព្រះសទ្ធម្មឲ្យឋិតឋេរ ដើម្បីអនុគ្រោះដល់ព្រះវិន័យ ទ្រង់បញ្ញត្តបាតិមោក្ខ បាតិមោក្ខុទ្ទេស ការបញ្ឈប់បាតិមោក្ខ បវារណា ការបញ្ឈប់នូវបវារណា តជ្ជនីយកម្ម និយស្សកម្ម បព្វាជនីយកម្ម បដិសារណីយកម្ម ឧក្ខេបនីយកម្ម ការឲ្យបរិវាស មូលាយប្បដិកស្សនៈ គឺការទាញភិក្ខុមកដាក់ក្នុងមូលាបត្តិ ការឲ្យមានត្ត អព្ភានកម្ម ឱសារណាកម្ម និស្សារណាកម្ម ឧបសម្បទាកម្ម អបលោកនកម្ម ញត្តិកម្ម ញត្តិទុតិយកម្ម ញត្តិចតុត្ថកម្ម កាលសិក្ខាបទ ដែលអ្នកណាមួយមិនទាន់បញ្ញត្តទុក ព្រះអង្គ ទ្រង់បញ្ញត្តឡើង សិក្ខាបទដែលព្រះអង្គបញ្ញត្តហើយ ទ្រង់បញ្ញត្តថែមទៀត ទ្រង់បញ្ញត្តសម្មុខាវិន័យ សតិវិន័យ អមូឡ្ហវិន័យ បដិញ្ញាតករណៈ យេភុយ្យសិកា តស្សបាបិយសិកា តិណវត្ថារកៈ សង្គហៈ៩យ៉ាង គឺវត្ថុសង្គហៈ វិបត្តិសង្គហៈ អាបត្តិសង្គហៈ និទានសង្គហៈ បុគ្គលសង្គហៈ ខន្ធសង្គហៈ សមុដ្ឋានសង្គហៈ អធិករណសង្គហៈ សមថសង្គហៈ (ម្យ៉ាងទៀត) ភិក្ខុត្រូវស្គាល់នាម១ ត្រូវស្គាល់អាបត្តិ១។

ចប់ បរិវារៈតែប៉ុណ្ណេះ។

បរិយោសានគាថា

[៤៤៩] មហាអ្នកប្រាជ្ញមាននាមថា ទីបៈ ជាអ្នកទ្រទ្រង់សុតៈ គឺព្រះត្រៃបិដក មានប្រាជ្ញា ជាគ្រឿងពិចារណា បានសាកសួរផ្លូវនៃអាចារ្យជាន់ដើម ក្នុងបាលីបទេសនោះៗ ហើយគិតឲ្យចារិកសេចក្តីពិស្តារ និងសង្ខេបនេះ ដែលជាហេតុនាំមកឲ្យបានសេចក្តីស្រួលងាយ ដល់ពួកសិស្សានុសិស្ស ទុកក្នុងមជ្ឈិមបទេស តាមផ្លូវស្វាធ្យាយ។ វត្ថុណា ដែលបានពោលថា បរិវារៈ ដូច្នេះ វត្ថុទាំងអស់នោះ ប្រកបដោយលក្ខណៈ កាលបើព្រះសទ្ធម្មដែលព្រះពុទ្ធបញ្ញត្តនូវអត្ថដ៏សមគួរ តាមអត្ថហើយ ទ្រង់បញ្ញត្តនូវធម៌ដ៏សមគួរ តាមធម៌ហើយ តែងចោមរោមអមសាសនា ដូចសាគរដែលព័ទ្ធជុំវិញជម្ពូទ្វីប។ កាលបើកុលបុត្រមិនចេះបរិវារៈហើយ នឹងចេះវិនិច្ឆ័យធម៌អាថ៌ដូចម្តេចកើត។ សេចក្តីសង្ស័យអំពីវិបត្តិក្តី វត្ថុក្តី បញ្ញត្តិក្តី អនុប្បញ្ញត្តិក្តី បុគ្គលក្តី ឯកតោបញ្ញត្តិក្តី ឧភតោបញ្ញត្តិក្តី លោកវជ្ជៈក្តី បណ្ណត្តិវជ្ជៈក្តី កើតឡើងដល់កុលបុត្រណា កុលបុត្រនោះ នឹងកាត់សេចក្តីសង្ស័យបានដោយបរិវារៈ ស្តេចចក្រដែលល្អ រុងរឿង ក្នុងកណ្តាលទីប្រជុំមហាសេនា កេសររាជសីហ៍ល្អរុងរឿង ក្នុងកណ្តាលហ្វូងម្រឹគ ព្រះអាទិត្យមានរស្មីភ្លឺច្បាស់ (ល្អរុងរឿងលើអាកាស) ព្រះចន្ទល្អរុងរឿងក្នុងកណ្តាលពពួកផ្កាយ ព្រហ្មជានាយក តែងល្អរុងរឿងក្នុងកណ្តាលពួកនៃព្រហ្មជាបរិសទ្យ យ៉ាងណាមិញ ព្រះសទ្ធម្ម និងព្រះវិន័យ ក៏ល្អរុងរឿង ដោយបរិវារៈ យ៉ាងនោះដែរ។

ចប់ ភាគ១៣

មាតិកា

ចុល្លវគ្គ លេខ ទំព៍រ
ភាគ ទី២ ទុតិយភាគ
បរិវារៈ
ខន្ធកបុច្ឆា
បុច្ឆាវិស្សជ្ជនា អំពីឧបសម្បទាខន្ធកៈជាដើម
អំពីចីវរសញ្ញុត្តៈជាដើម
អំពីសេនាសនក្ខន្ធកៈជាដើម
ឧទ្ទានគាថា
ឯកុត្តរិកៈ
ឯកកៈ (ពួកមួយ ៗ ត្រូវស្គាល់ធម៌ដែលធ្វើឲ្យត្រូវអាបត្តិជាដើម)
ឧទ្ទានគាថា ១១
ទុកៈ (ពួក ពីរៗ) អាបត្តិដែលប្រកបនឹងគ្រឿងបរិក្ខារជាដើម ១៣
អាបត្តិបារាជិកទាំងពីរចំណែកជាដើម ១៥
ការហាមឃាត់មានពីរយ៉ាងជាដើម ១៧
ការមិនអើពើមានពីរយ៉ាងជាដើម ១៩
បុគ្គលពីរពួកជាដើម ២១
ឧទ្ទានគាថា ២៣
តិកៈ (ពួកបីៗ) វត្ថុជាគ្រឿងចោទ មាន ៣យ៉ាង ជាដើម ២៧
ការបិទបាំង មាន ៣យ៉ាង ជាដើម ២៩
ការធ្វើកម្មមានតជ្ជនីយកម្មជាដើម ៣១
ការធ្វើកម្ម មានឧក្ខេបនីយកម្មជាដើម ៣៣
កិច្ច មានការឲ្យឧបសម្បទាជាដើម ៣៥
មានភិក្ខុមិនមានខ្មាសជាដើម ៣៧
មូលនៃកុសល ៣ ជាដើម ៣៩
ឧទ្ទានគាថា ៤១
ចតុក្កៈ (ពួកបួន ៗ) ការត្រូវនឹងការចេញចាកអាបត្តិជាដើម ៤៣
បរិវាស ៤ ជាដើម ៤៧
សេចក្តីផ្សេងគ្នាដោយវត្ថុជាដើម ៤៩
ការត្រូវអាបត្តិតែក្នុងកាល មិនត្រូវក្នុងវិកាលជាដើម ៥១
ការមិនលុះអគតិទាំង ៤ ជាដើម ៥៣
ឧទ្ទានគាថា ៥៥
បញ្ចកៈ (ពួកប្រាំៗ) អាបត្តិមាន ៥ យ៉ាង ជាដើម ៥៧
សំពត់បំសុកូល ៥ យ៉ាងជាដើម ៥៩
អង្គ ៥ របស់វិន័យធរ ៦១
អង្គ ៥ របស់ភិក្ខុមិនត្រូវនៅដោយឥតនិស្ស័យ និងគួរនៅដោយឥតនិស្ស័យ ៦៧
អង្គ ៥ របស់ភិក្ខុនីដែលឥតនិស្ស័យ និងមិនត្រូវនៅដោយឥតនិស្ស័យ ៦៩
អានិសង្ស ៥ ប្រការ និងទោស ៥ ប្រការ ៧១
អានិសង្ស ៥ ប្រការ របស់ភិក្ខុអ្នកទ្រទ្រង់វិន័យ ៧៣
ឧទ្ទាគាថា ៧៥
ឆក្កៈ (ពួកប្រាំមួយៗ) អង្គ ៦ របស់ឧបជ្ឈាយ៍ ៧៧
ឧទ្ទានគាថា ៨១
សត្តកៈ ( ពួកប្រាំពីរៗ) អង្គ ៧ របស់ភិក្ខុជាវិន័យធរ ៨៣
អស្សទ្ធម្ម ៧ និងព្រះសទ្ធម្ម ៧ ៨៩
អដ្ឋកៈ ( ពួកប្រាំបីៗ) អានិសង្ស ៨ ប្រការជាដើម ៩១
នវកៈ ( ពួកប្រាំបួនៗ) អាឃាតវត្ថុទាំង ៩ ជាដើម ៩៣
ទសកៈ ( ពួកដប់ៗ) វត្ថុជាទីកើតគំនុំទាំង ១០ ជាដើម ៩៥
អង្គ ១០ របស់វិន័យធរ ៩៧
អង្គ ១០ ជាដើម របស់ភិក្ខុដែលសង្ឃគួរសន្មតដោយឧព្វាហិកាកម្ម ៩៩
ឧទ្ទានគាថា ១០១
ឯកាទសកៈ ( ពួកដប់មួយៗ) បុគ្គល ១១ ជាដើម ១០៣
ឧទ្ទានគាថា ១០៥
បុច្ឆាវិស្សជ្ជនាអំពីឧបោសថកម្មជាដើម ១០៧
កម្មមានឧបោសថកម្មជាដើម ១០៧
ការសន្មតិភិក្ខុឲ្យជាអ្នកប្រដៅភិក្ខុនីជាដើម ១០៩
បករណៈសំដែងអំពីអំណាចប្រយោជន៍ ១១១
មហាវគ្គ អំណាចនៃប្រយោជន៍ ១០ យ៉ាង ១១១
ឧទ្ទានគាថា ១០៧
គាថាសង្គណិកៈ ១១៩
បញ្ហាព្យាករណ៍ ១១៩
ការទ្រង់ព្យាករណ៍អាបត្តិមានអាបត្តិជាយាវតតិយកាជាដើម ១២៥
ការទ្រង់ព្យាករណ៍បុគ្គល ១១ រូបជាដើម ១២៧
ការទ្រង់ព្យាករណ៍សិក្ខាបទ ២២០ ១២៩
ការទ្រង់ព្យាករណ៍សិក្ខាបទដែលជាអសាធារណៈ ១៣១
សេចក្តីឧបមានៃបារាជិក ៨ ជាដើម ១៣៣
អាបត្តិ មានអាបត្តិសង្ឃាទិសេសជាដើម ១៣៥
អាបត្តិបាដិទេសនីយៈ ជាគារយ្ហៈ ១៣៧
សេក្ខិយសិក្ខាបទ ១៣៩
អធិករណភេទ ១៤៣
ការបាននូវការសើរើ ១០ យ៉ាងជាដើម ១៤៣
អធិករណៈ មានកិច្ចាធិករណៈជាដើម ១៤៥
អាបត្តិ និងអនាបត្តិនៃវិវាទាធិករណៈ ១៤៧
ការត្រូវអាបត្តិព្រោះអធិករណៈ ជាបច្ច័យ ១៤៩
ការត្រូវអាបត្តិព្រោះបច្ច័យនៃអធិករណៈ ១៥០
សេចក្តីអធិប្បាយនៃអធិករណៈ មានវិវាទាធិករណៈជាដើម ១៥៥
សេចក្តីអធិប្បាយនៃអធិករណៈ មានអាបត្តាធិករណៈជាដើម ១៥៧
សំដែងអំពីពាក្យថា សតិវិន័យមានក្នុងទីណាដូច្នេះ ជាដើម ១៥៩
សំដែងអំពីហេតុនៃសមថៈទាំង ៧ ជាដើម ១៦១
សំដែងអំពីអត្ថផ្សេងៗ នៃសមថៈទាំង៧ ជាដើម ១៦៥
អនុវាទាធិករណៈ ១៦៧
កិច្ចាធិករណៈ ១៦៩
គាថាសង្គណិកៈ ជាដំណមក ១៧៣
បុច្ឆាវិស្សជ្ជនាអំពីអលជ្ជីបុគ្គល ជាដើម ១៧៣
បុច្ឆាវិស្សជ្ជនាអំពីអ្នកចោទត្រូវតាមធម៌ ជាដើម ១៧៥
ចោទនាកណ្ឌ ១៧៩
ការសាកសួរ របស់ភិក្ខុជាវិន័យធរ ១៧៩
សេចក្តីប្រតិបត្តិ របស់ភិក្ខុជាវិន័យធរ ១៨១
សេចក្តីប្រតិបត្តិរបស់អ្នកចោទ និងអ្នកជាប់ចោទ ជាដើម ១៨៣
ការដុតខ្លួនឯង របស់អ្នកជាប់ចោទ ១៨៥
ឧទ្ទានគាថា ១៨៩
ចូឡសង្គាម ១៩១
សេចក្តីប្រតិបត្តិ របស់ភិក្ខុជាវិន័យធរ ១៩១
សេចក្តីប្រតិបត្តិ ដើម្បីប្រយោជន៍មិនឲ្យក្តៅក្រហាយចិត្ត ជាដើម ១៩៥
ភិក្ខុដែលបណ្ឌិតគប្បីរាប់រក ១៩៧
មហាសង្គាម ២០១
ពាក្យថា ត្រូវស្គាល់និទានជាដើម ២០១
ពាក្យថា ត្រូវស្គាល់កម្មដែលគួរធ្វើ និងមិនគួរធ្វើ ជាដើម ២០៣
ការសំដែងនូវធម៌ថា មិនមែនធម៌ ជាដើម ២០៥
ភិក្ខុជាវិន័យធរមិនត្រូវលំអៀងដោយទោសាគតិ ២០៧
ភិក្ខុជាវិន័យធរមិនត្រូវលំអៀងដោយភយាគតិ ២០៩
សេចក្តីមិនលំអៀងដោយឆន្ទាគតិ ២១១
ការមិនលំអៀងដោយភយាគតិ ជាដើម ២១៣
ទីដែលគួរជ្រះថ្លា ជាដើម ២១៥
សំដែងអំពីពាក្យថា មិនត្រូវពោលនូវហេតុដែលមិនទាន់មកដល់ ជាដើម ២១៧
សេចក្តីប្រតិបត្តិ របស់ភិក្ខុជាវិន័យធរ ២១៩
ការចែកពាក្យ មានពាក្យថា អ្នកបានឃើញដូចម្តេចជាដើម ២២៣
ពាក្យថា លោកបានឃើញក្នុងទីណា និងឧទ្ទានគាថា ២២៥
កឋិនភេទ ២២៩
កម្ម មានការធ្វើនិមិត្តជាដើម ២២៩
ធម៌ ១៥ ប្រការ មានមាតិកា ៨ ជាដើម ២៣១
បច្ច័យ មានអនន្តរប្បច្ច័យ ជាដើម ២៣៣
កិច្ចមានបុព្វករណៈជាដើម មានបយោគជាដើមចមជាដើម ២៣៥
កិច្ចមានបុព្វករណៈជាដើម លោកសង្រ្គោះដោយធម៌ ៧ យ៉ាង ២៣៧
ការក្រាលកឋិនរបស់បុគ្គល ៣ ពួក ២៣៩
ការចែកពាក្យ មានពាក្យថា ភិក្ខុគប្បីស្គាល់កឋិន ជាដើម ២៤១
វិធីក្រាលកឋិន ២៤៣
បញ្ហាព្យាករណ៍អំពីបលិពោធក្នុងមាតិកាទាំង ៨ ២៤៥
ការដោះកឋិន និងឧទ្ទានគាថា ២៤១
ឧបាលិបញ្ចកៈ ២៥៥
សំដែងអំពីពាក្យថា ភិក្ខុមិនត្រូវឲ្យឧបសម្បទាជាដើម ២៥៥
អង្គ ៥ របស់ភិក្ខុដែលសង្ឃត្រូវធ្វើកម្ម ២៥៩
ឧទ្ទានគាថា ២៦១
ធម៌ ៥ ប្រការ របស់ភិក្ខុដែលចូលទៅកាន់សង្រ្គាម ២៦៣
អង្គ ៥ របស់ភិក្ខុដែលនិយាយក្នុងកណ្តាលជំនុំសង្ឃ ២៦៥
ឧទ្ទានគាថា និងអង្គ ៥ មានមិនស្គាល់អាបត្តិជាដើម ២៦៩
អង្គ ៥ មាននិយាយសង្កត់សង្កិនគេជាដើម ២៧១
អង្គ ៥ មានស្គាល់កម្មជាដើម ២៧៣
អង្គ ៥ មានលំអៀងដោយឆន្ទាគតិជាដើម ២៧៥
អង្គ ៥ មានមិនចេះធម៌ជាដើម ២៧៧
ការប្រាប់សេចក្តីយល់ឃើញដែលប្រកបដោយធម៌ និងមិនប្រកបដោយធម៌ ២៧៧
ការទទួលប្រគេនប្រកបដោយធម៌ ៥ យ៉ាង និងអនតិរិត្តភោជន ៥ យ៉ាង ២៨១
បដិញ្ញាតករណៈដែលមិនប្រកបដោយធម៌ មាន៥ យ៉ាង ២៨៣
ភិក្ខុមិនគួរសាកច្ឆាវិន័យជាមួយនឹងភិក្ខុ ២៨៥
សុទ្ធិ មាន ៥ យ៉ាង ២៨៧
ភិក្ខុអ្នកចោទត្រូវពិចារណាធម៌ ៥ យ៉ាង ទុកក្នុងខ្លួន ២៨៩
ភិក្ខុអ្នកចោទត្រូវធ្វើទុកក្នុងចិត្តនូវធម៌ ៥ យ៉ាង ក្នុងខ្លួន ២៩៣
ភិក្ខុត្រូវកាន់យកអត្តាទានដែលប្រកបដោយអង្គ ៥ ២៩៥
ភិក្ខុដែលមានឧបការៈច្រើនដល់ពួកភិក្ខុដែលកើតអធិករណ៍ ២៩៩
អង្គ ៥ របស់ភិក្ខុដែលមិនគួរសាកសួរ និងគួរសាកសួរ ៣០១
ភិក្ខុអ្នកកាន់អារញ្ញកធុតង្គ មាន ៥ ពួក ជាដើម ៣០៥
មុសាវាទមាន ៥ យ៉ាងជាដើម ៣០៧
សង្ឃមិនត្រូវឲ្យការសាកសួរដល់ភិក្ខុប្រកបដោយអង្គ៥ ៣០៩
ពៀរ មាន ៥ យ៉ាង កិរិយាវៀរ មាន៥យ៉ាង ៣១១
ឧទ្ទានគាថា ភិក្ខុនីសង្ឃត្រូវធ្វើកម្មដល់ភិក្ខុ ៣១៣
សង្ឃត្រូវធ្វើកម្មដល់ភិក្ខុនីដែលប្រកបដោយអង្គ ៥ ៣១៥
ភិក្ខុមិនត្រូវឃាត់ឱវាទដល់ភិក្ខុនីទាំងឡាយ ៣១៧
ភិក្ខុមិនត្រូវសាកច្ឆាជាមួយនឹងភិក្ខុដែលប្រកបដោយអង្គ ៥ ៣១៩
ឧទ្ទានគាថា សង្ឃមិនត្រូវសន្មតដោយឧព្វាហិកាកម្ម ៣២១
ភិក្ខុប្រកបដោយអង្គ ៥ សង្ឃមិនត្រូវសន្មតដោយឧព្វាហិកាកម្ម ៣២៣
សង្ឃគប្បីសន្មតដោយឧព្វាហិកាកម្មក៏មាន មិនគប្បីសន្មតក៏មាន ៣២៥
ភាវៈនៃភិក្ខុជាពាល និងជាបណ្ឌិត ៣២៧
ភិក្ខុអាចរម្ងាប់អធិករណ៍បានក៏មាន មិនអាចក៏មាន ៣៣១
ការប្រេះឆានៃសង្ឃ និងការបែកធ្លាយនៃសង្ឃ ៣៣៧
ឧទ្ទានគាថា និងភិក្ខុបំបែកសង្ឃតែងទៅកើតក្នុងអបាយ ៣៣៩
ភិក្ខុអ្នកបំបែកសង្ឃតែងទៅកើតក្នុងអបាយ ទៅកើតក្នុងនរក ៣៤១
ឧទ្ទានគាថា ៣៤៩
ការដោះស្រាយវិន័យមិនប្រកបដោយធម៌មាន ៥ យ៉ាង ៣៥១
អង្គ ៥ របស់ភិក្ខុ មានភិក្ខុជាភត្តុទ្ទេសកៈជាដើម ៣៥៣
អានិសង្សនៃការក្រាលកឋិន និងទោសរបស់ភិក្ខុភ្លេចស្មារតី ៣៥៥
បុគ្គល ៥ ពួកដទៃទៀតដែលមិនគួរសំពះ ៣៥៧
ឧទ្ទានគាថា ៣៥៩
សមុដ្ឋាន ៣៦៣
សង្ឃាទិសេស ១៣ ៣៦៣
សង្ឃាទិសេស ១៣ និងសេក្ខិយៈ ៣៦៧
អនិយតៈ ២ និងនិស្សគ្គិយបាចិត្តិយៈ ៣០ ៣៦៩
សេក្ខិយៈ ៧៥ និងឧទ្ទានគាថា ៣៧១
ទុតិយគាថាសង្គណិកៈ ៣៧៣
បុច្ឆាវិស្សជ្ជនា អំពី មូលនៃវិន័យជាដើម ៣៧៣
គរុកាបត្តិជាដើម ៣៧៥
បុគ្គល ៣ ពួកជាដើម ៣៧៧
អាបត្តិបាចិត្តិយៈ ៣៧៩
អំពី យាវតតិយាបត្តិជាដើម ៣៨៣
មុសាវាទជាដើម ៣៨៥
អាឃាតវត្ថុជាដើម ៣៨៧
ទោសរបស់កម្មជាដើម ៣៨៩
កងនៃអាបត្តិជាដើម ៣៩១
ធម៌ទាំង ៨ ជាដើម ៣៩៣
កម្ម ៣៩៥
អនិយតៈជាដើម ៣៩៧
សេក្ខិយៈ ៣៩៩
សេទមោចនគាថា ៤០១
ប្រស្នាសួរ អំពី ភិក្ខុដែលមិនសាធារណៈដោយសិក្ខាជាដើម ៤០១
ការត្រូវគរុកាបត្តិជាដើម ៤០៣
ការលួចគរុភណ្ឌជាដើម ៤០៥
គរុកាបត្តិជាដើម ៤០៧
ការធ្វើកម្មដល់បុគ្គលដែលនៅចំពោះមុខជាដើម ៤០៩
សេនាសនៈនៅក្នុងព្រៃជាដើម ៤១១
បុគ្គលត្រេកអរហើយ ត្រេកអរថែមទៀតជាដើម ៤១៣
ការមិនបានឲ្យ និងមិនបានទទួលជាដើម ៤១៥
ឧទ្ទានគាថា ៤១៧
បញ្ចវគ្គ ៤១៩
វត្ថុវិបត្តិ និងញត្តិវិបត្តិ ៤១៩
បរិសវិបត្តិ ៤២១
កម្ម ៤យ៉ាង និងវត្ថុវិបត្តិ ៤២៣
សីមាវិបត្តិ និងបរិសវិបត្តិ ៤២៥
កម្មទាំងឡាយ មានអបលោកនកម្មជាដើម ៤២៧
ទ្រង់បញ្ញត្តសិក្ខាបទ ព្រោះអាស្រ័យអំណាចប្រយោជន៍ ២ ប្រការ ៤២៩
ទ្រង់បញ្ញត្តបាតិមោក្ខ ព្រោះអាស្រ័យអំណាចប្រយោជន៍ ២ ប្រការ ៤៣១
ទ្រង់បញ្ញត្តតិណវត្ថារកៈ ព្រោះអាស្រ័យអំណាចប្រយោជន៍ ២ ប្រការ ៤៣៣
ត្រូវឲ្យប្រាប់រឿងរ៉ាវ ត្រូវដឹងវត្ថុជាដើម ៤៣៥
នាមផង អាបត្តិផង ជាដើម ៤៣៧
ឧទ្ទានគាថា ៤៣៩
បរិយោសានគាថា ៤៤៣
សេចក្តីឧបមា ៥ យ៉ាង ៤៤៣

1)
បទដែលព្រះអង្គ ទ្រង់ហាមមិនឲ្យភិក្ខុឲ្យឧបសម្បទា ដល់បុគ្គលមានអាយុមិនគ្រប់២០ឆ្នាំជាដើម។
2)
អដ្ឋកថា ថា សមុដ្ឋាននៃអាបត្តិ៦ ហៅថា ធម៌ធ្វើឲ្យមានអាបត្តិ ព្រោះភិក្ខុដែលត្រូវអាបត្តិនោះ ដោយសមុដ្ឋាន៦នេះឯង។
3)
សមថៈទាំង៧ ហៅថា ធម៌ធ្វើមិនឲ្យមានអាបត្តិ
4)
គឺត្រូវស្គាល់អាបត្តិដែលមានក្នុងសិក្ខាបទនោះៗ និងក្នុងវិភង្គ។
5)
គឺត្រូវស្គាល់អនាបត្តិ ដោយន័យថា បើភិក្ខុមិនត្រេកអរ ក៏មិនមានអាបត្តិ ដូច្នេះជាដើម។
6)
អាបត្តិណាដែលភិក្ខុក្លែងកន្លងហើយ តែងធ្វើសេចក្តីអន្តរាយ ដល់ឋានសួគ៌ និងព្រះនិព្វាន អាបត្តិនោះ ឈ្មោះថា ធ្វើសេចក្តីអន្តរាយ។
7)
អាបត្តិដែលជាបណ្ណត្តិវជ្ជៈ បើភិក្ខុកន្លងដោយមិនដឹងខ្លួន ក៏មិនធ្វើសេចក្តីអន្តរាយ ដល់សួគ៌ និងព្រះនិព្វានឡើយ។
8)
សាវជ្ជប្បញ្ញត្តិ គឺអាបត្តិដែលជាលោកវជ្ជៈ
9)
អនវជ្ជប្បញ្ញត្តិ គឺអាបត្តិជាបណ្ណត្តិវជ្ជៈ។
10)
អាបត្តិជាចន្លោះ នៃមូលវិសុទ្ធិ គឺបរិសុទ្ធ ព្រោះមូលាយបដិកស្សនៈ។
11)
អាបត្តិជាចន្លោះ នៃអគ្ឃវិសុទ្ធិ គឺបរិសុទ្ធ ព្រោះបានទទួលអគ្ឃសមោធាន តែក្នុងអដ្ឋកថាកុរុន្ទី ពន្យល់ថា អាបត្តិជាចន្លោះ នៃអាបត្តិខាងដើមនោះ គឺអាបត្តិដែលភិក្ខុត្រូវ ក្នុងបរិវាស ឯអាបត្តិជាចន្លោះ នៃអាបត្តិខាងចុងនោះ គឺភិក្ខុត្រូវ ក្នុងវេលាប្រព្រឹត្តមានត្ត។
12)
អដ្ឋកថា ពន្យល់ថា បើសង្ឃត្រូវការ ក៏គប្បីធ្វើឧក្ខេបនីយកម្មបន្ថែម ដល់ភិក្ខុដែលសង្ឃបានដាក់កម្ម មានតជ្ជនីយកម្មជាដើម ហើយមិនបំពេញវត្ត (តាមអាជ្ញាសង្ឃ)។
13)
ឧព្វាហិកាកម្មនេះ លោកបានពោលទុកក្នុងសមថក្ខន្ធកៈរួចហើយ
14)
សិក្ខាក្នុងទីនេះ សំដៅយកធម៌៦ប្រការ ដែលសាមណេរី ត្រូវសិក្សាអស់២ឆ្នាំទៅទៀត។
15)
ស្រីដែលល្មមមានប្តីហើយ ទើបចូលបួសជាសាមណេរីបាន
16)
បឋមកឋិនសិក្ខាបទ
17)
ក្នុងទីនេះ មានកំណត់ថា សិក្ខាបទដែលទ្រង់បញ្ញត្តក្នុងក្រុងរាជគ្រឹះ ២១ សិក្ខាបទ តែបានរាប់តាមបាលីទៅឃើញតែ២០សិក្ខាបទ លុះពិនិត្យមើលក្នុងមហាវិភង្គ ឃើញថា សញ្ញាចិកសិក្ខាបទនេះ ក៏ទ្រង់បញ្ញត្តក្នុងក្រុងរាជគ្រឹះដែរ។
18)
ចីវរប្បដិគ្គហណសិក្ខាបទ។
19)
បរិបាចនសិក្ខាបទ
20)
ខិយ្យធម្មសិក្ខាបទ
21)
កុលេសុនិមន្តិតសិក្ខាបទ
22)
បីសិក្ខាបទខាងចុងនេះ ជាសិក្ខាបទភិក្ខុនី
23)
ឃើញក្នុងគម្ពីឱរុប និងគម្ពីរភូមាថា ២៤។ ឃើញក្នុងគម្ពីរ (ស្លឹករឹត) ខ្លះថា ៣៤។ ពាក្យថា ៣៤នេះ គួរជាង។ ដ្បិតចំនួនសិក្ខាបទទាំងអស់ក្នុងមហាវិភង្គ យើងបានជ្រើសរើសរួចហើយ។ សេចក្តីពិតថា ក្នុងមហាវិភង្គនោះ មាននិស្សគ្គិយសិក្ខាបទចំនួន៣៤ ដែលព្រះមានព្រះភាគ ទ្រង់បញ្ញត្តក្នុងក្រុងសាវត្ថី។
24)
ក្នុងតេរសកណ្ឌ (សង្ឃាទិសេស
25)
ក្នុងបាចិត្តិយកណ្ឌ (ភូតគាមវគ្គ
26)
ឩនបញ្ចពន្ធនសិក្ខាបទ
27)
ភិក្ខុនូបស្សយសិក្ខាបទ
28)
មហានាមសិក្ខាបទ
29)
រាប់យកបារាជិកាបត្តិរបស់ភិក្ខុ៤ របស់ភិក្ខុនី៤ ទាំងរាប់សង្ឃាទិសេសាបត្តិ របស់ភិក្ខុ១៣ របស់ភិក្ខុនី១០ មកបូកផ្សំគ្នា ត្រូវជាគរុកាបត្តិមាន៣១។
30)
សិក្ខាបទទាំង១៧៦នេះ មិនទួទៅដល់ជនទាំងពីរពួក គឺភិក្ខុ និងភិក្ខុនីទាំងអស់ទេ គឺទួទៅដល់ភិក្ខុ៤៦សិក្ខាបទ ទួទៅដល់ភិក្ខុនី១៣០សិក្ខាបទ។ នេះគ្រាន់តែបូករួមសេចក្តីក្នុងបព្វៈ១១០ និង១១១ ខាងដើមប៉ុណ្ណោះ។
31)
ការសើរើទី១.២.៣ បានចំពោះតែអនុវាទាធិករណ៍ ទី៤.៥.៦ បានចំពោះតែវិវាទាធិករណ៍ ទី៧.៨.៩ បានចំពោះតែអាបត្តាធិករណ៍ ទី១០.១១.១២ បានចំពោះតែកិច្ចាធិករណ៍។ ម្យ៉ាងទៀត ការសើរើទាំង១២ (នេះ) លោកពោលថាបានចំពោះតែអធិករណ៍មួយៗក៏បាន។ អដ្ឋកថា។
32)
ភិក្ខុត្រូវអាបត្តិពីរកង គឺបារាជិក១ សង្ឃាទិសេស១ ចាត់ជាសីលវិបត្តិ។
33)
ភិក្ខុត្រូវអាបត្តិ៥កង គឺថុល្លច្ច័យ១ បាចិត្តិយៈ១ បាដិទេសនីយៈ១ ទុក្កដ១ ទុព្ភាសិត១ ចាត់ជាអាចារវិបត្តិ។
34)
ភិក្ខុប្រកាន់ទិដ្ឋិអាក្រក់ ចាត់ជាទិដ្ឋិវិបត្តិ
35)
ភិក្ខុចិញ្ចឹមជីវិតដោយអនេសនៈ ចាត់ជាអាជីវវិបត្តិ។
36)
អដ្ឋកថាពន្យល់ថា ត្រង់ពាក្យបុច្ឆាអំពីសមុដ្ឋាន ដែលលោកពោលថា សមថៈទាំង៧ មានសមុដ្ឋាន៣៦ នោះតើដូចម្តេច ដូច្នេះ ក៏មែនពិតហើយ តែបានជាលោកចែកតែសមថៈ៦ ក្នុងសមថៈមួយៗ មានសមុដ្ឋានប្រាំមួយៗ ដូច្នេះវិញ ព្រោះសម្មុខាវិន័យ មិនមានសមុដ្ឋានទេ ដោយមិនបានសង្គ្រោះចូលក្នុងកម្ម។
37)
ប្រែថា កិរិយាដល់ មិនប្រែថា កិរិយាត្រូវនូវអាបត្តិ ដូចក្នុងសិក្ខាបទនោះទេ។
38)
អដ្ឋកថា ហៅថា ទុតិយគាថាសង្គណិកៈ គាថាឆ្លូកឆ្លាស់ទី២
39)
អដ្ឋកថាពន្យល់សេចក្តីថា ភិក្ខុជាវិន័យធរ មិនត្រូវលះដោយអគតិ មានឆន្ទាគតិជាដើមទេ គឺកុំយល់មុខថា លោកនេះជាឧបជ្ឈាយ៍ ជាអាចារ្យ របស់អញជាដើម។
40)
ការប្រជុំសង្ឃដើម្បីរម្ងាប់ ឬវិនិច្ឆ័យ នូវអធិករណ៍ លោកហៅថា សង្គ្រាម។ ដូចពួកវជ្ជីបុត្តកភិក្ខុ ក្នុងនគរវេសាលី ដែលជាសត្រូវដល់ខ្លួនផង ដល់សាសនាផង នាំគ្នាសំដែងខុសធម៌ ខុសវិន័យ ដែលជាពាក្យប្រៀនប្រដៅរបស់ព្រះសាស្តា។ ភិក្ខុណាសង្កត់សង្កិនលទ្ធិរបស់ពួកវជ្ជីបុត្ត ដែលជាសត្រូវទាំងនោះ និងចូលទៅក្នុងទីនោះ ហើយធ្វើសេចក្តីវិនិច្ឆ័យ ឲ្យដាច់ស្រេចដោយបំភ្លឺនូវវាទៈរបស់ខ្លួន ភិក្ខុនោះឈ្មោះថា ជាអ្នកចូលទៅកាន់សង្គ្រាម ដូចជាព្រះយសត្ថេរ (អដ្ឋកថា)។
41)
យល់តាម ឬយល់ព្រម ពាក្យនេះ ជាពាក្យផ្លាស់ប្តូរគ្នា និងពាក្យអនុញ្ញាត។
42)
អដ្ឋកថា ថាវត្ថុវិបត្តិ បានដល់សំពត់ជាអកប្បិយ។ កាលវិបត្តិ គឺសំពត់ដែលពួកទាយកប្រគេនក្នុងថ្ងៃនេះហើយ សង្ឃប្រគល់ឲ្យភិក្ខុអ្នកក្រាលកឋិនក្នុងថ្ងៃស្អែកវិញ។ ករណវិបត្តិ គឺសំពត់ដែលកាត់ហើយ តែមិនបានធ្វើក្នុងថ្ងៃនោះឯង
43)
សប្បដិកម្មាបត្តិ ប្រែថា អាបត្តិដែលនៅកែបាននៅឡើយ បានដល់អាបត្តិ៦កង តាំងពីសង្ឃាទិសេស រៀងដល់ទុព្ភាសិត។
44)
អប្បដិកម្មាបត្តិ ប្រែថា អាបត្តិកែមិនបាន គឺបានដល់អាបត្តិបារាជិក។
45)
កម្ម៧យ៉ាង គឺតជ្ជនីយកម្ម១ និយស្សកម្ម១ បព្វាជនីយកម្ម១ បដិសារណីយកម្ម១ ឱក្ខេបនីយកម្ម១ បត្តនិក្កុជ្ជនកម្ម១ បត្តឧក្កុជ្ជនកម្ម១ រួមជា៧យ៉ាង។
46)
អដ្ឋកថា ថា មិនស្គាល់សេចក្តីខាងចុង និងខាងដើមបទនោះ គឺដូចជាគេធ្លាប់សូត្រថា ពុទ្ធោ ភគវា ត្រឡប់ជាសូត្រ ភគវា ពុទ្ធោ ដូច្នេះវិញ។
47)
អដ្ឋកថាថា ដូចភិក្ខុ៤រូប ឬ៥រូប សុទ្ធជាអ្នកធ្វើឲ្យជាក់ច្បាស់នូវអាបត្តិដូចគ្នា ហើយក៏សំដែងទាំង៤រូប ឬ៥រូបនោះ ក្នុងវេលាមួយជាមួយគ្នាតែម្តងមិនបានទេ។ ដីកាថា បើភិក្ខុត្រឹមពីររូប ឬ៣រូប សំដែងជាមួយគ្នាបាន តែច្រើនជាងនេះមិនបាន។
48)
អដ្ឋកថាពន្យល់ថា ត្រង់ពាក្យថា ប្រាប់សេចក្តីយល់ឃើញក្នុងសំណាក់ភិក្ខុ ដែលឋិតនៅក្នុងសីមាផ្សេងគ្នានោះ គឺភិក្ខុសំដែងអាបត្តិក្នុងសំណាក់ភិក្ខុ ដែលមានសំវាសស្មើគ្នា តែនៅក្នុងសីមាផ្សេងគ្នា ដូចជាភិក្ខុឋិតនៅក្នុងមាឡកសីមា គឺខណ្ឌសីមា សំដែងក្នុងសំណាក់ភិក្ខុ ឋិតនៅក្នុងសីមន្តរិកកី ភិក្ខុឋិតនៅក្នុងសមន្តរិកសំដែងក្នុងសំណាក់ភិក្ខុ ឋិតនៅក្នុងអវិប្បវាសសីមា គឺមហាសីមាក្តី មិនគួរទេ។
49)
អដ្ឋកថា និងដីកាបាតិមោក្ខដ្ឋបនក្ខន្ធកៈ ពន្យល់ថា ភិក្ខុមានប្រាថ្នាដើម្បីជម្រះសាសនាឲ្យស្អាតល្អ ហើយកាន់យកនូវអធិករណ៍ណាមួយដោយខ្លួនឯង ដើម្បីចោទភិក្ខុដទៃ អធិករណ៍នោះ ហៅថា អត្តាទាន។
50)
អដ្ឋកថា មិនលះបង់លទ្ធិរបស់ខ្លួន ដោយត្រឹមតែពាក្យអ្នកដទៃ។
51)
សំដៅយកការពិនិត្យដេញដោល ពិនិត្យរករឿងឲ្យឃើញពិត ឬទេ។
52)
ប្រែថា អាបត្តិដែលកែត្រឡប់ដោយវុដ្ឋានវិធី និងទេសនាវិធីបាន
53)
ប្រែថា អាបត្តិដែលកែត្រឡប់មិនបាន គឺបារាជិកាបត្តិ។
54)
អដ្ឋកថា ថា ភិក្ខុសង្ស័យ ហើយធ្វើលើកម្មមិនគួរ ដោយមិនបានជួបវិន័យធរ។
55)
ធ្វើកម្មមិនគួរ ព្រោះមិនសួរ ឬមិនប្រុងស្តាប់ពាក្យវិន័យធរ ដែលអធិប្បាយពីកម្មគួរ និងមិនគួរដល់ភិក្ខុដទៃ។
56)
ត្រូវអាបត្តិដោយដេកលក់ តាមសិក្ខាបទដែលហាមការដេករួម នឹងសាមណេរជាដើម។
57)
របស់មិនគួរ តែភិក្ខុសំគាល់ថា ជាក់ជាគួរ។
58)
ត្រូវដោយឲ្យរាត្រី១កន្លងទៅជាដើម។
59)
ការជ្រើសរើសយកភិក្ខុអំពីសង្ឃ ដើម្បីរម្ងាប់អធិករណ៍ ដែលកើតឡើង ហៅថា ឧព្វាហិកាកម្ម
60)
អដ្ឋកថាថា ភិក្ខុអ្នកបំបែកសង្ឃសូត្របញ្ជាក់ដោយពាក្យដូច្នេះជាដើមថា លោកទាំងឡាយ ចូរដឹងចុះ ខ្ញុំនេះជាអ្នកចេញចាកត្រកូលខ្ពង់ខ្ពស់មកបួស ហើយជាពហុស្សូតផង សូមលោកគ្រប់រូប ទុកចិត្តចុះថា ខ្ញុំមិនមែននាំឲ្យលោកគ្រប់រូបកាន់ខុសធម៌វិន័យទេ មួយទៀត ខ្ញុំមិនមែនសំគាល់អវីចិនរកថា ត្រជាក់ដូចជាផ្កាឧប្បលខៀវទេ ខ្ញុំមិនមែនជាមិនខ្លាចអបាយនោះទេ។ បើតាមដីកាថា សូត្របញ្ជាក់ពាក្យខ្លួន ដល់ភិក្ខុដែលខ្លួនគួរបំបែក។
61)
អដ្ឋថា ថា លុះសូត្របញ្ជាក់យ៉ាងនេះហើយ ក៏ញុំាងចិត្តភិក្ខុទាំងឡាយនោះ ឲ្យជឿស៊ប់ មិនឲ្យងាកបែត្រឡប់វិញ បានហើយក៏ប្រគល់ស្លាកឲ្យទៅថា លោកទាំងឡាយ ចូរយកស្លាកនេះទៅចុះ ឯអាការទាំង៥នេះ ត្រង់អាការទី១ ទី២ ជាសំខាន់ក្នុងការបំបែកសង្ឃនេះ ចំណែកឯអាការទី៣ ទី៤ ទី៥ គ្រាន់តែជាបុព្វភាគទេ។
62)
អដ្ឋកថា ថា កំណត់ សំដែង និយាយ
63)
ភិក្ខុអ្នកចាត់ភិក្ខុសង្ឃក្នុងការទទួលភត្ត (មេបញ្ជី)។
64)
មិនដឹងនូវភត្ត ដែលខ្លួនគួរសំដែង និងមិនគួរសំដែង។
65)
មិនដឹងនូវសាមណេរ ដែលគួរប្រើ និងមិនគួរប្រើ។
66)
ចំពោះតែចារិត្តសិក្ខាបទប៉ុណ្ណោះ។
67)
អដ្ឋកថា អាបត្តិ២នោះ គឺអាបត្តិបារាជិក របស់ភិក្ខុនី ដែលត្រូវ ព្រោះជួយបិទបាំងទោសភិក្ខុនីផងគ្នា១ អាបត្តិបាចិត្តិយៈ របស់ភិក្ខុដែលត្រូវព្រោះជួយបិទបាំងអាបត្តិសង្ឃាទិសេស នៃភិក្ខុផងគ្នា១
68)
អដ្ឋកថា ថា សប្បដិកម្ម ប្រែថា អាបត្តិដែលកែបាន បានដល់អាបត្តិ៦កង តាំងពីសង្ឃាទិសេស រហូតដល់ទុព្ភាសិត។
69)
អប្បដិកម្ម ប្រែថា អាបត្តិកែលែងបាន បានដល់បារាជិក៤ ឬទាំង៨។
70)
អដ្ឋកថា ថា ត្រូវមើលនយលក្ខណៈ ក្នុងសៀវភៅទី៧ ក្នុងភេសជ្ជក្ខន្ធកៈ ទំព័រ២៥៦។
71)
ព្រះអង្គ ទ្រង់បញ្ញត្ត មិនឲ្យភិក្ខុនីយកម្រាមដៃលាងអង្គជាតឲ្យហួសជាង២ថ្នាំងម្រាមដៃឡើងទៅ អនុញ្ញាតត្រឹមតែ២ថ្នាំងដៃ១ ទ្រង់បញ្ញត្ត មិនឲ្យទុកសក់វែងហួសជាង២ធ្នាប់ឡើងទៅ១។
72)
អដ្ឋកថាថា អាបត្តិតែ១ ដែលត្រូវព្រោះបិណ្ឌបាតជាបច្ច័យនោះគឺ ភិក្ខុសំឡឹងមើលមុខស្ត្រី ដែលប្រគេនចង្ហាន់ ត្រូវទុក្កដ។ ដោយហោចទៅ សូម្បីតែសំឡឹងមើលមុខសាមណេរ ដែលកំពុងប្រគេនបបរ ឬម្ហូបក្រៀម ក៏ត្រូវទុក្កដដែរ។ ប៉ុន្តែក្នុងកុរុន្ទី លោកកែក្នុងបទថា អាបត្តិតែ១ ដែលត្រូវព្រោះបិណ្ឌបាតជាបច្ច័យនោះ គឺភិក្ខុឆាន់បិណ្ឌបាត ដែលភិក្ខុនីចាត់ចែង ត្រូវបាចិត្តិយៈ។ (ពាក្យក្នុងកុរុន្ទីនេះ ត្រូវគ្នានឹងបរិបាចនសិក្ខាបទ ក្នុងមហាវិភង្គ)។
73)
អដ្ឋកថា ថា សហធម្មិកទាំង៥។
74)
រាត្រីទី១ ភិក្ខុត្រូវអាបត្តិមួយរយ ហើយក៏បិទបាំងទុកអស់១០រាត្រី លុះដល់ថ្ងៃទី១១ ទើបត្រូវអាបត្តិមួយរយ១លើកទៀត ហើយក៏បិទបាំងទុកអស់១០រាត្រី ទើបត្រូវអាបត្តិមួយរយ១លើកទៀត ត្រូវនឹងបិទបាំងយ៉ាងនេះ ដរាបដល់១០លើក រួមរាត្រីទាំងអស់ មួយរយរាត្រី រួមអាបត្តិជា១ពាន់។
75)
អដ្ឋកថា ថា បុគ្គល១៤៤ពួកនោះ គឺយកបុគ្គល៨ពួក ទៅគុណនឹងភេទករវត្ថុ១៨យ៉ាង ត្រូវជា១៤៤ពួក ៗទី១ គឺភិក្ខុសំដែងនូវអធម៌ ថាជាធម៌ មាន៨យ៉ាងទៀត គឺបុគ្គលយល់ឃើញក្នុងអធម៌នោះ ថាជាអធម៌មែន យល់ឃើញក្នុងការបំបែក ថាជាអធម៌ដែរ១ យល់ឃើញក្នុងអធម៌នោះ ថាជាអធម៌មែន តែយល់ឃើញក្នុងការបំបែក ថាជាធម៌ទៅវិញ១ យល់ឃើញក្នុងអធម៌នោះ ថាជាអធម៌មែន តែសង្ស័យក្នុងការបំបែក១ យល់ឃើញក្នុងអធម៌នោះ ថាជាធម៌ទៅវិញ តែយល់ឃើញក្នុងការបំបែក ថាជាអធម៌១ យល់ឃើញក្នុងអធម៌នោះ ថាជាធម៌ទៅវិញ តែសង្ស័យក្នុងការបំបែក១ សង្ស័យក្នុងអធម៌នោះ យល់ឃើញក្នុងការបំបែក ថាជាអធម៌មែន១ សង្ស័យក្នុងអធម៌នោះ យល់ឃើញក្នុងការបំបែក ថាជាធម៌ទៅវិញ១ សង្ស័យក្នុងអធម៌នោះ និងសង្ស័យក្នុងការបំបែក១។ នេះជាបុគ្គលពួកទី១ ឯបុគ្គលពួកទី២ រហូតដល់១៤៤នោះ ក៏មានសេចក្តីប្រហែលៗគ្នាដែរ (សេចក្តីពិស្តារ មានក្នុងសង្ឃភេទក្ខន្ធកៈ)។
76)
ពួកភិក្ខុក្តី ភិក្ខុនីក្តី ដែលត្រូវបារាជិក ឬមិនមែនជាបកតត្ត ឈ្មោះថា មិនមានសំវាស គឺធ្វើឧបោសថជាដើម ជាមួយនឹងសង្ឃមិនបានទេ។
77)
ការបម្រើ មានផ្ងូតទឹកជាដើម ពួកមាតុគ្រាម ធ្វើដល់ភិក្ខុមិនបាន លើកតែមាតាបង្កើត ឯភិក្ខុនី ក៏ដូចគ្នាដែរ។
78)
សេចក្តីនេះ ចំពោះភិក្ខុនី ដែលនៅជាមួយនឹងកូនប្រុសរបស់ខ្លួន ក្នុងទីប្រក់ ទីកំបាំងជាមួយគ្នាបាន។
79)
មានក្នុងគរុភណ្ឌវិនិច្ឆ័យ ក្នុងសេនាសនក្ខន្ធកៈ ចុល្លវគ្គ។
80)
គឺភិក្ខុថ្វាយបង្គំភិក្ខុអាក្រាត។
81)
អដ្ឋកថា សំដៅយកភិក្ខុដែលធ្លាប់ធ្វើជាខ្មាន់ព្រះកេសជាដើម ឯភិក្ខុបែបនេះ ព្រះអង្គ ទ្រង់បញ្ញត្តមិនឲ្យរក្សាកាំបិតកោរទុកទេ។
82)
បុគ្គលមានសភាពយ៉ាងនេះ គឺសំដៅយកពុទ្ធនិមិត្ត។
83)
អដ្ឋកថា ថា សាកសពដែលគ្មានក្បាល មានតែភ្នែក និងមាត់ដុះត្រង់ទ្រូង ហើយភិក្ខុទៅសេពមេថុនធម្ម នឹងទ្វារមាត់ ត្រូវបារាជិក។
84)
ព្រោះកុដិនោះ ភិក្ខុធ្វើប្រក់ដោយស្មៅ បានជាមិនត្រូវអាបត្តិ។
85)
សំដៅយកកុដិ ដែលភិក្ខុធ្វើដោយដីសុទ្ធ (កុដិការសិក្ខាបទទី៦)។
86)
អដ្ឋកថា សំដៅយកភិក្ខុនី ដែលជួយបិទបាំងទោសភិក្ខុនីផងគ្នា។
87)
គឺបុគ្គលដែលជាអភព្វបុគ្គល១១ពួក ចូលមកបួស ទោះបីឥតប្រព្រឹត្តអាក្រក់សោះ ក៏ត្រូវតែឲ្យវិនាសគឺបណ្តេញចេញ។
88)
គឺភិក្ខុដែលអង្គុយស្តាប់ព្រះបាតិមោក្ខ កាលបើគេសួរចំពោះអាបត្តិ មានពាក្យថា បើលោកមានអាបត្តិ ចូរប្រាប់ដោយច្បាស់លាស់មក ឯភិក្ខុនោះ ទុកជាមានអាបត្តិ ក៏នៅតែស្ងៀមយ៉ាងនោះ ត្រូវសម្បជានមុសាវាទ ព្រោះស្ងៀម។
89)
អដ្ឋកថា ថា ភិក្ខុនីមួយរូប ចេញពីស្រុករបស់ខ្លួន ក្នុងបច្ចូសសម័យ គ្រាន់តែដល់ទៅត្រើយស្ទឹង អរុណក៏រះឡើង ភិក្ខុនីនោះ ត្រូវអាបត្តិ៤គឺ ១ត្រូវព្រោះនៅប្រាសចាករាត្រី ២ត្រូវព្រោះទៅកាន់ចន្លោះស្រុក ៣ត្រូវព្រោះឆ្លងស្ទឹង ៤ត្រូវព្រោះនៅប្រាសចាកគណៈ ទាំង៤នេះ ត្រូវដោយប្រយោគតែ១។
90)
ភិក្ខុទទួលចីវរ អំពីដៃភិក្ខុនី ដែលបានឧបសម្បទាតែខាងសំណាក់ភិក្ខុ ត្រូវបាចិត្តិយៈ ទទួលចីវរអំពីដៃភិក្ខុនី ដែលបានឧបសម្បទាតែខាងសំណាក់ភិក្ខុនី ត្រូវទុក្កដ។
91)
ជន៤នាក់ គឺអាចារ្យ១រូប កូនសិស្ស៣រូប ប្រាថ្នានឹងលួចយកគរុភណ្ឌចំនួន៦មាសក ចំណែកអាចារ្យ បង្គាប់កូនសិស្សទាំង៣រូបថា អ្នកទាំងអស់គ្នាចូរយក១មាសកៗម្នាក់ៗ ចំណែកខាងខ្ញុះឯង យក៣មាសក ឯកូនសិស្សទី១ និយាយថា លោកអាចារ្យចូរយក៣មាសកចុះ លោកឯណោះយក១មាសក លោកឯណោះទៀត យក១មាសក ឯខ្លួនខ្ញុំក៏យក១មាសកដែរ កូនសិស្សទី២ ទី៣ ក៏និយាយដូចកូនសិស្សទី១ កូនសិស្សទាំង៣រូប ត្រូវអាបត្តិបារាជិកទាំងអស់គ្នា លោកអាចារ្យត្រូវតែត្រឹមអាបត្តិថុល្លច្ច័យ។ កូនសិស្សទាំង៣រូប បានជាត្រូវអាបត្តិបារាជិក ព្រោះបង្គាប់ឲ្យគេយកដល់៥មាសក តែក្នុងអាណត្តិកបយោគ១ ឯអាចារ្យដែលជាអ្នកបង្គាប់ឲ្យសិស្សយកមួយៗមាសកម្នាក់នោះ ត្រូវអាបត្តិថុល្លច្ច័យ ជាអាណត្តិកបយោគ ដែលយកចំពោះខ្លួន៣មាសកនោះ ក៏ត្រូវអាបត្តិថុល្លច្ច័យដែរ តែជាសហត្ថិកបយោគ។ ឯសាហត្ថិកបយោគ និងអាណត្តិកបយោគនេះ រាប់បញ្ចូលគ្នាមិនបានទេ ដូចជាភិក្ខុលួចដោយសាហត្ថិកបយោគ៣មាសក លួចដោយអាណត្តិកបយោគ៣មាសក ត្រូវជា៣មាសកពីរដង ភិក្ខុនោះត្រូវទោសតែត្រឹមអាបត្តិថុល្លច្ច័យ ព្រោះក្នុងបយោគមួយៗ មិនគ្រប់ចំនួន៥មាសក។ បើលួចដោយសាហត្ថិកៈ១មាសក លួចដោយអាណត្តិកៈ៥មាសក ទើបត្រូវអាបត្តិបារាជិក ព្រោះក្នុងអាណត្តិកបយោគ១នោះ គ្រប់ចំនួន៥មាសក។ ឯលួចដោយសាហត្ថិកបយោគ១មាសកនោះ ត្រូវតែត្រឹមអាបត្តិទុក្កដ។
92)
បានជាត្រូវបារាជិក ព្រោះផ្ទះក្នុងទីនេះ លោកសំដៅយកសំពត់ទេ ព្រោះថាភិក្ខុអាចប្រព្រឹត្តធ្វើមេថុនធម្មទាំងសំពត់បាន។
93)
ភិក្ខុនី បើគ្មានជម្ងឺ ហើយសូមភេសជ្ជៈ មានប្រេងជាដើម យកមកឆាន់ ត្រូវអាបត្តិបាដិទេសនីយៈ បើសូមបានមក មិនទាន់បានឆាន់នៅឡើយ ហើយភេទក៏ក្លាយទៅជាភិក្ខុទៅ ឯភេសជ្ជៈនោះ ទុកជាមិនទាន់កន្លងហួស៧ថ្ងៃ បើភិក្ខុនោះយកមកឆាន់ ក៏នៅតែត្រូវអាបត្តិបាដិទេសនីយៈដែរ។
94)
ភិក្ខុបង្អោនចីវរជាសង្ឃលាភពីរ គឺចីវរ១ ដើម្បីខ្លួន ត្រូវនិស្សគ្គិយបាចិត្តិយ ចីវរ១ទៀត ដើម្បីបុគ្គលដទៃវិញ ត្រូវបាចិត្តិយៈ។
95)
អដ្ឋកថា ថា កម្មនេះបានជាកម្រើក ព្រោះភិក្ខុដែលនៅចម្ងាយ១២យោជន៍នោះ ឋិតនៅក្នុងគាមសីមាជាមួយគ្នា។
96)
អដ្ឋកថា ថា សំដៅយកភិក្ខុដែលទទួលពាក្យបណ្តាំរបស់បុរស ទៅប្រាប់ដំណឹងដល់ពួកស្ត្រីចំនួន៦៤នាក់ ដើម្បីឲ្យបានជាប្រពន្ធរបស់បុរសនោះ បានជាត្រូវគរុកាបត្តិដល់៦៤តាមចំនួនស្ត្រីទាំងនោះ។
97)
សំដៅយកចីវរ ដែលភិក្ខុប្រើភិក្ខុនីឲ្យលាង។
98)
សំដៅយកឧបសម្បទារបស់នាងមហាបជាបតិ ដែលគ្រាន់តែទទួលគរុធម៌៨ប្រការ មិនបាច់តាំងញត្តិ និងសូត្រកម្មវាចា ក៏បានឡើងជាភិក្ខុនីភាវៈ (ហៅថាអដ្ឋគរុធម្មប្បដិគ្គហណឧបសម្បទា)។
99)
អដ្ឋកថា បុគ្គលនោះ គឺជាមាតា និងបិតាពិត គ្រាន់តែមាតាក្លាយភេទជាបិតា បិតាក្លាយភេទជាមាតាវិញ សម្លាប់បុគ្គលមិនមែនជាព្រះអរិយៈនោះ គឺសម្លាប់មាតា និងបិតា។
100)
សំដៅយកកូនជាមនុស្ស មាតា និងបិតាជាសត្វតិរច្ឆាន បើសម្លាប់មាតា និងបិតាជាសត្វតិរច្ឆានយ៉ាងនេះ មិនត្រូវអនន្តរិយកម្មទេ។
101)
សំដៅយក ទូតេន ឧបសម្បទា ដែលព្រះអង្គ ទ្រង់អនុញ្ញាតឲ្យនាងអឌ្ឍកាសីគណិកា ព្រោះនាងនោះចង់មកបួសក្នុងសំណាក់ព្រះអង្គ តែមកមិនរួច ព្រោះពួកបុរស ចាំស្កាត់ពាក់កណ្តាលផ្លូវ បានជាព្រះអង្គ ទ្រង់អនុញ្ញាតឲ្យឧបសម្បទាដោយទូតបាន។
102)
កាត់វត្ថុមានដើមឈើជាដើម។
103)
កាត់ក្រចក ឬកាត់សក់។
104)
បិទបាំងអាបត្តិទុក។
105)
បិទបាំងទីលំនៅ មានផ្ទះជាដើម។
106)
ភិក្ខុពោលពាក្យចំពោះទ្វារមគ្គជាដើម របស់ស្រី។
107)
ពោលសម្បជានមុសាវាទ។
108)
ពោលប្រាប់ឧត្តរិមនុស្សធម្ម។
109)
ប្រាប់ឧត្តរិមនុស្សធម្ម ដែលមានក្នុងសន្តានពិត ដល់អនុប្បសម្បន្ន។
110)
អដ្ឋកថា ថា ចីវរដែលជានិស្សគ្គិយៈ ភិក្ខុមិនលះបង់ជាវិនយកម្មសិន ហើយប្រើប្រាស់។
111)
សំដៅយករោមដ្ឋកភិក្ខុ គឺភិក្ខុជាអ្នកទំពាអៀង ព្រះអង្គ ទ្រង់អនុញ្ញាតឲ្យទំពាអៀងបាន ព្រោះភិក្ខុនោះធ្លាប់យោនយកកំណើតជាគោ (មានក្នុងខុទ្ទកវត្ថុក្ខន្ធកៈទី៥ ចុល្លវគ្គ)។
112)
សំដៅយកភិក្ខុអ្នកបំបែកសង្ឃ កាលភិក្ខុនោះចែកស្លាកឲ្យពួកភិក្ខុ ដែលចូលដៃនឹងខ្លួន ត្រូវអាបត្តិបារាជិក។
113)
ឯភិក្ខុដែលប្រព្រឹត្តតាមភិក្ខុអ្នកបំបែកសង្ឃនោះ ត្រូវថុល្លច្ច័យ។
114)
អដ្ឋកថា ថា បានជាមិនត្រូវអាបត្តិ ព្រោះភិក្ខុនោះ ទៅនៅអាស្រ័យក្រោមម្លប់ឈើរបស់ត្រកូល១ មានមែកធំ ហើយវែង ចំនួន១យោជន៍ ឬ២យោជន៍ ទោះបីភិក្ខុនោះទុកដាក់ចីវរក្រោមម្លប់ឈើនោះ ហើយដើរទៅចម្ងាយកន្លះយោជន៍ ហើយអរុណរះឡើង ក៏មិនត្រូវអាបត្តិ ដ្បិតមិនផុតពីម្លប់នៅឡើយ។
115)
សំដៅយកភិក្ខុដែលចាប់សក់ ឬម្រាមដៃជាដើម របស់ស្ត្រីច្រើននាក់ ក្នុងវេលាជាមួយគ្នា។
116)
គឺភិក្ខុពោលពាក្យអាក្រក់ ចំពោះទ្វារមគ្គជាដើម របស់ស្ត្រីច្រើននាក់ ក្នុងវេលាជាមួយគ្នា។
117)
អដ្ឋកថា ថា សំដៅយកអដ្ឋវត្ថុកបារាជិករបស់ភិក្ខុនី។
118)
សំដៅយកភិក្ខុសូមសំពត់វស្សិកសាដក អំពីមាតា ក្នុងបិដ្ឋិសម័យ គឺសម័យខាងខ្នងរដូវ រាប់តាំងអំពី១រោច ខែកត្តិក រហូតដល់១៥កើត ខែជេស្ឋ។
119)
បានដល់ពួកតិរ្ថីយ៍ដែលកំពុងបំពេញវត្ត កាលបើឮគេសរសើរគុណពួកតិរ្ថីយ៍ ទុកជាខឹងហើយ ក៏ត្រឡប់ទៅជាត្រេកអរវិញ។
120)
កាលបើគេសរសើរគុណព្រះរតនត្រ័យ បើបុគ្គលណាខឹង បុគ្គលនោះ ឈ្មោះថា គួរនឹងតិះដៀល។
121)
អដ្ឋកថា ថា ភិក្ខុនីមានតម្រេក ទទួលបិណ្ឌបាតអំពីដៃបុរស ដែលមានតម្រេកដែរ យកមកលាយគ្នានឹងសាច់មនុស្ស ខ្ទឹម បណីតភោជន និងសាច់ជាអកប្បិយៈដ៏សេស ហើយយកមកឆាន់ ត្រូវអាបត្តិទាំងនោះ គឺត្រូវថុល្លច្ច័យ ព្រោះឆាន់សាច់មនុស្ស ត្រូវបាចិត្តិយៈ ព្រោះឆាន់ខ្ទឹម ត្រូវបាដិទេសនីយៈ ព្រោះឆាន់បណីតភោជន មានទឹកដោះរាវជាដើម ត្រូវទុក្កដ ព្រោះឆាន់សាច់ជាអកប្បិយៈដ៏សេស បានជាត្រូវអាបត្តិទាំងនោះជាមួយគ្នា ព្រោះយករបស់ទាំងអស់នេះ មកលាយចូលគ្នា ហើយឆាន់។
122)
អដ្ឋកថា ថា សាមណេរមានឫទ្ធិ ហោះទៅឯអាកាស ឬមុជជ្រែក ទៅអង្គុយក្នុងផែនដីសូម្បីប៉ុនចុងចំរៀកសក់ ក៏មិនឡើងឧបសម្បទាជាភិក្ខុឡើយ ម្យ៉ាងទៀត ចំណែកខាងសង្ឃ បើឋិតនៅឯអាកាស ក៏កម្មនោះ កម្រើកដែរ។
123)
ភិក្ខុដែលចោរដណ្តើមយកចីវរ ទុកជាស្លៀកពាក់សំពត់យ៉ាងនោះ ក៏មិនត្រូវអាបត្តិ។
124)
ភិក្ខុនីជាអ្នកបញ្ជូន ក៏មិនឲ្យ ភិក្ខុនីដែលត្រូវគេបញ្ជូន ក៏មិនបានទទួលអំពីដៃភិក្ខុនីដែលជាអ្នកបញ្ជូននោះ តែភិក្ខុនីជាអ្នកបញ្ជូន ត្រូវអាបត្តិសង្ឃាទិសេស ក្នុងពេលដែលភិក្ខុនីត្រូវគេបញ្ជូនថាទទួលបិណ្ឌបាតអំពីដៃបុរស ដែលមានសេចក្តីត្រេកអរ តាមពិតនោះ គឺត្រូវក្នុងពេលដែលភិក្ខុនីត្រូវគេបញ្ជូនបរិភោគរួចជាស្រេច។ មានពិស្តារក្នុងភិក្ខុនីវិភង្គ បច្ចេកភាគទី៥ ត្រង់សង្ឃាទិសេសសិក្ខាបទទី៦ ទំព័រ ៦៤ អដ្ឋកថា ក៏មានដូចគ្នា។
125)
ត្រង់គាថាទី២នេះ គឺភិក្ខុនីនោះដដែល បានជាត្រូវលហុកាបត្តិ ព្រោះវត្ថុនោះជាទឹក និងឈើស្ទន់ ឯកិច្ចដែលត្រូវអាបត្តិនោះ មានវិធីដូចគ្នានឹងគាថាទី១។
126)
សំដៅយកឧក្ខិត្តកភិក្ខុ គឺភិក្ខុដែលសង្ឃលើកវត្ត ព្រោះភិក្ខុនោះ មិនត្រូវមានវិនយកម្មជាមួយនឹងសង្ឃទេ ព្រោះហេតុនោះ បានជាត្រូវអាបត្តិសង្ឃាទិសេស ហើយបិទបាំងទុក មិនត្រូវទោសព្រោះបិទបាំង។
km/tipitaka/book_013.txt · ពេលកែចុងក្រោយ: 2023/03/16 11:05 និពន្ឋដោយ Johann