User Tools

Site Tools


Translations of this page?:
km:tipitaka:book_016

-Namo tassa bhagavato arahato sammā-
ព្រះត្រៃបិដកភាសាខ្មែរ - Tipiṭaka Khmer language
ភាគ ១៦ - Book 16

Ven. Members of the Sangha, Ven. Theras Valued Upasaka, valued Upasika This is a Work Edition! 1.Edition 20170101 Do not share it further except for editing and working purposes within the transcription project on sangham.net. Only for personal use. If you find any mistake or like to join the merits please feel invited to join here: sangham.net or Upasika Norum on sangham.net Anumodana!

សូម​ថ្វាយបង្គំ​ចំពោះ​ព្រះសង្ឃ, ជំរាបសួរ​ឧបាសក និង​ឧបាសិកា​ទាំង​អស់ នេះ​គឺ​ជា​សេចក្តី​ព្រាងច្បាប់​ការ​បោះ​ពុម្ព​ផ្សាយ! 1.Edition 20170101 សូម​កុំ​ចែក​រំលែក​បន្ថែម​ទៀត ប្រសិន​បើ​មិន​មែន​សម្រាប់​ការ​កែសម្រួល​នៅ sangham.net និង​កិច្ច​ការ​នេះ។ សូម​គិត​ថា​លោក​អ្នក​ត្រូវ​បាន​អញ្ជើញ​ដើម្បី​ចូល​រួម​បុណ្យកុសល​នេះ និង​​សូមប្រាប់​ពួក​យើង​អំពី​កំហុស និង​ប្រើវេទិកា​នេះ: sangham.net ឬ​ប្រាប់​ឧបាសិកា Norum នៅ​លើ sangham.net សូម​អនុមោទនា!

A topic about progress and feedback can be found here: ព្រះត្រៃបិដក ភាគ ០១៦ - Tipitaka Book 016, for change log on ati.eu see here: រាយការណ៍ ភាគ ០១៦



book_016.jpg

គំរូ ឯកសារ ផ្សេងទៀត ៖
book_016.pdf

លេខសម្គាល់
លេខទំព៍រ

ព្រះត្រៃបិដក ភាគ ទី ១៦

ទ. 1

សុត្តន្តបិដក

ទីឃនិកាយ

មហាវគ្គ

(មហាវគ្គ)

តតិយភាគ

នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស។

ខ្ញុំ​សូម​នមស្ការ ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ ជា​អរហន្ត​សម្មាសម្ពុទ្ធ ព្រះ​អង្គ​នោះ​។

មហាបទានសូត្រ ទី១

(១. មហាបទានសុត្តំ)

(បុព្វេនិវាសបដិសំយុត្តកថា)...

[១] ខ្ញុំបានស្តាប់មកហើយយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់​នៅ​ក្នុង​ករេរិកុដិកា1) ក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ភិក្ខុទាំងឡាយច្រើនរូប ត្រឡប់មកពីបិណ្ឌបាត (បាន​ធ្វើភត្តកិច្ចស្រេចហើយ) ក្នុងវេលាក្រោយភត្ត ក៏អង្គុយប្រជុំគ្នាក្នុងសាលាសម្រាប់​អង្គុយ ដែលគេធ្វើនៅជិតករេរិមណ្ឌល ហើយក៏កើតជាធម្មីកថា គឺការនិយាយអំពីធម៌ ប្រកប​ដោយបុព្វេនិវាសថា បុព្វេនិវាស ដូច្នេះខ្លះ បុព្វេនិវាស ដូច្នេះខ្លះ។ ព្រះមានព្រះភាគ ទ្រង់​បានឮពាក្យចរចានេះ របស់ភិក្ខុទាំងឡាយនោះ ដោយព្រះទិព្វសោតធាតុដ៏បរិសុទ្ធ កន្លង​បង់​នូវសោតៈ នៃមនុស្សសាមញ្ញ។ ទើបព្រះមានព្រះភាគ ទ្រង់ក្រោកអំពីអាសនៈ ទ្រង់​ចូលសំដៅទៅរោងករេរិមណ្ឌល លុះចូលទៅដល់ហើយ ក៏គង់លើអាសនៈ ដែលគេ​ក្រាល​ថ្វាយ។ លុះព្រះមានព្រះភាគ គង់ស៊ប់ហើយ ទ្រង់ត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ អម្បាញ់មិញនេះ អ្នកទាំងឡាយ អង្គុយប្រជុំគ្នា និយាយពីរឿងអ្វី អន្តរាកថា2) ដូចម្តេច ដែលអ្នកទាំង​ឡាយ បញ្ឈប់ទៅវិញ។ កាលបើព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយយ៉ាងនេះ ភិក្ខុទាំង​នោះ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន កាលដែលខ្ញុំ​ព្រះ​អង្គទាំងឡាយ ត្រឡប់មកពីបិណ្ឌបាត (បានធ្វើ​ភត្តកិច្ច​ស្រេចហើយ) ក្នុងវេលាក្រោយភត្ត អង្គុយប្រជុំគ្នា ក្នុងរោងករេរិមណ្ឌលនេះ ក៏កើតជាធម្មីកថា ប្រកប​ដោយបុព្វេនិវាសថា បុព្វេនិវាស ដូច្នេះខ្លះ បុព្វេនិវាស ដូច្នេះខ្លះ បពិត្រព្រះអង្គដ៏ចំរើន នេះឯងជាអន្តរាកថា ដែល​ខ្ញុំព្រះអង្គទាំងឡាយបញ្ឈប់ ដ្បិតព្រះមានព្រះភាគ ស្តេចមកដល់។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចង់ស្តាប់ធម្មីកថា ប្រកបដោយ​បុព្វេ​និវាសដែរឬ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលថា បពិត្រព្រះមានព្រះភាគ កាលនេះ ជា​កាល​​គួរ ដល់ការធ្វើធម្មីកថានុ៎ះហើយ បពិត្រព្រះសុគត កាលនេះជាកាលគួរ ដល់ការធ្វើ​ធម្មីកថានុ៎ះហើយ គួរព្រះមានព្រះភាគ ទ្រង់ធ្វើធម្មីកថា ដែលប្រកបដោយបុព្វេនិវាស ភិក្ខុ​ទាំងឡាយ ស្តាប់ព្រះពុទ្ធដីការបស់ព្រះមានព្រះភាគហើយ នឹងចងចាំទុក។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ ចូរអ្នកទាំងឡាយ ចាំស្តាប់ ចូរប្រុង ធ្វើទុក​ក្នុងចិត្តឲ្យប្រពៃចុះ តថាគតនឹងសំដែង។ ភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីកា នៃ​ព្រះមានព្រះភាគថា សូមទ្រង់ព្រះមេត្តាប្រោស យ៉ាងហ្នឹងហើយ។ ព្រះមានព្រះភាគ ទ្រង់​ត្រាស់យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ រាប់អំពីភទ្ទកប្បនេះ (ថយក្រោយទៅ) ៩១កប្ប ព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ទ្រង់កើតឡើងក្នុងលោក។ ម្នាលភិក្ខុ​ទាំង​ឡាយ រាប់អំពីភទ្ទកប្បនេះទៅ ៣១កប្ប ព្រះសិខីមានព្រះភាគ អរហន្ត​សម្មាសម្ពុទ្ធ ទ្រង់​កើត​ឡើងក្នុងលោក។ ម្នាលភិក្ខុទាំងឡាយ ក្នុងកប្ប៣១នោះដែរ ព្រះ​វេស្សភូ​មាន​ព្រះ​ភាគ អរហន្តសម្មាសម្ពុទ្ធ ទ្រង់កើតឡើងក្នុងលោក។ ម្នាលភិក្ខុទាំងឡាយ ក៏ក្នុងភទ្ទកប្ប​នេះ​ឯង ព្រះកកុសន្ធៈមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ទ្រង់កើតឡើង​ក្នុង​លោក។ ម្នាល​ភិក្ខុ​ទាំងឡាយ ក្នុងភទ្ទកប្បនេះដែរ ព្រះកោនាគមនៈ មានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ទ្រង់កើតឡើង​ក្នុង​លោក។ ម្នាលភិក្ខុទាំងឡាយ ក្នុងភទ្ទកប្បនេះដែរ ព្រះកស្សប​មានព្រះ​ភាគ អរហន្តសម្មាសម្ពុទ្ធ ទ្រង់កើតឡើង​ក្នុង​លោក។ ម្នាលភិក្ខុទាំងឡាយ ឥឡូវនេះ តថាគត អរហន្តសម្មាសម្ពុទ្ធ កើតឡើង​ក្នុង​លោក ក្នុងភទ្ទកប្បនេះដែរ។

[២] ម្នាលភិក្ខុទាំងឡាយ ព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ព្រះអង្គ ជាខត្តិយជាតិ ទ្រង់កើតក្នុងខត្តិយត្រកូល។ ម្នាលភិក្ខុទាំងឡាយ ព្រះសិខីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ជាខត្តិយជាតិ ទ្រង់កើតក្នុងខត្តិយត្រកូល។ ម្នាលភិក្ខុទាំងឡាយ ព្រះវេស្សភូមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ជាខត្តិយជាតិ ទ្រង់កើតក្នុងខត្តិយត្រកូល។ ម្នាលភិក្ខុទាំងឡាយ ព្រះកកុសន្ធៈមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ជាព្រាហ្មណជាតិ ទ្រង់កើតក្នុងព្រាហ្មណត្រកូល។ ម្នាលភិក្ខុទាំងឡាយ ព្រះកោនាគមនៈមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ជាព្រាហ្មណជាតិ ទ្រង់កើតក្នុងព្រាហ្មណត្រកូល។ ម្នាលភិក្ខុទាំង​ឡាយ ព្រះកស្សបមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ជាព្រាហ្មណជាតិ ទ្រង់កើតក្នុង​ព្រាហ្មណ​ត្រកូល។ ម្នាលភិក្ខុទាំងឡាយ ឥឡូវនេះ តថាគត អរហន្តសម្មាសម្ពុទ្ធ ជាខត្តិយ​ជាតិ កើតក្នុងខត្តិយត្រកូល។

[៣] ម្នាលភិក្ខុទាំងឡាយ ព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ជាកោណ្ឌញ្ញគោត្រ។ ម្នាលភិក្ខុទាំងឡាយ ព្រះសិខីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ជាកោណ្ឌញ្ញគោត្រ។ ម្នាលភិក្ខុទាំងឡាយ ព្រះវេស្សភូមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ជាកោណ្ឌញ្ញគោត្រ។ ម្នាលភិក្ខុទាំងឡាយ ព្រះកកុសន្ធៈមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ជាកស្សបគោត្រ។ ម្នាលភិក្ខុទាំងឡាយ ព្រះកោនាគមនៈមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ជាកស្សបគោត្រ។ ម្នាលភិក្ខុទាំងឡាយ ព្រះកស្សបមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ជាកស្សបគោត្រ។ ម្នាលភិក្ខុទាំងឡាយ ឥឡូវនេះ តថាគត អរហន្តសម្មាសម្ពុទ្ធ ជាគោតម​គោត្រ។

[៤] ម្នាលភិក្ខុទាំងឡាយ ព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ មាន​ព្រះជន្មាយុ៨ហ្មឺនឆ្នាំ។ ម្នាលភិក្ខុទាំងឡាយ ព្រះសិខីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ មានព្រះជន្មាយុ៧ហ្មឺនឆ្នាំ។ ម្នាលភិក្ខុទាំងឡាយ ព្រះវេស្សភូ​មានព្រះភាគ អរហន្ត​សម្មា​សម្ពុទ្ធ មានព្រះជន្មាយុ៦ហ្មឺនឆ្នាំ។ ម្នាលភិក្ខុទាំងឡាយ ព្រះកកុសន្ធៈមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ មានព្រះជន្មាយុ៤ហ្មឺនឆ្នាំ។ ម្នាលភិក្ខុទាំងឡាយ ព្រះកោនាគមនៈ​មានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ មានព្រះជន្មាយុ៣ហ្មឺនឆ្នាំ។ ម្នាលភិក្ខុទាំងឡាយ ព្រះកស្សបមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ មានព្រះជន្មាយុ២ហ្មឺនឆ្នាំ។ ម្នាលភិក្ខុទាំងឡាយ ឥឡូវនេះ ជន្មាយុ​របស់តថាគត មានប្រមាណតិច ឆាប់រហ័ស បុគ្គល (ក្នុងសម័យនេះ) ដែលរស់នៅ យ៉ាង​យូរបានត្រឹម១០០ឆ្នាំ និងតិចជាង១០០ឆ្នាំ ឬច្រើនជាង១០០ឆ្នាំ ក៏មាន (ដោយតិច)។

[៥] ម្នាលភិក្ខុទាំងឡាយ ព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ត្រាស់​ក្រោម​បាដលិព្រឹក្ស (ដើមជ្រនៀង)។ ម្នាលភិក្ខុទាំងឡាយ ព្រះសិខីមានព្រះភាគ អរហន្ត​សម្មា​សម្ពុទ្ធ ត្រាស់​ក្រោមបុណ្ឌរីកព្រឹក្ស3) (ដើមស្វាយស)។ ម្នាលភិក្ខុទាំងឡាយ ព្រះវេស្សភូ​មាន​ព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ត្រាស់​ក្រោមសាលព្រឹក្ស។ ម្នាលភិក្ខុទាំងឡាយ ព្រះកកុសន្ធៈ​មានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ត្រាស់​ក្រោមសិរីស​ព្រឹក្ស (ដើមច្រេស)។ ម្នាលភិក្ខុទាំងឡាយ ព្រះកោនាគមនៈមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ត្រាស់​ក្រោម​ឧទុម្ពរព្រឹក្ស (ដើមល្វា)។ ម្នាលភិក្ខុទាំងឡាយ ព្រះ​កស្សប​មានព្រះភាគ អរហន្ត​សម្មា​សម្ពុទ្ធ ត្រាស់​ក្រោមនិគ្រោធព្រឹក្ស (ដើមជ្រៃ)។ ម្នាលភិក្ខុទាំងឡាយ ក្នុងកាលឥឡូវនេះ តថាគត អរហន្តសម្មាសម្ពុទ្ធ ត្រាស់​ក្រោមអស្សត្ថព្រឹក្ស (ដើមពោធិ៍បាយ)។

[៦] ម្នាលភិក្ខុទាំងឡាយ ព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ មានគូនៃ​សាវ័កដ៏ប្រសើរ ជាគូដ៏ចំរើន ឈ្មោះខណ្ឌៈ១ តិស្សៈ១។ ម្នាលភិក្ខុទាំងឡាយ ព្រះសិខី​មាន​ព្រះភាគ អរហន្តសម្មាសម្ពុទ្ធ មានគូនៃ​សាវ័កដ៏ប្រសើរ ជាគូដ៏ចំរើន ឈ្មោះ អភិភូ១ សម្ភវៈ១។ ម្នាលភិក្ខុទាំងឡាយ ព្រះវេស្សភូមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ មានគូនៃ​សាវ័កដ៏ប្រសើរ ជាគូដ៏ចំរើន ឈ្មោះ សោនៈ១ ឧត្តរៈ១។ ម្នាលភិក្ខុទាំងឡាយ ព្រះកកុសន្ធៈ​មានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ មានគូនៃ​សាវ័កដ៏ប្រសើរ ជាគូដ៏ចំរើន ឈ្មោះ វិធូរៈ១ សញ្ជីវៈ១។ ម្នាលភិក្ខុទាំងឡាយ ព្រះកោនាគមនៈមានព្រះភាគ អរហន្ត​សម្មា​សម្ពុទ្ធ មានគូនៃ​សាវ័កដ៏ប្រសើរ ជាគូដ៏ចំរើន ឈ្មោះ ភិយ្យោសៈ១ ឧត្តរៈ១។ ម្នាលភិក្ខុទាំងឡាយ ព្រះ​កស្សប​មានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ មានគូនៃ​សាវ័ក​ដ៏​ប្រសើរ ជាគូដ៏ចំរើន ឈ្មោះ តិស្សៈ១ ភារទ្វាជៈ១។ ម្នាលភិក្ខុទាំងឡាយ ក្នុងកាលឥឡូវ​នេះ តថាគត មានគូនៃ​សាវ័កដ៏ប្រសើរ ជាគូដ៏ចំរើន ឈ្មោះ សារីបុត្ត១ មោគ្គល្លាន១។

[៧] ម្នាលភិក្ខុទាំងឡាយ ព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ មានសាវក​សន្និបាត (ប្រជុំសាវ័ក) ៣ដង គឺសាវកសន្និបាត មានភិក្ខុចំនួន​៦លាន ៨សែនរូបម្តង សាវកសន្និបាត មានភិក្ខុ១សែនរូបម្តង សាវកសន្និបាត មានភិក្ខុ​៨ហ្មឺនរូប​ម្តង។ ម្នាលភិក្ខុទាំងឡាយ សាវកសន្និបាត របស់ព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ទាំង៣ដងនេះ សុទ្ធតែជាខីណាស្រពទាំងអស់។ ម្នាលភិក្ខុទាំងឡាយ ព្រះសិខីមាន​ព្រះភាគ អរហន្តសម្មាសម្ពុទ្ធ មានសាវកសន្និបាត៣ដង គឺសាវកសន្និបាត មានភិក្ខុ​ចំនួន​១សែនរូបម្តង សាវកសន្និបាត មានភិក្ខុ៨ហ្មឺនរូបម្តង សាវកសន្និបាត មានភិក្ខុ៧ហ្មឺនរូប​ម្តង។ ម្នាលភិក្ខុទាំងឡាយ សាវកសន្និបាត របស់ព្រះសិខីមានព្រះភាគ អរហន្ត​សម្មាសម្ពុទ្ធ ទាំង៣ដងនេះ សុទ្ធតែជាខីណាស្រពទាំងអស់។ ម្នាលភិក្ខុទាំងឡាយ ព្រះវេស្សភូ​មានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ មានសាវកសន្និបាត៣ដង គឺសាវកសន្និបាត មានភិក្ខុ៨ហ្មឺនរូបម្តង សាវកសន្និបាត មានភិក្ខុ៧ហ្មឺនរូបម្តង សាវកសន្និបាត មានភិក្ខុ​៦ហ្មឺន​រូប​ម្តង។ ម្នាលភិក្ខុទាំងឡាយ សាវកសន្និបាត របស់ព្រះវេស្សភូ​មានព្រះភាគ អរហន្ត​សម្មាសម្ពុទ្ធ ទាំង៣ដងនេះ សុទ្ធតែជាខីណាស្រពទាំងអស់។ ម្នាលភិក្ខុទាំងឡាយ ព្រះកកុសន្ធៈមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ មានសាវកសន្និបាតតែម្តង មានភិក្ខុ​៤ហ្មឺន​រូប។ ម្នាលភិក្ខុទាំងឡាយ សាវកសន្និបាត របស់ព្រះកកុសន្ធៈមានព្រះភាគ អរហន្ត​សម្មា​សម្ពុទ្ធ តែម្តងនេះ សុទ្ធតែជា​ខីណាស្រព​ទាំងអស់។ ម្នាលភិក្ខុទាំងឡាយ ព្រះកោនាគមនៈ​មាន​​ព្រះភាគ អរហន្តសម្មាសម្ពុទ្ធ មានសាវកសន្និបាតតែម្តង មានភិក្ខុ៣ហ្មឺនរូប។ ម្នាលភិក្ខុទាំងឡាយ សាវកសន្និបាត របស់ព្រះកោនាគមនៈមានព្រះភាគ អរហន្ត​សម្មា​សម្ពុទ្ធ តែម្តងនេះ សុទ្ធតែជា​ខីណាស្រព​ទាំងអស់។ ម្នាលភិក្ខុទាំងឡាយ ព្រះ​កស្សប​មានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ មានសាវកសន្និបាតតែម្តង មានភិក្ខុ២ហ្មឺនរូប។ ម្នាលភិក្ខុទាំងឡាយ សាវកសន្និបាត របស់ព្រះកស្សបមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ តែម្តងនេះ សុទ្ធតែជាខីណាស្រព​ទាំងអស់។ ម្នាលភិក្ខុទាំងឡាយ ឥឡូវនេះ តថាគត មានសាវកសន្និបាតតែម្តង មានភិក្ខុ១២៥០រូប។ ម្នាលភិក្ខុទាំងឡាយ សាវកសន្និបាត របស់តថាគត តែម្តងនេះ ក៏សុទ្ធតែជាខីណាស្រពទាំងអស់។

[៨] ម្នាលភិក្ខុទាំងឡាយ ព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ មាន​ភិក្ខុ​ឈ្មោះ អសោកៈ ជាឧបដ្ឋាកអ្នកបំរើដ៏ប្រសើរ។ ម្នាលភិក្ខុទាំងឡាយ ព្រះសិខីមាន​ព្រះ​ភាគ អរហន្តសម្មាសម្ពុទ្ធ មានភិក្ខុឈ្មោះ ខេមង្ករៈ ជាឧបដ្ឋាកអ្នកបំរើដ៏ប្រសើរ។ ម្នាលភិក្ខុ​ទាំងឡាយ ព្រះវេស្សភូមានព្រះភាគ អរហន្ត​សម្មាសម្ពុទ្ធ មានភិក្ខុឈ្មោះ ឧបសន្តៈ ជាឧបដ្ឋាក​អ្នកបំរើដ៏ប្រសើរ។ ម្នាលភិក្ខុទាំងឡាយ ព្រះកកុសន្ធៈមានព្រះភាគ អរហន្ត​សម្មាសម្ពុទ្ធ មានភិក្ខុឈ្មោះ វុឌ្ឍិជៈ ជា​ឧបដ្ឋាក​អ្នក​បំរើ​ដ៏​ប្រសើរ។ ម្នាលភិក្ខុទាំងឡាយ ព្រះកោនាគមនៈមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ មានភិក្ខុឈ្មោះ សោត្ថិជៈ ជាឧបដ្ឋាក​អ្នក​បំរើដ៏ប្រសើរ។ ម្នាលភិក្ខុទាំងឡាយ ព្រះ​កស្សប​មានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ មាន​ភិក្ខុឈ្មោះ សព្វមិត្តៈ ជាឧបដ្ឋាកអ្នកបំរើ​ដ៏ប្រសើរ។ ម្នាលភិក្ខុទាំងឡាយ ឥឡូវនេះ តថាគត មានភិក្ខុឈ្មោះ អានន្ទ4) ជាឧបដ្ឋាកអ្នកបំរើដ៏ប្រសើរ។

[៩] ម្នាលភិក្ខុទាំងឡាយ ព្រះបិតារបស់ព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ជាព្រះរាជា ទ្រង់ព្រះនាម​ពន្ធុមៈ ព្រះមាតាព្រះនាម ពន្ធុមតីទេវី ជាព្រះជនេត្តី (មាតា​បង្កើត) ព្រះនគរឈ្មោះពន្ធុមតី ជារាជធានី នៃព្រះបាទពន្ធុមៈ។ ម្នាលភិក្ខុ​ទាំងឡាយ ព្រះបិតារបស់ព្រះសិខីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ជាព្រះរាជា ទ្រង់ព្រះនាម​អរុណៈ ព្រះមាតាព្រះនាម បភាវតីទេវី ជាព្រះជនេត្តី នគរឈ្មោះអរុណវតី ជារាជធានី នៃព្រះបាទអរុណៈ។ ម្នាលភិក្ខុទាំងឡាយ ព្រះបិតារបស់​ព្រះវេស្សភូ​មាន​ព្រះភាគ អរហន្ត​សម្មាសម្ពុទ្ធ ជាព្រះរាជា ទ្រង់ព្រះនាមសុប្បតីតៈ ព្រះមាតាព្រះនាម យសវតីទេវី ជាព្រះជនេត្តី នគរឈ្មោះអនោមៈ ជារាជធានី នៃព្រះបាទសុប្បតីតៈ។ ម្នាលភិក្ខុ​ទាំង​ឡាយ ព្រះបិតារបស់ព្រះកកុសន្ធៈមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ជាព្រាហ្មណ៍ នាម​អគ្គិទត្ត ព្រះមាតាជាព្រាហ្មណី នាមវិសាខា ជាជនេត្តី។ ម្នាលភិក្ខុ​ទាំងឡាយ សម័យ​នោះ​ឯង មានព្រះរាជាព្រះនាមខេមៈ នគរឈ្មោះខេមវតី ជារាជធានីនៃព្រះបាទ​ខេមៈ។ ម្នាលភិក្ខុទាំងឡាយ ព្រះបិតារបស់​ព្រះកោនាគមនៈ​មានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ជាព្រាហ្មណ៍ នាម យញ្ញទត្ត ព្រះមាតាជា​ព្រាហ្មណីនាម ឧត្តរា ជាព្រះជនេត្តី។ ម្នាលភិក្ខុ​ទាំងឡាយ សម័យនោះឯង មានព្រះរាជា​ព្រះនាម សោភៈ នគរឈ្មោះសោភវតី ជារាជ​ធានី​នៃព្រះបាទ​សោភៈ។ ម្នាលភិក្ខុទាំងឡាយ ព្រះបិតា​របស់ព្រះ​កស្សប​មានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ជាព្រាហ្មណ៍នាម ព្រហ្មទត្ត ព្រះមាតា ជាព្រាហ្មណី នាម ធនវតី ជាព្រះជនេត្តី។ ម្នាលភិក្ខុទាំងឡាយ សម័យនោះឯង មានព្រះរាជាព្រះនាម កិកី នគរឈ្មោះ ពារាណសី ជារាជធានីនៃព្រះបាទ​កិកី។ ម្នាលភិក្ខុទាំងឡាយ ឥឡូវនេះ ព្រះបិតារបស់តថាគត ជាព្រះរាជា ទ្រង់ព្រះនាម សុទ្ធោទនៈ ព្រះមាតា ទ្រង់ព្រះនាម មាយាទេវី ជាព្រះជនេត្តី ព្រះនគរឈ្មោះ កបិលវត្ថុ ជារាជធានី។ ព្រះមានព្រះភាគ បានត្រាស់ពាក្យនេះហើយ លុះព្រះសុគត​បានត្រាស់​ពាក្យនេះចប់ហើយ ក៏ទ្រង់ក្រោក​ចាក​អាសនៈ ស្តេចចូលទៅកាន់ព្រះវិហារ។

[១០] កាលព្រះមានព្រះភាគ ស្តេចចេញទៅមិនយូរប៉ុន្មាន ក្នុងលំដាប់នោះ អន្តរាកថានេះ ក៏កើតឡើង ដល់ភិក្ខុទាំងនោះថា ម្នាលលោកមានអាយុទាំងឡាយ អស្ចារ្យ​ណាស់ ម្នាលលោកមានអាយុទាំងឡាយ ហេតុនេះ មិនធ្លាប់ដែលមានឡើយ ព្រះតថាគត ព្រះអង្គមានឫទ្ធិច្រើន មានអានុភាពច្រើនណាស់ហ្ន៎ អម្បាល​ដូច​ព្រះអតីតពុទ្ធទាំងឡាយ ដែលទ្រង់ផ្តាច់ផ្តិល នូវកិលេស ជាគ្រឿង​ញុំាងសត្វឲ្យមាន​ដំណើរ​យឺតយូរ5) ទ្រង់ផ្តាច់ផ្តិលនូវកម្ម ជាគ្រឿង​ញុំាងសត្វឲ្យវិលវល់6) ទ្រង់គ្របសង្កត់នូវកម្មជាគ្រឿងញុំាងសត្វឲ្យវិលវល់7) ទ្រង់កន្លងបង់នូវទុក្ខទាំងពួង8) ទ្រង់បរិនិព្វានទៅហើយ ក៏ព្រះតថាគតរលឹកឃើញ​ព្រះជាតិផង រលឹកឃើញព្រះនាមផង រលឹកឃើញព្រះគោត្រផង រលឹកឃើញប្រមាណ​នៃ​ព្រះជន្មាយុផង រលឹកឃើញគូនៃសាវ័កផង រលឹកឃើញសាវកសន្និបាតផងថា ព្រះមាន​ព្រះភាគ​ទាំងនោះ មានព្រះជាតិយ៉ាងនេះខ្លះ ព្រះមានព្រះភាគទាំងនោះ មានព្រះនាម​យ៉ាង​នេះខ្លះ ព្រះមានព្រះភាគទាំងនោះមានព្រះគោត្រយ៉ាងនេះខ្លះ ព្រះមានព្រះភាគ​ទាំងនោះ​មានសីលយ៉ាងនេះខ្លះ ព្រះមានព្រះភាគទាំងនោះមានធម៌​យ៉ាងនេះខ្លះ ព្រះមាន​ព្រះភាគទាំងនោះមានប្រាជ្ញាយ៉ាងនេះខ្លះ ព្រះមានព្រះភាគទាំងនោះ​មានវិហារធម៌​​យ៉ាងនេះខ្លះ ព្រះមានព្រះភាគទាំងនោះមាន​វិមុត្តិយ៉ាងនេះខ្លះ។ ម្នាលអាវុសោ​ទាំងឡាយ ធម្មធាតុណា ដែលព្រះតថាគតត្រាស់ដឹង​ហើយ ធម្មធាតុនុ៎ះ គឺព្រះតថាគតត្រាស់ដឹងមែនឬ បានជាព្រះអតីតពុទ្ធទាំងឡាយ ដែល​ទ្រង់ផ្តាច់ផ្តិល​នូវ​កិលេស ជាគ្រឿងញុំាងសត្វឲ្យមានដំណើរយឺតយូរ ទ្រង់ផ្តាច់ផ្តិល​នូវ​កម្ម ជាគ្រឿងញុំាង​សត្វ​ឲ្យវិលវល់ ទ្រង់គ្របសង្កត់នូវកម្មជាគ្រឿង​ញុំាងសត្វឲ្យវិលវល់ ទ្រង់កន្លងបង់នូវទុក្ខ​ទាំងពួង ទ្រង់បរិនិព្វានទៅហើយ ក៏ព្រះតថាគត រលឹកឃើញ​ព្រះជាតិផង រលឹកឃើញ​ព្រះនាម​ផង រលឹកឃើញព្រះគោត្រផង រលឹកឃើញប្រមាណ​នៃ​ព្រះជន្មាយុផង រលឹក​ឃើញ​គូនៃសាវ័កផង រលឹកឃើញសាវកសន្និបាតផងថា ព្រះមានព្រះភាគទាំងនោះ មានព្រះជាតិយ៉ាងនេះខ្លះ មានព្រះនាមយ៉ាងនេះខ្លះ។ មានព្រះគោត្រយ៉ាងនេះ។ មានសីលយ៉ាងនេះ។ មានធម៌​យ៉ាងនេះ។ មានប្រាជ្ញាយ៉ាងនេះ។ មានវិហារធម៌​យ៉ាងនេះ។ ព្រះមានព្រះភាគទាំងនោះ មាន​វិមុត្តិយ៉ាងនេះខ្លះ ឬថាទេវតាទាំងឡាយ ក្រាបបង្គំទូលនូវសេចក្តីនុ៎ះ ចំពោះព្រះតថាគត​ទេដឹង បានជាព្រះអតីតពុទ្ធទាំងឡាយ ដែល​ទ្រង់ផ្តាច់ផ្តិលនូវកិលេស ជាគ្រឿងញុំាង​សត្វ​ ឲ្យមានដំណើរយឺតយូរ ទ្រង់ផ្តាច់ផ្តិល​នូវ​កម្ម ជាគ្រឿងញុំាងសត្វឲ្យវិលវល់ ទ្រង់​គ្រប​សង្កត់​នូវកម្ម ជាគ្រឿង​ញុំាងសត្វឲ្យវិលវល់ ទ្រង់កន្លងបង់នូវទុក្ខទាំងពួង ទ្រង់បរិនិព្វាន​ទៅ​ហើយ ក៏ព្រះតថាគត រលឹកឃើញ​ព្រះជាតិ​ផង រលឹកឃើញព្រះនាមផង រលឹក​ឃើញ​ព្រះគោត្រផង រលឹកឃើញប្រមាណ​នៃ​ព្រះជន្មាយុផង រលឹកឃើញគូនៃសាវ័កផង រលឹកឃើញសាវកសន្និបាតផងថា ព្រះមាន​ព្រះភាគ​ទាំងនោះ មានព្រះជាតិយ៉ាងនេះខ្លះ មានព្រះនាមយ៉ាងនេះខ្លះ។ មានព្រះគោត្រ​យ៉ាងនេះ។ មានសីលយ៉ាងនេះ។ មានធម៌​យ៉ាងនេះ។ មានប្រាជ្ញាយ៉ាងនេះ។ មានវិហារធម៌​​យ៉ាងនេះ។ ព្រះមានព្រះភាគទាំងនោះ មាន​វិមុត្តិយ៉ាងនេះខ្លះ។ នេះឯង ជាអន្តរាកថា ដែលភិក្ខុទាំងនោះ (និយាយ) ហើយ បញ្ឈប់ទៅ។

[១១] លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ចេញអំពីទីសម្ងំ ក្នុងសាយណ្ហសម័យ ស្តេច​ចូលទៅឯកុដិករេរិមណ្ឌល លុះចូលទៅដល់ហើយ ក៏គង់លើអាសនៈ ដែលគេ​ក្រាលថ្វាយ។ លុះព្រះមានព្រះភាគ គង់ស៊ប់ហើយ ទើបត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ប្រជុំគ្នានិយាយអ្វីហ្ន៎ អម្បាញ់មិញនេះ អន្តរាកថា​ដូចម្តេច ដែលអ្នកទាំងឡាយបញ្ឈប់ទៅ។ កាលបើព្រះមានព្រះភាគ ត្រាស់សួរយ៉ាង​នេះហើយ ភិក្ខុទាំងនោះ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន កាល​ព្រះមានព្រះភាគ ស្តេចចេញទៅ មិនយូរប៉ុន្មាន អន្តរាកថានេះ ក៏កើតឡើង ដល់​ខ្ញុំព្រះអង្គទាំងឡាយ ក្នុងទីនេះថា ម្នាលអាវុសោ អស្ចារ្យ​ណាស់ ម្នាលអាវុសោ ហេតុមិន​ដែលមាន ក៏ទៅជាមាន ព្រះតថាគត ទ្រង់មានឫទ្ធិច្រើន មានអានុភាពច្រើនណាស់ហ្ន៎ អម្បាល​ដូច​ព្រះអតីតពុទ្ធទាំងឡាយ ដែលទ្រង់ផ្តាច់ផ្តិល នូវកិលេស ជាគ្រឿង​ញុំាង​សត្វ​ឲ្យមាន​ដំណើរ​យឺតយូរ ទ្រង់ផ្តាច់ផ្តិលនូវកម្ម ជាគ្រឿង​ញុំាងសត្វឲ្យវិលវល់ ទ្រង់គ្រប​សង្កត់​នូវកម្ម ជាគ្រឿងញុំាងសត្វឲ្យវិលវល់ ទ្រង់កន្លងបង់នូវទុក្ខទាំងពួង ទ្រង់​បរិនិព្វាន​ទៅ​ហើយ ក៏ព្រះតថាគត រលឹកឃើញ​ព្រះជាតិផង រលឹកឃើញព្រះនាមផង រលឹកឃើញ​ព្រះគោត្រ​ផង រលឹកឃើញប្រមាណ​នៃ​ព្រះជន្មាយុផង រលឹកឃើញគូនៃសាវ័កផង រលឹក​ឃើញ​សាវកសន្និបាតផងថា ព្រះមានព្រះភាគទាំងនោះ មានព្រះជាតិយ៉ាងនេះខ្លះ។បេ។ ព្រះមានព្រះភាគទាំងនោះ មានវិមុត្តិយ៉ាងនេះខ្លះ។ ម្នាលអាវុសោទាំងឡាយ ធម្មធាតុ​ណា ដែលព្រះមានព្រះភាគត្រាស់ដឹង​ហើយដោយល្អ ធម្មធាតុនោះ ព្រះតថាគត ត្រាស់​ដឹងដោយល្អមែនឬ បានជាព្រះអតីតពុទ្ធទាំងឡាយ ដែល​ទ្រង់ផ្តាច់ផ្តិលនូវកិលេស ជា​គ្រឿង​ញុំាងសត្វឲ្យមានដំណើរយឺតយូរ ទ្រង់ផ្តាច់ផ្តិល​នូវ​កម្ម ជាគ្រឿងញុំាងសត្វ​ឲ្យ​វិល​វល់ ទ្រង់គ្របសង្កត់នូវកម្មជាគ្រឿង​ញុំាងសត្វឲ្យវិលវល់ ទ្រង់កន្លងបង់នូវទុក្ខទាំងពួង ទ្រង់​បរិនិព្វានទៅហើយ ក៏ព្រះតថាគត រលឹកឃើញ​ព្រះជាតិផង រលឹកឃើញព្រះនាមផង រលឹកឃើញព្រះគោត្រផង រលឹកឃើញប្រមាណ​នៃ​ព្រះជន្មាយុផង រលឹកឃើញគូនៃ​សាវ័ក​ផង រលឹកឃើញសាវកសន្និបាតផងថា ព្រះមានព្រះភាគទាំងនោះ មានព្រះជាតិ​យ៉ាង​នេះខ្លះ មានព្រះនាមយ៉ាងនេះខ្លះ។ មានព្រះគោត្រយ៉ាង។ មានសីល​យ៉ាង​នេះ។ មានធម៌​យ៉ាងនេះ។ មានប្រាជ្ញាយ៉ាងនេះ។ មានវិហារធម៌​យ៉ាងនេះ។ ព្រះមាន​ព្រះភាគ​ទាំងនោះ មាន​វិមុត្តិយ៉ាងនេះខ្លះ ឬថា ទេវតាទាំងឡាយ ក្រាបបង្គំទូល​សេចក្តីនុ៎ះ ចំពោះ​ព្រះតថាគត​​ទេដឹង បានជាព្រះអតីតពុទ្ធទាំងឡាយ ដែល​ទ្រង់ផ្តាច់ផ្តិលនូវកិលេស ជា​គ្រឿង​ញុំាង​សត្វ​ ឲ្យមានដំណើរយឺតយូរ ទ្រង់ផ្តាច់ផ្តិល​នូវ​កម្ម ជាគ្រឿងញុំាងសត្វ​ឲ្យ​វិល​វល់ ទ្រង់​គ្រប​សង្កត់​នូវកម្ម ជាគ្រឿង​ញុំាងសត្វឲ្យវិលវល់ ទ្រង់កន្លងបង់នូវទុក្ខទាំងពួង ទ្រង់​បរិនិព្វាន​ទៅ​ហើយ ក៏ព្រះតថាគត រលឹកឃើញ​ព្រះជាតិផង រលឹកឃើញព្រះនាមផង​។បេ។ រលឹកឃើញសាវកសន្និបាតផងថា ព្រះមានព្រះភាគទាំងនោះ មានព្រះជាតិ​យ៉ាង​នេះ​ខ្លះ មានព្រះនាមយ៉ាងនេះខ្លះ។បេ។ ព្រះមានព្រះភាគទាំងនោះ មាន​វិមុត្តិ​យ៉ាង​នេះ​ខ្លះ បពិត្រព្រះអង្គដ៏ចំរើន អន្តរាកថានេះឯង ដែលខ្ញុំព្រះអង្គទាំងឡាយ បញ្ឈប់ទៅ ព្រោះ​​ព្រះមានព្រះភាគ ស្តេចមកដល់។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ធម្មធាតុ​ណា ដែលព្រះតថាគត ត្រាស់ដឹងហើយដោយល្អ ធម្មធាតុនុ៎ះ ព្រះតថាគត ត្រាស់ដឹង​ឯង​ដោយល្អហើយ បានជា​ព្រះអតីតពុទ្ធទាំងឡាយ ដែលទ្រង់ផ្តាច់ផ្តិល នូវកិលេស ជាគ្រឿង​ញុំាងសត្វឲ្យមាន​ដំណើរ​យឺតយូរ ទ្រង់ផ្តាច់ផ្តិលនូវកម្ម ជាគ្រឿង​ញុំាងសត្វឲ្យវិលវល់ ទ្រង់គ្របសង្កត់ នូវកម្មជាគ្រឿងញុំាងសត្វឲ្យវិលវល់ ទ្រង់កន្លងបង់​នូវទុក្ខ​ទាំងពួង ទ្រង់បរិនិព្វានទៅហើយ ក៏តថាគត រលឹកឃើញ​ព្រះជាតិផង រលឹកឃើញ​ព្រះនាម​ផង រលឹកឃើញព្រះគោត្រផង រលឹកឃើញប្រមាណ​នៃ​ព្រះជន្មាយុផង រលឹក​ឃើញ​​គូនៃសាវ័កផង រលឹកឃើញសាវកសន្និបាតផងថា ព្រះមានព្រះភាគទាំងនោះ មានព្រះជាតិយ៉ាងនេះខ្លះ មានព្រះនាមយ៉ាងនេះខ្លះ។បេ។ ព្រះមានព្រះភាគ​ទាំងនោះ មាន​វិមុត្តិយ៉ាងនេះខ្លះ ទាំងពួកទេវតា ក៏បានប្រាប់សេចក្តីនុ៎ះ ដល់តថាគតដែរ បានជា​ព្រះអតីតពុទ្ធទាំងឡាយ ដែល​ទ្រង់ផ្តាច់ផ្តិលនូវកិលេស ជាគ្រឿងញុំាងសត្វឲ្យ​មាន​ដំណើរ​​យឺតយូរ ទ្រង់ផ្តាច់ផ្តិល​នូវ​កម្ម ជាគ្រឿងញុំាងសត្វឲ្យវិលវល់ ទ្រង់គ្រប​សង្កត់​នូវ​កម្មជាគ្រឿង​ញុំាងសត្វឲ្យវិលវល់ ទ្រង់កន្លងបង់នូវទុក្ខទាំងពួង ទ្រង់បរិនិព្វាន​ទៅ​ហើយ ក៏តថាគត រលឹកឃើញ​ព្រះជាតិផង រលឹកឃើញព្រះនាមផង។បេ។ រលឹកឃើញ​សាវកសន្និបាត​ផងថា ព្រះមានព្រះភាគទាំងនោះ មានព្រះជាតិយ៉ាងនេះខ្លះ មានព្រះនាម​យ៉ាងនេះ។បេ។ ព្រះមានព្រះភាគទាំងនោះ មាន​វិមុត្តិយ៉ាងនេះខ្លះ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចង់ស្តាប់ធម្មីកថា ដ៏ប្រកបដោយបុព្វេនិវាស ឲ្យច្រើន​ជាងប្រមាណដែរឬទេ។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលថា បពិត្រព្រះមានព្រះភាគ កាលនេះជាកាលគួរ ដើម្បីធ្វើនូវធម្មីកថានុ៎ះហើយ បពិត្រព្រះសុគត កាលនេះជាកាលគួរ ដើម្បីធ្វើនូវធម្មីកថានុ៎ះហើយ សូមព្រះមានព្រះភាគ ធ្វើនូវធម្មីកថា ដែលប្រកបដោយ​បុព្វេនិវាស ឲ្យច្រើនជាងប្រមាណចុះ ភិក្ខុទាំងឡាយ បានស្តាប់ធម្មីកថា របស់​ព្រះមាន​ព្រះភាគ​​ហើយ ក៏នឹងចាំទុក។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ ចូរអ្នក​ទាំង​ឡាយចាំស្តាប់ចុះ ចូរប្រុងធ្វើទុកក្នុងចិត្តដោយប្រពៃចុះ តថាគត នឹងសំដែង។ ភិក្ខុ​ទាំងនោះ ក៏ទទួលព្រះពុទ្ធដីកានៃព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ។ ព្រះមាន​ព្រះភាគ ទ្រង់មានព្រះពុទ្ធដីកាដូច្នេះថា ម្នាលភិក្ខុទាំងឡាយ រាប់អំពី​ភទ្ទកប្ប​នេះ (ថយ​ក្រោយទៅ) ៩១កប្ប ព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ទ្រង់កើត​ឡើង​ក្នុង​លោក។ ម្នាលភិក្ខុទាំងឡាយ ព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ជាខត្តិយជាតិ ទ្រង់កើតក្នុងខត្តិយត្រកូល។ ម្នាលភិក្ខុទាំងឡាយ ព្រះវិបស្សីមានព្រះភាគ អរហន្ត​សម្មាសម្ពុទ្ធ ជាកោណ្ឌញ្ញគោត្រ។ ម្នាលភិក្ខុទាំងឡាយ ព្រះវិបស្សីមានព្រះភាគ អរហន្ត​សម្មាសម្ពុទ្ធ មានព្រះជន្មាយុ ៨ហ្មឺនឆ្នាំ។ ម្នាលភិក្ខុទាំងឡាយ ព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ត្រាស់ក្រោមដើមបាដលិព្រឹក្ស (ដើមជ្រនៀង)។ ម្នាលភិក្ខុទាំងឡាយ ព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ មានគូនៃសាវ័កដ៏ប្រសើរ ជាគូដ៏ចំរើន ឈ្មោះ​ខណ្ឌៈ១ តិស្សៈ១។ ម្នាលភិក្ខុទាំងឡាយ ព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ មាន​សាវកសន្និបាត៣ដង គឺសាវកសន្និបាត មានភិក្ខុ៦លាន ៨សែនរូបម្តង សាវកសន្និបាត មានភិក្ខុ១សែនរូបម្តង សាវកសន្និបាត មានភិក្ខុ៨ហ្មឺនរូបម្តង។ ម្នាលភិក្ខុទាំងឡាយ សាវកសន្និបាត របស់ព្រះវិបស្សី​មាន​ព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ទាំង៣ដងនេះ សុទ្ធតែជា​ព្រះខីណាស្រពទាំងអស់។ ម្នាលភិក្ខុទាំងឡាយ ព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ មានភិក្ខុឈ្មោះអសោកៈ ជាឧបដ្ឋាក អ្នកបំរើដ៏ប្រសើរ។ ម្នាលភិក្ខុទាំងឡាយ ព្រះបិតារបស់ព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ជាព្រះរាជា ទ្រង់ព្រះនាមពន្ធុមៈ ព្រះមាតាព្រះនាមពន្ធុមតី ជាព្រះជនេត្តី នគរឈ្មោះពន្ធុមតី ជារាជធានី នៃព្រះបាទពន្ធុមៈ។

[១២] ម្នាលភិក្ខុទាំងឡាយ កាលព្រះវិបស្សីពោធិសត្វ ច្យុតចាកឋានតុសិត ទ្រង់​មានសតិសម្បជញ្ញៈ ចុះកាន់ផ្ទៃ នៃព្រះមាតា។ នេះជាធម្មតា (របស់ព្រះពោធិសត្វ) ក្នុង​វេលាដែលចុះកាន់ផ្ទៃនៃព្រះមាតានុ៎ះ។

[១៣] ម្នាលភិក្ខុទាំងឡាយ ទំនៀមនេះ គឺក្នុងកាលដែលពោធិសត្វច្យុតចាក​ស្ថាន​តុសិត ចុះកាន់ផ្ទៃនៃព្រះមាតា។ គ្រានោះ ពន្លឺភ្លឺស្វាងច្បាស់រកប្រមាណមិនបាន ក្នុង​មនុស្សលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំង​សមណព្រាហ្មណ៍ ទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស ក៏កើតប្រាកដឡើង​ក្នុលោក ដ៏កន្លងបង់ នូវទេវានុភាព នៃទេវតាទាំងឡាយ។ ឱកាសណាដែលចំហទទេ នៅ​ក្នុង​ទីបំផុត នៃលោក ឥតមានអ្វីបាំងរាំង មានតែអ័ព្ទងងឹត ព្រះចន្ទ ព្រះអាទិត្យទាំង​នេះ សឹងមានឫទ្ធិច្រើនយ៉ាងនេះ មានអានុភាពច្រើនយ៉ាងនេះ ក៏ផ្សាយពន្លឺទៅ​មិនដល់​ក្នុង​ទីណា ពន្លឺភ្លឺស្វាងច្បាស់រកប្រមាណមិនបាន កន្លងនូវទេវានុភាព នៃទេវតា​ទាំងឡាយ ក៏​កើតប្រាកដឡើង ក្នុងទីទាំងនោះ។ ពួកសត្វណា ដែលកើតឡើង​ក្នុងទីទាំងនោះ សត្វ​អម្បាល​នោះ ក៏ស្គាល់​គ្នានឹងគ្នាច្បាស់ ដោយសារពន្លឺនោះថា អើហ្ន៎ មានពួក​សត្វ​ឯទៀត កើតក្នុងទីនេះដែរ។ លោកធាតុទាំងមួយហ្មឺននេះ ក៏កក្រើករំពើកញាប់ញ័រ ទាំង​ពន្លឺ​ដ៏ភ្លឺ​ស្វាងច្បាស់ រកប្រមាណមិនបាន ក៏កើតប្រាកដឡើងក្នុងលោក កន្លង​នូវ​ទេវានុភាព នៃទេវតាទាំងឡាយ។ នេះជាធម្មតា (របស់ពោធិសត្វ) ក្នុងវេលាដែលចុះកាន់​ផ្ទៃនៃព្រះមាតានុ៎ះ។

[១៤] ម្នាលភិក្ខុទាំងឡាយ ទំនៀមនេះ គឺក្នុងកាលដែលព្រះពោធិសត្វ ចុះកាន់​ផ្ទៃ​ព្រះមាតា មានទេវបុត្រ៤អង្គ តែងចូលទៅរក្សាក្នុងទិសទាំង៤ ដោយគិតថា កុំឲ្យមនុស្ស​ និងអមនុស្សណានីមួយ បៀតបៀនព្រះពោធិសត្វ និងព្រះមាតានៃព្រះពោធិសត្វ​នោះ​បានឡើយ។ នេះជាធម្មតា ក្នុងវេលាដែលព្រះពោធិសត្វ ចុះកាន់ផ្ទៃនៃព្រះមាតានុ៎ះ។

[១៥] ម្នាលភិក្ខុទាំងឡាយ ទំនៀមនេះ គឺក្នុងកាលដែលព្រះពោធិសត្វ ចុះកាន់​ផ្ទៃ​ព្រះមាតា ព្រះមាតានៃព្រះពោធិសត្វ ជាអ្នកមានសីល9) ដោយប្រក្រតី ជាអ្នកវៀរចាកបាណាតិបាត វៀរចាកអទិន្នាទាន វៀរចាកកាមេសុមិច្ឆារ វៀរចាកមុសាវាទ វៀរចាកសុរាមេរយមជ្ជប្បមាទដ្ឋាន។ នេះជាធម្មតា ក្នុងវេលាដែល​ព្រះពោធិសត្វចុះកាន់ផ្ទៃនៃព្រះមាតានុ៎ះ។

[១៦] ម្នាលភិក្ខុទាំងឡាយ ទំនៀមនេះ គឺក្នុងកាលដែលព្រះពោធិសត្វ ចុះកាន់​ផ្ទៃ​នៃព្រះមាតា ព្រះមាតានៃព្រះពោធិសត្វ មិនមានចិត្តប្រកបដោយកាមគុណ ក្នុងបុរស​ទាំងឡាយ ព្រះមាតានៃព្រះពោធិសត្វ មិនដែលមានបុរសណាមួយ មានចិត្តត្រេកអរ ប្រព្រឹត្តកន្លងបានឡើយ។ នេះជាធម្មតា ក្នុងវេលាដែលព្រះពោធិសត្វ ចុះកាន់ផ្ទៃនៃ​ព្រះមាតានុ៎ះ។

[១៧] ម្នាលភិក្ខុទាំងឡាយ ទំនៀមនេះ គឺក្នុងកាលដែលព្រះពោធិសត្វ ចុះកាន់​ផ្ទៃ​នៃព្រះមាតា ព្រះមាតានៃព្រះពោធិសត្វ តែងបាននូវកាមគុណទាំង៥ ជាប្រក្រតី។ ព្រះ​មាតានៃព្រះពោធិសត្វនោះ តែងស្កប់ស្កល់ប្រកបព្រម មានអ្នកផ្គាប់បម្រើដោយកាម​គុណ​ទាំង៥។ នេះជាធម្មតា ក្នុងវេលាដែលព្រះពោធិសត្វចុះកាន់ផ្ទៃនៃព្រះមាតានុ៎ះ។

[១៨] ម្នាលភិក្ខុទាំងឡាយ ទំនៀមនេះ គឺក្នុងកាលដែលព្រះពោធិសត្វ ចុះកាន់​ផ្ទៃ​នៃព្រះមាតា អាពាធណានីមួយ ក៏មិនកើតឡើងដល់ព្រះមាតា នៃព្រះពោធិសត្វឡើយ ព្រះមាតានៃព្រះពោធិសត្វ មានតែសេចក្តីសុខជាប្រក្រតី មានកាយមិនបានលំបាក មួយ​ទៀតមាតានៃព្រះពោធិសត្វ តែងមើលឃើញព្រះពោធិសត្វ ហាក់ដូចជាឋិតនៅក្រៅផ្ទៃ សព្វអវយវៈទាំងធំទាំងតូច មានឥន្ទ្រិយក៏មិនថោកថយ។ ម្នាលភិក្ខុទាំងឡាយ កែវមណី​ពិទូរ្យដ៏ល្អ មានកំណើតដ៏បរិសុទ្ធ មានជ្រុង៨ ដែលជាងឆ្នៃល្អហើយ ដ៏ថ្លាស្អាតប្រាសចាក​មន្ទិល សមរម្យដោយអាការគ្រប់យ៉ាង ចេសពណ៌ខៀវក្តី ពណ៌លឿងក្តី ពណ៌ក្រហមក្តី ពណ៌សក្តី ពណ៌លឿងទុំក្តី ដែលគេដោតហើយក្នុងកែវនោះ បុរសដែលមានភ្នែក ដាក់កែវ​នោះលើដៃ ពិចារណាឃើញច្បាស់ថា កែវមណីពិទូរ្យនេះឯង ដ៏ល្អ មានកំណើត​បរិសុទ្ធ មានជ្រុង៨ ដែលជាងបានឆ្នៃល្អហើយ ដ៏ថ្លាស្អាតប្រាសចាក​មន្ទិល សមរម្យ​ដោយ​អាការគ្រប់យ៉ាង ចេសពណ៌ខៀវក្តី ពណ៌លឿងក្តី ពណ៌ក្រហមក្តី ពណ៌សក្តី ពណ៌លឿងទុំក្តី ដែលគេដោតក្នុងកែវនោះ មានឧបមាដូចម្តេចវិញ ម្នាលភិក្ខុទាំងឡាយ ក្នុងកាលដែលពោធិសត្វចុះកាន់ផ្ទៃនៃព្រះមាតា អាពាធណានីមួយ មិនដែលកើត​ឡើង​ ដល់ព្រះមាតា ព្រះពោធិសត្វឡើយ ព្រះមាតានៃព្រះពោធិសត្វ ជាអ្នកមានសេចក្តី​សុខ​ជាប្រក្រតី មានកាយមិនលំបាក មួយទៀត ព្រះមាតា នៃព្រះពោធិសត្វ តែងមើល​ឃើញ​នូវព្រះពោធិសត្វ ហាក់ដូចជាស្ថិតនៅក្រៅផ្ទៃ ទាំងអវយវៈធំតូចទាំងអស់ មានឥន្ទ្រិយ​មិន​ថោកថយ មានឧបមេយ្យដូច្នោះឯង។ នេះជាធម្មតា ក្នុងវេលាដែលព្រះពោធិសត្វចុះកាន់​ផ្ទៃនៃព្រះមាតានុ៎ះ។

[១៩] ម្នាលភិក្ខុទាំងឡាយ ទំនៀមនេះ គឺក្នុងកាលព្រះពោធិសត្វប្រសូតមកបាន​៧ថ្ងៃ ព្រះមាតានៃព្រះពោធិសត្វ តែងធ្វើមរណកាលទៅកើតនៅស្ថានតុសិត។ នេះជាធម្មតា ក្នុងវេលាដែលព្រះពោធិសត្វ ប្រសូតចាកផ្ទៃនៃព្រះមាតានុ៎ះ។

[២០] ម្នាលភិក្ខុទាំងឡាយ ទំនៀមនេះ គឺស្ត្រីទាំងឡាយដទៃ តែងទ្រទ្រង់​គភ៌​អស់​៩ខែខ្លះ ១០ខែខ្លះ ទើបបានប្រសូតយ៉ាងណា ព្រះមាតានៃព្រះពោធិសត្វ មិនប្រសូត​យ៉ាង​នោះឡើយ។ ព្រះមាតានៃពោធិសត្វ តែងទ្រង់គភ៌ពោធិសត្វ អស់១០ខែគត់ ទើប​បាន​ប្រសូត។ នេះជាធម្មតា ក្នុងវេលាដែលព្រះពោធិសត្វប្រសូតចាកផ្ទៃនៃព្រះមាតានុ៎ះ។

[២១] ម្នាលភិក្ខុទាំងឡាយ ទំនៀមនេះ គឺស្ត្រីទាំងឡាយដទៃ តែងអង្គុយសម្រាលក៏​មាន ដេកសម្រាលក៏មានយ៉ាងណា ព្រះមាតានៃព្រះពោធិសត្វ ប្រសូតព្រះពោធិសត្វ មិនមែនយ៉ាងដូច្នោះទេ ព្រះមាតានៃព្រះពោធិសត្វ រមែងស្ថិត (ឈរ) ប្រសូតព្រះពោធិសត្វ។ នេះជាធម្មតា ក្នុងវេលាដែលព្រះពោធិសត្វប្រសូតចាកផ្ទៃ​នៃ​ព្រះមាតានុ៎ះ។

[២២] ម្នាលភិក្ខុទាំងឡាយ ទំនៀមនេះ គឺក្នុងកាលដែលព្រះពោធិសត្វ​ប្រសូត​​ចាក​ផ្ទៃ​នៃ​ព្រះមាតា ទេវតា10) ទាំងឡាយ តែងទទួល (ព្រះពោធិសត្វ) មុន ទើប​មនុស្ស​ទាំងឡាយទទួលក្រោយ។ នេះជាធម្មតា ក្នុងវេលាដែលព្រះពោធិសត្វប្រសូតចាកផ្ទៃនៃ​ព្រះមាតានុ៎ះ។

[២៣] ម្នាលភិក្ខុទាំងឡាយ ទំនៀមនេះ គឺក្នុងកាលដែលព្រះពោធិសត្វ​ប្រសូត​ចាក​ផ្ទៃនៃព្រះមាតា ព្រះពោធិសត្វមិនទាន់ចុះដល់ផែនដី មានទេវបុត្រទាំង៤ ទទួល​ព្រះអង្គ ដម្កល់ក្នុងខាងមុខ នៃព្រះមាតាថា បពិត្រព្រះនាងទេវី សូមព្រះនាង​មានចិត្តរីករាយចុះ បុត្ររបស់ព្រះនាង ជាអ្នក​មានស័ក្តិធំ ទ្រង់កើតឡើងហើយ។ នេះជាធម្មតា ក្នុងវេលាដែល​ព្រះពោធិសត្វប្រសូតចាកផ្ទៃនៃព្រះមាតានុ៎ះ។

[២៤] ម្នាលភិក្ខុទាំងឡាយ ទំនៀមនេះ គឺក្នុងកាលដែលព្រះពោធិសត្វប្រសូត​ចាកផ្ទៃនៃព្រះមាតា ដ៏ល្អល្អះ (ស្រស់បស់) ចេញមក មិនប្រឡាក់ដោយទឹក (ភ្លោះ) មិន​ប្រឡាក់ដោយស្លេស្ម មិនប្រឡាក់​ដោយឈាម មិនប្រឡាក់ដោយអសោចិ៍​ណានីមួយ​ឡើយ ជាអ្នកស្អាតបរិសុទ្ធ។ ម្នាលភិក្ខុទាំងឡាយ កែវមណីដែលបុគ្គលដាក់ចុះលើ​កាសិកពស្ត្រ កែវមណី (នោះ) មិនប្រឡាក់នូវ​កាសិកពស្ត្រឡើយ កាសិកពស្ត្រក៏​មិន​ប្រឡាក់នូវកែវមណីដែរ ហេតុអ្វីបានជាថាដូច្នោះ ព្រោះសំពត់ និងកែវមណី ទាំងពីរ​ជារបស់ស្អាត មានឧបមាដូចម្តេចមិញ ម្នាលភិក្ខុទាំងឡាយ ក្នុងកាលដែលព្រះពោធិសត្វ​ប្រសូតចាកផ្ទៃ នៃព្រះមាតា ដ៏ល្អល្អះចេញមក មិនប្រឡាក់ដោយទឹក (ភ្លោះ) មិនប្រឡាក់​ដោយស្លេស្ម មិនប្រឡាក់ដោយឈាម មិនប្រឡាក់ដោយអសោចិ៍ណានីមួយឡើយ ជាអ្នក​ស្អាតបរិសុទ្ធ មានឧបមេយ្យដូច្នោះឯង។ នេះជាធម្មតា ក្នុងវេលាដែល​ព្រះពោធិសត្វប្រសូតចាកផ្ទៃនៃព្រះមាតានុ៎ះ។

[២៥] ម្នាលភិក្ខុទាំងឡាយ ទំនៀមនេះ គឺក្នុងកាលដែលព្រះពោធិសត្វប្រសូត​ចាក​ផ្ទៃ​នៃព្រះមាតា មានធារទឹក២ ហូរចុះមកអំពីអាកាស ធារទឹក១ត្រជាក់ ធារទឹក១ក្តៅ ធ្វើ​នូវការលាងជម្រះព្រះពោធិសត្វផង ព្រះមាតាផង។ នេះជាធម្មតា ក្នុងវេលាដែល​ព្រះពោធិសត្វប្រសូតចាកផ្ទៃនៃព្រះមាតានុ៎ះ។

[២៦] ម្នាលភិក្ខុទាំងឡាយ ទំនៀមនេះ គឺក្នុងកាលដែលព្រះពោធិសត្វប្រសូត​​មកភ្លាម ទ្រង់ប្រតិស្ឋាន (ឈរលើផែនដី) ដោយព្រះបាទជាន់ស៊ប់ ឆ្ពោះព្រះភក្ត្រទៅកាន់​ទិសឧត្តរ ទ្រង់យាងឈានទៅបាន៧ជំហាន កាលដែលមហាជន កំពុងបាំងស្វេត្រឆត្រ​ថ្វាយ ក៏រមិលមើលនូវទិសទាំងពួងផង ទ្រង់ពោលនូវ អាសភិវាចា គឺវាចាដ៏ឧត្តមផងថា អញជាបុគ្គលខ្ពង់ខ្ពស់របស់លោក អញជាបុគ្គលធំបំផុតរបស់លោក អញជាបុគ្គលប្រសើរបំផុតរបស់លោក នេះជាកំណើតបំផុតរបស់អញ ឥឡូវ​នេះ ភពថ្មី​តពីនេះទៅទៀត មិនមានឡើយ។ នេះជាធម្មតា ក្នុងវេលាដែល​ព្រះពោធិសត្វ​ប្រសូត​ចាក​ផ្ទៃនៃ​ព្រះមាតានុ៎ះ។

[២៧] ម្នាលភិក្ខុទាំងឡាយ ទំនៀមនេះ គឺក្នុងកាលដែលព្រះពោធិសត្វប្រសូត​ចាក​ផ្ទៃ​នៃព្រះមាតា គ្រានោះ ពន្លឺភ្លឺស្វាងច្បាស់ រកប្រមាណមិនបាន កើតប្រាកដឡើងក្នុង​មនុស្សលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំង​សមណ​ព្រាហ្មណ៍ ទាំងមនុស្ស ជាសម្មតិទេព និងមនុស្សដ៏សេស កន្លងនូវទេវានុភាព នៃ​ទេវតាទាំងឡាយ។ ឱកាសណា ដែលចំហទទេ នៅក្នុងទីបំផុតនៃលោក ឥតមានអ្វីបាំងរំាង មានតែអ័ព្ទងងឹត ព្រះចន្ទ និងព្រះអាទិត្យ មានឫទ្ធយ៉ាងនេះ មានអានុភាពច្រើនយ៉ាងនេះ ផ្សាយពន្លឺទៅមិនដល់ក្នុងទីណា ពន្លឺភ្លឺស្វាងច្បាស់ រក​ប្រមាណ​មិនបាន ក៏កើតប្រាកដឡើងក្នុងទីទាំងនោះ កន្លងនូវទេវានុភាព នៃទេវតា​ទាំងឡាយ។ ពួកសត្វណា ដែលកើតក្នុងទីទាំងនោះ សត្វអម្បាលនោះ ក៏ស្គាល់ច្បាស់​នូវគ្នានឹងគ្នា ដោយសារពន្លឺនោះថា អើហ្ន៎ មានពួកសត្វដទៃកើតក្នុងទីនេះដែរ។ លោកធាតុទាំងមួយហ្មឺននេះ ក៏កក្រើករំពើកញាប់ញ័រ ទាំង​ពន្លឺដ៏ភ្លឺស្វាងច្បាស់ ក៏រក​ប្រមាណ​មិនបាន ក៏កើតប្រាកដឡើងក្នុងលោក កន្លង​នូវ​ទេវានុភាព នៃទេវតា​ទាំង​ឡាយ។ នេះជាធម្មតា ក្នុងវេលាដែលព្រះពោធិសត្វប្រសូតចាកផ្ទៃនៃព្រះមាតានុ៎ះ។

[២៨] ម្នាលភិក្ខុទាំងឡាយ កាលដែលព្រះវិបស្សីកុមារ ប្រសូតមករួចហើយ រាជ​បុរស​ទាំងឡាយ ក៏ក្រាបបង្គំ​ទូលព្រះបាទពន្ធុមៈថា បពិត្រព្រះសម្មតិទេព ព្រះរាជបុត្រ​របស់​ព្រះអង្គប្រសូតហើយ សូមព្រះអង្គទ្រង់ទតព្រះរាជបុត្រនោះ។ ម្នាលភិក្ខុទាំងឡាយ ព្រះបាទពន្ធុមៈ ទ្រង់ទតឃើញព្រះវិបស្សីកុមារ លុះទ្រង់ឃើញហើយ ក៏ត្រាស់បង្គាប់​ឲ្យហៅពួកព្រាហ្មណ៍ ជាហោរាមកហើយ មានព្រះរាជឱង្ការដូច្នេះថា ពួកព្រាហ្មណ៍​ ជាហោរាដ៏ចំរើន ចូរមើលកុមារ (នេះ)។ ម្នាលភិក្ខុទាំងឡាយ ពួកព្រាហ្មណ៍ ជាហោរា​ ក៏មើលនូវព្រះវិបស្សីកុមារនោះ លុះបានឃើញហើយ ក្រាបបង្គំទូលព្រះបាទ​ពន្ធុមៈយ៉ាង​នេះថា បពិត្រព្រះសម្មតិទេព សូមព្រះអង្គមានព្រះហឫទ័យរីករាយ ព្រះរាជ​បុត្ររបស់​ព្រះអង្គ​មានសក្តិ៍ធំ បានកើតឡើងហើយ បពិត្រមហារាជ ព្រះអង្គមានលាភ​ហើយ បពិត្រមហារាជ ព្រះអង្គបានដោយល្អហើយ ព្រះរាជបុត្រ ដែលមានសភាព​ដូច្នេះ កើតឡើងក្នុងត្រកូលព្រះអង្គហើយ បពិត្រ​ព្រះសម្មតិទេព ដ្បិតព្រះរាជកុមារនេះ ប្រកប​ដោយមហាបុរិសលក្ខណៈ៣២ ឯមហាបុរសដែលប្រកបដោយមហាបុរិសលក្ខណៈ៣២​ រមែងមានគតិតែ២យ៉ាង មិនមានគតិ​ដទៃទៀតទេ គឺបើនៅគ្រប់គ្រងគេហដ្ឋាន នឹងបាន​ជាស្តេចចក្រពត្រ ជាធម្មរាជ ប្រកបដោយធម៌ ជាក្សត្រិយ៍ឈ្នះសង្គ្រាម មានទីបំផុត​ទល់​នឹងសមុទ្រទាំង៤ មានជនបទដ៏មំាមួន ប្រកបដោយរតនៈ៧ប្រការ ឯរតនៈទាំង​៧ប្រការ​ របស់ព្រះអង្គ ដូច្នេះគឺ ចក្ករ័តន៍ (ចក្រកែវ) ហត្ថិរ័តន៍ (ដំរីកែវ) អស្សរ័តន៍ (សេះកែវ) មណិរ័តន៍ (កែវមណី) ឥត្ថីរ័តន៍ (ស្ត្រីកែវ) គហបតិរ័តន៍ (គហបតីកែវ) បរិនាយករ័តន៍ (នាយបរិនាយកកែវ) ជាគំរប់៧ ព្រះអង្គមានព្រះរាជបុត្រច្រើនជាងពាន់ ជាអ្នកក្លៀវក្លា មានសភាពជាអ្នកព្យាយាម (ក្លាហាន) អាចញាំញីនូវសេនារបស់ស្តេចដទៃបាន ព្រះអង្គ​គ្របសង្កត់នូវផែនដីនេះ មានសាគរជាទីបំផុត ទ្រង់គ្រប់គ្រងដោយធម៌ មិនបាច់​ប្រើអាជ្ញា មិនបាច់ប្រើសស្ត្រាវុធឡើយ ប្រសិនបើទ្រង់ចេញចាកគេហស្ថាន ទៅទ្រង់ព្រះផ្នួស នឹងបាន​ត្រាស់ ជាព្រះអរហន្ត សម្មាសម្ពុទ្ធក្នុងលោក មានដម្បូល គឺកិលេស​បើកហើយ។ បពិត្រព្រះសម្មតិទេព ព្រះរាជកុមារនេះ ប្រកបដោយមហាបុរិសលក្ខណៈ៣២ ដូចម្តេច​ខ្លះ មហាបុរស ដែលប្រកបដោយ មហាបុរិសលក្ខណៈ៣២​ រមែងមានគតិតែ២យ៉ាង មិនមែន​មានគតិ​ដទៃទៀតឡើយ គឺបើនៅគ្រប់គ្រងគេហដ្ឋាន នឹងបាន​ជាស្តេចចក្រពត្រ ប្រកបដោយធម៌ ជាក្សត្រិយ៍ទ្រង់ធម៌ ជាក្សត្រិយ៍ឈ្នះសង្គ្រាម មានទីបំផុត​ទល់​នឹងសមុទ្រទាំង៤ ព្រះអង្គ​មាន​ជនបទដ៏មំាមួន ប្រកបដោយរតនៈ៧ប្រការ ឯរតនៈ​៧ប្រការ​ របស់ព្រះអង្គ ដូច្នេះគឺ ចក្ករ័តន៍។បេ។ ទ្រង់​ឈ្នះ គ្របសង្កត់ ប្រសិនបើ​ព្រះកុមារនេះ ចេញចាកគេហដ្ឋាន ទៅទ្រង់ព្រះផ្នួស នឹងបាន​ជាព្រះអរហន្ត សម្មាសម្ពុទ្ធក្នុងលោក មានដម្បូល គឺកិលេស​បើកហើយ។

[២៩] បពិត្រព្រះសម្មតិទេព ព្រះរាជកុមារនេះ មានព្រះបាទាប្រតិស្ឋានស៊ប់ បពិត្រ​ព្រះសម្មតិទេព ព្រះរាជកុមារ ដែល​មានព្រះបាទាប្រតិស្ឋានស៊ប់នេះឯង ជាមហាបុរិសលក្ខណៈ របស់មហាបុរសនោះ។ បពិត្រព្រះសម្មតិទេព ចក្រទាំងឡាយ​ កើតមានត្រង់ផ្ទៃព្រះបាទា នៃព្រះរាជកុមារនេះ ប្រដាប់ដោយកាំមួយពាន់ ព្រមទាំង​ខ្នងកង់ និងដុំ មានចន្លោះស្មើគ្នាគ្រប់អន្លើ បពិត្រព្រះសម្មតិទេព ព្រះរាជកុមារ ដែល​មានរូបចក្រកើតមានត្រង់ផ្ទៃព្រះបាទាខាងក្រោម ប្រដាប់ដោយកាំមួយពាន់ ព្រមទាំង​ខ្នងកង់ និងដុំ មានចន្លោះស្មើគ្នាគ្រប់អន្លើនេះឯង ជាមហាបុរិសលក្ខណៈ របស់​មហាបុរសនោះ។

បពិត្រព្រះសម្មតិទេព ព្រះរាជកុមារនេះ មានព្រះបណ្ហិ គឺកែងព្រះបាទវែង។11)

បពិត្រព្រះសម្មតិទេព ព្រះរាជកុមារនេះ មានព្រះអង្គុលី គឺម្រាមព្រះហស្ត និង​ម្រាមព្រះបាទវែង។12)

បពិត្រព្រះសម្មតិទេព ព្រះរាជកុមារនេះ​ មានផ្ទៃព្រះហស្ត និងផ្ទៃព្រះបាទទន់ល្វន់ (ដូចជាដុំសំឡី ដែលគេថ្ពេចអស់មួយរយដង)។

បពិត្រព្រះសម្មតិទេព ព្រះរាជកុមារនេះ មានផ្ទៃព្រះហស្ត និងផ្ទៃព្រះបាទប្រទាក់​ដោយក្រឡាដូចជាសំណាញ់។

បពិត្រព្រះសម្មតិទេព ព្រះរាជកុមារនេះ មានព្រះបាទដូចជាអណ្តែតឡើងខាង​លើ (ហាក់ដូចជាមិនជាប់គ្នានឹងខ្នងព្រះបាទ)។

បពិត្រព្រះសម្មតិទេព ព្រះរាជកុមារនេះ មានព្រះជង្ឃា គឺស្មង (រៀវមូលត្រសូល) ស្រដៀងនឹងស្មងសត្វទ្រាយ (ពុំនោះសោត ស្រដៀងនឹងដង្ហើមស្រូវ)។

បពិត្រព្រះសម្មតិទេព ព្រះរាជកុមារនេះ កាលបើទ្រង់ព្រះសណ្ឋិត គឺទ្រង់ឈរ មិន​ឱនព្រះអង្គចុះ អាចស្ទាបព្រះជាណុ គឺជង្គង់ ដោយផ្ទៃ​ព្រះហស្តទាំង២បាន។

បពិត្រព្រះសម្មតិទេព ព្រះរាជកុមារនេះ មានព្រះអង្គាវយវៈ ដែលគប្បី​លាក់ ឲ្យ​កំបាំងដោយសំពត់ ឋិតនៅក្នុងស្រោម (ប្រហែល​ដូចជាអង្គជាតនៃដំរី ឬគោ​ឈ្មោលជាដើម)។

បពិត្រព្រះសម្មតិទេព ព្រះរាជកុមារនេះ មានព្រះឆវីវណ្ណ គឺសម្បុរ (លឿង​ភ្លឺ​អន្លង) ដូចជាសម្បុរនៃមាស។

បពិត្រព្រះសម្មតិទេព ព្រះរាជកុមារនេះ មានព្រះឆវី គឺសម្បុរល្អិត ផូរផង់ រលីង​ស្រិល រអិលធូលី ៗធ្លាក់មកត្រូវ មិនជាប់ព្រះកាយ។

បពិត្រព្រះសម្មតិទេព ព្រះរាជកុមារនេះ មានព្រះលោមា គឺរោម ក្នុងរណ្តៅ​មួយៗ តែមួយសរសៃៗ រាល់រណ្តៅ។

បពិត្រព្រះសម្មតិទេព ព្រះរាជកុមារនេះ មានចុងព្រះលោមា ង ឡើងលើ ជា​ទក្ខិណាវដ្ត វិលវង់ព័ទ្ធពេនទៅខាងស្តាំ មានពណ៌ខៀវស្រស់ ដូចជាពណ៌​នៃ​ផ្កា​អញ្ជ័ន។

បពិត្រព្រះសម្មតិទេព ព្រះរាជកុមារនេះ មានព្រះកាយត្រង់ ដូចជាកាយព្រហ្ម។

បពិត្រព្រះសម្មតិទេព ព្រះរាជកុមារនេះ មានព្រះមំសៈ គឺសាច់៧អន្លើពេញលេញ (គឺត្រង់ខ្នង ព្រះហស្តទាំង២ ខ្នងព្រះបាទទាំង២ ព្រះអង្សកូដ គឺចង្កួយស្មាទាំង២ និង​ត្រង់ព្រះខន្ធប្បទេស គឺព្រះក សរីរប្រទេសទាំង៧អន្លើនេះ មានសាច់ពេញ​លេញ​ល្អ ឥតមានឃើញសរសៃឡើយ)។

បពិត្រព្រះសម្មតិទេព ព្រះរាជកុមារនេះ មានចំណែកកន្លះព្រះកាយ13) ខាងដើម ស្រដៀងគ្នានឹងចំណែក​កន្លះ​កាយ​នៃរាជសីហ៍។

បពិត្រព្រះសម្មតិទេព ព្រះរាជកុមារនេះ មានចង្អួរនៃព្រះបិដ្ឋិប្រទេស ពេញបរិបូណ៌ គឺមានខ្នងពេញស្មើ ឥតមានចង្អួរផតខូង ត្រង់កណ្តាលឡើយ។

បពិត្រព្រះសម្មតិទេព ព្រះរាជកុមារនេះ មានទ្រង់ទ្រាយព្រះកាយ ប្រហែលនឹង​បរិមណ្ឌលនៃដើមជ្រៃ14) គឺមានកាយ និងព្យាមប្រវែងគ្នា (ដូច​ជា​ជ្រៃ​មានប្រវែង​ដើម និងមែកមិនលើស មិនខ្វះហួសគ្នាប៉ុន្មាន)។

បពិត្រព្រះសម្មតិទេព ព្រះរាជកុមារនេះ មានព្រះខន្ធប្បទេស គឺព្រះសុរង មូលសម។

បពិត្រព្រះសម្មតិទេព ព្រះរាជកុមារនេះ មានព្រះប្រសាទ គឺសរសៃល្អិតឆ្មារ ដ៏​លើសលែង សម្រាប់ទទួល​រសអាហារ។15)

បពិត្រព្រះសម្មតិទេព ព្រះរាជកុមារនេះ មានព្រះហនុ គឺចង្កា សណ្ឋាន ស្រដៀង​នឹង​ចង្ការាជសីហ៍ (ពេញបរិបូណ៌ ប្រហែលដូចព្រះចន្ទត្រង់ថ្ងៃ១២កើត)។

បពិត្រព្រះសម្មតិទេព ព្រះរាជកុមារនេះ មានព្រះទន្ត គឺធ្មេញ៤០គត់ (ខាងលើ​២០ ខាងក្រោម២០)។

បពិត្រព្រះសម្មតិទេព ព្រះរាជកុមារនេះ មានព្រះទន្តរាបស្មើ (មិនប្រជួស ឬ​ច្រពើសខ្ពស់ទាបឡើយ)។

បពិត្រព្រះសម្មតិទេព ព្រះរាជកុមារនេះ មានរបៀបនៃព្រះទន្តជិតស្និទ្ធល្អ។

បពិត្រព្រះសម្មតិទេព ព្រះរាជកុមារនេះ មានព្រះទាឋា គឺព្រះចង្កូម (ទាំង៤) សស្អាត (ភ្លឺរុងរឿងជាងពន្លឺផ្កាយព្រឹក)។

បពិត្រព្រះសម្មតិទេព ព្រះរាជកុមារនេះ មានព្រះជិវ្ហាដ៏ទន់ ល្មមល្មៃ។

បពិត្រព្រះសម្មតិទេព ព្រះរាជកុមារនេះ មានព្រះសូរសៀង គឺសូរសព្ទសំឡេង ក្រាងក្រអៅ ដូចជាសំឡេងនៃមហាព្រហ្ម កាលបើបញ្ចេញព្រះវាចា ឮពីរោះ ដូចជា​សំឡេងនៃសត្វករវិក។

បពិត្រព្រះសម្មតិទេព ព្រះរាជកុមារនេះ មានព្រះនេត្រខៀវស្រស់16) (ក្នុងទីដែលគួរខៀវ)។

បពិត្រព្រះសម្មតិទេព ព្រះរាជកុមារនេះ មានដួងព្រះនេត្រ ស្រដៀងនឹងដួង​ភ្នែក​នៃគោ (មានដួងព្រះនេត្រទាំង២ថ្លាយង់ ស្រដៀងនឹងដួងភ្នែកកូនគោសម្បុរក្រហម ដែលទើបនឹងសំរាលមួយរំពេច)។

បពិត្រព្រះសម្មតិទេព ព្រះរាជកុមារនេះ មានព្រះឧណ្ណាលោម គឺរោមដុះ​ត្រង់​ចន្លោះ​ព្រះភមូ (ចិញ្ចើម) មានសម្បុរសក្បុស ទន់ល្វន់ដូចជាសំឡី។

បពិត្រព្រះសម្មតិទេព ព្រះរាជកុមារនេះ មានព្រះសីរ្សៈ ហាក់ដូចជាប្រដាប់​ដោយ​ក្បាំងស្រេចស្រាប់ (រុងរឿងដូចជាព្រះមហាក្សត្រិយ៍ ដែលទ្រង់​នូវក្បាំងព្រះភក្ត្រ)។

បពិត្រព្រះសម្មតិទេព ព្រះរាជកុមារនេះ ដែលមានព្រះសីរ្សៈហាក់ដូច​ប្រដាប់​ដោយក្បាំងស្រេចស្រាប់ ដោយហេតុណា ហេតុនេះឯង ជាមហាបុរិសលក្ខណៈ របស់មហាបុរសនោះ។

[៣០] បពិត្រព្រះសម្មតិទេព ព្រះរាជកុមារនេះ ប្រកបដោយមហាបុរិសលក្ខណៈ​៣២ប្រការនេះឯង មហាបុរសដែលប្រកបដោយ មហាបុរិសលក្ខណៈ៣២ប្រការ​ រមែង​មានគតិតែ២យ៉ាង មិនមានគតិ​ដទៃទៀតឡើយ គឺបើនៅគ្រប់គ្រងគេហដ្ឋាន នឹងបាន​ជាស្តេចចក្រពត្រ ប្រកបដោយធម៌ ជាក្សត្រិយ៍ទ្រង់ធម៌ ជាក្សត្រិយ៍ឈ្នះសង្គ្រាម មាន​ទី​បំផុត​ទល់​នឹងសមុទ្រទាំង៤ ព្រះអង្គមានជនបទដ៏មំាមួន ប្រកបដោយរតនៈ៧ប្រការ ឯរតនៈ​៧​ប្រការ​ របស់ព្រះអង្គ ដូច្នេះ គឺ ចក្រកែវ ដំរីកែវ សេះកែវ កែវមណី ស្ត្រីកែវ គហបតីកែវ នាយបរិនាយកកែវ ជាគំរប់៧ ព្រះអង្គមានព្រះរាជបុត្រច្រើនជាងពាន់ ដ៏ក្លៀវក្លា មាន​សភាព​ជាអ្នកមានព្យាយាម អាចញាំញីនូវសេនារបស់ស្តេចដទៃបាន ព្រះអង្គ​គ្រប​សង្កត់​នូវ​ផែន​ដីនេះ ដែលមានសាគរជាទីបំផុត ទ្រង់គ្រប់គ្រងដោយធម៌ដ៏ស្មើ មិនបាច់​ប្រើអាជ្ញា មិន​បាច់​ប្រើ​សស្ត្រាវុធឡើយ ប្រសិនបើទ្រង់ចេញចាកគេហដ្ឋាន ទៅទ្រង់ព្រះផ្នួស នឹងបាន​ត្រាស់ ជាព្រះអរហន្ត សម្មាសម្ពុទ្ធក្នុងលោក មានដម្បូល គឺកិលេស​បើកហើយ។

[៣១] ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង ព្រះបាទពន្ធុមៈ ឲ្យពួកព្រាហ្មណ៍​ទាំង​ឡាយ ដែលជាហោរា ស្លៀកដណ្តប់សំពត់ថ្មីៗ ហើយឲ្យឆ្អែតស្កប់ស្កល់ដោយវត្ថុ​ជាទី​ប្រាថ្នាទាំងពួង។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ ព្រះបាទពន្ធុមៈ ទ្រង់ត្រាស់បង្គាប់​ឲ្យមេដោះទាំងឡាយ បម្រើព្រះវិបស្សីកុមារ។ ពួកស្ត្រីខ្លះ ថ្វាយព្រះក្សីររស ស្ត្រីខ្លះថ្វាយ​ព្រះស្នាន (ផ្ងូតទឹក) ស្ត្រីខ្លះថ្នាក់ថ្នម ស្ត្រីខ្លះបីបមថ្នមព។ ម្នាលភិក្ខុទាំងឡាយ កាលដែល​ព្រះវិបស្សីកុមារ ប្រសូតមកហើយ រាជបុរសទាំងឡាយ តែងបាំងនូវស្វេត្រឆ័ត្រទាំងថ្ងៃ ទាំងយប់ ដើម្បីកុំឲ្យត្រជាក់ ឬក្តៅ ស្មៅ ឬធូលី ឬទឹកសន្សើមពាល់ត្រូវបាន។ ម្នាលភិក្ខុទាំងឡាយ មួយទៀត កាលដែលព្រះវិបស្សីកុមារប្រសូតមកហើយ រមែង​ជាទី​ស្រឡាញ់ ជាទីគាប់ចិត្តរបស់ជនច្រើនគ្នា។ ម្នាលភិក្ខុទាំងឡាយ ផ្កាឧប្បលក្តី ផ្កាឈូក​ក្រហមក្តី ផ្កាឈូកសក្តី តែងជាទីស្រឡាញ់ ជាទីគាប់ចិត្ត​របស់ជនច្រើនគ្នា មានឧបមា​ដូចម្តេចមិញ ម្នាលភិក្ខុទាំងឡាយ ព្រះវិបស្សីកុមារ រមែងជាទី​ស្រឡាញ់ ជាទីគាប់ចិត្ត​របស់ជនច្រើនគ្នា ក៏មានឧបមេយ្យដូច្នោះឯង។ មានដំណាលថា ព្រះវិបស្សីកុមារនោះ គេតែងដណ្តើមបីព ផ្លាស់ប្តូរគ្នា។ ម្នាលភិក្ខុទាំងឡាយ កាលដែលព្រះវិបស្សីកុមារប្រសូត​មកហើយ មានសំឡេងស្រទន់ មានសំឡេងក្បោះក្បាយ មានសំឡេងផ្អែមល្ហែម មាន​សំឡេងគួរឲ្យអ្នកផង​ស្រឡាញ់។ ម្នាលភិក្ខុទាំងឡាយ សកុណជាតិ ឈ្មោះករវិក ដែល​នៅលើភ្នំហេមពាន្ត មានសំឡេងស្រទន់ មានសំឡេងក្បោះក្បាយ មានសំឡេងផ្អែមល្ហែម មាន​សំឡេងគួរឲ្យអ្នកផង​ស្រឡាញ់ ដូចម្តេចមិញ ម្នាលភិក្ខុទាំងឡាយ ព្រះវិបស្សីកុមារ ក៏មានសំឡេង​ស្រទន់ មានសំឡេងក្បោះក្បាយ មានសំឡេងផ្អែមល្ហែម មាន​សំឡេងគួរឲ្យអ្នកផង​ស្រឡាញ់ ដូច្នោះដែរ។ ម្នាលភិក្ខុទាំងឡាយ កាលដែលព្រះវិបស្សី​កុមារប្រសូតមកហើយ មានចក្ខុដូចជាទិព្វ កើតអំពីកម្មវិបាក កើតមានប្រាកដ អាច​មើល​ឃើញនូវ​ទីឆ្ងាយចំនួន​មួយយោជន៍ដោយជុំវិញបាន ទាំងវេលាថ្ងៃ ទាំងវេលាយប់។ ម្នាលភិក្ខុទាំងឡាយ ព្រះវិបស្សីកុមារ ដែល​ប្រសូតមកហើយ តែងសំឡឹងមើល​មិនប៉ប្រិច​ ម្នាលភិក្ខុទាំងឡាយ ទេវតាទាំងឡាយ ដែលឋិតនៅក្នុងឋានត្រៃត្រឹង្ស តែងសំឡឹងមើល​មិន​ប៉ប្រិច យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ព្រះវិបស្សីកុមារ ក៏តែងសំឡឹងមើល​មិនប៉ប្រិច​ យ៉ាងនោះឯង។ ម្នាលភិក្ខុទាំងឡាយ កាលដែលព្រះវិបស្សី​កុមារប្រសូតមកហើយ ព្រះនាមថាវិបស្សី ក៏កើតឡើងប្រាកដ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង ព្រះបាទពន្ធុមៈ គង់ក្នុងទីជំរះក្តី ទ្រង់ញុំាង​ព្រះវិបស្សីកុមារឲ្យគង់​លើ​ព្រះ​ឧរុ ពិភាក្សាក្តីទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ មានដំណាលថា ក្នុងកាលនោះ ព្រះវិបស្សី​កុមារ គង់នៅនាព្រះឧរុព្រះបិតា ពិចារណាទៅ ក៏ដឹងច្បាស់នូវសេចក្តីទាំងឡាយ​ដោយញាណ។ ព្រះវិបស្សី​កុមារ ពិចារណាទៅហើយ ក៏ដឹងច្បាស់នូវក្តីដោយញាណ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង ព្រះនាមថា វិបស្សី ក៏កើតឡើង​ដល់ព្រះវិបស្សី​កុមារ ដោយ​សុះសាយទួទៅ។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ ព្រះបាទពន្ធុមៈ ឲ្យជាង​សង់​ប្រាសាទ៣ខ្នង សម្រាប់ព្រះវិបស្សី​កុមារ (គង់) គឺប្រាសាទ១ សម្រាប់គង់​ក្នុងវស្សានរដូវ ប្រាសាទ១ សម្រាប់គង់​ក្នុងហេមន្តរដូវ ប្រាសាទ១ សម្រាប់គង់​ក្នុងគិម្ហរដូវ មានកាមគុណ​៥ ផ្គត់ផ្គង់បម្រុងទុក។ ម្នាលភិក្ខុទាំងឡាយ មានសេចក្តីដំណាលថា ក្នុងកាលនោះ ព្រះ​វិបស្សីកុមារ មានសុទ្ធតែពួក (ស្ត្រី) ឥតមានបុរស បម្រើដោយតន្ត្រីទាំងឡាយ នៅលើ​ប្រាសាទក្នុងវស្សានរដូវអស់៤ខែ មិនដែលចុះមកខាងក្រោមប្រាសាទឡើយ។

ចប់ ភាណវារៈ ទី១។

[៣២] ម្នាលភិក្ខុទាំងឡាយ ព្រះវិបស្សីកុមារ លុះកន្លងកាលច្រើនរយ ច្រើនពាន់​ឆ្នាំ​ទៅ ក៏ត្រាស់ហៅនាយសារថីមកថា​ ហៃនាយសារថីជាសំឡាញ់ស្មើចិត្តអើយ ចូរឯង​រៀប​ទឹមនូវយានទាំងឡាយ ដែលល្អៗ យើងនឹងទៅកាន់ទីឱទ្យានមើលទីភូមិដ៏ល្អ។ ម្នាលភិក្ខុ​ទាំងឡាយ ឯនាយសារថី ក៏ទទួលស្តាប់ព្រះបន្ទូលនៃព្រះវិបស្សីកុមារថា បពិត្រ​ព្រះសម្មតិ​ទេព ព្រះករុណាថ្លៃវិសេស ហើយក៏ទឹម​នូវយានទាំងឡាយដែលល្អៗ រួច​ហើយ ក្រាបបង្គំ​ទូល​ព្រះវិបស្សីកុមារថា បពិត្រព្រះសម្មតិទេព យានទាំងឡាយល្អៗ ខ្ញុំព្រះអង្គ​ទឹម​រួច​ហើយ ឥឡូវនេះ សូមព្រះអង្គកំណត់នូវកាលដ៏គួរចុះ។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ ព្រះវិបស្សីកុមារ ឡើងគង់យានដ៏ល្អ ចេញទៅកាន់ឱទ្យាន ដោយយាន​ទាំងឡាយ​ដែល​ល្អ​ៗ។ ម្នាលភិក្ខុទាំងឡាយ ព្រះវិបស្សីកុមារ កាលដែលស្តេចទៅកាន់​ឱទ្យាន បាន​ទត​ទៅ​ឃើញ​បុរសចាស់ មានឆ្អឹងជំនីរដូចជាបង្កង់ មានខ្នងកោង មានឈើ​ច្រត់ជាគ្រឿង​ទប់ទល់ កំពុងញាប់ញ័រ ក្រហល់ក្រហាយ មានវ័យកន្លងហើយ លុះឃើញ​ហើយ ក៏ត្រាស់​ហៅ​នាយ​សារថីមកថា ហៃ​នាយសារថីជាសំឡាញ់ស្មើចិត្តអើយ ចុះ​បុរស​នេះ ធ្វើដូចម្តេច បានជាសក់គាត់ មិនដូចជាសក់អ្នកឯទៀត ទាំងកាយគាត់ ក៏មិនដូច​កាយ​អ្នកឯទៀតដែរ។ នាយសារថីក្រាបបង្គំទូលថា បពិត្រព្រះសម្មតិទេព នោះឯង​ហៅថា បុរសចាស់។ ហៃនាយសារថីជាសំឡាញ់ស្មើចិត្តអើយ ចុះដូចម្តេច បុរសនុ៎ះ​ បានជា​ឈ្មោះ​ថា បុរសចាស់។ បពិត្រព្រះសម្មតិទេព ឯបុរសនេះ បានជាឈ្មោះថា​ បុរស​ចាស់ តពីនេះ​ទៅ​នុ៎ះ គាត់នឹងមិនរស់នៅយូរប៉ុន្មានទេ។ ហៃនាយសារថីជាសំឡាញ់ស្មើចិត្តអើយ ទុកជាអាត្មាអញ ត្រូវមានសេចក្តី​ចាស់​ជាធម្មតា មិនកន្លងសេចក្តីចាស់ទៅបានទេ ឬដូច​ម្តេច។ បពិត្រព្រះសម្មតិទេព មនុស្សទាំងអស់គ្នា ទោះព្រះអង្គក្តី យើងខ្ញុំទាំងឡាយក្តី សុទ្ធតែមានសេចក្តីចាស់ជាធម្មតា មិនកន្លង​សេចក្តី​ចាស់ទៅបានទេ។ ហៃនាយសារថី ជាសំឡាញ់ស្មើចិត្តអើយ បើដូច្នោះ ការទៅឱទ្យាន​ក្នុង​ថ្ងៃនេះ ល្មមប៉ុណ្ណឹងហើយ ឯងចូរ​ត្រឡប់អំពីទីនេះ ទៅកាន់​ខាងក្នុងបុរីវិញចុះ។ ម្នាលភិក្ខុទាំងឡាយ នាយសារថី ក៏ទទួល​ស្តាប់​ព្រះបន្ទូល​ព្រះវិបស្សីកុមារថា បពិត្រព្រះសម្មតិទេព ព្រះករុណាថ្លៃវិសេស ហើយក៏​ចេញអំពីទីនោះ ត្រឡប់ទៅខាង​ក្នុង​បុរីវិញទៅ។ ម្នាលភិក្ខុទាំងឡាយ មានសេចក្តី​ដំណាល​ថា ក្នុងកាលនោះ ព្រះវិបស្សីកុមារ លុះទៅដល់ខាងក្នុងបុរីហើយ ក៏មានសេចក្តី​ព្រួយ តូចព្រះទ័យ សញ្ជប់សញ្ជឹង ដោយ​ព្រះតម្រិះថា ថ្វឺយ អើហ្ន៎ សេចក្តីចាស់ តែងមាន​ប្រាកដ ដល់សត្វលោកដែលកើតហើយ។

[៣៣] ម្នាលភិក្ខុទាំងឡាយ គ្រានោះ ព្រះបាទពន្ធុមៈ ត្រាស់បង្គាប់ឲ្យរាជបុរស​ហៅ​នាយសារថីមក ហើយទ្រង់មានព្រះបន្ទូលសួរថា នែនាយសារថី សំឡាញ់ស្មើចិត្តអើយ កុមារមានសេចក្តីត្រេកអរក្នុងឱទ្យានដែរឬ នែនាយសារថី សំឡាញ់ស្មើចិត្តអើយ កុមារ​មានចិត្តរីករាយក្នុងឱទ្យានដែរឬ។ នាយសារថី ក្រាបបង្គំទូលថា បពិត្រព្រះសម្មតិទេព ព្រះរាជកុមារ មិនមានសេចក្តីត្រេកអរក្នុងឱទ្យានទេ បពិត្រព្រះសម្មតិទេព ព្រះរាជកុមារ​មិនមានព្រះទ័យរីករាយក្នុងឱទ្យានទេ។ នែ​នាយសារថី សំឡាញ់ស្មើចិត្ត កាលដែល​កុមារ​ចេញទៅកាន់ឱទ្យាន បានឃើញអ្វីខ្លះដែរឬ។ បពិត្រព្រះសម្មតិទេព កាលដែល​ព្រះរាជ​កុមារ​ ស្តេច​ទៅកាន់ឱទ្យាន បានទតឃើញបុរសចាស់ មានឆ្អឹងជំនីរដូចជាបង្កង់ មានខ្នងកោង មានឈើ​ច្រត់ ជាគ្រឿង​ទប់ទល់ កំពុងញាប់ញ័រ ក្រហល់ក្រហាយ មានវ័យកន្លងហើយ លុះទតឃើញ​ហើយ ក៏មានព្រះបន្ទូល​ដូច្នេះ នឹងខ្ញុំព្រះអង្គថា ហៃ​នាយសារថី សំឡាញ់​ស្មើ​ចិត្ត​ ចុះ​បុរស​នុ៎ះ ដូចម្តេចបានជាសក់គាត់ មិនដូចជាសក់​អ្នកទាំងឡាយឯទៀត ទាំង​កាយ​របស់គាត់ ក៏មិនដូច​កាយ​អ្នកទាំងឡាយឯទៀតដែរ ខ្ញុំព្រះអង្គក្រាបបង្គំទូលថា បពិត្រ​ព្រះសម្មតិទេព នុ៎ះឯង​ហៅថា បុរសចាស់ ព្រះរាជ​កុមារ​សួរទៀតថា នែនាយសារថី សំឡាញ់ស្មើចិត្ត ចុះដូចម្តេច បុរសនុ៎ះ​ បានជាឈ្មោះថា ចាស់ ខ្ញុំព្រះអង្គក្រាបបង្គំទូលថា បពិត្រព្រះសម្មតិទេព បុរសនុ៎ះ បានជាឈ្មោះថា​ បុរស​ចាស់ តពីនេះទៅ គាត់នឹង​មិន​រស់​នៅ​យូរប៉ុន្មានទេ ព្រះរាជកុមារសួរទៀតថា ហៃនាយសារថី សំឡាញ់ស្មើចិត្ត ទុក​ជា​អាត្មា​អញ ក៏មានសេចក្តី​ចាស់​ជាធម្មតា មិនកន្លងនូវសេចក្តី​ចាស់​ទៅ​បានទេ ឬដូចម្តេច ខ្ញុំព្រះ​អង្គ ក្រាបបង្គំទូលថា បពិត្រព្រះសម្មតិទេព មនុស្ស​ទាំងឡាយ​គ្រប់គ្នា ទោះព្រះអង្គក្តី ទោះ​យើងខ្ញុំទាំងឡាយក្តី សុទ្ធតែមាន​សេចក្តី​ចាស់ជាធម្មតា មិនកន្លង​នូវសេចក្តី​ចាស់​ទៅ​បាន​ឡើយ ព្រះរាជកុមារ ក៏មានព្រះបន្ទូល​ថា ហៃនាយសារថី សំឡាញ់ស្មើចិត្ត បើដូច្នោះ ការទៅឱទ្យាន​ក្នុង​ថ្ងៃនេះ ល្មមប៉ុណ្ណឹងហើយ ឯងចូរត្រឡប់អំពីទីនេះ ទៅកាន់​ខាង​ក្នុង​បុរី​វិញ បពិត្រព្រះសម្មតិទេព ខ្ញុំព្រះអង្គក៏​ទទួលស្តាប់ព្រះបន្ទូល​នៃព្រះវិបស្សីកុមារថា បពិត្រព្រះសម្មតិទេព ព្រះករុណាថ្លៃវិសេស ហើយក៏ចេញអំពីទីនោះ ត្រឡប់មកខាង​ក្នុង​បុរីវិញ បពិត្រព្រះសម្មតិទេព ឯព្រះកុមារនោះ លុះទៅដល់ខាងក្នុងបុរីហើយ ក៏មាន​សេចក្តី​ទុក្ខ តូចព្រះទ័យ សញ្ជប់សញ្ជឹងថា ថ្វឺយ អើហ្ន៎ សេចក្តីចាស់ តែងមានប្រាកដ ដល់​សត្វលោកដែលកើតហើយ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង ព្រះបាទពន្ធុមៈ ទ្រង់​មានព្រះតម្រិះដូច្នេះថា កុំឲ្យវិបស្សីកុមារខានសោយរាជ្យឡើយ កុំឲ្យវិបស្សីកុមារចេញ​ចាក​គេហដ្ឋានទៅបួសឡើយ កុំឲ្យពាក្យនៃពួកព្រាហ្មណ៍ ជាហោរាទៀងឡើយ។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ ព្រះបាទពន្ធុមៈ ទ្រង់ផ្គត់ផ្គង់ បម្រុងកាមគុណ​៥ ឲ្យ​ច្រើន​ឡើងទៀត ធ្វើយ៉ាងណា ឲ្យតែព្រះវិបស្សីកុមារបានសោយរាជ្យសម្បត្តិ ធ្វើយ៉ាងណា ឲ្យតែព្រះវិបស្សីកុមារខានចេញចាកគេហដ្ឋាន ទៅទ្រង់ព្រះផ្នួស ធ្វើយ៉ាងណា ឲ្យតែពាក្យនៃពួកព្រាហ្មណ៍ ជាហោរាខុសទៅវិញ។ ម្នាលភិក្ខុទាំងឡាយ ឮថា ក្នុងកាលនោះ ព្រះវិបស្សីកុមារ ឆ្អែតស្កប់ស្កល់ មានគ្រប់ព្រមដោយកាមគុណ​ទាំង​៥។

[៣៤] ម្នាលភិក្ខុទាំងឡាយ លំដាប់តមក ព្រះវិបស្សីកុមារ (លុះកន្លងកាល) ច្រើនឆ្នាំទៅ។បេ។ ម្នាលភិក្ខុទាំងឡាយ កាលដែលព្រះវិបស្សីកុមារ ស្តេចទៅកាន់​ឱទ្យាន បានទតឃើញ​បុរសមានអាពាធ ដល់នូវសេចក្តី​ទុក្ខ ឈឺធ្ងន់ ដេកត្រាំក្នុងទឹកមូត្រ និងលាមក​របស់ខ្លួន មានជនទាំងឡាយដទៃលើក​ឲ្យក្រោកឡើង មានជនទាំងឡាយដទៃ​ផ្តេកឲ្យដេក លុះទតឃើញហើយ ត្រាស់សួរនាយសារថីថា ហៃ​នាយសារថី សំឡាញ់ស្មើចិត្ត ចុះ​បុរស​នេះ ធ្វើដូចម្តេច បានជាភ្នែករបស់គាត់ មិនដូច​ភ្នែកពួកជនដទៃ ទាំងក្បាលរបស់គាត់ ក៏មិនដូចក្បាលនៃពួកជនដទៃ។ នាយសារថីក្រាបបង្គំទូលថា បពិត្រព្រះសម្មតិទេព បុរសនុ៎ះ ឈ្មោះថា បុរសឈឺ។ ហៃនាយសារថី សំឡាញ់​ស្មើ​ចិត្ត ចុះ​បុរសនុ៎ះ​ ព្រោះហេតុដូចម្តេច បានជាឈ្មោះថា បុរសឈឺ។ បពិត្រព្រះសម្មតិទេព បុរសនុ៎ះ ធ្វើដូចម្តេច នឹងឲ្យរួចចាកជម្ងឺនោះបាន (ព្រោះហេតុនោះ) បានជាឈ្មោះថា​ បុរសឈឺ។ ហៃនាយសារថី សំឡាញ់ស្មើចិត្ត ចុះចំណែកអាត្មាអញ មានជម្ងឺ​ជាធម្មតា មិនកន្លងសេចក្តីឈឺចាប់ទៅបានទេ ឬដូចម្តេច។ បពិត្រព្រះសម្មតិទេព មនុស្ស​ទាំងឡាយ​គ្រប់គ្នា ទោះព្រះអង្គក្តី ទោះយើងខ្ញុំទាំងឡាយក្តី សុទ្ធតែជាអ្នកមានជម្ងឺជាធម្មតា មិន​កន្លង​​សេចក្តីឈឺចាប់ទៅបានឡើយ។ នែនាយសារថី សំឡាញ់ស្មើចិត្ត បើដូច្នោះ ការទៅ​ឱទ្យាន​​ក្នុង​ថ្ងៃនេះ ល្មមប៉ុណ្ណឹងហើយ ឯងចូរប្រញាប់ចេញអំពីទីនេះ ត្រឡប់ទៅកាន់​ខាងក្នុងបុរីវិញ។ ម្នាលភិក្ខុទាំងឡាយ នាយសារថី ទទួលស្តាប់ព្រះបន្ទូល​ព្រះវិបស្សី​កុមារ​ថា បពិត្រព្រះសម្មតិទេព ព្រះករុណាថ្លៃវិសេស ហើយក៏ចេញអំពីឱទ្យាននោះ ត្រឡប់​មក​ខាង​ក្នុង​បុរីវិញ។ ម្នាលភិក្ខុទាំងឡាយ មានសេចក្តីដំណាលថា ក្នុងកាលនោះ ព្រះវិបស្សី​កុមារ លុះទៅដល់ខាងក្នុងបុរីហើយ ក៏មានសេចក្តីទុក្ខ តូចព្រះទ័យ សញ្ជប់សញ្ជឹងថា ថ្វឺយ អើហ្ន៎ ជរា តែងមានប្រាកដ ព្យាធិ តែងមានប្រាកដ ដល់​សត្វលោក​ដែលកើតហើយ។

[៣៥] ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ ព្រះបាទពន្ធុមៈ ទ្រង់​មាន​ព្រះបន្ទូល​ឲ្យហៅនាយសារថីមក ហើយត្រាស់សួរដូច្នេះថា នែនាយសារថី សំឡាញ់ស្មើចិត្ត កុមារមានសេចក្តីត្រេកអរក្នុងឱទ្យានដែរឬ នែនាយសារថី សំឡាញ់ស្មើចិត្ត កុមារ​មាន​ចិត្ត​រីករាយក្នុងឱទ្យានដែរឬ។ នាយសារថី ក្រាបបង្គំទូលថា បពិត្រព្រះសម្មតិទេព ព្រះរាជកុមារ មិនបានត្រេកអរក្នុងឱទ្យានទេ បពិត្រព្រះសម្មតិទេព ព្រះរាជកុមារ​មិនមាន​ព្រះទ័យរីករាយ ក្នុងឱទ្យានទេ។ នែ​នាយសារថី សំឡាញ់ស្មើចិត្ត ចុះកាលដែល​កុមារ​ទៅកាន់ឱទ្យាន បានឃើញអ្វីខ្លះ។ បពិត្រព្រះសម្មតិទេព កាលដែល​ព្រះរាជកុមារ​ ស្តេច​ទៅកាន់ឱទ្យាន បានឃើញបុរសមានអាពាធ ឈឺធ្ងន់ ដល់នូវសេចក្តី​ទុក្ខ ដេកនៅក្នុងទឹកមូត្រ និងលាមករបស់ខ្លួន ដែលជនទាំងឡាយ​ដទៃ កំពុង​លើកឲ្យក្រោក ជនទាំងឡាយ​ដទៃ កំពុងផ្តេកឲ្យដេក លុះទតឃើញ​ហើយ ក៏ទ្រង់ត្រាស់សួរ​ខ្ញុំព្រះអង្គ​ដូច្នេះថា ហៃ​នាយសារថី ជាសំឡាញ់​ស្មើ​ចិត្ត​ ចុះ​បុរសនេះ ធ្វើដូចម្តេចបានជាភ្នែករបស់គាត់ មិនដូចភ្នែកពួកជនដទៃ ទាំងក្បាល​របស់គាត់ ក៏មិនដូច​ក្បាលពួកជនដទៃដែរ ខ្ញុំព្រះអង្គក្រាបបង្គំទូលថា បពិត្រ​ព្រះសម្មតិទេព ឯបុរសនុ៎ះ ឈ្មោះថា បុរសឈឺ ទើបព្រះរាជកុមារសួរទៀតថា នែនាយសារថី សំឡាញ់ស្មើចិត្ត ចុះបុរសនុ៎ះ​ ហេតុម្តេចបានជាឈ្មោះថា បុរសឈឺ ខ្ញុំព្រះអង្គក្រាបបង្គំទូលថា បពិត្រ​ព្រះសម្មតិទេព បុរសនុ៎ះ ធ្វើដូចម្តេចនឹងឲ្យរួច​ចាកជម្ងឺនោះបាន (ព្រោះ​ហេតុនោះ) បានជាឈ្មោះថា​ បុរសឈឺ ទើបព្រះរាជកុមារសួរទៀតថា នែនាយសារថី ជាសំឡាញ់​ស្មើ​ចិត្ត ចុះចំណែក​អាត្មា​អញ មានជម្ងឺ​ជាធម្មតា មិនកន្លងសេចក្តីឈឺចាប់ទៅបានទេឬ ខ្ញុំព្រះ​អង្គ ក្រាបបង្គំទូលថា បពិត្រព្រះសម្មតិទេព មនុស្សទាំងឡាយគ្រប់គ្នា ទោះព្រះអង្គក្តី ទោះ​យើងខ្ញុំទាំងឡាយក្តី សុទ្ធតែមានជម្ងឺជាធម្មតា មិនកន្លងសេចក្តីឈឺចាប់​ទៅ​បាន​ឡើយ ឯព្រះរាជកុមារ ក៏មានព្រះបន្ទូល​ថា នែនាយសារថី សំឡាញ់ស្មើចិត្ត បើដូច្នោះ ការទៅក្នុងឱទ្យាន​ក្នុង​ថ្ងៃនេះ ល្មមប៉ុណ្ណឹងហើយ ឯងចូរចេញអំពីទីនេះ ត្រឡប់ទៅកាន់​ខាង​ក្នុង​បុរី​វិញ បពិត្រព្រះសម្មតិទេព ខ្ញុំព្រះអង្គក៏ទទួលស្តាប់ព្រះបន្ទូល​ព្រះវិបស្សី​កុមារ​ ដោយពាក្យថា បពិត្រព្រះសម្មតិទេព ព្រះករុណាថ្លៃវិសេស ហើយក៏ចេញអំពីឱទ្យាន​នោះ ត្រឡប់មកខាង​ក្នុង​បុរីវិញ បពិត្រព្រះសម្មតិទេព លុះព្រះរាជកុមារនុ៎ះ ទៅដល់​ខាង​ក្នុង​បុរីហើយ ក៏មាន​សេចក្តី​ទុក្ខ តូចព្រះទ័យ សញ្ជប់សញ្ជឹងថា ថ្វឺយ អើហ្ន៎ ជរា តែង​មាន​ប្រាកដ ព្យាធិ តែងមានប្រាកដ ដល់​សត្វលោកដែលកើតហើយ។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះឯង ព្រះបាទពន្ធុមៈ ​មានព្រះតម្រិះដូច្នេះថា កុំឲ្យវិបស្សីកុមារ​ខាន​សោយ​រាជ្យ​ឡើយ កុំឲ្យវិបស្សីកុមារ ចេញ​ចាក​គេហដ្ឋាន ទៅបួសឡើយ កុំឲ្យពាក្យ​នៃពួក​ព្រាហ្មណ៍ ជាហោរាទៀងឡើយ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង ព្រះបាទពន្ធុមៈ ផ្គត់ផ្គង់ បម្រុងកាមគុណទាំង​៥ ​ច្រើន​ឡើងទៀត ធ្វើយ៉ាងណា ឲ្យតែ​ព្រះវិបស្សីកុមារ​នៅ​សោយរាជ្យសម្បត្តិបាន ធ្វើយ៉ាងណា ឲ្យតែព្រះវិបស្សីកុមារ ខានចេញចាកគេហដ្ឋាន ទៅទ្រង់ព្រះផ្នួស ធ្វើយ៉ាងណា ឲ្យតែពាក្យនៃពួកព្រាហ្មណ៍ ជាហោរាខុសទៅវិញ។ ម្នាលភិក្ខុទាំងឡាយ មានសេចក្តីដំណាលថា ក្នុងកាលនោះ ព្រះវិបស្សីកុមារ ទ្រង់​ឆ្អែត​ស្កប់​ស្កល់ ប្រកបព្រមដោយកាមគុណ​ទាំង​៥។បេ។

[៣៦] ម្នាលភិក្ខុទាំងឡាយ កាលដែលព្រះវិបស្សីកុមារ ចេញទៅកាន់​ឱទ្យាន បានទតឃើញពពួកមហាជន កំពុងប្រជុំគ្នាធ្វើគ្រឿងសែង ដោយសំពត់​មានពណ៌​ក្រហម​ផ្សេងៗទាំងឡាយ លុះឃើញហើយ ក៏ត្រាស់សួរនាយសារថីថា ហៃ​នាយសារថី សំឡាញ់​ស្មើចិត្ត ចុះ​ពពួកមហាជននោះ ប្រជុំគ្នាធ្វើគ្រឿងសែង ដោយសំពត់​មានពណ៌​ក្រហម​ផ្សេងៗទាំងឡាយ ដើម្បីអ្វី។ នាយសារថីក្រាបបង្គំទូលថា បពិត្រព្រះសម្មតិទេព បុរសនុ៎ះ ឈ្មោះថា ធ្វើមរណកាលហើយ។ ហៃនាយសារថី សំឡាញ់​ស្មើ​ចិត្ត បើដូច្នោះ ឯង​ចូរ​បររថ ទៅត្រង់ទី​ដែលបុរសធ្វើមរណកាលនោះ (ឋិតនៅ)។ ម្នាលភិក្ខុទាំងឡាយ នាយសារថី ទទួលស្តាប់​ព្រះបន្ទូលព្រះវិបស្សីកុមារ ដោយពាក្យថា បពិត្រព្រះសម្មតិទេព ព្រះករុណា​ថ្លៃវិសេស ហើយក៏បររថសំដៅ​ទៅត្រង់​ទីដែលបុរសធ្វើមរណកាលនោះ (ឋិតនៅ)។ ម្នាលភិក្ខុទាំងឡាយ ព្រះវិបស្សីកុមារ បានទតទៅឃើញបុរស ដែលធ្វើមរណកាល​ទៅកាន់​បរលោកហើយ លុះទតឃើញហើយ ក៏ត្រាស់សួរនាយសារថីថា ហៃនាយ​សារថី សំឡាញ់ស្មើចិត្ត ចុះបុរសនុ៎ះ ដូចម្តេច បានជាហៅថា ធ្វើមរណកាល។ នាយសារថី​ក្រាបបង្គំទូលថា បពិត្រព្រះសម្មតិទេព បុរសនុ៎ះឯង បានជាឈ្មោះថា​ ធ្វើមរណកាល (ព្រោះថា) ក្នុងកាលឥឡូវនេះ មាតាក្តី បិតាក្តី ញាតិសាលោហិតទាំងឡាយដទៃក្តី លែងឃើញ​បុរសនោះហើយ ទាំងបុរសនោះសោត ក៏លែងឃើញ​មាតាបិតា និងញាតិ​សាលោហិត​ទាំងឡាយដទៃដែរ។ ហៃនាយសារថី ជាសំឡាញ់ស្មើចិត្ត ចុះចំណែក​អាត្មាអញ មានសេចក្តីស្លាប់​ជាធម្មតា មិនកន្លងសេចក្តីស្លាប់ទៅបាន ទោះព្រះបរម​បពិត្រ (ជាព្រះវរបិតា)ក្តី ព្រះនាងទេវី (ជាព្រះវរមាតា)ក្តី ព្រះញាតិសាលោហិតទាំងឡាយ​ដទៃ​ក្តី លែងបានឃើញនូវអាត្មាអញ ទាំងអាត្មាអញ ក៏លែងបានឃើញ​នូវព្រះបរមបពិត្រ ព្រះ​នាងទេវី និងព្រះញាតិសាលោហិតទាំងឡាយដទៃដែរ ឬដូចម្តេច។ នាយសារថី ក្រាបបង្គំទូលថា បពិត្រព្រះសម្មតិទេព មនុស្ស​ទាំងឡាយ​គ្រប់គ្នា ទោះព្រះអង្គក្តី យើងខ្ញុំទាំងឡាយក្តី សុទ្ធតែមានសេចក្តីស្លាប់ជាធម្មតា មិន​កន្លង​​សេចក្តីស្លាប់ទៅបានឡើយ ទាំងព្រះបរមបពិត្រក្តី ព្រះនាងទេវីក្តី ព្រះញាតិសាលោហិត​ទាំងឡាយ​ដទៃ​ក្តី ក៏លែងបានឃើញព្រះអង្គ ទាំងព្រះអង្គសោត ក៏លែងបានឃើញ​ព្រះបរមបពិត្រ ព្រះ​នាងទេវី និងព្រះញាតិសាលោហិតទាំងឡាយដទៃដែរ។ ហៃនាយសារថី ជាសំឡាញ់ស្មើចិត្ត បើដូច្នោះ ការទៅ​ឱទ្យាន​​ក្នុង​ថ្ងៃនេះ ល្មម​ប៉ុណ្ណឹង​ហើយ ឯងចូរចេញអំពីទីនេះ ត្រឡប់ទៅកាន់​ខាងក្នុងបុរីវិញ។ ម្នាលភិក្ខុទាំងឡាយ នាយសារថី ទទួលស្តាប់ព្រះបន្ទូល​នៃព្រះវិបស្សី​កុមារ ដោយពាក្យ​ថា បពិត្រ​ព្រះសម្មតិទេព ព្រះករុណាថ្លៃវិសេស ហើយក៏ចេញអំពីទីនោះ ត្រឡប់​មក​ខាង​ក្នុង​បុរីវិញ។ ម្នាលភិក្ខុទាំងឡាយ មានសេចក្តីដំណាលថា ក្នុងកាលនោះ ព្រះវិបស្សី​កុមារ លុះស្តេចទៅដល់ខាងក្នុងបុរីហើយ ក៏មានសេចក្តីទុក្ខ តូចព្រះទ័យ សញ្ជប់សញ្ជឹងថា ថ្វឺយ អើហ្ន៎ ជរា តែងមានប្រាកដ ព្យាធិ តែងមានប្រាកដ មរណៈ តែង​មានប្រាកដ ដល់​សត្វលោក​ដែលកើតហើយ។

[៣៧] ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង ព្រះបាទពន្ធុមៈ ទ្រង់​ត្រាស់បង្គាប់​ឲ្យ​រាជបុរសហៅនាយសារថីមក ហើយទ្រង់មានព្រះបន្ទូលសួរដូច្នេះថា នែនាយសារថី ជាសំឡាញ់ស្មើចិត្ត កុមារមានសេចក្តីត្រេកអរចំពោះឱទ្យានដែរឬ នែនាយសារថី ជាសំឡាញ់ស្មើចិត្ត កុមារ​មាន​ចិត្ត​រីករាយក្នុងឱទ្យានដែរឬ។ នាយសារថី ក្រាបបង្គំទូលថា បពិត្រព្រះសម្មតិទេព ព្រះរាជកុមារ មិនបានត្រេកអរចំពោះឱទ្យានទេ បពិត្រ​ព្រះសម្មតិទេព ព្រះរាជកុមារ​មិនមាន​ព្រះទ័យរីករាយ ក្នុងឱទ្យានទេ។ នែ​នាយសារថី ជាសំឡាញ់ស្មើចិត្ត ចុះកាលដែល​កុមារចេញ​ទៅកាន់ឱទ្យាន បានឃើញអ្វីខ្លះ។ នាយសារថី ក្រាបបង្គំទូល បពិត្រព្រះសម្មតិទេព កាលដែល​ព្រះរាជកុមារ​ ស្តេច​ទៅ​កាន់​ឱទ្យាន បានទតពពួកមហាជន កំពុងប្រជុំគ្នាធ្វើគ្រឿង​សែង ដោយសំពត់​ទាំងឡាយ មានពណ៌ក្រហមផ្សេងៗ លុះទតឃើញ​ហើយ ទ្រង់មានព្រះបន្ទូលដូច្នេះ នឹង​ខ្ញុំព្រះអង្គថា​ ហៃ​នាយសារថី ជាសំឡាញ់​ស្មើ​ចិត្ត​ ពពួកមហាជននោះ ប្រជុំគ្នាធ្វើគ្រឿង​សែង ដោយ​សំពត់​​ទាំងឡាយ មានពណ៌ក្រហមផ្សេងៗ ដើម្បីអ្វី ខ្ញុំព្រះអង្គក្រាបបង្គំទូលថា បពិត្រ​ព្រះសម្មតិទេព ឯបុរសនុ៎ះឯង ឈ្មោះថា ធ្វើមរណកាលហើយ ទើបព្រះរាជ​កុមារ​បង្គាប់ខ្ញុំព្រះអង្គថា ហៃនាយសារថី ជាសំឡាញ់ស្មើចិត្ត បើដូច្នោះ បុរសនោះធ្វើ​មរណ​កាលក្នុងទីណា ចូរបររថទៅក្នុងទីនោះ បពិត្រព្រះសម្មតិទេព ខ្ញុំព្រះអង្គក៏ទទួល​ស្តាប់​ព្រះបន្ទូលនៃព្រះវិបស្សីកុមារ ដោយពាក្យថា បពិត្រព្រះសម្មតិទេព ព្រះករុណាវិសេស ហើយក៏បររថសំដៅទៅទីដែល​បុរសធ្វើមរណកាលនោះ (ឋិតនៅ) បពិត្រព្រះសម្មតិទេព ព្រះរាជកុមារក៏បានទតឃើញបុរសដែលធ្វើមរណកាលទៅកាន់លោកខាងមុខ លុះទត​ឃើញហើយ ទ្រង់មានព្រះបន្ទូលដូច្នេះ នឹងខ្ញុំព្រះអង្គថា ហៃនាយសារថី ជាសំឡាញ់​ស្មើចិត្ត ចុះបុរសនុ៎ះ​ ហេតុដូចម្តេច បានជាឈ្មោះថា ធ្វើមរណកាល ខ្ញុំព្រះអង្គ​ក្រាបបង្គំ​ទូលថា បពិត្រ​ព្រះសម្មតិទេព ឯបុរសនុ៎ះ បានជាឈ្មោះថា​ ធ្វើមរណកាល (ព្រោះថា) ក្នុងកាលឥឡូវនេះ មាតាក្តី បិតាក្តី ញាតិសាលោហិតទាំងឡាយដទៃក្តី លែងបានឃើញ​បុរសនោះហើយ ទាំងបុរសនោះសោត ក៏លែងបានឃើញ​មាតាបិតា និងញាតិ​សាលោហិត​​ទាំងឡាយដទៃដែរ ទើបព្រះរាជកុមារត្រាស់សួរទៀតថា ហៃនាយសារថី ជាសំឡាញ់ស្មើចិត្ត ចុះចំណែក​អាត្មាអញ មានសេចក្តីស្លាប់​ជាធម្មតា មិនកន្លង​សេចក្តី​ស្លាប់​ទៅបាន ទោះព្រះបរម​បពិត្រក្តី ព្រះនាងទេវីក្តី ព្រះញាតិសាលោហិតទាំងឡាយ​ដទៃ​ក្តី លែងបានឃើញនូវអាត្មាអញហើយ ទាំងអាត្មាអញសោត ក៏លែងបានឃើញ​ព្រះបរមបពិត្រ ព្រះ​នាងទេវី និងព្រះញាតិសាលោហិតទាំងឡាយដទៃដែរឬ ខ្ញុំព្រះអង្គ​ក្រាបបង្គំទូលថា បពិត្រព្រះសម្មតិទេព មនុស្ស​ទាំងឡាយ​គ្រប់គ្នា ទោះព្រះអង្គក្តី យើងខ្ញុំ​ទាំងឡាយក្តី សុទ្ធតែមានសេចក្តីស្លាប់ជាធម្មតា មិន​កន្លង​​សេចក្តីស្លាប់ទៅបាន ទាំង​ព្រះបរមបពិត្រក្តី ព្រះនាងទេវីក្តី ព្រះញាតិសាលោហិត​ទាំងឡាយ​ដទៃ​ក្តី នឹងលែង​បាន​ឃើញ​ព្រះអង្គ ទាំងព្រះអង្គសោត ក៏នឹងលែងបានឃើញ​ព្រះបរមបពិត្រ ព្រះ​នាងទេវី និងព្រះញាតិសាលោហិតទាំងឡាយដទៃដែរ ទើបព្រះរាជកុមារមានព្រះបន្ទូលថា នែនាយសារថី ជាសំឡាញ់​ស្មើ​ចិត្ត បើដូច្នោះ ការទៅក្នុងឱទ្យាន​ក្នុង​ថ្ងៃនេះ ល្មម​ប៉ុណ្ណឹង​ហើយ ចូរចេញអំពីទីនេះ ត្រឡប់ទៅ​ខាង​ក្នុង​បុរី​វិញចុះ បពិត្រព្រះសម្មតិទេព ខ្ញុំព្រះអង្គ​ទទួល​ស្តាប់ព្រះបន្ទូលនៃ​ព្រះវិបស្សី​កុមារ​ ដោយពាក្យថា បពិត្រព្រះអង្គ ព្រះករុណា​ថ្លៃវិសេស ហើយក៏ចេញអំពីទី​នោះ ត្រឡប់មកខាង​ក្នុង​បុរីវិញ បពិត្រព្រះសម្មតិទេព ឯព្រះរាជកុមារនោះ លុះស្តេចទៅដល់​ខាង​ក្នុង​បុរីហើយ ក៏មាន​សេចក្តី​ទុក្ខ តូចព្រះទ័យ សញ្ជប់សញ្ជឹងថា ថ្វឺយ អើហ្ន៎ ជរា តែង​មាន​ប្រាកដ ព្យាធិ តែងមានប្រាកដ មរណៈ តែង​មានប្រាកដ ដល់​សត្វលោកដែលកើតហើយ។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះឯង ព្រះបាទពន្ធុមៈ ​ទ្រង់មានព្រះតម្រិះដូច្នេះថា កុំឲ្យវិបស្សីកុមារ​ខាន​សោយ​រាជ្យ​ឡើយ កុំឲ្យវិបស្សីកុមារ បានចេញ​ចាក​គេហដ្ឋាន ទៅបួសឡើយ កុំឲ្យពាក្យ​របស់ពួក​ព្រាហ្មណ៍ ជាហោរាពិតឡើយ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង ព្រះបាទពន្ធុមៈ ទ្រង់ផ្គត់ផ្គង់ កាមគុណទាំង​៥ ​ច្រើន​ឡើងទៀត ធ្វើយ៉ាងណា ឲ្យតែ​ព្រះវិបស្សីកុមារ​សោយរាជ្យ​សម្បត្តិ​បាន ធ្វើយ៉ាងណា ឲ្យតែព្រះវិបស្សីកុមារ ខានចេញចាកគេហដ្ឋាន ទៅបួស ធ្វើយ៉ាងណា ឲ្យតែពាក្យរបស់ពួកព្រាហ្មណ៍ ជាហោរា ទៅជាពាក្យខុស។ ម្នាលភិក្ខុទាំងឡាយ មានសេចក្តីដំណាលថា ក្នុងកាលនោះ ព្រះវិបស្សីកុមារ ទ្រង់​ឆ្អែត​ស្កប់​ស្កល់ ប្រកប​ព្រម​ដោយ​កាមគុណ​ទាំង​៥។

[៣៨] ម្នាលភិក្ខុទាំងឡាយ លំដាប់តមក ព្រះវិបស្សីកុមារ លុះកន្លងឆ្នាំច្រើនរយ ច្រើន​ពាន់ទៅ ទ្រង់ហៅនាយសារថីមកថា ហៃនាយសារថី ជាសំឡាញ់ស្មើចិត្តចូរឯងទឹម​យានទាំងឡាយដែលល្អៗ យើងនឹងទៅកាន់ឱទ្យាន ដើម្បីមើលនូវទីល្អៗ។ ម្នាលភិក្ខុទាំងឡាយ នាយសារថីទទួលស្តាប់ព្រះបន្ទូលនៃព្រះវិបស្សីកុមារ ដោយពាក្យថា បពិត្រព្រះអង្គ ព្រះករុណាវិសេស ហើយក៏ទឹមយានទាំងឡាយ ដែលល្អៗ រួចក្រាបបង្គំ​ទូល​ដល់ព្រះវិបស្សីកុមារថា បពិត្រព្រះសម្មតិទេព យានទាំងឡាយដែលល្អៗ ខ្ញុំព្រះអង្គ បានទឹមស្រេចហើយ ឥឡូវនេះ សូមទ្រង់ជ្រាបនូវកាលដ៏គួរ។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ ព្រះវិបស្សីកុមារ ទ្រង់ឡើងកាន់យានដ៏ល្អ ហើយស្តេចទៅកាន់ឱទ្យាន ដោយ​យានទាំងឡាយដ៏ល្អៗ។ ម្នាលភិក្ខុទាំងឡាយ កាលព្រះវិបស្សីកុមារ ស្តេចទៅកាន់ឱទ្យាន ក៏​បានទតឃើញបុរសមានសីសៈរលីង ជាអ្នកបួស ស្លៀកដណ្តប់សំពត់កាសាវពស្ត្រ លុះ​ឃើញហើយ ទ្រង់សួរនាយសារថីថា ហៃនាយសារថី ជាសំឡាញ់ស្មើចិត្ត ចុះបុរសនុ៎ះ ធ្វើដូចម្តេច បានជាក្បាលរបស់គាត់ មិនដូចជាក្បាលពួកជនដទៃ ទាំងសំពត់​របស់គាត់ ក៏​មិនដូចជាសំពត់​ពួកជនដទៃដូច្នេះ។ នាយសារថី ​ក្រាបបង្គំទូលថា បពិត្រព្រះសម្មតិទេព បុរសនុ៎ះឯង ឈ្មោះថា​ អ្នកបួស។ ហៃនាយសារថី ជាសំឡាញ់ស្មើចិត្ត ចុះបុរសនោះ ហេតុដូចម្តេច បានជាឈ្មោះថាអ្នកបួស។ នាយសារថី ក្រាបបង្គំទូលថា បពិត្រ​ព្រះសម្មតិទេព បុរសនោះ បានជាឈ្មោះថាអ្នកបួស ព្រោះប្រព្រឹត្តធម៌ដោយប្រពៃ ព្រោះប្រព្រឹត្តនូវធម៌ដ៏ស្មើ ដោយប្រពៃ ព្រោះប្រព្រឹត្តកុសលដោយប្រពៃ ព្រោះ​ធ្វើ​អំពើបុណ្យដោយប្រពៃ ព្រោះមិនបានបៀតបៀន​ដោយប្រពៃ ព្រោះអនុគ្រោះ​ ដល់​សត្វ​ដោយប្រពៃ។ ហៃនាយសារថី ជាសំឡាញ់ស្មើចិត្ត បុរសនោះ ឈ្មោះថាអ្នកបួស ព្រោះ​ប្រព្រឹត្តធម៌ដោយប្រពៃ ព្រោះប្រព្រឹត្តនូវធម៌ដ៏ស្មើ ដោយប្រពៃ ព្រោះប្រព្រឹត្ត​កុសល​ដោយ​ប្រពៃ ព្រោះ​ធ្វើ​អំពើបុណ្យដោយប្រពៃ ព្រោះមិនបានបៀតបៀន​ដោយប្រពៃ ព្រោះអនុគ្រោះ​ ដល់​សត្វ​ដោយប្រពៃ ជាការស្រួលពិត ហៃនាយសារថី ជាសំឡាញ់ស្មើចិត្ត បើដូច្នោះ ចូរអ្នកបររថទៅត្រង់ទីដែល​អ្នកបួសនោះឋិតនៅចុះ។ ម្នាលភិក្ខុទាំងឡាយ នាយសារថី ទទួលស្តាប់ព្រះបន្ទូលនៃព្រះវិបស្សីកុមារ ដោយពាក្យ​ថា បពិត្រព្រះអង្គ ព្រះករុណាវិសេស ហើយក៏បររថទៅ ត្រង់អ្នកបួសនោះ។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ ព្រះវិបស្សីកុមារ ទ្រង់មានព្រះបន្ទូលសួរដូច្នេះ នឹងអ្នកបួស​នោះថា នែអ្នកជាសំឡាញ់ស្មើចិត្ត ចុះអ្នកធ្វើដូចម្តេច​ បានជាក្បាល​របស់អ្នក​ មិនដូចជាក្បាលពួកជនដទៃ ទាំងសំពត់របស់អ្នក ក៏មិនដូចជាសំពត់​ពួកជនដទៃ​ដូច្នេះ។ អ្នកបួសថ្វាយព្រះពរថា បពិត្រព្រះសម្មតិទេព អាត្មាភាពហ្នឹងហើយ ដែលហៅថា​អ្នកបួស។ នែអ្នកជាសំឡាញ់ស្មើចិត្ត ព្រោះហេតុដូចម្តេច បានជាអ្នកឈ្មោះថា អ្នកបួស។ បពិត្រព្រះសម្មតិទេព អាត្មាភាព ហ្នឹងឯងបានជាឈ្មោះថា អ្នកបួស ​ព្រោះ​ប្រព្រឹត្តធម៌​ដោយ​ប្រពៃ ព្រោះប្រព្រឹត្តនូវធម៌ដ៏ស្មើ ដោយប្រពៃ ព្រោះប្រព្រឹត្តកុសល ដោយប្រពៃ ព្រោះ​ធ្វើ​អំពើបុណ្យដោយប្រពៃ ព្រោះមិនបានបៀតបៀន​ដោយប្រពៃ ព្រោះអនុគ្រោះ​ ដល់​សត្វ​ដោយប្រពៃ។ ព្រះវិបស្សីកុមារ មានព្រះរាជឱង្ការថា នែអ្នកជាសំឡាញ់​ស្មើចិត្ត អ្នកឈ្មោះថា អ្នកបួស ព្រោះប្រព្រឹត្តធម៌ដោយប្រពៃ ព្រោះប្រព្រឹត្តនូវធម៌ដ៏ស្មើ ដោយប្រពៃ ព្រោះប្រព្រឹត្តកុសលដោយប្រពៃ ព្រោះ​ធ្វើ​អំពើបុណ្យដោយប្រពៃ ព្រោះមិនបានបៀតបៀន​ដោយប្រពៃ ព្រោះអនុគ្រោះ​ ដល់​សត្វ​ដោយប្រពៃ ជាការ​ល្អណាស់។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះឯង ព្រះវិបស្សីកុមារ ទ្រង់មាន​ព្រះរាជ​ឱង្ការ​ នឹងនាយសារថីថា ហៃនាយសារថី ជាសំឡាញ់ស្មើចិត្ត បើដូច្នោះ ចូរឯងនាំយករថចេញ អំពីទីនេះ ត្រឡប់ទៅខាងក្នុងបុរីវិញចុះ ចំណែកអញ នឹងកោរសក់ ពុកមាត់ ពុកចង្កា ស្លៀកដណ្តប់សំពត់កាសាយៈទាំងឡាយ លះគេហដ្ឋាន បួសក្នុងទីនេះឯង។ ម្នាលភិក្ខុទាំងឡាយ នាយសារថី ទទួលស្តាប់ព្រះបន្ទូល​នៃព្រះវិបស្សី​កុមារ ដោយពាក្យ​ថា បពិត្រ​ព្រះអង្គ ព្រះករុណាវិសេស ហើយក៏នេះយករថចេញអំពីទីនោះ ត្រឡប់​ទៅ​ខាង​ក្នុង​បុរីវិញ។ ព្រះវិបស្សីកុមារ ទ្រង់ដាក់ព្រះកេសា និងព្រះមស្សុ ទ្រង់កាសាវពស្ត្រទាំងឡាយ លះគេហដ្ឋាន ទ្រង់ព្រះផ្នួសក្នុងទីនោះឯង។ ម្នាលភិក្ខុទាំងឡាយ ឯពពួលមហាជន ក្នុងពន្ធុមតីរាជធានី ប្រមាណ​៨ហ្មឺន​៤ពាន់​នាក់ បានឮដំណឹងថា ព្រះវិបស្សីកុមារ ទ្រង់ដាក់ព្រះកេសា និងព្រះមស្សុ ទ្រង់កាសាវពស្ត្រ​ទាំងឡាយ លះគេហដ្ឋាន ទ្រង់ព្រះផ្នួសហើយ។ លុះពពួលមហាជនទាំងនោះ បាន​ឮ​ដំណឹង​ហើយ ក៏មានសេចក្តីត្រិះរិះដូច្នេះថា ព្រះវិបស្សីកុមារ ទ្រង់ដាក់ព្រះកេសា និងព្រះមស្សុ ទ្រង់កាសាវពស្ត្រ​ទាំងឡាយ លះគេហដ្ឋាន ទៅទ្រង់ព្រះផ្នួស ចំពោះ​ធម្ម​វិន័យ និងបព្វជ្ជាណា ធម្មវិន័យ និងបព្វជ្ជានោះ មិនថោកទាបឡើយ អម្បាល​ព្រះវិបស្សីកុមារ ម្តេច ទ្រង់ដាក់ព្រះកេសា និងព្រះមស្សុ ទ្រង់កាសាវពស្ត្រ​ទាំងឡាយ លះគេហដ្ឋាន ទ្រង់ព្រះផ្នួសទៅហើយ ចុះយើងរាល់គ្នា ម្តេចក៏មិនបួស។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ​ ពពួកមហាជនទាំង៨ហ្មឺន ៤ពាន់នាក់ ក៏កោរសក់ ពុកមាត់ ពុកចង្កា ស្លៀកដណ្តប់សំពត់​កាសាយៈទាំងឡាយ ហើយបួសតាម​ព្រះវិបស្សីពោធិសត្វ ដែលចេញចាកព្រះរាជនិវេសន៍ ទ្រង់ព្រះផ្នួសក្នុងកាលនោះឯង។ ម្នាលភិក្ខុទាំងឡាយ មានសេចក្តីដំណាលថា ព្រះវិបស្សីពោធិសត្វ មានពួកបរិសទ្យ​ទាំង​នោះ ហែរហមស្តេចទៅកាន់ចារិក ក្នុងស្រុកនិគមជនបទរាជធានីទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ ព្រះវិបស្សីពោធិសត្វ ទៅគត់ក្នុងទីស្ងាត់ ទ្រង់ពួន​សម្ងំនៅ ក៏មានសេចក្តីត្រិះរិះ ក្នុងព្រះទ័យដូច្នេះថា អាត្មាអញ ដែលនៅច្របូកច្របល់​នេះ ជាការមិនសមគួរឡើយ គួរតែអាត្មាអញ ចេញចាកពួក ទៅនៅតែម្នាក់ឯង។ ម្នាលភិក្ខុទាំងឡាយ លុះសម័យជាខាងក្រោយមក ព្រះវិបស្សីពោធិសត្វ ចេញចាកពួក ទៅគង់​តែមួយព្រះអង្គ។ ឯពួកបព្វជិតទាំង៨ហ្មឺន ៤ពាន់រូបនោះ ក៏បានទៅនៅដោយ​ឡែកផ្សេង។ ព្រះវិបស្សីពោធិសត្វ ក៏ចេញទៅនៅដោយឡែកផ្សេង។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង ព្រះវិបស្សីពោធិសត្វ ចូលទៅគង់សម្ងំនៅក្នុងទីស្ងាត់ មានសេចក្តីត្រិះរិះ ក្នុង​ព្រះទ័យយ៉ាងនេះថា ឱសត្វលោកនេះ ដល់នូវសេចក្តីលំបាកណាស់តើ រមែង​កើតហើយ​ចាស់ ៗហើយស្លាប់ ៗហើយច្យុត ៗហើយកើតឡើងទៀត ប៉ុន្តែមិនដឹងច្បាស់នូវធម៌​ ជាគ្រឿងរលាស់ខ្លួនចេញចាកទុក្ខនេះឡើយ បើមិនដឹងច្បាស់នូវធម៌ ជាគ្រឿង​រលាស់​ ចេញចាកទុក្ខ គឺជរា និងមរណៈនេះហើយ កាលណាឡើយ នឹងធ្វើនូវ​ការរលាស់ចេញ​ចាកទុក្ខ គឺជរា និងមរណៈឲ្យប្រាកដឡើងបាន។

[៣៩] ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង ព្រះវិបស្សីពោធិសត្វ មានសេចក្តីត្រិះរិះ​ដូច្នេះថា កាលធម្មជាតអ្វីហ្ន៎មានឡើង ទើបមានជរា និងមរណៈ ជរានិងមរណៈកើតមាន ព្រោះអ្វីជាបច្ច័យ។ ម្នាលភិក្ខុទាំងឡាយ លុះព្រះវិបស្សីពោធិសត្វ ទ្រង់ធ្វើទុកក្នុងព្រះទ័យ ដោយព្រះយោបល់ ក៏ទ្រង់ឈ្វេងយល់ ដោយព្រះប្រាជ្ញាថា កាលបើជាតិមានហើយ ទើប​មានជរា និងមរណៈ ជរា និងមរណៈកើតមាន ព្រោះមានជាតិជាបច្ច័យ។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ ព្រះវិបស្សីពោធិសត្វ មានសេចក្តីត្រិះរិះ​ដូច្នេះទៀតថា កាលធម្មជាតអ្វីមានហ្ន៎ ទើបកើតមានជាតិ ជាតិកើតមាន ព្រោះអ្វីជាបច្ច័យ។ ម្នាលភិក្ខុ​ទាំងឡាយ លុះព្រះវិបស្សីពោធិសត្វ ទ្រង់ធ្វើទុកក្នុងព្រះទ័យ ដោយព្រះយោបល់ ក៏ទ្រង់​ឈ្វេងយល់ ដោយព្រះប្រាជ្ញាថា កាលភពមាន ជាតិក៏មាន ជាតិកើតមាន ព្រោះភពជាបច្ច័យ។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ ព្រះវិបស្សីពោធិសត្វ មានសេចក្តីត្រិះរិះ​ដូច្នេះថា កាលធម្មជាតអ្វីមានហ្ន៎ ភពទើបកើតមាន ភពកើតមាន ព្រោះអ្វីជាបច្ច័យ។ ម្នាលភិក្ខុ​ទាំងឡាយ លុះព្រះវិបស្សីពោធិសត្វ ទ្រង់ធ្វើទុកក្នុងព្រះទ័យ ដោយព្រះយោបល់ ក៏ទ្រង់​ឈ្វេងយល់ ដោយព្រះប្រាជ្ញាថា កាលឧបាទានកើតមាន ភពក៏កើតមាន ភពកើតមាន ព្រោះឧបាទានជាបច្ច័យ។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ ព្រះវិបស្សីពោធិសត្វ មានសេចក្តីត្រិះរិះ​ដូច្នេះថា កាលធម្មជាតអ្វីមានហ្ន៎ ទើបឧបាទានកើតមាន ឧបាទានកើតមាន ព្រោះអ្វីជាបច្ច័យ។ ម្នាលភិក្ខុ​ទាំងឡាយ លុះព្រះវិបស្សីពោធិសត្វ ទ្រង់ធ្វើទុកក្នុងព្រះទ័យ ដោយព្រះយោបល់ ក៏ទ្រង់​ឈ្វេងយល់ ដោយព្រះប្រាជ្ញាថា កាលតណ្ហាកើតមាន ឧបាទានទើបកើតមាន ឧបាទានកើតមាន ព្រោះតណ្ហាជាបច្ច័យ។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ ព្រះវិបស្សីពោធិសត្វ មានសេចក្តី​ត្រិះរិះ​ដូច្នេះថា កាលធម្មជាតអ្វីមានហ្ន៎ តណ្ហាទើបកើតមាន តណ្ហាកើតមាន ព្រោះអ្វីជាបច្ច័យ។ ម្នាលភិក្ខុ​ទាំងឡាយ លុះព្រះវិបស្សីពោធិសត្វ ទ្រង់ធ្វើទុកក្នុងព្រះទ័យ ដោយព្រះយោបល់ ក៏ទ្រង់​ឈ្វេងយល់ ដោយព្រះប្រាជ្ញាថា កាលវេទនាកើតមាន តណ្ហាទើបកើតមាន តណ្ហាកើតមាន ព្រោះវេទនាជាបច្ច័យ។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ ព្រះវិបស្សីពោធិសត្វ មានសេចក្តីត្រិះរិះ​ដូច្នេះថា កាលធម្មជាតអ្វីមានហ្ន៎ ទើបវេទនាកើតមាន វេទនាកើតមាន ព្រោះអ្វីជាបច្ច័យ។ ម្នាលភិក្ខុ​ទាំងឡាយ លុះ​ព្រះវិបស្សី​ពោធិសត្វ ទ្រង់ធ្វើទុកក្នុងព្រះទ័យ ដោយព្រះយោបល់ ក៏ទ្រង់​ឈ្វេងយល់ ដោយព្រះប្រាជ្ញាថា កាលផស្សៈកើតមាន វេទនាទើបកើតមាន វេទនាកើតមាន ព្រោះផស្សៈជាបច្ច័យ។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ ព្រះវិបស្សីពោធិសត្វ មានសេចក្តីត្រិះរិះ​ដូច្នេះថា កាលធម្មជាតអ្វីមានហ្ន៎ ផស្សៈទើបកើតមាន ផស្សៈកើតមាន ព្រោះអ្វីជាបច្ច័យ។ ម្នាលភិក្ខុ​ទាំងឡាយ លុះព្រះវិបស្សីពោធិសត្វ ទ្រង់ធ្វើទុកក្នុងព្រះទ័យ ដោយព្រះយោបល់ ក៏ទ្រង់​ឈ្វេងយល់ ដោយព្រះប្រាជ្ញាថា កាលសឡាយតនៈកើតមាន ផស្សៈទើបកើតមាន ផស្សៈកើតមាន ព្រោះសឡាយតនៈជាបច្ច័យ។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ ព្រះវិបស្សីពោធិសត្វ មានសេចក្តីត្រិះរិះ​ដូច្នេះថា កាលធម្មជាតអ្វីមានហ្ន៎ សឡាយតនៈទើបកើតមាន សឡាយតនៈ កើតមាន ព្រោះអ្វីជាបច្ច័យ។ ម្នាលភិក្ខុ​ទាំងឡាយ លុះព្រះវិបស្សីពោធិសត្វ ទ្រង់ធ្វើទុកក្នុងព្រះទ័យ ដោយព្រះយោបល់ ក៏ទ្រង់​ឈ្វេងយល់ ដោយព្រះប្រាជ្ញាថា កាលនាមរូបកើតមាន សឡាយតនៈទើបកើតមាន សឡាយតនៈ កើតមាន ព្រោះនាមរូបជាបច្ច័យ។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ ព្រះវិបស្សីពោធិសត្វ មានសេចក្តីត្រិះរិះ​ដូច្នេះថា កាលធម្មជាតអ្វីមានហ្ន៎ នាមរូប ទើបកើតមាន នាមរូបកើតមាន ព្រោះអ្វីជាបច្ច័យ។ ម្នាលភិក្ខុ​ទាំងឡាយ លុះព្រះវិបស្សី​ពោធិសត្វ ទ្រង់ធ្វើទុកក្នុងព្រះទ័យ ដោយព្រះយោបល់ ក៏ទ្រង់​ឈ្វេងយល់ ដោយ​ព្រះប្រាជ្ញា​ថា កាលវិញ្ញាណកើតមាន នាមរូបទើបកើតមាន នាមរូបកើតមាន ព្រោះវិញ្ញាណជាបច្ច័យ។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ ព្រះវិបស្សីពោធិសត្វ មានសេចក្តីត្រិះរិះ​ដូច្នេះថា កាលធម្មជាតអ្វីមានហ្ន៎ វិញ្ញាណទើបកើតមាន វិញ្ញាណ​កើតមាន ព្រោះអ្វីជាបច្ច័យ។ ម្នាលភិក្ខុ​ទាំងឡាយ លុះព្រះវិបស្សីពោធិសត្វ ទ្រង់ធ្វើ​ទុក​ក្នុង​ព្រះទ័យ ដោយព្រះយោបល់ ក៏ទ្រង់​ឈ្វេងយល់ ដោយព្រះប្រាជ្ញាថា កាលនាមរូបកើតមាន វិញ្ញាណទើបកើតមាន វិញ្ញាណកើតមាន ព្រោះនាមរូបជាបច្ច័យ។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ ព្រះវិបស្សីពោធិសត្វ មានសេចក្តីត្រិះរិះ​ដូច្នេះថា វិញ្ញាណនេះ តែងត្រឡប់ទៅ ត្រឡប់មក មិនទៅហួសខាងនាយអំពីនាមរូបឡើយ ដោយ​ហេតុមានប្រមាណប៉ុណ្ណេះ បានជាសត្វកើតហើយចាស់ ៗហើយស្លាប់ ៗហើយច្យុត ៗហើយកើតឡើងទៀត វិញ្ញាកើតមាន ព្រោះនាមរូបជាបច្ច័យ នាមរូបកើតមាន ព្រោះ​វិញ្ញាណជាបច្ច័យ សឡាយតនៈកើតមាន ព្រោះនាមរូបជាបច្ច័យ ផស្សៈកើតមាន ព្រោះ​សឡាយតនៈជាបច្ច័យ វេទនាកើតមាន ព្រោះផស្សៈជាបច្ច័យ តណ្ហាកើតមាន ព្រោះ​វេទនាជាបច្ច័យ ឧបាទានកើតមាន ព្រោះតណ្ហាជាបច្ច័យ ភពកើតមាន ព្រោះឧបាទាន​ជាបច្ច័យ ជាតិកើតមាន ព្រោះភពជាបច្ច័យ ជរា និងមរណៈកើតមាន ព្រោះជាតិ​ជាបច្ច័យ សោកៈ បរិទេវៈ (សេចក្តីខ្សឹកខ្សួល) ទុក្ខ ទោមនស្ស និងឧបាយាសៈ (ទង្គឹះ​ក្នុងចិត្ត) ក៏កើតមានព្រម ការកើតឡើងនៃកងទុក្ខទាំងអស់នេះ រមែង​មានដោយ​អាការ​យ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ ចក្ខុ ញាណ បញ្ញា វិជ្ជា ពន្លឺ ក្នុងធម៌ទាំងឡាយ ដែល​មិនធ្លាប់ឮ ក្នុងកាលមុន កើតឡើងដល់ព្រះវិបស្សីពោធិសត្វថា កើតឡើង កើតឡើងហ្ន៎។

[៤០] ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង ព្រះវិបស្សីពោធិសត្វ មានសេចក្តី​ត្រិះរិះ​ដូច្នេះថា កាលធម្មជាតអ្វីមិនមានហ្ន៎ ទើបជរា និងមរណៈមិនមាន ជរានិងមរណៈរលត់ទៅ ព្រោះរលត់ធម្មជាតអ្វី។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ សេចក្តី​ត្រាស់ដឹងដោយព្រះប្រាជ្ញាថា កាលជាតិមិនមាន ​ជរា និងមរណៈក៏មិនមាន ការរលត់ទៅនៃជរា និងមរណៈ ព្រោះរលត់ជាតិដូច្នេះ ក៏កើតមានឡើង ដល់​ព្រះវិបស្សី​ពោធិសត្វ ព្រោះទ្រង់ពិចារណា ដោយព្រះយោបល់។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ ព្រះវិបស្សីពោធិសត្វ មានសេចក្តីត្រិះរិះ​ដូច្នេះថា កាលធម្មជាតអ្វីមិនមានហ្ន៎ ទើបជាតិ​មិនមាន ការរលត់ទៅនៃជាតិ ព្រោះរលត់ធម្មជាតិអ្វី។ ម្នាលភិក្ខុ​ទាំងឡាយ លំដាប់នោះ សេចក្តី​ត្រាស់ដឹងដោយព្រះប្រាជ្ញាថា កាលបើភពមិនមាន ជាតិក៏មិនមាន ការរលត់ទៅនៃជាតិ ព្រោះរលត់ភពដូច្នេះ កើតមានឡើង ដល់​ព្រះវិបស្សី​ពោធិសត្វ ព្រោះទ្រង់ពិចារណា ដោយព្រះយោបល់។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ ព្រះវិបស្សីពោធិសត្វ មានសេចក្តីត្រិះរិះ​ដូច្នេះថា កាលធម្មជាតអ្វីមិនមានហ្ន៎ ទើបភព​មិនមាន ការរលត់ទៅនៃភព ព្រោះរលត់ធម្មជាតិអ្វី។ ម្នាលភិក្ខុ​ទាំងឡាយ លំដាប់នោះ សេចក្តី​ត្រាស់ដឹងដោយព្រះប្រាជ្ញាថា កាលឧបាទានមិនមាន ភពក៏មិនមាន ការរលត់ទៅនៃភព ព្រោះរលត់ឧបាទានដូច្នេះ ក៏កើតមានឡើង ដល់​ព្រះវិបស្សី​ពោធិសត្វ ព្រោះទ្រង់ពិចារណា ដោយព្រះយោបល់។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ ព្រះវិបស្សីពោធិសត្វ មានសេចក្តីត្រិះរិះ​ដូច្នេះថា កាលធម្មជាតអ្វីមិនមានហ្ន៎ ទើបឧបាទាន​​មិនមាន ការរលត់ទៅនៃឧបាទាន ព្រោះរលត់ធម្មជាតិអ្វី។ ម្នាលភិក្ខុ​ទាំងឡាយ លំដាប់នោះ សេចក្តី​ត្រាស់ដឹងដោយព្រះប្រាជ្ញាថា កាលបើតណ្ហាមិនមាន ឧបាទានក៏មិនមាន ការរលត់ទៅនៃឧបាទាន ព្រោះរលត់តណ្ហាដូច្នេះ ក៏កើតមានឡើង ដល់​ព្រះវិបស្សី​ពោធិសត្វ ព្រោះទ្រង់ពិចារណា ដោយព្រះយោបល់។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ ព្រះវិបស្សីពោធិសត្វ មានសេចក្តីត្រិះរិះ​ដូច្នេះថា កាលធម្មជាតអ្វីមិនមានហ្ន៎ ទើបតណ្ហា​មិនមាន ការរលត់ទៅនៃតណ្ហា ព្រោះរលត់ធម្មជាតអ្វី។ ម្នាលភិក្ខុ​ទាំងឡាយ លំដាប់នោះ សេចក្តី​ត្រាស់ដឹងដោយព្រះប្រាជ្ញាថា កាលបើវេទនាមិនមាន តណ្ហា​ក៏មិនមាន ការរលត់ទៅនៃតណ្ហា ព្រោះរលត់វេទនាដូច្នេះ ក៏កើតមានឡើង ដល់​ព្រះវិបស្សី​ពោធិសត្វ ព្រោះទ្រង់ពិចារណា ដោយព្រះយោបល់។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ ព្រះវិបស្សីពោធិសត្វ មានសេចក្តីត្រិះរិះ​ដូច្នេះថា កាលធម្មជាតអ្វីមិនមានហ្ន៎ ទើបវេទនា​មិនមាន ការរលត់ទៅនៃវេទនា ព្រោះរលត់ធម្មជាតអ្វី។ ម្នាលភិក្ខុ​ទាំងឡាយ លំដាប់នោះ សេចក្តី​ត្រាស់ដឹងដោយព្រះប្រាជ្ញាថា កាលផស្សៈមិនមាន វេទនាក៏មិនមាន ការរលត់ទៅនៃវេទនា ព្រោះរលត់ផស្សៈដូច្នេះ ក៏កើតមានឡើង ដល់​ព្រះវិបស្សី​ពោធិសត្វ ព្រោះទ្រង់ពិចារណា ដោយព្រះយោបល់។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង ព្រះវិបស្សីពោធិសត្វ មានសេចក្តីត្រិះរិះ​ដូច្នេះថា កាលធម្មជាតអ្វីមិនមានហ្ន៎ ទើបផស្សៈ​មិនមាន ការរលត់ទៅនៃផស្សៈ ព្រោះរលត់ធម្មជាតអ្វី។ ម្នាលភិក្ខុ​ទាំងឡាយ លំដាប់នោះ សេចក្តី​ត្រាស់ដឹងដោយព្រះប្រាជ្ញាថា កាលសឡាយតនៈមិនមាន ផស្សៈក៏មិនមាន ការរលត់ទៅនៃផស្សៈ ព្រោះរលត់សឡាយតនៈដូច្នេះ ក៏កើតឡើង ដល់​ព្រះវិបស្សី​ពោធិសត្វ ព្រោះទ្រង់ពិចារណា ដោយព្រះយោបល់។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ ព្រះវិបស្សីពោធិសត្វ មានសេចក្តីត្រិះរិះ​ដូច្នេះថា កាលធម្មជាតអ្វីមិនមានហ្ន៎ ទើបសឡាយតនៈ​មិនមាន ការរលត់ទៅនៃសឡាយតនៈ ព្រោះរលត់ធម្មជាតអ្វី។ ម្នាលភិក្ខុ​ទាំងឡាយ លំដាប់នោះ សេចក្តី​ត្រាស់ដឹងដោយព្រះប្រាជ្ញាថា កាលនាមរូប​មិន​មាន សឡាយតនៈក៏មិនមាន ការរលត់ទៅនៃសឡាយតនៈ ព្រោះរលត់នាមរូបដូច្នេះ ក៏កើតមានឡើង ដល់​ព្រះវិបស្សី​ពោធិសត្វ ព្រោះទ្រង់ពិចារណា ដោយព្រះយោបល់។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ ព្រះវិបស្សីពោធិសត្វ មានសេចក្តីត្រិះរិះ​ដូច្នេះថា កាលធម្មជាតអ្វីមិនមានហ្ន៎ ទើបនាមរូប​មិនមាន ការរលត់ទៅនៃនាមរូប ព្រោះរលត់ធម្មជាតអ្វី។ ម្នាលភិក្ខុ​ទាំងឡាយ លំដាប់នោះ សេចក្តី​ត្រាស់ដឹងដោយ​ព្រះប្រាជ្ញាថា កាលវិញ្ញាណមិនមាន នាមរូបក៏មិនមាន ការរលត់ទៅនៃនាមរូប ព្រោះ​រលត់វិញ្ញាណដូច្នេះ ក៏កើតឡើង ដល់​ព្រះវិបស្សី​ពោធិសត្វ ព្រោះទ្រង់ពិចារណា ដោយ​ព្រះយោបល់។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ ព្រះវិបស្សីពោធិសត្វ មានសេចក្តីត្រិះរិះ​ដូច្នេះថា កាលធម្មជាតអ្វីមិនមានហ្ន៎ ទើបវិញ្ញាណ​មិនមាន ការរលត់ទៅនៃវិញ្ញាណ ព្រោះរលត់ធម្មជាតអ្វី។ ម្នាលភិក្ខុ​ទាំងឡាយ លំដាប់នោះ សេចក្តី​ត្រាស់ដឹងដោយ​ព្រះប្រាជ្ញាថា កាលនាមរូបមិនមាន វិញ្ញាណក៏មិនមាន ការរលត់ទៅនៃវិញ្ញាណ ព្រោះរលត់នាមរូបដូច្នេះ ក៏កើតមានឡើង ដល់​ព្រះវិបស្សី​ពោធិសត្វ ព្រោះទ្រង់ពិចារណា ដោយព្រះយោបល់។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង ព្រះវិបស្សីពោធិសត្វ មានសេចក្តីត្រិះរិះ​ដូច្នេះថា វិបស្សនាមគ្គនេះ អាត្មាអញ បានត្រាស់ដឹងហើយ ការរលត់​ទៅនៃវិញ្ញាណ​ ព្រោះរលត់នាមរូប ការរលត់ទៅនៃនាមរូប ព្រោះរលត់វិញ្ញាណ ការរលត់ទៅនៃសឡាយតនៈ ព្រោះរលត់នាមរូប ការរលត់ទៅនៃផស្សៈ ព្រោះរលត់​សឡាយតនៈ ការរលត់ទៅនៃវេទនា ព្រោះរលត់ផស្សៈ ការរលត់ទៅនៃតណ្ហា ព្រោះ​រលត់​វេទនា ការរលត់ទៅនៃឧបាទាន ព្រោះរលត់តណ្ហា ការរលត់ទៅនៃភព ព្រោះ​រលត់នៃ​ឧបាទាន ការរលត់ទៅនៃជាតិ ព្រោះរលត់ភព ជរា និងមរណៈរលត់ ព្រោះ​រលត់​ជាតិ សោកៈ បរិទេវៈ ទុក្ខ ទោមនស្ស និងឧបាយាសៈ ក៏រលត់ទៅ ការរលត់ទៅនៃ​កងទុក្ខ​ទាំងអស់នេះ រមែងមានដោយអាការយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ ចក្ខុ ញាណ បញ្ញា វិជ្ជា ពន្លឺ ក្នុងធម៌ទាំងឡាយ​ដែលមិនធ្លាប់ឮ ក្នុងកាលមុន ក៏កើតឡើង ដល់ព្រះវិបស្សី​ពោធិសត្វថា រលត់ រលត់ហ្ន៎។

[៤១] ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ លុះសម័យជាខាងក្រោយមក ព្រះវិបស្សី​ពោធិសត្វ ទ្រង់ពិចារណានូវការកើត និងការរលត់ទៅក្នុងឧបាទានក្ខន្ធទាំង៥ថា រូប​យ៉ាង​នេះ ការកើតឡើងនៃរូបយ៉ាងនេះ ការរលត់ទៅនៃរូបយ៉ាងនេះ វេទនា​​យ៉ាង​នេះ ការកើតឡើងនៃវេទនាយ៉ាងនេះ ការរលត់ទៅនៃវេទនាយ៉ាងនេះ សញ្ញា​​យ៉ាង​នេះ ការកើតឡើងនៃសញ្ញាយ៉ាងនេះ ការរលត់ទៅនៃសញ្ញាយ៉ាងនេះ សង្ខារ​ទាំងឡាយ​យ៉ាង​នេះ ការកើតឡើងនៃសង្ខារទាំងឡាយយ៉ាងនេះ ការរលត់ទៅនៃសង្ខារទាំងឡាយ​យ៉ាងនេះ វិញ្ញាណ​​យ៉ាង​នេះ ការកើតឡើងនៃវិញ្ញាណយ៉ាងនេះ ការរលត់ទៅនៃវិញ្ញាណយ៉ាងនេះ។ កាលដែលព្រះវិបស្សីពោធិសត្វ ទ្រង់ពិចារណា​ នូវ​កិរិយាកើតឡើង និងការរលត់ទៅ ក្នុងឧបាទានក្ខន្ធទាំង៥ មិនយូរប៉ុន្មាន ព្រះទ័យ​នៃ​ព្រះអង្គ ក៏រួចស្រឡះ ចាកអាសវៈទាំងឡាយ ព្រោះមិនមានឧបាទាន។

ចប់ ទុតិយភាណវារៈ។

[៤២] ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ ព្រះវិបស្សីមានព្រះភាគ អរហន្តសម្មា​សម្ពុទ្ធ ទ្រង់មានសេចក្តីត្រិះរិះដូច្នេះថា គួរតែ តថាគតសំដែងធម៌។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ ព្រះវិបស្សីមានព្រះភាគ អរហន្តសម្មា​សម្ពុទ្ធ ទ្រង់មានសេចក្តីត្រិះរិះ​ដូច្នេះថា ធម៌​ដែលតថាគតត្រាស់ដឹងហើយនេះ ជាធម៌ជ្រាលជ្រៅ បុគ្គលឃើញបានដោយក្រ ត្រាស់ដឹង​តាមបានដោយក្រ ជាធម៌រម្ងាប់ទុក្ខ ជាធម៌ថ្លៃថ្លា ជាធម៌ដែលបុគ្គលត្រិះរិះ​យក​ឯង​មិនបាន ជាធម៌ល្អិត មានតែបណ្ឌិត ទើបដឹងបាន ក៏ពួកសត្វនេះ មានអាល័យ គឺ​កាមគុណ ជាទីត្រេកអរ ត្រេកអរក្នុងកាមគុណ រីករាយក្នុងកាមគុណ បដិច្ចសមុប្បាទ ដែល​មានកាមគុណនេះជាបច្ច័យ បដិច្ចសមុប្បាទនេះ ជាឋានៈ ដែលពួកសត្វ​មានកាម​គុណជាទីត្រេកអរ ត្រេកអរក្នុងកាមគុណ រីករាយក្នុងកាមគុណ ឃើញបានដោយ​ក្រ ធម៌ដែលជាគ្រឿង​រម្ងាប់នូវសង្ខារទាំងពួង លះបង់នូវ​ឧបធិក្កិលេសទាំងពួង អស់ទៅ​នៃតណ្ហា ប្រាសចាករាគៈ រលត់ (នូវកងទុក្ខ) និងព្រះនិព្វាន នេះឯងក៏ជាឋានៈ ដែល​ពួក​សត្វឃើញបានដោយក្រ បើទុកជាតថាគតសំដែងធម៌ ពួកសត្វដទៃក៏មិនគប្បីដឹងច្បាស់​បាន សេចក្តីលំបាកកាយនោះ នឹងមានដល់តថាគត ការបៀតបៀនកាយនោះ នឹង​មានដល់​តថាគត។ ម្នាលភិក្ខុទាំងឡាយ មិនតែប៉ុណ្ណោះ មានសេចក្តីដំណាលថា គាថា​ទាំងឡាយនេះ ដ៏ចំឡែក ដែលព្រះពុទ្ធវិបស្សី ទ្រង់មិនធ្លាប់បានឮក្នុងកាលមុន ក៏ច្បាស់​ប្រាកដ ដល់ព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធថា

ឥឡូវនេះ តថាគតគួរនឹងសំដែងធម៌ ដែលតថាគតបានត្រាស់ដឹងដោយ​កម្រ សត្វទាំងឡាយ ដែលរាគៈ ទោសៈ គ្របសង្កត់ ក៏មិនងាយនឹងត្រាស់ដឹង​ធម៌​នេះបានឡើយ។ សត្វទាំងឡាយ អ្នកត្រេកត្រអាល ដោយរាគៈ ដែលគំនរ​នៃ​ងងឹត​ គឺអវិជ្ជា កំពុងចាក់ស្រែះ មុខជានឹងមិនឃើញធម៌ ដែល​នាំសត្វឲ្យដល់​នូវ​ព្រះនិព្វាន ជាធម៌ល្អិតសុខុម ជ្រាលជ្រៅ ដែលសត្វឃើញ​ដោយកម្រ។

[៤៣] ម្នាលភិក្ខុទាំងឡាយ កាល​ព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ពិចារណាឃើញ ដោយសេចក្តីត្រិះរិះដូច្នេះហើយ ព្រះហឫទ័យ ឱនទៅរកសេចក្តី​ខ្វល់​ខ្វាយតិច មិនឱនទៅរកការសំដែងធម៌ឡើយ។

[៤៤] ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ មហាព្រហ្ម១រូប បានដឹងនូវបរិវិតក្កៈ ក្នុង​ព្រះហឫទ័យ នៃព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ដោយចិត្ត​របស់ខ្លួន​ហើយ ទើប​គិតរំពឹងដូច្នេះថា ឱសត្វលោកវិនាសតើ ឱសត្វលោកវិនាសតើ ព្រោះ​ព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ មានព្រះហឫទ័យឱនទៅរកសេចក្តី​ខ្វល់ខ្វាយ​តិច មិនឱនទៅរកការសំដែងធម៌ឡើយ។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ​ មហាព្រហ្ម​នោះ ក៏បាត់អំពីព្រហ្មលោកមកប្រតិស្ឋាន ក្នុងទីចំពោះព្រះភក្ត្រ នៃព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ប្រៀបដូចបុរសមានកំឡាំង លាចេញ​នូវកំភួនដៃ ដែលបត់ចូល ឬបត់ចូលនូវ​កំភួនដៃ ដែលលាចេញ។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ មហាព្រហ្ម ធ្វើនូវសំពត់បង់ក ឆៀងស្មាម្ខាង លុតចុះនូវមណ្ឌល​នៃជង្គង់​ខាងស្តាំលើផែនដី ប្រណម្យអញ្ជលី ចំពោះព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ក៏ក្រាបបង្គំ​ទូលព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ ទ្រង់សំដែងធម៌ សូមព្រះសុគត ទ្រង់សំដែង​ធម៌ (ដ្បិត) សត្វទាំងឡាយក្នុងលោកនេះ ដែលមានធូលី គឺរាគាទិក្កិលេស ក្នុងចក្ខុ​ស្រាល​ស្តើងក៏មាន តែមិនបានស្តាប់ធម៌ មុខជានឹងសាបសូន្យមិនខាន ពួកសត្វដែលបម្រុង​នឹង​ត្រាស់ដឹងធម៌ ក៏គង់មានដែរ។ ម្នាលភិក្ខុទាំងឡាយ កាលមហាព្រហ្មក្រាបបង្គំទូល​យ៉ាងនេះហើយ ព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ក៏ត្រាស់ដូច្នេះ នឹង​មហាព្រហ្មនោះថា ម្នាលព្រហ្ម តថាគតមានសេចក្តីត្រិះរិះថា គួរតែតថាគតសំដែង​ធម៌​ដូច្នេះដែរ។ ម្នាលព្រហ្ម តថាគតមានសេចក្តីត្រិះរិះដូច្នេះថា ធម៌ដែលតថាគតត្រាស់​ដឹង​ហើយនេះ ជាធម៌ជ្រាលជ្រៅ សត្វឃើញបានដោយក្រ ត្រាស់ដឹងបានដោយក្រ ជាធម៌​រម្ងាប់​ទុក្ខ ជាធម៌ថ្លៃថ្លា ជាធម៌ដែល​បុគ្គលត្រិះរិះយកឯង​មិនបាន ជាធម៌ល្អិត មានតែ​បណ្ឌិតទើបដឹងបាន ពួកសត្វនេះ មានអាល័យ គឺកាមគុណជាទីត្រេកអរ ត្រេកអរក្នុងកាម​គុណ រីករាយក្នុងកាមគុណ បដិច្ចសមុប្បាទ ដែលមានកាមគុណនេះ​ជាបច្ច័យ បដិច្ចសមុប្បាទនេះ ជាឋានៈដែលពួកសត្វ មានកាមគុណជាទីត្រេកអរ ត្រេកអរក្នុងកាម​គុណ រីករាយក្នុងកាមគុណ ឃើញបានដោយក្រ ធម៌ដែល​ជាគ្រឿង​រម្ងាប់​នូវសង្ខារទាំងពួង លះបង់នូវឧបធិក្កិលេសទាំងពួង អស់ទៅនៃតណ្ហា ប្រាសចាករាគៈ រំលត់ (នូវកងទុក្ខ) និងព្រះនិព្វាន នេះឯងជាឋានៈ ដែលពួក​សត្វ ឃើញ​បានដោយក្រ បើទុកជាតថាគតសំដែងធម៌ ពួកសត្វដទៃ មិនគប្បីអាចដឹងច្បាស់បាន សេចក្តី​លំបាកកាយនោះ នឹងមានដល់តថាគត ការបៀតបៀននោះ នឹងមានដល់​តថាគត។ ម្នាលព្រហ្ម មិនតែប៉ុណ្ណោះ មានសេចក្តីដំណាលថា គាថាទាំងឡាយនេះ ចំឡែក​ដែរ ដែលតថាគតមិនធ្លាប់បានឮក្នុងកាលមុន ក៏ច្បាស់ប្រាកដដល់តថាគត ថា

ឥឡូវនេះ តថាគតគួរសំដែងធម៌ ដែលតថាគតបានត្រាស់ដឹងហើយ ដោយកម្រ​។បេ។ កំពុងចាក់ស្រែះ

ម្នាលព្រហ្ម កាលតថាគតពិចារណាឃើញដូច្នេះហើយ ចិត្តតថាគត ក៏ឱន​ទៅរក​សេចក្តីខ្វល់ខ្វាយតិច មិនឱនទៅរកការសំដែងធម៌ឡើយ។ ម្នាលភិក្ខុទាំងឡាយ មហាព្រហ្ម​នោះ ក្រាបបង្គំទូលអស់វារៈ ជាគំរប់២ដងផង។បេ។ ម្នាលភិក្ខុទាំងឡាយ មហាព្រហ្មនោះ ក្រាបបង្គំទូលព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ដូច្នេះ វារៈ​ជាគំរប់៣ដងផងថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ សំដែងធម៌ សូម​ព្រះសុគតសំដែង​ធម៌ (ដ្បិត) សត្វទាំងឡាយក្នុងលោកនេះ ដែលមានធូលី គឺកិលេស​ស្រាល​ស្តើងក្នុងចក្ខុ តែមិនបានស្តាប់ធម៌ មុខជានឹងសាបសូន្យមិនខាន ពួកសត្វ​ដែល​បម្រុង​​នឹង​ត្រាស់ដឹងធម៌ ក៏មានដែរ។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ ព្រះវិបស្សីមាន​ព្រះ​ភាគ អរហន្តសម្មាសម្ពុទ្ធ ទ្រង់ទទួល​អារាធនានៃមហាព្រហ្មហើយ ក៏​ប្រមើលមើលនូវ​សត្វ​លោក ដោយពុទ្ធចក្ខុ ព្រោះអាស្រ័យ​នូវសេចក្តីករុណា ទៅរកសត្វ​ទាំងឡាយ។ ម្នាល​ភិក្ខុទាំងឡាយ លុះព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ទ្រង់ប្រមើលមើល​នូវ​សត្វ​លោក ដោយពុទ្ធចក្ខុ បានឃើញនូវសត្វទាំងឡាយ ពួកខ្លះ មានធូលី គឺរាគាទិក្កិលេស ស្រាលស្តើងក្នុងចក្ខុ ខ្លះមានធូលី គឺរាគាទិក្កិលេសក្រាស់ ក្នុងចក្ខុ ខ្លះមានឥន្ទ្រិយក្លៀវក្លា ខ្លះមានឥន្ទ្រិយទន់ ខ្លះមានអាការល្អ ខ្លះ​មានអាការ​អាក្រក់ ខ្លះពន្យល់បានដោយងាយ ខ្លះពន្យល់​បានដោយក្រ ខ្លះមានភ័ព ខ្លះឥតភ័ព ខ្លះជាអ្នកឃើញនូវទោស ក្នុងបរលោក ជាសភាវៈគួរខ្លាច។ ផ្កាជលជាតពួកខ្លះ គឺ​ផ្កា​ព្រលិតក្តី ផ្កាឈូកក្រហមក្តី ផ្កាឈូកសក្តី ក្នុងគុម្ពនៃព្រលិតក្តី ក្នុងគុម្ពនៃឈូកក្រហមក្តី ក្នុងគុម្ពនៃឈូកសក្តី ដែលដុះក្នុងទឹក ចំរើនក្នុងទឹក លូតលាស់តាមទឹក លិចនៅក្នុង​ទឹក​នៅឡើយ ផ្កាជលជាតពួកខ្លះ គឺ​ផ្កា​ព្រលិតក្តី ផ្កាឈូកក្រហមក្តី ផ្កាឈូកសក្តី ដែលដុះក្នុងទឹក ចំរើនក្នុងទឹក ឋិតនៅត្រឹម​ស្មើ​នឹង​ទឹក ផ្កាជលជាតពួកខ្លះ គឺ​ផ្កា​ព្រលិតក្តី ផ្កាឈូកក្រហមក្តី ផ្កាឈូកសក្តី ដែលដុះក្នុងទឹក ចំរើនក្នុងទឹក ដុះខ្ពស់ឡើង​ជាងទឹក មិនជាប់​ប្រឡាក់ដោយទឹក មានឧបមាយ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ទ្រង់ប្រមើលមើល​នូវ​សត្វ​លោក ដោយពុទ្ធចក្ខុ ក៏ទ្រង់ឃើញនូវសត្វទាំងឡាយ ពួកខ្លះ មានធូលី គឺរាគាទិក្កិលេស តិចក្នុងចក្ខុ ខ្លះមានធូលី គឺរាគាទិក្កិលេសច្រើនក្នុងចក្ខុ ខ្លះមានឥន្ទ្រិយ​ក្លៀវក្លា ខ្លះមាន​ឥន្ទ្រិយទន់ ខ្លះមានអាការល្អ ខ្លះ​មានអាការ​អាក្រក់ ខ្លះពន្យល់បាន​ដោយ​ងាយ ខ្លះពន្យល់​បានដោយក្រ ខ្លះមានភ័ព ខ្លះឥតភ័ព ខ្លះជាអ្នកឃើញនូវទោស ក្នុង​បរលោក ជាសភាវៈគួរខ្លាច ក៏មានឧបមេយ្យយ៉ាងនោះឯង។ ម្នាលភិក្ខុទាំងឡាយ គ្រា​នោះ មហា​ព្រហ្ម បានដឹងបរិវិតក្កៈ ក្នុងហឫទ័យរបស់​ព្រះវិបស្សីមានព្រះភាគ អរហន្ត​សម្មាសម្ពុទ្ធ ដោយចិត្តរបស់​ខ្លួនហើយ ក៏ក្រាបបង្គំទូល​ព្រះវិបស្សីមានព្រះភាគ អរហន្ត​សម្មា​សម្ពុទ្ធ ដោយ​គាថាទាំងឡាយថា

[៤៥] បុរសមានចក្ខុ ឈរលើកំពូលភ្នំថ្មសុទ្ធ មើលឃើញប្រជុំជន ដោយជុំវិញ មាន​ឧបមាយ៉ាងណាមិញ បពិត្រព្រះអង្គអ្នកមានប្រាជ្ញាល្អ មានសមន្តចក្ខុ ព្រះអង្គជាអ្នក​មាន​សេចក្តីសោកទៅប្រាសហើយ សូមទ្រង់ស្តេចឡើងកាន់ប្រាសាទ គឺព្រះធម៌ ប្រមើលមើល​នូវ​ប្រជុំជនអ្នកច្របូកច្របល់ដោយសេចក្តីសោក ដែលជាតិជរា កំពុង​គ្របសង្កត់ មាន​ឧបមេយ្យយ៉ាងនោះ។ បពិត្រព្រះអង្គ អ្នកមានព្យាយាម អ្នកឈ្នះសង្គ្រាម អ្នកដឹកនាំពួក​វេនេយ្យសត្វ អ្នកឥតបំណុល សូមព្រះអង្គក្រោកឡើង ត្រាច់ទៅក្នុងលោក សូមព្រះមាន​ព្រះភាគ ទ្រង់សំដែងធម៌ សត្វទាំងឡាយដែលបម្រុងនឹងត្រាស់​ដឹងធម៌ ក៏មានដែរ។

[៤៦] ម្នាលភិក្ខុទាំងឡាយ កាលមហាព្រហ្មក្រាបបង្គំទូល​យ៉ាងនេះហើយ ព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ទ្រង់ត្រាស់នឹងមហាព្រហ្មនោះ ដោយ​ព្រះគាថាដូច្នេះថា

ទ្វារនៃព្រះនិព្វាន គឺអរិយមគ្គបើកដល់អ្នកហើយ សត្វទាំងឡាយណា មានសោត​បសាទ សត្វទាំងនោះ ចូរបញ្ចេញ​នូវសទ្ធាមកចុះ ម្នាល​ព្រហ្ម តថាគត​សំគាល់​នូវ​សេចក្តីនឿយលំបាក បានជាមិនទាន់សំដែងធម៌ដ៏ឧត្តម ដែលតថាគត​ស្ទាត់​ហើយ ក្នុងសំណាក់មនុស្សទាំងឡាយ។

[៤៧] ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ មហាព្រហ្ម ជ្រាបថា អាត្មាអញ ព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ បានប្រទានឱកាស ដើម្បីនឹងសំដែង​ធម៌​ដូច្នេះហើយ ក៏ថ្វាយបង្គំលាព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ធ្វើប្រទក្សិណ ហើយក៏បាត់អំពី​ទីនោះទៅ។

[៤៨] ម្នាលភិក្ខុទាំង​ឡាយ គ្រានោះ ព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ទ្រង់​មានសេចក្តីត្រិះរិះដូច្នេះថា តថាគតគួរសំដែងធម៌ ដល់អ្នកណាមុនហ្ន៎ អ្នកណា អាច​ដឹងធម៌នេះឆាប់រហ័សបាន។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ ព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ទ្រង់មានសេចក្តីត្រិះរិះដូច្នេះថា ព្រះរាជបុត្តព្រះនាមខណ្ឌៈ និងកូន​បុរោហិត ឈ្មោះតិស្សៈនេះ ជាបណ្ឌិត ជាអ្នកឈ្លាសវៃ ជាអ្នកមានប្រាជ្ញា មានធូលី គឺ​រាគាទិក្កិលេសតិចក្នុងចក្ខុ អាស្រ័យ​នៅក្នុងរាជធានី ឈ្មោះពន្ធុមតី ជាយូរ​អង្វែងហើយ បើដូច្នោះ គួរតែតថាគត​សំដែងធម៌ ដល់រាជបុត្ត ព្រះនាមខណ្ឌៈ និងកូនបុរោហិត​ឈ្មោះ តិស្សៈ ជាមុនចុះ ជនទាំងនោះ នឹងត្រាស់ដឹងធម៌នេះឆាប់រហ័សបាន។ ម្នាលភិក្ខុទាំង​ឡាយ វេលានោះ ព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ទ្រង់​បាត់អំពី​ទីជិតនៃ​ពោធិព្រឹក្ស ទៅប្រាកដឯខេមមិគទាយវ័ន17) ក្នុងនគរពន្ធុមតីរាជធានី មានឧបមាដូចជាបុរសមានកម្លាំង លា​នូវកំ​ភួន​ដៃ ដែលបត់ចូល ឬបត់ចូលនូវកំភួនដៃ ដែលលាដូច្នោះឯង។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ ព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ទ្រង់ត្រាស់​ហៅ​ទាយបាល​មក​ថា ម្នាលសំឡាញ់ទាយបាល អ្នកចូរមកណេះ អ្នកចូរទៅកាន់​ពន្ធុមតី​រាជធានី ហើយ​និយាយ​យ៉ាងនេះ នឹងរាជបុត្ត​នាមខណ្ឌៈ និងកូនបុរោហិតឈ្មោះ​តិស្សៈ ថា ព្រះវិបស្សី​មាន​ព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ទ្រង់ស្តេចមកដល់​នគរពន្ធុមតីរាជធានី​ហើយ ឥឡូវ​ទ្រង់​គង់នៅខេមមិគទាយវ័ន ព្រះអង្គចង់ជួបនឹងអ្នកទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ ឯទាយបាល បានទទួលព្រះពុទ្ធតម្រាស់ ព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ដោយពាក្យថា បពិត្រព្រះអង្គដ៏ចំរើន ព្រះករុណា ដូច្នេះហើយ ក៏ចូល​ទៅកាន់​ពន្ធុមតី​រាជធានី បាននិយាយនឹងព្រះខណ្ឌរាជបុត្រ និងតិស្ស​បុរោហិត​បុត្រ ដូច្នេះថា ព្រះវិបស្សី​មានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ទ្រង់ស្តេច​មកដល់នគរ​ពន្ធុមតី​រាជធានីហើយ ឥឡូវ​ទ្រង់​គង់​នៅក្នុងខេមមិគទាយវ័ន ព្រះអង្គចង់ជួបនឹងអ្នក​ទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ ខណ្ឌរាជបុត្រ និងតិស្សបុរោហិតបុត្រ ក៏បង្គាប់​ឲ្យទឹម​យានល្អៗ ហើយ​ឡើង​កាន់យានល្អៗ ចេញចាក​ពន្ធុមតីរាជធានី ដោយយានល្អៗ បរ​សំដៅទៅរក​ខេមមិគទាយ​វ័ន រហូតដល់កន្លែងសម្រាប់ដាក់យាន លុះដល់​ហើយ ក៏​ចុះអំពីយាន ដើរទៅដោយជើង​ទទេ ចូលសំដៅទៅរក​ព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ លុះចូលទៅដល់​ហើយ ក៏ថ្វាយបង្គំព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ហើយអង្គុយក្នុងទីដ៏​សម​គួរ។ ព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ទ្រង់សំដែងអនុបុព្វីកថា ដល់ជនទាំង២​នាក់​នោះ គឺទ្រង់​ប្រកាស​ទានកថា១ សីលកថា១ សគ្គកថា១ ទោសនៃកាមទាំងឡាយ ដ៏​លាមកសៅហ្មង១ អានិសង្សក្នុងការចេញបួស១។ លុះព្រះមានព្រះភាគ បានជ្រាបថា ជនទាំងពីរនាក់​នោះ មានចិត្តស្រួល មានចិត្តទន់ មានចិត្តផុតចាកនីវរណធម៌ មានចិត្ត​ខ្ពស់ឡើង មានចិត្ត​ជ្រះថ្លា ក្នុងកាលណា ព្រះអង្គទ្រង់​ប្រកាស​ធម្មទេសនា ដែលព្រះពុទ្ធ​ទាំងឡាយ តែង​លើក​ឡើងសំដែង​ដោយព្រះអង្គឯង គឺទុក្ខសច្ច១ សមុទយសច្ច១ និរោធ​សច្ច១ មគ្គសច្ច១ ក្នុងកាលណោះ។ ធម្មតាសំពត់ស្អាត ប្រាសចាកពណ៌ខ្មៅ គួរទទួល​ទឹក​ជ្រលក់ ដោយ​ប្រពៃ មានឧបមាដូចម្តេចមិញ ធម្មចក្ខុ គឺសោតាបត្តិមគ្គ ដ៏ប្រាសចាកធូលី ប្រាសចាក​មន្ទិលក៏កើតឡើង ដល់ខណ្ឌរាជបុត្រ និងតិស្សបុរោហិតបុត្រ ក្នុងទីអង្គុយ​នោះ​ថា ធម្មជាត​ណាមួយ មានកិរិយាកើតឡើង ជាធម្មតា ធម្មជាតទាំងអស់នោះ រមែង​រលត់​ទៅវិញ​ជាធម្មតា មានឧបមេយ្យ​ដូច្នោះឯង។ ជនទាំងពីរនោះ បានឃើញអរិយសច្ចធម៌ បានដល់អរិយសច្ចធម៌ បានត្រាស់ដឹង​អរិយសច្ចធម៌ បានចុះចិត្តស៊ប់​ក្នុងអរិយសច្ចធម៌ ឆ្លងផុតសេចក្តីសង្ស័យ មិនមានងឿងឆ្ងល់ ដល់នូវភាវៈជាបុគ្គល​ក្លាហាន មិនបាច់ជឿ​ស្តាប់​បុគ្គលដទៃ ក្នុងសាសនានៃព្រះបរមសាស្តា ទើបក្រាបបង្គំទូលព្រះវិបស្សីមាន​ព្រះភាគ អរហន្តសម្មាសម្ពុទ្ធវិញ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ពីរោះណាស់ បពិត្រ​ព្រះអង្គដ៏ចំរើន ពីរោះណាស់ បពិត្រព្រះអង្គដ៏ចំរើន ធម៌ដែលព្រះអង្គសំដែងហើយ ដោយអនេកបរិយាយ ដូចជា​គេផ្ងាររបស់ដែលផ្កាប់ ឬដូចជាបើកបង្ហាញ​របស់ដែល​កំបាំង ពុំនោះដូចជាប្រាប់ផ្លូវ ដល់​អ្នកវង្វេងផ្លូវ ពុំនោះសោត ដូចជាមនុស្ស​កាន់ប្រទីប ទ្រោលបំភ្លឺក្នុងទីងងឹត ដោយគិតថា មនុស្សមានភ្នែកភ្លឺ នឹងមើលឃើញនូវរូប​ទាំង​ឡាយ​បាន បពិត្រព្រះអង្គដ៏ចំរើន យើងខ្ញុំ​ព្រះអង្គទាំងនេះ សូមដល់នូវព្រះមានព្រះភាគផង ព្រះធម៌ផង ជាសរណៈ បពិត្រព្រះអង្គដ៏ចំរើន យើងខ្ញុំព្រះអង្គ សូមបាននូវបព្វជ្ជា សូមបាននូវ​ឧបសម្បទា ក្នុង​សំណាក់នៃព្រះមានព្រះភាគ។ ម្នាលភិក្ខុទាំងឡាយ ខណ្ឌ​រាជបុត្រ និងតិស្សបុរោហិត​បុត្រ ក៏បានបព្វជ្ជា បានឧបសម្បទា ក្នុងសំណាក់នៃ​ព្រះវិបស្សី​មានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ។ ព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ទ្រង់​ពន្យល់​​ជន​ទាំងនោះ ឲ្យឃើញច្បាស់ ឲ្យកាន់យក ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថា ហើយ​ប្រកាសទោសនៃសង្ខារទាំងឡាយ ដ៏លាមកសៅហ្មង និងអានិសង្សក្នុងបព្វជ្ជា។ កាល​ព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ទ្រង់ណែនាំពន្យល់ជនទាំង២នោះ ឲ្យ​ឃើញ​ច្បាស់ ឲ្យកាន់យក ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថាហើយ មិនយូរ​ប៉ុន្មាន ចិត្ត (របស់ជនទាំងពីរនោះ) ក៏រួចចាកអាសវៈទាំងឡាយ ព្រោះមិនប្រកាន់មាំ។

[៤៩] ម្នាលភិក្ខុទាំងឡាយ ពួកមហាជនក្នុងនគរពន្ធុមតីរាជធានីចំនួន​៨ហ្មឺន​៤ពាន់នាក់ បានឮដំណឹងថា ព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ទ្រង់ស្តេច​មក​ដល់​ពន្ធុមតីរាជធានីហើយ ឥឡូវទ្រង់គង់នៅនាខេមមិគទាយវ័ន បានឮថា ព្រះខណ្ឌ​រាជ​បុត្ត និងតិស្សបុរោហិតបុត្ត បានដាក់កេសា និងមស្សុ ហើយស្លៀក​ដណ្តប់​សំពត់​កាសាយៈ ចេញចាកផ្ទះ ទៅបួសក្នុងសំណាក់​នៃ​ព្រះវិបស្សីមានព្រះភាគ អរហន្ត​សម្មាសម្ពុទ្ធ។ លុះពួកមហាជន​ទាំងនោះ បានឮហើយ ក៏មានសេចក្តីត្រិះរិះ​ដូច្នេះថា ធម្មវិន័យ និងបព្វជ្ជា ដែលព្រះខណ្ឌរាជបុត្ត និងតិស្សបុរោហិតបុត្ត ដាក់កេសា និងមស្សុ ស្លៀកដណ្តប់សំពត់កាសាយៈ ចេញចាកគេហដ្ឋាន ទៅបួសនោះជាប្រាកដ មិនមែន​ថោកទាបទេ ប៉ុនអម្បាលព្រះខណ្ឌរាជបុត្ត និងតិស្សបុរោហិតបុត្ត ម្តេច​ដាក់​កេសា និងមស្សុ ហើយស្លៀក​ដណ្តប់​សំពត់កាសាយៈ ចេញចាកគេហដ្ឋាន ទៅបួស​ ចុះពួក​យើងនៅចាំអ្វីទៀត។ ម្នាលភិក្ខុទាំងឡាយ ក្នុងវេលានោះ ពួកមហាជនចំនួន​៨ហ្មឺន​៤ពាន់នោះ ចេញចាក​ពន្ធុមតីរាជធានី នាំគ្នាដើរសំដៅ​ទៅរក​ខេមមិគទាយវ័ន ជាទីដែល​ព្រះវិបស្សីមាន​ព្រះភាគ អរហន្តសម្មាសម្ពុទ្ធគង់នៅ លុះទៅ​ដល់ហើយ ក៏ថ្វាយបង្គំ​ព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ រួចអង្គុយ​ក្នុងទី​សមគួរ។ ព្រះវិបស្សី​មាន​ព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ទ្រង់សំដែងអនុបុព្វីកថា ដល់​ពួក​មហាជននោះ អនុបុព្វីកថា​នោះគឺ ទ្រង់ប្រកាសទានកថា១ សីលកថា១ សគ្គកថា១ ទោស​នៃ​កាមទាំងឡាយដ៏​លាមក​សៅហ្មង១ អានិសង្សក្នុងបព្វជ្ជា១។ ព្រះមានព្រះភាគ ទ្រង់ជ្រាប​ថា ពួកមហាជនទាំង​នោះ មានចិត្តស្រួល មានចិត្តទន់ មានចិត្តផុតចាកនីវរណ​ធម៌ មានចិត្តខ្ពស់ឡើង មាន​ចិត្តជ្រះថ្លា ក្នុងកាលណា ក៏ទ្រង់​ប្រកាស​ធម្មទេសនា ដែល​ព្រះពុទ្ធ​ទាំងឡាយ ទ្រង់​លើក​ឡើងសំដែង​ដោយព្រះអង្គឯង គឺទុក្ខសច្ច១ សមុទយសច្ច១ និរោធសច្ច១ មគ្គសច្ច១ ក្នុង​កាលណោះ។ ធម្មតាសំពត់សស្អាត ដែល​ប្រាសចាក​ពណ៌​ខ្មៅ គួរទទួលទឹកជ្រលក់ ដោយ​​ប្រពៃ មានឧបមាដូចម្តេចមិញ ធម្មចក្ខុ គឺសោតាបត្តិមគ្គ ប្រាសចាកធូលី ប្រាស​ចាក​​មន្ទិលក៏កើតឡើង ដល់ពួកមហាជនទាំង​៨ហ្មឺន៤ពាន់​នាក់​នោះ ក្នុងទីអង្គុយ​នោះ​ឯងថា ធម្មជាត​ណានីមួយ មានកិរិយាកើតឡើង ជាធម្មតា ធម្មជាតទាំងអស់នោះ រមែង​រលត់​ទៅវិញ​ជាធម្មតា មានឧបមេយ្យ​ដូច្នោះឯង។ ឯពួកមហាជនទាំងនោះ បាន​ឃើញ​អរិយសច្ច បានដល់អរិយសច្ច បានត្រាស់ដឹង​អរិយសច្ច បានចុះចិត្តស៊ប់​ក្នុងអរិយសច្ច ឆ្លងផុតសេចក្តីសង្ស័យ មិនមាន​ងឿងឆ្ងល់ ដល់នូវភាវៈជាបុគ្គល​ក្លាហាន មិនបាច់ជឿ​ពាក្យ​បុគ្កលដទៃ ក្នុងសាសនា​នៃ​ព្រះបរមសាស្តា ទើបក្រាបបង្គំទូលព្រះវិបស្សីមាន​ព្រះ​ភាគ អរហន្តសម្មាសម្ពុទ្ធដូច្នេះ​វិញ​ថា បពិត្រព្រះអង្គដ៏ចំរើន ពីរោះណាស់ បពិត្រព្រះអង្គ​ដ៏ចំរើន ពីរោះណាស់ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ធម៌ដែលព្រះអង្គសំដែងហើយ ដោយ​អនេក​បរិយាយ ដូចជា​គេផ្ងារ​របស់​ដែល​ផ្កាប់ ឬដូចជាបើកបង្ហាញ​របស់ដែល​កំបាំង ពុំនោះ​ដូចជាប្រាប់ផ្លូវ ដល់​អ្នកវង្វេងផ្លូវ ពុំនោះសោត ដូចជា​កាន់ប្រទីបទ្រោលបំភ្លឺក្នុងទីងងឹត ដោយគិតថា មនុស្សដែលមានភ្នែក​ភ្លឺ នឹងមើលឃើញនូវរូបទាំងឡាយបាន បពិត្រព្រះអង្គដ៏ចំរើន យើងខ្ញុំ​ទាំងនោះ សូមដល់​ព្រះមានព្រះភាគផង ព្រះធម៌ផង ព្រះភិក្ខុសង្ឃផង ថាជាសរណៈ បពិត្រព្រះអង្គដ៏ចំរើន យើងខ្ញុំ សូមបាននូវបព្វជ្ជា និង​ឧបសម្បទា ក្នុង​សំណាក់នៃព្រះមានព្រះភាគ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ពួកមហាជនទាំង​៨ហ្មឺន៤ពាន់នាក់នោះ ក៏បានបព្វជ្ជា និងឧបសម្បទា ក្នុង​សំណាក់​នៃ​ព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ។ ព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ទ្រង់ពន្យល់​ជន​ទាំងនោះ ឲ្យឃើញជាក់ ឲ្យកាន់យក ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថា ហើយ​ប្រកាសទោសនៃសង្ខារដ៏លាមកសៅហ្មង និង​អានិសង្ស​ក្នុង​ព្រះនិព្វាន។ កាល​ដែលព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ទ្រង់ពន្យល់​ពួកមហាជនទាំងនោះ ឲ្យ​ឃើញ​ជាក់ ឲ្យកាន់យក ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយ​ធម្មីកថា​ហើយ មិនយូរ​ប៉ុន្មាន ចិត្ត (របស់មហាជនទាំងនោះ) ក៏រួចស្រឡះ​ចាក​អាសវៈ​ធម៌​ទាំងឡាយ ព្រោះមិនប្រកាន់មាំ។

[៥០] ម្នាលភិក្ខុទាំងឡាយ បព្វជិតទាំង៨ហ្មឺន៤ពាន់រូបនោះ បានឮដំណឹង​ថា ព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ស្តេចមកដល់ពន្ធុមតីរាជធានី ហើយទ្រង់​គង់​នៅក្នុងខេមមិគទាយវ័ន ទ្រង់សំដែងធម៌។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ បព្វជិត​ទាំង​៨ហ្មឺន៤ពាន់រូបនោះ ក៏នាំគ្នាទៅកាន់ក្រុងពន្ធុមតីរាជធានី រួចហើយក៏ដើរសំដៅទៅរក​ខេមមិគទាយវ័ន ត្រង់កន្លែងដែលព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធគង់នៅ លុះ​ទៅដល់ហើយ ក៏ថ្វាយបង្គំព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ហើយអង្គុយ​ក្នុងទី​សមគួរ។ ព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ទ្រង់ត្រាស់អនុបុព្វីកថា ដល់ពួក​បព្វជិតទាំងនោះ អនុបុព្វីកថានោះ គឺទ្រង់​ប្រកាសទានកថា១ សីលកថា១ សគ្គកថា១ ទោស​នៃកាមទាំងឡាយដ៏លាមកសៅហ្មង១ អានិសង្សក្នុងនេក្ខម្មៈ១។ លុះ​ព្រះមាន​ព្រះភាគ ទ្រង់ជ្រាបថា បព្វជិតទាំងនោះ មានចិត្តស្រួល មានចិត្តទន់ មានចិត្ត​ផុតចាក​នីវរណធម៌ មានចិត្តខ្ពស់ឡើង មានចិត្តជ្រះថ្លា ក្នុងកាលណា ក៏ទ្រង់​ប្រកាស​ធម្មទេសនា ដែលព្រះពុទ្ធ​ទាំងឡាយ ទ្រង់​លើក​ឡើងសំដែង ​ដោយព្រះអង្គឯង គឺទុក្ខសច្ច១ សមុទយ​សច្ច១ និរោធសច្ច១ មគ្គសច្ច១ ក្នុងកាលណោះ។ ធម្មតាសំពត់ស​ស្អាត ដែលប្រាស​ចាក​ពណ៌ខ្មៅ គួរទទួលទឹកជ្រលក់ ដោយ​ប្រពៃ មានឧបមា​ដូច​ម្តេច​មិញ ធម្មចក្ខុ គឺសោតាបត្តិ​មគ្គ ដ៏ប្រាសចាកធូលី ប្រាសចាក​មន្ទិល ក៏កើតឡើង ដល់​ពួកបព្វជិតទាំង​៨ហ្មឺន៤ពាន់​នោះ ក្នុងទីអង្គុយនោះថា ធម្មជាត​ណានីមួយ មានកិរិយា​កើត​ឡើងជាធម្មតា ធម្មជាត​ទាំងអស់នោះ រមែង​រលត់​ទៅវិញ​ជាធម្មតា មានឧបមេយ្យ​ដូច្នោះឯង។ ពួកបព្វជិត​ទាំង​នោះ បានឃើញអរិយសច្ចធម៌ បានដល់អរិយសច្ចធម៌ បានត្រាស់​ដឹង​អរិយសច្ចធម៌ បានចុះចិត្តស៊ប់​ ក្នុងអរិយសច្ចធម៌ ឆ្លងផុតសេចក្តីសង្ស័យ មិនមានងឿងឆ្ងល់ ដល់នូវ​ភាវៈជាបុគ្គល​ក្លាហាន មិនបាច់ជឿ​ពាក្យ​បុគ្គលដទៃ ក្នុង​សាសនា​នៃព្រះបរមសាស្តា ទើបក្រាបបង្គំទូលព្រះវិបស្សីមានព្រះភាគ អរហន្ត​សម្មា​សម្ពុទ្ធ ដូច្នេះថា បពិត្រព្រះអង្គ​ដ៏ចំរើន ពីរោះណាស់ បពិត្រ​ព្រះអង្គដ៏ចំរើន ពីរោះ​ណាស់ បពិត្រព្រះអង្គដ៏ចំរើន ធម៌ដែល​ព្រះមានព្រះភាគ ទ្រង់សំដែងហើយ ដោយ​អនេក​បរិយាយ ដូចជា​គេផ្ងាររបស់​ដែលផ្កាប់ ឬដូចជាបើកបង្ហាញ​របស់ដែល​កំបាំង ពុំនោះ ដូចជាប្រាប់ផ្លូវ ដល់​អ្នកវង្វេងផ្លូវ ពុំនោះសោត ដូចគេ​កាន់ប្រទីប ទ្រោល​បំភ្លឺ​ក្នុង​ទី​ងងឹត ដោយគិតថា មនុស្សដែលមាន​ភ្នែកភ្លឺ មើលឃើញនូវរូបទាំងឡាយបាន បពិត្រ​ព្រះអង្គ​ដ៏ចំរើន យើងខ្ញុំ​ទាំងនេះ សូមដល់​នូវ​ព្រះមានព្រះភាគផង ព្រះធម៌ផង ព្រះ​ភិក្ខុសង្ឃផង ថាជាសរណៈ បពិត្រព្រះអង្គ​ដ៏​ចំរើន យើងខ្ញុំសូមបាននូវបព្វជ្ជា និង​ឧបសម្បទា ក្នុង​សំណាក់នៃព្រះមានព្រះភាគ។ ម្នាល​ភិក្ខុទាំងឡាយ ពួកបព្វជិត​ទាំង​៨ហ្មឺន៤ពាន់នោះ ក៏បានបព្វជ្ជា និងឧបសម្បទា ក្នុងសំណាក់នៃ​ព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ។ ព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ទ្រង់ពន្យល់បព្វជិត​ទាំង​នោះ ឲ្យឃើញជាក់ ឲ្យកាន់យក ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថា ហើយ​ប្រកាស​ទោស​របស់សង្ខារដ៏លាមកសៅហ្មង និងអានិសង្ស​ក្នុងនេក្ខម្មៈ។ កាល​ដែល​ព្រះវិបស្សី​មាន​ព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ទ្រង់ពន្យល់ពួកបព្វជិតទាំងនោះ ឲ្យ​ឃើញ​ជាក់ ឲ្យកាន់យក ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថាហើយ មិនយូរ​ប៉ុន្មាន ចិត្ត (របស់​បព្វជិតទាំងនោះ) ក៏បានរួចស្រឡះ ចាកអាសវៈទាំងឡាយ ព្រោះមិនប្រកាន់មាំ។

[៥១] សម័យនោះឯង មានភិក្ខុសង្ឃច្រើន ចំនួន៦លាន ៨សែនរូប នៅអា​ស្រ័យ​ក្នុងពន្ធុមតីរាជធានី។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង ព្រះវិបស្សីមានព្រះភាគ អរហន្ត​សម្មាសម្ពុទ្ធ ទ្រង់គង់ក្នុងទីស្ងាត់ សម្ងំក្នុងព្រះកម្មដ្ឋាន មានព្រះតម្រិះក្នុងព្រះហឫទ័យ​កើតឡើងយ៉ាងនេះថា ឥឡូវនេះ ពួកភិក្ខុដែលនៅអាស្រ័យក្នុងពន្ធុមតីរាជធានី ច្រើន​ដល់ទៅ៦លាន៨សែនរូប បើដូច្នោះ គួរតែតថាគតអនុញ្ញាតភិក្ខុទាំងឡាយថា ម្នាល​ភិក្ខុ​ទាំងឡាយ អ្នកទាំងឡាយ ចូរត្រាច់ទៅកាន់ចារិក ដើម្បីប្រយោជន៍ដល់ជនច្រើន ដើម្បី​សេចក្តីសុខដល់ជនច្រើន ដើម្បីអនុគ្រោះដល់សត្វលោក ដើម្បីសេចក្តីចំរើន ដើម្បី​ប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ទេវតា និងមនុស្សទាំងឡាយ អ្នកទាំងឡាយ ចូរ​កុំទៅ​ពីររូប តាមផ្លូវ១ឡើយ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរសំដែងធម៌ ឲ្យមានលំអ​បទដើម បទកណ្តាល និងបទចុង ចូរប្រកាសព្រហ្មចរិយធម៌ដ៏បរិសុទ្ធ ប្រកបដោយ​អត្ថ និងព្យញ្ជនៈ ដ៏ពេញបរិបូណ៌ទាំងអស់ សត្វទាំងឡាយ ក្នុងលោកនេះ ដែលមានធូលី គឺ​រាគាទិក្កិលេសតិច ក្នុងភ្នែកក៏មាន សត្វទាំងនោះ តែខានស្តាប់ធម៌ហើយ នឹងសាបសូន្យ (ចាកមគ្គផល) ពួកសត្វដែលបម្រុងត្រាស់ដឹងដោយធម៌ ក៏មាន មួយទៀត កាលបើ​វេលា​កន្លងទៅបាន​៦ឆ្នាំៗហើយ អ្នកទាំងឡាយ ត្រូវចូលមកកាន់ពន្ធុមតីរាជធានី ដើម្បី​សំដែង​បាតិមោក្ខ។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ មហាព្រហ្ម១អង្គ ដឹងនូវសេចក្តីត្រិះរិះ​ក្នុង​ព្រះហឫទ័យរបស់ព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ដោយចិត្តរបស់ខ្លួនហើយ ក៏បាត់អំពីព្រហ្មលោក មកប្រាកដក្នុងទីចំពោះព្រះភក្ត្រព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ប្រៀបដូចបុរស មានកម្លាំង លានូវកំភួនដៃ ដែលបត់ចូល ឬបត់​ចូល​នូវកំភួនដៃ ដែលលាចេញ។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ មហាព្រហ្មនោះ ធ្វើ​សំពត់​ឧត្តរាសង្គៈ ឆៀងស្មាម្ខាង ប្រណម្យអញ្ជលី ថ្វាយបង្គំព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ហើយក្រាបបង្គំទូលព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធដូច្នេះ​ថា បពិត្រព្រះមានព្រះភាគ ដំណើរនុ៎ះយ៉ាងនេះ បពិត្រព្រះសុគត ដំណើរនុ៎ះ​យ៉ាងនេះ បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ ភិក្ខុសង្ឃដែលនៅអាស្រ័យ​ក្នុងពន្ធុមតីរាជធានីច្រើន​ណាស់ ចំនួន​៦លាន៨សែនរូប បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ ទ្រង់​អនុញ្ញាត​ភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរត្រាច់ទៅកាន់ចារិក ដើម្បីប្រយោជន៍ដល់ជនច្រើន ដើម្បីសេចក្តីសុខដល់ជនច្រើន ដើម្បីអនុគ្រោះដល់សត្វ​លោក ដើម្បីសេចក្តីចំរើន ដើម្បីប្រយោជន៍​ ដើម្បីសេចក្តីសុខ ដល់ទេវតា និងមនុស្ស​ទាំងឡាយ អ្នកទាំងឡាយ ចូរកុំទៅពីររូបតាមផ្លូវ១ឡើយ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរសំដែងធម៌ ឲ្យមានលំអបទដើម បទកណ្តាល និងបទចុង ចូរប្រកាស​ព្រហ្មចរិយធម៌ដ៏បរិសុទ្ធ ប្រកបដោយអត្ថ និងព្យញ្ជនៈដ៏ពេញ បរិបូណ៌ទាំងអស់ សត្វ​ទាំងឡាយក្នុងលោកនេះ ដែលមានធូលីគឺរាគាទិក្កិលេសតិចក្នុងភ្នែកក៏មាន សត្វ​ទាំងនោះ តែខានស្តាប់ធម៌ នឹងសាបសូន្យ (ចាកមគ្គផល) ពួកសត្វដែល​បម្រុង​ត្រាស់​ដឹង​ធម៌ គង់មាន បពិត្រព្រះអង្គដ៏ចំរើន មួយវិញទៀត កាលបើ​វេលា​កន្លងទៅបាន​៦ឆ្នាំៗ​ហើយ ភិក្ខុទាំងឡាយ នឹងចូលមកកាន់ពន្ធុមតីរាជធានី ដើម្បី​សំដែង​បាតិមោក្ខ យ៉ាង​ណា យើងខ្ញុំក៏នឹងធ្វើយ៉ាងនោះ។ ម្នាលភិក្ខុទាំងឡាយ មហាព្រហ្មនោះ បានពោលនូវពាក្យ​នេះ លុះពោលពាក្យនេះរួចហើយ ក៏ថ្វាយបង្គំ​លាព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ធ្វើប្រទក្សិណហើយ ក៏បាត់អំពីទីនោះទៅ។

[៥២] ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ ព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ទ្រង់ចេញអំពីទីសម្រាក នៅវេលាសាយណ្ហសម័យ ហើយត្រាស់​នឹង​ភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ តថាគតចូលទៅនៅក្នុងរហោស្ថាន ជាទីសម្រាក​ មានសេចក្តីត្រិះរិះ​​ក្នុងចិត្ត​កើតឡើងយ៉ាងនេះថា ឥឡូវនេះ ភិក្ខុសង្ឃ ដែលនៅអាស្រ័យ​ក្នុង​ពន្ធុមតីរាជធានីច្រើនណាស់ ចំនួន៦លាន៨សែនរូប បើដូច្នោះ គួរតែ​តថាគត​អនុញ្ញាត​ដូច្នេះថា ម្នាល​ភិក្ខុ​ទាំងឡាយ អ្នកទាំងឡាយ ចូរទៅកាន់ចារិក ដើម្បី​ប្រយោជន៍​ដល់​ជនច្រើន ដើម្បី​សេចក្តីសុខដល់ជនច្រើន ដើម្បីអនុគ្រោះដល់សត្វលោក ដើម្បី​សេចក្តី​ចំរើន ដើម្បី​ប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ទេវតា និងមនុស្សទាំងឡាយ អ្នកទាំងឡាយ ចូរ​កុំទៅ​ពីររូប តាមផ្លូវ១ឡើយ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរសំដែងធម៌ ឲ្យមានលំអ​បទដើម បទកណ្តាល និងបទចុង ចូរប្រកាស​ព្រហ្មចរិយធម៌​ឲ្យបរិសុទ្ធ ប្រកបដោយ​អត្ថ និងព្យញ្ជនៈ ដ៏ពេញបរិបូណ៌ទាំងអស់ សត្វទាំងឡាយ ក្នុង​លោកនេះ ដែលមានធូលី គឺ​រាគាទិក្កិលេសតិច ក្នុងចក្ខុក៏មាន សត្វទាំងនោះ តែមិន​បាន​ស្តាប់​ធម៌ នឹងសាបសូន្យ (ចាកមគ្គផល) ពួកសត្វដែលបម្រុងត្រាស់ដឹងធម៌ គង់មាន មួយទៀត កាលបើ​វេលា​កន្លងទៅបាន​៦ឆ្នាំៗហើយ អ្នកទាំងឡាយ ត្រូវចូលមក​កាន់​ពន្ធុមតីរាជធានី ដើម្បី​សំដែង​បាតិមោក្ខ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ មាន​មហាព្រហ្ម​១​អង្គ ដឹងនូវសេចក្តីត្រិះរិះ​ ក្នុងចិត្តនៃតថាគត ដោយចិត្តរបស់ខ្លួនហើយ ក៏បាត់អំពី​ព្រហ្ម​លោក មកប្រាកដក្នុងទីចំពោះមុខតថាគត ប្រៀបដូចបុរសអ្នកមានកម្លាំង លាចេញ​នូវ​កំភួន​ដៃ ដែលបត់ចូល ឬបត់​ចូល​នូវកំភួនដៃ ដែលលាចេញ ម្នាលភិក្ខុទាំងឡាយ ក្នុង​វេលានោះ មហាព្រហ្មនោះ ធ្វើ​សំពត់​ឧត្តរាសង្គៈ ឆៀងស្មាម្ខាង ប្រណម្យអញ្ជលី ថ្វាយ​បង្គំ​ចំពោះតថាគត ហើយពោលពាក្យនេះនឹងតថាគតថា បពិត្រព្រះមានព្រះភាគ ដំណើរនុ៎ះយ៉ាងនេះ បពិត្រព្រះសុគត ដំណើរនុ៎ះ​យ៉ាងនេះ បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ ភិក្ខុសង្ឃដែលនៅអាស្រ័យ​ក្នុងពន្ធុមតីរាជធានីច្រើន​ណាស់ ចំនួន​៦លាន​៨សែន​រូប បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ ទ្រង់​អនុញ្ញាត​ភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរត្រាច់ទៅកាន់ចារិក ដើម្បីប្រយោជន៍ដល់ជនច្រើន ដើម្បីសេចក្តីសុខដល់ជនច្រើន ដើម្បីអនុគ្រោះដល់សត្វ​លោក ដើម្បីសេចក្តីចំរើន ដើម្បី​ប្រយោជន៍​ ដើម្បីសេចក្តីសុខ ដល់ទេវតា និងមនុស្ស​ទាំងឡាយ អ្នកទាំងឡាយ ចូរ​កុំទៅ​ពីរ​រូប​តាមផ្លូវ១ឡើយ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរសំដែងធម៌ ឲ្យមាន​លំអ​បទ​ដើម បទកណ្តាល និងបទចុង ចូរប្រកាស​ព្រហ្មចរិយធម៌ដ៏បរិសុទ្ធ ប្រកបដោយអត្ថ និង​ព្យញ្ជនៈ​ដ៏ពេញ បរិបូណ៌ទាំងអស់ សត្វ​ទាំងឡាយក្នុងលោកនេះ ដែលមានធូលី គឺរាគាទិក្កិលេស​តិចក្នុងចក្ខុក៏មាន សត្វ​ទាំងនោះ តែមិនបានស្តាប់ធម៌ នឹងសាបសូន្យ (ចាកមគ្គផល) ពួកសត្វដែល​បម្រុង​ត្រាស់​ដឹង​ធម៌ គង់មាន បពិត្រព្រះអង្គដ៏ចំរើន មួយ​ទៀត កាលបើ​វេលា​កន្លងទៅបាន​៦ឆ្នាំៗ​ហើយ ភិក្ខុទាំងឡាយ នឹងចូលមកកាន់​ពន្ធុមតី​រាជធានី ដើម្បី​សំដែង​បាតិមោក្ខយ៉ាង​ណា យើងខ្ញុំក៏នឹងធ្វើយ៉ាងនោះ ម្នាលភិក្ខុ​ទាំង​ឡាយ មហាព្រហ្មនោះ បានពោលពាក្យ​នេះ លុះពោលពាក្យនេះរួច ក៏ថ្វាយបង្គំ​លា​តថាគត ធ្វើប្រទក្សិណហើយ ក៏បាត់អំពីទីនោះទៅ។ ព្រះវិបស្សីទ្រង់ត្រាស់ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ តថាគតអនុញ្ញាតឲ្យអ្នកទាំងឡាយទៅកាន់ចារិក ដើម្បី​ប្រយោជន៍​ដល់ជន​ច្រើន ដើម្បី​សេចក្តីសុខដល់ជនច្រើន ដើម្បីអនុគ្រោះដល់សត្វលោក ដើម្បីសេចក្តីចំរើន ដើម្បី​ប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ទេវតា និងមនុស្សទាំងឡាយ អ្នកទាំងឡាយ ចូរ​កុំ​ទៅ​​ពីររូប តាមផ្លូវ១ឡើយ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរសំដែងធម៌ ឲ្យមានលំអ​បទដើម បទកណ្តាល និងបទចុង ចូរប្រកាសព្រហ្មចរិយធម៌ដ៏បរិសុទ្ធ ប្រកបដោយ​អត្ថ និងព្យញ្ជនៈ ដ៏ពេញបរិបូណ៌ទាំងអស់ ពួកសត្វក្នុងលោកនេះ ដែលមានធូលី គឺ​រាគាទិក្កិលេស​តិច ក្នុងចក្ខុក៏មាន សត្វទាំងនោះ តែមិនបានស្តាប់ធម៌ នឹងសាបសូន្យ (ចាក​មគ្គ​ផល) ពួកសត្វដែលបម្រុងត្រាស់ដឹងធម៌ គង់មាន ម្នាលភិក្ខុទាំងឡាយ តែថា កាលបើ​​កន្លងទៅបាន​៦ឆ្នាំៗហើយ អ្នកទាំងឡាយ ត្រូវមកកាន់ពន្ធុមតីរាជធានី ដើម្បី​សំដែង​បាតិមោក្ខ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ ពួកភិក្ខុច្រើន តែចេញទៅកាន់ចារិក ក្នុង​ជនបទ​តែមួយថ្ងៃប៉ុណ្ណោះ។

[៥៣] សម័យនោះឯង ក្នុងជម្ពូទ្វីបមានអាវាសច្រើន ចំនួន​៨ហ្មឺន៤ពាន់។ ដល់​កន្លង​​ទៅបាន១ឆ្នាំ ពួកទេវតាក៏បន្លឺសូរស័ព្ទថា បពិត្រលោកអ្នកនិទ៌ុក្ខទាំងឡាយ កាល​កន្លង​ទៅបាន១ឆ្នាំហើយ ឥឡូវ​នៅសល់តែ៥ឆ្នាំទៀតទេ លុះអំណើះទៅ៥ឆ្នាំទៀត លោកទាំងឡាយ ត្រូវចូលទៅកាន់ពន្ធុមតីរាជធានី ដើម្បីសំដែងបាតិមោក្ខ។ លុះកន្លង​ទៅ​បាន២ឆ្នាំ ពួកទេវតាបន្លឺសូរស័ព្ទថា បពិត្រលោកអ្នកនិទ៌ុក្ខទាំងឡាយ កាល​កន្លង​ទៅបាន​២ឆ្នាំហើយ ឥឡូវ​នៅសល់តែ៤ឆ្នាំទៀតទេ លុះអំណើះទៅ៤ឆ្នាំទៀត លោកទាំងឡាយ ត្រូវ​ចូលទៅកាន់ពន្ធុមតីរាជធានី ដើម្បីសំដែងបាតិមោក្ខ។ លុះកាល​កន្លង​ទៅបាន៣ឆ្នាំ ពួកទេវតាបន្លឺសូរស័ព្ទថា បពិត្រលោកអ្នកនិទ៌ុក្ខទាំងឡាយ កាល​កន្លង​ទៅបាន៣ឆ្នាំ​ហើយ ឥឡូវ​នៅសល់តែ៣ឆ្នាំទៀតទេ លុះអំណើះទៅ៣ឆ្នាំទៀត លោកទាំងឡាយ ត្រូវចូលទៅកាន់ពន្ធុមតីរាជធានី ដើម្បីសំដែងបាតិមោក្ខ។ លុះកន្លង​ទៅបាន៤ឆ្នាំ ពួកទេវតាបន្លឺសូរស័ព្ទថា បពិត្រលោកអ្នកនិទ៌ុក្ខទាំងឡាយ កាល​កន្លង​ទៅបាន៤ឆ្នាំហើយ ឥឡូវ​នៅសល់តែ២ឆ្នាំទៀតទេ លុះអំណើះទៅ២ឆ្នាំទៀត លោកទាំងឡាយ ត្រូវចូល​ទៅកាន់​ពន្ធុមតីរាជធានី ដើម្បីសំដែងបាតិមោក្ខ។ លុះកន្លង​ទៅបាន៥ឆ្នាំ ពួកទេវតា​បន្លឺ​សូរ​ស័ព្ទថា បពិត្រលោកអ្នកនិទ៌ុក្ខទាំងឡាយ កាល​កន្លង​ទៅបាន៥ឆ្នាំហើយ ឥឡូវ​នៅសល់​តែ១ឆ្នាំទៀតទេ លុះអំណើះទៅ១ឆ្នាំទៀត លោកទាំងឡាយ ត្រូវចូល​ទៅកាន់​ពន្ធុមតីរាជធានី ដើម្បីសំដែងបាតិមោក្ខ។ លុះកន្លង​ទៅបាន៦ឆ្នាំ ពួកទេវតា​បន្លឺសូរស័ព្ទថា បពិត្រលោកអ្នកនិទ៌ុក្ខទាំងឡាយ កាល​កន្លង​ទៅបាន៦ឆ្នាំហើយ ឥឡូវ​ដល់វេលា​ត្រូវលោកទាំងឡាយ ចូលទៅកាន់ពន្ធុមតីរាជធានី ដើម្បីសំដែងបាតិមោក្ខ​ហើយ។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ ភិក្ខុទាំងនោះ មានពួកភិក្ខុខ្លះ ចូលទៅកាន់​ពន្ធុមតីរាជធានី ដោយអានុភាពនៃឫទ្ធិរបស់ខ្លួន ពួកខ្លះចូលទៅកាន់ពន្ធុមតីរាជធានី ដោយ​អានុភាពនៃឫទ្ធិទេវតាទាំងឡាយ តែមួយថ្ងៃ ដើម្បីនឹងសំដែងបាតិមោក្ខ។

[៥៤] ម្នាលភិក្ខុទាំងឡាយ​ មានសេចក្តីដំណាលថា ក្នុងសម័យនោះ ព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ទ្រង់សំដែងបាតិមោក្ខក្នុងជំនុំសង្ឃ​យ៉ាងនេះថា

អធិវាសនខន្តី ពោលគឺសេចក្តីអត់ធន់ ជាតបធម៌ ដ៏ឧត្តមព្រះពុទ្ធទាំងឡាយ តែង​ត្រាស់ថា ព្រះនិព្វាន ជាធម៌ដ៏ឧត្តម បព្វជិតអ្នកសម្លាប់សត្វដទៃ បៀតបៀនសត្វ​ដទៃ មិនឈ្មោះថា សមណៈឡើយ។

ការមិនធ្វើអំពើបាបទាំងពួង ការបំពេញកុសល ការញុំាងចិត្តរបស់ខ្លួនឲ្យផូរផង់ ទាំង​៣នេះ ជាពាក្យប្រដៅរបស់ព្រះពុទ្ធទាំងឡាយ។

ការមិនពោលតិះដៀល ការមិនបៀតបៀន ការសង្រួមក្នុងបាតិមោក្ខ ភាវៈជាអ្នក​ដឹងប្រមាណក្នុងភត្ត ទីដេកទីអង្គុយដ៏ស្ងាត់ ការបំពេញព្យាយាម ក្នុងអធិចិត្ត​ទាំង​៦ នេះជាពាក្យប្រដៅរបស់ព្រះពុទ្ធទាំងឡាយ។

[៥៥] ម្នាលភិក្ខុទាំងឡាយ ក្នុងសម័យមួយ តថាគតនៅទៀបដើមសាលរាជ18) ក្នុងសុភវ័ន ជិតក្រុងឧក្កដ្ឋា។ ម្នាលភិក្ខុទាំងឡាយ សេចក្តីត្រិះរិះយ៉ាងនេះ កើតឡើងក្នុងចិត្តរបស់តថាគត ដែលនៅ​ក្នុងទីស្ងាត់ ជាទី​សម្រាកនោះថា ជាន់សុទ្ធាវាសណា ដែលតថាគត មិនធ្លាប់នៅអាស្រ័យ ជាន់សុទ្ធាវាស​នោះ បុគ្គលមិនងាយនឹងបាន លើកលែងតែពួកទេវតា ដែលនៅក្នុងជាន់សុទ្ធាវាស ជា​យូរ​អង្វែងមកហើយនេះចេញ បើដូច្នោះ គួរតែតថាគត ទៅរកពួកទេវតា ដែលនៅ​ក្នុងជាន់​សុទ្ធាវាសនោះ។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ តថាគតចៀសចេញអំពីដើមសាលរាជ ក្នុងសុភវ័ន ជិតក្រុងឧក្កដ្ឋា ទៅប្រាកដ​ក្នុងទេវលោក​ឈ្មោះអវិហា ប្រៀបដូចបុរស​មានកម្លាំង លាចេញនូវកំភួនដៃ ដែលបត់ចូល ឬបត់​ចូលនូវ​កំភួនដៃ ដែលលាចេញ។ ម្នាលភិក្ខុទាំងឡាយ ពពួកទេវតាទាំងនោះ មានពួកទេវតាច្រើនរយ ច្រើនពាន់ ចូល​មក​គាល់​តថាគត លុះចូលមកដល់ហើយ ក៏ថ្វាយបង្គំ​តថាគត រួចឈរក្នុងទីដ៏សមគួរ។ ម្នាលភិក្ខុទាំងឡាយ លុះទេវតាទាំងនោះ ឈរក្នុងទីដ៏សមគួរហើយ ក៏ពោលពាក្យនេះ នឹង​តថាគតថា បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ រាប់អំពីកប្បនេះ (ថយក្រោយទៅ) ៩១កប្ប ព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ទ្រង់កើតឡើងក្នុងលោក បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ ព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ព្រះអង្គជាខត្តិយជាតិ ទ្រង់ព្រះសម្ភពក្នុងខត្តិយត្រកូល បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ ព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ព្រះអង្គជាកោណ្ឌញ្ញគោត្រ បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ ព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ព្រះអង្គមាន​ព្រះជន្ម​៨ហ្មឺនឆ្នាំ បពិត្រព្រះអង្គអ្នកនិទ៌ុក្ខព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ត្រាស់​ក្រោម​ដើមបាដលិព្រឹក្ស (ដើមច្រនៀង) បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ ព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ព្រះអង្គមានគូនៃសាវ័កដ៏ប្រសើរ ជាគូដ៏ចំរើន ឈ្មោះខណ្ឌៈ១ តិស្សៈ១ បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ ព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ព្រះអង្គមាន​សាវកសន្និបាត៣ដង គឺសាវកសន្និបាតម្តង មានភិក្ខុ៦លាន៨សែនរូប សាវកសន្និបាតម្តងមានភិក្ខុ១សែនរូប សាវកសន្និបាតម្តងមានភិក្ខុ៨ហ្មឺនរូប បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ ព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ព្រះអង្គ​មានសាវក​សន្និបាតទាំង៣ដងនេះ សុទ្ធតែជាព្រះខីណាស្រពទាំងអស់ បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ ព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ មានភិក្ខុឈ្មោះអសោកៈ ជាឧបដ្ឋាក អ្នក​បម្រើ​ដ៏ប្រសើរ បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ ព្រះបិតារបស់ព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ជាព្រះរាជា ទ្រង់ព្រះនាមពន្ធុមៈ ព្រះមាតាព្រះនាម ពន្ធុមតីទេវី ជា​ព្រះមាតាបង្កើត ព្រះនគរនៃ​ព្រះបាទពន្ធុមៈ ឈ្មោះពន្ធុមតី ជារាជធានី បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ ព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ចេញទៅទ្រង់​ព្រះផ្នួស​យ៉ាងនេះ បព្វជ្ជាយ៉ាងនេះ ការព្យាយាម​យ៉ាងនេះ ការបានត្រាស់យ៉ាងនេះ មានព្រះធម្មចក្កប្បវត្តនៈយ៉ាងនេះ បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ យើងខ្ញុំទាំងនោះ ប្រព្រឹត្ត​នូវ​ព្រហ្មចរិយធម៌ក្នុងសំណាក់នៃ​ព្រះវិបស្សីមានព្រះភាគ ហើយនឿយណាយចាក​សេចក្តី​ពេញចិត្តនឹងកាម​ ក្នុងកាមទាំងឡាយ ទើបបានមកកើតក្នុងទីនេះ។ ម្នាលភិក្ខុទាំងឡាយ ក្នុងពួកទេវតាទាំងនោះ មានទេវតាច្រើនរយ ច្រើនពាន់ ចូលមកគាល់តថាគត លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំតថាគត រួច​ឈរក្នុងទីដ៏សមគួរ។ ម្នាលភិក្ខុទាំងឡាយ លុះពួកទេវតាទាំងនោះ ឈរក្នុងទីដ៏សមគួរហើយ ក៏ពោលពាក្យនេះ នឹងតថាគតថា បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ រាប់អំពីកប្បនេះឡើងទៅ ៣១កប្ប ព្រះសិខីមានព្រះភាគ។បេ។ បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ ពួកខ្ញុំព្រះអង្គទាំងនោះ បានប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសំណាក់​នៃ​ព្រះសិខីមានព្រះភាគ។បេ។ បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ ក្នុង៣១កប្បនោះឯង ព្រះវេស្សភូ​មានព្រះភាគ។បេ។ បពិត្រព្រះអង្គអ្នកនិទ៌ុក្ខយើងខ្ញុំទាំងនោះ បានប្រព្រឹត្ត​ព្រហ្មចរិយធម៌ ក្នុងសំណាក់នៃ​ព្រះវេស្សភូមានព្រះភាគ។បេ។ បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ ក្នុងភទ្ទកប្បនេះ ព្រះកកុសន្ធៈ។ ព្រះកោនាគមនៈ។ ព្រះកស្សបមានព្រះភាគ។បេ។ បពិត្រព្រះអង្គ​អ្នក​និទ៌ុក្ខ ពួកខ្ញុំព្រះអង្គទាំងនោះ បានប្រព្រឹត្ត​ព្រហ្មចរិយធម៌ ក្នុងសំណាក់នៃ​ព្រះកកុសន្ធៈ។ ក្នុងសំណាក់នៃព្រះកោនាគមនៈ។ ប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសំណាក់នៃ​ព្រះកស្សបមានព្រះភាគ ហើយនឿយណាយចាក​សេចក្តី​ពេញចិត្តនឹងកាម​ ក្នុង​កាម​ទាំង​ឡាយ ទើបបានមកកើតក្នុងទីនេះ។ ម្នាលភិក្ខុទាំងឡាយ ក្នុងពួកទេវតាទាំងនោះ មាន​ទេវតា​ច្រើនរយ ច្រើនពាន់ ចូលមកគាល់តថាគត លុះចូលមកដល់ហើយ ក៏ថ្វាយបង្គំ​តថាគត រួច​ឈរក្នុងទីដ៏សមគួរ។ ម្នាលភិក្ខុទាំងឡាយ លុះពួកទេវតាទាំងនោះ ឈរក្នុង​ទីដ៏សមគួរហើយ បានពោលពាក្យនេះ នឹងតថាគតថា បពិត្រព្រះអង្គ​អ្នក​និទ៌ុក្ខ ឥឡូវនេះ ក្នុងភទ្ទកប្បនេះ ព្រះមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ទ្រង់កើតឡើង​ហើយក្នុងលោក បពិត្រព្រះអង្គ​អ្នក​និទ៌ុក្ខ ព្រះមានព្រះភាគ ជាខត្តិយជាតិ ទ្រង់ព្រះសម្ភព ក្នុងខត្តិយ​ត្រកូល បពិត្រព្រះអង្គ​អ្នក​និទ៌ុក្ខ ព្រះមានព្រះភាគ ជាគោតមគោត្រ បពិត្រព្រះអង្គ​អ្នក​និទ៌ុក្ខ ព្រះមានព្រះភាគ មានព្រះជន្មាយុតិចតួចស្តួចស្តើងណាស់ បុគ្គល (ក្នុងសម័យ​នេះ) ដែលរស់នៅយ៉ាងយូរ បានត្រឹម១០០ឆ្នាំ និងតិចជាង​១០០ឆ្នាំ ឬលើសពី១០០ឆ្នាំ ក៏មានខ្លះ​ដែរ បពិត្រព្រះអង្គ​អ្នក​និទ៌ុក្ខ ព្រះមានព្រះភាគ ត្រាស់ក្រោមដើមអស្សត្ថព្រឹក្ស19) បពិត្រព្រះអង្គ​អ្នក​និទ៌ុក្ខ ព្រះមានព្រះភាគ មានគូនៃសាវ័ក ជាគូដ៏​ប្រសើរ ជាគូដ៏ចំរើន ឈ្មោះព្រះសារីបុត្ត១ ព្រះមោគ្គល្លាន១ បពិត្រព្រះអង្គ​អ្នក​និទ៌ុក្ខ ព្រះមានព្រះភាគ ព្រះអង្គមានសាវកសន្និបាតតែម្តង មានភិក្ខុ១ពាន់២រយ៥០អង្គ បពិត្រព្រះអង្គ​អ្នក​និទ៌ុក្ខ ព្រះមានព្រះភាគ មានសាវកសន្និបាតតែម្តងនេះ សុទ្ធតែជា​ព្រះខីណាស្រពទាំងអស់ បពិត្រព្រះអង្គ​អ្នក​និទ៌ុក្ខ ព្រះមានព្រះភាគមានភិក្ខុឈ្មោះ​អានន្ទ ជាអ្នកបម្រើ ជាអ្នកបម្រើដ៏ប្រសើរ បពិត្រព្រះអង្គ​អ្នក​និទ៌ុក្ខ ព្រះបិតារបស់​ព្រះមាន​ព្រះភាគ ជាព្រះរាជា ព្រះនាម សុទ្ធោទនៈ ព្រះមាតាព្រះនាម​ មាយាទេវី ជាព្រះមាតាបង្កើត មានព្រះនគរកបិលវត្ថុ ជាព្រះរាជធានី បពិត្រព្រះអង្គ​អ្នក​និទ៌ុក្ខ ព្រះមានព្រះភាគមានអភិនិស្ក្រមយ៉ាងនេះ មានបព្វជ្ជាយ៉ាងនេះ មានព្យាយាម​យ៉ាងនេះ មានការត្រាស់ដឹងយ៉ាងនេះ មានព្រះធម្មចក្កប្បវត្តនៈ​យ៉ាងនេះ បពិត្រព្រះអង្គ​អ្នក​និទ៌ុក្ខ យើងខ្ញុំទាំងនោះ បានប្រព្រឹត្ត​ព្រហ្មចរិយធម៌ក្នុងសំណាក់នៃ​ព្រះមានព្រះភាគ ហើយនឿយណាយ ចាកសេចក្តីពេញចិត្តនឹងកាម ក្នុងកាមទាំងឡាយ ទើបមកកើតក្នុង​ទីនេះ។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ តថាគតចូលទៅរកពួកទេវតា ក្នុងជាន់​អតប្បា ព្រមទាំងពួកទេវតាក្នុងជាន់អវិហា។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ តថាគត ចូលទៅរក​ពួកទេវតា ក្នុងជាន់សុទស្សា ព្រមទាំងទេវតាក្នុងជាន់អវិហា និងពួកទេវតា​ក្នុង​ជាន់អតប្បា។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ តថាគត ចូលទៅរក​ពួកទេវតា ក្នុងជាន់សុទស្សី ព្រមទាំងពួកទេវតាក្នុងជាន់អវិហា និងពួកទេវតា​ក្នុង​ជាន់អតប្បា និងពួក​ទេវតាក្នុងជាន់សុទស្សា។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ តថាគត ចូលទៅរក​ពួកទេវតា ក្នុងជាន់អកនិដ្ឋា ព្រមទាំងទេវតាក្នុងជាន់អវិហា និងពួកទេវតា​ក្នុង​ជាន់អតប្បា និងពួក​ទេវតាក្នុងជាន់សុទស្សា និងពួកទេវតាក្នុងជាន់សុទស្សី។ ម្នាលភិក្ខុទាំងឡាយ ពួក​ទេវតាទាំងនោះ មានពួកទេវតាច្រើនរយ ច្រើនពាន់ ចូលមកគាល់តថាគត លុះចូល​មក​ដល់​ហើយ ក៏ថ្វាយបង្គំ​តថាគត រួចឈរក្នុងទីដ៏សមគួរ។ ម្នាលភិក្ខុទាំងឡាយ លុះទេវតា​ទាំង​នោះ ឈរក្នុងទីដ៏សមគួរហើយ បានពោលពាក្យនេះ នឹង​តថាគតថា បពិត្រ​ព្រះអង្គ​អ្នក​និទ៌ុក្ខ រាប់អំពីភទ្ទកប្បនេះឡើងទៅ ៩១កប្បនោះ ព្រះវិបស្សីមានព្រះភាគ អរហន្ត​សម្មា​សម្ពុទ្ធ ទ្រង់កើតហើយក្នុងលោក។ បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ ព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ព្រះអង្គជាខត្តិយជាតិ ទ្រង់ព្រះសម្ភពក្នុងខត្តិយត្រកូល បពិត្រ​ព្រះអង្គ​​អ្នកនិទ៌ុក្ខ ព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ជាកោណ្ឌញ្ញគោត្រ បពិត្រ​ព្រះអង្គ​អ្នកនិទ៌ុក្ខ ព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ព្រះអង្គមាន​ព្រះជន្មាយុ​៨ហ្មឺនឆ្នាំ បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ ព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ទ្រង់ត្រាស់​ដឹង​ក្រោម​ដើមបាដលិព្រឹក្ស បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ ព្រះវិបស្សីមានព្រះភាគ អរហន្ត​សម្មា​សម្ពុទ្ធ មានគូនៃសាវ័ក ជាគូដ៏ប្រសើរ ជាគូដ៏ចំរើន ឈ្មោះខណ្ឌៈ១ តិស្សៈ១ បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ ព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ មាន​សាវក​សន្និបាត​៣​ដង គឺសាវកសន្និបាតម្តង មានភិក្ខុ៦លាន៨សែនរូប សាវកសន្និបាតម្តង​មាន​ភិក្ខុ​១សែន​រូប សាវកសន្និបាតម្តងមានភិក្ខុ៨ហ្មឺនរូប បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ ព្រះវិបស្សី​មាន​ព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ​មានសាវក​សន្និបាតទាំង៣ដងនេះ សុទ្ធតែជា​ព្រះខីណា​ស្រព​ទាំងអស់ បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ ព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ មាន​ភិក្ខុ​ឈ្មោះអសោកៈ ជាឧបដ្ឋាក អ្នក​បម្រើ​ដ៏ប្រសើរ បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ ព្រះបិតា​របស់​ព្រះវិបស្សី​មានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ជាព្រះរាជា ទ្រង់ព្រះនាមពន្ធុមៈ ព្រះមាតា​ព្រះ​នាម ពន្ធុមតីទេវី ជា​ព្រះមាតាបង្កើត ព្រះនគរនៃ​ព្រះបាទពន្ធុមៈ ឈ្មោះពន្ធុមតី​រាជ​ធានី បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ ព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ មាន​អភិនិស្ក្រមយ៉ាងនេះ បព្វជ្ជាយ៉ាងនេះ មានព្យាយាម​យ៉ាងនេះ មានការត្រាស់ដឹងយ៉ាង​នេះ មានព្រះធម្មចក្កប្បវត្តនៈយ៉ាងនេះ បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ យើងខ្ញុំទាំងនោះ ​បាន​ប្រព្រឹត្ត​​ព្រហ្មចរិយធម៌ ក្នុងសំណាក់នៃ​ព្រះវិបស្សីមានព្រះភាគ នឿយណាយចាក​សេចក្តី​ពេញចិត្តនឹងកាម​ ក្នុងកាមទាំងឡាយ ទើបមកកើតក្នុងទីនេះ។ ម្នាលភិក្ខុទាំងឡាយ ក្នុង​ពួក​ទេវតាទាំងនោះ មានពួកទេវតាច្រើនរយ ច្រើនពាន់ ចូលមកគាល់តថាគត លុះចូល​មក​ដល់ហើយ ក៏ថ្វាយបង្គំតថាគត រួច​ឈរក្នុងទីដ៏សមគួរ។ ម្នាលភិក្ខុទាំងឡាយ លុះ​ពួក​ទេវតា​ទាំងនោះ ឈរក្នុងទីសមគួរហើយ បានពោលពាក្យនេះ នឹងតថាគតថា បពិត្រ​ព្រះអង្គ​អ្នកនិទ៌ុក្ខ រាប់ពីភទ្ទកប្បនេះឡើងទៅ ៣១កប្បនោះ ព្រះសិខីមានព្រះភាគ។បេ។ បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ យើងខ្ញុំទាំងនោះ បានប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសំណាក់​​ព្រះសិខី​មានព្រះភាគ។បេ។ បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ ក្នុង៣១កប្បនោះឯង ព្រះវេស្សភូ​មានព្រះភាគ។បេ។ បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ យើងខ្ញុំទាំងនោះ បានប្រព្រឹត្ត​ព្រហ្មចរិយធម៌ ក្នុងសំណាក់​ព្រះវេស្សភូមានព្រះភាគ។បេ។ បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ ក្នុងភទ្ទកប្បនេះឯង ព្រះកកុសន្ធៈ។ ព្រះកោនាគមនៈ។ ព្រះកស្សបមានព្រះភាគ។បេ។ បពិត្រព្រះអង្គ​អ្នក​និទ៌ុក្ខ យើងខ្ញុំទាំងនោះ បានប្រព្រឹត្ត​ព្រហ្មចរិយធម៌ ក្នុងសំណាក់​ព្រះកកុសន្ធៈ។ ក្នុងសំណាក់ព្រះកោនាគមនៈ។ បានប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសំណាក់​ព្រះកស្សប​មាន​ព្រះភាគ ហើយនឿយណាយចាក​សេចក្តី​ពេញចិត្តនឹងកាម​ ក្នុង​កាម​ទាំង​ឡាយ ទើប​មក​កើត​ក្នុងទីនេះ។ ម្នាលភិក្ខុទាំងឡាយ ក្នុងពួកទេវតាទាំងនោះ ពួក​ទេវតា​ច្រើនរយ ច្រើន​ពាន់ ចូលមកគាល់តថាគត លុះចូលមកដល់ហើយ ក៏ថ្វាយបង្គំ​តថាគត រួច​ឈរ​ក្នុង​ទី​ដ៏​សម​គួរ។ ម្នាលភិក្ខុទាំងឡាយ លុះពួកទេវតាទាំងនោះ ឈរក្នុង​ទីដ៏សមគួរហើយ បាន​ពោល​ពាក្យនេះ នឹងតថាគតថា បពិត្រព្រះអង្គ​អ្នក​និទ៌ុក្ខ ឥឡូវនេះឯង ក្នុងភទ្ទកប្បនេះ ព្រះមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ទ្រង់កើត​ក្នុងលោក បពិត្រព្រះអង្គ​អ្នក​និទ៌ុក្ខ ព្រះមានព្រះភាគ ជាខត្តិយជាតិ ទ្រង់ព្រះសម្ភព ក្នុងខត្តិយ​ត្រកូល បពិត្រព្រះអង្គ​អ្នក​និទ៌ុក្ខ ព្រះមានព្រះភាគ ជាគោតមគោត្រ បពិត្រព្រះអង្គ​អ្នក​និទ៌ុក្ខ ព្រះមានព្រះភាគ មានព្រះជន្មាយុតិចតួចស្តួចស្តើងណាស់ បុគ្គលដែលរស់នៅយ៉ាងយូរ បានត្រឹម១០០ឆ្នាំ និងថយចុះពី​១០០ឆ្នាំ ឬលើសពី១០០ឆ្នាំ ក៏មានខ្លះ​ដែរ បពិត្រព្រះអង្គ​អ្នក​និទ៌ុក្ខ ព្រះមាន​ព្រះ​ភាគ ត្រាស់ក្រោមដើមអស្សត្ថព្រឹក្ស បពិត្រព្រះអង្គ​អ្នក​និទ៌ុក្ខ ព្រះមានព្រះភាគ មានគូ​នៃ​សាវ័ក ជាគូដ៏​ប្រសើរ ជាគូដ៏ចំរើន ឈ្មោះព្រះសារីបុត្ត១ ព្រះមោគ្គល្លាន១ បពិត្រ​ព្រះអង្គ​​អ្នក​និទ៌ុក្ខ ព្រះមានព្រះភាគ មានសាវកសន្និបាតតែម្តង មានភិក្ខុ​១ពាន់២រយ៥០​អង្គ បពិត្រព្រះអង្គ​អ្នក​និទ៌ុក្ខ ព្រះមានព្រះភាគ មានសាវកសន្និបាតតែម្តងប៉ុណ្ណេះ សុទ្ធតែ​ជា​​ព្រះខីណាស្រពទាំងអស់ បពិត្រព្រះអង្គ​អ្នក​និទ៌ុក្ខ ព្រះមានព្រះភាគ មានភិក្ខុឈ្មោះ​អានន្ទ ជាឧបដ្ឋាក ជាអ្នកបម្រើដ៏ប្រសើរ បពិត្រព្រះអង្គ​អ្នក​និទ៌ុក្ខ ព្រះបិតា​របស់​ព្រះមាន​ព្រះភាគ ជាព្រះរាជា ព្រះនាមសុទ្ធោទនៈ ព្រះមាតាព្រះនាម មាយាទេវី ជាព្រះមាតា​បង្កើត មាននគរកបិលវត្ថុ ជាព្រះរាជធានី បពិត្រព្រះអង្គ​អ្នក​និទ៌ុក្ខ ព្រះមានព្រះភាគ​ ព្រះអង្គ​មាន​អភិនិស្ក្រមយ៉ាងនេះ មានបព្វជ្ជាយ៉ាងនេះ មានព្យាយាម​យ៉ាងនេះ មាន​ការ​ត្រាស់​ដឹងយ៉ាងនេះ មានព្រះធម្មចក្កប្បវត្តនៈ​យ៉ាងនេះ បពិត្រព្រះអង្គ​អ្នក​និទ៌ុក្ខ យើងខ្ញុំ​ទាំង​នោះ បានប្រព្រឹត្ត​ព្រហ្មចរិយធម៌ ក្នុងសំណាក់​ព្រះមានព្រះភាគ នឿយណាយ ចាក​សេចក្តីពេញចិត្តនឹងកាម ក្នុងកាមទាំងឡាយ ទើបមកកើតក្នុង​ទីនេះ។

[៥៦] ម្នាលភិក្ខុទាំងឡាយ ធម្មធាតុនុ៎ះ តថាគតដឹងដោយប្រការ​ដូច្នេះ ព្រោះតែតថាគតដឹងច្បាស់នូវធម្មធាតុ បានជាព្រះអតីតពុទ្ធទាំងឡាយ ទ្រង់​ផ្តាច់ផ្តិល​នូវកិលេស​ ជាគ្រឿងញុំាងសត្វ ឲ្យមានដំណើរយឺតយូរ ទ្រង់ផ្តាច់ផ្តិល​នូវ​កម្ម​ ជាគ្រឿង​ញុំាងសត្វ​ឲ្យវិលវល់ ទ្រង់គ្របសង្កត់នូវកម្ម ជាគ្រឿង​ញុំាងសត្វឲ្យវិលវល់ ទ្រង់​កន្លងបង់​នូវទុក្ខទាំងពួង ទ្រង់បរិនិព្វានទៅហើយ ក៏តថាគតរលឹកឃើញព្រះជាតិផង រលឹក​ឃើញ​ព្រះនាមផង រលឹកឃើញ​ព្រះគោត្រផង រលឹកឃើញប្រមាណ នៃព្រះជន្មាយុ​ផង រលឹកឃើញ​គូនៃសាវ័កផង រលឹកឃើញសាវកសន្និបាតផងថា ព្រះមានព្រះភាគ​ទាំង​នោះ មានព្រះជាតិយ៉ាងនេះ មានព្រះនាមយ៉ាងនេះ។ មានព្រះគោត្រយ៉ាងនេះ។ មានសីល​យ៉ាងនេះ។ មានធម៌យ៉ាងនេះ។ មានប្រាជ្ញាយ៉ាងនេះ។ មានវិហារធម៌​យ៉ាងនេះ។ ព្រះមានព្រះភាគ​ទាំងនោះ មានវិមុត្តិយ៉ាងនេះដូច្នេះផង។ ទាំងពួក​ទេវតា ក៏បាន​ប្រាប់សេចក្តីនេះ​ ចំពោះតថាគត ព្រះអតីតពុទ្ធទាំងឡាយ ដែលទ្រង់ផ្តាច់​ផ្តិល​នូវកិលេស​ ជាគ្រឿងញុំាងសត្វ ឲ្យមានដំណើរយឺតយូរ ទ្រង់ផ្តាច់ផ្តិលនូវកម្ម ជាគ្រឿង​ញុំាងសត្វ​ឲ្យ​វិល​វល់ ទ្រង់គ្របសង្កត់នូវកម្ម ជាគ្រឿងញុំាងសត្វឲ្យវិលវល់ ទ្រង់​កន្លងបង់​នូវទុក្ខទាំងពួង ទ្រង់បរិនិព្វានទៅហើយ តថាគត ក៏​រលឹក​ឃើញ​ព្រះជាតិ​ផង រលឹក​ឃើញ​ព្រះនាមផង រលឹកឃើញ​ព្រះគោត្រផង រលឹកឃើញប្រមាណ នៃព្រះជន្មាយុ​ផង រលឹកឃើញ​គូនៃសាវ័កផង រលឹកឃើញសាវកសន្និបាតផងថា ព្រះមានព្រះភាគ​ទាំងឡាយ​នោះ ព្រះអង្គមានព្រះជាតិយ៉ាងនេះ មាន​ព្រះនាម​យ៉ាង​នេះ។ មានព្រះគោត្រយ៉ាងនេះ។ មានសីល​យ៉ាងនេះ។ មានធម៌យ៉ាងនេះ។ មានប្រាជ្ញាយ៉ាងនេះ។ មានវិហារធម៌​យ៉ាងនេះ។ ព្រះមានព្រះភាគ​ទាំងនោះ មាន​វិមុត្តិ​យ៉ាង​នេះដូច្នេះផង។ លុះព្រះមានព្រះភាគ ទ្រង់ត្រាស់នូវព្រះសូត្រនេះ (ចប់)ហើយ ភិក្ខុ​ទាំងនោះ មានចិត្តរីករាយ ត្រេកអរនឹងភាសិត របស់ព្រះមានព្រះភាគ។

ចប់ មហាបទានសូត្រទី១។

មហានិទានសូត្រ ទី២

(២. មហានិទានសុត្តំ)

[៥៧] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគជាម្ចាស់ ទ្រង់ប្រថាប់​នៅក្នុងកម្មាសទ្ធម្មនិគម របស់អ្នកកុរុ ក្នុងកុរុជនបទ។ លំដាប់នោះ ព្រះអានន្ទ​មានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំ​ព្រះមាន​ព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះព្រះអានន្ទមានអាយុ អង្គុយ​ក្នុងទីដ៏​សមគួរហើយ ទើបក្រាបទូលព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន អស្ចារ្យ​ណាស់ បពិត្រព្រះអង្គដ៏ចំរើន ចំឡែកណាស់ បពិត្រព្រះអង្គដ៏ចំរើន ព្រោះបដិច្ចសមុប្បាទនេះ ជ្រៅហួសប្រមាណផង ប្រាកដជាជ្រៅផង ទោះបីមានជម្រៅ​ប៉ុណ្ណោះ ក៏គត់តែប្រាកដដល់ខ្ញុំព្រះអង្គ ថាហាក់ដូចជារាក់ក្រៃពេក។ ព្រះអង្គត្រាស់ថា ម្នាល​អានន្ទ អ្នកកុំពោលយ៉ាងនេះឡើយ ម្នាលអានន្ទ អ្នកកុំពោលយ៉ាងនេះឡើយ បដិច្ចសមុប្បាទនេះជ្រៅផង ប្រាកដជាជ្រៅផង។ ម្នាលអានន្ទ ព្រោះមិនបានត្រាស់ដឹង​ ព្រោះ​មិនបានចាក់ធ្លុះនូវធម៌នុ៎ះឯង ទើបពួកសត្វនេះ កើតទៅជាស្មុគស្មាញ ដូចជាតំបាញ (ដែលកណ្តុរកាត់) ដូចជាអម្បោះត្រូវទឹកបាយរបស់​ជាងតំបាញ ឬដូចជា​សំបុកសត្វស្លាប ដូចជាស្មៅយាប្លង និងស្មៅដំណេកទន្សាយ ដែលជំពាក់គ្នាយ៉ាងនេះ ទើប​មិនកន្លង​នូវអបាយ ទុគ្គតិ វិនិបាត និងសង្សារបាន។ ម្នាលអានន្ទ កាលបើមានគេ​សួរ​ថា ជរានិងមរណៈ កើតមានព្រោះធម៌នេះ មានដែរឬ គប្បីឆ្លើយតបថា មាន។ បើគេសួរទៀត​ថា ជរានិងមរណៈ កើតមានព្រោះអ្វីជាបច្ច័យ គប្បីប្រាប់គេថា ជរានិង​មរណៈ កើតមានព្រោះជាតិជាបច្ច័យ។ ម្នាលអានន្ទ កាលបើមានគេ​សួរ​ថា ជាតិ កើតមាន ព្រោះធម៌នេះ ជាបច្ច័យ មានដែរឬ គប្បីប្រាប់គេថា មាន។ បើគេសួរទៀត​ថា ជាតិ កើតមានព្រោះអ្វីជាបច្ច័យ គប្បីប្រាប់គេថា ជាតិកើតមាន ព្រោះភពជាបច្ច័យ។ ម្នាលអានន្ទ បើមានគេ​សួរ​ថា ភព កើតមាន ព្រោះធម៌នេះ ជាបច្ច័យ មានដែរឬ គប្បីប្រាប់គេថា មាន។ បើគេសួរទៀត​ថា ភព កើតមានព្រោះអ្វីជាបច្ច័យ គប្បីប្រាប់គេថា ភពកើតមាន ព្រោះឧបាទានជាបច្ច័យ។ ម្នាលអានន្ទ បើមានគេ​សួរ​ថា ឧបាទាន កើតមាន ព្រោះធម៌នេះ ជាបច្ច័យ មានដែរឬ គប្បីប្រាប់គេថា មាន។ បើគេសួរទៀត​ថា ឧបាទាន កើតមាន ព្រោះអ្វីជាបច្ច័យ គប្បីប្រាប់គេថា ឧបាទានកើតមាន ព្រោះតណ្ហាជាបច្ច័យ។ ម្នាលអានន្ទ បើមានគេ​សួរ​ថា តណ្ហា កើតមាន ព្រោះធម៌នេះ ជាបច្ច័យ មានដែរឬ គប្បីប្រាប់គេថា មាន។ បើគេសួរទៀត​ថា តណ្ហា កើតមានព្រោះអ្វីជាបច្ច័យ គប្បី​ប្រាប់​គេថា តណ្ហាកើតមាន ព្រោះវេទនាជាបច្ច័យ។ ម្នាលអានន្ទ បើមានគេ​សួរ​ថា វេទនា កើតមាន ព្រោះធម៌នេះ ជាបច្ច័យ មានដែរឬ គប្បីប្រាប់គេថា មាន។ បើគេសួរទៀត​ថា វេទនា កើតមានព្រោះអ្វីជាបច្ច័យ គប្បីប្រាប់គេថា វេទនាកើតមាន ព្រោះផស្សៈ​ជា​បច្ច័យ។ ម្នាលអានន្ទ បើមានគេ​សួរ​ថា ផស្សៈ កើតមាន ព្រោះធម៌នេះ ជាបច្ច័យ មាន​ដែរឬ គប្បីប្រាប់គេថា មាន។ បើគេសួរទៀត​ថា ផស្សៈ កើតមានព្រោះអ្វីជាបច្ច័យ គប្បី​ប្រាប់គេថា ផស្សៈកើតមាន ព្រោះនាមរូបជាបច្ច័យ។ ម្នាលអានន្ទ បើមានគេ​សួរ​ថា នាមរូប កើតមាន ព្រោះធម៌នេះ ជាបច្ច័យ មានដែរឬ គប្បីប្រាប់គេថា មាន។ បើគេសួរទៀត​ថា នាមរូប កើតមានព្រោះអ្វីជាបច្ច័យ គប្បីប្រាប់គេថា នាមរូបកើតមាន ព្រោះវិញ្ញាណជាបច្ច័យ។ ម្នាលអានន្ទ បើមានគេ​សួរ​ថា វិញ្ញាណ កើតមាន ព្រោះធម៌នេះ ជាបច្ច័យ មានដែរឬ គប្បីប្រាប់គេថា មាន។ បើគេសួរទៀត​ថា វិញ្ញាណ កើតមានព្រោះអ្វី​ជា​បច្ច័យ គប្បីប្រាប់គេថា វិញ្ញាណកើតមាន ព្រោះនាមរូបជាបច្ច័យ។ ម្នាលអានន្ទ វិញ្ញាណកើតមានព្រោះនាមរូបជាបច្ច័យ នាមរូបកើតមាន ព្រោះវិញ្ញាណជាបច្ច័យ ផស្សៈកើតមាន​ព្រោះនាមរូបជាបច្ច័យ វេទនាកើតមាន ព្រោះផស្សៈជាបច្ច័យ តណ្ហាកើតមាន ព្រោះវេទនាជាបច្ច័យ ឧបាទានកើតមាន ព្រោះតណ្ហាជាបច្ច័យ ភពកើតមាន ព្រោះឧបាទាន​ជាបច្ច័យ ជាតិកើតមាន ព្រោះភពជាបច្ច័យ ជរាមរណៈ​កើតមាន ព្រោះជាតិ​ជាបច្ច័យ សេចក្តីសោក សេចក្តី​ខ្សឹកខ្សួល សេចក្តីលំបាកកាយ លំបាកចិត្ត និង​សេចក្តី​ចង្អៀតចង្អល់​ចិត្ត ក៏កើតមានព្រម ដោយប្រការដូច្នេះឯង។ កងទុក្ខទាំងអស់នេះ រមែង​កើតឡើងយ៉ាងនេះ។

[៥៨] ពាក្យថា ជរា និងមរណៈកើតមាន ព្រោះជាតិជាបច្ច័យនេះ ពិតជាតថាគត​សំដែងហើយ ដោយប្រការដូច្នេះឯង។ ម្នាលអានន្ទ ព្រោះហេតុនោះ ពាក្យនុ៎ះ បណ្ឌិត​ត្រូវដឹងតាមទំនងដែលជរា មរណៈកើតមាន ព្រោះជាតិជាបច្ច័យនេះចុះ។ ម្នាលអានន្ទ សេចក្តីពិតថា បើជាតិមិនមានដល់សត្វណាមួយក្នុងភពណាៗ ដោយអាការទាំងពួង ដោយ​សភាវៈទាំងពួង20) ហើយ គឺថា ជាតិមិនមាន ដល់ពួក​ទេវតា ដើម្បីភាវៈជាទេវតាក្តី ដល់ពួកគន្ធព្វ ដើម្បីភាវៈជាគន្ធព្វក្តី ដល់ពួកយក្ស ដើម្បី​ភាវៈ​ជាយក្សក្តី ដល់ពួកភូត ដើម្បីភាវៈជាភូតក្តី ដល់ពួកមនុស្ស ដើម្បីភាវៈជាមនុស្សក្តី ដល់ពួកសត្វជើងបួន ដើម្បីភាវៈជាសត្វជើងបួនក្តី ដល់ពួកសត្វស្លាប ដើម្បីភាវៈជាសត្វ​ស្លាបក្តី ដល់ពួកសត្វលូនវារ ដើម្បីភាវៈជាសត្វលូនវារក្តី។ ម្នាលអានន្ទ ជាតិមិនមានដល់​សត្វ​នោះៗ ដោយប្រការដូច្នេះឯង។ កាលបើជាតិមិនមាន ដោយប្រការទាំងពួង ព្រោះ​ជាតិ​រលត់​ហើយ បើដូច្នេះ តើជរា មរណៈ គប្បីមានប្រាកដដែរឬ។ ព្រះអានន្ទក្រាបទូល​ថា បពិត្រព្រះអង្គដ៏ចំរើន ហេតុនុ៎ះ​មិនមានទេ។ ព្រះអង្គត្រាស់ថា ម្នាលអានន្ទ ព្រោះ​ហេតុ​ដូច្នោះឯង ជាតិនេះ ទើបជាហេតុ ជានិទាន ជាសមុទ័យ ជាបច្ច័យ នៃជរា មរណៈ។ ពាក្យថា ជាតិកើតមាន ព្រោះភពជាបច្ច័យនេះ ប្រាកដជាតថាគតសំដែងហើយ ដោយប្រ​ការ​ដូច្នេះ។ ម្នាលអានន្ទ ព្រោះហេតុនោះ ពាក្យនុ៎ះបណ្ឌិតត្រូវដឹងតាមទំនង ដែលជាតិ​កើតមាន ព្រោះភពជាបច្ច័យនេះចុះ។ ម្នាលអានន្ទ សេចក្តីពិតថា បើភពមិនមានហើយ ដល់​សត្វណាមួយ ក្នុងភពណាៗ ដោយអាការទាំងពួង ដោយសភាវៈ​ទាំងពួង គឺកាមភព១ រូបភព១ អរូបភព១។ កាលបើភពមិនមានដោយប្រការទាំងពួង ព្រោះ​ភព​រលត់ហើយ បើដូច្នេះ តើជាតិគប្បី​មានប្រាកដដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ហេតុនុ៎ះ​មិនមានទេ។ ម្នាលអានន្ទ ព្រោះហេតុដូច្នោះឯង ភពនេះទើបជាហេតុ ជានិទាន ជាសមុទ័យ ជាបច្ច័យនៃជាតិ។ ពាក្យថា ភពកើតមាន ព្រោះឧបាទានជាបច្ច័យនេះ ប្រាកដជាតថាគតសំដែងហើយ ដោយប្រ​ការ​ដូច្នេះ។ ម្នាលអានន្ទ ព្រោះហេតុនោះ ពាក្យនុ៎ះបណ្ឌិតត្រូវដឹងតាមទំនង ដែលភព​កើតមាន ព្រោះឧបាទានជាបច្ច័យនេះចុះ។ ម្នាលអានន្ទ សេចក្តីពិតថា បើឧបាទានមិនមានហើយ ដល់​សត្វណាមួយ ក្នុងភពណាៗ ដោយអាការទាំងពួង ដោយសភាវៈ​ទាំងពួង គឺកាមុបាទាន១ ទិដ្ឋុបាទាន១ សីលព្វតុបាទាន១ អត្តវាទុបាទាន១។ កាលបើឧបាទានមិនមានដោយប្រការទាំងពួង ព្រោះ​ឧបាទាន​រលត់ហើយ បើដូច្នេះ តើភពគប្បី​មានប្រាកដដែរឬ។ បពិត្រ​ព្រះអង្គ​ដ៏​ចំរើន ហេតុនុ៎ះ​មិនមានទេ។ ម្នាលអានន្ទ ព្រោះហេតុដូច្នោះឯង ឧបាទាននេះ ទើបជា​ហេតុ ជានិទាន ជាសមុទ័យ ជាបច្ច័យនៃភព។ ពាក្យថា ឧបាទានកើតមាន ព្រោះ​តណ្ហា​ជា​បច្ច័យនេះ ប្រាកដជាតថាគតសំដែងហើយ ដោយប្រ​ការ​ដូច្នេះ។ ម្នាលអានន្ទ ព្រោះ​ហេតុ​នោះ ពាក្យនុ៎ះបណ្ឌិតត្រូវដឹងតាមទំនង ដែលឧបាទាន​កើតមាន ព្រោះតណ្ហាជាបច្ច័យនេះចុះ។ ម្នាលអានន្ទ សេចក្តីពិតថា បើតណ្ហាមិនមានហើយ ដល់​សត្វណាមួយ ក្នុងភពណាៗ ដោយអាការទាំងពួង ដោយសភាវៈ​ទាំងពួង គឺរូបតណ្ហា១ សទ្ទតណ្ហា១ គន្ធតណ្ហា១ រសតណ្ហា១ ផោដ្ឋព្វតណ្ហា១ ធម្មតណ្ហា១។ កាលបើតណ្ហា​មិន​មាន​ដោយប្រការទាំងពួង ព្រោះតណ្ហា​រលត់ហើយ បើដូច្នេះ តើឧបាទានគប្បី​មាន​ប្រាកដ​ដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ហេតុនុ៎ះ​មិនមានទេ។ ម្នាលអានន្ទ ព្រោះហេតុដូច្នោះឯង តណ្ហានេះ ទើបជាហេតុ ជានិទាន ជាសមុទ័យ ជាបច្ច័យនៃឧបាទាន។ ពាក្យថា តណ្ហាកើតមាន ព្រោះវេទនាជាបច្ច័យនេះ ប្រាកដជាតថាគតសំដែងហើយ ដោយប្រ​ការ​ដូច្នេះ។ ម្នាលអានន្ទ ព្រោះហេតុនោះ ពាក្យនុ៎ះបណ្ឌិតត្រូវដឹងតាមទំនង ដែលតណ្ហា​កើតមាន ព្រោះវេទនាជាបច្ច័យនេះចុះ។ ម្នាលអានន្ទ សេចក្តីពិតថា បើវេទនា​មិន​មាន​ហើយ ដល់​សត្វណាមួយ ក្នុងភពណាៗ ដោយអាការទាំងពួង ដោយសភាវៈ​ទាំងពួង គឺវេទនាកើតអំពីចក្ខុសម្ផ័ស្ស១ វេទនាកើតអំពីសោតសម្ផ័ស្ស១ វេទនាកើតអំពី​ឃានសម្ផ័ស្ស១ វេទនាកើតអំពីជិវ្ហា​សម្ផ័ស្ស១ វេទនាកើតអំពីកាយសម្ផ័ស្ស១ វេទនា​កើតអំពី​មនោសម្ផ័ស្ស១។ កាលបើវេទនាមិនមានដោយប្រការទាំងពួង ព្រោះ​វេទនា​រលត់ហើយ បើដូច្នេះ តើតណ្ហាគប្បី​មានប្រាកដដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ហេតុនុ៎ះ​មិនមានទេ។ ម្នាលអានន្ទ ព្រោះហេតុដូច្នោះឯង វេទនានេះ ទើបជាហេតុ ជា​និទាន ជាសមុទ័យ ជាបច្ច័យនៃតណ្ហា។

[៥៩] ម្នាលអានន្ទ តណ្ហាកើតមាន ព្រោះអាស្រ័យ​វេទនា ការស្វែងរកកើតមាន ព្រោះ​អាស្រ័យ​តណ្ហា លាភកើតមាន ព្រោះអាស្រ័យការស្វែងរក វិនិច្ឆ័យ គឺសេចក្តី​ត្រិះរិះ​កើតមាន ព្រោះអាស្រ័យលាភ ឆន្ទរាគ គឺសេចក្តីប្រាថ្នានឹងតម្រេកកើតមាន ព្រោះអាស្រ័យវិនិច្ឆ័យ សេចក្តីចូលចិត្តមាំ​កើតមាន ព្រោះអាស្រ័យឆន្ទរាគ សេចក្តីហួង​ហែង​កើតមាន ព្រោះអាស្រ័យសេចក្តីប្រកាន់មាំ សេចក្តីកំណាញ់​កើតមាន ព្រោះអាស្រ័យសេចក្តីហួងហែង ការរក្សាមាំកើតមាន ព្រោះអាស្រ័យសេចក្តីកំណាញ់ អកុសលធម៌ ដ៏លាមកជាច្រើន គឺការកាន់ដំបង កាន់គ្រឿងសស្ត្រាវុធ ការឈ្លោះ​ទាស់ទែង​វិវាទ ពាក្យថា ឯងមឹង ពាក្យញុះញង់ ពាក្យកុហក​កើតមាន ព្រោះអាស្រ័យការ​រក្សាមាំ គឺថា មានការរក្សាមាំ ជាហេតុ ពាក្យនេះប្រាកដជាតថាគតសំដែងហើយ ដោយ​ប្រការ​ដូច្នេះ។ ម្នាលអានន្ទ ព្រោះហេតុនោះ ពាក្យនុ៎ះ បណ្ឌិតគួរដឹងតាមទំនង​ ដែល​អកុសលធម៌ ដ៏លាមកជាច្រើន គឺការកាន់ដំបង កាន់គ្រឿងសស្ត្រាវុធ ការឈ្លោះ​ទាស់ទែង​​វិវាទ ពាក្យថា ឯងមឹង ពាក្យញុះញង់ ពាក្យកុហក រមែង​កើតមាន ព្រោះ​​ការ​រក្សាមាំ ជាហេតុនេះចុះ។ ម្នាលអានន្ទ សេចក្តីពិតថា​ បើការរក្សាមាំមិនមានហើយ ដល់សត្វ​ណាមួយ ក្នុងភពណាៗ ដោយអាការទាំងពួង ដោយសភាវៈ​ទាំងពួង។ កាលបើមានការ​រក្សាមាំ មិនមានដោយប្រការ​ទាំងពួង ព្រោះការរក្សាមាំរលត់ហើយ បើ​ដូច្នោះ តើអកុសលធម៌ដ៏លាមកជាច្រើន គឺការកាន់ដំបង កាន់គ្រឿងសស្ត្រាវុធ ការឈ្លោះ​ទាស់ទែង​វិវាទ ពាក្យថា ឯងមឹង ពាក្យញុះញង់ ពាក្យកុហក​ គប្បីកើតមានដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ហេតុនុ៎ះ​មិនមានទេ។ ម្នាលអានន្ទ ព្រោះហេតុដូច្នោះ ការរក្សាមាំនេះ ទើបជាហេតុ ជានិទាន ជាសមុទ័យ ជាបច្ច័យនៃកិរិយាកើតមាននៃ​អកុសលធម៌ ដ៏លាមកជាច្រើន គឺការកាន់ដំបង កាន់គ្រឿងសស្ត្រាវុធ ការឈ្លោះ​ទាស់ទែង​វិវាទ ពាក្យថា ឯងមឹង ពាក្យញុះញង់ ពាក្យកុហក។ ពាក្យថា ការរក្សាមាំ កើតមាន ព្រោះអាស្រ័យសេចក្តីកំណាញ់ នេះប្រាកដជាតថាគតសំដែងហើយ ដោយ​ប្រការ​ដូច្នេះ។ ម្នាលអានន្ទ ព្រោះហេតុនោះ ពាក្យនុ៎ះ បណ្ឌិតគួរដឹងតាមទំនង​ ដែល​ការរក្សាមាំ កើតមានព្រោះអាស្រ័យ​សេចក្តីកំណាញ់នេះចុះ។ ម្នាលអានន្ទ សេចក្តីពិតថា​ បើសេចក្តីកំណាញ់មិនមានហើយ ដល់សត្វ​ណាមួយ ក្នុងភពណាៗ ដោយអាការ​ទាំង​ពួង ដោយសភាវៈ​ទាំងពួង។ កាលបើសេចក្តីកំណាញ់ មិនមានដោយប្រការ​ទាំងពួង ព្រោះសេចក្តីកំណាញ់រលត់ហើយ បើ​ដូច្នោះ តើការរក្សាមាំ គប្បីកើតមានប្រាកដដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ហេតុនុ៎ះ​មិនមានទេ។ ម្នាលអានន្ទ ព្រោះហេតុដូច្នោះឯង សេចក្តីកំណាញ់នេះ ទើបជាហេតុ ជានិទាន ជាសមុទ័យ ជាបច្ច័យនៃការរក្សាមាំ។ ពាក្យថា សេចក្តីកំណាញ់ កើតមាន ព្រោះអាស្រ័យការហួងហែង នេះប្រាកដ​ជា​តថាគត​សំដែង​ហើយ ដោយ​ប្រការ​ដូច្នេះ។ ម្នាលអានន្ទ ព្រោះហេតុនោះ ពាក្យនុ៎ះ បណ្ឌិត គួរ​ដឹង​តាម​ទំនង​ ដែលសេចក្តីកំណាញ់ កើតមានព្រោះអាស្រ័យការហួងហែងនេះចុះ។ ម្នាលអានន្ទ សេចក្តីពិតថា​ បើការហួងហែងមិនមានហើយ ដល់សត្វ​ណាមួយ ក្នុងភពណាៗ ដោយអាការទាំងពួង ដោយសភាវៈ​ទាំងពួងទេ។ កាលបើការហួងហែង មិនមានដោយប្រការ​ទាំងពួង ព្រោះការហួងហែងរលត់ហើយ បើ​ដូច្នោះ តើសេចក្តី​កំណាញ់​ គប្បីកើតមានប្រាកដដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ហេតុនុ៎ះ​មិនមានទេ។ ម្នាលអានន្ទ ព្រោះហេតុដូច្នោះឯង ការហួងហែងនេះ ទើបជាហេតុ ជានិទាន ជាសមុទ័យ ជាបច្ច័យនៃសេចក្តីកំណាញ់។ ពាក្យថា សេចក្តីហួងហែង កើតមាន ព្រោះអាស្រ័យ​សេចក្តី​ប្រកាន់មាំនេះ ប្រាកដជាតថាគតសំដែងហើយ ដោយ​ប្រការ​ដូច្នេះ។ ម្នាលអានន្ទ ព្រោះហេតុនោះ ពាក្យនុ៎ះ បណ្ឌិតគួរដឹងតាមទំនង​ ដែល​ការហួងហែង កើតមានព្រោះ​អាស្រ័យ​​សេចក្តីប្រកាន់មាំនេះចុះ។ ម្នាលអានន្ទ សេចក្តីពិតថា​ បើសេចក្តីប្រកាន់មាំ​មិនមាន​ហើយ ដល់សត្វ​ណាមួយ ក្នុងភពណាៗ ដោយអាការទាំងពួង ដោយសភាវៈ​ទាំងពួង។ កាលបើសេចក្តីប្រកាន់មាំ មិនមានដោយ​ប្រការ​​ទាំងពួង ព្រោះសេចក្តីប្រកាន់​មាំ​រលត់ហើយ បើ​ដូច្នោះ តើការហួងហែង​ គប្បីមានប្រាកដដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ហេតុនុ៎ះ​មិនមានទេ។ ម្នាលអានន្ទ ព្រោះហេតុដូច្នោះឯង សេចក្តីប្រកាន់មាំនេះ ទើបជា​ហេតុ ជានិទាន ជាសមុទ័យ ជាបច្ច័យនៃការហួងហែង។ ពាក្យថា សេចក្តីប្រកាន់មាំ កើតមាន ព្រោះអាស្រ័យឆន្ទរាគ នេះប្រាកដជាតថាគតសំដែងហើយ ដោយ​ប្រការ​ដូច្នេះ។ ម្នាលអានន្ទ ព្រោះហេតុនោះ ពាក្យនុ៎ះ បណ្ឌិតគួរដឹងតាមទំនង​ ដែលសេចក្តី​ប្រកាន់​មាំ កើតមានព្រោះអាស្រ័យ​ឆន្ទរាគនេះចុះ។ ម្នាលអានន្ទ សេចក្តីពិតថា​ បើ​ឆន្ទរាគមិនមានហើយ ដល់សត្វ​ណាមួយ ក្នុងភពណាៗ ដោយអាការទាំងពួង ដោយ​សភាវៈ​ទាំងពួង។ កាលបើឆន្ទរាគ មិនមាន​ដោយ​​ប្រការ​​ទាំងពួង ព្រោះឆន្ទរាគរលត់​ហើយ បើ​ដូច្នោះ តើសេចក្តីប្រកាន់មាំ​ គប្បីមាន​ប្រាកដ​ដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ហេតុនុ៎ះ​មិនមានទេ។ ម្នាលអានន្ទ ព្រោះហេតុ​ដូច្នោះ​ឯង ឆន្ទរាគនេះ ទើបជាហេតុ ជានិទាន ជាសមុទ័យ ជាបច្ច័យនៃសេចក្តី​ប្រកាន់មាំ។ ពាក្យថា ឆន្ទរាគៈ កើតមាន ព្រោះអាស្រ័យការវិនិច្ឆ័យ នេះប្រាកដ​ជា​តថាគត​សំដែងហើយ ដោយ​ប្រការ​ដូច្នេះ។ ម្នាលអានន្ទ ព្រោះហេតុនោះ ពាក្យនុ៎ះ បណ្ឌិតត្រូវដឹងតាមទំនង​ ដែលឆន្ទរាគ កើតមានព្រោះអាស្រ័យ​ការវិនិច្ឆ័យនេះចុះ។ ម្នាលអានន្ទ សេចក្តីពិតថា​ បើការវិនិច្ឆ័យ​មិនមានហើយ ដល់សត្វ​ណាមួយ ក្នុងភពណាៗ ដោយអាការទាំងពួង ដោយសភាវៈ​ទាំងពួង។ កាលបើការវិនិច្ឆ័យ​ មិនមាន​ដោយ​​ប្រការ​​ទាំងពួង ព្រោះការវិនិច្ឆ័យរលត់​ហើយ បើ​ដូច្នោះ តើឆន្ទរាគ​ គប្បីមាន​ប្រាកដ​ដែរឬ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ហេតុនុ៎ះ​មិនមានទេ។ ម្នាលអានន្ទ ព្រោះហេតុ​ដូច្នោះ​ឯង ការវិនិច្ឆ័យនេះ ទើបជាហេតុ ជានិទាន ជាសមុទ័យ ជាបច្ច័យនៃឆន្ទរាគៈ។ ពាក្យថា ការវិនិច្ឆ័យ កើតមាន ព្រោះអាស្រ័យលាភ នេះប្រាកដ​ជា​តថាគត​សំដែងហើយ ដោយ​ប្រការ​ដូច្នេះ។ ម្នាលអានន្ទ ព្រោះហេតុនោះ ពាក្យនុ៎ះ បណ្ឌិតគួរដឹងតាមទំនង​ ដែលការវិនិច្ឆ័យ​ កើតមានព្រោះលាភនេះចុះ។ ម្នាលអានន្ទ សេចក្តីពិតថា​ បើលាភមិនមានហើយ ដល់សត្វ​ណាមួយ ក្នុងភពណាៗ ដោយអាការទាំងពួង ដោយសភាវៈ​ទាំងពួង។ កាលបើលាភ មិនមាន​ដោយ​​ប្រការ​​ទាំង​ពួង ព្រោះលាភរលត់ហើយ បើ​ដូច្នោះ តើការ​វិនិច្ឆ័យ គប្បីមាន​ប្រាកដ​ដែរឬ។ បពិត្រ​ព្រះអង្គដ៏ចំរើន ហេតុនុ៎ះ​មិនមានទេ។ ម្នាលអានន្ទ ព្រោះហេតុ​ដូច្នោះ​ឯង លាភនេះ ទើបជាហេតុ ជានិទាន ជាសមុទ័យ ជាបច្ច័យនៃការ​វិនិច្ឆ័យ។ ពាក្យថា លាភ កើតមាន ព្រោះអាស្រ័យការស្វែងរក នេះប្រាកដ​ជា​តថាគត​សំដែងហើយ ដោយ​ប្រការ​ដូច្នេះ។ ម្នាលអានន្ទ ព្រោះហេតុនោះ ពាក្យនុ៎ះ បណ្ឌិតគួរ​ដឹង​តាម​ទំនង​ ដែលលាភ កើតមាន​ព្រោះ​អាស្រ័យ​ការស្វែងរកនេះចុះ។ ម្នាលអានន្ទ សេចក្តីពិតថា​ បើការស្វែងរកមិនមាន​ហើយ ដល់សត្វ​ណាមួយ ក្នុងភពណាៗ ដោយអាការទាំងពួង ដោយសភាវៈ​ទាំងពួង។ កាលបើការស្វែងរក មិនមាន​ដោយ​​ប្រការ​​ទាំងពួង ព្រោះការស្វែងរករលត់ហើយ បើ​ដូច្នោះ តើលាភ​ គប្បីមាន​ប្រាកដ​ដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ហេតុនុ៎ះ​មិនមានទេ។ ម្នាលអានន្ទ ព្រោះហេតុ​ដូច្នោះ​ឯង ការស្វែងរកនេះ ទើបជាហេតុ ជានិទាន ជាសមុទ័យ ជាបច្ច័យនៃលាភ។ ពាក្យថា ការស្វែងរក កើតមាន ព្រោះអាស្រ័យតណ្ហា នេះប្រាកដ​ជា​តថាគត​សំដែងហើយ ដោយ​ប្រការ​ដូច្នេះ។ ម្នាលអានន្ទ ព្រោះហេតុនោះ ពាក្យនុ៎ះ បណ្ឌិតគួរដឹងតាមទំនង​ ដែលការស្វែងរក កើតមានព្រោះអាស្រ័យ​តណ្ហានេះចុះ។ ម្នាលអានន្ទ សេចក្តីពិតថា​ បើតណ្ហាមិនមានហើយ ដល់សត្វ​ណាមួយ ក្នុងភពណាៗ ដោយអាការទាំងពួង ដោយសភាវៈ​ទាំងពួង តណ្ហានោះ គឺកាមតណ្ហា១ ភវតណ្ហា១ វិភវតណ្ហា១។ កាលបើតណ្ហា​ មិនមាន​ដោយ​​ប្រការ​​ទាំងពួង ព្រោះតណ្ហារលត់ហើយ បើ​ដូច្នោះ តើការ​ស្វែងរក​ គប្បីមាន​ប្រាកដ​ដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ហេតុនុ៎ះ​មិនមានទេ។ ម្នាល​អានន្ទ ព្រោះហេតុ​ដូច្នោះ​ឯង តណ្ហានេះ ទើបជាហេតុ ជានិទាន ជាសមុទ័យ ជាបច្ច័យ​នៃការស្វែងរក។

[៦០] ម្នាលអានន្ទ ធម៌២យ៉ាង (វដ្តមូលតណ្ហា១ សមុទាចារតណ្ហា១)នេះ ទុក​ជាមាន​ចំណែក២ដូច្នោះ មានទីប្រជុំដោយបច្ច័យតែ១ ដោយវេទនាជាបច្ច័យ ដោយប្រ​ការដូច្នេះឯង។ ពាក្យថា វេទនាកើតមានព្រោះផស្សៈជាបច្ច័យ នេះប្រាកដ​ជា​តថាគត​សំដែងហើយ ដោយ​ប្រការ​ដូច្នេះ។ ម្នាលអានន្ទ ព្រោះហេតុនោះ ពាក្យនុ៎ះ បណ្ឌិត​គួរ​ដឹង​តាម​ទំនង​ ដែលវេទនា កើតមានព្រោះផស្សៈជាបច្ច័យនេះចុះ។ ម្នាលអានន្ទ សេចក្តី​ពិតថា​ បើផស្សៈមិនមានហើយ ដល់សត្វ​ណាមួយ ក្នុងភពណាៗ ដោយអាការទាំងពួង ដោយសភាវៈ​ទាំងពួង ផស្សៈនោះ គឺចក្ខុសម្ផ័ស្ស១ សោតសម្ផ័ស្ស១ ឃានសម្ផ័ស្ស១ ជិវ្ហាសម្ផ័ស្ស១ កាយសម្ផ័ស្ស១ មនោសម្ផ័ស្ស១។ កាលបើផស្សៈ មិនមាន​ដោយ​​ប្រការ​​ទាំងពួង ព្រោះផស្សៈរលត់ហើយ បើ​ដូច្នេះ តើវេទនា​ គប្បីមាន​ប្រាកដ​ដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ហេតុនុ៎ះ​មិនមានទេ។ ម្នាលអានន្ទ ព្រោះហេតុ​ដូច្នោះ​ឯង ផស្សៈនេះ ទើបជាហេតុ ជានិទាន ជាសមុទ័យ ជាបច្ច័យនៃវេទនា។ ពាក្យថា ផស្សៈ កើតមាន ព្រោះនាមរូបជាបច្ច័យ នេះប្រាកដ​ជា​តថាគត​សំដែងហើយ ដោយ​ប្រការ​ដូច្នេះ។ ម្នាលអានន្ទ ព្រោះហេតុនោះ ពាក្យនុ៎ះ បណ្ឌិតគួរដឹងតាមទំនង​ ដែលផស្សៈ កើត​មាន​ព្រោះនាមរូបជាបច្ច័យនេះចុះ។ ម្នាលអានន្ទ បញ្ញត្តិនៃនាមកាយ21) កើតឡើងដោយអាការណា ដោយលិង្គណា ដោយនិមិត្តណា ដោយឧទ្ទេសណា កាលបើអាការនោះ លិង្គនោះ និមិត្តនោះ ឧទ្ទេស​នោះ មិនមានហើយ បើដូច្នេះ តើអធិវចនសម្ផ័ស្ស គឺមនោសម្ផ័ស្ស គប្បីមានប្រាកដក្នុង​រូបកាយ22) ដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ហេតុនុ៎ះមិនមានទេ។ ម្នាល​អានន្ទ បញ្ញត្តិនៃរូបកាយ តែងកើតឡើងដោយអាការណា ដោយលិង្គណា ដោយនិមិត្ត​ណា ដោយឧទ្ទេសណា កាលបើអាការនោះ លិង្គនោះ និមិត្តនោះ ឧទ្ទេស​នោះ មិន​មាន​ហើយ បើដូច្នេះ តើបដិឃសម្ផ័ស្ស គឺ សម្ផ័ស្សដែលកើតឡើង ព្រោះ​ធ្វើរូបក្ខន្ធ ដែលប្រកប​ដោយ​​សេចក្តីថ្នាំងថ្នាក់ ឲ្យជាទីនៅក្នុងនាមកាយ គប្បីមានប្រាកដ​ដែរឬ។ បពិត្រព្រះអង្គ​ដ៏ចំរើន ហេតុនុ៎ះមិនមានទេ។ ម្នាលអានន្ទ បញ្ញត្តិនៃ​នាមកាយ និងរូបកាយ តែងមាន​ដោយ​អាការណា ដោយលិង្គណា ដោយនិមិត្តណា ដោយឧទ្ទេស​ណា កាលបើអាការ​នោះ លិង្គនោះ និមិត្តនោះ ឧទ្ទេស​នោះ មិនមានហើយ បើដូច្នេះ តើអធិវចនសម្ផ័ស្ស ឬបដិឃសម្ផ័ស្ស គប្បីមានប្រាកដ​ដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ហេតុនុ៎ះមិនមានទេ។ ម្នាលអានន្ទ បញ្ញត្តិនៃនាមរូប តែងមានដោយអាការណា ដោយលិង្គណា ដោយ​និមិត្ត​ណា ដោយឧទ្ទេសណា កាលបើអាការនោះ លិង្គនោះ និមិត្តនោះ ឧទ្ទេស​នោះ មិនមាន​ហើយ បើដូច្នេះ តើផស្សៈ គប្បីមានប្រាកដ​ដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ហេតុនុ៎ះមិន​មាន​ទេ។ ម្នាលអានន្ទ ព្រោះហេតុដូច្នោះឯង នាមរូប​នេះទើបជាហេតុ ជានិទាន ជា​សមុទ័យ ជាបច្ច័យនៃផស្សៈ។ ពាក្យថា នាមរូប​កើត​មាន ព្រោះវិញ្ញាណជាបច្ច័យ នេះ​ប្រាកដ​ជាតថាគតសំដែងហើយ ដោយអាការដូច្នេះ។ ម្នាលអានន្ទ ព្រោះហេតុនោះ ពាក្យ​នុ៎ះ បណ្ឌិតគួរដឹងតាមទំនង ដែលនាមរូបកើត​មាន ព្រោះ​វិញ្ញាណ ជាបច្ច័យនេះចុះ។ ម្នាលអានន្ទ សេចក្តីពិតថា បើវិញ្ញាណនឹងមិនចុះ​ស៊ប់ គឺមិនប្រព្រឹត្តទៅដោយអំណាច​នៃបដិសន្ធិ ក្នុងផ្ទៃនៃមាតាហើយ បើដូច្នេះ តើនាមរូប នឹង​ដាច់សូន្យទៅក្នុងផ្ទៃ​នៃមាតា​បានដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ហេតុនុ៎ះ​មិនមានទេ។ ម្នាលអានន្ទ ចុះបើវិញ្ញាណចុះ​ចាប់​បដិសន្ធិក្នុងផ្ទៃនៃមាតា ហើយរលត់ទៅវិញ នាមរូប​នឹងកើតចំពោះ​ក្នុងភាវៈនៃ​បញ្ចក្ខន្ធ ដែលបរិបូណ៌នេះបានដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ហេតុនុ៎ះមិនមានទេ។ ម្នាលអានន្ទ ចុះបើវិញ្ញាណរបស់មនុស្សក្មេង គឺក្មេងប្រុស ឬក្មេង​ស្រីរលត់ទៅដោយ​អំណាច​ចុតិ នាមរូបនឹងដល់នូវសេចក្តី​ចំរើន ដុសដាលធំធាត់ដែរ​ឬ។ បពិត្រព្រះអង្គដ៏ចំរើន ហេតុនុ៎ះមិនមានទេ។ ម្នាលអានន្ទ ព្រោះហេតុនោះ វិញ្ញាណនេះ ទើបជាហេតុ ជានិទាន ជាសមុទ័យ ជាបច្ច័យនៃនាមរូប។ ពាក្យថា វិញ្ញាណកើតមាន ព្រោះ​នាមរូបជាបច្ច័យ នេះប្រាកដជាតថាគតសំដែងហើយ ដោយប្រការដូច្នេះ។ ម្នាល​អានន្ទ ព្រោះហេតុនោះ ពាក្យនុ៎ះបណ្ឌិតគួរដឹងតាមទំនង ដែលវិញ្ញាណកើត​មាន ព្រោះ​នាមរូប ជាបច្ច័យនេះចុះ។ ម្នាលអានន្ទ ចុះបើវិញ្ញាណមិនបានទីដំកល់​ក្នុងនាមរូប​ហើយ កិរិយាកើតឡើងនៃ​គំនររបស់ទុក្ខ គឺជាតិ ជរា និងមរណៈ គប្បីមាន​ប្រាកដដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ហេតុនុ៎ះមិនមានទេ។ ម្នាលអានន្ទ ព្រោះហេតុដូច្នោះ នាមរូបនេះ ទើបជាហេតុ ជានិទាន ជាសមុទ័យ ជាបច្ច័យនៃវិញ្ញាណ។ ម្នាលអានន្ទ នាមរូប គប្បី​កើត​ចាស់ស្លាប់ ឬច្យុត ឬចាប់បដិសន្ធិ ដោយហេតុ​មានប្រមាណប៉ុណ្ណេះឯង។ គន្លងនៃឈ្មោះ​ក្តី គន្លងនៃភាសាក្តី គន្លងនៃបញ្ញត្តិក្តី ហេតុដែលគួរដឹងដោយបញ្ញត្តិក្តី វដ្តៈក្តី រមែង​ប្រព្រឹត្ត​​ទៅ ដោយហេតុមានប្រមាណប៉ុណ្ណេះៗឯង។ ខន្ធបញ្ចកៈ រមែង​ប្រាកដ​ដោយការ​បញ្ញត្តិ​នូវឈ្មោះ (មានវេទនា និងសញ្ញាជាដើម) នាមរូបនេះ រមែងប្រព្រឹត្ត​ទៅ​ជាមួយ​នឹង​វិញ្ញាណ។

[៦១] ម្នាលអានន្ទ ចុះបុគ្គល កាលបញ្ញត្តខ្លួន តែងបញ្ញត្តដោយហេតុ​មាន​ប៉ុន្មាន​ប្រការ។ ម្នាលអានន្ទ ក៏បុគ្គល​កាលបញ្ញត្តខ្លួន ដែលមានរូប និងមានប្រមាណតិចថា ខ្លួនរបស់អញ​មានរូប នឹងមានប្រមាណតិច23) ក៏មាន។ ម្នាលអានន្ទ ឬក៏​បុគ្គល កាលបញ្ញត្តខ្លួន តែងបញ្ញត្តខ្លួន ដែលមានរូប និងមិនមានទីបំផុតថា ខ្លួនរបស់អញ​មានរូប និងមិនមានទីបំផុត24) ក៏មាន។ ម្នាលអានន្ទ ក៏បុគ្គលកាលបញ្ញត្តខ្លួន តែងបញ្ញត្តខ្លួន ដែល​មិនមាន​រូប និងមានប្រមាណតិចថា ខ្លួនរបស់អញមិនមានរូប និងមានប្រមាណតិច25) ក៏មាន។ ម្នាលអានន្ទ ឬក៏បុគ្គលកាលបញ្ញត្តខ្លួន តែងបញ្ញត្តខ្លួន ដែល​មិនមាន​រូប និងមិនមានទីបំផុតថា ខ្លួនរបស់អញមិនមានរូប និងមិនមានទីបំផុត26) ក៏មាន។ ម្នាលអានន្ទ បណ្តាបុគ្គលដែលលុះក្នុងទិដ្ឋិទាំង៤ពួកនោះ បុគ្គលណា កាលបញ្ញត្តខ្លួន តែងបញ្ញត្តខ្លួន ដែលមានរូប និងមានប្រមាណតិច បុគ្គលនោះ កាលបញ្ញត្តខ្លួន តែងបញ្ញត្តខ្លួន ដែលមានរូប និងមានប្រមាណតិច ក្នុងកាលឥឡូវ​នេះក្តី27) បុគ្គលនោះ កាលបញ្ញត្តខ្លួន តែងបញ្ញត្តខ្លួន ដែលមានរូប និងមានប្រមាណតិច ដែលកើតនៅ​ក្នុងលោក​ដូច្នោះក្តី28) ឬក៏បុគ្គលនោះ មានសេចក្តីត្រិះរិះ​ដូច្នេះថា សភាវៈដែលមិនពិត អាត្មាអញនឹងសម្រេច ឬបំបែរ​ឲ្យជាសភាវៈ​ដែលពិត​ទៅវិញក្តី29) ម្នាលអានន្ទ កាលបើហេតុ​យ៉ាង​នេះ​មានហើយ គួរនឹងពោលនូវបុគ្គលដែលមានរូបថា30) មានបរិត្តត្តានុទិដ្ឋិ (សេចក្តីយល់ឃើញថា ខ្លួនមានប្រមាណតិច) ដេកនៅ​មិនដាច់។ ម្នាលអានន្ទ បណ្តាបុគ្គលដែលលុះក្នុងទិដ្ឋិទាំង៤នោះ បុគ្គលណា កាល​បញ្ញត្ត​ខ្លួន តែងបញ្ញត្តខ្លួន ដែលមានរូប និងមិនមានទីបំផុត បុគ្គលនោះ កាលបញ្ញត្តខ្លួន តែងបញ្ញត្តខ្លួន ដែលមានរូប និងមិនមានទីបំផុត ក្នុងកាលឥឡូវ​នេះក្តី បុគ្គលនោះ កាលបញ្ញត្តខ្លួន តែងបញ្ញត្តខ្លួន ដែលមានរូប និងមិនមានទីបំផុត ដែលកើតនៅ​ក្នុងលោក​ដូច្នោះក្តី ឬក៏បុគ្គលនោះ មានសេចក្តីត្រិះរិះ​ដូច្នេះថា សភាវៈដែលមិនពិតថា អាត្មាអញនឹងសម្រេច ឬបំបែរ​ឲ្យជាសភាវៈ​ពិត​ទៅវិញក្តី។ ម្នាលអានន្ទ កាលបើហេតុ​យ៉ាង​នេះ​មានហើយ គួរនឹងពោលនូវបុគ្គលដែលមានរូបថា មានអនន្តត្តានុទិដ្ឋិ (សេចក្តីយល់ឃើញថា ខ្លួនមិនមានទីបំផុត) ដេកនៅ​មិនដាច់។ ម្នាលអានន្ទ បណ្តា​បុគ្គល​ដែល​លុះក្នុងទិដ្ឋិទាំង៤ពួកនោះ បុគ្គលណា កាល​បញ្ញត្ត​ខ្លួន តែងបញ្ញត្តខ្លួន ដែលមិនមានរូប និងមានប្រមាណតិច បុគ្គលនោះ កាលបញ្ញត្តខ្លួន តែងបញ្ញត្តខ្លួន ដែលមិនមានរូប និងមានប្រមាណតិច ក្នុងកាលឥឡូវ​នេះក្តី បុគ្គលនោះ កាលបញ្ញត្តខ្លួន តែងបញ្ញត្តខ្លួន ដែលមិនមានរូប និងមានប្រមាណតិច ដែលកើតនៅ​ក្នុងលោក​ដូច្នោះក្តី ឬក៏បុគ្គលនោះ មានសេចក្តីត្រិះរិះ​ដូច្នេះថា សភាវៈដែលមិនពិត អាត្មាអញនឹងសម្រេច ឬបំបែរ​ឲ្យជាសភាវៈ​ពិត​ទៅវិញក្តី។ ម្នាលអានន្ទ កាលបើហេតុ​យ៉ាង​នេះ​មានហើយ គួរនឹងពោលនូវបុគ្គលដែលមិនមានរូបថា មានបរិត្តត្តានុទិដ្ឋិ ដេកនៅ​មិនដាច់។ ម្នាលអានន្ទ បណ្តាបុគ្គលដែលលុះក្នុងទិដ្ឋិទាំង៤ពួកនោះ បុគ្គលណា កាល​បញ្ញត្ត​ខ្លួន តែងបញ្ញត្តខ្លួន ដែលមិនមានរូប និងមិនមានទីបំផុត បុគ្គលនោះ កាលបញ្ញត្តខ្លួន តែងបញ្ញត្តខ្លួន ដែលមិនមានរូប និងមិនមានទីបំផុត ក្នុងកាលឥឡូវ​នេះក្តី បុគ្គលនោះ កាលបញ្ញត្តខ្លួន តែងបញ្ញត្តខ្លួន ដែលមិនមានរូប និងមិនមានទីបំផុត ដែលកើតនៅ​ក្នុងលោក​ដូច្នោះក្តី ឬក៏បុគ្គលនោះ មានសេចក្តីត្រិះរិះ​ដូច្នេះថា សភាវៈដែលមិនពិត អាត្មាអញនឹងសម្រេច ឬបំបែរ​ឲ្យជាសភាវៈ​ពិត​ទៅវិញក្តី។ ម្នាលអានន្ទ កាលបើហេតុ​យ៉ាង​នេះ​មានហើយ គួរនឹងពោលនូវបុគ្គលដែលមិនមានរូបថា មានអនន្តត្តានុទិដ្ឋិ ដេកនៅ​មិនដាច់។ ម្នាលអានន្ទ បុគ្គល កាលបញ្ញត្តខ្លួន តែងបញ្ញត្ត​ដោយហេតុ​មាន​ប្រមាណប៉ុណ្ណេះឯង។

[៦២] ម្នាលអានន្ទ ចុះបុគ្គល កាលមិនបញ្ញត្តខ្លួន តែងមិនបញ្ញត្ត​ដោយ​ហេតុ​មាន​ប៉ុន្មានប្រការ។ ម្នាលអានន្ទ បុគ្គល កាលមិនបញ្ញត្តខ្លួន តែងមិនបញ្ញត្តខ្លួន ដែលមានរូប និងមានប្រមាណតិចថា ខ្លួនរបស់អញ មានរូប និងមានប្រមាណតិចក៏មាន។ ម្នាលអានន្ទ ឬក៏បុគ្គល កាលមិនបញ្ញត្តខ្លួន តែងមិនបញ្ញត្ត​ខ្លួន ដែលមានរូប និងមិនមានទីបំផុតថា ខ្លួនរបស់អញ មានរូប និងមិនមានទីបំផុតក៏មាន។ ម្នាលអានន្ទ ឬក៏បុគ្គល កាលមិន​បញ្ញត្ត​ខ្លួន តែងមិនបញ្ញត្ត​ខ្លួន ដែលមិនមានរូប និងមានប្រមាណតិចថា ខ្លួនរបស់អញ មិនមានរូប និងមានប្រមាណតិចក៏មាន។ ម្នាលអានន្ទ ឬក៏បុគ្គល កាលមិនបញ្ញត្តខ្លួន តែងមិនបញ្ញត្ត​ខ្លួន ដែលមិនមានរូប និងមិនមានទីបំផុតថា ខ្លួនរបស់អញ មិនមានរូប និងមិនមានទីបំផុតក៏មាន។ ម្នាលអានន្ទ បណ្តាបុគ្គលទាំង៤ពួកនោះ បុគ្គលណា កាល​មិនបញ្ញត្តខ្លួន តែងមិនបញ្ញត្ត​ខ្លួន ដែលមានរូប និងមានប្រមាណតិច បុគ្គលនោះ កាល​មិនបញ្ញត្តខ្លួន តែងមិនបញ្ញត្ត​ខ្លួន ដែលមានរូប និងមានប្រមាណតិច ក្នុងកាលឥឡូវ​នេះ​ក្តី បុគ្គលនោះ កាល​មិនបញ្ញត្តខ្លួន តែងមិនបញ្ញត្ត​ខ្លួន ដែលមានរូប និងមានប្រមាណតិច ដែលកើតនៅក្នុងលោកដូច្នោះក្តី ឬក៏បុគ្គលនោះ មិនមានសេចក្តីត្រិះរិះដូច្នេះថា សភាវៈ​ដែល​មិនពិត អាត្មាអញ នឹងសម្រេច ឬបំបែរ​ឲ្យជាសភាវៈ​ពិតទៅវិញក្តី។ ម្នាលអានន្ទ កាលបើ​ហេតុយ៉ាងនេះមានហើយ គួរនឹងពោលនូវបុគ្គលដែលមានរូបថា បរិត្តត្តានុទិដ្ឋិ មិនដេកនៅរឿយៗទេ។ ម្នាលអានន្ទ បណ្តាបុគ្គលទាំង៤ពួកនោះ បុគ្គលណា កាល​មិនបញ្ញត្តខ្លួន តែងមិនបញ្ញត្ត​ខ្លួន ដែលមានរូប និងមិនមានទីបំផុត បុគ្គលនោះ កាល​មិនបញ្ញត្តខ្លួន តែងមិនបញ្ញត្ត​ខ្លួន ដែលមានរូប និងមិនមានទីបំផុត ក្នុងកាលឥឡូវ​នេះ​ក្តី ឬបុគ្គលនោះ កាល​មិនបញ្ញត្តខ្លួន តែងមិនបញ្ញត្ត​ខ្លួន ដែលមានរូប និងមិនមានទីបំផុត ដែលកើតនៅក្នុងលោកដូច្នោះក្តី ឬក៏បុគ្គលនោះ មិនមានសេចក្តីត្រិះរិះដូច្នេះថា សភាវៈ​ដែល​មិនពិត អាត្មាអញ នឹងសម្រេច ឬបំបែរ​ឲ្យជាសភាវៈ​ពិតទៅវិញក្តី។ ម្នាលអានន្ទ កាលបើ​ហេតុយ៉ាងនេះមានហើយ គួរនឹងពោលនូវបុគ្គលដែលមានរូបថា អនន្តត្តានុទិដ្ឋិ មិនដេកនៅរឿយៗទេ។ ម្នាលអានន្ទ បណ្តាបុគ្គលទាំង៤ពួកនោះ បុគ្គលណា កាល​មិនបញ្ញត្តខ្លួន តែងមិនបញ្ញត្ត​ខ្លួន ដែលមិនមានរូប និងមានប្រមាណតិច បុគ្គលនោះ កាល​មិនបញ្ញត្តខ្លួន តែងមិនបញ្ញត្ត​ខ្លួន ដែលមិនមានរូប និងមានប្រមាណតិច ក្នុងកាល​ឥឡូវ​នេះ​ក្តី ឬបុគ្គលនោះ កាល​មិនបញ្ញត្តខ្លួន តែងមិនបញ្ញត្ត​ខ្លួន ដែលមិនមានរូប និងមានប្រមាណតិច ដែលកើតនៅក្នុងលោកដូច្នោះក្តី ឬក៏បុគ្គលនោះ មិនមាន​សេចក្តី​ត្រិះរិះដូច្នេះថា សភាវៈ​ដែល​មិនពិត អាត្មាអញ នឹងសម្រេច ឬបំបែរ​ឲ្យជាសភាវៈ​ពិតទៅវិញក្តី។ ម្នាលអានន្ទ កាលបើ​ហេតុយ៉ាងនេះមានហើយ គួរនឹងពោល​នូវ​បុគ្គល​ដែលមិនមានរូបថា បរិត្តត្តានុទិដ្ឋិ មិនដេកនៅរឿយៗទេ។ ម្នាលអានន្ទ បណ្តា​បុគ្គល​ទាំង​៤​ពួកនោះ បុគ្គលណា កាល​មិនបញ្ញត្តខ្លួន តែងមិនបញ្ញត្ត​ខ្លួន ដែលមិនមានរូប និងមិនមានទីបំផុត បុគ្គលនោះ កាល​មិនបញ្ញត្តខ្លួន តែងមិនបញ្ញត្ត​ខ្លួន ដែលមិនមានរូប និងមិនមានទីបំផុត ក្នុងកាលឥឡូវ​នេះ​ក្តី ឬបុគ្គលនោះ កាល​មិនបញ្ញត្តខ្លួន តែង​មិន​បញ្ញត្ត​​ខ្លួន ដែលមិនមានរូប និងមិនមានទីបំផុត ដែលកើតនៅក្នុងលោកដូច្នោះក្តី ឬក៏បុគ្គលនោះ មិនមានសេចក្តីត្រិះរិះដូច្នេះថា សភាវៈ​ដែល​មិនពិត អាត្មាអញ នឹងសម្រេច ឬបំបែរ​ឲ្យជាសភាវៈ​ពិតទៅវិញក្តី។ ម្នាលអានន្ទ កាលបើ​ហេតុយ៉ាងនេះ​មាន​ហើយ គួរនឹងពោលនូវបុគ្គលដែលមិនមានរូបថា អនន្តត្តានុទិដ្ឋិ មិនដេកនៅរឿយៗទេ។ ម្នាលអានន្ទ បុគ្គល កាលមិនបញ្ញត្តខ្លួន តែងមិនបញ្ញត្តខ្លួន ដោយហេតុ​មានប្រមាណ​ប៉ុណ្ណេះឯង។

[៦៣] ម្នាលអានន្ទ បុគ្គលកាលពិចារណានូវខ្លួន តែងពិចារណា​ដោយ​ហេតុ​មាន​ប៉ុន្មានប្រការ។ ម្នាលអានន្ទ បុគ្គលកាលពិចារណានូវខ្លួន តែងពិចារណាខ្លួន ដែលមានវេទនាថា វេទនាជាខ្លួនរបស់អញក៏មាន ថា វេទនាមិនមែនជាខ្លួន​របស់អញ​ ព្រោះថា ខ្លួនរបស់អញមិនបានទទួលអារម្មណ៍ក៏មាន។ ថាវេទនា មិនមែនជាខ្លួន​របស់​អញ ព្រោះថា ខ្លួនរបស់អញ មិនបានទទួលអារម្មណ៍ ខ្លួនរបស់អញ តែងទទួល​វេទនា វេទនាធម៌ជាខ្លួនរបស់អញពិតក៏មាន ម្នាលអានន្ទ បុគ្គល​កាលពិចារណានូវខ្លួន តែង​ពិចារណាដោយប្រការ​ដូច្នេះឯង។ ម្នាលអានន្ទ បណ្តាបុគ្គលដែលលុះក្នុងទិដ្ឋិ​ទាំង​៣​ពួកនោះ បុគ្គលណាពោលយ៉ាងនេះថា វេទនាជាខ្លួនរបស់បុគ្គលនោះ អ្នកគប្បីពោល​តប​យ៉ាងនេះថា ម្នាលអាវុសោ វេទនានេះមាន៣យ៉ាង គឺ សុខវេទនា១ ទុក្ខវេទនា១ អទុក្ខមសុខវេទនា១ បណ្តាវេទនាទាំង៣នេះ អ្នកពិចារណាឃើញច្បាស់នូវវេទនា​ណា​ថា​ជាខ្លួន។ ម្នាលអានន្ទ សម័យណា បុគ្គលទទួលសុខវេទនា សម័យនោះ មិនទទួលទុក្ខ​វេទនា មិនទទួលអទុក្ខមសុខវេទនាទេ សម័យនោះ រមែងទទួល​តែសុខវេទនាមួយយ៉ាង។ ម្នាលអានន្ទ សម័យណាបុគ្គលទទួលទុក្ខវេទនា សម័យនោះ មិនទទួលសុខ​វេទនា មិនទទួលអទុក្ខមសុខវេទនាទេ សម័យនោះ រមែងទទួលតែទុក្ខវេទនាមួយយ៉ាង។ ម្នាលអានន្ទ សម័យណាបុគ្គលទទួលអទុក្ខមសុខវេទនា សម័យនោះ មិនទទួលសុខ​វេទនា មិនទទួលទុក្ខវេទនាទេ សម័យនោះ រមែងទទួលតែអទុក្ខមសុខវេទនាមួយយ៉ាង។ ម្នាលអានន្ទ សុខវេទនាក្តី ជាធម្មជាតិមិនទៀង ជាធម្មជាតិដែលបច្ច័យតាក់តែង​កើតឡើង ព្រោះអាស្រ័យ (នឹងបច្ច័យនោះៗ) មានកិរិយាអស់ទៅ វិនាសទៅ សាបរលាបទៅ រលត់​ទៅជាធម្មតា។ ម្នាលអានន្ទ ទុក្ខវេទនាក្តី ជាធម្មជាតិមិនទៀង ជាធម្មជាតិ​ដែលបច្ច័យ​តាក់តែង​កើតឡើង ព្រោះអាស្រ័យ (នឹងបច្ច័យនោះៗ) មានកិរិយាអស់ទៅ វិនាស​ទៅ សាបរលាបទៅ​ រលត់ទៅជាធម្មតា។ ម្នាលអានន្ទ អទុក្ខមសុខវេទនាក្តី ជាធម្មជាតិ​មិន​ទៀង ជាធម្មជាតិ​ដែលបច្ច័យ​តាក់តែង​កើតឡើង ព្រោះអាស្រ័យ (នឹងបច្ច័យនោះៗ) មាន​កិរិយាអស់ទៅ វិនាស​ទៅ សាបរលាបទៅ ​រលត់ទៅជាធម្មតា។ កាលបុគ្គលនោះ ទទួល​សុខវេទនា រមែងដឹងច្បាស់ថា នេះខ្លួនរបស់អញ កាលបើសុខវេទនានោះ រលត់ទៅ​ហើយ ក៏ដឹងច្បាស់ថា ខ្លួនរបស់អញរលត់​ទៅហើយ។ កាលបុគ្គលនោះ ទទួល​ទុក្ខវេទនា រមែងដឹងច្បាស់ថា នេះខ្លួនរបស់អញ កាលបើទុក្ខវេទនានោះ រលត់ទៅ​ហើយ ក៏ដឹង​ច្បាស់​ថា ខ្លួនរបស់អញរលត់​ទៅហើយ។ កាលបុគ្គលនោះ ទទួលអទុក្ខម​សុខវេទនា រមែងដឹងច្បាស់ថា នេះខ្លួនរបស់អញ កាលបើអទុក្ខមសុខវេទនានោះ រលត់ទៅ​ហើយ ក៏ដឹងច្បាស់ថា ខ្លួនរបស់អញរលត់​ទៅហើយ។ បុគ្គលណា ពោលយ៉ាងនេះថា វេទនា​ជាខ្លួនរបស់អញ បុគ្គលនោះ កាលពិចារណានូវខ្លួន តែងពិចារណាខ្លួនដែលមិនទៀង លាយច្រឡំ​ដោយសុខ និងទុក្ខ មានកិរិយាកើតឡើង និងវិនាសទៅជាធម្មតា ក្នុង​បច្ចុប្បន្ន ដូចសេចក្តីដែលបានសំដែង​មកនេះឯង។ ម្នាលអានន្ទ ព្រោះហេតុដូច្នោះ បុគ្គលក្នុង​លោកនេះ មិនគួរនឹងពិចារណានូវខ្លួននេះថា វេទនា​ជាខ្លួនរបស់អញ ដោយឧបាយនេះ​ឡើយ។ ម្នាលអានន្ទ បណ្តាបុគ្គលដែលលុះក្នុងទិដ្ឋិទាំង៣ពួកនោះ បុគ្គលណា ពោល​យ៉ាងនេះថា វេទនាមិនមែន​ជាខ្លួនរបស់អញ ព្រោះថា ខ្លួនរបស់អញ មិនបានទទួល​អារម្មណ៍ បុគ្គលនោះ អ្នកគប្បីពោលតបយ៉ាងនេះថា ម្នាលអាវុសោ ការទទួលអារម្មណ៍ ដោយប្រការទាំងពួង រមែងមានក្នុងសុទ្ធរូបក្ខន្ធ31) ណា សេចក្តីដឹងខ្លួនថា អាត្មាអញមាន គប្បីមានក្នុងសុទ្ធរូបក្ខន្ធនោះដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ហេតុនុ៎ះ មិនមានទេ។ ម្នាលអានន្ទ ព្រោះហេតុដូច្នោះ បុគ្គលក្នុង​លោកនេះ មិនគួរនឹងពិចារណានូវខ្លួននេះថា វេទនាមិនមែន​ជាខ្លួនរបស់អញ ព្រោះថាខ្លួនរបស់អញ មិនទទួលអារម្មណ៍​ ដោយ​ឧបាយ​នេះ​​ឡើយ។ ម្នាលអានន្ទ បណ្តាបុគ្គលដែលលុះក្នុងទិដ្ឋិទាំង៣ពួកនោះ បុគ្គលណា ពោល​យ៉ាងនេះថា វេទនា​មិនមែនជាខ្លួនរបស់អញ ព្រោះថាខ្លួនរបស់អញ មិនបានទទួល​អារម្មណ៍ទេ ខ្លួនរបស់អញ រមែងទទួលវេទនា ឯវេទនាធម៌ ជាខ្លួន​របស់អញ។ បុគ្គលនោះ អ្នកគប្បីពោលតបយ៉ាងនេះថា ម្នាលអាវុសោ វេទនាទាំងឡាយ គប្បីរលត់​មិនសេសសល់ ដោយអាការទាំងពួង ដោយសភាវៈទាំងពួង កាលបើវេទនាមិនមាន ដោយប្រការទាំងពួង ព្រោះវេទនារលត់ហើយ សេចក្តីដឹង​ខ្លួនថា អាត្មាអញ មាន ដូច្នេះ គប្បីមានក្នុងរូបក្ខន្ធ​នោះដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ហេតុនុ៎ះ មិនមានទេ។ ម្នាលអានន្ទ ព្រោះហេតុដូច្នោះ បុគ្គលក្នុង​លោកនេះ មិនគួរនឹង​ពិចារណា​នូវ​ខ្លួននេះថា វេទនាមិនមែន​ជាខ្លួនរបស់អញ ព្រោះថាខ្លួនរបស់អញ មិនបាន​ទទួល​អារម្មណ៍ទេ​ ខ្លួនរបស់អញ រមែងទទួលវេទនា ឯវេទនាធម៌ ជាខ្លួនរបស់អញពិត ដោយ​ឧបាយ​នេះ​​ឡើយ។

[៦៤] ម្នាលអានន្ទ កាលបើភិក្ខុមិនបានពិចារណានូវវេទនាថាជាខ្លួន ក៏មិនបាន​ពិចារណា​នូវខ្លួនថា មិនបានទទួលអារម្មណ៍ ក៏មិនបានពិចារណាថា ខ្លួន​ទទួល​វេទនា វេទនាធម៌ជាខ្លួនរបស់អញ ដូច្នេះឡើយ។ ភិក្ខុនោះ កាលពិចារណាយ៉ាងនេះ រមែង​មិនប្រកាន់នូវធម្មជាតនីមួយ ក្នុងលោក (មានខន្ធលោកជាដើម) កាលបើ​មិនប្រកាន់​ហើយ ក៏រមែង​មិនតក់ស្លុត កាលបើមិនតក់ស្លុតហើយ រមែង​បរិនិព្វានចំពោះខ្លួនឯង តែង​ដឹងច្បាស់ថា កំណើត​របស់អញអស់ហើយ ព្រហ្មចរិយធម៌ អាត្មាអញបានប្រព្រឹត្ត​គ្រប់​គ្រាន់ហើយ សោឡសកិច្ច អាត្មាអញបានធ្វើ​ស្រេចហើយ កិច្ចដទៃប្រព្រឹត្តទៅ ដើម្បី​សោឡសកិច្ច​នេះទៀត មិនមានឡើយ។ ម្នាលអានន្ទ ភិក្ខុដែលរួចស្រឡះ (ចាក​អាសវៈ) យ៉ាងនេះហើយ បើបុគ្គលណា និយាយយ៉ាងនេះថា ទិដ្ឋិរបស់ភិក្ខុនោះថា សត្វខាងមុខ​អំពី​សេចក្តីស្លាប់ទៅ រមែង​កើតទៀត ពាក្យនោះរបស់បុគ្គល​នោះ មិនគួរទេ។ ថាទិដ្ឋិរបស់​ភិក្ខុនោះថា សត្វខាងមុខអំពីសេចក្តីស្លាប់ទៅ រមែង​មិនកើតទៀត ពាក្យនោះ របស់​បុគ្គល​នោះ​មិនគួរទេ។ ថាទិដ្ឋិរបស់​ភិក្ខុនោះថា សត្វខាងមុខអំពីសេចក្តីស្លាប់ទៅ រមែង​កើតទៀតក៏មាន មិនកើតទៀតក៏មាន ពាក្យនោះ របស់​បុគ្គល​នោះ​ក៏មិនគួរ។ ថា​ទិដ្ឋិរបស់​ភិក្ខុនោះថា សត្វខាងមុខអំពីសេចក្តីស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀតក៏មិន​មែន ពាក្យនោះ របស់​បុគ្គល​នោះ​ក៏មិនគួរ។ សេចក្តីនោះ ព្រោះហេតុដូចម្តេច។ ម្នាលអានន្ទ ឈ្មោះ និងគន្លងនៃឈ្មោះក្តី ភាសា និងគន្លងនៃភាសាក្តី បញ្ញត្តិនិងគន្លងនៃបញ្ញត្តិក្តី បញ្ញានិងខន្ធបញ្ចកៈ ដែលគួរដឹង​ដោយបញ្ញាក្តី វដ្តៈក្តី តែងប្រព្រឹត្តទៅ ដោយកំណត់ត្រឹមណាៗ វដ្តៈ ក៏ប្រព្រឹត្តទៅ ដោយកំណត់​ត្រឹម​ណោះៗដែរ ភិក្ខុរួចស្រឡះហើយ ព្រោះដឹងនូវសភាវៈ មានឈ្មោះជាដើមនោះ បើ​បុគ្គល​ណា ពោលនូវភិក្ខុដែលរួចស្រឡះ​ហើយ ព្រោះដឹងនូវសភាវៈ មានឈ្មោះជាដើមនោះថា ភិក្ខុនោះ មិនដឹង មិនឃើញ ទិដ្ឋិរបស់ភិក្ខុនោះដូច្នេះ ពាក្យនោះរបស់​បុគ្គល​នោះមិនគួរ​ទេ។

[៦៥] ម្នាលអានន្ទ វិញ្ញាណដ្ឋិតិ (ទីដំកល់នៃវិញ្ញាណ) នេះមាន៧ អាយតនៈមាន​២។ វិញ្ញាណដ្ឋិតិទាំង៧នោះ តើដូចម្តេច។ ម្នាលអានន្ទ ពួកសត្វដែលមានកាយ​ផ្សេងគ្នា មានសញ្ញាផ្សេងគ្នា ដូចពួកមនុស្ស ទេវតាពួកខ្លះ និងសត្វ​វិនិបាតិកៈ32) ពួកខ្លះ នេះជាវិញ្ញាណដ្ឋិតិទី១។ ម្នាលអានន្ទ ពួកសត្វ​ដែលមានកាយផ្សេងគ្នា មានសញ្ញាដូចគ្នា ដូចទេវតាដែលរាប់បញ្ចូល​ក្នុងពួកព្រហ្ម ដែលកើតដោយបឋមជ្ឈាន និងពួកសត្វដែលកើត​ក្នុង​អបាយភូមិទាំង​៤ នេះជាវិញ្ញាណដ្ឋិតិទី២។ ម្នាលអានន្ទ ពួកសត្វ​ដែលមានកាយដូចគ្នា មានសញ្ញាផ្សេងគ្នា ដូចពួកទេវតា ដែលនៅក្នុងអាភស្សរភព នេះជាវិញ្ញាណដ្ឋិតិ៣។ ម្នាលអានន្ទ ពួកសត្វ​ដែលមានកាយដូចគ្នា មានសញ្ញាដូចគ្នា ដូចពួកទេវតាដែលនៅក្នុងសុភកិណ្ហភព នេះជាវិញ្ញាណដ្ឋិតិទី៤។ ម្នាលអានន្ទ ពួកសត្វ​ដែលកន្លងនូវរូបសញ្ញា33) ដល់នូវសេចក្តី​វិនាស នៃបដិឃសញ្ញា34) និងមិនបានធ្វើទុកក្នុងចិត្ត នូវនានត្តសញ្ញា35) ដោយប្រការទាំងពួង ហើយចូល​ទៅកាន់​អាកាសានញ្ចាយតនជ្ឈាន (ដោយធ្វើទុកក្នុងចិត្ត)ថា អាកាសមិនមានទី​បំផុត ដូច្នេះ នេះជាវិញ្ញាណដ្ឋិតិទី៥។ ម្នាលអានន្ទ ពួកសត្វ​ដែលកន្លងនូវអាកាសានញ្ចាយតន​ជ្ឈាន ដោយប្រការទាំងពួង ហើយចូលទៅកាន់វិញ្ញាណញ្ចាយតនជ្ឈាន (ដោយធ្វើទុក​ក្នុងចិត្ត)ថា វិញ្ញាណមិនមានទីបំផុត ដូច្នេះ នេះជាវិញ្ញាណដ្ឋិតិទី៦។ ម្នាលអានន្ទ ពួកសត្វ​ដែលកន្លងនូវវិញ្ញាណញ្ចាយតន​ជ្ឈាន ដោយប្រការទាំងពួង ហើយចូលទៅ​កាន់​អាកិញ្ចញ្ញាយតនជ្ឈាន (ដោយធ្វើទុក​ក្នុងចិត្ត)ថា អ្វីតិចតួច ក៏មិនមាន ដូច្នេះ នេះជាវិញ្ញាណដ្ឋិតិទី៧។ ឯអាយតនៈទាំងពីរ គឺអសញ្ញិសត្តាយតនៈ (ជាទី១) នេវសញ្ញា​នាសញ្ញាយតនៈជាទី២។ ម្នាលអានន្ទ បណ្តាវិញ្ញាណដ្ឋិតិទាំង៧នោះ វិញ្ញាណដ្ឋិតិទី១​ណា ដែលថាពួកសត្វមានកាយផ្សេងគ្នា មានសញ្ញាផ្សេងគ្នា ដូចពួកមនុស្ស ទេវតាពួក​ខ្លះ និងសត្វវិនិបាតិកៈពួកខ្លះ ម្នាលអានន្ទ ភិក្ខុណាដឹងច្បាស់នូវវិញ្ញាណដ្ឋិតិនោះផង ដឹងច្បាស់នូវហេតុ ជាទីកើត​នៃវិញ្ញាណដ្ឋិតិនោះផង ដឹងច្បាស់នូវសេចក្តី​រលត់​នៃ​វិញ្ញាណដ្ឋិតិនោះផង ដឹងច្បាស់នូវ​អានិសង្ស​នៃវិញ្ញាណដ្ឋិតិនោះផង ដឹងច្បាស់នូវ​ទោស​នៃវិញ្ញាណដ្ឋិតិនោះផង ដឹងច្បាស់​នូវកិរិយា​រលាស់ចោលនូវវិញ្ញាណដ្ឋិតិនោះផង ភិក្ខុ​នោះ គួរត្រេកអរ​នឹងវិញ្ញាណដ្ឋិតិនោះដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ហេតុនុ៎ះ មិនគួរទេ​។បេ។ ម្នាលអានន្ទ បណ្តាវិញ្ញាណដ្ឋិតិទាំង៧នោះ វិញ្ញាណដ្ឋិតិទី៧ណា ដែលថា ពួកសត្វ​កន្លងនូវវិញ្ញាណញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង ហើយចូល​ទៅកាន់​អាកិញ្ចញ្ញាយតនជ្ឈាន (ដោយធ្វើទុកក្នុងចិត្ត)ថា អ្វីតិចតួច ក៏មិនមានដូច្នេះ ម្នាលអានន្ទ ភិក្ខុណាដឹងច្បាស់នូវវិញ្ញាណដ្ឋិតិនោះផង ដឹងច្បាស់នូវហេតុ ជាទីកើត​នៃវិញ្ញាណដ្ឋិតិ​នោះ​ផង ដឹងច្បាស់នូវសេចក្តី​រលត់​នៃ​វិញ្ញាណដ្ឋិតិនោះផង ដឹងច្បាស់នូវ​អានិសង្ស​នៃវិញ្ញាណដ្ឋិតិនោះផង ដឹងច្បាស់នូវ​ទោស​នៃវិញ្ញាណដ្ឋិតិនោះផង ដឹងច្បាស់​នូវកិរិយា​រលាស់ចោលនូវវិញ្ញាណដ្ឋិតិនោះផង ភិក្ខុ​នោះ គួរត្រេកអរ​នឹងវិញ្ញាណដ្ឋិតិនោះដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ហេតុនុ៎ះ មិនគួរទេ​។ ម្នាលអានន្ទ បណ្តាអាយតនៈទាំង២នោះ អសញ្ញិសត្តាយតនៈណា ម្នាលអានន្ទ ភិក្ខុណាដឹងច្បាស់នូវអាយតនៈនោះផង ដឹងច្បាស់នូវហេតុ ជាទីកើត​នៃអាយតនៈនោះផង ដឹងច្បាស់នូវសេចក្តី​រលត់​នៃ​អាយតនៈនោះផង ដឹងច្បាស់នូវ​អានិសង្ស​នៃអាយតនៈនោះផង ដឹងច្បាស់នូវ​ទោស​នៃអាយតនៈនោះផង ដឹងច្បាស់​នូវកិរិយា​រលាស់ចោលនូវអាយតនៈនោះផង ភិក្ខុ​នោះ គួរត្រេកអរ​នឹងអាយតនៈនោះដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ហេតុនុ៎ះ មិនគួរទេ​។ ម្នាលអានន្ទ បណ្តាអាយតនៈទាំង២នោះ នេវសញ្ញានាសញ្ញាយតនៈណា ម្នាលអានន្ទ ភិក្ខុណាដឹងច្បាស់នូវអាយតនៈនោះផង ដឹងច្បាស់នូវហេតុ ជាទីកើត​នៃអាយតនៈ​នោះ​ផង ដឹងច្បាស់នូវសេចក្តី​រលត់​នៃ​អាយតនៈនោះផង ដឹងច្បាស់នូវ​អានិសង្ស​នៃ​អាយតនៈ​នោះ​ផង ដឹងច្បាស់នូវ​ទោស​នៃអាយតនៈនោះផង ដឹងច្បាស់​នូវកិរិយា​រលាស់ចោល​នូវ​អាយតនៈ​នោះផង ភិក្ខុ​នោះ គួរត្រេកអរ​នឹងអាយតនៈនោះដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ហេតុនុ៎ះ មិនគួរទេ​។ ម្នាលអានន្ទ កាលណាបើភិក្ខុដឹងច្បាស់នូវហេតុជាទីកើតផង នូវសេចក្តី​រលត់ផង នូវ​អានិសង្សផង នូវ​ទោសផង ​នូវកិរិយា​រលាស់ចោលផង នូវវិញ្ញាណដ្ឋិតិទាំង​៧ និងអាយតនៈទាំង២នេះ តាមសេចក្តីពិតមែន ឈ្មោះថា រួចស្រឡះ ព្រោះមិនប្រកាន់​ ម្នាលអានន្ទ ភិក្ខុនេះឯង តថាគតហៅថា បញ្ញាវិមុត្តបុគ្គល។

[៦៦] ម្នាលអានន្ទ វិមោក្ខនេះមាន៨យ៉ាង។ វិមោក្ខទាំង៨នោះ តើដូចម្តេច។ គឺ​បុគ្គល​មានរូបជ្ឈាន36) តែងឃើញរូប គឺកសិណទាំងឡាយ មាននីលកសិណ​ជាដើម នេះជាវិមោក្ខទី១។ បុគ្គលមិនមានសេចក្តីសំគាល់ក្នុងរូប​ខាងក្នុង មានសក់ជាដើមរបស់ខ្លួន37) តែងឃើញរូបខាងក្រៅ គឺកសិណ មាននីលកសិណជាដើម នេះជាវិមោក្ខទី២។ បុគ្គលមានចិត្តចុះស៊ប់កាន់ឈាន ក្នុងវណ្ណកសិណ ដែលបរិសុទ្ធ38) នេះជាវិមោក្ខទី៣។ បុគ្គលដែលកន្លងនូវ​រូបសញ្ញា ដល់នូវ​សេចក្តីវិនាសនៃបដិឃសញ្ញា ទាំងមិនបានធ្វើទុកក្នុងចិត្តនូវ​នានត្ត​សញ្ញា ដោយប្រការទាំងពួង ហើយចូលទៅកាន់អាកាសានញ្ចាយតនជ្ឈាន (ដោយធ្វើទុក​ក្នុងចិត្ត) ថា អាកាសមិនមានទីបំផុតដូច្នេះ នេះជាវិមោក្ខទី៤។ បុគ្គលដែលកន្លងនូវ​អាកាសានញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង ហើយចូលទៅកាន់វិញ្ញាណញ្ចាយតន​ជ្ឈាន (ដោយធ្វើទុកក្នុងចិត្ត)ថា វិញ្ញាណមិនមានទីបំផុតដូច្នេះ នេះជាវិមោក្ខទី៥។ បុគ្គលដែលកន្លងនូវវិញ្ញាណញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង ហើយចូលទៅ​កាន់អាកិញ្ចញ្ញាយតន​ជ្ឈាន (ដោយធ្វើទុកក្នុងចិត្ត)ថា អ្វីតិចតួច ក៏មិនមាន ដូច្នេះ នេះជាវិមោក្ខទី៦។ បុគ្គលដែលកន្លងនូវ​អាកិញ្ចញ្ញាយតនជ្ឈាន ដោយប្រការទាំងពួង ហើយចូលទៅកាន់នេវសញ្ញានាសញ្ញាយតន​ជ្ឈាន នេះជាវិមោក្ខទី៧។ បុគ្គលដែលកន្លងនូវនេវសញ្ញានាសញ្ញាយតនជ្ឈាន ដោយប្រការទាំងពួង ហើយចូលទៅកាន់សញ្ញាវេទយិតនិរោធ (សេចក្តីរលត់នៃសញ្ញា និងវេទនា) នេះជា​វិមោក្ខទី៨។ ម្នាលអានន្ទ វិមោក្ខ មាន៨ប្រការនេះឯង។ ម្នាលអានន្ទ កាលណាបើ​ភិក្ខុ​ចូល​កាន់វិមោក្ខទាំង៨នេះ ជាអនុលោមខ្លះ បដិលោមខ្លះ ទាំងអនុលោម បដិលោមខ្លះ ចូល​បាន ចេញបាន តាមសេចក្តីប្រាថ្នា ក្នុងឱកាសណា តាមសេចក្តីប្រាថ្នានូវ​សមាបត្តិ​ណា តាមសេចក្តីប្រាថ្នានូវកំណត់ប៉ុន្មាន ក៏រមែងធ្វើឲ្យជាក់ច្បាស់ ដោយបញ្ញាដ៏ឧត្តម ដោយ​ខ្លួនឯង ក្នុងបច្ចុប្បន្ន ចំពោះ​ចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះ​អស់​ទៅនៃអាសវៈទាំងឡាយ ហើយសម្រេច​សម្រាន្តនៅ ដោយឥរិយាបថទាំង៤ ម្នាលអានន្ទ ភិក្ខុនេះ តថាគតហៅថា ឧភតោភាគវិមុត្តបុគ្គល គឺបុគ្គលដែលរួច ដោយចំណែក​ពីរ។39) ម្នាល​អានន្ទ ឧភតោភាគវិមុត្តិ ដទៃ ដែលលើសលុបជាង ឬថ្លៃថ្លាជាង ឧភតោភាគវិមុត្តិ នេះ មិនមានឡើយ។ លុះព្រះមានព្រះភាគ ទ្រង់ត្រាស់ភាសិតនេះចប់ហើយ។ ព្រះអានន្ទ​មានអាយុ ក៏មានសេចក្តីពេញចិត្ត ត្រេកអរចំពោះភាសិត​ របស់ព្រះមានព្រះភាគ​ជាម្ចាស់។

ចប់ មហានិទានសូត្រ ទី២។

មហាបរិនិព្វានសូត្រ ទី៣

(៣. មហាបរិនិព្វានសុត្តំ)

ពុទ្ធភាណវារៈ ទី១

[៦៧] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់​គង់​លើ​ភ្នំ​គិជ្ឈកូដ40) ទៀបក្រុងរាជគ្រឹះ។ សម័យនោះឯង ព្រះរាជា ជាធំក្នុងដែនមគធៈ ព្រះនាមអជាតសត្តុ វេទេហីបុត្រ41) មានព្រះបំណងនឹងយាត្រា ទៅញាំញីដែនវជ្ជី។ ព្រះអង្គមានព្រះបន្ទូល​យ៉ាងនេះថា អញនឹងផ្តិលផ្តាច់អ្នកដែនវជ្ជីទាំងនេះ ដែលមានឫទ្ធិធំយ៉ាងនេះ មានអានុភាពធំ​យ៉ាង​នេះ អញ​ (មានបំណងនឹងយាត្រាទៅជិះជាន់) ដែនវជ្ជី និងបំផ្លាញដែនវជ្ជី និងធ្វើ​ដែន​វជ្ជី​ឲ្យដល់នូវ​សេចក្តីវិនាស។ គ្រានោះ ព្រះបាទអជាតសត្តុ វេទេហីបុត្ត មាគធរាជ ត្រាស់ហៅ​វស្សការព្រាហ្មណ៍ ដែលជាមហាមាត្យក្នុងដែនមគធៈថា ម្នាលព្រាហ្មណ៍ ចូរអ្នកមកនេះ ចូរអ្នកទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ចូរថ្វាយបង្គំព្រះមានព្រះភាគ ដោយត្បូងតាមពាក្យខ្ញុំ រួចទូលសួរអំពីសេចក្តី​មិនមានអាពាធ មិនមានរោគ ការក្រោក​ឡើង​ដោយរហ័ស កម្លាំងកាយ និងការនៅសប្បាយគ្រប់ឥរិយាបថ ដោយពាក្យថា បពិត្រព្រះអង្គដ៏ចំរើន ព្រះបាទអជាតសត្តុ វេទេហីបុត្ត មាគធរាជ ថ្វាយបង្គំ​ព្រះបាទាព្រះមាន​ព្រះភាគ ដោយព្រះសិរ្ស៍ ហើយផ្តាំមកក្រាបបង្គំទូលសួរ អំពីអាការ​មិនមានអាពាធ មិនមានរោគ ការក្រោក​ឡើង​ដោយរហ័ស ព្រះកាយពល និងការគង់នៅ​ស្រួល គ្រប់​ឥរិយាបថ មួយទៀត ចូរក្រាបទូលយ៉ាងនេះតទៅទៀតថា បពិត្រព្រះអង្គ​ដ៏​ចំរើន ព្រះបាទអជាតសត្តុ វេទេហីបុត្ត មាគធរាជ មានព្រះបំណងនឹងយាត្រាទៅញាំញី​ដែន​វជ្ជី ព្រះអង្គមានបន្ទូលយ៉ាងនេះថា អញនឹងផ្តិលផ្តាច់អ្នកដែនវជ្ជីទាំងនេះ ដែល​មាន​ឫទ្ធិ​ធំ​យ៉ាងនេះ មានអានុភាពធំយ៉ាងនេះ អញ (មានបំណងនឹងយាត្រាទៅជិះជាន់) ដែន​វជ្ជី និងបំផ្លាញដែនវជ្ជី និងធ្វើដែនវជ្ជី ឲ្យដល់នូវសេចក្តីវិនាស ប៉ុន្តែបើព្រះមានព្រះភាគ ទ្រង់​ព្យាករដល់អ្នកយ៉ាងណា ត្រូវអ្នកត្រាប់ត្រង រងព្រះពុទ្ធដីកានោះ ឲ្យជាក់ច្បាស់ ហើយមក​ប្រាប់ខ្ញុំវិញ ព្រោះតថាគតទាំងឡាយ មិនដែល​មានបន្ទូលខុសទេ។ វស្សការ​ព្រាហ្មណ៍ ជាមហាមាត្រក្នុងដែន​មគធៈ ទទួល​ព្រះរាជឱង្ការព្រះបាទអជាតសត្តុ វេទេហីបុត្រ មាគធរាជ ដោយពាក្យថា ព្រះករុណាថ្លៃវិសេស ហើយទើបឲ្យ៣១៥ រៀបចំយានទាំងឡាយដែលល្អៗ ហើយឡើងជិះយាន ដែលល្អៗ បរចេញ​អំពីក្រុង​រាជគ្រឹះ ទៅដោយយានដែលល្អៗ បរសំដៅ​ទៅកាន់​ភ្នំគិជ្ឈកូដ ទៅដោយយាន កំណត់ត្រឹមទីដែលបរយានទៅបាន រួចចុះអំពីយានដើរទៅ ដោយជើង​ទទេ ចូល​ទៅ​គាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ពោលពាក្យរាក់ទាក់ សំណេះ​សំណាល ជាមួយនឹង​ព្រះមានព្រះភាគ លុះបញ្ចប់ពាក្យដែលគួរ​រីករាយ និងពាក្យដែល​គួរ​រលឹកហើយ ក៏អង្គុយក្នុងទីដ៏សមគួរ។ លុះវស្សការព្រាហ្មណ៍ ជាមហាមាត្រ ក្នុងដែន​មគធៈ អង្គុយក្នុងទីដ៏សមគួរហើយ បានក្រាបទូលព្រះមានព្រះភាគ​ដូច្នេះថា បពិត្រ​ព្រះគោតម​ដ៏ចំរើន ព្រះបាទ​អជាតសត្តុ វេទេហីបុត្ត មាគធរាជ ថ្វាយបង្គំ​ព្រះបាទា​នៃព្រះគោតម​ដ៏ចំរើន ដោយព្រះសិរ្ស៍ ហើយផ្តាំ​ឲ្យទូលសួរ​អំពីអាការមិនមានអាពាធ មិនមានរោគ ការក្រោក​ឡើងរហ័ស ព្រះកាយពល និងការគង់នៅស្រួល គ្រប់ឥរិយាបថ បពិត្រព្រះគោតមដ៏ចំរើន ព្រះបាទអជាតសត្តុ វេទេហីបុត្ត មាគធរាជ មានព្រះបំណង​នឹងស្តេច​​ទៅញាំញីដែនវជ្ជី ព្រះអង្គ​មានបន្ទូល​យ៉ាងនេះថា អញនឹងផ្តិលផ្តាច់អ្នក​ដែនវជ្ជី​ទាំងនេះ ដែលមានប្ញទ្ធិធំយ៉ាងនេះ មានអានុភាពធំយ៉ាងនេះ អញ (មានបំណងនឹង​យាត្រា​ទៅជិះជាន់) ដែនវជ្ជី នឹងបំផ្លាញ​ដែនវជ្ជី នឹងធ្វើដែនវជ្ជី​ឲ្យដល់នូវសេចក្តីវិនាស។

[៦៨] សម័យនោះឯង ព្រះអានន្ទមានអាយុ ឋិតនៅអំពីខាង​ក្រោយ​ព្រះមាន​ព្រះភាគ កំពុងពាត់ (បក់) ថ្វាយព្រះមានព្រះភាគ។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងព្រះអានន្ទមានអាយុថា ម្នាលអានន្ទ អ្នកបានឮថា ពួកស្តេចក្នុងដែនវជ្ជី មានការប្រជុំគ្នារឿយៗ មានការប្រជុំគ្នាដោយច្រើន ដូច្នេះដែរឬ។ ព្រះអានន្ទ ក្រាបបង្គំទូលថា​ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គបានឮដំណឹងនេះថា ពួកស្តេច​ក្នុង​ដែនវជ្ជី មានការប្រជុំគ្នារឿយៗ មានការប្រជុំគ្នាដោយច្រើន ដូច្នេះដែរ។ ម្នាលអានន្ទ បើពួកស្តេចក្នុងដែនវជ្ជី នឹងមានការប្រជុំគ្នារឿយៗ មានការប្រជុំគ្នាដោយច្រើន អស់​កាលត្រឹមណា ម្នាលអានន្ទ សេចក្តីចំរើន តែងមានប្រាកដ ដល់ពួកស្តេច​ក្នុង​ដែនវជ្ជី សេចក្តីសាបសូន្យមិនមានឡើយ (អស់កាលត្រឹមណោះ)។ ម្នាលអានន្ទ អ្នកបានឮថា ពួកវជ្ជីក្សត្រិយ៍ ព្រមព្រៀងគ្នាប្រជុំ ព្រមព្រៀងគ្នាលើកលែងប្រជុំ ព្រមព្រៀងគ្នា​ធ្វើ​កិច្ច​ក្នុងដែនវជ្ជី ដូច្នេះដែរ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ បានឮដំណឹងថា ពួកវជ្ជីក្សត្រិយ៍ ព្រមព្រៀងគ្នាប្រជុំ ព្រមព្រៀងគ្នាលើកលែងប្រជុំ ព្រមព្រៀងគ្នា​ធ្វើ​កិច្ច​ក្នុងដែនវជ្ជី ដូច្នេះ​ដែរ។ ម្នាលអានន្ទ បើពួកវជ្ជីក្សត្រិយ៍ នឹងព្រមព្រៀងគ្នាប្រជុំ ព្រមព្រៀងគ្នាលើកលែងប្រជុំ ព្រមព្រៀងគ្នា​ធ្វើ​កិច្ច​ក្នុងដែនវជ្ជី អស់កាលត្រឹមណា ម្នាលអានន្ទ សេចក្តីចំរើន តែងមាន​ប្រាកដ​ដល់ពួកវជ្ជីក្សត្រិយ៍ សេចក្តីសាបសូន្យ មិនមានឡើយ (អស់កាល​ត្រឹមណោះ)។ ម្នាល​អានន្ទ អ្នកបានឮថា ពួកវជ្ជីក្សត្រិយ៍ មិនបញ្ញត្តច្បាស់ (ដែល​ពួកស្តេចពីដើម) មិន​បាន​​បញ្ញត្ត មិនដកច្បាប់ដែលបាន​បញ្ញត្តរួចហើយ កាន់តាម​ប្រព្រឹត្ត​តាមច្បាប់ ក្នុងដែន​វជ្ជី​អំពីបូរាណ ដែលបានបញ្ញត្តរួចហើយយ៉ាងណា ដូច្នេះដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ បានឮដំណឹងនេះថា ពួកវជ្ជីក្សត្រិយ៍មិនបញ្ញត្តច្បាប់ (ដែល​ពួកស្តេចពីដើម) មិនបាន​បញ្ញត្ត មិនដកច្បាប់ដែលបាន​បញ្ញត្តរួចហើយ កាន់តាម​ប្រព្រឹត្ត​តាមច្បាប់ ក្នុងដែនវជ្ជីអំពីបូរាណ ដែលបានបញ្ញត្តរួចហើយយ៉ាងណា ដូច្នេះដែរ។ ម្នាល​អានន្ទ បើពួកវជ្ជីក្សត្រិយ៍ នឹងមិនបញ្ញត្តច្បាប់ ដែលស្តេចពីដើមមិនបាន​បញ្ញត្តហើយ មិនដក​ច្បាប់ដែលបាន​បញ្ញត្តរួចហើយ កាន់តាម​ប្រព្រឹត្ត​តាមច្បាប់ ក្នុងដែនវជ្ជីអំពីបូរាណ ដែលបានបញ្ញត្តរួចហើយយ៉ាងណា អស់កាលត្រឹមណា ម្នាលអានន្ទ សេចក្តីចំរើន តែងមានប្រាកដដល់ពួកវជ្ជីក្សត្រិយ៍ សេចក្តីសាបសូន្យ មិនមានឡើយ (អស់កាល​ត្រឹមណោះ)។ ម្នាលអានន្ទ អ្នកបានឮថា ពួកវជ្ជីក្សត្រិយ៍ ធ្វើសក្ការៈ គោរព រាប់អាន បូជាពួក​វជ្ជីក្សត្រិយ៍ ដែលមានព្រះជន្មច្រើនជាងវជ្ជីក្សត្រិយ៍ទាំងឡាយ ដែលគួរ​ស្តាប់ របស់ពួកក្សត្រិយ៍ ដែលមានព្រះជន្ម​ច្រើនទាំងនោះ ដូច្នេះដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ បានឮដំណឹងនេះថា ពួកវជ្ជីក្សត្រិយ៍ តែងធ្វើសក្ការៈ គោរព រាប់អាន បូជាពួក​វជ្ជីក្សត្រិយ៍ ដែលមានព្រះជន្មច្រើនជាងវជ្ជីក្សត្រិយ៍ទាំងឡាយ ទាំងជឿពាក្យដែលគួរ​ស្តាប់ របស់ពួកក្សត្រិយ៍ ដែលមានព្រះជន្ម​ច្រើនទាំងនោះ ថាជាពាក្យគួរស្តាប់ ដូច្នេះដែរ។ ម្នាល​អានន្ទ បើពួកវជ្ជីក្សត្រិយ៍ នឹងធ្វើសក្ការៈ គោរព រាប់អាន បូជាពួក​វជ្ជីក្សត្រិយ៍ ដែល​មាន​ព្រះជន្មច្រើនជាងវជ្ជីក្សត្រិយ៍ទាំងឡាយ ទាំងជឿពាក្យគួរ​ស្តាប់ របស់​ពួក​ក្សត្រិយ៍ ដែលមានព្រះជន្ម​ច្រើនទាំងនោះ អស់កាលត្រឹមណា ម្នាលអានន្ទ សេចក្តីចំរើន តែង​មាន​ប្រាកដ​ដល់ពួកវជ្ជីក្សត្រិយ៍ សេចក្តីសាបសូន្យ មិនមានឡើយ (អស់កាល​ត្រឹមណោះ)។ ម្នាល​អានន្ទ អ្នកបានឮថា ពួកវជ្ជីក្សត្រិយ៍ មិនកំហែង បង្ខំពួកស្រី​ក្នុង​ត្រកូល ពួក​កុមារី​ក្នុង​ត្រកូល ឲ្យនៅរួម ដូច្នេះដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ បានឮដំណឹងនេះថា ពួកវជ្ជីក្សត្រិយ៍ មិនកំហែង បង្ខំពួកស្រីក្នុងត្រកូល ពួកកុមារី​ក្នុង​ត្រកូល ឲ្យនៅ​រួម ដូច្នេះ​ដែរ។ ម្នាល​អានន្ទ បើពួកវជ្ជីក្សត្រិយ៍ នឹងមិនកំហែង បង្ខំពួកស្រីក្នុង​ត្រកូល ពួក​កុមារី ក្នុងត្រកូល ឲ្យនៅរួម អស់កាលត្រឹមណា ម្នាលអានន្ទ សេចក្តីចំរើន តែងមានប្រាកដ​ ដល់ពួកវជ្ជីក្សត្រិយ៍ សេចក្តីសាបសូន្យ មិនមានឡើយ (អស់កាល​ត្រឹមណោះ)។ ម្នាល​អានន្ទ អ្នកបានឮថា ពួកវជ្ជីក្សត្រិយ៍ តែងធ្វើសក្ការៈ គោរព រាប់អាន បូជាចេតិយ42)) ក្នុងដែនវជ្ជី របស់ពួក​អ្នកដែន​វជ្ជី ដែលនៅ​ខាង​ក្នុងនគរក្តី ខាងក្រៅនគរក្តី និងមិនធ្វើគ្រឿងបូជាប្រកប​ដោយ​ធម៌ ដែលគេធ្លាប់ថ្វាយ ធ្លាប់ធ្វើដល់ចេតិយទាំងនោះ ឲ្យសាបសូន្យទៅ ដូច្នេះដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំ​ព្រះអង្គ បានឮដំណឹងនេះថា ពួកវជ្ជីក្សត្រិយ៍ តែងធ្វើសក្ការៈ គោរព រាប់អាន បូជា​ចេតិយ ក្នុងដែនវជ្ជី របស់ពួក​អ្នកដែន​វជ្ជី ដែលនៅខាងក្នុងនគរក្តី ខាងក្រៅ​នគរក្តី និង​មិន​ធ្វើ​គ្រឿងបូជាប្រកប​ដោយ​ធម៌ ដែលគេធ្លាប់ថ្វាយ ធ្លាប់ធ្វើដល់​ចេតិយ​ទាំង​នោះ ឲ្យសាប​សូន្យទៅ ដូច្នេះដែរ។ ម្នាល​អានន្ទ បើពួកវជ្ជីក្សត្រិយ៍ នឹងធ្វើសក្ការៈ គោរព រាប់អាន បូជាចេតិយ ក្នុងដែនវជ្ជី របស់ពួក​អ្នកដែន​វជ្ជី ដែលនៅខាងក្នុងនគរក្តី ខាងក្រៅនគរក្តី និងមិនធ្វើគ្រឿងបូជាប្រកប​ដោយ​ធម៌ ដែលគេធ្លាប់ថ្វាយ ធ្លាប់ធ្វើដល់ចេតិយទាំងនោះ ឲ្យសាបសូន្យទៅ អស់កាលត្រឹមណា ម្នាលអានន្ទ សេចក្តីចំរើន តែង​មានប្រាកដ​ ដល់​ពួកវជ្ជីក្សត្រិយ៍ សេចក្តីសាបសូន្យ មិនមានឡើយ (អស់កាល​ត្រឹមណោះ)។ ម្នាលអានន្ទ អ្នកបានឮថា ពួកវជ្ជីក្សត្រិយ៍ បានចាត់ចែង​ត្រឹម​ត្រូវ នូវការរក្សាការពារ និងការគ្រប់​គ្រង​ ប្រកបដោយធម៌ ក្នុងអរហន្តទាំងឡាយ ដោយបំណង​ថា ធ្វើម្តេចហ្ន៎ ព្រះអរហន្ត​ទាំង​ឡាយ ដែលមិនទាន់មក ក៏សូម​ឲ្យ​មកកាន់​ដែនរបស់យើង ព្រះអរហន្តទាំងឡាយ ដែល​មក​ស្រាប់ហើយ ក៏សូមឲ្យគង់នៅជាសុខ ក្នុង​ដែនរបស់យើង ដូច្នេះដែរឬ។ បពិត្រព្រះអង្គ​ដ៏​ចំរើន ខ្ញុំព្រះអង្គ បានឮដំណឹងនេះថា ពួកវជ្ជីក្សត្រិយ៍ បានចាត់ចែងដោយ​ត្រឹម​ត្រូវ នូវ​ការរក្សាការពារ និងការគ្រប់​គ្រង​ប្រកប​ដោយ​ធម៌ ក្នុងព្រះអរហន្តទាំងឡាយ ដោយ​បំណង​​ថា ធ្វើម្តេចហ្ន៎ ព្រះអរហន្តទាំងឡាយ ដែលមិនទាន់មក ក៏សូម​ឲ្យ​មកកាន់​ដែន​របស់​យើង ព្រះអរហន្តទាំងឡាយ ដែលមក​ស្រាប់​ហើយ ក៏សូមឲ្យគង់នៅជាសុខ ក្នុង​ដែន​របស់យើង ដូច្នេះដែរ។ ម្នាល​អានន្ទ បើពួកវជ្ជីក្សត្រិយ៍ នឹងចាត់ចែង​ដោយត្រឹម​ត្រូវ នូវ​ការរក្សាការពារ និងការគ្រប់គ្រង​ប្រកប​ដោយ​ធម៌ ក្នុងព្រះអរហន្តទាំងឡាយ ដោយ​បំណង​​ថា ធ្វើម្តេចហ្ន៎ ព្រះអរហន្តទាំងឡាយ ដែលមិនទាន់មក ក៏សូម​ឲ្យ​មកកាន់​ដែន​របស់​យើង ព្រះអរហន្តទាំងឡាយ ដែលមក​ស្រាប់​ហើយ ក៏សូមឲ្យគង់នៅជាសុខ ក្នុង​ដែន​របស់យើង អស់កាលត្រឹមណា ម្នាលអានន្ទ សេចក្តីចំរើន តែងមាន​ប្រាកដ​ដល់​ពួក​វជ្ជីក្សត្រិយ៍ សេចក្តីសាបសូន្យ មិនមានឡើយ (អស់កាល​ត្រឹមណោះ)។

[៦៩] លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងវស្សការព្រាហ្មណ៍ ជា​មហាមាត្យ ក្នុងដែនមគធៈថា ម្នាលព្រាហ្មណ៍ សម័យមួយ តថាគតនៅក្នុង​សារន្ទទ​ចេតិយ ទៀបក្រុងវេសាលី តថាគត បានសំដែង អបរិហានិយធម៌ ទាំង៧នេះ របស់​ពួក​វជ្ជី​ក្សត្រិយ៍ ក្នុងសារន្ទទចេតិយនោះឯង ម្នាលព្រាហ្មណ៍ អបរិហានិយធម៌ ទាំង៧នេះ តាំង​នៅក្នុងពួកវជ្ជីក្សត្រិយ៍ ឬថាពួក​វជ្ជីក្សត្រិយ៍ នឹងប្រតិបត្តិក្នុងអបរិហានិយធម៌ទាំង៧នេះ អស់​កាលត្រឹមណា ម្នាលព្រាហ្មណ៍ សេចក្តីចំរើន តែងមានប្រាកដ ដល់ពួកវជ្ជីក្សត្រិយ៍ សេចក្តីសាបសូន្យមិនមានឡើយ (អស់កាលត្រឹមណោះ)។ កាលបើព្រះមានព្រះភាគ មាន​ព្រះបន្ទូលយ៉ាងនេះហើយ វស្សការព្រាហ្មណ៍ ជាមហាមាត្យ ក្នុងដែនមគធៈ បាន​ក្រាប​បង្គំទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះគោតមដ៏ចំរើន សេចក្តីចំរើន តែង​មានប្រាកដ សេចក្តីសាបសូន្យ មិនមានដល់​ពួកវជ្ជីក្សត្រិយ៍ ដែលប្រកបដោយ​អបរិហានិយធម៌ សូម្បីតែមួយៗ ចាំបាច់និយាយទៅថ្វី ដល់ទៅគ្រប់អបរិហានិយធម៌ ទាំង​៧ បពិត្រព្រះគោតមដ៏ចំរើន មួយទៀត ព្រះបាទអជាតសត្តុវេទេហីបុត្រមាគធរាជ មិន​គប្បី​ចាប់ពួកវជ្ជីក្សត្រិយ៍ ដោយការច្បាំងបានទេ វៀរលែងតែការលួងលោម យកចិត្ត ឬ​ការ​ធ្វើឲ្យបែកគ្នា បពិត្រព្រះគោតមដ៏ចំរើន ណ្ហើយចុះ ខ្ញុំព្រះអង្គសូមលាទៅឥឡូវ​នេះ ខ្ញុំព្រះអង្គមានកិច្ចច្រើន មានការងារច្រើន។ ព្រះអង្គត្រាស់ថា ម្នាលព្រាហ្មណ៍ អ្នកចូរ​សំគាល់នូវកាលគួរនឹងទៅ ក្នុងវេលានេះចុះ។ លំដាប់នោះ វស្សការព្រាហ្មណ៍ ជា​មហាមាត្យ ក្នុងដែនមគធៈ ត្រេកអររីករាយ នឹងភាសិតរបស់​ព្រះមានព្រះភាគ ហើយ​ក្រោកចាកអាសនៈ ចេញទៅ។

[៧០] កាលដែលវស្សការព្រាហ្មណ៍ ជាមហាមាត្យ ក្នុងដែនមគធៈចេញទៅ​មិនយូរ​ប៉ុន្មាន ទើបព្រះមានព្រះភាគ ទ្រង់ត្រាស់នឹង​ព្រះអានន្ទដ៏មានអាយុថា ម្នាលអានន្ទ អ្នក​ចូរ​ទៅឲ្យភិក្ខុទាំងអស់ ដែលនៅអាស្រ័យក្នុងក្រុងរាជគ្រឹះប្រជុំគ្នា ក្នុងឧបដ្ឋានសាលា។43) ព្រះអានន្ទដ៏មានអាយុ ទទួលព្រះបន្ទូល​ព្រះមានព្រះភាគ ដោយពាក្យថា ព្រះករុណាព្រះអង្គ ហើយប្រជុំភិក្ខុសង្ឃទាំងអស់ ដែល​នៅអាស្រ័យក្នុងក្រុងរាជគ្រឹះ ក្នុងឧបដ្ឋានសាលា ហើយក៏ចូល​ទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំ​ព្រះមានព្រះភាគ រួចឋិតនៅក្នុងទីសមគួរ។ ព្រះអានន្ទ​ដ៏មានអាយុ លុះឋិតនៅក្នុងទីដ៏សមគួរហើយ បានក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុសង្ឃប្រជុំគ្នាហើយ បពិត្រព្រះអង្គដ៏ចំរើន សូម​ព្រះមានព្រះភាគ សំគាល់នូវកាលគួរនឹងស្តេច​ទៅក្នុងកាលឥឡូវនេះ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ក្រោកអំពីអាសនៈ ហើយស្តេចចូលទៅកាន់​ឧបដ្ឋានសាលា លុះចូលទៅដល់ហើយ ទ្រង់គង់លើអាសនៈ ដែលគេក្រាលទុក។ លុះព្រះមានព្រះភាគ គង់នៅហើយ ក៏ទ្រង់​ត្រាស់នឹង​ភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ តថាគត នឹងសំដែង​ អបរិហានិយធម៌ ៧ប្រការ ដល់អ្នកទាំងឡាយ ចូរអ្នកទាំងឡាយ ស្តាប់ភាសិតនោះ ចូរ​ប្រុង​ធ្វើទុកក្នុងចិត្តឲ្យល្អចុះ តថាគតនឹងសំដែងប្រាប់។ ភិក្ខុទាំងឡាយនោះ ក៏ទទួល​ព្រះបន្ទូលនៃព្រះមានព្រះភាគដោយពាក្យថា ព្រះករុណាព្រះអង្គ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ បើពួកភិក្ខុនឹងប្រជុំគ្នារឿយៗ ប្រជុំគ្នាដោយច្រើន អស់កាលត្រឹមណា ម្នាលភិក្ខុទាំងឡាយ សេចក្តីចំរើន តែងមានប្រាកដ ដល់ពួកភិក្ខុ សេចក្តីសាបសូន្យ មិនមានឡើយ (អស់កាលត្រឹមណោះ)។ ម្នាលភិក្ខុទាំងឡាយ បើពួកភិក្ខុនឹងព្រមព្រៀងគ្នាប្រជុំ ព្រមព្រៀងគ្នាលើកទីប្រជុំ ព្រមព្រៀងគ្នាធ្វើកិច្ច​របស់សង្ឃ អស់កាលត្រឹមណា ម្នាលភិក្ខុទាំងឡាយ សេចក្តីចំរើន តែងមានប្រាកដ ដល់ពួកភិក្ខុ សេចក្តីសាបសូន្យ មិនមានឡើយ (អស់កាលត្រឹមណោះ)។ ម្នាលភិក្ខុ​ទាំងឡាយ បើពួកភិក្ខុនឹងមិនបញ្ញត្តសិក្ខាបទ ដែលតថាគត​មិនបាន​បញ្ញត្តហើយ មិនដកសិក្ខាបទ ដែលតថាគតបញ្ញត្តហើយ កាន់តាម ប្រព្រឹត្តតាមសិក្ខាបទ ដែលតថាគត​បញ្ញត្តហើយយ៉ាងណា អស់កាលត្រឹមណា ម្នាលភិក្ខុទាំងឡាយ សេចក្តីចំរើន តែងមានប្រាកដ ដល់ពួកភិក្ខុ សេចក្តីសាបសូន្យ មិនមានឡើយ (អស់កាលត្រឹមណោះ)។ ម្នាលភិក្ខុទាំងឡាយ បើពួកភិក្ខុនឹងធ្វើសក្ការៈ គោរព រាប់អាន បូជា​ពួកភិក្ខុជាថេរៈ អ្នកដឹងរាត្រី (ច្រើន) បួសយូរ ជាបិតានៃសង្ឃ ជាបរិនាយក របស់សង្ឃ (ជាអ្នកណែនាំសង្ឃ) ទាំងរាប់អានជឿពាក្យដែល​គួរស្តាប់ របស់ភិក្ខុជាថេរៈ​ទាំងនោះ អស់កាលត្រឹមណា ម្នាលភិក្ខុទាំងឡាយ សេចក្តីចំរើន តែងមានប្រាកដ ដល់​ពួក​ភិក្ខុ សេចក្តីសាបសូន្យ មិនមានឡើយ (អស់កាលត្រឹមណោះ)។ ម្នាលភិក្ខុទាំងឡាយ បើពួកភិក្ខុនឹងមិនលុះក្នុងអំណាចតណ្ហា ជាធម្មជាតិនាំសត្វទៅក្នុងភពថ្មីទៀត ដែលកើត​ឡើងហើយ អស់កាលត្រឹមណា ម្នាលភិក្ខុទាំងឡាយ សេចក្តីចំរើន តែងមានប្រាកដ ដល់ពួកភិក្ខុ សេចក្តីសាបសូន្យ មិនមានឡើយ (អស់កាលត្រឹមណោះ)។ ម្នាលភិក្ខុទាំងឡាយ បើពួកភិក្ខុនឹងមានសេចក្តីប្រាថ្នា ក្នុងសេនាសនៈទាំងឡាយ ដែល​តាំង​នៅក្នុងព្រៃ44) អស់កាលត្រឹមណា ម្នាលភិក្ខុទាំងឡាយ សេចក្តីចំរើន តែងមានប្រាកដ ដល់ពួកភិក្ខុ សេចក្តីសាបសូន្យ មិនមានឡើយ (អស់កាលត្រឹមណោះ)។ ម្នាលភិក្ខុទាំងឡាយ បើពួកភិក្ខុនឹងប្រុងស្មារតីក្នុងខ្លួនថា ធ្វើម្តេចហ្ន៎ ពួកសព្រហ្មចារី45) មានសីលធម៌ជាទីស្រឡាញ់ ដែលមិនទាន់មកដល់ ក៏សូម​ឲ្យ​និមន្តមក ពួកសព្រហ្មចារី មានសីលធម៌ជាទីស្រឡាញ់ ដែលមកដល់ហើយ សូមឲ្យ​នៅ​ជាសុខ ដូច្នេះ អស់កាលត្រឹមណា ម្នាលភិក្ខុទាំងឡាយ សេចក្តីចំរើន តែងមានប្រាកដ ដល់ពួកភិក្ខុ សេចក្តីសាបសូន្យ មិនមានឡើយ (អស់កាលត្រឹមណោះ)។ ម្នាលភិក្ខុទាំងឡាយ បើអបរិហានិយធម៌ទាំង៧នេះ នឹងឋិតនៅក្នុងភិក្ខុទាំងឡាយ ឬថា ភិក្ខុទាំងឡាយនឹងប្រតិបត្តិ ក្នុងអបរិហានិយធម៌ទាំង៧នេះ អស់កាលត្រឹមណា ម្នាលភិក្ខុទាំងឡាយ សេចក្តីចំរើន តែងមានប្រាកដ ដល់ពួកភិក្ខុ សេចក្តីសាបសូន្យ មិនមានឡើយ (អស់កាលត្រឹមណោះ)។

[៧១] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែង​ អបរិហានិយធម៌ ៧ដទៃទៀត ដល់អ្នកទាំងឡាយ ចូរអ្នកទាំងឡាយ ស្តាប់ភាសិតនោះ ចូរ​ប្រុង​ធ្វើទុកក្នុងចិត្តដោយល្អ​ចុះ តថាគតនឹងសំដែងប្រាប់។ ភិក្ខុទាំងនោះ ទទួល​ព្រះបន្ទូល​នៃព្រះមានព្រះភាគ ដោយ​ពាក្យ​ថា ព្រះករុណាព្រះអង្គ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ បើពួកភិក្ខុមិនជាអ្នកមានការងារ ជាទីត្រេកអរ46) មិនត្រេកអរ​ក្នុងការងារ មិនប្រកបរឿយៗ នូវភាវៈជាអ្នកមានការងារ ជាទីត្រេកអរ អស់កាលត្រឹមណា ម្នាលភិក្ខុទាំងឡាយ សេចក្តីចំរើន តែងមានប្រាកដ ដល់ពួកភិក្ខុ សេចក្តីសាបសូន្យ មិនមានឡើយ (អស់កាលត្រឹមណោះ)។ ម្នាលភិក្ខុទាំងឡាយ បើពួកភិក្ខុនឹង​មិនជាអ្នក​មានការនិយាយ (តិរច្ឆានកថា) ជាទីត្រេកអរ មិនត្រេកអរក្នុងការនិយាយ (តិរច្ឆានកថា) មិនប្រកបរឿយៗ នូវភាវៈជាអ្នកមានការនិយាយ (តិរច្ឆានកថា) ជាទីត្រេកអរ អស់​កាល​ត្រឹម​ណា ម្នាលភិក្ខុទាំងឡាយ សេចក្តីចំរើន តែងមានប្រាកដ ដល់ពួកភិក្ខុ សេចក្តី​សាបសូន្យ មិនមានឡើយ (អស់កាលត្រឹមណោះ)។ ម្នាលភិក្ខុ​ទាំងឡាយ បើពួកភិក្ខុ​នឹងមិន​ជាអ្នក​មានសេចក្តីដេកលក់ ជាទីត្រេកអរ មិនត្រេកអរក្នុងសេចក្តីដេកលក់ មិនប្រកបរឿយៗ នូវភាវៈជាអ្នកមានសេចក្តីដេកលក់ ជាទីត្រេកអរ អស់កាលត្រឹមណា ម្នាលភិក្ខុទាំងឡាយ សេចក្តីចំរើន តែងមានប្រាកដ ដល់ពួកភិក្ខុ សេចក្តីសាបសូន្យ មិនមានឡើយ (អស់កាលត្រឹមណោះ)។ ម្នាលភិក្ខុទាំងឡាយ បើពួកភិក្ខុនឹងមិនជាអ្នក​មានគ្នីគ្នា​ជាទីត្រេកអរ មិនត្រេកអរក្នុងការមានគ្នីគ្នា មិនប្រកបរឿយៗ នូវភាវៈជាអ្នកមានគ្នីគ្នា ជាទីត្រេកអរ អស់កាលត្រឹមណា ម្នាលភិក្ខុទាំងឡាយ សេចក្តីចំរើន តែងមានប្រាកដ ដល់​ពួក​ភិក្ខុ សេចក្តីសាបសូន្យ មិនមានឡើយ (អស់កាលត្រឹមណោះ)។ ម្នាលភិក្ខុទាំងឡាយ បើពួកភិក្ខុនឹងមិនមានសេចក្តី​ប្រាថ្នា​អាក្រក់ មិនលុះក្នុងអំណាចសេចក្តីប្រាថ្នាអាក្រក់ អស់កាលត្រឹមណា ម្នាលភិក្ខុទាំងឡាយ សេចក្តីចំរើន តែងមានប្រាកដ ដល់ពួកភិក្ខុ សេចក្តីសាបសូន្យ មិនមានឡើយ (អស់កាលត្រឹមណោះ)។ ម្នាលភិក្ខុទាំងឡាយ បើពួកភិក្ខុនឹងមិនមានមិត្រអាក្រក់ មិនមាន​សំឡាញ់​អាក្រក់ មិនជាអ្នកងាកទៅរកបុគ្គលអាក្រក់ អស់កាលត្រឹមណា ម្នាលភិក្ខុ​ទាំងឡាយ សេចក្តីចំរើន តែងមានប្រាកដ ដល់ពួកភិក្ខុ សេចក្តីសាបសូន្យ មិនមានឡើយ (អស់កាលត្រឹមណោះ)។ ម្នាលភិក្ខុទាំងឡាយ បើពួកភិក្ខុនឹងមិនដល់នូវសេចក្តី​បន្ធូរបន្ថយ​ព្យាយាមក្នុងចន្លោះ ដោយការត្រាស់ដឹងនូវគុណវិសេសត្រឹមតែជាន់ក្រោម អស់​កាល​ត្រឹម​ណា ម្នាលភិក្ខុទាំងឡាយ សេចក្តីចំរើន តែងមានប្រាកដ ដល់ពួកភិក្ខុ សេចក្តីសាបសូន្យ មិនមានឡើយ (អស់កាលត្រឹមណោះ)។ ម្នាលភិក្ខុទាំងឡាយ បើអបរិហានិយធម៌ទាំង៧នេះ នឹងឋិតនៅក្នុងពួកភិក្ខុ ឬពួកភិក្ខុប្រតិបត្តិ ក្នុង​អបរិហានិយធម៌ទាំង៧នេះ អស់កាលត្រឹមណា ម្នាលភិក្ខុទាំងឡាយ សេចក្តីចំរើន តែងមានប្រាកដ ដល់ពួកភិក្ខុ សេចក្តីសាបសូន្យ មិនមានឡើយ (អស់កាលត្រឹមណោះ)។

[៧២] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែង​ អបរិហានិយធម៌ ៧ដទៃទៀត ដល់អ្នកទាំងឡាយ ចូរអ្នកទាំងឡាយ ស្តាប់ភាសិតនោះ ចូរ​ប្រុង​ធ្វើទុកក្នុងចិត្តដោយល្អ​ចុះ តថាគតនឹងសំដែងប្រាប់។ ពួកភិក្ខុទាំងនោះ ទទួល​ព្រះបន្ទូល​នៃព្រះមានព្រះភាគ ដោយ​ពាក្យ​ថា ព្រះករុណាព្រះអង្គ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុ​ទាំងឡាយ បើពួកភិក្ខុនឹងមានសេចក្តីជឿ។បេ។ មានចិត្តប្រកបដោយសេចក្តី​ខ្មាស​ខ្ពើម​បាប។ មានសេចក្តី​ខ្លាចបាប។ ជាពហុស្សូត។ ប្រារព្ធសេចក្តីព្យាយាម។ ជាអ្នកមានស្មារតី​ខ្ជាប់​ខ្ជួន។ ជាអ្នកមានប្រាជ្ញា អស់កាលត្រឹមណា ម្នាលភិក្ខុទាំងឡាយ សេចក្តីចំរើន តែង​មាន​ប្រាកដ ដល់ពួកភិក្ខុ សេចក្តីសាបសូន្យ មិនមានឡើយ (អស់កាលត្រឹមណោះ)។ ម្នាលភិក្ខុទាំងឡាយ បើអបរិហានិយធម៌ទាំង៧នេះ នឹងឋិតនៅក្នុងពួកភិក្ខុ ឬពួកភិក្ខុ​ប្រតិបត្តិ ក្នុង​អបរិហានិយធម៌ទាំង៧នេះ អស់កាលត្រឹមណា ម្នាលភិក្ខុទាំងឡាយ សេចក្តីចំរើន តែងមានប្រាកដ ដល់ពួកភិក្ខុ សេចក្តីសាបសូន្យ មិនមានឡើយ (អស់កាលត្រឹមណោះ)។

[៧៣] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែង​ អបរិហានិយធម៌ ៧ដទៃទៀត ដល់អ្នកទាំងឡាយ ចូរអ្នកទាំងឡាយ ស្តាប់ភាសិតនោះ ចូរ​ប្រុង​ធ្វើទុកក្នុងចិត្តដោយល្អ​ចុះ តថាគតនឹងសំដែងប្រាប់។ ពួកភិក្ខុទាំងនោះ ទទួល​ព្រះបន្ទូល​នៃព្រះមានព្រះភាគ ដោយ​ពាក្យ​ថា ព្រះករុណាព្រះអង្គ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុ​ទាំងឡាយ បើពួកភិក្ខុនឹងចំរើនសតិសម្ពោជ្ឈង្គ (ហេតុនៃធម៌ ជាគ្រឿងត្រាស់ដឹង គឺសេចក្តី​រលឹក)។បេ។ ចំរើនធម្មវិចយសម្ពោជ្ឈង្គ (ហេតុនៃធម៌ជាគ្រឿងត្រាស់ដឹង គឺបញ្ញា ជាគ្រឿង​ពិចារណា)។ ចំរើនវីរិយសម្ពោជ្ឈង្គ (ហេតុនៃធម៌ជាគ្រឿងត្រាស់ដឹង គឺព្យាយាម)។ ចំរើនបីតិសម្ពោជ្ឈង្គ (ហេតុនៃធម៌ជាគ្រឿងត្រាស់ដឹង គឺសេចក្តីឆ្អែតស្កប់ក្នុងធម៌)។ ចំរើនបស្សទ្ធិសម្ពោជ្ឈង្គ (ហេតុនៃធម៌ជាគ្រឿងត្រាស់ដឹង គឺសេចក្តីស្ងប់រម្ងាប់)។ ចំរើនសមាធិសម្ពោជ្ឈង្គ (ហេតុនៃធម៌ជាគ្រឿងត្រាស់ដឹង គឺសេចក្តីដម្កល់ចិត្តមាំ)។ ចំរើនឧបេក្ខាសម្ពោជ្ឈង្គ (ហេតុនៃធម៌ជាគ្រឿងត្រាស់ដឹង គឺសេចក្តីព្រងើយក្នុងសុខនិង​ទុក្ខ) អស់កាលត្រឹមណា ម្នាលភិក្ខុទាំងឡាយ សេចក្តីចំរើន តែងមាន​ប្រាកដ ដល់ពួកភិក្ខុ សេចក្តីសាបសូន្យ មិនមានឡើយ (អស់កាលត្រឹមណោះ)។ ម្នាលភិក្ខុទាំងឡាយ បើអបរិហានិយធម៌ទាំង៧នេះ នឹងឋិតនៅក្នុងពួកភិក្ខុ ឬពួកភិក្ខុប្រតិបត្តិ ក្នុង​អបរិហានិយធម៌ទាំង៧នេះ អស់កាលត្រឹមណា ម្នាលភិក្ខុទាំងឡាយ សេចក្តីចំរើន តែងមានប្រាកដ ដល់ពួកភិក្ខុ សេចក្តីសាបសូន្យ មិនមានឡើយ (អស់កាលត្រឹមណោះ)។

[៧៤] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែង​ អបរិហានិយធម៌ ៧ដទៃទៀត ដល់អ្នកទាំងឡាយ ចូរអ្នកទាំងឡាយ ស្តាប់ភាសិតនោះ ចូរ​ប្រុង​ធ្វើទុកក្នុងចិត្តដោយល្អ​ចុះ តថាគតនឹងសំដែងប្រាប់។ ពួកភិក្ខុទាំងនោះ ទទួល​ព្រះបន្ទូល​នៃព្រះមានព្រះភាគ ដោយ​ពាក្យ​ថា ព្រះករុណាព្រះអង្គ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុ​ទាំងឡាយ បើពួកភិក្ខុនឹងចំរើនអនិច្ចសញ្ញា (សេចក្តីសំគាល់ដែលកើតជាមួយនឹង​អនិច្ចានុបស្សនា)។បេ។ ចំរើនអនត្តសញ្ញា (សេចក្តីសំគាល់ដែលកើតជាមួយនឹង​អនត្តានុបស្សនា)។ ចំរើនអសុភសញ្ញា (សេចក្តីសំគាល់នូវអាការ៣២ថាមិនស្អាត)។ ចំរើនអាទីនវសញ្ញា (សេចក្តីសំគាល់នូវកាយថាមានទោស)។ ចំរើនបហានសញ្ញា (សេចក្តី​សំគាល់ក្នុងការលះនូវអកុសលវិតក្កៈ)។ ចំរើនវិរាគសញ្ញា (សេចក្តីសំគាល់ក្នុងព្រះនិព្វាន ដែលប្រាសចាកតម្រេក)។ ចំរើននិរោធសញ្ញា (សេចក្តីសំគាល់ក្នុងព្រះនិព្វាន ជាគ្រឿង​រលត់ទុក្ខ) អស់កាលត្រឹមណា ម្នាលភិក្ខុ​ទាំងឡាយ សេចក្តីចំរើន តែងមាន​ប្រាកដ ដល់​ពួកភិក្ខុ សេចក្តីសាបសូន្យ មិនមានឡើយ (អស់កាលត្រឹមណោះ)។ ម្នាលភិក្ខុទាំងឡាយ បើ​អបរិហានិយធម៌ទាំង៧នេះ នឹងឋិតនៅ​ក្នុង​ពួកភិក្ខុ ឬពួកភិក្ខុប្រតិបត្តិ ក្នុង​អបរិហានិយ​ធម៌ទាំង៧នេះ អស់កាលត្រឹមណា ម្នាលភិក្ខុទាំងឡាយ សេចក្តីចំរើន តែងមានប្រាកដ ដល់ពួកភិក្ខុ សេចក្តីសាបសូន្យ មិនមានឡើយ (អស់កាលត្រឹមណោះ)។

[៧៥] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែង​ អបរិហានិយធម៌ ៦ដទៃទៀត ដល់អ្នកទាំងឡាយ ចូរអ្នកទាំងឡាយ ស្តាប់ភាសិតនោះ ចូរ​ប្រុង​ធ្វើទុកក្នុងចិត្តដោយល្អ​ចុះ តថាគតនឹងសំដែងប្រាប់។ ពួកភិក្ខុទាំងនោះ ទទួល​ព្រះបន្ទូល​នៃព្រះមានព្រះភាគ ដោយ​ពាក្យ​ថា ព្រះករុណាព្រះអង្គ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុ​ទាំងឡាយ បើពួកភិក្ខុនឹងប្រុងដម្កល់កាយកម្ម ប្រកបដោយមេត្តា ក្នុងសព្រហ្មចារី​ទាំង​ឡាយ ទាំងក្នុងទីចំពោះមុខ និងទីកំបាំងមុខ អស់កាលត្រឹមណា ម្នាលភិក្ខុទាំងឡាយ សេចក្តីចំរើន តែងមានប្រាកដ ដល់ពួកភិក្ខុ សេចក្តីសាបសូន្យ មិនមានឡើយ (អស់កាលត្រឹមណោះ)។ ម្នាលភិក្ខុទាំងឡាយ បើពួកភិក្ខុនឹងប្រុងកម្កល់វចីកម្ម ប្រកបដោយ​មេត្តា។បេ។ ប្រុងដម្កល់មនោកម្មប្រកបដោយមេត្តា ក្នុងសព្រហ្មចារី​ទាំង​ឡាយ ទាំងក្នុងទីចំពោះមុខ និងទីកំបាំងមុខ អស់កាលត្រឹមណា ម្នាលភិក្ខុទាំងឡាយ សេចក្តីចំរើន តែងមានប្រាកដ ដល់ពួកភិក្ខុ សេចក្តីសាបសូន្យ មិនមានឡើយ (អស់កាលត្រឹមណោះ)។ ម្នាលភិក្ខុទាំងឡាយ បើលាភទាំងឡាយណា ដែល​ប្រកប​ដោយធម៌ ដែលបានមកដោយធម៌ ហោចទៅ សូម្បីវត្ថុដែលគេដាក់ចុះក្នុងបាត្រ ពួកភិក្ខុមានការបរិភោគ ដោយមិនបាច់ចែករំលែកដោយលាភទាំងឡាយ មានសភាព​យ៉ាងនោះ គឺជាអ្នកមានការបរិភោគ ជាសាធារណៈ ជាមួយនឹងសព្រហ្មចារីទាំងឡាយ ដែល​មានសីល អស់កាលត្រឹមណា ម្នាលភិក្ខុទាំងឡាយ សេចក្តីចំរើន តែងមានប្រាកដ ដល់ពួកភិក្ខុ សេចក្តីសាបសូន្យ មិនមានឡើយ (អស់កាលត្រឹមណោះ)។ ម្នាលភិក្ខុ​ទាំងឡាយ សីលទាំងឡាយណាមិនដាច់ មិនធ្លុះ មិនពព្រុះ មិនពពាល ជាសីល​របស់​មនុស្សអ្នកជា (មិនជាខ្ញុំតណ្ហា) អ្នកប្រាជ្ញតែងសរសើរ ជាសីលមិនបានជ្រោកជ្រាក​ដោយ​តណ្ហា និងទិដ្ឋិ ជាសីលញុំាង​សមាធិ​ឲ្យប្រព្រឹត្ត​ទៅបាន ពួកភិក្ខុជាអ្នកមានសីលស្មើគ្នា ដោយ​សព្រហ្មចារីទាំងឡាយ ក្នុងសីលទាំងឡាយ មានសភាពយ៉ាងនោះ ទាំងក្នុង​ទី​ចំពោះមុខ និងក្នុងទីកំបាំងមុខ អស់កាលត្រឹមណា ម្នាលភិក្ខុទាំងឡាយ សេចក្តីចំរើន តែងមានប្រាកដ ដល់ពួកភិក្ខុ សេចក្តីសាបសូន្យ មិនមានឡើយ (អស់កាលត្រឹមណោះ)។ ម្នាលភិក្ខុទាំងឡាយ ទិដ្ឋិណាដែលឥតទោស ជាទីស្រោចស្រង់សត្វ ប្រព្រឹត្តទៅដើម្បីអស់​សេចក្តីទុក្ខដោយប្រពៃ ដល់អ្នកធ្វើតាមទិដ្ឋិនោះ ពួកភិក្ខុជាអ្នកមានទិដ្ឋិស្មើគ្នា ដោយ​សព្រហ្មចារីទាំងឡាយ ក្នុងទិដ្ឋិមានសភាពយ៉ាងនោះ ទាំងក្នុងទីចំពោះមុខ និងក្នុង​ទី​កំបាំងមុខ អស់កាលត្រឹមណា ម្នាលភិក្ខុទាំងឡាយ សេចក្តីចំរើន តែងមានប្រាកដ ដល់​ពួក​ភិក្ខុ សេចក្តីសាបសូន្យ មិនមានឡើយ (អស់កាលត្រឹមណោះ)។ ម្នាលភិក្ខុទាំងឡាយ បើអបរិហានិយធម៌ទាំង៦នេះ នឹងឋិតនៅ​ក្នុង​ពួកភិក្ខុ ឬពួកភិក្ខុប្រតិបត្តិ ក្នុង​អបរិហានិយធម៌ទាំង៦នេះ អស់កាលត្រឹមណា ម្នាលភិក្ខុទាំងឡាយ សេចក្តីចំរើន តែងមានប្រាកដ ដល់ពួកភិក្ខុ សេចក្តីសាបសូន្យ មិនមានឡើយ (អស់កាលត្រឹមណោះ)។ កាលដែលព្រះមានព្រះភាគ គង់លើភ្នំគិជ្ឈកូដ ទៀបក្រុងរាជគ្រឹះនោះឯង ទ្រង់ធ្វើ​ធម្មីកថាជាច្រើន ដល់ភិក្ខុទាំងឡាយយ៉ាងនេះថា សីលដូច្នេះ សមាធិដូច្នេះ បញ្ញាដូច្នេះ សមាធិ ដែលអប់រំដោយសីល រមែង​មានផលច្រើន មានអានិសង្សច្រើន បញ្ញាដែល​អប់រំ​ដោយសមាធិ រមែងមានផលច្រើន មានអានិសង្សច្រើន ចិត្ត47) ដែលអប់រំដោយបញ្ញា រមែងរួចស្រឡះចាកអាសវៈទាំងឡាយ ដោយប្រពៃ​ពិត គឺកាមាសវៈ (ធម៌ជាគ្រឿងត្រាំ គឺកាម) ភវាសវៈ (ធម៌ជាគ្រឿងត្រាំ គឺភព) អវិជ្ជាសវៈ (ធម៌ ជាគ្រឿងត្រាំ គឺអវិជ្ជា)។

[៧៦] លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងក្រុងរាជគ្រឹះ តាមសមគួរ​ដល់​ពុទ្ធអធ្យាស្រ័យ ហើយទ្រង់ត្រាស់ហៅព្រះអានន្ទមានអាយុថា ម្នាលអានន្ទ មក យើង​នឹងទៅ​កាន់ឱទ្យានឈ្មោះអម្ពលដ្ឋិកា។ ព្រះអានន្ទមានអាយុ ទទួលព្រះបន្ទូល​ព្រះមាន​ព្រះភាគ ដោយពាក្យថា ព្រះករុណាព្រះអង្គ។ ទើបព្រះមានព្រះភាគ ទ្រង់ពុទ្ធដំណើរ​ទៅដល់អម្ពលដ្ឋិកាឱទ្យាន មួយអន្លើដោយភិក្ខុសង្ឃជាច្រើន។ បានឮថា ព្រះមានព្រះភាគ ទ្រង់គង់ក្នុងរាជាគារកៈ (ព្រះរាជដំណាក់) នៅនាអម្ពលដ្ឋិកាឱទ្យាន​នោះ។ កាលព្រះមានព្រះភាគគង់ក្នុងរាជាគារកៈ ក្នុងអម្ពលដ្ឋិកាឱទ្យាននោះឯង ទ្រង់ធ្វើ​ធម្មីកថាជាច្រើន ដល់ភិក្ខុទាំងឡាយយ៉ាងនេះថា សីលដូច្នេះ សមាធិដូច្នេះ បញ្ញាដូច្នេះ សមាធិ ដែលអប់រំដោយសីល រមែង​មានផលច្រើន មានអានិសង្សច្រើន បញ្ញាដែល​អប់រំ​ដោយសមាធិ រមែងមានផលច្រើន មានអានិសង្សច្រើន ចិត្តដែល​អប់រំដោយបញ្ញា រមែង​រួចស្រឡះចាកអាសវៈទាំងឡាយ ដោយប្រពៃពិត គឺកាមាសវៈ ភវាសវៈ អវិជ្ជាសវៈ។

[៧៧] លុះព្រះមានព្រះភាគ ទ្រង់គង់ក្នុងអម្ពលដ្ឋិកាឱទ្យាន តាមសមគួរ ដល់​ពុទ្ធអធ្យាស្រ័យ ហើយទ្រង់ត្រាស់នឹងព្រះអានន្ទមានអាយុថា ម្នាលអានន្ទ មក យើង​នឹងទៅ​កាន់ស្រុកនាឡន្ទា។ ព្រះអានន្ទមានអាយុ ទទួលព្រះបន្ទូល​ព្រះមាន​ព្រះភាគ ដោយពាក្យថា ព្រះករុណាព្រះអង្គ។ ទើបព្រះមានព្រះភាគ ទ្រង់ស្តេច​ទៅដល់​ស្រុក​នាឡន្ទា មួយអន្លើដោយភិក្ខុសង្ឃជាច្រើន។ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងបាវាទិកម្ពវ័ន ទៀបក្រុងនាឡន្ទានោះ។ លំដាប់នោះ ព្រះសារីបុត្តមានអាយុ បានចូលទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ ព្រះសារីបុត្តមានអាយុ លុះអង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គជ្រះថ្លា​ ក្នុងព្រះមានព្រះភាគ ដោយហេតុយ៉ាងនេះថា សមណៈ ឬព្រាហ្មណ៍ដទៃ ជាអ្នកត្រាស់​ដឹងក្រៃលែងជាង​ព្រះមានព្រះភាគ ក្នុងសម្ពោធិញ្ញាណ មិនមានក្នុងអតីតកាល មិនមាន​ក្នុងអនាគតកាល ឬមិនមានក្នុងបច្ចុប្បន្នកាលនេះទេ។ ព្រះមានព្រះភាគ ទ្រង់​មានព្រះ​បន្ទូលថា ម្នាលសារីបុត្ត អាសភិវាចា48) ដែលអ្នក​និយាយ​នេះ លើសលុបពេក សីហនាទ ដែលអ្នកប្រកាន់ហើយ បន្លឺឡើងហើយថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គជ្រះថ្លា​ ក្នុងព្រះមានព្រះភាគ ដោយហេតុយ៉ាងនេះថា សមណៈ ឬព្រាហ្មណ៍ដទៃ ជាអ្នកត្រាស់​ដឹងក្រៃលែងជាង​ព្រះមានព្រះភាគ ក្នុង​សម្ពោធិញ្ញាណ មិនមានក្នុងអតីតកាល មិនមាន​ក្នុងអនាគតកាល ឬមិនមាន​ក្នុង​បច្ចុប្បន្ន​កាល​នេះទេ ដូច្នេះជាសំដីដោយឡែក ម្នាលសារីបុត្ត ព្រះមានព្រះភាគទាំងឡាយណា ជាអរហន្តសម្មាសម្ពុទ្ធ ដែលមានក្នុងអតីតកាល ព្រះមានព្រះភាគទាំងអស់នោះ អ្នក​បាន​កំណត់ដឹងច្បាស់នូវចិត្ត ដោយចិត្តរបស់ខ្លួនថា ព្រះមានព្រះភាគទាំងនោះ មានសីល​យ៉ាងនេះ ដូច្នេះផង មានធម៌យ៉ាងនេះ។ មានបញ្ញាយ៉ាងនេះ។ មានធម៌ជាគ្រឿង​នៅ49) យ៉ាងនេះ។ ព្រះមានព្រះភាគទាំងនោះ មានចិត្តរួចស្រឡះហើយ ចាកអាសវៈយ៉ាងនេះ ដូច្នេះដែរឬ។ ព្រះសារីបុត្តមានអាយុ ក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន ហេតុនុ៎ះ ខ្ញុំព្រះអង្គ​កំណត់​ដឹង​មិនបានទេ។ ម្នាលសារីបុត្ត ព្រះមានព្រះភាគទាំងឡាយណា ជាអរហន្តសម្មាសម្ពុទ្ធ ដែល​នឹងមាន​ក្នុងអនាគតកាល ព្រះមានព្រះភាគទាំងអស់នោះ អ្នកបានកំណត់ ដឹងច្បាស់នូវចិត្ត ដោយចិត្តរបស់ខ្លួនថា ព្រះមានព្រះភាគទាំងនោះ នឹងមានសីល​យ៉ាងនេះ ដូច្នេះផង នឹងមានធម៌យ៉ាងនេះ។ នឹងមានបញ្ញាយ៉ាងនេះ។ នឹងមានធម៌ជាគ្រឿង​នៅយ៉ាងនេះ។ ព្រះមានព្រះភាគទាំងនោះ នឹងមានចិត្តរួចស្រឡះ​ហើយ ចាកអាសវៈយ៉ាងនេះ ដូច្នេះដែរឬទេ។ បពិត្រព្រះអង្គដ៏ចំរើន ហេតុនុ៎ះ ខ្ញុំព្រះអង្គ​កំណត់​ដឹង​មិនបានទេ។ ម្នាលសារីបុត្ត តថាគត ជាអរហន្តសម្មាសម្ពុទ្ធ ក្នុងកាល​ឥឡូវនេះ អ្នកបានកំណត់ដឹងច្បាស់នូវចិត្ត ដោយចិត្តរបស់ខ្លួនថា ព្រះមានព្រះភាគ មានសីល​យ៉ាងនេះ ដូច្នេះផង មានធម៌យ៉ាងនេះ។ មានបញ្ញាយ៉ាងនេះ។ មានធម៌ជាគ្រឿង​នៅយ៉ាងនេះ។ ព្រះមានព្រះភាគ មានចិត្តរួចស្រឡះហើយ ចាកអាសវៈយ៉ាងនេះ ដូច្នេះដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ហេតុនុ៎ះ ខ្ញុំព្រះអង្គ​កំណត់​ដឹង​មិនបានទេ។ ម្នាលសារីបុត្ត បើអ្នកគ្មានញាណ ជាគ្រឿងកំណត់ដឹងចិត្តរបស់ព្រះអរហន្ត សម្មាសម្ពុទ្ធ​ទាំងឡាយ ដែលមានក្នុងអតីតកាល អនាគតកាល បច្ចុប្បន្នកាលទាំងនុ៎ះទេ ម្នាលសារីបុត្ត ម្តេចឡើយ ក៏អ្នកពោលអាសភិវាចា ដ៏លើសលុបនេះ ក្នុងកាល​ឥឡូវនេះ អ្នក​ប្រកាន់​បន្លឺឡើងហើយនូវសីហនាទដោយមាំមួនថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ​ជ្រះថ្លា​ ក្នុងព្រះមានព្រះភាគ ដោយហេតុយ៉ាងនេះថា សមណៈ ឬព្រាហ្មណ៍ដទៃ ជាអ្នកត្រាស់​ដឹងក្រៃលែងជាង​ព្រះមានព្រះភាគ ក្នុងសម្ពោធិញ្ញាណ មិនមានក្នុង​អតីតកាល មិនមាន​ក្នុងអនាគតកាល ឬមិនមានក្នុងបច្ចុប្បន្នកាលនេះទេ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ គ្មានញាណជាគ្រឿងកំណត់ដឹងនូវចិត្ត​របស់​ព្រះ​អរហន្ត សម្មាសម្ពុទ្ធទាំងឡាយ ដែលមានក្នុងអតីតកាល អនាគតកាល និងបច្ចុប្បន្នកាលទេ តែថា ខ្ញុំព្រះអង្គដឹងច្បាស់តាមទំនងធម៌ បពិត្រព្រះអង្គដ៏ចំរើន ប្រៀបដូចទីក្រុង ដែលតាំងនៅ​ក្នុងទីបំផុត​ដែនរបស់ស្តេច ដែលមានទ្វារមាំ មានកំផែង និងក្លោងទ្វារដ៏មាំមួន មានទ្វារ​តែ​មួយ ក្នុងទីក្រុងនោះ មានអ្នកចាំយាមទ្វារ ជាបណ្ឌិតឈ្លាសវៃ មានប្រាជ្ញា ឃាត់ហាម​ពួក​មនុស្សដែលមិនស្គាល់ ឲ្យតែពួក​មនុស្សដែលស្គាល់ចូលទៅ នាយទ្វារនោះ ក៏ដើរទៅតាម​ផ្លូវ ដើម្បីពិនិត្យមើលជុំវិញទីក្រុងនោះ ក៏មិនឃើញនូវទីកំផែង ឬចន្លោះកំផែង ដោយ​ហោចទៅ សូម្បីតែប្រហោងល្មមសត្វឆ្មាចេញបាន ក៏មិនឃើញឡើយ នាយទ្វារ​នោះ ក៏​មានសេចក្តីយល់យ៉ាងនេះថា ពួកសត្វណានីមួយ ដែលមានកាយធំ ចូលមកកាន់​ទីក្រុង​នេះក្តី ចេញទៅក្តី ពួកសត្វទាំងអស់នោះ គង់ចូល ឬចេញតាមទ្វារនេះ យ៉ាងណាមិញ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គដឹងច្បាស់តាមទំនងធម៌ ក៏យ៉ាងនោះឯង បពិត្រព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគទាំងឡាយណា ជាអរហន្តសម្មាសម្ពុទ្ធ ដែល​មានក្នុង​អតីតកាល ព្រះមានព្រះភាគទាំងអស់នោះ បានលះនីវរណៈធម៌ទាំង៥ ដែល​ជា​ឧបក្កិលេសរបស់ចិត្ត ជាធម៌ធ្វើប្រាជ្ញាឲ្យថយកំឡាំង ទ្រង់មានព្រះហឫទ័យដម្កល់​មាំ​ល្អ ក្នុងសតិបដ្ឋានទាំង៤ ចំរើនពោជ្ឈង្គទាំង៧ ដោយពិត ទ្រង់ត្រាស់ដឹងហើយនូវ​អនុត្តរ​សម្មាសម្ពោធិញ្ញាណ បពិត្រព្រះអង្គដ៏ចំរើន មួយទៀត ព្រះមានព្រះភាគទាំងឡាយណា ជាអរហន្តសម្មាសម្ពុទ្ធ ដែលនឹងមានក្នុង​អនាគតកាល ព្រះមានព្រះភាគទាំងអស់នោះ នឹងលះនីវរណធម៌ទាំង៥ ដែល​ជា​ឧបក្កិលេសរបស់ចិត្ត ជាធម៌ធ្វើប្រាជ្ញាឲ្យថយកំឡាំង មានព្រះហឫទ័យដម្កល់​មាំ​ល្អ ក្នុងសតិបដ្ឋានទាំង៤ ចំរើនពោជ្ឈង្គទាំង៧ ដោយពិត ហើយត្រាស់ដឹងនូវ​អនុត្តរ​សម្មាសម្ពោធិញ្ញាណ បពិត្រព្រះអង្គដ៏ចំរើន មួយទៀត ព្រះមានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធ ក្នុងបច្ចុប្បន្នកាលនេះ ក៏លះនីវរណធម៌ទាំង៥ ដែល​ជា​ឧបក្កិលេសរបស់ចិត្ត ជាធម៌ធ្វើប្រាជ្ញាឲ្យថយកំឡាំង ទ្រង់មានព្រះហឫទ័យ​ដម្កល់​​មាំ​ល្អ ក្នុងសតិបដ្ឋានទាំង៤ ចំរើនពោជ្ឈង្គទាំង៧ ដោយពិត ហើយត្រាស់ដឹងនូវ​អនុត្តរ​សម្មាសម្ពោធិញ្ញាណ។ ព្រះមានព្រះភាគគង់ក្នុងបាវាទិកម្ពវ័ន ទៀបក្រុង​នាឡន្ទា​នោះឯង ទ្រង់ធ្វើធម្មីកថាជាច្រើន ដល់ភិក្ខុទាំងឡាយ យ៉ាងនេះថា សីលដូច្នេះ សមាធិ​ដូច្នេះ បញ្ញាដូច្នេះ សមាធិ ដែលអប់រំដោយសីល រមែង​មានផលច្រើន មានអានិសង្ស​ច្រើន បញ្ញាដែល​អប់រំ​ដោយសមាធិហើយ រមែងមានផលច្រើន មានអានិសង្សច្រើន ចិត្តដែល​អប់រំដោយបញ្ញាហើយ រមែង​រួចស្រឡះចាកអាសវៈទាំងឡាយ ដោយពិត គឺកាមាសវៈ ភវាសវៈ អវិជ្ជាសវៈ។

[៧៨] គ្រាដែលព្រះមានព្រះភាគ គង់នៅក្នុងស្រុកនាឡន្ទា តាមសមគួរ ដល់​ពុទ្ធអធ្យាស្រ័យហើយ ទ្រង់ត្រាស់ហៅព្រះអានន្ទមានអាយុថា ម្នាលអានន្ទ មក យើង​នឹងទៅកាន់​បាដលិគ្រាម។ ព្រះអានន្ទមានអាយុ ទទួលព្រះបន្ទូល​ព្រះមានព្រះភាគ ដោយពាក្យថា ព្រះករុណាព្រះអង្គ។ ទើបព្រះមានព្រះភាគ ស្តេចទៅដល់បាដលិគ្រាម ព្រមដោយភិក្ខុសង្ឃជាច្រើន។ ពួកឧបាសកនៅក្នុងបាដលិគ្រាម បានឮដំណឹងថា ព្រះមានព្រះភាគ ទ្រង់ស្តេចមកដល់បាដលិគ្រាមហើយ។ ទើបពួក​ឧបាសក នៅក្នុង​បាដលិគ្រាម នាំគ្នាចូលទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំ​ព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ ពួកឧបាសក នៅក្នុងបាដលិគ្រាម លុះ​អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគយ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន សូម​ព្រះមានព្រះភាគទទួលផ្ទះសំណាក់​របស់យើងខ្ញុំព្រះអង្គ​ទាំងឡាយ។ ព្រះមានព្រះភាគ ទ្រង់ទទួលដោយតុណ្ហីភាព។ ឯពួកឧបាសក នៅក្នុងបាដលិគ្រាម បានដឹងថា ព្រះមានព្រះភាគ ទ្រង់ទទួលហើយ ក៏ក្រោកចាក​អាសនៈ ថ្វាយបង្គំព្រះមានព្រះភាគ ធ្វើប្រទក្សិណ ហើយចូលទៅកាន់ផ្ទះសំណាក់ លុះចូលទៅដល់ហើយ ក៏ក្រាលផ្ទះសំណាក់ ឲ្យមានកម្រាលក្រាលសព្វកន្លែង ហើយ​តាក់តែង​អាសនៈ តម្កល់ក្អមទឹក រៀបចំប្រទីបប្រេង រួចចូលទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះមានព្រះភាគ ហើយក៏ឋិតនៅក្នុងទីសមគួរ។ ពួកឧបាសក នៅក្នុងបាដលិគ្រាម លុះឋិតនៅក្នុងទីដ៏សមគួរហើយ បានក្រាបបង្គំទូល​ព្រះមានព្រះភាគយ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ផ្ទះសំណាក់ យើងខ្ញុំព្រះអង្គ បាន​ក្រាលកម្រាលសព្វកន្លែងហើយ អាសនៈទាំងឡាយ យើងខ្ញុំព្រះអង្គបានតាក់តែង​ហើយ ក្អមទឹក យើងខ្ញុំព្រះអង្គបានតម្កល់ទុកហើយ ប្រទីបប្រេង យើងខ្ញុំព្រះអង្គបានរៀបចំ​ហើយ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ សំគាល់នូវកាលគួរ ក្នុងកាល​ឥឡូវ​នេះ។ លំដាប់នោះឯង ព្រះមានព្រះភាគ ទ្រង់ស្បង់ និងបាត្រចីវរ ក្នុងបុព្វណ្ហសម័យ ហើយទ្រង់​ស្តេចចូលទៅកាន់ផ្ទះសំណាក់ ព្រមដោយភិក្ខុសង្ឃ លុះស្តេច​ទៅដល់ហើយ ទ្រង់ជំរះព្រះបាទា ហើយស្តេច​ចូលទៅកាន់​ផ្ទះសំណាក់ ទ្រង់គង់បែរព្រះភក្ត្រទៅទិស​ខាង​កើត ផ្អែកនឹងសសរកណ្តាល។ ឯភិក្ខុសង្ឃ ក៏លាងបាទារាល់រូប ចូលទៅកាន់ផ្ទះ​សំណាក់ ហើយអង្គុយបែរមុខទៅទិសខាងកើត អែបនឹងជញ្ជាំង​ខាងលិច គាល់​ព្រះមានព្រះភាគ។​ ពួកឧបាសក នៅក្នុងបាដលិគ្រាម បានលាងជើងរួចហើយ ចូលទៅ​កាន់ផ្ទះសំណាក់ អង្គុយបែរមុខទៅទិសខាងលិច អែបនឹងជញ្ជាំងខាងកើត គាល់​ព្រះមានព្រះភាគដែរ។

[៧៩] លំដាប់នោះ ព្រះមានព្រះភាគ ត្រាស់នឹង​ពួកឧបាសក នៅក្នុងបាដលិគ្រាម​ថា ម្នាលគហបតីទាំងឡាយ ទោសនៃបុគ្គលទ្រុស្តសីល នៃសីលវិបត្តិនេះមាន៥ប្រការ។ ទោសទាំង៥ប្រការនោះ តើដូចម្តេច។ ម្នាលគហបតីទាំងឡាយ បុគ្គលទ្រុស្តសីល វិបត្តិ​ចាកសីលក្នុងលោកនេះ តែងដល់នូវសេចក្តី​វិនាសនៃភោគៈដ៏ធំ មានសេចក្តីប្រមាទ​ជាហេតុ នេះជាទោសទី១ នៃបុគ្គលទ្រុស្តសីល នៃសីលវិបត្តិ។ ម្នាលគហបតីទាំងឡាយ មួយទៀត កិត្តិសព្ទដ៏អាក្រក់ នៃបុគ្គលទ្រុស្តសីល វិបត្តិ​ចាកសីល តែងផ្សាយទៅ​សព្វទិស នេះជាទោសទី២ នៃបុគ្គលទ្រុស្តសីល នៃសីលវិបត្តិ។ ម្នាលគហបតីទាំងឡាយ មួយទៀត បុគ្គលទ្រុស្តសីល វិបត្តិ​ចាកសីល ទោះចូល​ទៅរកបរិសទ្យណាៗ គឺខត្តិយបរិសទ្យក្តី ព្រាហ្មណបរិសទ្យក្តី គហបតិបរិសទ្យក្តី សមណបរិសទ្យក្តី ជាអ្នក​មិនក្លៀវក្លា ចូលទៅ​ទាំង​អៀនអន់ នេះជាទោសទី៣ នៃបុគ្គលទ្រុស្តសីល នៃសីលវិបត្តិ។ ម្នាលគហបតី​ទាំង​ឡាយ មួយទៀត បុគ្គលទ្រុស្តសីល វិបត្តិ​ចាកសីល ជាបុគ្គល​វង្វេង ធ្វើមរណកាល នេះ​ជា​ទោស​ទី៤ នៃបុគ្គលទ្រុស្តសីល នៃសីលវិបត្តិ។ ម្នាលគហបតីទាំងឡាយ មួយទៀត បុគ្គល​ទ្រុស្ត​សីល វិបត្តិ​ចាកសីល លុះបែកធ្លាយរាងកាយទៅ ខាងមុខអំពីសេចក្តីស្លាប់ទៅ រមែង​កើតក្នុងកំណើត​តិរច្ឆាន ប្រេត អសុរកាយ នរក នេះជាទោសទី៥ នៃបុគ្គលទ្រុស្តសីល នៃសីលវិបត្តិ។ ម្នាលគហបតីទាំងឡាយ ទោសនៃបុគ្គលទ្រុស្តសីល នៃសីលវិបត្តិ​មាន៥ប្រការនេះឯង។

[៨០] ម្នាលគហបតីទាំងឡាយ អានិសង្សនៃបុគ្គលមានសីល នៃសីលសម្បទានេះ មាន៥ប្រការ។ អានិសង្សទាំង៥ប្រការនោះ តើដូចម្តេច។ ម្នាលគហបតីទាំងឡាយ បុគ្គលមានសីល ដល់ព្រមដោយសីល ក្នុងលោកនេះ រមែងបានគំនរទ្រព្យដ៏ធំ ដែល​មាន​សេចក្តីមិនប្រមាទ​ជាហេតុ នេះជាអានិសង្សទី១ នៃបុគ្គលមានសីល នៃសីលសម្បទា។ ម្នាលគហបតីទាំងឡាយ មួយទៀត កិត្តិសព្ទដ៏ពីរោះរបស់បុគ្គលមានសីល ដល់ព្រម​ដោយ​សីល តែងផ្សាយទៅ​សព្វទិស នេះជាអានិសង្សទី២ នៃបុគ្គលមានសីល នៃសីលសម្បទា។ ម្នាលគហបតីទាំងឡាយ មួយទៀត បុគ្គលមានសីល ដល់ព្រមដោយ​សីល ទោះចូល​ទៅរកបរិសទ្យណាៗ គឺខត្តិយបរិសទ្យក្តី ព្រាហ្មណបរិសទ្យក្តី គហបតិ​បរិសទ្យ​ក្តី សមណបរិសទ្យក្តី ជាបុគ្គលមានសេចក្តីក្លៀវក្លា ចូលទៅ​ដោយការមិន​អៀន​អន់ នេះជាអានិសង្សទី៣ នៃបុគ្គលមានសីល នៃសីលសម្បទា។ ម្នាលគហបតី​ទាំង​ឡាយ មួយទៀត បុគ្គលមានសីល ដល់ព្រមដោយសីល ជាបុគ្គលមិន​វង្វេង ធ្វើមរណកាល នេះ​ជាអានិសង្ស​ទី៤ នៃបុគ្គលមានសីល នៃសីលសម្បទា។ ម្នាលគហបតីទាំងឡាយ មួយទៀត បុគ្គលមាន​សីល ដល់ព្រមដោយសីល លុះបែកធ្លាយរាងកាយទៅ ខាង​មុខ​អំពី​សេចក្តី​ស្លាប់ទៅ រមែង​កើតក្នុងលោក គឺមនុស្សសុគតិ និងឋានសួគ៌ នេះជា​អានិសង្សទី៥ នៃបុគ្គលមានសីល នៃសីលសម្បទា។ ម្នាលគហបតីទាំងឡាយ អានិសង្សនៃ​បុគ្គល​មានសីល នៃសីលសម្បទា ​មាន៥ប្រការនេះឯង។

[៨១] លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ញុំាងពួកឧបាសក អ្នកបាដលិគ្រាម ឲ្យ​ឃើញច្បាស់ ឲ្យសមាទាន ឲ្យក្លៀវក្លា ឲ្យរីករាយ ដោយធម្មីកថា អស់រាត្រីជាច្រើន ហើយ​ទ្រង់បញ្ជូនទៅដោយ​ព្រះពុទ្ធដីកាថា ម្នាលគហបតីទាំងឡាយ រាត្រីអស់ហើយ ចូរអ្នក​ទាំងឡាយ សំគាល់នូវកាលដ៏សមគួរ ក្នុងកាលឥឡូវនេះចុះ។ ពួកឧបាសក អ្នកបាដលិគ្រាម ទទួលព្រះបន្ទូលនៃព្រះមានព្រះភាគ ដោយពាក្យថា ព្រះករុណាព្រះអង្គ ហើយក្រោកអំពីអាសនៈ ថ្វាយបង្គំលាព្រះមានព្រះភាគ ធ្វើប្រទក្សិណ ហើយចេញទៅ។ កាលដែលពួក​ឧបាសក អ្នកបាដលិគ្រាម ចេញទៅមិន​យូរប៉ុន្មាន ព្រះមានព្រះភាគ ក៏ទ្រង់ស្តេច​ចូលទៅកាន់ផ្ទះស្ងាត់។

[៨២] សម័យនោះឯង សុនីធៈ និងវស្សការព្រាហ្មណ៍ ជាមហាមាត្រ ក្នុងដែន​មគធៈ នាំគ្នាសាងក្រុង ក្នុងបាដលិគ្រាម ដើម្បីការពារពួកស្តេច ក្នុងដែនវជ្ជី។ សម័យនោះឯង ទេវតាច្រើនពួក ចំនួនមួយពាន់ៗ គន់មើលទីដីសង់ផ្ទះ ក្នុងបាដលិគ្រាម។ ពួកទេវតាដែលមានស័ក្តិធំ គន់មើលទីដីសង់ផ្ទះ ក្នុងប្រទេសណា ចិត្តរបស់ស្តេច និងរាជ​មហាមាត្រទាំងឡាយ ដែលមានស័ក្តិធំ ក៏ឱនទៅដើម្បី​សាងនិវេសនដ្ឋាន ក្នុងប្រទេស​នោះ ពួកទេវតាដែលមានស័ក្តិយ៉ាងកណ្តាល គន់មើលទីដីសង់ផ្ទះ ក្នុងប្រទេសណា ចិត្តរបស់ស្តេច និងរាជ​មហាមាត្រទាំងឡាយ ដែលមានស័ក្តិយ៉ាងកណ្តាល ក៏ឱនទៅ​ដើម្បី​​សាងនិវេសនដ្ឋាន ក្នុងប្រទេស​នោះ ពួកទេវតាដែលមានស័ក្តិទាប គន់មើលទីដីសង់ផ្ទះ ក្នុងប្រទេសណា ចិត្តរបស់ស្តេច និងរាជ​មហាមាត្រទាំងឡាយ ដែលមានស័ក្តិទាប ក៏ឱនទៅដើម្បី​សាងនិវេសនដ្ឋាន ក្នុងប្រទេស​នោះ។ ព្រះមានព្រះភាគ បានទតឃើញពួកទេវតាទាំងនោះ ចំនួនមួយពាន់ៗ កំពុងគន់មើល​ទីដី​សង់ផ្ទះ ក្នុងបាដលិគ្រាម ដោយទិព្វចក្ខុដ៏បរិសុទ្ធ កន្លងបង់នូវចក្ខុជារបស់​មនុស្ស​សាមញ្ញ។ ទើបព្រះមានព្រះភាគ ទ្រង់តើនឡើងក្នុងបច្ចូសសម័យនៃរាត្រី ហើយត្រាស់​ហៅ​ព្រះអានន្ទមានអាយុថា ម្នាលអានន្ទ អ្នកណាហ្ន៎ នាំគ្នាសាងក្រុង ក្នុងបាដលិគ្រាម។ ព្រះអានន្ទមានអាយុ ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន សុនីធៈ និងវស្សការព្រាហ្មណ៍ ជាមហាមាត្រក្នុងដែនមគធៈ នាំគ្នាសាងក្រុង ក្នុងបាដលិគ្រាម ដើម្បីការពារ​ពួកស្តេចវជ្ជី។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលអានន្ទ សក្កទេវរាជ បានប្រឹក្សា​ជាមួយនឹងពួកទេវតា ដែលឋិតនៅក្នុងឋានតាវត្តិង្ស យ៉ាងណាមិញ ម្នាលអានន្ទ សុនីធៈ និងវស្សការព្រាហ្មណ៍ ជាមហាមាត្រ ក្នុងដែនមគធៈ នាំគ្នាសាងក្រុង ក្នុងបាដលិគ្រាម ដើម្បីការពារពួកស្តេច​វជ្ជី ក៏ដូច្នោះដែរ ម្នាលអានន្ទ ក្នុងទីនេះ តថាគតបានឃើញ​ពួក​ទេវតាជាច្រើន ទាំងពាន់ៗកំពុងគន់មើលទីដីសង់ផ្ទះក្នុងបាដលិគ្រាម ដោយទិព្វចក្ខុដ៏​បរិសុទ្ធ កន្លងបង់នូវចក្ខុជារបស់មនុស្ស​សាមញ្ញ ពួកទេវតាដែលមានស័ក្តិធំ គន់មើល​ទីដី​សង់ផ្ទះ ក្នុងប្រទេសណា ចិត្តរបស់ស្តេច និងរាជមហាមាត្រទាំងឡាយ ដែលមាន​ស័ក្តិធំ ក៏​ឱនទៅដើម្បីសាងនិវេសនដ្ឋានក្នុងប្រទេសនោះ ពួកទេវតាដែលមានស័ក្តិយ៉ាង​កណ្តាល គន់មើលទីដីសង់ផ្ទះ ក្នុងប្រទេសណា ចិត្តរបស់ស្តេច និងរាជ​មហាមាត្រទាំងឡាយ ដែលមានស័ក្តិយ៉ាងកណ្តាល ក៏ឱនទៅដើម្បី​សាងនិវេសនដ្ឋាន ក្នុងប្រទេស​នោះ ពួកទេវតាដែលមានស័ក្តិទាប គន់មើលទីដីសង់ផ្ទះ ក្នុងប្រទេសណា ចិត្តរបស់ស្តេច និងរាជ​មហាមាត្រទាំងឡាយ ដែលមានស័ក្តិទាប ក៏ឱនទៅដើម្បី​សាងនិវេសនដ្ឋាន ក្នុងប្រទេស​នោះ ម្នាលអានន្ទ ទីប្រជុំនៃមនុស្សជាអរិយៈ មាននៅ​កំណត់​ត្រឹមណា ផ្លូវឈ្មួញមាននៅកំណត់ត្រឹមណា នគរនេះ នឹងបានជានគរ​ថ្កំថ្កើង មានឈ្មោះថា ក្រុងបាដលិបុត្រ ហាក់ជាកន្លែង​សម្រាប់​ស្រាយ​បង្វេចទ្រព្យ កំណត់​ត្រឹម​ណោះ ម្នាលអានន្ទ តែក្រុងបាដលិបុត្រ នឹងមានសេចក្តីអន្តរាយ៣យ៉ាង គឺអន្តរាយ​ដោយ​ភ្លើង១ ដោយទឹក១ ដោយការបែកគ្នា១។

[៨៣] គ្រានោះ សុនីធៈ និងវស្សការព្រាហ្មណ៍ ជាមហាមាត្រក្នុងដែន​មគធៈ នាំគ្នា​ចូលទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ពោលពាក្យរាក់ទាក់ សំណេះសំណាលជាមួយនឹងព្រះមានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ នឹង​ពាក្យ​ដែលគួររលឹកហើយ ក៏បានឋិតនៅក្នុងទីសមគួរ។ សុនីធៈ និងវស្សការព្រាហ្មណ៍ ជាមហាមាត្រ ក្នុងដែនមគធៈ លុះឋិតនៅក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូល​ព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះគោតមដ៏ចំរើន ព្រមដោយ​ភិក្ខុ​សង្ឃ ទទួល​ភត្តរបស់យើងខ្ញុំទាំងឡាយ ដើម្បីឆាន់ក្នុងថ្ងៃនេះ។ ព្រះមានព្រះភាគ ទ្រង់​ទទួល​ដោយតុណ្ហីភាព។ លុះសុនីធៈ និងវស្សការព្រាហ្មណ៍ ជាមហាមាត្រ ក្នុងដែនមគធៈ ដឹងថា ព្រះមានព្រះភាគ ទ្រង់ទទួលហើយ ក៏ចូលទៅកាន់លំនៅរបស់ខ្លួន លុះចូលទៅដល់ហើយ បានតាក់តែងខាទនីយភោជនីយាហារដ៏ផ្ចិតផ្ចង់ ក្នុងលំនៅរបស់​ខ្លួន រួចហើយទើបឲ្យគេក្រាបទូលភត្តកាល ដល់ព្រះមានព្រះភាគថា បពិត្រព្រះគោតមដ៏ចំរើន កាលគួរហើយ ភត្តសម្រេចហើយ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ស្បង់ប្រដាប់ដោយបាត្រ និងចីវរក្នុងបុព្វណ្ហសម័យហើយ ស្តេច​ចូលទៅកាន់​លំនៅរបស់សុនីធៈ និងវស្សការព្រាហ្មណ៍ ជាមហាមាត្រក្នុងដែនមគធៈ ព្រម​ដោយភិក្ខុសង្ឃ លុះចូលទៅដល់ហើយ ទ្រង់គង់លើអាសនៈ ដែលគេក្រាលបម្រុង។ ទើប​សុនីធៈ និងវស្សការព្រាហ្មណ៍ ជាមហាមាត្រក្នុងដែនមគធៈ អង្គាសភិក្ខុសង្ឃ មានព្រះពុទ្ធ​ជាប្រធានឲ្យឆ្អែតស្កប់ស្កល់ ដោយខាទនីយភោជនីយាហារ ដ៏ផ្ចិតផ្ចង់​ដោយ​ដៃ​ខ្លួនឯង ត្រាតែភិក្ខុសង្ឃហាមឃាត់។ លំដាប់នោះ សុនីធៈ និងវស្សការព្រាហ្មណ៍​ជា មហាមាត្រក្នុងដែនមគធៈ (កំណត់ដឹងថា) ព្រះមានព្រះភាគ​ ទ្រង់សោយស្រេចហើយ ដាក់​ព្រះហស្តចុះអំពីបាត្រហើយ ក៏កាន់យកអាសនៈទាបមួយ ហើយអង្គុយក្នុងទី​សមគួរ។ លុះសុនីធៈ និងវស្សការព្រាហ្មណ៍ ជាមហាមាត្យ ក្នុងដែនមគធៈ អង្គុយក្នុងទីដ៏សមគួរហើយ ព្រះមានព្រះភាគ ក៏ទ្រង់អនុមោទនា ដោយ​គាថាទាំងឡាយនេះថា

[៨៤] បុគ្គលជាបណ្ឌិតសម្រេចទីនៅក្នុងប្រទេសណា បានញុំាងបុគ្គលអ្នក​មាន​សីល​ទាំងឡាយ អ្នកសង្រួម អ្នកប្រព្រឹត្តធម៌ដ៏ប្រសើរ ឲ្យបរិភោគភោជនាហារក្នុង​ប្រទេស​នុ៎ះ។ បានឧទ្ទិសទក្ខិណាទាន ដល់ពួកទេវតាដែលឋិតនៅក្នុងប្រទេសនោះ ពួកទេវតា​ទាំង​នោះ ដែលបណ្ឌិតបានបូជាហើយ ក៏តែងបូជាតបវិញ ដែលបណ្ឌិតរាប់អានហើយ ក៏​តែង​រាប់អានបណ្ឌិតនោះវិញ។ តែងអនុគ្រោះបណ្ឌិតនោះ ព្រោះទក្ខិណានុប្បទាននោះ ដូចជា​មាតា​អនុគ្រោះកូន ដែលកើតអំពីទ្រូង បុរសដែលទេវតាអនុគ្រោះហើយ រមែង​ជួប​ប្រទះនូវ​សេចក្តី​ចំរើនសព្វកាល។

[៨៥] លុះព្រះមានព្រះភាគ ទ្រង់អនុមោទនា ដោយគាថាទាំងនេះ ដល់សុនីធៈ និង​វស្សការព្រាហ្មណ៍ ដែលជាមហាមាត្យ ក្នុងដែនមគធៈហើយ ទ្រង់​ក្រោកអំពី​អាសនៈ​ចេញទៅ។ សម័យនោះឯង សុនីធៈ និងវស្សការព្រាហ្មណ៍ ជាមហាមាត្យ ក្នុងដែនមគធៈ បានដើរតាមព្រះមានព្រះភាគអំពីខាងក្រោយៗ ដោយតាំងចិត្តថា ថ្ងៃនេះព្រះសមណ​គោតម ទ្រង់ស្តេចចេញតាមទ្វារណា ទ្វារនោះនឹងបានឈ្មោះថាគោតមទ្វារ ទ្រង់ស្តេច​ឆ្លង​ទន្លេគង្គាត្រង់កំពង់ណា កំពង់​នោះនឹងបានឈ្មោះថា គោតមតិត្ថៈ។ ព្រះមានព្រះភាគ ទ្រង់​ស្តេច​ចេញតាមទ្វារណា ទ្វារនោះក៏បានឈ្មោះថា គោតមទ្វារ ចាប់ដើមតាំង​អំពី​នោះមក។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ស្តេច​ចូលទៅត្រង់ទន្លេគង្គានោះ។ សម័យនោះឯង ទន្លេគង្គាកំពុង​ពេញប្រៀប ល្មមសត្វក្អែកទំលើមាត់ច្រាំង​ឱនផឹក​ទឹកបាន។ មនុស្សទាំងឡាយ ដែលប្រាថ្នានឹងឆ្លងអំពីត្រើយម្ខាង ទៅកាន់ត្រើយម្ខាង ពួក​ខ្លះក៏ស្វែងរកទូក ពួកខ្លះក៏ស្វែងរកផែ ពួកខ្លះ ក៏ចងក្បូន។ លំដាប់នោះ ព្រះមានព្រះភាគ ស្រាប់តែ​បាត់ព្រះអង្គអំពីត្រើយ ទន្លេគង្គាខាងអាយ ទៅប្រាកដព្រះអង្គក្នុងត្រើយខាង​នាយ ព្រមទាំងភិក្ខុសង្ឃ ដូចជាបុរសដែល​មានកម្លាំង លាកំភួនដៃដែលបត់ហើយ ឬ​បត់​កំភួនដៃដែលលាហើយ។ ព្រះមានព្រះភាគ​ ទ្រង់ទតឃើញ​មនុស្សទាំងនោះ ពួកខ្លះ​កំពុង​ស្វែងរកទូក ពួកខ្លះកំពុងស្វែងរកផែ ពួកខ្លះ​កំពុងចងក្បូន បំណង​នឹងឆ្លងអំពីត្រើយម្ខាង ទៅត្រើយម្ខាង។ ព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់នូវហេតុនុ៎ះហើយ ក៏ទ្រង់បន្លឺឧទាន​នេះ ក្នុងវេលានោះថា ជនទំាងឡាយណា ឆ្លងទន្លេ និងស្ទឹង គឺតណ្ហា ដែលជ្រាលជ្រៅធំទូលាយបាន ជនទាំងឡាយនោះ រមែងធ្វើស្ពាន គឺអរិយមគ្គ លះបង់​ទីទំនាបដែលពេញដោយទឹក ឆ្លង​ផុតទៅបាន ចំណែក​ជនធម្មតា លុះតែចងក្បូន ទើបឆ្លងទៅបាន ឯពួកជនជា​អ្នកប្រាជ្ញ (មិនបាច់ក្បូន) ក៏ឆ្លងទៅបាន។

ចប់ ពុទ្ធភាណវារៈ ទី១។

ពុទ្ធភាណវារៈ ទី២

[៨៦] លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹង​ព្រះអានន្ទមានអាយុថា ម្នាលអានន្ទ មក យើងនឹងទៅកាន់កោដិគ្រាម។ ព្រះអានន្ទមានអាយុ ទទួល​ព្រះបន្ទូល​ព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ។ ទើបព្រះមានព្រះភាគ ទ្រង់ស្តេច​ទៅដល់​កោដិគ្រាម ព្រមដោយភិក្ខុសង្ឃជាច្រើន។ បានឮថា ព្រះមានព្រះភាគ ទ្រង់គង់​ក្នុង​កោដិគ្រាមនោះ។ ក្នុងទីនោះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ តថាគតក្តី អ្នកទាំងឡាយក្តី ដែលអន្ទោលទៅ ត្រាច់រង្គាត់ទៅ (ក្នុងសង្សារវដ្ត) អស់កាលជាយូរអង្វែងយ៉ាងនេះ ក៏ព្រោះតែមិនបានត្រាស់ដឹង មិនបាន​ចាក់ធ្លុះនូវអរិយសច្ចទាំង៤។ អរិយសច្ចទាំង៤នោះ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ តថាគតក្តី អ្នកទាំងឡាយក្តី ដែលអន្ទោលទៅ ត្រាច់រង្គាត់ទៅ អស់កាល​ជាយូរអង្វែង​យ៉ាងនេះ ក៏ព្រោះតែមិនបានត្រាស់ដឹង មិនបានចាក់ធ្លុះនូវទុក្ខអរិយសច្ច។ ម្នាលភិក្ខុទាំងឡាយ តថាគតក្តី អ្នកទាំងឡាយក្តី ដែលអន្ទោលទៅ ត្រាច់រង្គាត់ទៅ អស់កាល​ជាយូរអង្វែង​យ៉ាងនេះ ក៏ព្រោះតែមិនបានត្រាស់ដឹង មិនបានចាក់ធ្លុះនូវទុក្ខសមុទយអរិយសច្ច។ ម្នាលភិក្ខុទាំងឡាយ តថាគតក្តី អ្នកទាំងឡាយក្តី ដែលអន្ទោលទៅ ត្រាច់រង្គាត់ទៅ អស់កាល​ជាយូរអង្វែង​យ៉ាងនេះ ក៏ព្រោះតែមិនបានត្រាស់ដឹង មិនបានចាក់ធ្លុះនូវទុក្ខនិរោធអរិយសច្ច។ ម្នាលភិក្ខុទាំងឡាយ តថាគតក្តី អ្នកទាំងឡាយក្តី ដែលអន្ទោលទៅ ត្រាច់រង្គាត់ទៅ អស់កាល​ជាយូរអង្វែង​យ៉ាងនេះ ក៏ព្រោះតែមិនបានត្រាស់ដឹង មិនបានចាក់ធ្លុះនូវទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច។ ម្នាលភិក្ខុទាំងឡាយ ទុក្ខអរិយសច្ច​នោះឯង ដែលបុគ្គលបានត្រាស់ដឹង បានចាក់ធ្លុះហើយ ទុក្ខសមុទយអរិយសច្ច​​ ដែលបុគ្គលបានត្រាស់ដឹង បានចាក់ធ្លុះហើយ ទុក្ខនិរោធអរិយសច្ច​ ដែលបុគ្គលបានត្រាស់ដឹង បានចាក់ធ្លុះហើយ ទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច ដែលបុគ្គលបានត្រាស់ដឹង បានចាក់ធ្លុះហើយ ភវតណ្ហា គឺសេចក្តីប្រាថ្នាក្នុងភព ក៏សូន្យទៅ ខ្សែ គឺតណ្ហា ដែលអាំចនាំសត្វ​អំពី​ភព​មួយ ទៅភពមួយ ក៏អស់ទៅ ភពថ្មីក្នុងកាលឥឡូវនេះ ក៏មិនមានឡើយ។ ព្រះមានព្រះភាគ បានត្រាស់ពាក្យនេះហើយ ព្រះសុគត លុះត្រាស់ពាក្យនេះហើយ ព្រះ​សាស្តា ទ្រង់ត្រាស់ពាក្យដូច្នេះដទៃ អំពីពាក្យនោះថា

[៨៧] ការត្រាច់រង្គាត់ទៅអស់កាលជាអង្វែង ក្នុងជាតិនោះៗឯង ក៏ព្រោះ​តែមិន​បានឃើញនូវអរិយសច្ចទាំង៤តាមពិត។ ឯអរិយសច្ចទាំង៤នោះ បើបុគ្គលបានឃើញ​ហើយ ខ្សែ គឺតណ្ហា ដែលអាចនាំសត្វ​អំពីភពមួយទៅភពមួយ ក៏ដាច់ហើយ​ ឫសគល់​របស់ទុក្ខក៏ពុករលួយហើយ ភពថ្មីទៀតក្នុងកាលឥឡូវនេះ មិនមានឡើយ។

[៨៨] បានឮថា កាលព្រះមានព្រះភាគ គង់នៅក្នុងកោដិគ្រាមនោះឯង ទ្រង់ធ្វើ​ធម្មីកថាជាច្រើន ចំពោះភិក្ខុទាំងឡាយយ៉ាងនេះថា សីលដូច្នេះ សមាធិដូច្នេះ បញ្ញា​ដូច្នេះ សមាធិដែលអប់រំដោយសីលហើយ រមែងមានផលច្រើន មានអានិសង្សច្រើន បញ្ញា​ដែលអប់រំដោយសមាធិហើយ រមែងមានផលច្រើន មានអានិសង្សច្រើន ចិត្តដែលអប់រំ​ដោយបញ្ញាហើយ រមែងរួចស្រឡះចាកអាសវៈទាំងឡាយ ដោយប្រពៃ គឺកាមាសវៈ ភវាសវៈ អវិជ្ជាសវៈ។

[៨៩] លុះព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងកោដិគ្រាម តាមសមគួរ​ដល់​ពុទ្ធ​អធ្យាស្រ័យហើយ ទ្រង់ត្រាស់ហៅព្រះអានន្ទមានអាយុ មកថា ម្នាលអានន្ទ មក យើង​នឹងទៅកាន់​នាទិកគ្រាម។ ព្រះអានន្ទមានអាយុ ទទួលព្រះបន្ទូលព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ។ ទើបព្រះមានព្រះភាគ ទ្រង់ស្តេចទៅដល់នាទិកគ្រាមនោះ ព្រមដោយ​ភិក្ខុសង្ឃជាច្រើន។ បានឮថា ព្រះមានព្រះភាគ ទ្រង់គង់ក្នុងផ្ទះសំណាក់​ដែល​ធ្វើដោយឥដ្ឋ ក្នុងនាទិកគ្រាមនោះ។ លំដាប់នោះ ព្រះអានន្ទមានអាយុ ចូលទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយ​អង្គុយក្នុងទីដ៏សមគួរ។ ព្រះអានន្ទមានអាយុ លុះអង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុឈ្មោះសាឡ្ហៈ ធ្វើ​មរណកាលក្នុងនាទិកគ្រាម គតិរបស់សាឡ្ហភិក្ខុនោះ ដូចម្តេច បរលោកដូចម្តេច បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុនីឈ្មោះនន្ទា ធ្វើមរណកាលក្នុងនាទិកគ្រាម គតិរបស់​ភិក្ខុនី​នោះដូចម្តេច បរលោកដូចម្តេច បពិត្រព្រះអង្គដ៏ចំរើន ឧបាសកឈ្មោះសុទត្ត ធ្វើមរណ​កាល​ក្នុងនាទិកគ្រាម គតិរបស់​ឧបាសកនោះដូចម្តេច បរលោកដូចម្តេច បពិត្រព្រះអង្គដ៏ចំរើន ឧបាសិកាឈ្មោះសុជាតា ធ្វើមរណ​កាល​ក្នុងនាទិកគ្រាម គតិរបស់​ឧបាសិកា​នោះដូចម្តេច បរលោកដូចម្តេច បពិត្រព្រះអង្គដ៏ចំរើន ឧបាសកឈ្មោះកកុធៈ ធ្វើមរណ​កាល​ក្នុងនាទិកគ្រាម គតិរបស់​ឧបាសក​នោះដូចម្តេច បរលោកដូចម្តេច បពិត្រព្រះអង្គដ៏ចំរើន ឧបាសកឈ្មោះការឡិម្ភៈ។បេ។ បពិត្រព្រះអង្គដ៏ចំរើន ឧបាសក​ឈ្មោះ​និកដៈ។បេ។ បពិត្រព្រះអង្គដ៏ចំរើន ឧបាសកឈ្មោះ​កដិស្សហៈ។បេ។ បពិត្រព្រះអង្គដ៏ចំរើន ឧបាសកឈ្មោះតុដ្ឋៈ។បេ។ បពិត្រព្រះអង្គដ៏ចំរើន ឧបាសក​ឈ្មោះ​សន្តុដ្ឋៈ។បេ។ បពិត្រព្រះអង្គដ៏ចំរើន ឧបាសកឈ្មោះភដៈ។បេ។ បពិត្រព្រះអង្គដ៏ចំរើន ឧបាសកឈ្មោះសុភដៈ ធ្វើមរណ​កាល​ក្នុងនាទិកគ្រាម គតិរបស់​ឧបាសក​នោះដូចម្តេច បរលោកដូចម្តេច។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលអានន្ទ សាឡ្ហភិក្ខុ បានធ្វើ​ឲ្យជាក់ច្បាស់​ដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯង នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ មិនមាន​អាសវៈ ព្រោះអស់ទៅនៃអាសវៈ សម្រេចសម្រាន្តនៅ ដោយឥរិយាបថទាំង៤ ក្នុង​បច្ចុប្បន្ន ម្នាលអានន្ទ នន្ទាភិក្ខុនី ជាឱបបាតិកសត្វ បរិនិព្វានក្នុងសុទ្ធាវាសព្រហ្មលោកនោះ ជាបុគ្គល​លែងវិលត្រឡប់ចាកលោកនោះ ព្រោះអស់​ទៅនៃសំយោជនៈ៥ ជាចំណែក​ខាងក្រោម (អនាគាមី) ម្នាលអានន្ទ សុទត្តឧបាសក ជាសកទាគាមី ត្រឡប់មកកាន់​លោក​នេះម្តងទៀត នឹងធ្វើនូវ​ទីបំផុតនៃទុក្ខ ព្រោះអស់ទៅនៃសំយោជនៈ៣ ដោយមានរាគៈ ទោសៈ មោហៈស្រាលស្តើង ម្នាលអានន្ទ សុជាតាឧបាសិកា ជាសោតាបន្នបុគ្គល ជាបុគ្គល​លែងធ្លាក់ទៅក្នុងអបាយ ជាបុគ្គលទៀង មានការត្រាស់ដឹងទៅខាងមុខ ព្រោះ​អស់ទៅនៃសំយោជនៈ៣ ម្នាលអានន្ទ កកុធៈឧបាសក ជាឱបបាតិកសត្វ បរិនិព្វាន​ក្នុង​សុទ្ធាវាសព្រហ្មលោកនោះ ជាបុគ្គលលែង​វិលត្រឡប់​ចាកលោកនោះ ព្រោះអស់​ទៅនៃ​សំយោជនៈ៥ ជាចំណែកខាងក្រោម ម្នាលអានន្ទ ការឡិម្ភឧបាសក។បេ។ ម្នាលអានន្ទ និកដឧបាសក។ ម្នាលអានន្ទ កដិស្សហឧបាសក។ ម្នាលអានន្ទ តុដ្ឋឧបាសក។ ម្នាលអានន្ទ សន្តុដ្ឋឧបាសក។ ម្នាលអានន្ទ ភដឧបាសក។ ម្នាលអានន្ទ សុភដឧបាសក ជាឱបបាតិកសត្វ បរិនិព្វាន ក្នុងសុទ្ធាវាសព្រហ្មលោកនោះ ជាបុគ្គលលែងវិលត្រឡប់​ចាកលោកនោះ ព្រោះអស់ទៅនៃសំយោជនៈ៥ ជាចំណែកខាងក្រោម ម្នាលអានន្ទ ពួកឧបាសកជាង៥០នាក់ ដែលធ្វើមរណកាល ក្នុងនាទិកគ្រាម សុទ្ធតែចាឱបបាតិក​សត្វ បរិនិព្វាន ក្នុងសុទ្ធាវាសព្រហ្មលោកនោះ ជាបុគ្គលលែងវិលត្រឡប់​ចាកលោកនោះ ព្រោះអស់ទៅនៃសំយោជនៈ៥ ជាចំណែកខាងក្រោម ម្នាលអានន្ទ ពួកឧបាសក​៩៦​នាក់ ដែលធ្វើមរណកាល ក្នុងនាទិកគ្រាម សុទ្ធតែជាសកទាគាមី ត្រឡប់មក​កាន់​លោកនេះម្តង​ទៀត នឹងធ្វើនូវទីបំផុតនៃទុក្ខ ព្រោះអស់ទៅនៃសំយោជនៈ៣ មានរាគៈ ទោសៈ មោហៈ​ស្រាលស្តើង ម្នាលអានន្ទ ពួកឧបាសក៥១០នាក់ ដែលធ្វើមរណកាល ក្នុងនាទិកគ្រាម សុទ្ធតែជាសោតាបន្នបុគ្គល ជាបុគ្គលលែងធ្លាក់ទៅក្នុងអបាយ ជាបុគ្គលទៀង មានសេចក្តី​ត្រាស់ដឹងទៅខាងមុខ ព្រោះអស់ទៅនៃសំយោជនៈ៣ ម្នាលអានន្ទ សត្វដែល​ជាមនុស្ស ធ្វើមរណកាលដោយហេតុណា ហេតុនោះ មិនជាអស្ចារ្យទេ ព្រោះកាល​បើ​មនុស្សនោះៗ ធ្វើមរណកាលហើយ អ្នកទាំងឡាយមុខជានឹងមករកតថាគត ហើយសួរ​នូវ​ដំណើរនុ៎ះ ម្នាលអានន្ទ នេះជាសេចក្តីលំបាកដល់តថាគតណាស់ ម្នាលអានន្ទ ព្រោះ​ហេតុនោះ អរិយសាវ័កប្រកបដោយ​ធម្មបរិយាយណា កាលបើប្រាថ្នានឹងព្យាករ ក៏​គប្បី​ព្យាករ​ខ្លួនឯង ដោយខ្លួនឯងថា អាត្មាអញ អស់នរកហើយ អស់កំណើតតិរច្ឆានហើយ អស់​បេត្តិវិស័យហើយ អស់​អបាយទុគ្គតិវិនិបាតហើយ អាត្មាអញជាសោតាបន្នបុគ្គល លែង​ធ្លាក់ចុះហើយ ជាបុគ្គលទៀង មានសេចក្តីត្រាស់ដឹង​ទៅក្នុងខាងមុខដូច្នេះ តថាគត​នឹង​សំដែងធម្មបរិយាយនោះឈ្មោះ ធម្មាទាសៈ (ធម៌ដូចកញ្ចក់ឆ្លុះ) ម្នាលអានន្ទ អរិយ​សាវ័កប្រកបដោយធម្មបរិយាយណា កាលបើត្រូវការនឹងព្យាករ ក៏គប្បីព្យាករ​ខ្លួនឯង ដោយខ្លួនឯងថា អាត្មាអញ អស់នរកហើយ អស់កំណើតតិរច្ឆានហើយ អស់​បេត្តិវិស័យហើយ អស់​អបាយទុគ្គតិវិនិបាតហើយ អាត្មាអញជាសោតាបន្នបុគ្គល លែង​ធ្លាក់ចុះហើយ ជាបុគ្គលទៀង មានសេចក្តីត្រាស់ដឹង​ទៅក្នុងខាងមុខដូច្នេះ ចុះ​ធម្មបរិយាយ​ ឈ្មោះធម្មាទាសៈនោះ តើដូចម្តេច ម្នាលអានន្ទ អរិយសាវ័ក​ក្នុងសាសនា​នេះ ប្រកបដោយសេចក្តីជ្រះថ្លាមិនញាប់ញ័រ ក្នុងព្រះពុទ្ធថា ព្រះមានព្រះភាគអង្គ​នោះ ទ្រង់ឆ្ងាយចាកកិលេស ទ្រង់ត្រាស់ដឹងដោយព្រះអង្គឯង ដោយប្រពៃ ទ្រង់បរិបូណ៌​ដោយ​វិជ្ជា និងចរណៈ ទ្រង់ដល់នូវសុន្ទរស្ថាន ទ្រង់ជ្រាបច្បាស់នូវត្រៃលោក ទ្រង់ប្រសើរ​ដោយ​សីលាទិគុណ ទ្រង់ទូន្មានបុរស ដែលគួរទូន្មានបាន ទ្រង់ជាគ្រូនៃទេវតា និងមនុស្សទាំង​ឡាយ ទ្រង់ត្រាស់ដឹងនូវអរិយសច្ចធម៌ ទ្រង់លែងវិលត្រឡប់មក​កាន់ភពថ្មីទៀត ដូច្នេះ អរិយសាវ័កប្រកបដោយសេចក្តីជ្រះថ្លា មិនញាប់ញ័រ​ក្នុងព្រះធម៌ថា ធម៌ដែល​ព្រះមានព្រះភាគ ទ្រង់សំដែងហើយ ដោយប្រពៃ ជាធម៌ដែលអរិយបុគ្គល គប្បី​ឃើញ​ច្បាស់ ដោយខ្លួនឯង ជាធម៌ឲ្យនូវផល មិនរង់ចាំកាល ជាធម៌គួរនឹងហៅថា អ្នកចូរចូល​មក​មើលដូច្នេះបាន ជាធម៌ ដែលអរិយបុគ្គល​ គប្បីបង្អោន​ចូលមកទុកក្នុងខ្លួន ជាធម៌ដែល​អ្នកប្រាជ្ញទាំងឡាយ មានឧគ្ឈដិតញ្ញូបុគ្គលជាដើម គប្បីដឹងដោយជាក់​ច្បាស់​ក្នុងចិត្តនៃខ្លួនដូច្នេះ អរិយសាវ័កប្រកបដោយ​សេចក្តីជ្រះថ្លា មិនញាប់ញ័រ ក្នុងព្រះសង្ឃ​ថា ពួកនៃសាវ័ក​របស់​ព្រះមានព្រះភាគ ប្រតិបត្តិ​ដោយប្រពៃ ពួកនៃសាវ័ក​របស់​ព្រះមានព្រះភាគ ប្រតិបត្តិដោយត្រង់ ពួកនៃសាវ័ករបស់​ព្រះមានព្រះភាគ ប្រតិបត្តិ​ដើម្បី​ព្រះនិព្វាន ពួកនៃសាវ័ករបស់ព្រះមានព្រះភាគ ប្រតិបត្តិដោយសមគួរ ព្រះសង្ឃ​ទាំងអស់​នោះ បើរាប់ជាគូនៃបុរស មាន៤ បើរាប់រៀង​ជាបុរសបុគ្គល មាន៨ ពួកនៃសាវ័ក​របស់​ព្រះមានព្រះភាគនុ៎ះ លោកគួរទទួល​នូវចតុប្បច្ច័យ ដែលគេ​នាំមកបូជា លោកគួរ​ទទួល​នូវ​អាគន្តុកទាន លោកគួរទទួលនូវទក្ខិណាទាន ជាបុគ្គលដែលសត្វលោក​គប្បីធ្វើ​អញ្ជលិកម្ម ជាបុញ្ញក្ខេត្តដ៏ប្រសើររបស់​សត្វលោកដូច្នេះ អរិយសាវ័កប្រកប​ហើយដោយ​សីល ជាទីគាប់ចិត្តរបស់ព្រះអរិយៈ ជាសីលមិនដាច់ មិនធ្លុះ មិនពពាល មិនពព្រុះ ជាសីល​របស់មនុស្ស​អ្នកជា ជាសីលដែលអ្នកប្រាជ្ញសរសើរ ជាសីលមិនជ្រោកជ្រាក​ដោយតណ្ហា និងទិដ្ឋិ ជាសីលញុំាងសមាធិឲ្យប្រព្រឹត្តទៅបាន ម្នាលអានន្ទ អរិយសាវ័ក​ប្រកបដោយធម្មបរិយាយណា កាលបើត្រូវការនឹងព្យាករ ក៏គប្បីព្យាករខ្លួនឯង ដោយខ្លួន​ឯងថា អាត្មាអញ អស់នរកហើយ អស់កំណើតតិរច្ឆានហើយ អស់បេត្តិវិស័យហើយ អស់​អបាយទុគ្គតិវិនិបាតហើយ អាត្មាអញ ជាសោតាបន្នបុគ្គល លែងធ្លាក់ចុះហើយ ជាបុគ្គល​ទៀង មានសេចក្តីត្រាស់ដឹងទៅខាងមុខដូច្នេះ ធម្មបរិយាយនេះឯង ហៅថា ធម្មទាសៈ។ បានឮថា ព្រះមានព្រះភាគ គង់ក្នុងផ្ទះសំណាក់ ធ្វើដោយឥដ្ឋក្នុងនាទិកគ្រាមនោះ​ឯង ទ្រង់ធ្វើ​ធម្មីកថាជាច្រើន ដល់ភិក្ខុទាំងឡាយយ៉ាងនេះថា សីលដូច្នេះ សមាធិដូច្នេះ បញ្ញា​ដូច្នេះ សមាធិដែលអប់រំដោយសីលហើយ រមែងមានផលច្រើន មានអានិសង្សច្រើន បញ្ញា​ដែលអប់រំដោយសមាធិហើយ រមែងមានផលច្រើន មានអានិសង្សច្រើន ចិត្តដែលអប់រំ​ដោយបញ្ញាហើយ រមែងរួចស្រឡះចាកអាសវៈទាំងឡាយ ដោយប្រពៃ គឺកាមាសវៈ ភវាសវៈ អវិជ្ជាសវៈ។

[៩០] លុះព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងនាទិកគ្រាម តាមសមគួរ​ដល់​ពុទ្ធ​អធ្យាស្រ័យហើយ ទ្រង់ត្រាស់នឹងព្រះអានន្ទមានអាយុថា ម្នាលអានន្ទ មក យើង​នឹងទៅកាន់​ក្រុងវេសាលី។ ព្រះអានន្ទមានអាយុ ទទួលព្រះបន្ទូលព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ។ ទើបព្រះមានព្រះភាគ ទ្រង់ស្តេចទៅដល់ក្រុងវេសាលី ព្រមដោយ​ភិក្ខុសង្ឃជាច្រើន។ បានឮថា ព្រះមានព្រះភាគ ទ្រង់គង់ក្នុងអម្ពបាលិវ័ន ទៀបក្រុងវេសាលីនោះ។ ក្នុងទីនោះឯង ព្រះមានព្រះភាគ ត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុត្រូវមានសតិ និងសម្បជញ្ញៈ នេះជាពាក្យប្រៀនប្រដៅ​របស់​តថាគត ដល់អ្នកទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ ឯភិក្ខុមានសតិនោះ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណាកាយក្នុងកាយជាប្រក្រតី ជាអ្នក​មាន​ព្យាយាម ជាគ្រឿងដុតកំដៅកិលេស ដឹងខ្លួន មានសតិ កំចាត់បង់នូវ​អភិជ្ឈា និងទោមនស្សក្នុងលោក គឺកាយ ឬឧបាទានក្ខន្ធ។ ក្នុងវេទនាទាំងឡាយ។ ក្នុងចិត្ត។ ភិក្ខុ​ពិចារណាធម៌ក្នុងធម៌ទាំងឡាយជាប្រក្រតី ជាអ្នកមានព្យាយាម ជាគ្រឿង​ដុតកំដៅ​កិលេស ដឹងខ្លួន មានសតិ កំចាប់បង់នូវអភិជ្ឈា និងទោមនស្សក្នុងលោក។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកមានសតិ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​ជាអ្នក​មាន​សម្បជញ្ញៈ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ធ្វើនូវសេចក្តី​ដឹងខ្លួន ក្នុងកិរិយា​ឈានទៅមុខ និងការឈានថយក្រោយ ធ្វើនូវសេចក្តីដឹងខ្លួន​ក្នុង​កិរិយា​ក្រឡេកមើលទៅមុខ និងក្រឡេកមើលទៅខាង ធ្វើនូវសេចក្តីដឹងខ្លួន ក្នុងកិរិយា​អង្កុញ និងកិរិយាលាតលាដៃជើង ធ្វើនូវសេចក្តីដឹងខ្លួន ក្នុងកិរិយា​ទ្រទ្រង់​សង្ឃាដិ និងបាត្រ ចីវរ​ ធ្វើនូវសេចក្តីដឹងខ្លួន ក្នុងកិរិយា​ស៊ី ផឹក ទំពា ក្រេបជញ្ជាប់ ធ្វើនូវសេចក្តីដឹងខ្លួន ក្នុងកិរិយា​​បន្ទោបង់ឧច្ចារៈ និងបស្សាវៈ ធ្វើនូវសេចក្តីដឹងខ្លួន ក្នុងកិរិយា​ដើរ ឈរ អង្គុយ ដេកលក់ ភ្ញាក់​ និយាយ និងការស្ងៀម។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកមានសម្បជញ្ញៈយ៉ាងនេះ​ឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុត្រូវមានសតិ និងសម្បជញ្ញៈ នេះជាពាក្យប្រៀនប្រដៅ​របស់​តថាគត ចំពោះ​អ្នកទាំងឡាយ។

[៩១] ស្រីផ្កាមាសឈ្មោះអម្ពបាលី បានឮដំណឹងថា ព្រះមានព្រះភាគ ទ្រង់ស្តេច​មកដល់ក្រុងវេសាលី ហើយទ្រង់គង់នៅក្នុងអម្ពវ័នរបស់អាត្មាអញ ទៀបក្រុង​វេសាលី។ ទើបស្រីផ្កាមាសឈ្មោះអម្ពបាលី ឲ្យគេរៀបចំយានទាំងឡាយ​ដ៏ថ្លៃថ្លា ហើយឡើងជិះ​លើយានដ៏ថ្លៃថ្លា ចេញអំពីក្រុងវេសាលី ដោយយានដ៏ថ្លៃថ្លា បរ​សំដៅ​ទៅកាន់អារាមរបស់ខ្លួន ទៅដោយយានកំណត់ត្រឹម​ទីដែល​បរយានទៅបាន រួច​ចុះអំពីយាន ដើរទៅដោយជើងទទេ ចូលទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំ​ព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះ​ស្រីផ្កាមាសឈ្មោះអម្ពបាលី អង្គុយក្នុងទីដ៏សមគួរហើយ ព្រះមានព្រះភាគ ទ្រង់​ពន្យល់​ឲ្យឃើញច្បាស់ ឲ្យកាន់យក ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថា។ លំដាប់​នោះ ស្រីផ្កាមាសឈ្មោះអម្ពបាលី លុះព្រះមានព្រះភាគ ទ្រង់ពន្យល់​ឲ្យឃើញច្បាស់ ឲ្យ​កាន់យក ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថាហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ​ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ ព្រមទាំង​ភិក្ខុសង្ឃ ទទួលភត្ត​ខ្ញុំ​ម្ចាស់ ដើម្បីឆាន់ក្នុងថ្ងៃស្អែក។ ព្រះមានព្រះភាគ ទ្រង់ទទួលដោយតុណ្ហីភាព។ នាង​អម្ពបាលី ជាស្រីផ្កាមាស ដឹងថា ព្រះមានព្រះភាគ ទ្រង់ទទួលនិមន្តហើយ ក៏ក្រោក​ចាក​អាសនៈ ថ្វាយបង្គំព្រះមានព្រះភាគ ធ្វើប្រទក្សិណ ហើយចេញទៅ។

[៩២] ពួកស្តេចលិច្ឆវី អ្នកនៅក្នុងក្រុងវេសាលី បានឮដំណឹងថា ព្រះមានព្រះភាគ ទ្រង់ស្តេចមកដល់ក្រុងវេសាលីហើយ​ ទ្រង់គង់នៅក្នុងអម្ពបាលិវ័ន ទៀបក្រុងវេសាលី។ ទើបស្តេចលិច្ឆវីទាំងនោះ ឲ្យគេរៀបចំយានទាំងឡាយ​ដ៏ថ្លៃថ្លា ហើយឡើងគង់​លើយានដ៏ថ្លៃថ្លា ចេញអំពីក្រុងវេសាលី ដោយយានដ៏ថ្លៃថ្លា។ បណ្តាស្តេចលិច្ឆវីទាំងនោះ ស្តេចលិច្ឆវីពួកខ្លះ ជាពួកខៀវ មានសម្បុរខៀវ មានសំពត់​ខៀវ មានគ្រឿងប្រដាប់ក៏ខៀវ ស្តេចលិច្ឆវីពួកខ្លះ ជាពួកលឿង មានសម្បុរលឿង មានសំពត់លឿង មានគ្រឿងប្រដាប់ក៏លឿង ស្តេចលិច្ឆវីពួកខ្លះ ជាពួកក្រហម មានសម្បុរក្រហម មានសំពត់ក្រហម មានគ្រឿងប្រដាប់ក៏ក្រហម ស្តេចលិច្ឆវីពួកខ្លះ ជាពួកស មានសម្បុរស មានសំពត់​ស មានគ្រឿងប្រដាប់ក៏ស។​ លំដាប់នោះ នាង​អម្ពបាលីផ្កាមាស បំប៉ះភ្លៅដោយភ្លៅ បំប៉ះកង់ដោយកង់ បំប៉ះនឹមដោយនឹម (នៃ​យាន) របស់ពួកស្តេចលិច្ឆវីកំឡោះៗ។ ឯស្តេចលិច្ឆវីទាំងនោះ មានបន្ទូល​នឹង​នាង​អម្ពបាលីផ្កាមាស យ៉ាងនេះថា ម្នាល​មេអម្ពបាលី ហេតុអ្វីក៏នាង បំប៉ះភ្លៅដោយភ្លៅ បំប៉ះកង់ដោយកង់ បំប៉ះនឹមដោយនឹម (នៃ​យាន) របស់ពួកស្តេចលិច្ឆវីកំឡោះៗ។ នាងអម្ពបាលីឆ្លើយថា បពិត្រព្រះអយ្យបុត្រទាំងឡាយ បានជាខ្ញុំ​ម្ចាស់ធ្វើយ៉ាងនោះ ព្រោះ​ខ្ញុំម្ចាស់ បាននិមន្ត​ព្រះមានព្រះភាគ ព្រមទាំងភិក្ខុសង្ឃ ដើម្បីឆាន់ភត្តក្នុងថ្ងៃស្អែក។ ពួក​ស្តេច​លិច្ឆវីមានបន្ទូលថា ម្នាលមេអម្ពបាលី នាងចូរឲ្យភត្តនេះមកយើងដោយតម្លៃ ​ចំនួន​១សែនកហាបណៈចុះ។ នាងអម្ពបាលីឆ្លើយថា បពិត្រព្រះអយ្យបុត្រទាំងឡាយ ទុកជា​ព្រះអង្គប្រទាន​ក្រុងវេសាលី ព្រមទាំងជនបទដល់ខ្ញុំម្ចាស់ ក៏ខ្ញុំម្ចាស់មិនព្រមថ្វាយភត្ត​ដ៏​ប្រសើរយ៉ាងនេះឡើយ។ គ្រានោះ ស្តេចលិច្ឆវីទាំងនោះ ផ្ទាត់ម្រាមព្រះហស្ត ហើយ​ពោលថា ម្នាលគ្នាយើង ពួកយើង​ នាងអម្ពបាលីឈ្នះបានហើយតើហ្ន៎ ម្នាលគ្នាយើង ពួក​យើងត្រូវនាងអម្ពបាលីបញ្ឆោត​បានហើយហ្ន៎។ គ្រានោះ ស្តេចលិច្ឆវីទាំងនោះ ក៏បរយាន​ទៅកាន់អម្ពបាលិវ័ន។ ព្រះមានព្រះភាគ ទ្រង់ទតឃើញ​ស្តេចលិច្ឆវីទាំងនោះ មកអំពី​ចម្ងាយ លុះទតឃើញហើយ ក៏ទ្រង់ត្រាស់នឹង​ភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុណា មិនដែលឃើញពួកទេវតា នៅក្នុងឋានតាវត្តិង្ស ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​ទាំងនោះ ចូរមើល​លិច្ឆវិបរិសទ្យ ចូរសង្កេតមើលលិច្ឆវិបរិសទ្យ ពិនិត្យមើលលិច្ឆវិបរិសទ្យ ដែលប្រហែលគ្នានឹងទេវតា នៅក្នុងឋានតាវត្តិង្ស។ គ្រានោះ ស្តេចលិច្ឆវីទាំងនោះក៏​ទៅ​ដោយ​យាន កំណត់ត្រឹម​ទីដែល​បរយានទៅបាន ហើយ​ចុះអំពីយាន ស្តេចទៅ ដោយ​ព្រះបាទា ចូលទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំ​ព្រះមានព្រះភាគ រួចគង់ក្នុងទីសមគួរ។ លុះ​ស្តេចលិច្ឆវីទាំងនោះ គង់​ក្នុងទីសមគួរហើយ ព្រះមានព្រះភាគ ទ្រង់​ពន្យល់​ឲ្យឃើញច្បាស់ ឲ្យកាន់យក ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថា។ ស្តេចលិច្ឆវីទាំងនោះ លុះព្រះមានព្រះភាគ ទ្រង់ពន្យល់​ឲ្យឃើញច្បាស់ ឲ្យ​កាន់យក ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថាហើយ ក៏ក្រាបបង្គំទូល​ព្រះមាន​ព្រះភាគ​យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ ព្រមទាំង​ព្រះភិក្ខុសង្ឃ ទទួលភត្ត​របស់ខ្ញុំព្រះអង្គ ដើម្បីឆាន់ក្នុងថ្ងៃស្អែក។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាល​លិច្ឆវីទាំងឡាយ តថាគតបានទទួលភត្ត របស់នាង​អម្ពបាលីផ្កាមាស ដើម្បីឆាន់​ក្នុងថ្ងៃ​ស្អែក​រួចទៅហើយ។ លំដាប់នោះ ស្តេចលិច្ឆវីទាំងនោះ ផ្ទាត់ម្រាម​ព្រះហស្ត ហើយពោលថា ម្នាលគ្នាយើង ពួកយើង ឲ្យនាងអម្ពបាលីឈ្នះបានហើយតើហ្ន៎ ម្នាល​គ្នាយើង ពួកយើង ឲ្យនាងអម្ពបាលីបញ្ឆោតបានហើយហ្ន៎។ លំដាប់នោះ ស្តេចលិច្ឆវី​ទាំង​នោះ ត្រេកអររីករាយនឹងភាសិត របស់ព្រះមានព្រះភាគហើយ ក៏ក្រោក​ចាក​អាសនៈ ថ្វាយបង្គំព្រះមានព្រះភាគ ធ្វើប្រទក្សិណ ហើយចេញទៅ។ លុះកន្លងរាត្រីនោះទៅ​ហើយ នាងអម្ពបាលីផ្កាមាស តាក់តែងខាទនីយភោជនីយាហារ ដ៏ថ្លៃថ្លាក្នុងអារាមរបស់​ខ្លួន ហើយ​ឲ្យបម្រើទៅក្រាបទូលភត្តកាល ចំពោះ​ព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន កាលគួរហើយ ភត្តសម្រេចហើយ។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ស្បង់ និងបាត្រ​ចីវរ​អំពីព្រលឹម ស្តេចសំដៅទៅកាន់ទីអង្គាសចង្ហាន់ របស់នាងអម្ពបាលីផ្កាមាស ព្រម​ដោយ​ភិក្ខុសង្ឃ លុះស្តេច​ទៅដល់ហើយ ក៏គង់លើអាសនៈ ដែលគេក្រាលថ្វាយ។ គ្រានោះ នាងអម្ពបាលីផ្កាមាស បានអង្គាស​ភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធាន ដោយខាទនីយ​ភោជនីយាហារ ដ៏ឆ្ងាញ់ពីសារដោយដៃខ្លួនឯង ឲ្យឆ្អែតស្កប់ស្កល់ ត្រាតែហាមឃាត់។ លំដាប់នោះ នាងអម្ពបាលីផ្កាមាស កំណត់ដឹងថា ព្រះមានព្រះភាគ ទ្រង់សោយស្រេច​ហើយ លែងលូកព្រះហស្តទៅក្នុងបាត្រហើយ ក៏កាន់យកអាសនៈ​ទាបមួយ អង្គុយក្នុងទីដ៏សមគួរ។ នាងអម្ពបាលីផ្កាមាស លុះអង្គុយក្នុងទីដ៏សមគួរហើយ ទើប​ក្រាប​បង្គំទូលព្រះមានព្រះភាគថា​ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ សូមថ្វាយ​អារាមនេះ ដល់​ព្រះភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធាន។ ព្រះមានព្រះភាគ ក៏ទ្រង់ទទួលនូវអារាម។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ញុំាងនាងអម្ពបាលីផ្កាមាស ឲ្យឃើញច្បាស់ ឲ្យ​កាន់យក ឲ្យអាចហាន ឲ្យរីករាយ ដោយធម្មីកថា ហើយទ្រង់ក្រោកចាកអាសនៈ ស្តេច​ចេញទៅ។ បានឮថា ព្រះមានព្រះភាគ ដែលទ្រង់គង់​ក្នុងអម្ពបាលិវ័ន ទៀប​ក្រុង​វេសាលី​នោះ ទ្រង់ធ្វើ​ធម្មីកថាជាច្រើន ដល់ភិក្ខុទាំងឡាយយ៉ាងនេះថា សីលដូច្នេះ សមាធិដូច្នេះ បញ្ញា​ដូច្នេះ សមាធិដែលអប់រំដោយសីលហើយ រមែងមានផលច្រើន មាន​អានិសង្ស​ច្រើន បញ្ញា​ដែលអប់រំដោយសមាធិហើយ រមែងមានផលច្រើន មានអានិសង្សច្រើន ចិត្តដែលអប់រំ​ដោយបញ្ញាហើយ រមែងរួចស្រឡះចាកអាសវៈទាំងឡាយ ដោយប្រពៃ គឺកាមាសវៈ ភវាសវៈ អវិជ្ជាសវៈ។

[៩៣] លុះព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងអម្ពបាលិវ័ន តាមសមគួរ​ដល់​ពុទ្ធ​អធ្យាស្រ័យហើយ បានត្រាស់នឹងព្រះអានន្ទមានអាយុថា ម្នាលអានន្ទ មក យើង​នឹងចូលទៅកាន់វេឡុវគ្រាម។ ព្រះអានន្ទមានអាយុ ទទួលព្រះបន្ទូលព្រះមានព្រះភាគ ដោយពាក្យថា ព្រះករុណាព្រះអង្គ។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ស្តេចទៅដល់​វេឡុវគ្រាម ព្រម​ដោយ​​ភិក្ខុសង្ឃជាច្រើន។ បានឮថា ព្រះមានព្រះភាគ ទ្រង់សម្រេច​ព្រះឥរិយាបថ ក្នុង​វេឡុវ​គ្រាមនោះ។ ក្នុងទីនោះឯង ព្រះមានព្រះភាគ ត្រាស់ហៅភិក្ខុ​ទាំងឡាយ​មកថា ម្នាលភិក្ខុទាំងឡាយ ចូរអ្នកទាំងឡាយមក ចូរអ្នកទាំងឡាយ ទៅចាំ​វស្សា​​ក្នុងទីជិត​ៗ​ក្រុង​វេសាលី តាមបុគ្គលដែលជាមិត្ត តាមបុគ្គលដែលស្គាល់គ្នា តាម​បុគ្គល​ដែលស្និទ្ធស្នាល​នឹងគ្នាចុះ ចំណែកតថាគត នឹងនៅចាំវស្សា​ក្នុងវេឡុវគ្រាម​នេះឯង។ ភិក្ខុទាំងនោះ ទទួល​ព្រះបន្ទូល​ព្រះមានព្រះភាគ ដោយពាក្យថា ព្រះករុណា​ព្រះអង្គ ហើយក៏នាំគ្នាទៅចាំ​វស្សា​ក្នុងទីជិតៗក្រុងវេសាលី តាមបុគ្គលដែលជាមិត្ត តាមបុគ្គលដែលស្គាល់គ្នា តាមបុគ្គលដែលស្និទ្ធស្នាល​នឹងគ្នា។ ចំណែកខាង​ព្រះមាន​ព្រះភាគ ទ្រង់ចាំវស្សា​ក្នុង​វេឡុវគ្រាមនោះឯង។ កាលព្រះមានព្រះភាគ ទ្រង់គង់ចាំវស្សា ក៏មានព្រះអាពាធខ្លាំង​ក្លា​កើតឡើង វេទនាដ៏មានកម្លាំង ស្ទើរនឹងដល់មរណៈ ក៏ប្រព្រឹត្ត​ទៅ។ បានឮថា ក្នុងទីនោះ ព្រះមានព្រះភាគ ទ្រង់មានសតិ និងសម្បជញ្ញៈ មិនឲ្យ​ទុក្ខវេទនា​បៀតបៀនបាន ទ្រង់​អត់​សង្កត់ (ដោយអធិវាសនខន្តី)។ គ្រានោះ ព្រះមាន​ព្រះ​ភាគ ទ្រង់មានព្រះតម្រិះ​យ៉ាង​នេះថា តថាគតមិនបានប្រាប់ពួកភិក្ខុអ្នកបម្រើ និងមិនបាន​ប្រាប់​ភិក្ខុសង្ឃ ហើយបរិនិព្វាន​ដោយហេតុណា ហេតុនោះ មិនសមគួរដល់​តថាគត​ឡើយ បើដូច្នោះ គួរ​តែតថាគតគ្របសង្កត់អាពាធនេះ ដោយសេចក្តីព្យាយាម ហើយ​អធិដ្ឋានជីវិតសង្ខារ​ សម្រេច​ឥរិយាបថសិនចុះ។ ទើប​ព្រះមានព្រះភាគ ទ្រង់គ្របសង្កត់​អាពាធនោះ ដោយ​សេចក្តីព្យាយាម ហើយទ្រង់អធិដ្ឋាននូវជីវិតសង្ខារ។ អាពាធ​នៃ​ព្រះ​មាន​ព្រះភាគនោះ ក៏​រម្ងាប់ទៅក្នុងកាលនោះឯង។ លុះព្រះមានព្រះភាគ សះស្បើយ​អំពី​អាពាធហើយ ទើប​នឹង​ស្បើយចាកពីអាពាធមិនយូរប៉ុន្មាន ទ្រង់ស្តេចចេញអំពីវិហារ ទៅគង់​លើអាសនៈ ដែលគេបានក្រាលទុក ត្រង់ម្លប់វិហារ។ គ្រានោះឯង ព្រះអានន្ទ​មានអាយុ ចូលទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំ​ព្រះមាន​ព្រះភាគ ហើយ​អង្គុយក្នុងទីដ៏សមគួរ។ លុះព្រះអានន្ទមានអាយុ អង្គុយក្នុងទី​ដ៏សមគួរហើយ ក៏​ក្រាបបង្គំទូលព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះ​អង្គ បានឃើញ​ព្រះមានព្រះភាគ ទ្រង់បានសេចក្តីសប្បាយ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះ​អង្គ បានឃើញ​ព្រះមានព្រះភាគអត់ធន់បាន បពិត្រព្រះអង្គដ៏ចំរើន ក៏កាយរបស់​ខ្ញុំ​ព្រះអង្គ ហាក់​ដូច​ជា​ស្រយុតស្រយង់ពេកណាស់ សូម្បីទិសទាំងឡាយ ក៏មិនប្រាកដ​ដល់​ខ្ញុំព្រះអង្គ សូម្បី​ធម៌​ទាំងឡាយ ក៏មិនច្បាស់លាស់ ដល់ខ្ញុំព្រះអង្គ ព្រោះហេតុ​ដែល​ព្រះ​មាន​ព្រះភាគ ទ្រង់ព្រះ​អាពាធ បពិត្រព្រះអង្គដ៏ចំរើន ប៉ុន្តែខ្ញុះព្រះអង្គ មានសេចក្តី​សង្ឃឹម​ខ្លះថា ព្រះមានព្រះភាគ មិនទាន់សំដែងធម៌នីមួយដ៏ប្លែក ប្រារព្ធនឹងភិក្ខុ​សង្ឃ​ដរាបណាទេ ព្រះមានព្រះភាគ នឹងមិនទាន់បរិនិព្វានដរាបនោះ។ ព្រះមានព្រះភាគ​ត្រាស់ថា ម្នាល​អានន្ទ ភិក្ខុសង្ឃនៅនឹកប៉ុនប៉ងអ្វីក្នុងតថាគតទៀត ម្នាលអានន្ទ ធម៌​ដែល​តថាគត​សំដែងហើយ ធ្វើមិនឲ្យមានខាងក្នុងខាងក្រៅ ម្នាលអានន្ទ កណ្តាប់ដៃនៃអាចារ្យ មិន​មានក្នុងធម៌ទាំងឡាយ របស់តថាគតទេ ម្នាលអានន្ទ អ្នកណាមានគំនិតយ៉ាងនេះថា អាត្មាអញនឹងគ្រប់គ្រង​ភិក្ខុសង្ឃដូច្នេះក្តី ថាភិក្ខុសង្ឃជាអ្នកអាងនូវអាត្មាអញ​ដូច្នេះក្តី ម្នាលអានន្ទ អ្នកនោះសមជាពោលពាក្យណាមួយ ប្រារព្ធនឹងភិក្ខុសង្ឃមិនខាន។ ម្នាល​អានន្ទ តថាគត មិនមានគំនិតយ៉ាងនេះថា អាត្មាអញ នឹងគ្រប់គ្រងសង្ឃដូច្នេះ ឬថា ភិក្ខុសង្ឃជាអ្នកអាង នូវអាត្មាអញដូច្នេះសោះឡើយ។ ម្នាលអានន្ទ ព្រះតថាគត​ នឹង​ពោលពាក្យណាមួយ ប្រារព្ធនឹង​ភិក្ខុសង្ឃ ធ្វើអ្វីទៀត។ ម្នាលអានន្ទ ឥឡូវនេះ តថាគត​គ្រាំគ្រាហើយ ចម្រើនហើយ ចាស់ហើយ កន្លងអាយុកាល ដល់​បច្ឆិមវ័យ​ហើយ វ័យ​តថាគត បាន៨០ឆ្នាំហើយ។ ម្នាលអានន្ទ រទេះចាស់ដែលបរទៅបាន ព្រោះការ​អបដោយ​ឫស្សី​ យ៉ាងណាមិញ ម្នាលអានន្ទ កាយរបស់តថាគត នឹងប្រព្រឹត្តទៅបាន ដូចជារទេះ អបដោយ​ឫស្សីយ៉ាងនោះឯង។ ម្នាលអានន្ទ សម័យណា ដែលព្រះតថាគតចូល​ចេតោសមាធិ (សេចក្តីតាំងចិត្តមាំ) ដែលមិនមាននិមិត្ត ព្រោះមិនធ្វើទុកក្នុងចិត្ត​នូវ​និមិត្ត​ទាំងពួង ព្រោះរំលត់វេទនាពួកខ្លះ ម្នាលអានន្ទ សម័យនោះ កាយនៃ​ព្រះតថាគត ក៏​បាន​សេចក្តីសប្បាយគ្រាន់បើ។ ម្នាលអានន្ទ ព្រោះហេតុនោះ អ្នកទាំងឡាយ ចូរយកខ្លួន ជាទី​ពឹង យកខ្លួន​ជាទីរលឹក កុំយករបស់ដទៃជាទីរលឹក ចូរយកធម៌ជាទីពឹង យកធម៌​ជាទី​រលឹក កុំយករបស់ដទៃជាទីរលឹកឡើយ។ ម្នាលអានន្ទ ភិក្ខុយកខ្លួនជាទីពឹង យកខ្លួន​ជាទីរលឹក មិនយករបស់ដទៃជាទីរលឹក យកធម៌​ជាទីពឹង យកធម៌ជាទីរលឹក មិនយក​របស់​ដទៃជាទីរលឹកនោះ តើដូចម្តេច។ ម្នាលអានន្ទ ភិក្ខុក្នុងសាសនានេះ ពិចារណា​ឃើញនូវកាយក្នុងកាយ មានព្យាយាម ដុតកំដៅកិលេស មានសម្បជញ្ញៈ មានសតិ កំចាត់​បង់នូវអភិជ្ឈា និងទោមនស្ស ក្នុងលោក គឺកាយ ឬឧបាទានក្ខន្ធចេញ។ ក្នុង​វេទនា​ទាំងឡាយ។ ក្នុងចិត្ត។ ភិក្ខុពិចារណាឃើញនូវធម៌ ក្នុងធម៌ទាំងឡាយ មានព្យាយាម​ដុត​កំដៅកិលេស មានសម្បជញ្ញៈ មានសតិ កំចាត់បង់នូវអភិជ្ឈា និងទោមនស្ស ក្នុង​លោក​ចេញ។ ម្នាលអានន្ទ យ៉ាងនេះឯង ភិក្ខុឈ្មោះថា យកខ្លួនជាទីពឹង យកខ្លួន​ជាទីរលឹក មិនយករបស់ដទៃជាទីរលឹក យកធម៌ជាទីពឹង យកធម៌ជាទីរលឹក មិនយករបស់​ដទៃ​ជាទីរលឹក។ ម្នាលអានន្ទ ក្នុងកាលឥឡូវនេះក្តី អំណើះឥតនឹងតថាគតទៅក្តី ភិក្ខុណា​មួយ យកខ្លួនជាទីពឹង​ យកខ្លួន​ជាទីរលឹក មិនយករបស់ដទៃជាទីរលឹក យកធម៌ជាទីពឹង យកធម៌ជាទីរលឹក មិនយករបស់​ដទៃ​ជាទីរលឹកឡើយ ម្នាលអានន្ទ មួយទៀត ភិក្ខុ​ណាមួយ ជាអ្នកប្រាថ្នានូវសិក្ខា ភិក្ខុទាំងនោះ នឹងតាំងនៅក្នុងគុណដ៏ប្រសើរបំផុត របស់​តថាគតដែរ។

ចប់ គាមកណ្ឌ ក្នុងមហាបរិនិព្វានសូត្រ។

ចប់ ពុទ្ធភាណវារៈ ទី២។

ពុទ្ធភាណវារៈទី៣

[៩៤] លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ស្បង់ និងបាត្រចីវរ ក្នុងបុព្វណ្ហសម័យ ហើយស្តេចចូលទៅទ្រង់បិណ្ឌបាត្រ ក្នុងក្រុងវេសាលី លុះទ្រង់ត្រាច់ទៅបិណ្ឌបាត្រ ក្នុង​ក្រុងវេសាលីហើយ ត្រឡប់អំពីបិណ្ឌបាត្រ ក្នុងវេលាខាងក្រោយភត្តហើយ ទ្រង់ត្រាស់​នឹង​ព្រះអានន្ទមានអាយុថា ម្នាលអានន្ទ ចូរអ្នកកាន់យកនិសីទនៈ50) ទៅ យើងនឹងចូលទៅសម្រាក ក្នុងវេលាថ្ងៃ​ឯបាវាលចេតិយ។ ព្រះអានន្ទមានអាយុ ទទួលព្រះបន្ទូលព្រះមានព្រះភាគ ដោយពាក្យថា ព្រះករុណា​ព្រះអង្គ ហើយក៏កាន់យកនិសីទនៈទៅតាមៗ ខាងក្រោយព្រះមានព្រះភាគ។ គ្រានោះ ព្រះមានព្រះភាគ ស្តេចចូលទៅកាន់បាវាលចេតិយ លុះចូលទៅដល់ហើយ ក៏​គង់លើអាសនៈ ដែលព្រះអានន្ទក្រាលថ្វាយ។ ចំណែកខាង​ព្រះអានន្ទមានអាយុ ក៏​ក្រាប​ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះ​ព្រះអានន្ទមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ព្រះមានព្រះភាគ ទ្រង់មានព្រះបន្ទូល​ដូច្នេះថា ម្នាលអានន្ទ ក្រុងវេសាលី ជាទីគួរ​ត្រេកអរ ឧទេនចេតិយ ជាទីគួរត្រេកអរ គោតមចេតិយ ជាទីគួរ​ត្រេក​អរ សត្តម្ពចេតិយ ជាទីគួរត្រេកអរ ពហុបុត្តចេតិយ​ជាទីគួរត្រេកអរ សារន្ទទ​ចេតិយ ជាទីគួរត្រេកអរ បាវាលចេតិយ ជាទីគួរត្រេកអរ ម្នាលអានន្ទ ឥទ្ធិបាទទាំង​៤ បើ​បុគ្គល​ណា​មួយបានចំរើនហើយ បានធ្វើ​រឿយៗហើយ ធ្វើឲ្យដូចជាយានហើយ បានធ្វើ​ឲ្យ​ជាទីនៅហើយ បានតាំងទុករឿយៗហើយ បានសន្សំទុកហើយ បានប្រារព្ធដោយ​ល្អ​ហើយ ម្នាលអានន្ទ បុគ្គលនោះ បើប្រាថ្នានឹងឋិតនៅ គប្បីឋិតនៅអស់១អាយុកប្ប51) ឬលើសជាង​១អាយុកប្ប​ក៏បាន ម្នាលអានន្ទ ឯឥទ្ធិបាទទាំង​៤ ព្រះតថាគត បានចំរើន​ហើយ បានធ្វើ​រឿយៗហើយ បានធ្វើឲ្យដូចជាយានហើយ បានធ្វើ​ឲ្យ​ជាទីនៅហើយ បាន​តាំងទុក​រឿយ​ៗ​ហើយ បានសន្សំទុកហើយ បានប្រារព្ធដោយ​ល្អ​ហើយ ម្នាលអានន្ទ តថាគតនោះ បើប្រាថ្នានឹងឋិតនៅ គប្បីឋិតនៅអស់១អាយុកប្ប ឬលើសជាង​១អាយុកប្ប​ក៏បាន។ ទុក​ជាព្រះមានព្រះភាគ ទ្រង់ធ្វើនិមិត្តជាឱឡារិក ទ្រង់ធ្វើឱភាស ជាឱឡារិក​យ៉ាង​នេះ​ហើយ ព្រះអានន្ទមានអាយុ ក៏មិនអាចនឹងយល់សេចក្តីច្បាស់លាស់បាន មិនបាន​អារាធនា ព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន សូម​ព្រះមានព្រះភាគ ឋិតនៅ​អស់​១​​អាយុ​កប្ប សូមព្រះសុគត ឋិតនៅអស់១អាយុកប្ប ដើម្បីជាប្រយោជន៍ដល់ជនច្រើន ដើម្បី​សេចក្តីសុខដល់ជនច្រើន ដើម្បីអនុគ្រោះដល់សត្វលោក ដើម្បីសេចក្តីចំរើន ដើម្បី​ប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ពួកទេវតា និងមនុស្សដូច្នេះសោះ ព្រោះមារ​ចូល​មក​ជ្រែក​គំនិត។ ព្រះមានព្រះភាគ ទ្រង់មានព្រះបន្ទូលជាគំរប់​២ដងផង។បេ។ ព្រះ​មាន​ព្រះភាគ ទ្រង់មានព្រះបន្ទូល​នឹងព្រះអានន្ទមានអាយុ ជាគំរប់៣ដង​ផង​ថា ម្នាល​អានន្ទ ក្រុងវេសាលី ជាទីគួរ​ត្រេកអរ ឧទេនចេតិយ ជាទីគួរត្រេកអរ គោតមចេតិយ ជាទីគួរ​ត្រេកអរ សត្តម្ពចេតិយ ជាទីគួរត្រេកអរ ពហុបុត្តចេតិយ​ជាទីគួរត្រេកអរ សារន្ទទ​ចេតិយ ជាទីគួរត្រេកអរ បាវាលចេតិយ ជាទីគួរត្រេកអរ ម្នាលអានន្ទ ឥទ្ធិបាទទាំង​៤ បើ​បុគ្គលណាមួយបានចំរើនហើយ បានធ្វើ​រឿយៗហើយ បានធ្វើឲ្យដូចជាយានហើយ បាន​ធ្វើ​ឲ្យ​ជាទីនៅហើយ បានតាំងទុករឿយៗហើយ បានសន្សំទុកហើយ បានប្រារព្ធដោយ​ល្អ​ហើយ បុគ្គលនោះ បើប្រាថ្នានឹងឋិតនៅ គប្បីឋិតនៅអស់១អាយុកប្ប ឬលើសជាង​១​អាយុ​កប្ប​​ក៏បាន ម្នាលអានន្ទ ឯឥទ្ធិបាទទាំង​៤ ព្រះតថាគត បានចំរើនហើយ បានធ្វើ​រឿយៗ​ហើយ បានធ្វើឲ្យដូចជាយានហើយ បានធ្វើ​ឲ្យ​ជាទីនៅហើយ បានតាំងទុក​រឿយ​ៗ​ហើយ បានសន្សំទុកហើយ បានប្រារព្ធដោយ​ល្អ​ហើយ ម្នាលអានន្ទ ព្រះតថាគតនោះ បើប្រាថ្នា​នឹង​ឋិតនៅ គប្បីឋិតនៅអស់១អាយុកប្ប ឬលើសជាង​១អាយុកប្ប​ក៏បាន។ ទុក​ជា​ព្រះមាន​ព្រះភាគ ទ្រង់ធ្វើនិមិត្តជាឱឡារិក ទ្រង់ធ្វើឱភាស ជាឱឡារិកយ៉ាងនេះហើយ ព្រះអានន្ទ​មាន​អាយុ ក៏នៅតែមិនអាចនឹងយល់សេចក្តីច្បាស់លាស់បានឡើយ ហើយមិនបាន​អារាធនា ព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន សូម​ព្រះមានព្រះភាគ ឋិតនៅ​អស់​១​អាយុ​កប្ប សូមព្រះសុគត ឋិតនៅអស់១អាយុកប្ប ដើម្បីជាប្រយោជន៍ដល់ជនច្រើន ដើម្បីសេចក្តីសុខដល់ជនច្រើន ដើម្បីអនុគ្រោះដល់សត្វលោក ដើម្បីសេចក្តីចំរើន ដើម្បី​ប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ពួកទេវតា និងមនុស្សទាំងឡាយ ដូច្នេះឡើយ ព្រោះ​មារ​​​ចូល​មកជ្រែកគំនិត។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹង​ព្រះអានន្ទ​មាន​អាយុថា ម្នាលអានន្ទ អ្នកចូរទៅចុះ អ្នកចូរដឹងនូវកាលដែលគួរនឹងទៅ ក្នុងកាល​ឥឡូវ​នេះចុះ។ ព្រះអានន្ទមានអាយុ ទទួលព្រះបន្ទូលព្រះមានព្រះភាគ ដោយពាក្យថា ព្រះករុណាព្រះអង្គ រួចក៏ក្រោកចាកអាសនៈ ថ្វាយបង្គំ​ព្រះមានព្រះភាគ ធ្វើប្រទក្សិណ ហើយ​អង្គុយទៀប​គល់ឈើមួយ ក្នុងទីមិនឆ្ងាយ។

[៩៥] កាលបើព្រះអានន្ទមានអាយុ ចេញទៅហើយមិនយូរប៉ុន្មាន គ្រានោះ ក្រុង​មារ​មានចិត្តបាប ក៏ចូល​ទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ បាន​ឋិត​នៅក្នុង​ទីដ៏សមគួរ។ លុះក្រុងមារមានចិត្តបាប ឋិតនៅក្នុងទីដ៏សមគួរហើយ បានពោលពាក្យនេះ នឹងព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន សូម​ព្រះមានព្រះភាគ បរិនិព្វាន ក្នុងកាលឥឡូវនេះ សូមព្រះសុគត បរិនិព្វានទៅ បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ ជាកាលគួរនឹងបរិនិព្វាន របស់ព្រះមានព្រះភាគ​ហើយ បពិត្រព្រះអង្គដ៏ចំរើន ព្រោះថា ព្រះមានព្រះភាគ បានត្រាស់វាចានេះហើយថា នែ​ មារមានចិត្តបាប ពួកភិក្ខុជាសាវ័ករបស់តថាគត ដែលឈ្លាសវាងវៃ ក្លៀវក្លា ជាពហុស្សូត ទ្រង់ធម៌ ប្រតិបត្តិធម៌ សមគួរដល់ធម៌ ប្រតិបត្តិដ៏សមគួរ ប្រព្រឹត្តតាមធម៌ នៅមិនទាន់​មាន ទាំងមិនទាន់រៀន នូវវាទៈនៃអាចារ្យរបស់ខ្លួន ហើយប្រាប់ សំដែង បញ្ញត្តតាំងទុក បើក​ ចែក ធ្វើឲ្យងាយបាន ទាំងមិនទាន់បានសង្កត់សង្កិន​បរប្បវាទ ដែលកើតឡើង​ហើយ ឲ្យ​ជាកិច្ចដែលខ្លួន​បានសង្កត់សង្កិនដោយល្អ តាមពាក្យដែលសមហេតុ ហើយសំដែង​ធម៌​ប្រកបដោយបាដិហារ្យ ដរាបណាទេ តថាគត នឹងមិន​ទាន់បរិនិព្វានដរាបនោះ ដូច្នេះ បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ ពួកភិក្ខុជាសាវ័ករបស់​ព្រះមានព្រះភាគ បាន​ឈ្លាសវាងវៃ ក្លៀវក្លា ជាពហុស្សូត ទ្រទ្រង់ធម៌ ប្រតិបត្តិធម៌ សមគួរដល់ធម៌ ប្រតិបត្តិ​ដ៏​សមគួរ ប្រព្រឹត្តតាមធម៌ ទាំងបានរៀន នូវវាទៈនៃអាចារ្យរបស់ខ្លួន ហើយប្រាប់ សំដែង បញ្ញត្តតាំងទុក បើក​ ចែក ធ្វើឲ្យងាយបានហើយ ទាំងសង្កត់សង្កិន​បរប្បវាទ ដែលកើត​ឡើង​​ហើយ ឲ្យ​ជាកិច្ចដែល​បានសង្កត់សង្កិនដោយល្អ តាមពាក្យដែលសមហេតុ ហើយ​សំដែង​​ធម៌​ប្រកបដោយបាដិហារ្យបានហើយ បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ សូម​ព្រះមានព្រះភាគ បរិនិព្វានទៅ សូម​ព្រះសុគត បរិនិព្វានទៅ បពិត្រព្រះអង្គដ៏ចំរើន ឥឡូវ​នេះ ជាកាលគួរនឹងបរិនិព្វាន របស់ព្រះមានព្រះភាគហើយ បពិត្រព្រះអង្គដ៏ចំរើន ព្រោះ​ព្រះ​មានព្រះភាគ បានត្រាស់វាចានេះហើយថា ម្នាលមារមានចិត្តបាប ពួកភិក្ខុនី ជា​សាវិកា​របស់តថាគត ដែលឈ្លាសវាងវៃ ក្លៀវក្លា ជាពហុស្សូត ទ្រទ្រង់ធម៌ ប្រតិបត្តិធម៌ សមគួរដល់ធម៌ ប្រតិបត្តិដ៏សមគួរ ប្រព្រឹត្តតាមធម៌ នៅមិនទាន់​មាន ទាំងមិនទាន់រៀន នូវវាទៈនៃអាចារ្យរបស់ខ្លួន ហើយប្រាប់ សំដែង បញ្ញត្ត តាំងទុក បើក​ ចែក ធ្វើឲ្យងាយ​បាន ទាំងមិនទាន់សង្កត់សង្កិន​បរប្បវាទ ដែលកើតឡើង​ហើយ ឲ្យ​ជាកិច្ចដែល​បានសង្កត់សង្កិនដោយល្អ តាមពាក្យដែលសមហេតុ ហើយសំដែង​ធម៌​ប្រកបដោយ​បាដិហារ្យ ដរាបណាទេ តថាគត នឹងមិន​ទាន់បរិនិព្វានដរាបនោះ ដូច្នេះ បពិត្រព្រះអង្គដ៏ចំរើន ក៏ក្នុងកាលឥឡូវនេះ ពួកភិក្ខុនីជាសាវិការបស់​ព្រះមានព្រះភាគ បាន​ឈ្លាសវាងវៃ ក្លៀវក្លា ជាពហុស្សូត ទ្រទ្រង់ធម៌ ប្រតិបត្តិធម៌ សមគួរដល់ធម៌ ប្រតិបត្តិ​ដ៏​សមគួរ ប្រព្រឹត្តតាមធម៌ហើយ ទាំងបានរៀន នូវវាទៈនៃអាចារ្យរបស់ខ្លួន ហើយប្រាប់ សំដែង បញ្ញត្ត តាំងទុក បើក​ ចែក ធ្វើឲ្យងាយបានហើយ ទាំងសង្កត់សង្កិន​បរប្បវាទ ដែលកើត​ឡើង​ហើយ ឲ្យ​ជាកិច្ចដែល​សង្កត់សង្កិនដោយល្អ តាមពាក្យសមហេតុ ហើយសំដែង​ធម៌ ​ប្រកបដោយបាដិហារ្យបានហើយ បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ សូម​ព្រះមានព្រះភាគ បរិនិព្វានទៅ សូម​ព្រះសុគត បរិនិព្វានទៅ បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ ជាកាល​គួរ​នឹងបរិនិព្វានរបស់ព្រះមានព្រះភាគហើយ បពិត្រព្រះអង្គដ៏ចំរើន មួយទៀត ព្រះមានព្រះភាគ បានត្រាស់វាចានេះហើយថា ម្នាលមារមានចិត្តបាប ពួកឧបាសក ជាសាវ័ក​របស់តថាគត ដែលឈ្លាសវាងវៃ ក្លៀវក្លា ជាពហុស្សូត ទ្រទ្រង់ធម៌ ប្រតិបត្តិធម៌ សមគួរដល់ធម៌ ប្រតិបត្តិដ៏សមគួរ ប្រព្រឹត្តតាមធម៌ នៅមិនទាន់​មាន ទាំងមិនទាន់រៀន នូវវាទៈនៃអាចារ្យរបស់ខ្លួន ហើយប្រាប់ សំដែង បញ្ញត្ត តាំងទុក បើក​ ចែក ធ្វើឲ្យងាយ​បាន ទាំងមិនទាន់សង្កត់សង្កិន​នូវបរប្បវាទ ដែលកើតឡើង​ហើយ ឲ្យ​ជាកិច្ចដែល​សង្កត់សង្កិនដោយល្អ តាមពាក្យដែលសមហេតុ ហើយសំដែង​ធម៌ ​ប្រកបដោយ​បាដិហារ្យ ដរាបណាទេ តថាគត ក៏នឹងមិន​ទាន់បរិនិព្វានដរាបនោះ ដូច្នេះ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ក៏ឥឡូវនេះ ពួកឧបាសក ជាសាវ័ករបស់​ព្រះមានព្រះភាគ ​ឈ្លាសវាងវៃ ក្លៀវក្លា ជាពហុស្សូត ទ្រទ្រង់ធម៌ ប្រតិបត្តិធម៌ សមគួរដល់ធម៌ ប្រតិបត្តិ​ដ៏​សមគួរ ប្រព្រឹត្តតាមធម៌​ហើយ ទាំងបានរៀន នូវវាទៈនៃអាចារ្យរបស់ខ្លួន ហើយប្រាប់ សំដែង បញ្ញត្ត តាំងទុក បើក​ ចែក ធ្វើឲ្យងាយបានហើយ ទាំងសង្កត់សង្កិន​នូវបរប្បវាទ ដែលកើតឡើង​ហើយ ឲ្យ​ជាកិច្ចដែលសង្កត់សង្កិនដោយល្អ តាមពាក្យដែលសមហេតុ ហើយសំដែង​ធម៌​ ប្រកប​ដោយ​បាដិហារ្យបានហើយ បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ សូម​ព្រះមានព្រះភាគ បរិនិព្វាន​ទៅ សូម​ព្រះសុគត បរិនិព្វានទៅ បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ ជាកាល​គួរ​នឹង​បរិនិព្វាន របស់ព្រះមានព្រះភាគហើយ បពិត្រព្រះអង្គដ៏ចំរើន មួយទៀត ព្រះមាន​ព្រះភាគ បានត្រាស់វាចានេះហើយថា ម្នាលមារមានចិត្តបាប ពួក​ឧបាសិកា ជា​សាវិកា​របស់តថាគត ដែលឈ្លាសវាងវៃ ក្លៀវក្លា ជាពហុស្សូត ទ្រទ្រង់ធម៌ ប្រតិបត្តិធម៌ សមគួរដល់ធម៌ ប្រតិបត្តិដ៏សមគួរ ប្រព្រឹត្តតាមធម៌ នៅមិនទាន់​មាន ទាំងមិនទាន់រៀន នូវវាទៈនៃអាចារ្យរបស់ខ្លួន ហើយប្រាប់ សំដែង បញ្ញត្ត តាំងទុក បើក​ ចែក ធ្វើឲ្យងាយ​បាន ទាំងមិនទាន់សង្កត់សង្កិន​នូវបរប្បវាទ ដែលកើតឡើង​ហើយ ឲ្យ​ជាកិច្ចដែល​សង្កត់សង្កិនដោយល្អ តាមពាក្យដែលសមហេតុ ហើយសំដែង​ធម៌​ប្រកបដោយ​បាដិហារ្យ ដរាបណាទេ តថាគត ក៏នឹងមិន​ទាន់បរិនិព្វានដរាបនោះ ដូច្នេះ បពិត្រព្រះអង្គដ៏ចំរើន ក៏ឥឡូវនេះ ពួកឧបាសិកា ជាសាវិការបស់​ព្រះមានព្រះភាគ បាន​ឈ្លាសវាងវៃ ក្លៀវក្លា ជាពហុស្សូត ទ្រទ្រង់ធម៌ ប្រតិបត្តិធម៌ សមគួរដល់ធម៌ ប្រតិបត្តិ​ដ៏​សមគួរ ប្រព្រឹត្តតាមធម៌ហើយ ទាំងបានរៀន នូវវាទៈនៃអាចារ្យរបស់ខ្លួន ហើយប្រាប់ សំដែង បញ្ញត្ត តាំងទុក បើក​ ចែក ធ្វើឲ្យងាយបានហើយ ទាំងសង្កត់សង្កិន​នូវបរប្បវាទ ដែលកើតឡើង​ហើយ ឲ្យ​ជាកិច្ចដែល​សង្កត់សង្កិនដោយល្អ តាមពាក្យដែលសមហេតុ ហើយសំដែង​ធម៌​ ប្រកបដោយ​បាដិហារ្យ​បាន​ហើយ បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ សូម​ព្រះមានព្រះភាគ បរិនិព្វានទៅ សូម​ព្រះសុគត បរិនិព្វានទៅ បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ ជាកាលគួរនឹង​បរិនិព្វាន ​របស់​ព្រះមានព្រះភាគហើយ បពិត្រព្រះអង្គដ៏ចំរើន មួយទៀត ព្រះមានព្រះភាគ បានត្រាស់​វាចា​នេះហើយថា ម្នាលមារមានចិត្តបាប ព្រហ្មចារ្យ52) របស់តថាគត​នេះ នៅមិនទាន់ខ្ជាប់ខ្ជួន មិនទាន់ចំរើន មិនទាន់​ផ្សាយទៅសព្វទិស គេមិនទាន់​ដឹងច្រើនគ្នា នឹងមិនទាន់ពេញបរិបូណ៌ ដរាបណា មួយទៀត ពួកទេវតា និងមនុស្ស មិនទាន់ចេះសំដែងបាន ដោយប្រពៃ ដរាបណា តថាគត នឹងមិន​ទាន់បរិនិព្វានដរាបនោះ ដូច្នេះ បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ ព្រហ្មចារ្យ របស់ព្រះមានព្រះភាគនេះ ខ្ជាប់ខ្ជួនហើយ បានចំរើនហើយ បាន​ផ្សាយទៅសព្វទិសហើយ គេបាន​ដឹងច្រើនគ្នាហើយ បានពេញបរិបូណ៌ហើយ ពួកទេវតា និងមនុស្ស ចេះសំដែងបាន ដោយល្អហើយ បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ សូម​ព្រះមានព្រះភាគ បរិនិព្វានទៅ សូមព្រះសុគត​បរិនិព្វានទៅ បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ ជាកាលគួរ​នឹងបរិនិព្វាន របស់ព្រះមាន​ព្រះភាគ​ហើយ។ កាលបើក្រុងមារ​ ក្រាបទូលយ៉ាងនេះហើយ ព្រះមានព្រះភាគ ក៏បាន​ត្រាស់​ភាសិតនេះ ទៅនឹងក្រុង​មារ​មានចិត្តបាបថា ម្នាលមារមានចិត្តបាប ចូរអ្នកមាន​សេចក្តី​ខ្វល់ខ្វាយតិចចុះ ការ​បរិនិព្វាន​របស់តថាគត មិនយូរប៉ុន្មានទេ កន្លង៣ខែ អំពី​ថ្ងៃ​នេះ​ទៅ តថាគតនឹងបរិនិព្វាន​ហើយ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់មានសតិ​សម្បជញ្ញៈ ទ្រង់ដាក់អាយុសង្ខារ ឰដ៏បាវាលចេតិយ។ លុះព្រះមានព្រះភាគ ទ្រង់ដាក់​អាយុ​សង្ខារហើយ ក៏កក្រើក​ផែនដី​យ៉ាងធំ គួរឲ្យភ្លូកភ្លឹក ព្រឺព្រួចរោម ទាំងផ្គរ ក៏លាន់​ឮ​ឡើង។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់​ជ្រាបច្បាស់​នូវដំណើរនោះហើយ ក៏បន្លឺនូវឧទាន​នេះ ក្នុងវេលានោះថា

[៩៦] ព្រះពុទ្ធ ជាអ្នកប្រាជ្ញ ទ្រង់ពិចារណាឃើញនូវព្រះនិព្វាន ដែលមាន​គុណ​ថ្លឹង​មិនបានផង នូវភពផង ទ្រង់លះបង់នូវសង្ខារ ដែល​នាំសត្វទៅកាន់ភពផង ទ្រង់​ត្រេកអរនូវអារម្មណ៍ខាងក្នុង (ដោយអំណាច​វិបស្សនា) មានព្រះហឫទ័យ​តាំង​មាំ​ហើយ (ដោយអំណាចសមថៈ)ផង ទ្រង់បានទំលាយ​នូវបណ្តាញ គឺកិលេស ដែល​កើតមាននៅក្នុងខ្លួន​ ដូចជាក្រោះ។

[៩៧] លំដាប់នោះ ព្រះអានន្ទមានអាយុ មានសេចក្តីត្រិះរិះយ៉ាងនេះថា អើហ្ន៎ ហេតុជាអស្ចារ្យពេកណាស់ អើហ្ន៎ ហេតុចំឡែកពេកណាស់ ការកក្រើកផែនដីនេះ ជា​យ៉ាងធំ ការកក្រើកផែនដីនេះធំណាស់តើ គួរឲ្យភ្លូកភ្លឹក ឲ្យព្រឺព្រួចរោម ទាំងផ្គរ ក៏​លាន់​ឮ​ឡើង មានហេតុដូចម្តេច មានបច្ច័យដូចម្តេចហ្ន៎ ដែលនាំឲ្យកក្រើកផែនដី យ៉ាងធំ​ម្ល៉េះ។ ទើប​ព្រះអានន្ទមានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏​ក្រាប​ថ្វាយបង្គំ​ព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះព្រះអានន្ទមានអាយុ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គ​ដ៏​ចំរើន មានហេតុជាអស្ចារ្យ បពិត្រព្រះអង្គដ៏ចំរើន មានហេតុដ៏ប្លែក បពិត្រព្រះអង្គដ៏ចំរើន ការកក្រើកផែនដីនេះ​ ជាយ៉ាងធំ បពិត្រព្រះអង្គដ៏ចំរើន ការកក្រើកផែនដីនេះ ធំពេក​ណាស់ គួរឲ្យភ្លូកភ្លឹក ឲ្យព្រឺព្រួចរោម ទាំងផ្គរ ក៏​លាន់​ឮ​ឡើង បពិត្រព្រះអង្គដ៏ចំរើន មានហេតុដូចម្តេច មានបច្ច័យដូចម្តេចហ្ន៎ ដែលនាំឲ្យកក្រើកផែនដី យ៉ាងធំ​ម្ល៉េះ។

[៩៨] ព្រះអង្គត្រាស់ថា ម្នាលអានន្ទ ឯហេតុបច្ច័យ ដែលនាំឲ្យកក្រើក​ផែនដីនេះ មាន៨យ៉ាង។ ហេតុបច្ច័យទាំង៨យ៉ាង តើដូចម្តេចខ្លះ។ ម្នាលអានន្ទ មហាប្រឹថពីនេះ ប្រតិស្ថាននៅលើទឹក ឯទឹកប្រតិស្ថាននៅលើខ្យល់ ខ្យល់ប្រតិស្ថាននៅលើអាកាស ម្នាល​អានន្ទ សម័យដែលមានខ្យល់ធំបក់ ខ្យល់ធំដែលបក់នោះ រមែងធ្វើទឹក​ឲ្យកក្រើក ឯទឹក​ដែលកក្រើកមកហើយ ក៏ធ្វើផែនដីកក្រើកដែរ នេះជាហេតុ ជាបច្ច័យទី១ ដែល​នាំ​ឲ្យ​កក្រើកផែនដីជាយ៉ាងធំ។ ម្នាលអានន្ទ សមណៈក្តី ព្រាហ្មណ៍ក្តី ដែលមានឫទ្ធិ ដល់នូវការ​ស្ទាត់ជំនាញ​ក្នុងចិត្ត ឬទេវតាដែលមានឫទ្ធិធំ មានអានុភាពធំ បុគ្គល​នោះ បានចំរើន​បឋវីសញ្ញា ឲ្យមានកំឡាំងតិច ចំរើនអាបោសញ្ញា ឲ្យមានកំឡាំងច្រើន បុគ្គលនោះ រមែង ធ្វើ​ផែនដីនេះ ឲ្យកក្រើករំពើក រំភើបញាប់ញ័របាន នេះជាហេតុ ជាបច្ច័យទី២ ដែល​នាំ​ឲ្យ​កក្រើកផែនដីជាយ៉ាងធំ។ ម្នាលអានន្ទ មួយទៀត កាលណាដែលព្រះពោធិសត្វ ច្យុត​ចាកពួកទេវតា ដែលឋិតនៅក្នុង​ស្ថានតុសិត មានសតិ និងសម្បជញ្ញៈ យាងចុះកាន់​ព្រះមាតុឧទរ ក្នុងកាលនោះ ផែនដីនេះ តែងកក្រើករំភើបញាប់ញ័រ នេះជាហេតុ ជាបច្ច័យទី៣ ដែល​នាំ​ឲ្យ​កក្រើកផែនដីជាយ៉ាងធំ។ ម្នាលអានន្ទ មួយទៀត កាលណា​ដែលព្រះពោធិសត្វ មានសតិ និងសម្បជញ្ញៈ ទ្រង់ប្រសូតចាកព្រះមាតុឧទរ ក្នុងកាលនោះ ផែនដីនេះ តែងកក្រើករំពើករំភើបញាប់ញ័រ នេះជាហេតុ ជាបច្ច័យទី៤ ដែល​នាំ​ឲ្យ​កក្រើកផែនដីជាយ៉ាងធំ។ ម្នាលអានន្ទ មួយទៀត កាលណាដែលព្រះតថាគត ត្រាស់ដឹងនូវអនុត្តរសម្មាសម្ពោធិញ្ញាណ ក្នុងកាលនោះ ផែនដីនេះ តែង​កក្រើក​រំពើក​រំភើប​ញាប់ញ័រ នេះជាហេតុ ជាបច្ច័យទី៥ ដែល​នាំ​ឲ្យ​កក្រើកផែនដីជាយ៉ាងធំ។ ម្នាលអានន្ទ មួយទៀត កាលណាដែលព្រះតថាគត ញុំាងអនុត្តរធម្មចក្រ ឲ្យប្រព្រឹត្ត​ទៅ ក្នុងកាលនោះ ផែនដីនេះ តែងកក្រើករំពើករំភើបញាប់ញ័រ នេះជាហេតុ បច្ច័យទី៦ ដែល​នាំ​ឲ្យ​កក្រើកផែនដីជាយ៉ាងធំ។ ម្នាលអានន្ទ មួយទៀត កាលណាដែលព្រះតថាគត មានសតិ និងសម្បជញ្ញៈ ដាក់ចុះនូវអាយុសង្ខារ ក្នុងកាលនោះ ផែនដីនេះ តែងកក្រើករំពើក​រំភើបញាប់ញ័រ នេះជាហេតុ បច្ច័យទី៧ ដែល​នាំ​ឲ្យ​កក្រើកផែនដីជាយ៉ាងធំ។ ម្នាលអានន្ទ មួយទៀត កាលណាដែលព្រះតថាគត បរិនិព្វាន ដោយ​អនុបាទិសេសនិព្វានធាតុ ក្នុងកាលនោះ ផែនដីនេះ តែង​កក្រើក​រំពើករំភើប​ញាប់ញ័រ នេះជាហេតុ ជាបច្ច័យទី៨ ដែល​នាំ​ឲ្យ​កក្រើកផែនដីជាយ៉ាងធំ។ ម្នាលអានន្ទ ហេតុបច្ច័យ ដែលនាំឲ្យ​កក្រើកផែនដីជាយ៉ាងធំ​ មាន៨យ៉ាងនេះឯង។

[៩៩] ម្នាលអានន្ទ បរិសទ្យនេះមាន៨ពួក។ បរិសទ្យទាំង៨ពួក តើដូចម្តេច។ គឺ​ខត្តិយបរិសទ្យ ព្រាហ្មណបរិសទ្យ គហបតិបរិសទ្យ សមណបរិសទ្យ ចាតុម្មហារាជិកបរិសទ្យ តាវត្តិង្សបរិសទ្យ មារបរិសទ្យ ព្រហ្មបរិសទ្យ។ ម្នាលអានន្ទ ចំណែក​តថាគត ចូលទៅកាន់ខត្តិយបរិសទ្យជាច្រើនរយ រមែងស្គាល់ច្បាស់។ ក្នុងខត្តិយ​បរិសទ្យនោះ តថាគតធ្លាប់អង្គុយជាមួយផង ធ្លាប់ចរចាជាមួយផង ធ្លាប់ចូលទៅ​សាកច្ឆា​ជាមួយផង។ សម្បុររបស់ជនទាំងនោះ ក្នុងពួកបរិសទ្យនោះយ៉ាងណា សម្បុរ​របស់​តថាគត យ៉ាងនោះដែរ សំឡេង​របស់ជនទាំងនោះយ៉ាងណា សំឡេងរបស់​តថាគត យ៉ាងនោះដែរ។ មួយទៀត តថាគតបានញុំាងជនទាំងនោះ ឲ្យឃើញច្បាស់ ឲ្យកាន់​យក ឲ្យអាចហាន ឲ្យរីករាយ ដោយធម្មីកថា កាលដែលតថាគត កំពុងនិយាយ ជនទាំងនោះ មិនស្គាល់តថាគតថា ជនដែលកំពុងនិយាយនេះ តើជាអ្វីហ្ន៎ ជាទេវតា ឬជាមនុស្ស ដូច្នេះ​ឡើយ។ តថាគត លុះញុំាង​ជនទាំងនោះ ឲ្យឃើញច្បាស់ ឲ្យកាន់យក ឲ្យអាចហាន ឲ្យ​រីករាយ ដោយធម្មីកថាហើយ ក៏បាត់រូបទៅ កាលដែលតថាគតបាត់រូបទៅហើយ ឯជន​ទាំងនោះ នៅតែមិនស្គាល់តថាគតថា ជនដែលបាត់ទៅហើយនេះ តើជាអ្វីហ្ន៎ ជាទេវតា ឬជាមនុស្ស ដូច្នេះ​ឡើយ។ តថាគត ចូលទៅកាន់ព្រាហ្មបរិសទ្យជាច្រើនរយ រមែងស្គាល់ច្បាស់។។បេ។ គហបតិបរិសទ្យ។បេ។ សមណបរិសទ្យ។បេ។ ចាតុម្មហារាជិកា​បរិសទ្យ។បេ។ តាវត្តិង្សបរិសទ្យ។បេ។ មារបរិសទ្យ។បេ។ ព្រហ្មបរិសទ្យ។ ក្នុងព្រហ្ម​បរិសទ្យ​នោះ តថាគតធ្លាប់អង្គុយជាមួយផង ធ្លាប់ចរចាជាមួយផង ធ្លាប់ចូលទៅ​សាកច្ឆា​ជា​មួយ​ផង។ សម្បុររបស់ព្រហ្មទាំងនោះ ក្នុងព្រហ្មបរិសទ្យនោះយ៉ាងណា សម្បុរ​របស់​តថាគត ក៏យ៉ាងនោះដែរ សំឡេង​របស់ព្រហ្មទាំងនោះយ៉ាងណា សំឡេងរបស់​តថាគត ក៏​យ៉ាង​នោះដែរ។ មួយទៀត តថាគតបានញុំាងព្រហ្មទាំងនោះ ឲ្យឃើញច្បាស់ ឲ្យកាន់​យក ឲ្យអាចហាន ឲ្យរីករាយ ដោយធម្មីកថា កាលដែលតថាគត កំពុងនិយាយ ចំណែកខាង​ព្រហ្មទាំងនោះ មិនស្គាល់តថាគតថា ជនដែលកំពុងនិយាយនេះ ជាអ្វីហ្ន៎ ជាទេវតា ឬជាមនុស្ស ដូច្នេះ​ឡើយ។ លុះតថាគត ញុំាងព្រហ្មទាំងនោះ ឲ្យឃើញច្បាស់ ឲ្យកាន់យក ឲ្យអាចហាន ឲ្យ​រីករាយ ដោយធម្មីកថាហើយ ក៏បាត់រូបទៅ កាលដែលតថាគតបាត់រូបទៅហើយ ចំណែកព្រហ្ម​ទាំងនោះ នៅតែមិនស្គាល់តថាគតថា ជនដែលបាត់ទៅហើយនេះ តើជាអ្វីហ្ន៎ ជាទេវតា ឬជាមនុស្ស ដូច្នេះ​ឡើយ។ ម្នាលអានន្ទ បរិសទ្យមាន៨ពួកនេះឯង។

[១០០] ម្នាលអានន្ទ អភិភាយតនៈ (ហេតុជាគ្រឿង​គ្របសង្កត់នូវ​បច្ចនិកធម៌) នេះ មាន៨ប្រការ។ អភិភាយតនៈ ៨ប្រការ តើដូចម្តេច។ បុគ្គលពួក១ មានសេចក្តី​សំគាល់​នូវ​រូបខាងក្នុង53) ហើយឃើញនូវរូបខាងក្រៅ54) មានប្រមាណតិច55) មានពណ៌ល្អ ឬមានពណ៌​អាក្រក់56) គ្របសង្កត់នូវរូប57) ទាំងនោះ ហើយមានសេចក្តីសំគាល់​យ៉ាងនេះថា អាត្មាអញដឹង អាត្មា​អញ​ឃើញដូច្នេះ នេះជាអភិភាយតនៈទី១។ បុគ្គលពួកមួយ មានសេចក្តីសំគាល់​នូវ​រូប​ខាងក្នុង ហើយឃើញនូវ​រូបខាងក្រៅ មានប្រមាណច្រើន58) មានពណ៌ល្អ ឬមានពណ៌​អាក្រក់ គ្របសង្កត់នូវរូបទាំងនោះ ហើយមានសេចក្តីសំគាល់យ៉ាងនេះថា អាត្មាអញដឹង អាត្មា​អញ​ឃើញដូច្នេះ នេះជាអភិភាយតនៈទី២។ បុគ្គលពួកមួយ មានសេចក្តីសំគាល់​នូវ​រូប​ខាងក្នុង59) ហើយឃើញនូវ​រូបខាងក្រៅ មានប្រមាណតិច មានពណ៌ល្អ ឬមានពណ៌​អាក្រក់ គ្របសង្កត់នូវរូបទាំងនោះ ហើយមានសេចក្តីសំគាល់យ៉ាងនេះថា អាត្មាអញដឹង អាត្មា​អញ​ឃើញដូច្នេះ នេះជាអភិភាយតនៈទី៣។ បុគ្គលពួកមួយ មានសេចក្តីសំគាល់​នូវ​រូប​ខាងក្នុង ហើយឃើញនូវ​រូបខាងក្រៅ មានប្រមាណច្រើន មានពណ៌ល្អ ឬមានពណ៌​អាក្រក់ គ្របសង្កត់នូវរូបទាំងនោះ ហើយមានសេចក្តីសំគាល់យ៉ាងនេះថា អាត្មាអញដឹង អាត្មា​អញ​ឃើញដូច្នេះ នេះជាអភិភាយតនៈទី៤។ បុគ្គលពួកមួយ មិនមានសេចក្តីសំគាល់​នូវ​រូប​ខាងក្នុង ហើយឃើញនូវ​រូបខាងក្រៅដែលជារូបខៀវ មានពណ៌ខៀវ ជាទីចង្អុរ​ប្រាប់​ថា នេះមានពណ៌ខៀវ មានពន្លឺខៀវ ប្រៀបដូចផ្កា​កប្បាសខៀវ មានពណ៌ខៀវ ជាទីចង្អុរ​ប្រាប់ថា នេះមានពណ៌ខៀវ មានពន្លឺខៀវ ពុំនោះសោត រូបនោះ ប្រៀបដូចសំពត់​កើតក្នុង​ក្រុងពារាណសី មានសាច់មដ្ឋទាំងពីរខាង ហៅថា សំពត់ខៀវ មានពណ៌ខៀវ ជាទីចង្អុរ​ប្រាប់​ថា នេះមានពណ៌ខៀវ មានពន្លឺខៀវ យ៉ាងណាមិញ បុគ្គល​ពួកមួយ មិនមានសេចក្តីសំគាល់​នូវ​រូប​ខាងក្នុង ហើយឃើញនូវ​រូបខាងក្រៅ ជារូបខៀវ មានពណ៌ខៀវ ជាទីចង្អុរ​ប្រាប់​ថា នេះមានពណ៌ខៀវ មានពន្លឺខៀវ គ្របសង្កត់​នូវរូប​ទាំងនោះ ហើយមានសេចក្តីសំគាល់យ៉ាងនេះថា អាត្មាអញដឹង អាត្មា​អញ​ឃើញដូច្នេះ ក៏យ៉ាងនោះឯង នេះជាអភិភាយតនៈទី៥។ បុគ្គលពួកមួយ មិនមានសេចក្តីសំគាល់​នូវ​រូប​ខាងក្នុង ហើយឃើញនូវ​រូបខាងក្រៅ ជារូបលឿង មានពណ៌លឿង ជាទីចង្អុរ​ប្រាប់​ថា នេះមានពណ៌លឿង មានពន្លឺលឿង ប្រៀបដូចផ្កា​កណ្ណិការលឿង មានពណ៌លឿង ជាទីចង្អុរ​ប្រាប់ថា នេះមានពណ៌លឿង មានពន្លឺលឿង ពុំនោះសោត រូបនោះ ប្រៀប​ដូចសំពត់​ កើតក្នុង​ក្រុងពារាណសី មានសាច់មដ្ឋទាំងពីរខាង ហៅថា សំពត់លឿង មានពណ៌លឿង ជាទីចង្អុរ​ប្រាប់​ថា នេះមានពណ៌លឿង មានពន្លឺលឿង យ៉ាងណាមិញ បុគ្គល​ពួកមួយ មិនមានសេចក្តីសំគាល់​នូវ​រូប​ខាងក្នុង ហើយឃើញនូវ​រូបខាងក្រៅ ជា​រូបលឿង មានពណ៌លឿង ជាទីចង្អុរ​ប្រាប់​ថា នេះមានពណ៌លឿង មានពន្លឺលឿង គ្របសង្កត់​នូវរូប​ទាំងនោះ ហើយមានសេចក្តីសំគាល់យ៉ាងនេះថា អាត្មាអញដឹង អាត្មា​អញ​ឃើញដូច្នេះ ក៏យ៉ាងនោះឯង នេះជាអភិភាយតនៈទី៦។ បុគ្គលពួកមួយ មិនមានសេចក្តីសំគាល់​នូវ​រូប​ខាងក្នុង ហើយឃើញនូវ​រូបខាងក្រៅ ជារូបក្រហម មានពណ៌ក្រហម ជាទីចង្អុរ​ប្រាប់​ថា នេះមានពណ៌ក្រហម មានពន្លឺក្រហម ប្រៀបដូចផ្កា​ច្បាក្រហម មានពណ៌ក្រហម ជាទីចង្អុរ​ប្រាប់ថា នេះមានពណ៌ក្រហម មានពន្លឺក្រហម ពុំនោះសោត រូបនោះ ប្រៀបដូចសំពត់​កើតក្នុង​ក្រុងពារាណសី មានសាច់មដ្ឋទាំងពីរខាង ហៅថា សំពត់ក្រហម មានពណ៌ក្រហម ជាទីចង្អុរ​ប្រាប់​ថា នេះមានពណ៌ក្រហម មានពន្លឺក្រហម យ៉ាងណាមិញ បុគ្គល​ពួកមួយ មិនមានសេចក្តីសំគាល់​នូវ​រូប​ខាងក្នុង ហើយឃើញនូវ​រូបខាងក្រៅ ជារូបក្រហម មានពណ៌ក្រហម ជាទីចង្អុរ​ប្រាប់​ថា នេះមានពណ៌ក្រហម មានពន្លឺក្រហម គ្របសង្កត់​នូវរូប​ទាំងនោះ ហើយមានសេចក្តីសំគាល់យ៉ាងនេះថា អាត្មាអញដឹង អាត្មា​អញ​ឃើញដូច្នេះ ក៏យ៉ាងនោះឯង នេះជាអភិភាយតនៈទី៧។ បុគ្គលពួកមួយ មិនមានសេចក្តីសំគាល់​នូវ​រូប​ខាងក្នុង ហើយឃើញនូវ​រូបខាងក្រៅ ជារូបស មានពណ៌ស ជាទីចង្អុរ​ប្រាប់​ថា នេះមានពណ៌ស មានពន្លឺស ប្រៀបដូចផ្កា​យព្រឹកដែល ស មានពណ៌ស ជាទីចង្អុរ​ប្រាប់ថា នេះមានពណ៌ស មានពន្លឺស ពុំនោះសោត រូបនោះ ប្រៀបដូចសំពត់​កើតក្នុង​ក្រុងពារាណសី មានសាច់មដ្ឋទាំងពីរខាង ហៅថា សំពត់ស មានពណ៌ស ជាទីចង្អុរ​ប្រាប់​ថា នេះមានពណ៌ស មានពន្លឺស យ៉ាងណាមិញ បុគ្គល​ពួកមួយ មិនមានសេចក្តីសំគាល់​នូវ​រូប​ខាងក្នុង ហើយឃើញនូវ​រូបខាងក្រៅ ជារូបស មានពណ៌ស ជាទីចង្អុរ​ប្រាប់​ថា នេះមានពណ៌ស មានពន្លឺស គ្របសង្កត់​នូវរូប​ទាំងនោះ ហើយមានសេចក្តី​សំគាល់​យ៉ាងនេះ​ថា អាត្មាអញដឹង អាត្មា​អញ​ឃើញដូច្នេះ ក៏យ៉ាងនោះឯង នេះជាអភិភាយតនៈទី៨។ ម្នាលអានន្ទ អភិភាយតនៈ មាន៨ប្រការនេះឯង។

[១០១] ម្នាលអានន្ទ វិមោក្ខ (ធម៌ជាគ្រឿងរួចចាកអាសវៈ) នេះ មាន​៨ប្រការ។ វិមោក្ខ៨ប្រការ តើដូចម្តេច។ បុគ្គលបាននូវរូបជ្ឈាន60) រមែងឃើញនូវរូប គឺកសិណទាំងឡាយ មាននីលកសិណជាដើម នេះជា​វិមោក្ខទី១។ បុគ្គលមិនមានសេចក្តីសំគាល់​នូវរូបខាង​ក្នុង រមែងឃើញនូវរូបខាងក្រៅ​ទាំងឡាយ គឺកសិណ មាននីលកសិណជាដើម នេះជា​វិមោក្ខទី២។ បុគ្គលមានចិត្តចុះស៊ប់កាន់ឈាន ក្នុងវណ្ណកសិណ ដែលបរិសុទ្ធ61) នេះជា​វិមោក្ខទី៣។ បុគ្គលដែលកន្លងនូវរូបសញ្ញា62) ដល់នូវសេចក្តី​វិនាស នៃ​បដិឃសញ្ញា63) មិនបានធ្វើទុកក្នុងចិត្ត នូវនានត្តសញ្ញា64) ដោយប្រការទាំងពួង ហើយបាន​ដល់នូវ​អាកាសានញ្ចាយតនជ្ឈាន ព្រោះធ្វើទុកក្នុងចិត្តថា អាកាស​មិនមាន​ទី​បំផុតដូច្នេះ នេះ​ជា​វិមោក្ខទី៤។ បុគ្គលដែលកន្លងនូវអាកាសានញ្ចាយតនជ្ឈាន ដោយ​ប្រការទាំងពួង ហើយ​បាន​​ដល់នូវវិញ្ញាណញ្ចាយតនជ្ឈាន ព្រោះធ្វើទុកក្នុងចិត្តថា វិញ្ញាណ​មិនមាន​ទី​បំផុត​ដូច្នេះ នេះជាវិមោក្ខទី៥។ បុគ្គលដែលកន្លង​នូវ​វិញ្ញាណញ្ចាយតនជ្ឈាន ដោយ​ប្រការ​ទាំងពួង ហើយបាន​ដល់នូវ​​អាកិញ្ចញ្ញាយតនជ្ឈាន ព្រោះធ្វើទុកក្នុងចិត្តថា អ្វីតិចតួច ក៏​មិនមានដូច្នេះ នេះជាវិមោក្ខទី៦។ បុគ្គលដែលកន្លងនូវអាកិញ្ចញ្ញាយតនជ្ឈាន ដោយ​ប្រការទាំងពួង ហើយបាន​ដល់នូវនេវសញ្ញានាសញ្ញាយតនជ្ឈាន នេះជាវិមោក្ខទី៧។ បុគ្គលដែលកន្លងនូវ​នេវសញ្ញានាសញ្ញាយតនជ្ឈាន ដោយ​ប្រការទាំងពួង ហើយបាន​ដល់នូវសញ្ញាវេទយិតនិរោធ (សេចក្តីរលត់នៃសញ្ញា និងវេទនា) នេះជាវិមោក្ខទី៨។ ម្នាល​អានន្ទ វិមោក្ខ មាន៨ប្រការនេះឯង។

[១០២] ម្នាលអានន្ទ សម័យមួយ តថាគតបានត្រាស់ជាដំបូង បានគង់នៅ​ក្រោម​ដើមអជបាលនិគ្រោធ ក្បែរឆ្នេរស្ទឹងនេរញ្ជរា ក្នុងឧរុវេលាប្រទេសឯណោះ។ ម្នាល​អានន្ទ គ្រានោះឯង ក្រុងមារមានចិត្តបាប ចូលទៅរកតថាគត លុះចូលដល់ហើយ បានឋិត​នៅ​ក្នុងទីដ៏សមគួរ។ ម្នាលអានន្ទ លុះក្រុងមារមានចិត្តបាប ឋិតនៅក្នុងទីដ៏សមគួរហើយ បាន​និយាយយ៉ាងនេះ នឹងតថាគតថា បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ សូម​ព្រះមានព្រះភាគ បរិនិព្វានទៅ សូមព្រះសុគត បរិនិព្វានទៅ បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ ជាកាលគួរ​នឹងបរិនិព្វាន របស់ព្រះមានព្រះភាគ​ហើយ ម្នាលអានន្ទ កាលបើក្រុងមារ បាននិយាយ​យ៉ាងនេះហើយ តថាគត ក៏បានពោលពាក្យនេះ ទៅនឹងក្រុងមារមានចិត្តបាបថា ម្នាលមារ​​មានចិត្តបាប ពួកភិក្ខុជាសាវ័ករបស់តថាគត ដែលឈ្លាសវាងវៃ ក្លៀវក្លា ជាពហុស្សូត ទ្រទ្រង់ធម៌ ប្រតិបត្តិធម៌ សមគួរដល់ធម៌ ប្រតិបត្តិដ៏សមគួរ ប្រព្រឹត្តតាមធម៌ នៅមិនទាន់​មាន ទាំងមិនទាន់រៀន នូវវាទៈនៃអាចារ្យរបស់ខ្លួន ហើយប្រាប់ សំដែង បញ្ញត្ត តាំងទុក បើក​ ចែក ធ្វើឲ្យងាយបាន ទាំងមិនទាន់សង្កត់សង្កិន​នូវបរប្បវាទ ដែល​កើតឡើង​ហើយ ឲ្យ​ជាកិច្ចដែលសង្កត់សង្កិនបានដោយល្អ តាមពាក្យដែលសមហេតុ ហើយសំដែង​ធម៌ ​ប្រកបដោយបាដិហារ្យ ដរាបណាទេ តថាគត ក៏មិនបាន​បរិនិព្វាន​ដរាបនោះ។ ម្នាលមារមានចិត្តបាប ពួកភិក្ខុនី ជាសាវិការបស់តថាគត ដែលឈ្លាសវាងវៃ ក្លៀវក្លា ជាពហុស្សូត ទ្រទ្រង់ធម៌ ប្រតិបត្តិធម៌ សមគួរដល់ធម៌ ប្រតិបត្តិដ៏សមគួរ ប្រព្រឹត្ត​តាមធម៌ នៅមិនទាន់​មាន ទាំងមិនទាន់រៀន នូវវាទៈនៃអាចារ្យរបស់ខ្លួន ហើយប្រាប់ សំដែង បញ្ញត្ត តាំងទុក បើក​ ចែក ធ្វើឲ្យងាយ​បាន ទាំងមិនទាន់សង្កត់សង្កិន​នូវ​បរប្បវាទ ដែលកើតឡើង​ហើយ ឲ្យ​ជាកិច្ចដែល​សង្កត់សង្កិនបានដោយល្អ តាមពាក្យដែល​សម​ហេតុ ហើយសំដែង​ធម៌​ ប្រកបដោយ​បាដិហារ្យបាន ដរាបណាទេ តថាគត មិន​ទាន់​បរិនិព្វានដរាបនោះ។ ម្នាលមារមានចិត្តបាប ពួកឧបាសក ជាសាវ័ក​របស់តថាគត ដែលឈ្លាសវាងវៃ ក្លៀវក្លា ជាពហុស្សូត ទ្រទ្រង់ធម៌ ប្រតិបត្តិធម៌ សមគួរដល់ធម៌ ប្រតិបត្តិដ៏សមគួរ ប្រព្រឹត្តតាមធម៌ នៅមិនទាន់​មាន ទាំងមិនទាន់រៀន នូវវាទៈនៃ​អាចារ្យរបស់ខ្លួន ហើយប្រាប់ សំដែង បញ្ញត្ត តាំងទុក បើក​ ចែក ធ្វើឲ្យងាយ​បាន ទាំងមិនទាន់សង្កត់សង្កិន​នូវបរប្បវាទ ដែលកើតឡើង​ហើយ ​ឲ្យ​ជាកិច្ចដែល​សង្កត់​សង្កិន​ដោយល្អ តាមពាក្យដែលសមហេតុ ហើយសំដែង​ធម៌ ​ប្រកបដោយ​បាដិហារ្យបាន ដរាបណាទេ តថាគត មិន​ទាន់បរិនិព្វានដរាបនោះ។ ម្នាលមារមានចិត្តបាប ពួក​ឧបាសិកា ជា​សាវិកា​របស់តថាគត ដែលឈ្លាសវាងវៃ ក្លៀវក្លា ជាពហុស្សូត ទ្រទ្រង់ធម៌ ប្រតិបត្តិធម៌ សមគួរដល់ធម៌ ប្រតិបត្តិដ៏សមគួរ ប្រព្រឹត្តតាមធម៌ នៅមិនទាន់​មាន ទាំង​មិន​ទាន់​បានរៀន នូវវាទៈនៃអាចារ្យរបស់ខ្លួន ហើយប្រាប់ សំដែង បញ្ញត្ត តាំងទុក បើក​ ចែក ធ្វើឲ្យងាយ​បាន ទាំងមិនទាន់សង្កត់សង្កិន​នូវបរប្បវាទ ដែលកើតឡើង​ហើយ ឲ្យ​ជាកិច្ចដែល​សង្កត់សង្កិនបានដោយល្អ តាមពាក្យដែលសមហេតុ ហើយសំដែង​ធម៌​ប្រកបដោយ​បាដិហារ្យបាន ដរាបណាទេ តថាគត ក៏មិន​ទាន់បរិនិព្វានដរាបនោះ។ ម្នាល​មារមានចិត្តបាប ព្រហ្មចារ្យរបស់តថាគតនេះ នៅមិនទាន់ខ្ជាប់ខ្ជួន មិនទាន់ចំរើន មិនទាន់​ផ្សាយទៅសព្វទិស គេមិនទាន់​ដឹងច្រើនគ្នា ទាំងមិនទាន់ពេញបរិបូណ៌ ដរាបណា មួយទៀត ពួកទេវតា និងមនុស្ស មិនទាន់ចេះសំដែងបាន ដោយប្រពៃ ដរាបណាទេ តថាគត ក៏មិន​ទាន់បរិនិព្វានដរាបនោះ។ ម្នាលអានន្ទ ថ្ងៃនេះ ក្រុងមារមានចិត្តបាប បាន​ចូលមករកតថាគត ក្នុងបាវាលចេតិយ អម្បាញ់មិញនេះឯង បានឋិតនៅក្នុង​ទី​ដ៏សមគួរ។ ម្នាលអានន្ទ លុះមារមានចិត្តបាប បានឋិតនៅក្នុងទីដ៏សមគួរហើយ ក៏បានពោល​ពាក្យនេះ នឹង​តថាគតថា បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ សូម​ព្រះមានព្រះភាគ បរិនិព្វានទៅ សូមព្រះសុគត បរិនិព្វានទៅ បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ ជាកាល​គួរ​នឹង​បរិនិព្វាន របស់ព្រះមានព្រះភាគ​ហើយ បពិត្រព្រះអង្គដ៏ចំរើន ព្រោះព្រះមាន​ព្រះភាគ បានត្រាស់ព្រះវាចានេះថា ម្នាលមារមានចិត្តបាប ពួកភិក្ខុជា​សាវ័ក​របស់​តថាគត នៅមិនទាន់​មាន ដរាបណាទេ តថាគត ក៏មិន​ទាន់បរិនិព្វានដរាបនោះ។ ពួក​ភិក្ខុនី ជាសាវិការបស់តថាគត នៅមិនទាន់​មាន​ដរាបណា។ ពួកឧបាសក ជាសាវ័ក​របស់តថាគត នៅមិនទាន់​មានដរាបណា។ ពួកឧបាសិកា ជាសាវិការបស់តថាគត នៅមិនទាន់​មានដរាបណា។ ព្រហ្មចារ្យរបស់តថាគតនេះ នៅមិនទាន់ខ្ជាប់ខ្ជួន មិនទាន់ចំរើន មិនទាន់​ផ្សាយទៅសព្វទិស គេមិនទាន់​ដឹងច្រើនគ្នា ទាំងមិនទាន់​ពេញ​បរិបូណ៌ ដរាបណា មួយទៀត ពួកទេវតា និងមនុស្ស មិនទាន់ចេះសំដែងបាន ដោយ​ប្រពៃ ដរាបណា (តថាគត ក៏មិន​ទាន់បរិនិព្វានដរាបនោះ)។ បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ ព្រហ្មចារ្យ របស់ព្រះមានព្រះភាគ បានខ្ជាប់ខ្ជួនហើយ បានចំរើនហើយ បាន​ផ្សាយទៅសព្វទិសហើយ គេបាន​ដឹងច្រើនគ្នាហើយ បានពេញបរិបូណ៌ហើយ ពួកទេវតា និងមនុស្ស ចេះសំដែងបាន ដោយល្អហើយ។ បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ សូម​ព្រះមានព្រះភាគ បរិនិព្វានទៅ សូមព្រះសុគត​បរិនិព្វានទៅ បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ ជាកាលគួរ​នឹងបរិនិព្វាន របស់ព្រះមានព្រះភាគហើយ។ ម្នាលអានន្ទ កាល​បើ​ក្រុងមារ​ បាននិយាយយ៉ាងនេះហើយ តថាគត ក៏បានពោលពាក្យនេះ ទៅនឹងក្រុង​មារ​មានចិត្តបាបថា ម្នាលមារមានចិត្តបាប ចូរអ្នកមាន​សេចក្តីខ្វល់ខ្វាយ​តិច​ចុះ ការ​បរិនិព្វាន​របស់តថាគត មិនយូរប៉ុន្មានទេ កន្លង៣ខែ អំពីថ្ងៃនេះទៅ តថាគត​នឹងបរិនិព្វាន​ហើយ ម្នាលអានន្ទ ក្នុងថ្ងៃនេះ តថាគត មានសតិសម្បជញ្ញៈ បានដាក់អាយុសង្ខារ ក្នុង​បាវាលចេតិយ​អម្បាញ់មិញនេះឯង។ កាលបើព្រះមានព្រះភាគ មានពុទ្ធតម្រាស់ យ៉ាង​នេះហើយ ព្រះអានន្ទមានអាយុ ក៏បាន​ក្រាបបង្គំទូលឃាត់​ព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ ឋិតនៅ​អស់​មួយអាយុកប្ប សូមព្រះសុគត ឋិតនៅអស់​មួយអាយុកប្ប ដើម្បីប្រយោជន៍ដល់​ជន​ច្រើន ដើម្បីសេចក្តីសុខ ដល់ជន​ច្រើន ដើម្បីអនុគ្រោះ ដល់សត្វលោក ដើម្បីសេចក្តីចំរើន ដើម្បី​ប្រយោជន៍ ដើម្បីសេចក្តី​សុខ ដល់ទេវតា និងមនុស្សទាំងឡាយ។ ម្នាលអានន្ទ ឥឡូវនេះ កុំឡើយ អ្នកកុំអង្វរ​តថាគត​ឡើយ ម្នាលអានន្ទ ឥឡូវនេះ មិនមែនជាកាល​គួរអារាធនា​តថាគតទេ។ ព្រះអានន្ទ​ដ៏មានអាយុ បាន​ក្រាបបង្គំទូល ជាគំរប់​២ដងផង។បេ។ ព្រះអានន្ទមានអាយុ បាន​ក្រាបបង្គំទូល​ព្រះមានព្រះភាគ ជាគំរប់បីដងផង ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ ឋិតនៅ​អស់​មួយអាយុកប្ប សូមព្រះសុគត ឋិតនៅអស់​មួយ​អាយុ​កប្ប ដើម្បីប្រយោជន៍ ដល់​ជន​ច្រើន ដើម្បីសេចក្តីសុខ ដល់ជន​ច្រើន ដើម្បីសេចក្តី​អនុគ្រោះ ដល់សត្វលោក ដើម្បីសេចក្តីចំរើន ដើម្បី​ប្រយោជន៍ ដើម្បី​សេចក្តី​សុខ ដល់​ទេវតា និងមនុស្សទាំងឡាយ។ ម្នាលអានន្ទ អ្នកជឿពោធិញ្ញាណ​ របស់​តថាគត​ដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គជឿ។ ម្នាលអានន្ទ កាលបើអ្នកជឿដែរ ហេតុអ្វី​ក៏​អ្នកនៅ​តែ​ទទូច​តថាគត ដល់ទៅ៣ដង។ បពិត្រព្រះអង្គដ៏ចំរើន ព្រះពុទ្ធដីកានេះ ខ្ញុំព្រះអង្គ​បានស្តាប់ក្នុងទីចំពោះ​ព្រះភក្ត្រ បានត្រងរង ក្នុងទីចំពោះព្រះភក្ត្រថា ម្នាល​អានន្ទ ឥទ្ធិបាទទាំង​៤ បើ​បុគ្គលណាមួយ បានចំរើនហើយ បានធ្វើ​រឿយៗហើយ បានធ្វើឲ្យ​ដូចជា​យានហើយ បានធ្វើ​ឲ្យ​ជាទីនៅហើយ បានតាំងទុករឿយៗហើយ បានសន្សំ​ទុក​ហើយ បានប្រារព្ធដោយ​ល្អ​ហើយ បុគ្គលនោះ បើប្រាថ្នានឹងឋិតនៅ គប្បីឋិតនៅអស់​១​អាយុ​កប្ប ឬលើសជាង​១អាយុកប្ប​ក៏បាន ម្នាលអានន្ទ ឯឥទ្ធិបាទទាំង​៤ តថាគត បាន​ចំរើន​ហើយ បានធ្វើ​រឿយៗហើយ បានធ្វើឲ្យដូចជាយានហើយ បានធ្វើ​ឲ្យ​ជាទីនៅហើយ បានតាំងទុក​រឿយ​ៗ​ហើយ បានសន្សំទុកហើយ បានប្រារព្ធដោយ​ល្អ​ហើយ ម្នាលអានន្ទ បើតថាគត ប្រាថ្នានឹងឋិតនៅ គប្បីឋិតនៅអស់១អាយុកប្ប ឬលើស​ជាង​១អាយុកប្ប​ក៏​បាន។ ម្នាលអានន្ទ អ្នកជឿឬទេ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ​ជឿ។ ម្នាលអានន្ទ ហេតុ​ដូច្នោះ នេះជាអំពើទាស់របស់អ្នកហើយ នេះជាកំហុសរបស់​អ្នកហើយ ព្រោះ​តថាគត បានធ្វើនិមិត្ត​ជាឱឡារិក បានធ្វើឱភាស ជាឱឡារិក​យ៉ាងនេះ​ហើយ អ្នកនៅ​តែ​មិន​យល់សេចក្តីច្បាស់លាស់បាន មិនអារាធនាតថាគតថា សូម​ព្រះមានព្រះភាគ ឋិត​នៅអស់១​អាយុ​កប្ប សូមព្រះសុគត ឋិតនៅអស់១អាយុកប្ប ដើម្បីជាប្រយោជន៍ ដល់ជនច្រើន ដើម្បីសេចក្តីសុខដល់ជនច្រើន ដើម្បីអនុគ្រោះ​ ដល់សត្វលោក ដើម្បី​សេចក្តី​ចំរើន ដើម្បី​ប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ទេវតា និងមនុស្សទាំងឡាយ ដូច្នេះសោះ ម្នាលអានន្ទ បើអ្នកអារាធនាតថាគត តថាគត​ គប្បី​ឃាត់​វាចារបស់អ្នក ត្រឹម​តែ​ពីរលើក តែដល់​ទៅបីលើក តថាគតគប្បីទទួល ម្នាលអានន្ទ ព្រោះហេតុនោះ នេះ​ជា​អំពើទាស់របស់អ្នកហើយ នេះជាកំហុសរបស់អ្នកហើយ។

[១០៣] ម្នាលអានន្ទ សម័យមួយ តថាគតគង់នៅលើភ្នំគិជ្ឈកូដ ទៀប​ក្រុង​រាជគ្រឹះ​ឯណោះ ម្នាលអានន្ទ ក្នុងទីនោះឯង តថាគតបានពោលនឹងអ្នកថា ម្នាលអានន្ទ ក្រុងរាជគ្រឹះ ជាទី​គួរ​ត្រេកអរ ភ្នំគិជ្ឈកូដ ជាទីគួរត្រេកអរ ម្នាលអានន្ទ ឥទ្ធិបាទទាំង​៤ បើ​បុគ្គលណាមួយ បាន​ចំរើនហើយ បានធ្វើ​រឿយៗហើយ បានធ្វើឲ្យដូចជាយានហើយ បានធ្វើ​ឲ្យ​ជាទីនៅហើយ បានតាំងទុករឿយៗហើយ បានសន្សំទុកហើយ បានប្រារព្ធ​ដោយ​​ល្អ​ហើយ បុគ្គលនោះ កាលបើប្រាថ្នានឹងឋិតនៅ គប្បីឋិតនៅអស់១អាយុកប្ប ឬលើសជាង​១អាយុកប្ប​ក៏បាន។ ម្នាលអានន្ទ ឯឥទ្ធិបាទទាំង​៤ តថាគតបានចំរើនហើយ បានធ្វើ​រឿយៗហើយ បានធ្វើឲ្យដូចជាយានហើយ បានធ្វើ​ឲ្យ​ជាទីនៅហើយ បានតាំងទុក​រឿយ​ៗ​ហើយ បានសន្សំទុកហើយ បានប្រារព្ធដោយ​ល្អ​ហើយ ម្នាលអានន្ទ កាលបើតថាគតនោះ ប្រាថ្នានឹងឋិតនៅ គប្បីឋិតនៅអស់១អាយុកប្ប ឬលើសជាង​១អាយុកប្ប​ក៏បាន ម្នាលអានន្ទ កាលបើតថាគត បានធ្វើនិមិត្តជាឱឡារិក ធ្វើឱភាស ជាឱឡារិក យ៉ាងនេះហើយ អ្នកនៅតែមិនយល់សេចក្តីច្បាស់លាស់បាន មិនអារាធនា​តថាគត​ថា សូម​ព្រះមានព្រះភាគ ឋិតនៅអស់១​អាយុ​កប្ប សូមព្រះសុគត ឋិតនៅអស់​១អាយុកប្ប ដើម្បីប្រយោជន៍ ដល់ជនច្រើន ដើម្បីសេចក្តីសុខ ដល់ជនច្រើន ដើម្បីអនុគ្រោះដល់​សត្វលោក ដើម្បីសេចក្តីចំរើន ដើម្បី​ប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ទេវតា និងមនុស្សទាំងឡាយ ម្នាលអានន្ទ បើអ្នកអារាធនាតថាគត តថាគត​គប្បី​ឃាត់​វាចារបស់អ្នក ត្រឹមតែពីរលើក តែដល់​បីលើក តថាគតគប្បីទទួល ម្នាលអានន្ទ ព្រោះហេតុដូច្នោះ នេះជាអំពើទាស់របស់អ្នកហើយ នេះជាកំហុស​របស់អ្នក​ហើយ។

[១០៤] ម្នាលអានន្ទ សម័យមួយ តថាគតនៅក្នុងគោតមនិគ្រោធ ជិតក្រុង​រាជគ្រឹះ​នោះឯង។បេ។ តថាគតនៅជិតជ្រោះ ជាទីទម្លាក់នូវចោរ ទៀបក្រុងរាជគ្រឹះនោះឯង។ តថាគត នៅក្នុងសត្តបណ្ណគុហា (គុហាដែលសន្មត​ដោយដើម​សត្បណ្ណព្រឹក្ស) ខាង​ភ្នំ​វេភារៈ ជិតក្រុង​រាជគ្រឹះនោះឯង។ តថាគតនៅក្នុងកាឡសិលា (ថ្មខ្មៅ) ខាងភ្នំ​ឥសិគិលិ ទៀបក្រុងរាជគ្រឹះនោះឯង។ តថាគតនៅក្នុងសប្បសោណ្ឌិកបព្ភារៈ (ញក​មានត្រពាំង​ទឹក​ ជាទីនៅ​នៃពស់) ក្នុងសីតវ័ន (ព្រៃត្រជាក់) ទៀបក្រុងរាជគ្រឹះនោះឯង។ តថាគតនៅក្នុង​តបោទារាម (អារាមជិតស្ទឹងឈ្មោះតបោទា) ជិតក្រុងរាជគ្រឹះនោះឯង។ តថាគត​នៅក្នុង​វេឡុវនកលន្ទកនិវាបស្ថាន ជិតក្រុងរាជគ្រឹះនោះឯង។ តថាគត នៅក្នុងជីវកម្ពវ័ន ជិត​ក្រុង​រាជគ្រឹះនោះឯង។ តថាគត នៅក្នុងមទ្ទកុច្ឆិមិគទាយវ័ន ជិតក្រុងរាជគ្រឹះនោះឯង។ ម្នាល​អានន្ទ តថាគតនៅក្នុងទីអម្បាលនោះ បានប្រាប់អ្នកថា ម្នាលអានន្ទ ក្រុងរាជគ្រឹះ ជាទី​គួរ​ត្រេកអរ ភ្នំគិជ្ឈកូដ ជាទីគួរត្រេកអរ គោតមនិគ្រោធ ជាទីគួរត្រេកអរ ជ្រោះ​សម្រាប់​ទម្លាក់​នូវចោរ ជាទីគួរត្រេកអរ សត្តបណ្ណគុហា ខាងភ្នំវេភារៈ ជាទីគួរត្រេកអរ កាឡសិលា​ខាង​ភ្នំ​ឥសិគិលិ ជាទីគួរត្រេកអរ សប្បសោណ្ឌិកបព្ភារៈ ក្នុងសីតវ័ន ជាទីគួរត្រេកអរ តបោទារាម ជាទីគួរត្រេកអរ វេឡុវនកលន្ទកនិវាបស្ថាន ជាទីគួរត្រេកអរ ជីវកម្ពវ័ន ជាទីគួរត្រេកអរ មទ្ទកុច្ឆិមិគទាយវ័ន ជាទីគួរត្រេកអរ ម្នាលអានន្ទ ឥទ្ធិបាទទាំង​៤ បើ​បុគ្គលណាមួយ បាន​ចំរើនហើយ បានធ្វើ​ឲ្យច្រើនហើយ បានធ្វើឲ្យដូចជាយានហើយ បានធ្វើ​ឲ្យ​ជាទីនៅហើយ បានតាំងទុករឿយៗហើយ បានសន្សំទុកហើយ បានប្រារព្ធដោយ​ល្អ​ហើយ បុគ្គលនោះ បើប្រាថ្នានឹងឋិតនៅ គប្បីឋិតនៅអស់១អាយុកប្ប ឬលើសជាង​១អាយុកប្ប​ក៏បាន។ ម្នាល​អានន្ទ ឯឥទ្ធិបាទទាំង​៤ តថាគតបានចំរើនហើយ បានធ្វើឲ្យច្រើនហើយ បានធ្វើឲ្យ​ដូចជាយានហើយ បានធ្វើ​ឲ្យ​ជាទីនៅហើយ បានតាំងទុក​រឿយ​ៗ​ហើយ បានសន្សំទុក​ហើយ បានប្រារព្ធដោយ​ល្អ​ហើយ ម្នាលអានន្ទ បើតថាគត ប្រាថ្នានឹងឋិតនៅ គប្បីឋិត​នៅ​អស់​១អាយុកប្ប ឬលើសជាង​១អាយុកប្ប​ក៏បាន ម្នាលអានន្ទ កាលបើ​តថាគត ធ្វើ​និមិត្ត​ជាឱឡារិក ធ្វើឱភាស ជាឱឡារិក យ៉ាងនេះហើយ អ្នកនៅតែ​មិន​អាច​នឹង​យល់​សេចក្តី​ច្បាស់​លាស់បាន មិនអារាធនាតថាគតថា សូម​ព្រះមានព្រះភាគ ទ្រង់ឋិតនៅអស់១​អាយុ​កប្ប សូមព្រះសុគត ឋិតនៅអស់១អាយុកប្ប ដើម្បី​ប្រយោជន៍​ដល់ជនច្រើន ដើម្បីសេចក្តី​សុខ ដល់ជនច្រើន ដើម្បីអនុគ្រោះ ដល់​សត្វលោក ដើម្បីសេចក្តីចំរើន ដើម្បី​ប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ទេវតា និងមនុស្សទាំងឡាយ ដូច្នេះសោះ ម្នាលអានន្ទ បើអ្នក​អារាធនា​តថាគត តថាគត ​គប្បី​ឃាត់​ពាក្យរបស់អ្នក ត្រឹមតែពីរដងប៉ុណ្ណោះ គង់នឹង​ទទួល​​អារាធនា ក្នុងវារៈជាគំរប់៣ដងមិនខាន ម្នាលអានន្ទ ព្រោះហេតុដូច្នោះ នេះជាអំពើទាស់ របស់អ្នកហើយ នេះជាកំហុស​របស់អ្នក​ហើយ។

[១០៥] ម្នាលអានន្ទ សម័យមួយ តថាគតនៅក្នុងឧទេនចេតិយ ទៀប​ក្រុង​វេសាលី​នេះឯង។ កាលតថាគត នៅក្នុងឧទេនចេតិយនោះ បានប្រាប់អ្នកថា ម្នាលអានន្ទ ក្រុង​វេសាលី ជាទី​គួរ​ត្រេកអរ ឧទេនចេតិយ ជាទីគួរត្រេកអរ ម្នាលអានន្ទ ឥទ្ធិបាទទាំង​៤ បើ​បុគ្គលណាមួយ បាន​ចំរើនហើយ បានធ្វើឲ្យច្រើនហើយ បានធ្វើឲ្យដូចជាយានហើយ បានធ្វើ​ឲ្យ​ជាទីនៅហើយ បានតាំងទុករឿយៗហើយ បានសន្សំទុកហើយ បានប្រារព្ធ​ដោយ​​ល្អ​ហើយ បុគ្គលនោះ បើប្រាថ្នានឹងឋិតនៅ គប្បីឋិតនៅអស់១អាយុកប្ប ឬលើស​ជាង​​១អាយុកប្ប​ក៏បាន។ ម្នាលអានន្ទ ឯឥទ្ធិបាទទាំង​៤ តថាគតបានចំរើនហើយ បានធ្វើ​ឲ្យច្រើនហើយ បានធ្វើឲ្យដូចជាយានហើយ បានធ្វើ​ឲ្យ​ជាទីនៅហើយ បានតាំងទុក​រឿយ​ៗ​ហើយ បានសន្សំទុកហើយ បានប្រារព្ធដោយ​ល្អ​ហើយ ម្នាលអានន្ទ បើតថាគត​ប្រាថ្នា​នឹង​ឋិតនៅ គប្បីឋិតនៅអស់១អាយុកប្ប ឬលើសជាង​១អាយុកប្ប​ក៏បាន ម្នាលអានន្ទ កាល​បើតថាគត ធ្វើនិមិត្តជាឱឡារិក ធ្វើឱភាស ជាឱឡារិក យ៉ាងនេះ​ហើយ អ្នកនៅតែ​មិន​អាចនឹងយល់សេចក្តីច្បាស់លាស់បានឡើយ មិនអារាធនា​តថាគត​ថា សូម​ព្រះមាន​ព្រះភាគ ទ្រង់ឋិតនៅអស់១​អាយុ​កប្ប សូមព្រះសុគត ទ្រង់ឋិតនៅអស់​១អាយុកប្ប ដើម្បីប្រយោជន៍ ដល់ជនច្រើន ដើម្បីសេចក្តីសុខ ដល់ជនច្រើន ដើម្បីអនុគ្រោះដល់​សត្វលោក ដើម្បីសេចក្តីចំរើន ដើម្បី​ប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ទេវតា និងមនុស្សទាំងឡាយដូច្នេះសោះ ម្នាលអានន្ទ បើអ្នកអារាធនាតថាគត តថាគត​គប្បី​ឃាត់​ពាក្យរបស់អ្នក ត្រឹមតែពីរដងប៉ុណ្ណោះ គង់នឹង​ទទួល​អារាធនា ក្នុងវារៈ​ជាគំរប់៣​ដង​មិនខាន ម្នាលអានន្ទ ព្រោះហេតុដូច្នោះ នេះជាអំពើទាស់របស់អ្នកហើយ នេះជាកំហុស​របស់អ្នក​ហើយ។

[១០៦] ម្នាលអានន្ទ សម័យមួយ តថាគតនៅក្នុងគោតមកចេតិយ ជិត​ក្រុងវេសាលី​នេះ​ឯង។បេ។ តថាគត នៅក្នុងសត្តម្ពចេតិយ ជិត​ក្រុងវេសាលីនេះឯង។ តថាគត​នៅ​ក្នុង​ពហុបុត្តចេតិយ ជិត​ក្រុងវេសាលីនេះឯង។ តថាគតនៅក្នុង​សារន្ទទចេតិយ ជិត​ក្រុង​វេសាលីនេះឯង។ ម្នាលអានន្ទ ក្នុងកាលឥឡូវនេះ តថាគតនៅ​ក្នុង​បាវាលចេតិយ ក្នុងថ្ងៃនេះ បានប្រាប់អ្នកថា ម្នាលអានន្ទ ក្រុងវេសាលី ជាទី​គួរ​ត្រេកអរ ឧទេនចេតិយ ជា​ទី​គួរត្រេកអរ គោតមកចេតិយ ជាទីគួរត្រេកអរ សត្តម្ពចេតិយ ជាទីគួរ​ត្រេកអរ ពហុបុត្ត​ចេតិយ ជាទីគួរត្រេកអរ សារន្ទទចេតិយ ជាទីគួរត្រេកអរ បាវាលចេតិយ ជាទីគួរត្រេកអរ ម្នាលអានន្ទ ឥទ្ធិបាទទាំង​៤ បើ​បុគ្គលណាមួយ បាន​ចំរើនហើយ បានធ្វើច្រើនហើយ បាន​ធ្វើឲ្យដូចជាយានហើយ បានធ្វើ​ឲ្យ​ជាទីនៅហើយ បានតាំងទុករឿយៗហើយ បាន​សន្សំ​ទុកហើយ បានប្រារព្ធ​ដោយ​ល្អ​ហើយ បុគ្គលនោះ បើប្រាថ្នានឹងឋិតនៅ គប្បីឋិតនៅ​អស់​១អាយុកប្ប ឬលើសជាង​១អាយុកប្ប​ក៏បាន។ ម្នាលអានន្ទ ឯឥទ្ធិបាទទាំង​៤ តថាគត​បាន​ចំរើន​ហើយ បានធ្វើ​ឲ្យច្រើនហើយ បានធ្វើឲ្យដូចជាយានហើយ បានធ្វើ​ឲ្យ​ជាទីនៅហើយ បានតាំង​ទុក​រឿយ​ៗ​ហើយ បានសន្សំទុកហើយ បានប្រារព្ធដោយ​ល្អ​ហើយ ម្នាលអានន្ទ បើ​តថាគត ប្រាថ្នានឹងឋិតនៅ គប្បីឋិតនៅអស់១អាយុកប្ប ឬលើសជាង​១អាយុកប្ប​ក៏បាន ម្នាលអានន្ទ កាលបើតថាគត ធ្វើនិមិត្តជាឱឡារិក ធ្វើឱភាស ជាឱឡារិក យ៉ាង​នេះ​ហើយ ក៏អ្នកនៅតែមិនអាចនឹងយល់សេចក្តីច្បាស់លាស់បាន មិនអារាធនា​តថាគត​ថា សូម​ព្រះមានព្រះភាគ ទ្រង់ឋិតនៅអស់១​អាយុ​កប្ប សូមព្រះសុគត ទ្រង់ឋិត​នៅ​អស់​១អាយុកប្ប ដើម្បីប្រយោជន៍ដល់ជនច្រើន ដើម្បីសេចក្តីសុខ​ដល់​ជន​ច្រើន ដើម្បីអនុគ្រោះ ដល់​សត្វលោក ដើម្បីសេចក្តីចំរើន ដើម្បី​ប្រយោជន៍ ដើម្បីសេចក្តី​សុខ ដល់ទេវតា និងមនុស្សទាំងឡាយ ដូច្នេះសោះ ម្នាលអានន្ទ បើអ្នកអារាធនាតថាគត តថាគត​ គប្បី​ឃាត់​ពាក្យរបស់អ្នក ត្រឹមតែពីរដងប៉ុណ្ណោះ គង់នឹងទទួល​អារាធនា ក្នុងវារៈ​ជាគំរប់៣ដងមិនខាន ម្នាលអានន្ទ ព្រោះហេតុដូច្នោះ នេះជាអំពើទាស់របស់អ្នកហើយ នេះជាកំហុស​របស់អ្នក​ហើយ ម្នាលអានន្ទ តថាគតប្រាប់អ្នកជាមុនហើយ យ៉ាងនេះ​ថា សេចក្តីព្រាត់ប្រាស សេចក្តីវិនាស សេចក្តីប្រែប្រួលចាកសត្វ និងសង្ខារជាទីស្រឡាញ់ ជាទី​ពេញចិត្តទាំងអស់ តែងមានជាធម្មតា ម្នាលអានន្ទ ព្រោះហេតុនោះ បុគ្គលគប្បី​បាននូវ​សេចក្តីទៀងទាត់ មិនព្រាត់ប្រាស ក្នុងខន្ធប្រវត្តិនេះអំពីទីណា ធម្មជាតណា កើត​ឡើងហើយ មានហើយ សង្ខារតាក់តែងហើយ តែងមានសេចក្តីវិនាស​ទៅជាធម្មតា ធម្មជាតនោះឯង បុគ្គលនឹងពោលឃាត់ថា កុំវិនាសដូច្នេះ (ដោយហេតុណា) ហេតុនុ៎ះ​មិនមានឡើយ។ ម្នាលអានន្ទ មួយទៀត ធម្មជាតណា ដែលតថាគត​ទាត់ចោលហើយ ខ្ជាក់ចោលហើយ ជម្រុះចោលហើយ លះបង់ចោលហើយ បន្សាត់ចោលហើយ អាយុ​សង្ខារ​តថាគតដាក់ចុះហើយ វាចាតថាគតពោលដោយពិតថា បរិនិព្វាន​នៃតថាគត​មិន​យូរឡើយ កន្លង៣ខែ អំពីថ្ងៃនេះទៅ តថាគតនឹងបរិនិព្វានហើយ តថាគត នឹងត្រឡប់​មក​កាន់ធម្មជាត​នោះវិញទៀត ព្រោះហេតុនៃជីវិតប៉ុណ្ណោះ (ដោយហេតុណា) ហេតុនុ៎ះ​មិនមានឡើយ ម្នាលអានន្ទ មក យើងនឹងទៅកាន់កូដាគារសាលា នាព្រៃមហាវ័ន។ ព្រះ​អានន្ទដ៏មានអាយុ ទទួលព្រះបន្ទូលនៃព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ។ លំ​ដាប់នោះ ព្រះមានព្រះភាគ ក៏ស្តេចចូលទៅកាន់កូដាគារសាលា នាព្រៃមហាវ័ន មួយ​អន្លើ​ដោយព្រះអានន្ទដ៏មានអាយុ លុះចូលទៅដល់ហើយ ទ្រង់ត្រាស់នឹងព្រះអានន្ទដ៏​មានអាយុថា ម្នាលអានន្ទ អ្នកចូរទៅឲ្យពួកភិក្ខុទាំងប៉ុន្មាន ដែលអាស្រ័យនៅ ក្នុង​ក្រុងវេសាលី ទាំងអស់នោះ មកជួបជុំក្នុងឧបដ្ឋានសាលា។ ព្រះអានន្ទមានអាយុ ទទួល​ព្រះបន្ទូល​នៃព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ ហើយក៏ឲ្យពួកភិក្ខុទាំងប៉ុន្មាន ដែល​អាស្រ័យនៅ ក្នុងក្រុងវេសាលីទាំងអស់នោះ មកជួបជុំក្នុងឧបដ្ឋានសាលា ហើយចូល​ទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំ​ព្រះមាន​ព្រះភាគ ហើយឋិតនៅក្នុងទីដ៏សមគួរ។ លុះព្រះអានន្ទមានអាយុ ឋិតនៅក្នុង​ទី​ដ៏​សម​គួរហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុសង្ឃ​ប្រជុំ​គ្នា​ហើយ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះអង្គ ទ្រង់​ជ្រាបនូវកាលគួរ ក្នុងកាលឥឡូវនេះ។

[១០៧] គ្រានោះ ព្រះមានព្រះភាគ ទ្រង់ស្តេចចូលទៅកាន់ឧបដ្ឋានសាលា លុះ​ចូល​ទៅដល់ហើយ ក៏ទ្រង់គង់លើអាសនៈ ដែលគេក្រាលថ្វាយ។ លុះព្រះ​មាន​ព្រះភាគ ទ្រង់គង់ស្រេចហើយ បានត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ សាសន​ព្រហ្មចរិយ​នេះ គប្បីតាំងនៅអស់កាលអង្វែង គប្បីតម្កល់នៅអស់កាលដ៏យូរ មួយទៀត សាសនព្រហ្មចរិយៈនោះ ប្រព្រឹត្តទៅដើម្បីប្រយោជន៍ដល់ជនច្រើន ដើម្បីសេចក្តីសុខ ដល់ជនច្រើន ដើម្បីអនុគ្រោះដល់សត្វលោក ដើម្បីសេចក្តីចម្រើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខដល់ទេវតា និងមនុស្សទាំងឡាយ ដោយប្រការណា ធម៌ទាំងឡាយណា ដែលតថាគតសម្តែងហើយដោយបញ្ញាដ៏ឧត្តម ធម៌ទាំងឡាយនោះ អ្នកទាំងឡាយ គប្បីរៀនដោយប្រពៃ ហើយសេព ចម្រើន ធ្វើរឿយៗ ដោយប្រការ​ដូច្នោះ។ ម្នាលភិក្ខុ​ទាំងឡាយ សាសនព្រហ្មចរិយៈនេះ គប្បីតាំងនៅអស់កាលអង្វែង គប្បីតម្កល់នៅ​អស់កាល​ដ៏យូរ មួយទៀត សាសនព្រហ្មចរិយៈនោះ ប្រព្រឹត្តទៅ​ដើម្បី​ប្រយោជន៍​ដល់​ជន​ច្រើន ដើម្បីសេចក្តីសុខដល់ជនច្រើន ដើម្បីអនុគ្រោះដល់សត្វលោក ដើម្បីសេចក្តីចម្រើន ដើម្បី​ប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ទេវតា និងមនុស្សទាំងឡាយ ដោយប្រការណា ធម៌​ទាំងឡាយណា ដែលតថាគតសម្តែងហើយ ដោយបញ្ញាដ៏ឧត្តម អ្នកទាំងឡាយ គប្បី​រៀន​ដោយប្រពៃ ហើយសេព ចម្រើន ធ្វើឲ្យរឿយៗ ដោយប្រការ​ដូច្នោះ ធម៌ទាំង​ឡាយ​នោះ តើដូច​​ម្តេច។ អ្វីខ្លះ។ គឺសតិប្បដ្ឋាន៤ សម្មប្បធាន៤ ឥទ្ធិបាទ៤ ឥន្ទ្រិយ៥ ពលៈ៥ ពោជ្ឈង្គ៧ អរិយមគ្គ ប្រកបដោយអង្គ៨។ ម្នាលភិក្ខុទាំងឡាយ សាសន​ព្រហ្មចរិយៈនេះ គប្បីតាំងនៅអស់កាលអង្វែង គប្បីតម្កល់នៅអស់កាលដ៏យូរ មួយទៀត សាសន​ព្រហ្មចរិយៈ​នោះ ប្រព្រឹត្តទៅដើម្បីប្រយោជន៍ដល់ជនច្រើន ដើម្បីសេចក្តីសុខ​ដល់​ជន​ច្រើន ដើម្បីអនុគ្រោះ ដល់សត្វលោក ដើម្បីសេចក្តីចម្រើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តី​សុខដល់ទេវតា និងមនុស្សទាំងឡាយ ដោយប្រការណា ធម៌ទាំងឡាយ​ណា ដែលតថាគតសម្តែងហើយ ដោយបញ្ញាដ៏ឧត្តម អ្នកទាំងឡាយ គប្បីរៀនដោយប្រពៃ ហើយសេព ចម្រើន ធ្វើឲ្យរឿយៗ ដោយប្រការដូច្នោះ ធម៌ទាំងឡាយនោះ យ៉ាងនេះឯង។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ឥឡូវ​នេះ តថាគតនឹងដាស់តឿនអ្នកទាំងឡាយ សង្ខារទាំងឡាយ មានសេចក្តីវិនាស​ទៅ​ជា​ធម្មតា អ្នកទាំងឡាយ ចូរញ៉ាំងកិច្ចទាំងពួងឲ្យសម្រេច ដោយសេចក្តីមិនប្រមាទចុះ បរិនិព្វាន នឹងមានដល់តថាគត មិនយូរឡើយ កន្លង៣ខែ អំពីថ្ងៃនេះទៅ តថាគត នឹង​បរិនិព្វាន​ហើយ។ ព្រះមានព្រះភាគ ទ្រង់មានព្រះបន្ទូលដូច្នេះហើយ ព្រះសុគត ជា​សាស្តា​ លុះទ្រង់មានព្រះបន្ទូលដូច្នេះហើយ ក៏ទ្រង់មានព្រះបន្ទូល ដូច្នេះ តទៅទៀតថា

[១០៨] ពួកជនណាៗ ទោះបីក្មេងក្តី ចាស់ក្តី ពាលក្តី បណ្ឌិតក្តី អ្នកមានក្តី អ្នកក្រក្តី ជនទាំងអស់នោះ តែងមានសេចក្តីស្លាប់នៅពីខាងមុខ។ ភាជន៍ដី ដែល​ស្មូនឆ្នាំង​ធ្វើ​ហើយ ទោះបីតូចក្តី ធំក្តី ឆ្អិនក្តី ឆៅក្តី ភាជន៍ទាំងអស់នោះ មានកិរិយា​បែក​ធ្លាយ​ជា​ទី​បំផុត យ៉ាងណា ជីវិតរបស់សត្វទាំងឡាយ ក៏យ៉ាងនោះដែរ។

ព្រះសាស្តា ទ្រង់មានព្រះបន្ទូលដូច្នេះ តទៅទៀតថា

វ័យរបស់តថាគតចាស់ហើយ ជីវិតរបស់តថាគត មានប្រមាណតិច តថាគត​នឹង​លះ​បង់អ្នកទាំងឡាយ ហើយទៅ ឯទីពឹងចំពោះខ្លួន តថាគតបានធ្វើទុកហើយ។

ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយកុំប្រមាទ ត្រូវមានស្មារតី មានសីលល្អ មាន​តម្រិះ​តម្កល់នឹងល្អ ចូររក្សាចិត្តរបស់ខ្លួនឲ្យរឿយៗចុះ។ ភិក្ខុណាមិនប្រមាទ ហើយ​នៅ​ក្នុងធម្មវិន័យនេះ (ភិក្ខុនោះ) នឹងលះបង់ជាតិសង្សារ ហើយធ្វើនូវព្រះនិព្វាន ជាទីបំផុតនៃកងទុក្ខបានមិនខាន។

ចប់ ពុទ្ធភាណវារៈទី៣។

ពុទ្ធភាណវារៈ ទី៤

[១០៩] គ្រានោះ ព្រះមានព្រះភាគ ទ្រង់ស្បង់បាត្រ និងចីវរក្នុងបុព្វណ្ហសម័យ ទ្រង់​ពុទ្ធដំណើរចូលទៅបិណ្ឌបាត ក្នុងក្រុងវេសាលី លុះស្តេចទៅបិណ្ឌបាត ក្នុងក្រុងវេសាលី​ហើយ ទ្រង់ត្រឡប់​អំពីបិណ្ឌបាត ក្នុងវេលាខាងក្រោយភត្ត ទ្រង់ងាកក្រឡេកមើល​នូវ​ក្រុង​វេសាលី ដូចជាដំរីដែលក្រឡេកបែរមើល (នូវទីខាងក្រោយ) ហើយត្រាស់នឹង​ព្រះអានន្ទ​មានអាយុថា ម្នាលអានន្ទ តថាគត ឃើញក្រុងវេសាលីម្តងនេះ ជាបច្ឆិមទស្សនៈ (ការ​ឃើញ​ទីបំផុត) ម្នាលអានន្ទ មកយើងនឹងទៅកាន់ភណ្ឌគ្រាម។ ព្រះអានន្ទមានអាយុ ទទួល​ព្រះបន្ទូលព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ពុទ្ធដំណើរ​ទៅដល់​ភណ្ឌគ្រាម ព្រមដោយភិក្ខុសង្ឃជាច្រើន។ បាន​ឮថា ព្រះមានព្រះភាគ ទ្រង់គង់ក្នុងភណ្ឌគ្រាមនោះ។ ក្នុងទីនោះឯង ព្រះមានព្រះភាគ បានត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ តថាគតក្តី អ្នកទាំងឡាយក្តី ដែល​អន្ទោលទៅ ត្រាច់រង្គាត់ទៅ (ក្នុងសង្សារវដ្ត) អស់កាលជាយូរអង្វែងយ៉ាងនេះ ព្រោះតែ​មិនបានត្រាស់ដឹង មិនបានចាក់ធ្លុះនូវធម៌ទាំង៤យ៉ាង។ ធម៌ទាំង៤យ៉ាង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ តថាគតក្តី អ្នកទាំងឡាយក្តី ដែល​អន្ទោលទៅ ត្រាច់រង្គាត់ទៅ អស់​កាលជាយូរអង្វែងយ៉ាងនេះ ព្រោះតែ​មិនបានត្រាស់ដឹង មិនបានចាក់ធ្លុះនូវអរិយសីល។ ម្នាលភិក្ខុទាំងឡាយ តថាគតក្តី អ្នកទាំងឡាយក្តី ដែល​អន្ទោលទៅ ត្រាច់រង្គាត់ទៅ អស់​កាលជាយូរអង្វែងយ៉ាងនេះ ព្រោះតែ​មិនបានត្រាស់ដឹង មិនបានចាក់ធ្លុះនូវអរិយ​សមាធិ។ ម្នាលភិក្ខុទាំងឡាយ តថាគតក្តី អ្នកទាំងឡាយក្តី ដែល​អន្ទោលទៅ ត្រាច់រង្គាត់ទៅ អស់​កាលជាយូរអង្វែងយ៉ាងនេះ ព្រោះតែ​មិនបានត្រាស់ដឹង មិនបានចាក់ធ្លុះនូវអរិយបញ្ញា។ ម្នាលភិក្ខុទាំងឡាយ តថាគតក្តី អ្នកទាំងឡាយក្តី ដែល​អន្ទោលទៅ ត្រាច់រង្គាត់ទៅ អស់​កាលជាយូរអង្វែងយ៉ាងនេះ ព្រោះតែ​មិនបានត្រាស់ដឹង មិនបានចាក់ធ្លុះនូវអរិយវិមុត្តិ។ ម្នាលភិក្ខុទាំងឡាយ អរិយសីលនោះឯង ដែលបុគ្គល​បាន​ត្រាស់ដឹង បានចាក់ធ្លុះហើយ អរិយសមាធិ ដែលបុគ្គល​បាន​ត្រាស់ដឹង បានចាក់ធ្លុះហើយ អរិយបញ្ញា ដែលបុគ្គល​បាន​ត្រាស់ដឹង បានចាក់ធ្លុះហើយ អរិយវិមុត្តិ ដែលបុគ្គល​បាន​ត្រាស់ដឹង បានចាក់ធ្លុះហើយ ភវតណ្ហា គឺសេចក្តីប្រាថ្នាក្នុងភព ក៏សូន្យទៅ ខ្សែ គឺតណ្ហា ដែលអាច​នាំសត្វអំពីភពមួយ ទៅភពមួយ ក៏អស់ទៅ ភពថ្មីទៀត ក៏មិនមានក្នុងកាល​ឥឡូវ​នេះឡើយ។ ព្រះមានព្រះភាគ ទ្រង់មានព្រះបន្ទូល​ដូច្នេះហើយ ព្រះសុគត ជាសាស្តា លុះទ្រង់មានព្រះបន្ទូលដូច្នេះហើយ ក៏ទ្រង់ត្រាស់ដូច្នេះតទៅទៀតថា

[១១០] ធម៌ទាំងនេះ គឺសីល សមាធិ បញ្ញា និងវិមុត្តិ ដ៏ប្រសើរ ព្រះគោតម ព្រះអង្គ​មានយស បានត្រាស់ដឹងហើយ ព្រះពុទ្ធទ្រង់ត្រាស់ដឹងយ៉ាងនេះហើយ ទើបសំដែង​ធម៌ប្រាប់ចំពោះភិក្ខុទាំងឡាយ ព្រះសាស្តាមានចក្ខុ ទ្រង់ធ្វើនូវ​ព្រះនិព្វាន ជាទីបំផុត នៃកងទុក្ខ ទ្រង់បរិនិព្វានហើយ។

[១១១] បានឮថា​ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងភណ្ឌគ្រាមនោះ ទ្រង់ធ្វើ​ធម្មីកថាជាច្រើន ចំពោះភិក្ខុទាំងឡាយយ៉ាងនេះថា សីលដូច្នេះ សមាធិដូច្នេះ បញ្ញាដូច្នេះ សមាធិដែលអប់រំដោយសីលហើយ រមែងមានផលច្រើន មានអានិសង្សច្រើន បញ្ញា ដែល​អប់រំដោយសមាធិហើយ រមែងមានផលច្រើន មានអានិសង្សច្រើន ចិត្តដែល​អប់​រំ​ដោយបញ្ញាហើយ រមែងរួចស្រឡះដោយប្រពៃ ចាកអាសវៈទាំងឡាយ គឺកាមាសវៈ ភវាសវៈ អវិជ្ជាសវៈ។

[១១២] គ្រានោះ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងភណ្ឌគ្រាម តាមសមគួរ ដល់​ពុទ្ធអធ្យាស្រ័យ ហើយទ្រង់ត្រាស់ហៅព្រះអានន្ទមានអាយុមកថា ម្នាលអានន្ទ មក យើង​នឹងទៅកាន់ហត្ថិគ្រាម អម្ពគ្រាម ជម្ពុគ្រាម និងភោគនគរ។ ព្រះអានន្ទមានអាយុ ទទួលព្រះបន្ទូលព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ពុទ្ធដំណើរទៅដល់ភោគនគរ ព្រមដោយ​ភិក្ខុសង្ឃជាច្រើនអង្គ។ បានឮថា​ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងអានន្ទចេតិយ ជិត​ភោគនគរនោះ។ ក្នុងទី​នោះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ តថាគត នឹងសំដែងមហាប្រទេសទាំង៤នេះ អ្នកទាំងឡាយ ចូរស្តាប់ ចូរធ្វើទុកក្នុងចិត្តដោយប្រពៃ​ចុះ តថាគតនឹងសំដែងប្រាប់។ ភិក្ខុទាំងនោះ ទទួលព្រះបន្ទូលនៃព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា

[១១៣] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ គប្បីពោលយ៉ាងនេះថា ម្នាល​អាវុសោទាំងឡាយ ពាក្យនុ៎ះ ខ្ញុំបានស្តាប់ បានទទួលចំពោះព្រះភក្ត្រ នៃព្រះមានព្រះភាគ​ថា នេះជាធម៌ នេះជាវិន័យ នេះជាពាក្យប្រៀនប្រដៅរបស់ព្រះសាស្តា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ កុំអាលត្រេកអរ កុំអាលឃាត់ភាសិត​របស់ភិក្ខុ​នោះឡើយ។ លុះអ្នកទាំងឡាយ មិនទាន់ត្រេកអរ មិនទាន់ឃាត់ហើយ ត្រូវរៀន​នូវបទ និង​ព្យញ្ជនៈទាំងនោះឲ្យចាំល្អ ហើយស្ទាបស្ទង់មើលក្នុងព្រះសូត្រ ប្រៀបធៀបមើល​ក្នុងព្រះវិន័យ។ បទ និងព្យញ្ជនៈទាំងនោះ កាលបើ​អ្នកទាំងឡាយ ស្ទាបស្ទង់មើលក្នុងព្រះសូត្រ ប្រៀបធៀបមើល​ក្នុងព្រះវិន័យទៅហើយ មិនប្រជុំចុះ គឺ​មិនមានក្នុងព្រះសូត្រផង មិនប្រាកដក្នុងព្រះវិន័យផងទេ។ អ្នកទាំងឡាយ គប្បី​ដល់នូវ​សេចក្តីចូលចិត្ត​ក្នុងពាក្យនេះថា នេះមិនមែនជាព្រះពុទ្ធដីកា របស់​ព្រះមានព្រះភាគ​នោះទេ ជាពាក្យដែលភិក្ខុនេះ រៀនខុសដោយពិត ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុ​នោះ អ្នកទាំងឡាយ ត្រូវចោលពាក្យនុ៎ះចេញ។ បទ និងព្យញ្ជនៈទាំងនោះ កាលបើ​អ្នកទាំង​ឡាយ ស្ទាបស្ទង់មើលក្នុងព្រះសូត្រ ប្រៀបធៀបមើល​ក្នុងព្រះវិន័យទៅហើយ ក៏ប្រជុំចុះ ក្នុងព្រះសូត្រផង ប្រាកដក្នុងព្រះវិន័យផង។ អ្នកទាំងឡាយ គប្បី​ដល់នូវ​សេចក្តីចូលចិត្ត​ក្នុងពាក្យនេះថា នេះជាព្រះពុទ្ធដីកា របស់​ព្រះមានព្រះភាគ​នោះ ដែលភិក្ខុនេះ រៀន​ត្រូវល្អហើយដោយពិត ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីចាំទុកនូវមហាប្រទេស​ជាបឋមនេះចុះ។

[១១៤] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ គប្បីពោលយ៉ាងនេះថា ព្រះសង្ឃ​នៅក្នុងអាវាសឯណោះ មានទាំងភិក្ខុជាថេរៈ មានទាំងភិក្ខុជាប្រធាន ខ្ញុំបានស្តាប់ បានទទួលចំពោះមុខព្រះសង្ឃនោះថា នេះជាធម៌ នេះជាវិន័យ នេះជាពាក្យប្រៀនប្រដៅរបស់ព្រះសាស្តា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ កុំអាលត្រេកអរ កុំអាលឃាត់នូវភាសិត​របស់ភិក្ខុ​នោះឡើយ។ លុះអ្នកទាំងឡាយ មិនទាន់ត្រេកអរ មិនទាន់ឃាត់ហើយ ត្រូវរៀន​នូវបទ និង​ព្យញ្ជនៈទាំងនោះឲ្យចាំល្អ ហើយស្ទង់មើលក្នុងព្រះសូត្រ ប្រៀបធៀបមើល​ក្នុងព្រះវិន័យ។ បទ និងព្យញ្ជនៈទាំងនោះ កាលបើ​អ្នកទាំងឡាយ ស្ទង់មើលក្នុងព្រះសូត្រ ប្រៀបធៀបមើល​ក្នុងព្រះវិន័យទៅហើយ មិនប្រជុំចុះក្នុងព្រះសូត្រផង មិនប្រាកដក្នុងព្រះវិន័យផងទេ។ អ្នកទាំងឡាយ គប្បី​ដល់នូវ​សេចក្តីចូលចិត្ត​ក្នុងពាក្យនេះថា នេះមិនមែនជាព្រះពុទ្ធដីកា របស់​ព្រះមានព្រះភាគទេ ជាពាក្យដែលភិក្ខុសង្ឃនោះ រៀនខុសដោយពិត ម្នាលភិក្ខុ​ទាំងឡាយ ព្រោះហេតុ​នោះ អ្នកទាំងឡាយ គ​ប្បីចោលពាក្យនុ៎ះចេញ។ បទ និងព្យញ្ជនៈ​ទាំង​នោះ កាលបើ​អ្នកទាំង​ឡាយ ស្ទង់មើលក្នុងព្រះសូត្រ ប្រៀបធៀបមើល​ក្នុងព្រះវិន័យ​ទៅហើយ ក៏ប្រជុំចុះ ក្នុងព្រះសូត្រផង ប្រាកដក្នុងព្រះវិន័យផង។ អ្នកទាំងឡាយ គប្បី​ដល់នូវ​សេចក្តីចូលចិត្ត​ក្នុងពាក្យនេះថា នេះជាព្រះពុទ្ធដីកា របស់​ព្រះមានព្រះភាគ​នោះ ដែលព្រះសង្ឃនោះ រៀន​ត្រូវល្អហើយដោយពិត ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីចាំទុកនូវមហាប្រទេស​ជាគំរប់ពីរនេះចុះ។

[១១៥] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ គប្បីពោលយ៉ាងនេះថា ភិក្ខុជាថេរៈច្រើនអង្គ នៅក្នុងអាវាសឯណោះ សុទ្ធតែជាពហុស្សូត ចេះចាំ​ក្នុងគម្ពីរនិកាយ ទ្រទ្រង់ធម៌ ទ្រទ្រង់វិន័យ ទ្រទ្រង់មាតិកា ខ្ញុំបានស្តាប់ បានទទួលចំពោះ​មុខ​ព្រះថេរៈ​ទាំងនោះថា នេះជាធម៌ នេះជាវិន័យ នេះជាពាក្យប្រៀនប្រដៅរបស់ព្រះសាស្តា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ កុំអាលត្រេកអរនឹងភាសិត​របស់ភិក្ខុ​នោះឡើយ។បេ។ បទ និងព្យញ្ជនៈ មិនប្រាកដក្នុងព្រះវិន័យ។ អ្នកទាំងឡាយ គប្បី​ដល់នូវ​សេចក្តីចូលចិត្ត​ក្នុងពាក្យនេះថា នេះមិនមែនជាព្រះពុទ្ធដីកា របស់​ព្រះមានព្រះភាគនោះទេ ជាពាក្យដែលព្រះថេរៈ​ទាំងនោះ រៀនខុសដោយពិត ម្នាលភិក្ខុ​ទាំងឡាយ ព្រោះហេតុ​នោះ អ្នកទាំងឡាយ ត្រូវចោលពាក្យនុ៎ះចេញ។ បទ និងព្យញ្ជនៈ​ទាំង​នោះ កាលបើ​អ្នកទាំង​ឡាយ ស្ទង់មើលក្នុងព្រះសូត្រ។បេ។ ប្រាកដក្នុងព្រះវិន័យ។ អ្នកទាំងឡាយ គប្បី​ដល់នូវ​សេចក្តីចូលចិត្ត​ក្នុងពាក្យនេះថា នេះជាព្រះពុទ្ធដីកា របស់​ព្រះមានព្រះភាគ​នោះ ដែលព្រះថេរៈទាំងនោះ រៀន​ត្រូវល្អហើយដោយពិត ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីចាំទុកនូវមហាបទេស​ជាគំរប់៣នេះចុះ។

[១១៦] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ គប្បីពោលយ៉ាងនេះថា ភិក្ខុ​ជាថេរៈ ​នៅក្នុងអាវាសឯណោះ ជាពហុស្សូត ចេះចាំ​ក្នុងគម្ពីរនិកាយ ទ្រទ្រង់ធម៌ ទ្រទ្រង់វិន័យ ទ្រទ្រង់មាតិកា ខ្ញុំបានស្តាប់ បានទទួលចំពោះមុខព្រះថេរៈអង្គនោះថា នេះជាធម៌ នេះជាវិន័យ នេះជាពាក្យប្រៀនប្រដៅរបស់ព្រះសាស្តា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ កុំអាលត្រេកអរ កុំអាលឃាត់នូវភាសិត​របស់ភិក្ខុ​នោះឡើយ។ លុះអ្នកទាំងឡាយ មិនទាន់ត្រេកអរ មិនទាន់ឃាត់ហើយ គប្បីរៀន​នូវបទ និង​ព្យញ្ជនៈទាំងនោះឲ្យចាំល្អ ហើយស្ទង់មើលក្នុងព្រះសូត្រ ប្រៀបធៀបមើល​ក្នុងព្រះវិន័យ។ បទ និងព្យញ្ជនៈទាំងនោះ កាលបើ​អ្នកទាំងឡាយ ស្ទង់មើលក្នុងព្រះសូត្រ ប្រៀបធៀបមើល​ក្នុងព្រះវិន័យទៅហើយ មិនប្រជុំចុះក្នុងព្រះសូត្រផង មិនប្រាកដ​ក្នុង​ព្រះវិន័យផងទេ។ អ្នកទាំងឡាយ គប្បី​ដល់នូវ​សេចក្តីចូលចិត្ត​ក្នុងពាក្យនេះ។បេ។ ថា នេះជាព្រះពុទ្ធដីកា របស់​ព្រះមានព្រះភាគ​នោះ ដែលព្រះថេរៈនោះ រៀន​ត្រូវល្អហើយ​ដោយ​ពិត ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ អ្នកទាំងឡាយ គប្បីចាំទុក​នូវមហាបទេស​ជាគំរប់៤នេះចុះ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីចាំទុក​នូវ​មហាបទេស​ទាំង៤នេះឯង។ បានឮថា ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុង​អានន្ទចេតិយ ជិត​ភោគនគរនោះឯង ទ្រង់ធ្វើ​ធម្មីកថាជាច្រើន ដល់ភិក្ខុទាំងឡាយយ៉ាងនេះថា សីលដូច្នេះ សមាធិដូច្នេះ បញ្ញាដូច្នេះ សមាធិដែលអប់រំដោយសីលហើយ រមែង​មាន​ផល​ច្រើន មានអានិសង្សច្រើន បញ្ញា ដែល​អប់រំដោយសមាធិហើយ រមែងមានផលច្រើន មានអានិសង្សច្រើន ចិត្តដែល​អប់​រំ​ដោយបញ្ញាហើយ រមែងរួចស្រឡះដោយប្រពៃ ចាកអាសវៈទាំងឡាយ គឺកាមាសវៈ ភវាសវៈ អវិជ្ជាសវៈ។

[១១៧] គ្រានោះ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងភោគនគរ តាមសម​គួរ​ដល់​ពុទ្ធអធ្យាស្រ័យ ហើយត្រាស់ហៅព្រះអានន្ទមានអាយុមកថា ម្នាលអានន្ទ មក យើងនឹង​ទៅ​កាន់ក្រុងបាវា។ ព្រះអានន្ទដ៏មានអាយុ ទទួលព្រះបន្ទូល​ព្រះមានព្រះភាគថា ព្រះករុណា​ព្រះអង្គ។ ទើបព្រះមានព្រះភាគ ទ្រង់ពុទ្ធដំណើរ​ទៅដល់ក្រុងបាវា ព្រម​ដោយ​ភិក្ខុសង្ឃជាច្រើន។ បានឮថា ព្រះមានព្រះភាគ ទ្រង់គង់​នៅក្នុង​អម្ពវ័ន (ព្រៃ​ស្វាយ) របស់នាយចុន្ទកម្មារបុត្ត (កូនជាងមាស) ទៀបក្រុងបាវានោះ។ នាយចុន្ទកម្មារបុត្ត បាន​ឮដំណឹងថា ព្រះមានព្រះភាគ ស្តេច​មកដល់ក្រុងបាវា ឥឡូវនេះ ទ្រង់គង់នៅក្នុង​អម្ពវ័ន​របស់អាត្មាអញ ទៀបក្រុងបាវា។ គ្រានោះ នាយចុន្ទកម្មារបុត្ត ក៏ចូលទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយ​ក្នុងទីសមគួរ។ លុះនាយចុន្ទកម្មារបុត្ត អង្គុយក្នុងទីសមគួរហើយ ព្រះមានព្រះភាគ ក៏ទ្រង់ឲ្យឃើញច្បាស់ ឲ្យកាន់យក ឲ្យអាចហាន ឲ្យរីករាយ ដោយ​ធម្មីកថា។ លំដាប់នោះ នាយចុន្ទកម្មារបុត្ត កាលដែលព្រះមានព្រះភាគ ទ្រង់ឲ្យឃើញ​ច្បាស់ ឲ្យកាន់យក ឲ្យអាចហាន ឲ្យរីករាយ ដោយ​ធម្មីកថាហើយ ក៏ក្រាបបង្គំទូល​ព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ មួយអន្លើ​ដោយភិក្ខុសង្ឃ ទទួលភត្ត​របស់​ខ្ញុំ​ព្រះអង្គ ដើម្បីឆាន់ក្នុងថ្ងៃស្អែក។ ព្រះមានព្រះភាគ ក៏ទ្រង់​ទទួល​និមន្ត ដោយ​តុណ្ហីភាព។ លុះនាយចុន្ទកម្មារបុត្ត បានដឹងច្បាស់ថា ព្រះមាន​ព្រះភាគ ទ្រង់ទទួលនិមន្តហើយ ក៏ក្រោកចាកទីអង្គុយ ថ្វាយបង្គំព្រះមានព្រះភាគ ធ្វើ​ប្រទក្សិណ ហើយចេញទៅ។ លុះកន្លងរាត្រីនោះទៅហើយ ទើបនាយចុន្ទកម្មារបុត្ត ក៏​ឲ្យគេចាត់ចែងខាទនីយ ភោជនីយាហារ មានរសដ៏ពីសា ព្រមទាំង​សូករមទ្ទវៈ65) ដ៏ច្រើន ក្នុងផ្ទះរបស់ខ្លួន ហើយឲ្យគេទៅក្រាបទូលភត្តកាល ចំពោះព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន កាលគួរហើយ ភត្តសម្រេចហើយ។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ហើយ​ស្តេច​ចូលទៅកាន់លំនៅរបស់នាយចុន្ទកម្មារបុត្ត ព្រមដោយភិក្ខុសង្ឃ លុះចូលទៅដល់ហើយ ក៏គង់លើអាសនៈដែលគេក្រាលថ្វាយ។ លុះព្រះមានព្រះភាគ ទ្រង់​គង់រួចហើយ ក៏ត្រាស់នឹង​នាយចុន្ទកម្មារបុត្តថា ម្នាលនាយចុន្ទ សូករមទ្ទវៈណា ដែល​អ្នកតាក់តែងហើយ ចូរអ្នកអង្គាស​តថាគតដោយសូករមទ្ទវៈនោះចុះ ឯខាទនីយភោជនីយាហារដទៃណា ដែលអ្នកតាក់តែងហើយ ចូរអ្នកអង្គាស​ភិក្ខុសង្ឃ ដោយ​ខាទនីយភោជនីយាហារនោះចុះ។ នាយចុន្ទកម្មារបុត្ត ទទួលព្រះបន្ទូល​ព្រះមានព្រះភាគ ដោយពាក្យថា ព្រះករុណាព្រះអង្គ ហើយក៏អង្គាស​ព្រះមានព្រះភាគ ដោយសូករមទ្ទវៈ ដែលខ្លួនតាក់តែងហើយ អង្គាសភិក្ខុសង្ឃដោយខាទនីយ​ភោជនីយាហារ​ដទៃ ដែលខ្លួនតាក់តែងហើយ។ ទើបព្រះមានព្រះភាគ ទ្រង់ត្រាស់នឹង​នាយចុន្ទកម្មារបុត្តថា ម្នាលនាយចុន្ទ សូករមទ្ទវៈណារបស់អ្នក ដែលនៅសល់ អ្នកចូរ​កប់នូវ​សូករមទ្ទវៈនោះ ក្នុងរណ្តៅទៅ ម្នាលនាយចុន្ទ ក្នុងលោក (នេះ) ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ទាំងមនុស្ស​ជាសម្មតិទេព និងមនុស្សដ៏សេស តថាគត មិនឃើញបុគ្គលណាមួយ ដែល​បរិភោគនូវសូករមទ្ទវៈនោះហើយ សូករមទ្ទវៈនោះ គប្បីដល់នូវកិរិយារលួយទៅ​ដោយ​ល្អឡើយ វៀរលែងតែតថាគតចេញ។ នាយចុន្ទកម្មារបុត្ត ទទួលព្រះបន្ទូល​ព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ ហើយក៏កប់នូវសូករមទ្ទវៈ ដែលនៅសល់​នោះ​ក្នុងរណ្តៅ ហើយចូលទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំ​ព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះនាយចុន្ទកម្មារបុត្ត អង្គុយក្នុងទីដ៏សមគួរហើយ ព្រះមានព្រះភាគ ក៏ទ្រង់​ឲ្យឃើញច្បាស់ ឲ្យកាន់យក ឲ្យ​អាចហាន ឲ្យរីករាយ ដោយធម្មីកថា ហើយក៏ក្រោកចាកអាសនៈ ស្តេចចេញទៅ។ លុះ​ព្រះមានព្រះភាគ ទ្រង់ឆាន់ភត្តរបស់នាយចុន្ទកម្មារបុត្តរួចហើយ ព្រះអាពាធ ដ៏ខ្លាំង​ក៏​កើតឡើង វេទនាដ៏ក្លៀវក្លា កើតអំពីលោហិតប្បក្ខន្ទិកាពាធ (អាពាធចុះព្រះលោហិត) ជិត​នឹងដល់នូវមរណៈ ក៏ប្រព្រឹត្តទៅ។ បានឮថា ព្រះមានព្រះភាគ មានព្រះសតិ និងសម្បជញ្ញៈមិនបានលំបាក ទ្រង់អត់សង្កត់​នូវវេទនានោះបាន។ ទើប​ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅ​ព្រះអានន្ទដ៏មានអាយុមកថា ម្នាលអានន្ទ មក យើងនឹងទៅកាន់​ក្រុង​កុសិនារា។ ព្រះអានន្ទដ៏មានអាយុ ទទួលព្រះបន្ទូលនៃ​ព្រះមានព្រះភាគថា ព្រះករុណា​ព្រះអង្គ។

[១១៨] ខ្ញុំបានឮថា ព្រះពុទ្ធជាអ្នកប្រាជ្ញ ទ្រង់សោយភត្តរបស់នាយចុន្ទកម្មារបុត្ត ហើយមានព្រះអាពាធជាទម្ងន់ ជិតនឹងមរណៈ។ ព្យាធិដ៏ក្លា កើតដល់ព្រះ​សាស្តា ដែលសោយភត្ត ដោយសូករមទ្ទវៈ ព្រះមានព្រះភាគ ទ្រង់មានអាពាធ ចុះ​ព្រះលោហិតរឿយៗ ទើបមានព្រះពុទ្ធតម្រាស់ថា តថាគត នឹងទៅកាន់​ក្រុង​កុសិនារា។

(គាថាទាំងនេះ ព្រះសង្គីតិកាចារ្យទាំងឡាយ សំដែងហើយ ក្នុងកាលធ្វើសង្គីតិ)។

[១១៩] គ្រានោះ ព្រះមានព្រះភាគ ទ្រង់ចៀសចេញអំពីផ្លូវ ហើយទ្រង់ចូលទៅ​កាន់​ម្លប់ឈើ១ លុះចូលទៅដល់ហើយ ទ្រង់ត្រាស់នឹងព្រះអានន្ទមានអាយុថា ម្នាល​អានន្ទ ចូរអ្នកក្រាលសង្ឃាដិ មានជាន់៤ ឲ្យតថាគតដោយឆាប់ ម្នាលអានន្ទ តថាគត​ល្ហិតល្ហៃណាស់ តថាគតអង្គុយសិន។ ព្រះអានន្ទមានអាយុ ទទួលព្រះបន្ទូលនៃ​ព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ ហើយក៏ក្រាលសង្ឃាដិ មានជាន់៤ថ្វាយ។ ព្រះមានព្រះភាគ ទ្រង់គង់លើអាសនៈ ដែលព្រះអានន្ទក្រាលថ្វាយ។ លុះព្រះមានព្រះភាគ គង់រួចហើយ ទ្រង់ត្រាស់នឹងព្រះអានន្ទមានអាយុថា ម្នាលអានន្ទ ចូរអ្នកទៅដងទឹកមកឲ្យតថាគតដោយឆាប់ ម្នាលអានន្ទ តថាគតស្រេកទឹកណាស់ តថាគត​នឹងឆាន់ទឹកបន្តិច។ កាលបើព្រះមានព្រះភាគ ទ្រង់ត្រាស់​យ៉ាងនេះហើយ ព្រះអានន្ទមានអាយុ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ​ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន អម្បាញ់មិញនេះ រទេះចំនួន៥០០ គេបរឆ្លងទៅហើយ ទឹកនោះតិច កង់រទេះក៏កិន ល្អក់​វឹកវរ ហូរមក បពិត្រព្រះអង្គដ៏ចំរើន ស្ទឹងកកុធៈជិតនៅនេះ មានទឹកថ្លា មានទឹកមាន​រស​ជាតិស្រួល មានទឹកត្រជាក់ មានទឹករង មានកំពង់​ក៏ស្រួល ជាទីគួរត្រេកអរ ក្នុងស្ទឹង​នុ៎ះ ព្រះមានព្រះភាគ នឹងសោយទឹកក៏បាន នឹងស្រង់ព្រះកាយ ឲ្យត្រជាក់ស្រួលក៏បាន។ ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងព្រះអានន្ទមានអាយុ ជាគំរប់ពីរដងទៀតថា ម្នាលអានន្ទ ចូរអ្នកទៅដងទឹកមកឲ្យតថាគតដោយឆាប់ ម្នាលអានន្ទ តថាគតស្រេកទឹកណាស់ តថាគត​នឹងឆាន់ទឹកបន្តិច។ ព្រះអានន្ទមានអាយុ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ជាគំរប់​ពីរដងទៀតថា បពិត្រព្រះអង្គដ៏ចំរើន អម្បាញ់មិញនេះ រទេះចំនួន៥០០ គេបរឆ្លង​ទៅ​ហើយ ទឹកនោះតិច កង់រទេះក៏កិន ល្អក់​វឹកវរ ហូរមក បពិត្រព្រះអង្គដ៏ចំរើន ស្ទឹងកកុធៈជិតនៅនេះ មានទឹកថ្លា មានទឹកមាន​រស​ជាតិស្រួល មានទឹកត្រជាក់ មានទឹករង មានកំពង់​ក៏ស្រួល ជាទីគួរត្រេកអរ ក្នុងស្ទឹង​នុ៎ះ ព្រះមានព្រះភាគ នឹង​សោយ​ទឹកក៏បាន នឹងស្រង់ព្រះកាយ ឲ្យត្រជាក់ស្រួលក៏បាន។ ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងព្រះអានន្ទមានអាយុ ជាគំរប់បីដងទៀតថា ម្នាលអានន្ទ ចូរអ្នកទៅដងទឹក​មកឲ្យតថាគតដោយឆាប់ ម្នាលអានន្ទ តថាគតស្រេកទឹកណាស់ តថាគត​នឹងឆាន់​ទឹក​បន្តិច។ ព្រះអានន្ទមានអាយុ ក៏ទទួលព្រះបន្ទូលព្រះមានព្រះភាគថា ព្រះករុណា​ព្រះអង្គ ហើយក៏កាន់បាត្រ ដើរតម្រង់ទៅស្ទឹងនោះ។ លំដាប់នោះ ស្ទឹងតូច ដែល​កង់កិន ល្អក់​វឹកវរ ហូរមកនោះ កាលដែល​ព្រះអានន្ទមានអាយុ ចូលទៅដល់ហើយ ក៏ត្រឡប់ទៅជារងថ្លា មិនល្អក់ហូរមកវិញ។ ទើប​ព្រះអានន្ទមានអាយុ មានសេចក្តីត្រិះរិះដូច្នេះថា ឱហ្ន៎ ហេតុនេះជាអស្ចារ្យពេកណាស់ ឱហ្ន៎ ហេតុនេះចំឡែកពេកណាស់ ស្ទឹងតូចនេះឯង ដែល​កង់កិន ល្អក់វឹកវរហូរមក កាលបើអាត្មាអញចូលមកដល់ ក៏ត្រឡប់ទៅជាទឹករងថ្លា ស្អាត មិនល្អក់ហូរមកវិញ ព្រោះព្រះតថាគតមាន​ឫទ្ធិធំ មានអានុភាពធំ។ ព្រះអានន្ទ ក៏ដងទឹក​ដោយបាត្រ ចូលទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបបង្គំទូល​ព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ហេតុនេះ ជាអស្ចារ្យពេកណាស់ បពិត្រព្រះអង្គដ៏ចំរើន ហេតុនេះចំឡែកពេកណាស់ បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ ស្ទឹងតូច ដែល​កង់កិន ល្អក់វឹកវរ កំពុងហូរមកនោះ កាលដែលខ្ញុំព្រះអង្គ​ចូលទៅដល់​ហើយ ក៏ត្រឡប់ទៅជាទឹករងថ្លា ស្អាត មិនល្អក់ហូរមកវិញ ព្រោះព្រះអង្គមាន​ឫទ្ធិធំ មានអានុភាពធំ សូម​ព្រះមានព្រះភាគ ទ្រង់សោយ​ព្រះសុទ្ធរស សូមព្រះសុគត ទ្រង់​សោយព្រះសុទ្ធរស។ លំដាប់នោះ ព្រះមានព្រះភាគ ក៏ទ្រង់សោយព្រះសុទ្ធរស។

[១២០] សម័យនោះឯង មល្លបុត្ត (ព្រះរាជបុត្តនៃមល្លក្សត្រិយ៍) ព្រះនាម​បុក្កុសៈ ជាសាវ័ករបស់អាឡារតាបស កាលាមគោត្ត ចេញអំពីក្រុងកុសិនារា ដើរទៅ​តាមផ្លូវ​ឆ្ងាយ សំដៅទៅកាន់ក្រុងបាវា។ បុក្កុសមល្លបុត្ត បានឃើញព្រះមានព្រះភាគ គង់ក្រោមម្លប់​ឈើ១ លុះឃើញហើយ ក៏ចូលទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏​ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយគង់​ក្នុងទីសមគួរ។ បុក្កុសមល្លបុត្ត លុះគង់​ក្នុងទី​សមគួរហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ហេតុ​នេះ អស្ចារ្យពេកណាស់ បពិត្រព្រះអង្គដ៏ចំរើន ហេតុនេះ ចំឡែកពេកណាស់ បពិត្រព្រះអង្គ​ដ៏ចំរើន ពួកបព្វជិតតែងនៅដោយវិហារធម៌ ដ៏ស្ងប់រម្ងាប់ បពិត្រព្រះអង្គដ៏ចំរើន មានរឿង​ពីដើមថា អាឡារតាបស កាលាមគោត្ត ដើរទៅកាន់​ផ្លូវ​ឆ្ងាយ ហើយចេញអំពីផ្លូវ ចូលទៅអង្គុយ​សម្រាក នៅក្នុងវេលាថ្ងៃ ក្រោមម្លប់ឈើ១ នៅ​ជិតផ្លូវ បពិត្រព្រះអង្គដ៏ចំរើន កាលនោះ មានរទេះចំនួន​៥០០ កន្លង​ហួសទៅក្បែរៗ នឹង​អាឡារតាបស កាលាមគោត្ត បពិត្រព្រះអង្គដ៏ចំរើន គ្រានោះ មានបុរសម្នាក់​ដើរមក តាម​ក្រោយពួករទេះនោះ ចូលសំដៅទៅរកអាឡារតាបស កាលាមគោត្ត លុះចូលទៅដល់ហើយ បានពោលពាក្យនេះ នឹងអាឡារតាបស កាលាមគោត្តថា បពិត្រ​តាបសដ៏ចំរើន លោកម្ចាស់បានឃើញរទេះចំនួន​៥០០ កន្លងហួសទៅហើយដែរឬ (​អាឡារតាបសឆ្លើយថា) ម្នាលអាវុសោ យើងមិនបានឃើញទេ (បុរសនោះសួរទៀត​ថា) បពិត្រតាបសដ៏ចំរើន ចុះលោកម្ចាស់បានឮសូរ​សម្លេងដែរឬ ម្នាលអាវុសោ យើង​មិនបាន​ឮសូរសម្លេងទេ បពិត្រតាបសដ៏ចំរើន ចុះលោកម្ចាស់​សិងលក់ ឬអ្វី ម្នាលអាវុសោ យើង​មិនបាន​ដេកលក់ទេ បពិត្រ​តាបសដ៏ចំរើន ចុះលោកម្ចាស់មានសញ្ញាដែរឬ ម្នាលអាវុសោ អើ​ យើងមានសញ្ញាដែរ បពិត្រតាបសដ៏ចំរើន លោកម្ចាស់មានសញ្ញានៅភ្ញាក់រលឹក មិនបានឃើញរទេះចំនួន​៥០០ កន្លងហួសទៅក្បែរៗខ្លួន ទាំងមិនបាន​ឮសូរ បពិត្រលោក​ម្ចាស់ដ៏ចំរើន ចុះសង្ឃាដិរបស់លោកម្ចាស់ ប្រឡាក់ដោយធូលីដែរឬ ម្នាលអាវុសោ​ ប្រឡាក់ដែរ បពិត្រព្រះអង្គដ៏ចំរើន គ្រានោះ បុរសនោះ មានសេចក្តីត្រិះរិះ​ដូច្នេះថា ឱហ្ន៎ ហេតុនេះ អស្ចារ្យពេកណាស់ ឱហ្ន៎ ហេតុនេះ ចំឡែកពេកណាស់ ពួកបព្វជិតតែង​នៅដោយ​វិហារធម៌ដ៏ស្ងប់រម្ងាប់ ព្រោះថា តាបសមានសញ្ញា នៅភ្ញាក់រលឹក តែ​មិនបាន​ឃើញរទេះចំនួន៥០០ កន្លងហួសទៅក្បែរៗខ្លួន។ ទាំងមិនបានឮសូរ ហើយបុរស​នោះ ក៏កើត​សេចក្តីជ្រះថ្លាក្រៃលែង ក្នុងអាឡារតាបស កាលាមគោត្ត ហើយចៀសចេញទៅ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលបុក្កុសៈ អ្នកសំគាល់ហេតុនោះដូចម្តេច បុគ្គលណាមួយ មានសញ្ញា នៅភ្ញាក់រលឹក ​មិនបាន​ឃើញរទេះចំនួន៥០០ ដែលកន្លងហួសទៅក្បែរៗខ្លួន ទាំងមិនបានឮសូរ បុគ្គលណាមួយ មានសញ្ញា នៅភ្ញាក់រលឹក កាលដែលភ្លៀង​កំពុង​បង្អុរ​ចុះ កាលដែលភ្លៀងកំពុងធ្វើសំឡេង​ឈូឆរ កាលដែល​ផ្លេកបន្ទោរកំពុង​ភ្លឺច្រវាត់ កាលដែល​រន្ទះ66) កំពុងបាញ់ ក៏មិនបាន​ឃើញ​ ទាំងមិនបានឮសូរ (បណ្តាហេតុរបស់​បុគ្គលទាំងពីរនោះ) ហេតុណា​ហ្ន៎ ដែលធ្វើ​បានដោយកម្រ ឬដែល​មានដោយកម្រជាងគេ។ បុក្កុសមល្លបុត្ត ក្រាបបង្គំទូល​ថា បពិត្រព្រះអង្គដ៏ចំរើន រទេះ៥០០ក្តី រទេះ៦០០ក្តី រទេះ៧០០ក្តី រទេះ៨០០ក្តី រទេះ​៩០០ក្តី រទេះ១០០០ក្តី។បេ។ រទេះ១សែនក្តី នឹងធ្វើប្រយោជន៍ដូចម្តេច បុគ្គលណាមួយ មានសញ្ញា​នៅភ្ញាក់រលឹក កាលដែលភ្លៀង​កំពុង​បង្អុរ​ចុះ កាលដែលភ្លៀងកំពុងធ្វើសំឡេង​ឈូឆរ កាលដែល​ផ្លេកបន្ទោរកំពុង​ភ្លឺច្រវាត់ កាលដែល​រន្ទះកំពុងបាញ់ ក៏មិនបាន​ឃើញ​ ទាំងមិនបានឮសូរ ហេតុនេះឯងរបស់បុគ្គលនោះ ជាហេតុដែលធ្វើបាន​ដោយកម្រ​ផង ដែល​មានដោយកម្រផង ដោយពិត។

[១២១] ម្នាលបុក្កុសៈ សម័យមួយ តថាគតនៅក្នុងរោងលានស្រូវ ទៀបក្រុង​អាតុមា​ឯណោះ។ ក៏សម័យនោះឯង ភ្លៀងកំពុងបង្អុរចុះ ភ្លៀងកំពុងធ្វើសំឡេង​ឈូឆរ ផ្លេកបន្ទោរកំពុង​ភ្លឺច្រវាត់ ​រន្ទះកំពុងបាញ់ មានអ្នកស្រែជាបងប្អូន​នឹងគ្នាពីរនាក់ និងគោ​៤ ត្រូវរន្ទះបាញ់ស្លាប់ ជិតរោងលានស្រូវ។ ម្នាលបុក្កុសៈ កាលនោះឯង ពួកមហាជនចេញ​ចាកស្រុកអាតុមា ចូលទៅកាន់ទី នៃបុរសអ្នក​ស្រែពីរនាក់​បងប្អូន និងគោទាំង៤ ដែល​រន្ទះ​បាញ់ស្លាប់នោះ។ ម្នាលបុក្កុសៈ សម័យនោះឯង តថាគតចេញអំពីលានស្រូវ ដើរ​ចង្ក្រម​ទៅ​ក្នុងទីវាល ជិតទ្វាររោងលានស្រូវ។ ម្នាលបុក្កុសៈ កាលនោះ មានបុរសម្នាក់​ចេញ​អំពីពួក​មហាជននោះ ចូលមករកតថាគត លុះចូលមកដល់ហើយ ក៏ថ្វាយបង្គំ​តថាគត រួច​ឋិតនៅក្នុងទីសមគួរ។ ម្នាលបុក្កុសៈ លុះបុរសនោះឋិតនៅក្នុងទីសមគួរហើយ តថាគត ក៏​និយាយដូច្នេះថា ម្នាលអាវុសោ ពួកមហាជននោះប្រជុំគ្នាអំពីរឿងអ្វី។ បុរសនោះឆ្លើយ​ថា បពិត្រព្រះអង្គដ៏ចំរើន អម្បាញ់មិញនេះ កាលដែលភ្លៀង​កំពុង​បង្អុរ​ចុះ កាលដែលភ្លៀង​កំពុង​ធ្វើសំឡេង​ឈូឆរ កាលដែល​ផ្លេកបន្ទោរកំពុង​ភ្លឺច្រវាត់ កាលដែល​រន្ទះ កំពុងបាញ់ ក៏បាញ់ត្រូវអ្នកស្រែពីរនាក់ ជាបងប្អូន និងគោទាំង៤ស្លាប់ទៅ ពួកមហាជននោះប្រជុំ​គ្នា ព្រោះហេតុនេះឯង បពិត្រព្រះអង្គដ៏ចំរើន ចុះព្រះអង្គទ្រង់គង់នៅក្នុងទីណា។ តថាគត​ឆ្លើយថា ម្នាលអាវុសោ តថាគត នៅក្នុងរោងលានស្រូវនេះ។ បុរសនោះ ក្រាបបង្គំទូល​សួរថា ចុះព្រះអង្គបានទ្រង់ទតឃើញឬទេ។ តថាគតឆ្លើយថា ម្នាលអាវុសោ តថាគត​មិន​បានឃើញទេ។ បពិត្រព្រះអង្គដ៏ចំរើន ចុះព្រះអង្គបានឮសូរសំឡេងទេ។ ម្នាលអាវុសោ តថាគតមិនបានឮសូរសំឡេងទេ។ បពិត្រព្រះអង្គដ៏ចំរើន ចុះព្រះអង្គផ្ទំលក់ឬអ្វី។ ម្នាល​អាវុសោ តថាគតមិនបានលក់ទេ។ បពិត្រព្រះអង្គដ៏ចំរើន ចុះព្រះអង្គមានសញ្ញាដែរឬ។ ម្នាលអាវុសោ តថាគត មានសញ្ញាដែរ។ បពិត្រព្រះអង្គដ៏ចំរើន ព្រះអង្គមានសញ្ញា នៅ​ភ្ញាក់​រលឹក កាលដែលភ្លៀង​កំពុង​បង្អុរ​ចុះ កាលដែលភ្លៀងកំពុងធ្វើសំឡេង​ឈូឆរ កាលដែល​ផ្លេកបន្ទោរកំពុង​ភ្លឺច្រវាត់ កាលដែល​រន្ទះកំពុងបាញ់ ទ្រង់មិនបាន​ឃើញ​ ទាំងមិនបានឮសូរសំឡេងទេឬ។ អើអាវុសោ។ ម្នាលបុក្កុសៈ គ្រានោះ បុរសនោះ មានសេចក្តី​ត្រិះរិះយ៉ាងនេះថា ឱហ្ន៎ ហេតុនេះ ជាអស្ចារ្យពេកណាស់ ឱហ្ន៎ ហេតុនេះ ចំឡែកពេកណាស់ ឱហ្ន៎ ពួកបព្វជិត តែងនៅដោយវិហារធម៌ដ៏ស្ងប់រម្ងាប់មែន ព្រោះថា បុគ្គលដែលមានសញ្ញា នៅភ្ញាក់រលឹក កាលដែលភ្លៀង​កំពុង​បង្អុរ​ចុះ កាលដែលភ្លៀងកំពុងធ្វើសំឡេង​ឈូឆរ កាលដែល​ផ្លេកបន្ទោរកំពុង​ភ្លឺច្រវាត់ កាលដែល​រន្ទះកំពុងបាញ់ ឥតបាន​ឃើញ​ ទាំងមិនបានឮសូរសោះ។ បុរសនោះ ក៏កើតសេចក្តី​ជ្រះ​ថ្លាដោយក្រៃលែង ចំពោះតថាគត ហើយធ្វើប្រទក្សិណ ដើរចេញទៅ។ លុះ​ព្រះមានព្រះភាគ ទ្រង់មានព្រះពុទ្ធដីកា យ៉ាងនេះហើយ បុក្កុសមល្លបុត្ត ក៏ក្រាបបង្គំទូល​ព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន សេចក្តីជ្រះថ្លាណា របស់ខ្ញុំព្រះអង្គ ដែល​កើតឡើងក្នុងអាឡារតាបស កាលាមគោត្ត ខ្ញុំព្រះអង្គនេះ រោយចោលនូវសេចក្តី​ជ្រះថ្លានោះ ក្នុងទីមានខ្យល់ច្រើនផង បណ្តែតចោលក្នុងស្ទឹង ដែលមានខ្សែទឹក ហូររហ័ស​ផង បពិត្រព្រះអង្គដ៏ចំរើន ភាសិតរបស់ព្រះអង្គ ច្បាស់ពេកណាស់ បពិត្រព្រះអង្គដ៏ចំរើន ភាសិតរបស់ព្រះអង្គច្បាស់ពេកណាស់ បពិត្រព្រះអង្គដ៏ចំរើន បុគ្គល​ផ្ងារឡើងនូវរបស់​ដែលគេផ្កាប់ក្តី បើកឡើងនូវរបស់​ដែលគេគ្របទុកក្តី ចង្អុរប្រាប់​ផ្លូវដល់បុរស ដែលវង្វេងផ្លូវក្តី ទ្រោលប្រទីបបំភ្លឺ​ក្នុងទីងងឹត ដោយគិតថា អ្នក​មានចក្ខុ​នឹង​បានឃើញរូបក្តី យ៉ាងណាមិញ ធម៌ដែល​ព្រះមានព្រះភាគ ទ្រង់ប្រកាស​ដោយអនេក​បរិយាយ ក៏យ៉ាងនោះឯង បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ សូមដល់នូវ​ព្រះមានព្រះភាគ​ផង ព្រះធម៌ផង ព្រះភិក្ខុសង្ឃផង ថាជាសរណៈ ចាប់ដើមអំពីថ្ងៃនេះតទៅ សូម​ព្រះមានព្រះភាគ ទ្រង់ជ្រាបនូវខ្ញុំព្រះអង្គ ថាជាឧបាសក ដល់នូវ​សមរណគមន៍​ ស្មើ​ដោយជីវិត។ គ្រានោះ បុក្កុសមល្លបុត្ត ហៅបុរសម្នាក់ថា ម្នាលនាយ ចូរអ្នកទៅយក​សំពត់​ ដែលមានសាច់មដ្ឋ១គូ មានសម្បុរដូចមាសសិង្គី ដែលខ្ញុំគួរប្រើប្រាស់ (ម្តងៗ) មក​ដោយ​ឆាប់។ បុរសនោះ ទទួលបន្ទូលបុក្កុសមល្លបុត្តថា ព្រះករុណាម្ចាស់ ហើយក៏ទៅ​យក​សំពត់ ដែលមានសាច់មដ្ឋ១គូ មានសម្បុរដូចមាសសិង្គី ដែលខ្ញុំគួរប្រើប្រាស់ (ម្តងៗ)នោះ។ ទើប​ បុក្កុសមល្លបុត្ត បង្អោន​នូវសំពត់ ដែលមានសាច់មដ្ឋ​១គូ មានសម្បុរដូចមាសសិង្គី ដែលគួរប្រើប្រាស់ (ម្តងៗ)នោះ ចំពោះ​ព្រះមានព្រះភាគ បពិត្រព្រះអង្គដ៏ចំរើន សំពត់​ដែលមានសាច់មដ្ឋ១គូ មានសម្បុរដូចមាសសិង្គីនេះ ជា​សំពត់ដែល ខ្ញុំព្រះអង្គប្រើប្រាស់ (ម្តងៗ) បពិត្រព្រះអង្គដ៏ចំរើន សូម​ព្រះមានព្រះភាគ ទទួលនូវសំពត់នោះ ដោយអាស្រ័យ​នូវ​សេចក្តីអនុគ្រោះ ដល់ខ្ញុំព្រះអង្គចុះ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលបុក្កុសៈ បើដូច្នោះ អ្នកចូរឲ្យសំពត់១ មកតថាគត ឲ្យសំពត់១ ទៅអានន្ទចុះ។ បុក្កុសមល្លបុត្ត ទទួល​ព្រះ​បន្ទូល​នៃព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ ហើយក៏ថ្វាយសំពត់១ ទៅ​ព្រះមានព្រះភាគ ប្រគេនសំពត់១ ទៅព្រះអានន្ទមានអាយុ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ញុំាងបុក្កុសមល្លបុត្ត ឲ្យឃើញ​ច្បាស់ ឲ្យកាន់យក ឲ្យអាច​ហាន ឲ្យរីករាយ ដោយធម្មីកថា។ គ្រានោះ បុក្កុសមល្លបុត្ត កាលដែល​ព្រះមានព្រះភាគ ទ្រង់​ឲ្យឃើញ​ច្បាស់ ឲ្យកាន់យក ឲ្យអាច​ហាន ឲ្យរីករាយ ដោយធម្មីកថាហើយ ក៏ក្រោក​ចាក​អាសនៈ ថ្វាយបង្គំព្រះមានព្រះភាគ ធ្វើប្រទក្សិណ ចេញទៅ។

[១២២] លុះបុក្កុសមល្លបុត្ត ចេញទៅមិនទាន់យូរប៉ុន្មាន ព្រះអានន្ទដ៏មានអាយុ ក៏​យកសំពត់​ដែលមានសាច់មដ្ឋ១គូ មានសម្បុរដូចមាសសិង្គី ដែលគួរប្រើប្រាស់ (ម្តងៗ) នោះ ទៅបំពាក់ព្រះកាយ​នៃ​ព្រះមានព្រះភាគ។ ឯសំពត់ដែលព្រះអានន្ទយកទៅបំពាក់​ព្រះកាយនៃព្រះមានព្រះភាគនោះ (ក៏អាប់សម្បុរ) ប្រាកដដូចជារងើកភ្លើង ដែលប្រាស​ចាក​អណ្តាតភ្លើង។ គ្រានោះ ព្រះអានន្ទដ៏មានអាយុ ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះ​ថា បពិត្រព្រះអង្គដ៏ចំរើន ហេតុនេះ ជាអស្ចារ្យពេកណាស់ បពិត្រព្រះអង្គដ៏ចំរើន ហេតុនេះចំឡែកពេកណាស់ បពិត្រព្រះអង្គដ៏ចំរើន ព្រះឆវិវណ្ណរបស់​ព្រះតថាគត ស្អាត​បរិសុទ្ធ ផូរផង់ដល់ម្ល៉ោះ បពិត្រព្រះអង្គដ៏ចំរើន សំពត់ដែលមានសាច់មដ្ឋ១គូ មានសម្បុរ​ដូចមាសសិង្គី ដែលគួរប្រើប្រាស់ (ម្តងៗ)នោះ ដែលខ្ញុំព្រះអង្គ យកទៅបំពាក់ព្រះកាយ​នៃ​ព្រះមានព្រះភាគ (ក៏អាប់សម្បុរ) ប្រាកដដូចជារងើកភ្លើង ដែលប្រាសចាកអណ្តាត​ភ្លើង។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលអានន្ទ ហេតុនេះយ៉ាងនេះឯង ម្នាលអានន្ទ កាយ​តថាគតស្អាត ឆវិវណ្ណក៏​បរិសុទ្ធ ផូរផង់ក្រៃពេក ក្នុងកាលទាំងពីរ កាលទាំងពីរ តើដូចម្តេច ម្នាលអានន្ទ កាលតថាគតបានត្រាស់ដឹងនូវអនុត្តរសម្មាសម្ពោធិញ្ញាណ ក្នុងរាត្រីណា១ កាល​តថាគតបរិនិព្វានដោយអនុបាទិសេសនិព្វានធាតុ ក្នុងរាត្រីណា១ ម្នាលអានន្ទ កាយ​តថាគតស្អាត ឆវិវណ្ណក៏បរិសុទ្ធ ផូរផង់ក្រៃពេក ក្នុងកាលទាំងពីរនេះឯង ម្នាលអានន្ទ ក្នុងយាមជាទីបំផុតនៃរាត្រីនេះឯង បរិនិព្វាននឹងមានដល់តថាគត ក្នុងចន្លោះនៃដើម​សាលព្រឹក្សទាំងគូ ក្នុងសាលវ័នរបស់ពួកមល្លក្សត្រិយ៍ ដែលជាទីចូលទៅក្នុង​ក្រុង​កុសិនារា ម្នាលអានន្ទ មកយើងនឹងទៅកាន់​ស្ទឹង​កកុធៈ។ ព្រះអានន្ទដ៏មានអាយុ ទទួល​ព្រះបន្ទូលព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ។

[១២៣] បុក្កុសមល្លបុត្ត ថ្វាយនូវសំពត់មានសាច់មដ្ឋមួយគូ មានសម្បុរដូច​មាសសិង្គី (ចំពោះ​ព្រះសាស្តា) ព្រះសាស្តាដែលព្រះអានន្ទនោះថ្វាយ ឲ្យទ្រង់​សាដក​ហើយក៏មានសម្បុរដូចព្រះចន្ទល្អរុងរឿង។

[១២៤] គ្រានោះ ព្រះមានព្រះភាគ ទ្រង់ស្តេចចូលទៅកាន់​ស្ទឹង​កកុធៈ ព្រម​ដោយ​ភិក្ខុសង្ឃជាច្រើន លុះចូលទៅដល់ហើយ ទ្រង់ស្តេចចុះកាន់ស្ទឹង​កកុធៈ ស្រង់ផង67) សោយ​ផង ហើយស្តេចត្រឡប់ឡើងវិញ ក៏ចូល​ទៅរកអម្ពវ័ន លុះចូលទៅដល់ហើយ ទ្រង់ត្រាស់ហៅ​ព្រះចុន្ទកៈមានអាយុ មកថា ម្នាលចុន្ទកៈ ចូរអ្នកក្រាលសង្ឃាដិមានជាន់៤ ឲ្យតថាគត​ដោយ​​ឆាប់ ម្នាលចុន្ទកៈ តថាគតល្ហិតល្ហៃណាស់ តថាគតនឹងសិង។ ព្រះចុន្ទកៈ​មាន​អាយុ ទទួលព្រះបន្ទូល​ព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ ហើយក៏ក្រាលសង្ឃាដិ មាន​ជាន់​៤ថ្វាយ។ ទើបព្រះមានព្រះភាគ ទ្រង់សម្រេចសីហសេយ្យា ផ្អៀងទៅខាងស្តាំ ទ្រង់​យក​ព្រះបាទឆ្វេង តម្រួតលើព្រះបាទស្តាំ ទ្រង់មានព្រះសតិ និងសម្បជញ្ញៈ ធ្វើទុក​ក្នុង​ព្រះទ័យនូវឧដ្ឋានសញ្ញា (សេចក្តីសំគាល់​ថានឹងក្រោកឡើងវិញ)។ ឯព្រះចុន្ទកៈ​មាន​អាយុ ក៏អង្គុយចំពោះ​ព្រះភក្ត្រនៃព្រះមានព្រះភាគ ក្នុងទីនោះឯង។

[១២៥] ព្រះពុទ្ធ ទ្រង់ស្តេចទៅកាន់ស្ទឹងកកុធៈ ដែលមានទឹកថ្លា មានទឹកមានរស​ជាតិ មានទឹកស្អាត ព្រះតថាគតថាសាស្តា ឥតមានបុគ្គលប្រៀបផ្ទឹមក្នុងលោក ទ្រង់មិន​លំបាកព្រះកាយ ស្តេចចុះ (កាន់ស្ទឹង)។ ព្រះសាស្តាទ្រង់ស្រង់ផង ទ្រង់សោយផង នូវ​ទឹកនោះ ហើយគង់ក្នុងទីកណ្តាលនៃពួកភិក្ខុ ដែលគាល់​ព្រះមានព្រះភាគ ជាសាស្តា ជា​មហេសី (អ្នកស្វែងរកគុណធំ) ព្រះអង្គញុំាង​ធម៌ឲ្យប្រព្រឹត្តទៅក្នុងសាសនានេះ ទ្រង់​ស្តេច​ចូលទៅកាន់អម្ពវ័ន។ ទ្រង់ត្រាស់ហៅចុន្ទកភិក្ខុមកថា អ្នកចូរក្រាលសង្ឃាដិ មានជាន់៤ ឲ្យ​តថាគតដោយឆាប់ តថាគតនឹងសិង ព្រះចុន្ទកៈភិក្ខុនោះ កាលដែលព្រះសាស្តា មាន​ព្រះអង្គចំរើនហើយ ទ្រង់ត្រាស់បង្គាប់ហើយ ក៏ក្រាលសង្ឃាដិ មានជាន់៤ ថ្វាយដោយ​ប្រញាប់ ព្រះសាស្តាមិនលំបាកព្រះកាយទ្រង់​ផ្ទំហើយ ឯព្រះចុន្ទកភិក្ខុ ក៏អង្គុយគាល់​ចំពោះ​ព្រះភក្ត្រ​ក្នុងទីនោះ។

[១២៦] គ្រានោះ ព្រះមានព្រះភាគ បានត្រាស់ហៅព្រះអានន្ទមានអាយុមកថា ម្នាលអានន្ទ​ បើមានបុគ្គលណាមួយ ញុំាងសេចក្តីក្តៅក្រហាយស្តាយក្រោយ ឲ្យកើត​ឡើង ដល់​ចុន្ទកម្មារបុត្តថា ម្នាលអាវុសោចុន្ទៈ អ្នកពេញហៅជាមនុស្សឥតលាភ អត្តភាព​ជា​មនុស្ស ក៏អ្នកបានដោយអាក្រក់ ព្រោះព្រះតថាគត សោយបច្ឆិមបិណ្ឌបាតរបស់​អ្នក​ហើយទ្រង់បរិនិព្វាន ម្នាលអានន្ទ អ្នកគប្បីបន្ទោបង់សេចក្តី​ក្តៅក្រហាយ​ស្តាយក្រោយ របស់ចុន្ទកម្មារបុត្តយ៉ាងនេះថា ម្នាលអាវុសោចុន្ទៈ អ្នកពេញហៅជាមនុស្ស​មានលាភ អត្តភាពជាមនុស្ស អ្នកបានដោយប្រពៃហើយ ព្រោះថាព្រះតថាគត ទ្រង់សោយ​បច្ឆិម​បិណ្ឌបាតរបស់អ្នក ហើយទ្រង់បរិនិព្វាន ម្នាលអាវុសោចុន្ទៈ ពាក្យនេះ យើងបានស្តាប់​ បានទទួលចំពោះព្រះភក្ត្រនៃព្រះមានព្រះភាគ ដូច្នេះថា ចង្ហាន់បិណ្ឌបាតទាំងពីរ​នេះ មានផលស្មើៗគ្នា មានវិបាកស្មើៗគ្នា មានផលច្រើនផង មានអានិសង្សច្រើនផង ក្រៃលែង​ជាងចង្ហាន់​បិណ្ឌបាតដទៃ។ ចង្ហាន់​បិណ្ឌបាតទាំងពីរ តើដូចម្តេច។ គឺព្រះតថាគត ទ្រង់​សោយ​ចង្ហាន់​បិណ្ឌបាតណា ហើយទ្រង់បានត្រាស់ដឹង នូវអនុត្តរសម្មាសម្ពោធិញ្ញាណ១ ព្រះតថាគត ទ្រង់សោយចង្ហាន់បិណ្ឌបាតណា ហើយទ្រង់បរិនិព្វានដោយអនុបាទិសេស​និព្វានធាតុ១ ចង្ហាន់បិណ្ឌបាតទាំងពីរនេះឯង មានផលស្មើៗគ្នា មានវិបាកស្មើៗគ្នា មាន​ផល​ច្រើនផង មានអានិសង្សច្រើនផង ក្រៃលែងជាងចង្ហាន់​បិណ្ឌបាតដទៃ បុញ្ញកម្មដែល​ញុំាង​អាយុឲ្យប្រព្រឹត្តទៅ ចុន្ទកម្មារបុត្តមានអាយុ ក៏បាន​សន្សំហើយ បុញ្ញកម្មដែលញុំាង​សម្បុរ ឲ្យប្រព្រឹត្តទៅ ចុន្ទកម្មារបុត្តមានអាយុ ក៏បានសន្សំហើយ បុញ្ញកម្មដែលញុំាង​សេចក្តី​សុខឲ្យប្រព្រឹត្តទៅ។បេ។ ញុំាងយសឲ្យប្រព្រឹត្តទៅ។បេ។ ញុំាងឋាន​សួគ៌​ឲ្យ​ប្រព្រឹត្ត​ទៅ។បេ។ ញុំាង​ភាវៈជាធំ ឲ្យប្រព្រឹត្តទៅ ចុន្ទកម្មារបុត្តមានអាយុ ក៏បានសន្សំហើយ ម្នាល​អានន្ទ អ្នកគប្បីបន្ទោបង់​សេចក្តីក្តៅក្រហាយ ស្តាយក្រោយរបស់ចុន្ទកម្មារបុត្ត យ៉ាងនេះ​ឯង។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់នូវសេចក្តីនេះហើយ ទ្រង់បន្លឺនូវ​ឧទាន​គាថានេះ ក្នុងវេលានោះថា

[១២៧] បុណ្យ រមែងចំរើនដល់អ្នកឲ្យទាន វេរាមិនចំរើនដល់បុគ្គល​អ្នក​សង្រួម បុគ្គល​អ្នកឈ្លាស (បរិបូណ៌ដោយញាណ) រមែងលះបង់ នូវអំពើ​លាមកបាន បុគ្គល​នោះ ក៏បរិនិព្វាន ព្រោះអស់រាគៈ ទោសៈ មោហៈ។

ចប់ ពុទ្ធភាណវារៈ ទី៤។

ពុទ្ធភាណវារៈ ទី៥

[១២៨] គ្រានោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅព្រះអានន្ទ​មានអាយុ​មកថា ម្នាលអានន្ទ មក យើងនឹងទៅកាន់ត្រើយ​ខាងនាយនៃស្ទឹង​ហិរញ្ញវតី នឹងចូល​ទៅកាន់​សាលវ័ន របស់ពួកមល្លក្សត្រ ដែលជាទីចូលទៅ​ក្នុងក្រុងកុសិនារា។ ព្រះអានន្ទ​មានអាយុ ទទួលព្រះបន្ទូលនៃព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ។ ទើប​ព្រះមានព្រះភាគ ទ្រង់​ស្តេច​ទៅកាន់ត្រើយ​ខាងនាយ នៃស្ទឹង​ហិរញ្ញវតី នឹងចូល​ទៅកាន់សាលវ័ន របស់ពួក​មល្លក្សត្រ ដែលជាទីចូលទៅ ក្នុងក្រុងកុសិនារា ព្រមដោយភិក្ខុសង្ឃជាច្រើន លុះចូលទៅដល់ហើយ ទ្រង់ត្រាស់នឹងព្រះអានន្ទ​មានអាយុថា ម្នាលអានន្ទ ចូរអ្នក​រៀបចំ​គ្រែ ឲ្យមានក្បាលដំណេកបែរទៅទិសខាងជើង ក្នុងចន្លោះនៃដើមសាលព្រឹក្សទាំងគូ ឲ្យ​តថាគតដោយឆាប់ ម្នាលអានន្ទ តថាគតមានកាយល្ហិតល្ហៃណាស់ តថាគតនឹងសិង។ ព្រះអានន្ទ​មានអាយុ ទទួលព្រះបន្ទូលនៃព្រះមានព្រះភាគ​ថា ព្រះករុណាព្រះអង្គ ហើយ​រៀបចំគ្រែ ឲ្យមានក្បាលដំណេកបែរទៅទិសខាងជើង ក្នុងចន្លោះ​ដើមសាលព្រឹក្ស​ទាំងគូថ្វាយ គ្រានោះ ព្រះមានព្រះភាគ មានព្រះសតិសម្បជញ្ញៈ ទ្រង់សម្រេច​សីហសេយ្យា ផ្អៀងទៅខាងស្តាំ ទ្រង់យកព្រះបាទឆ្វេង តម្រួតលើព្រះបាទស្តាំ។

[១២៩] សម័យនោះឯង សាលព្រឹក្សទាំងគូ ក៏មានផ្ការីកស្គុះស្គាយទាំងអស់ (តាំង​ពីគល់ ដល់ចុង) ដោយអកាលបុប្ផា (ផ្កាពុំជួកាល) សាលព្រឹក្សទាំងគូនោះ ក៏រោយរាយ បាចសាច (នូវផ្កា) លើសរីរៈព្រះតថាគត ដើម្បីបូជាព្រះតថាគត សូម្បីមន្ទារវបុស្ប (ផ្កា​មន្ទារវៈ) ជាទិព្វ ក៏ធ្លាក់ចុះមកអំពីអាកាស ផ្កាទាំងនោះ ក៏រោយរាយ បាចសាច លើសរីរៈ​ព្រះតថាគត ដើម្បីបូជាព្រះតថាគត។ ទាំងលំអិតខ្លឹមចន្ទន៍ជាទិព្វ ក៏ធ្លាក់ចុះមកអំពី​អាកាស លំអិតទាំងនោះ ក៏រោយរាយ បាចសាច លើសរីរៈព្រះតថាគត ដើម្បី​បូជា​ព្រះតថាគត។ ទាំងតូរ្យតន្ត្រីជាទិព្វ ក៏លាន់ឮឯអាកាស ដើម្បីបូជាព្រះតថាគត។ ទាំង​ចម្រៀងជាទិព្វ ក៏លាន់ឮឯអាកាស ដើម្បីបូជាព្រះតថាគត។ ទើបព្រះមានព្រះភាគ ទ្រង់​ត្រាស់នឹងព្រះអានន្ទ​មានអាយុថា ម្នាលអានន្ទ សាលព្រឹក្សទាំងគូ មាន​ផ្កា​រីក​ស្គុះស្គាយ​ទាំងអស់ (តាំង​ពីគល់ ដរាបដល់ចុង) ដោយអកាលបុប្ផា រោយរាយ បាចសាច លើសរីរៈតថាគត ដើម្បីបូជាតថាគត ទាំងផ្កា​មន្ទារវៈជាទិព្វ ធ្លាក់ចុះអំពីអាកាស ផ្កាទាំងនោះ រោយរាយ បាចសាច លើសរីរៈតថាគត ដើម្បីបូជាតថាគត ទាំង​លំអិត​ខ្លឹម​ចន្ទន៍​ជាទិព្វ ធ្លាក់ចុះអំពី​អាកាស លំអិតទាំងនោះ រោយរាយ បាចសាច លើសរីរៈ​តថាគត ដើម្បី​បូជា​តថាគត ទាំងតូរ្យតន្ត្រីជាទិព្វ ក៏លាន់ឮឯអាកាស ដើម្បីបូជាតថាគត ទាំង​ចម្រៀង​ជាទិព្វ ក៏លាន់ឮឯអាកាស ដើម្បីបូជាតថាគត ម្នាលអានន្ទ ព្រះតថាគត មិនបានឈ្មោះថា បរិសទ្យធ្វើសក្ការៈក្តី គោរពក្តី រាប់អានក្តី បូជាក្តី និងកោតក្រែងក្តី ដោយ​ហេតុមានប្រមាណប៉ុណ្ណេះឡើយ ម្នាលអានន្ទ បុគ្គលណាមួយ ទោះបី​ភិក្ខុក្តី ភិក្ខុនីក្តី ឧបាសកក្តី ឧបាសិកាក្តី ជាអ្នកប្រតិបត្តិនូវធម៌ សមគួរដល់ធម៌ ប្រតិបត្តិ​ដោយ​សេចក្តីកោតក្រែង ប្រព្រឹត្តតាមធម៌ បុគ្គលនោះ ឈ្មោះថា ធ្វើសក្ការៈ គោរព រាប់អាន បូជា​តថាគត ដោយគ្រឿង​បូជាដ៏ឧត្តម ម្នាលអានន្ទ ព្រោះហេតុនោះ បរិសទ្យ​ក្នុងសាសនា​នេះ គប្បីសិក្សាថា យើងទាំងឡាយ នឹងប្រតិបត្តិនូវធម៌ សមគួរដល់ធម៌ ប្រតិបត្តិដោយ​សេចក្តី​កោតក្រែង ប្រព្រឹត្តតាមធម៌ ម្នាលអានន្ទ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះឯង។

[១៣០] សម័យនោះឯង ឧបវាណភិក្ខុមានអាយុ ឋិតនៅចំពោះ​ព្រះភក្ត្រ​នៃ​ព្រះមាន​ព្រះភាគ កំពុងបក់ថ្វាយព្រះមានព្រះភាគ។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់​បណ្តេញ​ឧបវាណមានអាយុថា ម្នាលភិក្ខុ អ្នកចូរចៀសចេញ អ្នកកុំឋិតនៅខាង​មុខ​តថាគត​ឡើយ។ គ្រានោះ ព្រះអានន្ទមានអាយុ មានសេចក្តីត្រិះរិះ​ដូច្នេះថា ព្រះឧបវាណ​មាន​អាយុនេះ ជាឧបដ្ឋាកធ្លាប់នៅជិត ដើរជិតព្រះមានព្រះភាគ ជាយូរហើយ ទើបតែក្នុង​បច្ឆិមកាល (នេះ) ព្រះមានព្រះភាគ ទ្រង់បណ្តេញឧបវាណ​មានអាយុថា ម្នាលភិក្ខុ អ្នក​ចូរ​ចៀសចេញ អ្នកកុំឋិតនៅខាងមុខតថាគតឡើយ ដូច្នេះ មានហេតុដូចម្តេច មានបច្ច័យ​ដូចម្តេច បានជាព្រះមានព្រះភាគ ទ្រង់បណ្តេញឧបវាណ​មានអាយុថា ម្នាលភិក្ខុ អ្នក​ចូរ​ចៀស​ចេញ អ្នកកុំឋិតនៅខាងមុខតថាគតឡើយ។ ទើប​ព្រះ​អានន្ទមានអាយុ ក្រាបបង្គំ​ទូល​ព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ព្រះឧបវាណមានអាយុនេះ ជា​ឧបដ្ឋាកនៅជិត ដើរជិតព្រះមានព្រះភាគ ជា​យូរ​ហើយ ទើបតែក្នុងបច្ឆិមកាល (នេះ) ព្រះមានព្រះភាគ ទ្រង់បណ្តេញឧបវាណ​មាន​អាយុ​ថា ម្នាលភិក្ខុ អ្នកចូរចៀសចេញ អ្នក​កុំឋិតនៅខាងមុខតថាគតឡើយ ដូច្នេះ បពិត្រព្រះអង្គដ៏ចំរើន មានហេតុដូចម្តេច មាន​បច្ច័យ​ដូចម្តេច បានជា​ព្រះមានព្រះភាគ ទ្រង់បណ្តេញឧបវាណ​មានអាយុថា ម្នាលភិក្ខុ អ្នកចូរចៀសចេញ អ្នកកុំឋិត​នៅ​ខាង​មុខ​តថាគតឡើយ ដូច្នេះ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលអានន្ទ ទេវតាក្នុងលោកធាតុទាំង​១០ ប្រជុំគ្នា ដើម្បីមើលតថាគតដោយច្រើន ម្នាល​អានន្ទ សាលវ័ន​របស់ពួក​មល្លក្សត្រិយ៍ ដែល​ជាទីចូល​ទៅក្នុងក្រុងកុសិនារា មានចំនួន​១២​យោជន៍​ដោយជុំវិញ មានកំណត់​ត្រឹម​ណា ប្រទេសនោះ សូម្បីគ្រាន់តែល្មមចាក់​ដោយ​ចុង​បំផុតនៃសក់ ដែលទេវតា​មានស័ក្តិធំ មិនបានពាល់ត្រូវ មិនមានឡើយ ម្នាលអានន្ទ ពួកទេវតាពោលទោសថា ពួកយើងមក​អំពី​ចម្ងាយ ដើម្បីឃើញព្រះតថាគត ៗ ជាព្រះ​អរហន្ត សម្មាសម្ពុទ្ធ កើតឡើង​ក្នុងលោក មាន​ម្តងៗ ក្នុងបច្ឆិមយាមនៃរាត្រីថ្ងៃនេះឯង បរិនិព្វាន នឹងមានដល់ព្រះតថាគត ក៏ភិក្ខុមានស័ក្តិធំនេះ មកឈររាំងនៅ​ចំព្រះភក្ត្រ​នៃ​ព្រះមានព្រះភាគ ពួកយើង​មិនបាន​ឃើញ​ព្រះតថាគត ក្នុងបច្ឆិមកាលឡើយ។ ព្រះអានន្ទ ក្រាបបង្គំទូលសួរថា បពិត្រព្រះមានព្រះភាគដ៏ចំរើន ចុះពួកទេវតា ធ្វើទុកក្នុងចិត្ត​ដូច​ម្តេច។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលអានន្ទ មានពួកទេវតា (ខ្លះ) សំគាល់ផែនដី​ក្នុង​អាកាស (និម្មិត​ផែនដី​ក្នុងអាកាស) រំសាយកេសា កន្ទក់កន្ទេញ ផ្គងនូវកំភួនដៃឡើង កន្ទក់កន្ទេញ ផ្តួលខ្លួន បម្រះននៀលទៅមក បីដូចជាមានជើងដាច់ហើយថា ព្រះមាន​ព្រះភាគ នឹងបរិនិព្វាន​ឆាប់ម្ល៉េះ ព្រះសុគត នឹងបរិនិព្វាន​ឆាប់ម្ល៉េះ ព្រះសម្ពុទ្ធ មានចក្ខុ​ក្នុង​លោក នឹងសូន្យ​បាត់ទៅឆាប់ម្ល៉េះ ម្នាលអានន្ទ មានពួកទេវតា (ខ្លះ) សំគាល់ផែនដី​ក្នុង​ផែន​ដី (និម្មិត​ផែនដី​ប្រក្រតីឲ្យជាផែនដីទិព្វ) រំសាយកេសា កន្ទក់កន្ទេញ ផ្គងកំភួនដៃ​ឡើង កន្ទក់កន្ទេញ ផ្តួលខ្លួន បម្រះននៀលទៅមក បីដូចមានជើងដាច់ហើយថា ព្រះមាន​ព្រះភាគ នឹង​បរិនិព្វាន​​ឆាប់ពេកណាស់ ព្រះសុគត នឹងបរិនិព្វាន​ឆាប់ពេកណាស់ ព្រះ​សម្ពុទ្ធ មាន​ចក្ខុក្នុងលោក នឹងសូន្យ​បាត់ទៅឆាប់ពេកណាស់ ឯពួកទេវតាណា ដែល​មិន​មាន​​រាគៈ ពួក​ទេវតានោះ មានសតិ និងសម្បជញ្ញៈ អត់សង្កត់សេចក្តី​សោកបាន ដោយ​គិត​ថា សង្ខារ​ទាំងឡាយ មិនទៀង ព្រោះហេតុ​នោះ បុគ្គលគប្បីបាននូវ​សេចក្តីទៀងទាត់ ក្នុង​ខន្ធ​បវត្តិនេះអំពីណា។

[១៣១] ព្រះអានន្ទ ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន កាលពីដើម ពួកភិក្ខុ​នៅចាំ​វស្សា ក្នុងទិសទាំងឡាយ រួចហើយតែងមកដើម្បីគាល់​ព្រះតថាគត យើងខ្ញុំ​ព្រះអង្គ តែងបានជួបនឹងពួកភិក្ខុអ្នកចំរើនដោយចិត្ត ធ្លាប់បានចូលទៅអង្គុយជិតគ្នា បពិត្រ​ព្រះអង្គ​ដ៏ចំរើន លុះអំណើះឥតនឹងព្រះមានព្រះភាគទៅ យើងខ្ញុំព្រះអង្គ នឹងលែង​បាន​ជួប លែងបានចូលទៅអង្គុយ​ជិតពួកភិក្ខុ អ្នកចំរើន​ដោយចិត្តហើយ។ ព្រះអង្គ ទ្រង់​ត្រាស់​ថា ម្នាលអានន្ទ សំវេជនីយដ្ឋាន (ទីដែលគួរកើតសង្វេគ) ដែលគួរ​ឃើញ របស់​កុលបុត្ត អ្នកមានសទ្ធានេះ៤កន្លែង។ សំវេជនីយដ្ឋាន៤កន្លែង តើដូចម្តេច។ ម្នាលអានន្ទ សំវេជនីយដ្ឋាន ដែលគួរ​ឃើញ របស់​កុលបុត្ត អ្នកមានសទ្ធា ដោយរឭកឃើញថា ព្រះតថាគត ប្រសូតក្នុងទីនេះដូច្នេះ១ ម្នាលអានន្ទ សំវេជនីយដ្ឋាន ដែលគួរឃើញ របស់​កុលបុត្តអ្នកមានសទ្ធា ដោយរឭកឃើញថា ព្រះតថាគត ត្រាស់ដឹងនូវអនុត្តរ​សម្មាសម្ពោ​ធិញ្ញាណ ក្នុងទីដូច្នេះ១ ម្នាលអានន្ទ សំវេជនីយដ្ឋាន ដែលគួរឃើញ របស់កុលបុត្ត​អ្នក​មានសទ្ធា ដោយរឭកឃើញថា ព្រះតថាគត បានសំដែងនូវ​អនុត្តរធម្មចក្ក ក្នុងទីនេះ​ដូច្នេះ១ ម្នាលអានន្ទ សំវេជនីយដ្ឋាន ដែលគួរឃើញ របស់កុលបុត្ត​អ្នក​មានសទ្ធា ដោយរឭកឃើញថា ព្រះតថាគតបរិនិព្វាន ដោយអនុបាទិសេសនិព្វានធាតុ ក្នុងទី​នេះ​ដូច្នេះ១ ម្នាលអានន្ទ នេះឯង សំវេជនីយដ្ឋាន ដែលគួរឃើញ ៤កន្លែង របស់កុលបុត្ត​អ្នក​មានសទ្ធា ម្នាលអានន្ទ ពួកភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា អ្នកមានសទ្ធា នឹងមក​ដោយ​រឭក​ឃើញថា ព្រះតថាគត ប្រសូតក្នុងទីនេះ ដូច្នេះក្តី ព្រះតថាគតត្រាស់ដឹងនូវ​អនុត្តរ​សម្មាសម្ពោធិញ្ញាណក្នុងទីនេះដូច្នេះក្តី ព្រះតថាគត សំដែង​នូវអនុត្តរធម្មចក្កក្នុងទីនេះ ដូច្នេះក្តី ព្រះតថាគត បរិនិព្វានដោយអនុបាទិសេសនិព្វានធាតុក្នុងទីនេះ ដូច្នេះក្តី ម្នាលអានន្ទ ពួកជនណាមួយ នឹងបានដើរមកកាន់ទីចារិកនៃចេតិយ ក៏មានចិត្តជ្រះថ្លា បើប្រសិនជាធ្វើមរណកាលទៅ ពួកជនទាំងអស់នោះ លុះមានរាងកាយបែកធ្លាយទៅ ខាងមុខបន្ទាប់អំពីសេចក្តីស្លាប់ នឹងចូលទៅកាន់លោក គឺមនុស្សសុគតិ និងឋានសួគ៌។

[១៣២] ព្រះអានន្ទក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន ចុះខ្ញុំព្រះអង្គ​ទាំង​ឡាយ ត្រូវប្រតិបត្តិក្នុងមាតុគ្រាមដូចម្តេច។ ព្រះអង្គ ត្រាស់ថា ម្នាលអានន្ទ ត្រូវកុំមើល។ បពិត្រព្រះមានព្រះភាគ កាលបើមើលហើយ គប្បីប្រតិបត្តិដូចម្តេច។ ម្នាលអានន្ទ ត្រូវ​កុំ​និយាយរក។ បពិត្រព្រះអង្គដ៏ចំរើន កាលបើនិយាយរកហើយ គប្បីប្រតិបត្តិដូចម្តេច​ទៀត។ ម្នាលអានន្ទ គប្បីតាំងសតិឲ្យមាំ។

[១៣៣] បពិត្រព្រះអង្គដ៏ចំរើន ចុះខ្ញុំព្រះអង្គទាំងឡាយ ត្រូវប្រតិបត្តិក្នុងសរីរៈ​ព្រះតថាគតដូចម្តេច។ ម្នាលអានន្ទ អ្នកទាំងឡាយ កុំខ្វល់ខ្វាយ ដើម្បីបូជាសរីរៈ​តថាគត​ឡើយ ម្នាលអានន្ទ អ្នកទាំងឡាយ ចូរខំព្យាយាម ក្នុងប្រយោជន៍​របស់ខ្លួនចុះ68) ចូរខ្មីឃ្មាត សង្វាតក្នុងប្រយោជន៍របស់ខ្លួនចុះ កុំប្រមាទក្នុង​ប្រយោជន៍របស់ខ្លួន ចូរមានព្យាយាម មានចិត្តបញ្ជូនទៅ (កាន់​ព្រះនិព្វាន) ចុះ ម្នាលអានន្ទ គង់តែមានខត្តិយបណ្ឌិតក្តី ព្រាហ្មណបណ្ឌិតក្តី គហបតីបណ្ឌិតក្តី ជ្រះថ្លា​ក្នុង​តថាគត គេនឹងធ្វើការបូជាសរីរៈតថាគតមិនខាន។ បពិត្រព្រះអង្គដ៏ចំរើន ចុះជនទាំង​ឡាយនោះ គប្បីប្រតិបត្តិ​ក្នុងសរីរៈព្រះតថាគតដូចម្តេច។ ម្នាលអានន្ទ ជនទាំងឡាយ តែងប្រតិបត្តិ​ក្នុងសរីរៈព្រះចក្រពត្តិរាជ យ៉ាងណាមិញ ជនទាំងនោះ គប្បីប្រតិបត្តិ​ក្នុង​សរីរៈ​តថាគតយ៉ាងនោះដែរ។ បពិត្រព្រះអង្គដ៏ចំរើន ចុះជនទាំងនោះ ប្រតិបត្តិ​ក្នុងសរីរៈព្រះចក្រពត្តិរាជ ដូចម្តេច។ ម្នាលអានន្ទ ជនទាំងឡាយ រុំសរីរៈព្រះចក្រពត្តិរាជ ដោយសំពត់ថ្មី លុះរុំដោយសំពត់ថ្មីរួចហើយ ទើបរុំដោយសំឡី លុះរុំដោយសំឡីរួចហើយ ក៏រុំដោយសំពត់ថ្មី (ថែមទៀត) រុំសរីរៈនៃចក្រពត្តិរាជ ដោយសំពត់៥០០គូ ដោយ​ទំនង​នេះ ហើយតំកល់ក្នុងមឈូសមាស69) ដែលដាក់ប្រេង ហើយគ្របដោយមឈូសមាសដទៃ70) រួចធ្វើជើងថ្ករ ហើយថ្វាយព្រះភ្លើង ចំពោះសរីរៈព្រះចក្រពត្តិរាជ ដោយគ្រឿង​ក្រអូបគ្រប់យ៉ាង ហើយគេធ្វើស្តូប នៃព្រះចក្រពត្តិរាជ ក្នុងផ្លូវ​ធំបែក​ជា៤ ម្នាលអានន្ទ ជនទាំងឡាយ ប្រតិបត្តិក្នុងសរីរៈ​ព្រះរាជាចក្រពត្តិយ៉ាងនេះឯង ម្នាល​អានន្ទ ជនទាំងឡាយ ប្រតិបត្តិក្នុងសរីរៈ​ព្រះចក្រពត្តិរាជយ៉ាងណាមិញ ជនទាំងនោះ គប្បី​ប្រតិបត្តិ​ក្នុងសរីរៈ​តថាគត គប្បីធ្វើស្តូបរបស់តថាគត ក្នុងផ្លូវធំបែកជា៤យ៉ាងនោះចុះ ពួកជនណានឹងលើកឡើងនូវកម្រងផ្កាក្តី គ្រឿងក្រអូបក្តី គ្រឿងលំអិតក្តី ឬនឹងថ្វាយបង្គំ ឬធ្វើចិត្ត​ឲ្យជ្រះថ្លា ក្នុងស្តូបនោះ អំពើនោះ របស់​ជនទំាងនោះ នឹងនាំមកនូវប្រយោជន៍ និង​សេចក្តីសុខអស់កាលយូរ។

[១៣៤] ម្នាលអានន្ទ ថូបារហបុគ្គល (បុគ្គលដែលគួរដល់ស្តូប) នេះ មាន៤ពួក។ ថូបារហបុគ្គល៤ពួក តើដូចម្តេចខ្លះ។ គឺព្រះតថាគត អរហន្តសម្មាសម្ពុទ្ធ ជាថូបារហបុគ្គល​១ ព្រះបច្ចេកពុទ្ធ ជាថូបារហបុគ្គល១ សាវ័ករបស់ព្រះតថាគត ជាថូបារហបុគ្គល១ ព្រះចក្រពត្តិរាជ ជាថូបារហបុគ្គល១។ ម្នាលអានន្ទ ព្រះតថាគត អរហន្តសម្មាសម្ពុទ្ធ ជាថូបារហបុគ្គល ព្រោះអាស្រ័យ​អំណាច​ប្រយោជន៍ដូចម្តេច។ ម្នាលអានន្ទ ពួកជនជាច្រើន ធ្វើចិត្តឲ្យជ្រះថ្លា ដោយសំគាល់​ថា នេះជាស្តូបរបស់​ព្រះមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធអង្គនោះ ពួកជនទាំងនោះ លុះធ្វើចិត្តឲ្យជ្រះថ្លា ក្នុងស្តូបនោះ លុះបែកធ្លាយរាងកាយទៅ ខាងមុខបន្ទាប់អំពីសេចក្តីស្លាប់ រមែង​ចូលទៅ​កាន់លោក គឺសុគតិ71) ឋានសួគ៌ ម្នាល​អានន្ទ ព្រះតថាគតអរហន្តសម្មាសម្ពុទ្ធ ជាថូបារហបុគ្គល ព្រោះអាស្រ័យ​អំណាច​ប្រយោជន៍​នេះឯង។ ម្នាល​អានន្ទ ព្រះបច្ចេកសម្ពុទ្ធ ជាថូបារហបុគ្គល ព្រោះអាស្រ័យ​អំណាច​ប្រយោជន៍ដូចម្តេច។ ម្នាលអានន្ទ ពួកជនជាច្រើន ធ្វើចិត្តឲ្យជ្រះថ្លា ដោយ​សំគាល់​​ថា នេះជាស្តូបរបស់​ព្រះបច្ចេកពុទ្ធអង្គនោះ ពួកជនទាំងនោះ លុះធ្វើចិត្ត​ឲ្យ​ជ្រះថ្លា ក្នុងស្តូបនោះ លុះបែកធ្លាយរាងកាយទៅ ខាងមុខបន្ទាប់អំពីសេចក្តីស្លាប់ រមែង​ចូលទៅ​កាន់លោក គឺសុគតិឋានសួគ៌ ម្នាល​អានន្ទ ព្រះបច្ចេកពុទ្ធ ជាថូបារហបុគ្គល ព្រោះអាស្រ័យ​អំណាច​ប្រយោជន៍​នេះឯង។ ម្នាល​អានន្ទ សាវ័ករបស់ព្រះតថាគត ជាថូបារហបុគ្គល ព្រោះអាស្រ័យ​អំណាច​ប្រយោជន៍ដូចម្តេច។ ម្នាលអានន្ទ ពួកជន​ជាច្រើន ធ្វើចិត្តឲ្យជ្រះថ្លា ដោយសំគាល់​ថា នេះជាស្តូបនៃសាវ័ក របស់​ព្រះមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធអង្គនោះ ពួកជនទាំងនោះ លុះធ្វើចិត្តឲ្យជ្រះថ្លា ក្នុងស្តូបនោះ លុះបែកធ្លាយរាងកាយទៅ ខាងមុខបន្ទាប់អំពីសេចក្តីស្លាប់ រមែង​ចូលទៅ​កាន់លោក គឺសុគតិ ឋានសួគ៌ ម្នាល​អានន្ទ សាវ័ករបស់ព្រះតថាគត ជាថូបារហបុគ្គល ព្រោះអាស្រ័យ​អំណាច​ប្រយោជន៍​នេះឯង។ ម្នាល​អានន្ទ ព្រះចក្រពត្តិរាជ ជាថូបារហបុគ្គល ព្រោះអាស្រ័យ​អំណាច​ប្រយោជន៍ដូចម្តេច។ ម្នាលអានន្ទ ពួកជនជាច្រើន ធ្វើចិត្ត​ឲ្យ​ជ្រះថ្លា ដោយសំគាល់​ថា នេះជាស្តូបរបស់​ព្រះធម្មរាជ ដែលទ្រង់​ធម៌នោះ ពួកជនទាំងនោះ លុះធ្វើចិត្តឲ្យជ្រះថ្លា ក្នុងស្តូបនោះ លុះបែកធ្លាយរាងកាយទៅ ខាងមុខបន្ទាប់អំពីសេចក្តីស្លាប់ រមែង​ចូលទៅ​កាន់លោក គឺសុគតិ ឋានសួគ៌ ម្នាល​អានន្ទ ព្រះចក្រពត្តិរាជ ជាថូបារហបុគ្គល ព្រោះអាស្រ័យ​អំណាច​ប្រយោជន៍​នេះឯង។ ម្នាល​អានន្ទ ថូបារហបុគ្គល មាន៤ពួកនេះឯង។

[១៣៥] គ្រានោះ​ ព្រះអានន្ទមានអាយុ ចូលទៅកាន់វិហារ ក៏តោងនូវឈើ មានសណ្ឋានដូចក្បាលស្វា (ត្រដោកទ្វារ) ឈរយំ រៀបរាប់ថា ឱអាត្មាអញ ជាសេក្ខបុគ្គល មានកិច្ចគួរធ្វើតទៅទៀតនៅឡើយ ក៏ព្រះសាស្តារបស់អាត្មា ដែលជាអ្នកអនុគ្រោះ ដល់​អាត្មាអញ នឹងទ្រង់បរិនិព្វាន។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ហៅភិក្ខុទាំងឡាយ​មកថា ម្នាលភិក្ខុទាំងឡាយ អានន្ទទៅណា។ ពួកភិក្ខុក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ព្រះ​អានន្ទមានអាយុ ចូលទៅកាន់​រោងសម្រាប់សម្រាកកាយ តោងត្រដោកទ្វារ ឈរយំរៀប​រាប់​ឯណោះថា ឱអាត្មាអញ នៅជាសេក្ខបុគ្គល មានកិច្ច​គួរធ្វើតទៅទៀតនៅឡើយ ព្រះសាស្តារបស់អាត្មា ដែលជាអ្នកអនុគ្រោះ ដល់​អាត្មាអញ នឹងទ្រង់បរិនិព្វាន។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ហៅភិក្ខុ១រូប​មកថា ម្នាលភិក្ខុ អ្នកចូរទៅ​ហៅ​អានន្ទ តាមពាក្យ​តថាគតថា ម្នាលអាវុសោអានន្ទ ព្រះសាស្តាទ្រង់ត្រាស់ឲ្យហៅអ្នក។ ភិក្ខុនោះ ទទួលព្រះបន្ទូលនៃព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ ហើយក៏ចូលទៅរក​ព្រះអានន្ទមានអាយុ លុះចូលទៅដល់ហើយ ក៏និយាយទៅនឹង​ព្រះអានន្ទមានអាយុ​ដូច្នេះថា ម្នាលអាវុសោអានន្ទ ព្រះសាស្តាទ្រង់ត្រាស់ឲ្យហៅអ្នក។ ព្រះអានន្ទមានអាយុ ទទួលពាក្យរបស់ភិក្ខុនោះថា អើអាវុសោ ហើយក៏ចូលទៅគាល់​នូវ​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះ​ព្រះអានន្ទមានអាយុ អង្គុយក្នុងទីសមគួរហើយ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះ​ថា ម្នាលអានន្ទ ណ្ហើយ អ្នកកុំសោយសោក កុំខ្សឹកខ្សួលឡើយ ម្នាលអានន្ទ តថាគត បាន​ប្រាប់អ្នកជាមុនហើយ យ៉ាងនេះថា សេចក្តីព្រាត់ប្រាស វិនាសប្រែប្រួល ចាកសត្វ និងសង្ខារ ជាទីស្រឡាញ់ ជាទីគាប់ចិត្តទាំងអស់ តែងមានជាធម្មតា ព្រោះហេតុនោះ បុគ្គល​គប្បីបាន​នូវសេចក្តី​មិនព្រាត់ប្រាសនោះ ក្នុងខន្ធប្បវត្តិនេះមកអំពីណា ធម្មជាត​ណាដែលកើតហើយ ដែលមានហើយ ដែលបច្ច័យ​តាក់តែងហើយ មានសេចក្តី​ទ្រោមទ្រុឌ ទៅជាធម្មតា ធម្មជាតនោះ បុគ្គលនឹងពោលឃាត់ថា កុំទ្រោមទ្រុឌទៅ ដូច្នេះ (​ដោយហេតុណា) ហេតុនុ៎ះ មិនមានឡើយ ម្នាលអានន្ទ ខ្លួនអ្នកបានបម្រើតថាគត មកជា​យូរអង្វែងហើយ ដោយកាយកម្មប្រកបដោយមេត្តា នាំមកនូវប្រយោជន៍​ និងសេចក្តីសុខ មិនមានចំណែកពីរ72) ជាកម្មប្រមាណមិនបាន ដោយវចីកម្មប្រកបដោយមេត្តា នាំមកនូវ​ប្រយោជន៍នឹងសេចក្តីសុខ មិនមានចំណែកពីរ ជាកម្មប្រមាណមិនបាន ដោយមនោកម្ម​ប្រកបដោយមេត្តា នាំមកនូវប្រយោជន៍ និងសេចក្តីសុខ មិនមានចំណែកពីរ ជាកម្មប្រមាណ​មិនបាន ម្នាលអានន្ទ ខ្លួនអ្នកជាបុគ្គល​បានធ្វើបុណ្យទុកហើយ ចូរ​ប្រកប​ព្យាយាមឲ្យរឿយៗចុះ នឹងបានជាបុគ្គលមិនមានអាសវៈដោយឆាប់។ ទើប​ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងពួកភិក្ខុថា ម្នាលភិក្ខុទាំងឡាយ ព្រះមានព្រះភាគ​ទាំង​ឡាយណា ជាអរហន្តសម្មាសម្ពុទ្ធ ដែល​មានក្នុងអតីតកាល ពួកភិក្ខុជាឧបដ្ឋាករបស់​ព្រះមានព្រះភាគទាំងនោះ មានកំណត់ដូច្នេះឯង ដូចអានន្ទរបស់តថាគតដែរ ម្នាលភិក្ខុទាំងឡាយ មួយទៀត ព្រះមានព្រះភាគទាំងឡាយណា ជាអរហន្តសម្មាសម្ពុទ្ធ នឹងមានមក ក្នុងអនាគតកាល ពួកភិក្ខុជាឧបដ្ឋាករបស់​ព្រះមានព្រះភាគទាំងនោះ មាន​កំណត់​ដូច្នេះឯង ដូចអានន្ទរបស់តថាគតដែរ ម្នាលភិក្ខុទាំងឡាយ អានន្ទជាបណ្ឌិត តែង​ដឹង​ដូច្នេះថា កាលនេះ ជាកាលគួរនឹងចូលទៅគាល់ព្រះតថាគត កាលនេះ ជាកាល​គួរ​របស់​ពួកភិក្ខុ កាលនេះ ជាកាលគួររបស់ពួកភិក្ខុនី កាលនេះ ជាកាលគួររបស់ពួក​ឧបាសក កាលនេះ ជាកាលគួររបស់ពួកឧបាសិកា កាលនេះ ជាកាលគួររបស់ព្រះរាជា និង​រាជមហាមាត្យ កាលនេះ ជាកាលគួររបស់ពួកតិរ្ថិយ កាលនេះ ជាកាលគួររបស់តិត្ថិយសាវ័ក។

[១៣៦] ម្នាលភិក្ខុទាំងឡាយ អច្ឆរិយព្ភុតធម៌ (ធម៌ជាអស្ចារ្យចំឡែក) ទាំងឡាយ​៤​យ៉ាងនេះ មាននៅក្នុងអានន្ទ។ ធម៌ទាំង៤ ដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ បើបរិសទ្យ​ចូលទៅ ដើម្បីជួបនឹងអានន្ទ ភិក្ខុបរិសទ្យនោះ រមែង​មានសេចក្តីត្រេកអរ ដោយការបាន​ជួប បើអានន្ទនិយាយធម៌ក្នុងទីនោះ ភិក្ខុបរិសទ្យនោះ ក៏មានសេចក្តីត្រេកអរ ដោយ​ភាសិត ម្នាលភិក្ខុទាំងឡាយ ភិក្ខុបរិសទ្យ មិនទាន់ឆ្អែត​នៅឡើយ ក៏ស្រាប់តែ​អានន្ទ​ស្ងៀម​ទៅ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុនីបរិសទ្យ​ចូលទៅ ដើម្បីជួបនឹងអានន្ទ ភិក្ខុនីបរិសទ្យនោះ រមែង​មានសេចក្តីត្រេកអរ ដោយការបាន​ជួប បើអានន្ទនិយាយធម៌ក្នុងទីនោះ ភិក្ខុនីបរិសទ្យនោះ ក៏មានសេចក្តីត្រេកអរ ដោយ​ភាសិត ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីបរិសទ្យ មិនទាន់ឆ្អែត​នៅឡើយ ក៏ស្រាប់តែ​អានន្ទ​ស្ងៀម​ទៅ ម្នាលភិក្ខុទាំងឡាយ បើឧបាសកបរិសទ្យ​ចូលទៅ ដើម្បីជួបនឹងអានន្ទ ឧបាសកបរិសទ្យនោះ រមែង​មាន​សេចក្តី​ត្រេកអរ ដោយការបាន​ជួប បើអានន្ទនិយាយធម៌ក្នុងទីនោះ ឧបាសកបរិសទ្យនោះ ក៏មានសេចក្តីត្រេកអរ ដោយ​ភាសិត ម្នាលភិក្ខុទាំងឡាយ ឧបាសកបរិសទ្យ មិនទាន់ឆ្អែត​នៅឡើយ ក៏ស្រាប់តែ​អានន្ទ​ស្ងៀម​ទៅ ម្នាលភិក្ខុទាំងឡាយ បើឧបាសិកាបរិសទ្យ​ចូលទៅ ដើម្បីជួបនឹងអានន្ទ ឧបាសិកាបរិសទ្យនោះ រមែង​មានសេចក្តីត្រេកអរ ដោយការបាន​ជួប បើអានន្ទនិយាយធម៌ក្នុងទីនោះ ឧបាសិកាបរិសទ្យនោះ ក៏មានសេចក្តីត្រេកអរ ដោយ​ភាសិត ម្នាលភិក្ខុទាំងឡាយ ឧបាសិកាបរិសទ្យ មិនទាន់ឆ្អែត​នៅឡើយ ក៏ស្រាប់តែ​អានន្ទ​ស្ងៀម​ទៅ ម្នាលភិក្ខុទាំងឡាយ អច្ឆរិយព្ភុតធម៌ទាំងឡាយ៤នេះឯង មាននៅក្នុងអានន្ទ។ ម្នាលភិក្ខុទាំងឡាយ អច្ឆរិយព្ភុតធម៌ទាំងឡាយ៤យ៉ាងនេះ មាននៅក្នុងព្រះចក្រពត្តិរាជ ម្នាលភិក្ខុទាំងឡាយ បើខត្តិយបរិសទ្យ ចូលទៅដើម្បីគាល់ព្រះចក្រពត្តិរាជ ខត្តិយបរិសទ្យ​នោះ រមែង​មានសេចក្តីត្រេកអរ ដោយការបាន​ជួប បើព្រះចក្រពត្តិរាជ មាន​ព្រះបន្ទូល​ ក្នុងទីនោះ ខត្តិយបរិសទ្យនោះ ក៏មានសេចក្តីត្រេកអរ ដោយ​ភាសិត ម្នាលភិក្ខុទាំងឡាយ ខត្តិយបរិសទ្យ មិនទាន់ឆ្អែត​នៅឡើយ ក៏ស្រាប់តែព្រះចក្រពត្តិរាជ​ស្ងៀម​ទៅ។ ម្នាលភិក្ខុទាំងឡាយ បើព្រាហ្មណបរិសទ្យ។ គហបតិបរិសទ្យ។ សមណបរិសទ្យ ចូលទៅដើម្បីគាល់ព្រះចក្រពត្តិរាជ សមណបរិសទ្យ​នោះ រមែង​មានសេចក្តីត្រេកអរ ដោយការបាន​គាល់ បើព្រះចក្រពត្តិរាជ មាន​ព្រះបន្ទូល​ ក្នុងទីនោះ សមណបរិសទ្យនោះ មានសេចក្តីត្រេកអរ ដោយ​ភាសិត ម្នាលភិក្ខុទាំងឡាយ សមណបរិសទ្យ មិនទាន់ឆ្អែត​នៅឡើយ ក៏ស្រាប់តែព្រះចក្រពត្តិរាជ​ស្ងៀម​ទៅ ម្នាលភិក្ខុទាំងឡាយ អច្ឆរិយព្ភុតធម៌ទាំង​ឡាយ៤យ៉ាងនេះ មាននៅក្នុងអានន្ទដូច្នោះឯង ម្នាលភិក្ខុទាំងឡាយ បើភិក្ខុបរិសទ្យ​ចូលទៅដើម្បីជួបនឹងអានន្ទ ភិក្ខុបរិសទ្យនោះ រមែង​មានសេចក្តីត្រេកអរ ដោយការបាន​ជួប បើអានន្ទនិយាយធម៌ក្នុងទីនោះ ភិក្ខុបរិសទ្យនោះ ក៏មានសេចក្តីត្រេកអរ ដោយ​ភាសិត ម្នាលភិក្ខុទាំងឡាយ ភិក្ខុបរិសទ្យ មិនទាន់ឆ្អែត​នៅឡើយ ក៏ស្រាប់តែ​អានន្ទ​ស្ងៀម​ទៅ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុនីបរិសទ្យ​។ ឧបាសកបរិសទ្យ។ ឧបាសិកាបរិសទ្យ​ចូលទៅ ដើម្បីជួបនឹងអានន្ទ ឧបាសិកាបរិសទ្យនោះ រមែង​មានសេចក្តីត្រេកអរ ដោយការបាន​ជួប បើអានន្ទនិយាយធម៌ក្នុងទីនោះ ឧបាសិកាបរិសទ្យនោះ ក៏មានសេចក្តីត្រេកអរ ដោយ​ភាសិត ម្នាលភិក្ខុទាំងឡាយ ឧបាសិកាបរិសទ្យ មិនទាន់ឆ្អែត​នៅឡើយ ក៏ស្រាប់តែ​អានន្ទ​ស្ងៀម​ទៅ ម្នាលភិក្ខុទាំងឡាយ អច្ឆរិយព្ភុតធម៌ទាំងឡាយ៤យ៉ាងនេះឯង មាន​នៅ​ក្នុង​អានន្ទ។

[១៣៧] លុះព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ព្រះអានន្ទមានអាយុ ក៏​ក្រាបបង្គំទូលព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន សូម​ព្រះមានព្រះភាគ កុំបរិនិព្វាន (ក្នុងនគរកុសិនារា) ជានគរតូច ជានគរទួល ជាសាខានគរនេះឡើយ បពិត្រព្រះអង្គដ៏ចំរើន មានមហានគរដទៃគឺ នគរចម្បា រាជគ្រឹះ សាវត្ថី សាកេត កោសម្ពី ពារាណសី សូម​ព្រះមានព្រះភាគ បរិនិព្វានក្នុងនគរទាំងនុ៎ះ ខត្តិយមហាសាល73) ព្រាហ្មណមហាសាល74) គហបតី​មហាសាល75) ជាច្រើនក្នុងនគរទាំងនោះ មានសេចក្តីជ្រះថ្លាក្នុងព្រះតថាគត គេនឹងធ្វើ​ការបូជា ព្រះសរីរៈព្រះតថាគត។ ម្នាលអានន្ទ អ្នកកុំនិយាយយ៉ាងនេះឡើយ ម្នាល​អានន្ទ អ្នកកុំនិយាយថា នគរកុសិនារានេះ ជានគរតូច ជានគរទួល ជាសាខានគរយ៉ាងនេះ​ឡើយ ម្នាលអានន្ទ កាលពីដើម មានព្រះចក្រពត្តិរាជ ព្រះនាមមហាសុទស្សនៈ ជាធម្មរាជ ទ្រង់ធម៌ ជាឥស្សរៈលើផែនដី មានសមុទ្រទាំង៤ ជាទីបំផុត មានជនបទមាំមួន ប្រកបដោយរតនៈទាំង៧ប្រការ ម្នាលអានន្ទ ទីក្រុងកុសិនារានេះ​ ជារាជធានីឈ្មោះ​កុសាវតី របស់​ព្រះមហាសុទស្សនរាជ មានបណ្តោយ១២យោជន៍ អំពីទិសខាងកើតទៅ ទិសខាងលិច មានទទឹង៧យោជន៍ អំពីទិសខាងជើង ទៅទិសខាងត្បូង ម្នាលអានន្ទ កុសាវតីរាជធានី ជាក្រុងស្តុកស្តម្ភ សម្បូណ៌ពោរពាស (ដោយទំនិញ) មានជនច្រើន មាន​មនុស្សដេរដាស ទាំងបរិបូណ៌​ដោយភិក្ខាហារ ម្នាលអានន្ទ រាជធានី ឈ្មោះអាឡកមន្ទា របស់​ពួកទេវតា ជារាជធានីស្តុកស្តម្ភ សម្បូណ៌ពោរពាស មានជនច្រើន មានយក្ខ​ដេរដាស ទាំងបរិបូណ៌ដោយភិក្ខាហារ យ៉ាងណាមិញ ម្នាលអានន្ទ កុសាវតីរាជធានី ក៏ជាក្រុងស្តុកស្តម្ភ សម្បូណ៌ពោរពាស (ដោយទំនិញ) មានជនច្រើន មានមនុស្សដេរដាស ទាំងបរិបូណ៌ដោយភិក្ខាហារ យ៉ាងនោះដែរ ម្នាលអានន្ទ កុសាវតីរាជ​ធានី មិនដែលស្ងាត់ ដោយសូរសំឡេង១០យ៉ាង​ ទាំងថ្ងៃទាំងយប់ គឺ​សូរ​សំឡេងដំរី សូរសំឡេងសេះ សូរសំឡេងរថ សូរសំឡេងស្គរ សូរសំឡេង​សំភោរ សូរ​សំឡេង​ពិណ សូរសំឡេង​ចម្រៀង សូរសំឡេង​រគាំង សូរសំឡេងរនាត និងសូរ​សំឡេង​ជាគំរប់​១០ថា អ្នកទាំងឡាយចូរស៊ី ចូរផឹក ចូរទំពា ម្នាលអានន្ទ អ្នកចូរ​ទៅក្នុងក្រុងកុសិនារា ហើយថ្វាយដំណឹងដល់ពួកមល្លក្សត្រ ដែលនៅក្នុងក្រុង​កុសិនារា​ថា បពិត្រវាសិដ្ឋគោត្រទាំងឡាយ ក្នុងបច្ឆិមយាម នៃរាត្រីថ្ងៃនេះ ព្រះតថាគតនឹង​បរិនិព្វាន បពិត្រ​វាសិដ្ឋគោត្រទាំងឡាយ សូមអ្នកទាំងឡាយ អញ្ជើញទៅ បពិត្រ​វាសិដ្ឋគោត្រទាំងឡាយ សូមអ្នកទាំងឡាយអញ្ជើញទៅ កុំឲ្យមានសេចក្តីក្តៅក្រហាយ ស្តាយ​ក្នុងកាលជាខាងក្រោយថា ព្រះតថាគតទ្រង់បរិនិព្វានក្នុងគាមក្ខេត្ត របស់យើង​ទាំងឡាយហើយ យើងទាំងឡាយ មិនបានឃើញព្រះតថាគត ក្នុងកាលជាបំផុតដូច្នេះ​ឡើយ។ព្រះអានន្ទ​មានអាយុ ទទួលព្រះបន្ទូលនៃ​ព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ ហើយក៏ទ្រង់ស្បង់ ប្រដាប់បាត្រ និងចីវរ មិនមានភិក្ខុជាគំរប់ពីរ ចូល​ទៅក្នុងក្រុងកុសិនារា។ សម័យនោះឯង ពួងមល្លក្សត្រ ដែលនៅក្នុងក្រុងកុសិនារា កំពុង​ប្រជុំគ្នាក្នុងសណ្ឋាគារដ្ឋាន (សាលាសម្រាប់បង្រៀនវិជ្ជាក្នុងរាជត្រកូល) ដោយកិច្ចនី​មួយ។ ព្រះអានន្ទមានអាយុ ក៏ចូលទៅកាន់សណ្ឋាគារដ្ឋាន របស់ពួកមល្លក្សត្រ ដែលនៅ​ក្នុងក្រុងកុសិនារានោះ លុះចូលទៅដល់ហើយ ក៏ថ្វាយដំណឹង​ដល់ពួកមល្លក្សត្រ ដែល​នៅ​ក្នុងក្រុងកុសិនារាថា បពិត្រ​វាសិដ្ឋគោត្រទាំងឡាយ ក្នុងបច្ឆិមយាមនៃរាត្រីថ្ងៃនេះ ព្រះ​តថាគតនឹងបរិនិព្វាន បពិត្រ​វាសិដ្ឋគោត្រទាំងឡាយ សូមអ្នកទាំងឡាយអញ្ជើញទៅ បពិត្រ​វាសិដ្ឋគោត្រទាំងឡាយ សូមអ្នកទាំងឡាយអញ្ជើញទៅ កុំឲ្យមានសេចក្តីក្តៅ​ក្រហាយ ស្តាយក្នុងកាលជាខាងក្រោយថា ព្រះតថាគត ទ្រង់បរិនិព្វាន​ក្នុងគាមក្ខេត្ត របស់​យើងទាំងឡាយហើយ យើងទាំងឡាយ មិនបានឃើញព្រះតថាគត ក្នុងកាលជាបំផុត​ដូច្នេះឡើយ។ ពួកមល្លក្សត្រ និងពួកបុត្ររបស់មល្លក្សត្រ និងសុណិសារបស់​មល្លក្សត្រ ​និង​ភរិយារបស់មល្លក្សត្រ លុះឮពាក្យនេះ របស់ព្រះអានន្ទមានអាយុហើយ ក៏កើត​ទុក្ខ​តូច​ព្រះទ័យ ពោរពេញដោយសេចក្តីទុក្ខក្នុងព្រះទ័យ ខ្លះក៏រំសាយកេសា កន្ទក់កន្ទេញ ផ្គងកំភួនដៃ កន្ទក់កន្ទេញ ផ្តួលខ្លួនចុះបម្រះននៀលទៅមក ដូចជាមានជើងដាច់ហើយ​ថា ព្រះមានព្រះភាគ នឹងបរិនិព្វានឆាប់ពេកណាស់ ព្រះសុគតនឹងបរិនិព្វានឆាប់ពេក​ណាស់ ព្រះសម្ពុទ្ធមានចក្ខុក្នុងលោក នឹងបាត់ទៅឆាប់ពេកណាស់។ លំដាប់នោះ ពួក​មល្លក្សត្រ និងពួកបុត្តរបស់មល្លក្សត្រ និងសុណិសា របស់មល្លក្សត្រ និងភរិយារបស់​មល្លក្សត្រ កើតទុក្ខ តូចព្រះទ័យ ពោរពេញដោយសេចក្តីទុក្ខ​ក្នុងព្រះទ័យ ក៏នាំគ្នា​ចូល​ទៅរក​ព្រះអានន្ទមានអាយុ ក្នុងសាលវ័ន របស់ពួកមល្លក្សត្រ ដែលជាទីចូលទៅ​ក្នុងក្រុង។ ទើប​ព្រះអានន្ទមានអាយុ មានសេចក្តីត្រិះរិះ​ដូច្នេះថា បើអាត្មាអញ នឹងឲ្យពួកមល្លក្សត្រ​ ដែលនៅក្នុងក្រុងកុសិនារាថ្វាយបង្គំព្រះមានព្រះភាគ​ម្នាក់ម្តងៗ ពួកមល្លក្សត្រ ដែល​នៅក្នុង​ក្រុងកុសិនារា នឹងថ្វាយបង្គំព្រះមានព្រះភាគ មិនទាន់ហើយស្រេច រាត្រីនេះ ក៏​នឹង​ភ្លឺឡើងមិនខាន បើដូច្នោះ គួរតែអាត្មាអញ ដាក់ឲ្យពួកមល្លក្សត្រ ដែលនៅក្នុងក្រុង​កុសិនារា ថ្វាយបង្គំព្រះមានព្រះភាគ តាមវង្សនៃត្រកូលៗ ដោយពាក្យថា បពិត្រព្រះអង្គដ៏ចំរើន មល្លក្សត្រឈ្មោះនេះ ព្រមទាំងបុត្រភរិយា បរិសទ្យ និងអាមាត្យ សូម​បង្អោន​សិរ្សៈ ថ្វាយបង្គំព្រះបាទានៃព្រះមានព្រះភាគ។ លំដាប់នោះ ព្រះអានន្ទ​មានអាយុ ក៏ដាក់ឲ្យពួកមល្លក្សត្រ អ្នកក្រុង​កុសិនារា ថ្វាយបង្គំ​ព្រះមានព្រះភាគ តាម​វង្សនៃត្រកូលៗ ដោយពាក្យថា បពិត្រព្រះអង្គដ៏ចំរើន មល្លក្សត្រ​ឈ្មោះនេះ ព្រមទាំង​បុត្រ​ភរិយា បរិសទ្យ និងអាមាត្យ សូមបង្អោនសិរ្សៈ ថ្វាយបង្គំ​ព្រះបាទា​នៃព្រះមានព្រះភាគ។ ទើប​ព្រះអានន្ទមានអាយុ ឲ្យពួកមល្លក្សត្រ អ្នកក្រុង​កុសិនារា ថ្វាយបង្គំព្រះមានព្រះភាគ ក្នុងបឋមយាមតាមទំនងនេះ។

[១៣៨] សម័យនោះឯង មានបរិព្វាជកឈ្មោះសុភទ្ទ នៅក្នុងក្រុងកុសិនារា។ សុភទ្ទបរិព្វាជក បានឮដំណឹងថា ព្រះសមណគោតម នឹងបរិនិព្វាន​ក្នុងបច្ឆិមយាមនៃ​រាត្រីថ្ងៃនេះ។ គ្រានោះ សុភទ្ទបរិព្វាជក មានសេចក្តីត្រិះរិះយ៉ាងនេះថា ពាក្យនេះ អាត្មា​អញបានឮមកអំពីពួកបរិព្វាជក ជាមនុស្សចាស់ទុំ ជាអាចារ្យតៗគ្នាមក តែងនិយាយថា ព្រះតថាគត អរហន្តសម្មាសម្ពុទ្ធទាំងឡាយ តែងកើតឡើង​ក្នុងលោកមួយដងមួយកាល ក៏​ក្នុងបច្ឆិមយាមនៃរាត្រីថ្ងៃនេះ ព្រះសមណគោតម នឹងបរិនិព្វាន មួយទៀត សេចក្តី​សង្ស័យ​នេះ កើតឡើងដល់​អាត្មាអញ ទាំងអាត្មាអញមានសេចក្តីជ្រះថ្លា ក្នុងព្រះសមណ​គោតមដែរ អាត្មាអញ គួរលះបង់នូវសេចក្តីសង្ស័យនេះបានយ៉ាងណា ព្រះសមណ​គោតម អាចនឹងសំដែងធម៌ ដល់អាត្មាអញយ៉ាងនោះបាន។ គ្រានោះ សុភទ្ទបរិព្វាជក ក៏​ចូលទៅរក​ព្រះអានន្ទមានអាយុ ក្នុងសាលវ័នរបស់ពួកមល្លក្សត្រ ដែលជា​ទីចូល​ទៅ​ក្នុងស្រុក លុះចូលទៅដល់ហើយ ក៏និយាយនឹង​ព្រះអានន្ទមានអាយុ ដូច្នេះថា បពិត្រ​ព្រះអានន្ទដ៏ចំរើន ពាក្យនេះ ខ្ញុំបានឮមកអំពីពួកបរិព្វាជក ជាមនុស្សចាស់ទុំ ជាអាចារ្យ​តៗ​គ្នាមក តែងនិយាយថា ព្រះតថាគត អរហន្តសម្មាសម្ពុទ្ធទាំងឡាយ តែងកើតឡើង​ក្នុងលោកមួយដងមួយកាល ក៏​ក្នុងបច្ឆិមយាមនៃរាត្រីថ្ងៃនេះ ព្រះសមណគោតម នឹង​បរិនិព្វាន មួយទៀត សេចក្តី​សង្ស័យ​នេះ កើតឡើងដល់​ខ្ញុំ ខ្ញុំក៏មានសេចក្តីជ្រះថ្លា ក្នុង​ព្រះសមណ​គោតមដែរ ខ្ញុំគួរលះបង់នូវសេចក្តីសង្ស័យនេះបានយ៉ាងណា ព្រះសមណ​គោតម អាចនឹងសំដែងធម៌ ដល់ខ្ញុំយ៉ាងនោះបាន បពិត្រព្រះអានន្ទដ៏ចំរើន ខ្ញុំសូម​ឲ្យ​បានគាល់​ព្រះសមណគោតមផង។ លុះសុភទ្ទបរិព្វាជក និយាយយ៉ាងនេះហើយ ព្រះអានន្ទមានអាយុ ក៏បានពោលទៅនឹងសុភទ្ទបរិព្វាជកដូច្នេះថា ម្នាលអាវុសោសុភទ្ទ កុំឡើយ អ្នកកុំបៀតបៀនព្រះតថាគត ព្រះមានព្រះភាគ ទ្រង់លំបាកព្រះអង្គណាស់។ សុភទ្ទបរិព្វាជក បាននិយាយ​ជាគំរប់ពីរដងផង។បេ។ សុភទ្ទបរិព្វាជក បាននិយាយ​នឹង​ព្រះអានន្ទមានអាយុ ជាគំរប់បីដងផង ដូច្នេះថា បពិត្រ​ព្រះអានន្ទដ៏ចំរើន ពាក្យនេះ ខ្ញុំបានឮមកអំពីពួកបរិព្វាជក ជាមនុស្សចាស់ទុំ ជាអាចារ្យ​តៗ​គ្នាមក តែងនិយាយថា ព្រះតថាគត អរហន្តសម្មាសម្ពុទ្ធទាំងឡាយ តែងកើតឡើង​ក្នុងលោកមួយដងមួយកាល ក៏​ក្នុងបច្ឆិមយាមនៃរាត្រីថ្ងៃនេះ ព្រះសមណគោតម នឹង​បរិនិព្វាន មួយទៀត សេចក្តី​សង្ស័យ​នេះ កើតឡើងដល់​ខ្ញុំ ខ្ញុំក៏មានសេចក្តីជ្រះថ្លា ក្នុង​ព្រះសមណ​គោតមដែរ ខ្ញុំគួរលះបង់នូវសេចក្តីសង្ស័យនេះបានយ៉ាងណា ព្រះសមណ​គោតម អាចនឹង​សំដែង​ធម៌ ដល់ខ្ញុំយ៉ាងនោះបាន បពិត្រព្រះអានន្ទដ៏ចំរើន ខ្ញុំសូម​ឲ្យ​បានគាល់ចំពោះ​ព្រះសមណ​គោតមផង។ ព្រះអានន្ទមានអាយុ បានពោលទៅនឹង​សុភទ្ទបរិព្វាជក ជាគំរប់​បីដង​ទៀត ដូច្នេះថា ម្នាលអាវុសោសុភទ្ទ កុំឡើយ អ្នកកុំបៀតបៀនព្រះតថាគត ព្រះមានព្រះភាគ ទ្រង់លំបាកព្រះអង្គណាស់។ ព្រះមានព្រះភាគ ទ្រង់​ព្រះសណ្តាប់​កថាសល្លាបៈនេះ របស់ព្រះអានន្ទមានអាយុ ជាមួយនឹងសុភទ្ទបរិព្វាជក។ ទើប​ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅព្រះអានន្ទមានអាយុមកថា ម្នាលអានន្ទ កុំឡើយ អ្នកកុំ​ឃាត់​សុភទ្ទ ម្នាលអានន្ទ សុភទ្ទ ចូរបានឃើញតថាគតចុះ សុភទ្ទនឹងសួរនូវ​សេចក្តីណា​មួយនឹងតថាគត គាត់ចង់ដឹង​នូវសេចក្តី​នោះមែន ទើបគាត់មកសួរតថាគត មិនមែន​គាត់​សួរចង់បៀតបៀនទេ បើសុភទ្ទនេះសួរហើយ តថាគតសំដែងធម៌ណា គាត់នឹងបាន​ដឹង​ធម៌នោះឆាប់ភ្លាម។ ទើបព្រះអានន្ទមានអាយុ ពោលទៅនឹងសុភទ្ទបរិព្វាជក ដូច្នេះថា ម្នាលអាវុសោសុភទ្ទ ព្រះមានព្រះភាគ ទ្រង់បើកឱកាស​ដល់អ្នកហើយ អ្នកចូរទៅចុះ។ គ្រានោះ សុភទ្ទបរិព្វាជក​ ក៏ចូលទៅរកព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏​ពោល​ពាក្យរាក់ទាក់ សំណេះសំណាល ជាមួយនឹងព្រះមានព្រះភាគ លុះបញ្ចប់ពាក្យដែល​គួរ​រីករាយ និងពាក្យ​ដែលគួររលឹកហើយ ក៏អង្គុយក្នុងទីដ៏សមគួរ។ លុះសុភទ្ទបរិព្វាជក អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតម​ដ៏ចំរើន សមណព្រាហ្មណ៍ណា ជាពួកគណៈ ជាគណាចារ្យ ល្បីល្បាញ មានយស អ្នក​ធ្វើលទ្ធិដូចកំពង់ ដែលជនច្រើនគ្នាគេសន្មតថា ល្អ ដូចយ៉ាងគ្រូឈ្មោះ បូរណកស្សប មក្ខលិគោសាល អជិតកេសកម្ពល បកុធកច្ចាយនៈ សញ្ជយវេលដ្ឋបុត្ត និគណ្ឋនាដបុត្ត ពួកជនទាំងនោះ សុទ្ធតែត្រាស់ដឹង ដូចជាពាក្យប្តេជ្ញា របស់ខ្លួនមែន ឬសុទ្ធតែ​មិនបាន​ត្រាស់ដឹងទេ ឬក៏ត្រាស់ដឹងខ្លះ មិនបានត្រាស់ដឹងខ្លះ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលសុភទ្ទ ណ្ហើយចុះ ពាក្យដែលអ្នកនិយាយថា ពួកជនទាំងនោះ សុទ្ធតែត្រាស់ដឹង ដូចជា​ពាក្យ​ប្តេជ្ញា របស់ខ្លួនមែន ឬសុទ្ធតែ​មិនបាន​ត្រាស់ដឹងទេ ឬក៏ត្រាស់ដឹងខ្លះ មិនបានត្រាស់​ដឹង​ខ្លះ ដូច្នេះនេះ ចូរលើកទុកសិនចុះ ម្នាលសុភទ្ទ តថាគតនឹងសំដែងធម៌ដល់អ្នក អ្នកចូរ​ស្តាប់ធម៌នោះ ចូរតាំងចិត្តដោយប្រពៃចុះ តថាគតនឹងសំដែង។ សុភទ្ទបរិព្វាជក ទទួល​ព្រះបន្ទូលនៃ​ព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ។ ទើប​ព្រះមានព្រះភាគ ទ្រង់​ត្រាស់ដូច្នេះថា ម្នាលសុភទ្ទ អរិយមគ្គ មានអង្គ៨ មិនមានក្នុងធម្មវិន័យណា សមណៈ76) ទី១ក្តី មិនមានក្នុងធម្មវិន័យនោះ សមណៈទី២ក្តី77) មិនមានក្នុងធម្មវិន័យនោះ សមណៈទី៣ក្តី78) មិនមានក្នុងធម្មវិន័យនោះ សមណៈទី៤ក្តី79) ក៏មិនមានក្នុងធម្មវិន័យ​នោះដែរ ម្នាលសុភទ្ទ លុះតែអរិយមគ្គ ប្រកបដោយអង្គ៨ មានក្នុងធម្មវិន័យណា សមណៈ(ទី១)ក្តី ទើបមានក្នុងធម្មវិន័យនោះ សមណៈទី២ក្តី មានក្នុងធម្មវិន័យនោះ សមណៈទី៣ក្តី មានក្នុងធម្មវិន័យនោះ សមណៈទី៤ក្តី ក៏មានក្នុងធម្មវិន័យ​នោះដែរ ម្នាលសុភទ្ទ អរិយមគ្គ ប្រកបដោយអង្គ៨ មានតែក្នុងធម្មវិន័យនេះឯង ម្នាលសុភទ្ទ សមណៈ(ទី១) ក៏មានតែក្នុងសាសនា សមណៈទី២ ក៏មានតែក្នុងសាសនានេះ សមណៈទី៣ ក៏មានតែក្នុងសាសនានេះ សមណៈទី៤ ក៏មានតែក្នុងសាសនានេះ បរប្បវាទ (វាទៈនៃគ្រូដទៃ) អំពីសំណាក់នៃបុគ្គលដទៃ រមែង​សូន្យចាកពួកសមណៈ (នេះ) ម្នាលសុភទ្ទ មួយទៀត ភិក្ខុទាំងនេះ គប្បីនៅដោយប្រពៃ លោកនឹង​មិនបានសូន្យ​ចាក​ពួក​អរហន្តឡើយ។

[១៣៩] ម្នាលសុភទ្ទ កាលតថាគតមានវ័យ​២៩ឆ្នាំ បានបួសហើយ ជាអ្នកស្វែង​រក​នូវកុសល (សព្វញ្ញុតញ្ញាណ) ម្នាលសុភទ្ទ កាលណាបើតថាគត បួសបានជាង៥០ឆ្នាំ​ហើយ ញុំាងប្រទេស គឺវិបស្សនាមគ្គ ឲ្យប្រព្រឹត្តទៅជាប្រក្រតី ដើម្បីធម៌ដែលគួរត្រាស់ដឹង គឺអរិយមគ្គ ព្រោះហេតុនោះ សមណៈ (ទី១) ខាងក្រៅអំពីសាសនានៃតថាគតនេះ មិនមានឡើយ។

សមណៈទី២ក្តី មិនមាន សមណៈទី៣ក្តី មិនមាន សមណៈទី៤ក្តី ក៏មិនមានដែរ បរប្បវាទអំពីសំណាក់នៃបុគ្គលដទៃ រមែងសូន្យចាកពួកសមណៈ (នេះ) ម្នាលសុភទ្ទ មួយទៀត ភិក្ខុទាំងនេះ គប្បីនៅដោយប្រពៃ លោកនឹងមិនបានសូន្យចាកពួកអរហន្ត​ឡើយ។

[១៤០] លុះព្រះមានព្រះភាគ មានព្រះពុទ្ធតម្រាស់យ៉ាងនេះហើយ សុភទ្ទបរិព្វាជក ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ភាសិត​របស់​ព្រះអង្គ ច្បាស់ពេកណាស់ បពិត្រព្រះអង្គដ៏ចំរើន ភាសិតរបស់ព្រះអង្គ​ ពីរោះណាស់ បពិត្រព្រះអង្គដ៏ចំរើន បុគ្គលផ្ងារឡើងនូវរបស់ដែលគេផ្កាប់ចុះក្តី បើក​នូវ​របស់​ដែលគេគ្របក្តី ចង្អុរប្រាប់ផ្លូវដល់បុរស ដែលវង្វេងផ្លូវក្តី ទ្រោលប្រទីបបំភ្លឺ ក្នុងទី​ងងឹត​ ដោយគិតថា អ្នកមានចក្ខុ នឹងបានឃើញរូបក្តី យ៉ាងណាមិញ ធម៌ដែល​ព្រះមានព្រះភាគ ទ្រង់ប្រកាស​ដោយអនេកបរិយាយ ក៏យ៉ាងនោះឯង បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនេះ សូមដល់នូវ​ព្រះមានព្រះភាគផង ព្រះធម៌ផង ព្រះ​ភិក្ខុសង្ឃផង ថាជាសរណៈ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គគួរបានបព្វជ្ជា គួរបាន​ឧបសម្បទា ក្នុងសំណាក់នៃព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលសុភទ្ទ បុគ្គលណា ធ្លាប់ជាអន្យតិរ្ថិយ ហើយប្រាថ្នាបព្វជ្ជា ប្រាថ្នាឧបសម្បទាក្នុងធម្មវិន័យ​នេះ បុគ្គលនោះ រមែងនៅបរិវាសអស់កំណត់​៤ខែសិន លុះកន្លង៤ខែហើយ ទើបពួកភិក្ខុ​ជា​អារទ្ធចិត្ត (អ្នកមានចិត្តត្រេកអរ) ឲ្យបព្វជ្ជា ឲ្យឧបសម្បទា ដើម្បីភិក្ខុភាវៈបាន តែថា សភាវៈនៃ​បុគ្គលដែល​ផ្សេងគ្នា តថាគតដឹងច្បាស់ហើយ ក្នុងរឿងនេះ។ បពិត្រព្រះអង្គដ៏ចំរើន បើពួកបុគ្គលធ្លាប់ជាអន្យតិរ្ថិយហើយ ប្រាថ្នាបព្វជ្ជា ប្រាថ្នាឧបសម្បទា ក្នុងធម្មវិន័យ​នេះ រមែងនៅបរិវាសអស់កំណត់​៤ខែ លុះកន្លង៤ខែហើយ ទើបពួកភិក្ខុ​ជា​អារទ្ធចិត្ត ឲ្យបព្វជ្ជា ឲ្យឧបសម្បទា ដើម្បីភិក្ខុ​ភាវៈ​បាន ខ្ញុំព្រះអង្គនឹងនៅបរិវាស អស់កំណត់៤ឆ្នាំ លុះកន្លង៤ឆ្នាំហើយ សូមពួក​ភិក្ខុ​ជា​អារទ្ធចិត្ត ឲ្យបព្វជ្ជា ឲ្យឧបសម្បទា ដើម្បីភិក្ខុភាវៈចុះ។ លំដាប់នោះ ព្រះមានព្រះភាគ ត្រាស់ហៅព្រះអានន្ទមានអាយុមកថា ម្នាលអានន្ទ បើដូច្នោះ ចូរអ្នកបំបួស​សុភទ្ទបរិព្វាជក​ផងចុះ។ ព្រះអានន្ទមានអាយុ ទទួលព្រះបន្ទូលនៃព្រះមានព្រះភាគ​ថា ព្រះករុណាព្រះអង្គ។ ទើបសុភទ្ទបរិព្វាជក​ ពោលនឹងព្រះអានន្ទមានអាយុ ដូច្នេះថា នែ​អាវុសោអានន្ទ លោកម្ចាស់ពេញហៅជាមានលាភ នែអាវុសោអានន្ទ អត្តភាពជាមនុស្ស លោកម្ចាស់ក៏បានដោយល្អហើយ ព្រោះថា ព្រះសាស្តា បានអភិសេកលោកម្ចាស់ ដោយ​ការ​អភិសេកជាអន្តេវាសិក ក្នុងទីចំពោះ​ព្រះភក្ត្រក្នុងសាសនានេះ។ សុភទ្ទបរិព្វាជក​ បានបព្វជ្ជា បានឧបសម្បទា ក្នុងសំណាក់នៃ​ព្រះមានព្រះភាគ ស្រេចហើយ។ ឯសុភទ្ទមានអាយុ លុះបានឧបសម្បទារួចភ្លាម ក៏ចេញទៅតែម្នាក់ឯង មិនប្រមាទ មាន​ព្យាយាមជាគ្រឿង​ដុតកំដៅកិលេស មានចិត្តស្លុងទៅកាន់ព្រះនិព្វាន ពួកកុលបុត្ត ដែល​ចេញ​ចាកផ្ទះ មកកាន់ផ្នួសដោយប្រពៃ ដើម្បីអនុត្តរធម៌ណា ក៏បានធ្វើ​ឲ្យជាក់ច្បាស់ ដោយ​បញ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន ហើយបានដល់​នូវអនុត្តរធម៌នោះ ជាទី​បំផុតនៃមគ្គព្រហ្មចរិយៈ ដោយមិនយូរប៉ុន្មាន ក៏សម្រេច​សម្រាន្តនៅ ដោយឥរិយាបថ​ទាំង៤ ក៏ដឹងច្បាស់ថា ជាតិអស់ហើយ មគ្គព្រហ្មចារ្យ ក៏បានអប់រំហើយ សោឡសកិច្ច ក៏​បានធ្វើហើយ កិច្ចដទៃ ក្រៅអំពីកិច្ច​នេះ មិនមានឡើយ។ បណ្តាព្រះអរហន្តទាំងឡាយ សុភទ្ទភិក្ខុមានអាយុ ក៏ជាអរហន្តមួយអង្គដែរ។ សុភទ្ទភិក្ខុនោះ ជាបច្ឆិមសក្ខិសាវ័ក80) របស់​ព្រះមានព្រះភាគ។

ចប់ ពុទ្ធភាណវារៈ ទី៥។

[១៤១] គ្រានោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងព្រះអានន្ទមានអាយុថា ម្នាល​អានន្ទ ប្រសិនបើអ្នកទាំងឡាយមានសេចក្តីត្រិះរិះយ៉ាងនេះថា ពាក្យប្រដៅ ដែល​មានគ្រូ​ប្រព្រឹត្ត​កន្លងទៅហើយ គ្រូរបស់យើងឈ្មោះថា មិនមានឡើយ ម្នាលអានន្ទ សេចក្តីនេះ អ្នកកុំចូលចិត្តយ៉ាងនេះឡើយ ម្នាលអានន្ទ ធម៌ណាក្តី វិន័យណាក្តី ដែលតថាគត​សំដែង​ហើយ បញ្ញត្តហើយ ដល់អ្នកទាំងឡាយ លុះអណើះឥតអំពី​តថាគតទៅ ធម៌ និងវិន័យ​នោះ ជាគ្រូរបស់អ្នកទាំងឡាយ ម្នាលអានន្ទ ក៏ក្នុងកាលសព្វថ្ងៃនេះ ពួក​ភិក្ខុហៅគ្នានឹង​គ្នា​ ដោយពាក្យថា អាវុសោ អំណើះឥតនឹងតថាគតទៅ អ្នកទាំងឡាយ កុំហៅយ៉ាងនេះទៀត​ឡើយ ម្នាលអានន្ទ ភិក្ខុចាស់ជាង ត្រូវហៅភិក្ខុខ្ចីជាង ដោយនាមក៏បាន ដោយគោត្រក៏​បាន ដោយពាក្យថា អាវុសោ ក៏បាន ចំណែក​ភិក្ខុខ្ចីជាង ត្រូវហៅភិក្ខុចាស់ជាងថា ភន្តេ ក៏បាន ថាអាយស្មាក៏បាន ម្នាលអានន្ទ លុះអំណើះឥតនឹងតថាគតទៅ បើសង្ឃ​មានប្រាថ្នា​នឹងដកសិក្ខាបទ ចូរដកសិក្ខាបទ​ដែលតូច និងតូចដោយលំដាប់ចុះ ម្នាល​អានន្ទ អំណើះឥតនឹង​តថាគតទៅ សង្ឃត្រូវដាក់ព្រហ្មទណ្ឌដល់ឆន្នភិក្ខុផងចុះ។ ព្រះអានន្ទក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន ព្រហ្មទណ្ឌ តើដូចម្តេច។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលអានន្ទ ឆន្នភិក្ខុចង់ពោលនូវពាក្យណា ពោលនូវពាក្យនោះចុះ ប៉ុន្តែ​ពួក​ភិក្ខុមិនត្រូវនិយាយ មិនត្រូវទូន្មាន មិនត្រូវប្រដៅ ឆន្នភិក្ខុនោះឡើយ។

[១៤២] លំដាប់នោះ ព្រះមានព្រះភាគ ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ បើសេចក្តីសង្ស័យក្តី សេចក្តីងឿងឆ្ងល់ក្តី ក្នុងព្រះពុទ្ធ​ ឬព្រះធម៌ ឬ​ព្រះសង្ឃ ក្នុងមគ្គ ឬបដិបទា គប្បីមានសូម្បីដល់ភិក្ខុមួយរូប ម្នាលភិក្ខុទាំងឡាយ អ្នក​ទាំងឡាយ ចូរសាកសួរ (តថាគតចុះ) កុំឲ្យអ្នកទាំងឡាយ មានសេចក្តីក្តៅក្រហាយ ស្តាយ​ក្នុងកាលជាខាងក្រោយថា ព្រះសាស្តាមាននៅ ចំពោះមុខ​នៃយើងរាល់គ្នាៗ មិនបានជា​យកចិត្តទុកដាក់ ដើម្បីសាកសួរព្រះមានព្រះភាគ ក្នុងទីចំពោះ​ព្រះភក្ត្រសោះ។ កាល​បើ​ព្រះមានព្រះភាគ មានព្រះពុទ្ធដីកាយ៉ាងនេះហើយ ភិក្ខុទាំងនោះក៏នៅស្ងៀម។ ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹង​ភិក្ខុទាំងឡាយជាគំរប់​ពីរដង។បេ។ ព្រះមានព្រះភាគ ទ្រង់​ត្រាស់នឹងភិក្ខុទាំងឡាយ ជាគំរប់​បីដងថា ម្នាលភិក្ខុទាំងឡាយ បើ​សេចក្តីសង្ស័យក្តី សេចក្តីងឿងឆ្ងល់ក្តី ក្នុងព្រះពុទ្ធ​ ឬព្រះធម៌ ឬ​ព្រះសង្ឃ ក្នុងមគ្គ ឬបដិបទា គប្បី​មាន​សូម្បី​ដល់​ភិក្ខុមួយរូប ម្នាលភិក្ខុទាំងឡាយ អ្នក​ទាំងឡាយ ចូរសាកសួរ (តថាគតចុះ) កុំឲ្យអ្នក​ទាំងឡាយ មានសេចក្តីក្តៅក្រហាយ ស្តាយ​ក្នុងកាលជាខាងក្រោយថា ព្រះសាស្តាមាន​នៅ ចំពោះមុខ​នៃយើងរាល់គ្នាៗ មិនបានជា​យកចិត្តទុកដាក់ ដើម្បីសាកសួរ​ព្រះមាន​ព្រះភាគ ក្នុងទីចំពោះ​ព្រះភក្ត្រសោះ។ ភិក្ខុទាំងនោះក៏នៅតែស្ងៀម ជាគំរប់បីដង។ ទើប​ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹង​ភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ បើមាន​សេចក្តី​សង្ស័យ អ្នកទាំងឡាយមិនហ៊ានសាកសួរ (តថាគត) ព្រោះសេចក្តីគោរពក្នុងសាស្តា ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាសំឡាញ់ចូរប្រាប់ដល់ភិក្ខុជាសំឡាញ់ផងចុះ។ លុះព្រះមានព្រះភាគ មានព្រះពុទ្ធដីកា យ៉ាងនេះហើយ ភិក្ខុទាំងនោះ ក៏នៅស្ងៀម។ គ្រានោះ ព្រះអានន្ទមានអាយុ ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ហេតុនេះ ជាអស្ចារ្យពេកណាស់ បពិត្រព្រះអង្គដ៏ចំរើន ហេតុនេះ ចំឡែកពេកណាស់ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គមានសេចក្តីជ្រះថ្លាយ៉ាងនេះ ក្នុងភិក្ខុ​សង្ឃនេះ ព្រោះថា សេចក្តីសង្ស័យក្តី សេចក្តីងឿងឆ្ងល់ក្តី ក្នុងព្រះពុទ្ធ​ ឬព្រះធម៌ ឬ​ព្រះសង្ឃ ក្នុងមគ្គ ឬបដិបទា មិនមានដល់ភិក្ខុ សូម្បីមួយរូប ក្នុងភិក្ខុសង្ឃនេះឡើយ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលអានន្ទ អ្នកនិយាយដោយសេចក្តីជ្រះថ្លា ម្នាលអានន្ទ ញាណ​តថាគត ក៏ដឹងពិតក្នុងសេចក្តីនេះថា សេចក្តីសង្ស័យក្តី សេចក្តីងឿងឆ្ងល់ក្តី ក្នុងព្រះពុទ្ធ​ ឬព្រះធម៌ ឬ​ព្រះសង្ឃ ក្នុងមគ្គ ឬបដិបទា មិនមានដល់ភិក្ខុ សូម្បីមួយរូប ក្នុងភិក្ខុសង្ឃ​នេះ​ឡើយ ម្នាលអានន្ទ ព្រោះថា បណ្តាភិក្ខុទាំង៥០០រូបនេះ ភិក្ខុណា ដែលមានគុណធម៌​យ៉ាង​ទាបបំផុត ភិក្ខុនោះ គង់ជាសោតាបន្នបុគ្គល មានសភាព​មិនធ្លាក់ចុះ​ក្នុងអបាយ ជានិយតបុគ្គល មានការត្រាស់ដឹង ប្រព្រឹត្តទៅក្នុងខាងមុខ។

[១៤៣] គ្រានោះ ព្រះមានព្រះភាគ ត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ណ្ហើយចុះ ឥឡូវនេះ តថាគតប្រាប់អ្នកទាំងឡាយឲ្យបានដឹង សង្ខារ​ទាំងឡាយ មានសេចក្តី​សាបសូន្យជាធម្មតា អ្នកទាំងឡាយ ចូរញុំាង​កិច្ចទាំងពួង​ឲ្យ​សម្រេច ដោយសេចក្តី​មិនប្រមាទចុះ។ នេះជាបច្ឆិមវាចា របស់ព្រះតថាគត។

[១៤៤] លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ចូលកាន់បឋមជ្ឈាន ចេញអំពី​បឋមជ្ឈាន ហើយចូលកាន់ទុតិយជ្ឈាន ចេញអំពីទុតិយជ្ឈាន ហើយចូលកាន់​តតិយ​ជ្ឈាន ចេញអំពី​តតិយជ្ឈាន ហើយចូលកាន់ចតុត្ថជ្ឈាន ចេញអំពី​ចតុត្ថជ្ឈាន ហើយចូល​កាន់​អាកាសានញ្ចាយតនសមាបត្តិ ចេញអំពីអាកាសានញ្ចាយតន​សមាបត្តិហើយ ចូល​កាន់វិញ្ញាណញ្ចាយតនសមាបត្តិ ចេញអំពីវិញ្ញាណញ្ចាយតន​សមាបត្តិ ហើយចូលកាន់​អាកិញ្ចញ្ញាយតនសមាបត្តិ ចេញអំពីអាកិញ្ចញ្ញាយតនសមាបត្តិ​ហើយ ចូលកាន់​នេវសញ្ញា​នាសញ្ញាយតនសមាបត្តិ ចេញអំពីនេវសញ្ញានាសញ្ញាយតន​សមាបត្តិហើយ ចូលកាន់សញ្ញាវេទយិតនិរោធ (សេចក្តីរលត់នៃសញ្ញា និងវេទនា)។ គ្រានោះ ព្រះអានន្ទមានអាយុ ពោលទៅនឹង​ព្រះអនុរុទ្ធមានអាយុ ដូច្នេះថា បពិត្រ​អនុរុទ្ធ​ដ៏ចំរើន ព្រះមានព្រះភាគបរិនិព្វានហើយឬ។ ព្រះអនុរុទ្ធតបថា ម្នាលអាវុសោអានន្ទ​ព្រះមានព្រះភាគ មិនទាន់បរិនិព្វានទេ ព្រះអង្គទ្រង់ចូល​កាន់សញ្ញាវេទយិតនិរោធ។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ចេញចាកសញ្ញាវេទយិតនិរោធសមាបត្តិហើយ ថយ​មក​ចូលកាន់នេវសញ្ញានាសញ្ញាយតនសមាបត្តិវិញ ចេញអំពី​នេវសញ្ញានាសញ្ញាយតន​សមាបត្តិហើយ ថយមកចូលកាន់អាកិញ្ចញ្ញាយតនសមាបត្តិវិញ ចេញអំពី​អាកិញ្ចញ្ញា​យតនសមាបត្តិហើយ ថយមកចូលកាន់វិញ្ញាណញ្ចាយតនសមាបត្តិវិញ ចេញអំពី​វិញ្ញាណញ្ចាយតនសមាបត្តិហើយ ថយមកចូលកាន់អាកាសានញ្ចាយតនសមាបត្តិ​វិញ ចេញអំពី​អាកាសានញ្ចាយតនសមាបត្តិហើយ ថយមកចូលកាន់ចតុត្ថជ្ឈានវិញ ចេញអំពី​ចតុត្ថជ្ឈានហើយ ថយមកចូលកាន់តតិយជ្ឈនវិញ ចេញអំពីតតិយជ្ឈាន​ហើយ ថយមកចូលកាន់ទុតិយជ្ឈានវិញ ចេញអំពីទុតិយជ្ឈានហើយ ថយមកចូលកាន់​បឋមជ្ឈាន​វិញ ចេញអំពី​បឋមជ្ឈានហើយ ក៏ចូលកាន់ទុតិយជ្ឈានទៀត ចេញអំពី​ទុតិយជ្ឈានហើយ ក៏ចូលកាន់តតិយជ្ឈានទៀត ចេញអំពី​តតិយជ្ឈាន​ហើយ ក៏ចូល​កាន់​ចតុត្ថជ្ឈានទៀត។ លុះព្រះមានព្រះភាគ ទ្រង់ចេញចាកចតុត្ថជ្ឈានហើយ ក៏ទ្រង់​បរិនិព្វាន​ក្នុងចន្លោះ​នោះ។81)

[១៤៥] កាលព្រះមានព្រះភាគ បរិនិព្វានហើយ ការកក្រើកនៃផែនដីធំ គួរស្បើម គួរព្រឺរោម ក៏កើតមាន ទាំងផ្គរ82) ក៏លាន់ឮគគ្រឹកក៏គ្រេង ព្រមនឹងការ​បរិនិព្វាន។

[១៤៦] កាលព្រះមានព្រះភាគបរិនិព្វានហើយ សហម្បតិព្រហ្ម ក៏ពោល​នូវ​គាថា​នេះ ព្រមនឹងការបរិនិព្វានថា

ព្រះសាស្តា ដែលឥតបុគ្គលប្រៀបស្មើ ប្រាកដដូច្នេះ ព្រះតថាគត ជាសម្ពុទ្ធ​បរិបូណ៌ហើយដោយកំឡាំង ទ្រង់បរិនិព្វានហើយ ក្នុងលោកណា ពួកសត្វ​ទាំងអស់ មុខជានឹងដាក់ចុះនូវ​រាងកាយ ក្នុងលោក (នោះ) មិនខានឡើយ។

[១៤៧] កាលព្រះមានព្រះភាគ បរិនិព្វានហើយ ព្រះឥន្ទ្រជាធំជាងទេវតា ក៏​ពោល​នូវគាថានេះ ព្រមនឹងការបរិនិព្វានថា

សង្ខារទាំងឡាយ មិនទៀងហ្ន៎ មានកិរិយាកើតឡើង និងការសូន្យទៅជាធម្មតា លុះ​កើតឡើងហើយ ក៏រលត់ទៅវិញ កិរិយារម្ងាប់នូវសង្ខារ​ទាំងនោះបាន ទើប​នាំ​មកនូវសេចក្តីសុខ។

[១៤៨] កាលព្រះមានព្រះភាគបរិនិព្វានហើយ ព្រះអនុរុទ្ធមានអាយុ ក៏ពោល​នូវ​គាថាទាំងនេះ ព្រមនឹងការបរិនិព្វានថា

ព្រះមុនីនាថអង្គណា ដែលមិនមានតណ្ហា ទ្រង់ប្រារព្ធនូវអនុបាទិសេសនិព្វាន​ហើយ ទ្រង់ធ្វើមរណកាល អស្សាសបស្សាសៈ នៃព្រះមុនីនាថ ជាតាទិបុគ្គល ដែល​មាន​ព្រះទ័យ​ខ្ជាប់ខ្លួននោះ មិនមានហើយ។ ព្រះមុនីនាថ ទ្រង់អត់សង្កត់​វេទនា បានដោយ​ចិត្តមិនរួញរា សេចក្តី​រលត់នៃចិត្តក៏កើតមាន បីដូច​ជាការរលត់​នៃប្រទីប។

[១៤៩] កាលព្រះមានព្រះភាគបរិនិព្វានហើយ ព្រះអានន្ទមានអាយុ ក៏ពោល​នូវ​គាថាទាំងនេះ ព្រមនឹងការបរិនិព្វានថា

កាលដែលព្រះសម្ពុទ្ធ ប្រកបដោយហេតុ ប្រសើរទាំងពួង ទ្រង់បរិនិព្វានហើយ សេចក្តីញាប់ញ័រក្តី សេចក្តីព្រឺរោមក្តី ក៏កើតមានប្រាកដ។

[១៥០] កាលព្រះមានព្រះភាគបរិនិព្វានហើយ ភិក្ខុទាំងឡាយណា ដែល​មិនទាន់​ប្រាសចាករាគៈ មាននៅក្នុងទីនុ៎ះ ភិក្ខុទាំងនោះ ពួកខ្លះក៏ផ្គងឡើងនូវ​កំភួនដៃ ហើយ​កន្ទក់​កន្ទេញ ផ្តួលខ្លួនបម្រះននៀលទៅមក ហាក់ដូចជាមានជើងដាច់ហើយថា ព្រះមានព្រះភាគ ទ្រង់ប្រញាប់បរិនិព្វានពេកណាស់ ព្រះសុគត ទ្រង់ប្រញាប់បរិនិព្វាន​ពេកណាស់ ព្រះសម្ពុទ្ធមានចក្ខុក្នុងលោក ប្រញាប់​បាត់ទៅពេកណាស់។ ឯពួក​ភិក្ខុណា ដែលប្រាសចាករាគៈហើយ ភិក្ខុទាំងនោះ មានសតិ និងសម្បជញ្ញៈ អត់សង្កត់ដោយគិត​ថា សង្ខារទាំងឡាយ​មិនទៀងពិត ព្រោះហេតុនោះ បុគ្គលគប្បីបាននូវ​សេចក្តី​ទៀងទាត់ ក្នុងខន្ធប្បវត្តិនេះអំពីណា។

[១៥១] លំដាប់នោះ ព្រះអនុរុទ្ធមានអាយុ ប្រាប់ពួកភិក្ខុថា ម្នាលអាវុសោទាំង​ឡាយ ណ្ហើយអ្នកទាំងឡាយ កុំសោយសោក កុំខ្សឹកខ្សួលឡើយ ម្នាលអាវុសោទាំងឡាយ សេចក្តីនេះ ព្រះមានព្រះភាគ ទ្រង់បានសំដែងហើយថា សេចក្តីព្រាត់ប្រាស វិនាស​ប្រែប្រួល ចាកសត្វ និងសង្ខារ ដែលជាទីស្រឡាញ់ ជាទីគាប់ចិត្តទាំងអស់ តែងមានជា​ធម្មតា ម្នាលអាវុសោទាំងឡាយ ព្រោះហេតុនោះ បុគ្គលគប្បីបាននូវសេចក្តី​មិនព្រាត់​ប្រាសនោះ ក្នុងខន្ធប្បវត្តិនេះអំពីណា ធម្មជាតណាដែលកើតហើយ ដែលមានហើយ ដែល​បច្ច័យតាក់តែងហើយ មានសេចក្តីទ្រុឌទ្រោមជាធម្មតា ធម្មជាត​នោះឯង បុគ្គល​នឹង​ពោលឃាត់​ថា កុំទ្រុឌទ្រោមដូច្នេះ (ដោយហេតុណា) ហេតុនុ៎ះមិនមានឡើយ ម្នាលអាវុសោទាំងឡាយ ទេវតាទាំងឡាយ នឹងពោលទោស83) មិនខាន។ ព្រះអានន្ទសួរថា បពិត្រព្រះអនុរុទ្ធដ៏ចំរើន ចុះពួកទេវតាធ្វើទុកក្នុងចិត្តដូចម្តេច។ ព្រះអនុរុទ្ធ​មានថេរវាចាថា ម្នាលអាវុសោអានន្ទ មានពួកទេវតា (ខ្លះ) ដែលសំគាល់​ គឺនិម្មិតផែនដីក្នុងអាកាស រំសាយសក់ កន្ទក់កន្ទេញ ផ្គងឡើង​នូវកំភួនដៃ កន្ទក់កន្ទេញ ផ្តួលខ្លួន​ចុះបម្រះននៀលទៅមក បីដូច​ជាមានជើងដាច់ហើយថា ព្រះមានព្រះភាគ ទ្រង់​ប្រញាប់​បរិនិព្វាន​ពេកណាស់ ព្រះសុគត ទ្រង់ប្រញាប់​បរិនិព្វានពេកណាស់ ព្រះសម្ពុទ្ធ​មានចក្ខុក្នុងលោក ទ្រង់ប្រញាប់​បាត់បង់ពេកណាស់ ម្នាលអាវុសោអានន្ទ មានពួក​ទេវតា (ខ្លះ) ដែលសំគាល់នូវនិម្មិត គឺផែនដីលើផែនដី រំសាយសក់កន្ទក់កន្ទេញ។បេ។ បាត់ទៅ។ ពួកទេវតាណា ដែល​ប្រាសចាករាគៈ ទេវតាទាំងនោះ មានសតិសម្បជញ្ញៈ អត់​សង្កត់​ដោយ​គិតថា សង្ខារទាំងឡាយមិនទៀង ព្រោះហេតុនោះ បុគ្គល​គប្បីបាននូវសេចក្តី​ទៀងទាត់ ក្នុងខន្ធប្បវត្តិនេះអំពីណា។ គ្រានោះ ព្រះអនុរុទ្ធមានអាយុ និងព្រះអានន្ទ​មាន​អាយុ ធ្វើធម្មីកថា អស់រាត្រីដែលនៅសល់នោះ។ ទើប​ព្រះអនុរុទ្ធមានអាយុ ពោល​នឹង​ព្រះអានន្ទមានអាយុថា ម្នាលអាវុសោអានន្ទ អ្នកចូរចូលទៅកាន់ក្រុងកុសិនារា ហើយថ្វាយដំណឹងដល់ពួកមល្លក្សត្រិយ៍ អ្នកក្រុង​កុសិនារាថា បពិត្រ​វាសិដ្ឋគោត្រទាំង​ឡាយ ព្រះមានព្រះភាគបរិនិព្វានហើយ ឥឡូវ​អ្នកទាំងឡាយ ចូរសំគាល់​នូវ​កាល​គួរចុះ។ ព្រះអានន្ទមានអាយុ ទទួលវាចានៃព្រះអនុរុទ្ធមានអាយុថា អើលោកម្ចាស់ ហើយក៏​ស្លៀក​ស្បង់​កាន់យកបាត្រ និងចីវរក្នុងបុព្វណ្ហសម័យ មិនមានភិក្ខុជាគម្រប់ពីរឡើយ ចូលទៅ​កាន់ក្រុងកុសិនារា។

[១៥២] ក្នុងសម័យនោះឯង ពួកមល្លក្សត្រិយ៍ អ្នកក្រុងកុសិនារា កំពុងប្រជុំគ្នា ក្នុង​សណ្ឋាគារដ្ឋាន ដោយកិច្ចនីមួយ។ ទើបព្រះអានន្ទមានអាយុ ចូលទៅកាន់​សណ្ឋាគារដ្ឋាន របស់ពួកមល្លក្សត្រិយ៍ អ្នកក្រុងកុសិនារានោះ លុះចូលទៅដល់ហើយ ថ្វាយដំណឹង​ដល់ពួកមល្លក្សត្រិយ៍ អ្នកក្រុងកុសិនារាថា បពិត្រវាសិដ្ឋទាំងឡាយ ព្រះមានព្រះភាគបរិនិព្វានហើយ ឥឡូវនេះ សូមទ្រង់ទាំងឡាយ សំគាល់​នូវកាល​គួរ​ចុះ។ ពួកមល្លក្សត្រិយ៍ ពួកបុត្ររបស់មល្លក្សត្រិយ៍ ព្រះសុណិសារបស់មល្លក្សត្រិយ៍ និងភរិយា​របស់​មល្លក្សត្រិយ៍ ឮពាក្យនេះ របស់ព្រះអានន្ទមានអាយុ ហើយក៏កើតទុក្ខ តូចព្រះទ័យ ឆ្អែតដោយសេចក្តីទុក្ខក្នុងចិត្ត ខ្លះរំសាយសក់ កន្ទក់កន្ទេញ ផ្គងកំភួនដៃកន្ទក់កន្ទេញ ផ្តួល​ខ្លួនចុះ បម្រះននៀលទៅមក បីដូចជាមានជើងដាច់ហើយថា ព្រះមានព្រះភាគ ទ្រង់​បរិនិព្វានឆាប់ពេកណាស់ ព្រះសុគតទ្រង់បរិនិព្វាន ឆាប់ពេកណាស់ ព្រះសម្ពុទ្ធមាន​ចក្ខុ​ក្នុងលោក បាត់បង់ទៅឆាប់ពេកណាស់។ គ្រានោះ ពួកមល្លក្សត្រិយ៍ អ្នកក្រុងកុសិនារា បង្គាប់​ពួករាជបុរសថា ម្នាលនាយ បើដូច្នោះ ចូរអ្នកទាំងឡាយប្រមូលគ្រឿងក្រអូប និង​កម្រងផ្កា និងគ្រឿង​តូរ្យតន្ត្រីទាំងអស់ ដែលមានក្នុងក្រុងកុសិនារា។ ទើប​ពួកមល្លក្សត្រិយ៍ អ្នកក្រុងកុសិនារា នាំយក​គ្រឿងក្រអូប និង​កម្រងផ្កា និងគ្រឿង​តូរ្យតន្ត្រី និងសំពត់​៥០០គូ ចូលទៅគាល់ព្រះសរីរៈ នៃ​ព្រះមានព្រះភាគ ក្នុងសាលវ័ន របស់​ពួកមល្លក្សត្រិយ៍ ដែលជាទីចូលទៅក្នុងក្រុង លុះចូលទៅដល់ហើយ ក៏ធ្វើសក្ការៈគោរព រាប់អានបូជា​ព្រះសរីរៈ នៃ​ព្រះមានព្រះភាគ ដោយរបាំ ចម្រៀង ភ្លេង ប្រគំ ផ្កាកម្រង និងគ្រឿង​ក្រអូប​ទាំងឡាយ ហើយធ្វើពិតានសំពត់ តាក់តែងរោងបារាំយ៉ាងនេះ ពេញអស់​១ថ្ងៃនោះ។ លំដាប់នោះ ​ពួកមល្លក្សត្រិយ៍ អ្នកក្រុងកុសិនារា មានសេចក្តីត្រិះរិះដូច្នេះថា កាលនេះ ជ្រុល​វេលាហើយ នឹងថ្វាយព្រះភ្លើងព្រះសរីរៈ នៃព្រះមានព្រះភាគ ក្នុងថ្ងៃនេះ​មិនទាន់​ទេ ចាំថ្ងៃស្អែក សឹមយើងនឹងថ្វាយ​ព្រះភ្លើង​ព្រះសរីរៈ នៃព្រះមានព្រះភាគ។ លំដាប់នោះ ​ពួកមល្លក្សត្រិយ៍ អ្នកក្រុង​កុសិនារា នាំគ្នាធ្វើសក្ការៈ គោរពរាប់អាន បូជាព្រះសរីរៈ នៃ​ព្រះមានព្រះភាគ ដោយរបាំ ចម្រៀង ភ្លេង ប្រគំ ផ្កាកម្រង និងគ្រឿង​ក្រអូប​ទាំងឡាយ ហើយ​ធ្វើពិតាន​សំពត់ តាក់តែងរោងបារាំទាំងឡាយ ហើយញុំាង​ថ្ងៃជាគំរប់ពីរ ឲ្យកន្លង​ទៅទៀត ញុំាងថ្ងៃជាគំរប់​បីឲ្យកន្លងទៅទៀត ញុំាងថ្ងៃជាគំរប់បួន ឲ្យកន្លងទៅទៀត ញុំាងថ្ងៃជាគំរប់ប្រាំ ឲ្យកន្លងទៅទៀត ញុំាងថ្ងៃជាគំរប់៦ ឲ្យកន្លងទៅទៀត លុះថ្ងៃជាគំរប់៧ ទើបពួកមល្លក្សត្រិយ៍ អ្នកស្រុកកុសិនារា មានសេចក្តីត្រិះរិះ​យ៉ាង​នេះថា យើងរាល់គ្នា នឹងធ្វើសក្ការៈ គោរពរាប់អាន បូជាព្រះសរីរៈ នៃ​ព្រះមានព្រះភាគ ដោយ​របាំ ចម្រៀង ភ្លេង ប្រគំ ផ្កាកម្រង និងគ្រឿង​ក្រអូប​ទាំងឡាយ ហើយហែរទៅ​តាមទិស​ខាងត្បូងក្រៅក្រុង ហើយថ្វាយព្រះភ្លើង​ព្រះសរីរៈ នៃព្រះមានព្រះភាគ អំពីខាងត្បូងនៃ​ក្រុង។

[១៥៣] ក្នុងសម័យនោះឯង មល្លក្សត្រិយ៍៨អង្គ ដែលជាប្រធាន ជម្រះសីសៈ​ហើយ ទ្រង់សំពត់ថ្មី គិតគ្នាថា យើងនឹងលើកព្រះសរីរៈ នៃព្រះមានព្រះភាគ ដូច្នេះ តែ​មិនអាច​នឹងលើករួចបាន។ ទើបពួកមល្លក្សត្រិយ៍ អ្នកក្រុងកុសិនារា ពោលនឹង​ព្រះអនុរុទ្ធ​មានអាយុ ដូច្នេះថា បពិត្រព្រះអនុរុទ្ធដ៏ចំរើន មានហេតុដូចម្តេច មានបច្ច័យដូចម្តេច បានជា​មល្លក្សត្រិយ៍ ជាប្រធាន​ទាំង៨អង្គនេះ ជម្រះសីសៈហើយ ទ្រង់សំពត់​ថ្មី គិតគ្នា​ថា យើងនឹងលើកព្រះសរីរៈ នៃព្រះមានព្រះភាគ ដូច្នេះ តែមិនអាចនឹងលើករួចបាន។ ព្រះអនុរុទ្ធតបថា បពិត្រ​វាសិដ្ឋទាំងឡាយ បំណង​របស់ទ្រង់ទាំងឡាយផ្សេង បំណង​របស់ពួក​ទេវតាផ្សេង។ ពួកមល្លក្សត្រិយ៍ សួរទៀតថា បពិត្រលោកម្ចាស់ដ៏ចំរើន ចុះបំណង​របស់ពួកទេវតា តើដូចម្តេច។ ព្រះអនុរុទ្ធតបថា បពិត្រវាសិដ្ឋៈទាំងឡាយ បំណង​របស់ទ្រង់ទាំងឡាយថា យើងរាល់គ្នានឹងធ្វើសក្ការៈ គោរពរាប់អាន បូជាព្រះសរីរៈ នៃ​ព្រះមានព្រះភាគ ដោយរបាំ ចម្រៀង ភ្លេង ប្រគំ ផ្កាកម្រង និងគ្រឿង​ក្រអូប​ទាំងឡាយ ហើយហែរទៅ​តាមទិស​ខាងត្បូងក្រៅក្រុង ហើយថ្វាយព្រះភ្លើង​ព្រះសរីរៈ នៃព្រះមាន​ព្រះភាគ អំពីខាងត្បូងនៃ​ក្រុង បពិត្រវាសិដ្ឋៈទាំងឡាយ ឯបំណង​របស់ពួកទេវតាថា យើងរាល់គ្នានឹងធ្វើ​សក្ការៈ គោរពរាប់អាន បូជាព្រះសរីរៈ នៃ​ព្រះមានព្រះភាគ ដោយរបាំ ចម្រៀង ភ្លេង ប្រគំ ផ្កាកម្រង និងគ្រឿង​ក្រអូប​ទាំងឡាយ ដែលជាទិព្វ ហើយហែរទៅ​ខាងជើង តាមទិសខាងជើង​នៃក្រុង ហើយចូលទៅកាន់​ក្រុងតាមទ្វារខាងជើង ហើយហែទៅត្រង់កណ្តាល តាមទីកណ្តាលនៃក្រុង ហើយចេញទៅតាមទ្វារ​ខាងកើត ហើយ​ថ្វាយព្រះភ្លើង​ព្រះសរីរៈ នៃ​ព្រះមានព្រះភាគ ក្នុងមកុដពន្ធនចេតិយ84) របស់មល្លក្សត្រិយ៍ ខាងកើត​នៃ​ក្រុង។ ពួកមល្លក្សត្រិយ៍ ទូលថា បពិត្រលោកម្ចាស់ដ៏ចំរើន បំណងរបស់ពួកទេវតា​យ៉ាង​ណា ការថ្វាយព្រះភ្លើងព្រះសរីរៈ នៃព្រះមានព្រះភាគ ក៏សូមឲ្យសម្រេច​យ៉ាងនោះចុះ។ សម័យនោះឯង ក្រុងកុសិនារា ពាសពេញដោយផ្កាមន្ទាវរៈ ដោយគំនរប្រមាណ​ត្រឹម​ជង្គង់ រហូតដល់ទី​ជាចន្លោះនៃផ្ទះ និងទសម្រាប់បង្ហូរ​នូវគូថៈ និងកន្លែង​សម្រាប់​ចោល​នូវ​សម្រាម។ គ្រានោះ ពួកទេវតា និងពួកមល្លក្សត្រិយ៍ អ្នកក្រុងកុសិនារា នាំគ្នាធ្វើ​សក្ការៈ គោរពរាប់អាន បូជាព្រះសរីរៈនៃ​ព្រះមានព្រះភាគ ដោយរបាំ ចម្រៀង ភ្លេង ប្រគំ ផ្កា​កម្រង និងគ្រឿងប្រអូបទាំងឡាយ ជារបស់ទិព្វខ្លះ របស់មនុស្សខ្លះ ហើយហែទៅ​ខាងជើង​ តាមទិសខាងជើងនៃក្រុង ហើយចូលទៅកាន់ក្រុង តាមទ្វារ​ខាងជើង ហើយហែ​ទៅត្រង់កណ្តាល តាមទីកណ្តាល​នៃក្រុង ហើយចេញទៅ​តាមទ្វារ​ខាងកើត ហើយថ្វាយ​ព្រះភ្លើង​ព្រះសរីរៈ នៃ​ព្រះមានព្រះភាគ ក្នុងមកុដពន្ធនចេតិយ របស់ពួកមល្លក្សត្រិយ៍ ខាង​កើតនៃក្រុង។ លំដាប់នោះ ពួកមល្លក្សត្រិយ៍ អ្នកក្រុងកុសិនារា ពោលនឹង​​ព្រះអានន្ទមានអាយុ ដូច្នេះថា បពិត្រព្រះអានន្ទដ៏ចំរើន យើងទាំងឡាយ នឹងប្រតិបត្តិ​ក្នុង​ព្រះសរីរៈនៃ​ព្រះតថាគតដូចម្តេច។ ព្រះអានន្ទតបថា បពិត្រវាសិដ្ឋៈទាំងឡាយ ពួក​ឥស្សរជន ប្រតិបត្តិក្នុងសរីរៈនៃ​ព្រះចក្រពត្តិ​រាជយ៉ាងណា ពួកមហាបពិត្រគប្បី​ប្រតិបត្តិ ក្នុងព្រះសរីរៈនៃព្រះតថាគត យ៉ាងនោះចុះ។ បពិត្រព្រះអានន្ទដ៏ចំរើន ចុះពួក​ឥស្សរជន ប្រតិបត្តិ​ក្នុង​ព្រះសរីរៈនៃ​ព្រះចក្រពត្តិរាជដូចម្តេច។ បពិត្រវាសិដ្ឋៈទាំងឡាយ ពួក​ឥស្សរជន រុំសរីរៈនៃ​ព្រះចក្រពត្តិ​រាជ ដោយសំពត់ថ្មី លុះរុំដោយសំពត់ថ្មីរួច​ហើយ ទើបរុំ​ដោយសំឡី លុះរុំដោយសំឡីហើយ ក៏រុំដោយសំពត់ថ្មី (ថែមទៀត) រុំសរីរៈនៃព្រះ​ចក្រពត្តិរាជ ដោយ​សំពត់៥០០គូ ដោយ​ទំនងនេះ ហើយតំកល់ក្នុងព្រះមឈូសមាស ដែលដាក់ប្រេង ហើយ​គ្រប​ដោយមឈូសមាសដទៃ ហើយធ្វើជើងថ្ករ ទើបថ្វាយ​ព្រះភ្លើងនូវសរីរៈ នៃព្រះចក្រពត្តិរាជ ដោយគ្រឿង​ក្រអូបគ្រប់យ៉ាង ហើយគេធ្វើ​ព្រះស្តូប​នៃព្រះចក្រពត្តិរាជក្នុងផ្លូវធំ បែកជា៤ បពិត្រវាសិដ្ឋៈទាំងឡាយ ពួក​ឥស្សរជន ប្រតិបត្តិ​ក្នុង​សរីរៈនៃ​ព្រះចក្រពត្តិ​រាជយ៉ាងនេះឯង បពិត្រវាសិដ្ឋៈទាំងឡាយ ពួក​ឥស្សរជន ប្រតិបត្តិក្នុងសរីរៈនៃ​ព្រះចក្រពត្តិ​រាជយ៉ាងណាមិញ ពួកមហាបពិត្រគប្បី​ប្រតិបត្តិ ក្នុងព្រះសរីរៈនៃព្រះតថាគត គប្បីធ្វើព្រះស្តូប​របស់ព្រះតថាគត ក្នុងផ្លូវ​ធំបែក​ជា៤​យ៉ាងនោះចុះ ពួកជនណានឹងលើកឡើង​នូវផ្កាកម្រងក្តី គ្រឿង​ក្រអូបក្តី គ្រឿង​លំអិតក្តី ឬនឹងថ្វាយបង្គំ​ ឬធ្វើចិត្តឲ្យជ្រះថ្លាក្នុងព្រះស្តូបនោះ អំពើនោះ នឹងនាំមកនូវ​ប្រយោជន៍​ និងសេចក្តីសុខ ដល់ជនទាំងនោះ អស់កាលយូរអង្វែង។ គ្រានោះ ពួកមល្លក្សត្រិយ៍ អ្នក​ក្រុងកុសិនារា បង្គាប់​រាជបុរសថា ម្នាលនាយ បើដូច្នោះ ចូរអ្នកទាំងឡាយ ប្រមូលសំឡី​របស់ពួកមល្លជនមក។ លំដាប់នោះ ពួកមល្លក្សត្រ អ្នកក្រុង​កុសិនារា នាំគ្នារុំសរីរៈនៃ​ព្រះមានព្រះភាគ ដោយសំពត់ថ្មី លុះរុំដោយសំពត់ថ្មីរួច​ហើយ ទើបរុំ​ដោយសំឡី លុះ​រុំ​ដោយសំឡីហើយ ក៏រុំដោយសំពត់ថ្មី (ថែមទៀត) រុំសរីរៈនៃព្រះមានព្រះភាគ ដោយ​សំពត់៥០០គូ ដោយ​ទំនងនេះ ហើយតំកល់ក្នុងព្រះមឈូសមាស ដែលដាក់ប្រេង ហើយ​គ្រប​ដោយមឈូសមាសដទៃ ហើយធ្វើជើងថ្ករ ទើបថ្វាយ​ព្រះភ្លើងនូវព្រះសរីរៈ នៃព្រះមានព្រះភាគ ដោយគ្រឿង​ក្រអូបគ្រប់យ៉ាង។

[១៥៤] សម័យនោះឯង ព្រះមហាកស្សបមានអាយុ និមន្តតាមផ្លូវឆ្ងាយ មកអំពី​ក្រុងបាវា ទៅកាន់ក្រុងកុសិនារា ជាមួយនឹងភិក្ខុសង្ឃជាច្រើន ប្រមាណ៥០០រូប។ លំដាប់​នោះ ព្រះមហាកស្សបមានអាយុ ចៀសចាកផ្លូវ ទៅគង់ក្រោមម្លប់ឈើ១។ ក៏​សម័យនោះឯង មានអាជីវកម្នាក់ កាន់ផ្កាមន្ទារវៈ អំពីក្រុងកុសិនារា ដើរតាមផ្លូវ​ឆ្ងាយ ទៅកាន់ក្រុងបាវា។ ព្រះមហាកស្សបមានអាយុ បានឃើញ​អាជីវកនោះ ដើរមក​អំពី​ចម្ងាយ លុះឃើញហើយ ក៏ពោល​ទៅនឹងអាជីវកនោះ ដូច្នេះថា ម្នាលអាវុសោ អ្នកដឹង​ដំណឹងព្រះសាស្តារបស់យើងខ្លះដែរ។ អាជីវកតបថា អើអាវុសោ ខ្ញុំដឹងដែរ ព្រះសមណ​គោតម បរិនិព្វាន​ទៅ៧ថ្ងៃ គម្រប់នឹងថ្ងៃនេះហើយ ផ្កាមន្ទារវៈនេះ ខ្ញុំយកមកអំពី​ទី​បរិនិព្វាន របស់ព្រះសមណគោតមនោះ។ បណ្តាភិក្ខុទាំងនោះ ពួក​ភិក្ខុទាំងនោះ ពួក​ភិក្ខុណា ដែលមិនទាន់​ប្រាសចាករាគៈ ពួកភិក្ខុនោះ ខ្លះក៏ផ្គងកំភួនដៃ កន្ទក់កន្ទេញ ដួលបម្រះននៀលទៅមក បីដូចជាមានជើងដាច់​ហើយថា ព្រះមានព្រះភាគ ទ្រង់​បរិនិព្វាន​ឆាប់ពេកណាស់ ព្រះសុគត ទ្រង់បរិនិព្វាន​ឆាប់ពេកណាស់ ព្រះសម្ពុទ្ធមាន​ចក្ខុ​ក្នុងលោក ទ្រង់បាត់ទៅឆាប់ពេកណាស់។ ឯពួកភិក្ខុណា ដែលប្រាសចាករាគៈហើយ ពួក​ភិក្ខុនោះ ក៏មានសតិ សម្បជញ្ញៈ អត់សង្កត់ថា សង្ខារទាំងឡាយមិនទៀង ព្រោះហេតុ​នោះ បុគ្គលគប្បីបាននូវ​សេចក្តីទៀងទាត់ ក្នុងខន្ធប្បវត្តិនេះ មកអំពីណា។

[១៥៥] សម័យនោះឯង ភិក្ខុបួសចាស់ឈ្មោះសុភទ្ទ អង្គុយក្នុងកណ្តាល​បរិសទ្យ​នោះ។ លំដាប់នោះ ភិក្ខុបួសចាស់ឈ្មោះសុភទ្ទ ពោលទៅនឹងពួក​ភិក្ខុទាំងនោះ ដូច្នេះថា ម្នាលអាវុសោទាំងឡាយ ណ្ហើយអ្នកទាំងឡាយកុំសោកសៅ កុំខ្សឹកខ្សួលឡើយ ពួក​យើង​នឹងបានរួចស្រឡះហើយ ព្រោះថា ពួកយើង មហាសមណៈនោះ តែង​បៀតបៀនថា អំពើ​នេះគួរដល់អ្នក អំពើនេះ មិនគួរដល់អ្នក ក៏ឥឡូវនេះ ពួក​យើងនឹងប្រាថ្នាធ្វើនូវ​អំពើណា នឹងធ្វើ​អំពើនោះបាន មិនប្រាថ្នា​ធ្វើនូវអំពើណា នឹងមិនធ្វើ​អំពើនោះបាន។ គ្រានោះ ព្រះ​មហាកស្សបហៅភិក្ខុទាំងឡាយមកថា ម្នាលអាវុសោទាំងឡាយ ណ្ហើយ អ្នករាល់គ្នា កុំសោកសៅ កុំខ្សឹកខ្សួលឡើយ ម្នាលអាវុសោទាំងឡាយ ពាក្យនេះ​ព្រះមានព្រះភាគ បានសំដែង​ជាមុន​ហើយថា សេចក្តីព្រាត់ប្រាសវិនាស ប្រែប្រួលចាកសត្វ និងសង្ខារ​ជាទី​ស្រឡាញ់ ជាទីពេញចិត្តទាំងអស់ តែងមានជាធម្មតា ម្នាលអាវុសោទាំងឡាយ ព្រោះ​ហេតុនោះ បុគ្គលគប្បីបាននូវសេចក្តីមិនព្រាត់ប្រាសនោះ ក្នុងខន្ធប្បវត្តិនេះ មកអំពី​ណា ធម្មជាតណា ដែលកើតហើយ មានហើយ ដែលបច្ច័យតាក់តែងហើយ សឹងមាន​សេចក្តី​ទ្រុឌទ្រោម ទៅជាធម្មតា ធម្មជាតនោះ បុគ្គល​នឹងពោលឃាត់ថា កុំទ្រុឌទ្រោមដូច្នេះ (​ដោយ​ហេតុណា) ហេតុនេះមិនមានឡើយ។

[១៥៦] សម័យនោះឯង ពួកមល្លក្សត្រ៤អង្គ ដែលជាប្រធាន ទ្រង់ជម្រះសីសៈ ហើយ​ទ្រង់សំពត់​ថ្មីគិតគ្នាថា យើងនឹងឈួលនូវជើងថ្ករនៃ​ព្រះមានព្រះភាគ ដូច្នេះ តែ​មិនអាចនឹងឈួល​ឲ្យឆេះបាន។ ទើបពួកមល្លក្សត្រិយ៍ អ្នកក្រុងកុសិនារា បានពោល​ទៅនឹង​ព្រះអនុរុទ្ធ​មានអាយុ ដូច្នេះថា បពិត្រព្រះអនុរុទ្ធដ៏ចំរើន មានហេតុដូចម្តេច មានបច្ច័យដូចម្តេច បានជាពួកមល្លក្សត្រិយ៍ ជាប្រធានទាំង៤អង្គនេះ ជម្រះសីសៈ ហើយ​ទ្រង់សំពត់​ថ្មីគិតគ្នាថា យើងនឹងឈួលជើងថ្ករ នៃ​ព្រះមានព្រះភាគ ដូច្នេះ តែ​មិនអាច​នឹង​ឈួល​ឲ្យឆេះបាន។ ព្រះអនុរុទ្ធតបថា បពិត្រវាសិដ្ឋៈទាំងឡាយ បំណងរបស់ពួក​ទេវតា​ផ្សេងគ្នា។ បពិត្រលោកម្ចាស់ដ៏ចំរើន ចុះបំណង​របស់ពួក​ទេវតាដូចម្តេច។ បពិត្រវាសិដ្ឋៈទាំងឡាយ បំណងរបស់ពួក​ទេវតាថា ព្រះមហាកស្សបមានអាយុ​នេះ កំពុង​និមន្តតាមផ្លូវឆ្ងាយ ចេញអំពីក្រុងបាវា មកកាន់ក្រុងកុសិនារា ជាមួយនឹង​ភិក្ខុ​សង្ឃ​ជាច្រើន ប្រមាណ៥០០រូប ព្រះមហាកស្សបមានអាយុ មិនទាន់​បានថ្វាយបង្គំនូវព្រះបាទា នៃ​ព្រះមានព្រះភាគ ដោយដៃរបស់ខ្លួនដរាបណា ជើងថ្ករព្រះមានព្រះភាគ ក៏​មិនទាន់​ឆេះ​ដរាបនោះ។ ពួកមល្លក្សត្រិយ៍តបថា បពិត្រលោកម្ចាស់​ដ៏ចំរើន បំណង​របស់ពួក​ទេវតា យ៉ាងណា ការថ្វាយ​ព្រះភ្លើងនូវព្រះសរីរៈនៃ​ព្រះមានព្រះភាគ ក៏សូម​ឲ្យ​សម្រេច​យ៉ាង​នោះចុះ។ គ្រានោះ ព្រះមហាកស្សបមានអាយុ ចូលទៅកាន់ជើងថ្ករនៃ​ព្រះមានព្រះភាគ ក្នុងមកុដពន្ធនចេតិយ របស់ពួកមល្លក្សត្រ ទៀបក្រុងកុសិនារានោះ លុះចូលទៅដល់ហើយ ក៏ធ្វើចីវរឆៀងស្មាម្ខាង ប្រណម្យអញ្ជលី ធ្វើប្រទក្សិណជើងថ្ករ​៣ជុំហើយ បើកអំពីខាងព្រះបាទ85) ថ្វាយបង្គំព្រះបាទា នៃ​ព្រះមានព្រះភាគ ដោយសិរ្សៈ។ ឯពួក​ភិក្ខុទាំង៥០០រូបនោះ ក៏ធ្វើចីវរឆៀងស្មាម្ខាងហើយ ប្រណម្យអញ្ជលី ធ្វើប្រទក្សិណ៣ជុំ ហើយថ្វាយបង្គំ​ព្រះបាទា នៃព្រះមានព្រះភាគ ដោយសិរ្សៈ។ កាល​ដែល​ព្រះមហាកស្សបមានអាយុ នឹងពួក​ភិក្ខុទាំង​៥០០រូបនោះ ថ្វាយបង្គំព្រះបាទា នៃ​ព្រះមានព្រះភាគរួចហើយ ជើងថ្ករព្រះមានព្រះភាគ ក៏ឆេះឯង។86) ព្រះសរីរៈរបស់​ព្រះមានព្រះភាគ ដែលភ្លើង​ឆេះហើយ អាការៈណា ទោះព្រះឆវីក្តី​ ព្រះចម្មៈក្តី ព្រះមំសៈក្តី ព្រះន្ហារូក្តី ព្រះ​លសិកាក្តី អាការៈនោះ ក៏ឆេះអស់ មិនមានផែះ និងកំញ៉មធ្យូងឡើយ សល់នៅតែ​ព្រះសរីរ​ធាតុសុទ្ធ។87) សប្បិ ឬប្រេង ដែលភ្លើងឆេះ ក៏មិនមានផែះ​កំញ៉មយ៉ាងណាមិញ ព្រះសរីរៈរបស់​ព្រះមានព្រះភាគ ដែលភ្លើងឆេះហើយ អាការៈ​ណា ទោះព្រះឆវីក្តី ព្រះចម្មៈក្តី ព្រះមំសៈក្តី ព្រះន្ហារូក្តី ព្រះ​លសិកាក្តី អាការៈនោះ ក៏ឆេះអស់ មិនមានផែះ និងកំញ៉មឡើយ សល់នៅតែ​ព្រះសរីរ​ធាតុសុទ្ធ ក៏យ៉ាងនោះដែរ។ បណ្តា​សំពត់ទាំង​៥០០គូនោះ សំពត់ពីរ គឺសំពត់ជាន់ក្នុងបំផុត១ សំពត់​ជាន់ក្រៅបំផុត១ ក៏​ឆេះអស់។ លុះសរីរៈ​ព្រះមានព្រះភាគ ដែលត្រូវភ្លើងឆេះហើយ ធារទឹកក៏បង្អុរ​អំពីអាកាស រំលត់ជើងថ្ករ នៃ​ព្រះមានព្រះភាគ។ ទាំងមានទឹកខ្ពុរចេញ អំពី​ដើមសាលព្រឹក្ស រំលត់ជើងថ្ករ នៃ​ព្រះមានព្រះភាគ។ ទើបពួក​មល្លក្សត្រ អ្នកក្រុង​កុសិនារា រំលត់ជើងថ្ករ នៃ​ព្រះមានព្រះភាគ ដោយទឹកក្រអូបទាំងពួង។ គ្រានោះ ពួក​មល្លក្សត្រ អ្នកក្រុងកុសិនារា ក៏ធ្វើ​នូវការបញ្ឈរ​លំពែង88) រួចព័ទ្ធដោយកំពែងធ្នូ89) ហើយធ្វើសក្ការៈ គោរព រាប់អានបូជាព្រះសរីរធាតុ របស់​ព្រះមានព្រះភាគ ដោយ​របាំ ចម្រៀង ភ្លេង ប្រគំ ផ្កាកម្រង និងគ្រឿង​ក្រអូបទាំងឡាយ អស់៧ថ្ងៃ ក្នុង​សណ្ឋា​គារដ្ឋាន។

[១៥៧] ព្រះបាទមាគធអជាតសត្តុវេទេហីបុត្ត ទ្រង់បានឮដំណឹងថា ព្រះមាន​ព្រះភាគ ទ្រង់បរិនិព្វានហើយ ក្នុងក្រុងកុសិនារា។ ទើប​ព្រះបាទមាគធអជាតសត្តុ​វេទេហី​បុត្ត បញ្ជូន​រាជទូតទៅកាន់សំណាក់​នៃ​ពួក​មល្លក្សត្រ អ្នកក្រុងកុសិនារាថា ព្រះមាន​ព្រះភាគ ជាក្សត្រ យើងក៏ជាក្សត្រ យើងគួរបានចំណែក​នៃ​ប្រះសរីរធាតុ នៃព្រះមាន​ព្រះភាគដែរ យើងនឹងធ្វើព្រះស្តូបផង ការបូជាផង ចំពោះ​ព្រះសរីរធាតុ នៃ​ព្រះមានព្រះ​ភាគ។ ពួកក្សត្រលិច្ឆវី អ្នកក្រុងវេសាលី ទ្រង់បានឮថា ព្រះមានព្រះភាគ ទ្រង់​បរិនិព្វាន​ហើយ ក្នុងក្រុងកុសិនារា។ ទើបពួក​ក្សត្រលិច្ឆវី អ្នក​ក្រុង​វេសាលី បញ្ជូនរាជទូតទៅកាន់​សំណាក់​​នៃ​ពួក​មល្លក្សត្រ អ្នកក្រុងកុសិនារាថា ព្រះមានព្រះភាគ ជាក្សត្រ យើងក៏ជា​ក្សត្រ យើងគួរបានចំណែកព្រះសរីរធាតុ​នៃ​ព្រះមានព្រះភាគដែរ យើងនឹង​ធ្វើព្រះស្តូប​ផង ការបូជាផង ចំពោះព្រះសរីរធាតុនៃ​ព្រះមានព្រះភាគ។ ពួកក្សត្រសក្យៈ អ្នក​ក្រុង​កបិល​វត្ថុ ទ្រង់បានឮដំណឹង​ថា ព្រះមានព្រះភាគ ទ្រង់​បរិនិព្វានហើយ ក្នុងក្រុង​កុសិនារា។ ទើបពួក​ក្សត្រសក្យៈ អ្នក​ក្រុង​កបិលវត្ថុ បញ្ជូនរាជទូតទៅកាន់សំណាក់​នៃ​ពួក​មល្លក្សត្រ អ្នកក្រុងកុសិនារាថា ព្រះមានព្រះភាគ ជាញាតិផ្ទាល់របស់យើង យើងគួរបាន​ចំណែកព្រះសរីរធាតុ​នៃ​ព្រះមានព្រះភាគដែរ យើងនឹង​ធ្វើព្រះស្តូបផង ការបូជាផង ចំពោះ​ព្រះសរីរធាតុ នៃ​ព្រះមានព្រះភាគ។ ពួកក្សត្រថូលិ អ្នកក្រុងអល្លកប្បៈ ទ្រង់បានឮ​ដំណឹង​ថា ព្រះមានព្រះភាគ ទ្រង់បរិនិព្វានហើយ ក្នុងក្រុងកុសិនារា។ ទើបពួក​ក្សត្រថូលិ អ្នក​ក្រុង​អល្លកប្បៈ បញ្ជូនរាជទូតទៅកាន់សំណាក់​នៃ​ពួក​មល្លក្សត្រ អ្នកនៅក្នុង​ក្រុង​កុសិនារា​ថា ព្រះមានព្រះភាគ ជាក្សត្រ យើងក៏ជាក្សត្រ យើងគួរបានចំណែក​ព្រះសរីរធាតុ ​នៃ​ព្រះមានព្រះភាគដែរ យើងនឹង​ធ្វើព្រះស្តូបផង ការបូជាផង ចំពោះ​ព្រះសរីរធាតុ នៃ​ព្រះមានព្រះភាគ។ ពួកក្សត្រកោឡិយៈ អ្នកក្រុងរាមគ្រាម ទ្រង់បានឮ​ដំណឹង​ថា ព្រះមានព្រះភាគ ទ្រង់បរិនិព្វានហើយ ក្នុងក្រុងកុសិនារា។ ទើបពួក​ក្សត្រ​កោឡិយៈ អ្នក​ក្រុង​រាមគ្រាម បញ្ជូនរាជទូតទៅកាន់សំណាក់​នៃ​ពួក​មល្លក្សត្រ អ្នកក្រុងកុសិនារាថា ព្រះមានព្រះភាគ ជាក្សត្រ យើងក៏ជាក្សត្រ យើងគួរបានចំណែក​ព្រះសរីរធាតុ​នៃ​ព្រះមានព្រះភាគដែរ យើងនឹង​ធ្វើព្រះស្តូបផង ការបូជាផង ចំពោះព្រះសរីរធាតុនៃ​ព្រះមានព្រះភាគ។ ព្រាហ្មណ៍ដែលនៅក្នុងដែនវេដ្ឋទីបៈ បានឮដំណឹង​ថា ព្រះមានព្រះភាគ ទ្រង់បរិនិព្វានហើយ ក្នុងក្រុងកុសិនារា។ ទើបព្រាហ្មណ៍ ដែល​នៅក្នុងដែនវេដ្ឋទីបៈ បញ្ជូនរាជទូតទៅកាន់សំណាក់​នៃ​ពួក​មល្លក្សត្រ អ្នកក្រុងកុសិនារាថា ព្រះមានព្រះភាគ ជាក្សត្រ យើងក៏ជាព្រាហ្មណ៍ យើងគួរបាន​ចំណែក​ព្រះសរីរធាតុ​នៃ​ព្រះមានព្រះភាគដែរ យើងនឹង​ធ្វើព្រះស្តូបផង ការបូជាផង ចំពោះព្រះសរីរធាតុនៃ​ព្រះមានព្រះភាគ។ ពួកមល្លក្សត្រ អ្នកក្រុងបាវា ទ្រង់បានឮដំណឹង​ថា ព្រះមានព្រះភាគ ទ្រង់​បរិនិព្វានហើយ ក្នុងក្រុងកុសិនារា។ ទើបពួកមល្ល​ក្សត្រ អ្នកក្រុងបាវា បញ្ជូនរាជទូតទៅកាន់សំណាក់​នៃ​ពួក​មល្លក្សត្រ អ្នកក្រុងកុសិនារាថា ព្រះមានព្រះភាគ ជាក្សត្រ យើងក៏ជាក្សត្រ យើងគួរបាន​ចំណែកព្រះសរីរធាតុ​នៃ​ព្រះមានព្រះភាគដែរ យើងនឹង​ធ្វើព្រះស្តូបផង ការបូជាផង ចំពោះព្រះសរីរធាតុនៃ​ព្រះមានព្រះភាគ។ លុះពួកក្សត្រ និងព្រាហ្មណ៍ទាំងនោះ ពោលពាក្យយ៉ាងនេះ​ហើយ ពួកមល្លក្សត្រ អ្នកក្រុងកុសិនារា បានពោលទៅនឹងពួក​គណៈទូតទាំងនោះ ដូច្នេះថា ព្រះមានព្រះភាគ ទ្រង់បរិនិព្វានហើយ ក្នុងគាមក្ខេត្ត​របស់យើង យើងនឹង​មិនឲ្យ​នូវ​ចំណែក​ព្រះសរីរធាតុនៃ​ព្រះមានព្រះភាគឡើយ។

[១៥៨] កាលបើពួកក្សត្រ និងព្រាហ្មណ៍ទាំងនោះ ពោលយ៉ាងនេះហើយ ទើប​ទោណព្រាហ្មណ៍ និយាយទៅនឹងពួកគណៈទូតទាំងនោះ ដូច្នេះថា

លោកទាំងឡាយដ៏ចំរើន សូមស្តាប់ពាក្យរបស់ខ្ញុំមួយម៉ាត់សិន ព្រះពុទ្ធជាម្ចាស់​នៃ​យើង ព្រះអង្គជាខន្តិវាទ (អ្នកពោលសរសើរគុណនៃខន្តី) មែនពិត ការ​ប្រហារ​គ្នា (ច្បាំងគ្នា) ព្រោះតែចំណែកនៃ​ព្រះសរីរធាតុ របស់ឧត្តមបុគ្គលនេះ មិនប្រពៃ​ឡើយ។ បពិត្រលោកទាំងឡាយដ៏ចំរើន យើងទាំងអស់គ្នា (គួរតែ) ស្រុះស្រួល​គ្នា ព្រមព្រៀងគ្នា រីករាយរកគ្នា ចែកព្រះសរីរធាតុឲ្យជា៨ចំណែក ព្រះស្តូប​ទាំងឡាយ សូមផ្សាយទៅក្នុងទិសទាំងឡាយចុះ ពួកជនច្រើន គង់ជ្រះថ្លាចំពោះព្រះសម្ពុទ្ធ​ដ៏ មានចក្ខុ មិនលែង។

[១៥៩] ពួកក្សត្រ និងព្រាហ្មណ៍ទាំងនោះ ទទួលពាក្យថា ម្នាលព្រាហ្មណ៍ បើ​ដូច្នោះ អ្នកចូរ​ចែកព្រះសរីរធាតុនៃ​ព្រះមានព្រះភាគ ឲ្យជា​៨ចំណែកស្មើគ្នាចុះ។ ទោណព្រាហ្មណ៍ ក៏ទទួលពាក្យរបស់ពួកគណៈទូតទាំងនោះ ដោយពាក្យថា អើ​អ្នក​ដ៏ចំរើន អើអ្នកដ៏ចំរើន ហើយក៏ចែកព្រះសរីរធាតុនៃ​ព្រះមានព្រះភាគ ឲ្យជា​៨ចំណែកស្មើ​ភាគគ្នា ហើយនិយាយ​ នឹងពួកគណៈទូតទាំងនោះដូច្នេះថា លោកទាំងឡាយ​ដ៏ចំរើន សូម​លោកទាំងឡាយដ៏ចំរើន ឲ្យ​តុម្ព90) នេះដល់ខ្ញុំចុះ ខ្ញុំនឹងធ្វើ​ព្រះស្តូបផង ការបូជាផង ចំពោះ​តុម្ព។ ពួកក្សត្រ និង​ព្រាហ្មណ៍​ទាំងនោះ ក៏បានឲ្យតុម្ពដល់ទោណព្រាហ្មណ៍។

[១៦០] ឯពួកក្សត្រមោរិយៈ អ្នកក្រុងបិប្ផលិវ័ន ទ្រង់បានឮដំណឹង​ថា ព្រះមានព្រះភាគ ទ្រង់​បរិនិព្វានហើយ ក្នុងក្រុងកុសិនារា។ ទើបពួក​ក្សត្រមោរិយៈ អ្នកក្រុងបិប្ផលិវ័ន ក៏បញ្ជូនរាជទូតទៅកាន់សំណាក់​នៃ​ពួក​មល្លក្សត្រ អ្នកក្រុងកុសិនារាថា ព្រះមានព្រះភាគ ជាក្សត្រ យើងក៏ជាក្សត្រ យើងគួរបានចំណែកព្រះសរីរធាតុ​នៃ​ព្រះមានព្រះភាគដែរ យើងនឹង​ធ្វើព្រះស្តូបផង ការបូជាផង ចំពោះព្រះសរីរធាតុនៃ​ព្រះមានព្រះភាគ។ ពួកមល្លក្សត្រតបថា ចំណែក​ព្រះសរីរធាតុរបស់​ព្រះមានព្រះភាគ មិនមានទេ ព្រះសរីរធាតុទាំងឡាយ របស់​ព្រះមានព្រះភាគ យើងចែកគ្នាអស់ហើយ ចូរ​អ្នកទាំងឡាយ នាំយក​ព្រះអង្គារ (ធ្យូង) អំពីកន្លែង ដែលថ្វាយព្រះភ្លើង​នេះទៅចុះ។ ពួកក្សត្រមោរិយៈទាំងនោះ ក៏នាំយកព្រះអង្គារអំពីកន្លែង ដែលថ្វាយព្រះភ្លើង​នោះទៅ។

[១៦១] គ្រានោះ ព្រះបាទមាគធអជាតសត្តុវេទេហីបុត្ត ទ្រង់បានធ្វើព្រះស្តូបផង ការបូជាផង ចំពោះព្រះសរីរធាតុនៃ​ព្រះមានព្រះភាគ ក្នុងក្រុងរាជគ្រឹះ។ ឯពួកក្សត្រលិច្ឆវី អ្នកក្រុងវេសាលី ក៏បានធ្វើ​ព្រះស្តូបផង ការបូជាផង ចំពោះព្រះសរីរធាតុនៃ​ព្រះមាន​ព្រះភាគ ក្នុងក្រុងវេសាលី។ ពួកក្សត្រ អ្នកក្រុងកបិលវត្ថុ ក៏បានធ្វើ​ព្រះស្តូបផង ការបូជាផង ចំពោះព្រះសរីរធាតុនៃ​ព្រះមានព្រះភាគ ក្នុងក្រុងកបិលវត្ថុ។ ពួកក្សត្រថូលិ អ្នកក្រុងអល្លកប្បៈ ក៏បានធ្វើ​ព្រះស្តូបផង ការបូជាផង ចំពោះព្រះសរីរធាតុនៃ​ព្រះមានព្រះភាគ ក្នុងក្រុងអល្លកប្បៈ។ ពួកក្សត្រកោឡិយៈ អ្នករាមគ្រាម ក៏បានធ្វើ​ព្រះស្តូបផង ការបូជាផង ចំពោះព្រះសរីរធាតុនៃ​ព្រះមានព្រះភាគ ក្នុងរាមគ្រាម។ ព្រាហ្មណ៍ អ្នកវេដ្ឋទីបៈ ក៏បានធ្វើ​ព្រះស្តូបផង ការបូជាផង ចំពោះព្រះសរីរធាតុនៃ​ព្រះមានព្រះភាគ ក្នុងដែនវេដ្ឋទីបៈ។ ពួកមល្លក្សត្រ អ្នកក្រុងបាវា ក៏បានធ្វើ​ព្រះស្តូបផង ការបូជាផង ចំពោះព្រះសរីរធាតុនៃ​ព្រះមានព្រះភាគ ក្នុងក្រុងបាវា។ ពួកមល្លក្សត្រ អ្នកក្រុងកុសិនារា ក៏បានធ្វើព្រះស្តូបផង ការបូជាផង ចំពោះព្រះសរីរធាតុនៃ​ព្រះមានព្រះភាគ ក្នុងក្រុងកុសិនារា។ ទោណព្រាហ្មណ៍ ក៏បានធ្វើ​ព្រះស្តូបផង ការបូជាផង ចំពោះព្រះតុម្ព។ ពួកក្សត្រមោរិយៈ អ្នកក្រុងបិប្ផលិវ័ន ក៏បានធ្វើ​ព្រះស្តូបផង ការបូជាផង ចំពោះព្រះអង្គារ ក្នុងក្រុងបិប្ផលិវ័ន។ រួមព្រះស្តូប​តម្កល់ព្រះសរីរធាតុ​ទាំងអស់​មាន៨ ជាគំរប់៩នឹងព្រះស្តូប​ដែលតម្កល់​ព្រះតុម្ព ជាគំរប់១០នឹងព្រះស្តូប​ដែល​តម្កល់ព្រះអង្គារ ឯធាតុនិធាន (ទីបញ្ចុះព្រះធាតុ)នេះ ធ្លាប់មានមកហើយយ៉ាងនេះ។

[១៦២] ព្រះសរីរធាតុរបស់​ព្រះសម្ពុទ្ធដ៏មានចក្ខុ មានចំនួន៨ទោណៈ91) ព្រះសរីរធាតុ៧ទោណៈ ជនទាំងឡាយធ្វើ​សក្ការបូជាក្នុងជម្ពូទ្វីប ព្រះសរីរធាតុ​របស់ព្រះសម្ពុទ្ធ​ ជាបុរសដ៏ប្រសើរ​ខ្ពង់ខ្ពស់១ទោណៈ​ទៀត ពួកនាគរាជធ្វើសក្ការបូជាក្នុងរាមគ្រាម។ ព្រះទាឋា (ចង្កូម)១ ពួកទេវតានាំយក​ទៅ​បូជា ព្រះទាឋា១ទៀត ពួកជនធ្វើសក្ការបូជាក្នុងគន្ធារបុរី ព្រះទាឋា១ទៀត ពួកជនធ្វើសក្ការបូជាក្នុងដែនរបស់ស្តេចកាលិង្គ ព្រះទាឋា១ទៀត ពួកនាគ​រាជ​នាំយកទៅ​ធ្វើសក្ការបូជា។ ហេតុតែតេជះនៃ​ព្រះសរីរធាតុរបស់​ព្រះមានព្រះភាគនោះឯង មហាប្រឹឋពីនេះ ក៏បានប្រដាប់​ដោយគ្រឿងបូជាវិសេស ឯព្រះសរីរធាតុ របស់​ព្រះសម្ពុទ្ធ​មានចក្ខុនេះ គឺពួកសត្វ ដែលធ្លាប់​ធ្វើនូវ​គ្រឿង​សក្ការៈ ដ៏លើសលុបទាំងឡាយ បាន​ធ្វើ​សក្ការៈ ដោយល្អហើយយ៉ាងនេះ។ ស្តេច​ទេវតា ស្តេចនាគ​ និងស្តេច​មនុស្ស បានបូជា​ហើយ ចំពោះ​ព្រះសម្ពុទ្ធ​ជាម្ចាស់ ទាំងពួកមនុស្សអ្នកប្រសើរ ក៏​បានធ្វើ​បូជា​ព្រះអង្គ​ហើយ ដូច្នោះដែរ ព្រោះហេតុនោះ អ្នកទាំងឡាយ ចូរផ្គងអញ្ជលីឡើង ថ្វាយបង្គំព្រះពុទ្ធ​ជា​ម្ចាស់​នោះចុះ ព្រោះថាព្រះពុទ្ធជាម្ចាស់​ទាំងឡាយ ជាបុគ្គល​រកបានក្រ ដោយរយ​នៃ​កប្ប​ទាំង​ឡាយ។ ព្រះទន្តទាំង៤០គត់ក្តី កេសាក្តី ព្រះលោមាក្តីទាំងអស់ ពួកទេវតាដែលនៅ​ក្នុង​ចក្រវាឡតៗគ្នា នាំយកទៅមួយៗម្នាក់។

ចប់ មហាបរិនិព្វានសូត្រ ទី៣។ ចប់ ភាគ១៦។

មាតិកា

ទ. ?

លេខ ទំព័រ លេខ​សម្គាល់
សុត្តន្តបិដក sut
ទីឃនិកាយ sut.dn
មហាវគ្គ តតិយភាគ sut.dn.v2
មហាបទានសូត្រ ទី ១ ? sut.dn.14
មហាបទានសូត្រ ភាណវារៈ ទី១ ?
ប្រវត្តិនៃព្រះសម្មាសម្ពុទ្ធ ៧ ព្រះអង្គ ពោលអំពីបុព្វេនិវាសានុស្សតិរបស់ព្រះមានព្រះភាគ ?
ពោលអំពីធម្មតារបស់ព្រះពោធិសត្វ ?
ពោលអំពីមហាបុរិសលក្ខណៈ ៣២ ប្រការ ?
ពោលអំពីប្រវត្តិរបស់ព្រះវិបស្សីកុមារ ?
ភាណវារៈ ទី២ព្រះវិបស្សីកុមារស្តេចទៅកាន់ឱទ្យាន ?
ពោលអំពីការទតឃើញទេវទូតទី១ ?
ពោលអំពីការទតឃើញទេវទូតទី២ ?
ពោលអំពីព្រះតម្រិះរបស់ព្រះបាទពន្ធុមៈ ?
ពោលអំពីការទតឃើញទេវទូតទី៣ ?
ពោលអំពីព្រះតម្រិះរបស់ព្រះបាទពន្ធុមៈ ?
ពោលអំពីការទតឃើញអ្នកបួស ?
ការទ្រង់ព្រះផ្នួសនៃព្រះវិបស្សីកុមារ ?
ព្រះតម្រិះរបស់ព្រះវិបស្សីពោធិសត្វ ៦៥ ?
ការទ្រង់ពិចារណាសមុទយវារៈ ?
ការទ្រង់ពិចារណានិរោធវារៈ ៧១ ?
ការទ្រង់ពិចារណាការកើត និងការរលត់ ក្នុងឧបាទានក្ខន្ធ ៥ ?
ភាណវារៈ ទី៣ ៖ ពោលអំពីការទ្រង់ព្រះតម្រិះរបស់ព្រះពុទ្ធវិបស្សី ៧៧ ?
ពោលអំពីការអារាធនានៃមហាព្រហ្ម ?
ការទ្រង់ប្រមើលមើលនូវសត្វលោក ?
គាថាជាពាក្យអារាធនានៃព្រហ្ម ?
រឿងព្រះខណ្ឌរាជកុមារ និងតិស្សកុមារ ?
រឿងព្រះខណ្ឌរាជកុមារ និងតិស្សកុមារ ធម្មចក្ខុ ?
ពោលអំពីសេចក្តីត្រិះរិះរបស់ពួកមហាជន ?
បព្វជ្ជា ឧបសម្បទារបស់ពួកមហាជន ?
ធម្មចក្ខុរបស់បព្វជិតទាំង ៨ហ្មឺន ៤ពាន់ ?
ព្រះតម្រិះរបស់ព្រះពុទ្ធវីបស្សី ?
ពោលអំពីការត្រាច់ទៅកាន់ចារិកនៃពួកសាវ័ក ?
ការបន្លឺសូរសព្ទនៃពួកទេវតា ?
ការទ្រង់សម្តែងបាតិមោក្ខ ?
ពោលអំពីការក្រាបបង្គំទូលនៃទេវតា ?
ធម្មធាតុដែលតថាគតបានជ្រាបច្បាស់ហើយ ?
មហានិទានសូត្រ ទី២ ? sut.dn.15
មហានិទានសូត្រ ពុទ្ធភាណវារៈពោលអំពីបដិច្ចសមុប្បាទ ?
ពោលអំពីហេតុ និងបច្ច័យនៃអកុសលធម៌ទាំងឡាយ ?
ពោលអំពីហេតុបច្ច័យនៃធម៌ទាំងឡាយ មានឆន្ទរាគ ជាដើម ?
ពោលអំពីហេតុបច្ច័យនៃទេវតា ?
ពោលអំពីហេតុបច្ច័យនៃធម៌ទាំងឡាយ មានផស្សៈ ជាដើម ?
ពោលអំពីការបញ្ញត្តិខ្លួន ?
ពោលអំពីការមិនបញ្ញត្តិខ្លួន ?
ពោលអំពីការពិចារណាខ្លួន ?
ពោលអំពីការមិនពិចារណានូវវេទនា ថាជាខ្លួន ?
ពោលអំពីវិញ្ញាណដ្ឋិតិ ទាំង ៧ ?
ពោលអំពីវិមោក្ខទាំង ៨ ?
ឧភតោភាគវិមុត្តិ ?
មហាបរិនិព្វានសូត្រ ទី៣ ? sut.dn.16
មហាបរិនិព្វានសូត្រ វជ្ជិភាណវារៈ និទានកថា ?
ពោលអំពីអបរិហានិយធម៌ ទាំង ៧ របស់ពួកវជ្ជីក្សត្រិយ៍ ?
ភិក្ខុភាណវារៈ ការទ្រង់ឲ្យប្រជុំភិក្ខុទាំងឡាយ ?
អបរិហានិយធម៌ ទាំង ៧ របស់ពួកភិក្ខុ ?
អបរិហានិយធម៌ ទាំង ៦ របស់ពួកភិក្ខុ ?
ពុទ្ធភាណវារៈ ព្រះមានព្រះភាគស្តេចទៅកាន់អម្ពលដ្ឋិកាឱទ្យាន ?
ពោលអំពីការសាកសួរព្រះពុទ្ធគុណ ?
ពោលអំពីអានិសង្សនៃត្រៃសិក្ខា ?
ព្រះមានព្រះភាគ ស្តេចចូលទៅកាន់ផ្ទះសំណាក់ ?
ពោលអំពីអានិសង្សនៃបុគ្គលមានសីល មាន ៥ ប្រការ ?
ពោលអំពីការសាងក្រុង ក្នុងបាដលិគ្រាម ?
រឿងសុនីធៈ និងវស្សការព្រាហ្មណ៍ ?
អនុមោទនាគាថា ?
ព្រះឧទានរបស់ព្រះមានព្រះភាគ ?
ការទ្រង់សម្តែងចតុរារិយសច្ច ?
ការក្រាបបង្គំទូលសួរគតិរបស់ពួកសាវ័ក ?
ការទ្រង់ព្យាករណ៍គតិរបស់ពួកសាវ័ក ?
ការទ្រង់សម្តែងធម្មបរិយាយ ឈ្មោះ ធម្មាទាសៈ ?
ការទ្រង់សម្តែងសតិប្បដ្ឋាន ៤ ?
រឿងស្រីផ្កាមាសឈ្មោះ អម្ពបាលី ?
រឿងស្តេចលិច្ឆវី ?
ការស្តេចទៅកាន់ទីអង្គាស របស់នាងអម្ពបាលី ?
ព្រះមានព្រះភាគទ្រង់មានអាពាធដ៏ក្លៀវក្លា ?
ទ្រង់មានព្រះពុទ្ធដីកាប្រារព្ធនឹងព្រះអានន្ទត្ថេរ ?
ព្រះមានព្រះភាគ ស្តេចចូលទៅកាន់បាវាលចេតិយ ?
ពោលអំពីអានុភាពនៃឥទ្ធិបាទ ទាំង ៤ ?
ពោលអំពីការក្រាបទូលអារាធនាឲ្យព្រះមានព្រះភាគបរិនិព្វាន ?
ការទ្រង់ដាក់អាយុសង្ខារ ?
ពោលអំពីហេតុនៃការកក្រើកផែនដី ?
ពោលអំពីបរិសទ្យ ៨ ពួក ?
ពោលអំពីអភិភាយតនៈ ទាំង ៨ ?
វិមោក្ខ ៨ រឿងក្រុងមារ ?
ពោលអំពីពុទ្ធបរិសទ្យ ៤ ពួក ?
ពោលអំពីអានុភាពរបស់ឥទ្ធិបាទ ?
ពោលអំពីសំវេជនីយធម៌ ?
ការទ្រង់ឲ្យប្រជុំភិក្ខុសង្ឃ ?
ពោលអំពីអភិញ្ញាទេសិតធម៌ ?
ការទ្រង់ទតក្រុងវេសាលី ជាបច្ឆិមទស្សនៈ ?
ពោលអំពីអរិយធម៌ ៤ ?
ពោលអំពីមហាបទេស ទាំង ៤ ?
រឿងនាយចុន្ទកម្មារបុត្ត ?
ព្រះលោហិតប្បក្ខន្ទិកាពាធ ?
ពោលអំពីហេតុជាអស្ចារ្យចម្លែក ?
ការសម្តែងខ្លួនជាឧបាសក នៃបុក្កុសមល្លបុត្ត ?
ពោលអំពីហេតុជាអស្ចារ្យចម្លែក ?
ពោលអំពីពុទ្ធដំណើរទៅកាន់ស្ទឹងកកុធៈ ?
ពោលអំពីចង្ហាន់បិណ្ឌបាត ទាំង ២ ដែលមានផលច្រើនជាង ?
ពោលអំពីការបូជាចំពោះតថាគត ?
រឿងឧបវាណភិក្ខុ ?
ពោលអំពីសេចក្តីកន្ទក់កន្ទេញ របស់ទេវតា ?
ពោលអំពីសំវេជនីយដ្ឋាន ៤ កន្លែង ?
ពោលអំពីការប្រតិបត្តិក្នុងព្រះសរីរៈ របស់ព្រះចក្រពត្តិរាជ ?
ពោលអំពី ថូបារហបុគ្គល ៤ ពួក ?
ទ្រង់ឲ្យត្រាស់ហៅព្រះអានន្ទត្ថេរ ?
ពោលអំពីអច្ឆរិយព្ភុតធម៌ ៤យ៉ាង ក្នុងព្រះអានន្ទត្ថេរ ?
ពោលអំពីអច្ឆរិយព្ភុតធម៌ ៤យ៉ាង ក្នុងព្រះចក្រពត្តិរាជ ?
ពោលអំពីរាជធានីឈ្មោះកុសាវតី ?
ពោលអំពីការថ្វាយដំណឹង ដល់មល្លក្សត្រិយ៍ នៅក្រុងកុសិនារា ?
រឿងសុភទ្ទបរិព្វាជក ?
ពោលអំពីគ្រូអ្នកធ្វើលទ្ធិដូចជាកំពង់ ទាំង ៦ នាក់ ?
ការទ្រង់សម្តែងធម៌ ដល់សុភទ្ទបរិព្វាជក ?
បព្វជ្ជា និងឧបសម្បទា របស់សុភទ្ទបរិព្វាជក ?
បរិនិព្វានភាណវារៈព្រះបច្ឆិមវាចារបស់ព្រះមានព្រះភាគ ?
ការបរិនិព្វាននៃព្រះមានព្រះភាគ ?
ការថ្វាយដំណឹងបរិនិព្វាន ?
មល្លក្សត្រិយ៍ជាប្រធាន ៨ អង្គ ?
ការថ្វាយព្រះភ្លើងព្រះសរីរៈ របស់ព្រះតថាគត ?
រឿងព្រះមហាកស្សបត្ថេរ ?
រឿងព្រះបាទអជាតសត្តុ ជាដើម ?
ការចែកព្រះសរីរធាតុ របស់ព្រះមានព្រះភាគ ?
ពុទ្ធសារីរិកគាថា ?

1)
អដ្ឋកថា ពន្យល់ថា “ករេរិ” ប្រែថា ដើមថ្ងាន់។ មណ្ឌបដែលគេ​កំណត់​ដោយដើមថ្ងាន់នោះ ឈ្មោះថា ករេរិមណ្ឌប។ ករេរិមណ្ឌបនេះឯង តាំងនៅទៀប​ទ្វារ​កុដិ​នោះ បានជាហៅថា ករេរិកុដិកា ៗនេះ ជាកុដិធំ១ ដ្បិតក្នុងវិហារជេតពន មានកុដិ​ធំៗ​៤ គឺ​ករេរិកុដិ១ កោសម្ពកុដិ១ គន្ធកុដិ១ សឡលឃរៈ១ កុដិមួយៗ ធ្វើអស់តម្លៃ១សែន​កហាបណៈ។ បណ្តាកុដិទាំងនោះ សឡលឃរៈ ព្រះបាទបសេនទិ ទ្រង់សាង។ ក្រៅ​ពីនេះ សុទ្ធតែអនាថបិណ្ឌិកគហបតីសាងទាំងអស់។
2)
ពាក្យនិយាយពីគុណ និងទោស ហើយដាច់ទៅ។
3)
បុណ្ឌរីកសព្ទនេះ បើក្នុងទីឯទៀត ប្រែថា ឈូកស ក៏បាន។ តែក្នុងទីនេះ បានជាប្រែថា ស្វាយស ព្រោះអដ្ឋកថា ថា សេតម្ពរុក្ខ នឹងហៅថា សេតម្ពព្រឹក្ស ដូច្នេះវិញក៏បាន។
4)
អដ្ឋកថា ថា ក្នុងបឋម​ពោធិកាល មិនមានភិក្ខុអ្នកបំរើព្រះមានព្រះភាគជាប់ជានិច្ចទេ ជួនណាព្រះនាគសមាសត្ថេរ ជួនណា ព្រះនាគិតត្ថេរ ជួនណាព្រះឧបវាណត្ថេរ ជួនណាព្រះសុនក្ខត្តត្ថេរ ជួនណាចុន្ទសមណុទ្ទេស ជួនណាព្រះសាគតត្ថេរ ជួនណា​ព្រះមេឃិយត្ថេរ បំរើ។ លុះដល់កាលខាងក្រោយមក ទើបបានព្រះអានន្ទត្ថេរ ចូលមក​បំរើជាប់​រហូតដល់ព្រះអង្គចូលព្រះបរមនិព្វាន។
5)
អដ្ឋកថា ថា ធម៌ជាគ្រឿងធ្វើដំណើរសត្វដែលត្រាច់រង្គាត់ទៅក្នុង​វដ្តសង្សារឲ្យយឺតយូត ហៅថា បបញ្ចធម៌ សំដៅយកកិលេសទាំង៣ គឺតណ្ហា មានៈ ទិដ្ឋិ។
6)
កម្មជាកុសល និងអកុសល ហៅថា កុសលាកុសលកម្មវដ្ត ជាគ្រឿងញុំាងសត្វឲ្យវិលកើត វិលស្លាប់នៅក្នុងលោក។
7)
ពាក្យថា គ្របសង្កត់នូវកម្ម ជាគ្រឿង​ញុំាងសត្វឲ្យវិលវល់ ជាពាក្យផ្លាស់ប្តូរនឹងពាក្យថា ផ្តាច់ផ្តិលនូវកម្ម ជាគ្រឿងញុំាងសត្វ​ឲ្យវិលវល់នោះដែរ បានសេចក្តីថា គ្របសង្កត់ ឬផ្តាច់ផ្តិលនូវកម្មទាំងពួង ដែលជាគ្រឿង​ញុំាងសត្វ​ឲ្យវិលកើត វិលស្លាប់។
8)
បានដល់កន្លងបង់នូវទុក្ខ​ទាំង​អស់ ដែលជារបស់វដ្តៈ។
9)
អដ្ឋកថា ថា កាលដែល​ព្រះពុទ្ធ​ជាម្ចាស់មិនទាន់កើតឡើង មនុស្សទាំងឡាយតែងថ្វាយបង្គំ​ ក្នុងសំណាក់នៃពួកតាបស និងបរិព្វាជក ហើយអង្គុយច្រហោងសមាទានសីល សូម្បីព្រះមាតានៃព្រះពោធិសត្វ របស់យើងទាំងឡាយ ក៏ទ្រង់សមាទានសីល ក្នុងសំណាក់​នៃកាលទេវិលឥសីដែរ តែដល់​ពោធិសត្វ គង់នៅក្នុងផ្ទៃព្រះនាង ៗមិនគង់ជិតបាទមូលនៃអ្នកដទៃឡើយ ទ្រង់គង់​លើអាសនៈដ៏ស្មើ គ្រាន់តែពិចារណាសីលដែលសមាទានហើយប៉ុណ្ណោះ ហេតុ​ដូច្នោះ បានជាលោកថា ព្រះមាតានៃពោធិសត្វ ទ្រង់កាន់សីលដោយព្រះអង្គឯង។
10)
អដ្ឋកថា ថា ពួកទេវតាដែលមកទទួលពោធិសត្វនោះ គឺពួក​ព្រហ្ម​ជា​ខីណាស្រព ក្នុងជាន់សុទ្ធាវាស។
11)
បើចែក​សរីរប្បទេសត្រង់នោះជា៤ភាគ ពីរភាគជាចុងព្រះបាទ មួយភាគ ជា​ព្រះបាទ មួយភាគ ជាព្រះបណ្ហិ។
12)
ចំណែកខាងព្រះហស្ត ម្រាមទាំង៤វែងស្មើគ្នា ព្រះបាទ​ ម្រាម​ទាំង៥ វែងស្មើគ្នា ម្រាមទាំងអស់ មូលត្រសូលរៀវល្អ ដូចជាផង់មនោសិលា ដែល​គេលាយប្រេងហើយលញ់។
13)
អដ្ឋកថា ថា សត្វសីហៈ មានកាយពាក់កណ្តាលទៅលើពេញលេញ កាយខាងក្រោម មិន​ពេញទេ ចំណែកព្រះមហាបុរស ក៏មានព្រះកាយពាក់កណ្តាល​ខាងលើ​ពេញលេញ ដូចកាយសីហៈដែរ។
14)
ដើមជ្រៃមានមែកបែកចេញពីដើម មានប្រវែង​ស្មើគ្នា ទោះបី៥០ហត្ថ ឬ១០០ហត្ថ ក៏មានប្រមាណ​ត្រូវគ្នា មិនខុស ទាំងបណ្តោយ​ ទាំង​ទទឹង ចំណែកខាងព្រះកាយ​របស់​ព្រះមានព្រះភាគ ក៏មានប្រមាណ​ត្រូវគ្នា ទាំង​ជំហរព្រះកាយ ទាំងព្យាមដែរ។
15)
អដ្ឋកថា ថា មានសរសៃយ៉ាង​ឆ្មារល្អិត ៧ពាន់ ប្រជុំស្រោបត្រង់ព្រះសុរង (សម្រាប់ទទួលនំារសអាហារ ឲ្យជ្រួតជ្រាប ផ្សព្វផ្សាយ ក្នុងព្រះកាយទាំងមូលបាន ឥតមានទើសទាក់) សូម្បីអាហារ​យ៉ាងតិច​ប៉ុនគ្រាប់ល្ង១ ដែលទ្រង់ដាក់ត្រង់ចុងព្រះជីវ្ហា ក៏អាច​ជ្រួតជ្រាបសព្វសព៌ាង្គកាយ​បាន។
16)
អដ្ឋកថា ថា ត្រង់កន្លែងដែលគួរខៀវ ក៏ខៀវស្រស់ ដូចជាផ្កាត្រកៀត ឬផ្កាកណ្តៀង ត្រង់កន្លែង​ដែលគួរលឿង ក៏លឿងស្រស់ ដូចជាផ្កាកណ្ណិកា… ក្រហមស្រស់ ដូចជាផ្កាច្បារ.. សថ្លាត្រចះ ដូចជាផ្កាយព្រឹក… ខ្មៅស្រស់ ដូចជាផ្លែផ្គាំ។
17)
ឥសិបតនមិគទាយវ័ន កាលគ្រានោះ ហៅថា ខេមមិគទាយវ័ន
18)
ឈើដែលជាធំជាងគេក្នុងព្រៃ
19)
ដើមពោធិបាយ
20)
សេចក្តីនេះ ត្រូវចូលចិត្តថា សត្វទាំងអស់ក្នុងភពទាំងអស់ កាលបើ​មានជាតិហើយ ជរា មរណៈក៏មានដែរ។
21)
បានដល់វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ វិញ្ញាណក្ខន្ធ។
22)
បានដល់រូបក្ខន្ធ
23)
អដ្ឋកថា ថា បុគ្គលណាកាន់យកនូវ​កសិណនិមិត្ត ដែលមិនចំរើន គឺថោកថយ ថាជាខ្លួនដូច្នេះ បុគ្គលនោះ តែងបញ្ញត្ត​ខ្លួនដែលមានរូប និងមានប្រមាណតិច។ ពាក្យថា រូប សំដៅយកកសិណនិមិត្ត ពាក្យថា មានប្រមាណតិច សំដៅយក​កសិណនិមិត្តដែលថោកថយ។
24)
បុគ្គលណាកាន់យកនូវកសិណនិមិត្តដែលចំរើន ថាជាខ្លួន​ខ្ពង់ខ្ពស់ដូច្នេះ បុគ្គលនោះ តែងបញ្ញត្តខ្លួនថា មានរូប និងមិនមានទីបំផុត ពាក្យថា រូប សំដៅយក​កសិណនិមិត្ត ពាក្យថា មិនមានទីបំផុត សំដៅយក​កសិណនិមិត្ត ដែលខ្ពង់​ខ្ពស់ថ្លៃថ្លា។
25)
បុគ្គល​ដែល​បានសម្រេចនូវរូបជ្ឈាន ដែលថោកថយ ហើយចំរើនរូបជ្ឈាននោះឆ្លងទៅកាន់​អរូបជ្ឈាន​ដែលថោកថយដែរ ក៏កាន់យកនូវអរូបជ្ឈាននោះ ថាជាខ្លួនដូច្នេះ បុគ្គលនោះ តែងបញ្ញត្ត​ខ្លួនថា មិនមានរូប និងមានប្រមាណតិច ដោយអរូបជ្ឈាន ដែលថោកថយនោះឯង។
26)
បុគ្គល​ដែល​បាន​សម្រេចនូវរូបជ្ឈាន ដែលខ្ពង់ខ្ពស់ថ្លៃថ្លា ហើយចំរើនរូបជ្ឈាននោះឆ្លងទៅកាន់​អរូបជ្ឈាន​ដែលខ្ពង់ខ្ពស់ថ្លៃថ្លាដែរ ក៏កាន់យកនូវអរូបជ្ឈាននោះ ថាជាខ្លួនដូច្នេះ បុគ្គលនោះ តែង​បញ្ញត្ត​​ខ្លួនថា មិនមានរូប និងមិនមានទីបំផុត ដោយអរូបជ្ឈាន ដែលខ្ពង់ខ្ពស់ថ្លៃថ្លា​នោះ​ឯង។
27)
ពាក្យនេះ ព្រះមានព្រះភាគ ទ្រង់សំដែងដោយអំណាច​ឧច្ឆេទទិដ្ឋិ
28)
ដោយអំណាចសស្សតទិដ្ឋិ
29)
បុគ្គលជាឧច្ឆេទវាទី មានប្រាថ្នានឹងបំបែរនូវបុគ្គលជាសស្សតវាទី ឲ្យចូល​មកក្នុង​ទិដ្ឋិ​របស់ខ្លួន ចំណែកបុគ្គលដែលជាសស្សតវាទីវិញ ក៏គិតបំបែរបុគ្គល​ជាឧច្ឆេទវាទី ឲ្យចូលមកក្នុងទិដ្ឋិរបស់ខ្លួនវិញដែរ។
30)
សំដៅយកបុគ្គលដែល​បាន​រូបកសិណ។
31)
បានដល់រូបក្ខន្ធ ដែលប្រាសចាកវេទនា មានធាងត្នោត និងបង្អួចជាដើម។
32)
បានដល់​វេមានិកប្រេត ក្រៅអំពីអបាយទាំង៤។
33)
សេចក្តីសំគាល់​ក្នុងរូបាវចរជ្ឈាន និងអារម្មណ៍របស់ឈាននោះ។
34)
សេចក្តីសំគាល់ ដែលកើតឡើង​ដោយវត្ថុ មានចក្ខុជាដើម ប៉ះពាល់គ្នា នឹងអារម្មណ៍​ មានរូបជាដើម។
35)
សញ្ញា ដែល​ប្រព្រឹត្តទៅ​ក្នុង​អារម្មណ៍ផ្សេងគ្នា ឬសញ្ញាដែលផ្សេងគ្នា (វិសុទ្ធិមគ្គ)។
36)
បុគ្គលនោះ បានរូបាវចរជ្ឈានទាំង៤ ព្រោះអាស្រ័យកសិណ ជាវត្ថុ​ខាងក្នុង មានសក់ជាដើមរបស់ខ្លួន។
37)
បុគ្គលដែលបានរូបាវចរជ្ឈាន មិនអាស្រ័យ​នឹងអាការ​ មានសក់ជាដើម របស់ខ្លួន។
38)
បុគ្គល​ដែលបានឈាន ព្រោះអាស្រ័យវណ្ណកសិណ មាននីលកសិណជាដើម ដែលបរិសុទ្ធថ្លៃថ្លា ជាង​បុគ្គល​ទី១ ទី២។
39)
បុគ្គលនោះរួចចាករូបកាយដោយអរូបសមាបត្តិផង រួចចាក​នាមកាយដោយមគ្គផង
40)
ហ្វូងត្មាតតែងនៅលើកំពូលភ្នំនោះ ឬភ្នំនោះ មានកំពូលស្រដៀងត្មាត បានជា​ហៅថា គិជ្ឈកូដ។
41)
ជាព្រះឱរសរបស់ព្រះនាងទេវី ព្រះនាម​វេទេហី។
42)
ទី​កន្លែង​ទេវតា ដែលគេធ្លាប់គោរព (អដ្ឋកថា
43)
រោងឆាន់ ឬរោងសម្រាប់ប្រើប្រាស់។
44)
អដ្ឋកថា ថា ប្រទេសដែលនៅឆ្ងាយពីស្រុកកំណត់ ៥០០ជួរធ្នូឡើងទៅ។
45)
ភិក្ខុមានព្រហ្មចារ្យស្មើគ្នា។
46)
សំដៅយកកិច្ចរបស់ភិក្ខុ មានដេរចីវរ​ជាដើម បើភិក្ខុណាធ្វើកិច្ចនោះអស់១ថ្ងៃទាំងមូល មិនមានពេលរៀនសូត្រសោះ ភិក្ខុ​នោះ ទើបឈ្មោះថា ត្រេកអរនឹង​ការងារ បើភិក្ខុដែលធ្វើការងារខ្លះ ប្រកបការរៀនសូត្រខ្លះ​ក្នុង​១ថ្ងៃៗ ភិក្ខុនោះ មិនឈ្មោះថាត្រេកអរនឹងការងារឡើយ។
47)
សំដៅយកមគ្គចិត្ត និង​ផលចិត្ត។
48)
សំដីអង់អាច ឥតខ្លាចញញើត។
49)
ធម៌​ជាគ្រឿងនៅ មាន៩ គឺរូបសមាបត្តិ៤ អរូបសមាបត្តិ៤ និងសញ្ញាវេទយិតនិរោធ១ ធម៌ទាំង​៩នេះ នឹងហៅអនុបុព្វវិហារធម៌ ដូច្នេះវិញក៏បាន។
50)
អដ្ឋកថា ថា និសីទនៈ ក្នុងទីនេះ គឺចម្មខណ្ឌ
51)
កំណត់អាយុរបស់មនុស្ស ដែលពេញគ្រប់គ្រាន់តាមកាល តាមសម័យ ហៅថា អាយុកប្ប ដូច​ក្នុងសម័យ​ព្រះពុទ្ធជាម្ចាស់យើងនេះ អាយុកប្បកំណត់១រយឆ្នាំ។
52)
សំដៅយកសាសនា​ទាំងមូល ដែលសង្គ្រោះ​ដោយត្រៃសិក្ខា។
53)
ដែលថា សំគាល់នូវរូបខាងក្នុងនោះ គឺបុគ្គលយកអាការក្នុងខ្លួន មានសក់​ជាដើម មកធ្វើបរិកម្ម។
54)
ដែលថា ឃើញនូវរូបខាងក្រៅ គឺឃើញនូវនិមិត្តខាងក្រៅ ដែលខ្លួន​យកអាការ​ខាងក្នុងមកបរិកម្ម ហើយកើត​និមិត្ត​ឡើងខាងក្រៅនោះឯង។
55)
ដែលថា មានប្រមាណតិចនោះ សំដៅ​យក​និមិត្តរបស់បុគ្គល​ដែលជាវិតក្កចរិត និមិត្តនោះ មានប្រមាណតិច។
56)
ដែលថា មានពណ៌ល្អនោះ សំដៅយកនិមិត្តរបស់បុគ្គល​ដែល​ជាទោសចរិត។ ដែលថា មានពណ៌អាក្រក់នោះ សំដៅយកនិមិត្ត របស់បុគ្គល​ដែល​ជារាគចរិត។
57)
ដែលថា គ្របសង្កត់នូវរូបទាំងនោះ គឺបុគ្គលបានឃើញ​នូវ​និមិត្តខាងក្រៅ ហើយកន្លងបង់នូវនិមិត្តនោះចេញ ទើបចូល​ទៅកាន់អប្បនា គឺបឋមជ្ឈាន។
58)
ដែលថា មានប្រមាណច្រើន​នោះ សំដៅយកនិមិត្តរបស់បុគ្គល​ដែលជាមោហចរិត
59)
បុគ្គលនោះ មិនយក​អាការខាងក្នុងមកធ្វើបរិកម្ម យកវត្ថុខាងក្រៅមកធ្វើ​បរិកម្មវិញ។
60)
រូបាវចរជ្ឈាន ដែលកើត​អំពី​កសិណ មាននីលកសិណជាដើម ក្នុងអាការទាំង៣២ មានសក់ ជាដើម ដែលសន្មត​ថា ជាវត្ថុ​ខាងក្នុង។
61)
បុគ្គលដែលបានឈាន ព្រោះអាស្រ័យវណ្ណកសិណ មាននីលកសិណជាដើម ដែលបរិសុទ្ធថ្លៃថ្លាជាងបុគ្គលទី១ ទី២។
62)
សេចក្តីសំគាល់​ក្នុង​រូបាវចរជ្ឈាន និងអារម្មណ៍របស់ឈាននោះ។
63)
សេចក្តី​សំគាល់ដែលកើតឡើងដោយវត្ថុ មានចក្ខុជាដើម ប៉ះពាល់​នឹងអារម្មណ៍​ មាន​រូប​ជាដើម។
64)
សញ្ញាដែល​ប្រព្រឹត្តទៅក្នុង​អារម្មណ៍​ផ្សេងគ្នា ឬសញ្ញាដែលផ្សេងគ្នា។
65)
ពាក្យថា សូករមទ្ទវៈ បានដល់សាច់ជ្រូកដែលគេចិញ្ច្រាំឲ្យល្អិតទន់ ហើយចំអិនដោយល្អ។ មួយទៀតថា សូករមទ្ទវៈនេះ ជាឈ្មោះ​ភោជន ដែលតាក់តែង​ត្រូវតាមតម្រា​នៃម្ហូប​មានរស​ឆ្ងាញ់។ អដ្ឋកថា។
66)
រន្ទះមាន៩យ៉ាងគឺ អសញ្ញា រន្ទះធ្វើសត្វដែលត្រូវសំឡេងរន្ទះនោះ​គ្រប​សង្កត់ឲ្យបាត់សញ្ញា១ វិចក្កា រន្ទះដែលមានសណ្ឋានមូលដូចជាកង់រទេះ១ សតេរា រន្ទះ​ដែល​មានសណ្ឋាន​ដូចជាស្លាប​ក្តោងទូក១ គគ្គរា រន្ទះដែលធ្វើសំឡេងគ្រឹកគ្រេង១ កបិសីលា រន្ទះដែល​មានអាការដូចជាស្វាញាក់ចិញ្ចើម១ មច្ឆវិលោលិកា រន្ទះ​ដែលមានអាការ​ដូចត្រីភ្លៀក១ កុក្កុដកា រន្ទះ​ដែលមានអាការដូចមាន់ទទះស្លាប១ ទណ្ឌមណិក រន្ទះដែល​មានអាការដូចផ្នៀងនង្គ័ល១ សុក្ខាសនី រន្ទះស្ងួត ធ្វើកន្លែងដែលធ្លាក់​ចុះ ឲ្យរបើកចេញទៅ។ (អដ្ឋកថា ព្រមទាំងដីកា)។
67)
អដ្ឋកថា ថា កាលព្រះមានព្រះភាគកំពុងស្រង់ ហ្វូងត្រី និងអណ្តើកក្នុងស្ទឹង​នោះក្តី ដងព្រៃនៅក្បែរច្រាំងទាំងពីរក្តី ក៏មានសម្បុរ​ហាក់ដូចជាមាសទាំងអស់។
68)
អដ្ឋកថា ថា សំដៅយកអរហត្តផល។
69)
ពាក្យថា មឈូស ប្រែចេញពីបាលីថា ទោណិ ដែល​ធ្លាប់ប្រែថា ស្នូក តែដែលប្រែថាមឈូស ដូច្នេះ តាមលំនាំសេចក្តីជាខ្មែរ។ ពាក្យថា មាស ប្រែចេញពីបាលីថា អយសៈ ដែលក្នុងទីឯទៀត តែងប្រែថា ដែក តែក្នុងទីនេះ អដ្ឋកថា ប្រាប់ឲ្យប្រែថា មាស។
70)
គ្របមឈូស​ ឬគ្របភ្ងាស
71)
អដ្ឋកថា សង្គ្រោះយកទាំងមនុស្សសុគតិចូលផង។
72)
អដ្ឋកថា ថា បុគ្គលពួកមួយ ធ្វើការបំរើតែក្នុងទីចំពោះមុខ មិនបានធ្វើ​ក្នុងទីកំបាំងមុខ បុគ្គលពួកមួយទៀត ធ្វើការបំរើតែក្នុងទីកំបាំងមុខ មិនបានធ្វើ​ក្នុងទី​ចំពោះមុខ ឯកាយកម្មរបស់ព្រះអានន្ទ មិនដូច្នោះទេ ទើបឈ្មោះថា មិនមាន​ចំណែកពីរ។
73)
ក្សត្រិយ៍ ដែលមានទ្រព្យកប់ទុកចំនួន១រយកោដិ ឬ១ពាន់កោដិឡើងទៅ វេលាថ្ងៃ ចំណាយកហាបណៈចំនួន១រទេះ វេលាល្ងាច មានកហាបណៈ ចំនួន​២រទេះចូលមកវិញ ហៅថា ខត្តិយមហាសាល។
74)
ព្រាហ្មណ៍ដែលមានទ្រព្យកប់ទុក ចំនួន​៨០កោដិឡើងទៅ វេលាថ្ងៃ ចំណាយកហាបណៈចំនួន១កុម្ភៈ វេលាល្ងាច មាន​កហាបណៈ ចំនួន១រទេះចូលមកវិញ ហៅថា ព្រាហ្មណមហាសាល។
75)
គហបតី ដែលមានទ្រព្យកប់ទុកចំនួន​៤០កោដិឡើងទៅ វេលាថ្ងៃ ចំណាយកហាបណៈចំនួន៥អម្ពណៈ វេលាល្ងាច មានកហាបណៈ ១កុម្ភៈចូលមកវិញ ហៅថា គហបតីមហាសាល។ សំដែងរឿងរង្វាស់ថា ៤ក្តាប់ ត្រូវជា១កុឌវៈ ៤កុឌវៈ ត្រូវជា​១បត្តៈ ៤បត្តៈ ត្រូវជា១អាឡ្ហកៈ ៤អាឡ្ហកៈ ត្រូវជា១ទោណៈ ៤ទោណៈ ត្រូវជា​១មាតិកា ៤មាតិកា ត្រូវជា​១ខារិ (អម្រែក) ២០ខារិ ត្រូវជា១សកដៈ គឺរទេះ។ មួយទៀតថា ១ទូកដៃ ហៅថា ១កុឌវៈ ៤កុឌវៈ ត្រូវជា​១បត្តៈ ៤បត្តៈ ត្រូវជា១អាឡ្ហកៈ ៤អាឡ្ហកៈ ត្រូវជា១​ទោណៈ ១១ទោណៈ ត្រូវជា​១១អម្ពណៈ ១០អម្ពណៈ ត្រូវជា​១កុម្ភៈ គឺជាឈ្មោះ​រង្វាល់ក្អម។
76)
សំដៅយកសោតាបន្នសមណៈ
77)
សកទាគាមិសមណៈ
78)
អនាគាមិសមណៈ
79)
អរហន្តសមណៈ
80)
អដ្ឋកថា ថា កាលព្រះមានព្រះភាគគង់នៅ ជនដែលបានបួសជាសាមណេរ​ហើយ លុះអណើះតមក ទើបបានឧបសម្បទា បានរៀនកម្មដ្ឋាន បានសម្រេច​ព្រះអរហត្តក្តី កាល​ព្រះមានព្រះភាគគង់នៅ ជនដែល​បានឧបសម្បទាហើយ លុះអណើះតមក ទើប​រៀនកម្មដ្ឋាន បានសម្រេច​អរហត្តក្តី កាលព្រះមានព្រះភាគគង់នៅ ជនដែល​បានរៀន​កម្មដ្ឋានហើយ លុះអំណើះតមក ទើបបានសម្រេចព្រះអរហត្តក្តី ជនទាំងនោះ ហៅថា បច្ឆិមសក្ខិសាវ័កទាំងអស់។ ឯសុភទ្ទភិក្ខុនេះ កាល​ព្រះមានព្រះភាគគង់នៅ បានបួសផង បាន​ឧបសម្បទាផង បានរៀន​កម្មដ្ឋានផង បានសម្រេច​ព្រះអរហត្តផង តែក្នុងថ្ងៃ​មួយ (ក៏​ហៅថា) បច្ឆិមសក្ខិសាវ័កដែរ។
81)
អដ្ឋកថា ថា ទ្រង់ចេញចាកចតុត្ថជ្ឈានហើយ ពិចារណា​អង្គឈាន ហើយទ្រង់បរិនិព្វាន ដោយភវង្គចិត្ត ជាអព្យាកតទុក្ខសច្ច។
82)
ថា ស្គរនៃទេវតាក៏បាន
83)
អដ្ឋកថា ថា ពួកទេវតាពោល​ទោសថា លោកម្ចាស់ទាំងឡាយ មិនអាចអត់សង្កត់​សេចក្តី​សោក​ ចំពោះខ្លួនឯងទៅហើយ ដូចម្តេច​នឹងឲ្យជនដ៏សេស ដកដង្ហើមស្រួលបាន។
84)
អដ្ឋកថា ថា សាលាជាមង្គល សម្រាប់តែងព្រះអង្គរបស់ពួកមល្លរាជ ហៅថា មកុដពន្ធនៈ ហៅថា ចេតិយ ព្រោះគេធ្វើវិចិត្ររចនាក្បូរក្បាច់វិសេសណាស់។
85)
អដ្ឋកថា ថា ព្រះមហាកស្សបចូលចតុត្ថជ្ឈាន ចេញ​ចាកចតុត្ថជ្ឈាន ហើយអធិដ្ឋាន​ថា សូមឲ្យព្រះបាទទាំងគូទំលាយសំពត់ទាំង៥០០គូ ព្រម​ទាំងសំឡី​ និងព្រះមឈូសមាស និងជើងថ្ករធ្វើដោយខ្លឹមចន្ទន៍ ហើយលៀនចេញ​មក​ប្រតិស្ឋានលលើក្បាល​របស់ខ្ញុំ។ គ្រានោះ ព្រះបាទទាំងគូ ក៏ទំលាយ​សំពត់ទាំង៥០០គូ​ជាដើម លៀនចេញមក ដំណាលគ្នា​នឹងការអធិដ្ឋានចិត្តរបស់ព្រះមហាកស្សប ប្រៀបដូច​ព្រះចន្ទ្រពេញវង់ ចេញមកអំពីចន្លោះពពក។ ព្រះមហាកស្សបក៏លាដៃឡើង​ចាប់ព្រះបាទាលើកដាក់លើសិរ្សៈរបស់លោក។
86)
អដ្ឋកថា ថា ជើងថ្ករនោះឆេះឡើង ដោយអានុភាពនៃទេវតា។
87)
អដ្ឋកថា ថា​ នៅសល់តែព្រះអដ្ឋិធាតុ ប្រៀបដូចផ្កាម្លិះក្រពុំខ្លះ ដូច​កែវមុក្តាដ៏ស្អាតខ្លះ ដូចកំទេចមាសខ្លះ។
88)
អដ្ឋកថា ថា ញុំាងបុរស​អ្នកកាន់លំពែងឲ្យឈរ​ព័ទ្ធជុំវិញព្រះសរីរធាតុ។
89)
ញុំាង​ពួកដំរី ពួកសេះ ពួករថ ពួកយោធា ឲ្យឈរព័ទ្ធជុំវិញព្រះសរីរធាតុ ធ្នូក៏ច្រុះព័ទ្ធជុំវិញ​ខាង​ក្រៅ​បង្អស់។
90)
ជាឈ្មោះរង្វាល់​ម្យ៉ាងនៅប្រទេស​ឥណ្ឌៀក្នុងកាល​នោះ។
91)
បួនក្តាប់ ត្រូវជា​១កុឌវៈ ៤កុឌវៈ ត្រូវជា១បត្ថៈ (នាឡិ) ៤បត្ថៈ ត្រូវជា១អាឡ្ហកៈ ៤អាឡ្ហកៈ ត្រូវជា​១ទោណៈ គឺទោណៈ១ ត្រូវជា១៦នាឡិតូច។
km/tipitaka/book_016.txt · ពេលកែចុងក្រោយ: 2023/03/16 11:05 និពន្ឋដោយ Johann