User Tools

Site Tools


Translations of this page?:
km:tipitaka:book_017

-Namo tassa bhagavato arahato sammā-
ព្រះត្រៃបិដកភាសាខ្មែរ - Tipiṭaka Khmer language
ភាគ ១៧ - Book 17

Ven. Members of the Sangha, Ven. Theras Valued Upasaka, valued Upasika This is a Work Edition! 1.Edition 20170101 Do not share it further except for editing and working purposes within the transcription project on sangham.net. Only for personal use. If you find any mistake or like to join the merits please feel invited to join here: sangham.net or Upasika Norum on sangham.net Anumodana!

សូម​ថ្វាយបង្គំ​ចំពោះ​ព្រះសង្ឃ, ជំរាបសួរ​ឧបាសក និង​ឧបាសិកា​ទាំង​អស់ នេះ​គឺ​ជា​សេចក្តី​ព្រាងច្បាប់​ការ​បោះ​ពុម្ព​ផ្សាយ! 1.Edition 20170101 សូម​កុំ​ចែក​រំលែក​បន្ថែម​ទៀត ប្រសិន​បើ​មិន​មែន​សម្រាប់​ការ​កែសម្រួល​នៅ sangham.net និង​កិច្ច​ការ​នេះ។ សូម​គិត​ថា​លោក​អ្នក​ត្រូវ​បាន​អញ្ជើញ​ដើម្បី​ចូល​រួម​បុណ្យកុសល​នេះ និង​​សូមប្រាប់​ពួក​យើង​អំពី​កំហុស និង​ប្រើវេទិកា​នេះ: sangham.net ឬ​ប្រាប់​ឧបាសិកា Norum នៅ​លើ sangham.net សូម​អនុមោទនា!

A topic about progress and feedback can be found here: ព្រះត្រៃបិដក ភាគ ០១៧ - Tipitaka Book 017, for change log on ati.eu see here: រាយការណ៍ ភាគ ០១៧



book_017.jpg

គំរូ ឯកសារ ផ្សេងទៀត ៖
book_017.pdf

លេខសម្គាល់
លេខទំព៍រ

ព្រះត្រៃបិដក ភាគ ទី ១៧

ទ. 1

សុត្តន្តបិដក

ទីឃនិកាយ

មហាវគ្គ

(មហាវគ្គ)

ចតុត្ថភាគ

នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស។

ខ្ញុំ​សូម​នមស្ការ ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ ជា​អរហន្ត​សម្មាសម្ពុទ្ធ ព្រះ​អង្គ​នោះ​។

មហាសុទស្សនសូត្រ ទី៤

(៤. មហាសុទស្សនសុត្តំ)

[១] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់​នៅក្នុង​សាលវ័ន ដែលជាផ្លូវបត់ចូល (ទៅកាន់ក្រុង) របស់ពួកមល្លក្សត្រ នាចន្លោះនៃដើម​សាលព្រឹក្ស​ទាំងគូ ជិតក្រុងកុសិនារា ក្នុងកាលទៀបបរិនិព្វាន។ គ្រានោះឯង ព្រះអានន្ទ​មានអាយុ ចូលទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំ​ព្រះមានព្រះភាគ រួច​គង់ក្នុងទីដ៏សមគួរ។ លុះព្រះអានន្ទមានអាយុ គង់ស៊ប់​ក្នុង​ទីសមគួរ​ហើយ បានក្រាបបង្គំទូល ចំពោះ​ព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន សូម​ព្រះមានព្រះភាគ កុំបរិនិព្វាន ក្នុងនគរ​កុសិនារានេះ ដែលជានគរតូច នគរទួល ជា​សាខានគរឡើយ បពិត្រព្រះអង្គដ៏ចំរើន នគរធំៗ ឯទៀតក៏មាន ដូចយ៉ាងនគរចម្បា រាជគ្រឹះ សាវត្ថី សាកេត កោសម្ពី និងពារាណសី សូម​ព្រះមានព្រះភាគ ទ្រង់​បរិនិព្វាន​ក្នុងនគរ​ទាំងនុ៎ះវិញ (ព្រោះ) ក្នុងនគរទាំងនុ៎ះ មានខត្តិយមហាសាល ព្រាហ្មណមហាសាល និងគហបតិមហាសាល ជាច្រើននាក់ ដែលជ្រះថ្លាស៊ប់ ក្នុងព្រះតថាគត ពួកជនទាំងនោះ នឹងធ្វើការបូជាព្រះសរីរៈ របស់ព្រះតថាគត។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាល​អានន្ទ អ្នកកុំពោលថា នគរនេះ ជានគរតូច នគរទួល ជាសាខានគរ​យ៉ាងនេះឡើយ។ ម្នាលអានន្ទ កាលពីព្រេងនាយមក មានព្រះរាជាទ្រង់ព្រះនាម មហាសុទស្សនៈ ជាក្សត្របានមុទ្ទាភិសេក (ឥស្សរៈលើផែនដី) មានមហាសមុទ្រទាំង​៤ ជាទីបំផុត ព្រះអង្គជាស្តេចឈ្នះសង្គ្រាម ទ្រង់មានជនបទ ដល់នូវ​សេចក្តីមាំមួន។ ម្នាល​អានន្ទ នគរ​កុសិនារានេះ ជារាជធានីឈ្មោះកុសាវតី របស់​ព្រះបាទមហាសុទស្សនៈ។ ម្នាល​អានន្ទ កុសាវតីរាជធានី បណ្តោយ​ពីបុរត្ថិមទិស ទៅបច្ឆិមទិស១២យោជន៍ ទទឹង​ពីឧត្តរទិស ទៅទក្ខិណទិស៧យោជន៍ ជានគរស្តុកស្តម្ភ ធំទូលាយ មានជនច្រើន មាន​មនុស្ស​កុះករ ជាស្រុកមានភិក្ខាហារបរិបូណ៌។ ម្នាលអានន្ទ រាជធានីឈ្មោះ​អាលកមន្ទា របស់​ពួកទេវតា ជារាជធានីដ៏ស្តុកស្តម្ភ ធំទូលាយ មានជនច្រើន មានទេវតាកុះករ ជាស្រុក​មានភិក្ខាហារបរិបូណ៌ យ៉ាងណាមិញ ម្នាលអានន្ទ កុសាវតីរាជធានី ជារាជធានី​ដ៏ស្តុកស្តម្ភ ធំទូលាយ មានជនច្រើន មានមនុស្សកុះករ ជាស្រុក​មានភិក្ខាហារបរិបូណ៌ យ៉ាងនោះដែរ។ ម្នាលអានន្ទ កុសាវតីរាជធានី ជាក្រុងកងរំពងដោយសូរសព្ទ១០យ៉ាង ទាំង​ថ្ងៃ ទាំងយប់ គឺសូរសព្ទដំរី សូរសព្ទសេះ សូរសព្ទរថ សូរសព្ទស្គរ សូរសព្ទសម្ភោរ សូរសព្ទពិណ សូរសព្ទចម្រៀង សូរសព្ទមហោស្រព សូរសព្ទប្រគំ សូរសព្ទមនុស្ស​និយាយ​គ្នាថា អ្នកទាំងឡាយ ចូរបរិភោគទៅ ចូរផឹកទៅ ចូរស៊ីទៅ រួមជាគំរប់១០យ៉ាង។ ម្នាល​អានន្ទ កុសាវតីរាជធានី មានកំពែងព័ទ្ធជុំវិញ ៧ជាន់ គឺកំពែងមាស១ជាន់ កំពែង​ប្រាក់​១ជាន់ កំពែង​កែវពៃទូរ្យ១ជាន់ កំពែង​កែវផលិក១ជាន់ កំពែងកែវទទឹម១ជាន់ កំពែងកែវ​មរកត១ជាន់ កំពែងកែវគ្រប់យ៉ាង១ជាន់។ ម្នាលអានន្ទ កុសាវតីរាជធានី មានទ្វារ​៤បែប គឺទ្វារមាស១​ ទ្វារប្រាក់១ ទ្វារកែវពៃទូរ្យ១ ទ្វារកែវផលិក១។ ក្នុងទ្វារមួយៗ គេដាំសសរ​គោល​ប្រាំពីរៗដើម ជាសសរមានទំហំ៣ជួរបុរស1) គេដាំចុះទៅក្នុងដីជម្រៅ៣ជួរបុរស កំពស់​ពីដី​ឡើង​១២ជួរបុរស។ គឺសសរមាស១ដើម សសរប្រាក់១ដើម សសរកែវពៃទូរ្យ១ដើម សសរកែវ​ផលិក១ដើម សសរកែវទទឹម១ដើម សសរកែវមរកត១ដើម សសរកែវ​គ្រប់​យ៉ាង១ដើម។ ម្នាលអានន្ទ កុសាវតីរាជធានី មានជួរ​ដើមត្នោតព័ទ្ធជុំវិញ៧ជាន់ គឺជួរ​ដើម​ត្នោតមាស​១ជាន់ ដើមត្នោតប្រាក់១ជាន់ ដើមត្នោតកែវពៃទូរ្យ១ជាន់ ដើមត្នោត​កែវផលិក​១ជាន់ ដើម​ត្នោតកែវទទឹម១ជាន់ ដើមត្នោតកែវមរកត១ជាន់ ដើមត្នោតកែវ​គ្រប់យ៉ាង​១ជាន់។ ត្នោតមាស ដើមជាមាស ឯស្លឹក និងផ្លែជាប្រាក់។ ត្នោតប្រាក់ ដើមជាប្រាក់ ឯស្លឹក និងផ្លែ​ជា​មាស។ ត្នោតកែវពៃទូរ្យ ដើមជាកែវពៃទូរ្យ ឯស្លឹក និងផ្លែជាកែវផលិក។ ត្នោតកែវ​ផលិក ដើមជាកែវផលិក ឯស្លឹក និងផ្លែជាកែវពៃទូរ្យ។ ត្នោតកែវទទឹម ដើមជាកែវទទឹម ឯស្លឹក និងផ្លែជាកែវមរកត។ ត្នោតកែវមរកត ដើមជាកែវមរកត ឯស្លឹក និងផ្លែ​ជាកែវ​ទទឹម។ ត្នោតកែវគ្រប់យ៉ាង ដើមជាកែវគ្រប់យ៉ាង ឯស្លឹក និងផ្លែជាកែវគ្រប់​យ៉ាង។ ម្នាល​អានន្ទ ជួរដើមត្នោតទាំងនោះ ត្រូវខ្យល់បក់មក ក៏មានសូរសព្ទពីរោះ គួរ​ត្រេក​អរ គួរផ្ទៀង​ស្តាប់ គួរជក់ចិត្ត។ ម្នាលអានន្ទ តូរ្យតន្ត្រីប្រកបដោយ​អង្គប្រាំ2) ដែលពួកអ្នកឈ្លាសវៃផ្សំ ហើយវាយឲ្យល្មមពីរោះល្អ ទើបដេញដំប្រគំ ឲ្យមានសូរសព្ទ​ពីរោះ គួរត្រេកអរ គួរផ្ទៀងស្តាប់ គួរជក់ចិត្ត មានឧបមាដូចម្តេចមិញ ម្នាលអានន្ទ ឯជួរ​ដើមត្នោតទាំងនោះ កាលត្រូវខ្យល់បក់មក ក៏មានសូរសព្ទពីរោះ គួរ​ត្រេក​អរ គួរផ្ទៀង​ស្តាប់ គួរជក់ចិត្ត ក៏មានឧបមេយ្យដូច្នោះឯង។ ម្នាលអានន្ទ សម័យនោះ ក្នុងកុសាវតី​រាជ​ធានី មានអ្នកលេង​បាស្កា អ្នកលេងស៊ីផឹក ពួកអ្នកលេង​ទាំងនោះ ក៏នាំគ្នា​រាំរែកលេង តាម​សូរសព្ទនៃ​ជួរដើមត្នោត ដែលខ្យល់​បក់មកត្រូវនោះ។

[២] ម្នាលអានន្ទ ព្រះបាទមហាសុទស្សនៈ ទ្រង់បរិបូណ៌ដោយរតន៍​៧ប្រការ និង​ដោយឫទ្ធិ៤យ៉ាង។ រតន៍៧ប្រការតើដូចម្តេច។ ម្នាលអានន្ទ ព្រះបាទ​មហាសុទស្សនៈ ទ្រង់​កក់​ព្រះសីរ្សក្នុងថ្ងៃ​១៥ ជាថ្ងៃឧបោសថ ហើយរក្សាឧបោសថ គង់នៅលើ​ប្រាសាទ​ដ៏​ប្រសើរ ចក្ករ័តន៍ ជាទិព្វមានកាំ១ពាន់ ព្រមទាំងខ្នងកង់ និងដុំ បរិបូណ៌​ដោយអាការទាំង​ពួង ក៏កើតប្រាកដឡើង លុះព្រះបាទមហាសុទស្សនៈ ទ្រង់ទតឃើញហើយ ទើប​ត្រិះរិះ​ដូច្នេះថា អើ អាត្មាអញក៏ធ្លាប់​ឮរឿងនេះ មកហើយថា ស្តេចអង្គណាជាក្សត្រ បាន​មុទ្ធា​ភិសេកហើយ ទ្រង់កក់ព្រះសីរ្ស ក្នុងថ្ងៃ១៥ ជាថ្ងៃឧបោសថ ហើយរក្សាឧបោសថ គង់​នៅ​លើ​ប្រាសាទ ដ៏ប្រសើរ ចក្ករ័តន៍ជាទិព្វ មានកាំ១ពាន់ ព្រមទាំង​ខ្នងកង់ទាំងដុំ បរិបូណ៌​ដោយអាការទាំងពួង ក៏កើតប្រាកដ​ឡើង ព្រះរាជាអង្គនោះ ជាស្តេច​ចក្រពត្តិ ឱហ្ន៎ អាត្មាអញ បានជាស្តេច​ចក្រពត្តិហើយតើ។ ម្នាលអានន្ទ លំដាប់នោះ ព្រះបាទ​មហា​សុទស្សនៈ ទ្រង់ក្រោកចាកអាសនៈ ហើយធ្វើសំពត់ឧត្តរាសង្គៈ ឆៀងស្មាម្ខាង ទើប​យក​ព្រះហស្ត​ខាងឆ្វេង ចាប់ព្រះសុវណ្ណភិង្គារ (កុណ្ឌីមាស) យកព្រះហស្តខាងស្តាំ ប្រស់​ព្រំ​ចក្ករ័តន៍ ហើយត្រាស់ថា ចក្ករ័តន៍ដ៏ចំរើន ចូរអណ្តែតទៅ ចក្ករ័តន៍​ដ៏ចំរើន ចូរ​មានជ័យ​ជំនះ។ ម្នាលអានន្ទ លំដាប់នោះ ចក្ករ័តន៍នោះឯង ក៏អណ្តែតទៅខាងបុរត្ថិមទិស។ ព្រះ​បាទ​​មហាសុទស្សនៈ ទ្រង់ស្តេចទៅតាមក្រោយ ជាមួយនឹងសេនាប្រកប​ដោយអង្គ៤។ ម្នាលអានន្ទ ចក្ករ័តន៍ទៅប្រតិស្ឋាន ក្នុងប្រទេសណា ព្រះ​បាទ​មហាសុទស្សនៈ ព្រមទាំង​ចតុរង្គសេនា ក៏ទ្រង់ប្រថាប់​ក្នុងប្រទេសនោះ។ ម្នាលអានន្ទ ពួកស្តេចណា ដែលត្រូវ​ជាសត្រូវ គង់នៅ​ក្នុងបុរត្ថិមទិស ពួកស្តេចនោះ ក៏ស្តេចចូលទៅគាល់​ព្រះ​បាទ​មហា​សុទស្សនៈ ក្រាបបង្គំទូលយ៉ាងនេះថា បពិត្រមហារាជ សូមព្រះអង្គទ្រង់ស្តេចមកចុះ បពិត្រ​​មហារាជ ទ្រង់ស្តេចមកល្អហើយ បពិត្រមហារាជ រាជសម្បត្តិរបស់ខ្ញុំ​ព្រះអង្គ ជា​របស់​ព្រះអង្គហើយ បពិត្រមហារាជ សូមព្រះអង្គទ្រង់ប្រៀនប្រដៅ។ ព្រះ​បាទ​មហា​សុទស្សនៈ ទ្រង់មានព្រះរាជ​ឱង្ការយ៉ាងនេះថា អ្នកទាំងឡាយ មិនត្រូវ​សម្លាប់​សត្វ មិន​ត្រូវ​លួច​របស់​ដែលគេមិនបានឲ្យ មិនត្រូវប្រព្រឹត្តខុសក្នុងកាមទាំងឡាយ មិនត្រូវ​និយាយ​ពាក្យ​កុហក មិនត្រូវផឹកទឹកស្រវឹងឡើយ អ្នកទាំងឡាយ ចូរបរិភោគវត្ថុតាមសមគួរចុះ។ ម្នាល​អានន្ទ មួយទៀត ពួកស្តេចណា ដែលជាសត្រូវ នៅក្នុង​បុរត្ថិមទិស ពួកស្តេចនោះ ក៏ទៅ​ជាចុះ​ចូល​ព្រះ​បាទ​មហាសុទស្សនៈវិញ។ ម្នាលអានន្ទ វេលានោះ ចក្ករ័តន៍នោះ ក៏ចុះ​ទៅកាន់​សមុទ្រខាងបុរត្ថិមទិស ហើយឆ្លងឡើង ត្រឡប់វិលទៅខាងទក្ខិណទិស ចុះ​កាន់​​សមុទ្រ​ខាង​ទក្ខិណទិស ហើយឆ្លងឡើង វិលទៅខាងបច្ឆិមទិស ចុះកាន់សមុទ្រ​ខាងបច្ឆិមទិស ហើយ​ឆ្លងឡើង វិលទៅខាង​ឧត្តរទិសវិញ។ ព្រះ​បាទ​មហាសុទស្សនៈ ក៏ទ្រង់ស្តេច​ទៅ​តាមក្រោយ ជាមួយនឹងចតុរង្គសេនា។ ម្នាលអានន្ទ ចក្ករ័តន៍ ប្រតិស្ឋាន​នៅក្នុង​ប្រទេស​ណា ព្រះ​បាទ​មហាសុទស្សនៈ ក៏ទ្រង់ប្រថាប់នៅក្នុងប្រទេសនោះ ព្រម​ទាំង​​ចតុរង្គសេនា។ ម្នាលអានន្ទ មួយទៀត ពួកស្តេចណា ​ជាសឹកសត្រូវ នៅ​ក្នុងឧត្តរទិស ពួកស្តេច​នោះ ក៏ចូល​ទៅគាល់​ព្រះ​បាទ​មហាសុទស្សនៈ ក្រាបបង្គំទូលយ៉ាងនេះថា បពិត្រ​មហារាជ សូមព្រះអង្គស្តេចមក បពិត្រ​មហារាជ ទ្រង់ស្តេចមកល្អហើយ បពិត្រមហារាជ រាជសម្បត្តិរបស់ខ្ញុំ​ព្រះអង្គ ជាព្រះរាជទ្រព្យរបស់ព្រះអង្គហើយ បពិត្រមហារាជ សូម​ព្រះអង្គ​ទ្រង់ប្រៀនប្រដៅ។ ព្រះ​បាទ​មហាសុទស្សនៈ ទ្រង់មានព្រះរាជ​ឱង្ការយ៉ាង​នេះ​ថា អ្នកទាំងឡាយ មិនត្រូវ​សម្លាប់​សត្វ មិនត្រូវ​លួច​របស់​ដែលគេមិនបានឲ្យ មិនត្រូវប្រព្រឹត្ត​ខុស​ក្នុងកាមទាំងឡាយ មិនត្រូវ​និយាយ​ពាក្យកុហក មិនត្រូវផឹកទឹក​ស្រវឹង​ឡើយ អ្នកទាំង​ឡាយ ចូរបរិភោគវត្ថុតាមសមគួរចុះ។ ម្នាលអានន្ទ មួយវិញទៀត ពួកស្តេចណា ដែល​ជា​សឹក​សត្រូវ ក្នុងឧត្តរទិស ពួកស្តេចនោះ ក៏ត្រឡប់ជាចុះ​ចូល​ព្រះ​បាទ​មហាសុទស្សនៈ​វិញ។ ម្នាលអានន្ទ តពីនោះមក ចក្ករ័តន៍នោះ បានបង្ក្រាបផែនដី ដែល​មានសមុទ្រ​ជាទីបំផុត រួចហើយត្រឡប់​មកកាន់កុសាវតីរាជធានីវិញ ហើយឋិតនៅ​ក្នុង​របៀង​សាលា​សម្រាប់​វិនិច្ឆ័យ ទៀបទ្វារ​ព្រះបរមរាជវាំង របស់ព្រះ​បាទ​មហាសុទស្សនៈ នៅនឹងថ្កល់ ហាក់ដូចជាបាក់ភ្លៅ ហើយបំភ្លឺក្នុងព្រះរាជវាំង របស់ព្រះបាទ​មហាសុទស្សនៈ។ ម្នាល​អានន្ទ ចក្ករ័តន៍ មានសភាព​យ៉ាងនេះ កើត​ប្រាកដ​ឡើង ដល់​ព្រះបាទមហាសុទស្សនៈ។

[៣] ម្នាលអានន្ទ តទៅទៀត ហត្ថិរ័តន៍ (ដំរីកែវ) ជាស្តេចដំរី ឈ្មោះ​ឧបោសថ មាន​សម្បុរសសុទ្ធ មានអវយវៈ តូចធំសមរម្យទាំងអស់ ជាដំរី​មានឫទ្ធិ អាចហោះ​ទៅលើ​អាកាស​បាន កើតប្រាកដ​ឡើងដល់​​​ព្រះបាទមហាសុទស្សនៈ។ លុះ​​ព្រះបាទមហា​សុទស្សនៈ ទ្រង់ទតឃើញហើយ ក៏មានព្រះហឫទ័យជ្រះថ្លាថា អើយាន​ដំរីល្អណាស់​តើហ្ន៎ ប្រសិនបើចូលទៅបង្ហាត់បាន (ជាការប្រពៃ)។ ម្នាលអានន្ទ ឯហត្ថិរ័តន៍នោះ ក៏​ដល់​នូវការបង្ហាត់បាន ដូចជាដំរីអាជានេយ្យដ៏ល្អ ដែលគេបង្ហាត់​បានបទល្អយូរអង្វែង​ហើយ។ ម្នាលអានន្ទ ​ព្រះបាទមហាសុទស្សនៈ កាលទ្រង់នឹងល្បងមើល ហត្ថិរ័តន៍នោះឯង មុនដម្បូង​ ទ្រង់ឡើងគង់ (លើហត្ថិរ័តន៍) ក្នុងវេលាព្រឹកព្រហាម ហើយស្តេច​ទៅ​ត្រួត​ត្រា​នូវ​ផែនដី មានសមុទ្រ​ជាទីបំផុត រួចហើយ ស្តេចត្រឡប់មកសោយព្រះក្រយាហារ ក្នុង​វេលាព្រឹកឯកុសាវតីរាជធានីវិញទាន់។ ម្នាលអានន្ទ ហត្ថិរ័តន៍ មានសភាពយ៉ាងនេះ បាន​កើតប្រាកដហើយ ដល់​​ព្រះបាទមហាសុទស្សនៈ។

[៤] ម្នាលអានន្ទ តទៅទៀត អស្សរ័តន៍ (សេះកែវ) ជាស្តេចសេះឈ្មោះ​វលាហកៈ មានសម្បុរ​សសុទ្ធ មានសម្បុរត្រង់ក្បាលខ្មៅ (រលើប) ដូចជាសម្បុរនៃ​កក្អែក មានសក់ (សក្បុស) ដូចបណ្តូលស្មៅយាប្លង ជាសេះមានឫទ្ធិអាចហោះទៅលើអាកាស​បាន កើត​ប្រាកដ​ដល់​ព្រះបាទមហាសុទស្សនៈ។ លុះ​ព្រះបាទមហាសុទស្សនៈ ទ្រង់ទតឃើញហើយ ក៏មានព្រះហឫទ័យជ្រះថ្លាថា អើយានសេះល្អណាស់តើហ្ន៎ ប្រសិន​បើចូល​ទៅបង្ហាត់បាន (ជាការប្រពៃ)។ ម្នាលអានន្ទ លំដាប់នោះ អស្សរ័តន៍ ក៏ដល់​នូវ​ការ​បង្ហាត់​បាន ដូចជា​សេះអាជានេយ្យដ៏ល្អ ដែលគេបង្ហាត់​បានរបៀបល្អ យូរអង្វែង​ហើយ។ ម្នាលអានន្ទ ​ព្រះបាទមហាសុទស្សនៈ កាលទ្រង់នឹងល្បងមើល អស្សរ័តន៍នោះឯង មុន​ដម្បូង ទ្រង់​ឡើងគង់​លើអស្សរ័តន៍ ក្នុងវេលាព្រឹកព្រហាម ហើយស្តេច​ទៅត្រួតត្រាផែនដី ដែលមានសមុទ្រជាទីបំផុត រួចហើយស្តេចត្រឡប់​មកសោយព្រះស្ងោយ ក្នុងវេលាព្រឹកឯ​កុសាវតីរាជធានីវិញទាន់។ ម្នាលអានន្ទ អស្សរ័តន៍ មានសភាពយ៉ាងនេះ កើតប្រាកដ​ហើយ ដល់​ព្រះបាទមហាសុទស្សនៈ។

[៥] ម្នាលអានន្ទ តទៅទៀត មណិរ័តន៍ ជាកែវពៃទូរ្យ មានជាតិដ៏ល្អ មានជ្រុង​៨ ដែលជាងឆ្នៃល្អហើយ មានពណ៌ថ្លាស្អាត បរិបូណ៌ ដោយអាការគ្រប់យ៉ាង បានកើត​ឡើងដល់​ព្រះបាទមហាសុទស្សនៈ។ ម្នាលអានន្ទ មណិរ័តន៍នោះឯង មានពន្លឺផ្សាយ​ទៅ បានមួយយោជន៍ជុំវិញ។ ម្នាលអានន្ទ ​ព្រះបាទមហាសុទស្សនៈ កាលទ្រង់នឹងល្បង​មើល នូវមណិរ័តន៍នោះឯង មុនដម្បូង ទ្រង់​ប្រជុំអស់ពួកចតុរង្គសេនាមក ហើយទ្រង់​ស្ទួយ​កែវមណី ឡើងទៅកាន់ចុងដងទង់ ហើយទ្រង់គ្រវីទៅ ក្នុងទីងងឹតអ័ព្ទក្នុងរាត្រី។ ម្នាលអានន្ទ ចំណែកអ្នកស្រុកទាំងឡាយណា ដែលនៅជិតខាង អ្នកស្រុកទាំងនោះ សំ​គាល់ថាជាវេលាថ្ងៃ ក៏នាំគ្នាប្រកបការងារ​ដោយសារពន្លឺ (នៃ​កែវនោះឯង)។ ម្នាលអានន្ទ កែវមណី មានសភាពយ៉ាងនេះ បានកើតប្រាកដហើយ ដល់​ព្រះបាទមហាសុទស្សនៈ​។

[៦] ម្នាលអានន្ទ តទៅទៀត ឥត្ថីរ័តន៍3) (ស្រីកែវ) មានរូបឆោមល្អ គួរឲ្យអ្នកផង​ពិត​ពិល​ រមិលមើល គួរជ្រះថ្លា ប្រកបដោយសម្បុរល្អក្រៃលែង មិនខ្ពស់ពេក មិនទាបពេក មិនស្គមពេក មិនធាត់ពេក មិនខ្មៅពេក មិនសពេក លើសលែង​កន្លង​ហួស​សម្បុរស្រី​មនុស្ស តែមិនដល់​សម្បុរទិព្វទេ បានកើតប្រាកដ ដល់ព្រះបាទមហាសុទស្សនៈ។ ម្នាល​អានន្ទ ឥត្ថីរ័តន៍នោះឯង មានកាយសម្ផ័ស្ស (ទន់ល្មឿយ) ដូចជាសំឡីគរ ឬសំឡីកប្បាស។ ម្នាលអានន្ទ មួយទៀត ឥត្ថីរ័តន៍នោះឯង កាលរដូវត្រជាក់ មានខ្លួនក្តៅ កាលរដូវក្តៅ មាន​ខ្លួនត្រជាក់។ ម្នាលអានន្ទ មិនតែប៉ុណ្ណោះ ឥត្ថីរ័តន៍នោះឯង មានក្លិនខ្លឹមចន្ទន៍ ផ្សាយចេញ​អំពីកាយ មានក្លិនផ្កាឧប្បលផ្សាយចេញអំពីមាត់។ ម្នាលអានន្ទ ឥត្ថីរ័តន៍​នោះឯង ជាស្រីតែងក្រោកឡើងមុន តែងអង្គុយ​ក្រោយ4) យកចិត្តទុកដាក់​ធ្វើអ្វីៗ ប្រព្រឹត្ត​ត្រូវព្រះហឫទ័យ ពោលតែ​ពាក្យជាទីពេញព្រះហឫទ័យ របស់ព្រះបាទ​មហាសុទស្សនៈ។ ម្នាលអានន្ទ ឥត្ថីរ័តន៍នោះឯង សូម្បីតែចិត្ត​ ក៏មិនប្រព្រឹត្តកន្លង ព្រះបាទ​មហាសុទស្សនៈទៅហើយ ម្តេចឡើយនឹងប្រព្រឹត្ត​កន្លងដោយកាយបាន។ ម្នាលអានន្ទ ឥត្ថីរ័តន៍ មានសភាពយ៉ាងនេះ បានកើតប្រាកដហើយ ដល់ព្រះបាទ​មហាសុទស្សនៈ។

[៧] ម្នាលអានន្ទ តទៅទៀត គហបតិរ័តន៍5) (គហបតីកែវ) បានកើតប្រាកដ ដល់ព្រះបាទ​មហាសុទស្សនៈ។ ឯគហបតិរ័តន៍នោះ មានទិព្វចក្ខុ កើតអំពីផលនៃកុសលកម្ម អាច​មើល​ឃើញកំណប់​ទ្រព្យ ដែលមានម្ចាស់ និងមិនមានម្ចាស់បាន។ គហបតីនោះ ចូលទៅគាល់​ព្រះបាទ​មហាសុទស្សនៈ ក៏ក្រាបបង្គំទូលយ៉ាងនេះថា បពិត្រព្រះសម្មតិទេព សូម​ព្រះអង្គ កុំមានសេចក្តីខ្វល់ខ្វាយឡើយ ខ្ញុំព្រះអង្គនឹងចាត់ចែងការ ដែលគួរធ្វើ​ដោយទ្រព្យថ្វាយ ដោយ​ព្រះរាជ​ទ្រព្យព្រះអង្គ។ ម្នាលអានន្ទ ព្រះបាទ​មហាសុទស្សនៈ កាលទ្រង់​នឹងល្បង​មើល គហបតិរ័តន៍នោះឯង មុនដម្បូង ទ្រង់ប្រថាប់​លើព្រះទីនាំង​នាវា សំដៅ​ទៅកាន់​ខ្សែ​ទឹក ក្នុងកណ្តាលទន្លេគង្គា ទើបទ្រង់ត្រាស់​នឹង​គហបតិរ័តន៍យ៉ាងនេះថា ម្នាលគហបតី យើង​មានសេចក្តីត្រូវការ ដោយប្រាក់និងមាស។ គហបតីនោះ ក្រាបបង្គំទូលថា បពិត្រ​មហារាជ បើដូច្នោះ សូមទ្រង់​អែបនាវាទៅខាងត្រើយច្រាំងម្ខាង។ ទ្រង់មានព្រះរាជ​ឱង្ការ​ថា ឱ គហបតី យើងមានសេចក្តីត្រូវការ តែប្រាក់ និងមាសត្រង់ទីនេះឯង។ ម្នាលអានន្ទ លំដាប់នោះ គហបតិរ័តន៍នោះឯង យកដៃទាំងពីរ លូកចុះទៅក្នុងទឹក លើកយកឆ្នាំង ដែល​ពេញដោយប្រាក់ និងមាស ហើយក្រាបទូល​ព្រះបាទ​មហាសុទស្សនៈថា បពិត្រ​មហារាជ ល្មមហើយ ដោយប្រាក់ និងមាសប៉ុណ្ណេះ បពិត្រមហារាជ ប្រាក់ និងមាសប៉ុណ្ណេះ ល្មមធ្វើ​ព្រះរាជកិច្ចបានហើយ។ ព្រះបាទ​មហាសុទស្សនៈ ទ្រង់ត្រាស់​យ៉ាង​នេះថា ម្នាលគហបតី ប្រាក់ និងមាសប៉ុណ្ណេះល្មមហើយ ម្នាលគហបតី ប្រាក់ និងមាស​ប៉ុណ្ណេះ ល្មមធ្វើកិច្ចបានហើយ ម្នាលគហបតី ប្រាក់និងមាស​ទាំងប៉ុណ្ណេះ យើង​បូជាអ្នកឯង។ ម្នាលអានន្ទ គហបតិរ័តន៍ មានសភាព​យ៉ាងនេះ កើតប្រាកដហើយ ដល់​ព្រះបាទ​មហាសុទស្សនៈ។

[៨] ម្នាលអានន្ទ​ តទៅទៀត បរិនាយករ័តន៍6) (បរិនាយកកែវ) ជាបណ្ឌិត​វាងវៃ មានប្រាជ្ញា អង់អាច ដើម្បី​ញុំាងព្រះបាទ​មហាសុទស្សនៈ ដែលខ្លួន​ឲ្យស្តេចចូលទៅ ឲ្យចូលទៅបាន ដើម្បី​ញុំាង​ព្រះបាទ​មហាសុទស្សនៈ ដែលខ្លួន​គួរឲ្យ​ស្តេច​ចេញ ឲ្យចេញ​ទៅបាន ដើម្បីញុំាង​ព្រះបាទ​មហាសុទស្សនៈ ឲ្យតាំងងារបុគ្គល ដែលគួរតាំងបានកើតប្រាកដ ដល់​ព្រះបាទ​មហាសុទស្សនៈ។ បរិនាយករ័តន៍នោះ ចូលទៅគាល់ព្រះបាទ​មហាសុទស្សនៈ ហើយ​ទើប​ក្រាបបង្គំទូលយ៉ាងនេះថា បពិត្រព្រះសម្មតិទេព សូមព្រះអង្គ កុំមានសេចក្តី​ខ្វល់ខ្វាយ​ឡើយ ខ្ញុំព្រះអង្គនឹងប្រៀនប្រដៅថ្វាយ។ ម្នាលអានន្ទ បរិនាយករ័តន៍ មានសភាព​យ៉ាងនេះ កើតប្រាកដហើយ ដល់​ព្រះបាទ​មហាសុទស្សនៈ។ ម្នាលអានន្ទ ព្រះបាទ​មហាសុទស្សនៈ ទ្រង់​ប្រកបដោយ​រ័តន៍៧ប្រការនេះឯង។

[៩] ម្នាលអានន្ទ ព្រះបាទ​មហាសុទស្សនៈ ទ្រង់​ប្រកបដោយឫទ្ធិ៤យ៉ាង។ ឫទ្ធិ​៤យ៉ាង ដូចម្តេចខ្លះ។ ម្នាលអានន្ទ ព្រះបាទ​មហាសុទស្សនៈ ទ្រង់មាន​ព្រះរូបល្អ គួរ​ឲ្យ​អ្នកផង​ពិតពិលរមើល គួរឲ្យជ្រះថ្លា ទ្រង់ប្រកបដោយព្រះឆវិវណ្ណដ៏ល្អក្រៃលែង ជាង​មនុស្ស​ទាំងឡាយ​ឯទៀតក្នុងលោកនេះ។ ម្នាលអានន្ទ ព្រះបាទ​មហាសុទស្សនៈ ទ្រង់​ប្រកប​ដោយ​ឫទ្ធិនេះ ជាឫទ្ធិទី១។

[១០] ម្នាលអានន្ទ តទៅទៀត ព្រះបាទ​មហាសុទស្សនៈ មានព្រះជន្មាយុវែង ទ្រង់​ឋិត​នៅអស់កាលជាយូរអង្វែងក្រៃលែង ជាង​មនុស្ស​ទាំងឡាយឯទៀត។ ម្នាល​អានន្ទ ព្រះបាទ​មហាសុទស្សនៈ ទ្រង់ប្រកបដោយឫទ្ធិនេះ ជាឫទ្ធិទី២។

[១១] ម្នាលអានន្ទ តទៅទៀត ព្រះបាទ​មហាសុទស្សនៈ ទ្រង់មិនមានអាពាធ មិន​មានទុក្ខ ប្រកបដោយភ្លើងធាតុ ដែលកើតអំពីកម្ម មានវិបាកស្មើគ្នា មិនត្រជាក់ពេក មិន​ក្តៅពេក លើសជាងមនុស្សដទៃ។ ម្នាលអានន្ទ ព្រះបាទ​មហាសុទស្សនៈ ទ្រង់ប្រកប​ដោយ​ឫទ្ធិនេះ​ ជាឫទ្ធិទី៣។

[១២] ម្នាលអានន្ទ តទៅទៀត ព្រះបាទ​មហាសុទស្សនៈ ទ្រង់ជាទីស្រឡាញ់ ជាទី​ពេញចិត្ត​នៃព្រាហ្មណ៍ និងគហបតីទាំងឡាយ។ ម្នាលអានន្ទ បិតាជាទីស្រឡាញ់ ពេញ​ចិត្ត​នៃបុត្រទាំងឡាយ យ៉ាងណាមិញ ម្នាលអានន្ទ ព្រះបាទ​មហាសុទស្សនៈ ទ្រង់​ជាទី​ស្រឡាញ់ពេញចិត្តនៃ​ព្រាហ្មណ៍ និងគហបតីទាំងឡាយ យ៉ាងនោះដែរ។ ម្នាលអានន្ទ ចំណែកខាងព្រាហ្មណ៍ និងគហបតីទាំងឡាយ ក៏ជាទីស្រឡាញ់ ពេញព្រះហឫទ័យ​នៃ​ព្រះបាទ​មហាសុទស្សនៈដែរ។ ម្នាលអានន្ទ កូនទាំងឡាយ ជាទីស្រឡាញ់ ពេញចិត្ត​នៃ​បិតា យ៉ាងណាមិញ ម្នាលអានន្ទ ចំណែកខាងព្រាហ្មណ៍ និង​គហបតីទាំងឡាយ ក៏ជាទីស្រឡាញ់ ពេញព្រះហឫទ័យ​នៃ​ព្រះបាទ​មហាសុទស្សនៈ យ៉ាងនោះដែរ។ ម្នាលអានន្ទ ព្រះបាទ​មហាសុទស្សនៈ កាលមុនដម្បូង ទ្រង់ស្តេច​ទៅកាន់ឱទ្យាន ដោយ​ចតុរង្គសេនា។ ម្នាលអានន្ទ លំដាប់នោះ ព្រាហ្មណ៍ និងគហបតីទាំងឡាយ ចូលទៅ​គាល់​ព្រះបាទ​មហាសុទស្សនៈ ក្រាបបង្គំទូលយ៉ាងនេះថា បពិត្រព្រះសម្មតិទេព សូម​ព្រះអង្គ​កុំស្តេចទៅ ដោយរហ័សរួសរាន់ ដូចខ្ញុំ​ព្រះអង្គទាំងឡាយ ធ្លាប់ឃើញព្រះអង្គមកអស់​កាល​យូរ​នោះឡើយ។ ម្នាលអានន្ទ ឯព្រះបាទ​មហាសុទស្សនៈ ទ្រង់ត្រាស់នឹង​សារថី​ថា ម្នាលសារថី​ អ្នកកុំបររថទៅ ដោយរហ័សរួសរាន់ ដូចយើង​ធ្លាប់ឃើញព្រាហ្មណ៍ និង​គហបតីទាំងឡាយ មកអស់កាលយូរយារនោះឡើយ។ ម្នាលអានន្ទ ព្រះបាទ​មហាសុទស្សនៈ ទ្រង់ប្រកបដោយឫទ្ធិនេះ ជាឫទ្ធិទី៤។ ម្នាលអានន្ទ ព្រះបាទ​មហាសុទស្សនៈ ទ្រង់ប្រកបដោយឫទ្ធិទាំង៤នេះឯង។

[១៣] ម្នាលអានន្ទ លំដាប់នោះ ព្រះបាទ​មហាសុទស្សនៈ ទ្រង់មាន​បរិវិតក្កៈ​យ៉ាង​នេះថា បើដូច្នោះ គួរតែ​អាត្មាអញ​កសាង​ស្រះបោក្ខរណីទាំងឡាយ សុទ្ធតែ១រយជួរ​ធ្នូៗ ក្បែរចន្លោះដើមត្នោតទាំងឡាយនេះ។ ម្នាលអានន្ទ ព្រះបាទ​មហាសុទស្សនៈ ទ្រង់កសាង​ស្រះបោក្ខរណីទាំងឡាយ7) សុទ្ធតែ១រយ​ជួរ​ធ្នូៗ ក្បែរចន្លោះដើមត្នោតទាំងនោះ។ ម្នាលអានន្ទ ឯស្រះបោក្ខរណីទាំងនោះឯង វិចិត្រ​ដោយ​ឥដ្ឋ៤យ៉ាង គឺឥដ្ឋមាសមួយយ៉ាង ឥដ្ឋប្រាក់មួយយ៉ាង ឥដ្ឋកែវពៃទូរ្យមួយយ៉ាង ឥដ្ឋកែវ​ផលិកមួយយ៉ាង។ ម្នាលអានន្ទ ក្នុងស្រះបោក្ខរណីទាំងនោះ មានជណ្តើរ៤បែប គឺ​ជណ្តើរ​មាសមួយបែប ជណ្តើរប្រាក់មួយបែប ជណ្តើរ​កែវពៃទូរ្យ​មួយបែប ជណ្តើរ​កែវផលិកមួយ​បែប។ ជណ្តើរមាស មានមេជាមាស តែកាំ និងក្បាលជណ្តើរជាប្រាក់។ ជណ្តើរ​ប្រាក់ មានមេជាប្រាក់ តែកាំនិងក្បាលជណ្តើរជាមាស។ ជណ្តើរកែវពៃទូរ្យ មានមេជាកែវ​ពៃទូរ្យ តែកាំនិងក្បាលជណ្តើរជាកែវផលិក។ ជណ្តើរ​កែវផលិក មានមេជាកែវផលិក តែកាំនិងក្បាលជណ្តើរជាកែវពៃទូរ្យ។ ម្នាលអានន្ទ មួយទៀត ស្រះបោក្ខរណីទាំងនោះ​ឯង បិទបាំងដោយរបង២ជាន់ គឺរបងមាស១ របងប្រាក់១។ របងមាស មានសសរ​បង្គោលជាមាស តែរបាររបង និងក្បាល​បង្គោល​របងជាប្រាក់។ របងប្រាក់ មានសសរ​បង្គោលជាប្រាក់ តែរបាររបង និងក្បាល​បង្គោល​របងជាមាស។ ម្នាលអានន្ទ លំដាប់​នោះឯង ព្រះបាទ​មហាសុទស្សនៈ ទ្រង់មានបរិវិតក្កៈយ៉ាងនេះថា ក្នុងស្រះបោក្ខរណី​ទាំងនេះ គួរតែអាត្មាអញ នឹងដាំដើមផ្កាទាំងនេះគឺ ឧប្បល ឈូកក្រហម កុមុទ ឈូកស ដែល​មានផ្ការីករាល់រដូវ មិនបានឃាត់ខាំងដល់ជនទាំងពួង។ ម្នាលអានន្ទ ព្រះបាទ​មហាសុទស្សនៈ ទ្រង់ដាំដើមផ្កាទាំងនេះ ក្នុងស្រះបោក្ខរណីទាំងនោះគឺ ឧប្បល ឈូកក្រហម កុមុទ ឈូកស ដែល​មានផ្ការីករាល់រដូវ មិនបានឃាត់ខាំងដល់ជនទាំងពួង។ ម្នាលអានន្ទ គ្រានោះ ព្រះបាទ​មហាសុទស្សនៈ ទ្រង់មានបរិវិតក្កៈយ៉ាង​នេះថា បើដូច្នោះ គួរតែអាត្មាអញ តាំងនហាបកបុរស (អ្នកផ្ងូតទឹក) ទុកទៀបឆ្នេរ​ស្រះបោក្ខរណីទាំងនេះ សម្រាប់ផ្ងូតទឹកជនដែលមកហើយៗ។ ម្នាលអានន្ទ ព្រះបាទ​មហាសុទស្សនៈ ក៏ទ្រង់​តាំងនូវ​នហាបកបុរស ទុកទៀបឆ្នេរស្រះបោក្ខរណីទាំងនោះ សម្រាប់​ផ្ងូតទឹកជន​ដែល​មកហើយៗ។ ម្នាលអានន្ទ លំដាប់នោះ ព្រះបាទ​មហាសុទស្សនៈ ទ្រង់មានបរិវិតក្កៈយ៉ាង​នេះថា បើដូច្នោះ គួរតែអាត្មាអញ តាំងទានវត្ថុ (រោងទាន) មានសភាព​យ៉ាងនេះ ក្បែរឆ្នេរ​ស្រះបោក្ខរណីទាំងនេះ គឺ បាយសម្រាប់អ្នកត្រូវការបាយ ទឹកសម្រាប់អ្នកត្រូវការទឹក សំពត់​សម្រាប់អ្នកត្រូវការសំពត់ យានសម្រាប់​អ្នកត្រូវការ​យាន ទីដេក​សម្រាប់​អ្នកត្រូវ​ការ​ទីដេក ស្រីសម្រាប់​អ្នកត្រូវការស្រី ប្រាក់សម្រាប់​អ្នកត្រូវការប្រាក់ មាសសម្រាប់​អ្នកត្រូវ​ការ​មាស។ ម្នាលអានន្ទ ព្រះបាទ​មហាសុទស្សនៈ ទ្រង់បាន​តាំងទានវត្ថុនេះ ក្បែរឆ្នេរស្រះបោក្ខរណី​ទាំងនោះ គឺ​បាយសម្រាប់អ្នកត្រូវការបាយ ទឹកសម្រាប់​អ្នក​ត្រូវ​ការ​ទឹក សំពត់​សម្រាប់អ្នកត្រូវការសំពត់ យានសម្រាប់​អ្នកត្រូវការ​យាន ទីដេក​សម្រាប់​អ្នក​ត្រូវ​​ការ​ទីដេក ស្រីសម្រាប់​អ្នកត្រូវការស្រី ប្រាក់សម្រាប់​អ្នកត្រូវការប្រាក់ មាសសម្រាប់​អ្នកត្រូវ​ការ​មាស។

[១៤] ម្នាលអានន្ទ លំដាប់នោះ ព្រាហ្មណ៍ និងគហបតីទាំងឡាយ នាំយក​សម្បត្តិ​ដ៏ច្រើន ចូលទៅគាល់​ព្រះបាទ​មហាសុទស្សនៈ ក្រាបបង្គំទូលយ៉ាងនេះថា បពិត្រ​ព្រះសម្មតិទេព សម្បត្តិដ៏ច្រើននេះ យើងខ្ញុំព្រះអង្គនាំមកថ្វាយចំពោះព្រះអង្គ សូមព្រះ​អង្គ ទ្រង់ទទួលសម្បត្តិទាំងនោះ។ ព្រះបាទ​មហាសុទស្សនៈ ទ្រង់មានព្រះរាជឱង្ការ​ថា ម្នាលអ្នកទាំងឡាយដ៏ចំរើន ណ្ហើយកុំ សម្បត្តិដ៏ច្រើននេះ ដែលអ្នកនាំមកដើម្បី​យើង ដោយពលិកម្មប្រកបដោយធម៌ហើយ តែទ្រព្យសម្បត្តិទាំងនោះ ចូរនៅជារបស់​អ្នក​ទាំងឡាយវិញចុះ ចូរអ្នកទាំងឡាយ នាំយកពីរនេះថែមទៅទៀតចុះ។ ពួកព្រាហ្មណ៍ និង​គហបតីទាំងនោះ លុះស្តេចឃាត់​យ៉ាងនេះហើយ ក៏ថយចេញទៅនៅក្នុងទីដ៏សមគួរ ហើយ​គិត​ព្រមគ្នាយ៉ាងនេះថា ការដែលពួកយើងនាំយកសម្បត្តិទាំងនេះត្រឡប់​ទៅ​ទុក​ក្នុងផ្ទះរបស់យើងវិញយ៉ាងនេះ មិនសមគួរដល់ពួកយើងឡើយ បើដូច្នេះ ពួកយើងគួរ​នាំគ្នាសាងនិវេសនដ្ឋាន ថ្វាយព្រះបាទ​មហាសុទស្សនៈវិញ។ ​ពួកព្រាហ្មណ៍ និង​គហបតីទាំងនោះ ក៏នាំគ្នាចូលទៅគាល់​ព្រះបាទ​មហាសុទស្សនៈ ក្រាបបង្គំទូលយ៉ាង​នេះថា បពិត្រព្រះសម្មតិទេព ពួកខ្ញុំព្រះអង្គ នឹងនាំគ្នាសាងនិវេសន៍ថ្វាយព្រះអង្គ។ ម្នាល​អានន្ទ ឯព្រះបាទ​មហាសុទស្សនៈ ទ្រង់បានទទួលដោយតុណ្ហីភាព។

[១៥] ម្នាលអានន្ទ លំដាប់នោះឯង សក្កទេវរាជ ជាធំជាងទេវតាទាំងឡាយ បាន​ជ្រាបបរិវិតក្កៈ ក្នុងព្រះហឫទ័យនៃ​ព្រះបាទ​មហាសុទស្សនៈ ដោយព្រះហឫទ័យ​នៃ​ព្រះ​អង្គ ក៏ត្រាស់ហៅវិស្សកម្មទេវបុត្តមកថា ហៃវិស្សកម្មទេវបុត្តជាសំឡាញ់ អ្នកចូរមកនេះ អ្នក​ចូរទៅនិម្មិត​ព្រះរាជនិវេសន៍ ឈ្មោះធម្មប្រាសាទ ថ្វាយព្រះបាទ​មហាសុទស្សនៈ។ ម្នាលអានន្ទ វិស្សកម្មទេវបុត្ត បានទទួលបង្គាប់​របស់សក្កទេវរាជ ជាធំជាង​ទេវតា​ទាំង​ឡាយ ដោយពាក្យថា អំពើយ៉ាងនេះ ជាការចំរើន ដល់ព្រះអង្គហើយ ដូច្នេះហើយ ក៏​បាត់អំពីឋាន​ទេវតាឈ្មោះតាវត្តិង្ស មកប្រាកដក្នុងទីចំពោះព្រះភក្ត្រ នៃ​ព្រះបាទ​មហាសុទស្សនៈ ដូចបុរស​ដែលមានកំឡាំងលាដៃ ដែលខ្លួនបត់ចូល ឬ​បត់ចូល​នូវ​ដៃ ដែលខ្លួនលាចេញ ដូច្នោះឯង។ ម្នាលអានន្ទ គ្រានោះឯង វិស្សកម្មទេវបុត្ត បាន​ក្រាបបង្គំទូលព្រះបាទ​មហាសុទស្សនៈ យ៉ាងនេះថា បពិត្រព្រះសម្មតិទេព ខ្ញុំព្រះអង្គ នឹង​និម្មិតរាជនិវេសន៍ ឈ្មោះធម្មប្រាសាទ ថ្វាយព្រះអង្គ។ ម្នាលអានន្ទ ឯព្រះបាទ​មហាសុទស្សនៈ ទ្រង់ទទួលដោយតុណ្ហីភាព។ ម្នាលអានន្ទ វិស្សកម្មទេវបុត្ត ក៏បាននិម្មិត​ព្រះរាជនិវេសន៍ ឈ្មោះធម្មប្រាសាទ ថ្វាយព្រះបាទ​មហាសុទស្សនៈ។ ម្នាលអានន្ទ ធម្មប្រាសាទ បណ្តោយអំពីទិសខាងកើត ទៅទិសខាងលិច១យោជន៍ ទទឹងអំពីទិស​ខាង​ជើង ទៅទិសខាងត្បូងកន្លះយោជន៍។ ម្នាលអានន្ទ ធម្មប្រាសាទ មានវត្ថុដែល​វិចិត្រ​ដោយ​ឥដ្ឋមានបែប៤យ៉ាង ដោយកំពត់​៣ជួរបុរស គឺឥដ្ឋមាស១យ៉ាង ឥដ្ឋប្រាក់១យ៉ាង ឥដ្ឋកែវ​ពៃទូរ្យ១យ៉ាង ឥដ្ឋ​កែវផលិក១យ៉ាង។ ម្នាលអានន្ទ ធម្មប្រាសាទ មានសសរ​៨៤០០០ មាន​បែប៤យ៉ាងគឺ សសរ​មាស១យ៉ាង សសរប្រាក់១យ៉ាង សសរកែវ​ពៃទូរ្យ១យ៉ាង សសរ​កែវ​ផលិក១យ៉ាង។ ម្នាលអានន្ទ ធម្មប្រាសាទ ក្រាលដោយផែនក្តារមានបែប៤យ៉ាង គឺ​ផែន​ក្តារ​មាស១យ៉ាង ផែនក្តារប្រាក់១យ៉ាង ផែនក្តារកែវ​ពៃទូរ្យ១យ៉ាង ផែនក្តារ​កែវផលិក១​យ៉ាង។ ម្នាលអានន្ទ ធម្មប្រាសាទ មានជណ្តើរ២៤ មានបែប៤យ៉ាងគឺ ជណ្តើរ​មាស១យ៉ាង ជណ្តើរប្រាក់១យ៉ាង ជណ្តើរកែវ​ពៃទូរ្យ១យ៉ាង ជណ្តើរ​កែវផលិក១យ៉ាង។ ជណ្តើរមាស មេជាមាស តែកាំ និងក្បាលជណ្តើរជាប្រាក់។ ជណ្តើរប្រាក់ មេជាប្រាក់ តែកាំ និងក្បាលជណ្តើរជាមាស។ ជណ្តើរកែវពៃទូរ្យ មេជាកែវពៃទូរ្យ តែកាំ និងក្បាលជណ្តើរជាកែវផលិក។ ជណ្តើរកែវផលិក មេជាកែវផលិក តែកាំ និងក្បាលជណ្តើរជាកែវពៃទូរ្យ។ ម្នាលអានន្ទ ធម្មប្រាសាទ មានផ្ទះកំពូល ៨៤០០០ មានបែប៤យ៉ាងគឺ ផ្ទះកំពូលដែលធ្វើដោយ​មាស១យ៉ាង ធ្វើដោយប្រាក់១យ៉ាង ធ្វើដោយកែវ​ពៃទូរ្យ១យ៉ាង ធ្វើដោយ​កែវផលិក១យ៉ាង។ ក្នុងផ្ទះកំពូល ដែលធ្វើ​ដោយ​មាស មានតែងតាំងបល្លង្កប្រាក់។ ក្នុងផ្ទះកំពូល ដែលធ្វើ​ដោយប្រាក់ មានតែងតាំងបល្លង្កមាស។ ក្នុងផ្ទះកំពូល ដែលធ្វើ​ដោយកែវពៃទូរ្យ មានតែងតាំងបល្លង្ក​ភ្លុក។ ក្នុងផ្ទះកំពូល ដែលធ្វើ​ដោយ​កែវផលិក មានតែងតាំងបល្លង្កកែវមរកត។ មាន​ដើម​ត្នោតប្រាក់ ឋិតនៅជិតទ្វារផ្ទះកំពូល ដែលធ្វើដោយមាស ឯត្នោតនោះ មានដើម​ជាប្រាក់ តែស្លឹក និងផ្លែជាមាស។ មាន​ដើម​ត្នោតមាស ឋិតនៅជិតទ្វារផ្ទះកំពូល ដែលធ្វើដោយ​ប្រាក់ ឯត្នោតនោះ មានដើម​ជាមាស តែស្លឹក និងផ្លែជាប្រាក់។ មាន​ដើម​ត្នោតកែវ​ផលិក ឋិតនៅជិតទ្វារផ្ទះកំពូល ដែលធ្វើដោយកែវពៃទូរ្យ ឯត្នោតនោះ មានដើម​ជាកែវផលិក តែស្លឹក និងផ្លែជាកែវពៃទូរ្យ។ មាន​ដើម​ត្នោតកែវពៃទូរ្យ ឋិតនៅជិតទ្វារផ្ទះកំពូល ដែលធ្វើដោយ​កែវផលិក ឯត្នោតនោះ មានដើម​ជាកែវពៃទូរ្យ តែស្លឹក និងផ្លែជាកែវ​ផលិក។

[១៦] ម្នាលអានន្ទ លំដាប់នោះឯង ព្រះបាទ​មហាសុទស្សនៈ ទ្រង់មាន​បរិវិតក្កៈ​យ៉ាងនេះថា បើដូច្នោះ មានតែអាត្មាអញ សាង​ច្បារត្នោតមាសសុទ្ធ ជិតទ្វារនៃផ្ទះកំពូល ដែលធ្វើដោយប្រាក់ ត្រង់កន្លែងដែលអាត្មាអញនឹងអង្គុយក្នុងវេលាថ្ងៃ។ ម្នាលអានន្ទ ព្រះបាទ​មហាសុទស្សនៈ ទ្រង់​បាន​សាង​ច្បារត្នោតមាសសុទ្ធ ជិតទ្វារនៃផ្ទះកំពូល ដែលធ្វើ​ដោយប្រាក់ ត្រង់កន្លែងដែលស្តេចគង់ក្នុងវេលាថ្ងៃ។ ម្នាលអានន្ទ ធម្មប្រាសាទ បិទបាំង​ដោយ​របង​២ជាន់ គឺរបងមាស១ជាន់ របងប្រាក់១ជាន់។ របងមាស មានសសរបង្គោល​ជាមាស តែរបាររបង និងក្បាល​បង្គោលរបងជាប្រាក់។ របងប្រាក់ មានសសរបង្គោល​ជាប្រាក់ តែរបាររបង និងក្បាល​បង្គោលរបងជាមាស។ ម្នាលអានន្ទ ធម្មប្រាសាទ បិទបាំង​ដោយបណ្តាញនៃកណ្តឹង២យ៉ាង គឺបណ្តាញមាស១យ៉ាង បណ្តាញប្រាក់១យ៉ាង។ បណ្តាញមាស កណ្តឹងជាប្រាក់។ បណ្តាញប្រាក់ កណ្តឹងជាមាស។ ម្នាលអានន្ទ បណ្តាញ​កណ្តឹងទាំងនោះ កាលបើត្រូវខ្យល់បក់មក ក៏មានសំឡេងពីរោះ គួរត្រេកអរ គួរផ្ទៀង​ត្រចៀកស្តាប់ គួរជក់ចិត្ត។ ម្នាលអានន្ទ តន្ត្រីប្រកបដោយអង្គ៥ ដែលមនុស្សអ្នកឈ្លាស​វៃ​ផ្សំ ហើយវាយឲ្យល្មមពីរោះល្អ ទើបដេញដំប្រគំដ៏មានសំឡេងពីរោះ គួរត្រេកអរ គួរផ្ទៀង​ត្រចៀកស្តាប់ គួរជក់ចិត្ត មានឧបមាដូចម្តេចមិញ ម្នាលអានន្ទ បណ្តាញកណ្តឹងទាំងនោះ ដែលខ្យល់បក់មកត្រូវ ក៏មានសំឡេងនោះពីរោះ គួរ​ត្រេកអរ គួរផ្ទៀង​ត្រចៀកស្តាប់ គួរជក់ចិត្ត ដូច្នោះឯង។ ម្នាលអានន្ទ ក្នុងសម័យនោះឯង កុសាវតីរាជធានី មានអ្នកលេង​ល្បែងបាស្កា និងអ្នកលេង​ស៊ីផឹក ពួកអ្នកលេងទាំងនោះ ក៏នាំគ្នាលេងរាំរែក តាមសំឡេង​បណ្តាញកណ្តឹង ដែលខ្យល់បក់មកត្រូវទាំងនោះ។ ម្នាលអានន្ទ លុះធម្មប្រាសាទ សម្រេច​ហើយ លំបាកនឹងមើលបាន អ្នកមើល រមែងពិលភ្នែក។ ម្នាលអានន្ទ កាលដល់​សរទ​សម័យ8) ខែខាងចុង​នៃវស្សានរដូវ មេឃភ្លឺត្រចះចូលមកស៊ប់ពេញទី អាកាសផាត់ភ្លៀងស្រឡះហើយ ព្រះអាទិត្យក៏ភ្លឺចាំងច្បាស់ឰដ៏អាកាស លំបាកនឹងមើលបាន អ្នកមើលរមែងពិលភ្នែក យ៉ាង​ណាមិញ ម្នាលអានន្ទ ធម្មប្រាសាទ ដែលលំបាកនឹងមើលបាន អ្នកមើលតែង​ពិល​ភ្នែក ក៏យ៉ាងនោះដែរ។ ម្នាលអានន្ទ លំដាប់នោះ ព្រះបាទ​មហាសុទស្សនៈ ទ្រង់​មាន​បរិវិតក្កៈ​យ៉ាងនេះថា បើដូច្នោះ គួរតែអាត្មាអញសាងស្រះ ឈ្មោះធម្មបោក្ខរណី ខាងមុខ​ធម្មប្រាសាទ។ ម្នាលអានន្ទ ព្រះបាទ​មហាសុទស្សនៈ ក៏ទ្រង់សាង​ស្រះឈ្មោះ​ធម្មបោក្ខរណី​ ខាងមុខធម្មប្រាសាទ។ ម្នាលអានន្ទ ស្រះធម្មបោក្ខរណី បណ្តោយពីខាង​កើត ទៅខាងលិច១យោជន៍ ទទឹងពីខាងជើង ទៅខាងត្បូងកន្លះយោជន៍។ ម្នាលអានន្ទ ​ស្រះធម្មបោក្ខរណី វិចិត្រ​ដោយ​ឥដ្ឋ មានបែប៤យ៉ាង គឺឥដ្ឋមាស១យ៉ាង ប្រាក់១យ៉ាង កែវ​ពៃទូរ្យ១យ៉ាង ​កែវផលិក១យ៉ាង។ ម្នាលអានន្ទ ស្រះធម្មបោក្ខរណី មានជណ្តើរ២៤ មានបែប៤យ៉ាងគឺ ជណ្តើរ​មាស១យ៉ាង ប្រាក់១យ៉ាង កែវ​ពៃទូរ្យ១យ៉ាង កែវផលិក១​យ៉ាង។ ជណ្តើរមាស មេជាមាស តែកាំ និងក្បាលជណ្តើរជាប្រាក់។ ជណ្តើរប្រាក់ មេជាប្រាក់ តែកាំ និងក្បាលជណ្តើរជាមាស។ ជណ្តើរកែវពៃទូរ្យ មេជាកែវពៃទូរ្យ តែកាំ និងក្បាលជណ្តើរជាកែវផលិក។ ជណ្តើរកែវផលិក មេជាកែវផលិក តែកាំ និងក្បាល​ជណ្តើរ​ជាកែវពៃទូរ្យ។ ម្នាលអានន្ទ ស្រះធម្មបោក្ខរណី បិទបាំងដោយរបងពីរជាន់ គឺរបង​មាស១ជាន់ របងប្រាក់១ជាន់។ របងមាស មានសសរ​បង្គោលជាមាស តែរបាររបង និងក្បាល​បង្គោលនៃ​របងជាប្រាក់។ របងប្រាក់ មានសសរ​បង្គោលជាប្រាក់ តែរបាររបង និងក្បាល​បង្គោល​របងជាមាស។ ម្នាលអានន្ទ ស្រះធម្មបោក្ខរណី បិទបាំងដោយ​ជួរ​ដើម​ត្នោត៧ជាន់ ជួរ​ដើម​ត្នោតមាស១ជាន់ ជួរ​ដើម​ត្នោតប្រាក់១ជាន់ ជួរ​ដើម​ត្នោតកែវ​ពៃទូរ្យ​១ជាន់ ជួរ​ដើម​ត្នោតកែវផលិក១ជាន់ ជួរ​ដើម​ត្នោតកែវទទឹម១ជាន់ ជួរ​ដើម​ត្នោត​កែវមរកត​១ជាន់ ជួរ​ដើម​ត្នោតកែវគ្រប់យ៉ាង១ជាន់។ ត្នោតមាស ដើមជាមាស តែស្លឹកនិង​ផ្លែជាប្រាក់។ ត្នោតប្រាក់ ដើមជាប្រាក់ តែស្លឹកនិង​ផ្លែជាមាស។ ត្នោតកែវពៃទូរ្យ ដើមជាកែវពៃទូរ្យ តែស្លឹកនិង​ផ្លែជាកែវផលិក។ ត្នោតកែវផលិក ដើមជាកែវផលិក តែស្លឹកនិង​ផ្លែជាកែវពៃទូរ្យ។ ត្នោតកែវទទឹម ដើមជាកែវទទឹម តែស្លឹកនិង​ផ្លែជាកែវមរកត។ ត្នោតកែវមរកត ដើមជាកែវមរកត តែស្លឹកនិង​ផ្លែជាកែវទទឹម។ ត្នោតកែវគ្រប់យ៉ាង ដើមជាកែវគ្រប់យ៉ាង ឯស្លឹកនិង​ផ្លែជាកែវគ្រប់យ៉ាង។ ម្នាលអានន្ទ ជួរត្នោតទាំងនោះឯង កាលបើមានខ្យល់បក់មកត្រូវ មានសំឡេងពីរោះ គួរត្រេកអរ គួរ​ផ្អៀងត្រចៀកស្តាប់ គួរជក់ចិត្ត។ ម្នាលអានន្ទ តន្រ្តីប្រកបដោយអង្គ៥ ដែលមនុស្ស​ឈ្លាស​វៃបានផ្សំ ហើយវាយឲ្យល្មមពីរោះល្អ ទើបដេញដំប្រគំ មានសំឡេងពីរោះ គួរត្រេកអរ គួរ​ផ្អៀងត្រចៀកស្តាប់ គួរជក់ចិត្ត មានឧបមាដូចម្តេចមិញ ម្នាលអានន្ទ ជួរត្នោតទាំងនោះ​ឯង កាលបើមានខ្យល់បក់មកត្រូវ ក៏មានសំឡេងពីរោះ គួរត្រេកអរ គួរ​ផ្អៀងត្រចៀកស្តាប់ គួរជក់ចិត្ត យ៉ាងនោះដែរ។ ម្នាលអានន្ទ ក្នុងសម័យនោះឯង កុសាវតី​រាជ​ធានី មានអ្នក​លេង​​បាស្កា និងអ្នកលេងស៊ីផឹក ឯពួកអ្នកលេង​ទាំងនោះ នាំគ្នា​រាំរែកតាម​សំឡេងនៃ​ជួរដើមត្នោត ដែលមានខ្យល់​បក់មកត្រូវទាំងនោះ។ ម្នាលអានន្ទ លុះដល់ធម្មប្រាសាទ និងស្រះធម្មបោក្ខរណីសម្រេចហើយ ព្រះបាទ​មហាសុទស្សនៈ ទ្រង់និមន្ត​ពួកសមណ​ព្រាហ្មណ៍ ដែលសន្មតថា ជាសមណៈ ថាជាព្រាហ្មណ៍ ក្នុងសម័យនោះឯង ឲ្យឆាន់​ឆ្អែត​ស្កប់ស្កល់ ដោយពេញចំណង់ ហើយស្តេចឡើងកាន់ធម្មប្រាសាទ។

បឋមភាណវារៈ។

[១៧] ម្នាលអានន្ទ លំដាប់នោះ ព្រះបាទ​មហាសុទស្សនៈ ទ្រង់មានសេចក្តីត្រិះរិះ​យ៉ាងនេះថា នេះជាផលនៃកម្មរបស់​អាត្មាអញ ដូចម្តេចហ្ន៎ ជាវិបាកនៃកម្មរបស់អាត្មា​អញ ដូចម្តេចហ្ន៎ បានជាឥឡូវនេះ អាត្មាអញមានឫទ្ធិច្រើនយ៉ាងនេះ មានអានុភាព​ច្រើន​យ៉ាងនេះ។ ម្នាលអានន្ទ លំដាប់នោះ ព្រះបាទ​មហាសុទស្សនៈ ទ្រង់មាន​បរិវិតក្កៈ​យ៉ាង​នេះ​ថា នេះជាផលនៃកម្ម៣យ៉ាង ជាវិបាកនៃកម្ម៣យ៉ាងរបស់អាត្មាអញ បានជា​ឥឡូវ​នេះ អាត្មាអញមានឫទ្ធិច្រើនយ៉ាងនេះ មានអានុភាព​ច្រើន​យ៉ាងនេះ កម្ម៣យ៉ាងនោះ គឺទានៈ (ការឲ្យ)១ ទមៈ (ការទូន្មានខ្លួន)១ សញ្ញមៈ (ការសង្រួមក្នុងសីល)១។ ម្នាលអានន្ទ លំដាប់នោះឯង ព្រះបាទ​មហាសុទស្សនៈ ទ្រង់ស្តេចចូលទៅកាន់កូដាគារដ្ឋាន (ផ្ទះ​មាន​កំពូល) ប្រាក់ លុះស្តេចទៅដល់ហើយ ទ្រង់ប្រថាប់ទៀបទ្វារ នៃកូនដាគារដ្ឋានប្រាក់ ទ្រង់​បន្លឺ​ឧទានវាចាថា នែកាមវិតក្កៈ ព្យាបាទវិតក្កៈ និងវិហឹសាវិតក្កៈ អ្នកចូរ​ឈប់ចុះ នែ​កាមវិតក្កៈ ព្យាបាទវិតក្កៈ និងវិហឹសាវិតក្កៈ ល្មមប៉ុណ្ណឹងហើយ។ ម្នាលអានន្ទ លំដាប់​នោះ​ឯង ព្រះបាទ​មហាសុទស្សនៈ ទ្រង់ស្តេចចូលទៅកាន់កូដាគារដ្ឋានប្រាក់ ទ្រង់គង់លើ​បល្លង្កមាស លុះស្ងប់ស្ងាត់​ចាកកាមទាំងឡាយ ស្ងប់ស្ងាត់ចាកអកុសល​ធម៌ទាំងឡាយ​ហើយ ទ្រង់ចូលកាន់បឋមជ្ឈាន ប្រកបដោយវិតក្កៈ វិចារៈ មានបីតិ និងសុខៈ ដែលកើត​អំពី​វិវេក លុះទ្រង់រម្ងាប់​វិតក្កៈ វិចារៈហើយ ទ្រង់​ចូលកាន់ទុតិយជ្ឈាន ជាធម្មជាតជាក់​ច្បាស់​ក្នុងខ្លួន ប្រកបដោយសេចក្តីជ្រះថ្លា មានសភាពជាចិត្តខ្ពស់ឯក មិនមានវិតក្កៈ មិនមានវិចារៈឡើយ មានតែបីតិ និងសុខៈ ដែលកើត​អំពីសមាធិ ព្រោះប្រាសចាក​បីតិ​ផង មានឧបេក្ខា មានសតិសម្បជញ្ញៈផង ទទួលសេចក្តីសុខ ដោយនាមកាយផង ទើបទ្រង់​ចូលកាន់តតិយជ្ឈាន ដែលព្រះអរិយៈទាំងឡាយ ពោលទុកថា បុគ្គលអ្នកមាន​ឧបេក្ខា មានសតិ មានប្រក្រតីនៅជាសុខ ទ្រង់​ចូលកាន់ចតុត្ថជ្ឈាន ដែល​មិនមានទុក្ខ មិនមាន​សុខ មានតែឧបេក្ខា និងសតិដ៏បរិសុទ្ធ ព្រោះកិរិយា​លះបង់នូវ​ទុក្ខ និងសុខ ព្រោះកិរិយា​វិនាស​ទៅ នៃ​សោមនស្ស និងទោមនស្សក្នុងកាលមុន។

[១៨] ម្នាលអានន្ទ លំដាប់នោះឯង ព្រះបាទ​មហាសុទស្សនៈ ទ្រង់ស្តេច​ចេញពី​កូដាគារដ្ឋានប្រាក់ ហើយស្តេចចូលទៅកាន់កូដាគារដ្ឋានមាស ទ្រង់គង់លើបល្លង្កប្រាក់ មានព្រះហឫទ័យប្រកបដោយ​មេត្តាផ្សាយទៅកាន់ទិសទី១ ទិសទី២ ទិសទី៣ ទិសទី៤ ក៏ដូចៗគ្នា។ ទ្រង់មានព្រះហឫទ័យ ប្រកបដោយមេត្តាធំទូលាយ ជាមហគ្គតៈ គឺរូបាវចរៈ និងអរូបាវចរៈ ប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់លោក ដែល​មានសត្វទាំងអស់ ដោយយកខ្លួនឯង ប្រៀបនឹងសត្វទាំងអស់ ក្នុងទិសទាំងពួង គឺ​ទិសខាងលើ ទិសខាងក្រោម និងទិសទទឹង គឺទិសតូចៗ ដោយប្រការដូច្នេះ។ ទ្រង់​មាន​ព្រះហឫទ័យប្រកបដោយករុណា។ ទ្រង់​មាន​ព្រះហឫទ័យប្រកបដោយមុទិតា។ ទ្រង់​មាន​ព្រះហឫទ័យប្រកបដោយឧបេក្ខា ផ្សាយទៅកាន់ទិសទី១ ទិសទី២ ទិសទី៣ ទិសទី៤ ក៏ដូចៗគ្នា។ ទ្រង់​មាន​ព្រះហឫទ័យប្រកបដោយឧបេក្ខា ជាធម្មជាតធំទូលាយ ជាមហគ្គតៈ មានប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់​លោក ដែល​មាន​សត្វទាំងអស់ ដោយយកខ្លួនឯង ប្រៀបនឹងសត្វទាំងអស់ ក្នុងទិសទាំងពួង គឺទិស​ខាង​លើ ទិសខាងក្រោម និងទិសទទឹង គឺទិសតូចៗ ដោយប្រការដូច្នេះ។

[១៩] ម្នាលអានន្ទ ព្រះបាទ​មហាសុទស្សនៈ ទ្រង់មាននគរ៨៤០០០ មានកុសាវតី​រាជធានីជាប្រធាន ទ្រង់មានប្រាសាទ​៨៤០០០ មានធម្មប្រាសាទជាប្រធាន ទ្រង់​មាន​ប្រាសាទកំពូល​៨៤០០០ មានកូដាការដ្ឋានប្រាសាទជាប្រធាន ទ្រង់មានបល្លង្ក​៨៤០០០ សុទ្ធសឹងជាមាស ប្រាក់ ភ្លុក កែវមរកត ដែលក្រាលដោយសំពត់ធ្វើពីរោមសត្វ មានរូប​សត្វសាហាវ ក្រាលដោយសំពត់ធ្វើពីរោមសត្វមានពណ៌ស ក្រាលដោយសំពត់ធ្វើពីរោម​សត្វមានផ្កាចង្កោម ក្រាលដោយកម្រាលស្បែកប្រើសយ៉ាងល្អ មានខ្នើយពណ៌​ក្រហម​ទាំងសងខាង ព្រមទាំងមានពិតានក៏ពណ៌ក្រហមទាំងសងខាង ទ្រង់មានដំរី​៨៤០០០ មានដំរីឈ្មោះ​ឧបោសថនាគរាជជាប្រធាន សឹងមានគ្រឿងអលង្ការមាស មានទង់​មាស បិទបាំងដោយបណ្តាញមាស ទ្រង់​មានសេះ ៨៤០០០ មានសេះឈ្មោះវលាហកអស្សរាជ ជាប្រធាន សឹងមានគ្រឿងអលង្ការមាស មានទង់មាស បិទបាំងដោយបណ្តាញមាស ទ្រង់​មានរថ ៨៤០០០ មានវេជយន្តរថជាប្រធាន ដែលពាសដោយស្បែកសីហៈ ស្បែក​ខ្លាធំ ស្បែកខ្លាដម្បង ពាសដោយសំពត់កម្ពល មានពណ៌លឿង មានគ្រឿងអលង្ការមាស មាន​ទង់មាស បិទបាំងដោយបណ្តាញមាស ទ្រង់​មានកែវមណី ៨៤០០០ មានមណិរ័តន៍​ជាប្រធាន ទ្រង់មានស្ត្រី​៨៤០០០ មាននាងសុភទ្ទាទេវីជាប្រធាន ទ្រង់មានគហបតី ៨៤០០០ មានគហបតីរ័តន៍ ជាប្រធាន ទ្រង់មានក្សត្រិយ៍ ៨៤០០០ ជាអ្នកចុះចូល មាន​បរិនាយករ័តន៍ជាប្រធាន ទ្រង់មានមេគោ៨៤០០០ សម្រាប់រូតបង្ហូរ (យកទឹកដោះ) មាន​ភាជន៍​សំរិទ្ធិសម្រាប់ត្រង ទ្រង់មានសំពត់៨៤០០០កោដិ សុទ្ធតែជាសំពត់ ដែលត្បាញ​ដោយ​សម្បកឈើ មានសាច់ដ៏ល្អិត សំពត់ធ្វើដោយកប្បាស មានសាច់ដ៏ល្អិត សំពត់ធ្វើដោយសូត្រ មានសាច់ដ៏ល្អិត សំពត់កម្ពល គឺសំពត់ត្បាញដោយរោមសត្វ​ មានសាច់ដ៏ល្អិត។ ម្នាលអានន្ទ ព្រះបាទ​មហាសុទស្សនៈ ទ្រង់មានភាជន៍ ក្រយាស្ងោយ​៨៤០០០ ដែល​ពួកពិសេស នាំយកមកថ្វាយ ទាំងល្ងាច ទាំងព្រឹក។

[២០] ម្នាលអានន្ទ សម័យនោះឯង ដំរី៨៤០០០ តែងនាំគ្នាទៅកាន់ទីបម្រើ​ព្រះបាទ​មហាសុទស្សនៈ ទាំងល្ងាច ទាំងព្រឹក។ ម្នាលអានន្ទ លំដាប់នោះ ព្រះបាទ​មហាសុទស្សនៈ ទ្រង់បរិវិតក្កៈយ៉ាងនេះថា ដំរីទាំង៨៤០០០នេះឯង តែងនាំគ្នាមកកាន់​ទីបម្រើអញ ទាំងល្ងាច ទាំងព្រឹក បើដូច្នោះ លុះកាលកន្លងទៅបាន​១០០ឆ្នាំៗ សឹមឲ្យ​ដំរី​៤២០០០ៗ មកកាន់ទីបម្រើ (អាត្មាអញ)ម្តងៗ។ ម្នាលអានន្ទ លំដាប់នោះឯង ព្រះបាទ​មហាសុទស្សនៈ ទ្រង់ត្រាស់ហៅបរិនាយករ័តន៍មកថា ម្នាលបរិនាយករ័តន៍ សំឡាញ់​ដំរី​៨៤០០០ នេះឯង តែងនាំគ្នាមកកាន់ទីបម្រើយើងទាំងល្ងាច ទាំងព្រឹក ម្នាលបរិនាយករ័តន៍ សំឡាញ់ បើដូច្នោះ លុះកាលកន្លងទៅបាន១០០ឆ្នាំៗ សឹមឲ្យដំរី​៤២០០០ៗ មកកាន់ទីបម្រើយើងម្តងៗចុះ។ ម្នាលអានន្ទ បរិនាយករ័តន៍ បានទទួល​ព្រះរាជឱង្ការ នៃ​ព្រះបាទ​មហាសុទស្សនៈថា ព្រះករុណាថ្លៃវិសេស។ ម្នាលអានន្ទ សម័យ​ខាងក្រោយមក លុះកាលកន្លងទៅ១០០ឆ្នាំៗ ដំរី​៤២០០០ៗ ក៏នាំគ្នាមកកាន់ទី​បម្រើ​ព្រះបាទ​​មហាសុទស្សនៈម្តងៗ។ ម្នាលអានន្ទ លុះកាលកន្លងទៅ​ច្រើនឆ្នាំ ច្រើនរយឆ្នាំ ច្រើនពាន់ឆ្នាំ ព្រះនាងសុភទ្ទាទេវី ទ្រង់មានសេចក្តីត្រិះរិះ​ដូច្នេះថា អាត្មាអញ ខានឃើញ​ព្រះបាទ​​មហាសុទស្សនៈ អស់កាលយូរមកហើយ បើដូច្នោះ គួរតែ​អាត្មាអញ ចូលទៅ​គាល់​​ព្រះបាទ​មហាសុទស្សនៈ។ ម្នាលអានន្ទ លំដាប់នោះ ព្រះនាងសុភទ្ទាទេវី ទ្រង់​ត្រាស់​ហៅ (ពួក) ស្រីស្នំថា នាងទាំងឡាយ ចូរមក ចូរកក់ក្បាល ចូរដណ្តប់សំពត់ពណ៌លឿង យើង​ខានបានឃើញ​ព្រះបាទ​មហាសុទស្សនៈ អស់​កាល​យូរ​មកហើយ យើងគួរ​នឹង​ចូល​ទៅ​គាល់​ព្រះបាទ​មហាសុទស្សនៈ។ ម្នាលអានន្ទ ពួកស្រីស្នំ ក៏បានទទួលព្រះរាជសវនីយ នៃ​ព្រះនាង​សុភទ្ទាទេវីថា ព្រះនាងម្ចាស់ យ៉ាង​នោះមែនហើយ ដូច្នេះហើយ ក៏​កក់ក្បាល ដណ្តប់​សំពត់ពណ៌លឿង ដើរចូលទៅត្រង់ទី ​ដែលព្រះនាង​សុភទ្ទាទេវីគង់នៅ។ ម្នាល​អានន្ទ លំដាប់នោះ ព្រះនាងសុភទ្ទាទេវី ទ្រង់​ត្រាស់ហៅបរិនាយករ័តន៍មកថា ម្នាល​បរិនាយករ័តន៍​សំឡាញ់ អ្នកចូរទៅរៀបចំចតុរង្គសេនា (ឲ្យយើង) ដ្បិតយើងខានបានជួប​ព្រះបាទ​មហាសុទស្សនៈ អស់​កាល​យូរ​មកហើយ យើងនឹងចូលទៅគាល់​ ដើម្បីនឹងឲ្យ​បាន​ជួប​ព្រះបាទ​មហាសុទស្សនៈ។ ម្នាលអានន្ទ​ បរិនាយករ័តន៍ ទទួលព្រះរាជសវនីយ​របស់​ព្រះនាង​សុភទ្ទាទេវីថា បពិត្រព្រះរាជទេវី យ៉ាងនេះហើយ ក៏រៀបចំចតុរង្គសេនា ហើយក្រាប​ទូល​ព្រះនាងសុភទ្ទាទេវីថា បពិត្រព្រះទេវី ចតុរង្គសេនារបស់ព្រះនាង ខ្ញុំ​ព្រះអង្គ​រៀបចំស្រេច​ហើយ ឥឡូវនេះ សូមព្រះនាងសំគាល់នូវកាល​ដែលគួរនឹង​ស្តេច​ចុះ។ ម្នាលអានន្ទ លំដាប់នោះ ព្រះនាងសុភទ្ទាទេវី មួយអន្លើដោយចតុរង្គសេនា និង​(ពួក)​ស្រីស្នំ ស្តេចសំដៅ​ទៅរកធម្មប្រាសាទ លុះស្តេចចូលទៅដល់ហើយ ក៏ឡើងទៅកាន់​ធម្មប្រាសាទ ហើយស្តេច​ចូលសំដៅទៅរកកូដាគារដ្ឋានប្រាក់ លុះចូលទៅដល់ហើយ ក៏ទ្រង់ព្រះ​សណ្ឋិតតោងមេទ្វារ នៃកូដាគារដ្ឋានប្រាក់។ ម្នាលអានន្ទ​ លំដាប់នោះ ព្រះបាទ​មហាសុទស្សនៈ ទ្រង់ឮសូរស័ព្ទនោះហើយ ទើបទ្រង់​ត្រាស់ថា សំឡេងនោះ ដូចជា​សំឡេង​​ពួកជនច្រើននាក់ឬហ្ន៎ ហើយទ្រង់ស្តេចចេញពីកូដាគារដ្ឋានប្រាក់ ទ្រង់ទតទៅ​ឃើញ​ព្រះនាងសុភទ្ទាទេវី កំពុងតែទ្រង់ព្រះសណ្ឋិតតោងមេទ្វារ លុះទតឃើញហើយ ទ្រង់មានព្រះរាជឱង្ការ នឹងព្រះនាង​សុភទ្ទាទេវីថា នែនាងទេវី ចូរនាងបង្អង់នៅទីនុ៎ះ​សិន នាងកុំអាលចូលមក។ ម្នាលអានន្ទ លំដាប់នោះ ព្រះបាទ​មហាសុទស្សនៈ ទ្រង់ត្រាស់ហៅ​បុរសម្នាក់មកថា ម្នាលបុរស អ្នកចូរមកនេះ ចូរទៅនាំយកបល្លង្កមាស អំពីកូដាគារដ្ឋាន​ប្រាក់ ទៅតាំងក្នុងតាលវ័ន (ព្រៃត្នោត) សុទ្ទតែមាស។ ម្នាលអានន្ទ បុរសនោះ បានទទួល​ព្រះរាជឱង្ការនៃ​ព្រះបាទ​មហាសុទស្សនៈថា ព្រះករុណាស្លៃវិសេស ដូច្នេះហើយ ក៏នាំ​យក​បល្លង្កមាស ចេញចាកកូដាគារដ្ឋានប្រាក់ ទៅតាំងក្នុងតាលវ័ន សុទ្ធតែមាស។ ម្នាលអានន្ទ លំដាប់នោះ ព្រះបាទ​មហាសុទស្សនៈ ទ្រង់សម្រេច​សីហសេយ្យា ដោយខាង​ស្តាំ ទ្រង់តម្រួត​ព្រះបាទលើគ្នា ទ្រង់មានព្រះសតិ សម្បជញ្ញៈ។

[២១] ម្នាលអានន្ទ លំដាប់នោះ ព្រះនាងសុភទ្ទាទេវី ទ្រង់មានសេចក្តីត្រិះរិះ​ដូច្នេះ​ថា​ ឥន្ទ្រិយរបស់​ព្រះបាទ​មហាសុទស្សនៈ ថ្លាស្អាតណាស់តើ ព្រះឆវិវណ្ណផូរផង់ សូម​ព្រះបាទ​មហាសុទស្សនៈ កុំទិវង្គតឡើយ។ ទើប​ព្រះនាងសុភទ្ទាទេវី ក្រាបបង្គំទូល​សេចក្តី​នុ៎ះ នឹងព្រះបាទ​មហាសុទស្សនៈថា បពិត្រព្រះសម្មតិទេព នគរទាំង៨៤០០០ របស់​ព្រះអង្គ​នេះ មានមគរកុសាវតី​រាជធានី ជាប្រធាន បពិត្រព្រះសម្មតិទេព សូម​ព្រះអង្គ​បង្កើត​​នូវសេចក្តីស្រឡាញ់ ចំពោះនគរទាំងនុ៎ះ សូមព្រះអង្គធ្វើ​នូវសេចក្តីអាល័យ ក្នុងព្រះ​ជីវិត បពិត្រព្រះសម្មតិទេព ប្រាសាទ​៨៤០០០ របស់ព្រះអង្គនេះ មានធម្មប្រាសាទ ជា​ប្រធាន បពិត្រព្រះសម្មតិទេព សូម​ព្រះអង្គបង្កើត​នូវសេចក្តីស្រឡាញ់ ចំពោះ​ប្រាសាទ​ទាំង​នុ៎ះ សូមព្រះអង្គធ្វើ​នូវសេចក្តីអាល័យ ក្នុងព្រះជីវិត បពិត្រព្រះសម្មតិទេព កូដាគារ​ប្រាសាទ​៨៤០០០របស់ព្រះអង្គ មាន​ប្រាសាទឈ្មោះ​កូដាគារដ្ឋានប្រាក់ ជាប្រធាន បពិត្រ​ព្រះសម្មតិទេព សូម​ព្រះអង្គបង្កើត​នូវសេចក្តីស្រឡាញ់ ចំពោះកូដាគារដ្ឋានប្រាក់ទាំងនុ៎ះ សូមព្រះអង្គ ទ្រង់ធ្វើ​នូវសេចក្តីអាល័យ ក្នុងព្រះជីវិត បពិត្រព្រះសម្មតិទេព បល្លង្ក​៨៤០០០ របស់​ព្រះអង្គនេះ ជាបល្លង្កមាស ប្រាក់ ភ្លុក កែវមរកត ដែលក្រាលដោយសំពត់ធ្វើពីរោមសត្វ មានរូប​សត្វសាហាវ ក្រាលដោយ​សំពត់​ធ្វើ​ដោយ​រោម​សត្វមានពណ៌ស ក្រាលដោយសំពត់ធ្វើដោយរោម​សត្វមានផ្កាចង្កោម ក្រាលដោយ​កម្រាល​​ស្បែកប្រើស​យ៉ាង​ល្អ មានខ្នើយពណ៌​ក្រហម​ទាំងសងខាង ព្រមទាំងមានពិតាន​ក៏ពណ៌ក្រហម​​ដូចគ្នា បពិត្រព្រះសម្មតិទេព សូម​ព្រះអង្គបង្កើត​នូវសេចក្តីស្រឡាញ់ ចំពោះ​បល្លង្កទាំងនុ៎ះ សូមទ្រង់ធ្វើ​នូវសេចក្តីអាល័យ ក្នុងព្រះជីវិត បពិត្រព្រះសម្មតិទេព ដំរី​៨៤០០០របស់​ព្រះអង្គនេះ មានដំរីឈ្មោះ​ឧបោសថនាគរាជជាប្រធាន សឹងមាន​អលង្ការ​មាស មានទង់​មាស បិទបាំងដោយបណ្តាញមាស បពិត្រព្រះសម្មតិទេព សូម​ព្រះអង្គបង្កើត​នូវសេចក្តី​ស្រឡាញ់ ចំពោះដំរីទាំងនុ៎ះ សូមទ្រង់ធ្វើ​នូវសេចក្តីអាល័យ ក្នុង​ព្រះជីវិត បពិត្រព្រះសម្មតិទេព ​សេះ ៨៤០០០របស់ព្រះអង្គនេះ មានសេះឈ្មោះ​វលាហកអស្សរាជ ជាប្រធាន សឹងមានអលង្ការមាស មានទង់មាស បិទបាំង​ដោយ​បណ្តាញ​មាស បពិត្រព្រះសម្មតិទេព សូមទ្រង់បង្កើត​នូវសេចក្តីស្រឡាញ់ ចំពោះ​សេះ​ទាំងនុ៎ះ សូមទ្រង់ធ្វើ​នូវសេចក្តីអាល័យ ក្នុងព្រះជីវិត បពិត្រព្រះសម្មតិទេព រថ ៨៤០០០​របស់ព្រះអង្គនេះ មានវេជយន្តរថជាប្រធាន ដែលពាសដោយស្បែកសីហៈ ស្បែក​ខ្លាធំ ស្បែកខ្លាដម្បង ពាសដោយសំពត់កម្ពល មានពណ៌លឿង មានអលង្ការមាស មាន​ទង់មាស បិទបាំងដោយបណ្តាញមាស បពិត្រព្រះសម្មតិទេព សូម​ទ្រង់បង្កើត​នូវសេចក្តី​ស្រឡាញ់ ចំពោះរាជរថទាំងនុ៎ះ សូមទ្រង់ធ្វើ​នូវសេចក្តីអាល័យ ក្នុងព្រះជីវិត បពិត្រ​ព្រះ​សម្មតិ​ទេព កែវមណី ៨៤០០០របស់ព្រះអង្គនេះ មានមណិរ័តន៍ ​ជាប្រធាន បពិត្រ​ព្រះសម្មតិទេព សូម​ទ្រង់បង្កើត​នូវសេចក្តីស្រឡាញ់ ចំពោះមណិរ័តន៍ទាំងនុ៎ះ សូមទ្រង់ធ្វើ​នូវ​សេចក្តីអាល័យ ក្នុងព្រះជីវិត បពិត្រព្រះសម្មតិទេព ស្ត្រី​៨៤០០០ របស់​ព្រះអង្គនេះ មាន​ឥត្ថីរ័តន៍ ជាប្រធាន បពិត្រព្រះសម្មតិទេព សូមព្រះអង្គបង្កើត​នូវសេចក្តីស្រឡាញ់ ចំពោះ​ស្រ្តីទាំងនុ៎ះ សូមទ្រង់ធ្វើ​នូវសេចក្តីអាល័យ ក្នុងព្រះជីវិត បពិត្រព្រះសម្មតិទេព គហបតី ៨៤០០០របស់ព្រះអង្គនេះ មានគហបតីរ័តន៍ ជាប្រធាន បពិត្រព្រះសម្មតិទេព សូម​​ទ្រង់បង្កើត​នូវសេចក្តីស្រឡាញ់ ចំពោះគហបតីទាំងនុ៎ះ សូមទ្រង់ធ្វើ​នូវសេចក្តី​អា​ល័យ ក្នុងព្រះជីវិត បពិត្រព្រះសម្មតិទេព ពួកក្សត្រិយ៍ ៨៤០០០ សុទ្ធតែជា​អ្នកចុះ​ចូល​ព្រះអង្គ មាន​បរិនាយករ័តន៍ជាប្រធាន បពិត្រព្រះសម្មតិទេព សូម​ទ្រង់បង្កើត​នូវសេចក្តី​ស្រឡាញ់ ចំពោះពួកក្សត្រិយ៍ទាំងនុ៎ះ សូមទ្រង់ធ្វើ​នូវសេចក្តីអាល័យ ក្នុងព្រះជីវិត បពិត្រព្រះសម្មតិទេព មេគោ៨៤០០០ សម្រាប់រូតបង្ហូរយកទឹកដោះ របស់​ព្រះអង្គនេះ មាន​ភាជន៍​សំរិទ្ធិសម្រាប់ត្រង បពិត្រព្រះសម្មតិទេព សូម​ទ្រង់បង្កើត​នូវសេចក្តីស្រឡាញ់ ចំពោះមេគោទាំងនុ៎ះ សូមទ្រង់ធ្វើ​នូវសេចក្តីអាល័យ ក្នុងព្រះជីវិត បពិត្រព្រះសម្មតិទេព សំពត់៨៤០០០កោដិ របស់ព្រះអង្គទាំងនេះ ជាសំពត់ដែលត្បាញ​ដោយ​សម្បកឈើ មានសាច់ដ៏ល្អិត សំពត់ធ្វើដោយកប្បាស មានសាច់ដ៏ល្អិត សំពត់ធ្វើដោយសូត្រ មានសាច់​ដ៏ល្អិត សំពត់កម្ពល គឺសំពត់ដែលត្បាញដោយរោមសត្វ​ មានសាច់ដ៏ល្អិត បពិត្រព្រះសម្មតិទេព សូម​ទ្រង់បង្កើត​នូវសេចក្តីស្រឡាញ់ ចំពោះសំពត់​ទាំងនុ៎ះ សូមទ្រង់​ធ្វើ​នូវ​សេចក្តីអាល័យ ក្នុងព្រះជីវិត បពិត្រព្រះសម្មតិទេព ភាជន៍ក្រយាស្ងោយ ៨៤០០០ របស់ព្រះអង្គទាំងនេះ ដែលពួក​ពិសេស នាំយក​មក​ថ្វាយ ទាំងល្ងាច ទាំងព្រឹក បពិត្រ​ព្រះ​សម្មតិទេព សូមព្រះអង្គបង្កើត​នូវសេចក្តីស្រឡាញ់ ចំពោះភាជន៍ក្រយាស្ងោយទាំងនុ៎ះ សូមទ្រង់ធ្វើ​នូវសេចក្តីអាល័យ ក្នុងព្រះជីវិត។ ម្នាលអានន្ទ កាលបើព្រះនាងសុភទ្ទាទេវី ក្រាបបង្គំទូល យ៉ាងនេះហើយ ព្រះបាទ​មហាសុទស្សនៈ ទ្រង់មានព្រះរាជឱង្ការ នឹងព្រះនាង​សុភទ្ទាទេវីថា ម្នាលនាងទេវី នាងថ្លែង​រៀបរាប់ដោយវត្ថុទាំងឡាយ ជាទី​ប្រាថ្នា ជាទីត្រេកអរ ជាទីពេញចិត្ត ចំពោះ​យើង​អស់រាត្រីយូរហើយ តទៅខាងក្រោយ នាងនឹងថ្លែងរៀបរាប់ ដោយវត្ថុទាំងឡាយ មិនជាទី​ប្រាថ្នា មិនជាទីត្រេកអរ មិនជា​ទី​ពេញ​ចិត្ត​ចំពោះ​យើងវិញ។ ព្រះនាងសុភទ្ទាទេវី ក្រាបបង្គំទូលថា បពិត្រព្រះសម្មតិទេព ចុះឲ្យ​ខ្ញុំ​ម្ចាស់រៀបរាប់ចំពោះ​ព្រះអង្គ ដោយ​ប្រការ​ដូចម្តេចវិញ។ ព្រះបាទ​មហាសុទស្សនៈ ទ្រង់​ត្រាស់ថា ម្នាលនាងទេវី ចូរនាងថ្លែង​រៀបរាប់​នឹងយើង យ៉ាងនេះវិញថា សេចក្តីវិនាស សេចក្តី​ព្រាត់ប្រាស និងសេចក្តីឃ្លៀងឃ្លាត​ចាក​សត្វ និងសង្ខារទាំងពួង ដែលជាទី​ស្រឡាញ់ ជាទីពេញចិត្ត (រមែង​មានដល់​ព្រះអង្គ) បពិត្រ​ព្រះសម្មតិទេព សូមព្រះអង្គ​កុំទិវង្គត ប្រកបដោយ​សេចក្តី​អាល័យឡើយ (ព្រោះថា) កាលកិរិយារបស់បុគ្គល ដែល​មាន​សេចក្តីអាល័យ តែងនាំមកនូវសេចក្តីទុក្ខ មួយទៀត កាលកិរិយា​របស់បុគ្គល​ដែលមាន​សេចក្តីអាល័យ អ្នកប្រាជ្ញ​តែងតិះដៀល បពិត្រព្រះសម្មតិទេព ឯនគរ៨៤០០០ របស់ព្រះអង្គទាំងនេះ មាននគរកុសាវតី​រាជធានី ជាប្រធាន បពិត្រព្រះសម្មតិទេព សូម​ទ្រង់លះបង់​​នូវសេចក្តីស្រឡាញ់ ចំពោះនគរទាំងនុ៎ះ សូមទ្រង់កុំធ្វើ​នូវសេចក្តីអាល័យ ក្នុងព្រះជីវិតឡើយ បពិត្រព្រះសម្មតិទេព ប្រាសាទ​៨៤០០០ របស់ព្រះអង្គនេះ។បេ។ សូមទ្រង់​កុំធ្វើ​នូវសេចក្តីអាល័យ ក្នុងព្រះជីវិត​ឡើយ បពិត្រព្រះសម្មតិទេព កូដាគារដ្ឋាន​៨៤០០០របស់ព្រះអង្គ។បេ។ សូម​ទ្រង់កុំធ្វើ​នូវ​សេចក្តីអាល័យ ក្នុងព្រះជីវិតឡើយ បពិត្រ​ព្រះសម្មតិទេព បល្លង្ក​៨៤០០០ របស់​ព្រះអង្គ​នេះ សុទ្ធសឹងតែមាស ប្រាក់ ភ្លុក កែវមរកត ក្រាលដោយសំពត់ធ្វើដោយរោមសត្វ​សាហាវ ក្រាលដោយសំពត់​ធ្វើដោយរោមសត្វ​មាន​ពណ៌​ស ក្រាលដោយសំពត់​ធ្វើដោយ​រោម​​សត្វមានផ្កាចង្កោម ក្រាលដោយកម្រាលដ៏ល្អ ដែលធ្វើដោយ​ស្បែកប្រើស មាន​ខ្នើយ​ពណ៌​ក្រហម​ទាំងសងខាង ព្រមទាំងពិតាន ពណ៌​ក្រហមទាំងសងខាង បពិត្រ​ព្រះសម្មតិ​ទេព សូម​ទ្រង់លះបង់​នូវសេចក្តីស្រឡាញ់ ចំពោះ​បល្លង្ក​ទាំងនុ៎ះចេញ សូមទ្រង់កុំធ្វើ​នូវសេចក្តីអាល័យ ក្នុងព្រះជីវិតឡើយ បពិត្រ​ព្រះសម្មតិទេព ដំរី​៨៤០០០របស់​ព្រះអង្គ​នេះ មានដំរីឈ្មោះ​ឧបោសថនាគរាជ ជាប្រធាន សឹងមាន​អលង្ការមាស មានទង់​មាស បិទបាំងដោយបណ្តាញមាស បពិត្រព្រះ​សម្មតិទេព សូម​ព្រះអង្គ លះបង់​នូវសេចក្តី​ស្រឡាញ់ ក្នុងដំរីទាំងនុ៎ះចេញ សូមទ្រង់ កុំធ្វើ​នូវសេចក្តី​អាល័យ ក្នុងព្រះជីវិតឡើយ បពិត្រព្រះសម្មតិទេព ​សេះ ៨៤០០០​របស់​ព្រះអង្គ​នេះ មានសេះឈ្មោះ​វលាហកអស្សរាជ ជាប្រធាន សឹងមានអលង្ការមាស មានទង់មាស បិទបាំង​ដោយ​បណ្តាញ​មាស បពិត្រព្រះសម្មតិទេព សូម​ទ្រង់លះបង់​នូវសេចក្តីស្រឡាញ់ ចំពោះ​សេះ​ទាំងនុ៎ះចេញ សូមទ្រង់កុំធ្វើ​នូវសេចក្តីអាល័យ ក្នុងព្រះជីវិតឡើយ បពិត្រ​ព្រះសម្មតិទេព រាជរថ៨៤០០០របស់ព្រះអង្គនេះ មានវេជយន្តរថ ជាប្រធាន ដែល​ពាស​ដោយ​ស្បែកសីហៈ ស្បែក​ខ្លាធំ ដោយស្បែកខ្លាដំបង ដោយសំពត់កម្ពល មានពណ៌​លឿង សឹងមានអលង្ការមាស មាន​ទង់មាស បិទបាំងដោយបណ្តាញមាស បពិត្រ​ព្រះសម្មតិ​ទេព សូម​ទ្រង់លះបង់​នូវសេចក្តីស្រឡាញ់ ចំពោះរាជរថទាំងនុ៎ះ សូមទ្រង់កុំធ្វើ​នូវសេចក្តីអាល័យ ក្នុងព្រះជីវិតឡើយ បពិត្រព្រះសម្មតិទេព កែវមណី ៨៤០០០​របស់​ព្រះអង្គ​នេះ មានមណិរ័តន៍ ​ជាប្រធាន បពិត្រព្រះសម្មតិទេព សូម​ទ្រង់លះបង់​នូវសេចក្តី​ស្រឡាញ់ ចំពោះកែវមណិទាំងនុ៎ះចេញ សូមទ្រង់កុំធ្វើ​នូវសេចក្តីអាល័យ ក្នុងព្រះជីវិត​ឡើយ បពិត្រព្រះសម្មតិទេព ស្ត្រី​៨៤០០០ របស់​ព្រះអង្គនេះ មាន​ព្រះនាងសុភទ្ទាទេវី ជា​ប្រធាន បពិត្រព្រះសម្មតិទេព សូម​ព្រះអង្គ​លះបង់​នូវ​សេចក្តី​ស្រឡាញ់ ចំពោះស្រ្តី​ទាំងនុ៎ះ​ចេញ សូមព្រះអង្គកុំធ្វើ​នូវសេចក្តីអាល័យ ក្នុងព្រះជីវិត​ឡើយ បពិត្រព្រះសម្មតិទេព គហបតី ៨៤០០០របស់ព្រះអង្គនេះ មានគហបតីរ័តន៍ ជាប្រធាន បពិត្រព្រះសម្មតិទេព សូមព្រះអង្គ លះបង់​នូវសេចក្តីស្រឡាញ់ ចំពោះគហបតី​ទាំងនុ៎ះ សូមព្រះអង្គ កុំធ្វើ​នូវសេចក្តីអាល័យ ក្នុងព្រះជីវិតឡើយ បពិត្រព្រះសម្មតិទេព ពួកក្សត្រិយ៍ ៨៤០០០​របស់​ព្រះអង្គនេះ មាន​បរិនាយករ័តន៍ ជាប្រធាន ជាអ្នកចុះចូល បពិត្រព្រះសម្មតិទេព សូមព្រះ​អង្គ លះបង់​នូវសេចក្តីស្រឡាញ់ ចំពោះក្សត្រិយ៍ទាំងនុ៎ះចេញ សូមព្រះអង្គ កុំធ្វើ​នូវសេចក្តីអាល័យ ក្នុងព្រះជីវិតឡើយ បពិត្រព្រះសម្មតិទេព មេគោ៨៤០០០​របស់ព្រះអង្គ​នេះ សម្រាប់រូតបង្ហូរ (យកទឹកដោះ) មាន​ភាជន៍​សំរិទ្ធិសម្រាប់ត្រង បពិត្រព្រះសម្មតិទេព សូមព្រះអង្គលះបង់​នូវសេចក្តីស្រឡាញ់ ចំពោះមេគោទាំងនុ៎ះ សូមព្រះអង្គ កុំធ្វើ​នូវសេចក្តីអាល័យ ក្នុងព្រះជីវិតឡើយ បពិត្រព្រះសម្មតិទេព សំពត់៨៤០០០កោដិ របស់ព្រះអង្គនេះ ជាសំពត់ដែលត្បាញ​ដោយ​សម្បកឈើ មានសាច់ដ៏ល្អិត សំពត់ធ្វើដោយកប្បាស មានសាច់ដ៏ល្អិត សំពត់ធ្វើដោយសូត្រ មានសាច់​ដ៏ល្អិត សំពត់កម្ពល គឺសំពត់ត្បាញ​ដោយ​រោមសត្វ​ មានសាច់ដ៏ល្អិត បពិត្រ​ព្រះសម្មតិទេព សូមព្រះអង្គលះបង់​នូវ​សេចក្តី​ស្រឡាញ់ ចំពោះសំពត់​ទាំងនុ៎ះចេញ សូមព្រះអង្គ កុំធ្វើ​នូវសេចក្តីអាល័យ ក្នុងព្រះជីវិត​ឡើយ បពិត្រព្រះសម្មតិទេព ភាជន៍ក្រយាស្ងោយ ៨៤០០០ របស់ព្រះអង្គនេះ ដែលពួក​ពិសេស តែងនាំយកភត្ត​មក​ថ្វាយ ទាំងល្ងាច ទាំងព្រឹក បពិត្រព្រះសម្មតិទេព សូម​ព្រះអង្គ លះបង់​នូវសេចក្តី​ស្រឡាញ់ ចំពោះភាជន៍ក្រយាស្ងោយទាំងនុ៎ះចេញ សូមព្រះអង្គ កុំធ្វើ​នូវសេចក្តីអាល័យ ក្នុងព្រះជីវិតឡើយ។ ម្នាលអានន្ទ កាលបើ​ព្រះបាទ​មហាសុទស្សនៈ ទ្រង់មានព្រះរាជ​ឱង្ការ​​បង្គាប់​ឲ្យ​នាងទេវី រៀបរាប់​យ៉ាងនេះហើយ ព្រះនាងសុភទ្ទាទេវី ក៏ទ្រង់ព្រះកន្សែង សោយសោក ស្រក់ទឹកព្រះនេត្រ។ ម្នាលអានន្ទ លំដាប់នោះ ព្រះនាងសុភទ្ទាទេវី ទ្រង់ជូត​ទឹក​ព្រះនេត្រហើយ ក្រាបបង្គំទូលព្រះបាទ​មហាសុទស្សនៈ យ៉ាងនេះថា បពិត្រព្រះ​សម្មតិ​ទេព សេចក្តីវិនាស ព្រាត់ប្រាស ឃ្លៀងឃ្លាត​​ចាក​សត្វ និងសង្ខារទាំងពួង ដែលជា​ទី​ស្រឡាញ់ ជាទីពេញចិត្ត (រមែង​មានដល់​ព្រះអង្គ) បពិត្រ​ព្រះសម្មតិទេព សូមទ្រង់កុំ​ទិវង្គត ប្រកបដោយ​សេចក្តី​អាល័យឡើយ (ព្រោះថា) កាលកិរិយារបស់បុគ្គល ដែលមាន​សេចក្តី​អាល័យ តែងនាំ​មក​នូវសេចក្តីទុក្ខ មួយទៀត កាលកិរិយា​របស់បុគ្គល​ដែលមាន​សេចក្តីអាល័យ អ្នកប្រាជ្ញ​តែងតិះដៀល បពិត្រព្រះសម្មតិទេព ឯនគរ៨៤០០០ របស់ព្រះអង្គទាំងនេះ មាន​នគរកុសាវតី​រាជធានី ជាប្រធាន បពិត្រព្រះសម្មតិទេព សូម​ព្រះអង្គ លះបង់​នូវសេចក្តីអាល័យ ចំពោះនគរទាំងនុ៎ះចេញ សូមព្រះអង្គ កុំធ្វើ​នូវសេចក្តី​អាល័យ ក្នុងព្រះជីវិតឡើយ បពិត្រព្រះសម្មតិទេព ប្រាសាទ​៨៤០០០ របស់ព្រះអង្គនេះ មាន​ធម្មប្រាសាទ ជាប្រធាន បពិត្រព្រះសម្មតិទេព សូមព្រះអង្គ លះបង់​នូវសេចក្តី​ស្រឡាញ់ ចំពោះប្រាសាទទាំងនុ៎ះចេញ សូមព្រះអង្គ កុំធ្វើ​នូវសេចក្តីអាល័យ ក្នុងព្រះជីវិត​ឡើយ បពិត្រព្រះសម្មតិទេព កូដាគារដ្ឋាន៨៤០០០របស់ព្រះអង្គនេះ មាន​កូដាគារដ្ឋាន​ប្រាក់ ជាប្រធាន បពិត្រព្រះសម្មតិទេព សូមព្រះអង្គ លះបង់នូវ​សេចក្តី​ស្រឡាញ់ ចំពោះ​កូដាគារដ្ឋានទាំងនុ៎ះចេញ សូមព្រះអង្គ កុំធ្វើ​នូវ​សេចក្តីអាល័យ ក្នុងព្រះជីវិតឡើយ បពិត្រព្រះសម្មតិទេព បល្លង្ក​៨៤០០០ របស់​ព្រះអង្គ​នេះ សុទ្ធតែមាស ប្រាក់ ភ្លុក កែវមរកត ដែលក្រាលដោយសំពត់ ធ្វើដោយរោមសត្វ​សាហាវ ក្រាលដោយ​សំពត់​ធ្វើ​ដោយ​រោមសត្វមានពណ៌ស ក្រាលដោយសំពត់​ធ្វើដោយ​រោម​​សត្វមានផ្កា​ចង្កោម ក្រាលដោយកម្រាលដ៏ល្អ ដែលធ្វើដោយ​ស្បែកប្រើស មាន​ខ្នើយ​ពណ៌​ក្រហម​ទាំងសងខាង ព្រមទាំងពិតាន ពណ៌ក្រហមទាំងសងខាង បពិត្រ​ព្រះសម្មតិ​ទេព សូម​ព្រះអង្គ លះបង់​នូវសេចក្តីស្រឡាញ់ ចំពោះបល្លង្កទាំងនុ៎ះចេញ សូមព្រះអង្គ កុំធ្វើ​នូវសេចក្តីអាល័យ ក្នុងព្រះជីវិតឡើយ បពិត្រព្រះសម្មតិទេព ដំរី​៨៤០០០ មានដំរីឈ្មោះ​ឧបោសថនាគរាជ ជាប្រធាន របស់ព្រះអង្គនេះ សឹងមានអលង្ការមាស មានទង់​មាស បិទបាំងដោយបណ្តាញមាស បពិត្រព្រះសម្មតិទេព សូម​ព្រះអង្គ លះបង់​នូវសេចក្តី​ស្រឡាញ់ ក្នុងដំរីទាំងនុ៎ះចេញ សូមទ្រង់ កុំធ្វើ​នូវសេចក្តីអាល័យ ក្នុងព្រះជីវិតឡើយ បពិត្រព្រះសម្មតិទេព ​សេះ ៨៤០០០របស់ព្រះអង្គនេះ មានសេះឈ្មោះ​វលាហកអស្ស​រាជ ជាប្រធាន សឹងមានអលង្ការមាស មានទង់មាស បិទបាំង​ដោយ​បណ្តាញ​មាស បពិត្រព្រះសម្មតិទេព សូម​ព្រះអង្គ លះបង់​នូវសេចក្តីស្រឡាញ់ ចំពោះ​សេះ​ទាំងនុ៎ះចេញ សូមព្រះអង្គ កុំធ្វើ​នូវសេចក្តីអាល័យ ក្នុងព្រះជីវិតឡើយ បពិត្រព្រះសម្មតិទេព រថ៨៤០០០របស់ព្រះអង្គនេះ មានវេជយន្តរថ ជាប្រធាន ដែលពាសដោយ​ស្បែកសីហៈ ដោយស្បែក​ខ្លាធំ ដោយស្បែកខ្លាដំបង ដោយសំពត់​កម្ពល មានពណ៌លឿង មានអលង្ការមាស មាន​ទង់មាស បិទបាំងដោយបណ្តាញមាស បពិត្រព្រះសម្មតិ​ទេព សូម​ព្រះអង្គ លះបង់​នូវសេចក្តីស្រឡាញ់ ចំពោះរាជរថទាំងនុ៎ះ​ចេញ សូមទ្រង់កុំធ្វើ​នូវសេចក្តីអាល័យ ក្នុងព្រះជីវិតឡើយ បពិត្រព្រះសម្មតិទេព កែវមណី ៨៤០០០​ មានមណិរ័តន៍ ​ជាប្រធាន របស់ព្រះអង្គនេះ បពិត្រព្រះសម្មតិទេព សូម​ព្រះអង្គ លះបង់​នូវសេចក្តីស្រឡាញ់ ចំពោះកែវមណីទាំងនុ៎ះចេញ សូមព្រះអង្គ កុំធ្វើ​នូវសេចក្តីអាល័យ ក្នុងព្រះជីវិតឡើយ បពិត្រព្រះសម្មតិទេព ពួកស្ត្រី​៨៤០០០ របស់​ព្រះអង្គនេះ មានឥត្ថីរ័តន៍ ជាប្រធាន បពិត្រព្រះសម្មតិទេព សូម​ព្រះអង្គ ​លះបង់​នូវ​សេចក្តី​ស្រឡាញ់ ចំពោះស្រ្តីទាំងនុ៎ះចេញ សូមព្រះអង្គ កុំធ្វើ​នូវសេចក្តីអាល័យ ក្នុងព្រះជីវិត​ឡើយ បពិត្រព្រះសម្មតិទេព ពួកគហបតី ៨៤០០០របស់ព្រះអង្គនេះ មានគហបតីរ័តន៍ ជាប្រធាន បពិត្រព្រះសម្មតិទេព សូមព្រះអង្គ លះបង់​នូវសេចក្តី​ស្រឡាញ់ ចំពោះគហបតី​ទាំងនុ៎ះចេញ សូមព្រះអង្គ កុំធ្វើ​នូវសេចក្តីអាល័យ ក្នុងព្រះជីវិតឡើយ បពិត្រព្រះសម្មតិទេព ពួកក្សត្រិយ៍ ៨៤០០០របស់ព្រះអង្គនេះ មាន​បរិនាយករ័តន៍ ជាប្រធាន ជាអ្នកចុះចូលព្រះអង្គ បពិត្រព្រះសម្មតិទេព សូមព្រះអង្គ លះបង់​នូវសេចក្តីស្រឡាញ់ ចំពោះពួកក្សត្រិយ៍ទាំងនុ៎ះចេញ សូមព្រះអង្គ កុំធ្វើ​នូវសេចក្តី​អាល័យ ក្នុងព្រះជីវិតឡើយ បពិត្រព្រះសម្មតិទេព មេគោ៨៤០០០ សម្រាប់រូតបង្ហូរ (យកទឹកដោះ) មាន​ភាជន៍​សំរិទ្ធិសម្រាប់ត្រង របស់ព្រះអង្គនេះ បពិត្រព្រះសម្មតិទេព សូមព្រះអង្គ លះបង់​នូវសេចក្តីស្រឡាញ់ ចំពោះមេគោទាំងនុ៎ះចេញ សូមព្រះអង្គ កុំធ្វើ​នូវសេចក្តីអាល័យ ក្នុងព្រះជីវិតឡើយ បពិត្រព្រះសម្មតិទេព សំពត់៨៤០០០កោដិ របស់ព្រះអង្គនេះ ជាសំពត់ដែលធ្វើដោយ​សម្បកឈើ មានសាច់ដ៏ល្អិត សំពត់ធ្វើដោយ​កប្បាស មានសាច់ដ៏ល្អិត សំពត់ធ្វើដោយសូត្រ មានសាច់ដ៏ល្អិត សំពត់កម្ពល គឺសំពត់​ធ្វើ​​ដោយ​រោមសត្វ​ មានសាច់ដ៏ល្អិត បពិត្រព្រះសម្មតិទេព សូមព្រះអង្គ លះបង់​នូវ​សេចក្តី​ស្រឡាញ់ ចំពោះសំពត់​ទាំងនុ៎ះចេញ សូមព្រះអង្គ កុំធ្វើ​នូវសេចក្តីអាល័យ ក្នុងព្រះជីវិត​ឡើយ បពិត្រព្រះសម្មតិទេព ភាជន៍ក្រយាស្ងោយ ៨៤០០០ របស់ព្រះអង្គនេះ ដែលពួក​ពិសេស នាំយកភត្ត​មក​ថ្វាយ ទាំងល្ងាច ទាំងព្រឹក បពិត្រព្រះសម្មតិទេព សូម​ព្រះអង្គ លះបង់​នូវសេចក្តីស្រឡាញ់ ចំពោះភាជន៍ក្រយាស្ងោយទាំងនុ៎ះចេញ សូមព្រះអង្គ កុំធ្វើ​នូវសេចក្តីអាល័យ ក្នុងព្រះជីវិតឡើយ។

[២២] ម្នាលអានន្ទ គ្រានោះឯង មិនយូរប៉ុន្មាន ព្រះបាទ​មហាសុទស្សនៈ ស្តេច​ក៏​ទ្រង់ទិវង្គតទៅ។ ម្នាលអានន្ទ គហបតីក្តី កូនគហបតីក្តី កាលបើបរិភោគភោជន ជាទី​ពេញចិត្តហើយ រមែង​កើតសេចក្តីពុលបាយ ងងុយដេក យ៉ាងណាមិញ ម្នាលអានន្ទ ព្រះបាទ​មហាសុទស្សនៈ ព្រះអង្គក៏សោយទុក្ខវេទនា មានមរណៈជាទីបំផុត ប្រហែល​ប៉ុណ្ណោះឯង។ ម្នាលអានន្ទ លុះដល់​ព្រះបាទ​មហាសុទស្សនៈ ទ្រង់ទិវង្គតផុតទៅហើយ ទ្រង់បានទៅកើត​ឯសុគតិព្រហ្មលោក។ ម្នាលអានន្ទ ព្រះបាទ​មហាសុទស្សនៈ ទ្រង់ក្រ​សាលល្បែង ដោយសភាពជាកុមារ អស់៨៤០០០ឆ្នាំ ទ្រង់ទទួលទីជា​ឧបរាជ្យ អស់​៨៤០០០ឆ្នាំ ទ្រង់សោយរាជ្យ អស់​៨៤០០០ឆ្នាំ ទ្រង់ភេទជាឃរាវាស ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌ ក្នុងធម្មប្រាសាទ អស់​៨៤០០០ឆ្នាំ។ ព្រះអង្គចម្រើន​ព្រហ្មវិហារធម៌ទាំង៤ លុះ​រំលាង​រាងកាយ ខាងមុខអំពីមរណភាព ក៏ទៅកើត​ក្នុងព្រហ្មលោក។

[២៣] ម្នាលអានន្ទ បើមានពាក្យងឿងឆ្ងល់ យ៉ាងនេះថា ក្នុងសម័យនោះ ព្រះបាទ​មហាសុទស្សនៈ ជាបុគ្គលដទៃ (ក្រៅពីពោធិសត្វ) ឬ ម្នាលអានន្ទ ដំណើរនេះ បុគ្គល​មិន​គប្បី​យល់ឃើញ យ៉ាងនោះឡើយ តថាគត បានកើតជាព្រះបាទ​មហាសុទស្សនៈ ក្នុង​សម័យ​នោះ នគរ៨៤០០០ មានកុសាវតីរាជធានី ជាប្រធាននោះ ជារបស់តថាគត ប្រាសាទ​៨៤០០០ មាន​ធម្មប្រាសាទ ជាប្រធាននោះ ជារបស់តថាគត កូដាគារដ្ឋាន៨៤០០០ មានកូដាគារដ្ឋាន​ប្រាក់ ជាប្រធាននោះ ជារបស់តថាគត បល្លង្ក​៨៤០០០ ដែលជាមាស ប្រាក់ ភ្លុក កែវមរកត ក្រាលដោយសំពត់ ធ្វើដោយរោមសត្វ​សាហាវ ក្រាលដោយ​សំពត់​ធ្វើ​ដោយ​រោមសត្វមានពណ៌ស ក្រាលដោយសំពត់​ធ្វើដោយ​រោម​​សត្វមានផ្កាចង្កោម ក្រាលដោយកម្រាលដ៏ល្អ ដែលធ្វើដោយ​ស្បែកប្រើស មាន​ខ្នើយ​ពណ៌​ក្រហម​ទាំងសងខាង ព្រមទាំងពិតាន ក៏ពណ៌ក្រហមទាំងសងខាងនោះ ជារបស់តថាគត ដំរី​៨៤០០០ មានដំរីឈ្មោះ​ឧបោសថនាគរាជ ជាប្រធាន សឹង​មានអលង្ការមាស មានទង់​មាស បិទបាំងដោយបណ្តាញមាសនោះ ជារបស់តថាគត ​សេះ ៨៤០០០ មានសេះឈ្មោះ​វលាហកអស្សរាជ ជាប្រធាន សឹងមានអលង្ការមាស មានទង់មាស បិទបាំង​ដោយ​បណ្តាញ​មាសនោះ ជារបស់តថាគត រាជរថ​៨៤០០០ មានវេជយន្តរថ ជាប្រធាន ដែលពាសដោយ​ស្បែកសីហៈ ដោយស្បែក​ខ្លាធំ ដោយស្បែកខ្លាដំបង ដោយសំពត់​កម្ពល មានពណ៌លឿង មានអលង្ការមាស មាន​ទង់មាស បិទបាំងដោយបណ្តាញមាសនោះ ជារបស់តថាគត កែវមណី ៨៤០០០​ មានមណិរ័តន៍ ​ជាប្រធាននោះ ជារបស់តថាគត ស្ត្រី​៨៤០០០ មាននាងសុភទ្ទាទេវី ជាប្រធាននោះ ជារបស់តថាគត គហបតី ៨៤០០០ មានគហបតីរ័តន៍ ជាប្រធាននោះ ជារបស់តថាគត ពួកក្សត្រិយ៍ ៨៤០០០ មាន​បរិនាយករ័តន៍ ជាប្រធាន ជាអ្នកចុះចូលនោះ ជារបស់តថាគត មេគោ៨៤០០០ សម្រាប់រូតបង្ហូរ (យកទឹកដោះ) មាន​ភាជន៍​សំរិទ្ធិ សម្រាប់ត្រងនោះ ជារបស់តថាគត សំពត់៨៤០០០កោដិ ជាសំពត់​ធ្វើដោយ​សម្បកឈើ មានសាច់ដ៏ល្អិត សំពត់ធ្វើដោយ​កប្បាស មានសាច់ដ៏ល្អិត សំពត់ធ្វើដោយសូត្រ មានសាច់ដ៏ល្អិត សំពត់​ធ្វើ​​ដោយ​រោមសត្វ​ មានសាច់ដ៏ល្អិត​នោះ ជារបស់តថាគត ភាជន៍ក្រយាស្ងោយ ៨៤០០០ ដែលពួក​ពិសេស នាំយកភត្ត​មក​ថ្វាយ ទាំងល្ងាច ទាំងព្រឹកនោះ ជារបស់តថាគត ម្នាលអានន្ទ បណ្តានគរទាំង​៨៤០០០​នោះ​ឯង នគរទាំងនោះ ទុកដូចជានគរមួយ សម័យនោះ តថាគតគ្រប់គ្រង​កុសាវតីរាជធានី ម្នាលអានន្ទ ប្រាសាទទាំង​៨៤០០០នោះឯង មាន​ប្រាសាទទាំងនោះ ទុកដូច​ជាប្រាសាទមួយ សម័យនោះ តថាគត គ្រប់គ្រងធម្មប្រាសាទ ម្នាលអានន្ទ បណ្តាកូដាគារដ្ឋានទាំង៨៤០០០នោះឯង មាន​កូដាគារដ្ឋានទាំងនោះ ទុកដូច​ជាកូដាគារដ្ឋានមួយ សម័យនោះ តថាគត គ្រប់គ្រងកូដាគារដ្ឋានប្រាក់ ម្នាលអានន្ទ បណ្តាបល្លង្កទាំង​៨៤០០០នោះឯង បល្លង្កទាំងនោះ ទុកដូច​ជាបល្លង្កមួយ សម័យនោះ តថាគត គ្រប់គ្រងបល្លង្កមាសផង ប្រាក់ផង ភ្លុកផង កែវមរកតផង ម្នាលអានន្ទ បណ្តាដំរីទាំង​៨៤០០០នោះឯង ដំរីទាំងនោះ ទុកដូច​ជាដំរីមួយ សម័យនោះ តថាគត ជិះតែដំរីឧបោសថនាគរាជ ម្នាលអានន្ទ បណ្តាសេះទាំង​៨៤០០០នោះឯង សេះទាំងនោះ ទុកដូច​ជាសេះមួយ សម័យនោះ តថាគត ជិះតែសេះវលាហកអស្សរាជ ម្នាលអានន្ទ បណ្តារាជរថទាំង​៨៤០០០នោះឯង រាជរថទាំងនោះ ទុកដូច​ជារាជរថមួយ សម័យនោះ តថាគត ជិះតែវេជយន្តរាជរថ ម្នាលអានន្ទ បណ្តាស្ត្រីទាំង​៨៤០០០នោះឯង ស្ត្រីទាំងនោះ ទុកដូច​ជាស្ត្រីម្នាក់ សម័យនោះ មានស្ត្រីខត្តិយាយិនី (ស្ត្រីក្សត្រិយ៍) ផង ស្ត្រីវេស្សាយិនី (ស្រី្តរាស្ត្រ)ផង តែងនៅចាំគាល់បម្រើ ម្នាលអានន្ទ បណ្តាសំពត់ទាំង​៨៤០០០កោដិ​នោះ​ឯង គូសំពត់ទាំងនោះ ទុកដូច​ជាសំពត់១គូ សម័យនោះ តថាគតស្លៀកពាក់តែសំពត់​ដែល​ធ្វើ​ដោយសម្បកឈើ មានសាច់ដ៏ល្អិត ឬសំពត់ធ្វើ​ដោយកប្បាស មានសាច់​ដ៏ល្អិត សំពត់ធ្វើដោយសូត្រ មានសាច់ដ៏ល្អិត ឬសំពត់ធ្វើដោយរោមសត្វ មានសាច់ដ៏ល្អិត ម្នាលអានន្ទ ភាជន៍ក្រយាស្ងោយទាំង​ ៨៤០០០នោះឯង ភាជន៍ក្រយាស្ងោយទាំងនោះ ទុកដូច​ជាភាជន៍មួយ ក្នុងវេលាដែលតថាគតបរិភោគ​នូវបាយ ចំនួនអង្ករ​មួយនាឡិ ជាយ៉ាង​ក្រៃលែងផង សម្លដ៏សមគួរ​ដល់បាយនោះផង ម្នាលអានន្ទ អ្នកចូរមើល​ចុះ សង្ខារ​ទាំងពួងនោះកន្លងទៅហើយ រលាយរលត់ទៅហើយ ប្រែប្រួលទៅហើយ ម្នាលអានន្ទ សង្ខារទាំងឡាយ មិនទៀងយ៉ាងនេះឯង មិនឋិតថេរយ៉ាងនេះឯង មិនស្តាប់​បង្គាប់យ៉ាងនេះឯង ម្នាលអានន្ទ សេចក្តីនេះ មានដរាបមក គួរដើម្បីនឿយណាយ គួរ​ដើម្បី​ប្រាសចាកសេចក្តីត្រេកអរ គួរដើម្បីរួចស្រឡះចាកសង្ខារ​ទាំងពួង ម្នាលអានន្ទ មួយទៀត កាលតថាគត ជាស្តេច​ចក្រពត្តិ ប្រកបដោយធម៌ សោយរាជ្យ​ដោយធម៌ ជាឥស្សរៈលើផែនដី មានសមុទ្រទាំង៤ជាទីបំផុត ជាស្តេច​ឈ្នះសង្គ្រាម មានជនបទ​ដ៏​មាំមួន ប្រកបដោយរ័តន៍៧ប្រការ ដឹងច្បាស់នូវសរីរៈ ដែលគេកប់ទុកក្នុងប្រទេស​នោះ ជាគំរប់​៦ដង ការដាក់ចុះនូវសរីរៈ (របស់តថាគត) ជាគំរប់៧ដងនេះហើយ ម្នាលអានន្ទ ក្នុងលោក (នេះ) ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពួកសត្វ ព្រមទាំង​សមណៈ និងព្រាហ្មណ៍ ទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស ក៏តថាគត មិន​បានឃើញនូវប្រទេស ដែលជាទីដាក់ចុះនូវ​សរីរៈ​ជាគំរប់​៨ឡើយ។ លុះ​ព្រះមានព្រះភាគ ទ្រង់ត្រាស់ភាសិតនេះចប់ហើយ កាលខាងក្រោយមក ព្រះសុគត ជាសាស្តា បានត្រាស់​ពាក្យនេះទៀតថា

[២៤] អនិច្ចា វត សង្ខារា ឧប្បាទវយធម្មិនោ

ឧប្បជ្ជិត្វា និរុជ្ឈន្តិ

តេសំ វូបសមោ សុខោតិ។

[២៤] ឱហ្ន៎ សង្ខារទាំងឡាយមិនទៀង មានសភាពកើតឡើងហើយ តែង​វិនាស​ទៅវិញជាធម្មតា លុះកើតឡើងហើយ តែងរលត់ទៅវិញ ការរម្ងាប់​នូវសង្ខារ​ទាំងនោះបាន ទើបនាំមកនូវសេចក្តីសុខ។

ចប់ មហាសុទស្សនសូត្រ ទី៤។

ជនវសភសូត្រ ទី៥

(៥. ជនវសភសុត្តំ)

[២៥] ខ្ញុំបានស្តាប់ហើយយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ គង់​ក្នុងលំនៅ​ដែល​ធ្វើដោយឥដ្ឋ ជិតនាទិកគ្រាម។ សម័យនោះឯង ព្រះមានព្រះភាគ ទ្រង់ព្យាករ ក្នុង​កំណើតនៃបញ្ញា និងគតិ និងបុណ្យចំពោះជនដែលជាអ្នកបម្រើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ធ្វើមរណកាល កន្លងទៅយូរហើយ ក្នុងជនបទទាំងឡាយជុំវិញ គឺ​កាសី​ជនបទ១ កោសលជនបទ១ វជ្ជីជនបទ១ មល្លជនបទ១ ចេតិជនបទ១ វំសជនបទ១ កុរុ​ជនបទ១ បញ្ចាលជនបទ១ មច្ឆជនបទ១ សុរសេនជនបទ១ថា ជនឯណោះ ទៅកើតក្នុង​ទី​ឯណោះ ជនឯណោះ ទៅកើតក្នុងទីឯណោះ ពួកជនអ្នកនៅក្នុងនាទិកគ្រាម ជាង​៥០នាក់ ជាអ្នកបម្រើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ធ្វើមរណកាលកន្លងទៅយូរហើយ មាន​សភាពជាឱបបាតិកសត្វ បរិនិព្វាន​ក្នុងលោកនោះ មានសភាវៈមិនត្រឡប់ចាក​លោកនោះ ព្រោះអស់ទៅនៃសំយោជនៈទាំង៥ ជាចំណែកខាងក្រោម ពួកជនអ្នកនៅក្នុងនាទិកគ្រាម ជាង​៩០នាក់ ​ជាអ្នកបម្រើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ធ្វើមរណកាលកន្លងទៅយូរហើយ ជាសកទាគាមិបុគ្គល នឹងមកកាន់​លោកនេះម្តងទៀត ហើយធ្វើនូវទីបំផុត​នៃទុក្ខ ព្រោះ​អស់ទៅនៃសំយោជនៈ៣ តែនៅមានរាគៈ ទោសៈ មោហៈ ដែលស្រាលស្តើង9) ពួកជនអ្នកនៅក្នុងនាទិកគ្រាម ជាង៥០០នាក់ ជាអ្នកបម្រើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ធ្វើមរណកាលកន្លងទៅយូរហើយ ជាសោតាបន្នបុគ្គល មានសភាវៈមិនធ្លាក់ទៅ​ក្នុង​អបាយ ជាបុគ្គលទៀង មានសម្ពោធិ ជាទីប្រព្រឹត្តទៅ ក្នុងខាងមុខ ព្រោះអស់ទៅនៃ​សំយោជនៈ៣។

[២៦] ពួកជន​ជាអ្នកបម្រើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ដែលនៅក្នុងនាទិកគ្រាម បាន​ឮដំណឹងថា ព្រះមានព្រះភាគ ទ្រង់ព្យាករក្នុងកំណើតនៃបញ្ញា និងគតិ និងបុណ្យ ចំពោះពួកជន​ដែលជាអ្នកបម្រើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ធ្វើមរណកាល​កន្លងទៅយូរ​ហើយ ក្នុងជនបទទាំងឡាយជុំវិញ គឺកាសី​ជនបទ១ កោសលជនបទ១ វជ្ជីជនបទ១ មល្លជនបទ១ ចេតិជនបទ១ វំសជនបទ១ កុរុ​ជនបទ១ បញ្ចាលជនបទ១ មច្ឆជនបទ១ សុរសេនជនបទ១ថា ជនឯណោះ ទៅកើតក្នុង​ទី​ឯណោះ ជនឯណោះ ទៅកើតក្នុង​ទី​ឯណោះ ពួកជនអ្នកនៅក្នុងនាទិកគ្រាម ជាង​៥០នាក់ ជាអ្នកបម្រើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ធ្វើមរណកាលកន្លងទៅយូរហើយ មាន​សភាពជាឱបបាតិកសត្វ បរិនិព្វាន​ក្នុងលោកនោះ មានសភាវៈមិនត្រឡប់ចាក​លោកនោះ ព្រោះអស់ទៅនៃ​សំយោជនៈ​​៥ ជាចំណែកខាងក្រោម ពួកជនអ្នកនៅក្នុងនាទិកគ្រាម ជាង​៩០នាក់ ​ជាអ្នកបម្រើ​ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ធ្វើមរណកាលកន្លងទៅយូរហើយ ជាសកទាគាមិបុគ្គល នឹងមកកាន់​លោកនេះម្តងទៀត ហើយធ្វើនូវទីបំផុត​នៃទុក្ខ ព្រោះ​អស់ទៅនៃ​សំយោជនៈ​៣ តែនៅមានរាគៈ ទោសៈ មោហៈ ស្រាលស្តើង ពួកជនអ្នកនៅក្នុងនាទិកគ្រាម ជាង​៥០០នាក់ ជាអ្នកបម្រើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ធ្វើមរណកាលកន្លងទៅយូរហើយ ជាសោតាបន្នបុគ្គល មានសភាវៈមិនធ្លាក់ទៅ​ក្នុង​អបាយ ជាបុគ្គលទៀង មានសម្ពោធិ ជាទីប្រព្រឹត្តទៅ ក្នុងខាងមុខ ព្រោះអស់ទៅនៃ​សំយោជនៈ៣។ ពួកជនអ្នកនៅក្នុង​នាទិកគ្រាម ជាអ្នកបម្រើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ បានស្តាប់បញ្ហាព្យាករណ៍ របស់​ព្រះមានព្រះភាគហើយ ក៏មានចិត្តត្រេកអរ រីករាយ កើតបីតិ សោមនស្សឡើង ដោយដំណើរនៃ​អនាគាមិបុគ្គលជាដើមនោះ។

[២៧] ព្រះអានន្ទមានអាយុ បានឮថា ព្រះមានព្រះភាគ ទ្រង់​ព្យាករក្នុង​កំណើត​នៃ​បញ្ញា និងគតិ និងបុណ្យ ចំពោះពួកជន ​ដែលជាអ្នកបម្រើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ធ្វើមរណកាល​កន្លងទៅយូរ​ហើយ ក្នុងជនបទទាំងឡាយជុំវិញ គឺកាសី​ជនបទ១ កោសលជនបទ១ វជ្ជីជនបទ១ មល្លជនបទ១ ចេតិជនបទ១ វំសជនបទ១ កុរុ​ជនបទ១ បញ្ចាលជនបទ១ មច្ឆជនបទ១ សុរសេនជនបទ១ថា ជនឯណោះ ទៅកើតក្នុង​ទី​ឯណោះ ជនឯណោះ ទៅកើតក្នុង​ទី​ឯណោះ ពួកជនអ្នកនៅក្នុងនាទិកគ្រាម ជាង​៥០នាក់ ជាអ្នកបម្រើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ធ្វើមរណកាលកន្លងទៅយូរហើយ មាន​សភាពជា​ឱបបាតិកសត្វ បរិនិព្វាន​ក្នុងលោកនោះ មានសភាវៈមិនត្រឡប់ចាក​លោកនោះ ព្រោះ​អស់​ទៅនៃ​សំយោជនៈ​​៥ ជាចំណែកខាងក្រោម ពួកជនអ្នកនៅក្នុងនាទិកគ្រាម ជាង​៩០នាក់ ​ជាអ្នកបម្រើ​ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ធ្វើមរណកាលកន្លងទៅយូរហើយ ជាសកទាគាមិបុគ្គល នឹងមកកាន់​លោកនេះម្តងទៀត ហើយធ្វើនូវទីបំផុត​នៃទុក្ខ ព្រោះ​អស់ទៅនៃ​សំយោជនៈ​៣ តែនៅមានរាគៈ ទោសៈ មោហៈ ស្រាលស្តើង ពួកជនអ្នក​នៅ​ក្នុងនាទិកគ្រាម ជាង​៥០០នាក់ ជាអ្នកបម្រើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ធ្វើមរណកាល​កន្លងទៅយូរហើយ ជាសោតាបន្នបុគ្គល មានសភាវៈមិនធ្លាក់ទៅ​ក្នុង​អបាយ ជាបុគ្គល​ទៀង មានសម្ពោធិ ជាទីប្រព្រឹត្តទៅ ក្នុងខាងមុខ ព្រោះអស់ទៅនៃ​សំយោជនៈ៣ ពួកជន​អ្នក​នៅក្នុង​នាទិកគ្រាម ជាអ្នកបម្រើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ បានស្តាប់បញ្ហាព្យាករណ៍ របស់​ព្រះមានព្រះភាគហើយ ក៏មានចិត្តត្រេកអរ រីករាយ កើតបីតិ សោមនស្សឡើង ដោយដំណើរ នៃ​អនាគាមិបុគ្គលជាដើមនោះ។ គ្រានោះ ព្រះអានន្ទមានអាយុ មាន​សេចក្តី​ត្រិះរិះ​ថា ពួកជនអ្នក​នៅ​ក្នុងមគធជនបទទាំងនេះ ជាអ្នកបម្រើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ មានចំនួនច្រើននាក់ផង ជាអ្នកដឹងរាត្រីយូរផង ធ្វើមរណកាល​កន្លងទៅ​យូរ​ហើយ ដែនអង្គៈ និងដែនមគធៈ ហាក់ដូចជាសូន្យចាកមនុស្ស អ្នកមគធៈ ដែលជាអ្នក​បម្រើ​ព្រះ​ពុទ្ធ ព្រះធម៌ ព្រះសង្ឃ ធ្វើមរណកាល​កន្លងទៅយូរហើយ ជនទាំងនោះ សុទ្ធ​តែជា​អ្នកជ្រះថ្លាក្នុងព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ទាំងធ្វើនូវ​ការបំពេញ​កិច្ចក្នុងសីល ជនទាំងនោះ ធ្វើមរណកាល​កន្លងទៅយូរហើយ ព្រះមានព្រះភាគ មិនបានព្យាករឡើយ ប្រសិនបើទ្រង់ព្យាករនូវជនទាំងនោះ ដោយប្រពៃហើយ ជនច្រើននាក់គប្បីជ្រះថ្លា គប្បី​ទៅកាន់សុគតិ ដោយសេចក្តីជ្រះថ្លានោះ ចំណែកខាងព្រះបាទមាគធសេនិយពិម្ពិសារ​នេះ ព្រះអង្គជា​ធម្មិកធម្មរាជ ទ្រង់បានធ្វើ​ប្រយោជន៍​ឲ្យដល់ពួកព្រាហ្មណ៍ និងគហបតី អ្នក​នៅក្នុងនិគមជនបទ បានឮថា ពួកមនុស្សនិយាយសរសើរព្រះរាជានោះថា ព្រះរាជា​នោះ ជាធម្មិកធម្មរាជ ទ្រង់ធ្វើសេចក្តីសុខដល់យើងទាំងឡាយ យ៉ាងនេះហើយ ទ្រង់ទិវង្គតទៅ យើងទាំងឡាយ ក៏នៅជាសុខ​សប្បាយ ក្នុងដែនរបស់​ព្រះរាជានោះ ជា​ធម្មិកធម្មរាជ​យ៉ាងនេះ ព្រះរាជានោះ ទ្រង់ជ្រះថ្លា ក្នុងព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ទ្រង់ធ្វើ​នូវការបំពេញកិច្ចក្នុងសីល បានឮថា ពួកមនុស្សនាំគ្នានិយាយយ៉ាងនេះថា ព្រះបាទ​មាគធសេនិយពិម្ពិសារ ព្រះអង្គ តែងមានព្រះរាជឱង្ការសរសើរព្រះមានព្រះភាគ ដរាប​ដល់​មរណកាល ហើយទ្រង់ទិវង្គតទៅដូច្នេះ លុះព្រះរាជា​នោះ ទ្រង់ទិវង្គត​កន្លង​ទៅយូរ​ហើយ ព្រះមានព្រះភាគ មិនទ្រង់ព្យាករសោះ ប្រសិនបើទ្រង់ព្យាករ នូវព្រះរាជានោះ ដោយ​ប្រពៃហើយ ជនច្រើននាក់ គប្បីជ្រះថ្លា គប្បីទៅកាន់សុគតិ ដោយសេចក្តីជ្រះ​ថ្លានោះ សម្ពោធិញ្ញាណរបស់​ព្រះមានព្រះភាគ រមែងមាននៅក្នុងពួកជន ដែលនៅ​ក្នុង​ដែនមគធៈ កាលបើសម្ពោធិញ្ញាណ របស់ព្រះមានព្រះភាគ មាននៅក្នុងពួកជន ដែល​នៅក្នុងដែនមគធៈណាហើយ ហេតុអ្វី​ ព្រះមានព្រះភាគ មិនទ្រង់ព្យាករ ក្នុង​កំណើត​នៃ​បញ្ញា និងគតិ និងបុណ្យ ចំពោះពួកជន ​អ្នកនៅក្នុងដែនមគធៈនោះ ជាអ្នកបម្រើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ធ្វើមរណកាល​កន្លងទៅយូរ​ហើយ បើ​ព្រះមានព្រះភាគ មិនទ្រង់​​ព្យាករ​ក្នុង​កំណើត​នៃ​បញ្ញា និងគតិ និងបុណ្យ ចំពោះពួកជន អ្នកនៅក្នុងដែនមគធៈ ​ជា​អ្នក​បម្រើ​ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ធ្វើមរណកាល​កន្លងទៅយូរ​ហើយនោះទេ ពួកជនដែល​នៅក្នុងដែន​មគធៈ ជាអ្នកបម្រើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ក៏កើតមានសេចក្តី​តូចចិត្ត ដោយហេតុនោះពុំខាន ពួកជនដែលមាននៅក្នុងដែនមគធៈ ជាអ្នកបម្រើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ កើតមានសេចក្តី​តូចចិត្ត ដោយហេតុណា ហេតុអ្វី បានជាព្រះមានព្រះភាគ មិនទ្រង់ព្យាករ ចំពោះពួកជននោះ ដោយហេតុនោះសោះ។ ព្រះអានន្ទមានអាយុ ប្រារព្ធ​នូវពួកជន អ្នកនៅក្នុងដែនមគធៈ ជាអ្នកបម្រើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ហើយ​ពិចារណានូវហេតុនេះ ក្នុងទីស្ងាត់តែម្នាក់ឯង លុះក្រោកឡើងក្នុង​បច្ចូសសម័យនៃ​រាត្រី ក៏​ចូលទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះមានព្រះភាគ អង្គុយក្នុងទីដ៏សមគួរ។ លុះព្រះអានន្ទមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ក៏​ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ បានឮដូច្នេះ​ថា ព្រះមានព្រះភាគ ទ្រង់​ព្យាករ ក្នុង​កំណើត​នៃ​បញ្ញា និងគតិ និងបុណ្យ ចំពោះពួកជន ​ជាអ្នកបម្រើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ធ្វើមរណកាល​កន្លងទៅយូរ​ហើយ ក្នុងជនបទ​ទាំងឡាយ​ជុំវិញ គឺកាសី​ជនបទ១ កោសលជនបទ១ វជ្ជីជនបទ១ មល្លជនបទ១ ចេតិជនបទ១ វំសជនបទ១ កុរុ​ជនបទ១ បញ្ចាលជនបទ១ មច្ឆជនបទ១ សុរសេនជនបទ១ថា ជនឯណោះ ទៅកើតក្នុង​ទី​ឯណោះ ជនឯណោះ ទៅកើតក្នុង​ទី​ឯណោះ ពួកជនអ្នកនៅក្នុងនាទិកគ្រាម ជាង​៥០នាក់ ជាអ្នកបម្រើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ធ្វើមរណកាលកន្លងទៅយូរហើយ មាន​សភាពជា​ឱបបាតិកសត្វ បរិនិព្វាន​ក្នុងលោកនោះ មានសភាវៈមិនត្រឡប់ចាក​លោកនោះ ព្រោះ​អស់​ទៅនៃ​សំយោជនៈ​​៥ ជាចំណែកខាងក្រោម ពួកជនអ្នកនៅក្នុងនាទិកគ្រាម ជាង​៩០នាក់ ​ជាអ្នកបម្រើ​ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ធ្វើមរណកាលកន្លងទៅយូរហើយ ជាសកទាគាមិបុគ្គល នឹងមកកាន់​លោកនេះម្តងទៀត ហើយធ្វើនូវទីបំផុត​នៃទុក្ខបាន ព្រោះ​អស់ទៅនៃ​សំយោជនៈ​៣ តែនៅមានរាគៈ ទោសៈ មោហៈ ស្រាលស្តើង ពួកជនអ្នក​នៅ​ក្នុងនាទិកគ្រាម ជាង​៥០០នាក់ ជាអ្នកបម្រើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ធ្វើមរណកាល​កន្លងទៅយូរហើយ ជាសោតាបន្នបុគ្គល មានសភាវៈមិនធ្លាក់ទៅ​ក្នុង​អបាយ ជាបុគ្គល​ទៀង មានសម្ពោធិ ជាទីប្រព្រឹត្តទៅ ក្នុងខាងមុខ ព្រោះអស់ទៅនៃ​សំយោជនៈ៣ ពួកជន​អ្នក​នៅក្នុង​នាទិកគ្រាម ជាអ្នកបម្រើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ បានស្តាប់បញ្ហាព្យាករណ៍ របស់​ព្រះមានព្រះភាគហើយ ក៏មានចិត្តត្រេកអរ រីករាយ កើតបីតិ សោមនស្សឡើង ដោយ​ដំណើរ នៃ​អនាគាមិបុគ្គលជាដើមនោះ បពិត្រព្រះអង្គដ៏ចំរើន ពួកជនអ្នក​នៅ​ក្នុង​មគធជនបទទាំងនេះ ជាអ្នកបម្រើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ មានចំនួនច្រើននាក់ផង ជាអ្នកដឹងរាត្រីយូរផង ធ្វើមរណកាល​កន្លងទៅ​យូរ​ហើយ ដែនអង្គៈ និងដែនមគធៈ ហាក់ដូចជាសូន្យចាកពួកជន អ្នកដែនមគធៈ ជាអ្នក​បម្រើ​ព្រះ​ពុទ្ធ ព្រះធម៌ ព្រះសង្ឃ ធ្វើមរណកាល​កន្លងទៅយូរហើយ បពិត្រព្រះអង្គដ៏ចំរើន ពួកជននោះ សុទ្ធ​តែជា​អ្នក​ជ្រះថ្លា ក្នុងព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ទាំងធ្វើនូវ​ការបំពេញ​កិច្ចក្នុងសីល ពួកជននោះ ធ្វើមរណកាល​កន្លងទៅយូរហើយ ព្រះមានព្រះភាគ មិនទាន់បានទ្រង់ព្យាករសោះ ប្រសិនបើ​ទ្រង់ព្យាករ នូវពួកជននោះ ដោយប្រពៃហើយ ជនច្រើននាក់ គប្បីជ្រះថ្លា គប្បី​ទៅកាន់សុគតិ ដោយសេចក្តីជ្រះថ្លានោះ បពិត្រព្រះអង្គដ៏ចំរើន ចំណែក​ព្រះបាទមាគធសេនិយពិម្ពិសារ​​នេះ ព្រះអង្គជា​ធម្មិកធម្មរាជ ទ្រង់ធ្វើនូវ​ប្រយោជន៍​ឲ្យដល់​ពួកព្រាហ្មណ៍ និងគហបតី អ្នក​នៅក្នុងនិគម និងជនបទដែរ បានឮថា ពួកមនុស្ស និយាយ​សរសើរព្រះរាជានោះថា ព្រះរាជា​នោះ ជាធម្មិកធម្មរាជ ទ្រង់ធ្វើនូវសេចក្តីសុខ ឲ្យ​ដល់យើងទាំងឡាយ យ៉ាងនេះ ហើយទ្រង់ទិវង្គតទៅ យើងទាំងឡាយ ក៏នៅជាសុខ​សប្បាយ ក្នុងដែនរបស់​ព្រះរាជានោះ ជា​ធម្មិកធម្មរាជ​យ៉ាងនេះ បពិត្រព្រះអង្គដ៏ចំរើន ព្រះរាជានោះ ក៏ជ្រះថ្លា ក្នុងព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ទ្រង់ធ្វើ​នូវការបំពេញកិច្ចក្នុងសីល​ដែរ បានឮថា មនុស្សទាំងឡាយ នាំគ្នានិយាយយ៉ាងនេះថា ព្រះបាទ​មាគធ​សេនិយ​ពិម្ពិសារ តែងមានព្រះរាជឱង្ការសរសើរព្រះមានព្រះភាគ ដរាប​ដល់​មរណកាល ហើយទ្រង់ទិវង្គតទៅដូច្នេះ លុះព្រះរាជា​នោះ ទ្រង់ទិវង្គត​កន្លង​ទៅយូរ​ហើយ ព្រះមាន​ព្រះភាគ មិនទាន់ទ្រង់ព្យាករឡើយ ប្រសិនបើទ្រង់ព្យាករព្រះរាជានោះ ដោយ​ប្រពៃ​ហើយ ជនច្រើននាក់ គប្បីជ្រះថ្លា គប្បីទៅកាន់សុគតិ ដោយសេចក្តីជ្រះ​ថ្លានោះពុំខាន បពិត្រព្រះអង្គដ៏ចំរើន សម្ពោធិញ្ញាណ របស់​ព្រះមានព្រះភាគ រមែងមាននៅក្នុងពួកជន អ្នកនៅ​ក្នុង​ដែនមគធៈ បពិត្រព្រះអង្គដ៏ចំរើន កាលបើសម្ពោធិញ្ញាណ របស់ព្រះមាន​ព្រះ​ភាគ មាននៅក្នុងពួកជន អ្នក​នៅក្នុងដែនមគធៈណាហើយ ហេតុអ្វី​ ក៏ព្រះមានព្រះភាគ មិនទ្រង់ព្យាករ ក្នុង​កំណើត​នៃ​បញ្ញា និងគតិ និងបុណ្យ ចំពោះពួកជន ​អ្នកនៅ​ក្នុង​ដែន​មគធៈ ជាអ្នកបម្រើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ធ្វើមរណកាល​កន្លងទៅយូរ​ហើយនោះ បពិត្រព្រះអង្គដ៏ចំរើន បើ​ព្រះមានព្រះភាគ មិនទ្រង់​​ព្យាករ ​ក្នុង​កំណើត​នៃ​បញ្ញា និងគតិ និងបុណ្យ ចំពោះពួកជន អ្នកនៅក្នុងដែនមគធៈ ​ជា​អ្នក​បម្រើ​ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ធ្វើមរណកាល​កន្លងទៅយូរ​ហើយនោះទេ ពួកជនអ្នក​នៅក្នុងដែន​មគធៈ ជាអ្នកបម្រើ​ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ក៏កើតមានសេចក្តី​តូចចិត្ត ដោយហេតុនោះពុំខាន ពួកជន​អ្នកនៅក្នុងដែនមគធៈ ជាអ្នកបម្រើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ កើតមានសេចក្តី​តូចចិត្ត ដោយហេតុណា ហេតុអ្វី បានជាព្រះមានព្រះភាគ មិនទ្រង់ព្យាករ ចំពោះពួកជននោះ ដោយហេតុនោះ។ ព្រះអានន្ទមានអាយុ ប្រារព្ធ​ពួកជន អ្នកនៅក្នុងដែនមគធៈ ជាអ្នក​បម្រើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ធ្វើនូវវាចារៀបរាប់នេះ ក្នុងទីចំពោះព្រះភក្ត្រ ព្រះមានព្រះភាគ ហើយក្រោកចាកអាសនៈ ថ្វាយបង្គំលាព្រះមានព្រះភាគ ធ្វើ​ប្រទក្សិណ ហើយចៀសចេញទៅ។

[២៨] កាលព្រះអានន្ទមានអាយុ ចេញទៅមិនយូរប៉ុន្មាន លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ស្បង់ និងបាត្រចីវរ ក្នុងបុព្វណ្ហសម័យ ទ្រង់ទៅកាន់​នាទិកគ្រាម ដើម្បីបិណ្ឌបាត លុះស្តេច​ទៅបិណ្ឌបាត ក្នុងនាទិកគ្រាមហើយ ទ្រង់ត្រឡប់មក​អំពី​បិណ្ឌ​បាត ក្នុងកាលខាងក្រោយនៃភត្ត ទ្រង់​លាង​ព្រះបាទ ហើយស្តេចចូលទៅកាន់​លំនៅ ដែល​ធ្វើដោយឥដ្ឋ ទ្រង់ប្រារព្ធពួកជនអ្នកមគធៈ ជាអ្នក​បម្រើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ធ្វើឲ្យជាប្រយោជន៍ ទ្រង់ធ្វើ​ទុកក្នុងព្រះហឫទ័យ ទ្រង់ពិចារណានូវហេតុទាំងអស់​ដោយ​ព្រះហឫទ័យ ហើយគង់លើអាសនៈ ដែលគេក្រាលថ្វាយ ទ្រង់ព្រះចិន្តាថា ពួកជន​ដ៏​ចំរើន​នោះ​មានគតិយ៉ាងណា មានអភិសម្បរាយៈ (ភពខាងមុខ) យ៉ាងណា តថាគត ក៏ដឹងនូវ​ញាណគតិ និងអភិសម្បរាយៈ របស់ជនទាំងនោះ យ៉ាងនោះដែរ។ ពួកជន​ដ៏ចំរើន​នោះ មានគតិយ៉ាងណា មានអភិសម្បរាយៈយ៉ាងណា ព្រះមានព្រះភាគ ទ្រង់បានឃើញ​នូវ​ពួកជន​អ្នកមគធៈ ជាអ្នក​បម្រើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃយ៉ាងនោះដែរ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ចេញអំពីទីសម្ងំ ក្នុងសាយណ្ហសម័យ ទ្រង់ចេញអំពីលំនៅ​ ដែល​ធ្វើដោយឥដ្ឋ ទៅគង់លើអាសនៈ ដែលគេក្រាលថ្វាយ នៅត្រង់ម្លប់​នៃវិហារ។

[២៩] លំដាប់នោះ ព្រះអានន្ទមានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំ​ព្រះមានព្រះភាគ រួចអង្គុយក្នុងទីដ៏សមគួរ។ លុះ​ព្រះអានន្ទមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ទើប​ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគ ទ្រង់ឃើញនូវសេចក្តីស្ងប់រម្ងាប់ សម្បុរ​ព្រះភក្ត្រ នៃព្រះមានព្រះភាគ រុងរឿងហួសប្រៀប ឥន្ទ្រិយក៏ជ្រះថ្លា យ៉ាងវិសេស បពិត្រព្រះអង្គដ៏ចំរើន ក្នុងថ្ងៃនេះ ប្រហែលជាព្រះមានព្រះភាគ ទ្រង់គង់នៅ ដោយ​វិហារធម៌ដ៏ស្ងប់។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលអានន្ទ អ្នកប្រារព្ធ​ពួកជន អ្នកមគធៈ ជាអ្នក​បម្រើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ធ្វើនូវវាចារៀបរាប់ ចំពោះមុខតថាគត រួចក្រោកអំពីអាសនៈ ចេញទៅក្នុងកាលណា កាលនោះ តថាគត ក៏ត្រាច់ទៅបិណ្ឌបាត ក្នុងនាទិកគ្រាម លុះត្រឡប់មកពី​បិណ្ឌ​បាត ក្នុងកាលខាងក្រោយនៃភត្ត ​លាងបាទា ហើយចូលទៅកាន់​លំនៅ ដែល​ធ្វើដោយឥដ្ឋ បានប្រារព្ធពួកជនអ្នកមគធៈ ជាអ្នក​បម្រើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ធ្វើឲ្យជាប្រយោជន៍ ធ្វើ​ទុកក្នុងចិត្ត ពិចារណានូវ​ហេតុទាំងអស់ ​ដោយចិត្តដែរ ហើយអង្គុយលើអាសនៈ ដែលគេក្រាលថ្វាយ គិតថា ពួកជន​ដ៏​ចំរើន​នោះ ​មានគតិយ៉ាងណា មានអភិសម្បរាយៈ យ៉ាងណា តថាគត ក៏ដឹង​គតិ និងអភិសម្បរាយៈ របស់ជនទាំងនោះ យ៉ាងនោះដែរ ម្នាលអានន្ទ ពួកជន​ដ៏ចំរើន​នោះ មានគតិយ៉ាងណា មានអភិសម្បរាយៈយ៉ាងណា តថាគត បានឃើញ​​ពួកជន​អ្នកមគធៈ ជាអ្នក​បម្រើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃយ៉ាងនោះដែរ ម្នាលអានន្ទ ស្រាប់តែមានយក្ស មានខ្លួនកំបាំងបាត់ មកស្រែកបន្លឺសំឡេងថា បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គឈ្មោះ​ ជនវសភៈ បពិត្រព្រះសុគត ខ្ញុំព្រះអង្គឈ្មោះ ជនវសភៈ ម្នាលអានន្ទ ក្នុងកាលមុន អំពី​កាលនេះ អ្នកធ្លាប់បានឮឈ្មោះថា ជនវសភៈ យ៉ាងនេះដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ក្នុងកាលមុន អំពី​កាលនេះ ខ្ញុំព្រះអង្គ មិនធ្លាប់បានឮឈ្មោះថា ជនវសភៈ យ៉ាងនេះទេ បពិត្រព្រះអង្គដ៏ចំរើន រោមរបស់ខ្ញុំព្រះអង្គ ក៏ព្រឺព្រួចឡើង ព្រោះបានឮឈ្មោះថា ជនវសភៈ ដូច្នេះ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ មានសេចក្តីត្រិះរិះ​ ដូច្នេះថា យក្សនោះ មិនមែនជាយក្សថោកថយឡើយ មានឈ្មោះថា ជនវសភៈ មានសភាពយ៉ាងនេះ ជាឈ្មោះ​ដែល​គេបញ្ញត្ត​ហើយដោយល្អ។ ម្នាលអានន្ទ សូរសព្ទសំឡេង កើតប្រាកដ​ហើយក្នុងចន្លោះ យក្សមានសម្បុរដ៏លើសលុប មកប្រាកដក្នុងទីចំពោះមុខតថាគត ស្រែក​បន្លឺនូវសំឡេងជាគំរប់ពីរដងថា បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គឈ្មោះ​ ពិម្ពិសារ បពិត្រព្រះសុគត ខ្ញុំព្រះអង្គឈ្មោះ ពិម្ពិសារ បពិត្រព្រះអង្គដ៏ចំរើន ឥឡូវខ្ញុំព្រះអង្គ​ បាន​នូវកំណើតជាគំរប់៧នេះ ជាមួយនឹង​មហារាជឈ្មោះ វេស្សវ័ណ លុះខ្ញុំព្រះអង្គ ច្យុត​អំពី​អត្តភាពនេះទៅហើយ ទៅកើតជាស្តេច​ក្នុងពួកមនុស្ស។

[៣០] ខ្ញុំព្រះអង្គ ច្យុតចាកទេវលោកនេះ៧ដង ច្យុតចាកមនុស្សលោកនោះ​៧ដង អន្ទោលទៅមក ត្រូវជា១៤ដង ពីដើម ខ្ញុំព្រះអង្គ ធ្លាប់នៅក្នុងលំនៅណា ខ្ញុំព្រះអង្គ ក៏ស្គាល់​ច្បាស់​នូវលំនៅនោះ។

បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ជាបុគ្គលមិនធ្លាក់ចុះ ដឹងច្បាស់នូវដំណើរ​មិនធ្លាក់ចុះ អស់កាលជាអង្វែង ទាំងសេចក្តីប៉ុនប៉ងរបស់ខ្ញុំព្រះអង្គ ដើម្បីសកទាគាមិមគ្គ ក៏តាំងនៅល្អ។ ជនវសភយក្ស ក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ជាបុគ្គលមិនធ្លាក់ចុះ ដឹងច្បាស់នូវដំណើរ​មិនធ្លាក់ចុះ អស់កាលជាអង្វែង ដូច្នេះក្តី10) ក្រាបទូលថា សេចក្តី​ប៉ុន​ប៉ង​របស់ខ្ញុំព្រះអង្គ ដើម្បីសកទាគាមិមគ្គ ក៏តាំងនៅល្អ ដូច្នេះក្តី11) ជនវសភយក្សមានអាយុ បានឈ្មោះថា ស្គាល់​នូវកិរិយាត្រាស់ដឹង នូវគុណវិសេសដ៏លើសលុប មានសភាព​យ៉ាងនេះ ព្រោះហេតុណា ហេតុនេះជាអស្ចារ្យ របស់ជនវសភយក្សមានអាយុ ហេតុនេះ ជាហេតុចំឡែក​របស់​ជនវសភយក្សមានអាយុ។ ជនវសភយក្ស ក្រាបបង្គំទូលថា បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គ មិនមែនជាខាងក្រៅសាសនា របស់ព្រះអង្គទេ បពិត្រព្រះសុគត ខ្ញុំព្រះអង្គ មិនមែនជាខាងក្រៅសាសនា របស់ព្រះអង្គទេ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ បាន​ជ្រះថ្លា ចំពោះ​ព្រះមានព្រះភាគដោយពិតជាដម្បូងក្នុងថ្ងៃណា បពិត្រព្រះអង្គដ៏ចំរើន តាំង​អំពីថ្ងៃនោះជាដើម ខ្ញុំព្រះអង្គ ជាបុគ្គល​មិនធ្លាក់ចុះ ដឹងច្បាស់នូវ​ដំណើរមិនធ្លាក់​ចុះ អស់កាលជាអង្វែង ទាំងសេចក្តីប៉ុនប៉ងរបស់ខ្ញុំព្រះអង្គ ដើម្បីសកទាគាមិមគ្គ ក៏តាំងនៅ​ល្អ បពិត្រព្រះអង្គដ៏ចំរើន វេស្សវណមហារាជ ប្រើខ្ញុំព្រះអង្គទៅក្នុងសំណាក់វិរូឡ្ហកមហារាជ ដោយកិច្ចនីមួយ​ក្នុងថ្ងៃនេះ ខ្ញុំព្រះអង្គ បានឃើញ​ព្រះមានព្រះភាគ ទ្រង់ចូលទៅកាន់​លំនៅ ដែលធ្វើដោយឥដ្ឋ ត្រង់ពាក់កណ្តាលផ្លូវ ទ្រង់ប្រារព្ធពួកជនអ្នកមគធៈ ជាអ្នក​បម្រើ​ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ហើយធ្វើឲ្យជាប្រយោជន៍ ធ្វើទុកក្នុងព្រះហឫទ័យ ពិចារណានូវហេតុទាំងអស់ ដោយព្រះហឫទ័យ ហើយទ្រង់គង់នៅ ទ្រង់ព្រះចិន្តាថា អ្នកដ៏ចំរើនទាំងនោះ មានគតិយ៉ាងណា មានអភិសម្បរាយៈយ៉ាងណា តថាគត ក៏​ដឹង​នូវ​គតិ និងអភិសម្បរាយៈ របស់ជនទាំងនោះ យ៉ាងនោះដែរ បពិត្រព្រះអង្គដ៏ចំរើន ពាក្យណា ដែលខ្ញុំព្រះអង្គបានទទួល គឺបានស្តាប់ក្នុងទីចំពោះ​ព្រះភក្ត្រ នៃ​ព្រះវេស្សវណ​មហារាជ ទ្រង់មានព្រះបន្ទូលក្នុងពពួកបរិសទ្យនោះថា អ្នកដ៏ចំរើនទាំងនោះ មានគតិ​យ៉ាងណា មានអភិសម្បរាយៈយ៉ាងណាដូច្នេះ ពាក្យនេះ ជាអស្ចារ្យដែរ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ មានសេចក្តីត្រិះរិះដូច្នេះថា អាត្មាអញ នឹងបានឃើញ​ព្រះមានព្រះភាគផង នឹងបានក្រាបទូលពាក្យនេះ ចំពោះ​ព្រះមានព្រះភាគផង បពិត្រព្រះអង្គដ៏ចំរើន ហេតុទាំងពីរ12) នេះឯង ដែលជាហេតុនាំឲ្យខ្ញុំព្រះអង្គ បានចូល​មកឃើញព្រះមានព្រះភាគ បពិត្រព្រះអង្គដ៏ចំរើន ថ្ងៃពីមុនៗមក ពួកទេវតាទាំងអស់ ដែល​ឋិតនៅក្នុងឋានតាវត្តិង្ស អង្គុយប្រជុំគ្នាក្នុងរោងសុធម្មា ក្នុងរាត្រី មានព្រះចន្ទពេញ​វង់ ជាថ្ងៃជិតចូលវស្សា គឺថ្ងៃឧបោសថទី១៥ ទាំងទេវបរិសទ្យជាច្រើន អង្គុយត្រៀបត្រាជុំ​វិញ មហារាជទំាង៤ ក៏គង់នៅគ្រប់ទិសទាំង៤ គឺមហារាជឈ្មោះ ធតរដ្ឋៈ គង់ក្នុងទិសខាង​កើត បែរព្រះភក្ត្រទៅទិសខាងលិច មានពួកទេវតាចោមរោមជាបរិវារ មហារាជឈ្មោះ វិរូឡ្ហកៈ គង់ក្នុងទិសខាងត្បូង បែរព្រះភក្ត្រទៅទិសខាងជើង មានពួកទេវតាចោមរោម​ជាបរិវារ មហារាជឈ្មោះ វិរូបក្ខៈ គង់ក្នុងទិសខាងលិច បែរព្រះភក្ត្រទៅទិសខាងកើត មានពួកទេវតា ចោមរោម​ជាបរិវារ មហារាជឈ្មោះ វេស្សវ័ណ គង់ក្នុងទិសខាងជើង បែរព្រះភក្ត្រទៅទិសខាងត្បូង មានពួកទេវតាចោមរោម​ជាបរិវារ បពិត្រព្រះអង្គដ៏ចំរើន ពួកទេវតា ដែលនៅក្នុងឋានតាវត្តិង្សទាំងអស់ អង្គុយប្រជុំគ្នាក្នុងរោងសុធម្មា ទាំងទេវបរិសទ្យ​ជាច្រើន ក៏អង្គុយត្រៀបត្រាជុំ​វិញ មហារាជទំាង៤ ក៏គង់ក្នុង​ទិសទាំង៤​នេះ ជាអាសនៈរបស់មហារាជទាំង៤នោះ ឯអាសនៈរបស់​យើងទាំងឡាយ នៅខាងក្រោយ បពិត្រព្រះអង្គដ៏ចំរើន ពួកទេវតាណា បានប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុង​សំណាក់នៃ​ព្រះមានព្រះភាគហើយ ទៅកើតក្នុងពួកទេវតា ដែលនៅក្នុងឋានតាវត្តិង្ស ក្នុង​កាលឥឡូវនេះ ពួកទេវតានោះ រមែងរុងរឿងជាងពួកទេវតាឯទៀត ដោយសម្បុរផង ដោយ​យសផង បពិត្រព្រះអង្គដ៏ចំរើន ព្រោះហេតុនោះ បានឮថា ពួកតាវត្តិង្សទេវតា មាន​ចិត្តត្រេកអរ រីករាយ កើតបីតិសោមនស្សឡើងថា អើហ្ន៎ ពួកទិព្វកាយ នៅបរិបូណ៌ ពួក​អសុរកាយ សាបសូន្យទៅ បពិត្រព្រះអង្គដ៏ចំរើន គ្រានោះឯង ព្រះឥន្ទជាធំជាង​ទេវតា​ទាំងឡាយ ជ្រាបនូវ​សេចក្តីជ្រះថ្លា របស់ពួកតាវត្តិង្សទេវតាហើយ ក៏អនុមោទនា ដោយ​គាថា ទាំងឡាយនេះថា

[៣១] អើហ្ន៎ ទេវតាទាំងឡាយ ដែលនៅក្នុងឋានតាវត្តិង្ស ព្រមទាំង​ព្រះឥន្ទ នមស្ការ ចំពោះ​ព្រះតថាគតផង ចំពោះព្រះធម៌ ជាធម៌ដ៏ល្អផង តែងធ្វើ​ចិត្ត​ឲ្យរីករាយ។ ពួកតាវត្តិង្សទេវតា បានឃើញពួកទេវតាថ្មីៗ ដែលមានសម្បុរ​កាយ មានយស មកក្នុងទីនេះបាន ព្រោះប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសំណាក់​ព្រះ​សុគត។ ពួកទេវតានោះ រុងរឿងជាងពួកទេវតាឯទៀត ដោយសម្បុរកាយ ដោយ​យស និងអាយុ ពួកសាវ័ករបស់ព្រះសម្ពុទ្ធ មានប្រាជ្ញាដូចជាផែនដី ជាសាវ័ក​វិសេស បានចូលមកហើយ ក្នុងទីនេះ។ ពួកទេវតា ព្រមទាំងព្រះឥន្ទ នមស្ការ ចំពោះ​ព្រះតថាគតផង ចំពោះ​ព្រះធម៌ ជាធម៌ដ៏ល្អផង តែងធ្វើចិត្តឲ្យត្រេកអរ ព្រោះឃើញ​ហេតុនេះ។

[៣២] បពិត្រព្រះអង្គដ៏ចំរើន ព្រោះហេតុនោះ បានឮថា ពួកតាវត្តិង្សទេវតា ក៏​រឹង​រឹត​តែមានចិត្តត្រេកអរ រីករាយ កើតបីតិសោមនស្សឡើងថា អើហ្ន៎ ពួកទិព្វកាយនៅបរិបូណ៌ ពួកអសុរកាយ សាបសូន្យទៅ បពិត្រព្រះអង្គដ៏ចំរើន គ្រានោះ ពួកតាវត្តិង្សទេវតា អង្គុយប្រជុំគ្នា ក្នុងរោងសុធម្មា ដោយប្រយោជន៍ណា ក៏គិត​នូវ​ប្រយោជន៍នោះ13) ប្រឹក្សានូវប្រយោជន៍នោះ (​ជាមួយនឹងមហារាជទាំង៤) មហារាជទាំង៤ ដែលពួកតាវត្តិង្សទេវតា បាននិយាយ​ដាស់​តឿន ក្នុងប្រយោជន៍​នោះផង មហារាជទាំង៤ ដែលពួក​តាវត្តិង្សទេវតា បាននិយាយ​ប្រៀនប្រដៅ ក្នុងប្រយោជន៍នោះផង ក៏ឋិតនៅលើអាសនៈទាំងឡាយរាល់ៗខ្លួន មិនចៀស​ចេញទៅឡើយ។

ស្តេចទាំងនោះ ដែលទេវបុត្តទាំងនោះ បាននិយាយដាស់តឿនហើយ ក៏មានចិត្ត​ជ្រះថ្លា ទទួលយក​នូវពាក្យប្រៀនប្រដៅ ហើយក៏ឋិតនៅលើអាសនៈរបស់​ខ្លួន។

[៣៣] បពិត្រព្រះអង្គដ៏ចំរើន គ្រានោះ ពន្លឺដ៏ធំទូលាយ កើតឡើងក្នុង​ទិសខាង​ជើង រស្មីមានប្រាកដហើយ កន្លងនូវទេវានុភាព របស់ពួកទេវតា បពិត្រព្រះអង្គដ៏ចំរើន លំដាប់នោះ ព្រះឥន្ទ្រជាធំ ជាងពួកទេវតា ត្រាស់ហៅនូវពួក​តាវត្តិង្សទេវតា​មកថា ម្នាល​គ្នាយើងទាំងឡាយ និមិត្តទាំងឡាយប្រាកដឡើង ពន្លឺកើតព្រម រស្មីមានប្រាកដ​ដោយ​ប្រការណា ព្រហ្មមុខជានឹងមានមកប្រាកដ ដោយប្រការនេះ ព្រោះថា ពន្លឺកើតព្រម រស្មី​មានប្រាកដដោយហេតុណា ហេតុនុ៎ះ ជាបុព្វនិមិត្តរបស់ព្រហ្មនាំឲ្យមានប្រាកដ។

និមិត្តទាំងឡាយ ប្រាកដឡើង ដោយប្រការណា ព្រហ្មមុខជានឹងមានមកប្រាកដ ដោយប្រការនោះ រស្មីដ៏ធំទូលាយ មានប្រាកដ នេះជាបុព្វនិមិត្តរបស់ព្រហ្ម។

[៣៤] បពិត្រព្រះអង្គដ៏ចំរើន គ្រានោះ ពួកតាវត្តិង្សទេវតាអង្គុយលើអាសនៈទាំង​ឡាយរបស់ខ្លួន ហើយគិតថា យើងទាំងឡាយ នឹងដឹងនូវរស្មីនេះ ផលនឹងមានដោយ​ហេតុ​ណា យើងទាំងឡាយ ស្គាល់ច្បាស់នូវហេតុនោះ ហើយសឹមទៅ។ ឯមហារាជ​ទាំង៤ ក៏គង់លើអាសនៈទាំងឡាយរបស់ខ្លួន ដោយគិតថា យើងទាំងឡាយ នឹងដឹងនូវរស្មីនេះ ផលនឹងមានដោយ​ហេតុ​ណា យើងទាំងឡាយ ស្គាល់ច្បាស់នូវហេតុនោះ ហើយ​សឹម​ទៅ។ ពួកតាវត្តិង្សទេវតា បានឮពាក្យនេះហើយ ក៏មូលគំនិតគ្នា នាំគ្នាឈប់ស្ងៀម ដោយ​គិតថា យើងទាំងឡាយ នឹងដឹងនូវរស្មីនេះ ផលនឹងមានដោយ​ហេតុ​ណា យើងទាំងឡាយ ស្គាល់ច្បាស់នូវហេតុនោះ ហើយសឹមទៅ បពិត្រព្រះអង្គដ៏ចំរើន ព្រហ្មឈ្មោះសនង្កុមារ មានមកប្រាកដ ដល់ពួកតាវត្តិង្សទេវតា ក្នុងកាលណា ក៏និម្មិត្តអត្តភាព ដ៏លើសលុប មាន​មកប្រាកដក្នុងកាលនោះ បពិត្រព្រះអង្គដ៏ចំរើន សម្បុរជាប្រក្រតីណា របស់ព្រហ្ម ដែល​ពួក​ទេវតាមិនដែលឃើញ សម្បុរជាប្រក្រតីនោះ រមែងប្រាកដមក ក្នុងគន្លងចក្ខុ របស់ពួក​តាវត្តិង្សទេវតា បពិត្រព្រះអង្គដ៏ចំរើន ព្រហ្មឈ្មោះសនង្កុមារ មានមកប្រាកដ ដល់ពួក​តាវត្តិង្សទេវតា ក្នុងកាលណា ព្រហ្មនោះរុងរឿងជាង​ទេវតាដទៃ ដោយសម្បុរផង​ ដោយយសផង ក្នុងកាលនោះ បពិត្រព្រះអង្គដ៏ចំរើន រូបដែលធ្វើពីមាស រមែង​រុងរឿង​ជាង​រាងកាយ របស់មនុស្ស​ធម្មតាដូចម្តេចមិញ បពិត្រព្រះអង្គដ៏ចំរើន សនង្កុមារព្រហ្ម មានមក​ប្រាកដ ដល់ពួកតាវត្តិង្សទេវតា ក្នុងកាលណា ព្រហ្មនោះរុងរឿងជាង​ទេវតាដទៃ ដោយសម្បុរផង​ ដោយយសផង ក្នុងកាលនោះ ដូច្នោះឯង បពិត្រព្រះអង្គដ៏ចំរើន សនង្កុមារព្រហ្ម មានមក​ប្រាកដ ដល់ពួកតាវត្តិង្សទេវតា ក្នុងកាលណា ឥតមានទេវតា​ណាមួយ ក្នុងបរិសទ្យនោះសំពះ ឬក្រោកទទួល ឬអញ្ជើញ​ដោយអាសនៈ ក្នុងកាលនោះ​ឡើយ ពួកទេវតាទាំងអស់ ស្ងៀមព្រងើយ នាំគ្នាផ្គងអញ្ជលី អង្គុយលើបល្លង្ក សនង្កុមារ​ព្រហ្ម ប្រាថ្នាចង់អង្គុយលើបល្លង្ករបស់ទេវតាណា ក៏អង្គុយលើបល្លង្ករបស់ទេវតានោះ​ភ្លាម បពិត្រព្រះអង្គដ៏ចំរើន សនង្កុមារ​ព្រហ្ម អង្គុយលើបល្លង្ករបស់ទេវតាណា ទេវតានោះ រមែងបាននូវសេចក្តី​ត្រេកអរលើសលុប ទេវតានោះ រមែងបាននូវសេចក្តីសោមនស្សដ៏​លើស​លុប បពិត្រព្រះអង្គដ៏ចំរើន ក្សត្រជាស្តេចដែល​បានមុទ្ធាភិសេកហើយ ទើបនឹង​អភិសេកហើយថ្មីៗ ស្តេចនោះ រមែង​បាននូវសេចក្តីត្រេកអរដ៏លើសលុប ដោយរាជ​សម្បត្តិ ស្តេចនោះ រមែងបាននូវសេចក្តីសោមនស្សដ៏លើសលុប មានឧបមាដូចម្តេច​មិញ បពិត្រព្រះអង្គដ៏ចំរើន សនង្កុមារ​ព្រហ្ម អង្គុយលើបល្លង្ក របស់ទេវតាណា ទេវតានោះ រមែងបាននូវសេចក្តី​ត្រេកអរ ដ៏លើសលុប ទេវតានោះ រមែងបាននូវសេចក្តីសោមនស្សដ៏​លើស​លុប មានឧបមេយ្យ ដូច្នោះដែរ បពិត្រព្រះអង្គដ៏ចំរើន លំដាប់នោះ សនង្កុមារ​ព្រហ្ម បាននិមិ្មតអត្តភាពដ៏លើសលុប ជាភេទនៃកុមារប្រហែលគ្នា នឹងបញ្ចសិខទេវបុត្ត14) មានមកប្រាកដ ដល់​ពួក​តាវត្តិង្សទេវតា ព្រហ្មនោះ ហោះឡើងទៅកាន់អាកាស អង្គុយពែនភ្នែនក្នុងអាកាស​វាល​ធេង។ បពិត្រព្រះអង្គដ៏ចំរើន បុរសមានកំឡាំង អង្គុយពែនភ្នែនលើបល្លង្ក ដែល​គេក្រាល​ល្អហើយ ឬលើភូមិភាគដ៏ស្មើ មានឧបមាដូចម្តេចមិញ បពិត្រព្រះអង្គដ៏ចំរើន សនង្កុមារ​ព្រហ្ម ហោះទៅកាន់អាកាស អង្គុយពែនភ្នែន ក្នុងអាកាស វាលធេង មានឧបមេយ្យ​ដូច្នោះ ហើយជ្រាបនូវ​សេចក្តីជ្រះថ្លា របស់ពួកតាវត្តិង្សទេវតា ក៏អនុមោទនា ដោយគាថា ទាំងឡាយនេះថា

[៣៥] អើហ្ន៎ ពួកតាវត្តិង្សទេវតា ព្រមទាំងព្រះឥន្ទ្រ នមស្ការចំពោះ​ព្រះតថាគតផង ចំពោះព្រះធម៌ផង ជាធម៌ដ៏ល្អផង ហើយធ្វើនូវចិត្តឲ្យរីករាយ។ ពួកតាវត្តិង្សទេវតា បានឃើញពួកទេវតាថ្មីៗ ដែលមានសម្បុរកាយ មានយស មកក្នុងទីនេះបាន ព្រោះ​ប្រព្រឹត្ត​ព្រហ្មចរិយធម៌ ក្នុងសំណាក់នៃ​ព្រះសុគត។ ពួកទេវតាថ្មីទាំងនោះ រមែង​រុងរឿង​ជាងពួកទេវតាឯទៀត ដោយសម្បុរកាយ ដោយយស និងអាយុ ពួកទេវតាថ្មីទាំងនោះ ជាសាវ័ក​របស់ព្រះសម្ពុទ្ធ មានប្រាជ្ញាដូចផែនដី ជាសាវ័ក​វិសេស បានចូលមកហើយ ក្នុងទីនេះ។ ពួកតាវត្តិង្សទេវតា ព្រមទាំងព្រះឥន្ទ្រ នមស្ការចំពោះព្រះតថាគតផង ចំពោះព្រះធម៌ ជាធម៌ដ៏ល្អផង ហើយធ្វើចិត្ត​ឲ្យ​រីករាយ ព្រោះឃើញនូវហេតុនេះ។

[៣៦] បពិត្រព្រះអង្គដ៏ចំរើន សនង្កុមារព្រហ្ម បានពោលនូវសេចក្តីនេះហើយ។ បពិត្រព្រះអង្គដ៏ចំរើន កាលដែលសនង្កុមារព្រហ្ម ពោលនូវសេចក្តីនេះ មានសំឡេង​ប្រកប​ដោយអង្គ៨ គឺសំឡេងក្បោះក្បាយ១ សំឡេងងាយយល់១ សំឡេងទន់ពីរោះ១ សំឡេងគួរស្តាប់១ សំឡេងគ្រលួច១ សំឡេង​មិនគ្រាវ១ សំឡេងក្រអួន15) ១ សំឡេងរំពង16) ១។ បពិត្រព្រះអង្គដ៏ចំរើន សនង្កុមារព្រហ្ម ញុំាងបរិសទ្យចំនួន​ប៉ុន្មានក៏ដោយ ឲ្យដឹងច្បាស់ដោយសំឡេង​បាន ឯសំឡេង​របស់ព្រហ្មនោះ មិនលាន់​ឮចេញទៅខាងក្រៅបរិសទ្យឡើយ។ បពិត្រព្រះអង្គដ៏ចំរើន បុគ្គលណាមានសំឡេង ប្រកបដោយអង្គ៨យ៉ាងនេះ បុគ្គលនោះហៅថា មានសំឡេងដូចសំឡេងព្រហ្ម។ បពិត្រព្រះអង្គដ៏ចំរើន គ្រានោះ សនង្កុមារព្រហ្ម និម្មិតអត្តភាពចំនួន​៣៣ គង់​លើ​បល្លង្កមួយៗរបស់ពួកតាវត្តិង្សទេវតា ហើយហៅពួកតាវត្តិង្សទេវតាមកថា ម្នាលអ្នក​ទាំងឡាយដ៏ចំរើន ពួកតាវត្តិង្សទេវតា សំគាល់ហេតុនោះដូចម្តេច ព្រះមានព្រះភាគ​អង្គនុ៎ះ ទ្រង់ប្រតិបត្តិ ដើម្បីប្រយោជន៍ដល់ជនច្រើន ដើម្បីសេចក្តីសុខដល់ជនច្រើន ដើម្បីអនុគ្រោះ ដល់សត្វលោក ដើម្បីសេចក្តីចំរើន ដើម្បីប្រយោជន៍​ ដើម្បីសេចក្តីសុខ ដល់​ទេវតា និងមនុស្សទាំងឡាយ។ ម្នាលអ្នកទាំងឡាយដ៏ចំរើន បើពួកជនឯណានីមួយ ដល់នូវព្រះពុទ្ធ ជាទីពឹង ដល់នូវព្រះធម៌ ជាទីពឹង ដល់នូវព្រះសង្ឃ ជាទីពឹង ធ្វើនូវ​ការ​បំពេញក្នុងសីលទាំងឡាយ ហើយពួកជននោះ លុះទម្លាយរាងកាយ ខាងមុខអំពី​សេចក្តី​ស្លាប់ទៅ ខ្លះក៏ទៅកើតជាមួយនឹង​ពួកទេវតាជាន់បរនិម្មិតវសវត្តី ខ្លះក៏ទៅកើតជាមួយនឹង​ពួកទេវតាជាន់និម្មានរតី ខ្លះក៏ទៅកើតជាមួយនឹង​ពួកទេវតាជាន់តុសិត ខ្លះក៏ទៅកើត​ជាមួយ​នឹង​ពួកទេវតាជាន់យាមៈ ខ្លះក៏ទៅកើតជាមួយនឹង​ពួកទេវតាជាន់តាវត្តិង្ស ខ្លះក៏​ទៅ​កើតជាមួយនឹង​ពួកទេវតាជាន់ចាតុម្មហារាជិកា ពួកជន​ណា ញុំាង​កាយទេវតា ដែល​ទន់ទាបជាងគេទាំងអស់ ឲ្យបរិបូណ៌ ពួកជនទាំងនោះ ក៏​ញុំាង​ពួកគន្ធព្វ17) ឲ្យបរិបូណ៌។

[៣៧] បពិត្រព្រះអង្គដ៏ចំរើន សនង្កុមារព្រហ្ម បានពោលនូវសេចក្តីនេះហើយ។ បពិត្រព្រះអង្គដ៏ចំរើន កាលដែលសនង្កុមារព្រហ្ម ពោលនូវសេចក្តីនេះ មានសំឡេង​គឹកកង ពួកទេវតាសំគាល់ថា ព្រហ្មណា អង្គុយលើបល្លង្ករបស់អាត្មាអញ ព្រហ្មនោះ និយាយតែម្នាក់ឯង។

កាលបើសនង្កុមារព្រហ្ម និយាយតែម្នាក់ឯង ព្រហ្មនិម្មិត18) ទាំងអស់ ក៏និយាយដែរ កាលបើ​សនង្កុមារព្រហ្ម អង្គុយស្ងៀមតែម្នាក់ឯង ព្រហ្មនិម្មិតទាំងអស់នោះ ក៏ស្ងៀម​ដែរ។ ពួកតាវត្តិង្សទេវតា ព្រមទាំងព្រះឥន្ទ្រ សំគាល់សេចក្តីនោះថា ព្រហ្មណា អង្គុយ​លើ​បល្លង្ករបស់អាត្មាអញ ព្រហ្មនោះ និយាយតែម្នាក់ឯង។

[៣៨] បពិត្រព្រះអង្គដ៏ចំរើន គ្រានោះ សនង្កុមារព្រហ្ម ប្រមូលនូវខ្លួនដែលច្រើន ឲ្យមកជាខ្លួនតែមួយវិញ លុះប្រមូលនូវខ្លួន​ដែលច្រើន ឲ្យមកជាខ្លួនតែមួយវិញហើយ ក៏អង្គុយលើបល្លង្ក របស់ព្រះឥន្ទ្រ ជាធំជាងពួកទេវតា ហើយត្រាស់ហៅពួក​តាវត្តិង្ស​ទេវតា មកថា ម្នាលអ្នកដ៏ចំរើនទាំងឡាយ ពួកតាវត្តិង្សទេវតា សំគាល់សេចក្តីនោះ ដូចម្តេច ឥទ្ធិបាទទាំង៤នេះ ព្រះមានព្រះភាគអង្គនោះ ជាអរហន្តសម្មាសម្ពុទ្ធ ព្រះអង្គ​ទ្រង់​ជ្រាបច្បាស់ ឃើញច្បាស់ ទ្រង់បញ្ញត្តហើយដោយល្អ រមែង​ប្រព្រឹត្តទៅ ដើម្បីធ្វើ​ឫទ្ធិ​ឲ្យច្រើន ដើម្បីធ្វើឫទ្ធិឲ្យវិសេសឡើង ដើម្បីធ្វើឫទ្ធិឲ្យប្លែកៗ ឥទ្ធិបាទទាំង៤ នោះ តើដូចម្តេច ម្នាលអ្នកដ៏ចំរើន ភិក្ខុក្នុងសាសនានេះ ចំរើននូវ​ឥទ្ធិបាទ ប្រកបដោយឆន្ទសមាធិ19) និងបធានសង្ខារ20) ចំរើននូវឥទ្ធិបាទ ប្រកបដោយវិរិយសមាធិ និងបធានសង្ខារ ចំរើននូវឥទ្ធិបាទ ប្រកបដោយចិត្តសមាធិ និងបធានសង្ខារ ចំរើននូវ​ឥទ្ធិបាទ ប្រកបដោយវីមំសាសមាធិ និងបធានសង្ខារ ម្នាលអ្នកដ៏ចំរើន ឥទ្ធិបាទទាំង​៤នេះ​ឯង ព្រះមានព្រះភាគអង្គនោះ ជាអរហន្តសម្មាសម្ពុទ្ធ ព្រះអង្គ​ទ្រង់​ជ្រាបច្បាស់ ឃើញច្បាស់ ទ្រង់បញ្ញត្តហើយ រមែង​ប្រព្រឹត្តទៅ ដើម្បីធ្វើ​ឫទ្ធិ​ឲ្យច្រើន ដើម្បីធ្វើ​ឫទ្ធិ​ឲ្យ​វិសេស​ឡើង ដើម្បីធ្វើឫទ្ធិឲ្យប្លែកៗ ម្នាលអ្នកដ៏ចំរើនទាំងឡាយ ពួកជនណានីមួយ ទោះបី​ជាសមណៈ ឬព្រាហ្មណ៍ បានហើយនូវឥទ្ធិវិធៈ21) មានច្រើនប្រការ ក្នុងអតីតកាល ពួកជនទាំងអស់នោះ បានហើយ ព្រោះបានចំរើន​នូវឥទ្ធិបាទទាំង៤នេះ​ឯង ព្រោះបានធ្វើនូវ​ឥទ្ធិបាទទាំង៤នេះឯង ឲ្យច្រើន ម្នាលអ្នកដ៏ចំរើនទាំងឡាយ ពួកជនណានីមួយ ទោះបី​ជាសមណៈ ឬព្រាហ្មណ៍ ដែលនឹងបាននូវឥទ្ធិវិធៈ មាន​ច្រើន​ប្រការ ក្នុងអនាគតកាល ពួកជនទាំងអស់នោះ ក៏នឹងបាន ព្រោះបានចំរើន​នូវ​ឥទ្ធិបាទ​ទាំង​៤នេះ​ឯង ព្រោះបានធ្វើនូវ​ឥទ្ធិបាទទាំង៤នេះឯង ឲ្យច្រើន ម្នាលអ្នកដ៏ចំរើនទាំងឡាយ ពួកជនណានីមួយ ទោះបី​ជាសមណៈ ឬព្រាហ្មណ៍ បានហើយនូវឥទ្ធិវិធៈ មានច្រើនប្រការ ក្នុងបច្ចុប្បន្ននេះ ពួកជនទាំងអស់នោះ ក៏រមែងបាន ព្រោះបានចំរើន​នូវឥទ្ធិបាទទាំង៤នេះ​ឯង ព្រោះបានធ្វើនូវ​ឥទ្ធិបាទទាំង​៤​នេះ​ឯង ឲ្យច្រើន ម្នាលអ្នកដ៏ចំរើនទាំងឡាយ ពួកតាវត្តិង្សទេវតា ឃើញឫទ្ធានុភាព មាន​សភាពដូច្នេះនេះ របស់យើងដែរឬទេ។ ពួកទេវតាឆ្លើយតបថា បពិត្រមហាព្រហ្ម អើ ឃើញដែរ។ សនង្កុមារព្រហ្ម និយាយថា ម្នាលអ្នកដ៏ចំរើនទាំងឡាយ ឯខ្លួនខ្ញុំ បានជាមាន​ឫទ្ធិច្រើនយ៉ាងនេះ មានអានុភាពច្រើនយ៉ាងនេះ ព្រោះបានចម្រើន​នូវឥទ្ធិបាទទាំង៤នេះ​ឯង ព្រោះបានធ្វើ​នូវឥទ្ធិបាទទាំង៤នេះឯង ឲ្យច្រើន។

[៣៩] ជនវសភយក្ស ក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន សនង្កុមារព្រហ្ម បានពោល​នូវសេចក្តីនេះហើយ។ បពិត្រព្រះអង្គដ៏ចំរើន លុះសនង្កុមារព្រហ្ម ពោល​នូវ​សេចក្តីនេះហើយ ក៏ពោលនឹង​ពួកតាវត្តិង្សទេវតាថា ម្នាលអ្នកដ៏ចំរើនទាំងឡាយ ពួកតាវត្តិង្សទេវតា សំគាល់សេចក្តីនោះដូចម្តេច ត្រង់ដែលថា ការបាននូវឱកាស​៣យ៉ាង ដើម្បីបាននូវ​សេចក្តីសុខ22) ដែលព្រះមានព្រះភាគអង្គនោះ ជាអរហន្តសម្មាសម្ពុទ្ធ ព្រះអង្គ​ជ្រាបច្បាស់ ឃើញច្បាស់ ទ្រង់ត្រាស់ដឹងហើយ។ ការបាននូវ​ឱកាស៣យ៉ាង តើដូចម្តេច។

[៤០] ម្នាលអ្នកដ៏ចំរើនទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាប់ជំពាក់​ដោយ​កាម​ទាំងឡាយ ជាប់ជំពាក់ដោយអកុសលធម៌ទាំងឡាយ។ សម័យជាខាងក្រោយមក បុគ្គលនោះ បានស្តាប់នូវអរិយធម៌ ធ្វើទុកក្នុងចិត្តដោយ​ឧបាយនៃប្រាជ្ញា ប្រតិបត្តិនូវ​ធម៌ ដ៏​សមគួរដល់ធម៌។ លុះបុគ្គលនោះ អាស្រ័យ​ការស្តាប់អរិយធម៌ អាស្រ័យ​ការធ្វើទុកក្នុង​ចិត្ត ដោយឧបាយនៃប្រាជ្ញា ប្រតិបត្តិ​នូវធម៌ ដ៏សមគួរ​ដល់ធម៌ ក៏ជាបុគ្គល​លែងជាប់​ជំពាក់ ដោយកាមទាំងឡាយ លែងជាប់ជំពាក់​ដោយអកុសលធម៌ទាំងឡាយ។ កាលដែល​បុគ្គល​នោះ លែង​ជាប់​ជំពាក់ ដោយកាមទាំងឡាយហើយ លែងជាប់ជំពាក់​ដោយអកុសលធម៌​ទាំង​ឡាយហើយ សេចក្តីសុខ ក៏កើតឡើង សោមនស្ស ក៏កើតឡើង ដោយក្រៃលែង ព្រោះ​សេចក្តី​​សុខជាបច្ច័យ។ ម្នាលអ្នកដ៏ចំរើនទាំងឡាយ សេចក្តីរីករាយ មានកម្លាំង​ខ្លាំង​កើ​ត​ឡើង ព្រោះសេចក្តីរីករាយមានកម្លាំងទន់ ដូចម្តេចមិញ ម្នាលអ្នកដ៏ចំរើនទាំងឡាយ កាលដែល​បុគ្គល​លែងជាប់​ជំពាក់ ដោយកាមទាំងឡាយហើយ លែងជាប់ជំពាក់​ដោយ​អកុសលធម៌ទាំងឡាយហើយ សេចក្តីសុខ ក៏កើតឡើង សោមនស្ស ក៏កើតឡើង ដោយ​ក្រៃលែង ព្រោះ​សេចក្តី​សុខ (ជាបច្ច័យ) ដូច្នោះដែរ។ ម្នាលអ្នកដ៏ចំរើនទាំងឡាយ នេះឯង​ជា​ការបាននូវឱកាសជាបឋម ដើម្បីបាននូវសេចក្តីសុខ ដែល​ព្រះមានព្រះភាគ​អង្គនោះ ជាអរហន្តសម្មាសម្ពុទ្ធ ព្រះអង្គជ្រាប់ច្បាស់ ឃើញច្បាស់ ទ្រង់ត្រាស់ដឹងហើយ។

[៤១] ម្នាលអ្នកដ៏ចំរើនទាំងឡាយ មួយទៀត បុគ្គលពួកខ្លះ ក្នុងលោកនេះ មានកាយសង្ខារ23) ដ៏គ្រោតគ្រាត មិនទាន់ស្ងប់រម្ងាប់ មានវចីសង្ខារ24) ដ៏គ្រោតគ្រាត មិនទាន់ស្ងប់រម្ងាប់ មានចិត្តសង្ខារ25) ដ៏គ្រោតគ្រាត មិនទាន់ស្ងប់រម្ងាប់។ សម័យខាងក្រោយមក បុគ្គលនោះ ស្តាប់នូវអរិយធម៌ ធ្វើទុកក្នុងចិត្តដោយ​ឧបាយ ប្រតិបត្តិនូវ​ធម៌ ដ៏​សមគួរដល់ធម៌។ លុះបុគ្គលនោះ អាស្រ័យ​ការស្តាប់អរិយធម៌ អាស្រ័យ​ការធ្វើទុកក្នុង​ចិត្ត ដោយឧបាយនៃប្រាជ្ញា ប្រតិបត្តិ​នូវធម៌ ដ៏សមគួរ​ដល់ធម៌ហើយ កាយសង្ខារគ្រោតគ្រាត ក៏ស្ងប់រម្ងាប់ទៅ វចីសង្ខារ​គ្រោតគ្រាត ក៏ស្ងប់រម្ងាប់ទៅ ចិត្តសង្ខារគ្រោតគ្រាត ក៏ស្ងប់រម្ងាប់ទៅ។ សេចក្តីសុខ រមែងកើតឡើងដល់​បុគ្គល​នោះ ព្រោះការស្ងប់រម្ងាប់នៃកាយសង្ខារគ្រោតគ្រាត ព្រោះការស្ងប់រម្ងាប់នៃវចី​សង្ខារ​គ្រោតគ្រាត ព្រោះការស្ងប់រម្ងាប់ នៃចិត្តសង្ខារគ្រោតគ្រាត ឯសោមនស្ស ក៏កើត​ឡើង ដោយក្រៃលែង ព្រោះ​សេចក្តី​សុខ (នោះជាបច្ច័យ)។ ម្នាលអ្នកដ៏ចំរើនទាំងឡាយ សេចក្តីរីករាយមានកម្លាំងខ្លាំង កើត​ឡើង ព្រោះសេចក្តី​រីករាយ​មានកម្លាំងទន់ ដូចម្តេច​មិញ ម្នាលអ្នកដ៏ចំរើនទាំងឡាយ សេចក្តីសុខ រមែង​កើតឡើង ព្រោះការស្ងប់រម្ងាប់ នៃកាយសង្ខារគ្រោតគ្រាត ព្រោះការស្ងប់រម្ងាប់ នៃវចីសង្ខារគ្រោតគ្រាត ព្រោះការ​ស្ងប់រម្ងាប់ នៃចិត្តសង្ខារគ្រោតគ្រាត ឯសោមនស្ស ក៏កើតឡើង ដោយក្រៃលែង ព្រោះ​សេចក្តី​​សុខ (នោះជាបច្ច័យ) ក៏ដូច្នោះដែរ។ ម្នាលអ្នកដ៏​ចំរើនទាំងឡាយ នេះឯងជា​ការបាន​នូវឱកាស ជាគំរប់ពីរ ដើម្បីបាននូវសេចក្តីសុខ ដែល​ព្រះមានព្រះភាគ​អង្គនោះ ជាអរហន្តសម្មាសម្ពុទ្ធ ព្រះអង្គជ្រាប់ច្បាស់ ឃើញច្បាស់ ទ្រង់ត្រាស់ដឹងហើយ។

[៤២] ម្នាលអ្នកដ៏ចំរើនទាំងឡាយ មួយទៀត បុគ្គលពួកខ្លះ ក្នុងលោកនេះ មិន​ដឹងច្បាស់តាមពិតថា នេះជាកុសល មិនដឹងច្បាស់តាមពិតថា នេះជាអកុសល មិនដឹងច្បាស់តាមពិតថា នេះជាអំពី​ប្រកបដោយទោស មិនដឹងច្បាស់តាមពិតថា នេះជាអំពើមិនមានទោស មិនដឹងច្បាស់តាមពិតថា នេះជាអំពើគួរសេព មិនដឹងច្បាស់តាមពិតថា នេះជាអំពើ​មិនគួរសេព មិនដឹងច្បាស់តាមពិតថា នេះជាអំពើថោកទាប មិនដឹងច្បាស់តាមពិតថា នេះជាអំពើខ្ពង់ខ្ពស់ មិនដឹងច្បាស់តាមពិតថា នេះជាអំពើខ្មៅ នេះអំពើស ជាអំពើ​មានចំណែក​ប្រៀប​ផ្ទឹមគ្នា។ សម័យជាខាងក្រោយមក បុគ្គលនោះ ស្តាប់នូវអរិយធម៌ ធ្វើទុកក្នុងចិត្តដោយ​ឧបាយ ប្រតិបត្តិនូវ​ធម៌ ដ៏​សមគួរដល់ធម៌។ បុគ្គលនោះ លុះអាស្រ័យ​ការស្តាប់អរិយធម៌ អាស្រ័យ​ការធ្វើទុកក្នុង​ចិត្ត ដោយឧបាយ ប្រតិបត្តិ​នូវធម៌ ដ៏សមគួរ​ដល់ធម៌ ក៏ដឹងច្បាស់តាមពិតថា នេះជាកុសល ដឹងច្បាស់តាមពិតថា នេះជាអកុសល ដឹងច្បាស់តាមពិតថា នេះជាអំពី​ប្រកបដោយទោស ដឹងច្បាស់តាមពិតថា នេះជាអំពើមិនមានទោស ដឹងច្បាស់តាម​ពិត​ថា នេះជាអំពើគួរសេព ដឹងច្បាស់តាមពិតថា នេះជាអំពើ​មិនគួរសេព ដឹងច្បាស់​តាម​ពិត​ថា នេះជាអំពើថោកទាប ដឹងច្បាស់តាមពិតថា នេះជាអំពើខ្ពង់ខ្ពស់ ដឹងច្បាស់តាមពិតថា នេះជាអំពើខ្មៅ ជាអំពើស ជាអំពើ​មានចំណែក​ប្រៀប​ផ្ទឹមគ្នា។ កាលដែលបុគ្គលនោះ ដឹងច្បាស់​យ៉ាងនេះ ឃើញច្បាស់យ៉ាងនេះហើយ អវិជ្ជា ក៏សាបសូន្យទៅ វិជ្ជាក៏កើតឡើង។ សេចក្តីសុខ រមែងកើតឡើង ដល់បុគ្គលនោះ ព្រោះការសាបសូន្យទៅនៃអវិជ្ជា ព្រោះការ​កើតឡើងនៃវិជ្ជា ឯសោមនស្ស ក៏កើតឡើង ដោយក្រៃលែង ព្រោះ​សេចក្តី​សុខ (នោះជាបច្ច័យ)។ ម្នាលអ្នកដ៏ចំរើនទាំងឡាយ សេចក្តីរីករាយមានកម្លាំងខ្លាំង រមែងកើត​ឡើង ព្រោះសេចក្តី​រីករាយ​មានកម្លាំងទន់ ដូចម្តេចមិញ ម្នាលអ្នកដ៏ចំរើនទាំងឡាយ សេចក្តីសុខ រមែង​កើតឡើង ព្រោះការសាបសូន្យទៅនៃ​អវិជ្ចា ព្រោះការកើតឡើង​នៃ​វិជ្ជា ឯសោមនស្ស ក៏រមែងកើតឡើង ដោយក្រៃលែង ព្រោះ​សេចក្តី​សុខ (នោះជាបច្ច័យ) ដូច្នោះដែរ។ ម្នាលអ្នកដ៏​ចំរើនទាំងឡាយ នេះឯងជាការបាននូវឱកាស ជាគំរប់៣ ដើម្បីបាននូវសេចក្តីសុខ ដែល​ព្រះមានព្រះភាគ​អង្គនោះ ជាអរហន្តសម្មាសម្ពុទ្ធ ព្រះអង្គជ្រាប់ច្បាស់ ឃើញច្បាស់ ទ្រង់ត្រាស់ដឹងហើយ។ ម្នាលអ្នកដ៏​ចំរើនទាំងឡាយ ការបាននូវឱកាស ដើម្បីបាននូវសេចក្តី​សុខ៣ប្រការនេះឯង ដែល​ព្រះមានព្រះភាគ​​អង្គនោះ ជាអរហន្តសម្មាសម្ពុទ្ធ ព្រះអង្គជ្រាប់ច្បាស់ ឃើញច្បាស់ ទ្រង់ត្រាស់ដឹងហើយ។

[៤៣] បពិត្រព្រះអង្គដ៏ចំរើន សនង្កុមារព្រហ្ម បានពោលនូវសេចក្តីនេះហើយ។ បពិត្រព្រះអង្គដ៏ចំរើន លុះសនង្កុមារព្រហ្ម ពោលនូវសេចក្តីនេះហើយ ទើបពោលនឹង​ពួកតាវត្តិង្សទេវតាថា ម្នាលអ្នកដ៏​ចំរើនទាំងឡាយ ពួកតាវត្តិង្សទេវតា សំគាល់សេចក្តី​នោះ​ដូចម្តេច ត្រង់ដែលថា សតិបដ្ឋានទាំង៤នេះ ដើម្បីបាននូវកុសល26) ដែលព្រះមានព្រះភាគ​​អង្គនោះ ជាអរហន្តសម្មាសម្ពុទ្ធ ព្រះអង្គជ្រាប់ច្បាស់ ឃើញច្បាស់ ទ្រង់បញ្ញត្តហើយដោយល្អ។ សតិបដ្ឋានទាំង៤ តើដូចម្តេច។ ម្នាល​អ្នក​ដ៏​ចំរើនទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណា​ឃើញ​រឿយៗ នូវកាយ​ក្នុង​កាយ​ជាខាងក្នុង មានព្យាយាម ជាគ្រឿងដុតកំដៅនូវកិលេស មានសេចក្តី​ដឹង​ខ្លួន មានស្មារតី កម្ចាត់បង់​នូវ​អភិជ្ឈា និងទោមនស្ស​ក្នុង​លោក27) ភិក្ខុកាលពិចារណា​ឃើញរឿយៗ ​នូវកាយជាខាងក្នុងហើយ ក៏រមែង​តាំងចិត្តខ្ជាប់ ដោយប្រពៃ ជ្រះថ្លាដោយប្រពៃ ក្នុងកាយ​ជាខាងក្នុងនោះ។ ភិក្ខុនោះ លុះមាន​ចិត្តតាំង​ខ្ជាប់ ដោយប្រពៃ ជ្រះថ្លាដោយប្រពៃ ក្នុងកាយ​ជាខាងក្នុងនោះហើយ រមែងញុំាង​ញាណទស្សនៈ (ការដឹង និងការឃើញ) ឲ្យកើតក្នុងកាយ របស់បុគ្គលដទៃ ជាខាង​ក្រៅបាន។ ភិក្ខុពិចារណាឃើញរឿយៗ នូវវេទនា​ក្នុង​វេទនាទាំងឡាយ ជាខាងក្នុង មាន​ព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់ នូវ​អភិជ្ឈា និងទោមនស្សក្នុងលោក​ ភិក្ខុកាលពិចារណា​ឃើញរឿយៗ ​នូវវេទនា ក្នុងវេទនាទាំងឡាយ ជាខាងក្នុងហើយ ក៏រមែង​តាំងចិត្តខ្ជាប់ ដោយប្រពៃ ជ្រះថ្លាដោយប្រពៃ ក្នុងវេទនា ​ជាខាងក្នុងនោះ។ ភិក្ខុនោះ លុះមាន​ចិត្តតាំង​ខ្ជាប់ ដោយប្រពៃ ជ្រះថ្លាដោយប្រពៃ ក្នុងវេទនា ​ជាខាងក្នុងនោះហើយ រមែងញុំាង​ញាណទស្សនៈ ឲ្យកើតក្នុងវេទនាទាំងឡាយ របស់បុគ្គលដទៃ ជាខាង​ក្រៅបាន។ ភិក្ខុ​ពិចារណាឃើញរឿយៗ នូវចិត្តក្នុងចិត្តជាខាងក្នុង មានព្យាយាម​ជា​គ្រឿង​ដុត​កំដៅ​នូវ​កិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់នូវអភិជ្ឈា និង​ទោមនស្ស​ក្នុងលោក ភិក្ខុកាលពិចារណា​ឃើញរឿយៗ ​នូវចិត្តក្នុងចិត្ត ជាខាងក្នុងហើយ ក៏រមែង​តាំងចិត្តខ្ជាប់ ដោយប្រពៃ ជ្រះថ្លាដោយប្រពៃ ក្នុងចិត្ត ​ជាខាងក្នុងនោះ។ ភិក្ខុនោះ លុះមាន​ចិត្តតាំង​ខ្ជាប់ ដោយប្រពៃ ជ្រះថ្លាដោយប្រពៃ ក្នុងចិត្ត​ជាខាងក្នុងនោះហើយ រមែងញុំាង​ញាណទស្សនៈ ឲ្យកើតក្នុងចិត្ត របស់បុគ្គលដទៃ ជាខាង​ក្រៅបាន។ ភិក្ខុ​ពិចារណាឃើញ​រឿយៗ នូវធម៌ក្នុងធម៌ទាំងឡាយជាខាងក្នុង មានព្យាយាម ជាគ្រឿងដុតកំដៅនូវកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់នូវអភិជ្ឈា និងទោមនស្សក្នុងលោក ភិក្ខុកាលពិចារណា​ឃើញរឿយៗ ​នូវធម៌ក្នុងធម៌ទាំងឡាយ ជាខាងក្នុងហើយ ក៏រមែង​តាំងចិត្តខ្ជាប់ ដោយប្រពៃ ជ្រះថ្លាដោយប្រពៃ ក្នុងធម៌​ជាខាងក្នុងនោះ។ ភិក្ខុនោះ លុះមាន​ចិត្តតាំង​ខ្ជាប់ ដោយប្រពៃ ជ្រះថ្លាដោយប្រពៃ ក្នុងធម៌​ជាខាងក្នុងនោះហើយ ក៏រមែងញុំាង​ញាណទស្សនៈ ឲ្យកើតក្នុងធម៌ទាំងឡាយ របស់បុគ្គលដទៃ ជាខាង​ក្រៅបាន។ ម្នាលអ្នកដ៏ចំរើនទាំងឡាយ សតិបដ្ឋានទាំង៤នេះឯង ដើម្បីបាននូវកុសល ដែល​ព្រះមានព្រះភាគអង្គនោះ ជាអរហន្តសម្មាសម្ពុទ្ធ ព្រះអង្គជ្រាបច្បាស់ ឃើញច្បាស់ ទ្រង់បញ្ញត្តហើយ។

[៤៤] បពិត្រព្រះអង្គដ៏ចំរើន សនង្កុមារព្រហ្ម បានពោលនូវសេចក្តីនេះហើយ។ បពិត្រព្រះអង្គដ៏ចំរើន លុះសនង្កុមារព្រហ្ម ពោលសេចក្តីនេះហើយ ទើបពោល​នឹង​ពួកតាវត្តិង្សទេវតាថា ម្នាលអ្នកដ៏ចំរើនទាំងឡាយ ពួកតាវត្តិង្សទេវតា សំគាល់​សេចក្តី​នោះ​ដូចម្តេច ត្រង់ដែលថា ធម៌ជាបរិវារនៃសមាធិ៧យ៉ាងនេះ ដើម្បីចំរើននៃ​សម្មាសមាធិ ដើម្បីបរិបូណ៌ នៃសម្មាសមាធិ ដែល​ព្រះមានព្រះភាគអង្គនោះ ជាអរហន្តសម្មាសម្ពុទ្ធ ព្រះអង្គជ្រាបច្បាស់ ឃើញច្បាស់ ទ្រង់បញ្ញត្តហើយដោយល្អ។ ធម៌ជាបរិវារ នៃសមាធិ​៧យ៉ាង តើដូចម្តេច។ សម្មាទិដ្ឋិ (សេចក្តីយល់ត្រូវ)១ សម្មាសង្កប្បៈ (សេចក្តីត្រិះរិះត្រូវ​)១ សម្មាវាចា (សំដីត្រូវ)១ សម្មាកម្មន្តៈ (ការងារត្រូវ)១ សម្មាអាជីវៈ (ការចិញ្ចឹមជីវិតត្រូវ)១ សម្មាវាយាមៈ (សេចក្តីព្យាយាមត្រូវ)១ សម្មាសតិ (សេចក្តីរលឹកត្រូវ)១។ ម្នាលអ្នកដ៏​ចំរើនទាំងឡាយ សភាវៈនៃចិត្ត មានអារម្មណ៍មូលតែមួយណា ដែលអង្គទាំង៧នេះ ចោមរោមហើយ ម្នាលអ្នកដ៏​ចំរើនទាំងឡាយ សភាវៈនៃចិត្ត មានអារម្មណ៍​តែមួយនេះ លោកហៅថា សម្មាសមាធិ ដ៏ប្រសើរ ប្រកបដោយ​ឧបនិស្ស័យផង ថា ប្រកបដោយ​ធម៌​ជាបរិវារផង ម្នាលអ្នកដ៏​ចំរើនទាំងឡាយ សម្មាសង្កប្បៈ រមែងមានដល់បុគ្គល ដែលឋិត​នៅក្នុងសម្មាទិដ្ឋិ សម្មាវាចា រមែង​មានដល់បុគ្គល ដែលឋិតនៅក្នុងសម្មាសង្កប្បៈ សម្មា​កម្មន្តៈ រមែងមានដល់បុគ្គល ដែលឋិតនៅក្នុងសម្មាវាចា សម្មាអាជីវៈ រមែងមានដល់បុគ្គល ដែលឋិតនៅក្នុងសម្មាកម្មន្តៈ សម្មាវាយាមៈ រមែងមានដល់បុគ្គល ដែលឋិតនៅក្នុងសម្មាអាជីវៈ សម្មាសតិ រមែងមានដល់បុគ្គល ដែលឋិតនៅក្នុងសម្មា​វាយាមៈ សម្មាសមាធិ រមែងមានដល់បុគ្គល ដែលឋិតនៅក្នុងសម្មាសតិ សម្មាញាណៈ28) ​រមែងមានដល់បុគ្គល ដែលឋិតនៅក្នុងសម្មាសមាធិ សម្មាវិមុត្តិ29) រមែងមានដល់បុគ្គល ដែលឋិតនៅក្នុងសម្មាញាណៈ។ ម្នាលអ្នកដ៏​ចំរើនទាំងឡាយ បុគ្គលកាលបើពោលដោយប្រពៃ គប្បីពោលនូវពាក្យថា ព្រះបរិយត្តិធម៌ ដែល​ព្រះមានព្រះភាគ ទ្រង់ត្រាស់សំដែងហើយ ដោយល្អ ព្រះនពលោកុត្តរធម៌ ដែល​ព្រះអរិយបុគ្គលទាំងពួង ដឹងពិត ឃើញពិត ជាធម៌ឲ្យផល មិនរង់ចាំកាល ជាធម៌គួរ​ដល់​ឯហិបស្សវិធី ជាធម៌ដែលព្រះអរិយបុគ្គល គប្បីបង្អោន​ចូលមកទុកក្នុងខ្លួន ជាធម៌ដែល​វិញ្ញូជនទាំងឡាយ គប្បីដឹង​ច្បាស់ ក្នុងចិត្តនៃខ្លួន ទ្វារនៃព្រះនិព្វាន​នោះរបើកហើយ។ បុគ្គល កាលពោលដោយប្រពៃ គប្បីពោលនូវពាក្យដែលប្រកបដោយសេចក្តីជ្រះថ្លា មិនញាប់ញ័រ ចំពោះ​ព្រះសម្មាសម្ពុទ្ធថា មែនពិត ព្រះបរិយត្តិធម៌ ​ព្រះមានព្រះភាគ ទ្រង់ត្រាស់​សំដែងហើយ ដោយល្អ ព្រះនពលោកុត្តរធម៌ ដែល​ព្រះអរិយបុគ្គលទាំងពួង ដឹងពិត ឃើញពិត ជាធម៌ឲ្យផលមិនរង់ចាំកាល ជាធម៌ គួរ​ដល់​ឯហិបស្សវិធី ជាធម៌ ដែលព្រះអរិយបុគ្គល គប្បីបង្អោន​ចូលមកទុកក្នុងខ្លួន ជាធម៌ដែល​វិញ្ញូជនទាំងឡាយ គប្បីដឹង​ច្បាស់ ក្នុងចិត្តនៃខ្លួន ទ្វារនៃព្រះនិព្វាន​នោះរបើកហើយ។ ម្នាលអ្នកដ៏​ចំរើនទាំងឡាយ ព្រោះថា ជនទាំងឡាយណានីមួយ ប្រកបដោយ​សេចក្តីជ្រះថ្លា មិន​ញាប់ញ័រ ចំពោះ​ព្រះពុទ្ធ ប្រកបដោយ​សេចក្តីជ្រះថ្លា មិនញាប់ញ័រ ចំពោះ​ព្រះធម៌ ប្រកបដោយ​សេចក្តីជ្រះថ្លា មិនញាប់ញ័រ ចំពោះព្រះសង្ឃ ប្រកបដោយសីលទាំងឡាយ ជាទីស្រឡាញ់របស់ព្រះអរិយៈ មួយទៀត ជនទាំងឡាយណា ជាឱបបាតិកៈ ជាជន​ទៀង​ក្នុងធម៌ ខ្ញុំខ្លាច​អំពើមុសាវាទ មិនអាចនឹង​រាប់ជន​ទាំងអម្បាលនោះ ដូច្នេះថា ពួកជន​នៅ​ក្នុង​ដែនមគធៈ ច្រើនជាង២លាន ៤សែន ជាអ្នកបម្រើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ធ្វើ​មរណកាលកន្លងទៅយូរហើយ ជាសោតាបន្នបុគ្គល មានសភាវៈ​មិនធ្លាក់ទៅក្នុងអបាយ ជាបុគ្គលទៀង មានសម្ពោធិ ជាទីប្រព្រឹត្តទៅ ក្នុងខាងមុខ ព្រោះអស់ទៅនៃសំយោជនៈ​៣។ ពួកសកទាគាមិបុគ្គល ក៏មានក្នុងទីនុ៎ះដែរ ឯពួកសត្វក្រៅពីនេះ30) ជាអ្នកមានចំណែកបុណ្យ (ក៏មានច្រើនដែរ)។

[៤៥] បពិត្រព្រះអង្គដ៏ចំរើន សនង្កុមារព្រហ្ម បានពោលនូវសេចក្តីនេះហើយ។ បពិត្រព្រះអង្គដ៏ចំរើន កាលដែលសនង្កុមារព្រហ្ម ពោលសេចក្តីនេះហើយ វេស្សវណមហារាជ កើតសេចក្តីត្រិះរិះក្នុងចិត្ត​យ៉ាងនេះថា អើហ្ន៎ អស្ចារ្យណាស់ អើហ្ន៎ ចំឡែកពេកណាស់ ព្រះសាស្តាដ៏ប្រសើរ មានសភាពយ៉ាងនេះ មុខជានឹងមានតទៅ​មិនខាន ការសំដែងនូវធម៌ដ៏ថ្លៃថ្លា មានសភាព​យ៉ាងនេះ នឹងប្រាកដឡើង ការត្រាស់ដឹង​នូវគុណវិសេសដ៏លើសលុប មានសភាពយ៉ាងនេះ ក៏នឹង​ប្រាកដឡើង។ បពិត្រព្រះអង្គដ៏ចំរើន គ្រានោះ សនង្កុមារព្រហ្ម ដឹងសេចក្តីត្រិះរិះក្នុងចិត្ត​ របស់​វេស្សវណមហារាជ ដោយចិត្ត (របស់ខ្លួន)ហើយ ទើបពោលពាក្យនេះ នឹងវេស្សវណមហារាជថា វេស្សវណមហារាជដ៏ចំរើន សំគាល់សេចក្តីនោះ ដូចម្តេច ព្រះសាស្តាដ៏ប្រសើរ មានសភាពយ៉ាងនេះ ក៏មានមកហើយ ការសំដែងនូវធម៌ដ៏ថ្លៃថ្លា មានសភាព​យ៉ាងនេះ ក៏ប្រាកដហើយ ការត្រាស់ដឹង​នូវគុណវិសេសដ៏លើសលុប មានសភាពយ៉ាងនេះ ក៏​ប្រាកដហើយក្នុងអតីតកាល ព្រះសាស្តាដ៏ប្រសើរ មានសភាព​យ៉ាងនេះ មុខជានឹងមានតទៅ ការសំដែងនូវធម៌ដ៏ថ្លៃថ្លា មានសភាពយ៉ាងនេះ នឹង​ប្រាកដឡើង ការត្រាស់ដឹងនូវគុណវិសេសដ៏លើសលុប មានសភាព​យ៉ាងនេះ ក៏នឹង​ប្រាកដឡើង ក្នុងអនាគតកាល។

[៤៦] បពិត្រព្រះអង្គដ៏ចំរើន សនង្កុមារព្រហ្ម បានពោលនូវសេចក្តីនេះ នឹង​ពួកតាវត្តិង្សទេវតាហើយ។ កាលសនង្កុមារព្រហ្ម ពោលសេចក្តីនោះ នឹង​តាវត្តិង្សទេវតា វេស្សវណមហារាជ បានប្រាប់សេចក្តីនេះ ដែលខ្លួន​បានឮហើយ ក្នុងទីចំពោះ​មុខ​ដែល​ខ្លួន​បានទទួលហើយ ក្នុងទីចំពោះមុខ ក្នុងបរិសទ្យរបស់ខ្លួន។ កាលវេស្សវណមហារាជ ពោលសេចក្តីនេះ ក្នុងបរិសទ្យរបស់ខ្លួន ជនវសភយក្ស ក៏ក្រាបទូលសេចក្តី ដែលខ្លួន​បាន​ឮហើយ ក្នុងទីចំពោះមុខ ដែលខ្លួន​បានទទួលហើយ ក្នុងទីចំពោះមុខ ដល់​ព្រះមានព្រះភាគ។ ព្រះមានព្រះភាគ បានទ្រង់ព្រះសណ្តាប់សេចក្តីនេះ ទទួលសេចក្តី​នេះ ក្នុងទីចំពោះមុខនៃ​ជនវសភយក្ស ជ្រាបច្បាស់ដោយព្រះអង្គឯងហើយ ទើប​ត្រាស់​ប្រាប់ដល់ព្រះអានន្ទមានអាយុ។ លុះ​ព្រះអានន្ទមានអាយុ បានឮ បានទទួលក្នុង​ទី​ចំពោះ​ព្រះភក្ត្រ ព្រះមានព្រះភាគហើយ ទើបប្រាប់​សេចក្តីនេះ ដល់​ពួកភិក្ខុ ភិក្ខុនី ពួកឧបាសក ឧបាសិកា។ សាសនព្រហ្មចរិយធម៌នេះមាំមួន ដល់នូវសេចក្តី​ចំរើន ផ្សាយទៅសព្វទិស អ្នក​ផងបានដឹងច្រើនគ្នាហើយ កើតមានក្រាស់ក្រែល ត្រាតែពួកទេវតា និងមនុស្ស​ចេះ​សំដែង​ដោយស្រួលបាន។

ចប់ ជនវសភសូត្រ ទី៥។

មហាគោវិន្ទសូត្រ ទី៦

(៦. មហាគោវិន្ទសុត្តំ)

[៤៧] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់លើ​ភ្នំ​គិជ្ឈកូដ ជិតក្រុងរាជគ្រឹះ។ គ្រានោះឯង បញ្ចសិខគន្ធព្វបុត្រ កាលរាត្រីកន្លងទៅហើយ (កន្លង​បឋមយាម) បញ្ចេញរស្មីភ្លឺច្រាល ញុំាងភ្នំគិជ្ឈកូដទាំងអស់ឲ្យភ្លឺស្វាង ហើយចូល​ទៅ​គាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ទើបថ្វាយបង្គំព្រះមានព្រះភាគ ហើយ​ឋិតនៅក្នុងទីដ៏សមគួរ។ លុះបញ្ចសិខគន្ធព្វបុត្រ ឋិតនៅក្នុងទីដ៏សមគួរហើយ បាន​ក្រាបបង្គំទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនឹងក្រាប​ទូល ព្រះមានព្រះភាគ នូវសេចក្តីដែលខ្ញុំព្រះអង្គ បានស្តាប់​ក្នុងទីចំពោះមុខ បានទទួល​ក្នុងទីចំពោះមុខ នៃពួកទេវតាជាន់តាវត្តិង្ស។ ព្រះមានព្រះភាគ បានត្រាស់ថា ម្នាល​បញ្ចសិខៈ អ្នកចូរប្រាប់​តថាគតចុះ។ បញ្ចសិខគន្ធព្វបុត្រ ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ថ្ងៃមុនៗ ក្នុងតិថីទី១៥ ដែលជាថ្ងៃឧបោសថ ត្រូវនឹង​ថ្ងៃបវារណា ក្នុងរាត្រីមានព្រះចន្ទ្រពេញវង់ ពួកទេវតា ជាន់តាវត្តិង្សទាំងអស់ កំពុងអង្គុយ​ប្រជុំ​ក្នុង​ទេវសភា31) ឈ្មោះសុធម្មា ទាំងទេពបរិសទ្យជាច្រើន ក៏អង្គុយ​នៅជុំវិញ ឯ​មហារាជទាំង៤ អង្គក៏គង់ក្នុងទិសទាំង៤ គឺធតរដ្ឋមហារាជ គង់ក្នុងទិសខាងកើត បែរ​ព្រះភក្ត្រទៅទិសខាងលិច មានពួកទេវតា ចោមរោមត្រៀបត្រា វិរូឡ្ហកមហារាជ គង់​ក្នុង​ទិសខាងត្បូង បែរព្រះភក្ត្រទៅទិសខាងជើង មានពួកទេវតាចោមរោមត្រៀបត្រា វិរូបក្ខមហារាជ គង់ក្នុងទិសខាងលិច បែរ​ព្រះភក្ត្រទៅទិសខាងកើត មានពួកទេវតា ចោមរោមត្រៀបត្រា វេស្សវណមហារាជ គង់​ក្នុង​ទិសខាងជើង បែរព្រះភក្ត្រ​ទៅ​ទិស​ខាងត្បូង មានពួកទេវតាចោមរោមត្រៀបត្រា បពិត្រព្រះអង្គដ៏ចំរើន កាលណាពួក​ទេវតា ជាន់តាវត្តិង្សទាំងអស់គ្នា អង្គុយប្រជុំ ក្នុងទេវសភាឈ្មោះសុធម្មា ទាំងទេវបរិសទ្យជា​ច្រើន អង្គុយនៅជុំវិញ ឯមហារាជទាំង៤ ក៏គង់ក្នុងទិសទាំង៤ នេះជាអាសនៈ របស់​មហារាជ​ទាំង៤នោះ ក្នុងកាលនោះ អាសនៈរបស់ពួកយើងខ្ញុំ នៅជាខាងក្រោយ បពិត្រព្រះអង្គដ៏ចំរើន ពួកទេវតាណា បានប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសំណាក់​នៃ​ព្រះមានព្រះភាគ ហើយមកកើតថ្មី ក្នុងជាន់តាវត្តិង្ស ពួកទេវតាទាំងនោះ ក៏រុងរឿង កន្លង​នូវពួកទេវតាឯទៀត ដោយសម្បុរផង ដោយយសផង បពិត្រព្រះអង្គដ៏ចំរើន ព្រោះ​ហេតុ​នោះ បានជាពួកទេវតាជាន់តាវត្តិង្ស មានចិត្តត្រេកអរ រីករាយ កើតបីតិសោមនស្សថា អើហ្ន៎ ពួកកាយទិព្វនៅពេញត្រៀបត្រា ពួកអសុរកាយ បាត់ទៅអស់ បពិត្រព្រះអង្គដ៏ចំរើន គ្រានោះឯង សក្កទេវរាជ ជាធំជាងពួកទេវតា ជ្រាបនូវសេចក្តី​ជ្រះថ្លា របស់ពួកទេវតាជាន់តាវត្តិង្សហើយ ក៏បានអនុមោទនា ដោយគាថា ទាំងឡាយ​នេះថា

[៤៨] អើហ្ន៎ ពួកទេវតាជាន់តាវត្តិង្ស ព្រមទាំង​ព្រះឥន្ទ្ររីករាយ នមស្ការ ចំពោះ​ព្រះតថាគតផង ចំពោះ​ព្រះធម៌ ជាធម៌ដ៏ល្អផង។ ពួកទេវតាជាន់តាវត្តិង្ស ក៏បាន​ឃើញ​ពួកទេវតាថ្មីៗ មានសម្បុរ មានយស ដែលបាន​ប្រព្រឹត្ត​ព្រហ្មចរិយធម៌ ក្នុងសំណាក់​នៃ​ព្រះសុគត ហើយមកកើត​ក្នុងទេវលោកនេះ។ ពួកទេវតាទាំងនោះ រុងរឿង​កន្លង នូវពួកទេវតាឯទៀតដោយសម្បុរ ដោយយស និងអាយុ ពួកសាវ័ក របស់ព្រះ​សម្ពុទ្ធ ព្រះអង្គមានព្រះប្រាជ្ញាដូចផែនដី ជាសាវ័កដល់នូវសេចក្តីវិសេស ក្នុងទេវលោកនេះ។ ពួកទេវតាជាន់តាវត្តិង្ស ព្រមទាំង​ព្រះឥន្ទ្រ លុះឃើញ​ហេតុ​នេះហើយ ក៏ត្រេកអរ បាននមស្ការ ចំពោះ​ព្រះតថាគតផង ចំពោះ​ព្រះធម៌​ ដែល​ជាធម៌ដ៏ល្អផង។

[៤៩] បពិត្រព្រះអង្គដ៏ចំរើន ព្រោះហេតុនោះ បានជាពួកទេវតាជាន់តាវត្តិង្ស មានចិត្តត្រេកអរ រីករាយ កើតបីតិសោមនស្ស ដោយក្រៃលែង លើសប្រមាណថា អើហ្ន៎ ពួកកាយទិព្វ នៅពេញត្រៀបត្រា ពួកអសុរកាយ បាត់ទៅអស់។ បពិត្រព្រះអង្គដ៏ចំរើន គ្រានោះ សក្កទេវរាជ ជាធំជាងពួកទេវតា ជ្រាបនូវសេចក្តី​ជ្រះថ្លា របស់ពួកទេវតា ជាន់​តាវត្តិង្សហើយ ទើបមានព្រះបន្ទូល​នឹងពួកទេវតា ជាន់តាវត្តិង្សថា ម្នាលគ្នាយើង អ្នក​ទាំងឡាយ ចង់ស្តាប់គុណ ជារបស់ពិត៨ប្រការ របស់​ព្រះមានព្រះភាគ​នោះដែរឬ។ ពួក​ទេវតាក្រាបទូលថា បពិត្រព្រះអង្គ ទ្រង់និទ៌ុក្ខ យើងខ្ញុំចង់ស្តាប់គុណ ជារបស់ពិត​៨ប្រការ របស់​ព្រះមានព្រះភាគនោះ។ បពិត្រព្រះអង្គដ៏ចំរើន គ្រានោះ សក្កទេវរាជ ជាធំជាង​ទេវតា បានសំដែងគុណ ជារបស់ពិត៨ប្រការ របស់ព្រះមានព្រះភាគ ដល់​ពួកទេវតា ជាន់​តាវត្តិង្ស ម្នាលអ្នកដ៏​ចំរើនទាំងឡាយ ពួកទេវតាជាន់តាវត្តិង្ស សំគាល់​ហេតុនោះ​ដូចម្តេច ព្រះមានព្រះភាគអង្គនោះ ទ្រង់ប្រតិបត្តិ ដើម្បីប្រយោជន៍​ដល់ជនច្រើន ដើម្បី​សេចក្តី​សុខ ដល់ជនច្រើន ដើម្បីអនុគ្រោះ ដល់សត្វលោក ដើម្បីសេចក្តីចំរើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ទេវតា និងមនុស្សទាំងឡាយរហូតមក។ យើងពិចារណា​រក​មើលនូវ​គ្រូ ដែលជាអ្នកប្រតិបត្តិ ដើម្បីប្រយោជន៍​ដល់ជនច្រើន ដើម្បី​សេចក្តី​សុខ ដល់ជនច្រើន ដើម្បីអនុគ្រោះ ដល់សត្វលោក ដើម្បីសេចក្តីចំរើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ទេវតា និងមនុស្សទាំងឡាយ យ៉ាងនេះ ជាអ្នកប្រកបដោយគុណ នេះ ក្នុងចំណែកកាលដែលកន្លងទៅហើយ មិនឃើញ​មានក្នុងកាល​ឥឡូវនេះ ក្រៅអំពី​ព្រះមានព្រះភាគនោះចេញហើយ ក៏មិនឃើញមានដែរ (នេះជាគុណទី១)។ ធម៌ដែល​ព្រះមានព្រះភាគអង្គនោះ ត្រាស់សំដែងហើយដោយល្អ ជាធម៌​ដែលអរិយបុគ្គល គប្បីឃើញ​ច្បាស់ដោយខ្លួនឯង ជាធម៌ឲ្យនូវផល មិនរង់ចាំកាល ជាធម៌ដែលអរិយបុគ្គល គួរហៅបុគ្គលដទៃឲ្យចូលមកមើលបាន ជាធម៌ដែលអរិយបុគ្គល គួរបង្អោន​ចូលមកទុក​ក្នុងចិត្តបាន ជាធម៌ដែល​វិញ្ញូជនទាំងឡាយ គប្បីដឹងច្បាស់ក្នុងចិត្ត​របស់ខ្លួន។ យើងពិចារណារកមើលនូវគ្រូ ដែលជាអ្នកសំដែងនូវធម៌ គួរបង្អោនចូលមក​ទុក​ក្នុង​ចិត្ត​បាន យ៉ាងនេះ ជាអ្នកប្រកបដោយគុណនេះ ក្នុងចំណែក​កាលដែល​កន្លងទៅហើយ មិន​ឃើញមានក្នុងកាលឥឡូវនេះ ក្រៅអំពីព្រះមានព្រះភាគនោះ​ចេញហើយ ក៏មិនឃើញ​មានដែរ (នេះជាគុណទី២)។ ព្រះមានព្រះភាគអង្គនោះ ទ្រង់បញ្ញត្តដោយប្រពៃ​ហើយថា នេះជាកុសល ទ្រង់បញ្ញត្ត​ហើយ ដោយប្រពៃថា នេះ ជាអកុសល។ នេះប្រកបដោយ​ទោស។ នេះ មិនប្រកបដោយទោស។ នេះគួរសេព។ នេះមិនគួរសេព។ នេះជាអំពើ​ថោក​ទាប។ នេះជាអំពើថ្លៃថ្លា។ ព្រះមានព្រះភាគ ទ្រង់បញ្ញត្ត​ដោយប្រពៃហើយថា នេះ ធម៌​ខ្មៅ ធម៌ស និងធម៌ជាសប្បដិភាគ (លាយខ្មៅ លាយស)។ យើងពិចារណា​រក​មើល​នូវ​គ្រូ ដែលជាអ្នកបញ្ញត្តនូវធម៌ទាំងឡាយ ដែលជាកុសល ជាអកុសល ប្រកបដោយ​ទោស មិនប្រកបដោយទោស គួរសេព និងមិនគួរសេព ​ថោក​ទាប និងថ្លៃថ្លា ធម៌ខ្មៅ ធម៌ស និងសប្បដិភាគ យ៉ាងនេះ ជាអ្នកប្រកបដោយ​គុណនេះ ក្នុងចំណែក​កាលដែល​កន្លង​ទៅ​ហើយ មិន​ឃើញមាន ក្នុងកាលឥឡូវនេះ ក្រៅអំពីព្រះមានព្រះភាគនោះចេញហើយ ក៏មិនឃើញ​មានដែរ (នេះជាគុណទី៣)។ បដិបទា ជាទីទៅកាន់ព្រះនិព្វាន ដែល​ព្រះមានព្រះភាគអង្គនោះ ទ្រង់បញ្ញត្ត​ល្អហើយ ដល់សាវ័កទាំងឡាយ ទាំងព្រះនិព្វាន ទាំង​បដិបទា ក៏ប្រៀបធៀបគ្នាបាន។ ទឹកក្នុងទន្លេគង្គា ប្រៀបស្មើនឹងទឹកក្នុងទន្លេយមុនា ដូចម្តេចមិញ បដិបទា ជាទីទៅកាន់ព្រះនិព្វាន ដែល​ព្រះមានព្រះភាគអង្គនោះ ទ្រង់​បញ្ញត្តល្អហើយ ដល់សាវ័កទាំងឡាយ ទាំងព្រះនិព្វាន ទាំងបដិបទា ក៏ប្រៀបធៀបគ្នា​បាន​ដូច្នោះដែរ។ យើងពិចារណា​រក​មើល​នូវ​គ្រូ ជាអ្នកបញ្ញត្ត នូវបដិបទា ជាទី​ទៅកាន់​ព្រះនិព្វាន​យ៉ាងនេះ ជាអ្នកប្រកបដោយ​គុណនេះ ក្នុងចំណែក​កាលដែល​កន្លង​ទៅ​ហើយ មិន​ឃើញមាន ក្នុងកាលឥឡូវនេះ ក្រៅអំពីព្រះមានព្រះភាគនោះចេញហើយ ក៏មិនឃើញ​មានដែរ (នេះជាគុណទី៤)។ ព្រះមានព្រះភាគអង្គនោះ ទ្រង់បានពួក​សេក្ខបុគ្គល ដែលឋិតនៅក្នុងបដិបទាហើយ និងពួកព្រះខីណាស្រព ដែលមាន​ព្រហ្ម​ចរិយធម៌ អប់រំស្រេចហើយជាគ្នីគ្នា តែព្រះមានព្រះភាគ ទ្រង់មិនជាប់​ព្រះទ័យ​នឹង​គ្នីគ្នា​នោះទេ ទ្រង់ប្រកបនូវសេចក្តី​ត្រេកអរ តែមួយព្រះអង្គឯង។ យើងពិចារណា​រក​មើល​នូវ​គ្រូ ជាអ្នកប្រកបនូវសេចក្តីត្រេកអរ តែម្នាក់ឯងយ៉ាងនេះ ដែលជាអ្នកប្រកប​ដោយគុណ​នេះ ក្នុងចំណែក​កាលដែល​កន្លង​ទៅ​ហើយ ក៏មិន​ឃើញមាន ក្នុងកាលឥឡូវនេះ ក្រៅអំពី​ព្រះមានព្រះភាគនោះចេញហើយ ក៏មិនឃើញ​មានដែរ (នេះជាគុណទី៥)។ លាភសម្រេច​ហើយ សេចក្តីសរសើរ ក៏សម្រេច​ហើយ ដល់​ព្រះមានព្រះភាគអង្គនោះ ទាំង​ពួកក្សត្រ ក៏មានសភាព​ជាអ្នកស្រឡាញ់ រាប់រក (ព្រះអង្គ) ប៉ុន្តែព្រះមានព្រះភាគ​អង្គនោះ ប្រាសចាកសេចក្តីស្រវឹង (ក្នុងលាភជាដើមនោះ) ហើយ រមែង​សោយនូវ​អាហារ (តាមធម្មតា)។ យើងពិចារណា​រក​មើល​នូវ​គ្រូ ជាអ្នកប្រាសចាកសេចក្តីស្រវឹង បរិភោគ​នូវអាហារ​យ៉ាងនេះ ដែលប្រកបដោយគុណនេះ ក្នុងចំណែក​កាលដែល​កន្លង​ទៅ​ហើយ ក៏មិន​ឃើញមាន ក្នុងកាលឥឡូវនេះ ក្រៅអំពីព្រះមានព្រះភាគនោះចេញហើយ ក៏មិនឃើញ​មានដែរ (នេះជាគុណទី៦)។ ព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងណា ទ្រង់​ធ្វើ​យ៉ាងនោះ ទ្រង់ធ្វើយ៉ាងណា ទ្រង់ត្រាស់យ៉ាងនោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់​យ៉ាងណា ទ្រង់ធ្វើយ៉ាងនោះ ទ្រង់ធ្វើយ៉ាងណា ទ្រង់ត្រាស់យ៉ាងនោះ ដោយប្រការ​យ៉ាង​នេះឯង។ យើងពិចារណា​រក​មើល​នូវ​គ្រូ​ ជាអ្នកប្រតិបត្តិនូវ​ធម៌ ដ៏សមគួរដល់​ធម៌​យ៉ាង​នេះ ដែលប្រកបដោយគុណនេះ ក្នុងចំណែកកាលដែលកន្លងទៅហើយ ក៏មិនឃើញ​មាន ក្នុងកាលឥឡូវនេះ ក្រៅអំពីព្រះមានព្រះភាគនោះចេញហើយ ក៏​មិនឃើញ​មានដែរ (នេះជាគុណទី៧)។ ព្រះមានព្រះភាគអង្គនោះ ទ្រង់ឆ្លងផុតសេចក្តីសង្ស័យអស់ហើយ ប្រាសចាក​សេចក្តី​ងឿងឆ្ងល់​ហើយ ទ្រង់មានព្រះតម្រិះ​ដល់ទីបំផុត32) ហើយ ដោយព្រហ្មចរិយធម៌ខាងដើម ជានិស្ស័យ​ដ៏ឧត្តម។ យើងពិចារណា​រក​មើល​នូវ​គ្រូ ជាអ្នកឆ្លងផុតសេចក្តីសង្ស័យអស់ហើយ ប្រាសចាក​សេចក្តី​ងឿងឆ្ងល់​ មានតម្រិះ​ដល់ទីបំផុត ដោយព្រហ្មចរិយធម៌ខាងដើម ជានិស្ស័យ​ដ៏ឧត្តម យ៉ាង​នេះ ដែលប្រកបដោយ​គុណនេះ ក្នុងចំណែក​កាលដែល​កន្លងទៅហើយ ក៏មិនឃើញ​មាន ក្នុងកាលឥឡូវ​នេះ ក្រៅអំពី​ព្រះមានព្រះភាគនោះចេញហើយ ក៏​មិនឃើញ​មានដែរ (នេះជាគុណទី៨)។ បពិត្រព្រះអង្គដ៏ចំរើន សក្កទេវរាជ ជាធំ​ជាងពួកទេវតា បានសំដែង​គុណ ជារបស់ពិតទាំង​៨ប្រការរបស់ព្រះមានព្រះភាគនេះ​ឯង ដល់ពួកទេវតាជាន់តាវត្តិង្ស។

[៥០] បពិត្រព្រះអង្គដ៏ចំរើន ព្រោះហេតុនោះ បានជាពួកទេវតាជាន់តាវត្តិង្ស ជាអ្នក​មានចិត្តត្រេកអរ មានចិត្តទន់ កើតបីតិសោមនស្សដ៏ក្រៃលែងលើសប្រមាណ ព្រោះ​បានស្តាប់​គុណ ជារបស់ពិតទាំង៨ប្រការ របស់ព្រះមានព្រះភាគ។ បពិត្រព្រះអង្គដ៏ចំរើន បណ្តាទេវតាទាំងនោះ ទេវតាពួកខ្លះ នាំគ្នាពោលយ៉ាង​នេះថា ម្នាលគ្នាយើង ធ្វើម្តេចហ្ន៎ បានព្រះសម្មាសម្ពុទ្ធ៤ ព្រះអង្គត្រាស់ឡើងក្នុងលោក សំដែង​ធម៌​ឲ្យដូចព្រះមានព្រះភាគ ការសំដែងធម៌នោះ សមជាប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ដល់​ជន​ច្រើន ដើម្បីសេចក្តីសុខដល់ជនច្រើន ដើម្បីអនុគ្រោះ ដល់សត្វលោក ដើម្បីសេចក្តីចំរើន ដើម្បីប្រយោជន៍​ ដើម្បីសេចក្តីសុខ ដល់​ទេវតា និងមនុស្សទាំងឡាយ។ ទេវតាពួកខ្លះ នាំគ្នា​ពោលយ៉ាងនេះថា នែពួកយើង ព្រះសម្មាសម្ពុទ្ធ៤ព្រះអង្គ លើកទុកសិនចុះ នែ​ពួកយើង ធ្វើម្តេចហ្ន៎ ឲ្យតែព្រះសម្មាសម្ពុទ្ធ៣ព្រះអង្គត្រាស់ឡើងក្នុងលោក សំដែង​ធម៌​ឲ្យដូច​ព្រះមានព្រះភាគ ការណ៍នោះ សមជាប្រព្រឹត្តទៅ ដើម្បីប្រយោជន៍​ដល់ជនច្រើន ដើម្បីសេចក្តីសុខ ដល់ជនច្រើន ដើម្បីអនុគ្រោះ ដល់សត្វលោក ដើម្បីសេចក្តីចំរើន ដើម្បីប្រយោជន៍​ ដើម្បីសេចក្តីសុខ ដល់​ទេវតា និងមនុស្សទាំងឡាយ។ ទេវតាពួកខ្លះ នាំគ្នា​ពោលយ៉ាងនេះថា នែគ្នាយើង ព្រះសម្មាសម្ពុទ្ធ៣ព្រះអង្គ លើកទុកសិនចុះ នែគ្នា​យើង ធ្វើម្តេចហ្ន៎ ឲ្យតែព្រះសម្មាសម្ពុទ្ធ ២ព្រះអង្គ ត្រាស់ឡើងក្នុងលោក សំដែងធម៌ ឲ្យដូចព្រះមានព្រះភាគ ការណ៍នោះ សមជាប្រព្រឹត្តទៅ ដើម្បីប្រយោជន៍​ដល់ជនច្រើន ដើម្បីសេចក្តីសុខ ដល់ជនច្រើន ដើម្បីអនុគ្រោះ ដល់សត្វលោក ដើម្បីសេចក្តីចំរើន ដើម្បីប្រយោជន៍​ ដើម្បីសេចក្តីសុខ ដល់​ទេវតា និងមនុស្សទាំងឡាយ។ បពិត្រព្រះអង្គដ៏ចំរើន កាលពួកទេវតា​ពោលយ៉ាងនេះហើយ សក្កទេវរាជ ជាធំជាង​ពួកទេវតា បានពោលពាក្យនេះ នឹងពួកទេវតាជាន់តាវត្តិង្សថា ម្នាលគ្នាយើង ដំណើរ​នេះ មិនមែន​ជាហេតុ មិនមែនជាឱកាសឡើយ ព្រះអរហន្តសម្មាសម្ពុទ្ធទាំងឡាយ ២ព្រះអង្គ បានត្រាស់ក្នុងលោកធាតុតែមួយ ដំណាលគ្នា ដោយហេតុណា ហេតុនុ៎ះមិនដែល​មានទេ ម្នាលគ្នាយើង សូមឲ្យតែ​ព្រះមានព្រះភាគអង្គនោះ កុំឲ្យមានអាពាធ កុំឲ្យមានទុក្ខ គង់​នៅ​អស់កាលដ៏យូរអង្វែង ការណ៍នោះ គង់តែប្រព្រឹត្តទៅ ដើម្បីប្រយោជន៍​ដល់ជនច្រើន ដើម្បីសេចក្តីសុខ ដល់ជនច្រើន ដើម្បីអនុគ្រោះ ដល់សត្វលោក ដើម្បីសេចក្តីចំរើន ដើម្បីប្រយោជន៍​ ដើម្បីសេចក្តីសុខ ដល់​ទេវតា និងមនុស្សទាំងឡាយដែរហើយ។ បពិត្រព្រះអង្គដ៏ចំរើន គ្រានោះឯង ពួកទេវតាជាន់តាវត្តិង្ស អង្គុយប្រជុំគ្នា ក្នុងទេវសភា ឈ្មោះសុធម្មា ដោយប្រយោជន៍ណា មហារាជទាំង៤អង្គនោះ ក៏គិតនូវប្រយោជន៍​នោះ ប្រឹក្សានូវប្រយោជន៍នោះ ហើយតាំងនៅក្នុង​ប្រយោជន៍នោះ តាមពាក្យដែលតាវត្តិង្ស​ទេវតាប្រាប់ហើយផង មហារាជទាំង៤អង្គនោះ តំកល់នៅក្នុង​ប្រយោជន៍នោះ តាមពាក្យ​ដែល​តាវត្តិង្សទេវតា ប្រៀនប្រដៅហើយផង ឋិតនៅលើអាសនៈរបស់ខ្លួនៗ មិន​ចៀស​ចេញ​ទៅឡើយ។

[៥១] ព្រះរាជាទាំងនោះ ទទួលពាក្យប្រៀនប្រដៅតាមពាក្យដែលតាវត្តិង្សទេវតា​ ប្រាប់ហើយ ក៏មានចិត្តជ្រះថ្លា មានចិត្តស្ងប់រម្ងាប់ ឋិតនៅលើអាសនៈរបស់ខ្លួន។

[៥២] បពិត្រព្រះអង្គដ៏ចំរើន គ្រានោះឯង ពន្លឺដ៏លើសលុបក៏កើតឡើង រស្មីដ៏​រុងរឿងលើសលែងនូវទេវានុភាព របស់ពួកទេវតា ក៏កើតប្រាកដឡើង​ក្នុងទិសខាងជើង។ បពិត្រព្រះអង្គដ៏ចំរើន គ្រានោះ សក្កទេវរាជ ជាធំជាងពួកទេវតា មានព្រះបន្ទូល​នឹងពួក​ទេវតាជាន់តាវត្តិង្សថា ម្នាលពួកយើង និមិត្តទាំងឡាយប្រាកដឡើង ពន្លឺកើតឡើង រស្មី​ដ៏​រុងរឿងកើតប្រាកដ ក្នុងកាលណា ព្រហ្មនឹងមានប្រាកដ ក្នុងកាលនោះ នេះជា​បុព្វនិមិត្ត​ដែលព្រហ្មមានប្រាកដ បានជាពន្លឺកើតឡើង រស្មីកើតឡើងជាក់ស្តែង។

[៥៣] និមិត្តទាំងឡាយប្រាកដឡើង ក្នុងកាលណា ព្រហ្មគង់មានប្រាកដ (ក្នុងកាលនោះ) រស្មីដ៏រុងរឿងធំទូលាយនេះឯង ជាបុព្វនិមិត្តរបស់ព្រហ្ម។

[៥៤] បពិត្រព្រះអង្គដ៏ចំរើន គ្រានោះ ពួកទេវតាជាន់តាវត្តិង្ស អង្គុយលើ​អាសនៈ​ទាំងឡាយ តាមសមគួរដល់ខ្លួន ហើយគិតគ្នាថា វិបាកនឹងមានប្រាកដ ព្រោះ​អាស្រ័យ​ពន្លឺ​ណា យើងទាំងឡាយ ចាំដឹងនូវពន្លឺនុ៎ះ ចាំធ្វើឲ្យច្បាស់នូវពន្លឺនោះសិន ហើយសឹមទៅ។ ចំណែកមហារាជទាំង៤អង្គ គង់លើអាសនៈទាំងឡាយ តាមសមគួរ​ដល់ខ្លួនគិតគ្នាថា វិបាកនឹងមានប្រាកដ ព្រោះអាស្រ័យ​ពន្លឺណា យើងទាំងឡាយ ចាំដឹង​នូវ​ពន្លឺនុះ ចាំធ្វើឲ្យច្បាស់នូវពន្លឺនោះសិន ហើយសឹមទៅ។ ពួក​ទេវតាជាន់តាវត្តិង្ស លុះឮពាក្យ​នេះហើយ ក៏មានចិត្តមូលតែមួយ ប្រជុំគ្នាគិតថា វិបាកនឹងមានប្រាកដ ព្រោះ​អាស្រ័យ​ពន្លឺ​ណា យើងទាំងឡាយ ចាំដឹងនូវពន្លឺនុ៎ះ ចាំធ្វើឲ្យច្បាស់នូវពន្លឺនោះសិន ហើយសឹមទៅ។ បពិត្រព្រះអង្គដ៏ចំរើន កាលណា សនង្កុមារព្រហ្ម មានប្រាកដដល់ពួកទេវតា ជាន់​តាវត្តិង្សហើយ និម្មិតអត្តភាពដ៏លើសលុបឲ្យកើតប្រាកដ។ បពិត្រព្រះអង្គដ៏ចំរើន សម្បុរ​ជាប្រក្រតីរបស់ព្រហ្មណា ដែលពួកទេវតា​មិនទាន់ឃើញ សម្បុរជាប្រក្រតីនោះ (ក៏​ប្រាកដ) ក្នុងគន្លងចក្ខុរបស់ទេវតាជាន់តាវត្តិង្ស។ បពិត្រព្រះអង្គដ៏ចំរើន កាលណា​សនង្កុមារព្រហ្ម មានប្រាកដដល់ពួកទេវតាជាន់​តាវត្តិង្ស ព្រហ្មនោះ ក៏រុងរឿង​កន្លង​នូវពួក​ទេវតាឯទៀត ដោយសម្បុរផង ដោយយសផង។ បពិត្រព្រះអង្គដ៏ចំរើន រូបដែលធ្វើដោយ​មាស រមែងរុងរឿងកន្លងនូវរាងកាយ របស់មនុស្ស​ដូចម្តេចមិញ បពិត្រព្រះអង្គដ៏ចំរើន កាលណា​សនង្កុមារព្រហ្ម មានប្រាកដដល់ពួកទេវតា ជាន់​តាវត្តិង្ស ព្រហ្មនោះ ក៏រុងរឿង​កន្លង​នូវពួក​ទេវតាឯទៀត ដោយសម្បុរផង ដោយយសផង ដូច្នោះ​ដែរ។ បពិត្រព្រះអង្គដ៏ចំរើន កាលណា​សនង្កុមារព្រហ្ម មានប្រាកដដល់ពួកទេវតា ជាន់​តាវត្តិង្ស មិនមានទេវតាណាមួយក្នុងបរិសទ្យនោះសំពះ ឬក្រោកទទួល ឬក៏អញ្ជើញ​ដោយ​អាសនៈឡើយ។ ពួកទេវតាទាំងអស់ស្ងៀមព្រងើយ នាំគ្នាអង្គុយ​ផ្គង​អញ្ជលី លើ​បល្លង្កគិតគ្នាថា ឥឡូវនេះ សនង្កុមារព្រហ្ម ប្រាថ្នានឹងគង់លើ​បល្លង្ករបស់ទេវតាណា ក៏​គង់​លើបល្លង្ក របស់ទេវតានោះចុះ។ បពិត្រព្រះអង្គដ៏ចំរើន សនង្កុមារព្រហ្ម គង់លើ​បល្លង្ក​របស់​ទេវតាណា ទេវតានោះ ក៏បាននូវ​សេចក្តីត្រេកអរដ៏លើសលុប ទេវតានោះ ក៏​បាន​នូវ​សេចក្តីរីករាយ​ចិត្តដ៏លើសលុប។ បពិត្រព្រះអង្គដ៏ចំរើន ក្សត្រជាស្តេចដែល​បានមុទ្ធាភិសេកហើយ អភិសេកហើយថ្មីៗ ដោយរាជសម្បត្តិ ព្រះរាជានោះ តែងបាន​នូវ​សេចក្តីត្រេកអរដ៏លើសលុប ព្រះរាជានោះ តែងបាននូវសេចក្តីរីករាយព្រះទ័យ​ដ៏លើស​លុប ដោយរាជសម្បត្តិ មានឧបមាដូចម្តេចមិញ បពិត្រព្រះអង្គដ៏ចំរើន សនង្កុមារព្រហ្ម គង់លើបល្លង្ករបស់ទេវតាណា ទេវតានោះ ក៏បាននូវសេចក្តីត្រេកអរដ៏លើសលុប ទេវតា​នោះ ក៏បាននូវសេចក្តីរីករាយចិត្តដ៏លើសលុប មានឧបមេយ្យដូច្នោះដែរ។ បពិត្រព្រះអង្គដ៏ចំរើន ក្នុងកាលនោះ សនង្កុមារព្រហ្ម ដឹងនូវសេចក្តីជ្រះថ្លារបស់ពួក​ទេវតា ជាន់តាវត្តិង្សហើយ ក៏អនុមោទនាដោយគាថាទាំងនេះ ហើយក៏បាត់ទៅ

[៥៥] អើហ្ន៎ ពួកទេវតាជាន់តាវត្តិង្សព្រមទាំងព្រះឥន្ទ្រ រមែងរីករាយ នមស្ការ ចំពោះ​ព្រះតថាគតផង ចំពោះ​ព្រះធម៌ជាធម៌ដ៏ល្អផង។ ពួក​ទេវតាជាន់តាវត្តិង្ស បានឃើញពួកទេវតាថ្មីៗ មានសម្បុរ មានយស ដែលបានប្រព្រឹត្ត​ព្រហ្មចរិយធម៌ ក្នុងសំណាក់នៃ​ព្រះសុគត ហើយមកកើតក្នុងទេវលោកនេះ។ ពួកទេវតាទាំងនោះ រុងរឿងកន្លងនូវពួក​ទេវតាឯទៀត ដោយសម្បុរ ដោយយស និងអាយុ ពួកសាវ័ក របស់​ព្រះសម្ពុទ្ធ ព្រះអង្គមានព្រះប្រាជ្ញាដូចផែនដី ជាសាវ័ក ដល់នូវ​សេចក្តី​វិសេស ក្នុងទេវលោកនេះ។ លុះពួក​ទេវតាជាន់តាវត្តិង្ស ព្រមទាំង​ព្រះឥន្ទ្រ ឃើញ​ហេតុនេះ​ហើយ ទើបរីករាយ នមស្ការ ចំពោះ​ព្រះតថាគតផង ចំពោះ​ព្រះធម៌ ជាធម៌​ដ៏ល្អផង។

[៥៦] បពិត្រព្រះអង្គដ៏ចំរើន សនង្កុមារព្រហ្ម បានពោលនូវសេចក្តីនេះហើយ។ បពិត្រព្រះអង្គដ៏ចំរើន កាលសនង្កុមារព្រហ្ម ពោលនូវសេចក្តីនេះ ក៏មានសំឡេងប្រកប​ដោយអង្គ៨ គឺសំឡេងក្បោះក្បាយ១ ងាយយល់១ ទន់ពីរោះ១ គួរស្តាប់១ មូល១ មិនគ្រាវ១ ក្រអួន១ លាន់រំពង១។ បពិត្រព្រះអង្គដ៏ចំរើន សនង្កុមារព្រហ្ម ញុំាងបរិសទ្យ​ទាំងអស់ ឲ្យដឹងច្បាស់ដោយសំឡេងផង សំឡេង​ក្រាងក្រអៅរបស់ព្រហ្មនោះ មិនបាន​ផ្សាយ​ចេញទៅខាងក្រៅបរិសទ្យផង។ បពិត្រព្រះអង្គដ៏ចំរើន បុគ្គលណា មានសំឡេង​ប្រកប​ដោយអង្គ៨យ៉ាងនេះ បុគ្គលនោះ គេហៅថា អ្នកមានសំឡេងដូចសំឡេងព្រហ្ម។ បពិត្រព្រះអង្គដ៏ចំរើន គ្រានោះ ពួកទេវតាជាន់តាវត្តិង្ស បានពោលពាក្យនេះ នឹងសនង្កុមារព្រហ្មថា បពិត្រមហាព្រហ្ម ប្រពៃហើយ ពួកយើងក៏រីករាយ ព្រោះបាន​ដឹង​សេចក្តីនុ៎ះឯង មួយទៀត សក្កទេវរាជ ជាធំជាងពួកទេវតា បានសំដែងគុណ ជារបស់ពិត ទាំង៨ប្រការ របស់ព្រះមានព្រះភាគនោះហើយដែរ ពួកយើងក៏រីករាយ ព្រោះបាន​ដឹងនូវ​គុណទាំងនោះ។ បពិត្រព្រះអង្គដ៏ចំរើន គ្រានោះឯង សនង្កុមារព្រហ្ម បានពោលសេចក្តី​នេះ នឹងសក្កទេវរាជ ជាធំជាងពួកទេវតាថា បពិត្រ​ទេវានមិន្ទៈ ប្រពៃហើយ ពួកយើង​គួរ​ស្តាប់​នូវគុណ ជារបស់ពិត ទាំង៨ប្រការ របស់ព្រះមានព្រះភាគនោះ។ បពិត្រព្រះអង្គដ៏ចំរើន សក្កទេវរាជ ជាធំជាងពួកទេវតា ទទួលតបពាក្យរបស់​សនង្កុមារព្រហ្មថា បពិត្រមហាព្រហ្ម យ៉ាងហ្នឹងហើយ ទើបថ្លែងនូវគុណ ជារបស់ពិត ទាំង៨ប្រការរបស់​ព្រះមានព្រះភាគថា មហាព្រហ្មដ៏ចំរើន សំគាល់នូវហេតុ​នោះដូចម្តេច ព្រះមានព្រះភាគនោះ ទ្រង់ប្រតិបត្តិ ដើម្បីប្រយោជន៍ ដល់ជនច្រើន ដើម្បីសេចក្តីសុខ ដល់​ជនច្រើន ដើម្បីអនុគ្រោះ ដល់សត្វលោក ដើម្បីសេចក្តីចំរើន ដើម្បីប្រយោជន៍ ដើម្បី​សេចក្តីសុខ ដល់ទេវតា និងមនុស្សទាំងឡាយរហូតមក។ យើងពិចារណារកមើល នូវ​សាស្តាជាអ្នកប្រតិបត្តិ ដើម្បីប្រយោជន៍ ដល់ជនច្រើន ដើម្បីសេចក្តីសុខ ដល់​ជនច្រើន ដើម្បីអនុគ្រោះ ដល់សត្វលោក ដើម្បីសេចក្តីចំរើន ដើម្បីប្រយោជន៍ ដើម្បី​សេចក្តីសុខ ដល់ទេវតា និងមនុស្សទាំងឡាយ យ៉ាងនេះ ដែលប្រកបដោយគុណនេះ ក្នុងចំណែក​កាល ដែលកន្លងទៅហើយ មិនឃើញមានទេ ក្នុងកាលឥឡូវនេះ ក្រៅអំពីព្រះមានព្រះភាគអង្គនោះចេញហើយ ក៏មិនឃើញមានឡើយ។ ធម៌ដែល​ព្រះមានព្រះភាគអង្គនោះ ទ្រង់ត្រាស់សំដែង​ហើយដោយល្អ ជាធម៌ដែលអរិយបុគ្គល​ គប្បីឃើញច្បាស់ ដោយខ្លួនឯង ជាធម៌ឲ្យផល មិនរង់ចាំកាល ជាធម៌ដែលអរិយបុគ្គល គួរហៅបុគ្គលដទៃ​ឲ្យចូលមកមើលបាន ជាធម៌ដែលអរិយបុគ្គល គួរបង្អោនចូលមក​ទុក​ក្នុងចិត្តបាន ជាធម៌ដែលវិញ្ញូជនទាំងឡាយ គប្បីដឹងច្បាស់ក្នុងចិត្តរបស់ខ្លួន។ យើងពិចារណារកមើលនូវគ្រូ ជាអ្នកសំដែងធម៌ ដែលគួរបង្អោនចូលមកទុកក្នុងចិត្តបាន​យ៉ាងនេះ ដែល​ប្រកបដោយគុណនេះ ក្នុងចំណែក​កាលដែលកន្លងទៅហើយ មិនឃើញ​មានទេ ក្នុងកាលឥឡូវនេះ ក្រៅអំពីព្រះមានព្រះភាគអង្គនោះចេញហើយ ក៏​មិនឃើញ​មានឡើយ។ ព្រះមានព្រះភាគអង្គនោះ ទ្រង់បញ្ញត្តហើយថា នេះ ជាកុសល ទ្រង់បញ្ញត្ត​ប្រពៃហើយថា នេះជាអកុសល។ នេះប្រកបដោយទោស។ នេះមិនប្រកបដោយទោស។ នេះ​គួរសេព។ នេះមិនគួរសេព។ នេះជាអំពើថោកទាប។ នេះជាអំពើថ្លៃថ្លា។ ព្រះមានព្រះភាគ ទ្រង់បញ្ញត្តប្រពៃហើយថា នេះធម៌ខ្មៅ ធម៌ស និងជាសប្បដិភាគ។ យើងពិចារណារកមើលនូវ​សាស្តា ជាអ្នកបញ្ញត្តនូវធម៌ទាំងឡាយ ដែលជាកុសល ជាអកុសល ប្រកបដោយទោស មិនប្រកបដោយទោស គួរសេព មិនគួរសេព ថោកទាប និងថ្លៃថ្លា ធម៌ខ្មៅ ធម៌ស និងជាសប្បដិភាគ យ៉ាងនេះ ដែលប្រកបដោយគុណនេះ ក្នុងចំណែកកាល ដែលកន្លង​ទៅហើយ មិនឃើញមានទេ ក្នុងកាលឥឡូវនេះ ក្រៅអំពី​ព្រះមានព្រះភាគអង្គនោះចេញហើយ ក៏មិនឃើញមានឡើយ។ បដិបទា ជាទី​ទៅកាន់​ព្រះនិព្វាន ដែលព្រះមានព្រះភាគអង្គនោះ ទ្រង់បញ្ញត្តល្អហើយ ដល់សាវ័កទាំងឡាយ ទាំង​ព្រះនិព្វាន ទាំងបដិបទា រមែងប្រៀបធៀបគ្នាបាន។ ទឹកក្នុងទន្លេគង្គា ប្រៀបស្មើនឹង​ទឹកក្នុងទន្លេយមុនា ដូចម្តេចមិញ បដិបទាជាទីទៅកាន់ព្រះនិព្វាន ដែល​ព្រះមានព្រះភាគ​អង្គនោះ បញ្ញត្តល្អហើយ ដល់សាវ័កទាំងឡាយ ទាំងព្រះនិព្វាន ទាំងបដិបទា រមែង​ប្រៀប​ធៀបស្មើគ្នាបាន ដូច្នោះដែរ។ យើងពិចារណារកមើលនូវ​សាស្តា ជាអ្នកបញ្ញត្ត​នូវបដិបទា ជាទីទៅកាន់ព្រះនិព្វានយ៉ាងនេះ ដែលប្រកបដោយគុណនេះ ក្នុងចំណែក​កាល ដែលកន្លង​ទៅហើយ មិនឃើញមានទេ ក្នុងកាលឥឡូវនេះ ក្រៅអំពី​ព្រះមាន​ព្រះភាគ​អង្គនោះចេញហើយ ក៏មិនឃើញមានឡើយ។ ព្រះមានព្រះភាគ ទ្រង់បាន​ពួក​សេក្ខបុគ្គល ដែលឋិតនៅក្នុងបដិបទា ហើយនឹងព្រះខីណាស្រព ដែលមានព្រហ្មចរិយ​ធម៌អប់រំស្រេចហើយជាគ្នីគ្នា តែព្រះមានព្រះភាគ ទ្រង់មិនជាប់​ព្រះទ័យនឹងគ្នីគ្នានោះទេ ទ្រង់ប្រកបសេចក្តីត្រេកអរ តែមួយអង្គឯង។ យើងពិចារណារកមើលនូវ​សាស្តា ជាអ្នក​ប្រកបនូវសេចក្តីត្រេកអរតែម្នាក់ឯងយ៉ាងនេះ ដែលប្រកបដោយគុណនេះ ក្នុងចំណែកកាល ដែលកន្លង​ទៅហើយ មិនឃើញមាន ក្នុងកាលឥឡូវនេះ ក្រៅអំពី​ព្រះមានព្រះភាគអង្គនោះចេញហើយ ក៏មិនឃើញមានឡើយ។ លាភសម្រេចហើយ សេចក្តីសរសើរក៏សម្រេចហើយ ដល់​ព្រះមានព្រះភាគអង្គនោះ ទាំងពួកក្សត្រ ក៏មាន​សភាព​ជាអ្នកស្រឡាញ់រាប់រកព្រះអង្គ ព្រះមានព្រះភាគ អង្គនោះ ប្រាសចាកសេចក្តី​ស្រវឹងហើយ រមែងសោយនូវអាហារ (តាមធម្មតា)។ យើងពិចារណារកមើលនូវ​សាស្តា ជាអ្នក​ប្រាសចាកសេចក្តីស្រវឹង ហើយបរិភោគនូវ​អាហារយ៉ាងនេះ ដែលប្រកបដោយ​គុណនេះ ក្នុងចំណែកកាល ដែលកន្លង​ទៅហើយ មិនឃើញមានទេ ក្នុងកាលឥឡូវនេះ ក្រៅអំពី​ព្រះមានព្រះភាគអង្គនោះចេញហើយ ក៏មិនឃើញមានឡើយ។ ព្រះមានព្រះភាគអង្គនោះ ទ្រង់ត្រាស់យ៉ាងណា ទ្រង់ធ្វើយ៉ាងនោះ ទ្រង់ធ្វើយ៉ាងណា ទ្រង់​ត្រាស់យ៉ាងនោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងណា ទ្រង់ធ្វើយ៉ាងនោះ ទ្រង់​ធ្វើ​យ៉ាងណា ទ្រង់ត្រាស់យ៉ាងនោះ ដោយប្រការយ៉ាងនេះ។ យើងពិចារណារកមើលនូវ​សាស្តា ជាអ្នក​ប្រតិបត្តិ នូវធម៌ដ៏សមគួរដល់ធម៌យ៉ាងនេះ ដែលប្រកបដោយគុណនេះ ក្នុងចំណែកកាល ដែលកន្លង​ទៅហើយ មិនឃើញមានទេ ក្នុងកាលឥឡូវនេះ ក្រៅអំពី​ព្រះមានព្រះភាគអង្គនោះចេញហើយ ក៏មិនឃើញមានឡើយ។ ព្រះមានព្រះភាគអង្គ​នោះ ព្រះអង្គឆ្លងផុតសេចក្តីសង្ស័យអស់ហើយ ព្រះអង្គប្រាសចាកសេចក្តីងឿងឆ្ងល់​អស់​ហើយ ទ្រង់មានព្រះតម្រិះ ដល់ទីបំផុតហើយ ដោយព្រហ្មចរិយធម៌ខាងដើម ជានិស្ស័យ​ដ៏ឧត្តម។ យើងពិចារណារកមើលនូវ​សាស្តា ជាអ្នក​ឆ្លងផុតសេចក្តីសង្ស័យ ប្រាស​ចាកសេចក្តីងឿងឆ្ងល់​ មានព្រះតម្រិះ ដល់នូវទីបំផុត ដោយព្រហ្មចរិយធម៌ខាងដើម ជានិស្ស័យ​ដ៏ឧត្តមយ៉ាងនេះ ដែលប្រកបដោយគុណនេះ ក្នុងចំណែក​កាល ដែល​កន្លងទៅ​ហើយ មិនឃើញមានទេ ក្នុងកាលឥឡូវនេះ ក្រៅអំពី​ព្រះមានព្រះភាគ ​អង្គនោះចេញហើយ ក៏មិនឃើញ​មានឡើយ។ បពិត្រព្រះអង្គដ៏ចំរើន សក្កទេវរាជ ជាធំ​ជាងពួកទេវតា បានសំដែង​គុណជារបស់ពិតទាំង​៨ប្រការ របស់​ព្រះមានព្រះភាគនេះឯង ដល់​សនង្កុមារព្រហ្ម។

[៥៧] បពិត្រព្រះអង្គដ៏ចំរើន ព្រោះហេតុនោះ បានជាសនង្កុមារព្រហ្ម មាន​ចិត្ត​ត្រេកអរ រីករាយ កើតបីតិ សោមនស្ស ព្រោះបានស្តាប់​គុណជារបស់ពិតទាំង៨ប្រការ របស់​ព្រះមានព្រះភាគ។ បពិត្រព្រះអង្គដ៏ចំរើន គ្រានោះ សនង្កុមារព្រហ្ម និម្មិតអត្តភាព​ដ៏លើសលុប ដូចជាភេទកុមារ មានផ្នួង៥ប្រាកដហើយ ដល់ពួកទេវតាជានតាវត្តិង្ស។ ព្រហ្ម​នោះ ក៏ហោះឡើងទៅកាន់អាកាស អង្គុយពែនភ្នែន លើផ្ទៃអាកាសវាលធេង។ បពិត្រព្រះអង្គដ៏ចំរើន បុរសមានកម្លាំង អង្គុយពែនភ្នែនលើបល្លង្ក ដែលគេក្រាលល្អ​ហើយ ឬលើភូមិភាគដ៏រាបស្មើ មានឧបមាដូចម្តេចមិញ បពិត្រព្រះអង្គដ៏ចំរើន សនង្កុមារព្រហ្ម ហោះឡើងទៅកាន់អាកាស អង្គុយពែនភ្នែន លើផ្ទៃអាកាស វាលធេង ក៏​មានឧបមេយ្យ​ដូច្នោះដែរ ហើយនិយាយនឹងពួកទេវតាជាន់តាវត្តិង្សថា នែអ្នកដ៏ចំរើន​ទាំងឡាយ ពួកទេវតាជាន់តាវត្តិង្ស សំគាល់សេចក្តីនោះដូចម្តេច ព្រះមានព្រះភាគនោះ ជាបុគ្គល​មានបញ្ញាច្រើន អស់កាលអង្វែងមកហើយ។ ម្នាលអ្នកដ៏ចំរើន​ រឿង​ធ្លាប់​មានមក​ហើយថា មានស្តេច​មួយព្រះអង្គ ទ្រង់ព្រះនាមទិសម្បតិ។ មានព្រាហ្មណ៍ឈ្មោះ​គោវិន្ទៈ ជាបុរោហិត របស់ព្រះបាទទិសម្បតិ។ ព្រះបាទទិសម្បតិ មានព្រះរាជបុត្រ១ព្រះអង្គ ទ្រង់ព្រះនាម​រេណុកុមារ។ គោវិន្ទព្រាហ្មណ៍ មានកូនប្រុសម្នាក់ ឈ្មោះជោតិបាល​មាណព។ ជនទាំង៨នាក់នេះ គឺរេណុរាជបុត្រ១ ជោតិបាលមាណព​១ និងក្សត្រ33) ៦ព្រះអង្គទៀត សុទ្ធតែជាសំឡាញ់​នឹងគ្នា។ ម្នាលអ្នក​ដ៏ចំរើន លុះថ្ងៃ និងយប់កន្លងទៅហើយ គោវិន្ទព្រាហ្មណ៍ ក៏ធ្វើមរណកាលទៅ។ ម្នាលអ្នកដ៏​ចំរើន កាលដែលគោវិន្ទព្រាហ្មណ៍ ធ្វើមរណកាលទៅហើយ ព្រះបាទទិសម្បតិ ទ្រង់ព្រះកន្សែង​សោកស្តាយថា ឱហ្ន៎ ក្នុងសម័យណា យើងបានប្រគល់រាជកិច្ចទាំង​ពួង​ដោយស្រួលបួល ដល់គោវិន្ទព្រាហ្មណ៍ហើយ កំពុងតែស្កប់ស្កល់ មូលមិត ផ្តេកផ្តិតដោយ​កាមគុណទាំង៥ សម័យនោះឯង គោវិន្ទព្រាហ្មណ៍ ក៏ធ្វើមរណកាលទៅ។ ម្នាលអ្នកដ៏​ចំរើន កាលព្រះបាទ​ទិសម្បតិ ទ្រង់ព្រះកន្សែង​សោកស្តាយយ៉ាងនោះហើយ រេណុរាជបុត្ត ក៏ក្រាបបង្គំទូល​ព្រះបាទ​ទិសម្បតិ យ៉ាងនេះថា បពិត្រព្រះសម្មតិទេព សូមព្រះអង្គ កុំទ្រង់​ព្រះកន្សែង នឹង​គោវិន្ទព្រាហ្មណ៍ ដែលធ្វើមរណកាលទៅនោះ ខ្លាំងពេកឡើយ បពិត្រ​ព្រះសម្មតិទេព គោវិន្ទព្រាហ្មណ៍ មានកូនប្រុសម្នាក់ ឈ្មោះ ជោតិបាលមាណព ជាបណ្ឌិត​វិសេស​ជាង​បិតា​ផង ជាអ្នកមុះមុត អាចកាត់​សេចក្តី​បានជាងបិតាផង បិតា​របស់​ជោតិបាលមាណព​នោះ ប្រៀនប្រដៅនូវសេចក្តីទាំងឡាយណា សេចក្តីទាំងឡាយ​នោះ សុទ្ធតែជាពាក្យ​ប្រៀន​ប្រដៅ របស់ជោតិបាលមាណព។ ព្រះបាទទិសម្បតិ មាន​ព្រះរាជឱង្ការថា ម្នាល​កុមារ យ៉ាងហ្នឹងមែនឬ។ ព្រះរេណុរាជកុមារ ក្រាបបង្គំទូលថា បពិត្រព្រះសម្មតិទេព យ៉ាងហ្នឹងមែន។ ម្នាលអ្នកដ៏ចំរើន គ្រានោះ ព្រះបាទទិសម្បតិ មានព្រះរាជឱង្ការ​ឲ្យ​ហៅ​បុរសម្នាក់ថា នែបុរសដ៏ចំរើន ឯងចូរមកនេះ ឯចូរ​ចូលទៅ​រក​ជោតិបាលមាណព លុះចូល​ទៅដល់ហើយ ចូរនិយាយនឹងជោតិបាលមាណព​យ៉ាង​នេះថា សូមសេចក្តីចំរើន មាន​ដល់​ជោតិបាលមាណពដ៏ចំរើនចុះ ព្រះបាទទិសម្បតិ មានព្រះរាជឱង្ការ ឲ្យហៅ​ជោតិបាល​មាណពដ៏ចំរើន ព្រះបាទទិសម្បតិ ចង់ជួប​នឹង​ជោតិបាលមាណពដ៏ចំរើន។ ម្នាលអ្នកដ៏ចំរើន រាជបុរសនោះទទួលព្រះរាជឱងការ​ព្រះបាទទិសម្បតិថា បពិត្រ​ព្រះសម្មតិ​ទេព ព្រះករុណាវិសេស ហើយចូលទៅ​រក​ជោតិបាលមាណព លុះចូលទៅ​ដល់​ហើយ បានថ្លែងព្រះឱង្ការ​នេះ នឹង​ជោតិបាលមាណពថា សូមសេចក្តីចំរើន​មានដល់​ជោតិបាលមាណពដ៏ចំរើនចុះ ព្រះបាទ​ទិសម្បតិ មានព្រះឱង្ការឲ្យហៅ​ជោតិបាល​មាណព​ដ៏ចំរើន ព្រះបាទទិសម្បតិ ចង់ជួប​នឹង​ជោតិបាលមាណពដ៏ចំរើន។ ម្នាលអ្នកដ៏ចំរើន ជោតិបាលមាណព ទទួលតបពាក្យ​រាជបុរស​នោះថា អើអ្នកដ៏ចំរើន យ៉ាងនេះហើយ ទើបចូលទៅគាល់​ព្រះបាទទិសម្បតិ លុះចូលទៅដល់ហើយ ក៏ពោល​ពាក្យ​រាក់ទាក់ ជាមួយនឹងព្រះបាទទិសម្បតិ លុះបញ្ចប់​ពាក្យដែលគួររីករាយ និងពាក្យ​ដែល​គួរលឹកហើយ ក៏អង្គុយក្នុងទីដ៏សមគួរ។ ម្នាល​អ្នកដ៏​ចំរើន លុះជោតិបាលមាណព អង្គុយក្នុងទីដ៏សមគួរហើយ ទើបព្រះបាទទិសម្បតិ មានព្រះ​បន្ទូលយ៉ាងនេះថា ជោតិបាល​មាណពដ៏ចំរើន ចូរអ្នក​ប្រៀនប្រដៅយើងចុះ ជោតិបាលមាណពដ៏ចំរើន កុំលះបង់​យើងអំពីការប្រៀនប្រដៅឡើយ យើងនឹង​តាំង​អ្នក​ក្នុងតំណែងងារជាដំណែល​បិតាអ្នក យើងនឹង​ស្រោចទឹក​អ្នក ក្នុងទីជារបស់គោវិន្ទព្រាហ្មណ៍។ ជោតិបាលមាណព ទទួលព្រះបន្ទូល​ព្រះបាទទិសម្បតិថា ព្រះករុណាវិសេស។ ម្នាលអ្នកដ៏ចំរើន លុះព្រះបាទ​ទិសម្បតិ ទ្រង់​ស្រោចទឹកជោតិបាលមាណព ក្នុងតំណែងងារគោវិន្ទព្រាហ្មណ៍ ទ្រង់តាំង​ជោតិបាលមាណព ក្នុងដំណែង​ជាដំណែលបិតា។ ជោតិបាលមាណព ដែល​ព្រះរាជា​ទ្រង់ស្រោចទឹក ក្នុងទីជារបស់គោវិន្ទព្រាហ្មណ៍ ទ្រង់តាំង​ងារជាដំណែល​បិតាហើយ តែងប្រៀនប្រដៅនូវសេចក្តីទាំងឡាយ ដែលបិតាបានប្រៀនប្រដៅហើយ ដល់ព្រះរាជា​នោះផង មិនបានប្រៀនប្រដៅ នូវសេចក្តីទាំងឡាយ ដែលបិតាមិនបានប្រៀនប្រដៅ​ ដល់​ព្រះរាជានោះផង បានចាត់ចែង​ការងារទាំងឡាយ ដែលបិតាបានចាត់ចែងហើយ ដល់​ព្រះរាជានោះផង មិនបានចាត់ចែងនូវការងារទាំងឡាយ ដែលបិតា​មិនបានចាត់ចែង​ហើយ ដល់ព្រះរាជានោះផង។ មនុស្សទាំងឡាយ ក៏នាំគ្នា​និយាយពីដំណើរ​នោះថា អើហ្ន៎ មើលចុះគោវិន្ទព្រាហ្មណ៍ អើហ្ន៎ មើលចុះមហាគោវិន្ទព្រាហ្មណ៍។ ម្នាលអ្នកដ៏ចំរើ់ន ជោតិបាលមាណព ក៏បានឈ្មោះថា មហាគោវិន្ទព្រាហ្មណ៍ ដោយបរិយាយនេះ យ៉ាងនេះ​ឯង។

[៥៨] ម្នាលអ្នកដ៏ចំរើន គ្រានោះ មហាគោវិន្ទព្រាហ្មណ៍ ចូលទៅគាល់​ក្សត្រទាំង​៦អង្គនោះ លុះចូលទៅដល់ហើយ បានក្រាបបង្គំទូលក្សត្រទាំង៦អង្គនោះ យ៉ាងនេះថា បពិត្រព្រះអង្គម្ចាស់​ដ៏ចំរើន ព្រះបាទទិសម្បតិ ទ្រង់ព្រះជរាចាស់គ្រាំគ្រា ទ្រង់ព្រះជន្ម​មកយូរឆ្នាំហើយ មានព្រះជន្ម ក៏ជ្រុលចូលមកក្នុងបច្ឆិមវ័យហើយ បពិត្រព្រះអង្គម្ចាស់​ដ៏ចំរើន នរណាហ្ន៎ នឹងដឹងនូវជីវិតបាន កាលបើព្រះបាទទិសម្បតិ ទ្រង់ទិវង្គតទៅ ពួក​អ្នករាជការ គប្បីអភិសេក​រេណុរាជបុត្រ ក្នុងរាជសម្បត្តិ ហេតុនេះ រមែង​មាន សូម​ព្រះអង្គម្ចាស់ទាំងឡាយដ៏ចំរើន ស្តេចមក សូមព្រះអង្គម្ចាស់​ទាំងឡាយ ទៅគាល់​ព្រះរេណុរាជបុត្រ លុះចូលទៅដល់ហើយ ត្រូវថ្លែងសេចក្តីចំពោះព្រះរេណុរាជបុត្រ យ៉ាង​នេះថា ពួកយើងជាសំឡាញ់ ជាទីស្រឡាញ់ ជាទីពេញចិត្ត មិនជាទីខ្ពើមរអើម នៃ​ព្រះរេណុរាជបុត្រ​ដ៏ចំរើន ព្រះអង្គដ៏ចំរើន មានសុខយ៉ាងណា ពួកយើង​មានសុខយ៉ាង​នោះ ព្រះអង្គដ៏ចំរើនមានទុក្ខ យ៉ាងណា ពួកយើងមានទុក្ខយ៉ាងនោះ បពិត្រព្រះអង្គ​ម្ចាស់​ដ៏ចំរើន ព្រះបាទទិសម្បតិ ទ្រង់ព្រះជរា ចាស់គ្រាំគ្រា ទ្រង់ព្រះជន្ម​មកយូរឆ្នាំហើយ មានព្រះជន្ម ក៏ជ្រុលចូលមកក្នុងបច្ឆិមវ័យហើយ បពិត្រព្រះអង្គម្ចាស់​ដ៏ចំរើន នរណាហ្ន៎ នឹងដឹងនូវជីវិតបាន កាលបើព្រះបាទទិសម្បតិ ទ្រង់ទិវង្គតទៅ ពួក​អ្នករាជការ គប្បី​អភិសេក​​ព្រះរេណុរាជបុត្រដ៏ចំរើន ក្នុងរាជសម្បត្តិ ហេតុនេះរមែង​មាន បើព្រះរេណុរាជបុត្រ​ដ៏ចំរើន ត្រូវបានរាជសម្បត្តិ សូម​ព្រះអង្គចែករាជ​សម្បត្តិ​ដល់យើង​ខ្ញុំទាំងឡាយផង។ ក្សត្រទាំង៦អង្គនោះ ទទួលពាក្យរបស់មហាគោវិន្ទព្រាហ្មណ៍ថា ម្នាល​អ្នក​ដ៏ចំរើន មែន​ហើយ ទើបចូលទៅគាល់​រេណុរាជបុត្រ លុះចូលទៅដល់ហើយ ក្រាប​ទូល​រេណុរាជបុត្រ យ៉ាងនេះថា យើងទាំងឡាយ ជាសំឡាញ ជាទីស្រឡាញ់ ជា​ទី​ពេញ​ចិត្ត មិនជាទីខ្ពើមរអើម នៃ​ព្រះរេណុរាជកុមារ​ដ៏ចំរើនឡើយ ព្រះអង្គដ៏ចំរើន មាន​សុខ​យ៉ាងណា ពួកយើង​មានសុខយ៉ាង​នោះ ព្រះអង្គដ៏ចំរើនមានទុក្ខ យ៉ាងណា ពួកយើងមាន​ទុក្ខយ៉ាងនោះ បពិត្រព្រះអង្គ​ម្ចាស់​ដ៏ចំរើន ព្រះបាទទិសម្បតិ ទ្រង់ព្រះជរា ចាស់គ្រាំគ្រា ទ្រង់ព្រះជន្ម​មកយូរឆ្នាំហើយ មានព្រះជន្ម ក៏ជ្រុលចូលមកក្នុងបច្ឆិម​វ័យ​ហើយ បពិត្រព្រះអង្គម្ចាស់​ដ៏ចំរើន នរណាហ្ន៎ នឹងដឹងនូវជីវិតបាន កាលបើព្រះបាទ​ទិសម្បតិ ទ្រង់ទិវង្គតហើយ ពួក​អ្នករាជការ គប្បី​អភិសេក​​ព្រះរេណុរាជបុត្រដ៏ចំរើន ក្នុង​រាជ​សម្បត្តិ ហេតុនេះរមែង​មាន បើព្រះរេណុរាជបុត្រ​ដ៏ចំរើន ត្រូវបានរាជសម្បត្តិហើយ សូម​ព្រះអង្គចែករាជសម្បត្តិដល់យើងខ្ញុំទាំងឡាយផង។ រេណុរាជបុត្រ ទ្រង់តបថា ម្នាល​អ្នកដ៏ចំរើន បើក្រៅអំពីអ្នកដ៏ចំរើនទាំងឡាយហើយ អ្នកដទៃណា នឹងផ្តល់​សេចក្តីសុខឲ្យកើតឡើង ក្នុងដែនរបស់យើងបាន ម្នាលអ្នកដ៏ចំរើន បើយើងនឹង​បាន​រាជសម្បត្តិ យើងនឹងចែករាជសម្បត្តិ ដល់អ្នកទាំងឡាយផងដែរ។ ម្នាលអ្នកដ៏ចំរើន លុះ​ថ្ងៃ និងយប់ទាំងឡាយកន្លងទៅហើយ ព្រះបាទទិសម្បតិ ក៏ទ្រង់ទិវង្គតទៅ។ កាលបើ​ព្រះបាទទិសម្បតិ ទ្រង់ទិវង្គតទៅហើយ ពួកអ្នករាជការ ក៏បានអភិសេក​ព្រះរេណុរាជ​បុត្រ ក្នុងរាជសម្បត្តិ។ លុះព្រះរេណុរាជបុត្រ បានអភិសេក​ដោយរាជសម្បត្តិហើយ ទ្រង់​ស្កប់​ស្កល់ មូលមិត្រផ្តេកផ្តិត ដោយកាមគុណទាំង៥។ ម្នាលអ្នកដ៏ចំរើន គ្រានោះឯង មហាគោវិន្ទព្រាហ្មណ៍ ចូលទៅគាល់ក្សត្រទាំង៦អង្គនោះ លុះចូលទៅដល់ហើយ ទើប​ក្រាបបង្គំទូលក្សត្រទាំង៦អង្គនោះ យ៉ាងនេះថា បពិត្រព្រះអង្គម្ចាស់ដ៏ចំរើន ព្រះបាទ​ទិសម្បតិ ទ្រង់ទិវង្គតទៅហើយ ព្រះបាទរេណុ ដែលបានអភិសេកដោយរាជសម្បត្តិ​ហើយ ព្រះអង្គក៏ស្កប់ស្កល់ មូលមិត្រផ្តេកផ្តិត ដោយកាមគុណទាំង៥ បពិត្រព្រះអង្គម្ចាស់​ដ៏​ចំរើន នរណាហ្ន៎ហ នឹងដឹង (រឿងនេះបាន ព្រោះ) កាមារម្មណ៍ទាំងឡាយ សុទ្ធតែជាសភាវៈ​ នាំ​ឲ្យស្រវឹង សូមឲ្យព្រះអង្គម្ចាស់​ដ៏ចំរើនទាំងឡាយ ស្តេចមក និងចូលទៅគាល់ព្រះបាទ​រុណុ លុះចូលទៅដល់ហើយ ចូរ​ក្រាបទូលព្រះបាទរេណុយ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ព្រះបាទទិសម្បតិ ទ្រង់ទិវង្គតហើយ ព្រះបាទ​រេណុដ៏ចំរើន បាន​ទទួលអភិសេក ដោយរាជសម្បត្តិហើយ ព្រះអង្គដ៏ចំរើន រលឹក​ឃើញពាក្យនោះដែរឬ។ ពួកក្សត្រទាំង៦ អង្គនោះ ទទួលពាក្យរបស់មហាគោវិន្ទព្រាហ្មណ៍ថា ម្នាលអ្នកដ៏ចំរើន មែន​ហើយ រួចក៏ចូលទៅគាល់ព្រះបាទរេណុ លុះចូលទៅដល់ហើយ បានក្រាប​​ទូល​ព្រះបាទរេណុ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ព្រះបាទទិសម្បតិ ទ្រង់ទិវង្គតហើយ ព្រះបាទ​រេណុដ៏ចំរើន បាន​ទទួលអភិសេក ដោយរាជសម្បត្តិហើយ តើព្រះអង្គដ៏​ចំរើន រលឹក​ឃើញពាក្យនោះដែរឬ។ ព្រះបាទរេណុ មានព្រះរាជឱង្ការថា ម្នាលអ្នកដ៏​ចំរើន យើងរលឹកឃើញ​ពាក្យនោះដែរ។ ពួកក្សត្រទាំង៦អង្គ ក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន នរណាហ្ន៎ ល្មមនឹងចែកមហាប្រឹថពីនេះ ដែលមានបណ្តោយ​ទៅខាងទិសឧត្តរ មានមុខ​ដូចជាមុខរទេះ ទៅខាងទិសទក្សិណ ឲ្យមានចំណែកស្មើគ្នា ជា៧ភាគបាន។ ព្រះបាទ​រេណុ មានព្រះរាជឱង្ការថា ម្នាលអ្នកដ៏ចំរើន វៀរលែងតែមហាគោវិន្ទព្រាហ្មណ៍ចេញ អ្នកដទៃណាហ្ន៎ ល្មមនឹងចែកបាន។ ម្នាលអ្នកដ៏ចំរើន គ្រានោះឯង ព្រះបាទរេណុ មាន​ព្រះរាជឱង្ការហៅបុរសម្នាក់មកថា ម្នាលអ្នកដ៏ចំរើន ឯងចូរមកនេះ ឯងចូរទៅរក​មហាគោវិន្ទព្រាហ្មណ៍ លុះចូលទៅដល់ហើយ ចូរជំរាបមហាគោវិន្ទព្រាហ្មណ៍ យ៉ាង​នេះថា បពិត្រលោកដ៏ចំរើន ព្រះបាទរេណុ មានព្រះរាជឱង្ការ​ឲ្យហៅលោក។ ម្នាល​អ្នក​ដ៏ចំរើន បុរសនោះ ទទួលព្រះរាជឱង្ការ នៃព្រះបាទរេណុថា បពិត្រព្រះសម្មតិទេព ព្រះកុរណាវិសេស ហើយចូលទៅរក​មហាគោវិន្ទព្រាហ្មណ៍ លុះចូលទៅដល់ហើយ បាន​ជំរាបមហាគោវិន្ទព្រាហ្មណ៍ យ៉ាងនេះថា បពិត្រលោកដ៏ចំរើន ព្រះបាទរេណុ មាន​ព្រះ​រាជឱង្ការឲ្យហៅលោក។ ម្នាលអ្នកដ៏ចំរើន មហាគោវិន្ទព្រាហ្មណ៍ ទទួលពាក្យរបស់​បុរស​នោះថា អើអ្នកដ៏ចំរើន ហើយចូលទៅគាល់ព្រះបាទរេណុ លុះចូលទៅដល់ហើយ ក៏​ពោលពាក្យរាក់ទាក់ សំណេះសំណាល ទៅរកព្រះបាទរេណុ លុះបញ្ចប់ពាក្យដែល​គួរ​រីករាយ និងពាក្យដែលគួររលឹកហើយ ក៏អង្គុយក្នុងទីដ៏សមគួរ។ ម្នាលអ្នកដ៏ចំរើន លុះ​មហាគោវិន្ទព្រាហ្មណ៍ អង្គុយក្នុងទីដ៏សមគួរហើយ ព្រះបាទរេណុ មានព្រះរាជឱង្ការ​យ៉ាងនេះថា គោវិន្ទព្រាហ្មណ៍ដ៏ចំរើន ចូរអញ្ជើញមកចែកមហាប្រឹថពីនេះ ដែលមាន​បណ្តោយ​ទៅខាងទិសឧត្តរ មានមុខ​ដូចជាមុខរទេះ ទៅខាងទិសទក្សិណ ឲ្យមានចំណែក​ស្មើគ្នាជា៧ភាគ។ ម្នាលអ្នកដ៏ចំរើន មហាគោវិន្ទព្រាហ្មណ៍ ទទួលព្រះបន្ទូល​ព្រះបាទ​រេណុថា បពិត្រព្រះសម្មតិទេព ព្រះករុណាវិសេស ហើយក៏ចែកមហាប្រឹថពីនេះ ដែលមាន​បណ្តោយ​ទៅខាងទិសឧត្តរ មានមុខ​ដូចជាមុខរទេះ ទៅខាងទិសទក្សិណ ឲ្យមានចំណែក​ស្មើគ្នាជា៧ភាគ ហើយតំកល់ទុកនូវ​ដែនទាំងអស់ ឲ្យមានមុខ​ដូចជា​មុខរទេះ។ មានសេចក្តីដំណាល ក្នុងរឿងនោះថា ជនបទ របស់ព្រះបាទរេណុ នៅត្រង់កណ្តាល។

[៥៩] គោវិន្ទព្រាហ្មណ៍ បានសាងទីក្រុងទាំង៧នេះ​ គឺក្រុងទន្តបូរៈ សម្រាប់ពួក​អ្នកដែន​កាលិង្គៈ១ ក្រុងបោតនៈ សម្រាប់ពួកអ្នកដែនអស្សកៈ១ ក្រុងមាហិស្សតិ សម្រាប់ពួកអ្នកដែនអវន្តិ១ ក្រុងរោរុកៈ សម្រាប់ពួកអ្នកដែនសោចិរៈ១ ក្រុងមិថិលា សម្រាប់ពួកអ្នកដែនវិទេហៈ១ ក្រុងចម្បាដែលកសាង ក្នុងដែន​ឈ្មោះអង្គៈ១​ ក្រុងពារាណសី សម្រាប់ពួកអ្នកដែនកាសី១។

[៦០] ម្នាលអ្នកដ៏ចំរើន គ្រានោះឯង ក្សត្រទាំង៦អង្គនោះ ទ្រង់សព្វព្រះទ័យ មានសេចក្តីប្រាថ្នាពេញបរិបូណ៌ហើយ ដោយលាភគួរដល់ព្រះអង្គថា ឱហ្ន៎ របស់ណា ដែលពួកយើង​ប្រាថ្នាហើយ របស់ណា ដែលពួកយើងប៉ុនប៉ងសំដៅយកហើយ របស់​ណា ដែលពួកយើង​កត់សំគាល់​ទុកហើយ របស់នោះៗ ក៏ពួកយើង​បានអស់ហើយ។

[៦១] ព្រះបាទសត្តភូ អង្គ១ ព្រះបាទព្រហ្មទត្តអង្គ១ ព្រះបាទវេស្សភូអង្គ១ ព្រមទាំង​ព្រះបាទភរតៈអង្គ១ ព្រះបាទរេណុអង្គ១ ព្រះបាទធតរដ្ឋ២ព្រះអង្គទៀត រួមបាន​ជាស្តេចគ្រប់គ្រង​ផែនដី មាន៧ព្រះអង្គ ក្នុងគ្រានោះ។

ចប់ បឋមភាណវារៈ។

[៦២] ម្នាលអ្នកដ៏ចំរើន គ្រានោះឯង ក្សត្រទាំង៦អង្គនោះ ចូលទៅរក​មហាគោវិន្ទ​ព្រាហ្មណ៍ លុះចូលទៅដល់ហើយ ក៏មានព្រះរាជឱង្ការទៅនឹង​មហាគោវិន្ទព្រាហ្មណ៍ យ៉ាង​នេះថា ម្នាលអ្នកដ៏ចំរើន គោវិន្ទព្រាហ្មណ៍ដ៏ចំរើន ជាសំឡាញ់ ជាទីស្រឡាញ់​ពេញ​ព្រះទ័យ មិនជាទីខ្ពើមរអើម នៃព្រះបាទរេណុ យ៉ាងណាមិញ គោវិន្ទព្រាហ្មណ៍ដ៏ចំរើន ក៏ជាសំឡាញ់ ជាទីស្រឡាញ់ ពេញចិត្ត មិនជាទីខ្ពើមនៃពួក​យើង​យ៉ាងនោះដែរ​ គោវិន្ទ​ព្រាហ្មណ៍​ដ៏ចំរើន ចូរប្រៀនប្រដៅពួកយើងចុះ គោវិន្ទព្រាហ្មណ៍​ដ៏ចំរើន កុំលះបង់​យើង​អំពី​ការប្រៀនប្រដៅឡើយ។ ម្នាលអ្នកដ៏ចំរើន មហាគោវិន្ទព្រាហ្មណ៍ ទទួលស្តាប់​ព្រះឱង្ការ​​ក្សត្រទាំង៦ព្រះអង្គនោះ ដែល​បានមុទ្ធាភិសេកហើយថា ព្រះករុណាវិសេស។ ម្នាលអ្នកដ៏ចំរើន គ្រានោះឯង មហាគោវិន្ទព្រាហ្មណ៍ ក៏ប្រៀនប្រដៅពួកក្សត្រទាំង៧អង្គ ដែលបានមុទ្ធាភិសេក ដោយរាជសម្បត្តិ ដោយអនុសាសនីផង បានបង្រៀន​មន្ត ដល់​ព្រាហ្មណមហាសាល ៧នាក់ផង និងខ្មាន់ព្រះកេស៧០០នាក់ផង។ ម្នាលអ្នកដ៏ចំរើន កាលជាខាងក្រោយមក កិត្តិសព្ទដ៏ពីរោះ របស់មហាគោវិន្ទព្រាហ្មណ៍ ល្បីឮខ្ចរខ្ចាយថា មហាគោវិន្ទព្រាហ្មណ៍ អាច​ឃើញព្រហ្ម ដោយផ្តាល់ខ្លួន មហាគោវិន្ទព្រាហ្មណ៍ អាច​សាក​សួរ និយាយឆ្លើយ​ឆ្លង ប្រឹក្សាជាមួយនឹងព្រហ្មដោយផ្ទាល់ខ្លួនបាន។ ម្នាលអ្នកដ៏ចំរើន គ្រា​នោះ​ឯង មហាគោវិន្ទព្រាហ្មណ៍ មានសេចក្តីត្រិះរិះយ៉ាងនេះថា កិត្តិសព្ទដ៏ពីរោះ របស់​អាត្មា​អញ ល្បីឮខ្ចរខ្ចាយទៅ យ៉ាងនេះថា មហាគោវិន្ទព្រាហ្មណ៍ អាច​ឃើញព្រហ្ម ដោយ​ផ្តាល់​ខ្លួន មហាគោវិន្ទព្រាហ្មណ៍ អាចសាកសួរ និយាយឆ្លើយ​ឆ្លង ប្រឹក្សាជាមួយនឹង​ព្រហ្ម​ដោយ​ផ្ទាល់​ខ្លួនបាន តែអាត្មាអញ មិនបានឃើញព្រហ្មសោះ មិនបានសាកសួរ​ ជាមួយ​នឹង​​ព្រហ្ម មិនបាននិយាយឆ្លើយឆ្លង ជាមួយនឹងព្រហ្ម មិនបានប្រឹក្សា​ជាមួយនឹងព្រហ្មទេ ប៉ុន្តែ​អាត្មាអញ ធ្លាប់ឮពាក្យនេះ របស់ព្រាហ្មណ៍​ចាស់ៗ មានអាយុច្រើន ជាអាចារ្យ​ប្រធាន​​លើអាចារ្យ និយាយគ្នាថា បុគ្គលណា សម្ងំនៅក្នុងរដូវភ្លៀង អស់៤ខែ ហើយ​ពិចារណា​​នូវករុណាឈាន បុគ្គលនោះ នឹងឃើញព្រហ្ម នឹងសាកសួរ​ និយាយឆ្លើយឆ្លង ប្រឹក្សាជាមួយនឹងព្រហ្មបាន បើដូច្នោះ​ គួរតែអាត្មាអញ សម្ងំនៅក្នុងរដូវភ្លៀង អស់៤ខែ ពិចារណា​នូវករុណាឈាន។ គ្រានោះឯង មហាគោវិន្ទព្រាហ្មណ៍ ចូលទៅគាល់​ព្រះបាទ​រេណុ លុះចូលទៅដល់ហើយ បានក្រាបទូលព្រះបាទរេណុ យ៉ាងនេះថា បពិត្រព្រះអង្គ​ដ៏ចំរើន កិត្តិសព្ទដ៏ពីរោះ របស់ខ្ញុំព្រះអង្គ ល្បីឮខ្ចរខ្ចាយទៅ យ៉ាងនេះថា មហាគោវិន្ទ​ព្រាហ្មណ៍ អាច​ឃើញព្រហ្ម ដោយផ្តាល់ខ្លួន មហាគោវិន្ទព្រាហ្មណ៍ អាចសាកសួរ និយាយ​ឆ្លើយ​ឆ្លង ប្រឹក្សាជាមួយនឹង​ព្រហ្ម​ ដោយ​ផ្ទាល់​ខ្លួនបាន បពិត្រព្រះអង្គដ៏ចំរើន តែខ្ញុំព្រះអង្គ មិនបានឃើញព្រហ្មសោះទេ មិនបានសាកសួរ​ ជាមួយនឹង​ព្រហ្ម មិន​បាន​និយាយឆ្លើយឆ្លង ជាមួយនឹងព្រហ្ម មិនបានប្រឹក្សា​ជាមួយនឹងព្រហ្មទេ ប៉ុន្តែ​ខ្ញុំព្រះអង្គ ធ្លាប់ឮពាក្យព្រាហ្មណ៍ ព្រឹទ្ធាចារ្យ មានអាយុច្រើន ជា​អាចារ្យប្រធាន​លើអាចារ្យ និយាយ​គ្នា​ថា បុគ្គលណា សម្ងំនៅក្នុងរដូវភ្លៀង អស់៤ខែ ពិចារណា​នូវករុណាឈាន បុគ្គលនោះ នឹងឃើញព្រហ្មបាន សាកសួរ​ និយាយឆ្លើយឆ្លង ប្រឹក្សាជាមួយនឹងព្រហ្មបាន បពិត្រ​ព្រះអង្គ​ដ៏ចំរើន ខ្ញុំព្រះអង្គប្រាថ្នា នឹង​សម្ងំ​នៅ​ក្នុង​រដូវ​ភ្លៀង អស់៤ខែ ដើម្បីពិចារណា​នូវ​ករុណាឈាន មិនត្រូវឲ្យអ្នកណាមួយ ចូលទៅរក​ខ្ញុំព្រះអង្គឡើយ វៀរលែងតែ​បុគ្គល​ម្នាក់ ជាអ្នកនាំអាហារទៅឲ្យ។ ព្រះបាទ​រេណុ មានព្រះ​រាជឱង្ការថា គោវិន្ទព្រាហ្មណ៍ដ៏ចំរើន សំគាល់​នូវកាលគួរ ក្នុងកាលឥឡូវនេះចុះ។ គ្រានោះឯង មហាគោវិន្ទព្រាហ្មណ៍ ចូលទៅ​គាល់​ក្សត្រទាំង៦អង្គនោះ លុះចូលទៅដល់ហើយ បានក្រាបទូលក្សត្រទាំង៦អង្គនោះ យ៉ាង​នេះថា បពិត្រព្រះអង្គដ៏ចំរើន កិត្តិសព្ទដ៏ពីរោះ របស់ខ្ញុំព្រះអង្គ ល្បីឮខ្ចរខ្ចាយទៅ យ៉ាងនេះថា មហាគោវិន្ទព្រាហ្មណ៍ អាច​ឃើញព្រហ្ម ដោយផ្ទាល់ខ្លួន មហាគោវិន្ទ​ព្រាហ្មណ៍ អាចសាកសួរ និយាយឆ្លើយ​ឆ្លង ប្រឹក្សាជាមួយនឹង​ព្រហ្ម ​ដោយ​ផ្ទាល់​ខ្លួនបាន បពិត្រព្រះអង្គដ៏ចំរើន តែខ្ញុំព្រះអង្គ មិនបានឃើញព្រហ្មសោះ មិនបានសាកសួរ​ ជា​មួយ​នឹង​​ព្រហ្ម មិនបាននិយាយឆ្លើយឆ្លង ជាមួយនឹងព្រហ្ម មិនបានប្រឹក្សា​ជា​មួយនឹងព្រហ្មទេ ខ្ញុំ​ព្រះអង្គ គ្រាន់តែឮសេចក្តីដំណាលនេះ របស់ពួកព្រាហ្មណ៍​ព្រឹទ្ធាចារ្យ មានអាយុច្រើន ជាអាចារ្យប្រធាន​លើអាចារ្យ និយាយថា បុគ្គលណា សម្ងំនៅក្នុងរដូវភ្លៀង អស់៤ខែ ពិចារណា​នូវករុណាឈាន បុគ្គលនោះ នឹងឃើញនូវ​ព្រហ្មបាន សាកសួរ​ និយាយ​ឆ្លើយ​ឆ្លង ប្រឹក្សាជាមួយនឹងព្រហ្មបាន បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គប្រាថ្នា ដើម្បីនឹង​សម្ងំ​នៅ​ក្នុង​រដូវភ្លៀង អស់៤ខែ ពិចារណា​នូវករុណាឈាន មិនត្រូវ​ឲ្យ​អ្នកណាមួយ ចូលទៅរក​ខ្ញុំ​ព្រះអង្គ​ឡើយ វៀរលែងតែបុគ្គលម្នាក់ ជាអ្នក​នាំអាហារទៅឲ្យ។ ក្សត្រទាំង៦អង្គ មាន​ព្រះរាជ​ឱង្ការថា គោវិនទ្ធព្រាហ្មណ៍ដ៏ចំរើន សំគាល់​នូវកាលគួរ ក្នុងកាលឥឡូវ​នេះចុះ។ ម្នាលអ្នកដ៏ចំរើន គ្រានោះឯង មហាគោវិន្ទព្រាហ្មណ៍ ចូលទៅរកព្រាហ្មណមហាសាល​ទាំង​៧នាក់ និងខ្មាន់ព្រះកេស​ទាំង​៧០០នាក់ លុះចូលទៅដល់ហើយ បាននិយាយ​ទៅនឹង​ព្រាហ្មណមហាសាល ទាំង​៧​នាក់ និងខ្មាន់ព្រះកេសទាំង​៧០០នាក់ យ៉ាងនេះថា ម្នាលអ្នកដ៏ចំរើន កិត្តិសព្ទដ៏ពីរោះ របស់ខ្ញុំ ល្បីឮខ្ចរខ្ចាយទៅ យ៉ាងនេះថា មហាគោវិន្ទ​ព្រាហ្មណ៍ អាច​ឃើញព្រហ្ម ដោយ​ផ្ទាល់​ខ្លួន អាចសាកសួរ និយាយឆ្លើយ​ឆ្លង ប្រឹក្សាជា​មួយ​នឹង​ព្រហ្ម​ដោយ​ផ្ទាល់​ខ្លួនបាន ម្នាលអ្នកដ៏ចំរើន តែខ្ញុំមិនបានឃើញព្រហ្មសោះ មិនបានសាកសួរ​ ជាមួយនឹង​ព្រហ្ម មិនបាននិយាយឆ្លើយឆ្លង ជាមួយនឹងព្រហ្ម មិនបាន​ប្រឹក្សា​​ជាមួយនឹងព្រហ្មទេ ​ខ្ញុំគ្រាន់តែ​ឮសេចក្តីដំណាលនេះ របស់ពួកព្រាហ្មណ៍ ព្រឹទ្ធាចារ្យ មានអាយុច្រើន ជា​អាចារ្យប្រធាន​លើអាចារ្យ និយាយថា បុគ្គលណា សម្ងំ​នៅ​ក្នុង​រដូវភ្លៀង អស់៤ខែ ពិចារណា​នូវករុណាឈាន បុគ្គលនោះ នឹងឃើញព្រហ្មបាន នឹង​សាកសួរ​ និយាយឆ្លើយឆ្លង ប្រឹក្សាជាមួយនឹងព្រហ្មបាន ម្នាលអ្នកដ៏ចំរើន បើដូច្នោះ ចូរ​អ្នកទាំងឡាយ ស្វាធ្យាយ​នូវមន្តទាំងឡាយ តាមដែលបានស្តាប់មកហើយ បានរៀន​មក​ហើយ ដោយពិស្តារចុះ ចូរប្រាប់មន្តទាំងឡាយ ដល់គ្នានឹងគ្នាផងចុះ ម្នាលអ្នកដ៏ចំរើន ខ្ញុំ​ប្រាថ្នា ដើម្បីនឹង​សម្ងំ​នៅ​ក្នុង​រដូវ​ភ្លៀង អស់៤ខែ ដើម្បីនឹងពិចារណា​នូវករុណាឈាន មិន​ត្រូវឲ្យអ្នកណាមួយ ចូលទៅរក​ខ្ញុំឡើយ វៀរតែបុគ្គលម្នាក់ ជាអ្នកនាំអាហារទៅឲ្យ។ ព្រាហ្មណ​​មហាសាល និងខ្មាន់ព្រះកេសទាំងនោះ និយាយតបថា គោវិន្ទព្រាហ្មណ៍​ដ៏ចំរើន សំគាល់នូវកាលគួរ ក្នុងកាលឥឡូវនេះចុះ។ ម្នាលអ្នកដ៏ចំរើន គ្រានោះឯង មហាគោវិន្ទ​ព្រាហ្មណ៍ ចូលទៅរកប្រពន្ធទាំង​៤០នាក់ ដែល​មានត្រកូល និងជាតិស្មើគ្នា លុះចូលទៅដល់ហើយ បាននិយាយទៅនឹងប្រពន្ធទាំង​៤០នាក់ ដែល​មានត្រកូល និង​ជាតិ​ស្មើគ្នា យ៉ាងនេះថា នែនាងដ៏ចំរើន កិត្តិសព្ទដ៏ពីរោះ របស់អញ ល្បីឮខ្ចរខ្ចាយទៅ យ៉ាងនេះថា មហាគោវិន្ទព្រាហ្មណ៍ អាច​ឃើញព្រហ្ម ដោយផ្ទាល់ខ្លួន មហាគោវិន្ទ​ព្រាហ្មណ៍ អាចសាកសួរ និយាយឆ្លើយ​ឆ្លង ប្រឹក្សាជាមួយនឹង​ព្រហ្ម ​ដោយ​ផ្ទាល់​ខ្លួនបាន នែនាងដ៏ចំរើន តែខ្លួនអញ មិនបានឃើញព្រហ្មសោះ មិនបានសាកសួរ​ ជាមួយនឹង​ព្រហ្ម មិនបាននិយាយឆ្លើយឆ្លង ជាមួយនឹងព្រហ្ម មិនបានប្រឹក្សា​ជាមួយនឹងព្រហ្មទេ ខ្លួនអញ គ្រាន់តែឮសេចក្តីដំណាលនេះ របស់ពួកព្រាហ្មណ៍​ព្រឹទ្ធាចារ្យ មានអាយុច្រើន ជា​អាចារ្យប្រធាន​លើអាចារ្យ និយាយថា បុគ្គលណា សម្ងំនៅក្នុងរដូវភ្លៀង អស់៤ខែ ពិចារណា​​នូវករុណាឈាន បុគ្គលនោះ នឹងឃើញនូវ​ព្រហ្ម នឹងសាកសួរ​ និយាយឆ្លើយ​ឆ្លង ប្រឹក្សាជាមួយនឹងព្រហ្មបាន នែនាងដ៏ចំរើន ឥឡូវអញប្រាថ្នា ដើម្បីសម្ងំនៅក្នុង​រដូវ​ភ្លៀង អស់៤ខែ ពិចារណា​នូវករុណាឈាន មិនត្រូវ​ឲ្យ​អ្នកណាមួយ ចូលទៅរកអញ​ឡើយ វៀរលែងតែបុគ្គលម្នាក់ ជាអ្នក​នាំអាហារទៅឲ្យ។ ប្រពន្ធ​ទាំង​៤០នាក់ ទទួលតបថា គោវិន្ទព្រាហ្មណ៍ដ៏ចំរើន សំគាល់​នូវកាលគួរ ក្នុងកាលឥឡូវ​នេះចុះ។ ម្នាលអ្នកដ៏ចំរើន គ្រានោះឯង មហាគោវិន្ទព្រាហ្មណ៍ ឲ្យសាងអាស្រមថ្មី នាទិសខាងកើតព្រះនគរ ហើយ​សម្ងំ​នៅក្នុងរដូវភ្លៀង​អស់៤ខែ ពិចារណានូវករុណា​ឈាន។ មិនមានអ្នកណា​ចូលទៅរក​គាត់​ឡើយ វៀរលែងតែ​បុគ្គលម្នាក់ ជាអ្នក​នាំ​អាហារ​ទៅឲ្យ។ ម្នាលអ្នកដ៏ចំរើន គ្រានោះ​ឯង កាលកន្លងទៅ៤ខែហើយ មហាគោវិន្ទព្រាហ្មណ៍ កើតសេចក្តីអផ្សុក អន្ទះអន្ទែងថា អាត្មាអញ ធ្លាប់ឮសេចក្តីដំណាលនេះ របស់​ពួក​ព្រាហ្មណ៍ ព្រឹទ្ធាចារ្យ មានអាយុច្រើន ជាអាចារ្យប្រធានលើអាចារ្យ និយាយថា បុគ្គល​ណា សម្ងំនៅក្នុងរដូវភ្លៀង អស់៤ខែ ពិចារណា​នូវករុណាឈាន បុគ្គលនោះ នឹងឃើញ​ព្រហ្ម នឹង​សាកសួរ និយាយឆ្លើយឆ្លង ប្រឹក្សាជាមួយនឹងព្រហ្មបាន តែ (ឥឡូវនេះ) អាត្មា​អញ មិនបានឃើញព្រហ្មសោះ មិន​បាន​សាកសួរ ជាមួយនឹងព្រហ្ម មិនបាននិយាយ​ឆ្លើយឆ្លង ជាមួយនឹងព្រហ្ម មិនបាន​ប្រឹក្សា​ជាមួយនឹងព្រហ្ម។ ម្នាលអ្នកដ៏ចំរើន គ្រានោះ​ឯង សនង្កុមារព្រហ្ម បានដឹងច្បាស់​នូវ​សេចក្តី​ត្រិះរិះក្នុងចិត្ត របស់មហាគោវិន្ទព្រាហ្មណ៍ ដោយចិត្តរបស់ខ្លួនហើយ ក៏ស្រាប់តែ​បាត់អំពីព្រហ្មលោក មកប្រាកដក្នុងទីចំពោះ​មុខមហាគោវិន្ទព្រាហ្មណ៍ ប្រៀបដូចជា​បុរស​មានកំឡាំងលាដៃ ដែលខ្លួនបត់ចូល ឬបត់ដៃ ដែលខ្លួនលាចេញ។ ម្នាលអ្នកដ៏ចំរើន លំដាប់​នោះឯង សេចក្តីភ័យ សេចក្តីតក់ស្លុត និង​ការព្រឺរោម ក៏កើតឡើង​ ដល់​មហាគោវិន្ទ​ព្រាហ្មណ៍ ព្រោះបានឃើញ​រូបដែល​ខ្លួន​មិនធ្លាប់​ឃើញសោះ។ ម្នាលអ្នក​ដ៏​ចំរើន គ្រានោះឯង មហាគោវិន្ទព្រាហ្មណ៍ និយាយទៅនឹង​សនង្កុមារព្រហ្ម ទាំងភិតភ័យ តក់ស្លុត ព្រឺរោមដោយគាថា ថា

[៦៣] បពិត្រលោកនិទ៌ុក្ខ លោកជាអ្វីហ្ន៎ ទើបមានសម្បុរ មានយស មានសិរី (យ៉ាង​នេះ) យើងមិនស្គាល់ បានជាសូម​សួរលោក ធ្វើដូចម្តេចហ្ន៎ យើងនឹងស្គាល់លោក។

សនង្កុមារព្រហ្មឆ្លើយថា ពួកជនតែងស្គាល់ខ្ញុំថាជាកុមារ ក្នុងព្រហ្មលោក មកអស់​កាល​យូរហើយ ពួកទេវតាទាំងពួងសោត ក៏ស្គាល់ខ្ញុំដែរ ម្នាលគោវិន្ទ អ្នកចូរដឹង​យ៉ាងនេះ​ចុះ។

មហាគោវិន្ទព្រាហ្មណ៍ និយាយថា អាសនៈ ទឹក ប្រេង សម្រាប់លាបជើង និង​ទឹកឃ្មុំ តែងមានដល់ព្រហ្ម យើងសូមទទួលលោកដ៏ចំរើន ដោយគ្រឿង​ទទួលភ្ញៀវ សូម​លោកដ៏ចំរើន ទទួលគ្រឿងទទួលភ្ញៀវ របស់យើងចុះ។

សនង្កុមារព្រហ្មឆ្លើយថា ម្នាលគោវិន្ទ អ្នកពោលចំពោះគ្រឿងទទួលភ្ញៀវណា យើង​ព្រមទទួលគ្រឿងទទួលភ្ញៀវនោះរបស់អ្នក យើងបើកឱកាសឲ្យអ្នកសួរហើយ ដើម្បី​ប្រយោជន៍​ក្នុងបច្ចុប្បន្នផង ដើម្បីសេចក្តី​សុខក្នុងបរលោកផង អ្នកប្រាថ្នាប្រយោជន៍​ណាមួយ ចូរសួរប្រយោជន៍នោះចុះ។

[៦៤] ម្នាលអ្នកដ៏ចំរើន គ្រានោះឯង មហាគោវិន្ទព្រាហ្មណ៍ មានសេចក្តីត្រិះរិះ​យ៉ាង​នេះថា សនង្កុមារព្រហ្ម បានបើកឱកាសដល់អញហើយ អាត្មាអញ គួរសួរអ្វី​នឹង​សនង្កុមារព្រហ្មហ្ន៎ គួរសួរប្រយោជន៍ក្នុងបច្ចុប្បន្ន ឬប្រយោជន៍​ក្នុងបរលោក។ ម្នាល​អ្នក​ដ៏ចំរើន គ្រានោះ មហាគោវិន្ទព្រាហ្មណ៍ មានសេចក្តីត្រិះរិះ​យ៉ាងនេះថា អាត្មាអញ ជា​មនុស្ស​​ឈ្លាសវៃ ចំពោះប្រយោជន៍​ក្នុងបច្ចុប្បន្ន​ស្រាប់ហើយ ទាំងពួកជនដទៃ ក៏តែង​សួរ​រក​ប្រយោជន៍ ក្នុងបច្ចុប្បន្ន នឹងអាត្មាអញដែរ បើដូច្នោះ គួរតែអាត្មាអញ សួរសនង្កុមារ​ព្រហ្ម ចំពោះប្រយោជន៍ ក្នុងបរលោក តែមួយយ៉ាងប៉ុណ្ណោះ។ ម្នាលអ្នក​ដ៏ចំរើន គ្រានោះ​ឯង មហាគោវិន្ទព្រាហ្មណ៍ បាននិយាយនឹងសនង្កុមារព្រហ្ម ដោយគាថា​ថា

[៦៥] ខ្ញុំមានសេចក្តីសង្ស័យ សូមសួរ​សនង្កុមារព្រហ្ម ដែលជាអ្នកមិនមានសេចក្តី​សង្ស័យ ក្នុងប្រស្នាទាំងឡាយ ដែលបុគ្គល​ដទៃគួរ​ដឹងថា សត្វឋិតនៅក្នុងធម៌អ្វី សិក្សា​ក្នុងធម៌អ្វី ទើបដល់នូវព្រហ្មលោក ដែលមិនស្លាប់។

សនង្កុមារព្រហ្ម តបថា ម្នាលព្រាហ្មណ៍ សត្វលះបង់​នូវសេចក្តី​ប្រកាន់ថា របស់​អញ ក្នុងពួកសត្វចេញ ជាបុគ្គល​ប្រព្រឹត្តតែម្នាក់ឯង មានចិត្តឱនទៅរក​ករុណា​ឈាន ប្រាសចាកក្លិន​ពុល គឺកិលេស វៀរចាក​មេថុនធម្ម ឋិតនៅក្នុងធម៌​ទាំងនេះ លុះ​សិក្សា​ក្នុងធម៌​ទាំងនេះហើយ ទើបដល់នូវព្រហ្មលោក ដែលមិនស្លាប់។

[៦៦] មហាគោវិន្ទព្រាហ្មណ៍ និយាយតបថា (ត្រង់ពាក្យ) របស់លោកដ៏ចំរើន​ថា លះបង់នូវ​សេចក្តីប្រកាន់ថា របស់អញចេញ ដូច្នេះ ខ្ញុំយល់ច្បាស់ហើយ។ បុគ្គលពួកខ្លះ ក្នុងលោកនេះ លះបង់​នូវគំនរទ្រព្យតិចក្តី លះបង់នូវគំនរទ្រព្យច្រើនក្តី លះបង់នូវ​ញាតិវង្ស​តិចក្តី លះបង់នូវញាតិវង្សច្រើនក្តី ហើយកោរសក់ និងពុកមាត់ ស្លៀកដណ្តប់​សំពត់កាសាយៈ ចេញចាកផ្ទះ ហើយចូលទៅកាន់ផ្នួស (ត្រង់ពាក្យ) របស់លោកដ៏ចំរើន​ថា លះបង់នូវសេចក្តីប្រកាន់ថា របស់អញចេញ ដូច្នេះ ខ្លួនខ្ញុំយល់ច្បាស់ហើយ ដោយ​ប្រការដូច្នេះឯង។ (ត្រង់ពាក្យ) របស់លោកដ៏ចំរើនថា ជាបុគ្គល​ប្រព្រឹត្ត​តែម្នាក់ឯង ដូច្នេះ ខ្ញុំយល់ច្បាស់ហើយ។ បុគ្គលពួកខ្លះ ក្នុងលោកនេះ អាស្រ័យសេនាសនៈស្ងាត់ ចៀសគេច​ទៅនៅតាមព្រៃ ម្លប់ឈើ ភ្នំ ជ្រោះ រអាងភ្នំ ទីស្មសាន ព្រៃស្រោង ទីវាល គំនរ​ស្លឹកឈើ (ត្រង់ពាក្យ) របស់លោកដ៏ចំរើនថា ជាបុគ្គល​ប្រព្រឹត្តតែម្នាក់ឯង ដូច្នេះ ខ្ញុំយល់ច្បាស់​ហើយ ដោយប្រការដូច្នេះឯង។ (ត្រង់ពាក្យ) របស់លោកដ៏ចំរើនថា មានចិត្តឱនទៅរក នូវ​ករុណាឈាន ដូច្នេះ ខ្ញុំយល់ច្បាស់ហើយ។ បុគ្គលពួកខ្លះ ក្នុងលោកនេះ មានចិត្ត​​ប្រកប​ដោយករុណា ផ្សាយទៅកាន់ទិសទី១ ទិសទី២ ក៏ដូចគ្នា ទិសទី៣ ក៏ដូចគ្នា ទិសទី៤ក៏ដូច​គ្នា មានចិត្តប្រកបដោយករុណាដ៏ធំទូលាយ ដល់នូវភាវៈធំ មិនមានប្រមាណ មិនមាន​ពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់លោក ដែលមានសត្វទាំងអស់ ដោយយកខ្លួនឯង ទៅប្រៀបនឹងសត្វទាំងពួង គ្រប់ទិស គឺទិសខាងលើ ទិសខាងក្រោម និងទិស​ទទឹង គឺទិស​តូចៗ ក៏ដូច្នោះដែរ (ត្រង់ពាក្យ) របស់លោកដ៏ចំរើនថា មានចិត្តឱនទៅរកករុណាឈាន ដូច្នេះ ខ្ញុំយល់ច្បាស់ហើយ ដោយប្រការដូច្នេះឯង។ តែថា ខ្ញុំ​មិនយល់សោះនូវពាក្យ របស់លោកដ៏ចំរើន ដែលនិយាយចំពោះ​ពួកក្លិនពុល (នោះ)។

[៦៧] បពិត្រព្រហ្ម អ្វីជាពួកក្លិនពុលក្នុងពួកសត្វ ខ្ញុំមិនស្គាល់ នូវក្លិន​ពុលទាំង​នុ៎ះ​ឡើយ បពិត្រលោកជាអ្នកប្រាជ្ញ សូមលោកមេត្តាប្រាប់ឲ្យទាន ក្នុងទីនេះ កិលេស​ដូច​ម្តេច ដែលរួបរឹត បក់បោកពួកសត្វ​ឲ្យមានក្លិនអាក្រក់ នាំចូលទៅកាន់អបាយ បិទបាំង​ផ្លូវ​ទៅ​កាន់ព្រហ្មលោក។ សនង្កុមារព្រហ្មឆ្លើយតបថា សេចក្តីក្រោធ១ ការនិយាយកុហក១ ការបញ្ឆោត​បន្លំ១ ការទ្រុស្តមិត្រ១ សេចក្តីកំណាញ់ស្វិតស្វាញ១ សេចក្តីមើលងាយគេ១ សេចក្តីច្រណែន១ សេចក្តីប្រាថ្នា១ សេចក្តីសង្ស័យ១ ការបៀតបៀនអ្នកដទៃ១ លោភៈ១ ទោសៈ១ សេចក្តីស្រវឹង១ សេចក្តីវង្វេង១ ពួកសត្វដែល​ប្រកបដោយ​កិលេស​ទាំង​១៤នេះ ឈ្មោះថាជាអ្នកមានក្លិនពុល មិនទាន់អស់ រមែង​ទៅកាន់អបាយ ដែលបិទបាំងផ្លូវ​ទៅ​កាន់​ព្រហ្មលោក។

[៦៨] មហាគោវិន្ទព្រាហ្មណ៍ និយាយថា ខ្ញុំយល់ច្បាស់ហើយ នូវក្លិនពុលទាំង​ឡាយ ដែលលោកដ៏ចំរើននិយាយ តែក្លិនពុលទាំងនោះ បុគ្គលដែលនៅគ្រប់គ្រងផ្ទះ មិនងាយនឹងលះបង់បានឡើយ បពិត្រលោកដ៏ចំរើន ខ្ញុំនឹងចេញចាកផ្ទះ ទៅបួស។ សនង្កុមារព្រហ្ម និយាយតបថា គោវិន្ទព្រាហ្មណ៍ដ៏ចំរើន សំគាល់​នូវកាលគួរ ក្នុងកាល​ឥឡូវនេះចុះ។ ម្នាលអ្នកដ៏ចំរើន គ្រានោះឯង មហាគោវិន្ទព្រាហ្មណ៍ ចូលទៅគាល់​ព្រះបាទរេណុ លុះចូលទៅដល់ហើយ បានក្រាបទូលព្រះបាទរេណុយ៉ាងនេះថា ឥឡូវនេះ សូមព្រះអង្គដ៏ចំរើន ស្វែងរកបុរោហិតឯទៀត សម្រាប់នឹងប្រឹក្សាការរាជការ របស់ព្រះអង្គដ៏ចំរើនចុះ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គប្រាថ្នា ដើម្បីនឹងចេញចាក​ផ្ទះ ទៅបួស ដ្បិតខ្ញុំព្រះអង្គឮព្រហ្មនិយាយអំពីក្លិនពុលទាំងឡាយហើយ តែក្លិនពុលទាំង​នោះ បុគ្គលនៅគ្រប់គ្រងផ្ទះ មិនងាយនឹងលះបង់បានទេ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ នឹងចេញចាកផ្ទះ ទៅបួស។

[៦៩] មហាគោវិន្ទព្រាហ្មណ៍ ក្រាបទូលថា ខ្ញុំព្រះអង្គ សូមក្រាបទូលព្រះបាទ​រេណុ ជាម្ចាស់ផែនដី សូមព្រះអង្គ ទ្រង់ជ្រាបដោយកិច្ចរាជការចុះ ខ្ញុំព្រះអង្គ លែង​ត្រេកអរ​ក្នុង​តំណែង​បុរោហិតហើយ។

ព្រះបាទរេណុ ត្រាស់ថា បើអ្នកខ្វះខាត ដោយវត្ថុទាំងឡាយ ដែលត្រូវការ យើង​នឹង​បំពេញ​ឲ្យអ្នក បើបុគ្គលណាបៀតបៀនអ្នក យើងជាម្ចាស់ នៃសេនាលើផែនដី និងហាម​ប្រាមបុគ្គលនោះ អ្នកទុកដូចជាបិតា យើងទុកដូចជាបុត្រ ម្នាលគោវិន្ទ សូម​អ្នកកុំលះបង់​យើងឡើយ។

មហាគោវិន្ទព្រាហ្មណ៍ ក្រាបទូលថា ការខ្វះខាតដោយវត្ថុទាំងឡាយ ដែលត្រូវការ មិនមានទេ បុគ្គលអ្នកបៀតបៀនខ្ញុំព្រះអង្គ ក៏មិនមានដែរ ប៉ុន្តែខ្ញុំព្រះអង្គ បានស្តាប់​ពាក្យ​របស់​អមនុស្សហើយ ហេតុនោះ បានជា​ខ្ញុំព្រះអង្គ មិនត្រេកអរក្នុងផ្ទះទេ។

ព្រះបាទរេណុ ទ្រង់ត្រាស់ថា អមនុស្សមានភេទដូចម្តេច បាននិយាយ​សេចក្តី​ដូចម្តេចនឹងអ្នក ដែលអ្នកបានស្តាប់ហើយ នឹងលះបង់នូវផ្ទះទាំងឡាយ របស់​យើងផង នូវយើងផង នូវជន​ទាំងអស់ផង។

មហាគោវិន្ទព្រាហ្មណ៍ ក្រាបទូលថា កាលពីដើម ខ្ញុំព្រះអង្គ ចូលទៅពួន​សម្ងំ​នៅ​តែម្នាក់ឯង កាលដែលខ្ញុំព្រះអង្គប្រាថ្នា ដើម្បីបូជាយ័ញ្ញ ខ្ញុំព្រះអង្គ ក៏ប្រមូល​ស្បូវ និងស្លឹកឈើ មកគរបង្កាត់​ភ្លើងឲ្យឆេះឡើង។ លំដាប់នោះ ស្រាប់តែ​សនង្កុមារព្រហ្ម មកអំពីព្រហ្មលោក ប្រាកដ (នៅមុខ) ខ្ញុំព្រះអង្គ ព្រហ្មនោះ បានដោះស្រាយ​ប្រស្នា​នឹង​ខ្ញុំព្រះអង្គ ឯខ្ញុំព្រះអង្គ ក៏បានស្តាប់​នូវសេចក្តី​នោះហើយ ទើបលែងត្រេកអរក្នុងផ្ទះ។

ព្រះបាទរេណុ មានព្រះរាជឱង្ការថា ម្នាលគោវិន្ទ អ្នកនិយាយពាក្យណា យើងក៏​ជឿពាក្យនោះរបស់អ្នកដ៏ចំរើន អ្នកបានស្តាប់​ពាក្យអមនុស្សហើយ នឹងប្រព្រឹត្តទៅដោយ​ឡែក​ដូចម្តេច យើងនោះ នឹងប្រព្រឹត្តតាមអ្នកដែរ ម្នាលគោវិន្ទ (ព្រោះថា) អ្នកដ៏ចំរើន ជាគ្រូយើងស្រាប់ហើយ។ អ្នកប្រៀបដូចកែវមណី និងកែវពៃទូរ្យ មិនមានប្រេះឆារ ថ្លាស្អាត យើងបានឮយ៉ាងនេះហើយ នឹងប្រព្រឹត្ត​តាមពាក្យប្រដៅរបស់អ្នកគោវិន្ទ។

[៧០] ព្រះបាទរេណុ មានព្រះរាជឱង្ការថា ប្រសិនបើគោវិន្ទព្រាហ្មណ៍ដ៏​ចំរើន នឹងចេញចាកផ្ទះ ហើយចូលទៅកាន់ផ្នួស យើងនឹងចេញចាកផ្ទះទៅបួសដែរ បើគតិ​របស់​អ្នកយ៉ាងណា គតិរបស់យើងនឹងទៅជាយ៉ាងនោះដែរ។ ម្នាលអ្នកដ៏ចំរើន គ្រានោះឯង មហាគោវិន្ទព្រាហ្មណ៍ ចូលទៅគាល់ក្សត្រទាំង៦អង្គនោះ លុះចូលទៅដល់ហើយ បាន​ក្រាបទូលក្សត្រទាំង៦អង្គនោះ យ៉ាងនេះថា បពិត្រព្រះអង្គ ឥឡូវនេះ សូមព្រះអង្គ​ទាំងឡាយ​ដ៏ចំរើន ស្វែងរកបុរោហិតដទៃទៀត សម្រាប់នឹងប្រឹក្សាកិច្ចការរដ្ឋ របស់​ព្រះអង្គ​ដ៏​ចំរើន​ចុះ បពិត្រព្រះអង្គ ខ្ញុំព្រះអង្គប្រាថ្នា ដើម្បីនឹងចេញចាក​ផ្ទះ ទៅបួស ដ្បិតខ្ញុំ​ព្រះអង្គបាន​ឮព្រហ្មនិយាយអំពីក្លិនពុលទាំងឡាយហើយ ក្លិនពុលទាំង​នោះ បុគ្គលនៅគ្រប់គ្រងផ្ទះ មិនងាយនឹងលះបង់បានឡើយ បពិត្រព្រះអង្គ ខ្ញុំព្រះអង្គ នឹងចេញចាកផ្ទះ ទៅបួស។ ម្នាល​អ្នកដ៏ចំរើន គ្រានោះឯង ពួកក្សត្រទាំង៦អង្គនោះ ចៀសចេញទៅក្នុងទីដ៏សមគួរ ហើយគិតព្រមគ្នាថា ធម្មតាពួក​ព្រាហ្មណ៍ទាំងនេះ ជាបុគ្គលល្មោភនឹងទ្រព្យ បើដូច្នោះ​ គួរយើងល្បួងមហាគោវិន្ទព្រាហ្មណ៍ដោយទ្រព្យ។ ក្សត្រទាំង៦អង្គនោះ ក៏ចូលទៅ​រក​មហាគោវិន្ទព្រាហ្មណ៍ ហើយថ្លែងសេចក្តីយ៉ាងនេះថា ម្នាលអ្នកដ៏ចំរើន សម្បត្តិក្នុងរាជ្យ​ទាំង៧នេះ មានច្រើន ព្រោះហេតុនោះ អ្នកដ៏ចំរើនត្រូវការដោយសម្បត្តិប៉ុន្មាន ចូរ​យក​សម្បត្តិប៉ុណ្ណោះចុះ។ មហាគោវិន្ទព្រាហ្មណ៍ ក្រាបទូលថា កុំឡើយព្រះអង្គ សម្បត្តិ​របស់​ខ្ញុំ​ព្រះអង្គនេះ បរិបូណ៌ហើយ ជាសម្បត្តិដែលព្រះអង្គដ៏ចំរើនទាំងឡាយ​ប្រទានឲ្យ ខ្ញុំ​ព្រះអង្គ លះចោលសម្បត្តិទាំងអស់ ហើយនឹងចេញចាកផ្ទះទៅបួស តាមពាក្យ​ដែលខ្ញុំ​ព្រះអង្គបានឮព្រហ្មនិយាយអំពីក្លិនពុលទាំងឡាយហើយ ក្លិនពុលទាំងនោះ បុគ្គល​នៅ​គ្រប់គ្រងផ្ទះ មិនងាយនឹងលះបង់​បានឡើយ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ នឹងចេញ​ចាកផ្ទះទៅបួស។ ម្នាលអ្នកដ៏ចំរើន គ្រានោះឯង ក្សត្រទាំង៦អង្គនោះ ចៀសចេញទៅក្នុង​ទីដ៏សមគួរ ហើយគិតព្រមគ្នា យ៉ាងនេះថា ធម្មតាពួក​ព្រាហ្មណ៍ទាំងនេះ ជាបុគ្គលល្មោភនឹងស្រ្តី បើដូច្នោះ​ គួរយើងលួងលោមមហាគោវិន្ទព្រាហ្មណ៍ដោយពួក​ស្ត្រី។ ក្សត្រទាំង៦អង្គនោះ ចូលទៅ​រក​មហាគោវិន្ទព្រាហ្មណ៍ ហើយថ្លែងសេចក្តី​យ៉ាង​នេះ​ថា ម្នាលអ្នកដ៏ចំរើន ពួកស្ត្រីក្នុងរាជ្យ​ទាំង៧នេះ មានច្រើន ព្រោះហេតុនោះ អ្នក​ដ៏​ចំរើន​ត្រូវការដោយពួកស្ត្រីប៉ុន្មាននាក់ ចូរនាំ​យកពួកស្ត្រីប៉ុណ្ណោះចុះ។ មហាគោវិន្ទព្រាហ្មណ៍ ក្រាបទូលថា កុំឡើយព្រះអង្គ អម្បាល​ដូចជាភរិយាទាំង​៤០នាក់ ​របស់​ខ្ញុំ​ព្រះអង្គនេះ សុទ្ធតែ​មានជាតិ និងត្រកូល​ស្មើគ្នា (ម្តេចក៏) ខ្ញុំព្រះអង្គ នឹងលះចោលភរិយា​ទាំងអស់នោះ ហើយចេញចាកផ្ទះទៅបួស តាម​ដែលខ្ញុំ​ព្រះអង្គ​បាន​ឮ​ព្រហ្ម​និយាយ​អំពី​ក្លិន​ពុល​ទាំង​ឡាយ​ហើយ តែថាក្លិនពុលទាំងនោះ បុគ្គល​នៅ​គ្រប់គ្រងផ្ទះ មិនងាយនឹងលះបង់​បានទេ បពិត្រព្រះអង្គ ខ្ញុំព្រះអង្គ នឹងចេញ​ចាកផ្ទះទៅបួស។ ក្សត្រទាំង៦អង្គត្រាស់ថា បើគោវិន្ទព្រាហ្មណ៍ដ៏ចំរើន នឹងចេញចាកផ្ទះ ទៅបួស ពួកយើងក៏ចេញ​ចាកផ្ទះ ទៅបួសដែរ បើគតិរបស់អ្នក យ៉ាងណា គតិរបស់ពួកយើង ក៏យ៉ាងនោះដែរ។

[៧១] មហាគោវិន្ទព្រាហ្មណ៍ ទូលថា បុថុជ្ជនតែងជាប់នៅក្នុងកាមទាំងឡាយណា បើព្រះអង្គទាំងឡាយ នឹងលះបង់​នូវកាមទាំងឡាយនោះចេញ សូមព្រះអង្គប្រារព្ធ​នូវ​ការព្យាយាមឲ្យមាំ ប្រកបដោយកម្លាំងនៃខន្តិធម៌ (ផង)។ នេះជាផ្លូវ​ត្រង់ នេះជាផ្លូវ​ប្រសើរ ដែលពួកសប្បុរ តែង​រក្សាព្រះសទ្ធម្ម ដើម្បី​ទៅកើត​ក្នុងព្រហ្មលោក។

[៧២] ក្សត្រទាំង៦អង្គ ត្រាស់ថា បើដូច្នោះ សូមមហាគោវិន្ទដ៏ចំរើន រង់ចាំ​អស់​៧ឆ្នាំ (សិន) លុះកន្លង៧ឆ្នាំហើយ ពួកយើងនឹងចេញចាកផ្ទះទៅបួស បើគតិរបស់អ្នក យ៉ាងណា គតិរបស់​ពួកយើង ក៏យ៉ាងនោះដែរ។ មហាគោវិន្ទព្រាហ្មណ៍ ក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន ៧ឆ្នាំយូរណាស់ ខ្ញុំព្រះអង្គមិនអាច នឹងរង់ចាំព្រះអង្គ ដល់​៧ឆ្នាំ​បានទេ បពិត្រព្រះអង្គដ៏ចំរើន នរណាឡើយ នឹងអាចដឹងនូវជីវិតបាន ព្រោះបុគ្គល ត្រូវតែទៅកាន់បរលោក បុគ្គល​ត្រូវយល់​ដោយប្រាជ្ញា ត្រូវធ្វើកុសល ត្រូវប្រព្រឹត្ត​ព្រហ្មចរិយធម៌ សត្វដែល​កើតមកហើយ ឈ្មោះថា មិនស្លាប់ គ្មានទេ តាមដែល​ខ្ញុំព្រះអង្គ បានឮព្រហ្មនិយាយអំពីក្លិនពុលទាំងឡាយហើយ ក្លិនពុលទាំងនោះ បុគ្គល​នៅគ្រប់​គ្រង​ផ្ទះ មិនងាយនឹងលះបង់បានឡើយ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនឹងចេញចាកផ្ទះ ចូលទៅ​កាន់ផ្នួស។ ក្សត្រទាំង៦អង្គ មានព្រះរាជឱង្ការថា បើដូច្នោះ សូមគោវិន្ទព្រាហ្មណ៍​ដ៏ចំរើន រង់ចាំអស់៦ឆ្នាំសិន។បេ។ រង់ចាំអស់៥ឆ្នាំសិន។ រង់ចាំអស់៤ឆ្នាំសិន។ រង់ចាំ​អស់​៣ឆ្នាំសិន។ រង់ចាំអស់​២ឆ្នាំសិន។ រង់ចាំអស់១ឆ្នាំសិន លុះដល់កន្លង១ឆ្នាំហើយ ពួក​យើង​នឹងចេញចាកផ្ទះ ទៅបួសដែរ បើគតិរបស់អ្នក យ៉ាងណា គតិរបស់ពួកយើង ក៏យ៉ាង​នោះដែរ។ មហាគោវិន្ទព្រាហ្មណ៍ ក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន ១ឆ្នាំយូរណាស់ ខ្ញុំ​ព្រះអង្គមិនអាច នឹងរង់ចាំព្រះអង្គ អស់១ឆ្នាំបានទេ បពិត្រព្រះអង្គដ៏ចំរើន នរណាហ្ន៎ អាចដឹងនូវជីវិតបាន ព្រោះបុគ្គល​ត្រូវតែ​ទៅកាន់បរលោក បុគ្គលត្រូវយល់ដោយ​ប្រាជ្ញា ត្រូវធ្វើកុសល ត្រូវប្រព្រឹត្ត​ព្រហ្មចរិយធម៌ សត្វដែលកើតហើយ ឈ្មោះថា មិនស្លាប់ គ្មានទេ ព្រោះខ្ញុំព្រះអង្គ បានឮព្រហ្មនិយាយ អំពីក្លិនពុលទាំងឡាយហើយ ក្លិនពុល​ទាំងនោះ បុគ្គល​នៅគ្រប់គ្រងផ្ទះ មិនងាយ​នឹងលះបង់​បានឡើយ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ នឹងចេញចាកផ្ទះទៅបួស។ ក្សត្រទាំង៦អង្គ មានព្រះរាជឱង្ការ​ថា បើដូច្នោះ សូម​គោវិន្ទព្រាហ្មណ៍ដ៏ចំរើន រង់ចាំអស់៧ខែសិន លុះកន្លង៧ខែហើយ ពួកយើង​នឹង​ចេញ​ចាកផ្ទះទៅបួស គតិរបស់អ្នកយ៉ាងណា គតិរបស់ពួកយើងក៏យ៉ាងនោះដែរ។ មហាគោវិន្ទព្រាហ្មណ៍ ក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន ៧ខែយូរណាស់ ខ្ញុំព្រះអង្គ មិនអាចនឹង​រង់ចាំព្រះអង្គ អស់៧ខែបានទេ បពិត្រព្រះអង្គដ៏ចំរើន នរណាហ្ន៎ អាច​ដឹង​នូវ​ជីវិតបាន ព្រោះបុគ្គល​ត្រូវតែទៅកាន់​បរលោក បុគ្គលត្រូវយល់​ដោយប្រាជ្ញា ត្រូវធ្វើ​កុសល ត្រូវប្រព្រឹត្ត​ព្រហ្មចរិយធម៌ សត្វដែល​កើតហើយ ឈ្មោះថា មិនស្លាប់គ្មានទេ ព្រោះ​ខ្ញុំ​ព្រះអង្គ បានឮព្រហ្មនិយាយ អំពីក្លិនពុលទាំងឡាយហើយ ក្លិនពុលទាំងនោះ បុគ្គល​នៅ​គ្រប់គ្រងផ្ទះ មិនងាយនឹងលះបង់បានឡើយ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនឹង​ចេញ​ចាកផ្ទះទៅបួស។ ក្សត្រទាំង៦អង្គ មានព្រះរាជឱង្ការ​ថា បើដូច្នោះ សូម​គោវិន្ទព្រាហ្មណ៍​ដ៏ចំរើន រង់ចាំអស់៦ខែសិន។ រង់ចាំអស់៥ខែសិន។ រង់ចាំអស់​៤ខែ​សិន។ រង់ចាំអស់​៣ខែសិន។ រង់ចាំអស់២ខែសិន។ រង់ចាំអស់១ខែសិន។ រង់ចាំអស់កន្លះខែសិន លុះ​កន្លងកន្លះខែទៅហើយ ពួកយើង​នឹងចេញចាកផ្ទះទៅបួស គតិរបស់អ្នក យ៉ាងណា គតិរបស់ពួកយើង ក៏យ៉ាងនោះដែរ។ មហាគោវិន្ទព្រាហ្មណ៍ ក្រាបទូលថា បពិត្រព្រះអង្គ​ដ៏ចំរើន កន្លះខែ យូរណាស់ ខ្ញុំព្រះអង្គមិនអាច នឹងរង់ចាំព្រះអង្គ អស់កន្លះ​ខែបានទេ បពិត្រព្រះអង្គដ៏ចំរើន នរណាហ្ន៎ អាច​ដឹង​នូវ​ជីវិតបាន ព្រោះបុគ្គល​ត្រូវតែទៅកាន់​បរលោក បុគ្គលត្រូវយល់​ដោយប្រាជ្ញា ត្រូវធ្វើ​កុសល ត្រូវប្រព្រឹត្ត​ព្រហ្មចរិយធម៌ សត្វដែល​​កើតមកហើយ ឈ្មោះថា មិនស្លាប់គ្មានទេ ព្រោះ​ខ្ញុំ​ព្រះអង្គ បានឮព្រហ្មនិយាយ អំពីក្លិនពុលទាំងឡាយហើយ ក្លិនពុលទាំងនោះ បុគ្គល​នៅ​គ្រប់គ្រងផ្ទះ មិនងាយ​នឹង​លះបង់បានឡើយ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនឹង​ចេញ​ចាកផ្ទះទៅបួស។ ក្សត្រទាំង​៦អង្គ មានព្រះរាជឱង្ការ​ថា បើដូច្នោះ សូម​គោវិន្ទព្រាហ្មណ៍​ដ៏ចំរើន រង់ចាំអស់៧ថ្ងៃសិន ទំរាំពួកយើងប្រៀនប្រដៅកូន និងបងប្អូនរបស់ខ្លួន​ក្នុងរាជសម្បត្តិ លុះកន្លង៧ថ្ងៃហើយ ពួកយើង​នឹងចេញចាកផ្ទះទៅបួស គតិរបស់អ្នក យ៉ាងណា គតិរបស់ពួកយើង ក៏យ៉ាងនោះដែរ។ មហាគោវិន្ទព្រាហ្មណ៍ ក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន ៧ថ្ងៃមិនយូរប៉ុន្មានទេ ខ្ញុំព្រះអង្គនឹងរង់ចាំព្រះអង្គ អស់៧ថ្ងៃបាន។ ម្នាលអ្នកដ៏ចំរើន គ្រានោះឯង មហាគោវិន្ទព្រាហ្មណ៍ ចូលទៅរកព្រាហ្មមហាសាលទាំង​៧នាក់ និងនាយខ្មាន់ព្រះកេស ៧០០នាក់ លុះចូលទៅដល់ហើយ ក៏និយាយនឹង​ព្រាហ្មណមហាសាលទាំង៧នាក់ និងនាយខ្មាន់ព្រះកេស ទាំង៧០០នាក់ យ៉ាងនេះថា ឥឡូវនេះ សូមអ្នកដ៏ចំរើនទាំងឡាយ រកអាចារ្យឯទៀត ឲ្យបង្រៀនមន្តដល់អ្នកទាំង​ឡាយដ៏ចំរើនចុះ ម្នាលអ្នកដ៏ចំរើន យើងប្រាថ្នានឹងចេញចាកផ្ទះទៅបួស តាមដែល​ខ្ញុំ​បានឮព្រហ្មនិយាយ អំពីក្លិនពុលទាំងឡាយហើយ ក្លិនពុលទាំងនោះ បុគ្គល​នៅគ្រប់​គ្រង​ផ្ទះ មិនងាយនឹងលះបង់បានឡើយ ម្នាលអ្នកដ៏ចំរើន ខ្ញុំនឹងចេញចាកផ្ទះទៅបួស។ ព្រាហ្មណមហាសាល និងនាយខ្មានព្រះកេស និយាយតបថា សូម​គោវិន្ទព្រាហ្មណ៍​ដ៏​ចំរើន កុំអាលចេញចាកផ្ទះទៅបួសឡើយ បពិត្រអ្នកដ៏ចំរើន ធម្មតាបព្វជ្ជាមានសក្តិ៍តូច មានលាភតិច ឯភាពជាព្រហ្ម មានសក្តិ៍ធំ មានលាភច្រើន។ មហាគោវិន្ទព្រាហ្មណ៍តប​ថា អ្នកដ៏ចំរើន​ទាំងឡាយ កុំនិយាយយ៉ាងនេះឡើយ អ្នកដ៏ចំរើន​ទាំងឡាយ កុំនិយាយ​យ៉ាង​នេះថា បព្វជ្ជាមានសក្តិ៍តូច មានលាភតិច ឯភាពជាព្រហ្ម មានសក្តិ៍ធំ មានលាភ​ច្រើន ម្នាល​អ្នកដ៏ចំរើនទាំងឡាយ បុគ្គលណាហ្ន៎ វៀរលែងតែខ្ញុំចេញដែល​មានសក្តិ៍ធំ មានលាភ​ច្រើនជាង ម្នាលអ្នកទាំងឡាយ ឥឡូវនេះ ខ្ញុំដូចជាស្តេច របស់ស្តេចទាំងឡាយ ឬ​ដូចជា​ព្រហ្ម របស់ព្រាហ្មណ៍ទាំងឡាយ ដូចជាទេវតា របស់គហបតីទាំងឡាយ ខ្ញុំ​នឹងលះបង់​នូវភាវៈជាធំនោះទាំងអស់ ហើយចេញចាកផ្ទះទៅបួស តាមដែលខ្ញុំ​បានឮព្រហ្ម​និយាយ អំពីក្លិន​ពុលទាំងឡាយហើយ ក្លិនពុលទាំងនោះ បុគ្គលនៅគ្រប់គ្រងផ្ទះ មិនងាយ​នឹង​លះបង់បានឡើយ ម្នាលអ្នកដ៏ចំរើនទាំងឡាយ ខ្ញុំនឹងចេញចាកផ្ទះ ទៅបួស។ ពួក​ព្រាហ្មណមហាសាលទាំងនោះ ឆ្លើយតបថា បើគោវិន្ទព្រាហ្មណ៍ ចេញចាកផ្ទះ ទៅបួស យើងទាំងឡាយ នឹងចេញចាកផ្ទះទៅបួសដែរ បើគតិរបស់អ្នកយ៉ាងណា គតិរបស់​ពួក​យើង ក៏យ៉ាងនោះដែរ។ ម្នាលអ្នកដ៏ចំរើន គ្រានោះ មហាគោវិន្ទព្រាហ្មណ៍ ចូលទៅរក​ភរិយាទាំង៤០នាក់ ដែលមានជាតិ និងត្រកូល​ស្មើគ្នា លុះចូលទៅដល់ហើយ បាននិយាយ​នឹងភរិយាទាំង៤០នាក់ ដែលមានជាតិ និងត្រកូលស្មើគ្នា យ៉ាងនេះថា ម្នាលនាងដ៏ចំរើន នាងណាចង់ទៅ នាងនោះ ចូរទៅកាន់ត្រកូលញាតិទាំងឡាយ​របស់​ខ្លួនចុះ ឬចូររក​ភស្តាដទៃទៀតចុះ នែនាងដ៏ចំរើន អញប្រាថ្នានឹងចេញ​ចាកផ្ទះ​ទៅបួស ព្រោះអញ បានឮព្រហ្មនិយាយអំពីក្លិនពុលទំាងឡាយហើយ ក្លិនពុលទាំងនោះ បុគ្គល​នៅគ្រប់គ្រងផ្ទះ មិនងាយនឹងលះបង់បានឡើយ ហៃនាងដ៏ចំរើន អញនឹងចេញចាក​ផ្ទះ ទៅបួស។ ពួកភរិយាជំរាបថា ខ្លួនលោកស្រាប់ហើយ ជាញាតិរបស់ពួកយើង ដែលជា​អ្នកប្រាថ្នានូវញាតិ មួយទៀត ខ្លួនលោកស្រាប់ហើយ ជាភស្តារបស់ពួកយើង ដែលជា​អ្នក​ប្រាថ្នានូវភស្តា បើលោកគោវិន្ទដ៏ចំរើន នឹងចេញចាកផ្ទះទៅបួស ពួកយើងនឹងចេញ​ចាកផ្ទះ ទៅបួសដែរ បើគតិរបស់លោកយ៉ាងណា គតិរបស់ពួកយើង ក៏យ៉ាងនោះដែរ។ ម្នាលអ្នកដ៏ចំរើន លុះកន្លង៧ថ្ងៃទៅហើយ មហាគោវិន្ទព្រាហ្មណ៍ បានកោរសក់ និង​ពុកមាត់ ហើយស្លៀកពាក់សំពត់កាសាយៈរួច ចេញចាកផ្ទះ​ទៅបួស ជាបុគ្គល​គ្មានប្រយោជន៍ដោយកិច្ច​ក្នុងផ្ទះ។ ក្សត្រទាំង៧ព្រះអង្គ ដែលបាន​មុទ្ធាភិសេក​ហើយផង ព្រាហ្មណមហាសាលទាំង៧នាក់ផង នាយខ្មាន់ព្រះកេសទាំង៧០០នាក់ផង ភរិយាទាំង​៤០នាក់ ដែលមានជាតិ និងត្រកូលស្មើគ្នាផង ពួកក្សត្រច្រើនពាន់ផង ពួកព្រាហ្មណ៍​ច្រើនពាន់ផង ពួកគហបតីច្រើនពាន់ផង ពួកស្រីស្នំជាច្រើនផង ស្ត្រីអ្នកស្រុកទាំង​ឡាយ​ជាច្រើនផង (បានឃើញ) មហាគោវិន្ទព្រាហ្មណ៍បួសរួចហើយ ក៏នាំគ្នាកោរសក់ និងពុកមាត់​ស្លៀកពាក់ សំពត់​កាសាយៈ រួចចេញចាកផ្ទះ ទៅបួសតាម​មហាគោវិន្ទព្រាហ្មណ៍ ដែល​បួស​ជាបុគ្គលគ្មានប្រយោជន៍ដោយផ្ទះហើយដែរ។ ម្នាលអ្នកដ៏ចំរើន សេចក្តីដំណាល​ថា មហាគោវិន្ទព្រាហ្មណ៍ មានបរិសទ្យនោះហែរហម ចោមរោមត្រាច់ទៅកាន់ចារិក ក្នុងស្រុក និគម និងរាជធានីទាំងឡាយ។ ម្នាលអ្នកដ៏ចំរើន សម័យនោះ មហាគោវិន្ទព្រាហ្មណ៍ ចូលទៅ​កាន់ស្រុកណា ឬនិគមណា ដូចជាស្តេច​របស់ស្តេច​ទាំងឡាយ ដូចជាព្រហ្ម​របស់​ព្រាហ្មណ៍ទាំងឡាយ ដូចជាទេវតារបស់គហបតី​ទាំងឡាយ ក្នុងស្រុកនោះ ឬនិគមនោះ។ ម្នាលអ្នកដ៏ចំរើន ក៏សម័យនោះ ពួកមនុស្សណា​កណ្តាស់ ឬរអិលភ្លាត់ ពួកមនុស្សនោះ ក៏លាន់មាត់យ៉ាងនេះថា សូមនមស្ការ ចំពោះ​មហាគោវិន្ទ​ព្រាហ្មណ៍ សូមនមស្ការ​ចំពោះ​បុរោហិតទាំង៧។ មហាគោវិន្ទព្រាហ្មណ៍ មានចិត្តប្រកបដោយមេត្តា មិនមានពៀរ មិនមាន​ព្យាបាទ ផ្សាយទៅកាន់ទិសទី១ ទិសទី២ ក៏ដូចគ្នា ទិសទី៣ក៏ដូចគ្នា ទិសទី៤ ក៏ដូចគ្នា មានចិត្តប្រកបដោយមេត្តា ដ៏ធំទូលាយ ដល់នូវភាវៈជាធំ មិនមានប្រមាណ មិន​មានពៀរ មិនមានព្យាបាទ ផ្សាយ​ទៅ​កាន់​លោក ដែលមានសត្វ​ទាំងអស់ ដោយយកខ្លួន​ឯង ទៅប្រៀបនឹងសត្វទាំងអស់ គ្រប់​ទិស គឺទិសខាងលើ ទិសខាងក្រោម និងទិស​ទទឹង គឺទិសតូចៗ ក៏ដូច្នោះដែរ​ មានចិត្ត​ប្រកប​ដោយករុណា។បេ។ មានចិត្តប្រកបដោយមុទិតា​។បេ។ មានចិត្តប្រកបដោយ​ឧបេក្ខា។បេ។ មិនតែប៉ុណ្ណោះ បានទាំងប្រាប់ផ្លូវ ដើម្បីឲ្យ​កើត​ជាមួយនឹងព្រហ្ម ក្នុងព្រហ្ម​លោក ដល់សាវ័កទាំងឡាយ។ ម្នាលអ្នកដ៏ចំរើន សម័យ​នោះឯង ពួកសាវ័កណា របស់​មហាគោវិន្ទព្រាហ្មណ៍ ដឹងច្បាស់នូវពាក្យប្រៀនប្រដៅ​សព្វគ្រប់ហើយ ពួកសាវ័កនោះ លុះរំលាងខន្ធ បន្ទាប់អំពីមរណភាពទៅ ក៏បានទៅកើត ក្នុងសុគតិព្រហ្មលោក។34) ពួកសាវ័កណា មិន​ដឹងច្បាស់នូវពាក្យ​ប្រៀនប្រដៅ​សព្វ​គ្រប់ទេ ពួកសាវ័កនោះ លុះរំលាងខន្ធ បន្ទាប់​អំពី​មរណភាពទៅ ពួកខ្លះ ទៅកើតជា​មួយនឹង​ទេវតា ជាន់បរនិម្មិតវសវត្តី35) ពួកខ្លះ​ទៅកើត​ជាមួយ​នឹង​ទេវតាជាន់និម្មានរតី ពួកខ្លះទៅកើត​ជាមួយ​នឹងទេវតា ជាន់តុសិត ពួកខ្លះ ទៅកើត​ជាមួយនឹងទេវតាជាន់យាមៈ ពួកខ្លះ ទៅកើត​ជាមួយនឹងទេវតា ជាន់តាវត្តិង្ស ពួកខ្លះ​ ទៅកើតជាមួយនឹងទេវតា ជាន់ចាតុម្មហារាជិកៈ។ ពួកជនណាបំពេញវត្តដ៏ថោកទាប ជាងគេទាំងអស់ ពួកជន​ទាំង​នោះ ទៅកើតក្នុងពួកគន្ធព្វ។ ឯបព្វជ្ជារបស់កុលបុត្រ​ទាំង​អស់​នោះ មិនសោះសូន្យ មិន​ប្រកបដោយទោសទេ ប្រកបតែដោយផល ប្រកបតែដោយ​សេចក្តី​ចំរើន (អាច​កើតក្នុង​ព្រហ្មលោកបាន) ដោយប្រការដូច្នេះឯង។ បញ្ចសិខគន្ធព្វបុត្រ ក្រាបទូលថា ព្រះមានព្រះភាគ ទ្រង់រលឹកឃើញដំណើរនោះដែរឬ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលបញ្ចសិខៈ តថាគត នឹកឃើញដែរថា សម័យនោះ តថាគតបាន​កើត​ជា​​មហាគោវិន្ទព្រាហ្មណ៍ តថាគតសំដែងប្រាប់ផ្លូវ ដើម្បីឲ្យកើតជាព្រហ្ម នាព្រហ្មលោក​នោះ ដល់ពួកសាវ័កទាំងឡាយ ម្នាលបញ្ចសិខៈ ឯព្រហ្មចរិយធម៌នោះឯង មិនមែន​ប្រព្រឹត្ត​​ទៅ ដើម្បីនឿយណាយ ដើម្បីប្រាសចាករាគៈ ដើម្បីរំលត់ (កិលេស) ដើម្បីស្ងប់រម្ងាប់ ដើម្បីដឹង​ច្បាស់ ដើម្បីត្រាស់ដឹង ដើម្បីព្រះនិព្វាន បានទេ (គ្រាន់តែ​ឲ្យបាន​ទៅ) កើតក្នុងព្រហ្ម​លោកប៉ុណ្ណោះ ម្នាលបញ្ចសិខៈ ព្រហ្មចរិយធម៌របស់​តថាគតនេះឯង ទើបប្រព្រឹត្ត​ទៅ ដើម្បីនឿយណាយ ដើម្បីប្រាសចាករាគៈ ដើម្បីរំលត់ (កិលេស) ដើម្បីស្ងប់រម្ងាប់ ដើម្បី​ដឹងច្បាស់ ដើម្បីត្រាស់ដឹង ដើម្បីព្រះនិព្វាន​តែមួយ​យ៉ាង។ ម្នាលបញ្ចសិខៈ ព្រហ្ម​ចរិយធម៌​នោះ តើដូចម្តេច ទើបប្រព្រឹត្តទៅ ដើម្បីនឿយ​ណាយ ដើម្បី​ប្រាសចាករាគៈ ដើម្បីរំលត់​ ដើម្បីស្ងប់រម្ងាប់ ដើម្បីដឹងច្បាស់ ដើម្បីត្រាស់ដឹង ដើម្បីព្រះនិព្វាន តែមួយយ៉ាង គឺផ្លូវដ៏​ប្រសើរប្រកបដោយអង្គ៨នេះឯង ឯផ្លូវ​ដ៏ប្រសើរ​ប្រកប​ដោយអង្គ៨នោះ គឺសេចក្តីយល់​ត្រូវ១ សេចក្តីត្រិះរិះត្រូវ១ សំដីត្រូវ១ ការងារត្រូវ១ ការចិញ្ចឹមជីវិតត្រូវ១ ការព្យាយាម​ត្រូវ១ ការរលឹកត្រូវ១ ការតម្កល់ចិត្តត្រូវ១ ម្នាល​បញ្ចសិខៈ នេះឯងជាព្រហ្មចរិយធម៌ ប្រព្រឹត្តទៅដើម្បីនឿយណាយ ដើម្បី​ប្រាសចាករាគៈ ដើម្បីរំលត់​ (កិលេស) ដើម្បី​ស្ងប់រម្ងាប់ ដើម្បីដឹងច្បាស់ ដើម្បីត្រាស់ដឹង ដើម្បីព្រះនិព្វាន តែមួយយ៉ាង។ ម្នាលបញ្ចសិខៈ ចំណែកពួកសាវ័កណា របស់តថាគត ដឹងនូវពាក្យ​ប្រៀន​ប្រដៅ​សព្វគ្រប់ ពួកសាវ័កនោះ អស់អាសវៈហើយ ធ្វើឲ្យជាក់ច្បាស់នូវចេតោវិមុត្តិ បញ្ញា​វិមុត្តិ ដែល​មិនមាន​អាសវៈ ដោយប្រាជ្ញាខ្លួនឯង ក្នុងបច្ចុប្បន្ន សម្រេចសម្រាន្តនៅ ដោយ​ឥរិយាបថ។ ពួកសាវ័កណា មិនដឹងច្បាស់នូវពាក្យប្រៀនប្រដៅ ដោយសព្វគ្រប់36) ពួកសាវ័កនោះ គ្រាន់តែក្ស័យពួក​សំយោជនៈ ជាចំណែកខាងក្រោម ៥ គង់ទៅកើតជាឱបបាតិកៈ​កំណើត តែងបរិនិព្វាន​ក្នុង​ភពនោះ មិនត្រឡប់ចាកលោកនោះមកវិញ ជាធម្មតា។ ពួកសាវ័កណា មិនដឹងច្បាស់​នូវពាក្យប្រៀនប្រដៅ ដោយសព្វគ្រប់ ពួកខ្លះ គ្រាន់តែក្ស័យ​សំយោជនៈទាំង៣ និង​ស្រាល​ស្តើងរាគៈ ទោសៈ មោហៈ ជាសកទាគាមិបុគ្គល ត្រូវត្រឡប់​មកកាន់លោក​នេះ​ម្តង​ទៀត ទើបធ្វើនូវទីបំផុតទុក្ខបាន។ ពួកសាវ័ក​ណា មិនដឹងច្បាស់នូវពាក្យប្រៀន​ប្រដៅ​ដោយ​សព្វគ្រប់ ពួកខ្លះ គ្រាន់តែក្ស័យសំយោជនៈ​៣ ជាសោតាបន្នបុគ្គល មានកិរិយា​មិនធ្លាក់ចុះជាធម្មតា ជាបុគ្គលទៀងតែនឹងបាន​ត្រាស់ដឹង នូវធម៌តទៅមុខ។ ម្នាល​បញ្ចសិខៈ បព្វជ្ជារបស់កុលបុត្រទាំងអស់គ្នានេះ មិនសោះសូន្យ មិនប្រកបដោយ​ទោស​ទេ ប្រកបតែដោយផល ប្រកបតែដោយសេចក្តីចំរើន ដោយប្រការ​ដូច្នេះឯង។ ព្រះមាន​ព្រះភាគ ទ្រង់ត្រាស់សំដែងព្រះសូត្រនេះចប់ហើយ។ បញ្ចសិខគន្ធព្វ​បុត្រ ក៏ពេញចិត្ត ត្រេកអរ អនុមោទនា ចំពោះភាសិត របស់​ព្រះមានព្រះភាគ ហើយថ្វាយបង្គំលា ព្រះមានព្រះភាគ ដើរប្រទក្សិណ ក៏បាត់ចាកទីនោះទៅ។

ចប់ មហាគោវិន្ទសូត្រ ទី៦។

មហាសមយសូត្រ ទី៧

(៧. មហាសមយសុត្តំ)

[៧៣] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុង​មហាវ័ន37) ជិតក្រុងកបិលវត្ថុ ក្នុង​សក្កជនបទ ព្រមដោយភិក្ខុសង្ឃច្រើន ចំនួន​៥០០រូប សុទ្ធតែជាព្រះអរហន្តទាំង​អស់។ ទេវតាទាំងឡាយ ក៏មកអំពីលោកធាតុទាំង១០ ប្រជុំគ្នាជាច្រើន ដើម្បីឃើញនូវ​ព្រះមានព្រះភាគ និងភិក្ខុសង្ឃ។ គ្រានោះឯង ទេវតា​ទាំងលាយ ដែល​នៅក្នុងជាន់​សុទ្ធាវាស38) ៤អង្គ មានសេចក្តីត្រិះរិះដូច្នេះថា ព្រះមានព្រះភាគនេះ ព្រះអង្គគង់នៅក្នុងមហាវ័ន ជិតក្រុង​កបិលវត្ថុ ក្នុងសក្កជនបទ ព្រមដោយភិក្ខុសង្ឃច្រើន​ ចំនួន​៥០០រូប សុទ្ធតែជាព្រះអរហន្តទាំងអស់។ ទេវតាទាំងឡាយ ក៏មកអំពីលោកធាតុ​ទាំង​១០ ប្រជុំគ្នាជាច្រើន ដើម្បីឃើញនូវ​ព្រះមានព្រះភាគ និងភិក្ខុសង្ឃ បើដូច្នោះ គួរយើង​ទាំងអស់គ្នា ចូលទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ គប្បីពោល​នូវ​គាថាមួយម្នាក់ៗ ក្នុងសំណាក់នៃព្រះមានព្រះភាគ។ លំដាប់នោះ ទេវតាទាំងនោះឯង ក៏បាត់អំពីសុទ្ធាវាសព្រហ្មលោក មកប្រាកដក្នុងទីចំពោះព្រះភក្ត្រ39) នៃ​ព្រះមាន​ព្រះភាគ (ដោយឆាប់រហ័ស) គួរនាដូចជាបុរសមានកំឡាំងលាដៃ ដែល​បត់ចូល ឬបត់​ចូល​នូវដៃ ដែលលាចេញ។ គ្រានោះ ពួកទេវតានោះ ក៏ថ្វាយបង្គំ​ព្រះមានព្រះភាគ ហើយឋិតនៅ​ក្នុងទីដ៏សមគួរ។ លុះទេវតាទាំងនោះ ឋិតនៅក្នុងទីដ៏សមគួរហើយ ទើប​ទេវតា១អង្គ ពោលនូវគាថានេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា

[៧៤] ថ្ងៃនេះ ជាថ្ងៃប្រជុំធំ ក្នុងដងព្រៃ ពួកទេវតាក៏មកប្រជុំគ្នាហើយ យើងទាំងឡាយ (លុះឃើញពួកទេវតាប្រជុំគ្នាយ៉ាងនេះហើយ) ក៏នាំគ្នាមកកាន់ទីប្រជុំ ប្រកបដោយ​ធម៌នេះ ដើម្បី​ឃើញនូវអបរាជិតសង្ឃ គឺសង្ឃដែលមារផ្ចាញ់មិនបាន។

[៧៥] លំដាប់នោះ ទេវតា១អង្គទៀត ក៏ពោលនូវគាថានេះ ក្នុងសំណាក់នៃ​ព្រះមានព្រះភាគថា

ពួកភិក្ខុក្នុងទីប្រជុំនោះ ប្រកបដោយ​សមាធិ ធ្វើចិត្តរបស់ខ្លួន (ដែល​វៀចកោង) ឲ្យ​ជាចិត្តស្លូតត្រង់ ភិក្ខុជាបណ្ឌិតទាំងឡាយ តែងរក្សានូវឥន្ទ្រិយ (ដោយល្អ) ដូចជានាយសារថី ដែលកាន់ទប់នូវខ្សែបរទុកដូច្នោះឯង។

[៧៦] លំដាប់នោះ ទេវតា១អង្គទៀត ក៏ពោលនូវគាថានេះ ក្នុងសំណាក់នៃ​ព្រះមានព្រះភាគថា

ពួកភិក្ខុទាំងនោះ កាត់បង់នូវដែកគោល (រាគៈ ទោសៈ មោហៈ) កាត់បង់នូវ​រនុកទ្វារ (រាគៈ ទោសៈ មោហៈ) គាស់រំលើងនូវ​សសរគោល (រាគៈ ទោសៈ មោហៈ) ជាអ្នក​មិនមានតណ្ហា ជាគ្រឿងញាប់ញ័រ ជាអ្នកបរិសុទ្ធស្អាត ប្រាសចាកមន្ទិល ជានាគ​កំឡោះ ដែលព្រះពុទ្ធជាម្ចាស់ ប្រកបដោយចក្ខុ៥ ទ្រង់ទូន្មានល្អហើយ តែងត្រាច់ទៅបាន​ក្នុងទិសទាំង៤ មិនមានទើសទាល់។

[៧៧] លំដាប់នោះ ទេវតា១អង្គទៀត ក៏ពោលនូវគាថានេះ ក្នុងសំណាក់នៃ​ព្រះមានព្រះភាគថា

ពួកជនណាមួយ បានដល់​នូវព្រះពុទ្ធជាទីពឹង ទីរលឹក​ហើយ ពួកជននោះឯង នឹងមិនទៅកាន់អបាយភូមិឡើយ លុះលះបង់រាងកាយជារបស់មនុស្សទៅហើយ នឹងទៅ​បំពេញពពួក​នៃទេវតាមិនខាន។

[៧៨] លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ពួកទេវតាជាច្រើនអង្គ ក្នុងលោកធាតុទាំង១០ មកប្រជុំគ្នា ដើម្បី​ឃើញ​នូវ​តថាគត និងភិក្ខុសង្ឃ ម្នាលភិក្ខុទាំងឡាយ ព្រះមានព្រះភាគទាំងឡាយណា ជាអរហន្ត សម្មាសម្ពុទ្ធ ដែលបានត្រាស់ដឹង​ហើយក្នុងអតីតកាល ពួកទេវតា​មានប្រមាណ​ប៉ុណ្ណោះដូចគ្នា មកប្រជុំគ្នា ដើម្បីឃើញនូវ​ព្រះមានព្រះភាគទាំងនោះ ដូចជាពួកទេវតា ដែល​មកប្រជុំគ្នា ដើម្បីឃើញតថាគត ក្នុងកាលឥឡូវនេះដែរ ម្នាលភិក្ខុទាំងឡាយ ព្រះមានព្រះភាគទាំងឡាយណា ជាអរហន្តសម្មាសម្ពុទ្ធ នឹងបានត្រាស់ដឹង​ក្នុងអនាគត​កាល ពួកទេវតាមានប្រមាណប៉ុណ្ណេះដូចគ្នា នឹងមកប្រជុំគ្នា ដើម្បីឃើញ​នូវ​ព្រះមានព្រះភាគទាំងនោះ ដូចពួកទេវតាដែលមកប្រជុំគ្នា ដើម្បី​ឃើញតថាគត ក្នុងកាល​ឥឡូវ​នេះដែរ ម្នាលភិក្ខុទាំងឡាយ តថាគតនឹងប្រាប់​នូវនាម និងគោត្រ របស់ពួកទេវតា​ទាំងឡាយ ម្នាលភិក្ខុទាំងឡាយ តថាគតនឹង​ពោលនូវ​នាម និងគោត្ររបស់ពួកទេវតា​ទាំងឡាយ ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងនូវ​នាម និងគោត្រ របស់​ពួកទេវតា​ទាំងឡាយ ចូរអ្នកទាំងឡាយ ប្រុងស្តាប់រឿងនោះចុះ ចូរធ្វើ​ទុកក្នុងចិត្តដោយប្រពៃ​ចុះ តថាគតនឹងសំដែង​ឲ្យស្តាប់។ ភិក្ខុទាំងនោះ ទទួល​ព្រះបន្ទូលនៃ​ព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ។ ទើបព្រះមានព្រះភាគ ទ្រង់សំដែង​នូវភាសិត​នេះថា

[៧៩] តថាគតនឹងធ្វើនូវស្លោក40) ភូមទេវតា (ឋិតនៅ) ក្នុងទីណា ពួកភិក្ខុក៏អាស្រ័យនៅទីនោះ ពួកភិក្ខុណា ដែល​នៅអាស្រ័យ​នឹងផ្ទៃភ្នំ បញ្ជូនចិត្តទៅកាន់អារម្មណ៍ល្អ មានចិត្តតម្កល់នឹង (តថាគត​ នឹង​សំដែង​គុណនៃភិក្ខុទាំងនោះ)។ ពួកភិក្ខុច្រើនរូប សម្ងំនៅក្នុងកម្មដ្ឋាន គ្របសង្កត់នូវ​ការព្រឺរោម ព្រឺស្បែក (ឥតមានភ័យខ្លាច) ដូចសត្វសីហៈ មានចិត្តផូរផង់ បរិសុទ្ធជ្រះថ្លា ឥតមានល្អក់ឡើយ។ លំដាប់នោះ ព្រះសាស្តាទ្រង់ជ្រាប​នូវពួកព្រះអរហន្តជាង​៥០០រូប41) នៅក្នុងដងព្រៃ ជិត​ក្រុង​កបិលវត្ថុ ទើបទ្រង់ត្រាស់នឹងពួកភិក្ខុជាសាវ័ក ដែលត្រេកអរក្នុងសាសនាថា ម្នាលភិក្ខុទាំងឡាយ ពួកនៃទេវតាមានពន្លឺរស្មីដ៏រុងរឿង (មកហើយ) អ្នករាល់គ្នា ចូរស្គាល់​នូវពួកទេវតាទាំងនោះ (ដោយទិព្វចក្ខុញ្ញាណ) ចុះឯពួកភិក្ខុទាំងនោះ បានស្តាប់​នូវពាក្យ ប្រដៅនៃព្រះពុទ្ធជាម្ចាស់ ហើយក៏ធ្វើ​នូវការព្យាយាម (ដើម្បីទិព្វចក្ខុញ្ញាណនោះ)។ ទិព្វចក្ខុញ្ញាណ សម្រាប់មើលឃើញនូវពួកអមនុស្ស (ទេវតា) ក៏កើតមានប្រាកដ ដល់ពួក​ភិក្ខុទាំងនោះ ពួកភិក្ខុខ្លះ បានឃើញនូវអមនុស្ស១០០ខ្លះ បានឃើញនូវអមនុស្ស​១០០០​ខ្លះ បានឃើញ​នូវអមនុស្ស៧០ពាន់។ ពួកភិក្ខុបានឃើញនូវអមនុស្ស១សែន (១០០០០០) ខ្លះ បានឃើញនូវអមនុស្សច្រើន (មិនមានកំណត់) អមនុស្សទាំងនោះ ក៏ផ្សាយនៅពាស​ពេញក្នុងទិសទាំងពួង។ លំដាប់នោះ ព្រះសាស្តា​ប្រកបដោយចក្ខុ៥ ទ្រង់ពិចារណាហើយ ជ្រាបនូវហេតុនោះទាំងអស់ ទើបទ្រង់​ត្រាស់នឹងពួកភិក្ខុ ជាសាវ័ក អ្នកត្រេកអរក្នុង​សាសនា ម្នាលភិក្ខុទាំងឡាយ ពួកទេវតាមានពន្លឺរស្មីរុងរឿង (មកហើយ) អ្នករាល់គ្នា ចូរ​ស្តាប់នូវពួក​ទេវតាទាំងនោះចុះ តថាគតនឹងប្រាប់ (នូវទេវតាទាំងនោះ) ដល់អ្នក​រាល់គ្នា ដោយពាក្យតាម​លំដាប់ហូរហែ។ យក្សទាំង៧ពាន់ ជាភូមិទេវតា អាស្រ័យនៅនាក្រុង​កបិលវត្ថុ មានឫទ្ធិ មានអានុភាព មានសម្បុរកាយ មានយស មានចិត្តរីករាយ នាំគ្នាមក​កាន់មហាវ័ន ជាទីប្រជុំនៃភិក្ខុទាំងឡាយ។ ពួកយក្ស៦ពាន់ ដែលកើតនៅនាភ្នំហិមវន្ត មាន​សម្បុរផ្សេងៗគ្នា មានឫទ្ធិ មានអានុភាព មានរស្មី មានយស មានចិត្តរីករាយ នាំ​គ្នា​មកកាន់មហាវ័ន ជាទីប្រជុំនៃភិក្ខុទាំងឡាយ។ ពួកយក្ស៣ពាន់ ដែលនៅអាស្រ័យ​នឹងភ្នំសាតាគិរី មាន​សម្បុរផ្សេងៗគ្នា មានឫទ្ធិ មានអានុភាព មានរស្មី មានយស មានចិត្តរីករាយ នាំ​គ្នា​មកកាន់មហាវ័ន ជាទីប្រជុំនៃភិក្ខុទាំងឡាយ។ ពួកយក្ស១៦ពាន់នេះ មាន​សម្បុរផ្សេងៗគ្នា មានឫទ្ធិ មានអានុភាព មានរស្មី មានយស មានចិត្តរីករាយ នាំ​គ្នា​មកកាន់មហាវ័ន ជាទីប្រជុំនៃភិក្ខុទាំងឡាយ ដោយប្រការ​ដូច្នេះ។ ពួកយក្ស ដែលកើតនៅនាវេស្សាមិត្តបព៌ត មាន​សម្បុរផ្សេងៗគ្នា មានឫទ្ធិ មានអានុភាព មានរស្មី មានយស មានចិត្តរីករាយ នាំ​គ្នា​មកកាន់មហាវ័ន ជាទីប្រជុំនៃភិក្ខុទាំងឡាយ។ កុម្ភីរយក្ស ដែលកើតនៅនានគររាជគ្រឹះ ឯភ្នំឈ្មោះវេបុល្ល ជាទីនៅរបស់​កុម្ភីរយក្សនោះ មានយក្សជាង១សែននាក់ តែងចូលទៅសេពគប់នឹងកុម្ភីរយក្សនោះ កុម្ភីរយក្សដែលកើត​ក្នុងនគររាជគ្រឹះនោះ (ព្រមទាំងបរិវារ) ក៏មកកាន់​មហាវ័ន ជាទីប្រជុំ (នៃភិក្ខុទាំងឡាយ​ដែរ)។

[៨០] ព្រះបាទធតរដ្ឋៈ ទ្រង់ប្រៀនប្រដៅក្នុងទិសខាងកើត ទ្រង់ជាធំលើ​គន្ធព្វ42) ទាំង​ឡាយ ព្រះអង្គជាមហារាជ មានយស​ធំ។ ព្រះរាជបុត្រទាំងឡាយ របស់ព្រះបាទធតរដ្ឋៈនោះ មានច្រើនរូប មាននាមថា​ ឥន្ទៈ មានកំឡាំងច្រើន មានឫទ្ធិ មានអានុភាព មានរស្មី មានយស មានចិត្តរីករាយ នាំគ្នាមក​កាន់​មហាវ័ន ជាទីប្រជុំនៃភិក្ខុទាំងឡាយ។ ព្រះបាទវិរូឡ្ហកៈ ទ្រង់ប្រៀនប្រដៅ​ក្នុង​ទិស​ខាងត្បូង ជាធំលើ​ពួកកុម្ភណ្ឌ43) ព្រះអង្គជាមហារាជ មានយស​ធំ។ ព្រះរាជបុត្រទាំងឡាយ របស់​ព្រះបាទវិរូឡ្ហៈកៈនោះ មានច្រើនរូប មាននាមថា​ ឥន្ទៈ មានកំឡាំងច្រើន មានឫទ្ធិ មានអានុភាព មានរស្មី មានយស មានចិត្តរីករាយ នាំគ្នាមក​កាន់​មហាវ័ន ជាទីប្រជុំនៃភិក្ខុទាំងឡាយ។ ព្រះបាទវិរូបក្ខៈ ទ្រង់ប្រៀនប្រដៅក្នុងទិសខាងលិច ទ្រង់ជាធំលើពួកនាគ ព្រះអង្គ​ជា​មហារាជ មានយស​ធំ។ ព្រះរាជបុត្រទាំងឡាយ របស់ព្រះបាទវិរូបក្ខៈនោះ មានច្រើនរូប មាននាមថា​ ឥន្ទៈ មានកំឡាំងច្រើន មានឫទ្ធិ មានអានុភាព មានរស្មី មានយស មានចិត្តរីករាយ នាំគ្នាមក​កាន់​មហាវ័ន ជាទីប្រជុំនៃភិក្ខុទាំងឡាយ។ ព្រះបាទកុវេរៈ ទ្រង់ប្រៀនប្រដៅក្នុងទិសខាងជើងនោះ ទ្រង់ជាធំលើ​ពួកយក្ស ព្រះអង្គជាមហារាជ មានយស​ធំ។ ព្រះរាជបុត្រទាំងឡាយ របស់ព្រះបាទកុវេរៈនោះ មានច្រើនរូប មាននាមថា​ ឥន្ទៈ មានកំឡាំងច្រើន មានឫទ្ធិ មានអានុភាព មានរស្មី មានយស មានចិត្តរីករាយ នាំគ្នាមក​កាន់​មហាវ័ន ជាទីប្រជុំនៃភិក្ខុទាំងឡាយ។ ព្រះបាទធតរដ្ឋៈ ជាធំក្នុងទិស​ខាងកើត ព្រះបាទវិរូឡ្ហកៈ ជាធំក្នុងទិស​ខាងត្បូង ព្រះបាទវិរូបក្ខៈ ជាធំក្នុងទិស​ខាងលិច ព្រះបាទ​កុវេរៈ ជាធំក្នុងទិស​ខាងជើង មហារាជទាំង៤ ព្រះអង្គនោះ បានញុំាង​ទិសទាំង៤ ដោយជុំវិញឲ្យ​ភ្លឺ​ព្រោង​ព្រាត (ដោយរស្មីរបស់ខ្លួន) ឋិតនៅក្នុងមហាវ័ន ជិតក្រុងកបិលវត្ថុ។

[៨១] ពួកទាសៈនៃមហារាជទាំង៤ព្រះអង្គនោះ គឺកុដេណ្ឌុ១ វេដេណ្ឌុ១ វិដូ១ វិដូដៈ១ ចន្ទនៈ១ កាមសដ្ឋៈ១ កិន្នុឃណ្ឌុ១ និឃណ្ឌុ១ សុទ្ធតែជាអ្នកមានមាយា ជាអ្នកល្បួង​បញ្ឆោត ជាអ្នកអួតអាង តែងធ្វើនូវ​មាយាមកជាមួយគ្នាដែរ។ ទាំងទេវរាជ​អម្បាលនេះ គឺបនាទៈ១ ឱបមញ្ញៈ១ ទេវសូត១ មាតលី១ ចិត្តគន្ធព្វ១ សេនគន្ធព្វ១ នឡោរាជៈ១ ជនោសភៈ១ បញ្ចសិខៈ១ តិម្ពរុ១ នាងសុរិយវច្ឆសា (ជាធីតារបស់តិម្ពរុនោះ)​១ ក៏នាំគ្នាមកដែរ។ គន្ធព្វរាជទាំងឡាយនេះផង ពួកដទៃផង ព្រមទាំង​ទេវរាជទាំងឡាយ មាន​ចិត្តរីករាយ នាំគ្នាមកកាន់មហាវ័ន ជាទីប្រជុំនៃភិក្ខុទាំងឡាយ។ មួយទៀត នាគទាំង​ឡាយ​​នៅក្នុងស្រះឈ្មោះ នាភសៈ និងនាគនៅក្នុងក្រុងវេសាលី ក៏នាំគ្នាមកជាមួយ​នឹងនាគបរិសទ្យ ឈ្មោះតច្ឆកៈ កម្ពលនាគ និងអស្សតរនាគ (ដែល​នៅនា​ជើងភ្នំសិនេរុ) ក៏នាំគ្នាមក នាគទាំងឡាយនៅក្នុងកំពង់​បយាគៈ ព្រមដោយពពួក​ញាតិក៏បាននាំគ្នា​មក​ដែរ ពួកនាគដែល​នៅក្នុងទន្លេយមុនាក្តី ពួកនាគដែលកើតក្នុង​ត្រកូលស្តេច​ធតរដ្ឋៈ មាន​បរិវារ​ដ៏ច្រើនក្តី ក៏បាននាំគ្នាមក សូម្បីតែឯរាវណទេវបុត្ត ជាដំរី​ធំនោះសោត ក៏បានមក​កាន់​មហាវ័ន ជាទីប្រជុំ (នៃភិក្ខុទាំងឡាយដែរ)។

[៨២] ពួកគ្រុឌណា ជាសត្វស្លាបមានកំណើតពីរដង មានអានុភាពជាទិព្វ មាន​ភ្នែក​​ដ៏បរិសុទ្ធ (អាចមើលឃើញនូវ) ពួកនាគអំពីចម្ងាយ ចំនួន១០០យោជន៍ ១០០០​យោជន៍) តែងចាប់យកនូវ​ស្តេចនាគ ទៅដោយ​ឆាប់រហ័ស គ្រុឌទាំងនោះ ក៏ហើរមក​តាម​អាកាស បានមកដល់ពាក់កណ្តាលនៃមហាវ័ន គ្រុឌទាំងនោះ មានឈ្មោះថា ចិត្រសុបណ្ណៈ ដូច្នេះ គ្រានោះ ស្តេចនាគទាំងឡាយ ក៏មិនមានសេចក្តីភ័យខ្លាចឡើយ ព្រះ​សម្ពុទ្ធ ជាម្ចាស់ក៏បានធ្វើ (ស្តេចនាគ) ឲ្យក្សេមក្សាន្តអំពីគ្រុឌ នាគនិងគ្រុឌទាំងឡាយ ក៏ត្រឡប់​និយាយ​រកគ្នាដោយសំដីដ៏ពីរោះ (ហាក់ដូចជាមិត្តសំឡាញ់នឹងគ្នា) បានធ្វើនូវ​ព្រះពុទ្ធ​ឲ្យជាទីពឹង ទីរលឹក។ ពួកអសុរ (ណា) ដែលព្រះឥន្ទឈ្នះហើយ អាស្រ័យ​នៅក្នុង​សមុទ្រ ពួកអសុរទាំងនោះ ជាបងប្អូន (ជាប់ពន្ធ) នឹងព្រះឥន្ទ ជាអ្នកមានឫទ្ធិ មានយស។ កាលកញ្ជអសុរទាំងឡាយ មានកាយធំសំបើមក្តី ទានវេឃសអសុរទាំងឡាយក្តី វេបចិត្តិអសុរក្តី សុចិត្តិអសុរក្តី បហារាទអសុរក្តី នមុចិទេវបុត្តមារក្តី ក៏មក​ជាមួយគ្នាដែរ។ កូនរបស់ពលិអសុរទាំង១០០នាក់ មានឈ្មោះថា វេរោចៈ44) ទាំងអស់ ចងសៀតនូវគ្រឿង​ពលិសេនា ចូលមកគាល់រាហុអសុរិន្ទដ៏ចំរើន ដោយពាក្យថា ឥឡូវនេះ ជាសម័យគួរនឹងប្រជុំគ្នា សេចក្តីចំរើន ចូរមានដល់ព្រះអង្គ ដូច្នេះហើយ ទេវតា​ទាំងនោះ ក៏នាំគ្នាមកកាន់មហាវ័ន ជាទីប្រជុំនៃភិក្ខុទាំងឡាយ។

[៨៣] អាបោទេវតា45) ក្តី បឋវិទេវតា46) ក្តី តេជោទេវតា47) ក្តី វាយោទេវតា48) ក្តី វរុណ​ទេវតាក្តី វារុណទេវតាក្តី សោមទេវតា ព្រមទាំង​យសទេវតាក្តី ក៏បាននាំគ្នាមក ក្នុង​កាលនោះ។ ទេវតាទាំងឡាយ ដែលកើតដោយអំណាចមេត្តាឈាន និងករុណាឈាន ជាអ្នកមានយស​ ក៏បាននាំគ្នាមក ទេវតាទាំង១០ពួកនេះ ឋិតនៅដោយចំណែក​១០​ សុទ្ធតែមានសម្បុរ​ផ្សេងៗគ្នាទាំងអស់ មានឫទ្ធិ មានអានុភាព មានរស្មី មានយស មានចិត្តរីករាយ នាំគ្នាមកកាន់មហាវ័ន ជាទីប្រជុំ​នៃភិក្ខុទាំងឡាយ។ ពួកទេវតាឈ្មោះ​វេណ្ឌុក្តី ឈ្មោះសហលីក្តី ឈ្មោះអសមាក្តី និងឈ្មោះយមៈទាំងពីរពួកក្តី ពួកទេវតា ដែល​អាស្រ័យ​នូវព្រះចន្ទក្តី បានហែហមព្រះចន្ទក៏មកដែរ។ ពួកទេវតាដែលអាស្រ័យនូវ​ព្រះអាទិត្យ បានហែហមព្រះអាទិត្យមក ពួកទេវតាដែលអាស្រ័យនូវផ្កាយ ក៏ហែហម​ផ្កាយមក ទាំងមន្ទវលាហកទេវតា49) ទាំងឡាយ ក៏មក សូម្បី​សក្កទេវរាជ ទ្រង់ព្រះនាម​វាសវបុរិន្ទទៈ ដ៏ប្រសើរជាងពួកទេវតា ក៏មកដែរ។ ទេវតា​ទាំង១០ពួកនេះ ឋិតនៅដោយចំណែក១០ សុទ្ធតែមានសម្បុរផ្សេងៗគ្នាទាំងអស់ មានឫទ្ធិ មានអានុភាព មានរស្មី មានយស មានចិត្តរីករាយ ក៏នាំគ្នាមកកាន់​មហាវ័ន ជាទីប្រជុំ​នៃ​ភិក្ខុទាំងឡាយ។ មួយទៀត ទេវតាទាំងឡាយ ឈ្មោះសហភូដ៏រុងរឿង បីដូច​ជាអណ្តាត​ភ្លើង ក៏បានមកពួកទេវតាឈ្មោះអរិដ្ឋៈក្តី រោជៈក្តី ឧម្មាបុប្ផនិភាសី50) ក្តី វរុណៈក្តី សហធម្មៈក្តី អច្ចុតៈក្តី អនេជកៈក្តី សុលេយ្យៈក្តី រុចិរៈក្តី ក៏បានមក ទាំង​ពួក​ទេវតាឈ្មោះ​វាសវនេសី ក៏បានមក។ ទេវតាទាំង១០ពួកនេះ ឋិតនៅដោយ​ចំណែក​១០ សុទ្ធតែមានសម្បុរផ្សេងៗគ្នាទាំងអស់ មានឫទ្ធិ មានអានុភាព មានរស្មី មានយស មានចិត្តរីករាយ ក៏នាំគ្នាមកកាន់មហាវ័ន ជាទីប្រជុំ​នៃភិក្ខុទាំងឡាយ។ ទេវតា​ទាំងឡាយ ឈ្មោះសមានៈក្តី មហាសមានៈក្តី មានុសៈក្តី មានុសុត្តមៈក្តី ខិឌ្ឌាបទូសិកៈ​ក្តី ក៏បានមក ពួកទេវតាឈ្មោះមនោបទូសិកៈ ក៏បានមក ទាំងពួកទេវតាឈ្មោះ​ហរិក្តី ឈ្មោះ​លោហិតវាសីក្តី ក៏បានមក ទេវតាទាំងឡាយ ឈ្មោះបារគៈក្តី ឈ្មោះ​មហាបារគៈក្តី ជាអ្នក​មានយសក៏បានមក។ ទេវតាទាំង១០ពួកនេះ ឋិតនៅដោយចំណែក១០សុទ្ធតែមាន​សម្បុរ​ផ្សេងៗគ្នាទាំងអស់ មានឫទ្ធិ មានអានុភាព មានរស្មី មានយស មានចិត្តរីករាយ ក៏បាន​នាំគ្នា​មកកាន់មហាវ័ន ជាទីប្រជុំនៃភិក្ខុទាំងឡាយ។ ទេវតាទាំងឡាយ ឈ្មោះសុក្កៈក្តី ករុម្ហៈក្តី អរុណៈក្តី ក៏បានមកជាមួយនឹងវេឃនទេវតា។ ពួកទេវតាឈ្មោះឱទាតគយ្ហៈ ជាប្រធានក្តី ឈ្មោះវិចក្ខណៈក្តី ក៏បានមក ពួកទេវតា ឈ្មោះសទាមត្តៈក្តី ឈ្មោះ​ហារគជៈ​ក្តី ឈ្មោះមិស្សកៈក្តី សុទ្ធតែជាអ្នកមានយស (ក៏បានមក) បជុនទេវរាជ ដែលញុំាង​មេឃឲ្យគ្រហឹម កំទរ ហើយបង្អុរភ្លៀង ឲ្យធ្លាក់ចុះគ្រប់ទិស ក៏បានមក។ ទេវតាទាំង១០​ពួកនេះ ឋិតនៅដោយចំណែក១០ សុទ្ធតែមានសម្បុរផ្សេងៗគ្នាទាំងអស់ មានឫទ្ធិ មានអានុភាព មានរស្មី មានយស មានចិត្តរីករាយ ក៏បាននាំគ្នាមកកាន់​មហាវ័ន ជាទី​ប្រជុំ​នៃភិក្ខុទាំងឡាយ។ ពួកខេមិយទេវតា ដែលឋិតនៅក្នុងតុសិតបុរីក្តី ឋិតនៅក្នុងយាមទេវ​លោក​ក្តី ពួកកដ្ឋកទេវតា ដែលមានយសក្តី ពួកលម្ពិតកទេវតាក្តី ពួកលាមសេដ្ឋទេវតាក្តី ពួកទេវតាឈ្មោះជោតិក្តី ឈ្មោះអាសវៈក្តី ពួកនិម្មានរតីទេវតាក្តី ក៏បានមក ទាំងពួកបរនិម្មិតទេវតា ក៏បានមក។ ទេវតាទាំង១០ពួកនេះ ឋិតនៅដោយចំណែក១០ សុទ្ធតែ​មានសម្បុរ​ផ្សេងៗគ្នាទាំងអស់ មានឫទ្ធិ មានអានុភាព មានរស្មី មានយស មានចិត្ត​រីករាយ ក៏បាននាំគ្នាមកកាន់មហាវ័ន ជាទីប្រជុំនៃភិក្ខុទាំងឡាយ។ ពួកទេវតាទាំង៦០​ មាន​អាបោទេវតាជាដើមនេះ សុទ្ធតែ​មានសម្បុរ​ផ្សេងៗគ្នាទាំងអស់ មកហើយដោយ​ចំណែកនាម សូម្បីពួកទេវតាណាក្រៅពីនោះ ដែលមាន​រស្មីប្រហែលគ្នា ក៏មកព្រមគ្នា ដោយគិតថា យើងទាំងឡាយ នឹងទៅមើល​ព្រះអរិយសង្ឃ ដែលប្រាសចាកជាតិ ឥត​មានកិលេស ដូចជាដែកគោល លោកឆ្លង​ចាកអន្លង់ទាំង៤ហើយ មិនមានកិលេសជា​គ្រឿង​ត្រាំ រួចស្រឡះ​ចាកឱឃៈទាំង៤ហើយ លោកមិនបានធ្វើនូវបាប មួយទៀត យើងនឹង​បានឃើញនូវព្រះទសពល ដែលរុងរឿង​ដោយសិរី ដូចព្រះចន្ទឆ្លងផុតអំពី​ពពក។

[៨៤] អរិយព្រហ្មទាំងឡាយ គឺសុព្រហ្ម និងបរមត្តព្រហ្ម ជាបុត្តរបស់​ព្រះសម្មាសម្ពុទ្ធ ទ្រង់មានឫទ្ធិ ក៏មកជាមួយគ្នា សនង្កុមារមហាព្រហ្មក្តី តិស្សមហាព្រហ្មក្តី ក៏នាំគ្នាមកកាន់​មហាវ័ន ជាទីប្រជុំនៃភិក្ខុទាំងឡាយ។ មហាព្រហ្មទាំង១ពាន់ ក៏មកហើយ មហាព្រហ្ម១អង្គ គ្របសង្កត់​នូវព្រហ្មឯទៀតបាន មហាព្រហ្មនោះ កើតក្នុងព្រហ្មលោក មានអានុភាព មានកាយសំបើម មានយស ក៏មកដែរ។ មហាព្រហ្មទាំង១០ ជាឥស្សរៈលើ​ព្រហ្មទាំង១ពាន់នេះ តែងផ្សាយអំណាចផ្សេងៗ ក៏បានមក ហារិតមហាព្រហ្ម (ដែល​មានព្រហ្មទាំង​១សែន) ហែហមក្នុងកណ្តាលនៃពួកព្រហ្មទាំងនោះ ក៏បានមក។ សេនារបស់​មារ បានឃើញនូវពួកទេវតា ព្រមទាំងព្រះឥន្ទ ព្រមទាំងព្រះព្រហ្មទាំងអស់​នោះ មកដូច្នោះហើយ ក៏បានមក ហើយពោលថា អ្នកទាំងឡាយ ចូរមើលនូវសេចក្តីល្ងង់​របស់មារ។ (ឯសេនារបស់មារ ក៏ពោលថា) អ្នកទាំងឡាយ ចូរមក ចូរចាប់ចងពួកទេវតា​ទាំងនេះទុក ការចងដោយរាគៈ ចូរមានដល់អ្នកទាំងឡាយ51) អ្នកទាំងឡាយ ចូរព័ទ្ធឲ្យជុំវិញ បណ្តាអ្នកទាំងអស់គ្នា អ្នកណាមួយ ក៏កុំ​បណ្តោយឲ្យទេវតា១អង្គ រួចទៅបានឡើយ។ មារជាសេនាធំក្នុងទីប្រជុំធំនោះ ក៏ទះនូវផ្ទៃ​នៃ​ផែនដី ដោយបាតដៃ ធ្វើនូវសំឡេងគម្រាម​មុខគួរខ្លាច ដូចជាមហាមេឃ គ្រហឹម បង្អុរ​ភ្លៀង មានទាំងផ្លេកបន្ទោរ ក្នុងកាលនោះ មារនោះមិនអាចនឹងធ្វើ (ទេវតាណាមួយ) ឲ្យប្រព្រឹត្តទៅក្នុងអំណាចខ្លួនបាន ក៏ក្រេវក្រោធថយចេញបាត់ទៅ។ លំដាប់នោះ ព្រះសាស្តា ទ្រង់មានចក្ខុពិចារណាហើយ ជ្រាបហេតុនោះទាំងអស់ ទើបទ្រង់ត្រាស់នឹង​ភិក្ខុជាសាវ័កទាំងឡាយ ដែលត្រេកអរក្នុងសាសនាថា ម្នាលភិក្ខុទាំងឡាយ មារសេនាមកដល់​ហើយ អ្នកទាំងឡាយ ចូរស្គាល់នូវមារ​សេនាទាំងនោះចុះ ឯពួកភិក្ខុទាំង​នោះ លុះបានស្តាប់ពាក្យប្រដៅ​ព្រះពុទ្ធជាម្ចាស់ហើយ ក៏ធ្វើព្យាយាម (ដើម្បី​ចូលកាន់​ផលសមាបត្តិ)។ មារ ព្រមទាំងពួកសេនារបស់មារ ក៏ចៀសចេញឆ្ងាយទៅ អំពីពួកអរិយសាវ័ក ដែលប្រាសចាករាគៈ សូម្បីតែរោមរបស់ព្រះអរិយៈ​ទាំងនោះ ក៏មិនបាន​ព្រឺព្រួចឡើយ (ទើប​មារពោលសរសើរ​ភិក្ខុសង្ឃថា) ពួកសាវ័កទាំងនោះ លោកឈ្នះ​សឹកសង្គ្រាមហើយ កន្លងបង់នូវសេចក្តីភ័យខ្លាចបានហើយ មានយសល្បី​ទូរទ័រ​ ទៅក្នុងប្រជុំជន តែងរីករាយ ជាមួយនឹងព្រះអរិយៈ ដែលកើតហើយ (ក្នុងសាសនា​ព្រះទសពល)។

ចប់ មហាសមយសូត្រ ទី៧។

សក្កបញ្ហសូត្រ ទី៨

(៨. សក្កបញ្ហសុត្តំ)

[៨៥] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុង​ឥន្ទសាលគុហា52) ជិតភ្នំវេទិយក: (តាំងនៅ) ជា ខាងកើតនៃក្រុងរាជគ្រឹះ ជាខាងជើងនៃព្រាហ្មណគ្រាម ឈ្មោះអម្ពសណ្ឌៈ ក្នុងដែន​មគធៈ។ ក៏សម័យនោះឯង សក្កទេវរាជ ជាធំជាងពួកទេវតា មានសេចក្តី​ខ្វល់ខ្វាយ​កើត​ឡើង ដើម្បីនឹងទៅគាល់ព្រះមានព្រះភាគ។ វេលានោះឯង សក្កទេវរាជ ជាធំជាង​ពួក​ទេវតា ទ្រង់បរិវិតក្កៈដូច្នេះថា ឥឡូវនេះ ព្រះមានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធ ទ្រង់​គង់​នៅ​ក្នុង​ទីណាហ្ន៎។ សក្កទេវរាជ ជាធំជាងពួកទេវតា បានទតឃើញនូវព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងឥន្ទសាលគុហា ជិតភ្នំវេទិយកៈ ជាខាងកើតនៃក្រុងរាជគ្រឹះ ជាខាង​ជើង​នៃ​ព្រាហ្មណគ្រាម ឈ្មោះអម្ពសណ្ឌៈ ក្នុងដែនមគធៈ លុះឃើញហើយ ក៏ត្រាស់​ហៅ​ពួក​ទេវតា ដែលនៅក្នុងឋានតាវត្តិង្សមកប្រាប់ថា ម្នាលគ្នាយើងទាំងឡាយ ឥឡូវនេះ ព្រះ​មានព្រះភាគជា​ម្ចាស់អង្គនេះ ទ្រង់គង់នៅក្នុងឥន្ទសាលគុហា ជិតភ្នំវេទិយកៈ ជាខាង​កើត​នៃក្រុងរាជគ្រឹះ ជាខាងជើងនៃព្រាហ្មណគ្រាម ឈ្មោះអម្ពសណ្ឌៈ ក្នុងដែនមគធៈ ម្នាល​គ្នា​យើង​ទាំងឡាយ បើដូច្នោះ គួរយើងទំាងអស់គ្នា ចូលទៅគាល់ព្រះមានព្រះភាគ ជា​អរហន្ត​​សម្មាសម្ពុទ្ធអង្គនោះ។ ពួកទេវតា ដែលឋិតនៅក្នុងឋានតាវត្តិង្ស ក៏ទទួល​ព្រះរាជ​ឱង្ការ នៃសក្កទេវរាជ ជាធំជាងពួកទេវតាថា ព្រះករុណាថ្លៃវិសេស សេចក្តី​ចំរើន ​ចូរមាន​ដល់​ព្រះអង្គ។ លំដាប់នោះ សក្កទេវរាជ ជាធំជាងពួកទេវតា ទ្រង់ត្រាស់​ហៅ​បញ្ចសិខគន្ធព្វបុត្ត​ថា ម្នាលអ្នកបញ្ចសិខៈ ឥឡូវនេះ ព្រះមានព្រះភាគអង្គនេះ ទ្រង់គង់​នៅ​ក្នុងឥន្ទសាលគុហា ជិតភ្នំវេទិយកៈ ជាខាងកើតនៃក្រុងរាជគ្រឹះ ជាខាងជើង នៃ​ព្រាហ្មណគ្រាម​ ឈ្មោះអម្ពសណ្ឌៈ ក្នុងដែនមគធៈ ម្នាលអ្នកបញ្ចសិខៈ​ បើដូច្នោះ គួរយើង​ចូល​ទៅ​គាល់ព្រះមានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធ អង្គនោះ។ បញ្ចសិខគន្ធព្វបុត្ត ក៏ទទួល​ព្រះ​រាជឱង្ការ នៃសក្កទេវរាជ ជាធំជាងពួកទេវតាថា ព្រះករុណាថ្លៃវិសេស សេចក្តី​ចំរើន ​ចូរ​មាន​ដល់ព្រះអង្គ ហើយក៏កាន់ពិណ មានសម្បុរលឿង ដូចផ្លែព្នៅទុំ ដើរតាមក្រោយ​នៃ​សក្កទេវរាជ ជាធំជាងពួកទេវតា។ ក្នុងខណៈនោះឯង សក្កទេវរាជ ជា​ធំជាង​ពួកទេវតា មាន​ពួកទេវតា ដែលឋិតនៅក្នុងជាន់តាវត្តិង្សចោមរោមហែហម មាន​បញ្ចសិខគន្ធព្វបុត្ត ​ជា​អ្នកនំាមុខ ក៏បាត់អំពីពពួកទេវតា ដែលឋិតនៅក្នុងឋានតាវត្តិង្ស មកប្រតិ​ស្ឋាន​នៅ​លើ​ភ្នំ​វេទិយកៈ ជាខាងកើតនៃក្រុងរាជគ្រឹះ ជាខាងជើងនៃ ព្រាហ្មណ​គ្រាម​ ឈ្មោះអម្ពសណ្ឌៈ ក្នុងដែនមគធៈ(ដោយឆាប់រហ័ស) ប្រៀបដូចបុរសមានកម្លាំង​ លាដៃដែលខ្លួនបត់ចូល ឬបត់ចូលនូវដៃ​ដែលលាចេញដូច្នោះឯង។ ក្នុងសម័យនោះឯង ភ្នំវេទិយកៈ និងព្រាហ្មណគ្រាម ឈ្មោះអម្ពសណ្ឌៈ ក៏មានពន្លឺព្រោងព្រាត ដោយទេវានុ ភាព ​នៃ​ពួក​ទេវតា។ បានឮថា ពួកមនុស្សក្នុងស្រុកជិតខាងនិយាយគ្នា យ៉ាងនេះថា ថ្ងៃ​នេះ​ ភ្នំ​វេទិយកៈ ​រុងរឿង ថ្ងៃនេះ ភ្លើងឆេះភ្នំវេទិយកៈ ថ្ងៃនេះ ភ្នំវេទិយកៈ ភ្លឺច្រាលរន្ទាល ភ្នំ​វេទិយកៈ និងព្រាហ្មណគ្រាម ឈ្មោះអម្ពសណ្ឌៈ ហេតុអ្វីបាន​ជាមានពន្លឺភ្លឺ​ក្រៃពេក​ក្នុង​ថ្ងៃ​នេះ។ ពួកមនុស្សទាំងនោះ ក៏មានសេចក្តីតក់ស្លត់ព្រឺរោម។ គ្រានោះ សក្កទេវរាជ ជា​ធំជាង​​ពួកទេវតា ទ្រង់ត្រាស់ហៅបញ្ចសិខគន្ធព្វបុត្តមកថា នែអ្នកបញ្ចសិខៈ ព្រះ​តថាគត​ទំាង​ឡាយ ព្រះអង្គមានឈាន ត្រេកអរក្នុងឈាន ព្រះអង្គសម្ងំនៅ ដោយកម្មដ្ឋាន​បាន​ភ្លាម​ៗ (ព្រោះហេតុនោះ) បុគ្គលដូចយ៉ាងយើង ដែលជាអ្នកមានរាគៈ ទោសៈ មោហៈ នឹងចូល​ទៅ​គាល់បានដោយលំបាក នែអ្នកបញ្ចសិខៈ បើដូច្នោះ​ គួរអ្នកធ្វើឲ្យ​ព្រះមាន​ព្រះភាគ ​ពេញ​ព្រះហឫទ័យ (បើកឱកាសឲ្យ) ជាមុនសិន ម្នាលអ្នក បើអ្នកបានធ្វើឲ្យ​ព្រះអង្គ​ពេញ​ព្រះហឫទ័យ​ជាមុនហើយ សិមយើងទំាងឡាយ ចូលទៅ​គាល់​ព្រះមាន​ព្រះភាគ ជា​អរហន្ត​សម្មាសម្ពុទ្ធ​អង្គនោះ ក្នុងកាលជាខាងក្រោយ។ បញ្ចសិខគន្ធព្វបុត្ត ទទួល​ព្រះរាជ​ឱង្ការ ​របស់សក្កទេវរាជ ជាធំជាងពួកទេវតាថា ព្រះករុណាថ្លៃវិសេស សេចក្តីចំរើន ចូរ​មាន​ដល់​ព្រះអង្គ ហើយក៏កាន់នូវពិណ មានសម្បុរលឿង ដូចផ្លែព្នៅទុំ ចូលសំដៅទៅត្រង់​ឥន្ទសាលគុហា លុះចូលទៅដល់ហើយ ក៏ឋិតនៅក្នុងទីសមគួរ ដោយ​គិត​ថា ទីត្រឹម​ប៉ុណ្ណេះ ព្រះមានព្រះភាគគង់នៅ មិនឆ្ងាយពេក មិនជិតពេកអំពីអញ ទំាងព្រះអង្គ ​ក៏​ទ្រង់​ឮសំឡេងអញបានផង។ លុះបញ្ចសិខគន្ធព្វបុត្ត ឋិតនៅក្នុង ទី​សម​គួរ​ហើយ ក៏​ចាប់​ដេញ​ពិណ មានសម្បុរលឿង ដូចផ្លែព្នៅទុំ ហើយច្រៀងនូវគាថាទំាងនេះ ដែល​ប្រកប​ដោយ​ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ព្រះអរហន្ត ព្រមទំាងប្រកបដោយកាម ថា

៨៦>[៨៦]</span> ម្នាលនាងសុរិយវច្ឆសា53) ដ៏ចំរើន បងសូមថ្វាយបង្គំ នូវទេវរាជព្រះនាមតិម្ពរុ ជាបិតារបស់នាង ដោយហេតុ ដែលនាងកើតមកហើយ មានលំអជាទីញុំាង​សេចក្តីត្រេកអរឲ្យកើត​ដល់បង។ ដូចខ្យល់ជាទីត្រេកអរ របស់បុគ្គលអ្នកមានញើស ពុំនោះសោត ដូចទឹកសម្រាប់​ផឹក ជាទីត្រេកអរ របស់បុគ្គលអ្នកស្រេកទឹក នាងមានពន្លឺរស្មីនៃអវយវៈ ជាទីស្រឡាញ់ពេញចិត្តនៃបង ដូចនវលោកុត្តរធម៌ ជាទីស្រឡាញ់ របស់ពួក​ព្រះអរហន្ត​ដូច្នោះ។ ម្នាលនាងដ៏ចម្រើន ចូរនាងជួយលត់ (សេចក្តីក្រហល់ក្រហាយរបស់បង) ចេញ ដូចគេដាក់ថ្នាំ ដល់អ្នកជម្ងឺ ពុំនោះ ដូចគេឲ្យភោជន ដល់អ្នកកំពុងឃ្លាន ពុំនោះសោត ដូចគេលត់ភ្លើងកំពុងឆេះដោយទឹក។ សូមឲ្យបងបានអែបនែបត្រង់ចន្លោះស្តន និង ឧទរ របស់​នាង ដូចជាដំរីមានសេចក្តីក្រហល់ក្រហាយ ក្នុងរដូវប្រាំង បានចុះកាន់ស្រះឈូក មានទឹកដ៏ត្រជាក់ ប្រកបដោយលំអង នៃកេសរផ្កាឈូក ដូច្នោះឯង។ បងងោងងប់ ព្រោះភ្លៅរបស់នាង ដែលបរិបូរដោយលក្ខណៈ ក៏លែងស្គាល់ហេតុ (ដែលនាំឲ្យ​ប្រាសចាក​រាគៈ) ដូចជាដំរី (ចុះប្រេង) ហួសវិស័យកង្វេរ គិតថា អញឈ្នះផ្លែ​កង្វេរ និង​លំពែង។ បងមានចិត្តស្លុងចុះហើយក្នុងនាង បងមិនអាចនឹងទាញចិត្ត ដែលងប់ស៊ប់ហើយ ឲ្យត្រឡប់វិញបានឡើយ ដូចជាត្រីលេបសន្ទូច។ ម្នាលនាងមានភ្លៅដូចបណ្តូលចេកដ៏​ចម្រើន ចូរនាងឱបបង ម្នាលនាងមានភ្នែកស្រទន់ ចូរនាងមកកៀកបង ម្នាលនាងមាន​រូប​ឆោម​ដ៏ល្អ ចូរនាងមកឱបរឹតបង ការឱបរឹតនេះ បងត្រូវការណាស់។ កាមរបស់បង​មាន​តិច​ដែរ​ទេ តែព្រោះនាងមានសក់ត្រសាយ ងឡើង សេចក្តីប្រាថ្នានៃបង ក៏កើតមានជាអនេក ដូចទក្ខិណាទាន ដែលគេថ្វាយ ចំពោះព្រះអរហន្ត។ ម្នាលនាងមានលំអសព្វសព៌ាង្គ បុណ្យណា ដែលបងបានធ្វើហើយ ចំពោះព្រះអរហន្តទាំងឡាយ ជាអ្នកនឹងធឹង បុណ្យរបស់បងនោះ សូមជួយបង ឲ្យបានភប់ប្រសព្វនឹងនាង។ ម្នាលនាង មានលំអ​អស់​អង្គ បុណ្យណាដែលបងបានធ្វើហើយ ក្នុងមណ្ឌលនៃប្រឹថពីនេះ បុណ្យរបស់បងនោះ សូមជួយបងឲ្យបានភប់ប្រសព្វនឹងនាង។ ព្រះមុនី ជាសក្យបុត្រ ទ្រង់ប្រកបដោយឈាន គង់នៅ​តែមួយព្រះអង្គឯង មានព្រះប្រាជ្ញាស្មារតី ព្រះអង្គខំស្វែងរកព្រះនិព្វាន យ៉ាងណា ម្នាលនាងសុរិយវច្ឆសា បងក៏ខំស្វែងរកនាង យ៉ាងនោះដែរ។ មួយទៀត សម្តេចព្រះមុនី ព្រះអង្គបានសម្រេចនូវសម្ពោធិញ្ញាណ ដ៏ឧត្តមហើយ ទ្រង់រីករាយព្រះហឫទ័យ យ៉ាងណាមិញ ម្នាលនាងកល្យាណី ខ្លួនបង បើបានមូលមិត្តនឹងនាងហើយ ក៏នឹង រីករាយក្នុងចិត្ត យ៉ាងនោះដែរ។ ម្នាលនាងដ៏ចំរើនអើយ បើសក្កទេវរាជ ជាធំជាងពួកទេវតា ក្នុងជាន់តាវត្តិង្ស ទ្រង់ប្រទានពរដល់បង​ បងគប្បីប្រាថ្នានាង សេចក្តីប្រាថ្នា ដែលមាំមួន (ក្នុងចិត្ត) របស់បងយ៉ាងនេះ។ ម្នាលនាងទេវធីតា មានប្រាជ្ញាឈ្លាសវៃ នាងមានរូប​ប្រាកដ​ដូច្នេះ ជាធីតារបស់អ្នកណា បងសូមថ្វាយបង្គំ ចំពោះអ្នកនោះ ជាបិតារបស់នាង ដូចឈើ ដែល​ទើបនឹងមានផ្កា។

[៨៧] កាលបើបញ្ចសិខគន្ធព្វបុត្ត ច្រៀងគាថាទាំងនោះយ៉ាងនេះហើយ ព្រះមានព្រះភាគ ទ្រង់ត្រាស់សួរ​បញ្ចសិខគន្ធព្វបុត្ត យ៉ាងនេះថា ម្នាលបញ្ចសិខៈ សំឡេងខ្សែពិណរបស់អ្នក សមល្មមគ្នា នឹងសំឡេងច្រៀង ទាំងសំឡេងច្រៀង ក៏សមល្មម​គ្នានឹងសំឡេងខ្សែពិណ ម្នាលបញ្ចសិខៈ មួយទៀត សំឡេងខ្សែពិណរបស់អ្នក មិនប្រព្រឹត្ត​កន្លងសំឡេងច្រៀង ទាំងសំឡេងច្រៀង ក៏មិនប្រព្រឹត្តកន្លងសំឡេងខ្សែពិណឡើយ ម្នាល​បញ្ចសិខៈ គាថាទាំងនេះ ដែលប្រកបដោយ​ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ព្រះអរហន្ត ទាំង​ប្រកបដោយ​កាម តើអ្នកចងក្រងទុកតាំងពីកាលណាមក។ បញ្ចសិខគន្ធព្វបុត្រ ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ បានចងក្រងទុក តាំងពីសម័យ​ ដែល​ព្រះមានព្រះភាគ ទ្រង់បានត្រាស់ដឹងជាដំបូង ហើយទ្រង់គង់នៅក្រោម​ដើមអជបាល​និគ្រោធ ក្បែរឆ្នេរស្ទឹងនេរញ្ជរា ក្នុងឧរុវេលាប្រទេស ឯណោះ។ បពិត្រព្រះអង្គដ៏ចំរើន សម័យនោះ ខ្ញុំព្រះអង្គប្រាថ្នាចង់បាននូវនាងសុរិយវច្ឆសាដ៏ល្អ ដែលជាធីតា​ នៃព្រះបាទ​តិម្ពរុគន្ធព្វរាជ។ បពិត្រព្រះអង្គដ៏ចំរើន តែនាងនោះឯង មានសេចក្តីស្រឡាញ់ ចំពោះ​បុរស​ដទៃវិញ គឺចង់បាន​សិខណ្ឌិទេវបុត្រ ជាបុត្តរបស់មាតលីសង្គហកទេវបុត្ត។ បពិត្រព្រះអង្គដ៏ចំរើន ក្នុងកាលដែលខ្ញុំព្រះអង្គ មិនបាននាងនោះ ដោយបរិយាយ​ណាមួយ​ហើយ ទើបខ្ញុំព្រះអង្គកាន់ពិណ មានសម្បុរលឿង ដូចផ្លែព្នៅទុំ ចូលសំដៅ​ទៅ​ត្រង់លំនៅ របស់ព្រះបាទតិម្ពរុគន្ធព្វរាជ លុះចូលទៅដល់ហើយ ក៏ដេញពិណមានសម្បុរ​លឿង ដូចផ្លែព្នៅទុំ ហើយច្រៀងនូវគាថាទាំងនេះ ដែលប្រកបដោយព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ព្រះអរហន្ត ទាំងប្រកបដោយកាមថា

ម្នាលនាងទេវធីតា ឈ្មោះសុរិយវច្ឆសាដ៏ចំរើន នាងកើតមកហើយ មានរូបល្អ បងសូម​ថ្វាយបង្គំនូវទេវរាជ ព្រះនាមតិម្ពរុ ជាបិតារបស់នាង ដោយហេតុដែលនាងកើត​មកហើយ មានលំអជាទីញុំាង​សេចក្តីត្រេកអរ ឲ្យកើតដល់បង។បេ។ ម្នាលនាងទេវធីតា មានប្រាជ្ញាឈ្លាសវៃ នាងមានរូប​ប្រាកដដូច្នេះ ជាធីតារបស់អ្នកណា បងសូមថ្វាយបង្គំ ចំពោះ​អ្នកនោះ ជាបិតារបស់នាង ដូចឈើដែល​ទើបនឹងមានផ្កា។

[៨៨] បពិត្រព្រះអង្គដ៏ចំរើន កាលបើខ្ញុំច្រៀងគាថាយ៉ាងនេះហើយ នាងសុរិយវច្ឆសាដ៏ចំរើន បាននិយាយនឹងខ្ញុំព្រះអង្គ យ៉ាងនេះថា ម្នាលអ្នកនិទ៌ុក្ខ ខ្ញុំ​មិនដែល​បានឃើញព្រះមានព្រះភាគអង្គនោះ​ ក្នុងទីចំពោះព្រះភក្ត្រសោះឡើយ ប៉ុន្តែ កាលខ្ញុំចូលទៅរាំក្នុងរោងឈ្មោះសុធម្មា របស់ទេវតាទាំងឡាយ នៅក្នុងឋានតាវត្តិង្ស ក៏​បាន​ឮកិត្តិគុណរបស់ព្រះមានព្រះភាគនោះ ម្នាលអ្នកនិទ៌ុក្ខ កាលណាបើអ្នកនិយាយ​សរសើរព្រះមានព្រះភាគអង្គនោះ ការជួបគ្នាក្នុងថ្ងៃនេះ ចូរមានដល់យើងទាំងពីរនាក់។ បពិត្រព្រះអង្គដ៏ចំរើន ការស្ម័គ្រសមាគម ជាមួយនឹងនាងនោះ ក៏មានដល់ខ្ញុំព្រះអង្គ ខ្ញុំ​ព្រះអង្គក៏លែងច្រៀង (ទំនុកនេះ) តាំងពីក្រោយនោះមក។ លំដាប់នោះ សក្កទេវរាជ ជាធំជាងពួកទេវតា ទ្រង់ត្រិះរិះយ៉ាងនេះថា បញ្ចសិខគន្ធព្វបុត្ត សាទរជាមួយនឹង​ព្រះមានព្រះភាគ ទាំងព្រះមានព្រះភាគ ក៏ទ្រង់សាទរជាមួយនឹងបញ្ចសិខគន្ធព្វបុត្ត។ ទើបសក្កទេវរាជ ជាធំជាងពួកទេវតា ត្រាស់ហៅបញ្ចសិខគន្ធព្វបុត្តមកថា នែអ្នក​បញ្ចសិខៈ អ្នកចូរទៅថ្វាយបង្គំ​ព្រះមានព្រះភាគ តាមពាក្យរបស់យើងថា បពិត្រព្រះអង្គដ៏ចំរើន សក្កទេវរាជ ជាធំជាងពួកទេវតា ព្រមទាំងអាមាត្យ ព្រមទាំង​បរិសទ្យ សូមក្រាបថ្វាយបង្គំ នូវព្រះបាទទាំងគូ របស់ព្រះមានព្រះភាគដោយត្បូង។ បញ្ចសិខគន្ធព្វបុត្ត ក៏ទទួល​ព្រះ​បន្ទូល​សក្កទេវរាជ ជាធំជាងពួកទេវតា ដោយពាក្យថា ព្រះករុណាថ្លៃវិសេស សេចក្តីចំរើន ចូរមានដល់ព្រះអង្គ ហើយថ្វាយបង្គំ​ព្រះមាន​ព្រះភាគ​ថា បពិត្រព្រះអង្គដ៏ចំរើន សក្កទេវរាជ ជាធំជាងពួកទេវតា ព្រមទាំងអាមាត្យ ព្រមទាំង​បរិសទ្យ សូមក្រាបថ្វាយបង្គំ​ នូវព្រះបាទទាំងគូ របស់ព្រះមានព្រះភាគ​ដោយ​ត្បូង។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលបញ្ចសិខៈ សូមឲ្យ​សក្កទេវរាជ ជាធំជាង​ពួក​ទេវតា ព្រមទាំងអាមាត្យ ព្រមទាំងបរិសទ្យ បានសេចក្តីសុខ តាមសេចក្តីប្រាថ្នាចុះ ព្រោះ​ពួក​ទេវតា និងមនុស្ស អសុរ នាគ គន្ធព្វ និងសត្វដទៃៗ ជាច្រើនពួក តែងប្រាថ្នា​សេចក្តី​សុខ។

[៨៩] ធម្មតា ព្រះតថាគតរាល់ព្រះអង្គ តែងមានព្រះបន្ទូលដោយស្មោះ ចំពោះ​ទៅរក​ពួកយក្ស ដែលមានសក្តិធំ មានសភាពយ៉ាងនេះ ដូច្នេះឯង។ ឯសក្កទេវរាជ ជាធំជាងពួកទេវតា លុះព្រះមានព្រះភាគ មានព្រះបន្ទូល​ដោយស្មោះ ចំពោះហើយ ក៏​ចូល​ទៅកាន់​ឥន្ទសាលគុហា ថ្វាយបង្គំព្រះមានព្រះភាគ ហើយឋិតនៅក្នុងទីដ៏សមគួរ។ ទាំងពួកទេវតានៅក្នុងជាន់តាវត្តិង្ស ក៏ចូលទៅកាន់ឥន្ទសាលគុហា ថ្វាយបង្គំ​ព្រះមានព្រះភាគ ហើយឋិតនៅក្នុងទីដ៏សមគួរ។ ឯបញ្ចសិខគន្ធព្វបុត្ត ក៏ចូលទៅកាន់​ឥន្ទសាលគុហា ថ្វាយបង្គំព្រះមានព្រះភាគ ហើយឋិតនៅក្នុងទីដ៏សមគួរ។ ក្នុងសម័យ​នោះឯង ឥន្ទសាលគុហា ដែលមានផ្ទៃមិនរាបស្មើ ក៏ប្រែជាមានផ្ទៃរាបស្មើវិញ មាន​ទីចង្អៀត ក៏ប្រែជាមានទីធំទូលាយវិញ ទាំងងងឹតក្នុងគុហាក៏បាត់ទៅ មានពន្លឺភ្លឺ​ព្រោងព្រាតឡើង ដោយទេវានុភាព របស់ពួកទេវតានោះឯង។

[៩០] គ្រានោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងសក្កទេវរាជ ជាធំជាងពួកទេវតា ដូច្នេះថា នេះជាហេតុគួរអស្ចារ្យ របស់កោសិយៈមានអាយុ នេះជាហេតុ​មិនធ្លាប់កើតមាន របស់កោសិយៈមានអាយុ នេះជាដំណើរស្តេចមកក្នុងទីនេះ របស់ទេវរាជ ដែលមានកិច្ច​ច្រើន មានការងារច្រើន។ សក្កទេវរាជក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ មានបំណងនឹងចូលមកគាល់ព្រះមានព្រះភាគ ជាយូរណាស់ហើយ តែខ្ញុំព្រះអង្គ មានសេចក្តីខ្វល់ខ្វាយដោយកិច្ចការងារនីមួយ54) របស់ពួកទេវតា នៅក្នុងជាន់​តាវត្តិង្ស ព្រោះហេតុនោះ ខ្ញុំព្រះអង្គ ក៏មិនអាចនឹង​ចូលមកគាល់ព្រះមានព្រះភាគបាន។ បពិត្រព្រះអង្គដ៏ចំរើន សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងសលឡគន្ធកុដិ ជិត​ក្រុងសាវត្ថី។ បពិត្រព្រះអង្គដ៏ចំរើន សម័យនោះឯង ខ្ញុំព្រះអង្គ បានមកកាន់ក្រុងសាវត្ថី ដើម្បីគាល់​ព្រះមានព្រះភាគ។ បពិត្រព្រះអង្គដ៏ចំរើន តែជួនជាវេលានោះ ព្រះមានព្រះភាគ កំពុងគង់សម្ងំ ដោយសមាធិឯណាមួយ។ ឯនាង​ទេវធីតា ឈ្មោះភុជគី ជាបរិចារិការបស់វេស្សវណមហារាជ កំពុងតែឈរប្រណម្យអញ្ជលី នមស្សការ គោរព​ព្រះមានព្រះភាគ។ បពិត្រព្រះអង្គដ៏ចំរើន គ្រានោះ ខ្ញុំព្រះអង្គផ្តាំផ្ញើនឹងនាងទេវធីតា ឈ្មោះ​ភុជគី ដូច្នេះថា ម្នាលប្អូនស្រី នាងចូរថ្វាយបង្គំព្រះមានព្រះភាគ​ តាមពាក្យយើងថា បពិត្រព្រះអង្គដ៏ចំរើន សក្កទេវរាជ ជាធំជាងពួកទេវតា ព្រមទាំងអាមាត្យ ព្រមទាំងបរិសទ្យ សូមថ្វាយបង្គំព្រះបាទទាំងគូ របស់ព្រះមានព្រះភាគដោយត្បូង។ បពិត្រព្រះអង្គដ៏ចំរើន កាលខ្ញុំព្រះអង្គផ្តាំផ្ញើ យ៉ាងនេះហើយ នាងទេវធីតាឈ្មោះ ភុជគី នោះ ឆ្លើយតបមកនឹងខ្ញុំព្រះអង្គ ដូច្នេះថា បពិត្រព្រះអង្គ ទ្រង់និទ៌ុក្ខ វេលានេះ ជាកាល​មិនគួរនឹងចូលទៅគាល់ព្រះមានព្រះភាគទេ ព្រោះព្រះមានព្រះភាគ កំពុងសម្ងំនៅដោយ​ព្រះកម្មដ្ឋាន។ ខ្ញុំព្រះអង្គ បាននិយាយថា បើដូច្នោះ កាលណាបើព្រះមានព្រះភាគ ទ្រង់ចេញ​ចាកសមាធិនោះហើយ ចូរនាងថ្វាយបង្គំព្រះមានព្រះភាគ តាមពាក្យរបស់​យើងថា បពិត្រព្រះអង្គដ៏ចំរើន សក្កទេវរាជ ជាធំជាងពួកទេវតា ព្រមទាំងអាមាត្យ ព្រមទាំងបរិសទ្យ សូមថ្វាយបង្គំព្រះបាទទាំងគូ របស់ព្រះមានព្រះភាគដោយត្បូង។ បពិត្រព្រះអង្គដ៏ចំរើន នាងនោះបានថ្វាយបង្គំព្រះមានព្រះភាគ តាមពាក្យរបស់​ខ្ញុំ​ដែរឬ ព្រះមានព្រះភាគ ទ្រង់រលឹកឃើញពាក្យនាងនោះដែរឬ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា បពិត្រទេវានមិន្ទ នាងនោះបានថ្វាយបង្គំតថាគតហើយ តថាគត ក៏រលឹកឃើញពាក្យ​នោះបាន តែតថាគត ចេញចាកសមាធិនោះ ព្រោះសូរនៃខ្នងកង់ (រាជរថ) របស់ទេវរាជ​ដ៏មានអាយុ។ សក្កទេវរាជ ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ពួកទេវតាណា បានទៅ​កើតក្នុងពពួកទេវតា នៅក្នុងជាន់តាវត្តិង្ស មុនជាងខ្ញុំព្រះអង្គ ៗ បានឮចំពោះមុខ បានទទួល (ដំណឹងនោះ) ចំពោះ​មុខ នៃទេវតាទាំងនោះថា កាលណាព្រះតថាគត ជា​អរហន្ត សម្មាសម្ពុទ្ធទាំងឡាយ ទ្រង់កើតឡើងក្នុងលោក កាលនោះ ពួកទេវតាក៏កុះករ ពួក​អសុរក៏សាបសូន្យទៅ។ បពិត្រព្រះអង្គដ៏ចំរើន ហេតុនោះឯង ខ្ញុំព្រះអង្គ បានឃើញ​ជាក់ហើយ តាំងពីដួច ព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធ កើតឡើងហើយក្នុងលោក ពួកទេវតាក៏កុះករ ពួកអសុរក៏សាបសូន្យទៅ។ បពិត្រព្រះអង្គដ៏ចំរើន ក្នុងក្រុងកបិលវត្ថុ​នេះឯង មានសក្យធីតាម្នាក់ ឈ្មោះ គោបិកា ជាស្ត្រីជ្រះថ្លាក្នុងព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តែងធ្វើនូវការបំពេញកិច្ច ក្នុងសីលទាំងឡាយ នាងនឿយណាយ​ចិត្ត ក្នុងភេទ​នៃខ្លួនជា​ស្ដ្រី កើតសេចក្តីពេញចិត្ត ក្នុងភេទនៃខ្លួនជាបុរស លុះដល់បែក​ទំលាយ​រាងកាយ ខាងមុខអំពីសេចក្តីស្លាប់ទៅ ក៏បានទៅកើតក្នុងសុគតិសួគ៌ទេវលោក ជាមួយ​នឹង​ទេវតា ដែល​ឋិតនៅក្នុងជាន់តាវត្តិង្ស បានមកជាឱរសរបស់ខ្ញុំព្រះអង្គ ពួកទេវតា ដែលនៅ​ក្នុងជាន់តាវត្តិង្សនោះ ស្គាល់​ទេវបុត្តនោះយ៉ាងនេះថា គោបកទេវបុត្ត គោបកទេវបុត្ត ដូច្នេះ។ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុ៣រូបដទៃទៀត ប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសំណាក់នៃ​ព្រះមានព្រះភាគ (លុះទំលាយរាងកាយ) ក៏ទៅកើត​ក្នុងពួកគន្ធព្វ​ដ៏ថោក​ទាប គន្ធព្វ​ទាំង៣រូបនោះ ឲ្យគេបំរើឆ្អែតស្កប់ស្កល់ដោយកាមគុណទាំង៥ តែងមកកាន់ទី​បំរើ​របស់​ខ្ញុំ​ព្រះអង្គ មកកាន់ទីគោរពប្រណិបត្តន៍ខ្ញុំព្រះអង្គ លុះគន្ធព្វទាំង៣នោះ មកកាន់​ទី​​បំរើ​របស់​ខ្ញុំ​ព្រះអង្គ មកកាន់ទីគោរពប្រណិបត្តន៍ខ្ញុំព្រះអង្គ គោបកទេវបុត្ត ក៏និយាយ​ដាស់​តឿន រំឭកថា ម្នាលអ្នកនិទ៌ុក្ខទាំងឡាយ អ្នកទាំងឡាយយកមុខទៅទុកក្នុងទីណា បានជាឃ្វាង​នឹងធម៌របស់ព្រះមានព្រះភាគអង្គនោះ អម្បាលយ៉ាងខ្លួនខ្ញុំជាស្ត្រីសោះទេ ម្តេចគង់ជា​អ្នកជ្រះថ្លា ក្នុងព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ បានធ្វើនូវ​ការបំពេញកិច្ច​ក្នុងសីល​ទាំងឡាយ​​ទៅ​កើត (មិនតែប៉ុណ្ណោះ) ក៏នឿយណាយចិត្តក្នុងភេទនៃស្ត្រី កើតសេចក្តី​ពេញចិត្ត ក្នុងភេទ​នៃ​បុរស លុះដល់បែកទំលាយរាងកាយ ខាងមុខអំពីសេចក្តីស្លាប់ ក៏មកកើត​ក្នុង​សុគតិសួគ៌ទេវលោក ជាមួយនឹងទេវតា ដែលឋិតនៅក្នុងជាន់តាវត្តិង្ស បាន​មក​ជាបុត្ត​របស់​សក្កទេវរាជ ជាធំជាងពួកទេវតា ឯពួកទេវតា ដែលនៅក្នុងជាន់តាវត្តិង្ស​នេះ នាំគ្នា​ហៅខ្ញុំយ៉ាងនេះថា គោបកទេវបុត្ត គោបកទេវបុត្ត ដូច្នេះ ម្នាលអ្នកនិទ៌ុក្ខទាំង​ឡាយ ចំណែក​អ្នកទាំងឡាយ ប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសំណាក់នៃព្រះមានព្រះភាគ តែបែរ​ជាមកកើតក្នុងពួកគន្ធព្វ ដ៏ថោកទាបវិញ ឱហ្ន៎ យើងទាំងឡាយណា បានឃើញ​ពួកសហធម្មិក55) ដែលកើត​ក្នុង​គន្ធព្វដ៏ថោកទាប យើងទាំងឡាយនោះ ឈ្មោះថា បានឃើញរូបដែល​មិនគួរ​ឃើញ។ បពិត្រ​ព្រះអង្គដ៏ចំរើន បណ្តាទេវតាទាំង៣នាក់ ដែលគោបកទេវបុត្ត និយាយរំលឹក​ដាស់​តឿន​នោះ ទេវតាពីរនាក់ ក៏ត្រឡប់បានស្មារតី ប្រកបដោយឈាន ក្នុងបច្ចុប្បន្ន (លុះច្យុត​ចាក​អត្តភាពនោះហើយ) ក៏បាននូវកាយជាព្រហ្មបុរោហិត។ ឯទេវតា១នាក់ទៀត អាស្រ័យ​នៅក្នុងកាមភព។

[៩១] ខ្ញុំបានជាឧបាសិកា របស់ព្រះសម្មាសម្ពុទ្ធ ទ្រង់មានចក្ខុ ឯឈ្មោះរបស់ខ្ញុំ​ ប្រាកដ​ថា គោបិកា ជាស្ត្រីមានចិត្តជ្រះថ្លាស៊ប់ ក្នុងព្រះពុទ្ធ និងព្រះធម៌ លុះមានចិត្ត​ជ្រះថ្លា​ហើយ បានទាំងបំរើព្រះសង្ឃផង។ ដោយអំណាចនៃព្រះពុទ្ធ​ជាម្ចាស់នោះ និង​ព្រះធម៌ដ៏ប្រពៃ ខ្ញុំក៏បានមកកើតក្នុងបុរីនៃទេវតា បានជាបុត្ររបស់​សក្កទេវរាជ ជាអ្នក​មាន​អានុភាពច្រើន មានពន្លឺច្រើន ពួកទេវតាដែលនៅក្នុងទេវលោក​នេះ តែងស្គាល់ខ្ញុំថា គោបកទេវបុត្ត ដូច្នេះ។ ខ្ញុំបានឃើញនូវពួកភិក្ខុដែលធ្លាប់ឃើញ​ហើយ មកកើត​ក្នុង​ពួក​គន្ធព្វ នៅក្នុងពួកគន្ធព្វនោះ ឯភិក្ខុទាំងនោះ សុទ្ធតែជា​សាវ័ក​របស់​ព្រះគោតម មួយទៀត យើងទាំងឡាយណា បានកើតជាមនុស្សក្នុងកាលមុន យើងទាំងឡាយនោះ បានចាត់​ចែង​កិច្ច គឺលាង លាបបាទាហើយ បានទំនុកបំរុង​ដោយ​ម្ហូបចំណី និងទឹក ក្នុង​លំនៅ​របស់​ខ្លួន អ្នកទាំងឡាយដ៏ចំរើនទាំងនេះ យកមុខទៅទុកក្នុង​ទីណា បានជាមិនទទួល​យក​ព្រះធម៌ របស់ព្រះពុទ្ធជាម្ចាស់។ ឯធម៌ដែលវិញ្ញូជន គប្បី​ត្រាស់ដឹង​ដោយខ្លួនឯង ក៏ព្រះ​សម្មា​សម្ពុទ្ធ ទ្រង់មានចក្ខុ ទ្រង់ត្រាស់ដឹង​ហើយ សំដែង​ដោយ​ប្រពៃហើយ ឯខ្ញុំបានចូល​ទៅ​អង្គុយស្តាប់សុភាសិត របស់ព្រះអរិយៈទាំង​ឡាយ ដូចអ្នកទាំងឡាយដែរ។ ខ្ញុំបាន​មកកើតក្នុងបុរីនៃទេវតា បានជាបុត្តរបស់សក្កទេវរាជ ជាអ្នក​មានអានុភាពច្រើន មាន​ពន្លឺ​ច្រើន ឯអ្នកទាំងឡាយ បានចូលទៅអង្គុយជិត​ព្រះពុទ្ធ​ដ៏ប្រសើរ ទាំងប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌ ក្នុងព្រះពុទ្ធសាសនាដ៏ប្រសើរ។ អ្នកទាំងឡាយដ៏​ចំរើន បានមកកើតក្នុងពួកគន្ធព្វ ជាអ្នក​ថោកទាប ការកើតរបស់អ្នកទាំងឡាយដ៏ចំរើន (នេះ) មិនសមគួរសោះឡើយ យើង​បាន​ឃើញពួកសហធម្មិកៈ ដែលមកកើតក្នុងពួក​គន្ធព្វ អ្នកថោកទាប (នេះ) ឱហ្ន៎ ឈ្មោះ​ថា បានឃើញរូបដែល​មិនគួរឃើញ។ ម្នាល​អ្នកទាំងឡាយដ៏ចំរើន អ្នកទាំងឡាយ កើតក្នុង​ពួកគន្ធព្វ មកកាន់ទីបំរើនៃ​ទេវតាទាំងឡាយ ចូរមើលនូវគុណវិសេសនេះ របស់ខ្ញុំ​ដែលនៅក្នុងផ្ទះ។ ពីដើម ខ្ញុំជាស្ត្រី ឥឡូវនេះ ខ្ញុំបានជាទេវបុត្ត បរិបូណ៌ដោយ​កាមជា​ទិព្វ​ទាំង​ឡាយ ឯទេវបុត្តទាំងនោះ លុះ​គោបកទេវបុត្ត ជាសាវ័ករបស់ព្រះគោតម បានរំលឹក​ដាស់​តឿនហើយ ក៏ដល់នូវ​សេចក្តី​សង្វេគថា យើងទាំងឡាយ បានមកជួបនឹង​គោបកទេវបុត្ត បើដូច្នោះ យើងចូរនាំគ្នាខំប្រឹង​ប្រែងព្យាយាមទៅ កុំឲ្យបានមក​ជាអ្នក​បំរើគេទៀតឡើយ បណ្តាទេវបុត្តទាំង៣នោះ ទេវបុត្ត២អង្គ បានរលឹកនូវសាសនា56) នៃព្រះគោតមហើយ ប្រារព្ធនូវសេចក្តីព្យាយាមជានិច្ច ធ្វើចិត្តឲ្យនឿយណាយ ក្នុងទេវលោកនេះ បានឃើញ​ទោសក្នុងកាមហើយ ទេវបុត្តទាំង២អង្គនោះ បានកាត់នូវកាមសំយោជនៈ និងកាមពន្ធនៈ ជាចំណងរបស់មារ ដែលសត្វ​ប្រព្រឹត្តកន្លងបានដោយកម្រ។ ទេវបុត្តទាំងពីរអង្គនោះ បានកាត់នូវ​ចំណងដ៏​ល្អិត ដូចដំរី (ផ្តាច់ទន្លីង) ហើយប្រព្រឹត្តកន្លងនូវពួកទេវតា ដែលនៅ​ក្នុងជាន់តាវត្តិង្ស ពួកទេវតាទាំងអស់ ព្រមទាំង​ព្រះឥន្ទ្រាធិរាជ និង បជាបតិទេវរាជ បានចូល​ទៅក្នុងរោង ឈ្មោះសុធម្មា។ ទេវតាទាំងនោះ លុះប្រជុំគ្នាហើយ ក៏មិនប្រព្រឹត្ត​កន្លងនូវ​ទេវបុត្រទាំងពីរនោះបានឡើយ ទេវបុត្រទាំងពីរនោះ ជាអ្នកក្លៀវក្លា ប្រាសចាករាគៈ ធ្វើនូវអនាគាមិមគ្គ ដែលប្រាសចាកធូលី វាសវទេវរាជ ជាធំជាងពួកទេវតា បានឃើញនូវទេវបុត្រទាំងពីរនោះហើយ ក៏ធ្វើនូវសេចក្តីសង្វេគ ក្នុង​កណ្តាលនៃ​ពួកទេវតាថា ទេវបុត្រទាំងនេះ គឺទេវបុត្រ ដែលកើតក្នុងពួកគន្ធព្វ ជាអ្នកថោក​ទាបនោះឯង ប្រព្រឹត្តកន្លងនូវពួកទេវតា ដែលនៅក្នុងជាន់តាវត្តិង្ស ឯគោបកទេវបុត្រ លុះបានស្តាប់​ព្រះបន្ទូល នៃវាសវទេវរាជ ដែលទ្រង់កើត​សេចក្តីសង្វេគ​ហើយ ក៏ក្រាបទូលវាសវទេវរាជថា បពិត្រព្រះអង្គ ជាធំជាងជន ព្រះពុទ្ធទ្រង់កើត​ក្នុង​មនុស្ស​លោក ទ្រង់គ្របសង្កត់នូវកាមបាន អ្នកផងតែងស្គាល់ព្រះនាមថា សក្យមុនី ទេវបុត្តទាំងពីរនោះ ជាបុត្ររបស់ព្រះអង្គ សាបសូន្យចាកឈានសតិ លុះខ្ញុំព្រះអង្គ រំលឹក​ដាស់តឿនហើយ ទេវបុត្រទាំងពីរអង្គនោះ ក៏ត្រឡប់បាននូវឈានសតិវិញ។ បណ្តាជន​ទាំង៣នាក់នោះ ជនម្នាក់ អាស្រ័យនៅក្នុងពួកដ៏ថោកទាបនេះ បានចូលទៅរួមក្នុងពួកគន្ធព្វ នៅក្នុងពួកគន្ធព្វនោះ ជនពីរនាក់ទៀត រលឹកឃើញនូវ​ផ្លូវនៃ​សម្ពោធិញ្ញាណ គឺអនាគាមិមគ្គ ក៏ធុញទ្រាន់នឹងទេវលោក ព្រោះខ្លួន​មានចិត្ត​ប្រកប​ដោយសមាធិ។ កិរិយាប្រកាសនូវធម៌ ក្នុងសាសនានេះ មានសភាពដូច្នេះ បណ្តាសាវ័ក​ទាំង​នោះ សូម្បីសាវ័កណាមួយ ក៏មិនសង្ស័យនឹងអ្វីឡើយ យើងទាំងឡាយ សូមនមស្ការ នូវព្រះពុទ្ធ ព្រះអង្គឈ្នះមារ ព្រះអង្គជាធំជាង​ជន ទ្រង់ឆ្លងនូវឱឃៈបានហើយ កាត់បង់នូវ​សេចក្តីសង្ស័យបានហើយ។ ទេវបុត្រទាំងនោះ បានដឹងច្បាស់នូវធម៌ណា របស់ព្រះអង្គ​ ក្នុងសាសនានេះហើយ បាននូវគុណវិសេស បណ្តាគន្ធព្វទាំង៣នាក់នោះ គន្ធព្វពីរនាក់ បាននូវកាយជាព្រហ្មបុរោហិត បានដល់នូវគុណវិសេស គឺមគ្គ និងផល។ បពិត្រព្រះអង្គ ទ្រង់និទ៌ុក្ខ យើងខ្ញុំព្រះអង្គ នាំគ្នាមក ដើម្បីដល់នូវធម៌នោះ បពិត្រព្រះអង្គ ទ្រង់និទ៌ុក្ខ បើ​ព្រះមានព្រះភាគ ទ្រង់បើក​ឱកាសហើយ យើងខ្ញុំព្រះអង្គ សូមក្រាបបង្គំទូលសួរនូវ​ប្រស្នា។

[៩២] លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់រិះគិតយ៉ាងនេះថា សក្កទេវរាជនេះ ទ្រង់​មានព្រះទ័យដ៏បរិសុទ្ធស្អាត57) មកអស់​កាលយូរហើយ នឹងសួរនូវប្រស្នាណានីមួយ ចំពោះតថាគត ក៏សួរតែ​ប្រស្នា​ដែលមានប្រយោជន៍ទាំងអស់ មិនមែនសួរប្រស្នាដែលមិនមានប្រយោជន៍ឡើយ មួយទៀត សក្កទេវរាជ បានសួរតថាគត ៗនឹងដោះស្រាយចំពោះប្រស្នាណា សក្កទេវរាជ ក៏នឹងយល់​ច្បាស់នូវ​ប្រស្នានោះ ឆាប់រហ័សបាន។ ទើបព្រះមានព្រះភាគ ទ្រង់ត្រាស់​នឹង​សក្កទេវរាជ ជាធំជាងពួកទេវតា ដោយបទគាថា ថា

បពិត្រ វាសវៈ មហារាជមានព្រះហឫទ័យ ប្រាថ្នានឹងសួរនូវប្រស្នាណា ចូរសួរ​នូវប្រស្នានោះ ចំពោះតថាគតចុះ តថាគត នឹងធ្វើនូវទីបំផុត នៃប្រស្នាទាំងនោះៗ​ ថ្វាយ​មហាបពិត្របាន។

ចប់ បឋមភាណវារៈ។

[៩៣] លុះព្រះមានព្រះភាគ ទ្រង់ប្រទានឱកាសហើយ សក្កទេវរាជ ជាធំជាងពួកទេវតា ក្រាបបង្គំទូលសួរប្រស្នាជាដំបូងនេះ នឹងព្រះមានព្រះភាគថា បពិត្រព្រះអង្គទ្រង់និទ៌ុក្ខ ពួកទេវតា មនុស្ស អសុរ នាគ និងគន្ធព្វ ទាំងពួកជនច្រើនដទៃ​ៗ មានធម៌អ្វីជាគ្រឿង​ចងរួបរឹតទុក បានជាពួកសត្វ​ទាំងនោះ សូម្បីប្រាថ្នាថា សូមឲ្យយើង​ទាំងឡាយ ជាអ្នកមិនមានពៀរ មិនមានអាជ្ញា មិនមានសត្រូវ មិនមានព្យាបាទ នៅដោយ​មិនមានពៀរនឹងគ្នា ពួកសត្វទាំងនោះ​ តែង​មានសេចក្តីប្រាថ្នាយ៉ាងនេះឯង ទោះបី​មានសេចក្តី​ប្រាថ្នាដូច្នោះ ក៏គង់​សត្វទាំងនោះ នៅតែជាអ្នកមានពៀរ មានអាជ្ញា មានសត្រូវ មានព្យាបាទ នៅដោយមានពៀរនឹងគ្នាដដែល។ សក្កទេវរាជ ជាធំជាងពួកទេវតា បានទូលសួរប្រស្នា ចំពោះ​ព្រះមានព្រះភាគហើយ ដោយប្រការ​ដូច្នេះ។ លុះ​សក្កទេវរាជនោះ បានទូលសួរប្រស្នាហើយ ព្រះមានព្រះភាគ ក៏ទ្រង់​ព្យាករ​ថា បពិត្រ ទេវានមិន្ទ ពួកទេវតា មនុស្ស អសុរ នាគ និងគន្ធព្វ ទាំងពួកជនច្រើនដទៃ​ៗ មានឥស្សា (សេចក្តីច្រណែន) និងមច្ឆរិយៈ (សេចក្តីកំណាញ់) ជាគ្រឿង​ចងរួបរឹតទុក បានជាពួកសត្វ​ទាំងនោះ សូម្បីប្រាថ្នាថា សូមឲ្យយើង​ទាំងឡាយ ជាអ្នកមិនមានពៀរ មិនមានអាជ្ញា មិនមានសត្រូវ មិនមានព្យាបាទ នៅដោយ​មិនមានពៀរនឹងគ្នា ពួកសត្វ​ទាំងនោះ​ តែង​មានសេចក្តីប្រាថ្នាដូច្នេះឯង ទោះបី​មានសេចក្តី​ប្រាថ្នាដូច្នោះ ក៏គង់​សត្វ​ទាំង​នោះ នៅតែជាអ្នកមានពៀរ មានអាជ្ញា មានសត្រូវ មានព្យាបាទ នៅដោយ​មាន​ពៀរ​នឹង​គ្នាដដែល។ លុះព្រះមានព្រះភាគ ទ្រង់​ព្យាករនូវប្រស្នា ដែលសក្កទេវរាជ ជាធំជាង​ពួក​ទេវតា ក្រាបទូលសួរដោយប្រការដូច្នេះហើយ។ សក្កទេវរាជ ជាធំជាងពួកទេវតា ក៏​មានព្រះរាជហឫទ័យត្រេកអរ រីករាយនឹងភាសិត របស់ព្រះមានព្រះភាគថា បពិត្រ​ព្រះមានព្រះភាគ ដំណើរនុ៎ះយ៉ាងហ្នឹងហើយ បពិត្រព្រះសុគត ដំណើរនុ៎ះយ៉ាងហ្នឹង​ហើយ សេចក្តីសង្ស័យក្នុងប្រស្នានុ៎ះ ខ្ញុំព្រះអង្គបានឆ្លងផុតហើយ សេចក្តីងឿងឆ្ងល់ ក៏អស់ហើយ ព្រោះបានស្តាប់នូវបញ្ហាវេយ្យាករណ៍ របស់​ព្រះមានព្រះភាគ។

[៩៤] លុះសក្កទេវរាជ ជាធំជាងពួកទេវតា ទ្រង់ត្រេកអររីករាយនឹងភាសិត របស់​ព្រះមានព្រះភាគ ដូច្នេះហើយ ទើបសួរ​នូវប្រស្នាចំពោះ​ព្រះមានព្រះភាគ តទៅទៀតថា បពិត្រព្រះអង្គ ទ្រង់និទ៌ុក្ខ សេចក្តីច្រណែន និងសេចក្តីកំណាញ់ មានអ្វីជាហេតុ មានអ្វីនាំឲ្យកើត មានអ្វីជាកំណើត មានអ្វីបណ្តាលឲ្យកើត កាលបើអ្វីមានហើយ ទើប​សេចក្តីច្រណែននឹងសេចក្តីកំណាញ់ កើតមាន កាលបើអ្វី​មិនមានហើយ ទើបសេចក្តី​ច្រណែន និងសេចក្តីកំណាញ់ ក៏មិនមានដែរ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់តបថា បពិត្រទេវានមិន្ទ សេចក្តីច្រណែន និងសេចក្តីកំណាញ់ មានសេចក្តីស្រឡាញ់ និងសេចក្តីស្អប់ ជាដើមហេតុ មានសេចក្តីស្រឡាញ់ និងសេចក្តីស្អប់​នាំឲ្យកើត មានសេចក្តីស្រឡាញ់ និងសេចក្តីស្អប់​ជាកំណើត មានសេចក្តីស្រឡាញ់ និងសេចក្តីស្អប់​​បណ្តាលឲ្យកើត កាលបើសេចក្តីស្រឡាញ់ និងសេចក្តីស្អប់មានហើយ ទើបសេចក្តី​ច្រណែន និងសេចក្តីកំណាញ់ ក៏មានដែរ កាលបើសេចក្តីស្រឡាញ់ និងសេចក្តីស្អប់មិនមាន​ហើយ សេចក្តីច្រណែន និងសេចក្តីកំណាញ់ក៏មិនមានដែរ។ បពិត្រ​ព្រះអង្គទ្រង់និទ៌ុក្ខ ចុះសេចក្តីស្រឡាញ់ និងសេចក្តីស្អប់​ មានអ្វីជាដើមហេតុ មានអ្វីនាំឲ្យកើត មានអ្វីជាកំណើត មានអ្វីបណ្តាលឲ្យកើត កាលបើ​អ្វីមានហើយ ទើប​សេចក្តីស្រឡាញ់ និងសេចក្តីស្អប់ ក៏មានដែរ កាលបើអ្វីមិនមានហើយ សេចក្តីស្រឡាញ់ និងសេចក្តីស្អប់ ក៏មិនមានដែរ។ បពិត្រទេវានមិន្ទ សេចក្តីស្រឡាញ់ និងសេចក្តីស្អប់ មានឆន្ទៈ (សេចក្តីពេញចិត្ត) ជាដើមហេតុ មានឆន្ទៈនាំឲ្យកើត មានឆន្ទៈ​ជាកំណើត មានឆន្ទៈបណ្តាលឲ្យកើត កាលបើឆន្ទៈមានហើយ ទើបសេចក្តីស្រឡាញ់ និងសេចក្តី​ស្អប់ ក៏មានដែរ កាលបើឆន្ទៈមិនមាន​ហើយ សេចក្តីស្រឡាញ់ និងសេចក្តីស្អប់ ក៏មិនមានដែរ។ បពិត្រ​ព្រះអង្គទ្រង់និទ៌ុក្ខ ចុះឆន្ទៈ​ មានអ្វីជាដើមហេតុ មានអ្វីនាំឲ្យកើត មានអ្វីជាកំណើត មានអ្វីបណ្តាលឲ្យកើត កាលបើ​អ្វីមានហើយ ឆន្ទៈក៏មានដែរ កាលបើអ្វីមិនមានហើយ ឆន្ទៈ ក៏មិនមានដែរ។ បពិត្រទេវានមិន្ទ ឆន្ទៈ មានវិតក្កៈ (សេចក្តីត្រិះរិះ) ជាដើមហេតុ មានវិតក្កៈនាំឲ្យកើត មានវិតក្កៈ​ជាកំណើត មានវិតក្កៈបណ្តាលឲ្យកើត កាលបើវិតក្កៈមានហើយ ឆន្ទៈក៏មានដែរ កាលបើវិតក្កៈមិនមាន​ហើយ ឆន្ទៈ ក៏មិនមានដែរ។ បពិត្រ​ព្រះអង្គទ្រង់និទ៌ុក្ខ ចុះវិតក្កៈ​ មានអ្វីជាដើមហេតុ មានអ្វីនាំឲ្យកើត មានអ្វីជាកំណើត មានអ្វីបណ្តាលឲ្យកើត កាលបើ​អ្វីមានហើយ វិតក្កៈក៏មានដែរ កាលបើ​អ្វីមិន​មានហើយ វិតក្កៈក៏មិនមានដែរ។ បពិត្រទេវានមិន្ទ វិតក្កៈមានចំណែក​នៃបបញ្ចសញ្ញា (សេចក្តីសំគាល់ប្រកបដោយធម៌ ជាគ្រឿងយឺតយូរ58) ) ជាដើមហេតុ មានចំណែកនៃបបញ្ចសញ្ញា​នាំឲ្យកើត មានចំណែកនៃបបញ្ចសញ្ញា​​ជាកំណើត មានចំណែកនៃបបញ្ចសញ្ញា​បណ្តាលឲ្យកើត កាលបើចំណែកនៃបបញ្ចសញ្ញា​មានហើយ វិតក្កៈ ក៏មានដែរ កាលបើចំណែកនៃបបញ្ចសញ្ញា​មិនមាន​ហើយ វិតក្កៈ ក៏មិនមានដែរ។

[៩៥] បពិត្រ​ព្រះអង្គ ទ្រង់និទ៌ុក្ខ ចុះភិក្ខុប្រតិបត្តិយ៉ាងណា ទើបឈ្មោះថា ជាអ្នកប្រតិបត្តិ​នូវបដិបទា ជាដំណើរដ៏សមគួរ ដល់សេចក្តីរំលត់នូវ​ចំណែកនៃបបញ្ចសញ្ញា​។ បពិត្រទេវានមិន្ទ តថាគតសំដែងថា សោមនស្សមាន២យ៉ាង គឺសោមនស្សគួរសេពគប់ ក៏មាន មិនគួរសេពគប់ ក៏មាន បពិត្រទេវានមិន្ទ តថាគតសំដែង​ថា ទោមនស្សមាន២យ៉ាង គឺទោមនស្សគួរសេពគប់ ក៏មាន មិនគួរសេពគប់ ក៏មាន បពិត្រទេវានមិន្ទ តថាគតសំដែង​ថា ឧបេក្ខាមាន២យ៉ាង គឺឧបេក្ខា​គួរសេពគប់ ក៏មាន មិនគួរសេពគប់ ក៏មាន។ ចុះត្រង់ពាក្យថា បពិត្រទេវានមិន្ទ តថាគត​សំដែង​ថា សោមនស្សមាន២យ៉ាង គឺសោមនស្សគួរសេពគប់ ក៏មាន មិនគួរសេពគប់ ក៏មានដូច្នេះនេះ តថាគតបានពោលហើយ ពាក្យដែល​តថាគតពោល​មកយ៉ាងនុ៎ះ តើព្រោះអាស្រ័យហេតុអ្វី។ ព្រោះថា បណ្តា​សោមនស្សទាំង២ប្រការនោះ ភិក្ខុដឹងច្បាស់ នូវសោមនស្សណាថា កាលបើអាត្មាអញសេពគប់នូវសោមនស្សនេះ អកុសលធម៌ទាំងឡាយ តែងចំរើនដុះដាលឡើង កុសលធម៌ទាំងឡាយ តែងសាបសូន្យទៅ​ដូច្នេះ សោមនស្សបែបនេះ59) ភិក្ខុ​មិនគួរ​សេពគប់។ បណ្តាសោមនស្សទាំងពីរប្រការនោះ ភិក្ខុដឹងច្បាស់នូវសោមនស្សណាថា កាលបើអាត្មាអញសេពគប់នូវសោមនស្សនេះហើយ អកុសលធម៌ តែងសាបសូន្យទៅ កុសលធម៌ទាំងឡាយ តែងចំរើនឡើង ​ដូច្នេះ សោមនស្សបែបនេះ60) ភិក្ខុ​គួរ​សេពគប់។ ក្នុងសោមនស្សគួរសេពគប់នោះ សោមនស្សដែលមានវិតក្កៈ វិចារៈក៏មាន61) សោមនស្សដែលមិនមានវិតក្កៈ មិនមានវិចារៈក៏មាន62) សោមនស្សណា ដែលមិនមានវិតក្កៈ មិនមានវិចារៈ សោមនស្សនោះ ប្រសើរជាង។ ក៏ត្រង់ពាក្យថា បពិត្រទេវានមិន្ទ តថាគត សំដែងថា សោមនស្សមាន២យ៉ាង គឺសោមនស្សគួរសេព ក៏មាន មិនគួរសេពក៏មាន ដូច្នេះ​នេះ តថាគតបានពោលហើយ ពាក្យនោះ ដែលតថាគតពោលហើយ ព្រោះអាស្រ័យ​ហេតុនេះឯង។ ចុះត្រង់ពាក្យថា បពិត្រទេវានមិន្ទ តថាគត សំដែងថា ទោមនស្សមាន២យ៉ាង គឺទោមនស្សគួរសេព ក៏មាន មិនគួរសេពក៏មាន ដូច្នេះ​នេះ តថាគតបានពោលហើយ ពាក្យដែលតថាគត​ពោលមក​យ៉ាង​នុ៎ះ តើព្រោះអាស្រ័យ​ហេតុអ្វី។ ព្រោះថា បណ្តា​ទោមនស្សទាំង២នោះ ភិក្ខុដឹងច្បាស់ នូវទោមនស្សណាថា កាលបើអាត្មាអញសេពនូវទោមនស្សនេះ អកុសលធម៌ទាំងឡាយ តែងចំរើន​ដុះដាល​ឡើង កុសលធម៌ទាំងឡាយ តែងសាបសូន្យទៅ​ដូច្នេះ ទោមនស្ស​បែប​នេះ63) ភិក្ខុ​មិនគួរ​សេព។ បណ្តាទោមនស្សទាំងពីរប្រការនោះ ភិក្ខុដឹងច្បាស់នូវទោមនស្សណាថា កាលបើអាត្មាអញ​សេពនូវទោមនស្សនេះ អកុសលធម៌ទាំងឡាយ តែងសាបសូន្យទៅ កុសលធម៌ទាំងឡាយ តែងចំរើនដុះដាលឡើង ​ដូច្នេះ ទោមនស្សបែបនេះ64) ភិក្ខុ​គួរ​សេព។ ក្នុងទោមនស្សគួរសេពនោះ ទោមនស្សដែលមានវិតក្កៈ វិចារៈ65) ក៏មាន ទោមនស្ស ដែលមិនមានវិតក្កៈ វិចារៈ66) ក៏មាន ទោមនស្សណា ដែលមានវិតក្កៈ វិចារៈ ទោមនស្សនោះ ប្រសើរ​ជាង។ ក៏ត្រង់ពាក្យថា បពិត្រទេវានមិន្ទ តថាគត សំដែងថា ទោមនស្សមាន២យ៉ាង គឺទោមនស្សគួរសេព ក៏មាន មិនគួរសេពក៏មាន ដូច្នេះ​នេះ តថាគតបានពោលហើយ ពាក្យនោះ ដែលតថាគតពោលហើយ ព្រោះអាស្រ័យ​ហេតុនេះឯង។ ចុះត្រង់ពាក្យថា បពិត្រទេវានមិន្ទ តថាគត សំដែងថា ឧបេក្ខាមាន២យ៉ាង គឺឧបេក្ខាគួរសេព ក៏មាន មិនគួរសេពក៏មាន ដូច្នេះ​នេះ តថាគតបានពោលហើយ ពាក្យដែល​តថាគត​ពោល​មក​យ៉ាង​នុ៎ះ តើព្រោះអាស្រ័យ​ហេតុអ្វី។ ព្រោះថា បណ្តា​ឧបេក្ខាទាំង២ប្រការនោះ ភិក្ខុដឹង​ច្បាស់ នូវឧបេក្ខាណាថា កាលបើអាត្មាអញសេពនូវឧបេក្ខានេះ អកុសលធម៌ទាំងឡាយ តែងចំរើនដុះដាលឡើង កុសលធម៌ទាំងឡាយ តែងសាបសូន្យទៅ​ដូច្នេះ ឧបេក្ខាបែបនេះ ភិក្ខុ​មិនគួរ​សេព។67) បណ្តាឧបេក្ខាទាំងពីរប្រការនោះ ភិក្ខុដឹង​ច្បាស់​នូវឧបេក្ខាណាថា កាលបើអាត្មាអញសេពនូវឧបេក្ខានេះ អកុសលធម៌ទាំងឡាយ តែងសាបសូន្យទៅ កុសលធម៌ទាំងឡាយ តែងចំរើនដុះដាលឡើង ​ដូច្នេះ ឧបេក្ខា​បែបនេះ ភិក្ខុ​គួរ​សេព។68) ក្នុងឧបេក្ខា ដែលគួរសេពនោះ ឧបេក្ខាដែលមានវិតក្កៈ វិចារៈ69) ក៏មាន ឧបេក្ខាដែលមិនមានវិតក្កៈ វិចារៈ70) ក៏មាន ឧបេក្ខាណា ដែលមិនមានវិតក្កៈ វិចារៈ ឧបេក្ខានោះ ប្រសើរជាង។ ក៏ត្រង់ពាក្យថា បពិត្រទេវានមិន្ទ តថាគត សំដែងថា ឧបេក្ខាមាន២យ៉ាង គឺឧបេក្ខាគួរសេព ក៏មាន មិនគួរសេពក៏មាន ដូច្នេះ​នេះ តថាគតបានពោលហើយ ពាក្យនោះ ដែល​តថាគត​ពោល​ហើយ ព្រោះអាស្រ័យ​ហេតុនេះឯង។ បពិត្រទេវានមិន្ទ ភិក្ខុលុះតែប្រតិបត្តិ យ៉ាងនេះឯង ទើបឈ្មោះថា ជាអ្នកប្រតិបត្តិនូវបដិបទា ជាដំណើរដ៏សមគួរ​ ដល់សេចក្តីរំលត់ នូវ​ចំណែកនៃបបញ្ចសញ្ញា។ ព្រះមានព្រះភាគ ទ្រង់​ព្យាករនូវប្រស្នា ដែលសក្កទេវរាជ ជាធំជាង​ពួក​ទេវតា ទូលសួរហើយ ដោយប្រការដូច្នេះ។ សក្កទេវរាជ ជាធំជាងពួកទេវតា ក៏​មានព្រះរាជហឫទ័យត្រេកអរ រីករាយនឹងភាសិត របស់ព្រះមានព្រះភាគថា បពិត្រ​ព្រះមានព្រះភាគ ដំណើរនុ៎ះយ៉ាងហ្នឹងហើយ បពិត្រព្រះសុគត ដំណើរនុ៎ះយ៉ាងហ្នឹង​ហើយ សេចក្តីសង្ស័យក្នុងប្រស្នានុ៎ះ ខ្ញុំព្រះអង្គបានឆ្លងផុតហើយ សេចក្តីងឿងឆ្ងល់ ក៏អស់ហើយ ព្រោះបានស្តាប់នូវបញ្ហាព្យាករណ៍ របស់​ព្រះមានព្រះភាគ។

[៩៦] លុះសក្កទេវរាជ ជាធំជាងពួកទេវតា ត្រេកអរ រីករាយនឹងភាសិត របស់ព្រះមានព្រះភាគ ដូច្នេះហើយ ទើបក្រាបទូលសួរនូវ​ប្រស្នាតទៅទៀត ចំពោះ​ព្រះមានព្រះភាគថា បពិត្រព្រះអង្គទ្រង់និទ៌ុក្ខ ចុះភិក្ខុប្រតិបត្តិដូចម្តេច ឈ្មោះថា​អ្នកប្រតិបត្តិ ដើម្បីសង្រួមក្នុងបាតិមោក្ខ។ បពិត្រទេវានមិន្ទ តថាគតសំដែងថា កាយសមាចារ (មារយាទផ្លូវកាយ) មាន២យ៉ាង គឺកាយសមាចារ គួរសេពក៏មាន មិនគួរ​សេពក៏មាន បពិត្រទេវានមិន្ទ តថាគតសំដែងថា វចីសមាចារ (មារយាទផ្លូវវាចា) មាន២យ៉ាង គឺវចីសមាចារ ដែលគួរសេពក៏មាន មិនគួរ​សេពក៏មាន បពិត្រទេវានមិន្ទ តថាគតសំដែងថា បរិយេសនា (ការស្វែងរក) មាន២យ៉ាង គឺបរិយេសនា គួរសេពក៏មាន មិនគួរ​សេពក៏មាន។ ចុះត្រង់ពាក្យថា បពិត្រទេវានមិន្ទ តថាគតសំដែងថា កាយសមាចារ មាន២យ៉ាង គឺកាយសមាចារ គួរសេពក៏មាន មិនគួរ​សេពក៏មាន ដូច្នេះនេះ តថាគត បានពោលហើយ ពាក្យដែលតថាគត ពោលមកយ៉ាងនុ៎ះ តើព្រោះអាស្រ័យ​ហេតុអ្វី។ ព្រោះថា បណ្តាកាយសមាចារ ទាំង២ប្រការនោះ ភិក្ខុដឹងច្បាស់នូវកាយសមាចារណាថា កាលបើអាត្មាអញ សេពនូវកាយសមាចារនេះ អកុសលធម៌ទាំងឡាយ តែងចំរើន​ដុះដាលឡើង កុសលធម៌ទាំងឡាយ តែងសាបសូន្យទៅ ដូច្នេះ កាយសមាចារបែបនេះ ភិក្ខុមិនគួរសេព។71) បណ្តាកាយសមាចារ ទាំង២ប្រការនោះ ភិក្ខុដឹងច្បាស់នូវកាយ​សមាចារណាថា ​កាលបើអាត្មាអញ សេពនូវកាយសមាចារនេះ អកុសលធម៌ទាំងឡាយ តែងសាបសូន្យទៅ កុសលធម៌ទាំងឡាយ តែងចំរើនដុះដាលឡើង ដូច្នេះ កាយសមាចារបែបនេះ ភិក្ខុគួរសេព។72) ក៏ត្រង់ពាក្យថា បពិត្រទេវានមិន្ទ តថាគតសំដែងថា កាយសមាចារ មាន២យ៉ាង គឺកាយសមាចារ គួរសេព​ក៏មាន មិនគួរ​សេពក៏មាន ដូច្នេះនេះ តថាគត បានពោលហើយ ពាក្យនោះ ដែល​តថាគត ពោលហើយ ព្រោះអាស្រ័យ​ហេតុនេះឯង។ ចុះត្រង់ពាក្យថា បពិត្រទេវានមិន្ទ តថាគតសំដែងថា វចីសមាចារ មាន២យ៉ាង គឺវចីសមាចារ ដែលគួរសេពក៏មាន មិនគួរ​សេព​ក៏មាន ដូច្នេះនេះ តថាគត បានពោលហើយ ពាក្យដែលតថាគត ពោលមក​យ៉ាង​នុ៎ះ តើព្រោះអាស្រ័យ​ហេតុអ្វី។ ព្រោះថា បណ្តាវចីសមាចារ ទាំង២ប្រការនោះ ភិក្ខុដឹង​ច្បាស់​នូវវចីសមាចារណាថា កាលបើអាត្មាអញ សេពនូវវចីសមាចារនេះ អកុសលធម៌​ទាំងឡាយ តែងចំរើន​ដុះដាលឡើង កុសលធម៌ទាំងឡាយ តែងសាបសូន្យទៅ ដូច្នេះ វចីសមាចារបែបនេះ ភិក្ខុមិនគួរសេព។73) បណ្តាវចីសមាចារ ទាំង២ប្រការនោះ ភិក្ខុដឹងច្បាស់ នូវវចី​សមាចារណាថា ​កាលបើ​អាត្មា​អញ សេពនូវវចីសមាចារនេះ អកុសលធម៌ទាំងឡាយ តែងសាបសូន្យទៅ កុសលធម៌​ទាំង​ឡាយ តែងចំរើនដុះដាលឡើង ដូច្នេះ វចីសមាចារបែបនេះ ភិក្ខុគួរសេព។74) ក៏ត្រង់ពាក្យថា បពិត្រទេវានមិន្ទ តថាគតសំដែងថា វចីសមាចារ មាន២យ៉ាង គឺវចីសមាចារ គួរសេពក៏មាន មិនគួរ​សេពក៏មាន ដូច្នេះនេះ តថាគត ពោលហើយ ពាក្យនោះ ដែលតថាគត ពោលហើយ​ ព្រោះអាស្រ័យ​ហេតុនេះឯង។ ចុះត្រង់ពាក្យថា បពិត្រទេវានមិន្ទ តថាគតសំដែងថា បរិយេសនា មាន២យ៉ាង គឺបរិយេសនា គួរសេពក៏មាន មិនគួរ​សេពក៏មាន ដូច្នេះនេះ តថាគត បានពោលហើយ ពាក្យដែលតថាគត ពោលមកយ៉ាងនុ៎ះ តើព្រោះអាស្រ័យ​ហេតុអ្វី។ ព្រោះថា បណ្តាបរិយេសនា ទាំង២ប្រការនោះ ភិក្ខុដឹងច្បាស់​នូវបរិយេសនាណា​ថា កាលបើអាត្មាអញ សេពនូវបរិយេសនានេះ អកុសលធម៌​ទាំងឡាយ តែងចំរើន​ដុះដាលឡើង កុសលធម៌ទាំងឡាយ តែងសាបសូន្យទៅ ដូច្នេះ បរិយេសនាបែបនេះ ភិក្ខុមិនគួរសេព។75) បណ្តាបរិយេសនា ទាំង២ប្រការនោះ ភិក្ខុដឹងច្បាស់នូវបរិយេសនាណាថា ​កាលបើអាត្មាអញ សេពនូវបរិយេសនានេះ អកុសលធម៌ទាំងឡាយ តែងសាបសូន្យទៅ កុសលធម៌ទាំងឡាយ តែងចំរើនដុះដាលឡើង ដូច្នេះ បរិយេសនាបែបនេះ ភិក្ខុគួរសេព។76) ក៏ត្រង់ពាក្យថា បពិត្រទេវានមិន្ទ តថាគតសំដែងថា បរិយេសនា មាន២យ៉ាង គឺបរិយេសនា គួរសេពក៏មាន មិនគួរ​សេពក៏មាន ដូច្នេះនេះ តថាគត បានពោលហើយ ពាក្យនោះ ដែលតថាគត ពោលហើយ ព្រោះអាស្រ័យ​ហេតុនេះឯង។ បពិត្រទេវានមិន្ទ ភិក្ខុអ្នកប្រតិបត្តិយ៉ាងនេះ ទើបឈ្មោះថា ជាអ្នកប្រតិបត្តិ ដើម្បីសេចក្តីសង្រួមក្នុង​បាតិមោក្ខ។

[៩៧] បពិត្រព្រះអង្គទ្រង់និទ៌ុក្ខ ចុះភិក្ខុប្រតិបត្តិដូចម្តេច ទើបឈ្មោះថា ជាអ្នកប្រតិបត្តិ ដើម្បីសេចក្តីសង្រួមក្នុងឥន្ទ្រិយ។ បពិត្រទេវានមិន្ទ តថាគតសំដែងថា រូបារម្មណ៍ ដែលគួរដឹងច្បាស់ ដោយភ្នែក មាន២យ៉ាង គឺរូបារម្មណ៍ ដែលគួរសេពក៏មាន មិនគួរ​សេពក៏មាន។ បពិត្រទេវានមិន្ទ តថាគតសំដែងថា សទ្ទារម្មណ៍ ដែលគួរដឹងច្បាស់ ដោយត្រចៀក មាន២យ៉ាង គឺសទ្ទារម្មណ៍ ដែលគួរសេពក៏មាន មិនគួរ​សេពក៏មាន។ បពិត្រទេវានមិន្ទ តថាគតសំដែងថា គន្ធារម្មណ៍ ដែលគួរដឹងច្បាស់ ដោយច្រមុះ មាន២យ៉ាង គឺគន្ធារម្មណ៍ ដែលគួរសេពក៏មាន មិនគួរ​សេពក៏មាន។ បពិត្រទេវានមិន្ទ តថាគតសំដែងថា រសារម្មណ៍ ដែលគួរដឹងច្បាស់ ដោយអណ្តាត។បេ។ បពិត្រទេវានមិន្ទ តថាគតសំដែងថា ផោដ្ឋព្វារម្មណ៍ ដែលគួរដឹងច្បាស់ ដោយកាយ។បេ។ បពិត្រទេវានមិន្ទ តថាគតសំដែងថា ធម្មារម្មណ៍ ដែលគួរដឹងច្បាស់ ដោយចិត្ត មាន២យ៉ាង គឺធម្មារម្មណ៍ ដែលគួរសេពក៏មាន មិនគួរ​សេពក៏មាន។ កាលព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ សក្កទេវរាជ ជាធំជាងពួកទេវតា បានក្រាបបង្គំទូល​ព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ធម៌ដែលព្រះមានព្រះភាគ ទ្រង់សំដែង​ដោយសង្ខេបនេះ ខ្ញុំព្រះអង្គអាចដឹងសេចក្តីច្បាស់ ដោយពិសារយ៉ាងនេះបាន បពិត្រព្រះអង្គដ៏ចំរើន កាលបើភិក្ខុសេពនូវរូបារម្មណ៍ ដែលគួរដឹងច្បាស់ ដោយភ្នែកបែប​ណា អកុសលធម៌ទាំងឡាយ តែងចំរើនដុះដាលឡើង កុសលធម៌ទាំងឡាយ តែងសាប​សូន្យទៅ រូបារម្មណ៍ ដែលគួរដឹងច្បាស់ ដោយភ្នែកបែបនេះ ភិក្ខុមិនគួរ​សេពទេ។ បពិត្រព្រះអង្គដ៏ចំរើន មួយទៀត កាលបើភិក្ខុសេពនូវរូបារម្មណ៍ ដែលគួរដឹងច្បាស់ ដោយភ្នែកបែប​ណា អកុសលធម៌ទាំងឡាយ តែងសាបសូន្យទៅ កុសលធម៌ទាំងឡាយ តែងចំរើនដុះដាលឡើង រូបារម្មណ៍ ដែលគួរដឹងច្បាស់ ដោយភ្នែកបែបនេះ ភិក្ខុគួរ​សេព។ បពិត្រព្រះអង្គដ៏ចំរើន មួយទៀត កាលបើភិក្ខុសេពនូវសទ្ទារម្មណ៍ ដែលគួរដឹងច្បាស់ ដោយត្រចៀកបែប​ណា។បេ។ កាលបើភិក្ខុសេពនូវគន្ធារម្មណ៍ ដែលគួរដឹងច្បាស់ ដោយច្រមុះ។បេ។ កាលបើភិក្ខុសេពនូវរសារម្មណ៍ ដែលគួរដឹងច្បាស់ ដោយអណ្តាត។បេ។ កាលបើភិក្ខុសេពនូវផដ្ឋព្វារម្មណ៍ ដែលគួរដឹងច្បាស់ ដោយកាយ។បេ។ កាលបើភិក្ខុសេពនូវធម្មារម្មណ៍ ដែលគួរដឹងច្បាស់ ដោយចិត្ត អកុសលធម៌ទាំងឡាយ តែងចំរើនដុះដាលឡើង កុសលធម៌ទាំងឡាយ តែងសាប​សូន្យទៅ ធម្មារម្មណ៍ ដែលគួរដឹងច្បាស់ ដោយចិត្តបែបនេះ ភិក្ខុមិនគួរ​សេពទេ។ បពិត្រព្រះអង្គដ៏ចំរើន មួយវិញទៀត កាលបើភិក្ខុសេពនូវធម្មារម្មណ៍ ដែលគួរដឹងច្បាស់ ដោយចិត្តបែប​ណា អកុសលធម៌ទាំងឡាយ តែងសាបសូន្យទៅ កុសលធម៌ទាំងឡាយ តែងចំរើនដុះដាលឡើង ធម្មារម្មណ៍ ដែលគួរដឹងច្បាស់ ដោយចិត្តបែបនេះ ភិក្ខុគួរ​សេព។ បពិត្រព្រះអង្គដ៏ចំរើន ធម៌ដែលព្រះមានព្រះភាគ ទ្រង់សំដែងហើយសង្ខេបនេះ ខ្ញុំ​ព្រះអង្គ អាចដឹង​សេចក្តីច្បាស់ដោយពិស្តារ យ៉ាងនេះបាន សេចក្តីសង្ស័យក្នុងប្រស្នា​នុ៎ះ ខ្ញុំព្រះអង្គ បានឆ្លងផុតហើយ សេចក្តីងឿងឆ្ងល់ក៏អស់ហើយ ព្រោះបានស្តាប់នូវ​បញ្ហា​វេយ្យាករណ៍ របស់ព្រះមានព្រះភាគ។

[៩៨] លុះសក្កទេវរាជ ជាធំជាងពួកទេវតា ត្រេកអររីករាយ នឹងភាសិតរបស់​ព្រះមានព្រះភាគ យ៉ាងនេះហើយ ក៏ក្រាបបង្គំទូលសួរនូវ​ប្រស្នាតទៅ ចំពោះ​ព្រះមានព្រះភាគថា បពិត្រព្រះអង្គ ទ្រង់និទ៌ុក្ខ ចុះពួកសមណព្រាហ្មណ៍ទាំងអស់ សុទ្ធតែ​ជាអ្នកមានវាទៈដូចគ្នា មានមារយាទដូចគ្នា មានឆន្ទៈ គឺលទ្ធិដូចគ្នា មានសេចក្តីចូលចិត្ត​ដូចគ្នាឬ។ បពិត្រទេវានមិន្ទ ពួកសមណព្រាហ្មណ៍ទាំងអស់ មិនមែនមានវាទៈដូចគ្នា មិនមែនមានមារយាទដូចគ្នា មិនមែនមានឆន្ទៈ គឺលទ្ធិដូចគ្នា មិនមែនមានសេចក្តី​ចូលចិត្ត​​ដូច​គ្នាទេ។ បពិត្រព្រះអង្គ ទ្រង់និទ៌ុក្ខ ចុះហេតុអ្វី បានជាពួកសមណព្រាហ្មណ៍ទាំងអស់ មានវាទៈមិនដូចគ្នា មានមារយាទមិនដូចគ្នា មានឆន្ទៈ គឺលទ្ធិមិនដូចគ្នា មានសេចក្តីចូលចិត្តមិន​ដូចគ្នា។ បពិត្រទេវានមិន្ទ លោក គឺពួកសត្វមានធាតុ គឺអធ្យាស្រ័យច្រើនពន់ពេក មានធាតុផ្សេងៗគ្នា ក្នុងលោកដែល​មានច្រើន មានធាតុផ្សេងនោះ សត្វទាំងឡាយ ប្រកាន់​មាំនូវធាតុ គឺអធ្យាស្រ័យណាៗ ក៏ប្រកាន់មាំនូវធាតុ គឺអធ្យាស្រ័យនោះៗ ដោយកំឡាំងចិត្ត និងការស្ទាបអង្អែល តែង​ពោលនូវពាក្យនេះថា ជាពាក្យពិត ពាក្យដទៃ ជាមោឃៈ ឥតប្រយោជន៍ ព្រោះហេតុនោះ បានជាពួកសមណព្រាហ្មណ៍ទាំងអស់ មានវាទៈមិនដូចគ្នា មានមារយាទមិនដូចគ្នា មានឆន្ទៈ គឺលទ្ធិមិនដូចគ្នា មានសេចក្តី​ចូលចិត្ត​មិន​ដូច​គ្នា។បេ។

[៩៩] បពិត្រព្រះអង្គ ទ្រង់និទ៌ុក្ខ ចុះពួកសមណព្រាហ្មណ៍ទាំងអស់ សុទ្ធតែមាន​សេចក្តីសម្រេច គឺព្រះនិព្វាន ទៀងប្រាកដ មានធម៌ជាគ្រឿងអស់ទៅនៃយោគៈពិត​ប្រាកដ ជាអ្នកប្រព្រឹត្តនូវធម៌ដ៏ប្រសើរ គឺអរិយមគ្គទៀងប្រាកដ ជាអ្នកមានទីបំផុត គឺ​ព្រះនិព្វានទៀងប្រាកដឬ។ បពិត្រទេវានមិន្ទ សមណព្រាហ្មណ៍ទាំងអស់ មិនមែន​សុទ្ធតែមាន​​សេចក្តីសម្រេច គឺព្រះនិព្វាន ទៀងប្រាកដទេ មិនមែនមានធម៌ជាគ្រឿង​អស់ទៅ​នៃយោគៈទៀង​ប្រាកដទេ មិនមែនជាអ្នកប្រព្រឹត្តនូវធម៌ដ៏ប្រសើរ គឺអរិយមគ្គ​ទៀង​ប្រាកដទេ មិនមែនជាអ្នកមានទីបំផុត គឺ​ព្រះនិព្វានទៀងប្រាកដទេ។ បពិត្រព្រះអង្គទ្រង់និទ៌ុក្ខ ចុះពួកសមណព្រាហ្មណ៍ទាំងអស់ មិនមែន​សុទ្ធតែជាអ្នកមាន​​សេចក្តីសម្រេច គឺព្រះនិព្វាន ទៀងប្រាកដ មិនមែនជាអ្នកមានធម៌ជាគ្រឿង​អស់ទៅ​នៃយោគៈទៀង​ប្រាកដ មិនមែនជាអ្នកប្រព្រឹត្តនូវធម៌ដ៏ប្រសើរ គឺអរិយមគ្គ​ទៀង​ប្រាកដ មិនមែន​ជាអ្នកមានទីបំផុត គឺ​ព្រះនិព្វានទៀងប្រាកដ ទាំងអស់គ្នា តើព្រោះហេតុអ្វី។ បពិត្រទេវានមិន្ទ ភិក្ខុទាំងឡាយណា ដែលមានចិត្តចុះស៊ប់ ក្នុងព្រះនិព្វាន ជាទីអស់ទៅ​នៃតណ្ហាហើយ ភិក្ខុទាំងឡាយនោះ ឈ្មោះថា ជាអ្នកមានសេចក្តីសម្រេច គឺព្រះនិព្វាន​ទៀង​ប្រាកដ ជាអ្នកមានធម៌ជាគ្រឿង​អស់ទៅ នៃយោគៈទៀងប្រាកដ ជាអ្នកប្រព្រឹត្តនូវធម៌​ដ៏ប្រសើរ គឺអរិយមគ្គទៀងប្រាកដ ជាអ្នកមានទីបំផុត គឺព្រះនិព្វាន​ទៀង​ប្រាកដ ព្រោះហេតុនោះឯង បានជាថា ពួក​សមណព្រាហ្មណ៍ទាំងអស់ មិនមែន​សុទ្ធតែមាន​​សេចក្តីសម្រេច គឺព្រះនិព្វាន ទៀងប្រាកដទេ មិនមែនមានធម៌ជាគ្រឿង​អស់ទៅ​នៃយោគៈទៀង​ប្រាកដទេ មិនមែនជាអ្នកប្រព្រឹត្តនូវធម៌ដ៏ប្រសើរ ​ទៀង​ប្រាកដ មិនមែនជាអ្នកមានទីបំផុត គឺ​ព្រះនិព្វានទៀងប្រាកដ ទាំងអស់គ្នាឡើយ។ លុះ​ព្រះមានព្រះភាគ ទ្រង់ព្យាករនូវប្រស្នា ដែលសក្កទេវរាជ ជាធំជាងពួកទេវតាទូលសួរហើយ ដោយប្រការដូច្នេះ។ សក្កទេវរាជ ជាធំជាងពួកទេវតា ក៏ពេញព្រះហឫទ័យ ត្រេកអរ រីករាយ នឹងភាសិត​របស់ព្រះមានព្រះភាគថា បពិត្រ​ព្រះមានព្រះភាគ ដំណើរនុ៎ះយ៉ាងហ្នឹងហើយ បពិត្រព្រះសុគត ដំណើរនុ៎ះយ៉ាងហ្នឹង​ហើយ សេចក្តីសង្ស័យក្នុងប្រស្នានុ៎ះ ខ្ញុំព្រះអង្គបានឆ្លងផុតហើយ សេចក្តីងឿងឆ្ងល់ ក៏អស់ហើយ ព្រោះបានស្តាប់នូវបញ្ហាវេយ្យាករណ៍ របស់​ព្រះមានព្រះភាគ។

[១០០] លុះសក្កទេវរាជ ជាធំជាងពួកទេវតា ត្រេកអររីករាយ នឹងភាសិតរបស់​ព្រះមានព្រះភាគ ដូច្នេះហើយ ទើបក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន សេចក្តីញាប់ញ័រ គឺតណ្ហាទុកដូចជារោគ សេចក្តីញាប់ញ័រ គឺតណ្ហាទុកដូចជាបូស សេចក្តីញាប់ញ័រ គឺតណ្ហាទុកដូចជាកូនសរ សេចក្តីញាប់ញ័រ គឺតណ្ហាតែងដឹកទាញនូវបុរសនេះ ឲ្យកើតក្នុងភពនោះៗ ព្រោះហេតុនោះឯង បុរសនេះ រមែងដល់នូវសេចក្តីខ្ពស់ទាប។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គមិនបាននូវ​ឱកាសកម្ម នៃប្រស្នាណា អំពីសមណព្រាហ្មណ៍ដទៃ ខាងក្រៅព្រះពុទ្ធសាសនានេះ ប្រស្នានោះ ព្រះមានព្រះភាគ អ្នកឃើញនូវកាលដ៏វែង បានព្យាករដល់ខ្ញុំព្រះអង្គហើយ មួយទៀត ព្រះមានព្រះភាគ បានទាំងដកនូវសរ គឺសេចក្តីសង្ស័យ និងសេចក្តីងឿងឆ្ងល់ ពីខ្ញុំព្រះអង្គ​ចេញបានហើយ។ បពិត្រទេវានមិន្ទ មហាបពិត្រ ធ្លាប់យកប្រស្នានេះទៅសួរ​ចំពោះ​ពួក​សមណព្រាហ្មណ៍ដទៃដែរឬទេ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គធ្លាប់នាំយកប្រស្នានេះ ទៅសួរចំពោះ​សមណព្រាហ្មណ៍​ដទៃដែរ។ បពិត្រទេវានមិន្ទ ចុះសមណព្រាហ្មណ៍ទាំងនោះ បានព្យាករថ្វាយមហាបពិត្រ ដូចម្តេចខ្លះ បើមហាបពិត្រ មិនទើសទាល់ព្រះទ័យទេ សូមមហាបពិត្រ​មានព្រះបន្ទូលទៅមើល។ បពិត្រព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគក្តី បុគ្គលដែលមានរូបប្រហែល​ព្រះមានព្រះភាគក្តី អង្គុយក្នុងទីណា ទីនោះមិនទើសទាល់ចិត្ត នៃខ្ញុំព្រះអង្គឡើយ។ បពិត្រទេវានមិន្ទ បើដូច្នោះ សូមមហាបពិត្រ មានព្រះបន្ទូល​ទៅមើល។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ សំគាល់ក្នុងពួកសមណព្រាហ្មណ៍ណាថា សមណព្រាហ្មណ៍​ទាំងឡាយ ជាអ្នកនៅក្នុងអរញ្ញប្រទេស មានសេនាសនៈ​ដ៏ស្ងាត់ ដូច្នេះ ខ្ញុំព្រះអង្គ ក៏ចូលទៅរក​សមណព្រាហ្មណ៍​ទាំងឡាយនោះ ហើយសួរនូវប្រស្នាទាំងនេះ ពួក​សមណព្រាហ្មណ៍​នោះ លុះខ្ញុំព្រះអង្គសួរហើយ ក៏មិនអាចនឹងដោះស្រាយបាន កាលមិន​អាច​នឹងដោះស្រាយហើយ ក៏ត្រឡប់សួរមកខ្ញុំព្រះអង្គវិញថា អ្នកដ៏មានអាយុ ឈ្មោះអ្វី លុះពួក​សមណព្រាហ្មណ៍​នោះ សួរខ្ញុំព្រះអង្គហើយ ខ្ញុំព្រះអង្គបានប្រាប់ថា បពិត្រអ្នកនិទ៌ុក្ខ ខ្ញុំឯងជាសក្កទេវរាជ ជាធំជាងពួកទេវតា ពួក​សមណព្រាហ្មណ៍​នោះ ក៏ត្រឡប់​សួរមកខ្ញុំព្រះអង្គតទៅទៀតថា បពិត្រទេវានមិន្ទមានអាយុ ចុះព្រះអង្គសាងនូវ​អំពើដូចម្តេច បានជាដល់នូវឋានៈនេះ ដូច្នេះ ខ្ញុំព្រះអង្គក៏សំដែងធម៌77) ប្រាប់ដល់ពួកសមណព្រាហ្មណ៍​នោះ តាមដែលបានស្តាប់មក បានរៀនមក ពួក​សមណព្រាហ្មណ៍​នោះ ក៏មានសេចក្តីត្រេកអរ ដោយធម៌មានប្រមាណប៉ុណ្ណោះថា សក្កទេវរាជ ជាធំជាងពួកទេវតា យើងទាំងឡាយបានឃើញហើយផង យើងទាំងឡាយ​ បានសួរនូវប្រស្នាណា លោកក៏បានដោះស្រាយនូវ​ប្រស្នានោះ ដល់យើងទាំងឡាយផង ពួក​សមណព្រាហ្មណ៍​នោះ ក៏ត្រឡប់ទៅជាសាវ័ក របស់ខ្ញុំព្រះអង្គវិញ ឯខ្ញុំព្រះអង្គមិនមែន​ជាសាវ័ក របស់ពួក​សមណព្រាហ្មណ៍​នោះទេ បពិត្រព្រះអង្គដ៏ចំរើន ឯខ្ញុំព្រះអង្គ ជាសាវ័ករបស់ព្រះមានព្រះភាគ ជាសោតាបន្នបុគ្គល មានសភាវៈមិនធ្លាក់​ទៅ​ក្នុងអបាយ ជាបុគ្គលទៀត មានប្រាជ្ញាជាគ្រឿង​ត្រាស់ដឹង ប្រព្រឹត្តទៅក្នុងខាងមុខ។ បពិត្រទេវានមិន្ទ ក្នុងកាលពីមុនអំពីកាលនេះ មហាបពិត្រធ្លាប់ទទួលការបាននូវសេចក្តី​ត្រេកអរ និងការបាននូវ​សោមនស្សបែបនេះ ដែរឬទេ។ បពិត្រព្រះអង្គដ៏ចំរើន ក្នុងកាលមុនអំពីកាលនេះ ខ្ញុំព្រះអង្គ​ធ្លាប់​ទទួលការបាននូវសេចក្តី​ត្រេកអរ និងការបាន​នូវ​សោមនស្សបែបនេះដែរ។ បពិត្រទេវានមិន្ទ ចុះក្នុងកាលមុនអំពីកាលនេះ មហាបពិត្រ ធ្លាប់​ទទួលការបាននូវសេចក្តី​ត្រេកអរ និងការបាននូវ​សោមនស្សបែបនេះ តើដូចម្តេច។

[១០១] បពិត្រព្រះអង្គដ៏ចំរើន រឿងធ្លាប់មានមកហើយ សង្គ្រាមនៃពួកទេវតា និងអសុរបានតទល់គ្នាហើយ។ បពិត្រព្រះអង្គដ៏ចំរើន ក៏ក្នុងសង្គ្រាមនោះ ពួកទេវតា​ឈ្នះ​ ឯពួកអសុរចាញ់។ បពិត្រព្រះអង្គដ៏ចំរើន កាលខ្ញុំព្រះអង្គឈ្នះសង្គ្រាមនោះហើយ បានឈ្មោះថា មានសង្គ្រាមឈ្នះស្រេចហើយ ក៏មានសេចក្តីត្រិះរិះយ៉ាងនេះថា ឥឡូវនេះ ពួកទេវតាទាំងឡាយ នឹងបរិភោគនូវឱជារសទាំងពីរ គឺឱជារសរបស់ទេវតា និងឱជារស​របស់អសុរ ក្នុងទេវលោកនេះ បពិត្រព្រះអង្គដ៏ចំរើន ការបាននូវសេចក្តីត្រេកអរ និងការ​បាននូវសេចក្តីសោមនស្ស របស់ខ្ញុំព្រះអង្គនោះ សឹងប្រកបដោយគ្រឿងវាយដំ ប្រកបដោយ​គ្រឿង​កាប់ចាក់ មិនប្រព្រឹត្តទៅដើម្បីសេចក្តីនឿយណា ដើម្បី​ការប្រាសចាករាគៈ ដើម្បីការរំលត់ទុក្ខ ដើម្បីការស្ងប់រម្ងាប់ ដើម្បីការដឹងចំពោះ ដើម្បី​ការត្រាស់ដឹង ដើម្បីព្រះនិព្វានឡើយ បពិត្រព្រះអង្គដ៏ចំរើន ចំណែកខាង ការបាននូវ​សេចក្តី​ត្រេកអរ និងការបាននូវសោមនស្សណា របស់ខ្ញុំព្រះអង្គ ព្រោះស្តាប់ធម៌របស់​ព្រះមានព្រះភាគ ការបាននោះ មិនប្រកបដោយគ្រឿងវាយដំ មិនប្រកបដោយគ្រឿង​កាប់ចាក់ តែងប្រព្រឹត្តទៅ ដើម្បីសេចក្តីនឿយណាយ ដើម្បីការប្រាសចាករាគៈ ដើម្បី​ការរំលត់ទុក្ខ ដើម្បការស្ងប់រម្ងាប់ ដើម្បីការដឹងចំពោះ ដើម្បីការត្រាស់ដឹង ដើម្បី​ព្រះនិព្វានតែមួយយ៉ាង។ បពិត្រទេវានមិន្ទ ចុះមហាបពិត្រ ទ្រង់ឃើញ​នូវអំណាច នៃ​ប្រយោជន៍ដូចម្តេច ទើបសំដែងនូវការបាននូវសេចក្តីត្រេកអរ និងការបាននូវ​សោមនស្ស​មានសភាពយ៉ាងនេះ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គឃើញនូវអំណាច​នៃប្រយោជន៍​៦យ៉ាង ទើបសំដែងនូវការបាននូវសេចក្តីត្រេកអរ និងការបាននូវសោមនស្ស មានសភាព​យ៉ាងនេះ។

[១០២] បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ឃើញនូវអំណាចនៃប្រយោជន៍​ ជាដំបូង​នេះថា កាលដែលអាត្មាអញកើតជាទេវតា ឋិតនៅក្នុងឱកាសនេះ អាត្មាអញបាននូវ​អាយុ​ថ្មីទៀត ម្នាលគ្នាយើង អ្នកចូរដឹងយ៉ាងនេះចុះ ដូច្នេះ ហើយសំដែងនូវការបាននូវសេចក្តី​ត្រេកអរ និងការបាននូវសោមនស្ស មានសភាពយ៉ាងនេះ។

[១០៣] បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ឃើញនូវអំណាចនៃប្រយោជន៍​ ជាគំរប់ពីរ​នេះថា ចិត្តរបស់ខ្ញុំព្រះអង្គ ត្រេកអរក្នុងត្រកូលណា ខ្ញុំព្រះអង្គច្យុតចាកកាយ ជារបស់នៃទេវតា លះបង់នូវអាយុមិនមែនជារបស់មនុស្ស ហើយជាអ្នកមិនវង្វេង ចូល​ទៅកាន់គភ៌ក្នុងត្រកូលនោះ ដូច្នេះ ហើយសំដែងនូវការបាននូវសេចក្តី​ត្រេកអរ និងការបាននូវសោមនស្ស មានសភាពយ៉ាងនេះ។

[១០៤] បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ឃើញនូវអំណាចនៃប្រយោជន៍​ ជាគំរប់៣​នេះថា ខ្ញុំព្រះអង្គ ជាអ្នកត្រេកអរក្នុងសាសនារបស់ព្រះពុទ្ធជាម្ចាស់ ទ្រង់​មានប្រស្នា​មិនភាន់ច្រឡំ ហើយជាអ្នកមានសេចក្តីដឹងខ្លួន មានស្មារតី​តំកល់ខ្ជាប់ នៅដោយ​សេចក្តីដឹងខុសត្រូវ ដូច្នេះ ហើយសំដែងនូវការបាននូវសេចក្តី​ត្រេកអរ និងការបាននូវសោមនស្ស មានសភាពយ៉ាងនេះ។

[១០៥] បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ឃើញនូវអំណាចនៃប្រយោជន៍​ ជាគំរប់៤​នេះថា បើសម្ពោធិញ្ញាណ78)) នឹងមាន​ដល់ខ្ញុំព្រះអង្គ ក្នុងខាងមុខ ដោយសេចក្តីដឹងខុសត្រូវ ខ្ញុំព្រះអង្គ ជាអ្នកប្រាថ្នាដើម្បី​ដឹងខុសត្រូវ សេចក្តីដឹងខុសត្រូវនោះឯង ជាការសំខាន់របស់ខ្ញុំព្រះអង្គ ក្នុងមនុស្សលោក ដូច្នេះ ហើយសំដែងនូវការបាននូវសេចក្តី​ត្រេកអរ និងការបាននូវសោមនស្ស មានសភាពយ៉ាងនេះ។

[១០៦] បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ឃើញនូវអំណាចនៃប្រយោជន៍​ ជាគំរប់៥​នេះថា ខ្ញុំព្រះអង្គ មុខជានឹងច្យុតចាកកាយ ជារបស់នៃមនុស្ស លះបង់នូវ​អាយុ ជារបស់​នៃមនុស្ស ហើយបានទៅកើតជាទេវតាដ៏ឧត្តម ក្នុងទេវលោកវិញ ដូច្នេះ ហើយសំដែង​នូវការបាន​នូវសេចក្តី​ត្រេកអរ និងការបាននូវសោមនស្ស មានសភាពយ៉ាងនេះ។

[១០៧] បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ឃើញនូវអំណាចនៃប្រយោជន៍​ ជាគំរប់៦​នេះថា ពួកទេវតានោះ ឧត្តមជាងទេវតាទាំងពួង ជាអ្នកមិនថោកថយ ជាអ្នកមានយស ឋិតនៅក្នុងលំនៅណា លំនៅនោះ មុខជានឹងមានដល់ខ្ញុំព្រះអង្គ ក្នុងភពជាទីបំផុតមិន​ខាន79) ដូច្នេះ ហើយសំដែងនូវការបាននូវសេចក្តី​ត្រេកអរ និងការបាននូវសោមនស្ស មានសភាពយ៉ាងនេះ។

បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ឃើញនូវអំណាចនៃប្រយោជន៍​ ទាំង​៦ប្រការ​ហ្នឹងឯង ទើបសំដែងនូវការបាននូវសេចក្តី​ត្រេកអរ និងការបាននូវសោមនស្ស មានសភាពយ៉ាងនេះ។

[១០៨] ខ្ញុំព្រះអង្គ មានសេចក្តីប្រាថ្នា​មិនទាន់សម្រេច នៅមានសេចក្តីសង្ស័យ ងឿងឆ្ងល់ តែងត្រាច់ស្វះស្វែងរកព្រះតថាគត អស់កាលជាយូរអង្វែងមកហើយ។ ខ្ញុំព្រះអង្គ សំគាល់នូវពួកសមណៈណា ដែលជាអ្នកនៅក្នុងទីស្ងាត់ ក៏នឹកស្មានថា ជាព្រះ​សម្ពុទ្ធ ដូច្នេះហើយ ចូលទៅអង្គុយជិតពួកសមណៈនោះ។ ពួកសមណៈនោះ លុះខ្ញុំព្រះអង្គសួរថា សេចក្តីជ្រះថ្លា តើដូចម្តេច សេចក្តីមិនជ្រះថ្លា តើដូចម្តេច ដូច្នេះហើយ មិនអាចនឹងដោះស្រាយ ក្នុងមគ្គ និងបដិបទាទាំងឡាយបានឡើយ។ កាលណាដែលពួកសមណៈទាំងនោះ ស្គាល់ខ្ញុំព្រះអង្គថាជាសក្កទេវរាជ មកពីឋាន​ទេវតា ពួកសមណៈទាំងនោះ បានសួរខ្ញុំព្រះអង្គថា ទេវរាជ បានសាងកុសលដូចម្តេច ទើបបាននូវសម្បត្តិនេះ។ ខ្ញុំព្រះអង្គ ក៏សំដែងធម៌ តាមដែលបានស្តាប់មក ប្រាប់ដល់​សមណៈទាំងនោះ ឲ្យប្រាកដក្នុងទីប្រជុំជន ពួកសមណៈទាំងនោះ នាំគ្នាពេញចិត្ត ដោយហេតុនោះថា យើងទាំងឡាយ បានឃើញវាសវទេវរាជហើយ។ មួយវិញទៀត កាលណាដែលខ្ញុំព្រះអង្គ បានឃើញនូវព្រះសម្ពុទ្ធ ទ្រង់ឆ្លង​ផុតចាកសេចក្តីសង្ស័យ​ហើយ ក្នុងថ្ងៃនេះ ខ្ញុំព្រះអង្គ ជាអ្នករួចចាកភ័យហើយ បានចូលមកអង្គុយជិត​ព្រះសម្ពុទ្ធ។ ខ្ញុំព្រះអង្គ សូមថ្វាយបង្គំនូវ​ព្រះសម្ពុទ្ធ ទ្រង់ដកចោលនូវសរ គឺតណ្ហាចេញបានហើយ រកបុគ្គលប្រៀបផ្ទឹមគ្មាន ទ្រង់មានព្យាយាមច្រើន ទ្រង់ត្រាស់ដឹង (នូវចតុរារិយសច្ច) ព្រះអង្គជាពូជពង្សនៃអាទិច្ចគោត្រ។ បពិត្រព្រះអង្គទ្រង់និទ៌ុក្ខ (ក្នុងកាលមុន) ខ្ញុំព្រះអង្គ ព្រមទាំងទេវតា បានធ្វើនូវការនមស្ការណា ចំពោះព្រហ្ម ក្នុងថ្ងៃនេះ ខ្ញុំព្រះអង្គ សូមថ្វាយ​នមស្ការនោះ ចំពោះ​ព្រះអង្គវិញ ខ្ញុំព្រះអង្គ សូមធ្វើនូវការថ្វាយបង្គំ​ចំពោះព្រះអង្គដោយ​ខ្លួនឯង។ ព្រះអង្គជាព្រះសម្ពុទ្ធពិតមែន ព្រះអង្គជាសាស្តាប្រសើរ ក្នុងលោកនេះ ព្រមទាំង​ទេវលោក នឹងរកបុគ្គលណាមួយ មកប្រៀបផ្ទឹមនឹងព្រះអង្គ គ្មានឡើយ។

[១០៩] លំដាប់នោះ សក្កទេវរាជ ជាធំជាងពួកទេវតា ត្រាស់ហៅនូវ​បញ្ចសិខគន្ធព្វបុត្តថា នែអ្នកបញ្ចសិខៈ អ្នកជាបុគ្គលមានឧបការៈច្រើនដល់យើងពិត ដោយហេតុ អ្នកបានធ្វើព្រះមានព្រះភាគ ឲ្យប្រោសប្រាណជាមុន ម្នាលអ្នក លុះអ្នកបាន​ធ្វើ​ព្រះមានព្រះភាគ ឲ្យប្រោសប្រាណជាមុនហើយ ទើបយើងបានចូលមកគាល់​ព្រះមានព្រះភាគ ជាអរហន្ត សម្មាសម្ពុទ្ធអង្គនោះ ក្នុងកាលជាខាងក្រោយ យើងនឹងតាំង​អ្នក ទុកក្នុងទីដូចជាបិតា អ្នកនឹងបានជាស្តេចនៃពួកគន្ធព្វ មួយវិញទៀត យើងនឹង​ឲ្យនាង​ភទ្ទាសុរិយវច្ឆសាដល់អ្នក ព្រោះថា នាងភទ្ទាសុរិយវច្ឆសានោះ អ្នកក៏ចង់បានមក​ជាយូរហើយ។ គ្រានោះ សក្កទេវរាជ ជាធំជាងពួកទេវតា ទ្រង់យកព្រះហស្តទះផែនដី ហើយបន្លឺនូវឧទាន អស់វារៈ​៣ដងថា

សូមនមស្ការ ថ្វាយបង្គំ ចំពោះព្រះមានព្រះភាគ អរហន្ត សម្មាសម្ពុទ្ធ អង្គនោះ។

សូមនមស្ការ ថ្វាយបង្គំ ចំពោះព្រះមានព្រះភាគ អរហន្ត សម្មាសម្ពុទ្ធ អង្គនោះ។

សូមនមស្ការ ថ្វាយបង្គំ ចំពោះព្រះមានព្រះភាគ អរហន្ត សម្មាសម្ពុទ្ធ អង្គនោះ។

[១១០] ក៏កាលដែលព្រះមានព្រះភាគ កំពុងសំដែងនូវវេយ្យាករណ៍នេះ ធម្មចក្ខុ (សោតាបត្តិមគ្គ) ដ៏ប្រាសចាកធូលី គឺរាគាទិក្កិលេស ប្រាសចាកមន្ទិល គឺទិដ្ឋិ និងវិចិកិច្ឆា ក៏បានកើតដល់សក្កទេវរាជ ជាធំជាងពួកទេវតាផង ដល់ពួក​ទេវតាទាំង៨ហ្មឺនឯទៀត​ផងថា ធម្មជាតណាមួយ ដែលកើតឡើងជាធម្មតា ធម្មជាតទាំងអស់នោះ តែងរលត់​ទៅវិញ ជាធម្មតា។ ប្រស្នាណា ដែលសក្កទេវរាជ ជាធំជាងពួកទេវតា បានអារាធនា បានទូលសួរហើយ ប្រស្នានោះ ព្រះមានព្រះភាគ ទ្រង់បានព្យាករហើយ ដោយប្រការ​ដូច្នេះ។ ព្រោះហេតុនោះ ពាក្យថា សក្កបញ្ហៈដូច្នេះ ជាឈ្មោះនៃវេយ្យាករណ៍នេះឯង។

ចប់ សក្កប្បញ្ហសូត្រ ទី៨។

មហាសតិប្បដ្ឋានសូត្រ ទី៩

(៩. មហាសតិបដ្ឋានសុត្តំ)

[១១១] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់​គង់​នៅ​ក្នុង​កម្មាសទម្មនិគម របស់អ្នកកុរុ ក្នុងដែនកុរុ។ កាលព្រះមានព្រះភាគ ទ្រង់​គង់​នៅ​ក្នុង​កម្មាសទម្មនិគមនោះឯង បានត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុ​ទាំង​នោះ ទទួលព្រះពុទ្ធដីកា នៃព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចម្រើន ព្រះមាន​ព្រះ​ភាគ ទ្រង់ត្រាស់យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ ផ្លូវ គឺសតិប្បដ្ឋានទាំង៤នេះ ជា​ផ្លូវ​មូល​តែ​មួយ80) (ប្រព្រឹត្តទៅ) ដើម្បីសេចក្តីបរិសុទ្ធនៃសត្វទាំងឡាយ ដើម្បីលះបង់ នូវ​សេចក្តី​សោក និងសេចក្តីខ្សឹកខ្សួល ដើម្បីរំលត់បង់នូវទុក្ខ និងទោមនស្ស ដើម្បី​បាន​នូវ​អរិយមគ្គ ប្រកបដោយអង្គ៨ប្រការ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវព្រះនិព្វាន។ សតិប្បដ្ឋាន​ទាំង៤ តើអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណា​ឃើញ​នូវកាយ​ក្នុង​កាយ​ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស ជាអ្នក​ដឹង​ខ្លួន មានស្មារតី (ជាគ្រឿងកំណត់) កំចាត់បង់​នូវ​អភិជ្ឈា និងទោមនស្ស​ក្នុង​លោក81) ចេញ១ ពិចារណា​ឃើញ​នូវវេទនា ​ក្នុង​វេទនាទាំងឡាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស ជា​អ្នកដឹងខ្លួន មានស្មារតី (ជាគ្រឿងកំណត់) កំចាត់បង់ នូវអភិជ្ឈា និងទោមនស្សក្នុងលោក​ចេញ១ ពិចារណាឃើញ នូវចិត្តក្នុងចិត្តជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ មានព្យាយាម​ ជា​គ្រឿង​ដុត​កំដៅនូវកិលេស ជាអ្នកដឹងខ្លួន មានស្មារតី (ជាគ្រឿងកំណត់) កំចាត់បង់នូវអភិជ្ឈា និង​ទោមនស្ស​ក្នុងលោកចេញ១ ពិចារណាឃើញ នូវធម៌ក្នុងធម៌ទាំងឡាយ ជាប្រក្រតី គ្រប់​ឥរិយាបថ​ទាំង៤ មានព្យាយាម ជាគ្រឿងដុតកំដៅនូវកិលេស ជាអ្នកដឹងខ្លួន មានស្មារតី (ជាគ្រឿងកំណត់) កំចាត់បង់នូវអភិជ្ឈា និងទោមនស្សក្នុងលោកចេញ១។

ចប់ ឧទ្ទេសវារកថា។

អានាបានបព្វៈ

[១១២] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុពិចារណាឃើញ នូវកាយក្នុងកាយជាប្រក្រតី គ្រប់​ឥរិយាបថទាំង៤ តើដោយវិធីដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ទៅកាន់ព្រៃក្តី ទៅកាន់ម្លប់ឈើក្តី ទៅកាន់ផ្ទះស្ងាត់ក្តី អង្គុយពែនភ្នែន តាំងកាយឲ្យត្រង់ តាំងសតិឲ្យមានមុខឆ្ពោះទៅរក (កម្មដ្ឋាន)។ ភិក្ខុនោះ មានសតិដកដង្ហើមចេញ មាន​សតិ​ដក​ដង្ហើមចូល កាលដកដង្ហើមចេញវែង ក៏ដឹងច្បាស់ថា អាត្មាអញដកដង្ហើមចេញវែង ឬកាលដកដង្ហើមចូលវែង ក៏ដឹងច្បាស់ថា អាត្មាអញដកដង្ហើមចូលវែង កាល​ដក​ដង្ហើម​ចេញ​ខ្លី ក៏ដឹងច្បាស់ថា អាត្មាអញដកដង្ហើមចេញខ្លី ឬកាលដកដង្ហើមចូលខ្លី ក៏ដឹង​ច្បាស់​ថា អាត្មាអញ ដកដង្ហើមចូលខ្លី (ភិក្ខុ) សិក្សាថា អាត្មាអញ នឹងកំណត់ដឹងច្បាស់នូវកាយ គឺខ្យល់ចេញទាំងពួង ហើយដកដង្ហើមចេញ សិក្សាថា អាត្មាអញ កំណត់​ដឹងច្បាស់​នូវ​កាយ គឺខ្យល់ចូលទាំងពួង ហើយដកដង្ហើមចូល សិក្សាថា អាត្មាអញ នឹង​រម្ងាប់​កាយ​សង្ខារ (អស្សាសបស្សាសៈ) ហើយដកដង្ហើមចេញ សិក្សាថា អាត្មាអញនឹង រម្ងាប់កាយ​សង្ខារ ដកដង្ហើមចូល។ ម្នាលភិក្ខុទាំងឡាយ ជាងក្រឡឹងក្តី កូនសិស្ស​នៃ​ជាង​ក្រឡឹង​ក្តី ដែលប៉ិនប្រសប់ កាលទាញខ្សែក្រឡឹងវែង ក៏ដឹងច្បាស់ថា អាត្មាអញ​ទាញ​ខ្សែ​ក្រឡឹង​វែង ឬកាលទាញខ្សែក្រឡឹងខ្លី ក៏ដឹងច្បាស់ថា អាត្មាអញទាញខ្សែក្រឡឹងខ្លី មាន​ឧបមា​ដូចម្តេចមិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលដកដង្ហើមចេញវែង ក៏ដឹងច្បាស់ថា អាត្មាអញ​ដកដង្ហើមចេញវែង ឬកាលដកដង្ហើមចូលវែង ក៏ដឹងច្បាស់ថា អាត្មាអញ​ដក​ដង្ហើម​ចូល​វែង កាលដកដង្ហើមចេញខ្លី ក៏ដឹងច្បាស់ថា អាត្មាអញដកដង្ហើមចេញខ្លី ឬ​កាល​ដកដង្ហើមចូលខ្លី ក៏ដឹងច្បាស់ថា អាត្មាអញដកដង្ហើមចូលខ្លី (ភិក្ខុ) សិក្សាថា អាត្មា​អញ នឹងកំណត់ដឹងច្បាស់នូវកាយ គឺខ្យល់ចេញទាំងពួង ហើយដកដង្ហើមចេញ សិក្សា​ថា អាត្មាអញ នឹងកំណត់ដឹងច្បាស់នូវកាយ គឺខ្យល់ចូលទាំងពួង ហើយដកដង្ហើមចូល​សិក្សាថា អាត្មាអញ នឹងរម្ងាប់នូវកាយសង្ខារ ដកដង្ហើមចេញ សិក្សាថា អាត្មាអញ នឹង​រម្ងាប់​នូវកាយសង្ខារ ដកដង្ហើមចូល មានឧបមេយ្យដូច្នោះឯង។ ភិក្ខុ​ពិចារណា​ឃើញ​នូវ​កាយ​ក្នុង​កាយជាខាងក្នុង (កាយរបស់ខ្លួន) ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤យ៉ាងនេះផង ពិចារណាឃើញ នូវកាយក្នុងកាយខាងក្រៅ (កាយរបស់បុគ្គលដទៃ) ជាប្រក្រតី គ្រប់​ឥរិយាបថទាំង៤ផង ពិចារណាឃើញ នូវកាយក្នុងកាយខាងក្នុង និងកាយខាងក្រៅ (កាយរបស់ខ្លួន និងកាយរបស់បុគ្គលដទៃ) ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណា​ឃើញនូវធម៌ ដែលប្រជុំកើតឡើងក្នុងកាយ82) គ្រប់​ឥរិយាបថ​ទាំង៤ផង ពិចារណាឃើញនូវធម៌ ដែលសូន្យទៅក្នុងកាយ83) គ្រប់​ឥរិយាបថ​ទាំង៤ផង ពិចារណាឃើញនូវធម៌ ដែលប្រជុំកើតឡើងក្នុងកាយ ទាំង​ធម៌​ដែល​សូន្យ​ទៅ​ក្នុង​កាយ គ្រប់ឥរិយាបថទាំង៤ផង។ មួយទៀត ស្មារតីរបស់ភិក្ខុនោះ ក៏ផ្ចង់ឡើង​ចំពោះ​ថា កាយមានមែន (មិនមែនសត្វ មិនមែនបុគ្គល មិនមែនស្រី មិនមែនប្រុសជាដើម) គ្រាន់​តែ​ជាទីកំណត់ ដើម្បីឲ្យចម្រើនប្រាជ្ញា ដើម្បីឲ្យចម្រើនស្មារតីប៉ុណ្ណោះ។ ភិក្ខុ​មាន​ចិត្ត​មិន​អាស្រ័យ (ដោយតណ្ហា និងទិដ្ឋិ) គ្រប់ឥរិយាបថទាំង៤ផង មិនប្រកៀក​ប្រកាន់​អ្វី​តិច​តួច​ក្នុង​លោកផង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណា ឃើញនូវកាយ​ក្នុង​កាយ​ជា​ប្រក្រតី ​គ្រប់​ឥរិយាបថទាំង៤យ៉ាងនេះឯង។

ចប់ អានាបានបព្វៈ។

ឥរិយាបថបព្វៈ

[១១៣] ម្នាលភិក្ខុទាំងឡាយ ពាក្យខាងមុខ នៅមានទៀត ភិក្ខុកាលដើរក្តី ក៏ដឹង​ច្បាស់​ថា អាត្មាអញដើរ កាលឈរក្តី ក៏ដឹងច្បាស់ថា អាត្មាអញឈរ កាលអង្គុយក្តី ក៏​ដឹង​ច្បាស់​ថា អាត្មាអញអង្គុយ កាលដេកក្តី ក៏ដឹងច្បាស់ថា អាត្មាអញដេក។ មួយទៀត ភិក្ខុនោះ បានតាំងនូវកាយ ដោយអាការៈយ៉ាងណាៗ ក៏ដឹងច្បាស់នូវកាយនោះ ដោយ​អាការៈ​យ៉ាងនោះ ៗ។ ភិក្ខុពិចារណាឃើញនូវកាយក្នុងកាយខាងក្នុងយ៉ាងនេះ ជា ប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញ នូវកាយក្នុងកាយខាងក្រៅ គ្រប់​ឥរិយាបថ​ទាំង៤ផង ពិចារណាឃើញ នូវកាយក្នុងកាយ ជាខាងក្នុង និងខាងក្រៅ គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញ នូវធម៌ ដែលជាទីប្រជុំកើតឡើង ក្នុង​កាយ​ជា​ប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវធម៌ ដែលសូន្យទៅ ក្នុង​កាយ​ជា​ប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវធម៌ ដែលប្រជុំកើតឡើង និងធម៌ ដែលសូន្យទៅ ក្នុងកាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង។ មួយទៀត ស្មារតី​របស់​ភិក្ខុ​នោះ ក៏ផ្ចង់ឡើងចំពោះថា កាយមានមែន គ្រាន់តែជាទីកំណត់ ដើម្បីឲ្យចំរើនប្រាជ្ញា ដើម្បី​ឲ្យចម្រើនស្មារតីប៉ុណ្ណោះ។ ភិក្ខុ មានចិត្តមិនអាស្រ័យ (ដោយតណ្ហា និងទិដ្ឋិ) គ្រប់ឥរិយាបថទាំង៤ផង មិនប្រកៀកប្រកាន់អ្វីតិចតួចក្នុងលោកផង។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុពិចារណាឃើញ នូវកាយក្នុងកាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ យ៉ាង​នេះ​ឯង។

ចប់ ឥរិយាបថបព្វៈ។

សម្បជញ្ញបព្វៈ

[១១៤] ម្នាលភិក្ខុទាំងឡាយ ពាក្យខាងមុខ នៅមានទៀត ភិក្ខុធ្វើនូវសម្បជញ្ញៈ84) គឺសេចក្តីដឹងខ្លួន ក្នុងកាលដើរទៅមុខ ឬថយក្រោយ ធ្វើនូវ​សេចក្តីដឹងខ្លួន ក្នុងកាលក្រឡេកមើលទៅមុខ ឬក្រឡេកមើលទៅទិសផ្សេងៗ ធ្វើនូវ​សេចក្តី​ដឹងខ្លួន ក្នុងកាលបត់ដៃជើង ឬលាដៃជើង ធ្វើនូវសេចក្តីដឹងខ្លួន ក្នុងកាល​ទ្រទ្រង់​នូវសង្ឃាដី បាត្រ និងចីវរ ធ្វើនូវសេចក្តីដឹងខ្លួន ក្នុងកាលបរិភោគភោជន ផឹកទឹក ទំពាស៊ីខាទនីយៈ ជញ្ជាប់ (នូវភេសជ្ជៈ មានសប្បិជាដើម) ធ្វើនូវសេចក្តីដឹងខ្លួន ក្នុងកាលបន្ទោបង់ នូវឧច្ចារៈ បស្សាវៈ ធ្វើនូវសេចក្តីដឹងខ្លួន ក្នុងកាលដែលដើរ ឈរ អង្គុយ ដេកលក់ ភ្ញាក់ឡើង និយាយ ស្ងៀម។ ភិក្ខុពិចារណាឃើញ នូវកាយ​ក្នុងកាយខាង​ក្នុងជា​ប្រក្រតី គ្រប់ឥរិយាបថទាំង៤ យ៉ាងនេះផង ពិចារណាឃើញ នូវកាយក្នុង​កាយ​ខាង​​ក្រៅ​ជា​ប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញ នូវកាយក្នុង​កាយ​ជា​ខាង​ក្នុង ​និង​ខាង​ក្រៅ គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញ នូវធម៌​ដែល​ប្រជុំ​កើត​ឡើង ក្នុង​កាយ​ជា​ប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវធម៌ ដែលសូន្យទៅ ក្នុង​កាយ​ជា​ប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវធម៌ដែលប្រជុំកើត ទាំង​ធម៌​ដែលសូន្យទៅ ក្នុងកាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង។ មួយទៀត ស្មារតី​របស់​ភិក្ខុ​នោះ ក៏ផ្ចង់ឡើងចំពោះថា កាយនេះមានមែន គ្រាន់តែជាទីកំណត់ ដើម្បីឲ្យចម្រើនប្រាជ្ញា ដើម្បីឲ្យចម្រើនស្មារតីប៉ុណ្ណោះ។ ភិក្ខុមានចិត្តមិនអាស្រ័យ (ដោយតណ្ហា និងទិដ្ឋិ) គ្រប់ឥរិយាបថទាំង៤ផង មិនប្រកៀកប្រកាន់អ្វីតិចតួច ក្នុងលោកផង។ ម្នាលភិក្ខុ​ទាំង​ឡាយ ភិក្ខុពិចារណាឃើញ នូវកាយក្នុងកាយជាប្រក្រតី គ្រប់ឥរិយាបថ​ទាំង​៤​ យ៉ាង​នេះ​ឯង។

ចប់ សម្បជញ្ញបព្វៈ។

បដិកូលមនសិការបព្វៈ

[១១៥] ម្នាលភិក្ខុទាំងឡាយ ពាក្យខាងមុខនៅមានទៀត ភិក្ខុពិចារណាឃើញ​ច្បាស់ នូវកាយនេះឯង ខាងលើ តាំងអំពីបាតជើងឡើងទៅ ខាងក្រោម តាំងអំពី​ចុង​សក់​ចុះ​មក ដែលមានស្បែកបិទបាំងជុំវិញ ពេញដោយវត្ថុមិនស្អាត មានប្រការ​ផ្សេងៗ​ដូច្នេះ​ថា ក្នុងកាយនេះមានសក់ រោម ក្រចក ធ្មេញ ស្បែក សាច់ សរសៃ ឆ្អឹង ខួរក្នុងឆ្អឹង តម្រង​បស្សាវៈ បេះដូង ថ្លើម វាវ ក្រពះ សួត ពោះវៀនធំ ពោះវៀនតូច អាហារថ្មី អាហារចាស់ ប្រមាត់ ស្លេស្ម ខ្ទុះ ឈាម ញើស ខ្លាញ់ខាប់ ទឹកភ្នែក ខ្លាញ់រាវ ទឹកមាត់ ទឹកសំបោរ ទឹក​រំអិល ទឹកមូត្រ។ ម្នាលភិក្ខុទាំងឡាយ ទៃដែលមានមាត់ទាំងពីរខាង ពេញដោយធញ្ញជាត មានប្រការផ្សេងៗ ធញ្ញជាតទាំងនោះ គឺ ស្រូវខ្សាយ ស ស្រូវខ្សាយក្រហម សណ្តែកបាយ សណ្តែករាជមាស ល្ង អង្ករ បុរសដែលមានចក្ខុ គប្បីស្រាយនូវទៃនោះ ហើយពិនិត្យ​មើល​ដូច្នេះ​ថា នេះស្រូវខ្សាយស នេះស្រូវខ្សាយក្រហម នេះសណ្តែកបាយ នេះ​សណ្តែក​រាជ​មាស នេះល្ង នេះអង្ករ មានឧបមាដូចម្តេចមិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណា​ឃើញ​ច្បាស់ នូវកាយនេះឯង ខាងលើ តាំងអំពីបាតជើងឡើងទៅ ខាងក្រោម តាំងអំពីចុង​សក់​ចុះ​មក ដែលមានស្បែកបិទបាំងជុំវិញ ពេញដោយវត្ថុមិនស្អាត មានប្រការផ្សេងៗ ដូច្នេះ​ថា ក្នុងកាយនេះមានសក់ រោម ក្រចក ធ្មេញ ស្បែក សាច់ សរសៃ ឆ្អឹង ខួរក្នុងឆ្អឹង តម្រង​បស្សាវៈ បេះដូង ថ្លើម វាវ ក្រពះ សួត ពោះវៀនធំ ពោះវៀនតូច អាហារថ្មី អាហារចាស់ ប្រមាត់ ស្លេស្ម ខ្ទុះ ឈាម ញើស ខ្លាញ់ខាប់ ទឹកភ្នែក ខ្លាញ់រាវ ទឹកមាត់ ទឹកសំបោរ ទឹក​រំអិល ទឹកមូត្រ មានឧមេយ្យដូច្នោះឯង។ (ភិក្ខុ) ពិចារណាឃើញ នូវកាយ​ក្នុងកាយខាងក្នុងជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ យ៉ាងនេះផង ពិចារណាឃើញ នូវកាយ​ក្នុងកាយខាងក្រៅជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញ នូវកាយ​ក្នុង​កាយជាខាងក្នុង និងខាងក្រៅ គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញ នូវធម៌ ដែល​ប្រជុំកើតឡើងក្នុងកាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវធម៌ ដែលសូន្យទៅ ក្នុងកាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញ នូវ​ធម៌ ដែល​ប្រជុំកើត ទាំងធម៌ដែលសូន្យទៅ ក្នុងកាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង។ មួយ​ទៀត ស្មារតីរបស់ភិក្ខុនោះ ក៏ផ្ចង់ឡើងចំពោះថា កាយមានមែន គ្រាន់តែជាទីកំណត់ ដើម្បីឲ្យចម្រើនប្រាជ្ញា ដើម្បីឲ្យចម្រើនស្មារតីប៉ុណ្ណោះ។ ភិក្ខុមានចិត្តមិនអាស្រ័យ (ដោយតណ្ហា និងទិដ្ឋិ) គ្រប់ឥរិយាបថទាំង៤ផង មិនប្រកៀកប្រកាន់អ្វីតិចតួច ក្នុង​លោក​ផង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណាឃើញ នូវកាយក្នុងកាយជាប្រក្រតី គ្រប់ឥរិយាបថ​ទាំង៤ យ៉ាងនេះឯង។

ចប់ បដិកូលមនសិការបព្វៈ។

ធាតុមនសិការបព្វៈ

[១១៦] ម្នាលភិក្ខុទាំងឡាយ ពាក្យខាងមុខ នៅមានទៀត ភិក្ខុពិចារណា​ឃើញ​ច្បាស់ នូវកាយនេះឯង ដែលឋិតនៅយ៉ាងណា ដែលតាំងនៅយ៉ាងណា ដោយកំណត់ថា គ្រាន់តែជាធាតុថា ក្នុងកាយនេះមានធាតុដី ធាតុទឹក ធាតុភ្លើង ធាតុខ្យល់។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុរសអ្នកពិឃាតគោក្តី កូនសិស្សនៃបុរសអ្នកពិឃាតគោក្តី ដែលប៉ិនប្រសប់ គប្បី​ពិឃាតគោ ហើយរំលែកជាចំណែកៗ អង្គុយនៅទៀបផ្លូវធំ បែកជា៤ មាន​ឧបមាដូចម្តេច​មិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណាឃើញច្បាស់ នូវកាយនេះឯង ដែល​ឋិតនៅ​យ៉ាង​ណា ដែលតាំងនៅយ៉ាងណា ដោយកំណត់ថា គ្រាន់តែជាធាតុដូច្នេះថា ក្នុងកាយនេះ​មានធាតុដី ធាតុទឹក ធាតុភ្លើង ធាតុខ្សល់ មានឧបមេយ្យដូច្នោះឯង។ ភិក្ខុពិចារណាឃើញ នូវកាយក្នុងកាយជាខាងក្នុង (ដោយការកំណត់ថាជាធាតុ៤) ជាប្រក្រតី គ្រប់ឥរិយាបថ​ទាំង៤ យ៉ាងនេះឯង។បេ។

ចប់ ធាតុមនសិការបព្វៈ។

នវសីវថិកាបព្វៈ

[១១៧] ម្នាលភិក្ខុទាំងឡាយ ពាក្យខាងមុខ នៅមានទៀត ភិក្ខុឃើញនូវសរីរៈស្លាប់ ដែលគេចោល នៅក្នុងព្រៃស្មសាន ទោះស្លាប់អស់១ថ្ងៃក្តី ស្លាប់អស់២ថ្ងៃក្តី ស្លាប់អស់៣​ថ្ងៃ​ក្តី ដែលកំពុងហើម មានសម្បុរខៀវដោយច្រើន មានខ្ទុះហូរចេញតាមទ្វារផ្សេងៗ ដូច​ម្តេច​មិញ។ ភិក្ខុនោះ (ក៏បង្អោនសរីរៈស្លាប់នោះ) មកប្រៀបផ្ទឹមនឹងកាយនេះឯងថា សូម្បី​កាយ85) ​នេះ​សោត ក៏គង់នឹងមានសភាពដូច្នោះ គង់នឹងក្លាយទៅជាដូច្នោះ នឹងកន្លង​នូវ​ភាវៈដូច្នោះពុំបានឡើយ។ ភិក្ខុពិចារណាឃើញ នូវកាយក្នុងកាយជាខាងក្នុងជាប្រក្រតី (ដោយការកំណត់នូវអសុភ មានអសុភកំពុងហើម ជាដើម) គ្រប់ឥរិយាបថទាំង៤ យ៉ាងនេះឯង។បេ។

[១១៨] ម្នាលភិក្ខុទាំងឡាយ ពាក្យខាងមុខនៅមានទៀត ភិក្ខុគប្បីឃើញ នូវ​សរីរៈ​ស្លាប់ ដែលគេចោល នៅក្នុងព្រៃស្មសាន ដែលក្អែកទាំងឡាយ កំពុងចឹកស៊ីក្តី ត្រដក់​គម្រង់ទាំងឡាយ កំពុងចឹកស៊ីក្តី ត្មាតទាំងឡាយ កំពុងចឹកស៊ីក្តី សត្វស្វានទាំងឡាយ កំពុង​កកេរស៊ីក្តី ចចកទាំងឡាយ កំពុងកកេរស៊ីក្តី បាណកជាតិ (សត្វល្អិតៗ មាន​រុយ​ជា​ដើម) ទាំងឡាយផ្សេងៗ កំពុងរូងជញ្ជក់ស៊ីក្តី ដូចម្តេចមិញ។ ភិក្ខុនោះ (ក៏បង្អោន​សរីរៈ​ស្លាប់​នោះ) មកប្រៀបនឹងកាយនេះឯងថា សូម្បីកាយនេះសោត ក៏គង់នឹង​មាន​សភាវៈ​ដូច្នោះ គង់នឹងក្លាយទៅជាដូច្នោះ នឹងកន្លងនូវភាវៈដូច្នោះពុំបានឡើយ។ ភិក្ខុ​ពិចារណា​ឃើញ នូវកាយក្នុងកាយខាងក្នុងជាប្រក្រតី ដោយការកំណត់នូវអសុភ មានអសុភ ដែល​ពួកសត្វ​កំពុងចឹកស៊ីជាដើម គ្រប់ឥរិយាបថទាំង៤ យ៉ាងនេះផង ពិចារណាឃើញ នូវ​កាយ​ក្នុងកាយខាងក្រៅជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញ នូវ​កាយ​ក្នុង​កាយ ជាខាងក្នុង និងខាងក្រៅជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញ នូវធម៌ ដែល​ប្រជុំកើតឡើង ក្នុងកាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញ នូវ​ធម៌ ដែលសូន្យទៅ ក្នុងកាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញ នូវធម៌ ដែល​ប្រជុំកើត ទាំងធម៌ដែលសូន្យទៅ ក្នុងកាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង។ មួយ​ទៀត ស្មារតីរបស់ភិក្ខុនោះ ក៏ផ្ចង់ឡើងចំពោះថា កាយមានមែន គ្រាន់តែជាទីកំណត់ ដើម្បីឲ្យចម្រើនប្រាជ្ញា ដើម្បីឲ្យចម្រើនស្មារតី​ប៉ុណ្ណោះ។ ភិក្ខុមានចិត្តមិនអាស្រ័យ (ដោយតណ្ហា និងទិដ្ឋិ) គ្រប់ឥរិយាបថទាំង៤ផង មិនប្រកៀកប្រកាន់អ្វីតិចតួច ក្នុង​លោក​ផង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណាឃើញ នូវកាយក្នុងកាយជាប្រក្រតី គ្រប់ឥរិយាបថ​ទាំង៤ យ៉ាងនេះឯង។

[១១៩] ម្នាលភិក្ខុទាំងឡាយ ពាក្យខាងមុខនៅមានទៀត ភិក្ខុ គប្បីឃើញ នូវ​សរីរៈ​ស្លាប់ ដែលគេចោល ក្នុងព្រៃស្មសាន សល់នៅតែរាងឆ្អឹង ប្រកបដោយសាច់ និងឈាម មានសរសៃ ជាគ្រឿងចង ដូចម្តេចមិញ។បេ។

[១២០] សរីរៈនៅសល់តែរាងឆ្អឹង ឥតមានសាច់ ប្រឡាក់ដោយឈាម មានសរសៃ​ជា​គ្រឿងចង។បេ។

[១២១] សរីរៈនៅសល់តែរាងឆ្អឹង មិនមានសាច់ និងឈាម មានតែសរសៃ​ជា​គ្រឿងចង។បេ។

[១២២] សរីរៈនៅសល់តែរាងឆ្អឹងទទេ មិនមានសរសៃចងរួបរឹត ខ្ចាត់ខ្ចាយ​រាត់រាយ​ទៅ​ក្នុងទិសតូច និងទិសធំ គឺឆ្អឹងដៃ ទៅដោយឡែក ឆ្អឹងជើងទៅដោយឡែក ឆ្អឹងស្មង​ទៅ​ដោយ​ឡែក ឆ្អឹងភ្លៅទៅដោយឡែក ឆ្អឹងចង្កេះទៅដោយឡែក ឆ្អឹងខ្នងទៅដោយឡែក ឆ្អឹង​ទ្រនុង​ខ្នងទៅដោយឡែក ឆ្អឹងជំនីរទៅដោយឡែក ឆ្អឹងទ្រូងទៅដោយឡែក ឆ្អឹងស្មាទៅ ដោយឡែក ឆ្អឹងកំភួនដៃទៅដោយឡែក ឆ្អឹងកទៅដោយឡែក ឆ្អឹងចង្កាទៅដោយឡែក ធ្មេញទៅដោយឡែក រលាក្បាលទៅដោយឡែក (ដូចម្តេចមិញ)។ ភិក្ខុនោះ (ក៏បង្អោន​សរីរៈ​ស្លាប់នោះ) មកប្រៀបផ្ទឹមនឹងកាយនេះឯងថា សូម្បីកាយនេះសោត ក៏គង់នឹង​មាន​សភាវៈ​ដូច្នោះ គង់នឹងក្លាយទៅជាដូច្នោះ នឹងកន្លងនូវភាវៈដូច្នោះពុំបានឡើយ។ ភិក្ខុ​ពិចារណា​ឃើញ នូវកាយក្នុងកាយខាងក្នុងជាប្រក្រតី (ដោយការកំណត់​នូវសរីរៈ​ស្លាប់ ដែល​សល់តែរាងឆ្អឹង ជាដើម) គ្រប់ឥរិយាបថទាំង៤ យ៉ាងនេះផង ពិចារណាឃើញ នូវ​កាយ​ក្នុងកាយ ខាងក្រៅជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញ នូវ​កាយ​ក្នុងកាយ ជាខាងក្នុង និងខាងក្រៅជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញ នូវធម៌ ដែល​ប្រជុំកើតឡើង ក្នុងកាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណា​ឃើញ នូវធម៌ ដែលសូន្យទៅ ក្នុងកាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញ​នូវធម៌ ដែលជាទីប្រជុំកើតឡើង ទាំងធម៌ដែលសូន្យទៅ ក្នុងកាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង។ មួយទៀត ស្មារតីរបស់ភិក្ខុនោះ ក៏ផ្ចង់ឡើងចំពោះថា កាយនេះ​មានមែន គ្រាន់តែជាទីកំណត់ ដើម្បីឲ្យចម្រើនប្រាជ្ញា ដើម្បីឲ្យចម្រើន​ស្មារតី​ប៉ុណ្ណោះ ភិក្ខុមានចិត្តមិនអាស្រ័យ (ដោយតណ្ហា និងទិដ្ឋិ) គ្រប់ឥរិយាបថទាំង៤ផង មិនប្រកៀកប្រកាន់អ្វីតិចតួច ក្នុងលោកផង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណាឃើញ នូវ​កាយក្នុងកាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ យ៉ាងនេះឯង។

[១២៣] ម្នាលភិក្ខុទាំងឡាយ ពាក្យខាងមុខនៅមានទៀត ភិក្ខុគប្បីឃើញ នូវសរីរៈ​ស្លាប់ ដែលគេចោលក្នុងព្រៃស្មសាន សល់នៅតែឆ្អឹងទទេ មានសម្បុរស ដូចជាសម្បុរ នៃ​ស័ង្ខ។បេ។

[១២៤] សរីរៈនៅសល់តែឆ្អឹងទទេ រោយរាយជាពំនូកៗ កន្លងហួស​ទៅ​មួយឆ្នាំ​ហើយ។បេ។

[១២៥] សរីរៈសល់នៅតែឆ្អឹងទទេ ពុកផុយខ្ទេចខ្ទី ជាកម្ទេចតូច កម្ទេចធំផ្សេងៗ (ដូចម្តេចមិញ)។ ភិក្ខុនោះ (ក៏បង្អោនសរីរៈស្លាប់នោះ) មកប្រៀបនឹងកាយនេះឯងថា សូម្បីកាយនេះសោត ក៏គង់នឹងមានសភាវៈដូច្នោះ គង់នឹងក្លាយទៅជាដូច្នោះ នឹងកន្លងនូវភាវៈដូច្នោះពុំបានឡើយ។ ភិក្ខុពិចារណាឃើញ នូវកាយក្នុង​កាយ ជាខាងក្នុងជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ យ៉ាងនេះផង ពិចារណាឃើញ នូវ​កាយ​ក្នុង​កាយ ខាងក្រៅជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញ នូវ​កាយ​ក្នុង​កាយ ជាខាងក្នុង និងខាងក្រៅជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញ​នូវធម៌ ដែល​ជាទីប្រជុំកើត​ឡើង ក្នុងកាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវធម៌ ដែលសូន្យ​ទៅ​ក្នុងកាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវធម៌ ដែលជាទីប្រជុំកើត​ឡើង ទាំងធម៌ដែលសូន្យទៅ ក្នុងកាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង។ មួយទៀត ស្មារតីរបស់ភិក្ខុនោះ ក៏ផ្ចង់ឡើងចំពោះថា កាយនេះមានមែន គ្រាន់តែជាទីកំណត់ ដើម្បី​ឲ្យ​ចម្រើនប្រាជ្ញា ដើម្បីឲ្យចម្រើនស្មារតីប៉ុណ្ណោះ។ ភិក្ខុមានចិត្តមិនអាស្រ័យ (ដោយតណ្ហា និងទិដ្ឋិ) គ្រប់ឥរិយាបថទាំង៤ផង មិនប្រកៀកប្រកាន់អ្វីតិចតួច ក្នុងលោកផង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណាឃើញ នូវកាយក្នុងកាយ គ្រប់ឥរិយាបថទាំង៤ យ៉ាងនេះឯង។

ចប់ នវសីវថិកាបព្វៈ។ ចប់ កាយានុបស្សនា។

វេទនានុបស្សនា ការពិចារណានូវវេទនា

[១២៦] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុពិចារណាឃើញ នូវវេទនា ក្នុងវេទនា​ទាំង​ឡាយ​ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ តើដោយវិធីដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​ក្នុង​សាសនានេះ កាលទទួលសុខវេទនាក្តី ក៏ដឹងច្បាស់ថា អាត្មាអញទទួលសុខវេទនា។ កាល​ទទួលទុក្ខវេទនាក្តី ក៏ដឹងច្បាស់ថា អាត្មាអញទទួលទុក្ខវេទនា។ កាលទទួល អទុក្ខមសុខវេទនា​ក្តី ក៏ដឹងច្បាស់ថា អាត្មាអញទទួលអទុក្ខមសុខវេទនា។ កាលទទួល​សុខវេទនា ប្រកបដោយអាមិសៈក្តី86) ក៏ដឹងច្បាស់ថា អាត្មាអញ ទទួល​សុខវេទនា ប្រកបដោយអាមិសៈ កាលទទួលសុខវេទនា ដែលឥតអាមិសៈ87) ក្តី ក៏ដឹងច្បាស់ថា អាត្មាអញទទួលសុខវេទនា ដែលឥតអាមិសៈ កាលទទួល​ទុក្ខវេទនា ប្រកបដោយអាមិសៈ88) ក្តី ក៏ដឹងច្បាស់ថា អាត្មាអញ ទទួលទុក្ខវេទនា ប្រកបដោយអាមិសៈ កាលទទួលទុក្ខវេទនា ដែលឥតអាមិសៈ89) ក្តី ក៏ដឹងច្បាស់ថា អាត្មាអញ ទទួល​ទុក្ខវេទនា ដែល​ឥតអាមិសៈ កាលទទួលអទុក្ខមសុខវេទនា ប្រកបដោយអាមិសៈ90) ក្តី ក៏ដឹងច្បាស់ថា អាត្មាអញ ទទួល​អទុក្ខមសុខវេទនា ប្រកបដោយអាមិសៈ កាលទទួល​អទុក្ខមសុខវេទនា ដែលឥតអាមិសៈ91) ក្តី ក៏ដឹង​ច្បាស់​ថា អាត្មាអញ ទទួលអទុក្ខមសុខវេទនា ដែលឥតអាមិសៈ។ (ភិក្ខុ) ពិចារណាឃើញ នូវ​វេទនា ក្នុងវេទនាទាំងឡាយ ខាងក្នុងជាប្រក្រតី (ដោយការកំណត់នូវវេទនា មាន​សុខ​វេទនា​ជាដើម) យ៉ាងនេះ គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញ នូវវេទនា ក្នុងវេទនា​ទាំង​ឡាយ ខាងក្រៅជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញ នូវវេទនា ក្នុង​វេទនា​ទាំងឡាយ ខាងក្នុង និងខាងក្រៅជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណា​ឃើញនូវធម៌ ដែលជាទីប្រជុំកើតឡើង ក្នុងវេទនាទាំងឡាយ គ្រប់​ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវធម៌ ដែលសូន្យទៅ ក្នុងវេទនាទាំងឡាយ គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវធម៌ ដែលប្រជុំកើតឡើង ទាំងធម៌ ដែលសូន្យទៅ ក្នុងវេទនា​ទាំង​ឡាយ គ្រប់ឥរិយាបថទាំង៤ផង។ មួយទៀត ស្មារតី (ជាគ្រឿងកំណត់នូវវេទនា) របស់​ភិក្ខុ​នោះ ក៏ផ្ចង់ឡើងចំពោះថា វេទនាទាំងឡាយ មានមែន គ្រាន់តែជាទី​កំណត់​ដើម្បី​ឲ្យ​ចម្រើន​ប្រាជ្ញា ដើម្បីឲ្យចម្រើនស្មារតីប៉ុណ្ណោះ។ (ភិក្ខុ) មានចិត្តមិនអាស្រ័យ (ដោយ​តណ្ហា និងទិដ្ឋិ) គ្រប់ឥរិយាបថទាំង៤ផង មិនប្រកៀកប្រកាន់អ្វីតិចតួច ក្នុងលោកផង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណាឃើញ នូវវេទនាក្នុងវេទនាទាំងឡាយ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ យ៉ាងនេះឯង។

ចប់ វេទនានុបស្សនា។

ចិត្តានុបស្សនា ការពិចារណាចិត្ត

[១២៧] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុពិចារណាឃើញនូវចិត្ត ក្នុងចិត្តជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ តើដោយវិធីដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ទោះចិត្តប្រកបដោយរាគៈ ក៏ដឹងច្បាស់ថា ចិត្តប្រកបដោយរាគៈ ទោះចិត្តប្រាសចាករាគៈ ក៏ដឹងច្បាស់ថា ចិត្តប្រាសចាករាគៈ ទោះចិត្តប្រកបដោយទោសៈ ក៏ដឹងច្បាស់ថា ចិត្ត​ប្រកប​ដោយទោសៈ ទោះចិត្តប្រាសចាកទោសៈ ក៏ដឹងច្បាស់ថា ចិត្តប្រាសចាកទោសៈ ទោះចិត្តប្រកបដោយមោហៈ ក៏ដឹងច្បាស់ថា ចិត្តប្រកបដោយមោហៈ ទោះចិត្តប្រាសចាកមោហៈ ក៏ដឹងច្បាស់ថា ចិត្តប្រាសចាកមោហៈ ទោះចិត្តរួញរា ក៏ដឹង​ច្បាស់​ថា ចិត្តរួញរា ទោះចិត្តរាយមាយ ក៏ដឹងច្បាស់ថា ចិត្តរាយមាយ ទោះចិត្តដល់នូវភាវៈជាធំ (គឺរូបាវចរ និងអរូបាវចរ) ក៏ដឹងច្បាស់ថា ចិត្តដល់នូវភាវៈជាធំ ទោះចិត្តមិនដល់នូវភាវៈជាធំ (គឺជាកាមាវចរ) ក៏ដឹងច្បាស់ថា ចិត្តមិនដល់នូវភាវៈជាធំ ទោះចិត្តនៅមានចិត្តដទៃប្រសើរជាង (គឺនៅជាកាមាវចរ) ក៏ដឹងច្បាស់ថា ចិត្តនៅមាន​ចិត្ត​ដទៃ​ប្រសើរជាង ទោះចិត្តមិនមានចិត្តដទៃប្រសើរជាង (គឺជារូបាវចរ និងអរូបាវចរ) ក៏​ដឹង​ច្បាស់​ថា ចិត្តមិនមានចិត្តដទៃប្រសើរជាង ទោះចិត្តតាំងនៅមាំ (ជាអប្បនាសមាធិ និង​ឧបចារសមាធិ) ក៏ដឹងច្បាស់ថា ចិត្តតាំងនៅមាំ ទោះចិត្តមិនតាំងនៅមាំ (ប្រាសចាក​សមាធិ​ទាំង២) ក៏ដឹងច្បាស់ថា ចិត្តមិនតាំងនៅមាំ ទោះចិត្តរួចស្រឡះ92) ក៏ដឹងច្បាស់ថា ចិត្តរួចស្រឡះ ទោះចិត្តមិនទាន់រួចស្រឡះ ក៏ដឹងច្បាស់ថា ចិត្តមិនទាន់រួចស្រឡះ។ (ភិក្ខុ) ពិចារណាឃើញ នូវចិត្តក្នុងចិត្ត ខាងក្នុង​ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវចិត្ត ក្នុងចិត្តខាងក្រៅ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវចិត្តក្នុងចិត្ត ខាងក្នុង និងខាងក្រៅ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវធម៌ ដែលជាទីប្រជុំកើតឡើងក្នុងចិត្ត គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវធម៌ ដែលសូន្យទៅក្នុងចិត្ត គ្រប់ឥរិយាបថ​ទាំង៤ផង ពិចារណាឃើញនូវធម៌ ដែលជាទីប្រជុំកើត ទាំងធម៌ដែលសូន្យទៅក្នុងចិត្ត គ្រប់​ឥរិយាបថទាំង៤ផង។ មួយទៀត ស្មារតី (ជាគ្រឿងកំណត់នូវចិត្ត) របស់ភិក្ខុនោះ ក៏ផ្ចង់ឡើងចំពោះថា ចិត្តមានមែន គ្រាន់តែជាទីកំណត់ ដើម្បីឲ្យចម្រើនប្រាជ្ញា ដើម្បី​ឲ្យ​ចម្រើន​ស្មារតីប៉ុណ្ណោះ។ (ភិក្ខុមានចិត្តមិនអាស្រ័យ ដោយតណ្ហា និងទិដ្ឋិ) គ្រប់​ឥរិយាបថ​ទាំង​៤ផង មិនប្រកៀកប្រកាន់អ្វីតិចតួច ក្នុងលោកផង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​ពិចារណា​ឃើញនូវចិត្ត ក្នុងចិត្តជាប្រក្រតី គ្រប់ឥរិយាបថទាំង៤យ៉ាងនេះឯង។

ចប់ ចិត្តានុបស្សនា។

ធម្មានុបស្សនា ការពិចារណានូវធម៌

[១២៨] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុពិចារណាឃើញនូវធម៌ ក្នុងធម៌​ទាំងឡាយ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ តើដោយវិធីដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​ក្នុង​សាសនា​នេះ ពិចារណាឃើញនូវធម៌ក្នុងធម៌ទាំងឡាយ ជាប្រក្រតី គឺនីវរណៈទាំង៥​យ៉ាង។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុពិចារណាឃើញនូវធម៌ ក្នុងធម៌ទាំងឡាយជាប្រក្រតី គឺនីវរណៈទាំង៥យ៉ាង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ទោះ​កាមច្ឆន្ទៈ​មាននៅ ក្នុងសន្តានចិត្តនៃខ្លួន ក៏ដឹងច្បាស់ថា កាមច្ឆន្ទៈមាននៅក្នុងសន្តានចិត្ត របស់អាត្មាអញ ទោះកាមច្ឆន្ទៈ មិនមាននៅក្នុងសន្តានចិត្តនៃខ្លួន ក៏ដឹងច្បាស់ថា កាមច្ឆន្ទៈ មិនមាននៅក្នុងសន្តានចិត្តរបស់អាត្មាអញ ទោះកាមច្ឆន្ទៈ ដែលមិនទាន់កើតឡើង ហើយ​កើតឡើងបាន ដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះផង93) កិរិយាលះបង់ នូវកាមច្ឆន្ទៈ ដែលកើតឡើងហើយ ដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះផង94) កាមច្ឆន្ទៈដែលលះបង់បានហើយ មិនកើតតទៅទៀត ដោយហេតុណា ក៏ដឹង​ច្បាស់​នូវ​ហេតុ​នោះផង។95) ទោះ​ព្យាបាទ​មាន​នៅក្នុង​សន្តានចិត្តនៃខ្លួន ក៏ដឹងច្បាស់ថា ព្យាបាទ មាននៅក្នុងសន្តានចិត្តរបស់អាត្មាអញ ទោះព្យាបាទ មិនមាននៅក្នុងសន្តានចិត្តនៃខ្លួន ក៏ដឹងច្បាស់ថា ព្យាបាទ​មិនមាននៅ​ក្នុង​សន្តាន​ចិត្តរបស់អាត្មាអញ ទោះព្យាបាទ ដែលមិនទាន់កើតឡើងហើយ កើតឡើងបាន ដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះផង96) កិរិយាលះបង់នូវព្យាបាទ ដែលកើតឡើងហើយ ដោយហេតុណា ក៏ដឹងច្បាស់​នូវ​ហេតុ​នោះ97) ព្យាបាទ ដែលលះបង់បានហើយ មិនកើតតទៅទៀត ដោយហេតុណា ក៏ដឹងច្បាស់​នូវ​ហេតុ​នោះផង។98) ទោះថីនមិទ្ធៈ មាននៅក្នុងសន្តានចិត្តនៃខ្លួន ក៏ដឹងច្បាស់ថា ថីនមិទ្ធៈមាននៅ​ក្នុង​សន្តាន​ចិត្ត​អាត្មាអញ ទោះថីនមិទ្ធៈមិនមានក្នុងសន្តានចិត្តនៃខ្លួន ក៏ដឹងច្បាស់ថា ថីនមិទ្ធៈមិន​មាន​នៅក្នុងសន្តានចិត្តរបស់អាត្មាអញ ទោះថីនមិទ្ធៈដែលមិនទាន់កើតឡើង ហើយកើត​ឡើង​ ដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះផង99) កិរិយាលះបង់នូវថីនមិទ្ធៈ ដែលកើតឡើងហើយ ដោយហេតុណា ក៏ដឹងច្បាស់​នូវហេតុ​នោះ​ផង100) ថីនមិទ្ធៈ ដែលលះបង់បានហើយ មិនកើតទៅទៀត ដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះផង។101) ទោះឧទ្ធច្ចកុក្កុច្ចៈ មាននៅក្នុង​សន្តាន​ចិត្តនៃខ្លួន ក៏ដឹងច្បាស់ថា ឧទ្ធច្ចកុក្កុច្ចៈមាននៅក្នុងសន្តានចិត្តរបស់អាត្មាអញ ទោះ​ឧទ្ធច្ចកុក្កុច្ចៈ​មិនមាន នៅក្នុងសន្តានចិត្តនៃខ្លួន ក៏ដឹងច្បាស់ថា ឧទ្ធច្ចកុក្កុច្ចៈ​មិនមាននៅ​ក្នុង​សន្តាន​ចិត្តរបស់អាត្មាអញ ទោះឧទ្ធច្ចកុក្កុច្ចៈ ដែលមិនទាន់កើតឡើង ហើយកើតឡើង ដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះ102) ផង ការលះបង់នូវឧទ្ធច្ចកុក្កុច្ចៈដែលកើតឡើងហើយ ដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះ103) ផង ឧទ្ធច្ចកុក្កុច្ចៈដែលលះបង់បានហើយ មិនកើតតទៅតទៀត ដោយហេតុណា ក៏ដឹងច្បាស់​នូវ​ហេតុ​នោះ104) ផង។ ទោះវិចិកិច្ឆា មាននៅក្នុងសន្តានចិត្តនៃខ្លួន ក៏ដឹង​ច្បាស់​ថា វិចិកិច្ឆាមាននៅក្នុងសន្តានចិត្តរបស់អាត្មាអញ ទោះវិចិកិច្ឆាមិនមាននៅ​ក្នុង​សន្តាន​ចិត្តនៃខ្លួន ក៏ដឹងច្បាស់ថា វិចិកិច្ឆាមិនមាននៅក្នុងសន្តានចិត្តរបស់អាត្មាអញ ទោះវិចិកិច្ឆាមិនទាន់កើតឡើង ហើយកើតឡើង ដោយហេតុណា ក៏ដឹងច្បាស់​នូវ​ហេតុ​នោះ105) ផង កិរិយាលះបង់នូវវិចិកិច្ឆាដែលកើតឡើងហើយ ដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះ106) ផង វិចិកិច្ឆា​ដែល​លះ​បង់បានហើយ មិនកើតតទៅតទៀត ដោយហេតុណា ក៏ដឹងច្បាស់​នូវហេតុ​នោះ107) ផង។ ភិក្ខុពិចារណាឃើញ នូវធម៌​ក្នុងធម៌ទាំងឡាយ ខាងក្នុងជាប្រក្រតី (ដោយការកំណត់នូវនីវរណធម៌៥យ៉ាង) គ្រប់​ឥរិយាបថទាំង៤ យ៉ាងនេះផង ពិចារណាឃើញនូវធម៌ក្នុងធម៌ទាំងឡាយ ខាង​ក្រៅ​ជា​ប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញ នូវធម៌ក្នុងធម៌ទាំងឡាយ ខាង​ក្នុង និង​ខាងក្រៅជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវធម៌ ដែល​ជា​ទីប្រជុំ​កើតឡើង ក្នុងធម៌ទាំងឡាយ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវធម៌ ដែល​សូន្យទៅ ក្នុងធម៌ទាំងឡាយ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញ​នូវ​ធម៌ ដែលជាទីប្រជុំកើត ទាំងធម៌ដែលសូន្យទៅ ក្នុងធម៌ទាំងឡាយ ជាប្រក្រតី គ្រប់​ឥរិយាបថ​ទាំង៤ផង។ មួយទៀត ស្មារតី (ជាគ្រឿងកំណត់) របស់ភិក្ខុនោះ ក៏ផ្ចង់​ឡើង​ចំពោះ​ថា ធម៌ទាំងឡាយមានមែន គ្រាន់តែជាទីកំណត់ ដើម្បីឲ្យចំរើនប្រាជ្ញា ដើម្បី​ឲ្យចំរើនស្មារតីប៉ុណ្ណោះ។ ភិក្ខុ មានចិត្តមិនអាស្រ័យ (ដោយតណ្ហា និងទិដ្ឋិ) គ្រប់​ឥរិយាបថ​ទាំង៤ផង មិនប្រកៀកប្រកាន់អ្វីតិចតួច ក្នុងលោកផង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណា ឃើញនូវធម៌ក្នុងធម៌ទាំងឡាយ គឺនីវរណៈទាំង៥ ជាប្រក្រតី គ្រប់ឥរិយាបថ​ទាំង៤ យ៉ាងនេះឯង។

ចប់ នីវរណៈបព្វៈ។

ខន្ធបព្វៈ

[១២៩] ម្នាលភិក្ខុទាំងឡាយ ពាក្យខាងមុខ នៅមានតទៅទៀត ភិក្ខុ​ពិចារណា​ឃើញ​នូវធម៌ ក្នុងធម៌ទាំងឡាយ គឺឧបាទានក្ខន្ធទាំង៥ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤។ ម្នាល​ភិក្ខុទាំងឡាយ ចុះភិក្ខុពិចារណាឃើញនូវធម៌ ក្នុងធម៌ទាំងឡាយ គឺឧបាទានក្ខន្ធ​ទាំង៥ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ តើដោយវិធីដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ (ពិចារណាឃើញដូច្នេះថា) រូប មានប្រមាណប៉ុណ្ណេះ108) ធម៌ដែលជាទីកើតឡើងនៃរូប មានប្រមាណប៉ុណ្ណេះ109) ធម៌ដែលជាដែនវិនាសទៅនៃរូប មានប្រមាណប៉ុណ្ណេះ110) វេទនា មានប្រមាណប៉ុណ្ណេះ111) ធម៌ដែលជាដែនកើតឡើងនៃវេទនា មានប្រមាណប៉ុណ្ណេះ112) ធម៌ដែលជាដែនវិនាសទៅនៃវេទនា មានប្រមាណប៉ុណ្ណេះ113) សញ្ញា មានប្រមាណប៉ុណ្ណេះ114) ធម៌ដែលជាដែនកើតឡើងនៃសញ្ញា មានប្រមាណប៉ុណ្ណេះ115) ធម៌ដែលជាដែនវិនាសទៅនៃសញ្ញា មានប្រមាណប៉ុណ្ណេះ116) សង្ខារទាំងឡាយ មានប្រមាណប៉ុណ្ណេះ117) ធម៌ដែល​ជាដែន​កើត​ឡើង​នៃសង្ខារទាំងឡាយ មានប្រមាណប៉ុណ្ណេះ118) ធម៌ដែលជាដែនវិនាសទៅនៃសង្ខារ មានប្រមាណប៉ុណ្ណេះ119) វិញ្ញាណមានប្រមាណប៉ុណ្ណេះ120) ធម៌ដែលជាដែន​កើត​ឡើង​នៃ​វិញ្ញាណ មានប្រមាណប៉ុណ្ណេះ121) ធម៌ដែលជាដែន​វិនាសទៅ​នៃ​វិញ្ញាណ មានប្រមាណប៉ុណ្ណេះ។122) ភិក្ខុ​ពិចារណាឃើញនូវធម៌ ក្នុង​ធម៌​ទាំង​ឡាយ ខាងក្នុងជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ យ៉ាងនេះផង ពិចារណាឃើញ​នូវធម៌​ក្នុងធម៌ទាំងឡាយ ខាងក្រៅជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញ​នូវ​ធម៌ក្នុងធម៌ទាំងឡាយ ខាងក្នុង និងខាងក្រៅជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវធម៌ដែលជាទីប្រជុំកើតឡើង ក្នុងធម៌ទាំងឡាយ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវធម៌ ដែលសូន្យទៅ ក្នុងធម៌ទាំងឡាយ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវធម៌ ដែលជាទីប្រជុំកើតឡើង ទាំងធម៌ ដែលសូន្យទៅក្នុងធម៌ទាំងឡាយ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង។ មួយទៀត ស្មារតី (ជាគ្រឿងកំណត់) របស់ភិក្ខុនោះ ក៏ផ្ចង់ឡើងចំពោះថា ធម៌មានមែន គ្រាន់តែជាទីកំណត់ ដើម្បីឲ្យចម្រើនប្រាជ្ញា ដើម្បីឲ្យចម្រើនស្មារតីប៉ុណ្ណោះ។ ភិក្ខុ មានចិត្ត​មិន​អាស្រ័យ (ដោយតណ្ហា និងទិដ្ឋិ) គ្រប់ឥរិយាបថទាំង៤ផង មិនប្រកៀកប្រកាន់​អ្វីតិចតួច ក្នុងលោកផង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណាឃើញនូវធម៌​ក្នុង​ធម៌​ទាំង​ឡាយ គឺឧបាទានក្ខន្ធទាំង៥ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ យ៉ាងនេះឯង។

ចប់ ខន្ធបព្វៈ។

អាយតនបព្វៈ

[១៣០] ម្នាលភិក្ខុទាំងឡាយ ពាក្យខាងមុខនៅមានទៀត ភិក្ខុពិចារណាឃើញ នូវ​ធម៌​ក្នុងធម៌ទាំងឡាយ គឺអាយតនៈ៦ ទាំងខាងក្នុង ទាំងខាងក្រៅ ជាប្រក្រតី គ្រប់​ឥរិយាបថ​ទាំង៤។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុពិចារណាឃើញនូវធម៌ ក្នុងធម៌ទាំងឡាយ គឺអាយតនៈ៦ ទាំងខាងក្នុង ទាំងខាងក្រៅ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ តើដោយ​វិធី​ដូច​ម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ដឹងច្បាស់នូវភ្នែកផង ដឹង​ច្បាស់​នូវ​រូប​ទាំងឡាយផង មួយវិញទៀត សញ្ញោជនៈណា ដែលអាស្រ័យ​នូវភ្នែក និងរូប​ទាំង​ពីរ​នោះ ហើយកើតឡើង ក៏ដឹងច្បាស់នូវសញ្ញោជនៈនោះ123) ផង សញ្ញោជនៈ ដែលមិនទាន់កើតឡើង ហើយកើតឡើង ដោយហេតុណា ក៏ដឹងច្បាស់​នូវ​ហេតុ​នោះផង កិរិយាលះបង់បាននូវសញ្ញោជនៈ ដែលកើតឡើង ដោយហេតុណា ក៏​ដឹង​ច្បាស់​នូវហេតុនោះផង សញ្ញោជនៈដែលលះបង់បានហើយ មិនកើតតទៅទៀត ដោយ​ហេតុ​ណា ក៏ដឹងច្បាស់នូវហេតុនោះផង។ ភិក្ខុដឹងច្បាស់នូវត្រចៀកផង ដឹង​ច្បាស់​នូវ​សំឡេង​ទាំងឡាយផង។ ដឹងច្បាស់នូវច្រមុះផង ដឹងច្បាស់នូវក្លិនទាំងឡាយផង។ ដឹងច្បាស់នូវអណ្តាតផង ដឹងច្បាស់នូវរសទាំងឡាយផង។ ដឹងច្បាស់នូវកាយផង ដឹងច្បាស់នូវផោដ្ឋព្វៈទាំងឡាយផង។ ដឹងច្បាស់នូវចិត្តផង ដឹងច្បាស់​នូវ​ធម្មារម្មណ៍​ទាំង​ឡាយ​ផង សញ្ញោជនៈណា ដែលអាស្រ័យនូវចិត្ត និងធម្មារម្មណ៍ទាំងពីរនោះ កើតឡើង ក៏​ដឹងច្បាស់នូវសញ្ញោជនៈនោះផង សញ្ញោជនៈដែលមិនទាន់កើតឡើង ហើយកើត​ឡើង​ដោយ​ហេតុណា ក៏ដឹងច្បាស់នូវហេតុនោះ124) ផង កិរិយាលះបង់បាននូវសញ្ញោជនៈ ដែល​កើតឡើង​ហើយ ដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះ125) ផង សញ្ញោជនៈ ដែលលះបង់បានហើយ មិនកើតតទៅទៀត ដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះ126) ផង។ ភិក្ខុពិចារណាឃើញ​នូវធម៌ ក្នុងធម៌​ទាំងឡាយ ​ខាងក្នុង​ជា​ប្រក្រតី គ្រប់ឥរិយាបថទាំង៤ យ៉ាងនេះផង ពិចារណាឃើញនូវធម៌ ក្នុងធម៌ទាំងឡាយ ខាងក្រៅជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវធម៌ ក្នុងធម៌ទាំងឡាយ ខាងក្នុង និងខាងក្រៅជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញ​នូវធម៌ ដែល​ជា​ទីប្រជុំកើតឡើង ក្នុងធម៌ទាំងឡាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណា​ឃើញ​នូវធម៌ ដែលសូន្យទៅ ក្នុងធម៌ទាំងឡាយ ជាប្រក្រតី គ្រប់ឥរិយាបថទាំង​៤ផង ពិចារណា​ឃើញនូវធម៌ ដែលជាទីប្រជុំកើតឡើង និងធម៌ដែល សូន្យទៅ ក្នុងធម៌​ទាំងឡាយ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង។ មួយទៀត ស្មារតី (ជាគ្រឿង​កំណត់) របស់ភិក្ខុនោះ ក៏ផ្ចង់ឡើងចំពោះថា ធម៌ទាំងឡាយមានមែន គ្រាន់តែ ជាទី​កំណត់​ ដើម្បីឲ្យ​ចម្រើនប្រាជ្ញា ដើម្បីឲ្យចម្រើនស្មារតីប៉ុណ្ណោះ។ ភិក្ខុមានចិត្តមិនអាស្រ័យ (ដោយ​តណ្ហា និងទិដ្ឋិ) គ្រប់ឥរិយាបថទាំង៤ផង មិនប្រកៀកប្រកាន់​អ្វីតិច​តួច​ ក្នុង​លោក​ផង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណាឃើញនូវធម៌ ក្នុងធម៌ទាំងឡាយ គឺអាយតនៈ៦ ខាងក្នុង និងខាងក្រៅជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ យ៉ាងនេះឯង។

ចប់ អាយតនបព្វៈ។

ពោជ្ឈង្គបព្វៈ

[១៣១] ម្នាលភិក្ខុទាំងឡាយ ពាក្យខាងមុខនៅមានទៀត ភិក្ខុពិចារណា​ឃើញ​នូវធម៌ ក្នុងធម៌ទាំងឡាយ គឺពោជ្ឈង្គ៧ប្រការ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណាឃើញនូវធម៌ ក្នុងធម៌ទាំងឡាយ គឺពោជ្ឈង្គ៧ប្រការ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ តើដោយវិធីដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុង​សាសនា​នេះ ទោះសតិសម្ពោជ្ឈង្គមាននៅក្នុងសន្តានចិត្តនៃខ្លួន ក៏ដឹងច្បាស់ថា សតិសម្ពោជ្ឈង្គ មាននៅក្នុងសន្តានចិត្តរបស់អាត្មាអញ ទោះសតិសម្ពោជ្ឈង្គ មិនមាន​នៅ​ក្នុង​សន្តានចិត្តរបស់ខ្លួន ក៏ដឹងច្បាស់ថា សតិសម្ពោជ្ឈង្គ មិនមាននៅ​ក្នុងសន្តាន​ចិត្ត​របស់​អាត្មា​អញ ទោះសតិសម្ពោជ្ឈង្គ ដែលមិនទាន់កើតឡើង ហើយកើតឡើង ដោយ​ហេតុ​ណា ក៏ដឹងច្បាស់ នូវហេតុនោះ127) ផង កិរិយាចម្រើនពេញ បរិបូណ៌ នៃ​សតិសម្ពោជ្ឈង្គ ដែល​កើត​ឡើង​ហើយ ដោយហេតុណា ក៏ដឹងច្បាស់ នូវហេតុនោះ128) ផង។ ទោះធម្មវិចយសម្ពោជ្ឈង្គ មាននៅក្នុងសន្តានចិត្តនៃខ្លួន។បេ។129) ទោះវិរិយសម្ពោជ្ឈង្គ មាននៅក្នុងសន្តានចិត្តនៃខ្លួន។បេ។130) ទោះ​បីតិសម្ពោជ្ឈង្គ មាននៅក្នុងសន្តានចិត្តនៃខ្លួន។បេ។ 131) ទោះបស្សទ្ធិសម្ពោជ្ឈង្គ មាននៅក្នុងសន្តានចិត្តនៃខ្លួន។បេ។132) ទោះសមាធិសម្ពោជ្ឈង្គ​មាននៅ​ក្នុង​សន្តាន​ចិត្ត​នៃ​ខ្លួន។បេ។ 133) ទោះ​ឧបេក្ខាសម្ពោជ្ឈង្គ មាននៅក្នុងសន្តានចិត្តនៃខ្លួន ក៏ដឹងច្បាស់ថា ឧបេក្ខាសម្ពោជ្ឈង្គ មាននៅក្នុង​សន្តានចិត្តរបស់អាត្មាអញ ទោះឧបេក្ខាសម្ពោជ្ឈង្គ មិនមាននៅក្នុងសន្តាន​ចិត្តនៃខ្លួន ក៏ដឹងច្បាស់ថា ឧបេក្ខាសម្ពោជ្ឈង្គ មិនមាននៅក្នុងសន្តានចិត្តរបស់​អាត្មាអញ ទោះឧបេក្ខាសម្ពោជ្ឈង្គ ដែលមិនទាន់កើតឡើង ដោយហេតុណា ក៏ដឹងច្បាស់​នូវ​ហេតុ​នោះ​ផង កិរិយាចម្រើនពេញបរិបូណ៌ នៃឧបេក្ខាសម្ពោជ្ឈង្គ ដែលកើតឡើងហើយ ដោយ​ហេតុ​ណា ក៏ដឹងច្បាស់នូវហេតុនោះ134) ផង។ ភិក្ខុពិចារណាឃើញ នូវធម៌​ក្នុង​ធម៌​ទាំង​ឡាយ​ ខាងក្នុងជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ យ៉ាងនេះផង ពិចារណាឃើញនូវធម៌ ក្នុង​ធម៌ទាំងឡាយ ខាងក្រៅជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវធម៌ ក្នុងធម៌ទាំងឡាយខាងក្នុង និងខាងក្រៅជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណា​ឃើញនូវធម៌ ដែលជាទីប្រជុំកើតឡើង ក្នុងធម៌ទាំងឡាយ ជាប្រក្រតី គ្រប់ឥរិយាបថទាំង​៤ផង ពិចារណាឃើញនូវធម៌ ដែលសូន្យទៅ ក្នុងធម៌ទាំងឡាយ គ្រប់​ឥរិយាបថទាំង៤ផង។ ពិចារណាឃើញនូវធម៌ ដែលជាទីប្រជុំកើត និងសូន្យទៅ ក្នុង​ធម៌​ទាំងឡាយ​ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង។ មួយទៀត ស្មារតី (ជាគ្រឿងកំណត់) របស់ភិក្ខុនោះ ក៏ផ្ចង់ឡើង ចំពោះថា ធម៌​ទាំង​ឡាយ​មានមែន គ្រាន់តែជាទីកំណត់ ដើម្បីឲ្យចម្រើនប្រាជ្ញា ដើម្បី​ឲ្យចម្រើន​ស្មារតី​ប៉ុណ្ណោះ។ ភិក្ខុមានចិត្តមិនអាស្រ័យ (ដោយ​តណ្ហា និងទិដ្ឋិ) គ្រប់ឥរិយាបថទាំង៤ផង មិនប្រកៀកប្រកាន់អ្វីតិចតួច ក្នុងលោកផង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណាឃើញ​នូវ​ធម៌ ក្នុងធម៌ទាំងឡាយ គឺពោជ្ឈង្គទាំង៧ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ យ៉ាងនេះឯង។

ចប់ ពោជ្ឈង្គបព្វៈ។ ចប់ បឋមភាណវារៈ។

សច្ចបព្វៈ

ទុក្ខសច្ចនិទ្ទេស

[១៣២] ម្នាលភិក្ខុទាំងឡាយ ពាក្យខាងមុខនៅមានទៀត ភិក្ខុពិចារណាឃើញ​នូវធម៌ ក្នុងធម៌ទាំងឡាយ គឺអរិយសច្ចទាំង៤ គ្រប់ឥរិយាបថទាំង៤។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុពិចារណាឃើញនូវធម៌ក្នុងធម៌ទាំងឡាយ គឺអរិយសច្ចទាំង៤ គ្រប់ឥរិយាបថទាំង៤ តើដោយវិធីដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ដឹងប្រាកដតាមពិតថា នេះ​ជាទុក្ខ ដឹងប្រាកដតាមពិតថា នេះជាហេតុនាំឱ្យកើតទុក្ខ ដឹងប្រាកដតាមពិតថា នេះជាសភាវៈរំលត់ទុក្ខ ដឹងប្រាកដតាមពិតថា នេះជា​បដិបទា ឲ្យបាន​ដល់​នូវ​សភាវៈ​រំលត់ទុក្ខ។ ម្នាលភិក្ខុទាំងឡាយ ចុះទុក្ខអរិយសច្ច តើដូចម្តេច។ ជាតិ គឺកំណើត ដែល​កើត​ជា​ដំបូង ក៏ជាទុក្ខ ជរា គឺសេចក្តីចាស់គ្រាំគ្រា ក៏ជាទុក្ខ មរណៈ គឺសេចក្តីស្លាប់ ក៏ជាទុក្ខ សោកៈ គឺសេចក្តីស្តាយស្រណោះ បរិទេវៈ គឺសេចក្តីខ្សឹកខ្សួល ទុក្ខៈ គឺសេចក្តី​លំបាក​កាយ ទោមនស្ស គឺសេចក្តីអាក់អន់តូចចិត្ត ឧបាយាសៈ គឺសេចក្តីចង្អៀតចង្អល់ចិត្ត ក៏​សុទ្ធ​តែ​ជាទុក្ខ អប្បិយេហិសម្បយោគៈ គឺដំណើរជួប ប្រសព្វ ដោយសត្វ និងសង្ខារ​ទាំងឡាយ ដែល​មិនជាទីស្រឡាញ់ ក៏ជាទុក្ខ បិយេហិវិប្បយោគៈ គឺសេចក្តីព្រាត់ប្រាស ចាក​សត្វ និង​សង្ខារ​ទាំងឡាយ ដែលជាទីស្រឡាញ់ ក៏ជាទុក្ខ យម្បិច្ឆំ ន លភតិ តម្បិ គឺបុគ្គល​កាល​ចង់​បាន​នូវរបស់ណា មិនបាន ឯការមិនបានរបស់នោះ ក៏ជាទុក្ខ បើដោយសេចក្តីបំព្រួញ ឧបាទានក្ខន្ធ៥ មានរូបក្ខន្ធជាដើម ក៏ជាទុក្ខ។

[១៣៣] ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេចហៅថាជាតិ។ កិរិយាកើតជាដំបូង កិរិយា​កើត​ព្រម ការចុះចាប់ផ្ទៃ ការវិលត្រឡប់មកកើត ការកើតប្រាកដនៃខន្ធ ការបាន​នូវ​អាយតនៈ​ណា របស់សត្វនោះៗ ក្នុងសត្តនិកាយនោះៗ ម្នាលភិក្ខុទាំងឡាយ នេះ តថាគត​ហៅថា ជាតិ។ ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេចហៅថាជរា។ ជរា គឺសេចក្តីចាស់គ្រាំគ្រា ឬ​ការប្រែប្រួល ធ្មេញបាក់ សក់ស្កូវ ស្បែកជ្រួញជ្រីវយុរយារ ការរួញថយនៃអាយុ ការ​ទ្រុឌ​ទ្រោម​ឥន្ទ្រិយទាំងឡាយណា របស់សត្វទាំងឡាយនោះៗ ក្នុងសត្តនិកាយនោះៗ ម្នាលភិក្ខុទាំងឡាយ នេះ តថាគតហៅថាជរា។ ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេច​ហៅថា​មរណៈ។ ភាវៈនៃចិត្តដែលឃ្លាតចេញ អាការៈនៃចិត្តដែលឃ្លាតទៅ សេចក្តីបែកធ្លាយទៅ សេចក្តីបាត់បង់ទៅ សេចក្តីវិនាសជីវិត សេចក្តីស្លាប់ កាលកិរិយា សេចក្តី​បែកធ្លាយ នៃ​ខន្ធ​ទាំងឡាយ ការដាក់ចុះនូវសាកសព ការផ្តាច់ផ្តិលនូវជីវិតិន្ទ្រិយណា របស់​សត្វទាំងឡាយ​នោះ​ៗ ចាកសត្តនិកាយនោះៗ ម្នាលភិក្ខុទាំងឡាយ នេះ តថាគតហៅថា មរណៈ។ ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេចហៅថា សោកៈ។ ម្នាលភិក្ខុទាំងឡាយ សោកៈ គឺ​សេចក្តី​ស្តាយ​ស្រណោះ សេចក្តីស្រងេះស្រងោច សេចក្តីសោកសៅ សេចក្តីរីងស្ងួតក្នុងចិត្ត សេចក្តី​ក្រៀមក្រំ ក្នុងចិត្តណា របស់សត្វ ដែលប្រកបហើយ ដោយសេចក្តីវិនាសណាមួយ (ឬ) ដែលសេចក្តីទុក្ខណាមួយពាល់ត្រូវហើយ ម្នាលភិក្ខុទាំងឡាយ នេះ តថាគតហៅថា សោកៈ។ ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេចហៅថា បរិទេវៈ។ ម្នាលភិក្ខុទាំងឡាយ សភាវៈ ទួញរក (បិយជន មានកូនជាដើម) សភាវៈទួញរៀបរាប់ (សរសើរគុណ) កិរិយា​យំអណ្តឺត​អណ្តក កិរិយាយំបម្រះ ននៀល ភាវៈនៃការយំអណ្តឺតអណ្តក ភាវៈនៃការ​យំបម្រះ​ននៀល​ណា របស់សត្វដែលប្រកបហើយ ដោយសេចក្តីវិនាសណាមួយ (ឬ) ដែលសេចក្តី​ទុក្ខ​ណាមួយ ពាល់ត្រូវហើយ ម្នាលភិក្ខុទាំងឡាយ នេះ តថាគតហៅថា បរិទេវៈ។ ម្នាល​ភិក្ខុទាំងឡាយ ចុះដូចម្តេចហៅថា ទុក្ខៈ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីលំបាកកាយ សេចក្តី​មិនសប្បាយកាយ សេចក្តីលំបាកដែលកើតអំពីកាយសម្ផ័ស្ស ការ​ទទួលរង​សេចក្តី​មិន​ស្រួលណា ម្នាលភិក្ខុទាំងឡាយ នេះ តថាគតហៅថា ទុក្ខៈ។ ម្នាលភិក្ខុទាំងឡាយ ចុះ​ដូច​ម្តេចហៅថា ទោមនស្ស។ ម្នាលភិក្ខុទាំងឡាយ សេចក្តីលំបាកក្នុងចិត្ត សេចក្តី​មិន​សប្បាយ​ក្នុងចិត្ត សេចក្តីលំបាកដែលកើតអំពីមនោសម្ផ័ស្ស ការទទួល​អារម្មណ៍​មិន​ស្រួល​ណា ម្នាលភិក្ខុទាំងឡាយ នេះ តថាគតហៅថា ទោមនស្ស។ ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេចហៅថា ឧបាយាសៈ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីតានតឹងក្នុងចិត្ត សេចក្តី​ចង្អៀត​ចង្អល់ចិត្ត ភាវៈនៃសេចក្តីតានតឹងក្នុងចិត្ត ភាវៈនៃសេចក្តីចង្អៀតចង្អល់ចិត្តណា របស់សត្វ ដែលប្រកបហើយ ដោយសេចក្តីវិនាសណាមួយ (ឬ) ដែលសេចក្តី​ទុក្ខ​ណា​មួយ​ពាល់​ត្រូវហើយ ម្នាលភិក្ខុទាំងឡាយ នេះ តថាគតហៅថា ឧបាយាសៈ។ ម្នាលភិក្ខុ​ទាំង​ឡាយ ចុះដូចម្តេចហៅថា អប្បិយេហិសម្បយោគទុក្ខ។ ម្នាលភិក្ខុទាំងឡាយ រូបារម្មណ៍ សទ្ទារម្មណ៍ គន្ធារម្មណ៍ រសារម្មណ៍ ផោដ្ឋព្វារម្មណ៍ណា ដែលមិនជាទីប្រាថ្នា មិនជាទី​ត្រេកអរ មិនជាទីគាប់ចិត្ត មានដល់បុគ្គលណា ក្នុងលោកនេះ ពុំនោះសោត ជន​ទាំង​ឡាយ​ណា ប្រាថ្នានូវសេចក្តីមិនចម្រើន ប្រាថ្នានូវអំពើឥតប្រយោជន៍ ប្រាថ្នា​នូវ​សេចក្តី​មិន​សប្បាយ ប្រាថ្នានូវអំពើ ដែលមិនក្សេមចាកយោគៈ ចំពោះបុគ្គលនោះ កិរិយាបានជួបគ្នា កិរិយាជួបជុំគ្នា កិរិយាប្រជុំគ្នា ការនៅច្រឡូកច្រឡំគ្នា នឹងអារម្មណ៍ទាំងឡាយនោះៗ នឹងជន​ទាំងឡាយនោះៗ ម្នាលភិក្ខុទាំងឡាយ នេះ តថាគតហៅថា អប្បិយេហិសម្បយោគទុក្ខ។ ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេចហៅថា បិយេហិវិប្បយោគទុក្ខ។ រូបារម្មណ៍ សទ្ទារម្មណ៍ គន្ធារម្មណ៍ រសារម្មណ៍ ផោដ្ឋព្វារម្មណ៍ ដែល​ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត មានដល់បុគ្គលណា ក្នុងលោកនេះ ពុំនោះ​សោត ជនទាំងឡាយណា ទោះមាតាក្តី បិតាក្តី បងប្អូនប្រុសក្តី បងប្អូនស្រីក្តី មិត្រក្តី អាមាត្យ​ក្តី ញាតិសាលោហិតក្តី ដែលជាអ្នកប្រាថ្នានូវសេចក្តីចំរើន ប្រាថ្នានូវប្រយោជន៍ ប្រាថ្នានូវសេចក្តីសប្បាយ ប្រាថ្នានូវសេចក្តីក្សេមចាកយោគៈ ចំពោះបុគ្គលនោះ ការ​មិន​បានជួបគ្នា មិនបានជួបជុំគ្នា កិរិយាមិនបានប្រជុំគ្នា ការមិននៅច្រឡូកច្រឡំ នឹង​អារម្មណ៍​ទាំងឡាយនោះៗ នឹងជនទាំងឡាយនោះៗ ម្នាលភិក្ខុទាំងឡាយ នេះ តថាគតហៅថា បិយេហិវិប្បយោគទុក្ខ។ ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេចហៅថា យម្បិច្ឆំ ន លភតិ តម្បិ ទុក្ខ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វ ដែលមានជាតិជាធម្មតា តែងមានសេចក្តី​ប្រាថ្នា​កើត​ឡើង យ៉ាងនេះថា ធ្វើម្តេចហ្ន៎ ឲ្យយើងទាំងឡាយ កុំគប្បីមានជាតិជាធម្មតា ពុំនោះសោត ជាតិ កុំគប្បីមកដល់យើងទាំងឡាយ សេចក្តីនេះ ពួកសត្វ ក៏មិនបាន​សម្រេច​តាម​ប្រាថ្នា​​ឡើយ នេះឯង ឈ្មោះថា យម្បិច្ឆំ ន លភតិ តម្បិ ទុក្ខ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វ ដែល​មានសេចក្តីគ្រាំគ្រា ឬប្រែប្រួលជាធម្មតា។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វ ដែល​មាន​សេចក្តី​ឈឺថ្កាត់ជាធម្មតា។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វមានសេចក្តីស្លាប់ជាធម្មតា។ ម្នាល​ភិក្ខុទាំងឡាយ ពួកសត្វ មានសេចក្តីសោក សេចក្តីខ្សឹកខ្សួល សេចក្តីលំបាកកាយ សេចក្តីអាក់អន់តូចចិត្ត សេចក្តីខ្លោចផ្សាចិត្ត ជាធម្មតា តែងមានសេចក្តីប្រាថ្នាកើតឡើង យ៉ាងនេះថា ធ្វើម្តេចហ្ន៎ ឲ្យយើងទាំងឡាយ កុំគប្បីមានសេចក្តីសោក សេចក្តីខ្សឹកខ្សួល សេចក្តីលំបាកកាយ សេចក្តីអាក់អន់តូចចិត្ត សេចក្តីខ្លោចផ្សាចិត្ត ជាធម្មតា ពុំនោះសោត សេចក្តីសោក សេចក្តីខ្សឹកខ្សួល សេចក្តីលំបាកកាយ សេចក្តីអាក់អន់ចិត្ត សេចក្តី​ខ្លោចផ្សា​ចិត្ត កុំគប្បីមកដល់យើងទាំងឡាយឡើយ សេចក្តីនេះ ពួកសត្វ ក៏មិនបាន​សម្រេច​តាម​ប្រាថ្នា​ នេះឯង ក៏ឈ្មោះថា យម្បិច្ឆំ ន លភតិ តម្បិ ទុក្ខដែរ។ ម្នាលភិក្ខុទាំងឡាយ ចុះដូច​ម្តេចឧបាទានក្ខន្ធទាំង៥ ដោយសេចក្តីបំប្រួញ ដែលថាជាទុក្ខ។ ឧបាទានក្ខន្ធ​ទាំង៥នោះ គឺអ្វីខ្លះ គឺរូប ជាឧបាទានក្ខន្ធ១ វេទនា ជាឧបាទានក្ខន្ធ១ សញ្ញា ជាឧបាទានក្ខន្ធ១ សង្ខារ ជាឧបាទានក្ខន្ធ១ វិញ្ញាណ ជាឧបាទានក្ខន្ធ១ ម្នាលភិក្ខុទាំងឡាយ ទាំងនេះ តថាគត​ហៅថា ឧបាទានក្ខន្ធទាំងឡាយ៥ ដោយសេចក្តីបំប្រួញថាជាទុក្ខ។ ម្នាលភិក្ខុទាំងឡាយ នេះ តថាគតហៅថា ទុក្ខអរិយសច្ច។

សមុទយសច្ចនិទ្ទេស

[១៣៤] ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេចហៅថា ទុក្ខសមុទយអរិយសច្ច។ តណ្ហា​ណា ជាធម្មជាតិ នាំសត្វឲ្យកើតទៀត ប្រកបដោយតម្រេករីករាយ ជាធម្មជាតិ​នាំ​សត្វ​ឲ្យ​ត្រេកត្រអាល នៅក្នុងភពនោះៗ ឬក្នុងអារម្មណ៍នោះៗ តណ្ហានោះ គឺអ្វីខ្លះ គឺកាមតណ្ហា (សេចក្តី​ប្រាថ្នាក្នុងកាមគុណ)១ ភវតណ្ហា135) (សេចក្តីប្រាថ្នាក្នុងរូបភព និងអរូបភព)​១ វិភវតណ្ហា (សេចក្តីប្រាថ្នាក្នុងភពសូន្យ 136) ) ១។

[១៣៥] ម្នាលភិក្ខុទាំងឡាយ ចុះតណ្ហានុ៎ះ កាលដែលកើតឡើង តើកើតឡើង​ក្នុង​ទី​ណា កាលដែលជាប់នៅ តើជាប់នៅក្នុងទីណា។ អារម្មណ៍ណា ក្នុងលោកដែល​មាន​សភាព​គួរស្រឡាញ់ មានសភាពគួរត្រេកអរ តណ្ហានុ៎ះ កាលដែលកើតឡើង ក៏កើតឡើង​ក្នុង​អារម្មណ៍នុ៎ះ កាលដែលជាប់នៅ ក៏ជាប់នៅក្នុងអារម្មណ៍នុ៎ះ។ អារម្មណ៍អ្វីមួយ ក្នុង​លោក ដែលមានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរ។ ចក្ខុក្នុងលោក ដែលមាន​សភាព​គួរស្រឡាញ់ មានសភាពគួរត្រេកអរ តណ្ហានុ៎ះ កាលដែលកើតឡើង ក៏កើតឡើង​ក្នុង​ចក្ខុនុ៎ះ កាលដែលជាប់នៅ ក៏ជាប់នៅក្នុងចក្ខុនុ៎ះ។ សោតៈក្នុងលោក។ ឃានៈ​ក្នុង​លោក។ ជិវ្ហាក្នុងលោក។ កាយក្នុងលោក។ មនោក្នុងលោក ដែលមានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរ តណ្ហានុ៎ះ កាលដែលកើតឡើង ក៏កើតឡើងក្នុងមនោនុ៎ះ កាល​ដែល​ជាប់នៅ ក៏ជាប់នៅក្នុងមនោនុ៎ះ។ រូបារម្មណ៍ទាំងឡាយ ក្នុងលោក។ សទ្ទារម្មណ៍​ទាំងឡាយ ក្នុងលោក។ គន្ធារម្មណ៍ទាំងឡាយ ក្នុងលោក។ រសារម្មណ៍​ទាំងឡាយ ក្នុងលោក។ ផោដ្ឋព្វារម្មណ៍ទាំងឡាយ ក្នុងលោក។ ធម្មារម្មណ៍ទាំងឡាយ ក្នុងលោក ដែលមានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរ តណ្ហានុ៎ះ កាលដែលកើតឡើង ក៏កើតឡើងក្នុងធម្មារម្មណ៍នុ៎ះ កាលដែលជាប់នៅ ក៏ជាប់នៅក្នុងធម្មារម្មណ៍នុ៎ះ។ ចក្ខុវិញ្ញាណ ក្នុងលោក។ សោតវិញ្ញាណក្នុងលោក។ ឃានវិញ្ញាណ ក្នុងលោក។ ជិវ្ហាវិញ្ញាណ ក្នុងលោក។ កាយវិញ្ញាណ ក្នុងលោក។ មនោវិញ្ញាណ ក្នុងលោក ដែលមាន​សភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរ តណ្ហានុ៎ះ កាលដែលកើតឡើង ក៏កើតឡើង​ក្នុង​មនោវិញ្ញាណនុ៎ះ កាលដែលជាប់នៅ ក៏ជាប់នៅក្នុងមនោវិញ្ញាណនុ៎ះ។ ចក្ខុសម្ផ័ស្ស ក្នុងលោក។ សោតសម្ផ័ស្ស ក្នុងលោក។ ឃានសម្ផ័ស្ស ក្នុងលោក។ ជិវ្ហាសម្ផ័ស្ស ក្នុងលោក។ កាយសម្ផ័ស្ស ក្នុងលោក។ មនោសម្ផ័ស្ស ក្នុងលោក ដែលមានសភាព​គួរ​ស្រឡាញ់ មានសភាពគួរត្រេកអរ តណ្ហានុ៎ះ កាលដែលកើតឡើង ក៏កើតឡើង​ក្នុង​មនោសម្ផ័ស្ស​នុ៎ះ កាលដែលជាប់នៅ ក៏ជាប់នៅក្នុងមនោសម្ផ័ស្សនុ៎ះ។ វេទនា​កើត​អំពី​ចក្ខុសម្ផ័ស្ស ក្នុងលោក។ វេទនាកើតអំពីសោតសម្ផ័ស្ស ក្នុងលោក។ វេទនាកើតអំពីឃានសម្ផ័ស្ស ក្នុងលោក។ វេទនាកើតអំពីជិវ្ហាសម្ផ័ស្ស ក្នុងលោក។ វេទនាកើតអំពីកាយសម្ផ័ស្ស ក្នុងលោក។ វេទនាកើតអំពីមនោសម្ផ័ស្ស ក្នុងលោក ដែលមាន​សភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរ តណ្ហានុ៎ះ កាលដែលកើតឡើង ក៏កើតឡើងក្នុងវេទនា ដែលកើតអំពីមនោសម្ផ័ស្សនុ៎ះ កាលដែលជាប់នៅ ក៏ជាប់នៅក្នុង វេទនា ដែលកើតអំពីមនោសម្ផ័ស្សនុ៎ះ។ សេចក្តីសម្គាល់នូវរូបារម្មណ៍ក្នុងលោក។ សេចក្តីសម្គាល់នូវសទ្ទារម្មណ៍ក្នុងលោក។ សេចក្តីសម្គាល់នូវគន្ធារម្មណ៍ក្នុងលោក។ សេចក្តីសម្គាល់នូវរសារម្មណ៍ក្នុងលោក។ សេចក្តីសម្គាល់នូវផោដ្ឋព្វារម្មណ៍ក្នុងលោក។ សេចក្តីសម្គាល់នូវធម្មារម្មណ៍ក្នុងលោក ដែលមានសភាពគួរស្រឡាញ់ មានសភាព​គួរ​ត្រេកអរ តណ្ហានុ៎ះ កាលដែលកើតឡើង ក៏កើតឡើងក្នុងសេចក្តីសម្គាល់នូវធម្មារម្មណ៍នុ៎ះ កាលដែលជាប់នៅ ក៏ជាប់នៅក្នុងសេចក្តីសម្គាល់ នូវធម្មារម្មណ៍នុ៎ះ។ ការគិតសន្សំនូវរូបារម្មណ៍ ក្នុងលោក។ ការគិតសន្សំនូវសទ្ទារម្មណ៍ ក្នុងលោក។ ការគិត​សន្សំ​នូវគន្ធារម្មណ៍ ក្នុងលោក។ ការគិតសន្សំនូវរសារម្មណ៍ ក្នុងលោក។ ការគិតសន្សំ​នូវផោដ្ឋព្វារម្មណ៍ ក្នុងលោក។ ការគិតសន្សំនូវធម្មារម្មណ៍ ក្នុងលោក ដែលមាន​សភាពគួរ​ស្រឡាញ់ មានសភាពគួរត្រេកអរ តណ្ហានុ៎ះ កាលដែលកើតឡើង ក៏កើត​ឡើង​ក្នុង​ការគិតសន្សំនូវធម្មារម្មណ៍នុ៎ះ កាលដែលជាប់នៅ ក៏ជាប់នៅក្នុងធម្មារម្មណ៍នុ៎ះ។ សេចក្តីប្រាថ្នានូវរូបារម្មណ៍ ក្នុងលោក។ សេចក្តីប្រាថ្នានូវសទ្ទារម្មណ៍ ក្នុងលោក។ សេចក្តីប្រាថ្នានូវគន្ធារម្មណ៍ ក្នុងលោក។ សេចក្តីប្រាថ្នានូវរសារម្មណ៍ ក្នុងលោក។ សេចក្តីប្រាថ្នានូវផោដ្ឋព្វារម្មណ៍ ក្នុងលោក។ សេចក្តីប្រាថ្នានូវធម្មារម្មណ៍ ក្នុងលោក ដែលមានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរ តណ្ហានុ៎ះ កាលដែលកើតឡើង ក៏កើតឡើងក្នុងសេចក្តីប្រាថ្នា នូវធម្មារម្មណ៍នុ៎ះ កាលដែលជាប់នៅ ក៏ជាប់នៅក្នុង​សេចក្តីប្រាថ្នា នូវធម្មារម្មណ៍នុ៎ះ។ សេចក្តីត្រិះរិះនូវរូបារម្មណ៍ ក្នុងលោក។ សេចក្តីត្រិះរិះនូវសទ្ទារម្មណ៍ ក្នុងលោក។ សេចក្តីត្រិះរិះនូវគន្ធារម្មណ៍ ក្នុងលោក។ សេចក្តីត្រិះរិះនូវរសារម្មណ៍ ក្នុងលោក។ សេចក្តីត្រិះរិះនូវផោដ្ឋព្វារម្មណ៍ ក្នុងលោក។ សេចក្តីត្រិះរិះនូវធម្មារម្មណ៍ ក្នុងលោក ដែលមានសភាពគួរស្រឡាញ់ មានសភាព​គួរត្រេកអរ តណ្ហានុ៎ះ កាលដែលកើតឡើង ក៏កើតឡើងក្នុង​សេចក្តីត្រិះរិះ នូវ​ធម្មារម្មណ៍​នុ៎ះ កាលដែលជាប់នៅ ក៏ជាប់នៅក្នុងសេចក្តីត្រិះរិះ នូវធម្មារម្មណ៍នុ៎ះ។ ការពិចារណា​នូវរូបារម្មណ៍ ក្នុងលោក។ ការពិចារណានូវសទ្ទារម្មណ៍ ក្នុងលោក។ ការពិចារណា​នូវ​គន្ធារម្មណ៍ ក្នុងលោក។ ការពិចារណានូវរសារម្មណ៍ ក្នុងលោក។ ការពិចារណា​នូវផោដ្ឋព្វារម្មណ៍ ក្នុងលោក។ ការពិចារណានូវធម្មារម្មណ៍ ក្នុងលោក ដែលមានសភាព​គួរស្រឡាញ់ មានសភាពគួរត្រេកអរ តណ្ហានុ៎ះ កាលដែលកើតឡើង ក៏កើតឡើងក្នុង​ការពិចារណា​នូវធម្មារម្មណ៍នុ៎ះ កាលដែលជាប់នៅ ក៏ជាប់នៅក្នុងការពិចារណានូវ ធម្មារម្មណ៍នុ៎ះ។ ម្នាលភិក្ខុទាំងឡាយ នេះតថាគតហៅថា ទុក្ខសមុទយអរិយសច្ច។

និរោធសច្ចនិទ្ទេស

[១៣៦] ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេចហៅថា ទុក្ខនិរោធអរិយសច្ច។ ការអស់ទៅ និងការរលត់ទៅ ដោយមិនមានសេសសល់ ការលះបង់ ការរលាស់ចោល ការជម្រុះចោល ការមិនមានអាល័យ ចំពោះតណ្ហានោះឯង (ហៅថា ទុក្ខនិរោធ​អរិយសច្ច)។ ម្នាលភិក្ខុទាំងឡាយ ចុះតណ្ហានោះឯង កាលដែលបុគ្គលលះបង់ តើលះបង់​ក្នុងទីណា កាលដែលរលត់ទៅ តើរលត់ទៅក្នុងទីណា។ អារម្មណ៍ណា ក្នុងលោក ដែលមានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរ តណ្ហានុ៎ះ កាលដែល​បុគ្គល​លះបង់ តែងលះបង់ក្នុងអារម្មណ៍នុ៎ះ កាលដែលរលត់ទៅ តែងរលត់ទៅ​ក្នុងអារម្មណ៍នុ៎ះ។ ចុះអារម្មណ៍អ្វី ក្នុងលោក ដែលមានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរ។ ចក្ខុក្នុងលោក ដែលមានសភាពគួរស្រឡាញ់ មានសភាព​គួរ​ត្រេកអរ តណ្ហានុ៎ះ កាលដែលបុគ្គលលះបង់ ក៏លះបង់ក្នុងចក្ខុនោះ កាលដែលរលត់ទៅ ក៏រលត់ទៅក្នុងចក្ខុនុ៎ះ។ សោតៈ ក្នុងលោក។ ឃានៈ ក្នុងលោក។ ជិវ្ហា ក្នុងលោក។ កាយ ក្នុងលោក។ មនោ ក្នុងលោក ដែលមានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរ តណ្ហា​នុ៎ះ កាលដែលបុគ្គលលះបង់ ក៏លះបង់ ក្នុងមនោនោះ កាលដែលរលត់ទៅ ក៏រលត់​ទៅក្នុងមនោនោះ។ រូបារម្មណ៍ទាំងឡាយ ក្នុងលោក។ សទ្ទារម្មណ៍ទាំងឡាយ ក្នុងលោក។ គន្ធារម្មណ៍ទាំងឡាយ ក្នុងលោក។ រសារម្មណ៍ទាំងឡាយ ក្នុងលោក។ ផោដ្ឋព្វារម្មណ៍ទាំងឡាយ ក្នុងលោក។ ធម្មារម្មណ៍ទាំងឡាយ ក្នុងលោក ដែលមាន​សភាព​គួរស្រឡាញ់ មានសភាពគួរត្រេកអរ តណ្ហានុ៎ះ កាលដែលបុគ្គលលះបង់ ក៏លះបង់ក្នុង​ធម្មារម្មណ៍នុ៎ះ កាលដែលរលត់ទៅ ក៏រលត់ទៅក្នុងធម្មារម្មណ៍នុ៎ះ។ ចក្ខុវិញ្ញាណ ក្នុងលោក។ សោតវិញ្ញាណ ក្នុងលោក។ ឃានវិញ្ញាណ ក្នុងលោក។ ជិវ្ហាវិញ្ញាណ ក្នុងលោក។ កាយវិញ្ញាណ ក្នុងលោក។ មនោវិញ្ញាណ ក្នុងលោក ដែលមានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរ តណ្ហានុ៎ះ កាលដែលបុគ្គល​លះបង់ ក៏លះបង់ក្នុងមនោវិញ្ញាណនុ៎ះ កាលដែលរលត់ទៅ ក៏រលត់ទៅ​ក្នុង​មនោវិញ្ញាណនុ៎ះ។ ចក្ខុសម្ផ័ស្ស ក្នុងលោក។ សោតសម្ផ័ស្ស ក្នុងលោក។ ឃានសម្ផ័ស្ស ក្នុងលោក។ ជិវ្ហាសម្ផ័ស្ស ក្នុងលោក។ កាយសម្ផ័ស្ស ក្នុងលោក។ មនោសម្ផ័ស្ស ក្នុងលោក ដែលមានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរ តណ្ហានុ៎ះ កាលដែលបុគ្គលលះបង់ ក៏លះបង់ក្នុងមនោសម្ផ័ស្សនុ៎ះ កាលដែលរលត់ទៅ ក៏រលត់ទៅក្នុងមនោសម្ផ័ស្សនុ៎ះ។ វេទនាកើតអំពីចក្ខុសម្ផ័ស្ស ក្នុងលោក។ វេទនាកើតអំពីសោតសម្ផ័ស្ស ក្នុងលោក។ វេទនាកើតអំពីឃានសម្ផ័ស្ស ក្នុងលោក។ វេទនាកើតអំពីជិវ្ហាសម្ផ័ស្ស ក្នុងលោក។ វេទនាកើតអំពីកាយសម្ផ័ស្ស ក្នុងលោក។ វេទនាកើតអំពីមនោសម្ផ័ស្ស ក្នុងលោក ដែលមានសភាពគួរស្រឡាញ់ មានសភាពគួរ​ត្រេកអរ តណ្ហានុ៎ះ កាលដែលបុគ្គលលះបង់ ក៏លះបង់ក្នុងមនោសម្ផ័ស្សនុ៎ះ កាលដែល​រលត់ទៅ ក៏រលត់ទៅក្នុងមនោសម្ផ័ស្សនុ៎ះ។ សេចក្តីសម្គាល់នូវរូបារម្មណ៍ ក្នុងលោក។ សេចក្តីសម្គាល់នូវសទ្ទារម្មណ៍ ក្នុងលោក។ សេចក្តីសម្គាល់នូវគន្ធារម្មណ៍ ក្នុងលោក។ សេចក្តីសម្គាល់នូវរសារម្មណ៍ ក្នុងលោក។ សេចក្តីសម្គាល់នូវផោដ្ឋព្វារម្មណ៍ ក្នុងលោក។ សេចក្តីសម្គាល់នូវធម្មារម្មណ៍ ក្នុងលោក ដែលមានសភាពគួរស្រឡាញ់ មានសភាព​គួរត្រេកអរ តណ្ហានុ៎ះ កាល ដែលបុគ្គលលះបង់ ក៏លះបង់ក្នុងសេចក្តី​សម្គាល់នូវ​ធម្មារម្មណ៍នុ៎ះ កាលដែលរលត់ទៅ ក៏រលត់ទៅក្នុងសេចក្តី សម្គាល់នូវធម្មារម្មណ៍នុ៎ះ។ ការគិតសន្សំនូវរូបារម្មណ៍ ក្នុងលោក។ ការគិតសន្សំនូវសទ្ទារម្មណ៍ ក្នុងលោក។ ការគិតសន្សំនូវគន្ធារម្មណ៍ ក្នុងលោក។ ការគិតសន្សំនូវរសារម្មណ៍ ក្នុងលោក។ ការគិតសន្សំនូវផោដ្ឋព្វារម្មណ៍ ក្នុងលោក។ ការគិតសន្សំនូវធម្មារម្មណ៍ ក្នុងលោក ដែល​មាន​សភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរ តណ្ហានុ៎ះ កាលដែល បុគ្គលលះបង់ ក៏លះបង់ក្នុងការសន្សំនូវធម្មារម្មណ៍នុ៎ះ កាលដែលរលត់ទៅ ក៏រលត់ទៅក្នុង​ការ​គិត​សន្សំនូវ ធម្មារម្មណ៍នុ៎ះ។ សេចក្តីប្រាថ្នានូវរូបារម្មណ៍ ក្នុងលោក។ សេចក្តីប្រាថ្នានូវសទ្ទារម្មណ៍ ក្នុងលោក។ សេចក្តីប្រាថ្នានូវគន្ធារម្មណ៍ ក្នុងលោក។ សេចក្តីប្រាថ្នានូវរសារម្មណ៍ ក្នុងលោក។ សេចក្តីប្រាថ្នានូវផោដ្ឋព្វារម្មណ៍ ក្នុងលោក។ សេចក្តីប្រាថ្នានូវធម្មារម្មណ៍ ក្នុងលោក ដែលមានសភាពគួរស្រឡាញ់ មានសភាពគួរ​ត្រេកអរ តណ្ហានុ៎ះ កាលដែល បុគ្គលលះបង់ ក៏លះបង់ក្នុងសេចក្តី​ប្រាថ្នានូវ​ធម្មារម្មណ៍​នុ៎ះ កាលដែលរលត់ទៅ ក៏រលត់ទៅក្នុងសេចក្តីប្រាថ្នានូវ ធម្មារម្មណ៍នុ៎ះ។ សេចក្តីត្រិះរិះនូវរូបារម្មណ៍ ក្នុងលោក។ សេចក្តីត្រិះរិះនូវសទ្ទារម្មណ៍ ក្នុងលោក។ សេចក្តីត្រិះរិះនូវគន្ធារម្មណ៍ ក្នុងលោក។ សេចក្តីត្រិះរិះនូវរសារម្មណ៍ ក្នុងលោក។ សេចក្តីត្រិះរិះនូវផោដ្ឋព្វារម្មណ៍ ក្នុងលោក។ សេចក្តីត្រិះរិះនូវធម្មារម្មណ៍ ក្នុងលោក ដែលមានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរ តណ្ហានុ៎ះ កាលដែលបុគ្គល​លះបង់ ក៏លះបង់ក្នុងសេចក្តីត្រិះរិះនូវធម្មារម្មណ៍នុ៎ះ កាលដែលរលត់ទៅ ក៏រលត់​ទៅ​ក្នុងសេចក្តីត្រិះរិះនូវ ធម្មារម្មណ៍នុ៎ះ។ ការពិចារណានូវរូបារម្មណ៍ ក្នុងលោក។ ការពិចារណានូវសទ្ទារម្មណ៍ ក្នុងលោក។ ការពិចារណានូវគន្ធារម្មណ៍ ក្នុងលោក។ ការពិចារណានូវរសារម្មណ៍ ក្នុងលោក។ ការពិចារណានូវផោដ្ឋព្វារម្មណ៍ ក្នុងលោក។ ការពិចារណានូវធម្មារម្មណ៍ ក្នុងលោក ដែលមានសភាពគួរស្រឡាញ់ មានសភាព​គួរត្រេកអរ តណ្ហានុ៎ះ កាលដែល បុគ្គលលះបង់ ក៏លះបង់ក្នុងការពិចារណា​នូវ​ធម្មារម្មណ៍នុ៎ះ កាលដែលរលត់ទៅ ក៏រលត់ទៅក្នុងការពិចារណានូវ ធម្មារម្មណ៍នុ៎ះ។ ម្នាលភិក្ខុទាំងឡាយ នេះ តថាគតហៅថា ទុក្ខនិរោធអរិយសច្ច។

ទុក្ខនិរោធគាមិនីបដិបទាសច្ចនិទ្ទេស

[១៣៧] ម្នាលភិក្ខុ​ទាំងឡាយ ចុះដូចម្តេច ហៅថា ទុក្ខនិរោធគាមិនីបដិបទា​អរិយ​សច្ច។ អរិយមគ្គដែលប្រកបដោយអង្គ៨ប្រការនេះឯង (ហៅថា ទុក្ខនិរោធគាមិនី​បដិបទា​អរិយសច្ច)។ អរិយមគ្គ ដែលប្រកបដោយអង្គ៨ប្រការ តើដូចម្តេច គឺសម្មាទិដ្ឋិ (សេចក្តី​យល់​ឃើញត្រូវ)១ សម្មាសង្កប្បៈ (សេចក្តីត្រិះរិះត្រូវ)១ សម្មាវាចា (ការនិយាយពាក្យត្រូវ)​១ សម្មាកម្មន្តៈ (ការងារត្រូវ)១ សម្មាអាជីវៈ (ការចិញ្ចឹមជីវិតត្រូវ)១ សម្មាវាយាមៈ (សេចក្តី​ព្យាយាមត្រូវ)១ សម្មាសតិ (សេចក្តីនឹករលឹកត្រូវ)១ សម្មាសមាធិ (ការតម្កល់ចិត្តឲ្យនឹង​ត្រូវ)១។ ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេច ហៅថា សម្មាទិដ្ឋិ។ ម្នាលភិក្ខុទាំងឡាយ ប្រាជ្ញា​ដឹងច្បាស់ ក្នុងកងទុក្ខ ប្រាជ្ញាដឹងច្បាស់ ក្នុងធម៌ដែលជាទីប្រជុំឲ្យកើតទុក្ខ ប្រាជ្ញាដឹងច្បាស់ ក្នុងធម៌ដែលជាទីរលត់ទៅនៃទុក្ខ ប្រាជ្ញាដឹងច្បាស់ ក្នុងបដិបទាទៅកាន់ធម៌ជា ទីរលត់​នៃ​ទុក្ខ​ណា ម្នាលភិក្ខុទាំងឡាយ នេះតថាគតហៅថា សម្មាទិដ្ឋិ។ ម្នាលភិក្ខុទាំងឡាយ ចុះដូច​ម្តេច ហៅថា សម្មាសង្កប្បៈ។ សេចក្តីត្រិះរិះ ដើម្បីចេញចាកកាម សេចក្តីត្រិះរិះ ដើម្បី​ការ​មិន​ព្យាបាទ សេចក្តីត្រិះរិះ ដើម្បីការមិនបៀតបៀន ម្នាលភិក្ខុទាំង​ឡាយ នេះ តថាគត​ហៅថា សម្មាសង្កប្បៈ។ ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេច ហៅថា សម្មាវាចា។ ចេតនា​វៀរចាក​កិរិយានិយាយពាក្យមិនពិត ១ ចេតនាវៀរចាកសម្តីញុះញង់ ស៊កសៀត ១ ចេតនាវៀរចាកសម្តីទ្រគោះបោះបោក ១ ចេតនាវៀរចាក​ការពោលពាក្យ​រោយ​រាយ​ឥតប្រយោជន៍ ១ ម្នាលភិក្ខុទាំងឡាយ នេះ តថាគតហៅថា សម្មាវាចា។ ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេច ហៅថា សម្មាកម្មន្តៈ។ ចេតនាវៀរចាកកិរិយា ញុំាងសត្វ​មានជីវិត​ឲ្យធ្លាក់ចុះកន្លង១ ចេតនាវៀរចាកកិរិយាកាន់យករបស់ ដែលគេមិនបានឲ្យ១ ចេតនា​វៀរចាកកិរិយាប្រព្រឹត្តខុសក្នុងកាមទាំងឡាយ១ ម្នាលភិក្ខុទាំងឡាយ នេះ តថាគត ហៅថា សម្មាកម្មន្តៈ។ ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេចហៅថា សម្មាអាជីវៈ។ ម្នាលភិក្ខុ​ទាំងឡាយ អរិយសាវ័ក ក្នុងសាសនានេះ លះបង់នូវការចិញ្ចឹមជីវិតខុស ហើយរស់នៅ ដោយការចិញ្ចឹមជីវិតត្រូវ ម្នាលភិក្ខុទាំងឡាយ នេះ តថាគត ហៅថា សម្មាអាជីវៈ។ ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេច ហៅថា សម្មាវាយាមៈ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​ក្នុង​សាសនានេះ ញុំាងឆន្ទៈឲ្យកើត ប្រឹងប្រែង ប្រារព្ធនូវការព្យាយាម ផ្គងនូវចិត្តទុក តាំង​ព្យាយាម​មាំ ដើម្បីញុំាងធម៌ទាំងឡាយ ជាអកុសលដ៏លាមក ដែលមិនទាន់កើតឡើង មិនឲ្យកើតឡើងបាន ញុំាងឆន្ទៈឲ្យកើត ប្រឹងប្រែង ប្រារព្ធនូវការព្យាយាម ផ្គងនូវចិត្តទុក តាំងព្យាយាមមាំ ដើម្បីលះបង់នូវធម៌ទាំងឡាយ ជាអកុសលដ៏លាមក ដែលកើតឡើង​ហើយ ញុំាងឆន្ទៈឲ្យកើត ប្រឹងប្រែង ប្រារព្ធនូវការព្យាយាម ផ្គងនូវចិត្តទុក តាំងព្យាយាម​មាំ ដើម្បីញុំាងធម៌ទាំងឡាយ ជាកុសល ដែលមិនទាន់កើតឡើងហើយ ឲ្យកើតឡើងបាន ញុំាងឆន្ទៈឲ្យកើត ប្រឹងប្រែង ប្រារព្ធនូវការព្យាយាម ផ្គងនូវចិត្តទុក តាំងព្យាយាមមាំ ដើម្បី​ញុំាងធម៌ទាំងឡាយ ជាកុសល ដែលកើតឡើងហើយ ឲ្យឋិតថេរ មិនឲ្យវិនាស ឲ្យ ចំរើនធំទូលាយ ពេញបរិបូណ៌ ក្រៃលែងឡើង។ ម្នាលភិក្ខុទាំងឡាយ នេះ តថាគតហៅថា សម្មាវាយាមៈ។ ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេចហៅថា សម្មាសតិ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណាឃើញនូវកាយ ក្នុងកាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ មានការព្យាយាម ជាគ្រឿងដុតកម្តៅនូវកិលេស ជាអ្នកដឹងខ្លួន មានស្មារតី​ជា​គ្រឿង​កំណត់ កំចាត់បង់នូវអភិជ្ឈា និងទោមនស្សក្នុងលោក ពិចារណាឃើញ​នូវវេទនា ក្នុងវេទនា​ទាំងឡាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤។បេ។ ក្នុងចិត្ត។បេ។ ពិចារណា​ឃើញ​នូវធម៌ ក្នុងធម៌ទាំងឡាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ មានការព្យាយាម​ជាគ្រឿង​ដុតកម្តៅនូវកិលេស ជាអ្នកដឹងខ្លួន មានស្មារតីជាគ្រឿងកំណត់ កម្ចាត់​បង់នូវអភិជ្ឈា និងទោមនស្ស ក្នុងលោក។ ម្នាលភិក្ខុទាំងឡាយ នេះ តថាគតហៅថា សម្មាសតិ។ ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេចហៅថា សម្មាសមាធិ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ស្ងប់ស្ងាត់ចាកកាមទាំងឡាយ ស្ងប់ស្ងាត់ចាក​ធម៌​ទាំងឡាយ ជាអកុសល ក៏ចូលកាន់បឋមជ្ឈាន ដែលប្រកបដោយវិតក្កៈ និងវិចារៈ មានបីតិ និងសុខៈ ដែលកើតអំពីសេចក្តីស្ងប់ស្ងាត់ សម្រេចសម្រាន្តនៅ ដោយឥរិយាបថ៤ លុះ​ភិក្ខុចូលទៅ​ជិត​រម្ងាប់នូវវិតក្កៈ និងវិចារៈហើយ ក៏ចូលកាន់ទុតិយជ្ឈាន ដែលកើតមានក្នុងសន្តាន ជាទី​ផូរផង់ មានសភាពជាចិត្តខ្ពស់ឯក គ្មានវិតក្កៈ គ្មានវិចារៈ មានតែបីតិ និងសុខៈ ដែលកើត​អំពីសមាធិ។បេ។ ចូលកាន់តតិយជ្ឈាន សម្រេចសម្រាន្តនៅ ដោយឥរិយាបថ៤ ចូល​កាន់​ចតុត្ថជ្ឈាន មានសតិដ៏បរិសុទ្ធ ដោយឧបេក្ខា ឥតទុក្ខ ឥតសុខ ព្រោះលះបង់​នូវ​សេចក្តី​សុខ​ផង ព្រោះលះបង់នូវសេចក្តីទុក្ខផង ព្រោះរលត់ទៅនៃសោមនស្ស និងទោមនស្ស អំពីមុនផង ក៏សម្រេចសម្រាន្តនៅ ដោយឥរិយាបថ៤។ ម្នាលភិក្ខុទាំងឡាយ នេះ តថាគតហៅថា សម្មាសមាធិ។ ម្នាលភិក្ខុទាំងឡាយ នេះ តថាគតហៅថា ទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច។ ភិក្ខុពិចារណាឃើញនូវធម៌ ក្នុងធម៌ទាំងឡាយ​ខាង​ក្នុង ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវធម៌ ក្នុងធម៌​ទាំងឡាយ ខាងក្រៅ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវធម៌ ក្នុងធម៌ទាំងឡាយ ខាងក្នុង និងខាងក្រៅ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវធម៌ ដែល​ជា​ទីប្រជុំកើតឡើង ក្នុងធម៌ទាំងឡាយ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញ​នូវធម៌ ដែលសូន្យទៅ ក្នុងធម៌ទាំងឡាយ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវធម៌ ដែលជាទីប្រជុំកើតឡើង ទាំងធម៌​ដែលសូន្យទៅ ក្នុងធម៌ទាំងឡាយ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ដោយ​បការ​ដូច្នេះ​ឯង។ ម្យ៉ាងទៀត ស្មារតីជាគ្រឿងកំណត់នូវសច្ចៈ៤ របស់ភិក្ខុនោះ ក៏ផ្ចង់ឡើងចំពោះថា ធម៌ទាំងឡាយមានមែន ក៏គ្រាន់តែជាទីកំណត់ ដើម្បីឲ្យចំរើនប្រាជ្ញា ដើម្បីឲ្យចំរើន​ស្មារតីប៉ុណ្ណោះ។ ភិក្ខុ មានចិត្តមិនអាស្រ័យដោយតណ្ហា និងទិដ្ឋិផង មិនប្រកៀកប្រកាន់ អ្វីតិចតួច ក្នុងលោកផង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណាឃើញនូវធម៌ ក្នុងធម៌​ទាំងឡាយ គឺអរិយសច្ចទាំង៤ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ យ៉ាងនេះឯង។

ចប់ សច្ចបព្វៈ។

ចប់ ធម្មានុបស្សនា។

[១៣៨] ម្នាលភិក្ខុទាំងឡាយ បើបុគ្គលណាមួយ បានចំរើន សតិប្បដ្ឋាន ទាំង៤ នេះ អស់៧ឆ្នាំ តាមលំដាប់នៃវិធីចំរើន ដែលតថាគត បានពោលហើយ យ៉ាងនេះ បណ្តា​ផល​ទាំងឡាយពីរ ផលណាមួយ ក៏គង់នឹងបានសម្រច ដល់បុគ្គលនោះ តាមសេចក្តី​ប្រាថ្នា​ដោយពិត គឺថា នឹងបានសម្រេចនូវភាវៈ ជាព្រះអរហន្ត ក្នុងបច្ចុប្បន្នទាន់ភ្នែក ពុំនោះសោត បើមានឧបាទានក្ខន្ធសេសសល់នៅ ក៏គង់នឹងបាន​សម្រេច​នូវ​ភាវៈ ជា​អនាគាមិ​បុគ្គលពុំខានឡើយ។ ម្នាលភិក្ខុទាំងឡាយ កុំថាដល់ទៅអស់៧ឆ្នាំឡើយ។ ម្នាលភិក្ខុទាំងឡាយ សូម្បីបុគ្គលណាមួយ បានចម្រើនសតិប្បដ្ឋានទាំង៤នេះ អស់៦ឆ្នាំ តាមលំដាប់​នៃវិធីចម្រើន ដែលតថាគតបាន ពោលមកហើយនេះ។ អស់៥ឆ្នាំ។ អស់៤ឆ្នាំ។ អស់៣ឆ្នាំ។ អស់២ឆ្នាំ។ អស់១ឆ្នាំ។បេ។ ម្នាលភិក្ខុទាំងឡាយ កុំថាដល់ទៅ អស់១ឆ្នាំឡើយ។ ម្នាលភិក្ខុទាំងឡាយ សូម្បីបុគ្គលណាមួយ បានចម្រើនសតិប្បដ្ឋានទាំង ៤ នេះ អស់៧ខែ តាមលំដាប់នៃវិធីចម្រើន ដែលតថាគត បានពោលមកហើយ យ៉ាងនេះ បណ្តាផលទាំងឡាយពីរ ផលណាមួយ ក៏គង់នឹងបានសម្រេច ដល់បុគ្គលនោះ តាម​សេចក្តី​ប្រាថ្នាដោយពិត គឺថា នឹងបានសម្រេចនូវភាវៈ ជាព្រះអរហន្ត ក្នុងបច្ចុប្បន្ន​ទាន់​ភ្នែក ពុំនោះសោត បើមានឧបាទានក្ខន្ធសេសសល់នៅ ក៏គង់នឹង​បាន​សម្រេច​នូវភាវៈ ជាអនាគាមិបុគ្គលពុំខានឡើយ។ ម្នាលភិក្ខុទាំងឡាយ កុំថាដល់ទៅអស់៧ខែឡើយ។ ម្នាលភិក្ខុទាំងឡាយ សូម្បីបុគ្គលណាមួយ បានចម្រើនសតិប្បដ្ឋានទាំង ៤ នេះអស់៦ខែ តាមលំដាប់នៃវិធីចម្រើន ដែលតថាគតបានពោលមកហើយយ៉ាងនេះ។ អស់៥ខែ។ អស់៤ខែ។ អស់៣ខែ។ អស់២ខែ។ អស់១ខែ។ អស់កន្លះខែ។បេ។ ម្នាលភិក្ខុទាំងឡាយ កុំថាដល់ទៅអស់កន្លះខែឡើយ។ ម្នាលភិក្ខុទាំងឡាយ សូម្បីបុគ្គលណាមួយ បាន ចម្រើនសតិប្បដ្ឋានទាំង៤ នេះ អស់៧ថ្ងៃ តាមលំដាប់នៃវិធីចម្រើន ដែលតថាគត បានពោលមកហើយ យ៉ាងនេះ បណ្តាផលទាំងឡាយពីរ ផលណាមួយ គង់នឹងបាន​សម្រេច ដល់បុគ្គលនោះ តាមប្រាថ្នាដោយពិត គឺថា នឹងបាន សម្រេចនូវភាវៈ ជា​ព្រះអរហន្ត ក្នុងបច្ចុប្បន្នទាន់ភ្នែក ពុំនោះសោត បើមានឧបាទានក្ខន្ធសេសសល់នៅ ក៏គង់នឹងបាន សម្រេចនូវភាវៈ ជាអនាគាមិបុគ្គលពុំខានឡើយ។ ម្នាលភិក្ខុទាំងឡាយ ផ្លូវ គឺសតិប្បដ្ឋានទាំងឡាយ៤នេះ ជាផ្លូវមូលតែមួយ ប្រព្រឹត្តទៅ ដើម្បីសេចក្តី​បរិសុទ្ធ​ដោយ​វិសេស​ របស់សត្វទាំងឡាយ ដើម្បីកន្លងបង់នូវសេចក្តីសោក និងសេចក្តី​ខ្សឹកខ្សួល​រំជួល​ចិត្ត​ទាំងឡាយ ដើម្បីរលត់ទៅនៃទុក្ខ និងទោមនស្សទាំងឡាយ ដើម្បីដល់នូវអរិយមគ្គ ជាធម៌សម្រាប់ស្រោចស្រង់ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវព្រះនិព្វាន។ ពាក្យណា ដែល​តថាគត​បានពោលហើយថា (សាសនារបស់តថាគត ជាគុណសម្រាប់ស្រោចស្រង់សត្វ) ដូច្នេះ ពាក្យនុ៎ះ តថាគតពោលហើយ ព្រោះអាស្រ័យនូវផ្លូវដ៏ប្រសើរ គឺសតិប្បដ្ឋាន​ទាំង​៤នេះឯង។ លុះព្រះមានព្រះភាគ ទ្រង់សម្តែងសតិប្បដ្ឋានសូត្រនេះចប់ហើយ។ ភិក្ខុ​ទាំង​ឡាយ​នោះ ក៏មានចិត្តរីករាយ ត្រេកអរ ចំពោះភាសិត នៃព្រះមានព្រះភាគ។

ចប់ មហាសតិប្បដ្ឋានសូត្រ ទី៩។

បាយាសិរាជញ្ញសូត្រ ទី១០

(១០. បាយាសិសុត្តំ)

[១៣៩] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យ​មួយ ព្រះកុមារកស្សបដ៏​មានអាយុ ត្រាច់ទៅកាន់ចារិក ក្នុងដែនកោសល ជាមួយនឹង​ភិក្ខុសង្ឃច្រើន ចំនួន​៥០០រូប បានទៅដល់​សេតព្យនគរ របស់អ្នកកោសលទាំងឡាយ។ បានឮថា ព្រះកុមារកស្សប​ដ៏មានអាយុ គង់នៅក្នុងព្រៃធ្នង់ ជាខាងជើងក្រុងសេតព្យៈ ជិតក្រុងសេតព្យៈនោះ។ សម័យនោះឯង ព្រះ​បាទ​បាយាសិរាជញ្ញៈ137) គ្រប់គ្រងសេតព្យនគរ ដែលជានគរកុះករ ដោយសត្វ និងមនុស្ស បរិបូណ៌ដោយស្មៅ ឧស និងទឹក បរិបូណ៌ដោយ​ស្រូវ អង្ករ ជាស្រុកព្រះរាជទ្រព្យ ដែល​ព្រះបាទ​បសេនទិកោសល ទ្រង់ប្រទាន ជារាជរង្វាន់ ជារង្វាន់ដ៏ប្រសើរ។ សម័យនោះឯង ព្រះបាទបាយាសិរាជញ្ញៈ កើតមានទិដ្ឋិអាក្រក់យ៉ាងនេះថា លោកដទៃមិនមាន ពួកសត្វ ជាឱបបាតិកៈ មិនមាន ផលវិបាករបស់កម្មទាំងឡាយ ដែលសត្វធ្វើល្អ ធ្វើអាក្រក់ មិនមាន ដោយហេតុនេះ។ ពួកព្រាហ្មណ៍ និងគហបតី អ្នកក្រុងសេតព្យៈ បានឮដំណឹង​​ហើយ (ក៏និយាយគ្នា) ថា ម្នាលគ្នាយើង សមណៈ ឈ្មោះកុមារកស្សប ជាសាវ័ករបស់​ព្រះសមណគោតម ត្រាច់ទៅកាន់ចារិកក្នុងដែនកោសល ជាមួយនឹងភិក្ខុសង្ឃច្រើន ចំនួន​៥០០រូប មកដល់ក្រុងសេតព្យៈ ហើយគង់នៅក្នុងព្រៃធ្នង់ ដែលឋិតនៅជាខាង​ជើង ក្រុង​សេតព្យៈ ជិតក្រុងសេតព្យៈ។ កិត្តិស័ព្ទសរសើរព្រះកុមារកស្សប​ដ៏ចំរើននោះ ពីរោះ ឮខ្ចរខ្ចាយទៅយ៉ាងនេះថា លោកជាបណ្ឌិតឈ្លាសវៃ មានប្រាជ្ញា ជាពហុស្សូត មានសំដីដ៏វិចិត្រ មានបដិភាណដ៏ល្អ ជាអ្នកត្រាស់ដឹងផង ជាព្រះអរហន្តផង ក៏ការដែល​បានជួប​ព្រះអរហន្តទាំងឡាយ មានសភាពដូច្នោះ ជាការប្រពៃណាស់។ លំដាប់នោះ ពួក​ព្រាហ្មណ៍ និងគហបតី អ្នកក្រុងសេតព្យៈ ចេញពីក្រុងសេតព្យៈ ទៅជាពួក ជាកង មានមុខ​ត្រសង ទៅកាន់​ទិសខាងជើង ដើរទៅកាន់ព្រៃធ្នង់។

[១៤០] សម័យនោះឯង ព្រះបាទបាយាសិរាជញ្ញៈ ទ្រង់​ស្ដេច​ចូល​ទៅ​កាន់​ក្រឡា​បន្ទំ​ ក្នុង​វេលា​ថ្ងៃ ខាងលើប្រាសាទ។ ព្រះបាទបាយាសិរាជញ្ញៈ បាន​ទត​ឃើញ​ពួក​ព្រាហ្មណ៍ និង​គហបតី អ្នក​ក្រុង​សេតព្យៈ កំពុង​ចេញ​ពី​ក្រុងសេតព្យៈជាពួក ជាកង មានមុខត្រសង ទៅ​កាន់​ទិស​ខាង​ជើង លុះ​​ទត​ឃើញ​ហើយ ទ្រង់ត្រាស់​សួរ​ខត្តាមាត្យ138) ថា ម្នាលខត្តៈដ៏ចំរើន ចុះ​ពួក​ព្រាហ្មណ៍ និង​គហបតី អ្នកក្រុងសេតព្យៈ ​ចេញទៅ​ពី​ក្រុង​សេតព្យៈ ជាពួក ជាកង មានមុខត្រសង ​ទៅ​ទិសខាងជើង ដើរទៅកាន់​ព្រៃ​ធ្នង់ ​ធ្វើ​អ្វី​ហ្ន៎។ ខត្តាមាត្យ​ក្រាប​ទូល​ថា សូម​ទ្រង់ព្រះ​មេត្តា​ប្រោស ដ្បិត​មាន​សមណៈ​ ឈ្មោះ ​កុមារ​កស្សបៈ ជា​សាវ័ក​នៃព្រះ​សមណ​គោតម ត្រាច់ទៅកាន់ចារិក ក្នុងដែនកោសល ជាមួយនឹងភិក្ខុសង្ឃច្រើន ចំនួន​៥០០រូប មកដល់ក្រុងសេតព្យៈ ដោយលំដាប់ ហើយ​គង់​នៅក្នុងព្រៃធ្នង់ ជាខាងជើង​ក្រុង​សេតព្យៈ ជិតក្រុងសេតព្យៈ កិត្តិស័ព្ទសរសើរកុមារកស្សប​ដ៏ចំរើននោះ ពីរោះ ឮខ្ចរខ្ចាយ​យ៉ាងនេះថា លោកជាបណ្ឌិតឈ្លាសវៃ មានប្រាជ្ញា ជាពហុស្សូត មានសំដីដ៏វិចិត្រ មានបដិភាណដ៏ល្អ ជាអ្នកត្រាស់ដឹងផង ជាព្រះអរហន្តផង ឯពួក​ព្រាហ្មណ៍ និងគហបតី​ទាំងនុ៎ះ នឹងចូលទៅរកជួប​ព្រះកុមារកស្សបដ៏ចំរើននោះ។ ព្រះ​បាទ​បាយាសិរាជញ្ញៈ មានព្រះបន្ទូលថា ម្នាលខត្តៈដ៏ចំរើន បើដូច្នោះ ចូរ​អ្នក​ចូលទៅ​រក​ពួក​ព្រាហ្មណ៍ និង​គហបតី​ អ្នកក្រុងសេតព្យៈ លុះចូលទៅដល់ហើយ និយាយនឹងពួកព្រាហ្មណ៍ គហបតី អ្នកក្រុងសេតព្យៈ យ៉ាងនេះថា ម្នាលអ្នកដ៏ចំរើន ព្រះ​បាទ​បាយាសិរាជញ្ញៈ បានត្រាស់​យ៉ាងនេះថា អ្នកដ៏ចំរើនទាំងឡាយ ចូររង់ចាំសិន ព្រះបាទបាយាសិរាជញ្ញៈ ​នឹង​ចូល​ទៅ​ដើម្បី​ជួប​សមណៈ​កុមារ​កស្សបៈ​ដែរ ហើយត្រាស់ដូច្នេះថា ពីមុនមក សមណៈកុមារកស្សប តែងញុំាងពួក​ព្រាហ្មណ៍ និង​គហបតី អ្នក​ក្រុង​សេតព្យៈ ដែលល្ងង់ មិនវាងវៃ ឲ្យទាល់តែចូលចិត្តច្បាស់ថា លោកដទៃមាន សត្វជាឱបបាតិកៈមាន ផលនិង​វិបាករបស់កម្មទាំងឡាយ ដែលពួកសត្វធ្វើល្អ ធ្វើអាក្រក់មាន ដោយហេតុនេះ ម្នាល​ខត្តៈ​ដ៏ចំរើន តែបើតាមពិតនោះ លោកដទៃមិនមាន សត្វជាឱបបាតិកៈមិនមាន ផលនិង​វិបាករបស់កម្មទាំងឡាយ ដែលពួកសត្វធ្វើល្អ ធ្វើអាក្រក់មិនមានទេ។ ខត្តាមាត្យនោះ ទទួល​ព្រះឱង្ការរបស់ព្រះបាទបាយាសិរាជញ្ញៈថា ករុណាវិសេស ហើយក៏ចូលទៅរក​ ពួក​ព្រាហ្មណ៍ និង​គហបតី​ អ្នកក្រុងសេតព្យៈ លុះចូលទៅដល់ហើយ និយាយនឹង​ពួក​ព្រាហ្មណ៍ គហបតី អ្នកក្រុងសេតព្យៈ យ៉ាងនេះថា ម្នាលអ្នកដ៏ចំរើន ព្រះ​បាទ​បាយាសិរាជញ្ញៈ ត្រាស់​យ៉ាងនេះថា អ្នកដ៏ចំរើនទាំងឡាយ ចូររង់ចាំសិន ដ្បិត ព្រះបាទ​បាយាសិរាជញ្ញៈ ​នឹង​ចូល​ទៅ​​ជួប​សមណៈ​កុមារ​កស្សបៈ​ដែរ។ លំដាប់នោះ ព្រះបាទបាយាសិរាជញ្ញៈ មានពួក​ព្រាហ្មណ៍ និង​គហបតី អ្នក​ក្រុង​សេតព្យៈ ហែហម​អម​អង្គ​ ក៏​ចូល​ទៅ​រក​ព្រះ​កុមារ​កស្សបៈ​ដ៏​មាន​អាយុ ដែល​​នៅ​ក្នុង​ព្រៃ​ធ្នង់ លុះចូលទៅដល់ហើយ ក៏មានបន្ទូលរាក់ទាក់ ​សំណេះ​សំណាល ជាមួយនឹង​ព្រះកុមារកស្សបដ៏មានអាយុ លុះបញ្ចប់ពាក្យសំណេះសំណាល និងពាក្យគួរ​រលឹកហើយ ក៏គង់ក្នុងទីដ៏សមគួរ។ ចំណែកពួកព្រាហ្មណ៍ និងគហបតី អ្នកក្រុងសេតព្យៈ ពួកខ្លះ ថ្វាយបង្គំ​ព្រះកុមារកស្សបដ៏មានអាយុ ហើយអង្គុយក្នុងទីដ៏សមគួរ ពួកខ្លះ​និយាយពាក្យ​រាក់ទាក់ សំណេះសំណាល ជាមួយនឹង​ព្រះកុមារកស្សបដ៏មានអាយុ លុះបញ្ចប់ពាក្យរាក់​ទាក់ សំណេះសំណាល និងពាក្យគួររលឹកហើយ ក៏អង្គុយក្នុងទីដ៏សមគួរ ពួកខ្លះ​អង្គុយក្នុងទីដ៏សមគួរ ប្រណម្យអញ្ជលី ចំពោះ​ព្រះកុមារកស្សបដ៏មានអាយុ ពួកខ្លះ ប្រកាស​នាម និងគោត្រ ហើយអង្គុយក្នុងទីដ៏សមគួរ ពួកខ្លះ​អង្គុយស្ងៀមក្នុងទីដ៏សមគួរ។ លុះព្រះបាទបាយាសិរាជញ្ញៈ គង់ក្នុងទីដ៏សមគួរហើយ ទើបមានព្រះឱង្ការ នឹង​ព្រះកុមារកស្សបដ៏មានអាយុ យ៉ាងនេះថា បពិត្រ​ព្រះកស្សបៈ​ដ៏​ចំរើន ខ្ញុំតែង​និយាយ​យ៉ាង​​នេះ យល់​ឃើញ​យ៉ាង​នេះ​ថា លោក​ដទៃ​មិន​មាន ពួក​សត្វ​ជា​ឧបបាតិកៈមិន​មាន ផល​វិបាក​របស់​កម្ម​ទាំងឡាយ ​ដែល​សត្វ​ធ្វើ​ល្អ ធ្វើ​អាក្រក់​មិន​មាន ដោយហេតុនេះ។ ព្រះកុមារកស្សប ថ្វាយព្រះពរថា បពិត្ររាជញ្ញៈ អាត្មាភាព​បាន​ឃើញ បាន​ឮ​បុគ្គល ​ដែល​​ធ្លាប់​និយាយ​យ៉ាង​នេះ យល់​យ៉ាង​នេះ​ហើយ តែ​មិន​សម​បើ​បុគ្គល​នោះ ​និយាយ​យ៉ាង​នេះ យល់​យ៉ាង​នេះថា លោក​ដទៃ​មិន​មាន ពួក​សត្វ​ជា​ឧបបាតិកៈមិន​មាន ផល​វិបាក​របស់​កម្ម​ទាំងឡាយ ​ដែល​សត្វ​ធ្វើ​ល្អ ធ្វើ​អាក្រក់​មិន​មាន ដូច្នេះសោះ បពិត្ររាជញ្ញៈ បើដូច្នោះ អាត្មាភាព​ ​នឹង​ទូលសួរ​មហា​បពិត្រ ​ក្នុង​ដំណើរ​នេះ ប្រស្នានេះ ពេញព្រះហឫទ័យ នៃមហាបពិត្រយ៉ាងណា សូមមហាបពិត្រ ព្យាករប្រស្នានោះ យ៉ាងនោះចុះ បពិត្ររាជញ្ញៈ ចុះទ្រង់សំគាល់ដំណើរនោះថាដូចម្តេច ព្រះ​ច័ន្ទ និង​ព្រះ​អាទិត្យនេះ នៅ​ក្នុង​លោក​នេះ ឬ​នៅ​ក្នុង​លោក​ដទៃ ជា​ទេវតា ឬ​ជា​មនុស្ស។ ព្រះបាទបាយាសិរាជញ្ញៈ តបថា បពិត្រព្រះកស្សបដ៏ចំរើន ព្រះ​ច័ន្ទ និង​ព្រះ​អាទិត្យនេះ ​នៅ​ក្នុង​លោក​ដទៃ មិនមែននៅក្នុងលោកនេះទេ ជា​ទេវតា ​មិនមែន​ជា​មនុស្ស​ទេ។ ព្រះកុមារ​កស្សប ថ្វាយព្រះពរថា ឱរាជញ្ញៈ បើ​តាម​បរិយាយ​នេះ សូម​មហា​បពិត្រ​បែរ​ព្រះ​យោបល់ យល់​យ៉ាង​នេះ​វិញ​ថា លោក​ដទៃ​មាន ពួក​សត្វ​ជា​ឧបបាតិកៈ​មាន ផល​វិបាល​របស់​កម្ម​ទាំងឡាយ ​ដែល​សត្វ​ធ្វើ​ល្អ ធ្វើ​អាក្រក់​មាន ដោយហេតុនេះ។

[១៤១] ព្រះបាទបាយាសិរាជញ្ញៈ ត្រាស់ថា ព្រះ​កស្សបៈ​ដ៏​ចំរើន ពោល​យ៉ាង​នេះ ក៏​គួរ​ម្យ៉ាង​ដែរហើយ ​ប៉ុន្តែ​ខ្ញុំ​នៅ​តែ​មាន​សេចក្ដី​យល់​ឃើញ​ក្នុងហេតុនុ៎ះ យ៉ាងនេះថា លោក​ដទៃ​មិន​មាន ពួក​សត្វ​ជា​ឧបបាតិកៈ​មិន​មាន ផល​វិបាក​របស់​កម្ម​ទាំងឡាយ​ ដែល​សត្វ​ធ្វើល្អ ធ្វើអាក្រក់មិន​មានទេ ដោយហេតុនេះ។ ថ្វាយព្រះពររាជញ្ញៈ ចុះបរិយាយ ដែល​នាំឲ្យ​មហាបពិត្រមានសេចក្តីយល់ឃើញយ៉ាងនេះថា លោក​ដទៃ​មិន​មាន ពួក​សត្វ​ជា​ឧបបាតិកៈមិន​មាន ផល​វិបាក​របស់​កម្ម​ទាំងឡាយ ​ដែល​សត្វ​ធ្វើ​ល្អ ធ្វើ​អាក្រក់​មិន​មាន ដូច្នេះ តើមានឬទេ។ បពិត្រព្រះកស្សបដ៏ចំរើន បរិយាយ ដែល​នាំឲ្យ​ខ្ញុំមានសេចក្តីយល់​ឃើញយ៉ាងនេះថា លោក​ដទៃ​មិន​មាន ពួក​សត្វ​ជា​ឧបបាតិកៈមិន​មាន ផល​វិបាក​របស់​កម្ម​ទាំងឡាយ ​ដែល​សត្វ​ធ្វើ​ល្អ ធ្វើ​អាក្រក់​មិន​មាន ដោយហេតុនេះ មានដែរ។ ថ្វាយព្រះពររាជញ្ញៈ បរិយាយនោះ តើដូចម្តេច។ បពិត្រព្រះកស្សបដ៏ចំរើន ពួក​មិត្ត អាមាត្យ និង​ញាតិសាលោហិត​ របស់​ខ្ញុំ​ក្នុង​លោក​នេះ ជា​អ្នកសម្លាប់សត្វ លួចទ្រព្យគេ ប្រព្រឹត្តខុសក្នុងកាម និយាយកុហក និយាយញុះញង់ និយាយពាក្យទ្រគោះ និយាយពាក្យ​ឥតប្រយោជន៍ ចង់បានទ្រព្យគេ មានចិត្ត​គុំគួន មានសេចក្តី​យល់ខុស ពួកមិត្រអាមាត្យជាដើមនោះ លុះ​សម័យ​ក្រោយ​មក ជាបុគ្គលមាន​អាពាធ​ ដល់នូវសេចក្តីទុក្ខ ឈឺ​ធ្ងន់ កាលដែល​ខ្ញុំ​ដឹង​ថា ​ពួក​មិត្ត​អាមាត្យ​ទាំងនេះ មុខជានឹងមិន​ស្បើយ ចាកអាពាធនេះ ក្នុងកាលឥឡូវនេះទេ ខ្ញុំក៏បានចូលទៅរក​មិត្ត​អាមាត្យ​ទាំងនោះ ហើយ​និយាយ យ៉ាងនេះ​ថា នែអ្នកដ៏ចំរើន មាន​សមណព្រាហ្មណ៍ពួក​មួយ និយាយ​យ៉ាងនេះ​ យល់ឃើញយ៉ាងនេះថា ពួក​ជន​ណា ​សម្លាប់សត្វ លួចទ្រព្យគេ ប្រព្រឹត្តខុសក្នុងកាម និយាយកុហក និយាយញុះញង់ និយាយពាក្យទ្រគោះ និយាយពាក្យ​ឥតប្រយោជន៍ ចង់បានទ្រព្យគេ មានចិត្ត​គុំគួន មានសេចក្តី​យល់ខុស ពួកជននោះ លុះបែកធ្លាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ទៅ តែងទៅកើតក្នុងកំណើត​តិរច្ឆាន ប្រេតវិស័យ អសុរកាយ នរក ដូច្នេះ ឯអ្នកដ៏ចំរើនទាំងឡាយ សុទ្ធតែ​ជាអ្នក​សម្លាប់សត្វ លួចទ្រព្យគេ ប្រព្រឹត្តខុសក្នុងកាម និយាយកុហក និយាយញុះញង់ និយាយពាក្យទ្រគោះ និយាយពាក្យ​ឥតប្រយោជន៍ ចង់បានទ្រព្យគេ មានចិត្ត​គុំគួន មានសេចក្តី​យល់ខុសហើយ បើជាពាក្យរបស់សមណព្រាហ្មណ៍ទាំងនោះពិតមែន អ្នកដ៏​ចំរើនទាំងឡាយ លុះបែកធ្លាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ មុខជានឹងទៅកើត​ ក្នុងកំណើត​តិរច្ឆាន ប្រេតវិស័យ អសុរកាយ នរកពុំខាន នែអ្នកដ៏ចំរើនទាំងឡាយ បើអ្នកទាំងឡាយ បែកធ្លាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ ទៅកើត​ក្នុងកំណើត​តិរច្ឆាន ប្រេតវិស័យ អសុរកាយ នរកមែន អ្នកទាំងឡាយ ត្រូវមកប្រាប់យើងផងថា លោក​ដទៃ​មាន ពួក​សត្វ​ជា​ឧបបាតិកៈ​មាន ផល​វិបាក​របស់​កម្ម​ទាំងឡាយ ​ដែល​សត្វ​ធ្វើ​ល្អ ធ្វើ​អាក្រក់​មាន ដោយហេតុនេះ ព្រោះថា អ្នកទាំងឡាយដ៏ចំរើន ជាបុគ្គលដែលខ្ញុំ​គួរជឿ ខ្ញុំគួរទទួលស្តាប់ពាក្យបាន ហេតុណាដែលអ្នកដ៏ចំរើនទាំងឡាយ បានឃើញហើយ ហេតុនុ៎ះ នឹងទុកដូចជាខ្ញុំ​បានឃើញ ចំពោះខ្លួនឯងដែរ ពួក​អាមាត្យ​ទាំង​នោះ ទទួលតប​ពាក្យរបស់ខ្ញុំថា ព្រះករុណា​​វិសេស ​ដូច្នេះហើយ (​ស្លាប់​ទៅ) តែ​មិន​ឃើញ​មក​ប្រាប់ ទាំង​មិន​បញ្ជូន​បំរើ​មក​ឡើយ បពិត្រ​ព្រះកស្សបដ៏ចំរើន បរិយាយនេះឯង ដែលនាំឲ្យខ្ញុំ​ មានគំនិត​យ៉ាងនេះថា លោក​ដទៃ​មិន​មាន ពួក​សត្វ​ជា​ឧបបាតិកៈ​មិន​មាន ផល​វិបាក​របស់​កម្ម​ទាំងឡាយ​ ដែលសត្វធ្វើល្អ ធ្វើអាក្រក់មិន​មាន ដោយហេតុនេះ។

[១៤២] ថ្វាយព្រះពររាជញ្ញៈ បើដូច្នោះ អាត្មាភាពនឹងត្រឡប់សួរមហាបពិត្រ ក្នុងបរិយាយនុ៎ះវិញ ប្រស្នានេះ ពេញព្រះហឫទ័យ​មហាបពិត្រយ៉ាងណា សូម​មហាបពិត្រ ព្យាករប្រស្នានោះ យ៉ាងនោះចុះ បពិត្ររាជញ្ញៈ មហា​បពិត្រ សំគាល់​ហេតុ​នេះ​ដូចម្ដេច ពួក​បុរស​របស់​មហា​បពិត្រ​ ក្នុង​ដែន​នេះ ចាប់​បាន​ចោរ ​ដែល​​ប្រព្រឹត្ត​អាក្រក់​មក​ថ្វាយ​មហា​បពិត្រ​​ រួចក្រាបបង្គំទូល​ថា បពិត្រ​ព្រះ​អង្គ​ដ៏​ចំរើន អ្នក​នេះ​ជា​ចោរ ប្រព្រឹត្ត​អាក្រក់នឹងព្រះអង្គ ទ្រង់សព្វព្រះហឫទ័យនឹង (ដាក់) អាជ្ញាណា ដល់ចោរនេះ សូមទ្រង់​ដាក់​អាជ្ញានោះ​មក ទើបមហា​បពិត្រ ​មាន​បន្ទូល​នឹងបុរសទាំងនោះ យ៉ាងនេះថា ម្នាល​អ្នកដ៏ចំរើន​ទាំងឡាយ បើដូច្នោះ អ្នកទាំងឡាយ ចូរនាំគ្នា​​ចងបុរសនេះ ឲ្យមាន​ដើមដៃ​ទៅខាងក្រោយ (ចង​ស្លាបសេក​) ឲ្យខ្ជាប់ដោយខ្សែដ៏មាំ ហើយកោរក្បាលឲ្យរលីងចេញ ហើយ (ត្រូវទូង) ស្គរជ័យ ដែលមានសំឡេងឮខ្លាំង នាំបណ្តើរជុំវិញ​សព្វច្រក សព្វ​ផ្លូវ​បំបែក រួចនាំចេញទៅតាមទ្វារខាងត្បូង កាត់ក្បាល​ត្រង់កន្លែង​សម្រាប់ពិឃាត ជាខាង​ត្បូង​នគរចុះ បុរសទាំងនោះ ទទួលព្រះឱង្ការ របស់មហាបពិត្រថា ព្រះកុរណាវិសេស ហើយក៏នាំគ្នា​​ចងបុរសនោះ ឲ្យមាន​ដើមដៃ​ទៅខាងក្រោយ ឲ្យខ្ជាប់ដោយខ្សែដ៏មាំ កោរក្បាលឲ្យរលីងចេញ (ទូង) ស្គរជ័យ ដែលមានសំឡេងឮខ្លាំង នាំបណ្តើរជុំវិញ​សព្វច្រក សព្វ​ផ្លូវ​បំបែក រួចនាំចេញទៅតាមទ្វារខាងត្បូង ហើយឲ្យចោរនោះអង្គុយ ត្រង់កន្លែង​សម្រាប់ពិឃាត ជាខាង​ត្បូង​នៃនគរ ចុះបើចោរនោះ (នឹង​អង្វរ) ​ពួក​ពេជ្ឈឃាត​ថា សូមពួក​ពេជ្ឈឃាតដ៏ចំរើន ​បង្អង់​សិន (ព្រោះ) ​ពួក​​មិត្រអាមាត្យ និងញាតិ​សាលោហិត (របស់​ខ្ញុំ​មាន) ក្នុងស្រុក ឬនិគមឯណោះ ចាំខ្ញុំផ្តែផ្តាំ ដល់ពួកមិត្រអាមាត្យទាំងនោះ ហើយ​សឹម​​មក​វិញ ដូច្នេះ តើ​បាន​ឬ​ទេ ឬ​ក៏ពួកនាយ​ពេជ្ឈឃាត​ (ទាំង​នោះ) នឹងចេះ​តែ​កាត់​ក្បាល​​ចោរ ​ដែល​កំពុង​ទួញ​យំ ដោយ​ឥត​យោគ​យល់​ទេ។ បពិត្រ​ព្រះ​កស្សបៈ​ដ៏​ចំរើន ចោរ​នោះ (​នឹង​អង្វរ)​ពួក​ពេជ្ឈឃាតថា សូមពួក​ពេជ្ឈឃាតដ៏ចំរើន ​បង្អង់ឲ្យ​សិន (ព្រោះ) ​ពួក​​មិត្រអាមាត្យ និងញាតិ​សាលោហិត (របស់​ខ្ញុំ​មាន) ក្នុងស្រុក ឬនិគមឯណោះ ចាំខ្ញុំផ្តែផ្តាំ ដល់ពួកមិត្រអាមាត្យទាំងនោះរួច ​សឹម​​មក​វិញ ដូច្នេះ មិន​បានឡើយ តាមដែលពិតនោះ ពួក​ពេជ្ឈឃាត​ នឹងចេះ​តែ​កាត់​ក្បាល​​ចោរ ​ដែល​កំពុង​ទួញ​យំនោះ ឲ្យទាល់​តែបាន។ ថ្វាយ​ព្រះ​ពរ​រាជញ្ញៈ អម្បាល​យ៉ាង​ចោរ​នោះ ជា​មនុស្ស​ជាតិ​ដូច​គ្នា​ត្រឡាំង ម្ដេច​គង់(​អង្វរ)​ពួក​ពេជ្ឈឃាត ​ជា​មនុស្ស​ជាតិ​ដូច​គ្នា សូមពួកនាយ​ពេជ្ឈឃាតដ៏ចំរើន ​បង្អង់ឲ្យ​សិន (ព្រោះ) ​ពួក​​មិត្រអាមាត្យ និងញាតិ​សាលោហិត (របស់​ខ្ញុំ​មាន) ក្នុងស្រុក ឬនិគមឯណោះ ចាំខ្ញុំទៅផ្តែផ្តាំ ដល់ពួកមិត្រអាមាត្យទាំងនោះសិន រួច​សឹម​​មក​វិញ ដូច្នេះ មិន​បានទៅហើយ ចំណង់បើពួកមិត្រអាមាត្យ ញាតិសាលោហិត របស់​​មហា​បពិត្រ សុទ្ធ​តែ​ជា​អ្នកសម្លាប់សត្វ លួចទ្រព្យគេ ​ប្រព្រឹត្តខុសក្នុងកាមទាំងឡាយ និយាយកុហក និយាយពាក្យញុះញង់ និយាយពាក្យត្រគោះ និយាយពាក្យឥតប្រយោជន៍ ចង់បានទ្រព្យគេ មានចិត្តគុំគួន មានសេចក្តីយល់ខុស លុះ​បែក​ធ្លាយ​រាង​កាយ បន្ទាប់អំពីសេចក្តីស្លាប់ ​ទៅ​កើត​ក្នុង​កំណើត​តិរច្ឆាន ប្រេត អសុរកាយ នរក​ហើយ ធ្វើ​ម្ដេច​ឡើយ ​នឹង​អង្វរពួកនាយ​និរយបាលថា សូមពួក​នាយនិរយបាល​ដ៏​ចំរើន ​បង្អង់ឲ្យ​សិន ចាំយើងទាំងឡាយ ទៅ​ក្រាបទូល ដល់ព្រះបាទបាយាសិរាជញ្ញៈថា លោក​ដទៃ​មាន ពួក​សត្វ​ជា​ឱបបាតិកៈ​មាន ផល​វិបាក​របស់​កម្មទាំងឡាយ ដែលសត្វធ្វើល្អ ធ្វើអាក្រក់​មាន ដោយហេតុនេះ ដូច្នេះ​បាន ឱរាជញ្ញៈ បើតាមបរិយាយនេះឯង សូមមហាបពិត្រ បែរព្រះយោបល់ យល់មក​យ៉ាងនេះវិញថា លោក​ដទៃ​មាន ពួក​សត្វ​ជា​ឧបបាតិកៈ​មាន ផល​វិបាក​របស់​កម្មទាំងឡាយ ដែលសត្វធ្វើល្អ ធ្វើអាក្រក់​មាន ដោយហេតុនេះ។

[១៤៣] ព្រះ​កស្សបៈ​ដ៏​ចំរើន ពោល​យ៉ាង​នេះ ក៏​គួរ​ដែរ​ហើយ ប៉ុន្តែខ្ញុំ​នៅ​តែ​​មានសេចក្តីយល់​ឃើញ ក្នុងហេតុនុ៎ះ យ៉ាងនេះថា លោក​ដទៃ​មិន​មាន ពួក​សត្វ​ជា​ឱបបាតិកៈ​មិន​មាន ផល​វិបាក​របស់​កម្មទាំងឡាយ ដែលសត្វធ្វើល្អ ធ្វើអាក្រក់​មិន​មាន ដោយហេតុនេះ។ ថ្វាយព្រះពររាជញ្ញៈ ចុះបរិយាយ ដែលនាំឲ្យមហាបពិត្រ មានសេចក្តី​យល់ឃើញយ៉ាងនេះថា លោក​ដទៃ​មិនមាន ពួក​សត្វ​ជា​ឱបបាតិកៈមិន​មាន ផល​វិបាក​របស់​កម្មទាំងឡាយ ដែលសត្វធ្វើល្អ ធ្វើអាក្រក់មិន​មាន ដោយហេតុនេះ ដូច្នេះ តើនៅមានឬទេ។ បពិត្រព្រះកស្សបដ៏ចំរើន បរិយាយ ដែលនាំឲ្យខ្ញុំ មានសេចក្តី​យល់ឃើញយ៉ាងនេះថា លោក​ដទៃ​មិនមាន ពួក​សត្វ​ជា​ឱបបាតិកៈមិន​មាន ផល​វិបាក​របស់​កម្មទាំងឡាយ ដែលសត្វធ្វើល្អ ធ្វើអាក្រក់មិន​មាន ដោយហេតុនេះ នៅមាន។ ថ្វាយ​ព្រះពររាជញ្ញៈ បរិយាយនោះ ដូចម្តេច។ បពិត្រព្រះកស្សបដ៏ចំរើន ព្រោះ​​មិត្រអាមាត្យ និងញាតិសាលោហិត ​របស់​ខ្ញុំ​ក្នុង​លោក​នេះ ជាអ្នកវៀរចាកបាណាតិបាត វៀរចាក​អទិន្នាទាន វៀរចាកកាមេសុមិច្ឆាចារ វៀរចាកមុសាវាទ វៀរចាកបិសុណាវាចា វៀរចាក​ផរុសវាចា វៀរចាក​សម្ផប្បលាបៈ គ្មានអភិជ្ឈា គ្មានចិត្តព្យាបាទ ជាសម្មាទិដ្ឋិ លុះសម័យ​ខាង​ក្រោយ​មក ពួកមិត្រអាមាត្យទាំងនោះ មាន​អាពាធ​ ដល់នូវសេចក្តីទុក្ខ ឈឺ​ចាប់ជាទម្ងន់ កាលដែល​ខ្ញុំ​ដឹង​ថា ឥឡូវនេះ ​ពួក​មិត្ត​អាមាត្យ​ទាំងនេះ មុខជានឹងមិន​ស្បើយ ចាកអាពាធនេះទេ ខ្ញុំក៏ចូលទៅរក​ពួកមិត្ត​អាមាត្យ​ទាំងនោះ ហើយ​និយាយ យ៉ាងនេះ​ថា នែអ្នកដ៏ចំរើន មាន​សមណព្រាហ្មណ៍ពួក​មួយ និយាយ​យ៉ាងនេះ​ យល់យ៉ាងនេះថា ពួក​ជន​ណា ​វៀរចាកបាណាតិបាត វៀរចាក​អទិន្នាទាន វៀរចាក​កាមេសុមិច្ឆាចារ វៀរចាកមុសាវាទ វៀរចាកបិសុណាវាចា វៀរចាក​ផរុសវាចា វៀរចាក​សម្ផប្បលាបៈ មិនមានអភិជ្ឈា មិនមានចិត្តព្យាបាទ ជាសម្មាទិដ្ឋិ ពួកជននោះ លុះបែក​ធ្លាយ​រាងកាយ ខាងមុខអំពីសេចក្តីស្លាប់ទៅ តែងទៅកើតឯឋានសុគតិសួគ៌ទេវលោក (ឥឡូវនេះ) អ្នកដ៏ចំរើនទាំងឡាយ សុទ្ធតែ​ជាអ្នកវៀរចាកបាណាតិបាត វៀរចាក​អទិន្នាទាន វៀរចាកកាមេសុមិច្ឆាចារ វៀរចាកមុសាវាទ វៀរចាកបិសុណាវាចា វៀរចាក​ផរុសវាចា វៀរចាក​សម្ផប្បលាបៈ មិនមានអភិជ្ឈា មិនមានចិត្តព្យាបាទ ជាសម្មាទិដ្ឋិ ហើយ បើជាពាក្យសមណព្រាហ្មណ៍ដ៏ចំរើនទាំងនោះពិតមែន អ្នកដ៏​ចំរើនទាំងឡាយ លុះបែកធ្លាយរាងកាយ ខាងមុខអំពីសេចក្តីស្លាប់ មុខជានឹងទៅកើតឯឋានសុគតិសួគ៌ ទេវលោកពុំខាន ម្នាលអ្នកដ៏ចំរើនទាំងឡាយ បើអ្នកទាំងឡាយ បែកធ្លាយរាងកាយ ខាងមុខអំពីសេចក្តីស្លាប់ ទៅកើតឯឋានសុគតិសួគ៌ទេវលោកមែន អ្នកទាំងឡាយ គប្បីមកប្រាប់យើងផងថា លោក​ដទៃ​មាន ពួក​សត្វ​ជាឱបបាតិកៈ​មាន ផល​វិបាក​របស់​កម្ម​ទាំងឡាយ ​ដែល​សត្វ​ធ្វើ​ល្អ ធ្វើ​អាក្រក់​មាន ដោយហេតុនេះ ព្រោះថា អ្នកទាំងឡាយ​ដ៏ចំរើន ជាបុគ្គល គឺយើង​គួរជឿ គួរទទួលស្តាប់ពាក្យបាន ហេតុណា​ដែលអ្នក​ដ៏ចំរើន​ទាំងឡាយ បានឃើញហើយ ហេតុនុ៎ះ នឹងទុកដូចជាយើង​បានឃើញ ដោយខ្លួនឯងដែរ ពួក​មិត្រអាមាត្យ​ទាំង​នោះ ទទួលតប​ពាក្យខ្ញុំថា ករុណា​​វិសេស ហើយ​មិន​ឃើញ​​ត្រឡប់​មក​ប្រាប់ ទាំង​មិន​បញ្ជូន​បំរើ​មក​ឡើយ បពិត្រ​ព្រះកស្សបដ៏ចំរើន បរិយាយនេះឯង ដែលនាំឲ្យខ្ញុំ​ មានគំនិត​យ៉ាងនេះថា លោក​ដទៃ​មិន​មាន ពួក​សត្វ​ជា​ឱបបាតិកៈ​មិន​មាន ផល​វិបាក​របស់​កម្ម​ទាំងឡាយ​ ដែលសត្វធ្វើល្អ ធ្វើអាក្រក់មិន​មាន ដោយហេតុនេះ។

[១៤៤] ថ្វាយព្រះពររាជញ្ញៈ បើដូច្នោះ អាត្មាភាពនឹងធ្វើសេចក្តីឧបមា ថ្វាយ​មហា​បពិត្រ (ដ្បិត) ពួកបុរសខ្លះ ជាអ្នកចេះដឹង ក្នុងលោកនេះ គង់យល់សេចក្តីនៃភាសិត ដោយ​​ពាក្យឧបមាបាន បពិត្រ​រាជញ្ញៈ ប្រៀបដូចបុរសលិចចុះ ព្រមទាំងក្បាល ទៅក្នុង​រណ្តៅលាមក គ្រានោះ មហាបពិត្រ បានត្រាស់បង្គាប់រាជបុរសទាំងឡាយថា ម្នាល​អ្នក​ដ៏​ចំរើន​ បើដូច្នោះ ចូរអ្នកទាំងឡាយ ស្រង់បុរសនោះ អំពីរណ្តៅលាមកនោះ​ឡើង រាជបុរសទាំងនោះ ទទួលព្រះឱង្ការ របស់មហាបពិត្រថា កុរណាវិសេស ហើយនាំ​គ្នាទៅ​ស្រង់បុរសនោះ ពីរណ្តៅលាមកនោះមក ឯមហាបពិត្រ ក៏មានព្រះឱង្ការ​នឹងរាជបុរស​ទាំងនោះយ៉ាងនេះថា ម្នាលអ្នកដ៏ចំរើន បើដូច្នោះ ចូរអ្នកទាំងឡាយ យក​ចម្រៀកឫស្សី មក​កោសកៀរលាមក អំពីកាយបុរសនោះឲ្យស្អាតចេញ រាជបុរសទាំងនោះ ទទួល​ព្រះ​ឱង្ការ​​នៃមហាបពិត្រ ករុណាវិសេស ហើយក៏យកចម្រៀកឫស្សី មកកោសកៀរលាមក អំពី​កាយបុរសនោះឲ្យស្អាត ទើប​មហាបពិត្រ មានព្រះបន្ទូល នឹងរាជបុរសទាំងនោះ យ៉ាងនេះ​ទៀតថា ម្នាលអ្នកដ៏ចំរើន បើដូច្នោះ ចូរអ្នកទាំងឡាយ យកដីស្អិតពណ៌លឿង មកដុះលាងកាយបុរសនោះអស់​បីដង រាជបុរសទាំងនោះ ទទួលព្រះឱង្ការ​របស់មហា​បពិត្រ​ថា ករុណាវិសេស ហើយក៏យក​ដីស្អិតពណ៌លឿង មកដុះលាងកាយបុរសនោះ អស់បីដង មហាបពិត្រ មាន​ព្រះបន្ទូល​ នឹង​រាជបុរសទាំងនោះ យ៉ាងនេះទៀតថា ម្នាល​អ្នក​ដ៏ចំរើន បើដូច្នោះ ចូរអ្នកទាំងឡាយ យកប្រេង លាបបុរសនោះ ហើយយកគ្រឿង​លំអិត​ដ៏ម៉ដ្ឋ ទៅខាត់ឲ្យស្អាតល្អអស់​បីដង រាជបុរសទាំងនោះ ក៏បានយកប្រេង​មកលាប​បុរស​នោះ ហើយយកគ្រឿងលំអិតដ៏ម៉ដ្ឋ ទៅខាត់ឲ្យស្អាតល្អអស់បីដង ​មហាបពិត្រ ត្រាស់​ទៅនឹង​រាជបុរស​ទាំងនោះ យ៉ាងនេះ​ថា ម្នាលអ្នកដ៏ចំរើន បើដូច្នោះ ចូរអ្នក​ទាំង​ឡាយ កាត់សក់ និងពុកមាត់ របស់បុរស​នោះ​ចេញ រាជបុរសទាំងនោះ ក៏បានកាត់សក់ និង​ពុកមាត់របស់បុរសនោះ មហាបពិត្រ ត្រាស់​យ៉ាងនេះថា បើដូច្នោះ ចូរអ្នកទាំងឡាយ យកផ្កាកម្រង​ថ្លៃច្រើន គ្រឿងលាបមានថ្លៃច្រើន និងសំពត់ទាំងឡាយ មានថ្លៃច្រើន ទៅ​ប្រគល់​​ឲ្យបុរសនោះចុះ រាជបុរសទាំងនោះ ក៏យកផ្កាកម្រងថ្លៃច្រើន គ្រឿងលាបមាន​ថ្លៃច្រើន និងសំពត់ទាំងឡាយ មានថ្លៃច្រើន ទៅប្រគល់​ឲ្យបុរសនោះ មហាបពិត្រ ត្រាស់ទៅ​នឹងរាជបុរសទាំងនោះ យ៉ាងនេះថា ម្នាលអ្នកទាំងឡាយដ៏ចំរើន បើដូច្នោះ ចូរអ្នកទាំងឡាយ ឲ្យបុរសនោះឡើងទៅលើ​ប្រាសាទ ហើយចាត់ចែងនូវ​កាមគុណ​ទាំង​៥ចុះ ឯរាជបុរសទាំងនោះ ក៏ឲ្យបុរសនោះឡើងទៅលើ​ប្រាសាទ ហើយចាត់ចែងនូវ​កាមគុណ​ទាំង៥ បពិត្ររាជញ្ញៈ ចុះមហាបពិត្រ សំគាល់ហេតុនោះថាដូចម្តេច កាលបើ​បុរស​នោះ បានងូតទឹកស្អាត ហើយលាបកាយស្រួលបួល កាត់សក់ កោរពុកមាត់ ស្រេច​ហើយ ពាក់គ្រឿងប្រដាប់​កែវមណី ស្លៀកសំពត់ពណ៌សស្រេចហើយ ឡើងទៅលើ​ប្រាសាទ​ដ៏ប្រសើរ ឲ្យគេបំរើ​ឲ្យ​ឆ្អែតស្កប់ស្កល់ ដោយកាមគុណទាំង៥ហើយ តើវានៅ​តែមាន​សេចក្តីប្រាថ្នា នឹងមុជចុះ​ទៅក្នុងរណ្តៅលាមកនោះទៀតឬ។ បពិត្រ​ព្រះ​កស្សបៈ​ដ៏​ចំរើន មិនត្រូវការប្រាថ្នា​ទៀតទេ។ ចុះដំណើរនោះ តើព្រោះហេតុដូចម្តេច។ បពិត្រ​ព្រះកស្សប​ដ៏ចំរើន (ព្រោះ) រណ្តៅលាមក មិនជាទីពេញចិត្ត ជារបស់មិនស្អាតផង ជា​ចំណែក​នៃរបស់​មិនស្អាតផង មានក្លិនស្អុយផង ជាចំណែក នៃរបស់មានក្លិនស្អុយផង ជារបស់​គួរធុញទ្រាន់ផង ជាចំណែក នៃរបស់គួរធុញទ្រាន់ផង ជារបស់គួរខ្ពើមរអើមផង ជាចំណែក​នៃរបស់​គួរខ្ពើម​រអើមផង។ ថ្វាយ​ព្រះ​ពរ​រាជញ្ញៈ មនុស្សទាំងឡាយ ក៏យ៉ាង​នោះ​ដែរ គឺជាបុគ្គល​មិនស្អាត​ផង ជាចំណែកនៃបុគ្គល​មិនស្អាតផង មានក្លិនស្អុយផង ជាចំណែក នៃបុគ្គល​មានក្លិនស្អុយផង ​គួរធុញទ្រាន់ផង ជាចំណែកនៃបុគ្គល​គួរធុញ​ទ្រាន់​ផង គួរខ្ពើម​រអើមផង ជាចំណែក​នៃបុគ្គល​គួរខ្ពើម​រអើមផង នៃទេវតាទាំងឡាយ បពិត្រ​រាជញ្ញៈ ក្លិនមនុស្សធុំអាក្រក់ ផ្សាយឡើងទៅកាន់​ស្ថានទេព្តា ចំនួន១០០យោជន៍ ពួកមិត្រអាមាត្យ និងញាតិសាលោហិតរបស់មហាបពិត្រ ជាអ្នកវៀរចាកបាណាតិបាត វៀរចាកអទិន្នាទាន វៀរចាកកាមេសុមិច្ឆាចារ វៀរចាកមុសាវាទ វៀរចាកបិសុណាវាចា វៀរចាកផរុសវាចា វៀរចាកសម្ផប្បលាបៈ មិនមានអភិជ្ឈា មិនមានចិត្តព្យាបាទ ជាសម្មាទិដ្ឋិ លុះបែកធ្លាយ​រាងកាយ ខាងមុខអំពីសេចក្តីស្លាប់ បានទៅកើតឯឋានសុគតិ​សួគ៌​ទេវលោក ហើយនឹងមក​ប្រាប់ថា លោក​ដទៃ​មាន ពួក​សត្វ​ជា​ឱបបាតិកៈ​មាន ផល​វិបាក​របស់​កម្មទាំងឡាយ ដែលសត្វធ្វើល្អ ធ្វើអាក្រក់​មាន ដោយហេតុនេះ ដូចម្តេចបាន ឱរាជញ្ញៈ បើតាមបរិយាយនេះឯង សូម​មហាបពិត្រ បែរព្រះយោបល់ យល់មក​យ៉ាងនេះវិញថា លោក​ដទៃ​មាន ពួក​សត្វ​ជា​ឱបបាតិកៈ​មាន ផល​វិបាក​របស់​កម្មទាំងឡាយ ដែលសត្វធ្វើល្អ ធ្វើអាក្រក់​មាន ដោយហេតុនេះ។

[១៤៥] ព្រះ​កស្សបដ៏ចំរើន ពោលយ៉ាងនេះ ក៏គួរដែរហើយ ប៉ុន្តែខ្ញុំនៅតែ​មាន​សេចក្តីយល់ឃើញ ក្នុងហេតុនុ៎ះ យ៉ាងនេះថា លោក​ដទៃ​មិន​មាន ពួក​សត្វ​ជា​ឱបបាតិកៈ​មិន​មាន ផល​វិបាក​របស់​កម្ម​ទាំងឡាយ​ ដែលធ្វើល្អ ធ្វើអាក្រក់មិន​មាន ដោយហេតុនេះ។ ថ្វាយព្រះពររាជញ្ញៈ ចុះបរិយាយនៅមានទៀតឬ។បេ។ បពិត្រព្រះកស្សបដ៏ចំរើន បរិយាយ​​នៅមានទៀត។បេ។ ថ្វាយព្រះពររាជញ្ញៈ ចុះបរិយាយ​នោះ តើដូចម្តេច។ បពិត្រ​ព្រះកស្សបដ៏ចំរើន ពួក​មិត្រអាមាត្យ និងញាតិសាលោហិត ​របស់​ខ្ញុំក្នុងលោកនេះ ជាអ្នកវៀរចាកបាណាតិបាត វៀរចាកអទិន្នាទាន វៀរចាកកាមេសុមិច្ឆាចារ វៀរចាក​មុសាវាទ វៀរចាកសុរាមេរយមជ្ជប្បមាទដ្ឋានៈ លុះសម័យខាងក្រោយមក ពួកមិត្រ​អាមាត្យជាដើមនោះ មាន​អាពាធ ដល់នូវសេចក្តីទុក្ខ ឈឺចាប់ជាទម្ងន់ កាលបើខ្ញុំដឹងថា ឥឡូវនេះ ពួកមិត្រអាមាត្យទាំងនេះ មុខជាមិនសះស្បើយ ចាកអាពាធនេះទេ ខ្ញុំក៏​ចូល​ទៅរកពួកមិត្រអាមាត្យទាំងនោះ ហើយនិយាយ​យ៉ាងនេះថា នែអ្នកដ៏ចំរើន​​ទាំងឡាយ មានសមណព្រាហ្មណ៍ពួកមួយ និយាយយ៉ាងនេះ យល់ឃើញ​យ៉ាងនេះថា ពួកជនណា ជាអ្នកវៀរចាកបាណាតិបាត វៀរចាកអទិន្នាទាន វៀរចាកកាមេសុមិច្ឆាចារ វៀរចាក​មុសាវាទ វៀរចាកសុរាមេរយមជ្ជប្បមាទដ្ឋានៈ លុះពួកជនទាំងនោះ បែកធ្លាយរាងកាយ ខាងមុខអំពីសេចក្តីស្លាប់ តែងទៅកើតឯឋានសុគតិសួគ៌ទេវលោក ជាមួយនឹងពួកទេវតា ជាន់​តាវត្តិង្ស (ឥឡូវនេះ) អ្នកដ៏ចំរើនទាំងឡាយសោត ជាអ្នកវៀរចាក​បាណាតិបាត វៀរចាកអទិន្នាទាន វៀរចាកកាមេសុមិច្ឆាចារ វៀរចាកមុសាវាទ វៀរចាក​សុរាមេរយមជ្ជប្បមាទដ្ឋានៈហើយ បើជាពាក្យរបស់សមណព្រាហ្មណ៍ទាំងនោះពិតមែន អ្នកដ៏ចំរើន​ទាំងឡាយ លុះបែកធ្លាយរាងកាយ ខាងមុខអំពីសេចក្តីស្លាប់ គង់នឹង​ទៅកើត​ឯឋានសុគតិសួគ៌ទេវលោក ជាមួយនឹងពួកទេវតាជាន់តាវត្តិង្សពុំខាន នែអ្នកដ៏​ចំរើន​ទាំងឡាយ បើអ្នកទាំងឡាយ បែកធ្លាយរាងកាយ ខាងមុខអំពីសេចក្តីស្លាប់ បាន​ទៅកើត​ឯឋានសុគតិសួគ៌ទេវលោក ជាមួយនឹងពួកទេវតាជាន់តាវត្តិង្សមែន អ្នកទាំងឡាយ ត្រូវ​មកប្រាប់យើងផងថា លោក​ដទៃ​មាន ពួក​សត្វ​ជា​ឱបបាតិកៈ​មាន ផល​វិបាក​របស់​កម្ម​ទាំងឡាយ ដែលសត្វធ្វើល្អ ធ្វើអាក្រក់​មាន ដោយហេតុនេះ ព្រោះថា អ្នកទាំងឡាយ​ដ៏ចំរើន ជាបុគ្គលដែលយើងគួរជឿ យើងគួរទទួលស្តាប់ពាក្យបាន ហេតុណាដែល​អ្នកដ៏ចំរើន​ទាំងឡាយ បានឃើញហើយ ហេតុនុ៎ះ នឹងទុកដូចជាយើង​បានឃើញដោយ​ខ្លួនឯងដែរ ពួកមិត្រអាមាត្យទាំងនោះ ទទួលពាក្យ​របស់​ខ្ញុំថា ករុណា​វិសេស ហើយមិន​ឃើញ​មកប្រាប់សោះ ទាំងមិនបញ្ជូន​បម្រើមកឡើយ បពិត្រ​ព្រះកស្សប​ដ៏ចំរើន បរិយាយ​នេះឯង ដែលនាំឲ្យខ្ញុំមានគំនិតយ៉ាងនេះថា លោក​ដទៃ​មិន​មាន ពួក​សត្វ​ជាឱបបាតិកៈ​មិន​មាន ផល​វិបាក​របស់​កម្ម​ទាំងឡាយ ដែលសត្វធ្វើល្អ ធ្វើអាក្រក់​មិន​មាន ដោយហេតុនេះ។

[១៤៦] ថ្វាយព្រះពររាជញ្ញៈ បើដូច្នោះ អាត្មាភាព​នឹង​ត្រឡប់​សួរ​មហា​បពិត្រ ​ក្នុង​បរិយាយ​នេះ​វិញ ប្រស្នានេះ ពេញព្រះហឫទ័យមហាបពិត្រយ៉ាងណា សូមមហា​បពិត្រ​ព្យាករប្រស្នានោះ យ៉ាង​នោះ​ចុះ បពិត្រ​រាជញ្ញៈ ១០០ឆ្នាំ​របស់​មនុស្ស ត្រូវ​ជា១យប់ ១ថ្ងៃ របស់​​ទេវតា​ជាន់​តាវតឹង្ស រាប់រាត្រីនោះបាន៣០រាត្រី ត្រូវ​ជា១ខែ រាប់ខែនោះបាន១២ខែ ត្រូវ​ជា១ឆ្នាំ រាប់​ឆ្នាំ​នោះបាន មួយពាន់ឆ្នាំ​ទិព្វ ជា​ប្រមាណ​នៃ​អាយុ​របស់ពួកទេវតា​ជាន់​តាវតឹង្ស ពួក​មិត្រអាមាត្យ និងញាតិសាលោហិតណា ជាអ្នកបានវៀរបាណាតិបាត វៀរចាកអទិន្នាទាន វៀរចាកកាមេសុមិច្ឆារ វៀរចាកមុសាវាទ វៀរចាក​សុរាមេរយមជ្ជប្បមាទដ្ឋានៈហើយ លុះ​បែក​ធ្លាយ​រាង​កាយ ខាងមុខអំពីសេចក្តីស្លាប់ បាន​ទៅ​កើតឯឋាន​សុគតិ​សួគ៌ ទេវលោក ​ជា​មួយ​នឹងពួក​ទេវតា​ជាន់​តាវតិង្ស ចុះ​បើ​ពួកមិត្រអាមាត្យ​ទាំងនោះ មានគំនិតយ៉ាងនេះថា ចាំ​យើង​ទាំងឡាយ ឲ្យ​គេ​បំរើ​ឲ្យឆ្អែត​ស្កប់​ស្កល់​ដោយ​កាមគុណ​ទាំង៥ ជា​ទិព្វអស់យប់ និងថ្ងៃ​ពីរ ឬបី​សិន រួចសិមយើង​ទៅ​ប្រាប់​ដល់​ព្រះ​បាទ​បាយាសិរាជញ្ញៈថា លោក​ដទៃ​​មាន ពួក​សត្វ​ជា​ឱបបាតិកៈ​មាន ផល​វិបាក​របស់​កម្ម​ទាំងឡាយ ដែលសត្វធ្វើល្អ ធ្វើអាក្រក់​​មាន ដោយហេតុនេះ ចុះពួកមិត្រ​អាមាត្យជាដើមនោះ គប្បីមកទូលមហាបពិត្រថា លោក​ដទៃ​​មាន ពួក​សត្វ​ជា​ឱបបាតិកៈ​​មាន ផល​វិបាក​របស់​កម្ម​ទាំងឡាយ ដែលសត្វធ្វើល្អ ធ្វើអាក្រក់​​មាន ដោយហេតុនេះ តើទាន់ឬទេ។ បពិត្រ​ព្រះ​កស្សបៈ​ដ៏​ចំរើន មកប្រាប់​មិន​ទាន់​ទេ បពិត្រព្រះកស្សបៈដ៏ចំរើន បានជាមកប្រាប់មិនទាន់ ព្រោះ​ថា ខ្ញុំ​មុខ​ជា​នឹង​ស្លាប់​បាត់ទៅមុន ​យូរណាស់​ហើយ ចុះអ្នកណា​មក​ប្រាប់ដំណឹងនេះ ដល់​ព្រះកស្សបដ៏ចំរើន​ថា ពួក​ទេវតា​ជាន់​តាវត្តិង្ស​មាន ឬ​ថាពួក​ទេវតា​ជាន់​តាវត្តិង្ស ​មាន​អាយុ​វែង ​យ៉ាង​នេះ យើង​មិន​ទាន់​ជឿព្រះកស្សប​ដ៏​ចំរើនថា ពួក​ទេវតា​ជាន់​តាវត្តិង្ស​មាន ឬ​ថាពួក​ទេវតា​ជាន់​តាវត្តិង្ស ​មាន​អាយុ​វែង ​យ៉ាង​នេះទេ។ ថ្វាយ​ព្រះ​ពរ​រាជញ្ញៈ ប្រៀបដូចជាបុរសខ្វាក់ អំពីកំណើត មិន​ដែល​ឃើញ​រូប​ខ្មៅ ឬស មិន​ដែល​ឃើញ​រូប ដែលមាន​សម្បុរខៀវ មិន​ដែល​ឃើញ​រូប ដែលមាន​សម្បុរលឿង មិន​ដែល​ឃើញ​រូប ដែលមាន​សម្បុរក្រហម មិន​ដែល​ឃើញ​រូប ដែលមាន​សម្បុរហង្សបាទ មិន​ដែល​ឃើញរបស់ស្មើ និងមិនស្មើ មិនដែលឃើញ​រូបផ្កាយទាំងឡាយ មិន​ដែល​ឃើញ​ព្រះ​ចន្ទ និងព្រះ​អាទិត្យ​ទេ មនុស្ស​ខ្វាក់​នោះ​ ​មុខ​ជានឹង​និយាយ​យ៉ាង​នេះ​ថា រូប​ខ្មៅ ឬ-ស​គ្មាន​ទេ បុគ្គលអ្នកឃើញរូបខ្មៅ ឬស គ្មានទេ រូបខៀវគ្មានទេ បុគ្គលអ្នកឃើញរូប​មាន​សម្បុរខៀវគ្មានទេ រូបសម្បុរលឿង​គ្មានទេ បុគ្គលអ្នកឃើញរូបមានសម្បុរលឿងគ្មានទេ រូបសម្បុរក្រហមគ្នាទេ បុគ្គលអ្នកឃើញរូបមានសម្បុរក្រហមគ្មានទេ រូបសម្បុរហង្សបាទ​គ្មានទេ បុគ្គលអ្នកឃើញរូបមានសម្បុរហង្សបាទគ្មានទេ របស់ស្មើ និងមិនស្មើគ្មានទេ បុគ្គល​អ្នកឃើញរបស់ស្មើ និងមិនស្មើគ្មានទេ រូបផ្កាយគ្មាន​ទេ បុគ្គលអ្នកឃើញ​រូបផ្កាយ​គ្មានទេ ព្រះ​ចន្ទ និងព្រះ​អាទិត្យ​គ្មាន​ទេ បុគ្គល​អ្នក​ឃើញនូវ​ព្រះចន្ទ និងព្រះ​អាទិត្យ​គ្មានទេ អាត្មាអញមិនស្គាល់​របស់នុ៎ះ អាត្មាអញមិនឃើញ​របស់​នុ៎ះ ហេតុដូច្នោះ របស់នោះ​គ្មានទេ បពិត្រ​រាជញ្ញៈដ៏ចំរើន កាល​បើ​មនុស្ស​ខ្វាក់​អំពី​កំណើត និយាយ​(យ៉ាង​នោះ) ឈ្មោះ​ថា ​និយាយ​ត្រូវឬ​ទេ។ បពិត្រ​ព្រះ​កស្សបៈ​ដ៏​ចំរើន មិន​​ត្រូវ​ទេ (ព្រោះ​) រូប​ខ្មៅ ឬ​ស មាន បុគ្គល​អ្នក​ឃើញ​រូប​ខ្មៅ ឬ ស មាន រូបខៀវមាន បុគ្គលអ្នកឃើញរូបខៀវ​មាន។បេ។ របស់ស្មើ និងមិនស្មើមាន បុគ្គលអ្នកឃើញរបស់ស្មើ និងមិនស្មើមាន រូប​ផ្កាយ​មាន បុគ្គលអ្នកឃើញរូបផ្កាយមាន ព្រះចន្ទ ​ព្រះ​អាទិត្យមាន បុគ្គល​អ្នក​ឃើញព្រះ​ចន្ទ ព្រះអាទិត្យ​មាន បពិត្រព្រះកស្សបដ៏ចំរើន កាលបើ​បុរស​ខ្វាក់អំពី​​កំណើត ​និយាយ​ថា អាត្មា​អញ ​មិន​ស្គាល់​របស់​នុ៎ះ អាត្មា​អញ ​មិន​ឃើញ​របស់​នុ៎ះ ព្រោះហេតុនោះ របស់នោះ មិនមានទេ ដូច្នេះឈ្មោះថា និយាយមិនត្រូវសោះឡើយ។ ថ្វាយព្រះពររាជញ្ញៈ យ៉ាងហ្នឹង​មែន​ហើយ អង្គមហាបពិត្រ ទុកដូចមនុស្សខ្វាក់​អំពី​កំណើតប្រាកដ (បានជា) មហាបពិត្រ ត្រាស់យ៉ាងនេះថា ចុះមានអ្នកណាមកប្រាប់​ដំណឹង​នេះ ដល់ព្រះកស្សបដ៏ចំរើនថា ពួក​ទេវតា​ជាន់តាវត្តិង្សមាន ឬថា ពួកទេវតា​ជាន់​តាវត្តិង្សមានអាយុវែង យ៉ាងនេះ យើង​មិន​ជឿ (ពាក្យរបស់) ព្រះកស្សបដ៏ចំរើនថា ពួកទេវតាជាន់តាវត្តិង្សមាន ឬថា ពួកទេវតាជាន់​តាវត្តិង្ស​មានអាយុវែង យ៉ាងនេះទេ បពិត្ររាជញ្ញៈ ព្រះអង្គសំគាល់យក​ដោយ​មំស​ចក្ខុ​នេះ យ៉ាងណា ឯលោកដទៃ បុគ្គល​មិនគប្បីឃើញបានយ៉ាងនោះឡើយ បពិត្ររាជញ្ញៈ ពួក​សមណ​ព្រាហ្មណ៍ណា ​អាស្រ័យ​សេព​​សេនាសនៈទាំងឡាយ ដ៏​ស្ងាត់ ដែលតាំង​នៅ​ក្នុង​ព្រៃ​តូច និងព្រៃធំ ពួកសមណព្រាហ្មណ៍​ទាំងនោះ មិនប្រមាទ មាន​ព្យាយាម​ដុត​កំដៅ​កិលេស មាន​ចិត្ត​ឆ្ពោះ​ទៅ​កាន់​ព្រះ​និព្វាន ជម្រះនូវ​ទិព្វ​ចក្ខុ នៅក្នុងព្រៃស្ងាត់នោះ ពួក​សមណព្រាហ្មណ៍​ទាំង​នោះឯង ទើប​ឃើញ​លោក​នេះ​ផង លោក​ដទៃ​ផង ពួក​សត្វ​ជា​ឱបបាតិកៈ​​ផង ដោយចក្ខុ​ ដូចជាទិព្វដ៏បរិសុទ្ធ កន្លងចក្ខុជារបស់មនុស្សធម្មតា បពិត្រ​រាជញ្ញៈ ឯបុគ្គលគប្បីឃើញ​លោកដទៃ​យ៉ាងនោះឯង មិនមែនដូចជា​មហាបពិត្រ សំគាល់ដោយមំសចក្ខុនេះទេ ឱរាជញ្ញៈ បើតាមបរិយាយនេះ សូមមហា​បពិត្រ បែរព្រះយោបល់ យល់យ៉ាងនេះវិញថា លោកដទៃមាន ពួកសត្វជាឱបបាតិកៈមាន ផលវិបាករបស់កម្មទាំងឡាយ ដែលសត្វ​ធ្វើល្អ ធ្វើអាក្រក់មាន ដោយហេតុនេះ។

[១៤៧] ព្រះ​កស្សបដ៏ចំរើន ពោលយ៉ាងនេះ ក៏គួរម្យ៉ាងដែរហើយ ប៉ុន្តែខ្ញុំនៅតែ​មាន​សេចក្តីយល់ឃើញ ក្នុងហេតុនុ៎ះ យ៉ាងនេះថា លោក​ដទៃ​មិន​មាន ពួក​សត្វ​ជា​ឱបបាតិកៈ​​មិន​មាន ផល​វិបាក​របស់​កម្ម​ទាំងឡាយ​ ដែលសត្វធ្វើល្អ ធ្វើអាក្រក់មិន​មាន ដោយហេតុនេះ។ ថ្វាយព្រះពររាជញ្ញៈ ចុះបរិយាយនៅមាន(ទៀត)ឬ។បេ។ បពិត្រ​ព្រះកស្សប​ដ៏ចំរើន បរិយាយ​នៅមាន។បេ។ ថ្វាយព្រះពររាជញ្ញៈ បរិយាយ​នោះ តើ​ដូចម្តេច។ បពិត្រ​ព្រះកស្សបដ៏ចំរើន ក្នុងលោកនេះ ខ្ញុំឃើញពួកសមណព្រាហ្មណ៍ មានសីល មានធម៌ល្អ ចង់តែរស់ មិនចង់ស្លាប់ ប្រាថ្នាតែសេចក្តីសុខ ស្អប់ខ្ពើមទុក្ខ បពិត្រ​ព្រះកស្សប​ដ៏ចំរើន ខ្លួនខ្ញុំនោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា បើពួកសមណព្រាហ្មណ៍​ដ៏​ចំរើនទាំងនោះ មានសីល មានធម៌ល្អ គប្បីដឹង យ៉ាងនេះថា យើងទាំងឡាយ កាលបើស្លាប់​ពីលោកនេះទៅ មុខជានឹងបានសេចក្តីសុខប្រសើរ ឥឡូវនេះ ពួកសមណព្រាហ្មណ៍​ដ៏ចំរើនទាំងនេះ មានសីល មានធម៌ដ៏ល្អហើយ គួរតែស៊ីថ្នាំពិសក្តី យកកាំបិតមក (អារកខ្លួន)ឯងក្តី ចងកសម្លាប់ក្តី លោតទំលាក់ទៅក្នុងជ្រោះក្តី តែពួក​សមណព្រាហ្មណ៍ដ៏ចំរើននេះ មានសីល មានធម៌ល្អហើយ មិនដឹងយ៉ាងនេះថា យើង​កាលបើស្លាប់ ពីលោកនេះទៅ នឹងបានសេចក្តីសុខប្រសើរដូច្នេះឡើយ ព្រោះហេតុនោះ បានជាពួកសមណព្រាហ្មណ៍ដ៏ចំរើននេះ មានសីល មានធម៌ល្អហើយ នៅតែចង់រស់ មិនចង់ស្លាប់ ប្រាថ្នាតែសេចក្តីសុខ ស្អប់ខ្ពើមទុក្ខ បពិត្រព្រះកស្សបដ៏ចំរើន បរិយាយ​នេះឯង ដែលនាំឲ្យខ្ញុំមានសេចក្តីចូលចិត្ត យ៉ាងនេះថា លោក​ដទៃ​មិន​មាន ពួក​សត្វ​ជា​ឱបបាតិកៈ​មិន​មាន ផល​វិបាក​របស់​កម្ម​ទាំងឡាយ ដែលសត្វធ្វើល្អ ធ្វើអាក្រក់​មិន​មាន ដោយហេតុនេះ។

[១៤៨] ថ្វាយព្រះពររាជញ្ញៈ បើដូច្នោះ អាត្មាភាព​នឹង​ធ្វើសេចក្តីឧបមា ថ្វាយ​មហា​បពិត្រ ព្រោះពួកបុរស ដែលជាអ្នកចេះដឹងខ្លះ ក្នុងលោកនេះ គង់យល់សេចក្តីនៃភាសិត ដោយពាក្យឧបមាបាន បពិត្ររាជញ្ញៈ កាលពីព្រេងនាយមក មានព្រាហ្មណ៍ម្នាក់ មានប្រពន្ធពីរនាក់ គឺប្រពន្ធម្នាក់ មានកូនប្រុស១ មានអាយុ១០ឆ្នាំ ឬ១២ឆ្នាំ ប្រពន្ធម្នាក់​ទៀត កំពុងតែមានគភ៌ ជិតនឹងសម្រាល ក្នុងពេលនោះ ព្រាហ្មណ៍ជា(ស្វាមី)នោះ ក៏ធ្វើ​មរណកាលទៅ លំដាប់នោះ មាណពជាកូននោះ បាននិយាយ​នឹងម្តាយចុង យ៉ាងនេះថា នែអ្នកម្តាយដ៏ចំរើន របស់ណាគឺទ្រព្យក្តី ស្រូវក្តី ប្រាក់ក្តី មាសក្តី របស់ទាំងអស់នោះ ជារបស់​ខ្ញុំ ឯអ្នក មិនត្រូវបានចំណែកតិចតួច ក្នុងសម្បត្តិនេះទេ នែអ្នកម្តាយដ៏ចំរើន សូមអ្នកម្តាយ ប្រគល់ទ្រព្យមត៌ក ជារបស់​បិតាឲ្យមកខ្ញុំ។ កាលមាណពនោះ និយាយ​យ៉ាងនេះ នាងព្រាហ្មណីនោះ បាននិយាយ​នឹងមាណពនោះ យ៉ាងនេះថា នែកូន ចូរបា​បង្អង់សិន ទំរាំអញសម្រាលកូនរួចសិន បើកូននោះ ជាកូនប្រុស កូនប្រុសនោះ នឹងត្រូវ​បានទ្រព្យបន្តិចបន្តួច​ដែរ បើកូននោះ ជាកូនស្រី កូនស្រីនោះ នឹងបានធ្វើជាភរិយា​របស់អ្នក។ មាណពនោះ និយាយ​នឹងម្តាយចុង ជាគំរប់ពីរដង យ៉ាងនេះថា នែអ្នកម្តាយ​ របស់ណា គឺទ្រព្យក្តី ស្រូវក្តី ប្រាក់ក្តី មាសក្តី របស់ទាំងអស់នោះ ជារបស់​ខ្ញុំ អ្នក មិនត្រូវ​បាន​ចំណែកតិចតួច ក្នុងសម្បត្តិនេះទេ នែអ្នកម្តាយដ៏ចំរើន ចូរអ្នក​ប្រគល់​ទ្រព្យមត៌ក ជារបស់​បិតាឲ្យមកខ្ញុំ។ នាងព្រាហ្មណីនោះ និយាយ​នឹងមាណពនោះ ជាគំរប់ពីរដងទៀត យ៉ាងនេះថា នែបា ចូរអ្នក​បង្អង់សិន ទំរាំអញសម្រាលកូនរួច បើកូននោះ ជាកូនប្រុស កូនប្រុសនោះ នឹងត្រូវ​បានទ្រព្យបន្តិចបន្តួច​ដែរ បើកូននោះ ជាកូនស្រី កូនស្រីនោះ នឹងបានជាភរិយា​របស់អ្នក។ មាណពនោះ និយាយ​នឹងម្តាយចុង ជាគំរប់បីដង យ៉ាងនេះថា នែអ្នកម្តាយដ៏ចំរើន របស់ណា គឺទ្រព្យក្តី ស្រូវក្តី ប្រាក់ក្តី មាសក្តី របស់ទាំងអស់នោះ ជារបស់​ខ្ញុំ អ្នកមិនត្រូវបានចំណែកតិចតួច ក្នុងសម្បត្តិនេះទេ នែអ្នកម្តាយ ចូរអ្នកប្រគល់ទ្រព្យមត៌ក ជារបស់​បិតាឲ្យមកខ្ញុំ។ លំដាប់នោះ នាងព្រាហ្មណីនោះ កាន់កាំបិត ចូលទៅក្នុងបន្ទប់ ហើយវះពោះខ្លួនឯង គិតថា បើជាប្រុស ឬស្រី អាត្មាអញគង់ដឹងច្បាស់បាន នាងព្រាហ្មណីនោះ ហេតុតែល្ងង់ មិនឈ្លាសវៃ ស្វែងរកទ្រព្យមត៌ក ដោយមិនត្រូវទំនង ក៏ដល់នូវសេចក្តីវិនាស ទាំងខ្លួនផង ជីវិតផង កូនក្នុងគភ៌ផង សម្បត្តិផង ដោយពិត បពិត្ររាជញ្ញៈ ព្រះអង្គជាបុគ្គលល្ងង់ មិនឈ្លាសវៃ ស្វែងរកបរលោកដោយខុសទំនង គង់នឹង​ដល់នូវសេចក្តីវិនាស ដូចជា​ព្រាហ្មណី ដែលល្ងង់ មិនឈ្លាសវៃ ស្វែងរកសម្បត្តិដោយមិនត្រូវទំនង ក៏បានដល់​នូវ​សេចក្តីវិនាស ដូច្នោះមិនខាន។ បពិត្ររាជញ្ញៈ សមណព្រាហ្មណ៍ទាំងឡាយ មានសីល មានធម៌ល្អ រមែង​មិនផ្តាច់បង់នូវអាយុ ដែលមិនទាន់អស់ទេ មួយវិញទៀត អ្នកប្រាជ្ញទាំង​ឡាយ តែងរង់ចាំកាល ឲ្យអាយុដល់កំណត់។ បពិត្ររាជញ្ញៈ សមណព្រាហ្មណ៍​ទាំងឡាយ មានសីល មានធម៌ល្អ មានជីវិតវិសេសជាងពួក​ជនដទៃ បពិត្ររាជញ្ញៈ ពួកសមណព្រាហ្មណ៍ មានសីល មានធម៌ល្អ ឋិតនៅអស់កាល​យូរអង្វែង ដោយប្រការណា ពួក​សមណព្រាហ្មណ៍ទាំងនោះ រមែងបាននូវបុណ្យច្រើន និងប្រតិបត្តិ ដើម្បីប្រយោជន៍ ដល់ជនច្រើន ដើម្បីសេចក្តីសុខដល់ជនច្រើន ដើម្បីអនុគ្រោះ ដល់សត្វលោក ដើម្បីសេចក្តីចំរើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់​ទេវតា និងមនុស្សទាំងឡាយ ដោយប្រការដូច្នោះឯង។ ឱរាជញ្ញៈ បើតាម​បរិយាយ​នេះ សូមមហា​បពិត្រ បែរព្រះយោបល់ យល់មកយ៉ាងនេះវិញថា លោកដទៃមាន។បេ។ ផលវិបាកមាន ដោយហេតុនេះ។

[១៤៩] ព្រះ​កស្សបដ៏ចំរើន និយាយយ៉ាងនេះ ក៏គួរហើយ ប៉ុន្តែខ្ញុំនៅតែ​មាន​សេចក្តីយល់ក្នុងហេតុនុ៎ះ យ៉ាងនេះថា លោក​ដទៃ​មិន​មាន។បេ។ ផល​វិបាក មិន​មាន ដោយហេតុនេះ។ ថ្វាយព្រះពររាជញ្ញៈ ចុះបរិយាយមានទៀតឬ។បេ។ បពិត្រ​ព្រះកស្សប​ដ៏ចំរើន បរិយាយ​នៅមាន។បេ។ ថ្វាយព្រះពររាជញ្ញៈ ចុះបរិយាយ​ តើ​ដូចម្តេច។ បពិត្រ​ព្រះកស្សបដ៏ចំរើន ពួករាជបុរសក្នុងដែននេះ ចាប់ចោរដែលប្រព្រឹត្តអាក្រក់ យកមកបង្ហាញខ្ញុំថា បពិត្រព្រះអង្គដ៏ចំរើន អ្នកនេះ ជាចោរប្រព្រឹត្តអាក្រក់នឹងព្រះអង្គ ព្រះអង្គសព្វព្រះហឫទ័យ ដាក់អាជ្ញាណាដល់ចោរនេះ សូមព្រះអង្គដាក់អាជ្ញានោះមក ខ្ញុំក៏និយាយទៅនឹងរាជបុរសទាំងនោះ យ៉ាងនេះថា ម្នាលអ្នកដ៏ចំរើន បើដូច្នោះ ចូរអ្នក​ទាំងឡាយ ចាប់បុរសនេះទាំងរស់ បោះទៅក្នុងខ្ទះ ហើយគ្របមាត់ខ្ទះ យកស្បែកស្រស់​ពាសដាស រួចយកដីស្អិតសើម មកបូកឲ្យក្រាស់ ហើយលើកដាក់លើចង្ក្រាន រួចដុតភ្លើង ឯរាជបុរសទាំងនោះ ទទួលពាក្យរបស់ខ្ញុំថា ករុណាវិសេស ហើយក៏ចាប់បុរសនោះទាំង​រស់ បោះទៅក្នុងខ្ទះ គ្របមាត់ខ្ទះ យកស្បែកស្រស់​មកពាសដាស រួចយកដីស្អិតសើម មកបូកឲ្យក្រាស់ រួចដាក់លើចង្ក្រាន ហើយដុតភ្លើង។ កាលដែលយើងដឹងថា បុរសនោះ​ស្លាប់ហើយ ទើបឲ្យពួករាជបុរស ដាក់ខ្ទះនោះចុះមក គាស់ដីស្អិត បង្ហើបមាត់សន្សឹមៗ ហើយពិនិត្យមើលដោយបំណងថា យើងនឹងចាំមើលជីវៈ (ព្រលឹង) របស់ចោរនោះ ដែលចេញទៅ តែយើងមិនឃើញជីវៈរបស់ចោរនោះចេញទៅសោះ។ បពិត្រ​ព្រះកស្សប​ដ៏ចំរើន បរិយាយ​នេះឯង ដែលនាំឲ្យខ្ញុំមានគំនិត យ៉ាងនេះថា លោក​ដទៃ​មិន​មាន ពួក​សត្វ​ជា​ឱបបាតិកៈ​មិន​មាន ផល​វិបាក​របស់​កម្ម​ទាំងឡាយ ដែលសត្វធ្វើល្អ ធ្វើអាក្រក់​មិន​មាន ដោយហេតុនេះ។ ថ្វាយព្រះពររាជញ្ញៈ បើដូច្នោះ អាត្មាភាព​នឹងត្រឡប់សួរ​មហា​បពិត្រ ក្នុងបរិយាយនេះវិញ ប្រស្នានេះ ពេញព្រះហឫទ័យនៃមហាបពិត្រ យ៉ាងណា សូមមហាបពិត្រ ព្យាករប្រស្នានោះយ៉ាងនោះ។ បពិត្ររាជញ្ញៈ ទ្រង់ធ្លាប់ចូលទៅកាន់​ទីព្រះបន្ទំ ក្នុងវេលាថ្ងៃ បានទ្រង់​ព្រះសុបិនឃើញសួនច្បារ ជាទីសប្បាយ ព្រៃជាទីសប្បាយ (ទេសភាព) ផែនដីជាទីសប្បាយ ស្រះឈូកជាទីសប្បាយ ដែរឬទេ។ បពិត្រព្រះកស្សបដ៏ចំរើន ខ្ញុំធ្លាប់ចូលទៅកាន់​ដំណេក ក្នុងវេលាថ្ងៃ ធ្លាប់យល់សប្តិឃើញ​ សួនច្បារ ជាទីសប្បាយ ព្រៃជាទីសប្បាយ ផែនដីជាទីសប្បាយ ស្រះឈូកជាទីសប្បាយ ដែរ។ ចុះក្នុងសម័យនោះ មានពួកស្រីគមខ្លះ ស្រីតឿខ្លះ ក្មេងស្រីកំពុងពេញល្បែងខ្លះ ក្មេងស្រីតូចៗខ្លះ ចាំរក្សាព្រះអង្គដែរឬទេ។ បពិត្រព្រះកស្សបដ៏ចំរើន អើក្នុងសម័យនោះ មានពួកស្រីគមខ្លះ ស្រីតឿខ្លះ ក្មេងស្រីកំពុងពេញល្បែងខ្លះ ក្មេងស្រីតូចៗខ្លះ ចាំរក្សា​ខ្ញុំដែរ។ ចុះពួកស្រីទាំងនោះ ឃើញព្រលឹងរបស់មហាបពិត្រ កំពុងចូលមក ឬកំពុង​ចេញទៅដែរឬទេ។ បពិត្រព្រះកស្សបដ៏ចំរើន មិនឃើញទេ។ ឱរាជញ្ញៈ អម្បាលយ៉ាងពួក​ស្រីទាំងនោះនៅរស់ គង់មិនឃើញព្រលឹងរបស់មហាបពិត្រកំពុងរស់នៅ កាលចូលមក ឬចេញទៅ ចំណង់បើមនុស្សស្លាប់ទៅហើយ មហាបពិត្រ នឹងទតឃើញព្រលឹង កាលចូលមក ឬចេញទៅដូចម្តេចបាន។ ឱរាជញ្ញៈ បើតាម​បរិយាយ​នេះឯង សូមមហា​បពិត្រ យល់មកយ៉ាងនេះវិញថា លោកដទៃមាន ពួកសត្វជាឱបបាតិកៈមាន ផលវិបាករបស់កម្មទាំងឡាយ ដែលសត្វធ្វើល្អ ធ្វើអាក្រក់មាន ដោយហេតុនេះ។

[១៥០] ព្រះ​កស្សបដ៏ចំរើន ពោលយ៉ាងនេះ ក៏គួរដែរហើយ ប៉ុន្តែខ្ញុំនៅតែ​មាន​សេចក្តីយល់ ក្នុងហេតុនុ៎ះ យ៉ាងនេះថា លោក​ដទៃ​មិន​មាន ពួក​សត្វ​ជា​ឱបបាតិកៈ​​មិន​មាន ផល​វិបាក​របស់​កម្ម​ទាំងឡាយ​ ដែលសត្វធ្វើល្អ ធ្វើអាក្រក់មិន​មាន ដោយហេតុនេះ។ ថ្វាយព្រះពររាជញ្ញៈ ចុះបរិយាយនៅមានទៀតដែរឬ។បេ។ បពិត្រ​ព្រះកស្សប​ដ៏ចំរើន បរិយាយ​នៅមាន។បេ។ ថ្វាយព្រះពររាជញ្ញៈ បរិយាយ​នោះ តើ​ដូចម្តេច។ បពិត្រ​ព្រះកស្សបដ៏ចំរើន ពួករាជបុរសក្នុងដែននេះ ចាប់ចោរដែលប្រព្រឹត្តអាក្រក់ យក​មកឲ្យខ្ញុំថា បពិត្រព្រះអង្គដ៏ចំរើន អ្នកនេះជាចោរ ប្រព្រឹត្តអាក្រក់នឹងព្រះអង្គ ព្រះអង្គ​សព្វព្រះហឫទ័យ ដាក់អាជ្ញាណា ដល់ចោរនេះ សូមដាក់អាជ្ញានោះចុះ ខ្ញុំក៏និយាយ​នឹង​រាជបុរសទាំងនោះ យ៉ាងនេះថា ម្នាលអ្នកដ៏ចំរើន​ បើដូច្នោះ ចូរអ្នកទាំងឡាយ យកជញ្ជីង​ថ្លឹងបុរសនេះទាំងរស់ ហើយយកខ្សែបន្លោះធ្នូ ចងរឹតរួត មិនឲ្យមានដង្ហើមចេញចូល ឲ្យ​ស្លាប់ រួចយកជញ្ជីងមកថ្លឹងម្តងទៀត រាជបុរសទាំងនោះ ទទួលពាក្យរបស់ខ្ញុំ​ថា ករុណាវិសេស ហើយក៏យកជញ្ជីងមក​ថ្លឹងបុរសនេះទាំងរស់ រួចយកខ្សែបន្លោះធ្នូ ចងរឹតរួត មិនឲ្យមានដង្ហើមចេញចូល ឲ្យ​ស្លាប់ ហើយយកជញ្ជីងមកថ្លឹងម្តងទៀត។ កាលបុរសនោះនៅរស់ ជាបុគ្គលស្រាលជាងផង ទន់ជាងផង គួរដល់ការងារជាងផង លុះបុរសនោះស្លាប់ហើយ ក៏បែរជាធ្ងន់ជាងវិញផង រឹងជាងវិញផង មិនគួរដល់​ការងារ​អ្វីផង។ បពិត្រព្រះកស្សបដ៏ចំរើន បរិយាយនេះឯង ដែលនាំឲ្យខ្ញុំមានគំនិត​យ៉ាងនេះថា លោក​ដទៃ​មិន​មាន ពួក​សត្វ​ជា​ឱបបាតិកៈ​​មិន​មាន ផល​វិបាក​របស់​កម្ម​ទាំងឡាយ​ ដែលសត្វធ្វើល្អ ធ្វើអាក្រក់មិន​មាន ដោយហេតុនេះ។

[១៥១] ថ្វាយព្រះពររាជញ្ញៈ បើដូច្នោះ អាត្មាភាពនឹងធ្វើសេចក្តីឧបមាថ្វាយ​មហាបពិត្រ បុរសអ្នកចេះដឹងពួកខ្លះ ក្នុងលោកនេះ រមែងយល់សេចក្តីនៃភាសិត ដោយ​ឧបមាបាន។ បពិត្ររាជញ្ញៈ ដូចជាបុរសយកជញ្ជីងថ្លឹងដុំដែក ដែលភ្លើងឆេះរន្ទាល​ច្រាល​ឆ្អៅ មាន​អណ្តាតសន្ធោសន្ធៅ ក្តៅអស់មួយថ្ងៃ លុះសម័យខាងក្រោយមក គេក៏បានយក​ជញ្ជីង​​មកថ្លឹងដុំដែក ដែលរលត់ភ្លើង ត្រជាក់អស់ហើយនោះ (ម្តងទៀត) ចុះដុំដែកនោះ ដែលទៅ​ជាស្រាលជាង ឬទន់ជាង ឬគួរដល់ការងារជាង តើក្នុងកាលណា ក្នុងកាលដែល​កំពុងឆេះរន្ទាលច្រាលឆ្អៅ មានអណ្តាតសន្ធោសន្ធៅឬ ឬក្នុងកាលដែលរលត់ភ្លើង​ ត្រជាក់​ហើយ។ បពិត្រព្រះកស្សបដ៏ចំរើន ក្នុងកាលណា ដែលដុំដែកនោះប្រកបដោយភ្លើង ទាំង​ប្រកបដោយខ្យល់ កំពុងឆេះរន្ទាលច្រាលឆ្អៅ មានអណ្តាតសន្ធោសន្ធៅ ក្នុងកាលនោះឯង ដុំដែកនោះ ស្រាលជាងផង ទន់ជាងផង គួរដល់​ការងារជាងផង លុះតែ​កាលណា ដុំដែកនោះ មិនប្រកបដោយភ្លើង មិនប្រកបដោយខ្យល់ រលត់ភ្លើង ត្រជាក់អស់ហើយ ក្នុងកាលនោះ ដុំដែកនោះ ទៅជាធ្ងន់ជាងផង រឹងជាងផង មិនគួរ​ដល់​ការងារជាងផង។ ថ្វាយព្រះពររាជញ្ញៈ កាយនេះឯង ក៏យ៉ាងនោះដែរ កាលណាបើ​បានប្រកប​ដោយអាយុផង ប្រកបដោយភ្លើងធាតុផង ប្រកបដោយវិញ្ញាណផង ទើបកាយ​នេះ ទៅជាស្រាល​ជាងផង ទន់ជាងផង គួរដល់ការងារជាងផង តែបើ​កាលណា កាយនេះ មិនប្រកបដោយអាយុផង មិនប្រកបដោយ​ភ្លើងធាតុផង មិនប្រកប​ដោយ​វិញ្ញាណផងទេ កាយនេះឯង ក៏ទៅជាធ្ងន់ជាងផង រឹងជាងផង មិនគួរដល់ការងារ​ផង។ ឱរាជញ្ញៈ បើតាមបរិយាយនេះ សូមមហាបពិត្រ យល់យ៉ាងនេះវិញថា លោក​ដទៃ​​មាន ពួក​សត្វ​ជា​ឱបបាតិកៈ​មាន ផល​វិបាក​របស់​កម្ម​ទាំងឡាយ​ ដែលសត្វធ្វើល្អ ធ្វើអាក្រក់​មាន ដោយហេតុនេះ។

[១៥២] ព្រះកស្សបដ៏ចំរើន ពោលយ៉ាងនេះ ក៏គួរដែរហើយ តែខ្ញុំនៅតែមានសេចក្តី​យល់ក្នុងហេតុនុ៎ះ យ៉ាងនេះថា លោក​ដទៃ​​មិនមាន ពួក​សត្វ​ជា​ឱបបាតិកៈមិន​មាន ផល​វិបាក​របស់​កម្ម​ទាំងឡាយ​ ដែលសត្វធ្វើល្អ ធ្វើអាក្រក់​មិនមាន ដោយហេតុនេះ។ ថ្វាយព្រះពររាជញ្ញៈ ចុះបរិយាយនៅមានទៀតដែរឬ។បេ។ បពិត្រព្រះកស្សបដ៏ចំរើន បរិយាយនៅមាន។បេ។ ថ្វាយព្រះពររាជញ្ញៈ ចុះបរិយាយ​នោះ តើដូចម្តេច។ បពិត្រព្រះកស្សបដ៏ចំរើន ពួករាជបុរសក្នុងដែននេះ ចាប់បានចោរ ដែលប្រព្រឹត្តអាក្រក់​មក​ឲ្យខ្ញុំថា បពិត្រព្រះអង្គដ៏ចំរើន បុរសនេះជាចោរ ប្រព្រឹត្តអាក្រក់នឹងព្រះអង្គ ព្រះអង្គ​សព្វព្រះហឫទ័យ នឹងដាក់អាជ្ញាណា ដល់ចោរនេះ សូមដាក់អាជ្ញានោះចុះ ខ្ញុំក៏និយាយ​យ៉ាងនេះ នឹងរាជបុរសទាំងនោះថា នែអ្នកដ៏ចំរើនទាំងឡាយ​ បើដូច្នោះ អ្នកទាំងឡាយ ចូរសម្លាប់បុរសនេះចុះ តែកុំឲ្យខូចស្បែកក្រៅ ស្បែកក្នុង សាច់ សរសៃ ឆ្អឹង និងខួរក្នុងឆ្អឹង ក្រែងលោយើងនឹងបានឃើញជីវៈ (ព្រលឹង) របស់បុរសនោះចេញមក រាជបុរសទាំងនោះ ទទួលពាក្យរបស់ខ្ញុំថា ករុណាវិសេស ហើយក៏សម្លាប់បុរសនោះ មិនឲ្យមានស្នាមជាំដាំ ត្រង់ស្បែកក្រៅ ស្បែកក្នុង សាច់ សរសៃ ឆ្អឹង និងខួរក្នុងឆ្អឹងឡើយ។ ក្នុងកាលដែលគេ​កំពុង​ប្រុងប្រៀបនឹងសម្លាប់ចោរនោះ ខ្ញុំបាននិយាយនឹងរាជបុរសទាំងនោះ យ៉ាងនេះថា ម្នាលអ្នកដ៏ចំរើន បើដូច្នោះ​ ចូរអ្នកទាំងឡាយ ឲ្យបុរសនេះដេកផ្ងារឡើង ក្រែងយើងនឹង​បានឃើញ​ជីវៈរបស់វាចេញមក រាជបុរសទាំងនោះ ក៏ឲ្យបុរសនោះដេកផ្ងារឡើង។ យើងក៏​មិនឃើញជីវៈរបស់ចោរនោះចេញមកសោះ ខ្ញុំនិយាយ​នឹងរាជបុរសទាំងនោះ យ៉ាង​នេះទៀតថា ម្នាលអ្នកដ៏ចំរើន បើដូច្នោះ ចូរអ្នកទាំងឡាយ ឲ្យបុរសនេះ​ដេកផ្កាប់ ដេកផ្អៀងទៅម្ខាងហើយ ឲ្យដេកផ្អៀងទៅម្ខាងទៀត ហើយលើកបញ្ឈរឡើង លើកសំយ៉ុងក្បាលចុះ យកដៃគោះមើល យកដុំដីគោះមើល យកដំបងគោះមើល យក​គ្រឿងសស្ត្រាគោះមើល ទាញមក ច្រានត្រឡប់ទៅវិញ ទាញប្រែត្រឡប់ទៅ ត្រឡប់មក ក្រែងយើងនឹងបានឃើញជីវៈរបស់បុរសនេះចេញទៅ​ ឯរាជបុរសទាំងនោះ ក៏ទាញ​បុរសនោះមក ច្រានត្រឡប់ទៅវិញ ទាញប្រែត្រឡប់ទៅត្រឡប់មក។ យើងក៏មិនបាន​ឃើញ​ជីវៈរបស់បុរសនោះ ចេញមកសោះ។ ភ្នែកនោះឯងរបស់បុរសនោះ ក៏នៅជាភ្នែក​ដដែល រូបទាំងឡាយនោះ ក៏នៅជារូបដដែល ប៉ុន្តែបុរសនោះឯង មើលមិនឃើញ​នូវ​រូបាយតនៈនោះ (ដោយភ្នែកនោះ)សោះ។ ត្រចៀកនោះឯង ក៏នៅជាត្រចៀក​ដដែល សម្លេងទាំងឡាយនោះ ក៏នៅជាសម្លេងដដែល ទាស់តែបុរសនោះ ស្តាប់សទ្ទាយតនៈនោះមិនឮ (ដោយត្រចៀក)សោះ។ ច្រមុះនោះឯង ក៏នៅជាច្រមុះ​ដដែល ក្លិនទាំងឡាយនោះ ក៏នៅជាក្លិនដដែល តែថាបុរសនោះ មិនធុំនូវគន្ធាយតនៈនោះ (ដោយច្រមុះនោះ)សោះ។ អណ្តាតនោះឯង ក៏នៅជាអណ្តាត​ដដែល រសទាំងឡាយនោះ ក៏នៅជារសដដែល តែថាបុរសនោះ មិនដឹងច្បាស់​នូវរសាយតនៈនោះ (ដោយអណ្តាតនោះ)សោះ។ កាយនោះឯង ក៏នៅជាកាយដដែល ផោដ្ឋព្វៈទាំងឡាយនោះ ក៏នៅជាផោដ្ឋព្វៈដដែល ទាស់តែបុរសនោះ មិនដឹងច្បាស់នូវ​ផោដ្ឋព្វាយតនៈនោះ (ដោយកាយនោះ)សោះ។ បពិត្រព្រះកស្សបដ៏ចំរើន បរិយាយនេះឯង ដែលនាំឲ្យខ្ញុំមានសេចក្តីចូលចិត្ត យ៉ាងនេះថា លោក​ដទៃមិន​​មាន ពួក​សត្វ​ជា​ឱបបាតិកៈមិន​មាន ផល​វិបាក​របស់​កម្ម​ទាំងឡាយ​ ដែលសត្វធ្វើល្អ ធ្វើអាក្រក់​មិនមាន ដោយហេតុនេះ។

[១៥៣] ថ្វាយព្រះពររាជញ្ញៈ បើដូច្នោះ អាត្មាភាព នឹងធ្វើសេចក្តីឧបមា ថ្វាយ​មហាបពិត្រ វិញ្ញូបុរសទាំងឡាយពួកខ្លះ ក្នុងលោកនេះ រមែង​យល់សេចក្តីនៃភាសិត ដោយ​ឧបមាបាន។ បពិត្ររាជញ្ញៈ កាលពីព្រេងនាយមក មានបុរសផ្លុំស័ង្ខម្នាក់ កាន់​ស័ង្ខ ដើរទៅកាន់ជនបទ ដែលនៅចុងដែន។ បុរសនោះ ចូលទៅក្នុងស្រុកមួយ លុះចូលទៅដល់ហើយ ឈរកណ្តាលស្រុកផ្លុំស័ង្ខ៣ដង ហើយដាក់ស័ង្ខលើផែនដី រួច​អង្គុយក្នុងទីដ៏សមគួរ។ បពិត្ររាជញ្ញៈ លំដាប់នោះ ពួកមនុស្សនៅក្នុងបច្ចន្តជនបទនោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា នែគ្នាយើងអើយ ចុះសំឡេងនោះ តើជាសំឡេងអ្វី បាន​ជាគួរ​ឲ្យយើ់ងត្រេកអរ អ្វីដល់ម្ល៉េះ គួរឲ្យចង់ស្តាប់អ្វីម្ល៉េះ គួរឲ្យភាន់ភាំងអ្វីម្ល៉េះ គួរឲ្យជាប់ចិត្ត​អ្វីម្ល៉ះ គួរឲ្យរសាយទុក្ខអ្វីម្ល៉េះ។ មនុស្សទាំងនោះ ប្រជុំគ្នា ហើយសួរទៅ​អ្នក​ផ្លុំស័ង្ខនោះ យ៉ាងនេះថា នែអ្នកដ៏ចំរើន ចុះសំឡេងនោះ ជាសំឡេងអ្វី បាន​ជាគួរ​ឲ្យយើ់ង​ត្រេកអរ អ្វីដល់ម្ល៉េះ គួរឲ្យចង់ស្តាប់អ្វីម្ល៉េះ គួរឲ្យភាន់ភាំងអ្វីម្ល៉េះ គួរឲ្យជាប់ចិត្ត​អ្វីម្ល៉ះ គួរឲ្យរសាយទុក្ខអ្វីម្ល៉េះ។ បុរសអ្នកផ្លុំស័ង្ខ និយាយថា ម្នាលអ្នកដ៏ចំរើន សំឡេង​ដែល​គួរ​ឲ្យអ្នកផងត្រេកអរយ៉ាងនេះ គួរឲ្យចង់ស្តាប់​យ៉ាងនេះ គួរឲ្យភាន់ភាំងយ៉ាងនេះ គួរ​ឲ្យជាប់ចិត្តយ៉ាងនេះ គួរឲ្យរសាយទុក្ខយ៉ាងនេះ សំឡេងនោះ គឺជាសំឡេង​ស័ង្ខនេះ​ឯង។ មនុស្សទាំងនោះ ក៏ផ្តេកស័ង្ខនោះ ឲ្យផ្ងារឡើង ហើយនិយាយថា នែស័ង្ខដ៏ចំរើន ចូរឯង​បន្លឺ (សំឡេង)ទៅមើល នែស័ង្ខដ៏ចំរើន ចូរឯងបន្លឺ (សំឡេង)ទៅមើល។ ស័ង្ខនោះ ក៏មិន​បន្លឺ (សំឡេង)សោះ។ មនុស្សទាំងនោះ ក៏ផ្កាប់ស័ង្ខនោះ ហើយផ្តេកទៅម្ខាង ផ្តេកទៅ​ម្ខាង​ទៀត ហើយលើកបញ្ឈរឡើង សំយុងចុះ យកដៃគោះ យកដុំដីគោះ យកដំបងគោះ យក​គ្រឿងសស្ត្រាគោះ ប្រមៀលមក ប្រមៀលទៅ ប្រមៀលចុះ ប្រមៀលឡើង ហើយនិយាយ​ថា នែស័ង្ខដ៏ចំរើន ចូរឯងបន្លឺ (សំឡេង)ទៅមើល នែស័ង្ខដ៏ចំរើន ចូរឯងបន្លឺ (សំឡេង)ទៅមើល។ ស័ង្ខនោះ ក៏នៅតែមិនបន្លឺ (សំឡេង)សោះ។ បពិត្ររាជញ្ញៈ លំដាប់នោះ អ្នកផ្លុំស័ង្ខនោះ មានសេចក្តីត្រិះរិះដូច្នេះថា ពួកមនុស្ស​អ្នកនៅក្នុងបច្ចន្តជនបទ​ទាំងអស់នេះ ហៅពេញជាមនុស្សល្ងង់ មិនសមបើនឹងស្វែងរក​សំឡេងស័ង្ខ ដោយខុសទំនងសោះ។ កាលពួកមនុស្ស​ទាំងនោះ កំពុងមើល បុរសផ្លុំស័ង្ខ​នោះ ក៏ចាប់ស័ង្ខផ្លុំ៣ដង ហើយកាន់ស័ង្ខដើរចៀសចេញទៅ។ បពិត្ររាជញ្ញៈ លំដាប់​នោះ មនុស្សនៅក្នុងបច្ចន្តជនបទទាំងអស់នោះ មានសេចក្តីត្រិះរិះដូច្នេះថា នែគ្នាយើង​អើយ ធម្មតា ស័ង្ខនេះ លុះតែកាលណា បានផ្សំនឹងបុរសផង ផ្សំនឹងសេចក្តីព្យាយាម​ផង ផ្សំនឹងខ្យល់ផង ទើបស័ង្ខនេះ បន្លឺ (សំឡេង) ក្នុងកាលណោះបាន កាលណាបើស័ង្ខនេះ មិនបានផ្សំនឹងបុរស មិនបានផ្សំនឹងសេចក្តីព្យាយាម មិនបានផ្សំនឹងខ្យល់ទេ ស័ង្ខនេះ ក៏​បន្លឺសំឡេង​មិនបាន។ បពិត្ររាជញ្ញៈ កាយនេះក៏ដូច្នោះដែរ កាលណាប្រកបដោយ​អាយុ​ផង ប្រកបដោយភ្លើងធាតុផង ប្រកបដោយវិញ្ញាណផង ក្នុងកាលនោះ ទើបកាយនោះ ឈានទៅក៏បាន ថយក្រោយក៏បាន ឈរក៏បាន អង្គុយក៏បាន សម្រេចឥរិយាបថដេក​ក៏បាន ឃើញរូបដោយភ្នែកក៏បាន ស្តាប់សំឡេងដោយត្រចៀកក៏បាន ធុំក្លិនដោយ​ច្រមុះ​ក៏បាន លិទ្ធភ្លក្សរសដោយអណ្តាតក៏បាន ពាល់ត្រូវផោដ្ឋព្វៈដោយកាយក៏បាន ដឹងច្បាស់​នូវធម្មារម្មណ៍ដោយចិត្តក៏បាន តែកាលណាកាយនេះ មិនប្រកបដោយ​អាយុ​ផង មិនប្រកបដោយភ្លើងធាតុផង មិនប្រកបដោយវិញ្ញាណផងទេ ក្នុងកាលនោះ កាយនេះ ឈានទៅមុខក៏មិនបាន ថយក្រោយក៏មិនបាន ឈរក៏មិនបាន អង្គុយក៏មិនបាន សម្រេចឥរិយាបថដេក​ក៏មិនបាន ឃើញរូបដោយចក្ខុក៏មិនបាន ស្តាប់សំឡេង​ដោយ​ត្រចៀកក៏មិនបាន ធុំក្លិនដោយ​ច្រមុះ​ក៏មិនបាន លិទ្ធភ្លក្សរសដោយអណ្តាតក៏មិនបាន ប៉ះពាល់ត្រូវផោដ្ឋព្វៈដោយកាយក៏មិនបាន ដឹងច្បាស់​នូវធម្មារម្មណ៍ដោយចិត្ត​ក៏មិន​បាន។ ឱរាជញ្ញៈ បើតាមបរិយាយនេះ សូមមហាបពិត្រ ទ្រង់យល់មក យ៉ាងនេះវិញថា លោក​ដទៃ​​មាន ពួក​សត្វ​ជា​ឱបបាតិកៈ​មាន ផល​វិបាក​របស់​កម្ម​ទាំងឡាយ​ ដែលសត្វធ្វើល្អ ធ្វើអាក្រក់​មាន ដោយហេតុនេះ។

ចប់ បឋមភាណវារៈ។

[១៥៤] ព្រះកស្សដ៏ចំរើន និយាយយ៉ាងនេះ ក៏គួរដែរហើយ ប៉ុន្តែខ្ញុំ​នៅតែ​មាន​សេចក្តី​​យល់ក្នុងហេតុនុ៎ះ យ៉ាងនេះទៀតថា លោក​ដទៃមិន​​មាន ពួក​សត្វ​ជា​ឱបបាតិកៈ​មិនមាន ផល​វិបាក​របស់​កម្ម​ទាំងឡាយ​ ដែលសត្វធ្វើល្អ ធ្វើអាក្រក់មិន​មាន ដោយហេតុនេះ។ ថ្វាយព្រះពររាជញ្ញៈ ចុះបរិយាយនៅមានទៀតដែរឬ។បេ។ បពិត្រព្រះកស្សបដ៏ចំរើន បរិយាយនៅមាន។បេ។ ថ្វាយព្រះពររាជញ្ញៈ បរិយាយនោះ តើដូចម្តេច។ បពិត្រព្រះកស្សបដ៏ចំរើន ពួករាជបុរសក្នុងដែននេះ ចាប់ចោរដែលប្រព្រឹត្ត​អាក្រក់ មកឲ្យដល់ខ្ញុំថា បពិត្រព្រះអង្គដ៏ចំរើន អ្នកនេះ ជាចោរប្រព្រឹត្តអាក្រក់នឹង​ព្រះ​អង្គ ព្រះអង្គសព្វព្រះហឫទ័យនឹងដាក់អាជ្ញាណា ដល់ចោរនេះ សូម​ព្រះអង្គដាក់អាជ្ញា​នោះ​ចុះ ខ្ញុំនិយាយនឹងរាជបុរសទាំងនោះ យ៉ាងនេះថា នែអ្នកដ៏ចំរើន បើដូច្នោះ ចូរអ្នក​ទាំង​ឡាយ ឆូតស្បែកក្រៅ របស់បុរសនេះមើល ក្រែងលោយើងឃើញជីវៈរបស់បុរសនេះ ពួករាជបុរសទាំងនោះ ក៏ឆូតស្បែកក្រៅរបស់​បុរសនោះ។ យើងក៏មិនបានឃើញ​ជីវៈ​របស់បុរសនោះសោះ។ ខ្ញុំនិយាយនឹងរាជបុរស​ទាំង​នោះ យ៉ាងនេះទៀតថា ម្នាលអ្នក​ដ៏ចំរើន បើដូច្នោះ ចូរអ្នកទាំងឡាយ ពន្លះស្បែកក្នុង អារសាច់ កាត់សរសៃ កាត់ឆ្អឹង ឆ្កៀល​ខួរក្នុងឆ្អឹង របស់បុរសនេះមើល ក្រែង​លោយើងបានឃើញជីវៈរបស់វា រាជបុរស​ទាំង​នោះ​ ក៏ឆ្កៀលខួរក្នុងឆ្អឹង របស់បុរស​នោះ។ យើងក៏នៅតែមិនឃើញជីវៈ​របស់បុរស​នោះ​សោះ។ បពិត្រព្រះកស្សបដ៏ចំរើន បរិយាយនេះឯង ដែលនាំឲ្យខ្ញុំនៅមានគំនិត យ៉ាង​នេះថា លោក​ដទៃមិន​​មាន ពួក​សត្វ​ជា​ឱបបាតិកៈមិន​មាន ផល​វិបាក​របស់​កម្ម​ទាំងឡាយ​ ដែលសត្វធ្វើល្អ ធ្វើអាក្រក់មិន​មាន ដោយហេតុនេះ។

[១៥៥] ថ្វាយព្រះពររាជញ្ញៈ បើដូច្នោះ អាត្មាភាព នឹងធ្វើឧបមា ថ្វាយមហាបពិត្រ វិញ្ញូបុរសពួកខ្លះ ក្នុងលោកនេះ រមែងយល់សេចក្តីនៃភាសិតនេះ ដោយពាក្យ​ឧបមាបាន។ បពិត្ររាជញ្ញៈ កាលពីព្រេងនាយមក មានជដិលម្នាក់ ជាអ្នកបម្រើ​ភ្លើង នៅក្នុងកុដិស្លឹក ក្នុងព្រៃរំលោង។ បពិត្ររាជញ្ញៈ ក្នុងកាលនោះឯង មានពួកឈ្មួញ​រទេះ​មួយពួក នៅក្នុងជនបទ បាននាំគ្នាចេញអំពី​ជនបទនោះ។ គ្រានោះ ពួកឈ្មួញរទេះនោះ នៅឈប់សំចត ជិតអាស្រមរបស់ជដិលអ្នកបម្រើភ្លើងនោះអស់១យប់ ទើបនាំគ្នាចៀស​ចេញទៅ។ បពិត្ររាជញ្ញៈ គ្រានោះឯង ជដិលអ្នកបម្រើភ្លើងនោះ មានសេចក្តីត្រិះរិះយ៉ាង​នេះថា គួរតែអាត្មាអញ​ចូលទៅត្រង់កន្លែងជាទីសំណាក់របស់ពួកឈ្មួញរទេះនោះ ក្រែង​ជួនជាបានគ្រឿង​ឧបករណ៍អ្វីមួយក្នុងទីនុ៎ះ។ ទើបជដិលអ្នកបម្រើភ្លើងនោះ ក្រោកឡើង​ពី​ព្រលឹម ចូលទៅត្រង់កន្លែង ជាទីសំណាក់​របស់ពួកឈ្មួញរទេះនោះ លុះចូលទៅដល់ហើយ ក៏បានឃើញក្មេងតូច ក្បាលត្រងោល ដេកផ្ងារ ដែលគេ​ចោល ក្នុងទីសំណាក់ របស់ពួកឈ្មួញរទេះនោះ។ ជដិលនោះ លុះឃើញហើយ ក៏​មានសេចក្តី​ត្រិះរិះ​យ៉ាងនេះថា កាលបើអាត្មាអញមើលបំណាំ បណ្តោយឲ្យមនុស្សស្លាប់ ដោយហេតុណា ហេតុនុ៎ះ មិនសមគួរដល់​អាត្មាអញឡើយ បើដូច្នោះ គួរតែអាត្មាអញ យកទារកនេះ ទៅឯអាស្រម ថែទាំ ចិញ្ចឹមឲ្យចំរើនឡើង។ ទើបជដិលអ្នកបម្រើភ្លើងនោះ នាំយកទារកនោះ ទៅអាស្រម ថែទាំ ចិញ្ចឹមឲ្យចំរើនឡើង។ ក្នុងកាលដែលទារកនោះ មានអាយុ១០ឆ្នាំ ឬ១២ឆ្នាំ ទើបជដិលអ្នកបម្រើភ្លើងនោះ មានករណីយកិច្ចមួយ​កើតឡើង ក្នុងជនបទ។ ទើបជដិលអ្នកបម្រើភ្លើងនោះ បានផ្តាំនឹងទារកនោះ យ៉ាងនេះថា នែបា អញ​ប្រាថ្នានឹងទៅកាន់ជនបទ នែបា ត្រូវឯងបម្រើភ្លើង ប្រុង កុំឲ្យភ្លើងរបស់ឯងរលត់​ឡើយ បើជួនជាភ្លើងរបស់ឯងរលត់ កាំបិតនេះ ឧសនេះ ឈើពំនួតភ្លើងនេះ​ មាន ត្រូវឯង​យកទៅបង្កាត់ភ្លើង ហើយបម្រើភ្លើង (កុំខាន)។ លំដាប់នោះ ជដិលអ្នកបម្រើភ្លើងនោះ ផ្តែ​ផ្តាំទារកយ៉ាងនេះហើយ ក៏ទៅកាន់ជនបទ។ ទារកនោះ កំពុងតែខ្វល់ខ្វាយដោយល្បែង ភ្លើងក៏រលត់អស់។ ទើបទារកនោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា បិតាបានផ្តាំអាត្មាអញ យ៉ាងនេះថា នែបា ចូរឯងបម្រើភ្លើង កុំឲ្យភ្លើងរបស់ឯងរលត់ឡើយ បើជួនជាភ្លើងរបស់​ឯងរលត់ហើយ កាំបិតនេះ​ ឧសនេះ ឈើពំនួតភ្លើងនេះ មាន ត្រូវឯងយកទៅបង្កាត់ភ្លើង ហើយបម្រើភ្លើង (កុំខាន) បើដូច្នោះ គួរតែអាត្មាអញ បង្កាត់ភ្លើង ហើយបម្រើភ្លើងចុះ។ កាលនោះ ទារកនោះ យកកាំបិត ចាំឈើពំនួតមើល ដោយគិតថា ធ្វើម្តេចហ្ន៎ អាត្មាអញ នឹងបានភ្លើងនេះ។ ទារកនោះ ក៏មិនបានភ្លើងសោះ ហើយក៏ពុះឈើពំនួតជាពីរចំណែក បីចំណែក បួនចំណែក ប្រាំចំណែក ដប់ចំណែក ម្ភៃចំណែក ធ្វើឲ្យជាចំរៀកតូចៗ លុះ​ធ្វើ​ឲ្យជាចំរៀកល្អិតៗហើយ ក៏យកទៅបុកក្នុងត្បាល់ លុះបុកក្នុងត្បាល់រួចហើយ រោយ​ទៅតាម​ខ្យល់ខ្លាំង ដោយបំណងថា ធ្វើម្តេចហ្ន៎ អាត្មាអញនឹងបានភ្លើងនេះ។ ទារកនោះ ក៏នៅតែមិនបានភ្លើងសោះ។ លំដាប់នោះ ជដិលអ្នកបម្រើភ្លើងនោះ សម្រេចកិច្ចដែល​ត្រូវធ្វើ ក្នុងជនបទនោះហើយ បានចូលទៅអាស្រមរបស់ខ្លួន លុះចូលទៅដល់ហើយ បាននិយាយនឹងទារកនោះ យ៉ាងនេះថា ហៃបា ហេតុដូចម្តេច ក៏ឯង​ឲ្យភ្លើង​រលត់។ ទារកនោះនិយាយថា បពិត្របិតា ខ្ញុំកំពុងតែខ្វល់ខ្វាយ ដោយការលេងក្នុងទីនេះ ភ្លើង​ក៏រលត់ ខ្ញុំមានសេចក្តីត្រិះរិះ យ៉ាងនេះថា បិតាបានផ្តាំអាត្មាអញ យ៉ាងនេះថា នែបា ត្រូវឯង​បម្រើភ្លើង នែបា ឯងកុំឲ្យភ្លើងរលត់ឡើយ បើជួនជាភ្លើងរបស់ឯងរលត់ កាំបិតនេះ ឧសនេះ ឈើពំនួតភ្លើងនេះ ត្រូវឯងយកទៅបង្កាត់ភ្លើង ហើយបម្រើភ្លើង (កុំខាន) បើដូច្នោះ គួរតែអាត្មាអញបង្កាត់ភ្លើង ហើយបម្រើភ្លើងចុះ បពិត្របិតា លំដាប់​នោះឯង ខ្ញុំក៏យកកាំបិតច្រាសឈើពំនួត ដោយបំណងថា ធ្វើម្តេចហ្ន៎ អាត្មាអញនឹង​បានភ្លើងអេះ។ ខ្ញុំក៏មិនបានភ្លើងសោះឡើយ ខ្ញុំក៏ពុះឈើពំនួតភ្លើង ជាពីរចំណែក បីចំណែក បួនចំណែក ប្រាំចំណែក ដប់ចំណែក ម្ភៃចំណែក ធ្វើឲ្យជាចំរៀកតូចៗ លុះ​ធ្វើ​ឲ្យជាចំរៀកតូចៗរួចហើយ ក៏យកទៅបុកក្នុងត្បាល់ លុះបុកក្នុងត្បាល់ហើយ ក៏រោយ​តាម​ខ្យល់ខ្លាំង ដោយបំណងថា ធ្វើម្តេចហ្ន៎ អាត្មាអញនឹងបានភ្លើង ខ្ញុំក៏មិនបានភ្លើងសោះ។ គ្រានោះឯង ជដិលអ្នកបម្រើភ្លើងនោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា ទារកនេះ ហៅពេញ​ជាមនុស្សខ្លៅ មិនវាងវៃមែន មិនសមបើនឹងស្វែងរកភ្លើង ដោយខុសទំនងសោះ។ កាលដែលទារកនោះ កំពុងសំឡឹងមើល ជដិលនោះ ក៏ចាប់​យកឈើពំនួតភ្លើង ហើយពួកឲ្យកើតភ្លើង រួចនិយាយនឹងទារកនោះ យ៉ាងនេះថា នែបា ភ្លើង គេត្រូវពួតឲ្យឆេះយ៉ាងនេះ មិនមែនដូចជាបាឯង ជាមនុស្សឆោត មិនវាងវៃ ស្វែងរក​ភ្លើង ដោយខុសទំនងដូច្នោះទេ។ បពិត្ររាជញ្ញៈ ឯមហាបពិត្រក៏យ៉ាងនោះដែរ គឺជាមនុស្សខ្លៅ មិនវាងវៃ ស្វែងរកបរលោក ដោយខុសទំនង បពិត្ររាជញ្ញៈ សូម​មហាបពិត្រ លះបង់ទិដ្ឋិអាក្រក់នោះចេញ បពិត្ររាជញ្ញៈ សូមមហាបពិត្រ លះបង់​ទិដ្ឋិ​អាក្រក់នុ៎ះចេញ ទិដ្ឋិដ៏អាក្រក់ (ប្រព្រឹត្តទៅ) ដើម្បីមិនជាប្រយោជន៍ ដើម្បី​សេចក្តីទុក្ខ​អស់​កាលយូរ កុំបីមាន ដល់មហាបពិត្រឡើយ។

[១៥៦] ព្រះកស្សបដ៏ចំរើន ពោលយ៉ាងនេះ ក៏សមម្យ៉ាងដែរហើយ ប៉ុន្តែខ្ញុំ​មិនអាចនឹង​លះបង់​ទិដ្ឋិអាក្រក់នេះចេញបានទេ ព្រោះថា ព្រះបាទបសេនទិកោសលក្តី ពួកព្រះរាជាខាងក្រៅក្តី ដឹងច្បាស់នូវខ្ញុំថា ព្រះបាទបាយាសិរាជញ្ញៈ ធ្លាប់មានវាទៈ យ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា លោក​ដទៃមិន​​មាន ពួក​សត្វ​ជា​ឱបបាតិកៈមិន​មាន ផល​វិបាក​របស់​កម្ម​ទាំងឡាយ​ ដែលសត្វធ្វើល្អ ធ្វើអាក្រក់មិន​មាន ដោយហេតុនេះ។ បពិត្រព្រះកស្សបដ៏ចំរើន បើខ្ញុំនឹងលះបង់ទិដ្ឋិអាក្រក់នេះចេញហើយ មុខជាអ្នកផង នឹងស្តីឲ្យខ្ញុំថា ព្រះបាទបាយាសិរាជញ្ញៈ ហៅពេញជាមនុស្សខ្លៅ មិនវាងវៃ ប្រកាន់តែ​សេចក្តីខុស ដូច្នេះ ខ្ញុំមុខជានឹងត្រឡប់ប្រកាន់ទិដ្ឋិនោះវិញ ដោយសេចក្តីក្រោធខ្លះ ខ្ញុំនឹង​ត្រឡប់ប្រកាន់ទិដ្ឋិនោះវិញ ដោយការលុបគុណខ្លះ ខ្ញុំនឹងត្រឡប់ប្រកាន់ទិដ្ឋិនោះវិញ ដោយការប្រឡងវាសនាខ្លះ។

[១៥៧] ថ្វាយព្រះពររាជញ្ញៈ បើដូច្នោះ អាត្មាភាព នឹងធ្វើឧបមា ថ្វាយមហាបពិត្រ ពួកវិញ្ញូបុរសខ្លះ ក្នុងលោកនេះ រមែងយល់​សេចក្តីនៃភាសិត ដោយពាក្យ​ឧបមាបាន។ បពិត្ររាជញ្ញៈ កាលពីព្រេងនាយមក​ មានឈ្មួញរទេះច្រើន នាំរទេះប្រមាណ១ពាន់ បរចេញ​ពីជនបទខាងកើត ទៅកាន់ជនបទខាងលិច។ ពួកឈ្មួញរទេះនោះ ទៅក្នុងទីណាៗ ស្មៅ ឧស ទឹក និងស្លឹកឈើខៀវខ្ចី ក្នុងទីនោះៗ ក៏ឆាប់អស់ទៅ។ ក្នុងពួក​ឈ្មួញរទេះនោះឯង មាននាយឈ្មួញរទេះពីរនាក់ ម្នាក់មានរទេះ៥០០ ម្នាក់ទៀតមាន​រទេះ​៥០០។ លំដាប់នោះឯង នាយឈ្មួញរទេះទាំងនោះ មានសេចក្តីត្រិះរិះ ដូច្នេះថា ពួកឈ្មួញរទេះនេះឯង មានរទេះ១ពាន់ យើងទាំងឡាយ ទៅនៅក្នុងទីណាៗ ស្មៅ ឧស ទឹក និងស្លឹកឈើខៀវខ្ចី ក្នុងទីនោះៗ ក៏ឆាប់អស់ទៅណាស់ បើដូច្នោះ មានតែយើង​រាល់គ្នា ចែកពួកឈ្មួញរទេះនេះ ជាពីរចំណែក គឺ១ចំណែក ៥០០រទេះ ១ចំណែកទៀត ៥០០រទេះ។ នាយឈ្មួញទាំងនោះ ក៏បានចែកឈ្មួញរទេះនោះជាពីរចំណែក គឺ ១ចំណែក​៥០០រទេះ ១ចំណែកទៀត ៥០០រទេះ។ នាយឈ្មួញរទេះម្នាក់ បានផ្ទុក​ស្មៅ ឧស ទឹកជាច្រើន ហើយនាំគ្នាបររទេះតទៅ។ កាលដែលពួកឈ្មួញរទេះនោះ បរចេញទៅ អស់ពីរបីថ្ងៃ ក៏បានឃើញបុរសមានសម្បុរខ្មៅ មានភ្នែកក្រហម ចងបាច់កូនសរ ប្រដាប់​ដោយផ្កាកុមុទ មានសំពត់ទទឹក មានសក់ទទឹក បររថដ៏ល្អ មានកង់ប្រឡាក់​ដោយភក់ មកជួបគ្នានៅពាក់កណ្តាលផ្លូវ លុះឃើញហើយ ក៏សួរដូច្នេះថា នែអ្នកដ៏ចំរើន អ្នកមក​ពីទីណា។ បុរសសម្បុរខ្មៅនោះ ឆ្លើយថា ខ្ញុំមកពីជនបទឯណោះ។ ពួកឈ្មួញរទេះក៏​សួរ​ទៀតថា អ្នកនឹងទៅក្នុងទីណា។ បុរសនោះប្រាប់ថា ខ្ញុំនឹងទៅជនបទឯណោះ។ ពួកឈ្មួញរទេះសួរថា នែអ្នកដ៏ចំរើន ផ្លូវលំបាកខាងមុខៗ មានមហាមេឃបង្អោរភ្លៀង​ជោកជាំខ្លះដែរឬ។ បុរសនោះ ឆ្លើយប្រាប់ថា អើអ្នកដ៏ចំរើន ផ្លូវលំបាកខាងមុខៗ មានមហាមេឃ បង្អោរភ្លៀងជោកជាំ ផ្លូវទាំងឡាយ មានទឹកពេញពាស មានទាំងស្មៅ ឧស ទឹកជាច្រើន នែអ្នកដ៏ចំរើន ចូរអ្នកទាំងឡាយ ចោលស្មៅ ឧស ទឹកចាស់ទាំងឡាយ​ចេញទៅ ចូរបររទេះទាំងឡាយ ដែលមានបន្ទុកស្រាលៗ ទៅឆាប់ៗចុះ កុំឲ្យពួកគោលំ​បាកឡើយ។ លំដាប់នោះឯង នាយឈ្មួញរទេះនោះ ប្រាប់ពួកឈ្មួញរទេះថា នែអ្នក​ដ៏​ចំរើន បុរសនេះ បាននិយាយ យ៉ាងនេះថា ផ្លូវលំបាកខាងមុខៗ មានមហាមេឃបង្អោរ​ភ្លៀង​ជោកជាំ ផ្លូវទាំងឡាយ មានទឹកពេញពាស មានទាំងស្មៅ ឧស ទឹកជាច្រើន នែអ្នក​ដ៏ចំរើន ចូរអ្នកទាំងឡាយចោលស្មៅ ឧស ទឹកចាស់ចេញទៅ ចូរ​បររទេះទាំងឡាយ មាន​បន្ទុកស្រាលៗ ទៅឆាប់ៗចុះ កុំឲ្យពួកគោលំបាកឡើយ នែអ្នកដ៏​ចំរើន ចូរអ្នកទាំងឡាយ ចោលស្មៅ ឧស ទឹកចាស់ទាំងឡាយចេញទៅ ចូរនាំគ្នា​បរ​រទេះ​ទាំង​ឡាយ មានបន្ទុក​ស្រាល​ៗ ទៅចុះ។ ពួកឈ្មួញរទេះទាំងនោះ ទទួលពាក្យនាយឈ្មួញ​រទេះនោះថា អើអ្នកដ៏ចំរើន ហើយក៏ចោលស្មៅ ឧស ទឹកចាស់ចេញ ហើយនាំគ្នីគ្នា​បរ​រទេះ​ ដែល​មាន​បន្ទុកស្រាលៗ ទៅ។ ពួកឈ្មួញរទេះទាំងនោះ ក៏មិនបានឃើញស្មៅ ឧស ឬទឹកក្នុង​ដំណាក់​ពួកឈ្មួញរទេះជាដំបូងផង ក្នុងដំណាក់ពួកឈ្មួញរទេះ​ជាគំរប់ពីរផង។ ក្នុង​ដំណាក់ពួកឈ្មួញរទេះ​ទីបីផង។ ក្នុងដំណាក់ពួកឈ្មួញរទេះទី៤ផង។ ក្នុងដំណាក់ពួក​ឈ្មួញ​រទេះទី៥ផង។ ក្នុងដំណាក់ពួកឈ្មួញរទេះទី៦ផង។ មិនបានឃើញ​ស្មៅ ឧស ឬទឹក​ក្នុងដំណាក់ពួកឈ្មួញរទេះទី៧ផង ហើយក៏ដល់នូវសេចក្តីវិនាសទាំង​អស់គ្នា។ ពួក​មនុស្ស ឬពួកសត្វចិញ្ចឹម ក៏មានច្រើនក្នុងឈ្មួញរទេះនោះ។ បុរសមានសម្បុរ​ខ្មៅនោះ គឺជាយក្ស ជាអមនុស្ស139) ក៏ស៊ីពួកមនុស្ស និងសត្វចិញ្ចឹមទាំងអស់នោះ នៅសល់តែឆ្អឹងទទេ​ប៉ុណ្ណោះឯង។ កាលណានាយឈ្មួញរទេះទី២ បានដឹងថា ឥឡូវនេះ ពួកឈ្មួញរទេះនោះ ចេញទៅយូរថ្ងៃហើយ ក៏ផ្ទុកស្មៅ ឧស ទឹកជាច្រើន នាំគ្នាបររទេះចេញទៅទៀត។ លុះ​ពួក​ឈ្មួញរទេះនោះ បរទៅអស់ពីរបីថ្ងៃ ក៏បានឃើញបុរសមានសម្បុរខ្មៅ មានភ្នែកក្រហម ចងបាច់កូនសរ ប្រដាប់​ដោយផ្កាកុមុទ មានសំពត់ទទឹក មានសក់ទទឹក កំពុងបររទេះដ៏ល្អ មានកង់ប្រឡាក់​ដោយភក់ មកជួបគ្នានៅពាក់កណ្តាលផ្លូវ លុះឃើញហើយ ក៏សួរ​យ៉ាងនេះថា នែអ្នកដ៏ចំរើន អ្នកមក​ពីទីណា។ បុរសសម្បុរខ្មៅនោះ ឆ្លើយថា ខ្ញុំមកពីជនបទឯណោះ។ ពួកឈ្មួញរទេះ​សួរថា អ្នកនឹងទៅក្នុងទីណា។ បុរសនោះប្រាប់ថា ខ្ញុំនឹងទៅជនបទឯណោះ។ ពួកឈ្មួញរទេះសួរថា នែអ្នកដ៏ចំរើន ផ្លូវលំបាកខាងមុខៗ មានមហាមេឃបង្អោរភ្លៀង​ជោកជាំខ្លះដែរឬ។ បុរសនោះ ឆ្លើយប្រាប់ថា អើអ្នកដ៏ចំរើន ក្នុងផ្លូវលំបាកខាងមុខៗ មានមហាមេឃ បង្អោរភ្លៀងជោកជាំ ផ្លូវទាំងឡាយ មានទឹកពេញពាស មានទាំងស្មៅ ឧស ទឹកជាច្រើន នែអ្នកដ៏ចំរើន ចូរអ្នកទាំងឡាយ ចោលស្មៅ ឧស ទឹកចាស់ចេញទៅ ចូរបរតែរទេះ​ទាំងឡាយ ដែលមានបន្ទុកស្រាលៗ ទៅឆាប់ៗចុះ កុំឲ្យពួកគោលំ​បាក​ឡើយ។ លំដាប់​នោះឯង នាយឈ្មួញរទេះនោះ ក៏បានប្រាប់ពួកឈ្មួញរទេះថា នែអ្នក​ដ៏​ចំរើន បុរសនេះ បាននិយាយ យ៉ាងនេះថា ក្នុងផ្លូវលំបាកខាងមុខៗ មានមហាមេឃ​បង្អោរ​ភ្លៀង​ជោកជាំ ផ្លូវទាំងឡាយ មានទឹកពេញពាស មានទាំងស្មៅ ឧស ទឹកជាច្រើន នែអ្នកដ៏ចំរើន ចូរអ្នក​ទាំងឡាយចោលស្មៅ ឧស ទឹកចាស់ចេញទៅ ចូរ​បរតែ​រទេះ​ទាំងឡាយ មានបន្ទុក​ស្រាលៗ ទៅឲ្យឆាប់ៗចុះ កុំឲ្យពួកគោលំបាកឡើយ ដូច្នេះ ម្នាលអ្នកដ៏​ចំរើន បុរសនេះ មិនមែនជាមិត្រ មិនមែនជាញាតិសាលោហិតរបស់​យើងទេ យើងនឹងទៅដោយជឿ​ពាក្យ​បុរស​នេះ ដូចម្តេចបាន អ្នកទាំងឡាយ មិនត្រូវចោលស្មៅ ឧស ទឹកចាស់ឡើយ។ ចូរអ្នក​ទាំងឡាយ នាំគ្នា​បរ​រទេះទៅ យកទាំងរបស់​ដែលបានផ្ទុកមកហើយ យើងកុំចោលរបស់​ចាស់​យើងឡើយ។ ពួកឈ្មួញរទេះទាំងនោះ ទទួលពាក្យនាយឈ្មួញ​រទេះនោះថា អើអ្នក​ដ៏ចំរើន ហើយក៏នាំគ្នា​បរ​រទេះទៅ យកទាំង​របស់ដែលបានផ្ទុកមកហើយនោះ។​ ពួក​ឈ្មួញ​រទេះទាំងនោះ ក៏មិនបានឃើញស្មៅ ឧស ទឹកក្នុងដំណាក់ពួកឈ្មួញ​រទេះជា​ដំបូង​ផង។ ក្នុងដំណាក់ពួកឈ្មួញរទេះ​ទី២ផង។ ក្នុងដំណាក់ពួកឈ្មួញរទេះ​ទីបីផង។ ក្នុង​ដំណាក់​ពួកឈ្មួញរទេះទី៤ផង។ ក្នុងដំណាក់ពួកឈ្មួញរទេះទី៥ផង។ ក្នុងដំណាក់​ពួក​ឈ្មួញ​រទេះទី៦ផង។ មិនបានឃើញ​ស្មៅ ឧស ឬទឹក​ក្នុងដំណាក់ពួកឈ្មួញរទេះទី៧ផង បានឃើញតែពួកឈ្មួញរទេះទាំងនោះ ដែល​ដល់នូវសេចក្តីវិនាសប៉ុណ្ណោះ។ ពួកមនុស្ស ឬសត្វចិញ្ចឹម ក៏មាន​ច្រើន​ក្នុង​ពួកឈ្មួញ​រទេះ​នោះ។ ពួកឈ្មួញរទេះទាំងនោះ បានឃើញ​តែ​ឆ្អឹងមនុស្ស និងសត្វចិញ្ចឹមទាំងនោះ។ ឯបុរសមានសម្បុរ​ខ្មៅនោះ គឺជាយក្ស ជា​អមនុស្ស បានស៊ីមនុស្ស និងសត្វចិញ្ចឹមនោះ (អស់ទៅ)។ លំដាប់នោះឯង នាយ​ឈ្មួញ​រទេះ​នោះ បានប្រាប់ពួកឈ្មួញរទេះថា នែ​អ្នក​ដ៏ចំរើន ពួកឈ្មួញរទេះនោះឯង ដែល​ដល់​នូវសេចក្តីវិនាស ព្រោះតែនាយឈ្មួញ​រទេះ ជា​បរិនាយក ជាមនុស្សល្ងង់នោះ។ ម្នាល​អ្នក​ដ៏ចំរើន បើដូច្នោះ ទ្រព្យរបស់ទាំងឡាយណា ក្នុងពួករទេះរបស់យើង ជារបស់មានថ្លៃតិច ចូរអ្នកទាំងឡាយ ចោលទ្រព្យរបស់ទាំងនោះ​ចេញ ហើយយកតែរបស់ទាំងឡាយ ដែល​មាន​ថ្លៃច្រើន ក្នុងពួករទេះនេះចុះ។ ពួកឈ្មួញ​រទេះទាំងនោះ ទទួលពាក្យរបស់នាយ​ឈ្មួញ​រទេះថា អើអ្នកដ៏ចំរើន ហើយក៏ចោល​ទ្រព្យ​របស់ទាំងឡាយ ដែលមានថ្លៃតិច ក្នុង​ពួករទេះខ្លួន ហើយយកតែទ្រព្យរបស់ ដែល​មានថ្លៃ​ច្រើន ក្នុងពួករទេះនោះ រួចឆ្លងផុត​អំពី​ផ្លូវ​លំបាកនោះ បានដោយសួស្តី ព្រោះតែ​នាយឈ្មួញរទេះ ជាបរិនាយកនោះឯង ជា​បណ្ឌិត ឈ្លាសវៃ។ បពិត្ររាជញ្ញៈ មហាបពិត្រ​ក៏យ៉ាងនោះឯង ជាបុគ្គលខ្លៅ មិនវាងវៃ ស្វែងរកបរលោក ដោយខុសទំនង គង់នឹង​ដល់​នូវសេចក្តីវិនាស ដូចបុរស ជានាយ​ឈ្មួញ​រទេះនោះ មួយទៀត ពួកជនណា សំគាល់នូវ​ពាក្យរបស់មហាបពិត្រថា ជាពាក្យគួរស្តាប់ គួរជឿ ជនទាំងនោះ មុខជានឹងដល់នូវ​សេចក្តី​វិនាស ដូចពួកឈ្មួញរទេះនោះ បពិត្រ​រាជញ្ញៈ សូមមហាបពិត្រ លះបង់ទិដ្ឋិអាក្រក់នុ៎ះ​ចេញ បពិត្ររាជញ្ញៈ សូមមហាបពិត្រ​លះបង់​ទិដ្ឋិអាក្រក់នុ៎ះចេញ ទិដ្ឋិអាក្រក់ (ប្រព្រឹត្តទៅ) ដើម្បីមិនជាប្រយោជន៍ ដើម្បី​សេចក្តី​ទុក្ខ​ អស់កាលយូរអង្វែង កុំបីមាន ដល់​មហាបពិត្រឡើយ។

[១៥៨] ព្រះកស្សបដ៏ចំរើន ពោលយ៉ាងនេះ ក៏សមម្យ៉ាងដែរហើយ ប៉ុន្តែខ្ញុំ​មិនអាចនឹង​លះបង់​ទិដ្ឋិអាក្រក់នេះចេញបានទេ ព្រោះថា ស្តេចបសេនទិកោសលក្តី ពួកស្តេចខាងក្រៅក្តី ដឹងច្បាស់នូវខ្ញុំថា ព្រះបាទបាយាសិរាជញ្ញៈ ធ្លាប់មានវាទៈ យ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា លោក​ដទៃមិន​​មាន ពួក​សត្វ​ជា​ឱបបាតិកៈមិន​មាន ផល​វិបាក​របស់​កម្ម​ទាំងឡាយ​ ដែលសត្វធ្វើល្អ ធ្វើអាក្រក់មិន​មាន ដោយហេតុនេះ បពិត្រ​ព្រះកស្សបដ៏ចំរើន បើខ្ញុំនឹងលះបង់ទិដ្ឋិអាក្រក់នេះចេញ មុខជានឹងមានអ្នកផង ស្តីឲ្យខ្ញុំថា ព្រះបាទបាយាសិរាជញ្ញៈ ហៅពេញជាមនុស្សខ្លៅ មិនវាងវៃ ប្រកាន់តែ​សេចក្តីខុស ដូច្នេះ ខ្ញុំមុខជានឹងត្រឡប់ប្រកាន់ទិដ្ឋិនោះវិញ ដោយសេចក្តីក្រោធខ្លះ ខ្ញុំនឹង​ត្រឡប់ប្រកាន់ទិដ្ឋិនោះវិញ ដោយការលុបគុណខ្លះ ខ្ញុំនឹងត្រឡប់ប្រកាន់ទិដ្ឋិនោះវិញ ដោយការប្រឡងវាសនាខ្លះ។

[១៥៩] ថ្វាយព្រះពររាជញ្ញៈ បើដូច្នោះ អាត្មាភាព នឹងធ្វើឧបមា ថ្វាយមហាបពិត្រ ពួកវិញ្ញូបុរសខ្លះ ក្នុងលោកនេះ រមែងយល់​សេចក្តីនៃភាសិត ដោយ​ឧបមាបាន។ បពិត្ររាជញ្ញៈ កាលពីព្រេងនាយមក មានបុរសម្នាក់ ជាអ្នកចិញ្ចឹមជ្រូក បានចេញពីស្រុក​របស់ខ្លួន ទៅកាន់ស្រុកដទៃ ក៏បានឃើញលាមកក្រៀមច្រើន ដែលគេចោល​ក្នុងទីនោះ។ លុះបុរសនោះឃើញហើយ មានសេចក្តីត្រិះរិះដូច្នេះថា គេចោលលាមកក្រៀមនេះ​ច្រើនណាស់ លាមកក្រៀមនេះ ត្រូវជាចំណីជ្រូកទាំងឡាយរបស់​អាត្មាអញ គួរតែអាត្មាអញ យកលាមកក្រៀមពីទីនេះទៅ។ បុរសនោះ ក៏លាសំពត់បង់ក ហើយកើប​លាមកក្រៀមជាច្រើន វេចជាបង្វេច លើកទូលលើក្បាល ហើយដើរទៅ។ កាលបុរសនោះ ដើរទៅដល់ពាក់កណ្តាលផ្លូវ មហាមេឃក៏បង្អោរភ្លៀងខុសកាល។ បុរសនោះ ប្រឡាក់លាមក ដរាបដល់ចុងក្រចក ក៏នៅតែទូលទ្រនូលលាមក ដែលកំពុងហូរហៀរ ធ្លាក់សស្រាក់ដើរទៅ។ មនុស្សទាំងឡាយ ឃើញបុរសនោះហើយ បាននិយាយយ៉ាង​នេះថា នែវ៉ឺយ ឯងជាមនុស្សឆ្កួតទេឬអ្វី ឯងជាមនុស្សលលាឬអ្វី មិនសមបើឯងប្រឡាក់ ដោយលាមកដល់ចុងក្រចក ហើយនៅតែទូលទ្រនូលលាមក ដែលកំពុងហូរហៀរ​ធ្លាក់សស្រាក់សោះឡើយ។ បុរសនោះឆ្លើយថា នែវ៉ឺយ បណ្តាយើងទាំងឡាយនុ៎ះ អ្នក​រាល់គ្នាទេតើ ជាមនុស្សឆ្កួត អ្នករាល់គ្នាទេតើ ជាមនុស្សលលា បានជាអញថា ដូច្នោះ ព្រោះ​ថាលាមកនេះ ជាបាយជ្រូករបស់អញ។ បពិត្ររាជញ្ញៈ ឯមហាបពិត្រទុកដូច​ជាបុរស​អ្នកទូលទ្រនូល​លាមកយ៉ាងនោះដែរ បពិត្ររាជញ្ញៈ សូមមហាបព៌ត្រលះបង់​ទិដ្ឋិអាក្រក់នុ៎ះចេញ បពិត្ររាជញ្ញៈ សូមមហាបពិត្រលះបង់ទិដ្ឋិអាក្រក់នុ៎ះចេញ ទិដ្ឋិ​ដ៏លាមក (ប្រព្រឹត្តទៅ) ដើម្បីមិនជាប្រយោជន៍ ដើម្បីសេចក្តីទុក្ខ អស់កាលជាយូរអង្វែង កុំបីមាន ដល់មហាបពិត្រឡើយ។

[១៦០] ព្រះកស្សបដ៏ចំរើន ពោលយ៉ាងនេះក៏សមដែរហើយ តែខ្ញុំនៅតែ​មិនអាចលះបង់ទិដ្ឋិ​អាក្រក់នេះចេញបានទេ (ព្រោះ) ស្តេចបសេនទិកោសលក្តី ពួកស្តេច​ខាង​ក្រៅក្តី តែងជ្រាបនូវខ្ញុំថា ស្តេចបាយាសិរាជញ្ញៈ ធ្លាប់មានវាទៈ យ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា លោក​ដទៃមិន​​មាន ពួក​សត្វ​ជា​ឱបបាតិកៈមិន​មាន ផល​វិបាក​របស់​កម្ម​ទាំងឡាយ​ ដែលសត្វធ្វើល្អ ធ្វើអាក្រក់មិន​មាន ដោយហេតុនេះ បពិត្រ​ព្រះកស្សប​ដ៏ចំរើន បើខ្ញុំនឹងលះបង់ទិដ្ឋិអាក្រក់នេះចេញ មុខជានឹងមានអ្នកផង ស្តីឲ្យខ្ញុំថា ស្តេចបាយាសិរាជញ្ញៈនេះ ហៅពេញជាមនុស្សខ្លៅ មិនវាងវៃ ប្រកាន់តែ​សេចក្តីខុស ដូច្នេះ ខ្ញុំមុខជាត្រឡប់ប្រកាន់ទិដ្ឋិនោះវិញ ដោយសេចក្តីក្រោធខ្លះ ខ្ញុំនឹង​ត្រឡប់​ប្រកាន់​ទិដ្ឋិ​នោះវិញ ដោយសេចក្តីលុបគុណខ្លះ ខ្ញុំនឹងត្រឡប់ប្រកាន់ទិដ្ឋិនោះវិញ ដោយការប្រឡងវាសនាខ្លះ។

[១៦១] ថ្វាយព្រះពររាជញ្ញៈ បើដូច្នោះ អាត្មាភាពនឹង​ធ្វើសេចក្តីឧបមា ថ្វាយមហាបពិត្រ ពួកវិញ្ញូបុរសខ្លះ ក្នុងលោកនេះ រមែងយល់​សេចក្តីនៃភាសិត ដោយ​ឧបមាបាន។ បពិត្ររាជញ្ញៈ កាលពីព្រេងនាយមក មានអ្នកលេងបាស្កាពីរនាក់ បានលេង​ល្បែងបាស្កា។ អ្នកលេងបាស្កាម្នាក់ តែងលេបកូនបាស្កាដែលចាញ់ ដែលបាន​មក​ដល់​ខ្លួនៗ។ អ្នកលេងបាស្កា ជាគំរប់ពីរ បានឃើញនូវអ្នកលេងបាស្កានោះ កំពុងលេបកូន​បាស្កាដែលចាញ់ ដែលបានមកដល់ខ្លួនៗ លុះឃើញហើយ ក៏និយាយនឹងអ្នកលេង​បាស្កា​នោះ យ៉ាងនេះថា នែសំឡាញ់ អ្នកឯងចេះតែឈ្នះយើង​ជាដរាប នែសំឡាញ់ ចូរអ្នកឯង​ឲ្យ​​បាស្កា​មកយើងចុះ យើងនឹងធ្វើការបូជាសិន។ អ្នកលេងបាស្កានោះនិយាយថា អើ​សំឡាញ់ ហើយក៏បានប្រគល់​បាស្កាទាំងឡាយ ដល់​​អ្នកលេងបាស្កា (ដែលសុំ)នោះ។ គ្រានោះ អ្នកលេងបាស្កា (ដែលចាញ់) នោះ យកថ្នាំពិស ប្រឡាក់កូនបាស្កាទាំងឡាយ ហើយនិយាយនឹងអ្នកលេងបាស្កា (វៀច)នោះ យ៉ាងនេះថា នែសំឡាញ់ អ្នកចូរមក យើងនឹងលេងបាស្កា (ទៀត)។ អ្នកលេងបាស្កា(វៀច)នោះ ទទួល​ពាក្យអ្នកលេងបាស្កា​នោះថា អើសំឡាញ់។ អ្នកលេងបាស្កាទាំងនោះ បានលេងបាស្កា​លើក​ទីពីរទៀត។ អ្នកលេងបាស្កា(វៀច)នោះ នៅតែលេបកូនបាស្កាដែលចាញ់ ដែលបាន​មកដល់ខ្លួនៗ ក្នុងលើកទីពីរទៀត។ អ្នកលេងបាស្កាជាគំរប់ពីរ បានឃើញអ្នកលេងបាស្កា​(វៀច) នោះ កំពុង​លេបកូនបាស្កាដែលចាញ់ ដែលបានមកដល់ខ្លួនៗ ក្នុងលើកទីពីរទៀត លុះឃើញហើយ ក៏និយាយនឹងអ្នកលេងបាស្កានោះ យ៉ាងនេះថា

[១៦២] បុរសអ្នកលេបនូវកូនបាស្កា ដែលគេលាបដោយថ្នំពិស ដ៏ក្លៀវក្លាបំផុត ក៏​នៅតែមិនដឹងខ្លួន ធម្មតា អ្នកលេងវៀចអាក្រក់ ជាអ្នកកំសត់ តែងលេប (កូនបាស្កា) សេចក្តីក្តៅក្រហាយ នឹងមានដល់អ្នកឯង។

[១៦៣] ថ្វាយព្រះពររាជញ្ញៈ មហាបពិត្រ ទុកដូចជា​អ្នកលេងបាស្កា យ៉ាងនោះ​ដែរ បពិត្ររាជញ្ញៈ សូមមហាបពិត្រ លះបង់ទិដ្ឋិអាក្រក់នុ៎ះចេញ បពិត្ររាជញ្ញៈ សូម​មហា​បពិត្រ លះបង់ទិដ្ឋិអាក្រក់នុ៎ះចេញ ទិដ្ឋិអាក្រក់ (ប្រព្រឹត្តទៅ) ដើម្បីមិន​ជា​ប្រយោជន៍ ដើម្បីសេចក្តីទុក្ខ អស់កាលជាយូរអង្វែង កុំបីមាន ដល់មហាបពិត្រឡើយ។

[១៦៤] ព្រះកស្សបដ៏ចំរើន ពោលយ៉ាងនេះក៏សមដែរហើយ តែខ្ញុំ​មិនអាចនឹង​លះបង់​ទិដ្ឋិ​អាក្រក់នេះចេញទេ (ព្រោះ) ស្តេចបសេនទិកោសលក្តី ពួកស្តេច​ខាង​ក្រៅក្តី សឹងតែជ្រាបនូវខ្ញុំថា ស្តេចបាយាសិរាជញ្ញៈ ធ្លាប់មានវាទៈ យ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា លោក​ដទៃមិន​​មាន ពួក​សត្វ​ជា​ឱបបាតិកៈមិន​មាន ផល​វិបាក​របស់​កម្ម​ទាំងឡាយ​ ដែលសត្វធ្វើល្អ ធ្វើអាក្រក់មិន​មាន ដោយហេតុនេះ បពិត្រ​ព្រះកស្សប​ដ៏ចំរើន បើ​ខ្ញុំនឹង​លះបង់ទិដ្ឋិអាក្រក់នេះចេញ មុខជានឹងមានអ្នកផង ស្តីឲ្យខ្ញុំថា ស្តេចបាយាសិរាជញ្ញៈនេះ ហៅពេញជាមនុស្សខ្លៅ មិនវាងវៃ ប្រកាន់តែ​សេចក្តីខុស ដូច្នេះ ខ្ញុំនឹងត្រឡប់ប្រកាន់ទិដ្ឋិ​នោះ​វិញ ដោយសេចក្តីក្រោធខ្លះ ខ្ញុំនឹង​ត្រឡប់​ប្រកាន់​ទិដ្ឋិ​នោះវិញ ដោយសេចក្តី​លុប​គុណ​ខ្លះ ខ្ញុំនឹងត្រឡប់ប្រកាន់ទិដ្ឋិនោះវិញ ដោយការប្រឡងវាសនាខ្លះ។

[១៦៥] ថ្វាយព្រះពររាជញ្ញៈ បើដូច្នោះ អាត្មាភាពនឹង​ធ្វើសេចក្តីឧបមា ថ្វាយ​មហាបពិត្រ ពួកវិញ្ញូបុរសខ្លះ ក្នុងលោកនេះ តែងយល់​សេចក្តីនៃភាសិត ដោយ​ឧបមាបាន។ បពិត្ររាជញ្ញៈ កាលពីព្រេងនាយមក មានបុរសមួយនាក់នៅក្នុង​ជនបទ។ គ្រានោះឯង បុរសជាសំឡាញ់ បានបបួលបុរសជាសំឡាញ់ថា នែសំឡាញ់ មក យើង​នឹងទៅកាន់ជនបទនោះ ក្រែងជួនជាយើងបានទ្រព្យបន្តិចបន្តួច ក្នុងជនបទនោះ។ បុរស​ជាសំឡាញ់ បានទទួលពាក្យបុរសជាសំឡាញ់​ថា អើសំឡាញ់។ បុរសទាំងពីរនាក់នោះ បានចូលតម្រង់ទៅកាន់ស្រុកមួយ ដែលគេបោះបង់ចោល នៅក្នុងជនបទនោះ ក៏បាន​ឃើញ​សម្បកធ្មៃជាច្រើន ដែលគេចោលក្នុងទីនោះ។ លុះបុរសជាសំឡាញ់ឃើញ​ហើយ ក៏​ប្រាប់បុរសជាសំឡាញ់ថា នែសំឡាញ់ សម្បកធ្មៃជាច្រើននេះ គេចោលហើយ នែសំឡាញ់ បើដូច្នោះ ចូរឯង​ចងសម្បកធ្មៃមួយបាច់ ឯអញក៏ចងសម្បកធ្មៃមួយបាច់​ដែរ យើងទាំងពីរនាក់ នឹងនាំយកបាច់សម្បកធ្មៃទៅ។ បុរសជាសំឡាញ់ទទួលពាក្យ​បុរសជាសំឡាញ់ថា អើសំឡាញ់ ហើយក៏ចងសម្បកធ្មៃជាបាច់។ បុរសទាំងពីរនាក់​នោះ បាននាំយកបាច់សម្បកធ្មៃ ដើរចូលទៅកាន់ស្រុកមួយ ដែលគេចេញចោល ក៏បានឃើញ​សរសៃធ្មៃជាច្រើន ដែលគេចោលក្នុងទីនោះ។ លុះបុរសជាសំឡាញ់ឃើញហើយ ប្រាប់​បុរសជាសំឡាញ់ថា នែសំឡាញ់ យើងត្រូវការសម្បកធ្មៃ ដើម្បីប្រយោជន៍​ដល់សរសៃធ្មៃ​ណា ឥឡូវនេះ សរសៃធ្មៃនេះ គេចោលគរគោកស្រាប់ហើយ នែសំឡាញ់ បើដូច្នោះ អ្នក​ឯង ចូរចោលបាច់សម្បកធ្មៃទៅ ឯខ្ញុំក៏នឹងចោលបាច់សម្បធ្មៃដែរ យើងទាំងពីរនាក់ នឹងនាំ​យកបាច់សរសៃធ្មៃនេះទៅវិញ។ សំឡាញ់ម្នាក់ និយាយថា នែសំឡាញ់ បាច់សម្បក​ធ្មៃនេះឯង ខ្ញុំបាននាំយកមកពីទីឆ្ងាយផង បានទាំងចងត្រឹមត្រូវផង របស់នោះ គួរដល់ខ្ញុំហើយ អ្នកចូរដឹងចុះ។ លំដាប់នោះ បុរសជាសំឡាញ់នោះ ចោល​បាច់សម្បកធ្មៃ ហើយកាន់យកបាច់សរសៃធ្មៃវិញ។ សំឡាញ់ទាំងពីរនាក់នោះ បានចូល​ទៅដល់ស្រុកមួយ ដែលគេចេញចោល ក៏បានឃើញសំពត់ដែលគេត្បាញពីសរសៃធ្មៃ​ជាច្រើន ដែលគេចោល ក្នុងទីនោះ។ លុះបុរសជាសំឡាញ់ឃើញហើយ ប្រាប់​បុរស​ជា​សំឡាញ់ថា នែសំឡាញ់ យើងត្រូវការសម្បកធ្មៃក្តី សរសៃធ្មៃក្តី ដើម្បីប្រយោជន៍​ដល់​សំពត់ធ្មៃ​ណា ឥឡូវនេះ សំពត់ដែលគេត្បាញ អំពីសរសៃធ្មៃនេះ គេចោល​គរគោក​ស្រាប់​ហើយ នែសំឡាញ់ បើដូច្នោះ អ្នក​ចូរចោលបាច់សម្បកធ្មៃទៅ ឯខ្ញុំនឹងចោល​បាច់សរសៃ​ធ្មៃ​ដែរ យើងទាំងពីរនាក់ នឹងនាំ​យកផាប់សំពត់ធ្មៃនេះទៅវិញ។ សំឡាញ់ម្នាក់ និយាយ​ថា នែសំឡាញ់ បាច់សម្បក​ធ្មៃនេះឯង ខ្ញុំបាននាំយកមកពីទីឆ្ងាយផង បានទាំង​ចង​ត្រឹម​ត្រូវ​ផង របស់នោះ គួរដល់ខ្ញុំហើយ អ្នកចូរដឹងចុះ។ ឯបុរសជាសំឡាញ់នោះ ក៏ចោល​បាច់សរសៃធ្មៃចេញ ហើយប្រមូលយកផាប់សំពត់ ដែលគេត្បាញពីសរសៃធ្មៃវិញ។ អ្នកទាំងពីរនោះ បានចូល​ទៅដល់ស្រុកមួយទៀត ដែលគេចេញចោល ហើយបានឃើញ​សម្បកឈើជាច្រើន ដែលគេចោលក្នុងទីនោះ។ ឃើញសរសៃសម្បកឈើជាច្រើន ដែល​គេចោលហើយ។ ឃើញសំពត់សម្បកឈើជាច្រើន ដែលគេចោលហើយ។ ឃើញ​កប្បាសជាច្រើន ដែលគេចោលហើយ។ ឃើញសរសៃកប្បាសជាច្រើន ដែលគេចោលហើយ។ ឃើញសំពត់ធ្វើពីកប្បាសជាច្រើន ដែលគេចោលហើយ។ ឃើញដែកជាច្រើន ដែលគេចោលហើយ។ ឃើញឃើញទង់ដែងជាច្រើន ដែលគេចោលហើយ។ ឃើញសំណប៉ាហាំងជាច្រើន ដែលគេចោលហើយ។ ឃើញសំណ​ភក់ជាច្រើន ដែលគេចោលហើយ។ ឃើញប្រាក់ជាច្រើន ដែលគេចោលហើយ។ ឃើញមាស​ជាច្រើន ដែលគេចោលហើយ។ លុះបុរសជាសំឡាញ់ម្នាក់ឃើញហើយ ក៏ប្រាប់​បុរសជាសំឡាញ់ថា នែសំឡាញ់ យើងត្រូវការសម្បកធ្មៃក្តី សរសៃធ្មៃក្តី សំពត់​ដែល​គេត្បាញពីសរសៃធ្មៃក្តី សម្បកឈើក្តី សរសៃសម្បកឈើក្តី សំពត់សម្បកឈើក្តី កប្បាសក្តី សរសៃកប្បាសក្តី សំពត់ដែលគេត្បាញពីសរសៃកប្បាសក្តី ដែកក្តី ទង់ដែង​ក្តី សំណប៉ាហាំងក្តី សំណភក់ក្តី ប្រាក់ក្តី ដើម្បីប្រយោជន៍​ដល់មាស​ណា ឥឡូវមាសនេះ គេចោលគរគោកស្រាប់ហើយ នែសំឡាញ់ បើដូច្នោះ អ្នក​ចូរចោលបាច់សម្បកធ្មៃទៅ ឯខ្ញុំនឹងចោលបង្វេចប្រាក់ដែរ យើងទាំងពីរនាក់ នឹង​យកបង្វេចមាសទៅវិញ។ សំឡាញ់​ម្នាក់ និយាយថា នែសំឡាញ់ បាច់សម្បក​ធ្មៃនេះឯង ខ្ញុំបានជានាំយកមកពីទីឆ្ងាយផង បានទាំងចងត្រឹមត្រូវផង របស់នេះ គួរដល់ខ្ញុំហើយ អ្នកឯងចូរដឹងចុះ។ លំដាប់នោះ បុរសជាសំឡាញ់នោះ ចោលបង្វេចប្រាក់ចេញ ហើយយកបង្វេចមាសទៅ។ បុរស​ទាំង​ពីរ​នាក់​នោះ បានវិលចូល​ទៅដល់ស្រុករបស់ខ្លួនវិញ។ បណ្តាបុរសទាំងពីរនាក់នោះ បុរសជាសំឡាញ់ណា ដែលនាំយកបាច់សម្បកធ្មៃទៅ មាតាបិតារបស់បុរសជាសំឡាញ់​នោះ មិនត្រេកអរសោះ ទាំងបុត្រភរិយាក៏មិនត្រេកអរ ទាំងពួកមិត្រអាមាត្យ ក៏មិន​ត្រេកអរ បុរសនោះ ត្រឡប់ជាមិនបានសេចក្តីសុខ សោមនស្ស ព្រោះតែសម្បកធ្មៃ​នោះជាហេតុ។ ចំណែក​ឯបុរសជាសំឡាញ់ណា បាននាំយកបង្វេចមាសទៅ មាតា​បិតារបស់បុរសជាសំឡាញ់​នោះ ក៏ត្រេកអរ ទាំងបុត្រភរិយាក៏ត្រេកអរ ទាំងពួកមិត្រអាមាត្យ ក៏​ត្រេកអរ បុរសនោះ ក៏បានសេចក្តីសុខ សោមនស្ស ព្រោះមាស​នោះ​ជាហេតុ។ បពិត្ររាជញ្ញៈ មហាបពិត្រ ក៏ប្រហែលដូចជាបុរសអ្នកស្ពាយសម្បកធ្មៃ យ៉ាងនោះឯង បពិត្ររាជញ្ញៈ សូមមហាបពិត្រ លះបង់ទិដ្ឋិអាក្រក់នុ៎ះចេញ បពិត្ររាជញ្ញៈ សូមមហាបពិត្រ លះបង់ទិដ្ឋិអាក្រក់នុ៎ះចេញ ទិដ្ឋិដ៏អាក្រក់ (ប្រព្រឹត្ត​ទៅ) ដើម្បីមិនជាប្រយោជន៍ ដើម្បីសេចក្តីទុក្ខ អស់កាលជាយូរអង្វែង កុំបីមាន ដល់​ព្រះអង្គ​ឡើយ។

[១៦៦] ព្រះបាទបាយាសិរាជញ្ញៈ មានបន្ទូលថា ខ្ញុំមានចិត្តត្រេកអរជ្រះថ្លា​ហើយ ដោយសារសេចក្តីឧបមា របស់ព្រះកស្សបដ៏ចំរើន តាំងពីដម្បូងមកម្ល៉េះ ប៉ុន្តែខ្ញុំចង់ស្តាប់​បញ្ហាបដិភាណដ៏វិចិត្រនេះទៀត បានជាខ្ញុំធ្វើជាប្រកាន់ឆ្វេង ឲ្យទាស់ខុសគ្នា នឹង​ព្រះកស្សបដ៏ចំរើនយ៉ាងនេះ បពិត្រព្រះកស្សបដ៏ចំរើន ភាសិតរបស់លោកម្ចាស់​ពីរោះ​ណាស់ បពិត្រ​ព្រះកស្សបដ៏ចំរើន ភាសិតរបស់លោកម្ចាស់ពីរោះណាស់ បពិត្រ​ព្រះកស្សបដ៏ចំរើន ធម៌ដែលព្រះកស្សប បានសំដែង ដោយអនេកបរិយាយ យ៉ាងនេះ (ភ្លឺ​ច្បាស់ណាស់) គួរនាដូចជាគេផ្ងាររបស់ដែលផ្កាប់ ឬដូចជាគេបើកបង្ហាញរបស់ដែល​កំបាំង ឬក៏ដូចជាមនុស្សប្រាប់ផ្លូវដល់អ្នកវង្វេងទិស ពុំនោះសោត ដូចជាមនុស្ស​កាន់​ប្រទីប ទ្រោលបំភ្លឺក្នុងទីងងឹត ដោយគិតថា ពួកមនុស្សមានចក្ខុ នឹងមើលឃើញ​នូវ​រូប​ទាំងឡាយបាន បពិត្រ​ព្រះកស្សបដ៏ចំរើន ខ្ញុំនេះ សូមដល់នូវ​ព្រះគោតមដ៏​មានព្រះភាគ​ផង ព្រះធម៌ផង ព្រះសង្ឃផង ជាទីពឹងទីរលឹក ចាប់ដើមតាំងអំពីថ្ងៃនេះទៅ សូម​ព្រះកស្សបដ៏ចំរើន ចាំទុកនូវខ្ញុំព្រះករុណា ថាជាឧបាសក ដល់នូវសរណៈ ស្មើដោយ​ជីវិត បពិត្រ​ព្រះកស្សបដ៏ចំរើន មិនតែប៉ុណ្ណោះទេ ខ្ញុំត្រូវការ​នឹងបូជាមហាយ័ញ្ញ សូម​ព្រះកស្សបដ៏ចំរើន ប្រៀនប្រដៅខ្ញុំផង ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ អស់កាលជា​យូរអង្វែងដល់ខ្ញុំ។ ថ្វាយព្រះពរ​រាជញ្ញៈ ពួកមនុស្សសម្លាប់គោទាំងឡាយក្តី សម្លាប់ពពែ និងចៀមទាំងឡាយក្តី សម្លាប់មាន់ និងជ្រូកទាំងឡាយក្តី ពួកសត្វមានជីវិតផ្សេងៗ ដល់​នូវ​សេចក្តីវិនាសក្តី ទាំងបដិគ្គាហកៈ (អ្នកទទួល) ក៏ជាអ្នកយល់ឃើញខុស មានសេចក្តីត្រិះ​រិះ​ខុស មានវាចាខុស មានការងារខុស មានការចិញ្ចឹមជីវិតខុស មានសេចក្តីព្យាយាមខុស មាន​សតិខុស មានសមាធិខុស ក្នុងយញ្ញវិធីមានសភាពយ៉ាងណា។ បពិត្ររាជញ្ញៈ យញ្ញវិធី មានសភាពយ៉ាងនោះឯង មិនមានផលច្រើនទេ មិនមានអានិសង្សច្រើនទេ មិនមាន​សេចក្តីរុងរឿងធំដុំទេ មិនមានគុណផ្សាយទៅច្រើនទេ។ បពិត្ររាជញ្ញៈ ប្រៀប​ដូច​អ្នកភ្ជួរ នាំយកពូជ និងនង្គ័លចូលទៅព្រៃ អ្នកនោះយកពូជទាំងឡាយដែលបែកធ្លាយ ស្អុយ ត្រូវខ្យល់ និងកំដៅថ្ងៃបៀតបៀន ជាពូជមិនបានដាក់គ្រាប់ មិនបានហាលឲ្យស្ងួត ទៅព្រោះក្នុងស្រែមិនល្អនោះ មានទីមិនស្មើ មិនបានគាស់រំលើងនូវដង្គត់ និងបន្លាចេញ ទាំង​ភ្លៀងសោត ក៏មិនបង្អោរ នូវធារទឹកដោយល្អ តាមកាលដ៏គួរ ចុះពូជទាំងឡាយនោះ នឹងដល់នូវសេចក្តីចំរើន លូតលាស់ ដុះដាលល្អឡើងបានដែរឬទេ អ្នកភ្ជួរសោត ត្រូវ​បាន​ផល​បរិបូណ៌ដែរឬទេ។ បពិត្រ​ព្រះកស្សបដ៏ចំរើន ការនេះនឹងប្រព្រឹត្តទៅយ៉ាងនោះ មិនបានទេ។ ថ្វាយព្រះពររាជញ្ញៈ ពួកមនុស្សសម្លាប់គោទាំងឡាយក្តី សម្លាប់ពពែ និងចៀម​ទាំងឡាយក្តី សម្លាប់មាន់ និងជ្រូកទាំងឡាយក្តី ពួកសត្វមានជីវិតផ្សេងៗ ដល់​នូវ​សេចក្តីវិនាសក្តី ទាំងបដិគ្គាហកៈ ក៏សុទ្ធតែជាអ្នកយល់ឃើញខុស មានសេចក្តីត្រិះ​រិះ​ខុស មានវាចាខុស មានការងារខុស មានការចិញ្ចឹមជីវិតខុស មានសេចក្តីព្យាយាមខុស មាន​សតិខុស មានសមាធិខុស ក្នុងយញ្ញវិធីមានសភាពយ៉ាងណា។ បពិត្ររាជញ្ញៈ យញ្ញវិធី មានសភាពយ៉ាងនោះឯង មិនមានផលច្រើនទេ មិនមានអានិសង្សច្រើនទេ មិនមាន​សេចក្តីរុងរឿងធំដុំទេ មិនមានគុណផ្សាយទៅច្រើនទេ។ បពិត្ររាជញ្ញៈ (ប្រសិនបើ) ពួក​ជនពួកមិនសម្លាប់គោទាំងឡាយក្តី មិនសម្លាប់ពពែ និងចៀមទាំងឡាយក្តី មិនសម្លាប់មាន់ និងជ្រូកទាំងឡាយក្តី ពួកសត្វមានជីវិតផ្សេងៗ មិនដល់​នូវ​សេចក្តី​វិនាស​ ទាំងពួកបដិគ្គាហកៈសោត ក៏មានសេចក្តីយល់ឃើញត្រូវ មានសេចក្តីត្រិះ​រិះត្រូវ មានវាចាត្រូវ មានការងារត្រូវ មានការចិញ្ចឹមជីវិតត្រូវ មានសេចក្តីព្យាយាមត្រូវ មាន​សតិត្រូវ មានសមាធិត្រូវ ក្នុងយញ្ញវិធីមានសភាពយ៉ាងណា។ បពិត្ររាជញ្ញៈ យញ្ញវិធី មានសភាពយ៉ាងនោះឯង ទើបមានផលច្រើន មានអានិសង្សច្រើន មាន​សេចក្តី​រុងរឿង​ធំដុំ ជាយញ្ញវិធីមានគុណផ្សាយទៅច្រើន។ បពិត្ររាជញ្ញៈ ប្រៀប​ដូច​អ្នកភ្ជួរ នាំយកពូជ និងនង្គ័លចូលទៅព្រៃ អ្នកនោះយកពូជទាំងឡាយ ដែលមិនបែកធ្លាយ មិនស្អុយ មិនត្រូវខ្យល់ និងកំដៅថ្ងៃបៀតបៀន ជាពូជដាក់គ្រាប់ គេហាលស្ងួត ទៅព្រោះក្នុង​ស្រែ​ដ៏ល្អនោះ មានទីរាបស្មើ គេបានកាប់គាស់យកដង្គត់ និងបន្លាចេញដោយល្អ ទាំង​ភ្លៀង​ក៏មិនបង្អោរ នូវធារទឹកដោយល្អ តាមកាលគួរ ចុះពូជទាំងឡាយនោះ នឹងដល់​នូវ​សេចក្តី​ចំរើនឡើង លូតលាស់ ដុះដាលបានឬទេ ទាំងអ្នកភ្ជួរសោត ត្រូវ​បាន​ផល​បរិបូណ៌​ដែរឬទេ។ បពិត្រ​ព្រះកស្សបដ៏ចំរើន ការនេះប្រព្រឹត្តទៅយ៉ាងនោះបាន។ ថ្វាយ​ព្រះពររាជញ្ញៈ សេចក្តីនេះ មានឧបមេយ្យដូចពួកជន មិនសម្លាប់គោទាំងឡាយ មិនសម្លាប់ពពែ និងចៀមទាំងឡាយ មិនសម្លាប់មាន់ និងជ្រូកទាំងឡាយ ពួកសត្វមានជីវិតផ្សេងៗ មិនដល់​នូវ​សេចក្តីវិនាស ទាំងពួកបដិគ្គាហកៈ ក៏មានសេចក្តីយល់ឃើញត្រូវ មានសេចក្តីត្រិះ​រិះត្រូវ មានវាចាត្រូវ មានការងារត្រូវ មានការចិញ្ចឹមជីវិតត្រូវ មានសេចក្តីព្យាយាមត្រូវ មាន​សតិត្រូវ មានសមាធិត្រូវ ក្នុងយញ្ញវិធីមានសភាពយ៉ាងណា។ បពិត្ររាជញ្ញៈ យញ្ញវិធី មានសភាពយ៉ាងនោះឯង ទើបមានផលច្រើន មានអានិសង្សច្រើន មាន​សេចក្តីរុងរឿងធំដុំ ជាយញ្ញវិធី​មានគុណ​ផ្សាយ​ទៅច្រើន។

[១៦៧] គ្រានោះឯង ស្តេចបាយាសិរាជញ្ញៈ បានផ្តើមដំកល់ទាន ចំពោះ​សមណព្រាហ្មណ៍ មនុស្សកំសត់ អ្នកដើរផ្លូវ អ្នកពណ៌នាគុណ និងយាចកទាំង​ឡាយ។ ក្នុងទាននោះឯង ស្តេចបាយាសិរាជញ្ញៈ តែងឲ្យភោជនមានសភាពយ៉ាងនេះ គឺបាយ​ចុង​អង្ករ មានជ្រក់ជាគំរប់ពីរ និងសំពត់សាច់គគ្រាត មានជាយដ៏ក្រាស់។ ឯក្នុងការឲ្យនោះ មាន​មាណពម្នាក់ ឈ្មោះឧត្តរៈ ជាអ្នកចាត់ចែងទាន ឧត្តរមាណពនោះ ឲ្យទាន ហើយឧទ្ទិសយ៉ាងនេះថា ដោយការឲ្យទាននេះ សូមឲ្យខ្ញុំបានជួបនឹងស្តេចបាយាសិ​រាជញ្ញៈតែក្នុងលោកនេះចុះ សូមកុំឲ្យជួបទៅក្នុងលោកខាងមុខទៀតឡើយ។ ស្តេច​បាយាសិរាជញ្ញៈ បានឮដំណឹងថា ឧត្តរមាណពឲ្យទានហើយ​ ក៏ឧទ្ទិសយ៉ាងនេះថា ដោយការឲ្យទាននេះ សូមឲ្យខ្ញុំបានជួបនឹងស្តេចបាយាសិ​រាជញ្ញៈតែក្នុងលោកនេះចុះ សូមកុំឲ្យជួបក្នុងលោកខាងមុខឡើយ។ ទើបព្រះបាទ​បាយាសិរាជញ្ញៈ ត្រាស់ឲ្យហៅ​ ឧត្តរមាណពមក ហើយមានព្រះឱង្ការយ៉ាងនេះថា នែបាឧត្តរៈ ឮថា អ្នកឯង​ឲ្យទានទាំង​ពួងហើយ តែងឧទ្ទិស​យ៉ាងនេះថា ដោយការឲ្យទាននេះ សូមឲ្យខ្ញុំបានជួប​នឹងស្តេច​បាយាសិ​រាជញ្ញៈ​តែក្នុងលោកនេះចុះ សូមកុំឲ្យជួបក្នុងលោកខាងមុខឡើយ ដូច្នេះមែន​ឬ។ ឧត្តរមាណពក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន ព្រះករុណាវិសេស។ ព្រះបាទបាយាសិរាជញ្ញៈ មានព្រះឱង្ការសួរថា នែបាឧត្តរៈ ហេតុអ្វី ក៏អ្នកឲ្យទានហើយ​ ឧទ្ទិសយ៉ាងនេះថា ដោយការឲ្យទាននេះ។បេ។ សូមកុំឲ្យជួបទៅក្នុង​លោក​ខាង​មុខ​ឡើយ ដូច្នេះ នែបាឧត្តរៈ យើងមានសេចក្តីត្រូវការដោយបុណ្យ មានសេចក្តីសង្ឃឹមយកផល របស់​ទានប៉ុណ្ណោះ ដោយពិត។ ឧត្តរមាណព ក្រាបទូលថា ខ្ញុំព្រះអង្គ តែងឲ្យភោជន មានសភាពយ៉ាងនេះ ក្នុងទានរបស់​ព្រះអង្គនោះឯង គឺបាយចុងអង្ករ មានជ្រក់ជាទំរប់​ពីរ សូម្បីតែព្រះអង្គ ក៏មិនសព្វព្រះហឫទ័យប៉ះពាល់ ដោយព្រះបាទផង តើនឹងសោយ​ដូចម្តេច​កើត មួយទៀត សំពត់មានសាច់គគ្រាត មានជាយដ៏ក្រាស់ សូម្បីតែ​ព្រះអង្គ ក៏​មិនសព្វព្រះហឫទ័យប៉ះពាល់ ដោយព្រះបាទផង តើនឹង​ទ្រង់ដូចម្តេចកើត ចំណែក​ខាង​ព្រះអង្គ ជាទីស្រឡាញ់ ជាទីពេញចិត្ត របស់ខ្ញុំព្រះអង្គ តែខ្ញុំព្រះអង្គនឹងយករបស់​ជាទី​ស្រឡាញ់ ជាទីពេញចិត្ត ទៅលាយចម្រុះ ដោយវត្ថុមិនជាទីគាប់ចិត្ត ដូចម្តេចបាន។ ព្រះបាទបាយាសិរាជញ្ញៈ មានព្រះឱង្ការថា ម្នាលបាឧត្តរៈ បើដូច្នោះ យើងធ្លាប់​បរិភោគ​ភោជនយ៉ាងណា ចូរអ្នកឯងតាក់តែងភោជនយ៉ាងនោះចុះ មួយទៀត យើងធ្លាប់ស្លៀក​ដណ្តប់សំពត់យ៉ាងណា ចូរអ្នកឯងតាក់តែងសំពត់ យ៉ាងនោះចុះ។ ឧត្តរមានណព ទទួល​ព្រះឱង្ការ នៃព្រះបាទបាយាសិរាជញ្ញៈថា ព្រះករុណាវិសេស ហើយក៏​តាក់តែង​ភោជន​ដូចជាភោជន ដែលស្តេចបាយាសិរាជញ្ញៈតែងសោយ មួយទៀត តាក់តែងសំពត់ ដូចជា​ព្រះពស្ត្រ ដែលស្តេចបាយាសិរាជញ្ញៈតែងទ្រង់។ គ្រានោះឯង ព្រះបាទបាយាសិរាជញ្ញៈ ឲ្យទានដោយមិនគោរព ឲ្យទាន មិនបានឲ្យដោយព្រះហស្តព្រះអង្គឯង ឲ្យទាន ដោយ​មិនផ្ចិតផ្ចង់ ឲ្យទាន​ដោយបោះឲ្យ លុះបែកធ្លាយរាងកាយ បន្ទាប់អំពីមរណភាព ក៏ចូល​ទៅកើតជាមួយនឹងពួកទេវតា​ជាន់ចាតុម្មហារាជិកៈ ក្នុងសេរីសកវិមាន140) ជាវិមានស្ងាត់សូន្យតែឯង។ ចំណែកខាងឧត្តរមាណព ជាអ្នកចាត់ចែងក្នុងទានរបស់ស្តេច​បាយាសិរាជញ្ញៈនុ៎ះ បានឲ្យទានដោយគោរព ឲ្យ​ទាន​ដោយដៃខ្លួនឯង ឲ្យទានដោយផ្ចិតផ្ចង់ ឲ្យទានដោយមិនបានបោះឲ្យ លុះបែកធ្លាយ​រាងកាយ​ បន្ទាប់អំពីមរណភាពទៅ ក៏បានទៅកើតក្នុងឋានសុគតិសួគ៌ទេវលោក ជាមួយ​នឹងពួកទេវតាជាន់តាវត្តិង្ស។

[១៦៨] ជួន​សម័យនោះឯង ព្រះគវម្បតិដ៏មានអាយុ និមន្តទៅកាន់សេរីសកវិមាន ដែលជាវិមានស្ងាត់ ដើម្បីនៅសម្រាកក្នុងវេលាថ្ងៃ តែរឿយៗ។ គ្រានោះឯង បាយាសិទេវបុត្រ ក៏បានចូលទៅរកព្រះគវម្បតិដ៏មានអាយុ លុះចូលទៅដល់ហើយ បានថ្វាយបង្គំ​ព្រះគវម្បតិដ៏មានអាយុ ហើយឋិតនៅក្នុងទីដ៏សមគួរ។ លុះ​បាយាសិទេវបុត្រ ឋិតនៅក្នុងទីដ៏សមគួរហើយ ព្រះគវម្បតិដ៏មានអាយុ បាន​សួរដូច្នេះ​ថា ម្នាលអ្នកដ៏មានអាយុ អ្នកជាអ្វី។ បាយាសិទេវបុត្រតបថា បពិត្រលោកដ៏ចំរើន ខ្ញុំជា​ស្តេច​បាយាសិរាជញ្ញៈ។ ព្រះគវម្បតិសួរថា ម្នាលអ្នកដ៏មានអាយុ ក្រែងអ្នកធ្លាប់យល់ឃើញ​ យ៉ាងនេះថា លោកដទៃមិនមាន ពួកសត្វជាឱបបាតិកៈមិនមាន ផលវិបាក​របស់កម្ម​ទាំងឡាយ ដែលសត្វធ្វើល្អ ធ្វើអាក្រក់មិនមាន ដោយហេតុនេះ ដូច្នេះឬ។ បពិត្រលោក​ដ៏ចំរើន ខ្ញុំមានសេចក្តីយល់ឃើញយ៉ាងនេះថា លោកដទៃមិនមាន ពួកសត្វជា​ឱបបាតិកៈ​មិនមាន ផលវិបាក​របស់កម្ម​ទាំងឡាយ ដែលសត្វធ្វើល្អ ធ្វើអាក្រក់មិនមាន ដោយហេតុនេះពិតមែន តែចួនគ្រោះល្អ បានលោកម្ចាស់​ព្រះនាមកុមារកស្សប បានដោះ​ខ្ញុំឲ្យរួចចាកទិដ្ឋិអាក្រក់នុ៎ះហើយ។ នែអ្នកដ៏មានអាយុ ចុះចំណែកឧត្តរមាណព ជាអ្នក​ចាត់ចែង​ក្នុងទានរបស់អ្នកនោះ តើទៅកើតក្នុងទីណា។ បពិត្រលោកដ៏ចំរើន ឧត្តរមាណព ដែលជាអ្នកខ្វល់ខ្វាយ ក្នុងទានរបស់ខ្ញុំ បានឲ្យទានដោយគោរព ឲ្យទាន​ដោយ​ដៃខ្លួនឯង ឲ្យទានដោយផ្ចិតផ្ចង់ ឲ្យទានដោយមិនបានបោះឲ្យ លុះបែកធ្លាយ​រាងកាយ​បន្ទាប់អំពីមរណភាពទៅ ក៏បានទៅកើតក្នុងឋានសុគតិសួគ៌ទេវលោក ជាមួយ​នឹង​ពួកទេវតាជាន់តាវត្តិង្ស បពិត្រ​លោកដ៏ចំរើន ចំណែកខាងខ្ញុំ​ឲ្យទានដោយមិនគោរព ឲ្យទាន​មិនបានឲ្យដោយ​ដៃខ្លួនឯង ឲ្យទានដោយមិនផ្ចិតផ្ចង់ ឲ្យទានដោយបោះឲ្យ លុះបែកធ្លាយ​រាងកាយ​បន្ទាប់អំពីមរណភាពមក ក៏បានមកកើតក្នុង សេរីសកវិមាន ជាវិមាន​ស្ងាត់ ជាមួយ​នឹង​ពួកទេវតាក្នុងជាន់ចាតុម្មហារាជិកៈ បពិត្រ​ព្រះគវម្បតិដ៏ចំរើន បើដូច្នោះ (ដល់)លោកម្ចាស់និមន្តទៅឯមនុស្សលោកវិញ សូមប្រាប់​អស់ទាំង​ពួកមនុស្ស យ៉ាងនេះថា អ្នកទាំងឡាយ ចូរ​ឲ្យទានដោយគោរព ចូរឲ្យទាន​ដោយ​ដៃខ្លួនឯង ចូរឲ្យទានដោយផ្ចិតផ្ចង់ ចូរឲ្យទានដោយមិនបោះឲ្យ (ដ្បិត) ស្តេចបាយាសិរាជញ្ញៈ ឲ្យទានដោយមិនគោរព ឲ្យទាន​មិនបានឲ្យដោយ​ដៃខ្លួនឯង ឲ្យទានដោយមិនផ្ចិតផ្ចង់ ឲ្យទានដោយបោះឲ្យ លុះបែកធ្លាយ​រាងកាយ​ បន្ទាប់អំពីមរណភាពទៅ ក៏ទៅកើតក្នុងសេរីសកវិមានស្ងាត់ ជាមួយ​នឹង​ពួកទេវតាជាន់ចាតុម្មហារាជិកៈទៅហើយ ចំណែក​ឯឧត្តរមាណព ជាអ្នកចាត់ចែងក្នុងទាន របស់ស្តេច​បាយាសិរាជញ្ញៈនោះ បាន​ឲ្យទានដោយគោរព ឲ្យទាន​ដោយ​ដៃខ្លួនឯង ឲ្យទានដោយផ្ចិតផ្ចង់ ឲ្យទានដោយមិន​បាន​បោះឲ្យ លុះបែកធ្លាយ​រាងកាយ​ បន្ទាប់អំពីមរណភាពទៅ ក៏ទៅកើតក្នុងឋានសុគតិសួគ៌​ទេវលោក ជាមួយ​នឹង​ពួកទេវតាជាន់តាវត្តិង្សទៅហើយ។ គ្រានោះឯង ព្រះគវម្បតិដ៏មានអាយុ ត្រឡប់​មកមនុស្សលោកវិញ ហើយបានប្រាប់ (អស់​ទាំងពួក​មនុស្ស) យ៉ាងនេះថា អ្នកទាំងឡាយ ចូរ​ឲ្យទានដោយគោរព ចូរឲ្យទាន​ដោយ​ដៃខ្លួនឯង ចូរឲ្យទានដោយផ្ចិតផ្ចង់ ចូរឲ្យទានដោយមិនបោះឲ្យ (ដ្បិត) ស្តេចបាយាសិរាជញ្ញៈ ឲ្យទានដោយមិនគោរព ឲ្យទាន​មិនបានឲ្យដោយ​ដៃខ្លួនឯង ឲ្យទានដោយមិនផ្ចិតផ្ចង់ ឲ្យទានដោយបោះឲ្យ លុះបែកធ្លាយ​រាងកាយ​ បន្ទាប់អំពីមរណភាពទៅ ក៏ទៅកើតក្នុង​សេរីសកវិមាន​ស្ងាត់ ជាមួយ​នឹង​ពួកទេវតាជាន់ចាតុម្មហារាជិកៈទៅហើយ ចំណែក​ខាងឧត្តរមាណព ជាអ្នកចាត់ចែងក្នុងទាន របស់ស្តេច​បាយាសិរាជញ្ញៈនោះ បាន​ឲ្យទានដោយគោរព ឲ្យទាន​ដោយ​ដៃខ្លួនឯង ឲ្យទានដោយផ្ចិតផ្ចង់ ឲ្យទានដោយមិន​បាន​បោះឲ្យ លុះបែកធ្លាយ​រាងកាយ​ បន្ទាប់អំពីមរណភាពទៅ ក៏ទៅកើតក្នុងឋានសុគតិសួគ៌​ទេវលោក ជាមួយ​នឹង​ពួកទេវតាជាន់តាវត្តិង្សទៅហើយ។

ចប់ បាយាសិរាជញ្ញសូត្រ ទី១០។

ឧទ្ទាននៃមហាវគ្គនោះគឺ

មហាបទានសូត្រ១ មហានិទានសូត្រ១ មហាបរិនិព្វានសូត្រ១ មហាសុទស្សន​សូត្រ១ ជនវសភសូត្រ១ មហាគោវិន្ទសូត្រ១ មហាសមយសូត្រ១ សក្កបញ្ហសូត្រ១ មហាសតិប្បដ្ឋានសូត្រ១ បាយាសិរាជញ្ញសូត្រ១ (ទាំង១០សូត្រនេះ) លោកឲ្យឈ្មោះ​ថា មហាវគ្គ។

ចប់ ភាគ១៧

មាតិកា

ទ. ?

លេខ ទំព័រ លេខ​សម្គាល់
សុត្តន្តបិដក sut
ទីឃនិកាយ sut.dn
មហាវគ្គ ចតុត្ថភាគ sut.dn.v2
មហាសុទស្សនសូត្រ ទី៤ ? sut.dn.17
មហាបទានសូត្រ ភាណវារៈ ទី១ ?
ការពោលអំពីកុសាវតីរាជធានី ?
ការពោលអំពីការកើតប្រាកដនៃចក្ករ័តន៍ ?
ការពោលអំពីការកើតប្រាកដនៃហត្ថិរ័តន៍ ?
ការពោលអំពីការកើតប្រាកដនៃមណិរ័តន៍ ?
ការពោលអំពីការកើតប្រាកដនៃគហបតិរ័តន៍ ?
ការពោលអំពី ឫទ្ធិ ៤ យ៉ាង ?
ការពោលអំពីព្រះបរិវិតក្ករបស់ព្រះបាទមហាសុទស្សនៈ ?
ការពោលអំពីព្រាហ្មណ៍ និងគហបតី ?
ការពោលអំពីការសាងធម្មប្រាសាទ ?
ការពោលអំពីការសាងស្រះធម្មបោក្ខរណី ?
ការពោលអំពីដើមត្នោតវិចិត្រដោយកែវមរកត ជាដើម ?
ទុតិយភាណវារៈ ៖ ការពោលអំពីឧទានរបស់ព្រះបាទមហាសុទស្សនៈ ?
ការពោលអំពីសម្បត្តិវិចិត្រផ្សេងៗ នៃព្រះបាទមហាសុទស្សនៈ ?
ការពោលអំពីព្រះបរិវិតក្ករបស់ព្រះបាទមហាសុទស្សនៈ ?
ការពោលអំពីព្រះនាងសុភទ្ទាទេវី ?
ការពោលអំពីបរិវិតក្ករបស់ព្រះនាងសុភទ្ទាទេវី ?
ការពោលអំពីការក្រាបបង្គំទូលរបស់ព្រះនាងសុភទ្ទាទេវី ?
ការពោលអំពីព្រះបាទមហាសុទស្សនៈ ទ្រង់មានព្រះបន្ទូលតប ?
ការក្រាបបង្គំទូលអនុលោម តាមបន្ទូលព្រះបាទមហាសុទស្សនៈ ?
បច្ឆិមជាតិរបស់ព្រះបាទមហាសុទស្សនៈ ?
សំវេគកថា ?
ជនវសភសូត្រ ទី៥ ? sut.dn.18
ការទ្រង់ព្យាករក្នុងកំណើតនៃបញ្ញា និងគតិ និងបុណ្យ ?
សេចក្តីត្រិះរិះរបស់ព្រះអានន្ទមានអាយុ ?
ការពោលរៀបរាប់ នៃព្រះអានន្ទមានអាយុ ?
ការចូលទៅគាល់ព្រះមានព្រះភាគ នៃព្រះអានន្ទមានអាយុ ?
កាពោលអំពីជនវសភយក្ស ?
ពាក្យរបស់ជនវសភយក្ស ?
អនុមោទនាគាថារបស់សក្កទេវរាជ ?
ការពោលអំពីព្រហ្មឈ្មោះ សនង្កុមារ ?
ការពោលអំពី សំឡេងមានអង្គ ៨ របស់សនង្កុមារព្រហ្ម ?
សំឡេងគឹកកងរបស់សនង្កុមារព្រហ្ម ?
ការពោលអំពីអានិសង្ស នៃការចម្រើន ឥទ្ធិបាទ ?
ការពោលអំពីការបាននូវឱកាស ទី១ ?
ការពោលអំពីការបាននូវឱកាស ទី២-៣ ?
ការពោលអំពីសតិប្បដ្ឋាន ទាំង៤ ?
ការពោលអំពីធម្មគុណ ?
សេចក្តីត្រិះរិះរបស់វេស្សវណមហារាជ ?
ការពោលអំពីការដំណាលប្រាប់តៗ គ្នា ?
មហាគោវិន្ទសូត្រ ទី៦ ? sut.dn.19
មហារាជ ទាំង៤ ?
ការពោលអំពីគុណជារបស់ពិត ៨ ប្រការ របស់ព្រះមានព្រះភាគ ?
ការពោលចរចារបស់ទេវតាពួកខ្លះ ?
បុព្វនិមិត្ត នៃការកើតប្រាកដរបស់ព្រហ្ម ?
ការកើតប្រាកដ នៃសនង្កុមារព្រហ្ម ?
សំឡេងមានអង្គ ៨ របស់សនង្កុមារព្រហ្ម ?
ការពោលអំពីគុណ ដែលជារបស់ពិត ៨ ប្រការ របស់ព្រះមានព្រះភាគ ?
ការនិមិត្តអត្តភាពដ៏លើសលុបនៃសនង្កុមារព្រហ្ម ?
រឿងព្រះបាទទិសម្បតិ និងរឿងជោតិបាលមាណព ?
ការពោលអំពីហេតុដែលបានឈ្មោះថា មហាគោវិន្ទព្រាហ្មណ៍ ?
រឿងព្រះរេណុរាជបុត្រ ?
រឿងព្រះបាទរេណុ ?
កិត្តិសព្ទដ៏ពីរោះ របស់មហាគោវិន្ទព្រាហ្មណ៍ ?
មហាគោវិន្ទព្រាហ្មណ៍ ចូលទៅរកព្រាហ្មណមហាសាល ជាដើម ?
ការសាងអាស្រមថ្មី របស់មហាគោវិន្ទព្រាហ្មណ៍ ?
ការនិយាយឆ្លើយឆ្លងជាមួយនឹងសនង្កុមារព្រហ្ម ?
ការសួរអំពីដំណើរទៅកាន់ព្រហ្មលោក ?
ការពោលអំពីក្លិនពុល ?
ការពោលអំពីការក្រាបបង្គំទូលលាព្រះបាទរេណុ ?
ការពោលអំពីការក្រាបទូលលាក្ស័ត្រិយ៍ ទាំង៦អង្គ ?
ការអង្វរមហាគោវិន្ទព្រាហ្មណ៍ នៃក្ស័ត្រិយ៍ ទាំង៦អង្គ ?
ការលាភរិយា ទាំង ៤០ នាក់ នៃមហាគោវិន្ទព្រាហ្មណ៍ ?
ចិត្តប្រកបដោយមេត្តារបស់មហាគោវិន្ទព្រាហ្មណ៍ ?
ការពោលអំពីព្រហ្មចរិយធម៌ របស់មហាគោវិន្ទព្រាហ្មណ៍ ?
ការពោលអំពីព្រះសកទាគាមិ និងព្រះសោតាបន្ន ?
មហាសមយសូត្រ ទី៧ ? sut.dn.20
ការចូលមកគាល់ព្រះមានព្រះភាគ នៃទេវតាជាន់សុទ្ធាវាស ?
គាថានីមួយៗ នៃទេវតាជាន់សុទ្ធាវាស ?
នាម និងគោត្ររបស់ពួកទេវតា ?
នាម និងគោត្ររបស់ពួកទេវតា និងស្តេចចតុល្លោកបាល ទាំង៤ ?
ពាក្យរបស់មារ ?
សក្កបញ្ហសូត្រ ទី៨ ? sut.dn.21
សក្កបញ្ហសូត្រ ៖ រឿងបញ្ចសិខគន្ធព្វបុត្រ ?
គាថារបស់បញ្ចសិខគន្ធព្វបុត្រ ?
រឿងបញ្ចសិខគន្ធព្វបុត្រ ?
សេចក្តីត្រិះរិះរបស់ទេវានមិន្ទៈ ?
សេចក្តីក្រាបបង្គំទូលព្រះមានព្រះភាគ ?
រឿងគោបិកាសក្យធីតា ?
ព្រះមានព្រះភាគទ្រង់ព្រះតម្រិះ ?
ប្រស្នាព្រះឥន្រ្ទ ព្រះមានព្រះភាគទ្រង់ព្យាករ ?
ព្រះមានព្រះភាគទ្រង់ព្យាករប្រស្នា ?
ការនិយាយអំពីសមណព្រាហ្មណ៍ដទៃ ?
ការនិយាយអំពីសង្រ្គាមទេវតា និងអសុរ ?
អំណាចនៃប្រយោជន៍ ៦ ប្រការ ?
ការបាននូវសេចក្តីសោមនស្ស ?
ពាក្យជាទីបំផុតនៃសូត្រ ?
មហាសតិប្បដ្ឋានសូត្រ ទី៩ ? sut.dn.22
ឧទ្ទេសវារកថា ?
អានាបានបព្វៈ ?
ឥរិយាបថបព្វៈ ?
សម្បជញ្ញបព្វៈ ?
បដិកូលមនសិការបព្វៈ ?
ធាតុមនសិការបព្វៈ ?
សីវថិកាបព្វៈ ?
ការពិចារណានូវវេទនា ?
ការពិចារណានូវចិត្ត ?
ការពិចារណានូវធម៌ ?
នីវរណបព្វៈ ?
ខន្ធបព្វៈ ?
អាយតនបព្វៈ ?
ពោជ្ឈង្គបព្វៈ ?
សច្ចបព្វៈ ?
ទុក្ខអរិយសច្ច ?
សមុទយអរិយសច្ច ?
និរោធអរិយសច្ច ?
មគ្គអរិយសច្ច ?
អានិសង្សនៃការចម្រើនសតិប្បដ្ឋាន ?
បាយាសិរាជញ្ញសូត្រ ទី១០ ? sut.dn.23
កិត្តិសព្ទសរសើររបស់ព្រះកុមារកស្សប ?
សារាណីយកថា ?
ការនិយាយអំពីទោសរបស់អកុសលកម្មបថ ?
ពាក្យឧបមាដោយចោរ ?
ការនិយាយអំពីអានិសង្សកុសលកម្មបថ ?
ពាក្យឧបមាដោយរណ្តៅលាមក ?
ការនិយាយអំពីការវៀរចាកទោស មានបាណាតិបាត ជាដើម ?
ប្រមាណនៃអាយុរបស់ទេវតាជាន់តាវត្តិង្ស ?
ពាក្យឧបមាដោយបុគ្គលខ្វាក់អំពីកំណើត ?
ការនិយាយអំពីសមណៈ និងព្រាហ្មណ៍ដែលមានសីល ?
សេចក្តីប្រៀបដោយនាងព្រាហ្មណីដែលមានគភ៌ ?
សេចក្តីប្រៀបដោយចោរដែលប្រព្រឹត្តអាក្រក់ ?
សេចក្តីប្រៀបដោយការយល់សប្តិ ?
សេចក្តីប្រៀបដោយដុំដែក ?
ការពោលអំពីការស្វែងរកជីវៈ របស់ចោរដែលស្លាប់ទៅ ?
សេចក្តីប្រៀបដោយបុរសផ្លុំស័ង្ខ ?
ការពោលអំពីការស្វែងរកជីវៈរបស់ចោរដែលស្លាប់ទៅ ?
សេចក្តីប្រៀបដោយជដិលអ្នកបម្រើភ្លើង ?
សេចក្តីប្រៀបដោយពួកឈ្មួញរទេះដ៏ច្រើន ?
សេចក្តីប្រៀបដោយបុរសចិញ្ចឹមជ្រូក ?
សេចក្តីប្រៀបដោយអ្នកលេងបាស្កាពីរនាក់ ?
សេចក្តីប្រៀបដោយបុរសអ្នកនាំយកបាច់សម្បកធ្មៃ ?
ការសំដែងខ្លួនជាឧបាសកនៃព្រះបាទបាយាសិរាជញ្ញៈ ?
សេចក្តីប្រៀបដោយអ្នកភ្ជួរ ?
ការពោលអំពីទានរបស់ព្រះបាទបាយាសិរាជញ្ញៈ ?
ការពោលអំពីគវម្បតិត្ថេរ និងបាយាសិទេវបុត្រ ?
ឧទ្ទានគាថា ?

1)
អដ្ឋកថា ថា ក្នុងមួយជួរបុរស គឺមួយ​ទទូងមនុស្សប្រុស ជា៥ហត្ថបុរស។
2)
អដ្ឋកថា ថា តូរ្យតន្រ្តីប្រកបដោយអង្គ៥នោះ គឺអាតដំ ស្គរតូច ឬស្គរធំ ដែលគេពាសស្បែកតែម្ខាង១ រិតដំ ស្គរដែល​គេពាសស្បែកទាំងសងខាង១ អាតដវិគដំ គ្រឿងតន្ត្រីដែលរិត​ដោយខ្សែ មានរនាត​ជាដើម១ សុសិរំ គ្រឿង​ផ្លុំ មានខ្លុយ និងស្រឡៃជាដើម១ ឃនំ កណ្តឹង ឬឈឹង ឬក្រាប់១។
3)
អដ្ឋកថា ថា ស្ត្រីដែល​គេនាំ​មកអំពីរាជត្រកូលក្នុងដែនមទ្ទៈមកថ្វាយ ជាព្រះអគ្គមហេសី។ ន័យ​មួយទៀតថា ស្ត្រីដែល​មកអំពីឧត្តរកុរុទ្វីប ដោយអានុភាព​របស់ព្រះអង្គ។
4)
ស្ត្រីនោះ បើឃើញព្រះរាជាស្តេចមក តែង​ក្រោកអំពីអាសនៈ ដែលខ្លួនអង្គុយជាមុន លុះតែព្រះរាជាគង់ ទើបនាងអង្គុយទៅវិញ។ កាន់ព្រះវីជនី ពាត់ថ្វាយព្រះរាជាខាងក្រោយ។
5)
អដ្ឋកថា ថា គហបតីដែល​កើតក្នុង​ត្រកូលមានភោគសម្បត្តិច្រើន។
6)
អដ្ឋកថា​ ថាជាព្រះរាជបុត្រច្បង​របស់​ព្រះបាទ​មហាសុទស្សនៈ។
7)
អដ្ឋកថា ថា ស្រះបោក្ខរណី ៨៤.០០០ ទំលាយ​ផែនដីកើត​ឡើង ដោយគ្រាន់តែ​ព្រះបាទ​មហាសុទស្សនៈ នឹកក្នុងព្រះហឫទ័យ។
8)
រាប់ពី១រោច ខែអស្សុជ ដល់១៥កើត ខែកត្តិក ហៅថា សរទសម័យ។
9)
រាគៈ ទោសៈ មោហៈ ដែលធ្ងន់ ក្រាស់គ្រោតគ្រាត ព្រះសកទាគាមី លះបង់បានអស់ហើយ នៅសល់តែរាគៈ ទោសៈ មោហៈ ដែលល្អិតស្រាលស្តើង លោកលះមិនទាន់អស់។
10)
ពាក្យ​ជនវសភយក្ស ក្រាបទូល​អំពី​ព្រះដំណើរដែលខ្លួនបានសោតាបត្តិផល ជាអវិនិបាតបុគ្គល ជាបុគ្គលមិនធ្លាក់ទៅក្នុងអបាយ។
11)
ពាក្យជនវសភយក្ស ក្រាបទូលព្រះ អំពីការដែលខ្លួន​បាន​សោតាបត្តិផលហើយ តែមិនប្រមាទលក់នៅក្នុងសោតាបត្តិផលនោះទេ មានព្យាយាម ប្រាថ្នាដើម្បី​បាននូវសកទាគាមិមគ្គតទៅទៀត។
12)
ហេតុដែលបានឃើញព្រះមានព្រះភាគ ពាក់​កណ្តាលផ្លូវ១ ហេតុ​ដែលមានប្រាថ្នា ដើម្បី​ក្រាបទូលពាក្យ ដែលបាន​ស្តាប់​ក្នុងទីចំពោះ​ព្រះភក្ត្រនៃព្រះវេស្សវណមហារាជ១។
13)
អដ្ឋកថា ថា ពួកតាវត្តិង្សទេវតា បានគិតនូវប្រយោជន៍គឺ ការរក្សា​នូវភិក្ខុ​សង្ឃ ដែលនៅក្នុងព្រៃ ហើយប្រឹក្សាជាមួយនឹងមហារាជទាំង​៤ថា អ្នកទាំងឡាយ ចូរ​ចាត់​ចែងការរក្សាភិក្ខុសង្ឃ ដែលនៅក្នុងទីនេះខ្លះ ក្នុងទីនុ៎ះខ្លះ។
14)
អដ្ឋកថា ថា ពួកទេវបុត្តទាំងអស់ រាប់អានចូលចិត្តនឹងអត្តភាព​បញ្ចសិខគន្ធព្វទេវបុត្ត​ណាស់ ព្រោះហេតុនោះ បានជាព្រហ្ម​និម្មិត​អត្តភាពដូច្នោះ។
15)
អដ្ឋកថា ថា សំឡេង​ឮតាំងពីផ្ចិតឡើងទៅ។
16)
សំឡេងលាន់ឮ ដូចសំឡេងផ្គរលាន់ និងសំឡេងសំភោរ។
17)
បានសេចក្តីថា ជនដែលទៅកើតជាទេវបុត្តទាបជាគេបំផុត ត្រឹមគន្ធព្វ។
18)
ព្រហ្មឯទៀតៗ សនង្កុមារព្រហ្ម បាននិម្មិតហើយ។
19)
សមាធិ មានឆន្ទៈ ជាហេតុ។
20)
បធានសង្ខារ បានដល់សម្មប្បធានទាំង៤។
21)
ចំណែកនៃឫទ្ធិ
22)
អដ្ឋកថា ថា សេចក្តីសុខក្នុងឈាន សេចក្តីសុខក្នុងមគ្គ សេចក្តីសុខក្នុងផល។
23)
កាយសង្ខារ បានដល់អស្សាសបស្សាសៈ គឺដង្ហើមចេញចូល។
24)
វចីសង្ខារ បានដល់វិតក្កៈ វិចារៈ គឺការ​ត្រិះរិះអារម្មណ៍ និងការពិចារណា។
25)
ចិត្តសង្ខារ បានដល់សញ្ញា និងវេទនា គឺការចាំ​អារម្មណ៍ និងការទទួលអារម្មណ៍។
26)
សំដៅយក​មគ្គ និងផល។
27)
សំដៅ​យកកាយ ឬឧបាទានក្ខន្ធទាំង​៥។
28)
សេចក្តីដឹងដោយប្រពៃ បានដល់មគ្គញាណ ផលញាណ។
29)
ការរួចស្រឡះចាកអាសវៈ បានដល់​មគ្គវិមុត្តិ ផល​វិមុត្តិ។
30)
សំដៅយក អនាគាមិបុគ្គល។
31)
រោងប្រជុំទេវតា
32)
អដ្ឋកថាថា ពួកខ្លះ​មានសេចក្តីត្រិះរិះ​អស់ត្រឹមវិបស្សនា ត្រឹមបឋមជ្ឈាន។បេ។ ត្រឹមសាវកបារមីញាណ ត្រឹម​បច្ចេកពោធិញ្ញាណ តែ​ព្រះមានព្រះភាគ មានសេចក្តីត្រិះរិះ​រហូត ដល់សព្វញ្ញុតញ្ញាណ។
33)
អដ្ឋកថា ថា ស្តេច​៦អង្គទៀតនោះគឺ សត្តភូ១ ព្រហ្មទត្ត១ វេស្សភូ១ ភរតៈ១ ធតរដ្ឋ១ ធតរដ្ឋមួយទៀត១។
34)
អដ្ឋកថា ថាពួកមនុស្សណា ញុំាងសមាបត្តិទាំង៨ និងអភិញ្ញាទាំង​៥ឲ្យកើតឡើងបាន ពួកមនុស្ស​នោះ បានទៅ​កើតឯព្រហ្មលោក។
35)
អដ្ឋកថា ថា ពួកមនុស្សណាមិនដឹងច្បាស់​ គឺថាមិន​អាច​ញុំាងសមាបត្តិទាង៨ សមាបត្តិណាមួយឲ្យ​កើត​បានទេ ពួកមនុស្សនោះ ទៅកើតតែ​ត្រឹម​​ជាន់ទេវលោក តាំងពីជាន់​បរនិម្មិតវសវត្តី ចុះមកជាលំដាប់។
36)
អដ្ឋកថា ថា ពួកសាវ័កណា មិនធ្វើនូវអរិយមគ្គទាំង៤ឲ្យកើតគ្រប់គ្រាន់បាន គ្រាន់តែឲ្យបាន​ត្រឹម​អរិយមគ្គ៣ អរិយមគ្គ២ ឬអរិយមគ្គ១ប៉ុណ្ណោះ។
37)
ព្រៃធំ ជាព្រៃដុះឯង ជាប់ទាក់ទងតគ្នាមកពីព្រៃហេមវន្ត។
38)
ព្រហ្មលោក៥ជាន់ គឺអវិហា អតប្បា សុទស្សា សុទស្សី អកនិដ្ឋកា ជាទីនៅនៃ​ព្រះអនាគាមី និងព្រះអនាគាមី ដែលបានសម្រេច​ជាព្រះខីណាស្រពក្នុងទីនោះ ជាអ្នក​បរិសុទ្ធ ហៅថា សុទ្ធាវាស។
39)
ក្នុងបាលីថា ពួកព្រហ្ម​ចុះមកប្រតិស្ឋាន ចំពោះ​ព្រះមានព្រះភាគ។ តែក្នុងអដ្ឋកថាថា ពួកព្រហ្មទាំងនោះ ឋិតនៅ​ក្នុងព្រហ្មលោកដូចដែល គ្រាន់តែ​ធ្វើឫទ្ធិហើយសូត្រនូវបទព្រះគាថា ដែលខ្លួន​សន្សំ​ហើយ​ប៉ុណ្ណោះ គឺព្រហ្ម១អង្គ ចុះមកឋិតនៅក្នុងកណ្តាប់ចក្កវាឡ ខាងកើត ព្រហ្ម១អង្គ.. ចក្កវាឡខាងត្បូង ព្រហ្ម១អង្គ … ចក្កវាឡខាងលិច ព្រហ្ម១អង្គ .. ចក្កវាឡខាងជើង។ ទើបព្រហ្មក្នុងចក្កវាឡខាងកើត ក៏ចូលនីលកសិណ បញ្ចេញនូវរស្មីខៀវ បីដូចជាស្បែក​រំលេចដោយកែវមណី ហើយបង្ហាញខ្លួនដល់ទេវតាក្នុង១ហ្មឺនចក្កវាឡឲ្យដឹងថា ខ្លួនមកហើយ ក៏ថ្វាយបង្គំព្រះមានព្រះភាគ ឋិតនៅក្នុងទីដ៏សមគួរ ពោលនូវគាថា ដែល​ខ្លួនតាក់តែង។ ព្រហ្មក្នុងចក្កវាឡខាងត្បូង ក៏ចូលបីតកសិណ បញ្ចេញរស្មីមានពន្លឺដូច​ជាមាស ដូចជាដណ្តប់ផែនមាស បង្ហាញខ្លួនដល់​ពួកទេវតា ក្នុង១ហ្មឺនចក្កវាឡ ឲ្យដឹងថា ខ្លួនមក ហើយឋិតនៅដូច្នោះដែរ។ ព្រហ្មក្នុងចក្កវាឡខាងលិច ក៏ចូលលោហិតកសិណ បញ្ចេញរស្មី ក្រហម បីដូចជាស្រោបកាយដោយសំពត់កម្ពល មានសម្បុរក្រហមឆ្អៅ បង្ហាញ​ខ្លួនដល់​ពួកទេវតាក្នុង១ហ្មឺន​ចក្កវាឡ ឲ្យដឹងថា ខ្លួនមក ហើយឋិតនៅដូច្នោះដែរ។ ព្រហ្មក្នុងចក្កវាឡខាងជើង ក៏ចូលឱទាតកសិណ បញ្ចេញរស្មីស បីដូច​ជាដណ្តប់​ផែន​ផ្កាម្លិះ បង្ហាញខ្លួនដល់​ពួកទេវតា ក្នុង១ហ្មឺនចក្កវាឡ ឲ្យដឹងថា ខ្លួនមក ហើយ​ឋិត​នៅ​ដូច្នោះ​ដែរ។ យល់ថាព្រហ្មទាំងនោះ មកផ្សេងគ្នា តែក្នុងពេល​ជាមួយគ្នា។
40)
ពាក្យដែល​កំណត់ដោយអក្ខរៈ និងបទហៅថា ស្លោក ឬគាថា
41)
អដ្ឋកថា ថា ជាង៥០០រូប ព្រោះរាប់​ព្រះសម្មាសម្ពុទ្ធបញ្ចូលផង។
42)
ពួកទេវតាអ្នកប្រគំ ឬអ្នកល្បែង អ្នករាំ។បេ។
43)
ពួកទេវតាមានរូបប្រហែលគ្នានឹងយក្ស ឬយក្ខមានអណ្ឌៈ​ប៉ុន​ក្អម
44)
កូនរបស់ពលិអសុរទាំងអស់ បានជាឲ្យឈ្មោះថា វេរោចៈ ព្រោះឲ្យតាមនាមរបស់​រាហុ ជាអាពុកធំ
45)
ទេវតាកើតដោយ​ការបរិកម្មអាបោកសិណ
46)
ទេវតាកើតដោយការបរិកម្មនូវបឋវីកសិណ
47)
ទេវតាកើតដោយការបរិកម្ម​នូវ​តេជោកសិណ
48)
ទេវតាកើតដោយការបរិកម្មនូវវាយោកសិណ។
49)
អដ្ឋកថា ថាមន្ទវលាហកទេវតា ចែកទៅជា៣ពួក គឺ វេតវលាហកៈ ទេវតា ជាអ្នកបណ្តាលខ្យល់១ អព្ភវលាហកៈ ទេវតាជាអ្នក​បណ្តាលពពក១ ឱណ្ហវលាហកៈ ទេវតាជាអ្នក​បណ្តាល​កំដៅ១។
50)
ទេវតាមានរស្មីដូចផ្កា​កប្បាស។
51)
អដ្ឋកថា ថា មណ្ឌលនៃទេវតា​ទាំងអស់នេះ ជាប់ដោយរាគៈ ចូរមានដល់អ្នកទាំងឡាយ បានសេចក្តីថា មារសេនាបង្គាប់បរិសទ្យ ឲ្យចងទេវមណ្ឌល គឺពួកទេវតាទាំងអស់ ឲ្យជាប់​ដោយរាគៈ។
52)
គុហាមានដើមពោនស្វាដុះក្បែរមាត់ទ្វារ។
53)
ទេវធីតានោះ មានពន្លឺរស្មីផ្សាយចេញ ពីចុងជើង ឡើងទៅចុងសក់ ប្រាកដដូចជាមណ្ឌលនៃព្រះអាទិត្យស្រទន់ ហេតុដូច្នោះ ទើបឈ្មោះថា សុរិយវច្ឆសា។
54)
មានសេចក្តីក្នុងអដ្ឋកថា ពន្យល់ថា ទេវតាជាកូនស្រី ឬកូនប្រុស តែងកើតលើភ្លៅនៃទេវតា។ ស្រីជាបាទបរិចារិកា តែងកើត​លើដំណេកទេវតា។ ទេវតាអ្នកធ្វើគ្រឿងប្រដាប់ដល់ស្រីជាបាទបរិចារិកានេះ តែង​កើតព័ទ្ធជុំវិញដំណេក។ ទេវតាជាអ្នកបម្រើ តែងកើតខាងក្នុងវិមាន។ ទេវតាទាំងនេះ ឥតមានដំណើរទាស់ទែងគ្នាដល់ទៅ​ក្តីក្តាំឡើយ លុះតែទេវតាណាកើតត្រង់ទីព្រំប្រទល់​ដែន ទេវតាទាំងពួង ក៏មិនអាចនឹងកាត់សេចក្តីទេវតានោះ ថាជារបស់អ្នកណាឡើយ ហើយក៏កើតទៅជាក្តីក្តាំនឹងគ្នា ក្រាបទូលដល់សក្កទេវរាជ ឯសក្កទេវរាជ ក៏វិនិច្ឆ័យ​សេចក្តីថា បើវិមានអ្នកណាជិតជាង ត្រូវបានជារបស់អ្នកនោះ បើវិមានទាំងពីរ​ស្មើគ្នា សក្កទេវរាជវិនិច្ឆ័យ​ថា បើទេវបុត្រសំឡឹងមើលទៅរកវិមានអ្នកណា ត្រូវបាន​ជារបស់​អ្នកនោះ បើឥតសំឡឹងមើលទៅក្នុងទីណាទេ ក៏សក្កទេវរាជ ទ្រង់យកទេវបុត្រនោះ មកទុក​ជារបស់ព្រះអង្គ។ សក្កទេវរាជ តែងរវល់ដោយការកាត់ក្តីនេះផង ដោយកិច្ចផ្សេង​ៗ មានក្រសាលល្បែងជាដើមផង ហេតុនោះ បានជាសក្កទេវរាជ ក្រាបបង្គំទូលព្រះអង្គ​ថា ខ្ញុំព្រះអង្គ មានសេចក្តីខ្វល់ខ្វាយដោយការងារនីមួយ។
55)
ពួកជនដែលប្រព្រឹត្តធម៌ស្មើគ្នា ក្នុងពុទ្ធសាសនាតែមួយ។
56)
សំដៅយកបឋមជ្ឈាន។
57)
សក្កទេវរាជ មានចិត្តបរិសុទ្ធស្អាត តាំងពីកាលដែលយក​កំណើត​ជាមាណព ឈ្មោះ មាឃៈ ក្នុងអចលគ្រាម ក្នុងដែនមគធៈ មុនពុទ្ធកាល។
58)
សំដៅយកតណ្ហាវិបរិតទាំង១០៨
59)
សំដៅយក​គេហសិតសោមនស្ស គឺសោមនស្សអាស្រ័យ​នូវផ្ទះ គឺកាមគុណទាំង៥ប្រព្រឹត្តទៅក្នុងទ្វារទាំង៦។
60)
សំដៅយក​នេក្ខម្មសិតសោមនស្ស គឺសេចក្តីត្រេកអរអាស្រ័យនេក្ខម្មៈ គឺការចេញចាក​កាមគុណ​ទាំង៥ របស់បុគ្គលដែលប្រកបដោយវិបស្សនា។
61)
បានដល់សោមនស្សដែលកើតដោយអំណាច​នេក្ខម្មៈ វិបស្សនា អនុស្សតិ និងបឋមជ្ឈាន។
62)
បានដល់​សោមនស្ស ដែលកើតដោយអំណាចទុតិយជ្ឈាន តតិយជ្ឈាន។
63)
សំដៅយក​គេហសិតទោមនស្ស គឺទោមនស្សអាស្រ័យ​នូវផ្ទះ គឺកាមគុណ​ទាំង៥​ប្រព្រឹត្ត​ទៅក្នុងទ្វារ​ទាំង​៦ របស់បុគ្គលដែលមិនបានទទួលនូវអារម្មណ៍ជាទីគាប់ចិត្ត។
64)
សំដៅយក​នេក្ខម្មសិតទោមនស្ស គឺទោមនស្សអាស្រ័យនេក្ខម្មៈ ដែលកើតឡើងដល់បុគ្គល ដែលទទួល​ អន់ចិត្តព្រោះហេតុតែក្របានសម្រេចនូវអរិយភូមិ។
65)
បានដល់​ទោមនស្ស ដែលកើតដោយអំណាចនេក្ខម្ម វិបស្សនា អនុស្សតិ និងបឋមជ្ឈាន។
66)
បានដល់​ទោមនស្ស ដែលកើតដល់បុគ្គល ដែលប្រកប​ដោយវិបស្សនា ប្រាថ្នានូវអរហត្តផល បើទុក​ជាប្រឹងប្រែងយ៉ាងណា ក៏នៅតែមិនសម្រេច​ដូច​បំណង។
67)
បានដល់​គេហសិតឧបេក្ខា គឺឧបេក្ខាដែលអាស្រ័យ​នូវផ្ទះ គឺកាមគុណ កើតឡើងដល់បុគ្គលដែល​ខ្លៅល្ងង់ ក៏ជាប់ស្អិតក្នុងឥដ្ឋារម្មណ៍ មិនមានត្រឡប់ថយក្រោយ​វិញ ដូចរុយដែលជាប់ចិត្តនឹងស្ករអំពៅ។
68)
បានដល់​នេក្ខម្មសិតឧបេក្ខា គឺឧបេក្ខា ដែលសម្បយុត្ត ដោយវិបស្សនាញាណ មិនត្រេកអរ នឹងឥដ្ឋារម្មណ៍ មិនស្អប់អនិដ្ឋារម្មណ៍។
69)
បានដល់ឧបេក្ខា ដែលកើតដោយ​នេក្ខម្មៈវិបស្សនា អនុស្សតិ និងបឋមជ្ឈាន។
70)
បានដល់ឧបេក្ខា ដែលកើតដោយអំណាចជ្ឈាន មានទុតិយជ្ឈានជាដើម។
71)
ការប្រព្រឹត្តបាណាតិបាត អទិន្នាទាន កាមេសុមិច្ឆាចារ និងការប្រព្រឹត្ត​កន្លងសិក្ខាបទ ជាបណ្ណត្តិវជ្ជៈ ចំពោះកាយទ្វារ ហៅថា កាយសមាចារ ដែលមិនគួរសេព។
72)
ការវៀរចាកអំពើអម្បាលនោះ មានបាណាតិបាត​ជា​ដើម ចំពោះកាយទ្វារ ហៅថា កាយសមាចារ គួរសេព។
73)
វចីទុច្ចរិត ៤យ៉ាង មានមុសាវាទជាដើម និងការប្រព្រឹត្តកន្លងសិក្ខាបទ ដែលព្រះអង្គ ទ្រង់បញ្ញត្តហើយ​ ចំពោះវចីទ្វារ ហៅថា វចីសមាចារ ដែលមិនគួរសេព។
74)
ការវៀរចាកវចីទុច្ចរិត៤យ៉ាង មិនប្រព្រឹត្តកន្លងសិក្ខាបទ ដែលព្រះអង្គទ្រង់​បញ្ញត្តហើយ ចំពោះវចីទ្វារ ហៅថា វចីសមាចារ ដែលគួរសេព។
75)
បានដល់អនរិយបរិយេសនា ការស្វែងរកមិនប្រសើរ គឺការស្វែងរកបុត្រ ភរិយា ទ្រព្យ ជាដើម។
76)
បានដល់អរិយបរិយេសនា ការស្វែងរកដ៏ប្រសើរ គឺការស្វែងរកព្រះនិព្វាន។
77)
វត្តបទ៧យ៉ាង
78)
សម្ពោធិញ្ញាណ សំដៅយក​សកទាគាមិមគ្គ (អដ្ឋកថា
79)
អដ្ឋកថា ព្រះឥន្ទមុខជានឹងបាននូវអនាគាមិមគ្គ លុះច្យុតអំពីអត្តភាពនេះទៅ នឹងបានទៅកើតក្នុងសុទ្ធាវាស មានអវិហាជាដើម មានអកនិដ្ឋភពជាទីបំផុត។
80)
ក្នុងអដ្ឋកថា មានសេចក្តីពន្យល់អំពីបទថា ផ្លូវមូលតែមួយជាច្រើនន័យគឺ ន័យ​មួយ លោកថា ជាផ្លូវមូលតែមួយ ព្រោះជាផ្លូវប្រតិបត្តិ ដើម្បីចេញចាកសង្សារ ទៅកាន់​ព្រះនិព្វាន មិនមាន​បែកទៅជាផ្លូវ២ ឬជាផ្លូវ៣ឡើយ។ ន័យមួយទៀត លោកថា ជាផ្លូវដែល​ត្រូវដើរបានតែមនុស្សម្នាក់ ព្រោះសតិប្បដ្ឋានទាំង៤នេះ បានតែព្រះយោគី ដែលលះបង់​ពួកចេញ ហើយទៅសម្ងំ​នៅក្នុងទីស្ងាត់ម្នាក់ឯង ទើបប្រតិបត្តិកើត។ មួយទៀត លោកថា ជាផ្លូវរបស់មនុស្សប្រសើរ គឺថា ជាផ្លូវរបស់​ព្រះសម្មាសម្ពុទ្ធ ព្រោះ​ព្រះអង្គប្រសើរ​ជាងសត្វទាំងពួងផង ហើយទ្រង់បានបង្កើតផ្លូវ គឺសតិប្បដ្ឋាន ឲ្យកើត​មានឡើងផង។
81)
អដ្ឋកថា ថា លោកក្នុងទីនេះ សំដៅ​យកកាយ ព្រោះកាយនោះ ជាសភាវៈតែង​ទ្រុឌទ្រោម វិនាសទៅជាធម្មតា មួយទៀត អភិជ្ឈាទោមនស្ស ដែលភិក្ខុលះបង់ក្នុង​កាយនោះ មិនមែនត្រឹមតែក្នុងកាយ​ប៉ុណ្ណោះទេ សូម្បី​តែអភិជ្ឈា និងទោមនស្ស​ក្នុងពួក​វេទនា សញ្ញា សង្ខារ វិញ្ញាណ ក៏ត្រូវលះចោលដែរ ព្រោះហេតុនោះ បានជាក្នុង​គម្ពីរ​វិភង្គ លោកប្រាប់ថា ឧបាទានក្ខន្ធទាំង៥ ក៏ហៅថា លោកដែរ។
82) , 83)
អដ្ឋកថាប្រាប់ថា ខ្យល់អស្សាសបស្សាសៈ អាស្រ័យនៅក្នុងករជកាយផង ក្តោងច្រមុះផង ចិត្តផង ទើបសញ្ចរទៅមកបាន ព្រោះហេតុនោះ ធម៌ទាំងនេះឈ្មោះថា ធម៌ប្រជុំ​កើត​ឡើង​ក្នុង​កាយ លុះដល់ធម៌ទាំងនោះរលត់ទៅវិញ ឈ្មោះថា ធម៌សូន្យទៅក្នុងកាយ។
84)
សម្បជញ្ញៈ មាន ៤ គឺ សាត្ថកសម្បជញ្ញៈ កិរិយាដឹងច្បាស់នូវកម្ម ដែលមានប្រយោជន៍ និងកម្មឥតប្រយោជន៍១ សប្បាយសម្បជញ្ញៈ កិរិយាដឹងច្បាស់ នូវអារម្មណ៍ ដែលជា​ទី​សប្បាយ១ គោចរសម្បជញ្ញៈ កិរិយាដឹងច្បាស់ នូវកម្មដ្ឋាន ដែលត្រូវចិត្ត១ អសម្មោហសម្បជញ្ញៈ កិរិយាដឹងច្បាស់ នូវហេតុដែលមិនវង្វេងភ្លេច១។ (អដ្ឋកថា) ទីឃនិកាយសីលក្ខន្ធវគ្គ។
85)
អដ្ឋកថា ថា បានដល់កាយដែលនៅមានធម៌៣យ៉ាង គឺអាយុ១ កំសួលភ្លើងធាតុ១ វិញ្ញាណ១។
86)
អដ្ឋកថា ថា សោមនស្សវេទនា ដែលអាស្រ័យ នូវ​កាម​គុណ៥ ប្រព្រឹត្តទៅក្នុងទ្វារ៦ ហៅថា សាមិសសុខ។
87)
អដ្ឋកថាថា បានខាង​សោមនស្សវេទនា ដែលអាស្រ័យនេក្ខម្មៈ ប្រព្រឹត្តទៅក្នុងទ្វារទាំង​៦។
88)
បានខាងទោមនស្សវេទនា ដែលអាស្រ័យកាមគុណ៥ ប្រព្រឹត្តទៅក្នុងទ្វារ៦។
89)
បានខាងទោមនស្សវេទនា ដែលអាស្រ័យ​នេក្ខម្មៈ ប្រព្រឹត្តទៅក្នុងទ្វារ៦។
90)
បានខាងឧបេក្ខាវេទនា​​ ដែលអាស្រ័យកាមគុណ៥ ប្រព្រឹត្តទៅក្នុងទ្វារ៦។
91)
បានខាងឧបេក្ខាវេទនា ដែលអាស្រ័យនេក្ខម្មៈ ប្រព្រឹត្តទៅក្នុងទ្វារទាំង៦។
92)
ពាក្យថា ចិត្តរួចស្រឡះក្នុងទីនេះ សំដៅយកចិត្តដែលប្រកបដោយវិមុត្តិ២ប្រការគឺ តទង្គវិមុត្តិ១ វិក្ខម្ភនវិមុត្តិ១។ អនុបស្សនា៧ មានអនិច្ចានុបស្សនាជាដើម ហៅថា តទង្គវិមុត្តិ ព្រោះជាធម្មជាតិរួចស្រឡះចាកនិច្ចសញ្ញា គឺសេចក្តីសម្គាល់ថាទៀង តាមទំនង ដែលយោគីបានកំណត់នូវអង្គនៃធម៌ ជាសត្រូវដល់ធម៌នោះៗ។ សមាបត្តិ៨ ហៅថា វិក្ខម្ភនវិមុត្តិ ព្រោះជាធម្មជាតិរួចស្រឡះចាកពួកអកុសលធម៌ មាននីវរណៈជាដើម តាមទំនងដែលយោគីបានសង្កត់សង្កិនដោយខ្លួនឯង។ អដ្ឋកថា មហាបទានសូត្រទំព័រ២៦។
93)
អដ្ឋកថាថា ការធ្វើទុក​ក្នុង​ចិត្ត​ ដោយឥតឧបាយប្រាជ្ញា ចំពោះអសុភនិមិត្ត ឬចំពោះសភាវៈមិនទៀងថាទៀង ទុក្ខ​ថា​សុខ មិនមែនខ្លួន ថាខ្លួន ដូច្នេះជាហេតុនាំឲ្យកើតកាមច្ឆន្ទៈ។
94)
អដ្ឋកថាថា ការ​ធ្វើ​ទុក​ក្នុងចិត្ត ដោយឧបាយប្រាជ្ញា ចំពោះសភាវៈមិនទៀង ថាមិនទៀងមែន ទុក្ខថា ទុក្ខមែន មិនមែនខ្លួន ថាមិនមែនខ្លួនពិត ដូច្នេះ ជាហេតុលះបង់នូវកាមច្ឆន្ទៈ។ មួយទៀតថា លះបង់​ដោយធម៌៦ប្រការ គឺកំណត់ ឬរៀននូវអសុភនិមិត្ត គឺអារម្មណ៍ថា មិនល្អ១ កិរិយាប្រកបរឿយៗ នូវការចម្រើនអសុភ១ ភាវៈជាអ្នកមាន​ទ្វារគ្រប់គ្រង​ល្អ​ក្នុង​ឥន្ទ្រិយ​ទាំង​ប្រាំមួយ១ ភាវៈជាអ្នកដឹងប្រមាណ ក្នុងការបរិភោគភោជន១ ភាវៈ​ជាអ្នករាប់​រក​កល្យាណមិត្ត១ ភាវៈជាអ្នករៀន ឬនិយាយតែពាក្យដែលជាទីសប្បាយ១។
95)
កាមច្ឆន្ទៈមិនកើតតទៅទៀត ដោយសារអរហត្តមគ្គ។
96)
ការធ្វើទុកក្នុងចិត្ត ដោយឧបាយប្រាជ្ញា ចំពោះបដិឃនិមិត្ត គឺអារម្មណ៍ ដែលខ្ទាំងខ្ទប់ចិត្ត ជាហេតុនាំឱ្យកើតព្យាបាទ។
97)
ការធ្វើទុកក្នុងចិត្ត ដោយឧបាយប្រាជ្ញា ចំពោះមេត្តាជាចេតោវិមុត្តិ គឺមេត្តាចិត្ត ដែល​បានអប្បនាឈាន ជាហេតុឲ្យលះបង់នូវព្យាបាទបាន។ មួយទៀតថា លះបង់​ដោយ​ធម៌​៦ប្រការ គឺ រៀនមេត្តានិមិត្ត១ កិរិយាប្រកបរឿយៗ នូវការចម្រើនមេត្តា១ ពិចារណា​ឃើញ​នូវភាវៈនៃសត្វ ដែលមានកម្ម ជារបស់ខ្លួន១ ភាវៈជាអ្នកច្រើន​ដោយ​ការ​ពិចារណា​១ ភាវៈជាអ្នករាប់រកកល្យាណមិត្ត១ ភាវៈជាអ្នកនិយាយ នូវពាក្យជាទីសប្បាយ១។
98)
អដ្ឋកថាថា ព្យាបាទមិនកើតតទៅទៀត ដោយសារអនាគាមិមគ្គ។
99)
ហេតុដែលនាំឲ្យកើតថីនមិទ្ធៈ មាន ៥ប្រការ គឺមិនត្រេកអរ១ ច្រអូសឬទម្រន់កាយ១ មិតពត់កាយ១ ពុលបាយ១ រួញចិត្ត១។
100)
ហេតុដែលលះបង់ថីនមិទ្ធៈ ដោយព្យាយាម៣យ៉ាងគឺ ព្យាយាមដែល​ប្រារព្ធ​ផ្តើមឡើង​ជាដំបូង១ ព្យាយាមយ៉ាងកណ្តាល ជាគ្រឿងចេញចាក កោសជ្ជៈ (សេចក្តី​ខ្ជិល)១ ព្យាយាមយ៉ាងក្រៃលែង ដែលកន្លងរួចចាកកោសជ្ជៈ១។ ម្យ៉ាងទៀតថា លះបង់​ដោយ​ធម៌៦ប្រការ គឺ កាន់យកនិមិត្ត ក្នុងការបរិភោគហួសប្រមាណ១ ភាពនៃកិរិយា​ផ្លាស់​ប្តូរ​ឥរិយាបថ១ ការធ្វើទុកក្នុងចិត្ត ចំពោះអាលោកសញ្ញា១ នៅក្នុងឱកាសដែលស្រឡះ១ ភាពជាអ្នករាប់រកកល្យាណមិត្ត១ ភាពជាអ្នកនិយាយនូវពាក្យជាទីសប្បាយ១។
101)
ថីនមិទ្ធៈមិនកើតតទៅទៀត ដោយសារអរហត្តមគ្គ។
102)
អដ្ឋកថាថា ការធ្វើទុកក្នុងចិត្ត ដោយឥត​ឧបាយ​ប្រាជ្ញា ចំពោះធម៌ដែលមិនមែនជាគ្រឿងរម្ងាប់ចិត្ត ជាហេតុនាំឱ្យ​កើត​ឧទ្ធច្ចកុក្កុច្ចៈ។
103)
ការធ្វើទុកក្នុងចិត្ត ដោយឧបាយប្រាជ្ញា ចំពោះធម៌​ដែល​ជា​គ្រឿង​រម្ងាប់ចិត្ត ជាហេតុលះបង់ នូវឧទ្ធច្ចកុក្កុច្ចៈបាន។ មួយទៀតថា លះបង់ដោយធម៌៦​ប្រការ គឺភាវៈជាអ្នកចេះដឹង ឬស្តាប់ច្រើន១ ភាវៈជាអ្នកឧស្សាហ៍សាកសួរ១ ភាវៈ​ជា​អ្នក​ចេះដឹង​ស្ទាត់ក្នុងវិន័យ១ ភាវៈជាអ្នកសេពនូវបុគ្គលដែលចម្រើន១ ភាវៈជាអ្នករាប់រក​កល្យាណ​មិត្ត១ ភាវៈជាអ្នកនិយាយនូវពាក្យដែលជាទីសប្បាយ១។
104)
ឧទ្ធច្ចៈមិនកើតតទៅទៀត ដោយសារអរហត្តមគ្គ ឯកុក្កុច្ចៈ​មិនកើតត​ទៅ​ទៀត ដោយសារអនាគាមិមគ្គ។
105)
ការធ្វើទុកក្នុងចិត្ត ដោយឥតឧបាយប្រាជ្ញា ចំពោះធម៌ ដែលជាទីតាំង នៃ​សេចក្តី​សង្ស័យ ជាហេតុនាំឱ្យកើតវិចិកិច្ឆា។
106)
អដ្ឋកថាថា ការធ្វើទុកក្នុងចិត្ត ដោយ​ឧបាយ​ប្រាជ្ញា ចំពោះកុសលធម៌ជាដើម ជាហេតុឲ្យលះបង់វិចិកិច្ឆាបាន។ មួយទៀតថា លះបង់​ដោយ​ធម៌៦ប្រការ គឺភាវៈជាអ្នកចេះដឹង ឬស្តាប់ច្រើន១ ភាវៈជាអ្នកឧស្សាហ៍សាកសួរ១ ភាវៈជាអ្នកចេះដឹងស្ទាត់ក្នុងវិន័យ១ ភាវៈជាអ្នកច្រើនទៅដោយចិត្តដែលជឿស៊ប់១ ភាវៈ​ជាអ្នករាប់រកកល្យាណមិត្ត១ ជាអ្នកនិយាយនូវពាក្យជាទីសប្បាយ១។
107)
វិចិកិច្ឆា មិនកើតតទៅទៀត ដោយសារសោតាបត្តិមគ្គ។
108) , 109) , 110) , 111) , 112) , 113) , 114) , 115) , 116) , 117) , 118) , 119) , 120) , 121) , 122)
មានន័យ​លក្ខណៈ​ក្នុងសតិប្បដ្ឋានសូត្រ មជ្ឈឹមនិកាយ មូលបណ្ណាសកៈ ត្រង់ពួក​ខន្ធបព្វៈ​ឯណោះ​ហើយ។
123)
អដ្ឋកថាថា កិលេសជាត ជាគ្រឿង​ចង​សត្វទុក ហៅថា សញ្ញោជនៈ មាន១០យ៉ាងគឺ កាមរាគៈ១ បដិឃៈ១ មានៈ១ ទិដ្ឋិ១ វិចិកិច្ឆា១ សីលព្វត្តបរាមាសៈ១ ភវរាគៈ១ ឥស្សា១ មច្ឆរិយៈ១ អវិជ្ជា១។
124)
អដ្ឋកថាថា សំយោជនៈទាំង១០ កើតឡើង​ព្រោះ​អាស្រ័យហេតុផ្សេងគ្នា គឺកាមរាគសំយោជនៈ គឺតម្រេកត្រេកអរ ដោយអំណាច កាម​ ចំពោះអារម្មណ៍គួរប្រាថ្នា ដែលមកកាន់គន្លងចក្ខុទ្វារ។ បដិឃសំយោជនៈ គឺសេចក្តី​ក្រោធ​ ចំពោះអារម្មណ៍ ដែលមិនគួរប្រាថ្នា។ មានសំយោជនៈ គឺសេចក្តីសម្គាល់ថា បើ​ក្រៅ​តែអំពីអញ មិនមានអ្នកណាមួយ អាចចម្រើននូវអារម្មណ៍នុ៎ះបានឡើយ។ ទិដ្ឋិ​សំយោជនៈ គឺសេចក្តីប្រកាន់ នូវរូបារម្មណ៍នុ៎ះថាទៀង ថាឋិតឋេរ។ វិចិកិច្ឆាសំយោជនៈ គឺសេចក្តីសង្ស័យ ចំពោះរូបារម្មណ៍នុ៎ះ ថាជាសត្វ ឬថាជារបស់សត្វ។ ភវរាគសំយោជនៈ គឺសេចក្តីប្រាថ្នាក្នុងភពថា ភពនេះយើងតែងបានដោយងាយ ក្នុងសម្បត្តិភព។ សីលព្វត្តបរាមាសសំយោជនៈ គឺសេចក្តីប្រកាន់នូវសីលព្វត្តថា សីលព្វត្តយ៉ាងនេះ យើងអាច​សមាទានកាន់យកបាន។ ឥស្សាសំយោជនៈ គឺសេចក្តីច្រណែនថា សូមកុំ​ឲ្យជនដទៃ​បានរូបារម្មណ៍នេះឡើយ។ មច្ឆរិយសំយោជនៈ គឺសេចក្តី​កំណាញ់លាក់​លៀមរូបារម្មណ៍ ដែលខ្លួនបានហើយ នឹងបុគ្គល​ដទៃ។ អវិជ្ជាសំយោជនៈ គឺសេចក្តី​មិនដឹង​នូវសហជាតធម៌ទាំងអស់។
125)
លះបង់​ដោយ​បហានៈ​២​យ៉ាង​គឺ តទង្គប្បហានៈ១ វិក្ខម្ភនប្បហានៈ១។
126)
សំយោជនៈទាំង៥ប្រការ គឺទិដ្ឋិ១ វិចិកិច្ឆា១ សីលព្វត្តបរាមាសៈ១ ឥស្សា១ មច្ឆរិយៈ១ ដែលមិនកើតតទៅទៀត ដោយ​សារ សោតាបត្តិមគ្គ។ កាមរាគៈ បដិឃៈ ទាំងពីរដែលនៅគ្រោតគ្រាត មិន​កើត​តទៅ​ទៀត ដោយសារសកទាគាមិមគ្គ។ ដែលយ៉ាងល្អិត មិនកើតតទៅទៀត ដោយសារ​អនាគាមិមគ្គ។ មានៈ១ ភវរាគៈ១ អវិជ្ជា១ ដែលមិនកើតតទៅទៀត ដោយសារ​អរហត្តមគ្គ។ ឯសំយោជនៈ ដែលកើតអាស្រ័យនូវត្រចៀក ច្រមុះ អណ្តាត កាយ ចិត្ត ក៏ត្រូវតាមន័យនេះដែរ។
127)
អដ្ឋកថាថា ការធ្វើ​យោនិសោមនសិការៈ​ឲ្យច្រើន​ក្នុង​សម្ពោជ្ឈង្គនោះ ជាហេតុនាំឲ្យសតិសម្ពោជ្ឈង្គ ដែលមិនទាន់កើតឡើង ឲ្យកើតឡើងបាន ឬ​ដែលកើតឡើងហើយ រឹងរឹតតែប្រព្រឹត្តទៅឲ្យធំទូលាយ ចម្រើនឡើង ពេញបរិបូណ៌​ជា​ភិយ្យោភាព។ មួយទៀត ធម៌ដែលជាហេតុនាំឲ្យកើតសតិសម្ពោជ្ឈង្គនោះ មាន៤យ៉ាងគឺ ត្រូវឲ្យមានសតិ និងសម្បជញ្ញៈក្នុងទីទាំង៧ មានដើរទៅមុខជាដើម១ វៀរចាក​បុគ្គល​ភ្លេច​ស្មារតី១ រាប់រកបុគ្គល ដែលមានស្មារតីខ្ជាប់ខ្ជួន១ បង្អោនចិត្តទៅ ដើម្បី​តម្កល់​សតិ​គ្រប់ឥរិយាបថ១។
128)
អដ្ឋកថាថា ការធ្វើ​យោនិសោមនសិការៈ​ឲ្យច្រើន​ក្នុង​សម្ពោជ្ឈង្គនោះ ជាហេតុនាំឲ្យសតិសម្ពោជ្ឈង្គ ដែលមិនទាន់កើតឡើង ឲ្យកើតឡើងបាន ឬ​ដែលកើតឡើងហើយ រឹងរឹតតែប្រព្រឹត្តទៅធំទូលាយ ចម្រើនឡើង ពេញបរិបូណ៌​ជា​ភិយ្យោភាព។ មួយទៀត ធម៌ដែលជាហេតុនាំឲ្យកើតសតិសម្ពោជ្ឈង្គនោះ មាន៤យ៉ាងគឺ ត្រូវឲ្យមានសតិ និងសម្បជញ្ញៈក្នុងទីទាំង៧ មានដើរទៅមុខជាដើម១ វៀរចាក​បុគ្គល​ភ្លេច​ស្មារតី១ រាប់រកបុគ្គល ដែលមានស្មារតីខ្ជាប់ខ្ជួន១ បង្អោនចិត្តទៅ ដើម្បី​តម្កល់​សតិ​គ្រប់ឥរិយាបថ១។
129)
អដ្ឋកថា ថា ធម៌ដែលជាហេតុនាំអោយកើតធម្មវិចយសម្ពោជ្ឈង្គមាន៧ គឺ សភាវៈ​សាក​សួរ១ ធ្វើវត្ថុខាងក្នុង គឺសក់ រោម ជាដើម និងវត្ថុខាងក្រៅ គឺចីវរ សេនាសនៈ ជាដើម អោយ​ស្អាត១ ប្រមូលឥន្ទ្រិយទាំង៥ មានសតិន្ទ្រិយជាដើម ឲ្យស្មើគ្នា១ វៀរចាក​បុគ្គល​ដែល​អាប់ឥតប្រាជ្ញា១ រាប់រកបុគ្គល ដែលមានប្រាជ្ញា១ ពិចារណា ចំពោះ​បញ្ចក្ខន្ធ​ដ៏​ជ្រៅ​ដោយញាណចរិយា១ បង្អោនចិត្តទៅ ដើម្បីកំណត់ ធម្មវិចយសម្ពោជ្ឈង្គ គ្រប់​ឥរិយាបថ១។
130)
ដែលជាហេតុ នាំឱ្យ​កើត​វិរិយសម្ពោជ្ឈង្គមាន១១គឺ ពិចារណាឃើញនូវភ័យតិចតួច១ ឃើញនូវ​អានិសង្ស (នៃការព្យាយាម)១ ពិចារណាឃើញនូវផ្លូវដែលគួរទៅ១ កោតក្រែងចំពោះ​បិណ្ឌបាត១ ពិចារណាឃើញនូវអរិយទ្រព្យទាំង៧ ថាជាទ្រព្យមរតកធំ១ នូវព្រះសាស្តា​ជាធំ១ នូវជាតិជាធំ១ នូវសព្រហ្មចារីបុគ្គលជាធំ១ វៀរចាកបុគ្គលខ្ជិលច្រអូស១ រាប់រក​បុគ្គល​មានព្យាយាម១ បង្អោនចិត្តទៅ ដើម្បីកំណត់នូវវិរិយសម្ពោជ្ឈង្គ គ្រប់ឥរិយាបថ១។
131)
ធម៌ដែល​ជាហេតុ​នាំឲ្យ​កើត​បីតិសម្ពោជ្ឈង្គមាន១១គឺ រលឹកដល់ព្រះពុទ្ធ១ ព្រះធម៌១ ព្រះសង្ឃ១ សីល១ បរិច្ចាគ១ ធម៌​នាំឱ្យកើតជាទេវតា១ ព្រះនិព្វាន១ វៀរចាកបុគ្គលមិនស្អាត១ រាប់រកបុគ្គលស្អាត១ ពិចារណាតាមបាសាទនីយសូត្រ១ បង្អោនចិត្តទៅ ដើម្បីតម្កល់ បីតិសម្ពោជ្ឈង្គ គ្រប់​ឥរិយាបថ១។
132)
ធម៌ដែល​ជាហេតុ​នាំឱ្យកើតបស្សទ្ធិសម្ពោជ្ឈង្គមាន៧គឺ ត្រូវការភោជនថ្លៃថ្លា១ ត្រូវការ​រដូវ​សប្បាយ​១ ត្រូវការឥរិយាបថសប្បាយ១ ប្រកបខ្លួនអោយតាំងនៅជាកណ្តាល១ វៀរចាក​បុគ្គល​អ្នក​ស្ងួនគ្រងកាយ១ រាប់រកបុគ្គល ដែលមានកាយស្ងប់ស្ងាត់១ បង្អោនចិត្តទៅ ដើម្បី​តម្កល់​បស្សទ្ធិសម្ពោជ្ឈង្គ គ្រប់ឥរិយាបថ១។
133)
អដ្ឋកថាថា ធម៌ជាហេតុនាំឱ្យកើតសមាធិសម្ពោជ្ឈង្គ មាន១១គឺ ធ្វើវត្ថុ​ខាង​ក្នុង និង​ខាងក្រៅឱ្យស្អាត១ ប្រមូលឥន្ទ្រិយទាំង៥ ឱ្យស្មើគ្នា១ ឈ្លាសក្នុងកសិណនិមិត្ត១ ផ្គង​ចិត្ត​ឡើងតាមសម័យ១ សង្កត់សង្កិនចិត្តតាមសម័យ១ ធ្វើចិត្តអោយរីករាយ (ចំពោះ​សំវេគវត្ថុ៨ប្រការ) តាមសម័យ១ ធ្វើចិត្តឱ្យសំឡឹង (នូវអារម្មណ៍)១ វៀរចាក​បុគ្គល​ដែល​មាន​ចិត្តមិនខ្ជាប់ខ្ជួន១ រាប់រកបុគ្គលដែលមានចិត្តខ្ជាប់ខ្ជួន១ ពិចារណានូវឈានវិមោក្ខ១ បង្អោនចិត្តទៅ ដើម្បីឱ្យកើតបស្សទ្ធិសម្ពោជ្ឈង្គ គ្រប់ឥរិយាបថ១។
134)
ធម៌ដែលជាហេតុនាំឲ្យកើត​ឧបេក្ខាសម្ពោជ្ឈង្គ មាន៧គឺ ធ្វើចិត្តឲ្យតាំងនៅជាកណ្តាល ចំពោះសត្វ១ ធ្វើចិត្តឲ្យតាំងនៅជាកណ្តាល​ ចំពោះ​សង្ខារ១ វៀរចាកបុគ្គល ដែលមានការទំនុកបំរុង ចំពោះ​សត្វ និងសង្ខារ១ រាប់រក​បុគ្គលដែលមានចិត្តជាកណ្តាល ចំពោះ​សត្វ និងសង្ខារ១ បង្អោន​ចិត្តទៅ ដើម្បី​ឲ្យកើត​ឧបេក្ខាសម្ពោជ្ឈង្គ គ្រប់ឥរិយាបទ១។
135)
អដ្ឋកថា ថា ភវតណ្ហានេះ ជាឈ្មោះនៃតម្រេក​ក្នុង​រូបភព និងអរូបភព ដែលប្រកបដោយសស្សតទិដ្ឋិ គឺយល់ឃើញថា សត្វទៀង លោក​ទៀង កើតឡើងព្រោះសេចក្តីប្រាថ្នាចំពោះភព។
136)
តាមន័យក្នុងអដ្ឋកថា និងដីកាថា តម្រេក ប្រកប​ដោយឧច្ឆេទទិដ្ឋិ គឺយល់ថា សត្វស្លាប់ទៅសូន្យ ហៅថា វិភវតណ្ហា។
137)
អដ្ឋកថា ថា ស្តេចគ្រងរាជ្យ មិនទាន់បាន​អភិសេកនៅឡើយ។
138)
អាមាត្យ​អ្នកអាច​ដោះស្រាយ​ប្រស្នា ​ដែល​គេ​សួរ​បាន
139)
អមនុស្ស ប្រែថា សត្វមានខ្លួន​មិនដូចជាមនុស្ស ឬថា មិនមែនជាមនុស្ស។
140)
អដ្ឋកថា ថា វិមាន​នោះ ជាវិមានប្រាក់ មានដើមច្រេសធំ១ ដុះនៅប្របទ្វារវិមាននោះ ព្រោះហេតុនោះ ទើប​លោកហៅថា សេរីសកវិមាន។
km/tipitaka/book_017.txt · ពេលកែចុងក្រោយ: 2023/03/16 11:05 និពន្ឋដោយ Johann