User Tools

Site Tools


Translations of this page?:
km:tipitaka:book_018

-Namo tassa bhagavato arahato sammā-
ព្រះត្រៃបិដកភាសាខ្មែរ - Tipiṭaka Khmer language
ភាគ ១៨ - Book 18

Ven. Members of the Sangha, Ven. Theras Valued Upasaka, valued Upasika This is a Work Edition! 1.Edition 20170101 Do not share it further except for editing and working purposes within the transcription project on sangham.net. Only for personal use. If you find any mistake or like to join the merits please feel invited to join here: sangham.net or Upasika Norum on sangham.net Anumodana!

សូម​ថ្វាយបង្គំ​ចំពោះ​ព្រះសង្ឃ, ជំរាបសួរ​ឧបាសក និង​ឧបាសិកា​ទាំង​អស់ នេះ​គឺ​ជា​សេចក្តី​ព្រាងច្បាប់​ការ​បោះ​ពុម្ព​ផ្សាយ! 1.Edition 20170101 សូម​កុំ​ចែក​រំលែក​បន្ថែម​ទៀត ប្រសិន​បើ​មិន​មែន​សម្រាប់​ការ​កែសម្រួល​នៅ sangham.net និង​កិច្ច​ការ​នេះ។ សូម​គិត​ថា​លោក​អ្នក​ត្រូវ​បាន​អញ្ជើញ​ដើម្បី​ចូល​រួម​បុណ្យកុសល​នេះ និង​​សូមប្រាប់​ពួក​យើង​អំពី​កំហុស និង​ប្រើវេទិកា​នេះ: sangham.net ឬ​ប្រាប់​ឧបាសិកា Norum នៅ​លើ sangham.net សូម​អនុមោទនា!

A topic about progress and feedback can be found here: ព្រះត្រៃបិដក ភាគ ០១៨ - Tipitaka Book 018, for change log on ati.eu see here: រាយការណ៍ ភាគ ០១៨



book_018.jpg

គំរូ ឯកសារ ផ្សេងទៀត ៖
book_018.pdf

លេខសម្គាល់
លេខទំព៍រ

ព្រះត្រៃបិដក ភាគ ទី ១៨

ទ. 1

សុត្តន្តបិដក

ទីឃនិកាយ

បាដិកវគ្គ

(បាថិកវគ្គ)

បញ្ចមភាគ

នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស។

ខ្ញុំ​សូម​នមស្ការ ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ ជា​អរហន្ត​សម្មាសម្ពុទ្ធ ព្រះ​អង្គ​នោះ​។

បាដិកសូត្រ ទី១

(១. បាថិកសុត្តំ)

[១] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងអនុប្បិយ​និគម របស់ពួកមល្លជន ក្នុងមល្លជនបទ។ គ្រានោះឯង វេលាព្រឹកព្រហាម ព្រះមានព្រះភាគ ទ្រង់​ស្បង់​ និងបាត្រ ចីវរ ទ្រង់ពុទ្ធដំណើរចូលទៅបិណ្ឌបាត ក្នុងអនុប្បិយនិគម។ ពេលនោះឯង ព្រះមានព្រះភាគ មានព្រះតម្រិះយ៉ាងនេះថា ការចូលទៅបិណ្ឌបាត ក្នុងអនុប្បិយនិគម ក៏​នៅ​ព្រឹកពេកណាស់ បើដូច្នោះ គួរតែតថាគតចូលទៅរកបរិព្វាជក ជាភគ្គវគោត្រ ក្នុងអារាមនៃ​បរិព្វាជក ជាភគ្គវគោត្រសិន។ លំដាប់នោះឯង ព្រះមានព្រះភាគ ទ្រង់ពុទ្ធដំណើរចូលទៅរកបរិព្វាជក ជាភគ្គវគោត្រ ក្នុងអារាមនៃបរិព្វាជក ជាភគ្គវគោត្រ។ ពេលនោះឯង ភគ្គវគោត្របរិព្វាជក បាន​ក្រាបបង្គំទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន សូម​ព្រះមានព្រះភាគ ស្តេចមក​បពិត្រព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគ ស្តេចមកល្អហើយ បពិត្រព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគ ធ្វើនូវបរិយាយនេះ ដើម្បីនិមន្តមកក្នុងទីនេះ អស់កាលយូរហើយ1) បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានបុណ្យ​ស្តេច​គង់ នេះឯងជាអាសនៈ ដែលខ្ញុំព្រះអង្គក្រាលបម្រុងទុក។ ព្រះមានព្រះភាគ ទ្រង់គង់លើអាសនៈ ដែលបរិព្វាជកបានក្រាលទុក។ ចំណែកខាងភគ្គវគោត្របរិព្វាជក បានកាន់យកអាសនៈដ៏​ទាប​មួយ អង្គុយក្នុងទីសមគួរ។ លុះភគ្គវគោត្របរិព្វាជក អង្គុយក្នុងទីដ៏សមគួរហើយ បានក្រាបបង្គំទូល​ព្រះមានព្រះភាគ​ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន កាលពីថ្ងៃមុន យូរថ្ងៃណាស់មកហើយ លិច្ឆវិបុត្រឈ្មោះសុនក្ខត្តៈ បានចូលមករកខ្ញុំព្រះអង្គ លុះចូលមកដល់ហើយ ក៏និយាយនឹងខ្ញុំព្រះ​អង្គ យ៉ាងនេះថា បពិត្រអ្នកជាភគ្គវគោត្រ ឥឡូវនេះ ខ្ញុំបោះបង់​ព្រះមានព្រះភាគហើយ បពិត្រ​អ្នកជាភគ្គវគោត្រ ឥឡូវនេះ ខ្ញុំមិនបាននៅពឹងផ្អែក នឹងព្រះមានព្រះភាគទេ បពិត្រព្រះអង្គដ៏ចំរើន សុនក្ខត្តលិច្ឆវិបុត្រ បាន​ក្រាបទូលព្រះអង្គយ៉ាងនុ៎ះមែនឬទេ។ ព្រះមានព្រះភាគត្រាស់តបថា ម្នាលភគ្គវគោត្រ សុនក្ខត្តលិច្ឆវិបុត្រ បាននិយាយពាក្យនុ៎ះ យ៉ាងនោះមែន ម្នាលភគ្គវគោត្រ កាលពីថ្ងៃមុនយូរថ្ងៃណាស់មកហើយ សុនក្ខត្តលិច្ឆវិបុត្រ បានចូលមករកតថាគត លុះចូល​មកដល់​ហើយ ក៏ថ្វាយបង្គំតថាគត រួចអង្គុយក្នុងទីដ៏សមគួរ។ ម្នាលភគ្គវគោត្រ លុះ​សុនក្ខត្តលិច្ឆវិបុត្រ អង្គុយក្នុងទីដ៏សមគួរហើយ បាននិយាយនឹងតថាគតយ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ ខ្ញុំព្រះអង្គសូមលាព្រះមានព្រះភាគហើយ បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ ខ្ញុំព្រះអង្គ​នឹង​លែង​នៅ​ពឹង​ផ្អែក នឹងព្រះមានព្រះភាគហើយ។ ម្នាលភគ្គវគោត្រ កាល​សុនក្ខត្តលិច្ឆវិបុត្រ និយាយ​យ៉ាង​នេះ​ហើយ តថាគតក៏បាននិយាយ​ទៅនឹង​សុនក្ខត្តលិច្ឆវិបុត្រ យ៉ាងនេះវិញថា ម្នាលសុនក្ខត្តៈ ចុះតថាគត​មាន​បាននិយាយនឹងអ្នក យ៉ាងនេះថា នែសុនក្ខត្តៈ អ្នក​ចូរមកនៅពឹងផ្អែកនឹងតថាគតចុះ ដូច្នេះ​ដែរ​ឬ។ បពិត្រព្រះអង្គដ៏ចំរើន ព្រះអង្គនឹងបានមានព្រះ​បន្ទូលយ៉ាងនុ៎ះ នឹងខ្ញុំព្រះអង្គក៏ទេ។ តថាគត​បាន​សួរ​តទៅទៀតថា ចុះអ្នកបាននិយាយនឹងតថាគត យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ​នឹង​នៅ​ពឹងផ្អែក នឹងព្រះមានព្រះភាគដូច្នេះដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនឹង​បានក្រាប​ទូល​យ៉ាងនុ៎ះ ចំពោះព្រះអង្គក៏ទេ។ តថាគតបាននិយាយ​ទៀតថា​ នែសុនក្ខត្តៈ តថាគតក៏ឥតបាននិយាយ​នឹងអ្នកថា ម្នាលសុនក្ខត្តៈ អ្នកចូរមកនៅពឹងផ្អែក នឹងតថាគតចុះ ដូច្នេះទេ ចំណែកអ្នក ក៏មិនបាន​និយាយ​​នឹងតថាគតថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនឹងនៅពឹងផ្អែក នឹងព្រះមានព្រះភាគ ដូច្នេះ​ដែរ ម្នាលមោឃបុរស កាលបើហេតុយ៉ាងនេះមានហើយ អ្នកឯងជាអុក ជាទុក្ខ ពោល​លា​អ្នក​ណា ម្នាលមោឃបុរស ចូរអ្នក​មើលចុះ អំពើនេះ ជាកំហុសរបស់អ្នកហើយ។

[២] សុនក្ខត្តលិច្ឆវិបុត្រ បាននិយាយនឹងតថាគតថា បពិត្រព្រះអង្គដ៏ចំរើន ព្រោះ​ព្រះមាន​ព្រះភាគ មិនដែលបានធ្វើឥទ្ធិបាដិហារិយ៍2) ជាធម៌ដ៏ប្រសើរក្រៃលែង ជាងធម៌របស់មនុស្ស3) ឲ្យដល់ខ្ញុំព្រះអង្គសោះ។ តថាគតក៏បាននិយាយថា ម្នាលសុនក្ខត្តៈ ចុះតថាគត បាន​និយាយ​នឹងអ្នកយ៉ាងនេះថា ម្នាលសុនក្ខត្តៈ ចូរអ្នកមកនៅពឹងផ្អែក នឹងតថាគតចុះ តថាគត នឹង​ធ្វើឥទ្ធិបាដិហារិយ៍ ជាធម៌ដ៏ប្រសើរក្រៃលែង ជាងធម៌របស់មនុស្ស ឲ្យដល់អ្នកដូច្នេះដែរឬ។ សុនក្ខត្តលិច្ឆវិ​បុត្រ ក៏ឆ្លើយតបមកថា បពិត្រព្រះអង្គដ៏ចំរើន ព្រះអង្គនឹងបានមានព្រះបន្ទូលយ៉ាង​នុ៎ះ នឹងខ្ញុំព្រះអង្គក៏ទេ។ តថាគតក៏សួរទៅទៀតថា ចុះអ្នកបាននិយាយនឹងតថាគត យ៉ាងនេះថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន ខ្ញុំព្រះអង្គនឹងនៅពឹងផ្អែក នឹងព្រះមានព្រះភាគ ព្រះមានព្រះភាគ នឹង​ធ្វើ​ឥទ្ធិបាដិហារិយ៍ ជាធម៌ដ៏ប្រសើរក្រៃលែង ជាងធម៌របស់មនុស្ស ឲ្យដល់ខ្ញុំដូច្នេះដែរឬ។ សុនក្ខត្តលិច្ឆវិបុត្រ ក៏ឆ្លើយតបមកថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនឹងបាននិយាយ​យ៉ាងនោះ នឹងព្រះអង្គក៏ទេ។ តថាគតក៏និយាយទៅទៀតថា ម្នាលសុនក្ខត្តៈ តថាគតក៏ឥតបាននិយាយ​នឹងអ្នក​ថា ម្នាលសុនក្ខត្តៈ អ្នកចូរមកនៅពឹងផ្អែក នឹងតថាគតចុះ តថាគត នឹង​ធ្វើឥទ្ធិបាដិហារិយ៍ ជាធម៌​ដ៏​ប្រសើរក្រៃលែង ជាងធម៌របស់មនុស្ស ឲ្យដល់អ្នកដូច្នេះទេ ចំណែកខាងអ្នក ក៏មិននិយាយ​នឹង​តថាគតថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ នឹងនៅពឹងផ្អែក នឹងព្រះមានព្រះភាគ ព្រះមានព្រះភាគ នឹង​ធ្វើឥទ្ធិបាដិហារិយ៍ ជាធម៌ដ៏ប្រសើរក្រៃលែង ជាងធម៌របស់មនុស្ស ឲ្យដល់ខ្ញុំព្រះអង្គដូច្នេះដែរ ម្នាល​មោឃបុរស កាលបើហេតុយ៉ាងនេះមានហើយ អ្នកឯងជាអុក ជាទុក្ខ ពោលលាអ្នកណា។ ម្នាលសុនក្ខត្តៈ អ្នកសំគាល់សេចក្តីនោះថាដូចម្តេច កាលបើតថាគតធ្វើឥទ្ធិបាដិហារិយ៍ ជាធម៌ដ៏ប្រ​សើរក្រៃលែង ជាងធម៌របស់មនុស្សក្តី កាលបើតថាគតមិនធ្វើឥទ្ធិបាដិហារិយ៍ ជាធម៌ដ៏ប្រ​សើរ​ក្រៃ​លែង ជាងធម៌របស់មនុស្សក្តី ធម៌ដែលតថាគតបានសំដែងហើយ ដើម្បីជាប្រយោជន៍ ឲ្យអស់ទៅ​នៃទុក្ខណា ធម៌នោះ តែងដឹកនាំបុគ្គលអ្នកធ្វើតាម ឲ្យអស់ទៅនៃទុក្ខនោះ ដោយប្រពៃ។ សុនក្ខត្តៈ​លិច្ឆវិបុត្រ ឆ្លើយតបថា បពិត្រព្រះអង្គដ៏ចំរើន កាលបើព្រះអង្គ​ធ្វើឥទ្ធិបាដិហារិយ៍ ជាធម៌ដ៏ប្រ​សើរ​ក្រៃលែង ជាងធម៌របស់មនុស្សក្តី​ កាលបើព្រះអង្គមិនធ្វើឥទ្ធិបាដិហារិយ៍ ជាធម៌ដ៏ប្រ​សើរក្រៃលែង ជាងធម៌របស់មនុស្សក្តី ធម៌ដែល​ព្រះមានព្រះភាគ ទ្រង់សំដែងហើយ ដើម្បីប្រយោជន៍ ឲ្យអស់ទៅ​នៃទុក្ខណា ធម៌នោះ តែងដឹកនាំបុគ្គលអ្នកធ្វើតាម ឲ្យអស់ទៅនៃទុក្ខនោះ ដោយប្រពៃ។ តថាគតនិយាយថា ម្នាលសុនក្ខត្តៈ កាលបើតថាគតធ្វើឥទ្ធិបាដិហារិយ៍ ជាធម៌ដ៏ប្រ​សើរក្រៃលែង ជាងធម៌របស់មនុស្សក្តី កាលបើតថាគតមិនធ្វើឥទ្ធិបាដិហារិយ៍ ជាធម៌ដ៏ប្រ​សើរក្រៃលែង ជាងធម៌របស់មនុស្សក្តី ធម៌ដែលតថាគតបានសំដែងហើយ ដើម្បីឲ្យអស់ទៅ​នៃទុក្ខណា ធម៌នោះ តែងដឹកនាំបុគ្គលអ្នកធ្វើតាម ឲ្យអស់ទៅនៃទុក្ខនោះ ដោយប្រពៃ។ ម្នាលសុនក្ខត្តៈ កាលបើ​ធម៌​ដែលតថាគតបានសំដែងហើយនោះ ប្រព្រឹត្តទៅ ដើម្បីឲ្យអស់ទៅ​នៃទុក្ខដោយប្រពៃ យ៉ាងនេះ​ហើយ នឹងចាំបាច់ធ្វើឥទ្ធិបាដិហារិយ៍ ដែលជាធម៌ដ៏ប្រសើរក្រៃលែង ជាងធម៌របស់មនុស្សធ្វើអ្វី ម្នាលមោឃបុរស អ្នកចូរមើលចុះ អំពើនេះជាកំហុសរបស់អ្នក។

[៣] សុនក្ខត្តលិច្ឆវិបុត្រ និយាយទៀតថា បពិត្រព្រះអង្គដ៏ចំរើន ព្រោះព្រះមានព្រះភាគ​ មិនបានបញ្ញត្តនូវច្បាប់ទំលាប់4) ដល់ខ្ញុំព្រះអង្គសោះ។ តថាគតក៏និយាយទៅវិញថា ម្នាលសុនក្ខត្តៈ ចុះតថាគត បានពោលនឹង​អ្នកយ៉ាងនេះថា ម្នាលសុនក្ខត្តៈ អ្នកចូរមកនៅពឹងផ្អែក នឹងតថាគតចុះ តថាគត នឹង​បញ្ញត្តនូវច្បាប់ទំលាប់ដល់អ្នក ដូច្នេះដែរឬ។ សុនក្ខត្តលិច្ឆវិបុត្រ ឆ្លើយថា បពិត្រព្រះអង្គដ៏ចំរើន ព្រះអង្គនឹងបានមានព្រះបន្ទូលយ៉ាង​នុ៎ះ នឹងខ្ញុំព្រះអង្គក៏ទេ។ តថាគតនិយាយទៀតថា ចុះអ្នកបាននិយាយនឹងតថាគត យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនឹងនៅពឹងផ្អែក នឹងព្រះមានព្រះភាគ ព្រះមានព្រះភាគ នឹងបញ្ញត្តនូវច្បាប់ទំលាប់​ ដល់ខ្ញុំព្រះអង្គ ដូច្នេះដែរឬទេ។ សុនក្ខត្តលិច្ឆវិបុត្រទូលតបថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនឹងបានពោល​យ៉ាងនោះ នឹងព្រះអង្គក៏ទេ។ តថាគតនិយាយថា នែសុនក្ខត្តៈ តថាគតឥតបាននិយាយ​នឹងអ្នក​ថា ម្នាលសុនក្ខត្តៈ អ្នកចូរមកនៅពឹងផ្អែក នឹងតថាគតចុះ តថាគត នឹងបញ្ញត្តនូវច្បាប់ទំលាប់ ដល់​អ្នក​ ដូច្នេះទេ ចំណែកខាងអ្នក ក៏មិននិយាយ​នឹង​តថាគតថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ នឹងនៅពឹងផ្អែក នឹងព្រះមានព្រះភាគ ព្រះមានព្រះភាគ នឹងបញ្ញត្តនូវច្បាប់ទំលាប់ដល់ខ្ញុំ ដូច្នេះដែរ ម្នាល​មោឃបុរស កាលបើហេតុយ៉ាងនេះមានហើយ អ្នកឯងជាអុក ជាទុក្ខ ពោលលាអ្នកណា។ ម្នាលសុនក្ខត្តៈ អ្នកសំគាល់សេចក្តីនោះថាដូចម្តេច កាលបើតថាគតបញ្ញត្តនូវច្បាប់​ទំលាប់ក្តី មិនបានបញ្ញត្តនូវច្បាប់ទំលាប់ក្តី ធម៌ដែលតថាគតបានសំដែងហើយ ដើម្បីជាប្រយោជន៍ ឲ្យអស់ទៅ​នៃទុក្ខណា ធម៌នោះ តែងដឹកនាំបុគ្គលអ្នកប្រព្រឹត្តតាម ឲ្យអស់ទៅនៃទុក្ខនោះ ដោយប្រពៃ បានឬទេ។ សុនក្ខត្ត​លិច្ឆវិបុត្រ ទូលតបថា បពិត្រព្រះអង្គដ៏ចំរើន កាលបើព្រះអង្គបញ្ញត្ត​នូវច្បាប់​ទំលាប់​ក្តី មិនបានបញ្ញត្តនូវច្បាប់ទំលាប់ក្តី ​ ធម៌ដែល​ព្រះមានព្រះភាគ ទ្រង់សំដែងហើយ ដើម្បី​ប្រយោជន៍ ឲ្យអស់ទៅ​នៃទុក្ខណា ធម៌នោះ តែងដឹកនាំបុគ្គលអ្នកប្រព្រឹត្តតាមធម៌ ឲ្យអស់ទៅនៃទុក្ខនោះ ដោយប្រពៃបានមែន។ តថាគតនិយាយថា ម្នាលសុនក្ខត្តៈ កាលបើតថាគតបញ្ញត្តនូវច្បាប់ទំលាប់ក្តី មិនបានបញ្ញត្ត​នូវច្បាប់ទំលាប់ក្តី ធម៌ដែលតថាគតបានសំដែងហើយ ដើម្បីប្រយោជន៍ ឲ្យអស់ទៅ​នៃទុក្ខណា ធម៌នោះ គង់នឹងដឹកនាំបុគ្គលអ្នកប្រព្រឹត្តតាមធម៌ ឲ្យអស់ទៅនៃទុក្ខនោះ ដោយប្រពៃទេ​តើ។ ម្នាលសុនក្ខត្តៈ កាលបើ​ធម៌​ដែលតថាគតបានសំដែងហើយនោះ ប្រព្រឹត្តទៅ ដើម្បីឲ្យអស់ទៅ​នៃទុក្ខដោយប្រពៃ យ៉ាងនេះ​ហើយ នឹងចាំបាច់បញ្ញត្តច្បាប់ទំលាប់ធ្វើអ្វី ម្នាលមោឃបុរស អ្នកចូរ​មើល​ចុះ អំពើនេះជាកំហុសរបស់អ្នកឯង។ ម្នាលសុនក្ខត្តៈ អ្នកបានពោលសរសើរគុណ នៃតថាគត​ក្នុងវជ្ជិគ្រាម ដោយអនេកបរិយាយថា ព្រះមានព្រះភាគនោះ ព្រះអង្គឆ្ងាយចាកសេចក្តីសៅហ្មង ព្រះអង្គត្រាស់ដឹងនូវញេយ្យធម៌ទាំងពួង ដោយប្រពៃចំពោះ​ព្រះអង្គ​ ព្រះអង្គបរិបូណ៌​ដោយវិជ្ជា និងចរណៈ គឺសេចក្តីចេះដឹង និងក្រិត្យដែលបុគ្គល​គប្បីប្រព្រឹត្ត ព្រះអង្គមានព្រះដំណើរល្អ ស្តេចទៅ​កាន់ព្រះនិព្វាន ព្រះអង្គជ្រាបច្បាស់នូវត្រៃលោក ព្រះអង្គប្រសើរដោយសីលាទិគុណ រកបុគ្គល​ណាមួយស្មើគ្មាន ព្រះអង្គ ជាអ្នកទូន្មាននូវបុរសដែលគួរទូន្មានបាន ព្រះអង្គជាគ្រូនៃទេវតា និងមនុស្ស​ទាំងឡាយ ព្រះអង្គត្រាស់ដឹងនូវអរិយសច្ចធម៌ ព្រះអង្គលែងវិលមកកាន់​ភព​ថ្មីទៀត ដូច្នេះៗ ម្នាលសុនក្ខត្តៈ អ្នកឯងបានពោលសរសើរគុណរបស់តថាគត ក្នុងវជ្ជិគ្រាម ដោយអនេក​បរិយាយដូច្នេះឯង។ ម្នាលសុនក្ខត្តៈ អ្នកបានពោលសរសើរគុណ នៃព្រះធម៌ ក្នុងវជ្ជិគ្រាម ដោយ​អនេកបរិយាយថា ព្រះបរិយត្តិធម៌ ដែលព្រះមានព្រះភាគ ទ្រង់ត្រាស់សំដែងហើយដោយល្អ ព្រះ​នវលោកុត្តរធម៌ ជាធម៌ដែលព្រះអរិយបុគ្គល គប្បីឃើញច្បាស់ដោយខ្លួនឯង ជាធម៌ឲ្យនូវផល មិនរង់ចាំកាល ជាធម៌គួរដល់ឯហិបស្សវិធី ជាធម៌ដែលព្រះអរិយបុគ្គល គប្បីបង្អោនចូលមកទុក​ក្នុងខ្លួន ជាធម៌ដែលអ្នកប្រាជ្ញទាំងឡាយ គប្បីដឹងច្បាស់ដោយខ្លួនឯង ម្នាលសុនក្ខត្តៈ អ្នកបាន​ពោលសរសើរគុណនៃ​ព្រះធម៌ ក្នុងវជ្ជិគ្រាម ដោយអនេកបរិយាយ ដូច្នេះឯង។ ម្នាលសុនក្ខត្តៈ អ្នកបាន​ពោលសរសើរគុណនៃ​ព្រះសង្ឃ ក្នុងវជ្ជិគ្រាម ដោយអនេកបរិយាយថា ពួកសាវ័ក​របស់​ព្រះមានព្រះភាគ លោកប្រតិបត្តិដោយប្រពៃ ពួកសាវ័ក​របស់​ព្រះមានព្រះភាគ លោកប្រតិបត្តិដោយត្រង់ ពួកសាវ័ក​របស់​ព្រះមានព្រះភាគ លោកប្រតិបត្តិដើម្បីព្រះនិព្វាន ពួកសាវ័ក​របស់​ព្រះមានព្រះភាគ លោកប្រតិបត្តិដោយសមគួរ ពួកសាវ័កនេះ បើរាប់ជាគូ បាន៤គូ បើរាប់រៀងគ្នាជាបរសបុគ្គល បាន៨ ពួកសាវ័ក​របស់ព្រះមានព្រះភាគនេះ លោកគួរទទួល​នូវ​ចតុប្បច្ច័យ ដែលគេនាំមកអំពីចម្ងាយ ហើយបូជា លោកគួរទទួលនូវ​អាគន្តុកទាន លោកគួរ​ទទួល​នូវទាន ដែលបុគ្គលជឿនូវកម្ម និងផលនៃកម្ម ហើយបូជា លោកគួរដល់អញ្ជលិកម្ម លោកជា​បុញ្ញក្ខេត្ត នៃសត្វលោក រកខេត្តដទៃក្រៃលែងជាងគ្មាន ម្នាលសុនក្ខត្តៈ អ្នកបានពោលសរសើ​គុណ​នៃព្រះសង្ឃ ក្នុងវជ្ជិគ្រាម ដោយអនេកបរិយាយ​ ដូច្នេះឯង។ ម្នាលសុនក្ខត្តៈ តថាគត នឹងប្រាប់ដល់​អ្នកឯង ម្នាលសុនក្ខត្តៈ តថាគតនឹងពន្យល់​ឲ្យអ្នកដឹង ម្នាលសុនក្ខត្តៈ មុខជានឹងមានអ្នកផងស្តីឲ្យ​អ្នកថា សុនក្ខត្តលិច្ឆវិបុត្រ មិនអាចនឹងប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសំណាក់នៃ​ព្រះសមណគោតម​បានឡើយ លុះដល់គាត់មិនអាច (នឹងប្រព្រឹត្ត​ព្រហ្មចរិយធម៌) ក៏ពោលលាសិក្ខា ហើយនឹងត្រឡប់​ទៅកាន់ភេទដ៏ថោកទាបវិញ ម្នាលសុនក្ខត្តៈ ខ្លួនអ្នក មុខជានឹងមានអ្នកផងស្តីឲ្យ យ៉ាងដូច្នេះមិនខាន។ ម្នាលភគ្គវៈ សុនក្ខត្តលិច្ឆវិបុត្រ លុះដល់តថាគតស្តីថាឲ្យយ៉ាងនេះ ក៏គេច​ចេញ ចាកធម្មវិន័យនេះបាត់ទៅ ដូចសត្វដែលទៅកើតក្នុងអបាយ ឬទៅកើតក្នុងនរក។

[៤] ម្នាលភគ្គវៈ សម័យមួយ តថាគតនៅក្នុងឧត្តរកានិគម របស់ពួកជនថូលុ ក្នុងថូលុជនបទ​ឯណោះ។ ម្នាលភគ្គវៈ ក្នុងបុព្វណ្ហសម័យ តថាគតស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ មាន​សុនក្ខត្តលិច្ឆវិបុត្រ ជាបច្ឆាសមណៈ ដើរចូលទៅបិណ្ឌបាត ក្នុងឧត្តរកានិគម។ ក៏សម័យ​នោះឯង មានអចេលម្នាក់ ជាកោរខត្តិយៈ5) សមាទានកុក្កុរវត្ត គឺប្រព្រឹត្តដូចសុនខ ដើរវារជើង៤ យកមាត់ត្របាក់ស៊ី យកមាត់ស៊ីនូវភក្សាហារ ដែល​គេចាក់ចោលលើផែនដី។ ម្នាលភគ្គវៈ ឯសុនក្ខត្តលិច្ឆវិបុត្រ បានឃើញអចេលកោរខត្តិយៈ សមាទានកុក្កុរវត្ត ដើរវារជើង៤ កំពុងយកមាត់ត្របាក់ស៊ី យកមាត់​ស៊ីនូវ​ភក្សាហារ ដែល​គេចាក់ចោលលើផែនដី។ លុះសុនក្ខត្តលិច្ឆវិបុត្រនោះ បានឃើញហើយ ក៏មានសេចក្តីត្រិះរិះ​ដូច្នេះថា អើហ្ន៎ សមណៈជាព្រះអរហន្តល្អពេកណាស់ ដើរវារជើង៤ យកមាត់ត្របាក់ស៊ី យក​មាត់​ស៊ីនូវភក្សាហារ ដែល​គេចាក់ចោលលើផែនដី។ ម្នាលភគ្គវៈ លំដាប់នោះឯង តថាគតបានដឹង​ច្បាស់នូវសេចក្តីត្រិះរិះ ក្នុងចិត្ត​នៃសុនក្ខត្តលិច្ឆវិបុត្រ ដោយចិត្ត​ (របស់តថាគត) ហើយបាននិយាយ​នឹង​សុនក្ខត្តលិច្ឆវិបុត្រយ៉ាងនេះថា ម្នាលមោឃបុរស អ្នក​មិនសម​បើប្តេជ្ញា​ខ្លួនថាជាសក្យបុត្តិយ៍​សោះ​ឡើយ។ សុនក្ខត្តលិច្ឆវិបុត្រ និយាយថា បពិត្រព្រះអង្គដ៏ចំរើន ព្រោះហេតុដូចម្តេច បានជាព្រះមាន​ព្រះភាគ ទ្រង់បន្ទោសខ្ញុំព្រះអង្គយ៉ាងនេះថា ម្នាលមោឃបុរស អ្នក​មិនសម​បើនឹងប្តេជ្ញាខ្លួន ថាជា​សក្យបុត្តិយ៍​សោះឡើយ។ តថាគត​ ក៏និយាយត្រឡប់ទៅវិញថា ម្នាលសុនក្ខត្តៈ ចុះអ្នកបានឃើញ​អចេលកោរខត្តិយៈ​នេះ សមាទានកុក្កុរវត្ត ដើរវារជើង៤ យកមាត់ត្របាក់ស៊ី យកមាត់ស៊ីនូវភក្សាហារ ដែល​គេចាក់ចោលលើផែនដី។ លុះអ្នក​ឃើញហើយ ក៏មានសេចក្តីត្រិះរិះដូច្នេះថា អើហ្ន៎ សមណៈជាព្រះអរហន្តល្អពេកណាស់ ដើរវារជើង៤ យកមាត់ត្របាក់ស៊ី យកមាត់ស៊ីនូវភក្សាហារ ដែល​គេចាក់ចោលលើផែនដី ដូច្នេះ មែនឬទេ។ សុនក្ខត្តលិច្ឆវិបុត្រ ទូលតបថា បពិត្រព្រះអង្គដ៏ចំរើន កាលបើហេតុយ៉ាងនេះមានហើយ ហេតុអ្វី​ក៏​ព្រះមានព្រះភាគ កំណាញ់​ព្រះអរហត្តម្ល៉េះ។ តថាគតនិយាយតបថា ម្នាលមោឃបុរស តថាគត មិនមែនកំណាញ់ព្រះអរហត្តទេ តែថាទិដ្ឋិអាក្រក់យ៉ាងនេះ កើតឡើងដល់អ្នកហើយ ចូរអ្នក​លះបង់​ទិដ្ឋិអាក្រក់នោះចេញ ទិដ្ឋិអាក្រក់ដែល​ប្រព្រឹត្តទៅដើម្បីមិនជាប្រយោជន៍ ជាទុក្ខអស់កាលដ៏យូរ​ កុំបី​មានដល់អ្នកឡើយ ម្នាលសុនក្ខត្តៈ អ្នកសំគាល់នូវអចេលកោរខត្តិយៈណា ថាជាព្រះអរហន្ត ជាសមណៈដូច្នេះ ឯអចេលនោះ នឹងធ្វើមរណកាល ដោយអលសកព្យាធិ6) ក្នុងថ្ងៃទី៧ពុំខាន លុះដល់គាត់ធ្វើមរណកាលទៅហើយ នឹងទៅ​កើតក្នុង​ពួកអសុរ ឈ្មោះកាលកញ្ជិកៈ ជាអសុរកាយថោកទាបជាងគេទាំងអស់ ចំណែក​ខាងជន​ទាំងឡាយ នឹងនាំយកអចេល ដែលធ្វើមរណកាលហើយនោះ ទៅចោលក្នុងព្រៃស្មសាន ដែល​មានដើមស្បូវរណ្តាស។ ម្នាលសុនក្ខត្តៈ បើអ្នកចង់ដឹង គប្បីចូលទៅរកអចេលកោរខតិ្តយៈ ហើយ​សួរថា នែអាវុសោកោរខត្តិយៈ អ្នកដឹងគតិរបស់ខ្លួនដែរឬទេ ម្នាលសុនក្ខត្តៈ​ ហេតុនេះមានជាប្រាកដ គឺអចេលកោរខត្តិយៈ មុខជានឹងប្រាប់អ្នកថា នែអាវុសោសុនក្ខត្តៈ ខ្ញុំដឹងគតិរបស់ខ្ញុំថា ខ្ញុំឯង លុះធ្វើ​មរណកាលទៅ នឹងទៅកើតក្នុងពួកអសុរឈ្មោះកាលកញ្ជិកៈ ជាអសុរកាយថោកទាបជាងគេ​ទាំងអស់។ ម្នាលភគ្គវៈ សម័យនោះឯង សុនក្ខត្តលិច្ឆវិបុត្រ បានចូលទៅរកអចេលកោរខត្តិយៈ លុះចូលទៅដល់ហើយ ក៏បាននិយាយនឹងអចេលកោរខត្តិយៈ យ៉ាងនេះថា ម្នាល​អាវុសោ​កោរខត្តិយៈ ព្រះសមណគោតម ទ្រង់បានព្យាករឲ្យអ្នកថា អចេលកោរខត្តិយៈ នឹងធ្វើមរណកាល​ ដោយអលសកព្យាធិក្នុងថ្ងៃទី៧ លុះដល់ធ្វើមរណកាលទៅហើយ នឹងទៅកើតក្នុងពួក​អសុរ ឈ្មោះ​កាលកញ្ជិកៈ ជាអសុរកាយថោកទាបជាងគេទាំងអស់ ជនទាំងឡាយ នឹងនាំយកអចេល ដែលធ្វើ​មរណកាលហើយនោះ ទៅចោលឯព្រៃស្មសាន ដែលមានដើមស្បូវរណ្តាស ម្នាលអាវុសោ​កោរខត្តិយៈ ព្រោះហេតុនោះ គួរអ្នកបរិភោគភត្តាហារឲ្យល្មមៗ គួរផឹកទឹកឲ្យល្មមៗ ពាក្យរបស់​ព្រះ​សមណគោតម ត្រឡប់ទៅជាពាក្យខុសវិញយ៉ាងណា (អ្នកគប្បី​ធ្វើយ៉ាងនោះ)។ ម្នាលភគ្គវៈ គ្រានោះ​ឯង សុនក្ខត្តលិច្ឆវិបុត្រ មិនជឿពាក្យតថាគត​ ហើយក៏រាប់​តាំងអំពី​១ថ្ងៃ ២ថ្ងៃ រហូតដល់​៧យប់ ៧ថ្ងៃ។ ម្នាលភគ្គវៈ លំដាប់នោះឯង អចេលកោរខត្តិយៈ ក៏បានធ្វើមរណកាល ដោយអលសកព្យាធិ ក្នុងថ្ងៃទី៧ (នោះមែន) លុះធ្វើ​មរណកាលហើយ ក៏ទៅកើតក្នុងពួកអសុរឈ្មោះកាលកញ្ជិកៈ ជាអសុរកាយថោកទាបជាងគេ​ទាំងអស់ ពួកមហាជន ក៏នាំគ្នាយកអចេល ដែលធ្វើមរណកាល​ហើយ​នោះ ទៅចោលក្នុងព្រៃស្មសាន ដែលមានដើមស្បូវរណ្តាស។ ម្នាលភគ្គវៈ សុនក្ខត្តលិច្ឆវិបុត្រ បានឮដំណឹងថា អចេលកោរខត្តិយៈ បានធ្វើមរណកាល ដោយអលសកព្យាធិ ពួកមនុស្សបាន​នាំ​យកទៅចោលឯព្រៃស្មសាន ដែលមានដើមស្បូវរណ្តាស។ ម្នាលភគ្គវៈ លំដាប់នោះឯង សុនក្ខត្តលិច្ឆវិបុត្រ ក៏ដើរចូលទៅរកអចេលកោរក្ខត្តិយៈ ក្នុងព្រៃស្មសាន ដែលមានដើមស្បូវរណ្តាស លុះចូលទៅដល់ហើយ ក៏យកដៃទះសាកសពអចេលកោរក្ខត្តិយៈ៣ដង សួរថា ម្នាលអាវុសោ​កោរក្ខត្តិយៈ អ្នកដឹងគតិរបស់ខ្លួនឬទេ។ ម្នាលភគ្គវៈ សម័យនោះឯង សាកសពអចេលកោរក្ខត្តិយៈ យកដៃបោសខ្នង ក្រោកឡើងប្រាប់ថា ម្នាលអាវុសោសុនក្ខត្តៈ ខ្ញុំដឹងគតិ​របស់ខ្ញុំថា ខ្ញុំបានមកកើតក្នុងពួកអសុរឈ្មោះកាលកញ្ជិកៈហើយ ជាអសុរកាយ​ថោកទាបជាងគេ​ទាំងអស់7) ដូច្នេះរួចហើយ ក៏ដួលដេកផ្ងារស្រទាង ក្នុងទីនោះទៅវិញ។ ម្នាលភគ្គវៈ គ្រានោះឯង សុនក្ខត្តលិច្ឆវិបុត្រ ក៏ចូលមករកតថាគត លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំតថាគត រួចអង្គុយក្នុងទីសមគួរ។ ម្នាលភគ្គវៈ លុះសុនក្ខត្តលិច្ឆវិបុត្រ អង្គុយក្នុងទីដ៏សមគួរហើយ តថាគតក៏សួរយ៉ាងនេះថា ម្នាលសុនក្ខត្តៈ អ្នកសំគាល់សេចក្តីនោះ ថាដូចម្តេច តថាគតបាន​ប្រារព្ធព្យាករណ៍ នូវអចេលកោរខត្តិយៈ ប្រាប់អ្នកយ៉ាងណាមិញ វិបាក​នោះ ក៏ពិតដូច្នោះមែន មិនបានទៅជាខុសវិញទេឬ។ សុនក្ខត្តលិច្ឆវិបុត្រ ក៏ទូលតបមកវិញថា បពិត្រព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគ ទ្រង់ប្រារព្ធព្យាករណ៍ នូវអចេលកោរក្ខត្តិយៈ ប្រាប់ខ្ញុំព្រះអង្គ​យ៉ាងណា វិបាកនោះ ក៏ពិតដូច្នោះមែន មិនមែនផ្សេងទេ។ តថាគតសួរថា ម្នាលសុនក្ខត្តៈ អ្នកសំគាល់សេចក្តីនោះថាដូចម្តេច បើហេតុយ៉ាងនេះមានហើយ តើតថាគត ឈ្មោះ​ថាបានធ្វើ​ឥទ្ធិបាដិហារិយ៍ ជាធម៌ដ៏ប្រសើរ​ ក្រៃលែងជាងធម៌របស់មនុស្សហើយ ឬមិនមែនបានធ្វើទេ។ សុនក្ខត្តលិច្ឆវិបុត្រ ទូលតបថា បពិត្រព្រះអង្គដ៏ចំរើន កាលបើហេតុយ៉ាងនេះ​មានហើយ ឈ្មោះថា ព្រះអង្គបានធ្វើឥទ្ធិបាដិហារិយ៍ ជាធម៌ដ៏ប្រសើរ ក្រៃលែង ជាងធម៌របស់មនុស្ស​ពិតមែនហើយ។ មិនមែនថាព្រះអង្គមិនធ្វើទេ។ តថាគតនិយាយតបថា ម្នាលមោឃបុរស កាលបើ​ដូច្នោះមែន (ចុះដូចម្តេច) ក៏អ្នកនិយាយនឹងតថាគត ដែលជាអ្នកធ្វើឥទ្ធិបាដិហារិយ៍ ជាធម៌ដ៏ប្រសើរ​ក្រៃលែងជាងធម៌របស់មនុស្ស យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគ ពិតជាមិន​ធ្វើឥទ្ធិបាដិហារិយ៍ ជាធម៌ដ៏ប្រសើរ​ក្រៃលែងជាងធម៌របស់មនុស្ស ដល់ខ្ញុំព្រះអង្គទេ ម្នាលមោឃបុរស អ្នកចូរមើលចុះ អំពើនេះ ជាកំហុសរបស់អ្នក។ ម្នាលភគ្គវៈ ឯសុនក្ខត្តលិច្ឆវិបុត្រ កាលតថាគតស្តី​ឲ្យយ៉ាងនេះ ក៏គេចចេញចាកធម្មវិន័យនេះបាត់ទៅ ដូចជាសត្វដែល​ទៅកើតក្នុងអបាយ ឬទៅកើត​ក្នុងនរក។

[៥] ម្នាលភគ្គវៈ សម័យមួយ តថាគតឋិតនៅក្នុងកូដាគារសាលា ក្នុងព្រៃមហាវ័ន ជិតក្រុង​វេសាលី។ សម័យនោះឯង មានអចេលម្នាក់ ឈ្មោះកឡារមជ្ឈកៈ8) នៅអាស្រ័យក្នុងក្រុងវេសាលី ជាអ្នកបានលាភ និងយសដ៏ប្រសើរ ក្នុងវជ្ជិគ្រាម។ ចំណែកវត្តទាំង៧ អចេលនោះ ក៏បានសមាទានសព្វគ្រប់ថា អាត្មាអញគួរជាអ្នក​អាក្រាត មិនត្រូវស្លៀកដណ្តប់សំពត់​ដរាបដល់អស់ជីវិត១ អាត្មាអញ គួរប្រព្រឹត្តធម៌ដ៏ប្រសើរ មិនត្រូវ​សេពមេថុនធម្ម ដរាបដល់អស់ជីវិត១ អាត្មាអញគួរចិញ្ចឹមជីវិតដោយសុរា និងសាច់តែម្យ៉ាង មិនត្រូវ​បរិភោគ​បាយ និងនំ​ដរាបដល់អស់ជីវិត១ អាត្មាអញ មិនត្រូវបោះបង់ចោលនូវ​ឧទេនចេតិយ ខាង​កើតក្រុងវេសាលី១ អាត្មាអញ មិនត្រូវបោះបង់ចោលនូវគោតមចេតិយ ខាងត្បូងក្រុងវេសាលី១ អាត្មាអញ មិនត្រូវបោះបង់ចោលនូវសត្តម្ពចេតិយ ខាងលិចក្រុងវេសាលី១ អាត្មាអញ មិនត្រូវបោះបង់ចោលនូវពហុបុត្តកចេតិយ ខាងជើងក្រុងវេសាលី១ ព្រោះហេតុដែលប្រព្រឹត្ត​សមាទាន នូវចំណែកវត្តទាំង៧នេះហើយ ទើបអចេលនោះ បាននូវលាភ និងយសដ៏ប្រសើរ ក្នុង​វជ្ជិគ្រាម។ ម្នាលភគ្គវៈ គ្រានោះឯង សុនក្ខត្តលិច្ឆវិបុត្រ បានចូលទៅរកអចេលកឡារមជ្ឈកៈ លុះចូលទៅដល់ហើយ ក៏សួរប្រស្នានឹង​អចេលកឡារមជ្ឈកៈ។ លុះសុនក្ខត្តលិច្ឆវិបុត្រ​សួរ​ប្រស្នា​​យ៉ាង​នោះហើយ អចេលកឡារមជ្ឈកៈ ក៏ឆ្លើយដោះស្រាយប្រស្នានោះមិនរួច កាលបើឆ្លើយមិនរួច​ហើយ ក៏ធ្វើនូវសេចក្តីក្រេវក្រោធផង ប្រទូស្តផង សេចក្តីមិនត្រេកអរផង ឲ្យប្រាកដឡើង។ ម្នាលភគ្គវៈ លំដាប់នោះឯង សុនក្ខត្តលិច្ឆវិបុត្រ មានសេចក្តីត្រិះរិះ​យ៉ាងនេះថា ឱហ្ន៎ អាត្មាអញ បានដេញ​ដោល នូវអរហន្តសមណៈ មានសភាពដ៏ល្អ ធ្វើដូចម្តេចហ្ន៎ អំពើដែលប្រព្រឹត្តទៅ ដើម្បីមិនជាប្រយោជន៍ ដើម្បីសេចក្តីទុក្ខអស់កាលជាយូរអង្វែង កុំបីមានដល់អាត្មាអញឡើយ។ ម្នាលភគ្គវៈ លំដាប់នោះ​ សុនក្ខត្តលិច្ឆវិបុត្រ បានចូលមករកតថាគត លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំតថាគត រួច​អង្គុយក្នុងទីសមគួរ។ ម្នាលភគ្គវៈ លុះសុនក្ខត្តលិច្ឆវិបុត្រ អង្គុយក្នុងទីសមគួរហើយ តថាគត ក៏បាន​ពោលពាក្យនេះថា ម្នាលមោឃបុរស អ្នកមិនសមបើមកប្តេជ្ញាខ្លួន ថាជាសក្យបុត្តិយ៍សោះឡើយ។ សុនក្ខត្តលិច្ឆវិបុត្រ បាននិយាយថា បពិត្រព្រះអង្គដ៏ចំរើន ព្រោះហេតុអ្វី បានជាព្រះមានព្រះភាគ ទ្រង់បន្ទោសខ្ញុំព្រះអង្គយ៉ាងនេះថា ម្នាលមោឃបុរស អ្នកមិនសមបើមកប្តេជ្ញាខ្លួន ថាជាសក្យបុត្តិយ៍សោះឡើយ។ តថាគត ក៏ត្រឡប់​និយាយ​ទៅវិញទៀតថា ម្នាលសុនក្ខត្តៈ ក្រែងអ្នក​បានចូលទៅរកអចេលកឡារមជ្ឈកៈ ហើយសួរប្រស្នា ឯ​អចេលកឡារមជ្ឈកៈ លុះដល់អ្នក​សួរ​ប្រស្នា​ហើយ ក៏រកឆ្លើយដោះប្រស្នាមិនរួច កាលបើឆ្លើយដោះប្រស្នាមិនរួច​ហើយ ក៏បានធ្វើនូវសេចក្តី​ក្រេវ​ក្រោធ​ផង ប្រទូស្តផង សេចក្តីមិនត្រេកអរផង ឲ្យប្រាកដឡើង អ្នកមានសេចក្តីត្រិះរិះ​យ៉ាងនេះថា ឱហ្ន៎ អាត្មាអញ បានដេញ​ដោល នូវអរហន្តសមណៈ ដែលមានសភាពដ៏ល្អ ធ្វើដូចម្តេចហ្ន៎ អំពើ​ដែល​ប្រព្រឹត្តទៅ ដើម្បីមិនជាប្រយោជន៍ ដើម្បីសេចក្តីទុក្ខអស់កាលជាយូរអង្វែង កុំបីមាន​ដល់​អាត្មា​អញ​ឡើយ ដូច្នេះមែនឬ។ ឯសុនក្ខត្តលិច្ឆវិបុត្រ ក៏ត្រឡប់ទូលថា ព្រះករុណាព្រះអង្គ បពិត្រព្រះអង្គដ៏ចំរើន ចុះព្រះមានព្រះភាគ ទ្រង់កំណាញ់ព្រះអរហត្តឬអ្វី។ តថាគតនិយាយ​ថា ម្នាលមោឃបុរស តថាគតមិនមែនកំណាញ់អរហត្តទេ តែទិដ្ឋិអាក្រក់យ៉ាងនេះ កើតឡើងដល់​អ្នកទេតើ អ្នកចូរលះបង់នូវទិដ្ឋិអាក្រក់នោះចេញ ទិដ្ឋិអាក្រក់ដែលប្រព្រឹត្តទៅ ដើម្បីមិនជាប្រយោជន៍ ជាទុក្ខអស់កាលដ៏យូរ កុំបីមានដល់អ្នកឡើយ។ តថាគតនិយាយទៀតថា ម្នាលសុនក្ខត្តៈ អ្នកឯង​សំគាល់នូវអចេលកឡារមជ្ឈកៈណាជាអរហន្តសមណៈ មានសភាពដ៏ប្រសើរដូច្នេះ មិនយូរ​ប៉ុន្មាន អចេលនោះ មុខជានឹងត្រឡប់ទៅជាអ្នកស្លៀកសំពត់ មានប្រពន្ធកូន បរិភោគបាយ និងនំ លះបង់​ចោលនូវចេតិយទាំងអស់ ដែលមាននៅជិតក្រុងវេសាលី និងសាបសូន្យចាកយស ហើយធ្វើ​មរណ​កាលទៅ។ ម្នាលភគ្គវៈ លំដាប់នោះឯង អចេលកឡារមជ្ឈកៈ មិនយូរប៉ុន្មាន ត្រឡប់ទៅជាអ្នក​ស្លៀក​សំពត់ មានប្រពន្ធកូន បរិភោគបាយ និងនំ លះបង់​ចោលនូវចេតិយទាំងអស់ ដែលមាននៅ​ជិត​ក្រុង​វេសាលី ជាអ្នកសាបសូន្យចាកយស ហើយធ្វើ​មរណ​កាលទៅ ដូច្នោះមែន។ ម្នាលភគ្គវៈ សុនក្ខត្តលិច្ឆវិបុត្រ បានឮដំណឹងថា អចេលកឡារមជ្ឈកៈ ត្រឡប់ទៅជាអ្នក​ស្លៀក​សំពត់ មានប្រពន្ធកូន បរិភោគបាយ និងនំ លះបង់​ចោលនូវចេតិយទាំងអស់ ដែលមាននៅ​ជិត​ក្រុង​វេសាលី ជាអ្នកសាបសូន្យចាកយស ហើយធ្វើ​មរណ​កាលទៅដែរ។ ម្នាលភគ្គវៈ គ្រានោះឯង សុនក្ខត្តលិច្ឆវិបុត្រ ចូលមករកតថាគត លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំតថាគត រួច​អង្គុយក្នុងទីសមគួរ។ ភគ្គវៈ លុះសុនក្ខត្តលិច្ឆវិបុត្រ អង្គុយក្នុងទីសមគួរហើយ តថាគតក៏បាន​សួរ​យ៉ាងនេះថា ម្នាលសុនក្ខត្តៈ អ្នកសំគាល់សេចក្តីនោះថាដូចម្តេច តថាគត បានប្រារព្ធព្យាករណ៍​ នូវ​អចេលកឡារមជ្ឈកៈប្រាប់អ្នកយ៉ាងណា វិបាកនោះ ក៏ពិតដូច្នោះមែន មិនមែនទៅជា​ផ្សេង​វិញទេឬ។ ឯសុនក្ខត្តលិច្ឆវិបុត្រ បានឆ្លើយតបថា បពិត្រព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគ ទ្រង់ប្រារព្ធព្យាករណ៍ នូវអចេលកឡារមជ្ឈកៈប្រាប់ខ្ញុំព្រះអង្គយ៉ាងណា វិបាកនោះ ក៏ពិតដូច្នោះមែន មិនមែន​ទៅជា​ផ្សេង​វិញទេ។ តថាគត ក៏និយាយថា ម្នាលសុនក្ខត្តៈ អ្នកសំគាល់សេចក្តីនោះ ថាដូចម្តេច កាលបើហេតុ​យ៉ាងនេះមានហើយ តើឈ្មោះថា តថាគតបានធ្វើឥទ្ធិបាដិហារិយ៍ ជាធម៌ដ៏ប្រសើរក្រៃលែង ជាង​ធម៌​របស់មនុស្សហើយ ឬថាមិនបានធ្វើទេ។ សុនក្ខត្តលិច្ឆវិបុត្រ ក៏ទូលតបថា បពិត្រព្រះអង្គដ៏ចំរើន កាលបើហេតុ​យ៉ាងនេះមានហើយ ឈ្មោះថា ព្រះអង្គបានធ្វើឥទ្ធិបាដិហារិយ៍ ជាធម៌ដ៏ប្រសើរ​ក្រៃលែង ជាង​ធម៌​របស់មនុស្សពិតមែនហើយ មិនមែនថាព្រះអង្គមិនធ្វើទេ។ តថាគតពោលថា ម្នាលមោឃបុរស កាលបើហេតុយ៉ាងនោះទេ ចុះដូចម្តេចក៏អ្នកនិយាយនឹងតថាគត ដែលជាអ្នក​ធ្វើ​ឥទ្ធិបាដិហារិយ៍ ជាធម៌ដ៏ប្រសើរក្រៃលែង ជាង​ធម៌​របស់មនុស្សយ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគ មិនធ្វើឥទ្ធិបាដិហារិយ៍ ជាធម៌ដ៏ប្រសើរក្រៃលែង ជាង​ធម៌​របស់មនុស្ស ដល់ខ្ញុំព្រះអង្គ​សោះ ម្នាលមោឃបុរស អ្នកចូរមើលចុះ អំពើនេះ ជាកំហុសរបស់អ្នកហើយ។ ម្នាលភគ្គវៈ ឯសុនក្ខត្តលិច្ឆវិបុត្រ កាលបើតថាគតស្តីថាឲ្យយ៉ាងនេះ ក៏គេចចេញចាកធម្មវិន័យ​នេះបាត់ទៅ ដូចជាសត្វដែលទៅកើត​ក្នុងអបាយ ឬទៅកើតក្នុងនរក។

[៦] ម្នាលភគ្គវៈ សម័យមួយ តថាគតឋិតនៅក្នុងកូដាគារសាលា នាព្រៃមហាវ័ន ជិតក្រុង​វេសាលីឯណោះ។ សម័យនោះឯង អចេលបាដិកបុត្រ នៅអាស្រ័យក្នុងក្រុងវេសាលី ជាអ្នក​បាន​លាភ និងយសដ៏ប្រសើរ ក្នុងវជ្ជិគ្រាម។ អចេលបាដិកបុត្រនោះ ពោលពាក្យក្នុងកណ្តាលបរិសទ្យ ក្រុងវេសាលីយ៉ាងនេះថា ព្រះសមណគោតម ជាញាណវាទ (អ្នកពោលដោយប្រាជ្ញា) ឯយើង​ក៏ជាញាណវាទដែរ អ្នកដែលជាញាណវាទ និងអ្នកដែលជាញាណវាទដូចគ្នា គួរនឹងសំដែង​​ឥទ្ធិបាដិហារិយ៍ ជាធម៌ដ៏ប្រសើរក្រៃលែង ជាងធម៌របស់មនុស្សតគ្នា តែព្រះសមណគោតម គួរ​មកកាន់ទីពាក់កណ្តាលផ្លូវ ឯយើងក៏គួរទៅដល់ទីពាក់កណ្តាលផ្លូវដែរ ហើយយើងទាំងពីរ​នាក់​នោះ នឹងធ្វើ​ឥទ្ធិបាដិហារិយ៍ ជាធម៌ដ៏ប្រសើរក្រៃលែង ជាងធម៌របស់មនុស្ស ក្នុងទីដែល​ជួបគ្នានោះ បើព្រះសមណគោតម នឹងធ្វើ​ឥទ្ធិបាដិហារិយ៍ ជាធម៌ដ៏ប្រសើរក្រៃលែង ជាងធម៌របស់មនុស្សបាន១ យើងអាចនឹងធ្វើបានពីរ បើព្រះសមណគោតម នឹងធ្វើ​ឥទ្ធិបាដិហារិយ៍ ជាធម៌ដ៏ប្រសើរក្រៃលែង ជាងធម៌របស់មនុស្សបានពីរ យើងអាចនឹងធ្វើបាន៤ បើព្រះសមណគោតម នឹងធ្វើ​ឥទ្ធិបាដិហារិយ៍ ជាធម៌ដ៏ប្រសើរក្រៃលែង ជាងធម៌របស់មនុស្សបាន៤ យើងអាចនឹងធ្វើបាន៨។ បើព្រះសមណគោតម នឹងធ្វើ​ឥទ្ធិបាដិហារិយ៍ ជាធម៌ដ៏ប្រសើរក្រៃលែង ជាងធម៌របស់មនុស្សបានប៉ុន្មានៗ យើងអាចនឹងធ្វើបានទ្វេគុណៗជាងនោះៗទៅទៀតថា ដោយប្រការដូច្នេះឯង។ ម្នាលភគ្គវៈ ព្រោះហេតុនោះឯង បានជាសុនក្ខត្តលិច្ឆវិបុត្រ ចូល​មក​រក​តថាគត លុះចូលមកដល់ហើយ ក៏ថ្វាយបង្គំតថាគត រួច​អង្គុយក្នុងទីសមគួរ។ ម្នាលភគ្គវៈ លុះសុនក្ខត្តលិច្ឆវិបុត្រ អង្គុយក្នុងទីសមគួរហើយ ក៏បាននិយាយនឹងតថាគតយ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន អចេលបាដិកបុត្រ នៅអាស្រ័យក្នុងក្រុងវេសាលី ជាអ្នក​បាន​លាភ និងយសដ៏ប្រសើរ ក្នុងវជ្ជិគ្រាម អចេលបាដិកបុត្រនោះ ក៏ពោលពាក្យក្នុងកណ្តាលបរិសទ្យ ក្រុងវេសាលី យ៉ាងនេះថា ព្រះសមណគោតម ជាញាណវាទ ឯយើង​ក៏ជាញាណវាទដែរ អ្នកដែលជាញាណវាទ និងអ្នកដែលជាញាណវាទដូចគ្នា គួរនឹងសំដែង​​ឥទ្ធិបាដិហារិយ៍ ជាធម៌​ដ៏ប្រសើរក្រៃលែង ជាងធម៌របស់មនុស្សតគ្នា តែព្រះសមណគោតម គួរ​មកកាន់ទីពាក់កណ្តាលផ្លូវ ឯយើងក៏គួរទៅកាន់ទីពាក់កណ្តាលផ្លូវដែរ ហើយយើងទាំងពីរ​នាក់​នោះ នឹងធ្វើ​ឥទ្ធិបាដិហារិយ៍ ជាធម៌ដ៏ប្រសើរក្រៃលែង ជាងធម៌របស់មនុស្ស ក្នុងទីដែល​ជួបគ្នានោះ បើព្រះសមណគោតម នឹងធ្វើ​ឥទ្ធិបាដិហារិយ៍ ជាធម៌ដ៏ប្រសើរក្រៃលែង ជាងធម៌របស់មនុស្សបាន១ យើងអាចនឹងធ្វើបាន២។ សេចក្តីបំប្រួញ។ យើងអាចនឹងធ្វើឲ្យជាទ្វេគុណៗជាងនោះៗទៅទៀតបាន។ ម្នាលភគ្គវៈ កាលបើសុនក្ខត្តលិច្ឆវិបុត្រ ពោលពាក្យយ៉ាងនេះហើយ តថាគតក៏និយាយនឹង​សុនក្ខត្តលិច្ឆវិបុត្រ យ៉ាងនេះថា ម្នាលសុនក្ខត្តៈ អចេលបាដិកបុត្រ បើមិនលះបង់វាចានោះ មិនលះបង់ចិត្តនោះ មិនលះបង់ទិដ្ឋិនោះចេញទេ ក៏មិនគួរនឹងមកកាន់ទីចំពោះមុខ​តថាគតឡើយ បើប្រសិនជា​អចេលបាដិកបុត្រនោះ តាំងចិត្តយ៉ាងនេះថា អាត្មាអញមិន​លះបង់វាចានោះ មិនលះបង់ចិត្តនោះ មិនលះបង់ទិដ្ឋិនោះចេញទេ ហើយគប្បីទៅកាន់ទីចំពោះមុខ​នៃព្រះសមណគោតមដូច្នេះ ក្បាល​របស់​អចេលបាដិកបុត្រនោះ មុខជានឹងធ្លាក់ចុះ។9) សុនក្ខត្តលិច្ឆវិបុត្រ ក៏និយាយទៀតថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគរក្សានូវវាចានុ៎ះ សូមព្រះសុគតរក្សានូវវាចានុ៎ះ។ តថាគត ​និយាយថា ម្នាលសុនក្ខត្តៈ ព្រោះហេតុអ្វី បានជាអ្នកនិយាយនឹងតថាគតយ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគរក្សានូវវាចានុ៎ះ សូមព្រះសុគតរក្សានូវវាចានុ៎ះ។ សុនក្ខត្តលិច្ឆវិបុត្រ ទូលតបថា បពិត្រព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគបានពោលនូវវាចា​នុ៎ះ ដោយដាច់ខាតដូច្នេះថា អចេលបាដិកបុត្រ បើមិនលះបង់វាចានោះ មិនលះបង់ចិត្តនោះ មិនលះបង់ទិដ្ឋិនោះចេញទេ មិនគួរនឹងមកកាន់ទីចំពោះមុខ​តថាគតបានឡើយ បើប្រសិនជា​អចេលបាដិកបុត្រនោះ តាំងចិត្តយ៉ាងនេះថា អាត្មាអញមិន​លះបង់វាចានោះ មិនលះបង់ចិត្តនោះ មិនលះបង់ទិដ្ឋិនោះចេញទេ ហើយគប្បីទៅកាន់ទីចំពោះមុខ​នៃព្រះសមណគោតមដូច្នេះ ក្បាល​របស់​អចេលបាដិកបុត្រនោះ មុខជានឹងធ្លាក់ចុះ។ បពិត្រព្រះអង្គដ៏ចំរើន ប្រសិនបើអចេលបាដិកបុត្រ​នឹងមកកាន់ទីចំពោះព្រះភក្ត្រព្រះមានព្រះភាគ ដោយរូបប្លែក10) បាន ពាក្យរបស់ព្រះមានព្រះភាគ នឹងត្រឡប់​ទៅជាពាក្យមុសាវិញ។ តថាគតក៏និយាយទៀត​ថា ម្នាលសុនក្ខត្តៈ វាចាណា មានដំណើរ​បែកជាពីរផ្លូវ តថាគតគប្បី​ពោលវាចានោះដែរឬទេ។ សុនក្ខត្តលិច្ឆវិបុត្រ ក៏ទូលតបថា បពិត្រព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគ ទ្រង់បានកំណត់ជ្រាបចិត្ត​របស់​អចេលបាដិកបុត្រ ដោយព្រះហឫទ័យរបស់ព្រះអង្គថា ​អចេលបាដិកបុត្រ បើមិនលះបង់វាចានោះ មិនលះបង់ចិត្តនោះ មិនលះបង់ទិដ្ឋិនោះចេញទេ មិនគួរនឹងមកកាន់ទីចំពោះមុខ​តថាគតបានឡើយ បើប្រសិនជា​អចេលបាដិកបុត្រនោះ តាំងចិត្តយ៉ាងនេះថា អាត្មាអញមិន​លះបង់វាចានោះ មិនលះបង់ចិត្តនោះ មិនលះបង់ទិដ្ឋិនោះ ហើយគប្បីទៅកាន់ទីចំពោះមុខ​នៃព្រះសមណគោតមដូច្នេះ ក្បាល​របស់​អចេលបាដិកបុត្រនោះ មុខជានឹងធ្លាក់ចុះ ដូច្នេះឬ ឬក៏ទេវតាទាំងឡាយ មកក្រាបបង្គំទូល​សេចក្តី​នុ៎ះ ចំពោះព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន អចេលបាដិកបុត្រ បើមិនលះបង់វាចានោះ មិនគួរ​នឹង។បេ។ ក្បាល​របស់​អចេលបាដិកបុត្រនោះ មុខជានឹងធ្លាក់ចុះ។ តថាគត ពោលថា ម្នាលសុនក្ខត្តៈ តថាគត បានកំណត់ដឹងចិត្ត​របស់អចេលបាដិកបុត្រ ដោយចិត្ត​របស់តថាគតថា អចេលបាដិកបុត្រ​ បើ​មិនលះបង់វាចានោះ មិនលះបង់ចិត្តនោះ មិនគួរនឹង។បេ។ ក្បាល​របស់​អចេលបាដិកបុត្រនោះ មុខជានឹងធ្លាក់ចុះ ដូច្នេះផង ទាំងពួកទេវតា ក៏ប្រាប់ដំណើរនុ៎ះ ដល់តថាគតថា បពិត្រព្រះអង្គដ៏ចំរើន អចេលបាដិកបុត្រ បើ​មិនលះបង់វាចានោះ មិនគួរនឹង។បេ។ ក្បាល​របស់​អចេលបាដិកបុត្រនោះ មុខជានឹងធ្លាក់ចុះ ដូច្នេះផង។ មិនតែប៉ុណ្ណោះ បុរសឈ្មោះអជិត ជាសេនា​បតីរបស់ពួកស្តេចលិច្ឆវី ទើបនឹងធ្វើមរណកាលថ្មីៗ ទៅកើតក្នុងពួកទេវតាជាន់តាវត្តិង្ស ឯ​អជិត​សេនាបតីនោះ ក៏ចូលមករកតថាគត ហើយប្រាប់យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន អចេលបាដិកបុត្រ ឥតមានសេចក្តីអៀនខ្មាស បពិត្រព្រះអង្គដ៏ចំរើន អចេលបាដិកបុត្រ តែងពោល​ពាក្យកុហក បពិត្រព្រះអង្គដ៏ចំរើន អចេលបាដិកបុត្រ បានទាយឲ្យខ្ញុំព្រះអង្គថា អជិតសេនាបតី របស់​ពួកស្តេចលិច្ឆវី ក្នុងវជ្ជិគ្រាម ទៅកើតក្នុងមហានរកដូច្នេះ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ មិនមែនទៅកើតក្នុងមហានរកឡើយ បានទៅកើតក្នុងពួកទេវតា ជាន់តាវត្តិង្សទេតើ បពិត្រព្រះអង្គដ៏ចំរើន អចេលបាដិកបុត្រ ឥតមានសេចក្តីអៀនខ្មាសទេ បពិត្រព្រះអង្គដ៏ចំរើន អចេលបាដិកបុត្រ តែងពោល​ពាក្យកុហក បពិត្រព្រះអង្គដ៏ចំរើន អចេលបាដិកបុត្រ បើមិនលះបង់​​វាចានោះ មិនគួរនឹង។បេ។ ក្បាលរបស់អចេលបាដិកបុត្រនោះ មុខជានឹងធ្លាក់ចុះមិនខាន។ ម្នាលសុនក្ខត្តៈ តថាគតបានកំណត់ដឹងចិត្តរបស់អចេលបាដិកបុត្រ ដោយចិត្តថា អចេលបាដិកបុត្រ បើមិនលះបង់វាចានោះ មិនលះបង់​ចិត្តនោះ មិនលះបង់ទិដ្ឋិនោះចេញទេ មិនគួរនឹងមកកាន់ទី ចំពោះ​មុខតថាគតឡើយ បើប្រសិនជាអចេលបាដិកបុត្រ តាំងចិត្តយ៉ាងនេះថា អាត្មាអញ​ មិនលះបង់វាចានោះ មិនលះបង់​ចិត្តនោះ មិនលះបង់ទិដ្ឋិនោះចេញ ហើយគប្បីទៅកាន់ទីចំពោះ​ព្រះភក្ត្រនៃព្រះសមណគោតម ដូច្នេះ ក្បាលរបស់អចេលបាដិកបុត្រនោះ មុខជានឹងធ្លាក់ចុះផង ទាំងពួកទេវតា ក៏ប្រាប់ដំណើរនុ៎ះ ដល់តថាគតថា បពិត្រព្រះអង្គដ៏ចំរើន អចេលបាដិកបុត្រ បើមិនលះបង់វាចានោះ មិនលះបង់​ចិត្តនោះ មិនលះបង់ទិដ្ឋិនោះចេញទេ មិនគួរនឹងមកកាន់ទី ចំពោះ​ព្រះភក្ត្រនៃព្រះមានព្រះភាគបានឡើយ បើប្រសិនជាអចេលបាដិកបុត្រ តាំងចិត្តយ៉ាងនេះថា អាត្មាអញ​ មិនលះបង់វាចានោះ មិនលះបង់​ចិត្តនោះ មិនលះបង់ទិដ្ឋិនោះចេញ ហើយគប្បី​ទៅកាន់ទីចំពោះ​ព្រះភក្ត្រព្រះសមណគោតម ក្បាលរបស់អចេលបាដិកបុត្រនោះ មុខជានឹងធ្លាក់​ចុះ ដូច្នេះ​ផង។ ម្នាលសុនក្ខត្តៈ ចំណែកខាងតថាគត ត្រេចទៅដើម្បីបិណ្ឌបាត ក្នុងក្រុងវេសាលី លុះដល់វេលាបច្ឆាភត្ត តថាគតត្រឡប់ពីបិណ្ឌបាតមក ក៏ចូលសំដៅ​ទៅត្រង់អារាមរបស់​អចេលបាដិកបុត្រ ដើម្បីនៅសម្រាកក្នុងវេលាថ្ងៃ ម្នាលសុនក្ខត្តៈ ឥឡូវនេះ អ្នកចង់ប្រាប់នូវរឿង​ណា អ្នកចូរប្រាប់នូវរឿងនោះមកចុះ។

[៧] ម្នាលភគ្គវៈ គ្រានោះឯង តថាគតស្លៀកស្បង់ ប្រដាប់បាត្រចីវរ ក្នុងវេលាព្រឹកព្រហាម ចូលទៅបិណ្ឌបាត ក្នុងក្រុងវេសាលី លុះចូលទៅបិណ្ឌបាត ក្នុងក្រុងវេសាលីហើយ ត្រឡប់ពី​បិណ្ឌបាត​មកវិញ ក្នុងវេលាក្រោយភត្ត ក៏ចូលសំដៅទៅត្រង់​អារាម របស់អចេលបាដិកបុត្រ ដើម្បីនៅសម្រាកក្នុងវេលាថ្ងៃ។ ម្នាកភគ្គវៈ លំដាប់នោះឯង សុនក្ខត្តលិច្ឆវិបុត្រ ជាអ្នកចូលទៅកាន់​ក្រុង​វេសាលី ដោយប្រញាប់ប្រញាល់ ហើយក៏ចូលទៅរកពួកលិច្ឆវី ដែល​មាន​កេរ្តិ៍​ឈ្មោះប្រាកដ​ជាងគេ លុះចូលទៅដល់ហើយ ក៏និយាយនឹងពួកលិច្ឆវី ដែលមានកេរ្តិ៍ឈ្មោះប្រាកដ​ជាងគេ យ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ព្រះមានព្រះភាគនុ៎ះ ទ្រង់ពុទ្ធដំណើរទៅបិណ្ឌបាត ក្នុង​ក្រុង​វេសាលី ព្រះអង្គ​ត្រឡប់ពី​បិណ្ឌបាតមកវិញ ក្នុងវេលាក្រោយភត្ត ក៏ចូលសំដៅទៅត្រង់​អារាម​របស់​អចេលបាដិកបុត្រ ដើម្បីនៅសម្រាកក្នុងវេលាថ្ងៃ បពិត្រអ្នកមានអាយុទាំងឡាយ អ្នក​ទាំងឡាយ ចូរ​អញ្ជើញ​ទៅ បពិត្រអ្នកមានអាយុទាំងឡាយ អ្នកទាំងឡាយចូរអញ្ជើញទៅ ដ្បិត​ឥទ្ធិបាដិហារិយ៍ ជាធម៌ដ៏ប្រសើរក្រៃលែង ជាងធម៌របស់មនុស្ស នៃសមណៈទាំងឡាយ មានសភាព​ដ៏ល្អ មុខជា​នឹងមានមិនខាន។ ម្នាលភគ្គវៈ គ្រានោះឯង ពួកលិច្ឆវីដែលមានកេរ្តិ៍ឈ្មោះប្រាកដ​ជាងគេ ក៏ប្រឹក្សាគ្នា​ដូច្នេះ​ថា ម្នាលគ្នាយើង បានឮថា ឥទ្ធិបាដិហារិយ៍ ជាធម៌ដ៏ប្រសើរក្រៃលែង ជាងធម៌​របស់​មនុស្ស របស់សមណៈទាំងឡាយ មានសភាព​ដ៏ល្អ មុខជានឹងមានមិនខាន ម្នាលគ្នាយើង បើដូច្នោះ មានតែ​យើងទាំងឡាយ នាំគ្នាទៅមើល។ ឯសុនក្ខត្តលិច្ឆវិបុត្រ ក៏ដើរចូលទៅរកពួក​ព្រាហ្មណមហាសាល និងគហបតី អ្នកសន្សំទ្រព្យ សមណព្រាហ្មណ៍ ដែលមានលទ្ធិផ្សេងៗ មាន​កេរ្តិ៍ឈ្មោះ​ប្រាកដ​ជាងគេ លុះចូល​ទៅដល់ហើយ បាននិយាយទៅនឹងសមណព្រាហ្មណ៍ ដែលមាន​លទ្ធិផ្សេងៗ មានកេរ្តិ៍​ឈ្មោះ​ប្រាកដ​ជាងគេ ដូច្នេះថា ម្នាលអាវុសោទាំងឡាយ ព្រះមានព្រះភាគនុ៎ះ ទ្រង់​ពុទ្ធដំណើរ​ទៅ​បិណ្ឌបាត ក្នុងក្រុងវេសាលី ព្រះអង្គ​ត្រឡប់ពី​បិណ្ឌបាតមកវិញ ក្នុងវេលា​ក្រោយ​ភត្ត ក៏ចូល​សំដៅ​ទៅ​ត្រង់​អារាមរបស់អចេលបាដិកបុត្រ ដើម្បីនៅសម្រាកក្នុងវេលាថ្ងៃ នែអ្នកមាន​អាយុ​ទាំងឡាយ អ្នក​ទាំងឡាយ ចូរអញ្ជើញទៅ នែអ្នកមានអាយុទាំងឡាយ អ្នកទាំងឡាយ ចូរអញ្ជើញ​ទៅ ដ្បិត​ឥទ្ធិបាដិហារិយ៍ ជាធម៌ដ៏ប្រសើរក្រៃលែង ជាងធម៌របស់មនុស្ស នៃសមណៈ​ទាំងឡាយ មានសភាព​ដ៏ល្អ មុខជានឹងមានមិនខាន។ ម្នាលភគ្គវៈ លំដាប់នោះឯង ពួកសមណព្រាហ្មណ៍ ដែលមាន​លទ្ធិ​ផ្សេងៗ មានកេរ្តិ៍ឈ្មោះប្រាកដ​ជាងគេ ក៏ប្រឹក្សាគ្នាដូច្នេះថា ម្នាលគ្នាយើង បានឮថា ឥទ្ធិបាដិហារិយ៍ ជាធម៌ដ៏ប្រសើរក្រៃលែង ជាងធម៌​របស់​មនុស្ស នៃសមណៈ​ទាំងឡាយ មានសភាព​ដ៏ល្អ មុខជា​នឹង​មាន​មិនខាន ម្នាលគ្នាយើង បើដូច្នោះ មានតែយើង​ទាំងឡាយ នាំគ្នាទៅមើល។ ម្នាលភគ្គវៈ លំដាប់នោះឯង ពួកលិច្ឆវី ដែលមានកេរ្តិ៍ឈ្មោះ​ប្រាកដ​ជាងគេ និងពួក​ព្រាហ្មណមហាសាល និងគហបតី អ្នកសន្សំទ្រព្យ និងពួកសមណព្រាហ្មណ៍ មាន​លទ្ធិផ្សេងៗ សុទ្ធតែមាន​កេរ្តិ៍ឈ្មោះ​ប្រាកដ​ជាងគេ បាននាំគ្នាចូលទៅកាន់អារាម របស់អចេលបាដិកបុត្រ។ ម្នាលភគ្គវៈ បរិសទ្យនោះ មានប្រមាណច្រើនរយ ច្រើនពាន់នាក់។ ម្នាលភគ្គវៈ អចេលបាដិកបុត្រ បានឮដំណឹងថា ពួក​ស្តេច​លិច្ឆវី សុទ្ធតែមានកេរ្តិ៍ឈ្មោះប្រាកដ​ជាងគេ បានមកហើយ ពួកព្រាហ្មណមហាសាល និងគហបតី អ្នកសន្សំទ្រព្យ និងសមណព្រាហ្មណ៍ មានលទ្ធិផ្សេងៗ សុទ្ធតែមានកេរ្តិ៍ឈ្មោះប្រាកដជាងគេ ក៏បាន​មក​ដែរ ព្រះសមណគោតម ក៏គង់​សម្រាកព្រះអង្គនៅវេលាថ្ងៃ ក្នុងអារាមរបស់អាត្មាអញ។ អចេលបាដិកបុត្រ​នោះ លុះឮដំណឹង​ហើយ ក៏កើតភ័យរន្ធត់ ព្រឺព្រួចអស់ទាំងរោម។ ម្នាលភគ្គវៈ លំដាប់នោះឯង លុះ​អចេលបាដិកបុត្រ កើតមានភ័យ តក់ស្លុត ព្រឺព្រួចរោមហើយ ក៏ចូលទៅឯ តិណ្ឌុកខានុបរិព្វាជការាម។11) ម្នាលភគ្គវៈ បរិសទ្យនោះ បានឮដំណឹង​ថា អចេលបាដិកបុត្រ កើតមានភ័យ តក់ស្លុត ព្រឺព្រួចរោមហើយ ក៏ចូលទៅ​ឯតិណ្ឌុកខានុបរិព្វាជការាម។ ម្នាលភគ្គវៈ វេលានោះឯង បរិសទ្យនោះ ហៅបុរសម្នាក់មកថា នែ​បុរស​ដ៏ចំរើន អ្នកចូរមកនេះ អ្នកចូរទៅរកអចេលបាដិកបុត្រ ក្នុង​តិណ្ឌុកខានុ​បរិព្វាជការាម លុះចូលទៅដល់ហើយ ចូរនិយាយ​នឹងអចេលបាដិកបុត្រ យ៉ាងនេះថា នែអាវុសោបាដិកបុត្រ ចូរ​អ្នកត្រឡប់ទៅវិញ ព្រោះពួកស្តេចលិច្ឆវី សុទ្ធតែមានកេរ្តិ៍ឈ្មោះ​ប្រាកដ​ជាង​គេ បាននាំគ្នាមកហើយ ពួកព្រាហ្មណមហាសាល ពួកគហបតី អ្នកសន្សំទ្រព្យ និងពួកសមណព្រាហ្មណ៍ មាន​លទ្ធិផ្សេងៗ សុទ្ធតែមានកេរ្តិ៍ឈ្មោះប្រាកដជាងគេ ក៏បាននាំគ្នាមកដែរ ទាំងព្រះសមណគោតមសោត ក៏នៅគង់​សម្រាកព្រះអង្គ នៅវេលាថ្ងៃ ក្នុងអារាមរបស់អ្នកមានអាយុ នែអាវុសោបាដិកបុត្រ ចំណែកអ្នក បាន​ពោលវាចានេះ ក្នុងកណ្តាលបរិសទ្យ ក្នុងក្រុងវេសាលីថា ព្រះសមណគោតម ជាញាណវាទ យើង​ក៏ជាញាណវាទដែរ ចំណែកបុគ្គលជាញាណវាទ គួរសំដែង​​ឥទ្ធិបាដិហារិយ៍ ជាធម៌ដ៏​ប្រសើរ​ក្រៃលែង ជាងធម៌របស់មនុស្ស មួយអន្លើដោយ​បុគ្គល​ជាញាណ​វាទដូចគ្នា ព្រះសមណគោតម គួរ​មកកាន់ទីពាក់កណ្តាលផ្លូវ ឯយើងក៏គួរទៅកាន់ទីពាក់​កណ្តាលផ្លូវ​ដែរ យើងទាំងពីរ​នាក់​នោះ នឹងធ្វើ​ឥទ្ធិបាដិហារិយ៍ ជាធម៌ដ៏ប្រសើរក្រៃលែង ជាងធម៌របស់មនុស្ស ក្នុងទីដែល​ជួបគ្នានោះ បើ​ព្រះសមណគោតម នឹងធ្វើ​ឥទ្ធិបាដិហារិយ៍ ជាធម៌ដ៏ប្រសើរក្រៃលែង ជាង​ធម៌​របស់មនុស្សបាន១ យើងអាចនឹងធ្វើបានពីរ បើព្រះសមណគោតម នឹងធ្វើ​ឥទ្ធិបាដិហារិយ៍ ជា​ធម៌​ដ៏ប្រសើរក្រៃលែង ជាងធម៌របស់មនុស្សបានពីរ យើងអាចនឹងធ្វើបាន៤ បើព្រះសមណគោតម នឹងធ្វើ​​ឥទ្ធិបាដិហារិយ៍ ជាធម៌ដ៏ប្រសើរក្រៃលែង ជាងធម៌របស់មនុស្សបាន៤ យើងអាចនឹងធ្វើបាន៨ បើ​ព្រះសមណគោតម នឹងធ្វើ​ឥទ្ធិបាដិហារិយ៍ ជាធម៌ដ៏ប្រសើរក្រៃលែង ជាង​ធម៌របស់​មនុស្ស​បាន​ប៉ុន្មាន​ៗ យើងអាច​នឹង​ធ្វើបាន​ទ្វេគុណៗ ជាងនោះៗទៅទៀត ដូច្នេះឯង ម្នាលអាវុសោបាដិកបុត្រ អ្នកចូរត្រឡប់ទៅ​កាន់​ទីពាក់កណ្តាលផ្លូវចុះ ព្រះសមណគោតម ទ្រង់ពុទ្ធដំណើរ​មកដល់មុនគេ​ទាំងអស់​ហើយ គង់​សម្រាក​វេលាថ្ងៃ ក្នុងអារាមរបស់អ្នកមានអាយុ។ ម្នាលភគ្គវៈ បុរសនោះ ទទួលពាក្យបរិសទ្យនោះ​ថា អើអ្នកដ៏ចំរើន ហើយក៏ចូលទៅរកអចេលបាដិកបុត្រ ក្នុងតិណ្ឌុកខានុបរិព្វាជការាម លុះចូលទៅដល់ហើយ បាននិយាយនឹងអចេលបាដិកបុត្រ យ៉ាងនេះថា ម្នាលអាវុសោបាដិកបុត្រ ចូរ​អ្នកត្រឡប់ទៅវិញ ព្រោះពួកស្តេចលិច្ឆវី សុទ្ធតែមានកេរ្តិ៍ឈ្មោះប្រាកដជាងគេ បាននាំគ្នាមក​ហើយ ពួកព្រាហ្មណមហាសាល សុទ្ធតែមានកេរ្តិ៍ឈ្មោះប្រាកដជាងគេ ក៏បាននាំគ្នាមកដែរ។បេ។ ម្នាលអាវុសោបាដិកបុត្រ អ្នកចូរទៅ​កាន់​ទីពាក់កណ្តាលផ្លូវ ព្រះសមណគោតម ទ្រង់ពុទ្ធដំណើរ​មកដល់មុនគេទាំងអស់ហើយ គង់​សម្រាក​ព្រះអង្គនៅវេលាថ្ងៃ ក្នុងអារាមរបស់អ្នកមានអាយុ។ ម្នាលភគ្គវៈ កាលបើបុរសនោះ និយាយយ៉ាងនេះហើយ អចេលបាដិកបុត្រឆ្លើយថា ម្នាលអ្នក​មានអាយុ ខ្ញុំនឹងទៅ ម្នាលអ្នកមានអាយុ ខ្ញុំនឹងទៅហើយក៏អង្គុយ​ជ្រប់នៅត្រង់ទីនោះឯង មិនអាចក្រោកចាកអាសនៈ​បានឡើយ។ ម្នាលភគ្គវៈ ទើបបុរសនោះ និយាយនឹងអចេលបាដិកបុត្រ យ៉ាងនេះថា ម្នាលអាវុសោបាដិកបុត្រ គូថអ្នកជាប់នៅនឹងតាំងរបស់អ្នកឬ ឬតាំង​ជាប់ស្អិត​នៅនឹង​គូថ​របស់អ្នក បានជាអ្នកគ្រាន់តែនិយាយថា ម្នាលអ្នកមានអាយុ ខ្ញុំនឹងទៅ ម្នាលអ្នកមានអាយុ ខ្ញុំនឹងទៅ ដូច្នេះហើយ ក៏នៅតែអង្គុយសំកុក ត្រង់កន្លែងនោះដដែល មិនអាចក្រោកចាកអាសនៈបាន។ ម្នាល​ភគ្គវៈ អចេលបាដិកបុត្រ បើទុកជា​បុរសនោះនិយាយយ៉ាងនេះ ក៏នៅតែនិយាយថា ម្នាលអាវុសោ ខ្ញុំនឹងទៅ ម្នាលអាវុសោ ខ្ញុំនឹងទៅ ដូច្នេះ ហើយក៏នៅតែអង្គុយជ្រប់ ត្រង់កន្លែងនោះដដែល មិនអាច​ក្រោកចាក​អាសនៈបានឡើយ។ ម្នាលភគ្គវៈ កាលណាបុរសនោះដឹងថា អចេលបាដិកបុត្រនេះ​បរាជ័យ​ហើយ នៅតែនិយាយថា ម្នាលអាវុសោ ខ្ញុំនឹងទៅ ម្នាលអាវុសោ ខ្ញុំនឹងទៅ ដូច្នេះហើយ​ ក៏នៅតែអង្គុយជ្រប់ ត្រង់កន្លែងនោះដដែល មិនអាច​ក្រោកចាក​អាសនៈបានឡើយ កាលនោះ បុរស​នោះ ក៏ត្រឡប់មកកាន់បរិសទ្យនោះវិញ ហើយប្រាប់យ៉ាងនេះថា ម្នាលអ្នកដ៏ចំរើន អចេលបាដិកបុត្រនេះ បរាជ័យហើយ ក៏នៅតែនិយាយថា ម្នាលអាវុសោ ខ្ញុំនឹងទៅ ម្នាលអាវុសោ ខ្ញុំនឹងទៅ ដូច្នេះហើយ ក៏នៅតែអង្គុយជ្រប់ ត្រង់កន្លែងនោះដដែល មិនអាច​ក្រោកចាក​អាសនៈបាន​ឡើយ។ ម្នាលភគ្គវៈ កាលបើបុរសនោះ និយាយយ៉ាងនេះហើយ តថាគតបាននិយាយ​នឹងបរិសទ្យ​នោះ ដូច្នេះថា ម្នាលអ្នកមានអាយុ អចេលបាដិកបុត្រ បើមិនលះបង់វាចានោះ មិនលះបង់​ចិត្តនោះ មិនលះបង់​ទិដ្ឋិនោះចេញទេ មិនគួរនឹងមកកាន់ទីចំពោះមុខ​តថាគតឡើយ ប្រសិនបើជា​អចេលបាដិកបុត្រនោះ តាំងចិត្ត​យ៉ាងនេះថា អាត្មាអញ​ មិនលះបង់វាចានោះ មិនលះបង់​ចិត្តនោះ មិនលះបង់​ទិដ្ឋិនោះចេញឡើយ ហើយទៅកាន់ទីចំពោះព្រះភក្ត្រ នៃព្រះសមណគោតមឲ្យបាន ដូច្នេះ ក្បាលរបស់អចេលបាដិកបុត្រនោះ មុខជានឹងធ្លាក់ចុះមិនខាន។

ចប់ បឋមភាណវារៈ។

[៨] ម្នាលភគ្គវៈ លំដាប់នោះ លិច្ឆវីមហាមាត្រម្នាក់ ក្រោកចាកអាសនៈ ហើយនិយាយនឹង​បរិសទ្យនោះយ៉ាងនេះថា នែអ្នកដ៏ចំរើន បើដូច្នោះ អ្នកទាំងឡាយ ចូររង់ចាំមួយរំពេចសិន ទំរាំ​ខ្ញុំទៅ ក្រែងជួនជាខ្ញុំអាចនាំអចេលបាដិកបុត្រ មកកាន់បរិសទ្យនេះបាន។ ម្នាលភគ្គវៈ ទើបលិច្ឆវីមហាមាត្រ​នោះ ចូលទៅរកអចេលបាដិកបុត្រ ក្នុងតិណ្ឌុខានុបរិព្វាជការាម លុះចូលទៅដល់ហើយ បាននិយាយ​នឹងអចេលបាដិកបុត្រ យ៉ាងនេះថា ម្នាលអាវុសោបាដិកបុត្រ ចូរអ្នកត្រឡប់ទៅវិញ ការ​ដែលអ្នកត្រឡប់ទៅវិញ ប្រសើរជាង ព្រោះពួកជនដែលមានកេរ្តិ៍ឈ្មោះ​ប្រាកដជាងគេ បាននាំគ្នា​ទៅអស់ហើយ។ សេចក្តីបំប្រួញ។ ទាំងព្រះសមណគោតមសោត ក៏គង់សម្រាកព្រះអង្គ នៅវេលា​ថ្ងៃ​ ក្នុងអារាមរបស់អ្នកមានអាយុ ម្នាលអាវុសោបាដិកបុត្រ ឯអ្នកក៏បាននិយាយសំដីនេះ ក្នុងកណ្តាល​បរិសទ្យ ក្នុងក្រុងវេសាលីថា ព្រះសមណគោតម ជាញាណវាទ ឯយើងក៏ជាញាណវាទដែរ។បេ។ យើងអាចនឹងធ្វើឲ្យជាទ្វេគុណៗ ជាងនោះៗទៀតបាន ដូច្នេះ ម្នាលអាវុសោបាដិកបុត្រ ចូរអ្នក​ត្រឡប់​ទៅ​​កាន់​ទីពាក់កណ្តាលផ្លូវចុះ ព្រះសមណគោតម ទ្រង់ពុទ្ធដំណើរ​មកដល់មុនគេទាំងអស់ហើយ គង់​សម្រាក​ព្រះអង្គនៅវេលាថ្ងៃ ក្នុងអារាមរបស់អ្នកមានអាយុ ម្នាលអាវុសោបាដិកបុត្ត មួយវិញ​ទៀត ព្រះសមណ​គោតម បានត្រាស់ព្រះវាចានេះ ក្នុងកណ្តាលបរិសទ្យថា អចេលបាដិកបុត្រ បើមិនលះបង់វាចានោះ។បេ។ ក្បាលរបស់អចេលបាដិកបុត្រនោះ មុខជានឹងធ្លាក់ចុះមិនខាន នែអាវុសោបាដិកបុត្រ អ្នកចូរត្រឡប់​ទៅវិញចុះ យើងនឹងឲ្យជ័យជំនះដល់អ្នក និងឲ្យព្រះសមណគោតម​ចាញ់វិញ ព្រោះការដែល​អ្នក​ហ៊ានត្រឡប់ទៅវិញប៉ុណ្ណោះ។ ម្នាលភគ្គវៈ កាលបើលិច្ឆវីមហាមាត្រនោះ និយាយយ៉ាងនេះហើយ អចេលបាដិកបុត្រ ក៏និយាយថា ម្នាល​អាវុសោ ខ្ញុំនឹងទៅ ម្នាលអាវុសោ ខ្ញុំនឹងទៅ ដូច្នេះ ហើយក៏​នៅ​អង្គុយជ្រប់ ត្រង់កន្លែងនោះដដែល មិនអាចក្រោកចាកអាសនៈបានឡើយ។ ម្នាលភគ្គវៈ ទើបលិច្ឆវី​មហាមាត្រនោះ និយាយនឹង​អចេលបាដិកបុត្រ​​យ៉ាងនេះថា នែអាវុសោបាដិកបុត្រ គូថអ្នកជាប់ស្អិតនៅនឹងតាំងរបស់អ្នកឬ ឬតាំង​ជាប់ស្អិត​នៅនឹង​គូថ​របស់អ្នក បានជាអ្នក​និយាយ​ថា ម្នាលអាវុសោ ខ្ញុំនឹងទៅ ម្នាលអាវុសោ ខ្ញុំនឹងទៅ ដូច្នេះហើយ ក៏នៅតែអង្គុយជ្រប់ ត្រង់កន្លែងនោះ​ដដែល មិនអាចក្រោកចាកអាសនៈបានឡើយ។ ម្នាល​ភគ្គវៈ អចេលបាដិកបុត្រ បើទុកជា​លិច្ឆវីមហាមាត្រនិយាយយ៉ាងនេះក្តី ក៏នៅតែនិយាយថា ម្នាលអាវុសោ ខ្ញុំនឹងទៅ ម្នាលអាវុសោ ខ្ញុំនឹងទៅ ដូច្នេះ ហើយក៏នៅតែអង្គុយជ្រប់ ត្រង់កន្លែងនោះ​ដដែល មិនអាច​ក្រោកចាក​អាសនៈ​បាន​ឡើយ។ ម្នាលភគ្គវៈ កាលណាលិច្ឆវីមហាមាត្រ ​បាន​ដឹង​ច្បាស់​ថា អចេលបាដិកបុត្រនេះ ​បរាជ័យ​ហើយ ក៏នៅតែនិយាយថា ម្នាលអាវុសោ ខ្ញុំនឹងទៅ ម្នាល​អាវុសោ ខ្ញុំនឹងទៅ ដូច្នេះហើយ​ ក៏នៅតែ​អង្គុយ​ជ្រប់ ត្រង់កន្លែងនោះដដែល មិនអាច​ក្រោកចាក​អាសនៈ​បានឡើយ ដូច្នេះហើយ ទើប​ត្រឡប់​មកកាន់បរិសទ្យនោះវិញ ប្រាប់យ៉ាងនេះថា អចេលបាដិកបុត្រនេះ បរាជ័យហើយ ក៏នៅតែ​និយាយ​ថា នែអាវុសោ ខ្ញុំនឹងទៅ នែអាវុសោ ខ្ញុំនឹងទៅ ដូច្នេះហើយ ក៏នៅតែអង្គុយជ្រប់ ត្រង់កន្លែងនោះ​ដដែល មិនអាច​ក្រោកចាក​អាសនៈបាន​ឡើយ។ ម្នាលភគ្គវៈ កាលបើលិច្ឆវីមហាមាត្រ និយាយ​យ៉ាង​នេះ​ហើយ តថាគតក៏និយាយ​នឹង​បរិសទ្យ​នោះ ដូច្នេះថា ម្នាលអាវុសោទាំងឡាយ អចេលបាដិកបុត្រ បើមិនលះបង់វាចានោះ មិន​លះបង់​​ចិត្តនោះ មិនគួរ។បេ។ ប្រសិនបើជា​អចេលបាដិកបុត្រនោះ តាំងចិត្ត​យ៉ាងនេះថា អាត្មាអញ​ មិនលះបង់វាចានោះ។បេ។ ហើយគប្បីទៅកាន់ទីចំពោះព្រះភក្ត្រ នៃព្រះសមណគោតម ដូច្នេះ ក្បាល​អចេលបាដិកបុត្រនោះ មុខជានឹងធ្លាក់ចុះមិនខាន ទោះបី​ពួកលិច្ឆវីដ៏មានអាយុ គិតគ្នាថា បើទុកជាយើងទាំងឡាយ ចងអចេលបាដិកបុត្រ ដោយខ្សែព្រ័ត្រ​ណា ហើយបង្អូសមក ដោយគោ​ច្រើននឹម​ដូច្នេះ ខ្សែព្រ័ត្រនោះនឹងដាច់ ឬខ្លួនអចេលបាដិកបុត្រ​ឯង នឹងដាច់ ឯអចេលបាដិកបុត្រ បើមិនលះបង់​វាចានោះ មិនគួរ។បេ។ ប្រសិនបើ អចេលបាដិកបុត្រ​នោះ តាំងចិត្តយ៉ាងនេះថា អាត្មាអញ មិនលះបង់​វាចានោះ។បេ។ ហើយគប្បីទៅកាន់ទីចំពោះ​ព្រះភក្ត្រ នៃព្រះសមណគោតម ដូច្នេះ ក្បាលអចេលបាដិកបុត្រនោះ មុខជានឹងធ្លាក់ចុះមិនខាន។

[៩] ម្នាលភគ្គវៈ លំដាប់នោះឯង ជាលិយបព្វជិត ជាសិស្សរបស់ទារុបត្តិកបព្វជិត12) ក្រោកចាកអាសនៈ ហើយនិយាយនឹងបរិសទ្យនោះ យ៉ាងនេះថា នែអ្នក​ដ៏ចំរើន បើដូច្នោះ អ្នកទាំងឡាយ ចូររង់ចាំមួយរំពេចសិន ទំរាំខ្ញុំទៅ ក្រែងចួនជាខ្ញុំ​អាចនាំ​អចេលបាដិកបុត្រ​មកបាន។ ម្នាលភគ្គវៈ គ្រានោះឯង ជាលិយបព្វជិត ជាសិស្សរបស់ ​ទារុបត្តិក​បព្វជិត បានចូលទៅរកអចេលបាដិកបុត្រ ក្នុងតិណ្ឌុខានុបរិព្វាជការាម លុះចូល​ទៅ​ដល់​ហើយ បាននិយាយ​នឹងអចេលបាដិកបុត្រ យ៉ាងនេះថា នែអាវុសោបាដិកបុត្រ អ្នកចូរត្រឡប់ទៅវិញ​ចុះ ការ​ដែលអ្នកត្រឡប់ទៅវិញ ប្រសើរជាង ព្រោះពួកស្តេចលិច្ឆវី សុទ្ធតែមានកេរ្តិ៍ឈ្មោះ​ប្រាកដ​ជាង​គេ បាននាំគ្នា​មកហើយ។បេ។ ទាំងព្រះសមណគោតមសោត ក៏គង់សម្រាកព្រះអង្គ នៅវេលា​ថ្ងៃ​ ក្នុង​អារាមរបស់អ្នកមានអាយុ នែអាវុសោបាដិកបុត្រ ឯអ្នកសោត ក៏បាននិយាយសំដីនេះ ក្នុងកណ្តាល​បរិសទ្យ ក្នុងក្រុងវេសាលីថា ព្រះសមណគោតម ជាញាណវាទ។បេ។ យើងអាចនឹងធ្វើ​ឲ្យជា​ទ្វេគុណៗ ជាងនេះៗទៅទៀត នែអាវុសោបាដិកបុត្រ អ្នកចូរ​ទៅ​​កាន់​ទីពាក់កណ្តាលផ្លូវចុះ ព្រះសមណគោតម ទ្រង់ពុទ្ធដំណើរ​មកដល់មុនគេទាំងអស់ហើយ គង់​សម្រាក​ព្រះអង្គនៅវេលាថ្ងៃ ក្នុងអារាមរបស់អ្នកមានអាយុ ម្នាលអាវុសោបាដិកបុត្រ មួយវិញទៀត ព្រះសមណ​គោតម បានត្រាស់​ព្រះវាចានេះ ចំពោះរូបអ្នក ក្នុងកណ្តាលបរិសទ្យថា នែអាវុសោទាំងឡាយ អចេល​បាដិកបុត្រ បើមិនលះបង់វាចានោះ មិនគួរ។បេ។ ប្រសិនជាអចេលបាដិកបុត្រនោះ តាំងចិត្ត យ៉ាងនេះថា អាត្មាអញ មិនលះបង់​វាចានោះ។បេ។ ហើយគប្បីទៅកាន់ទីចំពោះ​ព្រះភក្ត្រ នៃ​ព្រះសមណគោតម ដូច្នេះ ក្បាលអចេលបាដិកបុត្រនោះ មុខជានឹងធ្លាក់ចុះមិនខាន ប្រសិនបើ​ពួកលិច្ឆវីដ៏មានអាយុ គិតគ្នាយ៉ាងនេះថា បើទុកជាយើងទាំងឡាយ ចងអចេលបាដិកបុត្រ ដោយ​ខ្សែ​ព្រ័ត្រ​ណា ហើយបង្អូសមក ដោយគោច្រើននឹមដូច្នេះ ខ្សែព្រ័ត្រទាំងនោះនឹងដាច់ ឬ​ខ្លួនអចេលបាដិកបុត្រ​ឯង នឹងដាច់ ឯអចេលបាដិកបុត្រ បើមិនលះបង់​វាចានោះ មិនលះបង់​ចិត្ត​នោះ មិនលះបង់ទិដ្ឋិនោះចេញទេ មិនគួរនឹងមកកាន់ទី​ចំពោះ​មុខតថាគតបានឡើយ ប្រសិនបើ​ជាអចេលបាដិកបុត្រ​នោះ តាំងចិត្តយ៉ាងនេះថា អាត្មាអញ មិនលះបង់​វាចានោះ។បេ។ ហើយគប្បី​ទៅកាន់ទីចំពោះ​ព្រះភក្ត្រ នៃព្រះសមណគោតម ដូច្នេះ ក្បាលអចេលបាដិកបុត្រនោះ មុខជានឹង​ធ្លាក់ចុះមិនខាន នែអាវុសោបាដិកបុត្រ ចូរអ្នក​ត្រឡប់​ទៅវិញចុះ យើងនឹងឲ្យជ័យ​ជំនះ​ដល់​អ្នក នឹងឲ្យព្រះសមណគោតមចាញ់ ព្រោះការដែល​អ្នក​ត្រឡប់ទៅវិញប៉ុណ្ណោះ។ នែភគ្គវៈ កាលបើ​ជាលិយៈ និយាយយ៉ាងនេះហើយ អចេលបាដិកបុត្រ នៅតែនិយាយថា នែអាវុសោ ខ្ញុំនឹងទៅ នែអាវុសោ ខ្ញុំនឹងទៅ ដូច្នេះ ហើយក៏​នៅ​អង្គុយជ្រប់ ត្រង់កន្លែងនោះដដែល មិនអាចក្រោក​ចាក​អាសនៈ​បានឡើយ។ នែភគ្គវៈ គ្រានោះ ជាលិយៈ ជាសិស្ស​នៃ ទារុបត្តិកៈ បាននិយាយ​នឹង​អចេលបាដិកបុត្រ​យ៉ាងនេះថា នែអាវុសោបាដិកបុត្រ គូថអ្នកជាប់ស្អិតនៅនឹងតាំងរបស់អ្នកឬ ឬតាំង​ជាប់ស្អិត​នៅនឹង​គូថ​របស់អ្នក បានជាអ្នក​និយាយ​ថា នែអាវុសោ ខ្ញុំនឹងទៅ នែអាវុសោ ខ្ញុំនឹងទៅ ដូច្នេះហើយ ក៏នៅតែអង្គុយជ្រប់ ត្រង់ទីនោះ​ដដែល មិនអាចក្រោកចាកអាសនៈបានឡើយ។ នែ​ភគ្គវៈ អចេលបាដិកបុត្រ សូម្បីជាលិយៈស្តី ថាឲ្យយ៉ាងនេះ ក៏នៅតែនិយាយថា នែអាវុសោ ខ្ញុំនឹងទៅ នែអាវុសោ ខ្ញុំនឹងទៅ ហើយក៏នៅតែអង្គុយជ្រប់ ត្រង់កន្លែងនោះដដែល មិនអាច​ក្រោកចាក​អាសនៈ​បាន​ឡើយ។ នែភគ្គវៈ កាលណាជាលិយៈ ជាសិស្សទារុបត្តិកៈ បានដឹងច្បាស់ថា អចេលបាដិកបុត្រ​នេះ ​បរាជ័យ​ហើយ ក៏នៅតែនិយាយថា នែអាវុសោ ខ្ញុំនឹងទៅ នែអាវុសោ ខ្ញុំនឹងទៅ ដូច្នេះហើយ​ ក៏នៅតែ​អង្គុយ​ជ្រប់ ត្រង់កន្លែងនោះដដែល មិនអាច​ក្រោកចាក​អាសនៈបានឡើយ ដូច្នេះហើយ ទើប​និយាយនឹងអចេលបាដិកបុត្រនោះ យ៉ាងនេះថា នែអាវុសោបាដិកបុត្រ កាលពីព្រេងនាយមក មានសីហមិគរាជមួយ មានសេចក្តីត្រិះរិះយ៉ាងនេះថា គួរតែអាត្មាអញ នៅអាស្រ័យ​នឹងដងព្រៃ​មួយ ក៏សម្រេចការដេក លុះសម្រេចការដេក ក្នុងដងព្រៃនោះហើយ ក្នុងវេលាសាយណ្ហសម័យ ត្រូវចេញ​ពីទីដេក លុះចេញពីទីដេកហើយ ត្រូវមិតពត់កាយ លុះមិតពត់កាយហើយ ត្រូវក្រឡេក​មើល​ទៅ​ទិសទាំង៤ ដោយជុំវិញ លុះក្រឡេកមើលទិសទាំង៤ ដោយជុំវិញហើយ ត្រូវបន្លឺសីហនាទ៣ដង លុះ​បន្លឺសីហនាទ៣ដងហើយ ត្រូវចេញទៅរកចំណី អាត្មាអញនោះ ត្រូវ​សំឡាប់ហ្វូងម្រឹគដ៏ធំៗ ហើយបរិភោគសាច់ដែល​ឆ្ងាញ់ៗ ហើយត្រឡប់ចូលទៅកាន់ទីដេកនោះដដែលវិញ។ គ្រានោះឯង សីហមិគរាជនោះ អាស្រ័យ​នឹងដងព្រៃ​មួយ សម្រេចការដេក លុះសម្រេចការដេក ក្នុងដងព្រៃនោះ​ហើយ ក្នុងវេលាសាយណ្ហសម័យ ក៏ចេញ​ពីទីដេក លុះចេញពីទីដេកហើយ មិតពត់ខ្លួន លុះមិតពត់ខ្លួនហើយ ក្រឡេក​មើល​ទៅ​ទិសទាំង៤ ដោយជុំវិញ លុះក្រឡេកមើលទិសទាំង៤ ដោយជុំវិញហើយ បន្លឺសីហនាទ៣ដង លុះ​បន្លឺសីហនាទ៣ដងហើយ ទើបចេញទៅរកចំណី សីហមិគរាជនោះ សម្លាប់ហ្វូងម្រឹគដ៏ធំៗ ហើយបរិភោគសាច់ដែល​ឆ្ងាញ់ៗ រួចត្រឡប់​ចូលទៅ​កាន់ទីដេក​នោះដដែលវិញ។ នែអាវុសោបាដិកបុត្រ មានចចកចាស់មួយ ស៊ីសាច់រំពា របស់​សីហមិគរាជ​នោះឯង ហើយចំរើន (សាច់ឈាម) ធាត់ធំ មានកំឡាំង​ឡើង។ ម្នាលអាវុសោ លំដាប់នោះឯង ចចកចាស់នោះ មានគំនិតយ៉ាងនេះថា អញដូចម្តេច សីហមិគរាជ​ដូចម្តេច គួរតែ​អញឯង អាស្រ័យ​នឹងដងព្រៃ​មួយ សម្រេចការដេក លុះសម្រេចការដេក ក្នុងដង​ព្រៃនោះ​ហើយ ក្នុងវេលាសាយណ្ហសម័យ ត្រូវចេញ​ពីទីដេក លុះចេញពីទីដេកហើយ ត្រូវមិតពត់ខ្លួន លុះមិតពត់ខ្លួនហើយ ត្រូវក្រឡេក​មើល​ទៅ​ទិសទាំង៤ ដោយជុំវិញ លុះក្រឡេកមើលទិសទាំង៤ ដោយជុំវិញហើយ ត្រូវបន្លឺសីហនាទ៣ដង លុះ​បន្លឺសីហនាទ៣ដងហើយ ត្រូវចេញទៅរកចំណី អាត្មាអញ សម្លាប់ហ្វូងម្រឹគដ៏ធំៗ ហើយបរិភោគសាច់ដែល​ឆ្ងាញ់ៗ ហើយត្រឡប់​ចូលទៅកាន់​ទីដេក​នោះ​ដដែលវិញ។ ម្នាលអាវុសោ ទើបចចកចាស់នោះ អាស្រ័យ​ដងព្រៃ​មួយ សម្រេចការដេក លុះសម្រេចការដេក ក្នុងដងព្រៃនោះហើយ ក្នុងវេលាសាយណ្ហសម័យ ក៏ចេញ​ចាកទីដេក លុះចេញចាកទីដេកហើយ ក៏មិតពត់ខ្លួន លុះមិតពត់ខ្លួនហើយ ក៏ក្រឡេក​មើល​ទៅ​ទិសទាំង៤ ដោយជុំវិញ លុះក្រឡេកមើលទិសទាំង៤ ដោយជុំវិញហើយ ក៏គិតថា អញនឹងបន្លឺសីហនាទ៣ដង ដូច្នេះហើយ ស្រែកជាសម្រែកចចក ស្រែកសម្រែកដ៏ពន្លឹកថា ចចកអាក្រក់ដូចម្តេចទៅ ចំណែក​សីហនាទដូចម្តេចទៅ។ នែអាវុសោបាដិកបុត្រ អ្នកក៏ដូចគ្នានឹងចចកចាស់នោះដែរ រស់នៅ​ក្នុង​សុគតាបទាន (ត្រៃសិក្ខា ជាសាសនារបស់ព្រះសុគត) បរិភោគ​ភោជន ជាសំណល់​សល់អំពី​ព្រះសុគត ហើយតតាំងនឹងព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធថា បាដិកបុត្រអាក្រក់ដូចម្តេច ការតតាំង (បាដិហារិយ៍) របស់ព្រះតថាគត អរហន្តសម្មាសម្ពុទ្ធ ដូចម្តេច។ ម្នាលភគ្គវៈ កាលណា ជាលិយៈ ជាសិស្សទារុបត្តិកៈ មិនអាចឲ្យអចេលបាដិកបុត្រ ឃ្លាតចាកអាសនៈនោះ ដោយពាក្យប្រៀបផ្ទឹមនេះហើយ។ ទើបនិយានឹង​អចេលបាដិកបុត្រនោះ យ៉ាងនេះថា

ចចកសំគាល់ខ្លួនថាជាសីហរាជ បានសំគាល់ខ្លួនទៀតថា អាត្មាអញ ជាមិគរាជ ចចក​នោះ បន្លឺនូវសម្រែកចចកនោះថា សម្រែកចចកអាក្រក់ដូចម្តេចទៅ ចំណែក​ខាងសីហនាទ ដូចម្តេចទៅ។

[១០] ម្នាលអាវុសោបាដិកបុត្រ អ្នកក៏ដូច្នោះដែរ រស់នៅ​ក្នុង​សុគតាបទាន (ត្រៃសិក្ខា ជាសាសនារបស់ព្រះសុគត) បរិភោគ​ភោជន ជាសំណល់​សល់អំពី​ព្រះសុគត ហើយ​តតាំងនឹង​ព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធថា បាដិកបុត្រលាមកដូចម្តេច ការតតាំងរបស់ព្រះតថាគត អរហន្តសម្មាសម្ពុទ្ធ ដូចម្តេចទៅ។ ម្នាលភគ្គវៈ កាលណា ជាលិយៈ ជាសិស្សទារុបត្តិកៈ មិនអាចឲ្យអចេលបាដិកបុត្រ ឃ្លាតចាកអាសនៈនោះ ដោយពាក្យឧបមានេះហើយ។ ទើបនិយានឹង​អចេលបាដិកបុត្រនោះ យ៉ាងនេះ ក្នុងកាលនោះថា

ចចកដើរទៅកាន់ទីស្ងាត់ បានឃើញស្រមោលខ្លួន ដែលឆ្លុះចូលទៅក្នុងទឹកសំណល់ (ក្នុង​ត្រពាំង) មិនបានឃើញខ្លួនច្បាស់ដរាបណា ក៏សំគាល់នូវស្រមោលនោះ ថាជាខ្លាធំដរាប​នោះ ចចកនោះ បន្លឺនូវសម្រែក​របស់ចចកនោះឯងថា សម្រែកចចកអាក្រក់ដូចម្តេចទៅ ចំណែក​ខាងសីហនាទ ដូចម្តេចទៅ។

[១១] នែអាវុសោបាដិកបុត្រ អ្នកក៏ដូច្នោះដែរ រស់នៅ​ក្នុង​សុគតាបទាន (ត្រៃសិក្ខា ជាសាសនារបស់ព្រះសុគត) បរិភោគ​ភោជន ជាសំណល់​អំពី​ព្រះសុគត ក៏​តតាំងនឹង​ព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធថា បាដិកបុត្រ អាក្រក់ដូចម្តេចទៅ ការតតាំងរបស់ព្រះតថាគត អរហន្ត​សម្មាសម្ពុទ្ធ ដូចម្តេចទៅ។ ម្នាលភគ្គវៈ កាលណា ជាលិយៈ ជាសិស្សទារុបត្តិកៈ មិនអាចឲ្យ​អចេលបាដិកបុត្រ ឃ្លាតចាកអាសនៈនោះបាន ដោយពាក្យឧបមានេះហើយ។ ទើបនិយានឹង​អចេលបាដិកបុត្រនោះ យ៉ាងនេះថា

ចចកស៊ីកង្កែបទាំងឡាយក្នុងរណ្តៅផង ស៊ីកណ្តុរទាំងឡាយក្នុងទីលានផង ស៊ីសាកសព​ទាំងឡាយ ដែលគេចោលក្នុងព្រៃស្មសានផង បានចំរើនធំឡើងក្នុងព្រៃធំ ជាព្រៃស្ងាត់ ក៏សំគាល់ខ្លួនថា អាត្មាអញជាមិគរាជ ចចកនោះ ក៏បន្លឺនូវសម្រែក​ចចកយ៉ាងនោះដដែលថា សម្រែកចចកអាក្រក់ដូចម្តេចទៅ ចំណែក​ខាងសីហនាទ តើដូចម្តេចទៅ។

[១២] នែអាវុសោបាដិកបុត្រ អ្នកក៏ដូច្នោះដែរ រស់នៅ​ក្នុង​សុគតាបទាន (ត្រៃសិក្ខា ជាសាសនា​របស់​ព្រះសុគត) បរិភោគ​ភោជន ជាសំណល់​អំពី​ព្រះសុគត ក៏​តតាំងនឹង​ព្រះតថាគត ជាអរហន្ត​សម្មា​សម្ពុទ្ធថា បាដិកបុត្រ អាក្រក់ដូចម្តេចទៅ ការតតាំងរបស់ព្រះតថាគត អរហន្តសម្មាសម្ពុទ្ធ ដូចម្តេចទៅ។ ម្នាលភគ្គវៈ កាលណា ជាលិយៈ ជាសិស្សទារុបត្តិកៈ មិនអាចឲ្យអចេលបាដិកបុត្រ ឃ្លាតចាកអាសនៈនោះបាន ដោយពាក្យឧបមានេះហើយ។ ទើបត្រឡប់មករកបរិសទ្យនោះវិញ ហើយប្រាប់​យ៉ាង​នេះថា អស់លោកដ៏ចំរើន អចេលបាដិកបុត្រ បរាជ័យហើយ គ្រាន់តែ​និយាយថា នែអាវុសោ ខ្ញុំនឹងទៅ នែអាវុសោ ខ្ញុំនឹងទៅ ដូច្នេះ​ហើយ ក៏អង្គុយជ្រប់ នៅត្រង់កន្លែងនោះដដែល មិនអាចក្រោកចាកអាសនៈ​បានឡើយ។ ម្នាលភគ្គវៈ កាលបើ​ជាលិយៈ និយាយយ៉ាងនេះហើយ តថាគត បាននិយាយ​នឹងបរិសទ្យ​នោះ យ៉ាងនេះថា នែអាវុសោទាំងឡាយ អចេលបាដិកបុត្រ បើមិនលះបង់វាចានោះ មិនលះបង់​ចិត្តនោះ មិនលះបង់ទិដ្ឋិនោះចេញទេ មិនគួរនឹងមកកាន់​ទី​ចំពោះមុខតថាគតបានឡើយ បើប្រសិនជា​អចេលបាដិកបុត្រនោះ តាំងចិត្ត​យ៉ាងនេះថា អាត្មាអញ​ មិនលះបង់វាចានោះ មិនលះបង់ចិត្តនោះ មិនលះបង់ទិដ្ឋិនោះចេញ ហើយគប្បីទៅកាន់​ទី​ចំពោះ​ព្រះភក្ត្រ នៃព្រះសមណគោតម ដូច្នេះ ក្បាលរបស់អចេលបាដិកបុត្រនោះ មុខជានឹងធ្លាក់​ចុះមិន​ខាន ទោះបី​ពួកលិច្ឆវីដ៏មានអាយុ គិតគ្នាយ៉ាងនេះថា យើងត្រូវចងនូវអចេលបាដិកបុត្រ ដោយខ្សែព្រ័ត្រ​ណា ហើយបង្អូសមក ដោយគោច្រើននឹមដូច្នេះ ខ្សែព្រ័ត្រទាំងនោះនឹងដាច់ ឬខ្លួនអចេលបាដិកបុត្រ​ឯង នឹងដាច់ ឯអចេលបាដិកបុត្រ បើមិនលះបង់​វាចានោះ មិនគួរ។បេ។ នឹងមកកាន់ទីចំពោះមុខតថាគតបានឡើយ ទោះបីអចេលបាដិកបុត្រ​នោះ តាំងចិត្តយ៉ាងនេះថា អញមិនលះបង់​វាចានោះ។បេ។ ហើយគប្បីទៅកាន់ទីចំពោះ​ព្រះភក្ត្រព្រះសមណគោតម ដូច្នេះ ក្បាលអចេលបាដិកបុត្រនោះ មុខជានឹងធ្លាក់ចុះមិនខាន។ ម្នាលភគ្គវៈ លំដាប់នោះ តថាគត បានញុំាងបរិសទ្យនោះ ឲ្យឃើញច្បាស់ ឲ្យកាន់យក ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថា លុះ​ញុំាង​បរិសទ្យនោះ ឲ្យឃើញច្បាស់ ឲ្យកាន់យក ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថាហើយ ក៏ធ្វើ​ឲ្យរួចចាកចំណងធំ ហើយស្រង់សត្វទាំង​៨ហ្មឺន៤ពាន់ អំពីអន្លង់ធំ (ឱឃៈទាំង៤) រួចហើយ ចូល​តេជោធាតុ ហោះទៅកាន់វេហាស៍ កំពង់ប្រមាណ៧ដើមត្នោត ទាំងបាននិម្មិតភ្លើងដទៃ កំពស់​ប្រមាណ៧ដើមត្នោត ឲ្យភ្លឺរន្ទាល បញ្ចេញផ្សែង មកប្រាកដ ក្នុងកូដាគារសាលា នាព្រៃមហាវ័ន។ ម្នាលភគ្គវៈ គ្រានោះឯង សុនក្ខត្តលិច្ឆវិបុត្រ បានចូលមករកតថាគត លុះចូលមកដល់ហើយ ក៏ថ្វាយ​បង្គំតថាគត រួចអង្គុយក្នុងទីសមគួរ។ ម្នាលភគ្គវៈ កាលសុនក្ខត្តលិច្ឆវិបុត្រ អង្គុយក្នុងទីសមគួរហើយ តថាគតបានសួរយ៉ាងនេះថា ម្នាលសុនក្ខត្តៈ អ្នកសំគាល់សេចក្តីនោះ ថាដូចម្តេច តថាគត បាន​ប្រារព្ធព្យាករណ៍ នូវអចេលបាដិកបុត្រ ប្រាប់អ្នកយ៉ាងណា ផលវិបាកនោះ ក៏ពិតដូច្នោះមែន មិនបាន​ទៅជាដទៃវិញទេឬ។ សុនក្ខត្តលិច្ឆវិបុត្រឆ្លើយថា បពិត្រព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគ ទ្រង់ប្រារព្ធព្យាករណ៍ នូវអចេលបាដិកបុត្រ ប្រាប់ខ្ញុំព្រះអង្គយ៉ាងណា ផលវិបាកនោះ ក៏ពិតដូច្នោះ​មែន មិនបាន​ទៅជាដទៃវិញទេ។ តថាគតសួរថា ម្នាលសុនក្ខត្តៈ អ្នកសំគាល់​សេចក្តីនោះថាដូចម្តេច កាលបើហេតុយ៉ាងនេះមានហើយ តើតថាគត ឈ្មោះថា​បានធ្វើ​ឥទ្ធិបាដិហារិយ៍ ជាធម៌ដ៏ប្រសើរ ក្រៃលែងជាងធម៌​របស់មនុស្ស ឬមិនបានធ្វើទេ។ សុនក្ខត្តលិច្ឆវិបុត្រឆ្លើយតបថា បពិត្រព្រះអង្គ​ដ៏ចំរើន កាលបើហេតុយ៉ាងនេះមានហើយ ឈ្មោះថា ព្រះអង្គ​បានធ្វើ​ នូវឥទ្ធិបាដិហារិយ៍ ជាធម៌ដ៏​ប្រសើរ ក្រៃលែងជាងធម៌​របស់មនុស្សពិតមែនហើយ មិនមែនជាព្រះអង្គមិនបានធ្វើទេ។ តថាគត​តបថា ម្នាលមោឃបុរស កាលបើហេតុយ៉ាងនេះមានហើយ អ្នកនៅតែនិយាយនឹងតថាគត ដែលជា​អ្នកធ្វើ​ឥទ្ធិបាដិហារិយ៍ ជាធម៌ដ៏ប្រសើរ ក្រៃលែងជាងធម៌​របស់មនុស្ស យ៉ាងនេះថា បពិត្រ​ព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគមិនធ្វើ​ឥទ្ធិបាដិហារិយ៍ ជាធម៌ដ៏ប្រសើរ ក្រៃលែងជាងធម៌​របស់មនុស្ស ដល់ខ្ញុំព្រះអង្គទេ។ តថាគតពោលថា ម្នាលមោឃបុរស អ្នកចូរមើលចុះ អំពើនេះ ជាសេចក្តីខុសរបស់អ្នក។ ម្នាលភគ្គវៈ ឯសុនក្ខត្តលិច្ឆវិបុត្រ កាលដែលតថាគតស្តីឲ្យយ៉ាងនេះ​ហើយ ក៏គេចចេញចាកធម្មវិន័យនេះ ដូចជាសត្វដែល​ទៅកើតក្នុងអបាយ ឬទៅកើតក្នុងនរក។

[១៣] ម្នាលភគ្គវៈ តថាគតដឹងច្បាស់នូវច្បាប់ទំលាប់ផង ដឹងច្បាស់នូវគុណវិសេស ដ៏​លើស​លុប​ជាងនោះទៅទៀតផង13) កាលដែលតថាគត ដឹងច្បាស់នូវធម៌នោះហើយ ក៏មិនបានប្រកាន់ខុស (ដោយអំណាច​តណ្ហា ទិដ្ឋិ និងមានៈ)ទេ។ លុះ​តថាគតមិនបានប្រកាន់ខុស (នូវធម៌នោះហើយ) ទើបដឹងច្បាស់នូវសេចក្តីរលត់ (កិលេស) ចំពោះ​ខ្លួនឯង កាលបើតថាគតដឹងច្បាស់​ នូវសេចក្តីរលត់ នៃកិលេសហើយ ក៏មិនដល់នូវ​សេចក្តីវិនាស​ឡើយ។ សមណព្រាហ្មណ៍ពួកមួយ បញ្ញត្តនូវច្បាប់ទំលាប់ ជាអាចរិយវាទ ដែលព្រះឥសូរ​តាក់តែង​ហើយ ដែលព្រះព្រហ្មតាក់តែងហើយ តថាគត បានចូលទៅរក​ពួកសមណព្រាហ្មណ៍ទាំងនោះ ហើយ​សួរយ៉ាងនេះថា ម្នាលអ្នកមានអាយុទាំងឡាយ ឮថាអ្នកទាំងឡាយ បញ្ញត្ត​នូវច្បាប់ទំលាប់ ជាអាចរិយវាទ ដែលព្រះឥសូរ​តាក់តែងហើយ ដែលព្រះព្រហ្មតាក់តែងហើយ ពិតមែនឬ។ ចំណែក​ខាងសមណព្រាហ្មណ៍ទាំងនោះ លុះដល់តថាគតសួរយ៉ាងនេះហើយ ក៏ប្រាប់ថា ព្រះករុណា​ ដូច្នេះ ទើបតថាគត សួរសមណព្រាហ្មណ៍ទាំងនោះ យ៉ាងនេះទៀតថា ម្នាលអ្នកមានអាយុទាំងឡាយ ចុះ​អ្នកទាំងឡាយ​បញ្ញត្ត នូវច្បាស់ទំលាប់​ ជាអាចរិយវាទ ដែលព្រះឥសូរ​តាក់តែងហើយ ដែលព្រះព្រហ្មតាក់តែងហើយ តើមានប្រការដូចម្តេចខ្លះ។ សមណព្រាហ្មណ៍ទាំងនោះ លុះតថាគត​សួរហើយ ក៏រកឆ្លើយដោះមិនរួច កាលបើឆ្លើយដោះមិនរួចហើយ ទើបត្រឡប់សួរមកតថាគតវិញ​ លុះសមណព្រាហ្មណ៍ទាំងឡាយនោះ សួរតថាគតហើយ តថាគតក៏ព្យាករថា ម្នាលអាវុសោ​ទាំងឡាយ មានសម័យដែលលោកនេះ វិនាសទៅម្តងៗ ដោយកន្លងកាលយូរទៅពុំខាន កាលដែល​លោក​នេះវិនាសទៅ ពួកសត្វច្រើន ទៅកើតក្នុងអាភស្សរព្រហ្ម ពួកសត្វ ដែលទៅកើត​ក្នុងអាភស្សរព្រហ្មនោះ ជាសត្វកើតដោយឈានចិត្ត មានបីតិជាអាហារ មានរស្មីភ្លឺដោយខ្លួនឯង ត្រាច់ទៅក្នុងអាកាសបាន ឋិតនៅក្នុងទីដ៏ល្អ តាំងនៅអស់កាលយូរអង្វែង។14) ម្នាលអាវុសោទាំងឡាយ មានសម័យ ដែលលោកនេះកើតឡើងវិញម្តងៗ ដោយកន្លងកាលយូរទៅពុំខាន កាលដែល លោកនេះកើតឡើង វិមាននៃព្រហ្ម ដែលសូន្យស្ងាត់គ្មានសត្វ ក៏កើតឡើងប្រាកដ គ្រានោះឯង មានសត្វម្នាក់ច្យុត​ចាក​ពួក​អាភស្សរព្រហ្ម ព្រោះអស់អាយុ ឬអស់បុណ្យ ហើយទៅកើតក្នុងវិមាននៃព្រហ្ម ដែលសូន្យ​ស្ងាត់ (នោះ) លុះសត្វនោះ បានទៅកើតក្នុងវិមាននោះ ក៏ជាសត្វកើត​ដោយឈានចិត្ត មានបីតិជាអាហារ មានរស្មីភ្លឺខ្លួនឯង ត្រាច់ទៅក្នុងអាកាសបាន ឋិតនៅក្នុងទីដ៏ល្អ តាំងនៅអស់កាលយូរអង្វែង។15) សត្វម្នាក់នោះ ដែលទៅកើតក្នុងវិមាននោះតែម្នាក់ឯង នៅអស់កាលជាយូរអង្វែងទៅ ក៏មានសេចក្តី​ប្រាថ្នា សេចក្តី​អន្ទះអន្ទែង​ដោយតណ្ហាកើតឡើង ដូច្នេះថា ធ្វើដូចម្តេចហ្ន៎ ឲ្យបានពួកសត្វដទៃ មកកាន់អត្តភាព​ជាព្រហ្មនេះផង។ លំដាប់នោះឯង ពួកសត្វដទៃច្យុតចាកពួកអាភស្សរព្រហ្ម ព្រោះអស់អាយុ ឬបុណ្យ ហើយមកកើតក្នុងវិមាន ដែលសូន្យ ជាមួយនឹងសត្វនោះដែរ ឯសត្វទាំងនោះ លុះកើត​ក្នុងព្រហ្ម​វិមាននោះហើយ ក៏ជាសត្វកើតដោយឈានចិត្ត មានបីតិជាអាហារ មានរស្មីភ្លឺខ្លួនឯង ត្រាច់ទៅ​ក្នុង​អាកាសបាន ឋិតនៅ​ក្នុងទីដ៏ល្អ តាំងនៅ​អស់កាលយូរអង្វែង។ ម្នាលអាវុសោទាំងឡាយ បណ្តា​សត្វ​ទាំងនោះ សត្វណា បានទៅកើតជាដម្បូង សត្វនោះ ក៏មានសេចក្តីត្រិះរិះ យ៉ាងនេះថា អាត្មាអញ​ជាព្រហ្ម ជាមហាព្រហ្ម គ្របសង្កត់នូវសត្វឯទៀតៗបាន សត្វឯទៀតៗ មិនអាចគ្របសង្កត់លើអាត្មា​អញបានឡើយ អាត្មាអញ ជាអ្នកឃើញហេតុសព្វគ្រប់ ជាអ្នកធ្វើជនទាំងពួង​ឲ្យលុះ​ក្នុងអំណាច​ខ្លួន ជាធំ (ក្នុងលោក) ជាអ្នកសាងលោក តាក់តែងលោក ជាចម្បងជាងសត្វលោក ជាអ្នកចាត់ចែង16) លោក ជាអ្នក​ស្ទាត់ជំនាញ ជាបិតារបស់ពួកភូត និងភព្យៈ17) សត្វទាំងនេះ សុទ្ធតែអាត្មាអញតាក់តែង​ហើយ។ ដំណើរនោះព្រោះហេតុអ្វី។ ព្រោះថា អាត្មាអញ មានគំនិតក្នុងកាលពីដើមមកដូច្នេះថា ធ្វើ​ដូចម្តេចហ្ន៎ ឲ្យបានពួកសត្វឯទៀត មកកាន់អត្តភាព​ជាព្រហ្មនេះផង ពួកសត្វទាំងនេះ មកកាន់អត្តភាពជាព្រហ្ម ត្រូវតាមសេចក្តីប្រាថ្នា របស់អាត្មាអញដូច្នោះឯង។ ពួកសត្វ​ទាំងឡាយណា ដែលមកកើតជាខាងក្រោយ សត្វទាំងនោះ ក៏មានសេចក្តីយល់ឃើញ​ យ៉ាងនេះថា ព្រហ្មដ៏ចំរើននេះ ជាមហាព្រហ្ម គ្របសង្កត់នូវសត្វ​ឯទៀត​ៗ​បាន សត្វឯទៀតៗ មិនអាចគ្របសង្កត់លើបាន ជាអ្នក​ឃើញ​ហេតុសព្វគ្រប់ ជាអ្នកធ្វើជនទាំងពួង ​ឲ្យលុះ​នៅក្នុងអំណាច​ខ្លួន ជាឥស្សរៈក្នុងលោក ជាអ្នក​សាង​លោក តាក់តែងលោក ជាចម្បងជាង​សត្វ​លោក ជាអ្នកចាត់ចែងលោក ជាអ្នក​ស្ទាត់ជំនាញ ជាបិតារបស់ពួកភូត និងភព្យៈ យើងទាំងឡាយ គឺព្រហ្មដ៏ចំរើននេះឯងបានតាក់តែង​ហើយ។ ដំណើរនោះ ព្រោះហេតុដូចម្តេច។ ព្រោះថា យើងបានឃើញព្រហ្មនេះ មកកើតក្នុងទីនេះមុន ចំណែកយើង មកកើតខាងក្រោយទេ។ ម្នាលអាវុសោ បណ្តាសត្វទាំងនោះ សត្វណា បានទៅកើត​មុនគេ សត្វនោះឯង មានអាយុវែង​ជាងគេផង មានសម្បុរល្អជាងគេផង មានសក្តិធំជាងគេផង។ ចំណែក​ខាងពួកសត្វណា ដែលទៅ​កើត​ខាងក្រោយគេ ពួកសត្វនោះ មានអាយុ ក៏តិចជាងគេផង មានសម្បុរអន់ជាងគេផង មាន​សក្តិ​តូច​ជាងគេផង។ ម្នាលអាវុសោទាំងឡាយ ហេតុនុ៎ះ តែងមាន​ជា​ប្រាកដ ត្រង់ថា សត្វណាមួយ ច្យុត​ចាក​ពួកព្រហ្មនោះ មកកាន់អត្តភាពជាមនុស្សនេះ លុះបាន​មក​កាន់អត្តភាព​ជាមនុស្សនេះ ហើយក៏​ចេញ​ចាកផ្ទះ ចូលទៅកាន់ផ្នួស លុះបានចេញចាកផ្ទះ ចូលទៅ​កាន់ផ្នួសហើយ ក៏អាស្រ័យនូវព្យាយាម ជាគ្រឿង​ដុតកំដៅកិលេស អាស្រ័យនូវព្យាយាម ជាគ្រឿង​តម្កល់មាំ អាស្រ័យនូវព្យាយាម ជាគ្រឿង​ប្រកបរឿយៗ អាស្រ័យនូវសេចក្តីមិនធ្វេសប្រហែស អាស្រ័យ​នូវការយកចិត្តទុកដាក់ល្អ ក៏បាន​ចេតោសមាធិ តាមបែបនៃចិត្ត​របស់ព្រះយោគី ដែលតាំង​នៅខ្ជាប់ខ្ជួន ដោយសមាធិ ហើយរលឹកនូវខន្ធ ដែលសត្វអាស្រ័យនៅហើយ ក្នុងកាលមុននោះ កំណត់​ត្រឹមតែអត្តភាពជាព្រហ្មនោះប៉ុណ្ណោះ មិនអាចរលឹកឃើញ នូវខន្ធហួសអំពីនោះបានឡើយ។ សត្វនោះឯង និយាយយ៉ាងនេះថា ព្រហ្មដ៏ចំរើននេះ ជាមហាព្រហ្ម គ្របសង្កត់នូវសត្វឯទៀតៗបាន សត្វឯទៀតៗ មិនអាចគ្របសង្កត់លើបាន ជាអ្នក​ឃើញ​ហេតុសព្វគ្រប់ ជាអ្នកធ្វើជនទាំងពួង ​ឲ្យលុះ​ក្នុងអំណាច​ខ្លួន ជាឥស្សរៈក្នុងលោក ជាអ្នក​សាង​លោក តាក់តែងលោក ជាចម្បងជាងសត្វលោក ជាអ្នកចាត់ចែងលោក ជាអ្នក​ស្ទាត់ជំនាញ ជាបិតារបស់ពួកភូត និងភព្យៈ។ ព្រហ្មដ៏ចំរើនណា ជាអ្នកតាក់តែងនូវយើងទាំងឡាយ ព្រហ្មនោះឯង ជាអ្នកទៀតទាត់ ឋិតថេរ មានអាយុវែង មានសេចក្តី​មិនប្រែប្រួលជាធម្មតា តែងឋិតនៅដូចជាសស្សតិវត្ថុ យ៉ាងនោះឯង។ ចំណែក​យើង​ទាំងឡាយណា ដែលព្រហ្មដ៏ចំរើននោះ​បានតាក់តែង​ហើយ យើងទាំងឡាយនោះ ជាអ្នកមិនទៀង​ទាត់ ឋិតថេរទេ មានអាយុខ្លី មានកិរិយាច្យុតជាធម្មតា ទើបបានមកកាន់​អត្តភាពជាមនុស្ស​នេះ។ តថាគតសួរសមណព្រាហ្មណ៍ទាំងនោះថា ម្នាលអ្នកមានអាយុដ៏ចំរើនទាំងឡាយ អ្នកទាំងឡាយបញ្ញត្ត នូវច្បាប់ទំលាប់ ជាអាចរិយវាទ ដែលព្រះឥសូរតាក់តែងហើយ ព្រះព្រហ្ម​តាក់តែងហើយ មានប្រការយ៉ាងនេះឬ។ ពួកសមណព្រាហ្មណ៍ទាំងនោះ បានឆ្លើយតបយ៉ាង​នេះថា នែអាវុសោគោតម ព្រះគោតមមានអាយុពោលយ៉ាងណា យើងទាំងឡាយ ក៏បានឮមកយ៉ាង​នោះ​ដែរ។ ម្នាលភគ្គវៈ តថាគត ដឹងច្បាស់នូវច្បាប់ទំលាប់ផង។ សេចក្តីបំប្រួញ។ កាលដែលតថាគត បាន​ដឹងច្បាស់នូវ​សេចក្តីរលត់ នៃកិលេសហើយ ក៏មិនដល់នូវសេចក្តី​វិនាសឡើយ។

[១៤] ម្នាលភគ្គវៈ មានសមណព្រាហ្មណ៍ពួកមួយ បញ្ញត្តនូវច្បាប់ទំលាប់ ជាអាចរិយវាទ មាន​ទេវតាឈ្មោះខិឌ្ឌាបទោសិកាជាមូល (អ្នកវិនាសខ្លួនព្រោះល្បែង) តថាគត ក៏ចូលទៅរក​ពួក​សមណព្រាហ្មណ៍ទាំងនោះ ហើយសួរយ៉ាងនេះថា នែអ្នកមានអាយុទាំងឡាយ បានឮថា ពួក​អ្នក​បញ្ញត្តនូវច្បាប់ទំលាប់ ជាអាចរិយវាទ មាន​ទេវតាឈ្មោះខិឌ្ឌាបទោសិកាជាមូល ពិតមែនឬ។ ​សមណព្រាហ្មណ៍ទាំងនោះ លុះតថាគតសួរយ៉ាងនេះហើយ ក៏ប្រាប់ថា ព្រះករុណាព្រះអង្គ ដូច្នេះ ទើបតថាគត សួរសមណព្រាហ្មណ៍​ទាំងនោះទៀតយ៉ាងនេះថា នែអ្នកមានអាយុទាំងឡាយ ចុះអ្នក​ទាំងឡាយ បញ្ញត្តនូវច្បាប់ទំលាប់ ជាអាចរិយវាទ មាន​ទេវតាឈ្មោះខិឌ្ឌាបទោសិកាជាមូល តើ​មានប្រការ​ដូចម្តេចខ្លះ។ សមណព្រាហ្មណ៍ទាំងនោះ លុះតថាគតសួរហើយ ក៏ឆ្លើយមិនរួច កាលបើ​ឆ្លើយមិនរួច ក៏ត្រឡប់សួរមកតថាគតវិញ លុះសមណព្រាហ្មណ៍​ទាំងនោះ សួរតថាគត​ហើយ តថាគត​ក៏ព្យាករថា ម្នាលអាវុសោទាំងឡាយ មានពួកទេវតា ឈ្មោះខិឌ្ឌាបទោសិកា ទេវតា​ទាំងនោះ ជាអ្នកខ្វល់ខ្វាយ ក្នុងសេចក្តីត្រេកអរ ក្នុងការសើចសប្បាយនឹងល្បែងជាធម្មតា ហួសវេលា កាល​ទេវតា​ទាំងនោះ កំពុងតែខ្វល់ខ្វាយ ក្នុងសេចក្តីត្រេកអរ ក្នុងការសើចសប្បាយនឹងល្បែងជា​ធម្មតា ហួសវេលាហើយ សតិក៏ភ្លេចវង្វេងទៅ (ខានបរិភោគអាហារ) កាលបើសតិភ្លេចវង្វេង​ហើយ ទេវតាទាំងនោះ ក៏ច្យុតចាកកាយនោះមក។ ម្នាលអាវុសោទាំងឡាយ ហេតុនោះ តែងមានប្រាកដ ត្រង់ថា សត្វណាមួយ ច្យុតចាកកាយនោះ បានមកកាន់អត្តភាពជាមនុស្សនេះ លុះបាន​មក​កាន់​អត្តភាព​ជាមនុស្សនេះហើយ ក៏ចេញចាកផ្ទះ ចូលទៅកាន់ផ្នួស លុះបានចេញចាកផ្ទះ ចូលទៅ​កាន់ផ្នួសហើយ ក៏អាស្រ័យនូវព្យាយាម ជាគ្រឿង​ដុតកំដៅ(កិលេស) អាស្រ័យនូវព្យាយាម ជាគ្រឿង​តម្កល់មាំ អាស្រ័យនូវព្យាយាម ជាគ្រឿង​ប្រកបរឿយៗ អាស្រ័យនូវសេចក្តីមិនធ្វេសប្រហែស អាស្រ័យ​​នូវការយកចិត្តទុកក្នុងចិត្តដោយល្អ ក៏បាន​នូវចេតោសមាធិ តាមបែបនៃចិត្ត​របស់ព្រះយោគី ដែលតាំង​នៅខ្ជាប់ខ្ជួន ដោយសមាធិ ហើយរលឹកឃើញនូវខន្ធ ដែលសត្វអាស្រ័យនៅហើយ ក្នុង​កាល​មុននោះ កំណត់​ត្រឹមតែអត្តភាពជាព្រហ្មនោះប៉ុណ្ណោះ មិនអាចរលឹកឃើញ នូវខន្ធ​ហួសអំពីនោះទៅទៀតបានឡើយ។ សត្វនោះឯង និយាយយ៉ាងនេះថា ទេវតាទាំងឡាយ​ដ៏ចំរើនណា មិនមែនឈ្មោះ ខិឌ្ឌាបទោសិកា ទេវតាទាំងនោះ ជាអ្នកមិនខ្វល់ខ្វាយ ក្នុងសេចក្តី​ត្រេកអរ ក្នុងការសើចសប្បាយ នឹងល្បែង ជាធម្មតា ហួសវេលាឡើយ កាលដែលទេវតាទាំងនោះ មិនខ្វល់​ខ្វាយ ក្នុង​សេចក្តីត្រេកអរ ក្នុងការសើចសប្បាយ នឹងល្បែង ជាធម្មតា ហួសវេលាទេ សតិ ក៏មិន​ភ្លេច​វង្វេង កាលបើសតិមិនភ្លេចវង្វេងហើយ ទេវតាទាំងនោះ ក៏មិនច្យុតចាកកាយនោះឡើយ ជាទេវតា​ទៀងទាត់ឋិតថេរ មានអាយុវែង មានសេចក្តី​មិនប្រែប្រួលជាធម្មតា តែងឋិតនៅ​ដូចជា​សស្សតិវត្ថុ។ ចំណែក​យើង​ទាំងឡាយណា ជាខិឌ្ឌាបទោសិកា យើងទាំងនោះ ជាអ្នកខ្វល់ខ្វាយ ក្នុង​សេចក្តីត្រេកអរ ក្នុងការសើចសប្បាយ នឹងល្បែង ជាធម្មតា ហួសវេលា កាលដែលយើងទាំង​នោះ កំពុងខ្វល់ខ្វាយ ក្នុង​សេចក្តីត្រេកអរ ក្នុងការសើចសប្បាយ នឹងល្បែង ជាធម្មតា ហួសវេលាហើយ សតិក៏ភ្លេចវង្វេងទៅ កាលបើសតិភ្លេចវង្វេងហើយ ពួកយើងទាំងនោះ ក៏ច្យុតចាកកាយនោះ ជាទេវតាមិនទៀង​ទាត់ឋិតថេរទេ មានអាយុតិច មានកិរិយាច្យុតជាធម្មតា បានជាមកកាន់​អត្តភាព​ជា​មនុស្ស​នេះ។ តថាគត សួរសមណព្រាហ្មណ៍ទាំងនោះថា នែអ្នកមានអាយុទាំងឡាយ ចុះអ្នក​ទាំងឡាយ បញ្ញត្តនូវច្បាប់ទំលាប់ ជាអាចរិយវាទ មានទេវតាឈ្មោះ​ខិឌ្ឌាបទោសិកាជាមូល មាន​ប្រការយ៉ាងនេះឬ។ សមណព្រាហ្មណ៍ទាំងនោះ បានឆ្លើយតបយ៉ាង​នេះថា ម្នាល​អាវុសោ​គោតម ព្រះគោតមមានអាយុ ពោលយ៉ាងណា យើងទាំងឡាយ ក៏បានឮមកយ៉ាង​នោះ​ដែរ។ ម្នាលភគ្គវៈ តថាគត ដឹងច្បាស់នូវច្បាប់ទំលាប់ផង។បេ។ កាលដែលតថាគត ​ដឹងច្បាស់នូវ​សេចក្តីរលត់​នៃ​កិលេស​ហើយ ក៏មិនដល់នូវសេចក្តី​វិនាសឡើយ។

[១៥] ម្នាលភគ្គវៈ មានសមណព្រាហ្មណ៍ពួកមួយ បញ្ញត្តនូវច្បាប់ទំលាប់ ជាអាចរិយវាទ មាន​ទេវតាឈ្មោះ មនោបទោសិកា ជាមូល (អ្នកវិនាសខ្លួនព្រោះចិត្ត) តថាគត បានចូលទៅរក​សមណ​ព្រាហ្មណ៍ទាំងនោះ ហើយសួរយ៉ាងនេះថា នែអ្នកមានអាយុទាំងឡាយ ឮថា​អ្នកទាំងឡាយ​បញ្ញត្តនូវច្បាប់ទំលាប់ ជាអាចរិយវាទ មាន​ទេវតាឈ្មោះមនោបទោសិកាជាមូល ពិតមែនឬ។ ​ឯសមណព្រាហ្មណ៍ទាំងនោះ លុះតថាគតសួរយ៉ាងនេះហើយ ក៏ប្តេជ្ញាថា ព្រះករុណាព្រះអង្គ ដូច្នេះ ទើបតថាគត សួរសមណព្រាហ្មណ៍​ទាំងនោះ យ៉ាងនេះទៀតថា នែអ្នកមានអាយុទាំងឡាយ ចុះអ្នក​ទាំងឡាយ បញ្ញត្តនូវច្បាប់ទំលាប់ ជាអាចរិយវាទ មាន​ទេវតាឈ្មោះ មនោបទោសិកា ជាមូល តើ​មាន​ប្រការ​​ដូចម្តេចខ្លះ។ សមណព្រាហ្មណ៍ទាំងនោះ លុះតថាគតសួរហើយ ក៏ឆ្លើយដោះមិនរួច កាលបើ​ឆ្លើយ​មិនរួច ក៏ត្រឡប់សួរមកតថាគតវិញ លុះសមណព្រាហ្មណ៍​ទាំងនោះ សួរមកតថាគត​ តថាគត​ក៏​ព្យាករថា ម្នាលអាវុសោទាំងឡាយ មានពួកទេវតា ឈ្មោះ មនោបទោសិកា ពួកទេវតា​ទាំងនោះ សំឡក់រិះគន់គ្នា នឹងគ្នាហួសវេលា កាលទេវតាទាំងនោះ សំឡក់រិះគន់គ្នានឹងគ្នា ហួសវេលាហើយ ក៏ធ្វើចិត្តឲ្យប្រទូស្ត ដល់គ្នានឹងគ្នាទៀត ទេវតាទាំងនោះ លុះមានចិត្តប្រទូស្ត ដល់គ្នានឹងគ្នាហើយ ក៏លំបាកកាយ លំបាកចិត្ត ទេវតាទាំងនោះ ក៏ច្យុតចាកកាយនោះមក ម្នាលអាវុសោ ហេតុនោះ តែងមានប្រាកដ ត្រង់ថា សត្វណាមួយ ច្យុតចាកកាយនោះ ហើយមកកាន់អត្តភាពជាមនុស្សនេះ លុះបាន​មក​កាន់​អត្តភាព​ជាមនុស្សហើយ ក៏ចេញចាកផ្ទះ ចូលទៅកាន់ផ្នួស លុះបានចេញចាកផ្ទះ ចូលទៅ​កាន់ផ្នួសហើយ ក៏អាស្រ័យនូវព្យាយាម ជាគ្រឿង​ដុតកំដៅ(កិលេស)។បេ។ ក៏បាន​នូវ​ចេតោសមាធិ តាមបែបនៃចិត្ត​របស់ព្រះយោគី ដែលតាំង​នៅខ្ជាប់ខ្ជួន ដោយសមាធិ ក៏រលឹកឃើញ​នូវខន្ធ ដែលសត្វអាស្រ័យនៅហើយ ក្នុង​កាល​មុននោះ កំណត់​ត្រឹមតែអត្តភាពជាព្រហ្មនោះប៉ុណ្ណោះ មិនអាចរលឹកឃើញ នូវខន្ធ​ហួសពីនោះទៅទៀតបានឡើយ។ សត្វនោះ បាននិយាយយ៉ាងនេះថា ពួកទេវតាដ៏ចំរើនណា ដែលមិនមែនឈ្មោះថា មនោបទោសិកាទេ ទេវតាទាំងនោះ មិនសំឡក់​រិះគន់គ្នានឹងគ្នា ហួសវេលា ហើយក៏មិនបានធ្វើចិត្ត​ឲ្យប្រទូស្ត​ ដល់គ្នានឹងគ្នា ទេវតាទាំងនោះ លុះមានចិត្តមិនបានប្រទូស្តហើយ ក៏មិនលំបាកកាយ មិនលំបាកចិត្ត ទេវតាទាំងនោះ ក៏មិនច្យុត​ចាក​កាយនោះឡើយ ជាទេវតា​ទៀងទាត់ឋិតថេរ មានអាយុវែង មានសេចក្តី​មិនប្រែប្រួល​ជា​ធម្មតា តែងតាំង​នៅដូចជាសស្សតិវត្ថុ។ ចំណែក​យើង​ទាំងឡាយណា ឈ្មោះថា មនោបទោសិកា​ទេវតា យើងទាំងនោះ បានសំឡក់រិះគន់គ្នានឹងគ្នា ហួសវេលា កាលដែលយើងទាំង​នោះ សំឡក់​រិះគន់គ្នានឹងគ្នា ហួសវេលាហើយ ក៏បានធ្វើចិត្ត​ឲ្យប្រទូស្តដល់គ្នានឹងគ្នាទៀត លុះដល់យើងទាំង​នោះ មានចិត្តប្រទូស្តដល់គ្នានឹងគ្នាហើយ ក៏លំបាកកាយ លំបាកចិត្ត យើងទាំងឡាយ ក៏ច្យុត​ចាកកាយនោះ ដោយអាការយ៉ាងនេះឯង ជាទេវតាមិនទៀង​ទាត់ មិនឋិតថេរ មានអាយុតិច មានការច្យុតជាធម្មតា បានជាមកកាន់​អត្តភាព​ជា​មនុស្ស​នេះ។ តថាគត សួរ​ពួកសមណព្រាហ្មណ៍​ទាំងនោះថា នែអ្នកមានអាយុទាំងឡាយ ចុះអ្នក​ទាំងឡាយ បញ្ញត្តនូវច្បាប់ទំលាប់ ជាអាចរិយវាទ មានទេវតាឈ្មោះ​មនោបទោសិកាជាមូល មាន​ប្រការយ៉ាងនេះឬ។ សមណព្រាហ្មណ៍ទាំងនោះ បានឆ្លើយតបយ៉ាង​នេះថា ម្នាល​អាវុសោ​គោតម ព្រះគោតមមានអាយុ ពោលយ៉ាងណា យើង​ទាំង​ឡាយ ក៏បានឮមកយ៉ាង​នោះ​ដែរ។ ម្នាលភគ្គវៈ តថាគត ដឹងច្បាស់នូវច្បាប់ទំលាប់ផង។បេ។ កាលដែលតថាគត ​ដឹងច្បាស់ នូវ​សេចក្តីរលត់ ​នៃ​កិលេស​ហើយ ក៏មិនដល់នូវសេចក្តី​វិនាសឡើយ។

[១៦] ម្នាលភគ្គវៈ មានសមណព្រាហ្មណ៍ពួកមួយ បញ្ញត្តច្បាប់ទំលាប់ ជាអាចរិយវាទ ដែល​កើតឡើងដោយមិនអាស្រ័យហេតុ តថាគត ចូលទៅរក​​សមណព្រាហ្មណ៍ទាំងនោះ ហើយ​សួរ​យ៉ាងនេះថា នែអ្នកមានអាយុទាំងឡាយ ឮថា ​អ្នកទាំងឡាយ ​បញ្ញត្តច្បាប់ទំលាប់ ជាអាចរិយវាទ ដែល​កើតឡើង ដោយមិនអាស្រ័យហេតុ ពិតមែនឬ។ ឯ​សមណព្រាហ្មណ៍ទាំងនោះ លុះតថាគត​សួរ​យ៉ាង​នេះហើយ ក៏ប្តេជ្ញាថា ព្រះករុណាព្រះអង្គ ដូច្នេះ ហើយទើបតថាគត សួរយ៉ាងនេះទៅ​សមណព្រាហ្មណ៍ទាំងនោះទៀតថា នែអ្នកមានអាយុទាំងឡាយ ចុះអ្នក​ទាំងឡាយ បញ្ញត្តនូវ​ច្បាប់​ទំលាប់ ជាអាចរិយវាទ ដែល​កើតឡើង ដោយមិនអាស្រ័យ​ហេតុ តើ​មានប្រការ​ដូចម្តេចខ្លះ។ ឯសមណព្រាហ្មណ៍ទាំងនោះ លុះតថាគតសួរហើយ ក៏ឆ្លើយដោះមិនរួច កាលបើ​ឆ្លើយដោះមិនរួច​ហើយ ក៏ត្រឡប់សួរមកតថាគតវិញ លុះសមណព្រាហ្មណ៍​ទាំងនោះសួរ តថាគត​ក៏ព្យាករថា ម្នាលអាវុសោទាំងឡាយ មានទេវតា ឈ្មោះអសញ្ញីសត្វ គឺសត្វមិនមានសញ្ញា ទេវតា​ទាំងនោះ លុះមានសញ្ញាកើតឡើងហើយ ក៏ច្យុតចាកកាយនោះ។ ម្នាលអាវុសោទាំងឡាយ ហេតុនោះ តែងមានប្រាកដ ត្រង់ថា សត្វណាមួយ ច្យុតចាកកាយនោះ ហើយមកកាន់អត្តភាពជាមនុស្សនេះ លុះបាន​មក​កាន់​អត្តភាព​ជាមនុស្សនេះហើយ ក៏ចេញចាកផ្ទះ ចូលទៅកាន់ផ្នួស លុះបានចេញ​ចាក​ផ្ទះ ចូលទៅ​កាន់ផ្នួសហើយ អាស្រ័យនូវព្យាយាម ជាគ្រឿង​ដុតកំដៅ(កិលេស) អាស្រ័យនូវព្យាយាម ជាគ្រឿង​តម្កល់មាំ។បេ។ ក៏បាន​នូវចេតោសមាធិ តាមបែបនៃចិត្ត​របស់យោគី ដែលតាំង​នៅខ្ជាប់ខ្ជួន ដោយសមាធិ ហើយក៏រលឹកឃើញត្រឹមកំណត់កាល ដែលមានសញ្ញាកើតឡើងហើយនោះ មិនអាចរលឹកឃើញ ឲ្យ​ហួសពីនោះបានឡើយ។ សត្វនោះ ក៏និយាយយ៉ាងនេះថា ខ្លួន និងលោក​កើតឡើង ដោយមិនអាស្រ័យហេតុ ការពោលដូច្នេះ តើព្រោះហេតុអ្វី ព្រោះថា អាត្មាអញ ក្នុងកាល​មុននោះ ក៏មិនបានកើតជាសត្វអ្វីទេ កើតតែក្នុងកាលឥឡូវនេះឯង តទៅមុខទៀត ក៏មិនបាន​កើតដែរ ត្រឡប់ទៅជាស្ងប់រម្ងាប់។ តថាគត សួរសមណព្រាហ្មណ៍ទាំងនោះថា នែអ្នកមាន​អាយុ​ទាំង​ឡាយ ចុះអ្នក​ទាំងឡាយ បញ្ញត្តច្បាប់ទំលាប់ ជាអាចរិយវាទ ដែលកើតឡើង ដោយមិនអាស្រ័យ​ហេតុ មាន​ប្រការយ៉ាងនេះឬ។ សមណព្រាហ្មណ៍ទាំងនោះ បានឆ្លើយតបយ៉ាង​នេះថា នែ​អាវុសោ​គោតម ព្រះគោតមមានអាយុ ពោលយ៉ាងណា យើងទាំងឡាយ ក៏បានឮមកយ៉ាង​នោះ​ដែរ។ ម្នាលភគ្គវៈ តថាគត ដឹងច្បាស់នូវច្បាប់ទំលាប់ផង ដឹងច្បាស់នូវគុណវិសេសលើសលុប​ជាងនោះ​ផង កាលដែលតថាគតដឹងច្បាស់នូវធម៌នោះហើយ ក៏មិនបានប្រកាន់ខុសឡើយ កាលតថាគត មិនបាន​ប្រកាន់ខុសហើយ ទើបដឹងច្បាស់នូវ​សេចក្តីរលត់នៃ​កិលេស ចំពោះ​ខ្លួនឯង កាលដែលតថាគត ​ដឹងច្បាស់នូវ​សេចក្តីរលត់​នៃ​កិលេស​ហើយ ក៏មិនដល់នូវសេចក្តី​វិនាសឡើយ។

[១៧] ម្នាលភគ្គវៈ សមណព្រាហ្មណ៍ពួកមួយ ពោលបង្កាច់តថាគត ដែល​មានវាទៈ​យ៉ាងនេះ ជាអ្នកប្រាប់យ៉ាងនេះ ដោយពាក្យមិនមាន ជាពាក្យទទេ ជាពាក្យកុហកមិនពិតថា ព្រះសមណ​គោតម និងពួកភិក្ខុ មានសេចក្តីសំគាល់ខុស ព្រោះព្រះសមណគោតម និយាយយ៉ាង​នេះថា សម័យ​ណា យោគីបានដល់នូវសុភវិមោក្ខ (វណ្ណកសិណ) សម័យនោះ យោគី រមែងដឹងច្បាស់នូវ​របស់​ទាំង​ពួង ដែលល្អក្តី មិនល្អក្តី ថាជារបស់មិនល្អតែមួយយ៉ាង។ ម្នាលភគ្គវៈ តថាគត ឥតបានពោល​យ៉ាង​នេះថា សម័យ​ណា យោគីបានដល់នូវសុភវិមោក្ខ សម័យនោះ យោគី រមែងដឹងច្បាស់នូវ​របស់​ទាំង​ពួង ដែលល្អក្តី មិនល្អក្តី ថាជារបស់មិនល្អតែមួយយ៉ាង ដូច្នេះឡើយ។ ម្នាលភគ្គវៈ តថាគត តែងនិយាយយ៉ាងនេះថា សម័យ​ណា យោគីបានដល់នូវសុភវិមោក្ខ សម័យនោះ យោគី រមែងដឹងច្បាស់ថាជារបស់ល្អតែមួយយ៉ាង ដូច្នេះទេតើ។ ភគ្គវគោត្របរិព្វាជក ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន សមណព្រាហ្មណ៍ទាំងឡាយណា ដុតកំដៅព្រះមានព្រះភាគ និងពួក​ភិក្ខុថា ជាអ្នកមានសេចក្តីសំគាល់ខុស សមណព្រាហ្មណ៍ទាំងឡាយនោះ ជាបុគ្គលមានសេចក្តីសំគាល់​ខុស​វិញទេ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ជាបុគ្គល​ជ្រះថ្លា ចំពោះ​ព្រះមានព្រះភាគ ដោយប្រការ​ដូច្នេះ ដ្បិតព្រះមានព្រះភាគ អាចសំដែង​ធម៌ប្រោសខ្ញុំព្រះអង្គ ដោយអាការដែលធ្វើខ្ញុំព្រះអង្គ ឲ្យ​បានដល់នូវសុភវិមោក្ខបាន។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភគ្គវៈ ការដែលអ្នកមាន​សេចក្តី​យល់ឃើញផ្សេង មានសេចក្តីគាប់ចិត្តផ្សេង មានសេចក្តីពេញចិត្តផ្សេង មានសេចក្តីព្យាយាម​ក្នុងទី​ដទៃ មានអាចរិយវាទក្នុងទីដទៃ កម្រនឹង​បានដល់សុភវិមោក្ខនុ៎ះក្រៃពេក ម្នាលភគ្គវៈ ណ្ហើយចុះ សេចក្តីជ្រះថ្លារបស់អ្នក ចំពោះតថាគត ចូរអ្នកពេញចិត្ត​រក្សាតែសេចក្តីជ្រះថ្លានោះឲ្យល្អចុះ។ ភគ្គវគោត្របរិព្វាជក ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន បើខ្ញុំព្រះអង្គ មានសេចក្តីយល់ឃើញ​ផ្សេង មានសេចក្តី​គាប់ចិត្តផ្សេង មានសេចក្តីពេញចិត្តផ្សេង មានសេចក្តីព្យាយាមផ្សេង ក្នុងទីដទៃ មានអាចរិយវាទក្នុងទីដទៃ កម្រនឹងបានដល់សុភវិមោក្ខនុ៎ះពេកណាស់ បពិត្រព្រះអង្គដ៏ចំរើន សេចក្តីជ្រះថ្លាណា របស់ខ្ញុំព្រះអង្គ ចំពោះ​ព្រះមានព្រះភាគ ខ្ញុំព្រះអង្គ នឹងប្រុងរក្សា​តែសេចក្តី​ជ្រះថ្លានោះឯង​ឲ្យប្រពៃ។ ព្រះមានព្រះភាគ បានត្រាស់សំដែង​សេចក្តីនេះចប់ហើយ។ ភគ្គវគោត្រ​បរិព្វាជក ក៏មានចិត្តរីករាយ ត្រេកអរនឹងភាសិត របស់ព្រះមានព្រះភាគ។

ចប់ បាដិកសូត្រ ទី១។

ឧទុម្ពរិកសូត្រ ទី២

(២. ឧទុម្ពរិកសុត្តំ)

[១៨] ខ្ញុះបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ គង់នៅលើភ្នំគិជ្ឈកូដ ទៀប​ក្រុងរាជគ្រឹះ។ ក៏សម័យនោះឯង បរិព្វាជក ឈ្មោះនិគ្រោធ នៅអាស្រ័យក្នុងបរិព្វាជការាម ជារបស់​នាង​ទេវីឈ្មោះ ឧទុម្ពរិកា ជាមួយនឹងបរិព្វាជកបរិសទ្យជាច្រើន ប្រមាណ​៣០០០នាក់។ គ្រានោះឯង គហបតីឈ្មោះសន្ធាន បានចេញអំពីក្រុងរាជគ្រឹះ ដើម្បីគាល់ព្រះមានព្រះភាគ ក្នុងវេលាថ្ងៃជ្រេពី​ត្រង់។ គ្រានោះ សន្ធានគហបតី មានសេចក្តីត្រិះរិះដូច្នេះថា កាលនេះ ជាកាលមិនគួរនឹងទៅគាល់​ព្រះមានព្រះភាគនៅឡើយ (ព្រោះថា) ព្រះមានព្រះភាគ ទ្រង់កំពុងសម្ងំនៅ18) ទាំងមិនមែនជាសម័យ ដើម្បីជួបភិក្ខុទាំងឡាយ ដែលជាអ្នក​ចម្រើន​ចិត្ត19) ព្រោះពួកភិក្ខុជាអ្នកចម្រើនចិត្ត ក៏កំពុងនៅសម្ងំដែរ បើដូច្នោះ គួរតែអាត្មាអញ ចូលទៅរកនិគ្រោធបរិព្វាជក ឯបរិព្វាជការាម របស់ព្រះនាងឧទុម្ពរិកាទេវី (សិនចុះ)។ ទើបសន្ធានគហបតី ចូលទៅរកនិគ្រោធបរិព្វាជក ឯបរិព្វាជការាម របស់ព្រះនាង​ឧទុម្ពរិកាទេវី។

[១៩] សម័យនោះឯង និគ្រោធបរិព្វាជក កំពុងអង្គុយជាមួយនឹង​បរិព្វាជក​បរិសទ្យ​ជាច្រើន ដែលកំពុងគឹកកងរំពង មានសំឡេងហ៊ោ សំឡេងខ្លាំង និយាយតិរច្ឆានកថា មានប្រការផ្សេងៗ គឺនិយាយពីស្តេច និយាយពីចោរ និយាយពីមហាមាត្រ និយាយពីសេនា និយាយពីភ័យ និយាយពីចំបាំង និយាយពីបាយ និយាយពីទឹក និយាយពីសំពត់ និយាយពីទីដេក និយាយពីកម្រង​ផ្កា និយាយពីគ្រឿងក្រអូប និយាយពីញាតិ និយាយពីយាន និយាយពីស្រុក និយាយពីនិគម និយាយពីជនបទ និយាយពីក្រុង និយាយពីស្ត្រី និយាយពីបុរស និយាយពីការផឹកសុរា និយាយពីច្រកល្ហក និយាយពីកំពង់ទឹក និយាយពីបុព្វប្រេត និយាយពីរឿងផ្សេងៗ ដែល​ឥត​ប្រយោជន៍ និយាយរឿងលោក (និយាយរឿងក្អែកស កុកក្រហមជាដើម) និយាយពីសមុទ្រ និយាយពីសេចក្តីចំរើន និងសេចក្តីសាបសូន្យ ដែលជាហេតុឥតប្រយោជន៍ថាដូច្នេះខ្លះ ដូច្នោះ​ខ្លះ។ និគ្រោធបរិព្វាជក បានឃើញសន្ធានគហបតិ កំពុងដើរមកពីចម្ងាយ ក៏ហាមបរិសទ្យរបស់ខ្លួនថា ពួក​អ្នកដ៏ចំរើន ចូរមានសំឡេងតិចៗ ពួកអ្នកដ៏ចំរើន កុំនិយាយគ្នាឡើយ នេះជាសាវ័ករបស់​ព្រះមសណគោតម ឈ្មោះសន្ធានគហបតិ កំពុងដើរមក មួយទៀត ពួកគ្រហស្ថ ជាសាវ័ក​របស់​ព្រះសមណគោតម ជាមនុស្ស​មានសំលៀកបំពាក់ស នៅអាស្រ័យក្នុងក្រុងរាជគ្រឹះ សន្ធានគហបតិ​នេះ ក៏ជាសាវ័ក១ ក្នុងពួកសាវ័កទាំងនោះដែរ ពួកលោកមានអាយុ សុទ្ធតែត្រូវការ​មនុស្ស​មានសំឡេង​តិច សរសើរតែមនុស្ស​មានសំឡេងតិចៗ ធ្វើម្តេចឲ្យគេដឹងនូវបរិសទ្យ ដែលមាន​សំឡេង​តិច ហើយសំគាល់នូវទី ដែលគេត្រូវចូលមករក។ កាលបើ​និគ្រោធបរិព្វាជកនិយាយយ៉ាងនេះហើយ ពួកបរិព្វាជកទាំងនោះ ក៏នាំគ្នាស្ងៀម។

[២០] លំដាប់នោះ សន្ធានគហបតិ បានចូលទៅរក​និគ្រោធបរិព្វាជក លុះចូលទៅដល់ហើយ ក៏បានរាក់ទាក់ជាមួយនឹង​និគ្រោធបរិព្វាជក បញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួរ​រលឹក​ហើយ ក៏អង្គុយក្នុងទីសមគួរ។ លុះសន្ធានគហបតិ អង្គុយក្នុងទីដ៏សមគួរហើយ បាននិយាយពាក្យ​នេះ ទៅនឹង​និគ្រោធបរិព្វាជកថា លោកដ៏ចំរើនទាំងឡាយ ពួកបរិព្វាជក​ ជាអន្យតិរ្ថិយនេះ ជួបជុំ​សមាគមគ្នាហើយ តែងមានសំឡេងហ៊ោ សំឡេងខ្លាំង ប្រកបតិរច្ឆានកថាច្រើន គឺនិយាយពីស្តេច និយាយពីចោរ។បេ។ និយាយពីសេចក្តីចំរើន និងសេចក្តីសាបសូន្យ ដែលជាហេតុ​ឥតប្រយោជន៍ ថាដូច្នេះខ្លះ ដូច្នោះខ្លះ ឯព្រះមានព្រះភាគ ព្រះអង្គនោះ ដោយឡែក គឺទ្រង់​សេពសេនាសនៈ​ដ៏ស្ងាត់ តាំងនៅក្នុងព្រៃស្រោង ជាសេនាសនៈមានសំឡេងសន្ធឹកគឹកកងតិច ប្រាសចាកពាក្យសំដី​របស់អ្នក​ផង សមគួរដល់​ការស្ងប់ស្ងាត់របស់មនុស្ស គួរដល់ការលាក់ខ្លួន ពួនអាត្មាបាន។ កាលបើសន្ធាន​គហបតិ និយាយយ៉ាងនេះហើយ និគ្រោធបរិព្វាជក ក៏និយាយពាក្យនេះ ទៅនឹង​សន្ធានគហបតិថា នែគហបតិ ដូចជាយើងរិះគន់ អ្នកឯងត្រូវដឹងថា ព្រះសមណគោតម ចរចាជាមួយនឹងអ្នកណាបាន ប្រទះសាកច្ឆាជាមួយនឹងអ្នកណា ល្បងនូវភាពវាងវៃ ដោយប្រាជ្ញាជាមួយនឹងអ្នកណា (ដូចម្តេច​បាន) ព្រោះប្រាជ្ញារបស់ព្រះសមណគោតម បាត់វិនាសក្នុងផ្ទះស្ងាត់អស់ទៅហើយ ព្រះសមណគោតម ជាបុគ្គលមិនហ៊ានចុះកាន់បរិសទ្យ មិនអាចធ្វើការចរចានឹងអ្នកដទៃបានទេ បានជាលោកតែងអាស្រ័យ​នៅតែក្នុងសេនាសនៈ​ដ៏ស្ងាត់ប៉ុណ្ណោះ ដូចមេគោខ្វាក់ភ្នែកម្ខាង តែង​ត្រាច់ទៅតែក្នុងទីជុំវិញ គប់រក​តែទីស្ងាត់ប៉ុណ្ណោះ20) ដូចម្តេចមិញ ប្រាជ្ញារបស់ព្រះសមណគោតម ក៏វិនាស​បាត់ទៅ ក្នុងផ្ទះស្ងាត់ហើយ ព្រះសមណគោតម មិនហ៊ានចូលមកកាន់បរិសទ្យ មិនគួរនឹងនិយាយ​សំណេះ​សំណាល​បានទេ លោកតែងអាស្រ័យនៅតែក្នុងសេនាសនៈដ៏ស្ងាត់ ដូច្នោះឯង នែអ្នកគហបតិ ល្បងមើលចុះ បើព្រះសមណគោតមគប្បីមករកបរិសទ្យនេះ ពួកយើងគួរសាកសួរលោកមួយប្រស្នា​ល្បងមើលដែរ ពួកយើងត្រូវចាប់បង្វិលព្រះសមណគោមតនោះ ឲ្យដូចជាគេចាប់បង្វិល​ឆ្នាំងទទេ (មិនខាន)។

[២១] ព្រះមានព្រះភាគ ទ្រង់ជ្រាបពាក្យឆ្លើយឆ្លងនេះ របស់សន្ធានគហបតិ និងនិគ្រោធបរិព្វាជក ដោយសោតធាតុ ដូចជាទិព្វដ៏បរិសុទ្ធ កន្លងបង់​នូវសោតធាតុរបស់​មនុស្ស​សាមញ្ញ។ លំដាប់នោះ ព្រះមានព្រះភាគ ស្តេចចុះអំពីភ្នំគិជ្ឈកូដ ហើយចូលទៅឯមោរនិវាបស្ថាន (កន្លែងសម្រាប់ឲ្យចំណីដល់សត្វក្ងោក) ក្បែរឆ្នេរស្រះ ឈ្មោះសុមាគធា លុះចូលទៅដល់ហើយ ក៏​ទ្រង់ចង្ក្រមក្នុងទីវាល ទៀបមោរនិវាបស្ថាន ក្បែរឆ្នេរស្រះឈ្មោះ​សុមាគធា។ លុះ​និគ្រោធបរិព្វាជក បានឃើញព្រះមានព្រះភាគ ទ្រង់ចង្ក្រមក្នុងទីវាល ជិតមោរនិវាបស្ថាន ទៀបឆ្នេរស្រះសុមាគធា​ហើយ ក៏បញ្ឈប់បរិសទ្យរបស់ខ្លួនថា សូមអ្នកដ៏ចំរើនទាំងឡាយ មានសំឡេងតិចៗ សូមអ្នក​ទាំងឡាយ កុំជជែកគ្នាឡើយ នេះព្រះសមណគោតម​ កំពុងចង្ក្រម​ក្នុងទីវាល ជិតមោរនិវាបស្ថាន ក្បែរឆ្នេរស្រះសុមាគធា ដ្បិតលោកដ៏មានអាយុនោះ ត្រូវការ​តែបុគ្គល​មានសំឡេង​តិចៗ សរសើរ​តែ​មនុស្ស​​មានសំឡេងតិចៗ ធ្វើដូចម្តេចឲ្យលោកជ្រាបថា បរិសទ្យ មាន​សំឡេង​តិច ហើយគប្បីសំគាល់នូវកិច្ចដែលលោកគួរចូលមករក (យើង) បើព្រះសមណគោតម គប្បីមករក​បរិសទ្យ​នេះ (មែន) ពួកយើងត្រូវសួរប្រស្នានេះនឹងលោកថា បពិត្រព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគ ទ្រង់ទូន្មាន​ពួកសាវ័ក ដោយធម៌ណា ពួកសាវ័ក ដែលព្រះមានព្រះភាគ ទ្រង់ទូន្មានដោយ​ធម៌​ណាហើយ ដល់នូវសេចក្តីត្រេកអរ បានបំពេញអរិយមគ្គ ជាព្រហ្មចរិយធម៌ដើម ជាធម៌ឲ្យកើត​និស្ស័យ​ដ៏ឧត្តម ធម៌របស់​ព្រះមានព្រះភាគនោះ តើឈ្មោះដូចម្តេច។ កាលបើនិគ្រោធបរិព្វាជក និយាយ​យ៉ាងនេះហើយ បរិព្វាជកទាំងនោះ ក៏នាំគ្នានៅស្ងៀម។

[២២] លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ពុទ្ធដំណើរចូលទៅ ត្រង់កន្លែងដែល​និគ្រោធ​បរិព្វាជកនៅ។ ទើបនិគ្រោធ​បរិព្វាជក ក្រាបទូលសេចក្តីនេះ នឹងព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ព្រះអង្គស្តេចមកប្រពៃហើយ បពិត្រព្រះអង្គដ៏ចំរើន ព្រះអង្គបានធ្វើ​បរិយាយ​នេះ ដើម្បីមកក្នុងទីនេះយូរយាណាស់ហើយ សូមព្រះអង្គ ស្តេចគង់ចុះ បពិត្រព្រះអង្គដ៏ចំរើន នេះសេនាសនៈ ដែលខ្ញុំព្រះអង្គ បានក្រាលទុកស្រេចហើយ។ ព្រះមានព្រះភាគ ស្តេចគង់លើ​អាសនៈ ដែលគេក្រាលទុកស្រេចហើយ។ ចំណែកឯនិគ្រោធ​បរិព្វាជក ក៏កាន់យក​អាសនៈ​ទាប​មួយ ហើយអង្គុយក្នុងទីដ៏សមគួរ។ ព្រះមានព្រះភាគ បានត្រាស់សួរសេចក្តីនេះ នឹងនិគ្រោធ​បរិព្វាជក ដែល​អង្គុយក្នុងទីដ៏សមគួរ យ៉ាងនេះថា ម្នាលនិគ្រោធ អម្បាញ់មិញនេះ អ្នកអង្គុយ​ប្រជុំគ្នា និយាយ​រឿងអ្វី សំដីដូចម្តេច ដែលពួកអ្នកឈប់បង្អង់ទាំងពាក់កណ្តាល។ កាលបើព្រះមានព្រះភាគ ត្រាស់សួរ​យ៉ាងនេះហើយ និគ្រោធ​បរិព្វាជក ក្រាបទូលសេចក្តីនេះ នឹងព្រះមានព្រះភាគថា​ បពិត្រព្រះអង្គដ៏ចំរើន ពួកខ្ញុំព្រះអង្គ ក្នុងទីនេះ បានឃើញ​ព្រះមានព្រះភាគ ស្តេចកំពុង​ចង្ក្រម ក្នុងទីវាល ទៀបមោរនិវាបស្ថាន ក្បែរឆ្នេរស្រះសុមាគធា លុះឃើញហើយ បាននាំគ្នានិយាយយ៉ាង​នេះថា បើព្រះសមណគោតម គប្បីមករកបរិសទ្យនេះ (មែន) ពួកយើង ត្រូវសួរប្រស្នានេះ ចំពោះ​ព្រះអង្គថា បពិត្រព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគ ទ្រង់ទូន្មាន​ពួកសាវ័ក ដោយធម៌ណា ពួកសាវ័ក ដែលព្រះមានព្រះភាគ ទ្រង់ទូន្មានដោយ​ធម៌​ណាហើយ ដល់នូវសេចក្តីត្រេកអរ បានបំពេញ​អរិយមគ្គ ព្រហ្មចរិយធម៌ដើម ដែលឲ្យកើត​និស្ស័យ​ដ៏ឧត្តម ធម៌របស់​ព្រះមានព្រះភាគនោះ តើឈ្មោះដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន សំដីនេះឯង ដែលពួកខ្ញុំព្រះអង្គ ឈប់បង្អង់​ទាំង​ពាក់កណ្តាល ក៏ទទួល​ព្រះមានព្រះភាគ ស្តេចមកដល់។ ព្រះមានព្រះភាគ ត្រាស់ថា ម្នាលនិគ្រោធ តថាគតទូន្មានពួកសាវ័ក ដោយធម៌ណា ពួកសាវ័ក ដែលតថាគតទូន្មានហើយ ដោយធម៌ណា ដល់​នូវសេចក្តីគាប់ចិត្ត បានបំពេញអរិយមគ្គ ជាព្រហ្មចរិយធម៌ដើម ដែលឲ្យកើតនិស្ស័យ​ដ៏ឧត្តម អ្នកឯង​ ដែលមានទិដ្ឋិដោយឡែក មានសេចក្តីពេញចិត្តដោយឡែក មានសេចក្តីគាប់ចិត្ត​ដោយឡែក មិនងាយ​នឹងដឹងធម៌នោះទេ វៀរលែងតែអ្នកមានព្យាយាម ជាគ្រឿងប្រកបខ្លាំង វៀរលែងតែ​អ្នក​បាន​រៀនក្នុងសំណាក់អាចារ្យ (នោះទើបដឹងបាន) ម្នាលនិគ្រោធ​ អញ្ជើញអ្នកសួរប្រស្នាក្នុងការខ្ពើមបាប ជាអាចរិយវាទរបស់ខ្លួន នឹងតថាគតថា បពិត្រព្រះអង្គដ៏ចំរើន ការខ្ពើមបាប ដោយសេចក្តីព្យាយាម ជាគ្រឿងដុតកិលេសដូចម្តេច ឈ្មោះថាបរិបូណ៌ ដូចម្តេច ឈ្មោះថាមិនបរិបូណ៌។ កាលបើព្រះ​មានព្រះភាគ ត្រាស់យ៉ាងនេះហើយ ពួកបរិព្វាជក​ទាំងនោះ ក៏នាំគ្នាបន្លឺមានសំឡេងហ៊ោ សំឡេង​ខ្លាំង​ថា នែអ្នកដ៏ចម្រើន គួរអស្ចារ្យណាស់តើ នែអ្នកដ៏ចម្រើន ហេតុមិនដែលមានហ្ន៎ ព្រះសមណ​គោតម ព្រះអង្គមានឫទ្ធិច្រើន មានអានុភាពខ្លាំង ព្រោះទ្រង់​បញ្ឈប់វាទៈរបស់ព្រះអង្គ ទ្រង់​បណ្តោយ​ឲ្យអ្នកដទៃ​និយាយវិញ។

[២៣] លំដាប់នោះឯង និគ្រោធបរិព្វាជក ធ្វើពួកបរិព្វាជកទាំងនោះ ឲ្យមានសំឡេងតិចហើយ បានទូលស្នើសេចក្តីនេះ នឹងព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ពួកខ្ញុំព្រះអង្គ ជា តបោជិគុច្ឆវាទ (អ្នកពោលប្រកាន់ការខ្ពើមបាប ដោយព្យាយាម ជាគ្រឿង​ដុតកិលេស) ជាអ្នក​មិនរួញរានឹង តបោជិគុច្ឆវត្ត បពិត្រព្រះអង្គដ៏ចំរើន ការខ្ពើមបាបដោយព្យាយាម ជាគ្រឿង​ដុត​កិលេស ដូចម្តេច ទើបឈ្មោះថាបរិបូណ៌ ដូចម្តេចឈ្មោះថា មិនបរិបូណ៌។ ព្រះមានព្រះភាគត្រាស់​ថា ម្នាលនិគ្រោធ មនុស្សបំពេញ​ព្យាយាម ជាគ្រឿងដុតកិលេស​ក្នុងលោកនេះ ជាអ្នកអាក្រាតកាយ មាន​មារយាទល្អលះបង់ហើយ ប្រកាន់ហត្ថាវលេខនបដិបត្តិ21) ជាអ្នកប្រកាន់​វត្ត ដែល​គេនិមន្តថា លោកដ៏ចំរើន សូមចូលមកទទួលភត្ត ហើយមិនចូលមក ប្រកាន់វត្តដែលគេនិមន្ត​ថា លោកដ៏ចម្រើនចូររង់ចាំសិន ហើយមិនរង់ចាំ មិនត្រេកអរនឹងភិក្ខា ដែលគេនាំមកមុនបំផុត មិនត្រេកអរ​នឹងភិក្ខា ដែលគេធ្វើចំពោះខ្លួន មិនត្រេកអរនឹង​ការនិមន្ត មិនទទួលភិក្ខាដែលគេ​ដួស​ឲ្យពីឆ្នាំ មិនទទួលភិក្ខាដែលគេដួស​ឲ្យពីកញ្ជើ មិនទទួលភិក្ខា ដែលគេ​កន្លងធរណី​ទ្វារនាំមក មិនទទួល​ភិក្ខា ដែលគេកន្លង​ត្បាល់នាំមក មិនទទួលភិក្ខា ដែលគេកន្លងអង្រែនាំមក មិនទទួលភិក្ខា ដែលគេកន្លងកំណាត់ឈើនាំមក មិនទទួលភិក្ខា របស់មនុស្ស​កំពុងបរិភោគពីរនាក់ មិនទទួលភិក្ខារបស់ស្ត្រីមានគភ៌ មិនទទួលភិក្ខារបស់ស្រ្តីកំពុងបំបៅកូន មិនទទួលភិក្ខារបស់ស្ត្រី​ដែល​កំពុងស្ទាបអង្អែល​បុរស មិនទទួលភិក្ខារបស់បុគ្គលដែលមានគេដឹកនាំឲ្យធ្វើ មិនទទួលភិក្ខា ក្នុងទី​ដែលមានឆ្កែនៅចាំ មិនទទួលភិក្ខា ក្នុងទីដែលរុយកំពុងរោម មិនស៊ីត្រី មិនស៊ីសាច់ មិនផឹក​សុរា មិនផឹក​មេរ័យ មិនផឹកទឹកថ្នាំត្រាំ។ អចេលកៈនោះ ទទួលភិក្ខា ចំពោះតែក្នុងផ្ទះ១ ឬញុំាងអត្តភាពឲ្យប្រព្រឹត្ត​ទៅ ដោយដុំបាយ១ពំនូតខ្លះ ទទួលភិក្ខា ចំពោះតែក្នុងផ្ទះ២ ញុំាងអត្តភាពឲ្យប្រព្រឹត្ត​ទៅ ដោយដុំបាយ២ពំនូតខ្លះ ទទួលភិក្ខា ចំពោះតែក្នុងផ្ទះ៧ ឬញុំាងអត្តភាពឲ្យប្រព្រឹត្ត​ទៅ ចំពោះតែ​ដុំបាយ៧ពំនូតខ្លះ ញុំាងអត្តភាពឲ្យប្រព្រឹត្តទៅ ដោយភាជន៍១ខ្លះ ញុំាងអត្តភាពឲ្យប្រព្រឹត្តទៅ ដោយភាជន៍២ខ្លះ ញុំាងអត្តភាពឲ្យប្រព្រឹត្តទៅ ដោយភាជន៍៧ខ្លះ បរិភោគអាហាររំលង១ថ្ងៃខ្លះ បរិភោគអាហាររំលង២ថ្ងៃខ្លះ បរិភោគអាហារ​រំលង៧ថ្ងៃ​ខ្លះ អចេលកៈនោះ ប្រកបនូវព្យាយាម ក្នុងភត្ត​ភោជនដោយការ​ផ្លាស់ប្តូរគ្នា​កន្លះខែ​យ៉ាងនេះ ដូច្នេះ។ អចេលកៈនោះ បរិភោគតែអន្លក់​ស្រស់ខ្លះ បរិភោគតែស្រងែខ្លះ បរិភោគតែស្គួយ​ខ្លះ បរិភោគតែចំនៀរស្បែក ដែលគេចោលខ្លះ បរិភោគតែជ័រ ឬសារាយខ្លះ បរិភោគតែកុណ្ឌកខ្លះ បរិភោគ​តែបាយក្តាំង ដែលគេចោលខ្លះ បរិភោគតែម្សៅខ្លះ បរិភោគតែស្មៅខ្លះ បរិភោគតែ​អាចមន៍គោ​ខ្លះ បរិភោគតែមើម និងផ្លែក្នុង​ព្រៃ ជាអាហារខ្លះ បរិភោគតែផ្លែឈើដែលជ្រុះខ្លះ។ គេប្រើសំពត់សម្បកធ្មៃខ្លះ ប្រើសំពត់ដែលគេត្បាញ​លាយគ្នាខ្លះ ប្រើសំពត់រុំសាកសពខ្លះ ប្រើសំពត់​បង្សុកូលខ្លះ ស្លៀកពាក់សម្បកឈើខ្លះ ស្លៀកពាក់​ស្បែកខ្លាខ្លះ ស្លៀកពាក់ស្បែកខ្លាទាំងក្រចកខ្លះ ស្លៀកពាក់​ស្បូវក្រងខ្លះ​ ស្លៀកពាក់សំពត់​សម្បក​ក្រចៅខ្លះ ប្រើសំពត់គេត្បាញដោយ​សម្បក​ផ្លែ​ឈើខ្លះ ប្រើសំពត់កម្ពល ដែលគេត្បាញដោយសក់​មនុស្សខ្លះ ប្រើសំពត់កម្ពល ដែលគេត្បាញដោយសក់​កន្ទុយសេះខ្លះ ស្លៀកពាក់សំពត់ស្លាប​មៀម​ខ្លះ ជាអ្នកដកសក់ និងពុកមាត់ ប្រកបព្យាយាមក្នុងការដកសក់ និងពុកមាត់ខ្លះ ជាអ្នកឈរងើយ ហាម​ឃាត់ក្នុងអាសនៈខ្លះ ជាអ្នកអង្គុយច្រហោង ប្រកបព្យាយាម ក្នុងការអង្គុយច្រហោងខ្លះ ជាអ្នកកាន់វត្តឈរ ដើរជាដើមលើបន្លា សម្រេចការដេកលើបន្លាខ្លះ សម្រេចការដេក​លើបន្ទះក្តារខ្លះ សម្រេចការដេកលើផែនដីទួលខ្លះ ជាអ្នកដេកផ្ទៀងតែម្ខាងខ្លះ ជាអ្នកប្រឡាក់​ខ្លួន​ដោយធូលី ឈរក្នុងទីវាល អង្គុយតែលើអាសនៈមួយ ដែលខ្លួនបានមកយ៉ាងណាខ្លះ បរិភោគតែ​លាមក ប្រកបព្យាយាម ក្នុងការបរិភោគលាមកខ្លះ ជាអ្នកហាមឃាត់ទឹកត្រជាក់ ប្រកបព្យាយាម ក្នុង​ការហាមឃាត់ទឹកត្រជាក់ខ្លះ ប្រកបព្យាយាម​ក្នុងការចុះត្រាំទឹកក្នុងមួយថ្ងៃ៣ដងខ្លះ។ ម្នាលនិគ្រោធ អ្នកសំគាល់​សេចក្តីនោះដូចម្តេច កាលបើហេតុយ៉ាងនេះមាន ការខ្ពើមបាបដោយសេចក្តីព្យាយាម ជាគ្រឿងដុតកិលេស ឈ្មោះថា​ បរិបូណ៌ហើយ ឬមិនទាន់បរិបូណ៌ទេ។ និគ្រោធបរិព្វាជក ក្រាបទូល​ថា បពិត្រព្រះអង្គដ៏ចំរើន កាលបើហេតុយ៉ាងនេះមាន ការខ្ពើមបានដោយសេចក្តីព្យាយាម ជាគ្រឿង​ដុតកិលេស ឈ្មោះថា បរិបូណ៌ហើយដោយពិត មិនមែនមិនបរិបូណ៌ទេ។ ព្រះមានព្រះភាគ ត្រាស់ថា ម្នាលនិគ្រោធ ការខ្ពើមបាបដោយព្យាយាម ជាគ្រឿង​ដុតកិលេស ទុកជាបរិបូណ៌ហើយ​យ៉ាងនេះ ក៏តថាគតឲ្យឈ្មោះថា នៅតែមានឧបក្កិលេសច្រើនយ៉ាង។

[២៤] និគ្រោធបរិព្វាជក ទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន ការខ្ពើមបាន ដោយ​ព្យាយាម ជាគ្រឿងដុតកិលេស បានបរិបូណ៌ប៉ុណ្ណេះដែរ ហេតុអ្វីក៏ព្រះមានព្រះភាគ នៅឲ្យឈ្មោះថា មានឧបក្កិលេសច្រើនយ៉ាង។ ព្រះមានព្រះភាគ ត្រាស់ថា ម្នាលនិគ្រោធ ព្រោះមនុស្សមានតបវត្ត (វត្ត​សម្រាប់ព្យាយាមដុតកិលេស) ក្នុងលោកនេះ សមាទានតបវត្ត គេពេញចិត្ត ទាំង​មានសេចក្តី​ត្រិះរិះ​អស់ហើយ ត្រឹមតបវត្តនោះ។ ម្នាលនិគ្រោធ ត្រង់ដែលមនុស្សមានតបវត្ត សមាទាននូវតបវត្ត គេ​ពេញចិត្ត​ ទាំងមានសេចក្តីត្រិះរិះអស់ហើយ ត្រឹមតបវត្តនោះ ម្នាលនិគ្រោធនេះឯង ជាឧបក្កិលេស​ របស់មនុស្ស​អ្នកមានតបវត្ត។ ម្នាលនិគ្រោធ ពាក្យខាងមុខនៅមានទៀត អ្នកមានតបវត្ត សមាទាន​តបវត្ត អ្នកនោះ លើកតែខ្លួនឯង បង្អាប់អ្នកដទៃ ព្រោះតបវត្តនោះ។ ម្នាលនិគ្រោធ ត្រង់ដែល​អ្នក​មានតបវត្ត សមាទាននូវតបវត្ត គេលើកតែខ្លួនឯង តែងបង្អាប់អ្នកដទៃ ព្រោះតបវត្តនោះ ម្នាល​និគ្រោធ នេះក៏ជាឧបក្កិលេស របស់អ្នកមានតបវត្តដែរ។ ម្នាលនិគ្រោធ ពាក្យខាងមុខនៅមានទៀត មនុស្សអ្នកមានតបវត្ត សមាទាន​នូវតបវត្ត គេស្រវឹងជ្រប់ ដល់នូវសេចក្តីស្រវឹង ព្រោះតបវត្តនោះ។ ម្នាលនិគ្រោធ ត្រង់ដែលមនុស្ស​អ្នក​មានតបវត្ត សមាទាននូវតបវត្ត គេស្រវឹង ជ្រប់ ដល់នូវសេចក្តីស្រវឹង ព្រោះតបវត្តនោះ ម្នាល​និគ្រោធ នេះក៏ជាឧបក្កិលេស របស់អ្នកមាន​តបវត្តដែរ។ ម្នាលនិគ្រោធ ពាក្យខាងមុខនៅមានទៀត អ្នកមានតបវត្ត សមាទាន​នូវតបវត្ត គេយក​តបវត្តនោះ ជាគ្រឿងឲ្យកើតលាភសក្ការៈ និងសេចក្តីសរសើរ គេពេញចិត្ត ទាំងមានសេចក្តី​ត្រិះរិះ​អស់ហើយ ត្រឹមលាភសក្ការៈ និងសេចក្តីសរសើរនោះ។ ម្នាលនិគ្រោធ ត្រង់ដែល​អ្នក​មានតបវត្ត សមាទាននូវតបវត្ត គេយកតបវត្តនោះ ជាគ្រឿង​ឲ្យកើតលាភសក្ការៈ និងសេចក្តី​សរសើរ គេពេញ​ចិត្ត ទាំងមានសេចក្តីត្រិះរិះអស់ហើយ ត្រឹមលាភសក្ការៈ និងសេចក្តីសរសើរនោះ ម្នាល​និគ្រោធ នេះឯង​ក៏ជាឧបក្កិលេស របស់អ្នកមានតបវត្តដែរ។ ម្នាលនិគ្រោធ ពាក្យខាងមុខ​នៅមានទៀត អ្នក​មានតបវត្ត សមាទាននូវ​តបវត្ត គេយកតបវត្តនោះ ជាគ្រឿង​ឲ្យកើត​លាភសក្ការៈ និងសេចក្តីសរសើរ គេលើកខ្លួនឯង បង្អាប់អ្នកដទៃ ព្រោះតែលាភសក្ការៈ និងសេចក្តីសរសើរនោះ។ ម្នាលនិគ្រោធ ត្រង់​ដែល​​អ្នក​មានតបវត្ត សមាទាននូវតបវត្ត គេយកតបវត្តនោះ ជាគ្រឿង​ឲ្យកើតលាភសក្ការៈ និងសេចក្តី​សរសើរ គេលើកខ្លួនឯង តែងបង្អាប់អ្នកដទៃ ព្រោះតែលាភសក្ការៈ នោះ ម្នាល​និគ្រោធ នេះឯងក៏ជាឧបក្កិលេស របស់អ្នកមានតបវត្តដែរ។ ម្នាលនិគ្រោធ ពាក្យខាង​មុខ​នៅ​មានទៀត អ្នក​មាន​តបវត្ត សមាទាននូវ​តបវត្ត គេយកតបវត្តនោះ ជាគ្រឿង​ឲ្យកើត​លាភសក្ការៈ និងសេចក្តី​សរសើរ​នោះ គេក៏ស្រវឹង ភ្លេចខ្លួន ដល់នូវសេចក្តីវង្វេង ព្រោះតែលាភសក្ការៈ និងសេចក្តី​សរសើរនោះ។ ម្នាល​និគ្រោធ ត្រង់ដែល​អ្នក​មានតបវត្ត សមាទាននូវតបវត្ត គេយក​តបវត្តនោះ ជាគ្រឿង​ឲ្យកើត​លាភសាក្ការៈ និងសេចក្តីសរសើរ គេក៏ស្រវឹង ភ្លេចខ្លួន ដល់នូវ​សេចក្តីវង្វេង ព្រោះតែ​លាភសក្ការៈ និងសេចក្តី​សរសើរនោះ ម្នាល​និគ្រោធ នេះឯងក៏ជាឧបក្កិលេស របស់មនុស្សអ្នកមានតបវត្តដែរ។ ម្នាលនិគ្រោធ ពាក្យខាងមុខនៅមានទៀត អ្នកមានតបវត្ត សមាទាន​នូវតបវត្ត ចែកភោជន​ជា​ពីរ​ចំណែក​ថា ភោជននេះគាប់ចិត្តខ្ញុំ ភោជននេះ មិនគាប់​ចិត្តខ្ញុំទេ។ តាបសដែលប្រកបដោយសេចក្តី​ចង់នោះ មិនគាប់ចិត្ត​ភោជនណា រមែង​លះ​ចោល​ភោជន​នោះ ចំណែកភោជនណា គាប់ចិត្តគេ ៗក៏​ត្រេកត្រអាលភ្លេចស្មារតី ជាប់ស្អិតនឹងភោជន​នោះ ជាបុគ្គល​ឥតឃើញទោស ឥតមានប្រាជ្ញា ជាគ្រឿង​​រលាស់ចិត្តចេញ ចេះតែបរិភោគ ម្នាលនិគ្រោធ នេះឯងក៏ជាឧបក្កិលេស របស់អ្នក​មាន​តបវត្តដែរ។ ម្នាលនិគ្រោធ ពាក្យខាងមុខនៅមានទៀត អ្នកមានតបវត្ត សមាទាននូវ​តបវត្ត ដោយ​ហេតុ​ប្រាថ្នាលាភសក្ការៈ និងសេចក្តីសរសើរថា ពួកព្រះរាជា រាជមហាមាត្រ ក្សត្រ ព្រាហ្មណ៍ គហបតី តិត្ថិយ នឹងធ្វើសក្ការៈ ចំពោះយើង ម្នាល​និគ្រោធ នេះឯងក៏ជាឧបក្កិលេស របស់អ្នក​មាន​តបវត្តដែរ។ ម្នាលនិគ្រោធ ពាក្យខាងមុខ​នៅ​មាន​ទៀត អ្នកមានតបវត្ត ពោលបង្អាប់​សមណ​ព្រាហ្មណ៍​ណាមួយថាបែបនេះឬ សមណព្រាហ្មណ៍ ជាអ្នក​មានការចិញ្ចឹមជីវិតច្រើនយ៉ាង តែង​ស៊ីពូជឈើ សព្វសរពើ គឺពូជ​កើតអំពីឫស ពូជកើត​អំពី​ដើម ពូជកើតអំពីថ្នាំង ពូជកើតអំពីចុង ពូជកើតអំពីពូជផងគ្នាជាគំរប់៥ នរណាៗ ក៏ដឹងថា ញញួរ គឺធ្មេញរបស់សមណៈនេះ ដូចជាកាំរន្ទះ អ្នកនេះជាសមណៈ ត្រឹមតែការប្តេជ្ញាថាសមណៈ​ប៉ុណ្ណោះ ម្នាល​និគ្រោធ នេះឯងក៏ជាឧបក្កិលេស របស់អ្នកមានតបវត្តដែរ។ ម្នាលនិគ្រោធ ពាក្យខាងមុខ​នៅមាន​ទៀត អ្នកមានតបវត្ត ឃើញ​សមណ​ព្រាហ្មណ៍​ណាមួយ ដែលមានគេកំពុងធ្វើ​សក្ការៈ គោរព រាប់អាន បូជាក្នុងត្រកូលទាំងឡាយ។ អ្នក​នោះ តែងមានសេចក្តីត្រិះរិះយ៉ាងនេះថា មនុស្ស​ទាំងឡាយ គេធ្វើសក្ការៈ គោរព រាប់អាន បូជា​សមណៈ ដែលមានការចិញ្ចឹមជីវិតច្រើនមុខនេះ ក្នុងត្រកូលទាំងឡាយ ប្រយោជន៍អ្វី ពួកគេម្តេច​ក៏​មិន​ធ្វើសក្ការៈ គោរព រាប់អាន បូជាអាត្មាអញ ដែល​មាន​តបវត្ត ជាអ្នកមានការចិញ្ចឹមជីវិតសៅហ្មង ក្នុងត្រកូលទាំងឡាយវិញ។ អ្នកនោះ រមែងកើតសេចក្តីឫស្សា កំណាញ់ត្រកូលទាំងឡាយ ដោយ​ប្រការ​យ៉ាងនេះ ម្នាល​និគ្រោធ នេះឯងក៏ជាឧបក្កិលេស របស់មនុស្សអ្នកមានតបវត្តដែរ។ ម្នាលនិគ្រោធ ពាក្យខាងមុខនៅមានទៀត អ្នកមានតបវត្ត រមែងអង្គុយក្នុង​ទី​ចំភ្នែក​មនុស្ស​មើល​ឃើញ22) ម្នាល​និគ្រោធ នេះឯងក៏ជាឧបក្កិលេស របស់មនុស្សអ្នកមានតបវត្តដែរ។ ម្នាលនិគ្រោធ ពាក្យខាងមុខនៅមានទៀត អ្នកមានតបវត្ត ដើរបង្ហាញខ្លួន ដើរទៅក្នុងត្រកូលទាំងឡាយ23) ដោយគិតថា ការនេះជាតបវត្ត របស់អាត្មាអញ ការនេះ ជា​តបវត្តរបស់អាត្មាអញ ម្នាល​និគ្រោធ នេះឯក៏ជាឧបក្កិលេស របស់អ្នកមានតបវត្តដែរ។ ម្នាលនិគ្រោធ ពាក្យខាងមុខនៅមានទៀត អ្នកមានតបវត្ត អាស្រ័យល្បិចបិទបាំងនីមួយ គឺបើមានគេសួរអ្នកនោះថា លោកគាប់ចិត្ត​ការនេះ​ឬ បើទុកជាការនោះ ខ្លួនមិនគាប់ចិត្តទេ ក៏និយាយថា គាប់ចិត្ត បើការនោះខ្លួន​គាប់ចិត្ត ក៏និយាយ​ថា មិនគាប់ចិត្តវិញ។ អ្នកនោះឈ្មោះថា និយាយកុហកទាំងដឹងខ្លួន ដោយសំដី​បែបនេះ ម្នាល​និគ្រោធ នេះឯងក៏ជាឧបក្កិលេស របស់អ្នកមានតបវត្តដែរ។ ម្នាលនិគ្រោធ ពាក្យខាងមុខនៅមានទៀត អ្នកមានតបវត្ត កាលបើព្រះតថាគត ឬសាវ័ករបស់ព្រះតថាគត​ កំពុងសំដែងធម៌ រមែង​មិនអនុមោទនា នូវបរិយាយដែលខ្លួនគួរអនុមោទនា ម្នាល​និគ្រោធ នេះឯងក៏ជាឧបក្កិលេស របស់អ្នកមានតបវត្តដែរ។ ម្នាលនិគ្រោធ ពាក្យខាងមុខនៅមានទៀត អ្នកមានតបវត្ត ជាអ្នក​មាន​សេចក្តីក្រោធ ចងសេចក្តីក្រោធទុក។ ម្នាល​និគ្រោធ អ្នកមានតបវត្ត មានសេចក្តីក្រោធ ចងសេចក្តី​ក្រោធទុកណា ម្នាលនិគ្រោធ នេះឯងក៏ជាឧបក្កិលេស របស់អ្នកមានតបវត្តដែរ។ ម្នាលនិគ្រោធ ពាក្យខាងមុខនៅមានទៀត អ្នកមានតបវត្ត ជាអ្នករមិលគុណ វាយឫកស្មើ ឈ្នានីស កំណាញ់ អួតអាង មានកលមាយា រឹងត្អឹង មើលងាយគេ មានសេចក្តីប្រាថ្នាលាមក ទាំងលុះអំណាច​នៃ​សេចក្តីប្រាថ្នាលាមក ជាមនុស្ស​មិច្ឆាទិដ្ឋិ ប្រកបដោយអន្តគ្គាហិកទិដ្ឋិ24) អ្នកប្រកាន់យកតែសេចក្តី​ឃើញរបស់ខ្លួន ប្រកាន់មាំ ជាបុគ្គល​ដែលគេ​មិនអាចឲ្យលះបង់​បានដោយងាយ។ ម្នាល​និគ្រោធ ត្រង់ដែលអ្នកមានតបវត្ត ជាអ្នកប្រកាន់​យក​តែសេចក្តីឃើញរបស់ខ្លួន ប្រកាន់មាំ ជាបុគ្គលដែលគេឲ្យលះបង់បានដោយក្រ ម្នាលនិគ្រោធ នេះឯងក៏ជាឧបក្កិលេស របស់អ្នកមានតបវត្តដែរ។ ម្នាលនិគ្រោធ អ្នកសំគាល់​សេចក្តីនោះដូចម្តេច បើការខ្ពើមបាប ដោយសេចក្តីព្យាយាម ជាគ្រឿងដុតកិលេសទាំងនេះ ជាឧបក្កិលេស ឬមិនមែន​ជា​ឧបក្កិលេសទេ។ និគ្រោធបរិព្វាជក ក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន ការខ្ពើមបាប ដោយ​សេចក្តី​ព្យាយាម ជាគ្រឿងដុតកិលេសទាំងនេះ ជាឧបក្កិលេសពិតៗ មិនមែនជាអនុបក្កិលេសទេ បពិត្រព្រះអង្គដ៏ចំរើន អ្នកមានតបវត្តពួកខ្លះ ក្នុងលោកនេះ ជាអ្នកប្រកបដោយឧបក្កិលេស ទាំងអស់​នេះទៅហើយ ចាំបាច់ពោលទៅថ្វី ដោយឧបក្កិលេសឯទៀតៗ។

[២៥] ម្នាលនិគ្រោធ អ្នកមានតបវត្តក្នុងលោកនេះ សមាទាននូវតបវត្ត គេមិនមែន​ពេញចិត្ត ទាំងមានសេចក្តីត្រិះរិះមិនមែនអស់ហើយ ត្រឹមតបវត្តនោះ។ ម្នាលនិគ្រោធ ត្រង់ដែលអ្នកមានតប​វត្ត សមាទាននូវតបវត្តណា គេមិនមែនពេញចិត្ត ទាំងមានសេចក្តីត្រិះរិះ មិនមែនអស់ហើយត្រឹមតបវត្ត​នោះ គេឈ្មោះថា បរិសុទ្ធក្នុងហេតុនោះ យ៉ាងនេះបាន។ ម្នាលនិគ្រោធ ពាក្យខាងមុខនៅមានទៀត អ្នកមានតបវត្ត សមាទានតបវត្ត គេមិនលើកខ្លួនឯង មិនកំហែងអ្នកដទៃ ព្រោះតបវត្តនោះ។បេ។ គេឈ្មោះថា បរិសុទ្ធក្នុងហេតុនោះ យ៉ាងនេះបាន។ ម្នាលនិគ្រោធ ពាក្យខាងមុខនៅមានទៀត អ្នកមានតបវត្ត សមាទានតបវត្ត គេមិនស្រវឹង មិនឈ្លក់គំនិត មិនដល់នូវសេចក្តីស្រវឹង ព្រោះតែតបវត្តនោះទេ។បេ។ គេឈ្មោះថា បរិសុទ្ធក្នុងហេតុនោះ យ៉ាងនេះបាន។ ម្នាលនិគ្រោធ ពាក្យខាងមុខនៅមានទៀត អ្នកមានតបវត្ត សមាទាននូវតបវត្ត គេញុំាងលាភសក្ការៈ និងសេចក្តីសរសើរ ឲ្យកើតឡើង ព្រោះតបវត្តនោះ តែគេមិនពេញចិត្ត មិនមានសេចក្តីត្រិះរិះ អស់ហើយត្រឹមលាភសក្ការៈ និងសេចក្តីសរសើរនោះទេ ម្នាលនិគ្រោធ ត្រង់ដែលអ្នក​មានតបវត្ត។បេ។ គេឈ្មោះថា បរិសុទ្ធក្នុងហេតុនោះ យ៉ាងនេះបាន។ ម្នាលនិគ្រោធ ពាក្យខាងមុខនៅមានទៀត អ្នកមានតបវត្ត សមាទានតបវត្ត គេញុំាង​លាភសក្ការៈ និងសេចក្តីសរសើរ ឲ្យកើតឡើង គេមិនលើកខ្លួន មិនបង្អាប់អ្នកដទៃ ព្រោះតែ​លាភសក្ការៈ និងសេចក្តីសរសើរនោះទេ។ ម្នាលនិគ្រោធ ត្រង់ដែលអ្នកមានតបវត្ត។បេ។ គេឈ្មោះថា បរិសុទ្ធក្នុងហេតុនោះ យ៉ាងនេះបាន។ ម្នាលនិគ្រោធ ពាក្យខាងមុខនៅមានទៀត អ្នកមានតបវត្ត សមាទាននូវតបវត្ត គេញុំាងលាភសក្ការៈ និងសេចក្តីសរសើរឲ្យកើតឡើង ដោយតបវត្តនោះ តែគេមិនស្រវឹង មិនឈ្លក់គំនិត មិនដល់នូវសេចក្តីស្រវឹង ព្រោះតែលាភសក្ការៈ និងសេចក្តីសរសើរនោះទេ។ ម្នាលនិគ្រោធ ត្រង់ដែលអ្នកមានតបវត្ត។បេ។ គេឈ្មោះថា បរិសុទ្ធក្នុងហេតុនោះ យ៉ាងនេះបាន។ ម្នាលនិគ្រោធ ពាក្យខាងមុខនៅមានទៀត អ្នកមានតបវត្ត សមាទានតបវត្ត មិនចែកភោជនជាពីរចំណែកថា ភោជននេះគាប់ចិត្តខ្ញុំ ភោជននេះ មិនគាប់ចិត្ត​ខ្ញុំ​ទេ។ គេជាមនុស្សគ្មានប្រាថ្នាភោជនណា មិនគាប់ចិត្តគេៗក៏លះបង់ភោជននោះដែរ តែថា ភោជន​ណាគាប់ចិត្តគេ ៗ មិនត្រេកត្រអាល មិនភ្លេចស្មារតី មិនជាប់ស្អិត ជាអ្នកឃើញទោសជាប្រក្រតី មានប្រាជ្ញា ជាគ្រឿងរលាស់ចិត្តចេញ បរិភោគភោជននោះ គេឈ្មោះថា បរិសុទ្ធក្នុងហេតុនោះ យ៉ាងនេះបាន។ ម្នាលនិគ្រោធ ពាក្យខាងមុខនៅមានទៀត អ្នកមានតបវត្ត គេមិនសមាទានតបវត្ត ហេតុតែសេចក្តីប្រាថ្នាលាភសក្ការៈ និងសេចក្តីសរសើរថា ពួកព្រះរាជា រាជមហាមាត្រ ក្សត្រិយ៍ ព្រាហ្មណ៍ គហបតី តិរ្ថិយ នឹងធ្វើសក្ការៈ ចំពោះអាត្មាអញ អ្នកនោះឈ្មោះថា បរិសុទ្ធក្នុងហេតុនោះ យ៉ាងនេះបាន។ ម្នាលនិគ្រោធ ពាក្យខាងមុខនៅមានទៀត អ្នកមានតបវត្ត មិនបានពោលបង្អាប់សមណៈ ឬព្រាហ្មណ៍ណាមួយ ថា បែបនេះ សមណព្រាហ្មណ៍ ជាអ្នកមានការចិញ្ចឹមជីវិតច្រើនយ៉ាង តែងស៊ីពូជសព្វសរពើ គឺពូជកើតអំពីឫស ពូជកើតអំពីដើម ពូជ​កើតអំពីថ្នាំង ពូជកើតអំពីចុង ពូជកើតអំពីពូជជាគំរប់៥ នរណាៗ ក៏ដឹងថា ញញួរ គឺធ្មេញ​របស់មសណៈនេះ ដូចជាកាំរន្ទះ គេជាសមណៈ ត្រឹមតែការប្តេជ្ញាថា សមណៈប៉ុណ្ណោះទេ គេឈ្មោះថា បរិសុទ្ធក្នុងហេតុនោះ យ៉ាងនេះបាន។ ម្នាលនិគ្រោធ ពាក្យខាងមុខនៅមានទៀត អ្នកមានតបវត្ត ឃើញគេធ្វើសក្ការៈ គោរព រាប់អាន បូជាសមណៈ ឬព្រាហ្មណ៍ណាមួយ ក្នុងត្រកូល​ទាំងឡាយ។ គេមិនបានត្រិះរិះយ៉ាងនេះថា គួរដែរឬ ពួកមនុស្សតែងធ្វើសក្ការៈ គោរព រាប់អាន​បូជា​សមណៈ ដែលមានអាជីវៈច្រើន ក្នុងត្រកូលទាំងឡាយនេះ ចំណែកខាងអាត្មាអញ ជាអ្នកមាន​តបវត្ត មានអាជីវៈសៅហ្មង (ម្តេចក៏) ពួកគេមិនធ្វើសក្ការៈ មិនគោរព មិនរាប់អាន មិនបូជា ក្នុងត្រកូលទាំងឡាយ​វិញ។ គេមិនឲ្យកើតសេចក្តីឫស្យា និងសេចក្តីកំណាញ់ ក្នុងត្រកូលទាំងឡាយ ដូច្នេះឡើយ គេឈ្មោះថា បរិសុទ្ធក្នុងហេតុនោះ យ៉ាងនេះបាន។ ម្នាលនិគ្រោធ ពាក្យខាងមុខ​នៅមាន​ទៀត អ្នកមានតបវត្ត មិនជាអ្នកអង្គុយក្នុងទីចំភ្នែកមនុស្ស គេឈ្មោះថា បរិសុទ្ធក្នុងហេតុនោះ យ៉ាងនេះបាន។ ម្នាលនិគ្រោធ ពាក្យខាងមុខនៅមានទៀត អ្នកមានតបវត្ត មិនដើរបង្ហាញខ្លួន ក្នុងត្រកូលទាំងឡាយថា ការនេះជាតបវត្តរបស់អាត្មាដែរ ការនេះជាតបវត្តរបស់អាត្មាដែរ គេឈ្មោះថា បរិសុទ្ធក្នុងហេតុនោះ យ៉ាងនេះបាន។ ម្នាលនិគ្រោធ ពាក្យខាងមុខនៅមានទៀត អ្នកមានតបវត្ត មិនអាស្រ័យការបិទបាំងនីមួយ បើមានគេសួរអ្នកនោះថា ការនេះគាប់ចិត្តលោកឬ បើការនោះមិនគាប់ចិត្តខ្លួន ក៏និយាយថា មិនគាប់ចិត្ត របស់នេះគួរដល់អ្នក ឬប្រាប់នូវរបស់​ដែលមិន​គួរថា មិនគួរ បើការនោះខ្លួនគាប់ចិត្ត ក៏និយាយថា គាប់ចិត្ត។ អ្នកនោះមិនបាននិយាយកុហកទាំង​ដឹងខ្លួន គេឈ្មោះថា បរិសុទ្ធក្នុងហេតុនោះ យ៉ាងនេះបាន។ ម្នាលនិគ្រោធ ពាក្យខាងមុខ​នៅមាន​ទៀត អ្នកមានតបវត្ត កាលតថាគត ឬសាវ័ករបស់តថាគត កំពុងសំដែងធម៌ រមែងអនុមោទនា នូវ​បរិយាយដែលគួរអនុមោទនា គេឈ្មោះថា បរិសុទ្ធក្នុងហេតុនោះ យ៉ាងនេះបាន។ ម្នាលនិគ្រោធ ពាក្យខាងមុខនៅមានទៀត អ្នកមានតបវត្ត ជាអ្នកមិនក្រោធ មិនចងសេចក្តីក្រោធទុក។ ម្នាលនិគ្រោធ ត្រង់ដែលអ្នកមានតបវត្ត ជាអ្នកមិនក្រោធ មិនចងសេចក្តីក្រោធទុក គេឈ្មោះថា បរិសុទ្ធក្នុងហេតុនោះ យ៉ាងនេះបាន។ ម្នាលនិគ្រោធ ពាក្យខាងមុខនៅមានទៀត អ្នកមានតបវត្ត ជាអ្នកមិនរមិលគុណ មិនវាយឫកស្មើ មិនឈ្នានីស មិនកំណាញ់ មិនអួតអាង មិនមានកលមាយា មិនរឹងត្អឹង មិនមើលងាយគេ មិនមានសេចក្តីប្រាថ្នាដ៏លាមក មិនលុះក្នុងអំណាចនៃ​សេចក្តីប្រាថ្នា​ដ៏លាមក មិនមែនជាមិច្ឆាទិដ្ឋិ មិនប្រកបដោយអន្តគ្គាហិកទិដ្ឋិ មិនប្រកាន់យកតាមតែសេចក្តី​ឃើញ​របស់ខ្លួន មិនប្រកាន់មាំ ជាមនុស្សដែលគេឲ្យលះបង់បានដោយងាយ។ ម្នាលនិគ្រោធ ត្រង់ដែល​អ្នកមានតបវត្ត ជាអ្នកមិនប្រកាន់យកតាមតែសេចក្តីឃើញរបស់ខ្លួន មិនប្រកាន់មាំ ជាមនុស្សដែល​គេឲ្យលះបង់បានដោយងាយ គេឈ្មោះថា បរិសុទ្ធក្នុងហេតុនោះ យ៉ាងនេះបាន។ ព្រះមានបុណ្យត្រាស់សួរថា ម្នាលនិគ្រោធ អ្នកសំគាល់សេចក្តីនោះដូចម្តេច កាលបើហេតុមានមក​ដូច្នេះ ការខ្ពើមបាប ដោយសេចក្តីព្យាយាម ជាគ្រឿង​ដុតកិលេស ឈ្មោះថា បរិសុទ្ធហើយ ឬមិនទាន់​បរិសុទ្ធទេ។ និគ្រោធបរិព្វាជក ក្រាបទូលព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន កាលបើហេតុ​មានមកដូច្នេះ ការខ្ពើមបាប ដោយសេចក្តីព្យាយាម ជាគ្រឿង​ដុតកិលេស ឈ្មោះថា បរិសុទ្ធហើយ​ដោយពិត មិនមែនមិន​បរិសុទ្ធទេ ទាំងដល់កំពូលធម៌ផង ដល់ខ្លឹមធម៌ហើយផង។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលនិគ្រោធ ការខ្ពើមបាប ដោយសេចក្តីព្យាយាម ជាគ្រឿង​ដុតកិលេស ត្រឹមតែប៉ុណ្ណេះ មិនទាន់ដល់កំពូលធម៌ មិនទាន់ដល់ខ្លឹមធម៌នៅឡើយទេ គ្រាន់តែដល់ត្រឹមធម៌ ដូចជា​ក្រមរប៉ុណ្ណោះទេតើ។

[២៦] និគ្រោធបរិព្វាជក ក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន ចុះ​ការខ្ពើមបាប ដោយសេចក្តីព្យាយាម ជាគ្រឿង​ដុតកិលេសត្រឹមណា ទើបឈ្មោះថា ដល់កំពូលធម៌ផង ដល់ខ្លឹម​ធម៌​ផង បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានបុណ្យ សំដែងឲ្យដល់កំពូល ឲ្យដល់ខ្លឹមសារ របស់​ការខ្ពើម​បាប ដោយសេចក្តីព្យាយាម ជាគ្រឿង​ដុតកិលេស តែម្តង ដល់ខ្ញុំព្រះអង្គឲ្យទាន។ ព្រះមានព្រះភាគ ត្រាស់ថា ម្នាលនិគ្រោធ អ្នកមានតបវត្តក្នុងលោកនេះ ជាអ្នកសង្រួម ដោយការសង្រួម៤យ៉ាង។ ម្នាលនិគ្រោធ អ្នកមានតបវត្ត ជាអ្នកសង្រួម ដោយការសង្រួម៤យ៉ាង តើដូចម្តេច។ ម្នាលនិគ្រោធ អ្នកមានតបវត្តក្នុងលោកនេះ មិនសម្លាប់សត្វ មិនប្រើអ្នកដទៃឲ្យសម្លាប់សត្វ មិនគាប់ចិត្តនឹង​អ្នក​សម្លាប់សត្វ មិនកាន់យកទ្រព្យ ដែលម្ចាស់គេមិនបានឲ្យ មិនប្រើអ្នកដទៃឲ្យកាន់យកទ្រព្យ ដែលម្ចាស់​គេមិនបានឲ្យ មិនគាប់ចិត្តនឹងអ្នកកាន់យកទ្រព្យ ដែលម្ចាស់គេមិនបានឲ្យ រមែង​មិន​និយាយកុហក មិនប្រើអ្នកដទៃឲ្យនិយាយកុហក មិនគាប់ចិត្តនឹងអ្នកនិយាយកុហក មិនសេព​ភាវិតធម៌ (គឺកាមគុណ៥) មិនប្រើអ្នកដទៃ​ឲ្យសេពនូវភាវិតធម៌ មិនគាប់ចិត្តនឹងអ្នកដែលសេពនូវ​ភាវិតធម៌។ ម្នាលនិគ្រោធ អ្នកមានតបវត្ត ជាអ្នកសង្រួម ដោយការសង្រួម៤យ៉ាង ដោយហេតុ​យ៉ាងនេះ។ ម្នាលនិគ្រោធ កាលណាអ្នកមានតបវត្ត ជាអ្នកសង្រួម ដោយការសង្រួមទាំង៤យ៉ាង​ ក៏រមែងមានពាក្យគេសរសើរអ្នកនោះ ព្រោះខ្លួនជាអ្នកមានតបវត្ត។ គេខំប្រឹងបំពេញ (សីល) មិនត្រ​ឡប់មក ដើម្បីភេទថោកទាប (ភេទគ្រហស្ថ)។ គេរមែងអាស្រ័យសេនាសនៈស្ងាត់ ព្រៃ គល់ឈើ ភ្នំ ញកភ្នំ ជ្រោះភ្នំ ទីស្មសាន ដងព្រៃ ទីវាល និងទីដែល​ប្រក់បាំងដោយស្មៅ។ បុគ្គលនោះ លុះកាល​ខាងក្រោយភត្ត ក៏ត្រឡប់​មកពីបិណ្ឌបាត ហើយអង្គុយពែនភ្នែន តម្រង់កាយឲ្យត្រង់ ប្រុងស្មារតី ឲ្យមានមុខឆ្ពោះ (ទៅរកកម្មដ្ឋាន)។ គេលះអភិជ្ឈាក្នុងលោក មានចិត្តប្រាសចាកអភិជ្ឈា ជម្រះចិត្ត​ចាកអភិជ្ឈា លះព្យាបាទ ជាគ្រឿងប្រទូស្ត មានចិត្តមិនព្យាបាទ មានសេចក្តីអនុគ្រោះសត្វទាំងពួង ដោយប្រយោជន៍ ជម្រះចិត្តឲ្យស្អាត ចាកព្យាបាទ ជាគ្រឿងប្រទូស្ត លះថីនមិទ្ធៈ មានចិត្តប្រាស​ចាក​ថីនមិទ្ធៈ មានសេចក្តីសំគាល់ក្នុងពន្លឺ មានសតិ មានសម្បជញ្ញៈ ជម្រះចិត្តចាកថីនមិទ្ធៈ លះឧទ្ធច្ចកុក្កុច្ចៈ មានចិត្តមិនរវើរវាយ មានចិត្តខាងក្នុងស្ងប់រម្ងាប់ ជម្រះចិត្តចាកឧទ្ធច្ចកុក្កុច្ចៈ លះវិចិកិច្ឆា មានចិត្តឆ្លងផុតចាកវិចិកិច្ឆា មិនមានសេចក្តីងឿងឆ្ងល់ ជម្រះចិត្តឲ្យស្អាត ចាក​វិចិកិច្ឆា ក្នុងកុសលធម៌ទាំងឡាយ។ គេលះនីវរណៈទាំង៥នេះ ដែលជាឧបក្កិលេស ជាគ្រឿងធ្វើបញ្ញា ឲ្យថយកំឡាំង ក៏សម្រចសម្រាន្តឥរិយាបថ ដោយការផ្សាយចិត្តប្រកបដោយមេត្តា ទៅកាន់ទិស​ទី១ ទិសទី២ ក៏ដូច្នោះ ទិសទី៣ ក៏ដូច្នោះ ទិសទី៤ ក៏ដូច្នោះ សម្រចសម្រាន្តឥរិយាបថ ដោយការផ្សាយ​ចិត្ត ប្រកបដោយមេត្តាដ៏ធំទូលាយ មិនមានប្រមាណ មិនមានពៀរ មិនមានព្យាបាទ ទៅកាន់សត្វលោក​ទាំងមូល ដោយយកខ្លួនទៅប្រៀបនឹងសត្វទាំងអស់ ក្នុងទិសទាំងពួង គឺទិសខាងលើ ទិសខាងក្រោម និងទិសទទឹង25) ដោយប្រការដូច្នេះ។ ចិត្តប្រកបដោយករុណា។ ចិត្តប្រកបដោយមុទិតា។ សម្រចសម្រាន្ត​ឥរិយាបថ ដោយការផ្សាយចិត្ត ប្រកបដោយឧបេក្ខា ទៅកាន់ទិស​ទី១ ទិសទី២ ក៏ដូច្នោះ ​ទី៣ ទិសទី៤ ក៏ដូច្នោះ សម្រចសម្រាន្តឥរិយាបថ ដោយការផ្សាយ​ចិត្ត ប្រកបដោយឧបេក្ខា ដ៏ធំទូលាយ មិនមានប្រមាណ មិនមានពៀរ មិនមានព្យាបាទ ទៅកាន់សត្វលោក​ទាំងមូល ដោយ​យកខ្លួន​ទៅប្រៀប​នឹងសត្វទាំងអស់ ក្នុងទិសទាំងពួង គឺទិសខាងលើ ទិសខាងក្រោម និងទិសទទឹង។ ម្នាល​និគ្រោធ អ្នកសំគាល់សេចក្តីនោះដូចម្តេច កាលបើហេតុមានមកដូច្នេះ ការខ្ពើមបាប ដោយសេចក្តី​ព្យាយាម ជាគ្រឿងដុតកិលេស ឈ្មោះថា បរិសុទ្ធហើយ ឬមិនទាន់បរិសុទ្ធទេ។ និគ្រោធបរិព្វាជក ក្រាប​ទូលថា បពិត្រព្រះអង្គដ៏ចំរើន កាលបើដូច្នោះ ការខ្ពើមបាប ដោយសេចក្តី​ព្យាយាម ជាគ្រឿង​ដុតកិលេស ឈ្មោះថា បរិសុទ្ធដោយពិត មិនមែនមិនបរិសុទ្ធទេ ទាំងដល់កំពូលធម៌ផង ដល់ខ្លឹម​ធម៌ផង។ ព្រះមានព្រះភាគ ត្រាស់ថា ម្នាលនិគ្រោធ ការខ្ពើមបាប ដោយសេចក្តី​ព្យាយាម ជាគ្រឿងដុតកិលេស ត្រឹមតែប៉ុណ្ណេះ មិនទាន់ឈ្មោះថា ដល់កំពូលធម៌ ឬដល់ខ្លឹមធម៌នៅឡើយទេ គ្រាន់តែដល់ត្រឹម​ សំបកធម៌ ប៉ុណ្ណោះ ទេ។

[២៧] និគ្រោធបរិព្វាជក ក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន ចុះការខ្ពើមបាប ដោយ​ព្យាយាម ជាគ្រឿងដុតកិលេសត្រឹមណា ទើបឈ្មោះថា ដល់កំពូលធម៌ផង ដល់ខ្លឹមធម៌ផង បពិត្រ​ព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ សំដែងឲ្យដល់កំពូល ឲ្យដល់ខ្លឹមសាររបស់​ការខ្ពើម​បាប ដោយសេចក្តី​ព្យាយាម ជាគ្រឿងដុតកិលេសតែម្តង ដល់ខ្ញុំព្រះអង្គឲ្យទាន។ ព្រះមានព្រះភាគ ត្រាស់ថា ម្នាលនិគ្រោធ អ្នកមានតបវត្ត ក្នុងលោកនេះ ជាអ្នកសង្រួម ដោយការ​សង្រួម៤យ៉ាង។ ម្នាលនិគ្រោធ អ្នកមានតបវត្ត ជាអ្នកសង្រួម ដោយការសង្រួម៤យ៉ាង តើដូចម្តេច។បេ។ ម្នាលនិគ្រោធ កាលណាអ្នកមានតបវត្ត ជាអ្នកសង្រួម ដោយការសង្រួម​៤យ៉ាង រមែង​មានពាក្យគេសរសើរអ្នកនោះ ព្រោះខ្លួន​ជាអ្នកមានតបវត្ត។ គេខំប្រឹងបំពេញសីល មិនត្រឡប់​មកដើម្បីភេទថោកទាប។ គេអាស្រ័យសេពសេនាសនៈស្ងាត់។បេ។ គេបានលះនីវរណធម៌ទាំង៥នេះ ដែលជាគ្រឿងធ្វើចិត្តឲ្យសៅហ្មង ជាគ្រឿង​ធ្វើប្រាជ្ញាឲ្យថយកំលាំង សម្រេចសម្រាន្តឥរិយាបថ ដោយការផ្សាយចិត្ត ប្រកបដោយមេត្តា ទៅកាន់ទិសទី១។បេ។ គេរលឹកឃើញខន្ធបញ្ចកៈ ដែលបានអាស្រ័យនៅអំពីមុន ជាច្រើនជាតិ គឺមួយជាតិខ្លះ ពីរជាតិខ្លះ បីជាតិខ្លះ បួនជាតិខ្លះ ប្រាំ​ជាតិខ្លះ។បេ។ ១០ជាតិខ្លះ ២០ជាតិខ្លះ ៣០ជាតិខ្លះ ៤០ជាតិខ្លះ ៥០ជាតិខ្លះ មួយរយជាតិខ្លះ មួយពាន់​ជាតិខ្លះ ១សែនជាតិខ្លះ ច្រើនសំវដ្តកប្ប (កប្បវិនាស)ខ្លះ ច្រើនវិវដ្តកប្ប (កប្បចំរើន)ខ្លះ ច្រើនសំវដ្តវិវដ្តកប្ប (កប្បវិនាស និងកប្បចំរើន)ខ្លះ ថា ក្នុងកាលឯណោះ អាត្មាអញ បានមានឈ្មោះ​យ៉ាងនេះ មានគោត្រយ៉ាងនេះ មានសម្បុរយ៉ាងនេះ មានអាហារយ៉ាងនេះ ទទួលសុខទុក្ខយ៉ាង​នេះ មានកំណត់អាយុយ៉ាងនេះ អាត្មាអញនោះ លុះច្យុតចាកអត្តភាពនោះហើយ បានទៅកើតក្នុងភព​ឯណោះ ក្នុងភពនោះឯង អាត្មាអញ បានមានឈ្មោះ​យ៉ាងនេះ មានគោត្រយ៉ាងនេះ មានសម្បុរយ៉ាងនេះ មានអាហារយ៉ាងនេះ ទទួលសុខទុក្ខយ៉ាង​នេះ មានកំណត់អាយុយ៉ាងនេះ អាត្មាអញនោះ លុះច្យុតចាកអត្តភាពនោះហើយ មកកើតក្នុងភពនេះ រមែងរលឹកឃើញ​ខន្ធបញ្ចកៈ ដែលអាស្រ័យនៅអំពីមុន បានច្រើនជាតិ ព្រមទាំងអាការៈ26) ព្រមទាំងឧទ្ទេសៈ27) ដោយប្រការដូច្នេះ។ ម្នាលនិគ្រោធ អ្នកសំគាល់​សេចក្តី​នោះដូចម្តេច កាលបើដូច្នោះ ការខ្ពើមបាប ដោយសេចក្តី​ព្យាយាម ជាគ្រឿងដុតកិលេស ឈ្មោះថា បរិសុទ្ធហើយ ឬមិនទាន់បរិសុទ្ធទេ។ និគ្រោធបរិព្វាជក ក្រាប​ទូលថា បពិត្រព្រះអង្គដ៏ចំរើន កាលបើយ៉ាងនេះ ការខ្ពើមបាប ដោយសេចក្តី​ព្យាយាម ជាគ្រឿង​ដុតកិលេស ឈ្មោះថា បរិសុទ្ធដោយពិត មិនមែនមិនបរិសុទ្ធទេ ទាំងដល់កំពូលធម៌ផង ដល់ខ្លឹម​ធម៌ផង។ ព្រះមានព្រះភាគ ត្រាស់ថា ម្នាលនិគ្រោធ ការខ្ពើមបាប ដោយសេចក្តី​ព្យាយាម ជាគ្រឿងដុតកិលេស ត្រឹមតែប៉ុណ្ណេះ មិនទាន់ឈ្មោះថា ដល់កំពូលធម៌ ឬដល់ខ្លឹមធម៌នៅឡើយទេ បានដល់ត្រឹមតែ ស្រាយ របស់ធម៌ ប៉ុណ្ណោះទេ។

[២៨] និគ្រោធបរិព្វាជក ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ការខ្ពើមបាប ដោយសេចក្តី​ព្យាយាម ជាគ្រឿងដុតកិលេសត្រឹមណា ទើបឈ្មោះថា ដល់កំពូលធម៌ផង ដល់ខ្លឹមធម៌ផង បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ សំដែងឲ្យដល់កំពូល ឲ្យដល់ខ្លឹមសាររបស់​ការខ្ពើមបាប ដោយសេចក្តី​ព្យាយាម ជាគ្រឿងដុតកិលេសតែម្តង ដល់ខ្ញុំព្រះអង្គឲ្យទាន។ ព្រះមានព្រះភាគ ត្រាស់ថា ម្នាលនិគ្រោធ អ្នកមានតបវត្ត ក្នុងលោកនេះ ជាអ្នកសង្រួម ដោយការ​សង្រួម៤យ៉ាង។ ម្នាលនិគ្រោធ អ្នកមានតបវត្ត ជាអ្នកសង្រួម ដោយការសង្រួម៤យ៉ាង តើដូច​ម្តេច។បេ។ ម្នាលនិគ្រោធ កាលណាអ្នកមានតបវត្ត ជាអ្នកសង្រួម ដោយការសង្រួម​៤យ៉ាង ក៏រមែង​មានពាក្យគេសរសើរអ្នកនោះ ព្រោះខ្លួន​ជាអ្នកមានតបវត្ត។ គេខំប្រឹងបំពេញសីល មិនត្រឡប់​មកដើម្បីភេទថោកទាប។ គេអាស្រ័យសេពសេនាសនៈស្ងាត់។បេ។ គេលះនីវរណៈទាំង៥នេះ ដែលជាឧបក្កិលេស ជាគ្រឿង​ធ្វើប្រាជ្ញាឲ្យថយកំលាំង មានចិត្តប្រកបដោយមេត្តា។បេ។ សម្រេច​សម្រាន្តឥរិយាបថ ដោយការផ្សាយចិត្ត ប្រកបដោយឧបេក្ខា ដ៏ធំទូលាយ មិនមានប្រមាណ មិនមាន​ពៀរ មិនមានព្យាបាទ។ គេរមែងរលឹកឃើញខន្ធបញ្ចកៈ ដែលបានអាស្រ័យនៅអំពីមុន ជាច្រើនជាតិ គឺមួយជាតិខ្លះ ពីរជាតិខ្លះ។បេ។ រមែងរលឹកឃើញនូវ​ខន្ធបញ្ចកៈ ដែលអាស្រ័យនៅអំពីមុន ជាច្រើនជាតិ ព្រមទាំងអាការៈ ព្រមទាំងឧទ្ទេសៈ ដោយប្រការដូច្នេះ។ គេមានចក្ខុដូចជាទិព្វដ៏បរិសុទ្ធ កន្លងចក្ខុមនុស្សសាមញ្ញ បានឃើញនូវសត្វទាំងឡាយ ដែលកំពុងច្យុត និងចាប់បដិសន្ធិ ដ៏ទាបថោក និងឧត្តម មានទ្រង់ទ្រាយល្អ និងអាក្រក់ ទៅកាន់សុគតិ និងទុគ្គតិ រមែងដឹងច្បាស់​នូវសត្វ​ទាំងឡាយ ដែលអន្ទោលទៅតាមកម្មថា អើហ្ន៎ សត្វទាំងឡាយនេះ ប្រកបដោយកាយទុច្ចរិត ប្រកបដោយវចីទុច្ចរិត ប្រកបដោយមនោទុច្ចរិត ជាអ្នកតិះដៀលនូវពួកព្រះអរិយបុគ្គល ជាមច្ឆាទិដ្ឋិ សមាទាននូវមិច្ឆាទិដ្ឋិកម្ម សត្វទាំងនោះ លុះបែកធ្លាយរាងកាយ បន្ទាប់អំពីមរណៈទៅ ទៅកើតឯ​អបាយ ទុគ្គតិ វិនិបាត នរក ចំណែក​ខាងសត្វទាំងនេះ ប្រកបដោយ​កាយសុចរិត ប្រកបដោយវចី​សុចរិត ប្រកបដោយមនោសុចរិត មិនតិះដៀលពួកព្រះអរិយៈ ជាសម្មាទិដ្ឋិ សមាទាននូវកម្ម ជាសម្មាទិដ្ឋិ សត្វទាំងនោះ លុះបែកធ្លាយរាងកាយ បន្ទាប់អំពីមរណៈទៅ ក៏ទៅកើតឯ​សុគតិលោក គឺសួគ៌ មានចក្ខុដូចជាទិព្វដ៏បរិសុទ្ធ កន្លងចក្ខុមនុស្សសាមញ្ញ រមែងឃើញ នូវសត្វទាំងឡាយ កំពុង​ច្យុត និងចាប់បដិសន្ធិ ដ៏ទាបថោក និងឧត្តម មានទ្រង់ទ្រាយល្អ និងអាក្រក់ ទៅកាន់សុគតិ​ និង​ទុគ្គតិ ដឹងច្បាស់នូវសត្វទាំងឡាយ ដែលអន្ទោលទៅតាមកម្ម ដោយប្រការដូច្នេះ។ ម្នាលនិគ្រោធ អ្នក​សំគាល់​សេចក្តីនោះដូចម្តេច កាលបើដូច្នេះ ការខ្ពើមបាប ដោយសេចក្តី​ព្យាយាម ជាគ្រឿងដុតកិលេស ឈ្មោះថា បរិសុទ្ធហើយ ឬមិនទាន់បរិសុទ្ធទេ។ និគ្រោធបរិព្វាជក ក្រាប​ទូលថា បពិត្រព្រះអង្គដ៏ចំរើន កាលបើដូច្នេះ ការខ្ពើមបាប ដោយសេចក្តី​ព្យាយាម ជាគ្រឿង​ដុតកិលេស ឈ្មោះថា បរិសុទ្ធដោយពិត មិនមែនមិនបរិសុទ្ធទេ ទាំងដល់កំពូលធម៌ផង ដល់ខ្លឹម​ធម៌ផង។ ម្នាលនិគ្រោធ ការខ្ពើមបាប ដោយសេចក្តី​ព្យាយាម ជាគ្រឿងដុតកិលេសទាំងប៉ុណ្ណេះ ទើបឈ្មោះថា ដល់កំពូលធម៌ផង ដល់ខ្លឹមធម៌ផង។ ម្នាលនិគ្រោធ អ្នកបាននិយាយ នឹងតថាគតថា ព្រះមានព្រះភាគ ទ្រង់ទូន្មានពួកសាវ័ក ដោយធម៌ណា ពួកសាវ័កដែលព្រះអង្គទ្រង់ទូន្មាន ដោយធម៌​ណាហើយ ដល់នូវសេចក្តីគាប់ចិត្ត បានបំពេញអរិយមគ្គ ជាព្រហ្មចរិយធម៌ដើម ដែល​ឲ្យកើត​និស្ស័យ​ដ៏ឧត្តម ធម៌របស់ព្រះមានព្រះភាគនោះ តើឈ្មោះដូចម្តេច។ ម្នាលនិគ្រោធ តថាគត​ទូន្មានពួកសាវ័ក ដោយពាក្យប្រៀនប្រដៅណា ពួកសាវ័កដែលតថាគតបានទូន្មាន ដោយពាក្យប្រៀន​ប្រដៅ​ណា ដល់នូវសេចក្តីត្រេកអរ បានបំពេញអរិយមគ្គ ជាព្រហ្មចរិយធម៌ដើម ដែល​ឲ្យកើត​និស្ស័យ​ដ៏ឧត្តម ហេតុ (របស់ពាក្យប្រៀនប្រដៅនោះ) ឧត្តមជាង វិសេសជាង ដូច្នេះឯង។ កាល​ព្រះមានព្រះភាគ ត្រាស់យ៉ាងនេះហើយ បរិព្វាជកទាំងនោះ ក៏បន្លឺសំឡេងហ៊ោ សំឡេងខ្លាំងថា ពួកយើង ដែលជាអ្នករួមអាចារ្យផងគ្នា​ មិនដែលឃើញ ក្នុងដំណើរនេះឡើយ ពួកយើង ដែលជាអ្នករួមអាចារ្យផងគ្នា​ មិនដែលឃើញ ក្នុងដំណើរនេះឡើយ ពួកយើងមិនធ្លាប់ដឹង ឲ្យលើស​ជាងពីនេះទៅទៀតឡើយ។

[២៩] កាលណាសន្ធានគហបតី បានដឹងថា ឥឡូវនេះ ពួកបរិព្វាជក ជាអន្យតិរ្ថិយទាំងនេះ កំពុងប្រុសស្តាប់ភាសិត របស់ព្រះមានព្រះភាគ ត្រាប់ត្រង់ស្រោតប្រសាទ ដំកល់ចិត្តមិនឲ្យរាយមាយ ដោយពិតដូច្នោះហើយ ទើបបាននិយាយពាក្យនេះ នឹងនិគ្រោធបរិព្វាជកថា បពិត្រនិគ្រោធ លោក​បាននិយាយនឹងខ្ញុំរួចហើយថា នែគហបតិ ដូចជាយើងរិះគន់ អ្នកត្រូវដឹងថា ព្រះសមណគោតម ចរចាជាមួយនឹងអ្នកណាបាន ប្រទះសាកច្ឆាជាមួយនឹងអ្នកណាបាន ល្បងនូវភាពវាងវៃ ដោយ​ប្រាជ្ញាជាមួយនឹងអ្នកណា (ដូចម្តេចបាន) ព្រោះប្រាជ្ញារបស់​ព្រះសមណគោតម វិនាសបាត់ទៅ ក្នុង​ផ្ទះស្ងាត់ទៅហើយ ព្រះមសណគោតម មិនហ៊ានចូលកាន់បរិសទ្យទេ មិនអាចធ្វើការចរចា នឹងអ្នកដទៃបានទេ បានជាលោក តែងអាស្រ័យសេនាសនៈដ៏ស្ងាត់ប៉ុណ្ណោះ ដូចមេគោខ្វាក់​ភ្នែកម្ខាង តែងត្រាច់ទៅតែខាងៗ ជុំវិញ តែងគប់រកតែទីស្ងាត់ប៉ុណ្ណោះ ដូចម្តេចមិញ ប្រាជ្ញារបស់​ព្រះសមណ​គោតម វិនាសបាត់បង់ទៅ ក្នុងផ្ទះស្ងាត់ទៅហើយ ព្រះសមណគោតម មិនហ៊ានចូលកាន់បរិស័ទ មិន​អាចធ្វើការចរចានឹងអ្នកដទៃបានទេ បានជាលោកតែងអាស្រ័យនៅតែក្នុងសេនាសនៈស្ងាត់ ដូច្នោះ​ឯង នែគហបតិ ល្បងមើលចុះ (ប្រសិនបើ) ព្រះសមណគោតម គប្បីមកកាន់បរិស័ទនេះ (មែន) ពួកយើង​គួរសាកសួរលោកមួយប្រស្នាល្បងមើលដែរ ពួកយើងត្រូវចាប់បង្វិលព្រះសមណគោតម​នោះ ឲ្យដូចគេចាប់បង្វិលឆ្នាំងទទេ (មិនខាន) បពិត្រលោកដ៏ចំរើន ស្រាប់តែព្រះមានព្រះភាគ ជាអរហន្ត សម្មាសម្ពុទ្ធព្រះអង្គនោះ ស្តេចដល់មកក្នុងទីនេះ អើឥឡូវនេះដល់ហើយ ចូរលោក​ធ្វើ​ព្រះអង្គ ឲ្យជាអ្នកមិនហ៊ានចូលមកកាន់បរិស័ទចុះ ចូរលោកធ្វើព្រះអង្គ ឲ្យដូចមេគោខ្វាក់ភ្នែកម្ខាង ដែលត្រាច់ទៅតែខាងៗ ជុំវិញចុះ ចូរលោកសាកសួរព្រះអង្គ ដោយប្រស្នាចុះ ចូរលោកបង្វិល​ព្រះ​សមណគោតមនោះ ឲ្យដូចជាគេចាប់បង្វិលឆ្នាំងទទេចុះ។ កាលសន្ធានគហបតិ និយាយយ៉ាងនេះ​ហើយ និគ្រោធបរិព្វាជក អង្គុយនៅតែស្ងៀម អៀនខ្មាស ឱនក ដាក់មុខជ្រប់ស្រពោន ទ័លប្រាជ្ញា។

[៣០] លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ជ្រាបថា និគ្រោធបរិព្វាជក អង្គុយនៅស្ងៀម អៀនខ្មាស ឱនក ដាក់មុខជ្រប់ស្រពោន ទ័លប្រាជ្ញាហើយ ក៏បានត្រាស់សួរនិគ្រោធបរិព្វាជក យ៉ាង​នេះថា ម្នាលនិគ្រោធ សំដីនេះ អ្នកបាននិយាយមែនឬ។ និគ្រោធបរិព្វាជក ក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ បាននិយាយសំដីនេះពិតមែន តាមដែលខ្ញុំព្រះអង្គ ជាមនុស្សល្ងង់ ជាមនុស្សវង្វេង ជាមនុស្សមិនឈ្លាស។ ព្រះមានព្រះភាគ ត្រាស់ថា ម្នាលនិគ្រោធ អ្នកសំគាល់​សេចក្តី​នោះដូចម្តេច អ្នកបានឮពួកបរិព្វាជកព្រឹទ្ធាចារ្យមានអាយុច្រើន ជាអាចារ្យប្រធានលើអាចារ្យ និយាយ​ថា ព្រះអរហន្តសម្មាសម្ពុទ្ធទាំងឡាយណា ក្នុងកាលកន្លងទៅហើយ ព្រះសម្មាសម្ពុទ្ធទាំង​ឡាយដ៏មានព្រះភាគនោះ ទ្រង់ជួបជុំសមាគម ហើយបន្លឺសំឡេងហ៊ោ សំឡេងខ្លាំង ប្រកបនូវ​តិរច្ឆាន​កថា ជាច្រើនយ៉ាង គឺនិយាយពីស្តេច និយាយពីចោរ។បេ។ និយាយពីសេចក្តីចំរើន និងសេចក្តី​សាប​សូន្យ ដែលឥតប្រយោជន៍ ថា ដូច្នេះខ្លះ ដូច្នោះខ្លះ ដូចជាអ្នកដែលរួមអាចារ្យផងគ្នា ក្នុងកាល​ឥឡូវ​នេះ យ៉ាងនេះដែរឬ ឬថា ព្រះមានព្រះភាគទាំងនោះ តែងអាស្រ័យសេនាសនៈដ៏ស្ងាត់ ជាទីតាំង​នៅក្នុងព្រៃស្រោង ជាសេនាសនៈមានសំឡេងសន្ធឹកគឹកកងតិច ប្រាសចាកសំដីអ្នកផង សមគួរដល់​ការស្ងប់ស្ងាត់របស់មនុស្ស គួរដល់ការលាក់ខ្លួន ពួនអាត្មាបាន ដូចជាតថាគត ក្នុងកាលឥឡូវនេះ យ៉ាងនេះ។ និគ្រោធបរិព្វាជក ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គបានឮពួក​បរិព្វាជក​ព្រឹទ្ធាចារ្យមានអាយុច្រើន ជាអាចារ្យប្រធានលើអាចារ្យ និយាយ​គ្នា យ៉ាងនេះថា ព្រះអរហន្ត​សម្មាសម្ពុទ្ធ​ទាំងឡាយណា ក្នុងកាលកន្លងទៅហើយ ព្រះមានព្រះភាគទាំងនោះ ជួបជុំសមាគម​យ៉ាងនេះហើយ បន្លឺសំឡេងហ៊ោ សំឡេងខ្លាំង ប្រកបនូវ​តិរច្ឆាន​កថា ជាច្រើនយ៉ាង គឺនិយាយពីស្តេច និយាយពីចោរ។បេ។ និយាយពីសេចក្តីចំរើន និងសេចក្តី​សាប​សូន្យ ដែលឥតប្រយោជន៍ ថា ដូច្នេះខ្លះ ដូច្នោះខ្លះ ដូចជាខ្ញុំព្រះអង្គ ជាអ្នករួមអាចារ្យផងគ្នា ក្នុងកាល​ឥឡូវ​នេះ យ៉ាងនេះក៏ទេ ព្រះមានព្រះភាគទាំងនោះ តែងអាស្រ័យសេនាសនៈដ៏ស្ងាត់ ជាទីតាំង​នៅក្នុងព្រៃស្រោង ជាសេនាសនៈមានសំឡេងសន្ធឹកគឹកកងតិច ប្រាសចាកសំដីរបស់អ្នកផង សមគួរដល់​ការស្ងប់ស្ងាត់របស់មនុស្ស គួរដល់ការលាក់ខ្លួន ពួនអាត្មាបាន ដូចព្រះមានព្រះភាគ ក្នុងកាលឥឡូវនេះ យ៉ាងនេះដែរ។ ព្រះអង្គត្រាស់ថា ម្នាលនិគ្រោធ វិញ្ញូជនចាស់ទុំ ដែល​ជាអ្នក​មានសតិនោះ មិនមានសេចក្តីត្រិះរិះដូច្នេះថា ព្រះមានព្រះភាគអង្គនោះ ទ្រង់ត្រាស់ដឹង (ដោយ​ព្រះអង្គឯង) ហើយទ្រង់សំដែងធម៌ ដើម្បីញុំាងបុគ្គលដទៃ ឲ្យត្រាស់ដឹង ព្រះមានព្រះភាគ​អង្គនោះ ទ្រង់ទូន្មានព្រះអង្គបានហើយ ទើបសំដែងធម៌ ដើម្បីទូន្មានអ្នកដទៃ ព្រះមានព្រះភាគ​អង្គនោះ ទ្រង់​ស្ងប់ហើយ ទើបសំដែងធម៌ ដើម្បីសេចក្តីស្ងប់ដល់អ្នកដទៃ ព្រះមានព្រះភាគអង្គនោះ ទ្រង់ឆ្លងផុត​ហើយ ទើបសំដែងធម៌ ដើម្បីការឆ្លងដល់អ្នកដទៃ ព្រះមានព្រះភាគអង្គនោះ ទ្រង់រំលត់កិលេស​បានហើយ ទើបសំដែងធម៌ ដើម្បីសេចក្តីរំលត់កិលេសដល់អ្នកដទៃ។

[៣១] កាលព្រះមានព្រះភាគ ត្រាស់យ៉ាងនេះហើយ និគ្រោធបរិព្វាជក បានក្រាបទូល​ព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ទោសកំហុសបានគ្របសង្កត់នូវខ្ញុំព្រះអង្គ ព្រោះជាមនុស្សល្ងង់យ៉ាងណា ជាមនុស្សវង្វេងយ៉ាងណា ជាមនុស្សមិនឈ្លាសយ៉ាងណា ខ្ញុំ​ព្រះអង្គ បានពោលពាក្យឆ្គាំឆ្គងយ៉ាងនេះ នឹងព្រះមានព្រះភាគហើយ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ ទ្រង់អត់នូវទោសតាមទោស ដល់ខ្ញុំព្រះអង្គនោះ ដើម្បីសេចក្តីសង្រួមតទៅ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលនិគ្រោធ អើ ក៏ទោសកំហុស គ្របសង្កត់នូវអ្នក ព្រោះជាមនុស្សល្ងង់យ៉ាងណា ជាមនុស្សវង្វេងយ៉ាងណា ជាមនុស្សមិនឈ្លាសយ៉ាងណា អ្នកបានពោល​ពាក្យឆ្គាំឆ្គងណា នឹងតថាគតយ៉ាងនេះហើយ ម្នាលនិគ្រោធ បើអ្នកឃើញទោស តាមទោសណាហើយ ត្រឡប់ធ្វើឲ្យសមគួរ តាមធម៌វិញ តថាគតនឹងអត់ទោស​នោះដល់អ្នក ម្នាលនិគ្រោធ នេះឯងជាសេចក្តីចំរើន ក្នុងវិន័យរបស់ព្រះអរិយបុគ្គល ព្រោះមនុស្សណា ឃើញ​ទោសតាមទោសហើយ ត្រឡប់ធ្វើឲ្យសមគួរ​តាមធម៌វិញ អ្នកនោះ រមែងដល់នូវសេចក្តី​សង្រួមតទៅបាន។ ម្នាលនិគ្រោធ មួយទៀត តថាគតបានពោលយ៉ាងនេះថា បុរសអ្នកដឹង​ ជាអ្នក​មិនអួតអាង មិនមានមាយា ប្រកបដោយជាតិ ជាអ្នកត្រង់ ក៏ចូរមកចុះ តថាគតនឹងប្រដៅ តថាគត​នឹងសំដែងធម៌ បុគ្គលនោះ កាលបើប្រតិបត្តិតាមធម៌ ដែលតថាគតប្រៀនប្រដៅហើយ ពួកកុលបុត្រ ដែលចេញចាកផ្ទះ ហើយចូលទៅកាន់ផ្នួសដោយប្រពៃ ដើម្បីប្រយោជន៍ដល់​អនុត្តរធម៌ណា ក៏បាន​ធ្វើឲ្យជាក់ច្បាស់ នូវអនុត្តរធម៌នោះ ជាទីបំផុតនៃមគ្គព្រហ្មចារ្យ ដោយប្រាជ្ញាខ្លួនឯង ក្នុងបច្ចុប្បន្ន​នេះ បានសម្រេចសម្រាន្តនៅ (ដោយឥរិយាបថទាំង៤) អស់៧ឆ្នាំ។ ម្នាលនិគ្រោធ ៧ឆ្នាំចូរលើកទុកចុះ។ បុរសជាអ្នកប្រាជ្ញ ជាអ្នកមិនអួតអាង មិនមានមាយា​ ប្រកបដោយជាតិជាអ្នកត្រង់ ចូរមកចុះ តថាគត​នឹងប្រដៅ តថាគត​នឹងសំដែងធម៌ បុគ្គលនោះ កាលបើប្រតិបត្តិតាមធម៌ ដែលតថាគត​ប្រៀន​ប្រដៅ​ហើយ ពួកកុលបុត្រ ដែលចេញចាកផ្ទះ ហើយចូលទៅកាន់ផ្នួសដោយប្រពៃ ដើម្បី​ប្រយោជន៍​ដល់​​អនុត្តរធម៌ណា ក៏បាន​ធ្វើឲ្យជាក់ច្បាស់ នូវអនុត្តរធម៌នោះ ជាទីបំផុតនៃមគ្គព្រហ្មចារ្យ ដោយប្រាជ្ញាខ្លួនឯង ក្នុងបច្ចុប្បន្ន​នេះ បានសម្រេចសម្រាន្តនៅ (ដោយឥរិយាបថទាំង៤) អស់៦ឆ្នាំ។ ៥ឆ្នាំ។ ៤ឆ្នាំ។ ៣ឆ្នាំ។ ២ឆ្នាំ។ ១ឆ្នាំ។ ម្នាលនិគ្រោធ ១ឆ្នាំចូរលើកទុកចុះ។ បុរសជាអ្នកប្រាជ្ញ ជាអ្នកមិនអួតអាង មិនមានមាយា​ ប្រកបដោយជាតិជាអ្នកត្រង់ ចូរមកចុះ តថាគតនឹងប្រដៅ តថាគត​នឹងសំដែងធម៌ បុគ្គលនោះ កាលបើប្រតិបត្តិតាមធម៌ ដែលតថាគតប្រៀនប្រដៅហើយ ពួកកុលបុត្រ ដែលចេញចាកផ្ទះ ហើយចូលទៅកាន់ផ្នួស ដើម្បីប្រយោជន៍ដល់​អនុត្តរធម៌ណា ក៏បាន​ធ្វើឲ្យជាក់ច្បាស់ នូវអនុត្តរធម៌នោះ ជាទីបំផុតនៃមគ្គព្រហ្មចារ្យ ដោយប្រាជ្ញាខ្លួនឯង ក្នុងបច្ចុប្បន្ន​នេះ បានសម្រេចសម្រាន្តនៅ (ដោយឥរិយាបថទាំង៤) អស់៧ខែ។ ម្នាលនិគ្រោធ ៧ខែចូរលើកទុកចុះ។ ៦ខែ។ ៥ខែ។ ៤ខែ។ ៣ខែ។ ២ខែ។ ១ខែ។ កន្លះខែ។ ម្នាលនិគ្រោធ កន្លះខែ ចូរ​លើកទុកចុះ។ បុរសជាអ្នកប្រាជ្ញ ជាអ្នកមិនអួតអាង មិនមានមាយា​ ប្រកបដោយជាតិជាអ្នកត្រង់ ចូរមកចុះ​ តថាគតនឹងប្រដៅ តថាគត​នឹងសំដែងធម៌ បុគ្គលនោះ កាលបើប្រតិបត្តិតាមធម៌ ដែលតថាគតប្រៀនប្រដៅហើយ ពួកកុលបុត្រ ដែលចេញចាកផ្ទះ ហើយចូលទៅកាន់ផ្នួស ដើម្បីប្រយោជន៍ដល់​អនុត្តរធម៌ណា ក៏បាន​ធ្វើឲ្យជាក់ច្បាស់ នូវអនុត្តរធម៌នោះ ជាទីបំផុតនៃមគ្គព្រហ្មចារ្យ ដោយប្រាជ្ញាខ្លួនឯង ក្នុងបច្ចុប្បន្ន​នេះ បានសម្រេចសម្រាន្តនៅ (ដោយឥរិយាបថទាំង៤) អស់៧ថ្ងៃ។ ម្នាលនិគ្រោធ សមតែអ្នកមានគំនិតយ៉ាងនេះថា ព្រះសមណ​គោតម បានជានិយាយយ៉ាងនេះ ព្រោះចង់បានកូនសិស្ស។ ម្នាលនិគ្រោធ តែថា អ្នកមិនត្រូវឃើញ​ហេតុនុ៎ះ យ៉ាងនេះឡើយ អ្នកណាជាអាចារ្យរបស់ពួកអ្នក អ្នកនោះ ចូរនៅជាអាចារ្យរបស់ពួកអ្នក​ដដែលចុះ។ ម្នាលនិគ្រោធ មួយទៀត សមតែអ្នកមានគំនិតយ៉ាងនេះថា ព្រះសមណគោតម ប្រាថ្នា​ដើម្បីញុំាង​ពួកយើង ឲ្យកក្រើកចាកឧទ្ទេស ទើបបានត្រាស់យ៉ាងនេះ។ ម្នាលនិគ្រោធ តែថា អ្នកមិនត្រូវឃើញ​ហេតុនុ៎ះ យ៉ាងនេះឡើយ ឧទ្ទេសណាជារបស់អ្នក ឧទ្ទេសនោះ ក៏នៅជាឧទ្ទេស​របស់អ្នក​ដដែលចុះ។ ម្នាលនិគ្រោធ មួយទៀត សមតែអ្នកមានគំនិតយ៉ាងនេះថា ព្រះសមណគោតម ប្រាថ្នា​ដើម្បីញុំាង​ពួកយើង ឲ្យកក្រើកចាកអាជីវៈ ទើបបានត្រាស់យ៉ាងនេះ។ ម្នាលនិគ្រោធ អ្នកមិនត្រូវឃើញ​ហេតុនុ៎ះ យ៉ាងនេះឡើយ អាជីវៈណាជារបស់អ្នក អាជីវៈនោះ ក៏នៅ​ជាអាជីវៈរបស់អ្នក​ដដែលចុះ។ ម្នាលនិគ្រោធ មួយទៀត សមតែអ្នកមានគំនិតយ៉ាងនេះថា ពួកធម៌​ណា ជាអកុសល រាប់ចូលក្នុងអកុសលរបស់ជន ដែលរួមអាចារ្យផងគ្នា ព្រះសមណគោតម ប្រាថ្នា​នឹងដើម្បីញុំាង​ពួកអ្នក ឲ្យតាំងនៅ ក្នុងធម៌ទាំងនោះ ទើបបានត្រាស់យ៉ាងនេះ។ ម្នាលនិគ្រោធ តែថា​អ្នកមិនត្រូវឃើញ​ហេតុនុ៎ះ យ៉ាងនេះឡើយ ពួកធម៌ជាអកុសល រាប់ចូលក្នុងអកុសលនោះ របស់ជនរួម​អាចារ្យផងគ្នា ចូរនៅជាអកុសលធម៌ដដែលចុះ។ ម្នាលនិគ្រោធ មួយទៀត សមតែអ្នកមានគំនិតយ៉ាងនេះថា ពួកធម៌ណាជាកុសល រាប់ចូលក្នុងកុសល របស់ជនជាអ្នករួម​អាចារ្យផងគ្នា ព្រះសមណគោតម ប្រាថ្នា​ដើម្បីញុំាង​ពួកអ្នក ឲ្យឃ្លាតចាកកុសលធម៌ទាំងនោះ ទើបបានត្រាស់យ៉ាងនេះ។ ម្នាលនិគ្រោធ តែថា អ្នកមិនត្រូវឃើញ​ហេតុនុ៎ះ យ៉ាងនេះឡើយ ពួកធម៌ណាជាកុសលរាប់ចូលក្នុងកុសលនោះ របស់ពួកជនរួមអាចារ្យផងគ្នា ចូរនៅជាកុសលធម៌​ដដែលចុះ។ ម្នាលនិគ្រោធ តថាគតបានពោលយ៉ាងនេះ ព្រោះចង់បានអន្តេវាសិកក៏ទេ មានប្រាថ្នា​ដើម្បីញុំាង​ពួកអ្នក ឲ្យកក្រើកចាកឧទ្ទេស ទើបបានពោលយ៉ាងនេះក៏ទេ មានប្រាថ្នាដើម្បីញុំាង​ពួកអ្នក ឲ្យកក្រើកចាកអាជីវៈ ទើបបានពោលយ៉ាងនេះក៏ទេ ពួកធម៌ណាជាអកុសល រាប់ថា​ជាអកុសល របស់ពួកជនដែលរួមអាចារ្យផងគ្នា​តថាគត​ប្រាថ្នាដើម្បីញុំាង​ពួកអ្នក ឲ្យតាំង​នៅក្នុង​ធម៌ទាំងនោះ ទើបបានពោលយ៉ាងនេះក៏ទេ ពួកធម៌ណាជាកុសល រាប់ថាជាកុសល របស់ពួកជន​ ដែលរួមអាចារ្យផងគ្នា តថាគតប្រាថ្នាដើម្បីញុំាងពួកអ្នក ឲ្យឃ្លាតចាកធម៌ទាំងនោះ ទើបបានពោលយ៉ាងនេះក៏ទេ។ ម្នាលនិគ្រោធ មួយទៀត ពួកធម៌ជាអកុសល ដែលបុគ្គលលះ​មិន​ទាន់បាន ប្រព្រឹត្តទៅ ដើម្បីសេចក្តីសៅហ្មង ប្រព្រឹត្តទៅ ដើម្បីសេចក្តីកើតទៀត ប្រកបដោយសេចក្តី​ក្រវល់ក្រវាយ មានទុក្ខ ជាផល ជាបច្ច័យ ដល់សេចក្តីកើត ចាស់ ស្លាប់ ទៅខាងមុខ តថាគតសំដែង​ធម៌ ដើម្បីលះបង់នូវធម៌ ជាអកុសលទាំងឡាយនោះ។ កាលបើពួកអ្នកប្រតិបត្តិសមគួរហើយ ធម៌​ទាំងឡាយប្រកបដោយសេចក្តីសៅហ្មង មុខជានឹងសាបសូន្យទៅ ធម៌ទាំងឡាយ ជាទីតាំង​នៃ​សេចក្តីបរិសុទ្ធ នឹងចំរើនឡើង ពួកអ្នករាល់គ្នា មុខជានឹងធ្វើឲ្យជាក់ច្បាស់ នូវការបំពេញប្រាជ្ញា ដើម្បី​មគ្គ និងសេចក្តីផូរផង់នៃប្រាជ្ញា ដើម្បីដល់ដោយប្រាជ្ញាខ្លួនឯង ក្នុងបច្ចុប្បន្ននេះ សម្រេចសម្រាន្តនៅ (ដោយឥរិយាបថទាំង៤)។ កាល​ព្រះមានព្រះភាគ ត្រាស់យ៉ាងនេះហើយ ពួកបរិព្វាជកទាំងនោះ ក៏អង្គុយនៅស្ងៀម អៀនខ្មាស ឱនក ដាក់មុខ ជ្រប់ស្រពោន ទ័លប្រាជ្ញា ព្រោះមារចូលជ្រែកចិត្ត។

[៣២] គ្រានោះឯង ព្រះមានព្រះភាគ មានសេចក្តីត្រិះរិះដូច្នេះថា មោឃបុរសទាំងអស់នេះ ត្រូវមារចិត្តបាប ចូលជ្រែកហើយ ព្រោះថា សូម្បីតែម្នាក់ មុខជាគ្មានគំនិតយ៉ាងនេះថា ណ្ហើយចុះ ពួកយើងទាំងអស់គ្នា ចូរប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសំណាក់​ព្រះសមណគោតម ដើម្បីសេចក្តី​ដឹង​ទួទៅ ត្រឹម៧ថ្ងៃប៉ុណ្ណោះ នឹងយូរប៉ុន្មាន។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់បន្លឺនូវសីហនាទ ក្នុង​អារាមនៃបរិព្វាជក ជារបស់នៃនាងឧទុម្ពរិកាទេវី ហើយទ្រង់ហោះឡើងទៅកាន់វេហាសស្ថាន ត្រឡប់​ទៅគង់លើភ្នំគិជ្ឈកូដវិញ។ ឯសន្ធានគហបតិ ក៏ចូលទៅកាន់ក្រុងរាជគ្រឹះ ក្នុងពេលនោះដែរ។

ចប់ ឧទុម្ពរិកាសូត្រ ទី២។

ចក្កវត្តិសូត្រ ទី៣

(៣. ចក្កវត្តិសុត្តំ)

[៣៣] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅ (ក្នុងដងព្រៃ) ជិតមាតុលានគរ ក្នុងដែនមគធៈ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងភិក្ខុទាំងឡាយ ក្នុងទីនោះថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីកាព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរមានខ្លួន28) ជាទីពឹង មានខ្លួន​ជាទីពំនាក់ កុំមានរបស់ដទៃ ជាទីពឹងពំនាក់ឡើយ ចូរមាន​ធម៌ជាទីពឹង មានធម៌ជាទីពំនាក់ កុំមាន​របស់​ដទៃ ជាទីពឹងពំនាក់ឡើយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមានខ្លួនជាទីពឹង មានខ្លួនជាទីពំនាក់ មិន​មានរបស់ដទៃ ជាទីពឹងពំនាក់ មានធម៌ជាទីពឹង មានធម៌ជាទីពំនាក់ មិនមានរបស់ដទៃ ជាទីពឹង​ពំនាក់ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណានូវកាយក្នុងកាយ ជាប្រក្រតី មានព្យាយាម ជាគ្រឿង​ដុតកំដៅនូវកិលេស មានប្រាជ្ញាដឹងសព្វ មានស្មារតីកំចាត់បង់​នូវអភិជ្ឈា និងទោមនស្សក្នុងលោកបាន។ ពិចារណានូវវេទនា ក្នុងវេទនាទាំងឡាយជាប្រក្រតី។ ពិចារណានូវចិត្ត ក្នុងចិត្តជាប្រក្រតី។ ពិចារណានូវធម៌ ក្នុងធម៌ទាំងឡាយជាប្រក្រតី មានព្យាយាម ជាគ្រឿង​ដុតកំដៅនូវកិលេស មានប្រាជ្ញាដឹងសព្វ មានស្មារតីកំចាត់បង់​នូវអភិជ្ឈា និង​ទោមនស្ស ក្នុងលោកបាន។ ម្នាលភិក្ខុទាំងឡាយ យ៉ាងនេះ ហៅថា ភិក្ខុមានខ្លួន​ជាទីពឹង មានខ្លួន​ជាទីពំនាក់ មិនមានរបស់ដទៃ ជាទីពឹងពំនាក់ មានធម៌ជាទីពឹង មានធម៌ជាទីពំនាក់ មិនមានរបស់ដទៃ ជាទីពឹង​ពំនាក់។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរប្រព្រឹត្តក្នុងគោចរជាវិស័យ ដែល​មានមកអំពីបិតារបស់ខ្លួន។ ម្នាលភិក្ខុទាំងឡាយ កាលបើអ្នកទាំងឡាយប្រព្រឹត្ត ក្នុងគោចរជាវិស័យ ដែលមានមកអំពីបិតារបស់ខ្លួន29) មារ30) ក៏មិនបាននូវចន្លោះ មិនបាននូវអារម្មណ៍ឡើយ។ ម្នាលភិក្ខុទាំងឡាយ បុណ្យនេះ រមែងចំរើនឡើង ព្រោះហេតុសមាទាន នូវកុសលធម៌ទាំងឡាយ យ៉ាងនេះ។

[៣៤] ម្នាលភិក្ខុទាំងឡាយ កាលពីព្រេងនាយមក មានព្រះរាជា (ព្រះអង្គ) ទ្រង់ព្រះនាម​ទល្ហនេមិ ជាស្តេចចក្រពត្តិ ព្រះអង្គជាធម្មិកធម្មរាជ ជាឥស្សរលើផែនដី ដែល​មានសមុទ្រទាំង​៤ ជាទី​បំផុតជាស្តេច​ឈ្នះសង្គ្រាម ទ្រង់មានជនបទ ដល់នូវថិរភាព (សេចក្តីមាំមួន) ទ្រង់បរិបូណ៌ ដោយរ័តន៍ទាំង​៧ប្រការ។ ឯរ័តន៍ទាំង៧ប្រការរបស់ព្រះបាទទល្ហនេមិនោះ គឺចក្ករ័តន៍ (ចក្រកែវ)១ ហត្ថិរ័តន៍ (ដំរីកែវ) ១ អស្សរ័តន៍ (សេះកែវ)១ មណីរ័តន៍ (កែវមណិ)១ ឥត្ថីរ័តន៍ (ស្រីកែវ)១ គហបតីរ័តន៍ (គហបតិកែវ)១ បរិនាយករ័តន៍ (នាយពលកែវ)១ រួមត្រូវជា៧ប្រការ។ ឯព្រះបាទទល្ហនេមិនោះ មានព្រះរាជបុត្រច្រើនជាងពាន់ សុទ្ធសឹងតែក្លៀវក្លា អង់អាច អាចសង្កត់​សង្កិន នូវសេនារបស់ស្តេចដទៃបាន។ ព្រះបាទទល្ហនេមិនោះ ទ្រង់ត្រួតត្រា គ្រប់គ្រងផែនដី ដែល​មានសាគរ ជាព្រំប្រទល់នេះ ដោយធម៌ដ៏ស្មើ មិនបាច់ប្រើអាជ្ញា មិនបាច់ប្រើគ្រឿង​សស្ត្រាវុធទេ។ ម្នាលភិក្ខុទាំងឡាយ លុះកាលកន្លងទៅបានច្រើនឆ្នាំ ច្រើនរយឆ្នាំ ច្រើនពាន់ឆ្នាំ ទើបព្រះបាទទល្ហនេមិ ទ្រង់ត្រាស់នឹងបុរសម្នាក់ថា ម្នាលបុរសដ៏ចំរើន (បើ) អ្នកឃើញចក្ករ័តន៍​ជាទិព្វ ឃ្លាតច្យុតចាកទី ក្នុងកាលណា អ្នកត្រូវប្រាប់ដល់យើង ក្នុងកាលនោះ។ ម្នាលភិក្ខុទាំងឡាយ បុរសនោះ ទទួលស្តាប់ព្រះរាជឱង្ការនៃព្រះបាទទល្ហនេមិថា ព្រះករុណាថ្លៃវិសេស។ ម្នាលភិក្ខុទាំងឡាយ លុះកាលកន្លងទៅ បានច្រើនឆ្នាំ​ ច្រើនរយឆ្នាំ ច្រើនពាន់ឆ្នាំ បុរសនោះ បានឃើញចក្ករ័តន៍​ជាទិព្វ ឃ្លាតច្យុតចាកទី ក៏ចូលទៅគាល់ព្រះបាទទល្ហនេមិ លុះចូលទៅដល់ហើយ ក៏ក្រាបបង្គំទូលព្រះបាទទល្ហនេមិដូច្នេះថា សូមព្រះរាជតេជះដម្កល់លើត្បូង បពិត្រព្រះសម្មតិទេព សូមទ្រង់ជ្រាប (ដ្បិត) ចក្ករ័តន៍​ជាទិព្វ របស់ព្រះអង្គ ឃ្លាតច្យុតចាកទីហើយ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង ព្រះបាទទល្ហនេមិ​ ទ្រង់ហៅព្រះរាជកុមារ ជាបុត្រច្បងមកហើយ ទ្រង់ត្រាស់ដូច្នេះថា ម្នាលកុមារមាសឪពុក ឮថា ចក្ករ័តន៍ជាទិព្វរបស់យើង ឃ្លាតច្យុតចាកទីហើយ សេចក្តីនេះ ឪពុកធ្លាប់ឮថា (បើ) ចក្ករ័តន៍ជាទិព្វរបស់ស្តេចចក្រពត្តិអង្គណា ឃ្លាតច្យុតចាកទីហើយ តពីនោះ​មក ស្តេចអង្គនោះ មិនរស់នៅបានយូរឡើយ ឯកាមជារបស់មនុស្ស ឪពុកបានបរិភោគ (ឆ្អែតស្កប់ស្កល់ហើយ) សម័យនេះ ជាសម័យដែលឪពុក​គួរស្វែងរកកាម ជាទិព្វវិញ ម្នាលកុមារមាស​ឪពុក ចូរអ្នកគ្រប់គ្រងផែនដី ដែលមានសមុទ្រ ជាព្រំប្រទល់នេះចុះ ឯឪពុក និងកោរសក់ ពុកមាត់ ពុកចង្កា ស្លៀកដណ្តប់កាសាវពស្ត្រ ចេញចាកផ្ទះ ចូលទៅកាន់ផ្នួស។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះឯង ព្រះបាទទល្ហនេមិ ទ្រង់លួងលោមព្រះរាជកុមារ ជាបុត្រច្បង ឲ្យត្រេកអរក្នុង​រាជសម្បត្តិ ដោយប្រពៃ ហើយក៏ទ្រង់ដាក់ព្រះកេសា និងព្រះមស្សុ ទ្រង់ស្លៀកដណ្តប់​កាសាវពស្ត្រ រួចចេញចាក​រាជាគារស្ថាន ចូលទៅកាន់ផ្នួស។ ម្នាលភិក្ខុទាំងឡាយ កាលព្រះរាជឥសី ទើបនឹង​ទ្រង់​ព្រះផ្នួសបាន៧ថ្ងៃ ចក្ករ័តន៍ជាទិព្វបាត់ទៅ។

[៣៥] ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ មានបុរសម្នាក់ចូលទៅគាល់ព្រះរាជា ជាក្សត្រិយ៍ ដែល​បានមុទ្ធាភិសេកហើយ លុះចូលទៅដល់ ក៏ក្រាបបង្គំទូលព្រះរាជា ជាក្សត្រិយ៍ ដែលបានមុទ្ធាភិសេកហើយថា សូមព្រះរាជតេជះតម្កល់លើត្បូង បពិត្រព្រះសម្មតិទេព សូមទ្រង់​ជ្រាប (ដ្បិត) ចក្ករ័តន៍ជាទិព្វ បាត់ទៅហើយ។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះឯង កាលបើចក្ករ័តន៍​ជាទិព្វបាត់ទៅ ព្រះរាជា ជាក្សត្រិយ៍ ដែលបានមុទ្ធាភិសេកហើយ ក៏តូចព្រះហឫទ័យ និងសោយ​នូវ​សេចក្តីមិនសប្បាយព្រះហឫទ័យ។ ព្រះមហាក្សត្រិយ៍អង្គនោះ ក៏ចូលទៅគាល់ព្រះរាជឥសី លុះចូលទៅដល់ហើយ ក៏ក្រាបបង្គំទូលព្រះរាជឥសីដូច្នេះថា សូមព្រះរាជតេជះតម្កល់លើត្បូង បពិត្រព្រះសម្មតិទេព សូមទ្រង់ជ្រាប (ដ្បិត) ចក្ករ័តន៍​ជាទិព្វបាត់ទៅហើយ។ ម្នាលភិក្ខុទាំងឡាយ កាលបើព្រះមហាក្សត្រិយ៍ ក្រាបបង្គំទូលយ៉ាងនេះហើយ ព្រះរាជឥសី ទ្រង់ត្រាស់នឹងព្រះរាជា ជាក្សត្រិយ៍ ដែលបានមុទ្ធាភិសេកហើយដូច្នេះថា ម្នាលបា កាលបើចក្ករ័តន៍ជាទិព្វបាត់ទៅ អ្នកកុំមានសេចក្តីតូចចិត្ត កុំសោយនូវសេចក្តីមិនសប្បាយចិត្តឡើយ ម្នាលបា ព្រោះថា ចក្ករ័តន៍​ជាទិព្វនេះ មិនមែនជាមត៌ក ដែលមានមកអំពីបិតាអ្នកទេ ម្នាលបា ណ្ហើយចុះ អ្នកចូរប្រព្រឹត្តចក្កពត្តិ​វត្ត (វត្តរបស់ស្តេចចក្រពត្តិ) ដ៏ប្រសើរវិញចុះ កាលបើចក្កពត្តិវត្ត ដែលអ្នកប្រព្រឹត្តហើយ ចក្ករ័តន៍​ជាទិព្វ មានកាំ១ពាន់ ព្រមទាំងខ្នងកង់ ព្រមទាំងដុំ បរិបូណ៌ ដោយអាការសព្វគ្រប់ នឹងកើតប្រាកដ​ដល់បា ដែលកក់កេសា ហើយរក្សាឧបោសថ ឋិតនៅលើប្រាសាទដ៏ប្រសើរ ក្នុងថ្ងៃ១៥ ជាថ្ងៃឧបោសថនោះ ហេតុនេះ រមែងមានប្រាកដ។ ព្រះមហាក្សត្រិយ៍ក្រាបបង្គំទូលសួរថា បពិត្រ​ព្រះសម្មតិទេព ចុះចក្កពត្តិវត្តដ៏ប្រសើរនុ៎ះ តើដូចម្តេច។ ព្រះរាជឥសីត្រាស់ថា ម្នាលបា បើដូច្នោះ ចូរអ្នក​អាស្រ័យនូវធម៌តែម្យ៉ាង ហើយធ្វើសក្ការៈ ចំពោះធម៌ គោរពធម៌ រាប់អានធម៌ បូជាធម៌ កោតក្រែង​ធម៌ យកធម៌ជាទង់ជ័យ យកធម៌ជាស្ពាន យកធម៌ជាអធិបតី ចាត់ចែងនូវការរក្សា​ទប់ទល់ គ្រប់គ្រង ប្រកបដោយធម៌ ចំពោះជនខាងក្នុង គឺបុត្រ ភរិយា ចំពោះពួកពល ពួកក្សត្រិយ៍ ពួកជន​ចុះចូល ពួកព្រាហ្មណ៍ គហបតី ពួកអ្នកនិគម អ្នកជនបទ ពួកសមណព្រាហ្មណ៍ និងពួកម្រឹគ បក្សី ម្នាលបា អ្នកកុំធ្វើអកុសលធម៌ ក្នុងដែនរបស់អ្នកឡើយ ម្នាលបា បើពួកជនណា ក្នុងដែនរបស់អ្នក មិនមានទ្រព្យ អ្នកគប្បីផ្តល់ទ្រព្យ ដល់ជនទាំងនោះ ម្នាលបា បើពួកសមណព្រាហ្មណ៍ណា ក្នុងដែន​របស់អ្នក ជាអ្នកវៀរចាកសេចក្តីស្រវឹង និងសេចក្តីប្រមាទ តាំងនៅក្នុងខន្តិ និងសោរច្ចៈ តែងទូន្មាន​ខ្លួនឯងតែម្នាក់ឯង ធ្វើខ្លួនឯងឲ្យស្ងប់រម្ងាប់តែម្នាក់ឯង ធ្វើខ្លួនឯងឲ្យរលត់ (ចាករាគាទិក្កិលេស) តែ​ម្នាក់ឯង អ្នកគប្បីចូលទៅរកសមណព្រាហ្មណ៍ ទាំងនោះសព្វៗកាល ហើយគប្បីសាកសួរ គប្បីចោទ​ដណ្តឹងថា បពិត្រលោកដ៏ចំរើន អ្វីជាកុសល បពិត្រលោកដ៏ចំរើន អ្វីជាអកុសល អ្វីជាអំពើ​ប្រកប​ដោយទោស អ្វីជាអំពើមិនប្រកបដោយទោស អ្វីគួរសេព អ្វីមិនគួរសេព អំពើដូចម្តេច ដែលខ្ញុំធ្វើ​ទៅ​ហើយ មិនជាប្រយោជន៍ ជាទុក្ខអស់កាលយូរអង្វែង មួយទៀត អំពើដូចម្តេច ដែលខ្ញុំធ្វើទៅហើយ ជាប្រយោជន៍ ជាសុខអស់កាលយូរអង្វែង លុះអ្នកបានស្តាប់​ពាក្យសមណព្រាហ្មណ៍ ទាំងនោះ​ហើយ គប្បីវៀរនូវអំពើដែលជាអកុសល ហើយសមាទាន ប្រព្រឹត្តនូវអំពើ ដែលជាកុសល ម្នាលបា នេះឯង ជាចក្កពត្តិវត្ត ដ៏ប្រសើរនោះ។ ម្នាលភិក្ខុទាំងឡាយ ព្រះរាជា ជាក្សត្រិយ៍ ដែលបាន​មុទ្ធាភិសេក​ហើយ បានទទួលស្តាប់ពាក្យ​ព្រះរាជឥសីថា ព្រះករុណាថ្លៃវិសេស ហើយក៏ប្រព្រឹត្ត​ចក្កពត្តិវត្តដ៏ប្រសើរ។ កាលដែលព្រះរាជានោះ កំពុងប្រព្រឹត្តចក្កពត្តិវត្តដ៏ប្រសើរ កក់ព្រះកេសា សមាទានឧបោសថ ហើយស្តេចទៅខាងលើប្រាសាទដ៏ប្រសើរ ក្នុងថ្ងៃ១៥ ដែលជាថ្ងៃឧបោសថនោះ ចក្ករ័តន៍ជាទិព្វ មានកាំ១ពាន់ ព្រមទាំងខ្នងកង់ ព្រមទាំងដុំ បរិបូណ៌ដោយអាការ​សព្វគ្រប់ ក៏កើត​ប្រាកដឡើង។ ព្រះរាជា ជាក្សត្រិយ៍ ដែលបានមុទ្ធាភិសេក ទ្រង់ទតឃើញហើយ ទ្រង់ព្រះរាជតម្រិះ​ថា អាត្មាអញ បានឮមកដូច្នេះថា ចក្ករ័តន៍ជាទិព្វ មានកាំ១ពាន់ ព្រមទាំងខ្នងកង់ ព្រមទាំងដុំ បរិបូណ៌ដោយអាការ​គ្រប់យ៉ាង កើតប្រាកដឡើង ដល់ព្រះរាជា ជាក្សត្រិយ៍អង្គណា ដែល​បាន​មុទ្ធាភិសេកហើយ កក់ព្រះកេសា សមាទានឧបោសថ ស្តេចទៅខាងលើប្រាសាទដ៏ប្រសើរ ក្នុងថ្ងៃទី​១៥ ដែលជាថ្ងៃឧបោសថនោះ ព្រះរាជាអង្គនោះ នឹងជាស្តេចចក្រពត្តិ ឱហ្ន៎! អាត្មាអញ ប្រាកដ​ជាស្តេច​ចក្រពត្តិហើយតើ។

[៣៦] ម្នាលភិក្ខុទាំងឡាយ គ្រានោះ ព្រះរាជា ជាក្សត្រិយ៍ ដែលបានមុទ្ធាភិសេកហើយ ទ្រង់​ក្រោកអំពីអាសនៈ ធ្វើសំពត់ឧត្តរាសង្គៈ ឆៀងស្មាម្ខាង ទើបយកព្រះហស្តខាងឆ្វេង កាន់កុណ្ឌី យក​ព្រះហស្តខាងស្តាំ ប្រស់ព្រំចក្ករ័តន៍ ហើយអធិដ្ឋានថា សូមឲ្យចក្ករ័តន៍ដ៏ចំរើនប្រព្រឹត្តទៅ សូមឲ្យចក្ករ័តន៍ដ៏ចំរើន មានជ័យជំនះចុះ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ ចក្ករ័តន៍នោះ ក៏អណ្តែត​ត្រសែត ទៅកាន់ទិសខាងកើត។ ទើបព្រះបាទចក្រពត្តិ ស្តេចទៅតាម (ចក្ករ័តន៍នោះ) ព្រមដោយ​ចតុរង្គសេនា។ ម្នាលភិក្ខុទាំងឡាយ បើចក្ករ័តន៍ទៅប្រតិស្ឋានក្នុងប្រទេសណា ព្រះបាទចក្រពត្តិ ក៏​ស្តេច​ចូលទៅតាំងព្រះរាជនិវេសន៍ ក្នុងប្រទេសនោះ ព្រមដោយចតុរង្គសេនា។ ម្នាលភិក្ខុទាំងឡាយ ចំណែកខាងស្តេច ជាសឹកសត្រូវទាំងឡាយណា ដែលនៅក្នុងទិសខាងកើត ស្តេចទាំងនោះ ក៏ចូល​ទៅគាល់ព្រះបាទចក្រពត្តិ ហើយក្រាបបង្គំទូល យ៉ាងនេះថា បពិត្រមហារាជ សូមព្រះអង្គស្តេចចូល​មកចុះ បពិត្រ​មហារាជ ព្រះអង្គមានព្រះរាជដំណើរមកស្រួលហើយ បពិត្រមហារាជ ដែនរបស់ខ្ញុំ​ព្រះអង្គ ជាដែនរបស់ព្រះអង្គហើយ បពិត្រមហារាជ សូមព្រះអង្គ ទ្រង់ប្រៀនប្រដៅចុះ។ ព្រះបាទ​ចក្រពត្តិ មានព្រះបន្ទូល (ប្រដៅ) យ៉ាងនេះថា អ្នកទាំងឡាយមិនត្រូវសម្លាប់សត្វ មិនត្រូវលួចទ្រព្យ ដែលគេមិនបានឲ្យ មិនត្រូវប្រព្រឹត្តខុសក្នុងកាមទាំងឡាយ មិនត្រូវពោលពាក្យមុសាវាទ មិនត្រូវផឹក​ទឹកស្រវឹងឡើយ ចូរបរិភោគតែរបស់ដែលគួរបរិភោគចុះ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ស្តេចជា​សឹកសត្រូវទាំងឡាយណា ដែលនៅក្នុងទិសខាងកើត ស្តេចទាំងនោះ ក៏ទៅជាចុះចូលព្រះបាទ​ចក្រពត្តិវិញ។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ ចក្ករ័តន៍នោះ ក៏ចុះកាន់សមុទ្រ ក្នុងទិសខាងកើត រួចឆ្លងឡើងចុះទៅកាន់សមុទ្រ ក្នុងទិសខាងត្បូង រួចឆ្លងឡើងអណ្តែតត្រសែត ទៅកាន់ទិស​ខាងលិច។ ព្រះបាទ​ចក្រពត្តិ ក៏ស្តេចទៅតាម (ចក្ករ័តន៍នោះ) ព្រមដោយ​ចតុរង្គសេនា។ ម្នាលភិក្ខុ​ទាំងឡាយ បើចក្ករ័តន៍ទៅប្រតិស្ឋាន ក្នុងប្រទេសណា ព្រះបាទចក្រពត្តិ ក៏​ស្តេច​ចូលទៅកាន់ទី​សម្រាក​ ក្នុងប្រទេសនោះ ព្រមដោយចតុរង្គសេនា។ ម្នាលភិក្ខុទាំងឡាយ ឯស្តេច ជាសឹក​សត្រូវ​ទាំងឡាយណា ដែលនៅក្នុងទិសខាងលិច ស្តេចទាំងនោះ ក៏នាំគ្នាចូល​ទៅគាល់ព្រះបាទចក្រពត្តិ ហើយក្រាបបង្គំទូល យ៉ាងនេះថា បពិត្រមហារាជ សូមព្រះអង្គស្តេចចូល​មកចុះ បពិត្រ​មហារាជ ព្រះអង្គមានព្រះរាជដំណើរមកស្រួលហើយ បពិត្រមហារាជ ដែនរបស់ខ្ញុំ​ព្រះអង្គ ជាដែនរបស់​ព្រះអង្គ​ហើយ បពិត្រមហារាជ សូមព្រះអង្គ ទ្រង់ប្រៀនប្រដៅចុះ។ ព្រះបាទ​ចក្រពត្តិ ទ្រង់មានព្រះរាជឱង្ការ (ប្រដៅ) យ៉ាងនេះថា អ្នកទាំងឡាយ មិនត្រូវសម្លាប់សត្វ មិនត្រូវលួចទ្រព្យ ដែលគេមិនបានឲ្យ មិនត្រូវប្រព្រឹត្តខុសក្នុងកាមទាំងឡាយ មិនត្រូវពោលពាក្យមុសាវាទ មិនត្រូវផឹក​ទឹកស្រវឹងឡើយ ចូរបរិភោគតែរបស់ ដែលគួរបរិភោគចុះ។ ម្នាលភិក្ខុទាំងឡាយ ឯស្តេចជា​សឹកសត្រូវ​ទាំង​ឡាយណា ដែលនៅក្នុងទិសខាងលិច ស្តេចទាំងនោះ ក៏ទៅជាចុះចូលព្រះបាទ​ចក្រពត្តិវិញ។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ ចក្ករ័តន៍នោះ ក៏ចុះកាន់សមុទ្រ ក្នុងទិសខាងលិច ឆ្លងឡើងអណ្តែតត្រសែត ទៅកាន់ទិស​ខាងជើង។ ព្រះបាទ​ចក្រពត្តិ ក៏ស្តេចទៅតាម(ចក្ករ័តន៍នោះ) ព្រមដោយ​ចតុរង្គសេនា។ ម្នាលភិក្ខុទាំងឡាយ បើចក្ករ័តន៍ទៅប្រតិស្ឋាន ក្នុងប្រទេសណា ព្រះបាទ​ចក្រពត្តិ ក៏​ស្តេច​ចូលទៅកាន់ទីសម្រាក ក្នុងប្រទេសនោះ ព្រមដោយចតុរង្គសេនា។ ម្នាលភិក្ខុ​ទាំងឡាយ ឯស្តេចជាសឹកសត្រូវទាំងឡាយណា ដែលនៅក្នុងទិសខាងជើង ស្តេចទាំងនោះ ក៏ចូល​ទៅគាល់ព្រះបាទចក្រពត្តិ ហើយក្រាបបង្គំទូល យ៉ាងនេះថា បពិត្រមហារាជ សូមព្រះអង្គស្តេចចូល​មកចុះ បពិត្រ​មហារាជ ព្រះអង្គមានព្រះរាជដំណើរមកស្រួលហើយ បពិត្រមហារាជ ដែនរបស់ខ្ញុំ​ព្រះអង្គ ជាដែនរបស់ព្រះអង្គហើយ បពិត្រមហារាជ សូមព្រះអង្គ ទ្រង់ប្រៀនប្រដៅចុះ។ ព្រះបាទ​ចក្រពត្តិ ទ្រង់មានព្រះរាជឱង្ការ (ប្រដៅ) យ៉ាងនេះថា អ្នកទាំងឡាយ មិនត្រូវសម្លាប់សត្វ មិនត្រូវលួច​ទ្រព្យ ដែលគេមិនបានឲ្យ មិនត្រូវប្រព្រឹត្តខុសក្នុងកាមទាំងឡាយ មិនត្រូវពោល​ពាក្យ​មុសាវាទ មិនត្រូវផឹក​ទឹកស្រវឹងឡើយ ចូរបរិភោគតែរបស់ដែលគួរបរិភោគចុះ។ ម្នាលភិក្ខុទាំងឡាយ ឯស្តេចជា​សឹកសត្រូវទាំងឡាយណា ដែលនៅក្នុងទិសខាងជើង ស្តេចទាំងនោះ ក៏ទៅជាចុះ​ចូល​ព្រះបាទ​ចក្រពត្តិវិញ។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ ចក្ករ័តន៍នោះ ក៏បង្ក្រាបផែនដី ដែល​មានសមុទ្រ ជាព្រំប្រទល់ ហើយត្រឡប់មកកាន់ព្រះរាជធានីនោះវិញ ឋិតនៅក្នុង​របៀងនៃ​សាលាវិនិច្ឆ័យ ទៀបទ្វារព្រះរាជវាំង របស់ព្រះបាទ​ចក្រពត្តិ (នៅនឹងថ្កល់) ហាក់ដូចជាបាក់ភ្លៅ បំភ្លឺ​ព្រះរាជវាំងរបស់ព្រះបាទចក្រពត្តិ ឲ្យភ្លឺព្រោងព្រាត។

[៣៧] ម្នាលភិក្ខុទាំងឡាយ ស្តេចចក្រពត្តិទី២ក្តី។ ម្នាលភិក្ខុទាំងឡាយ ស្តេចចក្រពត្តិទី៣ក្តី។ ម្នាល​ភិក្ខុទាំងឡាយ ស្តេចចក្រពត្តិទី៤ក្តី។ ម្នាលភិក្ខុទាំងឡាយ ស្តេចចក្រពត្តិទី៥ក្តី។ ម្នាលភិក្ខុ​ទាំង​ឡាយ ស្តេចចក្រពត្តិទី៦ក្តី។ ម្នាលភិក្ខុទាំងឡាយ ស្តេចចក្រពត្តិទី៧ក្តី លុះកន្លងកាលទៅ បាន​ច្រើន​ឆ្នាំ ច្រើនរយឆ្នាំ ច្រើនពាន់ឆ្នាំ ត្រាស់នឹងបុរសម្នាក់ថា ម្នាលបុរស​ដ៏ចំរើន បើអ្នក​បានឃើញចក្ករ័តន៍​ជាទិព្វ ឃ្លាតច្យុតចាកទីកាលណា អ្នកគប្បីប្រាប់ដល់យើង ក្នុងកាលនោះ។ ម្នាលភិក្ខុទាំងឡាយ បុរសនោះ ក៏ទទួលព្រះរាជឱង្ការព្រះបាទចក្រពត្តិថា ព្រះករុណាថ្លៃវិសេស។ ម្នាលភិក្ខុទាំងឡាយ លុះកន្លងទៅ ជាច្រើនឆ្នាំ​ ច្រើនរយឆ្នាំ ច្រើនពាន់ឆ្នាំ បុរសនោះ បានឃើញចក្ករ័តន៍​ជាទិព្វ ឃ្លាត​ច្យុត​ចាក​ទី ក៏ចូលទៅគាល់ស្តេចចក្រពត្តិ លុះចូលទៅដល់ហើយ ក៏ក្រាបបង្គំទូលព្រះបាទ​ចក្រពត្តិ​ដូច្នេះ​ថា សូមព្រះរាជតេជះដម្កល់លើត្បូង បពិត្រព្រះសម្មតិទេព សូមទ្រង់ជ្រាប (ដ្បិត) ចក្ករ័តន៍​ជាទិព្វ របស់ព្រះអង្គ ឃ្លាតច្យុតចាកទីហើយ។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ ព្រះបាទចក្រពត្តិ ទ្រង់ហៅ​ព្រះរាជកុមារ ជាបុត្រច្បងមក ហើយទ្រង់ត្រាស់ដូច្នេះថា ម្នាលកុមារមាសឪពុក ឮថា ចក្ករ័តន៍ជាទិព្វ​របស់​យើង ឃ្លាតចាកទីហើយ សេចក្តីនេះ ឪពុកធ្លាប់ឮថា (បើ) ចក្ករ័តន៍ជាទិព្វរបស់ស្តេចចក្រពត្តិ​អង្គ​ណា ឃ្លាតច្យុតចាកទីហើយ តពីនោះ​មក ស្តេចអង្គនោះ មិនរស់នៅបានយូរឡើយ ឯកាមជា​របស់​មនុស្ស ឪពុកបានបរិភោគ (ឆ្អែតស្កប់ស្កល់ហើយ) សម័យនេះ ជាសម័យដែលឪពុក​គួរស្វែង​រក​កាម ជាទិព្វវិញ ម្នាលកុមារមាស​ឪពុក ចូរអ្នកគ្រប់គ្រងផែនដី ដែលមានសមុទ្រ ជាព្រំប្រទល់នេះចុះ ឯឪពុក នឹងកោរសក់ ពុកមាត់ ពុកចង្កា ស្លៀកដណ្តប់កាសាវព័ស្ត្រ ចេញចាកអគារស្ថាន ចូល​ទៅ​កាន់​ផ្នួស។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះឯង ព្រះបាទចក្រពត្តិ ទ្រង់លួងលោមព្រះរាជកុមារ ជាបុត្រច្បង ឲ្យត្រេកអរក្នុង​រាជសម្បត្តិ ដោយប្រពៃ ទ្រង់ដាក់ព្រះកេសា និងព្រះមស្សុ រួចទ្រង់ស្លៀក​ដណ្តប់​​កាសាវព័ស្ត្រ ចេញចាក​រាជាគារស្ថាន ចូលទៅទ្រង់ព្រះផ្នួស។ ម្នាលភិក្ខុទាំងឡាយ កាល​ព្រះរាជឥសី ទើបនឹង​ទ្រង់​ព្រះផ្នួសបាន៧ថ្ងៃ ចក្ករ័តន៍ជាទិព្វ ក៏បាត់ទៅ។

[៣៨] ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង បុរសម្នាក់ បានក្រាបបង្គំទូលព្រះរាជា ដែល​បានមុទ្ធាភិសេកហើយ។បេ។ ថា ចក្ករ័តន៍ជារបស់ទិព្វ បាត់ទៅហើយ។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ​ឯង កាលបើចក្ករ័តន៍​ជាទិព្វបាត់ទៅ ព្រះរាជា ជាក្សត្រិយ៍ ដែលបានមុទ្ធាភិសេកហើយ ក៏ទ្រង់តូច​ព្រះហឫទ័យ និងសោយ​នូវ​សេចក្តីមិនសប្បាយ ក្នុងព្រះហឫទ័យ តែមិនចូលទៅសួរវត្ត របស់ស្តេច​ចក្រពត្តិដ៏ប្រសើរ នឹងព្រះរាជឥសីឡើយ។ បានឮថា ព្រះរាជា ជាក្សត្រិយ៍ ដែលបាន​មុទ្ធាភិសេក​ហើយ​នោះ ទ្រង់ប្រៀនប្រដៅអ្នកជនបទ តាមព្រះយោបល់របស់ព្រះអង្គ កាលព្រះរាជានោះ ប្រៀន​ប្រដៅអ្នកជនបទ តាមព្រះយោបល់​របស់ព្រះអង្គហើយ លុះចំណេរ​មកខាងក្រោយ អ្នកជនបទ ក៏​មិនចំរើនស្មើនឹងកាលមុន ដូចកាលស្តេចទាំងឡាយជាន់ដើម ដែលប្រព្រឹត្ត​វត្ត របស់ស្តេចចក្រពត្តិ​ដ៏​ប្រសើរនោះឡើយ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង ពួកអាមាត្យ ពួកបរិស័ទ ពួកហោរា និងមហា​មាត្រ ពួកហ្មដីរំ ពួកអ្នករក្សាទ្វារ និងពួកជនអ្នកចិញ្ចឹមជីវិតដោយមន្ត ក៏ប្រជុំគ្នា (ចូលទៅ) ក្រាបបង្គំទូលព្រះរាជាជាក្សត្រិយ៍ ដែលបានមុទ្ធាភិសេកហើយដូច្នេះថា បពិត្រព្រះសម្មតិទេព បាន​ឮថា កាលព្រះអង្គទ្រង់ប្រៀនប្រដៅអ្នកជនបទ ដោយព្រះយោបល់​របស់ព្រះអង្គ លុះចំណេរ​មកខាងក្រោយ ពួកអ្នកជនបទ មិនចំរើនស្មើនឹងកាលមុន ដូចកាលព្រះរាជាទាំងឡាយជាន់ដើម ដែល​ប្រព្រឹត្ត​ចក្កពត្តិវត្ត​ដ៏ប្រសើរនោះឡើយ បពិត្រព្រះសម្មតិទេព ពួកអាមាត្រ ពួកបរិស័ទ ពួក​ហោរា និងមហាមាត្រ ពួកហ្មដំរី ពួកអ្នករក្សាទ្វារ និងពួកជនអ្នកចិញ្ចឹមជីវិតដោយមន្ត ទាំងពួកខ្ញុំ​ព្រះអង្គក្តី ពួកជនដទៃក្តី ក៏មាននៅក្នុងដែន របស់ព្រះអង្គស្រាប់ហើយ យើងខ្ញុំទាំងឡាយ (សុទ្ធតែ) ចាំស្ទាត់ នូវចក្កពត្តិវត្តដ៏ប្រសើរ បពិត្រព្រះសម្មតិទេព ពួកខ្ញុំព្រះអង្គ សូមរំលឹក សូមព្រះអង្គ ទ្រង់សួរ នូវចក្កពត្តិវត្តដ៏ប្រសើរ នឹងពួកខ្ញុំព្រះអង្គចុះ ពួកខ្ញុំព្រះអង្គ បើព្រះអង្គទ្រង់ត្រាស់សួរ នូវ​ចក្កពត្តិវត្ត ដ៏​ប្រសើរហើយ មុខជានឹងព្យាករបាន។

[៣៩] ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ ព្រះរាជា ជាក្សត្រិយ៍ ដែលបានមុទ្ធាភិសេកហើយ ទ្រង់​ត្រាស់បង្គាប់ពួកអាមាត្រ ពួកបរិស័ទ ពួក​ហោរា និងមហាមាត្រ ពួកហ្មដំរី ពួកអ្នករក្សាទ្វារ និងពួកជនអ្នកចិញ្ចឹមជីវិតដោយមន្ត ឲ្យប្រជុំគ្នា ហើយទ្រង់សួរ នូវចក្កពត្តិវត្តដ៏ប្រសើរ។ ជនទាំងនោះ ដែលព្រះរាជា​អង្គនោះទ្រង់សួរ នូវចក្កពត្តិវត្តដ៏ប្រសើរហើយ ក៏បានព្យាករថ្វាយ។ លុះព្រះរាជា ទ្រង់ព្រះសវនាការពាក្យព្យាករណ៍ របស់ជនទាំងនោះហើយ ទើបទ្រង់ចាត់ចែងនូវ​ការរក្សា ទប់ទល់គ្រប់គ្រង ប្រកបដោយធម៌វិញ តែទ្រង់មិនបានព្រះរាជទានព្រះរាជទ្រព្យ ដល់ពួក​អ្នក​ខ្សត់​ទ្រព្យឡើយ។ កាលបើព្រះរាជទ្រព្យ ដែលទ្រង់មិនបានព្រះរាជទានដល់​ពួកអ្នកខ្សត់ទ្រព្យ សេចក្តី​ទ័ល​ក្រ ក៏មានច្រើនឡើង។ កាលបើសេចក្តីទ័លក្រ មានច្រើនឡើងហើយ មានបុរសម្នាក់កាន់យក​ទ្រព្យ របស់ជនទាំងឡាយដទៃ ដែលគេមិនបានឲ្យ ដែលហៅថា លួច។ ពួករាជបុរស ចាប់បុរស​នោះ​បាន នាំយកទៅថ្វាយ​ព្រះរាជា ជាក្សត្រិយ៍ ដែលបានមុទ្ធាភិសេក ហើយក្រាបបង្គំទូលថា បពិត្រព្រះសម្មតិទេព បុរសនេះ កាន់យកទ្រព្យ របស់ជនទាំងឡាយដទៃ ដែលគេមិនបានឲ្យ ដែល​ហៅថាលួច។ ម្នាលភិក្ខុទាំងឡាយ កាលបើពួករាជបុរស ក្រាបបង្គំទូលយ៉ាងនេះ ព្រះរាជា ជាក្សត្រិយ៍ ដែលបានមុទ្ធាភិសេកហើយ ទ្រង់ត្រាស់សួរបុរសនោះ ដូច្នេះថា នែបុរស អ្នកឯង​កាន់យកទ្រព្យ របស់ជនទាំងឡាយដទៃ ដែលគេមិនបានឲ្យ ដែល​ហៅថាលួច ពិតមែនឬ។ បុរស​នោះ ក្រាបបង្គំទូលថា បពិត្រព្រះសម្មតិទេព ពិតមែន។ ព្រះរាជាទ្រង់ត្រាស់សួរថា ព្រោះហេតុអ្វី (បានជាអ្នកលួចទ្រព្យគេ)។ បុរសនោះក្រាបបង្គំទូលថា បពិត្រព្រះសម្មតិទេព ព្រោះខ្ញុំព្រះអង្គ មិនមាន​(របស់អ្វី) នឹងចិញ្ចឹមជីវិត។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ ព្រះរាជា ជាក្សត្រិយ៍ ដែល​បាន​មុទ្ធាភិសេកហើយ ក៏ទ្រង់ព្រះរាជទានព្រះរាជទ្រព្យ ដល់បុរសនោះ រួចទ្រង់ត្រាស់បង្គាប់ថា ម្នាល​បុរសដ៏ចំរើន អ្នកចូរយកទ្រព្យនេះ ទៅចិញ្ចឹមជីវិតខ្លួនផង ចិញ្ចឹម​មាតាបិតាផង ចិញ្ចឹមបុត្រភរិយា​ផង ប្រកបការងារផង ចូរតម្កល់​ទក្ខិណាទាន ដែលមានផលខ្ពង់ខ្ពស់ ចំពោះសមណព្រាហ្មណ៍​ទាំង​ឡាយ ជាទានអាចនាំសត្វឲ្យកើត ក្នុងឋានសួគ៌ មានផលជាសុខ ប្រព្រឹត្តទៅ ដើម្បីកើតក្នុងឋាន​សួគ៌​ផងចុះ។ ម្នាលភិក្ខុទាំងឡាយ បុរសនោះ ក៏ទទួលព្រះរាជឱង្ការ នៃ​ព្រះរាជា ជាក្សត្រិយ៍ ដែល​បាន​មុទ្ធាភិសេកហើយ ដោយពាក្យថា ព្រះករុណាថ្លៃវិសេស។ ម្នាលភិក្ខុទាំងឡាយ មានបុរសម្នាក់ទៀត កាន់យក​ទ្រព្យ របស់ជនទាំងឡាយដទៃ ដែលគេមិនបានឲ្យ ដែលគេហៅថា លួច។ ពួករាជបុរស ចាប់បុរស​នោះ​បាន ក៏នាំយកទៅថ្វាយ​ព្រះរាជា ជាក្សត្រិយ៍ ដែលបានមុទ្ធាភិសេកហើយ ក្រាបបង្គំទូលថា បពិត្រព្រះសម្មតិទេព បុរសនេះ កាន់យកទ្រព្យ របស់ជនទាំងឡាយដទៃ ដែលគេ​មិន​បានឲ្យ ដែល​ហៅថាលួច។ ម្នាលភិក្ខុទាំងឡាយ កាលបើពួករាជបុរស ក្រាបបង្គំទូលយ៉ាងនេះ​ហើយ ព្រះរាជា ជាក្សត្រិយ៍ ដែលបានមុទ្ធាភិសេកហើយ ក៏ទ្រង់ត្រាស់សួរបុរសនោះ យ៉ាង​នេះថា ម្នាលបុរសដ៏ចំរើន អ្នកឯង​កាន់យកទ្រព្យ របស់ជនទាំងឡាយដទៃ ដែលគេមិនបានឲ្យ ដែល​ហៅថា​លួច ពិតមែនឬ។ បុរស​នោះ ក្រាបបង្គំទូលថា បពិត្រព្រះសម្មតិទេព ពិតមែន។ ព្រះរាជា​ទ្រង់​ត្រាស់​សួរ​ថា ព្រោះហេតុអ្វី (បានជាអ្នកឯងលួចទ្រព្យគេ)។ បុរសនោះក្រាបបង្គំទូលថា បពិត្រព្រះ​សម្មតិ​ទេព ព្រោះខ្ញុំព្រះអង្គ មិនមាន​(របស់អ្វី) នឹងចិញ្ចឹមជីវិត។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះឯង ព្រះរាជា ជាក្សត្រិយ៍ ដែល​បាន​មុទ្ធាភិសេកហើយ ក៏ទ្រង់ព្រះរាជទានព្រះរាជទ្រព្យ ដល់បុរសនោះ រួចទ្រង់ត្រាស់បង្គាប់ថា ម្នាល​បុរសដ៏ចំរើន អ្នកចូរយកទ្រព្យនេះ ទៅចិញ្ចឹមជីវិតខ្លួនផង ចិញ្ចឹម​មាតាបិតាផង ចិញ្ចឹមបុត្រភរិយា​ផង ប្រកបការងារផង ចូរតម្កល់​ទក្ខិណាទាន ដែលមានផលខ្ពង់ខ្ពស់ ចំពោះសមណព្រាហ្មណ៍​ទាំង​ឡាយ ជាទានអាចនាំសត្វឲ្យកើត ក្នុងឋានសួគ៌ មានផលជាសុខ ប្រព្រឹត្ត​ទៅ ដើម្បីកើតក្នុងឋាន​សួគ៌​ផងចុះ។ ម្នាលភិក្ខុទាំងឡាយ បុរសនោះ ក៏ទទួលព្រះរាជឱង្ការ​ព្រះរាជា ជាក្សត្រិយ៍ ដែល​បាន​មុទ្ធាភិសេកហើយ ដោយពាក្យថា ព្រះករុណាថ្លៃវិសេស។ ម្នាលភិក្ខុទាំងឡាយ ពួកមនុស្សបានឮដំណឹងថា ព្រះរាជាទ្រង់ព្រះរាជទាន​ នូវព្រះរាជទ្រព្យ ដល់ពួក​មនុស្ស ដែលកាន់យកទ្រព្យ​ របស់ជនទាំងឡាយដទៃ ដែលគេមិនបានឲ្យ ដែលហៅថា លួច។ លុះមនុស្សទាំងនោះបានឮហើយ ក៏មានសេចក្តីត្រិះរិះដូច្នេះថា បើដូច្នោះ មានតែពួក​យើង​នាំគ្នាទៅកាន់យកទ្រព្យ​ របស់ជនទាំងឡាយដទៃ ដែលគេមិនបានឲ្យ ដែលហៅថា លួច (កុំខាន)។

[៤០] ម្នាលភិក្ខុទាំងឡាយ លុះគ្រាជាខាងក្រោយមក មានបុរសម្នាក់​កាន់យកទ្រព្យ​ របស់ជនទាំងឡាយដទៃ ដែលគេមិនបានឲ្យ ដែលហៅថា លួច។ ពួករាជបុរស ចាប់បុរស​នោះ​បាន ក៏នាំយកទៅថ្វាយ​ព្រះរាជា ជាក្សត្រិយ៍ ដែលបានមុទ្ធាភិសេកហើយ ក្រាបបង្គំទូលថា បពិត្រ​ព្រះសម្មតិទេព បុរសនេះឯង កាន់យកទ្រព្យ របស់ជនទាំងឡាយដទៃ ដែលគេ​មិន​បានឲ្យ ដែល​ហៅថាលួច។ ម្នាលភិក្ខុទាំងឡាយ កាលបើពួករាជបុរស ក្រាបបង្គំទូលយ៉ាងនេះ​ហើយ ព្រះរាជា ជាក្សត្រិយ៍ ដែលបានមុទ្ធាភិសេកហើយ ក៏ទ្រង់ត្រាស់សួរបុរសនោះ យ៉ាង​នេះថា ម្នាលបុរសដ៏ចំរើន អ្នកឯង​កាន់យកទ្រព្យ របស់ជនទាំងឡាយដទៃ ដែលគេមិនបានឲ្យ ដែល​ហៅថា​លួច ពិតមែនឬ។ បុរស​នោះ ក្រាបបង្គំទូលថា បពិត្រព្រះសម្មតិទេព ពិតមែន។ ព្រះរាជា​ទ្រង់​ត្រាស់​សួរ​ថា ព្រោះហេតុអ្វី (បានជាអ្នកឯងលួចទ្រព្យគេ)។ បុរសនោះ ក្រាបបង្គំទូលថា បពិត្រព្រះ​សម្មតិ​ទេព ព្រោះខ្ញុំព្រះអង្គ មិនមាន​(របស់អ្វី) នឹងចិញ្ចឹមជីវិត។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះឯង ព្រះរាជា ជាក្សត្រិយ៍ ដែល​បាន​មុទ្ធាភិសេកហើយ ទ្រង់មានសេចក្តីត្រិះរិះ ដូច្នេះថា បើអាត្មាអញនៅតែឲ្យ​ទ្រព្យ ដល់អ្នកដែល​កាន់យកទ្រព្យរបស់​ជនទាំងឡាយដទៃ ដែលគេមិនបានឲ្យ ដែលហៅថា លួច តែ​យ៉ាងនេះ មុខជាអទិន្នាទាននេះ នឹងរឹងរឹតតែចំរើនឡើង បើដូច្នោះ គួរតែអាត្មាអញ ផ្ចាញ់ផ្ចាល​បុរសនេះ គួរធ្វើនូវការផ្តាច់ផ្តិលឫគល់ គឺកាត់ក្បាលវាចេញ។ ម្នាលភិក្ខុទាំងឡាយ ទើប​ព្រះរាជា ជាក្សត្រិយ៍ ដែលបានមុទ្ធាភិសេកហើយ ទ្រង់ត្រាស់​បង្គាប់ពួករាជបុរសថា នែប្រស្តែង បើដូច្នោះ ចូរអ្នកទាំងឡាយ ចងស្លាបសេកបុរសនេះ ឲ្យជាប់​ដោយខ្សែដ៏មាំ ហើយកោរក្បាលឲ្យរលីង រួច (ត្រូវ​ទូង) ស្គរ ដែលមានសំឡេងឮខ្លាំង នាំបណ្តើរ​ជុំវិញសព្វច្រក សព្វផ្លូវបំបែក រួចនាំចេញទៅតាមទ្វារ​ខាងត្បូង ហើយចូរផ្ចាញ់ផ្ចាល ធ្វើនូវការផ្តាច់ឫសគល់ គឺកាត់ក្បាលវាចេញ ក្នុងទិសខាងត្បូង​នៃក្រុង​ចុះ។ ម្នាលភិក្ខុទាំងឡាយ រាជបុរសទាំងនោះ ទទួលព្រះរាជឱង្ការ​ព្រះរាជា ជាក្សត្រិយ៍ ដែលបានមុទ្ធាភិសេកហើយ ដោយពាក្យថា ព្រះករុណាថ្លៃវិសេស ហើយចងស្លាប់សេក បុរសនោះ ឲ្យជាប់​ដោយខ្សែដ៏មាំ រួចកោរក្បាលឲ្យរលីង (​ទូង) ស្គរ ដែលមានសំឡេងឮខ្លាំង នាំបណ្តើរ​ជុំវិញសព្វច្រក សព្វផ្លូវបំបែក នាំចេញទៅតាមទ្វារ​ខាងត្បូង ហើយផ្ចាញ់ផ្ចាល ធ្វើនូវការផ្តាច់​ផ្តិល​ឫសគល់ គឺកាត់ក្បាលបុរសនោះ ក្នុងទិសខាងត្បូង​នៃក្រុង។

[៤១] ម្នាលភិក្ខុទាំងឡាយ ពួកមនុស្សបានឮដំណឹងថា ពួកជនណា ​កាន់យកទ្រព្យរបស់​ជនទាំងឡាយដទៃ ដែលគេមិនបានឲ្យ ដែលហៅថា លួច ព្រះរាជាទ្រង់ផ្ចាញ់ផ្ចាល នូវជនទាំង​នោះ ទ្រង់ធ្វើនូវការផ្តាច់ផ្តិលឫសគល់ គឺទ្រង់កាត់ក្បាលពួកជនទាំងនោះ។ លុះមនុស្សទាំងនោះ បានឮហើយ ក៏គិតយ៉ាងនេះថា បើដូច្នោះ មានតែពួកយើងនាំគ្នាធ្វើគ្រឿង​សស្ត្រាវុធដ៏មុតក្លា លុះនាំ​គ្នាធ្វើគ្រឿងសស្ត្រាវុធដ៏មុតក្លារួចហើយ នឹង​​កាន់យកទ្រព្យរបស់​ពួកជនណា ដែលគេមិនបានឲ្យ ដែលហៅថា លួច ហើយពួកយើងនឹងផ្ចាញ់ផ្ចាល នូវជនទាំងនោះ នឹងធ្វើនូវការផ្តាច់ផ្តិលនូវ​ឫសគល់ គឺកាត់ក្បាលរបស់ជនទាំងនោះចេញ។ មនុស្សទាំងនោះ ក៏នាំគ្នាធ្វើគ្រឿង​សស្ត្រាវុធដ៏មុត​ក្លា​រួចហើយ លុះនាំគ្នាធ្វើ​គ្រឿងសស្ត្រាវុធដ៏មុតក្លារួចហើយ ក៏ព្យាយាមធ្វើនូវការសម្លាប់​អ្នកស្រុកខ្លះ ព្យាយាមធ្វើ នូវ​ការសម្លាប់​អ្នកនិគមខ្លះ ព្យាយាមធ្វើនូវការសម្លាប់អ្នកនគរខ្លះ ព្យាយាមធ្វើនូវ​ការ​ប្លន់​អ្នកដើរផ្លូវខ្លះ។ មនុស្សទាំងនោះ តែង​​កាន់យកទ្រព្យរបស់​ពួកជនណា ដែលគេមិនបានឲ្យ ដែលហៅ​ថា លួច ហើយផ្ចាញ់ផ្ចាល ពួកជនទាំងនោះ ធ្វើនូវការផ្តាច់ផ្តិល​ឫសគល់ គឺកាត់ក្បាល​របស់ជន​ទាំងនោះ​។

[៤២] ម្នាលភិក្ខុទាំងឡាយ កាលបើព្រះមហាក្សត្រិយ៍ មិនទ្រង់ព្រះរាជទានព្រះរាជទ្រព្យ ដល់ពួកអ្នកខ្សត់ទ្រព្យដូច្នេះ សេចក្តីទ័លក្រ ក៏មានច្រើនឡើង កាលបើសេចក្តីទ័លក្រមានច្រើន​ឡើងហើយ អទិន្នាទាន ក៏មានច្រើនឡើង កាលបើអទិន្នាទាន មានច្រើនឡើងហើយ បាណាតិបាត ក៏មានច្រើនឡើង កាលបើបាណាតិបាតមានច្រើនឡើងហើយ មុសាវាទ ក៏មានច្រើនឡើង កាលបើ​មុសាវាទមានច្រើនឡើងហើយ ទាំងអាយុ ទាំងពណ៌សម្បុរ របស់សត្វទាំងនោះក៏ថយចុះ កាលសត្វ​ទាំងនោះថយទាំងអាយុ ថយទាំងពណ៌សម្បុរចុះហើយ កូនទាំងឡាយរបស់មនុស្ស ដែលមានអាយុ​៨ហ្មឺនឆ្នាំ ក៏ថយមកមានអាយុត្រឹម៤ហ្មឺនឆ្នាំវិញ ម្នាលភិក្ខុទាំងឡាយ បណ្តាពួកមនុស្ស ដែល​មានអាយុត្រឹម៤ហ្មឺនឆ្នាំ (នោះ) មានបុរសម្នាក់ ​​កាន់យកទ្រព្យរបស់​ជនទាំងឡាយដទៃ ដែលគេ​មិន​បាន​ឲ្យ ដែលហៅថា លួច។ ពួករាជបុរស ក៏ចាប់បុរសនោះ នាំយកទៅថ្វាយព្រះរាជា ជាក្សត្រិយ៍ ដែលបានមុទ្ធាភិសេកហើយ ក្រាបបង្គំទូលថា បពិត្រព្រះសម្មតិទេព បុរសនេះ កាន់យកទ្រព្យរបស់​ជន​ទាំងឡាយដទៃ ដែលគេ​មិន​បាន​ឲ្យ ដែលហៅថា លួច។ ម្នាលភិក្ខុទាំងឡាយ កាលបើ​ពួក​រាជបុរស ក្រាបបង្គំទូលយ៉ាងនេះហើយ ទើបព្រះរាជា ជាក្សត្រិយ៍ ដែលបានមុទ្ធាភិសេក ទ្រង់​ត្រាស់សួរ​បុរសនោះ យ៉ាងនេះថា នែបុរសដ៏ចំរើន អ្នកឯង​កាន់យកទ្រព្យរបស់​ជនទាំងឡាយដទៃ ដែលគេ​មិន​បាន​ឲ្យ ដែលហៅថា លួច ពិតមែនឬ។ បុរសនោះ ក៏ពោល​សម្បជានមុសាវាទ​ថា បពិត្រព្រះសម្មតិទេព មិនមែនទេ។

[៤៣] ម្នាលភិក្ខុទាំងឡាយ កាលបើព្រះមហាក្សត្រិយ៍ មិនទ្រង់ព្រះរាជទានព្រះរាជទ្រព្យ ដល់​ពួកអ្នកខ្សត់ទ្រព្យដូច្នេះហើយ សេចក្តីទ័លក្រ ក៏មានច្រើនឡើង កាលបើសេចក្តីទ័លក្រមានច្រើន​ឡើងហើយ អទិន្នាទាន ក៏មានច្រើនឡើង កាលបើអទិន្នាទាន មានច្រើនឡើងហើយ គ្រឿងសស្ត្រាវុធ​ក៏មានច្រើនឡើង កាលបើគ្រឿងសស្ត្រាវុធមានច្រើនឡើងហើយ បាណាតិបាត ក៏មានច្រើនឡើង កាលបើបាណាតិបាតមានច្រើនឡើងហើយ មុសាវាទ ក៏មានច្រើនឡើង កាលបើ​មុសាវាទមាន​ច្រើន​ឡើង​ហើយ ទាំងអាយុ ទាំងពណ៌សម្បុរ របស់សត្វទាំងនោះក៏ថយចុះ កាលសត្វ​ទាំងនោះថយ​ទាំង​អាយុ ថយទាំងពណ៌សម្បុរចុះហើយ កូនទាំងឡាយរបស់មនុស្ស ដែលមានអាយុ៤ហ្មឺនឆ្នាំ ក៏ថយ​មក​មានអាយុត្រឹម២ហ្មឺនឆ្នាំវិញ ម្នាលភិក្ខុទាំងឡាយ បណ្តាពួកមនុស្ស ដែល​មានអាយុត្រឹម២ហ្មឺន​ឆ្នាំ (នោះ) មានបុរសម្នាក់ ​​កាន់យកទ្រព្យរបស់​ជនទាំងឡាយដទៃ ដែលគេ​មិន​បាន​ឲ្យ ដែលហៅថា លួច។ បុរសម្នាក់ នាំយកសេចក្តីនុ៎ះ ទៅក្រាបបង្គំទូល ញុះញង់ព្រះរាជា ជាក្សត្រិយ៍ ដែល​បាន​មុទ្ធាភិសេក​ហើយថា បពិត្រព្រះសម្មតិទេព បុរសឈ្មោះនេះ កាន់យកទ្រព្យរបស់​ជន​ទាំងឡាយ​ដទៃ ដែលគេ​មិន​បាន​ឲ្យ ដែលហៅថា លួច។

[៤៤] ម្នាលភិក្ខុទាំងឡាយ កាលបើព្រះមហាក្សត្រិយ៍ មិនទ្រង់ព្រះរាជទានព្រះរាជទ្រព្យ ដល់​អ្នកខ្សត់ទ្រព្យដូច្នេះហើយ សេចក្តីទ័លក្រ ក៏មានច្រើនឡើង កាលបើសេចក្តីទ័លក្រមានច្រើន​ឡើងហើយ។បេ។ បិសុណាវាចា ក៏មានច្រើនឡើង កាលបើបិសុណាវាចាមានច្រើនឡើងហើយ ទាំងអាយុ ទាំងពណ៌សម្បុរ របស់សត្វទាំងនោះក៏ថយចុះ កាលសត្វ​ទាំងនោះថយទាំងអាយុ ថយទាំងពណ៌សម្បុរចុះហើយ កូនទាំងឡាយរបស់មនុស្ស ដែលមានអាយុ២ហ្មឺនឆ្នាំ ក៏ថយចុះមកមានអាយុត្រឹម១ហ្មឺនឆ្នាំវិញ ម្នាលភិក្ខុទាំងឡាយ បណ្តាពួកមនុស្ស ដែល​មានអាយុ​ត្រឹម១ហ្មឺនឆ្នាំ (នោះ) សត្វពួកខ្លះ មានពណ៌សម្បុរល្អ សត្វពួកខ្លះ មានពណ៌សម្បុរអាក្រក់ បណ្តា​សត្វទាំងពីរពួកនោះ សត្វណា ដែលមានពណ៌​សម្បុរអាក្រក់ ក៏ស្រឡាញ់​ពួកសត្វ​ ដែល​មានពណ៌​សម្បុរសល្អ ក៏ប្រព្រឹត្ត​មិច្ឆាចារ ក្នុងភរិយារបស់ពួកជនដទៃ។

[៤៥] ម្នាលភិក្ខុទាំងឡាយ កាលបើព្រះមហាក្សត្រិយ៍ មិនទ្រង់ព្រះរាជទានព្រះរាជទ្រព្យ ដល់​ពួកអ្នកខ្សត់ទ្រព្យដូច្នេះហើយ សេចក្តីទ័លក្រ ក៏មានច្រើនឡើង កាលបើសេចក្តីទ័លក្រមានច្រើន​ឡើងហើយ អទិន្នាទាន ក៏មានច្រើនឡើង កាលបើអទិន្នាទាន មានច្រើនឡើងហើយ។ សេចក្តីសង្ខេប។ កាមេសុ មិច្ឆាចារ ក៏មានច្រើនឡើង កាលបើកាមេសុ មិច្ឆាចារមានច្រើនឡើងហើយ ទាំងអាយុ ទាំងពណ៌សម្បុរ របស់សត្វទាំងនោះក៏ថយចុះ កាលសត្វ​ទាំងនោះថយទាំងអាយុ ថយ​ទាំង​ពណ៌សម្បុរចុះហើយ កូនទាំងឡាយរបស់មនុស្ស ដែលមានអាយុ១ហ្មឺនឆ្នាំ ក៏ថយមក មានអាយុ​ត្រឹម៥ពាន់ឆ្នាំវិញ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងពីរប្រការ គឺផរុសវាចា១ សម្ផប្បលាបៈ១ ក៏​មានច្រើនឡើង ក្នុងពួកមនុស្ស ដែលមានអាយុត្រឹម​៥ពាន់ឆ្នាំ កាលបើ ធម៌ទាំងពីរប្រការ មានច្រើន​ឡើង​ហើយ ទាំងអាយុ ទាំងពណ៌សម្បុរ របស់សត្វទាំងនោះ ក៏ថយចុះ កាលសត្វទាំងនោះ ថយ​ទាំង​អាយុ ថយទាំងពណ៌សម្បុរចុះហើយ កូនទាំងឡាយរបស់ពួកមនុស្ស ដែលមានអាយុ​៥ពាន់ឆ្នាំ ពួក​ខ្លះ​ក៏ថយមក មានអាយុត្រឹម​២ពាន់៥រយឆ្នាំវិញ ពួកខ្លះ ក៏ថយមកមានអាយុត្រឹម​២ពាន់​ឆ្នាំវិញ ម្នាល​ភិក្ខុ​ទាំងឡាយ អភិជ្ឈា និងព្យាបាទ ក៏មានច្រើនឡើង ក្នុងពួកមនុស្ស ដែល​មាន​អាយុត្រឹម​២ពាន់​៥រយ​ឆ្នាំ កាលអភិជ្ឈា និងព្យាបាទ មានច្រើនឡើងហើយ ទាំងអាយុ ទាំងពណ៌សម្បុរ របស់​សត្វ​ទាំង​នោះ​ក៏ថយចុះ កាលសត្វ​ទាំងនោះថយទាំងអាយុ ថយទាំងពណ៌សម្បុរចុះហើយ កូនទាំងឡាយ​របស់​មនុស្ស ដែលមានអាយុ២ពាន់៥រយឆ្នាំ ក៏ថយមកមានអាយុត្រឹម១ពាន់ឆ្នាំវិញ ម្នាលភិក្ខុ​ទាំង​ឡាយ មិច្ឆាទិដ្ឋិ ក៏មានច្រើនឡើង ក្នុងពួក​មនុស្ស ដែលមានអាយុត្រឹម​១ពាន់ឆ្នាំ កាលបើមិច្ឆាទិដ្ឋិ​មាន​ច្រើន​ឡើងហើយ ទាំងអាយុ ទាំងពណ៌សម្បុរ របស់សត្វទាំងនោះក៏ថយចុះ កាលសត្វ​ទាំងនោះ​ថយ​ទាំង​អាយុ ថយទាំងពណ៌សម្បុរចុះហើយ កូនទាំងឡាយរបស់មនុស្ស ដែលមានអាយុ១ពាន់ឆ្នាំ ក៏​ថយ​មកមានអាយុត្រឹម៥រយឆ្នាំវិញ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយ៣ប្រការគឺ អធម្មរាគៈ​[អដ្ឋកថា ថា សេចក្តីត្រេកត្រអាលក្រៅគន្លងធម៌ បានដល់តម្រេកក្នុងទីមិនសមគួរ គឺ​តម្រេក​ក្នុងមាតា ម្តាយមីងខាងមាតាបិតា ម្តាយធំខាងបិតាជាដើម។]១ វិសមលោភៈ31) ១ មិច្ឆាធម្មៈ32) ១ ក៏មានច្រើនឡើងក្នុងពួកមនុស្ស ដែលមានអាយុត្រឹម៥រយឆ្នាំ កាលបើធម៌៣​ប្រការ មាន​ច្រើន​ឡើង​ហើយ ទាំងអាយុ ទាំងពណ៌សម្បុរ របស់សត្វទាំងនោះក៏ថយចុះ កាលសត្វ​ទាំងនោះថយទាំងអាយុ ថយទាំងពណ៌សម្បុរចុះហើយ កូនទាំងឡាយរបស់មនុស្ស ដែលមានអាយុ​៥រយឆ្នាំ ពួកខ្លះ ក៏ថយ​មក មានអាយុត្រឹម២រយ៥០ឆ្នាំវិញ ពួកខ្លះ ក៏ថយមក មានអាយុត្រឹម​២រយឆ្នាំវិញ ម្នាល​ភិក្ខុ​ទាំង​ឡាយ ធម៌ទាំងឡាយនេះ គឺការមិនគោរពមាតា មិនគោរពបិតា មិនគោរព​សមណៈ មិនគោរព​ព្រាហ្មណ៍ មិនប្រព្រឹត្ត​កោតក្រែង ដល់បុគ្គល​ជាធំក្នុងត្រកូល ក៏​មានច្រើនឡើង ក្នុងពួកមនុស្ស ដែល​មាន​អាយុត្រឹម​២រយ៥០ឆ្នាំ។ ម្នាលភិក្ខុទាំងឡាយ កាលបើ​ព្រះមហាក្សត្រិយ៍ មិនទ្រង់​ព្រះរាជ​ទាន​ព្រះរាជ​ទ្រព្យ ដល់​ពួកអ្នកខ្សត់ទ្រព្យដូច្នេះហើយ សេចក្តី​ទ័លក្រ ក៏មានច្រើនឡើង កាលបើ​សេចក្តី​ទ័លក្រ​មានច្រើន​ឡើងហើយ អទិន្នាទាន ក៏មានច្រើនឡើង កាលបើអទិន្នាទាន មានច្រើនឡើង​ហើយ គ្រឿងសស្ត្រាវុធ ក៏មានច្រើនឡើង កាលគ្រឿង​សស្ត្រាវុធ​មានច្រើនឡើងហើយ បាណាតិបាត ក៏មានច្រើនឡើង កាលបាណាតិបាតមានច្រើនឡើងហើយ មុសាវាទ ក៏មានច្រើនឡើង កាល​មុសាវាទ​មានច្រើនឡើងហើយ បិសុណាវាចា ក៏មានច្រើនឡើង កាលបិសុណាវាចា​មាន​ច្រើន​ឡើង​ហើយ កាមេសុ មិច្ឆាចារ ក៏មានច្រើនឡើង កាលកាមេសុ មិច្ឆាចារ មានច្រើនឡើងហើយ ធម៌២​ប្រការ គឺផរុសវាចា១ សម្ផប្បលាបៈ១ ក៏មានច្រើនឡើង កាលធម៌២​ប្រការ​មានច្រើនឡើងហើយ អភិជ្ឈា និងព្យាបាទ ក៏មានច្រើនឡើង កាលអភិជ្ឈា និងព្យាបាទ​ មានច្រើនឡើងហើយ មិច្ឆាទិដ្ឋិ ក៏មានច្រើនឡើង កាលមិច្ឆាទិដ្ឋិមានច្រើនឡើងហើយ ធម៌៣ប្រការ គឺអធម្មរាគៈ១ វិសមលោភៈ១ មិច្ឆាធម្មៈ១ ក៏មានច្រើនឡើង កាលធម៌៣ប្រការ មានច្រើនឡើង​ហើយ ធម៌ទាំងឡាយនេះ គឺការ​មិន​គោរព​មាតា មិនគោរពបិតា មិនគោរពសមណៈ មិនគោរពព្រាហ្មណ៍ មិនប្រព្រឹត្ត​កោតក្រែង ដល់​បុគ្គល​ជាធំ ក្នុងត្រកូល ក៏មានច្រើនឡើង កាលធម៌ទាំង​នេះ​ មានច្រើនឡើងហើយ ទាំងអាយុ ទាំង​ពណ៌សម្បុរ របស់សត្វទាំងនោះក៏ថយចុះ កាលសត្វ​ទាំងនោះថយទាំងអាយុ ថយទាំងពណ៌​សម្បុរ​ចុះហើយ កូនទាំងឡាយរបស់មនុស្ស ដែលមានអាយុ២រយ៥០ឆ្នាំ ក៏ថយមកមាន​អាយុ​ត្រឹម១រយ​ឆ្នាំ​វិញ។

[៤៦] ម្នាលភិក្ខុទាំងឡាយ (តទៅខាងមុខ) នឹងមានសម័យ ដែលកូនរបស់មនុស្ស​ទាំង​នេះ មានអាយុ១០ឆ្នាំ កាលបើមនុស្សមានអាយុ១០ឆ្នាំ ពួកនាងកុមារិកាអាយុ៥ឆ្នាំ នឹងល្មមឲ្យមានប្តី ម្នាលភិក្ខុទាំងឡាយ កាលបើមនុស្សមានអាយុ១០ឆ្នាំ រស (ដ៏ប្រសើរ) ទាំងនេះគឺ ទឹកដោះថ្លា ទឹកដោះខាប់ ប្រេង ទឹកឃ្មុំ ទឹកអំពៅ អំបិល នឹងបាត់ទៅ ម្នាលភិក្ខុទាំងឡាយ កាលបើពួកមនុស្ស​មានអាយុ១០ឆ្នាំ ស្មៅគែលលក នឹងជាភោជនដ៏ប្រសើរ ម្នាលភិក្ខុទាំងឡាយ ក្នុងកាលឥឡូវនេះ បាយស្រូវសាលី លាយដោយសាច់ ជាភោជនដ៏ប្រសើរ ដូចម្តេចមិញ ម្នាលភិក្ខុទាំងឡាយ កាលបើ​ពួកមនុស្ស មានអាយុ១០ឆ្នាំ ស្មៅគែលលក នឹងជាភោជនដ៏ប្រសើរ យ៉ាងនេះឯង ម្នាលភិក្ខុ​ទាំង​ឡាយ កាលបើពួកមនុស្ស​មានអាយុ១០ឆ្នាំ កុសលកម្មបទទាំង១០ នឹងសាបសូន្យទៅ គ្រប់អន្លើ អកុសលកម្មបទទាំង១០ នឹងចំរើនឡើង ម្នាលភិក្ខុទាំងឡាយ កាលបើពួកមនុស្ស​មានអាយុ១០ឆ្នាំ សូម្បីពាក្យថា កុសល ក៏មិនមាន បើដល់ម្ល៉ោះទៅហើយ មនុស្សអ្នកធ្វើកុសល តើ​នឹង​មានមកពីណា ម្នាលភិក្ខុទាំងឡាយ កាលបើពួកមនុស្ស​មានអាយុ១០ឆ្នាំ ជនទាំងឡាយណា​ ដែលជាអ្នក​មិនគោរព​មាតា មិនគោរពបិតា មិនគោរពសមណៈ មិនគោរពព្រាហ្មណ៍ មិនប្រព្រឹត្តកោតក្រែង​បុគ្គលជាច្បង​ក្នុង​ត្រកូល ជនទាំងនោះ នឹងជាអ្នកគួរគេបូជាផង នឹងជាអ្នកគួរ​គេសរសើរផង ម្នាលភិក្ខុទាំងឡាយ មនុស្ស​ក្នុងកាលឥឡូវនេះ ដែលជាអ្នកគោរពមាតា គោរពបិតា គោរពសមណៈ គោរពព្រាហ្មណ៍ ប្រព្រឹត្ត​កោតក្រែងបុគ្គល ជាច្បងក្នុងត្រកូល មនុស្សទាំងនោះ ទើប​ជាអ្នកគួរគេបូជាផង គួរគេ​សរសើរ​ផង ដូចម្តេចមិញ ម្នាលភិក្ខុទាំងឡាយ កាលបើពួកមនុស្ស​មានអាយុ១០ឆ្នាំ ជនណា​មិន​គោរព​មាតា មិនគោរពបិតា មិនគោរពសមណៈ មិនគោរពព្រាហ្មណ៍ មិនប្រព្រឹត្តកោតក្រែងបុគ្គល ជាច្បងក្នុងត្រកូល ជនទាំងនោះ ទើបជាអ្នកគួរគេបូជាផង គួរគេសរសើរផង ដូច្នោះឯង ម្នាលភិក្ខុ​ទាំងឡាយ កាលដែលមនុស្ស​មានអាយុ១០ឆ្នាំ នឹងមិនមាន​សេចក្តីគោរព កោតក្រែងថា (អ្នកនេះ) ជា​មាតា ជាម្តាយមីងខាងមាតា ជាបិតា ជាម្តាយមីង​ខាងបិតា ជាម្តាយធំខាងមាតា ជាភរិយា​របស់​អាចារ្យ ឬថា ជាប្រពន្ធនៃគ្រូ (នៃខ្លួន) ដូច្នេះឡើយ សត្វលោក នឹង​ច្រឡូកច្រឡំគ្នា ដូចជាពពែ មាន់ ជ្រូក ឆ្កែ ចចក ដូច្នោះឯង ម្នាលភិក្ខុទាំងឡាយ កាលដែលមនុស្ស​មានអាយុ១០ឆ្នាំ គំនុំដ៏ក្លៀវក្លា ព្យាបាទដ៏ក្លៀវក្លា ចិត្តប្រទូស្តដ៏ក្លៀវក្លា ចិត្តប្រាថ្នា​នឹងសម្លាប់ដ៏ក្លៀវក្លា នឹងកើតប្រាកដ ដល់គ្នានឹងគ្នា គឺមាតានឹងបុត្ត។ បុត្តនឹងមាតា។ បិតានឹងបុត្ត។ បុត្ត​នឹងបិតា។ បងប្អូនប្រុស នឹងបងប្អូនស្រី។ គំនុំដ៏​ក្លៀវក្លា ព្យាបាទដ៏ក្លៀវក្លា ចិត្តប្រទូស្តដ៏ក្លៀវក្លា ចិត្តប្រាថ្នា​នឹងសម្លាប់ដ៏ក្លៀវក្លា របស់បងប្អូនស្រី នឹងកើតប្រាកដ ដល់បងប្អូនប្រុស ម្នាលភិក្ខុទាំងឡាយ គំនុំដ៏ក្លៀវក្លា ព្យាបាទដ៏ក្លៀវក្លា ចិត្តប្រទូស្ត​ដ៏ក្លៀវក្លា ចិត្តប្រាថ្នា​នឹងសម្លាប់ដ៏ក្លៀវក្លា របស់ព្រានម្រឹគ កើតប្រាកដ ព្រោះឃើញម្រឹគ មានឧបមា​ដូច​ម្តេចមិញ ម្នាលភិក្ខុទាំងឡាយ កាលដែលមនុស្ស​មានអាយុ១០ឆ្នាំ គំនុំដ៏ក្លៀវក្លា ព្យាបាទដ៏​ក្លៀវក្លា ចិត្តប្រទូស្តដ៏ក្លៀវក្លា ចិត្តប្រាថ្នា​នឹងសម្លាប់ដ៏ក្លៀវក្លា របស់សត្វទាំងនោះ នឹងកើតប្រាកដ ដល់​គ្នានឹងគ្នា មានឧបមេយ្យដូច្នោះឯង គឺមាតានឹងបុត្ត។ បុត្តនឹងមាតា។ បិតានឹងបុត្ត។ បុត្ត​នឹងបិតា។ បងប្អូន​ប្រុស នឹងបងប្អូនស្រី។ គំនុំដ៏ក្លៀវក្លា ព្យាបាទដ៏ក្លៀវក្លា ចិត្តប្រទូស្តដ៏ក្លៀវក្លា ចិត្តប្រាថ្នា​នឹង​សម្លាប់ដ៏ក្លៀវក្លា របស់បងប្អូនស្រី នឹងកើតប្រាកដ ដល់បងប្អូនប្រុស។

[៤៧] ម្នាលភិក្ខុទាំងឡាយ កាលដែលមនុស្សមានអាយុ១០ឆ្នាំ សត្ថន្តរកប្ប (លោកវិនាសទៅ ដោយ​គ្រឿងសស្ត្រាវុធ) នឹងកើតមានឡើង អស់៧ថ្ងៃ មនុស្សទាំងនោះ នឹងសំគាល់គ្នាថា ដូចជាម្រឹគ គ្រឿងសស្ត្រាវុធ ដ៏មុតក្លា នឹងជាប់នៅតែក្នុងដៃ នៃមនុស្សទាំងនោះ មនុស្សទាំងនោះ សំគាល់ថា នេះ​ជាម្រឹគ ហើយក៏ផ្តាច់ជីវិតគ្នានឹងគ្នា ដោយគ្រឿងសស្ត្រាវុធដ៏មុតក្លា។ ម្នាលភិក្ខុទាំងឡាយ លំ​ដាប់នោះឯង បណ្តាសត្វទាំងនោះ សត្វពួកខ្លះ នឹងគិតគ្នាយ៉ាងនេះថា ពួកយើងកុំសម្លាប់បុរស​ណាមួយឡើង ទាំងបុរសណាមួយ ក៏កុំសម្លាប់ពួកយើងឡើង បើដូច្នោះ ពួកយើងគួរ​ចូលទៅរក​ស្មៅ​ស្បាត ព្រៃស្បាត ឈើស្បាត ស្ទឹង ដែលទៅមកបានដោយលំបាក ឬភ្នំ ដែលមិនរាបស្មើ ហើយយក​មើម និងផ្លែក្នុងព្រៃ ជាអាហារចិញ្ចឹមជីវិត។ សត្វទាំងនោះ នឹងចូល​ទៅរកស្មៅស្បាត ព្រៃស្បាត ឈើស្បាត ស្ទឹង ដែលទៅមកបានដោយលំបាក ឬភ្នំដែលមិនរាបស្មើ ហើយយកមើម និងផ្លែក្នុងព្រៃ ជាអាហារចិញ្ចឹមជីវិតអស់៧ថ្ងៃ។ លុះថ្ងៃ៧នោះ​ កន្លងទៅ​ ទើបសត្វអម្បាលនោះ ចេញមក អំពីស្មៅ​ស្បាត អំពីព្រៃស្បាត អំពីឈើស្បាត អំពីស្ទឹង ដែលទៅមកបានដោយលំបាក អំពីភ្នំ ដែល​មិនរាប​ស្មើ ហើយឱបគ្នាទៅវិញទៅមក រួចហើយ និយាយរាក់ទាក់ លួងលោមគ្នាក្នុងរោងទាំងឡាយ ដោយ​ពាក្យ​ថា ម្នាលអ្នកដ៏ចំរើន អ្នករស់នៅដូចពួកសត្វ ដែលយើងបានឃើញហើយ ម្នាលអ្នកដ៏ចំរើន អ្នករស់នៅដូចពួកសត្វ ដែលយើងបានឃើញហើយ។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះឯង សត្វ​អម្បាលនោះ នឹងមានសេចក្តីត្រិះរិះយ៉ាងនេះថា ពួកយើងនេះឯង បានជាដល់នូវការអស់ទៅ នៃ​ញាតិជាច្រើនដូច្នេះ ព្រោះហេតុតែកាន់ធម៌ជាអកុសលទាំងឡាយ បើដូច្នោះ មានតែពួកយើង ធ្វើ​កុសលវិញ តើគួរ​ធ្វើកុសលដូចម្តេច​ ណ្ហើយចុះ ពួកយើងគួរវៀរចាកបាណាតិបាត ប្រព្រឹត្ត​សមាទាន​នូវកុសលធម៌នេះចុះ។ ទើបសត្វទាំងនោះ នាំគ្នាវៀរចាកបាណាតិបាត ប្រព្រឹត្តសមាទាន នូវ​កុសល​ធម៌នេះ សត្វទាំងនោះ ក៏ចំរើនអាយុ ចំរើនពណ៌សម្បុរឡើង ព្រោះហេតុដែលបានសមាទាននូវ​កុសលធម៌ទាំងឡាយ កាលសត្វទាំងនោះ បានចំរើនអាយុ ចម្រើនពណ៌សម្បុរហើយ កូនទាំងឡាយ​របស់​ពួកមនុស្ស ដែលមានអាយុ១០ឆ្នាំ ក៏ត្រឡប់ទៅជាមានអាយុ២០ឆ្នាំឡើងវិញ។ ម្នាលភិក្ខុទាំង​ឡាយ លំដាប់នោះឯង សត្វអម្បាលនោះ នឹងមានសេចក្តីត្រិះរិះ យ៉ាងនេះថា ពួក​យើង​បាន​ចំរើន​អាយុ បានចំរើនពណ៌សម្បុរឡើងវិញ ព្រោះហេតុតែបានសមាទាននូវ​កុសលធម៌​ទាំង​ឡាយ បើ​ដូច្នោះ ពួកយើងគួរធ្វើកុសល ឲ្យច្រើនក្រៃលែង ជាងនេះទៅទៀត តើគួរធ្វើ​កុសលអ្វី ណ្ហើយចុះ ពួកយើងគួរវៀរចាកអទិន្នាទាន គួរវៀរចាកកាមេសុ មិច្ឆាចារ គួរវៀរចាកបិសុណាវាចា គួរវៀរចាក​ផរុសវាចា គួរវៀរចាកសម្ផប្បលាបៈ គួរលះបង់​អភិជ្ឈា គួរលះបង់ព្យាបាទ គួរលះបង់​មិច្ឆាទិដ្ឋិចេញ គួរលះ​បង់ធម៌៣ប្រការ គឺអធម្មរាគៈ១ វិសមលោភៈ១ មិច្ឆាធម្មៈ១ ចេញ បើដូច្នោះ ពួកយើង​គួរ​ជា​អ្នក​គោរពមាតា គោរពបិតា គោរពសមណៈ គោរពព្រាហ្មណ៍ និងជាអ្នកប្រព្រឹត្ត​កោត​ក្រែង​បុគ្គល​ជា​ច្បង​ក្នុងត្រកូល ពួកយើងគួរនាំគ្នាប្រព្រឹត្តសមាទាន នូវកុសលធម៌ទាំងនេះចុះ។ សត្វទាំងនោះ ក៏​ជា​អ្នក​គោរពមាតា គោរពបិតា គោរពសមណៈ គោរពព្រាហ្មណ៍ និងជាអ្នកប្រព្រឹត្ត​កោត​ក្រែង​បុគ្គល​ជា​ច្បង​ក្នុងត្រកូល ប្រព្រឹត្តសមាទាន នូវកុសលធម៌ទាំងនេះ ក៏បានចំរើនអាយុ ចំរើន​ពណ៌សម្បុរ​ឡើងវិញ ព្រោះហេតុដែលបានសមាទាននូវ​កុសលធម៌ទាំងនោះ កាលសត្វ​អម្បាលនោះ ចំរើនអាយុ ចម្រើនពណ៌សម្បុរឡើងហើយ កូនទាំងឡាយរបស់ពួកមនុស្ស ដែលមានអាយុ២០ឆ្នាំ ក៏មានអាយុ​៤០​ឆ្នាំឡើងវិញ។ កូនទាំងឡាយ របស់ពួកមនុស្ស​ ដែលមានអាយុ​៤០ឆ្នាំ ក៏មានអាយុ​៨០ឆ្នាំ​ឡើង​វិញ។ កូនទាំងឡាយ របស់ពួកមនុស្ស​ ដែលមាន​អាយុ​៨០ឆ្នាំ ក៏មានអាយុ១៦០ឆ្នាំឡើងវិញ។ កូន​ទាំង​ឡាយ របស់ពួកមនុស្ស​ ដែលមានអាយុ​១៦០ឆ្នាំ ក៏មានអាយុ៣២០ឆ្នាំឡើងវិញ។ កូនទាំងឡាយ របស់​ពួកមនុស្ស​ ដែលមានអាយុ​៣២០ឆ្នាំ ក៏មានអាយុ៦៤០ឆ្នាំឡើងវិញ។ កូនទាំងឡាយ របស់​ពួក​មនុស្ស​ ដែលមានអាយុ៦​៤០ឆ្នាំ ក៏មានអាយុ២ពាន់ឆ្នាំឡើងវិញ។ កូនទាំងឡាយ របស់ពួកមនុស្ស​ ដែល​មានអាយុ២ពាន់ឆ្នាំ ក៏មានអាយុ៤ពាន់ឆ្នាំឡើងវិញ។ កូនទាំងឡាយ របស់ពួកមនុស្ស​ ដែល​មាន​អាយុ​៤ពាន់ឆ្នាំ ក៏មានអាយុ៨ពាន់ឆ្នាំឡើងវិញ។ កូនទាំងឡាយ របស់ពួកមនុស្ស​ ដែលមាន​អាយុ​៨ពាន់ឆ្នាំ ក៏មានអាយុ២ម៉ឺនឆ្នាំឡើងវិញ។ កូនទាំងឡាយ របស់ពួកមនុស្ស​ ដែលមានអាយុ​២ម៉ឹន​ឆ្នាំ ក៏មានអាយុ៤ម៉ឺនឆ្នាំឡើងវិញ។ កូនទាំងឡាយ របស់ពួកមនុស្ស​ ដែលមានអាយុ​៤ម៉ឺនឆ្នាំ ក៏មានអាយុ​៨ម៉ឺនឆ្នាំឡើងវិញ។

[៤៨] ម្នាលភិក្ខុទាំងឡាយ កាលបើពួកមនុស្ស​មានអាយុ៨ហ្មឺនឆ្នាំ ពួកនាង​កុមារិកា មានអាយុ​៥០០ឆ្នាំ ទើបល្មមឲ្យមានប្តី។ ម្នាលភិក្ខុទាំងឡាយ កាលបើពួកមនុស្ស​មានអាយុ៨ហ្មឺនឆ្នាំ នឹងមាន​អាពាធតែ៣យ៉ាង គឺចំណង់ក្នុងអាហារ១ បរិភោគអាហារមិនបាន១ សេចក្តីគ្រាំគ្រារាងកាយ១។ ម្នាលភិក្ខុទាំងឡាយ កាលបើពួកមនុស្ស​មានអាយុ៨ហ្មឺនឆ្នាំ ជម្ពូទ្វីបនេះ នឹងជាទ្វីបស្តុកស្តម្ភធំ​ទូលាយ មានស្រុក និគម រាជធានី (តៗគ្នា) មួយរយៈមាត់ហើរធ្លាក់។ ម្នាលភិក្ខុទាំងឡាយ កាលបើ​ពួកមនុស្ស​មានអាយុ៨ហ្មឺនឆ្នាំ ជម្ពូទ្វីបនេះ នឹងពេញដោយពួកមនុស្ស (រកចន្លោះគ្មាន) ដូច​អវិចីនរក ពុំនោះសោត ដូចព្រៃប្របុស ឬព្រៃរាំងភ្នំ។ ម្នាលភិក្ខុទាំងឡាយ កាលបើពួកមនុស្ស​មានអាយុ​៨ហ្មឺន​ឆ្នាំ ក្រុងពារាណសីនេះ នឹងប្រែឈ្មោះជា កេតុមតីរាជធានីវិញ ជារាជធានី ស្តុក​ស្តម្ភ ធំទូលាយ មានជនក៏ច្រើន មានមនុស្សកុះករ និងមានភិក្ខាហារដ៏សម្បូណ៌។ ម្នាលភិក្ខុទាំងឡាយ កាលបើ​ពួក​មនុស្ស​មានអាយុ៨ហ្មឺនឆ្នាំ ក្នុងជម្ពូទ្វីបនេះ នឹងមាននគរ​៨ហ្មឺន៤ពាន់ មានកេតុមតីរាជ​ធានី ឯងជា​ប្រធាន។ ម្នាលភិក្ខុទាំងឡាយ កាលបើពួកមនុស្ស​មានអាយុ៨ហ្មឺនឆ្នាំ នឹងមានព្រះរាជា (១ព្រះអង្គ) ព្រះ​នាមសង្ខៈ ទ្រង់កើតឡើង ក្នុងកេតុមតីរាជធានី ជាស្តេចចក្រពត្តិ ទ្រង់ជាធម្មិកធម្មរាជ ជាឥស្សរៈ​លើផែនដី មានសមុទ្រទាំង៤ ជាទីបំផុត ជាស្តេចឈ្នះសង្គ្រាម ទ្រង់មានជនបទ ដល់នូវ​ថិរភាព ទ្រង់បរិបូណ៌ដោយរ័តន៍៧ប្រការ។ ឯរ័តន៍ទាំង៧ប្រការរបស់ព្រះបាទសង្ខៈនោះ គឺចក្ករ័តន៍ ១ ហត្ថិរ័តន៍១ អស្សរ័តន៍១ មណីរ័តន៍១ ឥត្ថីរ័តន៍១ គហបតីរ័តន៍១ បរិនាយករ័តន៍១ផង ជាគំរប់៧។ ឯព្រះបាទសង្ខៈនោះ នឹងមានព្រះរាជបុត្រច្រើនជាងពាន់ សុទ្ធសឹងក្លៀវក្លា អង់អាច អាចសង្កត់​សង្កិន នូវពួកសេនារបស់ស្តេចដទៃបាន។ ព្រះបាទសង្ខៈនោះ ទ្រង់ត្រួតត្រា គ្រប់គ្រងនូវផែនដី ដែល​មានសាគរ ជាទីបំផុត ដោយធម៌ មិនបាច់ប្រើអាជ្ញា មិនបាច់ប្រើគ្រឿង​សស្ត្រាវុធទេ។ ម្នាលភិក្ខុ​ទាំងឡាយ កាលបើពួកមនុស្សមានអាយុ៨ហ្មឺនឆ្នាំ ព្រះមានព្រះភាគ ទ្រង់ព្រះនាម ​មេត្តេយ្យៈ នឹងកើតឡើងក្នុងលោក ទ្រង់ឆ្ងាយចាកកិលេស ទ្រង់ត្រាស់ដឹងនូវញេយ្យធម៌ទាំងពួង ដោយប្រពៃ ចំពោះព្រះអង្គ ទ្រង់បរិបូណ៌ដោយវិជ្ជា និងចរណៈ ទ្រង់មានព្រះដំណើរល្អ ទ្រង់ជ្រាបច្បាស់នូវ​ត្រៃ​លោក ទ្រង់ប្រសើរ​ដោយសីលាទិគុណ ឥតមានបុគ្គល​ណាស្មើ ទ្រង់ទូន្មាន នូវបុរស ដែលគួរ​ទូន្មាន​ ទ្រង់ជាសាស្តានៃទេវតា និងមនុស្ស​ទាំងឡាយ ទ្រង់ជ្រាបច្បាស់ នូវចតុរារិយសច្ច ទ្រង់មានដំណើរ​ទៅ​កាន់​ត្រៃភព ខ្ជាក់ចោលហើយ ដូចជាតថាគត ដែលឆ្ងាយចាកកិលេស ត្រាស់ដឹងនូវ​ញេយ្យធម៌​ទាំងពួង ដោយប្រពៃ ចំពោះខ្លួនឯង បរិបូណ៌ដោយវិជ្ជា និងចរណៈ មានព្រះដំណើរល្អ ជ្រាបច្បាស់​នូវ​ត្រៃ​លោក ប្រសើរ​ដោយសីលាទិគុណ ឥតមានបុគ្គល​ណាស្មើ ទូន្មាន នូវបុរស ដែលគួរ​ទូន្មាន​ ជាសាស្តានៃទេវតា និងមនុស្ស​ទាំងឡាយ ជ្រាបច្បាស់ នូវចតុរារិយសច្ច មានដំណើរ​ទៅ​កាន់​ត្រៃភព ខ្ជាក់ចោលហើយ ដែលកើតឡើងក្នុងលោក ក្នុងកាលឥឡូវនេះដែរ។ ព្រះមេត្តេយ្យៈ​មានព្រះភាគអង្គ​នោះ ទ្រង់បានត្រាស់ដឹង បានធ្វើឲ្យជាក់ច្បាស់ នូវព្រះនិព្វាន ចំពោះព្រះអង្គ ហើយញុំាង​លោកនេះ ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ញុំាងពពួកសត្វ ព្រមទាំង​សមណៈ និងព្រាហ្មណ៍ ទាំងមនុស្ស ជាសម្មតិទេព និងមនុស្សដ៏សេស ឲ្យត្រាស់ដឹងផង ដូចតថាគត ដែលបានត្រាស់ដឹង ហើយធ្វើឲ្យជាក់ច្បាស់ នូវព្រះនិព្វាន ចំពោះខ្លួនឯង ហើយញុំាង​លោកនេះ ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ញុំាងពពួកសត្វ ព្រមទាំង​សមណៈ និងព្រាហ្មណ៍ ទាំងមនុស្ស ជាសម្មតិទេព និងមនុស្សដ៏សេស ឲ្យត្រាស់ដឹងផង ក្នុងកាលឥឡូវនេះដែរ។ ព្រះមេត្តេយ្យៈ​មានព្រះភាគអង្គនោះ នឹងទ្រង់សំដែង​ធម៌ ពីរោះបទដើម ពីរោះបទកណ្តាល ពីរោះ​បងចុង ទាំងទ្រង់ប្រកាសព្រហ្មចរិយធម៌ ព្រមទាំងអត្ថ និងព្យញ្ជនៈ ដ៏ពេញបរិបូណ៌ បរិសុទ្ធទាំង​អស់ ដូចតថាគត ដែលសំដែង​ធម៌ ពីរោះបទដើម ពីរោះបទកណ្តាល ពីរោះ​បងចុង ប្រកាស​ព្រហ្មចរិយធម៌ ព្រមទាំងអត្ថ និងព្យញ្ជនៈ ដ៏ពេញបរិបូណ៌ បរិសុទ្ធទាំង​អស់ ក្នុងកាលឥឡូវនេះដែរ។ ព្រះមេត្តេយ្យៈមានព្រះភាគអង្គនោះ នឹងគ្រប់គ្របនូវភិក្ខុសង្ឃច្រើនពាន់ ដូចតថាគ ដែល​គ្រប់គ្រង​នូវភិក្ខុសង្ឃ​ច្រើនរយ ក្នុងកាលឥឡូវនេះដែរ។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះឯង ព្រះបាទសង្ខៈ ទ្រង់ត្រាស់បង្គាប់ឲ្យលើកប្រាសាទ ដែលព្រះបាទមហាបនាទៈឲ្យកសាង ហើយទ្រង់ប្រថាប់នៅ (ក្នុង​ប្រាសាទនោះ) ទ្រង់លះបង់33) (ប្រាសាទនោះ) ឲ្យជាទាន ដល់ពួកសមណព្រាហ្មណ៍ កបណៈ (មនុស្សកំព្រា) អទ្ធិកៈ (អ្នក​ដំណើរ) វណិព្វកៈ (អ្នកនិយាយសរសើរហើយសូម) និងពួកយាចក (ស្មូម) រួចទ្រង់ដាក់ព្រះកេសា និងព្រះមស្សុ ទ្រង់ស្លៀកដណ្តប់កាសាវព័ស្ត្រ ចេញចាករាជាគារស្ថាន ចូលទៅកាន់ផ្នួស ក្នុងសំណាក់​នៃ​ព្រះមេត្តេយ្យៈមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ។ កាលព្រះបាទសង្ខៈនោះ ទ្រង់​ព្រះ​ផ្នួសយ៉ាងនេះហើយ ទ្រង់គេចចេញទៅតែមួយព្រះអង្គឯង ឥតមានសេចក្តី​ប្រមាទឡើយ មានសេចក្តីព្យាយាម ជាគ្រឿងដុតបង់នូវកិលេស មានព្រះហឫទ័យបែរឆ្ពោះទៅរកព្រះនិព្វាន ពួក​កុលបុត្រ ដែលចេញចាកផ្ទះ ទៅបួសក្នុងភាពជាបុគ្គល​មិនមានផ្ទះ ដោយប្រពៃ ដើម្បីប្រយោជន៍​ដល់​អនុត្តរធម៌ណា ពុំយូរប៉ុន្មាន ក៏ព្រះសង្ខត្ថេរ បានត្រាស់ដឹង បានធ្វើឲ្យជាក់ច្បាស់ នូវអនុត្តរធម៌​នោះ ដែលជាទីបំផុតនៃព្រហ្មចារ្យ ដោយខ្លួនឯង ក្នុងបច្ចុប្បន្ននេះ ក៏សម្រាកសម្រាន្តនៅ ដោយឥរិយាបថទាំង៤។

[៤៩] ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរមានខ្លួនជាទីពឹង មានខ្លួនជាទីពំនាក់ កុំមាន​របស់​ដទៃ ជាទីពឹងពំនាក់ឡើយ ចូរមានធម៌ជាទីពឹង មានធម៌ជាទីពំនាក់ កុំមាន​របស់​ដទៃ ជាទីពឹងពំនាក់ឡើយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមានខ្លួន​ជាទីពឹង មានខ្លួនជាទីពំនាក់ មិនមាន​របស់​ដទៃ ជាទីពឹងពំនាក់ មានធម៌​ជាទីពឹង មានធម៌ជាទីពំនាក់ មិនមាន​របស់​ដទៃ ជាទីពឹងពំនាក់ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណានូវកាយ ក្នុងកាយជាប្រក្រតី មានព្យាយាម ជាគ្រឿងដុតកំដៅនូវកិលេស មានប្រាជ្ញាដឹងសព្វ មានស្មារតី កំចាត់បង់នូវ​អភិជ្ឈា និងទោមនស្ស ក្នុងលោកបាន ពិចារណានូវវេទនា ក្នុងវេទនាទាំងឡាយ ជាប្រក្រតី មានព្យាយាម ជាគ្រឿងដុតបង់នូវកិលេស មានប្រាជ្ញាដឹងសព្វ មានស្មារតី កំចាត់បង់នូវ​អភិជ្ឈា និងទោមនស្ស ក្នុងលោកបាន ពិចារណានូវចិត្ត ក្នុងចិត្ត ជាប្រក្រតី មានព្យាយាម ជាគ្រឿងដុតបង់នូវកិលេស មានប្រាជ្ញាដឹងសព្វ មានស្មារតី កំចាត់បង់នូវ​អភិជ្ឈា និងទោមនស្ស ក្នុងលោកបាន ពិចារណានូវធម៌ ក្នុងធម៌ទាំងឡាយ ជាប្រក្រតី មានព្យាយាម ជាគ្រឿងដុតបង់នូវកិលេស មានប្រាជ្ញាដឹងសព្វ មានស្មារតី កំចាត់បង់នូវ​អភិជ្ឈា និងទោមនស្ស ក្នុងលោកបាន។ ម្នាលភិក្ខុទាំងឡាយ យ៉ាងនេះ ហៅថា ភិក្ខុមានខ្លួនជាទីពឹង មានខ្លួនជាទីពំនាក់ មិនមាន​របស់​ដទៃ ជាទីពឹងពំនាក់ មានធម៌ជាទីពឹង មានធម៌ជាទីពំនាក់ មិនមាន​របស់​ដទៃ ជាទីពឹងពំនាក់ឡើយ។

[៥០] ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរប្រព្រឹត្តក្នុងគោចរជាវិស័យ ដែលមានមក​អំពី​បិតានៃខ្លួន។ ម្នាលភិក្ខុទាំងឡាយ កាលបើអ្នកទាំងឡាយ ប្រព្រឹត្តក្នុងគោចរជាវិស័យ ដែលមានមក​អំពី​បិតានៃខ្លួន នឹងចំរើនអាយុផង ចំរើនពណ៌សម្បុរផង ចំរើនសេចក្តីសុខផង ចំរើនភោគៈផង​ ចំរើនកំឡាំងផង។ ម្នាលភិក្ខុទាំងឡាយ ចុះអ្វី (ជាហេតុឲ្យចំរើន) អាយុរបស់ភិក្ខុ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើនឥទ្ធិបាទ ប្រកបដោយឆន្ទសមាធិ និងបធានសង្ខារ ចំរើនឥទ្ធិបាទ ប្រកបដោយវីរិយសមាធិ និងបធានសង្ខារ… ចិត្តសមាធិ និងបធានសង្ខារ… វីមំសាសមាធិ និងបធានសង្ខារ… ភិក្ខុនោះ បើមានបំណង (នឹងរស់នៅ) គប្បីឋិតនៅអស់១អាយុកប្ប ឬ១អាយុកប្បប្លាយ ព្រោះហេតុតែបានចំរើន បានធ្វើឲ្យច្រើន នូវឥទ្ធិបាទទាំង៤នេះ។ ម្នាលភិក្ខុទាំងឡាយ នេះឯង (ជាហេតុ​ឲ្យចំរើន) អាយុរបស់ភិក្ខុ។ ម្នាលភិក្ខុទាំងឡាយ ចុះអ្វី (ជាហេតុឲ្យចំរើន) ពណ៌សម្បុរ របស់ភិក្ខុ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមានសីល សង្រួមក្នុងបាតិមោក្ខសំវរៈ បរិបូណ៌ ដោយអាចារ និងគោចរៈ ជាអ្នកឃើញ​ភ័យ​​ក្នុងទោស សូម្បីបន្តិចបន្តួច សមាទានសិក្សា ក្នុងសិក្ខាបទទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ នេះឯង (ជាហេតុ​ឲ្យចំរើន) សម្បុររបស់ភិក្ខុ។ ម្នាលភិក្ខុទាំងឡាយ ចុះអ្វី (ជាហេតុឲ្យចំរើន) សេចក្តីសុខ របស់ភិក្ខុ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាកអកុសល​ធម៌​ទាំងឡាយ ចូលបឋមជ្ឈាន ដែលប្រកបដោយវិតក្ក វិចារៈ មានបីតិ និងសុខៈ ដែលកើតអំពី​សេចក្តីស្ងប់ ជាអារម្មណ៍ ភិក្ខុនោះ លុះរម្ងាប់វិតក្កវិចារៈ​រួចហើយ។បេ។ ក៏ចូលទុតិយជ្ឈាន។ ចូលតតិយជ្ឈាន។ ចូលចតុត្ថជ្ឈាន។ ម្នាលភិក្ខុទាំងឡាយ នេះឯង (ជាហេតុ​ឲ្យចំរើន) សេចក្តីសុខរបស់ភិក្ខុ។ ម្នាលភិក្ខុទាំងឡាយ ចុះអ្វី (ជាហេតុឲ្យចំរើន) ភោគៈរបស់ភិក្ខុ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ មានចិត្តប្រកបដោយមេត្តា ផ្សាយទៅកាន់ទិស​ទី១ ទិស​ទី២ ក៏ដូចគ្នា ទិសទី៣ក៏ដូចគ្នា ទិសទី៤ក៏ដូចគ្នា តាមទំនងនេះ សូម្បីទិសខាងលើ ទិសខាងក្រោម ទិសទទឹង ក៏មានចិត្តប្រកបដោយមេត្តាដ៏ធំទូលាយ រកប្រមាណមិនបាន ជាចិត្ត​ឥតមាន​ចងពៀរ ឥត​មានព្យាបាទ ផ្សាយទៅកាន់សត្វលោកទាំងអស់ ព្រោះហេតុប្រៀបផ្ទឹមខ្លួន ឲ្យស្មើនឹងសត្វទាំងអស់ ក្នុងទិសទាំងពួង។ មានចិត្តប្រកបដោយករុណា។ មានចិត្តប្រកបដោយ​មុទិតា។ មានចិត្ត​ប្រកបដោយ​ឧបេក្ខា ផ្សាយទៅកាន់ទិស​ទី១ ទិស​ទី២ ក៏ដូចគ្នា ទិសទី៣ក៏ដូចគ្នា ទិសទី៤ក៏ដូចគ្នា តាមទំនងនេះ សូម្បីទិសខាងលើ ទិសខាងក្រោម ទិសទទឹង ក៏មានចិត្តប្រកបដោយឧបេក្ខាដ៏ធំទូលាយ រកប្រមាណ​មិនបាន ជាចិត្ត​ឥតមាន​ចងពៀរ ឥត​មានព្យាបាទ ផ្សាយទៅកាន់សត្វលោកទាំងអស់ ព្រោះហេតុ​ប្រៀប​​ផ្ទឹមខ្លួន ឲ្យស្មើនឹងសត្វទាំងអស់ ក្នុងទិសទាំងពួង។ ម្នាលភិក្ខុទាំងឡាយ នេះឯង (ជាហេតុ​ឲ្យចំរើន) ភោគៈរបស់ភិក្ខុ។ ម្នាលភិក្ខុទាំងឡាយ ចុះអ្វី (ជាហេតុឲ្យចំរើន) កំឡាំងរបស់ភិក្ខុ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ បានត្រាស់ដឹង បានធ្វើជាក់ច្បាស់ ដោយខ្លួនឯង នូវ​ចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់ទៅនៃអាសវៈទាំងឡាយ ក្នុងបច្ចុប្បន្ន​នេះ ហើយសម្រាកសម្រាន្ត ដោយឥរិយាបថទាំង៤។ ម្នាលភិក្ខុទាំងឡាយ នេះឯង (ជាហេតុឲ្យចំរើន) កំឡាំង​របស់ភិក្ខុ។ ម្នាលភិក្ខុទាំងឡាយ តថាគតពិចារណាមើល មិនឃើញកំឡាំងដទៃ សូម្បីតែ​កំឡាំង១ ដែលបុគ្គលគ្របសង្កត់បានដោយក្រ ឲ្យដូចជាកំឡាំងនៃមារនេះឡើយ ម្នាលភិក្ខុទាំងឡាយ បុណ្យនេះ តែងចំរើនឡើងយ៉ាងនេះ ព្រោះហេតុសមាទាន នូវកុសលធម៌​ទាំងឡាយ។ លុះ​ព្រះមានព្រះភាគ ទ្រង់សំដែង នូវព្រះសូត្រនេះចប់ហើយ។ ភិក្ខុទាំងនោះ ក៏មានចិត្ត​ត្រេកអរ រីករាយ ចំពោះភាសិតរបស់ព្រះមានព្រះភាគ។

ចប់ ចក្កវត្តិសូត្រ ទី៣។

អគ្គញ្ញសូត្រ ទី៤

(៤. អគ្គញ្ញសុត្តំ)

[៥១] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងប្រាសាទ របស់​មិគារមាតា (នាងវិសាខា) ក្នុងវត្តបុព្វារាម ជិតក្រុងសាវត្ថី។ សម័យនោះឯង វាសេដ្ឋសាមណេរ និងភារទ្វាជសាមណេរ34) មានប្រាថ្នានឹងបួសជាភិក្ខុ ទើបធ្វើតិត្ថិយបរិវាស ក្នុងសំណាក់​ភិក្ខុទាំងឡាយ។ លំដាប់នោះឯង វេលាថ្ងៃរសៀល ព្រះមានព្រះភាគ ទ្រង់ចេញចាកទីសម្ងំ ហើយចុះ​អំពីប្រាសាទ ទៅចង្ក្រមក្នុងទីវាល ត្រង់ម្លប់ប្រាសាទ។ ឯវាសេដ្ឋសាមណេរ ក៏បានឃើញ​ព្រះមានព្រះភាគ ដែលទ្រង់ចេញចាកទីសម្ងំ ក្នុងវេលាថ្ងៃរសៀល ហើយចុះអំពីប្រាសាទ ទៅចង្ក្រម​ក្នុងទីវាល ត្រង់ម្លប់​ប្រាសាទ លុះឃើញហើយ ក៏ប្រាប់ភារទ្វាជសាមណេរថា ម្នាលអាវុសោភារទ្វាជៈ ព្រះមានព្រះភាគនេះ ទ្រង់ចេញចាកទីសម្ងំ ក្នុងវេលាថ្ងៃរសៀល ហើយចុះអំពីប្រាសាទ កំពុងចង្ក្រម​ក្នុងទីវាល ត្រង់ម្លប់​ប្រាសាទ ម្នាលអាវុសោភារទ្វាជៈ មក យើងនឹង​ចូលទៅគាល់ព្រះមានព្រះភាគ ក្រែងលោយើងនឹងបានស្តាប់ធម្មីកថា ចំពោះ​ព្រះភក្ត្រ នៃ​ព្រះមានព្រះភាគ។ ភារទ្វាជសាមណេរ ក៏បានទទួលស្តាប់ពាក្យវាសេដ្ឋសាមណេរ ថា អើអាវុសោ។ គ្រានោះឯង វាសេដ្ឋសាមណេរ និងភារទ្វាជសាមណេរ នាំគ្នាចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះមានព្រះភាគ ហើយក៏ដើរតាមព្រះមានព្រះភាគ ដែល​កំពុង​ចង្ក្រម។ លំដាប់នោះឯង ព្រះមានព្រះភាគ ទ្រង់មានព្រះបន្ទូល នឹងវាសេដ្ឋសាមណេរថា ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ អ្នកទាំងឡាយ ជាជាតិព្រាហ្មណ៍ ជាត្រកូលព្រាហ្មណ៍ បានលះបង់ត្រកូល​ព្រាហ្មណ៍ ចេញចាកផ្ទះ ចូលមកកាន់ផ្នួស ចុះពួកព្រាហ្មណ៍ដ៏ប្រសើរ មិនជេរ មិនប្រទេចអ្នកទាំងឡាយទេឬ។ វាសេដ្ឋសាមណេរ ក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន ពួក​ព្រាហ្មណ៍ ជេរប្រទេចយើងទាំងឡាយ ដោយពាក្យប្រទេច តាមចិត្តគេពេញទី មិនមែនខ្វះកន្លះទេ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់សួរថា ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ ចុះពួកព្រាហ្មណ៍ ជេរប្រទេច​អ្នក​ទាំងឡាយ ដោយពាក្យប្រទេច តាមចិត្តគេពេញទី មិនមែនខ្វះកន្លះទេ​ តើដូចម្តេច។ វាសេដ្ឋសាមណេរ​ក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន ពួកព្រាហ្មណ៍និយាយយ៉ាងនេះថា មានតែ​ព្រាហ្មណ៍ ទើបជាវណ្ណៈ35) ប្រសើរបំផុត ពួកជនឯទៀត ជាវណ្ណៈថោកថយ មានតែព្រាហ្មណ៍ ទើបជាវណ្ណៈស ពួកជន​ឯទៀត ជាវណ្ណៈខ្មៅ មានតែពួកព្រាហ្មណ៍ ទើបបរិសុទ្ធ​ ពួកជន​ដែល​មិនមែន​ព្រាហ្មណ៍ មិនបរិសុទ្ធទេ ពួកព្រាហ្មណ៍ ជាបុត្រ ជាឱរសរបស់ព្រហ្ម កើតអំពីព្រះឱស្ឋព្រហ្ម កើតមកអំពីព្រហ្ម ព្រហ្មបានតាក់តែងមក ជាទាយាទ36) របស់ព្រហ្ម ឯអ្នក​ទាំងឡាយនោះ លះចោលវណ្ណៈដ៏​ប្រសើរ​ចេញ ហើយត្រឡប់មកកាន់វណ្ណៈ​ថោកថយ​វិញ គឺ​ត្រឡប់ចូលទៅក្នុងសំណាក់​សមណៈ​ត្រងោល ជាគហបតី វណ្ណៈខ្មៅ ជាពួកនៃមារ កើតអំពី​ព្រះបាទ​ព្រហ្ម ក៏អ្នកទាំងឡាយលះចោល​វណ្ណៈ​ដ៏ប្រសើរចេញ ហើយត្រឡប់មកកាន់វណ្ណៈ​ថោកថយ​វិញ គឺ​ត្រឡប់ចូលទៅក្នុងសំណាក់​សមណៈត្រងោល ជាគហបតី វណ្ណៈខ្មៅ ជាពួកនៃមារ កើតអំពី​ព្រះបាទ​ព្រហ្ម ដោយហេតុណា ហេតុនោះ ពុំប្រពៃ ពុំសមគួរឡើយ។ បពិត្រព្រះអង្គដ៏ចំរើន ពួកព្រាហ្មណ៍ ជេរ​ប្រទេច​យើង​ទាំង​ឡាយ ដោយពាក្យប្រទេច តាមចិត្តគេពេញទី មិនមែនខ្វះកន្លះទេ យ៉ាងនេះឯង។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា អើវាសេដ្ឋៈ និងភារទ្វាជៈ ពួកព្រាហ្មណ៍របស់អ្នក​ទាំងឡាយ មិនបានដឹង នូវការកើត​ឡើង នៃលោកអំពីដើមមកទេ ទើបបាន​ជានិយាយ​យ៉ាងនេះថា មានតែ​ព្រាហ្មណ៍ ទើបជា​វណ្ណៈ​ប្រសើរបំផុត ពួកជនឯទៀត ជាវណ្ណៈថោកថយ មានតែព្រាហ្មណ៍ ទើបជាវណ្ណៈស ពួកជន​ឯទៀត ជាវណ្ណៈខ្មៅ មានតែពួកព្រាហ្មណ៍ ទើបបរិសុទ្ធ​ ពួកជន​ដែល​មិនមែន​ជាព្រាហ្មណ៍ មិនបរិសុទ្ធទេ ពួកព្រាហ្មណ៍ ជាបុត្រ ជាឱរសរបស់ព្រហ្ម កើតអំពីព្រះឱស្ឋព្រហ្ម កើតអំពីព្រហ្ម ព្រហ្ម​បាន​តាក់​តែង​មក ជាទាយាទរបស់ព្រហ្ម។ ម្នាល​វាសេដ្ឋៈ និងភារទ្វាជៈ ឯពួកនាងព្រាហ្មណី ដែលមានរដូវក្តី មាន​គភ៌ក្តី កំពុងសម្រាលកូនក្តី កំពុងបំបៅកូនក្តី សឹងប្រាកដដល់ពួកព្រាហ្មណី ឯពួក​ព្រាហ្មណ៍​ទាំង​នោះ ក៏សុទ្ធតែកើតមកអំពីយោនី (នាង​ព្រាហ្មណី) តែត្រឡប់ជានិយាយយ៉ាងនេះវិញថា មានតែ​ព្រាហ្មណ៍ ទើបជាវណ្ណៈ​ប្រសើរបំផុត​។បេ។ ជាទាយាទរបស់ព្រហ្មដូច្នេះ។ ឯព្រាហ្មណ៍ទាំងនោះ ឈ្មោះថា និយាយបង្កាច់ព្រហ្មផង និយាយកុហក​ផង រមែងទទួលនូវ​បាបច្រើន។

[៥២] ម្នាលវាសេដ្ឋៈនិងភារទ្វាជៈ វណ្ណៈទាំងឡាយនេះមាន៤ពួក គឺខត្តិយៈ១ ព្រាហ្មណ៍១ វេស្សៈ១ សុទ្ទៈ១។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ ទោះខត្តិយៈពួកខ្លះ ក្នុងលោកនេះ ក៏ជាអ្នកសម្លាប់​សត្វ លួចទ្រព្យគេ ប្រព្រឹត្តខុសក្នុងកាមទាំងឡាយ និយាយពាក្យកុហក និយាយពាក្យញុះញង់ និយាយពាក្យទ្រគោះ និយាយពាក្យឥតប្រយោជន៍ ជាអ្នកមានសេចក្តីលោភ មានចិត្តប្រកប​ដោយ​ព្យាបាទ មានសេចក្តីយល់ខុសដែរ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈព្រោះហេតុនេះឯង ធម៌ទាំង​ឡាយ​ណា ជាអកុសល ក៏រាប់ថា ជាអកុសល ដែលមានទោស ក៏រាប់ថា មានទោស ដែលមិនគួរ​សេព ក៏រាប់ថា មិនគួរសេព ដែល​មិនសមគួរ​ ក្នុងអរិយភាវៈ ក៏រាប់ថា មិនសមគួរ ក្នុងអរិយភាវៈ ជាធម៌ខ្មៅ មានផលខ្មៅ ដែលវិញ្ញូជន តែងតិះដៀល។ ធម៌ទាំងឡាយនោះ តែងប្រាកដក្នុងខត្តិយៈពួកខ្លះ ក្នុងលោកនេះឯង។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ ទោះព្រាហ្មណ៍។បេ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ ទោះវេស្សៈ។បេ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ ទោះសុទ្ទពួកខ្លះ ក្នុងលោកនេះ ក៏ជាអ្នកសម្លាប់សត្វ លួច​ទ្រព្យគេ។បេ។ មានសេចក្តីយល់ខុសដែរ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ ព្រោះហេតុនេះឯង ធម៌​ទាំងឡាយណា ជាអកុសល ក៏រាប់ថា ជាអកុសល។បេ។ ជាធម៌ខ្មៅ មានផលខ្មៅ ដែលវិញ្ញូជន​ តែង​តិះដៀល។ ធម៌ទាំងឡាយនោះ តែងប្រាកដ ក្នុងសុទ្ទៈពួកខ្លះ ក្នុងលោកនេះឯង។

[៥៣] ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ ទោះខត្តិយៈពួកខ្លះ ក្នុងលោកនេះ ក៏ជាអ្នកវៀរ​ចាក​បាណាតិបាត វៀរចាកអទិន្នាទាន វៀរចាកកាមេសុ មិច្ឆាចារ វៀរចាកមុសាវាទ វៀរចាកបិសុណាវាចា វៀរចាក​ផរុសវាចា វៀរចាកសម្ផប្បលាបៈ ជាអ្នកមិនមានសេចក្តីលោភ មិនមានចិត្តព្យាបាទ មានសេចក្តី​​យល់ត្រូវដែរ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ ព្រោះហេតុនេះឯង ធម៌ទាំងឡាយណា​ជា​កុសល ក៏រាប់ថា ជាកុសល ដែលមិនមានទោស ក៏រាប់ថា មិនមានទោស ដែល​គួរសេព ក៏រាប់ថា គួរសេព ដែលសមគួរ ក្នុងអរិយភាវៈ ក៏រាប់ថា សមគួរក្នុងអរិយភាវៈ ជាធម៌ស មានផល​ស ដែល​វិញ្ញូជន​តែង​សរសើរ។ ធម៌ទាំងឡាយនោះ តែងប្រាកដក្នុងខត្តិយៈ ពួកខ្លះ ក្នុង​លោកនេះឯង។ ម្នាល​វាសេដ្ឋៈ និងភារទ្វាជៈ ទោះព្រាហ្មណ៍។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ ទោះ​វេស្សៈ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ ទោះសុទ្ទៈ ពួកខ្លះ ក្នុងលោកនេះ ក៏ជាអ្នកវៀរចាក​បាណាតិបាត។បេ។ ជាអ្នកមិន​មាន​សេចក្តីលោភ មិនមានចិត្តព្យាបាទ មានសេចក្តីយល់ត្រូវដែរ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ ព្រោះ​ហេតុ​នេះឯង ធម៌ទាំងឡាយណាជាកុសល ក៏រាប់ថា ជាកុសល ដែលមិនមានទោស ក៏រាប់ថា មិនមានទោស ដែល​គួរសេព ក៏រាប់ថា គួរសេព ដែលសមគួរ​ក្នុង​អរិយភាវៈ ក៏រាប់ថា សមគួរក្នុង​អរិយភាវៈ ជាធម៌ស មានផល​ស ដែលវិញ្ញូជនតែង​សរសើរ។ ធម៌ទាំងឡាយនោះ តែងប្រាកដ​ក្នុង​សុទ្ទៈ​ពួកខ្លះ ក្នុង​លោកនេះឯង។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ កាលបើវណ្ណៈ​ទាំង៤ពួកនេះឯង ប្រព្រឹត្ត​ច្រឡូកច្រឡំគ្នា ក្នុងធម៌ពីរពួក គឺធម៌ខ្មៅ និងធម៌ស ដែល​វិញ្ញូជនតែង​តិះដៀលខ្លះ សរសើរ​ខ្លះ បើពួកព្រាហ្មណ៍ (ដែល​កំពុងប្រព្រឹត្ត) ក្នុងធម៌ខ្មៅ និងធម៌​ស​នោះ និយាយយ៉ាងនេះថា មាន​តែ​ព្រាហ្មណ៍ ទើបជាវណ្ណៈប្រសើរបំផុត ពួកជនឯទៀត ជាវណ្ណៈ​ថោកទាប មានតែព្រាហ្មណ៍ ទើបជា​វណ្ណៈស ពួកជនឯទៀត ជាវណ្ណៈខ្មៅ មានតែពួកព្រាហ្មណ៍ ទើប​បរិសុទ្ធ ពួកជនដែល​មិន​មែនជា​ព្រាហ្មណ៍ មិនបរិសុទ្ធទេ ពួកព្រាហ្មណ៍ ជាបុត្រ ជាឱរសរបស់​ព្រហ្ម កើតអំពីព្រះឱស្ឋព្រហ្ម កើត​អំពី​ព្រហ្ម ព្រហ្មបានតាក់តែងមក ជាទាយាទរបស់ព្រហ្មដូច្នេះ។ វិញ្ញូជន​ទាំងឡាយ មិនយល់ព្រមតាម គឺ​មិនសរសើរនូវពាក្យ របស់ពួកព្រាហ្មណ៍ទាំងនោះទេ។ ដំណើរនោះ តើព្រោះហេតុអ្វី។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ ព្រោះថា បណ្តាវណ្ណៈទាំង៤ពួកនេះ វណ្ណៈណា ជាភិក្ខុឆ្ងាយចាកកិលេស អស់​អាសវៈ​ហើយ ប្រព្រឹត្តព្រហ្មចារ្យ រួចស្រេចហើយ បានធ្វើ​សោឡសកិច្ច​ស្រេចហើយ មានភារៈ គឺកិលេស និងខន្ធដាក់ចុះហើយ បានសម្រេចប្រយោជន៍របស់ខ្លួន​តាម​លំដាប់​ហើយ មានតណ្ហា ជាគ្រឿងចង ក្នុងភពអស់រលីងហើយ មានចិត្ត​ផុតស្រឡះហើយ ព្រោះ​បាន​ត្រាស់ដឹង​ដោយប្រពៃ វណ្ណៈនោះ ប្រាកដជាបុគ្គលប្រសើរលើស ជាងវណ្ណៈទាំងនោះ ដោយធម៌ពិត មិនមែន​ដោយអធម៌ទេ។ ម្នាល​វាសេដ្ឋៈ និងភារទ្វាជៈ ព្រោះថា ធម៌ជាគុណដ៏ប្រសើរបំផុត ក្នុងប្រជុំជន ទាំងបច្ចុប្បន្ន និងបរលោក។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ បើដោយបរិយាយនេះឯង អ្នក​គប្បីដឹងយ៉ាងនេះថា ធម៌ជាគុណ​ដ៏​ប្រសើរ​បំផុត ក្នុងប្រជុំជន ទាំងបច្ចុប្បន្ន និងបរលោក។

[៥៤] ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ ព្រះបាទបសេនទិកោសល ទ្រង់ជ្រាបថា ព្រះសមណ​គោតម ជាបុគ្គលខ្ពង់ខ្ពស់ ចេញចាកសក្យត្រកូល មកទ្រង់ព្រះផ្នួស។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ ប៉ុនអម្បាលពួកសក្យៈ គង់ជាចំណុះព្រះបាទបសេនទិកោសល មិនមានចន្លោះ។37) ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ ពួកសក្យៈតែងធ្វើសេចក្តីគោរព ថ្វាយបង្គំ ក្រោកទទួល អញ្ជលិកម្ម និង​សាមីចិកម្ម ចំពោះ​ព្រះបាទ​បសេនទិកោសល។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ ពួកសក្យៈ តែង​ធ្វើ​សេចក្តីគោរព ថ្វាយបង្គំ ក្រោក​ទទួល អញ្ជលិកម្ម និងសាមីចិកម្មណាៗ​ ចំពោះព្រះបាទបសេនទិកោសល ឯព្រះបាទ​បសេន​ទិ​កោសល ក៏ទ្រង់ធ្វើសេចក្តីគោរព ថ្វាយបង្គំ ក្រោកទទួល អញ្ជលិកម្ម និងសាមីចិកម្មនោះៗ ចំពោះ​តថាគតដែរ ដោយទ្រង់ព្រះដំរិះថា ព្រះសមណគោតម ព្រះអង្គមានជាតិបរិសុទ្ធ អាត្មាអញ​ជា​មនុស្ស មានជាតិមិនបរិសុទ្ធ ព្រះសមណ​គោតម ព្រះអង្គមានកំឡាំង អាត្មាអញជាមនុស្ស មានកំឡាំង​​ថយ ព្រះសមណគោតម ព្រះអង្គមាន​សម្បុរជ្រះថ្លា អាត្មាអញជាមនុស្ស មាន​សម្បុរ​សៅហ្មង ព្រះសមណគោតម ព្រះអង្គមានសក្តានុភាព​ច្រើន អាត្មាអញជាមនុស្ស មានសក្តានុភាព​តិច ដូច្នេះ តពីនោះមក ទ្រង់ក៏ធ្វើសក្ការៈ ចំពោះធម៌នោះ ធ្វើសេចក្តីគោរពធម៌ រាប់អានធម៌ បូជាធម៌ កោតក្រែងធម៌ ដោយប្រការដូច្នេះឯង។ ព្រះបាទបសេនទិ​កោសល ទ្រង់ធ្វើសេចក្តីគោរព ថ្វាយបង្គំ ក្រោកទទួល អញ្ជលិកម្ម និងសាមីចិកម្ម ចំពោះ​តថាគត យ៉ាងនេះឯង។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ បើដោយបរិយាយនេះឯង អ្នកគប្បីដឹងយ៉ាងនេះថា ធម៌​ជាគុណប្រសើរបំផុត ក្នុងប្រជុំជន ទាំងបច្ចុប្បន្ន និងបរលោក។

[៥៥] ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ អ្នកទាំងឡាយមានជាតិផ្សេងៗគ្នា មានឈ្មោះផ្សេងៗគ្នា មានគោត្រផ្សេងៗគ្នា មានត្រកូលផ្សេងៗគ្នា ចេញចាកផ្ទះ មកកាន់ផ្នួស បើមានគេសួរថា លោកទាំង​ឡាយជាអ្វី ដូច្នេះ ចូរប្រាប់ទៅគេវិញថា យើងជាសមណសក្យបុត្តិយ៍។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ បើជនណាមានសទ្ធា គឺការជឿស្លុងចុះស៊ប់ហើយ មានឫសដុះតាំងខ្ជាប់មំាមួន ក្នុងតថាគត ទោះបី​សមណព្រាហ្មណ៍ ទេវតា ព្រហ្ម ឬនរណាមួយ ក្នុងលោក ក៏មិនអាចនឹងបំបែរ ឲ្យត្រឡប់បានឡើយ ជននោះគួរនិយាយ យ៉ាងនេះថា ខ្ញុំជាបុត្រ ជាឱរស នៃ​ព្រះមានព្រះភាគ កើតមកអំពី​ព្រះឱស្ឋ របស់​ព្រះមានព្រះភាគ កើតមកអំពីធម៌ ធម៌តាក់តែងមក ជាទាយាទរបស់ធម៌។ ព្រោះហេតុអ្វី បានជា​តថាគត ថាដូច្នោះ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ ព្រោះពាក្យថា ធម្មកាយ ដូច្នេះក្តី ព្រហ្មកាយ ដូច្នេះក្តី ធម្មភូតដូច្នេះក្តី ព្រហ្មភូតដូច្នេះក្តី ជាឈ្មោះ​របស់តថាគត។

[៥៦] ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ មានសម័យដែលលោកនេះត្រូវវិនាសម្តងៗ ដោយ​ការ​កន្លង​កាល ជាយូរអង្វែង កាលដែលលោកកំពុងតែវិនាសទៅ មានពួកសត្វ​បានទៅកើត​ក្នុង​អាភស្សរព្រហ្ម ដោយច្រើន ពួកសត្វទាំងនោះ ជាអ្នកកើត ដោយឈានចិត្ត38) មានបីតិជាអាហារ39) មានរស្មីភ្លឺចេញឯង ត្រាច់ទៅក្នុងអាកាសបាន ឋិតនៅក្នុងវិមានដ៏ល្អ នៅអស់កាល ជាយូរអង្វែង។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ មានសម័យ ដែលលោកនេះត្រូវចំរើន​ឡើង​ម្តងៗ ដោយកាលកន្លង ជាយូរអង្វែងទៅ កាលដែលលោកកំពុងតែចំរើនឡើង សត្វទាំងឡាយ​ច្យុត​ចាកអាភស្សរព្រហ្ម មកកាន់ភាពជាមនុស្សនេះ ឯសត្វទាំងនោះ ជាអ្នកកើត​ដោយឈានចិត្ត មាន​បីតិជាអាហារ មានពន្លឺភ្លឺចេញឯង ត្រាច់ទៅក្នុងអាកាសបាន ឋិតនៅក្នុងវិមានដ៏ល្អ នៅអស់​កាលជា​យូរអង្វែង។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ សម័យនោះឯង ចក្រវាឡទាំងអស់ ក៏រលាយទៅ​ជា​ទឹក​ចូលគ្នា មានងងឹតអព្ទសូន្យសុង ព្រះចន្ទ្រ និងព្រះអាទិត្យ ក៏មិនប្រាកដ នក្ខត្តឬក្ស ដែលមានរូប ជាផ្កាយទាំង​ឡាយ ក៏មិនប្រាកដ យប់និងថ្ងៃ ក៏មិនប្រាកដ ខែមួយ និងកន្លះខែ​ ក៏មិនប្រាកដ រដូវ​និងឆ្នាំ ក៏មិនប្រាកដ ស្រីនិងប្រុស ក៏មិនប្រាកដ។ សត្វទាំងឡាយ ក៏គ្រាន់តែរាប់ថា ជាសត្វ​ប៉ុណ្ណោះ​ឯង។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ លុះកាលកន្លងទៅ​ជាយូរអង្វែងម្តងៗ ផែនដី មានរសអណ្តែត​ដាស​លើទឹក សំរាប់សត្វទាំងនោះ ប្រាកដដូចជាទឹកដោះក្តៅ រលាយអណ្តែតដាស នៅលើ​ទឹក​ដូច្នោះ ផែនដីមានរសនោះ មានសម្បុរល្អ មានក្លិនក្រអូប មានរសផ្អែម មានសម្បុរស ដូចទឹកដោះថ្លា ឬដូចទឹកដោះខាប់ ដែលមានរសផ្អែម ផែនដីនុ៎ះ មានរសឆ្ងាញ់ពិសា ដូចទឹកឃ្មុំតូច (ឃ្មុំផ្លិត) ដែល​ឥត​ទោស (គ្មានកូនឃ្មុំ)។​ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ គ្រានោះឯង មានសត្វម្នាក់ មានជាតិជាអ្នក លេះលោះគិតថា យីអើ នេះជាអ្វីអេះ ក៏យកចង្អុលដៃ (ឆ្កឹះយក) ផែនដីមានរសមកលិទ្ធមើល កាល​សត្វ​នោះយកចង្អុលដៃ (ឆ្កឹះយក) ផែនដីមានរសមកលិទ្ធភ្លក្សមើល រសផែនដីក៏ជ្រួតជ្រាបទៅ សព្វ​សរសៃ​សម្រាប់ទទួលនូវរស ឯសេចក្តីប្រាថ្នា​ក្នុងរស ក៏កើតដល់សត្វនោះ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ មានពួកសត្វដទៃទៀត កាលយកតម្រាប់តាម​សត្វនោះ នាំគ្នាយកចង្អុលដៃ (ឆ្កឹះយក) ផែនដីមានរស មកលិទ្ធភ្លក្សមើល។​ កាលពួកសត្វទាំងនោះ លិទ្ធភ្លក្សរសផែនដីនឹងចង្អុលដៃ រស​ផែនដី ក៏ជ្រួតជ្រាបទៅ (សព្វសរសៃសម្រាប់ទទួលនូវរស) ឯសេចក្តីប្រាថ្នាក្នុងរស ក៏កើត​ឡើង ដល់​ពួកសត្វទាំងនោះ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ លំដាប់នោះ ក៏សត្វទាំងនោះនាំយកដៃ កកាយ​ផែនដី ដែលមានរស មកធ្វើជាពំនូត ហើយបរិភោគ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ កាលដែល​សត្វ​ទាំងឡាយ នាំគ្នាយកដៃកកាយផែនដី ដែលមានរស មកធ្វើជាពំនូត ហើយបរិភោគ ពន្លឺដែលភ្លឺ​ចេញឯង (អំពីកាយ) របស់សត្វទាំងនោះ ក៏សាប​សូន្យបាត់ទៅ។ លុះពន្លឺដែលភ្លឺចេញឯង សាបសូន្យ​ទៅហើយ ព្រះចន្ទ្រ​ និងព្រះអាទិត្យ ក៏កើតប្រាកដឡើង លុះព្រះចន្ទ្រ និង​ព្រះអាទិត្យកើត ប្រាកដ​ឡើងហើយ នក្ខត្តឫក្ស ដែលមានរូបជាផ្កាយទាំងឡាយ ក៏កើតប្រាកដឡើង លុះនក្ខត្តឫក្ស ដែល​មានរូបជាផ្កាយទាំងឡាយ កើតប្រាកដឡើងហើយ យប់និងថ្ងៃ ក៏កើតប្រាកដឡើង លុះយប់​និងថ្ងៃ កើតប្រាកដឡើងហើយ ខែ១ និងកន្លះខែ ក៏កើតប្រាកដ​ឡើង លុះខែ១ និងកន្លះខែ កើត​ប្រាកដ​ឡើង​ហើយ រដូវនិងឆ្នាំ ក៏កើត​ប្រាកដឡើង។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ លោកនេះចំរើន​ឡើង​វិញ ដោយហេតុប៉ុណ្ណេះឯង។

[៥៧] ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ គ្រាកាលពួកសត្វទាំងនោះ នាំគ្នា​បរិភោគផែនដីមានរស យកផែនដី​នោះជាចំណី យកផែនដីនោះ​ជាអាហារ ហើយឋិតនៅ អស់កាលជាយូរអង្វែង​។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ កាលពួកសត្វ​ទាំងនោះ បរិភោគផែនដីមានរស យកផែនដីនោះ​ជា​ចំណី យកផែនដីនោះជាអាហារ ហើយឋិតនៅអស់កាលយូរអង្វែង​ ដោយប្រការយ៉ាងណាៗ សេចក្តី​រឹងប៉ឹង ក្នុងរាងកាយរបស់សត្វទាំងនោះ ក៏កើតឡើងទាំងពណ៌​សម្បុរក៏ប្លែកៗគ្នា​ ប្រាកដឡើង ដោយ​ប្រការ​យ៉ាង​នោះៗ។ សត្វពួកខ្លះមានសម្បុរល្អ សត្វពួកខ្លះមានសម្បុរអាក្រក់។ បណ្តា​សត្វទាំងពីរពួកនោះ ពួកសត្វណា ដែលមាន​សម្បុរល្អ ពួកសត្វនោះ​ តែងមើលងាយពួកសត្វ ដែលមានសម្បុរអាក្រក់ថា ពួកយើងមាន​សម្បុរល្អ លើសជាងពួកសត្វនុ៎ះ ពួកសត្វនុ៎ះ ​មានសម្បុរអាក្រក់ ​ជាងពួកយើង។ កាល​សត្វទាំងនោះ មានសេចក្តីប្រកាន់ខ្លួន ​និងការមើលងាយកើតឡើង ព្រោះបច្ច័យ នៃ​សេចក្តី​មើល​ងាយ​ នូវ​សម្បុរគ្នា ផែនដីដែលមានរស ក៏សាបសូន្យអស់ទៅ។ លុះផែនដី​ដែលមានរស សាប​សូន្យ​ហើយ​ សត្វទាំងឡាយក៏ប្រជុំគ្នា លុះមក​ប្រជុំគ្នាហើយ ក៏ត្អូញត្អែរថា ឱ រស (ឆ្ងាញ់របស់យើង) ឱ រស (ឆ្ងាញ់របស់យើង)។ ហេតុនោះ ក៏ដូចគ្នា នឹងមនុស្សទាំងឡាយ ក្នុងកាលឥឡូវនេះដែរ ដែលបាន​វត្ថុ​អ្វី​មួយ មានរសឆ្ងាញ់ហើយ តែងនាំគ្នាលាន់មាត់ យ៉ាងនេះថា ឱ រស (ឆ្ងាញ់របស់យើង) ឱ រស (ឆ្ងាញ់របស់យើង)។ សត្វទាំងឡាយ នាំគ្នានឹករកអក្ខរៈ ដែលជា​ច្បាប់ចាស់40) នោះឯង ប៉ុន្តែមិនអាចនឹងយល់សេចក្តី នៃអក្ខរៈ​នោះ​បានឡើយ។

[៥៨] ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ លុះផែនដីមានរសរបស់សត្វទាំងនោះ សាបសូន្យអស់ ទៅហើយ ក្រមរផែនដី ក៏កើតប្រាកដឡើង។ ក្រមរផែនដីនោះ កើតប្រាកដឡើង ដូចជាផ្សិត។ ក្រមរ​ផែន​ដីនោះ បរិបូណ៌ដោយសម្បុរ មានក្លិន(ក្រអូប) មានរស(ឆ្ងាញ់) មានពណ៌ ដូចជាសប្បិសុទ្ធ ឬដូចជា នវនីតសុទ្ធ មានរស(ឆ្ងាញ់ពិសា) ដូចទឹកឃ្មុំតូច (ឃ្មុំផ្លិត) ដែលឥតទោស (គ្មានកូនឃ្មុំ) ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ គ្រានោះឯង សត្វទាំងឡាយនោះ ក៏នាំគ្នាបរិភោគក្រមរផែនដី កាលសត្វ ទាំងនោះ នាំគ្នាបរិភោគក្រមរផែនដី យកក្រមរផែនដីនោះជាចំណី យកក្រមផែនដីនោះ ជាអាហារ ក៏ឋិតនៅអស់កាលជាយូរអង្វែង។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ កាលពួកសត្វទាំងនោះ នាំគ្នាបរិភោគ​ក្រមរ​ផែនដី យកក្រមរផែនដីនោះ ជាចំណី យកក្រមផែនដីនោះ ជាអាហារ ឋិតនៅអស់កាល ជា​យូរ​អង្វែង ដោយប្រការយ៉ាងណាៗ សេចក្តីរឹងប៉ឹង ​ក្នុងរាងកាយ​របស់សត្វទាំងនោះ ក៏កើតដោយ​ក្រៃលែង​លើសប្រមាណ ពណ៌សម្បុរ​ក៏ប្លែកៗគ្នាប្រាកដឡើង ដោយប្រការយ៉ាងនោះៗ។ សត្វពួកខ្លះ​មានសម្បុរល្អ សត្វពួកខ្លះ មានសម្បុរអាក្រក់។ បណ្តា​សត្វទាំងពីរ​ពួកនោះ ពួកសត្វណា មាន​សម្បុរ​ល្អ សត្វពួកនោះ រមែងមើល​ងាយ ពួកសត្វដែលមានសម្បុរអាក្រក់ថា ពួកយើងមាន​​សម្បុរ​ល្អ ជាង​ពួក​សត្វនុ៎ះ ពួកសត្វទាំងនោះ ​មានសម្បុរអាក្រក់ជាង​ពួក​យើង។ កាលសត្វទាំងឡាយនោះ មាន​សេចក្តី​ប្រកាន់ខ្លួន ​និងការមើល​ងាយកើតឡើង ព្រោះសេចក្តីមើលងាយ នូវសម្បុរគ្នា ជាបច្ច័យ ក្រមរផែនដី ក៏សាបសូន្យអស់ទៅ លុះក្រមរផែនដី​សាបសូន្យទៅហើយ បទាលតា41) ក៏កើតប្រាកដឡើង។ បទាលតានោះ កើតប្រាកដឡើង ដូចជាវល្លិ៍ត្រកួន។ បទាលតានោះ មានសម្បុរល្អ មានក្លិន (ក្រអូប) មានរស(ឆ្ងាញ់)​ វល្លិ​នោះ​មាន​សម្បុរ​ដូចសប្បិសុទ្ធ ឬដូចនវនីតសុទ្ធ មានរស (ឆ្ងាញ់ពិសា) ដូចទឹកឃ្មុំតូច (ឃ្មុំផ្លិត) ដែល​ឥត​ទោស (គ្មានកូនឃ្មុំ)។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ គ្រានោះឯង​ សត្វទាំងឡាយនោះ ក៏នាំគ្នា​បរិភោគ​បទាលតា កាលពួកសត្វទាំងនោះ បរិភោគបទាលតា យកវល្លិនោះជាចំណី យកវល្លិនោះជាអាហារ ក៏ឋិតនៅអស់កាលជាយូរអង្វែង។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ កាលសត្វទាំងនោះ បរិភោគ​បទាលតា យកវល្លិនោះជាចំណី យកវល្លិនោះជាអាហារ ក៏ឋិតនៅអស់កាលជាយូរអង្វែង ដោយ​ប្រការ​​យ៉ាងណាៗ សេចក្តីរឹងប៉ឹង ក្នុងរាងកាយ​របស់សត្វទាំងនោះ ក៏កើតឡើង ដោយក្រៃលែង​លើស​ប្រមាណ ទាំងពណ៌សម្បុរ ក៏ប្លែកៗគ្នា​ប្រាកដឡើង ដោយប្រការយ៉ាងនោះៗ។ សត្វពួក​ខ្លះ មានសម្បុរល្អ សត្វពួកខ្លះ មានសម្បុរ​អាក្រក់។ បណ្តាសត្វទាំងពីរពួកនោះ ពួកសត្វណា ដែលមាន​សម្បុរល្អ ពួកសត្វនោះ តែងមើលងាយពួកសត្វ ដែលមានសម្បុរអាក្រក់ថា ពួកយើងមានសម្បុរល្អ លើស​ជាងពួកសត្វនុ៎ះ ពួកសត្វ​នោះ ​មានសម្បុរអាក្រក់ ជាងពួកយើង។ កាលសត្វទាំងឡាយនោះ មានសេចក្តីប្រកាន់ខ្លួន ​និងការមើលងាយកើតឡើង ព្រោះសេចក្តី​មើលងាយ នូវសម្បុរគ្នាជាបច្ច័យ ឯបទាលតា ក៏សាបសូន្យទៅ។ លុះបទាលតាសាបសូន្យហើយ សត្វទាំងឡាយ ក៏មកប្រជុំគ្នា​ លុះមក​ប្រជុំគ្នាហើយ ក៏ត្អូញត្អែរថា ឱហ្ន៎ បទាលតា​របស់យើងធ្លាប់មានហើយ ឱហ្ន៎ បទាលតារបស់យើង បាត់​អស់ទៅ​ហើយ។ ហេតុនោះ ក៏ដូច​គ្នានឹងមនុស្សទាំងឡាយ ក្នុងកាលឥឡូវ​នេះដែរ ដែលធម៌​ជាទុក្ខ​​ណាមួយប៉ះពាល់ ក៏និយាយគ្នាយ៉ាងនេះថា​ ឱហ្ន៎ យើងធ្លាប់មាន ឱហ្ន៎ យើងសាបសូន្យអស់ ហើយ។ សត្វទាំងឡាយ នាំគ្នានឹក​រកអក្សរ ដែលជាច្បាប់ចាស់នោះ​ឯង ប៉ុន្តែ មិនអាចនឹង​យល់​សេចក្តី នៃអក្សនោះបានឡើយ។

[៥៩] ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ គ្រាកាលបទាលតា របស់សត្វ​ទាំងនោះ សាបសូន្យ​ទៅ​ហើយ ស្រូវសាលីកើតឯង ជាស្រូវគ្មាន​កុណ្ឌក គ្មានអង្កាម សស្អាត មានក្លិនក្រអូប មានផ្លែចេញមក ជាអង្ករតែម្តង ក៏កើតប្រាកដឡើង។ មនុស្សទាំងឡាយ នាំយកស្រូវ​សាលី ត្រង់ទីណា ក្នុងវេលាល្ងាច សម្រាប់បរិភោគ ក្នុងវេលាល្ងាច លុះព្រឹកឡើង ទីនោះ ក៏មានស្រូវសាលីដុះទ្រុបទ្រុល មានផ្លែទុំ​ឡើង​វិញ​ មនុស្សទាំងឡាយ នាំយកស្រូវសាលី ត្រង់ទីណា ក្នុង​វេលាព្រឹក សម្រាប់បរិភោគ ក្នុងវេលាព្រឹក លុះវេលាល្ងាច ទីនោះ​ក៏មានស្រូវសាលីដុះទ្រុបទ្រុល មានផ្លែទុំឡើងវិញ ទីនោះក៏ប្រាកដ ហាក់ដូច​ជា​មិនបានច្រូតឡើយ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ គ្រានោះឯង សត្វទាំងឡាយ ក៏​បរិភោគស្រូវ​សាលី​កើតឯង យកស្រូវសាលីនោះជាចំណី យកស្រូវ​សាលីនោះ ជាអាហារ ក៏ឋិតនៅ​អស់​កាល​ជា​យូរ​អង្វែង។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ កាលសត្វ​ទាំងនោះ នាំគ្នាបរិភោគស្រូវសាលីកើតឯង យក​ស្រូវ​សាលីនោះ​ជាចំណី យកស្រូវសាលីនោះ ជាអាហារ ឋិតនៅអស់កាលជាយូរ​អង្វែង ដោយ​ប្រការ​យ៉ាង​ណាៗ សេចក្តីរឹងប៉ឹង ក្នុងរាងកាយរបស់​សត្វទាំងនោះ ក៏កើតឡើងលើសប្រមាណ ទាំង​ពណ៌​សម្បុរ ក៏ប្លែកៗគ្នាប្រាកដឡើង ដោយប្រការយ៉ាងនោះ។ ភេទស្រី​ ក៏ប្រាកដឡើង ដល់ស្រី ភេទប្រុស​ក៏ប្រាកដឡើង ដល់ប្រុស។ បានឮថា ស្រីសំឡឹងមើលប្រុសទាល់តែហួសវេលា ចំណែកខាងប្រុស​ក៏​សំឡឹងមើលស្រី ទាល់តែហួសវេលា។ កាលសត្វទាំងនោះ សំឡឹងមើលគ្នាទៅវិញទៅមក​ទាល់​តែ​ហួស​វេលា តម្រេកក៏កើត​ឡើង សេចក្តីក្តៅក្រហាយ ព្រោះតម្រេក ក៏ប្រជុំចុះក្នុងកាយ។ សត្វទាំង​នោះ ក៏នាំគ្នាសេពមេថុនធម្ម ព្រោះសេចក្តីរោលរាលជា​បច្ច័យ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ សម័យ​នោះ​ឯង ពួកសត្វណាបានឃើញនូវពួកសត្វ ដែលកំពុងសេពមេថុនធម្ម ពួកសត្វខ្លះ ក៏យកអាចម៍ដី​បោះ​ទៅ សត្វខ្លះយកផែះបាចដាក់ សត្វខ្លះយកអាចម៍គោបោះទៅ និយាយថា នែវសលិ42) លាញទៅ នែ វសលិ លាញ​ទៅ ហងលាញទៅ។ ចុះហេតុដូចម្តេច បានជាសត្វហ៊ានធ្វើអំពើដល់សត្វយ៉ាងនេះ។ ហេតុនោះ ក៏ដូចគ្នានឹងពួកមនុស្ស ក្នុងកាល​ឥឡូវ​នេះ​ដែរ កាលបើស្រីក្នុងជនបទនីមួយ មានគេចាប់នាំយកទៅ ពួកខ្លះក៏យកអាចម៍ដីបោះទៅ ពួកខ្លះ​ក៏​យក​ផេះបាចដាក់ ពួកខ្លះ​ក៏យកអាចម៍​គោបោះទៅ។ សត្វទាំងឡាយ នាំគ្នានឹករកអក្ខរៈ​ ដែល​ជា​ច្បាប់ចាស់នោះឯង ប៉ុន្តែ​មិនអាចនឹងយល់សេចក្តី នៃអក្ខរៈ​នោះបាន​ឡើយ។

[៦០] ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ សម័យនោះឯង អំពើមានការបោះអាចម៍ដីជាដើមនោះ គេ​សន្មតថា ​​មិនមែនធ​ម៌ តែអំពើនោះ ក្នុងកាលឥឡូវនេះ គេត្រឡប់សន្មតថា​ជាធម៌វិញ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ សម័យនោះ បើពួកសត្វណាសេពមេថុនធម្ម​ សត្វ​ទាំងនោះ មិនហ៊ានចូលមក កាន់​ស្រុក​ ឬនិគម អស់បីខែក៏មាន ពីរខែក៏មាន។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ កាលណាបើពួកសត្វ​ទាំង​នោះ ដល់ស៊ប់នូវភាព​ជាអ្នកសេព ចំពោះអសទ្ធធម្មនោះហួសវេលាហើយ ក៏នាំគ្នាផ្តើម​ធ្វើផ្ទះ ដើម្បីបិទបាំងអសទ្ធធម្មនោះឯង។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ គ្រានោះឯង មានសត្វ១នាក់ ប្រកប​ដោយ​ជាតិ ជាអ្នកខ្ជិលច្រអូស បានគិតយ៉ាងនេះថា យីអើ អាត្មាអញកាលដែលនាំយកស្រូវសាលី ក្នុងវេលាល្ងាច សម្រាប់បរិភោគក្នុងវេលាល្ងាច នាំយកស្រូវលាលី ក្នុងវេលាព្រឹក សម្រាប់​បរិភោគ​ក្នុង​វេលាព្រឹក ហៅពេញជាលំបាកខ្លួនអ្វីម្ល៉េះ ណ្ហើយចុះ អាតា្មអញ គួរតែនាំយកស្រូវសាលី ក្នុង​វេលា​ល្ងាចតែម្តង ហើយទុកបរិភោគ ក្នុងវេលាព្រឹកផង។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ គ្រានោះឯង សត្វនោះ​ក៏ទៅយកស្រូវសាលី ក្នុងវេលាលា្ងចតែម្តងប៉ុណ្ណោះ សម្រាប់​បរិភោគក្នុងវេលាព្រឹកផង។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ គ្រានោះឯង មានសត្វម្នាក់ ចូលទៅរក​សត្វនោះ លុះចូលទៅដល់ហើយ បាននិយាយបបួលសត្វនោះ ដូច្នេះថា នែសត្វដ៏ចំរើន អ្នកចូរមក យើងនឹងទៅនាំយកស្រូវ​សាលីជា អាហារ។ សត្វនោះ ឆ្លើយតបថា នែសត្វដ៏ចំរើន ណ្ហើយកុំ ខ្ញុំបាននាំយកស្រូវសាលី ក្នុងវេលាល្ងាចតែម្តង ហើយទុកបរិភោគ ក្នុងវេលាព្រឹកផង។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ ទើបសត្វនោះ បានយកតម្រាប់តាមសត្វនោះ ក៏ទៅនាំយកស្រូវសាលីមក ដោយគិតថា យីអើ ការដែលនាំយកស្រូវសាលី មកតែម្តងប៉ុណ្ណោះ សម្រាប់បរិភោគ បានពីរថ្ងៃយ៉ាងនេះ ជាការ​ស្រួល​មែន។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ គ្រានោះឯង មានសត្វមា្នក់ទៀត ចូលទៅរកសត្វនោះ លុះចូល​ទៅ​ដល់ហើយ បាននិយាយបបួលសត្វនោះ ដូច្នេះថា នែសត្វដ៏ចំរើន អ្នកចូរមក យើងនឹងទៅនាំ​យក​ស្រូវសាលី ជាអាហារ។ សត្វនោះ ឆ្លើយតបថា នែសត្វដ៏ចំរើន ណ្ហើយកុំ ខ្ញុំបាននាំយក ស្រូវសាលី​ក្នុង​វេលាល្ងាចតែម្តង ហើយទុកបរិភោគ​វេលាព្រឹកផង។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ ទើបសត្វនោះ យកតម្រាប់តាមសត្វនោះ ក៏នាំយកស្រូវសាលីមក ដោយគិតថា យីអើ ការដែលនាំយក​ស្រូវសាលី មកតែម្តងប៉ុណ្ណោះ សម្រាប់បរិភោគ បានបួនថ្ងៃយ៉ាង​នេះ ជាការស្រួលមែន។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ គ្រានោះឯង មានសត្វម្នាក់ទៀត​ ចូលទៅ​រកសត្វនោះ លុះចូលទៅដល់ហើយ បាននិយាយបបួលសត្វនោះ ដូច្នេះថា ម្នាលសត្វដ៏ចំរើន អ្នកចូរមក យើងនឹងទៅនាំយកស្រូវ​សាលី​ជាអាហារ។ សត្វនោះឆ្លើយតបថា ម្នាលសត្វដ៏ចំរើន ណ្ហើយកុំ ខ្ញុំបាននាំយកស្រូវសាលីមកតែម្តង ហើយ​ទុក​បរិភោគបានបួនថ្ងៃ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ ទើបសត្វនោះ យកតម្រាប់តាមសត្វនោះ ក៏នាំយកស្រូវសាលីមក ដោយគិតថា យីអើ កាលដែលនាំយក​ស្រូវសាលី មកតែម្តងប៉ុណ្ណោះ ទុកសម្រាប់បរិភោគបាន៨ថ្ងៃយ៉ាង​នេះ ជាការស្រួលមែន។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ លុះពួក​សត្វទាំងនោះ បាននាំគ្នាផ្តើមបរិភោគ​ស្រូវសាលី ដែលខ្លួនសន្សំទុក ក្នុងកាលណាហើយ។ ម្នាល​វាសេដ្ឋៈ និងភារទ្វាជៈ កាលនោះឯង កុណ្ឌកក៏រុំព័ទ្ធអង្ករ ទាំងអង្កាមក៏រុំព័ទ្ធអង្ករ សូម្បីកន្លែង ដែលគេច្រូត​ហើយ ​ក៏លែងដុះឡើងវិញ ប្រាកដជាមិនពេញដូចដើម ស្រូវសាលីទាំងឡាយ ក៏​ដុះមួយ​គុម្ពៗ (ហាក់ដូចជាគេចងជាបាច់)។

[៦១] ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ គ្រានោះឯង​ ពួកសត្វទាំងនោះ ​មកប្រជុំគ្នា លុះមកប្រជុំគ្នា ហើយ ត្អូញត្អែរថា ម្នាលអ្នកទាំងឡាយ​ដ៏ចំរើន ឱហ្ន៎ ធម៌ដ៏លាមកទាំងឡាយ បានកើត​ប្រាកដ​ក្នុង​ពួក​​សត្វហើយ ព្រោះកាលពីដើម​ ពួកយើងជាអ្នកកើតដោយឈានចិត្ត មានបីតិជាអាហារ មានពន្លឺ ភ្លឺចេញឯង អំពីកាយ ត្រាច់ទៅក្នុង​អាកាសបាន ឋិតនៅក្នុងទីដ៏ល្អ បានឋិតនៅ​អស់កាល​ជា​យូរ​អង្វែង លុះកាលកន្លងជាយូរអង្វែងទៅ ផែនដីមានរស ក៏អណ្តែតដាស​លើទឹក ដើម្បីពួកយើង​ទាំង​នោះ ឯផែនដីនោះ មានសម្បុរ(ល្អ) មានក្លិន(ក្រអូប) មានរស(ផ្អែម) ពួកយើងទាំងនោះ​ បាននាំគ្នា​យក​ដៃ​កកាយផែនដី​​ ដែលមានរស មកធ្វើជាពំនូត ហើយបរិភោគ​ កាលពួកយើងទាំងនោះ នាំគ្នា​យកដៃកកាយផែនដី ដែលមានរសធ្វើជាពំនូត ហើយបរិភោគ ពន្លឺដែល​ភ្លឺចេញឯង​(អំពីកាយ)​​​ ក៏​សាបសូន្យទៅ លុះពន្លឺដែលភ្លឺចេញឯង សាបសូន្យទៅហើយ ព្រះចន្រ្ទ​ និងព្រះអាទិត្យ ក៏កើត​ប្រាកដ​​ឡើង​ លុះព្រះចន្ទ្រ និងព្រះអាទិត្យ កើតប្រាកដឡើងហើយ នក្ខត្តឫក្ស ដែលមានរូប​ជា​ផ្កាយ​ទាំងឡាយ ក៏កើតប្រាដកឡើង​ លុះនក្ខត្តឫក្ស ដែល​មានរូបជាផ្កាយទាំងឡាយ កើត​ប្រាកដឡើងហើយ យប់និងថែ្ង ក៏កើតប្រាដក​ឡើង លុះយប់និងថែ្ងកើតប្រាដកឡើងហើយ​ ខែ​​​១ និងកន្លះខែ ​ក៏កើតប្រាដកឡើង លុះខែ១ និងកន្លះខែ កើតប្រាដកឡើងហើយ រដូវនិងឆ្នាំ​ក៏កើត​ប្រាដកឡើង កាលពួកយើងទាំងនោះ បរិភោគផែនដី​មានរស យកផែនដីនោះ ជាចំណី យកផែនដី​នោះ ជាអាហារ ក៏ឋិតនៅអស់កាលជាយូរអង្វែង ស្រាប់តែផែនដី មានរសសាបសូន្យទៅ ព្រោះហេតុ​នៃធម៌ទាំងឡាយ​ ជាអកុសលដ៏លាមកកើតប្រាដក ដល់យើងទាំងឡាយនោះ លុះផែនដី​មាន​រស​សាបសូន្យហើយ​ ក្រមរផែនដីក៏កើតប្រាកដឡើង ឯក្រមរផែនដីនោះ មានសម្បុរ(ល្អ)​ មាន​ក្លិន​(ក្រអូប) មានរស(ផ្អែម) ពួកយើងទាំងនោះ ក៏នាំគ្នាផ្តើមបរិភោគក្រមរផែនដី កាលពួកយើង​ទាំង​នោះ បរិភោគក្រមរផែនដីនោះ យកក្រមរផែនដីនោះ ជាចំណី យកក្រមរផែនដីនោះ ជាអាហារ ក៏​ឋិត​នៅ​អស់កាលជាយូរអង្វែង ស្រាប់តែក្រមរផែនដីនោះសាបសូន្យទៅ ព្រោះហេតុ នៃធម៌​ទាំង​ឡាយ ជា​អកុសល​ដ៏លាមក កើតប្រាកដដល់យើងទាំងឡាយនោះ លុះក្រមរផែនដីសាបសូន្យហើយ បទាលតា​ ក៏កើតប្រាកដឡើង ឯបទាលតានោះ មានសម្បុរ(ល្អ)​ មានក្លិន(ក្រអូប) មានរស(ផ្អែម) ពួក​យើងទាំងនោះ ក៏នាំគ្នាផ្តើមបរិភោគបទាលតា កាលពួកយើងទាំងនោះ បរិភោគបទាលតានោះ យក​បទាលតានោះជាចំណី យកបទាលតានោះជាអាហារ ក៏ឋិតនៅអស់កាល​ជាយូរអង្វែង ស្រាប់​តែ​បទាលតានោះសាបសូន្យទៅ ព្រោះហេតុនៃធម៌ទាំង​ឡាយ ជាអកុសលដ៏លាមក កើតប្រាកដ​ឡើង​ដល់យើងទាំងឡាយនោះ ​បទាលតាសាបសូន្យហើយ ទើបស្រូវសាលីកើត​​ឯង មិនមានកុណ្ឌក មិន​មានអង្កាម ជាស្រូវសស្អាត មានក្លិនក្រអូប មានផ្លែចេញមកជាអង្ករ ក៏កើតប្រាកដឡើង ពួកយើង​នាំយកស្រូវសាលី ត្រង់ទីណាក្នុងវេលាល្ងាច ​សម្រាប់បរិភោគ ក្នុងវេលាល្ងាច លុះព្រឹក​ឡើង​ទីនោះ ក៏មានស្រូវសាលីដុះ​ទ្រុបទ្រុល មានផ្លែទុំឡើងវិញ ពួកយើងនាំយកស្រូវសាលី ត្រង់​ទី​ណា​មកក្នុង​វេលាព្រឹក សម្រាប់បរិភោគ ក្នុងវេលាព្រឹក លុះវេលាល្ងាច ទីនោះក៏មានស្រូវសាលី​ដុះ​ទ្រុបទ្រុល មានផ្លែទុំឡើងវិញ ទីនោះក៏ប្រាកដ ហាក់ដូចជាមិនបានច្រូតឡើយ កាលពួក​យើង​ទាំង​នោះ បរិភោគ​ស្រូវសាលីកើតឯង យកស្រូវសាលីនោះជាចំណី យកស្រូវសាលីនោះ ជាអាហារ ក៏​ឋិត​នៅ​អស់កាលជាយូរអង្វែង ស្រាប់តែកុណ្ឌក រុំពទ្ធ័អង្ករ ទាំងអង្កាមក៏រុំពទ្ធ័អង្ករ សូម្បីទីដែលច្រូត ក៏​មិន​ដុះឡើងវិញប្រាកដ ពេញដូចដើម ស្រូវសាលីទាំងឡាយ ក៏​ដុះមួយគុម្ពៗ (ហាក់ដូចជា​គេចង​ជាបាច់) ព្រោះហេតុនៃធម៌ទាំងឡាយ ជាអកុសលដ៏លាមក កើតប្រាកដ ដល់យើងទាំងឡាយនោះ បើដូច្នោះ គួរតែយើង​ចែកស្រូវសាលីគ្នា គួរតែបោះព្រំខណ្ឌ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ លំដាប់​នោះ​ឯង សត្វទាំងឡាយ ក៏នាំគ្នាចែកស្រូវសាលី បោះព្រំខណ្ឌដោយខ្លូនៗ។

[៦២] ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ គ្រានោះ មានសត្វម្នាក់ ជាតិជាអ្នកលេះលោះ លាក់សំចៃ ចំណែករបស់ខ្លូន​ទុក លួចយកចំណែករបស់អ្នកដទៃ ដែលគេមិនបានឲ្យ មកបរិភោគ។ សត្វ​ទាំង​ឡាយ ក៏បានចាប់សត្វនោះ លុះចាប់បានហើយ ក៏ស្តីឲ្យដូច្នេះថា ឱសត្វអើយ ឯងធ្វើអំពើអាក្រក់ ណាស់ មិនគួរបើឯងលាក់សំចៃចំណែករបស់ខ្លួន​ទុក លួចយកចំណែករបស់អ្នកដទៃ ដែល​គេ​មិន​បាន​ឲ្យ មកបរិភោគសោះ នែសត្វអើយ ឯងកុំធ្វើអំពើបែបនេះទៀតឡើយ។ ម្នាលវាសេដ្ឋៈ និង​ភារទ្វាជៈ សត្វនោះបានទទួលតបពាក្យ របស់ពួកសត្វទាំងនោះថា អើអ្នកដ៏ចំរើន។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ សត្វនោះ (លួចយកចំណែករបស់អ្នក​ដទៃ) ជាគំរប់ពីរដងផង។បេ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ សត្វនោះបានលាក់សំចៃចំណែករបស់ខ្លូនទុក លួចយកចំណែករបស់អ្នកដទៃ ដែល​គេ​មិន​បានឲ្យ មកបរិភោគជាគំរប់បីដង​ផង។ សត្វទាំងឡាយ ក៏បានចាប់សត្វនោះ លុះចាប់បានហើយ​ក៏ស្តីឲ្យដូច្នេះ​ថា ឱសត្វអើយ ឯងធ្វើអំពើអាក្រក់ណាស់​ មិនគួរបើឯងលាក់សំចៃរបស់ខ្លួនទុក លួច​យក​ចំណែករបស់អ្នកដទៃ ដែលគេមិនបានឲ្យ មកបរិភោគសោះ នែសត្វ​អើយ ឯងកុំធ្វើ​អំពើ​បែប​នេះ​ទៀតឡើយ។ ពួកសត្វខ្លះតប់​ទះ (សត្វនោះ) នឹងដៃ ​ពួកសត្វខ្លះចោលនឹងដុំដី ពួកសត្វ​ខ្លះ​វាយ​នឹងតម្បង។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ ការលួចទ្រព្យគេ​ ក៏ប្រាកដឡើង ការតិះដៀល ក៏​ប្រាកដ​ឡើង ការនិយាយកុហក ក៏ប្រាកដឡើង ការដាក់អាជ្ញា ក៏បា្រកដឡើង តាំងពីកាលនោះជាដើមមក។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ គ្រានោះឯង ពួកសត្វទាំង​នោះ មកប្រជុំគ្នា លុះប្រជុំគ្នាហើយ ក៏ត្អូញ​ត្អែ​ថា យីអើហ្ន៎ ធម៌ដ៏លាមកទាំងឡាយ កើតប្រាកដដល់សត្វទាំងឡាយហើយ ព្រោះថា ការលួច​ទ្រព្យ​គេ ក៏កើតប្រាកដឡើង​ ការតិះដៀល ក៏កើតប្រាកដឡើង ការនិយាយកុហក ក៏កើតប្រាកដឡើង ការដាក់​អាជ្ញា ក៏កើតប្រាកដឡើង បើដូច្នោះ គួរតែយើងសន្មតសត្វណាម្នាក់ ឲ្យជាអ្នកបន្ទោសសត្វ ដែលយើងគួរ​បន្ទោសតាមហេតុ ឲ្យតិះដៀលសត្វ ដែលយើងគួរតិះដៀលតាមហេតុ ឲ្យប​ណ្តេញ សត្វ ដែលយើងគួរបណ្តេញតាមហេតុ ចំណែកខាងពួកយើង ត្រូវ​ជូនចំណែកស្រូវសាលីទាំងឡាយ ឲ្យដល់សត្វនោះ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ ទើបពួកសត្វទាំងនោះ​ នាំគ្នាចូលទៅរកសត្វ ដែល​ជា​អ្នក​មានរូបល្អ គួររមិលមើល គួរជ្រះថ្លា មានស័ក្កិធំ43) ​ជាងពួកសត្វទាំងនោះ លុះចូលទៅដល់ហើយ បាននិយាយដូច្នេះថា បពិត្រសត្វ​ដ៏​ចំរើន អ្នកចូរមក បន្ទោសសត្វ ដែលគួរបន្ទោសតាមហេតុ ចូរតិះដៀលសត្វ ដែលគួរ​តិះដៀលតាមហេតុ​ ចូរ​បណ្តេញ​សត្វ ដែលគួរបណ្តេញតាមហេតុចុះ សិមពួកយើង នឹងជូនចំណែកស្រូវ​សាលីទាំងឡាយដល់អ្នក។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ សត្វនោះ បានទទួលតបពាក្យ​របស់សត្វទាំងនោះថា អើអ្នកដ៏ចំរើន​ទាំង​ឡាយ ហើយក៏បន្ទោសសត្វ ដែលគួរ​បន្ទោសតាមហេតុ តិះដៀលសត្វ ដែលគួរតិះដៀលតាមហេតុ បណ្តេញសត្វ ដែល​គួរបណ្តេញតាមហេតុ។ ពួកសត្វទាំងនោះ ក៏បានជូនចំណែកស្រូវ សាលី​ទាំងឡាយ ដល់សត្វនោះ។

[៦៣] ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ សត្វនោះ មហាជនសន្មតហើយ ព្រោះហេតុ​នោះឯង ទើប​អក្ខរៈ44) ជាដំបូងក៏កើតឡើងថា មហាសន្មតដូច្នេះ​។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ សត្វនោះ ជាអធិបតី នៃស្រែទាំងឡាយ ព្រោះហេតុនោះឯង ទើបអក្ខរៈទីពីរ ក៏កើតឡើងថា ខត្តិយៈ ខត្តិយៈ​ដូច្នេះ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ សត្វនោះញុំាងសត្វទាំងឡាយដទៃ ឲ្យពេញចិត្តដោយធម៌ ព្រោះ​ហេតុនោះ​ឯង ទើបអក្ខរៈទី៣ ក៏កើតឡើងថា រាជា រាជាដូច្នេះ​។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ ហេតុដូ​ច្នោះ អក្ខរៈដែលជាច្បាប់ចាស់ បានកើត​ឡើងដល់ខត្តិយមណ្ឌលនោះ យ៉ាងនេះឯង។ ការ​កើត​នៃអក្ខរៈ ដល់ពួកសត្វទាំង​នោះឯង ដូចគ្នានឹងសត្វទាំងឡាយដទៃដែរ មិនមែនខុសគ្នាទេ កើត​ឡើង​តែដោយ​ធម៌ប៉ុណ្ណោះឯង មិនមែនដោយខុសធម៌ទេ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ ព្រោះថា ធម៌ជាគុណដ៏ប្រសើរបំផុត ក្នុងប្រជុំជន​ ទាំងបច្ចុប្បន្ន និងបរលោក។

[៦៤] គ្រានោះឯង បណ្តាសត្វទាំងឡាយនោះ សត្វពួកខ្លះ បានគិតគ្នា យ៉ាងនេះថា​ ម្នាល​អ្នក​ដ៏​ចំរើនទាំងឡាយ ធម៌ដ៏លាមកទាំងឡាយ កើតប្រាកដ ដល់ពួកសត្វហើយ​ ព្រោះថា ការលួចទ្រព្យ គេ ក៏ប្រាកដឡើង ពាក្យតិះដៀល ក៏ប្រាកដឡើង ការនិយាយកុហក ក៏ប្រាកដឡើង ការដាក់អាជ្ញា ក៏ប្រាកដឡើង ការបណ្តេញ ក៏ប្រាកដឡើង បើដូច្នោះ ពួកយើងគួរតែបន្សាត់ នូវធម៌ជាអកុសល ដ៏លាមកទាំង​ឡាយចេញ។ សត្វទាំងនោះ ក៏បានបន្សាត់ នូវធម៌ជាអកុសលដ៏លាមកចេញ។ ម្នាល​វាសេដ្ឋៈ និងភារទ្វាជៈ សត្វទាំងឡាយនោះ បន្សាត់នូវធម៌ជាអកុសលដ៏លាមក ព្រោះ​ហេតុ​នោះ​​ឯង ទើបអក្ខរៈទី១ ក៏កើតឡើងថា ព្រាហ្មណៈ ព្រាហ្មណៈដូច្នេះ។ សត្វទាំងឡាយ​នោះ​ បានធ្វើ​ជំរំ​ស្លឹក ក្នុងព្រៃរំលោង ហើយសំឡឹងអារម្មណ៍ ក្នុងជំរំប្រក់ស្លឹកទាំងឡាយ។ ពួកសត្វទាំងនោះ មិន​មាន​ភ្លើង មិនមានផ្សែង មិនមានអង្រែ ត្រាច់ទៅកាន់ស្រុក និគម និងរាជធានី ស្វែងរកអាហារ ក្នុង​វេលា​ល្ងាច សំរាប់បរិភោគ ក្នុងវេលាល្ងាច ស្វែងរកក្នុងវេលាព្រឹក សំរាប់បរិភោគក្នុងវេលាព្រឹក។ ពួកសត្វទាំងនោះ​ លុះបានអាហារហើយ ក៏នៅសំឡឹងអារម្មណ៍ ក្នុងជំរំស្លឹកទាំង​ឡាយ ក្នុង​ព្រៃ​រំលោង​ទៀត។ មនុស្សទាំងឡាយ លុះឃើញសត្វទាំងនោះ​ហើយ ក៏និយាយគ្នាយ៉ាងនេះថា នែគ្នា​យើង​អើយ ពួកសត្វទាំង​នេះឯង ធ្វើជំរំស្លឹក​ទាំងឡាយ ក្នុងព្រៃរំលោង ហើយនៅសំឡឹង​អារម្មណ៍ ក្នុងជំរំស្លឹកទាំងឡាយ ជាសត្វមិនមានភ្លើង មិនមានផ្សែង មិនមានអង្រែ តែងត្រាច់ទៅ កាន់ស្រុកនិគម និងរាជធានី ស្វែងរក​អាហារក្នុងវេលាល្ងាច សំរាប់បរិភោក្នុងវេលាល្ងាច ស្វែងរក​ក្នុងវេលាព្រឹក សំរាប់បរិភោគ ក្នុងវេលាព្រឹក។ ពួកសត្វទាំងនោះ លុះបានអាហារ​ហើយ ក៏សំឡឹង​អារម្មណ៍​ ក្នុងជំរំស្លឹក ក្នុង​ព្រៃរំលោងទៀត។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ ពួកសត្វទាំងនោះឯង តែងសំឡឹងអារម្មណ៍ ព្រោះហេតុនោះឯង ទើបអក្ខរៈទី២​ ក៏កើតឡើងថា ឈាយិកា ឈាយិកា​(អ្នកសំឡឹងអារម្មណ៍)។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ បណ្តាសត្វទាំងនោះឯង សត្វពួកខ្លះ កាល​មិនអាចនឹងសំឡឹងអារម្មណ៍ ក្នុងជំរំស្លឹកទាំងឡាយ ក្នុងព្រៃរំលោង​បាន ក៏ចូលទៅកាន់ស្រុកជិត និគមជិត តាក់តែងបង្រៀននូវគន្ថៈ​(គឺវេទមន្ត) រួចត្រឡប់មកវិញ​។ មនុស្សទាំងឡាយ លុះបានឃើញ​សត្វទាំងនោះហើយ និយាយគ្នាយ៉ាងនេះថា ម្នាលគ្នាយើងអើយ ពួកសត្វទាំងនេះឯង មិនអាចនឹង​សំឡឹងអារម្មណ៍ ក្នុងជំរំស្លឹក​ទាំងឡាយ ក្នុងព្រៃរំលោងបាន ក៏ចូលមកកាន់ស្រុកជិត និគមជិត តាក់​តែង​បង្រៀននូវគន្ថៈ រួចត្រឡប់ទៅវិញ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ សត្វទាំងនេះ រមែង​មិន​សំឡឹង​អារម្មណ៍ ក្នុងកាលឥឡូវនេះ សត្វទាំងនេះ រមែង​មិនសំឡឹងអារម្មណ៍ ក្នុងកាល​ឥឡូវនេះ ព្រោះ​ហេតុ​នោះ​ឯង ទើបអក្ខរៈទី៣ ក៏កើតឡើងថា អជ្ឈាយិកា អជ្ឈាយិកា (អ្នកមិនសំឡឹងអារម្មណ៍)។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ ក្នុង​សម័យ​នោះ ការទ្រទ្រង់ និងការបង្រៀននូវមន្ត​ គេសន្មតថា ជាការថោកទាបទេ​ តែក្នុងកាលឥឡូវនេះ ការទ្រទ្រង់ និងការ​បង្រៀននូវមន្តនោះ គេសន្មតថា​ ជាការប្រសើរវិញ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ ហេតុដូច្នោះឯង អក្ខរៈដែលជាច្បាប់ចាស់ បាន​កើត​ឡើង ដល់ព្រាហ្មណមណ្ឌល​នោះ យ៉ាងនេះ។ ការកើតនៃអក្ខរៈដល់ពួកសត្វទាំងនោះ​ឯង ដូចគ្នា​នឹង​សត្វ​ទាំងឡាយដទៃដែរ មិនមែនខុសគ្នាទេ កើតឡើង​ដោយធម៌​តែម៉្យាងប៉ុណ្ណោះឯង មិន​មែន​ដោយ​ខុស​ធម៌ទេ​។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ ព្រោះថា ធម៌ជាគុណដ៏ប្រសើរបំផុត ក្នុងប្រជុំជន ទាំង​បច្ចុប្បន្ន និងបរលោក។

[៦៥] ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ បណ្តាសត្វទាំងអស់នោះឯង សត្វពួកខ្លះ​ប្រព្រឹត្ត​កាន់​នូវ​មេថុនធម្ម ហើយប្រកបការងារផ្សេងគ្នា។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ សត្វទាំងឡាយ ប្រព្រឹត្ត​កាន់​នូវ​មេថុនធម្ម ហើយប្រកបការងារផ្សេងគ្នា ព្រោះហេតុនោះឯង ទើបអក្ខរៈ​ក៏កើតថា វេស្សៈ វេស្សៈ ដូច្នោះ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ (ការកើតឡើងនៃអក្ខរៈ ដែលជាច្បាប់ចាស់ក៏មាន​ឡើង) ដល់​វេស្សមណ្ឌលនុ៎ះ យ៉ាងនេះ ដោយហេតុនេះឯង។ សេចក្តីបំព្រួញ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ ហេតុដូច្នោះឯង អក្ខរៈដែលជាច្បាប់ចាស់ បានកើតឡើង ដល់សុទ្ទមណ្ឌលនុ៎ះ យ៉ាងនេះឯង ការ​កើត​​ឡើងនៃអក្ខរៈ ដល់ពួកសត្វនោះឯងដូចគ្នា នឹងសត្វទាំងឡាយដទៃដែរ មិនមែន​ខុសគ្នាទេ កើតឡើងដោយធម៌ តែប៉ុណ្ណោះឯង មិនមែនដោយខុសធម៌ទេ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ ព្រោះ​ថា​ ​​ធម៌ជាគុណដ៏ប្រសើរបំផុត ក្នុងប្រជុំជន ទាំងបច្ចុប្បន្ន និងបរលោក។

[៦៦] ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ មានសម័យ ដែលខត្តិយៈខ្លះ តិះដៀលធម៌របស់ខ្លួន ហើយចេញចាកផ្ទះចូលមកបួស ដោយបំណងថា អាត្មាអញ នឹងធ្វើជាសមណៈ ​ដូច្នេះក៏មាន។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ ព្រាហ្មណ៍ខ្លះ។បេ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ វេស្សៈខ្លះ។បេ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ សុទ្ទៈខ្លះ តិះដៀលធម៌របស់​ខ្លួន​ ចេញចាកផ្ទះ ចូលទៅបួស​ដោយ​បំណង​ថា អាត្មាអញ នឹងធ្វើជាសមណៈ​ ដូច្នោះក៏​មាន។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ ការកើត​ឡើង​នៃ​សមណមណ្ឌល ក៏បានមានឡើង ដោយសារមណ្ឌល​ទាំង៤នេះឯង ការកើតឡើង នៃសមណមណ្ឌល ដល់សត្វទាំងនោះ​​​​​​​​ឯង ដូចគ្នា​នឹងសត្វទាំងឡាយដទៃដែរ មិនមែនខុសគ្នាទេ កើតឡើងដោយធម៌តែប៉ុណ្ណេះឯង​ មិនមែនដោយខុសធម៌ទេ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ ព្រោះថា ធម៌ជាគុណដ៏ប្រសើរបំផុត ក្នុងប្រជុំជន ទាំង​បច្ចុប្បន្ន និងបរលោក។

[៦៧] ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ មានខត្តិយៈខ្លះ ប្រព្រឹត្តអាក្រក់ ដោយកាយ ប្រព្រឹត្ត​អាក្រក់ដោយវាចា​ ប្រព្រឹត្តអាក្រក់ដោយចិត្ត ជាមិច្ឆាទិដ្ឋិ ប្រកាន់នូវកម្ម ជាមិច្ឆាទិដ្ឋិ ព្រោះហេតុ​តែ​ប្រកាន់​ នូវកម្មជាមិច្ឆាទិដ្ឋិនោះ លុះបែកធ្លាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ ក៏ទៅកើត​ក្នុង​កំណើត​សត្វតិរច្ឆាន ប្រេតវិស័យ​ អសុរកាយ នរក។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ មានព្រាហ្មណ៍​ខ្លះ។បេ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ មានវេស្សៈខ្លះ។បេ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ មានសុទ្ទៈខ្លះ។បេ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ មានសមណៈខ្លះ ប្រព្រឹត្តអាក្រក់​ដោយកាយ​ ប្រព្រឹត្ត​អាក្រក់ដោយវាចា​ ប្រព្រឹត្តអាក្រក់ដោយចិត្ត ជាមិច្ឆាទិដ្ឋិ ប្រកាន់នូវកម្ម ជាមិច្ឆាទិដ្ឋិ ព្រោះហេតុតែ​ប្រកាន់​នូវ​កម្ម ជាមិច្ឆាទិដ្ឋិនោះ លុះបែកធ្លាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ ក៏ទៅកើត​ក្នុង​កំណើត សត្វតិរច្ឆាន ប្រេតវិស័យ អសុរកាយ នរក។

[៦៨] ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ​ មានខត្តិយៈខ្លះ ប្រព្រឹត្តល្អដោយកាយ ប្រព្រឹត្តល្អ​ដោយ​វាចា ប្រព្រឹត្តល្អដោយចិត្ត​ ជាសម្មាទិដ្ឋិ ប្រកាន់នូវកម្មជាសម្មាទិដ្ឋិ ព្រោះហេតុតែប្រកាន់នូវ​កម្ម ជា​សម្មាទិដ្ឋិនោះ លុះបែកធ្លាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ ក៏ទៅកើតក្នុងសុគតិសួគ៌ទេវលោក។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ មានព្រាហ្មណ៍ខ្លះ។បេ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ មានវេស្សៈ​ខ្លះ។បេ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ មានសុទ្ទៈខ្លះ។បេ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ មានសមណៈ​ខ្លះ ប្រព្រឹត្តល្អដោយកាយ ប្រព្រឹត្តល្អដោយវាចា ប្រព្រឹត្តល្អដោយចិត្ត ជាសម្មាទិដ្ឋិ ប្រកាន់​នូវ​កម្ម ជាសម្មាទិដ្ឋិ ព្រោះហេតុតែប្រកាន់នូវកម្ម ជាសម្មាទិដ្ឋិនោះ លុះបែកធ្លាយរាងកាយ បន្ទាប់​អំពី​សេចក្តីស្លាប់ ក៏ទៅកើត ក្នុងសុគតិសួគ៌ទេវលោក។

[៦៩] ម្នាលវាសេដ្ឋៈ និងភារទា្វជៈ មានខត្តិយៈខ្លះ ជាអ្នកធ្វើ​អំពើទាំងពីរ គឺជួនកាល ធ្វើ​អំពើ​អាក្រក់ ជួនកាល ធ្វើអំពើល្អដោយកាយ ធ្វើអំពើទាំងពីរដោយវាចា ធ្វើអំពើទាំងពីរដោយចិត្ត មាន​ទិដ្ឋិ​ច្រឡំគ្នាផ្សេងៗ ប្រកាន់នូវកម្ម ដែល​ច្រឡំគ្នាផ្សេងៗ ព្រោះហេតុតែប្រកាន់នូវកម្ម ដែលច្រឡំ​គ្នា​ផ្សេងៗនោះ ​លុះបែកធ្លាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ ក៏បានទទួលសុខខ្លះ​ ​ទុក្ខខ្លះ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ មានព្រាហ្មណ៍ខ្លះ ជាអ្នកធ្វើអំពើទាំងពីរ ដោយកាយ ធ្វើ​អំពើ​ទាំងពីរ​ដោយវាចា ធ្វើអំពើ​ទាំងពីរដោយចិត្ត មានទិដ្ឋិច្រឡំគ្នាផ្សេងៗ ប្រកាន់​នូវកម្មដែលច្រឡំគ្នាផ្សេងៗ ព្រោះហេតុតែប្រកាន់នូវកម្ម ដែលច្រឡំគ្នាផ្សេងៗនោះ លុះបែកធ្លាយរាងកាយ បន្ទាប់អំពីសេចក្តី​ស្លាប់ ក៏បានទទួលសុខខ្លះ ទុក្ខខ្លះ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ មានវេស្សៈខ្លះ ជាអ្នកធ្វើ​អំពើទាំងពីរ ដោយកាយ ធ្វើអំពើទាំងពីរដោយវាចា ធ្វើអំពើទាំងពីរដោយចិត្ត មាន​ទិដ្ឋិ​ច្រឡំគ្នាផ្សេងៗ ប្រកាន់នូវកម្ម ដែល​ច្រឡំគ្នាផ្សេងៗ ព្រោះហេតុតែប្រកាន់នូវកម្ម ដែលច្រឡំ​គ្នា​ផ្សេងៗនោះ ​លុះបែកធ្លាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ ក៏បានទទួលសុខខ្លះ​ ​ទុក្ខខ្លះ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ មានសុទ្ទៈខ្លះ ជាអ្នកធ្វើ​អំពើទាំងពីរ ដោយកាយ ធ្វើអំពើទាំងពីរដោយវាចា ធ្វើអំពើទាំងពីរដោយចិត្ត មាន​ទិដ្ឋិ​ច្រឡំគ្នាផ្សេងៗ ប្រកាន់នូវកម្ម ដែល​ច្រឡំគ្នាផ្សេងៗ ព្រោះហេតុ​តែប្រកាន់នូវកម្ម ដែលច្រឡំ​គ្នា​ផ្សេងៗនោះ ​លុះបែកធ្លាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ ក៏បានទទួលសុខខ្លះ​ ​ទុក្ខខ្លះ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ មានសមណៈខ្លះ ជាអ្នកធ្វើអំពើទាំងពីរ ដោយកាយ ធ្វើ​អំពើ​ទាំងពីរ​ដោយវាចា ធ្វើអំពើ​ទាំងពីរដោយចិត្ត មានទិដ្ឋិច្រឡំគ្នាផ្សេងៗ ប្រកាន់​នូវកម្មដែលច្រឡំគ្នាផ្សេងៗ ព្រោះហេតុតែប្រកាន់នូវកម្ម ដែលច្រឡំគ្នាផ្សេងៗនោះ លុះ​បែក​ធ្លាយ​រាង​កាយ បន្ទាប់អំពីសេចក្តី​ស្លាប់ ក៏បានទទួលសុខខ្លះ ទុក្ខខ្លះ។

[៧០] ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ មានខត្តិយៈខ្លះ ជាអ្នកសង្រួម​ដោយកាយ សង្រួម​ដោយវាចា សង្រួមដោយចិត្ត អាស្រ័យនូវការចំរើន ពោធិបក្ខិយធម៌ ៧កង45) ក៏បរិនិព្វាន ក្នុង​បច្ចុប្បន្ន​នេះឯង។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ មានព្រាហ្មណ៍ខ្លះ ជាអ្នកសង្រួម​ដោយកាយ សង្រួម​ដោយ​វាចា សង្រួមដោយចិត្ត អាស្រ័យនូវការចំរើន ពោធិបក្ខិយធម៌៧កង ក៏បរិនិព្វាន ក្នុង​បច្ចុប្បន្ន​នេះ​ឯង។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ មានវេស្សៈខ្លះ ជាអ្នកសង្រួម​ដោយកាយ សង្រួម​ដោយវាចា សង្រួមដោយចិត្ត អាស្រ័យនូវការចំរើន ពោធិបក្ខិយធម៌ ៧កង ក៏បរិនិព្វាន ក្នុង​បច្ចុប្បន្ន​នេះឯង។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ មានសុទ្ទៈខ្លះ ជាអ្នកសង្រួម​ដោយកាយ សង្រួម​ដោយវាចា សង្រួម​ដោយ​ចិត្ត អាស្រ័យនូវការចំរើន ពោធិបក្ខិយធម៌ ៧កង ក៏បរិនិព្វាន ក្នុង​បច្ចុប្បន្ន​នេះឯង។

[៧១] ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ ក៏បណ្តាវណ្ណៈទាំង៤នេះ វណ្ណៈណា ជាភិក្ខុ ជាអរហន្ត ជាខីណាស្រព ប្រព្រឹត្តព្រហ្មចារ្យ រួចស្រេចហើយ បានធ្វើសោឡសកិច្ចស្រេចហើយ​ មានភារៈដាក់ ចុះហើយ បានសម្រេចប្រយោជន៍របស់ខ្លួន ដោយលំដាប់ហើយ មានតណ្ហា​ ជា​គ្រឿង​ចងក្នុង​ភព​អស់​រលីងហើយ មានចិត្តផុតស្រឡះហើយ ព្រោះបានត្រាស់ដឹងដោយប្រពៃ អ្នកនោះប្រាកដថា ជាបុគ្គលប្រសើរលើសជាងវណ្ណៈទាំង៤នោះ តាមធម៌ពិត មិនមែនមិនដោយធម៌ទេ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ ព្រោះថា ធម៌ជាគុណដ៏ប្រសើរបំផុត ក្នុងប្រជុំជនទាំងបច្ចុប្បន្ន និងបរលោក។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ សូម្បីព្រហ្មឈ្មោះ សនង្កុមារ ក៏បានពោលគាថាទុកថា

[៧២] ខត្តិយៈ ជាជាតិប្រសើបំផុត ក្នុងប្រជុំជន ដែលជាអ្នករឭកដល់គោត្រ អ្នក​ដែល​បរិបូណ៌​ដោយ​វិជ្ជា និងចរណៈ ប្រសើរបំផុត ក្នុងពួកទេវតា និងមនុស្ស។

ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ ឯគាថានេះឯង ព្រហ្មឈ្មោះ សនង្កុមារ បានពោលពីរោះហើយ មិនមែនពោលមិនពីរោះទេ បានសំដែងល្អហើយ មិនមែនសំដែងមិនល្អទេ ជាគាថាប្រកបដោយ ប្រយោជន៍ មិនមែនជាមិនប្រកបដោយប្រយោជន៍ឡើយ តថាគត ក៏យល់ព្រមដែរ។ ម្នាល​វាសេដ្ឋៈ និងភារទ្វាជៈ ចំណែកខាងតថាគត ក៏បានពោលយ៉ាងនេះថា ខត្តិយៈជាជាតិប្រសើរបំផុត ក្នុង​ប្រជុំ​ជន ដែលជាអ្នករឭកដល់គោត្រ ដែលជាអ្នកបរិបូណ៌ ដោយវិជ្ជា និងចរណៈ ប្រសើរបំផុត ក្នុង​ពួក​ទេវតា និងមនុស្ស។

លុះព្រះមានព្រះភាគ ទ្រង់ត្រាស់ព្រះសូត្រនេះ ចប់ហើយ។ វាសេដ្ឋៈសមណេរ និងភារទ្វាជៈសាមណេរ ក៏មានចិត្តត្រេកអរ រីករាយ ចំពោះភាសិតរបស់ព្រះមានព្រះភាគ ដោយប្រការដូច្នេះឯង។

ចប់ អគ្គញ្ញសូត្រទី ៤។

សម្បសាទនីយសូត្រ ទី៥

(៥. សម្បសាទនីយសុត្តំ)

[៧៣] ខ្ញុំបានស្តាប់មកហើយយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ គង់នៅក្នុងព្រៃស្វាយ របស់បាវារិកសេដ្ឋី46) ទៀបក្រុងនាឡន្ទា។ លំដាប់នោះឯង ព្រះសារីបុត្រដ៏មានអាយុ ចូលទៅគាល់​ព្រះមានជោគ លុះចូលទៅដល់ហើយ ថ្វាយបង្គំ​ព្រះមានព្រះភាគ ​ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះព្រះសារីបុត្រដ៏មានអាយុ អង្គុយក្នុងទីដ៏សមគួរ​ស្រេច​ហើយ ទើបក្រាបបង្គំទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ជ្រះថ្លា​ចំពោះ​ព្រះមានព្រះភាគ យ៉ាងនេះថា សមណៈ ឬព្រាហ្មណ៍​ឯទៀត ដែលមានញាណ​ដ៏លើស​លុបជាងព្រះមានព្រះភាគ ក្នុងការត្រាស់ដឹង ក្នុងកាលកន្លង​ទៅ​ហើយ ក៏មិនមាន ក្នុងកាលខាងមុខ ក៏មិនមាន ក្នុងកាលឥឡូវនេះ ក៏មិនមាន។ ព្រះមានព្រះភាគ ត្រាស់ថា ម្នាល​សារីបុត្រ អាសភិវាចា (វាចាដ៏អង់អាច) ដែល​អ្នកបាន​ពោលមកនេះ ហួស​ពេកណាស់ អ្នកបាន​កាន់យកនូវសេចក្តីដាច់ស្រេច47) ហើយ បានទាំងបន្លឺសីហនាទថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ​ជ្រះថ្លា ចំពោះ​ព្រះមានព្រះភាគ យ៉ាងនេះថា សមណៈ ឬព្រាហ្មណ៍ឯទៀត ដែល​មានញាណ​ដ៏​លើស​លុប ជាង​ព្រះមានព្រះភាគ ក្នុងការត្រាស់ដឹង ក្នុងកាលកន្លងទៅហើយ ក៏មិនមាន ក្នុងកាល​ខាងមុខ ក៏មិនមាន ទាំងក្នុងកាលឥឡូវនេះ ក៏មិនមាន។

[៧៤] ព្រះមានព្រះភាគត្រាស់ថា ម្នាលសារីបុត្រ ព្រះអរហន្ត សម្មាសម្ពុទ្ធទាំងឡាយ ដែល​កន្លង​ទៅហើយ អ្នកបានកំណត់​នូវព្រះហឫទ័យ របស់ព្រះអរហន្ត សម្មាសម្ពុទ្ធ​មានព្រះភាគ​ទាំង​អស់នោះ ដោយចិត្ត (របស់ខ្លួន) ថា ព្រះមានព្រះភាគទាំងនោះ មានសីលយ៉ាងនេះក្តី ព្រះមានព្រះភាគទាំងនោះ មានធម៌យ៉ាងនេះក្តី ព្រះមានព្រះភាគទាំងនោះ មានបញ្ញាយ៉ាងនេះក្តី ព្រះមានព្រះភាគទាំងនោះ មានវិហារធម៌យ៉ាងនេះក្តី ព្រះមានព្រះភាគទាំងនោះ មានវិមុត្តិ​យ៉ាងនេះ​ក្តី ដូច្នេះៗដែរឬ។ ព្រះសារីបុត្រក្រាបបង្គំទូលថា ដំណើរនុ៎ះ មិនមែនដូច្នោះទេ ព្រះអង្គ។ ព្រះមានព្រះភាគ​ត្រាស់ថា ម្នាលសារីបុត្រ ព្រះអរហន្ត សម្មាសម្ពុទ្ធទាំងឡាយ ដែលនឹងមាន​ក្នុងខាង​មុខ អ្នកបានកំណត់​នូវព្រះហឫទ័យរបស់ ព្រះអរហន្ត សម្មាសម្ពុទ្ធមានព្រះភាគទាំងអស់នោះ ដោយ​ចិត្ត (របស់ខ្លួន)ថា ព្រះមានព្រះភាគទាំងនោះ នឹងមានសីលយ៉ាងនេះក្តី និងមានធម៌​យ៉ាងនេះ​ក្តី ដែរឬ។ នឹងមានបញ្ញាយ៉ាងនេះ។ នឹងមានវិហារធម៌យ៉ាងនេះ។ ព្រះមានព្រះភាគទាំងនោះ នឹងមាន​វិមុត្តិយ៉ាងនេះ ដូច្នេះៗ ដែរឬ។ ព្រះសារីបុត្តក្រាបបង្គំទូលថា ដំណើរនុ៎ះ មិនមែន​ដូច្នោះទេ ព្រះអង្គ។ ព្រះមានព្រះភាគត្រាស់ថា ម្នាលសារីបុត្រ តថាគត ដែលជាព្រះអរហន្តសម្មាសម្ពុទ្ធ ក្នុង​កាលឥឡូវនេះ អ្នកបាន​កំណត់នូវចិត្តរបស់តថាគត ដោយចិត្ត (របស់ខ្លួន) ថា ព្រះមានព្រះភាគ មាន​សីលយ៉ាងនេះក្តី មានធម៌យ៉ាងនេះក្តី។ មានបញ្ញាយ៉ាងនេះ។ មានវិហារធម៌យ៉ាងនេះ។ ព្រះមានព្រះភាគ មានវិមុត្តិយ៉ាងនេះ ដូច្នេះៗដែរឬ។ ព្រះសារីបុត្ត ក្រាបបង្គំទូលថា ដំណើរនុ៎ះ មិនមែន​ដូច្នោះទេ ព្រះអង្គ។ ព្រះមានព្រះភាគ ត្រាស់ថា ម្នាលសារីបុត្រ អ្នកមិនមាន​ចេតោបរិយញ្ញាណ គឺប្រាជ្ញាជាគ្រឿងកំណត់ដឹងនូវចិត្ត ក្នុងព្រះអរហន្តសម្មាសម្ពុទ្ធទាំងឡាយនេះ ដែល​ជាអតីត អនាគត បច្ចុប្បន្នទេ កាលបើមិនមានញាណដូច្នេះ ហេតុអ្វីបានជាអ្នកនិយាយយ៉ាង​នេះ ម្នាលសារីបុត្រ អ្នកបាននិយាយអាសភិវាចា ដែលអ្នកបានពោលមកនេះ ហួសពេកណាស់ អ្នក​បានកាន់យកនូវសេចក្តីដាច់ស្រេច ហើយបានទាំងបន្លឺសីហនាទថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ជ្រះថ្លា ក្នុង​ព្រះមានព្រះភាគ យ៉ាងនេះថា សមណៈ ឬព្រាហ្មណ៍​ឯទៀត ដែលមានញាណ​ដ៏លើស​លុប​ជាងព្រះមានព្រះភាគ ក្នុងការត្រាស់ដឹង ក្នុងកាលកន្លង​ទៅ​ហើយ ក៏មិនមាន ក្នុងកាល​ខាងមុខ ក៏មិនមាន ក្នុងកាលឥឡូវនេះ ក៏មិនមាន។ ព្រះសារីបុត្រ ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គមិនមានចេតោបរិយញ្ញាណនេះ ក្នុងព្រះអរហន្តសម្មាសម្ពុទ្ធទាំងឡាយ ដែលជាអតីត អនាគត បច្ចុប្បន្នទេ ប៉ុន្តែខ្ញុំព្រះអង្គ បានដឹងតាមទំនងធម៌ បពិត្រព្រះអង្គដ៏ចំរើន នគរចុងដែន​របស់​ព្រះរាជា មានជើងបន្ទាយមាំ មានសសរ ក្លោងទ្វារកំពែងមាំ មានច្រកទ្វារតែមួយ អ្នករក្សាទ្វារនៃ​នគរ​នោះ ជាបណ្ឌិត ឈ្លាសវៃ មានប្រាជ្ញា ហាមប្រាមនូវពួកមនុស្ស ដែលខ្លួនមិនធ្លាប់ស្គាល់ (មិនឲ្យចូល​ទៅ) បើកឲ្យតែពួកមនុស្ស ដែលខ្លួនធ្លាប់ស្គាល់ ឲ្យចូលទៅ អ្នករក្សាទ្វារនោះ កាលដើរត្រួតត្រា​មើល​ផ្លូវ កំពែងខ្វាត់ខ្វែង ដោយជុំវិញនៃនគរនោះ ក៏មិនបានឃើញ​នូវទី ត នៃកំពែង ឬចន្លោះនៃ​កំពែង​ឡើយ ដោយហោចទៅ សូម្បីគ្រាន់តែឆ្មាចេញរួច (ក៏ពុំមាន) អ្នករក្សាទ្វារនោះ មានគំនិតយ៉ាងនេះ​ថា ពួកសត្វដែលធំៗណាមួយ ចូលមកកាន់នគរនេះក្តី ចេញទៅវិញក្តី សត្វទាំងអស់នោះ រមែង​ចូល​មក ឬចេញទៅតាមទ្វារ​នេះប៉ុណ្ណោះ សេចក្តីនេះយ៉ាងណាមិញ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំ​ព្រះអង្គ បានដឹងតាមទំនងធម៌ យ៉ាងនោះដែរ ថា ព្រះអរហន្តសម្មាសម្ពុទ្ធទាំងឡាយ ដែលកន្លងទៅហើយ ព្រះអរហន្ត សម្មាសម្ពុទ្ធមានព្រះភាគទាំងនោះ ទ្រង់លះនូវនីវរណៈទាំង៥ប្រការ ជាឧបក្កិលេស របស់ចិត្ត ជាគ្រឿងធ្វើបញ្ញាឲ្យទុព្វភាព មានព្រះហឫទ័យតាំងខ្ជាប់ល្អ ក្នុងសតិប្បដ្ឋានទាំង៤ បាន​ចំរើន​នូវសម្ពោជ្ឈង្គទាំង៧ តាមគួរដល់សេចក្តីពិត ក៏បានត្រាស់ដឹង នូវព្រះអនុត្តរសម្មា​សម្ពោធិញ្ញាណ បពិត្រព្រះអង្គដ៏ចំរើន ទោះបីព្រះអរហន្តសម្មាសម្ពុទ្ធទាំងឡាយ ដែលនឹង​មានក្នុង​អនាគតកាល ព្រះអរហន្តសម្មាសម្ពុទ្ធមានព្រះភាគទាំងអស់នោះ ទ្រង់លះនូវនីវរណៈទាំង៥ប្រការ ជាឧបក្កិលេស របស់ចិត្ត ជាគ្រឿងធ្វើបញ្ញាឲ្យទុព្វភាព មានព្រះហឫទ័យតាំងខ្ជាប់ល្អ ក្នុង​សតិប្បដ្ឋាន​ទាំង៤ បាន​ចំរើន​នូវសម្ពោជ្ឈង្គទាំង៧ តាមគួរដល់សេចក្តីពិត នឹងបានត្រាស់ដឹង នូវព្រះអនុត្តរសម្មា​សម្ពោធិញ្ញាណ បពិត្រព្រះអង្គដ៏ចំរើន ទោះបីព្រះមានព្រះភាគ ជាព្រះអរហន្ត​សម្មាសម្ពុទ្ធ ក្នុងកាល​ឥឡូវនេះ លះនូវនីវរណៈទាំង៥ប្រការ ជាឧបក្កិលេស របស់ចិត្ត ជាគ្រឿងធ្វើបញ្ញាឲ្យទុព្វភាព មានព្រះហឫទ័យតាំងខ្ជាប់ល្អ ក្នុងសតិប្បដ្ឋានទាំង៤ បាន​ចំរើន​នូវសម្ពោជ្ឈង្គទាំង៧ តាមគួរដល់​សេចក្តីពិត បានត្រាស់ដឹង នូវព្រះអនុត្តរសម្មា​សម្ពោធិញ្ញាណដែរ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ បានចូលមកគាល់​ព្រះមានព្រះភាគ ក្នុងទីនេះ ដើម្បីស្តាប់ធម៌។ បពិត្រព្រះអង្គដ៏ចំរើន សូម​ព្រះមានព្រះភាគ ទ្រង់សំដែងធម៌ដ៏ប្រសើរថ្លាថ្លា ព្រមទាំងគ្រឿងប្រៀបធៀប ទាំងចំណែក​ខ្មៅ ទាំង​ចំណែកស ដល់ខ្ញុំព្រះអង្គ។ បពិត្រព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគ ទ្រង់សំដែងធម៌ដ៏ប្រសើរថ្លាថ្លា ព្រមទាំងគ្រឿងប្រៀបធៀប ទាំងចំណែក​ខ្មៅ ទាំង​ចំណែកស ដោយប្រការយ៉ាងណាៗ ខ្ញុំព្រះអង្គ បានដឹងក្នុងធម៌នោះ បានចូលចិត្តធម៌ពួកខ្លះក្នុងធម៌ទាំងឡាយ ក៏ជ្រះថ្លាក្នុងព្រះសាស្តា ដោយប្រការ​យ៉ាង​នោះៗថា ព្រះមានព្រះភាគ ព្រះអង្គត្រាស់ដឹងប្រពៃហើយ ព្រះធម៌ដែល​ព្រះមានព្រះភាគ ពោលទុកប្រពៃហើយ ព្រះសង្ឃលោកប្រតិបត្តិប្រពៃហើយ ដូច្នេះ។

[៧៥] បពិត្រព្រះអង្គដ៏ចំរើន ពាក្យខាងមុខនៅមានតទៅទៀត ព្រះមានព្រះភាគ ទ្រង់សំដែង​ធម៌ ក្នុងកុសលធម៌ទាំងឡាយ ដោយទេសនាណ ទេសនានុ៎ះ ប្រសើរក្រៃលែង បណ្តាធម៌​ទាំងនោះ កុសលធម៌នោះ​តើដូចម្តេច កុសលធម៌នោះ គឺសតិប្បដ្ឋាន៤ សម្មប្បធាន៤ ឥទ្ធិបាទ៤ ឥន្ទ្រិយ៥ ពលៈ៥ ពោជ្ឈង្គ៧ មគ្គដ៏ប្រសើរប្រកបដោយអង្គ៨។ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុក្នុងសាសនានេះ ធ្វើ​ឲ្យច្បាស់នូវចេតោវិមុត្ត និងបញ្ញាវិមុត្ត មិនមានអាសវៈ ព្រោះអស់ទៅនៃអាសវៈទាំងឡាយ ​ដោយបញ្ញារបស់ខ្លួន ក្នុងបច្ចុប្បន្ន សម្រេចសម្រាន្តនៅ ដោយឥរិយាបថ។ បពិត្រព្រះអង្គដ៏ចំរើន នេះជា​ទេសនាដ៏ប្រសើរ ក្នុងកុសលធម៌ទាំងឡាយ ព្រះមានព្រះភាគ ទ្រង់ជ្រាបនូវ​ទេសនា​នោះ ឥត​មានសល់ កាលព្រះមានព្រះភាគ ជ្រាបច្បាស់​នូវទេសនានោះ ឥតមានសេសសល់ហើយ ក៏​នឹងរក​បុគ្គល​ដែលគួរដឹងច្បាស់​ជាងព្រះអង្គនោះទៅទៀតគ្មាន សមណៈ ឬព្រាហ្មណ៍ឯទៀត កាលបើ​ដឹង ក៏នឹងដឹងជាង​ព្រះមានព្រះភាគ ក្នុងកុសលធម៌ទាំងឡាយ មិនមានដែរ។

[៧៦] បពិត្រព្រះអង្គដ៏ចំរើន ពាក្យខាងមុខនៅមានតទៅទៀត ព្រះមានព្រះភាគ ទ្រង់សំដែង​ធម៌ ក្នុងអាយតនបណ្ណត្តិ គឺកិរិយាញុំាង​បុគ្គល​ឲ្យស្គាល់ នូវអាយតនៈទាំងឡាយ ដោយទេសនា ទេសនានុ៎ះ ប្រសើរក្រៃលែង។ បពិត្រព្រះអង្គដ៏ចំរើន អាយតនៈទាំងឡាយខាងក្នុង៦ ខាងក្រៅ​៦នេះ គឺចក្ខុ១ រូប១ សោតៈ១ សទ្ទៈ១ ឃានៈ១ គន្ធៈ១ ជិវ្ហា១ រស១ កាយ១ ផោដ្ឋព្វៈ១ មនោ១ ធម្មៈ១។ បពិត្រព្រះអង្គដ៏ចំរើន នេះជាទេសនាដ៏ប្រសើរ ក្នុងអាយតនបណ្ណត្តិទាំងឡាយ ព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់​នូវទេសនានោះ ឥតមានសល់ កាលព្រះមានព្រះភាគ ជ្រាបច្បាស់​នូវទេសនានោះ ឥត​មានសេសសល់ហើយ នឹងរកបុគ្គល​ដែលគួរដឹងច្បាស់ ជាងព្រះអង្គទៅទៀតគ្មាន សមណៈ ឬ​ព្រាហ្មណ៍ឯទៀត កាលបើដឹង ក៏នឹងដឹងឲ្យជាងព្រះមានព្រះភាគ ក្នុងអាយតនបណ្ណត្តិទាំងឡាយ ក៏​មិនមានដែរ។

[៧៧] បពិត្រព្រះអង្គដ៏ចំរើន ពាក្យខាងមុខនៅមានតទៅទៀត ព្រះមានព្រះភាគ ទ្រង់សំដែង​ធម៌ ក្នុងដំណើរ​ចុះកាន់គភ៌ទាំងឡាយ ដោយទេសនាណា ទេសនានុ៎ះ ប្រសើរក្រៃលែង។ បពិត្រព្រះអង្គដ៏ចំរើន ដំណើរចុះកាន់គភ៌ទាំងឡាយនេះ មាន៤យ៉ាង។ បពិត្រព្រះអង្គដ៏ចំរើន សត្វ​ពួកខ្លះ ក្នុងលោកនេះ ចុះកាន់ផ្ទៃមាតា ក៏មិនដឹងខ្លួន ឋិតនៅក្នុងផ្ទៃមាតា ក៏មិនដឹងខ្លួន ប្រសូត​ចេញ​ចាកផ្ទៃមាតា ក៏មិនដឹងខ្លួន នេះជាដំណើរចុះកាន់គភ៌ទី១។ បពិត្រព្រះអង្គដ៏ចំរើន ពាក្យខាង​មុខ​នៅ​មាន​ទៀត សត្វពួកខ្លះក្នុងលោកនេះ ចុះកាន់ផ្ទៃមាតា ក៏ដឹងខ្លួន តែឋិតនៅក្នុងផ្ទៃមាតា ក៏លែង​ដឹង​ខ្លួន ប្រសូត​ចេញ​ចាកផ្ទៃមាតា ក៏លែងដឹងខ្លួន នេះជាដំណើរចុះកាន់គភ៌ទី២។ បពិត្រព្រះអង្គដ៏ចំរើន ពាក្យខាងមុខនៅមានទៀត សត្វ​ពួកខ្លះ ក្នុងលោកនេះ ចុះកាន់ផ្ទៃមាតា ក៏ដឹងខ្លួន ឋិតនៅក្នុងផ្ទៃមាតា ក៏ដឹងខ្លួន លុះប្រសូត​ចេញ​ចាកផ្ទៃមាតា ក៏លែងដឹងខ្លួនទៅវិញ នេះជាដំណើរចុះកាន់គភ៌ទី៣។ បពិត្រព្រះអង្គដ៏ចំរើន ពាក្យខាងមុខនៅមានទៀត សត្វ​ពួកខ្លះ ក្នុងលោកនេះ ចុះកាន់ផ្ទៃមាតា ក៏ដឹងខ្លួន ឋិតនៅក្នុងផ្ទៃមាតា ក៏ដឹងខ្លួន ប្រសូត​ចេញ​ចាកផ្ទៃមាតា ក៏ដឹងខ្លួន នេះជាដំណើរចុះកាន់គភ៌ទី៤។ បពិត្រព្រះអង្គដ៏ចំរើន នេះជាទេសនាដ៏ប្រសើរក្នុងដំណើរ​ចុះកាន់គភ៌ទាំងឡាយ។

[៧៨] បពិត្រព្រះអង្គដ៏ចំរើន ពាក្យខាងមុខនៅមានតទៅទៀត ព្រះមានព្រះភាគ ទ្រង់​សំដែង​ធម៌ ក្នុងអាទេសនវិធី គឺវិធីសម្រាប់ទាយទាំងឡាយ ដោយទេសនាណា ទេសនានុ៎ះ ប្រសើរក្រៃលែង។ បពិត្រព្រះអង្គដ៏ចំរើន អាទេសនាវិធីនេះ មាន៤យ៉ាង។ បពិត្រព្រះអង្គដ៏ចំរើន បុគ្គលពួកខ្លះ ក្នុងលោកនេះ ចេះទាយតាមនិមិត្ត48) ថា ចិត្តរបស់អ្នកយ៉ាង​នេះ​ខ្លះ ចិត្តរបស់អ្នក មានប្រការយ៉ាងនេះខ្លះ ចិត្តរបស់អ្នកដូច្នេះខ្លះ។ ទោះបី​បុគ្គលនោះ ទាយច្រើន​តទៅ​ទៀត ចិត្តនោះក៏ដូច្នោះឯង មិនមែនជាយ៉ាងដទៃទេ។ នេះចាត់ជាអាទេសនវិធីទី១។ បពិត្រព្រះអង្គដ៏ចំរើន ពាក្យខាងមុខនៅមានតទៅទៀត បុគ្គលពួកខ្លះ ក្នុងលោកនេះ នឹងបានទាយតាមនិមិត្តក៏ទេ គ្រាន់តែស្តាប់សំឡេង​ពួក​មនុស្ស និងអមនុស្ស ឬទេវតាទាំងឡាយ ហើយទើប​ទាយថា ចិត្តរបស់អ្នកយ៉ាងនេះខ្លះ ចិត្តរបស់អ្នកមានប្រការយ៉ាងនេះខ្លះ ចិត្តរបស់​អ្នកដូច្នេះខ្លះ។ ទោះបី​បុគ្គលនោះ ទាយច្រើន​តទៅ​ទៀត ចិត្តនោះក៏ដូច្នោះឯង មិនមែន​ជា​យ៉ាងដទៃវិញទេ។ នេះចាត់ជាអាទេសនវិធីទី២។ បពិត្រព្រះអង្គដ៏ចំរើន ពាក្យខាងមុខ​នៅ​មាន​​ទៀត បុគ្គលពួកខ្លះ ក្នុងលោកនេះ មិនបានទាយតាមនិមិត្ត ទាំងមិនបានស្តាប់សំឡេង​ពួក​មនុស្ស និងអមនុស្ស ឬទេវតាទាំងឡាយទេ ក៏​ទាយត្រូវដែរ ប៉ុន្តែ លុះតែបានស្តាប់សំឡេង ដែលផ្សាយចេញ​អំពី​សេចក្តីត្រិះរិះ របស់អ្នក​ដែលកំពុងនឹក កំពុង​គិត ក៏ទាយថា ចិត្តរបស់អ្នកយ៉ាងនេះខ្លះ ចិត្ត​របស់​អ្នក​មានប្រការយ៉ាងនេះខ្លះ ចិត្តរបស់​អ្នកដូច្នេះខ្លះ។ ទោះបី​បុគ្គលនោះ ទាយច្រើន​ទៅ​ទៀត ចិត្តនោះក៏ដូច្នោះឯង មិនមែន​ជា​យ៉ាងដទៃទេ។ នេះចាត់ជាអាទេសនវិធីទី៣។ បពិត្រព្រះអង្គដ៏ចំរើន ពាក្យខាងមុខនៅមានទៀត បុគ្គលពួកខ្លះ ក្នុងលោកនេះ មិនបានទាយតាមនិមិត្ត ទាំង​មិនបាន​ស្តាប់​សំឡេង​ពួក​មនុស្ស និងអមនុស្ស ឬទេវតាទាំងឡាយ ហើយ​ទាយទេ នឹងថាបានស្តាប់​សំឡេង​ ដែលផ្សាយ​ចេញអំពី​សេចក្តីត្រិះរិះ របស់អ្នកដែលកំពុង​នឹក កំពុងគិត ហើយទាយក៏ទេដែរ តែថា បុគ្គលនោះ កំណត់​ដឹងនូវចិត្តរបស់អ្នក ដែលចូលកាន់វិតក្កវិចារសមាធិ ដោយចិត្តរបស់​ខ្លួន​បានថា បុគ្គល​ដ៏ចំរើននេះ ដំកល់ទុកនូវមនោសង្ខារ ដោយប្រការណា ចិត្តរបស់បុគ្គលនេះ នឹងនឹក​ដល់​វិតក្កៈ ឈ្មោះ​នេះ មិនមានចន្លោះ ទោះបីបុគ្គលនោះ ទាយច្រើនទៅទៀត ចិត្តនោះក៏ដូច្នោះឯង មិនមែន​ជា​យ៉ាងដទៃទេ។ បពិត្រព្រះអង្គដ៏ចំរើន​ នេះចាត់ជាអាទេសនវិធីទី៤។ បពិត្រព្រះអង្គដ៏ចំរើន នេះជា​អាទេសនាដ៏ប្រសើរ ក្នុងអាទេសនវិធីទាំងឡាយ។

[៧៩] បពិត្រព្រះអង្គដ៏ចំរើន ពាក្យខាងមុខនៅមានតទៅទៀត ព្រះមានព្រះភាគ ទ្រង់សំដែង​ធម៌ ក្នុងទស្សនសមាបត្តិ49) ទាំងឡាយ។ បពិត្រព្រះអង្គដ៏ចំរើន ទស្សនសមាបត្តិទាំងនេះមាន៤យ៉ាង។ បពិត្រព្រះអង្គដ៏ចំរើន សមណៈ ឬ​ព្រាហ្មណ៍ពួកខ្លះ ក្នុងលោកនេះ អាស្រ័យ​សេចក្តីព្យាយាម ជាគ្រឿង​ដុតកិលេស អាស្រ័យ​សេចក្តី​​ព្យាយាម ជាគ្រឿង​ដំកល់មំា អាស្រ័យសេចក្តីព្យាយាម ជាគ្រឿង​ប្រកបរឿយៗ អាស្រ័យ​សេចក្តីមិន​ប្រមាទ អាស្រ័យសេចក្តីធ្វើទុកក្នុងចិត្តដោយប្រពៃ កាលបើចិត្តខ្ជាប់ខ្ជួនហើយយ៉ាងណា ក៏បាននូវ​ចេតោសមាធិ មានសភាពយ៉ាងនោះ ក៏ពិចារណាឃើញ​នូវកាយនេះឯង ខាងលើតាំងពីបាទជើង​ឡើង​មក ខាងក្រោមតាំងពីចុងសក់ចុះទៅ មានស្បែក​រុំព័ទ្ធពីក្រៅ ដែលពេញ​ទៅដោយ​របស់​មិនស្អាត មានប្រការផ្សេងៗ មាននៅក្នុងកាយនេះ គឺសក់ រោម ក្រចក ធ្មេញ ស្បែក សាច់ សរសៃ ឆ្អឹង ខួរក្នុងឆ្អឹង ទាច បេះដូង ថ្លើម វាវ ក្រពះ សួត ពោះវៀនធំ ពោះវៀនតូច អាហារថ្មី អាហារចាស់ ប្រមាត់ ស្លេស្ម ខ្ទុះ ឈាម ញើស ខ្លាញ់ខាប់ ទឹកភ្នែក ខ្លាញ់រាវ ទឹកមាត់ ទឹកសម្បោរ ទឹករំអិល ទឹក​មូត្រ នេះជាទស្សនសមាបត្តិទី១។ បពិត្រព្រះអង្គដ៏ចំរើន ពាក្យខាងមុខនៅមានទៀត សមណៈ ឬ​ព្រាហ្មណ៍ពួកខ្លះ ក្នុងលោកនេះ អាស្រ័យ​សេចក្តីព្យាយាម ជាគ្រឿង​ដុតកិលេស។បេ។ កាលបើចិត្តខ្ជាប់ខ្ជួនហើយយ៉ាងណា ក៏បាននូវ​ចេតោសមាធិ មានសភាពយ៉ាងនោះ ពិចារណាឃើញ​នូវកាយនេះឯង ខាងលើតាំងពីបាតជើង​ឡើង​មក ខាងក្រោមតាំងពីចុងសក់ចុះទៅ មានស្បែក​រុំព័ទ្ធពីក្រៅ ដែលពេញ​ទៅដោយ​របស់​មិនស្អាត មានប្រការផ្សេងៗ មាននៅក្នុងកាយនេះ គឺសក់ រោម។បេ។ ទឹករំអិល ទឹក​មូត្រ រហូតដល់ទៅពិចារណា នូវពណ៌សម្បុរ សាច់ ឈាម ឆ្អឹង របស់បុរស នេះជាទស្សនសមាបត្តិទី២។ បពិត្រព្រះអង្គដ៏ចំរើន ពាក្យខាងមុខនៅមានទៀត សមណៈ ឬ​ព្រាហ្មណ៍ពួកខ្លះ ក្នុងលោកនេះ អាស្រ័យ​សេចក្តីព្យាយាម ជាគ្រឿង​ដុតកិលេស។បេ។ កាលបើចិត្តខ្ជាប់ខ្ជួនហើយយ៉ាងណា ក៏បាននូវ​ចេតោសមាធិ មានសភាពយ៉ាងនោះ ពិចារណាឃើញ​នូវកាយនេះឯង ខាងលើតាំងពីបាតជើង​ឡើង​មក ខាងក្រោមតាំងពីចុងសក់ចុះទៅ មានស្បែក​រុំព័ទ្ធពីក្រៅ ដែលពេញដោយ​របស់​មិនស្អាត មានប្រការផ្សេងៗ មាននៅក្នុងកាយនេះ គឺសក់ រោម។បេ។ ទឹករំអិល ទឹក​មូត្រ រហូតដល់ទៅពិចារណា នូវពណ៌សម្បុរ សាច់ ឈាម ឆ្អឹង របស់បុរស ទាំងដឹងច្បាស់ នូវវិញ្ញាណសោតៈ50) របស់បុរស ដែល​មិនដាច់ចេញជាពីរចំណែក គឺតាំង​នៅក្នុង​លោកនេះ១ផ្នែក តាំង​នៅ​ក្នុងលោកខាងមុខ១ផ្នែក នេះជាទស្សនសមាបត្តិទី៣។ បពិត្រព្រះអង្គដ៏ចំរើន ពាក្យខាងមុខនៅមានទៀត សមណៈ ឬ​ព្រាហ្មណ៍ពួកខ្លះ ក្នុងលោកនេះ អាស្រ័យ​សេចក្តីព្យាយាម ជាគ្រឿង​ដុតកិលេស។បេ។ ទឹករំអិល ទឹក​មូត្រ រហូតដល់ទៅពិចារណា ពណ៌សម្បុរ សាច់ ឈាម ឆ្អឹង របស់បុរស ទាំងដឹងច្បាស់នូវវិញ្ញាណសោតៈ របស់បុរស ដែលមិនដាច់ចេញ ជាពីរចំណែក គឺ​មិនតាំង​នៅ ក្នុងលោកនេះ១ផ្នែក មិនតាំងនៅ ក្នុងលោកខាងមុខ១ផ្នែក នេះជាទស្សនសមាបត្តិទី៤។ បពិត្រព្រះអង្គដ៏ចំរើន នេះជាទេសនា ដ៏ប្រសើរក្រៃលែង ក្នុងទស្សនសមាបត្តិទាំងឡាយ។

[៨០] បពិត្រព្រះអង្គដ៏ចំរើន ពាក្យខាងមុខនៅមានតទៅទៀត ព្រះមានព្រះភាគ ទ្រង់សំដែង​ធម៌ ក្នុងបុគ្គលបញ្ញត្តិទាំងឡាយ ដោយទេសនាណា​ ទេសនានុ៎ះ ប្រសើរក្រៃលែង។ បពិត្រព្រះអង្គដ៏ចំរើន បុគ្គលទាំង៧ពួកនេះគឺ ឧភតោភាគវិមុត្តបុគ្គល គឺបុគ្គលដែលរួចចាកចំណែក​ទាំងពីរ51) ១ បញ្ញាវិមុត្តបុគ្គល គឺបុគ្គលដែល​រួចចាកអាសវៈដោយបញ្ញា52) ១ កាយសក្ខិបុគ្គល គឺបុគ្គលដែល​ធ្វើឲ្យច្បាស់ នូវឈានផស្សៈ ដែលខ្លួន​ពាល់ត្រូវ53) ១ ទិដ្ឋិប្បត្តបុគ្គល គឺបុគ្គល​ដែលដល់ នូវសេចក្តី​ឃើញច្បាស់54) ១ សទ្ធាវិមុត្តបុគ្គល គឺបុគ្គល​រួចចាក​អាសវៈ ដោយសទ្ធា55) ១ ធម្មានុសារីបុគ្គល គឺបុគ្គលដែលរលឹករឿយៗ នូវ(មគ្គដែលមានបញ្ញា​[សំដៅយកសោតាបត្តិមគ្គបុគ្គលតែមួយពួកប៉ុណ្ណោះ។ តែសោតាបត្តិមគ្គបុគ្គល​ដែលផ្គងចិត្ត ដើម្បី​ឲ្យ​បានសម្រេច​សោតាបត្តិផល ជាអ្នកមានបញ្ញិន្ទ្រិយដ៏ក្លៀវក្លា ដឹកនាំ​ឲ្យចំរើន នូវអរិយមគ្គ ដែល​មានបញ្ញាជាទីតាំង ហៅថា ធម្មានុសារីបុគ្គល។ សោតាបត្តិមគ្គបុគ្គល ដែលផ្គងចិត្ត ដើម្បីឲ្យបាន​សម្រេចនូវសោតាបត្តិផល ជាអ្នកមានសទ្ធិន្ទ្រិយដ៏ក្លៀវក្លា ដឹកនាំឲ្យចំរើន​ នូវអរិយមគ្គ ដែល​មានសទ្ធា​ជាទីតាំង ហៅថា សទ្ធានុសារីបុគ្គល។ អដ្ឋកថា ព្រមទាំង​ដីកា។] ជាប្រធាន)១ សទ្ធានុសារីបុគ្គល គឺបុគ្គល​ដែលរលឹករឿយៗ នូវធម៌ គឺបញ្ញាដោយសទ្ធា ​[សំដៅយកសោតាបត្តិមគ្គបុគ្គលតែមួយពួកប៉ុណ្ណោះ។ តែសោតាបត្តិមគ្គបុគ្គល​ដែលផ្គងចិត្ត ដើម្បី​ឲ្យ​បានសម្រេច​សោតាបត្តិផល ជាអ្នកមានបញ្ញិន្ទ្រិយដ៏ក្លៀវក្លា ដឹកនាំ​ឲ្យចំរើន នូវអរិយមគ្គ ដែល​មានបញ្ញាជាទីតាំង ហៅថា ធម្មានុសារីបុគ្គល។ សោតាបត្តិមគ្គបុគ្គល ដែលផ្គងចិត្ត ដើម្បីឲ្យបាន​សម្រេចនូវសោតាបត្តិផល ជាអ្នកមានសទ្ធិន្ទ្រិយដ៏ក្លៀវក្លា ដឹកនាំឲ្យចំរើន​ នូវអរិយមគ្គ ដែល​មានសទ្ធា​ជាទីតាំង ហៅថា សទ្ធានុសារីបុគ្គល។ អដ្ឋកថា ព្រមទាំង​ដីកា។] ១។ បពិត្រព្រះអង្គដ៏ចំរើន នេះជាទេសនាដ៏ប្រសើរ ក្រៃលែង ក្នុងបុគ្គលបញ្ញត្តិទាំងឡាយ។

[៨១] បពិត្រព្រះអង្គដ៏ចំរើន ពាក្យខាងមុខនៅមានតទៅទៀត ព្រះមានព្រះភាគ ទ្រង់សំដែង​ធម៌ ក្នុងបធានធម៌ គឺពោជ្ឈង្គទាំង៧ ដោយទេសនាណា​ ទេសនានុ៎ះ ប្រសើរក្រៃលែង។ បពិត្រព្រះអង្គដ៏ចំរើន ពោជ្ឈង្គនេះមាន៧គឺ សតិសម្ពោជ្ឈង្គ១ ធម្មវិចយសម្ពោជ្ឈង្គ១ វីរិយសម្ពោជ្ឈង្គ១ បីតិសម្ពោជ្ឈង្គ១ បស្សទ្ធិសម្ពោជ្ឈង្គ១ សមាធិសម្ពោជ្ឈង្គ១ ឧបេក្ខាសម្ពោជ្ឈង្គ56) ១។ បពិត្រព្រះអង្គដ៏ចំរើន នេះជាទេសនាដ៏ប្រសើរ ក្រៃលែង ក្នុងបធានធម៌ទាំងឡាយ។

[៨២] បពិត្រព្រះអង្គដ៏ចំរើន ពាក្យខាងមុខនៅមានតទៅទៀត ព្រះមានព្រះភាគ ទ្រង់សំដែង​ធម៌ ក្នុងបដិបទាទាំងឡាយ ដោយទេសនាណា​ ទេសនានុ៎ះ ប្រសើរក្រៃលែង។ បពិត្រព្រះអង្គដ៏ចំរើន បដិបទានេះ មាន៤យ៉ាង គឺទុក្ខាបដិបទា ទន្ធាភិញ្ញា១ ទុក្ខាបដិបទា ខិប្បាភិញ្ញា១ សុខាបដិបទា ទន្ធាភិញ្ញា១ សុខាបដិបទា ខិប្បាភិញ្ញា១ បពិត្រព្រះអង្គដ៏ចំរើន បណ្តាបដិបទាទាំង៤នោះ បដិបទា​ណា ប្រកបដោយសេចក្តីលំបាក ត្រាស់ដឹងបានដោយយឺតយូរ បពិត្រព្រះអង្គដ៏ចំរើន បដិបទា​នេះ​ឯង រមែងប្រាកដថា ថោកទាប ដោយចំណែកទាំងពីរ គឺប្រកបដោយសេចក្តី​លំបាកផង យឺតយូរ​ផង។ បពិត្រព្រះអង្គដ៏ចំរើន បណ្តាបដិបទាទាំងនោះ បដិបទាណា ប្រកបដោយ​សេចក្តីលំបាក តែ​ត្រាស់ដឹងបានដោយឆាប់ បពិត្រព្រះអង្គដ៏ចំរើន បដិបទានេះឯង រមែងប្រាកដថា ថោកទាប ព្រោះ​ប្រកបដោយសេចក្តី​លំបាក។ បពិត្រព្រះអង្គដ៏ចំរើន បណ្តាបដិបទាទាំងនោះ បដិបទាណា ប្រកបដោយ​​សេចក្តីងាយ តែ​ត្រាស់ដឹងបានដោយយឺតយូរ បពិត្រព្រះអង្គដ៏ចំរើន បដិបទានេះឯង រមែងប្រាកដថា ថោកទាប ព្រោះត្រាស់ដឹងដោយយឺតយូរ។ បពិត្រព្រះអង្គដ៏ចំរើន បណ្តា​បដិបទាទាំងនោះ បដិបទាណា ប្រកបដោយ​សេចក្តីងាយ ទាំង​ត្រាស់ដឹងបានដោយឆាប់ បពិត្រព្រះអង្គដ៏ចំរើន បដិបទានេះឯង រមែងប្រាកដថា ប្រសើរដោយ ចំណែកទាំងពីរ គឺប្រកបដោយសេចក្តី​ងាយផង ទាំងត្រាស់ដឹងបានដោយឆាប់​ផង។ បពិត្រព្រះអង្គដ៏ចំរើន នេះជាទេសនា ដ៏ប្រសើរ ក្នុងបដិបទាទាំងឡាយ។

[៨៣] បពិត្រព្រះអង្គដ៏ចំរើន ពាក្យខាងមុខនៅមានតទៅទៀត ព្រះមានព្រះភាគ ទ្រង់សំដែង​ធម៌ ក្នុងភស្សសមាចារ (កិរិយាប្រព្រឹត្តិល្អដោយវាចា) ដោយទេសនាណា​ ទេសនានុ៎ះ ប្រសើរក្រៃលែង។ បពិត្រព្រះអង្គដ៏ចំរើន បុគ្គលពួកខ្លះ ក្នុងលោកនេះ មិននិយាយសំដីប្រកបដោយ​មុសាវាទផង មិននិយាយពាក្យញុះញង់ ដែលធ្វើ​គេឲ្យបែកបាក់ផ្សេងពីគ្នាផង មិននិយាយនូវពាក្យ​ដែលកើត អំពីការប្រណាំង​ប្រជែង​ផង ជាអ្នកមិនប្រាថ្នាចង់ឈ្នះ ពិចារណា​ដោយបញ្ញា (ទើប​ពោល​ផង) និយាយនូវសំដី គួរឲ្យ​អ្នកផងយកទុក ក្នុងហឫទ័យ តាមកាលគួរផង។ បពិត្រព្រះអង្គដ៏ចំរើន នេះ​ជាទេសនាដ៏ប្រសើរ ក្នុងភស្សសមាចារ។

[៨៤] បពិត្រព្រះអង្គដ៏ចំរើន ពាក្យខាងមុខនៅមានតទៅទៀត ព្រះមានព្រះភាគ ទ្រង់សំដែង​ធម៌ ក្នុងបុរិសសីលសមាចារ ដោយទេសនាណា​ ទេសនានុ៎ះ ប្រសើរក្រៃលែង។ បពិត្រព្រះអង្គដ៏ចំរើន បុគ្គលពួកខ្លះក្នុងលោកនេះ ជាអ្នកមានសច្ចធម៌ផង មានសទ្ធាផង មិនកុហក​ផង មិននិយាយរួសរាយ (ហួសហេតុ)ផង មិននិយាយ​បញ្ឆិតបញ្ឆៀងផង មិននិយាយគម្រាមគេផង មិននាំ​ទៅនូវលាភ ដើម្បីលាភផង ជាអ្នកមានទ្វារគ្រប់គ្រង ក្នុងឥន្ទ្រិយទាំងឡាយ ដឹងប្រមាណ​ក្នុង​ភោជនទាំងឡាយ ប្រព្រឹត្តស្មើ ប្រកបរឿយៗ នូវសេចក្តីព្យាយាម ជាគ្រឿង​ភ្ញាក់រលឹក មិនខ្ជិលច្រអូស ប្រារព្ធសេចក្តីព្យាយាម មានឈាន មានសតិ មានបដិភាណដ៏ល្អ មានគតិ គឺប្រាជ្ញា ជាគ្រឿង​ស្ទុះទៅ មានប្រាជ្ញា ជាគ្រឿង​ទ្រទ្រង់ មានគំនិត ជាអ្នកមិនជាប់ជក់នៅក្នុងកាមទាំងឡាយផង មានសតិផង មាន​ប្រាជ្ញាខ្ជាប់ខ្ជួនផង។ បពិត្រព្រះអង្គដ៏ចំរើន នេះ​ជាទេសនាដ៏ប្រសើរ ក្នុងបុរិសសីលសមាចារ។

[៨៥] បពិត្រព្រះអង្គដ៏ចំរើន ពាក្យខាងមុខ នៅមានតទៅទៀត ព្រះមានព្រះភាគ ទ្រង់សំដែង​ធម៌ ក្នុងអនុសាសនវិធាទាំងឡាយ ដោយទេសនាណា​ ទេសនានុ៎ះ ប្រសើរក្រៃលែង។ បពិត្រព្រះអង្គដ៏ចំរើន អនុសាសនវិធានេះ មាន៤យ៉ាង។ បពិត្រព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគ ទ្រង់ជ្រាបបុគ្គលដទៃ ព្រោះទ្រង់ធ្វើទុកក្នុងព្រះហឫទ័យ ចំពោះព្រះអង្គថា បុគ្គលនេះ កាលប្រតិបត្តិ​តាមគួរ ដល់ពាក្យប្រៀនប្រដៅ នឹងបានជាសោតាបន្នបុគ្គល ព្រោះអស់ទៅនៃសំយោជនៈទាំងឡាយ ៣ប្រការ មានកិរិយាមិនធ្លាក់ចុះជាធម្មតា ជាបុគ្គលទៀងទាត់ មានកិរិយា​ត្រាស់ដឹង​ប្រព្រឹត្តទៅខាងមុខ១។ បពិត្រព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគ ទ្រង់ជ្រាបបុគ្គលដទៃ ព្រោះទ្រង់ធ្វើទុកក្នុងព្រះហឫទ័យ ចំពោះព្រះអង្គថា បុគ្គលនេះ កាលប្រតិបត្តិ​តាមគួរ ដល់ពាក្យប្រៀនប្រដៅ នឹងបានជាសកទាគាមិបុគ្គល ព្រោះអស់ទៅនៃសំយោជនៈទាំងឡាយ ៣ប្រការ និងស្រាលស្តើងចាករាគៈ ទោសៈ មោហៈ នឹងមកកាន់លោកនេះ តែម្តងទៀត ទើបធ្វើនូវ​ទីបំផុត​ទុក្ខបាន១។ បពិត្រព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគ ទ្រង់ជ្រាបបុគ្គលដទៃ ព្រោះទ្រង់ធ្វើទុកក្នុងព្រះហឫទ័យ ចំពោះព្រះអង្គថា បុគ្គលនេះ កាលប្រតិបត្តិ​តាមគួរ ដល់ពាក្យប្រៀនប្រដៅ នឹងបានជាឱបបាតិកៈ (ជាអនាគាមិបុគ្គល) ព្រោះអស់ទៅនៃសំយោជនៈទាំងឡាយ ជាចំណែកខាងក្រោម ៥ប្រការ នឹងបរិនិព្វាន ក្នុងភពនោះ មិនត្រឡប់ចាកលោកនោះ ជាធម្មតា១។ បពិត្រព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគ ទ្រង់ជ្រាបបុគ្គលដទៃ ព្រោះទ្រង់ធ្វើទុកក្នុងព្រះហឫទ័យ ចំពោះព្រះអង្គថា បុគ្គលនេះ កាលប្រតិបត្តិ​តាមគួរ ដល់ពាក្យប្រៀនប្រដៅ នឹងធ្វើឲ្យជាក់ច្បាស់ នូវចេតោវិមុត្តិ បញ្ញាវិមុត្តិ មិនមានអាសវៈ ព្រោះអស់ទៅនៃអាសវៈទាំងឡាយ ដោយបញ្ញារបស់ខ្លួន ក្នុងបច្ចុប្បន្ននេះ ក៏សម្រេចសម្រាន្តនៅ ដោយ​ឥរិយាបថ១។ បពិត្រព្រះអង្គដ៏ចំរើន នេះ​ជាទេសនាដ៏ប្រសើរ ក្នុងអនុសាសនវិធាទាំងឡាយ។

[៨៦] បពិត្រព្រះអង្គដ៏ចំរើន ពាក្យខាងមុខ នៅមានតទៅទៀត ព្រះមានព្រះភាគ ទ្រង់សំដែង​ធម៌ ក្នុងវិមុត្តិញ្ញាណ របស់បុគ្គលដទៃ ដោយទេសនាណា​ ទេសនានុ៎ះ ប្រសើរក្រៃលែង។ បពិត្រព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគ ទ្រង់ជ្រាបបុគ្គលដទៃ ព្រោះទ្រង់ធ្វើទុក​ក្នុងព្រះហឫទ័យ ចំពោះ​ព្រះអង្គថា បុគ្គលនេះ ជាសោតាបន្នបុគ្គល ព្រោះអស់ទៅនៃសំយោជនៈទាំងឡាយ​៣ប្រការ មានកិរិយាមិនធ្លាក់ចុះ ជាធម្មតា ជាបុគ្គលទៀង មានកិរិយាត្រាស់ដឹង ប្រព្រឹត្តទៅក្នុងខាង​មុខ១។ បពិត្រព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគ ទ្រង់ជ្រាបបុគ្គលដទៃ ព្រោះទ្រង់ធ្វើទុក​ក្នុងព្រះហឫទ័យ ចំពោះ​ព្រះអង្គថា បុគ្គលនេះ ជាសកទាគាមិបុគ្គល ព្រោះអស់ទៅ​នៃ​សំយោជនៈ​ទាំងឡាយ​៣ប្រការ ទាំងស្រាលស្តើងចាករាគៈ ទោសៈ មោហៈ នឹងមកកាន់​លោកនេះម្តងទៀត ទើប​ធ្វើនូវទីបំផុតទុក្ខបាន១។ បពិត្រព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគ ជ្រាបបុគ្គលដទៃ ព្រោះទ្រង់ធ្វើទុក​ក្នុងព្រះហឫទ័យ ចំពោះ​ព្រះអង្គថា បុគ្គលនេះ ជាឱបបាតិកៈ (ជាអនាគាមិបុគ្គល៌) ព្រោះអស់ទៅ​នៃ​សំយោជនៈ​ទាំងឡាយ ជាចំណែកខាងក្រោម​៥ប្រការ នឹងបរិនិព្វាន​ក្នុងភពនោះ មិនត្រឡប់​ចាកលោកនោះ ជាធម្មតា១។ បពិត្រព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគ ទ្រង់ជ្រាបបុគ្គលដទៃ ព្រោះទ្រង់ធ្វើទុក​ក្នុងព្រះហឫទ័យ ចំពោះ​ព្រះអង្គថា បុគ្គលនេះ នឹងធ្វើឲ្យជាក់ច្បាស់ នូវចេតោវិមុត្តិ បញ្ញាវិមុត្តិ មិនមានអាសវៈ ព្រោះអស់ទៅនៃអាសវៈទាំងឡាយ ដោយប្រាជ្ញារបស់ខ្លួន ក្នុងបច្ចុប្បន្ន​នេះ សម្រេចសម្រាន្តនៅ ដោយ​ឥរិយាបថ១។ បពិត្រព្រះអង្គដ៏ចំរើន នេះជាទេសនាដ៏ប្រសើរ ក្នុងវិមុត្តិញ្ញាណរបស់បុគ្គលដទៃ។

[៨៧] បពិត្រព្រះអង្គដ៏ចំរើន ពាក្យខាងមុខ នៅមានតទៅទៀត ព្រះមានព្រះភាគ ទ្រង់សំដែង​ធម៌ ក្នុងសស្សតវាទទាំងឡាយ ដោយទេសនាណា​ ទេសនានុ៎ះ ប្រសើរក្រៃលែង។ បពិត្រព្រះអង្គ​ដ៏ចំរើន សស្សតវាទ នេះ មាន៣យ៉ាង។ បពិត្រព្រះអង្គដ៏ចំរើន សមណៈ ឬព្រាហ្មណ៍ពួកខ្លះ ក្នុង​លោកនេះ អាស្រ័យ​សេចក្តីព្យាយាម ដុតកិលេស។បេ។ កាលបើចិត្តតាំងនៅមាំហើយយ៉ាងណា ក៏បាននូវ​ចេតោសមាធិ មានសភាពយ៉ាងនោះ រលឹកជាតិដែលធ្លាប់អាស្រ័យនៅ ក្នុងកាលមុន ជាច្រើន​ជាតិ គឺរលឹក​បាន១ជាតិខ្លះ ២ជាតិខ្លះ ៣ជាតិខ្លះ ៤ជាតិខ្លះ ៥ជាតិខ្លះ ១០ជាតិខ្លះ ២០ជាតិ​ខ្លះ ៣០ជាតិខ្លះ ៤០ជាតិខ្លះ ៥០ជាតិខ្លះ ១០០ជាតិខ្លះ ១០០០ជាតិខ្លះ ១០០០០០ជាតិខ្លះ ច្រើនជាង​១០០ជាតិខ្លះ ច្រើនជាង​១ពាន់ជាតិខ្លះ ច្រើនជាង១សែនជាតិខ្លះ ដូច្នេះថា អាត្មាអញ កើតក្នុងភព​ឯនោះ មានឈ្មោះយ៉ាងនេះ មានគោត្រយ៉ាងនេះ មានសម្បុរយ៉ាងនេះ មានអាហារយ៉ាងនេះ បានទទួល​សុខទុក្ខយ៉ាងនេះ មានកំណត់អាយុប៉ុណ្ណេះ អាត្មាអញនោះ លុះច្យុតចាកអត្តភាព​នោះ​ហើយ បានទៅកើត​ក្នុងភពឯនោះ ដែលទៅកើតក្នុងភពនោះ អាត្មាអញ ​មានឈ្មោះយ៉ាងនេះ មានគោត្រយ៉ាងនេះ មានសម្បុរយ៉ាងនេះ មានអាហារយ៉ាងនេះ ទទួល​សុខទុក្ខយ៉ាងនេះ មានកំណត់អាយុប៉ុណ្ណេះ អាត្មាអញនោះ លុះច្យុតចាកអត្តភាព​នោះ​ហើយ ទើបបានមកកើត​ក្នុងភពនេះ។ បុគ្គលនោះ រមែង​រលឹកនូវជាតិ ដែលធ្លាប់អាស្រ័យនៅក្នុងកាលមុន ជាច្រើនជាតិ ព្រម​ទាំងអាការ ព្រមទាំងឧទ្ទេស ដោយប្រការដូច្នេះ បុគ្គលនោះ និយាយយ៉ាងនេះថា អាត្មាអញ តែង​ដឹង​នូវ​អតីតកាលថា លោកវិនាស ឬលោកចំរើន ដូច្នេះ។ អាត្មាអញ តែងដឹងនូវ​អនាគតកាលថា លោកនឹង​វិនាស ឬលោកនឹងចំរើនដូច្នេះ។ បុគ្គលនោះ និយាយថា ខ្លួន និងលោក​ជាសភាព​ទៀង​ទាត់ ផុតពូជធារ ឋិតនៅដូចភ្នំ ឋិតនៅ​ដូចសសរគោល ចំណែកសត្វ​ទាំងឡាយនោះ តែង​ត្រាច់​ទៅ អន្ទោលទៅ ច្យុតកើតមាននៅប្រាកដស្មើ ដូចសស្សតិវត្ថុ។ នេះជាសស្សតវាទទី១។ បពិត្រព្រះអង្គដ៏ចំរើន ពាក្យខាងមុខ នៅមានទៀត សមណៈ ឬព្រាហ្មណ៍ពួកខ្លះ ក្នុង​លោកនេះ អាស្រ័យ​សេចក្តីព្យាយាម ជាគ្រឿងដុតកិលេស។បេ។ កាលបើចិត្តដំកល់មាំហើយយ៉ាងណា ក៏បាននូវ​ចេតោសមាធិ មានសភាពយ៉ាងនោះ រលឹកនូវជាតិ ដែលធ្លាប់អាស្រ័យនៅ ក្នុងកាលមុន ជាច្រើន​ជាតិ គឺរលឹក​បាន១សំវដ្តកប្ប និងវិវដ្តកប្ប (កប្បវិនាស និង​កប្បចំរើន)ខ្លះ ២សំវដ្តកប្ប និងវិវដ្តកប្បខ្លះ ៣សំវដ្តកប្ប និងវិវដ្តកប្បខ្លះ ៤សំវដ្តកប្ប និងវិវដ្តកប្បខ្លះ ៥សំវដ្តកប្ប និងវិវដ្តកប្ប​ខ្លះ ១០សំវដ្តកប្ប និងវិវដ្តកប្បខ្លះថា អាត្មាអញ បានកើតក្នុងភព​ឯនោះ មានឈ្មោះយ៉ាងនេះ មានគោត្រយ៉ាងនេះ មានសម្បុរយ៉ាងនេះ មានអាហារយ៉ាងនេះ បានទទួល​សុខទុក្ខយ៉ាងនេះ មានកំណត់អាយុប៉ុណ្ណេះ អាត្មាអញនោះ លុះច្យុតចាកអត្តភាព​នោះ​ហើយ បានទៅកើត​ក្នុងភពឯនោះ ដែលទៅកើតក្នុងភពនោះ អាត្មាអញ ​មានឈ្មោះយ៉ាងនេះ មានគោត្រយ៉ាងនេះ​។បេ។ មានកំណត់អាយុប៉ុណ្ណេះ អាត្មាអញ លុះច្យុតចាកអត្តភាព​នោះ​ហើយ ទើបបានមកកើត​ក្នុងភពនេះ។ បុគ្គលនោះ រមែង​រលឹកនូវជាតិ ដែលធ្លាប់អាស្រ័យនៅក្នុងកាលមុន ជាច្រើនជាតិ ព្រម​ទាំងអាការ ព្រមទាំងឧទ្ទេស ដោយបការដូច្នេះ បុគ្គលនោះ និយាយយ៉ាងនេះថា អាត្មាអញ តែង​ដឹង​នូវ​អតីតកាលថា លោកវិនាស ឬលោកចំរើន ដូច្នេះ។ បុគ្គលនោះ និយាយថា អាត្មាអញ តែងដឹងនូវ​អនាគតកាលថា លោកនឹង​វិនាស ឬលោកនឹងចំរើនដូច្នេះ។ បុគ្គលនោះ និយាយថា ខ្លួន និងលោក​ជាសភាព​ទៀង​ទាត់ ផុតពូជធារ ឋិតនៅដូចភ្នំ ឋិតនៅ​ដូចសសរគោល ចំណែកសត្វ​ទាំងឡាយនោះ តែង​ត្រាច់​ទៅ អន្ទោលទៅ ច្យុតកើតមាននៅប្រាកដស្មើ ដូចសស្សតិវត្ថុ។ នេះជាសស្សតវាទទី២។ បពិត្រព្រះអង្គដ៏ចំរើន ពាក្យខាងមុខ នៅមានទៀត សមណៈ ឬព្រាហ្មណ៍ពួកខ្លះ ក្នុង​លោកនេះ អាស្រ័យ​សេចក្តីព្យាយាម ជាគ្រឿងដុតកិលេស។បេ។ កាលបើចិត្តដំកល់នៅមាំហើយយ៉ាងណា ក៏បាននូវ​ចេតោសមាធិ មានសភាពយ៉ាងនោះ រលឹកនូវជាតិ ដែលធ្លាប់អាស្រ័យនៅ ក្នុងកាលមុន ជាច្រើន​ជាតិ គឺរលឹក​បាន១០សំវដ្តកប្ប និងវិវដ្តកប្បខ្លះ ២០សំវដ្តកប្ប និងវិវដ្តកប្បខ្លះ ៣០សំវដ្តកប្ប និងវិវដ្តកប្បខ្លះ ៤០សំវដ្តកប្ប និងវិវដ្តកប្បខ្លះ ថា អាត្មាអញ បានកើតក្នុងភព​ឯនោះ មានឈ្មោះយ៉ាងនេះ មានគោត្រយ៉ាងនេះ មានសម្បុរយ៉ាងនេះ មានអាហារយ៉ាងនេះ បានទទួល​សុខទុក្ខយ៉ាងនេះ មានកំណត់អាយុប៉ុណ្ណេះ អាត្មាអញនោះ លុះច្យុតចាកអត្តភាព​នោះ​ហើយ បានទៅកើត​ក្នុងភពឯនោះ ដែលទៅកើតក្នុងភពនោះ អាត្មាអញ ​មានឈ្មោះយ៉ាងនេះ។បេ។ បុគ្គលនោះ រមែង​រលឹកនូវជាតិ ដែលធ្លាប់អាស្រ័យនៅក្នុងកាលមុន បានច្រើនជាតិ ព្រម​ទាំងអាការ ព្រមទាំងឧទ្ទេស ដោយប្រការដូច្នេះ បុគ្គលនោះ និយាយយ៉ាងនេះថា អាត្មាអញ តែង​ដឹង​នូវ​អតីតកាលថា លោកវិនាសទៅខ្លះ ឬលោកចំរើនឡើងខ្លះ ដូច្នេះ។ អាត្មាអញ តែងដឹងនូវ​អនាគតកាលថា លោកនឹង​វិនាសទៅខ្លះ ឬលោកនឹងចំរើនឡើងខ្លះ ដូច្នេះ។ បុគ្គលនោះ និយាយថា ខ្លួន និងលោក​ជាសភាព​ទៀង​ទាត់ ផុតពូជធារ ឋិតនៅដូចភ្នំ ឋិតនៅ​ដូចសសរគោល ចំណែកសត្វ​ទាំងឡាយនោះ តែង​ត្រាច់​ទៅ តែងអន្ទោលទៅ ច្យុត កើត មាននៅប្រាកដស្មើ ដូចសស្សតិវត្ថុ។ បពិត្រព្រះអង្គដ៏ចំរើន នេះជាសស្សតវាទទី៣។ បពិត្រព្រះអង្គដ៏ចំរើន នេះជាទេសនាដ៏ប្រសើរ ក្នុង​សស្សតវាទទាំងឡាយ។

[៨៨] បពិត្រព្រះអង្គដ៏ចំរើន ពាក្យខាងមុខ នៅមានតទៅទៀត ព្រះមានព្រះភាគ សំដែង​ធម៌ ក្នុងបុព្វេនិវាសានុស្សតិញ្ញាណ ដោយទេសនាណា​ ទេសនានុ៎ះ ប្រសើរក្រៃលែង។ បពិត្រព្រះអង្គ​ដ៏ចំរើន សមណៈ ឬព្រាហ្មណ៍ពួកខ្លះ ក្នុង​លោកនេះ អាស្រ័យ​សេចក្តីព្យាយាម ជាគ្រឿង​ដុតកិលេស។បេ។ កាលបើចិត្តដំកល់នៅមាំហើយយ៉ាងណា ក៏បាននូវ​ចេតោសមាធិ មានសភាព​យ៉ាងនោះ រលឹកនូវជាតិ ដែលធ្លាប់អាស្រ័យនៅ ក្នុងកាលមុន ជាច្រើន​ជាតិ គឺរលឹក​បាន១ជាតិខ្លះ ២ជាតិខ្លះ ៣ជាតិខ្លះ ៤ជាតិខ្លះ ៥ជាតិខ្លះ ១០ជាតិខ្លះ ២០ជាតិ​ខ្លះ ៣០ជាតិខ្លះ ៤០ជាតិខ្លះ ៥០ជាតិខ្លះ ១០០ជាតិខ្លះ ១០០០ជាតិខ្លះ ១០០០០០ជាតិខ្លះ រលឹកបានច្រើនសំវដ្តកប្បខ្លះ ច្រើនវិវដ្តកប្បខ្លះ ច្រើនសំវដ្តកប្បវិវដ្តកប្បខ្លះ។បេ។ បុគ្គលនោះ រមែងរលឹកនូវជាតិ ដែលធ្លាប់​អាស្រ័យ​នៅក្នុងកាលមុន ជាច្រើនជាតិ ព្រម​ទាំងអាការ ព្រមទាំងឧទ្ទេស ដោយប្រការដូច្នេះ។ បពិត្រព្រះអង្គដ៏ចំរើន មួយទៀត ឥតមានបុគ្គលណាមួយ អាចរាប់​អត្តភាព​របស់ពួកសត្វ ដែលធ្លាប់កើត ក្នុងរូបភព អរូបភព សញ្ញិភព អសញ្ញិភព និងនេវសញ្ញិនាសញ្ញិភព ដោយការរាប់​បូក ឬរាប់ដោយគំនិត​បានឡើយ (បុគ្គល ដែលបាននូវចេតោសមាធិនោះ) ទើបរលឹក​នូវជាតិ ដែល​ធ្លាប់​អាស្រ័យនៅ ក្នុងកាលមុន ជាច្រើនជាតិ ព្រមទាំងអាការ ព្រមទាំងឧទ្ទេសបាន ដោយប្រការ​ដូច្នេះ។ បពិត្រព្រះអង្គដ៏ចំរើន នេះជាទេសនាដ៏ប្រសើរ ក្នុងបុព្វេនិវាសានុស្សតិញ្ញាណ។

[៨៩] បពិត្រព្រះអង្គដ៏ចំរើន ពាក្យខាងមុខ នៅមានតទៅទៀត ព្រះមានព្រះភាគ ទ្រង់សំដែង​ធម៌ ក្នុងចុតូបបាតញ្ញាណ គឺញាណជាគ្រឿង​ដឹងនូវ​ចុតិ និងបដិសន្ធិ របស់សត្វទាំងឡាយ ដោយ​ទេសនា​ណា​ ទេសនានុ៎ះ ប្រសើរក្រៃលែង។ បពិត្រព្រះអង្គ​ដ៏ចំរើន សមណៈ ឬព្រាហ្មណ៍ពួកខ្លះ ក្នុង​លោកនេះ អាស្រ័យ​សេចក្តីព្យាយាម ជាគ្រឿង​ដុតកិលេស។បេ។ កាលបើចិត្ត​ដំកល់​នៅ​មាំហើយ​យ៉ាង​ណា ក៏បាននូវ​ចេតោសមាធិ មានសភាព​យ៉ាងនោះ ឃើញនូវសត្វទាំងឡាយ ដែលច្យុត និងចាប់​បដិសន្ធិ ទាបថោក និងឧត្តម មានសណ្ឋាន​ល្អ និងអាក្រក់ មានគតិល្អ មានគតិអាក្រក់ ដោយ​ចក្ខុ​ដូចជាទិព្វ ដ៏បរិសុទ្ធ លើសលែង​ជាងចក្ខុ របស់មនុស្សសាមញ្ញ រមែងដឹង​ច្បាស់នូវ​សត្វទាំងឡាយ ដែលអន្ទោលទៅតាមកម្មថា អើហ្ន៎ សត្វទាំងនេះ ជាអ្នកប្រកបដោយ​កាយទុច្ចរិត ប្រកប​ដោយវចីទុច្ចរិត ប្រកបដោយ​មនោទុច្ចរិត តិះដៀល​នូវពួក​ព្រះអរិយបុគ្គល ប្រកាន់ខាង​មិច្ឆា​ទិដ្ឋិ កាន់យក​នូវកម្មជាមិច្ឆាទិដ្ឋិ សត្វទាំងនោះ លុះបែកធ្លាយរាងកាយ បន្ទាប់​អំពីមរណៈទៅ ក៏ទៅ​កើតឯ​អបាយ ទុគ្គតិ វិនិបាត នរក ចំណែកខាង​ពួកសត្វទាំងនេះ ជាអ្នកប្រកបដោយកាយសុចរិត ប្រកបដោយវចីសុចរិត ប្រកបដោយមនោសុចរិត មិនតិះដៀល​នូវពួកព្រះអរិយបុគ្គល ប្រកាន់​ខាង​សម្មាទិដ្ឋិ កាន់យកនូវកម្ម ជាសម្មាទិដ្ឋិ សត្វទាំងនោះ លុះបែកធ្លាយរាងកាយ បន្ទាប់អំពី​មរណៈ​ទៅ ក៏ទៅកើត​ក្នុងសុគតិសួគ៌ទេវលោក។ បុគ្គលនោះ រមែងឃើញនូវសត្វទាំងឡាយ ដែលច្យុត និងចាប់​បដិសន្ធិ ទាបថោក និងឧត្តម មានសណ្ឋាន​ល្អ និងអាក្រក់ មានគតិល្អ មានគតិអាក្រក់ ដោយ​ចក្ខុ​ដូចជាទិព្វ ដ៏បរិសុទ្ធ លើសលែង​ជាងចក្ខុ របស់មនុស្សសាមញ្ញ ដឹង​ច្បាស់នូវ​សត្វទាំងឡាយ ដែល​អន្ទោល​ទៅតាមកម្ម ដោយប្រការដូច្នេះ។ បពិត្រព្រះអង្គដ៏ចំរើន នេះជាទេសនាដ៏ប្រសើរ ក្នុងចុតូបបាតញ្ញាណ របស់សត្វទាំងឡាយ។

[៩០] បពិត្រព្រះអង្គដ៏ចំរើន ពាក្យខាងមុខ នៅមានតទៅទៀត ព្រះមានព្រះភាគ សំដែង​នូវធម៌ ក្នុងឥទ្ធិវិធា (វិធីនៃឫទ្ធិ) ទាំងឡាយ ដោយ​ទេសនា​ណា​ ទេសនានុ៎ះ ប្រសើរក្រៃលែង។ បពិត្រព្រះអង្គ​ដ៏ចំរើន ឥទ្ធិវិធា មាន២យ៉ាង។ បពិត្រព្រះអង្គដ៏ចំរើន ឫទ្ធិប្រកបដោយអាសវៈ57) ប្រកបដោយឧបធិ58) ព្រះអង្គមិនត្រាស់ហៅថា ឫទ្ធិរបស់ព្រះអរិយៈ​ឡើយ១។ បពិត្រព្រះអង្គដ៏ចំរើន ឫទ្ធិមិនមានអាសវៈ មិនមានឧបធិ ទើប​ព្រះអង្គត្រាស់ហៅថា ឫទ្ធិ​របស់​ព្រះ​អរិយៈ១។ បពិត្រព្រះអង្គដ៏ចំរើន ចុះឫទ្ធិប្រកបដោយអាសវៈ ប្រកបដោយឧបធិ ដែលព្រះអង្គ​មិន​ត្រាស់ហៅថា ឫទ្ធិរបស់ព្រះអរិយៈនោះ តើដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន សមណៈ ឬព្រាហ្មណ៍ពួកខ្លះ ក្នុង​លោកនេះ អាស្រ័យ​សេចក្តីព្យាយាម ជាគ្រឿង​ដុតកិលេស អាស្រ័យ​សេចក្តីព្យាយាម ជាគ្រឿងដំកល់មាំ អាស្រ័យ​សេចក្តីព្យាយាម ជាគ្រឿងប្រកបរឿយៗ អាស្រ័យ​សេចក្តីមិនប្រមាទ អាស្រ័យ​សេចក្តីធ្វើទុកក្នុងចិត្តដោយប្រពៃ កាលបើចិត្ត​ដំកល់​នៅ​មាំហើយ​យ៉ាង​ណា ក៏បាននូវ​ចេតោសមាធិ មានសភាព​យ៉ាងនោះ បាននូវឥទ្ធិវិធាច្រើនប្រការ មនុស្សតែម្នាក់ (និម្មិត) ទៅជាមនុស្សច្រើននាក់ក៏បាន មនុស្សច្រើននាក់ (និម្មិត) ទៅជាមនុស្សម្នាក់ក៏បាន ដើរ (ចេញ​ពីខាងក្នុង) ទៅកាន់ទីវាល ទីខាងក្រៅក៏បាន ដើរទំលុះទៅខាងក្រៅជញ្ជាំង ខាងក្រៅកំពែង ខាងក្រៅ​ភ្នំក៏បាន ឥតមានទើសទាស់ ដូចជាដើរទៅ​ឯអាកាស មុជងើបក្នុងផែនដី ដូចជាមុជងើបក្នុងទឹកក៏​បាន ដើរទៅលើទឹក មិនបែកធ្លាយ ដូចជាដើរលើផែនដីក៏បាន ពែនភ្នែនចង្ក្រម ឯអាកាស ដូចសត្វ​បក្សីក៏បាន។ ស្ទាបអង្អែល ចាប់ពាល់ព្រះចន្ទ្រ និងព្រះអាទិត្យនេះ ដែលមានឫទ្ធិច្រើនយ៉ាងនេះ មាន​អានុភាពច្រើន​យ៉ាងនេះ ដោយដៃ​ខ្លួនឯងក៏បាន ញុំាងកាយឲ្យប្រព្រឹត្តទៅ រហូតដល់ព្រហ្មលោក​ក៏បាន។ បពិត្រព្រះអង្គដ៏ចំរើន នេះជាឫទ្ធិប្រកបដោយអាសវៈ ប្រកបដោយឧបធិ ដែលមិនហៅថា ឫទ្ធិរបស់ព្រះអរិយៈឡើយ។ បពិត្រព្រះអង្គដ៏ចំរើន ចុះឫទ្ធិមិនមានអាសវៈ មិនមានឧបធិ ដែលហៅ​ថា ឫទ្ធិរបស់​ព្រះអរិយៈនោះ​ តើដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន បើភិក្ខុក្នុងសាសនានេះ ប្រាថ្នាថា អាត្មាអញ គប្បីជាអ្នកសំគាល់ថា​ មិនជាបដិកូល ក្នុងរបស់ជាបដិកូល ដូច្នេះ រមែង​ជាអ្នកសំគាល់ថា មិនជាបដិកូល ក្នុងរបស់​ជាបដិកូលនោះ បើភិក្ខុប្រាថ្នាថា អាត្មាអញ គប្បីជាអ្នកសំគាល់ថា​ ជាបដិកូល ក្នុងរបស់មិនជាបដិកូល ដូច្នេះ រមែង​ជាអ្នកសំគាល់ថា ជាបដិកូល ក្នុងរបស់​មិនជា​បដិកូលនោះ បើភិក្ខុប្រាថ្នាថា អាត្មាអញ គប្បីជាអ្នកសំគាល់ថា​ មិនជាបដិកូល ក្នុងរបស់ជាបដិកូល និងមិនជាបដិកូល ដូច្នេះ រមែង​ជាអ្នកសំគាល់ថា មិនជាបដិកូល ក្នុងរបស់​ជាបដិកូល និងមិន​ជាបដិកូលនោះ បើភិក្ខុប្រាថ្នាថា អាត្មាអញ គប្បីជាអ្នកសំគាល់ថា​ ជាបដិកូល ក្នុងរបស់ជាបដិកូល និង​មិនជាបដិកូល ដូច្នេះ រមែង​ជាអ្នកសំគាល់ថា ជាបដិកូល ក្នុងរបស់​ជាបដិកូល និងមិន​មែនជា​បដិកូលនោះ បើភិក្ខុប្រាថ្នាថា អាត្មាអញ គប្បីជាអ្នកមានសតិ និងសម្បជញ្ញៈ វៀរនូវរបស់​បដិកូលផង មិនមែន​ជារបស់បដិកូលផង ទាំង២យ៉ាងនោះចេញ ហើយជាអ្នកមានចិត្តព្រងើយ ដូច្នេះ រមែង​ជាអ្នកមានសតិ និងសម្បជញ្ញៈ មានចិត្តនៅព្រងើយ ក្នុងរបស់​ជាបដិកូល និង​មិនមែនជា​របស់​បដិកូលនោះ។ បពិត្រព្រះអង្គដ៏ចំរើន នេះឯង ជាឫទ្ធិមិនមានអាសវៈ មិនមាន​ឧបធិ ដែលហៅថា ជាឫទ្ធិ​របស់ព្រះអរិយៈ។ បពិត្រព្រះអង្គដ៏ចំរើន នេះជាទេសនាដ៏ប្រសើរ ក្នុងឥទ្ធិវិធា​ទាំងឡាយ។ ព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់ នូវទេសនានោះ ឥតមានសេសសល់ កាលព្រះមានព្រះភាគ ជ្រាបច្បាស់នូវទេសនានោះ ឥតមានសល់ហើយ នឹងរកបុគ្គល​ដែលគួរ​ដឹងច្បាស់ ជាងព្រះអង្គនោះទៅទៀតគ្មាន សមណៈ ឬព្រាហ្មណ៍ឯទៀត កាលបើដឹង ក៏នឹងដឹង​ជាង​ព្រះមានព្រះភាគ ក្នុងឥទ្ធិវិធាទាំងឡាយ មិនមានឡើយ។

[៩១] បពិត្រព្រះអង្គដ៏ចំរើន អំពើណាដែលកុលបុត្រអ្នកមានសទ្ធា មានព្យាយាម មិនបន្ធូរ​បន្ថយ មានព្យាយាមខ្ជាប់ខ្ជួន គប្បីសម្រេចដោយព្យាយាម​ខ្ជាប់ខ្ជួនរបស់បុរស ដោយសេចក្តី​ប្រឹង​ប្រែង​របស់បុរស ដោយការខ្នះខ្នែងរបស់បុរស ដោយកិរិយានាំទៅ នូវធុរៈរបស់បុរស អំពើនោះ ព្រះមានព្រះភាគ បានសម្រេច​ហើយដោយលំដាប់។ បពិត្រព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគ មិន​បានប្រកបនូវកាមសុខល្លិកានុយោគ ក្នុងកាមទាំងឡាយដ៏ទាបថោក ជារបស់អ្នកស្រុក ជារបស់បុថុជ្ជន មិនមែនជារបស់​ព្រះអរិយៈ មិនប្រកបដោយប្រយោជន៍ផង មិនបាន​ប្រកប នូវអត្តកិលមថានុយោគ​ជាទុក្ខ មិនមែនជារបស់ព្រះអរិយៈ មិនប្រកបដោយប្រយោជន៍ផង ព្រះមានព្រះភាគ ទ្រង់បាន​ដូច​សេចក្តីប្រាថ្នា បានដោយឥតលំបាក បានដោយធំទូលាយ នូវឈានទាំង៤ ដ៏កន្លងបង់ នូវ​កាមាវចរចិត្ត ជាសុខវិហារធម៌ ក្នុងបច្ចុប្បន្នផង។ បពិត្រព្រះអង្គដ៏ចំរើន បើមានអ្នកផងសួរខ្ញុំព្រះអង្គ​ យ៉ាងនេះថា បពិត្រព្រះសារីបុត្រមានអាយុ ពួកសមណៈ ឬព្រាហ្មណ៍ឯទៀត ដែលកន្លងហួស​ទៅហើយ ជាអ្នកមានញាណដ៏លើសលុប ជាង​ព្រះមានព្រះភាគ ក្នុងការត្រាស់ដឹង មានខ្លះដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន កាលបើមានអ្នកផង គេសួរយ៉ាងនេះ ខ្ញុំព្រះអង្គ ត្រូវប្រាប់គេថា មិនមានទេ។ បើគេសួរថា បពិត្រព្រះសារីបុត្រមានអាយុ ពួកសមណៈ ឬព្រាហ្មណ៍ឯទៀត ក្នុងកាលដែលមិនទាន់​មានមក ជាអ្នកមានញាណដ៏លើសលុប ជាង​ព្រះមានព្រះភាគ ក្នុងការត្រាស់ដឹង នឹងមានខ្លះដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន កាលបើមានអ្នកផង គេសួរយ៉ាងនេះ ខ្ញុំព្រះអង្គ ត្រូវប្រាប់គេថា មិនមានទេ។ បើមានគេសួរថា បពិត្រព្រះសារីបុត្រមានអាយុ ពួកសមណៈ ឬព្រាហ្មណ៍ឯទៀត ក្នុងកាល​ឥឡូវនេះ ជាអ្នកមានញាណដ៏លើសលុប ជាង​ព្រះមានព្រះភាគ ក្នុងការត្រាស់ដឹង មានខ្លះដែរឬ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន កាលបើមានអ្នកផង គេសួរយ៉ាងនេះ ខ្ញុំព្រះអង្គ ត្រូវប្រាប់គេថា មិនមានទេ។ បពិត្រព្រះអង្គដ៏ចំរើន បើមានអ្នកផងសួរខ្ញុំព្រះអង្គ យ៉ាងនេះថា បពិត្រព្រះសារីបុត្រមានអាយុ ពួកសមណៈ ឬព្រាហ្មណ៍ឯទៀត ដែលកន្លងហួស​ទៅហើយ ជាអ្នកមានញាណស្មើៗ នឹង​ព្រះមានព្រះភាគ ក្នុងការត្រាស់ដឹង មានខ្លះដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន កាលបើមានអ្នកផង សួរយ៉ាងនេះ ខ្ញុំព្រះអង្គ ត្រូវប្រាប់គេថា បើយ៉ាងនោះ មានមែន។ បើមានគេសួរថា បពិត្រ​ព្រះសារីបុត្រ​មានអាយុ ពួកសមណៈ ឬព្រាហ្មណ៍ឯទៀត ដែលមិនទាន់​មានមក ជាអ្នកមានញាណស្មើៗ នឹង​ព្រះមានព្រះភាគ ក្នុងការត្រាស់ដឹង នឹងមានខ្លះដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន កាលបើមានអ្នកផង សួរយ៉ាងនេះ ខ្ញុំព្រះអង្គ ត្រូវប្រាប់គេថា បើយ៉ាង​នោះ មានមែន។ បើមានគេសួរថា បពិត្រព្រះសារីបុត្រមានអាយុ ពួកសមណៈ ឬព្រាហ្មណ៍ឯទៀត ក្នុងកាល​ឥឡូវនេះ ជាអ្នកមានញាណស្មើៗ នឹង​ព្រះមានព្រះភាគ ក្នុងការត្រាស់ដឹង មានដែរឬ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន កាលបើមានអ្នកផង សួរយ៉ាងនេះ ខ្ញុំព្រះអង្គ ត្រូវប្រាប់គេថា មិនមានទេ។ បពិត្រព្រះអង្គដ៏ចំរើន បើមានអ្នកផងសួរ យ៉ាងនេះថា ព្រះសារីបុត្រមានអាយុ ព្រោះហេតុអ្វី បានជា​ដឹងខ្លះ មិនដឹងខ្លះ។ បពិត្រព្រះអង្គដ៏ចំរើន កាលបើមានអ្នកផង សួរយ៉ាងនេះ ខ្ញុំព្រះអង្គ ត្រូវព្យាករយ៉ាងនេះថា ម្នាលអ្នកមានអាយុ ពាក្យនេះ អាត្មាបានស្តាប់ ចំពោះ​ព្រះភក្ត្រ បានទទួល ចំពោះ​ព្រះភក្ត្រ​ព្រះមានព្រះភាគ យ៉ាងនេះថា ព្រះអរហន្តសម្មាសម្ពុទ្ធទាំងឡាយ ដែលកន្លងទៅ​ហើយ ក៏មានញាណស្មើៗនឹងតថាគត ក្នុងការត្រាស់ដឹងដូច្នេះ ម្នាលអ្នកដ៏មានអាយុ ពាក្យនេះ អាត្មាបានស្តាប់ ចំពោះ​ព្រះភក្ត្រ បានទទួល ចំពោះ​ព្រះភក្ត្រ​ព្រះមានព្រះភាគ មកហើយថា ព្រះអរហន្ត​សម្មាសម្ពុទ្ធទាំងឡាយ ក្នុងកាលមិនទាន់មានមក នឹងមានញាណស្មើៗនឹងតថាគត ក្នុងការត្រាស់ដឹងដូច្នេះ ម្នាលអ្នកដ៏មានអាយុ ពាក្យនេះ អាត្មាបានស្តាប់ ចំពោះ​ព្រះភក្ត្រ បានទទួល ចំពោះ​ព្រះភក្ត្រ​ព្រះមានព្រះភាគ យ៉ាងនេះថា មានព្រះអរហន្តសម្មាសម្ពុទ្ធទាំងឡាយ២ព្រះអង្គ ត្រាស់ដឹងក្នុងលោកធាតុមួយ មិនមុនមិនក្រោយ (ដំណាលគ្នា) ដំណើរនេះ មិនមែន​ជាឋានៈ គឺ​មិនមានហេតុ ជាទំនងដូច្នោះទេ។

[៩២] បពិត្រព្រះអង្គដ៏ចំរើន ចុះកាលបើមានអ្នកផងសួរយ៉ាងនេះ ខ្ញុំព្រះអង្គក៏ឆ្លើយតបទៅ​នឹង​គេយ៉ាងនេះ ឈ្មោះថា និយាយទៅតាមព្រះពុទ្ធវចនៈ របស់ព្រះមានព្រះភាគ មិនបានពោល​បង្កាច់​ព្រះមានព្រះភាគ ដោយពាក្យមិនពិត ឆ្លើយនូវធម៌សមគួរតាមធម៌ ទាំងវាទានុវាទ (ការពោល​តាមវាទៈ) ណាមួយ ដែលប្រកបដោយហេតុ ក៏ឈ្មោះថា មិនមកកាន់ទីដែល​គួរតិះដៀលដែរឬ។ ព្រះមានព្រះភាគ ត្រាស់ថា អើសារីបុត្រ កាលបើមានអ្នកផងសួរយ៉ាងនេះ អ្នកក៏ឆ្លើយតបទៅ​នឹង​គេយ៉ាងនេះ ឈ្មោះថា និយាយតាមពាក្យរបស់តថាគត មិនបាននិយាយ​បង្កាច់តថាគត ដោយពាក្យមិនពិត ឆ្លើយនូវធម៌សមគួរដល់ធម៌ហើយ ទាំងវាទានុវាទណាមួយ ដែលប្រកបដោយហេតុ ក៏ឈ្មោះថា មិនបានមកកាន់ទី​គួរតិះដៀលឡើយ។

[៩៣] កាលព្រះមានព្រះភាគ ត្រាស់យ៉ាងនេះហើយ ទើបឧទាយិដ៏មានអាយុ ក្រាបបង្គំទូល​ព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ហេតុនេះអស្ចារ្យណាស់ បពិត្រព្រះអង្គដ៏ចំរើន ហេតុនេះ​មិនដែលមានសោះ អម្បាលព្រះតថាគត មានឫទ្ធិច្រើនយ៉ាងនេះ មានអានុភាពច្រើន​យ៉ាងនេះ គង់តែ​មិនធ្វើព្រះអង្គ​ឲ្យប្រាកដ59) ព្រោះព្រះតថាគត ទ្រង់​មិនមានសេចក្តីប្រាថ្នា ទ្រង់សន្តោស មានព្រះហឫទ័យផូរផង់ ចាកកិលេស បពិត្រព្រះអង្គដ៏ចំរើន ពួកបរិព្វាជក ជាអន្យតិរ្ថិយក្រៅចាកធម៌វិន័យនេះ (បើ) ពិចារណាឃើញធម៌មួយៗ ក្នុងខ្លួនហើយ ពួកបរិព្វាជក​ទាំងនោះ នឹងលើកទង់ ដើរប្រកាស​ប្រាប់គ្នា ដោយហេតុមានប្រមាណប៉ុណ្ណេះថា (រកអ្នកណាស្មើ​នឹងយើងបាន) បពិត្រព្រះអង្គដ៏ចំរើន ហេតុនេះអស្ចារ្យណាស់ បពិត្រព្រះអង្គដ៏ចំរើន ហេតុនេះ​មិនដែលមានសោះ អម្បាលព្រះតថាគត មានឫទ្ធិច្រើនយ៉ាងនេះ មានអានុភាពច្រើន​យ៉ាងនេះ គង់តែ​មិនធ្វើព្រះអង្គ​ឲ្យប្រាកដ ព្រោះព្រះតថាគត ទ្រង់​មិនមានសេចក្តីប្រាថ្នា ទ្រង់សន្តោស មានព្រះហឫទ័យផូរផង់ ចាកកិលេស។ ព្រះអង្គត្រាស់ថា ម្នាលឧទាយី អ្នកចូរមើលចុះ អម្បាលដូចតថាគត មានឫទ្ធិច្រើនយ៉ាងនេះ មានអានុភាពច្រើន​យ៉ាងនេះ គង់តែ​មិនធ្វើខ្លួន​ឲ្យប្រាកដ ព្រោះតថាគត ជាអ្នក​មិនមានសេចក្តីប្រាថ្នា ជាអ្នកសន្តោស មានចិត្តផូរផង់ ចាកកិលេស ម្នាលឧទាយី ពួកបរិព្វាជក ជាអន្យតិរ្ថិយក្រៅចាកធម៌វិន័យនេះ បើពិចារណាឃើញធម៌មួយៗ ក្នុង​ខ្លួន​ហើយ ពួកបរិព្វាជក​ទាំងនោះ នឹងលើកទង់ ដើរប្រកាស​ប្រាប់គ្នា ដោយហេតុមាន​ប្រមាណ​ប៉ុណ្ណេះ​ថា (រកអ្នកណាស្មើ​នឹងយើងបាន) ម្នាលឧទាយី អ្នកចូរមើលចុះ អម្បាលតថាគត មានឫទ្ធិច្រើនយ៉ាងនេះ មានអានុភាពច្រើន​យ៉ាងនេះ គង់តែ​មិនធ្វើខ្លួន​ឲ្យប្រាកដ ព្រោះតថាគត ជាអ្នក​មិនមានសេចក្តីប្រាថ្នា ជាអ្នកសន្តោស មានចិត្តផូរផង់ ចាកកិលេស។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅព្រះសារីបុត្រមានអាយុមកថា ម្នាលសារីបុត្រ ចូរអ្នក​ពោល​ធម្មបរិយាយនេះ ដល់ពួក​ភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា រឿយៗចុះ ម្នាលសារីបុត្រ ព្រោះថា សេចក្តីសង្ស័យ ឬសេចក្តីងឿងឆ្ងល់ ចំពោះតថាគត នឹងមានមកដល់មោឃបុរសពួកណា សេចក្តី​សង្ស័យ ឬសេចក្តីងឿងឆ្ងល់ របស់មោឃបុរសពួកនោះ ចំពោះតថាគតនោះ នឹងសាបសូន្យទៅ ព្រោះ​បានស្តាប់ធម្មបរិយាយ​នេះ មិនខាន។ ព្រះសារីបុត្រមានអាយុ ក៏សំដែង​នូវ​អំណរនេះ ចំពោះ​ព្រះភក្ត្រ នៃព្រះមានព្រះភាគ ដោយប្រការដូច្នេះឯង។ ព្រោះហេតុដូច្នោះ សូត្រនេះ ឈ្មោះថា សម្បសាទនីយសូត្រ ដោយវេយ្យាករណ៍នេះ ដូច្នេះឯង។

ចប់ សម្បសាទនីយសូត្រ ទី៥។

បាសាទិកសូត្រ ទី៦

(៦. បាសាទិកសុត្តំ)

[៩៤] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងប្រាសាទ នាអម្ពវ័ន របស់ពួកសក្យៈ ដែលមានឈ្មោះ​ថា វេធញ្ញៈ (អ្នកហាត់បាញ់ធ្នូ) ក្នុងសក្កជនបទទាំង​ឡាយ។ សម័យនោះឯង និគណ្ឋនាដបុត្រ ទើបតែធ្វើមរណកាលហើយថ្មីៗ ក្នុងនគរបាវា។ ព្រោះ​តែនិគណ្ឋនាដបុត្រនោះ ធ្វើមរណកាលទៅ ពួកនិគ្រន្ថ កើតបែកគ្នាទៅជាពីរពួក កើតសេចក្តីប្រកួត​ប្រកាន់ កើតឈ្លោះប្រកែក ចាក់ដោតគ្នីគ្នា ដោយលំពែងមាត់ថា អ្នកមិនចេះធម្មវិន័យ​នេះទេ ខ្ញុំទើប​ចេះ​ធម្មវិន័យនេះ អ្នកនឹងចេះធម្មវិន័យនេះដូចម្តេចបាន អ្នកជាអ្នកប្រតិបត្តិ​ខុសហើយ ខ្ញុំទើប​ប្រតិបត្តិ​ត្រូវ ពាក្យរបស់ខ្ញុំ ប្រកបដោយប្រយោជន៍ ពាក្យរបស់អ្នក មិនប្រកបដោយប្រយោជន៍ទេ ពាក្យដែលគេត្រូវនិយាយមុន អ្នកនិយាយក្រោយ ពាក្យដែលគេត្រូវនិយាយក្រោយ អ្នកនិយាយ​មុន អ្នកបានសន្សំច្រើនតែវត្តដែលខុសៗ ខ្ញុំលើកសេចក្តីខុស​ដាក់លើអ្នក អ្នកត្រូវខ្ញុំផ្ទញ់ផ្ទាល់ហើយ ដើម្បី​ឲ្យផុតអំពីវាទៈរបស់សាស្តាដទៃ បើអ្នកអង់អាច ចូរដោះខ្លួនឲ្យរួចចុះ។ ហាក់ដូចជាសេចក្តីស្លាប់​តែ​ម្យ៉ាង ប្រព្រឹត្តទៅតាមពួកនិគ្រន្ថ ជាសិស្សរបស់នាដបុត្រ។ ពួកគ្រហស្ថណា មានសម្លៀកបំពាក់ ដែល​ជាសាវ័ករបស់និគណ្ឋនាដបុត្រ ពួកគ្រហស្ថទាំងនោះ ជាអ្នកមានសេចក្តីធុញទ្រាន់ ប្រាសចាក​សេចក្តីស្រឡាញ់ លែងគោរព​ក្នុងពួកនិគ្រន្ថ ដែលជាសិស្ស​របស់​នាដបុត្រ ព្រោះតែ​និគណ្ឋនាដបុត្រ សំដែង​នូវធម្មវិន័យមិនល្អ ប្រកាស​ទុកមិនល្អ មិនមែនជា​និយ្យានិកធម៌ មិនមែនប្រព្រឹត្តទៅ ដើម្បី​ស្ងប់រម្ងាប់ ជាធម្មវិន័យ ដែលបុគ្គលមិនបានត្រាស់ដឹងខ្លួនឯង ដោយប្រពៃ ប្រកាសទុកហើយ ទាំង​មានស្តូប គឺទីពំនាក់ បែកធ្លាយហើយ មិនមានទីពឹងឡើយ។

[៩៥] លំដាប់នោះ សមណុទ្ទេស60) ឈ្មោះចុន្ទ នៅចាំវស្សាក្នុងក្រុងបាវា បានចូលទៅរកព្រះអានន្ទមានអាយុ គង់នៅ​នាសាមគ្រាម លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះអានន្ទមានអាយុ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះ​ចុន្ទសមណុទ្ទេស អង្គុយក្នុងទីដ៏សមគួរហើយ ក៏និយាយ​នឹងព្រះអានន្ទមានអាយុ យ៉ាងនេះថា បពិត្រលោកដ៏ចំរើន និគណ្ឋនាដបុត្រ ទើបនឹងធ្វើមរណកាលហើយថ្មីៗ ក្នុងក្រុងបាវា ព្រោះ​កាលកិរិយានៃនិគណ្ឋនាដបុត្រនោះ ពួកនិគ្រន្ថ បែកគ្នាទៅជាពីរពួក។បេ។ ​មានស្តូប គឺទីពំនាក់ បែកធ្លាយហើយ មិនមានទីពឹងឡើយ។ កាលបើចុន្ទសមណុទ្ទេស និយាយយ៉ាងនេះហើយ ព្រះអានន្ទមានអាយុ ក៏និយាយនឹងចុន្ទសមណុទ្ទេស យ៉ាងនេះថា នែចុន្ទមានអាយុ ពាក្យមានមូល​ហេតុនេះ គួរក្រាបបង្គំទូល ដល់ព្រះមានព្រះភាគ នែចុន្ទដ៏មានអាយុ មក យើងនឹងទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ យើងត្រូវ​ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះ​ព្រះមានព្រះភាគ។ ចុន្ទសមណុទ្ទេស ក៏ទទួលស្តាប់​ព្រះអានន្ទមានអាយុថា បពិត្រលោកដ៏ចំរើន យ៉ាងនោះមែនហើយ។ លំដាប់នោះ ព្រះអានន្ទដ៏មានអាយុ និងចុន្ទសមណុទ្ទេស ចូលទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំ​នូវព្រះមានព្រះភាគ ហើយអង្គុយក្នុង​ទីដ៏សមគួរ។ លុះព្រះអានន្ទមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ បានក្រាបបង្គំទូល នូវព្រះ​មាន​ព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ចុន្ទសមណុទ្ទេស​នេះ និយាយយ៉ាងនេះថា បពិត្រ​លោកដ៏ចំរើន និគណ្ឋនាដបុត្រ ទើបនឹងធ្វើមរណកាលហើយថ្មីៗ ក្នុងក្រុងបាវា ព្រោះ​កាលកិរិយា​ នៃនិគណ្ឋនាដបុត្រនោះ ពួកនិគ្រន្ថ បែកគ្នា។បេ។ ​មានស្តូប គឺទីពំនាក់ បែកធ្លាយហើយ មិនមាន​ទីពឹងឡើយ។

[៩៦] ព្រះមានព្រះភាគទ្រង់ត្រាស់ថា ម្នាលចុន្ទ ការណ៍នុ៎ះ រមែងមានយ៉ាងហ្នឹងឯង ព្រោះ​តែ​បុគ្គលពោល នូវធម្មវិន័យ​មិនល្អ ប្រកាសទុកមិនល្អ មិនមែនជានិយ្យានិកធម៌ មិនមែនប្រព្រឹត្ត​ទៅ ដើម្បី​ស្ងប់រម្ងាប់ ជាធម្មវិន័យ ដែលបុគ្គលមិនបានត្រាស់ដឹង​ខ្លួនឯង ដោយប្រពៃ ប្រកាសទុកហើយ។ ម្នាលចុន្ទ បើសាស្តាក្នុងលោកនេះ មិនមែន​ជាអ្នកត្រាស់ដឹង​ខ្លួនឯង​ដោយប្រពៃ ទាំងធម៌​សោត ក៏​សាស្តានោះ សំដែង​មិនល្អ ប្រកាសទុកមិនល្អ មិនមែនជានិយ្យានិកធម៌ មិនមែនប្រព្រឹត្ត​ទៅ ដើម្បី​ស្ងប់រម្ងាប់ ជាធម្មវិន័យ ដែលបុគ្គលមិនបានត្រាស់ដឹង​ខ្លួនឯង ដោយប្រពៃ ប្រកាសទុកហើយ តែ​សាវ័ក មិនមែនជាអ្នកប្រតិបត្តិធម៌ សមគួរតាមធម៌ មិនមែន​ជាអ្នកប្រតិបត្តិកោតក្រែង មិនមែន​ជាអ្នកប្រព្រឹត្តសមគួរតាមធម៌ ក្នុងធម៌នោះ រមែងប្រព្រឹត្តគេចចេញ ចាកធម៌នោះថែមទៀត សាវ័ក​នោះ គួរគេសរសើរយ៉ាងនេះថា ម្នាលអាវុសោ ជាលាភរបស់អ្នកនោះហើយ អ្នកនោះឈ្មោះថា បាន​ល្អហើយ ព្រោះសាស្តារបស់អ្នក មិនមែន​ជាអ្នកត្រាស់ដឹង​ខ្លួនឯង​ដោយប្រពៃទេ ទាំងធម៌​សោត ក៏​សាស្តានោះ បានសំដែង​មិនល្អ ប្រកាសទុកមិនល្អ មិនមែនជានិយ្យានិកធម៌ មិនប្រព្រឹត្ត​ទៅ ដើម្បី​ស្ងប់រម្ងាប់ ជាធម៌ ដែលបុគ្គលមិនបានត្រាស់ដឹង​ខ្លួនឯង ដោយប្រពៃ ប្រកាសទុកហើយ ទាំងអ្នក​សោត ក៏មិនមែនជាអ្នកប្រតិបត្តិនូវធម៌ សមគួរតាមធម៌ មិន​ប្រតិបត្តិកោតក្រែង មិន​ប្រព្រឹត្ត​សម​គួរតាមធម៌ ក្នុងធម៌នោះ គឺប្រព្រឹត្តគេចចេញ ចាកធម៌នោះ។ ម្នាលចុន្ទ សូម្បីសាស្តា ក៏គួរឲ្យអ្នក​ផង​តិះ​ដៀល ក្នុងហេតុនោះ ទាំងធម៌ ក៏គួរ​ឲ្យអ្នកផងតិះដៀល ក្នុងហេតុនោះ ដោយប្រការ​ដូច្នេះឯង តែឯសាវ័ក គួរគេសរសើរ ក្នុងហេតុនោះ យ៉ាងនេះ។ ម្នាលចុន្ទ អ្នកណាមួយ និយាយនឹងសាវ័ក មានសភាពដូច្នោះ យ៉ាងនេះថា អ្នកមានអាយុចូរមក ចូរប្រតិបត្តិធម៌ ដែល​សាស្តា​របស់អ្នកបាន​សំដែង​ទុកហើយ បានបញ្ញត្ត​ទុកហើយយ៉ាងនោះចុះ។ បុគ្គលណាបបួលក្តី បបួលនូវបុគ្គលណាក្តី បុគ្គលណា ដែល​គេបបួលហើយ ប្រតិបត្តិ​តាមដូច្នោះក្តី ពួកបុគ្គល​ទាំងអស់​នោះ រមែងបាននូវ​បាប​ដ៏ច្រើន។ ដំណើរនោះ តើព្រោះហេតុអ្វី។ ម្នាលចុន្ទ ព្រោះដំណើរនុ៎ះ រមែង​មានយ៉ាងនេះ ក្នុង​ធម្មវិន័យ ដែលសាស្តាសំដែង​មិនល្អហើយ ប្រកាសទុកមិនល្អហើយ មិនមែន​ជា​និយ្យានិកធម៌ មិនមែនប្រព្រឹត្ត​ទៅ ដើម្បី​ស្ងប់រម្ងាប់ ជាធម៌ ដែលបុគ្គលមិនបានត្រាស់ដឹង​ខ្លួនឯង ដោយប្រពៃ ប្រកាសទុកហើយ។

[៩៧] ម្នាលចុន្ទ មួយទៀត សាស្តាក្នុងលោកនេះ មិនមែនជាសម្មាសម្ពុទ្ធ ទាំងធម៌ ក៏សាស្តា​នោះ សំដែងហើយមិនល្អ បានប្រកាសទុកហើយមិនល្អ មិនមែនជានិយ្យានិកធម៌ មិនមែនប្រព្រឹត្ត​ទៅ ដើម្បី​ស្ងប់រម្ងាប់ ជាធម៌ ដែលបុគ្គលមិនបានត្រាស់ដឹង​ខ្លួនឯង ប្រកាសទុកហើយ តែឯសាវ័ក ជា​អ្នក​ប្រតិបត្តិធម៌ តាមធម៌ ប្រតិបត្តិកោតក្រែង ប្រព្រឹត្តតាមធម៌ ក្នុងធម៌នោះ សមាទានប្រព្រឹត្ត​ធម៌​នោះ សាវ័កនោះ គួរគេនិយាយឲ្យ យ៉ាងនេះថា ម្នាលអាវុសោ មិនមែនជាលាភ របស់អ្នកនោះទេ អ្នកនោះ​ឈ្មោះ​ថា បានអាក្រក់ហើយ ព្រោះតែសាស្តារបស់អ្នក មិនមែន​ជាអ្នកត្រាស់ដឹង​ឯង​ដោយប្រពៃទេ ទាំងធម៌​សោត ក៏​សាស្តានោះ បានសំដែង​ហើយមិនល្អ ប្រកាសទុកមិនល្អ មិនមែនជានិយ្យានិកធម៌ មិនមែនប្រព្រឹត្ត​ទៅ ដើម្បី​ស្ងប់រម្ងាប់ ជាធម៌ ដែលបុគ្គលមិនបានត្រាស់ដឹង​ខ្លួនឯង ប្រកាសទុកឡើយ ឯអ្នក ក៏ជាអ្នកប្រតិបត្តិធម៌ តាមធម៌ ​ប្រតិបត្តិកោតក្រែង ប្រព្រឹត្តតាមធម៌ ក្នុងធម៌នោះ សមាទាន​ប្រព្រឹត្ត​តាមធម៌នោះ។ ម្នាលចុន្ទ ព្រោះហេតុនេះ បានជាសាស្តា ក៏គួរគេ​តិះដៀល ក្នុងហេតុនោះ ធម៌ ក៏គួរគេតិះដៀល ក្នុងហេតុនោះ សាវ័ក ក៏គួរគេតិះដៀល ក្នុងហេតុនោះ យ៉ាងនេះ។ ម្នាលចុន្ទ បើអ្នកណាមួយ និយាយនឹងសាវ័ក មានសភាពដូច្នោះ យ៉ាងនេះថា លោកមានអាយុ ជាអ្នក​ប្រតិបត្តិ​ត្រូវហេតុហើយ មុខជានឹងសម្រេច​ហេតុ​មិនខាន។ បុគ្គលណាសរសើរក្តី សរសើរនូវបុគ្គលណាក្តី អ្នកដែល​គេសរសើរហើយ ប្រារព្ធព្យាយាម ឲ្យលើស​ជាងប្រមាណក្តី ពួកអ្នក​ទាំងអស់​នោះ តែងបាន​នូវ​បាបដ៏ច្រើន។ ដំណើរនោះ តើព្រោះហេតុអ្វី។ ម្នាលចុន្ទ ព្រោះដំណើរនុ៎ះ រមែង​មានយ៉ាងនេះ ក្នុង​ធម្មវិន័យ ដែលសាស្តាសំដែង​ហើយមិនល្អ ប្រកាសទុកមិនល្អ មិនមែន​ជា​និយ្យានិកធម៌ មិនមែន​ប្រព្រឹត្ត​​ទៅ ដើម្បី​ស្ងប់រម្ងាប់ ជាធម៌ ដែលបុគ្គល មិនបានត្រាស់ដឹង​ខ្លួនឯង ប្រកាសទុកហើយ។

[៩៨] ម្នាលចុន្ទ មួយទៀត សាស្តាក្នុងលោកនេះ ជាអ្នកត្រាស់ដឹងឯងដោយប្រពៃផង ទាំងធម៌​សោត ក៏សាស្តា​នោះ សំដែងទុកល្អហើយ ប្រកាសទុកល្អហើយ ជានិយ្យានិកធម៌ ជាធម៌ប្រព្រឹត្ត​ទៅ ដើម្បី​សេចក្តីស្ងប់រម្ងាប់ ជាធម៌ ដែលព្រះសម្មាសម្ពុទ្ធ ប្រកាសទុកហើយ តែសាវ័ក មិនមែន​ជា​អ្នក​ប្រតិបត្តិ​ធម៌ សមគួរតាមធម៌ មិនប្រតិបត្តិដោយកោតក្រែង មិនប្រព្រឹត្តសមគួរតាមធម៌ ក្នុងធម៌នោះ រមែងប្រព្រឹត្ត​គេចចេញចាកធម៌នោះថែមទៀត សាវ័កនោះ គួរគេនិយាយឲ្យ យ៉ាងនេះថា ម្នាល​អាវុសោ មិនមែនជាលាភ របស់អ្នកនោះទេ អ្នកនោះឈ្មោះថា បានអាក្រក់ហើយ ព្រោះ​សាស្តា​របស់​អ្នក ជាសម្មាសម្ពុទ្ធស្រាប់ ទាំងធម៌ ក៏​សាស្តានោះ សំដែងទុកល្អហើយ ប្រកាសទុកល្អហើយ ជា​និយ្យានិកធម៌ ជាធម៌ប្រព្រឹត្ត​ទៅ ដើម្បីសេចក្តី​ស្ងប់រម្ងាប់ ជាធម៌ ដែលព្រះសម្មាសម្ពុទ្ធ ទ្រង់​ប្រកាស​ទុក​ហើយ ទាស់តែអ្នក មិនមែនជាអ្នកប្រតិបត្តិធម៌ សមគួរតាមធម៌ មិន​ប្រតិបត្តិកោតក្រែង មិន​ប្រព្រឹត្ត​សមគួរតាមធម៌ ក្នុងធម៌នោះ ទៅជា​ប្រព្រឹត្ត​គេច​ចេញចាកធម៌នោះវិញ។ ម្នាលចុន្ទ ព្រោះ​ហេតុ​នេះ សាស្តា ក៏គួរគេ​សរសើរ ក្នុងហេតុនោះ ធម៌ ក៏គួរគេសរសើរ ក្នុងហេតុនោះ ដោយ​ប្រការ​ដូច្នេះឯង ប៉ុន្តែឯសាវ័ក គួរគេតិះដៀល ក្នុងហេតុនោះ យ៉ាងនេះ។ ម្នាលចុន្ទ បើអ្នកណាមួយ និយាយ​នឹងសាវ័ក មានសភាពដូច្នោះ យ៉ាងនេះថា អ្នកដ៏មានអាយុចូរមក ចូរប្រតិបត្តិតាមធម៌ ដែលសាស្តារបស់អ្នក សំដែងទុកហើយ បញ្ញត្តទុកហើយ យ៉ាងនោះចុះ។ បុគ្គលណាបបួលក្តី បបួលនូវបុគ្គលណាក្តី អ្នកដែល​គេបបួលហើយ ប្រតិបត្តិតាមយ៉ាងនោះក្តី ពួកអ្នក​ទាំងអស់​នោះ រមែងបាននូវបុណ្យច្រើន។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលចុន្ទ ព្រោះដំណើរនុ៎ះ រមែង​មាន​យ៉ាង​នេះ ក្នុងធម្មវិន័យ ដែលសាស្តាសំដែង​ល្អហើយ បានប្រកាសទុកល្អហើយ ​ជា​និយ្យានិកធម៌ ជាធម៌​ប្រព្រឹត្ត​ទៅ ដើម្បី​សេចក្តីស្ងប់រម្ងាប់ ជាធម៌ ដែលព្រះសម្មាសម្ពុទ្ធ ទ្រង់ត្រាស់ទុកហើយ។

[៩៩] ម្នាលចុន្ទ មួយទៀត សាស្តាក្នុងលោកនេះ ក៏ជាសម្មាសម្ពុទ្ធ ទាំងធម៌ ក៏សាស្តា​នោះ សំដែងល្អហើយ ប្រកាសទុកល្អហើយ ជានិយ្យានិកធម៌ ជាធម៌ប្រព្រឹត្ត​ទៅ ដើម្បី​ស្ងប់រម្ងាប់ ជាធម៌ ដែលព្រះសម្មាសម្ពុទ្ធ ទ្រង់ប្រកាសទុកហើយ ទាំងសាវ័កសោត ក៏ជាអ្នកប្រតិបត្តិធម៌ សមគួរតាមធម៌ ប្រតិបត្តិកោតក្រែង ប្រព្រឹត្តសមគួរតាមធម៌ ក្នុងធម៌នោះ សមាទានប្រព្រឹត្ត​តាមធម៌​នោះ សាវ័កនោះ គួរគេនិយាយយ៉ាងនេះថា ម្នាលអាវុសោ ជាលាភល្អ របស់អ្នកនោះហើយ អ្នកនោះឈ្មោះថា បានល្អហើយ ព្រោះសាស្តារបស់អ្នក ​ជាអ្នកឆ្ងាយចាកកិលេស ត្រាស់ដឹង​ឯង​ដោយប្រពៃ ទាំងធម៌​សោត ក៏​សាស្តានោះ បានសំដែង​ល្អហើយ ប្រកាសទុកល្អហើយ ជានិយ្យានិកធម៌ ជាធម៌ប្រព្រឹត្ត​ទៅ ដើម្បី​ស្ងប់រម្ងាប់ ជាធម៌ ដែលព្រះសម្មាសម្ពុទ្ធ ទ្រង់ប្រកាសទុកហើយ អ្នកសោត ក៏ជាអ្នកប្រតិបត្តិធម៌ សមគួរតាមធម៌ ​ប្រតិបត្តិកោតក្រែង ប្រព្រឹត្តសមគួរតាមធម៌ ក្នុងធម៌នោះ សមាទាន​ប្រព្រឹត្ត​តាម​ធម៌​នោះ។ ម្នាលចុន្ទ ព្រោះហេតុនេះ បានជាសាស្តា ក៏គួរគេសរសើរ ក្នុងហេតុនោះ ធម៌ ក៏គួរគេសរសើរ ក្នុងហេតុនោះ សាវ័ក ក៏គួរគេសរសើរ ក្នុងហេតុនោះ យ៉ាងនេះ។ ម្នាលចុន្ទ បើអ្នកណាមួយ និយាយ​នឹង​សាវ័ក មានសភាពដូច្នោះ យ៉ាងនេះថា លោកមានអាយុ ជាអ្នកប្រតិបត្តិត្រូវហេតុហើយ មុខ​ជា​នឹង​សម្រេច​ហេតុ​មិនខាន។ បុគ្គលណាសរសើរក្តី សរសើរនូវបុគ្គលណាក្តី អ្នកដែល​គេសរសើរហើយ ប្រារព្ធព្យាយាម យ៉ាងក្រៃលែង ​ជាងប្រមាណក្តី ពួកអ្នក​ទាំងអស់​នោះ រមែងបាននូវបុណ្យច្រើន។ ដំណើរ​នោះ ព្រោះហេតុអ្វី។ ម្នាលចុន្ទ ព្រោះដំណើរនុ៎ះ រមែង​មានយ៉ាងនេះ ក្នុងធម្មវិន័យ ដែល​សាស្តា​សំដែង​ល្អហើយ ប្រកាសទុកល្អ​ហើយ ​ជា​និយ្យានិកធម៌ ជាធម៌ប្រព្រឹត្ត​ទៅ ដើម្បី​សេចក្តីស្ងប់​រម្ងាប់ ជាធម៌ ដែលព្រះសម្មាសម្ពុទ្ធ ទ្រង់ប្រកាសទុកហើយ។

[១០០] ម្នាលចុន្ទ ព្រះសាស្តាជាអរហន្តសម្មាសម្ពុទ្ធ កើតហើយក្នុងលោកនេះ ទាំងធម៌សោត ក៏ព្រះសាស្តា សំដែងល្អហើយ ប្រកាសទុកល្អហើយ ជានិយ្យានិកធម៌ ជាធម៌ប្រព្រឹត្ត​ទៅ ដើម្បី​សេចក្តី​ស្ងប់រម្ងាប់ ជាធម៌ ដែលព្រះសម្មាសម្ពុទ្ធ ទ្រង់ប្រកាសទុកហើយ តែពួកសាវ័ក របស់ព្រះសាស្តានោះ មិនទាន់យល់សេចក្តីច្បាស់ ក្នុងព្រះសទ្ធម្មឡើយ ទាំងព្រះសាស្តា​ របស់​សាវ័ក​ទាំងនោះ ក៏ពុំទាន់បាន​ធ្វើ​ឲ្យច្បាស់ នូវ​ព្រហ្មចរិយធម៌ ឲ្យបរិបូណ៌ទាំងអស់ ពុំទាន់​ធ្វើឲ្យងាយ ពុំទាន់​ធ្វើដោយ​បទចង​ក្រង​សព្វគ្រប់ ពុំទាន់ធ្វើឲ្យ​ជាធម៌ល្មមដឹកនាំគ្នាបាន ដល់ពួកសាវ័កនោះ ដរាប​តែពួកទេវតា និងមនុស្ស​សំដែងបាន ដោយប្រពៃនៅឡើយ ហើយព្រះសាស្តារបស់សាវ័ក​ទាំង​នោះ បាត់ខ្លួនទៅ។ ម្នាលចុន្ទ ព្រះសាស្តា មានសភាពយ៉ាងនេះ ឈ្មោះថា ធ្វើមរណកាល ឲ្យមានសេចក្តី​ក្តៅ​ក្រហាយ ស្តាយ​ក្រោយ ដល់ពួកសាវ័ក។ ដំណើរនោះ ព្រោះហេតុអ្វី។ ព្រោះ (ពួកសាវ័កនោះ មាន​សេចក្តី​ស្តាយ​ក្រោយ​ថា) ព្រះសាស្តា ជាអរហន្តសម្មាសម្ពុទ្ធ បានកើតឡើងហើយក្នុងលោក ទាំងធម៌សោត ក៏​ព្រះសាស្តានោះ សំដែងល្អហើយ ប្រកាសទុកល្អហើយ ជានិយ្យានិកធម៌ ជាធម៌ប្រព្រឹត្ត​ទៅ ដើម្បី​សេចក្តីស្ងប់រម្ងាប់ ជាធម៌ ដែលព្រះសម្មាសម្ពុទ្ធ ទ្រង់ប្រកាសទុកហើយ ប៉ុន្តែពួកយើង មិនទាន់​យល់​សេចក្តី​ច្បាស់ ក្នុងព្រះសទ្ធម្មឡើយ ទាំងព្រហ្មចរិយធម៌ ដ៏បរិបូណ៌គ្រប់គ្រាន់ ក៏ព្រះសាស្តា​មិនទាន់​បាន​ធ្វើឲ្យច្បាស់ មិនទាន់​ធ្វើឲ្យងាយ មិនទាន់បាន​ធ្វើ ដោយបទចងក្រងសព្វគ្រប់ មិនទាន់បានធ្វើឲ្យ​ជាធម៌ គួរដឹកនាំគ្នាបាន ដល់យើងទាំងឡាយ ដរាប​តែពួកទេវតា និងមនុស្ស ក៏សំដែងបាន ដោយ​ប្រពៃ​នៅឡើយ ព្រះសាស្តារបស់ពួកយើង បាត់បង់ទៅ។ ម្នាលចុន្ទ ព្រះសាស្តាមានសភាពយ៉ាងនេះ​ឯង ឈ្មោះថា ធ្វើមរណកាល ឲ្យមានសេចក្តី​ក្តៅ​ក្រហាយ ស្តាយក្រោយ ដល់ពួកសាវ័ក។

[១០១] ម្នាលចុន្ទ មួយទៀត ព្រះសាស្តាជាអរហន្តសម្មាសម្ពុទ្ធ កើតឡើងក្នុងលោកនេះ ទាំងធម៌ ក៏ព្រះសាស្តានោះ សំដែងល្អហើយ បានប្រកាសទុកល្អហើយ ជានិយ្យានិកធម៌ ជាធម៌​ប្រព្រឹត្ត​​ទៅ ដើម្បី​សេចក្តីស្ងប់រម្ងាប់ ជាធម៌ ដែលព្រះសម្មាសម្ពុទ្ធ បានប្រកាសទុកហើយ ទាំងពួក​សាវ័ក របស់ព្រះសាស្តានោះ បានយល់សេចក្តីច្បាស់ ក្នុងព្រះសទ្ធម្មហើយ ព្រះសាស្តា​ ក៏បាន​ធ្វើឲ្យ​ជាក់​ច្បាស់ នូវ​ព្រហ្មចរិយធម៌ ដ៏បរិបូណ៌គ្រប់គ្រាន់ ​ធ្វើឲ្យងាយហើយ ​ធ្វើដោយបទ​ចងក្រង​សព្វ​គ្រប់​ហើយ ធ្វើឲ្យ​ជាធម៌ គួរណែនាំគ្នាបានហើយ ដរាប​តែពួកទេវតា និងមនុស្ស ក៏សំដែងបាន ដោយ​ប្រពៃ ទើបព្រះសាស្តា របស់សាវ័ក​ទាំង​នោះ អន្តរធានទៅ។ ម្នាលចុន្ទ សាស្តា មានសភាព​យ៉ាង​នេះ​ឯង ឈ្មោះថា ធ្វើមរណកាល មិនឲ្យមានសេចក្តី​ក្តៅ​ក្រហាយ ស្តាយក្រោយ ដល់ពួកសាវ័ក។ ដំណើរ​នោះ ព្រោះហេតុអ្វី។ ព្រោះថា (ពួកសាវ័កទាំងនោះ មាន​សេចក្តី​ត្រេកអរយ៉ាងនេះថា) ព្រះសាស្តា ជាអរហន្ត សម្មាសម្ពុទ្ធ បានកើតឡើងហើយក្នុងលោក ទាំងធម៌សោត ក៏ព្រះសាស្តា បាន​សំដែង​ល្អ​ហើយ ប្រកាសទុកល្អហើយ ជានិយ្យានិកធម៌ ជាធម៌ប្រព្រឹត្ត​ទៅ ដើម្បី​សេចក្តីស្ងប់រម្ងាប់ ជាធម៌ ដែល​ព្រះសម្មាសម្ពុទ្ធ បានប្រកាសទុកហើយ ពួកយើងសោត ក៏បានយល់សេចក្តីច្បាស់ ក្នុងព្រះសទ្ធម្ម​ហើយ ព្រះសាស្តា​ បានធ្វើឲ្យច្បាស់ នូវ​ព្រហ្មចរិយធម៌ ដ៏បរិបូណ៌ទាំងអស់ បាន​ធ្វើឲ្យងាយហើយ បាន​ធ្វើដោយបទ​ ចងក្រង​សព្វគ្រប់ហើយ បានធ្វើឲ្យ​ជាធម៌ គួរណែនាំគ្នាបានហើយ ដរាប​តែ​ពួក​ទេវតា និងមនុស្ស ក៏សំដែងបាន ដោយប្រពៃ ទើបព្រះសាស្តា បាត់បង់ទៅ។ ម្នាលចុន្ទ សាស្តា​មាន​សភាពយ៉ាងនេះឯង ឈ្មោះថា ធ្វើមរណកាល​ មិនឲ្យមានសេចក្តី​ក្តៅ​ក្រហាយ ស្តាយក្រោយ ដល់ពួកសាវ័ក។

[១០២] ម្នាលចុន្ទ ប្រសិនបើព្រហ្មចរិយធម៌ ប្រកបដោយអង្គទាំង​នុ៎ះហើយ សាស្តាមិនមែន​ជាថេរៈ ជាអ្នកដឹងរាត្រី ជាអ្នកបួសយូរ តាំងនៅជាអង្វែង ជាអ្នកចំរើនវ័យ ដោយលំដាប់ទេ ព្រហ្ម​ចរិយធម៌នោះ ឈ្មោះថា មិនបរិបូណ៌ដោយអង្គនោះ យ៉ាងនេះឡើយ។ ម្នាលចុន្ទ បើព្រហ្មចរិយធម៌ ប្រកបដោយអង្គទាំងនេះហើយ ទាំងសាស្តា ក៏​ជាថេរៈ ជាអ្នកដឹងរាត្រី បួសយូរ តាំងនៅជាអង្វែង ចំរើនវ័យ ដោយលំដាប់ ក្នុងកាលណាហើយ ព្រហ្ម​ចរិយធម៌នោះ ទើបឈ្មោះថា បរិបូណ៌​ ដោយ​អង្គ​នោះ យ៉ាងនេះ ក្នុងកាលនោះ។

[១០៣] ម្នាលចុន្ទ ប្រសិនបើព្រហ្មចរិយធម៌ ប្រកបដោយអង្គទាំង​នុ៎ះ ទាំងសាស្តា ក៏​ជាថេរៈ ជាអ្នកដឹងរាត្រី បួសយូរ តាំងនៅជាអង្វែង ចំរើនវ័យ ដោយលំដាប់ហើយ តែមិនមានពួកភិក្ខុ​ជាសាវ័ក របស់សាស្តានោះ ជាថេរៈ ជាអ្នកឈ្លាសវៃ ដឹកនាំ ក្លៀវក្លា បានដល់ធម៌ក្សេមចាកយោគៈ អាចនឹងប្រាប់នូវព្រះសទ្ធម្មបាន អាចសង្កត់សង្កិន នូវបរប្បវាទ ដែលកើត​ឡើងហើយ ឲ្យជាពាក្យ​ ដែល​ខ្លួនសង្កត់សង្កិន​រៀបរយ ដោយពាក្យប្រកបដោយ​ធម៌ ហើយសំដែងធម៌ ព្រមទាំង​បាដិហារិយ៍ ព្រហ្ម​ចរិយធម៌នោះ ឈ្មោះថា មិនបរិបូណ៌ដោយអង្គនោះ យ៉ាងនេះ។ ម្នាលចុន្ទ បើព្រហ្មចរិយធម៌ ប្រកបដោយអង្គទាំងនុ៎ះហើយ ទាំងសាស្តា ក៏​ជាថេរៈ ជាអ្នកដឹងរាត្រី បួសយូរ តាំងនៅជាអង្វែង ចំរើនវ័យ ដោយលំដាប់ហើយ ទាំងពួកភិក្ខុ​ជាសាវ័ក របស់សាស្តានោះ ក៏ជាថេរៈ ជាអ្នកឈ្លាសវៃ ដឹកនាំ ក្លៀវក្លា បានដល់ធម៌ក្សេមចាកយោគៈ អាចនឹងប្រាប់នូវព្រះសទ្ធម្មបាន អាចសង្កត់​សង្កិន​នូវបរប្បវាទ ដែលកើត​ឡើងហើយ ឲ្យជាពាក្យ​ ដែល​ខ្លួនសង្កត់សង្កិន ​រៀបរយ ប្រកបដោយ​ធម៌ ហើយសំដែងធម៌ ព្រមទាំង​បាដិហារិយ៍ ក្នុងកាលណា ព្រហ្ម​ចរិយធម៌នោះ ទើបឈ្មោះថា បរិបូណ៌ដោយអង្គនោះ យ៉ាងនេះ ក្នុងកាលនោះ។

[១០៤] ម្នាលចុន្ទ ប្រសិនបើព្រហ្មចរិយធម៌ ប្រកបដោយអង្គទាំង​នុ៎ះ ទាំងសាស្តា ក៏​ជាថេរៈ ជាអ្នកដឹងរាត្រី បួសយូរ តាំងនៅជាអង្វែង ចំរើនវ័យ ដោយលំដាប់ហើយ ទាំងពួកភិក្ខុ​ជាសាវ័ក របស់សាស្តានោះ ក៏ជាថេរៈ ជាអ្នកឈ្លាសវៃ ដឹកនាំ ក្លៀវក្លា។បេ។ អាចសង្កត់សង្កិននូវបរប្បវាទ ដែលកើត​ឡើងហើយ ជាពាក្យ​ ដែល​ខ្លួនសង្កត់សង្កិន​រៀបរយដោយ​ធម៌ ហើយសំដែងធម៌ ព្រមទាំង​បាដិហារិយ៍ តែពួកភិក្ខុជាន់កណ្តាល ជាសាវ័ករបស់សាស្តានោះ មិនមាន។ បើមានតែពួក​ភិក្ខុ​ជាន់កណ្តាល ជាសាវ័ក។ តែសាស្តានោះ មិនមាន​ពួកភិក្ខុខ្ចីជាសាវ័ក។ សាស្តានោះ មានតែពួក​ភិក្ខុនីខ្ចីជាសាវិកា។ តែសាស្តានោះ មិនមានពួក​ភិក្ខុនីចាស់ជាសាវិកា។ សាស្តានោះ​ មានតែពួក​ភិក្ខុនីចាស់ ជាសាវិកា។ តែសាស្តានោះ មិនមានពួកភិក្ខុនីជាន់កណ្តាលជាសាវិកា។ សាស្តានោះ មានតែពួកភិក្ខុនីជាន់កណ្តាល ជាសាវិកា។ តែសាស្តានោះ មិនមានពួកភិក្ខុនីខ្ចី ជាសាវិកា។ សាស្តានោះ មានតែពួកភិក្ខុនីខ្ចី ជាសាវិកា។ តែសាស្តានោះ មិនមានពួកគ្រហស្ថឧបាសក មាន​សម្លៀក​បំពាក់ស ប្រព្រឹត្តព្រហ្មចារ្យ ជាសាវ័ក។ បើសាស្តានោះ មាន​តែពួកគ្រហស្ថឧបាសក មានសម្លៀកបំពាក់ស ប្រព្រឹត្តព្រហ្មចា្យ ជាសាវ័ក។ តែសាស្តានោះ មិនមានពួកគ្រហស្ថ​ឧបាសក មានសម្លៀកបំពាក់ស ជាអ្នកបរិភោគកាម ជាសាវ័ក។ បើសាស្តានោះ មាន​តែពួកគ្រហស្ថឧបាសក មានសម្លៀកបំពាក់ស បរិភោគកាម ជាសាវ័ក។ តែសាស្តានោះ មិនមាន​ពួក​គ្រហស្ថឧបាសិកា មានសម្លៀកបំពាក់ស ប្រព្រឹត្តព្រហ្មចា្យ ជាសាវិកា។ បើសាស្តានោះ មានតែពួកគ្រហស្ថ​ឧបាសិកា មានសម្លៀកបំពាក់ស ប្រព្រឹត្តព្រហ្មចា្យ ជាសាវិកា។ តែសាស្តានោះ មិនមានពួកគ្រហស្ថ​ឧបាសិកា មានសម្លៀកបំពាក់ស បរិភោគកាម ជាសាវិកា។ បើសាស្តានោះ មាន​តែពួកគ្រហស្ថឧបាសិកា មានសម្លៀកបំពាក់ស បរិភោគកាម ជាសាវិកា។ តែព្រហ្ម​ចរិយធម៌របស់សាស្តានោះ មិនមាំមួន​ផ្សាយ​ទូលាយទៅ ឥតមានគេចេះដឹងច្រើនក្រាស់ក្រែល ដរាបតែពួកទេវតា និងមនុស្ស សំដែង​ដោយ​ប្រពៃមិនបាន បើទុកជាព្រហ្មចារ្យរបស់សាស្តានោះ មាំមួន​ផ្សាយទូលាយទៅ មានគេចេះដឹងច្រើន​ក្រាស់ក្រែល ដរាបតែពួកទេវតា និងមនុស្ស សំដែង​បានដោយប្រពៃ តែមិនបានដល់នូវ​លាភ​ដ៏ប្រសើរ និងយសដ៏ប្រសើរ កាលបើដូច្នេះ ព្រហ្មចារ្យនោះ ឈ្មោះថា មិនបរិបូណ៌ដោយអង្គនោះទេ។ ម្នាលចុន្ទ កាលណាបើព្រហ្មចារ្យ ប្រកបដោយអង្គទាំង​នុ៎ះ ទាំងសាស្តា ក៏​ជាថេរៈ ជាអ្នកដឹងរាត្រី បួសយូរ តាំងនៅជាអង្វែង ចំរើនវ័យ ដោយលំដាប់ ទាំងពួកភិក្ខុ​ជាសាវ័ក របស់ព្រះសាស្តានោះ ក៏ជាថេរៈ ជាអ្នកឈ្លាសវៃ អាចដឹកនាំ ក្លៀវក្លា។បេ។ អាចសំដែងធម៌ ព្រមទាំង​បាដិហារិយ៍បាន។ សាស្តានោះ មានពួកភិក្ខុជាន់កណ្តាល ជាសាវ័កផង។ សាស្តានោះ មាន​ពួកភិក្ខុខ្ចី ជាសាវ័កផង។ សាស្តានោះ មានពួក​ភិក្ខុនីចាស់ ជាសាវិកាផង។ សាស្តានោះ មានពួកភិក្ខុនីជាន់កណ្តាលជាសាវិកាផង។ សាស្តានោះ មានពួកភិក្ខុនីខ្ចី ជា​សាវិកា​ផង។ សាស្តានោះ មានពួកគ្រហស្ថឧបាសក មានសម្លៀកបំពាក់ស ប្រព្រឹត្តព្រហ្មចា្យ ជាសាវ័កផង។ សាស្តានោះ មានពួកគ្រហស្ថឧបាសក មានសម្លៀកបំពាក់ស បរិភោគកាម ជាសាវ័ក​ផង។ សាស្តានោះ មានពួកគ្រហស្ថ​ឧបាសិកា មានសម្លៀកបំពាក់ស ប្រព្រឹត្តព្រហ្មចា្យ ជាសាវិកាផង។ សាស្តានោះ មានពួកគ្រហស្ថឧបាសិកា មានសម្លៀកបំពាក់ស បរិភោគកាម ជាសាវិកាផង។ ទាំង​ព្រហ្មចារ្យ របស់សាស្តានោះ ក៏មាំមួន ​ផ្សាយ​ទូលាយទៅ មានគេចេះដឹងច្រើនក្រាស់ក្រែល ដរាប​តែពួកទេវតា និងមនុស្ស សំដែង​បានដោយ​ប្រពៃ ទាំងបានដល់នូវ​លាភ​ដ៏ប្រសើរ និងយសដ៏ប្រសើរ កាលបើដូច្នេះ ព្រហ្មចារ្យនោះ ទើបឈ្មោះថា បរិបូណ៌ដោយអង្គនោះ។

[១០៥] ម្នាលចុន្ទ ក៏ឥឡូវនេះ តថាគតជាសាស្តា ជាអរហន្តសម្មាសម្ពុទ្ធ កើតឡើង​ហើយក្នុង​លោក ទាំងធម៌សោត តថាគត បានសំដែងប្រពៃហើយ ប្រកាសទុកប្រពៃហើយ ជានិយ្យានិកធម៌ ជាធម៌ប្រព្រឹត្ត​ទៅ ដើម្បី​សេចក្តីស្ងប់រម្ងាប់ ជាធម៌ ដែលព្រះសម្មាសម្ពុទ្ធ ប្រកាសទុកហើយ ទាំង​ពួក​សាវ័ក ក៏តថាគតបានពន្យល់ ឲ្យដឹងច្បាស់​សេចក្តីក្នុងព្រះសទ្ធម្មហើយ ទាំង​ព្រហ្មចរិយធម៌ ដ៏បរិបូណ៌សព្វគ្រប់ ក៏តថាគតបានធ្វើឲ្យជាក់ច្បាស់ ដល់សាវ័កទាំងនោះ ​ធ្វើឲ្យងាយឡើង ​ធ្វើដោយបទ ​ចងក្រង​ ធ្វើឲ្យ​ជាធម៌ គួរដឹកនាំគ្នាបាន ដរាប​តែពួកទេវតា និងមនុស្ស សំដែងបាន ដោយប្រពៃ។ ម្នាលចុន្ទ ឥឡូវនេះ តថាគត ក៏ជាសាស្តា ជាថេរៈ អ្នកដឹងរាត្រី បួសយូរ តាំង​នៅ​អង្វែង ចំរើនវ័យ ដោយលំដាប់ហើយ។

[១០៦] ម្នាលចុន្ទ ក្នុងកាលឥឡូវនេះ តថាគត មានពួកភិក្ខុជាថេរៈ ជាសាវ័ក ជាអ្នកឈ្លាសវៃ ដឹកនាំ ក្លៀវក្លា ដល់នូវធម៌ក្សេម ចាកយោគៈ អាចប្រាប់​នូវព្រះសទ្ធម្មបាន អាចសង្កត់សង្កិន​នូវ​បរប្បវាទ ដែលកើត​ឡើងហើយ ឲ្យជាពាក្យ​ ដែល​ខ្លួនសង្កត់សង្កិន​រៀបរយ ដោយពាក្យប្រកប​ដោយ​ធម៌ ហើយសំដែងធម៌ ព្រមទាំង​បាដិហារិយ៍បាន។ ម្នាលចុន្ទ ក្នុងកាលឥឡូវនេះ តថាគត មានពួក​ភិក្ខុ​ជាន់កណ្តាល ជាសាវ័កផង។ ម្នាលចុន្ទ ឥឡូវនេះ តថាគត មាន​ពួកភិក្ខុខ្ចី ជាសាវ័កផង។ ម្នាល​ចុន្ទ ឥឡូវនេះ តថាគត មានពួក​ភិក្ខុនីចាស់ ជាសាវិកាផង។ ម្នាលចុន្ទ ឥឡូវនេះ តថាគត មានពួក​ភិក្ខុនី​ជាន់កណ្តាលជាសាវិកាផង។ ម្នាលចុន្ទ ឥឡូវនេះ តថាគត មានពួកភិក្ខុនីខ្ចី ជាសាវិកាផង។ ម្នាលចុន្ទ ឥឡូវនេះ តថាគត មានពួកគ្រហស្ថឧបាសក មានសម្លៀកបំពាក់ស ប្រព្រឹត្តព្រហ្មចា្យ ជា​សាវ័កផង។ ម្នាលចុន្ទ ឥឡូវនេះ តថាគត មានពួកគ្រហស្ថឧបាសក មានសម្លៀកបំពាក់ស បរិភោគកាម ជាសាវ័ក​ផង។បេ។ ម្នាលចុន្ទ ឥឡូវនេះ តថាគត មានពួកគ្រហស្ថ​ឧបាសិកា មាន​សម្លៀក​បំពាក់​ស បរិភោគកាម ជាសាវិកា។ ម្នាលចុន្ទ ឥឡូវនេះ ​ព្រហ្មចរិយធម៌ របស់តថាគត ក៏មាំមួន ​ផ្សាយ​ទូលាយទៅ មានគេចេះដឹងច្រើនក្រាស់ក្រែល ទាំងពួកទេវតា និងមនុស្ស ក៏សំដែង​បាន ដោយ​ប្រពៃ​ហើយ។

[១០៧] ម្នាលចុន្ទ ឥឡូវនេះ ទោះជាសាស្តាទាំងឡាយ កើតឡើងហើយក្នុងលោក។ ម្នាល​ចុន្ទ តថាគត ជ្រើសរើសមិនឃើញសាស្តាដទៃ សូម្បីម្នាក់ ដែលបានដល់នូវលាភដ៏ប្រសើរ និងយសដ៏​ប្រសើរយ៉ាងនេះ ឲ្យដូចជាតថាគតឡើយ។ ម្នាលចុន្ទ ឥឡូវនេះ ទោះជាសង្ឃក្តី គណៈក្តី របស់​តថាគត កើតឡើង​ក្នុងលោកហើយ។ ម្នាលចុន្ទ តថាគត ជ្រើសរើសមិនឃើញសង្ឃដទៃ​ សូម្បីមួយ​ពួក ដែលបានដល់នូវ​លាភដ៏ប្រសើរ និងយសដ៏ប្រសើរយ៉ាងនេះ ឲ្យដូចជាភិក្ខុសង្ឃ (ក្នុង​សាសនា​នេះ)ឡើយ។ ម្នាលចុន្ទ បុគ្គល កាលនិយាយពាក្យណា ឲ្យត្រូវនោះ គួរនិយាយថា ព្រហ្មចារ្យ ដល់​ព្រម​ហើយ ដោយហេតុគ្រប់យ៉ាង បរិបូណ៌ហើយ ដោយអាការគ្រប់យ៉ាង មិនខ្វះ​មិនលើស ដែល​ព្រះមាន​ព្រះភាគ ត្រាស់ទុកល្អហើយ បរិបូណ៌ទាំងអស់ បានប្រកាស​ទុកល្អហើយ។ បុគ្គល កាល​និយាយ​ឲ្យត្រូវ គួរនិយាយពាក្យនេះឯងថា ព្រហ្មចារ្យ ដល់ព្រមហើយ ដោយអាការ​គ្រប់យ៉ាង បរិបូណ៌​ ដោយអាការគ្រប់យ៉ាង។បេ។ បានប្រកាសល្អហើយ ដូច្នេះ។ ម្នាលចុន្ទ ឮថា ឧទ្ទករាមបុត្រ និយាយសំដីយ៉ាងនេះថា បុគ្គល កាលឃើញ ក៏ឈ្មោះថាមិនឃើញ។ ឃើញនូវអ្វី ឈ្មោះ​ថា មិន​ឃើញ។ បុគ្គលឃើញបានតែត្រឹមផ្ទៃ​នៃកាំបិតកោរ ដែលមុតល្អ តែមិនឃើញ​មុខកាំ​បិតកោរទេ។ ម្នាលចុន្ទ នេះឯង ដែលឧទ្ទករាមបុត្រ និយាយថា បុគ្គលកាលឃើញ ក៏ឈ្មោះថា មិនឃើញ។ ម្នាលចុន្ទ ឯពាក្យដែលឧទ្ទករាមបុត្រ ពោលនោះ ជាពាក្យថោកទាប ជារបស់អ្នកស្រុក ជា​របស់​បុថុជ្ជន មិនមែនជារបស់ព្រះអរិយៈ មិនប្រកបដោយប្រយោជន៍ ព្រោះសំដៅកាំបិតកោរ​តែម្យ៉ាង។ ម្នាលចុន្ទ កាលបើបុគ្គល និយាយពាក្យណា ឲ្យត្រូវនោះ គួរនិយាយថា បុគ្គល​កាលឃើញ ក៏ឈ្មោះ​ថា មិនឃើញ។ បុគ្គលកាលនិយាយឲ្យត្រូវ គួរនិយាយពាក្យនេះឯងថា បុគ្គល​កាលឃើញ ក៏ឈ្មោះ​ថា មិនឃើញ។ បុគ្គលឃើញនូវអ្វីខ្លះ ឈ្មោះថា មិនឃើញ។ ពាក្យថា ព្រហ្មចារ្យ ដល់ព្រម​ហើយ ដោយហេតុគ្រប់យ៉ាង បរិបូណ៌​ហើយ ដោយអាការគ្រប់យ៉ាង មិនខ្វះ មិនលើស ដែលតថាគត សំដែង​ទុកល្អហើយ បរិបូណ៌ទាំងអស់ បានប្រកាសទុកល្អហើយ យ៉ាងនេះ បុគ្គល​មិន​ឃើញ​សេចក្តី​នុ៎ះ ដូច្នេះសោះ សមជាដកពាក្យនេះចេញ ក្នុងរឿងនោះ។ បុគ្គលនោះ ថែមទាំង​មិន​ឃើញសេចក្តី​នុ៎ះ ដូច្នេះថា ព្រហ្មចារ្យនោះ បរិសុទ្ធក្រៃលែងយ៉ាងនេះ សមជាបញ្ចូលពាក្យនេះ ក្នុង​រឿងនុ៎ះ។ បុគ្គលនោះ ឈ្មោះថា មិនឃើញសេចក្តីនៃពាក្យថា ព្រហ្មចារ្យនោះ បរិសុទ្ធក្រៃលែង ដូច្នេះ យ៉ាង​នេះ។ នេះហៅថា បុគ្គល​កាលឃើញ ឈ្មោះថា មិនឃើញ។ ម្នាលចុន្ទ បុគ្គលកាល​និយាយ​ពាក្យណា ឲ្យត្រូវនោះ គួរនិយាយថា ព្រហ្មចារ្យ ដល់ព្រម​ហើយ ដោយហេតុគ្រប់យ៉ាង។បេ។ បាន​ប្រកាស​ទុក​ល្អ​ហើយ។ បុគ្គលកាលនិយាយឲ្យត្រូវ គួរនិយាយពាក្យនេះឯងថា ព្រហ្មចារ្យ ដល់ព្រម​ហើយ ដោយ​ហេតុ​គ្រប់យ៉ាង បរិបូណ៌​ហើយ ដោយអាការគ្រប់យ៉ាង មិនខ្វះ មិនលើស ដែលតថាគត សំដែង​ទុក​ល្អ​ហើយ បរិបូណ៌ទាំងអស់ បានប្រកាសទុកល្អហើយ ដូច្នេះ។

[១០៨] ម្នាលចុន្ទ ព្រោះហេតុនោះ ធម៌ទាំងឡាយណា ដែលតថាគត បានត្រាស់ដឹង សំដែង​ទុកល្អហើយ ក្នុងលោកនេះ គួរឲ្យអ្នកទាំងអស់រួមគំនិត មកប្រជុំរួបរួមផ្ទៀងផ្ទាត់ នូវអត្ថ​ដោយអត្ថ ព្យញ្ជនៈ ដោយព្យញ្ជនៈ ក្នុងធម៌នោះ ដែលជា​ហេតុឲ្យព្រហ្មចារ្យនេះ តាំងនៅមាំ ឋិតឋេរ​អស់​កាលយូរ ដើម្បីប្រយោជន៍ ដល់ជនច្រើន ដើម្បីសេចក្តីសុខ ដល់ជនច្រើន ដើម្បីអនុគ្រោះ ដល់​សត្វលោក ដើម្បីសេចក្តីចំរើន ដើម្បីជាប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ទេវតា និងមនុស្ស​ទាំង​ឡាយ។ ម្នាលចុន្ទ ធម៌ទាំងឡាយដែលតថាគត បានសំដែងហើយដល់អ្នក ព្រោះសេចក្តី​ដឹងដ៏​ក្រៃ​លែងនោះ តើដូចម្តេច។ ពួកអ្នកទាំងអស់គ្នា ត្រូវរួមគំនិត មកប្រជុំរួបរួមផ្ទៀងផ្ទាត់ នូវអត្ថ​ដោយអត្ថ ព្យញ្ជនៈ ដោយព្យញ្ជនៈ ក្នុងពួកធម៌ណា ដែលជា​ហេតុឲ្យព្រហ្មចារ្យនេះ តាំងនៅបានមាំមួន ឋិតឋេរ​អស់​កាលយូរ ដើម្បីជាប្រយោជន៍ ដល់ជនច្រើន ដើម្បីសេចក្តីសុខ ដល់ជនច្រើន ដើម្បីអនុគ្រោះ ដល់​សត្វលោក ដើម្បីសេចក្តីចំរើន ដើម្បីជាប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ទេវតា និងមនុស្ស​ទាំង​ឡាយ។ ពួកធម៌នោះ ដូចម្តេចខ្លះ។ ពួកធម៌នោះ គឺ សិប្បដ្ឋាន៤ សម្មប្បធាន៤ ឥទ្ធិបាទ៤ ឥន្ត្រិយ៥ ពលៈ៥ សម្ពោជ្ឈង្គ៧ និងអរិយមគ្គប្រកបដោយអង្គ៨។ ម្នាលចុន្ទ ធម៌ទាំងឡាយនេះឯង ដែល​តថាគត បានត្រាស់ដឹង សំដែងហើយ ដែលពួកបរិស័ទទាំងអស់ ត្រូវរួមគំនិត ប្រជុំរួបរួមផ្ទៀងផ្ទាត់ នូវអត្ថ​ដោយអត្ថ ព្យញ្ជនៈ ដោយព្យញ្ជនៈ ដែលជា​ហេតុឲ្យព្រហ្មចារ្យនេះ ឋិតនៅបានមាំ តាំងនៅ​អស់​កាលយូរ ដើម្បីជាប្រយោជន៍ ដល់ជនច្រើន ដើម្បីសេចក្តីសុខ ដល់ជនច្រើន ដើម្បីអនុគ្រោះ ដល់​សត្វលោក ដើម្បីសេចក្តីចំរើន ដើម្បីជាប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ទេវតា និងមនុស្ស​ទាំង​ឡាយ។

[១០៩] ម្នាលចុន្ទ ពួកអ្នកនោះឯង ជាអ្នកព្រមព្រៀងគ្នា ជាអ្នកមានចិត្តរីករាយ មិនទាស់ទែង​គ្នា គប្បីសិក្សាចុះ។ សង្ឃជា​សព្រហ្មចារីបុគ្គលណាមួយ និយាយធម៌ ក្នុងការនិយាយធម៌នោះ បើ​អ្នកទាំងឡាយ មានសេចក្តីយល់យ៉ាងនេះថា ម្នាលអាវុសោ លោកដ៏មានអាយុនេះឯង កាន់យក​នូវ​អត្ថខុស សំដែងនូវ​ព្យញ្ជនៈក៏ខុស។ អ្នកទាំងឡាយ មិនត្រូវត្រេកអរ មិនត្រូវហាមឃាត់គេឡើយ។ លុះពួកអ្នកមិនត្រេកអរ មិនជំទាស់ហើយ គួរនិយាយនឹងគេ យ៉ាងនេះថា ម្នាលអាវុសោ ព្យញ្ជនៈ​ទាំងនេះ ឬថា ព្យញ្ជនៈទាំងនុ៎ះ របស់អត្ថនេះ ពួកណាស្រួលជាង មួយទៀត អត្ថនេះ ឬក៏អត្ថ​នុ៎ះ របស់ព្យញ្ជនៈពួកនេះ អត្ថណាស្រួលជាង។ ប្រសិនបើគេនិយាយ យ៉ាងនេះថា ម្នាលអាវុសោ ពួក​ព្យញ្ជនៈ​នេះឯង របស់អត្ថនេះ ជាព្យញ្ជនៈស្រួលជាង អត្ថនេះឯង របស់ពួកព្យញ្ជនៈ​នុ៎ះ ជាអត្ថស្រួល​ជាង។ ភិក្ខុមិនត្រូវលើក មិនត្រូវ​បង្អាប់គេឡើយ។ លុះមិនលើក មិនបង្អាប់គេហើយ គួរ​ពន្យល់​គេដោយស្រួលបួល ដើម្បីចាំទុកនូវ​អត្ថនោះ និងពួកព្យញ្ជនៈនោះ។

[១១០] ម្នាលចុន្ទ បើសង្ឃជាសព្រហ្មចារីដទៃ និយាយធម៌ ក្នុងការនិយាយនោះ បើ​អ្នកទាំងឡាយ មានសេចក្តីយល់យ៉ាងនេះថា លោកដ៏មានអាយុនេះឯង កាន់យក​នូវ​អត្ថខុស (តែ) សំដែង​ព្យញ្ជនៈ​ទាំងឡាយត្រូវ។ អ្នកទាំងឡាយ ក៏មិនត្រូវត្រេកអរ មិនត្រូវជំទាស់គេឡើយ។ លុះមិន​ត្រេកអរ មិនជំទាស់ហើយ ត្រូវនិយាយនឹងគេ យ៉ាងនេះថា ម្នាលអាវុសោ អត្ថនេះ ឬអត្ថនុ៎ះ របស់ពួកព្យញ្ជនៈ​ទាំងនេះ អត្ថណាស្រួលជាង។ ប្រសិនបើគេនិយាយ យ៉ាងនេះថា ម្នាលអាវុសោ អត្ថនេះឯង របស់ព្យញ្ជនៈពួកនេះ ជាអត្ថស្រួល​ជាង។ អ្នកទាំងឡាយ មិនត្រូវលើក មិនត្រូវ​បង្អាប់គេឡើយ។ លុះមិនលើក មិនបង្អាប់ហើយ គួរ​ពន្យល់​គេដោយស្រួលបួល ដើម្បីចាំទុកនូវ​អត្ថនោះ។

[១១១] ម្នាលចុន្ទ បើសង្ឃជាសព្រហ្មចារីដទៃទៀត និយាយធម៌ ក្នុងការនិយាយនោះ បើ​អ្នកទាំងឡាយ មានសេចក្តីយល់យ៉ាងនេះថា លោកមានអាយុនេះឯង កាន់យក​នូវ​អត្ថត្រូវ (តែ) សំដែង​នូវព្យញ្ជនៈខុស។ អ្នកទាំងឡាយ មិនត្រូវត្រេកអរ មិនត្រូវជំទាស់គេឡើយ។ លុះមិនត្រេកអរ មិនជំទាស់ហើយ ត្រូវនិយាយនឹងគេ យ៉ាងនេះថា ម្នាលអាវុសោ ពួកព្យញ្ជនៈនេះ ឬពួកព្យញ្ជនៈ​នុ៎ះ របស់អត្ថនេះ ពួកណាស្រួលជាង។ បើគេនិយាយ យ៉ាងនេះថា ម្នាលអាវុសោ ពួកព្យញ្ជនៈ​នេះឯង របស់អត្ថនេះ ជាព្យញ្ជនៈស្រួល​ជាង។ អ្នកទាំងឡាយ មិនត្រូវលើក មិនត្រូវ​បង្អាប់គេឡើយ។ លុះមិនលើក មិនបង្អាប់ហើយ គួរ​ពន្យល់​គេដោយស្រួលបួល ដើម្បីចាំទុកនូវ​ពួកព្យញ្ជនៈនោះ។

[១១២] ម្នាលចុន្ទ បើសង្ឃជាសព្រហ្មចារីដទៃទៀត និយាយធម៌ ក្នុងការនិយាយនោះ បើ​អ្នកទាំងឡាយ មានសេចក្តីយល់យ៉ាងនេះថា លោកដ៏មានអាយុនេះឯង កាន់យក​នូវ​អត្ថ ក៏ត្រឹមត្រូវ សំដែងនូវពួក​ព្យញ្ជនៈ ក៏ត្រឹមត្រូវ។ អ្នកទាំងឡាយ ត្រូវត្រេកអរ ត្រូវអនុមោទនា ចំពោះភាសិត របស់​ភិក្ខុនោះថា សាធុ ដូច្នេះ។ លុះត្រេកអរ អនុមោទនា ចំពោះភាសិត របស់ភិក្ខុនោះថា សាធុ ដូច្នេះ​ហើយ ត្រូវនិយាយនឹងភិក្ខុនោះ យ៉ាងនេះថា ម្នាលអាវុសោ ជាលាភរបស់ពួកយើង ម្នាលអាវុសោ ពួកយើងបានស្រួលហើយ ពួកយើង​រលឹកនូវ​លោកដ៏មានអាយុថា សព្រហ្មចារីប្រាកដ​ដូចជាលោក ដែលជាអ្នកដឹងច្បាស់​ នូវអត្ថ ដឹងច្បាស់នូវ​ព្យញ្ជនៈយ៉ាងនេះ។

[១១៣] ម្នាលចុន្ទ តថាគត មិនសំដែងធម៌ ដើម្បីរារាំងនូវ​អាសវៈទាំងឡាយ ដែលប្រព្រឹត្ត​ទៅ​ក្នុងបច្ចុប្បន្ន តែមួយយ៉ាង ដល់ពួកអ្នកទេ ម្នាលចុន្ទ តថាគត មិនសំដែងធម៌ ដើម្បីកំចាត់បង់​ នូវ​អាសវៈទាំងឡាយ ដែលប្រព្រឹត្ត​ទៅ​ក្នុងលោកខាងមុខ ប៉ុណ្ណោះទេ ម្នាលចុន្ទ តថាគត សំដែងធម៌ ដើម្បីរារាំងនូវ​អាសវៈទាំងឡាយ ដែលប្រព្រឹត្ត​ទៅ​ក្នុងបច្ចុប្បន្នផង ដើម្បីកំចាត់បង់​ នូវ​អាសវៈ​ទាំងឡាយ ដែលប្រព្រឹត្តទៅក្នុងលោកខាងមុខផង។ ម្នាលចុន្ទ ព្រោះហេតុដូច្នោះ ចីវរណា ដែលតថាគត បានអនុញ្ញាតហើយ ដល់អ្នកទាំងឡាយ ចីវរនោះ ក៏សមគួរដល់អ្នកទាំងឡាយ ដើម្បី​ការពារនូវ​ត្រជាក់ ដើម្បីការពារនូវកំដៅ ដើម្បីការពារនូវ​សម្ផ័ស្សរបោម មូស ខ្យល់ កំដៅថ្ងៃ និង​ពស់​តូច ពស់ធំ ទាំងឡាយប៉ុណ្ណោះ ទាំងដើម្បីបិទបាំង នូវអវយវៈ ជាគ្រឿង​ញុំាង​សេចក្តីអៀនខ្មាស ឲ្យកម្រើក ប៉ុណ្ណោះឯង ចង្ហាន់បិណ្ឌបាតណា ដែលតថាគត បានអនុញ្ញាតហើយ ដល់អ្នក​ទាំងឡាយ ចង្ហាន់បិណ្ឌបាតនោះ ក៏គួរដល់អ្នកទាំងឡាយ ដើម្បីគ្រាន់តែឲ្យកាយនេះ តាំងនៅបាន ប្រព្រឹត្ត​ទៅបាន ដើម្បីកំចាត់បង់ នូវសេចក្តីលំបាក ដើម្បីអនុគ្រោះដល់ព្រហ្មចារ្យ ដើម្បីធ្វើ​ទុក​ក្នុង​ចិត្ត​ថា អាត្មាអញ នឹងបំបាត់ នូវវេទនាចាស់ផង ទាំងមិនឲ្យវេទនាថ្មីកើតឡើងបានផង ការប្រព្រឹត្ត​ទៅ (នៃ​ឥរិយាបថទាំង៤ក្តី) សេចក្តីមិនមានទោសក្តី ការនៅសប្បាយក្តី នឹងមានដល់អាត្មាអញ (ដោយ​ការ​បរិភោគ នូវចង្ហាន់​បិណ្ឌបាតនេះ) ទីសេនាសនៈណា ដែលតថាគតបានអនុញ្ញាតហើយ ដល់អ្នក​ទាំងឡាយ ទីសេនាសនៈ​នោះ សមគួរ ដល់អ្នក​ទាំងឡាយ ដើម្បីការពារនូវត្រជាក់ ដើម្បីការពារ​នូវ​កំដៅ ដើម្បីការពារនូវសម្ផ័ស្សរបោម មូស ខ្យល់ កំដៅថ្ងៃ និងពស់តូច ពស់ធំទាំងឡាយ ប៉ុណ្ណោះ​ ដើម្បីបន្ទោបង់ នូវក្រវល់ក្រវាយ ដែលកើតអំពីរដូវ អភិរម្យសម្ងំនៅ ក្នុងកម្មដ្ឋាន ប៉ុណ្ណោះឯង គ្រឿង​បរិក្ខារ ជាទីរក្សានូវជីវិត គឺថ្នាំ ជាបច្ច័យ ដល់អ្នកជម្ងឺ​ណា ដែលតថាគត​ បានអនុញ្ញាតហើយ ដល់អ្នក​ទាំងឡាយ គ្រឿង​បរិក្ខារ ជាទីរក្សានូវជីវិត គឺថ្នាំ ជាបច្ច័យ ដល់អ្នកជម្ងឺនោះ សមគួរដល់​អ្នកទាំងឡាយ ដើម្បីការពារ នូវវេទនាទាំងឡាយ ដែលបៀតបៀនផ្សេងៗ ដែលកើតឡើងហើយ ដើម្បី​ប្រាសចាក​ទុក្ខ​ខ្លាំង ជាធម្មតា។

[១១៤] ម្នាលចុន្ទ ហេតុជាទីតាំង រមែងមានយ៉ាងនេះ គឺពួកបរិព្វាជក ជាអន្យតិរ្ថិយ61) សមបីជានិយាយយ៉ាងនេះថា ពួកសមណសក្យបុត្តិយ៍ ជាអ្នកប្រកបរឿយៗ ក្នុងសុខល្លិកានុយោគ (ប្រកបខ្លួនឲ្យប្រព្រឹត្តទៅ ក្នុងការស្រួល)។ ម្នាលចុន្ទ កាលបើ​ពួកបរិព្វាជក ជាអន្យតិរ្ថិយ និយាយយ៉ាងនេះ ត្រូវអ្នកទាំងឡាយ និយាយយ៉ាងនេះថា ម្នាល​អាវុសោ សុខល្លិកានុយោគនោះ ដូចម្តេចខ្លះ ព្រោះថា សុខល្លិកានុយោគមានច្រើន មិនមែន​តែមួយ មានប្រការផ្សេងៗ។ ម្នាលចុន្ទ សុខល្លិកានុយោគនេះមាន៤ ជារបស់ថោកទាប ជារបស់អ្នក​ស្រុក ជារបស់​បុថុជ្ជន មិនមែនជារបស់ព្រះអរិយៈ មិនមែនប្រកបដោយប្រយោជន៍ មិនប្រព្រឹត្ត​ទៅ ដើម្បីសេចក្តីនឿយណា មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីប្រាសចាករាគៈ មិនប្រព្រឹត្តទៅ ដើម្បី​សេចក្តី​រំលត់ទុក្ខ មិនប្រព្រឹត្តទៅ ដើម្បី​សេចក្តីស្ងប់រម្ងាប់ មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីដឹង​ក្រៃលែង មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីត្រាស់ដឹង មិនប្រព្រឹត្តទៅ ដើម្បីព្រះនិព្វានទេ។ សុខល្លិកានុយោគ៤​យ៉ាងនោះ ដូចម្តេចខ្លះ។ ម្នាលចុន្ទ ជនពាលខ្លះ ក្នុងលោកនេះ សម្លាប់សត្វទាំងឡាយ ហើយធ្វើ​ខ្លួន​ឲ្យបានសុខ ឲ្យបាន​ធាត់ធំ នេះឈ្មោះថា សុខល្លិកានុយោគទី១។ ម្នាលចុន្ទ មួយទៀត ជនពាល​ពួកខ្លះ ក្នុងលោកនេះ កាន់យកនូវវត្ថុ ដែលគេមិនបានឲ្យ ហើយធ្វើ​ខ្លួន​ឲ្យបានសុខ ឲ្យបាន​ធាត់ធំ នេះឈ្មោះថា សុខល្លិកានុយោគទី២។ ម្នាលចុន្ទ មួយទៀត ជនពាលពួកខ្លះ ក្នុងលោកនេះ ពោលពាក្យមុសាវាទ ហើយធ្វើ​ខ្លួន​ឲ្យបានសុខ ឲ្យបាន​ធាត់ធំ នេះឈ្មោះថា សុខល្លិកានុយោគទី៣។ ម្នាលចុន្ទ មួយទៀត បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកឆ្អែតស្កប់ស្កល់ បំរើដោយ​កាមគុណទាំង​៥ នេះឈ្មោះថា សុខល្លិកានុយោគទី៤។ ម្នាលចុន្ទ សុខល្លិកានុយោគ ៤យ៉ាងនេះឯង ជាធម៌ថោកទាប ជារបស់អ្នក​ស្រុក ជារបស់​បុថុជ្ជន មិនមែនជារបស់ព្រះអរិយៈ មិនមែនប្រកបដោយប្រយោជន៍ មិនប្រព្រឹត្ត​ទៅ ដើម្បីសេចក្តីនឿយណាយ មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីប្រាសចាករាគៈ មិនប្រព្រឹត្ត​ទៅ ដើម្បី​សេចក្តី​រំលត់ទុក្ខ មិនប្រព្រឹត្តទៅ ដើម្បី​សេចក្តីស្ងប់រម្ងាប់ មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីដឹង​ក្រៃលែង មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីត្រាស់ដឹង មិនប្រព្រឹត្តទៅ ដើម្បីព្រះនិព្វានទេ។ ម្នាលចុន្ទ ហេតុជាទីតាំង រមែងមានយ៉ាងនេះ គឺពួកបរិព្វាជក ជាអន្យតិរ្ថិយ សមបីជានិយាយយ៉ាងនេះថា ពួកសមណសក្យបុត្តិយ៍ ជាអ្នកប្រកបរឿយៗ នូវសុខល្លិកានុយោគទាំង៤នេះ។ អ្នកទាំងឡាយ ត្រូវនិយាយតបទៅនឹងពួកបរិព្វាជកនោះថា ពួកលោកកុំនិយាយយ៉ាងនោះ ឯពួក​បរិព្វាជកទាំង​នោះ មិនមែននិយាយ​ដោយត្រឹមត្រូវនឹងពួកអ្នកទេ ពួកបរិព្វាជក​ទាំងនោះ មិនគប្បី​បង្កាច់​ពួកអ្នក ដោយពាក្យមិនមែន ដោយពាក្យមិនពិតទេ។

[១១៥] ម្នាលចុន្ទ សុខល្លិកានុយោគនេះមាន៤ ប្រព្រឹត្ត​ទៅ ដើម្បីសេចក្តីនឿយណាយ ដើម្បី​សេចក្តី​ប្រាសចាករាគៈ ដើម្បី​សេចក្តី​រំលត់ទុក្ខ ដើម្បី​សេចក្តីស្ងប់រម្ងាប់ ដើម្បីសេចក្តីដឹង​ក្រៃលែង ដើម្បីសេចក្តីត្រាស់ដឹង ដើម្បីព្រះនិព្វានដោយពិត។ សុខល្លិកានុយោគ៤​យ៉ាងនោះ ដូចម្តេចខ្លះ។ ម្នាលចុន្ទ ភិក្ខុក្នុងសាសនានេះ ស្ងាត់ស្រឡះចាក​កាមទាំងឡាយ ស្ងាត់ស្រឡះចាកធម៌​ទាំងឡាយ ជាអកុសល ដល់នូវ​បឋមជ្ឈាន ដែលប្រកបដោយវិតក្កៈ វិចារៈ មានបីតិ និងសុខៈ ដែល​កើតអំពី​សេចក្តីស្ងប់ស្ងាត់ (ជាអារម្មណ៍) នេះឈ្មោះថា សុខល្លិកានុយោគទី១។ ម្នាលចុន្ទ មួយទៀត ព្រោះ​សេចក្តីរម្ងាប់នូវ​វិតក្កៈ និងវិចារៈទាំងឡាយ។បេ។ ភិក្ខុដល់នូវ​ទុតិយជ្ឈាន នេះឈ្មោះថា សុខល្លិកានុយោគ​ទី២។ ម្នាលចុន្ទ មួយទៀត ព្រោះនឿយណាយចាកបីតិ។បេ។ ភិក្ខុដល់នូវ​តតិយ​ជ្ឈាន នេះឈ្មោះថា សុខល្លិកានុយោគទី៣។ ម្នាលចុន្ទ មួយទៀត ព្រោះលះបង់​នូវសុខផង លះបង់​នូវ​ទុក្ខផង។បេ។ ភិក្ខុដល់នូវចតុត្ថជ្ឈាន នេះឈ្មោះថា សុខល្លិកានុយោគទី៤។ ម្នាលចុន្ទ សុខល្លិកានុយោគ​ទាំង៤យ៉ាងនេះឯង ទើបប្រព្រឹត្ត​ទៅ ដើម្បីសេចក្តីនឿយណាយ ដើម្បីសេចក្តី​ប្រាសចាករាគៈ ដើម្បី​សេចក្តី​រំលត់ទុក្ខ ដើម្បី​សេចក្តីរម្ងាប់ ដើម្បីសេចក្តីដឹង​ក្រៃលែង ដើម្បីសេចក្តី​ត្រាស់ដឹង ដើម្បីព្រះនិព្វាន ដោយចំណែកមួយ។ ម្នាលចុន្ទ ហេតុជាទីតាំង រមែងមានយ៉ាងនេះ គឺពួក​បរិព្វាជក ជាអន្យតិរ្ថិយ សមជានិយាយយ៉ាងនេះថា ពួកសមណៈ ជាសក្យបុត្តិយ៍ ជាអ្នក​ប្រកប​រឿយៗ នូវសុខល្លិកានុយោគទាំង៤យ៉ាងនេះឯង។ ពួកអ្នកទាំងឡាយ គួរនិយាយទៅនឹង​ពួកបរិព្វាជក​ទាំងនោះថា យ៉ាងហ្នឹងហើយ ពួកគេ កាលនិយាយ​ឲ្យអ្នកទាំងឡាយ ឈ្មោះថា និយាយ​ដោយត្រូវ ពួកគេមិនមែននិយាយ​បង្កាច់​អ្នកទាំងឡាយ ដោយ​មិនមាន​មែន ដោយមិនពិតទេ។

[១១៦] ម្នាលចុន្ទ ហេតុជាទីតាំងរមែងមានយ៉ាងនេះ គឺពួកបរិព្វាជក ជាអន្យតិរ្ថិយ សមបី​ជានិ​យាយ យ៉ាងនេះថា ម្នាលអាវុសោ ផលប៉ុន្មានយ៉ាង អានិសង្សប៉ុន្មានយ៉ាង រមែង​ប្រាកដ​ ដល់​បុគ្គល​អ្នក​ប្រកបរឿយៗ នូវ​សុខល្លិកានុយោគទាំង៤យ៉ាងនេះ។ ម្នាលចុន្ទ ពួកបរិព្វាជក ជា​អន្យតិរ្ថិយ និយាយ​​យ៉ាងនេះ អ្នកទាំងឡាយ ត្រូវនិយាយ យ៉ាងនេះថា ម្នាលអាវុសោ ផល៤យ៉ាង អានិសង្ស​៤យ៉ាង រមែង​ប្រាកដ ​ដល់​ពួកបុគ្គល ​អ្នក​ប្រកបរឿយៗ នូវ​សុខល្លិកានុយោគទាំង៤ យ៉ាងនេះឯង។ ផល និងអានិសង្ស​ ទាំង៤យ៉ាង ដូចម្តេចខ្លះ។ ម្នាលអាវុសោ ភិក្ខុក្នុងធម្មវិន័យ​នេះ ជាសោតាបន្ន​បុគ្គល មានកិរិយា​មិនធ្លាក់ចុះជាធម្មតា ជាបុគ្គលទៀងទាត់ មានសេចក្តីត្រាស់ដឹង​ ប្រព្រឹត្តទៅ​ខាង​មុខ ព្រោះអស់ទៅ នៃសំយោជនៈទាំង៣នេះ ជាផលទី១ ជាអានិសង្សទី១។ ម្នាលអាវុសោ មួយទៀត ភិក្ខុជាសកទាគមិបុគ្គល ព្រោះអស់ទៅ នៃសំយោជនៈ ទាំង៣ ទាំង​ស្រាល​ស្តើង​ចាករាគៈ ទោសៈ និងមោហៈ មកកាន់លោកនេះម្តងទៀត រមែងធ្វើនូវទីបំផុត នៃទុក្ខបាន នេះជាផលទី២ ជាអានិសង្ស​ទី២។ ម្នាលអាវុសោ មួយទៀត ភិក្ខុបានកំណើតជាឱបបាតិកៈ (អនាគាមិបុគ្គល)តែង​បរិនិព្វាន​ក្នុង​ភព​នោះ មានកិរិយាមិនត្រឡប់​ចាកលោកនេះ ជាធម្មតា ព្រោះអស់ទៅ នៃសំយោជនៈ ជាចំណែក​ខាង​ក្រោម៥ នេះជាផលទី៣ ជាអានិសង្សទី៣។ ម្នាលអាវុសោ មួយទៀត ភិក្ខុធ្វើឲ្យជាក់ច្បាស់ នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ62) ដែល​មិនមាន​អាសវៈ ព្រោះ​អស់ទៅនៃអាសវៈទាំងឡាយ ដោយប្រាជ្ញារបស់ខ្លួន ដោយខ្លួនឯង ក្នុង​បច្ចុប្បន្ន​​នេះ រមែងសម្រេច​សម្រាន្តនៅ ដោយឥរិយាបថ នេះជាផលទី៤ ជាអានិសង្សទី៤។ ម្នាលអាវុសោ ផលទាំង៤នេះ អានិសង្សទាំង៤នេះ រមែង​ប្រាកដ​ ដល់ពួក​ភិក្ខុ អ្នកប្រកបរឿយៗ នូវ​សុខល្លិកានុយោគ ទាំងនេះឯង។

[១១៧] ម្នាលចុន្ទ ហេតុជាទីតាំងរមែងមានយ៉ាងនេះ គឺពួកបរិព្វាជក ជាអន្យតិរ្ថិយ និយាយ​យ៉ាងនេះថា ពួកសមណៈ ជាសក្យបុត្តិយ៍ ជាបុគ្គល​មានសភាពមិនឋិតថេរ។ ម្នាលចុន្ទ ពួក​បរិព្វាជក ជាអន្យតិរ្ថិយ និយាយយ៉ាងនេះ អ្នកទាំងឡាយ ត្រូវនិយាយយ៉ាងនេះថា ម្នាលអាវុសោ ធម៌​ទាំង​ឡាយ ដែលព្រះមានព្រះភាគ ព្រះអង្គនោះ ទ្រង់ជ្រាបទ្រង់ឃើញ ជាព្រះអរហន្តសម្មាសម្ពុទ្ធ សំដែង​ហើយ បញ្ញត្តហើយ ដល់សាវ័កទាំងឡាយ ជាធម៌ដែល​ពួកសាវ័ក មិនត្រូវ​ប្រព្រឹត្ត​កន្លង​ដរាប​ដល់​អស់​ជីវិត (នោះ) រមែងមានពិត។ ម្នាលអាវុសោ សសរគោល ឬសសរដែក ដែល​លិច​ទៅ​ក្នុងដី​ដ៏ជ្រៅ ដែលបុគ្គល​ដាំហើយដោយល្អ មិនកម្រើក មិនរញ្ជួយ យ៉ាងណាមិញ ម្នាលអាវុសោ ធម៌​ទាំងឡាយ ដែល​ព្រះមានព្រះភាគព្រះអង្គនោះ ទ្រង់ជ្រាប ទ្រង់ឃើញ ជាព្រះអរហន្ត ​សម្មាសម្ពុទ្ធ សំដែងហើយ បញ្ញត្តហើយ ដល់សាវ័កទាំងឡាយ ជាធម៌ដែលពួកសាវ័ក មិនត្រូវប្រព្រឹត្តកន្លង ដរាប​ដល់អស់ជីវិត យ៉ាងនោះឯង។ ម្នាលអាវុសោ ភិក្ខុណា ជាព្រះអរហន្ត ខីណាស្រព មានព្រហ្មចរិយ​ធម៌ចប់​ស្រេច​ហើយ មានកិច្ចធ្វើហើយ មានភារៈដាក់ចុះហើយ មានប្រយោជន៍​ដល់ហើយ ដោយលំដាប់ មាន​សំយោជនៈ ក្នុងភពអស់រលីងហើយ ជាអ្នកផុតស្រឡះហើយ ព្រោះដឹងដោយ​ប្រពៃ ភិក្ខុនោះ ឈប់​ប្រព្រឹត្ត​​កន្លង នូវហេតុ​ទាំងឡាយ៩យ៉ាង។ ម្នាលអាវុសោ ភិក្ខុជាខីណាសវៈ ឈប់​ក្លែងផ្តាច់បង់​សត្វ​ចាក​ជីវិត ភិក្ខុជាខីណាសវៈ ឈប់កាន់យកនូវវត្ថុ ដែល​គេមិនបាន​ឲ្យ ដែល​ហៅថា លួច ភិក្ខុជា​ខីណាសវៈ ឈប់សេពនូវមេថុនធម្ម ភិក្ខុជាខីណាសវៈ ឈប់ពោលពាក្យ​មុសាវាទ ដោយដឹងខ្លួន ភិក្ខុ​ជា​ខីណាសវៈ ឈប់បរិភោគ នូវកាមដែល​ជាសន្និធិការកៈទាំងឡាយ ដូចកាល​ដែល​ខ្លួន នៅជា​គ្រហស្ថ​ពីមុន ភិក្ខុជាខីណាសវៈ ឈប់លុះឆន្ទាគតិ ភិក្ខុជាខីណាសវៈ ឈប់លុះ​ទោសាគតិ ភិក្ខុជា​ខីណាសវៈ ឈប់លុះមោហាគតិ ភិក្ខុជាខីណាសវៈ ឈប់លុះភយាគតិ។63) ម្នាលអាវុសោ ភិក្ខុណាជាព្រះអរហន្តខីណាស្រព មានព្រហ្មចរិយធម៌ ចប់ស្រេចហើយ មានកិច្ចធ្វើហើយ មានភារៈ​ដាក់ចុះហើយ មានប្រយោជន៍​ដល់ហើយដោយលំដាប់ មានសញ្ញោជនៈប្រព្រឹត្តទៅ ក្នុងភព​អស់​ហើយ ជាអ្នកផុតស្រឡះហើយ ព្រោះដឹង​ដោយប្រពៃ ភិក្ខុនោះឈប់ប្រព្រឹត្តកន្លង នូវហេតុ​ទាំង៩​យ៉ាង​នេះឯង។

[១១៨] ម្នាលចុន្ទ ហេតុជាទីតាំងរមែង​មានយ៉ាងនេះ គឺពួកបរិព្វាជក ជាអន្យតិរ្ថិយ និយាយ​យ៉ាងនេះថា ព្រះសមណគោតម រមែងបញ្ញត្ត​ញាណទស្សនៈដ៏លើសលុប ព្រោះប្រារព្ធនូវអតីត​កាល ប៉ុណ្ណោះ មិនបញ្ញត្ត​ញាណទស្សនៈដ៏លើសលុប ព្រោះប្រារព្ធនូវកាល​ជាអនាគតឡើយ ការ​មិន​បញ្ញត្តិនោះ ព្រោះហេតុអ្វី ការមិនបញ្ញតិ្តដូច្នោះ ព្រោះហេតុដូចម្តេច។ ឯពួកបរិព្វាជក ជា​អន្យតិរ្ថិយដទៃនោះ រមែង​សំគាល់​ នូវពាក្យ​ដែល​គួរបញ្ញត្ត​ នូវហេតុ​មិនមែន​ជាញាណទស្សនៈ ដែល​ឃ្វាងទៅកាន់ទីដទៃ ដោយញាណទស្សនៈ ដែលបែរទៅកាន់ទីដទៃ ប្រៀបដូច​ជាពួកជនពាល ជា​អ្នក​មិនវាងវៃដូច្នោះឯង។ ម្នាលចុន្ទ តថាគត រមែង​មានសតានុសារិញ្ញាណ64) ប្រារព្ធតែកាលដែលកន្លងទៅហើយ តថាគតនោះ ប្រាថ្នាហេតុ មានប្រមាណណា ក៏នឹកតាមនូវហេតុ មានប្រមាណប៉ុណ្ណោះបាន ឯញាណដែលកើត​អំពី​ការត្រាស់ដឹង ប្រារព្ធកាលជាអនាគត ក៏កើតឡើងដល់តថាគតថា ឥឡូវនេះ ជាតិនេះ ជាជាតិ​ទីបំផុតហើយ ការកើតតទៅទៀត មិនមានទេ។

[១១៩] ម្នាលចុន្ទ បើពាក្យដែលកន្លងហើយមិនពិត មិនមែន​មិនប្រកបដោយប្រយោជន៍ តថាគត មិនព្យាករពាក្យនោះទេ។ ម្នាលចុន្ទ បើពាក្យដែលកន្លងហើយ ជាពាក្យពិតប្រាកដ (តែ) មិនប្រកបដោយប្រយោជន៍ តថាគតក៏មិនព្យាករពាក្យនោះដែរ។ ម្នាលចុន្ទ ប្រសិនបើពាក្យដែល​កន្លង​ហើយ ជាពាក្យពិតប្រាកដ ប្រកបដោយប្រយោជន៍ តថាគតជាអ្នកដឹងកាលគួរ ក្នុងពាក្យនោះ ទើបព្យាករប្រស្នានោះ។ ម្នាលចុន្ទ បើពាក្យជាអនាគត។បេ។ ម្នាលចុន្ទ បើពាក្យជាបច្ចុប្បន្ន មិនពិត​មិនមែន មិនប្រកបដោយប្រយោជន៍ តថាគត រមែងមិនព្យាករពាក្យនោះទេ។ ម្នាលចុន្ទ បើពាក្យជា​បច្ចុប្បន្នដែលពិតមែន (តែ) មិនប្រកបដោយប្រយោជន៍ តថាគតរមែង​មិនព្យាករពាក្យនោះទេ។ ម្នាលចុន្ទ តែបើពាក្យជាបច្ចុប្បន្ន ដែលពិតមែន ប្រកបដោយ​ប្រយោជន៍ តថាគត ជាអ្នកដឹងកាល​គួរ ក្នុងពាក្យនះ ទើបព្យាករនូវប្រស្នានោះ។ ម្នាលចុន្ទ តថាគត តែងនិយាយ​ក្នុងកាលគួរ និយាយតែ​ពាក្យសច្ចៈ និយាយតែពាក្យ​ពិត និយាយតែពាក្យជាប្រយោជន៍ និយាយតែពាក្យជាធម៌ និយាយ​តែពាក្យជាវិន័យ ក្នុងធម៌ទាំងឡាយ ដែលជាអតីត អនាគត និងបច្ចុប្បន្ន ព្រោះហេតុនោះ បានជាហៅ​ថា ព្រះតថាគត ដោយប្រការដូច្នេះឯង។

[១២០] ម្នាលចុន្ទ របស់ណាដែលលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ទាំង​ពពួក​សត្វ ព្រមទាំងសមណៈ និងព្រាហ្មណ៍ និងមនុស្សដែលជាសម្មតិទេព បានឃើញ​ហើយ បាន​ឮហើយ បានលិទ្ធភ្លក្សហើយ បានដឹងច្បាស់ហើយ បានដល់ហើយ បានស្វែងរកហើយ បាន​ជ្រើស​រើស​ហើយដោយចិត្ត (របស់នោះ) តថាគតត្រាស់ដឹងហើយដោយប្រពៃ ហេតុដូច្នោះ បានជា​គេហៅ​ថា ព្រះតថាគត។ ម្នាលចុន្ទ តថាគតត្រាស់ដឹងនូវសម្មាសម្ពោធិដ៏ប្រសើរ ក្នុងវេលាយប់ណា​ផង បរិនិព្វាន ដោយអនុបាទិសេសនិព្វានធាតុ ក្នុងវេលាយប់ណាផង រមែង​សំដែង​ហៅចង្អុលបង្ហាញ នូវហេតុណា ក្នុងចន្លោះនុ៎ះ ហេតុទាំងអស់នោះ សុទ្ធតែពិត មិនមែនត្រឡប់​ទៅជាដទៃឡើយ ហេតុ​ដូច្នោះហើយ បានជាគេហៅថា ព្រះតថាគត។ ម្នាលចុន្ទ តថាគតនិយាយ​យ៉ាងណា តែងធ្វើយ៉ាង​នោះ ធ្វើយ៉ាងណា តែងនិយាយយ៉ាងនោះ ព្រោះតែតថាគត និយាយយ៉ាងណា តែងធ្វើយ៉ាងនោះ ធ្វើយ៉ាងណា តែងនិយាយយ៉ាងនោះ ហេតុ​ដូច្នោះហើយ បានជាគេហៅថា ព្រះតថាគត។ តថាគត ជាអ្នកលើសលុប មិនមានបុគ្គលដទៃគ្របសង្កត់បាន ជាអ្នកចង្អុលបង្ហាញនូវហេតុដ៏ពិត ជាអ្នក​ផ្សាយ​​នូវអំណាចទៅ ក្នុងលោក ព្រមទាំងទេវលោក ព្រមទាំងមារលោក ព្រមទាំង​ព្រហ្ម​លោក ព្រមទាំង​សមណព្រាហ្មណ៍ និងពពួកសត្វ ព្រមទាំងមនុស្ស ជាសម្មតិទេព ព្រោះហេតុនោះ បានជា​គេហៅថា ព្រះតថាគត។

[១២១] ម្នាលចុន្ទ ហេតុជាទីតាំង រមែង​មានយ៉ាងនេះ គឺពួកបរិព្វាជក ជាអន្យតិរ្ថិយ និយាយ​យ៉ាងនេះថា ម្នាលអាវុសោ ខាងមុខអំពីសេចក្តីស្លាប់ទៅ សត្វនឹងកើតទៀត ឬហ្ន៎ ការយល់ឃើញ​នេះឯង ជាការពិត ពាក្យពួកមនុស្សដទៃ ជាពាក្យសោះសូន្យទទេឬ។ ម្នាលចុន្ទ (កាលបើ) ពួកបរិព្វាជក ជាអន្យតិរ្ថិយ និយាយ​យ៉ាងនេះហើយ អ្នកត្រូវ​និយាយ​យ៉ាងនេះថា ម្នាលអាវុសោ ព្រះមានព្រះភាគ មិនដែលសំដែងថា ខាងមុខអំពីសេចក្តីស្លាប់ទៅ សត្វគង់កើតទៀត ការយល់​​ឃើញនេះឯង ជាការពិត ពាក្យពួកមនុស្សដទៃ ជាពាក្យសោះសូន្យទទេ ដូច្នេះទេ។ ម្នាលចុន្ទ ហេតុជាទីតាំង រមែង​មានយ៉ាងនេះ គឺពួកបរិព្វាជក ជាអន្យតិរ្ថិយ និយាយ​យ៉ាងនេះថា ម្នាលចុន្ទ ខាងមុខអំពីសេចក្តីស្លាប់ទៅ សត្វមិនកើតទៀត ឬហ្ន៎ ការយល់ឃើញ​នេះឯង ជាការពិត ពាក្យពួក​មនុស្សដទៃ ជាពាក្យសោះសូន្យទទេឬ។ ម្នាលចុន្ទ (កាលបើ) ពួកបរិព្វាជក ជាអន្យតិរ្ថិយ និយាយ​យ៉ាងនេះហើយ អ្នកត្រូវ​និយាយ​យ៉ាងនេះថា ម្នាលអាវុសោ ពាក្យនុ៎ះឯង ព្រះមានព្រះភាគ មិន​ព្យាករថា ខាងមុខអំពីសេចក្តីស្លាប់ទៅ សត្វមិនកើតទៀត ការយល់​​ឃើញនេះឯង ជាការពិត ពាក្យ​ពួកមនុស្សដទៃ ជាពាក្យសោះសូន្យទទេ ដូច្នេះទេ។ ម្នាលចុន្ទ ហេតុជាទីតាំង រមែង​មានយ៉ាងនេះ គឺពួកបរិព្វាជក ជាអន្យតិរ្ថិយ និយាយ​យ៉ាងនេះថា ម្នាលអាវុសោ ខាងមុខ​អំពី​សេចក្តីស្លាប់ទៅ សត្វកើតទៀតខ្លះ មិនកើតទៀតខ្លះ ការយល់ឃើញ​នេះឯង ជាការពិត ពាក្យពួកមនុស្សដទៃ ជាពាក្យសោះសូន្យទទេ ឬហ្ន៎។ ម្នាលចុន្ទ (កាលបើ) ពួកបរិព្វាជក ជាអន្យតិរ្ថិយ និយាយ​យ៉ាងនេះហើយ អ្នកត្រូវ​និយាយ​យ៉ាងនេះថា ម្នាលអាវុសោ ពាក្យនុ៎ះឯង ព្រះមានព្រះភាគ មិនព្យាករថា ខាងមុខអំពីសេចក្តីស្លាប់ទៅ សត្វកើតទៀតខ្លះ មិនកើតទៀតខ្លះ ការយល់​ឃើញ​នេះឯង ជាការពិត ពាក្យពួកមនុស្សដទៃ ជាពាក្យសោះសូន្យទទេ ដូច្នេះទេ។ ម្នាលចុន្ទ ហេតុជាទីតាំង រមែង​មានយ៉ាងនេះ គឺពួកបរិព្វាជក ជាអន្យតិរ្ថិយ និយាយ​យ៉ាងនេះថា ម្នាលអាវុសោ ខាងមុខអំពីសេចក្តីស្លាប់ទៅ សត្វកើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែន ការយល់ឃើញ​នេះឯង ជាការពិត ពាក្យពួកមនុស្សដទៃ ជាពាក្យសោះសូន្យទទេ ឬហ្ន៎។ ម្នាលចុន្ទ (កាលបើ) ពួកបរិព្វាជក ជាអន្យតិរ្ថិយ និយាយ​យ៉ាងនេះហើយ អ្នកត្រូវ​និយាយ​យ៉ាងនេះថា ម្នាលអាវុសោ ពាក្យនុ៎ះឯង ព្រះមានព្រះភាគ មិនព្យាករថា ខាងមុខអំពីសេចក្តីស្លាប់ទៅ សត្វកើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែន ការយល់​​ឃើញនេះឯង ជាការពិត ពាក្យពួកមនុស្សដទៃ ជាពាក្យសោះ​សូន្យ​ទទេ ដូច្នេះទេ។

[១២២] ម្នាលចុន្ទ ហេតុជាទីតាំង រមែង​មានយ៉ាងនេះ គឺពួកបរិព្វាជក ជាអន្យតិរ្ថិយ និយាយ​យ៉ាងនេះថា ម្នាលអាវុសោ ហេតុអ្វីបានជាព្រះសមណគោតម មិនព្យាករពាក្យនុ៎ះ។ ម្នាលចុន្ទ (កាលបើ) ពួកបរិព្វាជក ជាអន្យតិរ្ថិយ និយាយ​យ៉ាងនេះហើយ អ្នកត្រូវ​និយាយ​យ៉ាងនេះថា ម្នាលអាវុសោ ព្រោះថា ពាក្យនុ៎ះ មិនប្រកបដោយប្រយោជន៍ មិនប្រកបដោយ​ធម៌ មិនមែន​ជាដើម​ចម នៃសាសនព្រហ្មចារ្យ មិនប្រព្រឹត្តទៅដើម្បី​សេចក្តីនឿយណាយ មិនប្រព្រឹត្តទៅ ដើម្បី​សេចក្តី​ប្រាសចាករាគៈ មិនប្រព្រឹត្តទៅ ដើម្បី​សេចក្តី​រំលត់ទុក្ខ មិនប្រព្រឹត្តទៅ ដើម្បី​សេចក្តី​ស្ងប់រម្ងាប់ មិនប្រព្រឹត្តទៅ ដើម្បី​សេចក្តី​ដឹងក្រៃលែង មិនប្រព្រឹត្តទៅ ដើម្បី​សេចក្តី​ត្រាស់ដឹង មិនប្រព្រឹត្តទៅ ដើម្បី​ព្រះនិព្វាន ព្រោះហេតុនោះហើយ បានជាព្រះមានព្រះភាគ មិនព្យាករពាក្យនោះឡើយ។ ម្នាលចុន្ទ ហេតុជាទីតាំង រមែង​មានយ៉ាងនេះ គឺពួកបរិព្វាជក ជាអន្យតិរ្ថិយ និយាយ​យ៉ាងនេះថា ម្នាលអាវុសោ ចុះព្រះសមណគោតម ព្យាករដូចម្តេចទៅវិញ។ ម្នាលចុន្ទ (កាលបើ) ពួកបរិព្វាជក ជាអន្យតិរ្ថិយ និយាយ​យ៉ាងនេះហើយ អ្នកត្រូវ​និយាយ​យ៉ាងនេះថា ម្នាលអាវុសោ ព្រះមានព្រះភាគព្យាករថា នេះជាទុក្ខ ដូច្នេះ ម្នាលអាវុសោ ព្រះមានព្រះភាគព្យាករថា នេះជាទុក្ខ​សមុទ័យដូច្នេះ ម្នាលអាវុសោ ព្រះមានព្រះភាគព្យាករថា នេះជាទុក្ខនិរោធដូច្នេះ ម្នាលអាវុសោ ព្រះមានព្រះភាគព្យាករថា នេះជាទុក្ខនិរោធគាមិនី បដិបទាដូច្នេះ។ ម្នាលចុន្ទ ហេតុជាទីតាំង រមែង​មានយ៉ាងនេះ គឺពួកបរិព្វាជក ជាអន្យតិរ្ថិយ និយាយ​យ៉ាងនេះថា ម្នាលអាវុសោ ព្រោះហេតុអ្វី បានជា​ព្រះសមណគោតម ព្យាករពាក្យនុ៎ះ។ ម្នាលចុន្ទ (កាលបើ) ពួកបរិព្វាជក ជាអន្យតិរ្ថិយ និយាយ​យ៉ាងនេះហើយ អ្នកត្រូវ​និយាយ​យ៉ាងនេះថា ម្នាលអាវុសោ ព្រោះថា ពាក្យនុ៎ះ ជាពាក្យ​ប្រកបដោយប្រយោជន៍ ប្រកបដោយ​ធម៌ ពាក្យនុ៎ះ​ជាដើម​ចម នៃសាសនព្រហ្មចារ្យ រមែងប្រព្រឹត្តទៅ ដើម្បី​សេចក្តីនឿយណាយ ប្រព្រឹត្តទៅ ដើម្បី​សេចក្តី​ប្រាសចាករាគៈ ប្រព្រឹត្តទៅ ដើម្បី​សេចក្តី​រំលត់ទុក្ខ ប្រព្រឹត្តទៅ ដើម្បី​សេចក្តី​ស្ងប់រម្ងាប់ ប្រព្រឹត្តទៅ ដើម្បី​សេចក្តី​ដឹងក្រៃលែង ប្រព្រឹត្តទៅ ដើម្បី​សេចក្តី​ត្រាស់ដឹង ប្រព្រឹត្តទៅ ដើម្បី​ព្រះនិព្វានដោយពិត ព្រោះហេតុនោះ បានជាព្រះមានព្រះភាគ ទ្រង់ព្យាករពាក្យនោះ។

[១២៣] ម្នាលចុន្ទ ទិដ្ឋិនិស្ស័យ65) ទាំងឡាយណា ដែលប្រព្រឹត្តទៅ ក្នុងចំណែកខាងដើម តថាគតក៏បានសំដែង​ នូវទិដ្ឋិនិស្ស័យទាំងឡាយនោះ ដល់អ្នកហើយ តថាគត ត្រូវសំដែង​ទិដ្ឋិនិស្ស័យទាំងនោះ យ៉ាងណា មួយវិញទៀត តថាគត មិនត្រូវសំដែង​ទិដ្ឋិនិស្ស័យទាំងនោះ យ៉ាងណា តថាគត នឹងត្រូវសំដែង​នូវទិដ្ឋិនិស្ស័យទាំងនោះ ដើម្បីអ្នក ចំពោះពួកអន្យតិរ្ថិយដទៃ ក្នុងហេតុនោះ ដូចម្តេចកើត។ ម្នាលចុន្ទ ទិដ្ឋិនិស្ស័យទាំងឡាយណា ដែលប្រព្រឹត្តទៅ ក្នុងខាងមុខ តថាគតក៏បានសំដែង​ នូវទិដ្ឋិនិស្ស័យទាំង​នោះ ដល់អ្នកហើយ តថាគត ត្រូវសំដែង នូវទិដ្ឋិនិស្ស័យទាំងនោះ យ៉ាងណា មួយវិញទៀត តថាគត​មិនត្រូវសំដែង​ទិដ្ឋិនិស្ស័យទាំងនោះយ៉ាងណា តថាគត នឹងមិនសំដែង​ទិដ្ឋិនិស្ស័យ​ទាំងនោះ ដើម្បី​អ្នក ក្នុងហេតុ​នោះទេឬ។ ម្នាលចុន្ទ ទិដ្ឋិនិស្ស័យទាំងឡាយណា ដែលប្រព្រឹត្តទៅក្នុងចំណែក​ខាងដើម តថាគត សំដែងនូវទិដ្ឋិនិស្ស័យទាំងឡាយនោះហើយ តថាគតត្រូវសំដែង​នូវទិដ្ឋិនិស្ស័យទាំងឡាយនោះ យ៉ាងណា មួយវិញទៀត ​មិនត្រូវសំដែង​ទិដ្ឋិនិស្ស័យ​ទាំងនោះ​យ៉ាងណា ​ទិដ្ឋិនិស្ស័យ​ទាំងនោះ តើដូចម្តេច។ ម្នាលចុន្ទ មានសមណៈ និងព្រាហ្មណ៍​មួយពួក ធ្លាប់​និយាយយ៉ាងនេះ ធ្លាប់យល់ឃើញយ៉ាងនេះថា ខ្លួន និងលោកជាសភាវៈទៀង ការយល់ឃើញ​នេះឯង ជាការពិត ពាក្យពួកមនុស្សដទៃ ជាពាក្យសោះសូន្យទទេ។ ម្នាលចុន្ទ មួយទៀត រមែង​មាន​​សមណៈ និងព្រាហ្មណ៍​មួយពួក ធ្លាប់​និយាយយ៉ាងនេះ ធ្លាប់យល់ឃើញយ៉ាងនេះថា ខ្លួន និងលោកជា​សភាវៈមិនទៀង។ សេចក្តីសង្ខេប។ ខ្លួន និងលោក ជាសភាវៈទៀងក៏មាន មិនទៀង​ក៏មាន។ ខ្លួន និងលោក ជាសភាវៈទៀងក៏មិនមែន មិនទៀងក៏មិនមែន។ ខ្លួននិងលោក គឺខ្លួន​ឯង​ធ្វើ។ ខ្លួននិងលោក គឺអ្នកដទៃធ្វើ។ ខ្លួននិងលោក គឺខ្លួនឯងធ្វើក៏មាន អ្នកដទៃធ្វើក៏មាន។ ខ្លួននិងលោក គឺ​ខ្លួនឯង​ធ្វើក៏មិនមែន អ្នកដទៃ​ធ្វើក៏មិនមែន គឺកើតឡើង​ដោយឥតហេតុ ការយល់ឃើញនេះឯង ជាការពិត ពាក្យពួកមនុស្សដទៃ ជាពាក្យសោះសូន្យទទេ។ សុខនិងទុក្ខ ជាធម្មជាតទៀង។ សុខនិងទុក្ខ ជាធម្មជាតមិនទៀង។ សុខនិងទុក្ខ ជាធម្មជាតទៀងខ្លះ មិនទៀងខ្លះ។ សុខនិងទុក្ខ ជាធម្មជាតទៀងក៏មិនមែន មិនទៀងក៏មិនមែន។ សុខនិងទុក្ខ ខ្លួនឯងធ្វើ។ សុខនិងទុក្ខ អ្នកដទៃធ្វើ។ សុខនិងទុក្ខ ខ្លួនឯងធ្វើខ្លះ អ្នកដទៃធ្វើខ្លះ។ សុខនិងទុក្ខ មិនមែនខ្លួនឯងធ្វើ មិនមែនអ្នកដទៃធ្វើ គឺ​កើត​ឡើងដោយ​ឥតហេតុ ការយល់ឃើញនេះឯង ជាការពិត ពាក្យពួកមនុស្សដទៃ ជាពាក្យសោះសូន្យទទេ។

[១២៤] ម្នាលចុន្ទ បណ្តាពួកសមណៈ និងព្រាហ្មណ៍ទាំងនោះ ពួកសមណៈ និងព្រាហ្មណ៍​ណា ធ្លាប់​និយាយយ៉ាងនេះ ធ្លាប់យល់ឃើញយ៉ាងនេះថា ខ្លួន និងលោក ជាសភាវៈទៀង ការយល់ឃើញ​នេះឯង ជាការពិត ពាក្យពួកមនុស្សដទៃ ជាពាក្យសោះសូន្យទទេ ដូច្នេះ តថាគត ក៏​ចូលទៅរក​ពួកសមណៈ និងព្រាហ្មណ៍ទាំងនោះ ហើយសួរយ៉ាងនេះថា ម្នាលអាវុសោ ការយល់ឃើញ​ថា ខ្លួននិងលោក ជាសភាវៈទៀងនេះ អ្នកនិយាយមែនឬ។ ពួកសមណៈ និងព្រាហ្មណ៍ទាំងនោះ បាននិយាយ នូវពាក្យណាយ៉ាងនេះថា ការយល់ឃើញ​នេះឯង ជាការពិត ពាក្យពួក​មនុស្សដទៃ ជាពាក្យសោះសូន្យទទេ។ តថាគត ក៏មិនយល់តាមពាក្យនោះ របស់ពួកសមណៈ និងព្រាហ្មណ៍នោះទេ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលចុន្ទ ព្រោះថា គង់​មានសត្វពួក១ មានសេចក្តីសំគាល់​ដោយឡែក ក្នុងដំណើរនេះដែរ។ ម្នាលចុន្ទ តថាគត ពិចារណា​មិនឃើញ​បុគ្គលស្មើដោយញាណ ដ៏ស្មើរបស់តថាគត ដោយបញ្ញត្តិនេះសោះ មានពីណា​ក្រៃលែងជាង មានតែតថាគតហ្នឹងឯង ក្រៃលែង (ជាងគេ) ក្នុងអធិបញ្ញត្តិទាំងនោះ។

[១២៥] ម្នាលចុន្ទ បណ្តាពួក​​សមណៈ និងព្រាហ្មណ៍ទាំងនោះ ពួកសមណៈ និងព្រាហ្មណ៍​ណា ធ្លាប់​និយាយយ៉ាងនេះ ធ្លាប់យល់ឃើញយ៉ាងនេះថា ខ្លួន និងលោក ជា​សភាវៈមិនទៀង។ សេចក្តីសង្ខេប។ ខ្លួន និងលោក ជាសភាវៈទៀងខ្លះ មិនទៀងខ្លះ។ ខ្លួន និងលោក ជាសភាវៈ​ទៀង​ក៏​មិនមែន មិនទៀងក៏មិនមែន។ ខ្លួននិងលោក ខ្លួន​ឯង​ធ្វើ។ ខ្លួននិងលោក អ្នកដទៃធ្វើ។ ខ្លួននិងលោក ខ្លួនឯងធ្វើក៏មាន អ្នកដទៃធ្វើក៏មាន។ ខ្លួននិងលោក ​ខ្លួនឯង​តាក់តែង ក៏មិនមែន អ្នកដទៃ​តាក់​តែង​ក៏មិនមែន កើតឡើង​ដោយឥតហេតុ។ សុខនិងទុក្ខ ជាធម្មជាតទៀង។ សុខនិងទុក្ខ ជាធម្មជាត​មិនទៀង។ សុខនិងទុក្ខ ជាធម្មជាតទៀងខ្លះ មិនទៀងខ្លះ។ សុខនិងទុក្ខ ជាធម្មជាតទៀងក៏មិនមែន មិនទៀងក៏មិនមែន។ សុខនិងទុក្ខ ខ្លួនឯងតាក់តែង។ សុខនិងទុក្ខ អ្នកដទៃតាក់តែង។ សុខនិងទុក្ខ ខ្លួនឯងតាក់តែងក៏មាន អ្នកដទៃតាក់តែងក៏មាន។ សុខនិងទុក្ខ ខ្លួនឯងតាក់តែងក៏មិនមែន អ្នកដទៃ​តាក់​តែងក៏មិនមែន ​កើត​ឡើងដោយ​ឥតហេតុ។ ការយល់ឃើញនេះឯង ជាការពិត ពាក្យពួកមនុស្ស​ដទៃ ជាពាក្យសោះសូន្យទទេ ដូច្នេះ។ តថាគត ក៏​ចូលទៅរក​ពួកបរិព្វាជកទាំងនោះ ហើយសួរ​យ៉ាង​នេះថា ម្នាលអាវុសោ ការយល់ឃើញ​ថា សុខ និងទុក្ខ មិនមែនខ្លួនឯងធ្វើ មិនមែនបុគ្គលដទៃធ្វើ កើត​ឡើង​ដោយឥតហេតុ នេះ អ្នកនិយាយមែនឬ។ ពួកសមណៈ និងព្រាហ្មណ៍ទាំងនោះ និយាយ នូវពាក្យណា យ៉ាងនេះថា ការយល់ឃើញ​នេះឯង ជាការពិត ពាក្យពួក​មនុស្សដទៃ ជាពាក្យ​សោះ​សូន្យទទេ។ តថាគត ក៏មិនយល់តាមពាក្យនោះ របស់សមណព្រាហ្មណ៍នោះទេ។ ដំណើរនោះ ព្រោះ​ហេតុអ្វី។ ម្នាលចុន្ទ ព្រោះថា គង់​មានសត្វពួកខ្លះ មានសេចក្តីសំគាល់​ដោយឡែក ក្នុងរឿង​នេះ​ដែរ។ ម្នាលចុន្ទ តថាគត ពិចារណា​មិនឃើញ​បុគ្គលស្មើ ដោយញាណដ៏ស្មើ របស់តថាគត ក្នុងបញ្ញត្តិ​នេះ មានពីណា​ក្រៃលែងជាង មានតែតថាគតហ្នឹងឯង ក្រៃលែងជាងគេ ក្នុងអធិបញ្ញត្តិ​នោះ។ ម្នាលចុន្ទ ទិដ្ឋិនិស្ស័យ​ទាំងឡាយ ដែលប្រព្រឹត្តទៅ ក្នុងចំណែក​ខាងដើមនេះឯង តថាគត បានសំដែង ដល់​អ្នកហើយ ​តថាគត ត្រូវសំដែង​នូវទិដ្ឋិនិស្ស័យទាំងឡាយនោះ យ៉ាងណា មួយវិញទៀត តថាគត មិនត្រូវសំដែង​នូវទិដ្ឋិនិស្ស័យទាំងនោះ យ៉ាងណា តថាគត នឹងសំដែង នូវទិដ្ឋិនិស្ស័យ​ទាំងនោះ ដើម្បីអ្នក​ ក្នុង​ហេតុ​ទាំងនោះ​ ដូចម្តេចកើត។

[១២៦] ម្នាលចុន្ទ ទិដ្ឋិនិស្ស័យទាំងឡាយណា ដែលប្រព្រឹត្តទៅក្នុងខាងមុខ តថាគតបាន​សំដែង នូវទិដ្ឋិនិស្ស័យទាំងនោះហើយ តថាគតត្រូវសំដែង នូវទិដ្ឋិនិស្ស័យទាំងនោះយ៉ាងណា តថាគត​មិនត្រូវសំដែង​ នូវទិដ្ឋិនិស្ស័យទាំងនោះយ៉ាងណា ឯទិដ្ឋិនិស្ស័យទាំងនោះ តើដូចម្តេច តថាគត នឹងសំដែងនូវទិដ្ឋិនិស្ស័យទាំងនោះ ដើម្បីអ្នកក្នុងហេតុនោះ ដូចម្តេចកើត។ ម្នាលចុន្ទ មានសមណព្រាហ្មណ៍​១ពួកនេះ ធ្លាប់​និយាយយ៉ាងនេះ ធ្លាប់យល់ឃើញយ៉ាងនេះថា ខាងមុខ​អំពីសេចក្តីស្លាប់ទៅ ខ្លួនមានរូប មិនមានរោគ ការយល់ឃើញនេះឯង ជាការពិត ពាក្យពួក​មនុស្ស​ដទៃ ជាពាក្យសោះសូន្យទទេ ដូច្នេះ។ ម្នាលចុន្ទ មានសមណព្រាហ្មណ៍១ពួក ធ្លាប់​និយាយយ៉ាងនេះ ធ្លាប់យល់ឃើញយ៉ាងនេះថា ខ្លួនមិនមានរូប។ ខ្លួន​មានរូបក៏មាន ឥតរូបក៏មាន។ ខ្លួន​មានរូបក៏​មិនមែន ឥតរូបក៏មិនមែន។ ខ្លួនមានសញ្ញា។ ខ្លួន​មិនមានសញ្ញា។ ខ្លួនមានសញ្ញាក៏មាន ឥតសញ្ញា​ក៏មាន។ ខ្លួនមានសញ្ញាក៏មិនមែន ឥតសញ្ញាក៏មិនមែន។ ខាងមុខ​អំពីសេចក្តីស្លាប់ទៅ ខ្លួនរមែង​ដាច់សូន្យទៅ វិនាសទៅ មិនកើតទៀត ការយល់ឃើញនេះឯង ជាការពិត ពាក្យពួក​មនុស្ស​ដទៃ ជាពាក្យសោះសូន្យទទេ ដូច្នេះ។ ម្នាលចុន្ទ បណ្តាពួកសមណព្រាហ្មណ៍ទាំងនោះ ពួកសមណ​ព្រាហ្មណ៍​ណា ធ្លាប់​និយាយយ៉ាងនេះ ធ្លាប់យល់ឃើញយ៉ាងនេះថា ខាងមុខ​អំពីសេចក្តីស្លាប់ទៅ ខ្លួននៅមានរូប មិនមានរោគ ការយល់ឃើញនេះឯង ជាការពិត ពាក្យពួក​មនុស្ស​ដទៃ ជាពាក្យសោះ​សូន្យទទេ ដូច្នេះ តថាគត ក៏ចូលទៅរកពួកសមណព្រាហ្មណ៍ទាំងនោះ ហើយនិយាយ​យ៉ាង​នេះ​ថា ម្នាលអាវុសោ ខាងមុខអំពីសេចក្តីស្លាប់ ខ្លួននៅមានរូប មិនមានរោគ នេះអ្នកនិយាយ​មែនឬ។ មួយ​ទៀត ពួកសមណព្រាហ្មណ៍ទាំងនោះ បាននិយាយពាក្យណា យ៉ាងនេះថា ការយល់ឃើញនេះឯង ជាការពិត ពាក្យពួក​មនុស្ស​ដទៃ ជាពាក្យសោះសូន្យទទេ។ តថាគត មិនយល់តាមពាក្យនោះ របស់​ពួកសមណព្រាហ្មណ៍នោះទេ។ ដំណើរនុ៎ះ ព្រោះហេតុអ្វី។ ម្នាលចុន្ទ ព្រោះថា គង់​មានសត្វពួកខ្លះ មានសេចក្តីសំគាល់​ដោយឡែក ក្នុងដំណើរនេះដែរ។ ម្នាលចុន្ទ តថាគត ពិចារណា​មិនឃើញ​បុគ្គលស្មើ ដោយញាណដ៏ស្មើ របស់តថាគត ក្នុងបញ្ញត្តិនេះទេ មានពីណា​ក្រៃលែងជាង មាន​តែ​តថាគត​ហ្នឹងឯង ក្រៃលែង(ជាងគេ) ក្នុងអធិបញ្ញត្តិនោះ។

[១២៧] ម្នាលចុន្ទ បណ្តាពួកសមណព្រាហ្មណ៍ទាំងនោះ ពួកសមណ​ព្រាហ្មណ៍​ណា ធ្លាប់​និយាយយ៉ាងនេះ ធ្លាប់យល់ឃើញយ៉ាងនេះថា ខ្លួន​មិនមានរូប។ ខ្លួនមានរូបក៏មាន ឥតរូបក៏មាន។ ខ្លួន​មានរូបក៏​មិនមែន ឥតរូបក៏មិនមែន។ ខ្លួនមានសញ្ញា។ ខ្លួន​ឥតសញ្ញា។ ខ្លួនមានសញ្ញាក៏មាន ឥតសញ្ញា​ក៏មាន។ ខ្លួនមានសញ្ញាក៏មិនមែន ឥតសញ្ញាក៏មិនមែន។ ខាងមុខ​អំពីសេចក្តីស្លាប់ ខ្លួនរមែង​ដាច់សូន្យទៅ វិនាសទៅ មិនកើតទៀត ការយល់ឃើញនេះឯង ជាការពិត ពាក្យពួក​មនុស្ស​ដទៃ ជាពាក្យសោះសូន្យទទេ ដូច្នេះ តថាគត ក៏ចូលទៅរកពួកសមណព្រាហ្មណ៍ទាំងនោះ ហើយ​និយាយ​​យ៉ាង​នេះ​ថា ម្នាលអាវុសោ ខាងមុខអំពីសេចក្តីស្លាប់ ខ្លួនរមែងដាច់សូន្យទៅ វិនាសទៅ មិនកើតទៀតនេះ អ្នកនិយាយមែនឬ។ ម្នាលចុន្ទ ពួកសមណព្រាហ្មណ៍ទាំងនោះ និយាយនូវ​ពាក្យ​ណា យ៉ាងនេះថា ការយល់ឃើញនេះឯង ជាការពិត ពាក្យពួក​មនុស្ស​ដទៃ ជាពាក្យសោះសូន្យ​ទទេ ដូច្នេះ។ តថាគត មិនយល់តាមពាក្យ របស់​ពួកគេនោះទេ។ ដំណើរនុ៎ះ ព្រោះហេតុអ្វី។ ម្នាលចុន្ទ ព្រោះថា ​មានសត្វ១ពួក តែងមានសេចក្តីសំគាល់​ដោយឡែក ក្នុងដំណើរនេះ។ ម្នាលចុន្ទ តថាគត ពិចារណា​មិនឃើញ​បុគ្គលស្មើ ដោយញាណដ៏ស្មើ របស់តថាគត ក្នុងបញ្ញត្តិនេះសោះ មានពីណា​ក្រៃលែងជាង មាន​តែ​តថាគត​ហ្នឹងឯង ក្រៃលែង(ជាងគេ) ក្នុងអធិបញ្ញត្តិនោះ។ ម្នាលចុន្ទ ទិដ្ឋិ​និស្ស័យ​​ទាំងឡាយ ដែលប្រព្រឹត្តទៅ ក្នុងចំណែក​ខាងដើមនេះឯង តថាគត បានសំដែងដល់​អ្នក​ហើយ ​តថាគត ត្រូវសំដែង​ទិដ្ឋិនិស្ស័យទាំងនោះ យ៉ាងណា មួយវិញទៀត មិនត្រូវសំដែង​ទិដ្ឋិនិស្ស័យ​ទាំងនោះ យ៉ាងណា តថាគត នឹងសំដែង នូវទិដ្ឋិនិស្ស័យ​ទាំងនោះ ដើម្បីអ្នក​ ក្នុង​ហេតុ​ទាំងនោះ​ ដូចម្តេចកើត។

[១២៨] ម្នាលចុន្ទ សតិប្បដ្ឋានទាំង៤ ដែលតថាគត សំដែងហើយ បញ្ញត្តហើយយ៉ាងនេះ ដើម្បី​លះបង់ ដើម្បីឈានកន្លង​នូវពួកទិដ្ឋិនិស្ស័យដែលប្រព្រឹត្តទៅ ក្នុងចំណែក​ខាងដើមនេះផង នូវពួក​ទិដ្ឋិនិស្ស័យ ដែលប្រព្រឹត្តទៅ ក្នុងចំណែក​ខាងមុខនេះផង។ សតិប្បដ្ឋានទាំង៤ ដូចម្តេច។ ម្នាលចុន្ទ ភិក្ខុក្នុងធម្មវិន័យនេះ រមែង​មានកិរិយា​ពិចារណារឿយៗ នូវកាយក្នុងកាយ មានព្យាយាម ជាគ្រឿង​ដុតបង់នូវកិលេស ជាអ្នកដឹងខ្លួន មានស្មារតី គប្បីកំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោក។ ក្នុងវេទនាទាំងឡាយ។ ក្នុងចិត្ត។ ភិក្ខុ​មានកិរិយា​ពិចារណារឿយៗ នូវធម៌ក្នុងធម៌ទាំង​ឡាយ មានព្យាយាម ជាគ្រឿង​ដុតបង់នូវកិលេស ជាអ្នកដឹងខ្លួន មានស្មារតី គប្បីកំចាត់បង់ នូវ​អភិជ្ឈា និងទោមនស្ស ក្នុងលោក។ ម្នាលចុន្ទ​ សតិប្បដ្ឋានទាំង៤នេះ ដែលតថាគត សំដែងហើយ បញ្ញត្តហើយយ៉ាងនេះ ដើម្បី​លះបង់ ដើម្បីឈានកន្លង​ នូវពួកទិដ្ឋិនិស្ស័យ ដែលប្រព្រឹត្តទៅ ក្នុងចំណែក​ខាងដើមនេះផង នូវពួក​ទិដ្ឋិនិស្ស័យ ដែលប្រព្រឹត្តទៅ ក្នុងចំណែក​ខាងមុខនេះផង។

[១២៩] សម័យនោះឯង ព្រះឧបទានដ៏មានអាយុ ឈរបក់ព្រះមានព្រះភាគ អំពី​ខាងក្រោយ​ព្រះមានព្រះភាគ លំដាប់នោះ ព្រះឧបទានដ៏មានអាយុ បានក្រាបទូលព្រះមានព្រះភាគ យ៉ាង​នេះថា បពិត្រព្រះអង្គដ៏ចំរើន ហេតុនេះអស្ចារ្យណាស់ មិនគួរកើតបានសោះ បពិត្រព្រះអង្គដ៏ចំរើន ធម្មបរិយាយនេះ គួរជាទីជ្រះថ្លាហ្ន៎ បពិត្រព្រះអង្គដ៏ចំរើន ធម្មបរិយាយនេះ គួរជាទីជ្រះថ្លាហ្ន៎ បពិត្រព្រះអង្គដ៏ចំរើន ធម្មបរិយាយនេះ ឈ្មោះអ្វី។ ព្រះអង្គត្រាស់ថា ម្នាលឧបទាន ហេតុដូច្នោះ អ្នកចូរចាំទុក នូវធម្មបរិយាយនេះថា ជា បាសាទិកៈ ដូច្នេះចុះ។ លុះ​ព្រះមានព្រះភាគ បាន​សំដែង​សូត្រនេះ (ចប់) ហើយ។ ឧបទានដ៏មានអាយុ ក៏មានចិត្តត្រេកអរ រីករាយ ចំពោះភាសិត របស់​ព្រះមានព្រះភាគ ដោយប្រការ​ដូច្នេះឯង។

ចប់ បាសាទិកសូត្រ ទី៦។

ចប់ ភាគ១៨

មាតិកា

ទ. ?

លេខ ទំព័រ លេខ​សម្គាល់
សុត្តន្តបិដក sut
ទីឃនិកាយ sut.dn
បាដិកវគ្គ បញ្ចមភាគ sut.dn.v3
បាដិកសូត្រ ទី១ ? sut.dn.24
រឿងសុនក្ខត្តលិច្ឆវិបុត្រ ពោលអំពីការក្រាបបង្គំលាព្រះមានព្រះភាគ ?
ពោលអំពីឥទ្ធិប្បាដិហារិយ៍ ?
ពោលអំពីច្បាប់ទំលាប់ ?
ពោលអំពីគុណនៃព្រះរត្នត្រ័យ ?
ពោលអំពីព្រះមានព្រះភាគគង់នៅក្នុងឧត្តរកានិគម ?
ពោលអំពីកុក្កុរវត្ត របស់អចេលកោរក្ខត្តិយៈ ?
ពោលអំពីការធ្វើមរណកាល របស់អចេលកោរក្ខត្តិយៈ ?
ពោលអំពីការធ្វើ និងមិនធ្វើឥទ្ធិប្បាដិហារិយ៍ ?
ប្រស្នារបស់សុនក្ខត្តលិច្ឆវិបុត្រ ?
ពោលអំពីទិដ្ឋិអាក្រក់របស់សុនក្ខត្តលិច្ឆវិបុត្រ ?
រឿងអចេលបាដិកបុត្រ ?
ពោលអំពីការរើសគូប្រណាំងប្រជែងរបស់អចេលបាដិកបុត្រ ?
ព្រះវាចារបស់ព្រះមានព្រះភាគមិនដែលមានដំណើរបែកចេញជា ២ផ្លូវ ?
ពោលអំពីសេចក្តីប្រព្រឹត្តរបស់អចេលបាដិកបុត្រ ?
ព្រះមានព្រះភាគស្តេចចូលទៅកាន់អារាមរបស់អចេលបាដិកបុត្រ ?
ពោលអំពីភ័យសេចក្តីតក់ស្លុតព្រឺរោមរបស់អចេលបាដិកបុត្រ ?
ពោលអំពីបុរសម្នាក់ចូលទៅរកអចេលបាដិកបុត្រ ?
ពោលអំពីការបរាជ័យរបស់អចេលបាដិកបុត្រ ?
ពោលអំពីសេចក្តីប្រៀបធៀបដោយសីហមិគរាជ និងចចកចាស់ ?
គាថាជាគ្រឿងប្រៀបធៀប ដោយសីហមិគរាជ និងចចកចាស់ ?
ពោលអំពីឥទ្ធិប្បាដិហារិយ៍ ?
ពោលអំពីច្បាប់ទម្លាប់ ជាដើម ?
ពោលអំពីមហាព្រហ្ម ជាដើម ?
ពួកទេវតា ឈ្មោះខិឌ្ឌាបទោសិកា និងការបញ្ញតិ្តច្បាប់ទំលាប់ ?
ពួកទេវតា ឈ្មោះមនោបទោសិកា និងមិនមែនមនោបទោសិកា ?
ពោលអំពីការបញ្ញត្តិច្បាប់ទំលាប់ ដែលកើតឡើងដោយមិនអាស្រ័យហេតុ ?
ពោលអំពីសុភវិមោក្ខ ?
ឧទុម្ពរិកសូត្រ ទី២ ? sut.dn.25
រឿងនិគ្រោធបរិព្វាជក ?
ពោលអំពីតបោជិគុច្ឆវាទ ជាដើម ?
ពោលអំពីឧបក្កិលេសនៃការខ្ពើមបាប ដោយព្យាយាមជាគ្រឿងដុតកិលេស ?
ពោលអំពីសេចក្តីបរិសុទ្ធនៃការខ្ពើមបាប ដោយព្យាយាមជាគ្រឿងដុតកិលេស ?
ពោលអំពីតបោជិគុច្ឆវាទ ដែលដល់នូវកំពូលធម៌ និងខ្លឹមធម៌ ?
ពោលអំពីការសាកសួរនៃសន្ធានគហបតី ?
ពោលអំពីគុណនៃព្រះសម្មាសម្ពុទ្ធ ?
ពោលអំពីអានិសង្សដ៏ឧត្តម នៃការប្រតិបត្តិក្នុងធម្មវិន័យ ?
ចក្កវត្តិសូត្រ ទី៣ ? sut.dn.26
រឿងស្តេចចក្រពត្តិព្រះនាមទល្ហនេមិ រតនៈ ៧ប្រការ ?
ចក្ករ័តន៍ជាទិព្វបាត់ទៅ ?
ពោលអំពីចក្កវត្តិវត្ត ?
អានុភាពនៃចក្ករ័តន៍ ?
អានុភាពនៃចក្ករ័តន៍ ការទ្រង់ប្រៀនប្រដៅដោយធម៌ ?
ចក្ករ័តន៍ជាទិព្វ ច្យុតចាកទី ?
ចក្ករ័តន៍ជាទិព្វ បាត់ទៅ ?
ការមិនទ្រង់ព្រះរាជទានទ្រព្យ ដល់ពួកមនុស្សដែលឥតទ្រព្យ ?
ការទ្រង់ព្រះរាជទានទ្រព្យ ការទ្រង់ប្រៀនប្រដៅដោយធម៌ ?
អទិន្នាទាន ការកាត់ក្បាល ?
ការមិនទ្រង់ព្រះរាជទានទ្រព្យ ជាដើម ?
អកុសលកម្មបថ ១០ ប្រការ សេចក្តីសាបសូន្យអាយុ ?
ដំណើរកើតឡើងនៃសេចក្តីទ័លក្រ ជាដើម ?
សេចក្តីប្រៀបដោយស្មៅគែលលក ជាភោជនដ៏ប្រសើរ ?
និយាយអំពីគំនុំដ៏ក្លៀវក្លា ជាដើម ?
សេចក្តីវៀរចាកអកុសលកម្មបថ សេចក្តីចំរើនដោយអាយុ ជាដើម ?
ការកើតឡើងនៃព្រះបាទសង្ខរាជ ?
អំពីគុណកថានៃព្រះមានព្រះភាគទ្រង់ព្រះនាមមេត្តេយ្យ ?
និយាយអំពីធម៌ចំរើនអាយុ ជាដើម ?
និយាយអំពីឈាន ទាំង ៤ ?
អគ្គញ្ញសូត្រ ទី៤ ? sut.dn.27
និយាយអំពីវណ្ណៈ ទាំង ៤ ?
និយាយអំពីធម៌ស និងធម៌ខ្មៅ ?
ពោលអំពីជាតិផ្សេងៗ ជាដើម ?
សេចក្តីចំរើននៃលោក ?
និយាយអំពីផែនដីមានរស ជាដើម ?
និយាយអំពីក្រមរផែនដី ជាដើម ?
និយាយអំពីពណ៌សម្បុរ ជាដើម ?
ការសំឡឹងមើលគ្នាទៅវិញទៅមក ?
និយាយអំពីការនាំយកស្រូវសាលី ជាដើម ?
ការចែកស្រូវសាលី ការតាំងភ្លឺស្រែ ?
ការសន្មតិសត្វម្នាក់ ការប្រគល់ឲ្យចំណែកស្រូវសាលី ?
និយាយអំពីបាបធម៌ មានអទិន្នាទាន ជាដើម ?
ការកើតឡើងនៃអក្ខរ ទី៣ ថា អជ្ឈាយិកា អជ្ឈាយិកា ?
ការប្រព្រឹត្តិអាក្រក់ ផលនៃការប្រព្រឹត្តិអាក្រក់ ?
ការប្រព្រឹត្តិល្អ ផលនៃការប្រព្រឹត្តិល្អ ?
គាថារបស់សនង្កុមារព្រហ្ម ?
សម្បសាទនីយសូត្រ ទី៥ ? sut.dn.28
ការត្រាស់សួរចំពោះព្រះសារីបុត្រ ?
សម្បសាទនទេសនា សេចក្តីឧបមាដោយនគរ ?
ពោធិបក្ខិយធម៌ កិរិយាញុំាងបុគ្គលឲ្យស្គាល់នូវអាយតនៈ ?
ដំណើរចុះកាន់គភ៌ ?
អាទេសនវិធី ទី៣ ?
ទស្សនសមាបត្តិ ៤ ?
បុគ្គល ៧ពួក ?
បដិបទា ៤យ៉ាង ?
អនុសាសនវិធា ៤យ៉ាង ?
វិមុត្តិញ្ញាណរបស់បុគ្គលដទៃ ?
សស្សតវាទ ៣ប្រការ ?
បុព្វេនិវាសានុស្សតិញ្ញាណ ?
ឥទ្ធិវិធា ២យ៉ាង ?
ឫទ្ធិប្រកបដោយអាសវៈ ឫទ្ធិមិនមានអាសវៈ ?
ព្រះសារីបុត្រសួរ ព្រះមានព្រះភាគទ្រង់ព្យាករ ?
ព្រះឧទាយីសម្តែងអំពីសេចក្តីជ្រះថ្លា ?
បាសាទិកសូត្រ ទី៦ ? sut.dn.29
ការក្រាបបង្គំទូលចំពោះព្រះមានព្រះភាគ ?
ធម្មវិន័យដែលសាស្តាពោលទុកមិនល្អ ?
កិរិយាត្រាស់ដឹងនៃព្រះសាស្តា ភាវៈនៃធម៌ដែលទ្រង់សម្តែងទុកល្អហើយ ?
ពួកសាវ័កដែលមិនបានដឹងសេចក្តីច្បាស់ក្នុងព្រះសទ្ធម្ម ?
ភាវៈនៃសាស្តាជាថេរៈជាអ្នកដឹងរាត្រី ជាដើម ?
ភាវៈនៃពួកភិក្ខុជាថេរៈជាអ្នកឆ្លៀវឆ្លាស ជាដើម ?
ព្រហ្មចារ្យបរិបូណ៌ទាំងអស់ ?
ពោលអំពីអភិញ្ញាទេសិតធម៌ ?
ធម្មភាសិតរបស់សង្ឃជាសព្រហ្មចារី ?
ការទ្រង់អនុញ្ញាតបច្ច័យ មានចីវរប្បច័្ចយ ជាដើម ?
សុខល្លិកានុយោគ ៤យ៉ាង ?
អានិសង្សនៃសុខល្លិកានុយោគ ៤យ៉ាង ?
ការឈប់ប្រព្រឹត្តកន្លងហេតុ ទាំង ៩ យ៉ាង ?
ប្រស្នាដែលព្រះតថាគតទ្រង់ព្យាករ និងមិនព្យាករ ?
ប្រស្នាដែលព្រះតថាគតទ្រង់មិនព្យាករ ?
ទិដ្ឋិនិស្ស័យដែលប្រព្រឹត្តទៅក្នុងចំណែកខាងដើម ជាដើម ?
អធិប្បញ្ញត្តិនៃសមណព្រាហ្មណ៍ទាំងឡាយ ?
សតិបដ្ឋាន ទាំង៤ ?
ធម្មបរិយាយគួរជាទីជ្រះថ្លា ?

1)
បានសេចក្តីថា ព្រះអង្គខាននិមន្តមក ក្នុងទីនេះយូរណាស់ហើយ។
2)
បាដិហារិយ៍កើតអំពីឫទ្ធិ ហៅថាឥទ្ធិបាដិហារិយ៍។
3)
សីល៥ និងសីល១០ ឈ្មោះថា ជាធម៌របស់មនុស្ស។ អដ្ឋកថា។
4)
អដ្ឋកថា ថា លោកបញ្ញត្តិថា ច្បាប់ដ៏ប្រសើរ ដែលបុគ្គលគួរចេះ​ដឹង។
5)
អដ្ឋកថា ថា ជាជាតិក្សត្រ មានបាទារួមចូលក្នុង។
6)
អដ្ឋកថា ថា ជម្ងឺ​ដែល​កើតអំពីសេចក្តីខ្ជិលច្រអូស។
7)
អដ្ឋកថា ថា សាកសពអចេលកោរក្ខត្តិយៈ ដែលស្លាប់ហើយ ត្រឡប់​ក្រោកឡើង និយាយតបមក​នឹង​សុនក្ខត្តលិច្ឆវិបុត្រវិញបាននេះ ក៏ដោយអានុភាព​របស់​ព្រះពុទ្ធ​ជាម្ចាស់។ មានដំណាលថា ព្រះមាន​ព្រះភាគ បាននាំយកអចេលកោរក្ខត្តិយៈ ពីកំណើត​អសុរកាយ មកបញ្ចូលក្នុងរូបខ្មោចអចេលនោះ ឲ្យនិយាយកើត ព្រោះហេតុនោះ បានជាខ្មោច​អចេលកោរក្ខត្តិយៈ និយាយបាន
8)
អដ្ឋកថា ថា ជាអ្នកដុសខាត់ធ្មេញ ដែលលៀនចេញមកក្រៅ។
9)
អដ្ឋកថា ថា ក្បាលគប្បីធ្លាក់ចុះអំពីក ដូចជា​ផ្លែត្នោតទុំ ជ្រុះអំពីទង ឬគប្បី​ចែកចេញជា៧ភាគ។
10)
អដ្ឋកថា ថា រូបដែលកំបាំងបាត់ មើល​មិនឃើញ ឬរូបប្លែក មានរូបសីហៈ និងខ្លាជាដើម។
11)
អារាមរបស់​បរិព្វាជក ដែលគេកំណត់ដោយដង្គត់ដើមដង្កោរ ឬទន្លាប់។
12)
អ្នកបួស​ប្រើប្រាស់បាត្រឈើ។
13)
អដ្ឋកថា ថា ដឹងច្បាស់តាំងពី សីល សមាធិ (បញ្ញា) រហូតដល់​សព្វញ្ញុតញ្ញាណ ដែលជាគុណដ៏លើសលុប ជាងច្បាប់ទំលាប់នោះទៅទៀត។
14)
ក្នុងព្រហ្មជាលសុត្តវណ្ណនា មានសេចក្តី​ពន្យល់ថា អស់៨កល្បយ៉ាងច្រើន
15)
ក្នុង​ព្រហ្មជាលសុត្តវណ្ណនា មានសេចក្តីពន្យល់ថា ឋិតនៅអស់១កល្ប ឬកន្លះកល្ប។
16)
ជាអ្នក​ចែករំលែកសត្វលោក ឲ្យឈ្មោះថាក្សត្រ ព្រាហ្មណ៍ វេស្សៈ សុទ្ទៈ ជាដើម។
17)
សត្វដែលប្រសូតចេញមកហើយ ហៅថា ភូត សត្វដែល​នៅក្នុងស្រោមស៊ុត ឬនៅក្នុងផ្ទៃ ហៅថាភព្យៈ។
18)
អដ្ឋកថា ថា សំដៅ​ដល់ការស្ងប់នៅក្នុងឈាន។
19)
សំដៅដល់ការដែលធ្វើឲ្យពេញចិត្ត
20)
អដ្ឋកថា ថា មេគោខ្វាក់ម្ខាង ចូលចិត្ត​រកស៊ី​ខាងៗ​ព្រៃ ព្រោះខ្លាចក្រែងស្លឹកឈើ មែកឈើ ឬបន្លា ប៉ះលើ មិនហ៊ាននៅក្នុងហ្វូង ព្រោះខ្លាច​ក្រែងប៉ះស្នែង ប៉ះត្រចៀក ឬកន្ទុយ​ពួកគោដូចគ្នា។
21)
អដ្ឋកថា ថា សំដៅដល់ការបរិភោគ​លិទ្ធដៃ ឬថាវេលាបន្ទោបង់ឧច្ចារៈហើយ ជូតជម្រះផ្ទាល់នឹងដៃ។ មហាសីហនាទសូត្រ។
22)
សំដៅយកការរំទំ ឬធ្វើកិច្ចវត្តផ្សេងៗ បានតែក្នុងទីចំពោះមុខគេ ឲ្យគេស្ងើច។
23)
សំដៅយកពុតត្បុតរបស់មនុស្ស ដែលដើរអួតអាង បើមាន​គេសរសើរ​ពីកិច្ចវត្តណា ឬពីអ្នកណា ក៏លើកដាក់ខ្លួនថា ការនោះ ជាស្នាដៃខ្លួន ឬថាជាសិស្សខ្លួនជាដើម។
24)
មិច្ឆាទិដ្ឋិ ដែលស្ទុះដល់ទីបំផុត​លែងរើ គឺប្រកាន់មាំក្នុងទិដ្ឋិទាំង១០នោះ ណាមួយ មានប្រកាន់ថា លោកទៀង លោក​មិនទៀង​ជាដើម។ សារត្ថទីបនីដីកាវិន័យ។
25)
សំដៅយកទិសតូចៗ គឺទិសអគ្នេយ៍ និរតី ពាយព្យ ឦសាន។
26)
អដ្ឋកថា ថា គឺរូប និងអាហារ​ជាដើម។
27)
គឺឈ្មោះ និងគោត្រកូល។
28)
អដ្ឋកថា ថា លោកិយធម៌ និងលោកុត្តរធម៌ ឈ្មោះថាខ្លួន។ ព្រោះហេតុនោះ បានជាទ្រង់ពោលថែមទៀតថា ចូរមានធម៌ជាទីពឹង មានធម៌ជាទីពំនាក់ កុំមានរបស់ដទៃជាទីពឹងពំនាក់ឡើយ។
29)
ជាដំណែលរបស់ព្រះសម្មាសម្ពុទ្ធ ជាបិតានៃពុទ្ធបរិស័ទ។
30)
អដ្ឋកថា​ សំដៅយកតែទេវបុត្តមារ និងកិលេសមារប៉ុណ្ណេះ។
31)
សេចក្តីចង់​បានខ្លាំងពេក។
32)
សេចក្តីប្រាថ្នាខុសគន្លងធម៌ បានដល់តម្រេករបស់បុរស ក្នុងបុរស របស់​ស្ត្រីក្នុងស្ត្រី។
33)
អដ្ឋកថា ថា ទ្រង់អធិដ្ឋាន​ឲ្យប្រាសាទនោះបែកខ្ទេច ហើយទ្រង់ព្រះរាជ​ទាន។
34)
អដ្ឋកថា ថា សាមណេរទាំងពីររូបនេះ កើតក្នុងត្រកូលព្រាហ្មណមហាសាល មានទ្រព្យ៤០កោដិដូចគ្នា ជាអ្នកបានរៀនចេះចប់ត្រៃវេទ បានស្តាប់វាសេដ្ឋសូត្រហើយ ក៏ដល់​សរណគមន៍ លុះស្តាប់តេវិជ្ជសូត្រហើយ ក៏បួសជាសាមណេរ ដល់ពេលនេះ មានប្រាថ្នានឹងបួស​ជាភិក្ខុទៀត ទើបនៅតិត្ថិយបរិវាស។
35)
ពាក្យថា វណ្ណៈនេះ តាមដំណើរដើម សំដៅយកពណ៌សំលៀកបំពាក់ ជាគ្រឿងសំគាល់ជាតិ។
36)
ញាតិអ្នកទទួល​កេរ្តិ៍សំបាច់។
37)
អដ្ឋកថា ថា ចុះចូលកោតខ្លាចព្រះបាទបសេនទិកោសល ដូចជាត្រកូលរបស់ខ្លួន
38)
អដ្ឋកថា ថា ក្នុងបឋម​កប្ប ពួកសត្វទាំងនោះ សូម្បីមកកើតក្នុងមនុស្សលោកនេះ ក៏គង់​កើតជាឱបបាតិកកំណើត គឺ​កើត​តាមចិត្តបាន។
39)
សត្វទាំងនោះ មានបីតិជាអាហារ ក្នុងមនុស្សលោកនេះ ដូច​ព្រហ្មក្នុងព្រហ្មលោកនោះដែរ។
40)
អដ្ឋកថា ថា បានដល់​សំដីជាវង្ស ដែលកើតឡើងសម្រាប់លោក។
41)
អដ្ឋកថា ថា ជាឈ្មោះវល្លិមួយយ៉ាង មានរសផ្អែម។
42)
ជាពាក្យ​អាសគ្រាម សម្រាប់ជេរបញ្ចោរ។
43)
(អដ្ឋកថា) គឺព្រះបរមពោធិសត្វ នៃយើង។
44)
អដ្ឋកថា ថា បានដល់​ពាក្យសម្រាប់កំណត់ សម្រាប់ចេញឈ្មោះ សម្រាប់​បញ្ញត្តិ សម្រាប់​និយាយ។
45)
ពោធិបក្ខិយធម៌ ៧កង រាប់យកសតិប្បដ្ឋាន៤ ជាកង១ រហូតដល់អដ្ឋង្គិកមគ្គ ជាកងទីបំផុត។
46)
អដ្ឋកថា ថា បានជាឈ្មោះថា បាវារិកសេដ្ឋី ព្រោះសេដ្ឋីនេះ ជាអ្នក​លក់សំពត់​ឈ្មោះបាវារៈ គឺសំពត់​ដែល​មានរោមញឹក វែងហើយទន់ផង។
47)
ចូលចិត្តស៊ប់ដោយប្រាជ្ញា មិនជឿតាមពាក្យដែលឮតាមៗគ្នា​មក មិនជឿតាមពាក្យបរម្បរា គឺពាក្យដែលតៗ មកតាមអាចារ្យ មិនជឿតាមពាក្យដែលឮគេថា មិនជឿដោយអាងក្បួនខុស មិនជឿតាមសេចក្តីផ្គូរផ្គងអាការៈ មិនជឿតាមសេចក្តីចូលចិត្ត ដោយគំនិតដែលខ្លួន​ធ្លាប់​យល់ មិនជឿតាមហេតុ ដែលខ្លួន​ត្រិះរិះ មិនជឿតាមហេតុ​ ដែលប្រមាណ​យកនឹងខ្លួនឯង។ អដ្ឋកថា។ (មើលសេចក្តីពិស្តារ ក្នុងកាលាមសូត្រ របស់ព្រះមហាវិមលធម្ម ដែល​បោះពុម្ព រួចហើយផងចុះ)។
48)
និមិត្តមាន៣ប្រការ គឺអាគតនិមិត្ត ទាយ​និមិត្ត​ដែល​មកដល់ត្រូវតាមហេតុ ដែលខ្លួនធ្លាប់ចំណាំ១ គតិនិមិត្ត ទាយនិមិត្តដែលបុគ្គល​ដទៃ​ដើរជិតខ្លួន១ ឋាននិមិត្ត ទាយនិមិត្តដែលបុគ្គលដទៃឈរជិតខ្លួន១។ដីកា។
49)
អដ្ឋកថា ថា សំដៅយកបឋមជ្ឈានសមាបត្តិ ដែលព្រះយោគីធ្វើទុក​ក្នុងចិត្ត ចំពោះ​អាការ ៣២ មានសក់ជាដើមឲ្យកើតឡើង ដោយបដិកូល។
50)
ដីកា ជាឈ្មោះ​របស់វិញ្ញាណ តែបាន​ជាឈ្មោះថា វិញ្ញាណសោតៈ ដូច្នេះ ព្រោះវិញ្ញាណនេះ ចេះតែប្រព្រឹត្ត​ទៅមិនដាច់ដូចខ្សែទឹកហូរ គឺថាវិញ្ញាណ​នុ៎ះ លុះតែបាន​អនន្តរប្បច្ច័យ អំពីមុនហើយ ទើបឲ្យជាបច្ច័យ ដល់អនន្តរប្បច្ច័យ ដែលកើត​ខាង​ក្រោយទៀត។
51)
គឺរួចចាករូបកាយ ដោយអរូបសមាបត្តិ១ រួចចាកនាមកាយ ដោយមគ្គ១ សំដៅយក​បុគ្គល​៥ពួក គឺបុគ្គលដែលចេញចាកអរូបសមាបត្តិ៤ អរូបសមាបត្តិមួយៗ ហើយពិចារណានូវសង្ខារ​ ទើប​បាន​សម្រេចព្រះអរហត្ត៤ពួក អនាគាមិបុគ្គល ដែលចេញចាក​និរោធ ហើយបានសម្រេច​ព្រះអរហត្ត១ពួក រួមត្រូវជា៥ពួក។
52)
សំដៅយកបុគ្គល៥ពួក គឺសុក្ខវិបស្សកបុគ្គល១ពួក​ បុគ្គលដែលចេញចាកឈានទាំង៤ ហើយទើប​បានសម្រេច​អរហត្ត៤ពួក រួមត្រូវជា៥ពួក។ បុគ្គលទាំងនេះ មិនបានពាល់ត្រូវវិមោក្ខ៨ទេ គ្រាន់តែ​ឃើញ​ដោយបញ្ញាប៉ុណ្ណោះ ហើយក៏អស់អាសវៈទៅ។
53)
បុគ្គលអ្នកបាននូវឈានផស្សៈមុន ហើយទើបធ្វើឲ្យជាក់ច្បាស់ នូវព្រះនិព្វាន ជាខាងក្រោយ សំដៅយកបុគ្គល៦ពួក គឺរាប់ពីត្រឹម​បុគ្គលដែល​បានសម្រេច​សោតាបត្តិផល រហូតដល់​បុគ្គលដែល​បានសម្រេច​អរហត្តមគ្គ។
54)
សំដៅយកបុគ្គល៦ពួក ដូចគ្នានឹងកាយសក្ខិបុគ្គលដែរ ប៉ុន្តែបុគ្គលទាំងនេះ បានដឹងច្បាស់នូវអរិយសច្ច៤ប្រការ ដោយបញ្ញារបស់ខ្លួន។
55)
បុគ្គលនេះ បានដឹងច្បាស់ នូវអរិយសច្ច៤ប្រការ ដូចគ្នានឹងទិដ្ឋិប្បត្តបុគ្គលដែរ ប្លែកតែសទ្ធាវិមុត្តបុគ្គលនេះ មានសេចក្តីជឿស៊ប់ មិនកំរើកក្នុងខណៈនៃមគ្គជាចំណែក​ខាងដើម ហើយទើបអស់កិលេស ឯទិដ្ឋិប្បត្តបុគ្គលនោះ មានបញ្ញាជាគ្រឿង​កាត់កិលេសដ៏មុតក្លា ក្នុងខណៈ​នៃ​មគ្គ ជាចំណែក​ខាងដើម។
56)
ចូរ​មើលនយលក្ខណៈ របស់ពោជ្ឈង្គទាំង៧នេះ ក្នុងមហាសតិប្បដ្ឋានសូត្រ ទីឃនិកាយ មហាវគ្គ ខាង​ដើមផងចុះ។
57)
អដ្ឋកថា ថា ឫទ្ធិប្រកបដោយទោស (ប្រទូស្តអ្នកដទៃ)។
58)
ឫទ្ធិប្រកបដោយ​ការ​ប្រណាំងប្រជែង (ប្រឡងនឹងអ្នកដទៃ)។
59)
អដ្ឋកថា ថា ព្រះមានព្រះភាគ មិនសំដែង​នូវគុណ​របស់​ព្រះអង្គ គឺថា មិនអួតខ្លួន (ឲ្យអ្នកដទៃ​ដឹងឡើយ)។
60)
អដ្ឋកថា ថា សមណុទ្ទេស ជាពាក្យហៅសាមណេរ ព្រះចុន្ទនោះ លោក​បានឧបសម្បទាហើយ គង់គេ​នៅតែហៅលោកយ៉ាងនោះ ព្រោះធ្លាប់​ហៅជាប់​ពីសាមណេរមក។
61)
សំដៅ​ដល់មេលទ្ធិដទៃ ក្រៅព្រះពុទ្ធសាសនា។
62)
ចេតោវិមុត្តិ សេចក្តីរួច​ចាក​កិលេសដោយអំណាចចិត្ត គឺវិមុត្តិ មានសមាធិ ជាបទដ្ឋាន សំដៅយកវិមុត្តិ របស់ព្រះអរិយៈ ដែល​បានសម្រេច​អរូបជ្ឈានណា​មួយរួចហើយ ទើបបំពេញ​វិបស្សនាជាក្រោយ។ បញ្ញាវិមុត្តិ សេចក្តីរួច​ ដោយ​អំណាច​បញ្ញា គឺវិមុត្តិ​សម្រេច ដោយការបំពេញ​តែវិបស្សនាសុទ្ធ ឬបានត្រឹម​រូបជ្ឈានណាមួយ ហើយក៏សម្រេច​មគ្គផល សំដៅយកវិមុត្តិ​ របស់ពួក​ព្រះអរិយៈ ប៉ែកខាង​សុក្ខវិបស្សកៈ ក្នុងទីខ្លះ លោកថា ជាឈ្មោះ​អរហត្តផល ជាមួយគ្នា គឺចេតោវិមុត្តិ សំដៅដល់ការផុតចាករាគៈ បញ្ញាវិមុត្តិ ការផុតចាកអវិជ្ជា។ ក្នុងបរមត្ថទីបនី អដ្ឋកថា អភិធម្ម បញ្ជាក់ថា សុក្ខវិបស្សកៈ ហៅបានតាំងពីព្រះសោតាឡើងទៅ ក្នុងសូត្រនេះ មានបន្ថែមពាក្យថា មិនមានអាសវៈ បន្ទាប់​នឹងចេតោវិមុត្តិ​ បញ្ញាវិមុត្តិផង នាំឲ្យយល់ថា វិមុត្តិទាំងពីរនេះ គង់ហៅបានតាំងពីស្រោតាឡើងទៅដែរ។
63)
អដ្ឋកថា សំដៅយកការបរិភោគវត្ថុកាម គឺកាមគុណ៥ មានរូបជាដើម និងកិលេសកាម គឺកិលេស​ជាហេតុ​ឲ្យ​ប្រាថ្នា​នូវរូបដើម ដែលខ្លួន​បានធ្វើការសន្សំមករួចហើយ។
64)
អដ្ឋកថា ថា ញាណ​ដែលសម្បយុត្តដោយបុព្វេនិវាសានុស្សតិ។
65)
ពាក្យថា ទិដ្ឋិនិស្ស័យ ទិដ្ឋិនិស្សិតក ទិដ្ឋិគតិក ក៏សំដៅ​យកតែតួ​ទិដ្ឋិដូចគ្នា (អដ្ឋកថា)។
km/tipitaka/book_018.txt · ពេលកែចុងក្រោយ: 2023/03/16 11:05 និពន្ឋដោយ Johann