User Tools

Site Tools


Translations of this page?:
km:tipitaka:book_025

-Namo tassa bhagavato arahato sammā-
ព្រះត្រៃបិដកភាសាខ្មែរ - Tipiṭaka Khmer language
ភាគ ២៥ - Book 25

Ven. Members of the Sangha, Ven. Theras Valued Upasaka, valued Upasika This is a Work Edition! 1.Edition 20170101 Do not share it further except for editing and working purposes within the transcription project on sangham.net. Only for personal use. If you find any mistake or like to join the merits please feel invited to join here: sangham.net or Upasika Norum on sangham.net Anumodana!

សូម​ថ្វាយបង្គំ​ចំពោះ​ព្រះសង្ឃ, ជំរាបសួរ​ឧបាសក និង​ឧបាសិកា​ទាំង​អស់ នេះ​គឺ​ជា​សេចក្តី​ព្រាងច្បាប់​ការ​បោះ​ពុម្ព​ផ្សាយ! 1.Edition 20170101 សូម​កុំ​ចែក​រំលែក​បន្ថែម​ទៀត ប្រសិន​បើ​មិន​មែន​សម្រាប់​ការ​កែសម្រួល​នៅ sangham.net និង​កិច្ច​ការ​នេះ។ សូម​គិត​ថា​លោក​អ្នក​ត្រូវ​បាន​អញ្ជើញ​ដើម្បី​ចូល​រួម​បុណ្យកុសល​នេះ និង​​សូមប្រាប់​ពួក​យើង​អំពី​កំហុស និង​ប្រើវេទិកា​នេះ: sangham.net ឬ​ប្រាប់​ឧបាសិកា Norum នៅ​លើ sangham.net សូម​អនុមោទនា!

A topic about progress and feedback can be found here: ព្រះត្រៃបិដក ភាគ ០២៥ - Tipitaka Book 025, for change log on ati.eu see here: រាយការណ៍ ភាគ ០២៥



book_025.jpg

គំរូ ឯកសារ ផ្សេងទៀត ៖
book_025.pdf

លេខសម្គាល់
លេខទំព៍រ

ព្រះត្រៃបិដក ភាគ ទី ២៥

ទ. 1

សុត្តន្តបិដក

មជ្ឈិមនិកាយ

មជ្ឈិមបណ្ណាសក

(មជ្ឈិមបណ្ណាស)

ឆដ្ឋភាគ

នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស។

ខ្ញុំ​សូម​នមស្ការ ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ ជា​អរហន្ត​សម្មាសម្ពុទ្ធ ព្រះ​អង្គ​នោះ​។

ព្រាហ្មណវគ្គ

(៥. ព្រាហ្មណវគ្គោ)

ព្រហ្មាយុសូត្រ ទី១

(១. ព្រហ្មាយុសុត្តំ)

[១] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់ស្តេចទៅកាន់ចារិក ក្នុងដែន​វិទេហៈ ជាមួយនឹង​ភិក្ខុសង្ឃច្រើន គឺភិក្ខុប្រមាណ​៥០០រូប។ សម័យនោះឯង ព្រហ្មាយុព្រាហ្មណ៍ នៅអាស្រ័យក្នុងនគរមិថិលា ជាមនុស្ស​ជរា ព្រឹទ្ធា ចាស់ កន្លងកាលវែងឆ្ងាយ មកដល់បច្ឆិមវ័យហើយ មានអាយុ​១២០ឆ្នាំ អំពី​កំណើត ជាអ្នកចេះចប់នូវត្រៃវេទ ព្រមទាំងគម្ពីរឈ្មោះ​ និឃណ្ឌុ និងគម្ពីរឈ្មោះ ​កេដុភៈ ព្រមទាំងអក្ខរប្បភេទ មានគម្ពីរឈ្មោះ ​ឥតិហាសៈ ជាគំរប់៥ ជាអ្នកដឹងនូវបទនៃវេទ ជាអ្នកដឹងនូវវេយ្យាករណ៍ ជាអ្នកមិនទើសទាល់ ក្នុងគម្ពីរ​លោកាយតៈ និងគម្ពីរ​មហាបុរិសលក្ខណៈ។ ព្រហ្មាយុព្រាហ្មណ៍ បានឮដំណឹងថា ព្រះសមណគោតម ជាសក្យបុត្ត ចេញចាកសក្យត្រកូល ទ្រង់ព្រះផ្នួស ឥឡូវស្តេច​មកកាន់ចារិក ក្នុងដែន​វិទេហៈ ជាមួយនឹងភិក្ខុសង្ឃច្រើន គឺភិក្ខុប្រមាណ៥០០រូប ឯកិត្តិសព្ទល្អ នៃ​ព្រះគោតម​ដ៏ចំរើននោះ ខ្ចរខ្ចាយ សុះសាយទៅយ៉ាងនេះថា ព្រះមានព្រះភាគអង្គនោះ ទ្រង់ឆ្ងាយចាកកិលេស ទ្រង់ត្រាស់​ដឹងដោយព្រះអង្គឯង ដោយប្រពៃ ទ្រង់​បរិបូណ៌​ដោយវិជ្ជា និងចរណៈ ទ្រង់មានព្រះដំណើរ​ល្អ ទ្រង់ជ្រាបច្បាស់នូវត្រៃលោក ទ្រង់​ប្រសើរដោយសីលាទិគុណ ទ្រង់ទូន្មាននូវបុរស ដែលគួរទូន្មាន ទ្រង់ជាសាស្តានៃទេវតា និងមនុស្ស ទ្រង់ត្រាស់ដឹង នូវចតុរារិយសច្ច ទ្រង់​លែងត្រឡប់មក​កាន់ត្រៃភពទៀត​ហើយ ព្រះមានព្រះភាគអង្គនោះ ទ្រង់ធ្វើឲ្យជាក់ច្បាស់ ដោយបញ្ញាដ៏ឧត្តមរបស់ព្រះអង្គ នូវលោកនេះ ព្រមទាំងទេវលោក មារលោក ព្រហ្មលោក នូវពពួកសត្វ ព្រមទាំង​សមណព្រាហ្មណ៍ ទាំងមនុស្ស ជាសម្មតិទេព និងមនុស្សដ៏សេស ហើយប្រកាស ព្រះមានព្រះភាគ​ អង្គនោះ ទ្រង់សំដែងធម៌ មានលំអខាងដើម មានលំអកណ្តាល មាន​លំអ​ខាងចុង បរិបូណ៌ដោយអត្ថ បរិបូណ៌ដោយព្យញ្ជនៈ ទ្រង់ប្រកាស​នូវព្រហ្មចរិយធម៌ ដ៏បរិសុទ្ធ បរិបូណ៌ទាំងអស់ ក៏ការបានចួប​ព្រះអរហន្ត ដែលមានសភាពដូច្នោះ ជាការ​ប្រពៃ​ពេកណាស់។

[២] សម័យនោះឯង ព្រហ្មាយុព្រាហ្មណ៍ មានកូនសិស្សម្នាក់ ឈ្មោះ ឧត្តរមាណព ជាអ្នកចេះចប់នូវត្រៃវេទ ព្រមទាំងគម្ពីរឈ្មោះ​និឃណ្ឌុ និងគម្ពីរឈ្មោះ​កេដុភៈ ព្រម​ទាំង​អក្ខរប្បភេទ មានគម្ពីរឈ្មោះ​ឥតិហាសៈ ជាគំរប់៥ ជាអ្នកដឹងនូវបទនៃវេទ ជាអ្នក​ដឹង​នូវ​វេយ្យាករណ៍ ជាអ្នកមិនទើសទាល់ ក្នុងគម្ពីរ​លោកាយតៈ និងគម្ពីរ​មហាបុរិសលក្ខណៈ។ គ្រានោះ ព្រហ្មាយុព្រាហ្មណ៍ ហៅឧត្តរមាណពមកថា នែបាឧត្តរ ព្រះសមណគោតម​នេះ ជាសក្យបុត្រ ចេញចាកសក្យត្រកូល ទ្រង់ព្រះផ្នួស ឥឡូវស្តេច​មកកាន់ចារិក ក្នុងដែន​វិទេហៈ ជាមួយនឹងភិក្ខុសង្ឃច្រើន គឺភិក្ខុប្រមាណ៥០០រូប ឯកិត្តិសព្ទល្អ នៃព្រះសមណ​គោតម ដ៏ចំរើននោះ ឮខ្ចរខ្ចាយ សុះសាយទៅ យ៉ាងនេះថា ព្រះមានព្រះភាគ អង្គនោះ ទ្រង់ឆ្ងាយចាកកិលេស ទ្រង់ត្រាស់​ដឹងដោយព្រះអង្គឯង ដោយប្រពៃ។បេ។ ក៏ការបានចួប​ប្រទះ​ ​នូវ​ព្រះអរហន្ត មានសភាពដូច្នោះ ជាការ​ប្រពៃ​ពេកណាស់ នែបាឧត្តរៈ អ្នកចូរមក ចូរអ្នក​ចូលទៅរក​ព្រះសមណគោតម លុះចូលទៅដល់ហើយ ចូរដឹងនូវ​ព្រះសមណ​គោតមថា កិត្តិសព្ទនៃព្រះសមណគោតម ដ៏ចំរើននោះ ខ្ចរខ្ចាយសុះសាយទៅ មានដោយប្រការ​ដូច្នោះ​មែឬ ឬថាមិនមែនដោយប្រការដូច្នោះទេ មួយទៀត ព្រះគោតម​ដ៏ចំរើននោះ ជាបុគ្គល​ប្រាកដដូច្នោះមែនឬ ឬថាមិនមែនជាបុគ្គលប្រាកដដូច្នោះទេ យើងនឹងប្រើអ្នក ឲ្យទៅមើល​ព្រះគោតមដ៏ចំរើននោះ។ ឧត្តរមាណពពោលថា បពិត្រលោកដ៏ចំរើន ចុះធ្វើម្តេច ខ្ញុំនឹងស្គាល់នូវព្រះគោតមដ៏ចំរើននោះថា កិត្តិសព្ទ នៃព្រះគោតមដ៏ចំរើន​នោះ ខ្ចរខ្ចាយសុះសាយទៅ មានដោយប្រការដូច្នោះមែនឬ ឬថា​មិនមែន​ដោយប្រការ​ដូច្នោះទេ មួយទៀត ព្រះគោតមដ៏ចំរើននោះ ជាបុគ្គល​ប្រាកដដូច្នោះឬ ឬថាមិនមែនជាបុគ្គលប្រាកដដូច្នោះទេ។ ព្រហ្មាយុព្រាហ្មណ៍ពោលថា នែបាឧត្តរៈ មហាបុរសប្រកបដោយមហាបុរិសលក្ខណៈទាំង៣២ ដែលមានមក ក្នុង​មន្តវេទ​របស់​យើង រមែង​មានតែគតិ២ យ៉ាងប៉ុណ្ណោះ មិនមែនខុសអំពីគតិ២យ៉ាងនោះទេ គឺថា បើនៅ​គ្រប់គ្រងផ្ទះ នឹងបានជាស្តេចចក្រពត្តិ ជាធម្មរាជប្រកបដោយធម៌ ជាឥស្សរៈលើផែនដី មានសមុទ្រទាំង៤ ជាទីបំផុត ឈ្នះអស់សត្រូវទាំងខាងក្នុង ខាងក្រៅ1) ដល់នូវការមាំមួន ក្នុងជនបទ ​ប្រកប​ដោយ​កែវទាំង៧ប្រការ ឯកែវទាំង៧ប្រការនេះ របស់​ស្តេចចក្រពត្តិ​នោះ​គឺ ចក្កកែវ​១ ដំរីកែវ​១ សេះកែវ​១ មណិកែវ​១ ស្រីកែវ១ គហបតិកែវ១ បរិនាយកកែវ​១ ​ជាគំរប់​៧ មួយទៀត ព្រះរាជានោះ មានព្រះរាជបុត្រ​ច្រើនជាង​ពាន់ ជាអ្នកក្លៀវក្លា មានសភាព​អង់អាច អាច​ញាំញី​នូវសេនា​នៃ​ស្តេចដទៃ​បាន ព្រះរាជានោះ មានជ័យ​ជំនះ នៅ​គ្រប់គ្រង​​ផែនដីនេះ ​មាន​សាគរ​ជាទី​បំផុត ប្រកបដោយធម៌ មិនមានគ្រឿង​វាយដំ មិនមានគ្រឿងកាប់ចាក់ បើចេញចាកផ្ទះ ចូលទៅកាន់ផ្នួសវិញ នឹងបានជា​អរហន្ត​សម្មាសម្ពុទ្ធ បានបើកនូវ​ដម្បូល2) គឺ​កិលេសក្នុងលោក​ហើយ នែបាឧត្តរៈ ចំណែកខាងខ្ញុំ ជាអ្នកតាក់តែង​មន្ត អ្នកឯងជាអ្នកទទួលយកមន្តទៅ (សម្រាប់​ធៀបមើល)។

[៣] ឧត្តរមាណព ទទួលស្តាប់ពាក្យរបស់ព្រហ្មាយុព្រាហ្មណ៍ថា បាទ លោកដ៏ចំរើន ហើយក្រោកចាកអាសនៈ សំពះព្រហ្មាយុព្រាហ្មណ៍ ធ្វើប្រទក្សិណ ហើយចេញទៅកាន់ចារិក សំដៅទៅត្រង់ទី ដែលព្រះមានព្រះភាគ គង់នៅ ក្នុងដែន​វិទេហៈ ក៏ត្រេចទៅកាន់ចារិក ដោយលំដាប់ ហើយចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះមានព្រះភាគ លុះបញ្ចប់​ពាក្យដែលគួរ​រីករាយ និងពាក្យដែលគួររលឹកហើយ ក៏អង្គុយក្នុងទីសមគួរ។ ឧត្តរមាណព លុះអង្គុយក្នុងទីសមគួររួចហើយ ក៏ពិនិត្យមើលនូវ​មហាបុរិសលក្ខណៈទាំង៣២ ក្នុងព្រះកាយ​ នៃព្រះមានព្រះភាគ។ លុះឧត្តរមាណព បានឃើញមហាបុរិសលក្ខណៈ​ទាំង៣២ ក្នុងព្រះកាយ នៃព្រះមានព្រះភាគដោយច្រើន វៀរលែងតែមហាបុរិសលក្ខណៈ​២ប្រការ ក៏សង្ស័យ ងឿងឆ្ងល់ មិនចូលចិត្ត មិនជ្រះស្រឡះ ក្នុងមហាបុរិសលក្ខណៈទាំង​២ប្រការនោះ គឺអវយវៈ ដែលត្រូវលាក់ក្នុងសំពត់ ឋិតនៅក្នុងស្រោម១ ព្រះជិវ្ហាដ៏ល្មម១។

[៤] គ្រានោះ ព្រះមានព្រះភាគទ្រង់ព្រះតម្រិះដូច្នេះថា ឧត្តរមាណពនេះ បានឃើញ​​នូវមហាបុរិសលក្ខណៈទាំង៣២ របស់តថាគតដោយច្រើន វៀរលែងតែមហាបុរិសលក្ខណៈ​២ប្រការ ក៏សង្ស័យ ងឿងឆ្ងល់ មិនចូលចិត្ត មិនជ្រះស្រឡះ ក្នុងមហាបុរិសលក្ខណៈទាំង​២ប្រការនោះ គឺអវយវៈ ដែលត្រូវ​លាក់ក្នុង​សំពត់ ឋិតនៅក្នុងស្រោម១ ព្រះជិវ្ហាដ៏ល្មម១។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់តាក់តែង​នូវ​ឥទ្ធាភិសង្ខារ ឲ្យឧត្តរមាណពបានឃើញ អវយវៈ របស់ព្រះអង្គ ដែលត្រូវលាក់​ក្នុងសំពត់ ឋិតនៅក្នុងស្រោម។ តមកទៀត ព្រះមានព្រះភាគ ទ្រង់លៀននូវព្រះជិវ្ហា ប៉ះពាល់​ដល់រន្ធព្រះកាណ៍ទាំង២ផង ប៉ះពាល់ដល់រន្ធព្រះនាសិក​ទាំង២ផង ហើយ​ទ្រង់យកព្រះជិវ្ហា បាំងមណ្ឌល នៃព្រះនលាដទាំងអស់។

[៥] គ្រានោះ ឧត្តរមាណព មានសេចក្តីត្រិះរិះដូច្នេះថា សមណគោតម ប្រកប​ដោយ​មហាបុរិសលក្ខណៈ៣២ពិត បើដូច្នោះ មានតែអាត្មាអញ ដើរតាម នូវ​ព្រះសមណគោតម នឹងបានឃើញឥរិយាបថរបស់ព្រះអង្គ។ ឯឧត្តរមាណព ក៏ជាប់តាម​ព្រះមានព្រះភាគ អស់៧ខែ ប្រៀបដូចជាស្រមោលជាប់តាមរូប។ លុះកន្លងខែ៧ទៅ​ហើយ ទើបឧត្តរមាណព ចេញទៅកាន់ចារិក សំដៅទៅត្រង់នគរមិថិលា ក្នុងដែន​នៃពួកអ្នកវិទេហៈ ក៏ត្រេចទៅកាន់ចារិក ដោយលំដាប់ ហើយចូលទៅរកព្រហ្មាយុ​ព្រាហ្មណ៍ ឯនគរមិថិលា លុះចូលទៅដល់ហើយ ក៏សំពះព្រហ្មាយុ​ព្រាហ្មណ៍ រួចអង្គុយ​ក្នុង​ទីសមគួរ។ លុះឧត្តរមាណព អង្គុយក្នុងទីសមគួរហើយ ព្រហ្មាយុ​ព្រាហ្មណ៍ សួរដូច្នេះ​ថា នែបាឧត្តរៈ ឯកិត្តិសព្ទ នៃព្រះគោតមដ៏ចំរើននោះ ឮខ្ចរខ្ចាយ សុសសាយ​ទៅ មានប្រការ​ដូច្នោះ មិនខុសពិតមែនឬ មួយទៀត ព្រះគោតមដ៏ចំរើននោះ ជាបុគ្គល​ប្រាកដ​ដូច្នោះ មិនមែនជាបុគ្គលប្រាកដដោយប្រការដទៃពិតមែនឬ។

[៦] ឧត្តរមាណពតបថា បពិត្រលោកដ៏ចំរើន កិត្តិសព្ទ នៃព្រះគោតមដ៏ចំរើននោះ ខ្ចរខ្ចាយ សុសសាយ​ទៅ មានប្រការដូច្នោះ មិនខុសទេ មួយទៀត ព្រះគោតមដ៏​ចំរើន​នោះ ជាបុគ្គល​ប្រាកដ​ដូច្នោះពិត មិនមែនជាបុគ្គលប្រាកដ ដោយប្រការដទៃទេ បពិត្រ​លោកដ៏ចំរើន ឯព្រះគោតមដ៏ចំរើននោះឯង ប្រកបដោយ​មហាបុរិសលក្ខណៈ ​ទាំង៣២ គឺព្រះគោតមដ៏ចំរើននោះ មានព្រះបាទាប្រតិស្ឋានលើផែនដីស៊ប់ល្អ នេះជា​ មហាបុរិសលក្ខណៈ នៃមហាបុរស របស់ព្រះគោតមដ៏ចំរើននោះ១ ព្រះគោតមដ៏ចំរើន​នោះ មានកងចក្រកើតនៅត្រង់ផ្ទៃ​ នៃព្រះបាទខាងក្រោម មានកាំ​១០០០ ព្រមទាំង​ខ្នងកង់ ព្រមទាំងដុំ ដ៏បរិបូណ៌ដោយអាការទាំងពួង១។ ព្រះគោតមដ៏ចំរើននោះ មានព្រះបណ្ហិ (កែងជើង) វែង១ ព្រះគោតមដ៏ចំរើននោះ មានម្រាមព្រះហស្ត និងម្រាមព្រះបាទវែង១ ព្រះគោតមដ៏ចំរើននោះ មានព្រះហស្ត និងព្រះបាទទន់ខ្ចី១ ព្រះគោតមដ៏ចំរើននោះ មាន​ព្រះហស្ត និងព្រះបាទដូចជាសំណាញ់១ ព្រះគោតមដ៏ចំរើននោះ មានកព្រះបាទដូចជា​អណ្តែតឡើង១ ព្រះគោតមដ៏ចំរើននោះ មានព្រះជង្ឃាដូចជាស្មង នៃសត្វទ្រាយ១ ព្រះគោតមដ៏ចំរើននោះ បើទ្រង់ឈរជាប្រក្រតី មិនបានឱនចុះ ហើយយកផ្ទៃ​ព្រះហស្តទាំង​ពីរ ស្ទាប​ពាល់នូវព្រះជានុបាន១ ព្រះគោតមដ៏ចំរើននោះ មាន​ព្រះអវយវៈ ដែលត្រូវលាក់ក្នុងសំពត់ ឋិតនៅក្នុងស្រោម១ ព្រះគោតមដ៏ចំរើននោះ មានសម្បុរ​​ព្រះកាយល្អ ដូចជាសម្បុរនៃមាស មានព្រះតចៈភ្លឺ ប្រហែលដោយមាស១ ព្រះគោតមដ៏ចំរើននោះ មានព្រះឆវីល្អិតម៉ត់ ព្រោះព្រះឆវី​ល្អិតម៉ត់ (នោះ) ទើបធូលី និងក្អែល មិនបានដិតជាប់ព្រះកាយឡើយ១ ព្រះគោតមដ៏ចំរើន​នោះ មានព្រះរោមតែមួយៗ គឺព្រះរោមទាំងឡាយតែមួយសរសៃៗ ដុះឡើងក្នុងរណ្តៅ​នៃរោម​ទាំងឡាយ១ ព្រះគោតមដ៏ចំរើននោះ មានចុងព្រះរោម​កួចឡើង​លើ គឺព្រះរោមទាំងឡាយ មានចុងងឡើង មានពណ៌ខៀវ ដូចជាពណ៌​នៃផ្កាអញ្ជ័ន វិលទៅខាង​ស្តាំ ដូចជារង្វង់នៃកុណ្ឌល១ ព្រះគោតមដ៏ចំរើននោះ មានដងព្រះអង្គត្រង់ ដូចជាកាយមហាព្រហ្ម១ ព្រះគោតមដ៏ចំរើននោះ មានព្រះមំសៈ ដ៏ពេញកំពុងល្អ ក្នុងសរីរៈ​ប្រទេស៧អន្លើ (ត្រង់ខ្នងព្រះហស្តទាំងពីរ ខ្នងព្រះបាទាទាំងពីរ ចង្កួយស្មាទាំង​ពីរ និងព្រះសុរង)១ ព្រះគោតមដ៏ចំរើននោះ មានព្រះកាយដូច​ជាកាយ​ពាក់​កណ្តាល​ខាងមុខ នៃសត្វសីហៈ១ ព្រះគោតមដ៏ចំរើននោះ មានចន្លោះព្រះអង្សា3) ពេញស្មើល្អ១ ព្រះគោតមដ៏ចំរើននោះ មានបរិមណ្ឌល នៃព្រះកាយស្មើគ្នា ដូចជាបរិមណ្ឌល នៃដើម​ជ្រៃ គឺព្រះកាយរបស់​ព្រះអង្គប្រវែងប៉ុន្មាន ព្យាមរបស់ព្រះអង្គប្រវែងប៉ុណ្ណោះដែរ ព្យាម​របស់​ព្រះអង្គប្រវែងប៉ុន្មាន កាយរបស់ព្រះអង្គ ក៏ប្រវែងប៉ុណ្ណោះដែរ១។ ព្រះគោតម​ដ៏ចំរើន​នោះ មានព្រះសុរងមូលស្មើ១ ព្រះគោតម​ដ៏ចំរើននោះ មានសរសៃល្អ សម្រាប់​នាំនូវរស១ ព្រះគោតមដ៏ចំរើននោះ មានព្រះហនុ (ចង្កា) ដូចជា​ចង្កានៃសត្វសីហៈ១ ព្រះគោតមដ៏ចំរើននោះ មានព្រះទន្ត៤០គត់ ១ ព្រះគោតមដ៏ចំរើននោះ មានព្រះទន្ត​ត្រឹមស្មើ១ ព្រះគោតមដ៏ចំរើននោះ មានព្រះទន្តមិនរង្វើល១ ព្រះគោតមដ៏ចំរើននោះ មានព្រះចង្កូមសស្អាត១ ព្រះគោតមដ៏ចំរើននោះ មានព្រះជិវ្ហាដ៏ល្មម១ ព្រះគោតមដ៏ចំរើននោះ មានព្រះសូរស័ព្ទ ដូចជាសំឡេងនៃព្រហ្ម មានព្រះវាចាពីរោះ ដូចជាសំឡេងនៃសត្វករវិក១ ព្រះគោតមដ៏ចំរើននោះ មានព្រះនេត្រខ្មៅយង់១ ព្រះគោតមដ៏ចំរើននោះ មានរោមព្រះនេត្រដូចជារោមភ្នែកនៃកូនគោ១ ព្រះឧណ្ណាលោម របស់ព្រះគោតមដ៏ចំរើននោះ ដុះក្នុងចន្លោះនៃព្រះភមូ (ចិញ្ចើម) មានពណ៌ស ទន់ល្វន់ ដូចជាសំឡី១ ព្រះគោតមដ៏ចំរើននោះ មានព្រះឧណ្ហិសៈ (ថ្ងាស ឬក្បាំង) និង​ព្រះសិរ្ស ដ៏បរិបូណ៌ នេះជា មហាបុរិសលក្ខណៈ នៃមហាបុរស របស់ព្រះគោតមដ៏ចំរើននោះ១។ បពិត្រលោកដ៏ចំរើន ព្រះគោតមដ៏ចំរើននោះ ប្រកបដោយមហាបុរិសលក្ខណៈ ទាំង៣២​នេះឯង។ ព្រះគោតមដ៏ចំរើននោះ កាលដែលទ្រង់ពុទ្ធដំណើរទៅ រមែងទ្រង់​ឈាន​ព្រះបាទ​ខាងស្តាំទៅជាមុន ព្រះអង្គលើកជំហានព្រះបាទមិនឆ្ងាយពេក ដាក់ព្រះបាទ​មិនជិតពេក ព្រះអង្គទ្រង់ពុទ្ធដំណើរទៅ មិនរហ័សពេក ទ្រង់ពុទ្ធដំណើរ​ទៅ មិនយឺតពេក ទ្រង់ពុទ្ធដំណើរ​ទៅ មិនទង្គិចព្រះជានុដោយព្រះជានុ ទ្រង់ពុទ្ធដំណើរ​ទៅ មិនទង្គិច​ព្រះគោប្ផកៈ (ភ្នែកគោ) ដោយព្រះគោប្ផកៈ ព្រះគោតមនោះ កាលដែល​ទ្រង់ពុទ្ធដំណើរ​ទៅ មិនលើកព្រះឧរុ (ភ្លៅ) ទៅខាងមុខ មិនសណ្តូកព្រះឧរុមកខាង​ក្រោយ មិនធ្វើព្រះឧរុ ឲ្យជាប់រឹងស្តូក មិនកែក្រាយព្រះឧរុ ព្រះគោតមដ៏ចំរើននោះ កាលដែល​ទ្រង់ពុទ្ធដំណើរ​ទៅ មានព្រះកាយខាងលើ រឹងប៉ឹង មិនបានកំរើក មិន​ទ្រង់ពុទ្ធដំណើរ​ទៅ ​ដោយកំឡាំង​ព្រះកាយឡើយ ព្រះគោតមដ៏ចំរើននោះ កាលដែលទត​ព្រះនេត្រ ក្រឡេកមើល រមែង​ក្រឡេកមើលទៅ ដោយទាំងកាយ ព្រះអង្គមិនបានងើយ​ទតទៅខាងលើ មិនបានឈ្ងោកទតទៅខាងក្រោម ទ្រង់ពុទ្ធដំណើរ​ទៅ មិនក្រឡេក​ទតទិស​ផ្សេងៗ ទ្រង់ក្រឡេកទតទៅតែប្រមាណមួយជួរនឹម4) ប៉ុន្តែឯញាណទស្សនៈ ដែលមិនមានអ្វីរាំងរា របស់​ព្រះគោតមនោះ រមែងមានលើសលុប ជាងមួយជួរនឹមនោះឯង។ ព្រះគោតមនោះ កាលដែលចូល​ទៅកាន់ចន្លោះផ្ទះ មិនដកព្រះកាយឡើងលើ មិនបន្ទន់ព្រះកាយ​ចុះក្រោម មិនទប់ទល់ព្រះកាយឲ្យរឹង មិនគ្រលែងព្រះកាយ។ ព្រះគោតមនោះ ទ្រង់បែរ​ព្រះកាយមិនឆ្ងាយពេក មិនជិតពេក អំពីអាសនៈ ទ្រង់គង់លើអាសនៈ មិនយកបាត​ព្រះហស្តច្រត់អាសនៈ មិនផ្អែក​ព្រះកាយទៅលើអាសនៈ។ ព្រះគោតមនោះ កាលដែលទ្រង់គង់ក្នុងចន្លោះផ្ទះ មិនរពឹសព្រះហស្ត មិនរពឹសព្រះបាទា មិនគង់លើ​ព្រះជានុតម្រួតលើព្រះជានុ មិនគង់លើព្រះគោប្ផកៈតម្រួតលើព្រះគោប្ផកៈ មិនគង់យក​បាតព្រះហស្តទល់ព្រះហនុកៈ។ ព្រះគោតមនោះ កាលដែលទ្រង់គង់​ក្នុងចន្លោះ​ផ្ទះ តែង​មិនរំភើប មិនញាប់ញ័រ មិនរន្ធត់ មិនតក់ស្លុត ព្រះអង្គជាបុគ្គល​មិនរំភើបផង មិនញាប់​ញ័រផង មិនរន្ធត់ផង មិនតក់ស្លុតផង ប្រាសចាកសេចក្តីព្រឺរោមផង មានព្រះហឫទ័យ​បែរទៅរកសេចក្តីស្ងាត់។ ព្រះគោតមដ៏ចំរើននោះ ទ្រង់គង់ក្នុងចន្លោះផ្ទះ កាលដែលទ្រង់​ទទួលទឹកលាងបាត្រ មិនលើកបាត្រឡើង ឲ្យខ្ពស់ពេក មិនដាក់បាត្រឲ្យទាបពេក មិនទប់ទល់​បាត្រឲ្យរឹង មិនគ្រលែងបាត្រ ព្រះអង្គទ្រង់ទទួល​ទឹកលាងបាត្រ មិនឲ្យ​តិចពេក មិនឲ្យច្រើនពេក។ ព្រះអង្គលាងបាត្រ មិនធ្វើឲ្យឮសូរខ្លូកខ្លូក ទ្រង់លាងបាត្រ​មិនបង្វិលបាត្រឲ្យវិលជុំវិញ មិនដាក់បាត្រលើផែនដី ហើយលាង​ព្រះហស្តឡើយ។ កាលដែលព្រះអង្គលាងព្រះហស្តហើយស្រេច បាត្រក៏លាងហើយស្រេច​ដែរ ឬកាលដែលលាងបាត្រហើយស្រេច ព្រះហស្តក៏លាងហើយស្រេចដែរ។ ព្រះអង្គទ្រង់ចាក់ទឹកលាងបាត្រ ក្នុងទី​មិនឆ្ងាយពេក មិនជិតពេក ទ្រង់មិនបាចសាចផ្តេសផ្តាស។ កាលដែលព្រះអង្គទ្រង់ទទួលបាយ មិនលើក​បាត្រឡើងឲ្យខ្ពស់ពេក មិនដាក់បាត្រឲ្យទាបពេក មិនទប់ទល់បាត្រឲ្យរឹង មិនគ្រលែងបាត្រ។ ព្រះអង្គ ទ្រង់ទទួលបាយមិនឲ្យតិចពេក មិនឲ្យច្រើនពេក។ មួយទៀត បពិត្រព្រះគោតមដ៏ចំរើននោះ ទ្រង់ទទួលម្ហូមហើយ ទ្រង់សោយភត្តដោយល្មម ប្រមាណដល់ម្ហូប5) មិនសោយ​ម្ហូប​ឲ្យលើសលុបពំនូតភត្ត ឬមិនសោយភត្ត ឲ្យលើសលុបម្ហូបឡើយ។ ព្រះគោតមដ៏ចំរើន​នោះ ទ្រង់គ្រលៀវពំនូតភត្ត ក្នុងព្រះឱស្ឋ កំណត់ត្រឹមពីរបីដង ហើយទ្រង់លេបទៅ។ ឯសាច់ភត្តបន្តិចបន្តួច ដែលមិនទាន់ល្អិត ក៏មិនចូលទៅកាន់ព្រះកាយរបស់ព្រះអង្គ​ឡើយ។ លុះតែមិនសល់សាច់ភត្តបន្តិចបន្តួច នៅក្នុងព្រះឱស្ឋព្រះអង្គ។ ទើបព្រះអង្គ​បង្អោននូវពំនូតភត្តដទៃទៀត ឲ្យចូលទៅ។ ព្រះគោតមដ៏ចំរើននោះ ទ្រង់សោយអាហារ ទ្រង់ឆ្ងាញ់ពិសាតែរសអាហារប៉ុណ្ណោះ មិនបានឆ្ងាញ់ពិសា ព្រោះតម្រេក​ក្នុងរស​អាហារឡើយ។ ព្រះគោតមដ៏ចំរើននោះ ទ្រង់សោយអាហារ ប្រកបដោយអង្គ៨ គឺទ្រង់​សោយដើម្បីនឹងលេងក៏ទេ ដើម្បីនឹងឲ្យកើតសេចក្តី​ស្រវឹងក៏ទេ ដើម្បីនឹង​ប្រដាប់​រាងកាយ​ក៏ទេ ដើម្បីនឹងស្អិតស្អាងរាងកាយក៏ទេ ដើម្បីនឹង​ឲ្យតាំងនៅនៃកាយនេះ ដើម្បីនឹង​ញុំាងជីវិតិន្ទ្រិយឲ្យប្រព្រឹត្តទៅ ដើម្បីនឹង​បំបាត់បង់ នូវនូវ​សេចក្តីលំបាក ដើម្បីនឹង​អនុគ្រោះ ដល់ព្រហ្មចារ្យ ទ្រង់ពិចារណាថា អាត្មាអញ នឹងកំចាត់បង់ នូវវេទនាចាស់ គឺសេចក្តី​ឃ្លានចេញផង នឹងញុំាងវេទនាថ្មី គឺឆ្អែតហួសប្រមាណ មិនឲ្យកើត​ឡើងបានផង កិរិយាប្រព្រឹត្តទៅ (នៃឥរិយាបថទាំង៤)ក្តី សេចក្តីមិនមានទោស (មានមិនច្រអូសកាយ មិនច្រអូសចិត្តជាដើម)ក្តី កិរិយានៅសប្បាយក្តី នឹងមានដល់អាត្មាអញ។ លុះព្រះអង្គ​សោយរួចហើយ កាលដែលទ្រង់ទទួលទឹកលាងបាត្រ មិនលើកបាត្រឡើងឲ្យខ្ពស់ពេក មិនដាក់បាត្រឲ្យទាបពេក មិនទប់ទល់​បាត្រឲ្យរឹង មិនបានគ្រលែងបាត្រ។ ព្រះអង្គទ្រង់ទទួល​ទឹកលាងបាត្រ មិនឲ្យតិចពេក មិនឲ្យច្រើនពេក។ ព្រះអង្គលាងបាត្រ មិនធ្វើឲ្យឮសូរ​ខ្លូក​ខ្លូក ទ្រង់លាងបាត្រមិនបង្វិលបាត្រឲ្យវិលជុំវិញ មិនដាក់បាត្រលើផែនដី ហើយលាង​ព្រះហស្តឡើយ។ កាលដែលលាង​ព្រះហស្តហើយស្រេច បាត្រក៏លាងហើយស្រេច កាលដែលលាងបាត្រហើយស្រេច ព្រះហស្តក៏លាងហើយស្រេចដែរ។ ព្រះអង្គ​ទ្រង់​ចាក់​ទឹក​លាងបាត្រ ក្នុងទី​មិនឆ្ងាយពេក មិនជិតពេក ទ្រង់មិនបាចសាចផ្តេសផ្តាសឡើយ។ លុះព្រះអង្គសោយរួចហើយ មិនដាក់បាត្រលើផែនដី ទ្រង់ទុកបាត្រ ក្នុងទីមិនឆ្ងាយពេក មិនជិតពេក ព្រះអង្គ មិនមែនជាមិនត្រូវការ​ដោយបាត្រទេ ទាំងទ្រង់​រក្សា​បាត្រ មិនឲ្យហួសវេលា។ លុះព្រះអង្គសោយរួចហើយ ទ្រង់គង់ស្ងៀមមួយស្របក់។ ព្រះអង្គ មិនញុំាងកាលនៃមនុស្ស អ្នកត្រូវការដោយអនុមោទនា ឲ្យកន្លងហួស​ទៅឡើយ។ លុះព្រះអង្គសោយរួចហើយ ទ្រង់អនុមោទនា មិនតិះដៀលភត្តនោះ មិនប្រាថ្នានូវភត្ត​ដទៃទៀតឡើយ។ ព្រះអង្គ ទ្រង់ញុំាងបរិស័ទនោះ ឲ្យឃើញច្បាស់ ឲ្យកាន់យក ឲ្យអាច​ហាន ឲ្យរីករាយ ដោយធម្មីកថា ដោយពិត។ លុះព្រះអង្គទ្រង់ញុំាងបរិស័ទនោះ ឲ្យឃើញ​ច្បាស់ ឲ្យកាន់យក ឲ្យ​អាចហាន ឲ្យរីករាយ ដោយធម្មីកថាហើយ ក៏ក្រោក​អំពីអាសនៈ ចេញទៅ។ ព្រះអង្គទ្រង់ស្តេចទៅមិនបានលឿនពេក មិនបានតិចពេក ទ្រង់ស្តេច​ទៅ មិនប្រាថ្នានឹងឃ្លាតឆ្ងាយ អំពីបរិស័ទឡើយ។ ចីវរក្នុងកាយ របស់​ព្រះគោតមដ៏ចំរើននោះ មិនឡើងលើពេក មិនចុះក្រោមពេក6) មិនទទឹកស្អិតជាប់នៅក្នុងកាយ ដោយញើសក្អែល ទាំងមិនរបូតចាកកាយឡើយ។ ខ្យល់7) ក៏មិនបក់សើយចីវរ អំពីកាយរបស់​ព្រះគោតមដ៏ចំរើន។ ធូលី និងក្អែល ក៏មិនដិតជាប់ នៅក្នុងកាយរបស់ព្រះគោតមដ៏ចំរើន​នោះ។ ព្រះគោតមនោះ ស្តេចទៅកាន់អារាម ទ្រង់គង់លើអាសនៈ ដែលគេរៀបចំថ្វាយ លុះគង់រួចហើយ ទ្រង់លាងព្រះបាទ។ ព្រះគោតមដ៏ចំរើននោះ ទ្រង់មិនបានខ្វល់ខ្វាយ ក្នុងការប្រកបគ្រឿងប្រដាប់ព្រះបាទទេ។ លុះព្រះអង្គ ទ្រង់លាងព្រះបាទរួចហើយ ក៏គង់​ផ្គត់ព្រះភ្នែន តម្កល់កាយឲ្យត្រង់ ផ្ចង់ស្មារតី ឲ្យមានមុខឆ្ពោះទៅរកកម្មដ្ឋាន។ ព្រះអង្គ មិនទ្រង់​ព្រះតម្រិះ ​ដើម្បីបៀតបៀន​ខ្លួនឯង មិនទ្រង់​ព្រះតម្រិះ ដើម្បីបៀតបៀន​អ្នកដទៃ មិនទ្រង់ព្រះតម្រិះ ដើម្បីបៀតបៀនទាំងពីរខាង។ ព្រះគោតមដ៏ចំរើននោះ ទ្រង់គង់ត្រិះរិះ​តែអំពីប្រយោជន៍ នៃសត្វលោកទាំងអស់ គឺប្រយោជន៍ខ្លួន ប្រយោជន៍​អ្នកដទៃ ឬប្រយោជន៍​​ទាំងពីរខាង។ ព្រះអង្គស្តេចទៅកាន់អារាម ទ្រង់សំដែងធម៌ ក្នុង​កណ្តាល​បរិស័ទ មិនបានលើកបញ្ជោរបរិស័ទនោះ មិនបានតិះដៀល​បរិស័ទនោះ ទ្រង់​ញុំាង​បរិស័ទនោះ ឲ្យឃើញច្បាស់ ឲ្យកាន់យក ឲ្យអាចហាន ឲ្យរីករាយ ដោយធម្មីកថា តាមពិត។ ព្រះគោតមដ៏ចំរើននោះ ទ្រង់មានព្រះសូរសេង8) ប្រកបដោយអង្គ៨ លាន់ចេញអំពីព្រះឱស្ឋ គឺ​ព្រះសូរសេងជ្រះស្រឡះ១ ញុំាងបុគ្គលឲ្យដឹងសេចក្តីច្បាស់១ ទន់ពីរោះ១ គួរស្តាប់១ ណែន១ មិនរាត់រាយ គឺព្រះសូរសេងមូល១ ក្រអួន១ កងរំពង១។ ព្រះគោតមដ៏ចំរើន​នោះ ទ្រង់ញុំាងបរិស័ទឲ្យដឹងច្បាស់ ដោយព្រះសូរសេងយ៉ាងណា ព្រះសូរសេងរបស់​ព្រះគោតមនោះ ក៏មិនផ្សាយចេញទៅខាងក្រៅ អំពីបរិស័ទយ៉ាងនោះ។ ឯពួកបរិស័ទ​ទាំងនោះ លុះព្រះគោតមដ៏ចំរើននោះ ឲ្យឃើញច្បាស់ ឲ្យកាន់យក ឲ្យអាចហាន ឲ្យ​រីករាយ ដោយធម្មីកថាហើយ ក៏ក្រោកចាកអាសនៈ រមិលមើល មិនបានលះបង់ (នូវ​សេចក្តីសរសើរអំពីធម្មកថា) ហើយចៀសចេញទៅ ដោយពាក្យថា ម្នាលគ្នាយើង យើងបានឃើញព្រះគោតមដ៏ចំរើននោះ កំពុងស្តេចទៅ យើងបានឃើញ​ព្រះគោតម​ទ្រង់ឈរ យើងបានឃើញព្រះគោតម ទ្រង់ចូលទៅកាន់ចន្លោះផ្ទះ យើងបានឃើញព្រះគោតមគង់ស្ងៀម ក្នុងចន្លោះផ្ទះ យើងបានឃើញព្រះគោតម កំពុង​សោយក្នុងចន្លោះផ្ទះ យើងបានឃើញព្រះគោតមសោយរួចហើយ ទ្រង់គង់ស្ងៀម យើងបានឃើញព្រះគោតមសោយរួចហើយ ទ្រង់អនុមោទនា យើងបានឃើញ​ព្រះគោតម ស្តេចមកកាន់អារាម យើងបានឃើញព្រះគោតមស្តេច​ទៅកាន់អារាមគង់ស្ងៀម យើងបានឃើញព្រះគោតមស្តេចទៅកាន់អារាម ទ្រង់សំដែង​ធម៌ ក្នុងកណ្តាលបរិស័ទ ព្រះគោតមដ៏ចំរើននោះ ប្រាកដដូច្នេះផង ប្រាដកដូច្នេះផង ក្រៃលែងជាងនោះទៅទៀតផង។

[៧] កាលបើឧត្តរមាណព ពោលយ៉ាងនេះហើយ ព្រហ្មាយុព្រាហ្មណ៍ ក៏ក្រោក​អំពីអាសនៈ ធ្វើនូវសំពត់​ឧត្តរាសង្គៈ ឆៀងស្មាម្ខាង ប្រណម្យអញ្ជលី ចំពោះត្រង់ទីដែល​ព្រះមានព្រះភាគគង់ បន្លឺនូវ​ឧទានវាចា អស់វារៈ​៣ដងថា សូមថ្វាយបង្គំព្រះមានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធអង្គនោះ… សូមថ្វាយបង្គំ​ព្រះមានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធ​អង្គនោះ ធ្វើដូចម្តេចហ្ន៎ យើងគប្បីបានចួបនឹងព្រះគោតមដ៏ចំរើននោះ ក្នុងកាលរឿយៗ ធ្វើដូចម្តេចហ្ន៎ គប្បីមានកថាសល្លាបៈណាមួយ។

[៨] គ្រានោះ ព្រះមានព្រះភាគ ទ្រង់ស្តេច​ទៅកាន់ចារិក ក្នុងដែន​វិទេហៈ តាម​លំដាប់ ក៏បានដល់នគរមិថិលា។ បានឮថា ព្រះមានព្រះភាគ ទ្រង់គង់ក្នុង មឃទេវម្ពវ័ន (ព្រៃស្វាយ របស់ព្រះរាជា ព្រះនាម​ មឃទេវៈ) ជិតក្រុងមិថិលានោះ។ ពួកព្រាហ្មណ៍ និង​គហបតី អ្នកក្រុងមិថិលា បានឮដំណឹងថា ព្រះសមណគោតម ជាសក្យបុត្រ ចេញចាក​សក្យត្រកូល ទៅទ្រង់ព្រះផ្នួស ឥឡូវស្តេចមកកាន់ចារិក ក្នុងដែនវិទេហៈ ជាមួយនឹង​ភិក្ខុសង្ឃច្រើន ប្រមាណ៥០០រូប មកដល់ក្រុងមិថិលា ទ្រង់គង់​នៅក្នុងមឃ​ទេវម្ពវ័ន ជិត​ក្រុងមិថិលា ឯកិត្តិសព្ទល្អ នៃព្រះគោតមដ៏ចំរើននោះ ខ្ចរខ្ចាយ សុសសាយ​ទៅ យ៉ាងនេះ​ថា ព្រះមានព្រះភាគ អង្គនោះ ទ្រង់ឆ្ងាយចាកកិលេស ទ្រង់ត្រាស់​ដឹង ​ដោយ​ព្រះអង្គ​ឯង ដោយប្រពៃ ទ្រង់​បរិបូណ៌​ ដោយវិជ្ជា និងចរណៈ ទ្រង់មានព្រះដំណើរ​ល្អ ទ្រង់ជ្រាបច្បាស់ នូវត្រៃលោក ទ្រង់​ប្រសើរដោយសីលាទិគុណ ទ្រង់ទូន្មាននូវបុរស ដែល​គួរទូន្មាន ទ្រង់ជាសាស្តានៃទេវតា និងមនុស្ស ទ្រង់ត្រាស់ដឹង នូវចតុរារិយសច្ច ទ្រង់​លែង​ត្រឡប់​មក​កាន់ត្រៃភពទៀត​ហើយ ព្រះមានព្រះភាគ ព្រះអង្គនោះ ទ្រង់ធ្វើឲ្យជាក់ច្បាស់ ដោយ​បញ្ញា ដ៏ឧត្តមដោយព្រះអង្គឯង នូវលោកនេះ ព្រមទាំងទេវលោក មារលោក ព្រហ្មលោក នូវពពួកសត្វ ព្រមទាំង​សមណព្រាហ្មណ៍ ទាំងមនុស្ស ជាសម្មតិទេព និងមនុស្សដ៏សេស ហើយប្រកាស ព្រះអង្គទ្រង់សំដែងនូវធម៌ មានលំអខាងដើម មានលំអកណ្តាល មាន​លំអ​ខាងចុង បរិបូណ៌ដោយអត្ថ បរិបូណ៌ដោយព្យញ្ជនៈ ទ្រង់ប្រកាស​ នូវព្រហ្មចរិយធម៌ ដ៏បរិសុទ្ធ បរិបូណ៌សព្វគ្រប់ ក៏ការបានចួប​នឹងព្រះអរហន្ត មានសភាពដូច្នោះ ជាការ​ប្រពៃ​ពេកណាស់។ គ្រានោះ ពួកព្រាហ្មណ៍ និងគហបតី ដែល​នៅក្នុងក្រុងមិថិលា ក៏នាំគ្នាចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ពួកខ្លះ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ ពួកខ្លះ ក៏ធ្វើ​សេចក្តី​រីករាយ ជាមួយនឹង​ព្រះមានព្រះភាគ លុះបញ្ចប់​ពាក្យ ដែល​គួររីករាយ និងពាក្យ​ដែល​គួរ​រលឹកហើយ ក៏អង្គុយក្នុងទីសមគួរ ពួកខ្លះ ប្រណម្យអញ្ជលី ទៅរកព្រះមានព្រះភាគ ហើយ​​​អង្គុយក្នុងទីសមគួរ ពួកខ្លះ ប្រកាស​នាម និងគោត្រ ក្នុងសំណាក់នៃ​ព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ ពួកខ្លះស្ងៀម ហើយអង្គុយក្នុងទីសមគួរ។

[៩] ព្រហ្មាយុព្រាហ្មណ៍ បានឮដំណឹងថា ព្រះសមណគោតម ជាសក្យបុត្រ ចេញ​ចាក​សក្យត្រកូល ទៅទ្រង់ព្រះផ្នួស ឥឡូវគង់នៅក្នុងមឃទេវម្ពវ័ន ជិតក្រុងមិថិលា។ ទើប​ព្រហ្មាយុព្រាហ្មណ៍ ចូលទៅកាន់មឃទេវម្ពវ័ន ជាមួយនឹងពួកមាណពជាច្រើន។ ព្រហ្មាយុព្រាហ្មណ៍ លុះដល់ទីជិតអម្ពវ័ន ក៏មានសេចក្តីត្រិះរិះ ដូច្នេះថា អាត្មាអញ ដែល​មិនបានថ្វាយដំណឹងជាមុន ហើយចូលទៅ ដើម្បីជួប​ព្រះសមណគោតម អំពើនេះ មិនសមគួរ​ ដល់អាត្មាអញឡើយ។ លំដាប់នោះ ព្រហ្មាយុព្រាហ្មណ៍ ហៅមាណព​ម្នាក់​មកថា នែមាណព អ្នកចូរមក អ្នកចូលទៅគាល់​ព្រះសមណគោតម លុះចូលទៅ​ដល់​ហើយ ចូរសួរ​ព្រះសមណគោតម អំពីសេចក្តីមិនមានអាពាធ មិនមានរោគ ការក្រោក​ឡើង​ដោយរហ័ស កំឡាំងកាយ និងការនៅសប្បាយ​គ្រប់​ឥរិយាបថ តាមពាក្យរបស់ខ្ញុំថា បពិត្រព្រះគោតមដ៏ចំរើន ព្រហ្មាយុព្រាហ្មណ៍ សួរមក​ព្រះគោតមដ៏ចំរើន អំពីសេចក្តី​មិនមានអាពាធ មិនមានរោគ ការក្រោកឡើងដោយរហ័ស កំឡាំងកាយ និងការនៅ​សប្បាយ​គ្រប់ឥរិយាបថ ដូច្នេះ រួចហើយ​អ្នកចូរក្រាបបង្គំ​ទូល​ យ៉ាងនេះថា បពិត្រព្រះគោតមដ៏ចំរើន ព្រហ្មាយុព្រាហ្មណ៍ ជាមនុស្សជរា ព្រឹទ្ធា ចាស់ កន្លងកាល​វែង​ឆ្ងាយ មកដល់បច្ឆិមវ័យហើយ មានអាយុ១២០ឆ្នាំ អំពីកំណើត ជាអ្នកចេះ​ចប់​ នូវត្រៃវេទ ព្រមទាំងគម្ពីរ ឈ្មោះ​និឃណ្ឌុ និងគម្ពីរ ឈ្មោះ​កេដុភៈ ព្រមទាំងអក្ខរប្បភេទ មានគម្ពីរ ឈ្មោះ​ឥតិហាសៈ ជាគំរប់៥ ជាអ្នកចេះនូវបទនៃវេទ ជាអ្នកចេះ នូវវេយ្យាករណ៍ ជាអ្នកមិន​ទើសទាល់ ក្នុងគម្ពីរ​លោកាយតៈ និងគម្ពីរ​មហាបុរិសលក្ខណៈ ពួកព្រាហ្មណ៍ និងគហបតីដ៏ចំរើនទាំងអម្បាលម៉ាន តែងនៅអាស្រ័យ ក្នុងក្រុងមិថិលា ឯព្រហ្មាយុព្រាហ្មណ៍ ប្រាកដជាប្រសើរ ដោយភោគសម្ប័ទជាងព្រាហ្មណ៍ និងគហបតី​ទាំងអម្បាលនោះ ព្រហ្មាយុព្រាហ្មណ៍ ប្រាកដជាប្រសើរ ដោយមន្តវិជ្ជា ជាងព្រាហ្មណ៍ និងគហបតីទាំងអម្បាលនោះ ព្រហ្មាយុព្រាហ្មណ៍ ប្រាកដជាប្រសើរ ដោយអាយុផង ដោយយសផង ជាងព្រាហ្មណ៍ និងគហបតីទាំងអម្បាលនោះ ឥឡូវគាត់ចង់ចួបនឹង​ព្រះគោតមដ៏ចំរើន។

[១០] មាណពនោះ ទទួលពាក្យរបស់ព្រហ្មាយុព្រាហ្មណ៍ថា បាទលោកដ៏ចំរើន ហើយចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តី​រីករាយ ជា​មួយ​នឹង​ព្រះមានព្រះភាគ លុះបញ្ចប់​ពាក្យ ដែលគួររីករាយ និងពាក្យដែលគួរ​រលឹក​ហើយ ក៏ឋិតនៅក្នុងទីសមគួរ។ លុះមាណព ឋិតនៅក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូល​ព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន ព្រហ្មាយុព្រាហ្មណ៍​ទូលសួរ​ព្រះគោតម​ដ៏ចំរើន អំពីសេចក្តី​មិនមានអាពាធ មិនមានរោគ ការក្រោកឡើង ដោយ​រហ័ស កំឡាំងកាយ និងការនៅសប្បាយគ្រប់ឥរិយាបថ បពិត្រព្រះគោតមដ៏ចំរើន ព្រហ្មាយុព្រាហ្មណ៍ ជាមនុស្សជរា ព្រឹទ្ធា ចាស់ កន្លងកាលវែងឆ្ងាយ មកដល់បច្ឆិមវ័យ​ហើយ មានអាយុ១២០ឆ្នាំ អំពីកំណើត ជាអ្នកចេះ​ចប់ ​នូវត្រៃវេទ ព្រមទាំងគម្ពីរឈ្មោះ​និឃណ្ឌុ និងគម្ពីរឈ្មោះ​កេដុភៈ ព្រមទាំងអក្ខរប្បភេទ មានគម្ពីរឈ្មោះ​ឥតិហាសៈ ជាគំរប់៥ ជាអ្នកដឹងនូវបទនៃវេទ ជាអ្នកចេះនូវវេយ្យាករណ៍ ជាអ្នកមិនទើសទាល់ ក្នុងគម្ពីរ​លោកាយតៈ និងគម្ពីរ​មហាបុរិសលក្ខណៈ ពួកព្រាហ្មណ៍ និង​គហបតី​ដ៏ចំរើន​ទាំងអម្បាលម៉ាន តែងនៅអាស្រ័យក្នុងក្រុងមិថិលា ឯព្រហ្មាយុព្រាហ្មណ៍ ប្រាកដ​ជា​ប្រសើរ ដោយភោគសម្ប័ទជាងព្រាហ្មណ៍ និងគហបតី​ទាំងអម្បាលនោះ ព្រហ្មាយុ​ព្រាហ្មណ៍ ប្រាកដជាប្រសើរ ដោយមន្តវិជ្ជា ជាងព្រាហ្មណ៍ និងគហបតីទាំងអម្បាលនោះ ព្រហ្មាយុព្រាហ្មណ៍ ប្រាកដជាប្រសើរ ដោយអាយុផង ដោយយសផង ជាងព្រាហ្មណ៍ និងគហបតីទាំងអម្បាលនោះ ឥឡូវគាត់ចង់ចួបនឹង​ព្រះគោតមដ៏ចំរើន។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាលមាណព ព្រហ្មាយុព្រាហ្មណ៍ ចូរសំគាល់​នូវកាលគួរ នឹងមកឥឡូវ​នេះចុះ។ ទើបមាណពនោះ ចូលទៅរកព្រហ្មាយុព្រាហ្មណ៍ លុះចូលទៅដល់ហើយ ក៏ពោល​នឹង​ព្រហ្មាយុព្រាហ្មណ៍ ដូច្នេះថា ព្រះសមណគោតម បានបើកឱកាស ដល់​អ្នកដ៏ចំរើនហើយ អ្នកដ៏ចំរើន ចូរសំគាល់​នូវកាលគួរនឹង​ទៅឥឡូវនេះចុះ។

[១១] គ្រានោះ ព្រហ្មាយុព្រាហ្មណ៍ ចូលទៅគាល់​ព្រះមានព្រះភាគ។ ឯបរិស័ទ​នោះ បានឃើញព្រហ្មាយុព្រាហ្មណ៍ ដើរមកអំពីចម្ងាយ លុះឃើញហើយ ក៏ថយចេញ បើក​ឱកាស​ឲ្យ ដូចជាបុគ្គល បើកឱកាស​ដល់បុគ្គល ដែលមានកេរ្តិ៍ឈ្មោះ មានយស។ លំដាប់នោះ ព្រហ្មាយុព្រាហ្មណ៍ ពោល​នឹងបរិស័ទនោះ ដូច្នេះថា នែអ្នកទាំងឡាយដ៏​ចំរើន ណ្ហើយ ចូរអ្នកទាំងឡាយ អង្គុយលើអាសនៈ ជារបស់ខ្លួនចុះ ខ្ញុំនឹងអង្គុយ​ក្នុងទីជិត​ព្រះសមណគោតម ក្នុងទីនេះ។ ទើបព្រហ្មាយុព្រាហ្មណ៍ ចូលទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តី​រីករាយ ជាមួយនឹង​ព្រះមានព្រះភាគ លុះបញ្ចប់​ពាក្យ ដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ អង្គុយក្នុងទីសមគួរ។ លុះ​ព្រហ្មាយុព្រាហ្មណ៍ អង្គុយក្នុងទីសមគួរហើយ ក៏ពិនិត្យមើល ​នូវមហាបុរិសលក្ខណៈ​ទាំង៣២ក្នុងព្រះកាយ នៃព្រះមានព្រះភាគ។ ព្រហ្មាយុព្រាហ្មណ៍ ក៏បានឃើញ នូវ​មហាបុរិសលក្ខណៈទាំង៣២ ក្នុងព្រះកាយ នៃព្រះមានព្រះភាគ ដោយច្រើន វៀរលែង​តែមហាបុរិសលក្ខណៈ២ប្រការ ក៏សង្ស័យ ងឿងឆ្ងល់ មិនចូលចិត្ត មិនជ្រះស្រឡះ ក្នុង​មហាបុរិសលក្ខណៈ ទាំង២ប្រការនោះ គឺអវយវៈ ដែល​ត្រូវលាក់ក្នុងសំពត់ ឋិតនៅ​ក្នុងស្រោម១ ព្រះជិវ្ហាដ៏ល្មម១។9) លំដាប់នោះ ព្រហ្មាយុព្រាហ្មណ៍ ពោលសរសើរព្រះមានព្រះភាគ ដោយគាថា ទាំងឡាយថា

មហាបុរិសលក្ខណៈទាំងឡាយណា ដែលខ្ញុំបានចេះដឹងមក ថាមាន​៣២ប្រការ បពិត្រ​ព្រះគោតម បណ្តាមហាបុរិសលក្ខណៈទាំងនោះ ខ្ញុំមិនឃើញនូវ​លក្ខណៈ​២ប្រការ ក្នុងព្រះកាយនៃព្រះអង្គ បពិត្រព្រះអង្គ ទ្រង់ខ្ពង់ខ្ពស់ជាងជន អវយវៈ ដែលត្រូវលាក់​ក្នុងសំពត់ ឋិតនៅក្នុងស្រោម ដ៏ប្រាកដស្មើ ដោយភេទស្ត្រី របស់ព្រះអង្គមានដែរឬ ព្រះជិវ្ហាមិនខ្លីរបស់ព្រះអង្គមានឬទេ យើងខ្ញុំ​បានដឹង​មកយ៉ាងណា ព្រះអង្គជាបុគ្គល​មានព្រះជិវ្ហាដ៏ល្មម (យ៉ាងនោះ) ដែរឬ សូម​ព្រះអង្គ​លៀន នូវព្រះជិវ្ហានុ៎ះ បន្តិចមកមើល បពិត្រព្រះអង្គ ទ្រង់ស្វែងរកនូវ គុណដ៏ប្រសើរ សូមព្រះអង្គបន្ទោបង់ នូវសេចក្តីសង្ស័យដល់យើងខ្ញុំ បើព្រះអង្គ​បើកឱកាសឲ្យហើយ យើងខ្ញុំសូមសួរ នូវប្រស្នាណានីមួយ ដែលយើងខ្ញុំត្រូវការ ដើម្បីប្រយោជន៍ ក្នុងបច្ចុប្បន្នផង ដើម្បីសេចក្តីសុខ ក្នុងលោកខាងមុខផង។

[១២] គ្រានោះ ព្រះមានព្រះភាគ ទ្រង់ព្រះតម្រិះ ដូច្នេះថា ព្រហា្មយុព្រាហ្មណ៍​នេះ បានឃើញ នូវមហាបុរិសលក្ខណៈ ទាំង៣២ប្រការ របស់តថាគតដោយច្រើន វៀរតែ​មហា​បុរិសលក្ខណៈ២ប្រការ ក៏សង្ស័យ ងឿងឆ្ងល់ មិនចូលចិត្ត មិនជ្រះស្រឡះ ក្នុង​មហាបុរិស​លក្ខណៈ ទាំង២ប្រការនោះ គឺអវយវៈ ដែលត្រូវ​លាក់ក្នុងសំពត់ ឋិតនៅ​ក្នុងស្រោម១ អណ្តាត​ដ៏ល្មម១។ ទើបព្រះមានព្រះភាគ ទ្រង់តាក់តែង នូវឥទ្ធាភិសង្ខារ ឲ្យព្រហា្មយុព្រាហ្មណ៍ បានឃើញ នូវអវយវៈ ដែលត្រូវ​លាក់ក្នុងសំពត់ ឋិតនៅក្នុងស្រោម​របស់ព្រះអង្គ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់លៀន​នូវព្រះជិវ្ហា ប៉ះពាល់​ដល់រន្ធ​ព្រះកាណ៌ទាំងពីរផង ប៉ះពាល់ដល់រន្ធព្រះនាសិកទាំងពីរផង ហើយទ្រង់យក​ព្រះជិវ្ហា​បាំងនូវមណ្ឌល​ នៃព្រះនលាដ (ថ្ងាស) ទាំងអស់។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹង​ព្រហា្មយុព្រាហ្មណ៍ ដោយគាថាទាំងឡាយថា

មហាបុរិសលក្ខណៈទាំងឡាយណា ដែលអ្នកបានចេះដឹង​មកថា មាន៣២ប្រការ មហាបុរិសលក្ខណៈទាំងអស់នោះ មានក្នុងកាយនៃតថាគត ម្នាលព្រាហ្មណ៍ អ្នកកុំ​មានសេចក្តីសង្ស័យឡើយ ធម្មជាតិដែលគួរដឹងច្បាស់ តថាគត បានដឹងច្បាស់​ហើយ ធម្មជាតដែលគួរចំរើន តថាគតបានចំរើនហើយ ធម្មជាតិដែលគួរលះបង់ តថាគត ក៏បានលះបង់ហើយ ម្នាលព្រាហ្មណ៍ ព្រោះហេតុនោះ ទើបតថាគត ឈ្មោះថា ព្រះពុទ្ធ តថាគត បើកឱកាស​ឲ្យអ្នកហើយ អ្នកចូរសួរនូវប្រស្នា​ណានីមួយ ដែលអ្នកត្រូវការចុះ ដើម្បីប្រយោជន៍ ក្នុងបច្ចុប្បន្នផង ដើម្បី​សេចក្តី​សុខ ក្នុងលោកខាងមុខផង។

[១៣] លំដាប់នោះ ព្រហ្មាយុព្រាហ្មណ៍ មានសេចក្តីត្រិះរិះ ដូច្នេះថា អាត្មាអញ ព្រះសមណគោតម បានបើកឱកាស​ឲ្យហើយ អាត្មាអញ គប្បីសួរព្រះសមណគោតម អំពីប្រយោជន៍ក្នុងបច្ចុប្បន្ន ឬប្រយោជន៍ក្នុងលោក​ខាងមុខ។ ទើបព្រហ្មាយុព្រាហ្មណ៍ មានសេចក្តីត្រិះរិះ ដូច្នេះទៀតថា អាត្មាអញ ជាបុគ្គលឈ្លាសវៃ ក្នុងប្រយោជន៍បច្ចុប្បន្ន ឯជនទាំងឡាយដទៃទៀត តែងសួរអាត្មាអញ អំពីប្រយោជន៍បច្ចុប្បន្នដែរ បើដូច្នោះ គួរ​តែអាត្មាអញ សួរព្រះសមណគោតម អំពីប្រយោជន៍ក្នុងបរលោកវិញចុះ។ ទើប​ព្រហ្មាយុព្រាហ្មណ៍ ពោលសួរព្រះមានព្រះភាគ ដោយគាថាទាំងឡាយថា

បុគ្គលដូចម្តេច ហៅថាព្រាហ្មណ៍ បុគ្គលដូចម្តេច ហៅថា អ្នកចេះចប់នូវត្រៃវេទ បុគ្គលដូចម្តេច ហៅថា អ្នកមានត្រៃវិជ្ជា បុគ្គលដូចម្តេច ហៅថា អ្នកមានសួស្តី បពិត្រព្រះអង្គដ៏ចំរើន បុគ្គលដូចម្តេច ហៅថា ព្រះអរហន្ត បុគ្គលដូចម្តេច ហៅថា អ្នកបរិបូណ៌ ដោយគុណទាំងអស់ បពិត្រព្រះអង្គដ៏ចំរើន មួយទៀត បុគ្គលដូចម្តេច ហៅថា មុនិ បុគ្គលដូចម្តេច ដែលហៅថា ព្រះពុទ្ធ។

[១៤] គ្រានោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់តបនឹង​ព្រហ្មាយុព្រាហ្មណ៍វិញ ដោយគាថាទាំងឡាយថា

បុគ្គលណាដឹងនូវខន្ធ ដែលខ្លួនធ្លាប់អាស្រ័យនៅ ក្នុងកាលមុន ឃើញច្បាស់​នូវឋាន​សួគ៌ និងអបាយ មួយទៀត បុគ្គលណា ដល់នូវកិរិយាអស់ទៅនៃជាតិ ដល់នូវទីបំផុតដោយអភិញ្ញា ជាអ្នកប្រាជ្ញ ដឹងច្បាស់​នូវចិត្តដ៏បរិសុទ្ធ ជាចិត្ត​រួច​ស្រឡះហើយចាករាគៈ ដោយអាការទាំងពួង ជាអ្នកមានជាតិ និងមរណៈលះ​បង់ហើយ ជាអ្នកប្រកបដោយមគ្គព្រហ្មចរិយៈទាំងអស់ ជាអ្នកចេះចប់ នូវធម៌​ទាំងអស់ បុគ្គលប្រាកដដូច្នោះ តថាគតហៅថា ព្រះពុទ្ធ។

[១៥] កាលបើព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ព្រហ្មាយុព្រាហ្មណ៍ ក៏​ក្រោក​អំពីអាសនៈ ធ្វើនូវសំពត់ឧត្តរាសង្គៈ ឆៀងស្មាម្ខាង ក្រាបទៀបព្រះបាទា នៃ​ព្រះមានព្រះភាគដោយក្បាល ជប់ព្រះបាទា នៃព្រះមានព្រះភាគ ដោយមាត់ផង ច្របាច់​ដោយដៃផង បន្លឺឈ្មោះរបស់ខ្លួនថា បពិត្រព្រះគោតមដ៏ចំរើន ខ្ញុំព្រះអង្គ ឈ្មោះថា ព្រហ្មាយុព្រាហ្មណ៍ បពិត្រព្រះគោតមដ៏ចំរើន ខ្ញុំព្រះអង្គ ឈ្មោះព្រហ្មាយុព្រាហ្មណ៍។ គ្រានោះ បរិស័ទនោះ ក៏មានសេចក្តីស្ងើច និងសេចក្តីស្ញប់ស្ញែងថា អើ អស្ចារ្យណាស់ហ្ន៎ អើចំឡែកណាស់ហ្ន៎ សមណៈ ពេញជាមានឫទ្ធិច្រើន មានអានុភាពច្រើន ព្រោះថា ព្រហ្មាយុព្រាហ្មណ៍នេះ ជាអ្នកមានកេរ្តិ៍ឈ្មោះ មានយស ហើយធ្វើនូវសេចក្តីគោរព​ដ៏ក្រៃលែង មានសភាពដូច្នេះ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់​នឹង​ព្រហ្មាយុព្រាហ្មណ៍​ ដូច្នេះថា ម្នាលព្រាហ្មណ៍ ល្មមហើយ អ្នកចូរក្រោកឡើង ចូរអង្គុយ​លើអាសនៈ របស់ខ្លួនចុះ ព្រោះចិត្ត​របស់អ្នក ជ្រះថ្លានឹង​តថាគតហើយ។ សម័យនោះ ព្រហ្មាយុព្រាហ្មណ៍ ក្រោកឡើង អង្គុយលើអាសនៈ​ជារបស់​ខ្លួន។

[១៦] លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់សំដែង អនុបុព្វីកថា ដល់​ព្រហ្មាយុ​ព្រាហ្មណ៍ គឺ ទ្រង់ប្រការនូវទានកថា សីលកថា សគ្គកថា និងទោស​របស់កាម ជាទោសដ៏លាមក សៅហ្មង និងអានិសង្ស ក្នុងការចេញចាកកាម។ ព្រះមានព្រះភាគ ទ្រង់ជ្រាបថា ព្រហ្មាយុព្រាហ្មណ៍ មានចិត្តស្រួល មានចិត្តទន់ មានចិត្ត​ប្រាសចាក​នីវរណធម៌ មានចិត្តអណ្តែតឡើង មានចិត្តជ្រះថ្លា ក្នុងកាលណាហើយ ទ្រង់ត្រាស់​នូវ​ធម្មទេសនា ដែលព្រះពុទ្ធទាំងឡាយ ទ្រង់លើកឡើងសំដែង ដោយព្រះអង្គ​ឯង គឺទុក្ខ១ សមុទ័យ១ និរោធ១ មគ្គ១ ក្នុងកាលនោះ។ សំពត់ស្អាត ប្រាសចាកវត្ថុ​មានពណ៌​ខ្មៅ គួរទទួល នូវគ្រឿងជ្រលក់ ដោយល្អបាន យ៉ាងណាមិញ ធម្មចក្ខុ គឺសោតា​បត្តិមគ្គ ប្រាសចាកធូលី ប្រាសចាកមន្ទិល ក៏កើតឡើង ដល់ព្រហ្មាយុព្រាហ្មណ៍ លើអាសនៈ​នោះ​ឯងថា ធម្មជាតិណានីមួយ ដែលកើតឡើងជាធម្មតា ធម្មជាតទាំងអស់​នោះ រមែង​រលត់ទៅវិញជាធម្មតា ក៏យ៉ាងនោះដែរ។

[១៧] គ្រានោះ ព្រហ្មាយុព្រាហ្មណ៍ បានឃើញចតុស្សច្ចធម៌ហើយ បានដល់​ចតុស្សច្ចធម៌ហើយ បានដឹង​ចតុស្សច្ចធម៌ហើយ បានចុះចិត្តស៊ប់ កាន់ចតុស្សច្ចធម៌ហើយ ឆ្លងផុតសេចក្តីសង្ស័យហើយ ប្រាសចាកសេចក្តីងឿងឆ្ងល់ហើយ ដល់នូវ​សេចក្តីក្លៀវក្លា មិនជឿបុគ្គលដទៃ ក្នុងសាសនា របស់ព្រះសាស្តា ក៏ក្រាបបង្គំ​ទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន ច្បាស់ពេកណាស់ បពិត្រព្រះគោតមដ៏ចំរើន ច្បាស់​ពេកណាស់ បពិត្រព្រះគោតមដ៏ចំរើន ដូចបុគ្គលផ្ងារឡើង នូវរបស់ដែលផ្កាប់ទុក ឬ​បើក​ឡើង នូវ​របស់ដែលបិទបាំងទុក ពុំនោះ ដូចគេប្រាប់ផ្លូវ ដល់មនុស្ស​អ្នកវង្វេងផ្លូវ ពុំនោះសោត ដូចគេទ្រោលប្រទីប បំភ្លឺក្នុងទីងងឹត​ ដោយគិតថា មនុស្ស​អ្នកមាន​ភ្នែក រមែងមើលឃើញនូវរូបទាំងឡាយ ព្រះធម៌ ដែលព្រះគោតមដ៏ចំរើន បានសំដែងហើយ ដោយ​អនេកបរិយាយ ក៏យ៉ាងនោះដែរ ខ្ញុំព្រះអង្គ សូមដល់នូវព្រះគោតមដ៏ចំរើនផង ព្រះធម៌​ផង ព្រះភិក្ខុសង្ឃផង ជាទីពឹង ទីរលឹក សូមព្រះគោតមដ៏ចំរើន ចាំទុក​នូវខ្ញុំព្រះអង្គ ថាជា​ឧបាសក អ្នកដល់នូវសរណៈ ស្មើដោយជីវិត តាំងពីថ្ងៃនេះតទៅ មួយទៀត សូម​ព្រះគោតមដ៏ចំរើន ព្រមទាំងភិក្ខុសង្ឃ ទទួលនូវភត្ត របស់ខ្ញុំព្រះអង្គ ដើម្បីឆាន់ក្នុងថ្ងៃស្អែក។ ព្រះមានព្រះភាគ ក៏ទ្រង់ទទួលដោយតុណ្ហីភាព។

[១៨] គ្រានោះ ព្រហ្មាយុព្រាហ្មណ៍ ដឹងថា ព្រះមានព្រះភាគ ទ្រង់ទទួលនិមន្ត​ហើយ ក៏ក្រោកអំពីអាសនៈ ថ្វាយបង្គំព្រះមានព្រះភាគ ធ្វើប្រទក្សិណ ហើយចេញទៅ។ លុះរាត្រីនោះកន្លងទៅ ព្រហ្មាយុព្រាហ្មណ៍ ឲ្យតាក់តែងខាទនីយ ភោជនីយាហារ ដ៏ផ្ចិតផ្ចង់ ក្នុងផ្ទះរបស់ខ្លួនរួចហើយ ឲ្យមនុស្សទៅក្រាបបង្គំទូលភត្តកាល ចំពោះ​ព្រះមានព្រះភាគថា បពិត្រព្រះគោតមដ៏ចំរើន កាលគួរហើយ ភត្តសម្រេចហើយ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ស្បង់ ប្រដាប់ដោយបាត្រ និងចីវរ ក្នុងវេលាបុព្វណ្ហ​សម័យ ហើយស្តេចចូលទៅកាន់ផ្ទះ ​របស់ព្រហ្មាយុព្រាហ្មណ៍ លុះចូលទៅដល់ហើយ ក៏​គង់លើអាសនៈ ដែលគេរៀបចំថ្វាយ ជាមួយនឹងភិក្ខុសង្ឃ។ គ្រានោះ ព្រហ្មាយុព្រាហ្មណ៍ បានញុំាង​ភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធាន ឲ្យឆ្អែតស្កប់ស្កល់ ត្រាតែភិក្ខុសង្ឃហាមឃាត់ ដោយខាទនីយ ភោជនីយាហារ ដ៏ផ្ចិតផ្ចង់ ដោយដៃនៃខ្លួន អស់៧ថ្ងៃ។ លុះថ្ងៃ៧កន្លងទៅ​ហើយ ទើបព្រះមានព្រះភាគ ក៏ស្តេចចេញទៅកាន់ចារិក ក្នុងដែនវិទេហៈ។

[១៩] គ្រានោះ កាលដែលព្រះមានព្រះភាគ ទ្រង់ស្តេចចេញទៅមិនយូរប៉ុន្មាន ព្រហ្មាយុព្រាហ្មណ៍ ក៏ធ្វើមរណកាល។ លំដាប់នោះ ពួកភិក្ខុជាច្រើន ចូលទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះភិក្ខុទាំងនោះ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូល​ព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ព្រហ្មាយុព្រាហ្មណ៍ ធ្វើមរណកាល​ហើយ គតិរបស់គាត់ដូចម្តេច បរលោកដូចម្តេច។

[២០] ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ព្រហ្មាយុព្រាហ្មណ៍ ជាបណ្ឌិត បាននូវធម៌10) ព្រមទាំង​អនុធម៌11) ហើយមិនបានញុំាងតថាគតឲ្យលំបាក ព្រោះធម៌ជាហេតុ ព្រហ្មាយុព្រាហ្មណ៍ ជាឱបបាតិកៈកំណើត ព្រោះអស់ទៅនៃសញ្ញោជនៈ ជាចំណែកខាងក្រោម ទាំង៥ ហើយបរិនិព្វាន​ ក្នុងលោកនោះ មានសភាព​ជាអ្នក​មិនត្រឡប់ចាកលោកនោះ។ លុះ​ព្រះមានព្រះភាគ ទ្រង់ត្រាស់សូត្រនេះចប់ហើយ ភិក្ខុទាំងនោះ ក៏មានសេចក្តី​ត្រេកអរ រីករាយហើយ ចំពោះភាសិត នៃព្រះមានព្រះភាគ។

ចប់ ព្រហ្មាយុសូត្រ ទី១។

សេលសូត្រ ទី២

(២. សេលសុត្តំ)

[២១] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់ស្តេចទៅកាន់​ចារិក ក្នុងអង្គុត្តរាបជនបទ ព្រមដោយភិក្ខុសង្ឃច្រើន ចំនួនភិក្ខុ ១.២៥០ រូប ទ្រង់ស្តេច​ទៅដល់​អាបណនិគម នៃអង្គុត្តរាបជនបទ។ កេណិយជដិល បាន់ដំណឹងថា ព្រះសមណ​គោតម ជាសក្យបុត្រ ចេញចាកសក្យត្រកូល ទ្រង់ព្រះផ្នួស ឥឡូវ​ទ្រង់ស្តេច​មកកាន់ចារិក ក្នុងអង្គុត្តរាបជនបទ មួយអន្លើ​ ដោយភិក្ខុសង្ឃច្រើន ចំនួន​ភិក្ខុ ១.២៥០ រូប ទ្រង់ស្តេច​មកដល់អាបណនិគមហើយ កិត្តិស័ព្ទល្អ នៃព្រះគោតមដ៏ចំរើននោះ សុះសាយ​ទៅយ៉ាងនេះថា ព្រះមានព្រះភាគ អង្គនោះ ព្រះអង្គជាព្រះអរហន្ត ទ្រង់ត្រាស់ដឹងដោយ​ប្រពៃ ចំពោះព្រះអង្គ ទ្រង់បរិបូណ៌​ដោយវិជ្ជា និងចរណៈ ទ្រង់មានព្រះដំណើរល្អ ទ្រង់​ជ្រាប​ច្បាស់​ នូវត្រៃលោក ទ្រង់​ប្រសើរ ដោយសីលាទិគុណ រកបុគ្គល​ណាមួយស្មើគ្មាន ទ្រង់ទូន្មាននូវបុរស ដែលគួរទូន្មានបាន ទ្រង់ជាសាស្តានៃទេវតា និងមនុស្ស​ទាំងឡាយ ទ្រង់ត្រាស់ដឹង នូវអរិយសច្ចធម៌ ទ្រង់​លែងវិលមក​កាន់ភពថ្មីទៀត ព្រះសមណគោតម​អង្គនោះ ទ្រង់ធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញាដ៏ឧត្តមចំពោះព្រះអង្គ នូវលោកនេះ ព្រមទាំងទេវលោក មារលោក ព្រហ្មលោក នូវពពួកសត្វ ព្រមទាំង​សមណព្រាហ្មណ៍ ព្រមទាំងមនុស្ស ជាសម្មតិទេព និងមនុស្សដ៏សេស ហើយប្រកាស ព្រះអង្គ សំដែងធម៌ មានលំអបទដើម មានលំអបទកណ្តាល មាន​លំអបទចុង ព្រមទាំងអត្ថ ព្រមទាំង​ព្យញ្ជនៈ ទ្រង់ប្រកាសព្រហ្មចរិយៈ ដ៏ពេញបរិបូណ៌ បរិសុទ្ធទាំងអស់ ក៏ការបានឃើញ​ព្រះអរហន្តទាំងឡាយ មានសភាពយ៉ាងនោះ ជាការ​ប្រពៃ​ពេក។

[២២] គ្រានោះ កេណិយជដិល ចូលទៅគាល់​ព្រះមានបុណ្យ លុះចូលទៅ​ដល់​ហើយ ក៏និយាយ​ពាក្យរាក់ទាក់ សំណេះសំណាល​ មួយអន្លើ ដោយ​ព្រះមានបុណ្យ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ អង្គុយក្នុងទីសមគួរ។ ព្រះមានបុណ្យ ទ្រង់សំដែងពន្យល់កេណិយជដិល ដែល​អង្គុយក្នុងទីសមគួរ ឲ្យយល់ (ប្រយោជន៍ក្នុងបច្ចុប្បន្ន និងបរលោក) ឲ្យជឿជាក់ (ក្នុង​កុសលធម៌) ឲ្យសង្វាត (ធ្វើការកុសល) ឲ្យរីករាយ (ដោយគុណ ដែល​មានក្នុងខ្លួន) ដោយធម្មីកថា។ លុះព្រះមាន​ព្រះភាគ ទ្រង់ពន្យល់កេណិយជដិល ឲ្យយល់ ឲ្យជឿជាក់ ឲ្យសង្វាត ឲ្យរីករាយ ដោយធម្មីកថាហើយ កេណិយជដិល ក៏ក្រាបបង្គំទូល​ព្រះមានព្រះភាគ ដូច្នេះថា សូមព្រះគោតមដ៏ចំរើន ទទួលភត្តាហារ របស់ខ្ញុំព្រះអង្គ មួយអន្លើ ដោយភិក្ខុសង្ឃ ក្នុងថ្ងៃ​ស្អែក។ កាលបើកេណិយជដិល ក្រាបបង្គំទូល យ៉ាង​នេះហើយ ព្រះមានព្រះភាគ ទ្រង់មានព្រះពុទ្ធដីកានឹង​កេណិយជដិល ដូច្នេះថា ម្នាល​កេណិយៈ ភិក្ខុសង្ឃមានច្រើន ចំនួន​ភិក្ខុ ១.២៥០រូប ចំណែក​អ្នក ក៏ធ្លាប់មានសេចក្តី​ជ្រះថ្លា ចំពោះពួកព្រាហ្មណ៍​ទៅហើយ។ កេណិយជដិល ក្រាបបង្គំទូលព្រះមានព្រះភាគ ជាគំរប់​ពីរដង ដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន ភិក្ខុសង្ឃមានច្រើន ចំនួនភិក្ខុ ១.២៥០រូប ចំណែក​ខ្លួនខ្ញុំព្រះអង្គ ធ្លាប់មានសេចក្តីជ្រះថ្លា ចំពោះពួកព្រាហ្មណ៍ ក៏មែនពិតហើយ តែបើទុក​ជាដូច្នោះ ក៏សូមព្រះគោតមដ៏ចំរើន ទទួល​ភត្តាហារ របស់ខ្ញុំព្រះអង្គ មួយអន្លើ​ ដោយភិក្ខុសង្ឃ ក្នុងថ្ងៃស្អែកឲ្យទាន។ ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងកេណិយជដិល ជាគំរប់ពីរដង ដូច្នេះថា ម្នាលកេណិយៈ ភិក្ខុសង្ឃមានច្រើន ចំនួន​ភិក្ខុ ១.២៥០រូប ចំណែក​អ្នក ក៏ធ្លាប់មានសេចក្តីជ្រះថ្លា ចំពោះពួកព្រាហ្មណ៍​ទៅហើយ។ កេណិយជដិល ក្រាបបង្គំទូលព្រះមានបុណ្យ ជាគំរប់បីដង ដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន ភិក្ខុសង្ឃ​មានច្រើន ចំនួន​ភិក្ខុ ១.២៥០រូប ចំណែកខ្ញុំព្រះអង្គ ធ្លាប់មានសេចក្តីជ្រះថ្លា ចំពោះពួក​ព្រាហ្មណ៍ ក៏ពិតមែនហើយ តែបើទុកជាដូច្នោះ ក៏សូមព្រះគោតមដ៏ចំរើន ទទួល​ភត្តាហារ របស់ខ្ញុំព្រះអង្គ មួយអន្លើ​ ដោយភិក្ខុសង្ឃ ក្នុងថ្ងៃស្អែកឲ្យទាន។ ព្រះមានបុណ្យ ទ្រង់​ទទួល​ដោយតុណ្ហីភាព។ លំដាប់នោះ កេណិយជដិលដឹងថា ព្រះមានព្រះភាគ ទទួល​និមន្តហើយ ក៏ក្រោកអំពីអាសនៈ ចូលទៅកាន់អាស្រម​របស់ខ្លួន លុះចូលទៅដល់ហើយ ហៅពួកមិត្រអាមាត្យ និងញាតិសាលោហិត (មកនិយាយថា) សូមមិត្រអាមាត្យ និង​ញាតិសាលោហិត ដ៏ចំរើនទាំងឡាយ ស្តាប់ (ពាក្យខ្ញុំ) ដ្បិតខ្ញុំបាននិមន្ត​ព្រះសមណ​គោតម មកទទួលភត្ត ក្នុងថ្ងៃស្អែក មួយអន្លើ​ដោយភិក្ខុសង្ឃ ចូរអ្នកទាំងឡាយ ខ្វល់ខ្វាយបម្រើដោយកាយ តាមយើង។ ពួកមិត្រអាមាត្យ និងញាតិ​សាលោហិត របស់​កេណិយជដិល ទទួលស្តាប់​ពាក្យកេណិយជដិលថា បាទ លោកដ៏ចំរើន ហើយពួកខ្លះ ជីកគុកធ្វើចង្ក្រាន ពួកខ្លះពុះឧស ពួកខ្លះលាងភាជន៍ ពួកខ្លះ​តម្កល់ក្អមទឹក ពួកខ្លះ​ក្រាល​អាសនៈ។ ឯកេណិយជដិល ចាត់ចែងបារាំ មានសណ្ឋានមូល12) ដោយខ្លួនឯង។

[២៣] សម័យនោះឯង សេលព្រាហ្មណ៍ អាស្រ័យនៅក្នុងអាបណនិគម ជាអ្នក​ចេះចប់ត្រៃវេទ គឺឥរុវេទ យជុវេទ និងសាមវេទ ព្រមទាំងគម្ពីរ​និឃណ្ឌុ គម្ពីរកេដុភៈ ព្រមទាំងអក្ខរប្បភេទ គឺសិក្ខា និងនិរុត្តិ ដែលមានគម្ពីរ​ឥតិហាសៈ ជាគំរប់៥ ជាអ្នក​រៀន​នូវបទ និងវេយ្យាករណ៍ ជាអ្នកមិនឱនថយ គឺស្ទាត់ជំនាញ ក្នុងលោកាយតសាស្ត្រ និង​មហាបុរិសលក្ខណព្យាករណសាស្ត្រ តែង​បង្រៀន នូវមន្តទាំងឡាយ ដល់ពួក​មាណព​ជំទង់ៗ ចំនួន ​៣០០នាក់។ សម័យនោះ កេណិយជដិល ជាអ្នកជ្រះថ្លា ចំពោះ​សេលព្រាហ្មណ៍។ គ្រានោះ សេលព្រាហ្មណ៍ មានពួកមាណពជំទង់ៗ ចំនួន ៣០០​នាក់​ហែហម ដើរត្រាច់ចុះឡើង ដើម្បីសម្រួលស្មង ហើយក៏ចូលទៅ​អាស្រមរបស់​កេណិយជដិល។ សេលព្រាហ្មណ៍ បានឃើញមនុស្សពួកខ្លះ កំពុងជីកគុកធ្វើចង្ក្រាន ពួកខ្លះកំពុងពុះឧស ពួកខ្លះ កំពុងលាងភាជន៍ ពួកខ្លះកំពុងតម្កល់ក្អមទឹក ពួកខ្លះកំពុង​ក្រាលអាសនៈ ជិតអាស្រមរបស់កេណិយជដិល បានឃើញកេណិយជដិល កំពុង​ចាត់ចែង​បារាំង មានសណ្ឋានមូលដោយខ្លួនឯង លុះឃើញហើយ ក៏សួរ​កេណិយជដិល​ដូច្នេះថា លោកកេណិយជដិលដ៏ចម្រើន មានអាពាហ៍ពិពាហ៍ ឬតាំង​មហាយ័ញ្ញ ឬអញ្ជើញ​ព្រះបាទមាគធសេនិយពិម្ពិសារ ព្រមទាំងពួកពល ដើម្បីជប់លៀង​ ក្នុងថ្ងៃ​ស្អែក ឬអ្វីហ្ន៎។ កេណិយជដិលនិយាយថា បពិត្រលោកសេលៈដ៏ចម្រើន ខ្ញុំមិនមាន​អាពាហ៍ពិពាហ៍ មិនអញ្ជើញ​ព្រះបាទមាគធសេនិយពិម្ពិសារ ព្រមទាំងពួកពល ដើម្បីជប់លៀង​ក្នុងថ្ងៃ​ស្អែកទេ ខ្ញុំតាំងមហាយ័ញ្ញទេតើ ដ្បិតព្រះសមណគោតម ជាសក្យបុត្រ ចេញចាកសក្យត្រកូល ទ្រង់ព្រះផ្នួសហើយ ទ្រង់ត្រាច់មកកាន់ចារិក ក្នុងអង្គុត្តរាបជនបទ មួយអន្លើ ដោយភិក្ខុសង្ឃជាច្រើន ចំនួនភិក្ខុ ១.២៥០រូប ឥឡូវទ្រង់​ស្តេច​មកដល់អាបណនិគមហើយ កិត្តិស័ព្ទនៃព្រះគោតមដ៏ចម្រើននោះ ខ្ចរខ្ចាយទៅ យ៉ាងនេះ​ថា ព្រះមានព្រះភាគ អង្គនោះ ព្រះអង្គជាព្រះអរហន្ត ទ្រង់ត្រាស់ដឹងដោយ​ប្រពៃ ចំពោះ​ព្រះអង្គ ទ្រង់បរិបូណ៌​ដោយវិជ្ជា និងចរណៈ ទ្រង់មានព្រះដំណើរល្អ ទ្រង់​ជ្រាប​ច្បាស់​ នូវត្រៃលោក ទ្រង់​ប្រសើរដោយសីលាទិគុណ រកបុគ្គល​ណាមួយស្មើគ្មាន ទ្រង់ទូន្មាន​នូវ​បុរស ដែលគួរទូន្មានបាន ទ្រង់ជាសាស្តានៃទេវតា និងមនុស្ស​ទាំងឡាយ ទ្រង់ត្រាស់ដឹង នូវអរិយសច្ចធម៌ ទ្រង់​លែងវិលមក​កាន់ភពថ្មីទៀត ខ្ញុំបាននិមន្ត​ព្រះសមណគោតម ​​អង្គនោះ មួយអន្លើ ​ដោយភិក្ខុសង្ឃ ដើម្បីភត្តកិច្ច ក្នុងថ្ងៃស្អែក។ សេលព្រាហ្មណ៍ សួរថា ម្នាល​កេណិយៈដ៏ចម្រើន អ្នកនិយាយថា ព្រះពុទ្ធឬ។ កេណិយជដិល​ ឆ្លើយថា បពិត្រលោក​សេលៈដ៏ចម្រើន ខ្ញុំនិយាយថា ព្រះពុទ្ធ។ សេលព្រាហ្មណ៍ សួរថា ម្នាលកេណិយៈដ៏ចម្រើន អ្នកនិយាយថា ព្រះពុទ្ធឬ។ កេណិយជដិល ឆ្លើយថា បពិត្រ​លោកសេលៈដ៏ចំរើន ខ្ញុំនិយាយថា ព្រះពុទ្ធ។ លំដាប់នោះ សេលព្រាហ្មណ៍ មានសេចក្តី​ត្រិះរិះ ដូច្នេះថា សូរសព្ទបែបនេះ រកបានដោយកម្រក្នុងលោក ពាក្យថា ព្រះពុទ្ធ ដូច្នេះ មានមកក្នុងមន្ត របស់យើងថា មហាបុរស ដែលប្រកបដោយមហាបុរិសលក្ខណៈ ៣២​ប្រការ តែងមាន​គតិ ២យ៉ាង ជាប្រាកដ មិនមែនដទៃឡើយ គឺថា បើនៅគ្រប់គ្រងផ្ទះ នឹង​បានជាស្តេចចក្រពត្តិ ជាធម្មិកធម្មរាជ គ្រប់គ្រងផែនដី ដែលមានសមុទ្រទាំង៤ ជាព្រំប្រទល់ ជាស្តេចឈ្នះសង្គ្រាម ដល់នូវសេចក្តីមាំមួន ក្នុងជនបទ ប្រកបដោយ​រ័តន៍​ទាំង៧ប្រការ មហាបុរសនោះ រមែង​មានរ័តន៍ ទាំង៧ប្រការនេះ គឺចក្ករ័តន៍ ហត្ថិរ័តន៍ អស្សរ័តន៍ មណិរ័តន៍ ឥត្ថីរ័តន៍ គហបតិរ័តន៍ និងបរិនាយករ័តន៍ ជាគំរប់៧ មួយទៀត មហាបុរសនោះ មានរាជបុត្រច្រើន ជាងពាន់ ជាបុត្រដ៏ក្លៀវក្លា មានសភាព​ជាអ្នក​ប្រកប​ដោយព្យាយាម អាចញាំញី នូវសេនារបស់ស្តេចដទៃបាន មហាបុរសនោះ ត្រួតត្រា នូវផែន​ដីនេះ ដែលមានសាគរជាទីបំផុត ដោយធម៌ មិនបាច់ប្រើអាជ្ញា មិនបាច់​ប្រើ​គ្រឿង​សស្ត្រាឡើយ បើមហាបុរសនោះ ចេញចាកគេហដ្ឋាន ទៅទ្រង់ព្រះផ្នួស នឹងបាន​ជាព្រះអរហន្ត សម្មាសម្ពុទ្ធក្នុងលោក មានដំបូល គឺកិលេសបើកហើយ ម្នាល​កេណិយៈដ៏ចំរើន ចុះឥឡូវនេះ ព្រះគោតមដ៏ចំរើន ជាអរហន្ត សម្មាសម្ពុទ្ធនោះ នៅឯណា។

[២៤] កាលបើសេលព្រាហ្មណ៍ និយាយយ៉ាងនេះហើយ កេណិយជដិល លើកដៃ​ខាងស្តាំឡើង និយាយប្រាប់​សេលព្រាហ្មណ៍ ដូច្នេះថា បពិត្រលោកសេលៈដ៏ចម្រើន ព្រះអង្គគង់នៅឯជួរព្រៃ មានពណ៌ខៀវៗឯណោះ។ លំដាប់នោះ សេលព្រាហ្មណ៍ ចូលទៅគាល់ព្រះមានបុណ្យ ជាមួយនឹងពួកមាណពជំទង់ ​៣០០នាក់។ ទើប​សេលព្រាហ្មណ៍ ហាមប្រាមពួក​មាណពទាំងនោះថា ចូរអ្នកដ៏ចម្រើនទាំងឡាយ មានសំឡេងតិចៗ ដើរមក ចូរអ្នកដ៏ចំរើនទាំងឡាយ ថ្នមជើងរាល់ៗជំហាន តាំងពីចម្ងាយ បណ្តើរៗទៅ ចូរអ្នក​ដ៏ចំរើនទាំងនោះ ធ្វើដូចជាសីហៈ ត្រេចទៅតែម្នាក់ឯង កាលណា​បើខ្ញុំ​ត្រូវប្រឹក្សា មួយអន្លើ ដោយព្រះសមណគោតមដ៏ចំរើន អ្នកដ៏ចម្រើនទាំងឡាយ កុំធ្វើ​ពាក្យ​របស់ខ្ញុំ ឲ្យដាច់ក្នុងចន្លោះៗឡើយ ចូរអ្នកដ៏ចម្រើនទាំងឡាយ បង្អង់ចាំខ្ញុំនិយាយចប់​សិន។ លំដាប់នោះ សេលព្រាហ្មណ៍ ចូលទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅ​ដល់​ហើយ ក៏និយាយពាក្យរាក់ទាក់ សំណេះសំណាល មួយអន្លើ ដោយ​ព្រះមានព្រះភាគ លុះបញ្ចប់ពាក្យ ដែលគួររីករាយហើយ ក៏អង្គុយក្នុងទីសមគួរ។ លុះ​សេលព្រាហ្មណ៍ អង្គុយក្នុងទីសមគួរហើយ ក៏ពិចារណាមើល នូវមហាបុរិសលក្ខណៈ​ ទាំង​៣២ ក្នុងព្រះកាយ របស់ព្រះដ៏មានបុណ្យ។ សេលព្រាហ្មណ៍ បានឃើញមហាបុរិស​លក្ខណៈ ទាំង៣២ ក្នុងព្រះកាយ របស់ព្រះមានបុណ្យដោយច្រើន លើកលែងតែ​មហាបុរិសលក្ខណៈ ២ប្រការ ចេញ ក៏មានសេចក្តីសង្ស័យ ងឿងឆ្ងល់ មិនអស់ចិត្ត មិនជ្រះថ្លាស៊ប់ ក្នុងមហាបុរិសលក្ខណៈ ទាំង២ប្រការ (នោះ) គឺអវយវៈ ដែលត្រូវ​លាក់​ក្នុងសំពត់ ឋិតនៅក្នុងស្រោម១ ព្រះជិវ្ហាដ៏ល្មម១។

[២៥] គ្រានោះ ព្រះមានបុណ្យ មានសេចក្តីត្រិះរិះ ដូច្នេះថា សេលព្រាហ្មណ៍នេះ ឃើញមហាបុរិសលក្ខណៈ ទាំង៣២ប្រការ របស់តថាគត ដោយច្រើន លើកលែងតែ​មហាបុរិសលក្ខណៈ ២ប្រការ ប៉ុណ្ណោះ ក៏មានសេចក្តីសង្ស័យ ងឿងឆ្ងល់ មិនអស់ចិត្ត មិនជ្រះថ្លាស៊ប់ ក្នុងមហាបុរិសលក្ខណៈ ទាំង២ប្រការ គឺអវយវៈ ដែលត្រូវ​លាក់​ក្នុងសំពត់ ឋិតនៅក្នុងស្រោម១ ជិវ្ហាដ៏ល្មម១។ ទើបព្រះមានបុណ្យ សំដែងនូវឥទ្ធានុភាព មានសភាព​ដូច្នោះ ឲ្យសេលព្រាហ្មណ៍ បានឃើញអវយវៈ ដែលត្រូវលាក់ក្នុងសំពត់ ដែលឋិតនៅ​ក្នុងស្រោមរបស់ព្រះអង្គ។ លំដាប់ពីនោះមក ព្រះមានព្រះភាគ ទ្រង់លៀនព្រះជិវ្ហា ឲ្យ​ទៅដដុសនឹងរន្ធព្រះកាណ៌ទាំងពីរផង ឲ្យទៅដដុសនឹងរន្ធព្រះនាសិកទាំងពីរផង មិនតែ​ប៉ុណ្ណោះ ទ្រង់បញ្ចេញព្រះជិវ្ហា ទៅបាំងមណ្ឌល នៃព្រះនលាដទាំងអស់ផង។

[២៦] គ្រានោះ សេលព្រាហ្មណ៍ មានសេចក្តីត្រិះរិះដូច្នេះថា ព្រះសមណគោតម ព្រះអង្គប្រកបដោយ​មហាបុរិសលក្ខណៈ ទាំង៣២ប្រការ ពេញលេញ ឥតខ្វះខាតមែន​ហើយ តែអាត្មាអញ មិនទាន់ស្គាល់​ព្រះសមណគោតមនោះ ថាជាព្រះពុទ្ធ ឬមិនមែន​ជាព្រះពុទ្ធនៅឡើយទេ អាត្មាអញ គ្រាន់តែបានឮពាក្យនុ៎ះ អំពីសំណាក់​ពួកព្រាហ្មណ៍ ព្រឹទ្ធាចារ្យ ចាស់ទុំ ជាអាចារ្យប្រធានលើអាចារ្យ និយាយថា ព្រះអរហន្ត សម្មាសម្ពុទ្ធ​ទាំងឡាយណា មានក្នុងលោក កាលបើមានគេសរសើរគុណរបស់ព្រះអង្គ ព្រះអរហន្ត​សម្មាសម្ពុទ្ធអង្គនោះ រមែងធ្វើនូវខ្លួន (របស់ព្រះអង្គ) ឲ្យជាក់ច្បាស់ បើដូច្នោះ គួរតែ​អាត្មាអញ សរសើរព្រះសមណគោតម ដោយគាថាទាំងឡាយ ដ៏សមគួរក្នុងទីចំពោះ​ព្រះភក្ត្រព្រះអង្គ។ លំដាប់នោះ សេលព្រាហ្មណ៍ និយាយសរសើរ ដោយគាថាទាំងឡាយ ដ៏សមគួរ ក្នុងទីចំពោះព្រះភក្ត្រ នៃព្រះមានព្រះភាគថា

បពិត្រព្រះមានបុណ្យ ព្រះអង្គមានព្រះកាយពេញលេញ មានព្រះសរីរៈល្អ មាន​កំពស់ និងទំហំសមសួន អ្នកផងមើលមិនចេះឆ្អែតឆ្អន់ មានសម្បុរដូចមាស មាន​ព្រះទាឋា សស្អាត ទ្រង់ប្រកបដោយសេចក្តីព្យាយាម មហាបុរិសលក្ខណៈទាំង​ឡាយ ដែលមានដល់ជនអ្នកមានកំណើតល្អយ៉ាងណា មហាបុរិសលក្ខណៈទាំង​អស់នោះ ក៏មានក្នុងព្រះកាយ ​របស់ព្រះអង្គ យ៉ាងនោះដែរ ព្រះអង្គមានព្រះនេត្រ​ថ្លា មានព្រះភក្ត្រស្រស់បស់ មានព្រះអង្គាវយវៈត្រង់ ដូចជាអង្គព្រហ្ម មានព្រះរស្មី មានព្រះញាណដ៏ល្អ ទ្រង់ខ្លាចភ័យក្នុងសង្សារវដ្ត ទ្រង់មានព្រះតចៈភ្លឺដូច​មាស រុងរឿងកណ្តាលពពួកសមណៈ ដូចជាព្រះអាទិត្យ ព្រះអង្គមានពន្លឺដ៏ថ្លៃថ្លាយ៉ាង​នេះ ត្រូវការអ្វីដោយសមណភាព គួរណាស់តែសោយរាជ្យ ជាស្តេចចក្រពត្តិ (ទូន្មានប្រជាជន ឲ្យត្រឹមត្រូវតាមធម៌) ដូចជាសារថីដ៏ឧត្តម ទ្រង់គ្រប់គ្រងផែនដី រហូត​ដល់សមុទ្រទាំង៤ ជាទីបំផុត ជាស្តេចឈ្នះសង្គ្រាម ជាឥស្សរៈនៃជម្ពូទ្វីប ពួកខត្តិយជាតិ ដែលសោយរាជ្យ ដោយភោគសម្ប័ទ ចូលមកជាក្សត្រិយ៍ចំណុះ​ព្រះអង្គ បពិត្រព្រះគោតម សូមព្រះអង្គសោយរាជសម្បត្តិ ជាព្រះរាជាធិរាជដ៏ធំ​ជាងមនុស្ស (ព្រះមានព្រះភាគ) ត្រាស់ថា ម្នាលសេលព្រាហ្មណ៍ តថាគត ជាស្តេច​ព្រោះធម៌ ប្រសើរដោយគុណ ឥតបុគ្គលណាស្មើ ញុំាងចក្រ ជាចក្រដែលបុគ្គល​ដទៃឲ្យប្រព្រឹត្តទៅមិនកើត ឲ្យប្រព្រឹត្តទៅតាមធម៌បាន (សេលព្រាហ្មណ៍ ក្រាបបង្គំទូលថា បើដូច្នោះ) ព្រះអង្គជាព្រះសម្ពុទ្ធ បានត្រាស់ដឹងហើយតើ (ព្រះអង្គត្រាស់ថា) តថាគត ជាស្តេចព្រោះធម៌ហើយ ប្រសើរដោយគុណ ឥតបុគ្គល​ណាស្មើ ញុំាងចក្រឲ្យប្រព្រឹត្តទៅតាមធម៌បាន សេលព្រាហ្មណ៍​ក្រាបបង្គំទូលថា បពិត្រព្រះគោតម សូម​ព្រះអង្គប្រាប់ខ្ញុំ ចុះលោកណាជា​សេនាបតី ជាសាវ័ករបស់ព្រះសាស្តា ចុះលោកណាញុំាងធម្មចក្រដែលព្រះអង្គ​ឲ្យប្រព្រឹត្តទៅហើយនេះ ឲ្យប្រព្រឹត្តទៅបាន (ព្រះមានព្រះភាគទ្រង់ត្រាស់ថា ម្នាលសេលព្រាហ្មណ៍) ធម្មចក្រណា ដែលតថាគត ឲ្យប្រព្រឹត្តទៅ សារីបុត្ត ជាអនុជាត ក៏ញុំាងធម្មចក្រនោះ ឲ្យប្រព្រឹត្តទៅ ទុក្ខសច្ច និង​និរោធសច្ច ដែល​តថាគត ត្រូវដឹងច្បាស់ ក៏តថាគត បានដឹងច្បាស់ហើយ មគ្គសច្ច ដែលតថាគត​ត្រូវអប់រំ ក៏តថាគត បានអប់រំហើយ សមុទយសច្ច ដែលតថាគតត្រូវលះបង់ ក៏តថាគត ​បានលះបង់ហើយ ម្នាលព្រាហ្មណ៍ ព្រោះហេតុនោះ បានជាតថាគត ឈ្មោះថា ព្រះពុទ្ធ ម្នាលព្រាហ្មណ៍ អ្នកចូរនាំបង់ ជម្រះបង់ នូវសេចក្តី​សង្ស័យ ​ក្នុង​តថាគតចេញ ការចួបប្រទះនឹងព្រះសម្ពុទ្ធទាំងឡាយរឿយៗ គេមិនងាយនឹងបាន​ទេ ការកើតប្រាកដឡើង ក្នុងលោករឿយៗ នៃព្រះសម្ពុទ្ធទាំងឡាយ ក៏គេមិនងាយ​នឹងបានដែរ ម្នាលព្រាហ្មណ៍ តថាគតហ្នឹងឯង ជាព្រះពុទ្ធ ជាពេទ្យវះ មិនមាន​ពេទ្យដទៃប្រសើរជាងឡើយ មានសភាពជាអ្នកប្រសើរ កន្លងបង់នូវ​សេចក្តី​ប្រៀបផ្ទឹម ជាអ្នកញាំញីនូវមារ នឹងសេនារបស់មារ ធ្វើពួកសត្រូវទាំងអស់ ឲ្យ​លុះក្នុងអំណាចបាន ឥតមានភ័យអំពីអ្វី រមែងរីករាយ ទើបសេលព្រាហ្មណ៍​ និយាយ​នឹងពួកមាណពទាំងនោះថា ម្នាលអ្នកទាំងឡាយដ៏ចម្រើន ចូរអ្នក​ទាំងឡាយស្តាប់ នូវព្រះពុទ្ធដីកានេះចុះ ព្រះមានចក្ខុ ជាពេទ្យវះ (ដ៏ប្រសើរ) មានព្យាយាមធំ ទ្រង់មានព្រះពុទ្ធដីកាមកទាំងប៉ុន្មាន ដូចជាសីហៈបន្លឺក្នុងព្រៃ នរណាបានឃើញព្រះសាស្តា មានសភាពជាបុគ្គលប្រសើរ កន្លងបង់​នូវ​សេចក្តី​ប្រៀបផ្ទឹម ជាអ្នកញាំញីនូវមារ និងសេនានៃមារហើយ (ដូចម្តេចឡើយ) នឹង​អត់​ទ្រាំ​មិនជ្រះថ្លាបាន សូម្បីជនអ្នកកើតក្នុងត្រកូលដ៏ថោកទាប (ក៏គង់ជ្រះថ្លា នឹងព្រះអង្គដែរ) អ្នកណាចូលចិត្តតាមខ្ញុំ អ្នកនោះចូរមក អ្នកណាមិនចូលចិត្តទេ អ្នកនោះចូរទៅចុះ ខ្ញុំនឹងបួស​ក្នុងសំណាក់ នៃព្រះសម្ពុទ្ធ ព្រះអង្គ មានប្រាជ្ញាដ៏​ប្រសើរ ក្នុងទីនេះហើយ ពួកមាណពទាំងអស់ ក៏និយាយ​នឹងសេលព្រាហ្មណ៍​ថា បើលោកដ៏ចម្រើន ពេញចិត្តនឹងសាសនា របស់ព្រះសម្មាសម្ពុទ្ធយ៉ាងនេះ យើង​ទាំងឡាយ ក៏នឹងបួស​ក្នុងសំណាក់​ព្រះសម្ពុទ្ធ ទ្រង់មានប្រាជ្ញាដ៏ប្រសើរដែរ (សេលព្រាហ្មណ៍ក្រាបបង្គំទូលថា) ព្រាហ្មណ៍ទាំង ៣០០នាក់នេះ លើកកំបង់​អញ្ជលីសូមផ្នួស បពិត្រព្រះមានបុណ្យ យើងទាំងឡាយ នឹងប្រព្រឹត្ត​ព្រហ្មចរិយៈ ក្នុងសំណាក់ព្រះអង្គ​ (ព្រះមានព្រះភាគត្រាស់ថា ម្នាលសេលព្រាហ្មណ៍) ព្រហ្មចរិយៈ ដែលតថាគតសំដែង ដោយប្រពៃហើយ ជាព្រហ្មចរិយៈ ដែលបុគ្គល​ឃើញច្បាស់ ដោយខ្លួនឯង ឲ្យផលមិនរង់ចាំកាល បព្វជ្ជារបស់បុគ្គល​អ្នក​មិន​ប្រហែសធ្វេស ជាអ្នកសិក្សា ជាបព្វជ្ជាមិនសោះសូន្យ​ទេ។ សេលព្រាហ្មណ៍ ព្រមទាំងបរិស័ទ ក៏បានបព្វជ្ជា និងឧបសម្បទា ក្នុងសំណាក់​នៃព្រះមានព្រះភាគ។

[២៧] លុះកន្លងរាត្រីនោះហើយ លំដាប់នោះ កេណិយជដិល ក៏ញុំាងពួក​មនុស្ស​ ឲ្យចាត់ចែង​ខាទនីយភោជនីយាហារ ដ៏ផ្ចិតផ្ចង់ក្នុងអាស្រមរបស់ខ្លួន ហើយឲ្យមនុស្ស​ទៅ​ក្រាបបង្គំទូលភត្តកាល ដល់ព្រះមានព្រះភាគថា បពិត្រព្រះគោតមដ៏ចំរើន កាលវេលា​ដល់​ហើយ ភត្តសម្រេចហើយ។ គ្រានោះ ព្រះមានបុណ្យទ្រង់ស្បង់ ប្រដាប់បាត្រ និងចីវរ​ក្នុងបុព្វណ្ហសម័យ ទ្រង់ស្តេចចូលទៅឯអាស្រម របស់កេណិយជដិល លុះទ្រង់​ចូល​ទៅ​ដល់​ហើយ ក៏គង់លើអាសនៈ ដែលគេក្រាលថ្វាយ មួយអន្លើដោយភិក្ខុសង្ឃ។ លំដាប់នោះ កេណិយជដិល អង្គាសភិក្ខុសង្ឃ មានព្រះពុទ្ធ​ជាប្រធាន ឲ្យឆ្អែតស្កប់ស្កល់ ដោយខាទនីយភោជនីយាហារដ៏ប្រសើរ ដោយដៃខ្លួនឯង។ កេណិយជដិល បានដឹងថា ព្រះមានព្រះភាគ ទ្រង់សោយឆ្អែត លែងលូកព្រះហស្តទៅ​ក្នុងបាត្រហើយ ក៏កាន់យកអាសនៈមួយយ៉ាងទាប អង្គុយក្នុងទីសមគួរ។

[២៨] លុះកេណិយជដិល អង្គុយក្នុងទីសមគួរហើយ ព្រះមានព្រះភាគ ទ្រង់​អនុមោទនា ដោយគាថាទាំងនេះថា

យ័ញ្ញទាំងឡាយ មានការបូជាភ្លើងជាប្រធាន គម្ពីរសាវិត្តិសាស្ត្រ ជាប្រធាន​នៃឆន្ទសាស្ត្រ ព្រះរាជា ជាប្រធាននៃពួកមនុស្ស សាគរ ជាប្រធាននៃពួកនទី ព្រះចន្ទ្រ ជាប្រធាននៃពួកផ្កាយ ព្រះអាទិត្យជាប្រធាននៃពួកកំដៅ ព្រះសង្ឃ​ក៏​ជាប្រធាន នៃមនុស្សទាំងឡាយ អ្នកចង់បានបុណ្យ កាលបូជា។

លុះព្រះមានព្រះភាគ ទ្រង់ញុំាង​កេណិយជដិល ឲ្យរីករាយតាម ដោយគាថា​ទាំងនេះហើយ ទ្រង់ក្រោកអំពីអាសនៈចេញទៅ។ លំដាប់នោះ សេលភិក្ខុមានអាយុ ព្រម​ទាំងបរិស័ទ ចៀសចេញអំពីពួក ជាអ្នកមិនមានសេចក្តីប្រហែសធ្វេស មានសេចក្តីព្យាយាម មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន សម្រាន្តនៅដោយឥរិយាបថទាំង​៤ កុលបុត្រ ដែលចេញចាកផ្ទះ ទៅបួសក្នុងផ្នួស ដោយប្រពៃ ដើម្បីប្រយោជន៍ ដល់អនុត្តរ​ធម៌ណា មិនយូរប៉ុន្មាន ក៏បានធ្វើឲ្យជាក់ច្បាស់ នូវអនុត្តរធម៌នោះ ជាធម៌ទី​បំផុត នៃ​មគ្គ​ព្រហ្មចរិយៈ ដោយខ្លួនឯង ក្នុងបច្ចុប្បន្ននេះ ហើយក៏ដឹងថា ជាតិរបស់អញ អស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញ បានប្រព្រឹត្តគ្រប់គ្រាន់ហើយ សោឡសកិច្ច ក៏អាត្មា​អញ បានធ្វើ​ស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ច​នេះទៀត មិនមានឡើយ។ បណ្តាព្រះអរហន្តទាំងឡាយ សេលភិក្ខុមានអាយុ ព្រមទាំងបរិស័ទ ក៏ជាព្រះអរហន្ត​នឹងគេដែរ។

[២៩] គ្រានោះ សេលភិក្ខុមានអាយុ ព្រមទាំងបរិស័ទ ចូលទៅគាល់​ព្រះមាន​ព្រះភាគ លុះចូលទៅដល់ហើយ ធ្វើចីពរឆៀងស្មាម្ខាង ប្រណម្យ​អញ្ជលី ចំពោះ​ព្រះមាន​ព្រះភាគ ពោលគាថាទាំងឡាយ ចំពោះព្រះមានព្រះភាគថា

បពិត្រព្រះអង្គ ទ្រង់មានបញ្ញាចក្ខុ យើងខ្ញុំទាំងឡាយ បានដល់នូវទីពឹង រាប់មក​ដល់ថ្ងៃនេះ គម្រប់ជា៨ថ្ងៃហើយ បពិត្រព្រះមានបុណ្យ យើងខ្ញុំទាំងឡាយ បាន​ទូន្មានខ្លួន តាមព្រះសាសនា របស់ព្រះអង្គ អស់៧រាត្រីហើយ ព្រះអង្គ ជាព្រះពុទ្ធ ព្រះអង្គ ជាបរមសាស្តា ព្រះអង្គ ជាអ្នកប្រាជ្ញ គ្របសង្កត់នូវមារ ព្រះអង្គជាអ្នក​ឈ្លាសវៃ ក្នុងអនុសយធម៌ ទ្រង់ឆ្លង (ចាកសង្សារវដ្ត) បានដោយព្រះអង្គឯង ហើយទ្រង់ចម្លងពពួក​សត្វនេះ ឲ្យឆ្លងបានផង ព្រះអង្គកន្លងផុតឧបធិ ព្រះអង្គ​ទម្លាយនូវអាសវៈទាំងឡាយ ព្រះអង្គមិនមានឧបាទាន ទ្រង់លះបង់នូវភ័យ ដែល​គួរខ្លាចទាំងអស់ ដូចសីហៈ ភិក្ខុទាំង ៣០០រូបនេះ ឈរប្រណម្យ​អញ្ជលី បពិត្រព្រះអង្គ អ្នកមានព្យាយាម សូមព្រះអង្គលាព្រះបាទទាំងគូ ពួកនាគ គឺភិក្ខុ សូមក្រាបថ្វាយបង្គំ ចំពោះ​ព្រះអង្គជាបរមសាស្តា។

ចប់ សេលសូត្រ ទី២។

អស្សលាយនសូត្រ ទី៣

(៣. អស្សលាយនសុត្តំ)

[៣០] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ គង់នៅក្នុង​ជេតវនារាម របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ សម័យនោះឯង បណ្តាពួក​ព្រាហ្មណ៍ អ្នកមកពីដែនផ្សេងៗ មានពួកព្រាហ្មណ៍ ចំនួន​៥០០នាក់ នៅអាស្រ័យ​ក្នុងក្រុង​សាវត្ថី ដោយកិច្ចការនីមួយ។ ព្រាហ្មណ៍ទាំងនោះ មានសេចក្តីត្រិះរិះថា ព្រះសមណគោតមនេះ តែងបញ្ញត្តនូវសេចក្តីបរិសុទ្ធិ ចំពោះវណ្ណៈទាំង៤ ឱនរណាហ្ន៎ ទើបសមនឹងពិគ្រោះពាក្យនេះ មួយអន្លើដោយព្រះសមណគោតមបាន។ សម័យនោះឯង មាណពឈ្មោះ អស្សលាយនៈ នៅអាស្រ័យក្នុងក្រុងសាវត្ថី ជាមនុស្សក្មេង មានក្បាល​កោរ មានអាយុ១៦ឆ្នាំ អំពីកំណើត បានដល់នូវត្រើយនៃត្រៃវេទ ព្រមទាំងគម្ពីរនិឃណ្ឌុ គម្ពីរ​កេដុភៈ ព្រមទាំងអក្ខរប្បភេទ គឺសិក្ខា និងនិរុត្តិ ដែលមានគម្ពីរឥតិហាសៈ ជាគម្រប់​៥ ជាអ្នករៀននូវបទ និងវេយ្យាករណ៍ ជាអ្នកមិនឱនថយ គឺស្ទាត់ជំនាញក្នុងលោកាយត​សាស្ត្រ និងមហាបុរិសលក្ខណព្យាករណសាស្ត្រ។ ព្រាហ្មណ៍ទាំងនោះ មានសេចក្តីត្រិះ​រិះដូច្នេះថា អស្សលាយនមាណពនេះ នៅអាស្រ័យ​ក្នុងក្រុងសាវត្ថី ជាមនុស្សក្មេង។បេ។ ជាអ្នកមិនឱនថយ គឺស្ទាត់ជំនាញ មានតែមាណពនោះ ទើបសមនឹងពិគ្រោះ​ពាក្យនោះ មួយអន្លើ ដោយព្រះសមណគោតមបាន។

[៣១] គ្រានោះ ព្រាហ្មណ៍ទាំងនោះ នាំគ្នាចូលទៅរកអស្សលាយនមាណព លុះចូលទៅដល់ហើយ និយាយនឹងអស្សលាយនមាណព ដូច្នេះថា ម្នាល​អស្សលាយនៈ​ដ៏ចម្រើន ព្រះសមណគោតមនេះ តែងបញ្ញត្តនូវសេចក្តីបរិសុទ្ធិ ចំពោះវណ្ណទាំង៤ ម្នាលអស្សលាយនៈ ចូរអ្នកដ៏ចម្រើនមក ចូរអ្នក​ដ៏ចម្រើនពិគ្រោះពាក្យនោះ មួយអន្លើ​ដោយព្រះសមណគោតម។ កាលបើព្រាហ្មណ៍ទាំងនោះ និយាយយ៉ាងនេះហើយ អស្សលាយនមាណព ក៏និយាយនឹងព្រាហ្មណ៍​ទាំងនោះ ដូច្នេះថា ម្នាល​អ្នកដ៏ចម្រើន ឮថា​ព្រះសមណគោតម ជាធម្មវាទី ទុកជាពួកបុគ្គលជាធម្មវាទីផងគ្នា ក៏រមែង​ពិគ្រោះ​បានដោយលំបាក ខ្ញុំមិនអាចពិគ្រោះពាក្យនោះ មួយអន្លើដោយព្រះសមណគោតម​ឡើយ។ ព្រាហ្មណ៍ទាំងនោះ និយាយនឹងអស្សលាយនមាណព ជាគំរប់ពីរដង ដូច្នេះ​ថា ម្នាល​អស្សលាយនៈ​ដ៏ចម្រើន ព្រះសមណគោតមនេះ តែងបញ្ញត្តនូវសេចក្តីបរិសុទ្ធិ ចំពោះ​វណ្ណទាំង៤ ម្នាលអស្សលាយនៈ ចូរអ្នកដ៏ចម្រើនមក ចូរអ្នក​ដ៏ចម្រើន​ទៅ​ពិគ្រោះ​ពាក្យ​នោះ មួយអន្លើ​ដោយព្រះសមណគោតម។ អស្សលាយនមាណព និយាយនឹង​ព្រាហ្មណ៍​ទាំងនោះ ជាគំរប់ពីរដង ដូច្នេះថា ម្នាល​អ្នកដ៏ចម្រើន ឮថា​ ព្រះសមណគោតម ជាធម្មវាទី ទុកជាពួកបុគ្គលជាធម្មវាទីផងគ្នា ក៏​ពិគ្រោះ​បានដោយលំបាក ខ្ញុំមិនអាច​ពិគ្រោះ​​ពាក្យ​នោះ មួយអន្លើដោយព្រះសមណគោតម​ឡើយ។ ព្រាហ្មណ៍ទាំងនោះ និយាយនឹងអស្សលាយនមាណព ជាគំរប់៣ដង ដូច្នេះ​ថា ម្នាល​អស្សលាយនៈ​ដ៏ចម្រើន ព្រះសមណគោតមនេះ តែងបញ្ញត្តនូវសេចក្តីបរិសុទ្ធិ ចំពោះវណ្ណទាំង៤ ម្នាល​អស្សលាយនៈ ចូរអ្នកដ៏ចម្រើនមក ចូរអ្នក​ដ៏ចម្រើនពិគ្រោះពាក្យនោះ មួយអន្លើ​ដោយព្រះសមណគោតម ដ្បិតអស្សលាយនៈដ៏ចម្រើន ធ្លាប់ប្រព្រឹត្តនឹង​បរិព្វាជក​មកដែរហើយ សូមអស្សលាយនៈដ៏ចម្រើន ច្បាំងឲ្យឈ្នះ កុំឲ្យចាញ់ឡើយ។ កាលបើព្រាហ្មណ៍​ទាំងនោះ និយាយយ៉ាងនេះហើយ អស្សលាយនមាណព និយាយនឹង​ព្រាហ្មណ៍​ទាំងនោះ ដូច្នេះថា បពិត្រអ្នកដ៏ចម្រើនទាំងឡាយ ខ្ញុំ (ទៅពិគ្រោះ) មិនបាន​ដោយដាច់ខាត ម្នាល​អ្នកដ៏ចម្រើន ឮថា​ ព្រះសមណគោតម ជាធម្មវាទី ទុកជាពួក​បុគ្គល​ជាធម្ម​វាទីផងគ្នា ក៏​ពិគ្រោះ​បានដោយលំបាក ខ្ញុំមិនហ៊ានពិគ្រោះពាក្យនោះ មួយ​អន្លើ​ដោយ​ព្រះសមណគោតម​ទេ ខ្ញុំគ្រាន់តែទៅតាមពាក្យរបស់អ្នកដ៏ចម្រើនទាំងឡាយ​ប៉ុណ្ណោះ។

[៣២] លំដាប់នោះ អស្សលាយនមាណព ចូលទៅរកព្រះមានព្រះភាគ ជាមួយនឹង​ពួកព្រាហ្មណ៍ជាច្រើននាក់ លុះចូលទៅដល់ហើយ ក៏និយាយរាក់ទាក់​ សំណេះសំណាល មួយអន្លើដោយព្រះមានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យគួររលឹកហើយ ក៏អង្គុយក្នុងទីសមគួរ លុះអស្សលាយនមាណព អង្គុយក្នុងទី​សមគួរហើយ ក៏ក្រាបបង្គំទូល​ព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន ពួក​ព្រាហ្មណ៍តែងនិយាយយ៉ាងនេះថា មានតែពួកព្រាហ្មណ៍ទេ ទើបជាវណ្ណៈ​ប្រសើរ វណ្ណៈ​ឯទៀត ជាវណ្ណៈថោកទាប ពួកព្រាហ្មណ៍ ទើបជាវណ្ណៈស វណ្ណៈ​ឯទៀត ជាវណ្ណៈខ្មៅ ពួក​ព្រាហ្មណ៍ ទើបបរិសុទ្ធ មិនមែនពួកព្រាហ្មណ៍ មិនបរិសុទ្ធទេ ពួកព្រាហ្មណ៍​ជាបុត្រ​ ជាឱរស កើតមកអំពីព្រះឱស្ឋព្រះព្រហ្ម មានព្រះព្រហ្ម ជាអ្នកបង្កើត មានព្រះព្រហ្ម​ជាអ្នកនិម្មិត ជាញាតិនឹងព្រះព្រហ្ម ត្រង់នេះ តើព្រះគោតមដ៏ចំរើន សំដែងដូចម្តេច។

[៣៣] ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលអស្សលាយនៈ នាងព្រាហ្មណី​ទាំងឡាយ របស់ពួកព្រាហ្មណ៍ ជាស្ត្រីមានរដូវ មាគភ៌ សម្រាលកូន និងបំបៅកូន (អ្នករាល់គ្នា) ក៏ឃើញដែរ តែព្រាហ្មណ៍ដែលប្រាកដជាកើតអំពី​យោនីទាំងនោះ ត្រឡប់​ជានិយាយថា ពួកព្រាហ្មណ៍ទើបជាវណ្ណៈ​ប្រសើរ វណ្ណៈ​ឯទៀត ជាវណ្ណៈថោកទាប ពួកព្រាហ្មណ៍ ទើបជាវណ្ណៈស វណ្ណៈ​ឯទៀត ជាវណ្ណៈខ្មៅ ពួក​ព្រាហ្មណ៍ ទើបបរិសុទ្ធ មិនមែនពួកព្រាហ្មណ៍ មិនបរិសុទ្ធទេ ពួកព្រាហ្មណ៍​ជាបុត្រ​ ជាឱរស កើតមកអំពី​ព្រះឱស្ឋ​នៃព្រះព្រហ្ម មានព្រហ្ម ជាអ្នកបង្កើត មានព្រហ្ម​ជាអ្នកនិម្មិត ជាញាតិនឹងព្រហ្ម យ៉ាងនេះទៅវិញ។ អស្សលាយនមាណព ក្រាបបង្គំទូលថា ព្រះគោតមដ៏ចំរើនត្រាស់​យ៉ាងនេះ ក៏សមដែរហើយ តែថាពួកព្រាហ្មណ៍ តែងយល់សេចក្តីនុ៎ះ ក្នុងរឿងនុ៎ះ យ៉ាង​នេះថា ពួកព្រាហ្មណ៍ ទើបជាវណ្ណៈប្រសើរ។បេ។ ជាញាតិនឹងព្រះព្រហ្ម។

[៣៤] ព្រះអង្គត្រាស់សួរថា ម្នាលអស្សលាយនៈ អ្នកយល់សេចក្តីនោះ ដូចម្តេច ក្រែងអ្នកធ្លាប់បានឮថា ក្នុងយោនករដ្ឋ និងកម្ពោជរដ្ឋទាំងឡាយ និងបច្ចន្តិមជនបទ​ទាំង​ឡាយឯទៀត មានវណ្ណៈ២ គឺម្ចាស់១ ខ្ញុំ១ ម្ចាស់ត្រឡប់ទៅជាខ្ញុំ ខ្ញុំត្រឡប់ទៅជាម្ចាស់វិញ មានដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គធ្លាប់បានឮមកថា ក្នុងយោនករដ្ឋ និងកម្ពោជរដ្ឋ​ទាំងឡាយ និងបច្ចន្តិមជនបទ​ទាំង​ឡាយឯទៀត មានវណ្ណៈ២ គឺម្ចាស់១ ខ្ញុំ១ ម្ចាស់ត្រឡប់ទៅជាខ្ញុំ ខ្ញុំត្រឡប់ទៅជាម្ចាស់វិញ ដូច្នេះដែរ។ ម្នាលអស្សលាយនៈ បណ្តា​វណ្ណៈ ទាំង២​នុ៎ះ ពួកព្រាហ្មណ៍មានកម្លាំងដូចម្តេច មានទីពឹងពំនាក់ដូចម្តេច បានជាពួកព្រាហ្មណ៍ ហ៊ាន​និយាយយ៉ាងនេះ ក្នុងរឿងនុ៎ះថា ពួកព្រាហ្មណ៍ ទើបជា​វណ្ណៈប្រសើរ វណ្ណៈឯទៀត ជាវណ្ណៈថោកទាប។បេ។ ជាញាតិនឹងព្រហ្មដូច្នោះ។ ព្រះគោតមដ៏ចំរើន ត្រាស់យ៉ាងនេះ ក៏សមដែរ តែថាពួកព្រាហ្មណ៍ នៅតែយល់សេចក្តីនុ៎ះ ក្នុងរឿងនុ៎ះយ៉ាងនេះថា ពួក​ព្រាហ្មណ៍ ទើបជាវណ្ណៈប្រសើរ វណ្ណៈឯទៀត ជាវណ្ណៈថោកទាប។បេ។ ជាញាតិ​នឹង​ព្រះព្រហ្មដដែល។

[៣៥] ព្រះអង្គត្រាស់សួរថា ម្នាលអស្សលាយនៈ អ្នកយល់សេចក្តីនោះ ដូចម្តេច (បើ) ក្សត្រិយ៍ ជាអ្នកសម្លាប់សត្វ កាន់យកទ្រព្យ ដែលគេមិនបានឲ្យ ប្រព្រឹត្តខុសក្នុង​កាមទាំងឡាយ និយាយពាក្យកុហក និយាយពាក្យញុះញង់ និយាយពាក្យអាក្រក់ និយាយពាក្យឥតប្រយោជន៍ មានចិត្តរំពៃចង់បានទ្រព្យគេ មានចិត្តគុំគួន មានគំនិត​យល់ខុស លុះរំលាងកាយបន្ទាប់អំពីសេចក្តីស្លាប់ ទៅកើត​ក្នុងអបាយ ទុគ្គតិ វិនិបាត នរក ឯព្រាហ្មណ៍មិនទៅកើតទេឬ (បើ) វេស្សៈ… សុទ្ទៈ ជាអ្នកសម្លាប់សត្វ កាន់យកទ្រព្យដែល​គេមិនបានឲ្យ ប្រព្រឹត្តខុសក្នុង​កាមទាំងឡាយ និយាយពាក្យកុហក និយាយពាក្យ​ញុះ​ញង់ និយាយពាក្យអាក្រក់ និយាយពាក្យឥតប្រយោជន៍ មានចិត្តរំពៃចង់បានទ្រព្យគេ មានចិត្តគុំគួន មានគំនិត​យល់ខុស លុះរំលាងកាយបន្ទាប់អំពីសេចក្តីស្លាប់ ក៏ទៅកើត​ក្នុងអបាយ ទុគ្គតិ វិនិបាត នរក ឯព្រាហ្មណ៍ (បើទុកជាសម្លាប់សត្វជាដើម) មិនទៅកើត(ក្នុងអបាយ)ទេឬ។ អស្សលាយនមាណព ក្រាបបង្គំទូលថា បពិត្រព្រះគោតមដ៏ចំរើន មិនមែនដូច្នោះទេ បពិត្រព្រះគោតមដ៏ចំរើន (បើ) ក្សត្រិយ៍ជាអ្នក​សម្លាប់សត្វ កាន់យកទ្រព្យ ដែលគេមិនបានឲ្យ ប្រព្រឹត្តខុសក្នុង​កាមទាំងឡាយ និយាយពាក្យកុហក និយាយពាក្យញុះញង់ និយាយពាក្យអាក្រក់ និយាយពាក្យឥតប្រយោជន៍ មានចិត្តរំពៃចង់បានទ្រព្យគេ មានចិត្តគុំគួន មានគំនិត​យល់ខុស លុះរំលាងកាយបន្ទាប់អំពីសេចក្តីស្លាប់ ក៏ទៅកើត​ក្នុងអបាយ ទុគ្គតិ វិនិបាត នរកដែរ បពិត្រព្រះគោតមដ៏ចំរើន ព្រាហ្មណ៍ក្តី… បពិត្រព្រះគោតមដ៏ចំរើន វេស្សៈក្តី… បពិត្រព្រះគោតមដ៏ចំរើន សុទ្ទៈក្តី… បពិត្រព្រះគោតមដ៏ចំរើន វណ្ណៈទាំង៤ (បើ) ជាអ្នកសម្លាប់សត្វ កាន់យកទ្រព្យ ដែលគេមិនបានឲ្យ ប្រព្រឹត្តខុសក្នុង​កាមទាំងឡាយ និយាយពាក្យកុហក និយាយពាក្យញុះញង់ និយាយពាក្យអាក្រក់ និយាយពាក្យឥត​ប្រយោជន៍ មានចិត្តរំពៃចង់បានទ្រព្យគេ មានចិត្តគុំគួន មានគំនិត​យល់ខុស លុះរំលាង​កាយ បន្ទាប់អំពីសេចក្តីស្លាប់ នឹងទៅកើត​ក្នុងអបាយ ទុគ្គតិ វិនិបាត នរកទាំងអស់ពុំខាន​ទេ។ ម្នាលអស្សលាយនៈ បណ្តាវណ្ណៈទាំង៤នុ៎ះ ពួកព្រាហ្មណ៍មានកម្លាំង​ដូចម្តេច មានទីពឹងពំនាក់ដូចម្តេច បានជាពួកព្រាហ្មណ៍ ហ៊ាន​និយាយយ៉ាងនេះ ក្នុងរឿងនុ៎ះថា ពួកព្រាហ្មណ៍ទើបជាវណ្ណៈប្រសើរ វណ្ណៈឯទៀត ជាវណ្ណៈថោកទាប។បេ។ ជាញាតិនឹងព្រហ្មដូច្នោះ។ ព្រះគោតមដ៏ចំរើន ត្រាស់យ៉ាងនេះ ក៏សមដែរ តែថាពួកព្រាហ្មណ៍ នៅតែយល់សេចក្តីនុ៎ះ ក្នុងរឿងនុ៎ះយ៉ាងនេះដដែលថា ពួក​ព្រាហ្មណ៍ ទើបជាវណ្ណៈប្រសើរ វណ្ណៈឯទៀត ជាវណ្ណៈថោកទាប។បេ។ ជាញាតិ​នឹង​ព្រះព្រហ្ម។

[៣៦] ព្រះអង្គត្រាស់សួរថា ម្នាលអស្សលាយនៈ អ្នកយល់សេចក្តីនោះដូចម្តេច លុះតែព្រាហ្មណ៍វៀរចាកបាណាតិបាត វៀរចាកអទិន្នាទាន វៀរចាកកាមេសុមិច្ឆាចារ វៀរចាកមុសាវាទ វៀរចាកបិសុណាវាចា វៀរចាកផរុសវាចា វៀរចាកសម្ផប្បលាបៈ មិនមាន​អភិជ្ឈា មិនមានចិត្តព្យាបាទ ជាសម្មាទិដ្ឋិ លុះរំលាង​កាយ បន្ទាប់អំពីសេចក្តីស្លាប់ ទើបទៅកើត​ក្នុងសុគតិសួគ៌ទេវលោកបាន ក្សត្រិយ៍ទៅមិនបាន វេស្សៈទៅមិនបាន សុទ្ទៈ​ក៏ទៅ​មិនបានទេឬ។ អស្សលាយនមាណព ក្រាបបង្គំទូលថា បពិត្រព្រះគោតមដ៏ចំរើន មិនមែន​ដូច្នោះទេ បពិត្រព្រះគោតមដ៏ចំរើន តាមពិត ក្សត្រិយ៍ក្តី វៀរចាកបាណាតិបាត វៀរចាកអទិន្នាទាន វៀរចាកកាមេសុមិច្ឆាចារ វៀរចាកមុសាវាទ វៀរចាកបិសុណាវាចា វៀរចាកផរុសវាចា វៀរចាកសម្ផប្បលាបៈ មិនមាន​អភិជ្ឈា មិនមានចិត្តព្យាបាទ ជាសម្មាទិដ្ឋិ លុះរំលាង​កាយ បន្ទាប់អំពីសេចក្តីស្លាប់ ក៏ទៅកើត​ក្នុងសុគតិសួគ៌ទេវលោក​ដែរ បពិត្រព្រះគោតមដ៏ចំរើន ព្រាហ្មណ៍ក្តី… បពិត្រព្រះគោតមដ៏ចំរើន វេស្សៈក្តី… បពិត្រព្រះគោតមដ៏ចំរើន សុទ្ទៈក្តី… បពិត្រព្រះគោតមដ៏ចំរើន តាមពិត​សូម្បីវណ្ណៈ​ទាំង៤ បើវៀរចាកបាណាតិបាត វៀរចាកអទិន្នាទាន វៀរចាកកាមេសុមិច្ឆាចារ វៀរចាកមុសាវាទ វៀរចាកបិសុណាវាចា វៀរចាកផរុសវាចា វៀរចាកសម្ផប្បលាបៈ មិនមាន​អភិជ្ឈា មិនមាន​ចិត្តព្យាបាទ ជាសម្មាទិដ្ឋិ លុះរំលាង​កាយ បន្ទាប់អំពីសេចក្តីស្លាប់ នឹងទៅកើត​ក្នុង​សុគតិសួគ៌​ទេវលោកទាំងអស់ពុំខានឡើយ។ ម្នាលអស្សលាយនៈ បណ្តាវណ្ណៈ​ទាំង៤នុ៎ះ ពួកព្រាហ្មណ៍មានកម្លាំងដូចម្តេច មានទីពឹងពំនាក់ដូចម្តេច បានជាពួកព្រាហ្មណ៍ហ៊ាននិយាយយ៉ាងនេះ ក្នុងរឿងនុ៎ះថា ពួកព្រាហ្មណ៍ ទើបជាវណ្ណៈប្រសើរ វណ្ណៈឯទៀត ជាវណ្ណៈថោកទាប។បេ។ ជាញាតិនឹងព្រហ្មដូច្នោះ។ ព្រះគោតមដ៏ចំរើន ត្រាស់យ៉ាងនេះ ក៏សមដែរហើយ តែថាពួកព្រាហ្មណ៍ នៅតែសំគាល់​សេចក្តី​នុ៎ះ ក្នុងរឿងនុ៎ះយ៉ាងនេះដដែលថា ពួក​ព្រាហ្មណ៍ ទើបជាវណ្ណៈប្រសើរ វណ្ណៈឯទៀត ជាវណ្ណៈថោកទាប។បេ។ ជាញាតិ​នឹង​ព្រះព្រហ្ម។

[៣៧] ព្រះអង្គត្រាស់សួរថា ម្នាលអស្សលាយនៈ អ្នកយល់សេចក្តីនោះដូចម្តេច លុះតែព្រាហ្មណ៍ ទើបគួរចំរើនចិត្តមេត្តា មិនមានពៀរ មិនមានព្យាបាទ ក្នុងប្រទេស​នោះបាន ក្សត្រិយ៍ចំរើនមិនបាន វេស្សៈចំរើនមិនបាន សុទ្ទៈក៏ចំរើនមិនបានទេឬ។ អស្សលាយនមាណព ក្រាបបង្គំទូលថា បពិត្រព្រះគោតមដ៏ចំរើន មិនមែន​ដូច្នោះទេ បពិត្រព្រះគោតមដ៏ចំរើន តាមពិត ក្សត្រិយ៍ក្តី ក៏គួរចំរើនចិត្តមេត្តា មិនមានពៀរ មិនមានព្យាបាទ ក្នុងប្រទេស​នោះបានដែរ បពិត្រព្រះគោតមដ៏ចំរើន ព្រាហ្មណ៍ក្តី… បពិត្រព្រះគោតមដ៏ចំរើន វេស្សៈក្តី… បពិត្រព្រះគោតមដ៏ចំរើន សុទ្ទៈក្តី… បពិត្រព្រះគោតមដ៏ចំរើន វណ្ណៈ​ទាំង៤ តាមពិត សុទ្ធតែគួរ​ចំរើនចិត្តមេត្តា មិនមានពៀរ មិនមានព្យាបាទ ក្នុងប្រទេស​នោះបាន ទាំងអស់គ្នា។ ម្នាលអស្សលាយនៈ បណ្តាវណ្ណៈ​ទាំង៤នុ៎ះ ពួកព្រាហ្មណ៍មានកម្លាំងដូចម្តេច មានទីពឹងពំនាក់ដូចម្តេច បានជាពួក​ព្រាហ្មណ៍​ហ៊ាននិយាយយ៉ាងនេះ ក្នុងរឿងនុ៎ះថា ពួកព្រាហ្មណ៍ ទើបជាវណ្ណៈប្រសើរ វណ្ណៈឯទៀត ជាវណ្ណៈថោកទាប។បេ។ ជាញាតិនឹងព្រហ្មដូច្នោះ។ ព្រះគោតមដ៏ចំរើន ត្រាស់យ៉ាងនេះ ក៏សមដែរ តែថាពួកព្រាហ្មណ៍ នៅតែសំគាល់​សេចក្តី​នុ៎ះ ក្នុងរឿងនុ៎ះ​យ៉ាងនេះដដែលថា ពួក​ព្រាហ្មណ៍ ទើបជាវណ្ណៈប្រសើរ វណ្ណៈឯទៀត ជាវណ្ណៈថោក​ទាប។បេ។ ជាញាតិ​នឹង​ព្រះព្រហ្ម។

[៣៨] ព្រះអង្គត្រាស់សួរថា ម្នាលអស្សលាយនៈ អ្នកយល់សេចក្តីនោះដូចម្តេច លុះតែព្រាហ្មណ៍ ទើបគួរនាំយកកញ្ចប់គ្រឿងលំអិត សម្រាប់ដុសកាយ និងគ្រឿងងូត ទៅកាន់ស្ទឹង ដើម្បីជម្រះក្អែលបាន ក្សត្រិយ៍ មិនគួរ វេស្សៈមិនគួរ សុទ្ទៈមិនគួរឬ។ អស្សលាយនមាណព ក្រាបបង្គំទូលថា បពិត្រព្រះគោតមដ៏ចំរើន មិនមែនដូច្នោះទេ បពិត្រព្រះគោតមដ៏ចំរើន តាមពិត ក្សត្រិយ៍ក្តី ក៏គួរកាន់យកកញ្ចប់គ្រឿងលំអិត សម្រាប់​ដុសកាយ និងគ្រឿងងូត ទៅកាន់ស្ទឹង ដើម្បី​ជម្រះក្អែលដែរ បពិត្រព្រះគោតមដ៏ចំរើន ព្រាហ្មណ៍ក្តី… បពិត្រព្រះគោតមដ៏ចំរើន វេស្សៈក្តី… បពិត្រព្រះគោតមដ៏ចំរើន សុទ្ទៈក្តី… បពិត្រព្រះគោតមដ៏ចំរើន តាមពិត វណ្ណៈទាំង ៤ សុទ្ធតែគួរកាន់យកកញ្ចប់​គ្រឿងលំអិត សម្រាប់ដុសកាយ និងគ្រឿងងូត ទៅកាន់ស្ទឹង ដើម្បីជម្រះក្អែល​បានទាំងអស់គ្នា។ ម្នាលអស្សលាយនៈ បណ្តាវណ្ណៈ​ទាំង៤នុ៎ះ ពួកព្រាហ្មណ៍មានកម្លាំងដូចម្តេច មាន​ទីពឹង​ពំនាក់ដូចម្តេច បានជាពួក​ព្រាហ្មណ៍​ហ៊ាននិយាយយ៉ាងនេះ ក្នុងរឿងនុ៎ះថា ព្រាហ្មណ៍ ទើបជាវណ្ណៈប្រសើរ វណ្ណៈឯទៀត ជាវណ្ណៈថោកទាប។បេ។ ជាញាតិនឹងព្រហ្មដូច្នោះ។ ព្រះគោតមដ៏ចំរើន ត្រាស់យ៉ាងនេះ ក៏សមដែរ តែថាពួកព្រាហ្មណ៍ នៅតែសំគាល់​សេចក្តី​នុ៎ះ ក្នុងរឿងនុ៎ះ​យ៉ាងនេះដដែលថា ពួក​ព្រាហ្មណ៍ ទើបជាវណ្ណៈប្រសើរ វណ្ណៈឯទៀត ជាវណ្ណៈថោក​ទាប។បេ។ ជាញាតិ​នឹង​ព្រះព្រហ្ម។

[៣៩] ព្រះអង្គត្រាស់សួរថា ម្នាលអស្សលាយនៈ អ្នកយល់សេចក្តីនោះដូចម្តេច ក្សត្រិយ៍ ជាព្រះរាជាក្នុងលោកនេះ បានមុទ្ធាភិសេកហើយ ប្រជុំពួកបុរស មានជាតិផ្សេង​ៗ ចំនួន១០០នាក់ ដោយព្រះតម្រាស់ថា អ្នកដ៏ចម្រើនទាំងឡាយចូរមក បណ្តាពួក​បុរស​ទាំងនោះ ពួកបុរសណា ដែលចេញអំពីពួកខត្តិយត្រកូលក្តី ព្រាហ្មណត្រកូលក្តី រាជញ្ញត្រកូលក្តី មកចួបជុំគ្នាហើយ ពួកបុរសនោះ ចូរកាន់យកពំនួតភ្លើងខាងលើ ដែល​ធ្វើពីឈើស្រាយក្តី ឈើខ្លឹមក្តី ដើមស្រល់ក្តី ដើមចន្ទន៍ក្តី ដើមឈូកក្រហមក្តី ហើយចូរពួត​ភ្លើង ចូរធ្វើភ្លើងឲ្យកើត ប្រាកដឡើង មួយទៀត អ្នកដ៏ចម្រើនទាំងឡាយ ចូរមក បណ្តាពួក​បុរសទាំងនោះ ពួកបុរសណា ដែលចេញអំពីពួកចណ្ឌាលត្រកូលក្តី នេសាទ​ត្រកូលក្តី វេណុត្រកូល (ត្រកូលអ្នកត្បាញឫស្សី)ក្តី រថការត្រកូល (ត្រកូលជាងរថ)ក្តី បុក្កុសត្រកូល (ត្រកូលអ្នកចាក់សម្រាម)ក្តី មកចួបជុំគ្នាហើយ​ ពួកបុរសនោះ ចូរកាន់យក​ពំនួតភ្លើងខាងលើ ដែល​ធ្វើពីស្នូកឆ្កែក្តី ស្នូកជ្រូកក្តី ស្នូកជាងជ្រលក់ក្តី ដើមល្ហុងប្រេងក្តី ហើយចូរពួតភ្លើង ចូរធ្វើភ្លើងឲ្យកើតប្រាកដឡើង ដូច្នេះ ម្នាលអស្សលាយនៈ អ្នកយល់​សេចក្តីនោះដូចម្តេច ភ្លើងណា ដែលពួកបុរស ចេញអំពីខត្តិយត្រកូលក្តី ព្រាហ្មណ​ត្រកូល​ក្តី រាជញ្ញត្រកូលក្តី មកចួបជុំគ្នាហើយ កាន់យកពំនួតភ្លើងខាងលើ ដែល​ធ្វើពីឈើស្រាយក្តី ឈើខ្លឹមក្តី ដើមស្រល់ក្តី ដើមចន្ទន៍ក្តី ដើមឈូកក្រហមក្តី មកពួត ​ភ្លើងក៏ឆេះប្រាកដឡើង ភ្លើងនោះឯង ទើបមានអណ្តាត មានពណ៌ ទាំងមានពន្លឺ បុគ្គលអាចធ្វើ​កិច្ចការ ដែលត្រូវ​ធ្វើដោយភ្លើង ដោយសារភ្លើងនោះ បានឬ ចំណែកឯភ្លើងណា ដែលពួកបុរស ចេញអំពីពួកចណ្ឌាលត្រកូលក្តី នេសាទ​ត្រកូលក្តី វេណុត្រកូលក្តី រថការត្រកូលក្តី បុក្កុសត្រកូលក្តី មកចួបជុំគ្នាហើយ​ កាន់យក​ឈើពំនួត​ភ្លើងខាងលើ ដែល​ធ្វើពីស្នូកឆ្កែក្តី ស្នូកជ្រូកក្តី ស្នូកជាងជ្រលក់ក្តី ដើមល្ហុងប្រេងក្តី មកពួត ភ្លើងក៏ឆេះប្រាកដឡើងដែរ តែភ្លើងនោះ មិនមាន​អណ្តាត មិនមានពណ៌ ទាំងមិនមាន​ពន្លឺ បុគ្គលមិនអាចធ្វើកិច្ចការដែលត្រូវធ្វើដោយភ្លើង ដោយសារភ្លើង​នោះបានទេឬ។ បពិត្រព្រះគោតមដ៏ចំរើន មិនមែនដូច្នោះទេ បពិត្រព្រះគោតមដ៏ចំរើន ភ្លើងណា ដែលពួកបុរស ចេញអំពីខត្តិយត្រកូលក្តី ព្រាហ្មណត្រកូលក្តី រាជញ្ញត្រកូលក្តី មកចួបជុំគ្នាហើយ កាន់យកពំនួតភ្លើង ដែល​ធ្វើពីឈើស្រាយក្តី ឈើខ្លឹមក្តី ដើមស្រល់ក្តី ដើមចន្ទន៍ក្តី ដើមឈូកក្រហមក្តី មកពួត ភ្លើងក៏ឆេះប្រាកដឡើង ភ្លើងនោះ​ឯង មានអណ្តាត មានពណ៌ មានពន្លឺ បុគ្គលអាចធ្វើកិច្ចការ ដែលត្រូវធ្វើដោយភ្លើង ដោយសារភ្លើង​នោះក៏បាន ចំណែកឯភ្លើងណា ដែលពួក​បុរស ចេញ​អំពី​ចណ្ឌាល​ត្រកូល​ក្តី នេសាទ​ត្រកូលក្តី វេណុត្រកូលក្តី រថការត្រកូលក្តី បុក្កុសត្រកូលក្តី មកចួបជុំគ្នាហើយ​ កាន់យក​ឈើពំនួតភ្លើងខាងលើ ដែល​ធ្វើពីស្នូកឆ្កែក្តី ស្នូកជ្រូកក្តី ស្នូកជាងជ្រលក់ក្តី ដើមល្ហុងប្រេងក្តី មកពួត ភ្លើងក៏ឆេះប្រាកដឡើង ភ្លើងនោះឯង ក៏មានអណ្តាត មានពណ៌ មានពន្លឺ បុគ្គលអាចធ្វើកិច្ចការដែលត្រូវធ្វើដោយភ្លើង ដោយសារភ្លើងនោះ បានដូចគ្នា បពិត្រព្រះគោតមដ៏ចំរើន ព្រោះភ្លើងទាំងអស់ សុទ្ធតែមាន​អណ្តាត មានពណ៌ ទាំងមានពន្លឺ បុគ្គលអាចធ្វើកិច្ចការ ដែលត្រូវធ្វើដោយភ្លើង ដោយសារភ្លើង​នោះបាន​ទាំងអស់។ ម្នាលអស្សលាយនៈ បណ្តាវណ្ណៈ​ទាំង៤នោះ ពួកព្រាហ្មណ៍មានកម្លាំង​ដូច​ម្តេច មាន​ទីពឹង​ពំនាក់ដូចម្តេច បានជាពួក​ព្រាហ្មណ៍​ ហ៊ាននិយាយយ៉ាងនេះ ក្នុងរឿងនុ៎ះ​ថា ពួកព្រាហ្មណ៍ ទើបជាវណ្ណៈប្រសើរ វណ្ណៈឯទៀត ជាវណ្ណៈថោកទាប ពួកព្រាហ្មណ៍ ទើបជាវណ្ណៈស វណ្ណៈឯទៀត ជាវណ្ណៈខ្មៅ ពួកព្រាហ្មណ៍ ទើបបរិសុទ្ធ មិនមែនពួក​ព្រាហ្មណ៍ មិនបរិសុទ្ធទេ ពួកព្រាហ្មណ៍ ជាបុត្រ ជាឱរសរបស់ព្រហ្ម កើតអំពី​ព្រះឱស្ឋ​ព្រហ្ម មានព្រហ្ម ជាអ្នកបង្កើត មានព្រហ្ម ជាអ្នកនិម្មិត ជាញាតិនឹងព្រហ្មដូច្នោះ។ ព្រះគោតមដ៏ចំរើន ត្រាស់យ៉ាងនេះ ក៏សមដែរ តែថាពួកព្រាហ្មណ៍ នៅតែសំគាល់​សេចក្តី​នុ៎ះ ក្នុងរឿងនុ៎ះ​ យ៉ាងនេះដដែលថា ពួក​ព្រាហ្មណ៍ ទើបជាវណ្ណៈប្រសើរ វណ្ណៈឯទៀត ជាវណ្ណៈថោក​ទាប។បេ។ ជាញាតិ​នឹង​ព្រះព្រហ្ម។

[៤០] ព្រះអង្គត្រាស់សួរថា ម្នាលអស្សលាយនៈ អ្នកយល់សេចក្តីនោះ ដូចម្តេច (បើ) ខត្តិយកុមារ ក្នុងលោកនេះ សម្រេចសំវាសជាមួយនឹងព្រាហ្មណកញ្ញា កើតបុត្រ​ម្នាក់ឡើង ព្រោះអាស្រ័យ​សំវាសនៃជនទាំងពីរនាក់នោះ បុត្រដែលកើតឡើង ដោយខត្តិយកុមារ និងព្រាហ្មណកញ្ញានោះ ប្រហែលនឹងមាតាផង ប្រហែលនឹងបិតាផង តើគេគួរហៅថា ក្សត្រិយ៍ ឬគេគួរហៅថា ព្រាហ្មណ៍។ អស្សលាយនៈ ក្រាបបង្គំទូល​ថា បពិត្រព្រះគោតមដ៏ចំរើន បុត្រដែលកើតឡើង ដោយខត្តិយកុមារ និងព្រាហ្មណកញ្ញា​នោះ ប្រហែលនឹងមាតាផង ប្រហែលនឹងបិតាផង គេគួរហៅថា ក្សត្រិយ៍ក៏បាន ហៅថា ព្រាហ្មណ៍ក៏បាន។

[៤១] ព្រះអង្គត្រាស់សួរថា ម្នាលអស្សលាយនៈ អ្នកយល់សេចក្តីនោះ ដូចម្តេច (បើ) ព្រាហ្មណកុមារ ក្នុងលោកនេះ សម្រេចសំវាសជាមួយនឹងខត្តិយកញ្ញា កើតបុត្រ​ម្នាក់ឡើង ព្រោះអាស្រ័យ​សំវាស នៃជនទាំងពីរនាក់នោះ បុត្រដែលកើតដោយ​ព្រាហ្មណកុមារ និងខត្តិយកញ្ញានោះ ប្រហែលនឹងមាតាផង ប្រហែលនឹងបិតាផង តើគេគួរហៅថា ក្សត្រិយ៍ ឬគេគួរហៅថា ព្រាហ្មណ៍។ បពិត្រព្រះគោតមដ៏ចំរើន បុត្រដែល​កើតឡើង ដោយព្រាហ្មណកុមារ និងខត្តិយកញ្ញា​នោះ ប្រហែលនឹងមាតាផង ប្រហែល​នឹង​បិតាផង គេគួរហៅថា ក្សត្រិយ៍ក៏បាន ហៅថា ព្រាហ្មណ៍ក៏បាន។

[៤២] ព្រះអង្គត្រាស់សួរថា ម្នាលអស្សលាយនៈ អ្នកយល់សេចក្តីនោះ ដូចម្តេច (បើ) ពួកមនុស្ស ក្នុងលោកនេះ យកមេសេះ ទៅបង្កាត់កូននឹងបាលា ក៏កើតកូនឡើង ព្រោះអាស្រ័យ​សំវាស នៃសត្វទាំងពីរនោះ កូនដែលកើតឡើង ដោយមេសេះ និងបាលា​នោះ ប្រហែលនឹងមេផង ប្រហែលនឹងបាផង តើគេគួរហៅថា សេះ ឬគេគួរហៅថា លា។ អស្សលាយនៈ ក្រាបបង្គំទូល​ថា បពិត្រព្រះគោតមដ៏ចំរើន កូនសត្វនោះ ជាកូនសេះអស្សតរ បពិត្រព្រះគោតមដ៏ចំរើន ខ្ញុំព្រះអង្គគ្រាន់តែ​ឃើញនូវ​អំពើផ្សេងៗនេះ របស់សេះអស្សតរនោះប៉ុណ្ណោះ ឯនឹងឃើញនូវអំពើផ្សេងៗណាមួយ របស់មាណពជំទង់ទាំងនុ៎ះ ក្នុងន័យខាងដើមឯណោះផង ក៏ទេ។

[៤៣] ព្រះអង្គត្រាស់សួរថា ម្នាលអស្សលាយនៈ អ្នកយល់សេចក្តីនោះ ដូចម្តេច (បើ) មាណពពីរនាក់ ក្នុងលោកនេះ ជាបងប្អូននឹងគ្នា កើតក្នុងឧទរជាមួយគ្នា មាណព​ម្នាក់ ជាអ្នកចេះមន្តបានបទ មាណពម្នាក់ទៀត ជាអ្នកមិនចេះមន្ត មិនបានបទ បណ្តា​មាណពទាំងពីរនោះ តើពួកព្រាហ្មណ៍ អញ្ជើញអ្នកណា ឲ្យបរិភោគនូវសទ្ធភត្ត (ភត្តដែល​គេឧទ្ទិសដល់បុគ្គលស្លាប់) ទាំងឡាយ ឬនូវថាលិបាកភត្ត (សម្រាប់) ទាំងឡាយ នូវយញ្ញភត្ត (ភត្តដែលគេរៀបបូជា) ទាំងឡាយ ឬបាហុនភត្ត (ភត្តដែលគេនាំមកដើម្បី​អាគន្តុកៈ)ទាំងឡាយ មុនគេ។ អស្សលាយនៈ ក្រាបបង្គំទូល​ថា បពិត្រព្រះគោតមដ៏ចំរើន បណ្តាមាណពទាំងពីរនុ៎ះ មាណពណា ចេះមន្ត បានបទ ពួកព្រាហ្មណ៍ គួរ​អញ្ជើញ​មាណពនោះ ឲ្យបរិភោគសទ្ធភត្តទាំងឡាយ ឬនូវថាលិបាកភត្តទាំងឡាយ នូវ​យញ្ញភត្តទាំងឡាយ ឬនូវបាហុនភត្តទាំងឡាយ មុនគេ បពិត្រព្រះគោតមដ៏ចំរើន ទាន​ដែលបុគ្គលឲ្យ ដល់មាណពដែលមិនចេះមន្ត មិនបានបទ នឹងជាទាន​មានផលច្រើន​ដូចម្តេចបាន។

[៤៤] ព្រះអង្គត្រាស់សួរថា ម្នាលអស្សលាយនៈ អ្នកយល់សេចក្តីនោះ ដូចម្តេច (បើ) មានមាណពទាំងពីរនាក់ ក្នុងលោកនេះ ជាបងប្អូននឹងគ្នា កើតក្នុងឧទរជាមួយគ្នា ​ម្នាក់ ជាអ្នកចេះមន្ត បានបទ ជាអ្នកទ្រូស្តសីល មានធម៌ដ៏លាមក ម្នាក់ទៀត ជាអ្នក​មិនចេះមន្ត មិនបានបទ តែជាអ្នកមានសីល មានធម៌ល្អ បណ្តា​មាណពទាំងពីរនាក់នោះ តើពួកព្រាហ្មណ៍ អញ្ជើញមាណពណា ឲ្យបរិភោគនូវសទ្ធភត្តទាំងឡាយ ឬនូវថាលិបាកភត្តទាំងឡាយ នូវយញ្ញភត្តទាំងឡាយ ឬនូវបាហុនភត្តទាំងឡាយ មុនគេ។ អស្សលាយនមាណព ក្រាបបង្គំទូល​ថា បពិត្រព្រះគោតមដ៏ចំរើន មាណពណា ដែលមិនចេះមន្ត មិនបានបទ តែជាអ្នកមានសីល មានធម៌ល្អ បណ្តាមាណព​ទាំងពីរនាក់នុ៎ះ ពួកព្រាហ្មណ៍ គួរ​អញ្ជើញ​មាណពនោះ ឲ្យបរិភោគនូវសទ្ធភត្តទាំងឡាយ ឬនូវថាលិបាកភត្តទាំងឡាយ នូវ​យញ្ញភត្តទាំងឡាយ ឬនូវបាហុនភត្តទាំងឡាយ មុនគេ បពិត្រព្រះគោតមដ៏ចំរើន ទាន​ដែលបុគ្គលឲ្យ ដល់មាណពទ្រូស្តសីល មានធម៌ដ៏លាមក នឹងជាទាន​មានផលច្រើន​ដូចម្តេចបាន។ ម្នាលអស្សលាយនៈ កាលពីមុន អ្នកអាងជាតិ កំណើត លុះអាងជាតិកំណើតហើយ អ្នកអាងមន្តទាំងឡាយ លុះអាងមន្តទាំងឡាយ​ហើយ ត្រឡប់ជាលើកលែងនូវមន្តនោះ ហើយមកប្រកាន់យក​នូវសេចក្តី​បរិសុទ្ធិ ក្នុងវណ្ណៈ​ទាំង៤ តាមដែលតថាគតបញ្ញត្តវិញ។ កាលបើព្រះមានព្រះភាគ ទ្រង់​ត្រាស់យ៉ាង​នេះហើយ អស្សលាយនមាណព ក៏អង្គុយស្ងៀម ក្រអឹម ទន់កល្ងៀក ដាក់មុខ​ជ្រប់ លែងមាត់សោះ។

[៤៥] លុះព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់ ថាអស្សលាយនមាណពនៅស្ងៀម ក្រអឹម ទន់កល្ងៀក ដាក់មុខជ្រប់ លែងមាត់កហើយ ទើបទ្រង់ត្រាស់នឹងអស្សលាយន​មាណព ដូច្នេះថា ម្នាលអស្សលាយនៈ កាលពីព្រេងនាយ មានព្រាហ្មណឥសី៧នាក់ ដែលអាស្រ័យនៅក្នុងបណ្ណកុដិ (កុដិស្លឹក) ទាំងឡាយ នាដងព្រៃ កើតគំនិតអាក្រក់​ មានសភាពយ៉ាងនេះថា ពួកព្រាហ្មណ៍ ទើបជាវណ្ណៈប្រសើរ វណ្ណៈឯទៀត ជាវណ្ណៈ​ថោកទាប។បេ។ ជាញាតិនឹងព្រហ្ម។ ម្នាលអស្សលាយនៈ អសិតទេវលឥសី បានឮដំណឹង​ថា ព្រាហ្មណឥសីទាំង៧នាក់ ដែលអាស្រ័យនៅក្នុងបណ្ណកុដិទាំងឡាយ នាដងព្រៃ កើតគំនិតអាក្រក់​ មានសភាពយ៉ាងនេះថា ពួកព្រាហ្មណ៍ ទើបជាវណ្ណៈប្រសើរ។បេ។ ជាញាតិនឹងព្រហ្ម។ ម្នាលអស្សលាយនៈ គ្រានោះ អសិតទេវលឥសី កោរសក់ និងពុកមាត់ ពុកចង្កា ស្លៀកសំពត់ពណ៌ហង្សបាទ ពាក់ស្បែកជើង៤ជាន់ កាន់ដម្បង​ ដែលរចនាដោយប្រាក់ និងមាស ស្រាប់តែឃើញប្រាកដ នាបរិវេណនៃបណ្ណសាលា របស់ព្រាហ្មណឥសីទាំង៧នាក់។ ម្នាលអស្សលាយនៈ លំដាប់នោះ អសិតទេវលឥសី ដើរ​រេរាក្បែរបរិវេណនៃបណ្ណសាលា របស់ព្រាហ្មណឥសីទាំង៧នាក់ ក៏ស្រែកហៅ យ៉ាងនេះថា ចុះព្រាហ្មណឥសីដ៏ចំរើនទាំងនេះ ទៅឯណាទៅហើយ ចុះព្រាហ្មណឥសីដ៏ចំរើនទាំងនេះ ទៅឯណាទៅហើយ។ ម្នាលអស្សលាយនៈ ព្រាហ្មណឥសីទាំង៧នាក់ ក៏និយាយនឹងអសិតទេវលឥសី ដូច្នេះថា យើ នរណាហ្នឹង មានសភាព​ដូចជាក្មេងអ្នកស្រុក មកដើររេរាក្បែរបរិវេណ នៃបណ្ណសាលា របស់ព្រាហ្មណ​ឥសី ទាំង៧នាក់ ស្រែកហៅ យ៉ាងនេះថា ចុះព្រាហ្មណឥសីដ៏ចំរើនទាំងនេះ ទៅឯណាទៅហើយ ចុះព្រាហ្មណឥសីដ៏ចំរើនទាំងនេះ ទៅឯណាហើយ ដូច្នេះ បើដូច្នោះ យើងនឹងប្រទេចផ្តាសាវា។ ម្នាលអស្សលាយនៈ លំដាប់នោះ ព្រាហ្មណឥសីទាំង៧នាក់ ក៏ប្រទេចផ្តាសា នូវអសិតទេវលឥសីថា បុរសចង្រៃឯង ចូរវិនាសដូចជាផែះ បុរសចង្រៃឯង ចូរវិនាសដូចជាផែះ បុរសចង្រៃឯង ចូរវិនាសដូចជាផែះ។ ម្នាលអស្សលាយនៈ ព្រាហ្មណឥសីទាំង៧នាក់ ប្រទេចផ្តាសាអសិតទេវលឥសី យ៉ាងណា យ៉ាងណា ក៏អសិតទេវលឥសី រឹងរឹតតែមានរូបល្អក្រៃលែងផង គួរពិតពឹលរមឹលមើល​ក្រៃលែងផង គួរជាទីជ្រះថ្លាក្រៃលែងផង យ៉ាងនោះៗ។ ម្នាលអស្សលាយនៈ ព្រាហ្មណឥសីទាំង៧នាក់ ក៏មានសេចក្តីត្រិះរិះ ដូច្នេះថា ឱហ្ន៎ តបៈរបស់ពួកយើង សោះសូន្យហើយតើ ព្រហ្មចរិយៈរបស់ពួកយើង មិនមានផលទេតើ ព្រោះកាលពីមុន ពួក​យើងប្រទេចផ្តាសា នូវមនុស្សណាថា បុរសចង្រៃ ឯងចូរវិនាសដូចជាផែះ ដូច្នេះ មនុស្ស​ខ្លះនោះ រលាយទៅជាផែះទៅហើយ តែឥឡូវពួកយើង ប្រទេចផ្តាសា បុរសនេះយ៉ាងណា​ៗ បុរសនោះ រឹងរឹតតែមានរូបល្អក្រៃលែងផង គួរពិតពឹលរមឹលមើល​ក្រៃលែងផង គួរជាទីជ្រះថ្លាក្រៃលែងផង យ៉ាងនោះៗ។ អសិតទេវលឥសី និយាយប្រាប់​ថា តបៈរបស់អ្នកដ៏ចំរើនទាំងឡាយ មិនទាន់សោះសូន្យនៅឡើយទេ ទាំងព្រហ្មចរិយៈ​ ក៏​មិនមែនឥតផលដែរ ណ្ហើយ បើអ្នកដ៏ចម្រើនទាំងឡាយ មានចិត្តប្រទូស្តមករកយើង​បែបណា ចូរលះចិត្តប្រទូស្ត បែបនោះចេញ។ ព្រាហ្មណឥសីទាំង៧នាក់ និយាយថា បើមានចិត្តប្រទូស្តបែបណា ពួកយើងនឹងលះបង់ នូវចិត្តប្រទូស្តបែបនោះចេញ ចុះអ្នកដ៏ចម្រើន ជាអ្វីទៅអេះ។ អសិតទេវលឥសី សួរថា ចុះអ្នកដ៏ចម្រើនទាំងឡាយ ដែលឮឈ្មោះ អសិតទេវលឥសី ដែរឬទេ។ ឥសីទាំង៧នាក់ឆ្លើយថា បាទលោកដ៏ចម្រើន។ អសិតទេវលឥសីប្រាប់ថា ម្នាលអ្នកដ៏ចម្រើន យើងហ្នឹងហើយ ជាអសិតទេវលឥសី។ ម្នាលអស្សលាយនៈ គ្រានោះ ព្រាហ្មណឥសីទាំង៧នាក់ ចូលទន្ទបទៅក្រាបថ្វាយ​បង្គំ​អសិតទេវលឥសី។ ម្នាលអស្សលាយនៈ លំដាប់នោះ អសិតទេវលឥសី និយាយនឹង​ព្រាហ្មណឥសីទាំង៧នាក់ ដូច្នេះថា ម្នាលអ្នកដ៏ចម្រើន​ទាំងឡាយ ខ្ញុំបានឮថា ព្រាហ្មណឥសីទាំង៧នាក់ ដែលនៅអាស្រ័យ​ក្នុងបណ្ណកុដិ​ទាំងឡាយ នាដងព្រៃ កើតទិដ្ឋិ​អាក្រក់ មានសភាពយ៉ាងនេះថា ពួកព្រាហ្មណ៍ ទើបជា​វណ្ណៈប្រសើរ វណ្ណៈឯទៀត ជាវណ្ណៈថោកទាប ពួកព្រាហ្មណ៍ ទើបជាវណ្ណៈស វណ្ណៈឯ​ទៀត ជាវណ្ណៈខ្មៅ ពួកព្រាហ្មណ៍ ទើបបរិសុទ្ធ មិនមែនពួកព្រាហ្មណ៍ មិនបរិសុទ្ធទេ ពួក​ព្រាហ្មណ៍ ជាបុត្រ ជាឱរស របស់ព្រហ្ម កើតពីព្រះឱស្ឋព្រហ្ម មានព្រហ្មជាអ្នកបង្កើត មានព្រហ្មជាអ្នកនិម្មិត ជាញាតិនឹងព្រហ្ម ដូច្នេះ មែនឬ។ ឥសីទាំង៧នាក់ឆ្លើយថា បពិត្រ​លោកដ៏ចម្រើន យ៉ាងហ្នឹងមែនហើយ។ អសិតទេវលឥសី សួរទៀតថា អ្នកដ៏ចម្រើន​ទាំងឡាយ ដឹងថា​ស្ត្រី ដែលជាមាតាបង្កើត (របស់អ្នកទាំងឡាយ) សុទ្ធតែយកព្រាហ្មណ៍​ជាស្វាមី មិនយកបុរស​ ដែលមិនមែនព្រាហ្មណ៍ទេឬ។ មិនយកទេ លោកដ៏ចម្រើន។ ចុះអ្នកដ៏ចម្រើនទាំងឡាយ ដឹងថា ​ស្ត្រី ដែលជាមាតា នៃមាតាបង្កើត (របស់អ្នកទាំងឡាយ) ដរាបដល់គូនៃជីដូនរបស់​ម្តាយ៧តមក សុទ្ធតែយកព្រាហ្មណ៍​ជាស្វាមី មិនយកបុរស​ ដែលមិនមែនព្រាហ្មណ៍​ទេ​ឬ។ មិនយកទេ លោកដ៏ចម្រើន។ ចុះអ្នកដ៏ចម្រើនទាំងឡាយ ដឹងថាប្រុស ដែលជាបិតាបង្កើត (របស់អ្នកទាំងឡាយ) សុទ្ធតែយកព្រាហ្មណីជាភរិយា មិនយកស្ត្រី​ ដែលមិនមែនជាព្រាហ្មណីទេឬ។ មិនយកទេ លោកដ៏ចម្រើន។ ចុះអ្នកដ៏ចម្រើនទាំងឡាយ ដឹងថា ប្រុសដែលជាបិតានៃបិតាបង្កើត (របស់អ្នកទាំងឡាយ) ដរាបដល់គូនៃជីតារបស់បិតា៧តមក សុទ្ធតែយកព្រាហ្មណីជាភរិយា មិនយកស្ត្រី​ ដែល​មិនមែនជាព្រាហ្មណីទេឬ។ មិនយកទេ លោកដ៏ចម្រើន។ ចុះអ្នកដ៏ចម្រើនទាំងឡាយ ដឹងថា ការចុះកាន់គភ៌ យ៉ាងណាដែរឬ។ បពិត្រលោកដ៏ចម្រើន ពួកយើងដឹងថា ការចុះកាន់គភ៌ (បីយ៉ាង) គឺក្នុងលោកនេះ មាតា និងបិតាចួបជុំគ្នា១ មាតាមានរដូវ១ សត្វបានចុះមកកើត​ប្រាកដ១ ការប្រជុំហេតុទាំង៣នេះ ទើបឈ្មោះថា ការចុះកាន់គភ៌ ។ ចុះអ្នកដ៏ចម្រើន​ទាំងឡាយ ដឹងថា សត្វនោះជាក្សត្រិយ៍ ឬជាព្រាហ្មណ៍ ជាវេស្សៈ ឬសុទ្ទៈដែរឬទេ។ បពិត្រលោកដ៏ចំរើន យើងទាំងឡាយមិនដឹងថា សត្វនោះជាក្សត្រិយ៍ ឬជាព្រាហ្មណ៍ ជាវេស្សៈ ឬក៏ជាសុទ្ទៈទេ។ កាលបើយ៉ាងនេះ អ្នកដ៏ចម្រើន​ទាំងឡាយ ដឹងថា ពួកអ្នកនឹង​ទៅជាអ្វីឬទេ។ បពិត្រលោកដ៏ចំរើន កាលបើយ៉ាងនេះ យើងទាំងឡាយ មិនដឹងថា ពួកយើង នឹងទៅជាអ្វីទេ។ ព្រះមានព្រះភាគ ត្រាស់ថា ម្នាលអស្សលាយនៈ សព្វបើ​អសិតទេវលឥសីដេញដោល សាកសួរ សួរឈ្លេចឈ្លី ក្នុងជាតិវាទ ជារបស់ខ្លួន​ប៉ុណ្ណឹង ព្រាហ្មណឥសីទាំង៧នាក់នោះ មិនដឹងទៅហើយ ចំណង់បើឥឡូវនេះ តថាគត ដេញ​ដោល សាកសួរ សួរឈ្លេចឈ្លី ក្នុងជាតិវាទ ជារបស់ខ្លួន ធ្វើម្តេចអ្នកនឹងដឹងបាន អ្នកមិនស្មើនឹងបុណ្ណៈ ជាអ្នកកាន់វែក ដែលជាកូនសិស្សរបស់ឥសីទាំង៧នាក់នោះផង។

[៤៦] កាលដែលព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ អស្សលាយន​មាណព ក្រាបបង្គំទូលព្រះមានព្រះភាគថា បពិត្រព្រះគោតមដ៏ចំរើន ភ្លឺច្បាស់ណាស់។បេ។ តាំងពីថ្ងៃនេះទៅ សូមព្រះគោតមដ៏ចំរើន ទ្រង់ចាំទុកនូវខ្ញុំព្រះអង្គ ថាជា​ឧបាសក អ្នកដល់សរណៈ ស្មើដោយជីវិត។

ចប់ អស្សលាយនសូត្រ ទី៣។

ឃោដមុខសូត្រ ទី៤

(៤. ឃោដមុខសុត្តំ)

[៤៧] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ឧទេនភិក្ខុមានអាយុ នៅក្នុងខេមិយម្ពវ័ន (ព្រៃស្វាយ ឈ្មោះខេមិយៈ) ជិតក្រុងពារាណសី។ ក៏សម័យនោះ ព្រាហ្មណ៍ឈ្មោះឃោដមុខ បានមកដល់ក្រុងពារាណសី ដោយកិច្ចការណាមួយ។ លំដាប់នោះ ឃោដមុខព្រាហ្មណ៍ដើរចង្ក្រមទៅ ដើរចង្ក្រមមក ដើម្បីសម្រាក​ស្មងបន្តិច រួចចូលសំដៅទៅកាន់ខេមិយម្ពវ័ន។ សម័យនោះឯង ឧទេនភិក្ខុមានអាយុ កំពុងចង្ក្រម​ក្នុងទីវាល។ ខណៈនោះ ឃោដមុខព្រាហ្មណ៍ ចូលសំដៅទៅរកឧទេនភិក្ខុមានអាយុ ត្រង់​កន្លែងដែលលោកនៅ លុះចូលទៅដល់ហើយ ក៏ពោលពាក្យរាក់ទាក់ សំណេះសំណាល ទៅរកឧទេនភិក្ខុមានអាយុ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួរ​រលឹក​ហើយ ដើរចង្ក្រមតាមឧទេនភិក្ខុមានអាយុ ដែលកំពុងចង្ក្រម និយាយយ៉ាងនេះ​បណ្តើរ​ថា បពិត្រសមណៈដ៏ចំរើន ផ្នួសប្រកបដោយធម៌ មិនមានទេ សេចក្តីចូលចិត្តរបស់ខ្ញុំ ក្នុងផ្នួស​នេះយ៉ាងនេះ បានជាខ្ញុំចូលចិត្តដូច្នោះ ព្រោះមិនឃើញជនទាំងឡាយ មានសភាព​ដូច​លោកដ៏ចំរើនផង ព្រោះមិនឃើញធម៌ ក្នុងផ្នួសនេះផង។

[៤៨] កាលឃោដមុខព្រាហ្មណ៍ និយាយយ៉ាងនេះហើយ ឧទេនភិក្ខុមានអាយុ ក៏ចុះ​អំពីទីចង្ក្រម ចូលទៅកាន់វិហារ ហើយអង្គុយលើអាសនៈ ដែលគេក្រាលបំរុងទុក។ ចំណែកឃោដមុខព្រាហ្មណ៍ ក៏ចុះអំពីទីចង្ក្រម ហើយចូលទៅកាន់វិហារ ឋិតក្នុង​ទីដ៏​សមគួរដែរ។ លុះឃោដមុខព្រាហ្មណ៍ ឋិតក្នុងទីដ៏សមគួរហើយ ទើបឧទេនភិក្ខុមានអាយុ និយាយដូច្នេះថា ម្នាលព្រាហ្មណ៍ អាសនៈទាំងឡាយ មានគ្រប់គ្រាន់ ប្រសិនបើអ្នកត្រូវ​ការ អញ្ជើញអង្គុយចុះ។ ឃោដមុខព្រាហ្មណ៍ ឆ្លើយថា យើងរង់ចាំឧទេនភិក្ខុដ៏ចំរើនទេតើ យើងមិនហ៊ានអង្គុយលើអាសនៈនុ៎ះទេ ព្រោះថា បុគ្គលប្រហែលដូចខ្ញុំ បើគេមិនអញ្ជើញ​មុនហើយ ធ្វើម្តេចនឹងហ៊ានអង្គុយលើអាសនៈ។ លំដាប់នោះ ឃោដមុខព្រាហ្មណ៍ កាន់​យកអាសនៈដ៏ទាបមួយ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះឃោដមុខព្រាហ្មណ៍ អង្គុយក្នុងទីដ៏សមគួរហើយ បាននិយាយដូច្នេះ នឹងឧទេនភិក្ខុមានអាយុថា បពិត្រសមណៈដ៏ចំរើន ផ្នួសប្រកបដោយធម៌មិនមានទេ សេចក្តីចូលចិត្តរបស់ខ្ញុំ ក្នុងផ្នួសយ៉ាងនេះ បានជាខ្ញុំចូលចិត្តដូច្នោះ ព្រោះមិនឃើញជនទាំងឡាយ មានសភាព​ដូចលោកដ៏ចំរើនផង ព្រោះមិនឃើញធម៌ ក្នុងផ្នួសនេះផង។ ឧទេនភិក្ខុតបថា ម្នាល​ព្រាហ្មណ៍ ប្រសិនបើអ្នកត្រូវការចង់ដឹងភាសិត ដែលគួរដឹង ត្រូវឃាត់ភាសិតដែល​គួរឃាត់​របស់អាត្មា បើអ្នកមិនដឹងនូវសេចក្តីនៃភាសិតណា របស់អាត្មាទេ អ្នកត្រូវសួរ​ក្នុងភាសិតនោះនឹងអាត្មាតទៅទៀតថា បពិត្រឧទេនដ៏ចំរើន ភាសិតនេះដូចម្តេច សេចក្តីនៃ​ភាសិតនេះ ដូចម្តេច កាលបើធ្វើយ៉ាងនេះហើយ យើងទាំង២នាក់ ទើបគួរនឹង​ចរចាគ្នា ក្នុងភាសិតនុ៎ះ តទៅទៀតបាន។ ឃោដមុខព្រាហ្មណ៍ ឆ្លើយថា ខ្ញុំត្រូវដឹង​នូវភាសិត ដែលគួរដឹង ត្រូវឃាត់ភាសិតដែល​គួរឃាត់​របស់ឧទេនដ៏ចំរើន តែថា បើខ្ញុំមិនដឹងនូវសេចក្តីនៃភាសិតណា របស់ឧទេនដ៏ចំរើនទេ ខ្ញុំនឹងសួរនូវឧទេន​ដ៏ចំរើន​ក្នុងភាសិតនោះ តទៅទៀតថា បពិត្រឧទេនដ៏ចំរើន ភាសិតនេះដូចម្តេច សេចក្តីនៃ​ភាសិតនេះ ដូចម្តេច លុះធ្វើយ៉ាងនេះហើយ យើងទាំង២នាក់ ទើបគួរនឹង​ចរចាគ្នា ក្នុងភាសិតនុ៎ះ តទៅទៀតបាន។

[៤៩] ឧទេនភិក្ខុតបថា ម្នាលព្រាហ្មណ៍ បុគ្គល៤ពួកនេះ មានក្នុងលោក បុគ្គល​៤ពួក តើដូចម្តេច ម្នាលព្រាហ្មណ៍ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកកំដៅខ្លួនឯង ទាំង​បានប្រកបរឿយៗ នូវការព្យាយាមកំដៅខ្លួនឯង១ ម្នាលព្រាហ្មណ៍ មួយទៀត បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកកំដៅបុគ្គលដទៃ ទាំង​បានប្រកបរឿយៗ នូវការព្យាយាម​កំដៅបុគ្គលដទៃ១ ម្នាលព្រាហ្មណ៍ មួយទៀត បុគ្គលខ្លះ ក្នុងលោកនេះ កំដៅខ្លួនឯង ទាំង​បានប្រកបរឿយៗ នូវការព្យាយាមកំដៅខ្លួនឯងផង កំដៅបុគ្គលដទៃ ទាំងបាន​ប្រកបរឿយៗ នូវការព្យាយាមកំដៅបុគ្គលដទៃផង១ ម្នាលព្រាហ្មណ៍ មួយទៀត បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកមិនកំដៅខ្លួនឯង ទាំងមិន​បានប្រកបរឿយៗ នូវការព្យាយាមកំដៅខ្លួនឯង ជាអ្នកមិនកំដៅបុគ្គលដទៃ ទាំងមិនបានប្រកបរឿយៗ នូវការព្យាយាមកំដៅបុគ្គលដទៃ បុគ្គលនោះ មិនកំដៅខ្លួនឯង មិនកំដៅបុគ្គលដទៃ មិនមានសេចក្តីស្រេកឃ្លាន មានតែសេចក្តីរំលត់ទុក្ខ ត្រជាក់ត្រជុំ ទទួលសេចក្តីសុខ មានខ្លួនដ៏ប្រសើរ១ ម្នាលព្រាហ្មណ៍ បណ្តាបុគ្គលទាំង៤ពួកនេះ តើបុគ្គលណា អាច​ញុំាងចិត្តអ្នក ឲ្យត្រេកអរបាន។ ឃោដមុខព្រាហ្មណ៍តបថា បពិត្រឧទេនដ៏ចំរើន បុគ្គលណា កំដៅខ្លួនឯង ទាំង​បានប្រកបរឿយៗ នូវការព្យាយាមកំដៅខ្លួនឯង បុគ្គលនេះ មិនអាចញុំាងចិត្តខ្ញុំ ឲ្យត្រេកអរបានទេ បពិត្រឧទេនដ៏ចំរើន បុគ្គលណា កំដៅបុគ្គលដទៃ ទាំង​បានប្រកបរឿយៗ នូវការព្យាយាម​កំដៅបុគ្គលដទៃ បុគ្គលនេះឯង មិនអាចញុំាង​ចិត្ត​ខ្ញុំ ឲ្យត្រេកអរបានទេ បពិត្រឧទេនដ៏ចំរើន បុគ្គលណា កំដៅខ្លួនឯង ទាំង​បានប្រកប​រឿយៗ នូវការព្យាយាមកំដៅខ្លួនឯងផង កំដៅបុគ្គលដទៃ ទាំងបាន​ប្រកបរឿយៗ នូវការព្យាយាមកំដៅបុគ្គលដទៃផង បុគ្គលនេះឯង មិនអាចញុំាងចិត្តខ្ញុំ ឲ្យត្រេកអរ​បាន​ទេ បពិត្រឧទេនដ៏ចំរើន លុះតែបុគ្គលណា មិនកំដៅខ្លួនឯង ទាំងមិន​បានប្រកបរឿយៗ នូវការព្យាយាមកំដៅខ្លួនឯង មិនកំដៅបុគ្គលដទៃ ទាំងមិនបានប្រកបរឿយៗ នូវការព្យាយាម​កំដៅបុគ្គលដទៃ បុគ្គលនោះ មិនបានកំដៅខ្លួនឯងផង មិនបានកំដៅ​បុគ្គលដទៃផង មិនមានសេចក្តីស្រេកឃ្លាន មានតែសេចក្តីរំលត់ទុក្ខ ត្រជាក់ត្រជុំ ទទួលសេចក្តីសុខ មានខ្លួនដ៏ប្រសើរ ក្នុងបច្ចុប្បន្ននេះ បុគ្គលនេះ ទើបអាចញុំាងចិត្តខ្ញុំ ឲ្យត្រេកអរបាន។ ឧទេនភិក្ខុសួរថា ម្នាលព្រាហ្មណ៍ ចុះហេតុអ្វី បានជាបុគ្គលទាំង៣ពួក​នេះ មិនអាចញុំាងចិត្តអ្នក ឲ្យត្រេកអរបាន។ ឃោដមុខព្រាហ្មណ៍ឆ្លើយថា បពិត្រឧទេនដ៏ចំរើន បុគ្គលណា កំដៅខ្លួនឯង ទាំង​បានប្រកបរឿយៗ នូវការព្យាយាមកំដៅខ្លួនឯង បុគ្គលនោះ ឈ្មោះថា ដុតកំដៅខ្លួន ដែលប្រាថ្នាសេចក្តីសុខ ខ្ពើមសេចក្តីទុក្ខ ដោយហេតុនេះ បានជាបុគ្គលនេះ មិនអាចញុំាងចិត្តខ្ញុំ ឲ្យត្រេកអរបាន​ទេ បពិត្រឧទេនដ៏ចំរើន បុគ្គលណា កំដៅបុគ្គលដទៃ ទាំង​បានប្រកបរឿយៗ នូវការព្យាយាម​កំដៅបុគ្គលដទៃ បុគ្គលនោះ ឈ្មោះថា ដុតកំដៅបុគ្គលដទៃ ដែល​ប្រាថ្នាសេចក្តីសុខ ខ្ពើមសេចក្តីទុក្ខ ដោយហេតុនេះ បានជាបុគ្គលនេះ មិនអាចញុំាង​ចិត្ត​ខ្ញុំ ឲ្យត្រេកអរបានទេ បពិត្រឧទេនដ៏ចំរើន បុគ្គលណា កំដៅខ្លួនឯង ទាំង​បានប្រកប​រឿយៗ នូវការព្យាយាមកំដៅខ្លួនឯងផង កំដៅបុគ្គលដទៃ ទាំងបាន​ប្រកបរឿយៗ នូវការព្យាយាមកំដៅបុគ្គលដទៃផង បុគ្គលនោះ ឈ្មោះថា ដុតកំដៅខ្លួនឯងផង បុគ្គលដទៃផង ដែល​ប្រាថ្នាសេចក្តីសុខ ខ្ពើមសេចក្តីទុក្ខ ដោយហេតុនេះ បានជាបុគ្គលនេះ មិនអាចញុំាងចិត្តខ្ញុំ ឲ្យត្រេកអរ​បាន​ទេ បពិត្រឧទេនដ៏ចំរើន លុះតែបុគ្គលណា មិនកំដៅខ្លួនឯង ទាំងមិន​ប្រកបរឿយៗ នូវការព្យាយាមកំដៅខ្លួនឯង មិនកំដៅបុគ្គលដទៃ ទាំងមិនប្រកបរឿយៗ នូវការព្យាយាម​កំដៅបុគ្គលដទៃ បុគ្គលនោះ ឈ្មោះថា មិនកំដៅខ្លួនឯង មិនកំដៅបុគ្គលដទៃ មិនមាន​សេចក្តីស្រេកឃ្លាន មានតែ​សេចក្តី​រំលត់ទុក្ខ ត្រជាក់ត្រជុំ ទទួលសេចក្តីសុខ មានខ្លួនដ៏ប្រសើរ ក្នុងបច្ចុប្បន្ននេះ បុគ្គលនោះ មិនបានឈ្មោះថា ដុតកំដៅខ្លួនឯងផង បុគ្គលដទៃផង ដែលប្រាថ្នាសេចក្តីសុខ ខ្ពើមសេចក្តីទុក្ខ ដោយហេតុនេះ ទើបបុគ្គលនេះ អាចញុំាងចិត្តខ្ញុំ ឲ្យត្រេកអរបាន។

[៥០] ឧទេនភិក្ខុតបថា ម្នាលព្រាហ្មណ៍ បរិស័ទនេះ មាន២ពួក បរិស័ទ២ពួក តើ​ដូចម្តេចខ្លះ ម្នាលព្រាហ្មណ៍។ បរិស័ទខ្លះ ក្នុងលោកនេះ ប្រកបដោយសេចក្តីត្រេកអរ ក្នុងកែវមណី និងកុណ្ឌលទាំងឡាយ ហើយស្វែងរកកូនប្រពន្ធ ស្វែងរកខ្ញុំស្រី ខ្ញុំប្រុស ស្វែងរកស្រែចម្ការ ស្វែងរកមាសប្រាក់១ ម្នាលព្រាហ្មណ៍ មួយទៀត បរិស័ទខ្លះ ក្នុងលោកនេះ មិនប្រកបដោយសេចក្តីត្រេកអរ ក្នុងកែវមណី និងកុណ្ឌលទាំងឡាយ​ទេ ហើយលះបង់កូនប្រពន្ធ លះបង់ខ្ញុំស្រី ខ្ញុំប្រុស លះបង់ស្រែចម្ការ លះបង់មាសប្រាក់ រួចចេញចាក​ផ្ទះ ចូលទៅកាន់ផ្នួស១ ម្នាលព្រាហ្មណ៍ បុគ្គលណាមិនកំដៅខ្លួនឯង ទាំង​មិនបានប្រកបរឿយៗ នូវការព្យាយាម កំដៅខ្លួនឯង មិនកំដៅបុគ្គលដទៃ ទាំងមិនបានប្រ​កបរឿយៗ នូវការព្យាយាមកំដៅបុគ្គលដទៃ បុគ្គលនោះ ឈ្មោះថា មិនកំដៅខ្លួនឯង ទាំងមិនកំដៅបុគ្គលដទៃ មិនមានសេចក្តីស្រេកឃ្លាន មានតែសេចក្តីរំលត់ទុក្ខ ត្រជាក់ត្រជុំ ទទួលសេចក្តីសុខ មានខ្លួនដ៏ប្រសើរ ក្នុងបច្ចុប្បន្ននេះ នែព្រាហ្មណ៍ បរិស័ទណា ដែលប្រកបដោយសេចក្តីត្រេកអរ ក្នុងកែវមណី និងកុណ្ឌល ស្វែងរកកូនប្រពន្ធ ស្វែងរកខ្ញុំស្រី ខ្ញុំប្រុស ស្វែងរកស្រែចម្ការ ស្វែងរកមាសប្រាក់ក្តី បរិស័ទ​ណា ដែលមិនប្រកបដោយសេចក្តីត្រេកអរ ក្នុងកែវមណី និងកុណ្ឌល បានលះបង់​កូនប្រពន្ធ លះបង់ខ្ញុំស្រី ខ្ញុំប្រុស លះបង់ស្រែចម្ការ លះបង់មាសប្រាក់ ហើយចេញចាក​ផ្ទះ ចូលទៅកាន់ផ្នួសក្តី អ្នកពិចារណាបុគ្គលនេះមើល តើណាប្រសើរជាង ក្នុងបរិស័ទ​ណា។ ឃោដមុខព្រាហ្មណ៍ឆ្លើយថា បពិត្រឧទេនដ៏ចំរើន បុគ្គលណា មិនកំដៅខ្លួនឯង ទាំងមិនប្រ​កបរឿយៗ នូវការព្យាយាមកំដៅខ្លួនឯង មិនកំដៅបុគ្គលដទៃ ទាំងមិនប្រកប​រឿយៗ នូវការព្យាយាម កំដៅបុគ្គលដទៃ បុគ្គលនោះ ឈ្មោះថា មិនកំដៅខ្លួនឯង មិនកំដៅបុគ្គលដទៃ មិនមានសេចក្តីស្រេកឃ្លាន មានតែសេចក្តីរំលត់ទុក្ខ ត្រជាក់ត្រជុំ ទទួលតែសេចក្តីសុខ មានខ្លួនដ៏ប្រសើរ ក្នុងបច្ចុប្បន្ននេះ បរិស័ទណា មិនប្រកបដោយសេចក្តីត្រេកអរ ក្នុងកែវមណី និងកុណ្ឌល លះបង់កូន និងប្រពន្ធ លះបង់ខ្ញុំស្រី ខ្ញុំប្រុស លះបង់ស្រែចម្ការ លះបង់មាសប្រាក់ រួចចេញចាក​ផ្ទះ ចូលទៅកាន់ផ្នួស ខ្ញុំពិចារណាមើលឃើញតែបុគ្គលនេះ គ្រាន់បើជាង ក្នុងបរិស័ទ​នេះ។ ឧទេនភិក្ខុឆ្លើយថា ម្នាលព្រាហ្មណ៍ ឥឡូវនេះ អាត្មាបានដឹងសំដីរបស់អ្នក យ៉ាងនេះ​ថា បពិត្រសមណៈដ៏ចំរើន ផ្នួសប្រកបដោយធម៌ គ្មានទេ សេចក្តីចូលចិត្ត​របស់ខ្ញុំ​ ក្នុងផ្នួស​នេះ យ៉ាងនេះ ក៏សេចក្តីចូលចិត្តនោះឯង ព្រោះមិនបានឃើញជនទាំងឡាយ ដែល​មានសភាព​ដូចជាលោកដ៏ចំរើនផង ព្រោះមិនឃើញធម៌ក្នុងផ្នួសនេះផង។ ឃោដមុខព្រាហ្មណ៍តបថា បពិត្រឧទេនដ៏ចំរើន សំដីដែល​ប្រកបដោយហេតុនោះ លោកម្ចាស់បានសំដែងហើយ ដល់ខ្ញុំព្រះករុណា ដោយពិតថា ផ្នួសប្រកបដោយ​ធម៌​មាន សេចក្តីចូលចិត្ត​របស់ខ្ញុំ​ព្រះករុណា ក្នុងផ្នួសនុ៎ះ យ៉ាងនេះ មួយទៀត លោកម្ចាស់​ឧទេនដ៏ចំរើន ចូរចាំទុកនូវខ្ញុំយ៉ាងហ្នឹងចុះ បុគ្គល៤ពួកណា ដែលលោកម្ចាស់​ឧទេន​ដ៏ចំរើន សំដែងហើយដោយសង្ខេប មិនធ្វើឲ្យពិស្តារ ដល់ខ្ញុំព្រះករុណា សូមលោកម្ចាស់​ឧទេនដ៏ចំរើន ញែកចែក​នូវបុគ្គលទាំង៤ពួកនេះ ដោយ​សេចក្តីពិស្តារ ដល់ខ្ញុំ​ព្រះករុណា ដោយអាស្រ័យសេចក្តីអនុគ្រោះ។ ឧទេនភិក្ខុឆ្លើយថា ម្នាលព្រាហ្មណ៍ បើដូច្នោះ ចូរអ្នក​ប្រុងស្តាប់ចុះ ចូរធ្វើទុកក្នុងចិត្តដោយប្រពៃចុះ អាត្មានឹងសំដែង។ ឃោដមុខព្រាហ្មណ៍​ ទទួលស្តាប់ពាក្យឧទេនភិក្ខុមានអាយុថា ព្រះករុណា លោកដ៏ចំរើន។

[៥១] ឧទេនភិក្ខុមានអាយុ បានពោលពាក្យនេះថា ម្នាលព្រាហ្មណ៍ ចុះបុគ្គល​កំដៅខ្លួនឯង ទាំងប្រកបរឿយៗ នូវការព្យាយាមកំដៅខ្លួនឯង តើដូចម្តេច ម្នាលព្រាហ្មណ៍ បុគ្គលខ្លះ ក្នុងលោកនេះ​ ជាអចេលក៍ (អាក្រាត) លះបង់មារយាទល្អ ស៊ីលិទ្ធដៃ (និងជម្រះឧច្ចារៈដោយម្រាមដៃ) បើមានគេហៅថា ចូរមក ក៏មិនមក គេឃាត់ថាឈប់ ក៏មិនឈប់ មិនត្រេកអរនឹងភត្ត ដែលគេនាំមកមុន មិនត្រេកអរនឹងភត្ត ដែលគេធ្វើ​ចំពោះខ្លួន មិនត្រេកអរនឹងកិច្ចនិមន្តន៍ អចេលក៍នោះ មិនទទួលភត្តអំពីមាត់ឆ្នាំង មិនទទួលភត្តអំពីមាត់កញ្ជើ មិនទទួលភត្តដែលគេនាំមកកន្លងធរណីទ្វារ មិនទទួលភត្ត ដែលគេនាំមកកន្លងកំណាត់ឈើ មិនទទួលភត្តដែលគេនាំមកកន្លងអង្រែ មិនទទួលភត្តរបស់មនុស្សពីរនាក់កំពុងបរិភោគ មិនទទួលភត្តរបស់ស្រីមានគភ៌ មិនទទួលភត្តរបស់ស្រី ដែលកំពុងបំបៅកូន មិនទទួលភត្តរបស់ស្រី ដែលនៅកំពុងនៅរួមនឹងបុរស មិនទទួលភត្ត ដែលពួកសាវ័កអចេលក៍អង្គាសមក មិនទទួលភត្តក្នុងទីដែលមានឆ្កែចាំ មិនទទួលភត្តក្នុងទីដែលមានរុយរោម មិនស៊ីត្រី មិនស៊ីសាច់ មិនផឹកសុរា មិនផឹកមេរ័យ មិនផឹកទឹកថ្នាំ ដែលត្រាំដោយស្រូវទាំងពួង អចេលក៍នោះ ទទួលភត្តចំពោះតែក្នុងផ្ទះមួយ ញុំាងអត្តភាព​ឲ្យប្រព្រឹត្តទៅ ដោយដុំបាយមួយពំនូតខ្លះ ទទួលភត្តចំពោះតែក្នុងផ្ទះពីរ ញុំាងអត្តភាពឲ្យប្រព្រឹត្តទៅ ដោយដុំបាយពីរពំនូតខ្លះ។បេ។ ទទួលភត្តចំពោះតែក្នុងផ្ទះ៧ ញុំាងអត្តភាពឲ្យប្រព្រឹត្ត​ទៅ ដោយដុំបាយ៧ពំនូតខ្លះ ញុំាងអត្តភាពឲ្យប្រព្រឹត្តទៅ ដោយភត្ត១ភាជន៍តូចខ្លះ ញុំាងអត្តភាពឲ្យប្រព្រឹត្តទៅ ដោយភត្ត២ភាជន៍តូចខ្លះ ញុំាងអត្តភាពឲ្យប្រព្រឹត្តទៅ ដោយភត្ត៣ភាជន៍តូចខ្លះ។បេ។ ញុំាងអត្តភាព ឲ្យប្រព្រឹត្តទៅ ដោយភត្ត៧ភាជន៍តូចខ្លះ ស៊ីអាហាររំលង១ថ្ងៃខ្លះ ស៊ីអាហាររំលង២ថ្ងៃខ្លះ។បេ។ ស៊ីអាហាររំលង៧ថ្ងៃខ្លះ អចេលក៍​ប្រកបដោយសេចក្តីព្យាយាម ក្នុងការផ្លាស់ប្តូរ នូវការបរិភោគភត្តរំលងកន្លះខែខ្លះ មានសភាពយ៉ាងនេះ ដូច្នេះឯង អចេលក៍នោះ មានបន្លែស្រស់ជាអាហារខ្លះ មានអង្ករ​ស្រងែ ជាអាហារខ្លះ មានស្កួយជាអាហារខ្លះ មានកំទេចស្បែក (ចំនៀរស្បែក) ជាអាហារខ្លះ មានជ័រជាអាហារខ្លះ13) មានស្លែ ឬសារាយ ជាអាហារខ្លះ មានកុណ្ឌក ជាអាហារខ្លះ មានបាយក្តាំង ជាអាហារខ្លះ មានម្សៅ ជាអាហារខ្លះ មានស្មៅជាអាហារខ្លះ មានអាចម៍គោ ជាអាហារខ្លះ មានមើម និងផ្លែឈើក្នុងព្រៃ ជាអាហារខ្លះ បរិភោគតែ​ផ្លែឈើ ដែលជ្រុះឯងខ្លះ អចេលក៍នោះ ទ្រទ្រង់សំពត់សម្បកធ្មៃខ្លះ ទ្រទ្រង់សំពត់ ដែលត្បាញ​លាយគ្នាខ្លះ ទ្រទ្រង់សំពត់ ដែលបកចេញអំពីសាកសពខ្លះ ទ្រទ្រង់​សំពត់​បង្សុកូលខ្លះ ទ្រទ្រង់សំបកឈើខ្លះ ទ្រទ្រង់ស្បែកខ្លាខ្លះ ទ្រទ្រង់ស្បែកខ្លាទាំងក្រចកខ្លះ ទ្រទ្រង់ស្បូវភ្លាំងក្រងខ្លះ ទ្រទ្រង់សំពត់ត្បាញដោយសំបកក្រចៅខ្លះ ទ្រទ្រង់ចំរៀកក្តារ14) ជាសំពត់ខ្លះ ទ្រទ្រង់សំពត់កម្ពល ដែលត្បាញដោយសក់មនុស្សខ្លះ ទ្រទ្រង់សំពត់​កម្ពល ដែលត្បាញដោយរោមកន្ទុយសេះខ្លះ ទ្រទ្រង់សំពត់ដែលត្បាញដោយស្លាបមៀមខ្លះ ទុក15) សក់ និងពុកមាត់ ប្រព្រឹត្តកាន់វត្ត ក្នុងការព្យាយាមទុកសក់ និងពុកមាត់ខ្លះ ឈរសម្រឹងហាមឃាត់នូវអាសនៈខ្លះ អង្គុយច្រហោង ប្រព្រឹត្តកាន់វត្ត ក្នុងការព្យាយាមអង្គុយច្រហោងខ្លះ ដេកលើបន្លា សម្រេចការដេកលើបន្លាខ្លះ ប្រព្រឹត្តកាន់វត្តចុះត្រាំទឹក ១ថ្ងៃ៣ដង គឺព្រឹក ថ្ងៃត្រង់ ល្ងាចខ្លះ អចេលក៍ប្រកបការព្យាយាម ដុតកំដៅកាយ ច្រើនប្រការ មានសភាព​យ៉ាងនេះ ដូច្នេះឯង ម្នាលព្រាហ្មណ៍ នេះហៅថា បុគ្គលកំដៅខ្លួនឯង ប្រកបការព្យាយាម ដុតកំដៅ​ខ្លួនឯង។

[៥២] ម្នាលព្រាហ្មណ៍ ចុះបុគ្គលកំដៅអ្នកដទៃ ប្រកបការព្យាយាម ដុតកំដៅ​អ្នកដទៃ តើដូចម្តេច ម្នាលព្រាហ្មណ៍ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកសម្លាប់ចៀម ជាអ្នកសម្លាប់ជ្រូក ជាអ្នកសម្លាប់សត្វស្លាប ជាអ្នកសម្លាប់ម្រឹគ ជាព្រាន ជាអ្នកសម្លាប់ត្រី ជាអ្នកល្មួច ជាអ្នកសម្លាប់ចោរ ជានាយគុក ពុំនោះសោត បុគ្គលណាមួយ ជាអ្នកធ្វើ​ការងារ​អាក្រក់ ម្នាលព្រាហ្មណ៍ នេះហៅថា បុគ្គលដុតកំដៅអ្នកដទៃ ប្រកប​ការព្យាយាមដុតកំដៅអ្នកដទៃ។

[៥៣] ម្នាលព្រាហ្មណ៍ ចុះបុគ្គលអ្នកដុតកំដៅខ្លួនឯង ប្រកប​ការព្យាយាម ដុតកំដៅខ្លួនឯងផង កំដៅអ្នកដទៃ ប្រកបការព្យាយាម ដុតកំដៅ​អ្នកដទៃផង តើដូចម្តេច ម្នាលព្រាហ្មណ៍ បុគ្គលខ្លះ ក្នុងលោកនេះ ជាក្សត្រិយ៍ទ្រង់រាជ្យ ដែលបានមុទ្ធាភិសេករួច​ហើយក្តី ជាព្រាហ្មណមហាសាលក្តី ព្រះរាជា ឬព្រាហ្មណ៍នោះ ឲ្យគេសាងរោងសម្រាប់​ទទួលភ្ញៀវយ៉ាងថ្មី ក្នុងទិសខាងកើតនៃនគរ ហើយកោរសក់ ពុកមាត់ និងពុកចង្កា ស្លៀក​ដណ្តប់ស្បែកខ្លាទាំងក្រចក លាបស្រឡាបកាយ ដោយទឹកដោះខ្លា និងប្រេង អែះខ្នង​ដោយស្នែងនៃម្រឹគ ហើយចូលទៅកាន់រោងសម្រាប់ទទួលភ្ញៀវ ព្រមទាំងមហេសី និងព្រាហ្មណ៍ជាបុរោហិត ព្រះរាជា ឬព្រាហ្មណ៍នោះ ក៏សម្រេចសេយ្យាលើផែនដី ប្រាសចាកកម្រាល ដែលគេលាបពណ៌ខៀវក្នុងទីនោះ ទឹកដោះណា មានក្នុងដោះមួយ របស់មេគោមួយ ដែលមានកូនខ្ចី ព្រះរាជា ឬព្រាហ្មណ៍ ក៏ចិញ្ចឹមជីវិតដោយ​ទឹកដោះ​នោះ ទឹកដោះណា មានក្នុងដោះទី២ មហេសី ក៏ចិញ្ចឹមជីវិត ដោយទឹកដោះនោះ ទឹកដោះណា មានក្នុងដោះទី៣ ព្រាហ្មណ៍ជាបុរោហិត ក៏ចិញ្ចឹមជីវិត ដោយទឹកដោះនោះ ទឹកដោះណា មានក្នុងដោះទី៤ ក៏បូជាភ្លើង ដោយទឹកដោះនោះ កូនគោចិញ្ចឹមជីវិតដោយទឹកដោះ​ដ៏សេស ព្រះរាជា ឬព្រាហ្មណ៍នោះ មានវាចាយ៉ាងនេះថា គោឈ្មោលទាំងប៉ុណ្ណេះ ចូរគេ​សម្លាប់ដើម្បីយ័ញ្ញចុះ កូនគោឈ្មោលទាំងប៉ុណ្ណេះ ចូរគេ​សម្លាប់ដើម្បីយ័ញ្ញចុះ កូនគោ​ញី​ទាំងប៉ុណ្ណេះ ចូរគេ​សម្លាប់ដើម្បីយ័ញ្ញចុះ ពពែទាំងប៉ុណ្ណេះ ចូរគេ​សម្លាប់ដើម្បីយ័ញ្ញចុះ ចៀមទាំងប៉ុណ្ណេះ ចូរគេ​សម្លាប់ដើម្បីយ័ញ្ញចុះ ឈើទាំងប៉ុណ្ណេះ ចូរគេ​កាប់ដើម្បី​ប្រយោជន៍​ដល់ប្រាសាទចុះ ទ្រព្យទាំងប៉ុណ្ណេះ ចូរពុកផុយទៅ ដើម្បី​លំបាក (ដល់ម្ចាស់​ទ្រព្យ)ចុះ មួយទៀត ជនទាំងឡាយណា ដែលជាខ្ញុំក្តី ជាអ្នកបម្រើ​ក្តី ជាកម្មករក្តី របស់​ព្រះរាជា ឬព្រាហ្មណ៍នោះ ជនទាំងនោះ ត្រូវអាជ្ញាគម្រាម ត្រូវភ័យ​គម្រាម មានមុខទទឹក​ដោយទឹកភ្នែក ទួញយំ ធ្វើបរិកម្ម ម្នាលព្រាហ្មណ៍ នេះហៅថា បុគ្គលកំដៅខ្លួនឯង ប្រកបការព្យាយាម កំដៅខ្លួនឯងផង កំដៅអ្នកដទៃ ប្រកប​ការព្យាយាម កំដៅអ្នកដទៃផង។

[៥៤] ម្នាលព្រាហ្មណ៍ ចុះបុគ្គលមិនកំដៅខ្លួនឯង ទាំងមិនប្រកប​ការព្យាយាម កំដៅខ្លួនឯង មិនកំដៅអ្នកដទៃ ទាំងមិនប្រកបការព្យាយាម កំដៅ​អ្នកដទៃ តើដូចម្តេច បុគ្គលនោះ មិនកំដៅខ្លួនឯង មិនកំដៅអ្នកដទៃ មិនមានសេចក្តីស្រេកឃ្លាន មានតែសេចក្តី​រំលត់ទុក្ខ ត្រជាក់ត្រជុំ ទទួលសេចក្តីសុខ មានខ្លួនដ៏ប្រសើរ ក្នុងបច្ចុប្បន្ន​នេះ ម្នាលព្រាហ្មណ៍ ព្រះតថាគតកើតឡើងក្នុងលោក ព្រះអង្គឆ្ងាយចាក​សេចក្តីសៅហ្មង​គ្រប់យ៉ាង ព្រះអង្គត្រាស់​ដឹងនូវញេយ្យធម៌ទាំងពួង ដោយប្រពៃ ចំពោះព្រះអង្គ ព្រះអង្គ​បរិបូណ៌​ដោយវិជ្ជា និងចរណៈ គឺសេចក្តីចេះដឹង និងក្រិត្យ ដែលព្រះអង្គគប្បីប្រព្រឹត្ត ព្រះអង្គមានដំណើរ​ទៅកាន់ព្រះនិព្វាន ព្រះអង្គទ្រង់ជ្រាបច្បាស់នូវត្រៃលោក ព្រះអង្គ​ប្រសើរដោយសីលាទិគុណ រកបុគ្គលណាមួយស្មើគ្មាន ព្រះអង្គជាអ្នកទូន្មាននូវបុរស ដែលគួរទូន្មានបាន ព្រះអង្គជាគ្រូ នៃទេវតា និងមនុស្សទាំងឡាយ ព្រះអង្គ​បាន​ត្រាស់ដឹង នូវអរិយសច្ចធម៌ ព្រះអង្គ​លែងវិលត្រឡប់មក​កាន់ភពថ្មីទៀត ព្រះតថាគតនោះ ទ្រង់បានធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញាចំពោះព្រះអង្គ នូវលោកនេះ ព្រមទាំងទេវលោក មារលោក ព្រហ្មលោក នូវពពួកសត្វ ព្រមទាំង​សមណព្រាហ្មណ៍ ទាំងមនុស្ស ជា​សម្មតិទេព និងមនុស្សដ៏សេស ហើយប្រកាស ទ្រង់សំដែងធម៌ មានលំអបទដើម មានលំអបទកណ្តាល និងបទចុង ព្រះអង្គប្រកាស​ព្រហ្មចរិយធម៌ ព្រមទាំងអត្ថ ព្រមទាំង​ព្យញ្ជនៈ ពេញបរិបូណ៌ បរិសុទ្ធទាំងអស់។ គហបតីក្តី កូនគហបតីក្តី បុគ្គលកើតក្រោយ ក្នុងត្រកូលណាមួយក្តី ស្តាប់ធម៌នោះ លុះបុគ្គលនោះ ស្តាប់ធម៌នោះហើយ បានចំពោះ​នូវសទ្ធា ក្នុងព្រះតថាគត។ បុគ្គលនោះ ប្រកបព្រម ដោយការបានចំពោះនូវសទ្ធានោះ ហើយមានសេចក្តីពិចារណា ដូច្នេះថា ការនៅគ្រប់គ្រងផ្ទះ ចង្អៀតណាស់ ជាផ្លូវ​ហូរមក​ នៃធូលី គឺកិលេស មានតែបព្វជ្ជា ទើបមានឱកាស បុគ្គលអ្នកនៅគ្រប់គ្រងផ្ទះ មិនងាយ​នឹងប្រព្រឹត្តព្រហ្មចរិយធម៌ ឲ្យបរិបូណ៌តែមួយយ៉ាង បរិសុទ្ធតែមួយយ៉ាង ឲ្យដូចជាស័ង្ខ ដែលគេខាត់ឡើយ បើដូច្នោះ គួរតែអាត្មាអញ កោរសក់ ពុកមាត់ និងពុកចង្កា ហើយស្លៀក​ដណ្តប់សំពត់កាសាយៈ ចេញចាកផ្ទះ ចូលទៅកាន់ផ្នួស។ លុះសម័យ​ខាង​ក្រោយមក បុគ្គលនោះ ក៏លះបង់គំនរភោគៈតិចផង លះបង់គំនរភោគៈច្រើនផង លះបង់នូវញាតិវង្សតិចផង លះបង់នូវញាតិវង្សច្រើនផង ហើយកោរសក់ ពុកមាត់ និងពុកចង្កា ស្លៀកដណ្តប់សំពត់កាសាយៈ ចេញចាកផ្ទះ ចូលទៅកាន់ផ្នួស។

[៥៥] កាលបើបុគ្គលនោះបួសយ៉ាងនេះហើយ ក៏សមាទាននូវសិក្ខា និងសាជីវៈ របស់​ភិក្ខុទាំងឡាយ លះបង់នូវបាណាតិបាត វៀរចាកបាណាតិបាត មានអាជ្ញាដាក់ចុះ​ហើយ មានគ្រឿង​សស្ត្រាដាក់ចុះហើយ មានសេចក្តីអៀនខ្មាស ដល់នូវសេចក្តីអាណិត ជាអ្នកអនុគ្រោះ ដោយប្រយោជន៍ ដល់សត្វទាំងអស់ លះបង់នូវអទិន្នាទាន វៀរ​ចាក​អទិន្នាទាន កាន់យកតែរបស់ដែលគេឲ្យ ប្រាថ្នានូវរបស់ដែលគេឲ្យ មិនមានចិត្ត​ល្មួច មានខ្លួនដ៏ស្អាត លះបង់នូវ​អព្រហ្មចរិយៈ ជាអ្នកប្រព្រឹត្តនូវធម៌ដ៏ប្រសើរ ប្រព្រឹត្តល្អ ចៀស​វាង វៀរចាកមេថុន ដែលជាធម៌របស់អ្នកស្រុក លះបង់នូវមុសាវាទ វៀរចាកមុសាវាទ ជាអ្នកពោលនូវពាក្យពិត តនូវពាក្យពិត មានសំដីខ្ជាប់ខ្ជួន ពោលនូវពាក្យគួរអ្នកផង​ជឿបាន មិនពោលបំភ្លាត់សត្វលោកឡើយ លះបង់នូវបិសុណាវាចា វៀរចាកបិសុណា​វាចា ឮពាក្យពីខាងនេះ មិនទៅប្រាប់ខាងនោះ ដើម្បីបំបែក​ជនខាងនោះឡើយ ឬឮ​អំពីខាងនោះ មិនមកប្រាប់ដល់ជនទាំងឡាយខាងនេះ ដើម្បីបំបែក​ជនខាងនោះឡើយ ជាអ្នកផ្សះផ្សា នូវពួកជនដែលបែកគ្នាហើយផង ជាអ្នកជួយផ្ចុងផ្តើម ដល់ពួកជន ដែល​បានប្រកបដោយប្រយោជន៍ហើយផង ជាអ្នករីករាយ នឹងសេចក្តីព្រមព្រៀង ត្រេកអរនឹង​សេចក្តីព្រមព្រៀង ពេញចិត្តនឹង​សេចក្តីព្រមព្រៀង ជាអ្នកពោលតែសំដី ដែលធ្វើនូវ​​សេចក្តីព្រមព្រៀង ជាអ្នកលះបង់​ផរុសវាចា វៀរចាកផរុសវាចា សំដីណា ដែលជាសំដី​ឥតទោស ជាសុខដល់ត្រចៀក គួរជាទីស្រឡាញ់ តាំងនៅក្នុងហឫទ័យ ជាសំដីអ្នកក្រុង ជាទីរីករាយ ដល់ជនច្រើន ជាទីគាប់ចិត្តដល់ជនច្រើន តែងពោល​តែសំដី មានសភាព​ដូច្នោះ លះបង់នូវសម្ផប្បលាបៈ វៀរចាកសម្ផប្បលាបៈ ពោលតាមកាលគួរ ពោលពាក្យ​ពិត ពោលពាក្យជាអត្ថ ពោលពាក្យជាធម៌ ពោលពាក្យជាវិន័យ ពោលសំដីដែលគួរ​កប់ទុក ក្នុងហឫទ័យ ជាសំដីប្រកបដោយហេតុ ប្រកបដោយគ្រឿង​ប្រៀបធៀប ដោយកាលគួរ មានដើម មានចុង ប្រកបដោយប្រយោជន៍។ បុគ្គលនោះ វៀរចាក​ការផ្តិលផ្តាច់ នូវពីជគាម និងភូតគាម ជាអ្នកបរិភោគភត្តតែ១ពេល វៀរចាកការ​បរិភោគ​ក្នុងរាត្រី វៀរចាកការបរិភោគ​ក្នុងកាលខុស វៀរចាក​ការរាំ ច្រៀង ប្រគំ និងការមើលនូវ​ល្បែង​ផ្សេងៗ ដែលជាសត្រូវដល់សាសនា ជាអ្នកវៀរចាកការប្រដាប់តាក់តែង​រាងកាយ ដោយផ្កាកម្រង និងគ្រឿងក្រអូប គ្រឿងលាបផ្សេងៗ ជាអ្នកវៀរចាកការដេកលើទី​សេនាសនៈខ្ពស់ និងទីសេនាសនៈប្រសើរ ជាអ្នកវៀរចាកការទទួល​នូវមាស និងប្រាក់ ជាអ្នកវៀរចាកការទទួល​នូវធញ្ញជាតិស្រស់ ជាអ្នកវៀរចាកការទទួលនូវ​សាច់​ស្រស់ ជាអ្នកវៀរចាកការទទួលនូវស្រី និងនាងកុមារិកា ជាអ្នកវៀរចាកការទទួលនូវខ្ញុំ​ស្រី និងខ្ញុំ​ប្រុស ជាអ្នកវៀរចាកការទទួលនូវពពែ និងចៀម ជាអ្នកវៀរចាកការទទួល​នូវមាន់ និងជ្រូក ជាអ្នកវៀរចាកការទទួលនូវដំរី គោ សេះ លាឈ្មោល និងញី ជាអ្នកវៀរចាកការ​ទទួលនូវស្រែនិងចម្ការ ជាអ្នកវៀរចាកកិរិយាប្រកបរឿយៗ នូវទូតកម្ម គឺនាំសំបុត្រ ឬពាក្យ​បណ្តាំរបស់គ្រហស្ថ ជាអ្នកវៀរចាកកិរិយាលក់ដូរ ជាអ្នកវៀរចាកការ​ឆបោក ដោយជញ្ជីង ឆបោកដោយភាជន៍មាស ទាំង​ឆបោកដោយរង្វាស់រង្វាល់ ជាអ្នកវៀរ​ចាក​កិរិយា​សើរើ បញ្ឆោត បន្លំ និងកោងកាច ជាអ្នកវៀរចាកកិរិយាកាត់ សម្លាប់ ចាប់ចង ធ្វើមនុស្សឲ្យវង្វេងផ្លូវ ប្លន់កំហែងយកទ្រព្យ។ បុគ្គលនោះ ជាអ្នកសន្តោស ដោយចីវរ គ្រាន់តែការពារនូវកាយ សន្តោសដោយបិណ្ឌបាត គ្រាន់តែរក្សានូវផ្ទៃ បើទៅក្នុង​ទីណាៗ កាន់យកត្រឹមតែចីវរ និងបិណ្ឌបាតប៉ុណ្ណោះទៅ។ ដូចជាបក្សីសកុណជាតិ បើហើរទៅក្នុងទីណាៗ មានតែទម្ងន់ស្លាបទៅក្នុងទីនោះៗ យ៉ាង​ណាមិញ ភិក្ខុជាអ្នកសន្តោសដោយចីវរ គ្រាន់តែរក្សានូវកាយ សន្តោសដោយបិណ្ឌបាត គ្រាន់តែរក្សានូវផ្ទៃ បើទៅក្នុងទីណាៗ កាន់យកត្រឹមតែចីវរ និងបិណ្ឌបាតប៉ុណ្ណោះទៅ យ៉ាងនោះដែរ។ ភិក្ខុនោះ ប្រកបដោយសីលក្ខន្ធ ដ៏ប្រសើរនេះហើយ រមែងបានតែ​សេចក្តី​សុខ ដែលមិនមានទោសក្នុងសន្តាន។ ភិក្ខុនោះ ឃើញរូប​ដោយភ្នែក មិនកាន់យកនូវ​និមិត្ត មិនកាន់យកនូវ​អនុព្យញ្ជនៈ ពួកអកុសលធម៌ដ៏លាមក គឺអភិជ្ឈា និងទោមនស្ស រមែងជាប់តាមភិក្ខុនុ៎ះ ព្រោះកិរិយាមិនសង្រួមនូវចក្ខុន្ទ្រិយណា ភិក្ខុនោះ ក៏ប្រតិបត្តិ ដើម្បី​សង្រួមនូវចក្ខុន្ទ្រិយនោះ រក្សានូវចក្ខុន្ទ្រិយ ដល់នូវការសង្រួម ក្នុងចក្ខុន្ទ្រិយ។ ភិក្ខុនោះ ឮសំឡេងដោយត្រចៀក… ធំក្លិនដោយច្រមុះ… ទទួលរសដោយអណ្តាត… ពាល់ត្រូវ​ផោដ្ឋព្វៈដោយកាយ… ដឹងនូវធម៌ដោយចិត្ត ក៏មិនកាន់​យកនូវនិមិត្ត មិនកាន់យក​នូវ​​​អនុព្យញ្ជនៈ ពួកអកុសលធម៌ដ៏លាមក គឺអភិជ្ឈា និងទោមនស្ស រមែងជាប់តាមភិក្ខុនុ៎ះ ព្រោះកិរិយាមិនសង្រួមនូវមនិន្ទ្រិយណា ភិក្ខុនោះ ក៏ប្រតិបត្តិ ដើម្បី​សង្រួមនូវមនិន្ទ្រិយ​នោះ រក្សានូវមនិន្ទ្រិយ ដល់នូវការសង្រួម ក្នុងមនិន្ទ្រិយ។ ភិក្ខុនោះ ប្រកបដោយការ​សង្រួម នូវឥន្ទ្រិយដ៏ប្រសើរនេះហើយ រមែងទទួលនូវសេចក្តីសុខ ដែលមិនលាយ​ឡំ ដោយកិលេស ក្នុងសន្តាន។ ភិក្ខុនោះ កាលឈានទៅមុខ ឬឈានថយក្រោយ ក៏ដឹងខ្លួន កាលមើលទៅមុខ ឬមើលទៅទិសផ្សេងៗ ក៏ដឹងខ្លួន កាលបត់ដៃជើង ឬលាដៃជើង ក៏ដឹង​ខ្លួន កាលទ្រទ្រង់ នូវសង្ឃាដិ បាត្រ ចីវរ ក៏ដឹងខ្លួន កាលស៊ី ផឹក ទំពាស៊ី ទទួលរស ក៏ដឹងខ្លួន កាលបន្ទោបង់ នូវឧច្ចារៈ និងបស្សាវៈ ក៏ដឹងខ្លួន កាលដើរ ឈរ អង្គុយ ដេកលក់ ភ្ញាក់ឡើង និយាយ ឬស្ងៀម ក៏ដឹងខ្លួន (ទាំងអស់)។

[៥៦] ភិក្ខុនោះ ប្រកបព្រមដោយសីលក្ខន្ធដ៏ប្រសើរនេះផង ប្រកបព្រមដោយការ​សង្រួម នូវឥន្ទ្រិយដ៏ប្រសើរនេះផង ប្រកបព្រមដោយសតិ និងសម្បជញ្ញៈ ដ៏ប្រសើរ​នេះផង ស្វែងរក​តែទីសេនាសនៈស្ងាត់ គឺព្រៃ គល់ឈើ ភ្នំ ញកភ្នំ រូងភ្នំ ព្រៃស្មសាន ព្រៃធំ ទីវាល គំនរចំបើង។ ភិក្ខុនោះ លុះត្រឡប់មកពីបិណ្ឌបាតវិញ ក្នុងវេលាក្រោយភត្ត ក៏អង្គុយ​ពែនភ្នែន តម្រង់កាយឲ្យត្រង់ ផ្ចង់សតិឲ្យ​មានមុខឆ្ពោះទៅរក (កម្មដ្ឋាន)។ ភិក្ខុនោះ លះបង់នូវអភិជ្ឈាក្នុងលោក មានចិត្តប្រាសចេញចាកអភិជ្ឈា ជម្រះចិត្តឲ្យ​ស្អាត ចាកអភិជ្ឈា លះបង់នូវ​ព្យាបាទ ជាគ្រឿងប្រទូស្ត មានចិត្តមិនប្រកបដោយព្យាបាទ មានសេចក្តីអនុគ្រោះ ដល់សព្វសត្វដោយ​ប្រយោជន៍ ជម្រះចិត្តឲ្យស្អាត ចាកព្យាបាទ ជាគ្រឿង​ប្រទូស្ត លះបង់នូវថីនមិទ្ធៈ ប្រាសចេញចាកថីនមិទ្ធៈ មានសេចក្តីសំគាល់នូវពន្លឺ មានសតិ និងសម្បជញ្ញៈ ជម្រះចិត្តឲ្យ​ស្អាត ចាកថីនមិទ្ធៈ លះបង់នូវឧទ្ធច្ចកុក្កុច្ចៈ មិនមានសេចក្តីរវើរវាយ មានចិត្តស្ងប់ស្ងាត់ក្នុងសន្តាន ជម្រះចិត្តឲ្យស្អាត ចាកឧទ្ធច្ចកុក្កុច្ចៈ លះបង់នូវវិចិកិច្ឆា មានវិចិកិច្ឆាកន្លងហើយ មិនមានសេចក្តីងឿងឆ្ងល់ ក្នុង​កុសលធម៌ទាំងឡាយ ជម្រះចិត្តឲ្យស្អាត ចាកវិចិកិច្ឆា។

[៥៧] លុះភិក្ខុនោះ លះបង់នីវរណៈទាំង៥យ៉ាងនេះ ដែលជាឧបក្កិលេសរបស់​ចិត្ត ជាធម្មជាតធ្វើបញ្ញា ឲ្យមានកំឡាំងថយបានហើយ ក៏ស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាក​អកុសលធម៌ទាំងឡាយ បានដល់នូវបឋមជ្ឈាន ប្រកបដោយវិតក្កៈ និងវិចារៈ មានតែបីតិ និងសុខ ដែលកើតអំពីសេចក្តីស្ងាត់ ក៏សម្រេចសម្រាន្តនៅ ដោយឥរិយាបថទាំង៤ លុះ​រម្ងាប់នូវវិតក្កៈ និងវិចារៈអស់ហើយ ក៏បានដល់នូវទុតិយជ្ឈាន ជាធម្មជាតកើតមានក្នុង​សន្តាននៃខ្លួន ប្រកបដោយសេចក្តីជ្រះថ្លា គឺមានសភាពជាចិត្តខ្ពស់ឯក ឥតមានវិតក្កៈ និងវិចារៈ មានតែបីតិ និងសុខ ដែលកើតអំពីសមាធិប៉ុណ្ណោះ ក៏សម្រេចសម្រាន្តនៅ ដោយឥរិយាបថទាំង៤ លុះ​មានចិត្តនឿយណាយ ចាកបីតិផង ប្រកបដោយ​ឧបេក្ខាផង ថែមទាំងមានសតិ និងសម្បជញ្ញៈផង សោយនូវសុខ ដោយនាមកាយផង ព្រះអរិយៈទាំងឡាយ តែងសរសើរនូវបុគ្គល ដែលបានតតិយជ្ឈាននោះថា ធម្មតាបុគ្គល​ដែលបាននូវតតិយជ្ឈានហើយ រមែង​ប្រកបដោយឧបេក្ខា មានស្មារតី មានធម៌ជាគ្រឿង​នៅជាសុខដូច្នេះ ព្រោះហេតុនៃតតិយជ្ឈានណា ក៏បានដល់នូវតតិយជ្ឈាននោះ ទើប​សម្រេចសម្រាន្តនៅដោយឥរិយាបថទាំង៤ លុះលះបង់នូវសុខផង លះបង់នូវទុក្ខផង មានសោមនស្ស និងទោមនស្សអស់ទៅ ក្នុងកាលមុនផង ទើបបានដល់​នូវចតុត្ថជ្ឈាន មានអារម្មណ៍មិនមែនជាទុក្ខ មិនមែនជាសុខ គឺជាឧបេក្ខា មានស្មារតីបរិសុទ្ធដោយ​ឧបេក្ខាវេទនា ក៏សម្រេចសម្រាន្តនៅ ដោយឥរិយាបថទាំង៤។

[៥៨] កាលបើចិត្តរបស់ភិក្ខុនោះ តាំងនៅល្អ បរិសុទ្ធចាកនីវរណធម៌ ជាចិត្តផូរផង់ មិនមានទីទួល ពោលគឺកិលេស ប្រាសចាកឧបក្កិលេស មានសភាពជាចិត្តទន់ គួរដល់​ភាវនាកម្ម ជាចិត្តនឹងធឹង មិនញាប់ញ័រទៅតាមអារម្មណ៍ ដោយប្រការដូច្នេះហើយ ភិក្ខុនោះ ក៏បង្អោនចិត្តទៅ ដើម្បីបុព្វេនិវាសានុស្សតិញ្ញាណ គឺប្រាជ្ញារលឹកឃើញនូវ​លំដាប់ខន្ធ ដែលអាស្រ័យនៅក្នុងកាលមុន ភិក្ខុនោះ រលឹកឃើញនូវបុព្វេនិវាស គឺលំដាប់​ខន្ធដែលអាស្រ័យនៅក្នុងកាលមុនជាច្រើនប្រការ គឺរលឹកឃើញបាន១ជាតិខ្លះ ២ជាតិខ្លះ ៣ជាតិខ្លះ ៤ជាតិខ្លះ ៥ជាតិខ្លះ ១០ជាតិខ្លះ ២០ជាតិខ្លះ ៣០ជាតិខ្លះ ៤០ជាតិខ្លះ ៥០ជាតិខ្លះ ១០០ជាតិខ្លះ ១ពាន់ជាតិខ្លះ ១សែនជាតិខ្លះ រហូតដល់អនេកសំវដ្តកប្បខ្លះ អនេកវិវដ្តកប្បខ្លះ និងអនេកសំវដ្តវិវដ្តកប្បខ្លះ ភិក្ខុនោះដឹងថា អាត្មាអញ បានកើត​ក្នុងទី​ឯណោះ មានឈ្មោះយ៉ាងនេះ មានគោត្រកូលយ៉ាងនេះ មានសម្បុរយ៉ាងនេះ មានអាហារ​យ៉ាងនេះ ទទួលសុខ និងទុក្ខយ៉ាងនេះ មានកំណត់អាយុប៉ុណ្ណេះ លុះអាត្មាអញ​ ច្យុតអំពីទីនោះហើយ បានទៅកើត​ក្នុងទីឯណោះទៀត លុះអាត្មាអញ​ទៅកើតក្នុងទីនោះហើយ ក៏មានឈ្មោះយ៉ាងនេះ មានគោត្រកូលយ៉ាងនេះ មានសម្បុរយ៉ាងនេះ មានអាហារ​យ៉ាងនេះ ទទួលសុខ និងទុក្ខយ៉ាងនេះ មានកំណត់អាយុប៉ុណ្ណេះ លុះអាត្មាអញ​ ច្យុតអំពីទីនោះ ក៏បានមកកើត​ក្នុងទីនេះ ភិក្ខុនោះ រលឹកឃើញនូវ​បុព្វេនិវាសជាច្រើនប្រការ ព្រមទាំងអាការ គឺរូប និងអាហារ​ជាដើម ព្រមទាំងឧទ្ទេស គឺឈ្មោះ និងគោត្រកូល ដោយប្រការដូច្នេះ។

[៥៩] កាលបើចិត្តរបស់ភិក្ខុតាំងនៅល្អ បរិសុទ្ធចាកនីវរណធម៌ ជាចិត្តផូរផង់ ឥតមានទីទួល ពោលគឺកិលេស ប្រាសចាកឧបក្កិលេស មានសភាពជាចិត្តទន់ គួរដល់​ភាវនាកម្ម ជាចិត្តនឹងធឹង មិនញាប់ញ័រទៅតាមអារម្មណ៍ ដោយប្រការដូច្នេះហើយ ភិក្ខុនោះ ក៏បង្អោនចិត្តទៅ ដើម្បីចុតូបបាតញ្ញាណ គឺប្រាជ្ញាដឹង នូវចុតិ និងបដិសន្ធិ របស់សត្វទាំងឡាយ ភិក្ខុនោះ មានចក្ខុទិព្វ កន្លងហួសចក្ខុរបស់មនុស្សធម្មតា ក៏បាន​ឃើញនូវពួកសត្វកំពុងច្យុត កំពុងកើត ជាសត្វថោកទាបខ្លះ ខ្ពង់ខ្ពស់ខ្លះ មានរូបល្អខ្លះ អាក្រក់ខ្លះ មានគតិល្អខ្លះ គតិអាក្រក់ខ្លះ ភិក្ខុនោះ ដឹងច្បាស់នូវសត្វ ដែលប្រព្រឹត្ត​ទៅតាម​កម្មរបស់ខ្លួនថា អើហ្ន៎ សត្វទាំងនេះ ប្រកបដោយកាយទុច្ចរិត។បេ។ តិះដៀលនូវ​ព្រះអរិយបុគ្គល មានសេចក្តីយល់ខុស ប្រកាន់អំពើដែលយល់ខុស លុះសត្វទាំងអម្បាល​នោះ បែកធ្លាយរាងកាយ ខាងមុខអំពីសេចក្តីស្លាប់ ក៏រមែងចូលទៅកើត ក្នុងកំណើតនៃ​តិរច្ឆាន ប្រេត អសុរកាយ និងនរក អើហ្ន៎ ចំណែកសត្វពួកនេះ ប្រកបដោយកាយសុចរិត​។បេ។ ជាសត្វមិនតិះដៀល នូវ​ព្រះអរិយបុគ្គល មានសេចក្តីយល់ត្រូវ ប្រកាន់​នូវ​អំពើ​ដែលយល់ត្រូវ លុះសត្វទាំងអម្បាល​នោះ បែកធ្លាយរាងកាយ ខាងមុខអំពីសេចក្តីស្លាប់ ក៏រមែងទៅកាន់សុគតិសួគ៌ទេវលោក ភិក្ខុនោះ មានចក្ខុទិព្វដ៏បរិសុទ្ធ កន្លងហួស​ចក្ខុរបស់មនុស្សធម្មតា បានឃើញនូវពួកសត្វកំពុងច្យុត កំពុងកើត ជាសត្វថោកទាបខ្លះ ខ្ពង់ខ្ពស់ខ្លះ មានរូបល្អខ្លះ រូបអាក្រក់ខ្លះ មានគតិល្អខ្លះ គតិអាក្រក់ខ្លះ រមែងដឹង​នូវពួកសត្វ ប្រព្រឹត្តទៅតាមកម្មរបស់ខ្លួន យ៉ាងនេះឯង។

[៦០] កាលបើចិត្តរបស់ភិក្ខុតាំងនៅល្អ បរិសុទ្ធ ជាចិត្តផូរផង់ មិនមានទីទួល ពោលគឺកិលេស ប្រាសចាកឧបក្កិលេស មានសភាពជាចិត្តទន់ គួរដល់​ភាវនាកម្ម ជាចិត្តនឹងធឹង មិនញាប់ញ័រទៅតាមអារម្មណ៍ យ៉ាងនេះហើយ ភិក្ខុនោះ ក៏បង្អោនចិត្តទៅ ដើម្បីអាសវក្ខយញ្ញាណ គឺប្រាជ្ញាជាគ្រឿងដឹងនូវធម៌ ដែលធ្វើ​នូវអាសវៈឲ្យអស់ទៅ។ ភិក្ខុនោះ ដឹងច្បាស់តាមពិតថា នេះជាទុក្ខ ដឹងច្បាស់តាមពិតថា នេះជាហេតុ​ឲ្យកើតទុក្ខ ដឹងច្បាស់តាមពិតថា នេះជាសភាពរលត់ទុក្ខ ដឹងច្បាស់តាមពិតថា នេះជាផ្លូវប្រតិបត្តិទៅកាន់​ទីរំលត់ទុក្ខ ដឹងច្បាស់តាមពិតថា នេះជា​អាសវៈ ដឹងច្បាស់តាមពិតថា នេះជាហេតុ​ឲ្យកើតអាសវៈ ដឹងច្បាស់តាមពិតថា នេះជាសភាពរលត់អាសវៈ ដឹងច្បាស់តាមពិតថា នេះជាផ្លូវប្រតិបត្តិទៅកាន់​ទីរលត់អាសវៈ។ កាលបើភិក្ខុនោះ ដឹងយ៉ាងនេះ ឃើញយ៉ាងនេះហើយ ចិត្តក៏រួចចាកកាមាសវៈផង ចិត្តក៏រួចចាកភវាសវៈផង ចិត្តក៏រួចចាកអវិជ្ជាសវៈផង កាលបើចិត្ត​រួចផុតស្រឡះហើយ សេចក្តីដឹងថា ចិត្តផុតស្រឡះហើយ ក៏កើតមានប្រាកដ មួយទៀត ភិក្ខុដឹងច្បាស់ថា ជាតិរបស់អញអស់ហើយ ព្រហ្មចរិយធម៌ សម្រេចហើយ កិច្ច​ដែលត្រូវធ្វើ ក៏បានធ្វើ​ស្រេចអស់ហើយ កិច្ចដទៃ ក្រៅពីនេះ មិនមានឡើយ ម្នាលព្រាហ្មណ៍ នេះហៅថា បុគ្គលមិនកំដៅខ្លួនឯង ទាំង​មិនប្រកបការព្យាយាមកំដៅ​ខ្លួនឯង មិនកំដៅអ្នកដទៃ ទាំងមិនប្រកប​ការព្យាយាម​កំដៅអ្នកដទៃ បុគ្គលនោះ ឈ្មោះថា មិនកំដៅខ្លួនឯង ទាំងមិនកំដៅអ្នកដទៃ មិនមានសេចក្តីស្រេកឃ្លាន មានតែសេចក្តីរលត់​ទុក្ខ ត្រជាក់ត្រជុំ សោយសេចក្តីសុខ មានខ្លួនប្រសើរ សម្រេចសម្រាន្តនៅ ដោយឥរិយាបថទាំង៤ ក្នុងបច្ចុប្បន្ននេះឯង។

[៦១] កាលដែលឧទេនភិក្ខុ ពោលយ៉ាងនេះរួចហើយ ឃោដមុខព្រាហ្មណ៍ បាននិ​យាយ​នឹងឧទេនភិក្ខុមានអាយុ ដូច្នេះថា បពិត្រឧទេនដ៏ចំរើន ភ្លឺច្បាស់ណាស់ បពិត្រ​ឧទេន​ដ៏ចម្រើន ភ្លឺច្បាស់ណាស់ ធម៌ដែលលោកម្ចាស់​ឧទេនដ៏ចំរើន សំដែងដោយ​អនេក​បរិយាយ យ៉ាងនេះ ដូចជាគេផ្ងាររបស់ដែលផ្កាប់ ឬដូចជាគេបើកបង្ហាញរបស់ដែល​បិទបាំង ពុំនោះ ដូចគេប្រាប់ផ្លូវ​ ដល់អ្នកវង្វេងទិស ពុំនោះសោត ដូចជាគេទ្រោលប្រទីប ក្នុងទីងងឹត ដោយគិតថា បុរសមានចក្ខុ រមែងឃើញរូបទាំងឡាយបាន ខ្ញុំសូមដល់​នូវ​ព្រះឧទេនដ៏ចំរើនផង ព្រះធម៌ផង ព្រះភិក្ខុសង្ឃផង ជាទីពឹង ទីរលឹក ចាប់ដើមតាំងអំពី​ថ្ងៃនេះទៅ សូមព្រះឧទេនដ៏ចំរើន ជ្រាបនូវខ្ញុំព្រះករុណា ថាជាឧបាសក ដល់នូវ​សរណគមន៍ ស្មើដោយជីវិត។ ឧទេនភិក្ខុតបថា ម្នាលព្រាហ្មណ៍ អ្នកកុំយកអាត្មាជាទី​ពឹងឡើយ អាត្មាយកព្រះមានព្រះភាគអង្គណាជាទីពឹង អ្នកចូរយកព្រះមានព្រះភាគ​អង្គនោះជាទីពឹងចុះ។ ឃោដមុខព្រាហ្មណ៍សួរថា បពិត្រព្រះឧទេនដ៏ចំរើន ចុះឥឡូវ​នេះ ព្រះគោតមដ៏ចំរើន ជាអរហន្តសម្មាសម្ពុទ្ធ អង្គនោះ គង់នៅក្នុងទីណា។ ឧទេនភិក្ខុតបថា ម្នាលព្រាហ្មណ៍ ឥឡូវនេះ ព្រះភគវន្តអរហន្តសម្មាសម្ពុទ្ធ ព្រះអង្គបរិនិព្វានទៅហើយ។ ឃោដមុខព្រាហ្មណ៍តបថា បពិត្រព្រះឧទេនដ៏ចំរើន ប្រសិនបើយើងខ្ញុំឮដំណឹងថា ព្រះគោតមដ៏ចំរើន អង្គនោះ គង់ក្នុងទី ចំនួន​១០យោជន៍ យើងខ្ញុំគួរទៅកាន់ទី ចំនួន១០​យោជន៍ ដើម្បីចួបនឹងព្រះគោតមដ៏ចំរើន ជាអរហន្តសម្មាសម្ពុទ្ធអង្គនោះដែរ បពិត្រព្រះឧទេនដ៏ចំរើន ប្រសិនបើយើងខ្ញុំឮដំណឹងថា ព្រះគោតមដ៏ចំរើនអង្គនោះ គង់ក្នុងទី ចំនួន២០យោជន៍… ក្នុងទីចំនួន៣០យោជន៍… ក្នុងទីចំនួន៤០យោជន៍… ក្នុងទីចំនួន៥០យោជន៍ យើងខ្ញុំ ក៏គួរទៅកាន់ទីចំនួន៥០​យោជន៍ ដើម្បីចួបនឹង​ព្រះគោតមដ៏ចំរើន ជាអរហន្តសម្មាសម្ពុទ្ធអង្គនោះដែរ បពិត្រព្រះឧទេនដ៏ចំរើន ប្រសិនបើយើងខ្ញុំឮដំណឹងថា ព្រះគោតមដ៏ចំរើន អង្គនោះ គង់ក្នុងទី ចំនួន១០០យោជន៍ យើងខ្ញុំ ក៏គួរតែទៅកាន់ទី ចំនួន១០០​យោជន៍ ដើម្បីចួបនឹង​ព្រះគោតមដ៏ចំរើន ជា​អរហន្ត​សម្មាសម្ពុទ្ធអង្គនោះដែរ បពិត្រព្រះឧទេនដ៏ចំរើន កាលបើព្រះគោតមដ៏ចំរើន ព្រះអង្គ​បរិនិព្វានទៅហើយ ក៏យើងខ្ញុំសូមដល់នូវ​ព្រះគោតមដ៏ចំរើនអង្គនោះ ដែលព្រះអង្គ​បរិនិព្វានទៅហើយផង ព្រះធម៌ផង ព្រះភិក្ខុសង្ឃផង ជាទីពឹង ទីរលឹក សូម​ព្រះឧទេន​ដ៏ចំរើន ជ្រាបនូវខ្ញុំព្រះករុណា ថាជាឧបាសក ដល់នូវសរណៈស្មើដោយជីវិត តាំងពីថ្ងៃនេះជាដើមតទៅ បពិត្រព្រះឧទេនដ៏ចំរើន ព្រះរាជាក្នុងដែនអង្គៈ ទ្រង់ប្រទាន​និច្ចភិក្ខា ដល់ខ្ញុំព្រះករុណាតែសព្វៗថ្ងៃ ខ្ញុំព្រះករុណា សូមប្រគេននិច្ចភិក្ខាមួយចំណែក អំពីនិច្ចភិក្ខានោះ ដល់ព្រះឧទេនដ៏ចំរើន។

[៦២] ឧទេនភិក្ខុសួរថា ម្នាលព្រាហ្មណ៍ ចុះព្រះបាទអង្គៈ ទ្រង់ប្រទាននិច្ចភិក្ខា​ប៉ុន្មាន ដល់អ្នកសព្វៗថ្ងៃ។ ឃោដមុខព្រាហ្មណ៍ តបថា បពិត្រព្រះឧទេនដ៏ចំរើន ព្រះបាទ​អង្គៈ ទ្រង់ប្រទាន​៥០០កហាបណៈ។ ឧទេនភិក្ខុតបថា ម្នាលព្រាហ្មណ៍ យើងមិនគួរ​ទទួល​មាសនិងប្រាក់ទេ។ ឃោដមុខព្រាហ្មណ៍ឆ្លើយថា បពិត្រព្រះឧទេនដ៏ចំរើន បើមាសប្រាក់​នោះមិនគួរ ខ្ញុំព្រះករុណា នឹងឲ្យជាងធ្វើវិហារ ប្រគេនលោកម្ចាស់ឧទេនដ៏ចំរើន។ ឧទេន​ភិក្ខុតបថា ម្នាលព្រាហ្មណ៍ បើអ្នកចង់ឲ្យជាងធ្វើវិហារឲ្យអាត្មា ចូរឲ្យជាងសង់ឧបដ្ឋាន​សាលាប្រគេនសង្ឃ នៅក្នុងក្រុងបាដលិបុត្តវិញចុះ។ ឃោដមុខព្រាហ្មណ៍ ពោលថា លោកម្ចាស់ឧទេនដ៏ចំរើនបបួលខ្ញុំព្រះករុណា ឲ្យធ្វើទានចំពោះសង្ឃ ដោយហេតុណា ខ្ញុំ​ព្រះករុណាមានចិត្តត្រេកអរ រីករាយពន់ប្រមាណ ចំពោះលោកម្ចាស់ឧទេនដ៏ចំរើន ដោយហេតុនេះ បពិត្រលោកម្ចាស់ឧទេនដ៏ចំរើន ខ្ញុំព្រះករុណានេះ នឹងឲ្យជាងធ្វើ​ឧបដ្ឋានសាលាប្រគេនសង្ឃ ក្នុងក្រុងបាដលិបុត្ត ដោយនិច្ចភិក្ខានេះផង ដោយនិច្ចភិក្ខា​ដទៃផង។ លំដាប់នោះ ឃោដមុខព្រាហ្មណ៍ ក៏ឲ្យជាងធ្វើឧបដ្ឋានសាលាប្រគេនសង្ឃ ក្នុងក្រុងបាដលិបុត្ត ដោយនិច្ចភិក្ខានុ៎ះផង ដោយនិច្ចភិក្ខាដទៃផង។ ឥឡូវនេះ សាលា​នោះ គេហៅថា ឃោដមុខី។

ចប់ ឃោដមុខសូត្រ ទី៤។

ចង្កីសូត្រ ទី៥

(៥. ចង្កីសុត្តំ)

[៦៣] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់ពុទ្ធដំណើរ​ទៅកាន់ចារិក ក្នុងដែនកោសល ព្រមដោយភិក្ខុសង្ឃជាច្រើន ក៏បានដល់​ទៅ​ស្រុក​ព្រាហ្មណ៍ ឈ្មោះឱបាសាទ របស់ដែនកោសល។ ដំណឹងនោះឮថា ព្រះមានជោគ ទ្រង់គង់​​ក្នុង​សាលវ័ន ជាទេវវ័ន16) នៅខាងជើង​ឱបាសាទ​គ្រាម ជិត​ឱបាសាទគ្រាម។ ក្នុងសម័យ​នោះឯង មានព្រាហ្មណ៍ម្នាក់ ឈ្មោះ​ចង្កី នៅអាស្រ័យ​នឹង​ឱបាសាទគ្រាម ដែល​ជា​ស្រុក​កុះករដោយសត្វ និងមនុស្ស បរិបូណ៌​ដោយ​ស្មៅ ឧស និងទឹក បរិបូណ៌​ដោយ​ធញ្ញាហារ ជាស្រុក​ព្រះរាជទ្រព្យ ដែលព្រះរាជា​បសេនទិកោសល ទ្រង់ព្រះ​រាជទាន​ ជាព្រះរាជ​អំណោយ​ដ៏ប្រសើរ គឺទ្រង់​ប្រទាន​ដោយ​ដាច់ខាត។

[៦៤] ពួកព្រាហ្មណ៍ និងគហបតីនៅក្នុងឱបាសាទគ្រាម បានឮដំណឹងថា ព្រះសមណ​គោតម ជាសក្យ​បុត្រ ទ្រង់​ចេញ​ចាក​សក្យត្រកូល ទ្រង់ព្រះផ្នួស ទ្រង់ពុទ្ធ​ដំណើរ​​មកកាន់​ចារិក ក្នុងដែន​កោសល ព្រមដោយ​ភិក្ខុសង្ឃ​ជាច្រើន បានដល់មក​ឱបាសាទ​គ្រាម ឥឡូវនេះ មកគង់​ក្នុង​ឱបាសាទគ្រាម ក្នុងសាល​វ័នជា​ទេវវ័ន នៅខាង​​ជើង​ឱបាសាទគ្រាម កិត្តិសព្ទ​ល្អ នៃ​ព្រះគោតម​ដ៏ចំរើន អង្គ​នោះ ឮល្បី​ខ្ចរខ្ចាយ សុះសាយ​យ៉ាងនេះ​ថា ព្រះមាន​ជោគ​អង្គនោះ ព្រះអង្គ​ឆ្ងាយចាក​សេចក្តីសៅហ្មង​គ្រប់យ៉ាង ព្រះអង្គត្រាស់​ដឹង​នូវញេយ្យធម៌ទាំងពួង ដោយប្រពៃ ចំពោះព្រះអង្គ ព្រះអង្គ​បរិបូណ៌​ដោយវិជ្ជា និងចរណៈ គឺសេចក្តី​ចេះដឹង និងក្រឹត្យ​ដែលបុគ្គល​គប្បីប្រព្រឹត្ត ព្រះអង្គ​មានព្រះដំណើរ​​ល្អទៅកាន់​ព្រះនិព្វាន ព្រះអង្គ​ជ្រាបច្បាស់​នូវត្រៃលោក ព្រះអង្គ​ប្រសើរ​ដោយ​សីលាទិគុណ រកបុគ្គល​ណាមួយ​ស្មើគ្មាន ព្រះអង្គ​ជាអ្នកទូន្មាននូវបុរស ដែលគួរ​ទូន្មានបាន ព្រះអង្គ​​ជាគ្រូនៃទេវតា និងមនុស្ស​ទាំងឡាយ ព្រះអង្គ​​បាន​ត្រាស់​ដឹង​នូវ​អរិយសច្ចធម៌ ព្រះអង្គ​​លែងវិល​ត្រឡប់​មក​កាន់​ភពថ្មីទៀត ព្រះអង្គ​បាន​ធ្វើឲ្យជាក់​ច្បាស់ ដោយប្រាជ្ញា ចំពោះព្រះអង្គ នូវលោកនេះ ព្រមទាំង​ទេវលោក មារលោក ព្រហ្មលោក នូវ​ពពួក​សត្វ ព្រមទាំង​​សមណៈ និងព្រាហ្មណ៍ ទាំង​មនុស្ស​ជាសម្មតិទេព និងមនុស្ស​ដ៏សេស ហើយ​ប្រកាស ទ្រង់​សំដែងធម៌ មានលំអ​បទដើម មានលំអ​បទ​កណ្តាល និងបទចុង ព្រះអង្គ​ប្រកាស​នូវ​ព្រហ្មចរិយធម៌ ព្រមទាំងអត្ថ និងព្យញ្ជនៈ ដ៏ពេញបរិបូណ៌ បរិសុទ្ធ​ទាំងអស់ ក៏ដំណើរ​ដែលបាន​ឃើញ បានចួប​​នឹង​ព្រះអរហន្ត​ទាំងឡាយ មានសភាព​យ៉ាងហ្នឹង ជាការ​ប្រពៃ​ពេក។ លំដាប់នោះ ពួកព្រាហ្មណ៍ និងគហបតី នៅក្នុង​ឱបាសាទគ្រាម ចេញអំពី​ឱបាសាទគ្រាម ជាពួក ជាក្រុម ជាគណៈ មានមុខឆ្ពោះ​ទៅកាន់​ឧត្តរទិស សំដៅ​ទៅកាន់​​សាលវ័ន ជាទេវវ័ន។ ក៏សម័យ​នោះឯង ចង្កីព្រាហ្មណ៍ ចូលទៅ​ដេក​ក្នុង​វេលាថ្ងៃ ឰដ៏ប្រាសាទ​ជាន់ខាងលើ។

[៦៥] ចង្កីព្រាហ្មណ៍ បានឃើញ​ពួកព្រាហ្មណ៍ និងគហបតី នៅក្នុងឱបាសាទគ្រាម ចេញអំពី​ឱបាសាទគ្រាម ជាពួក ជាក្រុម ជាគណៈ មានមុខ​ឆ្ពោះទៅ​កាន់​ឧត្តរទិស ដើរ​ត្រសង​ទៅកាន់​សាលវ័ន ជាទេវវ័ន លុះឃើញ​ហើយ ក៏និយាយ​ទៅរក​ខត្តាមាត្យ​ថា ម្នាល​ខត្តៈ ចុះហេតុដូចម្តេច បានជា​ពួកព្រាហ្មណ៍ និងគហបតី នៅក្នុង​ឱបាសាទគ្រាម ជាពួក ជាក្រុម ជាគណៈ មានមុខ​ឆ្ពោះទៅ​កាន់​ឧត្តរទិស ដើរ​ត្រសង​ទៅកាន់​សាលវ័ន ជាទេវវ័ន។ ខត្តាមាត្យ​ជំរាបថា បពិត្រ​លោក​ចង្កី​ដ៏ចំរើន មាន​ព្រះសមណ​គោតម ជាសក្យ​បុត្រ ចេញ​ចាក​សក្យត្រកូល ទ្រង់ព្រះផ្នួស ទ្រង់ពុទ្ធ​ដំណើរ​មកកាន់​ចារិក ក្នុងដែនកោសល ព្រម​ដោយ​ភិក្ខុសង្ឃ ជាច្រើន ឥឡូវ បានមកដល់​​ឱបាសាទគ្រាម ទ្រង់គង់​នៅក្នុង​សាលវ័ន ជាទេវវ័ន ក្បែរ​ឱបាសាទគ្រាម ជាខាងជើង​នៃ​ឱបាសាទគ្រាម ក៏កិត្តិសព្ទល្អ នៃព្រះគោតម​ដ៏ចំរើននោះ ឮល្បីខ្ចរខ្ចាយ សុះសាយ​មក យ៉ាងនេះថា ព្រះមានព្រះភាគ​អង្គនោះ ជាអហរន្ត​សម្មាសម្ពុទ្ធ ទ្រង់បរិបូណ៌​​ដោយវិជ្ជា និងចរណៈ ជាព្រះសុគត ជ្រាបច្បាស់​នូវ​លោក ជាបុគ្គល​​ប្រសើរ​បំផុត ជាសារថី​ទូន្មាននូវបុរស ជាសាស្តា​នៃទេវតា និងមនុស្ស​ទាំងឡាយ ព្រះអង្គ​​បាន​ត្រាស់​ដឹង​​នូវ​ចតុរារិយ​សច្ច ព្រះអង្គ​​លែងវិល​មក​កាន់​ភពថ្មីទៀត ពួកព្រាហ្មណ៍ និងគហបតី​ទាំងនុ៎ះ ដើរចូល​ទៅ​ដើម្បី​គាល់ព្រះគោតម​ដ៏ចំរើន។ ចង្កីព្រាហ្មណ៍​និយាយថា ម្នាល​ខត្តៈដ៏ចំរើន បើដូច្នោះ អ្នកចូរចូល​ទៅរក​​ពួកព្រាហ្មណ៍ និងគហបតី ដែលនៅក្នុង​ឱបាសាទគ្រាម លុះចូល​ទៅដល់ហើយ និយាយ​នឹងពួក​ព្រាហ្មណ៍ និងគហបតី អ្នកនៅក្នុង​ឱបាសាទ​គ្រាម យ៉ាងនេះថា ម្នាលអ្នក​ទាំងឡាយ​ដ៏ចំរើន ចង្កីព្រាហ្មណ៍ បាននិយាយ​យ៉ាងនេះថា សូមឲ្យ​អ្នកដ៏ចំរើន​ទាំងឡាយ រង់ចាំ​បន្តិចសិន ដ្បិតចង្កីព្រាហ្មណ៍ ចង់ចូលទៅគាល់​​ព្រះសមណ​គោតមដែរ។ ខត្តាមាត្យនោះ ទទួលពាក្យ​ចង្កីព្រាហ្មណ៍​ថា បាទ លោកដ៏ចំរើន រួចចូលទៅ​រកពួកព្រាហ្មណ៍ និងគហបតី ដែលនៅ​​ក្នុង​ឱបាសាទគ្រាម លុះចូល​ទៅដល់​ហើយ បានពោល​ទៅរកពួក​ព្រាហ្មណ៍ គហបតី ដែលនៅ​​ក្នុងឱបាសាទគ្រាម ដូច្នេះថា ម្នាលអ្នក​ដ៏ចំរើន​ទាំងឡាយ ចង្កីព្រាហ្មណ៍ និយាយ​យ៉ាង​នេះ​​ថា សូមឲ្យ​អ្នកទាំងឡាយ រង់ចាំបន្តិច​សិន ដ្បិតចង្កីព្រាហ្មណ៍ ចង់ចូលទៅ​គាល់​​ព្រះគោតមដែរ។

[៦៦] ក៏សម័យនោះឯង បណ្តាពួកព្រាហ្មណ៍ ដែលមកអំពីដែន​ដទៃផ្សេងៗ មានពួក​ព្រាហ្មណ៍ ​ចំនួន៥០០នាក់ នៅអាស្រ័យ​ក្នុង​ឱបាសាទគ្រាម ដោយកិច្ចណា​នីមួយៗ។ ពួកព្រាហ្មណ៍​ទាំងនោះ បានឮថា ចង្កីព្រាហ្មណ៍ នឹងចូលទៅគាល់​ព្រះសមណ​គោតម។ ទើបព្រាហ្មណ៍​ទាំងនោះ នាំគ្នាចូលទៅរក​ចង្កីព្រាហ្មណ៍ ត្រង់កន្លែង​ដែលគាត់​នៅ លុះចូល​ទៅដល់ហើយ បាននិយាយទៅ​រក​ចង្កីព្រាហ្មណ៍ ដូច្នេះថា ឮថា ចង្កីដ៏ចំរើន នឹងចូល​ទៅគាល់​ព្រះសមណ​គោតម មែនឬ។ ចង្កីព្រាហ្មណ៍​ឆ្លើយថា ម្នាលអ្នកដ៏​ចំរើន​ទាំងឡាយ យ៉ាងហ្នឹងហើយ ខ្ញុំឯងនឹង​ទៅគាល់​ព្រះសមណ​គោតម​មែន។ ពួកព្រាហ្មណ៍​និយាយឃាត់ថា ចង្កីដ៏ចំរើន កុំចូលទៅគាល់​ព្រះសមណ​គោតម​​ឡើយ ចង្កីដ៏ចំរើន មិនគួរ​ចូលទៅគាល់​ព្រះសមណគោតមទេ គួតែ​ព្រះសមណគោតម ចូលមកចួប​នឹងចង្កី​ដ៏ចំរើនវិញ ដ្បិត​ចង្កីដ៏ចំរើន មានកំណើត​បរិសុទ្ធទាំងពីរ​ចំណែក គឺ​ខាងមាតា និងខាង​បិតា ប្រសូតចាកគភ៌ដ៏បរិសុទ្ធ តាំងអំពីតំណ នៃជីដូន​ជីតា​​ជា​គំរប់​៧មក មិនមានអ្នក​ណាមួយ រិះគន់ តិះដៀល ដោយពោល​ដល់ជាតិកំណើត​បានឡើយ ចង្កីដ៏ចំរើន មានកំណើត​បរិសុទ្ធទាំងពីរចំណែក គឺខាងមាតា និងខាងបិតា ប្រសូតចាក​គភ៌​​ដ៏បរិសុទ្ធ តាំងអំពី​តំណ​នៃជីដូន​ជីតា ជាគំរប់៧មក មិនមានអ្នក​ណាមួយ រិះគន់ តិះដៀល ដោយ​ពោល​ដល់​ជាតិកំណើត​បានឡើយ ដោយហេតុណា ហេតុនោះ បានជាចង្កីដ៏ចំរើន មិនគួរចូល​ទៅគាល់​ព្រះសមណ​គោតម​ទេ គួរតែ​ព្រះសមណគោតម​ចូលមកចួប​នឹងចង្កី​ដ៏ចំរើន​វិញ មួយទៀត ចង្កីដ៏​ចំរើន ជាអ្នក​ស្តុកស្តម្ភ មានទ្រព្យ​ច្រើន មានគ្រឿង​បរិភោគ​ច្រើន មិនតែប៉ុណ្ណោះ ចង្កីដ៏ចំរើន ចេះចប់​ត្រៃវេទ ព្រមទាំង​គម្ពីរ​និឃណ្ឌុ និងគម្ពីរ​កេដុភៈ ព្រមទាំង​អក្ខរប្បភេទ គឺ​សិក្ខា និង​និរុត្តិ ដែលមាន​គម្ពីរ​ឥតិហាសៈ ជាគំរប់៥ ជាអ្នកស្គាល់​នូវបទ និងវេយ្យាករណ៍ ជាអ្នកមិន​ឱនថយ គឺស្ទាត់ជំនាញ ក្នុង​លោកាយតសាស្ត្រ និង​មហាបុរិសលក្ខណ​​ព្យាករណសាស្ត្រ មួយទៀត ចង្កីដ៏ចំរើន មានរូបល្អ គួរពិត​ពិល​រមិលមើល គួរជាទីជ្រះថ្លា ប្រកប​ដោយពណ៌​សម្បុរ​ដ៏ល្អក្រៃលែង មានព្រះវ័ណ្ណ ស្រដៀង​នឹងព្រហ្ម មានសរីរៈ​ស្រដៀងគ្នា​នឹងព្រហ្ម មានសព៌ាង្គរាងកាយ គួរឲ្យចង់​មើលមិនលែង មួយទៀត ចង្កីដ៏ចំរើន ជាអ្នកមានសីល មានសីលដ៏ចំរើន ប្រកបដោយ​សីលដ៏ចំរើន មួយទៀត ចង្កីដ៏ចំរើន មាន​សំដីពីរោះ និយាយ​សំដីពីរោះ ប្រកបដោយ​សំដីអ្នកក្រុង ជាសំដី​ច្បាស់លាស់ ប្រាសចាក​ទោស អាចញុំាងអ្នកស្តាប់ ឲ្យចូលចិត្ត​​សេចក្តី​ជាក់លាក់​បាន មួយទៀត ចង្កីដ៏ចំរើន ជាអាចារ្យ ជាប្រធាន​លើអាចារ្យ​នៃពួក​ជនច្រើន បាន​បង្រៀន​មន្ត​មាណព ៣០០នាក់ មួយទៀត ចង្កីដ៏ចំរើន ព្រះបាទ​បសេនទិកោសល តែង​ធ្វើ​សក្ការៈ ធ្វើសេចក្តី​គោរព រាប់អាន បូជា កោតក្រែង ទាំង​បោក្ខរសាតិ​ព្រាហ្មណ៍ ក៏តែងធ្វើ​សក្ការៈ ធ្វើសេចក្តី​​គោរព រាប់អាន បូជា កោតក្រែង​ចង្កីដ៏ចំរើន​ដែរ មួយទៀត ចង្កីដ៏ចំរើន នៅគ្រប់​គ្រង​ឱបាសាទគ្រាម ដែលជា​ស្រុកកុះករ ដោយ​មនុស្ស និងសត្វ សម្បូណ៌​ដោយស្មៅ ឧស និងទឹក បរិបូណ៌​ដោយ​ធញ្ញាហារ ជាស្រុក​ព្រះរាជ​ទ្រព្យ ដែល​ព្រះបាទ​បសេនទិកោសល ប្រទាន ជាព្រះរាជ​អំណោយ​ដ៏ប្រសើរ គឺទ្រង់​ប្រទាន​ដោយ​ដាច់ខាត ចង្កីដ៏ចំរើន នៅគ្រប់​គ្រង​ឱបាសាទគ្រាម ដែលជា​ស្រុកកុះករ​ដោយ​មនុស្ស និងសត្វ សម្បូណ៌​ដោយ​ស្មៅ ឧស និងទឹក បរិបូណ៌​ដោយ​ធញ្ញាហារ ជាស្រុក​ព្រះរាជ​ទ្រព្យ ដែល​ព្រះបាទ​បសេនទិកោសល ប្រទាន ជាព្រះរាជ​អំណោយ​ដ៏ប្រសើរ គឺព្រះរាជ​ទាន​ដោយ​ដាច់ខាត ដោយ​ហេតុណា ហេតុ​នេះ បាន​ជាថា ចង្កីដ៏ចំរើន មិនគួរ​ចូលទៅ​ចួបនឹង​ព្រះសមណគោតម​ឡើយ គួរតែ​ព្រះសមណ​គោតម ចូលមក​ចួបនឹងចង្កី​ដ៏ចំរើន​វិញ។

[៦៧] កាលបើពួកព្រាហ្មណ៍ និយាយយ៉ាងនេះហើយ ចង្កីព្រាហ្មណ៍ ក៏និយាយ​នឹង​ព្រាហ្មណ៍​ទាំងនោះ យ៉ាងនេះថា នែអ្នក​ដ៏ចំរើន បើដូច្នោះ ចូរស្តាប់​ពាក្យខ្ញុំ​សិនថា បើទុកជា​យ៉ាងណាៗ ក៏គួរតែ​យើងចូល​ទៅគាល់​ព្រះសមណ​គោតមនោះ​វិញ មិនគួរ​ឲ្យ​ព្រះគោតម​ដ៏ចំរើននោះ ចូលមក​ចួបនឹង​យើងទេ នែអ្នក​ទាំងឡាយ​ដ៏ចំរើន ឮថា ព្រះសមណ​គោតម មានជាតិ​បរិសុទ្ធ​ទាំងពីរ​ចំណែក គឺខាងព្រះមាតា និងព្រះបិតា ប្រសូត​ចាកគភ៌​ដ៏បរិសុទ្ធ តាំងពី​តំណ​នៃ​ព្រះអយ្យកោ អយ្យិកា ជាគំរប់​៧មក មិនមាន​អ្នកណា​តិះដៀល ដោយ​ពោល​ដល់​ជាតិកំណើត​បានឡើយ ព្រះសមណគោតម មានជាតិ​ដ៏ល្អ ទាំងពីរ​ចំណែក។បេ។ ដោយពោល​ដល់ជាតិ​កំណើត​បានឡើយ ដោយ​ហេតុ​ណា ហេតុនេះ មិនគួរ​ឲ្យ​ព្រះគោតម​ដ៏ចំរើន​នោះ ចូលមក​ចួបនឹង​យើងទេ គួរតែ​យើង​រាល់គ្នា ចូលទៅ​គាល់ព្រះគោតម​ដ៏ចំរើននោះ ដោយពិត នែអ្នក​ទាំងឡាយ​ដ៏ចំរើន ឮថា ព្រះសមណ​គោតម ទ្រង់លះបង់​មាសប្រាក់​​មាន​ប្រមាណ​​ច្រើន ដែលឋិត​នៅលើ​ផែនដី ទាំងឋិត​នៅ​ក្នុងវេហាស៍ គឺក្នុង​ប្រាសាទ​ជាន់លើ ហើយចេញ​​ទៅទ្រង់​ព្រះផ្នួស នែគ្នា​យើង ឮថា​ព្រះសមណ​គោតម ព្រះអង្គ​ជាកម្ល៉ោះ​នៅឡើយ មាន​ព្រះកេសា​ខ្មៅស្រិល ប្រកប​ដោយ​វ័យដ៏ចំរើន គឺបឋមវ័យ ទ្រង់ចេញចាក​គេហដ្ឋាន ចូលទៅ​កាន់ផ្នួស នែគ្នាយើង ឮថា ព្រះសមណ​គោតម កាលព្រះវរ​មាតាបិតា មិនពេញ​ព្រះហឫទ័យ (នឹងការទ្រង់ព្រះផ្នួស) កំពុង​មានព្រះភក្ត្រ​ជោកជាំ ដោយទឹកព្រះនេត្រ ទ្រង់ព្រះកន្សែង​សោយសោក ព្រះអង្គ ទ្រង់ដាក់​ព្រះកេសា និងព្រះមស្សុ ទ្រង់ព្រះ​កាសាវ​ពស្ត្រ ហើយចេញ​ចាកគេហដ្ឋាន ចូលទៅ​កាន់ផ្នួស នែគ្នា​យើង ឮថា ព្រះសមណគោតម មានព្រះ​រូបល្អ គួរឲ្យ​រមិលមើល គួរជាទី​ជ្រះថ្លា ប្រកបដោយ​ព្រះវណ្ណៈ​ដ៏ល្អក្រៃលែង មានព្រះវណ្ណៈ​ស្រដៀង​នឹងព្រហ្ម មានព្រះសរីរៈ​ស្រដៀង​នឹងព្រហ្ម មាន​ព្រះសព៌ាង្គ​រាងកាយ គួរឲ្យចង់​មើលមិនលែង នែគ្នាយើង ឮថា ព្រះសមណ​គោតម ទ្រង់មាន​សីល មានសីល​ដ៏ប្រសើរ មានសីល​​ជា​កុសល ប្រកប​ដោយ​សីលជា​កុសល នែគ្នាយើង ឮថា ព្រះសមណ​គោតម មាន​ព្រះវាចា​​ពីរោះ មានព្រះពុទ្ធ​ដីកា​ដ៏ពីរោះ ប្រកបដោយ​វាចាជា​របស់​អ្នកក្រុង ជាព្រះវាចា​​ច្បាស់លាស់​​ប្រាសចាកទោស អាចញុំាង​អ្នកស្តាប់​ឲ្យចូលចិត្ត​សេចក្តីច្បាស់​លាស់បាន នែគ្នាយើង ឮថា ព្រះសមណគោតម ជាអាចារ្យ ជាប្រធាន​លើអាចារ្យ​របស់ពួកជនច្រើន នែគ្នាយើង ឮថា ព្រះសមណគោតម អស់កាមរាគៈ​ហើយ ប្រាសចាក​សេចក្តីស្រើប​ស្រាល​​ហើយ នែគ្នាយើង ឮថា ព្រះសមណ​គោតម ជាកម្មវាទី ជាកិរិយ​វាទី ព្រះអង្គ ទ្រង់ធ្វើ​ធម៌ដែល​គ្មានបាប ទុកជា​ខាងមុខ ក្នុងពួក​ព្រាហ្មណ៍ និងពួក​សត្វ នែគ្នាយើង ឮថា ព្រះសមណគោតម ចេញចាក​ត្រកូលដ៏ខ្ពស់ខ្ពស់ ជាត្រកូល​ក្សត្រិយ៍ មិនលាយច្រឡំ ហើយមក​ទ្រង់ព្រះផ្នួស នែគ្នាយើង ឮថា ព្រះសមណគោតម ចេញចាក​ត្រកូល​ដ៏​ស្តុក​ស្តម្ភ មានទ្រព្យ​ច្រើន មានភោគៈ​ច្រើន មកទ្រង់ព្រះផ្នួស នែគ្នាយើង ឮថា ពួកមនុស្ស អ្នកនៅ​ដែនក្រៅ អ្នកនៅ​ជនបទក្រៅ តែងនាំគ្នា​មកសាក​សួរព្រះសមណ​គោតម នែគ្នាយើង ឮថា ទេវតាច្រើន​ពាន់ បានដល់​ព្រះសមណគោតម ជាទីពឹង ស្មើដោយ​ជីវិត នែគ្នាយើង ឮថា កិត្តិសព្ទ​ល្អ នៃព្រះសមណ​គោតម ល្បីខ្ចរខ្ចាយ សុសសាយទៅ យ៉ាង​នេះថា ព្រះមានព្រះភាគ​អង្គនោះ ជាអរហន្ត សម្មាសម្ពុទ្ធ បរិបូណ៌​ដោយ​វិជ្ជា និងចរណៈ ជា​ព្រះសុគត ជ្រាបច្បាស់​នូវត្រៃលោក ប្រសើរ​បំផុត ជាសារថី ទូន្មាន​នូវបុរស ជាសាស្តា​នៃទេវតា និងមនុស្ស​ទាំងឡាយ បានត្រាស់​ដឹងនូវ​ចតុរារិយសច្ចធម៌ ទ្រង់លែង​វិលមកកាន់​ភពថ្មីទៀត នែគ្នាយើង ឮថា ព្រះសមណ​គោតម ប្រកប​ដោយ​​មហាបុរិសលក្ខណៈ ៣២ប្រការ នែគ្នា​យើង ឮថា ព្រះបាទមាគធសេនិយពិម្ពិសារ ព្រមទាំង​ព្រះរាជបុត្រ ព្រះអគ្គមហេសី បានដល់​ព្រះសមណ​គោតម ជាទីពឹង ស្មើដោយ​ជីវិត នែគ្នាយើង ឮថា ព្រះបាទបសេនទិកោសល ព្រមទាំង​​ព្រះរាជបុត្រ ព្រះអគ្គ​មហេសី បានដល់​ព្រះសមណគោតម ជាទីពឹង ស្មើដោយ​ជីវិត នែគ្នា​យើង ឮ​ថា បោក្ខរសាតិ​ព្រាហ្មណ៍ ព្រមទាំងបុត្រ និងភរិយា បានដល់​ព្រះសមណ​គោតម ជាទីពឹង ស្មើដោយ​ជីវិត នែគ្នាយើង ឮថា ព្រះសមណ​គោតម ស្តេចមក​ដល់​ឱបាសាទគ្រាម​ហើយ ឥឡូវនេះ គង់នៅ​ក្នុងសាលវ័ន ជាទេវវ័ន ជាខាង​ជើង​ឱបាសាទគ្រាម ជិតឱបាសាទគ្រាម ពួកសមណៈ ឬព្រាហ្មណ៍ ណាមួយ ដែលមក​ដល់​គាមក្ខេត្ត របស់យើង​ហើយ ពួកសមណ​ព្រាហ្មណ៍​ទាំងនោះ សុទ្ធតែជា​ភ្ញៀវរបស់​យើង ភ្ញៀវហ្នឹងឯង ត្រូវតែ​យើង​ធ្វើ​សក្ការៈ គោរព រាប់អាន បូជា នែគ្នាយើង ក៏ព្រះសមណ​គោតម​នេះឯង ស្តេចមកដល់​ឱបាសាទគ្រាម​ហើយ ឥឡូវនេះ គង់ក្នុងសាលវ័ន ជាទេវវ័ន ជាខាងជើង​ឱបាសាទគ្រាម ជិតឱបាសាទគ្រាម ឯព្រះសមណ​គោតម ជាភ្ញៀវ​របស់​យើង ភ្ញៀវហ្នឹងឯង ក៏ត្រូវតែ​យើងធ្វើសក្ការៈ គោរព រាប់អាន បូជា ដោយហេតុ​នេះហើយ បានជាមិនគួរ​ឲ្យព្រះសមណគោតម​ដ៏ចំរើននោះ ចូលមកចួប​នឹងយើងឡើយ តាមពិត គួរតែពួកយើង ចូលទៅគាល់​ព្រះសមណគោតម​ដ៏ចំរើននោះវិញ នែគ្នាយើង ខ្ញុំដឹងគុណ (ដែលគួរ​សរសើរ) របស់ព្រះគោតម​ដ៏ចំរើននោះ ត្រឹមតែប៉ុណ្ណេះឯង តែព្រះគោតម​ដ៏ចំរើននោះ មិនមែន​មានគុណ​ដែលគួរសរសើរ ត្រឹមតែប៉ុណ្ណេះទេ ព្រោះព្រះគោតម​ដ៏ចំរើននោះ មានគុណ នឹងរាប់ នឹងប្រមាណពុំបាន នែគ្នាយើង ព្រះគោតមដ៏ចំរើន​នោះ ទោះបីព្រះអង្គ​ប្រកបដោយ​អង្គតែមួយៗ ព្រះ​គោតមដ៏ចំរើន​នោះ ក៏មិនគួរ​នឹងចូល​មកចួប​នឹង​យើងទេ តាមពិត គួរតែពួកយើង ចូលទៅចួប​នឹង​ព្រះគោតម​ដ៏ចំរើន​នោះ​វិញ។ ពួកព្រាហ្មណ៍​​និយាយ​គ្នាថា នែគ្នា​យើង បើដូច្នោះ ពួកយើង​ទាំងអស់គ្នា នឹងនាំគ្នា​ចូលទៅគាល់​​ព្រះសមណគោតម។ ទើប​ចង្កី​ព្រាហ្មណ៍ ព្រមទាំង​ពួកព្រាហ្មណ៍​ច្រើននាក់ ចូលទៅគាល់​ព្រះសមណគោតម លុះចូលទៅ​ដល់ហើយ ក៏ពោលពាក្យ​សំណេះ​សំណាល ជាមួយនឹង​​ព្រះមានព្រះភាគ លុះបញ្ចប់ពាក្យ​ដែលគួររីករាយ និងពាក្យដែល​គួររលឹក​ហើយ ក៏អង្គុយក្នុងទីដ៏សមគួរ។ ក៏សម័យនោះឯង ព្រះមានព្រះភាគ ទ្រង់ពោល​ពាក្យណាមួយ ទៅរក​ពួក​ព្រាហ្មណ៍​ចាស់ៗ លុះបញ្ចប់​ពាក្យដែលគួរ​រលឹកហើយ ក៏ទ្រង់គង់។

[៦៨] សម័យនោះឯង មានមាណពកំឡោះម្នាក់ ឈ្មោះ​កាបទិកៈ មានក្បាលកោរ មានអាយុប្រមាណ​ ១៦ឆ្នាំ អំពីកំណើត ចេះចប់ត្រៃវេទ ព្រមទាំង​គម្ពីរ​និឃណ្ឌុ និងគម្ពីរ​កេដុភៈ ព្រមទាំង​អក្ខរប្បភេទ គឺសិក្ខា និង​និវុត្តិ ដែលមាន​គម្ពីរ​​ឥតិហាសៈ ជាគំរប់៥ ជាអ្នក​ស្គាល់​នូវបទ និងវេយ្យាករណ៍ ជាអ្នក​មិនឱនថយ គឺស្ទាត់ជំនាញ ក្នុង​លោកាយត​សាស្ត្រ និង​​មហាបុរិស​លក្ខណ​ព្យាករណសាស្ត្រ អង្គុយនៅ​ក្នុង​ប្រជុំ​បរិស័ទនោះ។ មាណពនោះ ក៏និយាយស្កាត់​សំដីរបស់ពួក​ព្រាហ្មណ៍ចាស់ៗ ដែលកំពុង​តែប្រឹក្សា ទៅរក​ព្រះមានព្រះភាគ។ ទើបព្រះមានព្រះភាគ ទ្រង់ឃាត់​កាបទិកមាណព​ថា ភារទ្វាជៈ​មានអាយុ កុំនិយាយ​ស្កាត់សំដី​ របស់ពួក​ព្រាហ្មណ៍ចាស់ៗ ដែលកំពុង​តែប្រឹក្សាឡើយ ភារទ្វាជៈ​មានអាយុ ចូរបង្អង់ចាំឲ្យ​ចប់សំដី​គេសិន។

[៦៩] កាលបើព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ចង្កីព្រាហ្មណ៍ ក៏ក្រាប​បង្គំទូល​ព្រះមានព្រះភាគ ដូច្នេះថា ព្រះគោតម​ដ៏ចំរើន កុំឃាត់​កាបទិកមាណព​ឡើយ ដ្បិត​​កាបទិកមាណព ជាកុលបុត្រផង ជាពហុស្សូតផង ​កាបទិកមាណព ជាបណ្ឌិតផង ​កាបទិកមាណព ជាអ្នកនិយាយ​ពាក្យពីរោះផង ​កាបទិកមាណព អាចនឹង​​ប្រឹក្សាក្នុង​ពាក្យ​នោះ ជាមួយនឹង​ព្រះគោតម​ដ៏ចំរើនបានផង។ ទើបព្រះមានជោគ មានព្រះតម្រិះ​យ៉ាង​នេះថា ​កាបទិកមាណព មុខជា​នឹងបាន​សម្រេចត្រៃវិជ្ជា ក្នុងព្រះពុទ្ធសាសនា​ដោយ​ពិត ព្រោះហេតុនោះ បានជាពួកព្រាហ្មណ៍ លើក​​កាបទិកមាណព​នោះជាត្រីមុខ។ គ្រានោះ ​កាបទិកមាណព មានសេចក្តីត្រិះរិះ យ៉ាងនេះថា កាលណាបើ​ព្រះសមណ​គោតម ទ្រង់ឆ្មៀង​ព្រះនេត្រ​មកចំភ្នែក​របស់អញ អញនឹងសួរប្រស្នា ចំពោះ​ព្រះសមណ​គោតម ក្នុងកាល​នោះ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ជ្រាប​នូវ​បរិវិតក្កៈ ក្នុងចិត្ត​របស់​​​កាបទិកមាណព ដោយព្រះហឫទ័យ​របស់ព្រះអង្គហើយ ទើបឆ្មៀងព្រះនេត្រ ចំពោះ​ទៅរក​​កាបទិកមាណព។ គ្រានោះ ​កាបទិកមាណព មានសេចក្តី​ត្រិះរិះ យ៉ាងនេះ​ថា ព្រះសមណគោតម មើលមកអញ​ហើយតើ បើដូច្នោះ មានតែអញ​សួរប្រស្នា ចំពោះ​ព្រះសមណ​គោតម។ លំដាប់នោះ ​កាបទិកមាណព ក្រាបបង្គំ​ទូលសួរ​ព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតម​ដ៏ចំរើន បទមន្តចាស់ របស់​ពួកព្រាហ្មណ៍​ដែលប្រកាន់​តៗគ្នាថា ដូច្នេះៗ ប្រកាន់តាមក្បួន ក៏បណ្តាពួកព្រាហ្មណ៍​ទាំងនោះ ពួកព្រាហ្មណ៍​ដែលដល់នូវ​​សេចក្តីចូលចិត្ត ដោយចំណែក​មួយថា ពាក្យនេះពិត ឯពាក្យដទៃ ជាមោឃៈ ក្នុងសេចក្តីនេះ ព្រះគោតម​ដ៏ចំរើន ទ្រង់សំដែងថា​ដូចម្តេចទៅវិញ។

[៧០] ព្រះមានព្រះភាគត្រាស់ថា ម្នាលភារទ្វាជៈ ចុះបណ្តា​ព្រាហ្មណ៍ទាំងឡាយ មានព្រាហ្មណ៍​ណាខ្លះ សូម្បីតែម្នាក់ ពោលយ៉ាង​នេះថា អញដឹង​ហេតុនេះ អញឃើញ​ហេតុនេះ ពាក្យនេះពិត ឯពាក្យដទៃ ជាមោឃៈ ដូច្នេះ មានដែរឬទេ។ ​កាបទិកមាណព ឆ្លើយថា បពិត្រ​ព្រះគោតម​ដ៏ចំរើន ពុំមានទេ។ ម្នាល​ភារទ្វាជៈ ចុះបណ្តា​​ព្រាហ្មណ៍​ទាំងឡាយ ព្រាហ្មណ៍ខ្លះ មានអាចារ្យ​ជាមួយគ្នា​ផង ជាប្រធាន​លើអាចារ្យ​ជាមួយគ្នាផង តាំងអំពីគូ​នៃអាចារ្យ​ជាគំរប់៧មក ពោលយ៉ាងនេះថា អញដឹងហេតុនេះ អញឃើញ​ហេតុនេះ ពាក្យនេះពិត ឯពាក្យដទៃ ជាមោឃៈ ដូច្នេះ មានដែរ​ឬទេ។ ​ បពិត្រ​ព្រះគោតម​ដ៏ចំរើន ពុំមានទេ។ ម្នាល​ភារទ្វាជៈ ចុះបណ្តា​​ព្រាហ្មណ៍​​ទាំងឡាយ មានពួក​ព្រាហ្មណ៍​ណា ជាឥសី មានក្នុង​ជាន់មុន ជាអ្នកតាក់​តែងនូវមន្ត អ្នកពោលនូវ​មន្ត បទនៃមន្ត​ចាស់នេះ ដែលពួកព្រាហ្មណ៍ណា បានសូត្រហើយ បានពោលហើយ បានតាំងទុកហើយ ឥឡូវនេះ ពួកព្រាហ្មណ៍ សូត្រតាមមន្តនោះ ពោលតាមមន្តនោះ ពោលតាម​មន្ត ដែលគេពោល​ហើយ បង្រៀន​មន្ត​ដែលគេ​​បង្រៀនហើយ ពួកឥសីទាំងនោះ គឺឥសីឈ្មោះ អដ្ឋកៈ ឈ្មោះ​វាមកៈ ឈ្មោះ​វាមទេវៈ ឈ្មោះ​វេស្សាមិត្តៈ ឈ្មោះ​យមតគ្គិ ឈ្មោះ​អង្គីរសៈ ឈ្មោះ​ភារទ្វាជៈ ឈ្មោះ​វាសេដ្ឋៈ ឈ្មោះ​កស្សបៈ ឈ្មោះ​ភគុ ក៏ពួកឥសី​ទាំងនោះ ពោលយ៉ាង​នេះថា យើងទាំងឡាយ ដឹងហេតុនេះ យើងទាំងឡាយ ឃើញ​ហេតុនេះ ពាក្យនេះពិត ឯពាក្យដទៃ ជាមោឃៈ ដូច្នេះ មានដែរឬទេ។ ​ បពិត្រ​ព្រះ​គោតម​​ដ៏ចំរើន ពុំមានទេ។

[៧១] ព្រះភគវន្តមុនីនាថ ទ្រង់ត្រាស់ថា ម្នាលភារទ្វាជៈ មិនមានឮថា បណ្តា​ព្រាហ្មណ៍​​ទាំងឡាយ មិនមាន​ព្រាហ្មណ៍ណាមួយ សូម្បីតែម្នាក់ ពោលយ៉ាងនេះថា អញដឹង​ហេតុនេះ អញឃើញ​​ហេតុនេះ ពាក្យនេះពិត ឯពាក្យដទៃ ជាមោឃៈ បណ្តា​ព្រាហ្មណ៍​​ទាំងឡាយ មិនមាន​ព្រាហ្មណ៍​ណាមួយ ដែលមាន​អាចារ្យជាមួយគ្នា ឬមានអាចារ្យ​ជាប្រធាន​លើអាចារ្យជាមួយគ្នា ដរាបតាំងអំពី​គូនៃអាចារ្យ ជាគំរប់៧មក ពោលយ៉ាង​នេះថា អញដឹងហេតុនេះ អញឃើញ​ហេតុនេះ ពាក្យនេះពិត ឯពាក្យដទៃ ជាមោឃៈ បណ្តា​ព្រាហ្មណ៍​​ទាំងឡាយ ពួកព្រាហ្មណ៍​ដែលជាឥសី មានក្នុងជាន់មុន ជាអ្នកតាក់​តែងមន្ត អ្នកពោល​មន្ត បទនៃមន្តចាស់នេះ ដែលពួកឥសីណា បាន​សូត្រ​ហើយ បានពោល​ហើយ បានតាំងទុកហើយ ឥឡូវនេះ ពួកព្រាហ្មណ៍ បានសូត្រ​តាម​មន្ត​នោះ បានពោល​តាមមន្ត​នោះ បានពោល​តាម​មន្ត ដែល​គេពោល​ហើយ បានបង្រៀន​មន្ត ដែលគេ​​បង្រៀន​ហើយ ពួកឥសីទាំងនោះ គឺឥសីឈ្មោះ អដ្ឋកៈ ឈ្មោះ​វាមកៈ ឈ្មោះ​វាមទេវៈ ឈ្មោះ​វេស្សាមិត្តៈ ឈ្មោះ​យមតគ្គិ ឈ្មោះ​អង្គីរសៈ ឈ្មោះ​ភារទ្វាជៈ ឈ្មោះ​វាសេដ្ឋៈ ឈ្មោះ​កស្សបៈ ឈ្មោះ​ភគុ ក៏ពួកឥសី​ទាំងនោះ មិនពោល​ថា យើងទាំងឡាយ ដឹងហេតុនេះ យើង​ទាំងឡាយ ឃើញ​ហេតុនេះ ពាក្យនេះពិត ឯពាក្យដទៃ ជាមោឃៈ។ ម្នាលភារទ្វាជៈ ដូចបុរសខ្វាក់​ទាំងជួរ ដែលជាប់តៗគ្នា បុរស​ដែល​ដើរមុន ក៏មើល​មិន​ឃើញ បុរសដែល​ដើរកណ្តាល ក៏មើលមិនឃើញ បុរសដែល​​ដើរក្រោយ ក៏មើល​មិនឃើញ យ៉ាងណាមិញ ម្នាលភារទ្វាជៈ ភាសិតរបស់​​ពួកព្រាហ្មណ៍ ក៏មានទំនង​ដូចបុរស​ខ្វាក់ទាំងជួរ បុរសដែលដើរមុន ក៏មើល​មិនឃើញ បុរសដែល​ដើរកណ្តាល ក៏មើលមិនឃើញ បុរសដែលដើរក្រោយ ក៏មើលមិនឃើញ យ៉ាងនោះដែរ ម្នាលភារទ្វាជៈ អ្នកយល់​សេចក្តីនោះ ដូចម្តេច កាលបើ​យ៉ាងនេះ តើ​សទ្ធា​ដែលគ្មាន​ឫសគល់ របស់ពួកព្រាហ្មណ៍ សម្រេចបានដែរឬ។ កាបទិកមាណព ក្រាបទូលថា បពិត្រព្រះគោតម​ដ៏ចំរើន សម្រេច​មិនបានទេ ពួកព្រាហ្មណ៍ តែងចូល​ទៅ​អង្គុយជិត​ដោយសទ្ធា ពួកព្រាហ្មណ៍ តែងចូលទៅអង្គុយជិត ដោយការស្តាប់​តៗគ្នាមក។

[៧២] ព្រះបរមគ្រូទ្រង់ត្រាស់ថា ម្នាលភារទ្វាជៈ កាលពីមុន អ្នកថាជឿ ឥឡូវនេះ អ្នកថា​ឮតាមគេ ម្នាល​ភារទ្វាជៈ ធម៌ទាំង​៥​យ៉ាង​នេះ មាន​វិបាក២​យ៉ាង ក្នុងបច្ចុប្បន្ន ធម៌​ទាំង​៥យ៉ាង តើដូចម្តេច ធម៌ទាំង៥យ៉ាង​គឺ សេចក្តីជឿ១ សេចក្តី​គាប់ចិត្ត១ ការឮ​តាមគ្នា១ ការត្រិះរិះ​នូវអាការ១ សេចក្តី​ចូលចិត្ត​តាមការ​យល់១ ម្នាលភារទ្វាជៈ ធម៌ទាំង​៥នេះឯង មានវិបាក​២យ៉ាង ក្នុងបច្ចុប្បន្ន ម្នាលភារទ្វាជៈ គឺហេតុណា ដែលបុគ្គល​ជឿស៊ប់ តែហេតុ​នោះ ជាហេតុ​សោះសូន្យ​ទទេ កុហកសោះ​ក៏មាន ហេតុណា ដែលបុគ្គលមិនជឿ​ស៊ប់ទេ តែហេតុនោះ ជាហេតុ​ពិតប្រាកដ មិនមែន​ជាដទៃ​ក៏មាន ម្នាលភារទ្វាជៈ មួយទៀត ហេតុណា ដែលបុគ្គល​គាប់ចិត្ត​ស៊ប់។បេ។ ពាក្យណា ដែលបុគ្គល​​ឮច្បាស់​តាមគ្នា។បេ។ ហេតុណា ដែលបុគ្គល​ត្រិះរិះ​ឃើញជាក់។បេ។ ហេតុណា ដែលបុគ្គល​​ចូលចិត្តស៊ប់ តែហេតុ​នោះ ជាហេតុ​សោះសូន្យ​ទទេ កុហក​សោះក៏មាន ហេតុណា ដែលបុគ្គល​មិនចូល​ចិត្ត​ស៊ប់ទេ តែហេតុនោះ ជាហេតុពិតប្រាកដ មិនមែន​​ជាដទៃ​ក៏មាន ម្នាលភារទ្វាជៈ បុរសជា​អ្នកប្រាជ្ញ អ្នករក្សាសច្ចៈ មិនគួរ​ចូលចិត្ត​ដោយ​​ដាច់ខាត ក្នុងហេតុនេះថា ពាក្យនេះពិត ពាក្យដទៃ ជាមោឃៈ ដូច្នេះ​ឡើយ។ កាបទិកមាណព ក្រាបទូល​សួរថា បពិត្រព្រះគោតម​ដ៏ចំរើន ចុះការរក្សាសច្ចៈ តើត្រឹម​ប៉ុន្មាន បុគ្គលរក្សាសច្ចៈ តើត្រឹមប៉ុន្មាន យើងខ្ញុំព្រះអង្គ សូមសួរចំពោះ​​ការរក្សាសច្ចៈ និងព្រះគោតម​ដ៏ចំរើន។

[៧៣] ព្រះលោកនាថត្រាស់ថា ម្នាលភារទ្វាជៈ បើបុរសមានជំនឿថា ជំនឿរបស់​អញ​យ៉ាងនេះ កាលដែល​និយាយតាម​គំនិតដូច្នេះ ឈ្មោះថា រក្សាសច្ចៈ តែមិនទាន់​​ដល់​នូវសេចក្តី​ចូលចិត្ត ដោយដាច់​ខាតថា ពាក្យនេះពិត ពាក្យដទៃ ជាមោឃៈ ត្រឹមប៉ុណ្ណោះ​ឡើយ ម្នាល​ភារទ្វាជៈ ការរក្សា​សច្ចៈ​ត្រឹមប៉ុណ្ណេះ បុគ្គល​រក្សាសច្ចៈ​ត្រឹមប៉ុណ្ណេះ យើងក៏​បញ្ញត្ត​ការរក្សាសច្ចៈ​ត្រឹមប៉ុណ្ណេះ តែការ​ត្រាស់ដឹងសច្ចៈ មិនទាន់​មានដល់​បុរស​នោះ​នៅ​ឡើយទេ ម្នាលភារទ្វាជៈ បើបុរស​មានសេចក្តី​គាប់ចិត្ត… ម្នាលភារទ្វាជៈ បើបុរស​មានការ​ឮតាម​ៗគ្នា… ម្នាលភារទ្វាជៈ បើបុរស​មានសេចក្តី​ត្រិះរិះ​នូវអាការ… ម្នាលភារទ្វាជៈ បើបុរសមានសេចក្តីចូល​ចិត្ត​ដោយការយល់ថា សេចក្តីចូលចិត្ត តាមការ​យល់របស់អញ យ៉ាងនេះ កាលបើនិយាយ​តាមសេចក្តីចូលចិត្ត ដោយការយល់​ដូច្នេះ ឈ្មោះថា រក្សាសច្ចៈ តែមិនទាន់​​ដល់​នូវ​សេចក្តីចូលចិត្ត ដោយដាច់ខាតថា ពាក្យនេះពិត ឯពាក្យដទៃ ជាមោឃៈ ត្រឹមប៉ុណ្ណោះ​​ឡើយ ម្នាល​ភារទ្វាជៈ ការរក្សា​សច្ចៈ​​ត្រឹមប៉ុណ្ណេះ បុគ្គល​រក្សាសច្ចៈ​ត្រឹមតែប៉ុណ្ណេះ យើងក៏​បញ្ញត្ត​ការរក្សាសច្ចៈ​ត្រឹមប៉ុណ្ណេះ តែការ​ត្រាស់​ដឹងសច្ចៈ មិនទាន់​មានដល់​បុរស​​នោះនៅ​ឡើយទេ។ កាបទិកមាណព ក្រាបបង្គំ​ទូលសួរ​ថា បពិត្រព្រះគោតម​ដ៏ចំរើន ការរក្សាសច្ចៈ​ត្រឹមប៉ុណ្ណេះ បុគ្គលរក្សាសច្ចៈ​ត្រឹមប៉ុណ្ណេះ យើងខ្ញុំទាំងឡាយ ក៏​បញ្ញត្ត​ការរក្សាសច្ចៈ​ត្រឹមប៉ុណ្ណេះ​ដែរ បពិត្រព្រះគោតម​ដ៏ចំរើន ចុះការ​ត្រាស់​ដឹងសច្ចៈ​ត្រឹមប៉ុន្មាន បុគ្គលត្រាស់​ដឹងសច្ចៈត្រឹម​ប៉ុន្មាន យើងខ្ញុំសូមសួរ ចំពោះការ​ត្រាស់ដឹងសច្ចៈ នឹងព្រះគោតម​ដ៏ចំរើន។

[៧៤] ព្រះមានព្រះភាគត្រាស់ថា ម្នាលភារទ្វាជៈ មានសេចក្តីដំណាលថា ភិក្ខុ​ក្នុង​សាសនានេះ ចូលទៅ​អាស្រ័យ​នូវស្រុក ឬនិគមណាមួយ។ គហបតីក្តី កូនគហបតីក្តី ចូល​ទៅរកភិក្ខុ​នោះឯង ល្បងមើល​ក្នុងធម៌​ទាំងឡាយ ៣ប្រការ គឺធម៌ជា​ទីតាំង​នៃ​លោភៈ ធម៌ជាទីតាំង​នៃ​ទោសៈ ធម៌ជាទីតាំង​នៃ​មោហៈ ដោយគំនិតថា បុគ្គលមានចិត្ត ដែល​ធម៌ជា​ទីតាំង​នៃ​លោភៈ មានសភាព​យ៉ាងណា គ្របសង្កត់​ហើយមិនដឹង និយាយថា អាត្មាអញដឹង ឬមិនឃើញ និយាយថា អាត្មាអញឃើញ ឬក៏ហេតុណា​ដែលប្រព្រឹត្ត​ទៅ ដើម្បីកម្ម​មិនមែនជាប្រយោជន៍ ដើម្បីសេចក្តីទុក្ខ​អស់កាលយូរ ដល់បុគ្គលទាំងឡាយដទៃ ក៏បបួលនូវបុគ្គលដទៃ ដើម្បីហេតុនោះ ធម៌ទាំងឡាយ ដែលជាទីតាំងនៃសេចក្តីលោភ មានសភាពដូច្នោះ តើមានដល់លោក​មានអាយុ​នេះដែរឬហ្ន៎។ កាលគហបតី ឬកូន​គហបតី ល្បងមើល​ភិក្ខុនោះ ក៏ដឹងយ៉ាងនេះថា បុគ្គលមានចិត្ត ដែលធម៌ទាំងឡាយ ជាទីតាំងនៃ​សេចក្តីលោភ មានសភាព​យ៉ាងណា គ្របសង្កត់ហើយ មិនដឹង និយាយថា អាត្មាអញដឹង ឬមិនឃើញ និយាយថា អាត្មាអញ​ឃើញ ឬក៏ហេតុណា ដែលប្រព្រឹត្ត​ទៅ ដើម្បីកម្មមិនជាប្រយោជន៍ ដើម្បីសេចក្តីទុក្ខ អស់កាលយូរ ដល់បុគ្គលទាំងឡាយ​ដទៃ ក៏បបួល​នូវបុគ្គលដទៃ ដើម្បីហេតុនោះ ធម៌ទាំងឡាយ ជាទីតាំង​នៃសេចក្តីលោភ មានសភាព​ដូច្នោះ មិនមានដល់លោក​មានអាយុនេះទេ។ កាយសមាចារ និង​វចីសមាចារ របស់លោកមានអាយុនេះ ក៏ដូចជារបស់​អ្នកដែល​មិនលោភដែរ បើលោក​មានអាយុនេះ សំដែង​ធម៌ណា ធម៌នោះជ្រៅ ឃើញបាន​ដោយក្រ ត្រាស់ដឹងបាន​ដោយក្រ ជាធម៌ស្ងប់ ជាធម៌ឧត្តម ជាធម៌ដែលគេស្ទង់​មើល​ដោយការ​ត្រិះរិះពុំបាន ជាធម៌ល្អិត មានតែអ្នកប្រាជ្ញ ទើបដឹងបាន ធម៌នោះ បុគ្គលអ្នកមាន​សេចក្តីលោភ មិនងាយ​សំដែងបាន​ឡើយ។ កាល​គហបតី ឬកូនគហបតី ល្បងមើលភិក្ខុនោះ បានឃើញច្បាស់ថា ជាអ្នក​បរិសុទ្ធ ចាកធម៌​ទាំងឡាយ ដែលជាទីតាំង​នៃ​លោភៈ ដោយហេតុ​ណាហើយ ក៏ល្បងមើលភិក្ខុនោះ ក្នុងធម៌ ដែលជាទី​តាំងនៃ​ទោសៈ ឲ្យក្រៃលែងជាង​ហេតុនោះ តទៅទៀតថា បុគ្គល​មានចិត្ត ដែល​ធម៌​ជាទីតាំង​នៃទោសៈ មានសភាពយ៉ាងណា គ្របសង្កត់ហើយ មិនដឹង និយាយ​ថា អាត្មាអញដឹង ឬមិនឃើញ និយាយថា អាត្មាអញឃើញ ឬក៏ហេតុណា ដែល​ប្រព្រឹត្ត​ទៅ ដើម្បីកម្ម​មិនជា​ប្រយោជន៍ ដើម្បីសេចក្តីទុក្ខ អស់កាលយូរ ដល់ជន​ទាំងឡាយ​ដទៃ ក៏បបួល​នូវបុគ្គលដទៃ ដើម្បីហេតុ​នោះ ពួកធម៌ ដែលជាទីតាំង​នៃទោសៈ មានសភាពដូច្នោះ មានដល់លោក​​មានអាយុនេះ ដែរឬហ្ន៎។ កាលគហបតី ឬកូនគហបតី ល្បងមើលភិក្ខុនោះ ក៏ដឹងយ៉ាង​នេះ​ថា បុគ្គល​មានចិត្ត ដែលពួកធម៌ ជាទីតាំង​នៃទោសៈ មានសភាព​យ៉ាងណា គ្រប​សង្កត់​ហើយ មិនដឹង និយាយថា អាត្មាអញ​ដឹង ឬមិនឃើញ និយាយថា អាត្មាអញ​ឃើញ ឬក៏ហេតុណា ដែលប្រព្រឹត្ត​ទៅ ដើម្បីកម្ម​មិនជា​ប្រយោជន៍ ដើម្បីសេចក្តីទុក្ខ អស់កាល​យូរ ដល់ជនទាំងឡាយ​ដទៃ ក៏បបួលជនដទៃ ដើម្បីហេតុនោះ ពួកធម៌ ដែលជាទីតាំង​នៃទោសៈ មានសភាព​ដូច្នោះ មិនមានដល់លោក​មានអាយុ​នេះឡើយ។ កាយសមាចារ និង​វចីសមាចារ របស់លោក​មានអាយុនេះ ក៏ដូចជារបស់អ្នក ដែលមិនមាន​ទោសៈដែរ បើលោកមានអាយុនេះ សំដែងធម៌ណា ធម៌នោះជ្រៅ ឃើញបាន​ដោយក្រ ត្រាស់ដឹងបាន​ដោយក្រ ជាធម៌ស្ងប់ ជាធម៌ឧត្តម ជាធម៌ដែល​គេស្ទង់មើល ដោយការត្រិះរិះ​ពុំបាន ជាធម៌ល្អិត មានតែអ្នកប្រាជ្ញ ទើបដឹងបាន ធម៌នោះ បុគ្គលអ្នកមានទោសៈ មិនងាយសំដែង​បានឡើយ។ កាលគហបតី ឬកូនគហបតី ល្បងមើល​ភិក្ខុនោះ បានឃើញ​ច្បាស់ថា ជាអ្នក​បរិសុទ្ធ ចាកធម៌ទាំងឡាយ ដែលជា​ទីតាំង​នៃទោសៈ ដោយហេតុ​ណាហើយ ក៏ល្បងមើលភិក្ខុនោះ ក្នុងធម៌ទាំងឡាយ ដែលជាទីតាំង​នៃមោហៈ ឲ្យក្រៃលែងជាង​ហេតុនោះ តទៅទៀតថា បុគ្គលមានចិត្ត ដែល​ពួកធម៌ជាទីតាំង​នៃមោហៈ មានសភាពយ៉ាងណា គ្របសង្កត់ហើយ មិនដឹង និយាយថា អាត្មាអញដឹង ឬមិនឃើញ និយាយថា អាត្មាអញឃើញ ឬក៏ហេតុណា ដែលប្រព្រឹត្ត​ទៅ ដើម្បីកម្មមិនជាប្រយោជន៍ ដើម្បីសេចក្តីទុក្ខ អស់កាលយូរ ដល់ជនទាំងឡាយដទៃ ក៏បបួល​អ្នកដទៃ ដើម្បីហេតុនោះ ពួកធម៌ ដែលជាទីតាំងនៃមោហៈ មានសភាពដូច្នោះ មានដល់លោក​មាន​អាយុនេះ ដែរឬហ្ន៎។ កាលគហបតី ឬកូនគហបតី ល្បងមើល​ភិក្ខុនោះ ក៏ដឹងយ៉ាង​នេះថា បុគ្គលមានចិត្ត ដែលពួកធម៌ ជាទីតាំងនៃមោហៈ មានសភាព​យ៉ាងណា គ្របសង្កត់​ហើយ មិនដឹង និយាយថា អាត្មា​អញដឹង ឬមិនឃើញ និយាយថា អាត្មា​អញឃើញ ឬក៏ហេតុណា ដែលប្រព្រឹត្ត​ទៅ ដើម្បីកម្ម​មិនជា​ប្រយោជន៍ ដើម្បីសេចក្តីទុក្ខ អស់កាលយូរ ដល់ជន​ទាំងឡាយ​ដទៃ ក៏បបួលអ្នកដទៃ ដើម្បីហេតុនោះ ពួកធម៌ ដែលជាទី​តាំងនៃមោហៈ មានសភាព​ដូច្នោះ មិនមានដល់​លោកមាន​អាយុនេះទេ។ កាយសមាចារ និង​វចីសមាចារ របស់លោក​មានអាយុនេះ ក៏ដូចជា​របស់អ្នក​ដែល​មិនមាន​មោហៈដែរ បើលោកមានអាយុនេះ សំដែងធម៌ណា ធម៌នោះជ្រៅ ឃើញបាន​ដោយក្រ ត្រាស់ដឹង​បានដោយក្រ ជាធម៌ស្ងប់ ជាធម៌ឧត្តម ជាធម៌ដែលគេ​ស្ទង់មើល ដោយការត្រិះរិះ​ពុំបានទេ ជាធម៌ល្អិត មានតែអ្នកប្រាជ្ញ ទើបដឹងបាន ធម៌នោះ បុគ្គលអ្នក​មានមោហៈ មិនងាយ​នឹងសំដែង​បានឡើយ។ កាលគហបតី ឬកូនគហបតី ល្បងមើលនូវភិក្ខុនោះ បានឃើញ​ច្បាស់ថា ជាអ្នក​បរិសុទ្ធ ចាកធម៌ទាំងឡាយ ជាទីតាំង​នៃមោហៈ ដោយហេតុ​ណាហើយ ក៏ញុំាងសទ្ធា ឲ្យជ្រួតជ្រាប ក្នុងហេតុនោះ ជាអ្នកមាន​សទ្ធា កើតឡើង​ក្នុងកាលនោះ ទើបចូល​ទៅរក (ភិក្ខុនោះ) កាលចូលទៅរក ក៏បាន​អង្គុយជិត កាលទៅ​អង្គុយជិត ក៏ដាក់នូវសោតប្បសាទ លុះមាន​សោតប្បសាទ​ដាក់​ចុះហើយ ទើបស្តាប់​ធម៌ លុះស្តាប់​ហើយ ទើបទ្រទ្រង់នូវធម៌ ពិចារណានូវសេចក្តីនៃ​ធម៌​ទាំងឡាយ ដែលខ្លួន​ទ្រទ្រង់ហើយ កាលបើពិចារណា​នូវសេចក្តីហើយ ក៏ចូលចិត្ត​នូវធម៌ និងគំនិត កាលមានសេចក្តី​ចូលចិត្ត នូវធម៌ និងគំនិត​ហើយ ក៏មានឆន្ទៈកើតឡើង លុះ​មានឆន្ទៈកើត​ឡើង​ហើយ ក៏ប្រឹងប្រែង លុះប្រឹងប្រែងហើយ ក៏ត្រិះរិះ លុះត្រិះរិះ​​ហើយ ក៏តម្កល់ (នូវសេចក្តី​ព្យាយាម ដើម្បីមគ្គ) ជាអ្នកមានចិត្តបញ្ជូន​ទៅកាន់ព្រះនិព្វាន ទើបធ្វើ​ឲ្យជាក់ច្បាស់ នូវបរមត្ថសច្ចៈ ដោយនាម​កាយផង បានចាក់ធ្លុះ​ឃើញច្បាស់ នូវបរមត្ថ​សច្ចៈ​នោះ ដោយបញ្ញា​ផង។ ម្នាលភារទ្វាជៈ ការត្រាស់​ដឹងនូវសច្ចៈត្រឹមប៉ុណ្ណេះ បុគ្គល​ត្រាស់ដឹងនូវ​សច្ចៈត្រឹមប៉ុណ្ណេះ យើងក៏បញ្ញត្តការ​ត្រាស់ដឹងសច្ចៈត្រឹមប៉ុណ្ណេះ តែ​មិនទាន់ហៅថា កើតសច្ចធម៌​ទេ។ កាបទិកមាណព ក្រាប​បង្គំទូលថា បពិត្រ​ព្រះគោតម​ដ៏ចំរើន ការត្រាស់ដឹងនូវសច្ចៈត្រឹមប៉ុណ្ណេះ បុគ្គលត្រាស់ដឹងនូវសច្ចៈ​ត្រឹមប៉ុណ្ណេះ យើងខ្ញុំក៏បញ្ញត្តការ​ត្រាស់ដឹងសច្ចៈត្រឹមប៉ុណ្ណេះដែរ បពិត្រព្រះគោតមដ៏ចំរើន ចុះការ​កើតសច្ចៈ តើត្រឹមប៉ុន្មាន បុគ្គលបាននូវសច្ចៈ តើត្រឹមប៉ុន្មាន យើងខ្ញុំសូម​សួរនូវការ​កើតសច្ចៈ ចំពោះ​ព្រះគោតម​ដ៏ចំរើន។

[៧៥] ព្រះបរមគ្រូត្រាស់ថា ម្នាលភារទ្វាជៈ ការធ្វើឲ្យថ្នឹក ការចំរើន ការធ្វើ​រឿយៗ នូវធម៌ទាំងនោះឯង ឈ្មោះថា ការកើតសច្ចៈ ម្នាលភារទ្វាជៈ ការកើតសច្ចៈ​ត្រឹមប៉ុណ្ណេះ បុគ្គលបាន​នូវសច្ចៈ ត្រឹមប៉ុណ្ណេះ យើងក៏បញ្ញត្ត​ការកើតឡើង​នៃសច្ចៈ​​ត្រឹមប៉ុណ្ណេះដែរ។ កាបទិកមាណព ក្រាបទូលថា បពិត្រព្រះគោតម​ដ៏ចំរើន ការកើតសច្ចៈ​ត្រឹមប៉ុណ្ណេះ បុគ្គលបាន​នូវសច្ចៈ ត្រឹមប៉ុណ្ណេះ យើងបញ្ញត្ត​នូវការកើតឡើង​នៃសច្ចៈ​​ត្រឹមប៉ុណ្ណេះ បពិត្រព្រះគោតម​ដ៏ចំរើន ចុះធម៌​មានឧបការៈច្រើន ប្រព្រឹត្តទៅដើម្បី​ឲ្យកើត​សច្ចៈ តើដូចម្តេច យើងខ្ញុំសូម​សួរព្រះគោតម​ដ៏ចំរើន នូវ​ធម៌មានឧបការៈច្រើន ដើម្បី​ឲ្យកើតសច្ចៈ។

[៧៦] ព្រះសាស្តាត្រាស់ថា ម្នាលភារទ្វាជៈ សេចក្តីព្យាយាម ជាធម្មជាត មានឧប​ការៈច្រើន ដល់ការកើតឡើងនៃសច្ចៈ បើបុគ្គលមិនតាំង​ទុកនូវសេចក្តី​ព្យាយាមនោះទេ មិនគប្បីបាន​នូវសច្ចៈនេះឡើយ ព្រោះហេតុនោះ បុគ្គលលុះ​តែតាំង​​ព្យាយាម ទើបបាន​នូវសច្ចៈ ហេតុនោះ បានជាថា សេចក្តីព្យាយាម ជាធម្មជាត មានឧប​ការៈ​ច្រើន ដល់ការកើត​ឡើង​នៃសច្ចៈ។ កាបទិកមាណព ក្រាបទូលថា បពិត្រព្រះគោតម​ដ៏ចំរើន ចុះធម៌ដូចម្តេច ដែលជា​ធម្មជាត មានឧបការៈច្រើន ដល់​សេចក្តីព្យាយាម យើងខ្ញុំសូម​សួរព្រះគោតម​ដ៏ចំរើន នូវធម៌ដែល​ជាធម្មជាត មានឧបការៈ​ច្រើន ដល់សេចក្តី​ព្យាយាម។ ព្រះសាស្តា​ត្រាស់ថា ម្នាល​ភារទ្វាជៈ ការពិចារណា ជាធម្មជាត មានឧប​ការៈច្រើន ដល់សេចក្តី​ព្យាយាម បើបុគ្គល​មិនថ្លឹងនូវ​ការពិចារណា​នោះទេ មិនគប្បីតាំង​នូវសេចក្តី​ព្យាយាម​នេះ​បាន​ឡើយ ព្រោះហេតុនោះ បុគ្គល​លុះតែពិចារណា ទើបតាំង​សេចក្តី​ព្យាយាម​បាន ព្រោះហេតុនោះ បានជាថា ការពិចារណា ជាធម្មជាត មានឧប​ការៈ​ច្រើន ដល់សេចក្តី​ព្យាយាម។ បពិត្រ​ព្រះគោតម​ដ៏ចំរើន ចុះធម៌មានឧបការៈ​ច្រើន ដល់ការពិចារណា តើដូចម្តេច យើងខ្ញុំសូម​សួរ​ព្រះគោតមដ៏ចំរើន នូវធម៌មាន​ឧបការៈ​ច្រើន ដល់ការ​ពិចារណា។ ម្នាលភារទ្វាជៈ ការប្រឹងប្រែង ជាសភាវៈ មានឧប​ការៈ​​ច្រើន ដល់ការ​ពិចារណា បើបុគ្គល​មិនផ្គូផ្គង​នូវការប្រឹងប្រែង​នោះទេ មិនគប្បីថ្លឹង​នូវការពិចារណា​នេះបានឡើយ ព្រោះហេតុនោះ បុគ្គល​លុះតែផ្គូផ្គង ទើបពិចារណាបាន ហេតុនោះ បានជាថា ការប្រឹងប្រែង ជាសភាព មានឧប​ការៈច្រើន ដល់ការពិចារណា។ បពិត្រ​ព្រះគោតម​ដ៏ចំរើន ចុះធម៌ មានឧបការៈច្រើន ដល់ការ​ប្រឹង​ប្រែង តើដូចម្តេច យើងខ្ញុំសូម​​សួរព្រះគោតម​ដ៏ចំរើន នូវធម៌ មានឧបការៈច្រើន ដល់ការប្រឹងប្រែង។ ម្នាលភារទ្វាជៈ ឆន្ទៈ មានឧប​ការៈ​​ច្រើន ដល់ការប្រឹងប្រែង បើឆន្ទៈមិនញុំាង​ការប្រឹងប្រែងនោះឲ្យកើតឡើងទេ បុគ្គលមិនគប្បីប្រឹងប្រែងបានឡើយ ព្រោះហេតុនោះ លុះតែកើតឆន្ទៈ ទើបបុគ្គលប្រឹងប្រែងបាន ហេតុនោះ បានជាថា ឆន្ទៈ ជាធម៌មានឧប​ការៈច្រើន ដល់សេចក្តីប្រឹងប្រែង។ បពិត្រព្រះគោតមដ៏ចំរើន ចុះធម៌ មានឧបការៈច្រើន ដល់ឆន្ទៈ តើដូចម្តេច យើងខ្ញុំសូម​សួរព្រះគោតមដ៏ចំរើន នូវធម៌ មានឧបការៈច្រើន ដល់ឆន្ទៈ។ ម្នាលភារទ្វាជៈ សេចក្តីចូលចិត្តធម៌ក្នុងគំនិត ជាធម្មជាត មានឧប​ការៈ​ច្រើន ដល់ឆន្ទៈ បើមិនចូលចិត្តធម៌ក្នុងគំនិតនោះទេ ឆន្ទៈក៏កើតឡើង​មិនបាន ព្រោះហេតុនោះ លុះតែចូលចិត្តធម៌ក្នុងគំនិត ទើបឆន្ទៈ​កើតឡើងបាន ហេតុនោះ បានជាថា ការចូលចិត្ត​ធម៌ក្នុងគំនិត ជាធម្មជាត មានឧប​ការៈច្រើន ដល់ឆន្ទៈ។ បពិត្រព្រះគោតមដ៏ចំរើន ចុះធម៌ មានឧបការៈច្រើន ដល់ការចូលចិត្តធម៌ក្នុងគំនិត តើដូចម្តេច យើងខ្ញុំសូម​សួរនូវធម៌ មានឧបការៈ​ច្រើន ដល់ការចូលចិត្ត​ធម៌​ក្នុងគំនិត ចំពោះព្រះគោតមដ៏ចំរើន។ ម្នាលភារទ្វាជៈ ការពិចារណា​នូវអត្ថ មានឧប​ការៈ​​ច្រើន ដល់ការចូលចិត្ត​ធម៌ក្នុងគំនិត បើបុគ្គលមិន​ពិចារណានូវ​អត្ថនោះទេ ធម៌ទាំងឡាយ មិនគួរ​ដល់​ការចូលចិត្ត​បានឡើយ ព្រោះហេតុនោះ បុគ្គលលុះ​តែពិចារណា​នូវ​អត្ថ ទើបធម៌​ទាំងឡាយ គួរ​ដល់ការ​ចូលចិត្ត​បាន ហេតុនោះ បានជាថា ការពិចារណា​នូវអត្ថ មានឧប​ការៈច្រើន ដល់ការចូលចិត្ត​ធម៌​ក្នុងគំនិត។ បពិត្រព្រះគោតម​ដ៏ចំរើន ចុះធម៌ មានឧបការៈច្រើន ដល់ការពិចារណា​នូវអត្ថ តើដូចម្តេច យើងខ្ញុំសូម​​សួរនូវធម៌ មានឧបការៈច្រើន ដល់ការពិចារណា​នូវអត្ថ ចំពោះព្រះគោតម​ដ៏ចំរើន។ ម្នាលភារទ្វាជៈ ការចេះចាំនូវធម៌ មានឧប​ការៈ​ច្រើន ដល់ការពិចារណា​នូវអត្ថ បើបុគ្គល​មិនចេះចាំនូវ​ធម៌នោះទេ ក៏មិនអាច​ពិចារណានូវអត្ថបានឡើយ ព្រោះហេតុនោះ បុគ្គលលុះតែចេះចាំនូវធម៌ ទើបពិចារណានូវអត្ថបាន ហេតុនោះ បានជាថា ការចេះចាំនូវធម៌ មានឧប​ការៈច្រើន ដល់ការពិចារណានូវអត្ថ។ បពិត្រព្រះគោតមដ៏ចំរើន ចុះធម៌ មានឧបការៈច្រើន ដល់ការទ្រទ្រង់នូវធម៌ តើដូចម្តេច យើងខ្ញុំសូម​សួរនូវធម៌ មានឧបការៈច្រើន ដល់ការចេះចាំនូវធម៌ ចំពោះ​ព្រះគោតមដ៏ចំរើន។ ម្នាលភារទ្វាជៈ ការស្តាប់ធម៌ មានឧបការៈច្រើន ដល់ការចេះចាំនូវធម៌ បើបុគ្គលមិនស្តាប់ធម៌នោះទេ មិនអាចចេះចាំនូវធម៌បានឡើយ ព្រោះហេតុនោះ បុគ្គលលុះតែស្តាប់ធម៌ ទើបចេះចាំ​នូវធម៌បាន ហេតុនោះ បានជាថា ការស្តាប់ធម៌ មានឧប​ការៈច្រើន ដល់ការចេះ​ចាំនូវ​ធម៌។ បពិត្រព្រះគោតមដ៏ចំរើន ចុះធម៌ មានឧបការៈច្រើន ដល់ការ​ស្តាប់ធម៌ តើដូចម្តេច យើងខ្ញុំសូម​​សួរ​នូវធម៌ មានឧបការៈ​ច្រើន ដល់ការស្តាប់ធម៌ ចំពោះ​ព្រះគោតម​ដ៏ចំរើន។ ម្នាល​ភារទ្វាជៈ ការផ្ចង់ត្រចៀក មានឧប​ការៈ​ច្រើន ដល់ការស្តាប់នូវធម៌ បើបុគ្គល​មិនផ្ចង់​ត្រចៀកនោះទេ មិនអាចស្តាប់​ធម៌បានឡើយ ព្រោះហេតុនោះ បុគ្គលលុះ​តែផ្ចង់ត្រចៀក ទើបស្តាប់​ធម៌បាន ហេតុនោះ បានជាថា ការផ្ចង់ត្រចៀក មានឧប​ការៈច្រើន ដល់ការ​ស្តាប់​ធម៌។ បពិត្រព្រះគោតម​ដ៏ចំរើន ចុះធម៌ មានឧបការៈច្រើន ដល់ការផ្ចង់​ត្រចៀក តើដូចម្តេច យើងខ្ញុំសូម​​សួរនូវធម៌ មានឧបការៈច្រើន ដល់ការផ្ចង់ត្រចៀក ចំពោះ​ព្រះគោតម​ដ៏ចំរើន។ ម្នាលភារទ្វាជៈ ការចូលទៅ​អង្គុយជិត មានឧប​ការៈ​ច្រើន ដល់ការផ្ចង់​ត្រចៀក បើបុគ្គល​មិនចូលទៅ​អង្គុយជិតទេ មិនអាចផ្ចង់ត្រចៀក​បានឡើយ ព្រោះហេតុនោះ បុគ្គលលុះតែចូល​ទៅអង្គុយជិត ទើបផ្ចង់ត្រចៀកបាន ហេតុនោះ បានជាថា ការចូល​ទៅអង្គុយជិត មានឧប​ការៈច្រើន ដល់ការផ្ចង់ត្រចៀក។ បពិត្រព្រះគោតម​ដ៏ចំរើន ចុះធម៌ មានឧបការៈច្រើន ដល់ការចូល​ទៅអង្គុយជិត តើដូចម្តេច យើងខ្ញុំសូម​​សួរនូវធម៌ មានឧបការៈច្រើន ដល់ការចូល​ទៅអង្គុយ​​ជិត ចំពោះ​ព្រះគោតម​ដ៏ចំរើន។ ម្នាលភារទ្វាជៈ ការចូល​ទៅរក មានឧប​ការៈ​​ច្រើន ដល់ការចូល​ទៅអង្គុយជិត បើបុគ្គលមិនចូល​ទៅរកទេ មិនអាចចូល​ទៅអង្គុយជិត​បានឡើយ ព្រោះហេតុនោះ បុគ្គលលុះតែ​ចូលទៅរក ទើបចូលទៅអង្គុយជិតបាន ហេតុនោះ បានជាថា ការចូលទៅរក មានឧប​ការៈច្រើន ដល់ការចូលទៅអង្គុយជិត។ បពិត្រ​ព្រះគោតម​ដ៏ចំរើន ចុះធម៌ មានឧបការៈច្រើន ដល់ការចូលទៅរក តើដូចម្តេច យើងខ្ញុំសូម​សួរនូវធម៌ មានឧបការៈច្រើន ដល់ការចូលទៅរក ចំពោះព្រះគោតម​ដ៏ចំរើន។ ម្នាល​ភារទ្វាជៈ សទ្ធា មានឧប​ការៈ​ច្រើន ដល់ការចូលទៅរក បើសទ្ធាមិនកើតទេ គេមិនអាច​​ចូលទៅរក​បាន ព្រោះហេតុនោះ បុគ្គលលុះ​តែសទ្ធាកើត ទើបចូល​​ទៅរក​បាន ហេតុនោះ បានជាថា សទ្ធា មានឧប​ការៈច្រើន ដល់ការចូលទៅរក។

[៧៧] កាបទិកមាណព ក្រាបបង្គំទូល​តបថា យើងខ្ញុំ បានសួរនូវ​​ការរក្សាសច្ចធម៌ នឹងព្រះគោតមដ៏ចំរើន ព្រះគោតម​ដ៏ចំរើន ក៏បានព្យាករ​នូវការរក្សាសច្ចៈ​ហើយ ក៏ការ​ព្យាករណ៍នោះ គាប់ចិត្តផង គួរផង ដល់យើងខ្ញុំ ទាំងយើងខ្ញុំសោត ក៏មានចិត្តត្រេកអរ ដោយការព្យាករណ៍​នោះ យើងខ្ញុំ បានសួរ​នូវ​ការត្រាស់ដឹង​នូវសច្ចៈ នឹងព្រះគោតម​ដ៏ចំរើន ព្រះគោតមដ៏ចំរើន ក៏បានព្យាករ​នូវការត្រាស់ដឹង​សច្ចៈហើយ ការ​ព្យាករណ៍នោះ គាប់ចិត្តផង គួរផង ដល់យើងខ្ញុំ ទាំងយើងខ្ញុំសោត ក៏មានចិត្តត្រេកអរ ដោយការព្យាករណ៍​​នោះ យើងខ្ញុំ បានសួរនូវ​ការកើតសច្ចៈ នឹងព្រះគោតមដ៏ចំរើន ព្រះគោតមដ៏ចំរើន ក៏បានព្យាករនូវការកើតសច្ចៈហើយ ក៏ការ​ព្យាករណ៍នោះ គាប់ចិត្តផង គួរផង ដល់យើងខ្ញុំ ទាំងយើងខ្ញុំសោត ក៏មានចិត្តត្រេកអរ ដោយ​ការព្យាករណ៍​នោះ យើងខ្ញុំ បានសួរនូវធម៌មានឧបការៈច្រើន ដល់ការកើតសច្ចៈ នឹងព្រះគោតមដ៏ចំរើន ព្រះគោតមដ៏ចំរើន ក៏បានព្យាករ នូវធម៌មានឧបការៈច្រើន ដល់ការកើតសច្ចៈហើយ ក៏ការ​ព្យាករណ៍នោះ គាប់ចិត្តផង គួរផង ដល់យើងខ្ញុំ ទាំងយើង​ខ្ញុំសោត ក៏មានចិត្តត្រេកអរ ដោយការព្យាករណ៍នោះ យើងខ្ញុំ បានសួរនូវ​ប្រស្នាណាៗ នឹងព្រះគោតមដ៏ចំរើន ព្រះគោតមដ៏ចំរើន ក៏បានព្យាករ នូវប្រស្នា​នោះៗ​ហើយ ក៏ការ​ព្យាករណ៍នោះ គាប់ចិត្តផង គួរផង ដល់យើងខ្ញុំ ទាំងយើងខ្ញុំសោត ក៏មាន​ចិត្តត្រេកអរ ដោយការព្យាករណ៍នោះ បពិត្រព្រះគោតមដ៏ចំរើន ព្រោះថា កាលពីដើម យើងខ្ញុំបានដឹងយ៉ាងនេះថា បុគ្គលពួកណា ជាសមណៈត្រងោល ជាគហបតិជាតិ មាន​សម្បុរខ្មៅ ជាកូនកើតមក​អំពី​ព្រះបាទ​នៃមហាព្រហ្ម បុគ្គលពួកណា ជាអ្នកដឹងច្បាស់​នូវ​ធម៌ ឱហ្ន៎ (ឥឡូវនេះ) ព្រះគោតមដ៏ចំរើន បាននាំខ្ញុំ​ឲ្យ​មានសេចក្តី​ស្រឡាញ់ ក្នុងពួក​សមណៈ ឲ្យមាន​សេចក្តីជ្រះថ្លា ក្នុងពួកសមណៈ ឲ្យមាន​សេចក្តីគោរព ក្នុងពួក​សមណៈ បពិត្រ​ព្រះគោតម​ដ៏ចំរើន ភ្លឺច្បាស់​​ណាស់។បេ។ សូម​ព្រះគោតម​ដ៏ចំរើន ទ្រង់​ជ្រាប នូវខ្ញុំព្រះអង្គ ថាជាឧបាសក អ្នកដល់នូវត្រៃសរណគមន៍ ស្មើដោយជីវិត តាំងពី​ថ្ងៃនេះ ជាដើមតទៅ។

ចប់ ចង្កីសូត្រ ទី៥។

ឯសុការីសូត្រ ទី៦

(៦. ឯសុការីសុត្តំ)

[៧៨] ខ្ញុំបានស្តាប់​មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុង​ជេតវនារាម របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ព្រាហ្មណ៍​ឈ្មោះ​ឯសុការី បានចូលទៅគាល់ព្រះមានបុណ្យ លុះចូលទៅដល់ហើយ ក៏រាក់ទាក់ទៅរក​ព្រះមានព្រះភាគ លុះបញ្ចប់ពាក្យ ដែលគួរ​រាក់ទាក់ និងគួររលឹកហើយ ក៏អង្គុយក្នុងទីដ៏សមគួរ។

[៧៩] លុះឯសុការីព្រាហ្មណ៍ អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបទូល​ព្រះមាន​បុញ្ញសិរី យ៉ាងនេះថា បពិត្រព្រះគោតមដ៏ចំរើន ពួកព្រាហ្មណ៍ តែងបញ្ញត្តការបំរើ ​៤យ៉ាង គឺបញ្ញត្តការបំរើ សម្រាប់ព្រាហ្មណ៍១ បញ្ញត្តការបំរើ សម្រាប់ក្សត្រិយ៍១ បញ្ញត្តការបំរើ សម្រាប់វេស្សៈ១ បញ្ញត្តការបំរើ សម្រាប់សុទ្ទៈ១។ បពិត្រ​ព្រះគោតម​ដ៏ចំរើន ក្នុងរឿងនោះ ពួកព្រាហ្មណ៍ បញ្ញត្តការបំរើសម្រាប់ព្រាហ្មណ៍ យ៉ាងនេះថា ព្រាហ្មណ៍​ត្រូវ​បំរើព្រាហ្មណ៍ ឬក្សត្រិយ៍ត្រូវបំរើព្រាហ្មណ៍ វេស្សៈត្រូវបំរើព្រាហ្មណ៍ សុទ្ទៈត្រូវបំរើព្រាហ្មណ៍ បពិត្រព្រះគោតមដ៏ចំរើន ពួកព្រាហ្មណ៍បញ្ញត្តការបំរើនេះឯង សម្រាប់ព្រាហ្មណ៍។ បពិត្រព្រះគោតមដ៏ចំរើន ក្នុងរឿងនោះ ពួកព្រាហ្មណ៍ បញ្ញត្តការ​បំរើ​សម្រាប់ក្សត្រិយ៍ យ៉ាងនេះថា ក្សត្រិយ៍ត្រូវបំរើក្សត្រិយ៍ វេស្សៈត្រូវបំរើក្សត្រិយ៍ សុទ្ទៈ​ក៏ត្រូវ​បំរើក្សត្រិយ៍ បពិត្រព្រះគោតមដ៏ចំរើន ពួកព្រាហ្មណ៍បញ្ញត្តការបំរើនេះឯង សម្រាប់ក្សត្រិយ៍។ បពិត្រព្រះគោតមដ៏ចំរើន ក្នុងរឿងនោះ ពួកព្រាហ្មណ៍ បញ្ញត្តការ​បំរើ​សម្រាប់វេស្សៈ យ៉ាងនេះថា វេស្សៈត្រូវបំរើវេស្សៈ សុទ្ទៈក៏ត្រូវបំរើវេស្សៈ បពិត្រព្រះគោតមដ៏ចំរើន ពួកព្រាហ្មណ៍បញ្ញត្តការបំរើនេះឯង សម្រាប់វេស្សៈ។ បពិត្រព្រះគោតម​ដ៏ចំរើន ក្នុងរឿងនោះ ពួកព្រាហ្មណ៍ បញ្ញត្តការ​បំរើ​សម្រាប់សុទ្ទៈ យ៉ាងនេះថា ត្រូវតែសុទ្ទៈបំរើសុទ្ទៈ តើអ្នកដទៃណាទៅទៀត នឹងបំរើសុទ្ទៈ (នោះ) បពិត្រព្រះគោតមដ៏ចំរើន ពួកព្រាហ្មណ៍ បញ្ញត្តការបំរើនេះឯង សម្រាប់សុទ្ទៈ បពិត្រ​ព្រះគោតមដ៏ចំរើន ពួកព្រាហ្មណ៍ បញ្ញត្តការបំរើ ទាំង៤យ៉ាងនេះ តើព្រះគោតមដ៏ចំរើន ទ្រង់ត្រាស់​សំដែងនូវដំណើរនេះ ថាដូចម្តេច។

[៨០] ព្រះមានព្រះភាគ ត្រាស់សួរថា ម្នាលព្រាហ្មណ៍ ចុះលោកទាំងមូល យល់​ព្រម​​ដាច់ស្រេច នូវការបញ្ញត្តិ របស់ពួកព្រាហ្មណ៍នុ៎ះ ថា ចូរពួកព្រាហ្មណ៍ បញ្ញត្ត​នូវការបំរើ ទាំង៤យ៉ាងនេះចុះ ដូច្នេះដែរឬ។ បពិត្រព្រះគោតមដ៏ចំរើន លោកទាំងមូល មិន​យល់ព្រម នូវការបញ្ញត្តិនេះទេ។ ម្នាលព្រាហ្មណ៍ បុរសកំសត់ ឥតយស មិនស្តុកស្តម្ភ ពួកឈ្មួញរទេះ យកចំណែកសាច់ (គោរបស់ខ្លួន ដែលស្លាប់តាមផ្លូវ) ផ្តែកវេរឲ្យដល់​បុរស​កំសល់នោះ ដែលមិនចង់បាន ដោយបង្ខំថា នែវ៉ឺយបុរស ឯងត្រូវតែស៊ីសាច់នេះ ទាំងត្រូវ​សងថ្លៃផង សេចក្តីនេះ មានឧបមាយ៉ាងណា ម្នាលព្រាហ្មណ៍ ដោយការដែលពួក​សមណ​ព្រាហ្មណ៍នោះ មិនបានយល់​ព្រមសោះ ស្រាប់តែពួកព្រាហ្មណ៍ មកបញ្ញត្ត​ការ​បំរើ ទាំង៤យ៉ាងនេះ ក៏មានឧបមេយ្យ យ៉ាងនោះដែរ។ ម្នាលព្រាហ្មណ៍ តថាគត មិនពោល​ថា ត្រូវតែបំរើអ្នកទាំងអស់ (នោះ) ទេ ម្នាលព្រាហ្មណ៍ តែតថាគត នឹងបាន​ពោលថា មិនត្រូវ​បំរើទាំងអស់ ក៏ទេដែរ។ ម្នាលព្រាហ្មណ៍ ព្រោះថា កាលបើ​គេបំរើ​បុគ្គលណា ត្រឡប់ជាបានបាបក្រៃពេក មិនបានប្រយោជន៍ ព្រោះហេតុការបំរើ តថាគត មិនពោល​ថា ត្រូវបំរើបុគ្គលនោះទេ ម្នាលព្រាហ្មណ៍ តែថា កាលគេបំរើបុគ្គលណា បាន​ប្រយោជន៍ មិនបានបាប ព្រោះហេតុតែការបំរើទេ តថាគត ពោលថា ត្រូវបំរើ​បុគ្គល​នោះចុះ។ ម្នាលព្រាហ្មណ៍ ប្រសិនបើគេសួរក្សត្រិយ៍ យ៉ាងនេះថា កាលបើព្រះអង្គ​បំរើ​បុគ្គលណា ទ្រង់ក្លាយទៅជាមនុស្សលាមកក្រៃពេក មិនបានជាមនុស្សប្រសើរវិសេស ព្រោះ​ហេតុតែ​ការបំរើ មួយទៀត កាលបើព្រះអង្គបំរើបុគ្គលណា បានជាបុគ្គល​គាប់​ប្រសើរ មិនក្លាយ​​ជាបុគ្គលថោកថយ ព្រោះហេតុតែការបំរើទេ បណ្តាបុគ្គលទាំងពីរនុ៎ះ តើព្រះអង្គ ត្រូវ​បំរើបុគ្គលណា។ ម្នាលព្រាហ្មណ៍ កាលបើក្សត្រិយ៍ឆ្លើយតបដោយត្រឹមត្រូវ គួរឆ្លើយតប​ យ៉ាងនេះថា កាលខ្ញុំបំរើបុគ្គលណា ក្លាយខ្លួនទៅជាមនុស្សលាមកក្រៃពេក មិនបានជា​មនុស្សប្រសើរវិសេស ព្រោះហេតុតែ​ការបំរើទេ ខ្ញុំមិនត្រូវបំរើបុគ្គលនោះឡើយ លុះតែខ្ញុំបំរើបុគ្គលណា បានការ​គាប់ប្រសើរ មិនបានការអាក្រក់ ព្រោះហេតុតែការបំរើ ទើបខ្ញុំត្រូវបំរើបុគ្គលនោះ។ ម្នាលព្រាហ្មណ៍ បើគេសួរព្រាហ្មណ៍… ម្នាលព្រាហ្មណ៍ បើគេសួរវេស្សៈ… ម្នាលព្រាហ្មណ៍ បើគេសួរសុទ្ទៈ យ៉ាងនេះថា កាលបើអ្នកបំរើបុគ្គល​ណា ត្រឡប់បានជាបាប មិនបានការគាប់ប្រសើរ ព្រោះ​ការបំរើជាហេតុទេ មួយទៀត កាលបើអ្នក បំរើបុគ្គលណា បានការ​គាប់ប្រសើរ មិនបានការអាក្រក់ ព្រោះការបំរើ​ជា​ហេតុ​ទេ បណ្តាបុគ្គលទាំងពីរនុ៎ះ តើអ្នកត្រូវ​បំរើបុគ្គលណា។ ម្នាលព្រាហ្មណ៍ កាលបើ​សុទ្ទៈ​ឆ្លើយ​តប​​ដោយត្រឹមត្រូវ គប្បីឆ្លើយតប​ យ៉ាងនេះថា កាលបើខ្ញុំបំរើបុគ្គលណា បានការអាក្រក់ មិនបានការគាប់ប្រសើរ ព្រោះហេតុតែការបំរើទេ ខ្ញុំមិនត្រូវ​បំរើបុគ្គល​នោះឡើយ កាល​បើខ្ញុំបំរើបុគ្គលណា បានការគាប់ប្រសើរ មិនមែនជាការអាក្រក់ ព្រោះហេតុតែការបំរើទេ ទើបខ្ញុំត្រូវបំរើបុគ្គលនោះ។

[៨១] ម្នាលព្រាហ្មណ៍ តថាគតមិនពោលថា បុគ្គលគាប់ប្រសើរ ព្រោះតែមាន​ត្រកូល​​ខ្ពស់ទេ ម្នាលព្រាហ្មណ៍ ទាំងតថាគត នឹងបានពោលថា បុគ្គលថោកថយ ព្រោះ​តែមានត្រកូលខ្ពស់ ក៏ទេដែរ។ ម្នាលព្រាហ្មណ៍ តថាគត មិនពោលថា បុគ្គលគាប់ប្រសើរ ព្រោះតែមានជាតិថ្លៃថ្លាទេ ម្នាលព្រាហ្មណ៍ ទាំងតថាគត នឹងបានពោលថា បុគ្គល​ថោកទាប ព្រោះ​តែមាន​ជាតិថ្លៃថ្លា ក៏ទេដែរ។ ម្នាលព្រាហ្មណ៍ តថាគត មិនពោលថា បុគ្គលប្រសើរវិសេស ព្រោះតែមានភោគៈ លើសលុបទេ ម្នាលព្រាហ្មណ៍ ទាំងតថាគត នឹងបានពោលថា បុគ្គលថោកទាប ព្រោះ​តែមានភោគៈលើសលុប ក៏ទេដែរ។ ម្នាល​ព្រាហ្មណ៍ ព្រោះថា បុគ្គលពួកខ្លះ ក្នុងលោកនេះ សូម្បីមានត្រកូលខ្ពង់ខ្ពស់ តែជាអ្នក​សម្លាប់សត្វ លួចទ្រព្យគេ ប្រព្រឹត្តកាមេសុមិច្ឆា ប្រព្រឹត្ត​ពោលពាក្យមុសា មានវាចា​ញុះញង់ មានវាចាទ្រគោះ និយាយតែពាក្យឥតប្រយោជន៍ ជាអ្នកមានអភិជ្ឈា មានចិត្ត​ព្យាបាទ ជាមិច្ឆាទិដ្ឋិ ហេតុនោះ បានជា​តថាគត​មិនពោលថា បុគ្គលប្រសើរវិសេស ព្រោះតែមាន​ត្រកូលខ្ពង់ខ្ពស់ទេ។ ម្នាលព្រាហ្មណ៍ ព្រោះថា បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកមានត្រកូលខ្ពង់ខ្ពស់ ហើយបានវៀរចាកបាណាតិបាត វៀរចាក​អទិន្នាទាន វៀរចាកកាមេសុមិច្ឆាចារ វៀរចាកមុសាវាទ វៀរចាកបិសុណវាចា វៀរចាក​ផរុសវាចា វៀរចាកសម្ផប្បលាបៈ មិនមានអភិជ្ឈា មិនមានចិត្តព្យាបាទ ជាសម្មាទិដ្ឋិ ក៏មាន ហេតុនោះ បានជាតថាគត មិនពោលថា បុគ្គលថោកទាប ព្រោះតែមាន​ត្រកូល​ខ្ពង់ខ្ពស់​ទេ។ ម្នាលព្រាហ្មណ៍ បុគ្គលពួកខ្លះ ក្នុងលោកនេះ ទុកជាមានជាតិថ្លៃថ្លាក៏ដោយ តែជាអ្នក​សម្លាប់សត្វ លួចទ្រព្យគេ ប្រព្រឹត្តកាមេសុមិច្ឆា ​ពោលពាក្យមុសា មានវាចា​ញុះញង់ មានសំដីអាក្រក់ និយាយពាក្យឥតប្រយោជន៍ មាន​អភិជ្ឈា មានចិត្តព្យាបាទ ជាមិច្ឆាទិដ្ឋិ ហេតុនោះ បានជាតថាគតមិនពោលថា បុគ្គលវិសេសវិសាល ព្រោះតែមានជាតិថ្លៃថ្លាទេ។ ម្នាលព្រាហ្មណ៍ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកមានជាតិថ្លៃថ្លា ហើយបានវៀរចាកបាណាតិបាត វៀរចាកអទិន្នាទាន វៀរចាកកាមេសុមិច្ឆាចារ វៀរចាកមុសាវាទ វៀរចាកបិសុណវាចា វៀរចាក​ផរុសវាចា វៀរចាកសម្ផប្បលាបៈ មិនមានអភិជ្ឈា មិនមានចិត្តព្យាបាទ ជាសម្មាទិដ្ឋិ ក៏មាន ហេតុនោះ បានជាតថាគត មិនពោលថា បុគ្គលថោកទាប ព្រោះតែមានជាតិថ្លៃថ្លាទេ។ ម្នាលព្រាហ្មណ៍ បុគ្គលពួកខ្លះ ក្នុងលោកនេះ សូម្បីមានភោគៈលើសលុប តែជាអ្នក​សម្លាប់សត្វ លួចទ្រព្យគេ ប្រព្រឹត្តកាមេសុមិច្ឆា និយាយពាក្យមុសា មានវាចាញុះញង់ មានវាចាអាក្រក់ និយាយពាក្យឥតប្រយោជន៍ មានអភិជ្ឈា មានចិត្តព្យាបាទ ជាមនុស្សមិច្ឆាទិដ្ឋិ ហេតុនោះ បានជាតថាគត មិនពោលថា បុគ្គលវិសេសវិសាល ព្រោះតែមានភោគៈលើសលុបទេ។ ម្នាលព្រាហ្មណ៍ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកមានភោគៈដ៏លើសលុប ហើយបានវៀរចាកបាណាតិបាត វៀរចាកអទិន្នាទាន វៀរចាកកាមេសុមិច្ឆាចារ វៀរចាកមុសាវាទ វៀរចាកបិសុណវាចា វៀរចាក​ផរុសវាចា វៀរចាកសម្ផប្បលាបៈ មិនមានអភិជ្ឈា មិនមានចិត្តព្យាបាទ ជាសម្មាទិដ្ឋិ ក៏មាន ហេតុនោះ បានជាតថាគត មិនពោលថា បុគ្គលថោកទាប ព្រោះតែមានភោគៈ​លើសលុបទេ។ ម្នាលព្រាហ្មណ៍ តថាគត មិនពោលថា ត្រូវតែបំរើ​អ្នក​ទាំងអស់ (នោះ) ទេ ម្នាលព្រាហ្មណ៍ ទាំងតថាគត នឹងបានពោលថា មិនត្រូវបំរើ​អ្នកទាំង​អស់ ក៏ទេដែរ។ ម្នាលព្រាហ្មណ៍ ព្រោះថា កាលបើគេបំរើបុគ្គលណា សទ្ធាចំរើន សីល​ចំរើន សុតៈចំរើន ចាគៈចំរើន ប្រាជ្ញាក៏ចំរើន ព្រោះការបំរើ (នោះ) ជាហេតុ តថាគត ទើប​ពោលថា ត្រូវបំរើបុគ្គលនោះ។

[៨២] កាលបើព្រះមានបុណ្យ សំដែងយ៉ាងនេះហើយ ឯសុការីព្រាហ្មណ៍ បានក្រាប​ទូល​ព្រះមានបុណ្យ យ៉ាងនេះថា បពិត្រព្រះគោតម​ដ៏ចំរើន ពួកព្រាហ្មណ៍​បញ្ញត្តទ្រព្យ ៤យ៉ាង គឺបញ្ញត្តទ្រព្យ សំរាប់ខ្លួនរបស់ព្រាហ្មណ៍១ បញ្ញត្តទ្រព្យសំរាប់ខ្លួនរបស់ក្សត្រិយ៍១ បញ្ញត្តទ្រព្យសំរាប់ខ្លួនរបស់វេស្សៈ១ បញ្ញត្តទ្រព្យ សំរាប់ខ្លួនរបស់សុទ្ទៈ១។ បពិត្រព្រះគោតមដ៏ចំរើន បណ្តាទ្រព្យ​ ទាំង៤​នោះ ពួក​ព្រាហ្មណ៍ បញ្ញត្តការប្រព្រឹត្តិសូមនេះ ថាជាទ្រព្យសំរាប់ខ្លួនរបស់ព្រាហ្មណ៍ ប្រសិនបើ​ព្រាហ្មណ៍មើលងាយ នូវការប្រព្រឹត្តិសូម ដែលជាទ្រព្យរបស់ខ្លួនហើយ ឈ្មោះថា ជាអ្នក​មិនធ្វើអំពើដែល​ខ្លួនត្រូវធ្វើ ដូចអ្នករក្សាទ្រព្យ លួចយកទ្រព្យ ដែលគេមិនបានឲ្យ បពិត្រព្រះគោតមដ៏ចំរើន ពួកព្រាហ្មណ៍ បញ្ញត្តការប្រព្រឹត្តិសូមនេះ ថាជាទ្រព្យ​សំរាប់​ខ្លួន​របស់​ព្រាហ្មណ៍ យ៉ាងនេះឯង។ បពិត្រព្រះគោតមដ៏ចំរើន បណ្តាទ្រព្យ​ ទាំង៤​នោះ ពួកព្រាហ្មណ៍ បញ្ញត្តធ្នូ និងបំពង់ព្រួញនេះ ថាជាទ្រព្យសំរាប់ខ្លួនរបស់ក្សត្រិយ៍ ប្រសិនបើ​ក្សត្រិយ៍មើលងាយ ធ្នូ និងបំពង់ព្រួញ ដែលជាទ្រព្យរបស់ខ្លួនហើយ ឈ្មោះថា ជាអ្នក​មិនធ្វើការងារ ដែល​ខ្លួនត្រូវធ្វើ ដូចអ្នករក្សាទ្រព្យ លួចទ្រព្យ ដែលគេមិនបានឲ្យ បពិត្រ​ព្រះគោតម​ដ៏ចំរើន ពួកព្រាហ្មណ៍ បញ្ញត្តធ្នូ និងបំពង់ព្រួញនេះ ថាជាទ្រព្យ​សំរាប់​ខ្លួន​របស់ក្សត្រិយ៍ យ៉ាងនេះឯង។ បពិត្រព្រះគោតមដ៏ចំរើន បណ្តាទ្រព្យ​ ទាំង៤​នោះ ពួកព្រាហ្មណ៍ បញ្ញត្តការភ្ជួររាស់ និងការរក្សាគោនេះ ថាជាទ្រព្យសំរាប់ខ្លួន​របស់វេស្សៈ ប្រសិនបើវេស្សៈមើលងាយ ការភ្ជួររាស់ និងការរក្សាគោ ដែលជាទ្រព្យរបស់ខ្លួនហើយ ឈ្មោះថា ជាអ្នក​មិនធ្វើកិច្ច ដែល​ខ្លួនត្រូវធ្វើ ដូចអ្នករក្សាទ្រព្យ លួចទ្រព្យ ដែលគេមិន​បានឲ្យ បពិត្រព្រះគោតមដ៏ចំរើន ពួកព្រាហ្មណ៍ បញ្ញត្តការភ្ជួររាស់ និងការរក្សាគោនេះ ថាជាទ្រព្យ​សំរាប់​ខ្លួន​របស់វេស្សៈ យ៉ាងនេះឯង។ បពិត្រព្រះគោតមដ៏ចំរើន បណ្តាទ្រព្យ​ទាំង៤​នោះ ពួកព្រាហ្មណ៍ បញ្ញត្តកណ្ឌៀវ និងអម្រែកនេះ ថាជាទ្រព្យសំរាប់ខ្លួនរបស់​សុទ្ទៈ ប្រសិនបើសុទ្ទៈមើលងាយកណ្ឌៀវ និងអម្រែក ដែលជាទ្រព្យរបស់ខ្លួនហើយ ឈ្មោះថា ជាអ្នក​មិនធ្វើការងារ ដែល​ខ្លួនត្រូវធ្វើ ដូចអ្នករក្សាទ្រព្យ លួចយកទ្រព្យ ដែល​គេមិនបានឲ្យ បពិត្រព្រះគោតមដ៏ចំរើន ពួកព្រាហ្មណ៍ បញ្ញត្តកណ្ឌៀវ និងអម្រែកនេះ ថាជាទ្រព្យ​សំរាប់​ខ្លួន​របស់សុទ្ទៈ យ៉ាងនេះឯង។ ពួកព្រាហ្មណ៍ បញ្ញត្តទ្រព្យ ៤យ៉ាង​នេះ តើព្រះគោតមដ៏ចំរើន សំដែងថាដូចម្តេច ត្រង់រឿងនេះ។

[៨៣] ម្នាលព្រាហ្មណ៍ ចុះលោកទាំងមូល យល់ព្រមនូវការបញ្ញត្តិរបស់​ពួកព្រាហ្មណ៍នេះថា ពួកព្រាហ្មណ៍ ចូរបញ្ញត្ត​ទ្រព្យ ៤យ៉ាងនេះចុះ ដូច្នេះដែរឬ។ បពិត្រព្រះគោតមដ៏ចំរើន រឿងនេះ លោកទាំងមូលមិនយល់ព្រមទេ។ ម្នាលព្រាហ្មណ៍ បុរសកំសត់ ឥតយស ក្រីក្រ ពួកឈ្មួញរទេះ យកចំណែកសាច់ (គោរបស់ខ្លួន ដែល​ស្លាប់​តាមផ្លូវ) ផ្តែកវេរឲ្យដល់​បុរស​កំសត់នោះ ដែលមិនចង់បាន ដោយការបង្ខំថា នែវ៉ឺយបុរស ឯងត្រូវស៊ីសាច់នេះ ទាំងត្រូវ​សងថ្លៃផង សេចក្តីនេះ មានឧបមា យ៉ាងណា ម្នាល​ព្រាហ្មណ៍ កាលបើពួក​សមណព្រាហ្មណ៍ទាំងនោះ មិនបានយល់ព្រម ស្រាប់តែ​ពួក​ព្រាហ្មណ៍ បញ្ញត្តទ្រព្យ ទាំង៤នេះ ក៏មានឧបមេយ្យ យ៉ាងនោះដែរ។ ម្នាលព្រាហ្មណ៍ ឯតថាគត បញ្ញត្តលោកុត្តរធម៌ ដ៏ប្រសើរតែម្យ៉ាង ថាជាទ្រព្យសំរាប់ខ្លួន របស់បុរសស្ត្រី ចំណែក​បុរសស្ត្រីនោះ ដែលអន្ទោលតាមវង្សត្រកូល ជាចំណែក​ខាងមាតា បិតាមកពី​ដើម បានកើតអត្តភាព ក្នុងត្រកូលណាៗ ក៏ដល់នូវការរាប់តាមត្រកូលនោះៗ បើបាន​កើត​អត្តភាព ក្នុងត្រកូលក្សត្រិយ៍ ក៏ដល់នូវការរាប់ថា ជាក្សត្រិយ៍ បើបានកើតអត្តភាព​ក្នុងត្រកូលព្រាហ្មណ៍ ក៏ដល់នូវការរាប់ថា ជាព្រាហ្មណ៍ បើបានកើតអត្តភាព ​ក្នុង​ត្រកូលវេស្សៈ ក៏ដល់នូវការរាប់ថា ជាវេស្សៈ បើបានកើតអត្តភាព ​ក្នុងត្រកូលសុទ្ទៈ ក៏ដល់នូវការរាប់ថា ជាសុទ្ទៈ។ ម្នាលព្រាហ្មណ៍ ភ្លើងឆេះ ព្រោះអាស្រ័យរបស់ណា ៗ ជាបច្ច័យ ក៏ដល់នូវការរាប់តាមរបស់នោះៗ។ បើភ្លើងឆេះ អាស្រ័យនឹងឧស ក៏ដល់នូវការរាប់ថា ភ្លើងឧស បើភ្លើងឆេះ អាស្រ័យនឹងចំណាំងឈើ ក៏ដល់នូវការរាប់ថា ភ្លើងចំណាំងឈើ បើភ្លើងឆេះ អាស្រ័យនឹងស្មៅ ក៏ដល់នូវការរាប់ថា ភ្លើងស្មៅ បើភ្លើងឆេះ អាស្រ័យនឹងអាចម៍គោ ក៏ដល់នូវការរាប់ថា ភ្លើងអាចម៍គោ សេចក្តីទាំងនេះ មានឧបមា យ៉ាងណា ម្នាលព្រាហ្មណ៍ តថាគត បញ្ញត្តលោកុត្តរធម៌ ដ៏ប្រសើរ ថាជាទ្រព្យ​សំរាប់ខ្លួន នៃបុរសស្ត្រី កាលបើបុគ្គលរលឹក នូវ​វង្សត្រកូល ជាចំណែកខាងមាតាបិតា ដែល​មានមកពីបូរាណ ហើយបានកើតអត្តភាព ក្នុងត្រកូលណាៗ ក៏ដល់នូវការ​រាប់តាម​ត្រកូល​នោះៗដែរ បើបាន​កើត​អត្តភាព ក្នុងត្រកូលក្សត្រិយ៍ ក៏ដល់នូវការរាប់ថា ជាក្សត្រិយ៍ បើបានកើតអត្តភាព ​ក្នុងត្រកូលព្រាហ្មណ៍ ក៏ដល់នូវការរាប់ថា ជាព្រាហ្មណ៍ បើបានកើតអត្តភាព ​ក្នុង​ត្រកូលវេស្សៈ ក៏ដល់នូវការរាប់ថា វេស្សៈ បើបានកើតអត្តភាព​ក្នុងត្រកូលសុទ្ទៈ ក៏ដល់នូវការរាប់ថា សុទ្ទៈ ក៏មានឧបមេយ្យ ដូច្នោះដែរ។

[៨៤] ម្នាលព្រាហ្មណ៍ បើបុគ្គលចេញចាកផ្ទះ អំពីខត្តិយត្រកូល ហើយចូល​ទៅកាន់ផ្នួស ក៏អ្នកបួសនោះ បានអាស្រ័យធម៌វិន័យ ដែលតថាគត សំដែងហើយ ជាបុគ្គល​បានវៀរចាកបាណាតិបាត វៀរចាកអទិន្នាទាន វៀរចាកអព្រហ្មចរិយៈ វៀរចាកមុសាវាទ វៀរចាកបិសុណាវាចា វៀរចាកផរុសវាចា វៀរចាកសម្ផប្បលាបៈ មិនមាន​អភិជ្ឈា មិនមានចិត្តព្យាបាទ មានសេចក្តីយល់ត្រូវ ជាបុគ្គលត្រេកអរ​នឹង​កុសលធម៌ ដែលជាតួហេតុ។ ម្នាលព្រាហ្មណ៍ បើកុលបុត្រ ចេញចាកផ្ទះ អំពីត្រកូល​ព្រាហ្មណ៍ ហើយចូល​ទៅកាន់ផ្នួស កុលបុត្រនោះសោត អាស្រ័យធម៌វិន័យ ដែល​តថាគត​សំដែង​ហើយ ជាបុគ្គល​បានវៀរចាកបាណាតិបាត វៀរចាកអទិន្នាទាន វៀរចាក​អព្រហ្មចរិយៈ វៀរចាកមុសាវាទ។បេ។ ជាសម្មាទិដ្ឋិ ជាបុគ្គលត្រេកអរ​ នឹងកុសលធម៌ ដែលជាតួហេតុ។ ម្នាលព្រាហ្មណ៍ បើកុលបុត្របានចេញចាកផ្ទះ អំពីត្រកូលវេស្សៈ ហើយចូល​ទៅកាន់ផ្នួស កុលបុត្រនោះសោត អាស្រ័យធម៌វិន័យ ដែលតថាគត សំដែងហើយ ជាបុគ្គល​វៀរចាកបាណាតិបាត វៀរចាកអទិន្នាទាន វៀរចាកអព្រហ្មចរិយៈ វៀរចាកមុសាវាទ។បេ។ ជាសម្មាទិដ្ឋិ ជាបុគ្គលត្រេកអរ​នឹងកុសលធម៌ ដែលជាតួហេតុ។ ម្នាលព្រាហ្មណ៍ បើកុលបុត្របានចេញចាកផ្ទះ អំពីត្រកូលសុទ្ទៈ ហើយចូល​ទៅកាន់ផ្នួស កុលបុត្រនោះសោត អាស្រ័យធម៌វិន័យ ដែលតថាគត បានសំដែងហើយ ជាបុគ្គល​បានវៀរចាកបាណាតិបាត វៀរចាកអទិន្នាទាន វៀរចាកអព្រហ្មចរិយៈ វៀរចាកមុសាវាទ វៀរចាកបិសុណាវាចា វៀរចាកផរុសវាចា វៀរចាកសម្ផប្បលាបៈ មិនមាន​អភិជ្ឈា មិនមានចិត្តព្យាបាទ ជាសម្មាទិដ្ឋិ ជាបុគ្គល​ត្រេកអរ​នឹងកុសលធម៌ ដែលជាតួហេតុ។ ម្នាលព្រាហ្មណ៍ អ្នកយល់នូវហេតុនោះ ដូចម្តេច មានតែព្រាហ្មណ៍ ទើបអាច​ចំរើន​មេត្តចិត្ត ជាចិត្តមិនមានពៀរ មិនមានព្យាបាទ ក្នុង​ប្រទេស​នេះ ក្សត្រិយ៍ចំរើនមិនបាន វេស្សៈចំរើនមិនបាន សុទ្ទៈចំរើនមិនបានទេឬ។ បពិត្រព្រះគោតមដ៏ចំរើន ហេតុនេះ មិនមែនដូច្នោះទេ បពិត្រព្រះគោតមដ៏ចំរើន ទោះ​ក្សត្រិយ៍ អាចចំរើនមេត្តចិត្ត ដែលមិនមានពៀរ មិនមានព្យាបាទ ក្នុង​ប្រទេស​នេះបាន បពិត្រព្រះគោតម ដ៏ចំរើន ទោះជាព្រាហ្មណ៍ …. បពិត្រព្រះគោតម ដ៏ចំរើន ទោះជាវេស្សៈ… បពិត្រព្រះគោតមដ៏ចំរើន ទោះជាសុទ្ទ… បពិត្រព្រះគោតមដ៏ចំរើន វណ្ណៈទាំង៤ សុទ្ធតែអាចចំរើនមេត្តចិត្ត ដែលមិនមានពៀរ មិនមានព្យាបាទ ក្នុង​ប្រទេស​នេះ បានទាំងអស់។

[៨៥] ម្នាលព្រាហ្មណ៍ យ៉ាងហ្នឹងហើយ បើកុលបុត្រចេញចាកផ្ទះ អំពីត្រកូល​ក្សត្រិយ៍ ហើយចូល​ទៅកាន់ផ្នួស កុលបុត្រនោះឯង អាស្រ័យធម៌វិន័យ ដែលតថាគត បានសំដែងហើយ ជាបុគ្គល ​បានវៀរចាកបាណាតិបាត វៀរចាកអទិន្នាទាន វៀរចាក​អព្រហ្មចរិយៈ វៀរចាកមុសាវាទ វៀរចាកបិសុណាវាចា វៀរចាកផរុសវាចា វៀរចាក​សម្ផប្បលាបៈ មិនមាន​អភិជ្ឈា មិនមានចិត្តព្យាបាទ ជាសម្មាទិដ្ឋិ ជាបុគ្គល​ត្រេកអរ​នឹង​កុសលធម៌ ដែលជាតួហេតុ។ ម្នាលព្រាហ្មណ៍ បើចេញអំពីត្រកូលព្រាហ្មណ៍ …. ម្នាលព្រាហ្មណ៍ បើចេញអំពីត្រកូលវេស្សៈ… ម្នាលព្រាហ្មណ៍ បើកុលបុត្រ​ចេញចាកផ្ទះ អំពីត្រកូលសុទ្ទៈ ហើយចូល​ទៅកាន់ផ្នួស កុលបុត្រនោះឯង អាស្រ័យធម៌វិន័យ ដែលតថាគត បានសំដែងហើយ ជាបុគ្គល​បានវៀរចាកបាណាតិបាត វៀរចាកអទិន្នាទាន វៀរចាកអព្រហ្មចរិយៈ វៀរចាកមុសាវាទ វៀរចាកបិសុណាវាចា វៀរចាកផរុសវាចា វៀរចាកសម្ផប្បលាបៈ មិនមាន​អភិជ្ឈា មិនមានចិត្តព្យាបាទ ជាសម្មាទិដ្ឋិ ជាបុគ្គល​ត្រេកអរ​នឹងកុសលធម៌ ដែលជាតួហេតុ។ ម្នាលព្រាហ្មណ៍ អ្នកយល់នូវហេតុនោះ ដូចម្តេច មានតែព្រាហ្មណ៍ ទើបអាចនាំយក នូវកញ្ចប់​លំអិត​ សម្រាប់ងូត ទៅកាន់ស្ទឹង ដុសជំរះ​ក្អែលបាន ក្សត្រិយ៍ជំរះមិនបាន វេស្សៈជំរះ​មិនបាន សុទ្ទៈជំរះ​មិនបានទេឬ។ បពិត្រ​ព្រះគោតម​ដ៏ចំរើន ហេតុនេះ មិនមែនដូច្នោះទេ បពិត្រព្រះគោតម ដ៏ចំរើន សូម្បី​ក្សត្រិយ៍ ក៏អាចយកកញ្ចប់​លំអិត សម្រាប់ងូត ទៅកាន់ស្ទឹង ជំរះក្អែលបានដែរ បពិត្រព្រះគោតម​ដ៏ចំរើន សូម្បីព្រាហ្មណ៍ …. បពិត្រព្រះគោតមដ៏ចំរើន សូម្បីវេស្សៈ… បពិត្រ​ព្រះគោតម​ដ៏ចំរើន សូម្បីសុទ្ទៈ… បពិត្រព្រះគោតម​ដ៏ចំរើន ពួកវណ្ណៈ ទាំង៤ សុទ្ធតែអាចយកកញ្ចប់លំអិត សម្រាប់ងូត ទៅកាន់ស្ទឹង ជំរះក្អែលបានទាំងអស់។

[៨៦] ម្នាលព្រាហ្មណ៍ បើកុលបុត្រចេញចាកផ្ទះ អំពីត្រកូលក្សត្រិយ៍ ហើយចូល​ទៅកាន់ផ្នួស ក៏កុលបុត្រនោះ អាស្រ័យធម៌វិន័យ ដែលតថាគត បានសំដែងហើយ ជា​បុគ្គល​​វៀរចាកបាណាតិបាត វៀរចាកអទិន្នាទាន វៀរចាកអព្រហ្មចរិយៈ វៀរចាកមុសាវាទ វៀរចាកបិសុណវាចា វៀរចាកផរុសវាចា វៀរចាកសម្ផប្បលាបៈ មិនមាន​អភិជ្ឈា មិនមាន​ចិត្តព្យាបាទ ជាសម្មាទិដ្ឋិ ជាបុគ្គល​ត្រេកអរ​ នឹងកុសលធម៌ ដែលជាតួហេតុ។ ម្នាល​ព្រាហ្មណ៍ បើចេញអំពីត្រកូលព្រាហ្មណ៍ …. ម្នាលព្រាហ្មណ៍ បើចេញអំពីត្រកូលវេស្សៈ… ម្នាលព្រាហ្មណ៍ បើកុលបុត្រ​ចេញចាកផ្ទះ អំពីត្រកូលសុទ្ទៈ ហើយចូល​ទៅកាន់ផ្នួស ក៏កុលបុត្រនោះ អាស្រ័យធម៌វិន័យ ដែលតថាគត បានសំដែងហើយ ជាបុគ្គល​វៀរចាក​បាណាតិបាត វៀរចាកអទិន្នាទាន វៀរចាកអព្រហ្មចរិយៈ វៀរចាកមុសាវាទ វៀរចាក​បិសុណាវាចា វៀរចាកផរុសវាចា វៀរចាកសម្ផប្បលាបៈ មិនមាន​អភិជ្ឈា មិនមាន​ចិត្ត​ព្យាបាទ ជាសម្មាទិដ្ឋិ ជាបុគ្គល​ត្រេកអរ​នឹងកុសលធម៌ ដែលជាតួហេតុ ក៏ដូចគ្នាយ៉ាង​នោះដែរ។ ម្នាលព្រាហ្មណ៍ អ្នកយល់នូវហេតុនោះ ថាដូចម្តេច ក្សត្រិយ៍ ជារាជា ដែលបានមុទ្ធាភិសេកហើយ ក្នុងលោកនេះ ប្រជុំពួកបុរស ១០០នាក់ ដែលមាន​ជាតិផ្សេង​ៗគ្នាថា អ្នកដ៏ចំរើនទាំងឡាយ ចូរមក បណ្តាបុរសទាំងនោះ ពួកបុរសណា ដែលកើត​អំពី​ខត្តិយត្រកូល អំពីព្រាហ្មណត្រកូល អំពីរាជញ្ញត្រកូល17) ពួកបុរសនោះ ចូរកាន់យក នូវឈើពំនួតខាងលើ (កូនពំនួតជាវិការៈ) នៃឈើស្រាយ ឬឈើខ្លឹម ស្រល់ ខ្លឹមចន្ទន៍ ឬឈូក ពួតបង្កាត់​ភ្លើង ឲ្យភ្លើងឆេះ​ប្រាកដ​ឡើង មួយទៀត អ្នកដ៏ចម្រើនទាំងឡាយ ចូរមក បណ្តា​បុរសទាំងនោះ ពួកបុរសណា ដែលកើតអំពីត្រកូលចណ្ឌាល អំពីត្រកូលនេសាទ អំពីវេណុត្រកូល (ត្រកូលត្បាញផែង) អំពីរថការត្រកូល (ត្រកូលអ្នកធ្វើរថ) អំពីបុក្កុសត្រកូល (ត្រកូលអ្នកកើបសម្រាម) ពួកបុរស​ទាំងនោះ ចូរយកឈើ​ពំនួតខាងលើ (ជាវិការៈ) នៃស្នូកឆ្កែ ឬស្នូកជ្រូក ស្នូក​ជាង​ជ្រលក់ ឬដើមល្ហុងប្រេង ពួតបង្កាត់ភ្លើង ឲ្យភ្លើងឆេះប្រាកដឡើង។ ម្នាលព្រាហ្មណ៍ អ្នកយល់នូវហេតុនោះ ថាដូចម្តេច ភ្លើងណា ដែលពួកបុរស កើតអំពីខត្តិយត្រកូល អំពីព្រាហ្មណ​ត្រកូល អំពីរាជញ្ញត្រកូល យកពំនួតភ្លើងខាងលើ (ជាវិការៈ) នៃឈើស្រាយក្តី ឈើខ្លឹមក្តី ដើមស្រល់ក្តី ដើមចន្ទន៍ក្តី ដើមឈូកក្រហមក្តី មកពួតបង្កាត់ ​ភ្លើង ក៏ឆេះប្រាកដឡើង ភ្លើងនោះ មានអណ្តាតផង មានពណ៌ផង មានពន្លឺ​ផង គេអាច​ធ្វើ​ការ ដែលត្រូវ​ធ្វើដោយភ្លើង នឹងភ្លើងនោះបាន ចំណែកភ្លើងណា ដែលពួក​បុរស កើត​អំពី​ចណ្ឌាលត្រកូល នេសាទ​ត្រកូល វេណុត្រកូល រថការត្រកូល បុក្កុស​ត្រកូល យកពំនួត​​ភ្លើងខាងលើ (ជាវិការៈ) នៃស្នូកឆ្កែក្តី ស្នូកជ្រូកក្តី ស្នូកជាងជ្រលក់ក្តី ដើមល្ហុង​ប្រេងក្តី មកពួតបង្កាត់ ភ្លើង ក៏ឆេះប្រាកដឡើងដែរ តែភ្លើងនោះ មិនមាន​អណ្តាត​ផង មិនមានពណ៌ផង មិនមាន​ពន្លឺផង គេមិនអាចធ្វើការ ដែលត្រូវធ្វើដោយភ្លើង នឹងភ្លើង​នោះ​បានទេឬ។ បពិត្រព្រះគោតមដ៏ចំរើន ហេតុនេះ មិនមែនដូច្នោះទេ បពិត្រព្រះគោតមដ៏ចំរើន ភ្លើងណា ដែលពួកបុរស កើតអំពីខត្តិយត្រកូល អំពី​ព្រាហ្មណ​ត្រកូល អំពីរាជញ្ញត្រកូល យកពំនួតភ្លើងខាងលើ (ជាវិការៈ)នៃ​ឈើ​ស្រាយក្តី ឈើខ្លឹមក្តី ដើមស្រល់ក្តី ដើមចន្ទន៍ក្តី ឬដើមឈូកក្រហមក្តី មកពួតបង្កាត់ ភ្លើង ក៏ឆេះប្រាកដឡើង ភ្លើងនោះ​ មានអណ្តាតផង មានពណ៌ផង មានពន្លឺផង គេអាចធ្វើការ ដែលត្រូវ​ធ្វើ​ដោយ​ភ្លើង នឹងភ្លើង​នោះក៏បាន ចំណែកភ្លើងណា ដែលពួក​បុរស កើត​អំពី​ចណ្ឌាល​ត្រកូល អំពីនេសាទ​ត្រកូល អំពីវេណុត្រកូល អំពីរថការត្រកូល អំពីបុក្កុសត្រកូល កាន់យក​នូវពំនួត​ភ្លើងខាងលើ (ជាវិការៈ) នៃស្នូកឆ្កែក្តី ស្នូកជ្រូកក្តី ស្នូកជាងជ្រលក់ក្តី ដើមល្ហុងប្រេងក្តី មកពួតបង្កាត់ ភ្លើងក៏ឆេះប្រាកដឡើង ភ្លើងនោះ​សោត ក៏មានអណ្តាតដូចគ្នា មានពណ៌ដូចគ្នា មានពន្លឺក៏ដូចគ្នាដែរ ទាំងគេអាចធ្វើការ ដែលត្រូវធ្វើដោយភ្លើង នឹងភ្លើងនោះក៏បាន បពិត្រព្រះគោតមដ៏ចំរើន ដ្បិតភ្លើងទាំងអស់ សុទ្ធតែមាន​អណ្តាតផង មានពណ៌ផង មានពន្លឺផង ទាំងគេអាចធ្វើការ ដែល​ត្រូវធ្វើដោយភ្លើង នឹងភ្លើង​នោះ បាន​ទាំងអស់។

[៨៧] ម្នាលព្រាហ្មណ៍ បើកុលបុត្រចេញចាកផ្ទះ អំពីខត្តិយត្រកូល ហើយចូល​ទៅកាន់ផ្នួស កុលបុត្រនោះ បានអាស្រ័យធម៌វិន័យ ដែលតថាគត បានសំដែងហើយ ជា​បុគ្គល ​​វៀរចាកបាណាតិបាត វៀរចាកអទិន្នាទាន វៀរចាកអព្រហ្មចរិយៈ វៀរចាក​មុសាវាទ វៀរចាកបិសុណវាចា វៀរចាកផរុសវាចា វៀរចាកសម្ផប្បលាបៈ មិនមាន​អភិជ្ឈា មិនមាន​ចិត្តព្យាបាទ ជាសម្មាទិដ្ឋិ ជាអ្នក​ត្រេកអរ​នឹងកុសលធម៌ ដែលជាតួហេតុ។ ម្នាល​ព្រាហ្មណ៍ បើកុលបុត្រ ចេញចាកផ្ទះ អំពីព្រាហ្មណត្រកូល …. ម្នាលព្រាហ្មណ៍ បើកុលបុត្រ ចេញចាកផ្ទះ អំពីវេស្សៈត្រកូល… ម្នាលព្រាហ្មណ៍ បើកុលបុត្រ ​ចេញចាកផ្ទះ អំពីសុទ្ទៈ​ត្រកូល ហើយចូល​ទៅកាន់ផ្នួស កុលបុត្រនោះឯង បានអាស្រ័យធម៌វិន័យ ដែល​តថាគត​ បានសំដែងហើយ ជាបុគ្គល​វៀរចាក​បាណាតិបាត វៀរចាកអទិន្នាទាន វៀរចាក​អព្រហ្មចរិយៈ វៀរចាកមុសាវាទ វៀរចាក​បិសុណវាចា វៀរចាកផរុសវាចា វៀរចាកសម្ផប្បលាបៈ មិនមាន​អភិជ្ឈា មិនមាន​ចិត្ត​ព្យាបាទ ជាសម្មាទិដ្ឋិ ជាអ្នក​ត្រេកអរ​នឹងកុសលធម៌ ដែលជាតួហេតុ ក៏ដូចគ្នានឹងរឿង​បង្កាត់ភ្លើង យ៉ាង​នោះដែរ។

[៨៨] កាលបើព្រះសព្វញ្ញូ ទ្រង់ត្រាស់យ៉ាងនេះហើយ ឯសុការីព្រាហ្មណ៍ បានក្រាបទូល​ព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះគោតមដ៏ចំរើន ភ្លឺច្បាស់ណាស់​។បេ។ តាំងពីថ្ងៃនេះតទៅ សូមព្រះគោតមដ៏ចំរើន ទ្រង់ជ្រាបនូវខ្ញុំព្រះអង្គ ថាជា​ឧបាសក អ្នកដល់នូវសរណគមន៍ ស្មើដោយជីវិត។

ចប់ ឯសុការីសូត្រ ទី៦។

ធនញ្ជានិសូត្រ ទី៧

(៧. ធនញ្ជានិសុត្តំ)

[៨៩] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុង​វត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ទៀបក្រុងរាជគ្រឹះ។ សម័យនោះឯង ព្រះសារីបុត្រមាន​អាយុ ត្រាច់ទៅកាន់ចារិក ក្នុងទក្ខិណាគិរិជនបទ ជាមួយនឹង​ភិក្ខុសង្ឃច្រើនរូប។ គ្រានោះ មានភិក្ខុមួយរូប នៅចាំវស្សា ក្នុងក្រុងរាជគ្រឹះ រួចហើយ ក៏ចូលទៅរក​ព្រះសារីបុត្រ​មានអាយុ ឯទក្ខិណាគិរិជនបទ លុះចូលទៅដល់ហើយ ក៏និយាយរាក់ទាក់ ជាមួយនឹង​ព្រះសារីបុត្រមានអាយុ លុះបញ្ចប់ពាក្យដែលគួររាក់ទាក់ និងគួររីករាយហើយ ក៏អង្គុយក្នុងទីដ៏សមគួរ។

[៩០] ព្រះសារីបុត្រមានអាយុ បានសួរភិក្ខុនោះ ដែលអង្គុយក្នុងទីដ៏សមគួរ យ៉ាង​នេះថា ម្នាលអាវុសោ ព្រះមានព្រះភាគ មិនមានអាពាធ ទាំងមានព្រះកាយពលទេឬ។ ម្នាលអាវុសោ ព្រះមានព្រះភាគ មិនមានអាពាធ ទាំងមានព្រះកាយ​ពលទេ។ ម្នាលអាវុសោ ចំណែកខាងភិក្ខុសង្ឃ មិនមានរោគ ទាំងមានកំឡាំងទេឬ។ ម្នាលអាវុសោ ភិក្ខុសង្ឃមិនមានរោគ ទាំងមានកំឡាំងដែរ។ ម្នាលអាវុសោ ក្នុងស្រុកតណ្ឌុលបាលទ្វារា18) ក្នុងក្រុងរាជគ្រឹះនុ៎ះ មានព្រាហ្មណ៍ឈ្មោះ ធនញ្ជានិ ម្នាលអាវុសោ ធនញ្ជានិព្រាហ្មណ៍ (នោះ) មិនមានរោគ ទាំងមានកំឡាំង ដែរឬ។ ម្នាលអាវុសោ ឯធនញ្ជានិព្រាហ្មណ៍ មិនមានរោគ ទាំងមានកំឡាំង ដែរ។ ម្នាលអាវុសោ ចុះធនញ្ជានិព្រាហ្មណ៍ មិនប្រហែសធ្វេសទេឬ។ ម្នាលអាវុសោ សេចក្តីមិនធ្វេសប្រហែស របស់ធនញ្ជានិព្រាហ្មណ៍ មានពីណា ម្នាលអាវុសោ ព្រោះធនញ្ជានិព្រាហ្មណ៍ អាងព្រះរាជា ក៏រឹបជាន់ពួកព្រាហ្មណ៍ និងគហបតី អាងពួកព្រាហ្មណ៍ និងគហបតី ក៏បោកប្រាស់ព្រះរាជា ឯភរិយា​របស់គាត់ មានសទ្ធា ដែលគាត់នាំមកអំពីត្រកូលមានសទ្ធា នាងនោះ ក៏ធ្វើកាលកិរិយាទៅហើយ ភរិយា​ឯទៀត ដែលគាត់នាំមក អំពីត្រកូលមិនមានសទ្ធា ក៏ជាស្ត្រីមិនមានសទ្ធា។ ម្នាលអាវុសោ យើងបានឮថា ធនញ្ជានិព្រាហ្មណ៍ មានសេចក្តីប្រហែសធ្វេស ឈ្មោះថា បានឮដំណឹងមិនល្អហើយ ធ្វើដូចម្តេចហ្ន៎ យើងនឹងបានចួបធនញ្ជានិព្រាហ្មណ៍​ម្តងទៅ​អេះ ធ្វើម្តេចហ្ន៎ នឹងបាននិយាយចរចាម្តងទៅអេះ។ ទើបព្រះសារីបុត្តមានអាយុ នៅតាម​សប្បាយ ក្នុងទក្ខិណាគិរី ហើយចេញទៅកាន់ចារិក សំដៅទៅត្រង់ក្រុងរាជគ្រឹះ កាលត្រាច់​ទៅកាន់ចារិក តាមលំដាប់ ក៏បានដល់ទៅក្រុងរាជគ្រឹះនោះ។

[៩១] សេចក្តីដំណាលថា ព្រះសារីបុត្រមានអាយុ នៅអាស្រ័យក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ជិតក្រុងរាជគ្រឹះនោះ។ គ្រានោះ ព្រះសារីបុត្រមានអាយុ ស្លៀក​ស្បង់ ទ្រង់បាត្រ ចីវរ ក្នុងបុព្វណ្ហសម័យ ចូលទៅកាន់ក្រុងរាជគ្រឹះ។ ចួនសម័យ​នោះឯង ធនញ្ជានិព្រាហ្មណ៍ ឲ្យពួកមនុស្សរូតទឹកដោះគោទាំងឡាយ ក្នុងឃ្នងគោ នាខាង​ក្រៅ​នគរ។ គ្រានោះ ព្រះសារីបុត្រមានអាយុ ចូលទៅបិណ្ឌបាត ក្នុងក្រុងរាជគ្រឹះ កាលត្រឡប់ពីបិណ្ឌបាត ក្នុងពេលខាងក្រោយនៃភត្ត ក៏ចូលទៅរកធនញ្ជានិព្រាហ្មណ៍។ ធនញ្ជានិព្រាហ្មណ៍ បានឃើញព្រះសារីបុត្រមានអាយុ កំពុងនិមន្តមកអំពីចម្ងាយ ក៏ដើរ​ចូលទៅរកព្រះសារីបុត្រមានអាយុ លុះចូលទៅដល់ហើយ និយាយនឹង​ព្រះសារីបុត្រ​មានអាយុ យ៉ាងនេះថា បពិត្រព្រះសារីបុត្រដ៏ចំរើន សូមលោក​និមន្តមកណេះបន្តិច សូមព្រះសារីបុត្រ ឆាន់ទឹកដោះសិន ទម្រាំដល់ភត្តកាល។ ម្នាល​ព្រាហ្មណ៍ កុំឡើយ ថ្ងៃនេះ អាត្មាធ្វើភត្តកិច្ចរួចហើយ អាត្មានឹងទៅនៅសម្រាកក្នុងវេលា​ថ្ងៃ ឯម្លប់ឈើឯណោះ អ្នកត្រូវមកក្នុងទីនោះ។ ឯធនញ្ជានិព្រាហ្មណ៍ ក៏ទទួលស្តាប់​ព្រះសារីបុត្រមានអាយុថា ករុណា លោកដ៏ចំរើន។ ពេលនោះ ធនញ្ជានិព្រាហ្មណ៍ បរិភោគ​ក្នុងវេលាព្រឹករួចហើយ ដល់ពេលជាខាងក្រោយនៃភត្ត ក៏ចូលទៅរក​ព្រះសារីបុត្រមានអាយុ លុះចូលទៅ​ដល់ហើយ ក៏រាក់ទាក់ ជាមួយ​ព្រះសារីបុត្រមានអាយុ លុះបញ្ចប់ពាក្យគួរ​រាក់ទាក់ និងគួររលឹកហើយ ក៏អង្គុយក្នុងទីសមគួរ។

[៩២] ព្រះសារីបុត្រមានអាយុ បាននិយាយនឹងធនញ្ជានិព្រាហ្មណ៍ ដែល​អង្គុយ​ក្នុងទីសមគួរហើយ យ៉ាងនេះថា ម្នាលធនញ្ជានិ អ្នកជាបុគ្គលមិនប្រហែសធ្វេសទេឬ។ បពិត្រព្រះសារីបុត្រដ៏ចំរើន សេចក្តីមិនប្រហែសធ្វេសរបស់យើង នឹងមានមកពីណា ព្រោះ​យើងត្រូវចិញ្ចឹមមាតាបិតា ត្រូវចិញ្ចឹមកូនប្រពន្ធ ត្រូវចិញ្ចឹមខ្ញុំ និងបុរសអ្នកធ្វើការ ត្រូវធ្វើកិច្ចរបស់មិត្រអាមាត្យ ដល់ពួកមិត្រអាមាត្យ ត្រូវធ្វើកិច្ចរបស់ញាតិសាលោហិត ដល់ពួកញាតិសាលោហិត ត្រូវធ្វើកិច្ចរបស់ភ្ញៀវ ដល់ពួកភ្ញៀវ ត្រូវធ្វើកិច្ចរបស់​បុព្វបេត ដល់ពួកបុព្វបេត ត្រូវធ្វើកិច្ចរបស់ទេវតា ដល់ពួកទេវតា ត្រូវធ្វើរាជកិច្ចដល់ព្រះរាជា សូម្បី​កាយនេះ យើងក៏ត្រូវចិញ្ចឹមឲ្យធាត់ធំចំរើន។

[៩៣] ម្នាលធនញ្ជានិ អ្នកយល់សេចក្តីនោះ ដូចម្តេច បុគ្គលពួកខ្លះ ក្នុងលោកនេះ ប្រព្រឹត្តខុសគន្លងធម៌19) ប្រព្រឹត្តមិនស្មើ ព្រោះហេតុមាតាបិតា ពួកនិរយបាល ទង់ទាញបុគ្គលនោះ ទៅទម្លាក់​ក្នុងនរក ព្រោះហេតុតែការប្រព្រឹត្តិខុសធម៌ ប្រព្រឹត្តមិនស្មើ តើបុគ្គលនោះ គួរអង្វរថា ខ្ញុំបាន​ជាអ្នកប្រព្រឹត្តខុសធម៌ ប្រព្រឹត្តមិនស្មើ ព្រោះហេតុមាតាបិតា សូមកុំឲ្យពួក​និរយបាល ទង់ទាញខ្ញុំទៅនរកឡើយ ដូច្នេះបានដែរឬ ឬក៏មាតាបិតា អង្វរដើម្បី​អ្នក​នោះថា កូននោះ បាន​ជាប្រព្រឹត្តខុសធម៌ ប្រព្រឹត្តមិនស្មើ ព្រោះហេតុយើងទាំងឡាយ សូមកុំឲ្យពួក​និរយបាល នាំយកវាទៅទម្លាក់ក្នុងនរកឡើយ ដូច្នេះបានដែរឬ។ បពិត្រព្រះសារីបុត្ត ដ៏ចំរើន ដំណើរនេះ មិនបានជាដាច់ខាត បើទុកជាយ៉ាងនោះ ក៏ពួកនិរយបាល នៅតែទម្លាក់បុគ្គល កំពុងកន្ទក់កន្ទេញនោះ ទៅក្នុងនរក​ពុំខាន។

[៩៤] ម្នាលធនញ្ជានិ អ្នកយល់សេចក្តីនោះ ដូចម្តេច បុគ្គលពួកខ្លះ ក្នុងលោកនេះ ប្រព្រឹត្តខុសធម៌ ប្រព្រឹត្តមិនស្មើ ព្រោះហេតុកូនប្រពន្ធ ពួកនិរយបាល ទង់ទាញបុគ្គលនុ៎ះ ទៅទម្លាក់​ក្នុងនរក ព្រោះហេតុតែការប្រព្រឹត្តិខុសធម៌ ប្រព្រឹត្តមិនស្មើ អ្នកនោះ គួរអង្វរថា ខ្ញុំបាន​ជាប្រព្រឹត្តខុសធម៌ ប្រព្រឹត្តមិនស្មើ ព្រោះហេតុតែកូនប្រពន្ធ សូមកុំឲ្យពួក​និរយបាល ទង់ទាញខ្ញុំទៅទម្លាក់ក្នុងនរកឡើយ ដូច្នេះបានដែរឬ ឬក៏កូន និងប្រពន្ធ​អ្នក​នោះ​អង្វរថា អ្នកនុ៎ះ បាន​ជាប្រព្រឹត្តខុសធម៌ ប្រព្រឹត្តមិនស្មើ ព្រោះហេតុយើងទាំងឡាយ សូមកុំឲ្យពួក​និរយបាល ទង់ទាញអ្នកនោះ ទៅទម្លាក់ក្នុងនរកឡើយ ដូច្នេះបានដែរឬ។ បពិត្រព្រះសារីបុត្តដ៏ចំរើន ដំណើរនេះ មិនបានជាដាច់ខាត បើទុកជាយ៉ាងនោះ ក៏គង់តែពួកនិរយបាល ទម្លាក់អ្នកដែលកំពុងកន្ទក់កន្ទេញនោះ ទៅក្នុងនរក​ពុំខាន។

[៩៥] ម្នាលធនញ្ជានិ អ្នកយល់សេចក្តីនោះ ដូចម្តេច បុគ្គលពួកខ្លះ ក្នុងលោកនេះ ប្រព្រឹត្តខុសធម៌ ប្រព្រឹត្តមិនស្មើ ព្រោះហេតុទាសៈ និងបុរសជាកម្មករ ពួកនិរយបាល ទង់ទាញបុគ្គលនោះ ទម្លាក់ទៅ​ក្នុងនរក ព្រោះហេតុតែការប្រព្រឹត្តិខុសធម៌ ប្រព្រឹត្តមិនស្មើ បុគ្គលនោះ គួរអង្វរថា ខ្ញុំបាន​ជាប្រព្រឹត្តខុសធម៌ ប្រព្រឹត្តមិនស្មើ ព្រោះហេតុតែទាសៈ និងបុរសជាកម្មករ សូមកុំឲ្យពួក​និរយបាល ទង់ទាញខ្ញុំទៅទម្លាក់ក្នុងនរកឡើយ ដូច្នេះបាន​ដែរឬ ឬក៏ទាសៈ និងបុរសជាកម្មករ របស់បុគ្គលនោះ គួរអង្វរថា ចៅហ្វាយខ្ញុំនុ៎ះ បាន​ជាប្រព្រឹត្តខុសធម៌ ប្រព្រឹត្តមិនស្មើ ព្រោះហេតុតែយើងទាំងឡាយ សូមកុំឲ្យពួក​និរយបាល ទម្លាក់ចៅហ្វាយខ្ញុំនោះ ទៅក្នុងនរកឡើយ ដូច្នេះបានដែរឬ។ បពិត្រព្រះសារីបុត្តដ៏ចំរើន ដំណើរនេះ មិនបានជាដាច់ខាត បើទុកជាយ៉ាងនោះ ពួកនិរយបាល ក៏នៅតែទម្លាក់អ្នកដែលកំពុងកន្ទក់កន្ទេញនោះ ទៅក្នុងនរក​ពុំខាន។

[៩៦] ម្នាលធនញ្ជានិ អ្នកយល់សេចក្តីនោះ ដូចម្តេច បុគ្គលពួកខ្លះ ក្នុងលោកនេះ ប្រព្រឹត្តខុសធម៌ ប្រព្រឹត្តមិនស្មើ ព្រោះហេតុមិត្រអាមាត្យទាំងឡាយ ពួកនិរយបាល ទង់ទាញបុគ្គលនោះ ទម្លាក់ទៅ​ក្នុងនរក ព្រោះហេតុតែការប្រព្រឹត្តិខុសធម៌ ប្រព្រឹត្តមិនស្មើ បុគ្គលនោះ គួរអង្វរថា ខ្ញុំបាន​ជាប្រព្រឹត្តខុសធម៌ ប្រព្រឹត្តមិនស្មើ ព្រោះហេតុ​មិត្រអាមាត្យ​ទាំងឡាយ សូមកុំឲ្យពួក​និរយបាល ទម្លាក់ខ្ញុំទៅក្នុងនរកឡើយ យ៉ាងនេះ បាន​ដែរឬ ឬក៏ពួកមិត្រអាមាត្យរបស់បុគ្គលនោះ គួរអង្វរថា អ្នកនុ៎ះ បាន​ជាប្រព្រឹត្តខុសធម៌ ប្រព្រឹត្តមិនស្មើ ព្រោះហេតុយើងទាំងឡាយ សូមកុំឲ្យពួក​និរយបាល ទម្លាក់អ្នកនោះ ទៅក្នុងនរកឡើយ យ៉ាងនេះ បានដែរឬ។ បពិត្រព្រះសារីបុត្តដ៏ចំរើន ដំណើរនេះ មិនបានជាដាច់ខាត បើទុកជាយ៉ាងនោះ ពួកនិរយបាល នៅតែទម្លាក់​អ្នកដែល​កំពុង​កន្ទក់កន្ទេញនោះ ទៅក្នុងនរក​ពុំខាន។

[៩៧] ម្នាលធនញ្ជានិ អ្នកយល់សេចក្តីនោះ ដូចម្តេច បុគ្គលពួកខ្លះ ក្នុងលោកនេះ ប្រព្រឹត្តខុសធម៌ ប្រព្រឹត្តមិនស្មើ ព្រោះហេតុញាតិសាលោហិតទាំងឡាយ ពួកនិរយបាល ទង់ទាញអ្នកនោះ ទម្លាក់ទៅ​ក្នុងនរក ព្រោះហេតុតែការប្រព្រឹត្តិខុសធម៌ ប្រព្រឹត្តមិនស្មើ អ្នកនោះ គួរអង្វរថា ខ្ញុំបាន​ជាប្រព្រឹត្តខុសធម៌ ប្រព្រឹត្តមិនស្មើ ព្រោះហេតុញាតិ​សាលោហិតទាំងឡាយ សូមកុំឲ្យពួក​និរយបាល ទម្លាក់ខ្ញុំក្នុងនរកឡើយ ដូច្នេះ បាន​ដែរឬ ឬក៏ពួកញាតិសាលោហិត របស់អ្នកនោះ គួរអង្វរថា អ្នកនុ៎ះ បាន​ជាប្រព្រឹត្តខុសធម៌ ប្រព្រឹត្តមិនស្មើ ព្រោះហេតុតែយើងទាំងឡាយ សូមកុំឲ្យពួក​និរយបាល ទម្លាក់អ្នកនោះ ក្នុងនរកឡើយ យ៉ាងនេះ បានដែរឬ។ បពិត្រព្រះសារីបុត្តដ៏ចំរើន ដំណើរនេះ មិនបាន​ជា​ដាច់ខាត បើទុកជាយ៉ាងនោះ ក៏គង់តែពួកនិរយបាល ទម្លាក់​អ្នកដែលកំពុង​កន្ទក់​កន្ទេញ​នោះ ទៅក្នុងនរកដែរ។

[៩៨] ម្នាលធនញ្ជានិ អ្នកយល់សេចក្តីនោះ ដូចម្តេច បុគ្គលពួកខ្លះ ក្នុងលោកនេះ ប្រព្រឹត្តខុសធម៌ ប្រព្រឹត្តមិនស្មើ ព្រោះហេតុភ្ញៀវទាំងឡាយ ពួកនិរយបាល ទង់ទាញ​អ្នកនោះ ទៅទម្លាក់​ក្នុងនរក ព្រោះហេតុតែការប្រព្រឹត្តខុសធម៌ ប្រព្រឹត្តមិនស្មើ អ្នកនោះ គួរអង្វរថា ខ្ញុំបាន​ជាប្រព្រឹត្តខុសធម៌ ប្រព្រឹត្តមិនស្មើ ព្រោះហេតុតែភ្ញៀវទាំងឡាយ សូមកុំឲ្យពួក​និរយបាល ទម្លាក់ខ្ញុំទៅក្នុងនរកឡើយ ដូច្នេះ បាន​ដែរឬ ឬក៏ពួក​ភ្ញៀវ របស់អ្នកនោះ គួរអង្វរថា អ្នកនុ៎ះឯង បាន​ជាប្រព្រឹត្តខុសធម៌ ប្រព្រឹត្តមិនស្មើ ព្រោះហេតុ​តែយើងទាំងឡាយ សូមកុំឲ្យពួក​និរយបាល ទម្លាក់អ្នកនោះ ទៅក្នុងនរកឡើយ ដូច្នេះបានដែរឬ។ បពិត្រព្រះសារីបុត្តដ៏ចំរើន ដំណើរនេះ មិនបានជាដាច់ខាត បើទុកជាយ៉ាងនោះ ពួកនិរយបាល ក៏នៅតែទម្លាក់​អ្នកដែលកំពុងកន្ទក់កន្ទេញនោះ ទៅក្នុងនរកពុំខាន។

[៩៩] ម្នាលធនញ្ជានិ អ្នកយល់សេចក្តីនោះ ដូចម្តេច បុគ្គលពួកខ្លះ ក្នុងលោកនេះ ប្រព្រឹត្តខុសធម៌ ប្រព្រឹត្តមិនស្មើ ព្រោះហេតុបុព្វបេតៈទាំងឡាយ ពួកនិរយបាល ទង់ទាញ​មនុស្សនោះ ទម្លាក់ទៅ​ក្នុងនរក ព្រោះហេតុតែការប្រព្រឹត្តិខុសធម៌ ប្រព្រឹត្តមិនស្មើ បុគ្គលនោះ គួរអង្វរថា ខ្ញុំបាន​ជាប្រព្រឹត្តខុសធម៌ ប្រព្រឹត្តមិនស្មើ ព្រោះហេតុបុព្វបេតៈ​ទាំងឡាយ សូមកុំឲ្យពួក​និរយបាល ទម្លាក់ខ្ញុំទៅក្នុងនរកឡើយ ដូច្នេះ បាន​ដែរឬ ឬក៏ពួក​បុព្វបេតៈ របស់អ្នកនោះ អង្វរថា មនុស្សនោះ បាន​ជាប្រព្រឹត្តខុសធម៌ ប្រព្រឹត្តមិនស្មើ ព្រោះហេតុ​តែយើងទាំងឡាយ សូមកុំឲ្យពួក​និរយបាល ទម្លាក់អ្នកនោះ ទៅក្នុង​នរកឡើយ ដូច្នេះបានដែរឬ។ បពិត្រព្រះសារីបុត្តដ៏ចំរើន ដំណើរនេះ មិនបាន​ជាដាច់ខាត បើទុកជាយ៉ាងនោះ ពួកនិរយបាល ក៏នៅតែទម្លាក់​អ្នកដែលកំពុង​កន្ទក់កន្ទេញនោះ ទៅក្នុងនរកដែរ។

[១០០] ម្នាលធនញ្ជានិ អ្នកយល់សេចក្តីនោះ ដូចម្តេច បុគ្គលពួកខ្លះ ក្នុងលោកនេះ ប្រព្រឹត្តខុសធម៌ ប្រព្រឹត្តមិនស្មើ ព្រោះហេតុទេវតាទាំងឡាយ ពួកនិរយបាល ទង់ទាញ​អ្នកនោះ ទម្លាក់ទៅ​ក្នុងនរក ព្រោះហេតុតែការប្រព្រឹត្តិខុសធម៌ ប្រព្រឹត្តមិនស្មើ បុគ្គលនោះ គួរអង្វរថា ខ្ញុំបាន​ជាប្រព្រឹត្តខុសធម៌ ប្រព្រឹត្តមិនស្មើ ព្រោះហេតុតែទេវតា​ទាំងឡាយ សូម​កុំឲ្យពួក​និរយបាល ទម្លាក់ខ្ញុំទៅក្នុងនរកឡើយ ដូច្នេះ បាន​ដែរឬ ឬក៏ពួកទេវតា របស់​អ្នក​នោះ គួរអង្វរថា បុគ្គលនុ៎ះ បាន​ជាប្រព្រឹត្តខុសធម៌ ប្រព្រឹត្តមិនស្មើ ព្រោះហេតុ​តែយើង​ទាំងឡាយ សូមកុំឲ្យពួក​និរយបាល ទម្លាក់អ្នកនោះ ទៅក្នុង​នរកឡើយ ដូច្នេះបានដែរឬ។ បពិត្រព្រះសារីបុត្តដ៏ចំរើន ដំណើរនេះ មិនបាន​ជាដាច់ខាត បើទុកជាយ៉ាងនោះ ពួកនិរយបាល ក៏នៅតែទម្លាក់​អ្នកដែលកំពុង​កន្ទក់កន្ទេញនោះ ទៅក្នុងនរកដែរ។

[១០១] ម្នាលធនញ្ជានិ អ្នកយល់សេចក្តីនោះ ដូចម្តេច មនុស្សពួកខ្លះ ក្នុងលោក​នេះ ប្រព្រឹត្តខុសធម៌ ប្រព្រឹត្តមិនស្មើ ព្រោះហេតុតែព្រះរាជា ពួកនិរយបាល ក៏ទង់ទាញ​យកមនុស្សនោះ ទម្លាក់ទៅ​ក្នុងនរក ព្រោះហេតុតែការប្រព្រឹត្តិខុសធម៌ ប្រព្រឹត្តមិនស្មើ មនុស្សនោះ ត្រូវបានពាក្យប្រកែកថា ខ្ញុំបាន​ជាប្រព្រឹត្តខុសធម៌ ប្រព្រឹត្តមិនស្មើ ព្រោះហេតុ​តែព្រះរាជា សូម​កុំឲ្យពួក​និរយបាល ទម្លាក់ខ្ញុំក្នុងនរកឡើយ ដូច្នេះដែរឬ ឬក៏ព្រះរាជា របស់អ្នកនោះ ត្រូវបានសេចក្តីហាមប្រាមថា មនុស្សនោះ បាន​ជាប្រព្រឹត្ត​ខុសធម៌ ប្រព្រឹត្តមិនស្មើ ព្រោះហេតុ​តែយើង សូមកុំឲ្យពួក​និរយបាល ទម្លាក់អ្នកនោះ ក្នុង​នរកឡើយ ដូច្នេះដែរឬ។ បពិត្រព្រះសារីបុត្តដ៏ចំរើន ដំណើរនេះ មិនបាន​ជាដាច់ខាត បើទុកជាយ៉ាងនោះ ពួកនិរយបាល ក៏នៅតែទម្លាក់​អ្នកដែលកំពុង​កន្ទក់កន្ទេញនោះ ទៅក្នុងនរកដែរ។

[១០២] ម្នាលធនញ្ជានិ អ្នកយល់សេចក្តីនោះ ដូចម្តេច មនុស្សពួកខ្លះ ក្នុងលោក​នេះ ប្រព្រឹត្តខុសធម៌ ប្រព្រឹត្តមិនស្មើ ព្រោះហេតុតែចិញ្ចឹមកាយ ឲ្យធំធាត់ចំរើន ពួកនិរយបាល ចាប់ទាញមនុស្សនោះ ទម្លាក់​ក្នុងនរក ព្រោះហេតុតែការប្រព្រឹត្តិខុសធម៌ ប្រព្រឹត្តមិនស្មើ មនុស្សនោះ ត្រូវបានសេចក្តីអង្វរថា ខ្ញុំបាន​ជាប្រព្រឹត្តខុសធម៌ ប្រព្រឹត្ត​មិនស្មើ ព្រោះហេតុ​តែការចិញ្ចឹមកាយ ឲ្យធាត់ធំចំរើន សូម​កុំឲ្យពួក​និរយបាល ទម្លាក់ខ្ញុំក្នុងនរកឡើយ ឬក៏ពួកមនុស្សឯទៀត របស់អ្នកនោះ ត្រូវបានសេចក្តីជួយអង្វរថា មនុស្សនោះ បាន​ជាប្រព្រឹត្ត​ខុសធម៌ ប្រព្រឹត្តមិនស្មើ ព្រោះហេតុ​តែការចិញ្ចឹមកាយ ឲ្យធាត់ធំចំរើន សូមកុំឲ្យពួក​និរយបាល ទម្លាក់អ្នកនោះ ក្នុង​នរកឡើយ ដូច្នេះបានដែរឬ។ បពិត្រព្រះសារីបុត្តដ៏ចំរើន ដំណើរនេះ មិនបាន​ជាដាច់ខាត បើទុកជាយ៉ាងនោះ ពួកនិរយបាល ក៏នៅតែទម្លាក់​អ្នកដែលកំពុង​កន្ទក់កន្ទេញនោះ ក្នុងនរកដែរ។

[១០៣] ម្នាលធនញ្ជានិ អ្នកយល់សេចក្តីនោះ ដូចម្តេច មនុស្សដែល​ប្រព្រឹត្តខុសធម៌ ប្រព្រឹត្តមិនស្មើ ព្រោះហេតុមាតា និងបិតាទាំងឡាយក្តី មនុស្សដែល​ប្រព្រឹត្តត្រូវធម៌20) ប្រព្រឹត្តស្មើ ព្រោះហេតុតែមាតា និងបិតាទាំងឡាយក្តី អំពីណាប្រសើរជាង។ បពិត្រព្រះសារីបុត្តដ៏ចំរើន មនុស្សដែល​ប្រព្រឹត្តខុសធម៌ ប្រព្រឹត្តមិនស្មើ ព្រោះហេតុមាតាបិតា អំពើនោះ មិនប្រសើរទេ បពិត្រព្រះសារីបុត្តដ៏ចំរើន មនុស្សដែល​ប្រព្រឹត្តត្រូវធម៌ ប្រព្រឹត្តស្មើ ព្រោះហេតុមាតាបិតា អំពើនោះឯង ទើបឈ្មោះថា ប្រសើរក្នុងហេតុនុ៎ះ បពិត្រព្រះសារីបុត្តដ៏ចំរើន (ព្រោះថា) ការប្រព្រឹត្តិត្រូវធម៌ និងការប្រព្រឹត្តិស្មើ ប្រសើរជាងការប្រព្រឹត្តិខុសធម៌ និងការប្រព្រឹត្តិ​មិនស្មើ។ ម្នាលធនញ្ជានិ ការងារទាំងឡាយដទៃ ដែលត្រូវធម៌ ប្រកបដោយហេតុ ដែល​ពួកមនុស្ស អាចចិញ្ចឹមមាតាបិតាបានផង មិនធ្វើបាបកម្មផង អាចប្រតិបត្តិ នូវបដិបទា ជាហេតុឲ្យកើតបុណ្យផង មានដែរតើ។

[១០៤] ម្នាលធនញ្ជានិ អ្នកយល់សេចក្តីនោះ ដូចម្តេច មនុស្សដែល​ប្រព្រឹត្តខុសធម៌ ប្រព្រឹត្តមិនស្មើ ព្រោះតែកូន និងប្រពន្ធក្តី មនុស្សដែល​ប្រព្រឹត្តត្រូវធម៌ ប្រព្រឹត្តស្មើ ព្រោះហេតុ​តែកូន និងប្រពន្ធក្តី អំពីណាប្រសើរជាង។ បពិត្រព្រះសារីបុត្តដ៏ចំរើន មនុស្សដែល​ប្រព្រឹត្តខុសធម៌ ប្រព្រឹត្តមិនស្មើ ព្រោះហេតុតែកូន និងប្រពន្ធ អំពើនោះ មិនប្រសើរទេ បពិត្រព្រះសារីបុត្តដ៏ចំរើន ចំណែកឯមនុស្ស ដែល​ប្រព្រឹត្តត្រូវធម៌ ប្រព្រឹត្តស្មើ ព្រោះហេតុតែកូន និងប្រពន្ធ អំពើនោះឯង ទើបប្រសើរក្នុងហេតុនុ៎ះ បពិត្រព្រះសារីបុត្តដ៏ចំរើន (ព្រោះថា) ការប្រព្រឹត្តិត្រូវធម៌ ការប្រព្រឹត្តិស្មើ ត្រូវតែប្រសើរជាងការប្រព្រឹត្តិខុសធម៌ និងការប្រព្រឹត្តិ​មិនស្មើ។ ម្នាលធនញ្ជានិ ការងារទាំងឡាយដទៃ ដែលត្រូវធម៌ ប្រកបដោយហេតុ ដែល​ពួកមនុស្សអាចចិញ្ចឹមកូន និងប្រពន្ធបានផង មិនបាច់ធ្វើបាបកម្មផង អាចប្រតិបត្តិនូវបដិបទា ជាហេតុឲ្យ​កើតបុណ្យបានផង មានដែរតើ។

[១០៥] ម្នាលធនញ្ជានិ អ្នកយល់សេចក្តីនោះ ដូចម្តេច មនុស្សដែល​ប្រព្រឹត្តខុសធម៌ ប្រព្រឹត្តមិនស្មើ ព្រោះតែទាសៈ និងបុរសជាកម្មករក្តី មនុស្សដែល​ប្រព្រឹត្តតាមធម៌ ប្រព្រឹត្តស្មើ ព្រោះហេតុតែទាសៈ និងបុរសជាកម្មករក្តី តើអំពីណាប្រសើរជាង។ បពិត្រព្រះសារីបុត្តដ៏ចំរើន មនុស្សដែល​ប្រព្រឹត្តខុសធម៌ ប្រព្រឹត្តមិនស្មើ ព្រោះហេតុ​តែទាសៈ និងបុរសជាកម្មករ អំពើនោះ មិនប្រសើរឡើយ បពិត្រព្រះសារីបុត្តដ៏ចំរើន មនុស្សដែល​ប្រព្រឹត្តតាមធម៌ ប្រព្រឹត្តស្មើ ព្រោះហេតុតែទាសៈ និងបុរសជាកម្មករ អំពើនោះឯង ទើបឈ្មោះថា ប្រសើរក្នុងហេតុនុ៎ះ បពិត្រព្រះសារីបុត្ត​ដ៏ចំរើន (ព្រោះថា) ការប្រព្រឹត្តិត្រូវធម៌ ការប្រព្រឹត្តិស្មើ ត្រូវតែប្រសើរជាង​ការប្រព្រឹត្តិខុសធម៌ និងការប្រព្រឹត្តិ​មិនស្មើ។ ម្នាលធនញ្ជានិ ការងារទាំងឡាយឯទៀត ដែលត្រូវតាមធម៌ ប្រកបដោយហេតុ ដែល​ពួកមនុស្ស អាចចិញ្ចឹមទាសៈ និងបុរសជាកម្មករបានផង មិនបាច់ធ្វើ នូវបាបកម្មផង អាចប្រតិបត្តិ នូវបដិបទា ជាហេតុឲ្យបានបុណ្យផង មានដែរតើ។

[១០៦] ម្នាលធនញ្ជានិ អ្នកយល់សេចក្តីនោះ ដូចម្តេច មនុស្សដែល​ប្រព្រឹត្តខុសធម៌ ប្រព្រឹត្តមិនស្មើ ព្រោះហេតុតែមិត្រអាមាត្យទាំងឡាយក្តី មនុស្សដែល​ប្រព្រឹត្តត្រូវធម៌ ប្រព្រឹត្តស្មើ ព្រោះហេតុតែមិត្រអាមាត្យទាំងឡាយក្តី អំពីណាប្រសើរជាង។ បពិត្រ​ព្រះសារីបុត្តដ៏ចំរើន មនុស្សដែល​ប្រព្រឹត្តខុសធម៌ ប្រព្រឹត្តមិនស្មើ ព្រោះហេតុតែ​មិត្រអាមាត្យ​ទាំងឡាយ អំពើនោះ មិនប្រសើរទេ បពិត្រព្រះសារីបុត្តដ៏ចំរើន មនុស្ស ដែល​ប្រព្រឹត្តតាមធម៌ ប្រព្រឹត្តស្មើ ព្រោះហេតុតែមិត្រអាមាត្យទាំងឡាយ អំពើនោះឯង ទើបបានឈ្មោះថា ប្រសើរក្នុងហេតុនុ៎ះ បពិត្រព្រះសារីបុត្តដ៏ចំរើន ព្រោះថាការប្រព្រឹត្តិ​ត្រូវធម៌ ការប្រព្រឹត្តិស្មើ ត្រូវតែប្រសើរជាងការប្រព្រឹត្តិខុសធម៌ និងការប្រព្រឹត្តិ​មិនស្មើ។ ម្នាលធនញ្ជានិ ការងារទាំងឡាយឯទៀត ដែលត្រូវធម៌ ប្រកបដោយហេតុ ដែល​មនុស្សទាំងឡាយអាចធ្វើកិច្ចរបស់​មិត្រអាមាត្យ ដល់មិត្រអាមាត្យបានផង មិនបាច់ធ្វើបាបកម្មផង អាចប្រតិបត្តិនូវបដិបទា ជាហេតុឲ្យ​កើតបុណ្យផង មានដែរតើ។

[១០៧] ម្នាលធនញ្ជានិ អ្នកយល់សេចក្តីនោះ ដូចម្តេច មនុស្សដែល​ប្រព្រឹត្តខុសធម៌ ប្រព្រឹត្តមិនស្មើ ព្រោះហេតុតែញាតិសាលោហិតទាំងឡាយក្តី មនុស្ស​ដែល​ប្រព្រឹត្តត្រូវធម៌ ប្រព្រឹត្តស្មើ ព្រោះហេតុតែញាតិសាលោហិតទាំងឡាយក្តី អំពី​ណា​ប្រសើរជាង។ បពិត្រព្រះសារីបុត្តដ៏ចំរើន មនុស្សដែល​ប្រព្រឹត្តខុសធម៌ ប្រព្រឹត្តមិនស្មើ ព្រោះហេតុតែញាតិសាលោហិតទាំងឡាយ អំពើនោះ មិនប្រសើរទេ បពិត្រព្រះសារីបុត្ត ដ៏ចំរើន មនុស្ស ដែល​ប្រព្រឹត្តត្រូវធម៌ ប្រព្រឹត្តស្មើ ព្រោះហេតុតែញាតិ​សាលោហិតទាំងឡាយ អំពើនោះឯង ទើបឈ្មោះថា ប្រសើរក្នុងហេតុនុ៎ះ បពិត្រព្រះសារីបុត្តដ៏ចំរើន (ព្រោះថា) ការប្រព្រឹត្តិត្រូវធម៌ ការប្រព្រឹត្តិស្មើ ត្រូវតែប្រសើរជាងការប្រព្រឹត្តិខុសធម៌ និងការប្រព្រឹត្តិ​មិនស្មើ។ ម្នាលធនញ្ជានិ ការងារទាំងឡាយឯទៀត ដែលត្រូវធម៌ ប្រកបដោយហេតុ ដែល​មនុស្សទាំងឡាយ អាចធ្វើនូវកិច្ចការ របស់ញាតិសាលោហិត ដល់ញាតិសាលោហិតបានផង មិនបាច់ធ្វើនូវបាបកម្មផង អាចប្រតិបត្តិ នូវបដិបទា ជាហេតុឲ្យបានបុណ្យផង មានដែរតើ។

[១០៨] ម្នាលធនញ្ជានិ អ្នកយល់សេចក្តីនោះ ដូចម្តេច មនុស្សដែល​ប្រព្រឹត្តខុសធម៌ ប្រព្រឹត្តមិនស្មើ ព្រោះហេតុ​តែភ្ញៀវទាំងឡាយក្តី មនុស្សដែល​ប្រព្រឹត្តត្រូវធម៌ ប្រព្រឹត្តស្មើ ព្រោះហេតុតែភ្ញៀវទាំងឡាយក្តី អំពីណាប្រសើរជាង។ បពិត្រព្រះសារីបុត្តដ៏ចំរើន មនុស្សដែល​ប្រព្រឹត្តខុសធម៌ ប្រព្រឹត្តមិនស្មើ ព្រោះហេតុតែភ្ញៀវទាំងឡាយ អំពើនោះ មិនប្រសើរទេ បពិត្រព្រះសារីបុត្តដ៏ចំរើន មនុស្ស ដែល​ប្រព្រឹត្តត្រូវធម៌ ប្រព្រឹត្តស្មើ ព្រោះហេតុតែភ្ញៀវទាំងឡាយ អំពើនោះ ទើបឈ្មោះថា ប្រសើរក្នុងហេតុនុ៎ះ បពិត្រព្រះសារីបុត្តដ៏ចំរើន (ព្រោះថា) ការប្រព្រឹត្តិត្រូវធម៌ ការប្រព្រឹត្តិស្មើ ត្រូវតែប្រសើរជាងការប្រព្រឹត្តិខុសធម៌ និងការប្រព្រឹត្តិ​មិនស្មើ។ ម្នាលធនញ្ជានិ ការងារទាំងឡាយឯទៀត ដែលត្រូវធម៌ ប្រកបដោយហេតុ ដែល​មនុស្សទាំងឡាយ អាចធ្វើនូវកិច្ចការ របស់ភ្ញៀវ ដល់ភ្ញៀវទាំងឡាយបានផង មិនបាច់ធ្វើនូវបាបកម្មផង អាចប្រតិបត្តិនូវបដិបទា ដែលជាហេតុឲ្យកើតបុណ្យបានផង មានដែរតើ។

[១០៩] ម្នាលធនញ្ជានិ អ្នកយល់សេចក្តីនោះ ដូចម្តេច មនុស្សដែល​ប្រព្រឹត្តខុសធម៌ ប្រព្រឹត្តមិនស្មើ ព្រោះហេតុតែបុព្វបេតៈទាំងឡាយក្តី មនុស្សដែល​ប្រព្រឹត្តត្រូវធម៌ ប្រព្រឹត្តស្មើ ព្រោះហេតុតែបុព្វបេតៈទាំងឡាយក្តី អំពីណាប្រសើរជាង។ បពិត្រ​ព្រះសារីបុត្ត ដ៏ចំរើន មនុស្សដែល​ប្រព្រឹត្តខុសធម៌ ប្រព្រឹត្តមិនស្មើ ព្រោះហេតុតែ​បុព្វបេតៈទាំងឡាយ អំពើនោះ មិនប្រសើរទេ បពិត្រព្រះសារីបុត្តដ៏ចំរើន មនុស្ស ដែល​ប្រព្រឹត្តតាមធម៌ ប្រព្រឹត្តស្មើ ព្រោះហេតុតែបុព្វបេតៈទាំងឡាយ អំពើនោះ ទើបឈ្មោះថា ប្រសើរក្នុងហេតុនុ៎ះ បពិត្រព្រះសារីបុត្តដ៏ចំរើន (ព្រោះថា) ការប្រព្រឹត្តិត្រូវធម៌ ការប្រព្រឹត្តិស្មើ ត្រូវតែប្រសើរជាងការប្រព្រឹត្តិខុសធម៌ និងការប្រព្រឹត្តិ​មិនស្មើ។ ម្នាលធនញ្ជានិ ការងារទាំងឡាយឯទៀត ដែលត្រូវតាមធម៌ ប្រកបដោយហេតុ ដែល​មនុស្សទាំងឡាយ អាចធ្វើនូវកិច្ចការ របស់បុព្វបេតៈ ដល់បុព្វបេតៈទាំងឡាយ​បានផង មិនបាច់ធ្វើបាបកម្មផង អាចប្រតិបត្តិនូវបដិបទា ដែលជាហេតុឲ្យកើតបុណ្យ​បាន​ផង មានដែរតើ។

[១១០] ម្នាលធនញ្ជានិ អ្នកយល់សេចក្តីនោះ ដូចម្តេច មនុស្សដែល​ប្រព្រឹត្តខុសធម៌ ប្រព្រឹត្តមិនស្មើ ព្រោះហេតុតែទេវតាទាំងឡាយក្តី មនុស្សដែល​ប្រព្រឹត្តធម៌ ប្រព្រឹត្តស្មើ ព្រោះហេតុតែទេវតាទាំងឡាយក្តី អំពីណាប្រសើរជាង។ បពិត្រព្រះសារីបុត្តដ៏ចំរើន មនុស្សដែល​ប្រព្រឹត្តខុសធម៌ ប្រព្រឹត្តមិនស្មើ ព្រោះហេតុតែទេវតាទាំងឡាយ អំពើនោះ មិនប្រសើរឡើយ បពិត្រព្រះសារីបុត្តដ៏ចំរើន មនុស្ស ដែល​ប្រព្រឹត្តតាមធម៌ ប្រព្រឹត្តស្មើ ព្រោះហេតុតែទេវតាទាំងឡាយ អំពើនោះឯង ទើបឈ្មោះថា ប្រសើរក្នុងហេតុនុ៎ះ បពិត្រព្រះសារីបុត្តដ៏ចំរើន (ព្រោះថា) ការប្រព្រឹត្តិត្រូវធម៌ ការប្រព្រឹត្តិស្មើ ត្រូវតែប្រសើរជាងការប្រព្រឹត្តិខុសធម៌ ការប្រព្រឹត្តិ​មិនស្មើ។ ម្នាលធនញ្ជានិ ការងារទាំងឡាយឯទៀត ដែលត្រូវតាមធម៌ ប្រកបដោយហេតុ ដែល​មនុស្សទាំងឡាយ អាចធ្វើនូវកិច្ចការ របស់ទេវតា ដល់ទេវតាទាំងឡាយបានផង មិនបាច់ធ្វើបាបកម្មផង អាចប្រតិបត្តិនូវបដិបទា ដែលជាហេតុឲ្យកើតបុណ្យបានផង មានដែរតើ។

[១១១] ម្នាលធនញ្ជានិ អ្នកយល់សេចក្តីនោះ ដូចម្តេច មនុស្សដែល​ប្រព្រឹត្តខុសធម៌ ប្រព្រឹត្តមិនស្មើ ព្រោះហេតុតែព្រះរាជាក្តី មនុស្សដែល​ប្រព្រឹត្តតាមធម៌ ប្រព្រឹត្តស្មើ ព្រោះហេតុតែព្រះរាជាក្តី តើអំពីណាប្រសើរជាង។ បពិត្រព្រះសារីបុត្តដ៏ចំរើន មនុស្សដែល​ប្រព្រឹត្តខុសធម៌ ប្រព្រឹត្តមិនស្មើ ព្រោះហេតុតែព្រះរាជា អំពើនោះ មិនប្រសើរឡើយ បពិត្រព្រះសារីបុត្តដ៏ចំរើន មនុស្ស ដែល​ប្រព្រឹត្តត្រូវធម៌ ប្រព្រឹត្តស្មើ ព្រោះហេតុតែព្រះរាជា អំពើនោះឯង ទើបឈ្មោះថា ប្រសើរក្នុងហេតុនុ៎ះ បពិត្រព្រះសារីបុត្តដ៏ចំរើន (ព្រោះថា) ការប្រព្រឹត្តិត្រូវធម៌ ការប្រព្រឹត្តិស្មើ ត្រូវតែប្រសើរជាងការប្រព្រឹត្តិខុសធម៌ និងការប្រព្រឹត្តិ​មិនស្មើ។ ម្នាលធនញ្ជានិ ការងារទាំងឡាយឯទៀត ដែលត្រូវតាមធម៌ ប្រកបដោយហេតុ ដែល​មនុស្សទាំងឡាយ អាចធ្វើរាជការរបស់​ព្រះរាជាបានផង មិនបាច់ធ្វើបាបកម្មផង អាចប្រតិបត្តិនូវបដិបទា ជាហេតុឲ្យកើតបុណ្យបានផង មានដែរតើ។

[១១២] ម្នាលធនញ្ជានិ អ្នកយល់សេចក្តីនោះ ដូចម្តេច មនុស្សដែល​ប្រព្រឹត្តខុសធម៌ ប្រព្រឹត្តមិនស្មើ ព្រោះហេតុតែការចិញ្ចឹមកាយ ឲ្យធាត់ធំចំរើន មនុស្សដែល​ប្រព្រឹត្តត្រូវធម៌ ប្រព្រឹត្តស្មើ ព្រោះហេតុតែការចិញ្ចឹមកាយ ឲ្យធាត់ធំចំរើន អំពីណាប្រសើរជាង។ បពិត្រព្រះសារីបុត្តដ៏ចំរើន មនុស្សដែល​ប្រព្រឹត្តខុសធម៌ ប្រព្រឹត្តមិនស្មើ ព្រោះហេតុតែចិញ្ចឹមកាយ ឲ្យធាត់ធំចំរើន អំពើនោះ មិនប្រសើរ បពិត្រព្រះសារីបុត្តដ៏ចំរើន មនុស្ស ដែល​ប្រព្រឹត្តត្រូវធម៌ ប្រព្រឹត្តស្មើ ព្រោះហេតុតែការចិញ្ចឹមកាយ ឲ្យធាត់ធំចំរើន អំពើនោះឯង ទើបឈ្មោះថា ប្រសើរក្នុងហេតុនុ៎ះ បពិត្រព្រះសារីបុត្តដ៏ចំរើន (ព្រោះថា) ការប្រព្រឹត្តិត្រូវធម៌ ការប្រព្រឹត្តិស្មើ ត្រូវតែប្រសើរវិសេសជាងការប្រព្រឹត្តិខុសធម៌ និងការប្រព្រឹត្តិ​មិនស្មើ។ ម្នាលធនញ្ជានិ ការងារទាំងឡាយឯទៀត ត្រូវតាមធម៌ ប្រកបដោយហេតុ ដែល​មនុស្សទាំងឡាយ អាចចិញ្ចឹមកាយ ឲ្យធាត់ធំចំរើនបានផង មិនបាច់ធ្វើនូវបាបកម្មផង អាចប្រតិបត្តិនូវបដិបទា ដែលជាហេតុឲ្យកើតបុណ្យបានផង មានដែរតើ។ គ្រានោះ ធនញ្ជានិព្រាហ្មណ៍ ត្រេកអរ អនុមោទនា នូវភាសិតរបស់ព្រះសារីបុត្រមានអាយុ រួច​ក្រោកចាកអាសនៈ ហើយក៏ចៀសចេញទៅ។

[១១៣] លុះចំណេរកាលតមក ធនញ្ជានិព្រាហ្មណ៍ មានអាពាធ ដល់នូវទុក្ខ​វេទនា មានជម្ងឺជាទម្ងន់។ ទើបធនញ្ជានិព្រាហ្មណ៍ ហៅបុរសម្នាក់ មកនិយាយបង្គាប់ថា នែបុរស​ដ៏ចំរើន ចូរអ្នកមកនេះ ចូរអ្នកទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក្រាបថ្វាយបង្គំ​ព្រះបាទានៃព្រះមានបុណ្យ ហើយក្រាបបង្គំទូល តាមពាក្យអញថា បពិត្រព្រះអង្គដ៏ចំរើន ធនញ្ជានិព្រាហ្មណ៍ មានអាពាធ ដល់នូវទុក្ខវេទនា មានជម្ងឺជា​ទម្ងន់ គាត់ក្រាបថ្វាយបង្គំ​ព្រះបាទា​ព្រះមានព្រះភាគដោយត្បូង ដូច្នេះរួច ឯងចូរទៅរក​ព្រះសារីបុត្រមានអាយុ លុះចូលទៅដល់ហើយ ថ្វាយបង្គំបាទាព្រះសារីបុត្រមានអាយុ តាមពាក្យអញថា បពិត្រលោកដ៏ចំរើន ធនញ្ជានិព្រាហ្មណ៍ មានអាពាធ ដល់នូវទុក្ខវេទនា មានជម្ងឺជា​ទម្ងន់ គាត់ថ្វាយបង្គំបាទា​ព្រះសារីបុត្រ​មានអាយុ​ដោយត្បូង ដូច្នេះរួចហើយ ឯងទូលលោកយ៉ាងនេះថា បពិត្រព្រះថេរៈដ៏ចំរើន យើងខ្ញុំសូមអង្វរ សូម​ព្រះសារីបុត្រមានអាយុ និមន្តទៅនិវេសនដ្ឋានរបស់​ធនញ្ជានិព្រាហ្មណ៍ អាស្រ័យ​សេចក្តី​អនុគ្រោះ។

[១១៤] បុរសនោះ ក៏ទទួលពាក្យរបស់ធនញ្ជានិព្រាហ្មណ៍ថា បាទអ្នកដ៏ចំរើន យ៉ាងនេះហើយ ក៏ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំ​ចំពោះ​ព្រះមានព្រះភាគ រួចហើយ​អង្គុយក្នុងទីដ៏សមគួរ។ លុះបុរសនោះ អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ធនញ្ជានិព្រាហ្មណ៍ មានអាពាធ ដល់នូវទុក្ខវេទនា មានជម្ងឺជា​ទម្ងន់ គាត់ក្រាបថ្វាយបង្គំ​ព្រះបាទា​ព្រះមានបុណ្យដោយត្បូង ដូច្នេះរួចហើយ ចូលទៅរក​ព្រះសារីបុត្រមានអាយុ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះសារីបុត្រមានអាយុ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះបុរសនោះ អង្គុយក្នុងទីដ៏សមគួរហើយ ក៏និយាយ​នឹងព្រះសារីបុត្ត​មានអាយុថា បពិត្រលោកដ៏ចំរើន ធនញ្ជានិព្រាហ្មណ៍ មានអាពាធ ដល់នូវទុក្ខវេទនា មានជម្ងឺជា​ទម្ងន់ គាត់ថ្វាយបង្គំបាទា​ព្រះសារីបុត្រ​មានអាយុ​ដោយត្បូង មួយទៀត គាត់មានប្រសាសន៍យ៉ាងនេះថា សូមឱកាស បពិត្រលោកដ៏ចំរើន សូម​ព្រះសារីបុត្រមានអាយុ និមន្តចូលទៅនិវេសនដ្ឋាន របស់​ធនញ្ជានិព្រាហ្មណ៍ អាស្រ័យ​សេចក្តី​អនុគ្រោះ។ ព្រះសារីបុត្រមានអាយុ ក៏ទទួលដោយតុណ្ហីភាព។

[១១៥] លំដាប់នោះ ព្រះសារីបុត្រមានអាយុ ស្លៀកស្បង់ ប្រដាប់ដោយបាត្រ និងចីវរ ចូលទៅនិវេសនដ្ឋានរបស់ធនញ្ជានិព្រាហ្មណ៍ លុះចូលទៅដល់ហើយ ក៏គង់​លើអាសនៈ​​ ដែលគេក្រាលទុកប្រគេន។ លុះព្រះសារីបុត្រមានអាយុគង់ហើយ ក៏និយាយ​នឹងធនញ្ជានិព្រាហ្មណ៍ យ៉ាងនេះថា នែធនញ្ជានិ (យន្ត គឺសរីរៈដែលមានចក្រ៤ មានទ្វារ​៩) អ្នកអត់សង្កត់បានទេឬ អ្នកឲ្យប្រព្រឹត្តទៅបានស្រួលបួលឬទេ ទុក្ខវេទនាស្រាកស្រាន្ត មិន​រឹតឡើងទេឬ ប្រាកដជាសះស្បើយ មិនរឹតចំរើនឡើងទេឬ។

[១១៦] ធនញ្ជានិព្រាហ្មណ៍ទូលថា បពិត្រព្រះសារីបុត្រដ៏ចំរើន សរីរយន្ត ដែល​មានចក្រ៤ មានទ្វារ៩ ខ្ញុំព្រះករុណាអត់សង្កត់មិនបានទេ ឲ្យប្រព្រឹត្តទៅមិនបានទេ ទុក្ខវេទនា របស់ខ្ញុំព្រះករុណារឹតតែចំរើនឡើង មិនស្រាកស្រាន្តទេ មានតែចំរើនឡើង មិនប្រាកដជាស្រាកស្រាន្តទេ បពិត្រព្រះសារីបុត្រដ៏ចំរើន ប្រៀបដូចបុរសមានកំឡាំង ចាក់ក្បាលដោយដែកស្រួចដ៏មុត យ៉ាងណាមិញ បពិត្រព្រះសារីបុត្រដ៏ចំរើន ខ្យល់​ទាំងឡាយដ៏ខ្លាំងហួសប្រមាណ ចាក់ដោតនូវក្បាលខ្ញុំព្រះករុណា ក៏យ៉ាងនោះដែរ បពិត្រព្រះសារីបុត្រដ៏ចំរើន សរីរយន្តខ្ញុំព្រះករុណា អត់សង្កត់មិនបានទេ ឲ្យប្រព្រឹត្ត​ទៅ​មិនបានទេ ទុក្ខវេទនា របស់ខ្ញុំព្រះករុណា រឹតតែចំរើនឡើង មិនមានធូរថយទេ ចេះតែចំរើនឡើង មិនមានស្រាកស្រាន្តទេ បពិត្រព្រះសារីបុត្រដ៏ចំរើន ប្រៀប​ដូច​បុរសមានកំឡាំង យកព្រ័ត្រដ៏មាំ មកត្របែងក្បាល យ៉ាងណា បពិត្រព្រះសារីបុត្រ ដ៏ចំរើន សីសវេទនា ក្នុងក្បាលខ្ញុំ ខ្លាំងហួសប្រមាណ ក៏យ៉ាងនោះដែរ បពិត្រព្រះសារីបុត្រដ៏ចំរើន សរីរយន្តខ្ញុំព្រះករុណា អត់សង្កត់មិនបានទេ ឲ្យប្រព្រឹត្ត​ទៅ​មិនបានទេ ទុក្ខវេទនា របស់ខ្ញុំព្រះករុណា រឹតតែចំរើនឡើង មិនធូរថយទេ មាន​តែចំរើនឡើង មិនស្រាកស្រាន្តទេ បពិត្រព្រះសារីបុត្រដ៏ចំរើន ប្រៀបដូចអ្នក​សម្លាប់​គោ ឬកូនសិស្ស​អ្នកសម្លាប់គោ ដ៏ឈ្លាសវៃ វះពោះគោនឹងកាំបិតសំរាប់អារគោដ៏មុត យ៉ាងណាមិញ បពិត្រព្រះសារីបុត្រដ៏ចំរើន ខ្យល់​ទាំងឡាយ ខ្លាំងហួសប្រមាណ ក៏អារពោះខ្ញុំ​ព្រះករុណា យ៉ាងនោះដែរ បពិត្រព្រះសារីបុត្រដ៏ចំរើន សរីរយន្ត​ខ្ញុំព្រះករុណា អត់សង្កត់មិនបានទេ ឲ្យប្រព្រឹត្ត​ទៅ​មិនបានស្រួលបួលទេ ទុក្ខវេទនា របស់ខ្ញុំព្រះករុណា រឹតតែចំរើនឡើង មិន​បានធូរថយទេ មានតែចំរើនឡើង មិនស្រាកស្រាន្តទេ បពិត្រព្រះសារីបុត្រដ៏ចំរើន ប្រៀបដូចបុរសមានកំឡាំងពីរនាក់ ចាប់បុរសខ្សោយជាង ត្រង់ដើមដៃទាំងពីរ ហើយឆ្អើរ​រោលកំដៅលើរងើកភ្លើង យ៉ាងណាមិញ បពិត្រព្រះសារីបុត្រដ៏ចំរើន សេចក្តីក្តៅ អន្ទះ​អន្ទែង​ ក្នុងកាយ របស់ខ្ញុំព្រះករុណា ក៏ហួសប្រមាណ យ៉ាងនោះដែរ បពិត្រព្រះសារីបុត្រ​ដ៏ចំរើន សរីរយន្តខ្ញុំព្រះករុណា អត់ធន់មិនបានទេ ឲ្យប្រព្រឹត្ត​ទៅ​មិនបានទេ ទុក្ខវេទនា​របស់ខ្ញុំព្រះករុណា រឹតតែចំរើនឡើង មិនអន់ថយសោះ មានតែចំរើនខ្លាំងឡើង ឥត​ស្រាកស្រាន្តទេ។

[១១៧] ម្នាលធនញ្ជានិ អ្នកសំគាល់នូវហេតុនោះ ដូចម្តេច នរកក្តី កំណើត​តិរច្ឆានក្តី ណាប្រសើរជាង។ បពិត្រព្រះសារីបុត្រដ៏ចំរើន កំណើតតិរច្ឆាន ប្រសើរ​ជាងនរក។ ម្នាលធនញ្ជានិ អ្នកសំគាល់ហេតុនោះ ដូចម្តេច កំណើត​តិរច្ឆានក្តី បិត្តិវិស័យក្តី ណាប្រសើរជាង។ បពិត្រព្រះសារីបុត្រដ៏ចំរើន បិត្តិវិស័យ ប្រសើរ​ជាងកំណើត​តិរច្ឆាន។ ម្នាលធនញ្ជានិ អ្នកសំគាល់នូវហេតុនោះ ដូចម្តេច បិត្តិវិស័យក្តី ពួកមនុស្សក្តី ណា​ប្រសើរ​ជាង។ បពិត្រព្រះសារីបុត្រដ៏ចំរើន ពួកមនុស្ស ប្រសើរ​ជាងបិត្តិវិស័យ។ ម្នាលធនញ្ជានិ អ្នកសំគាល់នូវហេតុនោះ ដូចម្តេច ពួកមនុស្សក្តី ពួកទេវតា ដែលនៅក្នុងឋាន​ចាតុម្មហារាជិកៈ​ក្តី ណាប្រសើរជាងណា។ បពិត្រព្រះសារីបុត្រដ៏ចំរើន ពួក​ចាតុម្មហារាជិក​ទេវតា ប្រសើរ​ជាងពួកមនុស្ស។ ម្នាលធនញ្ជានិ អ្នកសំគាល់នូវហេតុនោះ ដូចម្តេច ពួកចាតុម្មហារាជិកទេវតាក្តី ពួកតាវត្តឹសទេវតាក្តី ណាប្រសើរជាងណា។ បពិត្រ​ព្រះសារីបុត្រដ៏ចំរើន ពួកតាវត្តឹសទេវតា ប្រសើរ​ជាងពួកចាតុម្មហារាជិកទេវតា។ ម្នាលធនញ្ជានិ អ្នកសំគាល់ហេតុនោះ ដូចម្តេច ពួកតាវត្តឹសទេវតាក្តី ពួក​យាមទេវតាក្តី ណាប្រសើរជាងណា។ បពិត្រ​ព្រះសារីបុត្រដ៏ចំរើន ពួកយាមទេវតា ប្រសើរ​ជាងពួកតាវត្តឹសទេវតា។ ម្នាលធនញ្ជានិ អ្នកសំគាល់នូវហេតុនោះ ដូចម្តេច ពួកយាមទេវតាក្តី ពួកតុសិតទេវតាក្តី ណាប្រសើរជាងណា។ បពិត្រ​ព្រះសារីបុត្រដ៏ចំរើន ពួកតុសិតទេវតា ប្រសើរ​ជាងពួកយាមទេវតា។ ម្នាលធនញ្ជានិ អ្នកសំគាល់នូវហេតុនោះ ដូចម្តេច ពួកតុសិតទេវតាក្តី ពួកនិម្មានរតិទេវតាក្តី ណាប្រសើរជាង។ បពិត្រ​ព្រះសារីបុត្រ​ដ៏ចំរើន ពួកនិម្មានរតិទេវតា ប្រសើរ​ជាងពួកតុសិតទេវតា។ ម្នាលធនញ្ជានិ អ្នកសំគាល់នូវហេតុនោះ ដូចម្តេច ពួកនិម្មានរតិទេវតាក្តី ពួកបរនិម្មិតវសវត្តិទេវតាក្តី ណាប្រសើរជាង។ បពិត្រ​ព្រះសារីបុត្រដ៏ចំរើន ពួកបរនិម្មិតវសវត្តិទេវតា ប្រសើរ​ជាងពួកនិម្មានរតិទេវតា។ ម្នាលធនញ្ជានិ អ្នកសំគាល់នូវហេតុនោះ ដូចម្តេច ពួកបរនិម្មិតវសវត្តិទេវតាក្តី ព្រហ្មលោកក្តី ណាប្រសើរជាង។ ​ព្រះសារីបុត្រដ៏ចំរើន សំដែង​ថាព្រហ្មលោក ព្រះសារីបុត្រដ៏ចំរើន សំដែងថាព្រហ្មលោក។ គ្រានោះ ព្រះសារីបុត្រ​មានអាយុ មានសេចក្តីត្រិះរិះ​ យ៉ាងនេះថា ពួកព្រាហ្មណ៍ទាំងនេះ ចុះចិត្ត​ស៊ប់តែនឹង​ព្រហ្មលោក បើដូច្នោះ គួរតែអញសំដែង​ផ្លូវ ដើម្បី​ឲ្យបានកើតរួមនឹង​ព្រហ្ម​ទាំងឡាយ ដល់ធនញ្ជានិព្រាហ្មណ៍ចុះ។ ទើបព្រះថេរៈសំដែងថា នែធនញ្ជានិ អាត្មានឹង​សំដែងផ្លូវ​ដើម្បីបានកើតរួមនឹងព្រហ្មទាំងឡាយ អ្នកចូរស្តាប់រឿងនោះចុះ ចូរធ្វើទុក​ក្នុងចិត្ត​ឲ្យស្រួលចុះ អាត្មានឹងសំដែងប្រាប់។ ធនញ្ជានិព្រាហ្មណ៍ ទទួលស្តាប់​ព្រះសារីបុត្រ​មានអាយុថា​ ព្រះករុណាលោកដ៏ចំរើន។

[១១៨] ព្រះសារីបុត្រមានអាយុ ក៏សំដែងយ៉ាងនេះថា ម្នាលធនញ្ជានិ ផ្លូវប្រព្រឹត្ត​ទៅ ដើម្បីកើតរួមនឹងព្រហ្មទាំងឡាយ តើដូចម្តេច ម្នាលធនិញ្ជានិ ភិក្ខុក្នុងសាសនានេះ មានចិត្តប្រកបដោយមេត្តា ផ្សាយទៅកាន់ទិសទី១​ ទិសទី២ ដូចគ្នា ទិសទី៣ ក៏ដូចគ្នា ទិសទី៤ ក៏ដូចគ្នា ទិសខាងលើ ទិសខាងក្រោម ទិសទទឹងក៏ដូចគ្នា មានចិត្តប្រកបដោយ​មេត្តាដ៏ធំទូលាយ រកប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់លោក​ទាំងមូល ក្នុងទិសទាំងពួង ដោយយកខ្លួន ប្រៀបនឹងសត្វទាំងពួង ម្នាលធនញ្ជានិ នេះឯង ជាផ្លូវប្រព្រឹត្តទៅ ដើម្បីកើតរួមនឹងព្រហ្មទាំងឡាយ ម្នាលធនញ្ជានិ មួយទៀត ភិក្ខុមានចិត្តប្រកបដោយករុណា… មានចិត្តប្រកបដោយ​មុទិតា…. មានចិត្តប្រកបដោយឧបេក្ខា ផ្សាយទៅកាន់ទិសទី១ ទិសទី២ ក៏ដូចគ្នា ទិសទី៣ ក៏ដូចគ្នា ទិសទី៤ ក៏ដូចគ្នា មានចិត្តប្រកបដោយឧបេក្ខាដ៏ធំទូលាយ រកប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់លោក​ទាំងមូល ក្នុងទិសទាំងពួង ដោយយកខ្លួន ទៅប្រៀបនឹងសត្វទាំងពួង ម្នាលធនញ្ជានិ នេះឯង ក៏ជាផ្លូវប្រព្រឹត្ត​ដើម្បី​កើត​រួមនឹងពួកព្រហ្ម។ ធនញ្ជានិផ្តាំថា បពិត្រព្រះសារីបុត្រដ៏ចំរើន បើដូច្នោះ សូម​លោកម្ចាស់ ក្រាបថ្វាយបង្គំព្រះបាទា​ព្រះមានបុណ្យដោយត្បូង តាមពាក្យរបស់ខ្ញុំ​ព្រះករុណាថា បពិត្រព្រះអង្គដ៏ចំរើន ធនញ្ជានិព្រាហ្មណ៍ មានអាពាធ ដល់នូវ​ទុក្ខវេទនា មានជម្ងឺជាទម្ងន់ គាត់ក្រាបថ្វាយបង្គំព្រះបាទា នៃព្រះមានបុណ្យដោយត្បូង។

[១១៩] គ្រានោះ ព្រះសារីបុត្រមានអាយុ កាលបើមានកិច្ច ដែលលោកត្រូវធ្វើតទៅ​ទៀត ក៏ញុំាងធនញ្ជានិព្រាហ្មណ៍ ឲ្យតម្កល់នៅត្រឹមព្រហ្មលោកថោកទាប រួចក្រោក​ចាក​អាសនៈ ហើយក៏ចេញទៅ។ គ្រានោះឯង ធនញ្ជានិព្រាហ្មណ៍ កាលបើព្រះសារីបុត្រមានអាយុ និមន្តចេញទៅ មិនយូរប៉ុន្មាន ក៏ធ្វើមរណកាល ហើយទៅ​កើតឯព្រហ្មលោក។ គ្រានោះ ព្រះមានបុណ្យ ទ្រង់ត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ សារីបុត្រនុ៎ះ កាលបើមានកិច្ចដែលខ្លួនត្រូវធ្វើតទៅទៀត ក៏ញុំាងធនញ្ជានិព្រាហ្មណ៍ ឲ្យតម្កល់នៅត្រឹមព្រហ្មលោកថោកទាប រួចក្រោកចាក​អាសនៈ ចេញមក។

[១២០] គ្រានោះ ព្រះសារីបុត្រមានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយក៏អង្គុយក្នុងទីដ៏សមគួរ។ លុះព្រះសារីបុត្រមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ធនញ្ជានិព្រាហ្មណ៍ មានអាពាធ ដល់នូវទុក្ខវេទនា មានជម្ងឺជាទម្ងន់ គាត់ក្រាបថ្វាយបង្គំ​ព្រះបាទា នៃ​ព្រះមានព្រះភាគ ដោយត្បូង។ ព្រះមានព្រះភាគ ត្រាស់សួរថា ហៃសារីបុត្រ កាលបើ​កិច្ច​ដែលអ្នកត្រូវធ្វើតទៅទៀតនៅមាន ហេតុម្តេច ក៏អ្នកញុំាងធនញ្ជានិព្រាហ្មណ៍ ឲ្យតម្កល់​នៅត្រឹមព្រហ្មលោកថោកទាប រួចក្រោកចាកអាសនៈចេញមក។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំ​ព្រះអង្គមានសេចក្តីត្រិះរិះ យ៉ាងនេះថា ពួកព្រាហ្មណ៍ទាំងនេះ មានចិត្តជឿស៊ប់នឹង​ព្រហ្មលោក បើដូច្នោះ គួរតែខ្ញុំ​ព្រះអង្គ សំដែងផ្លូវប្រព្រឹត្តទៅ ដើម្បីកើតរួមនឹង​ពួកព្រហ្ម ដល់ធនញ្ជានិព្រាហ្មណ៍ចុះ។ ហៃសារីបុត្រ ធនញ្ជានិព្រាហ្មណ៍ស្លាប់ហើយ ទៅកើត​ឯព្រហ្មលោកហើយ។

ចប់ ធនញ្ជានិសូត្រ ទី៧។

វាសេដ្ឋសូត្រ ទី៨

(៨. វាសេដ្ឋសុត្តំ)

[១២១] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់​នៅក្នុង​ដងព្រៃឈ្មោះឥច្ឆានង្គលៈ ជិតស្រុកឈ្មោះឥច្ឆានង្គលៈ។ សម័យនោះឯង មានព្រាហ្មណ​មហាសាលជាច្រើន សុទ្ធតែជាអ្នកមានកេរ្តិឈ្មោះ ល្បីល្បាញ អាស្រ័យនៅក្នុងស្រុក​ឥច្ឆានង្គលៈ គឺចង្កីព្រាហ្មណ៍ ១ តារុក្ខព្រាហ្មណ៍ ១ បោក្ខរសាតិព្រាហ្មណ៍ ១ ជាណុស្សោណិព្រាហ្មណ៍ ១ តោទេយ្យព្រាហ្មណ៍ ១ មិនតែប៉ុណ្ណោះសោត មានទាំងពួក​ព្រាហ្មណមហាសាលដទៃទៀត ក៏សឹងជាអ្នកមានកេរ្តិឈ្មោះល្បីល្បាញដែរ។ វេលានោះ វាសេដ្ឋមាណព និងភារទ្វាជមាណព ទាំងពីរនាក់ កំពុងដើរទៅដើរមក ដើម្បីសម្រួល​ស្មង ក៏ផ្តើមនូវអន្តរាកថានេះថា ម្នាលអ្នកដ៏ចំរើន មនុស្សឈ្មោះថាព្រាហ្មណ៍ តើដោយ​ហេតុ​ដូចម្តេច។ ភារទ្វាជមាណព បានឆ្លើយ​យ៉ាងនេះថា ម្នាលអ្នកដ៏ចំរើន បើកាលណាបុគ្គល​មានជាតិល្អទាំងពីរចំណែក គឺ ទាំងខាងមាតា និងខាងបិតា ប្រសូតចាក​គភ៌ ដ៏បរិសុទ្ធ ដរាបអំពីគូ នៃជីតាជាគំរប់៧មក មិនមានអ្នកណា តិះដៀល​ចំអកចំអន់​ដោយការពោល​ដល់ជាតិបាន ម្នាលអ្នកដ៏ចំរើន ដោយហេតុប៉ុណ្ណេះឯង មនុស្ស​ ទើបឈ្មោះថា​ព្រាហ្មណ៍។ វាសេដ្ឋមាណព បានពោលយ៉ាងនេះថា ម្នាលអ្នកដ៏ចំរើន បើកាលណា​បុគ្គលមានសីលផង បរិបូណ៌ដោយវត្តផង ដោយហេតុ​ប៉ុណ្ណេះ មនុស្ស ទើបឈ្មោះថា ជាព្រាហ្មណ៍បាន។ ភារទ្វាជមាណព មិនអាចដើម្បី​ពន្យល់​វាសេដ្ឋមាណពបាន ចំណែក​ខាងវាសេដ្ឋមាណព ក៏មិនអាចដើម្បីនឹងពន្យល់ភារទ្វាជមាណពបានដែរ។

[១២២] លំដាប់នោះ វាសេដ្ឋមាណព និយាយនឹងភារទ្វាជមាណពថា ម្នាលភារទ្វាជៈ ដ៏ចំរើន ព្រះសមណគោតមនេះឯង ជាសក្យបុត្រ ចេញចាកសក្យ​ត្រកូល ទ្រង់ព្រះផ្នួស ឥឡូវមកគង់នៅក្នុងដងព្រៃ ឈ្មោះឥច្ឆានង្គលៈ ជិតស្រុកឈ្មោះ​ឥច្ឆានង្គលៈ កិត្តិសព្ទដ៏ល្អ នៃព្រះគោតមដ៏ចំរើននោះ ល្បីឮខ្ចរខ្ចាយ សុះសាយយ៉ាងនេះថា ព្រះមានព្រះភាគនោះ ព្រះអង្គឆ្ងាយចាកកិលេសហើយ ព្រះអង្គត្រាស់ដឹងនូវញេយ្យ​ធម៌​ទាំងពួង ដោយប្រពៃ ចំពោះព្រះអង្គ ព្រះអង្គបរិបូណ៌ដោយវិជ្ជា និងចរណៈ គឺសេចក្តី​ចេះ​ដឹង និងក្រិត្យ ដែលបុគ្គលគប្បីប្រព្រឹត្ត ព្រះអង្គមានដំណើរល្អ ទៅកាន់ព្រះនិព្វាន ព្រះអង្គជ្រាបច្បាស់នូវត្រៃលោក ព្រះអង្គប្រសើរដោយសីលាទិគុណ រកបុគ្គលណាមួយ​ស្មើគ្មាន ព្រះអង្គទ្រង់ទូន្មាននូវបុរសដែលគួរទូន្មានបាន ព្រះអង្គ ជាសាស្ត្រាចារ្យនៃទេវតា និងមនុស្សទាំងឡាយ ព្រះអង្គបានត្រាស់ដឹងនូវ​អរិយសច្ចធម៌ ព្រះអង្គលែងវិលត្រឡប់​មកកាន់ភពថ្មីទៀតហើយ ម្នាលភារទ្វាជៈដ៏ចំរើន មក យើងនឹងនាំគ្នាចូលទៅគាល់​ព្រះសមណគោតម លុះចូលទៅដល់ហើយ យើងនឹងទូលសួរសេចក្តីនុ៎ះ នឹង​ព្រះសមណគោតម ព្រះសមណគោតម នឹងដោះស្រាយ ដល់យើងទាំងពីរនាក់ យ៉ាង​ណា យើងនឹងចាំទុកសេចក្តីនោះយ៉ាងនោះ។ ឯភារទ្វាជមាណព ក៏បានទទួល​ពាក្យរបស់​វាសេដ្ឋមាណពថា យ៉ាងហ្នឹងហើយ អ្នកដ៏ចំរើន។ គ្រានោះ វាសេដ្ឋមាណព និងភារទ្វាជមាណព បាននាំគ្នាចូលទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ពោលរាក់ទាក់ សំណេះសំណាល ទៅរកព្រះមានព្រះភាគ លុះបញ្ចប់​ពាក្យដែល​គួររីករាយ និងពាក្យដែលគួររលឹកហើយ ក៏អង្គុយក្នុងទីដ៏សមគួរ។

[១២៣] លុះវាសេដ្ឋមាណព អង្គុយក្នុងទីដ៏សមគួរហើយ បានពោលនឹង​ព្រះមានព្រះភាគ ដោយគាថាទាំងឡាយថា

ខ្ញុំព្រះអង្គទាំងពីរនាក់ បានទទួល​អនុញ្ញាត អំពីអាចារ្យ ដែលបាន​ឲ្យរៀនសូត្រ​ស្រេច​ហើយ ទាំងបានប្តេជ្ញាខ្លួនឯងថា បានរៀនសូត្រចេះចាំនូវវេទទាំង៣ ខ្ញុំព្រះអង្គ​ជាសិស្សច្បង របស់បោក្ខរសាតិព្រាហ្មណ៍ ឯមាណពនេះ ជាសិស្សច្បង របស់តារុក្ខព្រាហ្មណ៍ បទណាដែលពួកព្រាហ្មណ៍ ចេះនូវវេទទាំង៣ បានប្រាប់ ដោយអត្ថក្តី​ ដោយព្យញ្ជនៈក្តី ខ្ញុំព្រះអង្គទាំងពីរនាក់ ក៏បានចូលចិត្តក្នុងបទនោះទាំង​អស់ ទាំងសេចក្តីព្យាករណ៍នូវបទ របស់ខ្ញុំព្រះអង្គទាំងពីរនាក់ ក៏ប្រាកដស្មើនឹងអាចារ្យ ត្រង់កន្លែង​ជាទីពោលមន្ត បពិត្រព្រះគោតម ខ្ញុំព្រះអង្គទាំងពីរនាក់ មានសេចក្តីវិវាទ ក្នុងការពោលអំពីជាតិ ភារទ្វាជមាណព ពោលថា បុគ្គលដែលឈ្មោះថាព្រាហ្មណ៍ ព្រោះជាតិ ចំណែកខ្ញុំព្រះអង្គពោលថា ព្រោះកម្ម បពិត្រព្រះអង្គអ្នកមានចក្ខុ សូម​ព្រះអង្គទ្រង់ជ្រាបយ៉ាងនេះ ដោយហេតុនោះហើយ បានជាខ្ញុំព្រះអង្គទាំងពីរនាក់ មិន​អាចញុំាងគ្នានឹងគ្នាឲ្យដឹងបាន ទើបនាំគ្នាមកក្រាបទូល​សួរ​ព្រះមានព្រះភាគ ដែល​ប្រាកដ​ថា ជាព្រះសម្ពុទ្ធ ពួកជនតាំងអញ្ជលីកម្ម ថ្វាយបង្គំ ចំពោះទៅរកព្រះចន្ទពេញវង់ យ៉ាង​ណា គេក៏ថ្វាយបង្គំ ចំពោះព្រះគោតម​ក្នុងលោក យ៉ាងនោះដែរ ខ្ញុំព្រះអង្គទាំងពីរនាក់ សូមទូលសួរព្រះគោតម ដែលមានដួងចក្ខុកើតឡើង បរិសុទ្ធស្អាតក្នុងលោកថា បុគ្គលដែល​ជា​ព្រាហ្មណ៍​នោះ តើព្រោះជាតិ ឬព្រោះកម្ម ដ្បិតខ្ញុំព្រះអង្គទាំងពីរនាក់មិនស្គាល់ សូមព្រះអង្គទ្រង់សំដែង ល្មមឲ្យខ្ញុំព្រះអង្គទាំងពីរ​នាក់ ស្គាល់ថាព្រាហ្មណ៍បានផង។

[១២៤] (ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលវាសេដ្ឋៈ) តថាគត នឹង​ចែករលែក​ជាតិ នៃសត្វទាំងឡាយនោះ តាមលំដាប់ ប្រាប់អ្នកទាំងឡាយ ដ្បិតជាតិរបស់សត្វ​ទាំង​ឡាយ ផ្សេងៗគ្នា អ្នកទាំងឡាយ ស្គាល់​តិណជាតិ និងរុក្ខជាតិហើយ ចំណែក​តិណជាតិ និងរុក្ខជាតិនោះ មិនស្គាល់ខ្លួនវាថា យើងជាតិណជាតិ ជារុក្ខជាតិដូច្នេះឡើយ សណ្ឋាន​ក៏សម្រេចមកអំពីជាតិ ព្រោះជាតិរបស់វា ទីទៃៗពីគ្នា តាំងពីកណ្តូប កន្ទុំរុយ រហូតដល់​ស្រមោចខ្មៅ ស្រមោចក្រហម សណ្ឋានក៏សម្រេចមកអំពីជាតិ ព្រោះជាតិ​របស់វា ទីទៃៗ​ពីគ្នា មួយទៀត អ្នកទាំងឡាយ ចូរដឹងសត្វជើង៤ទាំងឡាយ ទាំងតូចទាំងធំ សណ្ឋានក៏សម្រេចមកអំពីជាតិ ព្រោះជាតិ​របស់វា ទីទៃៗ​ពីគ្នា មួយទៀត អ្នកទាំងឡាយ ចូរដឹងពួកសត្វ ដែលមានពោះជាជើង ដូចជាឧរគជាតិ ដែលមាន​ខ្នងវែង សណ្ឋាន​ក៏សម្រេចមកអំពីជាតិ ព្រោះជាតិ​របស់វា ទីទៃៗ​ពីគ្នា មួយទៀត អ្នកទាំងឡាយ ចូរ​ដឹងពួកមច្ឆជាតិ ដែលនៅក្នុងទឹក មានទឹកជាទីគោចរ សណ្ឋានក៏សម្រេចមកអំពីជាតិ ព្រោះជាតិ​របស់វា ទីទៃៗ​ពីគ្នា មួយទៀត អ្នកទាំងឡាយ ចូរដឹងពួកសត្វបក្សី ដែលមាន​ស្លាប​ជាយាន ហើរទៅក្នុងអាកាស សណ្ឋានក៏សម្រេចមកអំពីជាតិ ព្រោះជាតិ​របស់វា ទីទៃៗ​ពីគ្នា សណ្ឋានដែលសម្រេចអំពីជាតិក្នុងជាតិទាំងនុ៎ះច្រើន ដូចម្តេចមិញ សណ្ឋាន ដែលសម្រេចមកអំពីជាតិ ក្នុងមនុស្សទាំងឡាយ មិនមាន​ច្រើនដូច្នោះទេ ព្រោះមិនបាននិយមដោយសក់ទាំងឡាយ មិនបាននិយម​ដោយក្បាល មិនបាននិយម​ដោយត្រចៀកទាំងពីរ មិនបាននិយម​ដោយភ្នែកទាំងពីរ មិនបាននិយម​ដោយមាត់ មិនបាននិយម​ដោយច្រមុះ មិនបាននិយម​ដោយបបូរមាត់ទាំងពីរ មិនបាននិយម​ដោយចិញ្ចើមទាំងពីរ មិនបាននិយម​ដោយ ក មិនបាននិយម​ដោយស្មាទាំង​សងខាង មិនបាននិយម​ដោយពោះ មិនបាននិយម​ដោយខ្នង មិនបាននិយម​ដោយត្រគាក មិនបាននិយម​ដោយទ្រូង មិនបាននិយម​ដោយទី​ចង្អៀត មិនបាននិយម​ដោយមេថុន មិនបាននិយម​ដោយដៃទាំងពីរ មិនបាននិយម​ដោយជើង​ទាំងពីរ មិនបាននិយម​ដោយ​ម្រាមដៃទាំង១០ មិនបាននិយម​ដោយក្រចកទាំង១០ មិនបាននិយម​ដោយស្មងទាំងពីរ មិនបាននិយម​ដោយភ្លៅទាំងពីរ​ មិនបាននិយម​ដោយសម្បុរ មិនបាននិយម​ដោយ​សំឡេង ជាសណ្ឋានសម្រេច​មកអំពីជាតិ ដូចជា​ក្នុងជាតិពួកសត្វដទៃក៏ទេ មួយទៀត របស់ដែលអាស្រ័យចំពោះខ្លួន ក្នុងសរីរៈរបស់​មនុស្ស នឹងបានដូច្នោះក៏ទេ ឯការផ្សេងគ្នា របស់មនុស្សទាំងឡាយ គេហៅតាមឈ្មោះ ព្រោះថា បណ្តាមនុស្សទាំងឡាយ មនុស្សណាមួយ ចិញ្ចឹមជីវិតដោយការភ្ជួររាស់ ម្នាលវាសេដ្ឋៈ អ្នកចូរដឹងយ៉ាងនេះថា អ្នកនោះ ជាអ្នកភ្ជួររាស់ មិនមែនជា​ព្រាហ្មណ៍​ទេ បណ្តាមនុស្សទាំងឡាយ មនុស្សណា ចិញ្ចឹមជីវិតដោយសិប្បៈផ្សេងៗ (មានការត្បាញ​ជាដើម) ម្នាលវាសេដ្ឋៈ អ្នកចូរ​ដឹង​ យ៉ាងនេះថា អ្នកនោះ ឈ្មោះថា ជាអ្នកមានសិប្បៈ មិនមែន​ព្រាហ្មណ៍​ទេ បណ្តាមនុស្សទាំងឡាយ មនុស្សណាមួយ ចិញ្ចឹមជីវិត​ដោយការជួញ ម្នាលវាសេដ្ឋៈ អ្នកចូរដឹងយ៉ាងនេះថា អ្នកនោះ ជាពាណិជ្ជ មិនមែន​ព្រាហ្មណ៍​ទេ បណ្តាមនុស្សទាំងឡាយ មនុស្សណាមួយ ចិញ្ចឹមជីវិតដោយការបំរើ​អ្នកដទៃ ម្នាលវាសេដ្ឋៈ អ្នកចូរដឹងយ៉ាងនេះថា អ្នកនោះ ជាអ្នកបំរើគេ មិនមែន​ព្រាហ្មណ៍​ទេ បណ្តាមនុស្សទាំងឡាយ មនុស្សណាមួយ ចិញ្ចឹមជីវិតដោយការលួច ម្នាលវាសេដ្ឋៈ អ្នកចូរដឹងយ៉ាងនេះថា អ្នកនុ៎ះ ជាចោរ មិនមែន​ព្រាហ្មណ៍​ទេ បណ្តាមនុស្សទាំងឡាយ មនុស្សណាមួយ ចិញ្ចឹមជីវិតដោយការកាន់គ្រឿងសស្ត្រាវុធ ម្នាលវាសេដ្ឋៈ អ្នកចូរដឹងយ៉ាងនេះថា អ្នកនុ៎ះ ជាទាហាន មិនមែន​ព្រាហ្មណ៍​ទេ បណ្តាមនុស្សទាំងឡាយ មនុស្សណាមួយ ចិញ្ចឹមជីវិតដោយនាទីជាបុរោហិត ម្នាលវាសេដ្ឋៈ អ្នកចូរដឹងយ៉ាងនេះថា អ្នកនុ៎ះ ជាអ្នកបូជា មិនមែន​ព្រាហ្មណ៍​ទេ បណ្តាមនុស្សទាំងឡាយ មនុស្សណាមួយ បរិភោគស្រុក ឬដែន ម្នាលវាសេដ្ឋៈ អ្នកចូរដឹងយ៉ាងនេះថា អ្នកនុ៎ះ ជាព្រះរាជា មិនមែន​ព្រាហ្មណ៍​ទេ មួយទៀត តថាគត មិនបានពោល បុគ្គលដែលកើតអំពីកំណើត ឬកើតអំពីសំណាក់​នៃមាតា ថាជាព្រាហ្មណ៍​ទេ បុគ្គលនោះ គ្រាន់តែឈ្មោះថា ភោវាទី (អ្នកពោលថា ភោភោ) ព្រោះបុគ្គលនោះឯង នៅ​មានកង្វល់ គឺកិលេស លុះតែបុគ្គល​មិនមានកង្វល់ មិនមានសេចក្តីប្រកាន់មាំ ទើប​តថាគតពោលថា ជាព្រាហ្មណ៍ បុគ្គលណា កាត់បង់នូវសំយោជនៈ​ទាំងអស់ ហើយមិន​បានតក់ស្លុត ដោយតណ្ហា តថាគត ពោលនូវបុគ្គលនោះ ដែលជាអ្នកកន្លងបង់ នូវសេចក្តី​ចំពាក់ ជាអ្នកប្រាសចាកកិលេស ថាជាព្រាហ្មណ៍ បុគ្គលណា កាត់បង់នូវខ្សែរឹត គឺការចង​គំនុំ និងព្រ័ត្រ គឺតណ្ហា និងទី-ត គឺកិលេស គ្រឿងស្ទាក់ គឺទិដ្ឋិ ព្រមទាំងទិដ្ឋានុស័យចេញ​បាន តថាគត ពោលនូវបុគ្គលនោះ ដែលមានបង្គោល គឺអវិជ្ជាដកចេញហើយ អ្នកត្រាស់​ដឹង នូវចតុរារិយសច្ច ថាជាព្រាហ្មណ៍ បុគ្គលណា មិនបានប្រទូស្ត អត់សង្កត់ នូវពាក្យជេរ និង​ការវាយដំ និងចំណងបាន តថាគត ពោលនូវបុគ្គលនោះ ដែលមាន​អធិវាសនក្ខន្តី​ជាកំឡាំង មានពួកពល គឺខន្តី ថាជាព្រាហ្មណ៍ បុគ្គលណា មិនមានសេចក្តីក្រោធ មាន​ធុតង្គវត្ត មានសីលគុណ មិនប៉ោងដោយរាគាទិក្កិលេស មិនមានពុតត្បុត មាន​សរីរៈ​តាំងនៅក្នុងទីបំផុត តថាគត ពោលនូវបុគ្គលនោះ ថាជាព្រាហ្មណ៍ បុគ្គលណា ​មិនជាប់ ក្នុង​កាមទាំងឡាយ ដូចទឹកមិនជាប់លើស្លឹកឈូក ឬដូចគ្រាប់ស្ពៃ មិនជាប់​លើចុង​នៃដែក​ស្រួច តថាគត ពោលនូវបុគ្គលនោះ ថាជាព្រាហ្មណ៍ បុគ្គលណា ក្នុងលោកនេះ ដឹងច្បាស់​នូវការអស់ទៅ នៃទុក្ខរបស់ខ្លួន តថាគត ពោលនូវបុគ្គលនោះ ដែលមាន​ភារៈ​ដាក់ចុះហើយ ប្រាសចាកកិលេសហើយ ថាជាព្រាហ្មណ៍ បុគ្គលណា ជាអ្នកប្រាជ្ញ មាន​ប្រាជ្ញាជ្រាលជ្រៅ ឈ្លាសវៃ ក្នុងមគ្គ និងមិនមែនមគ្គ មានប្រយោជន៍ដ៏ខ្ពស់​សម្រេចហើយ តថាគត ពោលនូវបុគ្គលនោះ ថាជាព្រាហ្មណ៍ បុគ្គលណា មិនច្រឡំដោយបុគ្គលទាំង​ពីរ​ពួក គឺគ្រហស្ថ និងបព្វជិត មិនបានជាប់នៅក្នុងអាល័យ គឺកាមគុណ ទាំងមិនមាន​សេចក្តី​ប្រាថ្នា តថាគត ពោលនូវបុគ្គលនោះ ថាជាព្រាហ្មណ៍ បុគ្គលណា ដាក់ចុះនូវអាជ្ញា ក្នុង​ពួកសត្វ អ្នកដែលនៅមានសេចក្តីតក់ស្លុត គឺតណ្ហា មានសេចក្តីខ្ជាប់ខ្ជួន គឺមិនមាន​តណ្ហា មិនសំឡាប់ដោយខ្លួនឯង មិនប្រើអ្នកដទៃ​ឲ្យសំឡាប់ តថាគត ពោលនូវបុគ្គលនោះ ថា​ជាព្រាហ្មណ៍ បុគ្គលណា មិនខឹង ក្នុងពួកសត្វដែលខឹង មានសេចក្តីត្រជាក់ ទៅលើ​ពួក​សត្វ ដែលមានអាជ្ញាក្នុងខ្លួន ជាអ្នកមិនមានសេចក្តីប្រកាន់ក្នុងពួកបុគ្គល ដែលមានសេចក្តី​ប្រកាន់ តថាគត ពោលនូវបុគ្គលនោះ ថាជាព្រាហ្មណ៍ រាគៈ ទោសៈ មានះ និងសេចក្តី​លុបគុណ របស់បុគ្គលណា ជ្រុះចេញហើយ បីដូចជាគ្រាប់ស្ពៃ ធ្លាក់អំពីចុង នៃ​ដែកស្រួច តថាគត ពោលនូវបុគ្គលនោះ ថាជាព្រាហ្មណ៍ បុគ្គលណា ពោលវាចាឥតទោស ជាវាចា​ញុំាងបុគ្គលឲ្យស្គាល់ប្រយោជន៍ ជាវាចាពិត ទាំងមិនបាន​ធ្វើបុគ្គលណាមួយ ឲ្យ​ចំពាក់​ដោយវាចាណាឡើយ តថាគត ពោលនូវបុគ្គលនោះ ថាជា​ព្រាហ្មណ៍ បុគ្គលណា មិនបាន​បង្អោនរបស់វែង ឬខ្លី តូចឬធំ ល្អឬអាក្រក់ ដែលគេមិនបានឲ្យ ក្នុងលោកនេះ តថាគត​ ពោល​នូវបុគ្គលនោះ ថាជាព្រាហ្មណ៍ បុគ្គលណា មិនមានសេចក្តីប្រាថ្នា ក្នុងលោកនេះ និងលោកខាងមុខ តថាគត ពោលនូវបុគ្គល ដែលមិនមានសេចក្តីប្រាថ្នា ជាអ្នក​ប្រាសចាក​កិលេសនោះ ថាជា​ព្រាហ្មណ៍ បុគ្គលណា មិនមានសេចក្តីអាល័យ ជាអ្នកដឹងច្បាស់ មិនមាន​សេចក្តីសង្ស័យ តថាគត ពោលនូវបុគ្គល ដែល​បានសម្រេច នូវ​ល្វែងនៃ​ព្រះនិព្វាននោះ ថាជាព្រាហ្មណ៍ បុគ្គលណា ក្នុងលោកនេះ កន្លងបង់ ​នូវសេចក្តី​ចំពាក់ទាំងពីរ គឺបុណ្យ និងបាប​ចេញបានហើយ តថាគត ពោលនូវបុគ្គល ដែល​មិនមានសោក ប្រាសចាកធូលី គឺកិលេស ជាអ្នកបរិសុទ្ធស្អាតនោះ ថាជាព្រាហ្មណ៍ បុគ្គលណា ឥតមានមន្ទិលសៅហ្មង ជាបុគ្គលស្អាតផូរផង់ មិនល្អក់ដោយកិលេស មាន​តម្រេកក្នុងភពអស់ហើយ ដូចព្រះចន្ទប្រាសចាកមន្ទិល តថាគត ពោលនូវបុគ្គលនោះ ថាជាព្រាហ្មណ៍ បុគ្គលណា ឆ្លងផុតនូវផ្លូវវៀច ផ្លូវផុង ដែលនាំសត្វ ឲ្យអន្ទោលទៅ នាំសត្វ​ឲ្យវង្វេងនេះ បានដល់​ត្រើយ គឺព្រះនិព្វាន ជាអ្នកដុតបង់នូវកិលេស ឥតមានតណ្ហា ឥតមាន​សេចក្តីសង្ស័យ ឥតមានប្រកាន់អ្វីបន្តិចបន្តួច​ ហើយបរិនិព្វាន តថាគត​ ពោលនូវ​បុគ្គលនោះ ថាជា​ព្រាហ្មណ៍ បុគ្គលណា ក្នុងលោកនេះ លះបង់នូវកាមទាំងឡាយចេញ​បាន ហើយបួសជាបុគ្គលមិនមានផ្ទះ តថាគត ពោលនូវបុគ្គល ដែលមានកាម និងភព​អស់ហើយនោះ ថាជាព្រាហ្មណ៍ បុគ្គលណា ក្នុងលោកនេះ លះបង់នូវតណ្ហាចេញបាន ហើយបួស ជាបុគ្គលមិនមានផ្ទះ តថាគត ពោលនូវបុគ្គល ដែលមានកាម21) និងភពអស់ហើយនោះ ថាជាព្រាហ្មណ៍ បុគ្គលណា លះបង់នូវធម៌ ជាគ្រឿង​ប្រកប គឺកាមគុណ៥ ជារបស់មនុស្ស និងធម៌ ជាគ្រឿងប្រកប គឺកាមគុណ ៥ ជារបស់ទិព្វ តថាគត ពោលនូវបុគ្គល ដែលប្រាសចាកធម៌ ជាគ្រឿងប្រកបទាំងអស់នោះ ថាជាព្រាហ្មណ៍ បុគ្គលណា លះបង់នូវតម្រេក (ក្នុងកាមគុណ ៥ផង) នូវ​សេចក្តី​អផ្សុកផង ជាអ្នកត្រជាក់ត្រជំ​ មិនមានកិលេស គ្របសង្កត់នូវខន្ធលោកទាំងអស់បាន ជាអ្នក​មានព្យាយាម តថាគត ពោលនូវបុគ្គលនោះ ថាជាព្រាហ្មណ៍ បុគ្គលណា ដឹងនូវចុតិ និងបដិសន្ធិ របស់សត្វទាំងឡាយ ដោយប្រការទាំងពួង តថាគត ពោលនូវបុគ្គល ដែល​មិនចំពាក់ (ក្នុងអារម្មណ៍) មានដំណើរល្អ អ្នកត្រាស់ដឹង នូវចតុរារិយសច្ចនោះ ថាជាព្រាហ្មណ៍ ទេវតា គន្ធព និងមនុស្សទាំងឡាយ មិនដឹងនូវគតិរបស់បុគ្គលណា តថាគត ពោលនូវបុគ្គលនោះ ដែល​ជាអ្នកមានអាសវៈ​អស់ហើយ ជាអរហន្ត ថាជាព្រាហ្មណ៍ បុគ្គលណា មិនមានកង្វល់ គឺកិលេស ក្នុងអតីត អនាគត និងបច្ចុប្បន្នទេ តថាគត ពោលនូវបុគ្គល ដែលមិនមានកង្វល់ មិនមានសេចក្តី​ប្រកាន់នោះ ថាជាព្រាហ្មណ៍ បុគ្គលណា ជាឧសភៈ (អស់អាច) ជាអ្នកប្រសើរ អ្នកមាន​សេចក្តីព្យាយាម អ្នកស្វែងរកគុណដ៏ធំ អ្នកមានជ័យជំនះ អ្នកមិនមានសេចក្តី​ញាប់ញ័រ (ដោយតណ្ហា) អ្នកលាងបង់នូវកិលេស អ្នកត្រាស់ដឹង នូវចតុរារិយសច្ច តថាគត ពោលនូវបុគ្គលនោះ ថាជាព្រាហ្មណ៍ បុគ្គលណា ដឹងនូវខន្ធ ដែលខ្លួនអាស្រ័យនៅ ក្នុងភពមុនផង ឃើញសួគ៌ និងអបាយផង ដល់នូវការអស់ទៅ នៃជាតិផង តថាគត ពោលនូវបុគ្គលនោះ ថាជាព្រាហ្មណ៍ នាម និងគោត្រ ដែលគេបានកំណត់តាំងទុក ហៅតៗគ្នាមក ឈ្មោះនេះ គ្រាន់តែជា​វោហារ​ក្នុងលោក ដែលពួកញាតិ និងសាលោហិត បានកំណត់តាំងទុក ក្នុងកាលព្រាហ្មណ៍​កើត​ហើយ ក្នុងទីនោះៗ ក៏កើតជាទិដ្ឋិ ដេកត្រាំ​នៅក្នុងពួកជន ដែលមិនដឹង អស់កាលជាយូរ​អង្វែង កាលបើពួកជនទាំងនោះ មិនដឹង​ ក៏នាំគ្នានិយាយថា បុគ្គលជាព្រាហ្មណ៍ព្រោះជាតិ ឯបុគ្គល​ខូចកាច មិនមែនព្រោះជាតិទេ បុគ្គលដែលជាព្រាហ្មណ៍ ក៏មិនមែនព្រោះជាតិ​ដែរ បុគ្គលដែលខូចកាច ព្រោះកម្ម គឺការងារ ដែលធ្វើក្នុងបច្ចុប្បន្ន បុគ្គលដែល​ជាព្រាហ្មណ៍ ក៏ព្រោះកម្ម ជាអ្នកស្រែ​ ក៏ព្រោះកម្ម ជាអ្នកមានសិប្បៈ ក៏ព្រោះកម្ម ជាពាណិជ ក៏ព្រោះកម្ម ជាអ្នកបំរើគេ ក៏ព្រោះកម្ម ទោះបីជាចោរ ក៏ព្រោះកម្ម ជាទាហាន ក៏ព្រោះកម្ម ជាអ្នកបូជា ក៏ព្រោះកម្ម ជាព្រះរាជា ក៏ព្រោះកម្ម អ្នកប្រាជ្ញទាំងឡាយ អ្នក​ឃើញច្បាស់ នូវធម៌​ជាបច្ច័យអាស្រ័យកើតតៗគ្នា អ្នកឈ្លាសក្នុងវិបាករបស់កម្ម តែង​ឃើញកម្មនេះ តាមសេចក្តីពិត យ៉ាងនេះថា លោកតែងប្រព្រឹត្តទៅតាមកម្ម ប្រជាជន តែង​ប្រព្រឹត្តទៅតាមកម្ម សត្វទាំងឡាយ ដែលជាប់នៅក្នុងកម្ម ទើបប្រព្រឹត្តទៅបាន ដូចជា​រទេះ ដែលមានភ្លៅ ទើបបរទៅបាន បុគ្គលដែលជាព្រាហ្មណ៍ ព្រោះកម្ម ៤យ៉ាងនេះ គឺ តបៈ ១ ព្រហ្មចរិយៈ ១ សំយមៈ ១ ទមៈ ១ កម្ម៤យ៉ាង ដ៏ប្រសើរបំផុតនេះ ជាគុណរបស់​ព្រហ្មទាំងឡាយ សប្បុរស ដែលបរិបូណ៌ដោយវិជ្ជា៣ មានភពថ្មីអស់ហើយ ម្នាលវាសេដ្ឋៈ អ្នកចូរដឹងយ៉ាងនេះថា អ្នកនោះ ហៅថាព្រហ្មក៏បាន ហៅថាឥន្ទក៏បាន សម្រាប់ពួកបណ្ឌិតជាអ្នកដឹង។

[១២៥] លុះព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ វាសេដ្ឋមាណព និង​ភារទ្វាជមាណព បានក្រាបទូល​ព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន ពីរោះណាស់ បពិត្រព្រះគោតម ដ៏ចំរើន ពីរោះណាស់ បពិត្រព្រះគោតមដ៏ចំរើន ធម៌ដែល​ព្រះអង្គសំដែងហើយ ដោយអនេកបរិយាយនេះ ដូចគេផ្ងាររបស់ ដែល​ផ្កាប់ចុះ ឬដូចជាគេបើកបង្ហាញរបស់ ដែលបិទបាំង ពុំនោះ ដូចគេប្រាប់ផ្លូវ ដល់​អ្នកវង្វេងទិស ពុំ​នោះសោត ដូចគេកាន់ប្រទីប ទ្រោលបំភ្លឺក្នុងទីងងឹត ដោយគិតថា មនុស្សមានចក្ខុ មើល​ឃើញរូបទាំងឡាយបាន យើងខ្ញុំ​ទាំងឡាយនេះ សូមដល់នូវ​ព្រះគោតមដ៏ចំរើនផង ព្រះធម៌ផង ព្រះភិក្ខុសង្ឃផង ជាទីពឹង ទីរលឹក ចាប់ដើមតាំងពីថ្ងៃនេះទៅ សូម​ព្រះគោតមដ៏ចំរើន ចាំទុកនូវយើងខ្ញុំទាំងឡាយ ថាជាឧបាសក ដល់នូវ​សរណៈ ស្មើដោយជីវិត។

ចប់ វាសេដ្ឋសូត្រ ទី៨។

សុភសូត្រ ទី៩

(៩. សុភសុត្តំ)

[១២៦] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុង​វត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង សុភមាណព ជាបុត្រ តោទេយ្យព្រាហ្មណ៍ អាស្រ័យនៅក្នុង និវេសន៍ របស់គហបតីម្នាក់ ក្នុងក្រុងសាវត្ថី ដោយកិច្ច​ដែលត្រូវធ្វើណានីមួយ។ កាលដែលសុភមាណព ជាបុត្ររបស់តោទេយ្យ​ព្រាហ្មណ៍ អាស្រ័យនៅក្នុងនិវេសន៍ របស់គហបតីណា ក៏ពោលពាក្យនេះ នឹងគហបតី​នោះថា ម្នាលគហបតី ខ្ញុំបានឮពាក្យនេះថា ក្រុងសាវត្ថី មិនស្ងាត់ចាកព្រះអរហន្ត​ទាំង​ឡាយឡើយ ក្នុងថ្ងៃនេះ គួរយើងទាំងពីរនាក់ ចូលទៅអង្គុយជិតសមណៈ ឬព្រាហ្មណ៍​ណាហ្ន៎។ គហបតី ឆ្លើយថា បពិត្រអ្នកដ៏ចំរើន ព្រះមានព្រះភាគនេះ គង់នៅក្នុង​វត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី បពិត្រអ្នកដ៏ចំរើន សូមអ្នក​ចូលទៅអង្គុយជិត ព្រះមានព្រះភាគនោះចុះ។

[១២៧] លុះសុភមាណព ជាបុត្រតោទេយ្យ​ព្រាហ្មណ៍ ទទួលពាក្យរបស់គហបតី​នោះហើយ ក៏ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ពោលពាក្យ​រាក់​ទាក់ សំណេះសំណាល ទៅរកព្រះមានព្រះភាគ លុះបញ្ចប់ពាក្យ ដែលគួរ​រីករាយ និងពាក្យ​ដែលគួរ​រលឹកហើយ ក៏អង្គុយក្នុងទីសមគួរ។ លុះសុភមាណព ជាបុត្រតោទេយ្យ​ព្រាហ្មណ៍ អង្គុយក្នុងទីសមគួរហើយ ទើបក្រាបទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន ពួកព្រាហ្មណ៍ច្រើន និយាយគ្នា យ៉ាងនេះថា គ្រហស្ថ ទើបជាអ្នក​បំពេញនូវហេតុ គឺកុសលធម៌បាន ឯបព្វជិត បំពេញនូវហេតុ គឺកុសលធម៌​មិនបានឡើយ ដូច្នេះ តើក្នុងសេចក្តីនេះ ព្រះគោតមដ៏ចំរើន នឹងទ្រង់ត្រាស់ថាដូចម្តេច។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលមាណព ក្នុងសេចក្តីនេះ តថាគត ជាអ្នក​ពោលញែក ក្នុងសេចក្តីនេះ តថាគត មិនបានពោលដោយចំណែក​មួយទេ ម្នាលមាណព តថាគត ពណ៌នានូវសេចក្តីប្រតិបត្តិខុស របស់គ្រហស្ថខ្លះ របស់បព្វជិត​ខ្លះ ម្នាលមាណព ព្រោះថា គ្រហស្ថក្តី បព្វជិតក្តី តែប្រតិបត្តិខុសហើយ នឹងហៅថា ជាអ្នក​បំពេញនូវហេតុ គឺកុសលធម៌ ព្រោះហេតុប្រតិបត្តិខុស មិនបានឡើយ ម្នាលមាណព តថាគតពណ៌នា នូវសេចក្តីប្រតិបត្តិត្រូវ របស់គ្រហស្ថខ្លះ របស់បព្វជិតខ្លះ ព្រោះថា គ្រហស្ថក្តី​ បព្វជិតក្តី តែប្រតិបត្តិត្រូវហើយ ហៅថា ជាអ្នកបំពេញនូវហេតុ គឺកុសលធម៌​ ព្រោះហេតុប្រតិបត្តិត្រូវនោះបាន។

[១២៨] សុភមាណព ក្រាបទូលថា បពិត្រព្រះគោតមដ៏ចំរើន ពួកព្រាហ្មណ៍ ​និយាយ​យ៉ាងនេះថា ហេតុជាទីតាំងនៃការងារ របស់ឃរាវាសនេះ មានសេចក្តីត្រូវការ​ច្រើន មានកិច្ចច្រើន មានអធិករណ៍ច្រើន មានសេចក្តីប្រុងប្រៀបច្រើន ទើបមានផល​ច្រើន ឯហេតុជាទីតាំង នៃការងាររបស់បព្វជ្ជានេះ មានសេចក្តីត្រូវការតិច មានកិច្ចតិច មានអធិករណ៍តិច មានសេចក្តីប្រុងប្រៀបតិច ទើបមានផលតិច ដូច្នេះ តើក្នុងសេចក្តី​នេះ ព្រះគោតមដ៏ចំរើន ទ្រង់ត្រាស់ថាដូចម្តេច។ ព្រះមានព្រះភាគត្រាស់ថា ម្នាលមាណព ក្នុងសេចក្តីនេះ តថាគត ជាបុគ្គលពោលញែក ក្នុងសេចក្តីនេះ តថាគត មិនបាន​ពោល​ដោយចំណែក​មួយឡើយ ម្នាលមាណព ហេតុជាទីតាំង នៃការងារ មានសេចក្តី​ត្រូវការច្រើន មានកិច្ចច្រើន មានអធិករណ៍ច្រើន មានសេចក្តី​ប្រុងប្រៀប​ច្រើន កាលបើមិនសម្រេច មានផលតិចក៏មាន ម្នាលមាណព ហេតុជាទីតាំងនៃការងារ មានសេចក្តីត្រូវការច្រើន មានកិច្ចច្រើន មានអធិករណ៍ច្រើន មានសេចក្តី​ប្រុងប្រៀប​ច្រើន កាលបើបានសម្រេច មានផលច្រើនក៏មាន ម្នាលមាណព ហេតុជាទីតាំងនៃការងារ មានសេចក្តីត្រូវការតិច មានកិច្ចតិច មានអធិករណ៍តិច មានសេចក្តី​ប្រុងប្រៀបតិច កាលបើមិនសម្រេច បានផលតិចក៏មាន ម្នាលមាណព ហេតុជាទីតាំងនៃការងារ មានសេចក្តីត្រូវការតិច មានកិច្ចតិច មានអធិករណ៍តិច មានសេចក្តី​ប្រុងប្រៀបតិច កាលបើបានសម្រេច បានផលច្រើនក៏មាន។

[១២៩] ម្នាលមាណព ហេតុជាទីតាំងនៃការងារ មានសេចក្តីត្រូវការច្រើន មានកិច្ចច្រើន មានអធិករណ៍ច្រើន មានសេចក្តី​ប្រុងប្រៀប​ច្រើន កាលបើមិនសម្រេច បានផលតិចក៏មាន តើដូចម្តេចខ្លះ ម្នាលមាណព ហេតុជាទីតាំងនៃការងារ គឺការភ្ជួរ​រាស់ មានសេចក្តីត្រូវការច្រើន មានកិច្ចច្រើន មានអធិករណ៍ច្រើន មានសេចក្តី​ប្រុងប្រៀប​ច្រើន កាលបើមិនសម្រេច តែងមានផលតិច។ ម្នាលមាណព ហេតុជាទីតាំងនៃការងារ មានសេចក្តីត្រូវការច្រើន មានកិច្ចច្រើន មានអធិករណ៍ច្រើន មានសេចក្តី​ប្រុងប្រៀប​ច្រើន កាលបើបានសម្រេច តែងមានផលច្រើន តើដូចម្តេច ម្នាលមាណព ហេតុជាទីតាំងនៃការងារ គឺការភ្ជួររាស់នេះឯង មានសេចក្តីត្រូវការច្រើន មានកិច្ចច្រើន មានអធិករណ៍ច្រើន មានសេចក្តី​ប្រុងប្រៀប​ច្រើន កាលបើបានសម្រេច តែងមាន​ផលច្រើន។ ម្នាលមាណព ហេតុជាទីតាំងនៃការងារ មានសេចក្តីត្រូវការតិច មានកិច្ចតិច មានអធិករណ៍តិច មានសេចក្តី​ប្រុងប្រៀបតិច កាលបើមិនសម្រេច តែងមានផលតិច តើដូចម្តេច ម្នាលមាណព ហេតុជាទីតាំងនៃការងារ គឺ​ការលក់ដូរនេះ​ឯង មានសេចក្តីត្រូវការតិច មានកិច្ចតិច មានអធិករណ៍តិច មានសេចក្តី​ប្រុងប្រៀប​តិច កាលបើមិនសម្រេច តែងមានផលតិច។ ម្នាលមាណព ហេតុជាទីតាំងនៃការងារ មានសេចក្តីត្រូវការតិច មានកិច្ចតិច មានអធិករណ៍តិច មានសេចក្តី​ប្រុងប្រៀបតិច កាលបើបានសម្រេច តែងមានផលច្រើន តើដូចម្តេច ម្នាលមាណព ហេតុជាទីតាំងនៃការងារ គឺការលក់ដូរនេះឯង មានសេចក្តីត្រូវការតិច មានកិច្ចតិច មានអធិករណ៍តិច មានសេចក្តី​ប្រុងប្រៀបតិច កាលបើបានសម្រេច តែងមានផលច្រើន។

[១៣០] ម្នាលមាណព ហេតុជាទីតាំងនៃការងារ របស់ឃរាវាស មានសេចក្តី​ត្រូវការច្រើន មានកិច្ចច្រើន មានអធិករណ៍ច្រើន មានសេចក្តី​ប្រុងប្រៀបច្រើន កាលបើមិនសម្រេច តែងមានផលតិច ដូចហេតុជាទីតាំង នៃកសិកម្ម គឺការភ្ជួររាស់ មានសេចក្តីត្រូវការច្រើន មានកិច្ចច្រើន មានអធិករណ៍ច្រើន មានសេចក្តី​ប្រុងប្រៀប​ច្រើន កាលបើមិនសម្រេច តែងមានផលតិច ដូច្នោះឯង។ ម្នាលមាណព ហេតុជាទីតាំងនៃ​ការងារ របស់ឃរាវាស មានសេចក្តីត្រូវការច្រើន មានកិច្ចច្រើន មានអធិករណ៍ច្រើន មានសេចក្តី​ប្រុងប្រៀប​ច្រើន កាលបើបានសម្រេច តែងមានផលច្រើន ដូចហេតុជាទីតាំង នៃកសិកម្ម ដែលមានសេចក្តីត្រូវការច្រើន មានកិច្ចច្រើន មានអធិករណ៍ច្រើន មានសេចក្តី​​ប្រុងប្រៀប​ច្រើន កាលបើបានសម្រេច តែងមានផលច្រើន ដូច្នោះឯង។ ម្នាលមាណព ហេតុជាទីតាំង នៃបព្វជ្ជាកម្ម គឺការបួស មានសេចក្តីត្រូវការតិច មានកិច្ចតិច មានអធិករណ៍តិច មានសេចក្តី​ប្រុងប្រៀបតិច កាលបើមិនសម្រេច តែងមានផលតិច ដូចហេតុជាទីតាំង នៃពាណិជ្ជកម្ម គឺ​ការលក់ដូរ មានសេចក្តីត្រូវការតិច មានកិច្ចតិច មានអធិករណ៍តិច មានសេចក្តី​ប្រុងប្រៀប​តិច កាលបើមិនសម្រេច តែងមានផលតិច ដូច្នោះឯង។ ម្នាលមាណព ហេតុជាទីតាំង​ នៃបព្វជ្ជាកម្ម មានសេចក្តី​ត្រូវការតិច មានកិច្ចតិច មានអធិករណ៍តិច មានសេចក្តី​ប្រុងប្រៀបតិច កាលបើបាន​សម្រេច តែងមានផលច្រើន ដូចហេតុជាទីតាំង នៃពាណិជ្ជកម្ម ដែលមាន​សេចក្តីត្រូវការតិច មានកិច្ចតិច មានអធិករណ៍តិច មានសេចក្តី​ប្រុងប្រៀបតិច កាលបើបានសម្រេច តែងមានផលច្រើន ដូច្នោះឯង។

[១៣១] សុភមាណពក្រាបទូលថា​ បពិត្រព្រះគោតមដ៏ចំរើន ពួកព្រាហ្មណ៍ នាំគ្នាបញ្ញត្ត ធម៌៥យ៉ាង ក្នុងការធ្វើបុណ្យ ក្នុងការបំពេញកុសល។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលមាណព ពួកព្រាហ្មណ៍ នាំគ្នាបញ្ញត្ត ធម៌៥យ៉ាង ណា ក្នុងការធ្វើបុណ្យ ក្នុងការបំពេញកុសល បើអ្នកមិនទើសទាល់ទេ ចូរអ្នកពោល​ ធម៌ ទាំង៥នោះ ក្នុងបរិស័ទ​នេះ មកមើល។ បពិត្រព្រះគោតមដ៏ចំរើន ព្រះអង្គក្តី អ្នកប្រាជ្ញប្រហែលនឹង​ព្រះអង្គក្តី គង់​ក្នុងទីណា ទីនោះឈ្មោះថា មិនទើសទាល់ (ដល់ខ្ញុំព្រះអង្គ)។ ម្នាលមាណព បើដូច្នោះ អ្នកចូរពោលចុះ។

[១៣២] សុភមាណព ក្រាបទូលថា បពិត្រព្រះគោតម ដ៏ចំរើន ពួកព្រាហ្មណ៍ នាំគ្នាបញ្ញត្ត ធម៌ទី១ គឺវចីសច្ចៈ ក្នុងការធ្វើបុណ្យ ក្នុងការបំពេញកុសល បពិត្រព្រះគោតម​ ដ៏ចំរើន ពួកព្រាហ្មណ៍ នាំគ្នាបញ្ញត្ត ធម៌ទី២ គឺតបៈ ក្នុងការធ្វើបុណ្យ ក្នុងការបំពេញកុសល បពិត្រព្រះគោតមដ៏ចំរើន ពួកព្រាហ្មណ៍ នាំគ្នាបញ្ញត្ត ធម៌ទី៣ គឺព្រហ្មចរិយៈ ក្នុងការធ្វើបុណ្យ ក្នុងការបំពេញកុសល បពិត្រព្រះគោតមដ៏ចំរើន ពួកព្រាហ្មណ៍ នាំគ្នាបញ្ញត្ត ធម៌ទី៤ គឺការបង្រៀនមន្ត ក្នុងការធ្វើបុណ្យ ក្នុងការបំពេញកុសល បពិត្រព្រះគោតមដ៏ចំរើន ពួកព្រាហ្មណ៍ នាំគ្នាបញ្ញត្ត ធម៌ទី៥ គឺចាគៈ ក្នុងការធ្វើបុណ្យ ក្នុងការបំពេញកុសល បពិត្រព្រះគោតមដ៏ចំរើន ពួកព្រាហ្មណ៍ នាំគ្នាបញ្ញត្តធម៌ ទាំង៥នេះ ក្នុងការធ្វើបុណ្យ ក្នុងការបំពេញកុសល ដូច្នេះ តើក្នុងសេចក្តី​នេះ ព្រះគោតមដ៏ចំរើន ទ្រង់ត្រាស់ថាដូចម្តេច។

[១៣៣] ព្រះមានព្រះភាគ ត្រាស់ថា ម្នាលមាណព បណ្តាព្រាហ្មណ៍ទាំងឡាយ ចុះ​មានព្រាហ្មណ៍ណាមួយ សូម្បីតែព្រាហ្មណ៍ម្នាក់ បាននិយាយ យ៉ាងនេះថា យើងបានធ្វើ​ឲ្យជាក់ច្បាស់ ដោយប្រាជ្ញា នូវធម៌​ ទាំង៥យ៉ាងនេះ ដោយខ្លួនឯង ទើបប្រកាស​ផល ដូច្នេះ មានដែរឬទេ។ សុភមាណព ក្រាបទូលថា បពិត្រព្រះគោតម​ដ៏ចំរើន មិនមានទេ។ ម្នាលមាណព បណ្តា​ព្រាហ្មណ៍​ទាំងឡាយ ចុះមានព្រាហ្មណ៍ណា​មួយ ជាអាចារ្យម្នាក់ក្តី ជាអាចារ្យប្រធានលើអាចារ្យម្នាក់ក្តី ដរាបអំពីជួរ​នៃអាចារ្យ​ជាគំរប់៧មក បាននិយាយ យ៉ាងនេះថា យើងបានធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញា នូវធម៌​ទាំង៥យ៉ាងនេះ ដោយខ្លួនឯង ទើបប្រកាស​ផល ដូច្នេះ មានដែរឬទេ។ បពិត្រព្រះគោតម​ដ៏ចំរើន មិនមានទេ។ ម្នាលមាណព ចុះពួកឥសី ជាន់មុនៗ ដែលជាអ្នកតែងមន្ត ជាអ្នករាយ​មន្ត ដល់ពួកព្រាហ្មណ៍ ពួកព្រាហ្មណ៍ឥឡូវនេះ តែងស្វាធ្យាយតាមបទមន្ត ជារបស់ចាស់ ដែលធ្លាប់ច្រៀង ធ្លាប់ប្រព្រឹត្ត ធ្លាប់ផ្សំមកនោះ តែងសូត្រ​តាមបទមន្តនោះ តែងពោលតាមបទ​មន្ត ដែលពួកឥសីពោលមកហើយ តែងបង្រៀនតាមបទ​មន្ត ដែលពួកឥសី​បង្រៀនមកហើយ ដូចជាឥសីឈ្មោះ អដ្ឋកៈ ១ ឈ្មោះ វាមកៈ ១ ឈ្មោះ វាមទេវៈ ១ ឈ្មោះ វេស្សាមិត្តៈ ១ ឈ្មោះ យមតគ្គិ ១ ឈ្មោះ អង្គីរសៈ ១ ឈ្មោះ ភារទ្វាជៈ ១ ឈ្មោះ វាសេដ្ឋៈ ១ ឈ្មោះ កស្សបៈ ១ ឈ្មោះ ភគុ ១ ឥសីទាំងនោះ បានពោលហើយ​យ៉ាងនេះថា ពួកយើងបានធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញា នូវធម៌​ ទាំង៥យ៉ាងនេះ ដោយខ្លួនឯង ទើបប្រកាសផល ដូច្នេះ​ មានដែរឬទេ។ ​ បពិត្រ​ព្រះគោតម​ដ៏ចំរើន មិនមានទេ។

[១៣៤] ព្រះមានព្រះភាគត្រាស់ថា ម្នាលមាណព បណ្តាព្រាហ្មណ៍ទាំងឡាយ មិន​មានព្រាហ្មណ៍ណាមួយ សូម្បីតែព្រាហ្មណ៍ម្នាក់ បាននិយាយ យ៉ាងនេះថា យើងបានធ្វើ​ឲ្យជាក់ច្បាស់ ដោយប្រាជ្ញា នូវធម៌​ ទាំង៥នេះ ដោយខ្លួនឯង ទើបប្រកាស​ផល ដូច្នេះទេ បណ្តា​ព្រាហ្មណ៍​ទាំងឡាយ មិនមានព្រាហ្មណ៍ណា​មួយ ជាអាចារ្យម្នាក់ក្តី ជាអាចារ្យ​ប្រធាន​លើអាចារ្យម្នាក់ក្តី ដរាបអំពីជួរ​ នៃអាចារ្យជាគំរប់៧មក បាននិយាយ​ យ៉ាងនេះថា យើងបានធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញា នូវធម៌ ​ទាំង៥យ៉ាងនេះ ដោយខ្លួនឯង ទើបប្រកាស​ផល ដូច្នេះទេ ពួកឥសី ជាន់មុនៗ ដែលជាអ្នកតែងមន្ត ជាអ្នករាយ​មន្ត ដល់ពួកព្រាហ្មណ៍ ពួកព្រាហ្មណ៍ឥឡូវនេះ តែងស្វាធ្យាយតាមបទមន្ត ជារបស់ចាស់ ដែលធ្លាប់ច្រៀងមក ធ្លាប់ប្រព្រឹត្តមក ធ្លាប់ផ្សំមកនោះ តែងសូត្រ​តាម​បទ​មន្ត​នោះ តែងពោលតាមបទ​មន្ត ដែលពួកឥសីពោលមកហើយ តែងបង្រៀនតាមបទ​មន្ត ដែលពួកឥសី​បង្រៀនមកហើយ ដូចជាឥសីឈ្មោះ អដ្ឋកៈ១ ឈ្មោះវាមកៈ១ ឈ្មោះវាមទេវៈ១ ឈ្មោះវេស្សាមិត្តៈ១ ឈ្មោះយមតគ្គិ១ ឈ្មោះអង្គីរសៈ១ ឈ្មោះភារទ្វាជៈ១ ឈ្មោះវាសេដ្ឋៈ១ ឈ្មោះកស្សបៈ១ ឈ្មោះភគុ១ ពួកឥសីទាំងនោះ ក៏មិនបានពោលយ៉ាងនេះថា ពួកយើង បានធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញា នូវធម៌​ទាំង៥នេះ ដោយខ្លួនឯង ទើបប្រកាសផល ដូច្នេះទេ ម្នាលមាណព មនុស្សខ្វាក់​ទាំងជួរ ដើរដឹកដៃគ្នា អ្នកមុខក៏មើលមិនឃើញ អ្នកកណ្តាល ក៏មើលមិនឃើញ អ្នកក្រោយ ក៏មើល​មិនឃើញ យ៉ាងណា ម្នាលមាណព ភាសិតសម្រេចដល់ពួកព្រាហ្មណ៍ ក៏មាន​ទំនង ប្រៀបដូចមនុស្សខ្វាក់ទាំងជួរ អ្នកមុខក៏មើលមិនឃើញ អ្នកកណ្តាល ក៏មើលមិនឃើញ អ្នកក្រោយ ក៏មើល​មិនឃើញ យ៉ាងនោះឯង។

[១៣៥] លុះព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ សុភមាណព ជាបុត្រ​របស់តោទេយ្យព្រាហ្មណ៍ ដែលត្រូវព្រះមានព្រះភាគ ត្រាស់ឧបមាថា ដូចជាមនុស្សខ្វាក់​ទាំងជួរ ក៏ខឹង អាក់អន់ចិត្ត ជេរព្រះមានព្រះភាគ ប្រទេចព្រះមានព្រះភាគ និយាយនឹង​ព្រះមានព្រះភាគថា ព្រះសមណគោតម ធ្វើអាត្មាអញឲ្យមានសេចក្តីអាក្រក់ ដូច្នេះ​ហើយ ក៏និយាយនឹងព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះគោតមដ៏ចំរើន ព្រាហ្មណ៍​ឈ្មោះបោក្ខរសាតិ ជាឱបមញ្ញគោត្រ ជាធំក្នុងសុភគវនជនបទ (ក្នុងស្រុកឧកដ្ឋា) បាន​ពោល​យ៉ាងនេះថា សមណព្រាហ្មណ៍ពួកខ្លះ ប្តេជ្ញានូវឧត្តរិមនុស្សធម៌ ដែល​ជាគុណ​វិសេស គួរឃើញដោយញាណ ដ៏ប្រសើរ យ៉ាងនេះឯង ភាសិតរបស់សមណព្រាហ្មណ៍​ទាំងនោះ នាំឲ្យតែគេសើចលេង នាំឲ្យតែអាក្រក់ឈ្មោះ ជារបស់នាំឲ្យឥតប្រយោជន៍ សោះសូន្យទទេ ព្រោះថា ធម្មតា មនុស្សនឹងដឹង ឬនឹងឃើញ ឬនឹងធ្វើ​ឲ្យច្បាស់ នូវ​ឧត្តរិមនុស្សធម៌ ដែលជាគុណវិសេស គួរឃើញ ដោយញាណដ៏ប្រសើរ ដូចម្តេចបាន ការណ៍ដូច្នេះនេះ មិនមានឡើយ។ ម្នាលមាណព ចុះបោក្ខរសាតិព្រាហ្មណ៍ ជា​ឱបមញ្ញគោត្រ ជាធំក្នុងសុភគវនជនបទ (ក្នុងស្រុកឧកដ្ឋា) នឹងកំណត់ដឹង​ចិត្ត​ របស់​ពួកសមណព្រាហ្មណ៍ទាំងអស់ ដោយចិត្តរបស់ខ្លួន​បានឬទេ។ បពិត្រ​ព្រះគោតមដ៏ចំរើន អម្បាលនាងបុណ្ណា ជាទាសីរបស់គាត់ ក៏បោក្ខរសាតិព្រាហ្មណ៍ ជាឱបមញ្ញគោត្រ ជាធំក្នុងសុភគវនជនបទ (ក្នុងស្រុកឧកដ្ឋា) កំណត់ដឹងចិត្ត ដោយចិត្តរបស់ខ្លួនមិន​បានទៅ​ហើ់យ នឹងកំណត់ដឹងចិត្ត របស់សមណព្រាហ្មណ៍ទាំងអស់ ដោយចិត្ត​ខ្លួន​ឯង ឯណាបាន។

[១៣៦] ព្រះមានព្រះភាគត្រាស់ថា ម្នាលមាណព ដូច​បុរសខ្វាក់​អំពីកំណើត មិនធ្លាប់ឃើញរូបខ្មៅ ឬស មិនធ្លាប់ឃើញរូបខៀវ មិនធ្លាប់ឃើញរូបលឿង មិនធ្លាប់​ឃើញរូបក្រហម មិនធ្លាប់ឃើញរូបហង្សបាទ មិនធ្លាប់ឃើញទីស្មើ និងមិនស្មើ មិនធ្លាប់ឃើញរូបផ្កាយ និងព្រះចន្ទ ព្រះអាទិត្យទាំងឡាយ ក៏និយាយ​យ៉ាងនេះថា រូបខ្មៅ និងស ក៏មិនមាន បុគ្គលដែល​ជាអ្នកឃើញរូបខ្មៅ និងស ក៏មិនមាន រូបខៀវ ក៏មិនមាន បុគ្គលដែល​ជាអ្នកឃើញរូបខៀវ ក៏មិនមាន រូបលឿង ក៏មិនមាន បុគ្គលដែលជាអ្នក​ឃើញ​រូបលឿង ក៏មិនមាន រូបក្រហម​ក៏មិនមាន បុគ្គលដែល​ជាអ្នកឃើញរូបក្រហម ក៏មិនមាន រូបហង្សបាទ ក៏មិនមាន បុគ្គលដែល​ជាអ្នកឃើញរូបហង្សបាទ ក៏មិនមាន ទីដែលស្មើ និងមិនស្មើ ក៏មិនមាន បុគ្គលដែលជាអ្នកឃើញទីស្មើ និងមិនស្មើ​ ក៏​មិនមាន រូបផ្កាយក៏មិនមាន បុគ្គលដែលជាអ្នកឃើញរូបផ្កាយ ក៏មិនមាន ព្រះចន្ទ ព្រះអាទិត្យក៏មិនមាន បុគ្គលដែលជាអ្នកឃើញព្រះចន្ទ ព្រះអាទិត្យ​ក៏មិនមាន អាត្មាអញ មិនស្គាល់​របស់នុ៎ះ អាត្មាអញ មិនឃើញរបស់នុ៎ះ ព្រោះហេតុនុ៎ះ របស់​នោះ​មិនមានឡើយ ម្នាលមាណព បុរសនោះ កាលនិយាយ​ដូច្នេះ តើឈ្មោះថា និយាយ​ត្រូវដែរឬទេ។ បពិត្រព្រះគោតមដ៏ចំរើន មិនត្រូវទេ ព្រោះថា រូបខ្មៅ និងស ក៏មាន បុគ្គលដែល​ជាអ្នកឃើញរូបខ្មៅ និងសក៏មាន រូបខៀវក៏មាន បុគ្គលដែលជាអ្នក​ឃើញរូបខៀវក៏មាន រូបលឿងក៏មាន បុគ្គលដែលជាអ្នកឃើញ​រូបលឿង ក៏មាន រូបក្រហមក៏មាន បុគ្គលដែលជាអ្នកឃើញ​រូបក្រហមក៏មាន រូប​ហង្សបាទក៏មាន បុគ្គលដែលជាអ្នកឃើញ​រូបហង្សបាទក៏មាន ទីដែលស្មើ និង​មិនស្មើ​ក៏មាន បុគ្គលដែលជាអ្នកឃើញទីដែលស្មើ និងមិនស្មើក៏មាន រូបផ្កាយក៏មាន បុគ្គលដែលជាអ្នកឃើញ​រូបផ្កាយ ក៏មាន ព្រះចន្ទ ព្រះអាទិត្យក៏មាន បុគ្គលដែលជាអ្នកឃើញ​ព្រះចន្ទ និងព្រះអាទិត្យក៏មាន បពិត្រ​ព្រះគោតមដ៏ចំរើន បុរសនោះ កាលពោលដោយត្រឹមត្រូវ មិនគប្បីពោលថា ខ្ញុំមិនស្គាល់​របស់នោះ ខ្ញុំ​មិនឃើញ នូវ​របស់នោះ ព្រោះហេតុដូច្នោះ របស់នោះ មិនមានឡើយ ដូច្នេះទេ។ ម្នាល​មាណព សេចក្តីនេះ មានឧបមេយ្យ ដូចបោក្ខរសាតិព្រាហ្មណ៍ ជាឱបម្មញ្ញគោត្រ ជាធំក្នុងសុភគវនជនបទ (ក្នុងស្រុកឧកដ្ឋា) ជាបុគ្គលខ្វាក់ មិនមាន​ចក្ខុ យ៉ាងនោះឯង គាត់នឹងដឹង ឬនឹងឃើញ ឬនឹងធ្វើឲ្យជាក់ច្បាស់ នូវ​ឧត្តរិមនុស្សធម៌ ដែលជាគុណវិសេស គួរឃើញដោយញាណ ដ៏ប្រសើរបាន ការណ៍​ដូច្នេះនេះ មិនមានឡើយ។

[១៣៧] ព្រះមានព្រះភាគត្រាស់ថា ម្នាលមាណព អ្នកសំគាល់​នូវហេតុ​នោះ ដូចម្តេច បើព្រាហ្មណមហាសាលណាមួយ ដែលនៅក្នុងកោសលជនបទ ដូចជា​ចង្កីព្រាហ្មណ៍ តារុក្ខព្រាហ្មណ៍ បោក្ខរសាតិព្រាហ្មណ៍ ជាណុស្សោណិព្រាហ្មណ៍ ឬតោទេយ្យព្រាហ្មណ៍ ជាបិតារបស់អ្នកឯង គប្បីពោលវាចាណា តាមលោក​វោហារ​ក្តី ពោលវាចាណា មិនតាមលោកវោហារក្តី តើវាចាដូចម្តេច របស់ព្រាហ្មណ​មហាសាល​ទាំងនោះ ដែលជាវាចាប្រសើរជាងគេ។ បពិត្រព្រះគោតមដ៏ចំរើន វាចាដែលពោលតាម​លោកវោហារ ជាវាចាប្រសើរ។ ព្រាហ្មណ៍​ទាំងនោះ ត្រិះរិះហើយ ពោលវាចាក្តី មិនបានត្រិះរិះ ហើយពោលវាចាក្តី តើវាចា​របស់ពួកព្រាហ្មណ៍ទាំងនោះ ណាប្រសើរ​ជាង។ បពិត្រព្រះគោតមដ៏ចំរើន វាចាដែល​ត្រិះរិះហើយពោល ប្រសើរជាង។ ព្រាហ្មណ៍​ទាំងនោះ ដឹងហើយ ពោលវាចាក្តី មិនដឹង ហើយពោលវាចាណាក្តី តើវាចា​របស់​ព្រាហ្មណ៍ទាំងនោះ ណាប្រសើរជាង។ បពិត្រព្រះគោតមដ៏ចំរើន វាចា​ដែលព្រាហ្មណ៍​ទាំងនោះ​ដឹងហើយពោល ប្រសើរជាង។ ព្រាហ្មណ៍ទាំងនោះ ពោលវាចាណា ដែល​ប្រកបដោយប្រយោជន៍ក្តី មិនប្រកប​ដោយប្រយោជន៍ក្តី តើវាចារបស់ព្រាហ្មណ៍ទាំងនោះ ណាប្រសើរជាង។ បពិត្រព្រះគោតមដ៏ចំរើន វាចាដែលព្រាហ្មណ៍ទាំងនោះ ពោលប្រកបដោយ​ប្រយោជន៍ (ប្រសើរជាង)។

[១៣៨] ព្រះមានព្រះភាគត្រាស់ថា ម្នាលមាណព អ្នកសំគាល់​សេចក្តី​នោះដូចម្តេច កាលបើហេតុយ៉ាងនេះមាន វាចាដែលបោក្ខរសាតិព្រាហ្មណ៍ ជា​ឱបម្មញ្ញគោត្រ ជាធំក្នុងសុភគវនជនបទ (ក្នុងស្រុកឱកដ្ឋា) ពោលតាមលោក​វោហារ ឬមិនពោល​តាមលោកវោហារទេ។ សុភមាណព ក្រាបទូលថា បពិត្រព្រះគោតមដ៏ចំរើន បោក្ខរសាតិព្រាហ្មណ៍ ពោលតាមលោកវោហារ។ បោក្ខរសាតិព្រាហ្មណ៍ ពិចារណា​ហើយ​ពោលវាចា ឬមិនបានពិចារណា ហើយពោលវាចា។ បពិត្រព្រះគោតមដ៏ចំរើន បោក្ខរសាតិព្រាហ្មណ៍ មិនបានពិចារណាទេ។ បោក្ខរសាតិព្រាហ្មណ៍ ដឹងហើយ ​ពោលវាចា ឬមិនបានដឹង ហើយពោលវាចា។ បពិត្រព្រះគោតមដ៏ចំរើន បោក្ខរសាតិព្រាហ្មណ៍ មិនបានដឹងទេ។ បោក្ខរសាតិព្រាហ្មណ៍ ពោលវាចា​ប្រកបដោយប្រយោជន៍ ឬមិនបានប្រកបដោយ​ប្រយោជន៍ទេ។ បពិត្រព្រះគោតមដ៏ចំរើន បោក្ខរសាតិព្រាហ្មណ៍ ពោលវាចាមិនប្រកបដោយប្រយោជន៍ទេ។

[១៣៩] ព្រះមានព្រះភាគត្រាស់ថា ម្នាលមាណព នីវរណធម៌ទាំងនេះ មាន៥​ប្រការ នីវរណធម៌ ៥ប្រការនោះ ដូចម្តេចខ្លះ គឺកាមច្ឆន្ទនីវរណៈ១ ព្យាបាទនីវរណៈ១ ថីនមិទ្ធនីវរណៈ១ ឧទ្ធច្ចកុក្កុច្ចនីវរណៈ១ វិចិកិច្ឆានីវរណៈ១ ម្នាលមាណព នីវរណធម៌​មាន៥ប្រការនេះឯង។ ម្នាលមាណព បោក្ខរសាតិព្រាហ្មណ៍ ជា​ឱបម្មញ្ញគោត្រ ជាធំ​ក្នុងសុភគវនជនបទ (ក្នុងស្រុកឱកដ្ឋា) ត្រូវនីវរណធម៌ ៥ប្រការនេះឯង មក​បិទបាំង រាំងរា ព័ន្ធព័ទ្ធ រួបរឹតហើយ គាត់នឹងដឹង ឬនឹងឃើញ ឬនឹងធ្វើឲ្យជាក់ច្បាស់ នូវឧត្តរិមនុស្សធម៌ ដែលជាគុណវិសេសគួរឃើញ ដោយញាណដ៏ប្រសើរ ការណ៍​ដូច្នេះនេះ មិនមានឡើយ។

[១៤០] ព្រះមានព្រះភាគត្រាស់ថា ម្នាលមាណព កាមគុណទាំងឡាយនេះ មាន៥ប្រការ កាមគុណ ៥ប្រការនោះ ដូចម្តេចខ្លះ គឺរូបារម្មណ៍ គប្បីដឹងដោយចក្ខុ​បសាទ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីពេញចិត្ត មានសភាពគួរស្រឡាញ់ ប្រកបដោយ​កាម គួរ​ឲ្យកើតតម្រេក១ សទ្ធារម្មណ៍ ដែលគប្បីដឹងដោយសោតបសាទ១។បេ។ គន្ធារម្មណ៍ ដែលគប្បីដឹងដោយឃានបសាទ…១ រសារម្មណ៍ ដែលគប្បីដឹងដោយជីវហាបសាទ…១ ផោដ្ឋព្វារម្មណ៍ ដែលគប្បីដឹងដោយកាយបសាទ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីពេញចិត្ត មានសភាពគួរស្រឡាញ់ ប្រកបដោយ​កាម គួរ​ឲ្យកើតតម្រេក១ ម្នាលមាណព កាមគុណ​មាន ៥ប្រការនេះឯង។ ម្នាលមាណព បោក្ខរសាតិព្រាហ្មណ៍ ជា​ឱបម្មញ្ញគោត្រ ជាធំក្នុង​សុភគវនជនបទ (ក្នុងស្រុកឱកដ្ឋា) ចំពាក់ចិត្ត ងប់ចិត្ត លង់គំនិត ដោយកាមគុណ ទាំង៥ប្រការនេះឯង ជាអ្នកមិនឃើញទោស មិនមានបញ្ញា ជាគ្រឿង​រលាស់ចេញ (ចាកភព) តែងបរិភោគ (នូវកាមគុណនោះ) គាត់នឹងដឹង ឬនឹងឃើញ ឬនឹងធ្វើឲ្យ​ជាក់ច្បាស់ នូវឧត្តរិមនុស្សធម៌ ដែល​ជាគុណវិសេស គួរឃើញដោយញាណដ៏​ប្រសើរ ការណ៍ ដូច្នេះនេះ មិនមានឡើយ។

[១៤១] ព្រះមានព្រះភាគត្រាស់ថា ម្នាលមាណព អ្នកសំគាល់​ហេតុនោះ ដូចម្តេច បុគ្គលបង្កាត់ភ្លើងឲ្យឆេះឡើង ព្រោះអាស្រ័យស្មៅ និងឧស ជាកំញមណាក្តី បង្កាត់ភ្លើង​ឲ្យឆេះឡើង ព្រោះមិនអាស្រ័យស្មៅ និងឧស ជាកំញមណាក្តី ភ្លើងណាហ្ន៎ ដែល​មានអណ្តាត មានពណ៌ មានពន្លឺ។ សុភមាណព ក្រាបទូលថា បពិត្រព្រះគោតមដ៏ចំរើន បើហេតុនោះ មានទំនងដើម្បីនឹងឲ្យភ្លើង ដែលមិនអាស្រ័យស្មៅ និងឧស ឆេះឡើង​បាន ភ្លើងនោះ ទើបមានអណ្តាត មានពណ៌ មានពន្លឺ។ ម្នាលមាណព ឥតមានហេតុ ឥត​មានបច្ច័យណា ឲ្យបុគ្គល​បង្កាត់ភ្លើង ដែលមិនអាស្រ័យស្មៅ និងឧស ជាកំញម ឲ្យឆេះ​ឡើងបានឡើយ វៀរលែងតែបុគ្គល​មានឫទ្ធិ ម្នាលមាណព ភ្លើងអាស្រ័យស្មៅ និងឧស​ជាកំញម ទើបឆេះឡើងបាន ដូចម្តេចមិញ ម្នាលមាណព តថាគត ពោលបីតិ ដែល​អាស្រ័យ​នូវកាមគុណ ទាំង៥ ថាមានឧបមេយ្យ ដូច្នោះដែរ ម្នាលមាណព មួយទៀត ភ្លើង​មិនអាស្រ័យស្មៅ និងឧសជាកំញម ឆេះឡើងបាន ដូចម្តេចមិញ ម្នាលមាណព តថាគត ពោលបីតិ ដែលប្រាសចាកកាមទាំងឡាយផង ប្រាសចាក​អកុសលធម៌​ទាំងឡាយផង ថាមានឧបមេយ្យ ដូច្នោះដែរ ម្នាលមាណព ចុះបីតិ ដែលប្រាសចាក​កាមទាំងឡាយផង ប្រាសចាកអកុសលធម៌ទាំងឡាយផង ដូចម្តេចខ្លះ ម្នាលមាណព ភិក្ខុ​ក្នុងធម្មវិន័យនេះ ស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាកអកុសលធម៌ទាំងឡាយ​ហើយ។បេ។ ក៏ចូលបឋមជ្ឈាន សម្រេចសម្រាន្តនៅ ដោយឥរិយាបថ ទាំង៤ ម្នាលមាណព នេះឯងឈ្មោះថា បីតិ ដែលប្រាសចាកកាមទាំងឡាយ ប្រាសចាកអកុសលធម៌​ទាំងឡាយ។ ម្នាលមាណព មួយទៀត ភិក្ខុនោះ ព្រោះរម្ងាប់វិតក្កៈ វិចារៈរួចហើយ។បេ។ ចូលទុតិយជ្ឈាន សម្រេចសម្រាន្តនៅ ដោយឥរិយាបថ ទាំង៤ ម្នាលមាណព នេះឯង​ឈ្មោះថា បីតិ ដែលប្រាសចាកកាមទាំងឡាយ ប្រាសចាកអកុសលធម៌ទាំងឡាយ។

[១៤២] ព្រះមានព្រះភាគត្រាស់ថា ម្នាលមាណព ព្រាហ្មណ៍ទាំងឡាយ នាំគ្នា​បញ្ញត្ត ធម៌ទាំង៥ប្រការ ណា ក្នុងការធ្វើបុណ្យ ក្នុងការបំពេញកុសល បណ្តាធម៌​ទាំង​៥ប្រការនុ៎ះ ព្រាហ្មណ៍ទាំងឡាយ នាំគ្នាបញ្ញត្តធម៌ណា ថាជាធម៌មានផលច្រើន​ជាង ក្នុងការធ្វើបុណ្យ ក្នុងការបំពេញកុសល។ សុភមាណព ក្រាបទូលថា បពិត្រព្រះគោតម ដ៏ចំរើន ព្រាហ្មណ៍ទាំងឡាយ នាំគ្នា​បញ្ញត្តធម៌ ទាំង៥ប្រការណា ក្នុងការធ្វើបុណ្យ ក្នុងការបំពេញកុសល បណ្តាធម៌​ទាំងនុ៎ះ ព្រាហ្មណ៍ទាំងឡាយ នាំគ្នាបញ្ញត្តធម៌ គឺចាគៈ ថាជាធម៌មានផលច្រើន​ជាង ក្នុងការធ្វើបុណ្យ ក្នុងការបំពេញកុសល។

[១៤៣] ព្រះមានព្រះភាគត្រាស់ថា ម្នាលមាណព អ្នកសំគាល់សេចក្តីនោះ​ដូចម្តេច បើមហាយ័ញ្ញប្រាកដឡើង ចំពោះមុខព្រាហ្មណ៍ម្នាក់ ក្នុងលោកនេះ។ វេលានោះ ស្រាប់តែមានព្រាហ្មណ៍ពីរនាក់មក គិតគ្នាថា យើងទាំងពីរនាក់ មុខជានឹង​បានបរិភោគ​ នូវមហាយ័ញ្ញ របស់ព្រាហ្មណ៍ឈ្មោះនេះ។ បណ្តាព្រាហ្មណ៍ទាំងពីរនាក់នោះ ព្រាហ្មណ៍​ម្នាក់ មានសេចក្តីត្រិះរិះ យ៉ាងនេះថា ធ្វើម្តេចហ្ន៎ អាត្មាអញ នឹងបានអាសនៈ ​ដ៏ប្រសើរ ទឹកដ៏ប្រសើរ ដុំបាយដ៏ប្រសើរ ក្នុងរោងភត្ត (តែម្នាក់ឯង) កុំឲ្យពួកព្រាហ្មណ៍ដទៃ បានអាសនៈដ៏ប្រសើរ ទឹកដ៏ប្រសើ ដុំបាយដ៏ប្រសើរ ក្នុងរោងភត្តឡើយ។ ម្នាលមាណព បើ​ព្រាហ្មណ៍ដទៃ បានអាសនៈដ៏ប្រសើរ ទឹកដ៏ប្រសើ ដុំបាយដ៏ប្រសើរ​ ក្នុងរោងភត្ត ឯព្រាហ្មណ៍នោះ ត្រឡប់ជាមិនបានអាសនៈដ៏ប្រសើរ ទឹកដ៏ប្រសើ ដុំបាយដ៏ប្រសើរ ក្នុងរោងភត្តវិញ ដោយហេតុណា ហេតុនុ៎ះ រមែងមាន។ ព្រាហ្មណ៍ទាំងឡាយដទៃ បានអាសនៈដ៏ប្រសើរ ទឹកដ៏ប្រសើ ដុំបាយដ៏ប្រសើរ ក្នុងរោងភត្ត ឯ​ព្រាហ្មណ៍នោះ ក៏ខឹង​ក្រោធ អាក់អន់ចិត្ត ដោយគិតថា អាត្មាអញ មិនបានអាសនៈដ៏ប្រសើរ ទឹកដ៏ប្រសើ ដុំបាយដ៏ប្រសើរ ក្នុងរោងភត្ត ដូច្នេះ ម្នាលមាណព តើពួក​ព្រាហ្មណ៍បញ្ញត្ត នូវវិបាក​របស់មហាយ័ញ្ញនេះ ដូចម្តេចខ្លះ។ សុភមាណព ក្រាបទូលថា បពិត្រព្រះគោតម ដ៏ចំរើន ក្នុងសេចក្តីនេះ ព្រាហ្មណ៍ទាំងឡាយ ឲ្យទានយ៉ាងនេះ ដោយគិតថា នឹងឲ្យព្រាហ្មណ៍​នេះក្រោធ អាក់អន់ចិត្ត ទៅរកបុគ្គលដទៃ ក៏ទេ តែថា ក្នុងសេចក្តីនេះ ព្រាហ្មណ៍​ទាំងឡាយ ឲ្យទាន គ្រាន់តែជារបស់​សង្គ្រោះប៉ុណ្ណោះ។ ម្នាលមាណព កាលបើ​ហេតុយ៉ាងនេះ​មាន បុញ្ញកិរិយាវត្ថុ ទី៦នេះ ជាការសង្គ្រោះ របស់ពួកព្រាហ្មណ៍​ឬ។ បពិត្រព្រះគោតមដ៏ចំរើន ការបើហេតុយ៉ាងនេះមាន បុញ្ញកិរិយាវត្ថុ ទី៦នេះ ក៏ទៅជាការសង្គ្រោះ របស់ព្រាហ្មណ៍ទាំងឡាយ។

[១៤៤] ព្រះមានព្រះភាគត្រាស់ថា ម្នាលមាណព ព្រាហ្មណ៍ទាំងឡាយ បញ្ញត្តធម៌​ទាំង៥ប្រការណា ក្នុងការធ្វើបុណ្យ ក្នុងការបំពេញកុសល អ្នកពិចារណា នូវធម៌​ទាំង​៥ប្រការនុ៎ះ តើមានច្រើន ក្នុងបរិស័ទណា។ សុភមាណព ក្រាបទូលថា បពិត្រព្រះគោតម ដ៏ចំរើន ព្រាហ្មណ៍ទាំងឡាយ បញ្ញត្តធម៌​ ទាំង៥ប្រការណា ក្នុងការធ្វើបុណ្យ ក្នុងការបំពេញកុសល ខ្ញុំព្រះអង្គ ពិចារណាឃើញធម៌​ ទាំង​៥ប្រការនេះ មានច្រើន ក្នុងពួកបព្វជិត មានតិចក្នុងពួកគ្រហស្ថ បពិត្រព្រះគោតមដ៏ចំរើន ព្រោះថា គ្រហស្ថមានសេចក្តីត្រូវការច្រើន មានកិច្ចច្រើន មានអធិករណ៍ច្រើន មានសេចក្តី​ប្រារព្ធ​ច្រើន នឹងនិយាយពាក្យពិត ទៀងទាត់រឿយៗ ពុំបាន បពិត្រព្រះគោតមដ៏ចំរើន ចំណែក​ខាងបព្វជិត មានសេចក្តីត្រូវការតិច មានកិច្ចតិច មានអធិករណ៍តិច មានសេចក្តី​ប្រារព្ធ​តិច និយាយពាក្យពិត ទៀងទាត់រឿយៗបាន បពិត្រព្រះគោតមដ៏ចំរើន ឯគ្រហស្ថ មានសេចក្តីត្រូវការច្រើន មានកិច្ចច្រើន មានអធិករណ៍ច្រើន មានសេចក្តី​ប្រារព្ធ​ច្រើន នឹងប្រព្រឹត្តដុតកំដៅកិលេស ទៀងទាត់រឿយៗ ពុំបាន… ប្រព្រឹត្តធម៌ដ៏ប្រសើរ… ច្រើន​ដោយការស្វាធ្យាយន៍… ច្រើនដោយការបរិច្ចាគទាន បពិត្រព្រះគោតមដ៏ចំរើន ចំណែក​ខាងបព្វជិត មានសេចក្តីត្រូវការតិច មានកិច្ចតិច មានអធិករណ៍តិច មានសេចក្តី​ប្រារព្ធ​តិច ប្រព្រឹត្តព្យាយាមដុតកំដៅកិលេស ទៀងទាត់រឿយៗបាន… ប្រព្រឹត្តធម៌ដ៏ប្រសើរ… ច្រើនដោយការស្វាធ្យាយន៍… ច្រើនដោយការបរិច្ចាគទាន។ បពិត្រព្រះគោតមដ៏ចំរើន ព្រាហ្មណ៍ទាំងឡាយ បញ្ញត្តធម៌ ទាំង៥ប្រការណា ក្នុងការធ្វើបុណ្យ ក្នុងការបំពេញ​កុសល ខ្ញុំព្រះអង្គ ពិចារណាឃើញធម៌ទាំង៥ប្រការនេះ មានច្រើនក្នុងពួកបព្វជិត មានតិចក្នុងពួកគ្រហស្ថ។

[១៤៥] ព្រះមានព្រះភាគត្រាស់ថា ម្នាលមាណព ព្រាហ្មណ៍ទាំងឡាយ បញ្ញត្តធម៌ ទាំង៥ប្រការណា ក្នុងការធ្វើបុណ្យ ក្នុងការបំពេញ​កុសល តថាគត ពោល​នូវធម៌​ទាំង៥ប្រការនុ៎ះ ថាជាបរិក្ខាររបស់ចិត្ត ដែលមិនមានពៀរ មិនមានព្យាបាទ ដើម្បី​ការអប់រំចិត្តនោះ។ ម្នាលមាណព ភិក្ខុក្នុងធម៌វិន័យនេះ ជាអ្នកនិយាយពិត ភិក្ខុនោះ​គិតថា អាត្មាអញ និយាយពិត ដូច្នេះហើយ តែងបាននូវ​ការដឹងក្នុងអត្ថ បាននូវការ​ដឹង​ក្នុងធម៌ បាននូវបាមោជ្ជៈ ដែល​អាស្រ័យនឹងធម៌ បាមោជ្ជៈណា អាស្រ័យនឹង​កុសលធម៌ តថាគត ពោលនូវ​បាមោជ្ជៈនុ៎ះ ថាជាបរិក្ខាររបស់ចិត្ត ដែលមិនមានពៀរ មិនមានព្យាបាទ ដើម្បីការអប់រំចិត្តនោះ។ ម្នាលមាណព ភិក្ខុក្នុងធម្មវិន័យនេះ ជាអ្នកប្រព្រឹត្តព្យាយាម ដុតកំដៅកិលេស… ប្រព្រឹត្តធម៌ដ៏ប្រសើរ… ច្រើនដោយការស្វាធ្យាយន៍… ច្រើនដោយ​ការ​បរិច្ចាគទាន ភិក្ខុនោះគិតថា អាត្មាអញ ជាអ្នកច្រើនដោយការបរិច្ចាគទាន ដូច្នេះហើយ ទើប​បាននូវការដឹងក្នុងអត្ថ បាននូវការដឹងក្នុងធម៌ បាននូវបាមោជ្ជៈ ដែល​អាស្រ័យ​នឹង​ធម៌ បាមោជ្ជៈណា ដែលអាស្រ័យនូវ​កុសលធម៌ តថាគត ពោលនូវ​បាមោជ្ជៈនុ៎ះ ថាជាបរិក្ខាររបស់ចិត្ត ដែលមិនមានពៀរ មិនមានព្យាបាទ ដើម្បីការអប់រំចិត្តនោះ។ ម្នាលមាណព ព្រាហ្មណ៍ទាំងឡាយ បញ្ញត្តធម៌ ទាំង៥ប្រការណា ក្នុងការធ្វើបុណ្យ ក្នុង​ការបំពេញកុសល តថាគត ពោលនូវ​ធម៌ទាំង៥ប្រការនុ៎ះ ថាជាបរិក្ខាររបស់ចិត្ត ដែល​មិនមានពៀរ មិនមានព្យាបាទ ដើម្បីការអប់រំចិត្តនោះ។ កាលដែលព្រះមានព្រះភាគ ត្រាស់យ៉ាងនេះហើយ សុភមាណព ជាបុត្រតោទេយ្យព្រាហ្មណ៍ បានក្រាបទូល​ព្រះមានព្រះភាគ​ ដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន រឿងនេះ ខ្ញុំព្រះអង្គ បានឮមក​ហើយថា ព្រះសមណគោតម ទ្រង់ជ្រាបច្បាស់ នូវផ្លូវប្រព្រឹត្តទៅ មួយអន្លើ​ដោយពួក​ព្រហ្ម។

[១៤៦] ព្រះមានព្រះភាគត្រាស់ថា ម្នាលមាណព អ្នកសំគាល់សេចក្តីនោះ ​ដូចម្តេច នឡការគ្រាម នៅជិតទីនេះ នឡការគ្រាម នៅមិនឆ្ងាយអំពីទីនេះទេឬ។ សុភមាណព​ ក្រាបទូលថា ព្រះករុណា ព្រះគោតមដ៏ចំរើន នឡការគ្រាម នៅជិតទីនេះ នឡការគ្រាម ​នៅមិនឆ្ងាយ អំពីទីនេះប៉ុន្មានទេ។ ម្នាលមាណព អ្នកសំគាល់សេចក្តីនោះ ដូចម្តេច បើបុរសកើតចំរើនធំឡើង ក្នុងនឡការគ្រាមនេះ បើគេសួររកផ្លូវនឡការគ្រាម នឹងបុរស​ដែលទើបចេញអំពីនឡការគ្រាម មួយរំពេចនោះ ម្នាលមាណព តើបុរសដែល​កើត​ចំរើនធំឡើង ក្នុងនឡការគ្រាមនេះ ដែលគេសួររកផ្លូវ របស់នឡការគ្រាម នឹង​មានសេចក្តី​យឺតយូរ អឹមអៀមដែរឬ។ សុភមាណព ក្រាបទូលថា បពិត្រព្រះគោតមដ៏ចំរើន ដំណើរ​នេះ មិនដូច្នោះទេ បពិត្រព្រះគោតមដ៏ចំរើន ដំណើរនោះ ព្រោះហេតុអ្វី ព្រោះថា ​ផ្លូវ​របស់នឡការគ្រាម សព្វអន្លើ បុរសដែលកើតចំរើនធំឡើង ក្នុងនឡការគ្រាមនោះ ស្គាល់​ច្បាស់ហើយ។ ម្នាលមាណព បុរសដែលកើតចំរើនធំឡើង ក្នុងនឡការគ្រាម ដែលគេ​សួររកផ្លូវ ​របស់នឡការគ្រាម មានសេចក្តីយឺតយូរអឹមអៀមខ្លះ ឯតថាគត កាលបើ​មានគេសួររកព្រហ្មលោក ឮការប្រតិបត្តិទៅកាន់ព្រហ្មលោក ក៏ឥតមានសេចក្តី​យឺតយូរ​ អឹមអៀមឡើយ ម្នាលមាណព ព្រោះតថាគត ស្គាល់ច្បាស់នូវព្រហ្មផង នូវព្រហ្មលោក​ផង នូវបដិបទា ទៅកាន់ព្រហ្មលោកផង បុគ្គលប្រតិបត្តយ៉ាងណា ហើយបានទៅកាន់​ព្រហ្មលោក តថាគត ដឹងច្បាស់នូវបដិបទានោះផង។ បពិត្រព្រះគោតមដ៏ចំរើន រឿងនេះ ខ្ញុំព្រះអង្គ បានស្តាប់មកហើយថា ព្រះសមណគោតម ទ្រង់សំដែង នូវផ្លូវប្រព្រឹត្ត​ទៅ មួយ​អន្លើដោយពួកព្រហ្ម សូមព្រះគោតមដ៏ចំរើន ទ្រង់ព្រះមេត្តាប្រោស ប្រាប់ផ្លូវប្រព្រឹត្តទៅ មួយអន្លើ ដោយពួកព្រហ្ម ដល់ខ្ញុំព្រះអង្គ។ ម្នាលមាណព បើដូច្នោះ អ្នកចូរស្តាប់ ចូរ​ធ្វើ​ទុក​ក្នុងចិត្ត ឲ្យប្រពៃចុះ តថាគត នឹងសំដែង។ សុភមាណព ជាបុត្រតោទេយ្យព្រាហ្មណ៍ ទទួល​ស្តាប់ព្រះពុទ្ធដីកា នៃព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។

[១៤៧] ព្រះមានព្រះភាគទ្រង់ត្រាស់ ដូច្នេះថា ម្នាលមាណព ផ្លូវប្រព្រឹត្តទៅ មួយ​អន្លើ ដោយពួកព្រហ្ម នោះដូចម្តេចខ្លះ ម្នាលមាណព ភិក្ខុក្នុងធម្មវិន័យនេះ មានចិត្ត​ប្រកប​ដោយមេត្តា ផ្សាយទៅកាន់ទិសទី១ សម្រេចសម្រាន្តនៅ ដោយឥរិយាបថ ទាំង៤ ទិស​ទី២ ក៏ដូចគ្នា ទិសទី៣ ក៏ដូចគ្នា ទិសទី៤ ក៏ដូចគ្នា មានចិត្តប្រកបដោយមេត្តា​ធំទូលាយ មានសភាពជាចិត្តធំ ប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ផ្សាយ​ទៅកាន់​លោកទាំងមូល ដោយប្រការទាំងពួង ក្នុងទីទាំងពួង ទាំងទិសខាងលើ ខាងក្រោម និង​ទិសទទឹង ដោយប្រការដូច្នេះ ម្នាលមាណព មេត្តាចេតោវិមុត្តិ ដែលភិក្ខុក្នុងធម្មវិន័យ​នេះ ចំរើនហើយ ដោយប្រការយ៉ាងនេះ កម្មណា ជាកម្មដែលភិក្ខុនោះធ្វើហើយ ល្មមប្រមាណ កម្មនោះ នឹងមិនឈប់នៅក្នុងទីនោះ កម្មនោះ មិនឋិតនៅក្នុងទីនោះ ម្នាលមាណព បុរស​មានកំឡាំង ជាអ្នកផ្លុំស័ង្ខ នឹងញុំាងទិសទាំង៤ ឲ្យឮខ្ទរខ្ទារ ទៅបានមិនលំបាក ដូចម្តេច​មិញ ម្នាលមាណព កាលបើមេត្តាចេតោវិមុត្តិ ដែលភិក្ខុក្នុងធម្មវិន័យនេះ ចំរើន​ហើយ​ ដោយ​ប្រការយ៉ាងនេះ កម្មណា ជាកម្មដែលភិក្ខុនោះធ្វើហើយ ល្មមប្រមាណ កម្មនោះ នឹងមិនឈប់នៅក្នុងទីនោះ កម្មនោះ មិនឋិតនៅក្នុងទីនោះ ដូច្នោះឯង ម្នាលមាណព នេះ​ឯងឈ្មោះថា ផ្លូវប្រព្រឹត្តទៅ មួយអន្លើ ដោយពួកព្រហ្ម។ ម្នាលមាណព មួយទៀត ភិក្ខុ​មានចិត្តប្រកបដោយករុណា… មានចិត្តប្រកបដោយមុទិតា… មានចិត្តប្រកបដោយ​ឧបេក្ខា ផ្សាយទៅកាន់ទិសទី១ សម្រេច​សម្រាន្តនៅ ដោយឥរិយាបថ​ ទាំង៤ ទិស​ទី២ ក៏ដូចគ្នា ទិសទី៣ ក៏ដូចគ្នា ទិសទី៤ ក៏ដូចគ្នា មានចិត្តប្រកបដោយឧបេក្ខា ​ធំទូលាយ មានសភាពជាចិត្តធំ ប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់​លោកទាំងមូល ដោយប្រការទាំងពួង ក្នុងទីទាំងពួង គឺទិសខាងលើ ទិសខាងក្រោម និង​ទិសទទឹង ដោយ​ប្រការដូច្នេះ ម្នាលមាណព កាលបើឧបេក្ខាចេតោវិមុត្តិ ដែលភិក្ខុក្នុងធម្មវិន័យនេះ ចំរើនហើយ ដោយប្រការយ៉ាងនេះ កម្មណា ជាកម្មដែលភិក្ខុនោះធ្វើហើយ ល្មមប្រមាណ កម្មនោះ នឹងមិនឈប់នៅក្នុងទីនោះ កម្មនោះ មិនឋិតនៅក្នុងទីនោះទេ ម្នាលមាណព បុរស​ដែលមានកំឡាំង ជាអ្នកផ្លុំស័ង្ខ នឹងញុំាងទិសទាំង៤ ឲ្យឮខ្ទរខ្ទារទៅបាន ដោយ​មិនលំបាក ដូចម្តេចមិញ ម្នាលមាណព កាលបើឧបេក្ខាចេតោវិមុត្តិ ដែលភិក្ខុក្នុង​ធម្មវិន័យ​នេះ ចំរើនហើយ ដោយប្រការយ៉ាងនេះ កម្មណា ជាកម្ម​ដែលភិក្ខុ​នោះ ធ្វើហើយ ល្មមប្រមាណ កម្មនោះ នឹងមិនឈប់​នៅក្នុងទីនោះ កម្មនោះ មិនឋិត​នៅក្នុង​ទីនោះទេ ដូច្នោះឯង ម្នាលមាណព នេះឯងឈ្មោះថា ផ្លូវប្រព្រឹត្តទៅមួយអន្លើ​ដោយពួកព្រហ្ម។

[១៤៨] កាលដែលព្រះមានព្រះភាគ ត្រាស់យ៉ាងនេះហើយ សុភមាណព ជាបុត្ត​តោទេយ្យព្រាហ្មណ៍ បានក្រាបទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន ពីរោះណាស់ បពិត្រព្រះគោតមដ៏ចំរើន ពីរោះណាស់ បពិត្រព្រះគោតមដ៏ចំរើន ធម៌ដែល​​ព្រះគោតមដ៏ចំរើន ទ្រង់ប្រកាសហើយ ដោយអនេកបរិយាយ យ៉ាងនេះ ដូចគេផ្ងាររបស់ដែល​ផ្កាប់ ឬដូចគេបើកបង្ហាញរបស់ ដែលគេបិទបាំង ពុំនោះ ដូចគេ​ប្រាប់ផ្លូវដល់​អ្នកវង្វេងទិស ពុំ​នោះសោត ដូចគេទ្រោលប្រទីប បំភ្លឺក្នុងទីងងឹត ដោយគិតថា មនុស្សមានចក្ខុ រមែងមើល​ឃើញរូបទាំងឡាយបាន ដូច្នោះ ខ្ញុំព្រះអង្គ​នេះ​ សូមដល់​ព្រះគោតម ដ៏ចំរើនផង ព្រះធម៌ផង ព្រះភិក្ខុសង្ឃផង ជាទីពឹង ទីរលឹក សូម​ព្រះគោតមដ៏ចំរើន ទ្រង់ចាំទុកនូវខ្ញុំព្រះអង្គ ថាជាឧបាសក ដល់នូវ​សរណៈ ស្មើ​ដោយ​ជីវិត តាំងពីថ្ងៃនេះទៅ បពិត្រព្រះគោតមដ៏ចំរើន ណ្ហើយចុះ ខ្ញុំព្រះអង្គ សូម​លាទៅឥឡូវ​នេះ ព្រោះខ្ញុំព្រះអង្គ មានកិច្ចច្រើន មានការដែលគប្បីធ្វើច្រើន។ ព្រះមានព្រះភាគ ត្រាស់ថា ម្នាលមាណព អ្នកចូរសំគាល់​កាលដ៏គួរ ក្នុងកាលឥឡូវនេះចុះ។ សុភមាណព ជាបុត្តតោទេយ្យព្រាហ្មណ៍ ក៏ត្រេកអរ ចំពោះភាសិត របស់ព្រះមានព្រះភាគ ហើយក្រោក​អំពីទីអង្គុយ ថ្វាយបង្គំលាព្រះមានព្រះភាគ ធ្វើប្រទក្សិណ ហើយចៀស​ចេញទៅ។

[១៤៩] សម័យនោះឯង ជាណុស្សោណិព្រាហ្មណ៍ ចេញអំពីក្រុងសាវត្ថី ដោយ​រថ ដែលទឹមដោយមេសេះសសុទ្ធ ទាំងថ្ងៃត្រង់។ ជាណុស្សោណិព្រាហ្មណ៍ បានឃើញ​សុភមាណព ជាបុត្តតោទេយ្យព្រាហ្មណ៍ កំពុងដើរមកអំពីចម្ងាយ លុះឃើញហើយ ទើប​និយាយនឹងសុភមាណព ជាបុត្តតោទេយ្យព្រាហ្មណ៍ ដូច្នេះថា ចុះភារទ្វាជៈដ៏ចំរើន ទើប​មកអំពីណា ទាំងថ្ងៃត្រង់។ សុភមាណព ឆ្លើយថា នែលោកដ៏ចំរើន ខ្ញុំទើបនឹងមកអំពី​សំណាក់ព្រះសមណគោតម។ ជាណុស្សោណិព្រាហ្មណ៍ពោលថា អ្នកសំគាល់​សេចក្តី​នោះ ដូចម្តេច ភារទ្វាជៈដ៏ចំរើន ជាបណ្ឌិត ដឹងនូវប្រាជ្ញា និងសេចក្តីឈ្លាសវៃ របស់​ព្រះសមណគោតមឬទេ នែអ្នកដ៏ចំរើន ខ្ញុំ ឬនរណា នរណា ក៏គង់ដឹងនូវប្រាជ្ញា និងសេចក្តី​ឈ្លាសវៃ របស់ព្រះសមណគោតមដែរ បុគ្គលណា ដឹងនូវប្រាជ្ញា និងសេចក្តីឈ្លាសវៃ របស់​ព្រះសមណគោតមបាន បុគ្គលនោះ ស្មើនឹងអ្នកដោយពិត។ ជាណុស្សោណិព្រាហ្មណ៍ ពោលទៀតថា ឮថា ភារទ្វាជៈដ៏ចំរើន តែងសរសើរ​ព្រះសមណគោតម ដោយវាចា​ជាគ្រឿងសរសើរ យ៉ាងក្រៃពេក។ សុភមាណព ពោលថា ឱលោកដ៏ចំរើន ខ្លួនខ្ញុំ ឬនរណា នរណា ក៏គង់សរសើរ​ព្រះសមណគោតមដែរ ព្រោះព្រះសមណគោតមដ៏ចំរើន ជាបុគ្គល​ប្រសើរក្រៃលែង គឺប្រសើរជាងទេវតា និងមនុស្សទាំងឡាយ នែលោកដ៏ចំរើន ពួកព្រាហ្មណ៍​ បញ្ញត្តនូវធម៌ ទាំង​៥ប្រការណា ក្នុងការធ្វើបុណ្យ ក្នុងការបំពេញកុសល ឯ​ព្រះសមណគោតម ក៏សំដែងនូវធម៌ ទាំង៥ប្រការនុ៎ះ ថាជាបរិក្ខាររបស់ចិត្ត ដែល​មិនមានពៀរ មិនមានព្យាបាទ ដើម្បីអប់រំចិត្តនោះ ប៉ុណ្ណោះ។

[១៥០] កាលសុភមាណពពោលយ៉ាងនេះហើយ ជាណុស្សោណិព្រាហ្មណ៍ ក៏ចុះ​អំពីរថទឹមដោយមេសេះសសុទ្ធ ធ្វើនូវសំពត់ឧត្តរាសង្គៈ ឆៀងស្មាម្ខាង ប្រណម្យ​អញ្ជលី​ទៅត្រង់ទី ដែលព្រះមានព្រះភាគគង់ បន្លឺឧទានថា ព្រះបាទបសេនទិកោសល ហៅពេញ​ជាមានលាភ ភាពជាមនុស្ស ព្រះបាទបសេនទិកោសល បានដោយប្រពៃហើយ ព្រោះ​ទ្រង់​បានព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធ គង់ក្នុងដែនរបស់ព្រះអង្គ។

ចប់ សុភសូត្រ ទី៩។

សគារវសូត្រ ទី១០

(១០. សង្គារវសុត្តំ)

[១៥១] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់​ស្តេច​ទៅកាន់​ចារិក ក្នុងដែន​កោសល មួយអន្លើដោយភិក្ខុសង្ឃជាច្រើន។ ក៏​សម័យនោះឯង ព្រាហ្មណី ឈ្មោះនាង​ធនញ្ជានី នៅអាស្រ័យក្នុងស្រុក​ ​បច្ចលក័ប្ប ជាស្ត្រីមានសេចក្តី​ជ្រះថ្លាមាំមួន ក្នុងព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ។ គ្រានោះ នាងធនញ្ជានីព្រាហ្មណី ភ្លាត់​មាត់បន្លឺឧទានវាចា អស់វារៈ៣ដងថា សូមនមស្ការ ព្រះមានព្រះភាគ ជាអរហន្ត​សម្មាសម្ពុទ្ធ អង្គនោះ… សូមនមស្ការ ព្រះមានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធ អង្គ​នោះ។

[១៥២] សម័យនោះឯង មាណពឈ្មោះ សគារវៈ នៅអាស្រ័យក្នុងបច្ចលកប្ប​គ្រាម ជាអ្នកចេះចប់នូវត្រៃវេទ ព្រមទាំងគម្ពីរឈ្មោះនិឃណ្ឌុ និងគម្ពីរ​ឈ្មោះកេដុភៈ ព្រម​ទាំងអក្ខរប្បភេទ មានគម្ពីរឈ្មោះឥតិហាសៈ ជាគំរប់៥ ជាអ្នកដឹងនូវ​បទនៃវេទ ជាអ្នក​ដឹងនូវវេយ្យាករណ៍ មិនទើសទាល់ក្នុងគម្ពីរលោកាយតៈ និងគម្ពីរមហាបុរិសលក្ខណៈ។ សគារវមាណព បានឮនាងធនញ្ជានីព្រាហ្មណី ពោលវាចាយ៉ាងនេះ លុះឮហើយ ក៏ពោល​ទៅនឹងនាងធនញ្ជានីព្រាហ្មណី ដូច្នេះថា នាងធនញ្ជានីព្រាហ្មណីនេះ ជាស្ត្រី​គំរក់ផង នាងធនញ្ជានីព្រាហ្មណីនេះ ជាស្ត្រីដល់នូវសេចក្តីវិនាសផង ព្រោះថា ពួក​ព្រាហ្មណ៍ ដែលបាននូវវិជ្ជាបី ក៏មានដែរ ហេតុអ្វីក៏នៅតែពោលសរសើរគុណ​សមណៈ​ត្រងោលនោះទៀត។ នាងធនញ្ជានីព្រាហ្មណីពោលថា នែអ្នកមានមុខស្រស់បស់ ហេតុតែអ្នក​មិនស្គាល់សីល និងបញ្ញា របស់ព្រះមានព្រះភាគអង្គនោះ នែអ្នក​មានមុខ​ស្រស់បស់ ប្រសិនបើអ្នកស្គាល់​សីល និងបញ្ញា របស់ព្រះមានព្រះភាគ​អង្គនោះ នែ​អ្នកមានមុខស្រស់បស់ អ្នកមិនគួរសំគាល់ នូវ​ព្រះមានព្រះភាគ​អង្គនោះថា ជាបុគ្គលគួរ​ជេរ គួរប្រទេចសោះឡើយ។ សគារវមាណព តបថា ម្នាលនាងដ៏ចំរើន បើដូច្នោះ ព្រះសមណគោតម ស្តេចមកដល់​បច្ចលកប្បគ្រាមក្នុងកាលណា នាងត្រូវ​ប្រាប់ដល់​យើង ក្នុងកាលនោះផង។ នាងធនញ្ជានីព្រាហ្មណី ទទួលពាក្យរបស់សគារវមាណពថា ចា៎ស អ្នក​មានមុខស្រស់បស់។

[១៥៣] គ្រានោះឯង កាលព្រះមានព្រះភាគ ទ្រង់ស្តេចទៅកាន់ចារិក ក្នុងដែន​កោសល ដោយលំដាប់ ក៏បានដល់​បច្ចលកប្បគ្រាម។ បានឮថា ព្រះមានព្រះភាគ ទ្រង់​គង់នៅក្នុងអម្ពវ័ន (ព្រៃស្វាយ) របស់ពួកតោទេយ្យព្រាហ្មណ៍ ជិត​បច្ចលកប្បគ្រាម​នោះ។ នាងធនញ្ជានីព្រាហ្មណី បានឮថា ព្រះមានព្រះភាគ ស្តេចដល់បច្ចលកប្បគ្រាម ឥឡូវ​គង់​នៅក្នុងអម្ពវ័ន របស់ពួក​តោទេយ្យព្រាហ្មណ៍ ជិតស្រុក​បច្ចលកប្បគ្រាម។ ទើប​នាង​ធនញ្ជានីព្រាហ្មណី ចូលទៅរកសគារវមាណព លុះចូលទៅដល់ហើយ ក៏និយាយ​នឹង​សគារវមាណព ដូច្នេះថា នែអ្នកមានមុខស្រស់បស់ ព្រះមានព្រះភាគ អង្គនោះ ស្តេច​មកដល់​បច្ចលកប្បគ្រាមហើយ ទ្រង់គង់នៅក្នុងអម្ពវ័ន របស់ពួក​តោទេយ្យព្រាហ្មណ៍ ជិត​បច្ចលកប្បគ្រាម នែអ្នកមានមុខស្រស់បស់ ចូរអ្នកសំគាល់​នូវកាលគួរ នឹងទៅឥឡូវ​នេះចុះ។ សគារវមាណព ទទួលពាក្យ នៃនាងធនញ្ជានីព្រាហ្មណីថា អើ នាងដ៏ចំរើន ហើយក៏ចូលទៅរកព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹង​ព្រះមានព្រះភាគ លុះបញ្ចប់ពាក្យគួររីករាយ និងពាក្យគួររលឹកហើយ ក៏​អង្គុយក្នុងទីដ៏សមគួរ។ លុះសគារវមាណព អង្គុយក្នុងទីដ៏សមគួរហើយ ទើបក្រាប​បង្គំ​ទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះគោតមដ៏ចំរើន មានសមណព្រាហ្មណ៍​ពួកមួយ ជាអ្នកដល់នូវទីបំផុត គឺព្រះនិព្វាន ជាគុណជាត ដ៏ក្រៃលែង ព្រោះប្រាជ្ញាក្នុង​បច្ចុប្បន្ន តែងដឹងច្បាស់នូវធម៌ ជាខាងដើមនៃព្រហ្មចរិយៈ បពិត្រព្រះគោតមដ៏ចំរើន ក្នុង​ពួកសមណព្រាហ្មណ៍ទាំងនោះ ពួកសមណព្រាហ្មណ៍ណា ជាអ្នកដល់នូវ​ទីបំផុត គឺ​ព្រះនិព្វាន ជាគុណជាតដ៏ក្រៃលែង ព្រោះប្រាជ្ញាក្នុងបច្ចុប្បន្ន តែងដឹងច្បាស់នូវ​ធម៌ ជាខាងដើមនៃព្រហ្មចរិយៈ បណ្តាពួកសមណព្រាហ្មណ៍ទាំងនោះ តើ​ព្រះគោតមដ៏ចំរើន ជាសមណៈបែបណា។

[១៥៤] ព្រះអង្គត្រាស់ថា ម្នាលភារទ្វាជៈ តថាគតនឹងពោលអំពី​ដំណើរ​ខុសគ្នា នៃបុគ្គលអ្នកដល់នូវទីបំផុត គឺព្រះនិព្វាន ជាគុណជាតដ៏ក្រៃលែង ព្រោះប្រាជ្ញាក្នុង​បច្ចុប្បន្ន ហើយដឹងច្បាស់នូវធម៌ ជាខាងដើមនៃព្រហ្មចរិយៈ ម្នាលភារទ្វាជៈ មាន​សមណព្រាហ្មណ៍ពួកមួយ ជាអ្នកឮតាមៗគ្នា ជាអ្នកដល់នូវទីបំផុត គឺព្រះនិព្វាន ជាគុណជាតដ៏ក្រៃលែង ព្រោះប្រាជ្ញាក្នុង​បច្ចុប្បន្ន ដឹងច្បាស់នូវធម៌ ជាខាងដើម នៃព្រហ្មចរិយៈ ដោយការឮតាមៗគ្នានោះ ដូចយ៉ាង​ពួកព្រាហ្មណ៍ អ្នកបាន​ត្រៃវិជ្ជា។ ម្នាលភារទ្វាជៈ មាន​សមណព្រាហ្មណ៍ពួកមួយ ជាអ្នកដល់​នូវទីបំផុត គឺព្រះនិព្វាន ជាគុណជាតដ៏ក្រៃលែង ព្រោះប្រាជ្ញាក្នុង​បច្ចុប្បន្ន ក៏ដឹងច្បាស់នូវធម៌ ជាខាងដើម នៃព្រហ្មចរិយៈ ដោយត្រឹមតែសទ្ធាប៉ុណ្ណោះ ដូចយ៉ាងបុគ្គល​អ្នកត្រិះរិះ ពិចារណា​ជាប្រក្រតី។ ម្នាលភារទ្វាជៈ មាន​សមណព្រាហ្មណ៍ពួកមួយ ដឹង​ច្បាស់នូវ​ធម៌ដោយខ្លួនឯង ក្នុងពួកធម៌ ដែល​ខ្លួន​មិនដែល​បានស្តាប់ក្នុងកាលមុន ហើយជាអ្នក​ដល់នូវទីបំផុត គឺព្រះនិព្វាន ជាគុណជាតដ៏ក្រៃលែង ព្រោះប្រាជ្ញាក្នុង​បច្ចុប្បន្ន ក៏ដឹងច្បាស់នូវធម៌ ជាខាងដើម នៃព្រហ្មចរិយៈ ម្នាលភារទ្វាជៈ ក្នុង​សមណ​ព្រាហ្មណ៍​ទាំងនោះ ពួកសមណព្រាហ្មណ៍ណា ដឹង​ច្បាស់នូវ​ធម៌ដោយខ្លួនឯង ក្នុងពួកធម៌ ដែល​ខ្លួន​មិនដែល​បានស្តាប់ ក្នុងកាលមុន ហើយជាអ្នក​ដល់នូវទីបំផុត គឺព្រះនិព្វាន ជាគុណជាតដ៏ក្រៃលែង ព្រោះប្រាជ្ញាក្នុង​បច្ចុប្បន្ន ក៏ដឹងច្បាស់នូវធម៌ ជាខាងដើម នៃព្រហ្មចរិយៈ បណ្តាសមណព្រាហ្មណ៍ទាំងនោះ តថាគត ជាសមណៈមួយដែរ ម្នាលភារទ្វាជៈ ដំណើរដែលខុសគ្នានោះ អ្នកគប្បីដឹងដោយបរិយាយនេះឯង។ ពួក​សមណព្រាហ្មណ៍ណា ដឹង​ច្បាស់នូវ​ធម៌ដោយខ្លួនឯង ក្នុងពួកធម៌ ដែល​ខ្លួន​មិនដែល​បានស្តាប់ក្នុងកាលមុន ហើយជាអ្នក​ដល់នូវទីបំផុត គឺព្រះនិព្វាន ជាគុណជាតដ៏ក្រៃលែង ព្រោះប្រាជ្ញាក្នុង​បច្ចុប្បន្ន ដឹងច្បាស់នូវធម៌ ជាខាងដើម នៃព្រហ្មចរិយៈ យ៉ាងណា បណ្តាសមណព្រាហ្មណ៍ទាំងនោះ តថាគត ក៏ជាសមណៈ យ៉ាងនោះដែរ។

[១៥៥] ម្នាលភារទ្វាជៈ ក្នុងកាលមុនអំពីការត្រាស់ដឹង កាលតថាគតនៅជា​ពោធិសត្វ មិនទាន់បានត្រាស់ដឹងនៅឡើយ មានសេចក្តីត្រិះរិះ ដូច្នេះ ក្នុងទីឯណោះថា ឃរាវាស ជាភេទចង្អៀតពេកណាស់ ជាផ្លូវនៃធូលី ឯបព្វជ្ជា ទើបជាភេទទំនេរ បើ​អាត្មាអញ នៅគ្រប់គ្រងផ្ទះ មិនងាយនឹងប្រព្រឹត្តព្រហ្មចរិយធម៌នេះ ឲ្យបរិបូណ៌​ក្រៃលែង ឲ្យបរិសុទ្ធក្រៃលែង ឲ្យផូរផង់ ដូចជាស័ង្ខ ដែលគេដុសខាត់បានឡើយ បើដូច្នោះ មានតែ​អាត្មាអញ កោរសក់ ពុកមាត់ ពុកចង្កា ស្លៀកដណ្តប់សំពត់កាសាយៈទាំងឡាយ ចេញ​ចាកផ្ទះ ចូលទៅកាន់ផ្នួសវិញ។ ម្នាលភារទ្វាជៈ សម័យខាងក្រោយមក កាលតថាគត​នៅក្មេងកំឡោះ មានសក់ខ្មៅស្រិល ប្រកបដោយវ័យល្អ គឺបឋមវ័យ ទុកជាមាតាបិតា​មិនប្រាថ្នា (នឹងឲ្យបួស) មានមុខប្រឡាក់ដោយទឹកភ្នែក ស្រែកយំ ក៏នៅតែកោរសក់ ពុកមាត់ ពុកចង្កា ស្លៀកដណ្តប់សំពត់កាសាយៈ ចេញ​ចាកផ្ទះ ចូលទៅកាន់ផ្នួស។ លុះ​តថាគតនោះ បួសយ៉ាងនេះហើយ ក៏ស្វែងរក​នូវកឹកុសល គឺសព្វញ្ញុតញ្ញាណ ស្វែងរក​នូវសន្តិវរបទ គឺព្រះនិព្វាន រកគុណជាតដទៃក្រៃលែងជាងគ្មាន ក៏ចូល​ទៅរក​អាឡារតាបស កាលាមគោត្រ លុះចូលទៅដល់ហើយ ទើបពោលនឹងអាឡារតាបស កាលាមគោត្រ យ៉ាងនេះថា ម្នាលកាលាមៈ មានអាយុ យើងប្រាថ្នានឹងប្រព្រឹត្ត​ព្រហ្មចរិយធម៌ ក្នុងធម្មវិន័យនេះដែរ។ ម្នាលភារទ្វាជៈ កាលបើតថាគតពោលយ៉ាង​នេះហើយ អាឡារតាបស កាលាមគោត្រ ក៏ពោលតបមកតថាគតវិញ យ៉ាងនេះថា ចូរអ្នក​មានអាយុនៅចុះ នេះធម៌ប្រាកដដូចជាអ្នកត្រូវការនោះ ជាធម៌ដែលវិញ្ញូបុរស គប្បីធ្វើឲ្យជាក់ច្បាស់ដោយប្រាជ្ញា នូវលទ្ធិអាចារ្យជារបស់ខ្លួន ហើយសម្រេចសម្រាន្តនៅ​បាន ដោយកាលមិនយូរប៉ុន្មាន។ ម្នាលភារទ្វាជៈ មិនយូរប៉ុន្មាន តថាគត ក៏រៀនធម៌​នោះ ចប់ភ្លាម។ ម្នាលភារទ្វាជៈ តថាគត ពោលនូវញាណវាទផង ថេរវាទផង ដោយគ្រាន់តែ​បង្ហើបបបូរមាត់ ដោយគ្រាន់តែហាមាត់និយាយប៉ុណ្ណោះ ទាំងតថាគត ទាំងអ្នកដទៃ ក៏អាច​ប្តេជ្ញាថា អាត្មាអញដឹង អាត្មាអញឃើញ ដូច្នេះបាន។ ម្នាលភារទ្វាជៈ តថាគត មានសេចក្តីត្រិះរិះ យ៉ាងនេះថា អាឡារតាបស កាលាមគោត្រ មិនហ៊ាន​ប្រកាសថា ខ្ញុំធ្វើឲ្យជាក់ច្បាស់ នូវធម៌នេះ ដោយប្រាជ្ញាខ្លួនឯង ដោយត្រឹមតែសទ្ធា​ប៉ុណ្ណោះ ហើយសម្រេចសម្រាន្ត​នៅ ដូច្នេះឡើយ តាមពិត អាឡារតាបសកាលាមគោត្រ គ្រាន់តែយល់ឃើញ នូវធម៌នេះប៉ុណ្ណោះ។ ម្នាលភារទ្វាជៈ ក្នុងកាលជាខាងក្រោយមក តថាគត ចូលទៅរកអាឡារតាបស កាលាមគោត្រ លុះចូលទៅដល់ហើយ ទើបពោល​នឹងអាឡារតាបកាលាមគោត្រ យ៉ាងនេះថា ម្នាលកាលាមៈ មានអាយុ អ្នកបានធ្វើ​ឲ្យជាក់ច្បាស់ បានសម្រេច​នូវធម៌នេះ ដោយប្រាជ្ញាខ្លួនឯង ហើយអាចសំដែង​បាន ដោយចំណែក​មានប៉ុន្មានខ្លះឬទេ។ ម្នាលភារទ្វាជៈ កាលបើ​តថាគត​ពោលយ៉ាង​នេះហើយ អាឡារតាបស កាលាមគោត្រ ក៏សំដែងនូវអាកិញ្ចញ្ញាយតនជ្ឈាន។ ម្នាលភារទ្វាជៈ តថាគត មានសេចក្តីត្រិះរិះ យ៉ាងនេះថា សទ្ធារបស់អាឡារតាបស កាលាមគោត្រ គ្មានទេ សទ្ធារបស់អាត្មាអញ ទើបមាន វីរិយៈរបស់​អាឡារតាបសកាលាមគោត្រគ្មានទេ វីរិយៈរបស់អាត្មាអញ ទើបមាន សតិ… សមាធិ… បញ្ញា របស់អាឡារតាបសកាលាមគោត្រ គ្មានទេ បញ្ញារបស់​អាត្មាអញ ទើបមាន បើដូច្នោះ គួរតែអាត្មាអញ តាំងសេចក្តីព្យាយាម ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវធម៌ ដែល​អាឡារតាបសកាលាមគោត្រប្រកាសថា ខ្ញុំបានធ្វើឲ្យជាក់​ច្បាស់ ដោយប្រាជ្ញាខ្លួនឯង ហើយសម្រេចសម្រាន្តនៅ។ ម្នាលភារទ្វាជៈ មិនយូរ​ប៉ុន្មាន តថាគត ក៏បានធ្វើឲ្យជាក់​ច្បាស់​ នូវធម៌នោះ ដោយប្រាជ្ញាខ្លួន​ឯងភ្លាម ហើយសម្រេចសម្រាន្តនៅ។ ម្នាលភារទ្វាជៈ​ ក្នុងកាលខាងក្រោយមកទៀត តថាគត ចូលទៅរក​អាឡារតាបសកាលាមគោត្រ លុះចូល​ទៅដល់ហើយ ក៏ពោល​នឹងអាឡារតាបសកាលាមគោត្រ យ៉ាងនេះថា ម្នាល​កាលាមៈ មានអាយុ អ្នកបាន​ធ្វើឲ្យ​ជាក់ច្បាស់ បានសម្រេច​នូវធម៌នេះ ដោយប្រាជ្ញាខ្លួនឯង ហើយ​អាចសំដែងបានដោយចំណែក មានប្រមាណតែប៉ុណ្ណេះទេឬ។ អាឡារតាបសតបថា ម្នាលអាវុសោ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ បានសម្រេច​នូវធម៌នេះ ដោយ​ប្រាជ្ញាខ្លួនឯង ហើយ​អាច​សំដែងបាន ដោយចំណែក​មានប្រមាណ​ប៉ុណ្ណេះឯង ម្នាលអាវុសោ ខ្ញុំបានធ្វើ​ឲ្យ​ជាក់ច្បាស់ បានសម្រេចនូវធម៌នេះ ដោយប្រាជ្ញាខ្លួនឯង ដោយចំណែក​មានប្រមាណ​ប៉ុណ្ណេះឯង ហើយសម្រាន្តនៅ ម្នាលអាវុសោ យើងពេញជា​មានលាភ​ ម្នាលអាវុសោ អត្តភាពជាមនុស្ស យើងពេញជាបានដោយល្អហើយ ដ្បិតយើងបាន​ឃើញនូវ​សព្រហ្មចារី ប្រាកដដូចជាអ្នកមានអាយុ ព្រោះថា ខ្ញុំបាន​ធ្វើឲ្យជាក់​ច្បាស់​ បានសម្រេចនូវធម៌ណា ដោយប្រាជ្ញាខ្លួនឯង ហើយអាចសំដែងបាន អ្នកក៏បាន​ធ្វើឲ្យជាក់ច្បាស់ បានសម្រេចនូវធម៌នោះ ដោយប្រាជ្ញាខ្លួនឯង ហើយសម្រាន្ត​នៅដែរ អ្នកបាន​ធ្វើឲ្យជាក់ច្បាស់ បានសម្រេច​នូវធម៌ណា ដោយប្រាជ្ញាខ្លួនឯង ហើយសម្រាន្ត​នៅ ខ្ញុំក៏បានធ្វើឲ្យជាក់ច្បាស់ បានសម្រេចនូវធម៌នោះ ដោយប្រាជ្ញាខ្លួនឯង ហើយអាចសំដែងបានដែរ ខ្ញុំដឹងនូវធម៌ណា អ្នកក៏ដឹងនូវធម៌នោះដែរ អ្នកដឹងនូវធម៌ណា ខ្ញុំក៏ដឹងនូវ​ធម៌នោះដែរ ខ្ញុំប្រាកដយ៉ាងណា អ្នកក៏ប្រាកដយ៉ាងនោះដែរ អ្នកប្រាកដ​យ៉ាងណា ខ្ញុំក៏ប្រាកដយ៉ាងនោះដែរ ម្នាលអាវុសោ ឥឡូវនេះ អ្នកចូរមក យើងទាំង​ពីរនាក់ នឹងនៅគ្រប់គ្រងគណៈនេះ។ ម្នាលភារទ្វាជៈ ឯអាឡារតាបស​កាលាមគោត្រ ជាអាចារ្យរបស់តថាគត តាំងតថាគត ដែលជាកូនសិស្ស ឲ្យត្រឹម​ស្មើនឹង​ខ្លួន ទាំងបូជាតថាគត ដោយគ្រឿងបូជាដ៏លើសលុប ដោយប្រការដូច្នេះ។ ម្នាលភារទ្វាជៈ តថាគត មានសេចក្តីត្រិះរិះ យ៉ាងនេះថា ធម៌នេះ មិនប្រព្រឹត្តទៅ ដើម្បី​សេចក្តី​នឿយ​ណាយ មិនប្រព្រឹត្តទៅ ដើម្បីប្រាសចាកតម្រេក មិនប្រព្រឹត្តទៅ ដើម្បី​រំលត់ទុក្ខ មិន​ប្រព្រឹត្តទៅ ដើម្បីសេចក្តីស្ងប់ មិន​ប្រព្រឹត្តទៅ ដើម្បីសេចក្តី​ដឹងច្បាស់ មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីត្រាស់ដឹង មិនប្រព្រឹត្តទៅ ដើម្បីព្រះនិព្វានទេ ​ប្រព្រឹត្តទៅ បានត្រឹមតែកើត​ក្នុងអាកិញ្ចញ្ញាយតនភពប៉ុណ្ណោះ។ ម្នាលភារទ្វាជៈ តថាគត មិនទាន់​ល្មមចិត្តនឹង​ធម៌នោះទេ នឿយណាយចាកធម៌នោះ ហើយចៀសចេញទៅ។

[១៥៦] ម្នាលភារទ្វាជៈ តថាគត ក៏ស្វែងរកនូវកឹកុសល គឺសព្វញ្ញុតញ្ញាណ ស្វែងរកនូវសន្តិវរបទ គឺព្រះនិព្វាន រកគុណជាតដទៃក្រៃលែងជាងគ្មាន បាន​ចូលទៅ​រកឧទ្ទកតាបស រាមបុត្រ លុះចូលទៅដល់ហើយ ក៏ពោលនឹងឧទ្ទកតាបសរាមបុត្រ យ៉ាងនេះថា ម្នាលរាមៈមានអាយុ ខ្ញុំប្រាថ្នានឹងប្រព្រឹត្តព្រហ្មចរិយៈ ក្នុងធម្មវិន័យនេះ។ ម្នាលភារទ្វាជៈ កាលបើតថាគត ពោលយ៉ាងនេះហើយ ឧទ្ទកតាបសរាមបុត្រ ក៏ពោលតប​នឹងតថាគត យ៉ាងនេះវិញថា ចូរអ្នកមានអាយុ នៅចុះ នេះធម៌​ប្រាកដ​ដូចជា​អ្នកត្រូវការ​នោះ ជាធម៌​ដែលវិញ្ញូបុរស គប្បីធ្វើឲ្យ​ជាក់ច្បាស់ ដោយប្រាជ្ញា នូវលទ្ធិអាចារ្យ​ជារបស់​ខ្លួន ហើយសម្រេចសម្រាន្តនៅបាន ដោយកាលមិនយូរប៉ុន្មាន។ ម្នាលភារទ្វាជៈ មិនយូរ​ប៉ុន្មាន តថាគតឯង ក៏បានរៀន​នូវធម៌នោះចប់ភ្លាម។ ម្នាលភារទ្វាជៈ តថាគត ពោលនូវ​ញាណវាទផង ថេរវាទផង ដោយ​គ្រាន់តែបង្ហើបបបូរមាត់ ដោយ​គ្រាន់តែ​ហាមាត់​និយាយ​ប៉ុណ្ណោះ ទាំងតថាគត ទាំងអ្នកដទៃ ក៏អាច​ប្តេជ្ញាថា អាត្មាអញដឹង អាត្មាអញ​ឃើញ ដូច្នេះបាន។ ម្នាលភារទ្វាជៈ តថាគត មានសេចក្តីត្រិះរិះ​ យ៉ាង​នេះថា រាមៈ​មិនហ៊ានប្រកាសថា ខ្ញុំបានធ្វើឲ្យ​ជាក់​ច្បាស់ បានសម្រេចនូវធម៌នេះ ដោយប្រាជ្ញា​ខ្លួនឯង ដោយត្រឹមតែសទ្ធាប៉ុណ្ណោះ ដូច្នេះឡើយ តាមពិត រាមៈ គ្រាន់តែយល់ឃើញ នូវធម៌​នេះប៉ុណ្ណោះ។ ម្នាលភារទ្វាជៈ ក្នុងកាលដទៃទៀត តថាគត ចូលទៅរក​ឧទ្ទកតាបសរាមបុត្រ លុះចូល​ទៅ​ដល់​ហើយ ក៏ពោលនឹងឧទ្ទកតាបសរាមបុត្ត យ៉ាងនេះថា ម្នាលរាមៈមានអាយុ អ្នកបាន​ធ្វើ​ឲ្យ​ជាក់ច្បាស់ បានសម្រេចនូវធម៌នេះ ដោយប្រាជ្ញាខ្លួនឯង ហើយអាចសំដែងបាន ដោយចំណែខ្លះឬទេ។ ម្នាលភារទ្វាជៈ កាលបើតថាគត ពោលយ៉ាងនេះហើយ ឧទ្ទកតាបសរាមបុត្រ ក៏សំដែងនូវ​នេវសញ្ញានាសញ្ញាយតនជ្ឈាន។ ម្នាលភារទ្វាជៈ តថាគត មានសេចក្តីត្រិះរិះ យ៉ាងនេះថា សទ្ធារបស់រាមៈមិនមានទេ សទ្ធារបស់អាត្មាអញទើបមាន ​វីរិយៈរបស់រាមៈមិនមាន​ទេ។បេ។ សតិ… សមាធិ… បញ្ញារបស់រាមៈ មិនមានទេ បញ្ញារបស់អាត្មាអញ ទើបមាន បើដូច្នោះ គួរតែអាត្មាអញ តាំងសេចក្តីព្យាយាម ដើម្បីធ្វើឲ្យជាក់ច្បាស់នូវធម៌ ដែលរាមៈ​ប្រកាសថា អាត្មាអញ បានធ្វើឲ្យជាក់​ច្បាស់ បានសម្រេចដោយប្រាជ្ញា​ខ្លួនឯង ហើយ​សម្រេចសម្រាន្តនៅ។ ម្នាលភារទ្វាជៈ មិនយូរ​ប៉ុន្មាន តថាគត ក៏បានធ្វើឲ្យជាក់ច្បាស់ បានសម្រេចនូវធម៌នោះភ្លាម ដោយប្រាជ្ញាខ្លួន​ឯង។ ម្នាលភារទ្វាជៈ ក្នុងកាលខាងក្រោយ​មក​ទៀត តថាគត ចូលទៅរក​ឧទ្ទកតាបសរាមបុត្រ លុះចូលទៅដល់​ហើយ ក៏ពោល​នឹងឧទ្ទកតាបសរាមបុត្រ យ៉ាងនេះថា ម្នាលរាមៈមាន​អាយុ អ្នកបាន​ធ្វើឲ្យ​ជាក់ច្បាស់ បានសម្រេចនូវធម៌នេះ ដោយប្រាជ្ញាខ្លួនឯង ហើយ​អាចសំដែងបាន ដោយចំណែក​ខ្លះឬទេ។ ឧទ្ទកតាបសរាមបុត្ត តបថា ម្នាលអាវុសោ ខ្ញុំបានធ្វើឲ្យជាក់​ច្បាស់ បានសម្រេច​នូវ​ធម៌នេះ ដោយ​ប្រាជ្ញាខ្លួនឯង ហើយអាច​សំដែងបាន ដោយចំណែក មានប្រមាណប៉ុណ្ណេះឯង ម្នាលអាវុសោ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ បានសម្រេចនូវធម៌នេះ ដោយប្រាជ្ញាខ្លួនឯង ដោយចំណែក​មានប្រមាណប៉ុណ្ណេះឯង ម្នាលអាវុសោ យើងពេញ​ជាមានលាភ អត្តភាព​ជាមនុស្ស យើងពេញជាបានដោយល្អ ត្រង់ដែលយើង បានឃើញនូវ​សព្រហ្មចារី ប្រាកដ​ដូចជាអ្នកមានអាយុ ព្រោះថា រាមៈ បាន​ធ្វើឲ្យជាក់​ច្បាស់ បានសម្រេចនូវធម៌ណា​ ដោយ​ប្រាជ្ញាខ្លួនឯង ហើយអាច​សំដែងបាន អ្នកក៏​បាន​ធ្វើ​ឲ្យ​ជាក់ច្បាស់ បានសម្រេច​នូវធម៌នោះ ដោយប្រាជ្ញាខ្លួនឯងដែរ អ្នកបាន​ធ្វើ​ឲ្យ​ជាក់​ច្បាស់ បានសម្រេចនូវធម៌ណា ដោយប្រាជ្ញា​ខ្លួនឯង រាមៈ ​ក៏បានធ្វើឲ្យជាក់​ច្បាស់ បានសម្រេច​នូវធម៌នោះ ដោយប្រាជ្ញាខ្លួនឯង ហើយ​អាចសំដែង​បានដែរ រាមៈ ដឹងច្បាស់នូវធម៌ណា អ្នកក៏ដឹងច្បាស់នូវធម៌នោះដែរ អ្នកដឹងច្បាស់នូវធម៌ណា រាមៈ ក៏ដឹងច្បាស់នូវ​ធម៌នោះដែរ រាមៈ ប្រាកដយ៉ាងណា អ្នកក៏ប្រាកដយ៉ាងនោះដែរ អ្នកប្រាកដយ៉ាងណា រាមៈ ក៏ប្រាកដយ៉ាងនោះដែរ ម្នាលអាវុសោ ឥឡូវនេះ អ្នកចូរមក អ្នកចូរគ្រប់គ្រង​គណៈ​នេះចុះ។ ម្នាលភារទ្វាជៈ ឯឧទ្ទកតាបសរាមបុត្រ ជាសព្រហ្មចារីរបស់តថាគត តាំង​តថាគត ក្នុងទីជាអាចារ្យ ទាំងបូជាតថាគត ដោយគ្រឿងបូជា ដ៏លើសលុប ដោយប្រការដូច្នេះ។ ម្នាលភារទ្វាជៈ តថាគត មាន​សេចក្តី​ត្រិះរិះ យ៉ាងនេះថា ធម៌នេះ មិនប្រព្រឹត្តទៅ ដើម្បី​សេចក្តីនឿយណាយ មិនប្រព្រឹត្តទៅ ដើម្បីប្រាសចាកតម្រេក មិនប្រព្រឹត្តទៅ ដើម្បី​​រំលត់ទុក្ខ មិន​ប្រព្រឹត្តទៅ ដើម្បីសេចក្តី​ស្ងប់ មិន​ប្រព្រឹត្តទៅ ដើម្បីសេចក្តី​ដឹងច្បាស់ មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីត្រាស់ដឹង មិនប្រព្រឹត្តទៅ ដើម្បីព្រះនិព្វានទេ ​ប្រព្រឹត្តទៅបាន ត្រឹមតែទៅកើតក្នុង​នេវសញ្ញានាសញ្ញាយតនភព​ប៉ុណ្ណោះឯង។ ម្នាលភារទ្វាជៈ តថាគតឯង មិនល្មម​ចិត្ត​នឹងធម៌នោះ នឿយណាយចាកធម៌នោះ ហើយក៏ចៀសចេញទៅ។

[១៥៧] ម្នាលភារទ្វាជៈ តថាគត ស្វែងរកនូវកឹកុសល ស្វែងរកនូវសន្តិវរបទ រក​គុណជាតដទៃ​ក្រៃលែងជាងគ្មាន ត្រាច់ទៅកាន់ចារិក ក្នុងដែន​មគធៈ តាមលំដាប់ ក៏បាន​ដល់​សេនានិគម ក្នុងឧរុវេលាប្រទេស។ ក្នុងទីនោះ តថាគត បានឃើញភូមិភាគ (ចំណែក​ផែនដី) ជាទីគួរត្រេកអរផង នូវ​ដង​ព្រៃ ជាទីនាំមកនូវ​សេចក្តីជ្រះថ្លាផង នូវស្ទឹង​កំពុង​ហូរទៅ មានទឹកត្រជាក់ មានកំពង់ដ៏ល្អ ជាទីគួរត្រេកអរផង នូវ​ស្រុក​ជាទីគោចរ​ជុំវិញ​ផង។ ម្នាលភារទ្វាជៈ តថាគត មានសេចក្តីត្រិះរិះ យ៉ាងនេះថា ឱហ្ន៎ ភូមិភាគនេះ ជាទីគួរត្រេកអរផង ដងព្រៃជាទីនាំមកនូវសេចក្តីជ្រះថ្លាផង ស្ទឹងកំពុងហូរទៅ មានទឹកត្រជាក់ មានកំពង់ដ៏ល្អ ជាទីគួរត្រេកអរផង ស្រុកជាទីគោចរជុំវិញផង ទីនេះ ជាទីគួរ​តាំងសេចក្តីព្យាយាម របស់កុលបុត្តអ្នក​ត្រូវការដោយសេចក្តីព្យាយាម។ ម្នាលភារទ្វាជៈ តថាគត អង្គុយក្នុងទីនោះ ដោយគិតថា ទីនេះជាទីគួរដល់សេចក្តី​ព្យាយាម។

[១៥៨] ម្នាលភារទ្វាជៈ សេចក្តីឧបមា៣យ៉ាង មិនជាទីអស្ចារ្យប៉ុន្មាន ដែល​តថាគត មិនធ្លាប់បានស្តាប់ក្នុងកាលមុន ក៏ប្រាកដឡើង ដល់តថាគត។ ម្នាលភារទ្វាជៈ ដូចកំណាត់ឈើស្រស់មានជ័រ ដែល​ត្រាំទឹក មានបុរសកាន់យក​នូវឈើពំនួតភ្លើង​ខាងលើដើរមក ដោយគិតថា អាត្មាអញ នឹងពួតភ្លើងឲ្យកើតឡើង នឹងធ្វើភ្លើងឲ្យ​ឆេះឡើង ម្នាលភារទ្វាជៈ អ្នកសំគាល់សេចក្តីនោះ ដូចម្តេច បុរសនោះ អាចកាន់យកនូវពំនួត​ភ្លើងខាងលើ មកពួតគ្នានឹងកំណាត់ឈើស្រស់ នៅមានជ័រដែល​ត្រាំទឹក តើធ្វើភ្លើងឲ្យកើតឡើង ធ្វើភ្លើងឲ្យឆេះឡើងបានដែរឬ។ បពិត្រព្រះគោតមដ៏ចំរើន ហេតុនេះមិនធ្លាប់មានទេ ដំណើរនោះ ព្រោះ​ហេតុអ្វី បពិត្រព្រះគោតមដ៏ចំរើន ព្រោះថា កំណាត់ឈើឯណោះ នៅស្រស់ មានជ័រ មួយទៀត កំណាត់​ឈើ​នោះ ត្រាំទឹកផង ឯបុរសនោះឯង គ្រាន់តែមានចំណែក នៃសេចក្តី​លំបាកកាយ លំបាកចិត្តប៉ុណ្ណោះ។ ម្នាលភារទ្វាជៈ សេចក្តីនុ៎ះ មានឧបមេយ្យ​ដូច​សមណៈ ឬព្រាហ្មណ៍ណាមួយ មិនស្ងប់​ស្ងាត់ ចាកកាមទាំងឡាយ ដោយកាយផង សេចក្តីប្រាថ្នាក្នុងកាម សេចក្តីស្នេហាក្នុងកាម សេចក្តីជ្រុលជ្រប់ក្នុងកាម សេចក្តីស្រេកឃ្លានក្នុងកាម សេចក្តី​ក្តៅ​ក្រហាយ​ក្នុងកាម​ទាំងឡាយណា របស់សមណព្រាហ្មណ៍ទាំងនោះ សេចក្តីប្រាថ្នាក្នុង​កាមជាដើមនោះ មិនបានសាបសូន្យដោយងាយ មិនបានស្ងប់រម្ងាប់ដោយងាយ ក្នុងចិត្ត​ផង បើទុក​ជាសមណព្រាហ្មណ៍ ដ៏ចំរើនទាំងនោះ ទទួលវេទនាជាទុក្ខ ក្លៀវក្លា ក្តៅក្រហាយ ដែលកើតអំពីសេចក្តី​ព្យាយាម សមណព្រាហ្មណ៍ទាំងនោះ ក៏មិនគួរ ដើម្បី​ដឹង ដើម្បី​ឃើញ ដើម្បីត្រាស់ដឹង ដ៏ប្រសើរឡើយ បើទុកជាសមណព្រាហ្មណ៍ ដ៏ចំរើន​ទាំងនោះ មិនបានទទួលនូវវេទនា ជាទុក្ខ ក្លៀវក្លា ក្តៅក្រហាយ ដែល​កើតអំពី​សេចក្តី​ព្យាយាមទេ ​សមណព្រាហ្មណ៍​ទាំងនោះ ក៏នៅតែមិនគួរ ​ដើម្បីដឹង ដើម្បីឃើញ ដើម្បីត្រាស់​ដឹង​ដ៏ប្រសើរទេ។ ម្នាលភារទ្វាជៈ នេះសេចក្តីឧបមាទី១ មិនជាទីអស្ចារ្យប៉ុន្មាន ដែលតថាគត មិន​ធ្លាប់បានស្តាប់មកក្នុងកាលមុន ក៏ប្រាកដឡើងដល់តថាគត។

[១៥៩] ម្នាលភារទ្វាជៈ សេចក្តីឧបមាទី២ដទៃទៀត មិនជាទីអស្ចារ្យប៉ុន្មាន ដែល​តថាគត មិនធ្លាប់បានស្តាប់មកក្នុងកាលមុន ក៏ប្រាកដឡើង ដល់តថាគត។ ម្នាលភារទ្វាជៈ ដូចកំណាត់ឈើស្រស់មានជ័រ នៅលើគោក ឆ្ងាយអំពីទឹក មានបុរសកាន់យក​ឈើ​ពំនួតភ្លើងខាងលើដើរមក ដោយគិតថា អាត្មាអញ នឹងធ្វើភ្លើងឲ្យកើតឡើង នឹងធ្វើភ្លើង​ឲ្យ​ឆេះឡើង ម្នាលភារទ្វាជៈ អ្នកសំគាល់សេចក្តីនោះ ដូចម្តេច បុរសនោះ អាចកាន់​យកពំនួតភ្លើងខាងលើ មកពួតគ្នានឹងកំណាត់ឈើស្រស់ឯណោះ ដែលមានជ័រ នៅលើគោក ឆ្ងាយអំពីទឹក តើធ្វើភ្លើងឲ្យកើតឡើង ធ្វើភ្លើងឲ្យឆេះឡើងបានឬទេ។ បពិត្រព្រះគោតមដ៏ចំរើន ហេតុនេះមិនធ្លាប់មានទេ សេចក្តីនោះ ព្រោះ​ហេតុអ្វី បពិត្រព្រះគោតមដ៏ចំរើន ព្រោះថា កំណាត់ឈើឯណោះ ជាឈើស្រស់ នៅមានជ័រ ទោះបីនៅលើគោក ឆ្ងាយអំពីទឹកក៏ដោយ ឯបុរសនោះ គ្រាន់តែមានចំណែក នៃសេចក្តី​លំបាកកាយ លំបាកចិត្តប៉ុណ្ណោះឯង។ ម្នាលភារទ្វាជៈ សេចក្តីនុ៎ះ មានឧបមេយ្យ​ដូច​សមណៈ ឬព្រាហ្មណ៍ឯណានីមួយ ស្ងប់ស្ងាត់ចាកកាមទាំងឡាយ ដោយកាយពិតមែន​ហើយ តែសេចក្តីប្រាថ្នាក្នុងកាម សេចក្តីស្នេហាក្នុងកាម សេចក្តីជ្រុលជ្រប់ក្នុងកាម សេចក្តីស្រេកឃ្លានក្នុងកាម សេចក្តី​ក្តៅ​ក្រហាយ ក្នុងកាមទាំងឡាយណា របស់សមណ​ព្រាហ្មណ៍ទាំងនោះ សេចក្តីប្រាថ្នាក្នុង​កាមជាដើមនោះ មិនបានសាបសូន្យស្រឡះ មិនបានស្ងប់រម្ងាប់ស្រឡះ ក្នុងចិត្តនៅឡើយ បើទុកជាសមណព្រាហ្មណ៍ ដ៏ចំរើន​ទាំងនោះ សោយនូវវេទនាជាទុក្ខ ក្លៀវក្លា ក្តៅក្រហាយ ដែលកើតអំពីសេចក្តី​ព្យាយាម សមណព្រាហ្មណ៍ទាំងនោះ ក៏មិនគួរ ដើម្បី​ដឹង ដើម្បីឃើញ ដើម្បីត្រាស់ដឹង ដ៏ប្រសើរ​ឡើយ បើទុកជាសមណព្រាហ្មណ៍​ទាំងនោះ មិនបានទទួលនូវវេទនា ជាទុក្ខ ក្លៀវក្លា ក្តៅក្រហាយ ដែល​កើតអំពី​សេចក្តី​ព្យាយាមទេ ​សមណព្រាហ្មណ៍​ទាំងនោះ ក៏គង់តែមិនគួរ ​ដើម្បីដឹង ដើម្បីឃើញ ដើម្បីត្រាស់ដឹងដ៏ប្រសើរក៏ទេ។ ម្នាលភារទ្វាជៈ នេះជាសេចក្តីឧបមាទី២ មិនជាទីអស្ចារ្យប៉ុន្មាន ដែលតថាគត មិន​ធ្លាប់បានស្តាប់​មកក្នុង​កាល​មុន ក៏ប្រាកដឡើងដល់តថាគត។

[១៦០] ម្នាលភារទ្វាជៈ សេចក្តីឧបមាទី៣ដទៃទៀត មិនជាទីអស្ចារ្យប៉ុន្មាន ដែល​តថាគត មិនធ្លាប់បានស្តាប់មកក្នុងកាលមុន ក៏ប្រាកដឡើង ដល់តថាគត។ ម្នាលភារទ្វាជៈ ដូចកំណាត់ឈើស្ងួត អស់សម្ងួតនៅលើគោក ឆ្ងាយអំពីទឹក មានបុរសកាន់យក​ឈើ​ពំនួតភ្លើងខាងលើដើរមក ដោយគិតថា អាត្មាអញ នឹងធ្វើភ្លើងឲ្យកើតឡើង ធ្វើភ្លើង​ឲ្យ​ឆេះឡើង ម្នាលភារទ្វាជៈ អ្នកសំគាល់សេចក្តីនោះ ដូចម្តេច បុរសនោះ អាចកាន់​យក​ពំនួតភ្លើងខាងលើ មកពួតគ្នា នឹងកំណាត់ឈើស្ងួតឯណោះ ដែលជាឈើអស់​សម្ងួត នៅលើគោក ឆ្ងាយអំពីទឹក តើធ្វើភ្លើងឲ្យកើតឡើង ធ្វើភ្លើងឲ្យឆេះឡើងបានដែរឬ។ ព្រះករុណា ព្រះគោតមដ៏ចំរើន សេចក្តីនោះ ព្រោះ​ហេតុអ្វី បពិត្រព្រះគោតមដ៏ចំរើន ព្រោះកំណាត់ឈើឯណោះ ជាឈើស្ងួត អស់សម្ងួត ទាំងឈើនោះ ក៏នៅលើគោក ឆ្ងាយអំពីទឹកផង។ ម្នាលភារទ្វាជៈ រឿងនេះ មានឧបមេយ្យ​ដូចជា​សមណៈ ឬព្រាហ្មណ៍​ណានីមួយ ស្ងប់ស្ងាត់ចាកកាមទាំងឡាយ ដោយកាយផង សេចក្តីប្រាថ្នាក្នុងកាម សេចក្តី​ស្នេហាក្នុងកាម សេចក្តីជ្រុលជ្រប់ក្នុងកាម សេចក្តីស្រេកឃ្លានក្នុងកាម សេចក្តី​ក្តៅ​ក្រហាយ ក្នុងកាមទាំងឡាយណា របស់សមណ​ព្រាហ្មណ៍ទាំងនោះ សេចក្តីប្រាថ្នាក្នុង​កាមជាដើមនោះ ក៏សាបសូន្យស្រឡះ ស្ងប់រម្ងាប់ស្រឡះ ក្នុងចិត្តផង បើទុកជា​សមណ​ព្រាហ្មណ៍ ដ៏ចំរើន​ទាំងនោះ ទទួលនូវវេទនាជាទុក្ខ ក្លៀវក្លា ក្តៅក្រហាយ ដែលកើតអំពី​សេចក្តី​ព្យាយាម សមណព្រាហ្មណ៍ទាំងនោះ ក៏គួរ ដើម្បី​ដឹង ដើម្បីឃើញ ដើម្បីត្រាស់ដឹង ដ៏ប្រសើរ​ពិត ឬបើទុកជាសមណព្រាហ្មណ៍​ ដ៏ចំរើនទាំងនោះ មិនទទួលនូវវេទនា ជាទុក្ខ ក្លៀវក្លា ក្តៅក្រហាយ ដែល​កើតអំពី​សេចក្តី​ព្យាយាមទេ ​សមណព្រាហ្មណ៍​ទាំងនោះ ក៏គង់តែគួរ ​ដើម្បីដឹង ដើម្បីឃើញ ដើម្បីត្រាស់ដឹង ដ៏ប្រសើរពិត យ៉ាងនោះឯង។ ម្នាលភារទ្វាជៈ នេះជាសេចក្តីឧបមាទី៣ មិនជាទីអស្ចារ្យប៉ុន្មាន ដែលតថាគត មិន​ធ្លាប់បានស្តាប់​មកក្នុង​កាល​មុន ក៏ប្រាកដឡើង ដល់តថាគត។ ម្នាលភារទ្វាជៈ ឧបមា ទាំង៣នេះឯង មិនជាទីអស្ចារ្យប៉ុន្មាន ដែលតថាគត មិន​ធ្លាប់បានស្តាប់​មកក្នុង​កាល​មុន ក៏ប្រាកដឡើងដល់តថាគត។

[១៦១] ម្នាលភារទ្វាជៈ តថាគតនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា បើដូច្នោះ គួរ​តែ​អាត្មាអញ យកធ្មេញសង្កត់ធ្មេញ យកអណ្តាតទល់ពិតាន សង្កត់សង្កិន គាបត្បុត ដុត​កំដៅចិត្តដោយចិត្ត។ ម្នាលភារទ្វាជៈ តថាគតឯង ក៏យកធ្មេញសង្កត់ធ្មេញ យកអណ្តាត​ទល់ពិតាន សង្កត់សង្កិន គាបត្បុត ដុត​កំដៅចិត្តដោយចិត្ត។ ម្នាលភារទ្វាជៈ កាល​បើ​តថាគត យកធ្មេញសង្កត់ធ្មេញ យកអណ្តាតទល់ពិតាន សង្កត់សង្កិន គាបត្បុត ដុត​កំដៅចិត្តដោយចិត្តទៅហើយ ញើសក៏ហូរចេញអំពីក្លៀក។ ម្នាលភារទ្វាជៈ ដូចបុរស​មានកំឡាំង ចាប់បុរសដែលខ្សោយ ត្រង់ក្បាលក្តី ត្រង់កក្តី សង្កត់​សង្កិន គាបត្បុត ដុតកំដៅ យ៉ាងណាមិញ ម្នាលភារទ្វាជៈ កាលបើតថាគត យកធ្មេញសង្កត់ធ្មេញ យកអណ្តាតទល់ពិតាន សង្កត់សង្កិន គាបត្បុត ដុត​កំដៅចិត្តដោយចិត្តទៅហើយ ញើសក៏ហូរចេញអំពីក្លៀក យ៉ាងនោះឯង។ ម្នាលភារទ្វាជៈ សេចក្តីព្យាយាម របស់​តថាគត តឹងតែង មិនបានធូរថយទេ សតិរបស់តថាគត តម្កល់ខ្ជាប់ មិនបានភ្លេច ឯកាយ​របស់តថាគត ដែលត្រូវសេចក្តីព្យាយាមគ្របសង្កត់ហើយ ព្រោះសេចក្តីព្យាយាម ដ៏លំបាកនោះឯង ក៏ប្រកបដោយសេចក្តីក្រវល់ក្រវាយ មិនបានស្ងប់រម្ងាប់។

[១៦២] ម្នាលភារទ្វាជៈ តថាគតនោះមានសេចក្តីត្រិះរិះ យ៉ាងនេះថា បើដូច្នោះ គួរតែអាត្មាអញ ចំរើននូវអប្បានកជ្ឈាន (ឈានសម្រេចដោយមិនមានខ្យល់ដង្ហើម​ចេញចូល)។ ម្នាលភារទ្វាជៈ តថាគត ក៏បិទខ្យល់ដង្ហើមចេញចូល អំពីមាត់ផង អំពីច្រមុះផង។ ម្នាលភារទ្វាជៈ កាលបើតថាគត បិទខ្យល់​ដង្ហើមចេញចូល អំពីមាត់ និងច្រមុះហើយ ខ្យល់ដែលចេញអំពីរន្ធត្រចៀក ក៏មានសំឡេងឮខ្លាំង។ ដូចជា​ស្នប់​របស់​ជាង​លោហៈ កាលបើគេ​សប់ ក៏មានសំឡេងឮខ្លាំង យ៉ាងណាមិញ ម្នាលភារទ្វាជៈ កាលបើតថាគត បិទខ្យល់ដង្ហើម​ចេញចូលអំពីមាត់ និងច្រមុះហើយ ខ្យល់ដែល​ចេញ​មក​អំពីរន្ធត្រចៀក ក៏មានសំឡេងឮខ្លាំង យ៉ាងនោះឯង។ ម្នាលភារទ្វាជៈ សេចក្តី​ព្យាយាម របស់​តថាគត តឹងតែង មិនបានធូរថយទេ សតិរបស់តថាគត តម្កល់ខ្ជាប់ មិនបានភ្លេច​ឯកាយរបស់តថាគត ដែលត្រូវសេចក្តីព្យាយាមគ្របសង្កត់ហើយ ព្រោះ​សេចក្តីព្យាយាម ដ៏លំបាកនោះឯង ក៏ប្រកបដោយសេចក្តីក្រវល់ក្រវាយ មិនបានស្ងប់រម្ងាប់។

[១៦៣] ម្នាលភារទ្វាជៈ តថាគតនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា បើដូច្នោះ គួរតែអាត្មាអញ ចំរើននូវអប្បានកជ្ឈាន។ ម្នាលភារទ្វាជៈ តថាគត​ឯង ក៏បិទខ្យល់​ដង្ហើមចេញចូល អំពីមាត់ផង អំពីច្រមុះផង អំពីរន្ធត្រចៀកផង។ ម្នាលភារទ្វាជៈ កាលបើ​តថាគត បិទខ្យល់​ដង្ហើមចេញចូល អំពីមាត់ ច្រមុះ និងរន្ធត្រចៀកហើយ ខ្យល់ខ្លាំង ក៏ចាក់ដោតអំបែងក្បាល។ ម្នាលភារទ្វាជៈ ដូចបុរសមានកំឡាំង ចាក់ដោត​អំបែងក្បាល ដោយដែកស្រួចដ៏មុត យ៉ាងណាមិញ ម្នាលភារទ្វាជៈ កាលបើតថាគត បិទខ្យល់​ដង្ហើមចេញចូល អំពីមាត់ ច្រមុះ និងរន្ធត្រចៀកហើយ ខ្យល់ខ្លាំង ក៏ចាក់ដោត​អំបែងក្បាល យ៉ាងនោះឯង។ ម្នាលភារទ្វាជៈ សេចក្តី​ព្យាយាម របស់​តថាគត តឹងតែង​មិនបានធូរថយទេ សតិរបស់តថាគត តម្កល់ខ្ជាប់មិនបានភ្លេច ឯកាយ​របស់​តថាគត ដែលត្រូវសេចក្តីព្យាយាមគ្របសង្កត់ហើយ ព្រោះ​សេចក្តីព្យាយាម ដ៏លំបាកនោះឯង ក៏ប្រកបដោយសេចក្តីក្រវល់ក្រវាយ មិនបានស្ងប់រម្ងាប់។

[១៦៤] ម្នាលភារទ្វាជៈ តថាគតនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា បើដូច្នោះ គួរតែអាត្មាអញ ចំរើននូវអប្បានកជ្ឈាន តទៅទៀត។ ម្នាលភារទ្វាជៈ តថាគតឯង ក៏​បិទនូវខ្យល់​ដង្ហើមចេញចូល អំពីមាត់ផង អំពីច្រមុះផង អំពីរន្ធ​ត្រចៀក​ផង។ ម្នាលភារទ្វាជៈ កាលបើតថាគត បិទខ្យល់​ដង្ហើមចេញចូល អំពីមាត់ អំពីច្រមុះ និងរន្ធត្រចៀកហើយ ក៏កើតមានទុក្ខវេទនា ក្នុងក្បាលដ៏ក្រៃលែង។ ម្នាលភារទ្វាជៈ ដូចបុរសមានកំឡាំង​ យកកំណាត់​ព្រ័ត្រដ៏មាំ មករុំព័ទ្ធក្បាល យ៉ាងណាមិញ ម្នាលភារទ្វាជៈ កាលបើតថាគត បិទខ្យល់​ដង្ហើមចេញចូល អំពីមាត់ អំពីច្រមុះ និងរន្ធត្រចៀកហើយ ក៏កើតមានទុក្ខវេទនា​ក្នុង​ក្បាលដ៏ក្រៃលែង យ៉ាងនោះឯង។ ម្នាលភារទ្វាជៈ ​សេចក្តី​ព្យាយាម របស់តថាគត តឹងតែងណាស់ មិនបានធូរថយទេ សតិរបស់​តថាគត តម្កល់ខ្ជាប់ មិនបានភ្លេច ឯ​កាយរបស់តថាគត ដែលត្រូវសេចក្តី​ព្យាយាម​គ្របសង្កត់ហើយ ព្រោះ​សេចក្តីព្យាយាម ដ៏លំបាកនោះឯង ក៏ប្រកបដោយ​សេចក្តីក្រវល់ក្រវាយ មិនបានស្ងប់រម្ងាប់។

[១៦៥] ម្នាលភារទ្វាជៈ តថាគតនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា បើ​ដូច្នោះ គួរតែអាត្មាអញ ចំរើននូវអប្បានកជ្ឈានតទៅទៀត។ ម្នាលភារទ្វាជៈ តថាគត ក៏​បិទនូវ​ខ្យល់​​ដង្ហើមចេញចូល អំពីមាត់ផង អំពីច្រមុះផង អំពីរន្ធត្រចៀកផង។ ម្នាល​ភារទ្វាជៈ ​ កាលបើតថាគត បិទខ្យល់​ដង្ហើមចេញចូល អំពីមាត់ អំពីច្រមុះ និងរន្ធត្រចៀកហើយ ខ្យល់ខ្លាំង ក៏វះអារនូវផ្ទៃ។ ម្នាលភារទ្វាជៈ ដូចគោឃាតកៈ (អ្នកសម្លាប់គោ) ក្តី កូនសិស្សរបស់គោឃាតកៈក្តី ដែលឈ្លាសវៃ វះអារនូវផ្ទៃដោយកាំបិតសម្រាប់អារ​គោដ៏មុត យ៉ាងណាមិញ ម្នាលភារទ្វាជៈ កាលបើតថាគត បិទខ្យល់​ដង្ហើមចេញចូល អំពីមាត់ អំពីច្រមុះ និងរន្ធត្រចៀកហើយ ខ្យល់ខ្លាំង ក៏វះអារនូវ​ផ្ទៃ យ៉ាងនោះឯង។ ម្នាលភារទ្វាជៈ សេចក្តី​ព្យាយាម របស់តថាគត តឹងតែងណាស់ មិនបានធូរថយទេ សតិរបស់តថាគត ​តម្កល់ខ្ជាប់ មិនបានភ្លេច ឯកាយរបស់តថាគត ដែល​ត្រូវសេចក្តី​ព្យាយាមគ្របសង្កត់ហើយ ព្រោះ​សេចក្តីព្យាយាម ដ៏លំបាកនោះឯង ក៏ប្រកបដោយសេចក្តីក្រវល់ក្រវាយ មិនបានស្ងប់រម្ងាប់។

[១៦៦] ម្នាលភារទ្វាជៈ តថាគតនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា បើ​ដូច្នោះ គួរតែអាត្មាអញ ចំរើននូវអប្បានកជ្ឈានតទៅទៀត។ ម្នាលភារទ្វាជៈ តថាគតឯង ក៏បិទខ្យល់​ដង្ហើមចេញចូល អំពីមាត់ផង អំពីច្រមុះផង អំពីរន្ធត្រចៀកផង។ ម្នាលភារទ្វាជៈ កាលបើតថាគត បិទខ្យល់​ដង្ហើមចេញចូល អំពីមាត់ អំពីច្រមុះ និងរន្ធត្រចៀកហើយ ក៏កើតមានសេចក្តីក្តៅក្រហាយ ក្នុងកាយដ៏ក្រៃលែង។ ម្នាលភារទ្វាជៈ ដូចបុរសមានកំឡាំង ចាប់បុរស​ដែល​ខ្សោយ ឰដ៏ដើមដៃមួយម្ខាង ហើយកំដៅ ក្នុងរណ្តៅដ៏ពេញ ដោយរងើកភ្លើង យ៉ាងណាមិញ ម្នាលភារទ្វាជៈ កាលបើតថាគត បិទខ្យល់​ដង្ហើមចេញចូល អំពីមាត់ អំពីច្រមុះ និងរន្ធត្រចៀកហើយ ក៏កើតមានសេចក្តីក្តៅក្រហាយ ក្នុងកាយដ៏ក្រៃលែង យ៉ាងនោះឯង។ ម្នាលភារទ្វាជៈ សេចក្តី​ព្យាយាម របស់តថាគត តឹងតែងណាស់ មិនបានធូរថយទេ សតិរបស់តថាគត​​តម្កល់ខ្ជាប់ មិនបានភ្លេច ឯ​កាយរបស់តថាគត ដែលត្រូវសេចក្តីព្យាយាម​គ្រប​សង្កត់​ហើយ ព្រោះសេចក្តីព្យាយាមដ៏លំបាកនោះឯង ក៏ប្រកបដោយសេចក្តីក្រវល់ក្រវាយ មិនបានស្ងប់រម្ងាប់។ ម្នាលភារទ្វាជៈ ពួកទេវតាបានឃើញតថាគតហើយ ក៏ពោល​យ៉ាងនេះថា ព្រះសមណគោតម ធ្វើមរណកាលទៅហើយ។ ឯទេវតាពួកខ្លះ​ ពោល​យ៉ាង​នេះថា ព្រះសមណគោតម មិនមែនធ្វើមរណកាលហើយទេ ប៉ុន្តែ​ជិតនឹងធ្វើមរណកាល​ហើយ។ ទេវតាពួកខ្លះ ពោលយ៉ាងនេះថា ព្រះសមណគោតម ធ្វើមរណកាលរួចហើយ ក៏មិនមែន ជិតនឹងធ្វើមរណកាល ក៏មិនមែន ព្រះសមណគោតម ជាព្រះអរហន្ត ទ្រង់គង់​សម្រាន្ត​នៅទេតើ ឯធម៌ជាគ្រឿង​នៅ របស់​ព្រះអរហន្ត មានសភាពយ៉ាងនោះឯង។

[១៦៧] ម្នាលភារទ្វាជៈ តថាគតនោះ មានសេចក្តីត្រិះរិះ​យ៉ាងនេះថា បើដូច្នោះ គួរ​តែអាត្មាអញ ប្រតិបត្តិ ដើម្បី​ផ្តាច់បង់អាហារ។ ម្នាលភារទ្វាជៈ លំដាប់​នោះ ទេវតាទាំងនោះ ចូលមករកតថាគតហើយ ពោលឃាត់យ៉ាង​នេះថា បពិត្រព្រះអង្គ អ្នកនិទ៌ុក្ខ ព្រះអង្គកុំប្រតិបត្តិ ដើម្បីផ្តាច់បង់អាហារទាំងអស់ឡើយ បពិត្រព្រះអង្គ អ្នកនិទ៌ុក្ខ បើព្រះអង្គនឹងប្រតិបត្តិ ដើម្បី​ផ្តាច់បង់អាហារទាំងអស់ហើយ យើងទាំងឡាយ​នឹងបញ្ចូលនូវ​ឱជារសទិព្វ តាមរណ្តៅនៃរោមព្រះអង្គ ព្រះអង្គនឹងបានញុំាងអត្តភាព ឲ្យប្រព្រឹត្តទៅ ដោយសារឱជារសនោះ។ ម្នាលភារទ្វាជៈ តថាគតនោះ មានសេចក្តីត្រិះរិះ យ៉ាង​នេះថា បើអាត្មាអញ ប្តេជ្ញាខ្លួនថា ជាអ្នកអត់អាហារទាំងអស់ផង ពួកទេវតានេះឯង គប្បីបញ្ចូលឱជារសទិព្វ តាមរណ្តៅនៃរោមអាត្មាអញផង ឯអាត្មាអញ គប្បីញុំាង​អត្តភាព ឲ្យប្រព្រឹត្តទៅ ដោយឱជារសនោះផង អំពើទាំង៣នោះ ជាអំពើកុហក របស់អាត្មាអញ។ ម្នាលភារទ្វាជៈ តថាគតនោះ ក៏ពោលហាមឃាត់ទេវតាទាំងនោះថា កុំឡើយ។

[១៦៨] ម្នាលភារទ្វាជៈ តថាគតនោះ មានសេចក្តី​ត្រិះរិះ​ យ៉ាងនេះថា បើដូច្នោះ គួរតែអាត្មាអញ បរិភោគអាហារបន្តិចៗ មួយទូកដៃ​ៗ ទោះគ្រាប់សណ្តែកបាយក្តី គ្រាប់ពពាយជ្រុងក្តី ​គ្រាប់សណ្តែក​កង់ក្តី គ្រាប់សណ្តែកទ្រើងក្តី។ ម្នាលភារទ្វាជៈ តថាគត ក៏បរិភោគ​អាហារបន្តិចៗ មួយទូកដៃៗ ទោះគ្រាប់សណ្តែកបាយក្តី គ្រាប់ពពាយជ្រុងក្តី ​គ្រាប់សណ្តែក​កង់ក្តី គ្រាប់សណ្តែកទ្រើងក្តី។ ម្នាលភារទ្វាជៈ កាលបើតថាគត ​បរិភោគ​អាហារបន្តិចៗ ​មួយទូកដៃៗ ទោះគ្រាប់សណ្តែកបាយ ឬគ្រាប់ពពាយជ្រុង ឬគ្រាប់​សណ្តែក​កង់ ឬគ្រាប់សណ្តែកទ្រើង កាយក៏ដល់នូវការស្គាំងស្គមក្រៃពេក។ ដូច​វល្លិលែនពែន ឬវល្លិយាវ យ៉ាងណាមិញ ព្រោះតែអាហារតិចនោះ អវយវៈតូចធំរបស់​តថាគត ក៏យ៉ាងនោះឯង។ ស្នាមជើងសត្វឱដ្ឋ យ៉ាងណាមិញ ព្រោះអាហារតិចនោះ ត្រគាករបស់តថាគត ក៏យ៉ាងនោះឯង។ លួសដែលគេវេញយ៉ាងណាមិញ ព្រោះតែ​អាហារតិចនោះ ឆ្អឹងខ្នង​របស់តថាគត ក៏ឡើងរដិបរដុប យ៉ាងនោះឯង។ បង្កង់សាលា ដែលគ្រាំគ្រារគីមរគាម យ៉ាងណាមិញ ព្រោះតែអាហារតិចនោះ របៀបឆ្អឹងជំនីររបស់​តថាគត ក៏រគីមរគាមយ៉ាងនោះឯង។ ក្រពេញទឹកក្នុងអណ្តូងទឹកដែលជ្រៅ ក៏ជ្រៅ​ខូងចុះទៅប្រាកដ យ៉ាងណាមិញ ព្រោះតែអាហារតិចនោះ ប្រស្រី​ភ្នែក​ក្នុង​រណ្តៅ​ភ្នែក​របស់តថាគត ក៏ជ្រៅខូង​ចុះទៅ ប្រាកដយ៉ាងនោះឯង។ ផ្លែននោងព្រៃ ដែលគេកាត់​ កាលនៅខ្ចី លុះមានខ្យល់ និងកំដៅថ្ងៃពាល់ត្រូវហើយ ក៏ស្វិតស្រពោន យ៉ាងណាមិញ ស្បែកក្បាល របស់តថាគត លុះអាហារតិចនោះ ពាល់ត្រូវហើយ ក៏ស្វិតស្រពោន​ យ៉ាងនោះឯង។ ម្នាលភារទ្វាជៈ តថាគតគិតថា អាត្មាអញ នឹងស្ទាបស្បែកពោះ ក៏ចាប់ត្រូវឆ្អឹងខ្នងទៅវិញ​ គិតថា អាត្មាអញ នឹងស្ទាប​ឆ្អឹង​ខ្នង ក៏ចាប់ត្រូវ​ស្បែកពោះទៅវិញ ម្នាលភារទ្វាជៈ ស្បែកពោះតថាគត ជាប់គ្នានឹង​ឆ្អឹង​ខ្នង ព្រោះតែអាហារ​តិចនោះឯង។ ម្នាលភារទ្វាជៈ តថាគត គិតថា អាត្មាអញ នឹងបន្ទោបង់នូវវច្ចៈក្តី នូវទឹកមូត្រក្តី ក៏ដួលផ្កាប់មុខចុះ ក្នុងទីនោះ ព្រោះតែអាហារ​តិចនោះឯង។ ម្នាលភារទ្វាជៈ តថាគត ថ្នាក់ថ្នមកាយនេះ ហើយ​បបោសអង្អែល​ខ្លួន​ដោយដៃ។ ម្នាលភារទ្វាជៈ កាលតថាគត បបោសអង្អែលខ្លួន​ដោយដៃ ឯរោម មាន​ឫស​ស្អុយ ក៏ធ្លាក់ចុះអំពីកាយ ព្រោះតែអាហារតិចនោះឯង។ ម្នាលភារទ្វាជៈ មនុស្សទាំង​ឡាយ បានឃើញ​តថាគតហើយ ក៏ពោលយ៉ាងនេះថា ព្រះសមណគោតម មាន​សម្បុរខ្មៅ។ តែមនុស្សខ្លះ ពោលយ៉ាងនេះថា ព្រះសមណគោតម មិនមែនខ្មៅទេ ព្រះសមណគោតម មានសម្បុរសណ្តែកបាយ។ មនុស្សខ្លះ ពោលយ៉ាងនេះថា ព្រះ​សមណគោតម មិនមែន​ខ្មៅ មិនមែន​សម្បុរសណ្តែកបាយទេ ព្រះសមណគោតម មានសម្បុរ​ប្រផែះទេតើ។ ម្នាលភារទ្វាជៈ តាមពិត សម្បុរស្បែករបស់តថាគត សបរិសុទ្ធ ផូរផង់ តែអាប់អន់ទៅ ព្រោះតែមានអាហារតិចនោះឯង។

[១៦៩] ម្នាលភារទ្វាជៈ តថាគតនោះ មានសេចក្តី​ត្រិះរិះ យ៉ាងនេះថា ​សមណៈ ឬព្រាហ្មណ៍ណានីមួយ ក្នុងអតីតកាល បានរងនូវវេទនា ជាទុក្ខ ក្លៀវក្លា ក្តៅក្រហាយ ដែល​កើតអំពីសេចក្តីព្យាយាម កំណត់ត្រឹមនេះ មិនហួសអំពីនេះឡើយ សមណៈ ឬព្រាហ្មណ៍ណានីមួយ ក្នុងអនាគតកាល នឹងរងនូវវេទនា ជាទុក្ខ ​ក្លៀវក្លា ក្តៅក្រហាយ ដែល​កើតអំពីសេចក្តីព្យាយាម កំណត់ត្រឹមនេះ មិនហួសអំពីនេះឡើយ សមណៈ ឬព្រាហ្មណ៍ ណានីមួយ ក្នុងកាលឥឡូវនេះ រងនូវវេទនា ជាទុក្ខ ​ក្លៀវក្លា ក្តៅក្រហាយ ដែល​កើតអំពីសេចក្តីព្យាយាម កំណត់ត្រឹមនេះ មិនហួសអំពីនេះឡើយ។ ចំណែក​តថាគត ក៏នៅតែមិនបានគុណវិសេស គឺញាណទស្សនៈដ៏ប្រសើរ អាច​កំចាត់បង់ នូវកិលេស ដ៏ក្រៃលែង ជាងមនុស្សធម៌ ដោយអំពើកម្រ ដ៏ក្តៅក្រហាយ​នេះឡើយ ទើបគិតថា ប្រហែលជាមានផ្លូវដទៃ ប្រព្រឹត្តទៅ ដើម្បីសេចក្តី​ត្រាស់ដឹងទេ​ដឹង។ ម្នាលភារទ្វាជៈ តថាគតនោះ មានសេចក្តីត្រិះរិះឃើញ យ៉ាងនេះថា អាត្មាអញ ធ្លាប់អង្គុយនៅក្នុង​ម្លប់ដើមព្រីង ដែលត្រជាក់ ក្នុងការងាររបស់សក្យៈជាបិតា ក៏បានស្ងាត់ចាកកាម ស្ងាត់ចាកអកុសល​ធម៌​ទាំងឡាយ បានសម្រេចបឋមជ្ឈាន ប្រកបដោយវិតក្កៈ វិចារៈ មានបីតិ និងសុខ ​កើតអំពីសេចក្តីស្ងាត់នោះ ក៏សម្រាន្តនៅ​ដោយ​ឥរិយាបថទាំង៤ ប្រហែលជាផ្លូវនុ៎ះឯង ប្រព្រឹត្តទៅ ដើម្បី​សេចក្តី​ត្រាស់ដឹងទេដឹង។ ម្នាលភារទ្វាជៈ តថាគតនោះ មានវិញ្ញាណ រឭកតាមនូវសតិថា ផ្លូវនុ៎ះឯង ទើបជាផ្លូវ​ប្រព្រឹត្តទៅ ដើម្បីសេចក្តីត្រាស់ដឹងពិត។ ម្នាលភារទ្វាជៈ តថាគតនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា ​សេចក្តីសុខណា ក្រៅអំពីកាមទាំងឡាយ ក្រៅអំពីអកុសលធម៌​ទាំង​ឡាយ អាត្មាអញ ខ្លាចសេចក្តីសុខនោះដែរឬហ្ន៎។ ម្នាលភារទ្វាជៈ តថាគត មានសេចក្តីត្រិះរិះ​ឃើញ យ៉ាងនេះថា ​សេចក្តីសុខណា ក្រៅអំពីកាមទាំងឡាយ ក្រៅអំពី​អកុសលធម៌​ទាំង​ឡាយ អាត្មាអញ មិនខ្លាចសេចក្តីសុខនោះឡើយ។

[១៧០] ម្នាលភារទ្វាជៈ តថាគតនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា បុគ្គល​ដែល​មាន​កាយ ដល់នូវការស្គាំងស្គមក្រៃពេក យ៉ាងនេះ មិនងាយនឹងបានសេចក្តីសុខនោះ​ឡើយ បើដូច្នោះ គួរតែ​អាត្មាអញ បរិភោគអាហារជាឱឡារិក គឺបាយ និងនំ ឲ្យ​ពេញ​លេញ។ ម្នាលភារទ្វាជៈ តថាគតឯង ក៏បាន​បរិភោគអាហារឱឡារិក គឺបាយ និងនំ។ ម្នាល​ភារទ្វាជៈ សម័យនោះឯង ភិក្ខុ៥រូប តាមមកបម្រើតថាគត ដោយគិតថា ព្រះ​សមណ​គោតម នឹងត្រាស់ដឹងធម៌​ណា មុខជានឹងប្រាប់ធម៌នោះ ដល់យើង​ទាំងឡាយ។ ម្នាលភារទ្វាជៈ កាលណា បើតថាគត បាន​បរិភោគ​អាហារឱឡារិក គឺបាយ និងនំហើយ កាលនោះ ​ភិក្ខុទាំង៥រូបនោះ នឿយណាយ​ចាកតថាគត ក៏នាំគ្នាចៀសចេញទៅ ដោយ​គិតថា ព្រះសមណគោតម ជាអ្នកល្មោភ សាបសូន្យ ចាកសេចក្តីព្យាយាម វិល​មកដើម្បី​សេចក្តី​ល្មោភ​វិញហើយ។

[១៧១] ម្នាលភារទ្វាជៈ លុះតថាគត​នោះ បរិភោគ​អាហារឱឡារិក មានកំឡាំង​ហើយ ក៏ស្ងប់ស្ងាត់ចាកកាមទាំងឡាយ។បេ។ បានសម្រេចបឋមជ្ឈាន ​សម្រាន្ត​នៅ ដោយឥរិយាបថ ទាំង៤ តថាគត បានសម្រេចទុតិយជ្ឈាន ជាធម្មជាត​កើត​ក្នុងសន្តានចិត្ត ប្រកបដោយ​សេចក្តីជ្រះថ្លា គឺសទ្ធា មានសភាព​ជាចិត្តខ្ពស់ឯក មិនមាន​វិតក្កៈ មិនមានវិចារៈ មានតែបីតិ និងសុខ កើតអំពីសមាធិ គឺបឋមជ្ឈាន ព្រោះរម្ងាប់​នូវ​វិតក្កៈ និងវិចារៈ ក៏សម្រាន្តនៅ ដោយឥរិយាបថទាំង៤ តថាគត មានចិត្តនឿយ​ណាយ ចាកបីតិផង ប្រកបដោយឧបេក្ខាផង មានស្មារតីដឹងខ្លួនផង បានទទួលនូវសុខ ដោយនាមកាយផង ព្រះអរិយទាំងឡាយ សរសើរនូវបុគ្គលនោះថា បុគ្គលដែល​បាន​នូវ​តតិយជ្ឈាន មានចិត្តប្រកបដោយឧបេក្ខា មានស្មារតី មានធម៌ជាគ្រឿងនៅជាសុខ ដូច្នេះ ព្រោះតតិយជ្ឈានណា ក៏បានសម្រេចនូវតតិយជ្ឈាននោះ សម្រាន្តនៅ ដោយឥរិយាបថ​ទាំង៤ តថាគត លះបង់នូវសុខផង លះបង់នូវទុក្ខផង មានសោមនស្ស និងទោមនស្ស​អស់ហើយ ក្នុងកាលមុន ក៏បានសម្រេចចតុត្ថជ្ឈាន ដែលមិនមានទុក្ខ មិនមានសុខ មានតែសតិ ដ៏បរិសុទ្ធ កើតអំពីឧបេក្ខា ​សម្រាន្ត​នៅ ដោយឥរិយាបថទាំង៤។

[១៧២] កាលបើចិត្តតំកល់ខ្ជាប់ បរិសុទ្ធ ផូរផង់ មិនមានទីទួល គឺកិលេស ប្រាសចាកឧបក្កិលេស មានសភាព​ជាចិត្តទន់ គួរដល់ភាវនាកម្ម ជាចិត្តនឹងធឹង ដល់នូវសេចក្តីមិន​ញាប់​ញ័រ ទៅតាមអារម្មណ៍ យ៉ាងនេះហើយ តថាគតនោះ បង្អោនចិត្តទៅ ដើម្បី​បុព្វេនិវាសានុស្សតិញ្ញាណ។ តថាគតនោះ រលឹកឃើញ នូវបុព្វេនិវាស​​ជាច្រើនប្រការ គឺរលឹកឃើញ ១ជាតិខ្លះ ២ជាតិខ្លះ។បេ។ រលឹកឃើញ នូវបុព្វេនិវាសជាច្រើនប្រការ ព្រមទាំង​អាការ ព្រមទាំង​ឧទ្ទេស ដោយប្រការដូច្នេះ។ ម្នាលភារទ្វាជៈ បឋមវិជ្ជានេះឯង តថាគត បានក្នុង​វេលាបឋមយាម នៃរាត្រី ឯអវិជ្ជា បាត់ទៅ វិជ្ជាក៏កើតឡើង ងងឹត​បាត់ទៅ ពន្លឺក៏កើត​ឡើង ដល់តថាគត ដែលមិនប្រមាទ មានព្យាយាម ជាគ្រឿង​ដុតបង់នូវកិលេស មានចិត្តបញ្ជូន​ទៅ​រកព្រះនិព្វានតាមពិត។

[១៧៣] កាលបើចិត្តតាំងខ្ជាប់ បរិសុទ្ធ ផូរផង់ មិនមានទីទួល គឺកិលេស ប្រាសចាកឧបក្កិលេស មានសភាព​ជាចិត្តទន់ គួរដល់ភាវនាកម្ម ជាចិត្តនឹងធឹង ដល់នូវសេចក្តីមិន​ញាប់​ញ័រ ទៅតាមអារម្មណ៍ យ៉ាងនេះហើយ តថាគតនោះ ក៏បង្អោនចិត្តទៅ ដើម្បីចុតូបបាតញ្ញាណ (ប្រាជ្ញាដឹងនូវ​ចុតិ និងបដិសន្ធិ) របស់​សត្វទាំងឡាយ។ តថាគតនោះ មានចក្ខុជាទិព្វ ដ៏បរិសុទ្ធ កន្លងបង់នូវចក្ខុ ជារបស់​មនុស្សធម្មតា បានឃើញនូវសត្វទាំងឡាយ ដែលច្យុត ដែលកើត​ឡើង ជាសត្វថោក​ទាប ខ្ពង់ខ្ពស់ មានសម្បុរល្អ មានសម្បុរអាក្រក់ មានគតិល្អ មាន​គតិ​អាក្រក់។បេ។ ដឹងច្បាស់នូវសត្វទាំងឡាយ ដែលប្រព្រឹត្តទៅ សមគួរតាមកម្ម ម្នាលភារទ្វាជៈ ​វិជ្ជាទី២នេះឯង តថាគត បានក្នុងមជ្ឈិមយាម នៃរាត្រី ឯអវិជ្ជាបាត់ទៅ វិជ្ជាក៏កើតឡើង ងងឹត​បាត់ទៅ ពន្លឺក៏កើតឡើងដល់តថាគត ដែលមិនប្រមាទ មានព្យាយាម ជាគ្រឿងដុតបង់កិលេស មានចិត្តបញ្ជូនទៅរកព្រះនិព្វានតាមពិត។

[១៧៤] កាលបើចិត្តតាំងខ្ជាប់ បរិសុទ្ធ ផូរផង់ មិនមានទីទួល គឺ​កិលេស ប្រាសចាក​ឧបក្កិលេស មានសភាព​ជាចិត្តទន់ គួរដល់ភាវនាកម្ម ជាចិត្តនឹងធឹង ដល់នូវ​សេចក្តី​មិនញាប់​ញ័រ ទៅតាមអារម្មណ៍ យ៉ាងនេះហើយ តថាគតនោះ ក៏បង្អោនចិត្តទៅ ដើម្បី​អាសវក្ខយញ្ញាណ។22) តថាគតនោះ បានដឹងច្បាស់តាមពិតថា នេះជាទុក្ខ ដឹងច្បាស់តាមពិតថា នេះជាហេតុនាំឲ្យកើតទុក្ខ ដឹងច្បាស់តាមពិតថា នេះជា​ទីរលត់ទុក្ខ ដឹងច្បាស់តាមពិតថា នេះផ្លូវប្រតិបត្តិ ជាដំណើរទៅកាន់ទីរលត់ទុក្ខ ដឹងច្បាស់​តាមពិតថា នេះជាអាសវៈ ដឹងច្បាស់​តាមពិតថា នេះជាហេតុនាំឲ្យកើត​អាសវៈ ដឹងច្បាស់តាមពិតថា នេះជាទីរលត់អាសវៈ ដឹងច្បាស់តាមពិតថា នេះផ្លូវ​ប្រតិបត្តិ ជាដំណើរ​ទៅកាន់​ទី​រលត់អាសវៈ។ កាលបើតថាគត ដឹងយ៉ាងនេះ ឃើញយ៉ាងនេះ​ហើយ ចិត្តក៏រួចស្រឡះ ចាកកាមាសវៈផង ចិត្តក៏រួចស្រឡះ ចាក​ភវាសវៈផង ចិត្តក៏រួចស្រឡះ ចាកអវិជ្ជាសវៈផង កាលបើចិត្តរួចស្រឡះហើយ សេចក្តីដឹងថា ចិត្តរួចស្រឡះ ដូច្នេះ ក៏កើតមាន តថាគត ដឹងច្បាស់ថា កំណើតរបស់អាត្មាអញ អស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញ បានប្រព្រឹត្ត​គ្រប់គ្រាន់ហើយ សោឡសកិច្ច អាត្មាអញ ក៏បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ ម្នាលភារទ្វាជៈ វិជ្ជាទី៣ នេះឯង តថាគត បានហើយ ក្នុងបច្ឆិមយាមនៃរាត្រី ឯអវិជ្ជាបាត់ទៅ វិជ្ជាក៏កើតឡើង ងងឹត​បាត់ទៅ ពន្លឺក៏កើតឡើង ដល់តថាគត ដែលជាអ្នកមិនប្រមាទ មានព្យាយាម ជាគ្រឿង​ដុត​បង់នូវកិលេស មានចិត្ត​បញ្ជូនទៅរកព្រះនិព្វានតាមពិត។

[១៧៥] កាលបើព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ សគារវមាណព ពោលពាក្យនេះ នឹងព្រះមានព្រះភាគថា ឱហ្ន៎ ព្រះគោតមដ៏ចំរើន មានសេចក្តី​ព្យាយាម​មិនបានឈប់ ឱហ្ន៎ ព្រះគោតមដ៏ចំរើន ជាអរហន្តសម្មាសម្ពុទ្ធ មានសេចក្តីព្យាយាម ជារបស់​សប្បុរស បពិត្រព្រះគោតមដ៏ចំរើន ទេវតាមានមែនឬទេ។ ម្នាលភារទ្វាជៈ ពាក្យណាថា ទេវតាមានដូច្នេះ ពាក្យនុ៎ះ តថាគត ដឹងច្បាស់តាមហេតុពិត។ បពិត្រព្រះគោតមដ៏ចំរើន កាលបើខ្ញុំព្រះអង្គសួរថា ទេវតាមានមែនឬទេ ហេតុអ្វីក៏​ព្រះអង្គឆ្លើយថា ម្នាលភារទ្វាជៈ ពាក្យណាថា ទេវតាមានដូច្នេះ ពាក្យនុ៎ះ តថាគត ដឹងច្បាស់ តាមហេតុពិត បពិត្រព្រះគោតមដ៏ចំរើន កាលបើមានហេតុ​យ៉ាងនេះហើយ ពាក្យរបស់ព្រះអង្គ ជាពាក្យកុហកទទេ។ ម្នាលភារទ្វាជៈ បុគ្គលណា កាល​ដែលគេសួរថា ទេវតាមានមែនឬទេ ដូច្នេះ គប្បីពោលថា ទេវតាមានមែន ដូច្នេះក្តី មួយទៀត បុគ្គលណា ពោលថា ទេវតា យើងដឹងតាមហេតុពិត ទេវតា យើងដឹង​ច្បាស់​ហើយ ដូច្នេះក្តី។ ពាក្យណាថា ទេវតាមានដូច្នេះ មានតែវិញ្ញូបុរស ទើបអាចដល់​នូវ​សេចក្តីចូលចិត្តតាមពិត ក្នុងពាក្យនុ៎ះឯង។ ចុះព្រោះហេតុអ្វី បានជាព្រះគោតមដ៏ចំរើន មិនដោះស្រាយ​តាមបទខាងដើម ដល់ខ្ញុំព្រះអង្គ។ ម្នាលភារទ្វាជៈ ព្រោះថា ពាក្យណាថា ទេវតា​មានដូច្នេះ ពាក្យនុ៎ះ គេសន្មត ដោយសព្ទដ៏ខ្ពស់ ក្នុងលោក។

[១៧៦] កាលបើព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ សគារវមាណព ក៏​ក្រាបបង្គំទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះគោតមដ៏ចំរើន ភាសិតរបស់​ព្រះអង្គ ច្បាស់ពេកណាស់ បពិត្រព្រះគោតមដ៏ចំរើន ភាសិតរបស់​ព្រះអង្គ ​ច្បាស់ពេក​ណាស់ បពិត្រព្រះគោតមដ៏ចំរើន ប្រៀបដូចបុគ្គល ផ្ងារឡើងនូវរបស់ដែល​គេផ្កាប់ទុក ឬបើកឡើងនូវ​របស់ដែលគេបិទបាំង ឬប្រាប់ផ្លូវដល់បុគ្គលវង្វេងផ្លូវ ពុំនោះសោត ដូច​គេទ្រោលនូវប្រទីប បំភ្លឺក្នុងទីងងឹត ដោយគិតថា មនុស្សដែល​មានចក្ខុ រមែង​មើល​ឃើញ​នូវរូបទាំងឡាយបាន យ៉ាងណាមិញ ឯធម៌ដែលព្រះគោតមដ៏ចំរើន បានសំដែងហើយ ដោយអនេកបរិយាយ ក៏យ៉ាងនោះឯង ខ្ញុំព្រះអង្គ សូមដល់នូវព្រះគោតម ដ៏ចំរើន ទាំង​ព្រះធម៌ ទាំងព្រះភិក្ខុសង្ឃ ថាជាទីពឹង ទីរឭក សូម​ព្រះគោតមដ៏ចំរើន ជ្រាបនូវ​ខ្ញុំ​ព្រះអង្គ​ ថាជាឧបាសក ដល់នូវ​ព្រះរត្នត្រ័យជាទីពឹង ទីរលឹក ស្មើដោយជីវិត ចាប់ដើមតាំង​អំពីថ្ងៃ​នេះតទៅ។

ចប់ សគារវសូត្រ ទី១០។

ចប់ ព្រាហ្មណវគ្គ ទី៥។

ឧទ្ទាននៃវគ្គនោះ ដូច្នេះគឺ

រឿងព្រហ្មាយុព្រាហ្មណ៍ ១ សេលព្រាហ្មណ៍ ១ អស្សលាយនមាណព ១ ឃោដមុខព្រាហ្មណ៍ ១ ចង្កីព្រាហ្មណ៍ ១ ឯសុការីព្រាហ្មណ៍ ១ ធនញ្ជានីព្រាហ្មណ៍ ១ វាសេដ្ឋមាណព ១ សុភមាណព ១ សគារវមាណព ១។

ចប់ មជ្ឈិមបណ្ណាសកៈ។

ចប់ ភាគ២៥

មាតិកា

ទ. ?

លេខ ទំព័រ លេខ​សម្គាល់
សុត្តន្តបិដក sut
មជ្ឈិមនិកាយ sut.mn
មជ្ឈិមបណ្ណាសកៈ បញ្ចមភាគ sut.mn.vv2
ព្រាហ្មណវគ្គ sut.mn.v10
ព្រហ្មាយុសូត្រ ទី១ ? sut.mn.091
ការហៅរក​ឧត្តរមាណព ?
ឧត្តរមាណព​ចូលទៅគាល់​ព្រះមានព្រះភាគ ?
ការដើរជាប់តាមព្រះមានព្រះភាគ ?
ព្រះ​មហាបុរិសលក្ខណ ?
ឧទានរបស់​ព្រហ្មាយុព្រាហ្មណ៍ ?
ការហៅមាណពម្នាក់ ?
ការចូលទៅគាល់ព្រះមានព្រះភាគ ?
ការត្រិះរិះរបស់​ព្រះមានព្រះភាគ ?
ការសួរប្រស្នាចំពោះ​ព្រះមានព្រះភាគ ?
ទ្រង់សំដែងអនុបុព្វីកថា ?
ទ្រង់ចូលទៅកាន់ផ្ទះរបស់​ព្រហ្មាយុព្រាហ្មណ៍ ?
ការព្យាករណ៍គតិរបស់​ព្រហ្មាយុព្រាហ្មណ៍ ?
សេលសូត្រ ទី២ ? sut.mn.092
ការចូលទៅគាល់ព្រះមានព្រះភាគ ?
ការទទួលនិមន្តន៍​នៃ​ព្រះមានព្រះភាគ​ ?
សូរសំឡេងដែលរកបានដោយក្រ ?
សេលព្រាហ្មណ៍​ចូលទៅគាល់​ព្រះមានព្រះភាគ ?
ព្រះតម្រិះរបស់ព្រះមានព្រះភាគ ?
ការពោលសរសើរព្រះមានព្រះភាគ ?
ទ្រង់ចូលទៅកាន់អាស្រម​របស់​កេណិយជដិល ?
សេលភិក្ខុចូលទៅគាល់​ព្រះមានព្រះភាគ ?
ការពោលសរសើរព្រះមានព្រះភាគ ?
អស្សលាយនសូត្រ ទី៣ ? sut.mn.093
ការចូលទៅរក​អស្សលាយនមាណព ?
ការចូលទៅគាល់ព្រះមានព្រះភាគ ?
អកុសលកម្មបថ ?
ការចម្រើនមេត្តាចិត្ត ?
ឧបមាដោយការកាន់យកនូវគ្រឿងលម្អិត ?
ឧបមាដោយការបង្កាត់ភ្លើង ?
ឧបមាដោយការនៅរួមជាមួយនឹងព្រាហ្មណកញ្ញា ?
ឧបមាដោយការបង្កាត់សេះនិងបាលា ?
ទ្រង់ដំណាលរឿងព្រេង ?
ឃោដមុខសូត្រ ទី៤ ? sut.mn.094
បុគ្គល ៤ពួក ?
បរិស័ទ ២ពួក ?
បុគ្គលទីមួយ ?
បុគ្គលទីពីរ ?
បុគ្គលទីបី ?
បុគ្គលទីបួន ?
ការបរិបូណ៌ដោយសិក្ខា និងសាជីវៈ ?
ការសង្រួមឥន្រ្ទិយ ?
រូបជ្ឈានបួន ?
បុព្វេនិវាសានុស្សតិញ្ញាណ ?
ចុតូបបាតញ្ញាណ ?
អាសវក្ខយញ្ញាណ ?
ឃោដមុខព្រាហ្មណ៍ធ្វើសាលាសម្រាប់សង្ឃ ?
ចង្កីសូត្រ ទី៥ ? sut.mn.095
សេចក្តីសរសើរពុទ្ធគុណ ?
សេចក្តីសរសើរចង្កីព្រាហ្មណ៍ ?
ពោលសរសើរព្រះមានព្រះភាគ ?
ព្រះមានព្រះភាគទ្រង់ឃាត់​កាបទិកមាណព ?
ទ្រង់សួរតបទៅកាបទិកមាណព ?
ទ្រង់ព្យាករណ៍នូវការរក្សាសច្ចៈ ?
ទ្រង់ព្យាករណ៍នូវការកើតឡើងនៃសច្ចៈ ?
ទ្រង់ព្យាករណ៍នូវ​ធម៌មានឧបការៈច្រើន ?
កាបទិកមាណពដល់នូវត្រៃសរណៈ ?
ឯសុការីសូត្រ ទី៦ ? sut.mn.096
ទ្រង់សំដែងនូវការបំរើ ?
សំដែងអំពីទ្រព្យសម្រាប់ខ្លួន ?
ភាពនៃបុគ្គលត្រេកអរនឹងកុសលធម៌ ?
ធនញ្ជានិសូត្រ ទី៧ ? sut.mn.097
ការសួរដំណឹង​ធនញ្ជានិព្រាហ្មណ៍ ?
ការចូលទៅរក​ធនញ្ជានិព្រាហ្មណ៍ ?
ការប្រព្រឹត្តិខុសធម៌ និងការប្រព្រឹត្តិមិនស្មើ ?
ការសួរតបទៅ​ធនញ្ជានិព្រាហ្មណ៍ ?
ការប្រាប់នូវសេចក្តីទុក្ខជាទម្ងន់ ?
ការសួរតបទៅធនញ្ជានិព្រាហ្មណ៍ ?
អប្បមញ្ញាភាវនា ?
ការចូលទៅគាល់ព្រះមានព្រះភាគ ?
វាសេដ្ឋសូត្រ ទី៨ ? sut.mn.098
ការចូលទៅគាល់ព្រះមានព្រះភាគ ?
បញ្ហារបស់ព្រាហ្មណ៍ ?
ការព្យាករណ៍នូវពាក្យថាព្រាហ្មណ៍ ?
សុភសូត្រ ទី៩ ? sut.mn.099
ហេតុជាទីតាំងនៃការងារ ៤យ៉ាង ?
ការបញ្ញត្តិធម៌ ៥យ៉ាង ?
ឧបមាដោយបុរសខ្វាក់ពីកំណើត ?
ការសួរតបទៅសុភមាណព ?
សំដែងអំពីកាមគុណ ?
សំដែងអំពីឈាន ?
ការសួរតបទៅសុភមាណព ?
ការសួររកផ្លូវ ?
សម្តែងអំពីអប្បមញ្ញា ?
ជាណុស្សោណិព្រាហ្មណ៍​ជួបនឹងសុភមាណព ?
សគារវសូត្រ ទី១០ ? sut.mn.100
ការចូលទៅរកសគារវមាណព ?
ការទ្រង់ព្យាករណ៍នូវសេចក្តីផ្សេងគ្នានៃពួកសមណៈ និងព្រាហ្មណ៍ ?
សំដែងអំពីរឿងធ្លាប់មានមក ?
ទ្រង់ចូលទៅរកអាឡារតាបស ?
ទ្រង់ចូលទៅរកឧទ្ទកតាបស ?
ឧបមា ទី១ ?
ឧបមា ទី២ ?
ឧបមា ទី៣ ?
សេចក្តីព្យាយាមដ៏លំបាក ?
អប្បានកជ្ឈាន ?
ការសោយអាហារតិច ?
រូបជ្ឈាន ៤ ?
ចុតូបបាតញ្ញាណ ?
ការសរសើរព្រះមានព្រះភាគ ?
ការដល់នូវត្រៃសរណៈ ?

1)
សត្រូវខាងក្នុង មានសេចក្តីក្រោធជាដើម សត្រូវខាងក្រៅ មានស្តេចដទៃជាដើម។
2)
រាគៈ១ ទោសៈ១ មោហៈ១ មានៈ១ ទិដ្ឋិ១ អវិជ្ជា១ ទុច្ចរិត១ ធម៌ទាំង៧ប្រការនេះ ទុកដូចជាដម្បូល ជាគ្រឿងបិទបាំងសត្វ មិនឲ្យ​ឃើញ​ព្រះនិព្វាន។
3)
អដ្ឋកថា ថា សាច់ជាចន្លោះនៃស្លាបប្រជៀវទាំងពីរ។
4)
មួយជួរនឹមនោះ ប្រមាណ៩ចំអាម (អដ្ឋកថា)។
5)
បរិភោគអាហារឲ្យមានបាយជាភាគទី៤ គឺចំនួនម្ហូប៣ភាគ បាយ១ភាគ ជាភាគទី៤ នេះជាកំណត់យ៉ាងច្រើនបំផុត។ (អដ្ឋកថា)។
6)
ភិក្ខុដែលឃ្លុំ​ចីវរ​ឲ្យឡើងលើ ដរាបដល់ទល់នឹងឆ្អឹងចង្កា ហៅថា ឡើងលើពេក។ ភិក្ខុដែលឃ្លុំចីវរ​ឲ្យចុះក្រោម ដរាបដល់កជើង ហៅថា ចុះក្រោមពេក។
7)
ទុកជាខ្យល់​កំបុតត្បូង ក៏មិនអាច​បក់ឲ្យកក្រើកបានដែរ។ អដ្ឋកថា។
8)
សូរសេង គឺសូរសំឡេង សៀមយកទៅប្រើក្លាយជា សូរសៀង។
9)
គឺអណ្តាតដែលទន់វែង។
10)
បានដល់អរហត្តមគ្គ។
11)
បានដល់មគ្គទាំង៣ខាងក្រោម។
12)
អដ្ឋកថា ថា មណ្ឌប (បារាំង) ប្រក់សំពត់។
13)
ត្រូវថែមពាក្យថា មានជ័រជាអាហារខ្លះ ដូច្នេះ ទៅក្នុង​សៀវភៅទី២០ ទំព័រ២៩៣ បន្ទាត់ទី១៧ និងក្នុងសៀវភៅទី២៣ ទំព័រទី១៣ បន្ទាត់ទី១០ ឲ្យដូចជាសៀវភៅនេះផងចុះ ហើយត្រូវថែមបាលីថា និយាសភក្ខោ វា ហោតិ ក្នុងទំព័រ​ខាងបាលី ត្រង់កន្លែងនេះផង។
14)
ត្រូវកែសព្ទដែលថា សំបកផ្លែឈើ ក្នុងសៀវភៅទី២០ ទំព័រ២៩៤ បន្ទាត់ទី៩ និងសៀវភៅ​ទី២៣ ទំព័រទី១៤ បន្ទាត់ទី៤ មកជាសព្ទថា ចំរៀកក្តារ ដូច្នេះវិញ។
15)
ត្រូវកែសព្ទថា ដកសក់ និងពុកមាត់ ក្នុងសៀវភៅទី១៥ ទំព័រទី៩០ បន្ទាត់ទី៤ មកជាសព្ទថា ទុកសក់ និងពុកមាត់ ដូច្នេះវិញ។
16)
ក្នុងព្រៃនោះ អ្នកផងតែងធ្វើពលិកម្មថ្វាយពួកទេវតា បានជាហៅថា ទេវវ័ន ឬនឹងហៅថា សាលវ័ន ក៏បាន។ អដ្ឋកថា។
17)
ស្តេចដែលមិន​ទាន់​បានរាជាភិសេក។
18)
ក្នុងអដ្ឋកថា ថា ក្នុងក្រុងរាជគ្រឹះ មានទ្វារធំៗ៣២ មានទ្វារតូចៗ៦៤។ ក្នុងទ្វារទាំងធំ ទាំងតូចនោះ មានទ្វារ១នេះ ឈ្មោះតណ្ឌុលបាលទ្វារា។
19)
សំដៅយកមនុស្សទ្រុស្តសីល៥ ឬទ្រុស្តសីល១០។ អដ្ឋកថា។
20)
អដ្ឋកថា ថា បានដល់ការងារទាំងឡាយ មានភ្ជួររាស់ និងជំនួញ ដែលប្រកប​ដោយធម៌ ជាដើម។
21)
បើជាតណ្ហា ទើបគួរ។
22)
ប្រាជ្ញាដឹងច្បាស់ នូវធម៌ជាគ្រឿងអស់ទៅនៃអាសវៈ ធម៌នោះ មានទុក្ខសច្ចជាដើម
km/tipitaka/book_025.txt · ពេលកែចុងក្រោយ: 2023/03/16 11:05 និពន្ឋដោយ Johann