User Tools

Site Tools


Translations of this page?:
km:tipitaka:book_030

មាតិកា

-Namo tassa bhagavato arahato sammā-
ព្រះត្រៃបិដកភាសាខ្មែរ - Tipiṭaka Khmer language
ភាគ ៣០ - Book 30

Ven. Members of the Sangha, Ven. Theras Valued Upasaka, valued Upasika This is a Work Edition! 1.Edition 20170101 Do not share it further except for editing and working purposes within the transcription project on sangham.net. Only for personal use. If you find any mistake or like to join the merits please feel invited to join here: sangham.net or Upasika Norum on sangham.net Anumodana!

សូម​ថ្វាយបង្គំ​ចំពោះ​ព្រះសង្ឃ, ជំរាបសួរ​ឧបាសក និង​ឧបាសិកា​ទាំង​អស់ នេះ​គឺ​ជា​សេចក្តី​ព្រាងច្បាប់​ការ​បោះ​ពុម្ព​ផ្សាយ! 1.Edition 20170101 សូម​កុំ​ចែក​រំលែក​បន្ថែម​ទៀត ប្រសិន​បើ​មិន​មែន​សម្រាប់​ការ​កែសម្រួល​នៅ sangham.net និង​កិច្ច​ការ​នេះ។ សូម​គិត​ថា​លោក​អ្នក​ត្រូវ​បាន​អញ្ជើញ​ដើម្បី​ចូល​រួម​បុណ្យកុសល​នេះ និង​​សូមប្រាប់​ពួក​យើង​អំពី​កំហុស និង​ប្រើវេទិកា​នេះ: sangham.net ឬ​ប្រាប់​ឧបាសិកា Norum នៅ​លើ sangham.net សូម​អនុមោទនា!

A topic about progress and feedback can be found here: ព្រះត្រៃបិដក ភាគ ០៣០ - Tipitaka Book 030, for change log on ati.eu see here: រាយការណ៍ ភាគ ០៣០



book_030.jpg

គំរូ ឯកសារ ផ្សេងទៀត ៖
book_030.pdf

លេខសម្គាល់
លេខទំព៍រ

ព្រះត្រៃបិដក ភាគ ទី ៣០

ទ. 1

សុត្តន្តបិដក

សំយុត្តនិកាយ

សគាថវគ្គ

(សគាថាវគ្គោ)

ទុតិយភាគ

នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស។

ខ្ញុំ​សូម​នមស្ការ ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ ជា​អរហន្ត​សម្មាសម្ពុទ្ធ ព្រះ​អង្គ​នោះ​។

ភិក្ខុនីសំយុត្ត (ទី៥)

(៥. ភិក្ខុនីសំយុត្តំ)

អាឡវិកាសូត្រ ទី១

(១. អាឡវិកាសុត្តំ)

[១] ខ្ញុំបានស្តាប់មក យ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះ ភិក្ខុនីឈ្មោះអាឡវិកា ស្លៀកស្បង់ ប្រដាប់ដោយបាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ចូលទៅកាន់ក្រុងសាវត្ថី ដើម្បីបិណ្ឌបាត លុះត្រាច់ទៅបិណ្ឌបាត ក្នុងក្រុងសាវត្ថីហើយ ត្រឡប់មកអំពីបិណ្ឌបាតវិញ ក្នុងបច្ឆាភត្ត ក៏មានសេចក្តីត្រូវការ ដោយទីស្ងាត់ ហើយចូលទៅកាន់អន្ធវ័ន។

[២] គ្រានោះ មារមានចិត្តបាប មានប្រាថ្នាដើម្បីញុំាងភ័យ សេចក្តីតក់ស្លុត និងសេចក្តីព្រឺរោម ឲ្យកើតឡើងដល់អាឡវិកាភិក្ខុនី មានប្រាថ្នាឲ្យនាងឃ្លាតចាកសេចក្តីស្ងប់ស្ងាត់ ហើយក៏ចូលទៅរកអាឡវិកាភិក្ខុនី លុះចូលទៅដល់ហើយ បានពោលគាថានឹងអាឡវិកាភិក្ខុនីថា ធម្មជាតជាគ្រឿងរលាស់ចេញ1) ក្នុងលោក មិនមានទេ នាងនឹងធ្វើនូវប្រយោជន៍អ្វី ដោយសេចក្តីស្ងប់ស្ងាត់ ចូរនាងបរិភោគ នូវសេចក្តីត្រេកអរក្នុងកាម នាងពុំមានសេចក្តីក្តៅក្រហាយ ក្នុងកាលជាខាងក្រោយឡើយ។

[៣] គ្រានោះ អាឡវិកាភិក្ខុនី មានសេចក្តីត្រិះរិះ យ៉ាងនេះថា អ្នកនេះជាអ្វីហ្ន៎ ជាមនុស្ស ឬជាអមនុស្ស បានជាពោលនូវគាថា។ ទើបអាឡវិកាភិក្ខុនី មានសេចក្តីចូលចិត្តដូច្នេះថា នេះពិតជាមារមានចិត្តបាប មានប្រាថ្នាដើម្បីញុំាងភ័យ សេចក្តីតក់ស្លុត និងសេចក្តីព្រឺរោម ឲ្យកើតឡើង ដល់អាត្មាអញ ប្រាថ្នាឲ្យអាត្មាអញ ឃ្លាតចាកសេចក្តីស្ងប់ស្ងាត់ បានជាពោលនូវគាថា។ លុះអាឡវិកាភិក្ខុនី ស្គាល់ច្បាស់ថា នេះជាមារ មានចិត្តបាប ដូច្នេះហើយ ក៏ពោលគាថាទាំងឡាយ នឹងមារមានចិត្តបាបថា

ធម្មជាតជាគ្រឿងរលាស់ចេញ ក្នុងលោក មាន យើងបានពាល់ត្រូវ ដោយបញ្ញា2) ម្នាលមារមានចិត្តបាប មានផៅពង្សជាអ្នកប្រមាទ អ្នកមិនដឹងនូវបទនោះទេ កាមទាំងឡាយ ឧបមាដោយលំពែងស្រួច ខន្ធទាំងឡាយជាកន្លែងសម្រាប់មុត នៃកាមទាំងឡាយនោះ អ្នកពោលនូវសេចក្តីត្រេកអរ ក្នុងកាមណា សេចក្តីត្រេកអរ ក្នុងកាមនោះ ជាសេចក្តីមិនត្រេកអរ របស់យើងទេ។

លំដាប់នោះ មារមានចិត្តបាបដឹងថា អាឡវិកាភិក្ខុនី ស្គាល់អញហើយ ក៏មានសេចក្តីទុក្ខ តូចចិត្ត បាត់អំពីទីនោះទៅ។

សោមាសូត្រ ទី២

(២. សោមាសុត្តំ)

[៤] សាវត្ថីនិទាន។ គ្រានោះ សោមាភិក្ខុនី ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ចូលទៅកាន់ក្រុងសាវត្ថី ដើម្បីបិណ្ឌបាត លុះត្រាច់ទៅបិណ្ឌបាត ក្នុងក្រុងសាវត្ថីហើយ ត្រឡប់មកពីបិណ្ឌបាត ក្នុងបច្ឆាភត្ត ក៏ដើរសំដៅទៅកាន់អន្ធវ័ន ដើម្បីសម្រាកក្នុងវេលាថ្ងៃ លុះចូលទៅដល់អន្ធវ័នហើយ ក៏អង្គុយសម្រាកក្នុងវេលាថ្ងៃ ក្រោមម្លប់ឈើមួយ។

[៥] គ្រានោះ មារមានចិត្តបាប មានប្រាថ្នាដើម្បីញុំាងភ័យ សេចក្តីតក់ស្លុត និងសេចក្តីព្រឺរោម ឲ្យកើតឡើងដល់សោមាភិក្ខុនី ប្រាថ្នាឲ្យនាងឃ្លាតចាកសមាធិ ក៏ចូលទៅរកសោមាភិក្ខុនី លុះចូលទៅដល់ហើយ ក៏ពោលគាថានឹងសោមាភិក្ខុនីថា

ទី3) ណា ដែលមានដោយកម្រ ជាទីដែលឥសីទាំងឡាយ គប្បីដល់ ទីនោះស្ត្រីដែលមានបញ្ញាប្រវែងពីរធ្នាប់ មិនអាចនឹងដល់បានឡើយ។

[៦] លំដាប់នោះ សោមាភិក្ខុនី មានសេចក្តីត្រិះរិះ យ៉ាងនេះថា អ្នកនេះជាអ្វីហ្ន៎ ជាមនុស្ស ឬជាអមនុស្ស បានជាពោលនូវគាថា។ ទើបសោមាភិក្ខុនី មានសេចក្តីចូលចិត្តដូច្នេះថា នេះពិតជាមារមានចិត្តបាប មានប្រាថ្នាដើម្បីញុំាងភ័យ សេចក្តីតក់ស្លុត និងសេចក្តីព្រឺរោម ឲ្យកើតឡើងដល់អាត្មាអញ ប្រាថ្នាឲ្យអាត្មាអញ ឃ្លាតចាកសមាធិ បានជាពោលនូវគាថា។ លុះសោមាភិក្ខុនី ដឹងច្បាស់ថា នេះជាមារមានចិត្តបាបហើយ ក៏ពោលគាថាទាំងឡាយនឹងមារមានចិត្តបាបថា

កាលបើចិត្ត របស់ស្ត្រីភាពដែលឃើញនូវធម៌4) ដោយប្រពៃ បានតាំងមាំហើយ5) កាលបើញាណ6) កំពុងប្រព្រឹត្តទៅ ស្ត្រីភាពនឹងធ្វើអ្វី (ក៏ធ្វើបាន) បើបុគ្គលណា មានសេចក្តីត្រិះរិះ យ៉ាងនេះថា អាត្មាអញជាស្ត្រី ឬជាបុរស ឬមួយមានកង្វល់ថា អាត្មាអញ មាន ដូច្នេះ មារគួរនឹងស្តីថាឲ្យបុគ្គលនោះបាន។

លំដាប់នោះ មារមានចិត្តបាប ដឹងថា សោមាភិក្ខុនី ស្គាល់អញហើយ ក៏មានសេចក្តីទុក្ខ តូចចិត្ត បាត់អំពីទីនោះឯង។

គោតមីសូត្រ ទី៣

(៣. កិសាគោតមីសុត្តំ)

[៧] សាវត្ថីនិទាន។ គ្រានោះ កិសាគោតមីភិក្ខុនី ស្លៀកស្បង់ ប្រដាប់បាត្រ ចីវរ ក្នុងបុព្វណ្ហសម័យ ចូលទៅកាន់ក្រុងសាវត្ថី ដើម្បីបិណ្ឌបាត លុះត្រាច់ទៅបិណ្ឌបាត ក្នុងក្រុងសាវត្ថីហើយ ត្រឡប់មកអំពីបិណ្ឌបាត ក្នុងបច្ឆាភត្ត ក៏ដើរសំដៅទៅកាន់អន្ធវ័ន ដើម្បីសម្រាកក្នុងវេលាថ្ងៃ លុះចូលទៅដល់អន្ធវ័នហើយ ក៏អង្គុយសម្រាកក្នុងវេលាថ្ងៃ ក្រោមម្លប់ឈើមួយ។

[៨] គ្រានោះ មារមានចិត្តបាប មានប្រាថ្នាដើម្បីញុំាងភ័យ សេចក្តីតក់ស្លុត និងសេចក្តីព្រឺរោម ឲ្យកើតឡើងដល់កិសាគោតមីភិក្ខុនី មានប្រាថ្នាឲ្យព្រះនាងឃ្លាតចាកសមាធិ ក៏ចូលទៅរកកិសាគោតមីភិក្ខុនី លុះចូលទៅដល់ហើយ ក៏ពោលគាថានឹងកិសាគោតមីភិក្ខុនីថា

នាងឯងមានកូនស្លាប់ហើយ មកអង្គុយតែម្នាក់ឯង មានមាត់ទួញយំ នៅកណ្តាលព្រៃតែម្នាក់ឯង នាងមកស្វែងរកប្រុសឬ។

[៩] លំដាប់នោះ កិសាគោតមីភិក្ខុនី មានសេចក្តីត្រិះរិះ យ៉ាងនេះថា អ្នកនេះជាអ្វីហ្ន៎ ជាមនុស្ស ឬជាអមនុស្ស បានជាពោលគាថា។ ទើបកិសាគោតមីភិក្ខុនី មានសេចក្តីចូលចិត្ត ដូច្នេះថា នេះពិតជាមារមានចិត្តបាប មានប្រាថ្នាដើម្បីញុំាងភ័យ សេចក្តីតក់ស្លុត និងសេចក្តីព្រឺរោម ឲ្យកើតឡើងដល់អាត្មាអញ ប្រាថ្នាឲ្យអាត្មាអញ ឃ្លាតចាកសមាធិ បានជាពោលគាថា។ លុះកិសាគោតមីភិក្ខុនី ដឹងច្បាស់ថា នេះពិតជាមារ មានចិត្តបាបហើយ ក៏ពោលគាថា នឹងមារមានចិត្តបាប ដូច្នេះថា

យើងជាស្ត្រីមានកូនស្លាប់ ជាទីបំផុតត្រឹមនេះ បុរសទាំងឡាយ ក៏មានទីបំផុតត្រឹមនេះដែរ ម្នាលអាវុសោ យើងមិនសោកសៅ មិនទួញយំ មិនខ្លាចអ្នកទេ ព្រោះថា សេចក្តីត្រេកអរ ក្នុងវត្ថុទាំងអស់ យើងកំចាត់ចោលហើយ គំនរនៃងងឹត គឺអវិជ្ជា យើងទំលាយបង់បានហើយ យើងឈ្នះនូវសេនា នៃមច្ចុរាជ ជាស្ត្រីមិនមានអាសវៈ។

លំដាប់នោះ មារមានចិត្តបាប ដឹងថា កិសាគោតមីភិក្ខុនី ស្គាល់អញហើយ ក៏មានសេចក្តីទុក្ខ តូចចិត្ត បាត់អំពីទីនោះឯង។

វិជយាសូត្រ ទី៤

(៤. វិជយាសុត្តំ)

[១០] សាវត្ថីនិទាន។ គ្រានោះ វិជយាភិក្ខុនី ស្លៀកស្បង់ ក្នុងបុព្វណ្ហសម័យ។បេ។ អង្គុយសម្រាកក្នុងវេលាថ្ងៃ ក្រោមម្លប់ឈើមួយ។

[១១] គ្រានោះ មារមានចិត្តបាប មានប្រាថ្នាដើម្បីញុំាងភ័យ ឲ្យកើតឡើង ដល់វិជយាភិក្ខុនី។បេ។ ប្រាថ្នាឲ្យឃ្លាតចាកសមាធិ ក៏ចូលទៅរកវិជយាភិក្ខុនី លុះចូលទៅដល់ហើយ បានពោលគាថានឹងវិជយាភិក្ខុនីថា

នាងជាស្ត្រីក្រមុំ មានរូបឆោម យើងក៏កំឡោះក្មេង ម្នាលនាងម្ចាស់ នាងចូរមក យើងទាំងពីរនាក់ ចូរត្រេកអរជាមួយគ្នា ដោយតន្ត្រី ប្រកបដោយអង្គ៥។7)

[១២] លំដាប់នោះ វិជយាភិក្ខុនី មានសេចក្តីត្រិះរិះ យ៉ាងនេះថា អ្នកនេះជាអ្វីហ្ន៎ ជាមនុស្ស ឬជាអមនុស្ស បានជាពោលគាថា។ ទើបវិជយាភិក្ខុនី មានសេចក្តីចូលចិត្ត ដូច្នេះថា នេះពិតជាមារមានចិត្តបាប។បេ។ បានជាពោលនូវគាថា។ លុះវិជយាភិក្ខុនី ដឹងច្បាស់ថា នេះជាមារមានចិត្តបាបហើយ បានពោលគាថាទាំងឡាយ នឹងមារមានចិត្តបាបថា

រូប សំឡេង ក្លិន រស ផោដ្ឋព្វៈ ជាទីគាប់ចិត្ត យើងប្រគល់ឲ្យអ្នកទាំងអស់ ម្នាលមារ ដ្បិតយើងមិនត្រូវការ ដោយអារម្មណ៍នោះទេ យើងធុញទ្រាន់ នឿយណាយពេកណាស់ ចំពោះកាយស្អុយ ដែលបែកធ្លាយ ពុករលួយនេះ កាមតណ្ហា យើងបានដកចោលហើយ សត្វទាំងឡាយណា ដែលទៅកើតក្នុងរូបភពក្តី សត្វទាំងឡាយណា ដែលមានចំណែកក្នុងអរូបភពក្តី សមាបត្តិណាដ៏ល្អិតក្តី សេចក្តីងងឹតក្នុងភពទាំងអស់នោះ យើងកំចាត់បង់បានហើយ។

លំដាប់នោះ មារមានចិត្តបាប ដឹងថា វិជយាភិក្ខុនី ស្គាល់អញហើយ ក៏មានសេចក្តីទុក្ខ តូចចិត្ត បាត់អំពីទីនោះឯង។

ឧប្បលវណ្ណាសូត្រ ទី៥

(៥. ឧប្បលវណ្ណាសុត្តំ)

[១៣] សាវត្ថីនិទាន។ គ្រានោះ ឧប្បលវណ្ណាភិក្ខុនី ស្លៀកស្បង់ ក្នុងបុព្វណ្ហសម័យ។បេ។ ឋិតនៅក្រោមម្លប់ដើមសាលព្រឹក្ស ដែលមានផ្ការីកស្គុសស្គាយ មួយដើម។

[១៤] គ្រានោះ មារមានចិត្តបាប មានប្រាថ្នាដើម្បីញុំាងភ័យ សេចក្តីតក់ស្លុត និងសេចក្តីព្រឺរោម ឲ្យកើតឡើង ដល់ឧប្បលវណ្ណាភិក្ខុនី មានប្រាថ្នាឲ្យនាងឃ្លាតចាកសមាធិ ហើយចូលទៅរកឧប្បលវណ្ណាភិក្ខុនី លុះចូលទៅដល់ហើយ បានពោលគាថានឹងឧប្បលវណ្ណាភិក្ខុនីថា

ម្នាលភិក្ខុនី នាងអាស្រ័យនៅដើមសាលព្រឹក្ស មានចុងប្រកបដោយផ្ការីកស្គុសស្គាយ ឋិតនៅតែម្នាក់ឯង ក្រោមម្លប់ដើមសាលព្រឹក្ស ធាតុ គឺភេទ8) ជាគម្រប់ពីររបស់នាង មិនមាន គួរតែមានស្ត្រីទាំងឡាយ ប្រាកដដូចជានាង មកក្នុងទីនេះផង នាងខ្លាចអំពើពាល របស់ពួកអ្នកលេងឬ។

[១៥] លំដាប់នោះ ឧប្បលវណ្ណាភិក្ខុនី មានសេចក្តីត្រិះរិះ យ៉ាងនេះថា អ្នកនេះជាអ្វីហ្ន៎ ជាមនុស្ស ឬជាអមនុស្ស (មក) ពោលគាថា ដូច្នេះ។ ទើបឧប្បលវណ្ណាភិក្ខុនី មានសេចក្តីចូលចិត្តដូច្នេះថា នេះពិតជាមារមានចិត្តបាប ញុំាងភ័យ។បេ។ ដល់អាត្មាអញ បានជាពោលគាថា។ លុះឧប្បលវណ្ណាភិក្ខុនី ដឹងច្បាស់ថា នេះជាមារមានចិត្តបាបហើយ បានពោលគាថាទាំងឡាយ នឹងមារមានចិត្តបាបថា

អ្នកលេងមួយរយនាក់ ក៏ដោយ មួយពាន់នាក់ក៏ដោយ ជនទាំងឡាយ ប្រាកដដូចជាអ្នក ដែលមកក្នុងទីនេះក៏ដោយ យើងក៏មិនព្រឺរោម មិនតក់ស្លុតទេ ម្នាលមារ យើងសូម្បីតែម្នាក់ឯងមែន ក៏មិនខ្លាចអ្នកឡើយ យើងនេះចង់ឲ្យបាត់ទៅក៏បាន ចង់ចូលក្នុងពោះអ្នកក៏បាន អ្នកមិនឃើញយើង ដែលកំពុងឋិតនៅក្នុងចន្លោះរោមភ្នែកឡើយ យើងជាស្ត្រីស្ទាត់ក្នុងចិត្ត ឥទ្ធិបាទទាំងឡាយ យើងបានចម្រើនហើយ ដោយប្រពៃ យើងផុតហើយ ចាកចំណងទាំងអស់ នែអាវុសោ យើងមិនខ្លាចអ្នកទេ។

លំដាប់នោះ មារមានចិត្តបាប ដឹងថា ឧប្បលវណ្ណាភិក្ខុនី ស្គាល់អញហើយ ក៏មានសេចក្តីទុក្ខ តូចចិត្ត បាត់អំពីទីនោះឯង។

ចាលាសូត្រ ទី៦

(៦. ចាលាសុត្តំ)

[១៦] សាវត្ថីនិទាន។ គ្រានោះ ចាលាភិក្ខុនី ស្លៀកដណ្តប់ ក្នុងបុព្វណ្ហសម័យ។បេ។ អង្គុយសម្រាកក្នុងវេលាថ្ងៃ ក្រោមម្លប់ឈើមួយ។

[១៧] គ្រានោះ មារមានចិត្តបាប ចូលទៅរកចាលាភិក្ខុនី។បេ។ លុះចូលទៅដល់ហើយ បានពោលពាក្យនេះ នឹងចាលាភិក្ខុនីថា ម្នាលភិក្ខុនី នាងមិនគាប់ចិត្តនឹងអ្វី។ ម្នាលអាវុសោ យើងមិនគាប់ចិត្តនឹងជាតិ។

[១៨] ហេតុអ្វីក៏នាងមិនគាប់ចិត្តនឹងជាតិ បុគ្គលមានជាតិ រមែងបរិភោគនូវកាមទាំងឡាយ អ្នកណាបង្គាប់នាងឲ្យប្រកាន់យកនូវអំពើនេះថា ម្នាលភិក្ខុនី ចូរនាងកុំគាប់ចិត្តនឹងជាតិដូច្នេះ។

[១៩] ចាលាភិក្ខុនីតបថា សត្វកើតហើយ រមែងមានមរណៈ សត្វកើតហើយ រមែងឃើញ នូវទុក្ខទាំងឡាយ គឺការចង ការបៀតបៀន និងសេចក្តីឧបទ្រព្យផ្សេងៗ ហេតុដូច្នោះ បុគ្គល មិនត្រូវគាប់ចិត្តនឹងការកើតឡើយ ព្រះពុទ្ធទ្រង់សំដែងធម៌ ជាគ្រឿងប្រព្រឹត្តកន្លងនូវការកើត ដើម្បីលះបង់ នូវទុក្ខទាំងអស់ ព្រះអង្គញុំាងយើងឲ្យនៅក្នុងសច្ចធម៌ សត្វទាំងឡាយណា កើតក្នុងរូបភពក្តី សត្វទាំងឡាយណា មានចំណែកក្នុងអរូបភពក្តី សត្វទាំងអស់នោះ កាលបើមិនដឹងនូវនិរោធទេ រមែងមកកាន់ភពថ្មីទៀត។

លំដាប់នោះ មារមានចិត្តបាបដឹងថា ចាលាភិក្ខុនី ស្គាល់អញហើយ ក៏មានសេចក្តីទុក្ខ តូចចិត្ត បាត់អំពីទីនោះទៅ។

ឧបចាលាសូត្រ ទី៧

(៧. ឧបចាលាសុត្តំ)

[២០] សាវត្ថីនិទាន។ គ្រានោះ ឧបចាលាភិក្ខុនី ស្លៀកដណ្តប់ ក្នុងបុព្វណ្ហសម័យ។បេ។ អង្គុយសម្រាកក្នុងវេលាថ្ងៃ ក្រោមម្លប់ឈើមួយ។

[២១] គ្រានោះ មារមានចិត្តបាប។បេ។ បានពោលពាក្យនេះ នឹងឧបចាលាភិក្ខុនីថា ម្នាលភិក្ខុនី ហេតុដូចម្តេច បានជានាងចង់កើត។ ម្នាលអាវុសោ យើងឥតចង់កើត ក្នុងទីណាមួយទេ។

[២២] ពួកទេវតាណា ដែលឋិតនៅក្នុងជាន់តាវត្តិង្សក្តី ជាន់យាមៈក្តី ជាន់តុសិតក្តី ពួកទេវតា ដែលឋិតនៅក្នុងជាន់និម្មានរតីក្តី ពួកទេវតា ដែលឋិតនៅក្នុងជាន់វសវត្តីក្តី នាងចូរតំកល់ចិត្ត ក្នុងពួកទេវតានោះ នឹងបានទទួលនូវតម្រេកមិនខាន។

[២៣] ឧបចាលាភិក្ខុនីតបថា

ពួកទេវតាណា ដែលឋិតនៅក្នុងជាន់តាវត្តិង្សក្តី ជាន់យាមៈក្តី ជាន់តុសិតក្តី ពួកទេវតា ដែលឋិតនៅក្នុងជាន់និម្មានរតីក្តី ពួកទេវតា ដែលឋិតនៅក្នុងជាន់វសវតីក្តី ទេវតាទាំងនោះ ចំពាក់ដោយគ្រឿងចង គឺកាម រមែងមកកាន់អំណាចនៃមារទៀត លោកទាំងអស់ ត្រូវភ្លើងឆេះ9) ហើយ លោកទាំងអស់ក្តៅក្រហាយ10) លោកទាំងអស់ ភ្លឺច្រាលរន្ទាល11) លោកទាំងអស់ ញាប់ញ័រហើយ ទីណា ដែលមិនញាប់ញ័រ មិនកម្រើក មិនមែនជាសំណេពនៃបុថុជ្ជន មិនមែនជាដំណើរនៃមារ ចិត្តយើងត្រេកអរហើយក្នុងទីនោះ។

លំដាប់នោះ មារមានចិត្តបាប ដឹងថា ឧបចាលាភិក្ខុនី ស្គាល់អញហើយ ក៏មានសេចក្តីទុក្ខ តូចចិត្ត បាត់អំពីទីនោះទៅ។

សីសុបចាលាសូត្រ ទី៨

(៨. សីសុបចាលាសុត្តំ)

[២៤] ទៀបក្រុងសាវត្ថី… គ្រានោះ សីសុបចាលាភិក្ខុនី ស្លៀកដណ្តប់ ក្នុងបុព្វណ្ហសម័យ។បេ។ អង្គុយសម្រាកក្នុងវេលាថ្ងៃ ក្រោមម្លប់ឈើមួយ។

[២៥] គ្រានោះ មារមានចិត្តបាប ក៏ចូលទៅរកសីសុបចាលាភិក្ខុនី លុះចូលទៅដល់ហើយ បានពោលពាក្យនេះ នឹងសីសុបចាលាភិក្ខុនីថា ម្នាលភិក្ខុនី នាងគាប់ចិត្តនឹងលទ្ធិរបស់បុគ្គលណា។ ម្នាលអាវុសោ យើងមិនគាច់ចិត្តនឹងលទ្ធិ របស់បុគ្គលណាមួយទេ។

[២៦] នាងឧទ្ទិសចំពោះបុគ្គលណា បានជាកោរក្បាល ប្រាកដដូចជាសមណី (សមណៈស្រី) បើនាងមិនគាប់ចិត្តនឹងលទ្ធិ (បុគ្គលណា)ទេ ហេតុអ្វីបានជានាងប្រព្រឹត្តដូចជាស្រីវង្វេង។

[២៧] សីសុបចាលាភិក្ខុនីតបថា

បុគ្គលទាំងនោះ ដែលមានលទ្ធិក្រៅអំពីសាសនានេះ រមែងលិចចុះក្នុងទិដ្ឋិទាំងឡាយ យើងមិនគាប់ចិត្ត នឹងធម៌របស់បុគ្គលទាំងនោះទេ ព្រោះថា បុគ្គលទាំងនោះ មិនមែនជាអ្នកឈ្លាសក្នុងធម៌ ព្រះពុទ្ធ ទ្រង់កើតក្នុងសក្យត្រកូល រកបុគ្គលប្រៀបគ្មាន ទ្រង់គ្របសង្កត់នូវធម៌ទាំងពួង ទ្រង់កំចាត់បង់នូវមារ ទ្រង់មិនចាញ់មារទាំងអស់ ទ្រង់ផុតចាកកិលេសទាំងអស់ មិនអាស្រ័យនូវតណ្ហា ទ្រង់មានចក្ខុឃើញធម៌ទាំងអស់ ដល់នូវកិរិយាអស់នៃកម្មទាំងអស់ ទ្រង់មានចិត្តចុះស៊ប់ ក្នុងធម៌ជាគ្រឿងអស់ទៅនៃឧបធិ ព្រះមានព្រះភាគនោះ ជាគ្រូរបស់យើង យើងគាប់ចិត្តនឹងសាសនារបស់ព្រះអង្គ។

លំដាប់នោះ មារមានចិត្តបាប ដឹងថា សីសុបចាលាភិក្ខុនី ស្គាល់អញហើយ ក៏មានសេចក្តីទុក្ខ តូចចិត្ត បាត់អំពីទីនោះទៅ។

សេលាសូត្រ ទី៩

(៩. សេលាសុត្តំ)

[២៨] ទៀបក្រុងសាវត្ថី… គ្រានោះ សេលាភិក្ខុនី ស្លៀកដណ្តប់ ក្នុងបុព្វណ្ហសម័យ។បេ។ អង្គុយសម្រាកក្នុងវេលាថ្ងៃ ក្រោមម្លប់ឈើមួយ។

[២៩] គ្រានោះ មារមានចិត្តបាប ញុំាងភ័យឲ្យកើតឡើង ដល់សេលាភិក្ខុនី។បេ។ បានពោលគាថា នឹងសេលាភិក្ខុនីថា

ពុម្ព គឺអត្តភាពនេះ អ្នកណាតាក់តែងឡើង បុគ្គលតាក់តែងនូវពុម្ពឋិតនៅក្នុងទីណាខ្លះ ពុម្ពកើតឡើងក្នុងទីណាខ្លះ ពុម្ព រលត់ទៅក្នុងទីណាខ្លះ។

[៣០] លំដាប់នោះ សេលាភិក្ខុនី មានសេចក្តីត្រិះរិះ យ៉ាងនេះថា អ្នកនេះជាអ្វីហ្ន៎ ជាមនុស្ស ឬជាអមនុស្ស (មក) ពោលគាថាដូច្នេះ។ ទើបសេលាភិក្ខុនី មានសេចក្តីចូលចិត្តដូច្នេះថា នេះពិតជាមារមានចិត្តបាប មានប្រាថ្នាញុំាងភ័យ សេចក្តីតក់ស្លុត និងសេចក្តីព្រឺរោម ឲ្យកើតឡើងដល់អាត្មាអញ មានប្រាថ្នាឲ្យអាត្មាអញ ឃ្លាតចាកសមាធិ បានជាពោលគាថា។ លុះសេលាភិក្ខុនី ដឹងច្បាស់ថា នេះជាមារមានចិត្តបាបហើយ ក៏ពោលគាថាទាំងឡាយ នឹងមារមានចិត្តបាបថា

ពុម្ពនេះ ឥតមានអ្នកណាតាក់តែងទេ អឃៈ12) នេះ ឥតមានអ្នកណាធ្វើទេ កើតឡើងបាន ព្រោះអាស្រ័យហេតុ រលត់ទៅវិញ ព្រោះបែកធ្លាយនៃហេតុ ដូចជាពូជណាមួយ ដែលគេព្រោះក្នុងស្រែ រមែងដុះឡើងបាន ព្រោះអាស្រ័យនូវធម្មជាត ២យ៉ាង គឺរសនៃផែនដី១ ជ័រ13) ១ យ៉ាងណាមិញ ធម៌ទាំងនេះ គឺ ខន្ធ ធាតុ និងអាយតនៈ ៦ កើតឡើងបាន ព្រោះអាស្រ័យហេតុ រលត់ទៅវិញ ព្រោះបែកធ្លាយនៃហេតុ យ៉ាងនោះឯង។

លំដាប់នោះ មារមានចិត្តបាប ដឹងថា សេលាភិក្ខុនី ស្គាល់នូវអញហើយ ក៏មានសេចក្តីទុក្ខ តូចចិត្ត បាត់អំពីទីនោះទៅ។

វជិរាសូត្រ ទី១០

(១០. វជិរាសុត្តំ)

[៣១] ខ្ញុំស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះ វជិរាភិក្ខុនី ស្លៀកស្បង់ ប្រដាប់បាត្រ ចីវរ ក្នុងបុព្វណ្ហសម័យ ចូលទៅកាន់ក្រុងសាវត្ថី ដើម្បីបិណ្ឌបាត លុះត្រាច់ទៅបិណ្ឌបាត ក្នុងក្រុងសាវត្ថីហើយ ត្រឡប់មកអំពីបិណ្ឌបាតវិញ ក្នុងបច្ឆាភត្ត ក៏ដើរសំដៅទៅកាន់អន្ធវ័ន ដើម្បីសម្រាកក្នុងវេលាថ្ងៃ លុះចូលទៅដល់អន្ធវ័នហើយ ក៏អង្គុយសម្រាកក្នុងវេលាថ្ងៃ ក្រោមម្លប់ឈើមួយ។

[៣២] គ្រានោះ មារមានចិត្តបាប មានប្រាថ្នាញុំាងភ័យ សេចក្តីតក់ស្លុត និងសេចក្តីព្រឺរោម ឲ្យកើតឡើងដល់វជិរាភិក្ខុនី មានប្រាថ្នាឲ្យនាងឃ្លាតចាកសមាធិ ក៏ចូលទៅរកវជិរាភិក្ខុនី លុះចូលទៅដល់ហើយ បានពោលគាថានឹងវជិរាភិក្ខុនីថា

សត្វនេះ បុគ្គលណាតាក់តែងឡើង បុគ្គលអ្នកតាក់តែងសត្វ ឋិតនៅក្នុងទីណា សត្វកើតឡើង ក្នុងទីណា សត្វរលត់ទៅក្នុងទីណា។

[៣៣] លំដាប់នោះ វជិរាភិក្ខុនី មានសេចក្តីត្រិះរិះ យ៉ាងនេះថា អ្នកនេះជាអ្វីហ្ន៎ ជាមនុស្ស ឬជាអមនុស្ស (មក) ពោលគាថា ដូច្នេះ។ ទើបវជិរាភិក្ខុនី មានសេចក្តីចូលចិត្តថា នេះពិតជាមារមានចិត្តបាប ប្រាថ្នាញុំាងភ័យ សេចក្តីតក់ស្លុត និងសេចក្តីព្រឺរោម ឲ្យកើតឡើងដល់អាត្មាអញ មានប្រាថ្នាឲ្យអាត្មាអញឃ្លាតចាកសមាធិ បានជាពោលគាថា។ លំដាប់នោះ វជិរាភិក្ខុនី ដឹងច្បាស់ថា នេះជាមារមានចិត្តបាប ហើយបានពោលគាថាទាំងឡាយនឹងមារមានចិត្តបាបថា

ម្នាលមារ ទិដ្ឋិរបស់អ្នកយល់ថា សត្វមែនឬ នេះជាគំនរនៃសង្ខារសុទ្ធទេ ក្នុងគំនរនៃសង្ខារសុទ្ធនេះ អ្នករកសត្វមិនឃើញឡើយ14) ដូចសព្ទដែលបានឈ្មោះថា រថ ដូច្នេះ កើតឡើងបាន ព្រោះបរិបូណ៌ដោយអង្គ15) យ៉ាងណាមិញ កាលបើខន្ធមានហើយ ការសន្មតិថា សត្វដូច្នេះក៏មាន យ៉ាងនោះឯង ព្រោះថា សេចក្តីទុក្ខ រមែងកើតឡើង សេចក្តីទុក្ខ រមែងឋិតនៅផង វិនាសទៅផង វៀរចាកសេចក្តីទុក្ខ ឥតមានធម៌ដទៃកើតឡើង វៀរចាកសេចក្តីទុក្ខ ឥតមានធម៌ដទៃរលត់ទេ។

លំដាប់នោះ មារមានចិត្តបាប ដឹងថា វជិរាភិក្ខុនី ស្គាល់អញហើយ ក៏មានសេចក្តីទុក្ខ តូចចិត្ត បាត់អំពីទីនោះទៅ។

ចប់ ភិក្ខុនីសំយុត្ត។

ឧទ្ទាននៃភិក្ខុនីសំយុត្តនោះ ដូច្នេះ

សូត្រទាំង១០ នោះ គឺ អាឡវិកាសូត្រ១ សោមាសូត្រ១ គោតមីសូត្រ១ វិជយាសូត្រ១ ឧប្បលវណ្ណាសូត្រ១ ចាលាសូត្រ១ ឧបចាលាសូត្រ១ សីសុបចាលាសូត្រ១ សេលាសូត្រ១ វជិរាសូត្រ១។

ព្រហ្មសំយុត្ត (ទី៦)

(៦. ព្រហ្មសំយុត្តំ)

អាយាចនវគ្គ ទី១

(១. បឋមវគ្គោ)

អាយាចនសូត្រ ទី១

(១. ព្រហ្មាយាចនសុត្តំ)

[៣៤] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់ទើបនឹងបានត្រាស់ដឹងជាដំបូង ទ្រង់គង់នៅក្រោមដើមអជបាលនិគ្រោធ ប្របឆ្នេរស្ទឹងនេរញ្ជរា ក្នុងឧរុវេលាប្រទេស។ គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់ស្តេចទៅគង់ក្នុងទីស្ងាត់សម្ងំនៅ មានព្រះទ័យត្រិះរិះកើតឡើង យ៉ាងនេះថា ធម៌16) នេះ អាត្មាអញ បានត្រាស់ដឹងហើយ ជាធម៌ដ៏ជ្រាលជ្រៅ ជាធម៌ដែលសត្វឃើញបានដោយកម្រ ជាធម៌ដែលសត្វត្រាស់ដឹងបានដោយកម្រ ជាធម៌ស្ងប់រម្ងាប់ ជាធម៌ថ្លៃថ្លា ជាធម៌ ដែលសត្វមិនគប្បីស្ទង់មើល ដោយសេចក្តីត្រិះរិះបាន ជាធម៌ដ៏ល្អិត ជាធម៌មានតែអ្នកប្រាជ្ញ ទើបត្រាស់ដឹងបាន ឯពួកសត្វនេះ ជាអ្នកត្រេកត្រអាល ដោយសេចក្តីអាល័យ17) ត្រេកអរក្នុងសេចក្តីអាល័យ រីករាយក្នុងសេចក្តីអាល័យ មួយទៀត បដិច្ចសមុប្បាទធម៌ គឺធម៌ជាបច្ច័យ នៃគ្នានិងគ្នាណា បដិច្ចសមុប្បាទធម៌នេះ ពួកសត្វជាអ្នកត្រេកត្រអាល ដោយសេចក្តីអាល័យ ត្រេកអរក្នុងសេចក្តីអាល័យ រីករាយក្នុងសេចក្តីអាល័យ ឃើញបានដោយក្រ មួយទៀត ធម៌ណា សម្រាប់រម្ងាប់សង្ខារទាំងពួង សម្រាប់លះបង់ឧបធិទាំងពួង ជាទីអស់ទៅនៃតណ្ហា ជាទីនឿយណាយចាករាគៈ ជាទីរំលត់សេចក្តីទុក្ខ គឺព្រះនិព្វាន ធម៌នេះ ពួកសត្វឃើញបានដោយក្រដូចគ្នា ប្រសិនបើអាត្មាអញ សំដែងធម៌ទៅ ក៏សត្វទាំងឡាយដទៃ មិនគប្បីត្រាស់ដឹងធម៌ របស់អាត្មាអញបានទេ អាត្មាអញ នឹងមានតែសេចក្តីលំបាកនោះ អាត្មាអញ នឹងមានតែសេចក្តីនឿយព្រួយនោះ (ឥតអំពើ)។ បានឮថា ព្រះគាថាជាអស្ចារ្យទាំងឡាយនេះ ដែលមិនធ្លាប់បានស្តាប់មក អំពីកាលមុន ក៏ប្រាកដដល់ព្រះមានព្រះភាគថា

ឥឡូវនេះ អាត្មាអញ មិនគួរប្រកាសធម៌ ដែលអាត្មាអញ បានត្រាស់ដឹងហើយ ដោយលំបាកទេ ព្រោះថា ធម៌នេះ សត្វទាំងឡាយ ដែលត្រូវរាគៈ ទោសៈ គ្របសង្កត់ហើយ មិនងាយត្រាស់ដឹងបានទេ សត្វទាំងឡាយត្រេកអរ ដោយរាគៈ មានគំនរងងឹត គឺអវិជ្ជាបិទបាំង រមែងមិនឃើញ នូវធម៌ដែលប្រព្រឹត្តច្រាសខ្សែទឹក18) ជាធម៌ល្អិត ជ្រាលជ្រៅ សត្វឃើញបានដោយកម្រ ជាធម៌ដ៏តូចឆ្មារ។

កាលព្រះមានព្រះភាគ ពិចារណាដូច្នេះហើយ ព្រះទ័យក៏បង្អោនទៅ ដើម្បីសេចក្តីខ្វល់ខ្វាយតិច មិនបង្អោនទៅដើម្បីនឹងសំដែងធម៌ឡើយ។

[៣៥] គ្រានោះ សហម្បតិព្រហ្ម ដឹងនូវសេចក្តីត្រិះរិះ ក្នុងព្រះទ័យរបស់ព្រះមានព្រះភាគ ដោយចិត្តហើយ ទើបរំពឹងគិត ដូច្នេះថា ឱហ្ន៎ សត្វលោកសាបសូន្យមិនខាន ឱហ្ន៎ សត្វលោកវិនាសមិនខាន ដ្បិតថាព្រះទ័យ របស់ព្រះតថាគត ជាអរហន្ត សម្មាសម្ពុទ្ធ បង្អោនទៅដើម្បីសេចក្តីខ្វល់ខ្វាយតិច មិនបង្អោនទៅ ដើម្បីសំដែងធម៌ឡើយ។

គ្រានោះ សហម្បតិព្រហ្ម ក៏បាត់អំពីព្រហ្មលោក មកប្រាកដក្នុងទីចំពោះព្រះភក្ត្រព្រះមានព្រះភាគ ដោយឆាប់ភ្លាម ដូចបុរសមានកំលាំង លាចេញនូវដៃ ដែលបត់ចូល ឬបត់ចូលនូវដៃ ដែលលាចេញ។ លំដាប់នោះ សហម្បតិព្រហ្ម ធ្វើនូវសំពត់ឧត្តរាសង្គៈ ឆៀងស្មាម្ខាង លុតចុះនូវមណ្ឌល នៃជង្គង់ខាងស្តាំលើផែនដី ប្រណម្យអញ្ជលី ចំពោះទៅរកព្រះមានព្រះភាគ ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ ទ្រង់សំដែងធម៌ សូមព្រះសុគត ទ្រង់សំដែងធម៌ សត្វទាំងឡាយ ដែលមានធូលី19) ស្រាលស្តើង ក្នុងភ្នែក20) ក៏មានខ្លះដែរ សត្វទាំងនោះ នឹងសាបសូន្យ ព្រោះមិនបានស្តាប់ធម៌ សត្វទាំងឡាយ ជាអ្នកត្រាស់ដឹងនូវធម៌ គង់មាន។ សហម្បតិព្រហ្ម បានពោលពាក្យនេះ លុះពោលពាក្យនេះរួចហើយ ទើបពោលពាក្យនេះ តទៅទៀតថា

ពីមុនរៀងមក ធម៌ដែលជនទាំងឡាយ អ្នកប្រកបដោយមន្ទិល21) តែងគិត ជាធម៌មិនបរិសុទ្ធ កើតប្រាកដ ក្នុងដែនមគធៈ សូមព្រះអង្គបើកនូវទ្វារ22) នៃព្រះនិព្វាន សត្វទាំងឡាយ នឹងស្តាប់នូវធម៌ ដែលព្រះពុទ្ធជាអ្នកប្រាសចាកមន្ទិល ទ្រង់ត្រាស់ដឹងហើយ បុរសឈរនៅលើកំពូលភ្នំសុទ្ធសឹងថ្ម គប្បីឃើញប្រជុំជនដោយជុំវិញ យ៉ាងណាមិញ បពិត្រព្រះអង្គមានបញ្ញាល្អ មានចក្ខុជុំវិញ ប្រាសចាកសេចក្តីសោក សូមព្រះអង្គ ឡើងកាន់ប្រាសាទ ដ៏ហើយដោយធម៌ គឺបញ្ញាដូចជាភ្នំនោះ ហើយពិចារណាមើលនូវប្រជុំជន ដែលត្រូវសេចក្តីសោកគ្របសង្កត់ ដែលត្រូវជាតិ ជរា គ្របសង្កត់។ បពិត្រព្រះអង្គមានព្យាយាម ទ្រង់ឈ្នះនូវសង្គ្រាម សូមព្រះអង្គក្រោកឡើង បពិត្រព្រះអង្គ ជាអ្នកនាំទៅនូវពពួកសត្វ ព្រះអង្គមិនមានបំណុល សូមទ្រង់ស្តេចទៅក្នុងលោក សូមព្រះមានព្រះភាគ ទ្រង់សំដែងធម៌ សត្វទាំងឡាយ ជាអ្នកត្រាស់ដឹង គង់មាន។

[៣៦] គ្រានោះ ព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់នូវសេចក្តីអារាធនា របស់ព្រហ្មផង ទ្រង់អាស្រ័យនូវសេចក្តីករុណា ចំពោះសត្វទាំងឡាយផង ទើបទ្រង់រមិលមើលនូវសត្វលោក ដោយពុទ្ធចក្ខុ។ កាលដែលព្រះមានព្រះភាគ ទ្រង់រមិលមើលនូវសត្វលោក ដោយពុទ្ធចក្ខុ ទ្រង់បានឃើញសត្វទាំងឡាយ មានភ្នែកប្រកបដោយធូលីតិចខ្លះ មានភ្នែកប្រកបដោយធូលីច្រើនខ្លះ មានឥន្ទ្រិយក្លាខ្លះ មានឥន្ទ្រិយទន់ខ្លះ មានអាការល្អខ្លះ មានអាការអាក្រក់ខ្លះ ជាសត្វដែលឲ្យត្រាស់ដឹងបានដោយងាយខ្លះ ជាសត្វដែលឲ្យត្រាស់ដឹងបានដោយក្រខ្លះ ជាអ្នកឃើញនូវទោស និងភ័យ ក្នុងបរលោកខ្លះ។ ប្រៀបដូចជលជាតិពួកខ្លះ គឺផ្កាព្រលិតក្តី ឈូកក្រហមក្តី ឈូកសក្តី ក្នុងគុម្ពព្រលិតក្តី គុម្ពឈូកក្រហមក្តី គុម្ពឈូកសក្តី ដុះឡើងក្នុងទឹក ចំរើនឡើងក្នុងទឹក លូតលាស់តាមទឹក លិចនៅក្នុងទឹក មានជលជាតិពួកខ្លះ គឺផ្កាព្រលិតក្តី ឈូកក្រហមក្តី ឈូកសក្តី ដុះឡើងក្នុងទឹក ចំរើនឡើងក្នុងទឹក ឋិតនៅត្រឹមស្មើនឹងទឹក មានជលជាតិពួកខ្លះ គឺផ្កាព្រលិតក្តី ឈូកក្រហមក្តី ឈូកសក្តី ដុះឡើងក្នុងទឹក ចំរើនឡើងក្នុងទឹក លូតផុតអំពីទឹក មិនទទឹកដោយទឹក មានឧបមាយ៉ាងណាមិញ កាលដែលព្រះមានព្រះភាគ ទ្រង់រមិលមើលនូវសត្វលោក ដោយពុទ្ធចក្ខុ ទ្រង់ឃើញសត្វទាំងឡាយ មានភ្នែកប្រកបដោយធូលីតិចខ្លះ មានភ្នែកប្រកបដោយធូលីច្រើនខ្លះ មាឥន្ទ្រិយក្លាខ្លះ មានឥន្ទ្រិយទន់ខ្លះ មានអាការល្អខ្លះ មានអាការអាក្រក់ខ្លះ ជាសត្វដែលឲ្យត្រាស់ដឹងបានដោយងាយខ្លះ ជាសត្វដែលឲ្យត្រាស់ដឹងបានដោយក្រខ្លះ ជាអ្នកឃើញនូវទោស និងភ័យក្នុងបរលោកខ្លះ លុះទ្រង់ឃើញហើយ បានពោលគាថា តបនឹងសហម្បតិព្រហ្មថា

ទ្វារនៃព្រះនិព្វាននោះ តថាគតបានបើកហើយ សត្វទាំងឡាយណា មានសោតប្រសាទ ចូរបញ្ចេញនូវសទ្ធាចុះ ម្នាលព្រហ្ម តថាគត សំគាល់នូវសេចក្តីលំបាក បានជាមិនសំដែងធម៌ដែលស្ទាត់ ជាធម៌ដ៏ឧត្តម ដល់ពួកមនុស្សទាំងឡាយ។

[៣៧] គ្រានោះ សហម្បតិព្រហ្មគិតថា អាត្មាអញ ជាបុគ្គលដែលព្រះមានព្រះភាគ ទ្រង់ធ្វើឱកាស ដើម្បីនឹងសំដែងធម៌ហើយ (លុះគិតដូច្នេះហើយ) ក៏ថ្វាយបង្គំព្រះមានព្រះភាគ ធ្វើប្រទក្សិណ ហើយបាត់អំពីទីនោះទៅ។

គារវសូត្រ ទី២

(២. គារវសុត្តំ)

[៣៨] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទើបនឹងបានត្រាស់ដឹងជាដម្បូង ទ្រង់គង់នៅក្រោមដើមអជបាលនិគ្រោធ ប្របឆ្នេរស្ទឹងនេរញ្ជរា ក្នុងឧរុវេលាប្រទេស។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ស្តេចទៅក្នុងទីស្ងាត់ ទ្រង់សម្ងំនៅ មានព្រះបរិវិតក្ក ក្នុងព្រះទ័យកើតឡើង យ៉ាងនេះថា បុគ្គលមិនមានសេចក្តីគោរព មិនមានសេចក្តីកោតក្រែង រមែងនៅជាទុក្ខ អាត្មាអញ គួរធ្វើសក្ការៈ ធ្វើសេចក្តីគោរព អាស្រ័យនៅនឹងសមណៈ ឬព្រាហ្មណ៍ណាហ្ន៎។

[៣៩] ទើបព្រះមានព្រះភាគ មានព្រះតំរិះយ៉ាងនេះថា អាត្មាអញ គួរធ្វើសក្ការៈ ធ្វើសេចក្តីគោរព អាស្រ័យនៅនឹងសមណៈ ឬព្រាហ្មណ៍ដទៃ ដើម្បីបំពេញនូវសីលក្ខន្ធ ដែលមិនទាន់ពេញលេញ តែថាក្នុងលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ព្រមទាំងសម្មតិទេព និងមនុស្សដ៏សេស អាត្មាអញ មិនបានឃើញសមណៈ ឬព្រាហ្មណ៍ដទៃ ដែលបរិបូណ៌ ដោយសីលជាងខ្លួនអញ ដែលអាត្មាអញគួរធ្វើសក្ការៈ ធ្វើសេចក្តីគោរព អាស្រ័យនៅឡើយ អាត្មាអញ គួរធ្វើសក្ការៈ ធ្វើសេចក្តីគោរព អាស្រ័យនៅនឹងសមណៈ ឬព្រាហ្មណ៍ដទៃ ដើម្បីបំពេញនូវសមាធិក្ខន្ធ ដែលមិនទាន់ពេញលេញ តែថា អាត្មាអញ មិនឃើញសមណៈ ឬព្រាហ្មណ៍ដទៃ ដែលបរិបូណ៌ដោយសមាធិជាងខ្លួនអញ ក្នុងលោក ព្រមទាំងទេវលោក។បេ។ ដែលអាត្មាអញគួរធ្វើសក្ការៈ ធ្វើសេចក្តីគោរព អាស្រ័យនៅឡើយ អាត្មាអញគួរធ្វើសក្ការៈ ធ្វើសេចក្តីគោរព អាស្រ័យនៅនឹងសមណៈ ឬព្រាហ្មណ៍ដទៃ ដើម្បីបំពេញនូវបញ្ញាខន្ធ ដែលមិនទាន់ពេញលេញ តែថា ក្នុងលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ព្រមទាំងសម្មតិទេព និងមនុស្សដ៏សេស អាត្មាអញ មិនឃើញសមណៈ ឬព្រាហ្មណ៍ដទៃ ដែលបរិបូណ៌ ដោយបញ្ញាជាងខ្លួនអញ ដែលអាត្មាអញគួរធ្វើសក្ការៈ ធ្វើសេចក្តីគោរព អាស្រ័យនៅឡើយ អាត្មាអញ គួរធ្វើសក្ការៈ ធ្វើសេចក្តីគោរព អាស្រ័យនៅនឹងសមណៈ ឬព្រាហ្មណ៍ដទៃ ដើម្បីបំពេញនូវវិមុត្តិក្ខន្ធ ដែលមិនទាន់ពេញលេញ តែថា ក្នុងលោក ព្រមទាំងទេវលោក។បេ។ អាត្មាអញ មិនឃើញសមណៈ ឬព្រាហ្មណ៍ដទៃ ដែលបរិបូណ៌ដោយវិមុត្តិ ជាងខ្លួនអញ ដែលអាត្មាអញ គួរធ្វើសក្ការៈ ធ្វើសេចក្តីគោរព អាស្រ័យនៅឡើយ អាត្មាអញ គួរធ្វើសក្ការៈ ធ្វើសេចក្តីគោរព អាស្រ័យនៅនឹងសមណៈ ឬព្រាហ្មណ៍ដទៃ ដើម្បីបំពេញនូវវិមុត្តិញ្ញាណទស្សនក្ខន្ធ ដែលមិនទាន់ពេញលេញ តែថាក្នុងលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ព្រមទាំងសម្មតិទេព និងមនុស្សដ៏សេស អាត្មាអញ មិនឃើញសមណៈ ឬព្រាហ្មណ៍ដទៃ ដែលបរិបូណ៌ដោយវិមុត្តិញ្ញាណទស្សនៈជាងខ្លួនអញ ដែលអាត្មាអញគួរធ្វើសក្ការៈ ធ្វើសេចក្តីគោរព អាស្រ័យនៅឡើយ បើដូច្នោះ គួរអាត្មាអញ ធ្វើសក្ការៈ ធ្វើសេចក្តីគោរព អាស្រ័យនៅចំពោះធម៌ ដែលអាត្មាអញ បានត្រាស់ដឹងហើយ។

[៤០] លំដាប់នោះ សហម្បតិព្រហ្ម ដឹងនូវព្រះបរិវិតក្កក្នុងព្រះទ័យនៃព្រះមានព្រះភាគ ដោយចិត្តហើយ ក៏បាត់អំពីព្រហ្មលោក មកប្រាកដក្នុងទីចំពោះព្រះភក្ត្រព្រះមានព្រះភាគ ដោយឆាប់ភ្លាម ដូចជាបុរសមានកំលាំង លាចេញនូវដៃ ដែលបត់ចូល ឬបត់ចូលនូវដៃ ដែលលាចេញ។ ទើបសហម្បតិព្រហ្ម ធ្វើនូវសំពត់ឧត្តរាសង្គៈ ឆៀងស្មាម្ខាង ប្រណម្យអញ្ជលី ចំពោះព្រះមានព្រះភាគ ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះមានព្រះភាគ ហេតុនុ៎ះ យ៉ាងនេះហើយ បពិត្រព្រះសុគត ហេតុនុ៎ះ យ៉ាងនេះហើយ បពិត្រព្រះអង្គដ៏ចំរើន សូម្បីព្រះមានព្រះភាគទាំងឡាយណា ជាព្រះអរហន្ត សម្មាសម្ពុទ្ធ ក្នុងអតីតកាល ព្រះមានព្រះភាគទាំងនោះ ក៏បានធ្វើសក្ការៈ ធ្វើសេចក្តីគោរព អាស្រ័យនៅចំពោះធម៌ យ៉ាងនេះដែរ បពិត្រព្រះអង្គដ៏ចំរើន ទុកជាព្រះមានព្រះភាគទាំងឡាយណា ជាអរហន្ត សម្មាសម្ពុទ្ធ ក្នុងអនាគតកាល ព្រះមានព្រះភាគទាំងនោះ ក៏នឹងធ្វើសក្ការៈ ធ្វើសេចក្តីគោរព អាស្រ័យនៅចំពោះធម៌ យ៉ាងនេះដែរ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ ជាអរហន្ត សម្មាសម្ពុទ្ធ ក្នុងកាលឥឡូវនេះ ទ្រង់ធ្វើសក្ការៈ ធ្វើសេចក្តីគោរព អាស្រ័យនៅចំពោះធម៌ យ៉ាងនេះចុះ។

[៤១] សហម្បតិព្រហ្ម បានពោលពាក្យនេះ លុះពោលពាក្យនេះហើយ ក៏ពោលពាក្យនេះ តទៅទៀតថា

ព្រះសម្ពុទ្ធទាំងឡាយណា ជាអតីតក្តី ព្រះសម្ពុទ្ធទាំងឡាយណា ជាអនាគតក្តី ព្រះសម្ពុទ្ធណា ក្នុងកាលឥឡូវនេះក្តី ទ្រង់ធ្វើសេចក្តីសោក របស់ជនទាំងឡាយដ៏ច្រើន ឲ្យវិនាស ព្រះសម្ពុទ្ធទាំងអស់នោះ ទ្រង់គោរពព្រះសម្ពុទ្ធក្នុងអតីតកាលផង បច្ចុប្បន្នកាលផង អនាគតកាលផង នេះជាធម្មតា របស់ព្រះពុទ្ធទាំងឡាយ ហេតុដូច្នោះ បុគ្គលអ្នកស្រឡាញ់ខ្លួន ប្រាថ្នានូវភាពនៃខ្លួនជាធំ កាលរលឹកឃើញសាសនារបស់ព្រះពុទ្ធទាំងឡាយ គួរធ្វើសេចក្តីគោរពព្រះសទ្ធម្ម។

ព្រហ្មទេវសូត្រ ទី៣

(៣. ព្រហ្មទេវសុត្តំ)

[៤២] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងអារាម ឈ្មោះជេតពន របស់អនាថបិណ្ឌិកគហបតី ទៀបក្រុងសាវត្ថី។ ក៏សម័យនោះឯង កូនប្រុសរបស់នាងព្រាហ្មណីមួយនាក់ ឈ្មោះ ព្រហ្មទេព បានចូលទៅកាន់ផ្នួស ក្នុងសំណាក់ព្រះមានព្រះភាគ។ គ្រានោះ ព្រះព្រហ្មទេពមានអាយុ ចៀសចេញទៅតែម្នាក់ឯង ជាអ្នកមិនប្រមាទ មានព្យាយាមដុតកំដៅកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន កុលបុត្តទាំងឡាយ ចេញចាកផ្ទះ ចូលទៅកាន់ផ្នួសដោយប្រពៃ ដើម្បីប្រយោជន៍ដល់អនុត្តរធម៌ណា ក៏បានធ្វើឲ្យជាក់ច្បាស់ បានដល់ដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន ចំពោះអនុត្តរធម៌នោះ ដែលជាទីបំផុតនៃព្រហ្មចរិយៈ ដោយមិនយូរប៉ុន្មាន ហើយសម្រេចសម្រាន្តនៅ ដោយឥរិយាបទទាំង៤ ក៏ដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចរិយធម៌ អាត្មាអញ បានប្រព្រឹត្តគ្រប់គ្រាន់ហើយ សោឡសកិច្ច អាត្មាអញធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ បណ្តាព្រះអរហន្តទាំងឡាយ ព្រះព្រហ្មទេពមានអាយុ ក៏ជាព្រះអរហន្តមួយអង្គដែរ។

[៤៣] ទើបព្រះព្រហ្មទេពមានអាយុ ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរក្នុងបុព្វណ្ហសម័យ ចូលទៅបិណ្ឌបាត ក្នុងក្រុងសាវត្ថី កាលកំពុងត្រាច់ទៅបិណ្ឌបាត តាមលំដាប់ច្រក ក្នុងក្រុងសាវត្ថី ក៏ចូលសំដៅទៅកាន់ផ្ទះមាតារបស់ខ្លួន។ ក៏ក្នុងសម័យនោះ នាងព្រាហ្មណី ជាមាតារបស់ខ្លួន។ ក៏ក្នុងសម័យនោះ នាងព្រាហ្មណី ជាមាតារបស់ព្រះព្រហ្មទេពមានអាយុ តែងរៀបចំនូវគ្រឿងបូជា23) ជានិច្ចដល់ព្រហ្ម។ លំដាប់នោះ សហម្បតិព្រហ្ម មានសេចក្តីត្រិះរិះ យ៉ាងនេះថា នាងព្រាហ្មណី ជាមាតារបស់ព្រះព្រហ្មទេពមានអាយុនេះ តែងរៀបចំនូវគ្រឿងបូជាជានិច្ចដល់ព្រហ្ម បើដូច្នោះ មានតែអាត្មាអញ ចូលទៅរកនាងនោះ ហើយធ្វើឲ្យកើតសេចក្តីសង្វេគ។

[៤៤] ទើបសហម្បតិព្រហ្ម បាត់អំពីព្រហ្មលោក មកប្រាកដលើផ្ទះនៃមាតា របស់ព្រះព្រហ្មទេពមានអាយុ ដោយឆាប់រហ័ស ដូចជាបុរសមានកំលាំង លាចេញនូវដៃដែលបត់ចូល ឬបត់ចូលនូវដៃដែលលាចេញ។ លំដាប់នោះ សហម្បតិព្រហ្ម ឋិតនៅឰដ៏អាកាស បានពោលគាថាទាំងឡាយ នឹងនាងព្រាហ្មណីជាមាតា របស់ព្រះព្រហ្មទេពមានអាយុថា

ម្នាលនាងព្រាហ្មណី នាងរៀបចំនូវគ្រឿងបូជា ជានិច្ច ចំពោះព្រហ្មណា លោករបស់ព្រហ្មនោះ នៅឆ្ងាយ24) អំពីទីនេះណាស់ ម្នាលនាងព្រាហ្មណី គ្រឿងបូជាប្រាកដដូច្នេះ មិនមែនជាចំណីរបស់ព្រហ្មទេ នាងមិនដឹងនូវផ្លូវ25) របស់ព្រហ្ម ហើយចរចាដូចម្តេចបាន ម្នាលនាងព្រាហ្មណី ក៏ឯភិក្ខុ ឈ្មោះព្រហ្មទេព (ជាកូន) របស់នាងនេះ ជាអ្នកមិនមានឧបធិ ជាអ្នកដល់នូវភាពជាទេវតា ដ៏ក្រៃលែង មិនមានសេចក្តីកង្វល់ ជាអ្នកមិនចិញ្ចឹមបុគ្គលដទៃ ភិក្ខុនោះ ចូលមកកាន់ផ្ទះនាងឥឡូវនេះ ដើម្បីបិណ្ឌបាត ជាបុគ្គលគួរដើម្បីទទួលដុំបាយ ដែលគេនាំមកបូជា ជាអ្នកដល់នូវទីបំផុត នៃទុក្ខដោយវេទ26) មានខ្លួនអប់រំហើយ ជាបុគ្គលគួរទទួលទាន របស់ពួកមនុស្ស និងទេវតា បានបន្សាត់ចោល នូវបាបទាំងឡាយ មិនប្រឡាក់ដោយជ័រ គឺតណ្ហា និងទិដ្ឋិ ជាបុគ្គលមានសេចក្តីត្រជាក់ តែងប្រព្រឹត្តនូវការស្វែងរកអាហារ ភិក្ខុនោះ មិនមានសេចក្តីស្រឡាញ់ខាងក្រោយ27) មិនមានសេចក្តីស្រឡាញ់ខាងមុខ28) បានរម្ងាប់នូវរាគាទិក្កិលេសអស់ហើយ ប្រាសចាកផ្សែង គឺសេចក្តីក្រោធ មិនមានសេចក្តីទុក្ខ មិនមានសេចក្តីប្រាថ្នា ដាក់ចុះនូវដំបងក្នុងពួកសត្វ ដែលតក់ស្លុត29) និងពួកសត្វ ដែលខ្ជាប់ខ្ជួន30) ភិក្ខុនោះ ចូរបរិភោគនូវគ្រឿងបូជា គឺដុំបាយ ដ៏ប្រសើររបស់នាង ភិក្ខុនោះ ប្រាសចាកសេនា គឺកិលេស មានចិត្តស្ងប់រម្ងាប់ហើយ មិនមានសេចក្តីញាប់ញ័រ គឺតណ្ហា តែងត្រាច់ទៅ ដូចដំរី ដែលគេទូន្មានបាន មានសីលដ៏ល្អ មានចិត្តរួចស្រឡះហើយ ភិក្ខុនោះ ចូរបរិភោគ នូវគ្រឿងបូជា គឺដុំបាយដ៏ប្រសើរ របស់នាងចុះ នាងចូរមានសេចក្តីជ្រះថ្លា ចំពោះភិក្ខុនោះ កុំមានសេចក្តីញាប់ញ័រ ចូរតម្កល់នូវទាន ក្នុងទក្ខិណេយ្យបុគ្គល ម្នាលនាងព្រាហ្មណី ចូរនាងមើល នូវអ្នកប្រាជ្ញកន្លងបង់នូវឱឃៈ ហើយធ្វើបុណ្យ ជាទីនាំមក នូវសេចក្តីសុខចុះ។ នាងព្រាហ្មណី មានសេចក្តីជ្រះថ្លា មិនញាប់ញ័រចំពោះភិក្ខុនោះ បានតម្កល់នូវទាន ក្នុងទក្ខិណេយ្យបុគ្គល នាងព្រាហ្មណី បានឃើញអ្នកប្រាជ្ញ ដែលកន្លងបង់នូវឱឃៈហើយ ធ្វើនូវបុណ្យជាទីនាំមក នូវសេចក្តីសុខ។

ពកសូត្រ ទី៤

(៤. ពកព្រហ្មសុត្តំ)

[៤៥] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកគហបតី ជិតក្រុងសាវត្ថី។ សម័យនោះឯង ពកព្រហ្មមានទិដ្ឋិអាក្រក់ មានសភាពយ៉ាងនេះ កើតឡើងថា ទីនេះទៀង ទីនេះឋិតថេរ ទីនេះ មាននៅគ្រប់កាល ទីនេះខ្ជាប់ខ្ជួន ទីនេះមានសភាពមិនច្យុត ព្រោះថា សត្វក្នុងទីនេះ មិនកើត មិនចាស់ មិនស្លាប់ មិនច្យុត មិនបដិសន្ធិ ទីដទៃ ដែលជាគ្រឿងរលាស់ចេញ ដ៏ក្រៃលែង ជាងទីរបស់ព្រហ្មនេះ មិនមានឡើយ។

[៤៦] គ្រានោះ ព្រះមានព្រះភាគ ជ្រាបនូវបរិវិតក្ក ក្នុងចិត្តរបស់ពកព្រហ្ម ដោយព្រះទ័យ របស់ព្រះអង្គហើយ ក៏បាត់អំពីវត្តជេតពន ទៅប្រាកដ ក្នុងព្រហ្មលោកនោះ ដោយឆាប់រហ័ស ដូចបុរសមានកំលាំង លាចេញនូវដៃ ដែលបត់ចូល ឬបត់ចូលនូវដៃ ដែលលាចេញ។ ពកព្រហ្ម បានឃើញព្រះមានព្រះភាគ កំពុងស្តេចមកអំពីចម្ងាយ លុះឃើញហើយ បានពោលពាក្យនេះ នឹងព្រះមានព្រះភាគថា បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ សូមព្រះអង្គស្តេចមក បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ ព្រះអង្គស្តេចមកល្អហើយ បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ ព្រះអង្គខានធ្វើបរិយាយ ដើម្បីស្តេចមកក្នុងទីនេះ ជាយូរអង្វែងហើយ បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ ទីនេះទៀង ទីនេះឋិតថេរ ទីនេះ មាននៅគ្រប់កាល ទីនេះខ្ជាប់ខ្ជួន ទីនេះមានសភាពមិនច្យុត ព្រោះថា សត្វក្នុងទីនេះ មិនកើត មិនចាស់ មិនស្លាប់ មិនច្យុត មិនបដិសន្ធិ ទីដទៃ ដែលជាគ្រឿងរលាស់ចេញ ដ៏ក្រៃលែងជាងទីរបស់ព្រហ្មនេះ មិនមានឡើយ។

[៤៧] កាលបើពកព្រហ្ម ពោលយ៉ាងនេះហើយ ព្រះមានព្រះភាគ បានត្រាស់ពាក្យនេះ នឹងពកព្រហ្មថា ឱហ្ន៎ ពកព្រហ្មប្រកបដោយអវិជ្ជាហើយ ឱហ្ន៎ ពកព្រហ្ម ប្រកបដោយអវិជ្ជាហើយ ព្រោះថា គាត់ពោលនូវរបស់ដែលមិនទៀង ថាជារបស់ទៀងវិញ ពោលនូវរបស់ដែលមិនឋិតថេរ ថាជារបស់ឋិតថេរវិញ ពោលនូវរបស់ដែលគ្មាននៅគ្រប់កាល ថាជារបស់មាននៅគ្រប់កាលវិញ ពោលនូវរបស់ដែលមិនខ្ជាប់ខ្ជួន ថាជារបស់ខ្ជាប់ខ្ជួនវិញ ពោលនូវរបស់ដែលមានសភាពច្យុត ថាជារបស់មានសភាពមិនច្យុតវិញ មួយទៀត សត្វតែងកើតផង ចាស់ផង ស្លាប់ផង ច្យុតផង បដិសន្ធិផង ក្នុងទីណា គាត់ពោលទីនោះថា សត្វក្នុងទីនេះមិនកើត មិនចាស់ មិនស្លាប់ មិនច្យុត មិនបដិសន្ធិ ដូច្នោះវិញ មួយទៀត គាត់ពោលនូវទីដទៃ ជាគ្រឿងរលាស់ចេញ ដ៏ក្រៃលែង ថាទីដទៃជាគ្រឿងរលាស់ចេញដ៏ក្រៃលែង មិនមានឡើយ។

[៤៨] ពកព្រហ្មពោលថា បពិត្រព្រះគោតម យើងទាំងឡាយ ជាជន៧២នាក់ ជាអ្នកស្រឡាញ់បុណ្យ ញុំាងអ្នកដទៃ ឲ្យប្រព្រឹត្តទៅតាមអំណាច (នៃខ្លួន) កន្លងហើយ នូវជាតិ និងជរា កំណើតក្នុងព្រហ្មនេះ ជាទីបំផុត ជាធម្មជាត ប្រព្រឹត្តទៅដោយវេទ ជនទាំងឡាយ ដ៏ច្រើន រមែងស្រឡាញ់យើងទាំងឡាយ។

[៤៩] ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលពកព្រហ្ម អ្នកសំគាល់នូវអាយុណា ថាវែង អាយុនុ៎ះតិច មិនមែនវែងឡើយ ម្នាលព្រហ្ម មួយទៀត តថាគត ដឹងច្បាស់នូវអាយុមានប្រមាណ១សែន នៃនិរព្វុទៈ។31)

[៥០] ពកព្រហ្ម ទូលថា បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គឃើញអារម្មណ៍រកទីបំផុតគ្មាន ប្រព្រឹត្តកន្លងហើយ នូវជាតិជរា និងសេចក្តីសោក អើសីលវត្ត មានមកអំពីដើម របស់ខ្ញុំព្រះអង្គដូចម្តេច ខ្ញុំព្រះអង្គអាចដឹងច្បាស់ នូវសីលវត្តណា សូមព្រះអង្គ ប្រាប់នូវសីលវត្តនុ៎ះ ដល់ខ្ញុំព្រះអង្គ។

[៥១] ព្រះអង្គត្រាស់ថា អ្នកញុំាងមនុស្សច្រើន ដែលស្រេកទឹក ដែលត្រូវកំដៅគ្របសង្កត់ ឲ្យផឹកទឹកក្នុងរដូវប្រាំង32) ដោយហេតុណា ហេតុនោះ ជាសីលវត្តមានមកអំពីដើមរបស់អ្នក តថាគតរលឹកបានដូចបុគ្គលដេកលក់ហើយ ភ្ញាក់ឡើង អ្នកញុំាងប្រជុំជន ដែលត្រូវចោរចាប់ក្នុងឆ្នេរស្ទឹង ឈ្មោះឯណិ នាំទៅជាឈ្លើយ ឲ្យរួចបាន ដោយអំពើណា អំពើនោះ ជាសីលវត្ត មានមកអំពីដើមរបស់អ្នក តថាគតរលឹកបាន ដូចជាបុគ្គលដេកលក់ហើយ ភ្ញាក់ឡើង អ្នកញុំាងទូក ដែលនាគរាជកំណាច កំហែងចាប់ដោយកំលាំង ត្រង់ខ្សែទឹកនៃទន្លេគង្គា ឲ្យរួចបាន ដោយសេចក្តីអនុគ្រោះ ដល់មនុស្ស អំពើនោះ ជាសីលវត្ត មានមកអំពីដើមរបស់អ្នក តថាគតរលឹកបាន ដូចជាបុគ្គលដេកលក់ហើយ ភ្ញាក់ឡើង ពីដើម តថាគត ឈ្មោះកប្បៈ ជាកូនសិស្សរបស់អ្នក រាប់អានអ្នកជាបុគ្គលមានប្រាជ្ញាល្អ បរិបូណ៌ដោយវត្ត អំពើនោះ ជាសីលវត្ត មានមកអំពីដើមរបស់អ្នក តថាគតរលឹកបាន ដូចជាបុគ្គលដេកលក់ហើយ ភ្ញាក់ឡើង អ្នកដឹងច្បាស់នូវអាយុនោះ របស់តថាគត ដោយពិត មួយទៀត ដឹងច្បាស់នូវជនទាំងឡាយដទៃ ហាក់ដូចជាព្រះពុទ្ធ នេះជាអានុភាពដ៏រុងរឿងរបស់អ្នក ជាសភាវៈ ញុំាងព្រហ្មលោកឲ្យភ្លឺស្វាងឋិតនៅ។

អបរាទិដ្ឋិសូត្រ ទី៥

(៥. អញ្ញតរព្រហ្មសុត្តំ)

[៥២] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកគហបតី ទៀបក្រុងសាវត្ថី។ ‌សម័យនោះឯង ព្រហ្មមួយអង្គ មានទិដ្ឋិអាក្រក់ មានសភាពយ៉ាងនេះ កើតឡើងថា បុគ្គលដែលមកក្នុងលោកនេះ គ្មានជាសមណៈ ជាព្រាហ្មណ៍ទេ។

[៥៣] គ្រានោះ ព្រះមានព្រះភាគ ទ្រង់ជ្រាបនូវបរិវិតក្ក ក្នុងចិត្តរបស់ព្រហ្មនោះ ដោយព្រះទ័យហើយ ក៏ដូចបុរសមានកំលាំង។បេ។ ទៅប្រាកដក្នុងព្រហ្មលោកនោះ។ ទើបព្រះមានព្រះភាគ ទ្រង់ចូលតេជោធាតុ គង់ផ្គត់ព្រះភ្នែនឰដ៏អាកាស ខាងលើព្រហ្មនោះ។

[៥៤] គ្រានោះ ព្រះមហាមោគ្គល្លានមានអាយុ មានសេចក្តីត្រិះរិះ យ៉ាងនេះថា ឥឡូវនេះ ព្រះមានព្រះភាគ គង់ក្នុងទីណាហ្ន៎។ ព្រះមហាមោគ្គល្លានមានអាយុ ក៏បានឃើញ នូវព្រះមានព្រះភាគ ដោយទិព្វចក្ខុដ៏បរិសុទ្ធ កន្លងបង់នូវចក្ខុជារបស់មនុស្សធម្មតា ដែលព្រះអង្គចូលតេជោធាតុ គង់ផ្គត់ព្រះភ្នែនឰដ៏អាកាស អំពីខាងលើនៃព្រហ្មនោះ លុះឃើញហើយ ក៏បាត់អំពីវត្តជេតពន ទៅប្រាកដក្នុងព្រហ្មលោកនោះ ដោយឆាប់រហ័ស ដូចបុរសមានកំលាំង លាចេញនូវដៃដែលបត់ចូល ឬបត់ចូលនូវដៃ ដែលលាចេញ។ លំដាប់នោះ ព្រះមហាមោគ្គល្លានមានអាយុ អាស្រ័យនូវទិសខាងកើត ចូលតេជោធាតុ អង្គុយផ្គត់ភ្នែនឰដ៏អាកាស ខាងលើព្រហ្មនោះ ទាបជាងព្រះមានព្រះភាគ។

[៥៥] គ្រានោះ ព្រះមហាកស្សបមានអាយុ មានសេចក្តីត្រិះរិះ យ៉ាងនេះថា ឥឡូវនេះ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងទីណាហ្ន៎។ ព្រះមហាកស្សបមានអាយុ បានឃើញព្រះមានព្រះភាគ ដោយទិព្វចក្ខុ។បេ។ លុះឃើញហើយ ក៏ដូចបុរសមានកំលាំង។បេ។ បាត់អំពីវត្តជេតពន ទៅប្រាកដក្នុងព្រហ្មលោកនោះ ដោយឆាប់រហ័ស។ លំដាប់នោះ ព្រះមហាកស្សបមានអាយុ អាស្រ័យនូវទិសខាងត្បូង ចូលតេជោធាតុ អង្គុយផ្គត់ភ្នែនឰដ៏អាកាស ខាងលើព្រហ្មនោះ ទាបជាងព្រះមានព្រះភាគ។

[៥៦] គ្រានោះ ព្រះមហាកប្បិនមានអាយុ មានសេចក្តីត្រិះរិះ យ៉ាងនេះថា ឥឡូវនេះ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងទីណាហ្ន៎។ គ្រានោះ ព្រះមហាកប្បិនមានអាយុ ឃើញព្រះមានព្រះភាគ ដោយទិព្វចក្ខុ។បេ។ លុះឃើញហើយ ក៏ដូចបុរសមានកំលាំង។បេ។ បាត់អំពីវត្តជេតពន ទៅប្រាកដក្នុងព្រហ្មលោកនោះ ដោយឆាប់រហ័ស។ លំដាប់នោះ ព្រះមហាកប្បិនមានអាយុ អាស្រ័យនូវទិសខាងលិច ចូលតេជោធាតុ អង្គុយផ្គត់ភ្នែនឰដ៏អាកាស ខាងលើព្រហ្មនោះ ទាបជាងព្រះមានព្រះភាគ។

[៥៧] គ្រានោះ ព្រះអនុរុទ្ធមានអាយុ មានសេចក្តីត្រិះរិះ យ៉ាងនេះថា ឥឡូវនេះ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងទីណាហ្ន៎។ ទើបព្រះអនុរុទ្ធមានអាយុ បានឃើញ។បេ។ លុះឃើញហើយ ក៏ដូចបុរសមានកំលាំង។បេ។ ទៅប្រាកដក្នុងព្រហ្មលោកនោះ ដោយឆាប់រហ័ស។ លំដាប់នោះ ព្រះអនុរុទ្ធមានអាយុ អាស្រ័យនូវទិសខាងជើង ចូលតេជោធាតុ អង្គុយផ្គត់ភ្នែនឰដ៏អាកាស ខាងលើព្រហ្មនោះ ទាបជាងព្រះមានព្រះភាគ។

[៥៨] គ្រានោះ ព្រះមហាមោគ្គល្លានមានអាយុ បានពោលគាថានឹងព្រហ្មថា

ម្នាលអាវុសោ ទិដ្ឋិណារបស់អ្នក មានហើយក្នុងកាលមុន ទិដ្ឋិរបស់អ្នកនោះ មានក្នុងថ្ងៃនេះទៀត អ្នកឃើញនូវរស្មីរបស់ព្រះពុទ្ធ ដែលប្រព្រឹត្តកន្លង នូវរស្មីឯទៀត ក្នុងព្រហ្មលោកដែរឬ។

[៥៩] ព្រហ្មតបថា បពិត្រលោកនិទ៌ុក្ខ ទិដ្ឋិរបស់ខ្ញុំណា មានហើយក្នុងកាលមុន ទិដ្ឋិរបស់ខ្ញុំនោះ មិនមានទេ ខ្ញុំឃើញនូវព្រះរស្មី ដែលប្រព្រឹត្តកន្លង នូវរស្មីឯទៀត ក្នុងព្រហ្មលោកដែរ ឥឡូវនេះ ខ្ញុំនឹងពោល ដោយប្រការដូចម្តេច ព្រោះថា ខ្ញុំជាបុគ្គលទៀង ជាបុគ្គលមាននៅសព្វៗកាល។

[៦០] គ្រានោះ ព្រះមានព្រះភាគ ញុំាងព្រហ្មនោះឲ្យសង្វេគហើយ ក៏បាត់អំពីព្រហ្មលោកនោះ មកប្រាកដក្នុងវត្តជេតពន ដោយឆាប់រហ័ស ដូចបុរសមានកំលាំង លាចេញនូវដៃដែលបត់ចូល ឬបត់ចូលនូវដៃ ដែលលាចេញ។ លំដាប់នោះ ព្រហ្មក៏ហៅព្រហ្មជាបរិស័ទ មួយអង្គមកថា ម្នាលអ្នកនិទ៌ុក្ខ អ្នកចូរមក អ្នកចូរទៅរកព្រះមហាមោគ្គល្លានមានអាយុ លុះចូលទៅដល់ហើយ ចូរពោលយ៉ាងនេះ នឹងព្រះមហាមោគ្គល្លានមានអាយុថា បពិត្រព្រះមោគ្គល្លាន អ្នកនិទ៌ុក្ខ សាវ័កទាំងឡាយដទៃទៀត របស់ព្រះមានព្រះភាគនោះ ដែលមានឫទ្ធិច្រើន យ៉ាងនេះ មានអានុភាពច្រើនយ៉ាងនេះ ដូចជាព្រះមហាមោគ្គល្លាន ព្រះកស្សប ព្រះកប្បិន ព្រះអនុរុទ្ធដ៏ចំរើន នៅមានទៀតដែរឬទេ។ ព្រហ្មជាបរិស័ទនោះ ទទួលពាក្យព្រហ្មនោះថា អើលោកអ្នកនិទ៌ុក្ខ ដូច្នេះហើយ ក៏បាត់អំពីព្រហ្មលោកនោះ មកប្រាកដក្នុងទីចំពោះមុខព្រះមហាមោគ្គល្លានមានអាយុ ដោយឆាប់រហ័ស ដូចបុរសមានកំលាំង។បេ។

[៦១] លំដាប់នោះ ព្រហ្មជាបរិស័ទនោះ ក្រាបថ្វាយបង្គំព្រះមហាមោគ្គល្លានមានអាយុ ហើយឋិតនៅក្នុងទីដ៏សមគួរ។ ព្រហ្មជាបរិស័ទនោះ លុះឋិតនៅក្នុងទីសមគួរហើយ បានពោលពាក្យនេះ នឹងព្រះមហាមោគ្គល្លានមានអាយុថា បពិត្រលោកអ្នកនិទ៌ុក្ខ។បេ។ ព្រះអនុរុទ្ធ។

[៦២] គ្រានោះ ព្រះមហាមោគ្គល្លានមានអាយុ បានពោលគាថា នឹងព្រហ្មជាបរិស័ទថា

សាវ័កទាំងឡាយរបស់ព្រះពុទ្ធ នៅមានច្រើនអង្គ ជាអ្នកមានវិជ្ជា៣ផង សម្រេចដោយឫទ្ធិផង ឈ្លាសក្នុងវារៈនៃចិត្តផង ជាព្រះអរហន្តខីណាស្រពផង។

[៦៣] លំដាប់នោះ ព្រហ្មជាបរិស័ទនោះ ត្រេកអរ រីករាយនឹងភាសិត របស់ព្រះមហាមោគ្គល្លានមានអាយុហើយ ក៏ចូលទៅរកព្រហ្មនោះ លុះចូលទៅដល់ហើយ បានពោលពាក្យនេះ នឹងព្រហ្មនោះថា បពិត្រអ្នកនិទ៌ុក្ខ ព្រះមហាមោគ្គល្លានមានអាយុ មានថេរវាចាយ៉ាងនេះថា

សាវ័កទាំងឡាយរបស់ព្រះពុទ្ធ នៅមានច្រើនអង្គ ជាអ្នកមានវិជ្ជា៣ផង សម្រេចដោយឫទ្ធិផង ឈ្លាសក្នុងវារៈនៃចិត្តផង ជាព្រះអរហន្តខីណាស្រពផង។

[៦៤] ព្រហ្មជាបរិស័ទ បានពោលពាក្យនេះហើយ ចំណែកខាងព្រហ្មជាអ្នកមានសេចក្តីត្រេកអរ ក៏ត្រេកអរនឹងភាសិតរបស់ព្រហ្មជាបរិស័ទនោះ។

បមាទសូត្រ ទី៦

(៦. ព្រហ្មលោកសុត្តំ)

[៦៥] សាវត្ថីនិទាន។ សម័យនោះឯង ព្រះមានព្រះភាគ ទ្រង់គង់សម្រាក ក្នុងវេលាថ្ងៃ សម្ងំនៅក្នុងឈានសមាបត្តិ។ លំដាប់នោះឯង មានព្រហ្មមួយអង្គ ឈ្មោះសុព្រហ្ម និងព្រហ្មមួយអង្គទៀត ឈ្មោះសុទ្ធាវាស បានចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ឈរអែបនឹងសន្លឹកទ្វារម្ខាងម្នាក់។ គ្រានោះ ព្រហ្មមួយអង្គ ឈ្មោះសុព្រហ្ម បាននិយាយនឹងព្រហ្មមួយអង្គ ឈ្មោះសុទ្ធាវាស ដូច្នេះថា នែគ្នាយើង កាលនេះ ជាកាលមិនទាន់គួរនឹងចូលទៅគាល់ព្រះមានព្រះភាគនៅឡើយទេ ព្រោះព្រះមានព្រះភាគ ទ្រង់គង់សម្រាកក្នុងវេលាថ្ងៃ កំពុងសម្ងំនៅក្នុងឈានសមាបត្តិផង ចំណែកខាងព្រហ្មលោកឯណោះ ស្តុកស្តម្ភ (ដោយឈានសុខ) និងរីក (ដោយផ្កា គឺអភិញ្ញា) ប៉ុន្តែមានព្រហ្មក្នុងព្រហ្មលោកនោះ នៅដោយសេចក្តីប្រមាទផង នែគ្នាយើង មក យើងនឹងចូលទៅឯព្រហ្មលោកនោះវិញ លុះចូលទៅដល់ហើយ ត្រូវញុំាងព្រហ្មនោះឲ្យសង្វេគ។ ព្រហ្មមួយអង្គ ឈ្មោះសុទ្ធាវាស បានទទួលស្តាប់ព្រហ្មមួយអង្គ ឈ្មោះសុព្រហ្មថា យ៉ាងហ្នឹងហើយ គ្នាយើង។ លំដាប់នោះ ព្រហ្មមួយអង្គ ឈ្មោះសុព្រហ្ម និងព្រហ្មមួយអង្គ ឈ្មោះសុទ្ធាវាស ក៏ដូចជាបុរសមានកំលាំង។បេ។ បាត់អំពីទីចំពោះព្រះភក្ត្រនៃព្រះមានព្រះភាគ ទៅប្រាកដក្នុងព្រហ្មលោកនោះ។ ព្រហ្មនោះ បានឃើញព្រហ្មទាំងពីរនោះ កំពុងមកអំពីចម្ងាយ លុះឃើញហើយ ក៏សួរព្រហ្មទាំងនោះ យ៉ាងនេះថា នែគ្នាយើងទាំងឡាយ អ្នកទាំងឡាយមកអំពីទីណាហ្ន៎។ ព្រហ្មទាំងពីរ ក៏ប្រាប់ថា ម្នាលគ្នាយើង យើងទើបនឹងមកអំពីសំណាក់ នៃព្រះមានព្រះភាគ ជាព្រះអរហន្ត សម្មាសម្ពុទ្ធ អង្គនោះ ម្នាលគ្នាយើង ចុះអ្នកនឹងទៅកាន់ទីបំរើព្រះមានព្រះភាគ ជាព្រះអរហន្ត សម្មាសម្ពុទ្ធ អង្គនោះ ឬទេ។

[៦៦] កាលបើព្រហ្មទាំងពីរ និយាយយ៉ាងនេះហើយ ព្រហ្មនោះ អត់ទ្រាំនឹងពាក្យនោះមិនបាន ក៏និមិ្មតខ្លួនចំនួនមួយពាន់ ហើយនិយាយនឹងព្រហ្មមួយអង្គ ឈ្មោះសុព្រហ្ម យ៉ាងនេះថា ម្នាលគ្នាយើង អ្នកឃើញឥទ្ធានុភាពរបស់ខ្ញុំ មានសភាពយ៉ាងនេះឬទេ។ សុព្រហ្មតបថា ម្នាលគ្នាយើង ខ្ញុំឃើញឥទ្ធានុភាពរបស់អ្នក មានសភាពយ៉ាងនោះហើយ។ ព្រហ្មនោះតបថា ម្នាលគ្នាយើង ខ្ញុំនោះឯង មានឫទ្ធិច្រើនយ៉ាងនេះ មានអានុភាពធំយ៉ាងនេះ ខ្ញុំនឹងទៅកាន់ទីបំរើសមណៈ ឬព្រាហ្មណ៍ដទៃណាទៀត ម្តេចបាន។

[៦៧] លំដាប់នោះឯង ព្រហ្មមួយអង្គ ឈ្មោះសុព្រហ្ម និម្មិតខ្លួនចំនួនពីរពាន់ ហើយនិយាយនឹងព្រហ្ម យ៉ាងនេះថា ម្នាលគ្នាយើង អ្នកឃើញឥទ្ធានុភាពរបស់ខ្ញុំនោះ មានសភាពយ៉ាងនេះឬទេ។ ព្រហ្មនោះតបថា ម្នាលគ្នាយើង ខ្ញុំឃើញឥទ្ធានុភាពរបស់អ្នក មានសភាពយ៉ាងនោះហើយ។ សុព្រហ្មតបថា ម្នាលគ្នាយើង ព្រះមានព្រះភាគ អង្គនោះ ព្រះអង្គមានឫទ្ធិច្រើនបំផុត ទាំងមានអានុភាពច្រើនជាងអ្នកផង ជាងខ្ញុំផង ម្នាលគ្នាយើង អ្នកគួរមកកាន់ទីបំរើព្រះមានព្រះភាគ ជាព្រះអរហន្ត សម្មាសម្ពុទ្ធ អង្គនោះ។

[៦៨] លំដាប់នោះឯង ព្រហ្មនោះ បានពោលនូវគាថា ចំពោះព្រហ្មមួយអង្គ ឈ្មោះសុព្រហ្មថា

រូបគ្រុឌបីរយ រូបហង្សបួនរយ រូបខ្លែងប្រាំរយ (នេះជាសម្បត្តិ ក្នុងវិមាន) របស់ខ្ញុំ ជាអ្នកមានឈាន នែព្រហ្ម វិមាននោះ ភ្លឺស្វាង រុងរឿង ក្នុងទិសខាងជើង។

[៦៩] សុព្រហ្មតបថា វិមានរបស់អ្នកនោះ ភ្លឺស្វាង រុងរឿង ក្នុងទិសខាងជើង ក៏មែនហើយ ប៉ុន្តែ អ្នកប្រាជ្ញ មានប្រាជ្ញាល្អ តែងឃើញទោសក្នុងរូបផង ឃើញរូបដែលញាប់ញ័រសព្វកាលផង ហេតុនោះ បានជាលោកមិនត្រេកអរក្នុងរូប។

[៧០] លំដាប់នោះឯង ព្រហ្មមួយអង្គ ឈ្មោះសុព្រហ្ម និងព្រហ្មមួយអង្គ ឈ្មោះសុទ្ធាវាស ញុំាងព្រហ្មនោះ ឲ្យសង្វេគហើយ ក៏បាត់អំពីទីនោះទៅ។ លុះចំណេរតមក ព្រហ្មនោះ ក៏បានទៅកាន់ទីបំរើព្រះមានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធ។

បឋមកោកាលិកសូត្រ ទី៧

(៧. កោកាលិកសុត្តំ)

[៧១] ទៀបក្រុងសាវត្ថី… សម័យនោះឯង ព្រះមានព្រះភាគ ទ្រង់គង់សម្រាកក្នុងវេលាថ្ងៃ សម្ងំនៅក្នុងឈានសមាបត្តិ។ លំដាប់នោះ មានព្រហ្មមួយអង្គ ឈ្មោះសុព្រហ្ម និងព្រហ្មមួយអង្គ ឈ្មោះសុទ្ធាវាស ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ឈរអែបនឹងសន្លឹកទ្វារម្ខាងម្នាក់។

[៧២] លំដាប់នោះឯង ព្រហ្មមួយអង្គ ឈ្មោះសុព្រហ្ម ប្រារព្ធនឹងកោកាលិកភិក្ខុ ហើយពោលនូវគាថានេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា

តើអ្នកប្រាជ្ញណា ក្នុងលោកនេះ កំណត់រាប់នូវគុណព្រះខីណាស្រព ដែលជាគុណរាប់មិនអស់បាន33) ខ្ញុំសំគាល់នូវបុថុជ្ជន ដែលថាអាចរាប់នូវគុណព្រះខីណាស្រព ជាគុណរាប់មិនអស់បាន (នោះ) ថាជាបុគ្គលល្ងង់ខ្លៅ។34)

តិស្សកសូត្រ ទី៨

(៨. កតមោទកតិស្សសុត្តំ)

[៧៣] ទៀបក្រុងសាវត្ថី… សម័យនោះឯង ព្រះមានព្រះភាគ ទ្រង់គង់សម្រាកក្នុងវេលាថ្ងៃ សម្ងំនៅក្នុងឈានសមាបត្តិ។ លំដាប់នោះឯង ព្រហ្មមួយអង្គ ឈ្មោះសុព្រហ្ម និងព្រហ្មមួយអង្គ ឈ្មោះសុទ្ធាវាស បានចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ឈរអែបនឹងសន្លឹកទ្វារម្ខាងម្នាក់។

[៧៤] គ្រានោះ ព្រហ្មមួយអង្គ ឈ្មោះសុទ្ធាវាស ប្រារព្ធនឹងភិក្ខុឈ្មោះកតមោរកតិស្សកៈ ហើយពោលគាថានេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា

តើអ្នកប្រាជ្ញណា ក្នុងលោកនេះ កំណត់រាប់នូវគុណព្រះខីណាស្រព ដែលជាគុណរាប់មិនអស់បាន ខ្ញុំសំគាល់នូវបុគ្គលឥតប្រាជ្ញា ដែលថាអាចរាប់គុណព្រះខីណាស្រព ជាគុណរាប់មិនអស់បាន (នោះ) ថាជាបុគ្គលល្ងង់ខ្លៅ។

តុទុព្រហ្មសូត្រ ទី៩

(៩. តុរូព្រហ្មសុត្តំ)

[៧៥] ទៀបក្រុងសាវត្ថី… សម័យនោះឯង កោកាលិកភិក្ខុមានអាពាធ ដល់នូវសេចក្តីទុក្ខ ឈឺធ្ងន់។ លំដាប់នោះឯង កាលវេលារាត្រីបឋមយាមកន្លងទៅហើយ ព្រហ្មមួយអង្គឈ្មោះ តុទុ មានរស្មីភ្លឺ រុងរឿង ញុំាងវត្តជេតពនទាំងអស់ឲ្យភ្លឺស្វាង ចូលទៅរកកោកាលិកភិក្ខុ លុះចូលទៅដល់ហើយ ក៏ឋិតនៅឰដ៏អាកាស បាននិយាយនឹងកោកាលិកភិក្ខុ យ៉ាងនេះថា នែកោកាលិក លោកចូរញុំាងចិត្ត ឲ្យជ្រះថ្លាក្នុងព្រះសារីបុត្ត និងព្រះមោគ្គល្លានចុះ ព្រោះព្រះសារីបុត្ត និងព្រះមោគ្គល្លាន មានសីលជាទីស្រឡាញ់។ កោកាលិកភិក្ខុសួរថា ម្នាលអាវុសោ អ្នកជាអ្វី។ តុទុព្រហ្មតបថា ខ្លួនខ្ញុំជាព្រហ្មម្នាក់ឈ្មោះតុទុ។ កោកាលិកភិក្ខុ សួរថា ម្នាលអាវុសោ អ្នកឯង ព្រះមានព្រះភាគ ទ្រង់ព្យាករថា ជាអនាគាមិបុគ្គលហើយ ហេតុអ្វីក៏ឥឡូវនេះ អ្នកមកក្នុងទីនេះ។ តុទុព្រហ្មតបថា លោកចូរឃើញកំហុសរបស់លោកនេះចុះ។

[៧៦] បុគ្គលពាល ពោលទុព្ភាសិត កាត់បង់ខ្លួនដោយវាចាណា វាចានោះ ដូចជាផ្លែដឹង កើតក្នុងមាត់បុរស ដែលកើតហើយ អ្នកណាសរសើរបុគ្គល ដែលគួរនិន្ទា ឬនិន្ទាបុគ្គល ដែលគួរសរសើរ អ្នកនោះឈ្មោះថា សន្សំទោសដោយមាត់ រមែងមិនបានសុខ ព្រោះទោសនោះ ការចាញ់ធន ព្រមទាំងទ្រព្យគ្រប់ចំពូក ព្រមទាំងខ្លួន ទៅលើល្បែងភ្នាល់ទាំងឡាយ ទោសនេះ ជាទោសមានប្រមាណតិចទេ បុគ្គលដែលញុំាងចិត្តឲ្យប្រទូស្ត ក្នុងបុគ្គលទាំងឡាយ ដែលមានគតិល្អ ទោសនេះឯង ទើបជាទោសធំជាង។ បុគ្គលតំកល់វាចា និងចិត្តអាក្រក់ ជាអ្នកតិះដៀលព្រះអរិយៈទាំងឡាយ ទៅកើតក្នុងនរកណា នរកនោះ មានអាយុចំនួនមួយសែន និងសាមសិបប្រាំមួយនិរព្វុទៈ និងប្រាំអព្វុទៈ។

ទុតិយកោកាលិកសូត្រ ទី១០

(១០. កោកាលិកសុត្តំ)

[៧៧] ទៀបក្រុងសាវត្ថី… លំដាប់នោះឯង កោកាលិកភិក្ខុ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះកោកាលិកភិក្ខុ អង្គុយក្នុងទីដ៏សមគួរហើយ បានក្រាបទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន សារីបុត្ត និងមោគ្គល្លាន ជាអ្នកប្រាថ្នាលាមក ប្រព្រឹត្តទៅតាមអំណាចសេចក្តីប្រាថ្នាលាមក។

[៧៨] កាលបើកោកាលិកភិក្ខុ ក្រាបទូលយ៉ាងនេះហើយ ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងកោកាលិកភិក្ខុ យ៉ាងនេះថា ម្នាលកោកាលិក អ្នកកុំនិយាយយ៉ាងនេះឡើយ ម្នាលកោកាលិក អ្នកកុំនិយាយយ៉ាងនេះឡើយ ម្នាលកោកាលិក អ្នកចូរញុំាងចិត្តឲ្យជ្រះថ្លា ក្នុងសារីបុត្ត និងមោគ្គល្លានចុះ ព្រោះសារីបុត្ត និងមោគ្គល្លាន មានសីលជាទីស្រឡាញ់។ កោកាលិកភិក្ខុ ក្រាបទូលព្រះមានព្រះភាគ ជាគំរប់ពីរដង យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន បុគ្គលដែលគួរជឿ គួរប្រតិបត្តិតាមរបស់ខ្ញុំ មានស្រាប់ហើយ សារីបុត្ត និងមោគ្គល្លាន ជាអ្នកប្រាថ្នាលាមកពិតៗ ប្រព្រឹត្តទៅតាមអំណាចនៃសេចក្តីប្រាថ្នាដ៏លាមក។ ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងកោកាលិកភិក្ខុ ជាគំរប់ពីរដង យ៉ាងនេះថា ម្នាលកោកាលិក អ្នកកុំនិយាយយ៉ាងនេះឡើយ ម្នាលកោកាលិក អ្នកកុំនិយាយយ៉ាងនេះឡើយ ម្នាលកោកាលិក អ្នកចូរញុំាងចិត្តឲ្យជ្រះថ្លា ក្នុងសារីបុត្ត និងមោគ្គល្លានទៅចុះ ព្រោះសារីបុត្ត និងមោគ្គល្លាន មានសីលជាទីស្រឡាញ់។ កោកាលិកភិក្ខុ ក្រាបទូលព្រះមានព្រះភាគ ជាគំរប់បីដង យ៉ាងនេះថា។បេ។ ប្រព្រឹត្តទៅតាមអំណាចសេចក្តីប្រាថ្នា។ ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងកោកាលិកភិក្ខុ ជាគំរប់បីដង យ៉ាងនេះថា។បេ។ ព្រោះសារីបុត្ត និងមោគ្គល្លាន មានសីលជាទីស្រឡាញ់។

[៧៩] លំដាប់នោះឯង កោកាលិកភិក្ខុ ក្រោកអំពីអាសនៈ ថ្វាយបង្គំព្រះមានព្រះភាគ ធ្វើប្រទក្សិណ ហើយចេញទៅ។ កោកាលិកភិក្ខុ ចេញទៅមិនយូរប៉ុន្មាន កាយទាំងមូល ក៏ចេញជាអុទ35) ប៉ុនៗគ្រាប់ស្ពៃ អុទដែលប៉ុនគ្រាប់ស្ពៃ ក្លាយឡើងប៉ុនៗគ្រាប់សណ្តែកបាយ អុទដែលប៉ុនគ្រាប់សណ្តែកបាយ ក្លាយឡើងប៉ុនៗគ្រាប់សណ្តែកកង់ អុទដែលប៉ុនគ្រាប់សណ្តែកកង់ ក្លាយឡើងប៉ុនៗគ្រាប់ពុទ្រា អុទដែលប៉ុនគ្រាប់ពុទ្រា ក្លាយឡើងប៉ុនៗផ្លែពុទ្រា អុទដែលប៉ុនផ្លែពុទ្រា ក្លាយឡើងប៉ុនៗផ្លែកន្ទួតព្រៃ អុទដែលប៉ុនផ្លែកន្ទួតព្រៃ ក្លាយឡើងប៉ុនៗក្តិបព្នៅ អុទដែលប៉ុនក្តិបព្នៅ ក្លាយឡើងប៉ុនៗផ្លែព្នៅ អុទដែលប៉ុនផ្លែព្នៅ ក៏បែកធ្លាយ ហូរខ្ទុះនិងឈាម។ គ្រានោះ កោកាលិកភិក្ខុ ក៏ធ្វើមរណកាល ដោយជម្ងឺនោះទៅ។ លុះកោកាលិកភិក្ខុ ធ្វើមរណកាលហើយ ទៅកើតក្នុងបទុមនរក ព្រោះតែចងចិត្តអាឃាត ក្នុងព្រះសារីបុត្ត និងព្រះមោគ្គល្លាន។

[៨០] លំដាប់នោះ លុះវេលារាត្រីបឋមយាម កន្លងទៅហើយ សហម្បតិព្រហ្ម មានរស្មីល្អ ញុំាងវត្តជេតពនទាំងមូល ឲ្យភ្លឺស្វាង ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះមានព្រះភាគ ហើយឈរនៅក្នុងទីដ៏សមគួរ។ លុះសហម្បតិព្រហ្ម ឈរនៅក្នុងទីដ៏សមគួរហើយ បានក្រាបទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន កោកាលិកភិក្ខុ ធ្វើមរណកាលហើយ បពិត្រព្រះអង្គដ៏ចំរើន កោកាលិកភិក្ខុ លុះធ្វើមរណកាលហើយ ក៏ទៅកើតក្នុងបទុមនរក ព្រោះតែចងចិត្តអាឃាត ក្នុងព្រះសារីបុត្ត និងព្រះមោគ្គល្លាន។ សហម្បតិព្រហ្ម បានពោលពាក្យនេះ លុះពោលពាក្យនេះហើយ ក៏ថ្វាយបង្គំព្រះមានព្រះភាគ ធ្វើប្រទក្សិណ រួចបាត់អំពីទីនោះ។

[៨១] លុះកន្លងរាត្រីនោះទៅ ព្រះមានព្រះភាគត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ កាលវេលារាត្រីបឋមយាមកន្លងទៅហើយ ក្នុងរាត្រីនេះ សហម្បតិព្រហ្ម មានរស្មីដ៏ល្អ ញុំាងវត្តជេតពនទាំងមូល ឲ្យភ្លឺស្វាង ចូលមករកតថាគត លុះចូលមកដល់ ថ្វាយបង្គំតថាគត ហើយឈរនៅក្នុងទីដ៏សមគួរ ម្នាលភិក្ខុទាំងឡាយ លុះសហម្បតិព្រហ្ម ឈរនៅក្នុងទីដ៏សមគួរហើយ ទើបនិយាយពាក្យនេះ នឹងតថាគតថា បពិត្រព្រះអង្គដ៏ចំរើន កោកាលិកភិក្ខុ ធ្វើមរណកាលហើយ បពិត្រព្រះអង្គដ៏ចំរើន កោកាលិកភិក្ខុ លុះធ្វើមរណកាលហើយ ក៏ទៅកើតក្នុងបទុមនរក ព្រោះតែចងចិត្តអាឃាត ក្នុងព្រះសារីបុត្ត និងព្រះមោគ្គល្លាន ម្នាលភិក្ខុទាំងឡាយ សហម្បតិព្រហ្ម បានពោលពាក្យនេះ លុះពោលពាក្យនេះហើយ ក៏ថ្វាយបង្គំតថាគត ធ្វើប្រទក្សិណ រួចក៏បាត់អំពីទីនោះទៅ។

[៨២] កាលព្រះមានព្រះភាគ ត្រាស់យ៉ាងនេះហើយ ភិក្ខុមួយរូប បានក្រាបទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ប្រមាណអាយុក្នុងបទុមនរក តើយូរប៉ុន្មាន។ ម្នាលភិក្ខុ ប្រមាណអាយុក្នុង បទុមនរក យូរពន់ពេក ប្រមាណអាយុ ក្នុងបទុមនរកនោះ មិនអាចរាប់បានដោយងាយថា ប៉ុណ្ណេះឆ្នាំ ប៉ុណ្ណោះរយឆ្នាំ ប៉ុណ្ណោះពាន់ឆ្នាំ ឬប៉ុណ្ណោះសែនឆ្នាំបានទេ។ បពិត្រព្រះអង្គដ៏ចំរើន ចុះអាចធ្វើឧបមាបានឬទេ។

[៨៣] ព្រះមានព្រះភាគ ទ្រង់មានព្រះបន្ទូលថា ម្នាលភិក្ខុ តថាគត អាចធ្វើបាន ហើយទ្រង់ត្រាស់ថា ម្នាលភិក្ខុ ដូចជារទេះផ្ទុកគ្រាប់ល្ង របស់អ្នកដែនកោសល ដែលមានចំណុះ ២០ខារិ36) លុះដល់កន្លងទៅមួយរយឆ្នាំៗ បុរសចាប់យកគ្រាប់ល្ងមួយគ្រាប់ៗ អំពីរទេះនោះ ម្នាលភិក្ខុ រទេះល្ងរបស់អ្នកដែនកោសល ដែលមានចំណុះ ២០ខារិនោះ អស់រលីង ឥតសេសសល់ ដោយលំដាប់ នេះឆាប់ជាង នៅមិនទាន់ដល់នរកឈ្មោះ អព្វុទៈ មួយទេ ម្នាលភិក្ខុ ២០អព្វុទនរក ស្មើនឹង និរព្វុទនរក មួយ ម្នាលភិក្ខុ ២០និរព្វុទនរក ស្មើនឹង អពពនរក មួយ ម្នាលភិក្ខុ ២០អពពនរក ស្មើនឹង អដដនរក មួយ ម្នាលភិក្ខុ ២០អដដនរក ស្មើនឹង អហហនរក មួយ ម្នាលភិក្ខុ ២០អហហនរក ស្មើនឹង កុមុទនរក មួយ ម្នាលភិក្ខុ ២០កុមុទនរក ស្មើនឹង សោគន្ធិកនរក មួយ ម្នាលភិក្ខុ ២០សោគន្ធិកនរក ស្មើនឹង ឧប្បលកនរក មួយ ម្នាលភិក្ខុ ២០ឧប្បលកនរក ស្មើនឹង បុណ្ឌរីកនរក មួយ ម្នាលភិក្ខុ ២០បុណ្ឌរីកនរក ទើបស្មើនឹង បទុមនរក មួយ ម្នាលភិក្ខុ ចំណែកកោកាលិកភិក្ខុ ទៅកើតក្នុងនរក ឈ្មោះ បទុមៈ ព្រោះតែចងចិត្តអាឃាត ក្នុងសារីបុត្ត និងមោគ្គល្លាន។

[៨៤] ព្រះមានព្រះភាគ បានត្រាស់សូត្រនេះហើយ លុះព្រះសុគតជាសាស្តា ទ្រង់ត្រាស់សូត្រនេះរួចហើយ ទើបត្រាស់ពាក្យនេះ តទៅទៀតថា

បុគ្គលពាល ពោលទុព្ភាសិត កាត់បង់ខ្លួន ដោយវាចាណា វាចានោះ ដូចជាផ្លែដឹង កើតក្នុងមាត់បុរស ដែលកើតហើយ អ្នកណាសរសើរបុគ្គល ដែលគួរនិន្ទា ឬនិន្ទាបុគ្គលដែលគួរសរសើរ អ្នកនោះឈ្មោះថា សន្សំទោសដោយមាត់ រមែងមិនបានសុខព្រោះទោសនោះ ការចាញ់ធន ព្រមទាំងទ្រព្យគ្រប់ចំពូក ព្រមទាំងខ្លួន ទៅលើល្បែងភ្នាល់ទាំងឡាយ ទោសនេះ ជាទោសមានប្រមាណតិចទេ បុគ្គលដែលញុំាងចិត្តឲ្យប្រទូស្ត ក្នុងបុគ្គលទាំងឡាយ ដែលមានគតិល្អ ទោសនេះឯង ទើបជាទោសធំជាង។ បុគ្គលតំកល់វាចា និងចិត្តអាក្រក់ ជាអ្នកតិះដៀលព្រះអរិយៈទាំងឡាយ ទៅកើតក្នុងនរកណា នរកនោះ មានអាយុចំនួនមួយសែន និងសាមសិបប្រាំមួយនិរព្វុទៈ និងប្រាំអព្វុទៈ។

ចប់ អាយាចនវគ្គ។

ឧទ្ទាននៃអាយាចនវគ្គនោះ គឺ

អាយាចនសូត្រ១ គារវសូត្រ១ ព្រហ្មទេវសូត្រ១ ពកព្រហ្មសូត្រ១ អបរាទិដ្ឋិសូត្រ១ បមាទសូត្រ១ បឋមកោកាលិកសូត្រ១ តិស្សកសូត្រ១ តុទុព្រហ្មសូត្រ១ ទុតិយកោកាលិកសូត្រដទៃទៀត១។

ព្រហ្មបញ្ចកៈ

(២. ទុតិយវគ្គោ)

សនង្កុមារសូត្រ ទី១

(១. សនង្កុមារសុត្តំ)

[៨៥] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្បែរឆ្នេរស្ទឹង ឈ្មោះសប្បិនី ទៀបក្រុងរាជគ្រឹះ។ លំដាប់នោះឯង កាលវេលារាត្រីបឋមយាមកន្លងទៅហើយ ព្រហ្មឈ្មោះ សនង្កុមារ មានរស្មីដ៏ល្អ ញុំាងឆ្នេរស្ទឹងសប្បិនីទាំងមូល ឲ្យភ្លឺស្វាង រួចចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះមានព្រះភាគ ហើយឈរក្នុងទីសមគួរ។

[៨៦] លុះសនង្កុមារព្រហ្ម ឈរនៅក្នុងទីដ៏សមគួរហើយ បានពោលគាថានេះ ក្នុងសំណាក់ព្រះមានព្រះភាគថា

ពួកជនដែលអាស្រ័យនូវគោត្រ មានតែក្សត្រិយ៍ប្រសើរបំផុតក្នុងប្រជុំជន ចំណែកខីណាសវព្រាហ្មណ៍ អ្នកបរិបូណ៌ដោយវិជ្ជា និងចរណៈ ប្រសើរបំផុតក្នុងពួកទេវតា និងមនុស្ស។

[៨៧] លុះសនង្កុមារព្រហ្ម បានពោលគាថានេះហើយ ព្រះសាស្តា ទ្រង់ពេញព្រះហឫទ័យ។ លំដាប់នោះឯង សនង្កុមារព្រហ្មដឹងថា ព្រះសាស្តារបស់អាត្មាអញ ទ្រង់ពេញព្រះហឫទ័យ ក៏ថ្វាយបង្គំព្រះមានព្រះភាគ ធ្វើប្រទក្សិណ ហើយក៏បាត់អំពីទីនោះទៅ។

ទេវទត្តសូត្រ ទី២

(២. ទេវទត្តសុត្តំ)

[៨៨] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ កាលដែលទេវទត្ត ចៀសចេញទៅមិនយូរប៉ុន្មាន ព្រះមានព្រះភាគ ទ្រង់គង់នៅលើភ្នំគិជ្ឈកូដ ទៀបក្រុងរាជគ្រឹះ។ លំដាប់នោះឯង កាលវេលារាត្រីបឋមយាមកន្លងទៅហើយ សហម្បតិព្រហ្ម មានរស្មីដ៏ល្អ ញុំាងភ្នំគិជ្ឈកូដទាំងមូល ឲ្យភ្លឺស្វាង ក៏ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះមានព្រះភាគ ហើយឈរនៅក្នុងទីសមគួរ។

[៨៩] លុះសហម្បតិព្រហ្ម ឈរក្នុងទីដ៏សមគួរហើយ បានពោលគាថានេះ ក្នុងសំណាក់ព្រះមានព្រះភាគ ប្រារព្ធនឹងទេវទត្តថា

ផ្លែចេក សម្លាប់ដើមចេក ផ្លែឫស្សី សម្លាប់ដើមឫស្សី ផ្លែបបុស សម្លាប់ដើមបបុស គ្រឿងសក្ការៈ សម្លាប់បុរសខូច ដូចជាគភ៌ សម្លាប់មេសេះអស្សតរ។

អន្ធកវិន្ទសូត្រ ទី៣

(៣. អន្ធកវិន្ទសុត្តំ)

[៩០] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងស្រុក អន្ធកវិន្ទៈ ក្នុងដែនមគធៈ។ សម័យនោះឯង ព្រះមានព្រះភាគ គង់ក្នុងទីវាល ក្នុងវេលារាត្រីងងឹតអ័ព្ទ។ ភ្លៀងក៏ធ្លាក់ស្រិបៗ។ គ្រានោះ លុះវេលារាត្រីបឋមយាម កន្លងទៅហើយ សហម្បតិព្រហ្ម មានរស្មីដ៏ល្អ ញុំាងស្រុកអន្ធកវិន្ទៈទាំងមូល ឲ្យភ្លឺស្វាង រួចចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះមានព្រះភាគ ហើយឈរក្នុងទីសមគួរ។

[៩១] លុះសហម្បតិព្រហ្ម ឈរក្នុងទីសមគួរហើយ ក៏បានពោលគាថាទាំងឡាយនេះ ក្នុងសំណាក់ព្រះមានព្រះភាគថា

ភិក្ខុគួរសេពសេនាសនៈស្ងាត់ គួរប្រព្រឹត្តឲ្យរួចស្រឡះ ចាកសំយោជនៈ បើមិនបានសេចក្តីត្រេកអរ ក្នុងសេនាសនៈនោះទេ ក៏គួរនៅក្នុងពួកចុះ តែថា ត្រូវរក្សាខ្លួន ត្រូវមានស្មារតី ភិក្ខុកាលត្រាច់ទៅបិណ្ឌបាត អំពីត្រកូលមួយ ទៅត្រកូលមួយ ត្រូវរក្សាឥន្ទ្រិយ ត្រូវមានប្រាជ្ញា មានស្មារតី ហើយគួរសេពសេនាសនៈស្ងាត់ ក្នុងទីណាមានពួកពស់តូច ពស់ធំ ជាសត្វទីឃជាតិ ដែលគួរខ្លាច ផ្លេកបន្ទោរកំពុងតែឆ្វៀលឆ្វាត់ មេឃកំពុងតែគ្រហឹម ក្នុងរាត្រីដែលងងឹតអ័ព្ទ ភិក្ខុអ្នករួចស្រឡះចាកភ័យ ចុះចិត្តស៊ប់ក្នុងព្រះនិព្វាន ដែលឥតភ័យ ក៏អស់ព្រឺព្រួចរោមហើយ អង្គុយក្នុងទីទាំងនោះបាន មួយទៀត ហេតុនេះ ខ្ញុំឃើញច្បាស់ហើយ ខ្ញុំមិនមែននិយាយផ្តេសផ្តាសទេ ក្នុងព្រហ្មចរិយៈ គឺធម្មទេសនាម្តង បានពួកលោក ដែលលះបង់ នូវមច្ចុបានមួយពាន់ បានពួកលោកជាសេក្ខៈជាងប្រាំរយ ក៏មាន រយដប់ក៏មាន លោកទាំងអស់នោះ បានដល់នូវខ្សែអរិយមគ្គហើយ មិនទៅកើតជាសត្វតិរច្ឆានទេ មួយទៀត ចិត្តខ្ញុំគិតថា ពួកសត្វក្រៅពីសេក្ខៈនេះ សុទ្ធតែជាអ្នកបានចំណែកបុណ្យ តែខ្ញុំមិនអាចនឹងរាប់បាន ព្រោះខ្លាចមុសាវាទ។

អរុណវតីសូត្រ ទី៤

(៤. អរុណវតីសុត្តំ)

[៩២] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅទៀបក្រុងសាវត្ថី។បេ។ ក្នុងទីនោះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ក៏ទទួលព្រះពុទ្ធដីកាព្រះមានព្រះភាគថា សូមទ្រង់ព្រះមេត្តាប្រោស។

[៩៣] ព្រះមានព្រះភាគ ត្រាស់យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ កាលពីព្រេងនាយមក មានព្រះរាជា ឈ្មោះ អរុណវន្ត។ ម្នាលភិក្ខុទាំងឡាយ ក៏ព្រះរាជាអរុណវន្ត មានរាជធានីឈ្មោះ អរុណវតី។ ម្នាលភិក្ខុទាំងឡាយ កាលនោះ ព្រះមានព្រះភាគ អរហន្ត សម្មាសម្ពុទ្ធ ទ្រង់ព្រះនាមសិខី បានគង់អាស្រ័យនូវអរុណវតីរាជធានី។ ម្នាលភិក្ខុទាំងឡាយ សាវ័កមួយគូ ឈ្មោះ អភិភូ និង សម្ភវៈ ជាគូដ៏ប្រសើរ ជាគូដ៏ចំរើន របស់ព្រះសិខីមានព្រះភាគ អរហន្ត សម្មាសម្ពុទ្ធ។

[៩៤] ម្នាលភិក្ខុទាំងឡាយ ក្នុងកាលនោះ ព្រះសិខីមានព្រះភាគ អរហន្ត សម្មាសម្ពុទ្ធ បានត្រាស់ហៅភិក្ខុឈ្មោះ អភិភូ ថា ម្នាលព្រាហ្មណ៍ មក យើងនឹងចូលទៅកាន់ព្រហ្មលោកណាមួយ ទំរាំដល់ពេលភត្ត។ ម្នាលភិក្ខុទាំងឡាយ អភិភូភិក្ខុ ទទួលព្រះពុទ្ធដីកាព្រះសិខីមានព្រះភាគ អរហន្ត សម្មាសម្ពុទ្ធថា ព្រះករុណា ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ ក្នុងកាលនោះ ព្រះសិខីមានព្រះភាគ អរហន្ត សម្មាសម្ពុទ្ធ និងអភិភូភិក្ខុ ក៏បាត់អំពីអរុណវតីរាជធានី ទៅប្រាកដក្នុងព្រហ្មលោកនោះ ដូចជាបុរសមានកម្លាំង លាចេញនូវដៃ ដែលបត់ចូល ឬបត់ចូលនូវដៃ ដែលលាចេញ។ ម្នាលភិក្ខុទាំងឡាយ ក្នុងលំដាប់នោះ ព្រះសិខីមានព្រះភាគ អរហន្ត សម្មាសម្ពុទ្ធ ត្រាស់នឹងអភិភូភិក្ខុថា ម្នាលព្រាហ្មណ៍ អ្នកចូរសំដែងនូវធម្មីកថា ដល់ព្រហ្មផង ដល់បរិស័ទរបស់ព្រហ្មផង ដល់អ្នកបំរើរបស់ព្រហ្មផង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុឈ្មោះ អភិភូ ទទួលព្រះពុទ្ធដីកាព្រះសិខីមានព្រះភាគ អរហន្ត សម្មាសម្ពុទ្ធថា ព្រះករុណា ព្រះអង្គ ហើយញុំាងព្រហ្មផង ញុំាងបរិស័ទរបស់ព្រហ្មផង ញុំាងអ្នកបំរើរបស់ព្រហ្មផង ឲ្យឃើញច្បាស់ ឲ្យកាន់យក ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថា។

[៩៥] ម្នាលភិក្ខុទាំងឡាយ បានឮមក ក្នុងរឿងនោះថា ព្រហ្ម និងបរិស័ទរបស់ព្រហ្ម និងអ្នកបំរើរបស់ព្រហ្ម ពោលទោស តិះដៀល និន្ទាថា អស្ចារ្យណាស់ហ្ន៎ ចំឡែកណាស់ហ្ន៎ ព្រះសាស្តា គង់នៅក្នុងទីចំពោះមុខ មិនសមបីបើសាវ័ក ហ៊ានសំដែងធម៌សោះ។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះឯង ព្រះសិខីមានព្រះភាគ អរហន្ត សម្មាសម្ពុទ្ធ ទ្រង់ត្រាស់នឹងអភិភូភិក្ខុថា ម្នាលព្រាហ្មណ៍ ព្រហ្ម និងបរិស័ទរបស់ព្រហ្ម និងអ្នកបំរើរបស់ព្រហ្មទាំងនោះ ពោលទោសថា អស្ចារ្យណាស់ហ្ន៎ ចំឡែកណាស់ហ្ន៎ ព្រះសាស្តា គង់នៅក្នុងទីចំពោះមុខ មិនសមបីបើសាវ័ក ហ៊ានសំដែងធម៌សោះ ម្នាលព្រាហ្មណ៍ បើដូច្នោះ អ្នកចូរញុំាងព្រហ្ម និងបរិស័ទរបស់ព្រហ្ម និងអ្នកបំរើរបស់ព្រហ្ម ឲ្យសង្វេគក្រៃលែងជាងប្រមាណចុះ។ ម្នាលភិក្ខុទាំងឡាយ អភិភូភិក្ខុ ទទួលព្រះពុទ្ធដីកាព្រះសិខីមានព្រះភាគ អរហន្ត សម្មាសម្ពុទ្ធថា ព្រះករុណា ព្រះអង្គ ហើយមានកាយប្រាកដ សំដែងធម៌ខ្លះ មានកាយមិនប្រាកដ សំដែងធម៌ខ្លះ មានកាយពាក់កណ្តាលខាងក្រោមប្រាកដ តែកាយពាក់កណ្តាលខាងលើ មិនប្រាកដ សំដែងធម៌ខ្លះ មានកាយពាក់កណ្តាលខាងលើប្រាកដ តែកាយពាក់កណ្តាលខាងក្រោម មិនប្រាកដ សំដែងធម៌ខ្លះ។

[៩៦] ម្នាលភិក្ខុទាំងឡាយ បានឮមក ក្នុងរឿងនោះថា ព្រហ្ម និងបរិស័ទរបស់ព្រហ្ម និងអ្នកបំរើរបស់ព្រហ្ម មានសេចក្តីអស្ចារ្យចំឡែក កើតឡើងក្នុងចិត្តថា អស្ចារ្យណាស់ហ្ន៎ ចំឡែកណាស់ហ្ន៎ សមណៈមានឫទ្ធិច្រើន មានអានុភាពច្រើន។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ អភិភូភិក្ខុ បានក្រាបទូលព្រះសិខីមានព្រះភាគ អរហន្ត សម្មាសម្ពុទ្ធ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ធ្លាប់ពោលវាចា មានសភាពយ៉ាងនេះ ក្នុងកណ្តាលភិក្ខុសង្ឃថា ម្នាលអាវុសោទាំងឡាយ ខ្ញុំឋិតនៅក្នុងព្រហ្មលោក អាចញុំាងលោកធាតុ ទាំងមួយពាន់ ឲ្យដឹងច្បាស់ ដោយសំឡេងបាន។ ម្នាលព្រាហ្មណ៍ កាលនេះគួរហើយ ម្នាលព្រាហ្មណ៍ កាលនេះគួរហើយ ម្នាលព្រាហ្មណ៍ អ្នកឋិតនៅក្នុងព្រហ្មលោកហើយ គប្បីញុំាងលោកធាតុទាំងមួយពាន់ ឲ្យដឹងច្បាស់ ដោយសំឡេងចុះ។ ម្នាលភិក្ខុទាំងឡាយ អភិភូភិក្ខុ ទទួលព្រះពុទ្ធដីកាព្រះសិខីមានព្រះភាគ អរហន្ត សម្មាសម្ពុទ្ធថា ព្រះករុណា ព្រះអង្គ ហើយឋិតនៅក្នុងព្រហ្មលោក បានពោលគាថា ទាំងនេះថា

អ្នកទាំងឡាយ ចូរប្រារព្ធ ចូរប្រឹងប្រែង ចូរប្រកបព្យាយាម ក្នុងពុទ្ធសាសនា ចូរកំចាត់បង់សេនានៃមច្ចុ ដូចជាកុញ្ជរ ញាំញីផ្ទះបបុស អ្នកណាមិនប្រហែស ក្នុងធម្មវិន័យនេះ អ្នកនោះនឹងលះបង់នូវជាតិសង្សារ ហើយធ្វើនូវទីបំផុតទុក្ខបាន។

[៩៧] ម្នាលភិក្ខុទាំងឡាយ លំដាប់នោះឯង ព្រះសិខីមានព្រះភាគ អរហន្ត សម្មាសម្ពុទ្ធ និងអភិភូភិក្ខុ ញុំាងព្រហ្ម និងបរិស័ទរបស់ព្រហ្ម និងអ្នកបំរើរបស់ព្រហ្ម ឲ្យសង្វេគហើយ បាត់អំពីព្រហ្មលោកនោះ មកប្រាកដក្នុងអរុណវតីរាជធានីវិញ ដោយឆាប់រហ័ស ប្រៀបដូចជា។បេ។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ ព្រះសិខីមានព្រះភាគ អរហន្ត សម្មាសម្ពុទ្ធ ត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ កាលដែលអភិភូភិក្ខុ ឋិតនៅក្នុងព្រហ្មលោក ពោលនូវគាថាទាំងឡាយ អ្នកទាំងឡាយ បានឮដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន កាលអភិភូភិក្ខុ ឋិតនៅក្នុងព្រហ្មលោក ពោលគាថាទាំងឡាយ ពួកយើងខ្ញុំព្រះអង្គបានឮដែរ។ ម្នាលភិក្ខុទាំងឡាយ កាលដែលអភិភូភិក្ខុ ឋិតនៅក្នុងព្រហ្មលោក ពោលនូវគាថាទាំងឡាយ អ្នកទាំងឡាយ បានឮពាក្យថាដូចម្តេចខ្លះ។ បពិត្រព្រះអង្គដ៏ចំរើន កាលដែលអភិភូភិក្ខុ ឋិតនៅក្នុងព្រហ្មលោក ពោលគាថាទាំងឡាយ ពួកយើងខ្ញុំព្រះអង្គ បានឮយ៉ាងនេះថា

អ្នកទាំងឡាយ ចូរប្រារព្ធ ចូរប្រឹងប្រែង ចូរប្រកបព្យាយាម ក្នុងពុទ្ធសាសនា ចូរកំចាត់បង់សេនានៃមច្ចុ ដូចជាកុញ្ជរ ញាំញីផ្ទះបបុស អ្នកណាមិនប្រហែស ក្នុងធម្មវិន័យនេះ អ្នកនោះ នឹងលះបង់នូវជាតិសង្សារ ហើយធ្វើនូវទីបំផុតទុក្ខបាន បពិត្រព្រះអង្គដ៏ចំរើន កាលដែលអភិភូភិក្ខុ ឋិតនៅក្នុងព្រហ្មលោក ពោលគាថាទាំងឡាយ ពួកយើងខ្ញុំព្រះអង្គ បានឮយ៉ាងនេះឯង។

[៩៨] ម្នាលភិក្ខុទាំងឡាយ ល្អហើយ ល្អហើយ ម្នាលភិក្ខុទាំងឡាយ ពិតជាប្រពៃហើយ កាលដែលអភិភូភិក្ខុ ឋិតនៅក្នុងព្រហ្មលោក ពោលគាថាទាំងឡាយ អ្នកទាំងឡាយបានឮ។ ព្រះមានព្រះភាគ ត្រាស់ព្រះពុទ្ធដីកានេះហើយ ភិក្ខុទាំងនោះ ក៏មានសេចក្តីត្រេកអរ រីករាយ ចំពោះភាសិត របស់ព្រះមានព្រះភាគ។

បរិនិព្វានសូត្រ ទី៥

(៥. បរិនិព្វានសុត្តំ)

[៩៩] សម័យមួយ ព្រះមានព្រះភាគ គង់នៅក្នុងចន្លោះដើមសាលព្រឹក្សទាំងគូ ក្នុងសាលវ័ន របស់ពួកមល្លក្សត្រិយ៍ ដែលជាទីបត់ចូលទៅក្នុងក្រុងកុសិនារា ក្នុងសម័យជាទីបរិនិព្វាន។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ក៏ឥឡូវនេះ តថាគតប្រាប់អ្នកទាំងឡាយថា សង្ខារទាំងឡាយ មានសេចក្តីសាបសូន្យជាធម្មតា អ្នកទាំងឡាយ ចូរញុំាងកិច្ចទាំងពួង ឲ្យសម្រេច ដោយសេចក្តីមិនប្រហែសចុះ។ នេះជាបច្ឆិមវាចា របស់ព្រះតថាគត។

[១០០] លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ចូលបឋមជ្ឈាន ចេញអំពីបឋមជ្ឈាន ចូលទុតិយជ្ឈាន ចេញអំពីទុតិយជ្ឈាន ចូលតតិយជ្ឈាន ចេញអំពីតតិយជ្ឈាន ចូលចតុត្ថជ្ឈាន ចេញអំពីចតុត្ថជ្ឈាន ចូលអាកាសានញ្ចាយតនជ្ឈាន ចេញអំពីអាកាសានញ្ចាយតនជ្ឈាន ចូលវិញ្ញាណញ្ចាយតនជ្ឈាន ចេញអំពីវិញ្ញាណញ្ចាយតនជ្ឈាន ចូលអាកិញ្ចញ្ញាយតនជ្ឈាន ចេញអំពីអាកិញ្ចញ្ញាយតនជ្ឈាន ចូលនេវសញ្ញានាសញ្ញាយតនជ្ឈាន ចេញអំពីនេវសញ្ញានាសញ្ញាយតនជ្ឈាន ចូលសញ្ញាវេទយិតនិរោធ ចេញអំពីសញ្ញាវេទយិតនិរោធ ត្រឡប់ចូលនេវសញ្ញានាសញ្ញាយតនជ្ឈានវិញ ចេញអំពីនេវសញ្ញានាសញ្ញាយតនជ្ឈាន ចូលអាកិញ្ចញ្ញាយតនជ្ឈាន ចេញអំពីអាកិញ្ចញ្ញាយតនជ្ឈាន ចូលវិញ្ញាណញ្ចាយតនជ្ឈាន ចេញអំពីវិញ្ញាណញ្ចាយតនជ្ឈាន ចូលអាកាសានញ្ចាយតនជ្ឈាន ចេញអំពីអាកាសានញ្ចាយតនជ្ឈាន ចូលចតុត្ថជ្ឈាន ចេញអំពីចតុត្ថជ្ឈាន ចូលតតិយជ្ឈាន ចេញអំពីតតិយជ្ឈាន ចូលទុតិយជ្ឈាន ចេញអំពីទុតិយជ្ឈាន ចូលបឋមជ្ឈាន ចេញអំពីបឋមជ្ឈាន ចូលទុតិយជ្ឈាន ចេញអំពីទុតិយជ្ឈាន ចូលតតិយជ្ឈាន ចេញអំពីតតិយជ្ឈាន ចូលចតុត្ថជ្ឈាន ចេញអំពីចតុត្ថជ្ឈាន ព្រះមានព្រះភាគ ទ្រង់បរិនិព្វាន ក្នុងចន្លោះ។

[១០១] កាលព្រះមានព្រះភាគ បរិនិព្វានហើយ សហម្បតិព្រហ្ម ពោលគាថានេះ ដំណាលគ្នានឹងការបរិនិព្វានថា

ព្រះតថាគត ជាសាស្តា មានគុណប្រាកដ ដូច្នេះ មិនមានបុគ្គលប្រៀបផ្ទឹមបានក្នុងលោក ទ្រង់ដល់នូវកម្លាំង នៃញាណ ត្រាស់ដឹងដោយព្រះអង្គឯង ទ្រង់បរិនិព្វានហើយក្នុងលោកណា ពួកសត្វទាំងអស់ នឹងដាក់ចុះនូវរាងកាយ ក្នុងលោក (នោះ) មិនខានឡើយ។

[១០២] កាលព្រះមានព្រះភាគ បរិនិព្វានហើយ សក្កៈ ជាធំជាងទេវតាទាំងឡាយ ពោលគាថានេះ ដំណាលគ្នានឹងការបរិនិព្វានថា

សង្ខារទាំងឡាយ មិនទៀងទេហ្ន៎ មានការកើតឡើង និងការសូន្យទៅវិញ ជាធម្មតា លុះកើតឡើងហើយ ក៏រលត់ទៅវិញ ការរម្ងាប់នូវសង្ខារទាំងនោះបាន ទើបនាំមកនូវសេចក្តីសុខ។

[១០៣] កាលព្រះមានព្រះភាគ បរិនិព្វានហើយ ព្រះអានន្ទមានអាយុ ពោលគាថានេះ ដំណាលគ្នានឹងការបរិនិព្វានថា

កាលដែលព្រះសម្ពុទ្ធ ប្រកបដោយហេតុដ៏ប្រសើរគ្រប់យ៉ាង ទ្រង់បរិនិព្វានហើយ សេចក្តីខ្លាចនោះ សេចក្តីព្រឺរោមនោះ ក៏តែងកើតមានប្រាកដ។

[១០៤] កាលព្រះមានព្រះភាគ បរិនិព្វានហើយ ព្រះអនុរុទ្ធមានអាយុ ក៏ពោលគាថាទាំងនេះ ដំណាលគ្នានឹងការបរិនិព្វានថា

ខ្យល់អស្សាសៈ និងបស្សាសៈ របស់ព្រះសម្ពុទ្ធ ដែលមានព្រះហឫទ័យខ្ជាប់ខ្ជួន នឹងធឹង មិនមានទេ ព្រះសម្ពុទ្ធ ទ្រង់មិនញាប់ញ័រដោយតណ្ហាទេ ទ្រង់ប្រារព្ធសេចក្តីស្ងប់ គឺអនុបាទិសេសនិព្វាន ទ្រង់មានបញ្ញាចក្ខុ បរិនិព្វានហើយ ទ្រង់អត់សង្កត់នូវវេទនា ដោយព្រះហឫទ័យមិនបានរួញរា មានព្រះហឫទ័យរួចស្រឡះ ដូចជាប្រទីបរលត់ហើយ។

ចប់ ព្រហ្មបញ្ចកៈ។

ឧទ្ទាននៃព្រហ្មបញ្ចកៈនោះ គឺ

សនង្កុមារព្រហ្មសូត្រ១ ទេវទត្តសូត្រ១ អន្ធកវិន្ទសូត្រ១ អរុណវតីសូត្រ១ និងបរិនិព្វានសូត្រ១ នេះឈ្មោះថា ព្រហ្មបញ្ចកៈ ដែលព្រះមានព្រះភាគ សំដែងហើយ។

ឧទ្ទាន ក្នុងព្រហ្មសំយុត្តនោះ គឺ

ព្រហ្មាយាចនសូត្រ១ គាវរសូត្រ១ ព្រហ្មទេវសូត្រ១ ពកព្រហ្មសូត្រ១ ព្រហ្មដទៃទៀត ក្នុងអបរាទិដ្ឋិសូត្រ១ រឿងព្រហ្មលោកក្នុងបមាទសូត្រ១ បឋមកោកាលិកសូត្រ១ អាឡវិកៈ (តិស្សកៈ)សូត្រ១ តុទុព្រហ្មសូត្រ១ កោកាលិកភិក្ខុសូត្រ១ សនង្កុមារសូត្រ១ ទេវទត្តសូត្រ១ អន្ធកវិន្ទសូត្រ១ អរុណវតីសូត្រ១ បរិនិព្វានសូត្រ១ ត្រូវជា១៥ លំដាប់បាលី ដែលមានមក ប្រាកដដូច្នេះឯង។

ចប់ ព្រហ្មសំយុត្ត។

ព្រាហ្មណសំយុត្ត (ទី៧)

(៧. ព្រាហ្មណសំយុត្តំ)

អរហន្តវគ្គ ទី១

(១. អរហន្តវគ្គោ)

ធនញ្ជានីសូត្រ ទី១

(១. ធនញ្ជានីសុត្តំ)

[១០៥] ខ្ញុំបានស្តាប់យ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ជិតក្រុងរាជគ្រឹះ។ សម័យនោះឯង នាងព្រាហ្មណីឈ្មោះ ធនញ្ជានី (ជាភរិយា) នៃព្រាហ្មណ៍ម្នាក់ ជាភារទ្វាជគោត្រ នាងជ្រះថ្លាក្រៃពេក ក្នុងព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ។

[១០៦] លំដាប់នោះឯង នាងធនញ្ជានីព្រាហ្មណី កំពុងចាត់ចែងភត្ត ដើម្បីព្រាហ្មណ៍ភារទ្វាជគោត្រ ក៏ភ្លាត់បន្លឺនូវឧទានបីដងថា សូមថ្វាយបង្គំព្រះមានព្រះភាគ អរហន្ត សម្មាសម្ពុទ្ធអង្គនោះ សូមថ្វាយបង្គំព្រះមានព្រះភាគ អរហន្ត សម្មាសម្ពុទ្ធ អង្គនោះ។ កាលបើនាងព្រាហ្មណី ពោលយ៉ាងនេះហើយ ព្រាហ្មណ៍ភារទ្វាជគោត្រ និយាយនឹងនាងធនញ្ជានីព្រាហ្មណី យ៉ាងនេះថា មេចង្រៃនេះ ធ្លាប់តែឯចឹងៗ ហ៊ានពោលសរសើរសមណៈត្រងោល ក្នុងទីផ្តេសផ្តាស នែមេចង្រៃ អញនឹងលើកនូវវាទៈ37) ចំពោះគ្រូរបស់ហងឯងនោះ ក្នុងកាលឥឡូវនេះ។ ម្នាលព្រាហ្មណ៍ ក្នុងលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក មនុស្សលោក ក្នុងពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ និងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស ខ្ញុំមិនដែលឃើញអ្នកណា អាចលើកនូវវាទៈ ចំពោះព្រះមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធនោះបានទេ ម្នាលព្រាហ្មណ៍ តែថាអ្នកចូរទៅចុះ លុះទៅហើយ គង់តែនឹងដឹងទេ។

[១០៧] គ្រានោះឯង ព្រាហ្មណ៍ភារទ្វាជគោត្រ ខឹងអន់ចិត្ត ចូលទៅរកព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះមានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររឭកហើយ ក៏អង្គុយនៅក្នុងទីសមគួរ។ លុះព្រាហ្មណ៍ភារទ្វាជគោត្រ អង្គុយក្នុងទីសមគួរហើយ បានពោលនឹងព្រះមានព្រះភាគ ដោយគាថា ថា

បុគ្គលកាត់បង់នូវអ្វី ទើបដេកជាសុខ បុគ្គលកាត់បង់នូវអ្វី ទើបមិនសោកសៅ បពិត្រព្រះគោតម ព្រះអង្គពេញព្រះហ្ឫទ័យនឹងសម្លាប់ធម៌ណា ដែលជាធម៌ឯក។

[១០៨] ព្រះមានព្រះភាគត្រាស់ថា បុគ្គលកាត់បង់នូវសេចក្តីក្រោធ ទើបដេកជាសុខ បុគ្គលកាត់បង់នូវសេចក្តីក្រោធ ទើបមិនសោកសៅ ម្នាលព្រាហ្មណ៍ ពួកព្រះអរិយៈ តែងសរសើរនូវការសម្លាប់សេចក្តីក្រោធ ដែលមានឫសជាពិស មានចុងដ៏ផ្អែម ព្រោះថា បុគ្គលកាត់បង់នូវសេចក្តីក្រោធនោះបានហើយ ទើបមិនសោកសៅ។

[១០៩] កាលដែលព្រះមានព្រះភាគ ត្រាស់យ៉ាងនេះហើយ ព្រាហ្មណ៍ភារទ្វាជគោត្រ បានទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះគោតមដ៏ចំរើន ច្បាស់ណាស់ បពិត្រព្រះគោតមដ៏ចំរើន ច្បាស់ណាស់ បពិត្រព្រះគោតមដ៏ចំរើន ដូចជាបុគ្គលផ្ងារ នូវរបស់ដែលផ្កាប់ បើកបង្ហាញ នូវរបស់ដែលកំបាំង ឬចង្អុលបង្ហាញផ្លូវ ដល់មនុស្សវង្វេង ឬក៏ទ្រោលប្រទីប ក្នុងទីងងឹត ដោយគិតថា ពួកមនុស្សមានចក្ខុ នឹងឃើញរូបទាំងឡាយបាន ធម៌ដែលព្រះគោតមដ៏ចំរើន ប្រកាសហើយ ដោយអនេកបរិយាយ ក៏យ៉ាងនោះដែរ ខ្ញុំព្រះអង្គនេះ សូមដល់នូវព្រះគោតមដ៏ចំរើនផង ព្រះធម៌ផង ព្រះភិក្ខុសង្ឃផង ជាទីពឹង ទីរឭក ខ្ញុំព្រះអង្គ សូមបាននូវបព្វជ្ជា សូមបាននូវឧបសម្បទា ក្នុងសំណាក់ព្រះគោតមដ៏ចំរើន។ ព្រាហ្មណ៍ភារទ្វាជគោត្រ ក៏បានបព្វជ្ជា និងឧបសម្បទា ក្នុងសំណាក់ព្រះមានព្រះភាគ។ លុះភារទ្វាជៈមានអាយុ បានឧបសម្បទា មិនយូរប៉ុន្មាន ចៀសចេញទៅតែម្នាក់ឯង ជាអ្នកមិនប្រមាទ មានព្យាយាមដុតកំដៅកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន កុលបុត្រទាំងឡាយ ចេញចាកផ្ទះ ចូលទៅកាន់ផ្នួស ដោយប្រពៃ ដើម្បីប្រយោជន៍ ដល់អនុត្តរធម៌ណា (ព្រះភារទ្វាជៈនោះ) ក៏បានធ្វើឲ្យជាក់ច្បាស់ បានសម្រេចដោយប្រាជ្ញា ដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន នូវអនុត្តរធម៌នោះ ដែលជាទីបំផុតនៃព្រហ្មចរិយៈ ហើយដឹងច្បាស់ថា ជាតិអស់ហើយ មគ្គព្រហ្មចរិយៈ បាននៅរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើរួចហើយ មគ្គភាវនាកិច្ចដទៃ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ បណ្តាព្រះអរហន្តទាំងឡាយ ព្រះភារទ្វាជៈមានអាយុ ក៏ជាព្រះអរហន្តមួយអង្គដែរ។

អក្កោសកសូត្រ ទី២

(២. អក្កោសសុត្តំ)

[១១០] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ទៀបក្រុងរាជគ្រឹះ។ ព្រាហ្មណ៍ឈ្មោះ អក្កោសកភារទ្វាជៈ បានឮដំណឹងថា ព្រាហ្មណ៍ភារទ្វាជគោត្រ ចេញចាកផ្ទះ ចូលទៅកាន់ផ្នួស ក្នុងសំណាក់ព្រះសមណគោតម ក៏ខឹង អន់ចិត្ត ចូលទៅរកព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ជេរគម្រាមព្រះមានព្រះភាគ ដោយវាចាជាអសប្បុរស អាក្រក់។

[១១១] កាលបើអក្កោសកភារទ្វាជៈ ពោលយ៉ាងនេះហើយ ព្រះមានព្រះភាគ បានត្រាស់នឹងអក្កោសកភារទ្វាជព្រាហ្មណ៍ យ៉ាងនេះថា ម្នាលព្រាហ្មណ៍ អ្នកសំគាល់ហេតុនោះដូចម្តេច ពួកមិត្រអាមាត្យ ញាតិសាលោហិត ជាភ្ញៀវ ធ្លាប់មករកអ្នកដែរឬ។ បពិត្រព្រះគោតមដ៏ចំរើន ចួនកាលពួកមិត្តអាមាត្យ ញាតិសាលោហិត ជាភ្ញៀវ ធ្លាប់មករកខ្ញុំម្តងៗដែរ។ ម្នាលព្រាហ្មណ៍ អ្នកសំគាល់សេចក្តីនោះដូចម្តេច អ្នកបានរៀបខាទនីយ ភោជនីយាហារ និងសាយនីយាហារ ទទួលពួកភ្ញៀវទាំងនោះដែរឬ។ បពិត្រព្រះគោតមដ៏ចំរើន ចួនកាលខ្ញុំបានរៀបខាទនីយភោជនីយាហារ និងសាយនីយាហារ ទទួលពួកភ្ញៀវទាំងនោះដែរ។ ម្នាលព្រាហ្មណ៍ ប្រសិនបើពួកភ្ញៀវទាំងនោះ មិនទទួលយកទេ តើវត្ថុនោះ បានទៅអ្នកណាវិញ។ បពិត្រព្រះគោតមដ៏ចំរើន ប្រសិនបើពួកភ្ញៀវទាំងនោះ មិនទទួលយកទេ វត្ថុនោះ ត្រូវបានមកខ្ញុំវិញ។ ម្នាលព្រាហ្មណ៍ ការជេរនុ៎ះ ក៏យ៉ាងនោះដែរ អ្នកឯងជេរតថាគត ដែលជាអ្នកមិនជេរ ខឹងនឹងតថាគត ដែលជាអ្នកមិនខឹង ប្រកួតប្រកាន់នឹងតថាគត ដែលជាអ្នកមិនប្រកួតប្រកាន់ តថាគត មិនទទួលការប្រទូស្ត របស់អ្នកនោះទេ ម្នាលព្រាហ្មណ៍ ការជេរនុ៎ះ ត្រូវបានទៅអ្នកវិញ ម្នាលព្រាហ្មណ៍ ការជេរនុ៎ះ ត្រូវបានទៅអ្នកវិញ។ ម្នាលព្រាហ្មណ៍ អ្នកណាជេរតបបុគ្គលដែលជេរ ខឹងតបបុគ្គលដែលខឹង ប្រកួតប្រកាន់តបបុគ្គល ដែលប្រកួតប្រកាន់ ម្នាលព្រាហ្មណ៍ បុគ្គលនេះ តថាគត ឲ្យឈ្មោះថា ស៊ីជាមួយគ្នា ធ្វើតបបុគ្គលដែលធ្វើហើយ តថាគតនោះ មិនបរិភោគជាមួយនឹងអ្នកទេ មិនធ្វើតបអ្នកវិញទេ ម្នាលព្រាហ្មណ៍ ការជេរនុ៎ះ ត្រូវបានទៅអ្នកវិញ ម្នាលព្រាហ្មណ៍ ការជេរនុ៎ះ ត្រូវបានទៅអ្នកវិញ។ ព្រាហ្មណ៍ពោលថា បរិស័ទ ព្រមទាំងស្តេច ស្គាល់ព្រះគោតមដ៏ចំរើន យ៉ាងនេះថា ព្រះសមណគោតម ជាព្រះអរហន្តមែន តែព្រះគោតមដ៏ចំរើន នៅតែខឹង។

[១១២] ព្រះមានព្រះភាគត្រាស់ថា បុគ្គលមិនក្រោធ មានខ្លួនទូន្មានហើយ រស់នៅសមរម្យ មានចិត្តរួចស្រឡះ ព្រោះយល់ត្រូវ អ្នកស្ងប់រម្ងាប់កិលេស មិនញាប់ញ័រ ដោយលោកធម៌ តើមានក្រោធពីណាមក ព្រោះថា អ្នកណាក្រោធតបបុគ្គលដែលក្រោធហើយ អ្នកនោះឯង នឹងមានសេចក្តីអាក្រក់ ព្រោះសេចក្តីក្រោធនោះឯង ឯបុគ្គលមិនក្រោធតបនឹងអ្នកដែលក្រោធ រមែងឈ្នះសង្គ្រាម ដែលគេឈ្នះបានដោយក្រ អ្នកណាដឹងថា អ្នកដទៃក្រោធនឹងខ្លួន ជាអ្នកមានស្មារតីរម្ងាប់សេចក្តីក្រោធបាន អ្នកនោះឈ្មោះថា ប្រព្រឹត្តនូវប្រយោជន៍ ដល់ជនទាំងពីរនាក់ គឺខ្លួន និងអ្នកដទៃ បណ្តាជនទាំង២នាក់ គឺខ្លួននិងអ្នកដទៃ ដែលជាអ្នករក្សាសេចក្តីសុខ ជនទាំងឡាយណា មិនឈ្លាសក្នុងធម៌ ជនទាំងឡាយនោះ រមែងសំគាល់អ្នកនោះ ថាជាមនុស្សពាល។

[១១៣] កាលព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ អក្កោសកភារទ្វាជៈព្រាហ្មណ៍ បានទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះគោតមដ៏ចំរើន ច្បាស់ណាស់ បពិត្រព្រះគោតមដ៏ចំរើន ច្បាស់ណាស់។បេ។ ខ្ញុំព្រះអង្គនេះ សូមដល់នូវព្រះគោតមដ៏ចំរើនផង ព្រះធម៌ផង ព្រះភិក្ខុសង្ឃផង ជាទីពឹង ទីរឭក ខ្ញុំព្រះអង្គ សូមបាននូវបព្វជ្ជា និងឧបសម្បទា ក្នុងសំណាក់ព្រះគោតមដ៏ចំរើន។ អក្កោសកភារទ្វាជព្រាហ្មណ៍ បានបព្វជ្ជា និងឧបសម្បទា ក្នុងសំណាក់ព្រះមានព្រះភាគហើយ។ លុះអក្កោសកភារទ្វាជៈមានអាយុ បានឧបសម្បទា មិនយូរប៉ុន្មាន ចៀសចេញទៅតែម្នាក់ឯង ជាអ្នកមិនប្រមាទ មានព្យាយាមដុតកំដៅកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន កុលបុត្រទាំងឡាយ ចេញចាកផ្ទះ ចូលទៅកាន់ផ្នួស ដោយប្រពៃ ដើម្បីប្រយោជន៍ ដល់អនុត្តរធម៌ណា លោកក៏បានធ្វើឲ្យជាក់ច្បាស់ បានសម្រេចដោយប្រាជ្ញា ដ៏ឧត្តម នៃខ្លួនឯង ក្នុងបច្ចុប្បន្ន នូវអនុត្តរធម៌នោះ ដែលជាទីបំផុត នៃព្រហ្មចរិយៈ ហើយដឹងច្បាស់ថា ជាតិអស់ហើយ មគ្គព្រហ្មចរិយៈ បាននៅរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើហើយ មគ្គភាវនាកិច្ចដទៃ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ បណ្តាព្រះអរហន្តទាំងឡាយ ព្រះភារទ្វាជៈមានអាយុ ក៏ជាព្រះអរហន្តមួយអង្គដែរ។

អសុរិន្ទកសូត្រ ទី៣

(៣. អសុរិន្ទកសុត្តំ)

[១១៤] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ជិតក្រុងរាជគ្រឹះ។ អសុរិន្ទកភារទ្វាជព្រាហ្មណ៍ បានឮដំណឹងថា ព្រាហ្មណ៍ភារទ្វាជគោត្រ ចេញចាកផ្ទះ ចូលទៅកាន់ផ្នួស ក្នុងសំណាក់ព្រះសមណគោតមហើយ ក៏ក្រោធខឹង អន់ចិត្ត ចូលទៅរកព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ជេរគម្រាមព្រះមានព្រះភាគ ដោយវាចាជាអសប្បុរស ក៏អាក្រក់។ កាលបើអសុរិន្ទកព្រាហ្មណ៍ ជេរយ៉ាងនេះហើយ ព្រះមានព្រះភាគ ក៏នៅតែស្ងៀម។ លំដាប់នោះឯង អសុរិន្ទកភារទ្វាជព្រាហ្មណ៍ បានពោលនឹងព្រះមានព្រះភាគ យ៉ាងនេះថា នែសមណៈ យើងឈ្នះអ្នកឯងហើយ នែសមណៈ យើងឈ្នះអ្នកឯងហើយ។

[១១៥] ព្រះមានព្រះភាគត្រាស់ថា បុគ្គលពាល ពោលនូវផរុសវាចា តែងសំគាល់ថា ជ័យជំនះ តែថា សេចក្តីអត់ធន់ ជាជ័យជំនះ របស់អ្នកប្រាជ្ញនោះ អ្នកណាក្រោធតបនឹងបុគ្គលអ្នកក្រោធ អ្នកនោះឯង រមែងមានសេចក្តីអាក្រក់ ព្រោះសេចក្តីក្រោធនោះ បុគ្គលមិនក្រោធតបនឹងបុគ្គលអ្នកក្រោធ ឈ្មោះថា ឈ្នះសង្គ្រាម ដែលគេឈ្នះបានដោយកម្រ អ្នកណាដឹងថា អ្នកដទៃក្រោធនឹងខ្លួន ហើយមានស្មារតីរម្ងាប់សេចក្តីក្រោធបាន អ្នកនោះឈ្មោះថា ប្រព្រឹត្តនូវប្រយោជន៍ ដល់ជនទាំង២នាក់ គឺខ្លួន និងអ្នកដទៃ បណ្តាជនទាំង២នាក់ គឺខ្លួននិងអ្នកដទៃ ដែលជាអ្នករក្សាសេចក្តីសុខ ជនទាំងឡាយ ដែលមិនឈ្លាសក្នុងធម៌ រមែងសំគាល់អ្នក ដែលអត់ធន់នោះ ថាជាមនុស្សពាល។

[១១៦] កាលបើព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ អសុរិន្ទកភារទ្វាជព្រាហ្មណ៍ បានក្រាបទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះគោតមដ៏ចំរើន ច្បាស់ណាស់ បពិត្រព្រះគោតមដ៏ចំរើន ច្បាស់ណាស់។បេ។ បានដឹងច្បាស់។ បណ្តាព្រះអរហន្តទាំងឡាយ ព្រះភារទ្វាជៈមានអាយុ ក៏ជាព្រះអរហន្តមួយអង្គដែរ។

ពិលង្គិកសូត្រ ទី៤

(៤. ពិលង្គិកសុត្តំ)

[១១៧] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ជិតក្រុងរាជគ្រឹះ។ ពិលង្គិកភារទ្វាជព្រាហ្មណ៍ បានឮដំណឹងថា ព្រាហ្មណ៍ភារទ្វាជគោត្រ ចេញចាកផ្ទះ ចូលទៅកាន់ផ្នួស ក្នុងសំណាក់ព្រះសមណគោតម ក៏ក្រោធខឹង អន់ចិត្ត ចូលទៅរកព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ឈរស្ងៀម ក្នុងទីសមគួរ។

[១១៨] លំដាប់នោះឯង ព្រះមានព្រះភាគ ទ្រង់ជ្រាបនូវសេចក្តីត្រិះរិះ ក្នុងចិត្តនៃពិលង្គិកភារទ្វាជព្រាហ្មណ៍ ដោយព្រះហឫទ័យហើយ ទ្រង់ត្រាស់នឹងពិលង្គិកភារទ្វាជព្រាហ្មណ៍ ដោយគាថា ថា

បុគ្គលពាលណា ប្រទូស្តចំពោះជន ដែលមិនបានប្រទូស្ត ជាសត្វដ៏ស្អាត មិនមានទីទួល គឺកិលេស បាបរមែងត្រឡប់មកត្រូវបុគ្គលពាលនោះវិញ ដូចជាធូលីដ៏ល្អិត ដែលគេបាចច្រាសខ្យល់។

[១១៩] កាលបើព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ពិលង្គិកភារទ្វាជព្រាហ្មណ៍ បានក្រាបទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះគោតមដ៏ចំរើន ច្បាស់ណាស់ បពិត្រព្រះគោតមដ៏ចំរើន ច្បាស់ណាស់។បេ។ ខ្ញុំព្រះអង្គនេះ សូមដល់នូវព្រះគោតមដ៏ចំរើនផង ព្រះធម៌ផង ព្រះភិក្ខុសង្ឃផង ជាទីពឹង ទីរឭក ខ្ញុំព្រះអង្គ សូមបាននូវបព្វជ្ជា ក្នុងសំណាក់ព្រះគោតមដ៏ចំរើន។បេ។ បានធ្វើឲ្យជាក់ច្បាស់ សម្រេចដោយប្រាជ្ញា ដ៏ឧត្តម នៃខ្លួនឯង ក្នុងបច្ចុប្បន្ន នូវអនុត្តរធម៌នោះ ដែលជាទីបំផុតនៃព្រហ្មចរិយៈ ហើយដឹងច្បាស់ថា ជាតិអស់ហើយ មគ្គព្រហ្មចរិយៈ បាននៅរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើរួចហើយ មគ្គភាវនាកិច្ចដទៃ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ បណ្តាព្រះអរហន្តទាំងឡាយ ព្រះភារទ្វាជៈមានអាយុ ក៏ជាព្រះអរហន្តមួយអង្គដែរ។

អហឹសកសូត្រ ទី៥

(៥. អហិំសកសុត្តំ)

[១២០] សាវត្ថីនិទាន។ លំដាប់នោះឯង អហឹសកភារទ្វាជព្រាហ្មណ៍ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះមានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររឭកហើយ ក៏អង្គុយក្នុងទីសមគួរ។ លុះអហឹសកភារទ្វាជព្រាហ្មណ៍ អង្គុយក្នុងទីដ៏សមគួរហើយ បានពោលនូវពាក្យនេះ នឹងព្រះមានព្រះភាគថា បពិត្រព្រះគោតមដ៏ចំរើន ខ្ញុំព្រះអង្គ ឈ្មោះ អហឹសកៈ បពិត្រព្រះគោតមដ៏ចំរើន ខ្ញុំព្រះអង្គ ឈ្មោះអហឹសកៈ។

[១២១] ព្រះអង្គត្រាស់ថា ប្រសិនបើឈ្មោះអ្នកឯង ពិតដូច្នោះមែន អ្នកឯងគួរជាអ្នកមិនបៀតបៀន ព្រោះថា បុគ្គលណា មិនបៀតបៀន ដោយកាយវាចាចិត្ត បុគ្គលនោះ ទើបឈ្មោះថា អហឹសកៈ មួយទៀត បើបុគ្គលណា មិនសម្លាប់សត្វដទៃ បុគ្គលនោះ ឈ្មោះថា អហឹសកៈ។

[១២២] កាលព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ អហឹសកភារទ្វាជព្រាហ្មណ៍ បានពោលនូវពាក្យនេះ នឹងព្រះមានព្រះភាគថា បពិត្រព្រះគោតមដ៏ចំរើន ច្បាស់ណាស់។បេ។ បានដឹងច្បាស់។ បណ្តាព្រះអរហន្តទាំងឡាយ ព្រះភារទ្វាជៈមានអាយុ ក៏ជាព្រះអរហន្តមួយអង្គដែរ។

ជដាសូត្រ ទី៦

(៦. ជដាសុត្តំ)

[១២៣] សាវត្ថីនិទាន។ គ្រានោះឯង ជដាភារទ្វាជព្រាហ្មណ៍ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះមានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររឭកហើយ ក៏អង្គុយក្នុងទីសមគួរ។

[១២៤] លុះជដាភារទ្វាជព្រាហ្មណ៍ អង្គុយក្នុងទីសមគួរហើយ បានពោល នឹងព្រះមានព្រះភាគ ដោយគាថា ថា

បណ្តាញខាងក្នុងក៏មាន បណ្តាញខាងក្រៅក៏មាន ពួកសត្វតែងចំពាក់ ដោយបណ្តាញ បពិត្រព្រះគោតម ព្រោះហេតុនោះ ខ្ញុំព្រះអង្គ សូមសួរនូវសេចក្តីនោះ តើអ្នកណា អាចកាប់ឆ្កា នូវបណ្តាញនេះបាន។

[១២៥] ព្រះអង្គត្រាស់ថា នរជនឃើញភ័យ ក្នុងសំសារវដ្ត ប្រកបដោយបញ្ញា មានព្យាយាម មានបញ្ញា ជាគ្រឿងរក្សាខ្លួន តាំងនៅក្នុងសីល ហើយចំរើននូវចិត្ត និងបញ្ញា នរជននោះ ទើបគួរកាប់ឆ្កា នូវបណ្តាញនេះបាន រាគៈក្តី ទោសៈក្តី អវិជ្ជាក្តី ដែលជនទាំងឡាយណា ឲ្យសាបរលាបទៅហើយ ជនទាំងនោះ មានអាសវៈអស់ហើយ ជាព្រះអរហន្ត ជនទាំងនោះ ឈ្មោះថា បានកាប់ឆ្កា នូវបណ្តាញបាន នាមក្តី រូបក្តី បដិឃសញ្ញា និងរូបសញ្ញាក្តី រលត់មិនសល់ក្នុងទីណា បណ្តាញនុ៎ះ ក៏ដាច់សូន្យក្នុងទីនោះ។

[១២៦] កាលព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ជដាភារទ្វាជព្រាហ្មណ៍ បានពោលនូវពាក្យនេះ នឹងព្រះមានព្រះភាគថា បពិត្រព្រះគោតមដ៏ចំរើន ច្បាស់ណាស់។បេ។ បណ្តាព្រះអរហន្តទាំងឡាយ ព្រះភារទ្វាជៈមានអាយុ ក៏ជាព្រះអរហន្តមួយអង្គដែរ។

សុទ្ធិកសូត្រ ទី៧

(៧. សុទ្ធិកសុត្តំ)

[១២៧] សាវត្ថីនិទាន។ គ្រានោះឯង សុទ្ធិកភារទ្វាជព្រាហ្មណ៍ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះមានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររឭកហើយ ក៏អង្គុយក្នុងទីសមគួរ។

[១២៨] លុះសុទ្ធិកភារទ្វាជព្រាហ្មណ៍ អង្គុយក្នុងទីសមគួរហើយ បានពោលគាថានេះ ក្នុងសំណាក់ព្រះមានព្រះភាគថា

បុគ្គលដែលឈ្មោះថា ព្រាហ្មណ៍ ពុំទាន់បរិសុទ្ធនៅឡើយទេ លុះតែបុគ្គលណាមួយ ក្នុងលោក ដែលមានសីល ធ្វើនូវតបៈ ប្រកបដោយវិជ្ជា និងចរណៈ បុគ្គលនោះ ទើបឈ្មោះថា បរិសុទ្ធ ពួកសត្វឯទៀត ក្រៅពីនេះ រមែងមិនបរិសុទ្ធឡើយ។

[១២៩] ព្រះអង្គត្រាស់ថា បុគ្គល កាលពោលនូវពាក្យច្រើន តែជាអ្នកជ្រោកជ្រាកសៅហ្មងខាងក្នុង អាស្រ័យដោយការកុហក ក៏មិនឈ្មោះថា ព្រាហ្មណ៍ ព្រោះជាតិឡើយ ក្សត្រ ព្រាហ្មណ៍ វេស្សៈ សុទ្ទៈ ចណ្ឌាល អ្នកចោលសំរាម ដែលមានព្យាយាមប្រារព្ធហើយ មានចិត្តបញ្ជូនទៅ កាន់ព្រះនិព្វាន មានសេចក្តីប្រឹងប្រែងមាំមួនជានិច្ច រមែងដល់នូវសេចក្តីបរិសុទ្ធិ ដ៏ក្រៃលែងបាន ម្នាលព្រាហ្មណ៍ អ្នកចូរដឹងយ៉ាងនេះចុះ។

[១៣០] កាលព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ សុទ្ធិកភារទ្វាជព្រាហ្មណ៍ បានពោលនូវពាក្យនេះ នឹងព្រះមានព្រះភាគថា បពិត្រព្រះគោតមដ៏ចំរើន ច្បាស់ណាស់ បពិត្រព្រះគោតមដ៏ចំរើន ច្បាស់ណាស់។បេ។ បណ្តាព្រះអរហន្តទាំងឡាយ ព្រះភារទ្វាជៈមានអាយុ ក៏ជាព្រះអរហន្តមួយអង្គដែរ។

អគ្គិកសូត្រ ទី៨

(៨. អគ្គិកសុត្តំ)

[១៣១] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ទៀបក្រុងរាជគ្រឹះ។ សម័យនោះឯង អគ្គិកភារទ្វាជព្រាហ្មណ៍ លាយនូវបាយាស ដោយសប្បិ ដោយបំណងថា អាត្មាអញ នឹងបូជាភ្លើង នឹងបំរើនូវការបូជាភ្លើង។

[១៣២] លំដាប់នោះឯង ព្រះមានព្រះភាគ ទ្រង់ស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ស្តេចចូលទៅបិណ្ឌបាត ក្នុងក្រុងរាជគ្រឹះ កាលត្រាច់បិណ្ឌបាត តាមលំដាប់ផ្ទះ ក្នុងក្រុងរាជគ្រឹះហើយ ក៏ចូលទៅកាន់ផ្ទះ របស់អគ្គិកភារទ្វាជព្រាហ្មណ៍ លុះចូលទៅដល់ហើយ ទ្រង់ឈរនៅក្នុងទីសមគួរ។

[១៣៣] អគ្គិកភារទ្វាជព្រាហ្មណ៍ បានឃើញព្រះមានព្រះភាគ កំពុងទ្រង់ឈរ ដើម្បីបិណ្ឌបាត លុះឃើញហើយ បានពោលនឹងព្រះមានព្រះភាគ ដោយគាថា ថា

អ្នកណាបរិបូណ៌ដោយវិជ្ជាបី មានជាតិ (ដ៏បរិសុទ្ធ) ជាអ្នកចេះចាំគម្ពីរច្រើន ជាអ្នកបរិបូណ៌ ដោយវិជ្ជា ចរណៈ អ្នកនោះ ទើបគួរបរិភោគ នូវបាយាសនេះបាន។

[១៣៤] ព្រះអង្គត្រាស់ថា បុគ្គល កាលពោលនូវពាក្យច្រើន តែជាអ្នកជ្រោកជ្រាកសៅហ្មង ខាងក្នុង ត្រូវសេចក្តីកុហករួបរឹតហើយ មិនឈ្មោះថា ព្រាហ្មណ៍ ព្រោះជាតិឡើយ អ្នកណាដឹងនូវខន្ធសន្តាន ដែលសត្វធ្លាប់អាស្រ័យនៅពីមុន ឃើញនូវសួគ៌ និងអបាយ មួយទៀត ជាអ្នកដល់នូវការអស់ទៅនៃជាតិ ជាអ្នកប្រាជ្ញ ដល់នូវការសម្រេច ព្រោះត្រាស់ដឹង បានឈ្មោះថា តេវិជ្ជបុគ្គល ព្រោះវិជ្ជាទាំងបីនុ៎ះ ទាំងបរិបូណ៌ ដោយវិជ្ជាចរណៈ ទើបឈ្មោះថា ព្រាហ្មណ៍ ព្រាហ្មណ៍នោះ គួរបរិភោគបាយាសនេះបាន។

ព្រាហ្មណ៍ក្រាបទូលថា សូមព្រះគោតមដ៏ចំរើន ជាព្រាហ្មណ៍ដ៏ចំរើន បរិភោគចុះ។

[១៣៥] ព្រះអង្គត្រាស់ថា តថាគត មិនគួរបរិភោគភោជន ដែលបានអំពីការពោលគាថា ដូចជាចម្រៀងទេ ម្នាលព្រាហ្មណ៍ ធម៌នេះ មិនមែនជាធម៌ របស់ពួកបុគ្គលអ្នកឃើញធម៌អាថ៌ទេ ព្រះពុទ្ធទាំងឡាយ តែងបន្ទោបង់នូវការពោលគាថា ដូចជាចម្រៀង ម្នាលព្រាហ្មណ៍ កាលបើធម៌មានហើយ នេះឯងជាការចិញ្ចឹមជីវិត ចូរអ្នកទំនុកបម្រុងព្រះខីណាស្រព ដែលមានគុណបរិបូណ៌ អ្នកស្វែងរកនូវគុណដ៏ធំ ជាអ្នករម្ងាប់នូវសេចក្តីរពឹស ដោយបាយ និងទឹកដទៃចុះ ព្រោះថា នោះជាខេត្ត របស់បុគ្គលអ្នកប្រាថ្នានូវបុណ្យ។

[១៣៦] កាលដែលព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ អគ្គិកភារទ្វាជព្រាហ្មណ៍ បានក្រាបបង្គំទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះគោតមដ៏ចំរើន ច្បាស់ពេកណាស់ បពិត្រព្រះគោតមដ៏ចំរើន ច្បាស់ពេកណាស់។បេ។ បណ្តាព្រះអរហន្តទាំងឡាយ អគ្គិកភារទ្វាជៈមានអាយុ ក៏ជាព្រះអរហន្តមួយដែរ។

សុន្ទរិកសូត្រ ទី៩

(៩. សុន្ទរិកសុត្តំ)

[១៣៧] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅទៀបឆ្នេរស្ទឹងសុន្ទរិកា ក្នុងដែនកោសល។ សម័យនោះឯង សុន្ទរិកភារទ្វាជព្រាហ្មណ៍ តែងបូជាភ្លើង បំរើនូវការបូជាភ្លើង ទៀបឆ្នេរស្ទឹងសុន្ទរិកា។ លុះសុន្ទរិកភារទ្វាជព្រាហ្មណ៍ បូជាភ្លើង បំរើនូវការបូជាភ្លើងហើយ ក៏ក្រោកអំពីអាសនៈ ងាកមើលជុំទិសទាំងបួន គិតថា អ្នកណាហ្ន៎ គួរបរិភោគនូវបាយាស ដែលសល់ពីបូជានេះ។

[១៣៨] សុន្ទរិកភារទ្វាជព្រាហ្មណ៍ បានឃើញព្រះមានព្រះភាគ ទ្រង់គង់ទទូរព្រះសិរ ក្រោមម្លប់ឈើមួយ លុះឃើញហើយ ក៏កាន់នូវបាយាស ដែលសល់អំពីការបូជា ដោយដៃឆ្វេង ហើយកាន់នូវកុណ្ឌីទឹក ដោយដៃស្តាំ ចូលទៅរកព្រះមានព្រះភាគ។ លំដាប់នោះឯង ព្រះមានព្រះភាគ ទ្រង់បើកព្រះសិរ ដោយឮសូរជើង នៃសុន្ទរិកភារទ្វាជព្រាហ្មណ៍។ សុន្ទរិកភារទ្វាជព្រាហ្មណ៍ ក៏ពោលថា លោកដ៏ចំរើននេះ ក្បាលត្រងោល លោកដ៏ចំរើននេះ ក្បាលត្រងោល ដូច្នេះហើយ ចង់ត្រឡប់អំពីទីនោះមកវិញ។ ទើបសុន្ទរិកភារទ្វាជព្រាហ្មណ៍ មានសេចក្តីត្រិះរិះ ដូច្នេះថា ព្រាហ្មណ៍ទាំងឡាយពួកមួយ ក្នុងលោកនេះ មានក្បាលត្រងោលដែរ បើដូច្នោះ មានតែអាត្មាអញ ត្រូវចូលទៅរកលោកដ៏ចម្រើននោះ ហើយសួរនូវជាតិវិញ។ លំដាប់នោះឯង សុន្ទរិកភារទ្វាជព្រាហ្មណ៍ ចូលទៅរកព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ពោលពាក្យនេះ នឹងព្រះមានព្រះភាគថា លោកដ៏ចំរើន ជាជាតិអ្វី។

[១៣៩] ព្រះអង្គត្រាស់ថា ចូរអ្នកកុំសួររកជាតិឡើយ ចូរសួរតែការប្រព្រឹត្តវិញ ភ្លើងតែងកើតអំពីឈើ ឯអ្នកប្រាជ្ញ ទោះបីកើតក្នុងត្រកូលទាប ក៏គង់មានសេចក្តីព្យាយាម ជាបុរសអាជានេយ្យ ជាអ្នកហាមឃាត់ នូវបាបដោយហិរិ ទូន្មានដោយបរមត្ថសច្ចៈ ប្រកបដោយការទូន្មាន នូវឥន្ទ្រិយ ដល់នូវទីបំផុតនៃចតុវេទ គឺមគ្គ៤ មានព្រហ្មចរិយៈនៅរួចហើយ បុគ្គលណាតាក់តែងនូវយ័ញ្ញ ជនគប្បីហៅបុគ្គលនោះ (ថាជាព្រាហ្មណ៍ដ៏ឧត្តម) បុគ្គលនោះ រមែងបូជានូវទក្ខិណេយ្យបុគ្គលទាំងឡាយ តាមកាល។

[១៤០] សុន្ទរិកភារទ្វាជព្រាហ្មណ៍ពោលថា វត្ថុនេះ ខ្ញុំបូជាហើយដោយប្រពៃ វត្ថុនេះ ខ្ញុំគំនាប់ហើយដោយប្រពៃ ដោយពិត ខ្ញុំមិនបានឃើញបុគ្គលណា ដែលដល់នូវវេទ ដូចជាព្រះអង្គសោះ ព្រោះថាជនឯទៀត លុះតែមិនឃើញពួកបុគ្គលដូចជាព្រះអង្គ ទើបបរិភោគបាយាស ដែលសល់អំពីការបូជា។

សូមព្រះគោតមដ៏ចំរើន ជាព្រាហ្មណ៍ដ៏ចំរើន បរិភោគចុះ។

[១៤១] ព្រះអង្គត្រាស់ថា តថាគត មិនគួរបរិភោគភោជន ដែលបានអំពីការពោលគាថា ដូចជាចម្រៀងទេ ម្នាលព្រាហ្មណ៍ ធម៌នេះ មិនមែនជាធម៌ របស់ពួកបុគ្គលអ្នកឃើញធម៌អាថ៌ទេ ព្រះពុទ្ធទាំងឡាយ តែងបន្ទោបង់ នូវការពោលគាថា ដូចជាចម្រៀង ម្នាលព្រាហ្មណ៍ កាលបើធម៌មានហើយ នេះឯង ជាការចិញ្ចឹមជីវិត ចូរអ្នកទំនុកបម្រុងព្រះខីណាស្រព ដែលមានគុណបរិបូណ៌ អ្នកស្វែងរកនូវគុណដ៏ធំ អ្នករម្ងាប់នូវសេចក្តីរពឹស ដោយបាយ និងទឹកដទៃចុះ ព្រោះថា នោះជាខេត្ត របស់បុគ្គលអ្នកប្រាថ្នានូវបុណ្យ។

[១៤២] បពិត្រព្រះគោតមដ៏ចំរើន បើដូច្នោះ ខ្ញុំព្រះអង្គ នឹងឲ្យនូវបាយាស ដែលសល់អំពីការបូជានេះ ដល់អ្នកណា។ ម្នាលព្រាហ្មណ៍ ក្នុងលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ព្រមទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស តថាគត មិនឃើញមានបុគ្គលណា ដែលបរិភោគបាយាសសល់អំពីការបូជា ហើយគប្បីដល់ នូវការទ្រុឌទ្រោមទៅ ដោយស្រួល ក្រៅពីតថាគត ឬក្រៅពីសាវ័កតថាគតនោះឡើយ ម្នាលព្រាហ្មណ៍ បើដូច្នោះ អ្នកចូរចាក់ចោល នូវបាយាស ដែលសល់អំពីការបូជានោះ ក្នុងទីគ្មានស្មៅស្រស់ ឬបាចទៅក្នុងទឹកដែលគ្មានសត្វចុះ។

[១៤៣] លំដាប់នោះឯង សុន្ទរិកភារទ្វាជព្រាហ្មណ៍ ក៏បាចបាយយាស ដែលសល់អំពីការបូជានោះ ទៅក្នុងទឹកដែលគ្មានសត្វ។ បាយាស ដែលសល់អំពីការបូជានោះ លុះព្រាហ្មណ៍បានបាចទៅក្នុងទឹកហើយ ក៏ធ្វើសំឡេងឮវិចិដ វិដិចិដ ហុយផ្សែងឡើង ហុយផ្សែងថ្គោល។ ដូចជាផាល គេហាលអស់មួយថ្ងៃ ហើយដាក់ទៅក្នុងទឹក ធ្វើនូវសំឡេងឮវិចិដ វិដិចិដ ហុយផ្សែងឡើង ហុយផ្សែងថ្គោល យ៉ាងណាមិញ បាយាស ដែលសល់អំពីការបូជានោះ ព្រាហ្មណ៍បានបាចទៅក្នុងទឹកហើយ ធ្វើនូវសំឡេងឮវិចិដ វិដិចិដ ហុយផ្សែងឡើង ហុយផ្សែងថ្គោល យ៉ាងនោះឯង។ លំដាប់នោះ សុន្ទរិកភារទ្វាជព្រាហ្មណ៍ មានសេចក្តីសង្វេគ កើតសេចក្តីព្រឺរោម ក៏ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ឋិតនៅក្នុងទីសមគួរ។

[១៤៤] លុះសុន្ទរិកភារទ្វាជព្រាហ្មណ៍ ឋិតក្នុងទីសមគួរហើយ ទើបព្រះមានព្រះភាគ បានត្រាស់ដោយព្រះគាថាទាំងឡាយថា

ម្នាលព្រាហ្មណ៍ អ្នកកុំដុតឧស សំគាល់ថាបរិសុទ្ធឡើយ ព្រោះថាការដុតនុ៎ះ ជាខាងក្រៅទេ បុគ្គលណា ប្រាថ្នានូវសេចក្តីបរិសុទ្ធិខាងក្រៅ អ្នកប្រាជ្ញទាំងឡាយ មិនហៅនូវបុគ្គលនោះ ថាមានសេចក្តីបរិសុទ្ធិ ព្រោះហេតុនោះឡើយ ម្នាលព្រាហ្មណ៍ តថាគត លះបង់នូវការដុតឧសហើយ ដុតតែភ្លើងខាងក្នុងទេ តថាគត មានភ្លើងរុងរឿងជានិច្ច មានចិត្តតាំងមាំជានិច្ច ជាអរហន្ត ប្រព្រឹត្តនូវព្រហ្មចរិយៈ ម្នាលព្រាហ្មណ៍ មានះរបស់អ្នក ដូចជាអម្រែកដ៏ធ្ងន់ សេចក្តីក្រោធ ដូចជាផ្សែង ពាក្យកុហក ដូចជាផែះ អណ្តាត ដូចជាវែក ហទយវត្ថុ ដូចជាកន្លែងភ្លើង ចិត្តដែលបុគ្គលទូន្មានល្អហើយ ដូចជាភ្លើងរបស់បុរស ពួកបុគ្គលដល់នូវវេទ ងូតក្នុងអន្លង់ណា មិនទទឹកខ្លួនសោះ តែងឆ្លងដល់ត្រើយ គឺព្រះនិព្វាន ម្នាលព្រាហ្មណ៍ អន្លង់នោះ គឺធម៌ មានសីលជាកំពង់ មិនល្អក់ ដែលសប្បុរសទាំងឡាយ សរសើរហើយ ថាជារបស់សប្បុរសទាំងឡាយ ម្នាលព្រាហ្មណ៍ សច្ចៈក្តី ធម្មៈក្តី38) សំយមៈក្តី39) ព្រហ្មចរិយៈក្តី ជាធម្មជាត តាំងនៅជាកណ្តាល ជាចំណែកដ៏ប្រសើរ ចូរអ្នកធ្វើនូវការនមស្ការ ចំពោះព្រះខីណាស្រព ដែលមានចិត្តស្លូតត្រង់ទាំងឡាយចុះ តថាគត ហៅជននោះ ថាជាអ្នករឭកនូវធម៌ ដូច្នេះឯង។

[១៤៥] កាលព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ សុន្ទរិកភារទ្វាជព្រាហ្មណ៍ បានពោលនូវពាក្យនេះ នឹងព្រះមានព្រះភាគថា បពិត្រព្រះគោតមដ៏ចំរើន ច្បាស់ពេកណាស់។បេ។ បណ្តាព្រះអរហន្តទាំងឡាយ ភារទ្វាជៈមានអាយុ ក៏ជាព្រះអរហន្តមួយរូបដែរ។

ពហុធិតិសូត្រ ទី១០

(១០. ពហុធីតរសុត្តំ)

[១៤៦] សម័យមួយ ព្រះមានព្រះភាគ គង់ក្នុងដងព្រៃមួយ ក្នុងដែនកោសល។ ក៏សម័យនោះឯង ព្រាហ្មណ៍ម្នាក់ជាភារទ្វាជគោត្រ មានគោចំនួន១៤ បាត់រកមិនទាន់ឃើញ។

[១៤៧] គ្រានោះ ភារទ្វាជគោត្តព្រាហ្មណ៍ ដើររកគោទាំងនោះ ក៏ចូលទៅកាន់ដងព្រៃនោះ លុះចូលទៅដល់ហើយ បានឃើញព្រះមានព្រះភាគ គង់ផ្គត់ព្រះភ្នែន តាំងព្រះកាយត្រង់ តម្កល់ព្រះស្មារតី ឆ្ពោះទៅរកព្រះកម្មដ្ឋាន ក្នុងដងព្រៃនោះ លុះឃើញហើយ ក៏ចូលទៅរកព្រះមានព្រះភាគ លុះចូលទៅដល់ហើយ បានពោលនូវគាថាទាំងឡាយនេះ ក្នុងសំណាក់ព្រះមានព្រះភាគថា

គោទាំង១៤ ដែលរកមិនឃើញអស់៦ថ្ងៃ នឹងថ្ងៃនេះហើយ របស់សមណៈនេះ ប្រហែលមិនមានទេ ព្រោះហេតុនោះ បានជាសមណៈនេះ នៅជាសុខ ល្ងសូម្បីមានតែស្លឹកមួយ ឬមានស្លឹកពីរដែលខូចក្នុងចម្ការ របស់សមណៈនេះ ប្រហែលមិនមានទេ ព្រោះហេតុនោះ បានជាសមណៈនេះនៅជាសុខ កណ្តុរទាំងឡាយ រាំរែកដោយការលោតលេង ក្នុងជង្រុកទទេ របស់សមណៈនេះ ប្រហែលមិនមានទេ ព្រោះហេតុនោះ បានជាសមណៈនេះនៅជាសុខ កម្រាលដែលក្រាលចោលប្រាំពីរខែ សឹងដេរដាសដោយបាណកជាតិទាំងឡាយ របស់សមណៈនេះ ប្រហែលមិនមានទេ ព្រោះហេតុនោះ បានជាសមណៈនេះ នៅជាសុខ កូនប្រុស កូនស្រី ដែលពោះម៉ាយ ឬមេម៉ាយ មានកូនមួយ ឬមានកូនពីរ របស់សមណៈនេះ ប្រហែលមិនមានទេ ព្រោះហេតុនោះ បានជាសមណៈនេះនៅជាសុខ ស្រមោច ដែលមានខ្លួនសៅហ្មង ដោយប្រជ្រុយ40) យកជើងបៀតបៀន នូវសេចក្តីលក់ របស់សមណៈនេះ ប្រហែលមិនមានទេ ព្រោះហេតុនោះ បានជាសមណៈនេះ នៅជាសុខ ម្ចាស់បំណុល របស់សមណៈនេះ មកទារថា អ្នកចូរឲ្យមក ចូរឲ្យមក ដូច្នេះ ក្នុងបច្ចូសសម័យ ប្រហែលមិនមានទេ ព្រោះហេតុនោះ បានជាសមណៈនេះនៅជាសុខ។

[១៤៨] ព្រះអង្គត្រាស់ថា ម្នាលព្រាហ្មណ៍ គោ១៤ ដែលរកមិនឃើញអស់៦ថ្ងៃ នឹងថ្ងៃនេះហើយ របស់តថាគត មិនមានឡើយ ម្នាលព្រាហ្មណ៍ ព្រោះហេតុនោះ បានជាតថាគត នៅជាសុខ ម្នាលព្រាហ្មណ៍ ល្ងសូម្បីមានតែស្លឹកមួយ ឬមានស្លឹកពីរ ដែលខូចក្នុងចម្ការ របស់តថាគត មិនមានឡើយ ម្នាលព្រាហ្មណ៍ ព្រោះហេតុនោះ បានជាតថាគត នៅជាសុខ ម្នាលព្រាហ្មណ៍ កណ្តុរទាំងឡាយ រាំរែកដោយការលោតលេង ក្នុងជង្រុកទទេ របស់តថាគត មិនមានឡើយ ម្នាលព្រាហ្មណ៍ ព្រោះហេតុនោះ បានជាតថាគត នៅជាសុខ ម្នាលព្រាហ្មណ៍ កម្រាលដែលក្រាលចោល៧ខែ សឹងដេរដាសដោយបាណកជាតិទាំងឡាយ របស់តថាគត មិនមានឡើយ ម្នាលព្រាហ្មណ៍ ព្រោះហេតុនោះ បានជាតថាគត នៅជាសុខ ម្នាលព្រាហ្មណ៍ កូនប្រុស កូនស្រី ដែលពោះម៉ាយ ឬមេម៉ាយ មានកូនមួយ ឬមានកូនពីរ របស់តថាគត មិនមានឡើយ ម្នាលព្រាហ្មណ៍ ព្រោះហេតុនោះ បានជាតថាគត នៅជាសុខ ម្នាលព្រាហ្មណ៍ ស្រមោចដែលមានខ្លួនសៅហ្មង ដោយប្រជ្រុយ យកជើងបៀតបៀននូវសេចក្តីលក់ របស់តថាគត មិនមានឡើយ ម្នាលព្រាហ្មណ៍ ព្រោះហេតុនោះ បានជាតថាគត នៅជាសុខ ម្នាលព្រាហ្មណ៍ ម្ចាស់បំណុលរបស់តថាគត មកទារថា អ្នកចូរឲ្យមក ចូរឲ្យមក ដូច្នេះ ក្នុងបច្ចូសសម័យ ក៏មិនមានឡើយ ម្នាលព្រាហ្មណ៍ ព្រោះហេតុនោះ បានជាតថាគត នៅជាសុខ។

[១៤៩] កាលព្រះមានព្រះភាគ ទ្រង់បានត្រាស់យ៉ាងនេះហើយ ភារទ្វាជគោត្តព្រាហ្មណ៍ ក៏បានពោលនូវពាក្យនេះ នឹងព្រះមានព្រះភាគថា បពិត្រព្រះគោតមដ៏ចំរើន ច្បាស់ពេកណាស់ បពិត្រព្រះគោតមដ៏ចំរើន ច្បាស់ពេកណាស់ បពិត្រព្រះគោតមដ៏ចំរើន ធម៌ដែលព្រះគោតមដ៏ចំរើន ទ្រង់ប្រកាស ដោយអនេកបរិយាយ ដូចជាបុគ្គលធ្វើរបស់ដែលផ្កាប់ ឲ្យផ្ងារឡើង ឬដូចជាបើកបង្ហាញរបស់ដែលបិទបាំង ឬដូចជាគេប្រាប់ផ្លូវ ដល់អ្នកវង្វេងទិស ពុំនោះសោត ដូចជាគេទ្រោលប្រទីប ក្នុងទីងងឹត ដោយគិតថា ពួកមនុស្សដែលមានភ្នែក នឹងមើលឃើញរូបទាំងឡាយបាន ខ្ញុំព្រះអង្គនេះ សូមដល់នូវព្រះគោតមដ៏ចំរើនផង នូវព្រះធម៌ផង នូវព្រះភិក្ខុសង្ឃផង ជាទីពឹង ខ្ញុំព្រះអង្គ សូមបាននូវបព្វជ្ជា សូមបាននូវឧបសម្បទា ក្នុងសំណាក់ព្រះគោតមដ៏ចំរើន។ ភារទ្វាជគោត្តព្រាហ្មណ៍ ក៏បានបព្វជ្ជា បានឧបសម្បទា ក្នុងសំណាក់ព្រះមានព្រះភាគ។ លុះភារទ្វាជៈមានអាយុ បានឧបសម្បទា មិនយូរប៉ុន្មាន ក៏គេចចេញទៅតែម្នាក់ឯង មិនមានសេចក្តីប្រមាទ មានតែព្យាយាម ជាគ្រឿងដុតនូវកិលេស មានខ្លួនបញ្ជូនទៅកាន់ព្រះនិព្វាន កុលបុត្តទាំងឡាយ ចេញចាកផ្ទះ ចូលទៅកាន់ផ្នួស ដោយប្រពៃ ដើម្បីអនុត្តរធម៌ណា ភារទ្វាជៈ មិនយូរប៉ុន្មាន ក៏បានធ្វើឲ្យជាក់ច្បាស់ បានសម្រេចដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន នូវអនុត្តរធម៌នោះ ដែលជាទីបំផុត នៃព្រហ្មចរិយៈ ហើយដឹងច្បាស់ថា ជាតិអស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញ បាននៅរួចហើយ កិច្ចដែលគួរធ្វើ អាត្មាអញ ក៏បានធ្វើរួចហើយ កិច្ចឯទៀតក្រៅពីនេះ មិនមានឡើយ បណ្តាព្រះអរហន្តទាំងឡាយ ភារទ្វាជៈមានអាយុ ក៏បានជាព្រះអរហន្តមួយដែរ។

ចប់ អរហន្តវគ្គ ទី១។

បញ្ជីរឿងនៃអរហន្តវគ្គនោះគឺ

ធនញ្ជានីសូត្រ១ អក្កោសសូត្រ១ អសុរិន្ទសូត្រ១ ពិលង្គិកសូត្រ១ អហឹសកសូត្រ១ ជដាសូត្រ១ សុទ្ធិកសូត្រ១ អគ្គិកសូត្រ១ សុន្ទរិកសូត្រ១ ពហុធិតិសូត្រ១ ត្រូវជា១០សូត្រ។

ឧបាសកវគ្គ ទី២

(២. ឧបាសកវគ្គោ)

កសិសូត្រ ទី១

(១. កសិភារទ្វាជសុត្តំ)

[១៥០] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ គង់នៅក្នុងព្រាហ្មណគ្រាម ឈ្មោះឯកនាលា ក្នុងទក្ខិណាគិរិជនបទ នាដែនមគធៈ។ សម័យនោះឯង កសិភារទ្វាជព្រាហ្មណ៍ បានតាក់តែងនង្គ័លប្រមាណ៥០០ ក្នុងវេលាដែលព្រោះស្រូវ។

[១៥១] លំដាប់នោះឯង ព្រះមានព្រះភាគ ទ្រង់ស្បង់ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ហើយស្តេចចូលទៅកាន់ការងារ របស់កសិភារទ្វាជព្រាហ្មណ៍។ សម័យនោះឯង ការអង្គាស (លៀងភ្ញៀវ) របស់កសិភារទ្វាជព្រាហ្មណ៍ កំពុងប្រព្រឹត្តទៅ។ លំដាប់នោះ ព្រះមានព្រះភាគ ស្តេចចូលទៅកាន់ការអង្គាស លុះចូលទៅដល់ហើយ ក៏ប្រថាប់នៅក្នុងទីសមគួរ។ កសិភារទ្វាជព្រាហ្មណ៍ បានឃើញព្រះមានព្រះភាគ ដែលទ្រង់ឈរបិណ្ឌបាត លុះឃើញហើយ ក៏បានពោលនូវពាក្យនេះ នឹងព្រះមានព្រះភាគថា បពិត្រព្រះសមណៈ ខ្ញុំព្រះអង្គភ្ជួរផង ព្រោះផង លុះខ្ញុំព្រះអង្គភ្ជួរហើយ ព្រោះហើយ ទើបបរិភោគ បពិត្រព្រះសមណៈ ចំណែកព្រះអង្គចូរភ្ជួរផង ព្រោះផង លុះភ្ជួរហើយ ព្រោះហើយ ចូរបរិភោគចុះ។ ម្នាលព្រាហ្មណ៍ តថាគតភ្ជួរផង ព្រោះផង លុះតថាគតភ្ជួរហើយ ព្រោះហើយ ទើបបរិភោគដែរ។ យើងខ្ញុំ មិនឃើញនឹម ឬនង្គ័ល ផាល ឬជន្លួញ ឬគោទាំងឡាយរបស់ព្រះគោតមដ៏ចំរើនទេ តែថាព្រះគោតមដ៏ចំរើន ពោលយ៉ាងនេះថា ម្នាលព្រាហ្មណ៍ តថាគតភ្ជួរផង ព្រោះផង លុះតថាគតភ្ជួរហើយ ព្រោះហើយ ទើបបរិភោគដែរ។

[១៥២] លំដាប់នោះ កសិភារទ្វាជព្រាហ្មណ៍ បានពោលនឹងព្រះមានព្រះភាគ ដោយគាថា ថា

ព្រះអង្គប្តេជ្ញាថាជាអ្នកភ្ជួរ តែថា ខ្ញុំព្រះអង្គមិនដែលឃើញនូវការភ្ជួររបស់ព្រះអង្គសោះ ខ្ញុំព្រះអង្គសូមសួរព្រះអង្គជាអ្នកភ្ជួរ សូមប្រាប់មក ធ្វើដូចម្តេច នឹងឲ្យយើងខ្ញុំដឹង នូវការភ្ជួរនោះបាន។

[១៥៣] ព្រះអង្គត្រាស់ថា សទ្ធាជាពូជ តបៈជាភ្លៀង បញ្ញារបស់តថាគតជានឹម និងនង្គ័ល ហិរិជាយាមនង្គ័ល ចិត្តជាខ្សែ សតិរបស់តថាគត ជាផាលនិងជន្លួញ តថាគតគ្រប់គ្រងកាយ គ្រប់គ្រងវាចា សង្រួមអាហារ សង្រួមផ្ទៃ តថាគត ធ្វើនូវការជម្រះស្មៅដោយសច្ចៈ សេចក្តីត្រេកអរក្នុងព្រះនិព្វាន ទុកជាការឈប់សម្រាក របស់តថាគត សេចក្តីព្យាយាម របស់តថាគត ដូចជាគោអូសនឹម ជាធម្មជាតនាំមកនូវព្រះនិព្វាន ជាទីក្សេមចាកយោគៈ បុគ្គលទៅក្នុងទីណា មិនសោកសៅ សេចក្តីព្យាយាម រមែងទៅកាន់ទីនោះ ដែលជាទីមិនត្រឡប់មកវិញ ស្រែនុ៎ះ តថាគតបានភ្ជួរយ៉ាងនេះ ស្រែនុ៎ះមានព្រះនិព្វានជាផល បុគ្គលភ្ជួរស្រែនុ៎ះហើយ រមែងរួចចាកទុក្ខទាំងពួងបាន។

កសិភារទ្វាជព្រាហ្មណ៍ ក្រាបទូលថា ព្រះគោតមដ៏ចំរើន ជាអ្នកភ្ជួរដ៏ល្អ ចូរបរិភោគចុះ ព្រោះថា ព្រះគោតមដ៏ចំរើន ភ្ជួរនូវស្រែ ដែលមានព្រះនិព្វានជាផល។

[១៥៤] ព្រះអង្គត្រាស់ថា តថាគត មិនគួរបរិភោគភោជន ដែលបានអំពីការពោលគាថា ដូចជាចម្រៀងទេ ម្នាលព្រាហ្មណ៍ នេះជាធម្មតារបស់ពួកបុគ្គល អ្នកឃើញធម៌អាថ៌ ព្រះពុទ្ធទាំងឡាយ តែងបន្ទោបង់នូវការពោលគាថា ដូចជាចម្រៀង ម្នាលព្រាហ្មណ៍ កាលបើធម៌មានហើយ នេះឯង ការចិញ្ចឹមជីវិត ចូរអ្នកទំនុកបម្រុងព្រះខីណាស្រព ដែលមានគុណបរិបូណ៌ ជាអ្នកស្វែងរកនូវគុណដ៏ធំ ជាអ្នករម្ងាប់នូវសេចក្តីរពឹស ដោយបាយនិងទឹកទៀតចុះ ព្រោះថា នោះជាខេត្តរបស់បុគ្គលអ្នកប្រាថ្នានូវបុណ្យ។

[១៥៥] កាលព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ កសិភារទ្វាជព្រាហ្មណ៍ បានពោលពាក្យនេះ នឹងព្រះមានព្រះភាគថា បពិត្រព្រះគោតមដ៏ចំរើន ច្បាស់ពេកណាស់ បពិត្រព្រះគោតមដ៏ចំរើន ច្បាស់ពេកណាស់។បេ។ ខ្ញុំព្រះអង្គ សូមដល់នូវព្រះរតនត្រ័យ ជាទីពឹងស្មើដោយជីវិត តាំងពីថ្ងៃនេះជាដើមរៀងទៅ។

ឧទយសូត្រ ទី២

(២. ឧទយសុត្តំ)

[១៥៦] សាវត្ថីនិទាន។ គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់ស្បង់ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ស្តេចចូលទៅកាន់លំនៅរបស់ឧទយព្រាហ្មណ៍។ លំដាប់នោះឯង ឧទយព្រាហ្មណ៍ យកបាយ ដាក់ពេញបាត្រព្រះមានព្រះភាគ។

[១៥៧] ព្រះមានព្រះភាគ ទ្រង់ស្បង់ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ស្តេចចូលទៅកាន់លំនៅរបស់ឧទយព្រាហ្មណ៍ អស់វារៈពីរដង។ ឧទយព្រាហ្មណ៍ ក៏យកបាយ ដាក់ពេញបាត្រព្រះមានព្រះភាគ ជាគំរប់ពីរដង។

[១៥៨] ព្រះមានព្រះភាគ ទ្រង់ស្បង់ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ស្តេចចូលទៅកាន់លំនៅ របស់ឧទយព្រាហ្មណ៍ ជាគំរប់បីដង។ ឧទយព្រាហ្មណ៍ ក៏យកបាយ ដាក់ពេញបាត្រព្រះមានព្រះភាគ ជាគំរប់បីដង ហើយពោលពាក្យនេះ នឹងព្រះមានព្រះភាគថា ព្រះសមណគោតមនេះ ជាអ្នកជាប់ចិត្តក្នុងរស ទើបនិមន្តមករឿយៗ។

[១៥៩] ភ្លៀងបង្អុរចុះរឿយៗ ជនទាំងឡាយ ក៏ព្រោះពូជរឿយៗ អ្នកភ្ជួររាស់ទាំងឡាយ ភ្ជួររាស់ស្រែរឿយៗ តែងនាំស្រូវទៅកាន់ដែនក៏រឿយៗ ស្មូមទាំងឡាយ សូមរឿយៗ ម្ចាស់ទានទាំងឡាយក៏ឲ្យរឿយៗ លុះម្ចាស់ទានទាំងឡាយ ឲ្យរឿយៗហើយ រមែងទៅកាន់ឋានសួគ៌ក៏រឿយៗ អ្នករូតទឹកដោះគោទាំងឡាយ រូតរឿយៗ កូនគោក៏ចូលទៅរកមេគោរឿយៗ អ្នកល្ងង់ខ្លៅលំបាកផង ញាប់ញ័រផងរឿយៗ តែងចូលទៅកាន់គភ៌ក៏រឿយៗ ទាំងកើតទាំងស្លាប់ ក៏រឿយៗ គេនាំទៅកាន់ទីស្មសានក៏រឿយៗ ចំណែកអ្នកមានបញ្ញា ដូចជាផែនដី លុះបាននូវមគ្គហើយ មិនកើតក្នុងភពថ្មីទៀតរឿយៗឡើយ។

[១៦០] កាលព្រះមានព្រះភាគ ត្រាស់យ៉ាងនេះហើយ ឧទយព្រាហ្មណ៍ បានពោលពាក្យនេះ នឹងព្រះមានព្រះភាគថា បពិត្រព្រះគោតមដ៏ចំរើន ច្បាស់ពេកណាស់ បពិត្រព្រះគោតមដ៏ចំរើន ច្បាស់ពេកណាស់។បេ។ សូមព្រះគោតមដ៏ចំរើន ចាំទុកនូវខ្ញុំព្រះអង្គ ថាជាឧបាសក អ្នកដល់នូវព្រះរតនត្រ័យ ជាទីពឹង ស្មើដោយជីវិត តាំងពីថ្ងៃនេះជាដើមរៀងទៅ។

ទេវហិតសូត្រ ទី៣

(៣. ទេវហិតសុត្តំ)

[១៦១] ព្រះសាស្តា ទ្រង់គង់នៅក្នុងវត្តជេតពន ទៀបក្រុងសាវត្ថី… សម័យនោះឯង ព្រះមានព្រះភាគ ទ្រង់មានព្រះអាពាធដោយខ្យល់ ក្នុងព្រះឧទរ។ ព្រះឧបវាណៈមានអាយុ ជាអ្នកបំរើព្រះមានព្រះភាគ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅព្រះឧបវាណៈមានអាយុមកថា ម្នាលឧបវាណៈ អ្នកចូរដឹងនូវទឹកក្តៅ ដល់តថាគតចុះ។ ព្រះឧបវាណៈមានអាយុ ទទួលព្រះពុទ្ធដីកា នៃព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ ហើយស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ចូរទៅកាន់លំនៅរបស់ទេវហិតព្រាហ្មណ៍ លុះចូលទៅដល់ហើយ ក៏ឈរស្ងៀមក្នុងទីសមគួរ។

[១៦២] ទេវហិតព្រាហ្មណ៍ បានឃើញព្រះឧបវាណៈមានអាយុ ឈរស្ងៀមក្នុងទីសមគួរ លុះឃើញហើយ បានពោលនឹងព្រះឧបវាណៈមានអាយុ ដោយគាថាថា

អ្នកត្រងោលដ៏ចំរើន ឃ្លុំសង្ឃាដី ឈរនៅស្ងៀម ប្រាថ្នាអ្វី ស្វែងរកអ្វី មកដើម្បីសូមនូវអ្វីហ្ន៎។

[១៦៣] ព្រះឧបវាណៈតបថា ព្រះសុគតជាអរហន្ត ជាអ្នកប្រាជ្ញក្នុងលោក ទ្រង់មានអាពាធដោយខ្យល់ ក្នុងព្រះឧទរ ម្នាលព្រាហ្មណ៍ បើអ្នកមានទឹកក្តៅ អ្នកចូរថ្វាយដល់ព្រះពុទ្ធជាអ្នកប្រាជ្ញ (ព្រោះថា) ព្រះមានព្រះភាគ គឺបូជនេយ្យបុគ្គល41) ទាំងឡាយ បានបូជាហើយ សក្ការេយ្យបុគ្គល42) ទាំងឡាយ បានធ្វើសក្ការហើយ អបចិនេយ្យបុគ្គល43) ទាំងឡាយ បានកោតក្រែងហើយ អាត្មាប្រាថ្នាដើម្បីនាំទឹកទៅថ្វាយព្រះអង្គ។

[១៦៤] លំដាប់នោះ ទេវហិតព្រាហ្មណ៍ ឲ្យបុរសរែកអម្រែកទឹកក្តៅ និងដុំស្ករអំពៅ ទៅប្រគេនព្រះឧបវាណៈមានអាយុ។ លំដាប់នោះឯង ព្រះឧបវាណៈមានអាយុ ក៏ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏បានស្រង់ព្រះមានព្រះភាគ ដោយទឹកក្តៅ ហើយលាយស្ករអំពៅដោយទឹកក្តៅ ថ្វាយព្រះមានព្រះភាគ។ លំដាប់នោះ អាពាធព្រះមានព្រះភាគនោះ ក៏សះស្បើយទៅ។

[១៦៥] គ្រានោះ ទេវហិតព្រាហ្មណ៍ ចូលទៅរកព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះមានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររឭកហើយ ក៏អង្គុយក្នុងទីសមគួរ។ លុះទេវហិតព្រាហ្មណ៍ អង្គុយក្នុងទីសមគួរហើយ ក៏បានក្រាបទូលព្រះមានព្រះភាគ ដោយគាថា ថា

បុគ្គលគួរឲ្យទេយ្យធម៌ ចំពោះបុគ្គលណា ទានដែលបុគ្គលឲ្យចំពោះបុគ្គលណា ទើបមានផលច្រើន កាលបុគ្គលបូជាដូចម្តេច ទក្ខិណាទានសម្រេច44) ដូចម្តេច។

[១៦៦] ព្រះអង្គត្រាស់ថា បុគ្គលណា ដឹងនូវបុព្វេនិវាសផង ឃើញនូវសួគ៌ និងអបាយផង មួយទៀត ដល់នូវការអស់ទៅនៃជាតិ ជាអ្នកប្រាជ្ញ សម្រេចហើយ ព្រោះត្រាស់ដឹង បុគ្គលគួរឲ្យទេយ្យធម៌ចំពោះបុគ្គលនោះ ទានដែលបុគ្គលឲ្យចំពោះបុគ្គលនុ៎ះ ទើបមានផលច្រើន កាលបុគ្គលបូជាយ៉ាងនេះ ទក្ខិណាទាន តែងសម្រេច គឺមានផលច្រើន យ៉ាងនេះ។

[១៦៧] កាលព្រះមានព្រះភាគ ត្រាស់យ៉ាងនេះហើយ ទេវហិតព្រាហ្មណ៍ ក៏បានពោលនូវពាក្យនេះ នឹងព្រះមានព្រះភាគថា បពិត្រព្រះគោតមដ៏ចំរើន ច្បាស់ពេកណាស់ បពិត្រព្រះគោតមដ៏ចំរើន ច្បាស់ពេកណាស់។បេ។ សូមព្រះគោតមដ៏ចំរើន ជ្រាបនូវខ្ញុំព្រះអង្គ ថាជាឧបាសក ដល់នូវព្រះរតនត្រ័យ ជាទីពឹងស្មើដោយជីវិត តាំងពីថ្ងៃនេះជាដើមរៀងទៅ។

មហាសាលសូត្រ ទី៤

(៤. មហាសាលសុត្តំ)

[១៦៨] សាវត្ថីនិទាន។ គ្រានោះ ព្រាហ្មណមហាសាលម្នាក់ មានខ្លួនសៅហ្មង មានសំពត់ដណ្តប់ក៏សៅហ្មង ចូលទៅរកព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះមានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររឭកហើយ ក៏អង្គុយក្នុងទីសមគួរ។ លុះព្រាហ្មណមហាសាលនោះ អង្គុយក្នុងទីសមគួរហើយ ទើបព្រះមានព្រះភាគ ត្រាស់យ៉ាងនេះថា ម្នាលព្រាហ្មណ៍ អ្នកឯងមានខ្លួនសៅហ្មង មានសំពត់ដណ្តប់ក៏សៅហ្មង តើព្រោះហេតុអ្វី។ ព្រាហ្មណ៍ក្រាបបង្គំទូលថា បពិត្រព្រះគោតមដ៏ចំរើន ខ្ញុំព្រះអង្គ មានកូនបួននាក់ ក្នុងទីនេះ កូនទាំងនោះ សមគំនិតគ្នានឹងប្រពន្ធទាំងឡាយ ហើយបណ្តេញខ្ញុំព្រះអង្គចេញពីផ្ទះ។

[១៦៩] ព្រះអង្គត្រាស់ថា ម្នាលព្រាហ្មណ៍ បើដូច្នោះ អ្នកចូររៀននូវគាថាទាំងឡាយនេះ ហើយសូត្រក្នុងរោងជាទីប្រជុំ នៅវេលាដែលពួកមហាជនប្រជុំគ្នាផង នៅវេលាដែលកូនទាំងឡាយរបស់អ្នកអង្គុយហើយផងថា

ខ្ញុំត្រេកអរដោយកូនទាំងឡាយណា ដែលកើតហើយផង ប្រាថ្នានូវសេចក្តីចំរើន ដល់កូនទាំងឡាយណាផង កូនទាំងនោះ ក៏សមគំនិតគ្នា ជាមួយនឹងប្រពន្ធទាំងឡាយ ហើយបណ្តេញខ្ញុំ ដូចជាឆ្កែដេញជ្រូក ក៏កូនទាំងឡាយ ជាអសប្បុរស លាមក គ្រាន់តែហៅខ្ញុំថា បិតា បិតាប៉ុណ្ណោះទេ ប៉ុន្តែកូនទាំងនោះ ដូចអារក្សទឹក ដែលមកដោយរូបជាកូន លះបង់នូវខ្ញុំ ដែលមានអាយុ ចូលដល់បច្ឆិមវ័យហើយ បិតាចាស់របស់បុគ្គលពាលទាំងឡាយ តែងសូមទានប្របផ្ទះនៃជនដទៃ ដូចជាសេះចាស់ប្រើប្រាស់មិនបាន គេនាំចេញចាកចំណី ឈើច្រត់របស់ខ្ញុំប្រសើរ កូនទាំងឡាយ ដែលមិនស្តាប់បង្គាប់ មិនប្រសើរដូចឈើច្រត់ឡើយ ព្រោះឈើច្រត់ រមែងការពារគោកាចក៏បាន ការពារឆ្កែកាចក៏បាន ច្រត់ក្នុងខាងមុខ ក្នុងទីងងឹតក៏បាន ស្ទង់ក្នុងទឹកជ្រៅក៏បាន បុគ្គលភ្លាត់រអិល គង់ទប់វិញបាន ដោយអានុភាពនៃឈើច្រត់។

[១៧០] លំដាប់នោះ ព្រាហ្មណមហាសាលនោះ បានរៀននូវគាថាទាំងឡាយនេះ ក្នុងសំណាក់ព្រះមានព្រះភាគ ហើយពោលក្នុងរោងជាទីប្រជុំ នៅវេលាដែលពួកមហាជនប្រជុំគ្នាផង នៅវេលាដែលកូនទាំងឡាយ អង្គុយហើយផងថា

ខ្ញុំត្រេកអរដោយកូនទាំងឡាយណា ដែលកើតហើយផង ប្រាថ្នានូវសេចក្តីចំរើន ដល់កូនទាំងឡាយណាផង កូនទាំងនោះ ក៏សមគំនិតគ្នា ជាមួយនឹងប្រពន្ធទាំងឡាយ ហើយបណ្តេញខ្ញុំ ដូចជាឆ្កែដេញជ្រូក ក៏កូនទាំងឡាយ ជាអសប្បុរស លាមក គ្រាន់តែហៅខ្ញុំថា បិតា បិតាប៉ុណ្ណោះទេ ប៉ុន្តែកូនទាំងនោះ ដូចអារក្សទឹក ដែលមកដោយរូបជាកូន លះបង់នូវខ្ញុំ ដែលមានអាយុ ចូលដល់បច្ឆិមវ័យហើយ បិតាចាស់ របស់បុគ្គលពាលទាំងឡាយ តែងសូមទានប្របផ្ទះនៃជនដទៃ ដូចជាសេះចាស់ប្រើប្រាស់មិនបាន គេនាំចេញចាកចំណី ឈើច្រត់របស់ខ្ញុំប្រសើរ កូនទាំងឡាយ ដែលមិនស្តាប់បង្គាប់ មិនប្រសើរដូចឈើច្រត់ឡើយ ព្រោះឈើច្រត់ រមែងការពារគោកាចក៏បាន ការពារឆ្កែកាចក៏បាន ច្រត់ក្នុងខាងមុខ ក្នុងទីងងឹតក៏បាន ស្ទង់ក្នុងទឹកជ្រៅក៏បាន បុគ្គលភ្លាត់រអិល គង់ទប់វិញបាន ដោយអានុភាពនៃឈើច្រត់។

[១៧១] លំដាប់នោះ កូនទាំងឡាយ នាំព្រាហ្មណមហាសាលនោះ ទៅកាន់ផ្ទះ ហើយឲ្យងូតទឹក ឲ្យស្លៀកដណ្តប់ ដោយគូសំពត់មួយគូម្នាក់ៗ។ ទើបព្រាហ្មណមហាសាលនោះ យកសំពត់មួយគូ ចូលទៅរកព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះមានព្រះភាគ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យដែលគួររឭកហើយ ក៏អង្គុយក្នុងទីសមគួរ។ លុះព្រាហ្មណមហាសាលនោះ អង្គុយក្នុងទីសមគួរហើយ បានពោលនូវពាក្យនេះ នឹងព្រះមានព្រះភាគថា បពិត្រព្រះគោតមដ៏ចំរើន យើងខ្ញុំព្រះអង្គជាព្រាហ្មណ៍ ស្វែងរកនូវទ្រព្យសម្រាប់អាចារ្យ (មកប្រគេន) ដល់អាចារ្យ សូមព្រះគោតមដ៏ចំរើន ជាអាចារ្យ ទទួលយកនូវចំណែកអាចារ្យរបស់ខ្ញុំព្រះអង្គ។ ព្រះមានព្រះភាគ ទ្រង់ទទួលយក ដោយសេចក្តីអនុគ្រោះ។

[១៧២] លំដាប់នោះ ព្រាហ្មណមហាសាលនោះ ក្រាបទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះគោតមដ៏ចំរើន ភ្លឺណាស់។បេ។ សូមព្រះគោតមដ៏ចំរើន ជ្រាបនូវខ្ញុំព្រះអង្គ ថាជាឧបាសក ដល់នូវព្រះរតនត្រ័យជាទីពឹងស្មើដោយជីវិត តាំងពីថ្ងៃនេះជាដើមរៀងទៅ។

មានត្ថទ្ធសូត្រ ទី៥

(៥. មានត្ថទ្ធសុត្តំ)

[១៧៣] សាវត្ថីនិទាន។ សម័យនោះឯង ព្រាហ្មណ៍ឈ្មោះ មានត្ថទ្ធៈ (អ្នកមានមានះរឹងរូស) អាស្រ័យនៅក្នុងក្រុងសាវត្ថី។ ព្រាហ្មណ៍នោះ មិនសំពះមាតា មិនសំពះបិតា មិនសំពះអាចារ្យ មិនសំពះបងឡើយ។

[១៧៤] សម័យនោះឯង ព្រះមានព្រះភាគ កំពុងមានបរិស័ទច្រើន ចោមរោម ទ្រង់សំដែងធម៌។ គ្រានោះ មានត្ថទ្ធព្រាហ្មណ៍ មានសេចក្តីត្រិះរិះយ៉ាងនេះថា ព្រះសមណគោតមនេះឯង មានបរិស័ទច្រើនចោមរោម ទ្រង់សំដែងធម៌ បើដូច្នោះ មានតែអាត្មាអញចូលទៅរកព្រះសមណគោតម ប្រសិនបើព្រះសមណគោតមនិយាយនឹងអាត្មាអញ អាត្មាអញ ក៏និយាយនឹងលោកវិញ បើព្រះសមណគោតម មិននិយាយនឹងអាត្មាអញទេ អាត្មាអញ ក៏មិននិយាយនឹងលោកវិញដែរ។ លំដាប់នោះ មានត្ថទ្ធព្រាហ្មណ៍ ចូលទៅរកព្រះមានព្រះភាគ លុះចូលទៅដល់ហើយ បានឋិតនៅក្នុងទីសមគួរ។ គ្រានោះ ព្រះមានព្រះភាគ មិនទ្រង់មានព្រះបន្ទូលរក។ ទើបមានត្ថទ្ធព្រាហ្មណ៍ ចង់ត្រឡប់អំពីទីនោះវិញ ដោយគិតថា ព្រះសមណគោតមនេះ មិនដឹងអ្វីសោះ។

[១៧៥] គ្រានោះ ព្រះមានព្រះភាគ ទ្រង់ជ្រាបនូវបរិវិតក្ក ក្នុងចិត្តរបស់មានត្ថទ្ធព្រាហ្មណ៍ ដោយព្រះហឫទ័យរបស់ព្រះអង្គ ហើយបានត្រាស់នឹងមានត្ថទ្ធព្រាហ្មណ៍ ដោយគាថា ថា

ម្នាលព្រាហ្មណ៍ មានះរបស់បុគ្គលណា ក្នុងលោកនេះ ម្នាលព្រាហ្មណ៍ មានះនោះ មិនប្រពៃទេ បុគ្គលមកហើយ ដោយប្រយោជន៍ណា បុគ្គលត្រូវចំរើន នូវប្រយោជន៍នោះឯង។

[១៧៦] លំដាប់នោះ មានត្ថទ្ធព្រាហ្មណ៍ដឹងថា ព្រះសមណគោតម ស្គាល់ចិត្តរបស់អាត្មាអញ ហើយក៏ឱនក្បាលចុះ ទៀបព្រះបាទយុគ្គលនៃព្រះមានព្រះភាគ ក្នុងទីនោះឯង ហើយជប់ព្រះបាទទាំងគូរបស់ព្រះមានព្រះភាគ ដោយមាត់ផង ច្របាច់ដោយដៃទាំងពីរផង ប្រកាសនាមខ្លួនឯងថា បពិត្រព្រះគោតមដ៏ចំរើន ខ្ញុំព្រះអង្គឈ្មោះ មានត្ថទ្ធៈ បពិត្រព្រះគោតមដ៏ចំរើន ខ្ញុំព្រះអង្គ ឈ្មោះមានត្ថទ្ធៈ។ គ្រានោះ បរិស័ទនោះ ក៏កើតសេចក្តីអស្ចារ្យក្នុងចិត្តថា យីអើ អស្ចារ្យណាស់ យីអើ ចំឡែកណាស់ ដ្បិតមានត្ថទ្ធព្រាហ្មណ៍នេះ មិនសំពះមាតា មិនសំពះបិតា មិនសំពះអាចារ្យ មិនសំពះបងឡើយ ទើបតែព្រះសមណគោតម ធ្វើនូវមនុស្សបែបនេះ ឲ្យធ្វើនូវការគោរពដ៏ក្រៃលែងបាន។ គ្រានោះ ព្រះមានព្រះភាគ បានត្រាស់នូវពាក្យនេះ នឹងមានត្ថទ្ធព្រាហ្មណ៍ថា ម្នាលព្រាហ្មណ៍ ណ្ហើយ អ្នកចូរក្រោកឡើង ចូរអង្គុយលើអាសនៈរបស់ខ្លួនចុះ ព្រោះថា ចិត្តរបស់អ្នកជ្រះថ្លាក្នុងតថាគតហើយ។

[១៧៧] គ្រានោះ មានត្ថទ្ធព្រាហ្មណ៍ អង្គុយលើអាសនៈរបស់ខ្លួនហើយ បានក្រាបទូលព្រះមានព្រះភាគ ដោយគាថា ថា

បុគ្គលមិនគួរធ្វើមានះ ក្នុងពួកបុគ្គលណា បុគ្គលគួរប្រកបដោយសេចក្តីគោរព ក្នុងបុគ្គលណា ពួកបុគ្គលណា ដែលបុគ្គលគប្បីលំអុតលំអោន ពួកបុគ្គលណា ដែលបុគ្គលបូជាល្អហើយ ញុំាងប្រយោជន៍ឲ្យសម្រេច។

[១៧៨] ព្រះអង្គត្រាស់ថា បុគ្គលមិនគួរធ្វើមានះ ចំពោះមាតា បិតា បង និងអាចារ្យ ជាគំរប់៤ គួរប្រកបដោយសេចក្តីគោរព ចំពោះបុគ្គលទាំង៤នោះ បុគ្គលទាំង៤នោះ បុគ្គលគួរលំអុតលំអោន មួយទៀត បុគ្គលទាំង៤នោះ ដែលគេបូជាល្អហើយ ញុំាងប្រយោជន៍ឲ្យសម្រេច បុគ្គលគួរកំចាត់មានះ មិនគួររឹងត្អឹងដោយអនុស័យ គឺមានះនោះ ចំពោះព្រះអរហន្ត ដែលមានសេចក្តីត្រជាក់ មានសោឡសកិច្ចធ្វើរួចហើយ មិនមានអាសវៈ ជាអ្នកប្រសើរ។

[១៧៩] កាលព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ មានត្ថទ្ធព្រាហ្មណ៍ បានពោលនូវពាក្យនេះ នឹងព្រះមានព្រះភាគថា បពិត្រព្រះគោតមដ៏ចំរើន ច្បាស់ពេកណាស់ បពិត្រព្រះគោតមដ៏ចំរើន ច្បាស់ពេកណាស់។បេ។ សូមព្រះគោតមដ៏ចំរើន ជ្រាបនូវខ្ញុំព្រះអង្គ ថាជាឧបាសក ដល់នូវព្រះរតនត្រ័យ ជាទីពឹងស្មើដោយជីវិត តាំងពីថ្ងៃនេះជាដើមរៀងទៅ។

បច្ចនិកសូត្រ ទី៦

(៦. បច្ចនីកសុត្តំ)

[១៨០] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកគហបតី ជិតក្រុងសាវត្ថី។ សម័យនោះឯង ព្រាហ្មណ៍ ឈ្មោះបច្ចនិកសាតៈ (អ្នកមានសេចក្តីសុខជាសត្រូវ) អាស្រ័យនៅក្នុងក្រុងសាវត្ថី។ គ្រានោះ បច្ចនិកសាតព្រាហ្មណ៍ មានសេចក្តីត្រិះរិះ យ៉ាងនេះថា បើដូច្នោះ មានតែអាត្មាអញ ចូលទៅរកព្រះសមណគោតម បើព្រះសមណគោតម នឹងពោលនូវពាក្យណាៗ អាត្មាអញ គប្បីពោលទាស់នឹងពាក្យនោះៗរបស់លោក។

[១៨១] សម័យនោះឯង ព្រះមានព្រះភាគ ទ្រង់ចង្រ្កមក្នុងទីវាល។ គ្រានោះ បច្ចនិកសាតព្រាហ្មណ៍ ចូលទៅរកព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ដើរតាមព្រះមានព្រះភាគ ដែលកំពុងចង្ក្រម ក្រាបបង្គំទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះសមណៈ សូមព្រះអង្គសំដែងធម៌។

[១៨២] ព្រះអង្គត្រាស់ថា បច្ចនិកសាតព្រាហ្មណ៍ មានចិត្តសៅហ្មង ច្រើនដោយការប្រណាំងប្រជែង មិនងាយនឹងដឹងសុភាសិតទេ លុះតែបុគ្គលណា នាំចេញនូវការប្រណាំងប្រជែងផង នូវសេចក្តីមិនជ្រះថ្លានៃចិត្តផង លះបង់នូវគំនុំផង បុគ្គលនោះ ទើបដឹងនូវសុភាសិតបាន។

[១៨៣] កាលព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ បច្ចនិកសាតព្រាហ្មណ៍ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន ច្បាស់ពេកណាស់ បពិត្រព្រះគោតមដ៏ចំរើន ច្បាស់ពេកណាស់។បេ។ សូមព្រះគោតមដ៏ចំរើន ជ្រាបនូវខ្ញុំព្រះអង្គ ថាជាឧបាសក ដល់នូវព្រះរតនត្រ័យ ជាទីពឹងស្មើដោយជីវិត តាំងពីថ្ងៃនេះជាដើមរៀងទៅ។

នវកម្មិកសូត្រ ទី៧

(៧. នវកម្មិកសុត្តំ)

[១៨៤] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងដងព្រៃមួយ ក្នុងដែនកោសល។ សម័យនោះឯង នវកម្មិកភារទ្វាជព្រាហ្មណ៍ ឲ្យគេធ្វើការងារ ក្នុងដងព្រៃនោះ។ នវកម្មិកភារទ្វាជព្រាហ្មណ៍ បានឃើញព្រះមានព្រះភាគ គង់ក្រោមម្លប់សាលព្រឹក្សមួយ ផ្គត់ព្រះភ្នែន តាំងព្រះកាយត្រង់ តំកល់ព្រះស្មារតី ឆ្ពោះត្រង់ទៅរកព្រះកម្មដ្ឋាន។ លុះឃើញហើយ ទើបនវកម្មិកភារទ្វាជព្រាហ្មណ៍ មានសេចក្តីត្រិះរិះ យ៉ាងនេះថា អាត្មាអញ ឲ្យគេធ្វើការងារ ក្នុងដងព្រៃនេះ កំពុងសប្បាយ ចុះព្រះសមណៈនេះ ឲ្យគេធ្វើការងារអ្វី សប្បាយដែរ។

[១៨៥] ទើបនវកម្មិកភារទ្វាជព្រាហ្មណ៍ ចូលទៅរកព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏បានពោលនឹងព្រះមានព្រះភាគ ដោយគាថាថា

នែភិក្ខុ លោកធ្វើការងារដូចម្តេច បានជាលោកមកនៅក្នុងព្រៃសាលព្រឹក្ស ព្រះគោតមតែមួយអង្គទេ ចុះបានសេចក្តីត្រេកអរណា ក្នុងព្រៃកើត។

[១៨៦] ព្រះអង្គត្រាស់ថា តថាគត មិនមានកិច្ចដែលត្រូវធ្វើក្នុងព្រៃទេ ព្រៃគឺកិលេសជាសត្រូវ តថាគត បានដកឫសគល់អស់ហើយ តថាគតនោះ ជាបុគ្គលម្នាក់ឯង មិនមានព្រៃ គឺកិលេសទេ ទាំងសរ គឺកិលេស វិនាសអស់ហើយ តថាគត លះបង់នូវសេចក្តីអផ្សុកហើយ ទើបត្រេកអរ ក្នុងព្រៃបាន។

[១៨៧] កាលព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ នវកម្មិកភារទ្វាជព្រាហ្មណ៍ បានក្រាបទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន ច្បាស់ពេកណាស់ បពិត្រព្រះគោតមដ៏ចំរើន ច្បាស់ពេកណាស់។បេ។ សូមព្រះគោតមដ៏ចំរើន ជ្រាបនូវខ្ញុំព្រះអង្គ ថាជាឧបាសក ដល់នូវព្រះរតនត្រ័យ ជាទីពឹងស្មើដោយជីវិត តាំងពីថ្ងៃនេះ ជាដើមរៀងទៅ។

កដ្ឋហារសូត្រ ទី៨

(៨. កដ្ឋហារសុត្តំ)

[១៨៨] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងដងព្រៃមួយ ក្នុងដែនកោសល។ សម័យនោះឯង មានពួកមាណពជាច្រើន ជាអ្នកនាំឧស ជាអន្តេវាសិក របស់ព្រាហ្មណ៍ភារទ្វាជគោត្តម្នាក់ នាំគ្នាចូលទៅកាន់ដងព្រៃនោះ លុះចូលទៅដល់ហើយ ក៏បានឃើញព្រះមានព្រះភាគ ទ្រង់គង់ក្នុងដងព្រៃនោះ ផ្គត់ព្រះភ្នែន តាំងព្រះកាយត្រង់ តំកល់ព្រះស្មារតី ឆ្ពោះត្រង់ទៅរកកម្មដ្ឋាន លុះឃើញហើយ ក៏ចូលទៅរកភារទ្វាជគោត្តព្រាហ្មណ៍ លុះចូលទៅដល់ហើយ ក៏បានពោលនូវពាក្យនេះ នឹងភារទ្វាជគោត្តព្រាហ្មណ៍ថា សូមជំរាបលោក សូមលោកដ៏ចំរើន គប្បីជ្រាប ដ្បិតព្រះសមណគោតម គង់ក្នុងដងព្រៃឯណោះ ផ្គត់ព្រះភ្នែន តាំងព្រះកាយត្រង់ តំកល់ព្រះស្មារតី ឆ្ពោះត្រង់ទៅរកកម្មដ្ឋាន។

[១៨៩] គ្រានោះ ភារទ្វាជគោត្តព្រាហ្មណ៍ ចូលទៅកាន់ដងព្រៃនោះ ជាមួយនឹងមាណពទាំងអម្បាលនោះ លុះចូលទៅដល់ហើយ បានឃើញព្រះមានព្រះភាគ ទ្រង់គង់ក្នុងដងព្រៃនោះ ផ្គត់ព្រះភ្នែន តាំងព្រះកាយត្រង់ តំកល់ព្រះស្មារតី ឆ្ពោះត្រង់ទៅរកកម្មដ្ឋាន លុះឃើញហើយ ក៏ចូលទៅរកព្រះមានព្រះភាគ លុះចូលទៅដល់ហើយ បានពោលនឹងព្រះមានព្រះភាគ ដោយគាថា ថា

បពិត្រភិក្ខុ អ្នកចូលមករកព្រៃស្ងាត់ ឥតមានមនុស្ស ជាព្រៃដ៏ជ្រៅគួរឲ្យខ្លាចច្រើន លោកមានកាយដ៏ល្អ ប្រកបដោយប្រយោជន៍ មិនបានញាប់ញ័រ ទើបចំរើនឈានដ៏ល្អក្រៃពេកបាន ក្នុងព្រៃណាគ្មានចំរៀង ឬក្នុងព្រៃណាគ្មានល្បែងប្រគំ ព្រះមុនីក៏អាស្រ័យនៅ ក្នុងព្រៃនោះតែម្នាក់ឯង ព្រះមុនីមានចិត្តត្រេកអរ នៅក្នុងព្រៃម្នាក់ឯង ដោយហេតុណា ហេតុនេះ ជាការអស្ចារ្យប្រាកដដល់ខ្ញុំ ខ្ញុំកំពុងប្រាថ្នានូវត្រីទិព្វ គឺព្រហ្មលោកដ៏ប្រសើរ សំគាល់លោកថាជាអ្នកទៅកើតជាមួយនឹងមហាព្រហ្ម ជាធំក្នុងលោកដែរ ព្រោះហេតុអ្វី លោកដ៏ចំរើនអាស្រ័យនៅក្នុងព្រៃដែលឥតមនុស្ស លោកធ្វើនូវតបៈក្នុងទីនេះ ដើម្បីដល់នូវព្រហ្មលោកឬ។

[១៩០] ព្រះអង្គត្រាស់ថា ធម្មជាតិណាមួយ គឺសេចក្តីប្រាថ្នាក្តី សេចក្តីត្រេកអរក្តី មានប្រការផ្សេងៗ អាស្រ័យនៅក្នុងធាតុទាំងឡាយ គឺអារម្មណ៍មានសភាព មិនតែមួយ សព្វៗកាល មានការមិនដឹងជាមូល ប្រភពជាគ្រឿងញុំាងជនឲ្យជាប់ចំពាក់ ធម្មជាតិទាំងអស់នោះ តថាគត បានធ្វើឲ្យវិនាស ព្រមទាំងឫសគល់អស់ហើយ តថាគតនោះ មិនប្រាថ្នា មិនអាស្រ័យនូវតណ្ហា មិនចូលទៅរកតណ្ហា (និងអវិជ្ជាឡើយ) មានសេចក្តីឃើញដ៏បរិសុទ្ធ ក្នុងធម៌ទាំងពួង ហើយដល់នូវសម្ពោធិញ្ញាណ ដ៏ប្រសើរក្រៃលែង តថាគត គួរដល់ព្រហ្មលោក ជាអ្នកក្លៀវក្លា តែងដុតបំផ្លាញនូវកិលេស (ដោយឈានទាំងពីរ)។

[១៩១] កាលព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ភារទ្វាជគោត្តព្រាហ្មណ៍ បានក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន ច្បាស់ពេកណាស់ បពិត្រព្រះគោតមដ៏ចំរើន ច្បាស់ពេកណាស់។បេ។ សូមព្រះគោតមដ៏ចំរើន ជ្រាបនូវខ្ញុំព្រះអង្គ ថាជាឧបាសក ដល់នូវព្រះរតនត្រ័យ ជាទីពឹងស្មើដោយជីវិត តាំងពីថ្ងៃនេះ ជាដើមរៀងទៅ។

មាតុបោសកសូត្រ ទី៩

(៩. មាតុបោសកសុត្តំ)

[១៩២] សាវត្ថីនិទាន។ គ្រានោះ ព្រាហ្មណ៍ឈ្មោះមាតុបោសកៈ (អ្នកចិញ្ចឹមមាតា) ចូលទៅរកព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះមានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររឭកហើយ ក៏អង្គុយក្នុងទីសមគួរ។ លុះមាតុបោសកព្រាហ្មណ៍ អង្គុយក្នុងទីសមគួរហើយ បានក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន ខ្ញុំព្រះអង្គ ស្វែងរកនូវភិក្ខារដោយធម៌ លុះស្វែងរកនូវភិក្ខាដោយធម៌ហើយ តែងចិញ្ចឹមនូវមាតាបិតា បពិត្រព្រះគោតមដ៏ចំរើន ខ្ញុំព្រះអង្គធ្វើយ៉ាងនេះ ឈ្មោះថាជាអ្នកធ្វើនូវកិច្ច (តបគុណ) បានដែរឬ។ ព្រះអង្គត្រាស់ថា អើព្រាហ្មណ៍ អ្នកធ្វើយ៉ាងនេះ ឈ្មោះថាជាអ្នកធ្វើនូវកិច្ច (តបគុណ) បានហើយ ម្នាលព្រាហ្មណ៍ បុគ្គលណាស្វែងរក នូវភិក្ខាដោយធម៌ លុះស្វែងរកនូវភិក្ខាដោយធម៌ហើយ ចិញ្ចឹមមាតាបិតា បុគ្គលនោះ តែងបានបុណ្យដ៏ច្រើន។

[១៩៣] ព្រះមានព្រះភាគ បានត្រាស់នូវពាក្យនេះ។បេ។

បុគ្គលណា ចិញ្ចឹមមាតាឬបិតាដោយធម៌ បណ្ឌិតទាំងឡាយ រមែងសរសើរបុគ្គលនោះ ក្នុងលោកនេះ ព្រោះការបំរើមាតាបិតាទាំងឡាយនោះ លុះបុគ្គលនោះ ទៅកាន់បរលោកហើយ រមែងរីករាយ ក្នុងឋានសួគ៌។

[១៩៤] កាលព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ មាតុបោសកព្រាហ្មណ៍ បានក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន ច្បាស់ពេកណាស់ បពិត្រព្រះគោតមដ៏ចំរើន ច្បាស់ពេកណាស់។បេ។ សូមព្រះគោតមដ៏ចំរើន ជ្រាបនូវខ្ញុំព្រះអង្គ ថាជាឧបាសក ដល់នូវព្រះរតនត្រ័យ ជាទីពឹងស្មើដោយជីវិត តាំងពីថ្ងៃនេះ ជាដើមរៀងទៅ។

ភិក្ខកសូត្រ ទី១០

(១០. ភិក្ខកសុត្តំ)

[១៩៥] សាវត្ថីនិទាន។ គ្រានោះឯង ភិក្ខកព្រាហ្មណ៍ (ព្រាហ្មណ៍អ្នកសូម) បានចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះមានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររឭកហើយ ក៏អង្គុយក្នុងទីសមគួរ។ លុះភិក្ខកព្រាហ្មណ៍ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលសួរព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន ខ្ញុំព្រះអង្គ ជាអ្នកសូមគេ ឯព្រះអង្គ ក៏ជាអ្នកសូមគេដែរ យើងទាំងពីរនាក់ ផ្សេងគ្នាដូចម្តេច ក្នុងពាក្យថា អ្នកសូមនេះ។

[១៩៦] ព្រះអង្គត្រាស់ថា បុគ្គលណា សូមពួកជនដទៃ ដោយហេតុណា បុគ្គលនោះ មិនឈ្មោះថាភិក្ខុ (អ្នកសូម) ដោយហេតុនោះឡើយ បុគ្គលណា កាន់ធម៌មានពិស គឺអកុសលធម៌ បុគ្គលនោះ ក៏មិនឈ្មោះថាភិក្ខុដែរ ក្នុងលោកនេះ លុះតែបុគ្គលណា បានបណ្តែតបង់នូវបុណ្យ និងបាបចេញ ហើយប្រព្រឹត្តមគ្គ ព្រហ្មចរិយៈ ក្នុងខន្ធាទិលោក ដោយបញ្ញា បុគ្គលនោះ ទើបតថាគតហៅថា ភិក្ខុពិត។

[១៩៧] កាលព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ភិក្ខកព្រាហ្មណ៍ បានក្រាបទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន ច្បាស់ពេកណាស់ បពិត្រព្រះគោតមដ៏ចំរើន ច្បាស់ពេកណាស់។បេ។ សូមព្រះគោតមដ៏ចំរើន ជ្រាបនូវខ្ញុំព្រះអង្គ ថាជាឧបាសក ដល់នូវព្រះរតនត្រ័យ ជាទីពឹង ស្មើដោយជីវិត តាំងអំពីថ្ងៃនេះ ជាដើមទៅ។

សង្គរវសូត្រ ទី១១

(១១. សង្គារវសុត្តំ)

[១៩៨] សាវត្ថីនិទាន។ សម័យនោះឯង សង្គរវព្រាហ្មណ៍ អាស្រ័យនៅក្នុងក្រុងសាវត្ថី មានសេចក្តីសំគាល់ថា ទឹកជារបស់បរិសុទ្ធ រមែងប្រាថ្នាការបរិសុទ្ធិដោយទឹក ប្រកបការព្យាយាមចុះទឹករឿយៗ ក្នុងវេលាល្ងាចព្រឹក។ គ្រានោះឯង ព្រះអានន្ទមានអាយុ ស្លៀកស្បង់ប្រដាប់បាត្រចីវរ ក្នុងវេលាព្រឹក ហើយចូលទៅបិណ្ឌបាត ក្នុងក្រុងសាវត្ថី លុះត្រាច់ទៅបិណ្ឌបាត ក្នុងក្រុងសាវត្ថីរួចហើយ ត្រឡប់មកពីបិណ្ឌបាតវិញ ក្នុងវេលាក្រោយភត្ត ទើបចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក៏ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។

[១៩៩] លុះព្រះអានន្ទមានអាយុ អង្គុយក្នុងទីសមគួរហើយ បានក្រាបទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន សង្គរវព្រាហ្មណ៍ អាស្រ័យនៅក្នុងក្រុងសាវត្ថីនេះ មានសេចក្តីសំគាល់ថា ទឹកជារបស់បរិសុទ្ធ តែងប្រាថ្នាការបរិសុទ្ធិដោយទឹក ប្រកបសេចក្តីព្យាយាមចុះទឹករឿយៗ ក្នុងវេលាល្ងាចព្រឹក បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ អាស្រ័យសេចក្តីអនុគ្រោះ ស្តេចចូលទៅកាន់លំនៅរបស់សង្គរវព្រាហ្មណ៍។ ព្រះមានព្រះភាគ ទ្រង់ទទួលដោយភាពស្ងៀម។ លំដាប់នោះឯង ព្រះមានព្រះភាគ ទ្រង់ស្បង់ប្រដាប់បាត្រ ចីវរក្នុងវេលាព្រឹក ហើយស្តេចចូលទៅកាន់លំនៅ របស់សង្គរវព្រាហ្មណ៍ លុះចូលទៅដល់ហើយ ក៏គង់លើអាសនៈ ដែលព្រាហ្មណ៍ក្រាលថ្វាយ។

[២០០] លំដាប់នោះឯង សង្គរវព្រាហ្មណ៍ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះមានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររឭកហើយ ក៏អង្គុយក្នុងទីសមគួរ។ លុះសង្គរវព្រាហ្មណ៍ អង្គុយក្នុងទីសមគួរហើយ ទើបព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះថា ម្នាលព្រាហ្មណ៍ បានឮថា អ្នកមានសេចក្តីសំគាល់ថា ទឹកជារបស់បរិសុទ្ធិ តែងប្រាថ្នាការបរិសុទ្ធិដោយទឹក ប្រកបសេចក្តីព្យាយាមចុះទឹករឿយៗ ក្នុងវេលាល្ងាចព្រឹក មែនឬ។ បពិត្រព្រះគោតមដ៏ចំរើន មែនហើយ។ ម្នាលព្រាហ្មណ៍ ចុះអ្នកឯងយល់ឃើញអំណាចប្រយោជន៍ដូចម្តេច បានជាសំគាល់ថា ទឹកជារបស់បរិសុទ្ធិ ប្រាថ្នាការបរិសុទ្ធិដោយទឹក ប្រកបសេចក្តីព្យាយាមចុះទឹករឿយៗ ក្នុងវេលាល្ងាចព្រឹក។ បពិត្រព្រះគោតមដ៏ចំរើន ក្នុងទីនេះ បាបកម្មណា ដែលខ្ញុំព្រះអង្គបានធ្វើហើយ ក្នុងវេលាថ្ងៃ ខ្ញុំព្រះអង្គ បន្សាត់បង់នូវបាបកម្មនោះ ដោយការងូតទឹក ក្នុងវេលាល្ងាច បាបកម្មណា ដែលខ្ញុំព្រះអង្គបានធ្វើហើយ ក្នុងវេលាយប់ ខ្ញុំព្រះអង្គ ក៏បន្សាត់បង់នូវបាបកម្មនោះ ដោយការងូតទឹក ក្នុងវេលាព្រឹក បពិត្រព្រះគោតមដ៏ចំរើន ខ្ញុំព្រះអង្គ ឃើញច្បាស់ នូវអំណាចប្រយោជន៍នេះឯង បានជាសំគាល់ថា ទឹកជារបស់បរិសុទ្ធិ ប្រាថ្នាការបរិសុទ្ធិដោយទឹក ប្រកបសេចក្តីព្យាយាមចុះទឹករឿយៗ ក្នុងវេលាល្ងាចព្រឹក។

[២០១] ព្រះមានព្រះភាគត្រាស់ថា ម្នាលព្រាហ្មណ៍ ពួកបុគ្គលអ្នកដល់នូវវេទ បានងូតទឹកក្នុងអន្លង់ទឹកណា មិនបានទទឹកខ្លួនសោះ ហើយស្រាប់តែឆ្លងដល់ត្រើយម្ខាង អន្លង់ទឹកនោះ ក៏គឺធម៌ មានសីលជាកំពង់ មិនល្អក់ ដែលសប្បុរសទាំងឡាយ សរសើរថាជារបស់សប្បុរសទាំងឡាយ។

[២០២] កាលព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ សង្គរវព្រាហ្មណ៍ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន ច្បាស់ពេកណាស់ បពិត្រព្រះគោតមដ៏ចំរើន ច្បាស់ពេកណាស់។បេ។ សូមព្រះគោតមដ៏ចំរើន ជ្រាបនូវខ្ញុំព្រះអង្គ ថាជាឧបាសក ដល់នូវព្រះរតនត្រ័យ ជាទីពឹងស្មើដោយជីវិត តាំងពីថ្ងៃនេះតទៅ។

ខោមទុស្សសូត្រ ទី១២

(១២. ខោមទុស្សសុត្តំ)

[២០៣] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងនិគមឈ្មោះ ខោមទុស្សៈ របស់ពួកសក្យៈ ក្នុងដែនសក្កៈ។ គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់ស្បង់ប្រដាប់បាត្រ ចីវរ ក្នុងវេលាព្រឹក ហើយចូលទៅកាន់ខោមទុស្សនិគម ដើម្បីបិណ្ឌបាត។ សម័យនោះឯង ពួកព្រាហ្មណ៍ និងគហបតី អ្នកខោមទុស្សនិគម បានប្រជុំគ្នាក្នុងរោង ដោយកិច្ចនីមួយ។ ចួនជាភ្លៀង ក៏ស្រក់ចុះមកមួយដំណក់ៗ។ លំដាប់នោះឯង ព្រះមានព្រះភាគ ទ្រង់យាងទៅជ្រកក្នុងរោងនោះ។ ពួកព្រាហ្មណ៍ និងគហបតី អ្នកខោមទុស្សនិគម បានឃើញព្រះមានព្រះភាគ យាងមកអំពីចម្ងាយ លុះឃើញហើយ ក៏ទូលសួរយ៉ាងនេះថា ពួកជនត្រងោលបែបណា ឈ្មោះថាអ្នកស្ងប់រម្ងាប់ ពួកជនបែបណា នឹងដឹងនូវសភាធម៌។45)

[២០៤] លំដាប់នោះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់ចំពោះពួកព្រាហ្មណ៍ និងគហបតី អ្នកខោមទុស្សនិគម ដោយគាថា ថា

ពួកសប្បុរសមិនមានក្នុងទីណា ទីនោះ មិនឈ្មោះថាទីប្រជុំឡើយ ជនទាំងឡាយណា មិនពោលធម៌ ជនទាំងនោះ មិនឈ្មោះថា សប្បុរស (អ្នកស្ងប់រម្ងាប់) ទេ លុះតែពួកជន លះបង់រាគៈ ទោសៈ មោហៈ ទាំងពោលនូវធម៌ផង ទើបឈ្មោះថា សប្បុរស (ពួកជនបែបនេះ នឹងដឹងនូវសភាធម៌)។

[២០៥] កាលព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ពួកព្រាហ្មណ៍ និងគហបតី អ្នកខោមទុស្សនិគម បានក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន ច្បាស់ពេកណាស់ បពិត្រព្រះគោតមដ៏ចំរើន ច្បាស់ពេកណាស់ បពិត្រព្រះគោតមដ៏ចំរើន ធម៌ដែលព្រះគោតមដ៏ចំរើន ទ្រង់សំដែងដោយអនេកបរិយាយ ដូចជា មនុស្សផ្ងារវត្ថុដែលផ្កាប់ ឬបើកបង្ហាញវត្ថុដែលកំបាំង ឬក៏ប្រាប់ផ្លូវដល់អ្នកវង្វេងទិស ពុំនោះសោត ដូចជាមនុស្សកាន់ប្រទីបប្រេង ទ្រោលបំភ្លឺក្នុងទីងងឹត ដោយគិតថា ឲ្យពួកមនុស្សដែលមានភ្នែកភ្លឺ មើលឃើញរូបទាំងឡាយបាន យើងខ្ញុំទាំងឡាយនេះ សូមដល់ព្រះគោតមដ៏ចំរើនផង ព្រះធម៌ផង ព្រះភិក្ខុសង្ឃផង ជាទីពឹង សូមព្រះគោតមដ៏ចំរើន ជ្រាបនូវយើងខ្ញុំទាំងឡាយ ថាជាឧបាសក ដល់នូវសរណគមន៍ ស្មើដោយជីវិត តាំងអំពីថ្ងៃនេះតទៅ។

ចប់ ឧបាសកវគ្គ ទី២។

ឧទ្ទាននៃឧបាសកវគ្គនោះគឺ

កសីសូត្រ១ ឧទយសូត្រ១ ទេវហិតសូត្រ១ មហាសាលសូត្រ១ មានត្ថទ្ធសូត្រ១ បច្ចនិកសូត្រ១ នវកម្មិកសូត្រ១ កដ្ឋហារសូត្រ១ មាតុបោសកសូត្រ១ ភិក្ខកសូត្រ១ សង្គរវសូត្រ១ ខោមទុស្សសូត្រ១ ត្រូវជា១២។

ចប់ ព្រាហ្មណសំយុត្ត។

វង្គីសសំយុត្ត (ទី៨)

(៨. វង្គីសសំយុត្តំ)

និក្ខន្តសូត្រ ទី១

(១. និក្ខន្តសុត្តំ)

[២០៦] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះវង្គីសៈមានអាយុ នៅក្នុងអគ្គាឡវចេតិយ ទៀបក្រុងអាឡវី ជាមួយនឹងឧបជ្ឈាយ៍ឈ្មោះ និគ្រោធកប្បៈ មានអាយុ។ ក៏សម័យនោះឯង ព្រះវង្គីសៈមានអាយុ ជាភិក្ខុថ្មី បួសមិនយូរប៉ុន្មាន នៅជាភិក្ខុតូចទាប ជាអ្នករក្សាវិហារ។

[២០៧] គ្រានោះឯង ពួកស្រីច្រើននាក់តាក់តែងខ្លួន ចូលទៅកាន់អារាម មៀងមើលវិហារ។ គ្រានោះ ព្រះវង្គីសៈមានអាយុ បានឃើញ នូវស្រីទាំងនោះហើយ ក៏កើតសេចក្តីអផ្សុក រាគៈក៏ញុំាងកុសលចិត្តឲ្យវិនាស។ ទើបព្រះវង្គីសៈមានអាយុ មានសេចក្តីត្រិះរិះថា អើហ្ន៎ អាត្មាអញ ពេញជាមិនមានលាភ អើហ្ន៎ លាភ មិនមានដល់អាត្មាអញឡើយ អើហ្ន៎ អត្តភាពជាមនុស្ស អាត្មាអញ បានដោយអាក្រក់ អើហ្ន៎ អត្តភាពជាមនុស្ស អាត្មាអញ មិនបានដោយល្អទេ ព្រោះសេចក្តីអផ្សុក កើតឡើងដល់អាត្មាអញ រាគៈក៏ញុំាងកុសលចិត្តឲ្យវិនាស ជនទាំងឡាយដទៃ គប្បីបន្ទោបង់សេចក្តីអផ្សុក របស់អាត្មាអញ ហើយធ្វើសេចក្តីត្រេកអរឲ្យកើតឡើង ដោយហេតុណា ហេតុនោះ អាត្មាអញ គប្បីបានជនទាំងនោះអំពីទីណា បើដូច្នោះ មានតែអាត្មាអញ បន្ទោបង់នូវសេចក្តីអផ្សុករបស់ខ្លួន ដោយខ្លួនឯងចុះ ហើយធ្វើសេចក្តីត្រេកអរ ឲ្យកើតឡើង។

[២០៨] លំដាប់នោះឯង ព្រះវង្គីសៈមានអាយុ ក៏បន្ទោបង់សេចក្តីអផ្សុករបស់ខ្លួន ដោយខ្លួនឯង ហើយធ្វើសេចក្តីត្រេកអរ ឲ្យកើតឡើង រួចពោលគាថាទាំងឡាយនេះ ក្នុងពេលនោះថា

វិតក្កៈទាំងឡាយនេះ ជាសភាវៈឃ្នើសឃ្នង តែងស្ទុះមកអំពីមារ គ្របសង្កត់អាត្មាអញ ដែលចេញអំពីផ្ទះ ចូលមកកាន់ផ្នួស ពួកខ្មាន់ធ្នូ ជាបុត្តនៃជនអ្នកខ្ពង់ខ្ពស់ បានសិក្សាហើយ មានធ្នូដ៏មាំ គប្បីបាញ់បាចសាចដោយជុំវិញ ចំពោះសត្វទាំងពាន់ កុំឲ្យរត់ទៅរួច ទោះបីពួកស្ត្រីមកច្រើន ជាងសត្វទាំងនុ៎ះ ក៏នឹងមិនអាចធ្វើអាត្មាអញ ដែលឋិតនៅក្នុងធម៌របស់ខ្លួន ឲ្យញាប់ញ័របានឡើយ ព្រោះថា ពាក្យនុ៎ះ អាត្មាអញ បានស្តាប់អំពីទីចំពោះព្រះភក្ត្រ នៃព្រះពុទ្ធ ជាផៅពង្សនៃព្រះអាទិត្យហើយ ចិត្តរបស់អាត្មាអញ ត្រេកអរ ក្នុងផ្លូវជាទីទៅកាន់ព្រះនិព្វាននោះហើយ ម្នាលមារ គឺកិលេស បើអ្នកចូលមករកអាត្មាអញ ដែលកំពុងនៅយ៉ាងនេះ ម្នាលមច្ចុ អ្នកឯងមិនឃើញផ្លូវរបស់យើង យ៉ាងណា យើងនឹងធ្វើយ៉ាងនោះ។

អរតិសូត្រ ទី២

(២. អរតិសុត្តំ)

[២០៩] សម័យមួយ ព្រះវង្គីសៈមានអាយុ គង់នៅក្នុងអគ្គាឡវចេតិយ ទៀបក្រុងអាឡវី ជាមួយនឹងឧបជ្ឈាយ៍ ឈ្មោះនិគ្រោធកប្បៈមានអាយុ។ សម័យនោះឯង ព្រះនិគ្រោធកប្បៈមានអាយុ ត្រឡប់មកពីបិណ្ឌបាត ក្នុងវេលាក្រោយភត្ត ក៏ចូលទៅកាន់វិហារ ចេញ (អំពីវិហារទៅវិញ) ក្នុងវេលាល្ងាច ឬក្នុងកាលថ្ងៃស្អែកឡើង។

[២១០] សម័យនោះឯង សេចក្តីអផ្សុក កើតមានដល់ព្រះវង្គីសៈមានអាយុ ទាំងរាគៈ ក៏ញុំាងកុសលចិត្តឲ្យវិនាស។ ព្រះវង្គីសៈមានអាយុ មានសេចក្តីត្រិះរិះ យ៉ាងនេះថា អើហ្ន៎ អាត្មាអញ ពេញជាមិនមានលាភ អើហ្ន៎ លាភ មិនមានដល់អាត្មាអញឡើយ អើហ្ន៎ អត្តភាពជាមនុស្ស អាត្មាអញ បានដោយអាក្រក់ អើហ្ន៎ អត្តភាពជាមនុស្ស អាត្មាអញ មិនបានដោយល្អទេ ព្រោះថា សេចក្តីអផ្សុក កើតឡើងដល់អាត្មាអញ រាគៈក៏ញុំាងកុសលចិត្តឲ្យវិនាស ពួកជនដទៃ គប្បីបន្ទោបង់សេចក្តីអផ្សុក របស់អាត្មាអញ ហើយធ្វើសេចក្តីត្រេកអរ ឲ្យកើតឡើង ដោយហេតុណា ហេតុនោះ អាត្មាអញ គប្បីបានជនទាំងនោះអំពីទីណា ក្នុងរាគៈនេះ បើដូច្នោះ មានតែអាត្មាអញ បន្ទោបង់ នូវសេចក្តីអផ្សុករបស់ខ្លួន ដោយខ្លួនឯង ហើយធ្វើសេចក្តីត្រេកអរ ឲ្យកើតឡើង។

[២១១] លំដាប់នោះឯង ព្រះវង្គីសៈមានអាយុ ក៏បន្ទោបង់សេចក្តីអផ្សុករបស់ខ្លួន ដោយខ្លួនឯង ហើយធ្វើសេចក្តីត្រេកអរ ឲ្យកើតឡើង រួចពោលគាថាទាំងឡាយនេះ ក្នុងវេលានោះថា

ភិក្ខុណាលះបង់ នូវសេចក្តីមិនត្រេកអរផង នូវសេចក្តីត្រេកអរផងនូវវិតក្កៈ ដែលអាស្រ័យនូវផ្ទះ គឺកាមគុណផង ដោយប្រការទាំងពួង ហើយមិនធ្វើនូវព្រៃធំ គឺកិលេស ក្នុងអារម្មណ៍ណាមួយឡើយ ភិក្ខុនោះឈ្មោះថា មិនមានព្រៃធំ គឺកិលេស ជាអ្នកប្រាសចាកតណ្ហា របស់អ្វីមួយ ក្នុងលោកនេះ ដែលមានរូបឋិតលើផែនដីក្តី ដែលឋិតលើអាកាសក្តី ដែលឋិតនៅក្នុងរូងផែនដីក្តី46) របស់ទាំងអស់នោះ មិនទៀង រមែងគ្រាំគ្រាទៅ ពួកជនដែលស្គាល់ច្បាស់ នូវអត្តភាព តែងមកប្រជុំយ៉ាងនេះ តែងជាប់ចំពាក់ក្នុងឧបធិទាំងឡាយ អ្នកឯងជាបុគ្គល មិនមានតណ្ហា ជាគ្រឿងញាប់ញ័រ ចូរបន្ទោបង់នូវចំណង់ ក្នុងរូបដែលឃើញហើយ ក្នុងសំឡេងដែលឮហើយ ក្នុងក្លិន និងរសដែលប៉ះពាល់ហើយ ក្នុងផោដ្ឋព្វារម្មណ៍ ដែលពាល់ត្រូវហើយ អ្នកណាមិនជាប់នៅ ក្នុងបញ្ចកាមគុណនេះ ពួកជនហៅអ្នកនោះ ថាជាអ្នកប្រាជ្ញ មួយទៀត វិតក្កៈទាំងឡាយ ដែលមិនប្រកបដោយធម៌ អាស្រ័យនូវអារម្មណ៍៦ តាំងនៅក្នុងពួកបុថុជ្ជន បុគ្គលណា មិនទៅកាន់កិលេសវដ្តៈ ក្នុងទីណាមួយ ទាំងមិនពោលពាក្យអាក្រក់ បុគ្គលនោះ ឈ្មោះថាភិក្ខុ ជាអ្នកប្រាជ្ញ មានចិត្តតាំងមាំ អស់កាលជាយូរអង្វែង ជាអ្នកមិនកុហក មានប្រាជ្ញាជាគ្រឿងរក្សាខ្លួន ទាំងមិនមានសេចក្តីស្រឡាញ់ ឈ្មោះថាជាអ្នកប្រាជ្ញ បានត្រាស់ដឹងនូវព្រះនិព្វាន មួយទៀត បុគ្គលនោះ បរិនិព្វានហើយ ព្រោះអាស្រ័យព្រះនិព្វាន តែងទន្ទឹងនូវបរិនិព្វានកាល។

បេសលាតិមញ្ញនាសូត្រ ទី៣

(៣. បេសលសុត្តំ)

[២១២] សម័យមួយ ព្រះវង្គីសៈមានអាយុ នៅក្នុងអគ្គាឡវចេតិយ ទៀបក្រុងអាឡវី ជាមួយនឹងឧបជ្ឈាយ៍ ឈ្មោះនិគ្រោធកប្បៈ ដ៏មានអាយុ។ ក៏សម័យនោះឯង ព្រះវង្គីសៈមានអាយុ មើលងាយនូវពួកភិក្ខុដទៃ ដែលមានសីលជាទីស្រឡាញ់ ដោយសេចក្តីឈ្លាសវៃរបស់ខ្លួន។ លំដាប់នោះ ព្រះវង្គីសៈមានអាយុ មានសេចក្តីត្រិះរិះ យ៉ាងនេះថា អើហ្ន៎ អាត្មាអញ ពេញជាមិនមានលាភ អើហ្ន៎ លាភ មិនមានដល់អាត្មាអញឡើយ អើហ្ន៎ អត្តភាពជាមនុស្ស អាត្មាអញ បានដោយអាក្រក់ អើហ្ន៎ អត្តភាពជាមនុស្ស អាត្មាអញ មិនបានដោយល្អទេ ព្រោះអាត្មាអញ មើលងាយពួកភិក្ខុដទៃ ដែលមានសីលជាទីស្រឡាញ់ ដោយសេចក្តីឈ្លាសវៃរបស់ខ្លួន។

[២១៣] លំដាប់នោះ ព្រះវង្គីសៈមានអាយុ ក៏ធ្វើសេចក្តីក្តៅក្រហាយរបស់ខ្លួន ឲ្យកើតឡើងដោយខ្លួនឯង ហើយពោលនូវគាថាទាំងឡាយនេះ ក្នុងវេលានោះថា

ម្នាលអ្នកជាសាវ័កព្រះគោតម អ្នកចូរលះបង់ នូវចិត្តមានះចេញ ចូរលះបង់នូវគន្លងនៃមានះ ក្នុងកាយនេះចេញ បុគ្គលដែលមានសេចក្តីក្តៅក្រហាយ អស់កាលជាយូរអង្វែង គួរតែលះបង់ នូវគន្លងនៃមានះ ក្នុងកាយនេះ កុំឲ្យសេសសល់ ពពួកសត្វ ដែលប្រឡាក់ដោយសេចក្តីលុបគុណ ដែលត្រូវមានះបៀតបៀនហើយ រមែងធ្លាក់ទៅក្នុងនរក ពួកជន ដែលត្រូវមានះបៀតបៀនហើយ តែងទៅកើតក្នុងនរក សោកសៅ អស់រាត្រីជាយូរអង្វែង ភិក្ខុដែលឈ្នះកិលេសដោយមគ្គ ប្រតិបត្តិដោយប្រពៃ រមែងមិនសោកសៅក្នុងកាលណាម្តងឡើយ រមែងបាននូវសេចក្តីសរសើរ និងសេចក្តីសុខ អ្នកប្រាជ្ញទាំងឡាយហៅភិក្ខុនោះ ដែលមានសភាពដូច្នោះ ថា ជាអ្នកឃើញធម៌ ហេតុដូច្នោះ ភិក្ខុក្នុងសាសនានេះ ជាអ្នកមិនរឹងត្អឹង មានព្យាយាម លះបង់នូវនីវរណៈទាំងឡាយ ជាអ្នកបរិសុទ្ធ លះបង់មានះ មិនឲ្យសេសសល់ ហើយធ្វើនូវទីបំផុត នៃកិលេសដោយវិជ្ជា ជាអ្នកស្ងប់រម្ងាប់។

អានន្ទសូត្រ ទី៤

(៤. អានន្ទសុត្តំ)

[២១៤] សម័យមួយ ព្រះអានន្ទមានអាយុ គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ព្រះអានន្ទមានអាយុ ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងវេលាព្រឹកព្រហាម ចូលទៅបិណ្ឌបាតក្នុងក្រុងសាវត្ថី មានព្រះវង្គីសៈមានអាយុ ជាបច្ឆាសមណៈ។ សម័យនោះ សេចក្តីអផ្សុក ក៏កើតឡើង ដល់ព្រះវង្គីសៈមានអាយុ ទាំងរាគៈ ក៏ធ្វើកុសលចិត្តឲ្យវិនាស។

[២១៥] ទើបព្រះវង្គីសៈមានអាយុ បានពោលនឹងព្រះអានន្ទមានអាយុ ដោយគាថាថា

បពិត្រលោក ជាគោតមគោត្រ ខ្ញុំក្តៅដោយកាមរាគៈ ចិត្តរបស់ខ្ញុំ ក្តៅក្រហាយណាស់ សូមលោកមេត្តាសំដែងធម៌ ជាគ្រឿងរំលត់រាគៈ ដោយសេចក្តីអនុគ្រោះឲ្យទាន។

[២១៦] ព្រះអានន្ទពោលថា

ចិត្តរបស់លោកក្តៅក្រហាយ ព្រោះសេចក្តីប្រែប្រួលនៃសញ្ញា លោកចូរវៀរនូវនិមិត្តល្អ ដែលប្រកបដោយរាគៈចេញ ហើយពិចារណាសង្ខារទាំងឡាយ ថាជារបស់ដទៃ ថាជាទុក្ខ កុំពិចារណាថា ជារបស់ខ្លួនឡើយ ចូរធ្វើរាគៈដ៏ធំ ឲ្យរលត់បាត់ទៅ កុំមានសេចក្តីក្តៅក្រហាយរឿយៗឡើយ លោកចូរចំរើននូវចិត្ត ឲ្យមានអារម្មណ៍តែមួយ ឲ្យតាំងនៅដោយប្រពៃ ដោយអសុភារម្មណ៍ កាយគតាសតិ ចូរមានដល់លោក លោកចូរជាអ្នកមានសេចក្តីនឿយណាយច្រើន ចូរចំរើននូវអនិមិត្ត គឺវិបស្សនា ដកនូវមានានុស័យចេញ ហើយជាអ្នកមានចិត្តស្ងប់រម្ងាប់ប្រព្រឹត្តទៅ ដោយការយល់ច្បាស់នូវមានះនោះ។

សុភាសិតសូត្រ ទី៥

(៥. សុភាសិតសុត្តំ)

[២១៧] សាវត្ថីនិទាន។ ក្នុងទីនោះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ទទួលព្រះបន្ទូលព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះមានព្រះភាគ ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ វាចាប្រកបដោយអង្គ៤ ឈ្មោះថាសុភាសិត មិនមែនទុព្ភាសិតទេ ជាវាចាមិនមានទោសផង ដែលអ្នកប្រាជ្ញមិនតិះដៀលផង។ វាចាដែលប្រកបដោយអង្គ៤ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ រមែងពោលពាក្យសុភាសិត មិនពោលពាក្យទុព្ភាសិត១ ពោលពាក្យជាធម៌ មិនពោលពាក្យមិនជាធម៌១ ពោលពាក្យជាទីស្រឡាញ់ មិនពោលពាក្យមិនជាទីស្រឡាញ់១ ពោលពាក្យពិត មិនពោលពាក្យកុហក១។ ម្នាលភិក្ខុទាំងឡាយ វាចាប្រកបដោយអង្គ៤ នេះឯង ឈ្មោះថា សុភាសិត មិនមែនទុព្ភាសិតទេ ជាវាចាមិនមានទោសផង ដែលអ្នកប្រាជ្ញមិនតិះដៀលផង។

[២១៨] ព្រះមានព្រះភាគ ទ្រង់ត្រាស់ភាសិតនេះហើយ លុះព្រះសុគត ជាសាស្តា ទ្រង់ត្រាស់ភាសិតនេះហើយ ក៏ទ្រង់ត្រាស់គាថានេះតទៅទៀតថា

ពួកសប្បុរស ពោលសុភាសិត ជាពាក្យខ្ពង់ខ្ពស់ (ទី១) ពោលពាក្យជាធម៌ មិនពោលពាក្យមិនជាធម៌ នោះជាទី២ ពោលពាក្យជាទីស្រឡាញ់ មិនពោលពាក្យមិនជាទីស្រឡាញ់ នោះជាទី៣ ពោលពាក្យពិត មិនពោលពាក្យកុហក នោះជាទី៤។

លំដាប់នោះឯង ព្រះវង្គីសៈមានអាយុ ក្រោកចាកអាសនៈ ហើយធ្វើឧត្តរាសង្គៈ ឆៀងស្មាម្ខាង ប្រណម្យអញ្ជលី ឆ្ពោះទៅរកព្រះមានព្រះភាគ ហើយពោលពាក្យនេះ នឹងព្រះមានព្រះភាគថា បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គ សូមសំដែងធម៌ បពិត្រព្រះសុគត ខ្ញុំព្រះអង្គ សូមសំដែងធម៌។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលវង្គីសៈ អ្នកចូរសំដែងធម៌ចុះ។

[២១៩] លំដាប់នោះឯង ព្រះវង្គីសៈមានអាយុ បានពោលសរសើរព្រះមានព្រះភាគ ដោយគាថាទាំងឡាយ ដ៏សមគួរ ក្នុងទីចំពោះព្រះភក្រ្តថា

បុគ្គលមិនធ្វើខ្លួនឲ្យក្តៅ ដោយវាចាណា គប្បីពោលវាចានោះឯង មួយទៀត បុគ្គលមិនគប្បីបៀតបៀនពួកជនដទៃ (ដោយវាចាណា) វាចានោះឯង ឈ្មោះថា សុភាសិត វាចាណា ដែលគេត្រេកអរ បុគ្គលគប្បីពោល នូវវាចានោះ ជាវាចាជាទីស្រឡាញ់ បុគ្គលពោលនូវវាចាណា មិនកាន់យកវាចាដ៏អាក្រក់ ពោលនូវវាចាជាទីស្រឡាញ់ ដល់ជនទាំងឡាយដទៃ (បុគ្គលគប្បីពោលនូវវាចានោះ) ពាក្យពិត ឈ្មោះថា ជាពាក្យមិនស្លាប់ ធម៌នេះជាប្រពៃណី ពួកសប្បុរស តាំងនៅហើយក្នុងសច្ចៈ ដែលជាអត្ថផង ជាធម៌ផង ព្រះពុទ្ធទ្រង់ពោលវាចាណា ដ៏ក្សេមក្សាន្ត ដើម្បីដល់នូវព្រះនិព្វាន និងធ្វើនូវទីបំផុតទុក្ខបាន វាចានោះឯង ជាវាចាដ៏ខ្ពង់ខ្ពស់ ជាងវាចាទាំងឡាយ។

សារីបុត្តសូត្រ ទី៦

(៦. សារិបុត្តសុត្តំ)

[២២០] សម័យមួយ ព្រះសារីបុត្តមានអាយុ នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ ក៏សម័យនោះ ព្រះសារីបុត្តមានអាយុ បានពន្យល់ពួកភិក្ខុ ឲ្យឃើញច្បាស់ ឲ្យកាន់យកតាម ឲ្យអាចហាន ឲ្យរីករាយ ដោយធម្មីកថា ជាវាចាបរិបូណ៌ដោយអក្ខរៈ និងបទច្បាស់លាស់ ជាវាចាឥតទោស អាចញុំាងបុគ្គល ឲ្យដឹងច្បាស់នូវសេចក្តីបាន។ ភិក្ខុទាំងនោះ ក៏ធ្វើឲ្យជាប្រយោជន៍ ធ្វើទុកក្នុងចិត្ត ប្រមូលនូវចិត្តទាំងអស់ ផ្ទៀងត្រចៀកស្តាប់ធម៌។

[២២១] លំដាប់នោះឯង ព្រះវង្គីសៈមានអាយុ មានសេចក្តីត្រិះរិះ ដូច្នេះថា ព្រះសារីបុត្តមានអាយុនេះឯង បានពន្យល់ពួកភិក្ខុ ឲ្យឃើញច្បាស់ ដោយធម្មីកថា។បេ។ ជាវាចាអាចញុំាងបុគ្គល ឲ្យដឹងច្បាស់នូវសេចក្តីបាន ចំណែកភិក្ខុទាំងនោះ ក៏ធ្វើឲ្យជាប្រយោជន៍។បេ។ ស្តាប់ធម៌ បើដូច្នោះ មានតែអាត្មាអញ ពោលសរសើរព្រះសារីបុត្តមានអាយុ ដោយគាថាទាំងឡាយ ដ៏សមគួរ ក្នុងទីចំពោះមុខ។ ទើបព្រះវង្គីសៈមានអាយុ ក្រោកចាកអាសនៈ ធ្វើឧត្តរាសង្គៈ ឆៀងស្មាម្ខាង ប្រណម្យអញ្ជលី ឆ្ពោះទៅរកព្រះសារីបុត្តមានអាយុ ហើយពោលពាក្យនេះ នឹងព្រះសារីបុត្តមានអាយុថា បពិត្រព្រះសារីបុត្តមានអាយុ ខ្ញុំសូមសំដែងធម៌ បពិត្រព្រះសារីបុត្តមានអាយុ ខ្ញុំសូមសំដែងធម៌។ ព្រះសារីបុត្តតបថា អើអាវុសោវង្គីសៈ ចូរលោកសំដែងធម៌ចុះ។

[២២២] លំដាប់នោះឯង ព្រះវង្គីសៈមានអាយុ ពោលសរសើរព្រះសារីបុត្តមានអាយុ ដោយគាថាទាំងឡាយ ដ៏សមគួរ ក្នុងទីចំពោះមុខថា

ព្រះសារីបុត្តជាអ្នកប្រាជ្ញ មានបញ្ញាជ្រាលជ្រៅ ជាអ្នកឈ្លាសក្នុងមគ្គ និងមិនមែនមគ្គ មានបញ្ញាច្រើន តែងសំដែងធម៌ដល់ភិក្ខុទាំងឡាយ សំដែងដោយសង្ខេបខ្លះ សំដែងដោយពិស្តារខ្លះ មានសំឡេងគឹកកង ដូចជាសត្វសាលិកា បញ្ចេញនូវប្រាជ្ញាដ៏វិសេស ពួកភិក្ខុនាំគ្នាស្តាប់នូវវាចាដ៏ពីរោះរបស់លោក ដែលកំពុងសំដែងធម៌នោះ ភិក្ខុទាំងឡាយ មានចិត្តអណ្តែតឡើង មានចិត្តរីករាយដោយសំឡេង ដែលគួរត្រេកអរ គួរស្តាប់ ជាសំឡេងដ៏ពីរោះ ហើយផ្ទៀងត្រចៀកស្តាប់។

បវារណាសូត្រ ទី៧

(៧. បវារណាសុត្តំ)

[២២៣] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងប្រាសាទនៃមិគារមាតា ឈ្មោះបុព្វារាម ទៀបក្រុងសាវត្ថី ជាមួយនឹងភិក្ខុសង្ឃច្រើន គឺភិក្ខុប្រមាណ៥០០រូប សុទ្ធតែជាព្រះអរហន្ត។ ក៏ក្នុងសម័យនោះឯង ព្រះមានព្រះភាគ មានព្រះភិក្ខុសង្ឃ គាល់ត្រៀបត្រា គង់ក្នុងទីវាល ក្នុងថ្ងៃបណ្ណរសីបវារណា ជាថ្ងៃឧបោសថនោះ។ គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់ឆ្មៀងព្រះនេត្រ ទតឃើញភិក្ខុសង្ឃដែលនៅស្ងៀមហើយ ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ ណ្ហើយចុះ ឥឡូវនេះ តថាគតបវារណា ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ មិនតិះដៀលនូវកម្មតិចតួច ដែលប្រព្រឹត្តទៅក្នុងកាយទ្វារ ឬវចីទ្វារ របស់តថាគតទេឬ។

[២២៤] កាលព្រះមានព្រះភាគ ត្រាស់យ៉ាងនេះហើយ ព្រះសារីបុត្តមានអាយុ ក៏ក្រោកចាកអាសនៈ ធ្វើឧត្តរាសង្គៈ ឆៀងស្មាម្ខាង ប្រណម្យអញ្ជលី ឆ្ពោះទៅរកព្រះមានព្រះភាគ ក្រាបទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន យើងខ្ញុំព្រះអង្គ មិនបានតិះដៀលនូវកម្មតិចតួច ដែលប្រព្រឹត្តទៅក្នុងកាយទ្វារ ឬវចីទ្វារ របស់ព្រះមានព្រះភាគទេ បពិត្រព្រះអង្គដ៏ចំរើន ព្រោះថា ព្រះមានព្រះភាគ ជាអ្នកបង្កើតផ្លូវដែលមិនទាន់កើត ឲ្យស្គាល់ផ្លូវដែលមិនទាន់ស្គាល់ ប្រាប់ផ្លូវដែលមិនទាន់ប្រាប់ ទ្រង់ដឹងនូវផ្លូវ ជ្រាបច្បាស់នូវផ្លូវ ឈ្លាសវៃក្នុងផ្លូវ បពិត្រព្រះអង្គដ៏ចំរើន ពួកសាវ័កក្នុងកាលឥឡូវនេះ តែងដើរទៅតាមផ្លូវ ដើរតាមក្រោយ បពិត្រព្រះអង្គដ៏ចំរើន ចំណែកខ្ញុំព្រះអង្គ សូមបវារណាចំពោះព្រះមានព្រះភាគ ព្រះមានព្រះភាគ មិនទ្រង់តិះដៀល នូវកម្មតិចតួច ដែលប្រព្រឹត្តទៅ ក្នុងកាយទ្វារ ឬវចីទ្វារ របស់ខ្ញុំព្រះអង្គទេឬ។ ម្នាលសារីបុត្ត តថាគត មិនបានតិះដៀល នូវកម្មតិចតួច ដែលប្រព្រឹត្តទៅក្នុងកាយទ្វារ ឬវចីទ្វារ របស់អ្នកទេ ម្នាលសារីបុត្ត អ្នកជាបណ្ឌិត ម្នាលសារីបុត្ត អ្នកមានប្រាជ្ញាច្រើន ម្នាលសារីបុត្ត អ្នកមានប្រាជ្ញាក្រាស់ ម្នាលសារីបុត្ត អ្នកមានប្រាជ្ញា ជាហេតុឲ្យកើតសេចក្តីរីករាយ ម្នាលសារីបុត្ត អ្នកមានប្រាជ្ញារហ័ស ម្នាលសារីបុត្ត អ្នកមានប្រាជ្ញាមុត ម្នាលសារីបុត្ត អ្នកមានប្រាជ្ញាជាគ្រឿងទំលាយបង់នូវកិលេស ម្នាលសារីបុត្ត ប្រៀបដូចបុត្តច្បង របស់ស្តេចចក្រពត្តិ រមែងញុំាងចក្រដែលបិតាឲ្យប្រព្រឹត្តទៅហើយ ឲ្យប្រព្រឹត្តទៅបានដោយល្អ យ៉ាងណា ម្នាលសារីបុត្ត អ្នកក៏ញុំាងអនុត្តរធម្មចក្រ ដែលតថាគត ឲ្យប្រព្រឹត្តទៅហើយ ឲ្យប្រព្រឹត្តទៅបានដោយល្អ យ៉ាងនោះដែរ។ បពិត្រព្រះអង្គដ៏ចំរើន បើព្រះមានព្រះភាគ មិនទ្រង់តិះដៀល នូវកម្មតិចតួច ដែលប្រព្រឹត្តទៅក្នុងកាយទ្វារ ឬវចីទ្វារ របស់ខ្ញុំព្រះអង្គទេ បពិត្រព្រះអង្គដ៏ចំរើន ចុះព្រះមានព្រះភាគ មិនតិះដៀល នូវកម្មតិចតួច ដែលប្រព្រឹត្តទៅក្នុងកាយទ្វារ ឬវចីទ្វារ របស់ពួកភិក្ខុ៥០០នេះដែរឬ។ ម្នាលសារីបុត្ត តថាគត មិនតិះដៀល នូវកម្មតិចតួច ដែលប្រព្រឹត្តទៅក្នុងកាយទ្វារ ឬវចីទ្វារ របស់ពួកភិក្ខុ៥០០នេះទេ ម្នាលសារីបុត្ត ព្រោះថា បណ្តាភិក្ខុទាំង៥០០នេះ ភិក្ខុ៦០រូប ជាតេវិជ្ជបុគ្គល (បុគ្គលបានវិជ្ជា៣) ភិក្ខុ៦០រូប ជាឆឡភិញ្ញបុគ្គល (បុគ្គលបានអភិញ្ញា៦) ភិក្ខុ៦០រូប ជាឧភតោភាគវិមុត្តបុគ្គល (បុគ្គលរួចចាកកិលេស ដោយធម៌ពីរ គឺរូបសមាបត្តិ និងអរូបសមាបត្តិ) ឯភិក្ខុទាំងឡាយក្រៅពីនេះ ជាបញ្ញាវិមុត្តបុគ្គល (បុគ្គលរួចចាកកិលេស ដោយប្រាជ្ញា)។ ទើបព្រះវង្គីសៈមានអាយុ ក្រោកចាកអាសនៈ ធ្វើឧត្តរាសង្គៈ ឆៀងស្មាម្ខាង ប្រណម្យអញ្ជលី ឆ្ពោះទៅរកព្រះមានព្រះភាគ ក្រាបទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គ សូមសំដែងធម៌ បពិត្រព្រះសុគត ខ្ញុំព្រះអង្គ សូមសំដែងធម៌។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលវង្គីសៈ ចូរអ្នកសំដែងធម៌ចុះ។

[២២៥] លំដាប់នោះឯង ព្រះវង្គីសៈមានអាយុ ពោលសរសើរព្រះមានព្រះភាគ ដោយគាថាទាំងឡាយ ដ៏សមគួរ ក្នុងទីចំពោះព្រះភក្រ្តថា

ថ្ងៃនេះជាថ្ងៃ១៥ ភិក្ខុទាំងឡាយ៥០០រូប ជាអ្នកកាត់បង់នូវកិលេស គឺសញ្ញោជនៈ និងពន្ធនៈ ជាអ្នកមិនមានទុក្ខ មានភពថ្មីអស់ហើយ ជាអ្នកស្វែងរកនូវគុណ មានសីលគុណជាដើម មកប្រជុំគ្នា ដើម្បីធ្វើខ្លួនឲ្យបរិសុទ្ធ ប្រៀបដូចស្តេចចក្រពត្តិ ដែលពួកអាមាត្យចោមរោម ទ្រង់ស្តេចត្រួតត្រាជុំវិញផែនដីនេះ ដែលមានសាគរជាទីបំផុត យ៉ាងណា ពួកសាវ័ក ដែលបានត្រៃវិជ្ជា ញុំាងមច្ចុឲ្យវិនាស ចូលទៅអង្គុយជិតព្រះទសពល ទ្រង់ឈ្នះសង្គ្រាម គឺកិលេស ទ្រង់ដឹកនាំពួកសត្វ រកបុគ្គលជាងគ្មាន យ៉ាងនោះដែរ សាវ័កទាំងអស់ ជាបុត្ត របស់ព្រះមានព្រះភាគ បុគ្គលជ្រោកជ្រាក មិនមានក្នុងពួកសាវ័កនេះឡើយ ខ្ញុំព្រះអង្គ សូមថ្វាយបង្គំព្រះទសពល ជាផៅពង្សនៃព្រះអាទិត្យ ជាអ្នកដកនូវសរ គឺតណ្ហាបាន។

បរោសហស្សសូត្រ ទី៨

(៨. បរោសហស្សសុត្តំ)

[២២៦] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី ជាមួយនឹងភិក្ខុសង្ឃច្រើន គឺភិក្ខុចំនួន១២៥០រូប។ ក៏ក្នុងសម័យនោះឯង ព្រះមានព្រះភាគ ទ្រង់ពន្យល់ពួកភិក្ខុ ឲ្យឃើញច្បាស់ ឲ្យកាន់យកតាម ឲ្យអាចហាន ឲ្យរីករាយ ដោយធម្មីកថា ដែលជាប់ទាក់ទងដោយព្រះនិព្វាន។ ភិក្ខុទាំងនោះ ក៏ធ្វើឲ្យជាប្រយោជន៍ ធ្វើទុកក្នុងចិត្ត ប្រមូលមកនូវចិត្តទាំងអស់ ផ្ទៀងត្រចៀកស្តាប់ធម៌។

[២២៧] លំដាប់នោះឯង ព្រះវង្គីសៈមានអាយុ មានសេចក្តីត្រិះរិះ យ៉ាងនេះថា ព្រះមានព្រះភាគ ទ្រង់ពន្យល់ពួកភិក្ខុឲ្យឃើញច្បាស់ ឲ្យកាន់យកតាម ឲ្យអាចហាន ឲ្យរីករាយដោយធម្មីកថា ដែលជាប់ទាក់ទងដោយព្រះនិព្វាន។ ភិក្ខុទាំងនោះ ក៏ធ្វើឲ្យជាប្រយោជន៍ ធ្វើទុកក្នុងចិត្ត ប្រមូលមកនូវចិត្តទាំងអស់ ផ្ទៀងត្រចៀកស្តាប់ធម៌ បើដូច្នោះ មានតែអាត្មាអញ ពោលសរសើរព្រះមានព្រះភាគ ដោយគាថាទាំងឡាយ ដ៏សមគួរ ក្នុងទីចំពោះព្រះភក្ត្រ។ លំដាប់នោះឯង ព្រះវង្គីសៈមានអាយុ ក្រោកចាកអាសនៈ ធ្វើឧត្តរាសង្គៈ ឆៀងស្មាម្ខាង ប្រណម្យអញ្ជលី ឆ្ពោះទៅរកព្រះមានព្រះភាគ ក្រាបទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គ សូមសំដែងធម៌ បពិត្រព្រះសុគត ខ្ញុំព្រះអង្គ សូមសំដែងធម៌។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលវង្គីសៈ ចូរអ្នកសំដែងធម៌ចុះ។

[២២៨] លំដាប់នោះឯង ព្រះវង្គីសៈមានអាយុ បានពោលសរសើរព្រះមានព្រះភាគ ដោយគាថាទាំងឡាយ ដ៏សមគួរ ក្នុងទីចំពោះព្រះភក្រ្តថា

ភិក្ខុច្រើនជាងពាន់ ចូលទៅគាល់ព្រះសុគត កំពុងសំដែងធម៌ ដែលជាប់ទាក់ទងដោយព្រះនិព្វាន ជាធម៌ប្រាសចាកធូលី គឺកិលេស ឥតមានភ័យអំពីទីណាមួយឡើយ ពួកភិក្ខុទាំងនោះ ស្តាប់ធម៌ដែលប្រាសចាកមន្ទិល ដែលព្រះសម្មាសម្ពុទ្ធ ទ្រង់សំដែងហើយ ព្រះសម្ពុទ្ធ ដែលភិក្ខុសង្ឃគាល់ត្រៀបត្រា ល្អណាស់ហ្ន៎ បណ្តាឥសីទាំងឡាយ ព្រះមានព្រះភាគ ទ្រង់ព្រះនាមថានាគ ជាទី៧ នៃពួកឥសី (រាប់តាំងអំពីព្រះពុទ្ធវិបស្សីមក) តែងបង្អុរភ្លៀង ចំពោះសាវ័កទាំងឡាយ បីដូចភ្លៀងធំធ្លាក់ចុះ បពិត្រព្រះអង្គមានព្យាយាមធំ វង្គីសៈ ជាសាវ័ករបស់ព្រះអង្គ ចេញមកអំពីទីសម្រាក ក្នុងវេលាថ្ងៃ ព្រោះចង់ឃើញព្រះសាស្តា សូមថ្វាយបង្គំព្រះបាទារបស់ព្រះអង្គ។

ព្រះអង្គត្រាស់ថា

ម្នាលវង្គីសៈ គាថាទាំងឡាយនេះ អ្នកធ្លាប់បានត្រិះរិះពីកាលមុនឬ ឬទើបនឹងប្រាកដដល់អ្នក មួយរំពេចនេះទេ។ បពិត្រព្រះអង្គដ៏ចំរើន គាថាទាំងនេះ ខ្ញុំព្រះអង្គមិនដែលបានត្រិះរិះ ពីកាលមុនមកទេ ស្រាប់តែប្រាកដដល់ខ្ញុំព្រះអង្គ មួយរំពេចនេះឯង។ ម្នាលវង្គីសៈ បើដូច្នោះ គាថាទាំងឡាយ ដែលអ្នកមិនធ្លាប់បានត្រិះរិះ ក្នុងកាលមុនមកនោះ ចូរអ្នកសំដែងឲ្យក្រៃលែងតទៅទៀត។

[២២៩] ព្រះវង្គីសៈមានអាយុ ទទួលព្រះបន្ទូលនៃព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ ហើយពោលសរសើរព្រះមានព្រះភាគ ដោយគាថាទាំងឡាយ ដែលមិនធ្លាប់ត្រិះរិះក្នុងកាលមុន ឲ្យក្រៃលែងតទៅថា

ព្រះមានព្រះភាគ ទ្រង់គ្របសង្កត់នូវផ្លូវខុសជាច្រើន របស់មារ ទ្រង់ត្រាច់ទៅបំបាក់គោល គឺកិលេសបាន លោកទាំងឡាយ ចូរមើលព្រះអង្គកំពុងស្រាយ នូវចំណងដែលមិនអាស្រ័យកិលេស ទ្រង់ចែកធម៌ជាចំណែកៗ ព្រះអង្គសំដែងប្រាប់ផ្លូវច្រើនបែប ដើម្បីរើខ្លួនចាកអន្លង់ (ទាំង៤) កាលបើព្រះអង្គសំដែងប្រាប់ នូវព្រះនិព្វាននោះហើយ ពួកជនដែលជាអ្នកឃើញធម៌ ក៏តាំងនៅឥតមានរសេមរសាម ព្រះអង្គជាអ្នកធ្វើនូវពន្លឺ ត្រាស់ដឹងនូវធម៌ បានឃើញច្បាស់ នូវព្រះនិព្វាន ជាទីកន្លងបង់នូវហេតុ នៃទិដ្ឋិទាំងអស់ លុះព្រះអង្គត្រាស់ដឹង ធ្វើឲ្យជាក់ច្បាស់ហើយ សំដែងនូវធម៌ដ៏ឧត្តម ដល់ជនទាំងឡាយដែលមានសទ្ធា កាលបើធម៌ ដែលព្រះអង្គសំដែង ដោយល្អយ៉ាងនេះហើយ ជនទាំងឡាយអ្នកដឹងច្បាស់ នឹងមានសេចក្តីប្រមាទ ដូចម្តេចបាន ព្រោះហេតុនោះឯង បុគ្គលក្នុងសាសនា របស់ព្រះមានព្រះភាគនោះ គប្បីជាអ្នកមិនប្រមាទ គប្បីសិក្សារឿយៗ នូវការថ្វាយបង្គំគ្រប់កាលចុះ។

កោណ្ឌញ្ញសូត្រ ទី៩

(៩. កោណ្ឌញ្ញសុត្តំ)

[២៣០] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ទៀបក្រុងរាជគ្រឹះ។ គ្រានោះ ព្រះអញ្ញាកោណ្ឌញ្ញមានអាយុ យូរណាស់ហើយ ទើបនឹងចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ឱនសិរ្សៈ ទៀបព្រះបាទា នៃព្រះមានព្រះភាគ ជញ្ជក់បាទាព្រះមានព្រះភាគដោយមាត់ ច្របាច់ដោយបាតដៃ ហើយប្រកាសនាមថា បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គឈ្មោះ កោណ្ឌញ្ញ បពិត្រព្រះសុគត ខ្ញុំព្រះអង្គឈ្មោះកោណ្ឌញ្ញ។

[២៣១] លំដាប់នោះឯង ព្រះវង្គីសៈមានអាយុ មានសេចក្តីត្រិះរិះយ៉ាងនេះថា ព្រះកោណ្ឌញ្ញមានអាយុនេះ យូរណាស់ហើយ ទើបតែនឹងចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ឱនសិរ្សៈ ទៀបបាទា នៃព្រះមានព្រះភាគ ជញ្ជក់បាទា នៃព្រះមានព្រះភាគដោយមាត់ ច្របាច់ដោយបាតដៃ ហើយប្រកាសនាមថា បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គឈ្មោះ កោណ្ឌញ្ញ បពិត្រព្រះសុគត ខ្ញុំព្រះអង្គឈ្មោះកោណ្ឌញ្ញ ដូច្នេះ បើដូច្នោះ មានតែអាត្មាអញ ពោលសរសើរព្រះអញ្ញាកោណ្ឌញ្ញមានអាយុ ដោយគាថាទាំងឡាយ ដ៏សមគួរ ក្នុងទីចំពោះព្រះភក្ត្រ នៃព្រះមានព្រះភាគ។ ទើបព្រះវង្គីសៈមានអាយុ ក្រោកចាកអាសនៈ ធ្វើឧត្តរាសង្គៈ ឆៀងស្មាម្ខាង ហើយប្រណម្យអញ្ជលី ឆ្ពោះទៅរកព្រះមានព្រះភាគ ក្រាបទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គ សូមសំដែងធម៌ បពិត្រព្រះសុគត ខ្ញុំព្រះអង្គ សូមសំដែងធម៌។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលវង្គីសៈ ចូរអ្នកសំដែងធម៌ចុះ។

[២៣២] លំដាប់នោះឯង ព្រះវង្គីសៈមានអាយុ បានពោលសរសើរព្រះអញ្ញាកោណ្ឌញ្ញមានអាយុ ដោយគាថាទាំងឡាយ ដ៏សមគួរ ក្នុងទីចំពោះព្រះភក្រ្ត នៃព្រះមានព្រះភាគថា

ព្រះថេរៈឈ្មោះកោណ្ឌញ្ញនោះ ជាពុទ្ធានុពុទ្ធ គឺជាអ្នកត្រាស់ដឹងតាមព្រះពុទ្ធ មានព្យាយាមដ៏ក្លៀវក្លា បាននូវសុខវិហារធម៌ និងវិវេកធម៌រឿយៗ កិច្ចណា ដែលសាវ័កជាអ្នកធ្វើតាមនូវពាក្យប្រដៅរបស់ព្រះសាស្តា លោកក៏សម្រេចកិច្ចទាំងអស់នោះ ព្រះកោណ្ឌញ្ញនោះ ជាអ្នកមិនប្រមាទ សិក្សាក្នុងត្រៃសិក្ខា បានសម្រេចហើយ ព្រះកោណ្ឌញ្ញ (នេះ) មានអានុភាពច្រើន បាននូវវិជ្ជា៣ ឈ្លាសវៃក្នុងការកំណត់ដឹងចិត្ត របស់សត្វដទៃ ជាពុទ្ធទាយាទ (អ្នកទទួលមត៌ករបស់ព្រះពុទ្ធ) តែងថ្វាយបង្គំព្រះបាទា របស់ព្រះសាស្តា។

មោគ្គល្លានសូត្រ ទី១០

(១០. មោគ្គល្លានសុត្តំ)

[២៣៣] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងកាឡសិលា ខាងភ្នំឥសិគិលិ ទៀបនគររាជគ្រឹះ ជាមួយនឹងភិក្ខុសង្ឃច្រើន គឺភិក្ខុប្រមាណ៥០០រូប សុទ្ធតែជាព្រះអរហន្ត។ បានឮថា ព្រះមហាមោគ្គល្លានមានអាយុ ពិចារណាមើលចិត្ត ដែលរួចស្រឡះ មិនមានឧបធិក្កិលេស របស់ភិក្ខុទាំងនោះ ដោយចិត្តរបស់ខ្លួន។

[២៣៤] លំដាប់នោះឯង ព្រះវង្គីសៈមានអាយុ មានសេចក្តីត្រិះរិះ ដូច្នេះថា ព្រះមានព្រះភាគអង្គនេះ ទ្រង់គង់ក្នុងកាឡសិលា ខាងភ្នំឥសិគិលិ ទៀបក្រុងរាជគ្រឹះ ជាមួយនឹងភិក្ខុសង្ឃច្រើន គឺភិក្ខុប្រមាណ៥០០រូប សុទ្ធតែជាព្រះអរហន្ត បានឮថា ព្រះមហាមោគ្គល្លានមានអាយុ ពិចារណាមើលចិត្ត ដែលផុតស្រឡះ មិនមានឧបធិក្កិលេស របស់ភិក្ខុទាំងនោះ ដោយចិត្តរបស់ខ្លួន បើដូច្នោះ គួរតែអាត្មាអញ ពោលសរសើរព្រះមហាមោគ្គល្លានមានអាយុ ដោយគាថាទាំងឡាយ ដ៏សមគួរ ក្នុងទីចំពោះព្រះភក្ត្រព្រះមានព្រះភាគ។ ទើបព្រះវង្គីសៈមានអាយុ ក្រោកចាកអាសនៈ ធ្វើឧត្តរាសង្គៈ ឆៀងស្មាម្ខាង ប្រណម្យអញ្ជលី ឆ្ពោះត្រង់ទៅរកព្រះមានព្រះភាគ ក្រាបទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គ សូមសំដែងធម៌ បពិត្រព្រះសុគត ខ្ញុំព្រះអង្គ សូមសំដែងធម៌។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលវង្គីសៈ ចូរអ្នកសំដែងធម៌ចុះ។

[២៣៥] លំដាប់នោះ ព្រះវង្គីសៈមានអាយុ បានពោលសរសើរព្រះមហាមោគ្គល្លានមានអាយុ ដោយគាថាទាំងឡាយ ដ៏សមគួរ ក្នុងទីចំពោះព្រះភក្រ្ត នៃព្រះមានព្រះភាគថា

ពួកសាវ័កជាអ្នកមានត្រៃវិជ្ជា លះបង់នូវមច្ចុ នាំគ្នាចូលទៅអង្គុយជិតព្រះពុទ្ធជាអ្នកប្រាជ្ញ ទ្រង់ដល់នូវត្រើយនៃសេចក្តីទុក្ខ ទ្រង់គង់នៅក្បែរខាងភ្នំ ព្រះមោគ្គល្លានជាអ្នកមានឫទ្ធិច្រើន កំពុងពិចារណាមើលចិត្ត របស់សាវ័កទាំងនោះ ដែលជាចិត្តផុតស្រឡះ មិនមានឧបធិកិ្កលេស ក៏កំណត់ដឹងនូវសាវ័កទាំងនោះ ដោយចិត្តរបស់ខ្លួន សាវ័កទាំងឡាយ តែងចូលទៅអង្គុយជិតព្រះគោតមជាអ្នកប្រាជ្ញ ដែលប្រកបដោយគុណទាំងអស់យ៉ាងនេះ ទ្រង់ដល់នូវត្រើយ នៃសេចក្តីទុក្ខ ទាំងប្រកបដោយគុណច្រើនប្រការ។

គគ្គរាសូត្រ ទី១១

(១១. គគ្គរាសុត្តំ)

[២៣៦] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ជិតឆ្នេរស្រះបោក្ខរណី ឈ្មោះគគ្គរា ទៀបនគរចម្បា ជាមួយនឹងភិក្ខុសង្ឃច្រើន គឺភិក្ខុប្រមាណ៥០០រូបផង ឧបាសក ៧០០នាក់ផង ទេវតាជាច្រើនពាន់ផង។ បានឮថា ព្រះមានព្រះភាគ រុងរឿងលើសជនទាំងនោះ ដោយសម្បុរព្រះសរីរៈផង ដោយយសបរិវារផង។

[២៣៧] លំដាប់នោះឯង ព្រះវង្គីសៈមានអាយុ មានសេចក្តីត្រិះរិះ យ៉ាងនេះថា ព្រះមានព្រះភាគអង្គនេះ គង់នៅជិតឆ្នេរស្រះបោក្ខរណី ឈ្មោះ គគ្គរា ទៀបនគរចម្បា ជាមួយនឹងភិក្ខុសង្ឃច្រើន គឺភិក្ខុប្រមាណ ៥០០រូបផង ឧបាសក ៧០០នាក់ផង ទេវតាជាច្រើនពាន់ផង បានឮថា ព្រះមានព្រះភាគ រុងរឿងលើសជនទាំងនោះ ដោយសម្បុរព្រះសរីរៈផង ដោយយសបរិវារផង បើដូច្នោះ គួរតែអាត្មាអញ ពោលសរសើរព្រះមានព្រះភាគ ដោយគាថា ដ៏សមគួរ ក្នុងទីចំពោះព្រះភក្ត្រ។ ទើបព្រះវង្គីសៈមានអាយុ ក្រោកចាកអាសនៈ ធ្វើឧត្តរាសង្គៈ ឆៀងស្មាម្ខាង ប្រណម្យអញ្ជលី ឆ្ពោះទៅរកព្រះមានព្រះភាគ ក្រាបទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គ សូមសំដែងធម៌ បពិត្រព្រះសុគត ខ្ញុំព្រះអង្គ សូមសំដែងធម៌។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលវង្គីសៈ ចូរអ្នកសំដែងធម៌ចុះ។

[២៣៨] លំដាប់នោះឯង ព្រះវង្គីសៈមានអាយុ បានពោលសរសើរព្រះមានព្រះភាគ ដោយគាថាដ៏សមគួរ ក្នុងទីចំពោះព្រះភក្រ្តថា

ព្រះចន្ទ្ររុងរឿងឰដ៏អាកាស ដែលឥតភ្លៀង យ៉ាងណា ព្រះអាទិត្យ ដែលប្រាសចាកមន្ទិល រមែងរុងរឿងយ៉ាងណា បពិត្រព្រះអង្គជាអង្គីរស (ទ្រង់មានរស្មីផ្សាយចេញពីព្រះអង្គ) ព្រះអង្គជាអ្នកប្រាជ្ញធំ តែងរុងរឿង (ដោយសម្បុរព្រះសរីរៈ) និងយសបរិវារ គ្របសត្វលោកទាំងអស់ យ៉ាងនោះៗដែរ។

វង្គីសសូត្រ ទី១២

(១២. វង្គីសសុត្តំ)

[២៣៩] សម័យមួយ ព្រះវង្គីសៈមានអាយុ នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ ក៏សម័យនោះឯង ព្រះវង្គីសៈមានអាយុ ទើបតែនឹងបានសម្រេចព្រះអរហត្តថ្មីៗ សោយវិមុត្តិសុខ ហើយពោលគាថាទាំងនេះ ក្នុងពេលនោះថា

ក្នុងកាលមុន យើងជាអ្នកស្រវឹងដោយកាព្យឃ្លោង ចេញពីស្រុកមួយ ត្រាច់ទៅស្រុកមួយ ចេញពីបុរីមួយ ត្រាច់ទៅបុរីមួយ ក៏ស្រាប់តែយើងបានឃើញព្រះសម្ពុទ្ធ សទ្ធារបស់យើង ក៏កើតឡើង ព្រះអង្គទ្រង់សំដែងធម៌ គឺខន្ធ អាយតនៈ និងធាតុ ដល់យើង យើងបានស្តាប់ធម៌ របស់ព្រះអង្គហើយ ក៏ចូលមកកាន់ផ្នួស អើហ្ន៎ ព្រះមុនី បានដល់នូវការត្រាស់ដឹង ដើម្បីប្រយោជន៍ ដល់ភិក្ខុ និងភិក្ខុនីជាច្រើន ដែលដល់នូវផ្លូវ ទាំងឃើញផ្លូវ គឺអរិយមគ្គ ដំណើរដែលអាត្មាអញ បានមកកាន់សំណាក់ព្រះពុទ្ធនេះ ជាដំណើរល្អ វិជ្ជា៣ អាត្មាអញ បានដល់ហើយ សាសនារបស់ព្រះពុទ្ធ អាត្មាអញ បានធ្វើហើយ អាត្មាអញ ដឹងនូវបុព្វេនិវាស ចក្ខុជាទិព្វ អាត្មាអញ បានជម្រះស្អាតហើយ អាត្មាអញបានវិជ្ជា៣ សម្រេចនូវឥទ្ធិវិធញ្ញាណ ឈ្លាសវៃក្នុងការកំណត់ចិត្ត (នៃជនដទៃ ដោយចិត្តរបស់ខ្លួន) បាន។

ចប់ វង្គីសសំយុត្ត។

ឧទ្ទាននៃវង្គីសសំយុត្តនោះគឺ

និក្ខន្តសូត្រ១ អរតិសូត្រ១ បេសលាតិមញ្ញនាសូត្រ១ អានន្ទសូត្រ១ សុភាសិតសូត្រ១ សារីបុត្តសូត្រ១ បវារណាសូត្រ១ បរោសហស្សសូត្រ១ កោណ្ឌញ្ញសូត្រ១ មោគ្គល្លានសូត្រ១ គគ្គរាសូត្រ១ វង្គីសសូត្រ១ ត្រូវជា១២។

វនសំយុត្ត (ទី៩)

(៩. វនសំយុត្តំ)

វិវេកសូត្រ ទី១

(១. វិវេកសុត្តំ)

[២៤០] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ភិក្ខុមួយរូប នៅក្នុងដងព្រៃមួយ ក្នុងដែនកោសល។ ក៏ក្នុងសម័យនោះ ភិក្ខុនោះ ទៅកាន់ទីសម្រាក ក្នុងវេលាថ្ងៃ ហើយត្រិះរិះនូវអកុសលវិតក្កទាំងឡាយ ដ៏លាមក ដែលអាស្រ័យនឹងបញ្ចកាមគុណ។

[២៤១] ក្នុងកាលនោះ មានទេវតាដែលអាស្រ័យនៅក្នុងដងព្រៃនោះ ជាអ្នកមានសេចក្តីអនុគ្រោះ ប្រាថ្នានូវប្រយោជន៍ ដល់ភិក្ខុនោះ ប្រាថ្នាដើម្បីធ្វើភិក្ខុនោះឲ្យសង្វេគ ក៏ចូលទៅរកភិក្ខុនោះ លុះចូលទៅដល់ហើយ បានពោលនឹងភិក្ខុនោះ ដោយគាថាទាំងឡាយថា

លោកប្រាថ្នាសេចក្តីស្ងាត់ បានជាចូលមកកាន់ព្រៃ តែចិត្តរបស់លោក នៅតែត្រាច់ទៅក្នុងអារម្មណ៍ខាងក្រៅ លោកចូរជាជននាំចេញ នូវឆន្ទរាគក្នុងជន (ដទៃ) តអំពីនោះ លោកនឹងបានសេចក្តីសុខ ប្រាសចាករាគៈមិនខាន លោកចូរលះបង់សេចក្តីមិនត្រេកអរចេញ លោកចូរជាអ្នកមានស្មារតី ខ្ញុំសូមរំឭកលោក ដែលជាអ្នកមានស្មារតី ព្រោះថា ធុលី គឺកិលេស ដែលបណ្ឌិតហៅថា បាតាល47) (នេះ) លំបាកនឹងឆ្លងណាស់ ធុលី គឺកាម កុំនាំលោកទៅឡើយ ដូចសត្វស្លាប ដែលប្រឡាក់ខ្លួនដោយអាចម៍ដី ប្រឹងទទះជម្រុះធុលី ដែលប្រឡាក់ខ្លួន ឲ្យធ្លាក់ចេញ យ៉ាងណា ភិក្ខុអ្នកមានព្យាយាម មានស្មារតី តែងធ្វើធុលី គឺកិលេស ដែលប្រឡាក់ខ្លួន ឲ្យធ្លាក់ចេញ យ៉ាងនោះឯង។

ក្នុងកាលនោះ ភិក្ខុនោះ ក៏បានដល់នូវសេចក្តីសង្វេគ ដោយសារទេវតានោះធ្វើឲ្យសង្វេគ។

ឧបដ្ឋានសូត្រ ទី២

(២. ឧបដ្ឋានសុត្តំ)

[២៤២] សម័យមួយ មានភិក្ខុមួយរូប នៅក្នុងដងព្រៃមួយ នាដែនកោសល។ ក៏ក្នុងកាលនោះ ភិក្ខុនោះ ចូលទៅកាន់ទីសម្រាក ក្នុងវេលាថ្ងៃ ហើយដេកលក់។

[២៤៣] គ្រានោះ ទេវតាដែលអាស្រ័យនៅក្នុងដងព្រៃនោះ ជាអ្នកមានសេចក្តីអនុគ្រោះ ប្រាថ្នានូវប្រយោជន៍ ដល់ភិក្ខុនោះ ចង់ធ្វើភិក្ខុនោះឲ្យសង្វេគ ក៏ចូលទៅរកភិក្ខុនោះ លុះចូលទៅដល់ហើយ បានពោលនឹងភិក្ខុនោះ ដោយគាថាទាំងឡាយថា

បពិត្រភិក្ខុ លោកចូរក្រោកឡើង លោកសិងធ្វើអ្វី លោកមានប្រយោជន៍អ្វី ដោយការសិង ព្រោះថា ការលក់របស់លោក ដែលមានកិលេសក្តៅរោលរាល មុតដោយសរ គឺតណ្ហា មានសេចក្តីលំបាក លោកចេញចាកផ្ទះ ហើយចូលមកកាន់ផ្នួស ក្នុងពុទ្ធសាសនា ដោយសទ្ធាណា លោកចូរចំរើននូវសទ្ធានោះចុះ ចូរកុំលុះក្នុងអំណាចនៃការលក់នេះឡើយ។

[២៤៤] ភិក្ខុនោះតបថា បុគ្គលមានប្រាជ្ញាទន់ ជ្រប់ចុះក្នុងកាមទាំងឡាយណា កាមទាំងឡាយនោះ មិនទៀង មិនឋិតថេរឡើយ (ការដេកលក់ក្នុងវេលាថ្ងៃ) ដូចម្តេច នឹងដុតកំដៅអ្នកបួស ដែលផុតចាកចំណងទាំងឡាយ មិនអាស្រ័យតណ្ហា និងទិដ្ឋិបាន (ការដេកលក់ក្នុងវេលាថ្ងៃ) ដូចម្តេច នឹងដុតកំដៅអ្នកបួស ដែលប្រកបដោយប្រាជ្ញា ដ៏បរិសុទ្ធិក្រៃលែងនោះបាន ព្រោះលោកនាំបង់ នូវឆន្ទរាគ ទាំងប្រព្រឹត្តកន្លងផុតអវិជ្ជាហើយ (ការដេកលក់ក្នុងវេលាថ្ងៃ) ដូចម្តេច នឹងដុតកំដៅអ្នកបួស ដែលមិនមានសេចក្តីសោក មិនមានសេចក្តីចង្អៀតចង្អល់បាន ព្រោះលោកទំលាយអវិជ្ជា ដោយវិជ្ជាហើយ ទាំងអាសវៈ ក៏អស់ហើយ (ការដេកលក់ក្នុងវេលាថ្ងៃ) ដូចម្តេច នឹងដុតកំដៅអ្នកបួស ដែលប្រារព្ធព្យាយាម មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន ទាំងមានសេចក្តីប្រឹងប្រែង ដ៏មាំ អស់កាលជានិច្ច ដែលជាអ្នកប្រាថ្នានូវព្រះនិព្វាន។

កស្សបគោត្តសូត្រ ទី៣

(៣. កស្សបគោត្តសុត្តំ)

[២៤៥] សម័យមួយ ព្រះកស្សបគោត្រមានអាយុ នៅក្នុងដងព្រៃមួយ នាដែនកោសល។ ក៏ក្នុងសម័យនោះ ព្រះកស្សបគោត្រ មានអាយុ ចូលទៅកាន់ទីសម្រាក ក្នុងវេលាថ្ងៃ ហើយប្រដៅព្រានម្រឹគម្នាក់។

[២៤៦] លំដាប់នោះឯង មានទេវតាដែលនៅអាស្រ័យក្នុងដងព្រៃនោះ ជាអ្នកមានសេចក្តីអនុគ្រោះ ប្រាថ្នានូវប្រយោជន៍ ដល់ព្រះកស្សបគោត្រមានអាយុ ចង់ឲ្យព្រះកស្សបគោត្រមានអាយុនោះសង្វេគ ក៏ចូលទៅរកព្រះកស្សបគោត្រមានអាយុ លុះចូលទៅដល់ហើយ បានពោលនឹងព្រះកស្សបគោត្រមានអាយុ ដោយគាថាទាំងឡាយថា

បពិត្រភិក្ខុ លោកបំភ្លឺនូវឱវាទចំពោះព្រានម្រឹគ ដែលអាប់ប្រាជ្ញា ឥតចិត្ត ជាអ្នកត្រាច់ទៅក្នុងទីភ្នំ ដែលលំបាកដើរ ក្នុងកាលខុស (នេះ) ហាក់ដូចជាជនល្ងង់ បំភ្លឺនូវឱវាទចំពោះខ្ញុំដែរ បុគ្គលពាល បើស្តាប់ (ធម៌) ក៏មិនដឹងសេចក្តី បើពិនិត្យមើល ក៏មិនឃើញ ទាំងមិនភ្ញាក់ខ្លួននឹងសេចក្តីក្នុងធម៌ ដែលលោកម្ចាស់សំដែងប្រាប់ បពិត្រព្រះកស្សប ទោះបីលោកនឹងទ្រោលបំភ្លឺប្រទីប គ្រប់ម្រាមដៃទាំង១០ បុគ្គលពាល ក៏មិនឃើញរូបទាំងឡាយបានទេ ព្រោះថា បញ្ញាចក្ខុរបស់បុគ្គលពាលនោះ គ្មានឡើយ។

គ្រានោះឯង ព្រះកស្សបគោត្រមានអាយុ ក៏ដល់នូវសេចក្តីសង្វេគ ដោយសារទេវតានោះធ្វើឲ្យសង្វេគ។

សម្ពហុលសូត្រ ទី៤

(៤. សម្ពហុលសុត្តំ)

[២៤៧] សម័យមួយ ពួកភិក្ខុច្រើនរូប នៅក្នុងដងព្រៃមួយ ក្នុងដែនកោសល។ កាលដែលភិក្ខុទាំងនោះ នៅចាំវស្សារួចហើយ លុះកន្លងទៅ៣ខែ ក៏នាំគ្នាចៀសចេញទៅកាន់ចារិក។

[២៤៨] គ្រានោះឯង ទេវតាដែលអាស្រ័យនៅក្នុងដងព្រៃនោះ កាលបើមិនឃើញភិក្ខុទាំងនោះ ក៏យំសោក ពោលគាថា ក្នុងវេលានោះថា

ទីដែលគួរត្រេកអរប្រាកដ ហាក់ដូចជាទីមិនគួរត្រេកអរទៅវិញ ពួកភិក្ខុជាសាវ័ករបស់ព្រះគោតមទាំងនោះ លោកមានសំដីដ៏វិចិត្ត ជាពហូសូត បានឃើញអាសនៈស្ងាត់ដ៏ច្រើនហើយ នាំគ្នាចេញទៅទីណាវិញអស់។

[២៤៩] កាលទេវតានោះ ពោលយ៉ាងនេះហើយ មានទេវតាមួយអង្គទៀត បានប្រាប់ទេវតានោះ ដោយគាថា ថា

ភិក្ខុទាំងឡាយខ្លះ ទៅកាន់ដែនមគធៈ ខ្លះទៅកាន់ដែនកោសល ខ្លះឆ្ពោះមុខទៅកាន់ដែនវជ្ជី ត្រាច់ទៅជាពួក មិនកំណត់ទីលំនៅ បីដូចជាពានរ។

អានន្ទសូត្រ ទី៥

(៥. អានន្ទសុត្តំ)

[២៥០] សម័យមួយ ព្រះអានន្ទមានអាយុ គង់នៅក្នុងដងព្រៃមួយ ក្នុងដែនកោសល។ ក៏សម័យនោះឯង ព្រះអានន្ទមានអាយុ ច្រើននិយាយពន្យល់ពួកគ្រហស្ថហួសវេលា។

[២៥១] គ្រានោះឯង ទេវតាដែលអាស្រ័យនៅក្នុងដងព្រៃនោះ មានសេចក្តីអនុគ្រោះ ប្រាថ្នានូវប្រយោជន៍ ដល់ព្រះអានន្ទមានអាយុ ប្រាថ្នានឹងធ្វើព្រះអានន្ទមានអាយុ ឲ្យសង្វេគ ក៏ចូលទៅរកព្រះអានន្ទមានអាយុ លុះចូលទៅដល់ហើយ ទើបពោលគាថា នឹងព្រះអានន្ទមានអាយុថា

បពិត្រលោកជាសាវ័ក របស់ព្រះគោតម ចូរលោកចូលទៅកាន់ម្លប់ឈើ និងព្រៃស្បាត ដាក់ព្រះនិព្វានក្នុងហឫទ័យ ហើយចំរើនឈានចុះ កុំមានសេចក្តីប្រមាទឡើយ ពាក្យប៉ប៉ាច់ប៉ពូរ (ជាមួយនឹងគ្រហស្ថ) នឹងធ្វើអ្វីដល់លោកបាន។

គ្រានោះឯង ព្រះអានន្ទមានអាយុ ក៏បានដល់នូវសេចក្តីសង្វេគ ដោយសារទេវតានោះ ធ្វើឲ្យសង្វេគ។

អនុរុទ្ធសូត្រ ទី៦

(៦. អនុរុទ្ធសុត្តំ)

[២៥២] សម័យមួយ ព្រះអនុរុទ្ធមានអាយុ គង់នៅនាដងព្រៃមួយ ក្នុងដែនកោសល។

[២៥៣] គ្រានោះឯង ទេវតាមួយអង្គ ឈ្មោះជាលិនី ជាពួកទេវតានៅឋានតាវត្តិង្ស ជាប្រពន្ធពីដើម របស់ព្រះអនុរុទ្ធមានអាយុ បានចូលទៅរកព្រះអនុរុទ្ធមានអាយុ លុះចូលទៅដល់ហើយ ទើបពោលគាថា នឹងព្រះអនុរុទ្ធមានអាយុថា

កាលពីដើម លោកប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងទីណា ចូរលោកតាំងចិត្ត ឲ្យនឹងក្នុងទីនោះ លោកមានពួកទេវតាចោមរោមជាបរិវារ តែងល្អក្នុងឋានទេវតា ឈ្មោះតាវត្តិង្ស ជាទីសម្រេចនៃសេចក្តីប្រាថ្នាគ្រប់យ៉ាង។

[២៥៤] ព្រះអនុរុទ្ធតបថា

ទេវកញ្ញាដែលទុគ៌ត តាំងនៅក្នុងសក្កាយទិដ្ឋិ ទោះបីពួកសត្វជាទុគ៌តនោះ ក៏ពួកទេវកញ្ញាប្រាថ្នាដែរ។

[២៥៥] ទេវតាតបថា

ពួកជនណាមិនឃើញឱទ្យាន ឈ្មោះនន្ទនៈ ជាអាវាសរបស់ពួកទេវតា មានប្រមាណ ៣48) ដ៏មានយស ពួកជននោះ ឈ្មោះថា មិនស្គាល់សេចក្តីសុខសប្បាយ។

[២៥៦] ព្រះអនុរុទ្ធតបថា

ម្នាលទេវតាពាល នាងឯងមិនដឹងពាក្យរបស់ព្រះអរហន្តទាំងឡាយថា សង្ខារទាំងពួងមិនទៀង មានការកើតឡើង និងការវិនាសទៅវិញជាធម្មតា លុះកើតឡើងហើយ រលត់ទៅវិញ លុះតែរម្ងាប់នូវសង្ខារទាំងនោះបាន ទើបនាំមកនូវសេចក្តីសុខ ម្នាលនាង ជាលិនី ការនៅរបស់យើង ក្នុងពួកទេវតាទៀត ក្នុងកាលឥឡូវនេះ មិនមានទេ ជាតិសង្សារអស់ហើយ ឥឡូវភពថ្មីមិនមានទេ។

នាគទត្តសូត្រ ទី៧

(៧. នាគទត្តសុត្តំ)

[២៥៧] សម័យមួយ ព្រះនាគទត្តមានអាយុ នៅក្នុងដងព្រៃមួយ ក្នុងដែនកោសល។ ក៏សម័យនោះឯង ព្រះនាគទត្តមានអាយុ ចូលទៅកាន់ស្រុកក្នុងវេលាព្រឹកពេក ត្រឡប់មកវិញក្នុងវេលាថ្ងៃពេក។

[២៥៨] គ្រានោះឯង ទេវតាដែលអាស្រ័យនៅក្នុងដងព្រៃនោះ ជាអ្នកអនុគ្រោះ ប្រាថ្នានូវប្រយោជន៍ ដល់ព្រះនាគទត្តមានអាយុ ចង់ធ្វើព្រះនាគទត្តមានអាយុ ឲ្យសង្វេគ ក៏ចូលទៅរកព្រះនាគទត្តមានអាយុ លុះចូលទៅដល់ហើយ ទើបពោលគាថា នឹងព្រះនាគទត្តមានអាយុថា

បពិត្រព្រះនាគទត្ត លោកចូលទៅ (កាន់ស្រុក) ក្នុងវេលាព្រឹក ត្រឡប់មកវិញ ក្នុងវេលាថ្ងៃ ត្រាច់ទៅហួសវេលា នៅច្រឡូកច្រឡំ ដោយពួកគ្រហស្ថ រួមសុខរួមទុក្ខជាមួយគ្នា ខ្ញុំខ្លាចព្រះនាគទត្ត ប្រែទៅជាអ្នកឃ្នើសឃ្នងក្រៃពេក ជាប់ចំពាក់ក្នុងត្រកូលទាំងឡាយ លោកកុំលុះអំណាច នៃស្តេចមច្ចុ ដែលឈ្មោះថា អន្តកៈ ដ៏មានកំឡាំងឡើយ។

លំដាប់នោះឯង ព្រះនាគទត្តមានអាយុ លុះទេវតានោះ ធ្វើឲ្យសង្វេគហើយ ក៏ដល់នូវសេចក្តីសង្វេគ។

កុលឃរណីសូត្រ ទី៨

(៨. កុលឃរណីសុត្តំ)

[២៥៩] សម័យមួយ ភិក្ខុមួយរូប នៅក្នុងដងព្រៃមួយ ក្នុងដែនកោសល។ ក៏សម័យនោះឯង ភិក្ខុនោះ ចូលទៅក្នុងត្រកូលមួយ ហួសវេលា។

[២៦០] គ្រានោះឯង ទេវតាដែលនៅក្នុងដងព្រៃនោះ ជាអ្នកអនុគ្រោះ ប្រាថ្នានូវប្រយោជន៍ដល់ភិក្ខុនោះ ចង់ធ្វើឲ្យភិក្ខុនោះសង្វេគ ក៏និម្មិតជាភេទស្រីមេផ្ទះ ក្នុងត្រកូលនោះ ហើយចូលទៅរកភិក្ខុនោះ លុះចូលទៅដល់ហើយ ទើបពោលគាថានឹងភិក្ខុនោះថា

ជនទាំងឡាយ មកប្រជុំនិយាយគ្នាទៀបឆ្នេរស្ទឹងទាំងឡាយផង ក្នុងរោងសម្រាប់សម្រាកផង ក្នុងរោងសម្រាប់ប្រជុំគ្នា និយាយផង នាផ្លូវច្រកផង ហើយនិយាយចំពោះខ្ញុំផង ចំពោះលោកផង តើព្រោះហេតុអ្វី។

[២៦១] ភិក្ខុតបថា

ព្រោះថាជនទាំងឡាយ មានសទ្ធាជាបដិលោម ក្នុងលោកនេះច្រើនគ្នា អ្នកដែលមានតបៈនោះ គួរតែអត់ទ្រាំ មិនគួរអៀនខ្មាសឡើយ ដ្បិតសត្វមិនមែនសៅហ្មង ដោយពាក្យដែលពួកជនដទៃនិយាយនោះទេ បុគ្គលណា តក់ស្លុតនឹងសំឡេង ដូចជាសត្វឈ្លូសក្នុងព្រៃ អ្នកប្រាជ្ញហៅបុគ្គលនោះ ថាជាអ្នកមានចិត្តស្រាល កិច្ចវត្តមិនសម្រេចដល់បុគ្គលនោះទេ។

វជ្ជីបុត្តសូត្រ ទី៩

(៩. វជ្ជិបុត្តសុត្តំ)

[២៦២] សម័យមួយ វជ្ជីបុត្តកភិក្ខុមួយរូប នៅក្នុងដងព្រៃមួយ ជិតក្រុងវេសាលី។ ក៏សម័យនោះឯង វជ្ជីបុត្តកភិក្ខុ មានការដើរលេង អស់ពេញមួយរាត្រី ក្នុងក្រុងវេសាលី។

[២៦៣] គ្រានោះឯង ភិក្ខុនោះបានឮសំឡេងគឹកកង នៃការវាយ និងការប្រគំតន្ត្រី ក៏ខ្សឹកខ្សួល ពោលគាថានេះ ក្នុងវេលានោះថា

យើងមកនៅក្នុងព្រៃតែម្នាក់ឯង ដូចជាកំណាត់ឈើដែលគេចោលក្នុងព្រៃ ក្នុងរាត្រីប្រាកដដូច្នេះ មិនមានអ្នកណាអន់ជាងយើងទៅទៀតទេ។

[២៦៤] គ្រានោះឯង ទេវតាដែលអាស្រ័យនៅ នាដងព្រៃនោះ ជាអ្នកអនុគ្រោះ ប្រាថ្នានូវប្រយោជន៍ដល់ភិក្ខុនោះ ចង់ធ្វើភិក្ខុនោះឲ្យសង្វេគ ក៏ចូលទៅរកភិក្ខុនោះ លុះចូលទៅដល់ហើយ ទើបពោលគាថានឹងភិក្ខុនោះថា

លោកនៅក្នុងព្រៃតែម្នាក់ឯង ដូចជាកំណាត់ឈើ ដែលគេចោលនៅក្នុងព្រៃមែន តែមានជនច្រើនគ្នាស្រឡាញ់លោកនោះ ដូចពពួកសត្វក្នុងឋាននរក ស្រឡាញ់ពួកទេវតា ក្នុងឋានសួគ៌។

លំដាប់នោះឯង ភិក្ខុនោះ លុះទេវតានោះ ធ្វើឲ្យសង្វេគហើយ ក៏ដល់នូវសេចក្តីសង្វេគ។

សជ្ឈាយសូត្រ ទី១០

(១០. សជ្ឈាយសុត្តំ)

[២៦៥] សម័យមួយ ភិក្ខុមួយរូបនៅក្នុងដងព្រៃមួយ ក្នុងដែនកោសល។ ក៏សម័យនោះ កាលមុន ភិក្ខុនោះជាអ្នកស្វាធ្យាយច្រើនហួសពេលវេលា។ ដល់សម័យក្រោយមក ភិក្ខុនោះ ក៏មានសេចក្តីខ្វល់ខ្វាយតិច ជាអ្នកនៅស្ងៀម ញុំាងកាលឲ្យប្រព្រឹត្តកន្លងទៅ (ដោយផលសមាបត្តិសុខ)។

[២៦៦] គ្រានោះឯង ទេវតាដែលអាស្រ័យនៅ នាដងព្រៃនោះ មិនបានស្តាប់ធម៌របស់ភិក្ខុនោះ ក៏ចូលទៅរកភិក្ខុនោះ លុះចូលទៅដល់ហើយ ទើបពោលគាថានឹងភិក្ខុនោះថា

បពិត្រភិក្ខុ ព្រោះហេតុអ្វី បានជាលោកនៅរួបរួមជាមួយនឹងពួកភិក្ខុ ហើយលែងស្វាធ្យាយនូវធម្មបទ បុគ្គលអ្នកស្តាប់ធម៌ រមែងបាននូវសេចក្តីជ្រះថ្លា ឯអ្នកដែលសំដែងធម៌ រមែងបាននូវសេចក្តីសរសើរ ក្នុងបច្ចុប្បន្ន។

[២៦៧] (ភិក្ខុនោះតបថា)

ពីមុនមានសេចក្តីពេញចិត្ត ក្នុងធម្មបទពិតមែន តែឥឡូវនេះ យើងបានដល់វិរាគធម៌ហើយ កាលណាបើយើងបានដល់វិរាគធម៌ហើយ សប្បុរសទាំងឡាយ បានដឹងហើយ ក៏សរសើរនូវការលះបង់អារម្មណ៍ណាមួយ គឺរូបដែលឃើញហើយ ឬសំឡេងដែលឮហើយ ក្លិន រស ផោដ្ឋព្វៈ ដែលពាល់ត្រូវហើយ។

អយោនិសោមនសិការសូត្រ ទី១១

(១១. អកុសលវិតក្កសុត្តំ)

[២៦៨] សម័យមួយ ភិក្ខុមួយរូប នៅក្នុងដងព្រៃមួយ ក្នុងដែនកោសល។ ក៏សម័យនោះឯង ភិក្ខុនោះទៅនៅក្នុងទីសម្រាក ក្នុងវេលាថ្ងៃ ត្រិះរិះវិតក្កៈទាំងឡាយ ជាអកុសលដ៏លាមក គឺកាមវិតក្កៈ ព្យាបាទវិតក្កៈ វិហឹសាវិតក្កៈ។

[២៦៩] គ្រានោះឯង ទេវតាដែលអាស្រ័យនៅ ក្នុងដងព្រៃនោះ ជាអ្នកអនុគ្រោះ ប្រាថ្នានូវប្រយោជន៍ដល់ភិក្ខុនោះ ចង់ធ្វើភិក្ខុនោះឲ្យសង្វេគ ក៏ចូលទៅរកភិក្ខុនោះ លុះចូលទៅដល់ហើយ ទើបពោលគាថានឹងភិក្ខុនោះថា

លោក ដែលវិតក្កៈទាំងឡាយទំពាស៊ីបាន ព្រោះមិនយកចិត្តទុកដាក់ដោយឧបាយប្រាជ្ញា ចូរលោកលះបង់ឧបាយមិនមែនជាប្រាជ្ញាចេញ ហើយចូរត្រិះរិះដោយឧបាយប្រាជ្ញាវិញ ប្រារព្ធនូវព្រះសាស្តា ព្រះធម៌ និងព្រះសង្ឃ ជាអ្នកប្រព្រឹត្តសីល រមែងបាននូវបាមោជ្ជៈ បីតិ សុខៈ ឥតសង្ស័យ បើលោកមានបាមោជ្ជៈច្រើនជាងនេះទៅទៀត នឹងធ្វើនូវទីបំផុតទុក្ខបាន។

គ្រានោះឯង ភិក្ខុនោះ លុះទេវតានោះធ្វើឲ្យសង្វេគហើយ ក៏ដល់នូវសេចក្តីសង្វេគ។

មជ្ឈន្តិកសូត្រ ទី១២

(១២. មជ្ឈន្ហិកសុត្តំ)

[២៧០] សម័យមួយ ភិក្ខុមួយរូប នៅក្នុងដងព្រៃមួយ ក្នុងដែនកោសល។

[២៧១] គ្រានោះឯង ទេវតាដែលអាស្រ័យ ក្នុងដងព្រៃនោះ បានចូលទៅរកភិក្ខុនោះ លុះចូលទៅដល់ហើយ ទើបពោលគានេះ ក្នុងសំណាក់ភិក្ខុនោះថា

កាលវេលាថ្ងៃត្រង់ ពួកបក្សីទំនៅស្ងប់ស្ងៀម ព្រៃធំក៏ហាក់ដូចជាបញ្ចេញសំឡេងខ្លាំង ភ័យនោះ ក៏ប្រាកដដល់ខ្ញុំ។ (ភិក្ខុនោះតបថា) កាលវេលាថ្ងៃត្រង់ ពួកបក្សីទំនៅស្ងប់ស្ងៀម ព្រៃធំក៏ហាក់ដូចជាបញ្ចេញសំឡេង សេចក្តីត្រេកអរនោះ ប្រាកដដល់អាត្មា។

បាកតិន្ទ្រិយសូត្រ ទី១៣

(១៣. បាកតិន្ទ្រិយសុត្តំ)

[២៧២] សម័យមួយ ភិក្ខុច្រើនរូប មានចិត្តរវើរវាយ មានមានះ ដូចជាបបុសដុះឡើងហើយ មានចិត្តឃ្លេងឃ្លោង មានមាត់រឹង មានវាចារោយរាយ មានស្មារតីភ្លេចភ្លាំង មិនមានសម្បជញ្ញៈ មានចិត្តតាំងនៅមិននឹង មានចិត្តវិលទៅរកខុស តែមានឥន្ទ្រិយជាប្រក្រតី អាស្រ័យនៅក្នុងដងព្រៃមួយ ក្នុងដែនកោសល។

[២៧៣] គ្រានោះឯង ទេវតាដែលឋិតនៅនាដងព្រៃនោះ ជាអ្នកអនុគ្រោះ ប្រាថ្នានូវប្រយោជន៍ ដល់ភិក្ខុទាំងនោះ ចង់ធ្វើពួកភិក្ខុនោះឲ្យសង្វេគ ទើបចូលទៅរកភិក្ខុទាំងនោះ លុះចូលទៅដល់ហើយ ក៏ពោលគាថាទាំងឡាយ នឹងពួកភិក្ខុនោះថា

ពួកភិក្ខុជាសាវ័ក របស់ព្រះគោតម កាលពីមុន រស់នៅដោយស្រួល មិនប្រាថ្នាក្នុងការស្វែងរក នូវចង្ហាន់បិណ្ឌបាត មិនប្រាថ្នានូវទីដេក ទីអង្គុយឡើយ ភិក្ខុទាំងនោះ លុះដឹងនូវអនិច្ចតាធម៌ ក្នុងលោកហើយ ក៏ធ្វើនូវទីបំផុតទុក្ខបាន ឯពួកភិក្ខុ (ក្នុងឥឡូវនេះ) ធ្វើខ្លួនឲ្យគេចិញ្ចឹមបានដោយលំបាក ជ្រុលជ្រប់ក្នុងផ្ទះនៃបុគ្គលដទៃ ស៊ីដេក ស៊ីដេក ដូចជាមនុស្សអ្នកធំក្នុងស្រុក ខ្ញុំសូមធ្វើអញ្ជលី ចំពោះសង្ឃ ខ្ញុំនិយាយចំពោះតែភិក្ខុមួយពួក ក្នុងទីនេះ ពួកភិក្ខុណា ជាអ្នកប្រមាទ ពួកភិក្ខុនោះ គេបោះបង់ចោល ឥតមានទីពឹងដូចជាពួកប្រេត ខ្ញុំពោលសំដៅតែពួកភិក្ខុនោះ ពួកភិក្ខុណា ជាអ្នកមិនប្រមាទ ខ្ញុំសូមនមស្ការ ចំពោះពួកភិក្ខុនោះ។

គ្រានោះឯង ពួកភិក្ខុនោះ លុះទេវតានោះ ធ្វើឲ្យសង្វេគហើយ ក៏ដល់នូវសេចក្តីសង្វេគ។

បទុមបុប្ផសូត្រ ទី១៤

(១៤. គន្ធត្ថេនសុត្តំ)

[២៧៤] សម័យមួយ ភិក្ខុមួយរូប នៅក្នុងដងព្រៃមួយ ក្នុងដែនកោសល។ ក៏សម័យនោះឯង ភិក្ខុនោះត្រឡប់មកពីបិណ្ឌបាត (ធ្វើភត្តកិច្ចស្រេច) ក្នុងវេលាក្រោយភត្ត ក៏ចុះកាន់ស្រះបោក្ខរណី ហើយហិតផ្កាឈូក។

[២៧៥] គ្រានោះឯង ទេវតាដែលនៅអាស្រ័យ ក្នុងដងព្រៃនោះ ជាអ្នកអនុគ្រោះ ប្រាថ្នានូវប្រយោជន៍ដល់ភិក្ខុនោះ ចង់ធ្វើភិក្ខុនោះឲ្យសង្វេគ ទើបចូលទៅរកភិក្ខុនោះ លុះចូលទៅដល់ហើយ ក៏ពោលគាថានឹងភិក្ខុនោះថា

លោកហិតផ្កា ដែលកើតក្នុងទឹកនុ៎ះ ដែលគេមិនបានឲ្យ បពិត្រលោកអ្នកនិរទុក្ខ ការហិតនុ៎ះ ជាអង្គមួយនៃការលួច លោកឈ្មោះថាជាអ្នកលួចក្លិន។

[២៧៦] ភិក្ខុនោះ តបថា

អាត្មាមិនបាននាំទៅ មិនបានកាច់ទេ គ្រាន់តែហិតផ្កា ដែលកើតក្នុងទឹក អំពីចម្ងាយទេតើ ចុះហេតុដូចម្តេច បានជាអ្នកនិយាយថា អាត្មាលួចក្លិន ចុះបុរសដែលមានអំពើផ្តេសផ្តាស ជីកគាស់ក្រអៅឈូក កាច់ផ្កាឈូកយ៉ាងនេះ ហេតុអ្វី ក៏អ្នកមិនថាឲ្យបុរសនុ៎ះផង។49)

[២៧៧] ទេវតា តបថា

បុរសដែលល្មោភផ្តេសផ្តាស ជាអ្នកប្រឡាក់ (ដោយរាគាទិក្កិលេស) ហួសកំណត់ ពាក្យរបស់ខ្ញុំមិនមាន ក្នុងបុរសនោះទេ ខ្ញុំគួរនិយាយតែនឹងលោកម្នាក់ហ្នឹង (ព្រោះ) សត្វដែលឥតមានទីទួល ពោលគឺកិលេស ជាអ្នកស្វែងរកសេចក្តីស្អាត អស់កាលជានិច្ច សូម្បីមានបាបប៉ុនចុងសក់ ក៏ប្រាកដដូចជាប៉ុនមេឃ។

[២៧៨] ភិក្ខុនោះតបថា

ម្នាលទេវតា អ្នកស្គាល់អាត្មាមែន អ្នកអនុគ្រោះអាត្មាមែន ម្នាលទេវតា កាលណាបើអ្នកឃើញអាត្មាធ្វើដូច្នេះ អ្នកគប្បីនិយាយឲ្យអាត្មាទៀតចុះ។

[២៧៩] ទេវតាតបថា

ខ្ញុំមិនបានចិញ្ចឹមលោកទេ មិនមែនគ្រាន់បើជាងលោកទេ លោកគប្បីទៅកាន់សុគតិ ដោយកម្មណា បពិត្រភិក្ខុ លោកត្រូវដឹងកម្មនោះខ្លួនលោកចុះ។

គ្រានោះឯង ភិក្ខុនោះ លុះទេវតានោះ ធ្វើឲ្យសង្វេគហើយ ក៏ដល់នូវសេចក្តីសង្វេគ។

ចប់ វនសំយុត្ត។

ឧទ្ទាននៃវនសំយុត្តនោះ ដូច្នេះគឺ

វិវេកសូត្រ១ ឧបដ្ឋានសូត្រ១ កស្សបគោត្តសូត្រ១ សម្ពហុលសូត្រ១ អានន្ទសូត្រ១ អនុរុទ្ធសូត្រ១ នាគទត្តសូត្រ១ កុលឃរណីសូត្រ១ វជ្ជីបុត្តសូត្រ ក្នុងក្រុងវេសាលី១ សជ្ឈាយសូត្រ១ អយោនិសោមនសិការសូត្រ១ មជ្ឈន្តិកកាលសូត្រ១ បាកតិន្ទ្រិយសូត្រ១ ជា១៤ នឹងបទុមបុប្ផសូត្រ។

យក្ខសំយុត្ត (ទី១០)

(១០. យក្ខសំយុត្តំ)

ឥន្ទកសូត្រ ទី១

(១. ឥន្ទកសុត្តំ)

[២៨០] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងលំនៅ របស់យក្សឈ្មោះឥន្ទកៈ នាភ្នំឥន្ទកូដ ជិតក្រុងរាជគ្រឹះ។

[២៨១] លំដាប់នោះឯង ឥន្ទកយក្ស បានចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ពោលគាថា នឹងព្រះមានព្រះភាគថា

ព្រះពុទ្ធទាំងឡាយ មិនពោលនូវរូបថាជីវិតទេ ចុះសត្វនេះ បានសរីរៈនេះ ដោយហេតុដូចម្តេច ឆ្អឹងនិងដុំសាច់ ថ្លើម របស់សត្វនោះ បានមកពីណា ចុះសត្វនេះ ឋិតនៅក្នុងគភ៌ដូចម្តេច។

[២៨២] ព្រះអង្គត្រាស់ថា

កលលរូប កើតជាដំបូង តពីកលលរូបមក កើតជាអម្ពុទរូប តពីអម្ពុទរូបមក កើតជា បេសិរូប តពីបេសិរូបមក កើតជា ឃនរូប តពីឃនរូបមក កើតជា សាខារូប តមកទៀត ទើបកើត សក់ រោម ក្រចក ឯមាតារបស់សត្វនោះ បរិភោគភោជនណា ទោះបាយក្តី ទឹកក្តី សត្វនោះ ដែលឋិតនៅក្នុងផ្ទៃនៃមាតានោះ ក៏ញុំាងអត្តភាព ឲ្យប្រព្រឹត្តទៅ ដោយភោជននោះ។

សក្កសូត្រ ទី២

(២. សក្កនាមសុត្តំ)

[២៨៣] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅលើភ្នំគិជ្ឈកូដ ទៀបក្រុងរាជគ្រឹះ។

[២៨៤] គ្រានោះឯង យក្សឈ្មោះសក្កៈ បានចូលទៅរកព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ទើបពោលគាថានឹងព្រះមានព្រះភាគថា

បុគ្គលប្រៀនប្រដៅបុគ្គលដទៃ ដោយពាក្យណា ពាក្យនោះមិនប្រពៃ ដល់លោកជាសមណៈ ដែលជាអ្នកលះបង់ នូវគន្ថធម៌គ្រប់យ៉ាង មានចិត្តផុតស្រឡះហើយ (ចាកអាសវៈ) ជាអ្នកស្ងប់រម្ងាប់ទេ។

[២៨៥] ព្រះអង្គត្រាស់ថា

ម្នាលសក្កៈ ការនៅជាមួយគ្នាកើត ដោយហេតុណាមួយ បុគ្គលអ្នកមានប្រាជ្ញា មិនគួរនឹងអនុគ្រោះនូវហេតុនោះ ត្រឹមតែចិត្តទេ បើបុគ្គលមានចិត្តជ្រះថ្លា ប្រៀនប្រដៅបុគ្គលដទៃ ដោយពាក្យណា ទុកជាបុគ្គលដទៃនោះ មិនប្រកបខ្លួនតាមពាក្យនោះ ការប្រៀនប្រដៅនោះ ក៏ឈ្មោះថាការអនុគ្រោះ ឈ្មោះថា ការអាណិតដែរ។

សូចិលោមសូត្រ ទី៣

(៣. សូចិលោមសុត្តំ)

[២៨៦] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅលើគ្រែឈ្មោះ ដង្កិត ជាលំនៅនៃយក្សឈ្មោះ សូចិលោមៈ ជិតស្រុកគយា។ ក៏សម័យនោះឯង យក្សឈ្មោះ ខរៈ និងយក្សឈ្មោះ សូចិលោមៈ ដើរក្នុងទីមិនឆ្ងាយ អំពីព្រះមានព្រះភាគ។ ទើបខរយក្សនិយាយនឹងសូចិលោមយក្សយ៉ាងនេះថា នុ៎ះជាសមណៈធំ។ សូចិលោមយក្ស តបវិញថា នុ៎ះមិនមែនជាសមណៈធំទេ នុ៎ះជាសមណៈតូចទេតើ ខ្ញុំស្គាល់ជាប្រាកដថា នោះជាសមណៈធំ ឬសមណៈតូច។

[២៨៧] គ្រានោះឯង សូចិលោមយក្ស បានចូលទៅរកព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ទើបបង្អោនកាយទៅរកព្រះមានព្រះភាគ។ លំដាប់នោះ ព្រះមានព្រះភាគ ងាកព្រះកាយចេញ។ គ្រានោះឯង សូចិលោមយក្ស បានក្រាបបង្គំទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រសមណៈ លោកខ្លាចខ្ញុំឬ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលអាវុសោ តថាគត មិនខ្លាចអ្នកឯងទេ តែសម្ផ័ស្សរបស់អ្នកឯង អាក្រក់ណាស់។ បពិត្រសមណៈ ខ្ញុំនឹងសួរប្រស្នា ចំពោះលោក បពិត្រសមណៈ បើលោកមិនដោះស្រាយប្រាប់ខ្ញុំទេ ខ្ញុំនឹងបន្សាត់ចិត្តលោក គឺធ្វើចិត្តឲ្យខូច ឬវះហឫទ័យរបស់លោក ពុំនោះសោតទេ ខ្ញុំនឹងចាប់ជើងលោក បោះទៅត្រើយម្ខាងទន្លេគង្គា។ ព្រះអង្គត្រាស់ថា ម្នាលអាវុសោ បុគ្គលណា បន្សាត់បង់នូវចិត្ត របស់តថាគតបាន ឬវះហឫទ័យ របស់តថាគត ពុំនោះសោត ចាប់ជើងតថាគតគ្រវែងទៅត្រើយទន្លេគង្គាខាងនាយបាន បុគ្គលនោះ តថាគត មិនដែលឃើញមានទេ ក្នុងលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស ម្នាលអាវុសោ មួយទៀត បើអ្នកឯងចង់សួរ ក៏សួរចុះ។

[២៨៨] សូចិលោមយក្ស ទូលសួរថា

រាគៈ និងទោសៈ មានអ្វីជាហេតុ សេចក្តីអផ្សុក សេចក្តីត្រេកអរ និងសេចក្តីព្រឺព្រួចរោម កើតអំពីទីណា មនោវិតក្កៈ តាំងឡើងអំពីទីណា ហើយលែងចោលនូវចិត្តទៅវិញ ដូចកូនក្មេងចាប់ក្អែកបោះចោល។

[២៨៩] ព្រះអង្គត្រាស់ថា

រាគៈ និងទោសៈ មានអត្តភាពនេះជាហេតុ សេចក្តីអផ្សុក សេចក្តីត្រេកអរ និងសេចក្តីព្រឺព្រួចរោម ក៏កើតអំពីអត្តភាពនេះ មនោវិតក្កៈ ក៏តាំងឡើងអំពីអត្តភាពនេះដែរ ហើយលែងចោលនូវចិត្តទៅវិញ ដូចកូនក្មេងចាប់ក្អែកបោះចោល វិតក្កៈដ៏លាមក កើតអំពីសេចក្តីស្រឡាញ់ កើតព្រមក្នុងខ្លួន ដូចជាពួរជ្រៃ កើតអំពីដើមជ្រៃ បាបវិតក្កៈដ៏ច្រើន រមែងធ្វើពួកសត្វឲ្យជាប់នៅក្នុងកាមទាំងឡាយ ដូចវល្លិ៍ដែលរួបរឹតដើមឈើក្នុងព្រៃ ពួកបុគ្គលណា ដឹងច្បាស់នូវអត្តភាពនោះថា មានរបស់ណាជាហេតុ ពួកបុគ្គលនោះ ក៏បន្ទោបង់នូវអត្តភាពនោះបាន ម្នាលយក្ស អ្នកចូរស្តាប់ចុះ ពួកបុគ្គលនោះ រមែងឆ្លងនូវអន្លង់នេះ ដែលឆ្លងបានដោយកម្រ ដែលគេមិនដែលឆ្លង ដើម្បីមិនកើតក្នុងភពថ្មីតទៅទៀត។

មណិភទ្ទសូត្រ ទី៤

(៤. មណិភទ្ទសុត្តំ)

[២៩០] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងលំនៅរបស់យក្សឈ្មោះ មណិភទ្ទ ទៀបចេតិយឈ្មោះ មណិមាឡកៈ ក្នុងដែនមគធៈ។

[២៩១] គ្រានោះឯង មណិភទ្ទយក្ស បានចូលទៅរកព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ទើបពោលគាថានេះ ក្នុងសំណាក់ព្រះមានព្រះភាគថា

សេចក្តីចំរើន របស់បុគ្គលអ្នកមានស្មារតី រមែងមានគ្រប់កាល អ្នកមានស្មារតី រមែងដល់នូវសេចក្តីសុខ គុណដ៏ប្រសើរ របស់បុគ្គលអ្នកមានស្មារតី រមែងមានជានិច្ច អ្នកមានស្មារតី រមែងរួចចាកពៀរ។

[២៩២] ព្រះអង្គត្រាស់ថា

សេចក្តីចំរើន របស់បុគ្គលអ្នកមានស្មារតី រមែងមានសព្វកាល អ្នកមានស្មារតី តែងដល់នូវសេចក្តីសុខ គុណដ៏ប្រសើរ របស់បុគ្គលអ្នកមានស្មារតី រមែងមានជានិច្ច តែអ្នកមានស្មារតី មិនរួចចាកពៀរទេ។ លុះតែបុគ្គលណា មានចិត្តត្រេកអរ ក្នុងការមិនបៀតបៀន អស់ថ្ងៃនិងយប់ទាំងអស់ មានចំណែកមេត្តាចិត្ត ចំពោះពួកសត្វទាំងពួង បុគ្គលនោះ ទើបមិនមានពៀរ ដោយហេតុនីមួយឡើយ។

សានុសូត្រ ទី៥

(៥. សានុសុត្តំ)

[២៩៣] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង យក្សបានចាប់សានុសាមណេរ ជាបុត្តរបស់ឧបាសិកាម្នាក់។

[២៩៤] គ្រានោះឯង ឧបាសិកានោះ ខ្សឹកខ្សួល បានពោលគាថាទាំងនេះ ក្នុងវេលានោះថា

ខ្ញុំបានឮព្រះអរហន្តទាំងឡាយថា បុគ្គលទាំងឡាយណា រក្សាឧបោសថប្រកបដោយអង្គ៨ ក្នុងថ្ងៃទី១៤ ថ្ងៃទី១៥ និងថ្ងៃទី៨នៃបក្ស ទាំងបារិហារិកបក្ខផង50) ឈ្មោះថាប្រព្រឹត្តព្រហ្មចរិយៈ ពួកយក្ស មិនយាយីបុគ្គលនោះឡើយ ឥឡូវថ្ងៃនេះ ខ្ញុំឯងឃើញពួកយក្ស យាយីសានុសាមណេរ។

[២៩៥] យក្សតបថា

នាងបានឮពាក្យព្រះអរហន្តទាំងឡាយ ដោយប្រពៃថា បុគ្គលទាំងឡាយណា រក្សាឧបោសថ ប្រកបដោយអង្គ៨ ក្នុងថ្ងៃទី១៤ ថ្ងៃទី១៥ និងថ្ងៃទី៨នៃបក្ស ទាំងបារិហារិកបក្ខផង ឈ្មោះថា ប្រព្រឹត្តព្រហ្មចរិយៈ ពួកយក្ស មិនយាយីបុគ្គលទាំងនោះទេ នាងគប្បីនិយាយប្រាប់សានុសាមណេរ ដែលភ្ញាក់ឡើងថា នេះជាពាក្យរបស់ពួកយក្ស (ប្រាប់) ថា លោកកុំធ្វើអំពើអាក្រក់ ក្នុងទីចំពោះមុខ ឬទីកំបាំងមុខឡើយ បើលោកនឹងធ្វើ ឬកំពុងធ្វើ នូវអំពើលាមក លោកទុកជាហោះរត់ទៅ ក៏មិនរួចអំពីសេចក្តីទុក្ខដែរ។

[២៩៦] សានុសាមណេរភ្ញាក់ឡើង និយាយថា

ញោម ពួកជនតែងយំរកបុគ្គល ដែលស្លាប់បាត់ទៅហើយ ឬបុគ្គលដែលរស់នៅ តែគេមិនឃើញញោម ញោមឃើញអាត្មានៅរស់នៅឡើយ ញោម ហេតុអ្វីក៏ញោមយំរកអាត្មា។

[២៩៧] ឧបាសិកាតបថា

លោកកូន ជនទាំងឡាយតែងយំរកបុគ្គល ដែលស្លាប់បាត់ទៅហើយ ឬបុគ្គលដែលរស់នៅ តែគេមិនឃើញ ម្យ៉ាងទៀតបុគ្គលណា លះបង់កាមទាំងឡាយហើយ បែរជាត្រឡប់មករកកាម ក្នុងលោកនេះវិញ លោកកូន សូម្បីតែបុគ្គលនោះ ក៏ពួកជនយំរកដែរ ព្រោះថា បុគ្គលនោះរស់នៅមែន តែទុកដូចជាមនុស្សស្លាប់ហើយ លោកកូន ខ្ញុំបានស្រង់លោក អំពីផែះក្តៅ គឺឃរាវាសហើយ លោកចង់ធ្លាក់ទៅក្នុងផែះក្តៅវិញ លោកកូន ខ្ញុំបានស្រង់លោកអំពីរណ្តៅហើយ លោកចង់ធ្លាក់ទៅក្នុងរណ្តៅវិញ លោកចូរស្ទុះចេញទៅ សេចក្តីចំរើន ចូរមានដល់លោក ខ្ញុំនឹងប្រាប់ដល់អ្នកណាកើត លោក (ចេញអំពីឃរាវាសទៅបួសហើយ) ដូចជាគ្រឿងភណ្ឌៈ ដែលគេនាំចេញអំពីផ្ទះភ្លើងឆេះ ហើយចង់ឆេះ (ក្នុងឃរាវាស) វិញ។

បិយង្ករសូត្រ ទី៦

(៦. បិយង្ករសុត្តំ)

[២៩៨] សម័យមួយ ព្រះអនុរុទ្ធមានអាយុ នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង ព្រះអនុរុទ្ធមានអាយុ ក្រោកឡើងក្នុងបច្ចូសម័យនៃរាត្រី ហើយសំដែងធម្មបទ។

[២៩៩] គ្រានោះឯង យក្ខិនីឈ្មោះ បិយង្ករមាតា លួងកូនតូច យ៉ាងនេះថា

ម្នាលបិយង្ករៈ ឯងកុំមាត់កឡើយ ដ្បិតភិក្ខុកំពុងសំដែងធម្មបទ ប្រសិនបើយើងដឹងច្បាស់ នូវធម្មបទហើយ ប្រតិបត្តិតាមដើម្បីជាប្រយោជន៍ ប្រយោជន៍នឹងមានដល់យើង។

[៣០០] កូនតបថា

យើងនឹងសង្រួម ក្នុងសត្វទាំងឡាយ យើងកុំពោល នូវពាក្យសម្បជានមុសាវាទ យើងគួរសិក្សានូវមារយាទ របស់ខ្លួនឲ្យល្អ ទើបយើងរួចអំពីកំណើតបិសាចបាន។

បុនព្វសុសូត្រ ទី៧

(៧. បុនព្វសុសុត្តំ)

[៣០១] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង ព្រះមានព្រះភាគ ទ្រង់ពន្យល់ណែនាំពួកភិក្ខុឲ្យឃើញច្បាស់ ឲ្យកាន់យក ឲ្យអាចហាន ឲ្យរីករាយ ដោយធម្មីកថា ប្រកបដោយព្រះនិព្វាន។ ពួកភិក្ខុនោះ ក៏ធ្វើឲ្យជាប្រយោជន៍ ធ្វើទុកក្នុងចិត្ត ប្រមូលមកនូវចិត្តទាំងពួង ផ្ទៀងសោតប្រសាទប្រុងស្តាប់ធម៌។

[៣០២] គ្រានោះឯង យក្ខិនីឈ្មោះ បុនព្វសុមាតា លួងកូនតូច យ៉ាងនេះថា

ម្នាលនាងឧត្តរា ចូរឯងស្ងៀមទៅ ម្នាលបុនព្វសុ ចូរឯងស្ងៀមទៅ អញនឹងស្តាប់ធម៌ របស់ព្រះសាស្តាជាព្រះពុទ្ធ ដ៏ប្រសើរសិន ព្រះមានព្រះភាគ បានសំដែងនូវព្រះនិព្វាន ថាជាគ្រឿងរួចចាកគន្ថធម៌ទាំងពួង ម្យ៉ាងទៀត សេចក្តីប្រាថ្នាក្នុងធម៌នោះ របស់អញខ្លាំងហួសប្រមាណ កូនរបស់ខ្លួន ក៏ជាទីស្រឡាញ់ក្នុងលោក ប្តីរបស់ខ្លួន ក៏ជាទីស្រឡាញ់ក្នុងលោក តែសេចក្តីប្រាថ្នាធម៌នោះ របស់អញ ជាទីស្រឡាញ់ក្រៃលែងជាងនោះទៅទៀត កូនក្តី ប្តីក្តី ដែលជាទីស្រឡាញ់ មិនមែនដោះអញឲ្យរួចចាកទុក្ខបានទេ មានតែការស្តាប់ធម៌ ទើបដោះសត្វទាំងឡាយ ឲ្យរួចចាកទុក្ខបាន កាលបើសត្វលោក ត្រូវសេចក្តីទុក្ខគ្របសង្កត់ ប្រកបដោយជរា និងមរណៈហើយ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដឹងហើយនូវធម៌ណា អញចង់ស្តាប់ធម៌នោះ ដើម្បីរួចចាកជរា និងមរណៈ ម្នាលបុនព្វសុ ចូរឯងស្ងៀមទៅ។

[៣០៣] បុនព្វសុកុមារ តបថា

បពិត្រអ្នកម្តាយ ខ្ញុំមិននិយាយទេ ទាំងនាងឧត្តរានេះ ក៏ស្ងៀមដែរ សូមអ្នកម្តាយស្តាប់ធម៌ចុះ ការស្តាប់ព្រះសទ្ធម្ម នាំមកនូវសេចក្តីសុខ បពិត្រអ្នកម្តាយ យើងដើរទាំងទុក្ខ ព្រោះមិនបានដឹងព្រះសទ្ធម្ម ព្រះពុទ្ធនុ៎ះ ជាអ្នកធ្វើនូវពន្លឺដល់ទេវតា និងមនុស្សទាំងឡាយដែលវង្វេង មានព្រះសរីរៈជាទីបំផុត ព្រះអង្គមានបញ្ញាចក្ខុ ទ្រង់កំពុងសំដែងធម៌។

[៣០៤] (បុនព្វសុមាតាពោលថា)

ប្រពៃណាស់ហ្ន៎ កូនកើតហើយ ដេកនៅនាទ្រូង ដែលជាបណ្ឌិត កូនរបស់អញ ស្រឡាញ់ធម៌ដ៏បរិសុទ្ធ របស់ព្រះពុទ្ធដ៏ប្រសើរ ម្នាលបុនព្វសុ ចូរឯងបានសុខស្រួល អញបានខ្ពង់ខ្ពស់ (ក្នុងសាសនា) តាំងពីថ្ងៃនេះហើយ ទាំងនាងឧត្តរា ក៏ចូរស្តាប់អរិយសច្ចទាំងឡាយ ដែលអញ និងឯង ឃើញហើយចុះ។

សុទត្តសូត្រ ទី៨

(៨. សុទត្តសុត្តំ)

[៣០៥] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងសីតវ័ន ទៀបក្រុងរាជគ្រឹះ។ សម័យនោះឯង អនាថបិណ្ឌិកគហបតី បានទៅដល់ក្រុងរាជគ្រឹះ ដោយកិច្ចការនីមួយ។51) អនាថបិណ្ឌិកគហបតី បានឮដំណឹងថា ព្រះពុទ្ធកើតឡើងហើយក្នុងលោក ក៏មានប្រាថ្នា ដើម្បីចូលទៅជួបនឹងព្រះមានព្រះភាគ ក្នុងខណៈនោះឯង។ គ្រានោះឯង អនាថបិណ្ឌិកគហបតី មានសេចក្តីត្រិះរិះ យ៉ាងនេះថា ថ្ងៃនេះជាកាលមិនគួរ ដើម្បីចូលទៅជួបព្រះមានព្រះភាគទេ ចាំដល់ថ្ងៃស្អែក អាត្មាអញ នឹងចូលទៅជួបព្រះមានព្រះភាគ ដោយកាលគួរ ពុំខាន។ កាលបើសតិតាំងនៅក្នុងពុទ្ធគុណហើយ គាត់ដេកក្នុងមួយរាត្រី ក្រោកឡើង៣ដង ដោយស្មានថាភ្លឺហើយ។ គ្រានោះឯង អនាថបិណ្ឌិកគហបតី ក៏ចូលទៅរកសីវថិកទ្វារ (ទ្វារស្មសាន)។ ពួកអមនុស្ស ក៏បើកទ្វារឲ្យ។

[៣០៦] គ្រានោះ កាលអនាថបិណ្ឌិកគហបតី កំពុងចេញទៅអំពីនគរ ពន្លឺក៏បាត់ទៅ ងងឹតក៏កើតប្រាកដឡើង សេចក្តីភ័យ តក់ស្លុត និងការព្រឺរោម ក៏កើតឡើង។ គាត់ចង់ត្រឡប់មកអំពីទីនោះវិញ។ គ្រានោះឯង យក្សឈ្មោះ សិវកៈ បំបាំងខ្លួនមិនឲ្យឃើញ ធ្វើសំឡេងឲ្យឮឡើងថា ដំរីមួយសែន សេះមួយសែន រថទឹមដោយមេសេះអស្សតរមួយសែន នាងកញ្ញាពាក់កុណ្ឌល ជាវិការៈនៃកែវមណីមួយសែននាក់ ក៏មិនដល់ថ្លៃមួយចំណិត នៃជំហានមួយ ដែលគេចែកឲ្យជាចំណែកដប់ប្រាំមួយៗដងឡើយ ម្នាលគហបតី ចូរអ្នកឈានទៅមុខចុះ ម្នាលគហបតី ចូរអ្នកឈានទៅមុខចុះ ការឈានទៅមុខ របស់អ្នកប្រសើរជាង ឯការត្រឡប់ថយក្រោយវិញ មិនប្រសើរទេ។

គ្រានោះឯង ងងឹតបាត់ទៅ ពន្លឺក៏កើតប្រាកដឡើង ដល់អនាថបិណ្ឌិកគហបតី ទាំងសេចក្តីភ័យ ការតក់ស្លុត និងការព្រឺរោម ក៏ស្ងប់រម្ងាប់ទៅ។

[៣០៧] ពន្លឺបាត់ទៅ ងងឹតក៏កើតប្រាកដឡើង ដល់អនាថបិណ្ឌិកគហបតី ទាំងសេចក្តីភ័យ ការតក់ស្លុត និងការព្រឺរោម ក៏កើតឡើង អស់វារៈពីរដងទៀត។ ឯអនាថបិណ្ឌិកគហបតី ក៏ចង់ត្រឡប់ពីទីនោះមកវិញទៀត។ សិវកយក្សបំបាំងខ្លួនមិនឲ្យឃើញ ក៏ធ្វើសំឡេងឲ្យឮឡើង អស់វារៈពីរដងទៀតថា

ដំរីមួយសែន សេះមួយសែន។បេ។ ក៏មិនដល់ថ្លៃមួយចំណិត នៃជំហានមួយ ដែលគេចែកឲ្យ ជាចំណែកដប់ប្រាំមួយៗដងឡើយ ម្នាលគហបតី ចូរអ្នកឈានទៅមុខចុះ ម្នាលគហបតី ចូរអ្នកឈានទៅមុខចុះ ការឈានទៅមុខ របស់អ្នកប្រសើរជាង ឯការត្រឡប់ថយក្រោយវិញ មិនប្រសើរទេ។

គ្រានោះឯង ងងឹតបាត់ទៅ ពន្លឺក៏កើតប្រាកដឡើង ដល់អនាថបិណ្ឌិកគហបតី ទាំងភ័យ ការតក់ស្លុត និងការព្រឺរោម ក៏ស្ងប់រម្ងាប់ទៅ។

[៣០៨] ពន្លឺបាត់ទៅ ងងឹតក៏កើតប្រាកដឡើង ដល់អនាថបិណ្ឌិកគហបតី ទាំងសេចក្តីភ័យ ការតក់ស្លុត និងការព្រឺរោម ក៏កើតឡើង អស់វារៈបីដងទៀត។ ឯអនាថបិណ្ឌិកសេដ្ឋី ក៏ចង់ត្រឡប់អំពីទីនោះមកវិញ។ សិវកយក្ស បំបាំងខ្លួនមិនឲ្យឃើញ ធ្វើសំឡេងឲ្យឮឡើង អស់វារៈបីដងទៀតថា

ដំរីមួយសែន សេះមួយសែន។បេ។ មិនដល់ថ្លៃមួយចំណិត នៃជំហានមួយ ដែលគេចែកឲ្យ ជាចំណែកដប់ប្រាំមួយៗដងឡើយ ម្នាលគហបតី ចូរអ្នកឈានទៅមុខចុះ ម្នាលគហបតី ចូរអ្នកឈានទៅមុខចុះ ការឈានទៅមុខ របស់អ្នកប្រសើរជាង ឯការត្រឡប់ថយក្រោយវិញ មិនប្រសើរទេ។

គ្រានោះឯង ងងឹតបាត់ទៅ ពន្លឺក៏កើតប្រាកដឡើង ដល់អនាថបិណ្ឌិកគហបតី ទាំងសេចក្តីភ័យ ការតក់ស្លុត និងការព្រឺរោម ក៏ស្ងប់រម្ងាប់ទៅ។

[៣០៩] គ្រានោះឯង អនាថបិណ្ឌិកគហបតី ចូលទៅឯសីតវ័ន។ ក៏សម័យនោះឯង ព្រះមានព្រះភាគ ទ្រង់តើនឡើង ក្នុងបច្ចូសសម័យនៃរាត្រី ទៅចង្ក្រមក្នុងទីវាលស្រឡះ។ ព្រះមានព្រះភាគ បានទតឃើញអនាថបិណ្ឌិកគហបតី កំពុងមកអំពីចម្ងាយ លុះទតឃើញហើយ ទ្រង់ចុះអំពីទីចង្ក្រម មកគង់លើអាសនៈ ដែលគេក្រាលថ្វាយ។ លុះព្រះមានព្រះភាគ ទ្រង់គង់ហើយ ក៏ត្រាស់ហៅអនាថបិណ្ឌិកគហបតី យ៉ាងនេះថា ម្នាលសុទត្ត ចូរអ្នកមកអាយ។ ទើបអនាថបិណ្ឌិកគហបតី ឱនក្បាលទៀបបាទា នៃព្រះមានព្រះភាគ ក្នុងទីនោះ ដោយគិតថា ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅអញចំឈ្មោះ ក៏ក្រាបបង្គំទូលសួរព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគ គង់នៅជាសុខទេឬ។

[៣១០] ព្រះអង្គត្រាស់ថា

បុគ្គលជាអ្នកបន្សាត់បង់បាប រំលត់កិលេស រមែងដេកជាសុខសព្វកាល បុគ្គលណាមានសេចក្តីត្រជាក់ត្រជំ ឥតមានឧបធិក្កិលេស កាត់បង់តណ្ហាទាំងអស់ បន្ទោបង់សេចក្តីក្រវល់ក្រវាយ ក្នុងហ្ឫទ័យ មិនបានប្រឡាក់ ក្នុងកាមទាំងឡាយ បុគ្គលនោះ រមែងដល់នូវសេចក្តីរម្ងាប់កិលេសដោយចិត្ត មានចិត្តស្ងប់រម្ងាប់ ដេកនៅជាសុខ។

បឋមសុក្កាសូត្រ ទី៩

(៩. បឋមសុក្កាសុត្តំ)

[៣១១] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ទៀបក្រុងរាជគ្រឹះ។ ក៏សម័យនោះឯង ភិក្ខុនីឈ្មោះ សុក្កា មានបរិស័ទច្រើនចោមរោម កំពុងសំដែងធម៌។

[៣១២] គ្រានោះឯង យក្សមានសេចក្តីជ្រះថ្លាក្រៃពេក ចំពោះសុក្កាភិក្ខុនី ក៏ចេញពីច្រកមួយ ចូលទៅកាន់ច្រកមួយ ចេញពីផ្លូវត្រឡែងកែងមួយ ចូលទៅកាន់ផ្លូវត្រឡែងកែងមួយ ក្នុងក្រុងរាជគ្រឹះ ហើយពោលគាថាទាំងនេះ ក្នុងវេលានោះថា

ពួកមនុស្សក្នុងក្រុងរាជគ្រឹះ ធ្វើអ្វីដល់អញ ពួកជនណា មិនចូលទៅជិតសុក្កាភិក្ខុនី ដែលកំពុងសំដែងនូវឧបាយ ជាគ្រឿងដល់ព្រះនិព្វាន ឈ្មោះអមតៈ (ជនទាំងនោះ) ដូចជាបុគ្គលផឹកទឹកឃ្មុំហើយដេក ពួកបុគ្គលមានប្រាជ្ញា ហាក់ដូចជាក្រេបផឹកនូវអមតនិព្វាននោះ ដែលជាធម៌មិនគួរបោះបង់ចោល មានឱជារសមិនបានលាយឡំ ដូចជាអ្នកដំណើរផឹកទឹក ដែលហូរធ្លាក់មកពីចន្លោះពពក។

ទុតិយសុក្កាសូត្រ ទី១០

(១០. ទុតិយសុក្កាសុត្តំ)

[៣១៣] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ទៀបក្រុងរាជគ្រឹះ។ ក៏សម័យនោះឯង មានឧបាសិកាម្នាក់ ប្រគេនភោជន ដល់សុក្កាភិក្ខុនី។

[៣១៤] គ្រានោះឯង យក្សមានសេចក្តីជ្រះថ្លាក្រៃពេក ចំពោះសុក្កាភិក្ខុនី ក៏ដើរចេញពីច្រកមួយ ចូលទៅកាន់ច្រកមួយ ចេញពីផ្លូវត្រឡែងកែងមួយ ចូលទៅកាន់ផ្លូវត្រឡែងកែងមួយ ក្នុងក្រុងរាជគ្រឹះ ហើយពោលគាថានេះ ក្នុងវេលានោះថា

ឧបាសកណា បានប្រគេនភោជន ដល់សុក្កាភិក្ខុនី ដែលមានចិត្តផុតស្រឡះ ចាកគន្ថធម៌ទាំងអស់ ឧបាសកនេះ ឈ្មោះថា អ្នកប្រកបដោយប្រាជ្ញាពិត ហើយបានប្រទះនូវបុណ្យច្រើន។

ចីរាសូត្រ ទី១១

(១១. ចីរាសុត្តំ)

[៣១៥] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ទៀបក្រុងរាជគ្រឹះ។ ក៏សម័យនោះឯង មានឧបាសិកាម្នាក់ បានប្រគេនចីវរ ដល់ភិក្ខុនីឈ្មោះ ចីរា។

[៣១៦] គ្រានោះឯង យក្សមានសេចក្តីជ្រះថ្លាក្រៃពេក ចំពោះចីរាភិក្ខុនី ក៏ដើរចេញពីច្រកមួយ ចូលទៅកាន់ច្រកមួយ ចេញពីផ្លូវត្រឡែងកែងមួយ ចូលទៅកាន់ផ្លូវត្រឡែងកែងមួយ ក្នុងក្រុងរាជគ្រឹះ ហើយពោលគាថានេះ ក្នុងវេលានោះថា

ឧបាសកណា បានប្រគេនចីវរ ដល់ចីរាភិក្ខុនី ដែលមានចិត្តរួចស្រឡះ ចាកគន្ថធម៌ទាំងអស់ ឧបាសកនេះ ឈ្មោះថា អ្នកមានប្រាជ្ញាពិត ហើយបានប្រទះនូវបុណ្យច្រើន។

អាឡវកសូត្រ ទី១២

(១២. អាឡវកសុត្តំ)

[៣១៧] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងលំនៅ របស់យក្សឈ្មោះ អាឡវកៈ ក្នុងដែនអាឡវី។ គ្រានោះឯង អាឡវកយក្ស ចូលទៅរកព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ទើបពោលនឹងព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រសមណៈ ចូរលោកចេញទៅ។ ព្រះមានព្រះភាគ ទទួលថា ម្នាលអាវុសោ ប្រពៃហើយ ដូច្នេះ ក៏ស្តេចចេញទៅ។ អាឡវកយក្ស ពោលថា ម្នាលសមណៈ ចូរលោកមកវិញ។ ព្រះមានព្រះភាគ ទទួលថា ម្នាលអាវុសោ ប្រពៃហើយ ដូច្នេះ ក៏ស្តេចចូលមកវិញ។ អាឡវកយក្ស បានពោលនឹងព្រះមានព្រះភាគ យ៉ាងនេះ អស់វារៈពីរដងថា ម្នាលសមណៈ ចូរលោកចេញទៅ។ ព្រះមានព្រះភាគ ក៏ទទួលថា ម្នាលអាវុសោ ប្រពៃហើយ ដូច្នេះ ក៏ចេញទៅ។ អាឡវកយក្ស ពោលថា ម្នាលសមណៈ ចូរលោកចូលមកវិញ។ ព្រះមានព្រះភាគ ទទួលថា ម្នាលអាវុសោ ប្រពៃហើយ ដូច្នេះ ក៏ចូលមកវិញ។ អាឡវកយក្ស បានពោលនឹងព្រះមានព្រះភាគ យ៉ាងនេះ ជាគំរប់បីដងថា ម្នាលសមណៈ ចូរលោកចេញទៅវិញ។ ព្រះមានព្រះភាគ ទទួលថា ម្នាលអាវុសោ ប្រពៃហើយ ដូច្នេះ ក៏ស្តេចចេញទៅ។ អាឡវកយក្ស ពោលថា ម្នាលសមណៈ ចូរលោកចូលមកវិញ។ ព្រះមានព្រះភាគ ទទួលថា ម្នាលអាវុសោ ប្រពៃហើយ ដូច្នេះ ក៏ទ្រង់ចូលមកវិញ។

[៣១៨] អាឡវកយក្ស បានពោលនឹងព្រះមានព្រះភាគ អស់វារៈ៤ដងទៀតថា ម្នាលសមណៈ ចូរលោកចេញទៅវិញ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលអាវុសោ តថាគតនឹងមិនចេញទៅទេ កិច្ចណា អ្នកឯងត្រូវធ្វើ ចូរអ្នកឯង ធ្វើកិច្ចនោះចុះ។ ម្នាលសមណៈ ខ្ញុំនឹងសួរប្រស្នា ចំពោះលោក បើលោកមិនដោះប្រស្នាខ្ញុំទេ ខ្ញុំនឹងបន្សាត់ចិត្តលោក ឬវះហឫទ័យរបស់លោក ពុំនោះសោត ខ្ញុំនឹងចាប់ជើងលោកបោះទៅ ក្នុងត្រើយខាងនាយ នៃទន្លេគង្គា។ ព្រះមានព្រះភាគ ត្រាស់ថា ម្នាលអាវុសោ បុគ្គលណា បន្សាត់ចិត្តតថាគត ឬវះហឫទ័យ ឬក៏ចាប់ជើងគ្រវែងទៅ ក្នុងត្រើយខាងនាយ នៃទន្លេគង្គា តថាគត មិនដែលឃើញបុគ្គលនោះសោះ ក្នុងលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក និងពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ព្រមទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស ម្នាលអាវុសោ បើដូច្នោះ ចូរអ្នកឯងសួរប្រស្នា ដែលអ្នកឯងប៉ុនប៉ងសួរចុះ។

[៣១៩] អាឡវកយក្ស សួរថា អ្វីហ្ន៎ ជាទ្រព្យប្រសើរ របស់បុរសក្នុងលោកនេះ អ្វីហ្ន៎ ដែលបុគ្គលសន្សំដោយប្រពៃហើយ នាំសេចក្តីសុខមកឲ្យ របស់អ្វី ដែលមានរសឆ្ងាញ់ វិសេសជាងរសទាំងឡាយ ពួកអ្នកប្រាជ្ញពោលថា បុគ្គលដែលរស់នៅ ដូចម្តេច ឈ្មោះថា រស់នៅប្រសើរ។

[៣២០] ព្រះអង្គត្រាស់ថា សទ្ធាជាទ្រព្យប្រសើរ របស់បុរសក្នុងលោកនេះ សុចរិតធម៌ ដែលបុគ្គលសន្សំដោយប្រពៃ តែងនាំសេចក្តីសុខមកឲ្យ ពាក្យពិត ជារសឆ្ងាញ់ វិសេសជាងរសទាំងឡាយ ពួកអ្នកប្រាជ្ញពោលថា បុគ្គលដែលរស់នៅ ដោយប្រាជ្ញា ឈ្មោះថា រស់នៅប្រសើរ។

[៣២១] អា. បុគ្គលឆ្លងអន្លង់បាន ដោយអ្វីហ្ន៎ ឆ្លងសមុទ្របាន ដោយអ្វី បុគ្គលកន្លងសេចក្តីទុក្ខបាន ដោយអ្វី បរិសុទ្ធបាន ដោយអ្វី។

[៣២២] ព. បុគ្គលឆ្លងអន្លង់បាន ដោយសទ្ធា ឆ្លងសមុទ្របាន ដោយសេចក្តីមិនប្រមាទ កន្លងសេចក្តីទុក្ខបាន ដោយសេចក្តីព្យាយាម បរិសុទ្ធបាន ដោយប្រាជ្ញា។

[៣២៣] អា. បុគ្គលបានប្រាជ្ញាដោយអ្វី បានទ្រព្យដោយអ្វី ដល់នូវសេចក្តីសរសើរដោយអ្វី ចងពួកមិត្របាន ដោយអ្វី បុគ្គលលះលោកនេះ ទៅកាន់លោកខាងមុខ មិនសោកសៅ ក្នុងលោកខាងមុខ ដោយអ្វី។

[៣២៤] ព. បុគ្គលជឿធម៌របស់ព្រះអរហន្តទាំងឡាយ រមែងប្រព្រឹត្តទៅ ដើម្បីដល់ព្រះនិព្វាន បុគ្គលមានប្រាជ្ញា មិនប្រមាទ កាលស្តាប់ដោយប្រពៃ រមែងបាននូវប្រាជ្ញា បុគ្គលមានការងារសមតាមកាល មានធុរៈ (មិនទំលាក់ចោល) ជាអ្នកតស៊ូ រមែងបាននូវទ្រព្យ បុគ្គលដល់នូវសេចក្តីសរសើរ ដោយសច្ចៈ បុគ្គលអ្នកឲ្យ រមែងចងពួកមិត្របាន បុគ្គលដែលមានសទ្ធា គ្រប់គ្រងផ្ទះ ត្រូវមានធម៌៤ប្រការនេះ គឺ សច្ចៈ (ពាក្យពិត)១ ទមៈ (ការទូន្មាន)១ ថិតិ (សេចក្តីអត់ធន់)១ ចាគៈ (ការបរិច្ចាគ)១ រមែងមិនសោកសៅ ក្នុងលោកខាងមុខ ដោយពិត បើដូច្នោះ ចូរអ្នកសួរពួកសមណព្រាហ្មណ៍ឯទៀត ឲ្យច្រើនគ្នាចុះ ក្រែងមានធម៌ណាក្នុងលោកនេះ វិសេសជាងសច្ចៈ ទមៈ ចាគៈ ខន្តិ ទៅទៀត។

[៣២៥] អា. ក្នុងវេលានេះ ខ្ញុំនឹងសួរពួកសមណព្រាហ្មណ៍ច្រើនគ្នា ដូចម្តេចបាន (ព្រោះ) ខ្ញុំទើបតែនឹងដឹងប្រយោជន៍ ក្នុងបរលោកក្នុងថ្ងៃនេះ ដោយសារព្រះពុទ្ធស្តេចមកគង់ ក្នុងដែនអាឡវី ជាប្រយោជន៍ដល់ខ្ញុំ ខ្ញុំទើបតែនឹងដឹងក្នុងថ្ងៃនេះថា ទានដែលគេឲ្យ ចំពោះបុគ្គលណា មានផលច្រើន ខ្ញុំនឹងចេញពីស្រុកមួយ ទៅស្រុកមួយ ចេញពីបុរីមួយ ទៅបុរីមួយ នមស្ការនូវព្រះសម្ពុទ្ធផង ព្រះធម៌ដ៏ប្រសើរផង។

ចប់ យក្ខសំយុត្ត។

ឧទ្ទាននៃ យក្ខសំយុត្ត នោះគឺ

សូត្រមាន១២ គឺ ឥន្ទកសូត្រ១ សក្កសូត្រ១ សូចិលោមសូត្រ១ មណិភទ្ទសូត្រ១ សានុសូត្រ១ បិយង្ករសូត្រ១ បុនព្វសុសូត្រ១ សុទត្តសូត្រ១ សុក្កាសូត្រ២ ចីរាសូត្រ១ អាឡវកសូត្រ១។

សក្កសំយុត្ត (ទី១១)

(១១. សក្កសំយុត្តំ)

សុវីរវគ្គ ទី១

(១. បឋមវគ្គោ)

សុវីរសូត្រ ទី១

(១. សុវីរសុត្តំ)

[៣២៦] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ ក្នុងទីនោះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ។ ពួកភិក្ខុនោះ ទទួលស្តាប់ព្រះពុទ្ធដីកាព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន។

[៣២៧] ព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ កាលពីព្រេងនាយមក មានពួកអសុរ ច្បាំងតគ្នានឹងពួកទេវតា។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង សក្កទេវរាជ ជាធំជាងពួកទេវតា បានហៅទេវបុត្តឈ្មោះ សុវីរៈ មកថា ម្នាលបាសុវីរៈ ពួកអសុរទាំងនុ៎ះ ច្បាំងតគ្នានឹងពួកទេវតា ម្នាលបាសុវីរៈ ចូរអ្នកទៅតតាំងនឹងពួកអសុរនុ៎ះ។ ម្នាលភិក្ខុទាំងឡាយ សុវីរទេវបុត្ត ទទួលទេវបញ្ជា របស់សក្កទេវរាជ ជាធំជាងទេវតាទាំងឡាយថា ព្រះករុណាថ្លៃវិសេស យ៉ាងនេះហើយ ក៏ធ្វើពួកអសុរ ឲ្យដល់នូវសេចក្តីប្រមាទ។ ម្នាលភិក្ខុទាំងឡាយ សក្កទេវរាជ ជាធំជាងពួកទេវតា បានហៅសុវីរទេវបុត្តមក អស់វារៈ២ដងទៀតថា ម្នាលបាសុវីរៈ ពួកអសុរទាំងនុ៎ះ ច្បាំងតគ្នានឹងពួកទេវតា ម្នាលបាសុវីរៈ ចូរអ្នកទៅតតាំងនឹងពួកអសុរចុះ។ ម្នាលភិក្ខុទាំងឡាយ សុវីរទេវបុត្ត ទទួលទេវបញ្ជា របស់សក្កទេវរាជ ជាធំជាងពួកទេវតាថា ព្រះករុណាថ្លៃវិសេស យ៉ាងនេះហើយ ក៏ធ្វើពួកអសុរ ឲ្យដល់នូវសេចក្តីប្រមាទ អស់វារៈ២ដង។ ម្នាលភិក្ខុទាំងឡាយ សក្កទេវរាជ ជាធំជាងពួកទេវតា បានហៅសុវីរទេវបុត្តមក អស់វារៈ៣ដងទៀតថា ម្នាលបាសុវីរៈ ពួកអសុរទាំងនុ៎ះ ច្បាំងតគ្នានឹងពួកទេវតា ម្នាលបាសុវីរៈ ចូរអ្នកទៅតតាំងនឹងពួកអសុរចុះ។ ម្នាលភិក្ខុទាំងឡាយ សុវីរទេវបុត្ត ទទួលទេវបញ្ជា របស់សក្កទេវរាជ ជាធំជាងពួកទេវតាថា ព្រះករុណាថ្លៃវិសេស យ៉ាងនេះហើយ ក៏ធ្វើពួកអសុរ ឲ្យដល់នូវសេចក្តីប្រមាទ អស់វារៈ៣ដងទៀត។

[៣២៨] ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង សក្កទេវរាជ ជាធំជាងពួកទេវតា បានពោលគាថា នឹងសុវីរទេវបុត្តថា

បុគ្គល កាលមិនតស៊ូ មិនព្យាយាមទេ តែងបានសេចក្តីសុខ ក្នុងទីណា ម្នាលសុវីរៈ ចូរអ្នកទៅក្នុងទីនោះចុះ ចូរអ្នកធ្វើអញឲ្យដល់ក្នុងទីនោះផង។

[៣២៩] សុវីរទេវបុត្ត ទូលថា

បុគ្គលខ្ជិលច្រអូស ជាអ្នកមិនតស៊ូ មិនធ្វើកិច្ចការដែលត្រូវធ្វើ តែជាអ្នកសម្រេច នូវសេចក្តីប្រាថ្នាគ្រប់ចំពូក បពិត្រសក្កទេវរាជ សូមព្រះអង្គទ្រង់បង្ហាញ នូវកន្លែងដ៏ប្រសើរនោះ ដល់ខ្ញុំព្រះអង្គ។

[៣៣០] សក្កទេវរាជត្រាស់ថា

បុគ្គលខ្ជិលច្រអូស ជាអ្នកមិនតស៊ូ ដល់នូវសេចក្តីសុខ ដោយចំណែកមួយក្នុងទីណា ម្នាលសុវីរៈ ចូរអ្នកទៅក្នុងទីនោះចុះ ចូរអ្នកធ្វើអញឲ្យដល់ក្នុងទីនោះផង។

[៣៣១] សុវីរទេវបុត្ត ទូលថា

បពិត្រសក្កទេវរាជ ដ៏ប្រសើរជាងទេវតា យើងបានសេចក្តីសុខណា ដោយមិនបាច់ធ្វើការងារ បពិត្រសក្កទេវរាជ សូមទ្រង់បង្ហាញសេចក្តីសុខដ៏ប្រសើរ ដែលមិនមានសោកសៅ មិនមានសេចក្តីចង្អៀតចង្អល់ចិត្តនោះ ដល់ខ្ញុំព្រះអង្គផង។

[៣៣២] សក្កទេវរាជ តបថា

ប្រសិនបើបុគ្គលណាមួយ មិនរស់នៅក្នុងកន្លែងណាមួយ ដោយឥតមានការងារ ផ្លូវនោះឯងហើយ ជាផ្លូវព្រះនិព្វាន ម្នាលសុវីរៈ ចូរអ្នកទៅក្នុងទីនោះចុះ ចូរអ្នកធ្វើអញឲ្យដល់ក្នុងទីនោះផង។

[៣៣៣] ម្នាលភិក្ខុទាំងឡាយ អម្បាលដូចយ៉ាងសក្កទេវរាជ ជាធំជាងពួកទេវតា កំពុងសោយផលបុណ្យរបស់ខ្លួន សោយរាជ្យជាឥស្សរាធិបតី ជាងពួកទេវតា នៅឋានតាវត្តិង្ស ម្តេចគង់សរសើរសេចក្តីប្រឹងប្រែង និងការព្យាយាមដែរ។ ម្នាលភិក្ខុទាំងឡាយ ចូរអ្នកទាំងឡាយធ្វើការណ៍នុ៎ះ ឲ្យល្អក្នុងធម្មវិន័យចុះ ព្រោះថា អ្នកទាំងឡាយ បានបួសក្នុងធម៌វិន័យ ដែលតថាគត សំដែងហើយ ដោយប្រពៃយ៉ាងនេះ គួរណាស់តែរវៀសរវៃ ប្រឹងប្រែង ព្យាយាម ដើម្បីដល់នូវមគ្គផល ដែលខ្លួនមិនទាន់ដល់ ដើម្បីបាននូវមគ្គផល ដែលខ្លួនមិនទាន់បាន ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវធម៌ ដែលខ្លួនមិនទាន់ធ្វើឲ្យជាក់ច្បាស់ កុំបីអាក់ខានឡើយ។

សុសិមសូត្រ ទី២

(២. សុសីមសុត្តំ)

[៣៣៤] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ ក្នុងទីនោះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ។ ពួកភិក្ខុនោះ ទទួលព្រះពុទ្ធដីកា របស់ព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ។

[៣៣៥] ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ពីព្រេងនាយមក មានពួកអសុរ ច្បាំងតនឹងពួកទេវតា។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង សក្កទេវរាជ ជាធំជាងពួកទេវតា បានហៅសុសិមទេវបុត្តមកថា ម្នាលបាសុសិមៈ ពួកអសុរទាំងនុ៎ះ ច្បាំងនឹងពួកទេវតា ម្នាលបាសុសិមៈ ចូរអ្នកទៅតតាំងនឹងពួកអសុរចុះ។ ម្នាលភិក្ខុទាំងឡាយ សុសិមទេវបុត្ត ទទួលទេវបញ្ជា របស់សក្កទេវរាជ ជាធំជាងពួកទេវតាថា ព្រះករុណាថ្លៃវិសេស យ៉ាងនេះហើយ ក៏ធ្វើពួកអសុរ ឲ្យដល់នូវសេចក្តីប្រមាទ។ ម្នាលភិក្ខុទាំងឡាយ សក្កទេវរាជ ជាធំជាងពួកទេវតា ត្រាស់ហៅសុសិមទេវបុត្ត អស់វារៈ២ដងទៀត។បេ។ ធ្វើពួកអសុរឲ្យដល់នូវសេចក្តីប្រមាទ អស់វារៈ២ដងទៀត។ ម្នាលភិក្ខុទាំងឡាយ សក្កទេវរាជ ជាធំជាងពួកទេវតា ត្រាស់ហៅសុសិមទេវបុត្តមក អស់វារៈ៣ដងថា ម្នាលបាសុសិមៈ ពួកអសុរទាំងនុ៎ះ ច្បាំងនឹងពួកទេវតា ម្នាលបាសុសិមៈ ចូរអ្នកទៅតតាំង នឹងពួកអសុរចុះ។ ម្នាលភិក្ខុទាំងឡាយ សុសិមទេវបុត្ត ទទួលទេវបញ្ជា របស់សក្កទេវរាជ ជាធំជាងពួកទេវតាថា ព្រះករុណាថ្លៃវិសេស យ៉ាងនេះហើយ ក៏ធ្វើពួកអសុរ ឲ្យដល់នូវសេចក្តីប្រមាទ អស់វារៈ៣ដងទៀត។

[៣៣៦] ម្នាលភិក្ខុទាំងឡាយ ទើបសក្កទេវរាជ ជាធំជាងពួកទេវតា បានពោលគាថា នឹងសុសិមទេវបុត្តថា

បុគ្គល កាលមិនតស៊ូ មិនព្យាយាមទេ បានសេចក្តីសុខក្នុងទីណា ម្នាលសុសិមៈ ចូរអ្នកទៅក្នុងទីនោះចុះ ចូរអ្នកធ្វើអញឲ្យដល់ក្នុងទីនោះផង។

[៣៣៧] សុសិមទេវបុត្តទូលថា

បុគ្គលខ្ជិលច្រអូស ជាអ្នកមិនតស៊ូ មិនធ្វើកិច្ចការដែលត្រូវធ្វើ តែជាអ្នកសម្រេចនូវសេចក្តីប្រាថ្នាគ្រប់ចំពូក បពិត្រសក្កៈ សូមព្រះអង្គទ្រង់បង្ហាញ នូវកន្លែងដ៏ប្រសើរនោះ ដល់ខ្ញុំព្រះអង្គ។

[៣៣៨] សក្កទេវរាជ តបថា

បុគ្គលខ្ជិលច្រអូស ជាអ្នកមិនតស៊ូ ដល់នូវសេចក្តីសុខ ដោយចំណែកមួយ ក្នុងទីណា ម្នាលសុសិមៈ ចូរអ្នកទៅក្នុងទីនោះចុះ ចូរអ្នកធ្វើអញឲ្យដល់ ក្នុងទីនោះផង។

[៣៣៩] សុសិមទេវបុត្តទូលថា

បពិត្រសក្កទេវរាជ ដ៏ប្រសើរជាងទេវតា យើងបានសេចក្តីសុខណា ដោយមិនបាច់ធ្វើការងារ បពិត្រសក្កទេវរាជ សូមទ្រង់បង្ហាញសេចក្តីសុខដ៏ប្រសើរ ដែលមិនមានសេចក្តីសោកសៅ មិនមានសេចក្តីតឹងចិត្តនោះ ដល់ខ្ញុំព្រះអង្គផង។

[៣៤០] សក្កទេវរាជ តបថា

ប្រសិនបើអ្នកណាមួយ មិនរស់នៅក្នុងទីណាមួយ ដោយមិនធ្វើការងារទេ ផ្លូវនោះឯងហើយ ជាផ្លូវព្រះនិព្វាន ម្នាលសុសិមៈ ចូរអ្នកទៅក្នុងទីនោះចុះ ចូរអ្នកធ្វើអញឲ្យដល់ ក្នុងទីនោះផង។

[៣៤១] ម្នាលភិក្ខុទាំងឡាយ អម្បាលយ៉ាងសក្កទេវរាជ ជាធំជាងពួកទេវតានោះ កំពុងសោយផលបុណ្យរបស់ខ្លួន សោយរាជ្យជាឥស្សរាធិបតី ជាងទេវតាទាំងឡាយ នៅឋានតាវត្តិង្ស ម្តេចគង់សរសើរសេចក្តីប្រឹងប្រែង និងការព្យាយាមដែរ។ ម្នាលភិក្ខុទាំងឡាយ ចូរអ្នកទាំងឡាយ ធ្វើការណ៍នុ៎ះឲ្យល្អ ក្នុងសាសនានេះចុះ ព្រោះថា អ្នកទាំងឡាយ បានបួសក្នុងធម៌វិន័យ ដែលតថាគត សំដែងហើយ ដោយប្រពៃយ៉ាងនេះ គួររវៀសរវៃ ប្រឹងប្រែង ព្យាយាម ដើម្បីដល់នូវមគ្គផល ដែលខ្លួនមិនទាន់ដល់ ដើម្បីត្រាស់ដឹងនូវធម៌ ដែលខ្លួនមិនទាន់ត្រាស់ដឹង ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវព្រះនិព្វាន ដែលខ្លួនមិនទាន់ធ្វើឲ្យជាក់ច្បាស់ កុំបីអាក់ខានឡើយ។

ធជគ្គសូត្រ ទី៣

(៣. ធជគ្គសុត្តំ)

[៣៤២] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ ព្រះមានព្រះភាគ ត្រាស់ហៅភិក្ខុទាំងឡាយ ក្នុងទីនោះថា ម្នាលភិក្ខុទាំងឡាយ។ ពួកភិក្ខុទាំងនោះ ទទួលព្រះបន្ទូលព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។

[៣៤៣] ព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ រឿងធ្លាប់មានមកថា សង្គ្រាមទេវតា និងអសុរ បានផ្គុំគ្នា (ប្រទល់គ្នា) ហើយ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង ទេវរាជ ឈ្មោះសក្កៈ ជាធំជាងទេវតាទាំងឡាយ បានហៅពួកទេវតា ក្នុងឋានតាវត្តិង្សមកថា ម្នាលគ្នាយើង កាលបើពួកទេវតា ចូលកាន់សង្គ្រាមហើយ សេចក្តីខ្លាច សេចក្តីរន្ធត់ ឬសេចក្តីព្រឺរោម កើតឡើង ពួកអ្នកគប្បីក្រឡេកមើលចុងទង់ជ័យរបស់ខ្ញុំ ក្នុងសម័យនោះចុះ។ ព្រោះថា កាលបើអ្នកទាំងឡាយ ក្រឡេកមើលចុងទង់ជ័យរបស់ខ្ញុំ សេចក្តីខ្លាច សេចក្តីរន្ធត់ ឬសេចក្តីព្រឺរោម ណា នឹងកើតឡើង សេចក្តីខ្លាចជាដើមនោះ មុខជានឹងស្ងប់រម្ងាប់ទៅវិញ។ បើពួកអ្នកមិនក្រឡេកមើលចុងទង់ជ័យរបស់ខ្ញុំទេ ក៏ត្រូវតែក្រឡេកមើលចុងទង់ជ័យ នៃទេវរាជឈ្មោះបជាបតិចុះ។ ព្រោះថា កាលបើពួកអ្នកក្រឡេកមើលចុងទង់ជ័យ នៃទេវរាជឈ្មោះ បជាបតិ សេចក្តីខ្លាច សេចក្តីរន្ធត់ ឬសេចក្តីព្រឺរោម ណា នឹងកើតឡើង សេចក្តីខ្លាចជាដើមនោះ នឹងស្ងប់រម្ងាប់ទៅវិញបាន។ បើអ្នកទាំងឡាយ មិនក្រឡេកមើលចុងទង់ជ័យ នៃទេវរាជឈ្មោះ បជាបតិទេ ក៏ត្រូវក្រឡេកមើលចុងទង់ជ័យ នៃទេវរាជឈ្មោះ វរុណៈ។ ព្រោះថា កាលបើពួកអ្នក ក្រឡេកមើលចុងទង់ជ័យ នៃទេវរាជ ឈ្មោះវរុណៈ សេចក្តីខ្លាច សេចក្តីរន្ធត់ ឬសេចក្តីព្រឺរោម ណា នឹងកើតឡើង សេចក្តីខ្លាចជាដើមនោះ នឹងស្ងប់រម្ងាប់ទៅវិញ។ បើពួកអ្នកមិនក្រឡេកមើលចុងទង់ជ័យ នៃទេវរាជ ឈ្មោះវរុណៈទេ ត្រូវតែក្រឡេកមើលចុងទង់ជ័យ នៃទេវរាជឈ្មោះ ឦសានៈ។ ព្រោះថា កាលបើពួកអ្នក ក្រឡេកមើលចុងទង់ជ័យ នៃទេវរាជ ឈ្មោះ ឦសាន សេចក្តីខ្លាច សេចក្តីរន្ធត់ ឬសេចក្តីព្រឺរោម ណា នឹងកើតឡើង សេចក្តីខ្លាចជាដើមនោះ នឹងស្ងប់រម្ងាប់ទៅវិញ។ ម្នាលភិក្ខុទាំងឡាយ កាលបើពួកទេវតា ក្រឡេកមើលចុងទង់ជ័យនោះ នៃទេវរាជ ឈ្មោះសក្កៈ ជាធំជាងទេវតាទាំងឡាយក្តី ក្រឡេកមើលចុងទង់ជ័យ នៃទេវរាជ ឈ្មោះបជាបតិក្តី ក្រឡេកមើលចុងទង់ជ័យ នៃទេវរាជ ឈ្មោះវរុណៈក្តី ក្រឡេកមើលចុងទង់ជ័យ នៃទេវរាជ ឈ្មោះឦសានៈក្តី សេចក្តីខ្លាច សេចក្តីរន្ធត់ ឬសេចក្តីព្រឺរោម ណា នឹងកើតឡើង សេចក្តីខ្លាចជាដើមនោះ ក៏នឹងស្ងប់រម្ងាប់ ចួនកាន មិនស្ងប់រម្ងាប់ក៏មានខ្លះ សេចក្តីនោះ ព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ព្រោះថា សក្កទេវានមិន្ទ មិនទាន់ប្រាសចាករាគៈ មិនទាន់ប្រាសចាកទោសៈ មិនទាន់ប្រាសចាកមោហៈ ជាអ្នកនៅខ្លាច នៅរន្ធត់ នៅតក់ស្លុត រត់ចេញនៅឡើយ។

[៣៤៤] ម្នាលភិក្ខុទាំងឡាយ ចំណែកតថាគត ពោលយ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ បើពួកអ្នកនៅក្នុងព្រៃ ឬនៅទៀបគល់ឈើ ឬនៅក្នុងផ្ទះស្ងាត់ សេចក្តីខ្លាចក្តី សេចក្តីរន្ធត់ក្តី ឬសេចក្តីព្រឺរោមក្តី កើតឡើង ពួកអ្នកគប្បីរឭករឿយៗ នូវតថាគត ក្នុងសម័យនោះថា ព្រះមានព្រះភាគអង្គនោះ ជាព្រះអរហន្ត សម្មាសម្ពុទ្ធ បរិបូណ៌ដោយវិជ្ជា និងចរណៈ ជាព្រះសុគត ទ្រង់ជ្រាបច្បាស់នូវលោក ព្រះអង្គប្រសើរបំផុត ជាសារថីទូន្មាននូវបុរស ជាសាស្តានៃទេវតា និងមនុស្ស ជាព្រះពុទ្ធ ទ្រង់ចែកនូវធម៌។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា បើពួកអ្នករលឹករឿយៗ នូវតថាគត សេចក្តីខ្លាចក្តី សេចក្តីរន្ធត់ក្តី សេចក្តីព្រឺរោមក្តី ណា នឹងកើតឡើង សេចក្តីខ្លាចជាដើមនោះ មុខជាស្ងប់រម្ងាប់ទៅ។ បើពួកអ្នកមិនរឭករឿយៗ នូវតថាគតទេ គប្បីរឭករឿយៗ នូវព្រះធម៌ថា ធម៌ដែលព្រះមានព្រះភាគ ទ្រង់ត្រាស់សំដែងហើយដោយល្អ ជាធម៌ដែលព្រះអរិយបុគ្គល គប្បីឃើញច្បាស់ដោយខ្លួនឯង ជាធម៌ឲ្យផល មិនរង់ចាំកាល ជាធម៌ដែលព្រះអរិយបុគ្គល គួរហៅបុគ្គលដទៃ ឲ្យចូលមកមើលបាន ជាធម៌ដែលព្រះអរិយបុគ្គល គួរបង្អោនចូលមកទុកក្នុងចិត្តបាន ជាធម៌ដែលវិញ្ញូជនទាំងឡាយ គប្បីដឹងច្បាស់ក្នុងចិត្តនៃខ្លួន។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា កាលបើអ្នកទាំងឡាយ រឭករឿយៗ នូវធម៌ សេចក្តីខ្លាច សេចក្តីរន្ធត់ ឬសេចក្តីព្រឺរោម ណា នឹងកើតឡើង សេចក្តីខ្លាចជាដើមនោះ មុខជានឹងស្ងប់រម្ងាប់ទៅបាន។ បើអ្នកទាំងឡាយ មិនរឭកនូវធម៌ទេ គប្បីរឭកនូវសង្ឃថា ព្រះសង្ឃសាវ័កនៃព្រះមានព្រះភាគ លោកប្រតិបត្តិហើយដោយប្រពៃ ព្រះសង្ឃសាវ័កនៃព្រះមានព្រះភាគ លោកប្រតិបត្តិហើយដោយត្រង់ ព្រះសង្ឃសាវ័កនៃព្រះមានព្រះភាគ លោកប្រតិបត្តិហើយ ដើម្បីព្រះនិព្វាន ព្រះសង្ឃសាវ័កនៃព្រះមានព្រះភាគ លោកប្រតិបត្តិហើយ ដោយត្រឹមត្រូវ ព្រះសង្ឃសាវ័កនៃព្រះមានព្រះភាគ រាប់ជាគូនៃបុរស មាន៤គូ រាប់រៀងជាបុរសបុគ្គល មាន៨ ព្រះសង្ឃសាវ័កនៃព្រះមានព្រះភាគនុ៎ះ លោកគួរទទួលនូវគ្រឿងបូជា គួរទទួលនូវអាគន្តុកទាន គួរទទួលទក្ខិណាទាន គួរដល់អញ្ជលិកម្ម ជាបុញ្ញក្ខេត្តប្រសើរបំផុត របស់សត្វលោក។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា បើអ្នកទាំងឡាយ រឭកនូវសង្ឃ សេចក្តីខ្លាច សេចក្តីរន្ធត់ ឬសេចក្តីព្រឺរោម ណា នឹងកើតឡើង សេចក្តីខ្លាច ជាដើមនោះ មុខជានឹងស្ងប់រម្ងាប់ទៅបាន សេចក្តីនោះ ព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ព្រោះថា តថាគត ជាអរហន្ត សម្មាសម្ពុទ្ធ ប្រាសចាករាគៈ ប្រាសចាកទោសៈ ប្រាសចាកមោហៈ មិនខ្លាច មិនរន្ធត់ មិនតក់ស្លុត មិនរត់ចេញទេ។

[៣៤៥] ព្រះមានព្រះភាគ បានត្រាស់ព្រះពុទ្ធដីកានេះ លុះព្រះសុគត ត្រាស់នូវព្រះពុទ្ធដីកានេះហើយ លំដាប់នោះ ព្រះសាស្តា ទ្រង់ត្រាស់ព្រះពុទ្ធដីកានេះ តទៅទៀតថា

ម្នាលភិក្ខុទាំងឡាយ កាលបើអ្នករាល់គ្នា នៅក្នុងព្រៃ ឬទៀបគល់ឈើ ឬក្នុងផ្ទះស្ងាត់ គប្បីរឭករឿយៗ នូវព្រះសម្ពុទ្ធ ភ័យនឹងមិនមានដល់ពួកអ្នកទេ បើអ្នកទាំងឡាយ មិនបានរលឹកនូវព្រះពុទ្ធ ដែលជាធំបំផុតក្នុងលោក ជានរៈអង់អាចទេ គប្បីរឭកធម៌ ជាធម៌ស្រោចស្រង់សត្វ ដែលតថាគតសំដែងល្អហើយ បើអ្នកទាំងឡាយ មិនបានរឭកធម៌ ជាធម៌ស្រោចស្រង់សត្វ ដែលតថាគត សំដែងល្អហើយទេ គប្បីរឭកសង្ឃ ជាបុញ្ញក្ខេត្តប្រសើរបំផុត (របស់សត្វលោកចុះ)។ ម្នាលភិក្ខុទាំងឡាយ កាលបើអ្នករាល់គ្នា រឭកព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃយ៉ាងនេះ ភ័យក្តី សេចក្តីរន្ធត់ក្តី សេចក្តីព្រឺរោមក្តី នឹងមិនមានឡើយ។

វេបចិត្តិសូត្រ ទី៤

(៤. វេបចិត្តិសុត្តំ)

[៣៤៦] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។បេ។

[៣៤៧] ព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ រឿងធ្លាប់មានមកថា សង្គ្រាមទេវតា និង អសុរ បានប្រទល់គ្នាហើយ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង អសុរិន្ទ ឈ្មោះ វេបចិត្តិ បានហៅពួកអសុរមកថា ម្នាលពួកអ្នកនិទ៌ុក្ខ កាលបើសង្គ្រាមពួកទេវតា និងអសុរចួបប្រទះគ្នាហើយ ពួកអសុរឈ្នះ ពួកទេវតាចាញ់ ពួកអ្នកត្រូវចងសក្កទេវានមិន្ទនោះ ដោយចំណងទាំងឡាយ មានចំណងក ជាគំរប់ប្រាំ ហើយនាំមកកាន់អសុរបូរី ក្នុងសំណាក់របស់ខ្ញុំ។ ម្នាលភិក្ខុទាំងឡាយ ឯសក្កទេវានមិន្ទ ក៏បានហៅពួកទេវតា ក្នុងឋានតាវត្តិង្ស មកថា ម្នាលពួកអ្នកនិទ៌ុក្ខ កាលបើ សង្គ្រាមទេវតា និងអសុរ ចួបប្រទះគ្នាហើយ បើពួកទេវតាឈ្នះ ពួកអសុរចាញ់ ពួកអ្នកត្រូវចង វេបចិត្តិអសុរិន្ទ នោះ ដោយចំណងទាំងឡាយ មានចំណងក ជាគំរប់ប្រាំ ហើយនាំមកកាន់សុធម្មសភា ក្នុងសំណាក់របស់យើង។ ម្នាលភិក្ខុទាំងឡាយ ក៏ក្នុងសង្គ្រាមនោះ ពួកទេវតាឈ្នះ ពួកអសុរចាញ់។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង ពួកទេវតាក្នុងឋានតាវត្តិង្ស ចងវេបចិត្តិអសុរិន្ទ ដោយចំណងទាំងឡាយ មានចំណងក ជាគំរប់ប្រាំ ហើយនាំមកកាន់សុធម្មសភា ក្នុងសំណាក់សក្កទេវានមិន្ទ។

[៣៤៨] ម្នាលភិក្ខុទាំងឡាយ ក្នុងកាលនោះ បានឮថា វេបចិត្តិអសុរិន្ទ ដែលត្រូវពួកទេវតាចង ដោយចំណង មានចំណងក ជាគំរប់ប្រាំ ក៏ស្រែកជេរផ្តាសាសក្កទេវានមិន្ទ ដែលស្តេចចូលមកកាន់សុធម្មសភា ទាំងស្តេចចេញមកវិញ ដោយវាចា ជាអសប្បុរស ដ៏អាក្រក់។

[៣៤៩] ម្នាលភិក្ខុទាំងឡាយ លំដាប់នោះឯង មាតលិសង្គាហកទេវបុត្ត បាននិយាយនឹងសក្កទេវានមិន្ទ ដោយគាថាថា

បពិត្រមឃវសក្កទេវរាជ ព្រះអង្គឮវាចាអាក្រក់ របស់វេបចិត្តិអសុរិន្ទ ក្នុងទីចំពោះព្រះភក្ត្រហើយ ទ្រង់អត់ធ្មត់បាន តើព្រោះទ្រង់ខ្លាច ឬព្រោះទ្រង់មានកំឡាំងខ្សោយ។

[៣៥០] សក្កទេវរាជត្រាស់ថា ខ្ញុំឮវាចារបស់វេបចិត្តិអសុរិន្ទហើយ អត់ធ្មត់បាន មិនមែនព្រោះខ្លាច មិនមែនព្រោះមានកំឡាំងខ្សោយទេ តាមពិត អ្នកយល់ការណ៍ច្បាស់ ប្រហែលយ៉ាងខ្ញុំ ដូចម្តេចនឹងតបត ជាមួយបុគ្គលពាល។

[៣៥១] មា. បើព្រះអង្គមិនឃាត់ហាមបុគ្គលពាលទេ ពួកពាល នឹងរឹងរឹតតែឈ្លានពានឡើង ហេតុនោះ អ្នកប្រាជ្ញត្រូវហាមប្រាមបុគ្គលពាល ដោយអាជ្ញាដ៏ខ្លាំង។

[៣៥២] ស. អ្នកណាប្រកបដោយសតិ ដឹងថាអ្នកដទៃកំពុងក្រោធ ហើយទ្រាំអត់បាន ខ្ញុំសំគាល់នូវអ្នកនុ៎ះឯងថា ជាអ្នកឃាត់ហាមបុគ្គលពាល។

[៣៥៣] មា. បពិត្រវាសវៈ ខ្ញុំយល់ឃើញថា ការអត់ធន់នេះឯង ជាទោសវិញទេ (ព្រោះថា) បុគ្គលពាល រមែងសំគាល់អ្នកអត់ធន់នោះថា អ្នកនេះអត់ធន់ ព្រោះខ្លាចអញ ហេតុនោះ បានជាអ្នកឥតប្រាជ្ញា រមែងសង្កត់សង្កិនគេ ដូចជាគោ ព្រួតសង្កត់សង្កិនគោចាញ់ ដែលបោលទៅ។

[៣៥៤] ស. បុគ្គលពាលចង់សំគាល់ក្តី មិនសំគាល់ក្តី ថា អ្នកនេះអត់ធន់បាន ព្រោះខ្លាចអញ ក៏តាមការណ៍ចុះ តែថា ប្រយោជន៍ទាំងឡាយ មានប្រយោជន៍ខ្លួនជាសំខាន់ ប្រយោជន៍អ្វី ឲ្យក្រៃលែងជាខន្តី មិនមានទេ អ្នកណាមានកំឡាំង ជាអ្នកស្ងប់ ហើយអត់ឱន ចំពោះបុគ្គលមានកំឡាំងខ្សោយ បណ្ឌិតទាំងឡាយ សរសើរបុគ្គលនោះថា មានសេចក្តីអត់ទ្រាំ ដ៏ក្រៃលែង ព្រោះថា បុគ្គលមានកំឡាំងថយ តែងអត់ឱនជានិច្ច កំឡាំងរបស់ជនណា ជាកំឡាំងពាល បណ្ឌិតទាំងឡាយ ហៅកំឡាំងជននោះថា មិនមែនជាកំឡាំងទេ បុគ្គលជាអ្នកតិះដៀលជនមានកំឡាំង ជាអ្នកគ្រប់គ្រង់ធម៌ មិនមានទេ អ្នកណាខឹងតបនឹងបុគ្គលអ្នកខឹង សេចក្តីអាក្រក់ រមែងមានដល់អ្នកនោះឯង ព្រោះសេចក្តីខឹងតបនោះ បុគ្គលអ្នកមិនខឹងតបនឹងបុគ្គលអ្នកខឹង ឈ្មោះថា ឈ្នះនូវសង្គ្រាម ដែលឈ្នះបានដោយកម្រ បុគ្គលណាមានស្មារតី ដឹងថាបុគ្គលដទៃខឹង ហើយទ្រាំអត់បាន (បុគ្គលនោះ) ឈ្មោះថា ប្រព្រឹត្តនូវប្រយោជន៍ ដល់ជនទាំងពីរខាង គឺខ្លួនឯង១ អ្នកដទៃ១ កាលជនទាំងពីរខាង គឺខ្លួនឯង និងអ្នកដទៃ កំពុងសះជានឹងគ្នា ពួកជនណាសំគាល់ថា គេល្ងង់ (ពួកជននោះ) ឈ្មោះថា មិនយល់ធម៌ច្បាស់ទេ។

[៣៥៥] ម្នាលភិក្ខុទាំងឡាយ អម្បាលយ៉ាងសក្កទេវានមិន្ទនោះ ទ្រង់សោយផលបុណ្យរបស់ខ្លួន សោយរាជ្យ ជាឥស្សរាធិបតី លើទេវតាទាំងឡាយ ក្នុងឋានតាវត្តិង្ស ម្តេចគង់សរសើរគុណ សេចក្តីអត់ទ្រាំ និងសេចក្តីស្លូត។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ត្រូវញុំាងហេតុនោះ ឲ្យល្អក្នុងសាសនានេះចុះ ព្រោះថា អ្នកទាំងឡាយ បួសក្នុងធម្មវិន័យ ដែលតថាគតសំដែងហើយ ដោយប្រពៃយ៉ាងនេះ គួរតែជាអ្នកអត់ធន់ផង ស្លូតបូតផង។

សុភាសិតជយសូត្រ ទី៥

(៥. សុភាសិតជយសុត្តំ)

[៣៥៦] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ ក្នុងទីនោះឯង។បេ។

[៣៥៧] ព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ រឿងធ្លាប់មានមកថា សង្គ្រាមទេវតា និងអសុរ បានប្រទល់គ្នាហើយ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង វេបចិត្តិអសុរិន្ទបាននិយាយនឹងសក្កទេវានមិន្ទយ៉ាងនេះថា នែទេវានមិន្ទ ជ័យជំនះចូរមានដោយសុភាសិតចុះ។ សក្កទេវរាជតបថា ម្នាលវេបចិត្តិ ជ័យជំនះ ចូរមានដោយសុភាសិតចុះ។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះឯង ពួកទេវតា និងពួកអសុរ បានតាំងពួកបរិស័ទ (ជាសាក្សី) ថា ពួកបរិស័ទទាំងនេះ នឹងដឹងច្បាស់ នូវសុភាសិត ឬទុព្ភាសិតរបស់យើង។ ម្នាលភិក្ខុទាំងឡាយ ក្នុងកាលនោះ វេបចិត្តិអសុរិន្ទ បាននិយាយនឹងសក្កទេវានមិន្ទ យ៉ាងនេះថា នែទេវានមិន្ទ ចូរអ្នកពោលគាថាចុះ។ ម្នាលភិក្ខុទាំងឡាយ កាលវេបចិត្តិអសុរិន្ទ និយាយយ៉ាងនេះហើយ សក្កទេវានមិន្ទ បាននិយាយនឹងវេបចិត្តិអសុរិន្ទ យ៉ាងនេះថា នែវេបចិត្តិ ពួកអ្នកជាទេវតា កើតមុនក្នុងឋាននេះ នែវេបចិត្តិ ចូរអ្នកពោលគាថាមុនចុះ។

[៣៥៨] ម្នាលភិក្ខុទាំងឡាយ កាលបើសក្កទេវានមិន្ទ និយាយយ៉ាងនេះហើយ វេបចិត្តិអសុរិន្ទ បានពោលគាថានេះថា

បើបុគ្គលមិនឃាត់ហាមជនពាលទេ ពួកជនពាល នឹងរឹងរឹតតែឈ្លានពានឡើង ហេតុនោះ អ្នកប្រាជ្ញត្រូវឃាត់ហាមជនពាល ដោយអាជ្ញាដ៏ខ្លាំង។ ម្នាលភិក្ខុទាំងឡាយ ពួកអសុរ សប្បាយរីករាយនឹងគាថា ដែលវេបចិត្តិអសុរិន្ទ បានពោលហើយ តែពួកទេវតានៅស្ងៀម។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះឯង វេបចិត្តិអសុរិន្ទ បានពោលនឹងសក្កទេវានមិន្ទ យ៉ាងនេះថា នែទេវានមិន្ទ អ្នកឯងចូរពោលគាថាចុះ។

[៣៥៩] ម្នាលភិក្ខុទាំងឡាយ កាលបើវេបចិត្តិអសុរិន្ទ និយាយយ៉ាងនេះហើយ សក្កទេវានមិន្ទ បានពោលគាថានេះថា

អ្នកណាមានស្មារតី ដឹងថា អ្នកដទៃក្រោធ ហើយទ្រាំអត់បាន ខ្ញុំសំគាល់អ្នកនុ៎ះឯង ថាជាអ្នកឃាត់ហាមបុគ្គលពាល។

ម្នាលភិក្ខុទាំងឡាយ ពួកទេវតា សប្បាយរីករាយនឹងគាថា ដែលសក្កទេវានមិន្ទពោលហើយ តែពួកអសុរនៅស្ងៀម។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង សក្កទេវានមិន្ទបានពោល នឹងវេបចិត្តិអសុរិន្ទ យ៉ាងនេះថា ម្នាលវេបចិត្តិ អ្នកចូរពោលគាថាចុះ។

[៣៦០] ម្នាលភិក្ខុទាំងឡាយ កាលបើសក្កទេវានមិន្ទ និយាយយ៉ាងនេះហើយ វេបចិត្តិអសុរិន្ទ បានពោលគាថានេះថា

នែវាសវៈ ខ្ញុំយល់ឃើញថា សេចក្តីអត់ធន់នុ៎ះឯង ជាទោសវិញទេ ដ្បិតបុគ្គលពាល តែងសំគាល់អ្នកអត់ធន់នោះថា

អ្នកនេះអត់ធន់ ព្រោះតែខ្លាចអញ ហេតុនោះ បានជាបុគ្គលឥតប្រាជ្ញា រឹងរឹតតែសង្កត់សង្កិនគេ ដូចជាគោព្រួតសង្កត់សង្កិនគោដែលចាញ់ បោលទៅ។

ម្នាលភិក្ខុទាំងឡាយ ពួកអសុរសប្បាយរីករាយ នឹងគាថា ដែលវេបចិត្តិអសុរិន្ទពោលហើយ តែពួកទេវតានៅស្ងៀម។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះឯង វេបចិត្តិអសុរិន្ទបានពោលនឹងសក្កទេវានមិន្ទ យ៉ាងនេះថា នែទេវានមិន្ទ អ្នកចូរពោលគាថាចុះ។

[៣៦១] ម្នាលភិក្ខុទាំងឡាយ កាលបើវេបចិត្តិអសុរិន្ទ និយាយយ៉ាងនេះហើយ សក្កទេវានមិន្ទ បានពោលគាថាទាំងឡាយនេះថា

បុគ្គលពាលចង់សំគាល់ក្តី មិនសំគាល់ក្តីថា អ្នកនេះអត់ធន់ព្រោះតែខ្លាចអញ ក៏តាមការណ៍ចុះ តែថាប្រយោជន៍ទាំងឡាយ មានប្រយោជន៍ខ្លួនជាសំខាន់ ប្រយោជន៍អ្វីឲ្យក្រៃលែងជាងខន្តិ មិនមានទេ ជនណាមានកំឡាំង ជាអ្នកស្ងប់ ហើយអត់ឱន ចំពោះបុគ្គលមានកំឡាំងខ្សោយ បណ្ឌិតទាំងឡាយ សរសើរជននោះ ថាជាអ្នកមានសេចក្តីអត់ទ្រាំដ៏ក្រៃលែង ព្រោះថា បុគ្គលមានកំឡាំងថយ តែងអត់សង្កត់ជានិច្ច កំឡាំងរបស់ជនណា ជាកំឡាំងពាល បណ្ឌិតទាំងឡាយ ពោលសំដៅកំឡាំងជននោះថា មិនមែនជាកំឡាំងទេ ជនអ្នកតិះដៀល ចំពោះបុគ្គលអ្នកមានកំឡាំង ជាអ្នកមានធម៌គ្រប់គ្រង មិនមានទេ អ្នកណាខឹងតបនឹងបុគ្គលអ្នកខឹង សេចក្តីអាក្រក់ រមែងមានដល់អ្នកនោះឯង ព្រោះសេចក្តីខឹងតបនោះ ឯបុគ្គលអ្នកមិនខឹងតបនឹងបុគ្គលអ្នកខឹង ឈ្មោះថា ឈ្នះសង្គ្រាម ដែលឈ្នះបានដោយកម្រ បុគ្គលណាមានស្មារតី ដឹងថា បុគ្គលដទៃខឹង ហើយទ្រាំអត់បាន (បុគ្គលនោះ) ឈ្មោះថា ប្រព្រឹត្តនូវប្រយោជន៍ ដល់ជនទាំងពីរខាង គឺខ្លួនឯង១ អ្នកដទៃ១ កាលជនទាំងពីរខាង គឺខ្លួនឯង និងអ្នកដទៃ កំពុងសះជានឹងគ្នា ពួកជនណាសំគាល់ថាគេល្ងង់ (ពួកជននោះ) ឈ្មោះថា មិនយល់ធម៌ច្បាស់ទេ។

ម្នាលភិក្ខុទាំងឡាយ កាលបើសក្កទេវានមិន្ទ ពោលគាថាទាំងឡាយហើយ ពួកទេវតាក៏អនុមោទនា តែពួកអសុរនៅស្ងៀម។

[៣៦២] ម្នាលភិក្ខុទាំងឡាយ លំដាប់នោះឯង ពួកបរិស័ទរបស់ទេវតា និងអសុរ បាននិយាយគ្នា យ៉ាងនេះថា គាថាទាំងឡាយ ដែលវេបចិត្តិអសុរិន្ទពោលហើយ គាថាទាំងនោះ សុទ្ធតែប្រកបដោយការធ្លាក់ចុះក្នុងអាជ្ញា ប្រកបដោយការធ្លាក់ចុះក្នុងសស្ត្រា ឯសេចក្តីប្រកួតប្រកាន់ ក៏ព្រោះហេតុនេះ សេចក្តីទាស់ទែង ក៏ព្រោះហេតុនេះ ការឈ្លោះ ក៏ព្រោះហេតុនេះ ចំណែកគាថាទាំងឡាយ ដែលសក្កទេវានមិន្ទ ពោលហើយនោះឯង ជាគាថាមិនធ្លាក់ក្នុងអាជ្ញា មិនធ្លាក់ចុះក្នុងសស្ត្រា ឯការមិនប្រកួតប្រកាន់ ក៏ព្រោះហេតុនេះ ការមិនទាស់ទែង ក៏ព្រោះហេតុនេះ ការមិនឈ្លោះ ក៏ព្រោះហេតុនេះ សក្កទេវានមិន្ទ មានជ័យជំនះ ដោយសុភាសិត។ ម្នាលភិក្ខុទាំងឡាយ សក្កទេវានមិន្ទ មានជ័យជំនះ ដោយសារសុភាសិត ដូច្នេះឯង។

កុលាវកសូត្រ ទី៦

(៦. កុលាវកសុត្តំ)

[៣៦៣] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ រឿងធ្លាប់មានមកថា សង្គ្រាមនៃទេវតា និងអសុរ បានប្រទល់គ្នាហើយ។ ម្នាលភិក្ខុទាំងឡាយ ក៏ក្នុងសង្គ្រាមនោះឯង ពួកអសុរមានជ័យជំនះ ពួកទេវតាបរាជ័យ។ ម្នាលភិក្ខុទាំងឡាយ ពួកទេវតាចាញ់ហើយរត់ ឈមមុខទៅទិសខាងជើង ពួកអសុរក៏ដេញតាមពួកទេវតានោះៗ។

[៣៦៤] ម្នាលភិក្ខុទាំងឡាយ គ្រានោះ សក្កទេវានមិន្ទ បាននិយាយនឹងមាតលិសង្គាហកទេវបុត្ត ដោយគាថា ថា

ម្នាលមាតលិ សម្បុក (នៃពួកគ្រុឌ) នៅលើដើមរកា អ្នកចូរបំបែរមុខចន្ទោលរថចេញ ពួកយើងស៊ូលះជីវិត ចំពោះពួកអសុរដោយពិតចុះ កុំឲ្យតែពួកគ្រុឌទាំងនេះ ខ្ចាត់ខ្ចាយពីសម្បុកឡើយ។

ម្នាលភិក្ខុទាំងឡាយ មាតលិសង្គាហកទេវបុត្ត បានទទួលព្រះបន្ទូលសក្កទេវានមិន្ទថា បពិត្រព្រះអង្គដ៏ចំរើន យ៉ាងនេះហើយ ក៏ញាក់ត្រឡប់រថអាជានេយ្យ ដែលទឹមដោយសេះមួយពាន់។

[៣៦៥] ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង ពួកអសុរ ត្រិះរិះយ៉ាងនេះថា ឥឡូវនេះ សក្កទេវានមិន្ទ បត់រថអាជានេយ្យ ដែលទឹមដោយសេះមួយពាន់មកវិញហើយ ពួកទេវតានឹងតតាំងដោយពួកអសុរ ក្នុងលើកទី២ទៀត។ ពួកអសុរក៏ភិតភ័យ រត់ទៅកាន់អសុរបូរីវិញ។ ម្នាលភិក្ខុទាំងឡាយ សក្កទេវានមិន្ទ បានជ័យជំនះនេះដោយធម៌ ដូច្នេះឯង។

នទុព្ភិយសូត្រ ទី៧

(៧. នទុព្ភិយសុត្តំ)

[៣៦៦] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ រឿងធ្លាប់មានមកហើយថា សក្កទេវានមិន្ទ ទៅរកទីស្ងាត់ ពួនសម្ងំ ហើយកើតសេចក្តីត្រិះរិះ ក្នុងចិត្តយ៉ាងនេះថា បុគ្គលណាជាសត្រូវនឹងអាត្មាអញ អាត្មាអញ មិនត្រូវប្រទូស្តដល់សត្រូវនោះទេ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង វេបចិត្តិអសុរិន្ទ ដឹងនូវការត្រិះរិះ ក្នុងចិត្តរបស់ សក្កទេវានមិន្ទ ដោយចិត្តហើយ ក៏ចូលទៅរកសក្កទេវានមិន្ទ។

[៣៦៧] ម្នាលភិក្ខុទាំងឡាយ សក្កទេវានមិន្ទបានឃើញវេបចិត្តិអសុរិន្ទ កំពុងតែដើរមកអំពីចម្ងាយ លុះឃើញហើយ ក៏និយាយនឹងវេបចិត្តិអសុរិន្ទ យ៉ាងនេះថា ម្នាលវេបចិត្តិ អ្នកចូរឈប់ អ្នកឯងត្រូវយើងចាប់។ វេបចិត្តិអសុរិន្ទពោលថា បពិត្រលោកអ្នកនិទ៌ុក្ខ ចិត្តណារបស់លោក មានក្នុងកាលមុន បពិត្រលោកអ្នកនិទ៌ុក្ខ លោកលះបង់ នូវចិត្តនោះហើយឬ។ សក្កទេវរាជត្រាស់ថា ម្នាលវេបចិត្តិ អ្នកឯងចូរស្បថ ដើម្បីកុំឲ្យប្រទូស្តដល់យើងទៀតឡើយ។

[៣៦៨] បាបណា របស់អ្នកពោលនូវពាក្យមុសាវាទ បាបណា របស់អ្នកតិះដៀលព្រះអរិយៈ បាបណា របស់អ្នកទ្រុស្តមិត្ត បាបណា របស់បុគ្គលអកតញ្ញូ បពិត្រ សុជម្បតិ អ្នកណា ប្រទូស្តដល់លោក បាបនោះៗ ចូរបានទៅអ្នកនោះវិញចុះ។

វិរោចនអសុរិន្ទសូត្រ ទី៨

(៨. វេរោចនអសុរិន្ទសុត្តំ)

[៣៦៩] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ សម័យនោះឯង ព្រះមានព្រះភាគ ទ្រង់គង់សម្រាកក្នុងវេលាថ្ងៃ ទ្រង់សម្ងំ (ក្នុងសមាបត្តិ)។ គ្រានោះឯង សក្កទេវានមិន្ទ និងវិរោចនអសុរិន្ទ បានចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ឈរផ្អែកនឹងសន្លឹកទ្វារម្ខាងម្នាក់។

[៣៧០] លំដាប់នោះឯង វិរោចនអសុរិន្ទ បានពោលគាថានេះ ក្នុងសំណាក់ព្រះមានព្រះភាគថា

បុគ្គលជាបុរស (កូនប្រុស) ត្រូវតែខំប្រឹងឲ្យទាល់តែសម្រេចប្រយោជន៍ ព្រោះថា បុគ្គលជាបុរសឈ្មោះថាជាប្រយោជន៍សម្រេចល្អហើយ នេះជាពាក្យរបស់វិរោចនអសុរិន្ទ។

[៣៧១] ព្រះមានព្រះភាគត្រាស់ថា

បុគ្គលជាបុរស ត្រូវតែខំប្រឹងឲ្យទាល់តែសម្រេចប្រយោជន៍ ប្រយោជន៍ទាំងឡាយ (របស់បុរស) ឈ្មោះថា សម្រេចល្អហើយ ប៉ុន្តែ ប្រយោជន៍អ្វី ឲ្យក្រៃលែងជាជាងខន្តិ មិនមានទេ។

[៣៧២] វិរោចនអសុរិន្ទ តបថា

ពួកសត្វទាំងអស់ មានប្រយោជន៍សម្រេចហើយ តាមសមគួរដល់ការងារនោះៗ គ្រឿងបរិភោគ របស់ពួកសត្វទាំងអស់ មានការផ្សំ ត្រូវទុកជាសំខាន់បំផុត ប្រយោជន៍ទាំងឡាយ (របស់បុរស) ឈ្មោះថា សម្រេចល្អហើយ នេះជាពាក្យរបស់វិរោចនអសុរិន្ទ។

[៣៧៣] ព្រះមានព្រះភាគត្រាស់ថា

ពួកសត្វទាំងអស់ មានប្រយោជន៍សម្រេចហើយ តាមសមគួរដល់ការងារនោះៗ គ្រឿងបរិភោគរបស់សព្វសត្វ មានការផ្សំ ត្រូវទុកជាសំខាន់បំផុត ប្រយោជន៍ទាំងឡាយ (របស់បុរស) ឈ្មោះថា សម្រេចល្អហើយ ប៉ុន្តែប្រយោជន៍អ្វី ឲ្យក្រៃលែងជាងខន្តិ មិនមានទេ។

អារញ្ញកសូត្រ ទី៩

(៩. អរញ្ញាយតនឥសិសុត្តំ)

[៣៧៤] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ រឿងធ្លាប់មានមកថា ពួកឥសីច្រើនរូប ជាអ្នកមានសីល មានគុណធម៌ល្អ នៅអាស្រ័យក្នុងកុដិ ដែលប្រក់ដោយស្លឹកឈើ ក្នុងដងព្រៃ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង សក្កទេវានមិន្ទ និងវេបចិត្តិអសុរិន្ទ ចូលទៅរកពួកឥសីអ្នកមានសីល មានគុណធម៌ដ៏ល្អទាំងនោះ។

[៣៧៥] ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង វេបចិត្តិអសុរិន្ទ ពាក់ស្បែកឃើងដ៏ក្រាស់52) សៀតនូវព្រះខ័ន បាំងឆត្រដើរចូលទៅកាន់អាស្រមតាមទ្វារដ៏ប្រសើរ ដើរក្បែរពួកឥសីអ្នកមានសីល មានគុណធម៌ដ៏ល្អទាំងនោះ ចម្ងាយប្រមាណមួយព្យាម។ ម្នាលភិក្ខុទាំងឡាយ ចំណែកខាងសក្កទេវានមិន្ទ ដោះស្បែកជើងដ៏ក្រាស់ ប្រទានព្រះខ័ន ដល់ពួកទេវតាឯទៀត តែមិនដំឡោះឆត្រ ស្តេចចូលទៅកាន់អាស្រមតាមទ្វារខាង បានឈរធ្វើអញ្ជលិ នមស្ការពួកឥសី អ្នកមានសីល មានគុណធម៌ដ៏ល្អទាំងនោះ ពីខាងក្រោមខ្យល់។

[៣៧៦] ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង ពួកឥសីអ្នកមានសីល មានគុណធម៌ដ៏ល្អទាំងនោះ បានពោលនឹងសក្កទេវានមិន្ទ ដោយគាថា ថា

ក្លិនរបស់ពួកឥសី អ្នកប្រព្រឹត្តនូវវត្តដ៏យូរ រមែងឃ្លាតចេញអំពីកាយ ផ្សាយទៅតាមខ្យល់ បពិត្រ សហស្សនេត្រ សូមព្រះអង្គ ចៀសចេញពីទីនេះទៅ បពិត្រទេវរាជ ព្រោះក្លិនរបស់ពួកឥសី មិនស្អាតទេ។

[៣៧៧] ក្លិនរបស់ពួកឥសី អ្នកប្រព្រឹត្តវត្ត អស់កាលដ៏យូរ រមែងធុំចេញអំពីកាយ ផ្សាយទៅតាមខ្យល់ (ក៏ពិតមែន) បពិត្រលោកដ៏ចំរើន តែថា យើងខ្ញុំប្រាថ្នាតែក្លិននុ៎ះ ដូចជាបុគ្គលត្រូវការកម្រងផ្កា ជាផ្កាដ៏វិចិត្រ ដាក់លើក្បាល ពួកទេវតា មិនសំគាល់ក្នុងការខ្ពើមរអើម ក្នុងក្លិននេះទេ។

សមុទ្ទកសូត្រ ទី១០

(១០. សមុទ្ទកសុត្តំ)

[៣៧៨] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ ក្នុងទីនោះឯង។បេ។

[៣៧៩] ព្រះមានព្រះភាគ បានត្រាស់យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ រឿងធ្លាប់មានមកថា ពួកឥសីច្រើនរូប ជាអ្នកមានសីល មានគុណធម៌ដ៏ល្អ នៅអាស្រ័យក្នុងកុដិប្រក់ស្លឹក ទៀបឆ្នេរសមុទ្រ។ ម្នាលភិក្ខុទាំងឡាយ ក៏សម័យនោះឯង សង្គ្រាមទេវតា និងអសុរ ប្រទល់គ្នាហើយ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង ពួកឥសីអ្នកមានសីល មានគុណធម៌ដ៏ល្អទាំងនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា ពួកទេវតា ប្រកបដោយធម៌ ពួកអសុរ មិនប្រកបដោយធម៌ទេ ភ័យអំពីពួកអសុរនោះ សមជានឹងមានដល់ពួកយើង ជាប្រាកដ បើដូច្នោះ មានតែពួកយើង ត្រូវចូលទៅរក សម្ពរអសុរិន្ទ ហើយសូមនូវអភយទាន។

[៣៨០] ម្នាលភិក្ខុទាំងឡាយ លំដាប់នោះឯង ពួកឥសីអ្នកមានសីល មានគុណធម៌ដ៏ល្អទាំងនោះ ក៏បាត់អំពីកុដិប្រក់ដោយស្លឹក ទៀបឆ្នេរនៃសមុទ្រ ទៅប្រាកដក្នុងទីចំពោះមុខ សម្ពរអសុរិន្ទ ដូចជាបុរសមានកំឡាំង លានូវដៃដែលបត់ ឬបត់នូវដៃ ដែលលា ដូច្នោះឯង។ ម្នាលភិក្ខុទាំងឡាយ ទើបពួកឥសីអ្នកមានសីល មានគុណធម៌ដ៏ល្អទាំងនោះ បាននិយាយនឹងសម្ពរអសុរិន្ទ ដោយគាថា ថា

លោកអាចឲ្យភ័យក៏បាន ឲ្យអភ័យក៏បាន បានជាពួកឥសីមកសូមអភយទាន អំពីសំណាក់សម្ពរអសុរិន្ទ។

[៣៨១] សម្ពរអសុរិន្ទ តបថា

អភ័យ មិនមានដល់ពួកឥសី អ្នកកាចអាក្រក់ ជាអ្នកសេពគប់នឹងសក្កទេវរាជ កាលបើពួកឥសី សូមអភ័យ ខ្ញុំត្រឡប់ឲ្យភ័យដល់ពួកលោកវិញ។

[៣៨២] ពួកឥសីតបថា

កាលបើយើងសូមអភ័យ អ្នកបែរជាឲ្យភ័យដល់យើងវិញ យើងទទួលយកអភ័យតែម្យ៉ាងអំពីអ្នក ភ័យចូរមានដល់អ្នកចុះ គេបានពូជបែបណា គេបានផលបែបនោះដែរ អ្នកធ្វើល្អ រមែងបានផលល្អ អ្នកធ្វើអាក្រក់ រមែងបានផលអាក្រក់ ម្នាលអ្នក ពូជដែលអ្នកព្រោះហើយ អ្នកនឹងទទួលផលមិនខានឡើយ។

ម្នាលភិក្ខុទាំងឡាយ លំដាប់នោះឯង ពួកឥសីអ្នកមានសីល មានគុណធម៌ដ៏ល្អទាំងនោះ បានផ្តាសាសម្ពរអសុរិន្ទហើយ ក៏បាត់អំពីទីចំពោះមុខសម្ពរអសុរិន្ទ មកប្រាកដក្នុងកុដិប្រក់ដោយស្លឹក ទៀបឆ្នេរសមុទ្រវិញ ដូចជាបុរស មានកំឡាំង លាដៃដែលបត់ ឬបត់ដៃដែលលា ដូច្នោះឯង។

[៣៨៣] ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង សម្ពរអសុរិន្ទ ត្រូវពួកឥសីអ្នកមានសីល មានគុណធម៌ដ៏ល្អទាំងនោះ បានផ្តាសាហើយ ក៏តែងតែភ្ញាក់ក្នុងរាត្រី អស់វារៈ៣ដង។

ចប់ សុវីរវគ្គ ទី១។

ឧទ្ទាននៃសុវីរវគ្គនោះគឺ

សុវីរសូត្រ១ សុសិមសូត្រ១ ធជគ្គសូត្រ១ វេបចិត្តិសូត្រ១ សុភាសិតជយសូត្រ១ កុលាវកសូត្រ១ នទុព្ភិយសូត្រ១ វិរោចនអសុរិន្ទសូត្រ១ ពួកឥសីក្នុងអរញ្ញកសូត្រ១ ពួកឥសីក្នុងសមុទ្ទកសូត្រ១។

ទេវវគ្គ ទី២

(២. ទុតិយវគ្គោ)

បឋមទេវសូត្រ ទី១

(១. វតបទសុត្តំ)

[៣៨៤] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ ក្នុងទីនោះឯង។បេ។

[៣៨៥] ព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ សក្កទេវានមិន្ទ កាលកើតជាមនុស្សក្នុងជាតិមុន បានសមាទានរក្សា វត្តបទ ទាំង៧ប្រការបរិបូណ៌ ព្រោះតែបានសមាទាន វត្តបទទាំង៧ប្រការ នោះ បានជាសក្កទេវរាជ បានដល់នូវភាពនៃខ្លួនជាសក្កៈ។ វត្តបទ ទាំង៧ប្រការ តើដូចម្តេចខ្លះ។ គឺសក្កទេវរាជ បានសមាទានថា អាត្មាអញ ត្រូវជាអ្នកចិញ្ចឹមមាតាបិតា អស់មួយជីវិត១ ត្រូវគោរពបុគ្គលជាច្បងក្នុងត្រកូល អស់មួយជីវិត១ ត្រូវមានវាចាល្អិតទន់ អស់មួយជីវិត១ មិនត្រូវមានវាចាញុះញង់ អស់មួយជីវិត១ ត្រូវមានចិត្តប្រាសចាកសេចក្តីកំណាញ់ជាមន្ទិល មានទានបរិច្ចាគហើយ មានដៃលាង (ចាំស្មូម) ហើយ ត្រេកអរក្នុងការលះបង់ ជាអ្នកគួរគេសូមបាន ត្រេកអរក្នុងការឲ្យ និងការចែករំលែក នៅគ្រប់គ្រងផ្ទះអស់មួយជីវិត១ ត្រូវមានសំដីទៀងទាត់ អស់មួយជីវិត១ មិនត្រូវមានសេចក្តីក្រោធ បើទុកជាសេចក្តីក្រោធកើតឡើង ដល់អាត្មាអញ អាត្មាអញត្រូវតែប្រញាប់បន្ទោបង់ នូវសេចក្តីក្រោធនោះចេញ អស់មួយជីវិត១។ ម្នាលភិក្ខុទាំងឡាយ សក្កទេវានមិន្ទ កាលកើតជាមនុស្ស ក្នុងជាតិមុន បានសមាទានវត្តបទ ទាំង៧ប្រការនេះឯង បរិបូណ៌ ព្រោះតែសមាទានវត្តបទទាំង៧ប្រការនេះ ទើបសក្កទេវរាជ បានដល់នូវភាពនៃខ្លួនជាសក្កៈ។

[៣៨៦] ព្រះមានព្រះភាគ បានត្រាស់សូត្រនេះហើយ លុះព្រះសុគត ជាសាស្តា ទ្រង់ត្រាស់សូត្រនេះរួចហើយ ទើបត្រាស់គាថាពន្ធនេះ តទៅទៀតថា

ពួកទេវតានៅឋានតាវត្តិង្ស បានហៅជនអ្នកចិញ្ចឹមមាតាបិតា អ្នកកោតក្រែងបុគ្គលជាច្បង ក្នុងត្រកូល មានវាចាល្អិតទន់ និយាយតែពាក្យផ្អែមល្ហែម លះបង់ពាក្យញុះញង់ ប្រកបក្នុងការលះបង់សេចក្តីកំណាញ់ មានសំដីទៀងទាត់ ជាជនគ្របសង្កត់សេចក្តីក្រោធនោះឯង ថាជា សប្បុរស។

ទុតិយទេវសូត្រ ទី២

(២. សក្កនាមសុត្តំ)

[៣៨៧] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ ក្នុងទីនោះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយ។បេ។

[៣៨៨] ព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ សក្កទេវានមិន្ទ កាលកើតជាមនុស្ស ក្នុងជាតិមុន ជាមាណពឈ្មោះ មឃៈ ហេតុនោះ បានជាគេហៅថា មឃវៈ។ ម្នាលភិក្ខុទាំងឡាយ សក្កទេវានមិន្ទ កាលកើតជាមនុស្ស ក្នុងជាតិមុន បានឲ្យទានមុនគេ ហេតុនោះ បានជាគេហៅថា បុរិន្ទទៈ។ ម្នាលភិក្ខុទាំងឡាយ សក្កទេវានមិន្ទ កាលកើតជាមនុស្ស ក្នុងជាតិមុន បានឲ្យទានដោយគោរព ហេតុនោះ បានជាគេហៅថា សក្កៈ។ ម្នាលភិក្ខុទាំងឡាយ សក្កទេវានមិន្ទ កាលកើតជាមនុស្ស ក្នុងជាតិមុន បានឲ្យទីសម្រាប់សំណាក់ ព្រោះហេតុនោះ បានជាគេហៅថា វាសវៈ។ ម្នាលភិក្ខុទាំងឡាយ សក្កទេវានមិន្ទ គិតឃើញហេតុ សូម្បីទាំងពាន់ ដោយមួយរំពេចបាន ហេតុនោះ បានជាគេហៅថា សហស្សក្ខៈ។ ម្នាលភិក្ខុទាំងឡាយ អសុរកញ្ញា ឈ្មោះនាង សុជា ជាមហេសីរបស់សក្កទេវានមិន្ទ ហេតុនោះ បានជាគេហៅថា សុជម្បតិ។ ម្នាលភិក្ខុទាំងឡាយ សក្កទេវានមិន្ទ បានសោយរាជ្យ ជាឥស្សរាធិបតី លើពួកទេវតាជាន់តាវត្តិង្ស ហេតុនោះ បានជាគេហៅថា ទេវានមិន្ទ។

[៣៨៩] ម្នាលភិក្ខុទាំងឡាយ សក្កទេវានមិន្ទ កាលកើតជាមនុស្ស ក្នុងជាតិមុន បានសមាទានវត្តបទទាំង៧ប្រការបរិបូណ៌ ព្រោះហេតុតែបានសមាទានវត្តបទ ទាំង៧ប្រការនោះ បានជាសក្កទេវរាជ បានដល់ថាសក្កៈ។ វត្តបទទាំង៧ប្រការ តើដូចម្តេចខ្លះ។ (សក្កទេវរាជ បានសមាទាន) ថា អាត្មាអញ ត្រូវចិញ្ចឹមមាតាបិតា អស់មួយជីវិត១ ត្រូវគោរពបុគ្គលជាច្បងក្នុងត្រកូល អស់មួយជីវិត១ ត្រូវមានពាក្យល្អិតទន់ អស់មួយជីវិត១ ត្រូវមានវាចាមិនញុះញង់ អស់មួយជីវិត១ ត្រូវមានចិត្តប្រាសចាកសេចក្តីកំណាញ់ជាមន្ទិល ជាអ្នកចែករំលែកនូវទាន ជាអ្នកលាងដៃដើម្បីឲ្យទាន ជាអ្នកត្រេកអរ ក្នុងការលះបង់ ជាអ្នកគួរគេសូមទានបាន ត្រេកអរក្នុងការឲ្យ និងការចែករំលែក ហើយនៅគ្រប់គ្រងផ្ទះ អស់មួយជីវិត១ ត្រូវមានវាចាទៀងទាត់ អស់មួយជីវិត១ មិនត្រូវមានសេចក្តីក្រោធ បើទុកជាសេចក្តីក្រោធ កើតឡើង ដល់អាត្មាអញ ត្រូវតែអាត្មាអញបន្ទោបង់សេចក្តីក្រោធនោះមួយរំពេច អស់មួយជីវិត១។ ម្នាលភិក្ខុទាំងឡាយ សក្កទេវានមិន្ទ កាលកើតជាមនុស្ស ក្នុងជាតិមុន បានសមាទានវត្តបទ ទាំង៧ប្រការនេះបរិបូណ៌ ព្រោះហេតុតែបានសមាទាន វត្តបទ ទាំង៧ប្រការនោះ ទើបសក្កទេវរាជ បានដល់នូវភាពនៃខ្លួនជាសក្កៈ។

[៣៩០] ព្រះមានព្រះភាគ បានត្រាស់ពាក្យនេះហើយ។បេ។ ពួកទេវតានៅឋានតាវត្តិង្ស បានហៅបុគ្គលអ្នកចិញ្ចឹមមាតាបិតា អ្នកកោតក្រែង ចំពោះបុគ្គលជាច្បង ក្នុងត្រកូល មានវាចាល្អិតទន់ និយាយពាក្យផ្អែមល្ហែម លះបង់ពាក្យញុះញង់ ប្រកបតែក្នុងការកំចាត់បង់សេចក្តីកំណាញ់ មានសំដីទៀង ជាជនគ្របសង្កត់សេចក្តីក្រោធនោះឯង ថាជា សប្បុរស។

តតិយទេវសូត្រ ទី៣

(៣. មហាលិសុត្តំ)

[៣៩១] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងកូដាគារសាលា ក្នុងមហាវ័ន ទៀបក្រុងវេសាលី។ លំដាប់នោះឯង ស្តេចលិច្ឆវី ព្រះនាម មហលី បានចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះមានព្រះភាគ ហើយគង់ក្នុងទីសមគួរ។ លុះស្តេចលិច្ឆវីព្រះនាម មហលី គង់ក្នុងទីសមគួរហើយ ទើបក្រាបទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ទ្រង់បានឃើញសក្កទេវានមិន្ទដែរឬ។ បពិត្រមហលី តថាគត បានឃើញសក្កទេវានមិន្ទដែរ។ បពិត្រព្រះអង្គដ៏ចំរើន ក្រែងសក្កទេវានមិន្ទ គ្រាន់តែជារូបប្រៀប របស់សក្កៈទេដឹង បពិត្រព្រះអង្គដ៏ចំរើន ព្រោះថា សក្កទេវានមិន្ទ គេមិនងាយនឹងឃើញទេ។

[៣៩២] ព្រះមានព្រះភាគត្រាស់ថា បពិត្រមហលី តថាគត ស្គាល់ច្បាស់នូវសក្កទេវរាជ ផង នូវធម៌ធ្វើសត្វឲ្យបានជាសក្កៈផង មួយទៀត សក្កទេវរាជ បានដល់នូវភាវៈនៃខ្លួនជាសក្កៈ ព្រោះតែសមាទានធម៌ណា តថាគត ក៏ដឹងច្បាស់ធម៌នោះផង។ បពិត្រមហលី សក្កទេវានមិន្ទ កាលកើតជាមនុស្ស ក្នុងជាតិមុន ជាមាណពឈ្មោះ មឃៈ ហេតុនោះ បានជាគេហៅថា មឃវៈ។ បពិត្រមហលី សក្កទេវានមិន្ទ កាលកើតជាមនុស្ស ក្នុងជាតិមុន បានឲ្យទានមុនគេ ហេតុនោះ បានជាគេហៅថា បុរិន្ទទៈ។ បពិត្រមហលី សក្កទេវានមិន្ទ កាលកើតជាមនុស្ស ក្នុងជាតិមុន បានឲ្យទានដោយគោរព ហេតុនោះ បានជាគេហៅថា សក្កៈ។ បពិត្រមហលី សក្កទេវានមិន្ទ កាលកើតជាមនុស្ស ក្នុងជាតិមុន បានឲ្យទីសម្រាប់សំណាក់ ហេតុនោះ បានជាគេហៅថា វាសវៈ។ បពិត្រមហលី សក្កទេវានមិន្ទ គិតឃើញហេតុ សូម្បីទាំងពាន់ ដោយមួយរំពេចបាន ហេតុនោះ បានជាគេហៅថា សហស្សក្ខៈ។ បពិត្រមហលី អសុរកញ្ញា ឈ្មោះនាង សុជា ជាមហេសីនៃសក្កទេវានមិន្ទ ហេតុនោះ បានជាគេហៅថា សុជម្បតិ។ បពិត្រមហលី សក្កទេវានមិន្ទ សោយរាជ្យ ជាឥស្សរាធិបតី លើពួកទេវតាជាន់តាវត្តិង្ស ហេតុនោះ បានជាគេហៅថា ទេវានមិន្ទ។

[៣៩៣] បពិត្រមហលី សក្កទេវានមិន្ទ កាលកើតជាមនុស្ស ក្នុងជាតិមុន បានសមាទានវត្តបទ ទាំង៧ប្រការ ដ៏បរិបូណ៌ ព្រោះហេតុតែសមាទាន វត្តបទ ទាំង៧ប្រការនោះ បានជាសក្កទេវរាជ បានដល់នូវភាវៈនៃខ្លួនជាសក្កៈ។ វត្តបទ ទាំង៧ប្រការនោះ តើដូចម្តេច។ (សក្កទេវរាជ បានសមាទាន) ថា អាត្មាអញ ត្រូវចិញ្ចឹមមាតាបិតា អស់មួយជីវិត១ ត្រូវកោតក្រែងបុគ្គលជាច្បងក្នុងត្រកូល អស់មួយជីវិត១ ត្រូវមានវាចាល្អិតទន់ អស់មួយជីវិត១ មិនត្រូវមានវាចាញុះញង់ អស់មួយជីវិត១ ត្រូវមានចិត្តប្រាសចាកសេចក្តីកំណាញ់ជាមន្ទិល ជាអ្នកមានការបរិច្ចាគរួសរាន់ មានដៃលាងហើយ ដើម្បីនឹងឲ្យនូវទាន ត្រេកអរក្នុងការលះបង់ ជាអ្នកគួរគេសូមទានបាន ត្រេកអរក្នុងការឲ្យ និងការចែករំលែកទាន ហើយនៅគ្រប់គ្រងផ្ទះ អស់មួយជីវិត១ ត្រូវមានវាចាទៀងទាត់ អស់មួយជីវិត១ មិនត្រូវមានសេចក្តីក្រោធ បើទុកជាសេចក្តីក្រោធកើតឡើង ដល់អាត្មាអញ អាត្មាអញ ត្រូវបន្ទោបង់ នូវសេចក្តីក្រោធនោះមួយរំពេច អស់មួយជីវិត១។ បពិត្រមហលី សក្កទេវានមិន្ទ កាលកើតជាមនុស្ស ក្នុងជាតិមុន បានសមាទានវត្តបទ ទាំង៧ប្រការនេះបរិបូណ៌ ព្រោះហេតុតែសមាទានវត្តបទ ទាំង៧ប្រការនេះ ទើបសក្កទេវរាជ បានដល់នូវភាពនៃខ្លួនជាសក្កៈ។

[៣៩៤] ព្រះមានព្រះភាគ បានត្រាស់យ៉ាងនេះថា។បេ។ ពួកទេវតា នៅឋានតាវត្តិង្ស បានហៅជនអ្នកចិញ្ចឹមមាតាបិតា គោរពកោតក្រែងបុគ្គលជាច្បង ក្នុងត្រកូល មានវាចាល្អិតទន់ និយាយសំដីផ្អែមល្ហែម លះបង់ពាក្យញុះញង់ ប្រកបតែក្នុងការកំចាត់បង់សេចក្តីកំណាញ់ មានវាចាទៀងទាត់ ជាជនគ្របសង្កត់សេចក្តីក្រោធនោះឯង ថាជាសប្បុរស។

ទឡិទ្ទសូត្រ ទី៤

(៤. ទលិទ្ទសុត្តំ)

[៣៩៥] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ជិតក្រុងរាជគ្រឹះ។ ក្នុងទីនោះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅពួកភិក្ខុថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីកា នៃព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ។

[៣៩៦] ព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ កាលពីព្រេងនាយ មានបុរសម្នាក់ នៅក្នុងក្រុងរាជគ្រឹះនេះឯង ជាមនុស្សកំសត់ មនុស្សកំព្រា ជាមនុស្សថោកទាប។ បុរសនោះបានសមាទានសទ្ធា សមាទានសីលៈ សមាទានសុតៈ សមាទានចាគៈ សមាទានបញ្ញា ក្នុងធម៌វិន័យ ដែលព្រះតថាគតបានសំដែងហើយ។ លុះបុរសនោះសមាទានសទ្ធា សមាទានសីលៈ សមាទានសុតៈ សមាទានចាគៈ សមាទានបញ្ញា ក្នុងធម៌វិន័យ ដែលព្រះតថាគតសំដែងហើយ បែកធ្លាយរាងកាយស្លាប់ទៅ បានទៅកើតក្នុងសុគតិ សួគ៌ ទេវលោក ជាមួយនឹងពួកទេវតាជាន់តាវត្តិង្ស។ ទេវបុត្រនោះ មានសម្បុរ និងយសរុងរឿង លើសជាងពួកទេវតាដទៃ។

[៣៩៧] ម្នាលភិក្ខុទាំងឡាយ បានឮមកក្នុងរឿងនោះថា ពួកទេវតាជាន់តាវត្តិង្ស ពោលទោស តិះដៀល បន្តុះបង្អាប់ថា អស្ចារ្យណាស់ហ្ន៎ ចំឡែកណាស់ហ្ន៎ ព្រោះថា ទេវបុត្តនេះ កាលកើតជាមនុស្ស ក្នុងជាតិមុន ជាមនុស្សកំសត់ ជាមនុស្សកំព្រា ជាមនុស្សថោកទាបសោះ បុរសនោះ លុះបែកធ្លាយរាងកាយស្លាប់ទៅ បានមកកើតក្នុងសុគតិ សួគ៌ ទេវលោក ជាមួយនឹងពួកទេវតាជាន់តាវត្តិង្ស ទេវបុត្តនោះ មានសម្បុរ និងយសរុងរឿង លើសទេវតាដទៃ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង សក្កទេវានមិន្ទ បានហៅពួកទេវតាជាន់តាវត្តិង្សមកថា ម្នាលពួកអ្នកនិទ៌ុក្ខ អ្នកទាំងឡាយ កុំពោលទោសទេវបុត្តនុ៎ះឡើយ ម្នាលពួកអ្នកនិទ៌ុក្ខ ទេវបុត្តនុ៎ះ កាលកើតជាមនុស្ស បានសមាទានសទ្ធា សមាទានសីលៈ សមាទានសុតៈ សមាទានចាគៈ សមាទានបញ្ញា ក្នុងធម៌វិន័យ ដែលព្រះតថាគតសំដែងហើយ លុះទេវបុត្តនោះ បានសមាទានសទ្ធា សមាទានសីលៈ សមាទានសុតៈ សមាទានចាគៈ សមាទានបញ្ញា ក្នុងធម៌វិន័យ ដែលព្រះតថាគតសំដែងហើយ បែកធ្លាយរាងកាយស្លាប់ទៅ បានមកកើតក្នុងសុគតិ សួគ៌ ទេវលោក ជាមួយនឹងពួកទេវតាជាន់តាវត្តិង្ស បានជាទេវបុត្តនោះ មានសម្បុរ និងយសរុងរឿង ជាងពួកទេវតាឯទៀត។

[៣៩៨] ម្នាលភិក្ខុទាំងឡាយ កាលដែលសក្កទេវានមិន្ទ ពន្យល់ពួកទេវតាជាន់តាវត្តិង្សហើយ បានពោលគាថាទាំងឡាយនេះ ក្នុងវេលានោះថា

សទ្ធារបស់បុគ្គលណា មិនកម្រើក បានតំកល់ដោយប្រពៃ ក្នុងព្រះតថាគត ទាំងសីលរបស់បុគ្គលណាដ៏ល្អ ជាទីត្រេកអរនៃព្រះអរិយៈ ដែលលោកសរសើរហើយ សេចក្តីជ្រះថ្លារបស់បុគ្គលណាមានក្នុងសង្ឃ ទាំងទស្សនៈ ក៏ត្រឹមត្រូវ ពួកបណ្ឌិតហៅបុគ្គលនោះថា មិនមែនជាមនុស្សក្រខ្សត់ខ្សោយទេ ជីវិតរបស់អ្នកនោះ មិនមែនជាមោឃៈទេ ព្រោះហេតុនោះ បណ្ឌិតកាលបើនឹកនូវពាក្យប្រៀនប្រដៅ របស់ព្រះពុទ្ធ គួរប្រកបរឿយៗ នូវសទ្ធាផង សីលផង សេចក្តីជ្រះថ្លាផង ការឃើញនូវធម៌ផង។

រាមណេយ្យកសូត្រ ទី៥

(៥. រាមណេយ្យកសុត្តំ)

[៣៩៩] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌកសេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះឯង សក្កទេវានមិន្ទ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះមានព្រះភាគ ហើយឋិតនៅក្នុងទីសមគួរ។ លុះសក្កទេវានមិន្ទ ឋិតនៅក្នុងទីសមគួរហើយ បានក្រាបទូលសួរព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ទីដែលគួរត្រេកអរ តើដូចម្តេច។

[៤០០] ព្រះមានព្រះភាគត្រាស់ថា អារាមដែលគេគោរព ព្រៃដែលគេគោរព ស្រះបោក្ខរណីដែលគេតាក់តែងល្អហើយ នៅមិនទាន់ដល់មួយចំណិត នៃទីដែលមនុស្សគួរត្រេកអរ ជាចំណិតគេចែកជាចំណែកដប់ប្រាំមួយៗដង ដែលជាទីពួកព្រះអរហន្តគង់នៅ ទោះជាស្រុក ឬជាព្រៃ ជាទីទំនាប ឬជាទីទួល ទីនោះជាភូមិគួរត្រេកអរ។

យជមានសូត្រ ទី៦

(៦. យជមានសុត្តំ)

[៤០១] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅលើភ្នំគិជ្ឈកូដ ទៀបក្រុងរាជគ្រឹះ។ គ្រានោះឯង សក្កទេវានមិន្ទ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក៏ថ្វាយបង្គំ ហើយឋិតនៅក្នុងទីសមគួរ។

[៤០២] លុះសក្កទេវានមិន្ទ ឋិតនៅក្នុងទីសមគួរហើយ បានក្រាបទូលព្រះមានព្រះភាគ ដោយគាថា ថា

ទាន គឺពួកមនុស្សអ្នកបូជា ជាសត្វប្រាថ្នាបុណ្យ កាលនឹងធ្វើបុណ្យ ដែលឲ្យផលក្នុងបច្ចុប្បន្ន តើឲ្យដល់បុគ្គលណា ទើបជាទានមានផលច្រើន។

[៤០៣] ព្រះមានព្រះភាគត្រាស់ថា

បុគ្គល៤ពួក ប្រតិបត្តិ (ដើម្បីផល) បុគ្គល៤ពួក ឋិតនៅក្នុងផល បុគ្គលនុ៎ះ គឺសង្ឃជាអ្នកត្រឹមត្រង់ ប្រកបដោយបញ្ញា និងសីល ឯទាន គឺពួកមនុស្សអ្នកបូជា ជាសត្វប្រាថ្នាបុណ្យ កាលនឹងធ្វើបុណ្យ ដែលឲ្យផល ក្នុងបច្ចុប្បន្ន បានឲ្យដល់សង្ឃនោះ ទើបជាទានមានផលច្រើន។

វន្ទនសូត្រ ទី៧

(៧. ពុទ្ធវន្ទនាសុត្តំ)

[៤០៤] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌកសេដ្ឋី ជិតក្រុងសាវត្ថី។ សម័យនោះឯង ព្រះមានព្រះភាគ ទ្រង់គង់សម្រាកក្នុងវេលាថ្ងៃ សម្ងំនៅក្នុងឈានសមាបត្តិ។ គ្រានោះឯង សក្កទេវានមិន្ទ និងសហម្បតិព្រហ្ម បានចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ បានឋិតអែបនឹងសន្ទះទ្វារម្ខាងម្នាក់។

[៤០៥] គ្រានោះឯង សក្កទេវានមិន្ទ បានពោលគាថានេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា

បពិត្រព្រះអង្គជាវីរបុរស ជាអ្នកឈ្នះសង្គ្រាម សូមព្រះអង្គក្រោកឡើង បពិត្រព្រះអង្គអ្នកដាក់ភារៈចុះហើយ មិនចំពាក់បំណុល គឺកិលេស សូមព្រះអង្គស្តេចទៅក្នុងលោក ព្រោះហ្ឫទ័យរបស់ព្រះអង្គ រួចស្រឡះហើយ ដូចជាព្រះចន្ទ្រក្នុងរាត្រីទី១៥កើត។

[៤០៦] ព្រះអង្គត្រាស់ថា នែទេវានមិន្ទ ព្រះតថាគតទាំងឡាយ គេមិនគួរថ្វាយបង្គំ យ៉ាងនេះទេ។ នែទេវានមិន្ទ ព្រះតថាគតទាំងឡាយ គេគួរថ្វាយបង្គំ យ៉ាងនេះថា

បពិត្រព្រះអង្គជាវីរបុរស ជាអ្នកឈ្នះសង្គ្រាម សូមព្រះអង្គក្រោកឡើង បពិត្រព្រះអង្គអ្នកដឹកនាំពួកសត្វ ទ្រង់គ្មានបំណុល គឺកិលេស សូមព្រះអង្គស្តេចទៅក្នុងលោក សូមព្រះមានព្រះភាគ សំដែងធម៌ ពួកបុគ្គលអ្នកត្រាស់ដឹង គង់នឹងមាន។

បឋមសក្កនមស្សនសូត្រ ទី៨

(៨. គហដ្ឋវន្ទនាសុត្តំ)

[៤០៧] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ កាលពីព្រេងនាយ សក្កទេវានមិន្ទ បានហៅមាតលិសង្គាហកៈមកប្រាប់ថា ម្នាលមាតលិសំឡាញ់ អ្នកចូរទឹមរថអាជានេយ្យ ដែលទឹមសេះមួយពាន់ យើងនឹងទៅកាន់ឧយ្យានភូមិ ដើម្បីមើលនូវភូមិដ៏សប្បាយ។ ម្នាលភិក្ខុទាំងឡាយ មាតលិសង្គាហកទេវបុត្ត ទទួលស្តាប់ពាក្យសក្កទេវានមិន្ទថា សូមទ្រង់ព្រះមេត្តាប្រោស ហើយទឹមរថអាជានេយ្យ ដែលទឹមសេះមួយពាន់ ក្រាបទូលដល់សក្កទេវានមិន្ទថា បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ រថអាជានេយ្យ ដែលទឹមសេះមួយពាន់ ខ្ញុំព្រះអង្គបានទឹមបម្រុងព្រះអង្គហើយ សូមទ្រង់សំគាល់នូវកាលគួរនឹងស្តេចទៅ ក្នុងកាលឥឡូវនេះចុះ។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះឯង សក្កទេវានមិន្ទ ស្តេចចុះចាកវេជយន្តប្រាសាទ ធ្វើអញ្ជលីនមស្ការគ្រប់ទិស។

[៤០៨] ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង មាតលិសង្គាហកទេវបុត្ត បានក្រាបទូលសួរសក្កទេវានមិន្ទ ដោយគាថាថា

ពួកអ្នកមានវិជ្ជា៣ផង ពួកក្សត្រិយ៍ទាំងអស់ ដែលគង់នៅលើផែនដីផង ពួកមហារាជទាំងបួនផង ពួកទេវតាមានយសក្នុងឋានតាវត្តិង្សផង តែងថ្វាយបង្គំព្រះអង្គ បពិត្រសក្កទេវរាជ កាលបើយ៉ាងនេះ ព្រះអង្គនឹងថ្វាយបង្គំអ្នកណា អ្នកនោះជាបុគ្គលគួរគេបូជា តើជាអ្នកណា។

[៤០៩] សក្កទេវរាជ ត្រាស់ថា

ពួកអ្នកមានវិជ្ជា៣ផង ពួកក្សត្រិយ៍ទាំងអស់ ដែលគង់នៅលើផែនដីផង ពួកមហារាជទាំងបួនផង ពួកទេវតាមានយស ក្នុងឋានតាវត្តិង្សផង តែងថ្វាយបង្គំខ្ញុំពិតមែន ឯខ្ញុំថ្វាយបង្គំដោយប្រពៃ ចំពោះពួកបព្វជិត ដែលបរិបូណ៌ដោយសីល មានចិត្តតំកល់មាំ អស់រាត្រីដ៏យូរអង្វែង មានព្រហ្មចារ្យជាទីប្រព្រឹត្តទៅក្នុងខាងមុខ ពួកគ្រហស្ថណា ជាអ្នកធ្វើបុណ្យ ជាឧបាសកមានសីល ចិញ្ចឹមកូនប្រពន្ធដោយធម៌ ម្នាលមាតលិ ខ្ញុំក៏ថ្វាយបង្គំចំពោះពួកគ្រហស្ថនោះដែរ។

[៤១០] មាតលិទូលថា

បពិត្រសក្កទេវរាជ ព្រះអង្គថ្វាយបង្គំពួកបុគ្គលណា ពួកបុគ្គលនោះប្រសើរបំផុត ក្នុងលោកដោយពិត បពិត្រវាសវៈ ព្រះអង្គថ្វាយបង្គំពួកបុគ្គលណា ខ្ញុំព្រះអង្គក៏ថ្វាយបង្គំពួកបុគ្គលនោះដែរ។

[៤១១] លុះមឃវទេវរាជ ព្រះនាមសុជម្បតិ ជាប្រធានរបស់ទេវតា បានពោលពាក្យនេះហើយ ក៏ថ្វាយបង្គំគ្រប់ទិស រួចឡើងគង់លើរថទៅ។

ទុតិយសក្កនមស្សនសូត្រ ទី៩

(៩. សត្ថារវន្ទនាសុត្តំ)

[៤១២] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ កាលពីព្រេងនាយ សក្កទេវានមិន្ទ បានហៅមាតលិសង្គាហកទេវបុត្ត មកប្រាប់ថា ម្នាលមាតលិសំឡាញ់ ចូរអ្នកទឹមរថអាជានេយ្យ ដែលទឹមសេះមួយពាន់ យើងនឹងទៅកាន់ឧយ្យានភូមិ ដើម្បីមើលទីដ៏សប្បាយ។ ម្នាលភិក្ខុទាំងឡាយ មាតលិសង្គាហកទេវបុត្ត ទទួលស្តាប់សក្កទេវានមិន្ទថា ព្រះករុណាថ្លៃវិសេស សូមព្រះអង្គមានសេចក្តីចំរើន ហើយទឹមរថអាជានេយ្យ ដែលទឹមសេះមួយពាន់ ហើយក្រាបទូលដល់សក្កទេវានមិន្ទថា បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ រថអាជានេយ្យ ដែលទឹមសេះមួយពាន់ ខ្ញុំព្រះអង្គបានទឹមបម្រុងព្រះអង្គហើយ សូមព្រះអង្គ សំគាល់នូវកាលគួរនឹងស្តេចទៅ ឥឡូវនេះចុះ។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះឯង សក្កទេវានមិន្ទ កាលយាងចុះចាកវេជយន្តប្រាសាទ ក៏ធ្វើអញ្ជលី នមស្ការព្រះមានព្រះភាគ។

[៤១៣] ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង មាតលិសង្គាហកទេវបុត្ត បានពោលនឹងសក្កទេវានមិន្ទ ដោយគាថាថា

បពិត្រវាសវៈ សេចក្តីពិតថា ពួកទេវតានិងមនុស្ស តែងនមស្ការចំពោះព្រះអង្គ បពិត្រសក្កទេវរាជ កាលបើយ៉ាងនេះ ទ្រង់នឹងនមស្ការចំពោះអ្នកណា អ្នកនោះជាបុគ្គលគួរគេបូជា តើជាអ្នកណា។

[៤១៤] សក្កទេវរាជ ត្រាស់ថា

ម្នាលមាតលិ ក្នុងលោកនេះ ព្រះសាស្តាអង្គណា ជាសម្មាសម្ពុទ្ធ ខ្ញុំនមស្ការចំពោះព្រះសាស្តាអង្គនោះ ដែលមានព្រះនាមមិនថោកទាប ក្នុងលោកនេះ ព្រមទាំងទេវលោក ពួកបុគ្គលណាកំចាត់បង់រាគៈ ទោសៈ និងអវិជ្ជា អស់អាសវៈហើយ ជាព្រះអរហន្ត ម្នាលមាតលិ ខ្ញុំនមស្ការចំពោះពួកបុគ្គលនោះ ពួកបុគ្គលណា បន្ទោបង់រាគៈ និងទោសៈ កន្លងបង់នូវអវិជ្ជា ជាសេក្ខបុគ្គល ជាអ្នកត្រេកអរ ក្នុងកិរិយាកំចាត់បង់នូវវដ្តៈ ជាអ្នកមិនប្រមាទ សិក្សារឿយៗ (ក្នុងអរិយវិន័យ) ម្នាលមាតលិ ខ្ញុំនមស្ការ ចំពោះពួកបុគ្គលនោះ។

[៤១៥] មាតលិតបថា

បពិត្រសក្កទេវរាជ សេចក្តីពិតថា ទ្រង់នមស្ការចំពោះពួកបុគ្គលណា ពួកបុគ្គលនោះ ប្រសើរបំផុត ក្នុងលោក បពិត្រវាសវៈ ទ្រង់នមស្ការ ចំពោះបុគ្គលណា ខ្ញុំព្រះអង្គក៏នមស្ការ ចំពោះបុគ្គលនោះដែរ។

[៤១៦] លុះមឃវទេវរាជ ព្រះនាមសុជម្បតិ ជាប្រធានរបស់ទេវតា ពោលគាថានេះហើយ ក៏នមស្ការចំពោះព្រះមានព្រះភាគ ហើយទ្រង់ឡើងគង់លើរថទៅ។

តតិយសក្កនមស្សនសូត្រ ទី១០

(១០. សង្ឃវន្ទនាសុត្តំ)

[៤១៧] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ កាលពីព្រេងនាយ សក្កទេវានមិន្ទ ត្រាស់ហៅមាតលិសង្គាហកទេវបុត្ត មកប្រាប់ថា ម្នាលមាតលិសំឡាញ់ ចូរអ្នកទឹមរថអាជានេយ្យ ដែលទឹមសេះមួយពាន់ យើងនឹងទៅកាន់ឧយ្យានភូមិ ដើម្បីមើលនូវទីដ៏សប្បាយ។ ម្នាលភិក្ខុទាំងឡាយ មាតលិសង្គាហកទេវបុត្ត ទទួលស្តាប់សក្កទេវានមិន្ទថា ព្រះករុណាថ្លៃវិសេស សូមព្រះអង្គមានសេចក្តីចំរើន ហើយទឹមរថអាជានេយ្យ ដែលទឹមសេះមួយពាន់ រួចក្រាបទូលសក្កទេវានមិន្ទថា បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ រថអាជានេយ្យ ដែលទឹមសេះមួយពាន់ ខ្ញុំព្រះអង្គទឹមបម្រុងចាំព្រះអង្គរួចហើយ សូមទ្រង់សំគាល់នូវកាលគួរនឹងស្តេចទៅ ក្នុងកាលឥឡូវនេះចុះ។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះឯង សក្កទេវានមិន្ទ ស្តេចចុះអំពីវេជយន្តប្រាសាទ ធ្វើអញ្ជលី នមស្ការ ចំពោះព្រះភិក្ខុសង្ឃ។

[៤១៨] ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង មាតលិសង្គាហកទេវបុត្ត បានពោលនឹងសក្កទេវានមិន្ទ ដោយគាថាថា

សេចក្តីពិតថា ពួកជនទាំងនោះ ដេកនៅក្នុងរាងកាយមាតាដ៏ស្អុយ គួរតែថ្វាយបង្គំចំពោះព្រះអង្គវិញ ព្រោះពួកជនទាំងនុ៎ះ មុជចុះក្នុងសាកសពគឺផ្ទៃមាតា ពេញដោយការឃ្លាន និងការស្រេក បពិត្រវាសវៈ ព្រះអង្គស្រឡាញ់សេចក្តីប្រព្រឹត្តិ របស់ពួកអ្នកបួសនោះ ដូចម្តេច សូមទ្រង់ប្រាប់សេចក្តីប្រព្រឹត្តិរបស់ពួកអ្នកបួស យើងខ្ញុំនឹងស្តាប់ពាក្យនោះរបស់ព្រះអង្គ។

[៤១៩] សក្កទេវរាជ មានព្រះបន្ទូលថា ម្នាលមាតលិ ខ្ញុំស្រឡាញ់ត្រង់សេចក្តីប្រព្រឹត្តិ របស់ពួកអ្នកបួសនោះ ព្រោះពួកអ្នកបួសនោះ វៀរចាកកាមណា មិនអាល័យកាមនោះសោះ អ្នកបួសទាំងនោះ មិនទុកស្រូវក្នុងជង្រុក មិនទុកស្រូវក្នុងក្អម មិនទុកស្រូវក្នុងកញ្ច្រែង ស្វែងរកតែអាហារដែលអ្នកដទៃសម្រេចហើយ ញុំាងអត្តភាពឲ្យប្រព្រឹត្តទៅ ដោយអាហារនោះ ជាអ្នកមានវត្តល្អ និយាយតែពាក្យជាសុភាសិត ជាអ្នកស្ងប់ស្ងៀម ប្រព្រឹត្តធម៌ស្មើ ម្នាលមាតលិ អម្បាលដូចជាពួកទេវតា នៅឈ្លោះគ្នានឹងពួកអសុរ ពួកសត្វជាច្រើន ក៏នៅឈ្លោះគ្នាដែរ កាលបើពួកសត្វកំពុងឈ្លោះគ្នា ពួកអ្នកបួសនោះ មិនឈ្លោះគ្នាសោះ ជាអ្នករំលត់ក្នុងពួកសត្វ ដែលមានអាជ្ញាដល់ខ្លួន កាលពួកសត្វប្រកបដោយសេចក្តីប្រកាន់ លោកមិនមានសេចក្តីប្រកាន់ទេ ម្នាលមាតលិ ខ្ញុំថ្វាយបង្គំចំពោះពួកអ្នកបួសនោះ។

[៤២០] បពិត្រសក្កទេវរាជ ទ្រង់ថ្វាយបង្គំ ចំពោះពួកបុគ្គលណា ពួកបុគ្គលនោះ ប្រសើរបំផុត ក្នុងលោកពិតហើយ បពិត្រវាសវៈ ទ្រង់ថ្វាយបង្គំ ចំពោះពួកបុគ្គលណា ខ្ញុំព្រះអង្គ ក៏ថ្វាយបង្គំ ចំពោះពួកបុគ្គលនោះដែរ។

[៤២១] លុះមឃវទេវរាជ ព្រះនាមសុជម្បតិ ជាប្រធានរបស់ពួកទេវតា ពោលពាក្យនេះហើយ ក៏នមស្ការ ចំពោះព្រះភិក្ខុសង្ឃ ហើយឡើងគង់លើរថទៅ។

ចប់ ទេវវគ្គ ទី២។

ឧទ្ទាននៃទេវវគ្គនោះ គឺ

ទេវសូត្រ៣ ព្រះមានព្រះភាគ សំដែងដោយវត្តបទ ទឡិទ្ទសូត្រ១ រាមណេយ្យកសូត្រ១ យជមានសូត្រ១ វន្ទនសូត្រ១ សក្កនមស្សនសូត្រ៣។

សក្កបញ្ចកៈ

(៣. តតិយវគ្គោ)

ឃត្វាសូត្រ ទី១

(១. ឆេត្វាសុត្តំ)

[៤២២] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌកសេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះឯង សក្កទេវានមិន្ទ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក៏ថ្វាយបង្គំព្រះមានព្រះភាគ ហើយឋិតក្នុងទីសមគួរ។

[៤២៣] លុះសក្កទេវានមិន្ទ ឋិតក្នុងទីដ៏សមគួរហើយ ទើបក្រាបទូលព្រះមានព្រះភាគ ដោយគាថាថា

បុគ្គលសម្លាប់អ្វី ទើបដេកជាសុខ សម្លាប់អ្វី ទើបមិនសោកសៅ បពិត្រព្រះគោតម ព្រះអង្គគាប់ព្រះហឫទ័យ ចំពោះការសម្លាប់ធម៌អ្វី ដែលជាធម៌ឯក។

[៤២៤] ព្រះមានព្រះភាគត្រាស់ថា

បុគ្គលសម្លាប់សេចក្តីក្រោធបាន ទើបដេកជាសុខ សម្លាប់សេចក្តីក្រោធបាន ទើបមិនសោកសៅ ម្នាលវាសវៈ ពួកព្រះអរិយៈ តែងសរសើរការសម្លាប់សេចក្តីក្រោធ ដែលមានគល់ជាពិស មានចុងដ៏ផ្អែម ព្រោះថា បុគ្គលសម្លាប់សេចក្តីក្រោធនោះបាន ទើបមិនសោកសៅឡើយ។

ទុព្វណ្ណិយសូត្រ ទី២

(២. ទុព្វណ្ណិយសុត្តំ)

[៤២៥] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ កាលពីព្រេងនាយ មានយក្ស១ សម្បុរអាក្រក់ ខ្លួនតឿ ពោះកំប៉ោង បានអង្គុយលើអាសនៈរបស់សក្កទេវានមិន្ទ។ ម្នាលភិក្ខុទាំងឡាយ មានសេចក្តីដំណាលក្នុងរឿងនោះថា ពួកទេវតាក្នុងឋានតាវត្តិង្ស ពោលទោស តិះដៀល បន្តុះបង្អាប់ថា អស្ចារ្យណាស់ហ្ន៎ ចំឡែកណាស់ហ្ន៎ យក្សមានសម្បុរអាក្រក់ ខ្លួនតឿ ពោះកំប៉ោងនេះ ហ៊ានអង្គុយលើអាសនៈ របស់សក្កទេវានមិន្ទ។ ម្នាលភិក្ខុទាំងឡាយ ទោះបីពួកទេវតាក្នុងឋានតាវត្តិង្ស ពោលទោស តិះដៀល បន្តុះបង្អាប់ ដោយហេតុណាៗ យក្សនោះ ក៏រឹតតែមានរូបល្អផង គួរជាទីពិតពិលរមិលមើលក្រៃពេកផង រឹតតែឲ្យជ្រះថ្លាផង ដោយហេតុនោះៗ។

[៤២៦] ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ ពួកទេវតាក្នុងឋានតាវត្តិង្ស ចូលទៅគាល់សក្កទេវានមិន្ទ លុះចូលទៅដល់ហើយ បានក្រាបទូលសក្កទេវានមិន្ទ យ៉ាងនេះថា បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ ឥឡូវនេះ មានយក្ស១ សម្បុរអាក្រក់ ខ្លួនតឿ ពោះកំប៉ោង អង្គុយលើអាសនៈរបស់ព្រះអង្គ។ បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ ក្នុងរឿងនោះ ឮថា ពួកទេវតាក្នុងឋានតាវត្តិង្ស ពោលទោស តិះដៀល បន្តុះបង្អាប់ថា អស្ចារ្យណាស់ហ្ន៎ ចំឡែកណាស់ហ្ន៎ យក្សមានសម្បុរអាក្រក់ ខ្លួនតឿ ពោះកំប៉ោងនេះ ហ៊ានអង្គុយលើអាសនៈរបស់សក្កទេវានមិន្ទ បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ ទោះបីពួកទេវតាឋានតាវត្តិង្ស ពោលទោស តិះដៀល បន្តុះបង្អាប់ យ៉ាងណាៗ ក៏យក្សនោះ រឹតតែមានរូបល្អឡើងផង គួរជាទីពិតពិលរមិលមើលក្រៃពេកផង រឹតតែគួរឲ្យជ្រះថ្លាផង បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ យក្សនោះ ពិតជាឈ្មោះ កោធភក្ស (មានសេចក្តីក្រោធជាអាហារ) ហើយ។

[៤២៧] ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង សក្កទេវានមិន្ទ ចូលទៅរកកោធភក្ខយក្ស លុះចូលទៅដល់ហើយ ធ្វើសំពត់ឆៀងស្មាម្ខាង លុតព្រះជានុមណ្ឌលខាងស្តាំលើប្រឹថពី ប្រណម្យអញ្ជលី ចំពោះកោធភក្ខយក្សនោះ ហើយបញ្ចេញព្រះនាមឲ្យឮបីដងថា នែអ្នកនិទ៌ុក្ខ ខ្ញុំជាសក្កទេវានមិន្ទ… នែអ្នកនិទ៌ុក្ខ ខ្ញុំជាសក្កទេវានមិន្ទ។ ម្នាលភិក្ខុទាំងឡាយ សក្កទេវានមិន្ទ បញ្ចេញព្រះនាម ដោយហេតុណាៗ យក្សនោះ ក៏ត្រឡប់ជាមានសម្បុររឹតតែអាក្រក់ផង រឹតតែមានខ្លួនតឿ ពោះកំប៉ោងផង ដោយហេតុនោះៗ លុះមានសម្បុររឹតតែអាក្រក់ និងមានខ្លួនរឹតតែតឿ ពោះកំប៉ោងហើយ ក៏បាត់ក្នុងទីនោះទៅ។

[៤២៨] ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង សក្កទេវានមិន្ទ គង់លើអាសនៈរបស់ខ្លួន ពន្យល់ពួកទេវតាឋានតាវត្តិង្ស ហើយបានពោលគាថាទាំងឡាយនេះ ក្នុងវេលានោះថា

ខ្ញុំមិនឲ្យទោសបៀតបៀនបានទេ ទាំងមិនឲ្យធម៌ជាគ្រឿងនាំត្រឡប់ចិត្ត គឺសេចក្តីក្រោធចូលមកបាន ដោយងាយទេ ខ្ញុំមិនក្រោធមកយូរហើយ សេចក្តីក្រោធ មិនដក់នៅក្នុងខ្លួនខ្ញុំទេ បើខ្ញុំខឹង ខ្ញុំមិននិយាយពាក្យអាក្រក់ផង មិនសំដែងធម៌ទាំងឡាយផង ខ្ញុំសំឡឹងឃើញប្រយោជន៍ខ្លួន បានជាខ្ញុំសង្កត់សង្កិនខ្លួនខ្ញុំ។

មាយាសូត្រ ទី៣

(៣. សម្ពរិមាយាសុត្តំ)

[៤២៩] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ កាលពីព្រេងនាយ វេបចិត្តិអសុរិន្ទ មានអាពាធជាទម្ងន់ ដល់នូវទុក្ខវេទនា។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង សក្កទេវានមិន្ទ ចូលទៅសួរជម្ងឺវេបចិត្តិអសុរិន្ទ។ ម្នាលភិក្ខុទាំងឡាយ វេបចិត្តិអសុរិន្ទ បានឃើញសក្កទេវានមិន្ទ កំពុងមកអំពីចម្ងាយ លុះឃើញហើយ ក៏និយាយនឹងសក្កទេវានមិន្ទ យ៉ាងនេះ បពិត្រទេវានមិន្ទ សូមទ្រង់រក្សាខ្ញុំផង។ សក្កទេវានមិន្ទ តបថា ម្នាលវេបចិត្តិ អ្នកចូរប្រាប់កលល្បិចដល់ខ្ញុំ។ វេបចិត្តិអសុរិន្ទតបថា បពិត្រអ្នកនិទ៌ុក្ខ ខ្ញុំមិនទាន់ប្រាប់ទេ ចាំខ្ញុំសាកសួរពួកអសុរសិន។ ម្នាលភិក្ខុទាំងឡាយ វេបចិត្តិអសុរិន្ទ សាកសួរពួកអសុរថា ម្នាលពួកអ្នកនិទ៌ុក្ខ ខ្លួនខ្ញុំនឹងប្រាប់កលល្បិច ដល់សក្កទេវានមិន្ទទៅឬ។ ពួកអសុរតបថា បពិត្រអ្នកនិទ៌ុក្ខ ព្រះអង្គកុំប្រាប់កលល្បិច ដល់សក្កទេវានមិន្ទឡើយ។

[៤៣០] ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង វេបចិត្តិអសុរិន្ទ បានពោលនឹងសក្កទេវានមិន្ទ ដោយគាថា ថា

បពិត្រមឃវសក្កទេវរាជ ព្រះនាមសុជម្បតិ បុគ្គលមានកលល្បិច តែងទៅកើតក្នុងនរកដ៏ពន្លឹក ដូចជាសម្ពរអសុរិន្ទ ប្រកបដោយកលល្បិច ក៏ឆេះក្នុងនរកអស់មួយរយឆ្នាំគត់។

អច្ចយសូត្រ ទី៤

(៤. អច្ចយសុត្តំ)

[៤៣១] សម័យមួយ ព្រះមានព្រះភាគ គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ សម័យនោះឯង ភិក្ខុពីររូបទាស់ទែងគ្នា។ បណ្តាភិក្ខុពីររូបនោះ ភិក្ខុមួយរូបនិយាយរំលោភហួស។ គ្រានោះឯង ភិក្ខុនោះសំដែងទោស តាមសមគួរដល់ទោស ក្នុងសំណាក់ភិក្ខុនោះ។ តែភិក្ខុនោះក៏មិនទទួល។

[៤៣២] គ្រានោះឯង ពួកភិក្ខុជាច្រើនរូប ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះពួកភិក្ខុទាំងនោះ អង្គុយក្នុងទីសមគួរហើយ ទើបក្រាបទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុពីររូបក្នុងសាសនានេះ កើតទាស់ទែងគ្នា បណ្តាភិក្ខុទាំងពីររូបនោះ ភិក្ខុមួយរូបនិយាយរំលោភហួស បពិត្រព្រះអង្គដ៏ចំរើន គ្រានោះឯង ភិក្ខុនោះសំដែងទោស តាមសមគួរដល់ទោស ក្នុងសំណាក់ភិក្ខុនោះ តែភិក្ខុនោះមិនទទួល។

[៤៣៣] ព្រះមានព្រះភាគត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បុគ្គលពាលនេះ មានពីរពួក។ គឺបុគ្គលដែលមិនឃើញទោសតាមទោស១ បុគ្គលដែលគេកាលសំដែងទោស មិនទទួលតាមធម៌១។ ម្នាលភិក្ខុទាំងឡាយ នេះឯង បុគ្គលពាលពីរពួក។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាបណ្ឌិតនេះ ក៏មានពីរពួក។ គឺបុគ្គលដែលឃើញទោស តាមទោស១ បុគ្គលដែលកាលគេសំដែងទោស ទទួលតាមធម៌១។ ម្នាលភិក្ខុទាំងឡាយ នេះឯង បណ្ឌិតមានពីរពួក។

[៤៣៤] ម្នាលភិក្ខុទាំងឡាយ កាលពីព្រេងនាយ សក្កទេវានមិន្ទ ពន្យល់ពួកទេវតានៅឋានតាវត្តិង្ស ក្នុងរោងប្រជុំឈ្មោះសុធម្មា បានពោលគាថានេះ ក្នុងវេលានោះថា

សេចក្តីក្រោធចូរមក ក្នុងអំណាចរបស់អ្នកទាំងឡាយ សេចក្តីប្រែប្រួល របស់អ្នកទាំងឡាយ កុំកើតក្នុងមិត្តធម៌ ពួកអ្នកកុំតិះដៀលបុគ្គល ដែលមិនគួរតិះដៀល ទាំងកុំនិយាយពាក្យស៊កសៀតឡើយ ព្រោះសេចក្តីក្រោធ ដូចជាភ្នំសង្កត់សង្កិនជនអាក្រក់។

អក្កោធសូត្រ ទី៥

(៥. អក្កោធសុត្តំ)

[៤៣៥] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ ក្នុងទីនោះឯង ព្រះមានព្រះភាគ។បេ។

[៤៣៦] ព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ កាលពីព្រេងនាយ សក្កទេវានមិន្ទ ពន្យល់ពួកទេវតាឋានតាវត្តិង្ស ក្នុងរោងប្រជុំឈ្មោះសុធម្មា បានពោលគាថានេះ ក្នុងវេលានោះថា

សេចក្តីក្រោធកុំគ្របសង្កត់អ្នកឡើយ មួយទៀត អ្នកកុំខឹងនឹងពួកបុគ្គលដែលកំពុងខឹងឡើយ សេចក្តីមិនខឹងក្តី សេចក្តីមិនបៀតបៀនក្តី រមែងមាននៅក្នុងពួកព្រះអរិយៈសព្វកាល ប៉ុន្តែសេចក្តីក្រោធដូចជាភ្នំ តែងញាំញីនូវជនអាក្រក់។

ចប់ សក្កបញ្ចកៈ។

ឧទ្ទានក្នុងសក្កបញ្ចកៈនោះ គឺ

សក្កបញ្ចកៈនេះ ដែលព្រះពុទ្ធជាបុគ្គលប្រសើរសំដែងហើយ ដោយឃត្វាសូត្រ១ ទុព្វណ្ណិយសូត្រ១ មាយាសូត្រ១ អច្ចយសូត្រ១ អកោធសូត្រ១។

ចប់ សក្កយំយុត្ត។

ក្នុងសគាថវគ្គមានសំយុត្ត១១គឺ

ទេវតាសំយុត្ត១ ទេវបុត្តសំយុត្ត១ រាជៈ គឺកោសលសំយុត្ត១ មារសំយុត្ត១ ភិក្ខុនីសំយុត្ត១ ព្រហ្មសំយុត្ត១ ព្រាហ្មណសំយុត្ត១ វង្គីសសំយុត្ត១ វនសំយុត្ត១ យក្ខសំយុត្ត១ វាសវៈ គឺសក្កសំយុត្ត១។

ចប់ សគាថវគ្គ។

ចប់ ភាគ៣០។

មាតិកា

លេខ ទំព័រ លេខ​សម្គាល់
សុត្តន្តបិដក sut
សំយុត្តនិកាយ sut.sn
សគាថវគ្គ ទុតិយភាគ sut.sn.v1
ភិក្ខុនីសំយុត្ត sut.sn.05
អាឡវិកាសូត្រ ទី១ ? sut.sn.05.001
សោមាសូត្រ ទី២ ? sut.sn.05.002
គោតមីសូត្រ ទី៣ ? sut.sn.05.003
វិជយាសូត្រ ទី៤ ? sut.sn.05.004
ឧប្បលវណ្ណាសូត្រ ទី៥ ? sut.sn.05.005
ចាលាសូត្រ ទី៦ ? sut.sn.05.006
ឧបចាលាសូត្រ ទី៧ ? sut.sn.05.007
សីសុបបាលាសូត្រ ទី៨ ? sut.sn.05.008
សេលាសូត្រ ទី៩ ? sut.sn.05.009
វជិរាសូត្រ ទី១០ ? sut.sn.05.010
ព្រហ្មសំយុត្ត sut.sn.06
អាយាចនវគ្គ ទី១ sut.sn.06.v01
អាយាចនសូត្រ ទី១ ? sut.sn.06.001
គារវសូត្រ ទី២ ? sut.sn.06.002
ព្រហ្មទេវសូត្រ ទី៣ ? sut.sn.06.003
ពកសូត្រ ទី៤ ? sut.sn.06.004
អបរាទិដ្ឋិសូត្រ ទី៥ ? sut.sn.06.005
បមាទសូត្រ ទី៦ ? sut.sn.06.006
បឋមកោកាលិកសូត្រ ទី៧ ? sut.sn.06.007
តិស្សកសូត្រ ទី៨ ? sut.sn.06.008
តុទុព្រហ្មសូត្រ ទី៩ ? sut.sn.06.009
ទុតិយកោកាលិកសូត្រ ទី១០ ? sut.sn.06.010
ព្រហ្មបញ្ចកៈ sut.sn.06.v02
សនង្កុមារសូត្រ ទី១ ? sut.sn.06.011
ទេវទត្តសូត្រ ទី២ ? sut.sn.06.012
អន្ធកវិន្ទសូត្រ ទី៣ ? sut.sn.06.013
អរុណវតីសូត្រ ទី៤ ? sut.sn.06.014
បរិនិព្វានសូត្រ ទី៥ ? sut.sn.06.015
ព្រាហ្មណសំយុត្ត sut.sn.07
អរហន្តវគ្គ ទី១ sut.sn.07.v01
ធនញ្ជានីសូត្រ ទី១ ? sut.sn.07.001
អក្កោសកសូត្រ ទី២ ? sut.sn.07.002
អសុរិន្ទកសូត្រ ទី៣ ? sut.sn.07.003
ពិលង្គិកសូត្រ ទី៤ ? sut.sn.07.004
អហឹសកសូត្រ ទី៥ ? sut.sn.07.005
ជដាសូត្រ ទី៦ ? sut.sn.07.006
សុទ្ធិកសូត្រ ទី៧ ? sut.sn.07.007
អគ្គិកសូត្រ ទី៨ ? sut.sn.07.008
សុន្ទរិកសូត្រ ទី៩ ? sut.sn.07.009
ពហុធិតិសូត្រ ទី១០ ? sut.sn.07.010
ឧបាសកវគ្គ ទី២ sut.sn.07.v02
កសិសូត្រ ទី១ ? sut.sn.07.011
ឧទយសូត្រ ទី២ ? sut.sn.07.012
ទេវហិតសូត្រ ទី៣ ? sut.sn.07.013
មហាសាលសូត្រ ទី៤ ? sut.sn.07.014
មានត្ថទ្ធសូត្រ ទី៥ ? sut.sn.07.015
បច្ចនិកសូត្រ ទី៦ ? sut.sn.07.016
នវកម្មិកសូត្រ ទី៧ ? sut.sn.07.017
កដ្ឋហារសូត្រ ទី៨ ? sut.sn.07.018
មាតុបោសកសូត្រ ទី៩ ? sut.sn.07.019
ភិក្ខកសូត្រ ទី១០ ? sut.sn.07.020
សង្គរវសូត្រ ទី១១ ? sut.sn.07.021
ខោមទុស្សសូត្រ ទី១២ ? sut.sn.07.022
វង្គីសសំយុត្ត sut.sn.08
និក្ខន្តសូត្រ ទី១ ? sut.sn.08.001
អរតិសូត្រ ទី២ ? sut.sn.08.002
បេសលាតិមញ្ញនាសូត្រ ទី៣ ? sut.sn.08.003
អានន្ទសូត្រ ទី៤ ? sut.sn.08.004
សុភាសិតសូត្រ ទី៥ ? sut.sn.08.005
សារីបុត្តសូត្រ ទី៦ ? sut.sn.08.006
បវារណាសូត្រ ទី៧ ? sut.sn.08.007
បរោសហស្សសូត្រ ទី៨ ? sut.sn.08.008
កោណ្ឌញ្ញសូត្រ ទី៩ ? sut.sn.08.009
មោគ្គល្លានសូត្រ ទី១០ ? sut.sn.08.010
គគ្គរាសូត្រ ទី១១ ? sut.sn.08.011
វង្គីសសូត្រ ទី១២ ? sut.sn.08.012
វនសំយុត្ត sut.sn.09
វិវេកសូត្រ ទី១ ? sut.sn.09.001
ឧបដ្ឋានសូត្រ ទី២ ? sut.sn.09.002
កស្សបគោត្តសូត្រ ទី៣ ? sut.sn.09.003
សម្ពហុលសូត្រ ទី៤ ? sut.sn.09.004
អានន្ទសូត្រ ទី៥ ? sut.sn.09.005
អនុរុទ្ធសូត្រ ទី៦ ? sut.sn.09.006
នាគទត្តសូត្រ ទី៧ ? sut.sn.09.007
កុលឃរណីសូត្រ ទី៨ ? sut.sn.09.008
វជ្ជីបុត្តសូត្រ ទី៩ ? sut.sn.09.009
សជ្ឈាយសូត្រ ទី១០ ? sut.sn.09.010
អយោនិសោមនសិការសូត្រ ទី១១ ? sut.sn.09.011
មជ្ឈន្តិកសូត្រ ទី១២ ? sut.sn.09.012
បាកតិន្ទ្រិយសូត្រ ទី១៣ ? sut.sn.09.013
បទុមបុប្ផសូត្រ ទី១៤ ? sut.sn.09.014
យក្ខសំយុត្ត sut.sn.10
ឥន្ទកសូត្រ ទី១ ? sut.sn.10.001
សក្កសូត្រ ទី២ ? sut.sn.10.002
សូចិលោមសូត្រ ទី៣ ? sut.sn.10.003
មណិភទ្ទសូត្រ ទី៤ ? sut.sn.10.004
សានុសូត្រ ទី៥ ? sut.sn.10.005
បិយង្ករសូត្រ ទី៦ ? sut.sn.10.006
បុនព្វសុសូត្រ ទី៧ ? sut.sn.10.007
សុទត្តសូត្រ ទី៨ ? sut.sn.10.008
បឋមសុក្កាសូត្រ ទី៩ ? sut.sn.10.009
ទុតិយសុក្កាសូត្រ ទី១០ ? sut.sn.10.010
ចីរាសូត្រ ទី១១ ? sut.sn.10.011
អាឡវកសូត្រ ទី១២ ? sut.sn.10.012
សក្កសំយុត្ត sut.sn.11
សុវីរវគ្គ ទី១ sut.sn.11.v01
សុវីរសូត្រ ទី១ ? sut.sn.11.001
សុសិមសូត្រ ទី២ ? sut.sn.11.002
ធជគ្គសូត្រ ទី៣ ? sut.sn.11.003
វេបចិត្តិសូត្រ ទី៤ ? sut.sn.11.004
សុភាសិតជយសូត្រ ទី៥ ? sut.sn.11.005
កុលាវកសូត្រ ទី៦ ? sut.sn.11.006
នទុព្ភិយសូត្រ ទី៧ ? sut.sn.11.007
វិរោចនាសុវិន្ទសូត្រ ទី៨ ? sut.sn.11.008
អារញ្ញកសូត្រ ទី៩ ? sut.sn.11.009
សមុទ្ទកសូត្រ ទី១០ ? sut.sn.11.010
ទេវវគ្គ ទី២ sut.sn.11.v02
បឋមទេវសូត្រ ទី១ ? sut.sn.11.011
ទុតិយទេវសូត្រ ទី២ ? sut.sn.11.012
តតិយទេវសូត្រ ទី៣ ? sut.sn.11.013
ទឡិទ្ទសូត្រ ទី៤ ឬ ទលិទ្ទសូត្រ ទី៤ ? sut.sn.11.014
រាមណេយ្យកសូត្រ ទី៥ ? sut.sn.11.015
យជមានសូត្រ ទី៦ ? sut.sn.11.016
វន្ទនសូត្រ ទី៧ ? sut.sn.11.017
បឋមសក្កនមស្សនសូត្រ ទី៨ ? sut.sn.11.018
ទុតិយសក្កនមស្សនសូត្រ ទី៩ ? sut.sn.11.019
តតិយសក្កនមស្សនសូត្រ ទី១០ ? sut.sn.11.020
សក្កបញ្ចកៈ sut.sn.11.v03
ឃត្វាសូត្រ ទី១ ? sut.sn.11.021
ទុព្វណ្ណិយសូត្រ ទី២ ? sut.sn.11.022
មាយាសូត្រ ទី៣ ? sut.sn.11.023
អច្ចយសូត្រ ទី៤ ? sut.sn.11.024
អក្កោធសូត្រ ទី៥ ? sut.sn.11.025

ចប់មាតិកា


1)
ព្រះនិព្វាន។
2)
បច្ចវេក្ខណញ្ញាណ។
3)
ព្រះអរហត្ត។
4)
ចតុសច្ចធម៌ ឬខន្ធបញ្ចកៈ ជាអារម្មណ៍នៃវិបស្សនា។
5)
ចិត្តដែលតាំងនៅក្នុងសមាធិ។
6)
ផលសមាបត្តិញ្ញាណ។
7)
អាតតំ ស្គរដែលគេដាសពាសតែម្ខាង១ វិតតំ ស្គរតូច ដែលគេដាសពាសទាំងពីរខាង មានសំភោរជាដើម១ អាតតវិតតំ ស្គរធំ ដែលគេដាសពាសទាំងពីរខាង មានស្គរជ័យជាដើម១ ឃនំ គ្រឿងតូរ្យតន្ត្រីតាន់ គ្មានប្រហោង១ សុសិរំ គ្រឿងតូរ្យតន្ត្រីមានប្រហោង១។
8)
ភិក្ខុនី ជាគ្នាមិនមានឡើយ។
9)
ភ្លើងកិលេស មានរាគៈជាដើម ភ្លើងទុក្ខ មានជាតិទុក្ខ ជាដើម។
10)
ក្តៅក្រហាយ ដោយភ្លើងទាំងពីរនោះឯង។
11)
ភ្នំច្រាលរន្ទាល ដោយភ្លើងទាំងពីរនោះឯង។
12)
អឃៈ ជាឈ្មោះនៃអត្តភាពដូចគ្នានឹងពុម្ព។ អឃៈ ប្រែថា ជាទីតាំងនៃសេចក្តីទុក្ខ។
13)
បានដល់រសជាតិ ឬប្រេងរបស់ពូជនោះៗ។
14)
នេះជាពាក្យបរិយាយតាមបរមត្ថ។
15)
អង្គរបស់រថនោះមានកង់ ទូក ប្រែក ជាដើម។
16)
សំដៅយក អរិយសច្ច ទាំង៤។
17)
បានដល់ តណ្ហាវិចរិត ទាំង១០៨។
18)
បានដល់ ចតុសច្ចធម៌។
19)
បានខាងកិលេស មានរាគៈ ជាដើម។
20)
បានខាងបញ្ញាចក្ខុ
21)
សំដៅយកគ្រូទាំង៦។
22)
បានខាងអរិយមគ្គ។
23)
អាហារបិណ្ឌបាត។
24)
ថ្មប្រមាណប៉ុនផ្ទះកំពូល ធ្លាក់ចុះមកអំពីព្រហ្មលោកមួយថ្ងៃមួយយប់ បានចម្ងាយ៤ម៉ឺន ៨ពាន់យោជន៍ ធ្លាក់ចុះមក៤ខែ ទើបដល់ផែនដី នេះជាចម្ងាយព្រហ្មលោកជាន់ទាបបំផុត។
25)
កុសលជ្ឈានទាំង៤ ជាផ្លូវរបស់ព្រហ្ម វិបាកជ្ឈានទាំង៤ ជាផ្លូវជីវិតរបស់ព្រហ្ម។
26)
សំដៅយកមគ្គទាំង៤។
27)
សំដៅយកអតីតក្ខន្ធ។
28)
សំដៅយកអនាគតក្ខន្ធ។ បានសេចក្តីថា ភិក្ខុនោះ មិនមានត្រេកអរ ក្នុងខន្ធទាំងអម្បាលនោះឡើយ។
29)
បានដល់បុថុជ្ជន។
30)
បានដល់ព្រះខីណាស្រព។
31)
ជាឈ្មោះសំខ្យាមួយយ៉ាង ប្រើលេខ១ មានពិន្ទុហុកសិបបី។
32)
គិម្ហរដូវ។
33)
គុណព្រះខីណាស្រព គ្មានអ្នកណារាប់អស់ឡើយ។
34)
បុថុជ្ជនណា អួតថារាប់គុណព្រះខីណាស្រពអស់ បុថុជ្ជននោះ ចាត់ថាជាអ្នកល្ងង់ខ្លៅ។ អដ្ឋកថា
35)
អាចារ្យខ្លះប្រែថា បូស ខ្លះថា បូសរលកកែវ ខ្លះថា កមរលាយ។
36)
អដ្ឋកថា ថា ៤បត្ថៈ (នាលិ) នៃអ្នកដែនមគធៈ ជា១បត្ថៈ របស់អ្នកដែនកោសល, ៤បត្ថៈនោះ ជា១អាឡ្ហកៈ ៤អាឡ្ហកៈ ជា១ទោណៈ, ៤ទោណៈ ជា១មានិកា, ៤មានិកា ទើបត្រូវជា១ខារិ គឺ១អំរែក។
37)
អញនឹងលើកនូវវាទៈ បានសេចក្តីថា អញនឹងសួរដេញដោល។
38)
ធម្មៈ បានដល់ សម្មាទិដ្ឋិ សម្មាសង្កប្បៈ សម្មាវាយាមៈ សម្មាសតិ សម្មាសមាធិ។
39)
ការសង្រួម បានដល់ សម្មាកម្មន្តៈ សម្មាអាជីវៈ។
40)
សត្វបាណកជាតិដែលមានខ្លួនរអុជៗ រទុះៗ។
41)
បុគ្គលដែលគួរដល់ការបូជា មានអសីតិមហាថេរជាដើម។
42)
បុគ្គលដែលគួរដល់សក្ការៈ។
43)
បុគ្គលដែលគួរដល់ការកោតក្រែង។
44)
ទក្ខិណាទានសម្រេច បានសេចក្តីថា ទក្ខិណាទាន មានផលច្រើន។ អដ្ឋកថា។
45)
ធម៌ដែលត្រូវប្រតិបត្តិក្នុងទីប្រជុំ។
46)
សំដៅយកពិភពនាគ។
47)
ប្រែថា “ពិភពនាគ” ក៏បាន ថា “សមុទ្រ” ក៏បាន ថា “ភ្លើងក្នុងទន្លេ” ក៏បាន ខ្មែរយើងពីដើម ធ្លាប់នាំគ្នានិយាយថា “បាដាល” (បាលីលិបិក្រម)។
48)
មានប្រមាណ ៣ គឺ ជាតិ១ សត្ត១ អវិនាស១។
49)
ក្នុងអដ្ឋកថា ថា កាលដែលទេវតាកំពុងស្តីឲ្យភិក្ខុនោះ មានតាបសម្នាក់ ចុះជីកគាស់ក្រអៅឈូក កាច់ផ្កាឈូក
50)
បារិហារិកបក្ខនេះ សំដៅយកថ្ងៃបដិជាគរឧបោសថ គឺថ្ងៃខាងដើម និងថ្ងៃខាងចុង នៃបកតិឧបោសថ (ថ្ងៃអមបកតិឧបោសថ)។
51)
កិច្ចការនីមួយក្នុងទីនេះ សំដៅយកការជួញ។ អដ្ឋកថា។
52)
ស្បែកជើងដ៏ក្រាស់តាំងពី៤ជាន់ឡើងទៅ។
km/tipitaka/book_030.txt · ពេលកែចុងក្រោយ: 2023/04/04 08:45 និពន្ឋដោយ Johann