User Tools

Site Tools


Translations of this page?:
km:tipitaka:book_031

មាតិកា

-Namo tassa bhagavato arahato sammā-
ព្រះត្រៃបិដកភាសាខ្មែរ - Tipiṭaka Khmer language
ភាគ ៣១ - Book 31

Ven. Members of the Sangha, Ven. Theras Valued Upasaka, valued Upasika This is a Work Edition! 1.Edition 20170101 Do not share it further except for editing and working purposes within the transcription project on sangham.net. Only for personal use. If you find any mistake or like to join the merits please feel invited to join here: sangham.net or Upasika Norum on sangham.net Anumodana!

សូម​ថ្វាយបង្គំ​ចំពោះ​ព្រះសង្ឃ, ជំរាបសួរ​ឧបាសក និង​ឧបាសិកា​ទាំង​អស់ នេះ​គឺ​ជា​សេចក្តី​ព្រាងច្បាប់​ការ​បោះ​ពុម្ព​ផ្សាយ! 1.Edition 20170101 សូម​កុំ​ចែក​រំលែក​បន្ថែម​ទៀត ប្រសិន​បើ​មិន​មែន​សម្រាប់​ការ​កែសម្រួល​នៅ sangham.net និង​កិច្ច​ការ​នេះ។ សូម​គិត​ថា​លោក​អ្នក​ត្រូវ​បាន​អញ្ជើញ​ដើម្បី​ចូល​រួម​បុណ្យកុសល​នេះ និង​​សូមប្រាប់​ពួក​យើង​អំពី​កំហុស និង​ប្រើវេទិកា​នេះ: sangham.net ឬ​ប្រាប់​ឧបាសិកា Norum នៅ​លើ sangham.net សូម​អនុមោទនា!

A topic about progress and feedback can be found here: ព្រះត្រៃបិដក ភាគ ០៣១ - Tipitaka Book 031, for change log on ati.eu see here: រាយការណ៍ ភាគ ០៣១



book_031.jpg

គំរូ ឯកសារ ផ្សេងទៀត ៖
book_031.pdf

លេខសម្គាល់
លេខទំព៍រ

ព្រះត្រៃបិដក ភាគ ទី ៣១

ទ. 1

សុត្តន្តបិដក

សំយុត្តនិកាយ

និទានវគ្គ

(និទានវគ្គោ)

តតិយភាគ

នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស។

ខ្ញុំ​សូម​នមស្ការ ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ ជា​អរហន្ត​សម្មាសម្ពុទ្ធ ព្រះ​អង្គ​នោះ​។

និទានសំយុត្ត ទី១

(១. និទានសំយុត្តំ)

ពុទ្ធវគ្គ (ទី១)

(១. ពុទ្ធវគ្គោ)

(បដិច្ចសមុប្បាទ)សូត្រ ទី១

(១. បដិច្ចសមុប្បាទសុត្តំ)

[១] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ កាលព្រះមានព្រះភាគ គង់នៅក្នុងវត្តនោះ បានត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីកា នៃព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ។ ទើបព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ តថាគត នឹងសំដែងនូវបដិច្ចសមុប្បាទធម៌ ដល់អ្នកទាំងឡាយ ចូរអ្នកទាំងឡាយ ប្រុងស្តាប់ធម៌នោះ ចូរធ្វើទុកក្នុងចិត្តដោយប្រពៃចុះ តថាគត នឹងសំដែងប្រាប់។ ភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីកា នៃព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។

[២] ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ចុះបដិច្ចសមុប្បាទធម៌ តើដូចម្តេច ម្នាលភិក្ខុទាំងឡាយ សង្ខារទាំងឡាយកើតមាន ព្រោះអវិជ្ជាជាបច្ច័យ វិញ្ញាណកើតមាន ព្រោះសង្ខារជាបច្ច័យ នាមរូបកើតមាន ព្រោះវិញ្ញាណជាបច្ច័យ អាយតនៈ៦កើតមាន ព្រោះនាមរូបជាបច្ច័យ ផស្សៈកើតមាន ព្រោះអាយតនៈ៦ជាបច្ច័យ វេទនាកើតមាន ព្រោះផស្សៈជាបច្ច័យ តណ្ហាកើតមាន ព្រោះវេទនាជាបច្ច័យ ឧបាទានកើតមាន ព្រោះតណ្ហាជាបច្ច័យ ភពកើតមាន ព្រោះឧបាទានជាបច្ច័យ ជាតិកើតមាន ព្រោះភពជាបច្ច័យ ជរាមរណៈ សេចក្តីសោកស្តាយ សេចក្តីខ្សឹកខ្សួល សេចក្តីលំបាកកាយ លំបាកចិត្ត និងសេចក្តីចង្អៀតចង្អល់ចិត្ត ក៏កើតមានព្រម ព្រោះជាតិជាបច្ច័យ។ ការកើតឡើងព្រម នៃកងទុក្ខទាំងអស់នុ៎ះ រមែងមានយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា បដិច្ចសមុប្បាទធម៌។

[៣] ការរលត់នៃសង្ខារ ព្រោះការវិនាស និងការរលត់ឥតសេសសល់នៃអវិជ្ជា ការរលត់នៃវិញ្ញាណ ព្រោះការរលត់នៃសង្ខារ ការរលត់នៃនាមរូប ព្រោះការរលត់នៃវិញ្ញាណ ការរលត់នៃអាយតនៈ៦ ព្រោះការរលត់នៃនាមរូប ការរលត់នៃផស្សៈ ព្រោះការរលត់នៃអាយតនៈ៦ ការរលត់នៃវេទនា ព្រោះការរលត់នៃផស្សៈ ការរលត់នៃតណ្ហា ព្រោះការរលត់នៃវេទនា ការរលត់នៃឧបាទាន ព្រោះការរលត់នៃតណ្ហា ការរលត់នៃភព ព្រោះការរលត់នៃឧបាទាន ការរលត់នៃជាតិ ព្រោះការរលត់នៃភព ជរាមរណៈ សេចក្តីសោកស្តាយ សេចក្តីខ្សឹកខ្សួល សេចក្តីលំបាកកាយ លំបាកចិត្ត និងសេចក្តីចង្អៀតចង្អល់ចិត្ត ក៏រមែងរលត់ទៅ ព្រោះការរលត់នៃជាតិ។ ការរលត់នៃកងទុក្ខទាំងអស់នុ៎ះ រមែងមានយ៉ាងនេះ។ លុះព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះហើយ ពួកភិក្ខុទាំងនោះ ក៏មានចិត្តត្រេកអរ រីករាយ ចំពោះភាសិតរបស់ព្រះមានព្រះភាគ។

ចប់សូត្រ ទី១។

(វិភង្គ)សូត្រ ទី២

(២. វិភង្គសុត្តំ)

[៤] ទ្រង់គង់នៅជិតក្រុងសាវត្ថី… ម្នាលភិក្ខុទាំងឡាយ តថាគត នឹងសំដែង នឹងញែក នូវបដិច្ចសមុប្បាទធម៌ ដល់អ្នកទាំងឡាយ ចូរអ្នកទាំងឡាយ ប្រុងស្តាប់ធម៌នោះ ចូរធ្វើទុកក្នុងចិត្តដោយប្រពៃចុះ តថាគតនឹងសំដែងប្រាប់។ ភិក្ខុទាំងនោះ ទទួលតបព្រះពុទ្ធដីកា នៃព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។

[៥] ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ចុះបដិច្ចសមុប្បាទធម៌ តើដូចម្តេច ម្នាលភិក្ខុទាំងឡាយ សង្ខារទាំងឡាយកើតមាន ព្រោះអវិជ្ជាជាបច្ច័យ វិញ្ញាណកើតមាន ព្រោះសង្ខារជាបច្ច័យ នាមរូបកើតមាន ព្រោះវិញ្ញាណជាបច្ច័យ អាយតនៈ៦កើតមាន ព្រោះនាមរូបជាបច្ច័យ ផស្សៈកើតមាន ព្រោះអាយតនៈ៦ជាបច្ច័យ វេទនាកើតមាន ព្រោះផស្សៈជាបច្ច័យ តណ្ហាកើតមាន ព្រោះវេទនាជាបច្ច័យ ឧបាទានកើតមាន ព្រោះតណ្ហាជាបច្ច័យ ភពកើតមាន ព្រោះឧបាទានជាបច្ច័យ ជាតិកើតមាន ព្រោះភពជាបច្ច័យ ជរាមរណៈ សេចក្តីសោកស្តាយ សេចក្តីខ្សឹកខ្សួល សេចក្តីលំបាកកាយ លំបាកចិត្ត និងសេចក្តីចង្អៀតចង្អល់ចិត្ត ក៏កើតមានព្រម ព្រោះជាតិជាបច្ច័យ។ ការកើតឡើងព្រមនៃកងទុក្ខទាំងអស់នុ៎ះ រមែងមានយ៉ាងនេះ។

[៦] ម្នាលភិក្ខុទាំងឡាយ ចុះជរា និងមរណៈ តើដូចម្តេច។ សេចក្តីគ្រាំគ្រា ភាពគ្រាំគ្រា ធ្មេញបាក់ សក់ស្កូវ ស្បែកជ្រួញជ្រីវ ដំណើរថយនៃអាយុ ដំណើរចាស់ទុំ នៃឥន្ទ្រិយទាំងឡាយ ណា របស់សត្វទាំងឡាយនោះៗ ក្នុងសត្តនិកាយនោះៗ នេះហៅថា ជរា។ ម្នាលភិក្ខុទាំងឡាយ ចុះមរណៈ តើដូចម្តេច ចុតិ ការឃ្លាត ការបែកធ្លាយ ការបាត់ទៅ សេចក្តីស្លាប់ ដំណើរងាប់ ការធ្វើមរណកាល ការបែកធ្លាយនៃខន្ធទាំងឡាយ ការដាក់ចុះនូវសាកសព ការដាច់នៃជីវិតិន្ទ្រិយ ណា របស់សត្វទាំងឡាយនោះៗ ចាកសត្តនិកាយនោះៗ នេះ ហៅថា មរណៈ។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ជរានេះផង មរណៈនេះផង នេះ ហៅថា ជរា និងមរណៈ។

[៧] ម្នាលភិក្ខុទាំងឡាយ ចុះជាតិ តើដូចម្តេច។ កិរិយាកើតជាដំបូង កិរិយាកើតព្រម កិរិយាចុះចាប់ផ្ទៃ កិរិយាកើត កិរិយាវិលត្រឡប់មកកើត កិរិយាកើតប្រាកដនៃខន្ធទាំងឡាយ កិរិយាបាននូវអាយតនៈណា របស់សត្វទាំងឡាយនោះៗ ក្នុងសត្តនិកាយនោះៗ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ជាតិ។

[៨] ម្នាលភិក្ខុទាំងឡាយ ចុះភព តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភព1) នេះ មាន៣គឺ កាមភព១ រូបភព១ អរូបភព១ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ភព។

[៩] ម្នាលភិក្ខុទាំងឡាយ ចុះឧបាទាន តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ឧបាទាននេះ មាន៤គឺ កាមុបាទាន១ ទិដ្ឋុបាទាន១ សីលព្វតុបាទាន១ អត្តវាទុបាទាន១ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ឧបាទាន។

[១០] ម្នាលភិក្ខុទាំងឡាយ ចុះតណ្ហា តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ពួកតណ្ហានេះ មាន៦ គឺ រូបតណ្ហា១ សទ្ទតណ្ហា១ គន្ធតណ្ហា១ រសតណ្ហា១ ផោដ្ឋព្វតណ្ហា១ ធម្មតណ្ហា១ ម្នាលភិក្ខុទាំងឡាយ នេះហៅថា តណ្ហា។

[១១] ម្នាលភិក្ខុទាំងឡាយ ចុះវេទនា តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ពួកវេទនានេះ មាន៦គឺ វេទនាកើតអំពីចក្ខុសម្ផ័ស្ស១ វេទនាកើតអំពីសោតសម្ផ័ស្ស១ វេទនាកើតអំពីឃានសម្ផ័ស្ស១ វេទនាកើតអំពីជិវ្ហាសម្ផ័ស្ស១ វេទនាកើតអំពីកាយសម្ផ័ស្ស១ វេទនាកើតអំពីមនោសម្ផ័ស្ស១ ម្នាលភិក្ខុទាំងឡាយ នេះហៅថា វេទនា។

[១២] ម្នាលភិក្ខុទាំងឡាយ ចុះផស្សៈ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ពួកផស្សៈនេះ មាន៦គឺ ចក្ខុសម្ផ័ស្ស១ សោតសម្ផ័ស្ស១ ឃានសម្ផ័ស្ស១ ជិវ្ហាសម្ផ័ស្ស១ កាយសម្ផ័ស្ស១ មនោសម្ផ័ស្ស១ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ផស្សៈ។

[១៣] ម្នាលភិក្ខុទាំងឡាយ ចុះអាយតនៈ៦ តើដូចម្តេច។ ចក្ខ្វាយតនៈ១ សោតាយតនៈ១ ឃានាយតនៈ១ ជិវ្ហាយតនៈ១ កាយាយតនៈ១ មនាយតនៈ១ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អាយតនៈ៦។

[១៤] ម្នាលភិក្ខុទាំងឡាយ ចុះនាមរូប តើដូចម្តេច។ វេទនា១ សញ្ញា១ ចេតនា១ ផស្សៈ១ មនសិការៈ១ នេះហៅថា នាម។ មហាភូតរូប៤ និងឧបាទាយរូប របស់មហាភូតរូប៤នេះ ហៅថា រូប។ ម្នាលភិក្ខុទាំងឡាយ នាមនេះផង រូបនេះផង នេះហៅថា នាមរូប ដោយប្រការដូច្នេះ។

[១៥] ម្នាលភិក្ខុទាំងឡាយ ចុះវិញ្ញាណ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ពួកវិញ្ញាណនេះ មាន៦គឺ ចក្ខុវិញ្ញាណ១ សោតវិញ្ញាណ១ ឃានវិញ្ញាណ១ ជិវ្ហាវិញ្ញាណ១ កាយវិញ្ញាណ១ មនោវិញ្ញាណ១ ម្នាលភិក្ខុទាំងឡាយ នេះហៅថា វិញ្ញាណ។

[១៦] ម្នាលភិក្ខុទាំងឡាយ ចុះសង្ខារ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ សង្ខារនេះ មាន៣គឺ កាយសង្ខារ១ វចីសង្ខារ១ ចិត្តសង្ខារ១ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សង្ខារ។

[១៧] ម្នាលភិក្ខុទាំងឡាយ ចុះអវិជ្ជា តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ សេចក្តីមិនដឹងក្នុងទុក្ខ១ សេចក្តីមិនដឹងក្នុងហេតុជាទីកើតទុក្ខ១ សេចក្តីមិនដឹងក្នុងទីរលត់ទុក្ខ១ សេចក្តីមិនដឹងក្នុងបដិបទា ជាដំណើរទៅកាន់ទីរលត់ទុក្ខ១ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អវិជ្ជា។ ម្នាលភិក្ខុទាំងឡាយ សង្ខារទាំងឡាយកើតមាន ព្រោះអវិជ្ជាជាបច្ច័យ វិញ្ញាណកើតមាន ព្រោះសង្ខារជាបច្ច័យ ដោយប្រការដូច្នេះឯង។បេ។ ការកើតឡើងព្រម នៃកងទុក្ខទាំងអស់នុ៎ះ រមែងមានយ៉ាងនេះ។

[១៨] ការរលត់នៃសង្ខារ ព្រោះការវិនាស និងការរលត់ឥតមានសេសសល់នៃអវិជ្ជា ការរលត់នៃវិញ្ញាណ ព្រោះការរលត់នៃសង្ខារ។បេ។ ការរលត់នៃកងទុក្ខទាំងអស់នុ៎ះ រមែងមានយ៉ាងនេះ។

ចប់សូត្រ ទី២។

(បដិបទា)សូត្រ ទី៣

(៣. បដិបទាសុត្តំ)

[១៩] ទ្រង់គង់នៅទៀបក្រុងសាវត្ថី… ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងនូវមិច្ឆាបដិបទា និងសម្មាបដិបទា ដល់អ្នកទាំងឡាយ ចូរអ្នកទាំងឡាយ ប្រុងស្តាប់ធម៌នោះ ចូរធ្វើទុកក្នុងចិត្តដោយប្រពៃចុះ តថាគតនឹងសំដែងប្រាប់។ ភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីកា នៃព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ។

[២០] ទើបព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ចុះមិច្ឆាបដិបទា តើដូចម្តេច ម្នាលភិក្ខុទាំងឡាយ សង្ខារទាំងឡាយកើតមាន ព្រោះអវិជ្ជាជាបច្ច័យ វិញ្ញាណកើតមាន ព្រោះសង្ខារជាបច្ច័យ។បេ។ ការកើតឡើងព្រមនៃកងទុក្ខទាំងអស់នុ៎ះ រមែងមានយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា មិច្ឆាបដិបទា។

[២១] ម្នាលភិក្ខុទាំងឡាយ ចុះសម្មាបដិបទា តើដូចម្តេច ការរលត់នៃសង្ខារ ព្រោះការវិនាស និងការរលត់ឥតមានសេសសល់ នៃអវិជ្ជា ការរលត់នៃវិញ្ញាណ ព្រោះការរលត់នៃសង្ខារ។បេ។ ការរលត់នៃកងទុក្ខទាំងអស់នុ៎ះ រមែងមានយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សម្មាបដិបទា។

ចប់សូត្រ ទី៣។

(វិបស្សី)សូត្រ ទី៤

(៤. វិបស្សីសុត្តំ)

[២២] ទ្រង់គង់នៅជិតក្រុងសាវត្ថី… ម្នាលភិក្ខុទាំងឡាយ ព្រះវិបស្សីមានព្រះភាគ ជាអរហន្ត សម្មាសម្ពុទ្ធ កាលនៅជាពោធិសត្វ មិនទាន់បានត្រាស់ដឹងនៅឡើយ ក្នុងកាលមុន អំពីការត្រាស់ដឹង ទ្រង់មានសេចក្តីត្រិះរិះ ដូច្នេះថា ឱហ្ន៎ សត្វលោកនេះ ដល់នូវសេចក្តីលំបាកណាស់ តែងកើត ចាស់ ស្លាប់ ច្យុត និងចាប់បដិសន្ធិ ថែមទាំងមិនដឹងច្បាស់ នូវការរលាស់ចោលសេចក្តីទុក្ខ គឺជរា និងមរណៈនេះទៀតផង កាលណាទៅហ្ន៎ ទើបការរលាស់ចោលសេចក្តីទុក្ខ គឺជរា និងមរណៈនេះ នឹងប្រាកដឡើងបាន។

[២៣] ម្នាលភិក្ខុទាំងឡាយ គ្រានោះ ព្រះវិបស្សីពោធិសត្វ មានសេចក្តីត្រិះរិះ ដូច្នេះថា កាលអ្វីហ្ន៎កើតមាន ទើបជរា និងមរណៈកើតមាន ជរានិងមរណៈកើតមាន ព្រោះអ្វីជាបច្ច័យ។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ ព្រះវិបស្សីពោធិសត្វ បានត្រាស់ដឹងដោយប្រាជ្ញា ព្រោះយោនិសោមនសិការៈថា កាលបើជាតិកើតមាន ជរានិងមរណៈក៏កើតមាន ជរានិងមរណៈកើតមាន ព្រោះជាតិជាបច្ច័យ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ ព្រះវិបស្សីពោធិសត្វ មានសេចក្តីត្រិះរិះ ដូច្នេះថា កាលអ្វីហ្ន៎កើតមាន ទើបជាតិកើតមាន ជាតិកើតមាន ព្រោះអ្វីជាបច្ច័យ។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ ព្រះវិបស្សីពោធិសត្វ បានត្រាស់ដឹងដោយប្រាជ្ញា ព្រោះយោនិសោមនសិការៈថា កាលបើភពកើតមាន ជាតិក៏កើតមាន ជាតិកើតមាន ព្រោះភពជាបច្ច័យ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ ព្រះវិបស្សីពោធិសត្វ មានសេចក្តីត្រិះរិះ ដូច្នេះថា កាលអ្វីហ្ន៎កើតមាន ទើបភពកើតមាន ភពកើតមាន ព្រោះអ្វីជាបច្ច័យ។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ ព្រះវិបស្សីពោធិសត្វ បានត្រាស់ដឹងដោយប្រាជ្ញា ព្រោះយោនិសោមនសិការៈថា កាលបើឧបាទានកើតមាន ភពក៏កើតមាន ភពកើតមាន ព្រោះឧបាទានជាបច្ច័យ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ ព្រះវិបស្សីពោធិសត្វ មានសេចក្តីត្រិះរិះ ដូច្នេះថា កាលអ្វីហ្ន៎កើតមាន ទើបឧបាទានកើតមាន ឧបាទានកើតមាន ព្រោះអ្វីជាបច្ច័យ។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ ព្រះវិបស្សីពោធិសត្វ បានត្រាស់ដឹងដោយប្រាជ្ញា ព្រោះយោនិសោមនសិការៈថា កាលបើតណ្ហាកើតមាន ឧបាទានក៏កើតមាន ឧបាទានកើតមាន ព្រោះតណ្ហាជាបច្ច័យ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ ព្រះវិបស្សីពោធិសត្វ មានសេចក្តីត្រិះរិះ ដូច្នេះថា កាលអ្វីហ្ន៎កើតមាន ទើបតណ្ហាកើតមាន តណ្ហាកើតមាន ព្រោះអ្វីជាបច្ច័យ។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ ព្រះវិបស្សីពោធិសត្វ បានត្រាស់ដឹងដោយប្រាជ្ញា ព្រោះយោនិសោមនសិការៈថា កាលបើវេទនាកើតមាន តណ្ហាក៏កើតមាន តណ្ហាកើតមាន ព្រោះវេទនាជាបច្ច័យ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ ព្រះវិបស្សីពោធិសត្វ មានសេចក្តីត្រិះរិះ ដូច្នេះថា កាលអ្វីហ្ន៎កើតមាន ទើបវេទនាកើតមាន វេទនាកើតមាន ព្រោះអ្វីជាបច្ច័យ។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ ព្រះវិបស្សីពោធិសត្វ បានត្រាស់ដឹងដោយប្រាជ្ញា ព្រោះយោនិសោមនសិការៈថា កាលបើផស្សៈកើតមាន វេទនាក៏កើតមាន វេទនាកើតមាន ព្រោះផស្សៈជាបច្ច័យ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ ព្រះវិបស្សីពោធិសត្វ មានសេចក្តីត្រិះរិះ ដូច្នេះថា កាលអ្វីហ្ន៎កើតមាន ទើបផស្សៈកើតមាន ផស្សៈកើតមាន ព្រោះអ្វីជាបច្ច័យ។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ ព្រះវិបស្សីពោធិសត្វ បានត្រាស់ដឹងដោយប្រាជ្ញា ព្រោះយោនិសោមនសិការៈថា កាលបើសឡាយតនៈកើតមាន ផស្សៈក៏កើតមាន ផស្សៈកើតមាន ព្រោះសឡាយតនៈជាបច្ច័យ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ ព្រះវិបស្សីពោធិសត្វ មានសេចក្តីត្រិះរិះ ដូច្នេះថា កាលអ្វីហ្ន៎កើតមាន ទើបសឡាយតនៈកើតមាន សឡាយតនៈកើតមាន ព្រោះអ្វីជាបច្ច័យ។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ ព្រះវិបស្សីពោធិសត្វ បានត្រាស់ដឹងដោយប្រាជ្ញា ព្រោះយោនិសោមនសិការៈថា កាលបើនាមរូបកើតមាន សឡាយតនៈក៏កើតមាន សឡាយតនៈកើតមាន ព្រោះនាមរូបជាបច្ច័យ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ ព្រះវិបស្សីពោធិសត្វ មានសេចក្តីត្រិះរិះ ដូច្នេះថា កាលអ្វីហ្ន៎កើតមាន ទើបនាមរូបកើតមាន នាមរូបកើតមាន ព្រោះអ្វីជាបច្ច័យ។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ ព្រះវិបស្សីពោធិសត្វ បានត្រាស់ដឹងដោយប្រាជ្ញា ព្រោះយោនិសោមនសិការៈថា កាលបើវិញ្ញាណកើតមាន នាមរូបក៏កើតមាន នាមរូបកើតមាន ព្រោះវិញ្ញាណជាបច្ច័យ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ ព្រះវិបស្សីពោធិសត្វ មានសេចក្តីត្រិះរិះ ដូច្នេះថា កាលអ្វីហ្ន៎កើតមាន ទើបវិញ្ញាណកើតមាន វិញ្ញាណកើតមាន ព្រោះអ្វីជាបច្ច័យ។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ ព្រះវិបស្សីពោធិសត្វ បានត្រាស់ដឹងដោយប្រាជ្ញា ព្រោះយោនិសោមនសិការៈថា កាលបើសង្ខារទំាងឡាយកើតមាន វិញ្ញាណក៏កើតមាន វិញ្ញាណកើតមាន ព្រោះសង្ខារជាបច្ច័យ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ ព្រះវិបស្សីពោធិសត្វ មានសេចក្តីត្រិះរិះ ដូច្នេះថា កាលអ្វីហ្ន៎កើតមាន ទើបសង្ខារទាំងឡាយកើតមាន សង្ខារទាំងឡាយកើតមាន ព្រោះអ្វីជាបច្ច័យ។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ ព្រះវិបស្សីពោធិសត្វ បានត្រាស់ដឹងដោយប្រាជ្ញា ព្រោះយោនិសោមនសិការៈថា កាលបើអវិជ្ជាកើតមាន សង្ខារទាំងឡាយ ក៏កើតមាន សង្ខារទាំងឡាយកើតមាន ព្រោះអវិជ្ជាជាបច្ច័យ។ ព្រោះហេតុដូច្នេះ សង្ខារទាំងឡាយ កើតមាន ព្រោះអវិជ្ជាជាបច្ច័យ វិញ្ញាណកើតមាន ព្រោះសង្ខារជាបច្ច័យ។បេ។ ការកើតឡើងព្រមនៃកងទុក្ខទាំងអស់នុ៎ះ រមែងមានយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ ព្រះវិបស្សីពោធិសត្វ មានចក្ខុកើតហើយ មានញាណកើតហើយ មានបញ្ញាកើតហើយ មានវិជ្ជាកើតហើយ មានពន្លឺកើតហើយ ក្នុងធម៌ទាំងឡាយ ដែលព្រះអង្គមិនធ្លាប់ស្តាប់ ក្នុងកាលមុនថា ការកើតឡើងព្រម ការកើតឡើងព្រម ដូច្នេះ។

[២៤] ម្នាលភិក្ខុទាំងឡាយ គ្រានោះ ព្រះវិបស្សីពោធិសត្វ មានសេចក្តីត្រិះរិះ ដូច្នេះថា កាលអ្វីហ្ន៎មិនមាន ទើបជរា និងមរណៈមិនមាន ការរលត់នៃជរា និងមរណៈ ព្រោះការរលត់នៃអ្វី។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ ព្រះវិបស្សីពោធិសត្វ បានត្រាស់ដឹងដោយប្រាជ្ញា ព្រោះយោនិសោមនសិការៈថា កាលបើជាតិមិនមាន ជរានិងមរណៈក៏មិនមាន ការរលត់នៃជរានិងមរណៈ ព្រោះការរលត់នៃជាតិ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ ព្រះវិបស្សីពោធិសត្វ មានសេចក្តីត្រិះរិះ ដូច្នេះថា កាលអ្វីហ្ន៎មិនមាន ទើបជាតិមិនមាន ការរលត់នៃជាតិ ព្រោះការរលត់នៃអ្វី។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ ព្រះវិបស្សីពោធិសត្វ បានត្រាស់ដឹងដោយប្រាជ្ញា ព្រោះយោនិសោមនសិការៈថា កាលបើភពមិនមាន ជាតិក៏មិនមាន ការរលត់នៃជាតិ ព្រោះការរលត់នៃភព។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ ព្រះវិបស្សីពោធិសត្វ មានសេចក្តីត្រិះរិះ ដូច្នេះថា កាលអ្វីហ្ន៎មិនមាន ទើបភពមិនមាន ការរលត់នៃភព ព្រោះការរលត់នៃអ្វី។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ ព្រះវិបស្សីពោធិសត្វ បានត្រាស់ដឹងដោយប្រាជ្ញា ព្រោះយោនិសោមនសិការៈថា កាលបើឧបាទានមិនមាន ភពក៏មិនមាន ការរលត់នៃភព ព្រោះការរលត់នៃឧបាទាន។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ ព្រះវិបស្សីពោធិសត្វ មានសេចក្តីត្រិះរិះ ដូច្នេះថា កាលអ្វីហ្ន៎មិនមាន ទើបឧបាទានមិនមាន ការរលត់នៃឧបាទាន ព្រោះការរលត់នៃអ្វី។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ ព្រះវិបស្សីពោធិសត្វ បានត្រាស់ដឹងដោយប្រាជ្ញា ព្រោះយោនិសោមនសិការៈថា កាលបើតណ្ហាមិនមាន ឧបាទានក៏មិនមាន ការរលត់នៃឧបាទាន ព្រោះការរលត់នៃតណ្ហា។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ ព្រះវិបស្សីពោធិសត្វ មានសេចក្តីត្រិះរិះ ដូច្នេះថា កាលអ្វីហ្ន៎មិនមាន ទើបតណ្ហាមិនមាន ការរលត់នៃតណ្ហា ព្រោះការរលត់នៃអ្វី។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ ព្រះវិបស្សីពោធិសត្វ បានត្រាស់ដឹងដោយប្រាជ្ញា ព្រោះយោនិសោមនសិការៈថា កាលបើវេទនាមិនមាន តណ្ហាក៏មិនមាន ការរលត់នៃតណ្ហា ព្រោះការរលត់នៃវេទនា។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ ព្រះវិបស្សីពោធិសត្វ មានសេចក្តីត្រិះរិះ ដូច្នេះថា កាលអ្វីហ្ន៎មិនមាន ទើបវេទនាមិនមាន ការរលត់នៃវេទនា ព្រោះការរលត់នៃអ្វី។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ ព្រះវិបស្សីពោធិសត្វ បានត្រាស់ដឹងដោយប្រាជ្ញា ព្រោះយោនិសោមនសិការៈថា កាលបើផស្សៈមិនមាន វេទនាក៏មិនមាន ការរលត់នៃវេទនា ព្រោះការរលត់នៃផស្សៈ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ ព្រះវិបស្សីពោធិសត្វ មានសេចក្តីត្រិះរិះ ដូច្នេះថា កាលអ្វីហ្ន៎មិនមាន ទើបផស្សៈមិនមាន ការរលត់នៃផស្សៈ ព្រោះការរលត់នៃអ្វី។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ ព្រះវិបស្សីពោធិសត្វ បានត្រាស់ដឹងដោយប្រាជ្ញា ព្រោះយោនិសោមនសិការៈថា កាលបើសឡាយតនៈមិនមាន ផស្សៈក៏មិនមាន ការរលត់នៃផស្សៈ ព្រោះការរលត់នៃសឡាយតនៈ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ ព្រះវិបស្សីពោធិសត្វ មានសេចក្តីត្រិះរិះ ដូច្នេះថា កាលអ្វីហ្ន៎មិនមាន ទើបសឡាយតនៈមិនមាន ការរលត់នៃសឡាយតនៈ ព្រោះការរលត់នៃអ្វី។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ ព្រះវិបស្សីពោធិសត្វ បានត្រាស់ដឹងដោយប្រាជ្ញា ព្រោះយោនិសោមនសិការៈថា កាលបើនាមរូបមិនមាន សឡាយតនៈក៏មិនមាន ការរលត់នៃសឡាយតនៈ ព្រោះការរលត់នៃនាមរូប។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ ព្រះវិបស្សីពោធិសត្វ មានសេចក្តីត្រិះរិះ ដូច្នេះថា កាលអ្វីហ្ន៎មិនមាន ទើបនាមរូបមិនមាន ការរលត់នៃនាមរូប ព្រោះការរលត់នៃអ្វី។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ ព្រះវិបស្សីពោធិសត្វ បានត្រាស់ដឹងដោយប្រាជ្ញា ព្រោះយោនិសោមនសិការៈថា កាលបើវិញ្ញាណមិនមាន នាមរូបក៏មិនមាន ការរលត់នៃនាមរូប ព្រោះការរលត់នៃវិញ្ញាណ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ ព្រះវិបស្សីពោធិសត្វ មានសេចក្តីត្រិះរិះ ដូច្នេះថា កាលអ្វីហ្ន៎មិនមាន ទើបវិញ្ញាណមិនមាន ការរលត់នៃវិញ្ញាណ ព្រោះការរលត់នៃអ្វី។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ ព្រះវិបស្សីពោធិសត្វ បានត្រាស់ដឹងដោយប្រាជ្ញា ព្រោះយោនិសោមនសិការៈថា កាលបើសង្ខារមិនមាន វិញ្ញាណក៏មិនមាន ការរលត់នៃវិញ្ញាណ ព្រោះការរលត់នៃសង្ខារ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ ព្រះវិបស្សីពោធិសត្វ មានសេចក្តីត្រិះរិះ ដូច្នេះថា កាលអ្វីហ្ន៎មិនមាន ទើបសង្ខារទាំងឡាយមិនមាន ការរលត់នៃសង្ខារ ព្រោះការរលត់នៃអ្វី។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ ព្រះវិបស្សីពោធិសត្វ បានត្រាស់ដឹងដោយប្រាជ្ញា ព្រោះយោនិសោមនសិការៈថា កាលបើអវិជ្ជាមិនមាន សង្ខារទាំងឡាយ ក៏មិនមាន ការរលត់នៃសង្ខារ ព្រោះការរលត់នៃអវិជ្ជា។ ព្រោះហេតុដូច្នេះ ការរលត់នៃសង្ខារ ព្រោះការរលត់នៃអវិជ្ជា ការរលត់នៃវិញ្ញាណនេះ ព្រោះការរលត់នៃសង្ខារ។បេ។ ការរលត់នៃកងទុក្ខទាំងអស់នុ៎ះ រមែងមានយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ ព្រះវិបស្សីពោធិសត្វ មានចក្ខុកើតហើយ មានញាណកើតហើយ មានបញ្ញាកើតហើយ មានវិជ្ជាកើតហើយ មានពន្លឺកើតហើយ ក្នុងធម៌ទាំងឡាយ ដែលព្រះអង្គមិនធ្លាប់ស្តាប់ ក្នុងកាលមុនថា ការរលត់ ការរលត់ដូច្នេះ។

ចប់សូត្រ ទី៤។

(សិខី)សូត្រ ទី៥ ដោល (គោតម)សូត្រ ទី១០

(៥. សិខីសុត្តំ ៦. វេស្សភូសុត្តំ ៧. កកុសន្ធសុត្តំ ៨. កោណាគមនសុត្តំ ៩. កស្សបសុត្តំ ១០. គោតមសុត្តំ)

[២៥] សូម្បីការត្រាស់ដឹងរបស់ព្រះពុទ្ធទាំង៧ព្រះអង្គ ក៏បណ្ឌិតគប្បីសំដែងឲ្យពិស្តារតាមទំនងយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ ព្រះសិខីមានព្រះភាគ ជាអរហន្ត សម្មាសម្ពុទ្ធ… ម្នាលភិក្ខុទាំងឡាយ ព្រះវេស្សភូមានព្រះភាគ ជាអរហន្ត សម្មាសម្ពុទ្ធ… ម្នាលភិក្ខុទាំងឡាយ ព្រះកកុសន្ធៈមានព្រះភាគ ជាអរហន្ត សម្មាសម្ពុទ្ធ… ម្នាលភិក្ខុទាំងឡាយ ព្រះកោនាគមនៈមានព្រះភាគ ជាអរហន្ត សម្មាសម្ពុទ្ធ… ម្នាលភិក្ខុទាំងឡាយ ព្រះកស្សបៈមានព្រះភាគ ជាអរហន្ត សម្មាសម្ពុទ្ធ…។

[២៦] ម្នាលភិក្ខុទាំងឡាយ កាលតថាគតនៅជាពោធិសត្វ មិនទាន់បានត្រាស់ដឹងនៅឡើយ ក្នុងកាលមុន អំពីការត្រាស់ដឹង មានសេចក្តីត្រិះរិះដូច្នេះថា ឱហ្ន៎ សត្វលោកនេះ ដល់នូវសេចក្តីលំបាកណាស់ តែងកើត ចាស់ ស្លាប់ ច្យុត និងចាប់បដិសន្ធិ ថែមទាំងមិនដឹងច្បាស់នូវការរលាស់ចោលសេចក្តីទុក្ខ គឺជរា និងមរណៈនេះទៀតផង កាលណាទៅហ្ន៎ ទើបការរលាស់ចោលសេចក្តីទុក្ខ គឺជរា និងមរណៈនេះ នឹងប្រាកដឡើងបាន។ ម្នាលភិក្ខុទាំងឡាយ តថាគតនោះ មានសេចក្តីត្រិះរិះ ដូច្នេះថា កាលអ្វីហ្ន៎កើតមាន ទើបជរា និងមរណៈកើតមាន ជរានិងមរណៈកើតមាន ព្រោះអ្វីជាបច្ច័យ។ ម្នាលភិក្ខុទាំងឡាយ តថាគតនោះ ក៏បានត្រាស់ដឹងដោយប្រាជ្ញា ព្រោះយោនិសោមនសិការៈថា កាលបើជាតិកើតមាន ជរានិងមរណៈក៏កើតមាន ជរានិងមរណៈកើតមាន ព្រោះជាតិជាបច្ច័យ។ ម្នាលភិក្ខុទាំងឡាយ តថាគតនោះ មានសេចក្តីត្រិះរិះ ដូច្នេះថា កាលអ្វីហ្ន៎កើតមាន ទើបជាតិកើតមាន។បេ។ ភព… ឧបាទាន… តណ្ហា… វេទនា… ផស្សៈ… សឡាយតនៈ… នាមរូប… វិញ្ញាណ… ទើបសង្ខារទាំងឡាយកើតមាន សង្ខារទាំងឡាយកើតមាន ព្រោះអ្វីជាបច្ច័យ។ ម្នាលភិក្ខុទាំងឡាយ តថាគតនោះ ក៏បានត្រាស់ដឹងដោយប្រាជ្ញា ព្រោះយោនិសោមនសិការៈថា កាលបើអវិជ្ជាកើតមាន សង្ខារទាំងឡាយក៏កើតមាន សង្ខារទាំងឡាយកើតមាន ព្រោះអវិជ្ជាជាបច្ច័យ។ ព្រោះហេតុដូច្នេះ សង្ខារទាំងឡាយ កើតមាន ព្រោះអវិជ្ជាជាបច្ច័យ វិញ្ញាណនេះកើតមាន ព្រោះសង្ខារជាបច្ច័យ។បេ។ ការកើតឡើងព្រមនៃកងទុក្ខទាំងអស់នុ៎ះ រមែងមានយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ តថាគត មានចក្ខុកើតហើយ មានញាណកើតហើយ មានបញ្ញាកើតហើយ មានវិជ្ជាកើតហើយ មានពន្លឺកើតហើយ ក្នុងធម៌ទាំងឡាយ ដែលមិនធ្លាប់បានស្តាប់ ក្នុងកាលមុនថា ការកើតឡើងព្រម ការកើតឡើងព្រម ដូច្នេះ។

[២៧] ម្នាលភិក្ខុទាំងឡាយ តថាគតនោះ មានសេចក្តីត្រិះរិះ ដូច្នេះថា កាលអ្វីហ្ន៎មិនមាន ទើបជរា និងមរណៈមិនមាន ការរលត់នៃជរា និងមរណៈ ព្រោះការរលត់នៃអ្វី។ ម្នាលភិក្ខុទាំងឡាយ តថាគតនោះ ក៏បានត្រាស់ដឹងដោយប្រាជ្ញា ព្រោះយោនិសោមនសិការៈថា កាលបើជាតិមិនមាន ជរានិងមរណៈ ក៏មិនមាន ការរលត់នៃជរានិងមរណៈ ព្រោះការរលត់នៃជាតិ។ ម្នាលភិក្ខុទាំងឡាយ តថាគតនោះ មានសេចក្តីត្រិះរិះ ដូច្នេះថា កាលអ្វីហ្ន៎មិនមាន ទើបជាតិមិនមាន។បេ។ ភព… ឧបាទាន… តណ្ហា… វេទនា… ផស្សៈ… សឡាយតនៈ… នាមរូប…. វិញ្ញាណ…. ទើបសង្ខារទាំងឡាយមិនមាន ការរលត់នៃសង្ខារ ព្រោះការរលត់នៃអ្វី។ ម្នាលភិក្ខុទាំងឡាយ តថាគតនោះ ក៏បានត្រាស់ដឹងដោយប្រាជ្ញា ព្រោះយោនិសោមនសិការៈថា កាលបើអវិជ្ជាមិនមាន សង្ខារទាំងឡាយ ក៏មិនមាន ការរលត់នៃសង្ខារ ព្រោះការរលត់នៃអវិជ្ជា។ ព្រោះហេតុដូច្នេះ ការរលត់នៃសង្ខារ ព្រោះការរលត់នៃអវិជ្ជា ការរលត់នៃវិញ្ញាណ ព្រោះការរលត់នៃសង្ខារ។បេ។ ការរលត់នៃកងទុក្ខទាំងអស់នុ៎ះ រមែងមានយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ តថាគត មានចក្ខុកើតហើយ មានញាណកើតហើយ មានបញ្ញាកើតហើយ មានវិជ្ជាកើតហើយ មានពន្លឺកើតហើយ ក្នុងធម៌ទាំងឡាយ ដែលមិនធ្លាប់បានស្តាប់ ក្នុងកាលមុនថា ការរលត់ ការរលត់ ដូច្នេះ។

ចប់សូត្រទី១០។

ចប់ ពុទ្ធវគ្គ ទី១។

បញ្ជីនៃពុទ្ធវគ្គនោះ គឺ

ទេសនាវិភង្គ១ បដិបទា១ ព្រះវិបស្សី១ ព្រះសិខី១ ព្រះវេស្សភូ១ ព្រះកកុសន្ធៈ១ ព្រះកោនាគមនៈ១ ព្រះកស្សបៈ១ ព្រះមហាសក្យមុនីគោតម១។

អាហារវគ្គ (ទី២)

(២. អាហារវគ្គោ)

(អាហារ)សូត្រ ទី១

(១. អាហារសុត្តំ)

[២៨] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អាហារនេះមាន៤ តែងប្រព្រឹត្តទៅ ដើម្បីការតាំងនៅបាន នៃពួកភូតសត្វផង ដើម្បីអនុគ្រោះ ដល់ពួកសម្ភវេសីសត្វផង2) ។ អាហារ ទាំង៤ តើដូចម្តេច។ កវឡីការាហារ ដ៏គ្រោតគ្រាតក្តី ល្អិតក្តី (ជាទី១) ផស្សាហារ ជាទី២ មនោសញ្ចេតនាហារ ជាទី៣ វិញ្ញាណាហារ ជាទី៤។ ម្នាលភិក្ខុទាំងឡាយ អាហារទាំង៤នេះឯង តែងប្រព្រឹត្តទៅ ដើម្បីការតាំងនៅបាន នៃពួកភូតសត្វផង ដើម្បីអនុគ្រោះ ដល់ពួកសម្ភវេសីសត្វផង។

[២៩] ម្នាលភិក្ខុទាំងឡាយ ចុះអាហារទាំង៤នេះ មានអ្វីជាហេតុ មានអ្វីនាំឲ្យកើត មានអ្វីជាកំណើត មានអ្វីជាប្រភព។ អាហារទាំង៤នេះ មានតណ្ហាជាហេតុ មានតណ្ហានាំឲ្យកើត មានតណ្ហាជាកំណើត មានតណ្ហាជាប្រភព។ ម្នាលភិក្ខុទាំងឡាយ ចុះតណ្ហានេះ មានអ្វីជាហេតុ មានអ្វីនាំឲ្យកើត មានអ្វីជាកំណើត មានអ្វីជាប្រភព។ តណ្ហា មានវេទនាជាហេតុ មានវេទនានាំឲ្យកើត មានវេទនាជាកំណើត មានវេទនាជាប្រភព។ ម្នាលភិក្ខុទាំងឡាយ ចុះវេទនានេះ មានអ្វីជាហេតុ មានអ្វីនាំឲ្យកើត មានអ្វីជាកំណើត មានអ្វីជាប្រភព។ វេទនា មានផស្សៈជាហេតុ មានផស្សៈនាំឲ្យកើត មានផស្សៈជាកំណើត មានផស្សៈជាប្រភព។ ម្នាលភិក្ខុទាំងឡាយ ចុះផស្សៈនេះ មានអ្វីជាហេតុ មានអ្វីនាំឲ្យកើត មានអ្វីជាកំណើត មានអ្វីជាប្រភព។ ផស្សៈ មានសឡាយតនៈជាហេតុ មានសឡាយតនៈនាំឲ្យកើត មានសឡាយតនៈជាកំណើត មានសឡាយតនៈជាប្រភព។ ម្នាលភិក្ខុទាំងឡាយ ចុះសឡាយតនៈនេះ មានអ្វីជាហេតុ មានអ្វីនាំឲ្យកើត មានអ្វីជាកំណើត មានអ្វីជាប្រភព។ សឡាយតនៈនេះ មាននាមរូបជាហេតុ មាននាមរូបនាំឲ្យកើត មាននាមរូបជាកំណើត មាននាមរូបជាប្រភព។ ម្នាលភិក្ខុទាំងឡាយ ចុះនាមរូបនេះ មានអ្វីជាហេតុ មានអ្វីនាំឲ្យកើត មានអ្វីជាកំណើត មានអ្វីជាប្រភព។ នាមរូប មានវិញ្ញាណជាហេតុ មានវិញ្ញាណនាំឲ្យកើត មានវិញ្ញាណជាកំណើត មានវិញ្ញាណជាប្រភព។ ម្នាលភិក្ខុទាំងឡាយ ចុះវិញ្ញាណនេះ មានអ្វីជាហេតុ មានអ្វីនាំឲ្យកើត មានអ្វីជាកំណើត មានអ្វីជាប្រភព។ វិញ្ញាណ មានសង្ខារជាហេតុ មានសង្ខារនាំឲ្យកើត មានសង្ខារជាកំណើត មានសង្ខារជាប្រភព។ ម្នាលភិក្ខុទាំងឡាយ ចុះសង្ខារទាំងឡាយនេះ មានអ្វីជាហេតុ មានអ្វីនាំឲ្យកើត មានអ្វីជាកំណើត មានអ្វីជាប្រភព។ សង្ខារទាំងឡាយ មានអវិជ្ជាជាហេតុ មានអវិជ្ជានាំឲ្យកើត មានអវិជ្ជាជាកំណើត មានអវិជ្ជាជាប្រភព។ ម្នាលភិក្ខុទាំងឡាយ ហេតុដូច្នេះ សង្ខារទាំងឡាយកើតមាន ព្រោះអវិជ្ជាជាបច្ច័យ វិញ្ញាណកើតមាន ព្រោះសង្ខារជាបច្ច័យ។បេ។ ការកើតឡើងព្រមនៃកងទុក្ខទាំងអស់នុ៎ះ រមែងមានយ៉ាងនេះ។

[៣០] ការរលត់នៃសង្ខារ ព្រោះការវិនាស និងការរលត់ឥតមានសេសសល់នៃអវិជ្ជា ការរលត់នៃវិញ្ញាណ ព្រោះការរលត់នៃសង្ខារ។បេ។ ការរលត់នៃកងទុក្ខទាំងអស់នុ៎ះ រមែងមានយ៉ាងនេះ។

ចប់សូត្រ ទី១។

(មោឡិយផគ្គុន)សូត្រ ទី២

(២. មោឡិយផគ្គុនសុត្តំ)

[៣១] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី… ម្នាលភិក្ខុទាំងឡាយ អាហារនេះ មាន៤ តែងប្រព្រឹត្តទៅ ដើម្បីការតាំងនៅបាន នៃភូតសត្វផង ដើម្បីអនុគ្រោះ ដល់ពួកសម្ភវេសីសត្វផង។ អាហារទាំង៤ តើដូចម្តេច។ កវឡីការាហារ ដ៏គ្រោតគ្រាតក្តី ល្អិតក្តី (ជាទី១) ផស្សាហារ ជាទី២ មនោសញ្ចេតនាហារ ជាទី៣ វិញ្ញាណាហារ ជាទី៤។ ម្នាលភិក្ខុទាំងឡាយ អាហារទាំង៤នេះឯង តែងប្រព្រឹត្តទៅ ដើម្បីការតាំងនៅបាន នៃពួកភូតសត្វផង ដើម្បីអនុគ្រោះ ដល់ពួកសម្ភវេសីសត្វផង។

[៣២] កាលបើព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ព្រះមោលិយផគ្គុនមានអាយុ បានក្រាបបង្គំទូលសួរ នូវព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន នរណាហ្ន៎ តែងទំពាស៊ីនូវវិញ្ញាណាហារ។ ព្រះមានព្រះភាគ ត្រាស់តបថា ប្រស្នានេះ មិនត្រូវទេ ដូច្នេះ ហើយទើបត្រាស់ថា តថាគតមិនពោលថា នរណាហ្ន៎ តែងទំពាស៊ីដូច្នេះឡើយ ប្រសិនបើតថាគតពោលថា នរណាហ្ន៎ តែងទំពាស៊ីដូច្នេះ ប្រស្នាថា បពិត្រព្រះអង្គដ៏ចំរើន នរណាហ្ន៎ តែងទំពាស៊ី ដូច្នេះនោះ ត្រូវគ្នានឹងពាក្យតថាគតហើយ តែថា តថាគតមិនពោលយ៉ាងនេះទេ កាលបើយ៉ាងនេះ បុគ្គលណាសួរ ចំពោះតថាគត ដែលមិនពោលសោះ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន វិញ្ញាណាហារ (ជាបច្ច័យ) នៃធម៌ដូចម្តេចហ្ន៎ ដូច្នេះ ប្រស្នានុ៎ះ របស់បុគ្គលនោះទើបត្រូវ ទាំងត្រូវព្យាករណ៍ចំពោះប្រស្នានោះថា វិញ្ញាណាហារ គឺបដិសន្ធិចិត្ត (ជាបច្ច័យ) នៃកិរិយាកើត ក្នុងភពថ្មីទៀត គឺនាមរូបតទៅ, កាលបើការកើតក្នុងភពថ្មីទៀត គឺនាមរូបនោះ កើតមានហើយ, សឡាយតនៈក៏កើតមាន ផស្សៈកើតមាន ព្រោះសឡាយតនៈជាបច្ច័យ។

[៣៣] បពិត្រព្រះអង្គដ៏ចំរើន នរណាហ្ន៎ តែងពាល់ត្រូវ។ ព្រះមានព្រះភាគ ត្រាស់តបថា ប្រស្នានេះមិនត្រូវទេ ដូច្នេះហើយ ទើបត្រាស់ថា តថាគតមិនពោលថា នរណាហ្ន៎ តែងពាល់ត្រូវដូច្នេះទេ ប្រសិនបើតថាគតពោលថា នរណាហ្ន៎ តែងពាល់ត្រូវដូច្នេះ ប្រស្នាថា បពិត្រព្រះអង្គដ៏ចំរើន នរណាហ្ន៎ តែងពាល់ត្រូវ ដូច្នេះនោះ ត្រូវគ្នានឹងពាក្យតថាគតហើយ តែថា តថាគតមិនពោលយ៉ាងនេះទេ កាលបើយ៉ាងនេះ បុគ្គលណាសួរ ចំពោះតថាគត ដែលមិនពោលសោះ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ផស្សៈកើតមាន ព្រោះអ្វីជាបច្ច័យហ្ន៎ ដូច្នេះ ប្រស្នានុ៎ះ របស់បុគ្គលនោះ ទើបត្រូវ ទាំងត្រូវព្យាករណ៍ ចំពោះប្រស្នានោះថា ផស្សៈកើតមាន ព្រោះសឡាយតនៈជាបច្ច័យ វេទនាកើតមាន ព្រោះផស្សៈជាបច្ច័យ។

[៣៤] បពិត្រព្រះអង្គដ៏ចំរើន នរណាហ្ន៎ តែងទទួលយក។ ព្រះមានព្រះភាគ ត្រាស់តបថា ប្រស្នានេះមិនត្រូវទេ ដូច្នេះហើយ ទើបត្រាស់ថា តថាគតមិនពោលថា នរណាហ្ន៎ តែងទទួលយក ដូច្នេះទេ ប្រសិនបើតថាគតពោលថា នរណាហ្ន៎ តែងទទួលយក ដូច្នេះ ប្រស្នាថា បពិត្រព្រះអង្គដ៏ចំរើន នរណាហ្ន៎ តែងទទួលយក ដូច្នេះនោះ ត្រូវគ្នានឹងពាក្យតថាគតហើយ តែថា តថាគតមិនពោលយ៉ាងនេះទេ កាលបើយ៉ាងនេះ បុគ្គលណាសួរ ចំពោះតថាគត ដែលមិនពោលសោះ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន វេទនាកើតមាន ព្រោះអ្វីជាបច្ច័យហ្ន៎ ដូច្នេះ ប្រស្នានុ៎ះ របស់បុគ្គលនោះ ទើបត្រូវ ទាំងត្រូវព្យាករណ៍ ចំពោះប្រស្នានោះថា វេទនាកើតមាន ព្រោះផស្សៈជាបច្ច័យ តណ្ហាកើតមាន ព្រោះវេទនាជាបច្ច័យ។

[៣៥] បពិត្រព្រះអង្គដ៏ចំរើន នរណាហ្ន៎ តែងតក់ស្លុត។ ព្រះមានព្រះភាគ ត្រាស់ថា ប្រស្នានេះមិនត្រូវទេ ដូច្នេះហើយ ទើបត្រាស់ថា តថាគតមិនពោលថា នរណាហ្ន៎ តែងតក់ស្លុត ដូច្នេះទេ ប្រសិនបើតថាគតពោលថា នរណាហ្ន៎ តែងតក់ស្លុត ដូច្នេះ ប្រស្នាថា បពិត្រព្រះអង្គដ៏ចំរើន នរណាហ្ន៎ តែងតក់ស្លុត ដូច្នេះនោះ ត្រូវគ្នានឹងពាក្យតថាគតហើយ តែថា តថាគតមិនពោលយ៉ាងនេះទេ កាលបើយ៉ាងនេះ បុគ្គលណាសួរ ចំពោះតថាគត ដែលមិនពោលសោះ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន តណ្ហាកើតមាន ព្រោះអ្វីជាបច្ច័យហ្ន៎ ដូច្នេះ ប្រស្នានុ៎ះ របស់បុគ្គលនោះ ទើបត្រូវ ទាំងត្រូវព្យាករណ៍ ចំពោះប្រស្នានោះថា តណ្ហាកើតមាន ព្រោះវេទនាជាបច្ច័យ ឧបាទានកើតមាន ព្រោះតណ្ហាជាបច្ច័យ។

[៣៦] បពិត្រព្រះអង្គដ៏ចំរើន នរណាហ្ន៎ តែងប្រកាន់មាំ។ ព្រះមានព្រះភាគ ត្រាស់ថា ប្រស្នានេះមិនត្រូវទេ ដូច្នេះហើយ ទើបត្រាស់ថា តថាគតមិនពោលថា នរណាហ្ន៎ តែងប្រកាន់មាំ ដូច្នេះទេ ប្រស្នាថា បពិត្រព្រះអង្គដ៏ចំរើន នរណាហ្ន៎ តែងប្រកាន់មាំ ដូច្នេះនោះ ត្រូវគ្នានឹងពាក្យតថាគតហើយ តែថា តថាគតមិនពោលយ៉ាងនេះទេ កាលបើយ៉ាងនេះ បុគ្គលណាសួរ ចំពោះតថាគត ដែលមិនពោលសោះ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ឧបាទានកើតមាន ព្រោះអ្វីជាបច្ច័យហ្ន៎ ដូច្នេះ ប្រស្នានុ៎ះ របស់បុគ្គលនោះ ទើបត្រូវ ទាំងត្រូវព្យាករណ៍ ចំពោះប្រស្នានោះថា ឧបាទានកើតមាន ព្រោះតណ្ហាជាបច្ច័យ ភពកើតមាន ព្រោះឧបាទានជាបច្ច័យ។បេ។ ការកើតឡើងព្រមនៃកងទុក្ខទាំងអស់នុ៎ះ រមែងមានយ៉ាងនេះ។

[៣៧] ម្នាលផគ្គុន ឯការរលត់នៃផស្សៈ ព្រោះការរលត់ឥតមានសេសសល់នៃផស្សាយតនៈ ទាំង៦ ការរលត់នៃវេទនា ព្រោះការរលត់នៃផស្សៈ ការរលត់នៃតណ្ហា ព្រោះការរលត់នៃវេទនា ការរលត់នៃឧបាទាន ព្រោះការរលត់នៃតណ្ហា ការរលត់នៃភព ព្រោះការរលត់នៃឧបាទាន ការរលត់នៃជាតិ ព្រោះការរលត់នៃភព ជរាមរណៈ សេចក្តីសោក ខ្សឹកខ្សួល លំបាកកាយ លំបាកចិត្ត និងសេចក្តីចង្អៀតចង្អល់ចិត្ត ក៏រមែងរលត់ទៅ ព្រោះការរលត់នៃជាតិ។ ការរលត់ទៅនៃកងទុក្ខទាំងអស់នុ៎ះ រមែងមានយ៉ាងនេះ។

ចប់សូត្រ ទី២។

(សមណព្រាហ្មណ)សូត្រ ទី៣

(៣. សមណព្រាហ្មណសុត្តំ)

[៣៨] ទ្រង់គង់នៅទៀបក្រុងសាវត្ថី… ម្នាលភិក្ខុទាំងឡាយ ពួកសមណព្រាហ្មណ៍ ណាមួយ មិនដឹងច្បាស់នូវជរាមរណៈ មិនដឹងច្បាស់ នូវហេតុជាទីកើតនៃជរាមរណៈ មិនដឹងច្បាស់ នូវទីរលត់នៃជរាមរណៈ មិនដឹងច្បាស់នូវបដិបទា ជាដំណើរទៅកាន់ទីរលត់នៃជរាមរណៈ។ នូវជាតិ។បេ។ នូវភព… នូវឧបាទាន… នូវតណ្ហា… នូវវេទនា… នូវផស្សៈ… នូវសឡាយតនៈ… នូវនាមរូប… នូវវិញ្ញាណ… មិនដឹងច្បាស់នូវសង្ខារទាំងឡាយ មិនដឹងច្បាស់ នូវហេតុជាទីកើតនៃសង្ខារ មិនដឹងច្បាស់នូវទីរលត់នៃសង្ខារ មិនដឹងច្បាស់នូវបដិបទា ជាដំណើរទៅកាន់ទីរលត់នៃសង្ខារ។ ម្នាលភិក្ខុទាំងឡាយ សមណព្រាហ្មណ៍ទាំងនោះ តថាគត មិនរាប់ថាសមណៈក្នុងពួកសមណៈផង មិនរាប់ថាព្រាហ្មណ៍ ក្នុងពួកព្រាហ្មណ៍ផង ព្រោះសមណព្រាហ្មណ៍ មានអាយុទាំងនោះ មិនធ្វើឲ្យជាក់ច្បាស់ សម្រេចនូវសាមញ្ញផល ឬព្រហ្មញ្ញផល ដោយបញ្ញាដ៏ឧត្តមរបស់ខ្លួនឯង ក្នុងបច្ចុប្បន្នឡើយ។

[៣៩] ម្នាលភិក្ខុទាំងឡាយ មួយទៀត ពួកសមណព្រាហ្មណ៍ណាមួយ ដឹងច្បាស់នូវជរាមរណៈ ដឹងច្បាស់ នូវហេតុជាទីកើតនៃជរាមរណៈ ដឹងច្បាស់ នូវទីរលត់នៃជរាមរណៈ ដឹងច្បាស់នូវបដិបទា ជាដំណើរទៅកាន់ទីរលត់នៃជរាមរណៈ។ នូវជាតិ។បេ។ នូវភព… នូវឧបាទាន… នូវតណ្ហា… នូវវេទនា… នូវផស្សៈ… នូវសឡាយតនៈ… នូវនាមរូប… នូវវិញ្ញាណ… ដឹងច្បាស់នូវសង្ខារទាំងឡាយ ដឹងច្បាស់ នូវហេតុជាទីកើតនៃសង្ខារ ដឹងច្បាស់នូវទីរលត់នៃសង្ខារ ដឹងច្បាស់នូវបដិបទា ជាដំណើរទៅកាន់ទីរលត់នៃសង្ខារ។ ម្នាលភិក្ខុទាំងឡាយ សមណព្រាហ្មណ៍ទាំងនោះ ទើបតថាគត រាប់ថាសមណៈក្នុងពួកសមណៈផង រាប់ថាព្រាហ្មណ៍ ក្នុងពួកព្រាហ្មណ៍ផង ព្រោះថាសមណព្រាហ្មណ៍ មានអាយុទាំងនោះ រមែងធ្វើឲ្យជាក់ច្បាស់ សម្រេចនូវសាមញ្ញផល ឬព្រហ្មញ្ញផល ដោយបញ្ញាដ៏ឧត្តមរបស់ខ្លួនឯង ក្នុងបច្ចុប្បន្ន។

ចប់សូត្រ ទី៣។

(ទុតិយសមណព្រាហ្មណ)សូត្រ ទី៤

(៤. ទុតិយសមណព្រាហ្មណសុត្តំ)

[៤០] ទ្រង់គង់នៅទៀបក្រុងសាវត្ថី… ម្នាលភិក្ខុទាំងឡាយ ពួកសមណព្រាហ្មណ៍ណាមួយ មិនដឹងច្បាស់នូវធម៌ទាំងនេះ មិនដឹងច្បាស់ នូវហេតុជាទីកើតនៃធម៌ទាំងនេះ មិនដឹងច្បាស់ នូវទីរលត់នៃធម៌ទាំងនេះ មិនដឹងច្បាស់នូវបដិបទា ជាដំណើរទៅកាន់ទីរលត់នៃធម៌នេះ។ សមណព្រាហ្មណ៍ទាំងនោះ មិនដឹងច្បាស់ នូវធម៌អ្វី មិនដឹងច្បាស់នូវហេតុជាទីកើតនៃធម៌អ្វី មិនដឹងច្បាស់នូវទីរលត់នៃធម៌អ្វី មិនដឹងច្បាស់នូវបដិបទា ជាដំណើរទៅកាន់ទីរលត់នៃធម៌អ្វី។ គឺមិនដឹងច្បាស់នូវជរាមរណៈ មិនដឹងច្បាស់នូវហេតុជាទីកើតនៃជរាមរណៈ មិនដឹដងច្បាស់នូវទីរលត់នៃជរាមរណៈ មិនដឹងច្បាស់នូវបដិបទា ជាដំណើរទៅកាន់ទីរលត់នៃជរាមរណៈ។ នូវជាតិ។បេ។ នូវភព… នូវឧបាទាន… នូវតណ្ហា… នូវវេទនា… នូវផស្សៈ… នូវសឡាយតនៈ… នូវនាមរូប… នូវវិញ្ញាណ… មិនដឹងច្បាស់នូវសង្ខារទាំងឡាយ មិនដឹងច្បាស់ នូវហេតុជាទីកើតនៃសង្ខារ មិនដឹងច្បាស់នូវទីរលត់នៃសង្ខារ មិនដឹងច្បាស់នូវបដិបទា ជាដំណើរទៅកាន់ទីរលត់នៃសង្ខារ។ សមណព្រាហ្មណ៍ទាំងនោះ មិនដឹងច្បាស់នូវធម៌ទាំងនេះ មិនដឹងច្បាស់នូវហេតុ ជាទីកើតនៃធម៌ទាំងនេះ មិនដឹងច្បាស់ នូវទីរលត់នៃធម៌ទាំងនេះ មិនដឹងច្បាស់ នូវបដិបទា ជាដំណើរទៅកាន់ទីរលត់នៃធម៌ទាំងនេះឡើយ។ ម្នាលភិក្ខុទាំងឡាយ សមណព្រាហ្មណ៍នោះ តថាគត មិនរាប់ថាសមណៈ ក្នុងពួកសមណៈផង មិនរាប់ថាព្រាហ្មណ៍ ក្នុងពួកព្រាហ្មណ៍ផង ព្រោះថា សមណព្រាហ្មណ៍ មានអាយុទាំងនោះ រមែងមិនធ្វើឲ្យជាក់ច្បាស់ មិនសម្រេចនូវសាមញ្ញផល ឬព្រហ្មញ្ញផល ដោយបញ្ញា ដ៏ឧត្តមរបស់ខ្លួនឯង ក្នុងបច្ចុប្បន្នឡើយ។

[៤១] ម្នាលភិក្ខុទាំងឡាយ ចំណែកខាងពួកសមណព្រាហ្មណ៍ណាមួយ ដឹងច្បាស់នូវធម៌ទាំងនេះ ដឹងច្បាស់ នូវហេតុជាទីកើតនៃធម៌ទាំងនេះ ដឹងច្បាស់ នូវទីរលត់នៃធម៌ទាំងនេះ ដឹងច្បាស់នូវបដិបទា ជាដំណើរទៅកាន់ទីរលត់នៃធម៌ទាំងនេះ។ សមណព្រាហ្មណ៍ទាំងនោះ ដឹងច្បាស់នូវធម៌អ្វី ដឹងច្បាស់នូវហេតុ ជាទីកើតនៃធម៌អ្វី ដឹងច្បាស់នូវទីរលត់នៃធម៌អ្វី ដឹងច្បាស់នូវបដិបទា ជាដំណើរទៅកាន់ទីរលត់នៃធម៌អ្វី។ គឺ ដឹងច្បាស់នូវជរាមរណៈ ដឹងច្បាស់ នូវហេតុជាទីកើតនៃជរាមរណៈ ដឹងច្បាស់ នូវទីរលត់នៃជរាមរណៈ ដឹងច្បាស់នូវបដិបទា ជាដំណើរទៅកាន់ទីរលត់នៃជរាមរណៈ។ នូវជាតិ។បេ។ នូវភព… នូវឧបាទាន… នូវតណ្ហា… នូវវេទនា… នូវផស្សៈ… នូវសឡាយតនៈ… នូវនាមរូប… នូវវិញ្ញាណ… ដឹងច្បាស់នូវសង្ខារទាំងឡាយ ដឹងច្បាស់ នូវហេតុជាទីកើតនៃសង្ខារ ដឹងច្បាស់នូវទីរលត់នៃសង្ខារ ដឹងច្បាស់នូវបដិបទា ជាដំណើរទៅកាន់ទីរលត់នៃសង្ខារ។ សមណព្រាហ្មណ៍ទាំងនោះ ដឹងច្បាស់នូវធម៌ទាំងនេះ ដឹងច្បាស់ នូវហេតុជាទីកើតនៃធម៌ទាំងនេះ ដឹងច្បាស់ នូវទីរលត់នៃធម៌ទាំងនេះ ដឹងច្បាស់នូវបដិបទា ជាដំណើរទៅកាន់ទីរលត់នៃធម៌ទាំងនេះ។ ម្នាលភិក្ខុទាំងឡាយ សមណព្រាហ្មណ៍ទាំងនោះ ទើបតថាគត រាប់ថាជាសមណៈ ក្នុងពួកសមណៈផង រាប់ថាជាព្រាហ្មណ៍ ក្នុងពួកព្រាហ្មណ៍ផង ព្រោះថាសមណព្រាហ្មណ៍ មានអាយុទាំងនោះ រមែងធ្វើឲ្យជាក់ច្បាស់ សម្រេចនូវសាមញ្ញផលផង នូវព្រហ្មញ្ញផលផង ដោយប្រាជ្ញាដ៏ឧត្តមរបស់ខ្លួនឯង ក្នុងបច្ចុប្បន្ន។

ចប់សូត្រ ទី៤។

(ច្ចានគោត្ត)សូត្រ ទី៥

(៥. កច្ចានគោត្តសុត្តំ)

[៤២] ទ្រង់គង់នៅទៀបក្រុងសាវត្ថី… គ្រានោះ ព្រះកច្ចានគោត្រមានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះមានព្រះភាគ រួចអង្គុយក្នុងទីសមគួរ។ លុះព្រះកច្ចានគោត្រមានអាយុ អង្គុយក្នុងទីសមគួរហើយ ក៏ទូលសួរព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ព្រះអង្គតែងត្រាស់ថា សម្មាទិដ្ឋិ សម្មាទិដ្ឋិ ដូច្នេះ បពិត្រព្រះអង្គដ៏ចំរើន ចុះសម្មាទិដ្ឋិ តើកើតមាន ដោយហេតុប៉ុន្មានយ៉ាង។

[៤៣] ម្នាលកច្ចានៈ សត្វលោកនេះ ច្រើនតែអាស្រ័យនូវចំណែកពីរយ៉ាងគឺ អត្ថិភាព (សស្សតទិដ្ឋិ)១ នត្ថិភាព (ឧច្ឆេទទិដ្ឋិ)១។ ម្នាលកច្ចានៈ នត្ថិភាពក្នុងលោក រមែងមិនមាន ដល់បុគ្គលដែលឃើញនូវហេតុជាទីកើតនៃលោក ដោយប្រាជ្ញាដ៏ប្រពៃតាមពិតឡើយ។ ម្នាលកច្ចានៈ អត្ថិភាពក្នុងលោក រមែងមិនមាន ដល់បុគ្គលដែលឃើញនូវទីរលត់នៃលោក ដោយប្រាជ្ញាដ៏ប្រពៃតាមពិតឡើយ។ ម្នាលកច្ចានៈ សត្វលោកនេះ ច្រើនតែជាប់ចំពាក់ដោយឧបាយ ឧបាទាន និងសេចក្តីប្រកាន់មាំ ចំណែកខាងអរិយសាវ័កនេះ រមែងមិនចូលទៅដល់ មិនប្រកៀកប្រកាន់ មិនអធិដ្ឋាន នូវឧបាយ និងឧបាទាន នូវការតាំងទុកនៃចិត្ត នូវសេចក្តីប្រកាន់មាំ និងអនុសយក្កិលេសនោះៗថា ខ្លួនរបស់អាត្មាអញ ដូច្នេះឡើយ។ ឧបាទានក្ខន្ធទុក្ខ កាលកើត ក៏កើតឡើង ឧបាទានក្ខន្ធទុក្ខ កាលរលត់ ក៏រលត់ទៅ ព្រោះហេតុនោះ ទើបអរិយសាវ័កមិនសង្ស័យ មិនងឿងឆ្ងល់ឡើយ។ ញាណរបស់អរិយសាវ័កនោះ រមែងមានក្នុងឧបាទានក្ខន្ធទុក្ខនុ៎ះ ដោយមិនបាច់ជឿពាក្យបុគ្គលដទៃឡើយ។ ម្នាលកច្ចានៈ សម្មាទិដ្ឋិ កើតមានដោយហេតុប៉ុណ្ណេះឯង។

[៤៤] ម្នាលកច្ចានៈ ទីបំផុតទី១នេះ ថា វត្ថុទាំងពួងមាន ទីបំផុតទី២នេះ ថា វត្ថុទាំងពួងមិនមាន។ ម្នាលកច្ចានៈ តថាគត មិនអាស្រ័យនូវទីបំផុតទាំងពីរនុ៎ះទេ តែងសំដែងនូវធម៌ដោយបទកណ្តាលថា សង្ខារទាំងឡាយកើតមាន ព្រោះអវិជ្ជាជាបច្ច័យ វិញ្ញាណកើតមាន ព្រោះសង្ខារជាបច្ច័យ។បេ។ ការកើតឡើងព្រមនៃកងទុក្ខទាំងអស់នុ៎ះ រមែងមានយ៉ាងនេះ។ ឯការរលត់នៃសង្ខារ ព្រោះការវិនាស និងការរលត់ឥតមានសេសសល់នៃអវិជ្ជា ការរលត់នៃវិញ្ញាណ ព្រោះការរលត់នៃសង្ខារ។បេ។ ការរលត់នៃកងទុក្ខទាំងអស់នុ៎ះ រមែងមានយ៉ាងនេះ។

ចប់សូត្រ ទី៥។

(ធម្មកថិក)សូត្រ ទី៦

(៦. ធម្មកថិកសុត្តំ)

[៤៥] ទ្រង់គង់នៅទៀបក្រុងសាវត្ថី… គ្រានោះ ភិក្ខុ១រូប ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះមានព្រះភាគ រួចអង្គុយក្នុងទីសមគួរ។ លុះភិក្ខុនោះ អង្គុយក្នុងទីសមគួរហើយ ក៏ទូលសួរព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ព្រះអង្គតែងត្រាស់ថា ធម្មកថិក ធម្មកថិក (អ្នកសំដែងធម៌ អ្នកសំដែងធម៌) បពិត្រព្រះអង្គដ៏ចំរើន ចុះភិក្ខុជាធម្មកថិក មានដោយហេតុប៉ុន្មានយ៉ាង។

[៤៦] ព្រះអង្គត្រាស់ថា បើភិក្ខុសំដែងធម៌ ដើម្បីការនឿយណាយ ដើម្បីការវិនាស ដើម្បីការរលត់ នៃជរាមរណៈ ទើបគួរហៅថា ភិក្ខុជាធម្មកថិកបាន។ បើភិក្ខុប្រតិបត្តិ ដើម្បីការនឿយណាយ ដើម្បីការវិនាស ដើម្បីការរលត់ នៃជរាមរណៈ ទើបគួរហៅថា ភិក្ខុអ្នកប្រតិបត្តិនូវធម៌សមគួរដល់ធម៌។ បើភិក្ខុមានចិត្តរួចស្រឡះហើយ ព្រោះការនឿយណាយ ព្រោះការវិនាស ព្រោះការរលត់ នៃជរាមរណៈ ព្រោះការមិនប្រកាន់មាំ ទើបគួរហៅថា ភិក្ខុអ្នកដល់ នូវព្រះនិព្វានក្នុងបច្ចុប្បន្ន។ បើភិក្ខុសំដែងធម៌ ដើម្បីការរលត់នៃជាតិ។បេ។ បើភិក្ខុសំដែងធម៌ ដើម្បីការរលត់នៃភព… បើភិក្ខុសំដែងធម៌ ដើម្បីការរលត់នៃឧបាទាន… បើភិក្ខុសំដែងធម៌ ដើម្បីការរលត់នៃតណ្ហា… បើភិក្ខុសំដែងធម៌ ដើម្បីការរលត់នៃវេទនា… បើភិក្ខុសំដែងធម៌ ដើម្បីការរលត់នៃផស្សៈ… បើភិក្ខុសំដែងធម៌ ដើម្បីការរលត់នៃសឡាយតនៈ… បើភិក្ខុសំដែងធម៌ ដើម្បីការរលត់នៃនាមរូប… បើភិក្ខុសំដែងធម៌ ដើម្បីការរលត់នៃវិញ្ញាណ… បើភិក្ខុសំដែងធម៌ ដើម្បីការរលត់នៃសង្ខារ… បើភិក្ខុសំដែងធម៌ ដើម្បីការនឿយណាយ ដើម្បីការវិនាស ដើម្បីការរលត់ នៃអវិជ្ជា ទើបគួរហៅថា ភិក្ខុធម្មកថិក។ បើភិក្ខុប្រតិបត្តិ ដើម្បីការនឿយណាយ ដើម្បីការវិនាស ដើម្បីការរលត់ នៃអវិជ្ជា ទើបគួរហៅថា ភិក្ខុអ្នកប្រតិបត្តិនូវធម៌ សមគួរដល់ធម៌។ បើភិក្ខុមានចិត្តរួចស្រឡះហើយ ព្រោះការនឿយណាយ ព្រោះការវិនាស ព្រោះការរលត់ នៃអវិជ្ជា ព្រោះការមិនប្រកាន់មាំ ទើបគួរហៅថា ភិក្ខុអ្នកដល់ នូវព្រះនិព្វានក្នុងបច្ចុប្បន្ន។

ចប់សូត្រ ទី៦។

(អចេលកស្សប)សូត្រ ទី៧

(៧. អចេលកស្សបសុត្តំ)

[៤៧] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ជិតក្រុងរាជគ្រឹះ។ គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់ស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងវេលាបុព្វណ្ហសម័យ ហើយស្តេចចូលទៅក្នុងក្រុងរាជគ្រឹះ ដើម្បីបិណ្ឌបាត។ អចេលកស្សប បានឃើញព្រះមានព្រះភាគ យាងមកអំពីចម្ងាយលឹមៗ លុះឃើញហើយ ក៏ដើរចូលទៅរកព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះមានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររឭកហើយ ក៏ឋិតនៅក្នុងទីសមគួរ។

[៤៨] លុះអចេលកស្សប ឋិតនៅក្នុងទីសមគួរហើយ ទើបក្រាបបង្គំទូលសួរព្រះមានព្រះភាគ ដូច្នេះថា យើងខ្ញុំនឹងសួរនូវហេតុនីមួយ ចំពោះព្រះគោតមដ៏ចម្រើន បើព្រះគោតមដ៏ចម្រើន បើកឱកាសដើម្បីការដោះស្រាយប្រស្នារបស់យើងខ្ញុំ។ ព្រះមានព្រះភាគ ត្រាស់តបថា កុំអាលសិន កស្សប កាលនេះ ជាកាលមិនគួរដល់ប្រស្នាទេ ព្រោះយើងកំពុងចូលមកកាន់ចន្លោះផ្ទះ។ អចេលកស្សប ក្រាបបង្គំសួរព្រះមានព្រះភាគ ជាគម្រប់ពីរដងថា យើងខ្ញុំនឹងសួរនូវហេតុនីមួយ ចំពោះព្រះគោតមដ៏ចម្រើន បើព្រះគោតមដ៏ចម្រើន បើកឱកាសដើម្បីការដោះស្រាយ នូវប្រស្នារបស់យើងខ្ញុំ។ កុំអាលសិន កស្សប កាលនេះ ជាកាលមិនគួរ ដល់ប្រស្នាទេ ព្រោះយើងកំពុងចូលមកកាន់ចន្លោះផ្ទះ។ អចេលកស្សប ក្រាបបង្គំសួរ ជាគម្រប់បីដង។បេ។ ព្រោះយើងកំពុងចូលមកកាន់ចន្លោះផ្ទះ។

[៤៩] លុះព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ អចេលកស្សប ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា យើងខ្ញុំមិនមានបំណង ដើម្បីសួរព្រះគោតមដ៏ចម្រើនច្រើនរឿងទេ។ ម្នាលកស្សប អ្នកប្រាថ្នានឹងសួរនូវហេតុណា ចូរសួរចុះ។ បពិត្រព្រះគោតមដ៏ចំរើន សេចក្តីទុក្ខ គឺបុគ្គលធ្វើដោយខ្លួនឯង ឬអ្វី។ ព្រះមានព្រះភាគ ត្រាស់ថា កុំពោលយ៉ាងនេះឡើយ កស្សប។ បពិត្រព្រះគោតមដ៏ចំរើន បើដូច្នោះ សេចក្តីទុក្ខ គឺបុគ្គលដទៃធ្វើឲ្យឬ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា កុំពោលយ៉ាងនេះឡើយ កស្សប។ បពិត្រព្រះគោតមដ៏ចំរើន សេចក្តីទុក្ខ គឺបុគ្គលធ្វើដោយខ្លួនឯងផង បុគ្គលដទៃធ្វើឲ្យផង ឬអ្វី។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា កុំពោលយ៉ាងនេះឡើយ កស្សប។ បពិត្រព្រះគោតមដ៏ចំរើន បើដូច្នោះ សេចក្តីទុក្ខ មិនមែនជាអំពើរបស់ខ្លួនឯង មិនមែនជាអំពើរបស់អ្នកដទៃទេ គឺកើតឡើងដោយឥតហេតុ ឬអ្វី។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា កុំពោលយ៉ាងនេះឡើយ កស្សប។ បពិត្រព្រះគោតមដ៏ចំរើន សេចក្តីទុក្ខ មិនមានទេឬ។ ម្នាលកស្សប សេចក្តីទុក្ខ មិនមែនជាមិនមានទេ ម្នាលកស្សប សេចក្តីទុក្ខ មានដោយពិត។ បើដូច្នោះ មានតែព្រះគោតមដ៏ចំរើន មិនស្គាល់ មិនឃើញសេចក្តីទុក្ខទេឬ។ ម្នាលកស្សប តថាគត មិនមែនជាមិនស្គាល់ មិនឃើញសេចក្តីទុក្ខទេ ម្នាលកស្សប តថាគត ស្គាល់សេចក្តីទុក្ខ ដោយពិត ម្នាលកស្សប តថាគត ឃើញសេចក្តីទុក្ខដោយពិត។ ចុះកាលដែលខ្ញុំសួរថា បពិត្រព្រះគោតមដ៏ចំរើន សេចក្តីទុក្ខ គឺបុគ្គលធ្វើដោយខ្លួនឯង ឬអ្វី។ ព្រះអង្គ ត្រាស់ថា កុំពោលយ៉ាងនេះឡើយ កស្សប កាលដែលខ្ញុំសួរថា បពិត្រព្រះគោតមដ៏ចំរើន បើដូច្នោះ សេចក្តីទុក្ខ គឺបុគ្គលដទៃធ្វើឲ្យឬ ព្រះអង្គ ត្រាស់ថា កុំពោលយ៉ាងនេះឡើយ កស្សប កាលដែលខ្ញុំសួរថា បពិត្រព្រះគោតមដ៏ចំរើន សេចក្តីទុក្ខ គឺបុគ្គលធ្វើដោយខ្លួនឯងផង បុគ្គលដទៃធ្វើឲ្យផងឬ ព្រះអង្គ ត្រាស់ថា កុំពោលយ៉ាងនេះឡើយ កស្សប កាលដែលខ្ញុំសួរថា បពិត្រព្រះគោតមដ៏ចំរើន បើដូច្នោះ សេចក្តីទុក្ខ មិនមែនជាអំពើរបស់ខ្លួនឯង មិនមែនជាអំពើរបស់បុគ្គលដទៃ គឺកើតឡើងដោយឥតហេតុឬ ព្រះអង្គត្រាស់ថា កុំពោលយ៉ាងនេះឡើយ កស្សប កាលដែលខ្ញុំសួរថា បពិត្រព្រះគោតមដ៏ចំរើន សេចក្តីទុក្ខ មិនមានទេឬ ព្រះអង្គត្រាស់ថា ម្នាលកស្សប សេចក្តីទុក្ខ មិនមែនជាមិនមានទេ ម្នាលកស្សប សេចក្តីទុក្ខ មានដោយពិត កាលដែលខ្ញុំសួរថា បើដូច្នោះ មានតែព្រះគោតមដ៏ចំរើន មិនស្គាល់ មិនឃើញសេចក្តីទុក្ខឬ ព្រះអង្គត្រាស់ថា ម្នាលកស្សប តថាគត មិនមែនជាមិនស្គាល់ មិនឃើញសេចក្តីទុក្ខទេ ម្នាលកស្សប តថាគត ស្គាល់សេចក្តីទុក្ខ ដោយពិត ម្នាលកស្សប តថាគត ឃើញសេចក្តីទុក្ខដោយពិត បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ ប្រាប់សេចក្តីទុក្ខ ដល់ខ្ញុំផង បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ សំដែងសេចក្តីទុក្ខដល់ខ្ញុំផង។

[៥០] ម្នាលកស្សប កាលបើមានសេចក្តីយល់ឃើញខាងដើមថា គេធ្វើ គេក៏ទទួលផល ដូច្នេះ លទ្ធិថា សេចក្តីទុក្ខ គឺបុគ្គលធ្វើដោយខ្លួនឯង ក៏នឹងមាន បុគ្គលកាលពោលយ៉ាងនេះ ឈ្មោះថា ប្រកាន់នូវសស្សតទិដ្ឋិនុ៎ះ។ ម្នាលកស្សប កាលបើមានសេចក្តីយល់ឃើញខាងដើមថា អ្នកដទៃធ្វើ អ្នកឯទៀតទទួលផល ដូច្នេះ បុគ្គលដែលត្រូវវេទនាគ្របសង្កត់ ក៏នឹងមានលទ្ធិថា សេចក្តីទុក្ខ គឺបុគ្គលដទៃធ្វើ បុគ្គលកាលពោលយ៉ាងនេះ ឈ្មោះថា ប្រកាន់នូវឧច្ឆេទទិដ្ឋិនុ៎ះ។ ម្នាលកស្សប តថាគត មិនប្រកាន់នូវទីបំផុតទាំងពីរនុ៎ះឡើយ តែងសំដែងធម៌ដោយបទកណ្តាលថា សង្ខារទាំងឡាយកើតមាន ព្រោះអវិជ្ជាជាបច្ច័យ វិញ្ញាណកើតមាន ព្រោះសង្ខារជាបច្ច័យ។បេ។ ការកើតឡើងព្រមនៃកងទុក្ខទាំងអស់នុ៎ះ រមែងមានយ៉ាងនេះ។ ការរលត់នៃសង្ខារ ព្រោះការវិនាស និងការរលត់ឥតសេសសល់ នៃអវិជ្ជា ការរលត់នៃវិញ្ញាណ ព្រោះការរលត់នៃសង្ខារ។បេ។ ការរលត់នៃកងទុក្ខទាំងអស់នុ៎ះ រមែងមានយ៉ាងនេះ។

[៥១] លុះព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ អចេលកស្សប ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ភ្លឺច្បាស់ណាស់ បពិត្រព្រះអង្គដ៏ចំរើន ភ្លឺច្បាស់ណាស់ បពិត្រព្រះអង្គដ៏ចំរើន ប្រៀបដូចបុគ្គលផ្ងារឡើង នូវវត្ថុដែលផ្កាប់។បេ។ ដោយគិតថា ពួកបុគ្គលមានភ្នែកភ្លឺ នឹងឃើញរូបបាន យ៉ាងណាមិញ ធម៌ដែលព្រះមានព្រះភាគ ទ្រង់សំដែងហើយ ដោយអនេកបរិយាយ ក៏យ៉ាងនោះឯង បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនេះ សូមដល់នូវព្រះមានព្រះភាគផង ព្រះធម៌ផង ព្រះភិក្ខុសង្ឃផង ជាទីរឭក បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ សូមបាននូវបព្វជ្ជា សូមបាននូវឧបសម្បទា ក្នុងសំណាក់នៃព្រះមានព្រះភាគ។ ព្រះមានព្រះភាគត្រាស់ថា ម្នាលកស្សប បុគ្គលណាធ្លាប់ជាអន្យតិរ្ថិយ ប្រាថ្នានូវបព្វជ្ជា ប្រាថ្នានូវឧបសម្បទា ក្នុងធម្មវិន័យនេះ បុគ្គលនោះ តែងនៅបរិវាស អស់៤ខែសិន លុះបុគ្គលនោះបាននៅបរិវាសកន្លង៤ខែហើយ ពួកភិក្ខុដែលមានចិត្តប្រោសប្រាណ កាលបើប្រាថ្នា ទើបបំបួស ទើបឲ្យឧបសម្បទា ដើម្បីភិក្ខុភាពបាន ម្យ៉ាងទៀត តថាគត បានដឹងច្បាស់នូវការផ្សេង នៃបុគ្គលដែលគួរនៅបរិវាស និងមិនគួរនៅបរិវាស។ អចេលកស្សបទូលថា បពិត្រព្រះអង្គដ៏ចំរើន បើបុគ្គលទាំងឡាយ ធ្លាប់ជាអន្យតិរ្ថិយ ប្រាថ្នានូវបព្វជ្ជា ប្រាថ្នានូវឧបសម្បទា ក្នុងធម្មវិន័យនេះ តែងនៅបរិវាសអស់៤ខែសិន លុះបុគ្គលនោះ បាននៅបរិវាសកន្លង៤ខែហើយ ពួកភិក្ខុដែលមានចិត្តប្រោសប្រាណ កាលបើប្រាថ្នា ទើបបំបួស ទើបឲ្យឧបសម្បទា ដើម្បីភិក្ខុភាពបាន ឯខ្ញុំព្រះអង្គនឹងហ៊ាននៅបរិវាសអស់៤ឆ្នាំ លុះខ្ញុំព្រះអង្គបាននៅបរិវាសកន្លង៤ឆ្នាំហើយ សូមពួកភិក្ខុដែលមានចិត្តប្រោសប្រាណបំបួស ឲ្យឧបសម្បទា ដើម្បីភិក្ខុភាពឲ្យទាន។

[៥២] អចេលកស្សប ក៏បានបព្វជ្ជា បានឧបសម្បទា ក្នុងសំណាក់នៃព្រះមានព្រះភាគ។ លុះកស្សបមានអាយុ បានឧបសម្បទាហើយ មិនយូរប៉ុន្មាន ក៏ចៀសចេញទៅតែម្នាក់ឯង ជាអ្នកមិនប្រមាទ មានព្យាយាម ជាគ្រឿងកំដៅនូវកិលេស មានចិត្តស្លុង (ទៅកាន់ព្រះនិព្វាន) កុលបុត្តទាំងឡាយ ចេញចាកផ្ទះ ចូលទៅកាន់ផ្នួសដោយប្រពៃ ដើម្បីប្រយោជន៍ ដល់អនុត្តរធម៌ណា មិនយូរប៉ុន្មាន លោកក៏បានធ្វើឲ្យជាក់ច្បាស់ សម្រេចនូវអនុត្តរធម៌ ដែលជាទីបំផុតនៃព្រហ្មចរិយធម៌នោះ ដោយប្រាជ្ញា ដ៏ឧត្តមដោយខ្លួនឯង ក្នុងបច្ចុប្បន្ន ហើយក៏បានដឹងច្បាស់ថា ជាតិ (របស់អាត្មាអញ) អស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញ បាននៅរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ បណ្តាព្រះអរហន្តទាំងឡាយ ព្រះកស្សបមានអាយុ ក៏រាប់ថាជាព្រះអរហន្តមួយអង្គដែរ។

ចប់សូត្រ ទី៧។

(តិម្ពរុក)សូត្រ ទី៨

(៨. តិម្ពរុកសុត្តំ)

[៥៣] ទ្រង់គង់នៅទៀបក្រុងសាវត្ថី… គ្រានោះ បរិព្វាជក ឈ្មោះតិម្ពរុក្ខ ចូលទៅរកព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះមានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររឭកហើយ ក៏អង្គុយក្នុងទីសមគួរ។

[៥៤] លុះតិម្ពរុក្ខ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំសួរព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន សេចក្តីសុខ និងទុក្ខ គឺបុគ្គលធ្វើដោយខ្លួនឯង ឬអ្វី។ ព្រះមានព្រះភាគ ទ្រង់ត្រាស់តបថា កុំពោលយ៉ាងនេះឡើយ តិម្ពរុក្ខ។ បពិត្រព្រះគោតមដ៏ចំរើន បើដូច្នោះ សេចក្តីសុខ និងទុក្ខ គឺបុគ្គលដទៃធ្វើឲ្យឬ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា កុំពោលយ៉ាងនេះឡើយ តិម្ពរុក្ខ។ បពិត្រព្រះគោតមដ៏ចំរើន សេចក្តីសុខ និងទុក្ខ គឺបុគ្គលធ្វើដោយខ្លួនឯងផង បុគ្គលដទៃធ្វើឲ្យផង ឬអ្វី។ ព្រះមានព្រះភាគ ត្រាស់ថា កុំពោលយ៉ាងនេះឡើយ តិម្ពរុក្ខ។ បពិត្រព្រះគោតមដ៏ចំរើន បើដូច្នោះ សេចក្តីសុខ និងទុក្ខ មិនមែនជាអំពើរបស់ខ្លួនឯង មិនមែនជាអំពើរបស់បុគ្គលដទៃ គឺកើតឡើងដោយឥតហេតុទេ ឬអ្វី។ ព្រះមានព្រះភាគ ត្រាស់ថា កុំពោលយ៉ាងនេះឡើយ តិម្ពរុក្ខ។ បពិត្រព្រះគោតមដ៏ចំរើន សេចក្តីសុខ និងទុក្ខ មិនមានទេឬ។ ម្នាលតិម្ពរុក្ខ សេចក្តីសុខ និងទុក្ខ មិនមែនជាមិនមានទេ ម្នាលតិម្ពរុក្ខ សេចក្តីសុខ និងទុក្ខ មានដោយពិត។ បើដូច្នោះ មានតែព្រះគោតមដ៏ចំរើន មិនស្គាល់ មិនឃើញសេចក្តីសុខ និងទុក្ខទេ។ ម្នាលតិម្ពរុក្ខ តថាគត មិនមែនមិនស្គាល់ មិនឃើញសេចក្តីសុខ និងទុក្ខទេ ម្នាលតិម្ពរុក្ខ តថាគត ស្គាល់សេចក្តីសុខ និងទុក្ខ ដោយពិត ម្នាលតិម្ពរុក្ខ តថាគត ឃើញសេចក្តីសុខ និងទុក្ខ ដោយពិត។ ចុះកាលដែលខ្ញុំសួរថា បពិត្រព្រះគោតមដ៏ចំរើន សេចក្តីសុខ និងទុក្ខ គឺបុគ្គលធ្វើដោយខ្លួនឯង ឬអ្វី ព្រះអង្គត្រាស់ថា កុំពោលយ៉ាងនេះឡើយ តិម្ពរុក្ខ កាលដែលខ្ញុំសួរថា បពិត្រព្រះគោតមដ៏ចំរើន បើដូច្នោះ សេចក្តីសុខ និងទុក្ខ គឺបុគ្គលដទៃធ្វើឲ្យឬ ព្រះអង្គត្រាស់ថា កុំពោលយ៉ាងនេះឡើយ តិម្ពរុក្ខ កាលដែលខ្ញុំសួរថា បពិត្រព្រះគោតមដ៏ចំរើន សេចក្តីសុខ និងទុក្ខ គឺបុគ្គលធ្វើដោយខ្លួនឯងផង បុគ្គលដទៃធ្វើឲ្យផងឬអ្វី ព្រះអង្គត្រាស់ថា កុំពោលយ៉ាងនេះឡើយ តិម្ពរុក្ខ កាលដែលខ្ញុំសួរថា បពិត្រព្រះគោតមដ៏ចំរើន បើដូច្នោះ សេចក្តីសុខ និងទុក្ខ មិនមែនជាអំពើរបស់ខ្លួនឯង មិនមែនជាអំពើរបស់បុគ្គលដទៃ គឺកើតឡើងដោយឥតហេតុទេឬអ្វី ព្រះអង្គត្រាស់ថា កុំពោលយ៉ាងនេះឡើយ តិម្ពរុក្ខ កាលដែលខ្ញុំសួរថា បពិត្រព្រះគោតមដ៏ចំរើន សេចក្តីសុខ និងទុក្ខ មិនមានទេឬ ព្រះអង្គត្រាស់ថា ម្នាលតិម្ពរុក្ខ សេចក្តីសុខ និងទុក្ខ មិនមែនជាមិនមានទេ ម្នាលតិម្ពរុក្ខ សេចក្តីសុខ និងទុក្ខ មានដោយពិត កាលដែលខ្ញុំសួរថា បើដូច្នោះ មានតែព្រះគោតមដ៏ចំរើន មិនស្គាល់ មិនឃើញសេចក្តីសុខ និងទុក្ខទេ ព្រះអង្គត្រាស់ថា ម្នាលតិម្ពរុក្ខ តថាគត មិនមែនជាមិនស្គាល់ មិនឃើញសេចក្តីសុខ និងទុក្ខទេ ម្នាលតិម្ពរុក្ខ តថាគត ស្គាល់សេចក្តីសុខ និងទុក្ខ ដោយពិត ម្នាលតិម្ពរុក្ខ តថាគត ឃើញសេចក្តីសុខ និងទុក្ខដោយពិត សូមព្រះគោតមដ៏ចំរើន ប្រាប់សេចក្តីសុខ និងទុក្ខ ដល់ខ្ញុំព្រះអង្គផង សូមព្រះគោតមដ៏ចំរើន សំដែងសេចក្តីសុខ និងទុក្ខដល់ខ្ញុំព្រះអង្គផង។

[៥៥] ម្នាលតិម្ពរុក្ខ កាលបើមានសេចក្តីយល់ឃើញខាងដើមថា វេទនានោះ ក៏គឺអ្នកនោះទទួល ដូច្នេះ លទ្ធិថា សេចក្តីសុខ និងទុក្ខ គឺបុគ្គលធ្វើដោយខ្លួនឯង ក៏នឹងមាន ឯតថាគត មិនពោលយ៉ាងនេះទេ។ ម្នាលតិម្ពរុក្ខ កាលបើមានសេចក្តីយល់ឃើញខាងដើមថា វេទនាដទៃ អ្នកដទៃទទួល ដូច្នេះ បុគ្គលដែលត្រូវវេទនាគ្របសង្កត់ ក៏នឹងមាន លទ្ធិថា សេចក្តីសុខ និងទុក្ខ គឺអ្នកដទៃធ្វើឲ្យ ឯតថាគត មិនពោលយ៉ាងនេះទេ។ ម្នាលតិម្ពរុក្ខ តថាគត មិនប្រកាន់នូវទីបំផុតទាំងពីរនុ៎ះឡើយ តែងសំដែងធម៌ ដោយបទកណ្តាលថា សង្ខារទាំងឡាយកើតមាន ព្រោះអវិជ្ជាជាបច្ច័យ វិញ្ញាណកើតមាន ព្រោះសង្ខារជាបច្ច័យ។បេ។ ការកើតឡើងព្រម នៃកងទុក្ខទាំងអស់នុ៎ះ រមែងមានយ៉ាងនេះ។ ការរលត់នៃសង្ខារ ព្រោះការវិនាស និងការរលត់ ឥតសេសសល់ នៃអវិជ្ជា ការរលត់នៃវិញ្ញាណ ព្រោះការរលត់នៃសង្ខារ។បេ។ ការរលត់នៃកងទុក្ខទាំងអស់នុ៎ះ រមែងមានយ៉ាងនេះ។

[៥៦] លុះព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ តិម្ពរុក្ខបរិព្វាជក ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន ភ្លឺច្បាស់ណាស់ បពិត្រព្រះគោតមដ៏ចំរើន ភ្លឺច្បាស់ណាស់។បេ។ បពិត្រព្រះគោតមដ៏ចំរើន ខ្ញុំព្រះអង្គនេះ សូមដល់នូវព្រះគោតមដ៏ចម្រើនផង ព្រះធម៌ផង ព្រះភិក្ខុសង្ឃផង ជាទីរឭក សូមព្រះគោតមដ៏ចម្រើន ចាំទុកនូវខ្ញុំព្រះអង្គ ថាជាឧបាសក ដល់នូវសរណគមន៍ ស្មើដោយជីវិត តាំងអំពីថ្ងៃនេះរៀងទៅ។

ចប់សូត្រ ទី៨។

(ពាលបណ្ឌិត)សូត្រ ទី៩

(៩. ពាលបណ្ឌិតសុត្តំ)

[៥៧] ទ្រង់គង់នៅទៀបក្រុងសាវត្ថី… ម្នាលភិក្ខុទាំងឡាយ បុគ្គលពាល ដែលមានអវិជ្ជាជាគ្រឿងរារាំង ដែលប្រកបដោយតណ្ហា រមែងមានកាយ គឺបដិសន្ធិនេះ កើតឡើងយ៉ាងនេះឯង3) ដ្បិត ផស្សៈ រមែងកើតឡើង ព្រោះអាស្រ័យនូវធម៌ជាគូៗនឹងគ្នានុ៎ះ យ៉ាងនេះ គឺកាយនេះផង4) នាមរូបខាងក្រៅផង5) បុគ្គលពាលដែលផស្សាយតនៈ6) ទាំង៦ ឬក៏បណ្តាផស្សាយតនៈទាំងនោះ ណាមួយ ពាល់ត្រូវហើយ រមែងទទួលនូវសុខ និងទុក្ខ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាបណ្ឌិត ដែលមានអវិជ្ជា ជាគ្រឿងរារាំង ដែលប្រកបដោយតណ្ហា រមែងមានកាយនេះ កើតឡើងយ៉ាងនេះឯង ដ្បិតផស្សៈរមែងកើតឡើង ព្រោះអាស្រ័យនូវធម៌ជាគូៗនឹងគ្នានុ៎ះ យ៉ាងនេះ គឺកាយនេះផង នាមរូបខាងក្រៅផង បុគ្គលជាបណ្ឌិត ដែលផស្សាយតនៈទាំង៦ ឬក៏ បណ្តាផស្សាយតនៈទាំងនុ៎ះ ណាមួយ ពាល់ត្រូវហើយ រមែងទទួលនូវសុខ និងទុក្ខ។

[៥៨] ម្នាលភិក្ខុទាំងឡាយ ក្នុងដំណើរនោះ បណ្ឌិត និងពាល តើមានសេចក្តីវិសេសដូចម្តេច មានសេចក្តីអធិប្បាយដូចម្តេច មានសេចក្តីផ្សេងគ្នាដូចម្តេច។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលតបថា បពិត្រព្រះអង្គដ៏ចំរើន ធម៌ទាំងឡាយ (នេះ) មានព្រះមានព្រះភាគជាឫសគល់ មានព្រះមានព្រះភាគ ជាអ្នកណែនាំ មានព្រះមានព្រះភាគជាទីពឹង របស់យើងខ្ញុំ បពិត្រព្រះអង្គដ៏ចំរើន យើងខ្ញុំសូមអង្វរ សូមព្រះមានព្រះភាគ បំភ្លឺនូវសេចក្តីនៃភាសិតនុ៎ះ ដល់ខ្ញុំព្រះអង្គឲ្យទាន ភិក្ខុទាំងឡាយ បានស្តាប់ព្រះមានព្រះភាគហើយ នឹងចងចាំទុក។ ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ ចូរអ្នកទាំងឡាយប្រុងចាំស្តាប់ ចូរធ្វើទុកក្នុងចិត្តដោយប្រពៃចុះ តថាគត នឹងសំដែងប្រាប់។ ភិក្ខុទាំងនោះទទួលព្រះពុទ្ធដីកាព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។

[៥៩] ព្រះមានព្រះភាគទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ បុគ្គលពាល ដែលអវិជ្ជាណាបិទបាំងទុកផង ដែលតណ្ហាណាប្រកបទុកផង ទើបកាយនេះកើតឡើង បុគ្គលពាលមិនបានលះបង់អវិជ្ជានោះផង មិនទាន់អស់តណ្ហានោះផង ដំណើរនោះ តើព្រោះហេតុដូចម្តេច ម្នាលភិក្ខុទាំងឡាយ ព្រោះថា បុគ្គលពាល មិនបានប្រព្រឹត្តមគ្គព្រហ្មចរិយៈ ដើម្បីការអស់នៃទុក្ខ ដោយប្រពៃទេ ព្រោះហេតុនោះ បុគ្គលពាល លុះបែកធ្លាយរាងកាយទៅហើយ ក៏ចូលទៅចាប់បដិសន្ធិកាយ (ផ្សេងទៀត) កាលបុគ្គលពាលនោះ ចូលទៅចាប់បដិសន្ធិកាយ (ផ្សេងទៀត) រមែងមិនរួចស្រឡះ ចាកជាតិ ជរា មរណៈ សេចក្តីសោក សេចក្តីខ្សឹកខ្សួល សេចក្តីលំបាកកាយ លំបាកចិត្ត សេចក្តីចង្អៀតចង្អល់ចិត្ត តថាគតពោលថា បុគ្គលពាលនោះ មិនរួចស្រឡះចាកវដ្តទុក្ខឡើយ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាបណ្ឌិត ដែលអវិជ្ជាណាបិទបាំងទុកផង ដែលតណ្ហាណាប្រកបទុកផង ទើបកាយនេះកើតឡើង តែបុគ្គលជាបណ្ឌិត បានលះបង់អវិជ្ជានោះចេញផង ធ្វើឲ្យអស់តណ្ហានោះផង ដំណើរនោះ ព្រោះហេតុដូចម្តេច ម្នាលភិក្ខុទាំងឡាយ ព្រោះបណ្ឌិត បានប្រព្រឹត្តមគ្គព្រហ្មចរិយៈ ដើម្បីការអស់នៃទុក្ខ ដោយប្រពៃ ព្រោះហេតុនោះ បណ្ឌិត លុះបែកធ្លាយរាងកាយទៅហើយ មិនចូលទៅចាប់បដិសន្ធិកាយទៀតឡើយ កាលបណ្ឌិតនោះ មិនបានចូលទៅចាប់បដិសន្ធិកាយទៀត រមែងរួចស្រឡះ ចាកជាតិ ជរា មរណៈ សេចក្តីសោក សេចក្តីខ្សឹកខ្សួល សេចក្តីលំបាកកាយ សេចក្តីលំបាកចិត្ត សេចក្តីចង្អៀតចង្អល់ចិត្ត តថាគតពោលថា បណ្ឌិតនោះ រមែងរួចស្រឡះ ចាកវដ្តទុក្ខបាន។ ម្នាលភិក្ខុទាំងឡាយ ការប្រព្រឹត្តមគ្គព្រហ្មចរិយៈណា នេះឯង ជាសេចក្តីវិសេស នេះឯង ជាសេចក្តីអធិប្បាយ នេះឯងជាសេចក្តីផ្សេងគ្នា នៃបណ្ឌិត និងពាល។

ចប់សូត្រ ទី៩។

(បច្ចយ)សូត្រ ទី១០

(១០. បច្ចយសុត្តំ)

[៦០] ទ្រង់គង់នៅទៀបក្រុងសាវត្ថី… ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងនូវបដិច្ចសមុប្បាទធម៌ផង7) នូវបដិច្ចសមុប្បន្នធម៌8) ផង ដល់អ្នកទាំងឡាយ ចូរអ្នកទាំងឡាយ ប្រុងស្តាប់នូវសេចក្តីនោះ ចូរយកចិត្តទុកដាក់ ដោយប្រពៃចុះ តថាគត នឹងសំដែងប្រាប់។ ភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីកាព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។

[៦១] ព្រះមានព្រះភាគទ្រង់ត្រាស់ ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ចុះបដិច្ចសមុប្បាទធម៌ តើដូចម្តេច ម្នាលភិក្ខុទាំងឡាយ ជរា មរណៈកើតមាន ព្រោះជាតិជាបច្ច័យ ព្រះតថាគត កើតឡើងក្តី ព្រះតថាគត មិនទាន់កើតឡើងក្តី ធាតុ9) នោះ ធម្មដ្ឋិតិ10) នោះ ធម្មនិយាម11) នោះ ឥទប្បច្ច័យ12) នោះ តែងឋិតនៅជាធម្មតា តថាគត ត្រាស់ដឹង យល់ច្បាស់នូវបច្ច័យនោះ លុះត្រាស់ដឹង យល់ច្បាស់ហើយ ទើបប្រាប់សំដែង ពន្យល់ តែងតាំង បើកបង្ហាញ ចែករលែក ធ្វើឲ្យរាក់ ហើយប្រាប់ថែមថា អ្នកទាំងឡាយ ចូរមើលចុះ។ ម្នាលភិក្ខុទាំងឡាយ ជរាមរណៈកើតមាន ព្រោះជាតិជាបច្ច័យ។បេ។ ម្នាលភិក្ខុទាំងឡាយ ជាតិកើតមាន ព្រោះភពជាបច្ច័យ… ម្នាលភិក្ខុទាំងឡាយ ភពកើតមាន ព្រោះឧបាទានជាបច្ច័យ… ម្នាលភិក្ខុទាំងឡាយ ឧបាទានកើតមាន ព្រោះតណ្ហាជាបច្ច័យ… ម្នាលភិក្ខុទាំងឡាយ តណ្ហាកើតមាន ព្រោះវេទនាជាបច្ច័យ… ម្នាលភិក្ខុទាំងឡាយ វេទនាកើតមាន ព្រោះផស្សៈជាបច្ច័យ… ម្នាលភិក្ខុទាំងឡាយ ផស្សៈកើតមាន ព្រោះសឡាយតនៈជាបច្ច័យ… ម្នាលភិក្ខុទាំងឡាយ សឡាយតនៈកើតមាន ព្រោះនាមរូបជាបច្ច័យ… ម្នាលភិក្ខុទាំងឡាយ នាមរូបកើតមាន ព្រោះវិញ្ញាណជាបច្ច័យ… ម្នាលភិក្ខុទាំងឡាយ វិញ្ញាណកើតមាន ព្រោះសង្ខារជាបច្ច័យ… ម្នាលភិក្ខុទាំងឡាយ សង្ខារទាំងឡាយកើតមាន ព្រោះអវិជ្ជាជាបច្ច័យ ព្រះតថាគតកើតឡើងក្តី ព្រះតថាគតមិនទាន់កើតឡើងក្តី ធាតុនោះ ធម្មដ្ឋិតិនោះ ធម្មនិយាមនោះ ឥទប្បច្ច័យនោះ តែងឋិតនៅជាធម្មតា តថាគត ត្រាស់ដឹង យល់ច្បាស់ នូវបច្ច័យនោះ លុះត្រាស់ដឹង យល់ច្បាស់ហើយ ទើបប្រាប់ សំដែង ពន្យល់ តែងតាំង បើកបង្ហាញ ចែករំលែក ធ្វើឲ្យរាក់ ហើយប្រាប់ថែមថា អ្នកទាំងឡាយ ចូរមើលចុះ។ ម្នាលភិក្ខុទាំងឡាយ សង្ខារទាំងឡាយ កើតមាន ព្រោះអវិជ្ជាជាបច្ច័យ។ ម្នាលភិក្ខុទាំងឡាយ ធម្មជាតណា ជារបស់ពិត ទៀតទាត់ មិនប្រែប្រួល មានសភាវៈនេះជាបច្ច័យ ក្នុងធម៌នោះ ម្នាលភិក្ខុទាំងឡាយ នេះហៅថា បដិច្ចសមុប្បាទធម៌ ដោយប្រការដូច្នេះឯង។

[៦២] ម្នាលភិក្ខុទាំងឡាយ ចុះបដិច្ចសមុប្បន្នធម៌ទាំងឡាយ តើដូចម្តេច ម្នាលភិក្ខុទាំងឡាយ ជរាមរណៈ មិនទៀង ជាធម្មជាតដែលបច្ច័យប្រជុំតាក់តែង កើតព្រោះអាស្រ័យបច្ច័យ ជាធម្មជាតតែងអស់ជាធម្មតា សូន្យជាធម្មតា វិនាសជាធម្មតា រលត់ជាធម្មតា។ ម្នាលភិក្ខុទាំងឡាយ ជាតិ មិនទៀង ជាធម្មជាតិដែលបច្ច័យប្រជុំតាក់តែង កើតព្រោះអាស្រ័យបច្ច័យ ជាធម្មជាតិតែងអស់ជាធម្មតា សូន្យជាធម្មតា វិនាសជាធម្មតា រលត់ជាធម្មតា។ ម្នាលភិក្ខុទាំងឡាយ ភព មិនទៀង ជាសភាវៈដែលបច្ច័យប្រជុំតាក់តែង កើតព្រោះអាស្រ័យបច្ច័យ ជាសភាវៈតែងអស់ជាធម្មតា សូន្យជាធម្មតា វិនាសជាធម្មតា រលត់ជាធម្មតា។ ម្នាលភិក្ខុទាំងឡាយ ឧបាទាន។បេ។ ម្នាលភិក្ខុទាំងឡាយ តណ្ហា… ម្នាលភិក្ខុទាំងឡាយ វេទនា… ម្នាលភិក្ខុទាំងឡាយ ផស្សៈ… ម្នាលភិក្ខុទាំងឡាយ សឡាយតនៈ… ម្នាលភិក្ខុទាំងឡាយ នាមរូប… ម្នាលភិក្ខុទាំងឡាយ វិញ្ញាណ… ម្នាលភិក្ខុទាំងឡាយ សង្ខារទាំងឡាយ… ម្នាលភិក្ខុទាំងឡាយ អវិជ្ជា មិនទៀង ជាធម្មជាតិដែលបច្ច័យប្រជុំតាក់តែង កើតព្រោះអាស្រ័យបច្ច័យ ជាធម្មជាតិតែងអស់ជាធម្មតា សូន្យជាធម្មតា វិនាសជាធម្មតា រលត់ជាធម្មតា។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងនេះហៅថា បដិច្ចសមុប្បន្នធម៌។

[៦៣] ម្នាលភិក្ខុទាំងឡាយ កាលណា អរិយសាវ័កបានឃើញ នូវបដិច្ចសមុប្បាទធម៌នេះផង នូវបដិច្ចសមុប្បន្នធម៌នេះផង ដោយប្រពៃ ដោយប្រាជ្ញា ដ៏ឧត្តម តាមពិត អរិយសាវ័កនោះ នឹងពិចារណារកទីបំផុតខាងដើម គឺខន្ធក្នុងអតីតកាលថា អាត្មាអញ បានកើតហើយក្នុងអតីតកាលដែរឬហ្ន៎ អាត្មាអញ មិនបានកើតក្នុងអតីតកាលទេឬហ្ន៎ អាត្មាអញបានកើតហើយក្នុងអតីតកាល ដូចម្តេចហ្ន៎ អាត្មាអញ បានកើតហើយក្នុងអតីតកាល ដោយប្រការដូចម្តេចហ្ន៎ អាត្មាអញកើតជាអ្វី ហើយបានកើតជាអ្វី ក្នុងអតីតកាលហ្ន៎ ដូច្នេះក្តី ពិចារណារកនូវទីបំផុតខាងចុង គឺខន្ធក្នុងអនាគតកាលថា អាត្មាអញ នឹងកើតក្នុងអនាគតកាលដែរឬហ្ន៎ អាត្មាអញ នឹងមិនកើតក្នុងអនាគតកាលទេឬហ្ន៎ អាត្មាអញ នឹងកើតក្នុងអនាគតកាល ដូចម្តេចហ្ន៎ អាត្មាអញ នឹងកើតក្នុងអនាគតកាល ដោយប្រការដូចម្តេចហ្ន៎ អាត្មាអញ នឹងកើតជាអ្វី ហើយកើតជាអ្វី ទៅក្នុងអនាគតកាលហ្ន៎ ដូច្នេះក្តី នឹងមានសេចក្តីងឿងឆ្ងល់ ចំពោះខន្ធខាងក្នុង (ខន្ធរបស់ខ្លួន) ក្នុងបច្ចុប្បន្នកាលឥឡូវនេះថា អាត្មាអញ មានដែរឬហ្ន៎ អាត្មាអញ មិនមានទេឬហ្ន៎ អាត្មាអញ មានដូចម្តេចហ្ន៎ អាត្មាអញ មានដោយប្រការដូចម្តេចទៅហ្ន៎ សត្វនេះមកពីណាហ្ន៎ សត្វនោះនឹងទៅកើតក្នុងទីណាហ្ន៎ ដូច្នេះក្តី ហេតុនេះ រមែងមិនមានឡើយ ដំណើរនោះ តើព្រោះហេតុដូចម្តេច ម្នាលភិក្ខុទាំងឡាយ ព្រោះថា ព្រះអរិយសាវ័កបានឃើញ នូវបដិច្ចសមុប្បាទធម៌នេះផង នូវបដិច្ចសមុប្បន្នធម៌នេះផង ដោយប្រពៃ ដោយប្រាជ្ញាដ៏ឧត្តមតាមពិត។

ចប់សូត្រទី១០។

ចប់ អាហារវគ្គ ទី២។

បញ្ជីនៃអាហារវគ្គនោះ គឺ

និយាយអំពីអាហារ១ អំពីមោលិយផគ្គុន១ អំពីសមណៈ និងព្រាហ្មណ៍២លើក អំពីកច្ចានគោត្រ១ អំពីធម្មកថិក១ អំពីអចេលកស្សប១ អំពីតិម្ពរុក្ខបរិព្វាជក១ អំពីពាល និងបណ្ឌិត១ អំពីបច្ច័យ១ ត្រូវជា១០។

ទសពលវគ្គ (ទី៣)

(៣. ទសពលវគ្គោ)

(ទសពល)សូត្រ ទី១

(១. ទសពលសុត្តំ)

[៦៤] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី… ម្នាលភិក្ខុទាំងឡាយ ព្រះតថាគតប្រកបដោយកម្លាំង ១០ផង ប្រកបដោយវេសារជ្ជធម៌13) ៤ផង រមែងប្តេជ្ញានូវឋានៈដ៏ប្រសើរ បន្លឺនូវសីហនាទ ក្នុងពួកបរិស័ទ ញុំាងព្រហ្មចក្រឲ្យប្រព្រឹត្តទៅថា រូបដូច្នេះ ហេតុជាទីកើតឡើងនៃរូបដូច្នេះ សេចក្តីរលត់នៃរូបដូច្នេះ វេទនាដូច្នេះ ហេតុជាទីកើតឡើងនៃវេទនា ដូច្នេះ សេចក្តីរលត់នៃវេទនាដូច្នេះ សញ្ញាដូច្នេះ ហេតុជាទីកើតឡើងនៃសញ្ញាដូច្នេះ សេចក្តីរលត់នៃសញ្ញាដូច្នេះ សង្ខារទាំងឡាយដូច្នេះ ហេតុជាទីកើតឡើង នៃសង្ខារទាំងឡាយដូច្នេះ សេចក្តីរលត់នៃសង្ខារទាំងឡាយដូច្នេះ វិញ្ញាណដូច្នេះ ហេតុជាទីកើតឡើងនៃវិញ្ញាណដូច្នេះ សេចក្តីរលត់នៃវិញ្ញាណដូច្នេះ កាលបើធម្មជាតនេះមាន ធម្មជាតនេះក៏មានដែរ ព្រោះការកើតឡើងនៃធម្មជាតនេះ ទើបធម្មជាតនេះកើតឡើងដែរ កាលបើធម្មជាតនេះមិនមាន ធម្មជាតនេះក៏មិនមានដែរ ព្រោះការរលត់ទៅនៃធម្មជាតនេះ ទើបធម្មជាតនេះរលត់ទៅដែរ គឺថា សង្ខារទាំងឡាយកើតមាន ព្រោះអវិជ្ជាជាបច្ច័យ វិញ្ញាណកើតមាន ព្រោះសង្ឃារជាបច្ច័យ។បេ។ ការកើតឡើងព្រម នៃកងទុក្ខទាំងអស់នុ៎ះ រមែងមានយ៉ាងនេះ។ ការរលត់នៃសង្ខារ ព្រោះការវិនាស និងការរលត់មិនសេសសល់ នៃអវិជ្ជា ការរលត់នៃវិញ្ញាណ ព្រោះការរលត់នៃសង្ខារ។បេ។ ការរលត់នៃកងទុក្ខទាំងអស់នុ៎ះ រមែងមានយ៉ាងនេះ។

ចប់ សូត្រទី១។

(ទុតិយទសពល)សូត្រ ទី២

(២. ទុតិយទសពលសុត្តំ)

[៦៥] ទ្រង់គង់នៅជិតក្រុងសាវត្ថី… ម្នាលភិក្ខុទាំងឡាយ ព្រះតថាគត ប្រកបដោយកម្លាំង១០ផង ប្រកបដោយវេសារជ្ជធម៌៤ផង រមែងប្តេជ្ញានូវឋានៈប្រសើរ បន្លឺនូវសីហនាទ ក្នុងពួកបរិស័ទ ញុំាងព្រហ្មចក្រឲ្យប្រព្រឹត្តទៅថា រូបដូច្នេះ ហេតុជាទីកើតឡើងនៃរូប ដូច្នេះ សេចក្តីរលត់នៃរូបដូច្នេះ វេទនាដូច្នេះ ហេតុជាទីកើតឡើងនៃវេទនា ដូច្នេះ សេចក្តីរលត់នៃវេទនា ដូច្នេះ សញ្ញាដូច្នេះ ហេតុជាទីកើតឡើងនៃសញ្ញា ដូច្នេះ សេចក្តីរលត់នៃសញ្ញាដូច្នេះ សង្ខារទាំងឡាយដូច្នេះ ហេតុជាទីកើតឡើងនៃសង្ខារទាំងឡាយ ដូច្នេះ សេចក្តីរលត់នៃសង្ខារទាំងឡាយដូច្នេះ វិញ្ញាណដូច្នេះ ហេតុជាទីកើតឡើងនៃវិញ្ញាណ ដូច្នេះ សេចក្តីរលត់នៃវិញ្ញាណដូច្នេះ កាលបើធម្មជាតនេះមាន ធម្មជាតនេះក៏មានដែរ ព្រោះការកើតឡើងនៃធម្មជាតនេះ ទើបធម្មជាតនេះកើតឡើងដែរ កាលបើធម្មជាតនេះមិនមាន ធម្មជាតនេះក៏មិនមានដែរ ព្រោះការរលត់នៃធម្មជាតនេះ ទើបធម្មជាតនេះរលត់ដែរ គឺថា សង្ខារទាំងឡាយកើតមាន ព្រោះអវិជ្ជាជាបច្ច័យ វិញ្ញាណកើតមាន ព្រោះសង្ខារជាបច្ច័យ។បេ។ ការកើតឡើងព្រម នៃកងទុក្ខទាំងអស់នុ៎ះ រមែងមានយ៉ាងនេះ។ ការរលត់នៃសង្ខារ ព្រោះការវិនាស និងការរលត់មិនសេសសល់នៃអវិជ្ជា ការរលត់នៃវិញ្ញា ព្រោះការរលត់នៃសង្ខារ។បេ។ ការរលត់នៃកងទុក្ខទាំងអស់នុ៎ះ រមែងមានយ៉ាងនេះ។

[៦៦] ម្នាលភិក្ខុទាំងឡាយ ធម៌ដែលតថាគតសំដែងហើយ ដោយប្រពៃ តថាគត បានបើក បានប្រកាស ឲ្យងាយ ដូចជាបុរសគ្មានកំណាត់សំពត់ បិទបាំងកាយ យ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ កាលបើធម៌ ដែលតថាគតសំដែងហើយដោយប្រពៃ តថាគត បានបើក បានប្រកាស ឲ្យងាយ ដូចជាបុរសគ្មានកំណាត់សំពត់ បិទបាំងកាយ យ៉ាងនេះ កុលបុត្ត ដែលបួសហើយព្រោះសទ្ធា គួរតែប្រារព្ធ នូវសេចក្តីព្យាយាម (ប្រកបដោយអង្គ៤) ថា ស្បែក១ សរសៃ១ ឆ្អឹង១ ចូរសល់នៅចុះ ឯសាច់ឈាមក្នុងសរីរៈ ចូររីងស្ងួតទៅចុះ គុណជាតណា ដែលបុគ្គលគប្បីដល់ដោយកម្លាំងរបស់បុរស ដោយសេចក្តីព្យាយាម របស់បុរស ដោយសេចក្តីប្រឹងប្រែង របស់បុរស បើមិនទាន់ដល់នូវគុណជាតនោះទេ នឹងមិនបញ្ឈប់ នូវសេចក្តីព្យាយាម របស់បុរសឡើយ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្ជិលច្រអូស រមែងច្រឡូកច្រឡំដោយអកុសលធម៌ដ៏លាមក នៅជាទុក្ខ ថែមទាំងញុំាងប្រយោជន៍នៃខ្លួន ដ៏ធំ ឲ្យសាបសូន្យទៅ។ ម្នាលភិក្ខុទាំងឡាយ ចំណែកបុគ្គល ដែលមានព្យាយាមតឹងរឹង រមែងស្ងប់ស្ងាត់ ចាកអកុសលធម៌ដ៏លាមក នៅជាសុខ ថែមទាំងញុំាងប្រយោជន៍នៃខ្លួនដ៏ធំ ឲ្យបរិបូណ៌។ ម្នាលភិក្ខុទាំងឡាយ ការដល់នូវគុណវិសេសដ៏ខ្ពង់ខ្ពស់14) ដោយឥន្ទ្រិយដ៏ថោកទាប15) រមែងមិនមានទេ ការដល់នូវគុណវិសេសដ៏ខ្ពង់ខ្ពស់ ដោយឥន្ទ្រិយដ៏ខ្ពង់ខ្ពស់ ទើបមាន។ ម្នាលភិក្ខុទាំងឡាយ ព្រហ្មចរិយៈនេះ ជាធម្មជាតជ្រះថ្លា គួរក្រេបផឹក ព្រោះព្រះសាស្តា មាននៅចំពោះមុខ។

[៦៧] ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ អ្នកទាំងឡាយ ចូរប្រារព្ធនូវសេចក្តីព្យាយាម ដើម្បីការដល់នូវគុណធម៌ ដែលមិនទាន់បានដល់ ដើម្បីការត្រាស់ដឹងនូវគុណធម៌ ដែលមិនទាន់បានត្រាស់ដឹង ដើម្បីការធ្វើឲ្យជាក់ច្បាស់ នូវគុណធម៌ ដែលមិនទាន់បានធ្វើឲ្យជាក់ច្បាស់ ក្នុងសាសនានេះ ដោយគិតយ៉ាងនេះថា បព្វជ្ជារបស់យើងទាំងឡាយនេះ មិនមែនវៀច មិនមែនឥតផលទេ រមែងប្រកបដោយផល ប្រកដដោយសេចក្តីចម្រើន ព្រោះថា យើងទាំងឡាយ បរិភោគនូវចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារ របស់ជនទាំងឡាយណា ការបូជាទាំងនោះ ចំពោះយើងទាំងឡាយ របស់ជនទាំងនោះ នឹងមានផលច្រើន មានអានិសង្សច្រើន ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះចុះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គល កាលឃើញច្បាស់នូវប្រយោជន៍របស់ខ្លួន គួរតែញុំាងកិច្ចទាំងពួង ឲ្យបរិបូណ៌ដោយសេចក្តីមិនប្រមាទ។ ម្នាលភិក្ខុទាំងឡាយ បុគ្គល កាលឃើញច្បាស់ នូវប្រយោជន៍របស់បុគ្គលដទៃ គួរតែញុំាងកិច្ចទាំងពួង ឲ្យបរិបូណ៌ ដោយសេចក្តីមិនប្រមាទ។ ម្នាលភិក្ខុទាំងឡាយ បុគ្គល កាលឃើញច្បាស់នូវប្រយោជន៍ទាំងពីរ គួរតែញុំាងកិច្ចទាំងពួង ឲ្យបរិបូណ៌ ដោយសេចក្តីមិនប្រមាទ។

ចប់សូត្រ ទី២។

(ឧបនិស)សូត្រ ទី៣

(៣. ឧបនិសសុត្តំ)

[៦៨] ទ្រង់គង់នៅជិតក្រុងសាវត្ថី … ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា កិរិយាអស់ទៅនៃអាសវៈ ចំពោះតែបុគ្គល ដែលដឹងច្បាស់ ឃើញច្បាស់ មិនពោលចំពោះបុគ្គល ដែលមិនដឹងច្បាស់ មិនឃើញច្បាស់ទេ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលកាលដឹងអ្វី កាលឃើញអ្វី ទើបមានការអស់ទៅនៃអាសវៈ។ បុគ្គលដឹង ឃើញថា រូប ដូច្នេះ ហេតុជាទីកើតឡើងនៃរូបដូច្នេះ សេចក្តីរលត់នៃរូបដូច្នេះ។បេ។ វេទនាដូច្នេះ។បេ។ សញ្ញាដូច្នេះ។បេ។ សង្ខារទាំងឡាយដូច្នេះ។បេ។ វិញ្ញាណដូច្នេះ ហេតុជាទីកើតឡើងនៃវិញ្ញាណដូច្នេះ សេចក្តីរលត់នៃវិញ្ញាណដូច្នេះ។បេ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលដឹងយ៉ាងនេះ កាលឃើញយ៉ាងនេះឯង ទើបមានការអស់ទៅនៃអាសវៈ។

[៦៩] ម្នាលភិក្ខុទាំងឡាយ កាលធម៌16) ជាគ្រឿងអស់ទៅនៃអាសវៈ កើតឡើងហើយ ខយញ្ញាណ17) ណា កើតឡើងដែរ តថាគតពោលថា ខយញ្ញាណនោះ ប្រកបដោយហេតុ មិនពោលថា មិនមានហេតុទេ។ ម្នាលភិក្ខុទាំងឡាយ ចុះហេតុនៃខយញ្ញាណ តើដូចម្តេច។ គប្បីឆ្លើយថា វិមុត្តិ គឺអរហត្តផល ជាហេតុ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា វិមុត្តិ ប្រកបដោយហេតុ មិនពោលថា មិនមានហេតុទេ។ ម្នាលភិក្ខុទាំងឡាយ ចុះហេតុនៃវិមុត្តិ តើដូចម្តេច។ គប្បីឆ្លើយថា វិរាគៈ គឺមគ្គ ជាហេតុ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា វិរាគៈ ប្រកបដោយហេតុ មិនពោលថា មិនមានហេតុទេ។ ម្នាលភិក្ខុទាំងឡាយ ចុះហេតុនៃវិរាគៈ តើដូចម្តេច។ គប្បីឆ្លើយថា និព្វិទាញាណ គឺពលវវិបស្សនា18) ជាហេតុ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា និព្វិទាញាណ ប្រកបដោយហេតុ មិនពោលថា មិនមានហេតុទេ។ ម្នាលភិក្ខុទាំងឡាយ ចុះហេតុនៃនិព្វិទាញាណ តើដូចម្តេច។ គប្បីឆ្លើយថា យថាភូតញ្ញាណទស្សនៈ គឺតរុណវិបស្សនា19) ជាហេតុ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា យថាភូតញ្ញាណទស្សនៈ ប្រកបដោយហេតុ មិនពោលថា មិនមានហេតុទេ។ ម្នាលភិក្ខុទាំងឡាយ ចុះហេតុនៃយថាភូតញ្ញាណទស្សនៈ តើដូចម្តេច។ គប្បីឆ្លើយថា សមាធិ ជាហេតុ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា សមាធិប្រកបដោយហេតុ មិនពោលថា មិនមានហេតុទេ។ ម្នាលភិក្ខុទាំងឡាយ ចុះហេតុនៃសមាធិ តើដូចម្តេច។ គប្បីឆ្លើយថា សុខៈ ជាហេតុ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា សុខៈ ប្រកបដោយហេតុ មិនពោលថា មិនមានហេតុទេ។ ម្នាលភិក្ខុទាំងឡាយ ចុះហេតុនៃសុខៈ តើដូចម្តេច។ គប្បីឆ្លើយថា បស្សទ្ធិ ជាហេតុ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា បស្សទ្ធិ ប្រកបដោយហេតុ មិនពោលថា មិនមានហេតុទេ។ ម្នាលភិក្ខុទាំងឡាយ ចុះហេតុនៃបស្សទ្ធិ តើដូចម្តេច។ គប្បីឆ្លើយថា បីតិ ជាហេតុ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា បីតិ ប្រកបដោយហេតុ មិនពោលថា មិនមានហេតុទេ។ ម្នាលភិក្ខុទាំងឡាយ ចុះហេតុនៃបីតិ តើដូចម្តេច។ គប្បីឆ្លើយថា បាមុជ្ជៈ ជាហេតុ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា បាមុជ្ជៈ ប្រកបដោយហេតុ មិនពោលថា មិនមានហេតុទេ។ ម្នាលភិក្ខុទាំងឡាយ ចុះហេតុនៃបាមុជ្ជៈ តើដូចម្តេច។ គប្បីឆ្លើយថា សទ្ធា ជាហេតុ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា សទ្ធា ប្រកបដោយហេតុ មិនពោលថា មិនមានហេតុទេ។ ម្នាលភិក្ខុទាំងឡាយ ចុះហេតុនៃសទ្ធា តើដូចម្តេច។ គប្បីឆ្លើយថា ទុក្ខ ជាហេតុ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា ទុក្ខ ប្រកបដោយហេតុ មិនពោលថា មិនមានហេតុទេ។ ម្នាលភិក្ខុទាំងឡាយ ចុះហេតុនៃទុក្ខ តើដូចម្តេច។ គប្បីឆ្លើយថា ជាតិ ជាហេតុ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា ជាតិ ប្រកបដោយហេតុ មិនពោលថា មិនមានហេតុទេ។ ម្នាលភិក្ខុទាំងឡាយ ចុះហេតុនៃជាតិ តើដូចម្តេច។ គប្បីឆ្លើយថា ភព ជាហេតុ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា ភព ប្រកបដោយហេតុ មិនពោលថា មិនមានហេតុទេ។ ម្នាលភិក្ខុទាំងឡាយ ចុះហេតុនៃភព តើដូចម្តេច។ គប្បីឆ្លើយថា ឧបាទាន ជាហេតុ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា ឧបាទាន ប្រកបដោយហេតុ មិនពោលថា មិនមានហេតុទេ។ ម្នាលភិក្ខុទាំងឡាយ ចុះហេតុនៃឧបាទាន តើដូចម្តេច។ គប្បីឆ្លើយថា តណ្ហា ជាហេតុ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា តណ្ហា ប្រកបដោយហេតុ មិនពោលថា មិនមានហេតុទេ។ ម្នាលភិក្ខុទាំងឡាយ ចុះហេតុនៃតណ្ហា តើដូចម្តេច។ គប្បីឆ្លើយថា វេទនា ជាហេតុ។បេ។ គប្បីឆ្លើយថា ផស្សៈ ជាហេតុ… គប្បីឆ្លើយថា សឡាយតនៈ ជាហេតុ… គប្បីឆ្លើយថា នាមរូប ជាហេតុ… គប្បីឆ្លើយថា វិញ្ញាណ ជាហេតុ… គប្បីឆ្លើយថា សង្ខារទាំងឡាយ ជាហេតុ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា សង្ខារទាំងឡាយ ប្រកបដោយហេតុ មិនពោលថា មិនមានហេតុទេ។ ម្នាលភិក្ខុទាំងឡាយ ចុះហេតុនៃសង្ខារទាំងឡាយ តើដូចម្តេច។ គប្បីឆ្លើយថា អវិជ្ជា ជាហេតុ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីរួបរួមដូច្នេះ សង្ខារទាំងឡាយ មានអវិជ្ជាជាហេតុ វិញ្ញាណ មានសង្ខារជាហេតុ នាមរូប មានវិញ្ញាណជាហេតុ សឡាយតនៈ មាននាមរូបជាហេតុ ផស្សៈ មានសឡាយតនៈជាហេតុ វេទនា មានផស្សៈជាហេតុ តណ្ហា មានវេទនាជាហេតុ ឧបាទាន មានតណ្ហាជាហេតុ ភព មានឧបាទានជាហេតុ ជាតិ មានភពជាហេតុ ទុក្ខ មានជាតិជាហេតុ សទ្ធា មានទុក្ខជាហេតុ បាមុជ្ជៈ មានសទ្ធាជាហេតុ បីតិ មានបាមុជ្ជៈជាហេតុ បស្សទ្ធិ មានបីតិជាហេតុ សុខៈ មានបស្សទ្ធិជាហេតុ សមាធិ មានសុខៈជាហេតុ យថាភូតញ្ញាណទស្សនៈ មានសមាធិជាហេតុ និព្វិទាញាណ មានយថាភូតញ្ញាណទស្សនៈជាហេតុ វិរាគៈ មាននិព្វិទាញាណជាហេតុ វិមុត្តិ មានវិរាគៈជាហេតុ ខយញ្ញាណ មានវិមុត្តិជាហេតុ។

[៧០] ម្នាលភិក្ខុទាំងឡាយ ដូចទឹកភ្លៀងមានគ្រាប់ដ៏ថ្លោស បង្អុរចុះលើភ្នំ កាលទឹកនោះ ហូរទៅកាន់ទីទាប រមែងញុំាងជ្រោះភ្នំ ក្រហែង និងប្រឡាយទឹកឲ្យពេញ កាលបើជ្រោះភ្នំ ក្រហែង និងប្រឡាយទឹកពេញហើយ រមែងញុំាងត្រពាំងតូចឲ្យពេញ កាលបើត្រពាំងតូចពេញហើយ រមែងញុំាងបឹងឲ្យពេញ កាលបើបឹងពេញហើយ រមែងញុំាងស្ទឹងឲ្យពេញ កាលបើស្ទឹងពេញហើយ រមែងញុំាងទន្លេឲ្យពេញ កាលបើទន្លេពេញហើយ រមែងញុំាងមហាសមុទ្រឲ្យពេញ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ សង្ខារទាំងឡាយ មានអវិជ្ជាជាហេតុ វិញ្ញាណ មានសង្ខារជាហេតុ នាមរូប មានវិញ្ញាណជាហេតុ សឡាយតនៈ មាននាមរូបជាហេតុ ផស្សៈ មានសឡាយតនៈជាហេតុ វេទនា មានផស្សៈជាហេតុ តណ្ហាមានវេទនាជាហេតុ ឧបាទាន មានតណ្ហាជាហេតុ ភព មានឧបាទានជាហេតុ ជាតិមានភពជាហេតុ ទុក្ខ មានជាតិជាហេតុ សទ្ធាមានទុក្ខជាហេតុ បាមុជ្ជៈ មានសទ្ធាជាហេតុ បីតិ មានបាមុជ្ជៈជាហេតុ បស្សទ្ធិ មានបីតិជាហេតុ សុខៈ មានបស្សទ្ធិជាហេតុ សមាធិ មានសុខៈជាហេតុ យថាភូតញ្ញាណទស្សនៈ មានសមាធិជាហេតុ និព្វិទាញាណ មានយថាភូតញ្ញាទស្សនៈជាហេតុ វិរាគៈ មាននិព្វិទាញាណជាហេតុ វិមុត្តិ មានវិរាគៈជាហេតុ ខយញ្ញាណ មានវិមុត្តិជាហេតុ។

ចប់សូត្រ ទី៣។

(អញ្ញតិត្ថិយ)សូត្រ ទី៤

(៤. អញ្ញតិត្ថិយសុត្តំ)

[៧១] ទ្រង់គង់នៅក្នុងវត្តវេឡុវ័ន ជិតក្រុងរាជគ្រឹះ… គ្រានោះ ព្រះសារីបុត្តមានអាយុ ស្លៀកស្បង់ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ចូលទៅកាន់ក្រុងរាជគ្រឹះ ដើម្បីបិណ្ឌបាត។ លំដាប់នោះ ព្រះសារីបុត្តមានអាយុ មានសេចក្តីត្រិះរិះ ដូច្នេះថា ការត្រាច់ទៅដើម្បីបិណ្ឌបាត ក្នុងក្រុងរាជគ្រឹះ នៅព្រឹកពេកណាស់ បើដូច្នោះ គួរតែអាត្មាអញ ចូលទៅកាន់អារាម នៃពួកអន្យតិរ្ថិយបរិព្វាជក20) សិន។ លំដាប់នោះ ព្រះសារីបុត្តមានអាយុ ចូលទៅកាន់អារាម នៃពួកអន្យតិរ្ថិយបរិព្វាជក លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងអន្យតិរ្ថិយបរិព្វាជកទាំងនោះ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររឭកហើយ ក៏គង់ក្នុងទីសមគួរ។

[៧២] លុះព្រះសារីបុត្តមានអាយុ គង់ក្នុងទីសមគួរហើយ អន្យតិរ្ថិយបរិព្វាជកទាំងនោះ ក៏ពោលពាក្យដូច្នេះថា ម្នាលសារីបុត្តមានអាយុ មានសមណព្រាហ្មណ៍ពួកមួយ ជាកម្មវាទ បញ្ញត្តថា ទុក្ខ គឺបុគ្គលធ្វើដោយខ្លួនឯង។ ម្នាលសារីបុត្តមានអាយុ មានសមណព្រាហ្មណ៍ពួកមួយ ជាកម្មវាទ បញ្ញត្តថា ទុក្ខ គឺបុគ្គលដទៃធ្វើឲ្យ។ ម្នាលសារីបុត្តមានអាយុ មានសមណព្រាហ្មណ៍ពួកមួយ ជាកម្មវាទ បញ្ញត្តថា ទុក្ខ គឺបុគ្គលធ្វើដោយខ្លួនឯងផង បុគ្គលដទៃធ្វើឲ្យផង។ ម្នាលសារីបុត្តមានអាយុ មានសមណព្រាហ្មណ៍ពួកមួយ ជាកម្មវាទ បញ្ញត្តថា ទុក្ខ មិនមែនជាអំពើរបស់ខ្លួន មិនមែនជាអំពើរបស់បុគ្គលដទៃ គឺកើតឡើងដោយមិនអាស្រ័យហេតុ។ ម្នាលសារីបុត្តមានអាយុ បណ្ហាហេតុទាំង៤នេះ ព្រះសមណគោតម បានពោលដូចម្តេច បានប្រាប់ដូចម្តេច ចុះកាលយើងទាំងឡាយ ព្យាករដូចម្តេច ទើបឈ្មោះថា ជាអ្នកពោលតាមពាក្យដែលព្រះសមណគោតមពោលហើយផង ឈ្មោះថា មិនពោលបង្កាច់ព្រះសមណគោតម ដោយពាក្យមិនពិតផង ឈ្មោះថា ព្យាករនូវធម៌ដ៏សមគួរដល់ធម៌ផង ទាំងលំអានពាក្យបន្តិចបន្តួច ដែលប្រកបដោយធម៌ហើយ ក៏មិនមកកាន់ឋានៈ ដែលបណ្ឌិតគួរតិះដៀលផង។

[៧៣] ព្រះសារីបុត្តពោលថា ម្នាលអាវុសោ សេចក្តីទុក្ខ ព្រះមានព្រះភាគ បានពោលហើយថា កើតឡើងព្រោះអាស្រ័យហេតុ តើអាស្រ័យហេតុដូចម្តេច គឺអាស្រ័យផស្សៈ កាលបើបុគ្គលពោលដូច្នេះ ឈ្មោះថា ពោលតាមពាក្យដែលព្រះមានព្រះភាគ បានពោលហើយផង មិនពោលបង្កាច់ព្រះមានព្រះភាគ ដោយពាក្យមិនពិតផង ព្យាករនូវធម៌ដ៏សមគួរដល់ធម៌ផង ទាំងលំអានពាក្យបន្តិចបន្តួច ដែលប្រកបដោយធម៌ហើយ ក៏មិនមកកាន់ឋានៈ ដែលបណ្ឌិតគួរតិះដៀលផង។ ម្នាលអាវុសោ បណ្តាវាទៈទាំង៤នោះ ពួកសមណព្រាហ្មណ៍ណា ជាកម្មវាទ បញ្ញត្តថា ទុក្ខ គឺបុគ្គលធ្វើដោយខ្លួនឯង តែសេចក្តីទុក្ខនោះ កើតឡើង ព្រោះផស្សៈជាបច្ច័យ។ ពួកសមណព្រាហ្មណ៍ណា។បេ។ ពួកសមណព្រាហ្មណ៍ណា។បេ។ ពួកសមណព្រាហ្មណ៍ណា ជាកម្មវាទ បញ្ញត្តថា ទុក្ខ មិនមែនជាអំពើរបស់ខ្លួន មិនមែនជាអំពើរបស់បុគ្គលដទៃ គឺកើតឡើងដោយមិនអាស្រ័យហេតុ តែសេចក្តីទុក្ខនោះកើតឡើង ព្រោះផស្សៈជាបច្ច័យ។ ម្នាលអាវុសោ បណ្តាវាទៈទាំង៤នោះ ពួកសមណព្រាហ្មណ៍ណា ជាកម្មវាទ បញ្ញត្តថា ទុក្ខ គឺបុគ្គលធ្វើដោយខ្លួនឯង សមណព្រាហ្មណ៍ទាំងនោះឯង ទទួលទុក្ខក្រៅអំពីផស្សៈ ពាក្យដូច្នេះនេះ មិនសមហេតុឡើយ។ ពួកសមណព្រាហ្មណ៍ណា ជាកម្មវាទ បញ្ញត្តថា ទុក្ខ គឺបុគ្គលដទៃធ្វើឲ្យ សមណព្រាហ្មណ៍ទាំងនោះឯង ទទួលទុក្ខក្រៅអំពីផស្សៈ ពាក្យដូច្នេះនេះ មិនសមហេតុឡើយ។ ពួកសមណព្រាហ្មណ៍ណា ជាកម្មវាទ បញ្ញត្តថា ទុក្ខ គឺបុគ្គលធ្វើដោយខ្លួនឯងផង បុគ្គលដទៃធ្វើឲ្យផង សមណព្រាហ្មណ៍ទាំងនោះឯង ទទួលទុក្ខក្រៅអំពីផស្សៈ ពាក្យដូច្នេះនេះ មិនសមហេតុឡើយ។ ពួកសមណព្រាហ្មណ៍ណា ជាកម្មវាទ បញ្ញត្តថា ទុក្ខ មិនមែនជាអំពើរបស់ខ្លួន មិនមែនជាអំពើរបស់បុគ្គលដទៃ គឺកើតឡើងដោយមិនអាស្រ័យហេតុ សមណព្រាហ្មណ៍ទាំងនោះឯង ទទួលទុក្ខក្រៅអំពីផស្សៈ ពាក្យដូច្នេះនេះ មិនសមហេតុឡើយ។

[៧៤] ព្រះអានន្ទមានអាយុ បានឮនូវការចរចា ដោយពាក្យនេះ របស់ព្រះសារីបុត្តមានអាយុ ជាមួយនឹងអន្យតិរ្ថិយបរិព្វាជកទាំងនោះហើយ។ ទើបព្រះអានន្ទមានអាយុ ត្រាច់ទៅបិណ្ឌបាត ក្នុងក្រុងរាជគ្រឹះ លុះត្រឡប់មកអំពីបិណ្ឌបាត ក្នុងបច្ឆាភត្តកាល ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះមានព្រះភាគ រួចគង់ក្នុងទីសមគួរ។ លុះព្រះអានន្ទមានអាយុ គង់ក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលនូវការចរចា ដោយពាក្យទាំងអស់នោះ របស់ព្រះសារីបុត្តមានអាយុ ជាមួយនឹងអន្យតិរ្ថិយបរិព្វាជកទាំងនោះ ចំពោះព្រះមានព្រះភាគ។

[៧៥] ព្រះមានព្រះភាគត្រាស់ថា ម្នាលអានន្ទ ប្រពៃហើយ ប្រពៃហើយ តាមដែលសារីបុត្តព្យាករហើយនោះ ឈ្មោះថា ព្យាករដោយប្រពៃ។ ម្នាលអានន្ទ សេចក្តីទុក្ខ ដែលតថាគតបានពោលហើយថា កើតឡើងព្រោះអាស្រ័យហេតុ តើអាស្រ័យហេតុដូចម្តេច គឺអាស្រ័យផស្សៈ កាលបើបុគ្គលពោលដូច្នេះ ឈ្មោះថា ពោលតាមពាក្យដែលតថាគតពោលហើយផង មិនពោលបង្កាច់តថាគត ដោយពាក្យមិនពិតផង ព្យាករនូវធម៌ដ៏សមគួរដល់ធម៌ផង ទាំងលំអានពាក្យបន្តិចបន្តួច ដែលប្រកបដោយធម៌ហើយ ក៏មិនមកកាន់ឋានៈ ដែលបណ្ឌិតគួរតិះដៀលផង។ ម្នាលអានន្ទ បណ្តាវាទៈទាំង៤នោះ ពួកសមណព្រាហ្មណ៍ណា ជាកម្មវាទ បញ្ញត្តថា ទុក្ខ គឺបុគ្គលធ្វើដោយខ្លួនឯង តែទុក្ខនោះកើតឡើង ព្រោះផស្សៈជាបច្ច័យ។ ពួកសមណព្រាហ្មណ៍ណា។បេ។ ពួកសមណព្រាហ្មណ៍ណា។បេ។ ពួកសមណព្រាហ្មណ៍ណា ជាកម្មវាទ បញ្ញត្តថា ទុក្ខ មិនមែនជាអំពើរបស់ខ្លួន មិនមែនជាអំពើរបស់បុគ្គលដទៃ គឺកើតឡើងដោយមិនអាស្រ័យហេតុ តែទុក្ខនោះកើតឡើង ព្រោះផស្សៈជាបច្ច័យ។ ម្នាលអានន្ទ បណ្តាវាទៈទាំង៤នោះ ពួកសមណព្រាហ្មណ៍ណា ជាកម្មវាទ បញ្ញត្តថា ទុក្ខ គឺបុគ្គលធ្វើដោយខ្លួនឯង សមណព្រាហ្មណ៍ទាំងនោះឯង ទទួលទុក្ខក្រៅអំពីផស្សៈ ពាក្យដូច្នេះនេះ មិនសមហេតុឡើយ។ ពួកសមណព្រាហ្មណ៍ណា។បេ។ ពួកសមណព្រាហ្មណ៍ណា។បេ។ ពួកសមណព្រាហ្មណ៍ណា ជាកម្មវាទ បញ្ញត្តថា ទុក្ខ មិនមែនជាអំពើរបស់ខ្លួន មិនមែនជាអំពើរបស់បុគ្គលដទៃ គឺកើតឡើងដោយមិនអាស្រ័យហេតុ សមណព្រាហ្មណ៍ទាំងនោះឯង ទទួលទុក្ខក្រៅអំពីផស្សៈ ពាក្យដូច្នេះនេះ មិនសមហេតុឡើយ។

[៧៦] ម្នាលអានន្ទ សម័យមួយ តថាគតនៅក្នុងវត្តវេឡុវ័ន កលន្ទកនិវាបស្ថាន ជិតក្រុងរាជគ្រឹះនោះឯង។ ម្នាលអានន្ទ គ្រានោះ តថាគតស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ចូលទៅកាន់ក្រុងរាជគ្រឹះ ដើម្បីបិណ្ឌបាត។ ម្នាលអានន្ទ តថាគតនោះ មានសេចក្តីត្រិះរិះ ដូច្នេះថា ការត្រាច់ទៅដើម្បីបិណ្ឌបាត ក្នុងក្រុងរាជគ្រឹះនៅព្រឹកពេកណាស់ បើដូច្នោះ គួរតែអាត្មាអញ ចូលទៅកាន់អារាមនៃពួកអន្យតិរ្ថិយបរិព្វាជកសិន។ ម្នាលអានន្ទ លំដាប់នោះ តថាគតចូលទៅកាន់អារាម នៃពួកអន្យតិរ្ថិយបរិព្វាជក លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងអន្យតិរ្ថិយបរិព្វាជកទាំងនោះ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យគួររឭកហើយ ក៏អង្គុយក្នុងទីសមគួរ។ ម្នាលអានន្ទ លុះតថាគតអង្គុយក្នុងទីសមគួរហើយ អន្យតិរ្ថិយបរិព្វាជកទាំងនោះ ក៏ពោលពាក្យដូច្នេះថា បពិត្រព្រះគោតមមានអាយុ មានសមណព្រាហ្មណ៍ពួកមួយ ជាកម្មវាទ បញ្ញត្តថា ទុក្ខ គឺបុគ្គលធ្វើដោយខ្លួនឯង បពិត្រព្រះគោតមមានអាយុ មានសមណព្រាហ្មណ៍ពួកមួយ ជាកម្មវាទ បញ្ញត្តថា ទុក្ខ គឺបុគ្គលដទៃធ្វើឲ្យ បពិត្រព្រះគោតមមានអាយុ មានសមណព្រាហ្មណ៍ពួកមួយ ជាកម្មវាទ បញ្ញត្តថា ទុក្ខ គឺបុគ្គលធ្វើដោយខ្លួនឯងផង បុគ្គលដទៃធ្វើឲ្យផង បពិត្រព្រះគោតមមានអាយុ មានសមណព្រាហ្មណ៍ពួកមួយ ជាកម្មវាទ បញ្ញត្តថា ទុក្ខ មិនមែនជាអំពើរបស់ខ្លួន មិនមែនជាអំពើរបស់បុគ្គលដទៃ គឺកើតឡើងដោយមិនអាស្រ័យហេតុ។ ចុះព្រះគោតមមានអាយុ ពោលដូចម្តេច ប្រាប់ដូចម្តេច ដល់យើងទាំងឡាយ ក្នុងហេតុទាំង៤នេះ យើងទាំងឡាយ កាលព្យាករដូចម្តេច ទើបឈ្មោះថា ពោលតាមពាក្យដែលព្រះគោតមមានអាយុពោលហើយផង ឈ្មោះថា មិនពោលបង្កាច់ព្រះគោតមមានអាយុ ដោយពាក្យមិនពិតផង ឈ្មោះថា ព្យាករនូវធម៌ ដ៏សមគួរដល់ធម៌ផង ទាំងលំអានពាក្យបន្តិចបន្តួច ដែលប្រកបដោយធម៌ហើយ ក៏មិនមកកាន់ឋានៈ ដែលបណ្ឌិតគួរតិះដៀលផង។ ម្នាលអានន្ទ កាលបើអន្យតិរ្ថិយបរិព្វាជកទាំងនោះ ពោលយ៉ាងនេះហើយ តថាគត ក៏ពោលតបទៅនឹងអន្យតិរ្ថិយបរិព្វាជកទាំងនោះ ដូច្នេះថា ម្នាលអាវុសោទាំងឡាយ សេចក្តីទុក្ខ ដែលតថាគតបានពោលហើយថា កើតឡើងព្រោះអាស្រ័យហេតុ តើអាស្រ័យហេតុដូចម្តេច គឺអាស្រ័យផស្សៈ កាលបើបុគ្គលពោលដូច្នេះ ទើបឈ្មោះថា ពោលតាមពាក្យដែលតថាគត បានពោលហើយផង មិនពោលបង្កាច់តថាគតដោយពាក្យមិនពិតផង ព្យាករនូវធម៌ដ៏សមគួរដល់ធម៌ផង ទាំងលំអានពាក្យបន្តិចបន្តួច ដែលប្រកបដោយធម៌ហើយ ក៏មិនមកកាន់ឋានៈ ដែលបណ្ឌិតគួរតិះដៀលផង។ ម្នាលអាវុសោទាំងឡាយ បណ្តាវាទៈទាំង៤នោះ ពួកសមណព្រាហ្មណ៍ណា ជាកម្មវាទ បញ្ញត្តថា ទុក្ខ គឺបុគ្គលធ្វើដោយខ្លួនឯង តែទុក្ខនោះ កើតឡើង ព្រោះផស្សៈជាបច្ច័យ។ ពួកសមណព្រាហ្មណ៍ណា។បេ។ ពួកសមណព្រាហ្មណ៍ណា។បេ។ ពួកសមណព្រាហ្មណ៍ណា ជាកម្មវាទ បញ្ញត្តថា ទុក្ខ មិនមែនជាអំពើរបស់ខ្លួន មិនមែនជាអំពើរបស់បុគ្គលដទៃ គឺកើតឡើងដោយមិនអាស្រ័យហេតុ តែទុក្ខនោះកើតឡើង ព្រោះផស្សៈជាបច្ច័យ។ ម្នាលអាវុសោទាំងឡាយ បណ្តាវាទៈទាំង៤នោះ ពួកសមណព្រាហ្មណ៍ណា ជាកម្មវាទ បញ្ញត្តថា ទុក្ខ គឺបុគ្គលធ្វើដោយខ្លួនឯង ពួកសមណព្រាហ្មណ៍ទាំងនោះឯង ទទួលទុក្ខក្រៅអំពីផស្សៈ ពាក្យដូច្នេះនេះ មិនសមហេតុឡើយ។ ពួកសមណព្រាហ្មណ៍ណា។បេ។ ពួកសមណព្រាហ្មណ៍ណា។បេ។ ពួកសមណព្រាហ្មណ៍ណា ជាកម្មវាទ បញ្ញត្តថា ទុក្ខ មិនមែនជាអំពើរបស់ខ្លួន មិនមែនជាអំពើរបស់បុគ្គលដទៃ គឺកើតឡើងដោយមិនអាស្រ័យហេតុ សមណព្រាហ្មណ៍ទាំងនោះឯង ទទួលទុក្ខក្រៅអំពីផស្សៈ ពាក្យដូច្នេះនេះ មិនសមហេតុឡើយ។

[៧៧] ព្រះអានន្ទក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន អស្ចារ្យណាស់ បពិត្រព្រះអង្គដ៏ចំរើន ចំឡែកពេកណាស់ ព្រោះថា សេចក្តីទាំងពួង ព្រះមានព្រះភាគ ទ្រង់ពោលតែដោយបទមួយ បពិត្រព្រះអង្គដ៏ចំរើន ឯសេចក្តីនុ៎ះ ប្រសិនបើព្រះអង្គ ពោលដោយពិស្តារវិញ ប្រហែលជាជ្រាលជ្រៅ ទាំងមានឱភាសជ្រាលជ្រៅណាស់។ ម្នាលអានន្ទ បើដូច្នោះ ចូរអ្នកបំភ្លឺនូវសេចក្តីនោះ ក្នុងវាទៈទាំង៤នេះមកមើល។

[៧៨] បពិត្រព្រះអង្គដ៏ចំរើន ប្រសិនបើជនទាំងឡាយ សួរខ្ញុំព្រះអង្គយ៉ាងនេះថា ម្នាលអានន្ទមានអាយុ ជរា និងមរណៈ មានអ្វីជាហេតុ មានអ្វីនាំឲ្យកើត មានអ្វីជាកំណើត មានអ្វីជាប្រភព។ បពិត្រព្រះអង្គដ៏ចំរើន កាលបើគេសួយ៉ាងនេះហើយ ខ្ញុំព្រះអង្គ គប្បីដោះស្រាយយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ជរា និងមរណៈ មានជាតិជាហេតុ មានជាតិនាំឲ្យកើត មានជាតិជាកំណើត មានជាតិជាប្រភព។ បពិត្រព្រះអង្គដ៏ចំរើន កាលបើគេសួយ៉ាងនេះ ខ្ញុំព្រះអង្គ គប្បីដោះស្រាយយ៉ាងនេះឯង។ បពិត្រព្រះអង្គដ៏ចំរើន ប្រសិនបើជនទាំងឡាយ សួរខ្ញុំព្រះអង្គយ៉ាងនេះថា ម្នាលអានន្ទមានអាយុ ចុះជាតិ មានអ្វីជាហេតុ មានអ្វីនាំឲ្យកើត មានអ្វីជាកំណើត មានអ្វីជាប្រភព។ បពិត្រព្រះអង្គដ៏ចំរើន កាលបើគេសួយ៉ាងនេះហើយ ខ្ញុំព្រះអង្គ គប្បីដោះស្រាយយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ជាតិ មានភពជាហេតុ មានភពនាំឲ្យកើត មានភពជាកំណើត មានភពជាប្រភព។ បពិត្រព្រះអង្គដ៏ចំរើន កាលបើគេសួយ៉ាងនេះ ខ្ញុំព្រះអង្គ គប្បីដោះស្រាយយ៉ាងនេះឯង។ បពិត្រព្រះអង្គដ៏ចំរើន ប្រសិនបើជនទាំងឡាយ សួរខ្ញុំព្រះអង្គយ៉ាងនេះថា ម្នាលអានន្ទមានអាយុ ចុះភព មានអ្វីជាហេតុ មានអ្វីនាំឲ្យកើត មានអ្វីជាកំណើត មានអ្វីជាប្រភព។ បពិត្រព្រះអង្គដ៏ចំរើន កាលបើគេសួយ៉ាងនេះហើយ ខ្ញុំព្រះអង្គ គប្បីដោះស្រាយយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ភព មានឧបាទានជាហេតុ មានឧបាទាននាំឲ្យកើត មានឧបាទានជាកំណើត មានឧបាទានជាប្រភព។ បពិត្រព្រះអង្គដ៏ចំរើន កាលបើគេសួយ៉ាងនេះ ខ្ញុំព្រះអង្គ គប្បីដោះស្រាយយ៉ាងនេះឯង។ បពិត្រព្រះអង្គដ៏ចំរើន ប្រសិនបើជនទាំងឡាយ សួរខ្ញុំព្រះអង្គយ៉ាងនេះថា ម្នាលអានន្ទមានអាយុ ចុះឧបាទាន។បេ។ ម្នាលអានន្ទមានអាយុ ចុះតណ្ហា។បេ។ ម្នាលអានន្ទមានអាយុ ចុះវេទនា។បេ។ បពិត្រព្រះអង្គដ៏ចំរើន ប្រសិនបើជនទាំងឡាយ សួរខ្ញុំព្រះអង្គយ៉ាងនេះថា ម្នាលអានន្ទមានអាយុ ចុះផស្សៈ មានអ្វីជាហេតុ មានអ្វីនាំឲ្យកើត មានអ្វីជាកំណើត មានអ្វីជាប្រភព។ បពិត្រព្រះអង្គដ៏ចំរើន កាលបើគេសួយ៉ាងនេះហើយ ខ្ញុំព្រះអង្គ គប្បីដោះស្រាយយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ផស្សៈ មានសឡាយតនៈជាហេតុ មានសឡាយតនៈនាំឲ្យកើត មានសឡាយតនៈជាកំណើត មានសឡាយតនៈជាប្រភព ម្នាលអាវុសោទាំងឡាយ ការរលត់នៃផស្សៈ ព្រោះការវិនាស និងការរលត់មិនសេសសល់ នៃផស្សាយតនៈទាំង៦ ការរលត់នៃវេទនា ព្រោះការរលត់នៃផស្សៈ ការរលត់នៃតណ្ហា ព្រោះការរលត់នៃវេទនា ការរលត់នៃឧបាទាន ព្រោះការរលត់នៃតណ្ហា ការរលត់នៃភព ព្រោះការរលត់នៃឧបាទាន ការរលត់នៃជាតិ ព្រោះការរលត់នៃភព ជរា និងមរណៈ សេចក្តីសោក សេចក្តីខ្សឹកខ្សួល សេចក្តីលំបាកកាយ សេចក្តីលំបាកចិត្ត និងសេចក្តីចង្អៀតចង្អល់ចិត្តទាំងឡាយ ក៏តែងរលត់ទៅ ព្រោះការរលត់នៃជាតិ។ ការរលត់នៃកងទុក្ខទាំងអស់នុ៎ះ រមែងមានយ៉ាងនេះ។ បពិត្រព្រះអង្គដ៏ចំរើន កាលបើគេសួរយ៉ាងនេះ ខ្ញុំព្រះអង្គ គប្បីដោះស្រាយយ៉ាងនេះឯង។

ចប់ សូត្រ ទី៤។

(ភូមិជ)សូត្រ ទី៥

(៥. ភូមិជសុត្តំ)

[៧៩] ទ្រង់គង់ជិតក្រុងសាវត្ថី… គ្រានោះ ព្រះភូមិជៈមានអាយុ ចេញអំពីទីស្ងាត់ ក្នុងសាយណ្ហសម័យ ចូលទៅរកព្រះសារីបុត្តមានអាយុ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះសារីបុត្តមានអាយុ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររឭកហើយ ក៏អង្គុយក្នុងទីសមគួរ។ លុះព្រះភូមិជៈមានអាយុ អង្គុយក្នុងទីសមគួរហើយ ក៏ពោលនឹងព្រះសារីបុត្តមានអាយុ ដូច្នេះថា ម្នាលសារីបុត្តមានអាយុ មានសមណព្រាហ្មណ៍ពួកមួយ ជាកម្មវាទ បញ្ញត្តថា សុខ និងទុក្ខ គឺបុគ្គលធ្វើដោយខ្លួនឯង ម្នាលសារីបុត្តមានអាយុ មានសមណព្រាហ្មណ៍ពួកមួយទៀត ជាកម្មវាទ បញ្ញត្តថា សុខ និងទុក្ខ គឺបុគ្គលដទៃធ្វើឲ្យ។ ម្នាលសារីបុត្តមានអាយុ មានសមណព្រាហ្មណ៍ពួកមួយ ជាកម្មវាទ បញ្ញត្តថា សុខ និងទុក្ខ គឺបុគ្គលធ្វើដោយខ្លួនឯងផង បុគ្គលដទៃធ្វើឲ្យផង ម្នាលសារីបុត្តមានអាយុ មានសមណព្រាហ្មណ៍ពួកមួយទៀត ជាកម្មវាទ បញ្ញត្តថា សុខ និងទុក្ខ មិនមែនជាអំពើរបស់ខ្លួន មិនមែនជាអំពើរបស់បុគ្គលដទៃ គឺកើតឡើងដោយមិនអាស្រ័យហេតុ។ ម្នាលសារីបុត្តមានអាយុ ព្រះមានព្រះភាគ ទ្រង់ពោលដូចម្តេច ទ្រង់ប្រាប់ដូចម្តេច ដល់យើងទាំងឡាយ ក្នុងហេតុទាំង៤នេះ ចុះកាលយើងទាំងឡាយព្យាករដូចម្តេច ទើបឈ្មោះថា ពោលតាមពាក្យ ដែលព្រះមានព្រះភាគពោលហើយផង ឈ្មោះថា មិនពោលបង្កាច់ព្រះមានព្រះភាគ ដោយពាក្យមិនពិតផង ឈ្មោះថា ព្យាករនូវធម៌ ដ៏សមគួរដល់ធម៌ផង ទាំងលំអានពាក្យបន្តិចបន្តួច ដែលប្រកបដោយធម៌ហើយ ក៏មិនមកកាន់ឋានៈ ដែលបណ្ឌិតគប្បីតិះដៀលផង។

[៨០] ព្រះសារីបុត្តតបថា ម្នាលអាវុសោ សុខ និងទុក្ខ ព្រះមានព្រះភាគ បានពោលហើយថា កើតឡើងព្រោះអាស្រ័យហេតុ តើអាស្រ័យហេតុដូចម្តេច គឺអាស្រ័យផស្សៈ កាលបើបុគ្គលពោលដូច្នេះ ឈ្មោះថា ពោលតាមពាក្យ ដែលព្រះមានព្រះភាគ ពោលហើយផង មិនពោលបង្កាច់ព្រះមានព្រះភាគ ដោយពាក្យមិនពិតផង ព្យាករនូវធម៌ ដ៏សមគួរដល់ធម៌ផង ទាំងលំអានពាក្យបន្តិចបន្តួច ដែលប្រកបដោយធម៌ហើយ ក៏មិនមកកាន់ឋានៈ ដែលបណ្ឌិតគប្បីតិះដៀលផង។ ម្នាលអាវុសោ បណ្តាវាទៈទាំង៤នោះ ពួកសមណព្រាហ្មណ៍ណា ជាកម្មវាទ បញ្ញត្តថា សុខនិងទុក្ខ គឺបុគ្គលធ្វើដោយខ្លួនឯង តែសុខ និងទុក្ខនោះឯង កើតឡើង ព្រោះផស្សៈជាបច្ច័យ។ ពួកសមណព្រាហ្មណ៍ណា។បេ។ ពួកសមណព្រាហ្មណ៍ណា។បេ។ ពួកសមណព្រាហ្មណ៍ណា ជាកម្មវាទ បញ្ញត្តថា សុខ និងទុក្ខ មិនមែនជាអំពើរបស់ខ្លួន មិនមែនជាអំពើរបស់បុគ្គលដទៃ គឺកើតឡើងដោយមិនអាស្រ័យហេតុ តែសុខ និងទុក្ខនោះឯង កើតឡើង ព្រោះផស្សៈជាបច្ច័យ។ ម្នាលអាវុសោ បណ្តាវាទៈទាំង៤នោះ ពួកសមណព្រាហ្មណ៍ណា ជាកម្មវាទ បញ្ញត្តថា សុខ និងទុក្ខ គឺបុគ្គលធ្វើដោយខ្លួនឯង សមណព្រាហ្មណ៍ទាំងនោះឯង ទទួលសុខ និងទុក្ខ ក្រៅអំពីផស្សៈ ពាក្យដូច្នេះនេះ មិនសមហេតុឡើយ។ ពួកសមណព្រាហ្មណ៍ណា។បេ។ ពួកសមណព្រាហ្មណ៍ណា។បេ។ ពួកសមណព្រាហ្មណ៍ណា ជាកម្មវាទ បញ្ញត្តថា សុខ និងទុក្ខ មិនមែនជាអំពើរបស់ខ្លួន មិនមែនជាអំពើរបស់បុគ្គលដទៃ គឺកើតឡើង ដោយមិនអាស្រ័យហេតុ សមណព្រាហ្មណ៍ទាំងនោះឯង ទទួលសុខ និងទុក្ខ ក្រៅអំពីផស្សៈ ពាក្យដូច្នេះនេះ មិនសមហេតុឡើយ។

[៨១] ព្រះអានន្ទមានអាយុ បានស្តាប់ការចរចានេះ របស់ព្រះសារីបុត្តមានអាយុ ជាមួយនឹងព្រះភូមិជៈមានអាយុហើយ។ ទើបព្រះអានន្ទមានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះមានព្រះភាគ រួចអង្គុយក្នុងទីសមគួរ។ លុះព្រះអានន្ទមានអាយុ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបទូលការចរចា ទាំងអស់នោះ របស់ព្រះសារីបុត្តមានអាយុ ជាមួយនឹងព្រះភូមិជៈមានអាយុ ចំពោះព្រះមានព្រះភាគ។

[៨២] ព្រះមានព្រះភាគត្រាស់ថា ម្នាលអានន្ទ ប្រពៃហើយ ប្រពៃហើយ ត្រង់ពាក្យដែលសារីបុត្តព្យាករ ឈ្មោះថា ព្យាករដោយប្រពៃ។ ម្នាលអានន្ទ សុខ និងទុក្ខ តថាគត បានពោលហើយថា កើតឡើងព្រោះអាស្រ័យហេតុ តើអាស្រ័យហេតុដូចម្តេច គឺអាស្រ័យផស្សៈ កាលបើបុគ្គលពោលដូច្នេះ ឈ្មោះថា ពោលតាមពាក្យ ដែលតថាគតពោលហើយផង មិនពោលបង្កាច់តថាគត ដោយពាក្យមិនពិតផង ព្យាករនូវធម៌ ដ៏សមគួរដល់ធម៌ផង ទាំងលំអានពាក្យបន្តិចបន្តួច ដែលប្រកបដោយធម៌ហើយ ក៏មិនមកកាន់ឋានៈ ដែលបណ្ឌិតគប្បីតិះដៀលផង។ ម្នាលអានន្ទ បណ្តាវាទៈទាំង៤នោះ ពួកសមណព្រាហ្មណ៍ណា ជាកម្មវាទ បញ្ញត្តថា សុខ និងទុក្ខ គឺបុគ្គលធ្វើដោយខ្លួនឯង តែសុខ និងទុក្ខនោះឯង កើតឡើង ព្រោះផស្សៈជាបច្ច័យ។ ពួកសមណព្រាហ្មណ៍ណា។បេ។ ពួកសមណព្រាហ្មណ៍ណា។បេ។ ពួកសមណព្រាហ្មណ៍ណា ជាកម្មវាទ បញ្ញត្តថា សុខ និងទុក្ខ មិនមែនជាអំពើរបស់ខ្លួន មិនមែនជាអំពើរបស់បុគ្គលដទៃ គឺកើតឡើង ដោយមិនអាស្រ័យហេតុ តែសុខ និងទុក្ខនោះឯង កើតឡើង ព្រោះផស្សៈជាបច្ច័យ។ ម្នាលអានន្ទ បណ្តាវាទៈទាំង៤នោះ ពួកសមណព្រាហ្មណ៍ណា ជាកម្មវាទ បញ្ញត្តថា សុខ និងទុក្ខ គឺបុគ្គលធ្វើដោយខ្លួនឯង សមណព្រាហ្មណ៍ទាំងនោះ ទទួលសុខ និងទុក្ខ ក្រៅអំពីផស្សៈ ពាក្យដូច្នេះនេះ មិនសមហេតុឡើយ។ ពួកសមណព្រាហ្មណ៍ណា។បេ។ ពួកសមណព្រាហ្មណ៍ណា។បេ។ ពួកសមណព្រាហ្មណ៍ណា ជាកម្មវាទ បញ្ញត្តថា សុខ និងទុក្ខ មិនមែនជាអំពើរបស់ខ្លួន មិនមែនជាអំពើរបស់បុគ្គលដទៃ គឺកើតឡើង ដោយមិនអាស្រ័យហេតុ សមណព្រាហ្មណ៍ទាំងនោះឯង ទទួលសុខ និងទុក្ខក្រៅអំពីផស្សៈ ពាក្យដូច្នេះនេះ មិនសមហេតុឡើយ។

[៨៣] ម្នាលអានន្ទ កាលបើកាយមាន សុខ និងទុក្ខខាងក្នុង រមែងកើតឡើង ព្រោះកាយសញ្ចេតនា21) ជាហេតុ ម្នាលអានន្ទ កាលបើវាចាមាន សុខ និងទុក្ខខាងក្នុង រមែងកើតឡើង ព្រោះវចីសញ្ចេតនាជាហេតុ ម្នាលអានន្ទ កាលបើមនោមាន សុខ និងទុក្ខខាងក្នុង រមែងកើតឡើង ព្រោះមនោសញ្ចេតនាជាហេតុ ក៏មាន។ ម្នាលអានន្ទ សុខ និងទុក្ខ ខាងក្នុង កើតឡើងជាប់ដោយបច្ច័យ គឺកាយសង្ខារ22) ណា បុគ្គលតែងធ្វើកាយសង្ខារនោះដោយខ្លួនឯង ព្រោះអវិជ្ជាជាបច្ច័យក៏មាន។ ម្នាលអានន្ទ សុខ និងទុក្ខខាងក្នុង កើតឡើងជាប់ដោយបច្ច័យ គឺកាយសង្ខារណា បុគ្គលទាំងឡាយដទៃ តែងធ្វើកាយសង្ខារនោះក៏មាន។ ម្នាលអានន្ទ សុខ និងទុក្ខ ខាងក្នុង កើតឡើងជាប់ដោយបច្ច័យ គឺកាយសង្ខារណា បុគ្គលកាលដឹងច្បាស់ តែងធ្វើកាយសង្ខារនោះ ក៏មាន។ ម្នាលអានន្ទ សុខ និងទុក្ខខាងក្នុង កើតឡើងជាប់ដោយបច្ច័យ គឺកាយសង្ខារណា បុគ្គលមិនដឹងច្បាស់ តែងធ្វើកាយសង្ខារនោះ ក៏មាន។ ម្នាលអានន្ទ សុខ និងទុក្ខ ខាងក្នុង កើតឡើងជាប់ដោយបច្ច័យ គឺវចីសង្ខារណា បុគ្គលតែងធ្វើវចីសង្ខារនោះដោយខ្លួនឯង ក៏មាន។ ម្នាលអានន្ទ សុខ និងទុក្ខខាងក្នុង កើតឡើងជាប់ដោយបច្ច័យ គឺវចីសង្ខារណា បុគ្គលទាំងឡាយដទៃ តែងធ្វើវចីសង្ខារនោះក៏មាន។ ម្នាលអានន្ទ បុគ្គលដឹងច្បាស់។បេ។ ម្នាលអានន្ទ សុខ និងទុក្ខខាងក្នុង កើតឡើងជាប់ដោយបច្ច័យ គឺវចីសង្ខារណា បុគ្គលមិនដឹងច្បាស់ តែងធ្វើវចីសង្ខារនោះ ក៏មាន។ ម្នាលអានន្ទ សុខ និងទុក្ខ ខាងក្នុង កើតឡើងជាប់ដោយបច្ច័យ គឺមនោសង្ខារណា បុគ្គលតែងធ្វើមនោសង្ខារនោះដោយខ្លួនឯង ក៏មាន។ ម្នាលអានន្ទ សុខ និងទុក្ខខាងក្នុង កើតឡើងជាប់ដោយបច្ច័យ គឺមនោសង្ខារណា បុគ្គលទាំងឡាយដទៃ តែងធ្វើមនោសង្ខារនោះក៏មាន។ ម្នាលអានន្ទ បុគ្គលដឹងច្បាស់។បេ។ ម្នាលអានន្ទ សុខ និងទុក្ខខាងក្នុង កើតឡើងជាប់ដោយបច្ច័យ គឺមនោសង្ខារណា បុគ្គលមិនដឹងច្បាស់ តែងធ្វើមនោសង្ខារនោះ ក៏មាន។ ម្នាលអានន្ទ អវិជ្ជាធ្លាក់ចុះរឿយៗ ក្នុងធម៌ទាំងនេះឯង។

[៨៤] ម្នាលអានន្ទ សុខ និងទុក្ខខាងក្នុង កើតឡើងជាប់ដោយបច្ច័យ គឺកាយណា កាយនោះ មិនមាន ព្រោះការវិនាស និងការរលត់មិនសេសសល់នៃអវិជ្ជា។ សុខ និងទុក្ខ ខាងក្នុង កើតឡើងជាប់ដោយបច្ច័យ គឺវាចាណា វាចានោះ មិនមាន។ សុខ និងទុក្ខខាងក្នុង កើតឡើងជាប់ដោយបច្ច័យ គឺចិត្តណា ចិត្តនោះ មិនមាន ខេត្តក្តី មិនមាន។ វត្ថុក្តី មិនមាន។ អាយតនៈក្តី មិនមាន។ សុខ និងទុក្ខ ខាងក្នុង កើតឡើងជាប់ដោយបច្ច័យ គឺអធិករណៈ23) ណា អធិករណ៍នោះក្តី មិនមាន។

ចប់សូត្រ ទី៥។

(ឧបវាណ)សូត្រ ទី៦

(៦. ឧបវាណសុត្តំ)

[៨៥] ទ្រង់គង់នៅជិតក្រុងសាវត្ថី… គ្រានោះ ព្រះឧបវាណៈមានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះមានព្រះភាគ រួចអង្គុយក្នុងទីសមគួរ។

[៨៦] លុះព្រះឧបវាណៈមានអាយុ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន មានសមណព្រាហ្មណ៍ពួកមួយ បញ្ញត្តថា ទុក្ខ គឺបុគ្គលធ្វើដោយខ្លួនឯង បពិត្រព្រះអង្គដ៏ចំរើន មានសមណព្រាហ្មណ៍ពួកមួយទៀត បញ្ញត្តថា ទុក្ខ គឺបុគ្គលដទៃធ្វើឲ្យ។ បពិត្រព្រះអង្គដ៏ចំរើន មានសមណព្រាហ្មណ៍ពួកមួយទៀត បញ្ញត្តថា ទុក្ខ គឺបុគ្គលធ្វើដោយខ្លួនឯងផង បុគ្គលដទៃធ្វើឲ្យផង បពិត្រព្រះអង្គដ៏ចំរើន មានសមណព្រាហ្មណ៍ពួកមួយទៀត បញ្ញត្តថា ទុក្ខ មិនមែនជាអំពើរបស់ខ្លួន មិនមែនជាអំពើរបស់បុគ្គលដទៃ គឺកើតឡើងដោយមិនអាស្រ័យហេតុ។ បពិត្រព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគ ទ្រង់ពោលដូចម្តេច ទ្រង់ប្រាប់ដូចម្តេច ដល់យើងទាំងឡាយ ក្នុងហេតុទាំង៤នេះ កាលយើងទាំងឡាយ ព្យាករដូចម្តេច ទើបឈ្មោះថា ពោលតាមពាក្យដែលព្រះមានព្រះភាគ ទ្រង់ពោលហើយផង ឈ្មោះថា មិនពោលបង្កាច់ព្រះមានព្រះភាគ ដោយពាក្យមិនពិតផង ឈ្មោះថា ព្យាករនូវធម៌ ដ៏សមគួរដល់ធម៌ផង ទាំងលំអានពាក្យបន្តិចបន្តួច ដែលប្រកបដោយធម៌ហើយ ក៏មិនមកកាន់ឋានៈ ដែលបណ្ឌិតគប្បីតិះដៀលផង។

[៨៧] ម្នាលឧបវាណៈ សេចក្តីទុក្ខ តថាគតបានពោលហើយថា កើតឡើងព្រោះអាស្រ័យហេតុ តើអាស្រ័យហេតុដូចម្តេច គឺអាស្រ័យផស្សៈ កាលបើបុគ្គលពោលដូច្នេះ ឈ្មោះថា ពោលតាមពាក្យ ដែលតថាគត ពោលហើយផង មិនពោលបង្កាច់តថាគត ដោយពាក្យមិនពិតផង ព្យាករនូវធម៌ ដ៏សមគួរដល់ធម៌ផង ទាំងលំអានពាក្យបន្តិចបន្តួច ដែលប្រកបដោយធម៌ហើយ ក៏មិនមកកាន់ឋានៈ ដែលបណ្ឌិតគប្បីតិះដៀលផង។ ម្នាលឧបវាណៈ បណ្តាសមណព្រាហ្មណ៍ទាំង៤ពួកនោះ ពួកសមណព្រាហ្មណ៍ណា បញ្ញត្តថា ទុក្ខ គឺបុគ្គលធ្វើដោយខ្លួនឯង តែទុក្ខនោះឯង កើតឡើងព្រោះផស្សៈជាបច្ច័យ។ ពួកសមណព្រាហ្មណ៍ណា។បេ។ ពួកសមណព្រាហ្មណ៍ណា។បេ។ ពួកសមណព្រាហ្មណ៍ណា បញ្ញត្តថា ទុក្ខ មិនមែនជាអំពើរបស់ខ្លួន មិនមែនជាអំពើរបស់បុគ្គលដទៃ គឺកើតឡើងដោយមិនអាស្រ័យហេតុ តែទុក្ខនោះឯង កើតឡើង ព្រោះផស្សជាបច្ច័យ។ ម្នាលឧបវាណៈ បណ្តាសមណព្រាហ្មណ៍ទាំង៤ពួកនោះ ពួកសមណព្រាហ្មណ៍ណា បញ្ញត្តថា ទុក្ខ គឺបុគ្គលធ្វើដោយខ្លួនឯង សមណព្រាហ្មណ៍ទាំងនោះឯង ទទួលទុក្ខក្រៅអំពីផស្សៈ ពាក្យដូច្នេះនេះ មិនសមហេតុឡើយ។ ពួកសមណព្រាហ្មណ៍ណា។បេ។ ពួកសមណព្រាហ្មណ៍ណា។បេ។ ពួកសមណព្រាហ្មណ៍ណា បញ្ញត្តថា ទុក្ខ មិនមែនជាអំពើរបស់ខ្លួន មិនមែនជាអំពើរបស់បុគ្គលដទៃ គឺកើតឡើងដោយមិនអាស្រ័យហេតុ សមណព្រាហ្មណ៍ទាំងនោះឯង ទទួលទុក្ខក្រៅអំពីផស្សៈ ពាក្យដូច្នេះនេះ មិនសមហេតុឡើយ។

ចប់សូត្រ ទី៦។

(បច្ចយ)សូត្រ ទី៧

(៧. បច្ចយសុត្តំ)

[៨៨] ទ្រង់គង់ជិតក្រុងសាវត្ថី…. ម្នាលភិក្ខុទាំងឡាយ សង្ខារកើតមាន ព្រោះអវិជ្ជាជាបច្ច័យ វិញ្ញាណកើតមាន ព្រោះសង្ខារជាបច្ច័យ។បេ។ ការកើតឡើងព្រមនៃកងទុក្ខទាំងអស់នុ៎ះ រមែងមានយ៉ាងនេះ។

[៨៩] ម្នាលភិក្ខុទាំងឡាយ ជរា និងមរណៈ តើដូចម្តេច។ សេចក្តីគ្រាំគ្រា ភាពគ្រាំគ្រា ធ្មេញបាក់ សក់ស្កូវ ស្បែកជ្រួញជ្រីវ ដំណើរថយអាយុ ដំណើរចាស់ទុំនៃឥន្ទ្រិយទាំងឡាយណា របស់សត្វទាំងឡាយនោះៗ ក្នុងសត្តនិកាយនោះៗ នេះហៅថា ជរា។ ចុតិ ការឃ្លាត ការបែកធ្លាយ ការបាត់បង់ សេចក្តីស្លាប់ ដំណើរងាប់ ការធ្វើនូវមរណកាល ការបែកធ្លាយនៃខន្ធទាំងឡាយ ការដាក់ចុះនូវសាកសព ការដាច់នៃជីវិតិន្ទ្រិយណា របស់សត្វទាំងឡាយនោះៗ ចាកសត្តនិកាយនោះៗ នេះហៅថា មរណៈ។ ម្នាលភិក្ខុទាំងឡាយ ជរានេះផង មរណៈនេះផង នេះហៅថា ជរា និងមរណៈ ដូច្នេះឯង។ ការកើតឡើងនៃជរា និងមរណៈ ព្រោះការកើតឡើងនៃជាតិ ការរលត់នៃជរានិងមរណៈ ព្រោះការរលត់នៃជាតិ មគ្គដ៏ប្រសើរ ប្រកបដោយអង្គ៨នេះឯង ជាបដិបទា ដែលជាដំណើរទៅកាន់ទីរលត់នៃជរា និងមរណៈ គឺប្រាជ្ញាយល់ត្រូវ១ សេចក្តីត្រិះរិះត្រូវ១ ការនិយាយត្រូវ១ ការងារត្រូវ១ ការចិញ្ចឹមជីវិតត្រូវ១ សេចក្តីព្យាយាមត្រូវ១ សេចក្តីរឭកត្រូវ១ ការតម្កល់ចិត្តត្រូវ១។ ម្នាលភិក្ខុទាំងឡាយ ចុះជាតិ តើដូចម្តេច។បេ។ ម្នាលភិក្ខុទាំងឡាយ ភព តើដូចម្តេច…. ម្នាលភិក្ខុទាំងឡាយ ឧបាទាន តើដូចម្តេច…. ម្នាលភិក្ខុទាំងឡាយ តណ្ហា តើដូចម្តេច…. ម្នាលភិក្ខុទាំងឡាយ វេទនា តើដូចម្តេច…. ម្នាលភិក្ខុទាំងឡាយ ផស្សៈ តើដូចម្តេច…. ម្នាលភិក្ខុទាំងឡាយ សឡាយតនៈ តើដូចម្តេច…. ម្នាលភិក្ខុទាំងឡាយ នាមរូប តើដូចម្តេច…. ម្នាលភិក្ខុទាំងឡាយ វិញ្ញាណ តើដូចម្តេច…. ម្នាលភិក្ខុទាំងឡាយ សង្ខារទាំងឡាយ តើដូចម្តេច ម្នាលភិក្ខុទាំងឡាយ សង្ខារទាំងឡាយនេះ មាន៣គឺ កាយសង្ខារ១ វចីសង្ខារ១ ចិត្តសង្ខារ១ ម្នាលភិក្ខុទាំងឡាយ នេះតថាគតហៅថា សង្ខារ។ ការកើតឡើងនៃសង្ខារ ព្រោះការកើតឡើងនៃអវិជ្ជា ការរលត់នៃសង្ខារ ព្រោះការរលត់នៃអវិជ្ជា មគ្គដ៏ប្រសើរ ប្រកបដោយអង្គ៨នេះឯង ជាបដិបទា ដែលជាដំណើរទៅកាន់ទីរលត់នៃសង្ខារ គឺប្រាជ្ញាយល់ឃើញត្រូវ១។បេ។ ការតម្កល់ចិត្តត្រូវ១។

[៩០] ម្នាលភិក្ខុទាំងឡាយ កាលណាបើអរិយសាវ័កដឹងច្បាស់ នូវបច្ច័យយ៉ាងនេះ ដឹងច្បាស់នូវការកើតឡើង នៃបច្ច័យយ៉ាងនេះ ដឹងច្បាស់នូវទីរលត់នៃបច្ច័យ យ៉ាងនេះ ដឹងច្បាស់នូវបដិបទា ជាដំណើរទៅកាន់ទីរលត់ នៃបច្ច័យ យ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវ័កនេះ ហៅថា បរិបូណ៌ដោយទិដ្ឋិក៏បាន ថាបរិបូណ៌ដោយទស្សនៈក៏បាន ថា មកកាន់ព្រះសទ្ធម្មនេះក៏បាន ថា ឃើញនូវព្រះសទ្ធម្មនេះក៏បាន ថា ប្រកបដោយសេក្ខញ្ញាណក៏បាន ថា ប្រកបដោយសេក្ខវិជ្ជាក៏បាន ថា ដល់ព្រមនូវធម្មស្រោតក៏បាន ថា ជាអរិយៈ អ្នកមាននិព្វេធិកប្បញ្ញាក៏បាន ថា ឋិតអែបនែប នូវទ្វារនៃអមតៈ គឺព្រះនិព្វានក៏បាន។

ចប់សូត្រ ទី៧។

(ភិក្ខុ)សូត្រ ទី៨

(៨. ភិក្ខុសុត្តំ)

[៩១] ទ្រង់គង់នៅជិតក្រុងសាវត្ថី…. ក្នុងទីនោះឯង។បេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ដឹងច្បាស់នូវជរា និងមរណៈ ដឹងច្បាស់នូវការកើតឡើង នៃជរា និងមរណៈ ដឹងច្បាស់នូវទីរលត់នៃជរា និងមរណៈ ដឹងច្បាស់នូវបដិបទា ជាដំណើរទៅកាន់ទីរលត់ នៃជរានិងមរណៈ ដឹងច្បាស់នូវជាតិ។បេ។ ដឹងច្បាស់នូវភព… ដឹងច្បាស់នូវឧបាទាន… ដឹងច្បាស់នូវតណ្ហា… ដឹងច្បាស់នូវវេទនា… ដឹងច្បាស់នូវផស្សៈ… ដឹងច្បាស់នូវសឡាយតនៈ… ដឹងច្បាស់នូវនាមរូប … ដឹងច្បាស់នូវវិញ្ញាណ… ដឹងច្បាស់នូវសង្ខារទាំងឡាយ … ដឹងច្បាស់នូវការកើតឡើង នៃសង្ខារ ដឹងច្បាស់នូវទីរលត់នៃសង្ខារ ដឹងច្បាស់នូវបដិបទា ជាដំណើរទៅកាន់ទីរលត់ នៃសង្ខារ។

[៩២] ម្នាលភិក្ខុទាំងឡាយ ជរា និងមរណៈ តើដូចម្តេច។ សេចក្តីគ្រាំគ្រា ភាពគ្រាំគ្រា ធ្មេញបាក់ សក់ស្កូវ ស្បែកជ្រួញជ្រីវ ដំណើរថយអាយុ ដំណើរចាស់ទុំឥន្ទ្រិយទាំងឡាយណា របស់សត្វទាំងឡាយនោះៗ ក្នុងសត្តនិកាយនោះៗ នេះហៅថា ជរា។ ចុតិ ការឃ្លាត ការបែកធ្លាយ ការបាត់បង់ សេចក្តីស្លាប់ ដំណើរងាប់ ការធ្វើនូវមរណកាល ការបែកធ្លាយនៃខន្ធទាំងឡាយ ការដាក់ចុះនូវសាកសព ការដាច់នៃជីវិតិន្ទ្រិយណា របស់សត្វទាំងឡាយនោះៗ ចាកសត្តនិកាយនោះៗ នេះហៅថា មរណៈ។ ម្នាលភិក្ខុទាំងឡាយ ជរានេះផង មរណៈនេះផង នេះហៅថា ជរា និងមរណៈ ដូច្នេះឯង។ ការកើតឡើងនៃជរា និងមរណៈ ព្រោះការកើតឡើងនៃជាតិ ការរលត់នៃជរានិងមរណៈ ព្រោះការរលត់នៃជាតិ មគ្គដ៏ប្រសើរ ប្រកបដោយអង្គ៨នេះឯង ជាបដិបទា ដែលជាដំណើរទៅកាន់ទីរលត់នៃជរា និងមរណៈ គឺប្រាជ្ញាយល់ឃើញត្រូវ១។បេ។ ការតម្កល់ចិត្តត្រូវ១។ ម្នាលភិក្ខុទាំងឡាយ ជាតិ តើដូចម្តេច។បេ។ ម្នាលភិក្ខុទាំងឡាយ ភព តើដូចម្តេច…. ម្នាលភិក្ខុទាំងឡាយ ឧបាទាន តើដូចម្តេច…. ម្នាលភិក្ខុទាំងឡាយ តណ្ហា តើដូចម្តេច…. វេទនា…. ផស្សៈ…. សឡាយតនៈ…. នាមរូប…. វិញ្ញាណ…. ម្នាលភិក្ខុទាំងឡាយ សង្ខារទាំងឡាយ តើដូចម្តេច ម្នាលភិក្ខុទាំងឡាយ សង្ខារទាំងឡាយនេះ មាន៣គឺ កាយសង្ខារ១ វចីសង្ខារ១ ចិត្តសង្ខារ១ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សង្ខារ។ ការកើតឡើងនៃសង្ខារ ព្រោះការកើតឡើងនៃអវិជ្ជា ការរលត់នៃសង្ខារ ព្រោះការរលត់នៃអវិជ្ជា មគ្គដ៏ប្រសើរ ប្រកបដោយអង្គ ទាំង៨នេះឯង ជាបដិបទា ដែលជាដំណើរទៅកាន់ទីរលត់នៃសង្ខារ គឺប្រាជ្ញាយល់ឃើញត្រូវ១។បេ។ ការតម្កល់ចិត្តត្រូវ១។

[៩៣] ម្នាលភិក្ខុទាំងឡាយ កាលណាបើភិក្ខុដឹងច្បាស់ នូវជរា និងមរណៈយ៉ាងនេះ ដឹងច្បាស់នូវការកើតឡើង នៃជរា និងមរណៈយ៉ាងនេះ ដឹងច្បាស់នូវទីរលត់នៃជរា និងមរណៈ យ៉ាងនេះ ដឹងច្បាស់នូវបដិបទា ជាដំណើរទៅកាន់ទីរលត់ នៃជរា និងមរណៈ យ៉ាងនេះ។ ដឹងច្បាស់នូវជាតិយ៉ាងនេះ។បេ។ ដឹងច្បាស់នូវភព… ឧបាទាន… តណ្ហា… វេទនា… ផស្សៈ… សឡាយតនៈ… នាមរូប… វិញ្ញាណ… នូវសង្ខារទាំងឡាយយ៉ាងនេះ ដឹងច្បាស់ នូវការកើតឡើង នៃសង្ខារ យ៉ាងនេះ ដឹងច្បាស់នូវទីរលត់នៃសង្ខារ យ៉ាងនេះ ដឹងច្បាស់នូវបដិបទា ជាដំណើរទៅកាន់ទីរលត់ នៃសង្ខារ យ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះ ហៅថា បរិបូណ៌ដោយទិដ្ឋិក៏បាន ថាបរិបូណ៌ដោយទស្សនៈក៏បាន ថា មកកាន់ព្រះសទ្ធម្មនេះក៏បាន ថា ឃើញនូវព្រះសទ្ធម្មនេះក៏បាន ថា ប្រកបដោយសេក្ខញ្ញាណក៏បាន ថា ប្រកបដោយសេក្ខវិជ្ជាក៏បាន ថា ដល់ព្រមនូវធម្មស្រោតក៏បាន ថា ជាអរិយៈ អ្នកមាននិព្វេធិកប្បញ្ញាក៏បាន ថា ឋិតអែបនែប នូវទ្វារនៃអមតៈ គឺព្រះនិព្វានក៏បាន។

ចប់សូត្រ ទី៨។

(សមណព្រាហ្មណ)សូត្រ ទី៩

(៩. សមណព្រាហ្មណសុត្តំ)

[៩៤] ទ្រង់គង់នៅជិតក្រុងសាវត្ថី…. ក្នុងទីនោះឯង។បេ។ ម្នាលភិក្ខុទាំងឡាយ ពួកសមណៈ ឬព្រាហ្មណ៍ណាមួយ មិនកំណត់ដឹងនូវជរា និងមរណៈ មិនកំណត់ដឹងនូវការកើតឡើង នៃជរា និងមរណៈ មិនកំណត់ដឹងនូវទីរលត់នៃជរា និងមរណៈ មិនកំណត់ដឹងនូវបដិបទា ជាដំណើរទៅកាន់ទីរលត់ នៃជរានិងមរណៈ។ មិនកំណត់ដឹងនូវជាតិ។បេ។ មិនកំណត់ដឹងនូវភព… ឧបាទាន… តណ្ហា… វេទនា… ផស្សៈ… សឡាយតនៈ… នាមរូប … វិញ្ញាណ… នូវសង្ខារទាំងឡាយ មិនកំណត់ដឹងនូវការកើតឡើង នៃសង្ខារ មិនកំណត់ដឹងនូវទីរលត់នៃសង្ខារ មិនកំណត់ដឹងនូវបដិបទា ជាដំណើរទៅកាន់ទីរលត់ នៃសង្ខារ។ ម្នាលភិក្ខុទាំងឡាយ សមណៈ ឬព្រាហ្មណ៍ទាំងនុ៎ះ តថាគត មិនបានសន្មតថាជាសមណៈ ក្នុងពួកសមណៈផង មិនបានសន្មតថាជាព្រាហ្មណ៍ ក្នុងពួកព្រាហ្មណ៍ផង មិនតែប៉ុណ្ណោះ សមណព្រាហ្មណ៍មានអាយុទាំងនុ៎ះឯង រមែងមិនបានធ្វើឲ្យជាក់ច្បាស់ មិនសម្រេច នូវសាមញ្ញផល ឬព្រហ្មញ្ញផល ដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្នទេ។

[៩៥] ម្នាលភិក្ខុទាំងឡាយ ពួកសមណៈ ឬព្រាហ្មណ៍ណាមួយ កំណត់ដឹងនូវជរា និងមរណៈ កំណត់ដឹងនូវការកើតឡើង នៃជរា និងមរណៈ កំណត់ដឹងនូវទីរលត់នៃជរា និងមរណៈ កំណត់ដឹងនូវបដិបទា ជាដំណើរទៅកាន់ទីរលត់ នៃជរានិងមរណៈ។ កំណត់ដឹងនូវជាតិ។បេ។ កំណត់ដឹងនូវភព… ឧបាទាន… តណ្ហា… វេទនា… ផស្សៈ… សឡាយតនៈ… នាមរូប … វិញ្ញាណ… នូវសង្ខារទាំងឡាយ កំណត់ដឹងនូវការកើតឡើង នៃសង្ខារ កំណត់ដឹងនូវទីរលត់នៃសង្ខារ កំណត់ដឹងនូវបដិបទា ជាដំណើរទៅកាន់ទីរលត់ នៃសង្ខារ។ ម្នាលភិក្ខុទាំងឡាយ សមណៈ ឬព្រាហ្មណ៍ទាំងនោះ តថាគត បានសន្មតថាជាសមណៈ ក្នុងពួកសមណៈផង សន្មតថាជាព្រាហ្មណ៍ ក្នុងពួកព្រាហ្មណ៍ផង មិនតែប៉ុណ្ណោះ សមណព្រាហ្មណ៍មានអាយុទាំងនោះឯង រមែងបានធ្វើឲ្យជាក់ច្បាស់ សម្រេច នូវសាមញ្ញផលផង នូវព្រហ្មញ្ញផលផង ដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន។

ចប់សូត្រ ទី៩។

(ទុតិយសមណព្រាហ្មណ)សូត្រ ទី១០

(១០. ទុតិយសមណព្រាហ្មណសុត្តំ)

[៩៦] ទ្រង់គង់នៅជិតក្រុងសាវត្ថី…. ក្នុងទីនោះឯង។បេ។ ម្នាលភិក្ខុទាំងឡាយ ពួកសមណៈ ឬព្រាហ្មណ៍ណាមួយ មិនដឹងច្បាស់នូវជរា និងមរណៈ មិនដឹងច្បាស់នូវការកើតឡើង នៃជរា និងមរណៈ មិនដឹងច្បាស់នូវទីរលត់នៃជរា និងមរណៈ មិនដឹងច្បាស់នូវបដិបទា ជាដំណើរទៅកាន់ទីរលត់ នៃជរានិងមរណៈ សមណព្រាហ្មណ៍ទាំងនោះឯង នឹងប្រព្រឹត្តកន្លង នូវជរានិងមរណៈបាន ពាក្យដូច្នេះនេះ មិនសមហេតុឡើយ។ មិនដឹងច្បាស់នូវជាតិ។បេ។ មិនដឹងច្បាស់នូវភព… ឧបាទាន… តណ្ហា… វេទនា… ផស្សៈ… សឡាយតនៈ… នាមរូប … វិញ្ញាណ… នូវសង្ខារទាំងឡាយ មិនដឹងច្បាស់នូវការកើតឡើង នៃសង្ខារ មិនដឹងច្បាស់នូវទីរលត់នៃសង្ខារ មិនដឹងច្បាស់នូវបដិបទា ជាដំណើរទៅកាន់ទីរលត់ នៃសង្ខារ សមណព្រាហ្មណ៍ទាំងនោះឯង នឹងប្រព្រឹត្តកន្លង នូវសង្ខារទាំងឡាយបាន ពាក្យដូច្នេះនេះ មិនសមហេតុឡើយ។

[៩៧] ម្នាលភិក្ខុទាំងឡាយ ពួកសមណៈ ឬព្រាហ្មណ៍ណាមួយ ដឹងច្បាស់នូវជរា និងមរណៈ ដឹងច្បាស់នូវការកើតឡើង នៃជរា និងមរណៈ ដឹងច្បាស់នូវទីរលត់នៃជរា និងមរណៈ ដឹងច្បាស់នូវបដិបទា ជាដំណើរទៅកាន់ទីរលត់ នៃជរានិងមរណៈ សមណព្រាហ្មណ៍ទាំងនោះឯង នឹងប្រព្រឹត្តកន្លងនូវជរា និងមរណៈបាន ពាក្យដូច្នេះនេះ ទើបសមហេតុ។ ដឹងច្បាស់នូវជាតិ។បេ។ ដឹងច្បាស់នូវភព… ឧបាទាន… តណ្ហា… វេទនា… ផស្សៈ… សឡាយតនៈ… នាមរូប … វិញ្ញាណ… នូវសង្ខារទាំងឡាយ ដឹងច្បាស់នូវការកើតឡើង នៃសង្ខារ ដឹងច្បាស់នូវទីរលត់នៃសង្ខារ ដឹងច្បាស់នូវបដិបទា ជាដំណើរទៅកាន់ទីរលត់ នៃសង្ខារ សមណព្រាហ្មណ៍ទាំងនោះឯង នឹងប្រព្រឹត្តកន្លងនូវសង្ខារទាំងឡាយបាន ពាក្យដូច្នេះនេះ ទើបសមហេតុ។

ចប់សូត្រ ទី១០។

ចប់ ទសពលវគ្គ ទី៣។

ឧទ្ទាននៃទសពលវគ្គនោះគឺ

និយាយអំពីព្រះតថាគតជាទសពល ២លើក និយាយអំពីហេតុនៃខយញ្ញាណជាដើម១ និយាយអំពីពួកអន្យតិរ្ថិយបរិព្វាជក សួរប្រស្នានឹងព្រះសារីបុត្ត១ និយាយអំពីព្រះភូមិជភិក្ខុ សួរប្រស្នានឹងព្រះសារីបុត្ត១ និយាយអំពីព្រះឧបវាណៈមានអាយុ សួរប្រស្នានឹងព្រះមានព្រះភាគ១ និយាយអំពីបច្ច័យ គឺអវិជ្ជាជាដើម១ និយាយអំពីភិក្ខុដឹងច្បាស់ នូវជរាមរណៈជាដើម១ និយាយអំពីសមណព្រាហ្មណ៍២លើក។

កឡារខត្តិយវគ្គ (ទី៤)

(៤. កឡារខត្តិយវគ្គោ)

(ភូត)សូត្រ ទី១

(១. ភូតសុត្តំ)

[៩៨] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ជិតក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងព្រះសារីបុត្តមានអាយុថា ម្នាលសារីបុត្ត អជិតមាណព បានពោលហើយ (ក្នុងអជិតបញ្ហា បារាយនវគ្គ) នូវពាក្យនេះថា

ពួកបុគ្គលណា មានធម៌ពិចារណា24) ហើយក្តី ពួកបុគ្គលណា ជាសេក្ខៈដ៏ច្រើនក្តី ក្នុងសាសនានេះ បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ ព្រះអង្គជាអ្នកមានបញ្ញា ខ្ញុំព្រះអង្គ សួរនូវការប្រព្រឹត្តិរបស់បុគ្គលទាំងនោះ សូមទ្រង់សំដែងឲ្យទាន

ម្នាលសារីបុត្ត ភាសិតសង្ខេបនេះ អ្នកគប្បីយល់ឃើញសេចក្តីដោយពិស្តារ ដោយប្រការដូចម្តេចហ្ន៎។

[៩៩] កាលបើព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ព្រះសារីបុត្តមានអាយុ ក៏នៅស្ងៀម។ ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងព្រះសារីបុត្តមានអាយុ ជាគម្រប់២ដង។បេ។ ព្រះសារីបុត្តមានអាយុ ក៏នៅស្ងៀម ជាគម្រប់២ដង។ ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងព្រះសារីបុត្តមានអាយុ ជាគម្រប់៣ដងថា ម្នាលសារីបុត្ត អជិតមាណព បានពោលហើយ (ក្នុងអជិតបញ្ហា បារាយនវគ្គ) នូវពាក្យនេះថា

ពួកបុគ្គលណា មានធម៌ពិចារណាហើយក្តី ពួកបុគ្គលណា ជាសេក្ខៈដ៏ច្រើនក្តី ក្នុងសាសនានេះ បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ ព្រះអង្គជាអ្នកមានបញ្ញា ខ្ញុំព្រះអង្គ សួរនូវការប្រព្រឹត្តិរបស់បុគ្គលទាំងនោះ សូមទ្រង់សំដែងឲ្យទាន

ម្នាលសារីបុត្ត ភាសិតសង្ខេបនេះ អ្នកគប្បីយល់ឃើញសេចក្តីដោយពិស្តារ ដោយប្រការដូចម្តេចហ្ន៎។ កាលព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ព្រះសារីបុត្តមានអាយុ ក៏នៅស្ងៀម ជាគម្រប់៣ដង។

[១០០] ម្នាលសារីបុត្ត អ្នកឃើញថា នេះជាភូត (ខន្ធបញ្ចកៈ) ដូច្នេះដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន បុគ្គលឃើញដោយបញ្ញាដ៏ប្រពៃតាមពិតថា នេះជាភូត លុះឃើញដោយបញ្ញាដ៏ប្រពៃតាមពិតថា នេះជាភូត ដូច្នេះហើយ ក៏ប្រតិបត្តិ ដើម្បីការនឿយណាយ ដើម្បីការធុញទ្រាន់ ដើម្បីការរលត់នៃភូត ឃើញដោយបញ្ញាដ៏ប្រពៃតាមពិតថា អាហារនៃភូតនោះ រមែងកើតមានព្រម លុះឃើញដោយបញ្ញាដ៏ប្រពៃតាមពិតថា អាហារនៃភូតនោះ កើតមានព្រម ដូច្នេះហើយ ក៏ប្រតិបត្តិ ដើម្បីការនឿយណាយ ដើម្បីការធុញទ្រាន់ ដើម្បីការរលត់នៃកំណើតអាហារ ឃើញដោយបញ្ញាដ៏ប្រពៃតាមពិតថា ធម្មជាតណា ជាភូត ធម្មជាតនោះ មានកិរិយា រលត់ទៅជាធម្មតា ព្រោះការរលត់នៃអាហារនោះ លុះឃើញដោយបញ្ញាដ៏ប្រពៃតាមពិតថា ធម្មជាតណា ជាភូត ធម្មជាតនោះ មានកិរិយា រលត់ទៅជាធម្មតា ព្រោះការរលត់នៃអាហារនោះហើយ ក៏ប្រតិបត្តិ ដើម្បីការនឿយណាយ ដើម្បីការធុញទ្រាន់ ដើម្បីការរលត់នៃភូត ដែលមានកិរិយារលត់ទៅជាធម្មតា។ បពិត្រព្រះអង្គដ៏ចំរើន សេក្ខបុគ្គល យ៉ាងនេះឯង។

[១០១] បពិត្រព្រះអង្គដ៏ចំរើន បុគ្គលដែលឈ្មោះថា មានធម៌ពិចារណាហើយ តើដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន បុគ្គលឃើញដោយបញ្ញាដ៏ប្រពៃតាមពិតថា នេះជាភូត លុះឃើញដោយបញ្ញាដ៏ប្រពៃតាមពិតថា នេះជាភូត ដូច្នេះហើយ ក៏មានចិត្តរួចស្រឡះ ព្រោះការនឿយណាយ ព្រោះការធុញទ្រាន់ ព្រោះការរលត់ ព្រោះការមិនប្រកាន់មាំ នូវភូត ឃើញដោយបញ្ញាដ៏ប្រពៃតាមពិតថា អាហារនៃភូតនោះ រមែងកើតមានព្រម លុះឃើញដោយបញ្ញាដ៏ប្រពៃតាមពិតថា អាហារនៃភូតនោះ រមែងកើតមានព្រម ដូច្នេះហើយ ក៏មានចិត្តរួចស្រឡះ ព្រោះការនឿយណាយ ព្រោះការធុញទ្រាន់ ព្រោះការរលត់ ព្រោះការមិនប្រកាន់មាំ នូវកំណើតនៃអាហារ ឃើញដោយបញ្ញា ដ៏ប្រពៃតាមពិតថា ធម្មជាតណា ជាភូត ធម្មជាតនោះ មានកិរិយារលត់ទៅជាធម្មតា ព្រោះការរលត់នៃអាហារនោះ លុះឃើញដោយបញ្ញាដ៏ប្រពៃតាមពិតថា ធម្មជាតណា ជាភូត ធម្មជាតនោះ មានកិរិយារលត់ទៅជាធម្មតា ព្រោះការរលត់នៃអាហារនោះ ដូច្នេះហើយ ក៏មានចិត្តរួចស្រឡះ ព្រោះការនឿយណាយ ព្រោះការធុញទ្រាន់ ព្រោះការរលត់ ព្រោះការមិនប្រកាន់មាំ នូវភូត ដែលមានកិរិយារលត់ទៅជាធម្មតា។ បពិត្រព្រះអង្គដ៏ចំរើន បុគ្គលដែលមានធម៌ពិចារណាហើយ យ៉ាងនេះឯង។ បពិត្រព្រះអង្គដ៏ចំរើន ពាក្យដែលអជិតមាណព បានពោលហើយ (ក្នុងអជិតបញ្ហា បារាយនវគ្គ) ថា

ពួកបុគ្គលណា មានធម៌ពិចារណាហើយក្តី ពួកបុគ្គលណា ជាសេក្ខៈដ៏ច្រើនក្តី ក្នុងសាសនានេះ បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ ព្រះអង្គជាអ្នកមានបញ្ញា ខ្ញុំព្រះអង្គ សួរនូវការប្រព្រឹត្តិ របស់បុគ្គលទាំងនោះ សូមទ្រង់សំដែងឲ្យទាន

សឹងមានការបកស្រាយ ដោយប្រការដូច្នេះឯង

បពិត្រព្រះអង្គដ៏ចំរើន ភាសិតសង្ខេបនេះ ខ្ញុំព្រះអង្គ យល់សេចក្តី ដោយពិស្តារ យ៉ាងនេះ។

[១០២] ម្នាលសារីបុត្ត ត្រូវហើយ ត្រូវហើយ ម្នាលសារីបុត្ត បុគ្គល ឃើញដោយបញ្ញាដ៏ប្រពៃតាមពិតថា នេះជាភូត លុះឃើញដោយបញ្ញា ដ៏ប្រពៃតាមពិតថា នេះជាភូត ដូច្នេះហើយ ក៏ប្រតិបត្តិ ដើម្បីការនឿយណាយ ដើម្បីការធុញទ្រាន់ ដើម្បីការរលត់ នៃភូត ឃើញដោយបញ្ញា ដ៏ប្រពៃតាមពិតថា អាហារនៃភូតនោះ រមែងកើតមានព្រម លុះឃើញដោយបញ្ញា ដ៏ប្រពៃតាមពិតថា អាហារនៃភូតនោះ រមែងកើតមានព្រម ដូច្នេះហើយ ក៏ប្រតិបត្តិ ដើម្បីការនឿយណាយ ដើម្បីការធុញទ្រាន់ ដើម្បីការរលត់ នៃកំណើតអាហារ ឃើញដោយបញ្ញា ដ៏ប្រពៃតាមពិតថា ធម្មជាតណា ជាភូត ធម្មជាតនោះ មានកិរិយារលត់ទៅជាធម្មតា ព្រោះការរលត់នៃអាហារនោះ លុះឃើញដោយបញ្ញា ដ៏ប្រពៃតាមពិតថា ធម្មជាតណា ជាភូត ធម្មជាតនោះ មានកិរិយារលត់ទៅជាធម្មតា ព្រោះការរលត់នៃអាហារនោះ ដូច្នេះហើយ ក៏ប្រតិបត្តិ ដើម្បីការនឿយណាយ ដើម្បីការធុញទ្រាន់ ដើម្បីការរលត់ នៃភូត ដែលមានកិរិយារលត់ទៅជាធម្មតា។ ម្នាលសារីបុត្ត សេក្ខបុគ្គល យ៉ាងនេះឯង។

[១០៣] ម្នាលសារីបុត្ត បុគ្គលដែលឈ្មោះថា មានធម៌ពិចារណាហើយ តើដូចម្តេច។ ម្នាលសារីបុត្ត បុគ្គល ឃើញដោយបញ្ញា ដ៏ប្រពៃតាមពិតថា នេះជាភូត លុះឃើញដោយបញ្ញា ដ៏ប្រពៃតាមពិតថា នេះជាភូត ដូច្នេះហើយ ក៏មានចិត្តរួចស្រឡះ ព្រោះការនឿយណាយ ព្រោះការធុញទ្រាន់ ព្រោះការរលត់ ព្រោះការមិនប្រកាន់មាំ នូវភូត ឃើញដោយបញ្ញា ដ៏ប្រពៃតាមពិតថា អាហារនៃភូតនោះ រមែងកើតមានព្រម លុះឃើញដោយបញ្ញា ដ៏ប្រពៃតាមពិតថា អាហារនៃភូតនោះ រមែងកើតមានព្រម ដូច្នេះហើយ ក៏មានចិត្តរួចស្រឡះ ព្រោះការនឿយណាយ ព្រោះការធុញទ្រាន់ ព្រោះការរលត់ ព្រោះការមិនប្រកាន់មាំ នូវកំណើតនៃអាហារ ឃើញដោយបញ្ញា ដ៏ប្រពៃតាមពិតថា ធម្មជាតណា ជាភូត ធម្មជាតនោះ មានកិរិយារលត់ទៅជាធម្មតា ព្រោះការរលត់នៃអាហារនោះ លុះឃើញដោយបញ្ញា ដ៏ប្រពៃតាមពិតថា ធម្មជាតណា ជាភូត ធម្មជាតនោះ មានកិរិយារលត់ទៅជាធម្មតា ព្រោះការរលត់នៃអាហារនោះហើយ ក៏មានចិត្តរួចស្រឡះ ព្រោះការនឿយណាយ ព្រោះការធុញទ្រាន់ ព្រោះការរលត់ ព្រោះការមិនប្រកាន់មាំ នូវភូត ដែលមានកិរិយារលត់ទៅជាធម្មតា។ ម្នាលសារីបុត្ត បុគ្គលដែលឈ្មោះថា មានធម៌ពិចារណាហើយ យ៉ាងនេះឯង។ ម្នាលសារីបុត្ត ពាក្យដែលអជិតមាណព បានពោលហើយ (ក្នុងអជិតបញ្ហា បារាយនវគ្គ) ថា

ពួកបុគ្គលណា មានធម៌ពិចារណាហើយក្តី ពួកបុគ្គលណា ជាសេក្ខៈដ៏ច្រើនក្តី ក្នុងសាសនានេះ បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ ព្រះអង្គជាអ្នកមានបញ្ញា ខ្ញុំព្រះអង្គ សួរនូវការប្រព្រឹត្តិ របស់បុគ្គលទាំងនោះ សូមទ្រង់សំដែងឲ្យទាន

សឹងមានការបកស្រាយ ដោយប្រការដូច្នេះឯង

ម្នាលសារីបុត្ត ភាសិតសង្ខេបនេះ អ្នកគប្បីយល់ឃើញសេចក្តី ដោយពិស្តារ យ៉ាងនេះ។

ចប់សូត្រ ទី១។

(កឡារ)សូត្រ ទី២

(២. កឡារសុត្តំ)

[១០៤] ទ្រង់គង់នៅជិតក្រុងសាវត្ថី… គ្រានោះ ភិក្ខុឈ្មោះកឡារខត្តិយៈ ចូលទៅរកព្រះសារីបុត្តមានអាយុ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះសារីបុត្តមានអាយុ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររឭកហើយ ក៏អង្គុយក្នុងទីសមគួរ។ លុះកឡារខត្តិយភិក្ខុ អង្គុយក្នុងទីសមគួរហើយ ក៏ពោលនឹងព្រះសារីបុត្តមានអាយុ ដូច្នេះថា ម្នាលសារីបុត្តមានអាយុ ភិក្ខុឈ្មោះមោលិយផគ្គុន បានលាសិក្ខា ត្រឡប់ទៅកាន់ហីនភេទហើយ ព្រះមោលិយផគ្គុនមានអាយុនោះ មិនបាននូវទីពឹង ក្នុងធម្មវិន័យដោយពិតទេ បើដូច្នោះ មានតែព្រះសារីបុត្តមានអាយុ បានដល់នូវទីពឹងក្នុងធម្មវិន័យនេះហើយ។ ព្រះសារីបុត្តពោលថា ម្នាលអាវុសោ ខ្ញុំមិនសង្ស័យទេ។ ព្រះកឡារខត្តិយៈពោលថា ម្នាលអាវុសោ ចុះបដិសន្ធិក្នុងខាងមុខទៀត។ ម្នាលអាវុសោ ខ្ញុំមិនងឿងឆ្ងល់ទេ។

[១០៥] គ្រានោះ កឡារខត្តិយភិក្ខុ ក្រោកអំពីអាសនៈ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះមានព្រះភាគ រួចអង្គុយក្នុងទីសមគួរ។ លុះកឡារខត្តិយភិក្ខុ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ព្រះសារីបុត្តមានអាយុ ពោលអួតព្រះអរហត្តផលថា ខ្ញុំដឹងច្បាស់ថា ជាតិ (របស់អាត្មាអញ) អស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញបាននៅរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ លំដាប់នោះ ព្រះមានព្រះភាគ ត្រាស់ហៅភិក្ខុមួយរូបមកថា ម្នាលភិក្ខុ អ្នកចូរមក ចូរហៅសារីបុត្ត តាមពាក្យតថាគតមកថា បពិត្រព្រះសារីបុត្តមានអាយុ ព្រះសាស្តាត្រាស់ទៅលោកម្ចាស់។ ភិក្ខុនោះ ទទួលព្រះពុទ្ធដីកាព្រះមានព្រះភាគ ដោយពាក្យថា ព្រះករុណា ព្រះអង្គ ហើយក៏ចូលទៅរក ព្រះសារីបុត្តមានអាយុ លុះចូលទៅដល់ហើយ ក៏ពោលនឹងព្រះសារីបុត្តមានអាយុ ដូច្នេះថា បពិត្រព្រះសារីបុត្តមានអាយុ ព្រះសាស្តាត្រាស់ហៅលោកម្ចាស់។ ព្រះសារីបុត្តមានអាយុ ទទួលពាក្យភិក្ខុនោះថា អើអាវុសោ ហើយក៏ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក៏ថ្វាយបង្គំព្រះមានព្រះភាគ រួចអង្គុយក្នុងទីសមគួរ។

[១០៦] លុះព្រះសារីបុត្តមានអាយុ អង្គុយក្នុងទីសមគួរហើយ ព្រះមានព្រះភាគ ត្រាស់សួរដូច្នេះថា ម្នាលសារីបុត្ត ឮថា អ្នកពោលអួតអរហត្តផលថា ខ្ញុំដឹងច្បាស់ថា ជាតិ (របស់អាត្មាអញ) អស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញបាននៅរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ ដូច្នេះពិតឬ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ មិនបានពោលសេចក្តី ដោយបទទាំងនេះ ដោយព្យញ្ជនៈទាំងនេះទេ។ ម្នាលសារីបុត្ត កុលបុត្តពោលអួតអរហត្តផល សូម្បីដោយបរិយាយណាមួយ ត្រូវតែឃើញនូវពាក្យពោលអួត ថាជាពាក្យពោលអួត ដោយពិត។ បពិត្រព្រះអង្គដ៏ចំរើន ក្រែងខ្ញុំព្រះអង្គ ទើបនឹងក្រាបទូលយ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ មិនបានពោលសេចក្តី ដោយបទទាំងនុ៎ះ ដោយព្យញ្ជនៈទាំងនុ៎ះទេ ដូច្នេះឬ។ ម្នាលសារីបុត្ត ប្រសិនបើជនទាំងឡាយ សួរអ្នកយ៉ាងនេះថា នែសារីបុត្តមានអាយុ ចុះលោកបានដឹងដូចម្តេច បានឃើញដូចម្តេច បានជាពោលអួតអរហត្តផលថា ខ្ញុំដឹងច្បាស់ថា ជាតិ (របស់អាត្មាអញ) អស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញបាននៅរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ ម្នាលសារីបុត្ត កាលបើគេសួរយ៉ាងនេះ អ្នកគប្បីដោះស្រាយដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន ប្រសិនបើជនទាំងឡាយ សួរខ្ញុំព្រះអង្គយ៉ាងនេះថា នែសារីបុត្តមានអាយុ ចុះលោកដឹងដូចម្តេច ឃើញដូចម្តេច បានជាពោលអួតអរហត្តផលថា ខ្ញុំដឹងច្បាស់ថា ជាតិ (របស់អាត្មាអញ) អស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញបាននៅរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ បពិត្រព្រះអង្គដ៏ចំរើន កាលបើគេសួរយ៉ាងនេះហើយ ខ្ញុំព្រះអង្គ គប្បីដោះស្រាយយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ជាតិ មានធម៌ណាជាហេតុ កាលបើបច្ច័យនៃជាតិអស់ហើយ ព្រោះការអស់ទៅនៃហេតុនោះ យើងក៏ដឹងច្បាស់ថា ផល គឺជាតិអស់ហើយ ទើបប្តេជ្ញាថា ជាតិ (របស់អាត្មាអញ) អស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញបាននៅរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ បពិត្រព្រះអង្គដ៏ចំរើន កាលបើគេសួរយ៉ាងនេះ ខ្ញុំព្រះអង្គ គប្បីដោះស្រាយ យ៉ាងនេះឯង។

[១០៧] ម្នាលសារីបុត្ត ប្រសិនបើជនទាំងឡាយ សួរអ្នកយ៉ាងនេះថា នែសារីបុត្តមានអាយុ ចុះជាតិ មានអ្វីជាហេតុ មានអ្វីនាំឲ្យកើត មានអ្វីជាកំណើត មានអ្វីជាប្រភព ម្នាលសារីបុត្ត កាលបើគេសួរយ៉ាងនេះ អ្នកគប្បីដោះស្រាយ ដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន ប្រសិនបើជនទាំងឡាយ សួរខ្ញុំព្រះអង្គ យ៉ាងនេះថា នែសារីបុត្តមានអាយុ ចុះជាតិ មានអ្វីជាហេតុ មានអ្វីនាំឲ្យកើត មានអ្វីជាកំណើត មានអ្វីជាប្រភព បពិត្រព្រះអង្គដ៏ចំរើន កាលបើគេសួរយ៉ាងនេះ ខ្ញុំព្រះអង្គ គប្បីដោះស្រាយយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ជាតិ មានភពជាហេតុ មានភពនាំឲ្យកើត មានភពជាកំណើត មានភពជាប្រភព បពិត្រព្រះអង្គដ៏ចំរើន កាលបើគេសួរយ៉ាងនេះ ខ្ញុំព្រះអង្គ គប្បីដោះស្រាយ យ៉ាងនេះឯង។

[១០៨] ម្នាលសារីបុត្ត ប្រសិនបើជនទាំងឡាយ សួរអ្នកយ៉ាងនេះថា នែសារីបុត្តមានអាយុ ចុះភព មានអ្វីជាហេតុ មានអ្វីនាំឲ្យកើត មានអ្វីជាកំណើត មានអ្វីជាប្រភព ម្នាលសារីបុត្ត កាលបើគេសួរយ៉ាងនេះ អ្នកគប្បីដោះស្រាយ ដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន ប្រសិនបើជនទាំងឡាយ សួរខ្ញុំព្រះអង្គ យ៉ាងនេះថា នែសារីបុត្តមានអាយុ ចុះភព មានអ្វីជាហេតុ មានអ្វីនាំឲ្យកើត មានអ្វីជាកំណើត មានអ្វីជាប្រភព បពិត្រព្រះអង្គដ៏ចំរើន កាលបើគេសួរយ៉ាងនេះ ខ្ញុំព្រះអង្គ គប្បីដោះស្រាយយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ភព មានឧបាទានជាហេតុ មានឧបាទាននាំឲ្យកើត មានឧបាទានជាកំណើត មានឧបាទានជាប្រភព បពិត្រព្រះអង្គដ៏ចំរើន កាលបើគេសួរយ៉ាងនេះ ខ្ញុំព្រះអង្គ គប្បីដោះស្រាយ យ៉ាងនេះឯង។

[១០៩] ម្នាលសារីបុត្ត ប្រសិនបើជនទាំងឡាយ សួរអ្នកយ៉ាងនេះថា នែសារីបុត្តមានអាយុ ចុះឧបាទាន មានអ្វីជាហេតុ។បេ។ មានអ្វីជាប្រភព ម្នាលសារីបុត្ត កាលបើគេសួរយ៉ាងនេះ អ្នកគប្បីដោះស្រាយ ដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន ប្រសិនបើជនទាំងឡាយ សួរខ្ញុំព្រះអង្គ យ៉ាងនេះថា នែសារីបុត្តមានអាយុ ចុះឧបាទាន មានអ្វីជាហេតុ។បេ។ មានអ្វីជាប្រភព បពិត្រព្រះអង្គដ៏ចំរើន កាលបើគេសួរយ៉ាងនេះ ខ្ញុំព្រះអង្គ គប្បីដោះស្រាយយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ឧបាទាន មានតណ្ហាជាហេតុ។បេ។ មានតណ្ហាជាប្រភព បពិត្រព្រះអង្គដ៏ចំរើន កាលបើគេសួរយ៉ាងនេះ ខ្ញុំព្រះអង្គ គប្បីដោះស្រាយ យ៉ាងនេះឯង។

[១១០] ម្នាលសារីបុត្ត ប្រសិនបើជនទាំងឡាយ សួរអ្នកយ៉ាងនេះថា នែសារីបុត្តមានអាយុ ចុះតណ្ហា មានអ្វីជាហេតុ មានអ្វីនាំឲ្យកើត មានអ្វីជាកំណើត មានអ្វីជាប្រភព ម្នាលសារីបុត្ត កាលបើគេសួរយ៉ាងនេះ អ្នកគប្បីដោះស្រាយ ដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន ប្រសិនបើជនទាំងឡាយ សួរខ្ញុំព្រះអង្គ យ៉ាងនេះថា នែសារីបុត្តមានអាយុ ចុះតណ្ហា មានអ្វីជាហេតុ មានអ្វីនាំឲ្យកើត មានអ្វីជាកំណើត មានអ្វីជាប្រភព បពិត្រព្រះអង្គដ៏ចំរើន កាលបើគេសួរយ៉ាងនេះ ខ្ញុំព្រះអង្គ គប្បីដោះស្រាយយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ តណ្ហា មានវេទនាជាហេតុ មានវេទនានាំឲ្យកើត មានវេទនាជាកំណើត មានវេទនាជាប្រភព បពិត្រព្រះអង្គដ៏ចំរើន កាលបើគេសួរយ៉ាងនេះ ខ្ញុំព្រះអង្គ គប្បីដោះស្រាយ យ៉ាងនេះឯង។

[១១១] ម្នាលសារីបុត្ត ប្រសិនបើជនទាំងឡាយ សួរអ្នកយ៉ាងនេះថា នែសារីបុត្តមានអាយុ ចុះវេទនា មានអ្វីជាហេតុ។បេ។ មានអ្វីជាប្រភព ម្នាលសារីបុត្ត កាលបើគេសួរយ៉ាងនេះ អ្នកគប្បីដោះស្រាយ ដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន ប្រសិនបើជនទាំងឡាយ សួរខ្ញុំព្រះអង្គ យ៉ាងនេះថា នែសារីបុត្តមានអាយុ ចុះវេទនា មានអ្វីជាហេតុ។បេ។ មានអ្វីជាប្រភព បពិត្រព្រះអង្គដ៏ចំរើន កាលបើគេសួរយ៉ាងនេះ ខ្ញុំព្រះអង្គ គប្បីដោះស្រាយយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ វេទនា មានផស្សៈជាហេតុ។បេ។ មានផស្សៈជាប្រភព បពិត្រព្រះអង្គដ៏ចំរើន កាលបើគេសួរយ៉ាងនេះ ខ្ញុំព្រះអង្គ គប្បីដោះស្រាយ យ៉ាងនេះឯង។

[១១២] ម្នាលសារីបុត្ត ប្រសិនបើជនទាំងឡាយ សួរអ្នកយ៉ាងនេះថា នែសារីបុត្តមានអាយុ លោកបានដឹងដូចម្តេច ឃើញដូចម្តេច បានជាសេចក្តីត្រេកអរ ក្នុងវេទនាទាំងឡាយ មិនតាំងឡើងបាន ម្នាលសារីបុត្ត កាលបើគេសួរយ៉ាងនេះ អ្នកគប្បីដោះស្រាយ ដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន ប្រសិនបើជនទាំងឡាយ សួរខ្ញុំព្រះអង្គ យ៉ាងនេះថា នែសារីបុត្តមានអាយុ លោកបានដឹងដូចម្តេច ឃើញដូចម្តេច បានជាសេចក្តីត្រេកអរក្នុងវេទនាទាំងឡាយ មិនតាំងឡើងបាន បពិត្រព្រះអង្គដ៏ចំរើន កាលបើគេសួរយ៉ាងនេះ ខ្ញុំព្រះអង្គ គប្បីដោះស្រាយយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ វេទនានេះ មាន៣ វេទនាទាំង៣ តើដូចម្តេច គឺសុខវេទនា១ ទុក្ខវេទនា១ អទុក្ខមសុខវេទនា១ ម្នាលអាវុសោទាំងឡាយ វេទនាទាំង៣នេះឯង មិនទៀង ធម្មជាតណាមិនទៀង ធម្មជាតនោះ យើងដឹងច្បាស់ថាជាទុក្ខ បានជាសេចក្តីត្រេកអរ ក្នុងវេទនាទាំងឡាយមិនតាំងឡើងបាន បពិត្រព្រះអង្គដ៏ចំរើន កាលបើគេសួរយ៉ាងនេះ ខ្ញុំព្រះអង្គ គប្បីដោះស្រាយ យ៉ាងនេះឯង។

[១១៣] ម្នាលសារីបុត្ត ត្រូវហើយ ត្រូវហើយ ម្នាលសារីបុត្ត នេះឯង ជាបរិយាយ ប្រព្រឹត្តទៅ ដើម្បីការដោះស្រាយនូវសេចក្តីនេះ ដោយសង្ខេបថា ការទទួលអារម្មណ៍ណាមួយ ការទទួលអារម្មណ៍នោះ ជាទុក្ខ ម្នាលសារីបុត្ត ចុះប្រសិនបើជនទាំងឡាយ សួរយ៉ាងនេះថា នែសារីបុត្តមានអាយុ ព្រោះវិមោក្ខដូចម្តេច លោកទើបពោលអួតអរហត្តផលថា យើងដឹងច្បាស់ថា ជាតិ (របស់អាត្មាអញ) អស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញបាននៅរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ ម្នាលសារីបុត្ត កាលបើគេសួរយ៉ាងនេះ អ្នកគប្បីដោះស្រាយដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន ប្រសិនបើជនទាំងឡាយ សួរខ្ញុំព្រះអង្គយ៉ាងនេះថា នែសារីបុត្តមានអាយុ ព្រោះវិមោក្ខដូចម្តេច លោកទើបពោលអួតអរហត្តផលថា ខ្ញុំដឹងច្បាស់ថា ជាតិ (របស់អាត្មាអញ) អស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញបាននៅរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ បពិត្រព្រះអង្គដ៏ចំរើន កាលបើគេសួរយ៉ាងនេះ ខ្ញុំព្រះអង្គ គប្បីដោះស្រាយ យ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ព្រោះតែអជ្ឈត្តវិមោក្ខ25) ទើបអាសវៈទាំងឡាយ មិនជាប់តាមយើង ដែលមានសតិយ៉ាងណា យើងក៏មានសតិយ៉ាងនោះ ព្រោះការអស់ទៅនៃឧបាទានទាំងពួង មួយទៀត យើងមិនបានមើលងាយនូវខ្លួនឡើយ បពិត្រព្រះអង្គដ៏ចំរើន កាលបើគេសួរយ៉ាងនេះ ខ្ញុំព្រះអង្គគប្បីដោះស្រាយ យ៉ាងនេះឯង។

[១១៤] ម្នាលសារីបុត្ត ត្រូវហើយ ត្រូវហើយ ម្នាលសារីបុត្ត នេះឯង ជាបរិយាយ ប្រព្រឹត្តទៅ ដើម្បីការដោះស្រាយសេចក្តីនេះ ដោយសង្ខេបថា អាសវៈទាំងឡាយណា ដែលព្រះពុទ្ធ ជាសមណៈ បានពោលហើយ យើងមិនសង្ស័យក្នុងអាសវៈទាំងនោះទេ អាសវៈទាំងនោះ យើងបានលះហើយ ព្រោះហេតុនោះ យើងមិនងឿងឆ្ងល់ឡើយ។ ព្រះមានព្រះភាគ បានត្រាស់នូវពាក្យនេះហើយ លុះព្រះសុគត ត្រាស់នូវពាក្យនេះរួចហើយ ក៏ទ្រង់ក្រោកអំពីអាសនៈ ស្តេចចូលទៅកាន់វិហារ។

[១១៥] កាលដែលព្រះមានព្រះភាគ ស្តេចចេញទៅមិនយូរប៉ុន្មាន ព្រះសារីបុត្តមានអាយុ ក៏ហៅភិក្ខុទាំងឡាយក្នុងទីនោះថា ម្នាលអាវុសោទាំងឡាយ ព្រះមានព្រះភាគ បានសួរប្រស្នាទី១នឹងខ្ញុំ ជាប្រស្នាដែលខ្ញុំមិនធ្លាប់ដឹងពីមុនមកទេ សេចក្តីយឺតយូរ ក្នុងការដោះស្រាយ ក៏កើតមានដល់ខ្ញុំ ម្នាលអាវុសោទាំងឡាយ កាលដែលព្រះមានព្រះភាគ បានអនុមោទនាប្រស្នាជាដំបូងរបស់ខ្ញុំហើយ ម្នាលអាវុសោទាំងឡាយ ខ្ញុំមានសេចក្តីត្រិះរិះដូច្នេះថា ប្រសិនបើព្រះមានព្រះភាគ សួរសេចក្តីនុ៎ះ ដោយបទដទៃៗ ដោយបរិយាយដទៃៗ ចំពោះអាត្មាអញ អស់មួយថ្ងៃ អាត្មាអញ អាចនឹងដោះស្រាយសេចក្តីនុ៎ះ ដោយបទដទៃៗ ដោយបរិយាយដទៃៗ ថ្វាយព្រះមានព្រះភាគ អស់មួយថ្ងៃ ប្រសិនបើព្រះមានព្រះភាគ សួរសេចក្តីនុ៎ះ ដោយបទដទៃៗ ដោយបរិយាយដទៃៗ ចំពោះអាត្មាអញ អស់មួយយប់ អាត្មាអញ អាចនឹងដោះស្រាយសេចក្តីនុ៎ះ ដោយបទដទៃៗ ដោយបរិយាយដទៃៗ ថ្វាយព្រះមានព្រះភាគ អស់មួយយប់ ប្រសិនបើព្រះមានព្រះភាគ សួរសេចក្តីនុ៎ះ ដោយបទដទៃៗ ដោយបរិយាយដទៃៗ ចំពោះអាត្មាអញ អស់មួយយប់មួយថ្ងៃ អាត្មាអញ អាចនឹងដោះស្រាយសេចក្តីនុ៎ះ ដោយបទដទៃៗ ដោយបរិយាយដទៃៗ ថ្វាយព្រះមានព្រះភាគ អស់មួយយប់មួយថ្ងៃ ប្រសិនបើព្រះមានព្រះភាគ សួរសេចក្តីនុ៎ះ ចំពោះអាត្មាអញ អស់២យប់២ថ្ងៃ។បេ។ អាត្មាអញ អាចនឹងដោះស្រាយសេចក្តីនុ៎ះ ថ្វាយព្រះមានព្រះភាគ អស់២យប់២ថ្ងៃ។បេ។ ប្រសិនបើព្រះមានព្រះភាគ សួរសេចក្តីនុ៎ះ ចំពោះអាត្មាអញ អស់៣យប់ ៣ថ្ងៃ… អាត្មាអញ អាចនឹងដោះស្រាយសេចក្តីនុ៎ះ ថ្វាយព្រះមានព្រះភាគ អស់៣យប់៣ថ្ងៃ… ប្រសិនបើព្រះមានព្រះភាគ សួរសេចក្តីនុ៎ះ ចំពោះអាត្មាអញ អស់៤យប់ ៤ថ្ងៃ… អាត្មាអញ អាចនឹងដោះស្រាយសេចក្តីនុ៎ះ ថ្វាយព្រះមានព្រះភាគ អស់៤យប់៤ថ្ងៃ… ប្រសិនបើព្រះមានព្រះភាគ សួរសេចក្តីនុ៎ះ ចំពោះអាត្មាអញ អស់៥យប់៥ថ្ងៃ… អាត្មាអញ អាចនឹងដោះស្រាយសេចក្តីនុ៎ះ ថ្វាយព្រះមានព្រះភាគ អស់៥យប់ ៥ថ្ងៃ… ប្រសិនបើព្រះមានព្រះភាគ សួរសេចក្តីនុ៎ះ ចំពោះអាត្មាអញ អស់៦យប់៦ថ្ងៃ… អាត្មាអញ អាចនឹងដោះស្រាយសេចក្តីនុ៎ះ ថ្វាយព្រះមានព្រះភាគ អស់៦យប់៦ថ្ងៃ… ប្រសិនបើព្រះមានព្រះភាគ សួរសេចក្តីនុ៎ះ ដោយបទដទៃៗ ដោយបរិយាយដទៃៗ ចំពោះអាត្មាអញ អស់៧យប់៧ថ្ងៃ អាត្មាអញ អាចនឹងដោះស្រាយសេចក្តីនុ៎ះ ដោយបទដទៃៗ ដោយបរិយាយដទៃៗ ថ្វាយព្រះមានព្រះភាគ អស់៧យប់៧ថ្ងៃ។

[១១៦] គ្រានោះ កឡារខត្តិយភិក្ខុ ក្រោកអំពីអាសនៈ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះមានព្រះភាគ រួចអង្គុយក្នុងទីសមគួរ។ លុះកឡារខត្តិយភិក្ខុ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ព្រះសារីបុត្តមានអាយុ បន្លឺសីហនាទថា ម្នាលអាវុសោទាំងឡាយ ព្រះមានព្រះភាគ បានសួរប្រស្នាទី១នឹងខ្ញុំ ជាប្រស្នាដែលខ្ញុំមិនធ្លាប់ដឹងមកពីកាលមុនទេ សេចក្តីយឺតយូរ ក្នុងការដោះស្រាយ ក៏កើតមានដល់ខ្ញុំ ម្នាលអាវុសោទាំងឡាយ កាលណាបើព្រះមានព្រះភាគ បានអនុមោទនាប្រស្នាជាដំបូង របស់ខ្ញុំហើយ ម្នាលអាវុសោទាំងឡាយ ខ្ញុំមានសេចក្តីត្រិះរិះ ដូច្នេះថា ប្រសិនបើព្រះមានព្រះភាគ សួរសេចក្តីនុ៎ះ ដោយបទដទៃៗ ដោយបរិយាយដទៃៗ ចំពោះអាត្មាអញ អស់១ថ្ងៃ អាត្មាអញ អាចនឹងដោះស្រាយសេចក្តីនុ៎ះ ដោយបទដទៃៗ ដោយបរិយាយដទៃៗ ថ្វាយព្រះមានព្រះភាគ អស់១ថ្ងៃ ប្រសិនបើអស់១យប់។បេ។ ប្រសិនបើព្រះមានព្រះភាគ សួរសេចក្តីនុ៎ះ ចំពោះអាត្មាអញ អស់១យប់១ថ្ងៃ… ប្រសិនបើព្រះមានព្រះភាគ សួរសេចក្តីនុ៎ះ ចំពោះអាត្មាអញ អស់២យប់២ថ្ងៃ… ៣យប់ ៣ថ្ងៃ… ៤យប់ ៤ថ្ងៃ… ៥យប់៥ថ្ងៃ… ៦យប់៦ថ្ងៃ… ប្រសិនបើព្រះមានព្រះភាគ សួរសេចក្តីនុ៎ះ ដោយបទដទៃៗ ដោយបរិយាយដទៃៗ ចំពោះអាត្មាអញ អស់៧យប់៧ថ្ងៃ អាត្មាអញ អាចនឹងដោះស្រាយសេចក្តីនុ៎ះ ដោយបទដទៃៗ ដោយបរិយាយដទៃៗ ថ្វាយព្រះមានព្រះភាគ អស់៧យប់៧ថ្ងៃ។

[១១៧] ម្នាលភិក្ខុ ធម្មធាតុ26) គឺសារីបុត្តត្រាស់ដឹងហើយដោយប្រពៃពិត ព្រោះតែត្រាស់ដឹងធម្មធាតុដោយប្រពៃ បានជាបើតថាគតសួរសេចក្តីនុ៎ះ ដោយបទដទៃៗ ដោយបរិយាយដទៃៗ ចំពោះសារីបុត្ត អស់១ថ្ងៃ សារីបុត្ត គប្បីដោះស្រាយសេចក្តីនុ៎ះ ដោយបទដទៃៗ ដោយបរិយាយដទៃៗ ប្រាប់តថាគត អស់១ថ្ងៃបាន ប្រសិនបើតថាគត សួរសេចក្តីនុ៎ះ ដោយបទដទៃៗ ដោយបរិយាយដទៃៗ ចំពោះសារីបុត្ត អស់១យប់ សារីបុត្តក៏គប្បីដោះស្រាយសេចក្តីនុ៎ះ ប្រាប់តថាគតអស់១យប់បាន។បេ។ ប្រសិនបើតថាគត សួរសេចក្តីនុ៎ះ ចំពោះសារីបុត្ត អស់១យប់១ថ្ងៃ… សារីបុត្ត ក៏គប្បីដោះស្រាយសេចក្តីនុ៎ះ ប្រាប់តថាគត អស់១យប់១ថ្ងៃ… ប្រសិនបើតថាគត សួរសេចក្តីនុ៎ះ ចំពោះសារីបុត្ត អស់២យប់២ថ្ងៃ… សារីបុត្ត ក៏គប្បីដោះស្រាយសេចក្តីនុ៎ះ ប្រាប់តថាគត អស់២យប់២ថ្ងៃ… ប្រសិនបើតថាគត សួរសេចក្តីនុ៎ះ ចំពោះសារីបុត្ត អស់៣យប់៣ថ្ងៃ… សារីបុត្ត ក៏គប្បីដោះស្រាយសេចក្តីនុ៎ះ ប្រាប់តថាគត អស់៣យប់៣ថ្ងៃ… ប្រសិនបើតថាគត សួរសេចក្តីនុ៎ះ ចំពោះសារីបុត្ត អស់៤យប់៤ថ្ងៃ… សារីបុត្ត ក៏គប្បីដោះស្រាយសេចក្តីនុ៎ះ ប្រាប់តថាគត អស់៤យប់៤ថ្ងៃ… ប្រសិនបើតថាគត សួរសេចក្តីនុ៎ះ ចំពោះសារីបុត្ត អស់៥យប់៥ថ្ងៃ… សារីបុត្ត ក៏គប្បីដោះស្រាយសេចក្តីនុ៎ះ ប្រាប់តថាគត អស់៥យប់៥ថ្ងៃ… ប្រសិនបើតថាគត សួរសេចក្តីនុ៎ះ ចំពោះសារីបុត្ត អស់៦យប់៦ថ្ងៃ… សារីបុត្ត ក៏គប្បីដោះស្រាយសេចក្តីនុ៎ះ ប្រាប់តថាគត អស់៦យប់៦ថ្ងៃ… ប្រសិនបើតថាគត សួរសេចក្តីនុ៎ះ ដោយបទដទៃៗ ដោយបរិយាយដទៃៗ ចំពោះសារីបុត្ត អស់៧យប់៧ថ្ងៃ សារីបុត្ត ក៏គប្បីដោះស្រាយសេចក្តីនុ៎ះ ដោយបទដទៃៗ ដោយបរិយាយដទៃៗ ប្រាប់តថាគត អស់៧យប់៧ថ្ងៃបាន។

ចប់សូត្រ ទី២។

(ញាណវត្ថុ)សូត្រ ទី៣

(៣. ញាណវត្ថុសុត្តំ)

[១១៨] ទ្រង់គង់ជិតក្រុងសាវត្ថី… ម្នាលភិក្ខុទាំងឡាយ តថាគត នឹងសំដែងនូវញាណវត្ថុ៤៤ប្រការ ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរយកចិត្តទុកដាក់ ប្រុងស្តាប់ពាក្យនោះ ឲ្យប្រពៃចុះ តថាគត នឹងពោលឲ្យស្តាប់។ ភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីកា នៃព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ។

[១១៩] ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ចុះញាណវត្ថុទាំង៤៤ តើដូចម្តេចខ្លះ គឺសេចក្តីដឹងក្នុងជរា និងមរណៈ១ សេចក្តីដឹងក្នុងហេតុ ជាទីកើតឡើងនៃជរា និងមរណៈ១ សេចក្តីដឹងក្នុងទីរលត់នៃជរា និងមរណៈ១ សេចក្តីដឹងក្នុងបដិបទា ជាដំណើរទៅកាន់ទីរលត់នៃជរា និងមរណៈ១ សេចក្តីដឹងក្នុងជាតិ១ សេចក្តីដឹងក្នុងហេតុជាទីកើតឡើងនៃជាតិ១ សេចក្តីដឹងក្នុងទីរលត់នៃជាតិ១ សេចក្តីដឹងក្នុងបដិបទា ជាដំណើរទៅកាន់ទីរលត់នៃជាតិ១ សេចក្តីដឹងក្នុងភព១ សេចក្តីដឹងក្នុងហេតុជាទីកើតឡើងនៃភព១ សេចក្តីដឹងក្នុងទីរលត់នៃភព១ សេចក្តីដឹងក្នុងបដិបទា ជាដំណើរទៅកាន់ទីរលត់នៃភព១ សេចក្តីដឹងក្នុងឧបាទាន១ សេចក្តីដឹងក្នុងហេតុជាទីកើតឡើងនៃឧបាទាន១ សេចក្តីដឹងក្នុងទីរលត់នៃឧបាទាន១ សេចក្តីដឹងក្នុងបដិបទា ជាដំណើរទៅកាន់ទីរលត់នៃឧបាទាន១ សេចក្តីដឹងក្នុងតណ្ហា១ សេចក្តីដឹងក្នុងហេតុជាទីកើតឡើងនៃតណ្ហា១ សេចក្តីដឹងក្នុងទីរលត់នៃតណ្ហា១ សេចក្តីដឹងក្នុងបដិបទា ជាដំណើរទៅកាន់ទីរលត់នៃតណ្ហា១ សេចក្តីដឹងក្នុងវេទនា១ សេចក្តីដឹងក្នុងហេតុជាទីកើតឡើងនៃវេទនា១ សេចក្តីដឹងក្នុងទីរលត់នៃវេទនា១ សេចក្តីដឹងក្នុងបដិបទា ជាដំណើរទៅកាន់ទីរលត់នៃវេទនា១ សេចក្តីដឹងក្នុងផស្សៈ១…. សេចក្តីដឹងក្នុងសឡាយតនៈ១… សេចក្តីដឹងក្នុងនាមរូប១… សេចក្តីដឹងក្នុងវិញ្ញាណ១… សេចក្តីដឹងក្នុងសង្ខារទាំងឡាយ១… សេចក្តីដឹងក្នុងហេតុជាទីកើតឡើងនៃសង្ខារ១ សេចក្តីដឹងក្នុងទីរលត់នៃសង្ខារ១ សេចក្តីដឹងក្នុងបដិបទា ជាដំណើរទៅកាន់ទីរលត់នៃសង្ខារ១ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ញាណវត្ថុ ៤៤ប្រការ ។

[១២០] ម្នាលភិក្ខុទាំងឡាយ ជរា និងមរណៈ តើដូចម្តេច។ សេចក្តីគ្រាំគ្រា ភាពគ្រាំគ្រា ធ្មេញបាក់ សក់ស្កូវ ស្បែកជ្រួញជ្រីវ ដំណើរថយអាយុ ដំណើរចាស់ទុំនៃឥន្ទ្រិយទាំងឡាយណា របស់សត្វទាំងឡាយនោះៗ ក្នុងសត្តនិកាយនោះៗ នេះហៅថា ជរា។ ចុតិ ការឃ្លាត ការបែកធ្លាយ ការបាត់បង់ សេចក្តីស្លាប់ ដំណើរងាប់ ការធ្វើនូវមរណកាល ការបែកធ្លាយនៃខន្ធទាំងឡាយ ការដាក់ចុះនូវសាកសព ការដាច់នៃជីវិតិន្ទ្រិយណា របស់សត្វទាំងឡាយនោះៗ ចាកសត្តនិកាយនោះៗ នេះហៅថា មរណៈ។ ម្នាលភិក្ខុទាំងឡាយ ជរានេះផង មរណៈនេះផង នេះហៅថា ជរា និងមរណៈ ដោយប្រការដូច្នេះឯង។ ការកើតឡើងនៃជរា និងមរណៈ ព្រោះការកើតឡើងនៃជាតិ ការរលត់នៃជរានិងមរណៈ ព្រោះការរលត់នៃជាតិ មគ្គដ៏ប្រសើរ ប្រកបដោយអង្គ ៨ប្រការនេះឯង ជាបដិបទា ដែលជាដំណើរទៅកាន់ទីរលត់នៃជរា និងមរណៈ គឺប្រាជ្ញាយល់ឃើញត្រូវ១។បេ។ ការតម្កល់ចិត្តត្រូវ១។

[១២១] ម្នាលភិក្ខុទាំងឡាយ កាលណាបើអរិយសាវ័កដឹងច្បាស់ នូវជរា និងមរណៈយ៉ាងនេះ ដឹងច្បាស់នូវហេតុជាទីកើតឡើង នៃជរា និងមរណៈយ៉ាងនេះ ដឹងច្បាស់នូវទីរលត់នៃជរា និងមរណៈ យ៉ាងនេះ ដឹងច្បាស់នូវបដិបទា ជាដំណើរទៅកាន់ទីរលត់ នៃជរា និងមរណៈ យ៉ាងនេះ នេះជាធម្មញ្ញាណ របស់អរិយសាវ័កនោះ។ អរិយសាវ័កនោះ តែងនាំទៅនូវន័យ ក្នុងអតីតកាល និងអនាគតកាល ដោយធម៌នេះ27) ដែលខ្លួនបានឃើញហើយ ដឹងច្បាស់ហើយ ជាធម៌ឲ្យផលមិនខុសកាល ជាធម៌ដែលខ្លួនបានដល់ហើយ បានជ្រួតជ្រាបហើយ ដោយបញ្ញាថា ពួកសមណៈ ឬព្រាហ្មណ៍ណាមួយ ក្នុងអតីតកាល ដឹងច្បាស់ នូវជរា និងមរណៈ ដឹងច្បាស់នូវហេតុជាទីកើតឡើង នៃជរានិងមរណៈ ដឹងច្បាស់នូវទីរលត់នៃជរានិងមរណៈ ដឹងច្បាស់នូវបដិបទា ជាដំណើរទៅកាន់ទីរលត់ នៃជរានិងមរណៈ សមណព្រាហ្មណ៍ទាំងអស់នោះ បានដឹងច្បាស់យ៉ាងនេះឯង ដូចជាអាត្មាអញ ក្នុងកាលឥឡូវនេះ។ ពួកសមណៈ ឬព្រាហ្មណ៍ណាមួយក្នុងអនាគតកាល នឹងដឹងច្បាស់ នូវជរា និងមរណៈ នឹងដឹងច្បាស់នូវហេតុជាទីកើតឡើង នៃជរានិងមរណៈ នឹងដឹងច្បាស់នូវទីរលត់នៃជរានិងមរណៈ នឹងដឹងច្បាស់នូវបដិបទា ដែលជាដំណើរទៅកាន់ទីរលត់ នៃជរានិងមរណៈ សមណព្រាហ្មណ៍ទាំងអស់នោះ នឹងដឹងច្បាស់យ៉ាងនេះឯង ដូចជាអាត្មាអញ ក្នុងកាលឥឡូវនេះ។ នេះជា អន្វយញ្ញាណ28) របស់អរិយសាវ័កនោះ។

[១២២] ម្នាលភិក្ខុទាំងឡាយ កាលណាបើអរិយសាវ័ក មានញាណទាំង២នេះ គឺ ធម្មញ្ញាណ ១ អន្វយញ្ញាណ ១ បរិសុទ្ធ ផូរផង់ហើយ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវ័កនេះ ហៅថា បរិបូណ៌ដោយទិដ្ឋិក៏បាន ថាបរិបូណ៌ដោយទស្សនៈក៏បាន ថាមកកាន់ព្រះសទ្ធម្មនេះក៏បាន ថាឃើញព្រះសទ្ធម្មនេះក៏បាន ថាប្រកបដោយសេក្ខញ្ញាណក៏បាន ថាប្រកបដោយសេក្ខវិជ្ជាក៏បាន ថាដល់ព្រម នូវធម្មស្រោតក៏បាន ថាជាអរិយៈ អ្នកមាននិព្វេធិកប្បញ្ញាក៏បាន ថាឋិតអែបនឹងទ្វារនៃអមតនិព្វានក៏បាន។

[១២៣] ម្នាលភិក្ខុទាំងឡាយ ជាតិ តើដូចម្តេច។បេ។ ម្នាលភិក្ខុទាំងឡាយ ភព តើដូចម្តេច… ម្នាលភិក្ខុទាំងឡាយ ឧបាទាន តើដូចម្តេច… ម្នាលភិក្ខុទាំងឡាយ តណ្ហា តើដូចម្តេច… ម្នាលភិក្ខុទាំងឡាយ វេទនា តើដូចម្តេច… ម្នាលភិក្ខុទាំងឡាយ ផស្សៈ តើដូចម្តេច… ម្នាលភិក្ខុទាំងឡាយ សឡាយតនៈ តើដូចម្តេច… ម្នាលភិក្ខុទាំងឡាយ នាមរូប តើដូចម្តេច… ម្នាលភិក្ខុទាំងឡាយ វិញ្ញាណ តើដូចម្តេច… ម្នាលភិក្ខុទាំងឡាយ សង្ខារទាំងឡាយ តើដូចម្តេច ម្នាលភិក្ខុទាំងឡាយ សង្ខារនេះ មាន៣គឺ កាយសង្ខារ១ វចីសង្ខារ១ ចិត្តសង្ខារ១ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សង្ខារទាំងឡាយ។ ការកើតឡើងនៃសង្ខារ ព្រោះការកើតឡើងនៃអវិជ្ជា ការរលត់នៃសង្ខារ ព្រោះការរលត់នៃអវិជ្ជា មគ្គដ៏ប្រសើរ ប្រកបដោយអង្គទាំង៨ប្រការនេះឯង ជាបដិបទា ដែលជាដំណើរទៅកាន់ទីរលត់នៃសង្ខារ គឺប្រាជ្ញាយល់ឃើញត្រូវ១។បេ។ ការតម្កល់ចិត្តត្រូវ១។

[១២៤] ម្នាលភិក្ខុទាំងឡាយ កាលណាបើអរិយសាវ័កដឹងច្បាស់ នូវសង្ខារទាំងឡាយយ៉ាងនេះ ដឹងច្បាស់នូវហេតុជាទីកើតឡើង នៃសង្ខារយ៉ាងនេះ ដឹងច្បាស់នូវទីរលត់នៃសង្ខារ យ៉ាងនេះ ដឹងច្បាស់នូវបដិបទា ជាដំណើរទៅកាន់ទីរលត់ នៃសង្ខារ យ៉ាងនេះ នេះជាធម្មញ្ញាណ របស់អរិយសាវ័កនោះ។ អរិយសាវ័កនោះ តែងនាំទៅនូវន័យ ក្នុងអតីតកាល និងអនាគតកាល ដោយធម៌នេះ ដែលខ្លួនបានឃើញហើយ ដឹងច្បាស់ហើយ ជាធម៌ឲ្យផលមិនខុសកាល ជាធម៌ដែលខ្លួនបានដល់ហើយ បានជ្រួតជ្រាបហើយ ដោយបញ្ញាថា ពួកសមណព្រាហ្មណ៍ណាមួយ ក្នុងអតីតកាល បានដឹងច្បាស់ នូវសង្ខារទាំងឡាយ ដឹងច្បាស់នូវហេតុជាទីកើតឡើង នៃសង្ខារ ដឹងច្បាស់នូវទីរលត់នៃសង្ខារ ដឹងច្បាស់នូវបដិបទា ជាដំណើរទៅកាន់ទីរលត់ នៃសង្ខារ សមណព្រាហ្មណ៍ទាំងអស់នោះ បានដឹងច្បាស់យ៉ាងនេះឯង ដូចជាអាត្មាអញ ក្នុងកាលឥឡូវនេះដែរ។ ពួកសមណៈ ឬព្រាហ្មណ៍ណាមួយ ក្នុងអនាគតកាល នឹងដឹងច្បាស់ នូវសង្ខារទាំងឡាយ នឹងដឹងច្បាស់ នូវហេតុជាទីកើតឡើង នៃសង្ខារ នឹងដឹងច្បាស់ នូវទីរលត់នៃសង្ខារ នឹងដឹងច្បាស់ នូវបដិបទា ជាដំណើរទៅកាន់ទីរលត់ នៃសង្ខារ សមណព្រាហ្មណ៍ទាំងអស់នោះ នឹងដឹងច្បាស់យ៉ាងនេះឯង ដូចជាអាត្មាអញ ក្នុងកាលឥឡូវនេះដែរ។ នេះជាអន្វយញ្ញាណ របស់អរិយសាវ័កនោះ។

[១២៥] ម្នាលភិក្ខុទាំងឡាយ កាលណាបើអរិយសាវ័ក មានញាណទាំង២នេះ គឺធម្មញ្ញាណ១ អន្វយញ្ញាណ១ បរិសុទ្ធ ផូរផង់ហើយ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវ័កនេះ ហៅថា បរិបូណ៌ដោយទិដ្ឋិក៏បាន ថាបរិបូណ៌ដោយទស្សនៈក៏បាន ថាមកកាន់ព្រះសទ្ធម្មនេះក៏បាន ថាឃើញព្រះសទ្ធម្មនេះក៏បាន ថាប្រកបដោយសេក្ខញ្ញាណក៏បាន ថាប្រកបដោយសេក្ខវិជ្ជាក៏បាន ថាដល់ព្រម នូវធម្មស្រោតក៏បាន ថាជាអរិយៈ អ្នកមាននិព្វេធិកប្បញ្ញាក៏បាន ថាឋិតអែបនឹងទ្វារ នៃអមតនិព្វានក៏បាន។

ចប់សូត្រ ទី៣។

(ទុតិយញាណវត្ថុ)សូត្រ ទី៤

(៤. ទុតិយញាណវត្ថុសុត្តំ)

[១២៦] ទ្រង់គង់នៅជិតក្រុងសាវត្ថី… ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងញាណវត្ថុ៧៧ ប្រការ ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរយកចិត្តទុកដាក់ ប្រុងចាំស្តាប់ពាក្យនោះ ឲ្យប្រពៃចុះ តថាគតនឹងពោលឲ្យស្តាប់។ ភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីកា នៃព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។

[១២៧] ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ញាណវត្ថុ ទាំង៧៧ប្រការ តើដូចម្តេច គឺសេចក្តីដឹងថា ជរា និងមរណៈកើតមាន ព្រោះជាតិជាបច្ច័យ១ សេចក្តដឹងថា កាលបើជាតិមិនមាន ជរា និងមរណៈក៏មិនមាន១ សេចក្តីដឹងថា ជរា និងមរណៈ ជាអតីតកាលកើតមាន ព្រោះជាតិជាបច្ច័យ១ សេចក្តដឹងថា កាលបើជាតិមិនមាន ជរា និងមរណៈក៏មិនមាន១ សេចក្តីដឹងថា ជរា និងមរណៈ ជាអនាគតកាលកើតមាន ព្រោះជាតិជាបច្ច័យ១ សេចក្តដឹងថា កាលបើជាតិមិនមាន ជរា និងមរណៈក៏មិនមាន១ សេចក្តីដឹងថា ធម្មដ្ឋិតិញ្ញាណ (បច្ចយាការញ្ញាណ) ណា គប្បីមាន ធម្មដ្ឋិតិញ្ញាណនោះ មានកិរិយាអស់ទៅជាធម្មតា មានកិរិយាសូន្យទៅជាធម្មតា មានកិរិយាវិនាសទៅជាធម្មតា មានកិរិយារលត់ទៅជាធម្មតា១។ សេចក្តីដឹងថា ជាតិកើតមាន ព្រោះភពជាបច្ច័យ១។បេ។ សេចក្តីដឹងថា ភពកើតមាន ព្រោះឧបាទានជាបច្ច័យ១… សេចក្តីដឹងថា ឧបាទានកើតមាន ព្រោះតណ្ហាជាបច្ច័យ១… សេចក្តីដឹងថា តណ្ហាកើតមាន ព្រោះវេទនាជាបច្ច័យ១… សេចក្តីដឹងថា វេទនាកើតមាន ព្រោះផស្សៈជាបច្ច័យ១… សេចក្តីដឹងថា ផស្សៈកើតមាន ព្រោះសឡាយតនៈជាបច្ច័យ១… សេចក្តីដឹងថា សឡាយតនៈកើតមាន ព្រោះនាមរូបជាបច្ច័យ១… សេចក្តីដឹងថា នាមរូបកើតមាន ព្រោះវិញ្ញាណជាបច្ច័យ១… សេចក្តីដឹងថា វិញ្ញាណកើតមាន ព្រោះសង្ខារជាបច្ច័យ១… សេចក្តីដឹងថា សង្ខារទាំងឡាយកើតមាន ព្រោះអវិជ្ជាជាបច្ច័យ១… សេចក្តីដឹងថា កាលបើអវិជ្ជាមិនមានហើយ សង្ខារទាំងឡាយ ក៏មិនមាន១ សេចក្តីដឹងថា សង្ខារទាំងឡាយ ជាអតីតកាលកើតមាន ព្រោះអវិជ្ជាជាបច្ច័យ១ សេចក្តីដឹងថា កាលបើអវិជ្ជាមិនមាន សង្ខារទាំងឡាយ ក៏មិនមាន១ សេចក្តីដឹងថា សង្ខារទាំងឡាយ ជាអនាគតកាលកើតមាន ព្រោះអវិជ្ជាជាបច្ច័យ១ សេចក្តីដឹងថា កាលបើអវិជ្ជាមិនមាន សង្ខារទាំងឡាយ ក៏មិនមាន១ សេចក្តីដឹងថា ធម្មដ្ឋិតិញ្ញាណណា គប្បីមាន ធម្មដ្ឋិតិញ្ញាណនោះ មានកិរិយាអស់ទៅជាធម្មតា មានកិរិយាសូន្យទៅជាធម្មតា មានកិរិយាវិនាសទៅជាធម្មតា មានកិរិយារលត់ទៅជាធម្មតា១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ញាណវត្ថុ៧៧ប្រការ។

ចប់សូត្រ ទី៤។

(អវិជ្ជាបច្ចយ)សូត្រ ទី៥

(៥. អវិជ្ជាបច្ចយសុត្តំ)

[១២៨] ទ្រង់គង់នៅជិតក្រុងសាវត្ថី… ម្នាលភិក្ខុទាំងឡាយ សង្ខារទាំងឡាយកើតមាន ព្រោះអវិជ្ជាជាបច្ច័យ វិញ្ញាណកើតមាន ព្រោះសង្ខារជាបច្ច័យ។បេ។ ការកើតឡើងព្រមនៃកងទុក្ខទាំងអស់នុ៎ះ រមែងមានយ៉ាងនេះ។

[១២៩] កាលបើព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ភិក្ខុ១រូប ក៏ក្រាបទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ជរា និងមរណៈ តើដូចម្តេចហ្ន៎ មួយទៀត ជរានិងមរណៈនេះឯង ជារបស់អ្នកណា។ ព្រះមានព្រះភាគត្រាស់ថា ប្រស្នានេះមិនត្រូវទេ ហើយទ្រង់ត្រាស់តទៅទៀតថា ម្នាលភិក្ខុ បុគ្គលណា ពោលថា ជរា និងមរណៈ ដូចម្តេច មួយទៀត ជរានិងមរណៈនេះឯង ជារបស់អ្នកណា ដូច្នេះក្តី ម្នាលភិក្ខុ បុគ្គលណាពោលថា ជរា និងមរណៈ ដទៃ មួយទៀត ជរានិងមរណៈនេះឯង ជារបស់បុគ្គលដទៃ ដូច្នេះក្តី ពាក្យទាំង២នេះ មានអត្ថដូចគ្នា ផ្សេងតែព្យញ្ជនៈ។ ម្នាលភិក្ខុ កាលបើមានសេចក្តីឃើញថា ជីវិតនោះ ក៏គឺសរីរៈនោះ ដូច្នេះក្តី ការប្រព្រឹត្តិព្រហ្មចរិយៈ រមែងមិនមាន ម្នាលភិក្ខុ កាលបើមានសេចក្តីឃើញថា ជីវិតដទៃ សរីរៈដទៃ ដូច្នេះក្តី ការប្រព្រឹត្តិព្រហ្មចរិយៈ ក៏រមែងមិនមាន។ ម្នាលភិក្ខុ ព្រះតថាគត មិនប្រកាន់នូវអន្តធម៌ គឺធម៌ដ៏លាមក ទាំង២នោះឡើយ តែងសំដែងធម៌ ដោយបទកណ្តាលថា ជរា និងមរណៈកើតមាន ព្រោះជាតិជាបច្ច័យ។

[១៣០] បពិត្រព្រះអង្គដ៏ចំរើន ជាតិ តើដូចម្តេចហ្ន៎ មួយទៀត ជាតិនេះឯង ជារបស់អ្នកណា។ ព្រះមានព្រះភាគ ត្រាស់ថា ប្រស្នានេះមិនត្រូវទេ ហើយទ្រង់ត្រាស់តទៅទៀតថា ម្នាលភិក្ខុ បុគ្គលណា ពោលថា ជាតិ ដូចម្តេច មួយទៀត ជាតិនេះឯង ជារបស់អ្នកណា ដូច្នេះក្តី ម្នាលភិក្ខុ បុគ្គលណាពោលថា ជាតិ ដទៃ មួយទៀត ជាតិនេះឯង ជារបស់បុគ្គលដទៃ ដូច្នេះក្តី ពាក្យទាំង២នេះឯង មានអត្ថដូចគ្នា ផ្សេងតែព្យញ្ជនៈ។ ម្នាលភិក្ខុ កាលបើមានសេចក្តីឃើញថា ជីវិតនោះ ក៏គឺសរីរៈនោះ ដូច្នេះក្តី ការប្រព្រឹត្តិព្រហ្មចរិយៈ រមែងមិនមាន ម្នាលភិក្ខុ កាលបើមានសេចក្តីឃើញថា ជីវិតដទៃ សរីរៈដទៃ ដូច្នេះក្តី ការប្រព្រឹត្តិព្រហ្មចរិយៈ ក៏រមែងមិនមាន។ ម្នាលភិក្ខុ ព្រះតថាគត មិនបានប្រកាន់នូវអន្តធម៌ ទាំង២នោះឡើយ តែងសំដែងធម៌ ដោយបទកណ្តាលថា ជាតិកើតមាន ព្រោះភពជាបច្ច័យ។

[១៣១] បពិត្រព្រះអង្គដ៏ចំរើន ភព តើដូចម្តេចហ្ន៎ មួយទៀត ភពនេះឯង ជារបស់អ្នកណា។ ព្រះមានព្រះភាគ ត្រាស់ថា ប្រស្នានេះមិនត្រូវទេ ហើយទ្រង់ត្រាស់តទៅទៀតថា ម្នាលភិក្ខុ បុគ្គលណា ពោលថា ភព ដូចម្តេច មួយទៀត ភពនេះឯង ជារបស់អ្នកណា ដូច្នេះក្តី ម្នាលភិក្ខុ បុគ្គលណាពោលថា ភព ដទៃ មួយទៀត ភពនេះឯង ជារបស់បុគ្គលដទៃ ដូច្នេះក្តី ពាក្យទាំង២នេះឯង មានអត្ថដូចគ្នា ផ្សេងតែព្យញ្ជនៈ។ ម្នាលភិក្ខុ កាលបើមានសេចក្តីឃើញថា ជីវិតនោះ ក៏គឺសរីរៈនោះ ដូច្នេះក្តី ការប្រព្រឹត្តិព្រហ្មចរិយៈ រមែងមិនមាន ម្នាលភិក្ខុ កាលបើមានសេចក្តីឃើញថា ជីវិតដទៃ សរីរៈដទៃ ដូច្នេះក្តី ការប្រព្រឹត្តិព្រហ្មចរិយៈ ក៏រមែងមិនមាន។ ម្នាលភិក្ខុ ព្រះតថាគត មិនប៉ះពាល់នូវអន្តធម៌ ទាំង២នោះឡើយ តែងសំដែងធម៌ ដោយបទកណ្តាលថា ភពកើតមាន ព្រោះឧបាទានជាបច្ច័យ។។បេ។ ថា ឧបាទានកើតមាន ព្រោះតណ្ហាជាបច្ច័យ… ថា តណ្ហាកើតមាន ព្រោះវេទនាជាបច្ច័យ… ថា វេទនាកើតមាន ព្រោះផស្សៈជាបច្ច័យ… ថា ផស្សៈកើតមាន ព្រោះសឡាយតនៈជាបច្ច័យ… ថា សឡាយតនៈកើតមាន ព្រោះនាមរូបជាបច្ច័យ… ថា នាមរូបកើតមាន ព្រោះវិញ្ញាណជាបច្ច័យ… ថា វិញ្ញាណកើតមាន ព្រោះសង្ខារជាបច្ច័យ។

[១៣២] បពិត្រព្រះអង្គដ៏ចំរើន សង្ខារទាំងឡាយ តើដូចម្តេច មួយទៀត សង្ខារទាំងនេះឯង ជារបស់អ្នកណា។ ព្រះមានព្រះភាគ ត្រាស់ថា ប្រស្នានេះមិនត្រូវទេ ហើយទ្រង់ត្រាស់តទៅទៀតថា ម្នាលភិក្ខុ បុគ្គលណា ពោលថា សង្ខារទាំងឡាយ ដូចម្តេច មួយទៀត សង្ខារទាំងនេះឯង ជារបស់អ្នកណា ដូច្នេះក្តី ម្នាលភិក្ខុ បុគ្គលណាពោលថា សង្ខារទាំងឡាយ ដទៃ មួយទៀត សង្ខារទាំងនេះឯង ជារបស់បុគ្គលដទៃ ដូច្នេះក្តី ពាក្យទាំង២នេះ មានអត្ថដូចគ្នា ផ្សេងតែព្យញ្ជនៈ។ ម្នាលភិក្ខុ កាលបើមានសេចក្តីឃើញថា ជីវិតនោះ ក៏គឺសរីរៈនោះ ដូច្នេះក្តី ការប្រព្រឹត្តិព្រហ្មចរិយៈ រមែងមិនមាន ម្នាលភិក្ខុ កាលបើមានសេចក្តីឃើញថា ជីវិតដទៃ សរីរៈដទៃ ដូច្នេះក្តី ការប្រព្រឹត្តិព្រហ្មចរិយៈ ក៏រមែងមិនមាន។ ម្នាលភិក្ខុ ព្រះតថាគត មិនប៉ះពាល់នូវអន្តធម៌ ទាំង២នោះឡើយ តែងសំដែងធម៌ ដោយបទកណ្តាលថា សង្ខារទាំងឡាយ កើតមាន ព្រោះអវិជ្ជាជាបច្ច័យ។

[១៣៣] ម្នាលភិក្ខុ សេចក្តីចម្រូងចម្រាស សេចក្តីប្រកាន់ទទឹងទទែង សេចក្តីប្រកាន់ឆ្វេងណានីមួយៗ របស់បុគ្គលនោះ ថា ជរា និងមរណៈ ដូចម្តេច មួយទៀត ជរា និងមរណៈនេះឯង ជារបស់អ្នកណា ដូច្នេះក្តី ថា ជរា និងមរណៈ ដទៃ មួយទៀត ជរា និងមរណៈនេះឯង ជារបស់បុគ្គលដទៃ ដូច្នេះក្តី ថា ជីវិតនោះ ក៏គឺសរីរៈនោះ ដូច្នេះក្តី ថា ជីវិតដទៃ សរីរៈដទៃ ដូច្នេះក្តី ធម្មជាតទាំងអស់នោះ បុគ្គលនោះ បានលះបង់ហើយ បានគាស់រំលើងឫសគល់អស់ហើយ បានធ្វើឲ្យនៅសល់តែទីនៅ ដូចជាទីនៅនៃដើមត្នោត ជាធម្មជាត ដល់នូវការមិនមានបែបភាព មានសភាពមិនកើតឡើងតទៅ ព្រោះការវិនាស និងការរលត់មិនសេសសល់នៃអវិជ្ជា។

[១៣៤] ម្នាលភិក្ខុ សេចក្តីចម្រូងចម្រាស សេចក្តីប្រកាន់ទទឹងទទែង សេចក្តីប្រកាន់ឆ្វេងណានីមួយៗ របស់បុគ្គលនោះ ថា ជាតិ ដូចម្តេច មួយទៀត ជាតិនេះឯង ជារបស់អ្នកណា ដូច្នេះក្តី ថា ជាតិ ដទៃ មួយទៀត ជាតិនេះឯង ជារបស់បុគ្គលដទៃ ដូច្នេះក្តី ថា ជីវិតនោះ ក៏គឺសរីរៈនោះ ដូច្នេះក្តី ថា ជីវិតដទៃ សរីរៈដទៃ ដូច្នេះក្តី ធម្មជាតទាំងអស់នោះ បុគ្គលនោះ បានលះបង់ហើយ បានគាស់រំលើងឫសគល់អស់ហើយ បានធ្វើឲ្យនៅសល់តែទីនៅ ដូចជាទីនៅនៃដើមត្នោត ជាធម្មជាត ដល់នូវការមិនមានបែបភាព មានសភាពមិនកើតឡើងតទៅ ព្រោះការវិនាស និងការរលត់មិនសេសសល់នៃអវិជ្ជា។

[១៣៥] ម្នាលភិក្ខុ សេចក្តីចម្រូងចម្រាស សេចក្តីប្រកាន់ទទឹងទទែង សេចក្តីប្រកាន់ឆ្វេងណានីមួយៗ របស់បុគ្គលនោះ ថា ភព ដូចម្តេច។បេ។ ឧបាទាន ដូចម្តេច… តណ្ហា ដូចម្តេច… វេទនា ដូចម្តេច… ផស្សៈ ដូចម្តេច… សឡាយតនៈ ដូចម្តេច… នាមរូប ដូចម្តេច… វិញ្ញាណ ដូចម្តេច… ព្រោះការវិនាស និងការរលត់មិនសេសសល់នៃអវិជ្ជា។

[១៣៦] ម្នាលភិក្ខុ សេចក្តីចម្រូងចម្រាស សេចក្តីប្រកាន់ទទឹងទទែង សេចក្តីប្រកាន់ឆ្វេងណានីមួយៗ របស់បុគ្គលនោះ ថា សង្ខារទាំងឡាយ ដូចម្តេច មួយទៀត សង្ខារទាំងនេះឯង ជារបស់អ្នកណា ដូច្នេះក្តី ថា សង្ខារទាំងឡាយ ដទៃ មួយទៀត សង្ខារទាំងនេះឯង ជារបស់បុគ្គលដទៃ ដូច្នេះក្តី ថា ជីវិតនោះ ក៏គឺសរីរៈនោះ ដូច្នេះក្តី ថា ជីវិតដទៃ សរីរៈដទៃ ដូច្នេះក្តី ធម្មជាតទាំងអស់នោះ បុគ្គលនោះ បានលះបង់ហើយ បានគាស់រំលើងឫសគល់អស់ហើយ បានធ្វើឲ្យនៅសល់តែទីនៅ ដូចជាទីនៅនៃដើមត្នោត ជាធម្មជាត ដល់នូវការមិនមានបែបភាព មានសភាពមិនកើតឡើងតទៅ ព្រោះការវិនាស និងការរលត់មិនសេសសល់នៃអវិជ្ជា។

ចប់សូត្រ ទី៥។

(ទុតិយអវិជ្ជាបច្ចយ)សូត្រ ទី៦

(៦. ទុតិយអវិជ្ជាបច្ចយសុត្តំ)

[១៣៧] ទ្រង់គង់នៅជិតក្រុងសាវត្ថី… ក្នុងទីនោះឯង។បេ។ ម្នាលភិក្ខុទាំងឡាយ សង្ខារទាំងឡាយកើតមាន ព្រោះអវិជ្ជាជាបច្ច័យ វិញ្ញាណកើតមាន ព្រោះសង្ខារជាបច្ច័យ។បេ។ ការកើតឡើងព្រម នៃកងទុក្ខទាំងអស់នុ៎ះ រមែងមានយ៉ាងនេះ។

[១៣៨] ម្នាលភិក្ខុទាំងឡាយ បុគ្គលណាពោលថា ជរា និងមរណៈ ដូចម្តេច មួយទៀត ជរានិងមរណៈនេះ ជារបស់អ្នកណា ដូច្នេះក្តី ម្នាលភិក្ខុទាំងឡាយ បុគ្គលណាពោលថា ជរា និងមរណៈ ដទៃ មួយទៀត ជរានិងមរណៈនេះ ជារបស់បុគ្គលដទៃ ដូច្នេះក្តី ពាក្យទាំង២នេះ មានអត្ថដូចគ្នា ផ្សេងតែព្យញ្ជនៈ។ ម្នាលភិក្ខុទាំងឡាយ កាលបើមានសេចក្តីឃើញថា ជីវិតនោះ ក៏គឺសរីរៈនោះ ដូច្នេះក្តី ការប្រព្រឹត្តិព្រហ្មចរិយៈ រមែងមិនមាន ម្នាលភិក្ខុទាំងឡាយ កាលបើមានសេចក្តីឃើញថា ជីវិតដទៃ សរីរៈដទៃ ដូច្នេះក្តី ការប្រព្រឹត្តិព្រហ្មចរិយៈ ក៏រមែងមិនមាន។ ម្នាលភិក្ខុទាំងឡាយ ព្រះតថាគត មិនប៉ះពាល់ នូវអន្តធម៌ ទាំង២នោះឡើយ តែងសំដែងធម៌ ដោយបទកណ្តាលថា ជរា និងមរណៈកើតមាន ព្រោះជាតិជាបច្ច័យ។បេ។ ជាតិ ដូចម្តេច… ភព ដូចម្តេច… ឧបាទាន ដូចម្តេច…. តណ្ហា ដូចម្តេច… វេទនា ដូចម្តេច… ផស្សៈ ដូចម្តេច… សឡាយតនៈ ដូចម្តេច… នាមរូប ដូចម្តេច… វិញ្ញាណដូចម្តេច…។

[១៣៩] ម្នាលភិក្ខុទាំងឡាយ បុគ្គលណា ពោលថា សង្ខារទាំងឡាយ ដូចម្តេច មួយទៀត សង្ខារទាំងនេះ ជារបស់អ្នកណា ដូច្នេះក្តី ម្នាលភិក្ខុទាំងឡាយ បុគ្គលណាពោលថា សង្ខារទាំងឡាយ ដទៃ មួយទៀត សង្ខារទាំងនេះ ជារបស់បុគ្គលដទៃ ដូច្នេះក្តី ពាក្យទាំង២នេះ មានអត្ថដូចគ្នា ផ្សេងតែព្យញ្ជនៈ។ ម្នាលភិក្ខុទាំងឡាយ កាលបើមានសេចក្តីឃើញថា ជីវិតនោះ ក៏គឺសរីរៈនោះ ដូច្នេះក្តី ការប្រព្រឹត្តិព្រហ្មចរិយៈ រមែងមិនមាន ម្នាលភិក្ខុទាំងឡាយ កាលបើមានសេចក្តីឃើញថា ជីវិតដទៃ សរីរៈដទៃ ដូច្នេះក្តី ការប្រព្រឹត្តិព្រហ្មចរិយៈ ក៏រមែងមិនមាន។ ម្នាលភិក្ខុទាំងឡាយ ព្រះតថាគត មិនប៉ះពាល់នូវអន្តធម៌ ទាំង២នោះឡើយ តែងសំដែងធម៌ ដោយបទកណ្តាលថា សង្ខារទាំងឡាយ កើតមាន ព្រោះអវិជ្ជាជាបច្ច័យ។បេ។

[១៤០] ម្នាលភិក្ខុទាំងឡាយ សេចក្តីចម្រូងចម្រាស សេចក្តីប្រកាន់ទទឹងទទែង សេចក្តីប្រកាន់ឆ្វេងណានីមួយៗ របស់បុគ្គលនោះ ថា ជរា និងមរណៈ ដូចម្តេច មួយទៀត ជរា និងមរណៈនេះ ជារបស់អ្នកណា ដូច្នេះក្តី ថា ជរា និងមរណៈ ដទៃ មួយទៀត ជរា និងមរណៈនេះ ជារបស់បុគ្គលដទៃ ដូច្នេះក្តី ថា ជីវិតនោះ ក៏គឺសរីរៈនោះ ដូច្នេះក្តី ថា ជីវិតដទៃ សរីរៈដទៃ ដូច្នេះក្តី ធម្មជាតទាំងអស់នោះ បុគ្គលនោះ បានលះបង់ហើយ បានគាស់រំលើងឫសគល់អស់ហើយ បានធ្វើឲ្យនៅសល់តែទីនៅ ដូចជាទីនៅនៃដើមត្នោត ជាធម្មជាត ដល់នូវការមិនមានបែបភាព មានសភាពមិនកើតឡើងតទៅ ព្រោះការវិនាស និងការរលត់មិនសេសសល់នៃអវិជ្ជា។

[១៤១] ម្នាលភិក្ខុទាំងឡាយ សេចក្តីចម្រូងចម្រាស សេចក្តីប្រកាន់ទទឹងទទែង សេចក្តីប្រកាន់ឆ្វេងណានីមួយៗ របស់បុគ្គលនោះ ថា ជាតិ ដូចម្តេច។បេ។ ភព ដូចម្តេច… ឧបាទាន ដូចម្តេច… តណ្ហា ដូចម្តេច… វេទនា ដូចម្តេច… ផស្សៈ ដូចម្តេច… សឡាយតនៈ ដូចម្តេច… នាមរូប ដូចម្តេច… វិញ្ញាណ ដូចម្តេច… ព្រោះការវិនាស និងការរលត់មិនសេសសល់នៃអវិជ្ជា។

[១៤២] ម្នាលភិក្ខុទាំងឡាយ សេចក្តីចម្រូងចម្រាស សេចក្តីប្រកាន់ទទឹងទទែង សេចក្តីប្រកាន់ឆ្វេងណានីមួយៗ របស់បុគ្គលនោះ ថា សង្ខារទាំងឡាយ ដូចម្តេច មួយទៀត សង្ខារទាំងនេះ ជារបស់អ្នកណា ដូច្នេះក្តី ថា សង្ខារទាំងឡាយ ដទៃ មួយទៀត សង្ខារទាំងនេះ ជារបស់បុគ្គលដទៃ ដូច្នេះក្តី ថា ជីវិតនោះ ក៏គឺសរីរៈនោះ ដូច្នេះក្តី ថា ជីវិតដទៃ សរីរៈដទៃ ដូច្នេះក្តី ធម្មជាតទាំងអស់នោះ បុគ្គលនោះ បានលះបង់ហើយ បានគាស់រំលើងឫសគល់អស់ហើយ បានធ្វើឲ្យនៅសល់តែទីនៅ ដូចជាទីនៅនៃដើមត្នោត ជាធម្មជាត ដល់នូវការមិនមានបែបភាព មានសភាពមិនកើតឡើងតទៅ ព្រោះការវិនាស និងការរលត់មិនសេសសល់នៃអវិជ្ជា។

ចប់សូត្រ ទី៦។

(នតុម្ហ)សូត្រ ទី៧

(៧. នតុម្ហសុត្តំ)

[១៤៣] ទ្រង់គង់នៅជិតក្រុងសាវត្ថី… ម្នាលភិក្ខុទាំងឡាយ កាយនេះ មិនមែនជារបស់អ្នកទាំងឡាយ ទាំងមិនមែនជារបស់បុគ្គលទាំងឡាយដទៃទេ។ ម្នាលភិក្ខុទាំងឡាយ បុរាណកម្មនេះ បុគ្គលគប្បីឃើញថា មានបច្ច័យតាក់តែង មានចេតនាជាមូល ជាហេតុនៃវេទនា។

[១៤៤] ម្នាលភិក្ខុទាំងឡាយ បណ្តាបុគ្គលទាំងនោះ អរិយសាវ័ក អ្នកចេះដឹង រមែងធ្វើទុកក្នុងចិត្ត ដោយឧបាយប្រាជ្ញា ឲ្យប្រពៃ នូវបដិច្ចសមុប្បាទថា កាលបើធម្មជាតនេះមាន ធម្មជាតនេះ ក៏មានដែរ ព្រោះតែធម្មជាតនេះកើតឡើង បានជាធម្មជាតនេះ កើតឡើងដែរ កាលបើធម្មជាតនេះមិនមាន ធម្មជាតនេះ ក៏មិនមានដែរ ព្រោះតែធម្មជាតនេះរលត់ទៅ បានជាធម្មជាតនេះរលត់ទៅដែរ គឺថា សង្ខារទាំងឡាយ កើតមាន ព្រោះអវិជ្ជាជាបច្ច័យ វិញ្ញាណកើតមាន ព្រោះសង្ខារជាបច្ច័យ។បេ។ ការកើតឡើងព្រម នៃកងទុក្ខទាំងអស់នុ៎ះ រមែងមានយ៉ាងនេះ។ ការរលត់នៃសង្ខារ ព្រោះការវិនាស និងការរលត់មិនសេសសល់នៃអវិជ្ជា ការរលត់នៃវិញ្ញាណ ព្រោះការរលត់នៃសង្ខារ។បេ។ ការរលត់នៃកងទុក្ខទាំងអស់នុ៎ះ រមែងមានយ៉ាងនេះ។

ចប់សូត្រ ទី៧។

(ចេតនា)សូត្រ ទី៨

(៨. ចេតនាសុត្តំ)

[១៤៥] ទ្រង់គង់នៅជិតក្រុងសាវត្ថី… ម្នាលភិក្ខុទាំងឡាយ បុគ្គលញុំាងចេតនាណា ឲ្យត្រិះរិះគិត29) ក្តី ញុំាងកប្បៈណា ឲ្យសម្រេច30) ក្តី ញុំាងអនុស័យណា ឲ្យដេកនៅរឿយៗក្តី ធម្មជាត មានចេតនាជាដើមនេះ ជាអារម្មណ៍31) ប្រព្រឹត្តទៅ ដើម្បីការតាំងនៅនៃវិញ្ញាណ32)) កាលបើអារម្មណ៍មាន ការតាំងនៅនៃវិញ្ញាណ ក៏មានដែរ កាលបើវិញ្ញាណនោះ តាំងនៅហើយ លូតលាស់ឡើងហើយ ការកើត គឺភពថ្មី រមែងមានតទៅ កាលបើការកើត គឺភពថ្មី មានតទៅទៀត ជាតិ ជរា មរណៈ សេចក្តីសោក សេចក្តីខ្សឹកខ្សួល សេចក្តីលំបាកកាយ សេចក្តីលំបាកចិត្ត និងសេចក្តីចង្អៀតចង្អល់ចិត្តទាំងឡាយ ក៏កើតមានព្រមតទៅ ការកើតឡើងព្រម នៃកងទុក្ខទាំងអស់នុ៎ះ រមែងមានយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ បើបុគ្គលមិនញុំាងចេតនា ឲ្យត្រិះរិះគិតក្តី មិនញុំាងកប្បៈឲ្យសម្រេចក្តី គ្រាន់តែញុំាងអនុស័យ ឲ្យដេកនៅរឿយៗ អនុស័យនេះ ជាអារម្មណ៍ ប្រព្រឹត្តទៅ ដើម្បីការតាំងនៅនៃវិញ្ញាណ កាលបើអារម្មណ៍មានហើយ ការតាំងនៅនៃវិញ្ញាណ ក៏មានដែរ កាលបើវិញ្ញាណនោះ តាំងនៅហើយ លូតលាស់ឡើងហើយ ការកើត គឺភពថ្មី ក៏រមែងមានតទៅ កាលបើការកើត គឺភពថ្មី មានតទៅទៀត ជាតិ ជរា មរណៈ សេចក្តីសោក សេចក្តីខ្សឹកខ្សួល សេចក្តីលំបាកកាយ សេចក្តីលំបាកចិត្ត និងសេចក្តីចង្អៀតចង្អល់ចិត្តទាំងឡាយ ក៏កើតមានព្រមតទៅ ការកើតឡើងព្រម នៃកងទុក្ខទាំងអស់នុ៎ះ រមែងមានយ៉ាងនេះ។

[១៤៦] ម្នាលភិក្ខុទាំងឡាយ កាលណាបើបុគ្គលមិនញុំាងចេតនា ឲ្យត្រិះរិះគិតផង មិនញុំាងកប្បៈឲ្យសម្រេចផង មិនញុំាងអនុស័យ ឲ្យដេកនៅរឿយៗផង អារម្មណ៍នេះ មិនប្រព្រឹត្តទៅ ដើម្បីការតាំងនៅនៃវិញ្ញាណឡើយ កាលបើអារម្មណ៍មិនមាន ការតាំងនៅនៃវិញ្ញាណ ក៏មិនមានដែរ កាលបើវិញ្ញាណនោះ មិនតាំងនៅហើយ មិនលូតលាស់ឡើងហើយ ការកើត គឺភពថ្មី រមែងមិនមានតទៅ កាលបើការកើត គឺភពថ្មី មិនមានតទៅទៀត ជាតិ ជរា មរណៈ សេចក្តីសោក សេចក្តីខ្សឹកខ្សួល សេចក្តីលំបាកកាយ សេចក្តីលំបាកចិត្ត និងសេចក្តីចង្អៀតចង្អល់ចិត្តទាំងឡាយ ក៏រលត់ទៅ សេចក្តីរលត់នៃកងទុក្ខទាំងអស់នុ៎ះ រមែងមានយ៉ាងនេះ។

ចប់សូត្រ ទី៨។

(ទុតិយចេតនា)សូត្រ ទី៩

(៩. ទុតិយចេតនាសុត្តំ)

[១៤៧] ទ្រង់គង់នៅជិតក្រុងសាវត្ថី… ម្នាលភិក្ខុទាំងឡាយ បុគ្គលញុំាងចេតនាណា ឲ្យត្រិះរិះគិតក្តី ញុំាងកប្បៈណា ឲ្យសម្រេចក្តី ញុំាងអនុស័យណា ឲ្យដេកនៅរឿយៗក្តី ធម្មជាត មានចេតនាជាដើមនេះ ជាអារម្មណ៍ ប្រព្រឹត្តទៅ ដើម្បីការតាំងនៅនៃវិញ្ញាណ កាលបើអារម្មណ៍មាន ការតាំងនៅនៃវិញ្ញាណ ក៏មានដែរ កាលបើវិញ្ញាណនោះ តាំងនៅហើយ លូតលាស់ឡើងហើយ អវក្កន្តិ គឺបដិសន្ធិនៃនាមរូប ក៏មាន សឡាយតនៈកើតមាន ព្រោះនាមរូបជាបច្ច័យ ផស្សៈកើតមាន ព្រោះសឡាយតនៈជាបច្ច័យ វេទនាកើតមាន ព្រោះផស្សៈជាបច្ច័យ… តណ្ហា… ឧបាទាន… ភព… ជាតិ… ជរា និងមរណៈ សេចក្តីសោក សេចក្តីខ្សឹកខ្សួល សេចក្តីលំបាកកាយ សេចក្តីលំបាកចិត្ត និងសេចក្តីចង្អៀតចង្អល់ចិត្តទាំងឡាយ ក៏កើតមានព្រម ការកើតឡើងព្រម នៃកងទុក្ខទាំងអស់នុ៎ះ រមែងមានយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ បើបុគ្គលមិនញុំាងចេតនា ឲ្យត្រិះរិះគិតផង មិនញុំាងកប្បៈឲ្យសម្រេចផង គ្រាន់តែញុំាងអនុស័យ ឲ្យដេកនៅរឿយៗ អនុស័យនេះ ជាអារម្មណ៍ ប្រព្រឹត្តទៅ ដើម្បីការតាំងនៅនៃវិញ្ញាណ កាលបើអារម្មណ៍មាន ការតាំងនៅនៃវិញ្ញាណ ក៏មានដែរ កាលបើវិញ្ញាណនោះ តាំងនៅហើយ លូតលាស់ឡើងហើយ អវក្កន្តិ គឺបដិសន្ធិនៃនាមរូប ក៏មាន សឡាយតនៈកើតមាន ព្រោះនាមរូបជាបច្ច័យ។បេ។ ការកើតឡើងព្រម នៃកងទុក្ខទាំងអស់នុ៎ះ រមែងមានយ៉ាងនេះ។

[១៤៨] ម្នាលភិក្ខុទាំងឡាយ កាលណាបើបុគ្គលមិនញុំាងចេតនា ឲ្យត្រិះរិះគិតផង មិនញុំាងកប្បៈឲ្យសម្រេចផង មិនញុំាងអនុស័យ ឲ្យដេកនៅរឿយៗផង ធម្មជាត មានចេតនាជាដើមនោះ ជាអារម្មណ៍ មិនប្រព្រឹត្តទៅ ដើម្បីការតាំងនៅនៃវិញ្ញាណឡើយ កាលបើអារម្មណ៍មិនមាន ការតាំងនៅនៃវិញ្ញាណ ក៏មិនមានដែរ កាលបើវិញ្ញាណនោះ មិនតាំងនៅហើយ មិនលូតលាស់ឡើងហើយ អវក្កន្តិ គឺបដិសន្ធិនៃនាមរូប ក៏មិនមាន ការរលត់នៃសឡាយតនៈ ព្រោះការរលត់នៃនាមរូប។បេ។ ការរលត់នៃកងទុក្ខទាំងអស់នុ៎ះ រមែងមានយ៉ាងនេះ។

ចប់សូត្រ ទី៩។

(តតិយចេតនា)សូត្រ ទី១០

(១០. តតិយចេតនាសុត្តំ)

[១៤៩] ទ្រង់គង់នៅជិតក្រុងសាវត្ថី … ម្នាលភិក្ខុទាំងឡាយ បុគ្គលញុំាងចេតនាណា ឲ្យត្រិះរិះគិតក្តី ញុំាងកប្បៈណា ឲ្យសម្រេចក្តី ញុំាងអនុស័យណា ឲ្យដេកនៅរឿយៗក្តី ធម្មជាត មានចេតនាជាដើមនេះ ជាអារម្មណ៍ ប្រព្រឹត្តទៅ ដើម្បីការតាំងនៅនៃវិញ្ញាណ កាលបើអារម្មណ៍មាន ការតាំងនៅនៃវិញ្ញាណ ក៏មានដែរ កាលបើវិញ្ញាណនោះ តាំងនៅហើយ លូតលាស់ឡើងហើយ នតិ33) គឺតណ្ហា ក៏មាន កាលបើនតិ គឺតណ្ហា មាន អាគតិគតិ34) ក៏មានដែរ កាលបើអាគតិគតិមាន ចុតិ និងបដិសន្ធិ ក៏មានដែរ កាលបើចុតិ និងបដិសន្ធិ មាន ជាតិ ជរា មរណៈ សេចក្តីសោក សេចក្តីខ្សឹកខ្សួល សេចក្តីលំបាកកាយ សេចក្តីលំបាកចិត្ត និងសេចក្តីចង្អៀតចង្អល់ចិត្តទាំងឡាយ ក៏កើតព្រមតទៅ ការកើតឡើងព្រម នៃកងទុក្ខទាំងអស់នុ៎ះ រមែងមានយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ បើបុគ្គល មិនញុំាងចេតនា ឲ្យត្រិះរិះគិតផង មិនញុំាងកប្បៈឲ្យសម្រេចផង គ្រាន់តែញុំាងអនុស័យ ឲ្យដេកនៅរឿយៗ អនុស័យនេះ ជាអារម្មណ៍ ប្រព្រឹត្តទៅ ដើម្បីការតាំងនៅនៃវិញ្ញាណ កាលបើអារម្មណ៍មាន ការតាំងនៅនៃវិញ្ញាណ ក៏មានដែរ កាលបើវិញ្ញាណនោះ តាំងនៅហើយ លូតលាស់ឡើងហើយ នតិ គឺតណ្ហា ក៏មានដែរ កាលបើនតិ គឺតណ្ហា មាន អាគតិគតិ35) ក៏មានដែរ កាលបើអាគតិគតិមាន ចុតិ និងបដិសន្ធិ ក៏មានដែរ កាលបើចុតិ និងបដិសន្ធិ មាន ជាតិ ជរា មរណៈ សេចក្តីសោក សេចក្តីខ្សឹកខ្សួល សេចក្តីលំបាកកាយ សេចក្តីលំបាកចិត្ត និងសេចក្តីចង្អៀតចង្អល់ចិត្តទាំងឡាយ ក៏កើតព្រមតទៅ ការកើតឡើងព្រម នៃកងទុក្ខទាំងអស់នុ៎ះ រមែងមានយ៉ាងនេះ។

[១៥០] ម្នាលភិក្ខុទាំងឡាយ កាលណាបើបុគ្គល មិនញុំាងចេតនា ឲ្យត្រិះរិះគិតផង មិនញុំាងកប្បៈឲ្យសម្រេចផង មិនញុំាងអនុស័យ ឲ្យដេកនៅរឿយៗផង ធម្មជាត មានចេតនា ជាដើមនេះ ជាអារម្មណ៍ មិនប្រព្រឹត្តទៅ ដើម្បីការតាំងនៅ នៃវិញ្ញាណឡើយ កាលបើអារម្មណ៍មិនមាន ការតាំងនៅនៃវិញ្ញាណ ក៏មិនមានដែរ កាលបើវិញ្ញាណនោះ មិនតាំងនៅហើយ មិនលូតលាស់ឡើងហើយ នតិ គឺតណ្ហា ក៏មិនមានដែរ កាលបើនតិ គឺតណ្ហា មិនមាន អាគតិគតិ ក៏មិនមានដែរ កាលបើអាគតិគតិមិនមាន ចុតិ និងបដិសន្ធិ ក៏មិនមានដែរ កាលបើចុតិ និងបដិសន្ធិ មិនមាន ជាតិ ជរា មរណៈ សេចក្តីសោក សេចក្តីខ្សឹកខ្សួល សេចក្តីលំបាកកាយ សេចក្តីលំបាកចិត្ត និងសេចក្តីចង្អៀតចង្អល់ចិត្ត ក៏រលត់ទៅ ការរលត់នៃកងទុក្ខទាំងអស់នុ៎ះ រមែងមានយ៉ាងនេះ។

ចប់សូត្រទី១០។

ចប់ កឡារខត្តិយវគ្គ ទី៤។

ឧទ្ទាននៃកឡារខត្តិយវគ្គនោះគឺ

និយាយអំពីបុគ្គលឃើញថាធម្មជាតនេះជាភូត១ និយាយអំពីកឡារខត្តិយភិក្ខុ១ និយាយអំពីញាណវត្ថុមាន២លើក និយាយអំពីបច្ច័យ គឺអវិជ្ជាមាន២លើក និយាយអំពីកាយនេះ មិនមែនជារបស់អ្នកទាំងឡាយ១ និយាយអំពីចេតនាមាន៣លើក។

គហបតិវគ្គ (ទី៥)

(៥. គហបតិវគ្គោ)

(បញ្ចវេរភយ)សូត្រ ទី១

(១. បញ្ចវេរភយសុត្តំ)

[១៥១] ទ្រង់គង់នៅជិតក្រុងសាវត្ថី… គ្រានោះឯង អនាថបិណ្ឌិកគហបតី បានចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះមានព្រះភាគ រួចអង្គុយក្នុងទីសមគួរ។ លុះអនាថបិណ្ឌិកគហបតី អង្គុយក្នុងទីសមគួរហើយ ទើបព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះថា ម្នាលគហបតី កាលណាបើភ័យ ឬពៀរទាំង៥ប្រការ អរិយសាវ័កបានរម្ងាប់ហើយ អរិយសាវ័កនោះ ឈ្មោះថា ប្រកបដោយអង្គនៃសោតាបត្តិ ៤ប្រការផង បានឃើញច្បាស់ ចាក់ធ្លុះនូវញេយ្យធម៌ ដ៏ប្រសើរដោយប្រាជ្ញាផង អរិយសាវ័កនោះ បើចង់ព្យាករ ក៏គប្បីព្យាករខ្លួន ដោយខ្លួនឯងថា អាត្មាអញ អស់នរកហើយ អស់កំណើតតិរច្ឆានហើយ អស់ប្រេតវិស័យហើយ អស់អបាយទុគ្គតិវិនិបាតហើយ ជាអ្នកបានដល់នូវសោតៈហើយ មានសភាពមិនបានធ្លាក់ចុះ ជាបុគ្គលទៀង មានការត្រាស់ដឹង ប្រព្រឹត្តទៅខាងមុខ ដូច្នេះក៏បាន។

[១៥២] ចុះភ័យ ឬពៀរទាំង៥ គឺអរិយសាវ័ករម្ងាប់ហើយ តើដូចម្តេច។ ម្នាលគហបតី បុគ្គលអ្នកសម្លាប់សត្វ តែងចួបប្រសព្វនូវភ័យ ឬពៀរណា ក្នុងបច្ចុប្បន្នផង ចួបប្រសព្វនូវភ័យ ឬពៀរណា ក្នុងបរលោកផង ទទួលនូវទុក្ខ និងទោមនស្ស ប្រព្រឹត្តទៅក្នុងចិត្តផង ព្រោះតែបាណាតិបាតជាបច្ច័យ ភ័យ ឬពៀរនោះ អរិយសាវ័ក អ្នកវៀរស្រឡះចាកបាណាតិបាត បានរម្ងាប់ហើយ យ៉ាងនេះ។ ម្នាលគហបតី បុគ្គលអ្នកកាន់យកទ្រព្យ ដែលគេមិនបានឲ្យ តែងចួបប្រសព្វនូវភ័យ ឬពៀរណា ក្នុងបច្ចុប្បន្នផង ចួបប្រសព្វ នូវភ័យ ឬពៀរណា ក្នុងបរលោកផង ទទួលនូវទុក្ខ និងទោមនស្ស ប្រព្រឹត្តទៅក្នុងចិត្តផង ព្រោះតែអទិន្នាទានជាបច្ច័យ ភ័យ ឬពៀរនោះ អរិយសាវ័ក អ្នកវៀរស្រឡះចាកអទិន្នាទាន បានរម្ងាប់ហើយ យ៉ាងនេះ។ ម្នាលគហបតី បុគ្គលអ្នកប្រព្រឹត្តកាមេសុមិច្ឆាចារ តែងចួបប្រសព្វនូវភ័យ ឬពៀរណា ក្នុងបច្ចុប្បន្នផង ចួបប្រសព្វ នូវភ័យ ឬពៀរណា ក្នុងបរលោកផង ទទួលនូវទុក្ខ និងទោមនស្ស ប្រព្រឹត្តទៅក្នុងចិត្តផង ព្រោះតែកាមេសុមិច្ឆាចារ ជាបច្ច័យ ភ័យ ឬពៀរនោះ អរិយសាវ័ក អ្នកវៀរស្រឡះចាកកាមេសុមិច្ឆាចារ បានរម្ងាប់ហើយ យ៉ាងនេះ។ ម្នាលគហបតី បុគ្គលអ្នកពោលនូវពាក្យកុហក តែងចួបប្រសព្វនូវភ័យ ឬពៀរណា ក្នុងបច្ចុប្បន្នផង ចួបប្រសព្វ នូវភ័យ ឬពៀរណា ក្នុងបរលោកផង ទទួលនូវទុក្ខ និងទោមនស្ស ប្រព្រឹត្តទៅក្នុងចិត្តផង ព្រោះតែមុសាវាទ ជាបច្ច័យ ភ័យ ឬពៀរនោះ អរិយសាវ័ក អ្នកវៀរស្រឡះចាកមុសាវាទ បានរម្ងាប់ហើយ យ៉ាងនេះ។ ម្នាលគហបតី បុគ្គលអ្នកផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ ដែលជាទីតាំងនៃសេចក្តីប្រមាទ តែងចួបប្រសព្វនូវភ័យ ឬពៀរណា ក្នុងបច្ចុប្បន្នផង ចួបប្រសព្វ នូវភ័យ ឬពៀរណា ក្នុងបរលោកផង ទទួលនូវទុក្ខ និងទោមនស្ស ប្រព្រឹត្តទៅក្នុងចិត្តផង ព្រោះតែហេតុជាទីតាំង នៃសេចក្តីប្រមាទ គឺផឹកទឹកស្រវឹង គឺសុរា និងមេរ័យ ជាបច្ច័យ ភ័យ ឬពៀរនោះ អរិយសាវ័ក អ្នកវៀរស្រឡះចាកហេតុជាទីតាំង នៃសេចក្តីប្រមាទ គឺផឹកទឹកស្រវឹង គឺសុរា និងមេរ័យ បានរម្ងាប់ហើយ យ៉ាងនេះ។ នេះ ភ័យ ឬពៀរទាំង៥ ដែលពួកអរិយសាវ័ក បានរម្ងាប់អស់ហើយ។

[១៥៣] អរិយសាវ័ក ប្រកបដោយអង្គនៃសោតាបត្តិ ៤ប្រការ គឺអ្វីខ្លះ។ ម្នាលគហបតី អរិយសាវ័កក្នុងសាសនានេះ ប្រកបដោយសេចក្តីជ្រះថ្លា មិនកម្រើកក្នុងព្រះពុទ្ធថា ព្រះមានព្រះភាគអង្គនោះ ជាព្រះអរហន្ត ព្រះអង្គត្រាស់ដឹងនូវញេយ្យធម៌ ដោយព្រះអង្គឯង ដោយប្រពៃ ព្រះអង្គ បរិបូណ៌ដោយវិជ្ជា និងចរណៈ ជាព្រះសុគត ព្រះអង្គជ្រាបច្បាស់នូវត្រៃលោក ព្រះអង្គប្រសើរដោយសីលាទិគុណ រកបុគ្គលណាមួយស្មើគ្មាន ព្រះអង្គអ្នកប្រដៅបុរសបុគ្គលដូចនាយសារថី ជាសាស្តាចារ្យ នៃទេវតា និងមនុស្សទាំងឡាយ ព្រះអង្គត្រាស់ដឹងនូវចតុរារិយសច្ច ព្រះអង្គលែងវិលត្រឡប់មកកាន់ភពថ្មីទៀត១ អរិយសាវ័ក ប្រកបដោយសេចក្តីជ្រះថ្លា មិនកម្រើកក្នុងព្រះធម៌ថា ព្រះបរិយត្តិធម៌ ជាធម៌ គឺព្រះមានព្រះភាគ ទ្រង់ត្រាស់សំដែងហើយ ដោយប្រពៃ ព្រះនព្វលោកុត្តរធម៌ ជាធម៌ គឺបុគ្គលគប្បីឃើញច្បាស់ ដោយខ្លួនឯង ជាធម៌ ឲ្យផលមិនរង់ចាំកាល ជាធម៌គួរដល់ឯហិបស្សវិធី ជាធម៌គួរបង្អោនចូលមកទុកក្នុងខ្លួន ជាធម៌ ដែលពួកវិញ្ញូជន គប្បីដឹងច្បាស់ ដោយខ្លួនឯង១ អរិយសាវ័ក ប្រកបដោយសេចក្តីជ្រះថ្លា មិនកម្រើកក្នុងព្រះសង្ឃថា ព្រះសង្ឃជាសាវ័ក នៃព្រះមានព្រះភាគ លោកប្រតិបត្តិ ដោយប្រពៃ ព្រះសង្ឃជាសាវ័ក នៃព្រះមានព្រះភាគ លោកប្រតិបត្តិដោយត្រង់ ព្រះសង្ឃជាសាវ័ក នៃព្រះមានព្រះភាគ លោកប្រតិបត្តិដើម្បីការដឹង ព្រះសង្ឃជាសាវ័ក នៃព្រះមានព្រះភាគ លោកប្រតិបត្តិដ៏សមគួរ ដល់សាមីចិកម្ម បើរាប់ជាគូនៃបុរស មាន៤គូ បើរាប់រៀងជាបុរសបុគ្គល មាន៨ នេះ ជាសង្ឃជាសាវ័ក នៃព្រះមានព្រះភាគ លោកគួរទទួល នូវចតុប្បច្ច័យ គួរទទួលនូវអាគន្តុកទាន ដែលគេនាំមកបូជា គួរទទួលនូវទក្ខិណាទាន គួរដល់អញ្ជលីកម្ម ជាបុញ្ញក្ខេត្តដ៏ប្រសើរ របស់សត្វលោក១ អរិយសាវ័ក ប្រកបដោយអរិយកន្តសីល គឺសីល៥ ដែលជាទីពេញចិត្ត របស់អរិយៈ មិនដាច់ មិនធ្លុះ មិនពព្រុះ មិនពពាល ជាសីលមិនខ្ញុំតណ្ហា ជាសីល ដែលពួកអ្នកប្រាជ្ញ គប្បីសរសើរ ដែលមិនបានប៉ះពាល់ដោយតណ្ហា ដែលប្រព្រឹត្តទៅ ដើម្បីសមាធិ១ អរិយសាវ័ក ប្រកបដោយអង្គនៃសោតាបត្តិ ទាំង៤ប្រការនេះឯង។

[១៥៤] ចុះញាយធម៌ដ៏ប្រសើរ ដែលអរិយសាវ័កនោះ បានឃើញដោយប្រពៃ បានចាក់ធ្លុះដោយប្រពៃ ដោយប្រាជ្ញា តើដូចម្តេច។ ម្នាលគហបតី អរិយសាវ័ក ក្នុងសាសនានេះ ធ្វើទុកក្នុងចិត្ត នូវបដិច្ចសមុប្បាទធម៌ ដោយឧបាយប្រាជ្ញាឲ្យប្រពៃថា កាលបើរបស់នេះមាន របស់នេះក៏មាន របស់នេះកើតឡើង ព្រោះកើតរបស់នេះ កាលបើរបស់នេះមិនមាន របស់នេះក៏មិនមាន របស់នេះរលត់ទៅ ព្រោះរលត់របស់នេះ សង្ខារទាំងឡាយកើតឡើង ព្រោះអវិជ្ជាជាបច្ច័យ វិញ្ញាណកើតឡើង ព្រោះសង្ខារជាបច្ច័យ។បេ។ ការកើតឡើងព្រមនៃកងទុក្ខទាំងអស់នុ៎ះ រមែងមានយ៉ាងនេះ ការរលត់នៃសង្ខារ ព្រោះការវិនាស និងការរលត់មិនសេសសល់នៃអវិជ្ជា ការរលត់នៃវិញ្ញាណ ព្រោះការរលត់នៃសង្ខារ។បេ។ ការរលត់នៃកងទុក្ខទាំងអស់នុ៎ះ រមែងមានយ៉ាងនេះ។ ញាយធម៌ ដ៏ប្រសើរនេះហើយ ដែលអរិយសាវ័កនោះ ឃើញដោយប្រពៃ ចាក់ធ្លុះដោយប្រពៃ ដោយប្រាជ្ញា។

[១៥៥] ម្នាលគហបតី កាលណាបើភ័យ ឬពៀរទាំង៥ប្រការនេះ គឺអរិយសាវ័ក រម្ងាប់ហើយ អរិយសាវ័កនោះ ឈ្មោះថា បានប្រកបដោយអង្គ នៃសោតាបត្តិ ៤ប្រការនេះផង ទាំងញាយធម៌ដ៏ប្រសើរនេះ ក៏អរិយសាវ័ក បានឃើញដោយប្រពៃ ចាក់ធ្លុះដោយប្រពៃ ដោយប្រាជ្ញាផង អរិយសាវ័កនោះ បើចង់ព្យាករ ក៏គប្បីព្យាករខ្លួន ដោយខ្លួនឯងថា អាត្មាអញ អស់នរកហើយ អស់កំណើតតិរច្ឆានហើយ អស់ប្រេតវិស័យហើយ អស់អបាយទុគ្គតិវិនិបាតហើយ ជាអ្នកបានដល់នូវសោតៈ មានសភាពមិនបានធ្លាក់ចុះ ជាបុគ្គលទៀង មានការត្រាស់ដឹង ប្រព្រឹត្តទៅខាងមុខ ដូច្នេះក៏បាន។

ចប់សូត្រ ទី១។

(ទុតិយបញ្ចវេរភយ)សូត្រ ទី២

(២. ទុតិយបញ្ចវេរភយសុត្តំ)

[១៥៦] ទ្រង់គង់នៅទៀបក្រុងសាវត្ថី… ម្នាលភិក្ខុទាំងឡាយ កាលណាបើ ភ័យ ឬពៀរទាំង៥ប្រការ គឺអរិយសាវ័ក បានរម្ងាប់ហើយ អរិយសាវ័កនោះ ក៏បានប្រកបដោយអង្គនៃសោតាបត្តិ ៤ប្រការផង ទាំងញាយធម៌ដ៏ប្រសើរ ក៏អរិយសាវ័កនោះ បានឃើញដោយប្រពៃ ចាក់ធ្លុះដោយប្រពៃ ដោយប្រាជ្ញាផង អរិយសាវ័កនោះ បើចង់ព្យាករ ក៏គប្បីព្យាករខ្លួន ដោយខ្លួនឯងថា អាត្មាអញ អស់នរកហើយ។បេ។ មានសភាពមិនបានធ្លាក់ចុះ ជាបុគ្គលទៀង មានការត្រាស់ដឹង ប្រព្រឹត្តទៅខាងមុខ ដូច្នេះ ក៏បាន។

(ត្រង់ពាក្យថា ភិក្ខវេ បណ្ឌិតត្រូវធ្វើឲ្យពិស្តារ គ្រប់អន្លើផងចុះ)។

[១៥៧] ភ័យ ឬពៀរទាំង៥ប្រការ គឺអរិយសាវ័ករម្ងាប់ហើយ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នកសម្លាប់សត្វ។បេ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នកកាន់យកទ្រព្យ ដែលគេមិនបានឲ្យ។បេ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នកប្រព្រឹត្តខុស ក្នុងកាមទាំងឡាយ។បេ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នកពោលពាក្យកុហក។បេ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នកផឹកទឹកស្រវឹង គឺសុរា និងមេរ័យ ជាហេតុនៃសេចក្តីប្រមាទ។បេ។ នេះ ភ័យ ឬពៀរទាំង៥ប្រការ ដែលអរិយសាវ័កបានរម្ងាប់ហើយ។

[១៥៨] ចុះអរិយសាវ័ក ដែលប្រកបដោយអង្គនៃសោតាបត្តិ៤ប្រការ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ អរិយសាវ័កក្នុងសាសនានេះ (ប្រកបដោយសេចក្តីជ្រះថ្លា មិនកម្រើក) ក្នុងព្រះពុទ្ធ។បេ។ ក្នុងព្រះធម៌។បេ។ ក្នុងព្រះសង្ឃ។បេ។ ប្រកបដោយអរិយកន្តសីល។បេ។ អរិយសាវ័ក ប្រកបដោយអង្គនៃសោតាបត្តិ៤ប្រការនេះឯង។

[១៥៩] ចុះញាយធម៌ដ៏ប្រសើរ គឺអរិយសាវ័កនោះ ឃើញដោយប្រពៃ ចាក់ធ្លុះដោយប្រពៃ ដោយប្រាជ្ញា តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ អរិយសាវ័ក ក្នុងសាសនានេះ ធ្វើទុកក្នុងចិត្ត នូវបដិច្ចសមុប្បាទធម៌ ដោយឧបាយប្រាជ្ញា ឲ្យប្រពៃ។បេ។ នេះ ជាញាយធម៌ដ៏ប្រសើរ គឺអរិយសាវ័ក ឃើញដោយប្រពៃ ចាក់ធ្លុះដោយប្រពៃ ដោយប្រាជ្ញា។

[១៦០] ម្នាលភិក្ខុទាំងឡាយ កាលណាបើភ័យ ឬពៀរ ៥ប្រការនេះ គឺអរិយសាវ័ក បានរម្ងាប់ហើយ អរិយសាវ័កនោះ ក៏បានប្រកបដោយអង្គ នៃសោតាបត្តិ៤ប្រការនេះឯង ទាំងញាយធម៌ដ៏ប្រសើរនេះ ក៏អរិយសាវ័កឃើញដោយប្រពៃ ចាក់ធ្លុះដោយប្រពៃ ដោយប្រាជ្ញាផង។ អរិយសាវ័កនោះ បើចង់ព្យាករ ក៏គប្បីព្យាករខ្លួន ដោយខ្លួនឯងថា អាត្មាអញ អស់នរកហើយ អស់កំណើតតិរច្ឆានហើយ អស់ប្រេតវិស័យហើយ អស់អបាយទុគ្គតិវិនិបាតហើយ ជាអ្នកដល់នូវសោតៈហើយ មានសភាពមិនធ្លាក់ចុះ ជាបុគ្គលទៀង មានការត្រាស់ដឹង ប្រព្រឹត្តទៅខាងមុខ ដូច្នេះក៏បាន។

ចប់សូត្រ ទី២។

(ទុក្ខ)សូត្រ ទី៣

(៣. ទុក្ខសុត្តំ)

[១៦១] ទ្រង់គង់នៅទៀបក្រុងសាវត្ថី… ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែង នូវហេតុដែលនាំឲ្យកើតទុក្ខផង នូវសេចក្តីរលត់នៃទុក្ខផង អ្នកទាំងឡាយ ចូរស្តាប់ធម៌នោះ ចូរធ្វើទុកក្នុងចិត្ត ឲ្យប្រពៃចុះ តថាគតនឹងសំដែង។ ភិក្ខុទាំងនោះ ក៏ទទួលស្តាប់ព្រះពុទ្ធដីកា នៃព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។

[១៦២] ព្រះមានព្រះភាគទ្រង់ត្រាស់យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ ចុះហេតុដែលនាំឲ្យកើតទុក្ខ តើដូចម្តេច ចក្ខុវិញ្ញាណកើតឡើង ព្រោះអាស្រ័យចក្ខុ និងរូប ការចួបជុំរបស់ទាំង៣ គឺចក្ខុ១ រូប១ ចក្ខុវិញ្ញាណ១ ហៅថា ផស្សៈ វេទនាកើតឡើង ព្រោះផស្សៈជាបច្ច័យ តណ្ហាកើតឡើង ព្រោះវេទនាជាបច្ច័យ ម្នាលភិក្ខុទាំងឡាយ នេះឯង ហៅថា ហេតុនាំឲ្យកើតទុក្ខ។ ព្រោះអាស្រ័យត្រចៀក និងសំឡេង… ព្រោះអាស្រ័យច្រមុះ និងក្លិន… ព្រោះអាស្រ័យអណ្តាត និងរស … ព្រោះអាស្រ័យកាយ និងផោដ្ឋព្វៈ… មនោវិញ្ញាណកើតឡើងបាន ក៏ព្រោះអាស្រ័យចិត្ត និងធម្មារម្មណ៍ ការចួបជុំរបស់ទាំង៣ គឺចិត្ត១ ធម្មារម្មណ៍១ មនោវិញ្ញាណ១ ហៅថា ផស្សៈ វេទនាកើតឡើង ព្រោះផស្សៈជាបច្ច័យ តណ្ហាកើតឡើង ព្រោះវេទនាជាបច្ច័យ ម្នាលភិក្ខុទាំងឡាយ នេះឯង ហៅថា ហេតុនាំឲ្យកើតទុក្ខ។

[១៦៣] ម្នាលភិក្ខុទាំងឡាយ ចុះសេចក្តីរលត់នៃទុក្ខ តើដូចម្តេច។ ចក្ខុវិញ្ញាណកើតឡើង ព្រោះអាស្រ័យចក្ខុ និងរូប ការចួបជុំរបស់ទាំង៣ ហៅថា ផស្សៈ វេទនាកើតឡើង ព្រោះផស្សៈជាបច្ច័យ តណ្ហាកើតឡើង ព្រោះវេទនាជាបច្ច័យ ការរលត់នៃឧបាទាន ព្រោះការវិនាស និងការរលត់មិនសេសសល់ នៃតណ្ហានោះឯង ការរលត់នៃភព ព្រោះការរលត់នៃឧបាទាន ការរលត់នៃជាតិ ព្រោះការរលត់នៃភព ជរា មរណៈ សេចក្តីសោក សេចក្តីខ្សឹកខ្សួល ទុក្ខ ទោមនស្ស និងសេចក្តីចង្អៀតចង្អល់ ក៏រមែងរលត់ ព្រោះការរលត់នៃជាតិ ការរលត់នៃកងទុក្ខទាំងអស់នុ៎ះ រមែងមានយ៉ាងនេះ ម្នាលភិក្ខុទាំងឡាយ នេះឯង ហៅថា សេចក្តីរលត់នៃទុក្ខ។ ព្រោះអាស្រ័យត្រចៀក និងសំឡេង… ព្រោះអាស្រ័យច្រមុះ និងក្លិន… ព្រោះអាស្រ័យអណ្តាត និងរស… ព្រោះអាស្រ័យកាយ និងផោដ្ឋព្វៈ… មនោវិញ្ញាណកើតឡើង ព្រោះអាស្រ័យចិត្ត និងធម្មារម្មណ៍ ការចួបជុំរបស់ទាំង៣ ហៅថា ផស្សៈ វេទនាកើតឡើង ព្រោះផស្សៈជាបច្ច័យ តណ្ហាកើតឡើង ព្រោះវេទនាជាបច្ច័យ ការរលត់នៃឧបាទាន ព្រោះការវិនាស និងការរលត់មិនសេសសល់ នៃតណ្ហានោះឯង ការរលត់នៃភព ព្រោះការរលត់នៃឧបាទាន ការរលត់នៃជាតិ ព្រោះការរលត់នៃភព ជរា មរណៈ សេចក្តីសោក សេចក្តីខ្សឹកខ្សួល ទុក្ខ ទោមនស្ស និងសេចក្តីចង្អៀតចង្អល់ ក៏រមែងរលត់ ព្រោះការរលត់នៃជាតិ ការរលត់នៃកងទុក្ខទាំងអស់នុ៎ះ រមែងមានយ៉ាងនេះ ម្នាលភិក្ខុទាំងឡាយ នេះឯង ហៅថា សេចក្តីរលត់នៃទុក្ខ។

ចប់សូត្រ ទី៣។

(លោក)សូត្រ ទី៤

(៤. លោកសុត្តំ)

[១៦៤] ទ្រង់គង់នៅទៀបក្រុងសាវត្ថី… ម្នាលភិក្ខុទាំងឡាយ តថាគត នឹងសំដែងហេតុ ដែលនាំឲ្យកើតសង្ខារលោក និងសេចក្តីរលត់នៃសង្ខារលោក អ្នកទាំងឡាយ ចូរស្តាប់ធម៌នោះចុះ… ម្នាលភិក្ខុទាំងឡាយ ចុះហេតុដែលនាំឲ្យកើតសង្ខារលោក តើដូចម្តេច ចក្ខុវិញ្ញាណកើតឡើង ព្រោះអាស្រ័យចក្ខុ និងរូប ការចួបជុំរបស់ទាំង៣ ហៅថា ផស្សៈ វេទនាកើតឡើង ព្រោះផស្សៈជាបច្ច័យ តណ្ហាកើតឡើង ព្រោះវេទនាជាបច្ច័យ ឧបាទានកើតឡើង ព្រោះតណ្ហាជាបច្ច័យ ភពកើតឡើង ព្រោះឧបាទាន ជាបច្ច័យ ជាតិកើតឡើង ព្រោះភពជាបច្ច័យ ជរាមរណៈ សេចក្តីសោក សេចក្តីខ្សឹកខ្សួល ទុក្ខ ទោមនស្ស និងសេចក្តីចង្អៀតចង្អល់ចិត្ត ក៏កើតឡើងព្រម ព្រោះជាតិជាបច្ច័យ ម្នាលភិក្ខុទាំងឡាយ នេះឯង ហៅថា ហេតុនាំឲ្យកើតសង្ខារលោក។ ព្រោះអាស្រ័យត្រចៀក និងសំឡេង… ព្រោះអាស្រ័យច្រមុះ និងក្លិន… ព្រោះអាស្រ័យអណ្តាត និងរស … ព្រោះអាស្រ័យកាយ និងផោដ្ឋព្វៈ… មនោវិញ្ញាណកើតឡើង ព្រោះអាស្រ័យចិត្ត និងធម្មារម្មណ៍ ការចួបជុំរបស់ទាំង៣ ហៅថា ផស្សៈ វេទនាកើតឡើង ព្រោះផស្សៈជាបច្ច័យ។បេ។ ជរាមរណៈ សេចក្តីសោក សេចក្តីខ្សឹកខ្សួល ទុក្ខ ទោមនស្ស និងសេចក្តីចង្អៀតចង្អល់ចិត្ត ក៏កើតឡើងព្រម ព្រោះជាតិជាបច្ច័យ ម្នាលភិក្ខុទាំងឡាយ នេះឯង ហៅថា ហេតុនាំឲ្យកើតសង្ខារលោក។

[១៦៥] ម្នាលភិក្ខុទាំងឡាយ ចុះសេចក្តីរលត់នៃសង្ខារលោក តើដូចម្តេច។ ចក្ខុវិញ្ញាណកើតឡើង ព្រោះអាស្រ័យចក្ខុ និងរូប ការចួបជុំរបស់ទាំង៣ ហៅថា ផស្សៈ វេទនាកើតឡើង ព្រោះផស្សៈជាបច្ច័យ តណ្ហាកើតឡើង ព្រោះវេទនាជាបច្ច័យ ការរលត់នៃឧបាទាន ព្រោះការវិនាស និងការរលត់មិនសេសសល់ នៃតណ្ហានោះឯង ការរលត់នៃភព ព្រោះការរលត់នៃឧបាទាន។បេ។ ការរលត់នៃកងទុក្ខទាំងអស់នុ៎ះ រមែងមានយ៉ាងនេះ ម្នាលភិក្ខុទាំងឡាយ នេះឯង ហៅថា សេចក្តីរលត់នៃសង្ខារលោក។ ព្រោះអាស្រ័យត្រចៀក និងសំឡេង… ព្រោះអាស្រ័យច្រមុះ និងក្លិន… ព្រោះអាស្រ័យអណ្តាត និងរស… ព្រោះអាស្រ័យកាយ និងផោដ្ឋព្វៈ… មនោវិញ្ញាណកើតឡើង ព្រោះអាស្រ័យចិត្ត និងធម្មារម្មណ៍ ការចួបជុំរបស់ទាំង៣ ហៅថា ផស្សៈ វេទនាកើតឡើង ព្រោះផស្សៈជាបច្ច័យ តណ្ហាកើតឡើង ព្រោះវេទនាជាបច្ច័យ ការរលត់នៃឧបាទាន ព្រោះការវិនាស និងការរលត់មិនសេសសល់ នៃតណ្ហានោះឯង ការរលត់នៃភព ព្រោះការរលត់នៃឧបាទាន។បេ។ ការរលត់នៃកងទុក្ខទាំងអស់នុ៎ះ រមែងមានយ៉ាងនេះ ម្នាលភិក្ខុទាំងឡាយ នេះឯង ហៅថា ការរលត់នៃសង្ខារលោក។

ចប់សូត្រ ទី៤។

(ញាតិក)សូត្រ ទី៥

(៥. ញាតិកសុត្តំ)

[១៦៦] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងប្រាសាទ ឈ្មោះ គិញ្ជកាវសថៈ គឺមហាប្រាសាទ ដែលកដោយឥដ្ឋ ជារបស់ពួកព្រះញាតិ។ គ្រានោះឯង ព្រះមានព្រះភាគ គង់នៅក្នុងទីស្ងាត់ សម្ងំនៅមួយព្រះអង្គឯង ទ្រង់សំដែងធម្មបរិយាយនេះថា ចក្ខុវិញ្ញាណកើតឡើង ព្រោះអាស្រ័យចក្ខុ និងរូប ការចួបជុំរបស់ទាំង៣ នេះហៅថា ផស្សៈ វេទនាកើតឡើង ព្រោះផស្សៈជាបច្ច័យ តណ្ហាកើតឡើង ព្រោះវេទនាជាបច្ច័យ ឧបាទានកើតឡើង ព្រោះតណ្ហាជាបច្ច័យ។បេ។ ហេតុដែលនាំឲ្យកើតឡើងនៃកងទុក្ខទាំងអស់នុ៎ះ តែងមានយ៉ាងនេះ។ ព្រោះអាស្រ័យត្រចៀក និងសំឡេង… ព្រោះអាស្រ័យច្រមុះ និងក្លិន… ព្រោះអាស្រ័យអណ្តាត និងរស… ព្រោះអាស្រ័យកាយ និងផោដ្ឋព្វៈ… មនោវិញ្ញាណកើតឡើង ព្រោះអាស្រ័យចិត្ត និងធម្មារម្មណ៍ ការចួបជុំរបស់ទាំង៣ ហៅថា ផស្សៈ វេទនាកើតឡើង ព្រោះផស្សៈជាបច្ច័យ តណ្ហាកើតឡើង ព្រោះវេទនាជាបច្ច័យ ឧបាទានកើតឡើង ព្រោះតណ្ហាជាបច្ច័យ។បេ។ ការកើតឡើងព្រម នៃកងទុក្ខទាំងអស់នុ៎ះ តែងមានយ៉ាងនេះ។

[១៦៧] ចក្ខុវិញ្ញាណកើតឡើង ព្រោះអាស្រ័យចក្ខុ និងរូប ការចួបជុំរបស់ទាំង៣ ហៅថា ផស្សៈ វេទនាកើតឡើង ព្រោះផស្សៈជាបច្ច័យ តណ្ហាកើតឡើង ព្រោះវេទនាជាបច្ច័យ ការរលត់នៃឧបាទាន ព្រោះការវិនាស និងការរលត់មិនសេសសល់ នៃតណ្ហានោះឯង ការរលត់នៃភព ព្រោះការរលត់នៃឧបាទាន។បេ។ ការរលត់នៃកងទុក្ខទាំងអស់នុ៎ះ តែងមានយ៉ាងនេះ។ ព្រោះអាស្រ័យត្រចៀក និងសំឡេង។បេ។ មនោវិញ្ញាណកើតឡើង ព្រោះអាស្រ័យចិត្ត និងធម្មារម្មណ៍ ការចួបជុំរបស់ទាំង៣ ហៅថា ផស្សៈ វេទនាកើតឡើង ព្រោះផស្សៈជាបច្ច័យ តណ្ហាកើតឡើង ព្រោះវេទនាជាបច្ច័យ ការរលត់នៃឧបាទាន ព្រោះការវិនាស និងការរលត់មិនសេសសល់ នៃតណ្ហានោះឯង ការរលត់នៃភព ព្រោះការរលត់នៃឧបាទាន។បេ។ ការរលត់នៃកងទុក្ខទាំងអស់នុ៎ះ តែងមានយ៉ាងនេះ។

[១៦៨] សម័យនោះឯង ភិក្ខុមួយរូបឈរអែបចាំស្តាប់ព្រះបន្ទូលព្រះមានព្រះភាគ។ ព្រះមានព្រះភាគ បានទតឃើញភិក្ខុនោះ ដែលកំពុងឈរអែបចាំស្តាប់ លុះទតឃើញហើយ ទើបទ្រង់ត្រាស់នឹងភិក្ខុនោះ យ៉ាងនេះថា ម្នាលភិក្ខុ អ្នកឮធម្មបរិយាយនេះ ឬមិនឮទេ។ ភិក្ខុនោះក្រាបបង្គំទូលថា ឮ ព្រះអង្គ។ ម្នាលភិក្ខុ អ្នកចូររៀនធម្មបរិយាយនេះចុះ ម្នាលភិក្ខុ អ្នកចូរទន្ទេញធម្មបរិយាយនេះចុះ ម្នាលភិក្ខុ អ្នកចូរទ្រទ្រង់ធម្មបរិយាយនេះចុះ ម្នាលភិក្ខុ ឯធម្មបរិយាយនេះ ប្រកបដោយប្រយោជន៍ ជាអាទិព្រហ្មចរិយៈ។

ចប់សូត្រ ទី៥។

(អញ្ញតរព្រាហ្មណ)សូត្រ ទី៦

(៦. អញ្ញតរព្រាហ្មណសុត្តំ)

[១៦៩] ទ្រង់គង់នៅទៀបក្រុងសាវត្ថី…. គ្រានោះឯង មានព្រាហ្មណ៍ម្នាក់ បានចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏និយាយសំណេះសំណាល ជាមួយនឹងព្រះមានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររឭកហើយ ទើបអង្គុយក្នុងទីសមគួរ។

[១៧០] លុះព្រាហ្មណ៍នោះ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលសួរព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះគោតមដ៏ចម្រើន បុគ្គលនោះ ធ្វើកម្ម បុគ្គលនោះទទួលផលកម្មឬ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលព្រាហ្មណ៍ ពាក្យថា បុគ្គលនោះ ធ្វើកម្ម បុគ្គលនោះទទួលផលកម្ម នេះ ជាផ្លូវលាមកទីមួយ។ បពិត្រព្រះគោតមដ៏ចម្រើន ចុះបុគ្គលដទៃ ធ្វើកម្ម បុគ្គលដទៃ ទទួលផលកម្មឬ។ ម្នាលព្រាហ្មណ៍ ពាក្យថា បុគ្គលដទៃ ធ្វើកម្ម បុគ្គលដទៃទទួលផលកម្ម នេះ ជាផ្លូវលាមកទីពីរ ម្នាលព្រាហ្មណ៍ តថាគត មិនបានប៉ះពាល់ផ្លូវលាមកទាំងពីរខាងនេះទេ សំដែងធម៌តាមផ្លូវកណ្តាល សង្ខារទាំងឡាយ កើតឡើង ព្រោះអវិជ្ជាជាបច្ច័យ វិញ្ញាណកើតឡើង ព្រោះសង្ខារជាបច្ច័យ។បេ។ ការកើតឡើងព្រម នៃកងទុក្ខទាំងអស់នុ៎ះ តែងមានយ៉ាងនេះ។ ការរលត់នៃសង្ខារ ព្រោះការវិនាស និងការរលត់មិនសេសសល់ នៃអវិជ្ជា ការរលត់នៃវិញ្ញាណ ព្រោះការរលត់នៃសង្ខារ។បេ។ ការរលត់នៃកងទុក្ខទាំងអស់នុ៎ះ តែងមានយ៉ាងនេះ។

[១៧១] កាលបើព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ព្រាហ្មណ៍នោះ បានក្រាបបង្គំទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះគោតមដ៏ចម្រើន ពីរោះណាស់ បពិត្រព្រះគោតមដ៏ចម្រើន ពីរោះណាស់។បេ។ សូមព្រះគោតមដ៏ចម្រើន ចាំទុកនូវខ្ញុំព្រះអង្គ ថាជាឧបាសក អ្នកដល់នូវសរណៈ ស្មើដោយជីវិត ចាប់ដើមតាំងអំពីថ្ងៃនេះតទៅ។

ចប់សូត្រ ទី៦។

(ជាណុស្សោណិ)សូត្រ ទី៧

(៧. ជាណុស្សោណិសុត្តំ)

[១៧២] ទ្រង់គង់នៅទៀបក្រុងសាវត្ថី… គ្រានោះឯង ព្រាហ្មណ៍ឈ្មោះ ជាណុស្សោណិ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ។បេ។ ជាមួយនឹងព្រះមានព្រះភាគ។

[១៧៣] លុះ ជាណុស្សោណិព្រាហ្មណ៍ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលសួរព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះគោតមដ៏ចម្រើន របស់ទាំងអស់ មានឬហ្ន៎។ ព្រះអង្គតបថា ម្នាលព្រាហ្មណ៍ ពាក្យថា របស់ទាំងអស់មាន នេះ ជាផ្លូវលាមកទីមួយ។ បពិត្រព្រះគោតមដ៏ចម្រើន ចុះរបស់ទាំងអស់ មិនមានទេឬ។ ម្នាលព្រាហ្មណ៍ ពាក្យថា របស់ទាំងអស់ មិនមាន នេះ ជាផ្លូវលាមកទីពីរ ម្នាលព្រាហ្មណ៍ តថាគត មិនបានប៉ះពាល់ធម៌លាមក២ប្រការនុ៎ះទេ សំដែងធម៌តាមផ្លូវកណ្តាលថា សង្ខារទាំងឡាយ កើតឡើង ព្រោះអវិជ្ជាជាបច្ច័យ វិញ្ញាណកើតឡើង ព្រោះសង្ខារជាបច្ច័យ។បេ។ ការកើតឡើងព្រម នៃកងទុក្ខទាំងអស់នុ៎ះ តែងមានយ៉ាងនេះ។ ការរលត់នៃសង្ខារ ព្រោះការវិនាស និងការរលត់មិនសេសសល់ នៃអវិជ្ជា ការរលត់នៃវិញ្ញាណ ព្រោះការរលត់នៃសង្ខារ។បេ។ ការរលត់នៃកងទុក្ខទាំងអស់នុ៎ះ តែងមានយ៉ាងនេះ។

[១៧៤] កាលបើព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ជាណុស្សោណិព្រាហ្មណ៍ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះគោតមដ៏ចម្រើន ពីរោះណាស់។បេ។ អ្នកដល់នូវសរណៈ ស្មើដោយជីវិត។

ចប់សូត្រ ទី៧។

(លោកាយតិក)សូត្រ ទី៨

(៨. លោកាយតិកសុត្តំ)

[១៧៥] ទ្រង់គង់នៅទៀបក្រុងសាវត្ថី… គ្រានោះឯង ព្រាហ្មណ៍ឈ្មោះ លោកាយតិកៈ បានចូលទៅគាល់ព្រះមានព្រះភាគ។បេ។

[១៧៦] លុះ លោកាយតិកព្រាហ្មណ៍ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលសួរព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះគោតមដ៏ចម្រើន របស់ទាំងអស់ មានឬហ្ន៎។ ព្រះអង្គតបថា ម្នាលព្រាហ្មណ៍ ពាក្យថា របស់ទាំងអស់ មាន នេះ ជាលោកាយតៈជាច្បង។ បពិត្រព្រះគោតមដ៏ចម្រើន របស់ទាំងអស់ មិនមានទេឬ។ ម្នាលព្រាហ្មណ៍ ពាក្យថា របស់ទាំងអស់ មិនមាន នេះ ជាលោកាយតៈទីពីរ។ បពិត្រព្រះគោតមដ៏ចម្រើន របស់ទាំងអស់ មានសភាពតែមួយឬ។ ម្នាលព្រាហ្មណ៍ ពាក្យថា របស់ទាំងអស់ មានសភាពតែមួយ នេះជាលោកាយតៈទីបី។ បពិត្រព្រះគោតមដ៏ចម្រើន របស់ទាំងអស់ មានសភាពផ្សេងគ្នាឬ។ ម្នាលព្រាហ្មណ៍ ពាក្យថា របស់ទាំងអស់ មានសភាពផ្សេងគ្នា នេះជាលោកាយតៈទីបួន ម្នាលព្រាហ្មណ៍ តថាគត មិនបានប៉ះពាល់ផ្លូវលាមកទាំង២នេះទេ សំដែងធម៌តាមផ្លូវកណ្តាលថា សង្ខារទាំងឡាយ កើតឡើង ព្រោះអវិជ្ជាជាបច្ច័យ វិញ្ញាណកើតឡើង ព្រោះសង្ខារជាបច្ច័យ។បេ។ ការកើតឡើងព្រម នៃកងទុក្ខទាំងអស់នុ៎ះ តែងមានយ៉ាងនេះ។ ការរលត់នៃសង្ខារ ព្រោះការវិនាស និងការរលត់មិនសេសសល់ នៃអវិជ្ជា ការរលត់នៃវិញ្ញាណ ព្រោះការរលត់នៃសង្ខារ។បេ។ ការរលត់នៃកងទុក្ខទាំងអស់នុ៎ះ តែងមានយ៉ាងនេះ។

[១៧៧] កាលបើព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ លោកាយតិកព្រាហ្មណ៍ បានក្រាបបង្គំទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះគោតមដ៏ចម្រើន ពីរោះណាស់ បពិត្រព្រះគោតមដ៏ចម្រើន ពីរោះណាស់។បេ។ អ្នកដល់នូវសរណៈ ស្មើដោយជីវិត ចាប់ដើមអំពីថ្ងៃនេះតទៅ។

ចប់សូត្រ ទី៨។

(អរិយសាវក)សូត្រ ទី៩

(៩. អរិយសាវកសុត្តំ)

[១៧៨] ទ្រង់គង់នៅទៀបក្រុងសាវត្ថី… ក្នុងទីនោះឯង… ម្នាលភិក្ខុទាំងឡាយ អរិយសាវ័កអ្នកចេះដឹង មិនមានសេចក្តីត្រិះរិះ យ៉ាងនេះថា កាលបើរបស់អ្វី មាន ទើបរបស់អ្វីមានហ្ន៎ របស់អ្វីកើតឡើង ព្រោះការកើតឡើង នៃរបស់អ្វីហ្ន៎ កាលបើរបស់អ្វីមាន ទើបសង្ខារទាំងឡាយមាន កាលបើរបស់អ្វីមាន ទើបវិញ្ញាណមាន កាលបើរបស់អ្វីមាន ទើបនាមរូបមាន កាលបើរបស់អ្វីមាន ទើបសឡាយតនៈមាន កាលបើរបស់អ្វីមាន ទើបផស្សៈមាន កាលបើរបស់អ្វីមាន ទើបវេទនាមាន កាលបើរបស់អ្វីមាន ទើបតណ្ហាមាន កាលបើរបស់អ្វីមាន ទើបឧបាទានមាន កាលបើរបស់អ្វីមាន ទើបភពមាន កាលបើរបស់អ្វីមាន ទើបជាតិមាន កាលបើរបស់អ្វីមាន ទើបជរាមរណៈមាន ដូច្នេះឡើយ។

[១៧៩] ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង អរិយសាវ័កជាអ្នកចេះដឹង មានញាណក្នុងធម៌នោះ ព្រោះបច្ច័យដែលកើតតៗគ្នាថា កាលបើរបស់នេះ មាន របស់នេះក៏មាន របស់នេះកើតឡើង ព្រោះការកើត នៃរបស់នេះ កាលបើអវិជ្ជាមាន សង្ខារទាំងឡាយក៏មាន កាលបើសង្ខារទាំងឡាយមាន វិញ្ញាណក៏មាន កាលបើវិញ្ញាណមាន នាមរូបក៏មាន កាលបើនាមរូបមាន សឡាយតនៈក៏មាន កាលបើសឡាយតនៈមាន ផស្សៈក៏មាន កាលបើផស្សៈមាន វេទនាក៏មាន កាលបើវេទនាមាន តណ្ហាក៏មាន កាលបើតណ្ហាមាន ឧបាទានក៏មាន កាលបើឧបាទានមាន ភពក៏មាន។បេ។ កាលបើជាតិមាន ជរាមរណៈក៏មាន។ អរិយសាវ័កនោះ តែងដឹងច្បាស់យ៉ាងនេះថា លោកនេះ កើតឡើងព្រមយ៉ាងនេះ។

[១៨០] ម្នាលភិក្ខុទាំងឡាយ អរិយសាវ័កអ្នកចេះដឹង មិនមានសេចក្តីត្រិះរិះ យ៉ាងនេះថា កាលបើរបស់អ្វី មិនមាន របស់អ្វីក៏មិនមាន របស់អ្វីរលត់ ព្រោះការរលត់ នៃរបស់អ្វី កាលបើរបស់អ្វីមិនមាន សង្ខារទាំងឡាយក៏មិនមាន កាលបើរបស់អ្វីមិនមាន វិញ្ញាណក៏មិនមាន កាលបើរបស់អ្វីមិនមាន នាមរូបក៏មិនមាន កាលបើរបស់អ្វីមិនមាន សឡាយតនៈក៏មិនមាន កាលបើរបស់អ្វីមិនមាន ផស្សៈក៏មិនមាន កាលបើរបស់អ្វីមិនមាន វេទនាក៏មិនមាន កាលបើរបស់អ្វីមិនមាន តណ្ហាក៏មិនមាន កាលបើរបស់អ្វីមិនមាន ឧបាទានក៏មិនមាន កាលបើរបស់អ្វីមិនមាន ភពក៏មិនមាន កាលបើរបស់អ្វីមិនមាន ជាតិក៏មិនមាន កាលបើរបស់អ្វីមិនមាន ជរាមរណៈក៏មិនមាន ដូច្នេះឡើយ។

[១៨១] ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង អរិយសាវ័កជាអ្នកចេះដឹង មានញាណក្នុងធម៌នោះ ព្រោះបច្ច័យដែលកើតតៗគ្នាថា កាលបើរបស់នេះ មិនមាន របស់នេះក៏មិនមាន របស់នេះរលត់ ព្រោះការរលត់ នៃរបស់នេះ កាលបើវិញ្ញាណមិនមាន នាមរូបក៏មិនមាន កាលបើនាមរូបមិនមាន សឡាយតនៈក៏មិនមាន។បេ។ ឧបាទានក៏មិនមាន… ភពក៏មិនមាន.. ជាតិក៏មិនមាន កាលបើជាតិមិនមាន ជរាមរណៈក៏មិនមាន។ អរិយសាវ័កនោះ រមែងដឹងច្បាស់ យ៉ាងនេះថា លោកនេះ តែងរលត់យ៉ាងនេះ។

[១៨២] ម្នាលភិក្ខុទាំងឡាយ អរិយសាវ័ក ដឹងច្បាស់តាមពិត នូវហេតុដែលនាំឲ្យកើតឡើង និងសេចក្តីរលត់នៃលោកយ៉ាងនេះ ម្នាលភិក្ខុទាំងឡាយ អរិយសាវ័កនេះ តថាគត ហៅថា អ្នកបរិបូណ៌ដោយទិដ្ឋិ ដូច្នេះខ្លះ។បេ។ ថាអ្នកឋិតអែបនឹងទ្វារនៃអមតនិព្វាន ដូច្នេះខ្លះ ក្នុងកាលនោះ។

ចប់សូត្រ ទី៩។

(ទុតិយអរិយសាវក)សូត្រ ទី១០

(១០. ទុតិយអរិយសាវកសុត្តំ)

[១៨៣] ទ្រង់គង់នៅទៀបក្រុងសាវត្ថី… ក្នុងទីនោះឯង… ម្នាលភិក្ខុទាំងឡាយ អរិយសាវ័កជាអ្នកចេះដឹង មិនមានសេចក្តីត្រិះរិះ យ៉ាងនេះថា កាលបើរបស់អ្វី មាន ទើបរបស់អ្វីមានហ្ន៎ របស់អ្វីមាន ព្រោះការកើតឡើង នៃរបស់អ្វី កាលបើរបស់អ្វីមាន ទើបសង្ខារទាំងឡាយមាន កាលបើរបស់អ្វីមាន ទើបវិញ្ញាណមាន កាលបើរបស់អ្វីមាន ទើបនាមរូបមាន កាលបើរបស់អ្វីមាន ទើបសឡាយតនៈមាន កាលបើរបស់អ្វីមាន ទើបផស្សៈមាន កាលបើរបស់អ្វីមាន ទើបវេទនាមាន កាលបើរបស់អ្វីមាន ទើបតណ្ហាមាន កាលបើរបស់អ្វីមាន ទើបឧបាទានមាន កាលបើរបស់អ្វីមាន ទើបភពមាន កាលបើរបស់អ្វីមាន ទើបជាតិមាន កាលបើរបស់អ្វីមាន ទើបជរាមរណៈមាន។

[១៨៤] ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង អរិយសាវ័កជាអ្នកចេះដឹង មានញាណក្នុងធម៌នោះ ព្រោះបច្ច័យដែលកើតតៗគ្នាថា កាលបើរបស់នេះ មាន របស់នេះក៏មាន របស់នេះកើតឡើង ព្រោះការកើតឡើង នៃរបស់នេះ គឺកាលបើអវិជ្ជាមាន សង្ខារទាំងឡាយក៏មាន កាលបើសង្ខារទាំងឡាយមាន វិញ្ញាណក៏មាន កាលបើវិញ្ញាណមាន នាមរូបក៏មាន កាលបើនាមរូបមាន សឡាយតនៈក៏មាន កាលបើសឡាយតនៈមាន ផស្សៈក៏មាន កាលបើផស្សៈមាន វេទនាក៏មាន កាលបើវេទនាមាន តណ្ហាក៏មាន កាលបើតណ្ហាមាន ឧបាទានក៏មាន កាលបើឧបាទានមាន ភពក៏មាន កាលបើភពមាន ជាតិក៏មាន កាលបើជាតិមាន ជរាមរណៈក៏មាន។ អរិយសាវ័កនោះ តែងដឹងច្បាស់យ៉ាងនេះថា លោកនេះ រមែងកើតឡើងព្រម យ៉ាងនេះ។

[១៨៥] ម្នាលភិក្ខុទាំងឡាយ អរិយសាវ័កជាអ្នកចេះដឹង មិនមានសេចក្តីត្រិះរិះ យ៉ាងនេះថា កាលបើមិនមានរបស់អ្វី ទើបមិនមានរបស់អ្វីហ្ន៎ របស់អ្វីរលត់ទៅ ព្រោះការរលត់ទៅ នៃរបស់អ្វី កាលបើរបស់អ្វីមិនមាន ទើបសង្ខារទាំងឡាយមិនមាន កាលបើរបស់អ្វីមិនមាន ទើបវិញ្ញាណមិនមាន កាលបើរបស់អ្វីមិនមាន ទើបនាមរូបមិនមាន កាលបើរបស់អ្វីមិនមាន ទើបសឡាយតនៈមិនមាន កាលបើរបស់អ្វីមិនមាន ទើបផស្សៈមិនមាន កាលបើរបស់អ្វីមិនមាន ទើបវេទនាមិនមាន កាលបើរបស់អ្វីមិនមាន ទើបតណ្ហាមិនមាន។បេ។ ឧបាទាន… ភព… ជាតិ… កាលបើរបស់អ្វីមិនមាន ទើបជរាមរណៈមិនមាន ដូច្នេះឡើយ។

[១៨៦] ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង អរិយសាវ័កជាអ្នកចេះដឹង មានញាណក្នុងធម៌នោះ ព្រោះបច្ច័យដែលកើតតៗគ្នាថា កាលបើរបស់នេះ មិនមាន របស់នេះក៏មិនមាន របស់នេះរលត់ទៅ ព្រោះការរលត់ នៃរបស់នេះ គឺកាលបើអវិជ្ជាមិនមាន សង្ខារទាំងឡាយ ក៏មិនមាន កាលបើសង្ខារទាំងឡាយមិនមាន វិញ្ញាណក៏មិនមាន កាលបើវិញ្ញាណមិនមាន នាមរូបក៏មិនមាន កាលបើនាមរូបមិនមាន សឡាយតនៈក៏មិនមាន។បេ។ កាលបើជាតិមិនមាន ជរាមរណៈក៏មិនមាន។ អរិយសាវ័កនោះ រមែងដឹងច្បាស់ យ៉ាងនេះថា លោកនេះ តែងរលត់យ៉ាងនេះ។

[១៨៧] ម្នាលភិក្ខុទាំងឡាយ អរិយសាវ័ក ដឹងច្បាស់តាមពិត នូវហេតុដែលនាំឲ្យកើតសង្ខារលោក និងសេចក្តីរលត់នៃសង្ខារលោកយ៉ាងនេះ ក្នុងកាលណា ម្នាលភិក្ខុទាំងឡាយ អរិយសាវ័កនេះ ហៅថា ជាអ្នកបរិបូណ៌ដោយទិដ្ឋិ ដូច្នេះខ្លះ ថាអ្នកបរិបូណ៌ដោយទស្សនៈ ដូច្នេះខ្លះ ថាជាអ្នកមកកាន់ព្រះសទ្ធម្ម ដូច្នេះខ្លះ ថាជាអ្នកឃើញព្រះសទ្ធម្ម ដូច្នេះខ្លះ ថាជាអ្នកប្រកបដោយញាណ ជាសេក្ខៈ ដូច្នេះខ្លះ ថាជាអ្នកប្រកបដោយវិជ្ជាសេក្ខៈ ដូច្នេះខ្លះ ថាជាអ្នកសម្រេចធម្មស្រោត ដូច្នេះខ្លះ ថាជាអរិយៈអ្នកមាននិព្វេធិកប្បញ្ញា (ប្រាជ្ញាទម្លាយបង់នូវកិលេស) ដូច្នេះខ្លះ ថាឋិតអែបនឹងទ្វារ នៃអមតនិព្វាន ដូច្នេះខ្លះ ក្នុងកាលនោះ។

ចប់សូត្រទី១០។

ចប់ គហបតិវគ្គ ទី៥។

បញ្ជីរឿងនៃគហបតិវគ្គនោះ គឺ

បញ្ចវេរភយសូត្រ លោកពោលអស់២លើក ទ្រង់សំដែងហេតុដែលឲ្យកើតទុក្ខ ហេតុដែលឲ្យកើតលោក ព្រះអង្គគង់ក្នុងស្រុកជារបស់ព្រះញាតិ រឿងអញ្ញតរព្រាហ្មណ៍ រឿងជាណុស្សោណិព្រាហ្មណ៍ រឿងលោកាយតិកព្រាហ្មណ៍ ត្រូវជា៨ លោកពោលថា អរិយសាវ័ក ២លើក វគ្គពោលតាមរឿងនោះ។

ទុក្ខវគ្គ (ទី៦)

(៦. ទុក្ខវគ្គោ)

(បរិវីមំសន)សូត្រ ទី១

(១. បរិវីមំសនសុត្តំ)

[១៨៨] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្នុងសាវត្ថី។ ក្នុងទីនោះឯង ព្រះមានព្រះភាគ ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ។ ពួកភិក្ខុទាំងនោះ ទទួលស្តាប់ព្រះពុទ្ធដីកា របស់ព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះមានព្រះភាគ ត្រាស់សួរយ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុ កាលនឹងពិចារណា គួរពិចារណា ដើម្បីកិរិយាអស់ទៅនៃសេចក្តីទុក្ខ ដោយប្រពៃ គ្រប់ប្រការ ដោយហេតុដូចម្តេចហ្ន៎។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ធម៌ទាំងឡាយរបស់ពួកយើងខ្ញុំ មានព្រះមានព្រះភាគ ជាឫសគល់ មានព្រះមានព្រះភាគ ជាអ្នកដឹកនាំ មានព្រះមានព្រះភាគ ជាទីពឹង បពិត្រព្រះអង្គដ៏ចំរើន សូមទ្រង់មេត្តាប្រោស សូមព្រះមានព្រះភាគ បំភ្លឺសេចក្តីនៃភាសិតនុ៎ះ ពួកភិក្ខុបានស្តាប់ព្រះពុទ្ធដីកា នៃព្រះមានព្រះភាគហើយ នឹងបានចាំទុក។ ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ ចូរអ្នកទាំងឡាយ ស្តាប់ធម៌នោះចុះ ចូរធ្វើទុកក្នុងចិត្តឲ្យប្រពៃចុះ តថាគតនឹងសំដែង។ ភិក្ខុទាំងនោះ ក៏ទទួលស្តាប់ព្រះពុទ្ធដីកា នៃព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។

[១៨៩] ព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ កាលនឹងពិចារណា ក៏ពិចារណាថា ជរាមរណៈណា ជាទុក្ខ មានប្រការច្រើន មានប្រការផ្សេងៗ កើតឡើងក្នុងលោក សេចក្តីទុក្ខនេះឯង មានអ្វីជាហេតុ មានអ្វីនាំឲ្យកើត មានអ្វីជាកំណើត មានអ្វីជាប្រភព កាលបើអ្វីមាន ទើបជរាមរណៈមាន កាលបើអ្វីមិនមាន ទើបជរាមរណៈមិនមាន។ កាលភិក្ខុនោះ ពិចារណា ក៏ដឹងច្បាស់យ៉ាងនេះថា ជរាមរណៈណា ជាទុក្ខ មានប្រការច្រើន មានប្រការផ្សេងៗ កើតឡើងក្នុងលោក សេចក្តីទុក្ខនេះឯង មានជាតិជាហេតុ មានជាតិនាំឲ្យកើត មានជាតិជាកំណើត មានជាតិជាប្រភព កាលបើជាតិមាន ជរាមរណៈក៏មាន កាលបើជាតិមិនមានជរាមរណៈក៏មិនមាន។ ភិក្ខុនោះ ក៏ដឹងច្បាស់នូវជរាមរណៈផង ដឹងច្បាស់នូវហេតុ ជាទីកើតនៃជរាមរណៈផង ដឹងច្បាស់នូវទីរលត់ នៃជរាមរណៈផង ដឹងច្បាស់នូវបដិបទាដ៏សមគួរ ជាដំណើរទៅកាន់ទីរលត់ នៃជរាមរណៈផង ហើយប្រតិបត្តិតាមលំអាននោះ ជាអ្នកប្រព្រឹត្តធម៌ តាមសមគួរផង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះ ហៅថា ជាអ្នកប្រតិបត្តិ ដើម្បីកិរិយាអស់ទៅនៃទុក្ខ ដើម្បីការរំលត់នូវជរាមរណៈ ដោយប្រពៃ ដោយប្រការទាំងពួង។

[១៩០] បើភិក្ខុពិចារណាតទៅទៀត រមែងពិចារណាថា ចុះជាតិនេះ មានអ្វីជាហេតុ មានអ្វីនាំឲ្យកើត មានអ្វីជាកំណើត មានអ្វីជាប្រភព កាលបើអ្វីមាន ទើបជាតិមាន កាលបើអ្វីមិនមាន ទើបជាតិមិនមាន។ កាលភិក្ខុនោះ ពិចារណា ក៏ដឹងច្បាស់យ៉ាងនេះថា ជាតិ មានភពជាហេតុ មានភពនាំឲ្យកើត មានភពជាកំណើត មានភពជាប្រភព កាលបើភពមាន ជាតិក៏មាន កាលបើភពមិនមាន ជាតិក៏មិនមាន។ ភិក្ខុនោះ រមែងដឹងច្បាស់នូវជាតិផង ដឹងច្បាស់នូវហេតុ ជាទីកើតនៃជាតិផង ដឹងច្បាស់នូវទីរលត់ នៃជាតិផង ដឹងច្បាស់នូវបដិបទាដ៏សមគួរ ជាដំណើរទៅកាន់ទីរលត់ នៃជាតិផង ហើយប្រតិបត្តិតាមលំអាននោះ ជាអ្នកប្រព្រឹត្តធម៌ តាមសមគួរផង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះ ហៅថា ជាអ្នកប្រតិបត្តិ ដើម្បីកិរិយាអស់ទៅនៃទុក្ខ ដោយប្រពៃ ដើម្បីរំលត់ជាតិ ដោយសព្វគ្រប់។

[១៩១] បើភិក្ខុពិចារណាតទៅទៀត រមែងពិចារណាថា ចុះភពនេះ មានអ្វីជាហេតុ។បេ។ ចុះឧបាទាននេះ មានអ្វីជាហេតុ… ចុះតណ្ហានេះ មានអ្វីជាហេតុ… ចុះវេទនា មានអ្វីជាហេតុ… ចុះផស្សៈនេះ មានអ្វីជាហេតុ… ចុះសឡាយតនៈនេះ មានអ្វីជាហេតុ… ចុះនាមរូបនេះ មានអ្វីជាហេតុ… វិញ្ញាណនេះ មានអ្វីជាហេតុ… សង្ខារទាំងឡាយនេះ មានអ្វីជាហេតុ មានអ្វីនាំឲ្យកើត មានអ្វីជាកំណើត មានអ្វីជាប្រភព កាលបើអ្វីមាន ទើបសង្ខារទាំងឡាយមាន កាលបើអ្វីមិនមាន ទើបសង្ខារទាំងឡាយមិនមាន។ កាលភិក្ខុនោះ ពិចារណា ក៏ដឹងច្បាស់យ៉ាងនេះថា សង្ខារទាំងឡាយ មានអវិជ្ជាជាហេតុ មានអវិជ្ជានាំឲ្យកើត មានអវិជ្ជាជាកំណើត មានអវិជ្ជាជាប្រភព កាលបើអវិជ្ជាមាន សង្ខារទាំងឡាយក៏មាន កាលបើអវិជ្ជាមិនមាន សង្ខារទាំងឡាយក៏មិនមាន។ ភិក្ខុនោះ រមែងដឹងច្បាស់នូវសង្ខារទាំងឡាយផង ដឹងច្បាស់នូវហេតុ ជាទីកើតនៃសង្ខារផង ដឹងច្បាស់នូវទីរលត់ នៃសង្ខារផង ដឹងច្បាស់នូវបដិបទាដ៏សមគួរ ជាដំណើរទៅកាន់ទីរលត់ នៃសង្ខារផង ហើយប្រតិបត្តិតាមលំអាននោះ ជាអ្នកប្រព្រឹត្តធម៌ តាមសមគួរផង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះ ហៅថា ជាអ្នកប្រតិបត្តិ ដើម្បីកិរិយាអស់ទៅនៃសេចក្តីទុក្ខ ដោយប្រពៃ ដើម្បីការរលត់នៃសង្ខារ ដោយប្រការទាំងពួង។ ម្នាលភិក្ខុទាំងឡាយ បើបុរសបុគ្គល លុះក្នុងអំណាចអវិជ្ជាហើយ រមែងតាក់តែងសង្ខារជាបុណ្យ36) វិញ្ញាណ ក៏ចូលទៅកៀកនឹងបុណ្យ បើតាក់តែងសង្ខារជាបាប37) វិញ្ញាណ ក៏ចូលទៅកៀកនឹងបាប បើតាក់តែងសង្ខារជាអនេជៈ38) វិញ្ញាណក៏ចូលទៅកៀកនឹងអនេជៈ។

[១៩២] ម្នាលភិក្ខុទាំងឡាយ កាលដែលភិក្ខុលះបង់អវិជ្ជាចោលហើយ វិជ្ជាក៏កើតឡើង។ ព្រោះតែការបាត់ទៅនៃអវិជ្ជា ព្រោះតែការកើតឡើងនៃវិជ្ជា បានជាភិក្ខុនោះ លែងតាក់តែងបុញ្ញាភិសង្ខារ លែងតាក់តែងអបុញ្ញាភិសង្ខារ លែងតាក់តែងអនេជាភិសង្ខារ កាលបើលែងតាក់តែង លែងសន្សំហើយ ក៏លែងប្រកាន់អ្វីតិចតួច ក្នុងលោកសោះឡើយ កាលបើលែងប្រកាន់ហើយ ក៏ឥតតក់ស្លុត កាលបើឥតតក់ស្លុតហើយ រមែងរលត់កិលេស ដោយចំពោះខ្លួនឯង ទើបដឹងច្បាស់ថា ជាតិ (របស់អាត្មាអញ) អស់ហើយ ព្រហ្មចរិយៈ អាត្មាអញ បាននៅរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ បើភិក្ខុនោះ ទទួលវេទនាជាសុខ ក៏ដឹងច្បាស់ថា វេទនានោះ មិនទៀង ដឹងច្បាស់ថា លោកមិនប្រកាន់ហើយ ដឹងច្បាស់ថា លោកមិនត្រេកអរហើយ។ បើភិក្ខុនោះ ទទួលវេទនាជាទុក្ខ ក៏ដឹងច្បាស់ថា វេទនានោះ មិនទៀង ដឹងច្បាស់ថា លោកមិនប្រកាន់ហើយ ដឹងច្បាស់ថា លោកមិនត្រេកអរហើយ។ បើភិក្ខុនោះ ទទួលវេទនា មិនមែនជាទុក្ខ មិនមែនជាសុខ ក៏ដឹងច្បាស់ថា វេទនានោះ មិនទៀង ដឹងច្បាស់ថា លោកមិនប្រកាន់ហើយ ដឹងច្បាស់ថា លោកមិនត្រេកអរហើយ។ បើភិក្ខុនោះ ទទួលសុខវេទនា លុះប្រាសចេញហើយ ក៏នៅតែទទួលសុខវេទនានោះ បើភិក្ខុនោះ ទទួលទុក្ខវេទនា លុះប្រាសចេញហើយ ក៏នៅតែទទួលទុក្ខវេទនានោះ បើភិក្ខុនោះ ទទួលអទុក្ខមសុខវេទនា លុះប្រាសចេញហើយ ក៏នៅតែទទួលអទុក្ខមសុខវេទនានោះ។ កាលភិក្ខុនោះ ទទួលវេទនា មានកាយជាទីបំផុត ក៏ដឹងច្បាស់ថា អាត្មាអញ ទទួលវេទនា មានកាយជាទីបំផុត។ កាលភិក្ខុនោះ ទទួលវេទនា មានជីវិតជាទីបំផុត ក៏ដឹងច្បាស់ថា អាត្មាអញ ទទួលវេទនា មានជីវិតជាទីបំផុត។ ភិក្ខុនោះ លុះបែកធ្លាយរាងកាយ ខាងលើអំពីកិរិយាអស់ជីវិតទៅ ក៏ដឹងច្បាស់ថា វេទនាទាំងពួង ក្នុងលោកនេះ អាត្មាអញ មិនត្រេកអរទេ នឹងជាវេទនាដ៏ត្រជាក់ នឹងនៅសល់តែសរីរៈប៉ុណ្ណោះ។

[១៩៣] ម្នាលភិក្ខុទាំងឡាយ ដូចជាបុរស រើយកឆ្នាំងក្តៅ អំពីកន្លែងដុតឆ្នាំង ហើយដាក់លើផែនដីដ៏ស្មើ ចំហាយណា ដែលនៅក្នុងទីនោះ ចំហាយនោះ ក៏ស្ងប់រម្ងាប់នៅក្នុងទីនោះឯង នៅសល់តែអំបែង យ៉ាងណា ម្នាលភិក្ខុទាំងឡាយ ដូចជាភិក្ខុទទួលវេទនា មានកាយជាទីបំផុត ក៏ដឹងច្បាស់ថា អាត្មាអញ ទទួលវេទនា មានកាយជាទីបំផុត យ៉ាងនោះឯង។ កាលភិក្ខុទទួលវេទនា មានជីវិតជាទីបំផុត ក៏ដឹងច្បាស់ថា អាត្មាអញ ទទួលវេទនា មានជីវិតជាទីបំផុត។ លុះភិក្ខុនោះ បែកធ្លាយរាងកាយ ខាងលើអំពីកិរិយាអស់ជីវិតទៅ ក៏ដឹងច្បាស់ថា វេទនាទាំងពួង ក្នុងលោកនេះ អាត្មាអញ មិនត្រេកអរទេ នឹងជាវេទនាដ៏ត្រជាក់ នឹងនៅសល់តែសរីរៈប៉ុណ្ណោះ។

[១៩៤] ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់សេចក្តីនោះ ដូចម្តេច ភិក្ខុជាខីណាស្រព គួរតាក់តែងបុញ្ញាភិសង្ខារ តាក់តែងអបុញ្ញាភិសង្ខារ តាក់តែងអនេជាភិសង្ខារដែរឬទេ។ ពួកភិក្ខុក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ហេតុនុ៎ះ មិនមានទេ។ កាលបើសង្ខារទាំងឡាយ មិនមាន ព្រោះការរលត់នៃសង្ខារ ដោយប្រការទាំងពួង តើវិញ្ញាណនៅប្រាកដដែរឬទេ។ បពិត្រព្រះអង្គដ៏ចំរើន ហេតុនុ៎ះ មិនប្រាកដទេ។ កាលបើវិញ្ញាណមិនមាន ព្រោះការរលត់នៃវិញ្ញាណ ដោយប្រការទាំងពួង តើនាមរូបនៅប្រាកដដែរឬទេ។ បពិត្រព្រះអង្គដ៏ចំរើន ហេតុនុ៎ះ មិនប្រាកដទេ។ កាលបើនាមរូបមិនមាន ព្រោះការរលត់នៃនាមរូប ដោយប្រការទាំងពួង តើសឡាយតនៈនៅប្រាកដដែរឬទេ។ បពិត្រព្រះអង្គដ៏ចំរើន ហេតុនុ៎ះ មិនប្រាកដទេ។ កាលបើសឡាយតនៈមិនមាន ព្រោះការរលត់នៃសឡាយតនៈ ដោយប្រការទាំងពួង តើផស្សៈនៅប្រាកដដែរឬទេ។ បពិត្រព្រះអង្គដ៏ចំរើន ហេតុនុ៎ះ មិនប្រាកដទេ។ កាលបើផស្សៈមិនមាន ព្រោះការរលត់នៃផស្សៈ ដោយប្រការទាំងពួង តើវេទនា នៅប្រាកដដែរឬទេ។ បពិត្រព្រះអង្គដ៏ចំរើន ហេតុនុ៎ះ មិនប្រាកដទេ។ កាលបើវេទនាមិនមាន ព្រោះការរលត់នៃវេទនា ដោយប្រការទាំងពួង តើតណ្ហា នៅប្រាកដដែរឬទេ។ បពិត្រព្រះអង្គដ៏ចំរើន ហេតុនុ៎ះ មិនប្រាកដទេ។ កាលបើតណ្ហាមិនមាន ព្រោះការរលត់នៃតណ្ហា ដោយប្រការទាំងពួង តើឧបាទាន នៅប្រាកដដែរឬទេ។ បពិត្រព្រះអង្គដ៏ចំរើន ហេតុនុ៎ះ មិនប្រាកដទេ។ កាលបើឧបាទាន មិនមាន ព្រោះការរលត់នៃឧបាទាន ដោយប្រការទាំងពួង តើភព នៅប្រាកដដែរឬទេ។ បពិត្រព្រះអង្គដ៏ចំរើន ហេតុនុ៎ះ មិនប្រាកដទេ។ កាលបើភពមិនមាន ព្រោះការរលត់នៃភព ដោយប្រការទាំងពួង តើជាតិនៅប្រាកដដែរឬទេ។ បពិត្រព្រះអង្គដ៏ចំរើន ហេតុនុ៎ះ មិនប្រាកដទេ។ កាលបើជាតិមិនមាន ព្រោះការរលត់នៃជាតិ ដោយប្រការទាំងពួង តើជរាមរណៈ នៅប្រាកដដែរឬទេ។ បពិត្រព្រះអង្គដ៏ចំរើន ហេតុនុ៎ះ មិនប្រាកដទេ។

[១៩៥] ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ត្រូវហើយ ត្រូវហើយ អ្នកទាំងឡាយ ចូរសំគាល់ ចូរជឿសេចក្តីនុ៎ះ យ៉ាងនេះចុះ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ កុំងឿងឆ្ងល់ កុំសង្ស័យក្នុងដំណើរនុ៎ះឡើយ នេះឯង ជាទីបំផុតនៃសេចក្តីទុក្ខ។

ចប់សូត្រ ទី១។

(ឧបាទាន)សូត្រ ទី២

(២. ឧបាទានសុត្តំ)

[១៩៦] ទ្រង់គង់នៅទៀបក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ… ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុពិចារណាឃើញ នូវសេចក្តីត្រេកអរ ក្នុងឧបាទានីយធម៌ទាំងឡាយ (ធម៌ដែលប្រព្រឹត្តទៅក្នុងភូមិ៣ ជាបច្ច័យនៃឧបាទានទាំង៤) តណ្ហា រមែងចម្រើនឡើង ឧបាទានកើតឡើង ព្រោះតណ្ហាជាបច្ច័យ ភពកើតឡើង ព្រោះឧបាទានជាបច្ច័យ ជាតិកើតឡើង ព្រោះភពជាបច្ច័យ ជរាមរណៈ សេចក្តីសោក សេចក្តីខ្សឹកខ្សួល សេចក្តីទុក្ខ ទោមនស្ស និងសេចក្តីចង្អៀតចង្អល់ចិត្ត ក៏កើតឡើងព្រម ព្រោះជាតិជាបច្ច័យ ការកើតឡើងព្រម នៃកងទុក្ខទាំងអស់នុ៎ះ តែងមានយ៉ាងនេះ។

[១៩៧] ម្នាលភិក្ខុទាំងឡាយ គំនរភ្លើងធំ របស់អ្នករកឧស១០នាក់ក្តី អ្នករកឧស២០នាក់ក្តី អ្នករកឧស៣០នាក់ក្តី អ្នករកឧស៤០នាក់ក្តី ឆេះឡើង (បើ) មានបុរសយកស្មៅស្ងួត គោម័យស្ងួត និងឈើស្ងួត ទៅដាក់លើគំនរភ្លើងនោះសព្វកាល ម្នាលភិក្ខុទាំងឡាយ កាលបើយ៉ាងនេះ គំនរភ្លើងធំ ដែលមានស្មៅស្ងួត ជាដើមនោះ ជាអាហារ មានស្មៅស្ងួត ជាដើមនោះ ជាគ្រឿងឆេះ មុខជាឆេះអស់កាលយូរអង្វែង យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុពិចារណាឃើញ នូវសេចក្តីត្រេកអរ ក្នុងឧបាទានីយធម៌ទាំងឡាយហើយ តណ្ហារមែងចម្រើនឡើង ឧបាទានកើតឡើង ព្រោះតណ្ហាជាបច្ច័យ។បេ។ ក៏យ៉ាងនោះឯង ការកើតឡើងព្រមនៃកងទុក្ខទាំងអស់នុ៎ះ តែងមានយ៉ាងនេះ។

[១៩៨] ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុពិចារណាឃើញទោស ក្នុងឧបាទានីយធម៌ទាំងឡាយហើយ តណ្ហាក៏រលត់ទៅ ការរលត់នៃឧបាទាន ព្រោះការរលត់នៃតណ្ហា ការរលត់នៃភព ព្រោះការរលត់នៃឧបាទាន ការរលត់នៃជាតិ ព្រោះការរលត់នៃភព ជរាមរណៈ សេចក្តីសោក សេចក្តីខ្សឹកខ្សួល ទុក្ខ ទោមនស្ស និងសេចក្តីចង្អៀតចង្អល់ចិត្ត ក៏រលត់ទៅ ព្រោះការរលត់នៃជាតិ ការរលត់នៃកងទុក្ខទាំងអស់នុ៎ះ តែងមានយ៉ាងនេះ។

[១៩៩] ម្នាលភិក្ខុទាំងឡាយ គំនរភ្លើងធំ របស់អ្នករកឧស១០នាក់ក្តី អ្នករកឧស២០នាក់ក្តី អ្នករកឧស៣០នាក់ក្តី អ្នករកឧស៤០នាក់ក្តី គប្បីឆេះ (តែបើ) បុរសមិនយកស្មៅស្ងួត មិនយកគោម័យស្ងួត មិនយកកំណាត់ឈើស្ងួត ទៅដាក់ក្នុងគំនរភ្លើងនោះ គ្រប់កាលទេ (គំនរភ្លើងនោះ ក៏មិនអាចឆេះបាន) ម្នាលភិក្ខុទាំងឡាយ កាលបើដូច្នេះ គំនរភ្លើងធំនោះ មិនមានអាហារ គប្បីរលត់ទៅ ព្រោះការអស់គ្រឿងឆេះមុនផង ព្រោះការមិនបានបន្ថែមវត្ថុដទៃផង យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុពិចារណាឃើញទោស ក្នុងឧបាទានីយធម៌ទាំងឡាយហើយ តណ្ហារមែងរលត់ទៅ ការរលត់នៃឧបាទាន ព្រោះការរលត់នៃតណ្ហា។បេ។ ក៏យ៉ាងនោះឯង ការរលត់នៃកងទុក្ខទាំងអស់នុ៎ះ តែងមានយ៉ាងនេះ។

ចប់សូត្រ ទី២។

(សំយោជន)សូត្រ ទី៣

(៣. សំយោជនសុត្តំ)

[២០០] ទ្រង់គង់នៅទៀបក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ… ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុពិចារណាឃើញ នូវសេចក្តីត្រេកអរ ក្នុងសញ្ញោជនីយធម៌ទាំងឡាយ (ធម៌ជាគ្រឿងប្រកបព្រម) ហើយ តណ្ហា រមែងចម្រើន ឧបាទានកើតឡើង ព្រោះតណ្ហាជាបច្ច័យ ភពកើតឡើង ព្រោះឧបាទានជាបច្ច័យ ជាតិកើតឡើង ព្រោះភពជាបច្ច័យ ជរាមរណៈ សេចក្តីសោក សេចក្តីខ្សឹកខ្សួល ទុក្ខ ទោមនស្ស និងសេចក្តីចង្អៀតចង្អល់ចិត្ត ក៏កើតឡើងព្រម ព្រោះជាតិជាបច្ច័យ ការកើតឡើងព្រម នៃកងទុក្ខទាំងអស់នុ៎ះ តែងមានយ៉ាងនេះ។

[២០១] ម្នាលភិក្ខុទាំងឡាយ ប្រទីបប្រេង ឆេះបាន ព្រោះអាស្រ័យប្រេងផង ព្រោះអាស្រ័យប្រឆេះផង (បើ) បុរសចាក់ប្រេង វេញប្រឆេះ ដាក់ក្នុងប្រទីបប្រេងនោះគ្រប់កាល ម្នាលភិក្ខុទាំងឡាយ កាលបើដូច្នេះ ប្រទីបប្រេង ដែលមានប្រេង និងប្រឆេះនោះជាអាហារ មានប្រេង និងប្រឆេះនោះជាគ្រឿងឆេះ គប្បីឆេះឡើង អស់កាលយូរអង្វែង យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុពិចារណាឃើញ នូវសេចក្តីត្រេកអរ ក្នុងសញ្ញោជនីយធម៌ទាំងឡាយហើយ តណ្ហារមែងចម្រើនឡើង ឧបាទានចម្រើនឡើង ព្រោះតណ្ហាជាបច្ច័យ ភពចម្រើនឡើង ព្រោះឧបាទាន ជាបច្ច័យ ជាតិកើតឡើង ព្រោះភពជាបច្ច័យ ជរាមរណៈ សេចក្តីសោក សេចក្តីខ្សឹកខ្សួល ទុក្ខ ទោមនស្ស និងសេចក្តីចង្អៀតចង្អល់ចិត្ត ក៏កើតឡើងព្រម ព្រោះជាតិជាបច្ច័យ ក៏យ៉ាងនោះឯង ការកើតឡើងព្រម នៃកងទុក្ខទាំងអស់នុ៎ះ តែងមានយ៉ាងនេះ។

[២០២] ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុពិចារណាឃើញទោស ក្នុងសញ្ញោជនីយធម៌ទាំងឡាយហើយ តណ្ហារមែងរលត់ទៅ ការរលត់នៃឧបាទាន ព្រោះការរលត់នៃតណ្ហា ការរលត់នៃភព ព្រោះការរលត់នៃឧបាទាន ការរលត់នៃជាតិ ព្រោះការរលត់នៃភព ជរាមរណៈ សេចក្តីសោក សេចក្តីខ្សឹកខ្សួល ទុក្ខ ទោមនស្ស និងសេចក្តីចង្អៀតចង្អល់ចិត្ត ក៏រលត់ទៅ ព្រោះការរលត់នៃជាតិ ការរលត់នៃកងទុក្ខទាំងអស់នុ៎ះ តែងមានយ៉ាងនេះ។

[២០៣] ម្នាលភិក្ខុទាំងឡាយ ប្រទីបប្រេង ឆេះឡើងបាន ព្រោះអាស្រ័យប្រេងផង ព្រោះអាស្រ័យប្រឆេះផង (តែបើ) បុរសមិនចាក់ប្រេង មិនវេញប្រឆេះ ដាក់ក្នុងប្រទីបប្រេងនោះគ្រប់កាលទេ (ប្រទីបប្រេងនោះ ក៏មិនអាចឆេះឡើងបាន) ម្នាលភិក្ខុទាំងឡាយ កាលបើដូច្នេះ ប្រទីបដែលមិនមានអាហារនោះ គប្បីរលត់ទៅ ព្រោះការអស់គ្រឿងឆេះមុនផង ព្រោះការមិនបន្ថែមវត្ថុឯទៀតផង យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុពិចារណាឃើញទោស ក្នុងសញ្ញោជនីយធម៌ទាំងឡាយហើយ តណ្ហាក៏រលត់ទៅ ការរលត់នៃឧបាទាន ព្រោះការរលត់នៃតណ្ហា។បេ។ ក៏យ៉ាងនោះឯង ការរលត់នៃកងទុក្ខទាំងអស់នុ៎ះ តែងមានយ៉ាងនេះ។

ចប់សូត្រ ទី៣។

(ទុតិយសំយោជន)សូត្រ ទី៤

(៤. ទុតិយសំយោជនសុត្តំ)

[២០៤] ទ្រង់គង់នៅទៀបក្រុងសាវត្ថី… ក្នុងទីនោះ ព្រះមានព្រះភាគ… ម្នាលភិក្ខុទាំងឡាយ ប្រទីបប្រេង ឆេះឡើងបាន ព្រោះអាស្រ័យប្រេងផង ព្រោះអាស្រ័យប្រឆេះផង (បើ) បុរសចាក់ប្រេង វេញប្រឆេះ ដាក់ក្នុងប្រទីបប្រេងនោះគ្រប់កាលហើយ ម្នាលភិក្ខុទាំងឡាយ កាលបើដូច្នេះ ប្រទីបប្រេង ដែលមានប្រេង និងប្រឆេះនោះជាអាហារផង មានប្រេង និងប្រឆេះនោះជាគ្រឿងឆេះផង មុខជាឆេះអស់កាលយូរអង្វែង យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុពិចារណាឃើញ នូវសេចក្តីត្រេកអរ ក្នុងសញ្ញោជនីយធម៌ទាំងឡាយហើយ តណ្ហារមែងចម្រើនឡើង ឧបាទានចម្រើនឡើង ព្រោះតណ្ហាជាបច្ច័យ។បេ។ ក៏យ៉ាងនោះឯង ការកើតឡើងព្រម នៃកងទុក្ខទាំងអស់នុ៎ះ តែងមានយ៉ាងនេះ។

[២០៥] ម្នាលភិក្ខុទាំងឡាយ ប្រទីបប្រេង ឆេះបាន ព្រោះអាស្រ័យប្រេងផង ព្រោះអាស្រ័យប្រឆេះផង (តែបើ) បុរសមិនបានចាក់ប្រេង មិនវេញប្រឆេះ ដាក់ក្នុងប្រទីបប្រេងនោះគ្រប់កាលទេ (ប្រទីបប្រេងនោះ មិនអាចឆេះបាន) ម្នាលភិក្ខុទាំងឡាយ កាលបើដូច្នេះ ប្រទីបប្រេង ដែលមិនមានអាហារនោះ ក៏រលត់ទៅ ព្រោះការអស់គ្រឿងឆេះពីមុនផង ព្រោះការមិនបន្ថែមរបស់ឯទៀតផង យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុពិចារណាឃើញទោស ក្នុងសញ្ញោជនីយធម៌ទាំងឡាយហើយ តណ្ហាក៏រលត់ទៅ ការរលត់នៃឧបាទាន ព្រោះការរលត់នៃតណ្ហា។បេ។ ក៏យ៉ាងនោះឯង ការរលត់ទៅ នៃកងទុក្ខទាំងអស់នុ៎ះ តែងមានយ៉ាងនេះ។

ចប់សូត្រ ទី៤។

(មហារុក្ខ)សូត្រ ទី៥

(៥. មហារុក្ខសុត្តំ)

[២០៦] ទ្រង់គង់នៅទៀបក្រុងសាវត្ថី… ក្នុងទីនោះ ព្រះមានព្រះភាគ… ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុពិចារណាឃើញ នូវសេចក្តីត្រេកអរ ក្នុងឧបាទានីយធម៌ទាំងឡាយ តណ្ហា រមែងចម្រើនឡើង ឧបាទានចម្រើនឡើង ព្រោះតណ្ហាជាបច្ច័យ ភពចម្រើនឡើង ព្រោះឧបាទានជាបច្ច័យ។បេ។ ការកើតឡើងព្រម នៃកងទុក្ខទាំងអស់នុ៎ះ តែងមានយ៉ាងនេះ។

[២០៧] ម្នាលភិក្ខុទាំងឡាយ ដូចជាឈើធំ ឫសទាំងអស់ របស់ឈើធំនោះ ដែលដុះចាក់ទៅក្រោម ដុះចាក់ទៅទទឹង រមែងនាំឱជារសទៅចុងខាងលើ កាលបើដូច្នេះ ម្នាលភិក្ខុទាំងឡាយ ឈើធំនោះ ដែលមានឫសនោះជាអាហារផង មានឫសនោះជាគ្រឿងបំប៉នផង មុខជាឋិតនៅ អស់កាលយូរអង្វែង យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុពិចារណាឃើញ នូវសេចក្តីត្រេកអរ ក្នុងឧបាទានីយធម៌ទាំងឡាយហើយ តណ្ហារមែងចម្រើនឡើង ឧបាទានចម្រើនឡើង ព្រោះតណ្ហាជាបច្ច័យ ភពចម្រើនឡើង ព្រោះឧបាទាន ជាបច្ច័យ។បេ។ ក៏យ៉ាងនោះឯង ការកើតឡើងព្រម នៃកងទុក្ខទាំងអស់នុ៎ះ តែងមានយ៉ាងនេះ។

[២០៨] ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុពិចារណាឃើញទោស ក្នុងឧបាទានីយធម៌ទាំងឡាយហើយ តណ្ហារមែងរលត់ទៅ ការរលត់នៃឧបាទាន ព្រោះការរលត់នៃតណ្ហា ការរលត់នៃភព ព្រោះការរលត់នៃឧបាទាន។បេ។ ការរលត់នៃកងទុក្ខទាំងអស់នុ៎ះ តែងមានយ៉ាងនេះ។

[២០៩] ម្នាលភិក្ខុទាំងឡាយ ដូចជាឈើធំមួយដើម កាលនោះ បុរសម្នាក់ កាន់ចប និងកញ្ជើដើរមក កាត់ឈើធំនោះ ត្រង់ឫស លុះកាត់រួចហើយ ទើបគាស់រំលើង លុះគាស់រំលើងរួចហើយ ក៏រើឫស ដោយហោចទៅ សូម្បីនៅសល់ប៉ុនទងស្បូវភ្លាំង ក៏មិនមាន។ បុរសនោះ កាត់ឈើនោះ ឲ្យមានកំណាត់តូច កំណាត់ធំ លុះកាត់ឲ្យជាកំណាត់តូច កំណាត់ធំហើយ ទើបពុះ លុះពុះរួចហើយ ក៏ធ្វើឲ្យជាបន្ទះតូចៗ លុះធ្វើឲ្យជាបន្ទះតូចៗហើយ ក៏យកទៅហាលខ្យល់ និងកំដៅថ្ងៃ លុះហាលខ្យល់ និងកំដៅថ្ងៃហើយ ទើបយកភ្លើងដុត លុះយកភ្លើងដុតរួចហើយ ទើបធ្វើឲ្យជាកម្ទេចធ្យូង ធ្វើឲ្យជាកម្ទេចធ្យូងហើយ ក៏បាចទៅតាមខ្យល់ធំ ឬក៏បណ្តែតទៅក្នុងស្ទឹង ដែលមានខ្សែទឹកហូរខ្មាញ់ ម្នាលភិក្ខុទាំងឡាយ ក៏កាលបើដូច្នេះ ឈើធំនោះ ឈ្មោះថា គេបានផ្តាច់ផ្តិលឫសគល់ចោលហើយ បានធ្វើឲ្យលែងមានទីកន្លែងដុះទៀត ជាឈើដល់នូវភាពមិនមានតទៅ មិនមានការកើតឡើងតទៅទៀតជាធម្មតា យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុពិចារណាឃើញទោស ក្នុងឧបាទានីយធម៌ទាំងឡាយហើយ តណ្ហារមែងរលត់ទៅ ការរលត់នៃឧបាទាន ព្រោះការរលត់នៃតណ្ហា ការរលត់នៃភព ព្រោះការរលត់នៃឧបាទាន។បេ។ ក៏យ៉ាងនោះឯង ការរលត់ទៅ នៃកងទុក្ខទាំងអស់នុ៎ះ តែងមានយ៉ាងនេះ។

ចប់សូត្រ ទី៥។

(ទុតិយមហារុក្ខ)សូត្រ ទី៦

(៦. ទុតិយមហារុក្ខសុត្តំ)

[២១០] ទ្រង់គង់នៅទៀបក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ… ម្នាលភិក្ខុទាំងឡាយ ដូចជាដើមឈើធំ ឫសរបស់ឈើធំនោះទាំងអស់ ដែលដុះចាក់ទៅខាងក្រោម ដុះចាក់ទៅទទឹង រមែងនាំឱជារសទៅចុងខាងលើ ម្នាលភិក្ខុទាំងឡាយ ក៏កាលបើដូច្នេះ ឈើធំនោះ ដែលមានឫសនោះជាអាហារផង មានឫសនោះជាកម្លាំងមាំផង មុខជាឋិតនៅ អស់កាលយូរអង្វែង យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុពិចារណាឃើញសេចក្តីត្រេកអរ ក្នុងឧបាទានីយធម៌ទាំងឡាយហើយ តណ្ហារមែងចម្រើនឡើង ឧបាទានចម្រើនឡើង ព្រោះតណ្ហាជាបច្ច័យ។បេ។ ក៏យ៉ាងនោះដែរ ការកើតឡើងព្រម នៃកងទុក្ខទាំងអស់នុ៎ះ តែងមានយ៉ាងនេះ។

[២១១] ម្នាលភិក្ខុទាំងឡាយ ដូចជាឈើធំមួយដើម កាលនោះ បុរសម្នាក់ កាន់យកចប និងកញ្ជើដើរមក កាត់ឈើធំនោះ ត្រង់ឫស លុះកាត់ឫសហើយ ក៏គាស់រំលើង លុះគាស់រំលើងហើយ ក៏រើឫស។បេ។ ឬក៏បណ្តែតទៅក្នុងស្ទឹង ដែលមានខ្សែទឹកហូរខ្មាញ់ ម្នាលភិក្ខុទាំងឡាយ កាលបើដូច្នេះ ឈើធំនោះ ឈ្មោះថា គេបានផ្តាច់ផ្តិលឫសគល់ចោលហើយ បានធ្វើឲ្យលែងមានទីកន្លែងដុះទៀត ជាឈើដល់នូវភាពមិនមានតទៅ មិនមានការកើតឡើងតទៅទៀតជាធម្មតា យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុពិចារណាឃើញទោស ក្នុងឧបាទានីយធម៌ទាំងឡាយហើយ តណ្ហារមែងរលត់ទៅ ការរលត់នៃឧបាទាន ព្រោះការរលត់នៃតណ្ហា។បេ។ ក៏យ៉ាងនោះឯង ការរលត់នៃកងទុក្ខទាំងអស់នុ៎ះ តែងមានយ៉ាងនេះ។

ចប់សូត្រ ទី៦។

(តរុណរុក្ខ)សូត្រ ទី៧

(៧. តរុណរុក្ខសុត្តំ)

[២១២] ទ្រង់គង់នៅទៀបក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ… ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុពិចារណាឃើញ នូវសេចក្តីត្រេកអរ ក្នុងសញ្ញោជនីយធម៌ទាំងឡាយហើយ តណ្ហា រមែងចម្រើនឡើង ឧបាទានចម្រើនឡើង ព្រោះតណ្ហាជាបច្ច័យ។បេ។ ការកើតឡើង នៃកងទុក្ខទាំងអស់នុ៎ះ តែងមានយ៉ាងនេះ។

[២១៣] ម្នាលភិក្ខុទាំងឡាយ ដូចជាដើមឈើខ្ចី បុរសផ្សាំឫសរបស់ឈើខ្ចីគ្រប់កាល ចាក់ដីគ្រប់កាល ស្រោចទឹកគ្រប់កាល ម្នាលភិក្ខុទាំងឡាយ កាលបើដូច្នេះ ឈើខ្ចីនោះ ដែលមានរបស់ទាំងនោះ ជាអាហារ មានរបស់ទាំងនោះ ជាកម្លាំង ក៏ដល់នូវសេចក្តីចម្រើន ដុះដាលធំទូលាយឡើង យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុពិចារណាឃើញ នូវសេចក្តីត្រេកអរ ក្នុងសញ្ញោជនីយធម៌ទាំងឡាយហើយ តណ្ហារមែងចម្រើនឡើង ឧបាទានចម្រើនឡើង ព្រោះតណ្ហាជាបច្ច័យ។បេ។ ក៏យ៉ាងនោះឯង ការកើតឡើង នៃកងទុក្ខទាំងអស់នុ៎ះ តែងមានដោយប្រការដូច្នេះឯង។

[២១៤] ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុពិចារណាឃើញទោស ក្នុងសញ្ញោជនីយធម៌ទាំងឡាយហើយ តណ្ហារមែងរលត់ទៅ ការរលត់នៃឧបាទាន ព្រោះការរលត់នៃតណ្ហា។បេ។ ការរលត់នៃកងទុក្ខទាំងអស់នុ៎ះ តែងមានយ៉ាងនេះ។

[២១៥] ម្នាលភិក្ខុទាំងឡាយ ដូចជាដើមឈើខ្ចី កាលនោះ បុរសកាន់យកចប និងកញ្ជើដើរមក កាត់ឈើខ្ចីត្រង់ឫស។បេ។ បណ្តែតទៅក្នុងស្ទឹង ដែលមានខ្សែទឹកហូរខ្មាញ់ ម្នាលភិក្ខុទាំងឡាយ កាលបើដូច្នេះ ឈើខ្ចីនោះ ឈ្មោះថា គេបានផ្តាច់ផ្តិលឫសគល់ចោលហើយ បានធ្វើឲ្យលែងមានទីកន្លែងដុះទៀតហើយ ជាឈើដល់នូវភាពមិនមានតទៅ មិនមានការកើតឡើងតទៅទៀតជាធម្មតា យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុពិចារណាឃើញទោស ក្នុងសញ្ញោជនីយធម៌ទាំងឡាយហើយ តណ្ហារមែងរលត់ទៅ ការរលត់នៃឧបាទាន ព្រោះការរលត់នៃតណ្ហា។បេ។ ក៏យ៉ាងនោះឯង ការរលត់នៃកងទុក្ខទាំងអស់នុ៎ះ តែងមានយ៉ាងនេះ។

ចប់សូត្រ ទី៧។

(នាមរូប)សូត្រ ទី៨

(៨. នាមរូបសុត្តំ)

[២១៦] ទ្រង់គង់នៅទៀបក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ… ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុពិចារណាឃើញ នូវសេចក្តីត្រេកអរ ក្នុងសញ្ញោជនីយធម៌ទាំងឡាយហើយ ការចាប់កំណើតនៃនាមរូបក៏មាន សឡាយតនៈកើតមាន ព្រោះនាមរូបជាបច្ច័យ។បេ។ ការកើតឡើងព្រម នៃកងទុក្ខទាំងអស់នុ៎ះ តែងមានយ៉ាងនេះ។

[២១៧] ម្នាលភិក្ខុទាំងឡាយ ដូចជាដើមឈើធំ ឫសទាំងអស់ របស់ឈើធំនោះ ដែលដុះចាក់ទៅខាងក្រោម ដុះចាក់ទៅទទឹង តែងនាំឱជារសទៅចុងខាងលើ ម្នាលភិក្ខុទាំងឡាយ កាលបើដូច្នេះ ដើមឈើធំនោះ ដែលមានឫសនោះជាអាហារ មានឫសនោះជាកម្លាំង ក៏ឋិតនៅ អស់កាលយូរអង្វែង យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុពិចារណាឃើញ នូវសេចក្តីត្រេកអរ ក្នុងសញ្ញោជនីយធម៌ទាំងឡាយហើយ ការចាប់កំណើតនៃនាមរូប ក៏មាន សឡាយតនៈកើតមាន ព្រោះនាមរូបជាបច្ច័យ។បេ។ ក៏យ៉ាងនោះឯង ការកើតឡើងព្រម នៃកងទុក្ខទាំងអស់នុ៎ះ តែងមានយ៉ាងនេះ។

[២១៨] ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុពិចារណាឃើញទោស ក្នុងសញ្ញោជនីយធម៌ទាំងឡាយហើយ ការចាប់កំណើតឡើង នៃនាមរូប ក៏មិនមាន សឡាយតនៈរលត់ ព្រោះការរលត់នៃនាមរូប។បេ។ ការរលត់នៃកងទុក្ខទាំងអស់នុ៎ះ តែងមានយ៉ាងនេះ។

[២១៩] ម្នាលភិក្ខុទាំងឡាយ ដូចជាដើមឈើធំ កាលនោះ បុរសកាន់យកចប និងកញ្ជើដើរមក កាត់ឈើធំនោះ ត្រង់ឫស។បេ។ ជាឈើដល់នូវភាពមិនមានតទៅ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុពិចារណាឃើញទោស ក្នុងសញ្ញោជនីយធម៌ទាំងឡាយហើយ ការចាប់កំណើតនៃនាមរូបក៏មិនមាន ការរលត់នៃសឡាយតនៈ ព្រោះការរលត់នៃនាមរូប។បេ។ ក៏យ៉ាងនោះឯង ការរលត់នៃកងទុក្ខទាំងអស់នុ៎ះ តែងមានយ៉ាងនេះ។

ចប់សូត្រ ទី៨។

(វិញ្ញាណ)សូត្រ ទី៩

(៩. វិញ្ញាណសុត្តំ)

[២២០] ទ្រង់គង់នៅទៀបក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ… ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុពិចារណាឃើញ នូវសេចក្តីត្រេកអរ ក្នុងសញ្ញោជនីយធម៌ទាំងឡាយហើយ ការចាប់កំណើតឡើង នៃវិញ្ញាណ រមែងមាន នាមរូបកើតមាន ព្រោះវិញ្ញាណជាបច្ច័យ។បេ។ ការកើតឡើងព្រម នៃកងទុក្ខទាំងអស់នុ៎ះ តែងមានយ៉ាងនេះ។

[២២១] ម្នាលភិក្ខុទាំងឡាយ ដូចជាដើមឈើធំ ឫសទាំងអស់ របស់ឈើធំនោះ។បេ។ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុពិចារណាឃើញ នូវសេចក្តីត្រេកអរ ក្នុងសញ្ញោជនីយធម៌ទាំងឡាយហើយ ការចាប់កំណើតនៃវិញ្ញាណ រមែងមាន នាមរូបកើតមាន ព្រោះវិញ្ញាណជាបច្ច័យ។បេ។ ក៏យ៉ាងនោះឯង ការកើតឡើងព្រម នៃកងទុក្ខទាំងអស់នុ៎ះ តែងមានយ៉ាងនេះ។

[២២២] ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុពិចារណាឃើញទោស ក្នុងសញ្ញោជនីយធម៌ទាំងឡាយហើយ ការចាប់កំណើតនៃវិញ្ញាណក៏មិនមាន ការរលត់នៃនាមរូប ព្រោះការរលត់នៃវិញ្ញាណ។បេ។ ការរលត់នៃកងទុក្ខទាំងអស់នុ៎ះ តែងមានយ៉ាងនេះ។

[២២៣] ម្នាលភិក្ខុទាំងឡាយ ដូចជាដើមឈើធំ កាលនោះ បុរសកាន់យកចប និងកញ្ជើដើរមក កាត់ឈើធំនោះ ត្រង់ឫស។បេ។ ជាឈើដល់នូវភាពមិនមានតទៅ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុពិចារណាឃើញទោស ក្នុងសញ្ញោជនីយធម៌ទាំងឡាយហើយ ការចាប់កំណើតនៃវិញ្ញាណ រមែងមិនមាន ការរលត់នៃនាមរូប ព្រោះការរលត់នៃវិញ្ញាណ។បេ។ ក៏យ៉ាងនោះឯង ការរលត់នៃកងទុក្ខទាំងអស់នុ៎ះ តែងមានយ៉ាងនេះ។

ចប់សូត្រ ទី៩។

(និទាន)សូត្រ ទី១០

(១០. និទានសុត្តំ)

[២២៤] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងនិគម ឈ្មោះកម្មាសទម្មៈ របស់អ្នកដែនកុរុ ក្នុងដែនកុរុ។ គ្រានោះឯង ព្រះអានន្ទមានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះមានព្រះភាគ រួចអង្គុយក្នុងទីសមគួរ។ លុះព្រះអានន្ទមានអាយុ អង្គុយក្នុងទីសមគួរហើយ ទើបក្រាបបង្គំទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន អស្ចារ្យណាស់ បពិត្រព្រះអង្គដ៏ចំរើន ចំឡែកណាស់ បពិត្រព្រះអង្គដ៏ចំរើន បដិច្ចសមុប្បាទធម៌នេះ មានជម្រៅពេកផង មានឱភាសដ៏ជ្រៅផង ក៏ប៉ុន្តែហាក់ដូចជារាក់ៗ ប្រាកដដល់ខ្ញុំព្រះអង្គ។

[២២៥] ម្នាលអានន្ទ មិនមែនយ៉ាងនេះទេ ម្នាលអានន្ទ មិនមែនយ៉ាងនេះទេ ម្នាលអានន្ទ បដិច្ចសមុប្បាទធម៌នេះ មានជម្រៅផង មានឱភាសដ៏ជ្រៅផង ម្នាលអានន្ទ ពពួកសត្វនេះ ជាប់ចំពាក់វឹកវរ ចាក់ស្រែះស្មុកស្មាញ ដូចជាស្មៅយាប្លង និងស្មៅដំណេកទន្សាយ រមែងមិនកន្លងអបាយ ទុគ្គតិ វិនិបាត និងសង្សារ ព្រោះតែការមិនស្គាល់ ការមិនត្រាស់ដឹង ការមិនចាក់ធ្លុះ នូវបដិច្ចសមុប្បាទធម៌នុ៎ះ។

[២២៦] ម្នាលអានន្ទ កាលភិក្ខុពិចារណាឃើញ នូវសេចក្តីត្រេកអរ ក្នុងឧបាទានីយធម៌ទាំងឡាយហើយ តណ្ហារមែងចម្រើនឡើង ឧបាទានចម្រើនឡើង ព្រោះតណ្ហាជាបច្ច័យ ភពចម្រើនឡើង ព្រោះឧបាទានជាបច្ច័យ ជាតិចម្រើនឡើង ព្រោះភពជាបច្ច័យ ជរាមរណៈ សេចក្តីសោក សេចក្តីខ្សឹកខ្សួល ទុក្ខ ទោមនស្ស និងសេចក្តីចង្អៀតចង្អល់ចិត្ត ក៏កើតឡើងព្រម ព្រោះជាតិជាបច្ច័យ ការកើតឡើងព្រម នៃកងទុក្ខទាំងអស់នុ៎ះ តែងមានយ៉ាងនេះ។

[២២៧] ម្នាលអានន្ទ ដូចជាដើមឈើធំ ឫសទាំងអស់ របស់ឈើធំនោះ ដែលដុះចាក់ទៅក្រោម ដុះចាក់ទៅខាងទទឹង រមែងនាំឱជារស ទៅចុងខាងលើ ម្នាលអានន្ទ កាលបើដូច្នោះ ឈើធំនោះ ឈ្មោះថា មានឫសនោះជាអាហារ មានឫសនោះជាកម្លាំង មុខជាឋិតថេរនៅអស់កាលយូរ យ៉ាងណាមិញ ម្នាលអានន្ទ កាលភិក្ខុ ពិចារណាឃើញ នូវសេចក្តីត្រេកអរ ក្នុងឧបាទានីយធម៌ទាំងឡាយហើយ តណ្ហា រមែងចម្រើនឡើង ឧបាទានចម្រើនឡើង ព្រោះតណ្ហាជាបច្ច័យ ភពចម្រើនឡើង ព្រោះឧបាទានជាបច្ច័យ។បេ។ ការកើតឡើងព្រម នៃកងទុក្ខទាំងអស់នុ៎ះ តែងមានយ៉ាងនេះ។

[២២៨] ម្នាលអានន្ទ កាលភិក្ខុពិចារណាឃើញទោស ក្នុងឧបាទានីយធម៌ទាំងឡាយ តណ្ហារមែងរលត់ទៅ ការរលត់នៃឧបាទាន ព្រោះការរលត់នៃតណ្ហា ការរលត់នៃភព ព្រោះការរលត់នៃឧបាទាន។បេ។ ការរលត់នៃកងទុក្ខទាំងអស់នុ៎ះ តែងមានយ៉ាងនេះ។

[២២៩] ម្នាលអានន្ទ ដូចជាដើមឈើធំ កាលនោះ បុរសកាន់ចប និងកញ្ជើដើរមក កាត់ឈើនោះ ត្រង់ឫស លុះកាត់ឫសរួចហើយ ក៏គាស់រំលើង លុះគាស់រំលើងហើយ ក៏រើឫសចេញ ដោយហោចទៅ សូម្បីនៅសល់តែប៉ុនទងស្បូវភ្លាំង ក៏មិនមាន។ បុរសនោះ កាត់ឈើនោះ ឲ្យជាកំណាត់តូច កំណាត់ធំ លុះកាត់ឲ្យជាកំណាត់តូច កំណាត់ធំហើយ ក៏ពុះ លុះពុះហើយ ធ្វើឲ្យជាបន្ទះតូចៗ លុះធ្វើឲ្យជាបន្ទះតូចៗហើយ ហាលខ្យល់ និងកំដៅថ្ងៃ លុះហាលខ្យល់ និងកំដៅថ្ងៃហើយ យកភ្លើងដុត លុះយកភ្លើងដុតហើយ ធ្វើឲ្យជាកម្ទេចធ្យូង លុះធ្វើឲ្យជាកម្ទេចធ្យូងហើយ បាចទៅលើខ្យល់ធំ ឬបណ្តែតទៅក្នុងស្ទឹង ដែលមានខ្សែទឹកហូរខ្មាញ់ ម្នាលអានន្ទ កាលបើដូច្នេះ ឈើធំនោះ ឈ្មោះថា គេបានផ្តាច់ផ្តិលឫសគល់អស់ហើយ បានធ្វើឲ្យលែងមានទីកន្លែងដុះទៀតហើយ ជាឈើដល់នូវភាពមិនមានតទៅ មិនមានការកើតឡើងតទៅទៀតជាធម្មតា ម្នាលអានន្ទ កាលភិក្ខុពិចារណាឃើញទោស ក្នុងឧបាទានីយធម៌ទាំងឡាយហើយ តណ្ហារមែងរលត់ទៅ ការរលត់នៃឧបាទាន ព្រោះការរលត់នៃតណ្ហា ការរលត់នៃភព ព្រោះការរលត់នៃឧបាទាន ការរលត់នៃជាតិ ព្រោះការរលត់នៃភព ជរាមរណៈ សេចក្តីសោក សេចក្តីខ្សឹកខ្សួល ទុក្ខ ទោមនស្ស និងសេចក្តីចង្អៀតចង្អល់ចិត្ត ក៏រលត់ទៅ ព្រោះការរលត់នៃជាតិ ការរលត់នៃកងទុក្ខទាំងអស់នុ៎ះ តែងមានយ៉ាងនេះ។

ចប់សូត្រទី១០។

ចប់ ទុក្ខវគ្គ ទី៦។

ឧទ្ទាន នៃទុក្ខវគ្គនោះគឺ

និយាយពីភិក្ខុពិចារណាសេចក្តីទុក្ខ១ និយាយពីភិក្ខុឃើញទោស និងសេចក្តីត្រេកអរ ក្នុងឧបាទានីយធម៌២លើក និយាយពីសញ្ញោជនីយធម៌២លើក ពោលប្រៀបពីដើមឈើធំ២លើក សេចក្តីប្រៀបដោយដើមឈើខ្ចី ជាគម្រប់៧ និយាយពីការចាប់កំណើតនៃនាមរូប១ និយាយពីវិញ្ញាណ បើរាប់តាមនិទាន មាន១៣។

មហាវគ្គ (ទី៧)

(៧. មហាវគ្គោ)

(អស្សុតវា)សូត្រ ទី១

(១. អស្សុតវាសុត្តំ)

[២៣០] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ព្រះមានព្រះភាគ …. ម្នាលភិក្ខុទាំងឡាយ បុថុជ្ជនអ្នកមិនចេះដឹង គប្បីនឿយណាយផង ធុញទ្រាន់ផង ផុតស្រឡះផង ក្នុងកាយ ដែលកើតអំពីមហាភូតទាំង៤នេះ ដំណើរនោះ ព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ព្រោះថា សេចក្តីចម្រើនក្តី សេចក្តីវិនាសក្តី ដំណើរកើតឡើងក្តី ដំណើរបែកធ្លាយក្តី នៃកាយដែលកើតអំពីមហាភូតទាំង៤នេះ តែងប្រាកដ ហេតុនោះ បានជាបុថុជ្ជនអ្នកមិនចេះដឹង គប្បីនឿយណាយផង ធុញទ្រាន់ផង ផុតស្រឡះផង ក្នុងកាយ ដែលកើតអំពីមហាភូតទាំង៤នោះ។ ម្នាលភិក្ខុទាំងឡាយ ចំណែកខាងធម្មជាតណា ដែលហៅថាចិត្តខ្លះ ហៅថាមនោខ្លះ ហៅថាវិញ្ញាណខ្លះ បុថុជ្ជនអ្នកមិនចេះដឹង មិនអាចនឿយណាយ មិនអាចធុញទ្រាន់ មិនអាចផុតស្រឡះ ក្នុងធម្មជាតនោះបានឡើយ ដំណើរនោះ ព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ព្រោះថា ធម្មជាតនុ៎ះ បុថុជ្ជនអ្នកមិនចេះដឹង ធ្លាប់ចូលចិត្ត រាប់អាន ប្រកាន់មកហើយ អស់កាលជាអង្វែងថា នុ៎ះ ជារបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់អញ ដូច្នេះ ហេតុនោះ បានជាបុថុជ្ជនអ្នកមិនចេះដឹង មិនអាចនឿយណាយ មិនអាចធុញទ្រាន់ មិនអាចផុតស្រឡះ ក្នុងធម្មជាតនោះបានឡើយ។

[២៣១] ម្នាលភិក្ខុទាំងឡាយ បុថុជ្ជនអ្នកមិនចេះដឹង រមែងប្រកាន់កាយ ដែលកើតអំពីមហាភូតទាំង៤នេះ ថាប្រសើរ ដោយថាជាខ្លួន តែមិនប្រកាន់នូវចិត្តឡើយ ដំណើរនោះ ព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ព្រោះថា កាយដែលកើតអំពីមហាភូតទាំង៤នេះ កាលបើឋិតនៅបានមួយឆ្នាំខ្លះ ឋិតនៅបានពីរឆ្នាំខ្លះ ឋិតនៅបានបីឆ្នាំខ្លះ ឋិតនៅបានបួនឆ្នាំខ្លះ ឋិតនៅបានប្រាំឆ្នាំខ្លះ ឋិតនៅបាន១០ឆ្នាំខ្លះ ឋិតនៅបាន២០ឆ្នាំខ្លះ ឋិតនៅបាន៣០ឆ្នាំខ្លះ ឋិតនៅបាន៤០ឆ្នាំខ្លះ ឋិតនៅបាន៥០ឆ្នាំខ្លះ ឋិតនៅបាន១០០ឆ្នាំខ្លះ ឋិតនៅជាង១០០ឆ្នាំខ្លះ តែងប្រាកដ។ ម្នាលភិក្ខុទាំងឡាយ ចំណែកឯធម្មជាត ដែលហៅថាចិត្តខ្លះ មនោខ្លះ វិញ្ញាណខ្លះនោះ តែងកើតឡើងផ្សេង រលត់ទៅផ្សេង ទាំងយប់ ទាំងថ្ងៃ។

[២៣២] ម្នាលភិក្ខុទាំងឡាយ ដូចស្វា ត្រាច់ទៅក្នុងព្រៃតូច ព្រៃធំ តែងចាប់មែកឈើ លែងមែកដែលចាប់នោះហើយ ចាប់មែកដទៃ លែងមែកដទៃនោះហើយ ចាប់មែកដទៃទៀត លែងមែកដទៃទៀតនោះហើយ ចាប់មែកដទៃតទៅទៀត យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ធម្មជាត ដែលហៅថា ចិត្តខ្លះ មនោខ្លះ វិញ្ញាណខ្លះនោះ តែងកើតឡើងផ្សេង រលត់ទៅវិញផ្សេង ទាំងយប់ទាំងថ្ងៃ ក៏យ៉ាងនោះឯង។

[២៣៣] ម្នាលភិក្ខុទាំងឡាយ ត្រង់សេចក្តីនោះ អរិយសាវ័កអ្នកចេះដឹង តែងធ្វើទុកក្នុងចិត្ត នូវបដិច្ចសមុប្បាទធម៌ ដោយឧបាយនៃប្រាជ្ញាឲ្យប្រពៃថា កាលបើវត្ថុនេះមាន ទើបវត្ថុនេះមាន ព្រោះតែវត្ថុនេះកើតឡើង បានជាវត្ថុនេះកើតឡើងដែរ កាលបើវត្ថុនេះមិនមាន វត្ថុនេះក៏មិនមានដែរ ព្រោះតែវត្ថុនេះរលត់ បានជាវត្ថុនេះរលត់ដែរ គឺថា សង្ខារទាំងឡាយកើតមាន ព្រោះអវិជ្ជាជាបច្ច័យ វិញ្ញាណកើតមាន ព្រោះសង្ខារជាបច្ច័យ។បេ។ ការកើតឡើងព្រម នៃកងទុក្ខទាំងអស់នុ៎ះ តែងមានយ៉ាងនេះ។ ឯការរលត់នៃសង្ខារ ព្រោះការវិនាស និងការរលត់មិនសេសសល់នៃអវិជ្ជា ការរលត់នៃវិញ្ញាណ ព្រោះការរលត់នៃសង្ខារ។បេ។ ការរលត់នៃកងទុក្ខទាំងអស់នុ៎ះ តែងមានយ៉ាងនេះ។

[២៣៤] ម្នាលភិក្ខុទាំងឡាយ អរិយសាវ័កអ្នកចេះដឹង កាលបើឃើញយ៉ាងនេះ តែងនឿយណាយក្នុងរូបផង នឿយណាយក្នុងវេទនាផង នឿយណាយក្នុងសញ្ញាផង នឿយណាយក្នុងសង្ខារទាំងឡាយផង នឿយណាយក្នុងវិញ្ញាណផង កាលបើនឿយណាយ ក៏តែងធុញទ្រាន់ ព្រោះតែការធុញទ្រាន់ ចិត្តក៏ផុតស្រឡះបាន។ កាលបើចិត្តផុតស្រឡះហើយ សេចក្តីដឹងថា ចិត្តផុតស្រឡះហើយ ដូច្នេះ ក៏កើតមាន។ អរិយសាវ័កនោះ តែងដឹងច្បាស់ថា ជាតិ (របស់អាត្មាអញ) អស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញ បាននៅរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។

ចប់សូត្រ ទី១។

(ទុតិយអស្សុតវា)សូត្រ ទី២

(២. ទុតិយអស្សុតវាសុត្តំ)

[២៣៥] ទ្រង់គង់នៅទៀបក្រុងសាវត្ថី…. ក្នុងទីនោះឯង ព្រះមានព្រះភាគ… ម្នាលភិក្ខុទាំងឡាយ បុថុជ្ជនអ្នកមិនចេះដឹង គប្បីនឿយណាយផង ធុញទ្រាន់ផង ផុតស្រឡះផង ក្នុងកាយដែលកើតអំពីមហាភូតទាំង៤នេះ ដំណើរនេះ ព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ព្រោះថា សេចក្តីចម្រើនក្តី សេចក្តីវិនាសក្តី ដំណើរកើតក្តី ដំណើរបែកធ្លាយក្តី របស់កាយដែលកើតអំពីមហាភូតទាំង៤នេះ តែងប្រាកដ ហេតុនោះ បានជាបុថុជ្ជនអ្នកមិនចេះដឹង គប្បីនឿយណាយផង ធុញទ្រាន់ផង ផុតស្រឡះផង ក្នុងកាយនោះ។ ម្នាលភិក្ខុទាំងឡាយ ចំណែកខាងធម្មជាតណា ដែលហៅថា ចិត្តខ្លះ មនោខ្លះ វិញ្ញាណខ្លះ បុថុជ្ជនអ្នកមិនចេះដឹង មិនអាចនឿយណាយ មិនអាចធុញទ្រាន់ មិនអាចផុតស្រឡះ ក្នុងធម្មជាតនោះឡើយ ដំណើរនោះ ព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ព្រោះថា ធម្មជាតនុ៎ះ បុថុជ្ជនអ្នកមិនចេះដឹង ធ្លាប់ចូលចិត្ត រាប់អាន ប្រកាន់មកហើយ អស់កាលជាអង្វែងថា នុ៎ះជារបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់អញ ដូច្នេះ ហេតុនោះ បានជាបុថុជ្ជនអ្នកមិនចេះដឹង មិនអាចនឿយណាយ មិនអាចធុញទ្រាន់ មិនអាចផុតស្រឡះ ក្នុងធម្មជាតនោះឡើយ។

[២៣៦] ម្នាលភិក្ខុទាំងឡាយ បុថុជ្ជនអ្នកមិនចេះដឹង តែងប្រកាន់កាយ ដែលកើតអំពីមហាភូតទាំង៤នេះ ថាប្រសើរ ដោយថាជាខ្លួន តែមិនប្រកាន់នូវចិត្តឡើយ ដំណើរនោះ ព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ព្រោះថា កាយដែលកើតអំពីមហាភូតទាំង៤នេះ កាលបើឋិតនៅបាន១ឆ្នាំខ្លះ ឋិតនៅបាន២ឆ្នាំខ្លះ ឋិតនៅបាន៣ឆ្នាំខ្លះ ឋិតនៅបាន៤ឆ្នាំខ្លះ ឋិតនៅបាន៥ឆ្នាំខ្លះ ឋិតនៅបាន១០ឆ្នាំខ្លះ ឋិតនៅបាន២០ឆ្នាំខ្លះ ឋិតនៅបាន៣០ឆ្នាំខ្លះ ឋិតនៅបាន៤០ឆ្នាំខ្លះ ឋិតនៅបាន៥០ឆ្នាំខ្លះ ឋិតនៅបាន១០០ឆ្នាំខ្លះ ឋិតនៅច្រើនជាង១០០ឆ្នាំខ្លះ តែងប្រាកដ។ ម្នាលភិក្ខុទាំងឡាយ ចំណែកឯធម្មជាតណា ដែលហៅថា ចិត្តខ្លះ មនោខ្លះ វិញ្ញាណខ្លះ ធម្មជាតនោះ តែងកើតឡើងផ្សេង រលត់ទៅវិញផ្សេង ទាំងយប់ទាំងថ្ងៃ។

[២៣៧] ម្នាលភិក្ខុទាំងឡាយ ត្រង់សេចក្តីនោះ អរិយសាវ័កអ្នកចេះដឹង តែងធ្វើទុកក្នុងចិត្ត នូវបដិច្ចសមុប្បាទធម៌ ដោយឧបាយប្រាជ្ញាឲ្យប្រពៃថា កាលបើវត្ថុនេះមាន ទើបវត្ថុនេះមាន ព្រោះតែវត្ថុនេះកើតឡើង បានជាវត្ថុនេះកើតឡើងដែរ កាលបើវត្ថុនេះមិនមាន វត្ថុនេះក៏មិនមានដែរ ព្រោះតែវត្ថុនេះរលត់ បានជាវត្ថុនេះរលត់ដែរ។ ម្នាលភិក្ខុទាំងឡាយ សុខវេទនា រមែងកើតឡើង ព្រោះអាស្រ័យផស្សៈ ដែលជាបច្ច័យនៃសុខវេទនា វេទនាណា ដែលកើតអំពីផស្សៈនោះ គឺសុខវេទនាដែលកើតឡើង ព្រោះអាស្រ័យផស្សៈ ដែលជាបច្ច័យ នៃសុខវេទនា វេទនានោះ ក៏រលត់ទៅ ស្ងប់រម្ងាប់ទៅ ព្រោះការរលត់នៃផស្សៈ ដែលជាបច្ច័យនៃសុខវេទនានោះឯង។ ម្នាលភិក្ខុទាំងឡាយ ទុក្ខវេទនា រមែងកើតឡើងព្រោះអាស្រ័យផស្សៈ ជាបច្ច័យនៃទុក្ខវេទនា វេទនាណា ដែលកើតអំពីផស្សៈនោះ គឺទុក្ខវេទនាដែលកើតឡើង ព្រោះអាស្រ័យផស្សៈ ដែលជាបច្ច័យ នៃទុក្ខវេទនា វេទនានោះ ក៏រលត់ទៅ ស្ងប់រម្ងាប់ទៅ ព្រោះការរលត់នៃផស្សៈ ដែលជាបច្ច័យនៃទុក្ខវេទនានោះឯង។ ម្នាលភិក្ខុទាំងឡាយ វេទនាដែលមិនជាទុក្ខ មិនជាសុខ រមែងកើតឡើង ព្រោះអាស្រ័យផស្សៈ ដែលជាបច្ច័យនៃវេទនាមិនជាទុក្ខមិនជាសុខ វេទនាណា ដែលកើតអំពីផស្សៈនោះ គឺវេទនាមិនជាទុក្ខមិនជាសុខ ដែលកើតឡើង ព្រោះអាស្រ័យផស្សៈ ដែលជាបច្ច័យ នៃវេទនាមិនជាទុក្ខមិនជាសុខ វេទនានោះ ក៏រលត់ទៅ ស្ងប់រម្ងាប់ទៅ ព្រោះការរលត់នៃផស្សៈ ដែលជាបច្ច័យនៃវេទនាមិនជាទុក្ខមិនជាសុខនោះឯង។

[២៣៨] ម្នាលភិក្ខុទាំងឡាយ ដូចជាចំហាយក្តៅ កើតឡើង ភ្លើងក៏កើតឡើង ព្រោះតែការប្រជុំខ្ទប់គ្នា នៃឈើពីរកំណាត់ កាលបើឈើទាំងពីរកំណាត់នោះឯង ញែកឃ្លាតចេញពីគ្នាហើយ ចំហាយក្តៅ ដែលកើតអំពីកំណាត់ឈើនោះ ក៏រលត់ទៅ ស្ងប់រម្ងាប់ទៅ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ សុខវេទនា តែងកើតឡើង ព្រោះអាស្រ័យផស្សៈ ដែលជាបច្ច័យនៃសុខវេទនា វេទនាណា ដែលកើតអំពីផស្សៈនោះ គឺសុខវេទនា ដែលកើតឡើង ព្រោះអាស្រ័យផស្សៈ ដែលជាបច្ច័យ នៃសុខវេទនា វេទនានោះ ក៏រលត់ទៅ ស្ងប់រម្ងាប់ទៅ ព្រោះការរលត់នៃផស្សៈ ដែលជាបច្ច័យនៃសុខវេទនានោះឯង ទុក្ខវេទនា តែងកើតឡើង ព្រោះអាស្រ័យផស្សៈ ដែលជាបច្ច័យ នៃទុក្ខវេទនា វេទនាណា ដែលកើតអំពីផស្សៈនោះ គឺទុក្ខវេទនា ដែលកើតឡើង ព្រោះអាស្រ័យផស្សៈ ជាបច្ច័យ នៃទុក្ខវេទនា វេទនានោះ ក៏រលត់ទៅ ស្ងប់រម្ងាប់ទៅ ព្រោះការរលត់នៃផស្សៈ ដែលជាបច្ច័យ នៃទុក្ខវេទនានោះឯង វេទនាមិនជាទុក្ខ មិនជាសុខ កើតឡើង ព្រោះអាស្រ័យផស្សៈ ដែលជាបច្ច័យ នៃវេទនាមិនជាទុក្ខមិនជាសុខ វេទនាណា ដែលកើតអំពីផស្សៈនោះ គឺវេទនាមិនជាទុក្ខមិនជាសុខ ដែលកើតឡើង ព្រោះអាស្រ័យផស្សៈ ដែលជាបច្ច័យ នៃវេទនាមិនជាទុក្ខមិនជាសុខ វេទនានោះ ក៏រលត់ទៅ ស្ងប់រម្ងាប់ទៅ ព្រោះការរលត់នៃផស្សៈ ដែលជាបច្ច័យនៃវេទនាមិនជាទុក្ខមិនជាសុខនោះឯង ក៏យ៉ាងនោះឯង។

[២៣៩] ម្នាលភិក្ខុទាំងឡាយ អរិយសាវ័កអ្នកចេះដឹង កាលបើឃើញយ៉ាងនេះ តែងនឿយណាយក្នុងផស្សៈផង នឿយណាយក្នុងវេទនាផង នឿយណាក្នុងសញ្ញាផង នឿយណាយក្នុងសង្ខារទាំងឡាយផង នឿយណាយក្នុងវិញ្ញាណផង កាលបើនឿយណាយ ក៏តែងធុញទ្រាន់ ព្រោះតែការធុញទ្រាន់ ចិត្តក៏ផុតស្រឡះបាន។ កាលបើចិត្តផុតស្រឡះហើយ សេចក្តីដឹងថា ចិត្តផុតស្រឡះហើយ ដូច្នេះ ក៏កើតមាន។ អរិយសាវ័កនោះ តែងដឹងច្បាស់ថា ជាតិ (របស់អាត្មាអញ) អស់ហើយ ព្រហ្មចរិយៈ អាត្មាអញ បាននៅរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។

ចប់សូត្រ ទី២។

(បុត្តមំសូបម)សូត្រ ទី៣

(៣. បុត្តមំសូបមសុត្តំ)

[២៤០] ទ្រង់គង់នៅទៀបក្រុងសាវត្ថី…. ក្នុងទីនោះឯង ព្រះមានព្រះភាគ… ម្នាលភិក្ខុទាំងឡាយ អាហារ៤នេះ ប្រព្រឹត្តទៅ ដើម្បីការតាំងនៅបាន នៃពួកភូតសត្វផង ដើម្បីអនុគ្រោះ ដល់ពួកសម្ភវេសីសត្វផង។ អាហារ៤ តើដូចម្តេច។ កវឡីការាហារ ដ៏គ្រោតគ្រាតក្តី ល្អិតក្តី (ជាទីមួយ) ផស្សាហារ ជាទីពីរ មនោសញ្ចេតនាហារ ជាទីបី វិញ្ញាណាហារ ជាទីបួន។ ម្នាលភិក្ខុទាំងឡាយ អាហារទាំង៤នេះឯង ប្រព្រឹត្តទៅ ដើម្បីការតាំងនៅបាននៃពួកភូតសត្វផង ដើម្បីអនុគ្រោះ ដល់ពួកសម្ភវេសីសត្វផង។

[២៤១] ម្នាលភិក្ខុទាំងឡាយ កវឡីការាហារ តើត្រូវយល់ដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ដូចជាភរិយាស្វាមី ពីរនាក់ គប្បីនាំយកស្បៀងតិចតួច ដើរទៅកាន់ផ្លូវលំបាក ស្វាមីភរិយានោះ មានកូនប្រុសតែមួយ ជាទីស្រឡាញ់ពេញចិត្ត។ ម្នាលភិក្ខុទាំងឡាយ គ្រាកាលដែលភរិយាស្វាមី ទាំងពីរនាក់ កំពុងដើរទៅកាន់ផ្លូវលំបាកនោះ ស្បៀងបន្តិចបន្តួចនោះ អស់រលីងទៅ ផ្លូវលំបាកនោះ នៅសល់ឆ្លងមិនទាន់ផុត។ ម្នាលភិក្ខុទាំងឡាយ ទើបភរិយាស្វាមីទាំងពីរនាក់នោះ ប្រឹក្សាគ្នាយ៉ាងនេះថា ស្បៀងអាហារបន្តិចបន្តួចរបស់យើងនោះ អស់រលីងទៅហើយ ផ្លូវលំបាកនៅសល់ ឆ្លងមិនទាន់ផុតឡើយ បើដូច្នោះ យើងត្រូវសម្លាប់កូនប្រុសតែមួយ ជាទីស្រឡាញ់ពេញចិត្តនេះ ធ្វើជាងៀតផង ជាផ្អកផង កាលបើយើងទាំងពីរនាក់ ស៊ីសាច់កូននោះហើយ នឹងឆ្លងផ្លូវលំបាក ដែលនៅសល់នោះផុតបាន បើមិនដូច្នោះ យើងទាំងអស់គ្នា មុខជានឹងស្លាប់ទាំងបីនាក់។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ ភរិយាស្វាមីទាំងពីរនាក់នោះ សម្លាប់កូនប្រុសតែមួយ ជាទីស្រឡាញ់ពេញចិត្តនុ៎ះ ធ្វើជាងៀតផង ជាផ្អកផង កាលបើភរិយាស្វាមី ទាំងពីរនាក់ ស៊ីសាច់កូនហើយ ទើ់បដើរឆ្លងផ្លូវលំបាក ដែលនៅសល់នោះ ឲ្យផុតបាន ភរិយាស្វាមីនោះ ស៊ីសាច់កូនផង រឹតទ្រូងផងថា ហៃកូនប្រុសតែមួយ អ្នកឯងនៅឯណា ហៃកូនប្រុសតែមួយ អ្នកឯងនៅឯណា។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់ដំណើរនោះ ថាដូចម្តេច ភរិយាស្វាមីនោះ លេបអាហារដើម្បីការលេង លេបអាហារដើម្បីការស្រវឹង លេបអាហារ ដើម្បីការប្រដាប់តាក់តែង លេបអាហារ ដើម្បីការស្អិតស្អាង ដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ដំណើរនុ៎ះ មិនមែនដូច្នោះទេ។ ម្នាលភិក្ខុទាំងឡាយ ភរិយាស្វាមីនោះ ក្រែងលេបអាហារ គ្រាន់តែដើម្បីនឹងឆ្លងផ្លូវលំបាក ឲ្យផុតតែប៉ុណ្ណោះទេឬ។ ព្រះករុណា ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា ត្រូវអ្នករាល់គ្នា យល់កវឡីការាហារ ក៏យ៉ាងនោះដែរ។ ម្នាលភិក្ខុទាំងឡាយ កាលបើកំណត់ដឹងកវឡីការាហារហើយ ក៏ឈ្មោះថា បានកំណត់ដឹងរាគៈ ដែលប្រព្រឹត្តទៅក្នុងកាមគុណទាំង៥ដែរ កាលបើកំណត់ដឹងរាគៈ ដែលប្រព្រឹត្តទៅក្នុងកាមគុណទាំង៥ហើយ អរិយសាវ័ក ដែលប្រកបដោយសំយោជនៈណាហើយ ត្រូវត្រឡប់មកកាន់លោកនេះម្តងទៀត សំយោជនៈនោះ មិនមានទេ។

[២៤២] ម្នាលភិក្ខុទាំងឡាយ ផស្សាហារ តើត្រូវយល់ដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ដូចជាមេគោ ដែលមិនមានស្បែក បើឈរផ្អែកនឹងជញ្ជាំង ក៏ត្រូវពួកសត្វ ដែលអាស្រ័យនៅនឹងជញ្ជាំងនោះខាំ បើឈរផ្អែកនឹងដើមឈើ ក៏ត្រូវពួកសត្វ ដែលអាស្រ័យនៅនឹងដើមឈើនោះខាំ បើឈរត្រាំនៅក្នុងទឹក ក៏ត្រូវពួកសត្វ ដែលអាស្រ័យនៅក្នុងទឹកនោះចឹកប្របិច បើឈរកណ្តាលវាល ក៏ត្រូវពួកសត្វ ដែលអាស្រ័យនៅនឹងអាកាសនោះខាំ ម្នាលភិក្ខុទាំងឡាយ មេគោដែលមិនមានស្បែកនោះ ឈរនៅក្នុងទីណាៗ ក៏គង់តែពួកសត្វ ដែលអាស្រ័យនៅក្នុងទីនោះៗខាំស៊ី យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា ត្រូវអ្នករាល់គ្នា យល់ផស្សាហារ ក៏យ៉ាងនោះឯង។ ម្នាលភិក្ខុទាំងឡាយ កាលបើកំណត់ដឹងផស្សាហារហើយ ក៏ឈ្មោះថា បានកំណត់ដឹង នូវវេទនាទាំងបីដែរ កាលបើកំណត់ដឹងនូវវេទនាទាំងបីហើយ តថាគតពោលថា កិច្ចណាមួយ ដែលអរិយសាវ័កត្រូវធ្វើតទៅទៀត មិនមានឡើយ។

[២៤៣] ម្នាលភិក្ខុទាំងឡាយ មនោសញ្ចេតនាហារ តើត្រូវយល់ដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ដូចជារណ្តៅរងើកភ្លើង មានជម្រៅជាងមួយជួរបុរស ពេញដោយរងើកភ្លើង ឥតមានអណ្តាត ឥតមានផ្សែង ចួនជាមានបុរសអ្នកប្រាថ្នាចង់រស់នៅ មិនប្រាថ្នាចង់ស្លាប់ ស្រឡាញ់សុខ ខ្ពើមទុក្ខ ដើរមក ស្រាប់តែបុរសពីរនាក់ មានកម្លាំង ចាប់បុរសនោះ ត្រង់ដើមដៃម្ខាងម្នាក់ ទាញទម្លាក់ទៅក្នុងរណ្តៅរងើកភ្លើងនោះ។ ម្នាលភិក្ខុទាំងឡាយ កាលបើដូច្នោះ បុរសនោះ សមជាមានចេតនាគិតចង់ឲ្យឃ្លាត មានប្រាថ្នាចង់ឲ្យឆ្ងាយ មានបំណងចង់ឲ្យឃ្វាង អំពីរណ្តៅរងើកភ្លើងនោះ ដំណើរនោះ ព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ព្រោះថា បុរសនោះ បានដឹងជាក់លាក់ថា បើអាត្មាអញ នឹងធ្លាក់ទៅក្នុងរណ្តៅរងើកភ្លើងនេះ អាត្មាអញ មុខជានឹងដល់នូវសេចក្តីស្លាប់ ឬដល់នូវសេចក្តីទុក្ខ ស្ទើរនឹងស្លាប់ ព្រោះតែការធ្លាក់ទៅក្នុងរណ្តៅរងើកភ្លើងនោះជាហេតុ ដូចម្តេចមិញ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា ត្រូវអ្នករាល់គ្នា យល់មនោសញ្ចេតនាហារ ក៏ដូច្នោះដែរ។ ម្នាលភិក្ខុទាំងឡាយ កាលបើកំណត់ដឹងនូវមនោសញ្ចេតនាហារហើយ ក៏ឈ្មោះថា បានកំណត់ដឹង នូវតណ្ហាទាំងបីដែរ កាលបើកំណត់ដឹង នូវតណ្ហាទាំងបីហើយ តថាគតពោលថា កិច្ចណាមួយ ដែលអរិយសាវ័កត្រូវធ្វើតទៅទៀត មិនមានឡើយ។

[២៤៤] ម្នាលភិក្ខុទាំងឡាយ ចុះវិញ្ញាណាហារ តើត្រូវយល់ដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ដូចជាពួករាជបុរស ចាប់បានចោរ ដែលប្រព្រឹត្តអំពើអាក្រក់ យកមកថ្វាយដល់ព្រះរាជាថា បពិត្រព្រះសម្មតិទេព បុគ្គលនេះ ជាចោររបស់ព្រះអង្គ ជាអ្នកប្រព្រឹត្តអំពើអាក្រក់ សូមទ្រង់ដាក់អាជ្ញាដល់ចោរនេះ តាមព្រះរាជបំណង ព្រះរាជាមានព្រះបន្ទូល ចំពោះបុរសនោះ យ៉ាងនេះថា ម្នាលអ្នកដ៏ចម្រើន ចូរអ្នកទាំងឡាយ ទៅប្រហារបុរសនេះ ១០០លំពែង ក្នុងវេលាព្រឹក រាជបុរស ក៏ប្រហារបុរសនោះ ១០០លំពែង ក្នុងវេលាព្រឹក លុះដល់សម័យថ្ងៃត្រង់ ព្រះរាជាត្រាស់សួរ យ៉ាងនេះថា ម្នាលអ្នកដ៏ចម្រើន បុរសនោះដូចម្តេចទៅ រាជបុរសក្រាបទូលថា បពិត្រព្រះសម្មតិទេព បុរសនោះ នៅរស់ដដែលទេ ព្រះរាជាមានព្រះបន្ទូល ចំពោះបុរសនោះ យ៉ាងនេះថា ម្នាលអ្នកដ៏ចម្រើន ចូរអ្នកទាំងឡាយ ទៅប្រហារបុរសនោះ ១០០លំពែង ក្នុងសម័យថ្ងៃត្រង់ រាជបុរស ក៏ប្រហារបុរសនោះ ១០០លំពែង ក្នុងសម័យថ្ងៃត្រង់ លុះដល់សម័យថ្ងៃរសៀល ព្រះរាជាទ្រង់ត្រាស់សួរ យ៉ាងនេះថា ម្នាលអ្នកដ៏ចម្រើន បុរសនោះដូចម្តេចទៅ រាជបុរសក្រាបទូលថា បពិត្រព្រះសម្មតិទេព បុរសនោះ នៅរស់ដដែលទេ ព្រះរាជា ទ្រង់មានព្រះបន្ទូល ចំពោះបុរសនោះ យ៉ាងនេះថា ម្នាលអ្នកដ៏ចម្រើន ចូរអ្នកទាំងឡាយ ទៅប្រហារបុរសនោះ ១០០លំពែង ក្នុងសម័យថ្ងៃរសៀល រាជបុរស ក៏ប្រហារបុរសនោះ ១០០លំពែង ក្នុងសម័យថ្ងៃរសៀល។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់សេចក្តីនោះ ដូចម្តេច កាលបើបុរសនោះ ត្រូវគេប្រហារ ៣០០លំពែង ក្នុងមួយថ្ងៃ នឹងរងទុក្ខទោមនស្ស ព្រោះហេតុតែគេប្រហារនោះដែរឬ ម្នាលភិក្ខុទាំងឡាយ កាលបើបុរសនោះ ត្រូវប្រហារត្រឹម១លំពែងប៉ុណ្ណោះ ក៏រងទុក្ខទោមនស្ស ព្រោះតែគេប្រហារ១លំពែងនោះទៅហើយ ចំណង់បើត្រូវគេប្រហារ ដល់៣០០លំពែងនោះ មិនបាច់និយាយទេ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា ត្រូវអ្នករាល់គ្នា យល់វិញ្ញាណាហារ ក៏យ៉ាងនោះដែរ។ ម្នាលភិក្ខុទាំងឡាយ កាលបើកំណត់ដឹងវិញ្ញាណាហារហើយ ក៏ឈ្មោះថា បានកំណត់ដឹងនូវនាម និងរូបដែរ កាលបើកំណត់នឹងនូវនាម និងរូបហើយ តថាគតពោលថា កិច្ចណាមួយ ដែលអរិយសាវ័កត្រូវធ្វើតទៅទៀត មិនមានឡើយ។

ចប់សូត្រ ទី៣។

(អត្ថិរាគ)សូត្រ ទី៤

(៤. អត្ថិរាគសុត្តំ)

[២៤៥] ទ្រង់គង់នៅទៀបក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ… ម្នាលភិក្ខុទាំងឡាយ អាហារនេះ មាន៤ ប្រព្រឹត្តទៅ ដើម្បីការតាំងនៅបាន នៃពួកភូតសត្វផង ដើម្បីអនុគ្រោះ ដល់ពួកសម្ភវេសីសត្វផង។ អាហារ៤ តើដូចម្តេចខ្លះ។ គឺកវឡីការាហារ ដ៏គ្រោតគ្រាតក្តី ល្អិតក្តី (ជាទីមួយ) ផស្សាហារ ជាទីពីរ មនោសញ្ចេតនាហារ ជាទីបី វិញ្ញាណាហារ ជាទីបួន។ ម្នាលភិក្ខុទាំងឡាយ អាហារ៤នេះឯង ប្រព្រឹត្តទៅ ដើម្បីការតាំងនៅបាននៃពួកភូតសត្វផង ដើម្បីអនុគ្រោះដល់ពួកសម្ភវេសីសត្វផង។

[២៤៦] ម្នាលភិក្ខុទាំងឡាយ បើតម្រេក សេចក្តីរីករាយ ចំណង់ មានក្នុងកវឡីការាហារហើយ វិញ្ញាណក៏លូតលាស់ តាំងនៅស៊ប់ក្នុងកវឡីការាហារនោះដែរ វិញ្ញាណលូតលាស់ តាំងនៅស៊ប់ក្នុងទីណា នាមរូបក៏ឈានចុះក្នុងទីនោះ នាមរូបឈានចុះក្នុងទីណា សង្ខារទាំងឡាយ ក៏ចម្រើនក្នុងទីនោះ សង្ខារទាំងឡាយ ចម្រើនក្នុងទីណា ការចាប់កំណើតក្នុងភពថ្មីតទៅទៀត ក៏មានក្នុងទីនោះ ការចាប់កំណើតក្នុងភពថ្មីតទៅទៀត មានក្នុងទីណា ជាតិ ជរា មរណៈ តទៅទៀត ក៏មានក្នុងទីនោះ ជាតិ ជរា មរណៈ តទៅទៀត មានក្នុងទីណា ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា ទីនោះ ប្រកបដោយសោក ប្រកបដោយធុលី គឺរាគាទិក្កិលេស ប្រកបដោយសេចក្តីចង្អៀតចង្អល់។ ម្នាលភិក្ខុទាំងឡាយ បើក្នុងផស្សាហារ… ម្នាលភិក្ខុទាំងឡាយ បើក្នុងមនោសញ្ចេតនាហារ… ម្នាលភិក្ខុទាំងឡាយ បើតម្រេក សេចក្តីរីករាយ ចំណង់ មានក្នុងវិញ្ញាណាហារ វិញ្ញាណក៏លូតលាស់ តាំងនៅស៊ប់ក្នុងវិញ្ញាណាហារនោះ វិញ្ញាណលូតលាស់ តាំងនៅស៊ប់ ក្នុងទីណា នាមរូបក៏ឈានចុះក្នុងទីនោះ នាមរូបឈានចុះក្នុងទីណា សង្ខារទាំងឡាយ ក៏ចម្រើនឡើងក្នុងទីនោះ សង្ខារទាំងឡាយ ចម្រើនឡើងក្នុងទីណា ការចាប់កំណើតក្នុងភពថ្មីតទៅទៀត ក៏មានក្នុងទីនោះ ការចាប់កំណើតក្នុងភពថ្មីតទៅទៀត មានក្នុងទីណា ជាតិ ជរា មរណៈ តទៅទៀត ក៏មានក្នុងទីនោះ ជាតិ ជរា មរណៈ តទៅទៀត មានក្នុងទីណា ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា ទីនោះ ប្រកបដោយសោក ប្រកបដោយធុលី គឺរាគាទិក្កិលេស ប្រកបដោយសេចក្តីចង្អៀតចង្អល់ចិត្ត។

[២៤៧] ម្នាលភិក្ខុទាំងឡាយ ដូចជាជាងជ្រលក់ ឬជាងគំនូរ កាលបើមានទឹកជ្រលក់ក្តី ល័ក្តក្តី រមៀតក្តី ត្រុំក្តី ស្បែងក្តី ក៏គូររូបស្ត្រី ឬរូបបុរស ឲ្យមានអវយវៈតូចធំសព្វគ្រប់ នាក្រដាស ឬផែនក្តារ នាជញ្ជាំង ឬផ្ទាំងសំពត់ ដូចម្តេចមិញ ម្នាលភិក្ខុទាំងឡាយ បើតម្រេក សេចក្តីរីករាយ ចំណង់ មានក្នុងកវឡីការាហារនោះ វិញ្ញាណក៏លូតលាស់ តាំងនៅស៊ប់ក្នុងកវឡីការាហារនោះ វិញ្ញាណលូតលាស់ តាំងនៅស៊ប់ក្នុងទីណា នាមរូបក៏ឈានចុះក្នុងទីនោះ នាមរូបឈានចុះក្នុងទីណា សង្ខារទាំងឡាយ ក៏ចម្រើនឡើងក្នុងទីនោះ សង្ខារទាំងឡាយ ចម្រើនឡើងក្នុងទីណា ការចាប់កំណើតក្នុងភពថ្មីតទៅទៀត ក៏មានក្នុងទីនោះ ការចាប់កំណើតក្នុងភពថ្មីតទៅទៀត មានក្នុងទីណា ជាតិ ជរា មរណៈ តទៅទៀត ក៏មានក្នុងទីនោះ ជាតិ ជរា មរណៈ តទៅទៀត មានក្នុងទីណា ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា ទីនោះ ប្រកបដោយសោក ប្រកបដោយធុលី គឺរាគាទិក្កិលេស ប្រកបដោយសេចក្តីចង្អៀតចង្អល់ចិត្ត។ ម្នាលភិក្ខុទាំងឡាយ បើក្នុងផស្សាហារ… ម្នាលភិក្ខុទាំងឡាយ បើក្នុងមនោសញ្ចេតនាហារ… ម្នាលភិក្ខុទាំងឡាយ បើតម្រេក សេចក្តីរីករាយ ចំណង់ មានក្នុងវិញ្ញាណាហារ វិញ្ញាណក៏លូតលាស់ តាំងនៅស៊ប់ក្នុងវិញ្ញាណាហារនោះ វិញ្ញាណលូតលាស់ តាំងនៅស៊ប់ ក្នុងទីណា នាមរូបក៏ឈានចុះក្នុងទីនោះ នាមរូបឈានចុះក្នុងទីណា សង្ខារទាំងឡាយ ក៏ចម្រើនឡើងក្នុងទីនោះ សង្ខារទាំងឡាយ ចម្រើនឡើងក្នុងទីណា ការចាប់កំណើតក្នុងភពថ្មីតទៅទៀត ក៏មានក្នុងទីនោះ ការចាប់កំណើតក្នុងភពថ្មីតទៅទៀត មានក្នុងទីណា ជាតិ ជរា មរណៈ តទៅទៀត ក៏មានក្នុងទីនោះ ជាតិ ជរា មរណៈ តទៅទៀត មានក្នុងទីណា ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា ទីនោះ ប្រកបដោយសោក ប្រកបដោយធុលី គឺរាគាទិក្កិលេស ប្រកបដោយសេចក្តីចង្អៀតចង្អល់ចិត្ត ក៏ដូច្នោះដែរ។

[២៤៨] ម្នាលភិក្ខុទាំងឡាយ បើតម្រេក សេចក្តីរីករាយ ចំណង់ មិនមានក្នុងកវឡីការាហារទេ វិញ្ញាណក៏មិនលូតលាស់ មិនតាំងនៅស៊ប់ ក្នុងកវឡីការាហារនោះដែរ វិញ្ញាណមិនលូតលាស់ មិនតាំងនៅស៊ប់ក្នុងទីណា នាមរូបក៏មិនឈានចុះក្នុងទីនោះ នាមរូបមិនឈានចុះក្នុងទីណា សង្ខារទាំងឡាយ ក៏មិនចម្រើនឡើងក្នុងទីនោះ សង្ខារទាំងឡាយ មិនចម្រើនឡើងក្នុងទីណា ការចាប់កំណើតក្នុងភពថ្មីតទៅទៀត ក៏មិនមានក្នុងទីនោះ ការចាប់កំណើតក្នុងភពថ្មីតទៅទៀត មិនមានក្នុងទីណា ជាតិ ជរា មរណៈ តទៅទៀត ក៏មិនមានក្នុងទីនោះ ជាតិ ជរា មរណៈ តទៅទៀត មិនមានក្នុងទីណា ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា ទីនោះ មិនមានសោក មិនមានធុលី គឺរាគាទិក្កិលេស មិនមានសេចក្តីចង្អៀតចង្អល់ចិត្តទេ។ ម្នាលភិក្ខុទាំងឡាយ បើក្នុងផស្សាហារ… ម្នាលភិក្ខុទាំងឡាយ បើក្នុងមនោសញ្ចេតនាហារ… ម្នាលភិក្ខុទាំងឡាយ បើតម្រេក សេចក្តីរីករាយ ចំណង់ មិនមានក្នុងវិញ្ញាណាហារទេ វិញ្ញាណក៏មិនលូតលាស់ មិនតាំងនៅស៊ប់ ក្នុងវិញ្ញាណាហារនោះដែរ វិញ្ញាណមិនលូតលាស់ មិនតាំងនៅស៊ប់ ក្នុងទីណា នាមរូបក៏មិនឈានចុះក្នុងទីនោះ នាមរូបមិនឈានចុះក្នុងទីណា សង្ខារទាំងឡាយ ក៏មិនចម្រើនឡើងក្នុងទីនោះ សង្ខារទាំងឡាយ មិនចម្រើនឡើងក្នុងទីណា ការចាប់កំណើតក្នុងភពថ្មីតទៅទៀត ក៏មិនមានក្នុងទីនោះ ការចាប់កំណើតក្នុងភពថ្មីតទៅទៀត មិនមានក្នុងទីណា ជាតិ ជរា មរណៈ តទៅទៀត ក៏មិនមានក្នុងទីនោះ ជាតិ ជរា មរណៈ តទៅទៀត មិនមានក្នុងទីណា ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា ទីនោះ មិនមានសោក មិនមានធុលី គឺរាគាទិក្កិលេស មិនមានសេចក្តីចង្អៀតចង្អល់ចិត្តឡើយ។

[២៤៩] ម្នាលភិក្ខុទាំងឡាយ ដូចជាផ្ទះមានកំពូល ឬសាលាមានកំពូល ក្នុងទិសខាងជើង ឬក្នុងទិសខាងត្បូង មានបង្អួចខាងកើត កាលបើព្រះអាទិត្យរះឡើង រស្មីរបស់ព្រះអាទិត្យនោះ ក៏ចូលតាមបង្អួច តើទៅតាំងនៅក្នុងទីណា។ បពិត្រព្រះអង្គដ៏ចំរើន តាំងនៅត្រង់ជញ្ជាំងទិសខាងលិច។ ម្នាលភិក្ខុទាំងឡាយ បើជញ្ជាំងទិសខាងលិចមិនមានទេ តើរស្មីរបស់ព្រះអាទិត្យនោះ តាំងនៅក្នុងទីណា។ បពិត្រព្រះអង្គដ៏ចំរើន តាំងនៅលើផែនដី។ ម្នាលភិក្ខុទាំងឡាយ បើផែនដីមិនមានទេ តើរស្មីរបស់ព្រះអាទិត្យនោះ តាំងនៅក្នុងទីណា។ បពិត្រព្រះអង្គដ៏ចំរើន លើទឹក។ ម្នាលភិក្ខុទាំងឡាយ បើទឹកមិនមានទេ តើរស្មីរបស់ព្រះអាទិត្យនោះ តាំងនៅក្នុងទីណា។ បពិត្រព្រះអង្គដ៏ចំរើន មិនតាំងនៅទេ។ ម្នាលភិក្ខុទាំងឡាយ ការនេះ ក៏យ៉ាងនោះដែរ បើតម្រេក សេចក្តីរីករាយ ចំណង់ មិនមានក្នុងកវឡីការាហារទេ… ម្នាលភិក្ខុទាំងឡាយ ក្នុងផស្សាហារទេ… ម្នាលភិក្ខុទាំងឡាយ ក្នុងមនោសញ្ចេតនាហារទេ… ម្នាលភិក្ខុទាំងឡាយ បើតម្រេក សេចក្តីរីករាយ ចំណង់ មិនមានក្នុងវិញ្ញាណាហារទេ វិញ្ញាណក៏មិនលូតលាស់ មិនតាំងនៅស៊ប់ ក្នុងវិញ្ញាណាហារនោះដែរ វិញ្ញាណមិនលូតលាស់ មិនតាំងនៅស៊ប់ ក្នុងទីណា នាមរូបក៏មិនឈានចុះក្នុងទីនោះ នាមរូបមិនឈានចុះក្នុងទីណា សង្ខារទាំងឡាយ ក៏មិនចម្រើនឡើងក្នុងទីនោះ សង្ខារទាំងឡាយ មិនចម្រើនឡើងក្នុងទីណា ការចាប់កំណើត ក្នុងភពថ្មីតទៅទៀត ក៏មិនមានក្នុងទីនោះ ការចាប់កំណើត ក្នុងភពថ្មីតទៅទៀត មិនមានក្នុងទីណា ជាតិ ជរា មរណៈ តទៅទៀត ក៏មិនមានក្នុងទីនោះ ជាតិ ជរា មរណៈ តទៅទៀត មិនមានក្នុងទីណា ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា ទីនោះ មិនមានសោក មិនមានធុលី គឺរាគាទិក្កិលេស មិនមានសេចក្តីចង្អៀតចង្អល់ចិត្តឡើយ។

ចប់សូត្រ ទី៤។

(នគរ)សូត្រ ទី៥

(៥. នគរសុត្តំ)

[២៥០] ទ្រង់គង់នៅទៀបក្រុងសាវត្ថី… ក្នុងទីនោះ ព្រះមានព្រះភាគ… ម្នាលភិក្ខុទាំងឡាយ ក្នុងកាលមុន អំពីការត្រាស់ដឹង កាលតថាគតនៅជាពោធិសត្វ មិនទាន់បានត្រាស់ដឹងនៅឡើយ មានសេចក្តីត្រិះរិះយ៉ាងនេះថា ឱហ្ន៎ សត្វលោកនេះ ដល់នូវសេចក្តីលំបាកណាស់ តែងកើត ចាស់ ស្លាប់ ច្យុត និងចាប់បដិសន្ធិ ថែមទាំងមិនដឹងច្បាស់ នូវការរលាស់ចោលសេចក្តីទុក្ខ គឺជរាមរណៈនេះទៀតផង កាលណាទៅហ្ន៎ ទើបការរលាស់ចោលនូវសេចក្តីទុក្ខ គឺជរា មរណៈនេះ នឹងប្រាកដឡើងបាន។

[២៥១] ម្នាលភិក្ខុទាំងឡាយ តថាគតនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា កាលបើមានអ្វីហ្ន៎ ទើបមានជរាមរណៈ ជរាមរណៈ មានព្រោះអ្វីជាបច្ច័យ។ ម្នាលភិក្ខុទាំងឡាយ តថាគតនោះ ក៏បានត្រាស់ដឹង ដោយបញ្ញា ព្រោះយោនិសោមនសិការៈថា កាលបើមានជាតិ ទើបមានជរាមរណៈ ជរា និងមរណៈមាន ព្រោះជាតិជាបច្ច័យ។ ម្នាលភិក្ខុទាំងឡាយ តថាគតនោះ ក៏មានសេចក្តីត្រិះរិះ យ៉ាងនេះ (តទៅទៀត)ថា កាលបើមានអ្វីហ្ន៎ ទើបមានជាតិ។បេ។ ទើបមានភព… ទើបមានឧបាទាន… ទើបមានតណ្ហា… ទើបមានវេទនា… ទើបមានផស្សៈ… ទើបមានសឡាយតនៈ.. ទើបមាននាមរូប នាមរូបមាន ព្រោះអ្វីជាបច្ច័យ។ ម្នាលភិក្ខុទាំងឡាយ តថាគតនោះ ក៏បានត្រាស់ដឹង ដោយបញ្ញា ព្រោះយោនិសោមនសិការៈថា កាលបើមានវិញ្ញាណ ទើបមាននាមរូប នាមរូបមាន ព្រោះវិញ្ញាណជាបច្ច័យ។ ម្នាលភិក្ខុទាំងឡាយ តថាគតនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា កាលបើមានអ្វីហ្ន៎ ទើបមានវិញ្ញាណ វិញ្ញាណមាន ព្រោះអ្វីជាបច្ច័យ។ ម្នាលភិក្ខុទាំងឡាយ តថាគតនោះ ក៏បានត្រាស់ដឹង ដោយបញ្ញា ព្រោះយោនិសោមនសិការៈថា កាលបើមាននាមរូប ទើបមានវិញ្ញាណ វិញ្ញាណមាន ព្រោះនាមរូបជាបច្ច័យ។ ម្នាលភិក្ខុទាំងឡាយ តថាគតនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា វិញ្ញាណនេះ តែងត្រឡប់មកអំពីនាមរូប មិនមែនទៅកាន់ទីដទៃទេ សត្វលោកកើតក្តី ចាស់ក្តី ស្លាប់ក្តី ច្យុតក្តី ចាប់បដិសន្ធិក្តី ដោយហេតុមានប្រមាណប៉ុណ្ណេះ គឺថា ព្រោះនាមរូបជាបច្ច័យ ទើបមានវិញ្ញាណ ព្រោះវិញ្ញាណជាបច្ច័យ ទើបមាននាមរូប ព្រោះនាមរូបជាបច្ច័យ ទើបមានអាយតនៈ៦ ព្រោះអាយតនៈ៦ជាបច្ច័យ ទើបមានផស្សៈ។បេ។ ការកើតឡើងព្រម នៃកងទុក្ខទាំងអស់នុ៎ះ តែងមានយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ តថាគត មានចក្ខុកើតឡើងហើយ មានញាណកើតឡើងហើយ មានបញ្ញាកើតឡើងហើយ មានវិជ្ជាកើតឡើងហើយ មានពន្លឺកើតឡើងហើយ ក្នុងធម៌ទាំងឡាយ ដែលតថាគតមិនធ្លាប់បានស្តាប់មក ក្នុងកាលមុនថា ហេតុជាទីកើតទុក្ខ ហេតុជាទីកើតទុក្ខ។

[២៥២] ម្នាលភិក្ខុទាំងឡាយ តថាគតនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា កាលបើមិនមានអ្វីហ្ន៎ ទើបមិនមានជរាមរណៈ ព្រោះតែអ្វីរលត់ ទើបជរាមរណៈ រលត់។ ម្នាលភិក្ខុទាំងឡាយ តថាគតនោះ ក៏បានត្រាស់ដឹង ដោយបញ្ញា ព្រោះយោនិសោមនសិការៈថា កាលបើមិនមានជាតិ ទើបមិនមានជរាមរណៈ ព្រោះតែជាតិរលត់ ទើបជរាមរណៈរលត់។ ម្នាលភិក្ខុទាំងឡាយ តថាគតនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា កាលបើមិនមានអ្វីហ្ន៎ ទើបមិនមានជាតិ។បេ។ ទើបមិនមានភព… មិនមានឧបាទាន… មិនមានតណ្ហា… មិនមានវេទនា… មិនមានផស្សៈ… មិនមានអាយតនៈ៦.. មិនមាននាមរូប ព្រោះតែអ្វីរលត់ ទើបនាមរូបរលត់។ ម្នាលភិក្ខុទាំងឡាយ តថាគតនោះ បានត្រាស់ដឹង ដោយបញ្ញា ព្រោះយោនិសោមនសិការៈថា កាលបើមិនមានវិញ្ញាណ ទើបមិនមាននាមរូប ព្រោះតែវិញ្ញាណរលត់ ទើបនាមរូបរលត់។ ម្នាលភិក្ខុទាំងឡាយ តថាគតនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា កាលបើមិនមានអ្វីហ្ន៎ ទើបមិនមានវិញ្ញាណ ព្រោះតែអ្វីរលត់ ទើបវិញ្ញាណរលត់។ ម្នាលភិក្ខុទាំងឡាយ តថាគតនោះ បានត្រាស់ដឹង ដោយបញ្ញា ព្រោះយោនិសោមនសិការៈថា កាលបើមិនមាននាមរូប ទើបមិនមានវិញ្ញាណ ព្រោះតែនាមរូបរលត់ ទើបវិញ្ញាណរលត់។ ម្នាលភិក្ខុទាំងឡាយ តថាគតនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា ផ្លូវប្រព្រឹត្តទៅ ដើម្បីការត្រាស់ដឹងនេះ តថាគត បានត្រាស់ដឹងហើយ គឺថា ព្រោះតែនាមរូបរលត់ ទើបវិញ្ញាណរលត់ ព្រោះតែវិញ្ញាណរលត់ ទើបនាមរូបរលត់ ព្រោះតែនាមរូបរលត់ ទើបអាយតនៈ៦រលត់ ព្រោះតែអាយតនៈ៦រលត់ ទើបផស្សៈរលត់។បេ។ ការរលត់នៃកងទុក្ខទាំងអស់នុ៎ះ រមែងមានយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ តថាគត មានចក្ខុកើតឡើងហើយ មានញាណកើតឡើងហើយ មានបញ្ញាកើតឡើងហើយ មានវិជ្ជាកើតឡើងហើយ មានពន្លឺកើតឡើងហើយ ក្នុងធម៌ទាំងឡាយ ដែលតថាគតមិនធ្លាប់បានស្តាប់មក អំពីមុនថា ហេតុជាគ្រឿងរលត់ ហេតុជាគ្រឿងរលត់ ដូច្នេះ។

[២៥៣] ម្នាលភិក្ខុទាំងឡាយ ដូចជាបុរស កាលដើរទៅក្នុងព្រៃតូច ព្រៃធំ ឃើញផ្លូវចាស់ ធ្លាចាស់ ដែលពួកមនុស្សជាន់មុនតែងដើរទៅ។ បុរសនោះ ដើរទៅតាមផ្លូវនោះ កាលដើរទៅតាមផ្លូវនោះ ក៏ប្រទះឃើញក្រុងបុរាណ រាជធានីបុរាណ ដែលពួកមនុស្សជាន់មុន បាននៅអាស្រ័យហើយ ជាកន្លែងបរិបូណ៌ដោយសួរច្បារ បរិបូណ៌ដោយព្រៃ បរិបូណ៌ដោយស្រះ មានកំពែង ជាទីគួរឲ្យត្រេកអរ។ ម្នាលភិក្ខុទាំងឡាយ កាលបើដូច្នោះ បុរសនោះ ក៏ក្រាបទូលដល់ព្រះរាជា ឬរាជមហាមាត្យថា សូមទ្រង់មេត្តាប្រោស សូមទ្រង់ជ្រាប ខ្ញុំព្រះអង្គ ត្រាច់ទៅក្នុងព្រៃតូច ព្រៃធំ បានឃើញផ្លូវចាស់ ធ្លាចាស់ ដែលពួកមនុស្សជាន់មុន ធ្លាប់ដើរទៅរឿយៗ ខ្ញុំព្រះអង្គ បានដើរតាមផ្លូវនោះ កាលខ្ញុំព្រះអង្គដើរទៅតាមផ្លូវនោះ បានឃើញក្រុងបុរាណ រាជធានីបុរាណ ដែលមនុស្សទាំងឡាយជាន់ដើម ធ្លាប់នៅអាស្រ័យ ជាកន្លែងបរិបូណ៌ដោយសួរច្បារ បរិបូណ៌ដោយព្រៃ បរិបូណ៌ដោយស្រះ មានកំពែង ជាទីគួរឲ្យត្រេកអរ បពិត្រព្រះអង្គ សូមព្រះអង្គទ្រង់សាងទីក្រុងនោះឡើង។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះឯង ព្រះរាជា ឬរាជមហាមាត្យនោះ ក៏កសាងក្រុងនោះ លុះសម័យតមក ក្រុងនោះ ក៏ស្តុកស្តម្ភ សម្បូរ មានរបស់ជាប្រយោជន៍ដល់ជនច្រើន កុះករដោយមនុស្ស ជានគរមានសេចក្តីចម្រើនទូលំទូលាយ។ ម្នាលភិក្ខុទាំងឡាយ ដំណើរនេះក៏ដូច្នោះដែរ តថាគត បានឃើញផ្លូវចាស់ ធ្លាចាស់ ដែលព្រះសម្មាសម្ពុទ្ធទាំងឡាយជាន់ដើម តែងត្រាច់ទៅ។ ម្នាលភិក្ខុទាំងឡាយ ផ្លូវចាស់ ធ្លាចាស់ ដែលព្រះសម្មាសម្ពុទ្ធទាំងឡាយជាន់ដើម តែងត្រាច់ទៅនោះ តើដូចម្តេច។ ផ្លូវប្រកបដោយអង្គ៨ ដ៏ប្រសើរនេះឯង គឺសេចក្តីយល់ឃើញត្រូវ១។បេ។ ការតម្កល់ចិត្តត្រូវ១។ ម្នាលភិក្ខុទាំងឡាយ នេះឯង ជាផ្លូវចាស់ ធ្លាចាស់ ដែលព្រះសម្មាសម្ពុទ្ធទាំងឡាយជាន់ដើម តែងត្រាច់ទៅ តថាគតនោះ បានដើរទៅ តាមផ្លូវនោះ កាលដើរទៅតាមផ្លូវនោះ ក៏បានដឹងច្បាស់ នូវជរា និងមរណៈ ដឹងច្បាស់នូវហេតុ ជាទីកើតនៃជរា និងមរណៈ ដឹងច្បាស់នូវទីរលត់នៃជរា និងមរណៈ ដឹងច្បាស់នូវបដិបទា ជាដំណើរទៅកាន់ទីរលត់ នៃជរា និងមរណៈ តថាគត បានដើរទៅតាមផ្លូវនោះ កាលដើរទៅតាមផ្លូវនោះ ក៏បានស្គាល់ច្បាស់នូវជាតិ។បេ។ បានស្គាល់ច្បាស់នូវភព… បានស្គាល់ច្បាស់នូវឧបាទាន… បានស្គាល់ច្បាស់នូវតណ្ហា… បានស្គាល់ច្បាស់នូវវេទនា…. បានស្គាល់ច្បាស់នូវផស្សៈ… បានស្គាល់ច្បាស់នូវសឡាយតនៈ… បានស្គាល់ច្បាស់នូវនាមរូប… បានស្គាល់ច្បាស់នូវវិញ្ញាណ តថាគត បានដើរទៅតាមផ្លូវនោះ កាលដើរទៅតាមផ្លូវនោះ ក៏បានដឹងច្បាស់ នូវសង្ខារទាំងឡាយ បានដឹងច្បាស់នូវហេតុ ជាទីកើតនៃសង្ខារ បានដឹងច្បាស់នូវទីរលត់នៃសង្ខារ បានដឹងច្បាស់នូវបដិបទា ជាដំណើរទៅកាន់ទីរលត់ នៃសង្ខារ លុះតថាគត បានដឹងច្បាស់ នូវធម៌នោះហើយ ក៏បានប្រាប់ដល់ពួកភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា។ ម្នាលភិក្ខុទាំងឡាយ ព្រហ្មចរិយៈនោះឯង ស្តុកស្តម្ភ សម្បូរ ទូលាយ សម្រាប់ជនច្រើនគ្នាចេះដឹង ជាព្រហ្មចរិយៈក្រាស់ក្រែល ដែលព្រះពុទ្ធទាំងឡាយ ប្រកាសដោយប្រពៃ ដល់ពួកទេវតា និងមនុស្ស ជាកំណត់។

ចប់សូត្រ ទី៥។

(សម្មស)សូត្រ ទី៦

(៦. សម្មសសុត្តំ)

[២៥៤] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងកម្មាសទម្មនិគម របស់ពួកអ្នកកុរុ ក្នុងដែនកុរុ។ ក្នុងទីនោះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីកាព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន។ ព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ពិចារណានូវធម៌ ជាគ្រឿងពិចារណាខាងក្នុង ដែរឬទេ។ កាលព្រះមានព្រះភាគ ត្រាស់យ៉ាងនេះ ភិក្ខុមួយរូប បានក្រាបទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ តែងពិចារណា នូវធម៌ជាគ្រឿងពិចារណាខាងក្នុងដែរ។ ម្នាលភិក្ខុ អ្នកពិចារណានូវធម៌ ជាគ្រឿងពិចារណាខាងក្នុង តើដូចម្តេចខ្លះ។ ភិក្ខុនោះ ក៏បានដោះស្រាយភ្លាម តែភិក្ខុនោះដោះស្រាយយ៉ាងណា ភិក្ខុនោះ ក៏មិនញុំាងព្រះហឫទ័យ របស់ព្រះមានព្រះភាគ ឲ្យត្រេកអរយ៉ាងនោះបានឡើយ។

[២៥៥] កាលបើភិក្ខុនោះ ក្រាបទូលយ៉ាងនេះហើយ ព្រះអានន្ទមានអាយុ បានក្រាបទូលព្រះមានព្រះភាគ យ៉ាងនេះថា ព្រះមានព្រះភាគ គួរសំដែងនូវធម៌ ជាគ្រឿងពិចារណាខាងក្នុងណា បពិត្រព្រះមានព្រះភាគ កាលនេះ ជាកាលគួរដល់ការសំដែង នូវធម៌ជាគ្រឿងពិចារណា ខាងក្នុងនុ៎ះហើយ បពិត្រព្រះសុគត កាលនេះ ជាកាលគួរដល់ការសំដែងនូវធម៌ ជាគ្រឿងពិចារណាខាងក្នុងនុ៎ះហើយ ភិក្ខុទាំងឡាយ បានស្តាប់ព្រះមានព្រះភាគហើយ នឹងចងចាំទុក។ ព្រះមានព្រះភាគ ត្រាស់ថា ម្នាលអានន្ទ បើដូច្នេះ ចូរអ្នកទាំងឡាយ ស្តាប់ចុះ ចូរធ្វើទុកក្នុងចិត្តឲ្យប្រពៃចុះ តថាគតនឹងសំដែងប្រាប់។ ភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីកានៃព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។

[២៥៦] ព្រះមានព្រះភាគ បានត្រាស់យ៉ាងនោះថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ កាលពិចារណាធម៌ ជាគ្រឿងពិចារណាខាងក្នុង រមែងពិចារណាថា ទុក្ខ គឺជរា និងមរណៈនេះ មានប្រការច្រើន មានប្រការផ្សេងៗ តែងកើតឡើងក្នុងលោក ទុក្ខនេះ មានអ្វីជាហេតុ មានអ្វីជាទីកើត មានអ្វីជាកំណើត មានអ្វីជាប្រភពហ្ន៎ កាលបើមានអ្វី ទើបមានជរា និងមរណៈ កាលបើគ្មានអ្វី ទើបគ្មានជរា និងមរណៈ។ កាលភិក្ខុនោះ ពិចារណា ក៏រមែងដឹងយ៉ាងនេះថា ទុក្ខ គឺជរា និងមរណៈនេះ មានប្រការច្រើន មានប្រការផ្សេងៗ តែងកើតឡើងក្នុងលោក ទុក្ខនេះឯង មានឧបធិជាហេតុ39) មានឧបធិជាទីកើត មានឧបធិជាកំណើត មានឧបធិជាប្រភព កាលបើមានឧបធិ ទើបមានជរា និងមរណៈ កាលបើឧបធិមិនមាន ជរា និងមរណៈក៏មិនមាន។ ភិក្ខុនោះ រមែងដឹងច្បាស់នូវជរា និងមរណៈផង ដឹងច្បាស់នូវហេតុជាទីកើតនៃជរា និងមរណៈផង ដឹងច្បាស់នូវទីរលត់ជរា និងមរណៈផង ដឹងច្បាស់នូវបដិបទា ជាដំណើរទៅដ៏សមគួរដល់ការរលត់ នៃជរា និងមរណៈនោះផង ជាអ្នកប្រតិបត្តិយ៉ាងនោះ ប្រព្រឹត្តធម៌សមគួរតាមធម៌ផង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះ តថាគតពោលថា ជាអ្នកប្រតិបត្តិ ដើម្បីការអស់នៃទុក្ខដោយប្រពៃ ដើម្បីការរលត់នៃជរាមរណៈ ដោយប្រការទាំងពួង។

[២៥៧] ប្រការមួយទៀត កាលភិក្ខុនឹងពិចារណាធម៌ ជាគ្រឿងពិចារណាខាងក្នុងតទៅទៀត ក៏រមែងពិចារណាថា ឧបធិនេះសោត មានអ្វីជាហេតុ មានអ្វីជាទីកើត មានអ្វីជាកំណើត មានអ្វីជាប្រភព កាលបើមានអ្វី ទើបមានឧបធិ កាលបើគ្មានអ្វី ទើបគ្មានឧបធិ។ កាលភិក្ខុនោះ ពិចារណា ក៏រមែងដឹងយ៉ាងនេះថា ឧបធិ មានតណ្ហាជាហេតុ មានតណ្ហាជាទីកើត មានតណ្ហាជាកំណើត មានតណ្ហាជាប្រភព កាលបើមានតណ្ហា ទើបមានឧបធិ កាលបើគ្មានតណ្ហា ទើបគ្មានឧបធិ។ ភិក្ខុនោះ ក៏រមែងដឹងច្បាស់ នូវឧបធិផង ដឹងច្បាស់នូវទីកើតនៃឧបធិផង ដឹងច្បាស់នូវទីរលត់នៃឧបធិផង ដឹងច្បាស់នូវបដិបទា ជាដំណើរដ៏សមគួរ ដល់ការរលត់ឧបធិនោះផង ជាអ្នកប្រតិបត្តិយ៉ាងនោះ ប្រព្រឹត្តធម៌សមគួរតាមធម៌ផង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះ តថាគតពោលថា ជាអ្នកប្រតិបត្តិ ដើម្បីការអស់នៃទុក្ខដោយប្រពៃ ដើម្បីការរលត់នៃឧបធិ ដោយប្រការទាំងពួង។

[២៥៨] ប្រការមួយទៀត កាលភិក្ខុពិចារណានូវធម៌ ជាគ្រឿងពិចារណាខាងក្នុងរមែងពិចារណាថា តណ្ហានេះ កាលដែលកើតឡើង តើកើតឡើងក្នុងទីណា កាលដែលតាំងនៅ តើតាំងនៅក្នុងទីណា។ កាលភិក្ខុនោះ ពិចារណាទៅ ក៏រមែងដឹងយ៉ាងនេះថា អារម្មណ៍ណាក្នុងលោក ដែលជាសភាពគួរស្រឡាញ់ ជាសភាពគួរត្រេកអរ តណ្ហានុ៎ះ កាលដែលកើតឡើង តែងកើតឡើងក្នុងអារម្មណ៍នុ៎ះ កាលដែលតាំងនៅ តែងតាំងនៅក្នុងអារម្មណ៍នុ៎ះ។ តើអារម្មណ៍អ្វីហ្ន៎ ដែលជាសភាពគួរស្រឡាញ់ ជាសភាពគួរត្រេកអរ ក្នុងលោក។ ចក្ខុជាសភាពគួរស្រឡាញ់ ជាសភាពគួរត្រេកអរ ក្នុងលោក។បេ។ សោតៈ ជាសភាពគួរស្រឡាញ់ ជាសភាពគួរត្រេកអរ ក្នុងលោក… ឃានៈ ជាសភាពគួរស្រឡាញ់ ជាសភាពគួរត្រេកអរ ក្នុងលោក… ជិវ្ហា ជាសភាពគួរស្រឡាញ់ ជាសភាពគួរត្រេកអរ ក្នុងលោក… កាយ ជាសភាពគួរស្រឡាញ់ ជាសភាពគួរត្រេកអរ ក្នុងលោក… ចិត្ត ជាសភាពគួរស្រឡាញ់ ជាសភាពគួរត្រេកអរ ក្នុងលោក តណ្ហានុ៎ះ កាលដែលកើតឡើង ក៏កើតឡើងក្នុងអារម្មណ៍នុ៎ះ កាលដែលតាំងនៅ ក៏តាំងនៅក្នុងអារម្មណ៍នុ៎ះ។

[២៥៩] ម្នាលភិក្ខុទាំងឡាយ ពួកសមណៈ ឬព្រាហ្មណ៍ណានីមួយ ក្នុងកាលដែលកន្លងទៅហើយ បានឃើញនូវអារម្មណ៍ ដែលជាសភាពគួរស្រឡាញ់ ជាសភាពគួរត្រេកអរ ក្នុងលោក ថាទៀង បានឃើញថាជាសុខ បានឃើញថាជារបស់ខ្លួន បានឃើញថាជារបស់គ្មានរោគ បានឃើញថាជារបស់ក្សេមក្សាន្ត សមណៈ ឬព្រាហ្មណ៍ទាំងអម្បាលនោះ ឈ្មោះថា ញុំាងតណ្ហាឲ្យចម្រើនឡើង។ ពួកសមណៈ ឬព្រាហ្មណ៍ណា ញុំាងតណ្ហាឲ្យចម្រើនឡើង ពួកសមណៈ ឬព្រាហ្មណ៍នោះ ឈ្មោះថា ញុំាងឧបធិឲ្យចម្រើនឡើង ពួកសមណៈ ឬព្រាហ្មណ៍ណា ញុំាងឧបធិឲ្យចម្រើនឡើង ពួកសមណៈ ឬព្រាហ្មណ៍នោះ ឈ្មោះថា ញុំាងទុក្ខឲ្យចម្រើនឡើង ពួកសមណៈ ឬព្រាហ្មណ៍ណា ញុំាងទុក្ខឲ្យចម្រើនឡើង តថាគតពោលថា ពួកសមណៈ ឬព្រាហ្មណ៍នោះ ឈ្មោះថា មិនរួចចាកជាតិ ជរា មរណៈ សេចក្តីសោក សេចក្តីខ្សឹកខ្សួល សេចក្តីលំបាកកាយ សេចក្តីលំបាកចិត្ត និងសេចក្តីចង្អៀតចង្អល់ចិត្ត មិនរួចចាកទុក្ខឡើយ។ ម្នាលភិក្ខុទាំងឡាយ ពួកសមណៈ ឬព្រាហ្មណ៍ណានីមួយ ក្នុងកាលជាអនាគត នឹងឃើញនូវអារម្មណ៍ ដែលជាសភាពគួរស្រឡាញ់ ជាសភាពគួរត្រេកអរ ក្នុងលោកនេះ ថាទៀង នឹងឃើញថាជាសុខ នឹងឃើញថាជារបស់ខ្លួន នឹងឃើញថាជារបស់គ្មានរោគ នឹងឃើញថា ជារបស់ក្សេមក្សាន្ត ពួកសមណៈ ឬព្រាហ្មណ៍នោះ ឈ្មោះថា នឹងញុំាងតណ្ហាឲ្យចម្រើនឡើង។ ពួកសមណៈ ឬព្រាហ្មណ៍ណា នឹងញុំាងតណ្ហាឲ្យចម្រើនឡើង ពួកសមណៈ ឬព្រាហ្មណ៍នោះ ឈ្មោះថា នឹងញុំាងឧបធិឲ្យចម្រើនឡើង ពួកសមណៈ ឬព្រាហ្មណ៍ណា នឹងញុំាងឧបធិឲ្យចម្រើនឡើង ពួកសមណៈ ឬព្រាហ្មណ៍នោះ ឈ្មោះថា នឹងញុំាងទុក្ខឲ្យចម្រើនឡើង ពួកសមណៈ ឬព្រាហ្មណ៍ណា នឹងញុំាងទុក្ខឲ្យចម្រើនឡើង តថាគតពោលថា ពួកសមណៈ ឬព្រាហ្មណ៍នោះ ឈ្មោះថា នឹងមិនរួចចាកជាតិ ជរា មរណៈ សេចក្តីសោក សេចក្តីខ្សឹកខ្សួល សេចក្តីលំបាកកាយ សេចក្តីលំបាកចិត្ត សេចក្តីចង្អៀតចង្អល់ចិត្ត នឹងមិនរួចចាកទុក្ខឡើយ។ ម្នាលភិក្ខុទាំងឡាយ ពួកសមណៈ ឬព្រាហ្មណ៍ណានីមួយ ក្នុងកាលឥឡូវនេះ ឃើញនូវអារម្មណ៍ ដែលជាសភាពគួរស្រឡាញ់ ជាសភាពគួរត្រេកអរ ក្នុងលោក ថាទៀង ឃើញថាជាសុខ ឃើញថាជារបស់ខ្លួន ឃើញថាជារបស់គ្មានរោគ ឃើញថា ជារបស់ក្សេមក្សាន្ត ពួកសមណៈ ឬព្រាហ្មណ៍នោះ ឈ្មោះថា ញុំាងតណ្ហាឲ្យចម្រើនឡើង។ ពួកសមណៈ ឬព្រាហ្មណ៍ណា ញុំាងតណ្ហាឲ្យចម្រើនឡើង ពួកសមណៈ ឬព្រាហ្មណ៍នោះ ឈ្មោះថា ញុំាងឧបធិឲ្យចម្រើនឡើង ពួកសមណៈ ឬព្រាហ្មណ៍ណា ញុំាងឧបធិឲ្យចម្រើនឡើង ពួកសមណៈ ឬព្រាហ្មណ៍នោះ ឈ្មោះថា ញុំាងទុក្ខឲ្យចម្រើនឡើង ពួកសមណៈ ឬព្រាហ្មណ៍ណា ញុំាងទុក្ខឲ្យចម្រើនឡើង តថាគតពោលថា ពួកសមណៈ ឬព្រាហ្មណ៍នោះ ឈ្មោះថា មិនរួចចាកជាតិ ជរា មរណៈ សេចក្តីសោក សេចក្តីខ្សឹកខ្សួល សេចក្តីលំបាកកាយ សេចក្តីលំបាកចិត្ត សេចក្តីចង្អៀតចង្អល់ចិត្ត មិនរួចចាកទុក្ខឡើយ។

[២៦០] ម្នាលភិក្ខុទាំងឡាយ ដូចជាផ្តិលដែលពេញដោយសុរា បរិបូណ៌ដោយពណ៌ បរិបូណ៌ដោយក្លិន បរិបូណ៌ដោយរស។ តែផ្តិលនោះ គេលាយដោយថ្នាំពិស។ ចួនជាមានបុរសក្តៅក្រហាយដោយកំដៅថ្ងៃ ត្រូវកំដៅថ្ងៃបៀតបៀនហើយ មានកាយលំបាក ក្រហល់ក្រហាយ ស្រេកឃ្លាន មកដល់។ មនុស្សទាំងឡាយ និយាយនឹងបុរសនោះឯង យ៉ាងនេះថា នែបុរសដ៏ចម្រើន ផ្តិលពេញដោយសុរានេះ បរិបូណ៌ដោយពណ៌ បរិបូណ៌ដោយក្លិន បរិបូណ៌ដោយរស តែផ្តិលនោះ គេលាយដោយថ្នាំពិស បើអ្នកប្រាថ្នា ចូរអ្នកផឹកចុះ ព្រោះថា កាលបើអ្នកផឹកទៅហើយ ទឹកនោះនឹងគាប់ចិត្តអ្នក ដោយពណ៌ផង ដោយក្លិនផង ដោយរសផង ប៉ុន្តែបើអ្នកផឹកទៅហើយ អ្នកនឹងដល់នូវសេចក្តីស្លាប់ ឬនឹងដល់នូវសេចក្តីទុក្ខស្ទើរស្លាប់ ព្រោះតែការផឹកនោះជាហេតុ។ បុរសនោះ មិនបានពិចារណាផ្តិលដ៏ពេញដោយសុរានោះហើយ ក៏ផឹកដោយរួសរាន់ មិនលះបង់ចោល។ បុរសនោះ គប្បីដល់នូវសេចក្តីស្លាប់ ឬដល់នូវទុក្ខស្ទើរស្លាប់ ព្រោះតែការផឹកនោះជាហេតុ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីឧបមេយ្យក៏ដូច្នោះដែរ ពួកសមណៈ ឬព្រាហ្មណ៍ណាមួយ ក្នុងកាលដែលកន្លងទៅហើយ បានឃើញនូវអារម្មណ៍ណា ជាសភាពគួរស្រឡាញ់ ជាសភាពគួរត្រេកអរ ក្នុងលោក។បេ។ ក្នុងកាលជាអនាគត។បេ។ ពួកសមណៈ ឬព្រាហ្មណ៍ ក្នុងកាលឥឡូវនេះ ឃើញនូវអារម្មណ៍ ដែលជាសភាពគួរស្រឡាញ់ ជាសភាពគួរត្រេកអរ ក្នុងលោក ថាទៀង ឃើញថាជាសុខ ឃើញថាជារបស់ខ្លួន ឃើញថាជារបស់គ្មានរោគ ឃើញថាជារបស់ក្សេមក្សាន្ត ពួកសមណៈ ឬព្រាហ្មណ៍ទាំងនោះ ឈ្មោះថា ញុំាងតណ្ហាឲ្យចម្រើនឡើង។ ពួកសមណៈ ឬព្រាហ្មណ៍ណា ញុំាងតណ្ហាឲ្យចម្រើនឡើង ពួកសមណៈ ឬព្រាហ្មណ៍នោះ ឈ្មោះថា ញុំាងឧបធិឲ្យចម្រើនឡើង ពួកសមណៈ ឬព្រាហ្មណ៍ណា ញុំាងឧបធិឲ្យចម្រើនឡើង ពួកសមណៈ ឬព្រាហ្មណ៍នោះ ឈ្មោះថា ញុំាងទុក្ខឲ្យចម្រើនឡើង ពួកសមណៈ ឬព្រាហ្មណ៍ណា ញុំាងទុក្ខឲ្យចម្រើនឡើង តថាគតពោលថា ពួកសមណៈ ឬព្រាហ្មណ៍នោះ មិនរួចចាកជាតិ ជរា មរណៈ សេចក្តីសោក សេចក្តីខ្សឹកខ្សួល សេចក្តីលំបាកកាយ សេចក្តីលំបាកចិត្ត សេចក្តីចង្អៀតចង្អល់ចិត្ត មិនរួចចាកទុក្ខឡើយ។

[២៦១] ម្នាលភិក្ខុទាំងឡាយ ចំណែកពួកសមណៈ ឬព្រាហ្មណ៍ណាមួយ ក្នុងកាលដែលកន្លងទៅ បានឃើញនូវអារម្មណ៍ ដែលជាសភាពគួរស្រឡាញ់ ជាសភាពគួរត្រេកអរ ក្នុងលោក ថាមិនទៀង បានឃើញថាជាទុក្ខ បានឃើញថាមិនមែនជារបស់ខ្លួន បានឃើញថាជារបស់មានរោគ បានឃើញថាគួរខ្លាច ពួកសមណៈ ឬព្រាហ្មណ៍នោះ លះតណ្ហាបាន។ ពួកសមណៈ ឬព្រាហ្មណ៍ណា លះតណ្ហាបានហើយ ពួកសមណៈ ឬព្រាហ្មណ៍នោះ លះឧបធិបាន ពួកសមណៈ ឬព្រាហ្មណ៍ណា លះឧបធិបានហើយ ពួកសមណៈ ឬព្រាហ្មណ៍នោះ លះទុក្ខបាន ពួកសមណៈ ឬព្រាហ្មណ៍ណា លះទុក្ខបានហើយ តថាគតពោលថា ពួកសមណៈ ឬព្រាហ្មណ៍នោះ បានរួចចាកជាតិ ជរា មរណៈ សេចក្តីសោក សេចក្តីខ្សឹកខ្សួល សេចក្តីលំបាកកាយ សេចក្តីលំបាកចិត្ត សេចក្តីចង្អៀតចង្អល់ចិត្ត រួចចាកទុក្ខហើយ។ ម្នាលភិក្ខុទាំងឡាយ ពួកសមណៈ ឬព្រាហ្មណ៍ណាមួយ ក្នុងកាលជាអនាគត នឹងឃើញអារម្មណ៍ ដែលជាសភាពគួរស្រឡាញ់ ជាសភាពគួរត្រេកអរ ក្នុងលោក ថាមិនទៀង នឹងឃើញថាជាទុក្ខ នឹងឃើញថាមិនមែនរបស់ខ្លួន នឹងឃើញថាមានរោគ នឹងឃើញថាគួរខ្លាច ពួកសមណៈ ឬព្រាហ្មណ៍នោះ នឹងលះតណ្ហាបាន។ ពួកសមណៈ ឬព្រាហ្មណ៍ណា នឹងលះតណ្ហាបាន។បេ។ តថាគតពោលថា ពួកសមណៈ ឬព្រាហ្មណ៍នោះ នឹងរួចចាកទុក្ខបាន។ ម្នាលភិក្ខុទាំងឡាយ ពួកសមណៈ ឬព្រាហ្មណ៍ណាមួយ ក្នុងកាលឥឡូវនេះ ឃើញអារម្មណ៍ ដែលជាសភាពគួរស្រឡាញ់ ជាសភាពគួរត្រេកអរ ក្នុងលោក ថាមិនទៀង ឃើញថាជាទុក្ខ ឃើញថាមិនមែនជារបស់ខ្លួន ឃើញថាជារបស់មានរោគ ឃើញថាគួរខ្លាច ពួកសមណៈ ឬព្រាហ្មណ៍នោះ រមែងលះតណ្ហាបាន។ ពួកសមណៈ ឬព្រាហ្មណ៍ណា លះតណ្ហាបាន ពួកសមណៈ ឬព្រាហ្មណ៍នោះ រមែងលះឧបធិបាន ពួកសមណៈ ឬព្រាហ្មណ៍ណា លះឧបធិបាន ពួកសមណៈ ឬព្រាហ្មណ៍នោះ រមែងលះទុក្ខបាន ពួកសមណៈ ឬព្រាហ្មណ៍ណា លះទុក្ខបាន តថាគតពោលថា ពួកសមណៈ ឬព្រាហ្មណ៍នោះ រមែងរួចចាកជាតិ ជរា មរណៈ សេចក្តីសោក សេចក្តីខ្សឹកខ្សួល សេចក្តីលំបាកកាយ សេចក្តីលំបាកចិត្ត សេចក្តីចង្អៀតចង្អល់ចិត្ត រមែងរួចចាកទុក្ខបាន។

[២៦២] ម្នាលភិក្ខុទាំងឡាយ ដូចជាផ្តិលដែលពេញដោយសុរា បរិបូណ៌ដោយពណ៌ បរិបូណ៌ដោយក្លិន បរិបូណ៌ដោយរស។ តែផ្តិលនោះឯង គេលាយដោយថ្នាំពិស។ ចួនជាមានបុរសក្តៅក្រហាយដោយកំដៅថ្ងៃ ត្រូវកំដៅថ្ងៃបៀតបៀនហើយ មានកាយលំបាក ក្រហល់ក្រហាយ ស្រេកឃ្លាន មកដល់។ មនុស្សទាំងឡាយ និយាយនឹងបុរសនោះ យ៉ាងនេះថា ម្នាលបុរសដ៏ចម្រើន ផ្តិលពេញដោយសុរានេះ បរិបូណ៌ដោយពណ៌ បរិបូណ៌ដោយក្លិន បរិបូណ៌ដោយរស (សមគួរ) ដល់អ្នក តែផ្តិលនោះ គេលាយដោយថ្នាំពិស បើអ្នកចង់ ក៏ចូរផឹកចុះ ព្រោះថា កាលបើអ្នកផឹកហើយ ទឹកនោះនឹងគាប់ចិត្តអ្នក ដោយពណ៌ផង ដោយក្លិនផង ដោយរសផង តែបើអ្នកផឹកទៅហើយ មុខជានឹងដល់នូវសេចក្តីស្លាប់ ឬនឹងដល់នូវទុក្ខស្ទើរស្លាប់ ព្រោះតែការផឹកនោះជាហេតុ។ ម្នាលភិក្ខុទាំងឡាយ កាលនោះ បុរសនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា សុរាដែលអាត្មាអញស្រេកហើយនេះ អាចបន្ទោបង់ដោយទឹកត្រជាក់ក៏បាន បន្ទោបង់ដោយទធិថ្លាក៏បាន បន្ទោបង់ដោយទឹកសតូវ ដែលលាយដោយអំបិលក៏បាន បន្ទោបង់ដោយថ្នាំត្រាំឈ្មោះថាលោណសោចិរកៈ40) ក៏បាន អាត្មាអញ មិនត្រូវផឹកសុរា ដែលប្រព្រឹត្តទៅ ដើម្បីមិនមែនជាគុណ ដើម្បីទុក្ខអស់កាលដ៏យូរ ដល់អាត្មាអញនោះទេ។ បុរសនោះ ក៏គប្បីពិចារណានូវផ្តិល ដែលពេញដោយសុរានោះហើយ ក៏មិនបានផឹក លះបង់ចោលចេញ។ បុរសនោះ ក៏មិនដល់នូវសេចក្តីស្លាប់ ឬដល់នូវទុក្ខស្ទើរស្លាប់ ព្រោះតែការផឹកនោះជាហេតុទេ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីនេះ មានឧបមេយ្យ ដូចពួកសមណៈ ឬព្រាហ្មណ៍ណានីមួយ ក្នុងកាលកន្លងទៅហើយ បានឃើញអារម្មណ៍ ដែលជាសភាពគួរស្រឡាញ់ ជាសភាពគួរត្រេកអរ ក្នុងលោក ថាមិនទៀង បានឃើញថាជាទុក្ខ បានឃើញថាមិនមែនជារបស់ខ្លួន បានឃើញថាជារបស់មានរោគ បានឃើញថាគួរខ្លាច ពួកសមណៈ ឬព្រាហ្មណ៍នោះ បានលះតណ្ហាហើយ។ ពួកសមណៈ ឬព្រាហ្មណ៍ណា លះតណ្ហាបានហើយ ពួកសមណៈ ឬព្រាហ្មណ៍នោះ លះឧបធិបាន ពួកសមណៈ ឬព្រាហ្មណ៍ណា លះឧបធិបានហើយ ពួកសមណៈ ឬព្រាហ្មណ៍នោះ លះទុក្ខបាន ពួកសមណៈ ឬព្រាហ្មណ៍ណា លះទុក្ខបានហើយ តថាគតពោលថា ពួកសមណៈ ឬព្រាហ្មណ៍នោះ រួចចាកជាតិ ជរា មរណៈ សេចក្តីសោក សេចក្តីខ្សឹកខ្សួល សេចក្តីលំបាកកាយ សេចក្តីលំបាកចិត្ត និងសេចក្តីចង្អៀតចង្អល់ចិត្ត រួចចាកទុក្ខបានហើយ។ ម្នាលភិក្ខុទាំងឡាយ ពួកសមណៈ ឬព្រាហ្មណ៍ណានីមួយ ក្នុងកាលជាអនាគត។បេ។ ពួកសមណៈ ឬព្រាហ្មណ៍ ក្នុងកាលឥឡូវនេះ ឃើញអារម្មណ៍ ដែលជាសភាពគួរស្រឡាញ់ ជាសភាពគួរត្រេកអរ ក្នុងលោក ថាមិនទៀង ឃើញថាជាទុក្ខ ឃើញថាមិនមែនខ្លួន ឃើញថាមានរោគ ឃើញថាគួរខ្លាច ពួកសមណៈ ឬព្រាហ្មណ៍នោះ រមែងលះតណ្ហាបាន។ ពួកសមណៈ ឬព្រាហ្មណ៍ណា លះតណ្ហាបាន ពួកសមណៈ ឬព្រាហ្មណ៍នោះ រមែងលះឧបធិបាន ពួកសមណៈ ឬព្រាហ្មណ៍ណា លះឧបធិបាន ពួកសមណៈ ឬព្រាហ្មណ៍នោះ រមែងលះទុក្ខបាន ពួកសមណៈ ឬព្រាហ្មណ៍ណា លះទុក្ខបាន តថាគតពោលថា ពួកសមណៈ ឬព្រាហ្មណ៍នោះ រមែងរួចចាកជាតិ ជរា មរណៈ សេចក្តីសោក សេចក្តីខ្សឹកខ្សួល សេចក្តីលំបាកកាយ សេចក្តីលំបាកចិត្ត សេចក្តីចង្អៀតចង្អល់ចិត្ត រមែងរួចចាកទុក្ខបាន។

ចប់សូត្រ ទី៦។

(នឡកលាបី)សូត្រ ទី៧

(៧. នឡកលាបីសុត្តំ)

[២៦៣] សម័យមួយ ព្រះសារីបុត្តមានអាយុ និងព្រះមហាកោដ្ឋិតៈមានអាយុ គង់នៅក្នុងឥសិបតនមិគទាយវ័ន ទៀបក្រុងពារាណសី។ គ្រានោះ ព្រះមហាកោដ្ឋិតៈមានអាយុ ចេញអំពីទីសម្ងំក្នុងសម័យថ្ងៃរសៀល ក៏ចូលទៅរកព្រះសារីបុត្តមានអាយុ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះសារីបុត្តមានអាយុ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររឭកហើយ ក៏អង្គុយក្នុងទីសមគួរ។

[២៦៤] លុះព្រះមហាកោដ្ឋិតៈមានអាយុ អង្គុយក្នុងទីសមគួរហើយ បានសួរព្រះសារីបុត្តមានអាយុ យ៉ាងនេះថា ម្នាលអាវុសោសារីបុត្ត ជរា និងមរណៈ គឺបុគ្គលធ្វើខ្លួនឯង ឬជរា និងមរណៈ គឺបុគ្គលដទៃធ្វើឲ្យ ជរា និងមរណៈ គឺបុគ្គលធ្វើខ្លួនឯងផង បុគ្គលដទៃធ្វើឲ្យផង ឬជរា និងមរណៈ មិនមែនជាអំពីរបស់ខ្លួនឯង មិនមែនជាអំពើរបស់អ្នកដទៃទេ គឺកើតឡើងដោយមិនអាស្រ័យហេតុ។ ម្នាលអាវុសោកោដ្ឋិតៈ ជរា និងមរណៈ មិនមែនបុគ្គលធ្វើខ្លួនឯងទេ ជរា និងមរណៈ មិនមែនបុគ្គលដទៃធ្វើឲ្យទេ ជរា និងមរណៈ មិនមែនបុគ្គលធ្វើខ្លួនឯងផង មិនមែនបុគ្គលដទៃធ្វើឲ្យផងទេ ជរា និងមរណៈ មិនមែនជាអំពីរបស់ខ្លួនឯង មិនមែនជាអំពើរបស់អ្នកដទៃទេ គឺកើតឡើងដោយមិនអាស្រ័យហេតុ ក៏មិនមែនដែរ ប៉ុន្តែជរា និងមរណៈកើតឡើង ព្រោះជាតិជាបច្ច័យ។ ម្នាលអាវុសោសារីបុត្ត ជាតិ គឺបុគ្គលធ្វើខ្លួនឯង ឬជាតិ គឺបុគ្គលដទៃធ្វើឲ្យ ឬថាជាតិ គឺបុគ្គលធ្វើខ្លួនឯងផង បុគ្គលដទៃធ្វើឲ្យផង មិនមែនជាអំពីរបស់ខ្លួនឯង មិនមែនជាអំពើរបស់អ្នកដទៃទេ គឺកើតឡើងដោយមិនអាស្រ័យហេតុ។ ម្នាលអាវុសោកោដ្ឋិតៈ ជាតិ មិនមែនបុគ្គលធ្វើខ្លួនឯងទេ ជាតិ មិនមែនបុគ្គលដទៃធ្វើឲ្យទេ ជាតិ មិនមែនបុគ្គលធ្វើខ្លួនឯងផង មិនមែនបុគ្គលដទៃធ្វើឲ្យផងទេ ជាតិ មិនមែនជាអំពើរបស់ខ្លួនឯង មិនមែនជាអំពើរបស់បុគ្គលដទៃទេ គឺកើតឡើងដោយមិនអាស្រ័យហេតុ ក៏មិនមែនដែរ ប៉ុន្តែជាតិកើតឡើង ព្រោះភពជាបច្ច័យ។ ម្នាលអាវុសោ សារីបុត្ត ភព គឺបុគ្គលធ្វើខ្លួនឯង ឬ។បេ។ ឧបាទាន គឺបុគ្គលធ្វើខ្លួនឯង… តណ្ហា គឺបុគ្គលធ្វើខ្លួនឯង… វេទនា គឺបុគ្គលធ្វើខ្លួនឯង… ផស្សៈ គឺបុគ្គលធ្វើខ្លួនឯង… សឡាយតនៈ គឺបុគ្គលធ្វើខ្លួនឯង… នាមរូប គឺបុគ្គលធ្វើខ្លួនឯង នាមរូប គឺបុគ្គលដទៃធ្វើឲ្យ នាមរូប គឺបុគ្គលធ្វើខ្លួនឯងផង បុគ្គលដទៃធ្វើឲ្យផង ឬមួយនាមរូប មិនមែនជាអំពីរបស់ខ្លួនឯង មិនមែនជាអំពើរបស់បុគ្គលដទៃទេ គឺកើតឡើងដោយមិនអាស្រ័យហេតុ។ ម្នាលកោដ្ឋិតៈ នាមរូប គឺបុគ្គលធ្វើខ្លួនឯងក៏ទេ នាមរូប គឺបុគ្គលដទៃធ្វើឲ្យក៏ទេ នាមរូប មិនមែនបុគ្គលធ្វើខ្លួនឯងផង មិនមែនបុគ្គលដទៃធ្វើឲ្យផងក៏ទេ នាមរូប មិនមែនជាអំពើរបស់ខ្លួនឯង មិនមែនជាអំពើរបស់បុគ្គលដទៃទេ គឺកើតឡើងដោយមិនអាស្រ័យហេតុ ក៏ទេដែរ ប៉ុន្តែនាមរូបកើតឡើង ព្រោះវិញ្ញាណជាបច្ច័យ។ ម្នាលអាវុសោសារីបុត្ត វិញ្ញាណ គឺបុគ្គលធ្វើខ្លួនឯង ឬវិញ្ញាណ គឺបុគ្គលដទៃធ្វើឲ្យ វិញ្ញាណ គឺបុគ្គលធ្វើខ្លួនឯងផង បុគ្គលដទៃធ្វើឲ្យផង ឬមួយវិញ្ញាណ មិនមែនជាអំពីរបស់ខ្លួនឯង មិនមែនជាអំពើរបស់អ្នកដទៃទេ គឺកើតឡើងដោយមិនអាស្រ័យហេតុ។ ម្នាលអាវុសោកោដ្ឋិតៈ វិញ្ញាណ គឺបុគ្គលធ្វើខ្លួនឯងក៏ទេ វិញ្ញាណ គឺបុគ្គលដទៃធ្វើឲ្យក៏ទេ វិញ្ញាណ គឺបុគ្គលធ្វើខ្លួនឯងផង បុគ្គលដទៃធ្វើឲ្យផងក៏ទេ វិញ្ញាណ មិនមែនជាអំពើរបស់ខ្លួនឯង មិនមែនជាអំពើរបស់បុគ្គលដទៃទេ គឺកើតឡើងដោយមិនអាស្រ័យហេតុ ក៏ទេដែរ ប៉ុន្តែវិញ្ញាណកើតឡើង ព្រោះនាមរូបជាបច្ច័យ។

[២៦៥] ឥឡូវនេះឯង យើងយល់ភាសិតរបស់ព្រះសារីបុត្តមានអាយុ យ៉ាងនេះថា ម្នាលអាវុសោ កោដ្ឋិតៈ នាមរូប គឺបុគ្គលធ្វើខ្លួនឯងក៏ទេ នាមរូប គឺបុគ្គលដទៃធ្វើឲ្យ ក៏ទេ នាមរូប គឺបុគ្គលធ្វើខ្លួនឯងផង បុគ្គលដទៃធ្វើឲ្យផង ក៏ទេ នាមរូប មិនមែនជាអំពើរបស់ខ្លួនឯង មិនមែនជាអំពើរបស់បុគ្គលដទៃទេ គឺកើតឡើងដោយមិនអាស្រ័យហេតុ ក៏ទេដែរ ប៉ុន្តែនាមរូបកើតឡើង ព្រោះវិញ្ញាណជាបច្ច័យ។ ទើបតែអម្បាញ់មិញនេះឯង យើងយល់ភាសិតរបស់ព្រះសារីបុត្តមានអាយុ យ៉ាងនេះថា ម្នាលអាវុសោកោដ្ឋិតៈ វិញ្ញាណ គឺបុគ្គលដទៃធ្វើខ្លួនឯងក៏ទេ វិញ្ញាណ គឺបុគ្គលដទៃធ្វើឲ្យក៏ទេ វិញ្ញាណ គឺបុគ្គលធ្វើខ្លួនឯងផង បុគ្គលដទៃធ្វើឲ្យផងក៏ទេ វិញ្ញាណ មិនមែនជាអំពើរបស់ខ្លួនឯង មិនមែនជាអំពើរបស់បុគ្គលដទៃទេ គឺកើតឡើងដោយមិនអាស្រ័យហេតុ ក៏ទេដែរ ប៉ុន្តែវិញ្ញាណកើតឡើង ព្រោះនាមរូបជាបច្ច័យ។ ម្នាលអាវុសោសារីបុត្ត តើយើងត្រូវយល់ សេចក្តីនៃភាសិតនេះ ដូចម្តេចបាន។

[២៦៦] ម្នាលអាវុសោ បើដូច្នោះ ខ្ញុំនឹងធ្វើសេចក្តីឧបមា ប្រាប់លោក ព្រោះបុរសទាំងឡាយ ដែលមានប្រាជ្ញាពួកខ្លះ ក្នុងលោកនេះ តែងយល់សេចក្តីនៃភាសិត ដោយឧបមាបាន។ ម្នាលអាវុសោ ដូចជាបាច់បបុះពីរបាច់ អាស្រ័យគ្នានឹងគ្នា ឋិតនៅបាន យ៉ាងណាមិញ ម្នាលអាវុសោ សេចក្តីនេះ មានឧបមេយ្យដូចវិញ្ញាណកើតមាន ព្រោះនាមរូបជាបច្ច័យ នាមរូបកើតមាន ព្រោះវិញ្ញាណជាបច្ច័យ សឡាយតនៈកើតមាន ព្រោះនាមរូបជាបច្ច័យ ផស្សៈកើតមាន ព្រោះសឡាយតនៈជាបច្ច័យ។បេ។ ការកើតព្រមនៃកងទុក្ខទាំងអស់នុ៎ះ រមែងមានយ៉ាងនេះ។ ម្នាលអាវុសោ បើបាច់បបុះទាំងអម្បាលនោះ បុគ្គលទាញយកបាច់បបុះមួយ (បាច់បបុះដែលសល់នៅ) មួយបាច់ មុខជារលំទៅ បើបុគ្គលទាញយកបាច់បបុះម្ខាងចេញ បាច់បបុះម្ខាងក៏រលំទៅ ដូចម្តេចមិញ។ ម្នាលអាវុសោ សេចក្តីនេះ ក៏មានឧបមេយ្យដូច្នោះដែរ ព្រោះតែនាមរូបរលត់ ទើបវិញ្ញាណរលត់ ព្រោះតែវិញ្ញាណរលត់ ទើបនាមរូបរលត់ ព្រោះតែនាមរូបរលត់ ទើបសឡាយតនៈរលត់ ព្រោះតែសឡាយតនៈរលត់ ទើបផស្សៈរលត់។បេ។ ការរលត់នៃកងទុក្ខទាំងអស់នុ៎ះ រមែងមានយ៉ាងនេះ។

[២៦៧] ម្នាលអាវុសោសារីបុត្ត អស្ចារ្យណាស់ ម្នាលអាវុសោសារីបុត្ត ចំឡែកណាស់ ព្រះសារីបុត្តមានអាយុ និយាយនេះ ត្រូវហើយ មួយទៀត យើងសូមអនុមោទនាសុភាសិត របស់ព្រះសារីបុត្តមានអាយុនេះ ដោយវត្ថុ៣៦នេះ ម្នាលអាវុសោ បើភិក្ខុសំដែងធម៌ ដើម្បីការនឿយណាយ ដើម្បីការវិនាស ដើម្បីការរលត់នៃជរា និងមរណៈ ទើបគួរហៅថា ភិក្ខុជាធម្មកថិក។ ម្នាលអាវុសោ បើភិក្ខុជាអ្នកប្រតិបត្តិ ដើម្បីការនឿយណាយ ដើម្បីការវិនាស ដើម្បីការរលត់នៃជរា និងមរណៈ ទើបគួរហៅថា ភិក្ខុជាអ្នកប្រតិបត្តិនូវធម៌ ដ៏សមគួរដល់ធម៌។ ម្នាលអាវុសោ បើភិក្ខុជាអ្នកមានចិត្តរួចស្រឡះហើយ ព្រោះការនឿយណាយ ព្រោះការវិនាស ព្រោះការរលត់ ព្រោះការមិនប្រកាន់ស្អិត នូវជរា និងមរណៈ ទើបគួរហៅថា ភិក្ខុជាអ្នកដល់នូវព្រះនិព្វាន ក្នុងបច្ចុប្បន្ន។ បើជាតិ។បេ។ បើភព… បើឧបាទាន… បើតណ្ហា… បើវេទនា… បើផស្សៈ… បើសឡាយតនៈ… បើនាមរូប … បើវិញ្ញាណ… បើសង្ខារទាំងឡាយ… ម្នាលអាវុសោ បើភិក្ខុអ្នកសំដែងធម៌ ដើម្បីការនឿយណាយ ដើម្បីការវិនាស ដើម្បីការរលត់នៃអវិជ្ជា ទើបគួរហៅថា ភិក្ខុជាធម្មកថិក។ ម្នាលអាវុសោ បើភិក្ខុជាអ្នកប្រតិបត្តិ ដើម្បីការនឿយណាយ ដើម្បីការវិនាស ដើម្បីការរលត់នៃអវិជ្ជា ទើបគួរហៅថា ភិក្ខុជាអ្នកប្រតិបត្តិនូវធម៌ ដ៏សមគួរដល់ធម៌។ ម្នាលអាវុសោ បើភិក្ខុជាអ្នកមានចិត្តរួចស្រឡះហើយ ព្រោះការនឿយណាយ ព្រោះការវិនាស ព្រោះការរលត់ ព្រោះការមិនប្រកាន់ស្អិត នូវអវិជ្ជា ទើបគួរហៅថា ភិក្ខុជាអ្នកដល់នូវព្រះនិព្វានក្នុងបច្ចុប្បន្ន។

ចប់សូត្រ ទី៧។

(កោសម្ពិ)សូត្រ ទី៨

(៨. កោសម្ពិសុត្តំ)

[២៦៨] សម័យមួយ ព្រះមុសិលៈមានអាយុ ព្រះបវិដ្ឋៈមានអាយុ ព្រះនារទៈមានអាយុ និងព្រះអានន្ទមានអាយុ នៅក្នុងឃោសិតារាម ទៀបក្រុងកោសម្ពី។

[២៦៩] លំដាប់នោះ ព្រះបវិដ្ឋៈមានអាយុ បានសួរព្រះមុសិលៈមានអាយុ យ៉ាងនេះថា ម្នាលអាវុសោមុសិលៈ វៀរចាកសេចក្តីជឿ (តាមគេ) វៀរចាកសេចក្តីចូលចិត្ត (ខ្លួនឯង) វៀរចាកសេចក្តីឮតៗគ្នាមក វៀរចាកសេចក្តីត្រិះរិះដោយអាការៈ វៀរចាកសេចក្តីពេញចិត្ត តាមការយល់ឃើញ និងការពិនិត្យ តើមុសិលៈមានអាយុ មានញាណកើតឡើង ចំពោះខ្លួនឯងថា ជរា និងមរណៈកើតឡើង ព្រោះជាតិជាបច្ច័យ ដូច្នេះឬទេ។ ម្នាលអាវុសោបវិដ្ឋៈ វៀរចាកសេចក្តីជឿ វៀរចាកសេចក្តីចូលចិត្ត វៀរចាកសេចក្តីឮតៗគ្នាមក វៀរចាកសេចក្តីត្រិះរិះដោយអាការៈ វៀរចាកសេចក្តីពេញចិត្ត តាមការយល់ឃើញ និងការពិនិត្យ ខ្ញុំក៏ដឹងហេតុនុ៎ះ ខ្ញុំក៏ឃើញហេតុនុ៎ះថា ជរា និងមរណៈកើតមាន ព្រោះជាតិជាបច្ច័យ។ ម្នាលអាវុសោមុសិលៈ វៀរចាកសេចក្តីជឿ វៀរចាកសេចក្តីចូលចិត្ត វៀរចាកសេចក្តីឮតៗគ្នាមក វៀរចាកសេចក្តីត្រិះរិះដោយអាការៈ វៀរចាកសេចក្តីពេញចិត្ត តាមការយល់ឃើញ និងការពិនិត្យ តើមុសិលៈមានអាយុ មានញាណកើតឡើង ចំពោះខ្លួនឯងថា ជាតិកើតមាន ព្រោះភពជាបច្ច័យ ដូច្នេះឬទេ។បេ។ ថាភព កើតមាន ព្រោះឧបាទានជាបច្ច័យ… ឧបាទានកើតមាន ព្រោះតណ្ហាជាបច្ច័យ… តណ្ហាកើតមាន ព្រោះវេទនាជាបច្ច័យ… វេទនាកើតមាន ព្រោះផស្សៈជាបច្ច័យ… ផស្សៈកើតមាន ព្រោះសឡាយតនៈជាបច្ច័យ… សឡាយតនៈកើតមាន ព្រោះនាមរូបជាបច្ច័យ… នាមរូបកើតមាន ព្រោះវិញ្ញាណជាបច្ច័យ… វិញ្ញាណកើតមាន ព្រោះសង្ខារជាបច្ច័យ… សង្ខារទាំងឡាយកើតមាន ព្រោះអវិជ្ជាជាបច្ច័យ ដូច្នេះឬទេ។ ម្នាលអាវុសោបវិដ្ឋៈ វៀរចាកសេចក្តីជឿ វៀរចាកសេចក្តីចូលចិត្ត វៀរចាកសេចក្តីឮតៗគ្នាមក វៀរចាកសេចក្តីត្រិះរិះដោយអាការៈ វៀរចាកសេចក្តីពេញចិត្ត តាមការយល់ឃើញ និងការពិនិត្យ ខ្ញុំក៏ដឹងហេតុនុ៎ះ ខ្ញុំក៏ឃើញហេតុនុ៎ះថា សង្ខារទាំងឡាយកើតមាន ព្រោះអវិជ្ជាជាបច្ច័យ។

[២៧០] ម្នាលអាវុសោមុសិលៈ វៀរចាកសេចក្តីជឿ វៀរចាកសេចក្តីចូលចិត្ត វៀរចាកការឮតៗគ្នាមក វៀរចាកសេចក្តីត្រិះរិះដោយអាការៈ វៀរចាកសេចក្តីពេញចិត្ត តាមការយល់ឃើញ និងការពិនិត្យ តើមុសិលៈមានអាយុ មានញាណកើតឡើង ចំពោះខ្លួនឯងថា ជាតិរលត់ ទើបជរា និងមរណៈរលត់ ដូច្នេះឬទេ។ ម្នាលអាវុសោបវិដ្ឋៈ វៀរចាកសេចក្តីជឿ វៀរចាកសេចក្តីចូលចិត្ត វៀរចាកការឮតៗគ្នាមក វៀរចាកសេចក្តីត្រិះរិះដោយអាការៈ វៀរចាកសេចក្តីពេញចិត្ត តាមការយល់ឃើញ និងការពិនិត្យ ខ្ញុំក៏ដឹងហេតុនុ៎ះ ខ្ញុំក៏ឃើញហេតុនុ៎ះថា ព្រោះតែជាតិរលត់ ទើបជរា និងមរណៈរលត់។ ម្នាលអាវុសោមុសិលៈ វៀរចាកសេចក្តីជឿ វៀរចាកសេចក្តីចូលចិត្ត វៀរចាកការឮតៗគ្នាមក វៀរចាកសេចក្តីត្រិះរិះដោយអាការៈ វៀរចាកសេចក្តីពេញចិត្ត តាមការយល់ឃើញ និងការពិនិត្យ តើមុសិលៈមានអាយុ មានញាណកើតឡើង ចំពោះខ្លួនឯងថា ព្រោះតែភពរលត់ ទើបជាតិរលត់ ដូច្នេះឬទេ។បេ។ ថា ព្រោះតែឧបាទានរលត់ ទើបភពរលត់… ព្រោះតែតណ្ហារលត់ ទើបឧបាទានរលត់… ព្រោះតែវេទនារលត់ ទើបតណ្ហារលត់… ព្រោះតែផស្សៈរលត់ ទើបវេទនារលត់ ព្រោះតែសឡាយតនៈរលត់ ទើបផស្សៈរលត់… ព្រោះតែនាមរូបរលត់ ទើបសឡាយតនៈរលត់… ព្រោះតែវិញ្ញាណរលត់ ទើបនាមរូបរលត់… ព្រោះតែសង្ខាររលត់ ទើបវិញ្ញាណរលត់… ព្រោះតែអវិជ្ជារលត់ ទើបសង្ខាររលត់ ដូច្នេះឬទេ។ ម្នាលអាវុសោបវិដ្ឋៈ វៀរចាកសេចក្តីជឿ វៀរចាកសេចក្តីចូលចិត្ត វៀរចាកសេចក្តីឮតៗគ្នាមក វៀរចាកសេចក្តីត្រិះរិះដោយអាការៈ វៀរចាកសេចក្តីពេញចិត្ត តាមការយល់ឃើញ និងការពិនិត្យ ខ្ញុំក៏ដឹងហេតុនុ៎ះ ខ្ញុំក៏ឃើញហេតុនុ៎ះថា ព្រោះតែអវិជ្ជារលត់ ទើបសង្ខាររលត់។

[២៧១] ម្នាលអាវុសោមុសិលៈ វៀរចាកសេចក្តីជឿ វៀរចាកសេចក្តីចូលចិត្ត វៀរចាកការឮតៗគ្នាមក វៀរចាកសេចក្តីត្រិះរិះដោយអាការៈ វៀរចាកសេចក្តីពេញចិត្ត តាមការយល់ឃើញ និងការពិនិត្យ តើមុសិលៈមានអាយុ មានញាណកើតឡើង ចំពោះខ្លួនឯងថា សេចក្តីរលត់នៃភព ជាព្រះនិព្វាន ដូច្នេះឬទេ។ ម្នាលអាវុសោបវិដ្ឋៈ វៀរចាកសេចក្តីជឿ វៀរចាកសេចក្តីចូលចិត្ត វៀរចាកការឮតៗគ្នាមក វៀរចាកសេចក្តីត្រិះរិះដោយអាការៈ វៀរចាកសេចក្តីពេញចិត្ត តាមការយល់ឃើញ និងការពិនិត្យ ខ្ញុំក៏ដឹងហេតុនុ៎ះ ខ្ញុំក៏ឃើញហេតុនុ៎ះថា សេចក្តីរលត់នៃភព ជាព្រះនិព្វាន។ បើដូច្នោះ មានតែ ព្រះមុសិលៈមានអាយុ ជាព្រះអរហន្តខីណាស្រព។ កាលបើព្រះបវិដ្ឋៈ និយាយយ៉ាងនេះហើយ ព្រះមុសិលៈមានអាយុ ក៏នៅស្ងៀម។

[២៧២] លំដាប់នោះ ព្រះនារទៈមានអាយុ បាននិយាយនឹងព្រះបវិដ្ឋៈមានអាយុ យ៉ាងនេះថា ម្នាលអាវុសោបវិដ្ឋៈ ខ្ញុំសូមឱកាស ខ្ញុំគួរតែបានដើម្បីដោះស្រាយប្រស្នានុ៎ះ កាលបើដូច្នេះ លោកចូរសួរប្រស្នានោះមកចុះ ខ្ញុំនឹងព្យាករប្រស្នានុ៎ះដល់លោក។ បើព្រះនារទៈមានអាយុបាន (ឱកាសដើម្បីដោះ) នូវប្រស្នានុ៎ះ ខ្ញុំសូមសួរប្រស្នានុ៎ះ ចំពោះព្រះនារទៈមានអាយុ សូមព្រះនារទៈមានអាយុ ព្យាករប្រស្នានុ៎ះ ដល់ខ្ញុំ ម្នាលអាវុសោនារទៈ វៀរចាកសេចក្តីជឿ វៀរចាកសេចក្តីចូលចិត្ត វៀរចាកការឮតៗគ្នាមក វៀរចាកសេចក្តីត្រិះរិះដោយអាការៈ វៀរចាកសេចក្តីពេញចិត្ត តាមការយល់ឃើញ និងការពិនិត្យ តើនារទៈមានអាយុ មានញាណកើតឡើងចំពោះខ្លួនឯងថា ជរា និងមរណៈកើតមាន ព្រោះជាតិជាបច្ច័យ ដូច្នេះឬទេ។ ម្នាលអាវុសោបវិដ្ឋៈ វៀរចាកសេចក្តីជឿ វៀរចាកសេចក្តីចូលចិត្ត វៀរចាកការឮតៗគ្នាមក វៀរចាកសេចក្តីត្រិះរិះដោយអាការៈ វៀរចាកសេចក្តីពេញចិត្ត តាមការយល់ឃើញ និងការពិនិត្យ ខ្ញុំក៏ដឹងហេតុនុ៎ះ ខ្ញុំក៏ឃើញហេតុនុ៎ះថា ជរា និងមរណៈកើតមាន ព្រោះជាតិជាបច្ច័យ។ ម្នាលអាវុសោនារទៈ វៀរចាកសេចក្តីជឿ វៀរចាកសេចក្តីចូលចិត្ត វៀរចាកសេចក្តីឮតៗគ្នាមក វៀរចាកសេចក្តីត្រិះរិះដោយអាការៈ វៀរចាកសេចក្តីពេញចិត្ត តាមការយល់ឃើញ និងការពិនិត្យ តើនារទៈមានអាយុ មានណាញកើតឡើង ចំពោះខ្លួនឯងថា ជាតិកើតមាន ព្រោះភពជាបច្ច័យ ដូច្នេះឬទេ។បេ។ ថាសង្ខារទាំងឡាយកើតមាន ព្រោះអវិជ្ជាជាបច្ច័យ ដូច្នេះឬទេ។ ម្នាលអាវុសោបវិដ្ឋៈ វៀរចាកសេចក្តីជឿ វៀរចាកសេចក្តីចូលចិត្ត វៀរចាកសេចក្តីឮតៗគ្នាមក វៀរចាកសេចក្តីត្រិះរិះដោយអាការៈ វៀរចាកសេចក្តីពេញចិត្ត តាមការយល់ឃើញ និងការពិនិត្យ ខ្ញុំក៏ដឹងហេតុនុ៎ះ ខ្ញុំក៏ឃើញហេតុនុ៎ះថា សង្ខារទាំងឡាយកើតមាន ព្រោះអវិជ្ជាជាបច្ច័យ។

[២៧៣] ម្នាលអាវុសោនារទៈ វៀរចាកសេចក្តីជឿ វៀរចាកសេចក្តីចូលចិត្ត វៀរចាកសេចក្តីឮតៗគ្នាមក វៀរចាកសេចក្តីត្រិះរិះដោយអាការៈ វៀរចាកសេចក្តីពេញចិត្ត តាមការយល់ឃើញ និងការពិនិត្យ តើនារទៈមានអាយុ មានញាណកើតឡើង ចំពោះខ្លួនឯងថា ព្រោះតែជាតិរលត់ ទើបជរា និងមរណៈរលត់ ដូច្នេះឬទេ។បេ។ ថាព្រោះតែអវិជ្ជារលត់ ទើបសង្ខាររលត់ ដូច្នេះឬទេ។ ម្នាលអាវុសោបវិដ្ឋៈ វៀរចាកសេចក្តីជឿ វៀរចាកសេចក្តីចូលចិត្ត វៀរចាកសេចក្តីឮតៗគ្នាមក វៀរចាកសេចក្តីត្រិះរិះដោយអាការៈ វៀរចាកសេចក្តីពេញចិត្ត តាមការយល់ឃើញ និងការពិនិត្យ ខ្ញុំក៏ដឹងហេតុនុ៎ះ ខ្ញុំក៏ឃើញហេតុនុ៎ះថា ព្រោះតែអវិជ្ជារលត់ ទើបសង្ខាររលត់។

[២៧៤] ម្នាលអាវុសោនារទៈ វៀរចាកសេចក្តីជឿ វៀរចាកសេចក្តីចូលចិត្ត វៀរចាកសេចក្តីឮតៗគ្នាមក វៀរចាកសេចក្តីត្រិះរិះដោយអាការៈ វៀរចាកសេចក្តីពេញចិត្ត តាមការយល់ឃើញ និងការពិនិត្យ តើនារទៈមានអាយុ មានញាណកើតឡើង ចំពោះខ្លួនឯងថា សេចក្តីរលត់នៃភព ជាព្រះនិព្វាន ដូច្នេះឬទេ។ ម្នាលអាវុសោបវិដ្ឋៈ វៀរចាកសេចក្តីជឿ វៀរចាកសេចក្តីចូលចិត្ត វៀរចាកសេចក្តីឮតៗគ្នាមក វៀរចាកសេចក្តីត្រិះរិះដោយអាការៈ វៀរចាកសេចក្តីពេញចិត្ត តាមការយល់ឃើញ និងការពិនិត្យ ខ្ញុំក៏ដឹងហេតុនុ៎ះ ខ្ញុំក៏ឃើញហេតុនុ៎ះថា សេចក្តីរលត់នៃភព ជាព្រះនិព្វាន។ បើដូច្នោះ មានតែព្រះនារទៈមានអាយុ ជាព្រះអរហន្តខីណាស្រព។ ម្នាលអាវុសោ ខ្ញុំយល់ឃើញដោយប្រាជ្ញាដ៏ប្រពៃ តាមសេចក្តីពិតថា សេចក្តីរលត់ភព ជាព្រះនិព្វាន ដូច្នេះពិតមែន តែខ្ញុំមិនមែនជាព្រះអរហន្តខីណាស្រពទេ ម្នាលអាវុសោ ដូចអណ្តូងទឹកក្នុងផ្លូវលំបាក ខ្សែក៏មិនមានក្នុងទីនោះ យោងសម្រាប់ដងក៏មិនមានក្នុងទីនោះ ស្រាប់តែបុរស ដែលក្តៅក្រហាយ ព្រោះត្រូវកំដៅថ្ងៃ ត្រូវកំដៅថ្ងៃបៀតបៀនហើយ លំបាក ក្រហល់ក្រហាយ ស្រេកឃ្លាន ដើរមកដល់ បុរសនោះ ក្រឡេកមើលឃើញអណ្តូងទឹកនោះ បុរសនោះ ដឹងថា ទឹកមានពិត តែថានឹងប៉ះពាល់ដោយកាយមិនបាន ដូចម្តេចមិញ ម្នាលអាវុសោ ខ្ញុំឃើញដោយបញ្ញា ដ៏ប្រពៃតាមពិតថា សេចក្តីរលត់ភព ជាព្រះនិព្វាន តែខ្ញុំមិនមែនជាព្រះអរហន្តខីណាស្រព ក៏ដូច្នោះដែរ។

[២៧៥] កាលព្រះនារទៈនិយាយយ៉ាងនេះហើយ ព្រះអានន្ទមានអាយុ បាននិយាយនឹងព្រះបវិដ្ឋៈមានអាយុ យ៉ាងនេះថា ម្នាលអាវុសោបវិដ្ឋៈ លោកតែងនិយាយយ៉ាងនេះ ចុះលោកនិយាយនឹងព្រះនារទៈមានអាយុ ដូចម្តេច។ ម្នាលអាវុសោអានន្ទ ខ្ញុំតែងនិយាយយ៉ាងនេះ តែខ្ញុំមិនបាននិយាយពាក្យអ្វី នឹងព្រះនារទៈមានអាយុ ក្រៅអំពីការល្អ ក្រៅអំពីការកុសលទេ។

ចប់សូត្រ ទី៨។

(ឧបយន្តិ)សូត្រ ទី៩

(៩. ឧបយន្តិសុត្តំ)

[២៧៦] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។

[២៧៧] ក្នុងទីនោះឯង ព្រះមានព្រះភាគ …. ម្នាលភិក្ខុទាំងឡាយ កាលមហាសមុទ្រជោរឡើង ទន្លេក៏ជោរ កាលទន្លេជោរឡើង ស្ទឹងក៏ជោរ កាលស្ទឹងជោរឡើង ព្រែកធំក៏ជោរ កាលព្រែកធំជោរឡើង ព្រែកតូចក៏ជោរ មានឧបមាយ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ មានឧបមេយ្យដូចអវិជ្ជា កាលចម្រើនឡើង ក៏ញុំាងសង្ខារទាំងឡាយ ឲ្យចម្រើន កាលសង្ខារទាំងឡាយចម្រើនឡើង ក៏ញុំាងវិញ្ញាណឲ្យចម្រើន កាលវិញ្ញាណចម្រើនឡើង ក៏ញុំាងនាមរូបឲ្យចម្រើន កាលនាមរូបចម្រើនឡើង ក៏ញុំាងអាយតនៈ៦ឲ្យចម្រើន កាលអាយតនៈ៦ចម្រើនឡើង ក៏ញុំាងផស្សៈឲ្យចម្រើន កាលផស្សៈចម្រើនឡើង ក៏ញុំាងវេទនាឲ្យចម្រើន កាលវេទនាចម្រើនឡើង ក៏ញុំាងតណ្ហាឲ្យចម្រើន កាលតណ្ហាចម្រើនឡើង ក៏ញុំាងឧបាទានឲ្យចម្រើន កាលឧបាទានចម្រើនឡើង ក៏ញុំាងភពឲ្យចម្រើន កាលភពចម្រើនឡើង ក៏ញុំាងជាតិឲ្យចម្រើន កាលជាតិចម្រើនឡើង ក៏ញុំាងជរាមរណៈឲ្យចម្រើន ដូច្នោះឯង។

[២៧៨] ម្នាលភិក្ខុទាំងឡាយ កាលបើមហាសមុទ្រនាចទៅវិញ ទន្លេក៏នាច កាលទន្លេនាច ស្ទឹងក៏នាច កាលស្ទឹងនាច ព្រែកធំក៏នាច កាលព្រែកធំនាច ព្រែកតូចក៏នាច មានឧបមាយ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ មានឧបមេយ្យដូចអវិជ្ជា កាលខ្សោយកម្លាំង ក៏ញុំាងសង្ខារទាំងឡាយ ឲ្យខ្សោយ កាលសង្ខារទាំងឡាយខ្សោយ ក៏ញុំាងវិញ្ញាណឲ្យខ្សោយ កាលវិញ្ញាណខ្សោយ ក៏ញុំាងនាមរូបឲ្យខ្សោយ កាលនាមរូបខ្សោយ ក៏ញុំាងអាយតនៈ៦ឲ្យខ្សោយ កាលអាយតនៈ៦ខ្សោយ ក៏ញុំាងផស្សៈឲ្យខ្សោយ កាលផស្សៈខ្សោយ ក៏ញុំាងវេទនាឲ្យខ្សោយ កាលវេទនាខ្សោយ ក៏ញុំាងតណ្ហាឲ្យខ្សោយ កាលតណ្ហាខ្សោយ ក៏ញុំាងឧបាទានឲ្យខ្សោយ កាលឧបាទានខ្សោយ ក៏ញុំាងភពឲ្យខ្សោយ កាលភពខ្សោយ ក៏ញុំាងជាតិឲ្យខ្សោយ កាលជាតិខ្សោយ ក៏ញុំាងជរាមរណៈឲ្យខ្សោយ ដូច្នោះឯង។

ចប់សូត្រ ទី៩។

(សុសិម)សូត្រ ទី១០

(១០. សុសិមសុត្តំ)

[២៧៩] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ទៀបក្រុងរាជគ្រឹះ។ សម័យនោះឯង ព្រះមានព្រះភាគ មានមនុស្ស និងទេវតាធ្វើសក្ការៈ គោរព រាប់អាន បូជា កោតក្រែង ព្រះអង្គបាននូវចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារទាំងឡាយ ទាំងភិក្ខុសង្ឃ ក៏មានមនុស្ស និងទេវតា ធ្វើសក្ការៈ គោរព រាប់អាន បូជា កោតក្រែង ជាអ្នកបាននូវចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារទាំងឡាយដែរ។ ចំណែកខាងពួកបរិព្វាជក ជាអន្យតិរ្ថិយ គេមិនធ្វើសក្ការៈ មិនគោរព មិនរាប់អាន មិនបូជា មិនកោតក្រែង ជាអ្នកមិនបាននូវចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារទាំងឡាយឡើយ។

[២៨០] សម័យនោះឯង បរិព្វាជកឈ្មោះសុសិមៈ នៅអាស្រ័យក្នុងក្រុងរាជគ្រឹះ ជាមួយនឹងបរិព្វាជកបរិស័ទជាច្រើន។ គ្រានោះ ពួកបរិស័ទ របស់សុសិមបរិព្វាជក បាននិយាយពាក្យនេះ និងសុសិមបរិព្វាជកថា ម្នាលអាវុសោសុសិមៈ អ្នកចូរមកអាយ ចូរប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុង(សំណាក់) ព្រះសមណគោតម ចូរអ្នករៀនធម៌ ហើយបង្ហាញយើងទាំងឡាយផង យើងទាំងឡាយនឹងរៀនធម៌នោះ ហើយសំដែងប្រាប់គ្រហស្ថទាំងឡាយ កាលបើយ៉ាងនេះ ពួកយើងមុខជានឹងមានគេធ្វើសក្ការៈ គោរព រាប់អាន បូជា កោតក្រែង ជាអ្នកបាននូវចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារទាំងឡាយ មិនខាន។ សុសិមបរិព្វាជក ទទួលពាក្យបរិស័ទរបស់ខ្លួនថា អើអាវុសោ ហើយក៏ចូលទៅរកព្រះអានន្ទមានអាយុ លុះចូលទៅដល់ហើយ ក៏ពោលពាក្យរាក់ទាក់ ជាមួយនឹងព្រះអានន្ទមានអាយុ លុះបញ្ចប់ពាក្យគួររីករាយ និងពាក្យគួររឭកហើយ ក៏អង្គុយក្នុងទីសមគួរ។ លុះសុសិមបរិព្វាជក អង្គុយក្នុងទីសមគួរហើយ ទើបនិយាយស្នើរសេចក្តីនុ៎ះ នឹងព្រះអានន្ទមានអាយុថា បពិត្រព្រះអានន្ទមានអាយុ ខ្ញុំប្រាថ្នា ដើម្បីប្រព្រឹត្តព្រហ្មចរិយៈ ក្នុងធម៌វិន័យនេះ។

[២៨១] គ្រានោះឯង ព្រះអានន្ទមានអាយុ នាំសុសិមបរិព្វាជក ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះព្រះអានន្ទមានអាយុ អង្គុយក្នុងទីសមគួរហើយ ក៏បានក្រាបទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន សុសិមបរិព្វាជកនេះ បាននិយាយយ៉ាងនេះថា បពិត្រអានន្ទមានអាយុ ខ្ញុំប្រាថ្នាដើម្បីប្រព្រឹត្តព្រហ្មចរិយៈ ក្នុងធម៌វិន័យនេះ។ ព្រះអង្គត្រាស់ថា ម្នាលអានន្ទ បើដូច្នោះ ចូរអ្នកនាំគ្នាបំបួសសុសិមៈចុះ។ សុសិមបរិព្វាជក ក៏បានបព្វជ្ជា បានឧបសម្បទា ក្នុងសំណាក់ព្រះមានព្រះភាគ។

[២៨២] សម័យនោះឯង ឮថា ពួកភិក្ខុច្រើនរូប បាននាំគ្នាក្រាបទូលនូវអរហត្តផល ក្នុងសំណាក់ព្រះមានព្រះភាគថា ពួកខ្ញុំព្រះអង្គ ដឹងច្បាស់ថា ជាតិ (របស់អាត្មាអញ) អស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញ បាននៅរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ សុសិមភិក្ខុមានអាយុ បានឮថា ពួកភិក្ខុច្រើនរូប នាំគ្នាក្រាបទូលអរហត្តផល ក្នុងសំណាក់ព្រះមានព្រះភាគថា ពួកខ្ញុំព្រះអង្គ ដឹងច្បាស់ថា ជាតិ (របស់អាត្មាអញ) អស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញ បាននៅរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ គ្រានោះឯង សុសិមភិក្ខុមានអាយុ ក៏ចូលទៅរកភិក្ខុទាំងនោះ លុះចូលទៅដល់ហើយ ក៏ពោលពាក្យរាក់ទាក់ ជាមួយនឹងភិក្ខុទាំងនោះ លុះបញ្ចប់ពាក្យគួររីករាយ និងពាក្យគួររឭកហើយ ក៏អង្គុយក្នុងទីសមគួរ។ លុះសុសិមភិក្ខុមានអាយុ អង្គុយក្នុងទីសមគួរហើយ ទើបពោលពាក្យនេះ នឹងភិក្ខុទាំងនោះថា បានឮថា លោកមានអាយុទាំងឡាយ នាំគ្នាក្រាបទូលអរហត្តផល ក្នុងសំណាក់ព្រះមានព្រះភាគថា ពួកខ្ញុំព្រះអង្គ ដឹងច្បាស់ថា ជាតិ (របស់អាត្មាអញ) អស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញ បាននៅរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ (ដូច្នេះ) ពិតមែនឬ។ ពួកភិក្ខុទាំងនោះ តបថា ពិតមែន អាវុសោ។

[២៨៣] សុសិមភិក្ខុសួរថា បពិត្រលោកមានអាយុទាំងឡាយ ចុះលោកទាំងឡាយ កាលដឹងយ៉ាងនេះ ឃើញយ៉ាងនេះ តើបាននូវការតាក់តែង ឬសំដែងឫទ្ធិច្រើនប្រការ គឺកាយតែមួយ ធ្វើឲ្យទៅជាកាយច្រើនក៏បាន កាយច្រើន ធ្វើឲ្យទៅជាកាយតែមួយវិញក៏បាន ដើរទៅក្នុងទីណាក៏បាន ឥតមានទើសទាល់ គឺនៅក្នុងទីកំបាំង ដើរទៅក្នុងទីវាលក៏បាន នៅខាងក្នុង ដើរចេញទៅខាងក្រៅក៏បាន នៅខាងក្នុងជញ្ជាំង ដើរចេញទៅខាងក្រៅជញ្ជាំង (ដោយឥតទ្វារ ឥតផ្លូវ) ក៏បាន នៅខាងក្នុងកំពែង ដើរចេញទៅខាងក្រៅកំពែងក៏បាន នៅខាងក្នុងភ្នំ ដើរចេញទៅខាងក្រៅភ្នំវិញ ឥតមានទើសទាល់ ដូចជាគេដើរទៅ ក្នុងអាកាសក៏បាន មុជងើបក្នុងផែនដី ដូចជាគេមុជងើបក្នុងទឹកក៏បាន ដើរលើទឹកឥតមានបែកធ្លាយ ដូចជាគេដើរលើផែនដីក៏បាន អង្គុយពែនភ្នែនលើអាកាស ដូចជាសកុណជាតិទាំងឡាយ ដែលមានស្លាបហើរទៅក្នុងអាកាសក៏បាន យកដៃស្ទាបអង្អែល (មណ្ឌល) ព្រះចន្ទ្រ ព្រះអាទិត្យទាំងនេះ ដែលមានឫទ្ធិធំ មានអានុភាពធំយ៉ាងនេះក៏បាន ឬញុំាងអំណាចកាយ ឲ្យផ្សព្វផ្សាយទៅ រហូតដល់ព្រហ្មលោកក៏បាន ដូច្នេះបានឬទេ។ មិនដូច្នោះទេ អាវុសោ។

[២៨៤] បពិត្រលោកមានអាយុទាំងឡាយ ចុះកាលបើលោកទាំងឡាយ ដឹងយ៉ាងនេះ ឃើញយ៉ាងនេះ តើមានត្រចៀកដូចជាទិព្វដ៏បរិសុទ្ធ កន្លងហួសត្រចៀកជារបស់មនុស្សធម្មតា រមែងឮសំឡេងពីរប្រការ គឺសំឡេងទិព្វ និងសំឡេងមនុស្ស ដែលនៅក្នុងទីឆ្ងាយ ឬនៅក្នុងទីជិតដែរឬទេ។ មិនដូច្នោះ អាវុសោ។

[២៨៥] បពិត្រលោកមានអាយុទាំងឡាយ ចុះកាលបើលោកទាំងឡាយ ដឹងយ៉ាងនេះ ឃើញយ៉ាងនេះ តើអាចកំណត់ដឹងចិត្តរបស់សត្វដទៃ របស់បុគ្គលដទៃ ដោយចិត្តរបស់ខ្លួនបាន គឺចិត្តប្រកបដោយរាគៈក្តី ក៏ដឹងច្បាស់ថា ចិត្តប្រកបដោយរាគៈ ចិត្តដែលប្រាសចាករាគៈក្តី ក៏ដឹងច្បាស់ថា ចិត្តប្រាសចាករាគៈ ចិត្តដែលប្រកបដោយទោសៈក្តី ក៏ដឹងច្បាស់ថា ចិត្តប្រកបដោយទោសៈ ចិត្តដែលប្រាសចាកទោសៈក្តី ក៏ដឹងច្បាស់ថា ចិត្តប្រាសចាកទោសៈ ចិត្តដែលប្រកបដោយមោហៈក្តី ក៏ដឹងច្បាស់ថា ចិត្តប្រកបដោយមោហៈ ចិត្តដែលប្រាសចាកមោហៈក្តី ក៏ដឹងច្បាស់ថា ចិត្តប្រាសចាកមោហៈ ចិត្តដែលរួញថយក្តី ក៏ដឹងច្បាស់ថា ចិត្តរួញថយ ចិត្តដែលរាយមាយក្តី ក៏ដឹងច្បាស់ថា ចិត្តរាយមាយ ចិត្តដែលជាមហគ្គតៈ គឺរូបាវចរ និងអរូបាវចរក្តី ក៏ដឹងច្បាស់ថា ចិត្តជាមហគ្គតៈ ចិត្តដែលមិនមែនជាមហគ្គតៈក្តី ក៏ដឹងច្បាស់ថា ចិត្តមិនមែនជាមហគ្គតៈ ចិត្តជាសឧត្តរៈ គឺកាមាវចរចិត្តក្តី ក៏ដឹងច្បាស់ថា ចិត្តជាសឧត្តរៈ ចិត្តដែលជាអនុត្តរៈ គឺរូបាវចរ និងអរូបាវចរក្តី ក៏ដឹងច្បាស់ថា ចិត្តជាអនុត្តរៈ ចិត្តដែលតាំងនៅខ្ជាប់ខ្ជួនក្តី ក៏ដឹងច្បាស់ថា ចិត្តតាំងនៅខ្ជាប់ខ្ជួន ចិត្តដែលមិនតាំងនៅខ្ជាប់ខ្ជួនក្តី ក៏ដឹងច្បាស់ថា ចិត្តមិនតាំងនៅខ្ជាប់ខ្ជួន ចិត្តដែលរួចស្រឡះ ចាកកិលេសហើយក្តី ក៏ដឹងច្បាស់ថា ចិត្តរួចស្រឡះហើយ ចិត្តដែលមិនទាន់រួចស្រឡះក្តី ក៏ដឹងច្បាស់ថា ចិត្តមិនទាន់រួចស្រឡះ ដែរឬទេ។ មិនដូច្នោះទេ អាវុសោ។

[២៨៦] បពិត្រលោកមានអាយុទាំងឡាយ ចុះកាលបើលោកទាំងឡាយ ដឹងយ៉ាងនេះ ឃើញយ៉ាងនេះ តើរឭកឃើញនូវបុព្វេនិវាស គឺខន្ធ ដែលធ្លាប់អាស្រ័យនៅក្នុងកាលមុន ជាច្រើនប្រការ គឺរឭកឃើញបាន ១ជាតិ ២ជាតិ ៣ជាតិ ៤ជាតិ ៥ជាតិ ១០ជាតិ ២០ជាតិ ៣០ជាតិ ៤០ជាតិ ៥០ជាតិ ១០០ជាតិ ១ពាន់ជាតិ ១សែនជាតិ ក៏បាន រឭកឃើញសំវដ្តកប្បជាច្រើនក៏បាន វិវដ្តកប្បជាច្រើនក៏បាន សំវដ្តវិវដ្តកប្បជាច្រើនក៏បាន ថាអាត្មាអញ បានកើតក្នុងភពឯណោះ មានឈ្មោះយ៉ាងនេះ មានគោត្រយ៉ាងនេះ មានសម្បុរយ៉ាងនេះ មានអាហារយ៉ាងនេះ បានទទួលសុខ និងទុក្ខយ៉ាងនេះ មានកំណត់អាយុត្រឹមប៉ុណ្ណេះ លុះអាត្មាអញ ច្យុតចាកអត្តភាពនោះហើយ ក៏បានទៅកើតក្នុងភពឯណោះ ដែលទៅកើតក្នុងភពនោះ មានឈ្មោះយ៉ាងនេះ មានគោត្រយ៉ាងនេះ មានសម្បុរយ៉ាងនេះ មានអាហារយ៉ាងនេះ បានទទួលសុខ និងទុក្ខយ៉ាងនេះ មានកំណត់អាយុត្រឹមប៉ុណ្ណេះ លុះអាត្មាអញនោះ ច្យុតចាកអត្តភាពនោះហើយ ក៏បានមកកើតក្នុងភពនេះ លោកទាំងឡាយ រឭកឃើញនូវបុព្វេនិវាសជាច្រើនប្រការ ព្រមទាំងអាការៈ គឺរូប និងអាហារជាដើម ព្រមទាំងឧទ្ទេស គឺឈ្មោះ និងគោត្រកូល ដោយប្រការដូច្នេះ បានដែរឬទេ។ មិនដូច្នោះទេ អាវុសោ។

[២៨៧] បពិត្រលោកមានអាយុទាំងឡាយ ចុះកាលបើលោកទាំងឡាយ ដឹងយ៉ាងនេះ ឃើញយ៉ាងនេះ តើមានចក្ខុដូចជាទិព្វ ដ៏បរិសុទ្ធ កន្លងបង់នូវចក្ខុជារបស់មនុស្សធម្មតា រមែងឃើញនូវពួកសត្វដែលច្យុត ដែលកើត ជាសត្វថោកទាប ខ្ពង់ខ្ពស់ មានសម្បុរល្អ មានសម្បុរអាក្រក់ មានគតិល្អ មានគតិអាក្រក់ ដឹងច្បាស់នូវពួកសត្វ ដែលប្រព្រឹត្តទៅតាមកម្មរបស់ខ្លួនថា អើហ្ន៎ សត្វទាំងអម្បាលនេះ ប្រកបដោយកាយទុច្ចរិត ប្រកបដោយវចីទុច្ចរិត ប្រកបដោយមនោទុច្ចរិត ជាអ្នកតិះដៀលព្រះអរិយបុគ្គល មានសេចក្តីយល់ខុស ប្រកាន់នូវអំពើតាមសេចក្តីយល់ខុស សត្វទាំងអម្បាលនោះ លុះរំលាងកាយ ស្លាប់ទៅ ក៏ទៅកើតក្នុងកំណើតតិរច្ឆាន ប្រេត អសុរកាយ នរក មួយទៀត អើហ្ន៎ សត្វទាំងអម្បាលនេះ ប្រកបដោយកាយសុចរិត ប្រកបដោយវចីសុចរិត ប្រកបដោយមនោសុចរិត ជាអ្នកមិនតិះដៀលព្រះអរិយបុគ្គល មានសេចក្តីយល់ត្រូវ ប្រកាន់នូវអំពើតាមសេចក្តីយល់ត្រូវ សត្វទាំងអម្បាលនោះ លុះរំលាងកាយ ស្លាប់ទៅ ក៏ទៅកើតក្នុងសុគតិសួគ៌ ទេវលោក ចុះលោកទាំងឡាយ មានចក្ខុដូចជាទិព្វ ដ៏បរិសុទ្ធ កន្លងបង់នូវចក្ខុជារបស់មនុស្សធម្មតា រមែងឃើញនូវពួកសត្វដែលច្យុត ដែលកើត ជាសត្វថោកទាប ខ្ពង់ខ្ពស់ មានសម្បុរល្អ មានសម្បុរអាក្រក់ មានគតិល្អ មានគតិអាក្រក់ ដឹងច្បាស់នូវពួកសត្វ ដែលប្រព្រឹត្តទៅតាមកម្មរបស់ខ្លួន ដោយប្រការដូច្នេះ ដែរឬទេ។ មិនដូច្នោះទេ អាវុសោ។

[២៨៨] បពិត្រលោកមានអាយុទាំងឡាយ ចុះកាលបើលោកទាំងឡាយ ដឹងយ៉ាងនេះ ឃើញយ៉ាងនេះ តើកន្លងនូវរូបជ្ឈានហើយ បាននូវអារុប្បវិមោក្ខ ដែលជាធម៌ស្ងប់រម្ងាប់ ដោយនាមកាយ ហើយសម្រាន្តនៅ ដែរឬទេ។ មិនដូច្នោះទេ អាវុសោ។

[២៨៩] សុសិមភិក្ខុសួរថា ម្នាលលោកមានអាយុទាំងឡាយ ឥឡូវនេះ ការដោះស្រាយនេះក្តី ការមិនបានលុះនូវធម៌ទាំងនេះក្តី ក្នុងដំណើរនុ៎ះ ម្នាលអាវុសោ ចុះហេតុនេះ តើដូចម្តេច។ ពួកភិក្ខុទាំងនោះ តបថា ម្នាលអាវុសោសុសិមៈ យើងទាំងឡាយ ជាបញ្ញាវិមុត្តបុគ្គល គឺជាអ្នករួចស្រឡះ ចាកកិលេសដោយសារបញ្ញាទេតើ។ សុសិមភិក្ខុឆ្លើយថា ខ្ញុំមិនទាន់យល់សេចក្តី នៃពាក្យដែលលោកមានអាយុទាំងឡាយ សំដែងសង្ខេបហើយនេះ ដោយពិស្តារបានទេ ខ្ញុំសូមអង្វរ សូមលោកមានអាយុទាំងឡាយ សំដែងប្រាប់ខ្ញុំ យ៉ាងណា ឲ្យខាងតែខ្ញុំយល់សេចក្តី នៃពាក្យដែលលោកមានអាយុទាំងឡាយ សំដែងសង្ខេបហើយនេះ ដោយពិស្តារបាន។ ពួកភិក្ខុទាំងនោះ តបថា ម្នាលអាវុសោសុសិមៈ លោកយល់ក្តី មិនយល់ក្តី យើងទាំងឡាយ ជាក់ជាបញ្ញាវិមុត្តបុគ្គលដោយពិត។

[២៩០] គ្រានោះឯង សុសិមភិក្ខុមានអាយុ ក្រោកអំពីអាសនៈ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះសុសិមភិក្ខុមានអាយុ អង្គុយក្នុងទីសមគួរហើយ ទើបក្រាបបង្គំទូល នូវពាក្យទាំងអស់នោះ ដែលខ្លួនចរចាទាំងប៉ុន្មាន ជាមួយនឹងពួកភិក្ខុទាំងនោះ ចំពោះព្រះមានព្រះភាគ។ ព្រះមានព្រះភាគត្រាស់ថា ម្នាលសុសិមៈ ធម្មដ្ឋិតិញ្ញាណ គឺវិបស្សនាញាណ តែងកើតឡើងមុន ការដឹងក្នុងព្រះនិព្វាន គឺមគ្គញ្ញាណ តែងកើតឡើងក្រោយ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ មិនអាចយល់សេចក្តី នៃព្រះពុទ្ធដីកា ដែលព្រះអង្គសំដែងសង្ខេបនេះ ដោយពិស្តារបានទេ សូមទ្រង់ព្រះមេត្តាប្រោស សូមព្រះមានព្រះភាគ សំដែងប្រាប់ខ្ញុំព្រះអង្គ យ៉ាងណា ឲ្យខាងតែខ្ញុំព្រះអង្គយល់សេចក្តី នៃព្រះពុទ្ធដីកា ដែលព្រះអង្គសំដែងសង្ខេបនេះ ដោយពិស្តារបានឲ្យទាន។

[២៩១] ម្នាលសុសិមៈ អ្នកយល់ក្តី អ្នកមិនយល់ក្តី ចំណែកធម្មដ្ឋិតិញ្ញាណ តែងកើតឡើងមុន ការដឹងក្នុងព្រះនិព្វាន តែងកើតឡើងក្រោយដោយពិត ម្នាលសុសិមៈ អ្នកសំគាល់សេចក្តីនោះ ដូចម្តេច រូបទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ ចុះរបស់ណា ដែលមិនទៀង របស់នោះជាទុក្ខ ឬជាសុខ។ ជាទុក្ខ ព្រះអង្គ។ ចុះរបស់ណា ដែលមិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា គួរនឹងយល់ឃើញ នូវរបស់នោះថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់អញ ដូច្នេះឬទេ។ មិនគួរនឹងយល់ឃើញយ៉ាងនោះទេ ព្រះអង្គ។ វេទនា ទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ ចុះរបស់ណា ដែលមិនទៀង របស់នោះជាទុក្ខ ឬជាសុខ។ ជាទុក្ខ ព្រះអង្គ។ ចុះរបស់ណា ដែលមិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា គួរនឹងយល់ឃើញរបស់នោះថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់អញ ដូច្នេះឬទេ។ មិនគួរនឹងយល់ឃើញយ៉ាងនោះទេ ព្រះអង្គ។ សញ្ញា ទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។បេ។ សង្ខារទាំងឡាយ ទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ ចុះរបស់ណា មិនទៀង របស់នោះជាទុក្ខ ឬជាសុខ។ ជាទុក្ខ ព្រះអង្គ។ ចុះរបស់ណា ដែលមិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា គួរនឹងយល់ឃើញរបស់នោះថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់អញ ដូច្នេះឬទេ។ មិនគួរនឹងយល់ឃើញយ៉ាងនោះទេ ព្រះអង្គ។ វិញ្ញាណ ទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ ចុះរបស់ណា មិនទៀង របស់នោះជាទុក្ខ ឬជាសុខ។ ជាទុក្ខ ព្រះអង្គ។ ចុះរបស់ណា ដែលមិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា គួរនឹងយល់ឃើញរបស់នោះថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់អញ ដូច្នេះឬទេ។ មិនគួរនឹងយល់ឃើញយ៉ាងនោះទេ ព្រះអង្គ។

[២៩២] ម្នាលសុសិមៈ ព្រោះហេតុនោះ រូបណាមួយ ដែលជាអតីត អនាគត បច្ចុប្បន្ន ខាងក្នុងក្តី ខាងក្រៅក្តី គ្រោតគ្រាតក្តី ល្អិតក្តី ថោកទាបក្តី ឧត្តមក្តី រូបណា ដែលមានក្នុងទីឆ្ងាយក្តី ក្នុងទីជិតក្តី រូបទាំងអស់នោះ គ្រាន់តែជារូប (ប៉ុណ្ណោះឯង) បុគ្គលគួរឃើញរូបនុ៎ះ ដោយបញ្ញាដ៏ប្រពៃ តាមពិត យ៉ាងនេះថា នុ៎ះ មិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញឡើយ។ វេទនាណាមួយ ដែលជាអតីត អនាគត បច្ចុប្បន្ន ខាងក្នុងក្តី ខាងក្រៅក្តី គ្រោតគ្រាតក្តី ល្អិតក្តី ថោកទាបក្តី ឧត្តមក្តី វេទនាណា ដែលមានក្នុងទីឆ្ងាយក្តី ក្នុងទីជិតក្តី វេទនាទាំងអស់នោះ គ្រាន់តែជាវេទនា (ប៉ុណ្ណោះឯង) បុគ្គលគួរឃើញវេទនានុ៎ះ ដោយបញ្ញាដ៏ប្រពៃ តាមពិត យ៉ាងនេះថា នុ៎ះ មិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញឡើយ។ សញ្ញាណណាមួយ។បេ។ សង្ខារទាំងឡាយណាមួយ ដែលជាអតីត អនាគត បច្ចុប្បន្ន ខាងក្នុងក្តី ខាងក្រៅក្តី គ្រោតគ្រាតក្តី ល្អិតក្តី ថោកទាបក្តី ឧត្តមក្តី សង្ខារទាំងឡាយណា ដែលមានក្នុងទីឆ្ងាយក្តី មានក្នុងទីជិតក្តី សង្ខារទាំងអស់នោះ គ្រាន់តែជាសង្ខារ (ប៉ុណ្ណោះឯង) បុគ្គលគួរឃើញសង្ខារនុ៎ះ ដោយបញ្ញាដ៏ប្រពៃ តាមពិត យ៉ាងនេះថា នុ៎ះ មិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញឡើយ។ វិញ្ញាណណាមួយ ដែលជាអតីត អនាគត បច្ចុប្បន្ន ខាងក្នុងក្តី ខាងក្រៅក្តី គ្រោតគ្រាតក្តី ល្អិតក្តី ថោកទាបក្តី ឧត្តមក្តី វិញ្ញាណណា ដែលមានក្នុងទីឆ្ងាយក្តី ក្នុងទីជិតក្តី វិញ្ញាណទាំងអស់នោះ គ្រាន់តែជាវិញ្ញាណ (ប៉ុណ្ណោះឯង) បុគ្គលគួរឃើញវិញ្ញាណនុ៎ះ ដោយបញ្ញាដ៏ប្រពៃ តាមពិត យ៉ាងនេះថា នុ៎ះ មិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញឡើយ។

[២៩៣] ម្នាលសុសិមៈ អរិយសាវ័កជាអ្នកចេះដឹង កាលបើយល់ឃើញយ៉ាងនេះ ក៏នឿយណាយក្នុងរូបផង នឿយណាយក្នុងវេទនាផង នឿយណាយក្នុងសញ្ញាផង នឿយណាយក្នុងសង្ខារទាំងឡាយផង នឿយណាយក្នុងវិញ្ញាណផង កាលបើនឿយណាយ (យ៉ាងនេះហើយ) ក៏ប្រាសចាកតម្រេក ចិត្តក៏ផុតស្រឡះ (ចាកអាសវៈ) ព្រោះប្រាសចាកតម្រេក។ កាលចិត្តផុតស្រឡះ (ចាកអាសវៈ) ហើយ ញាណ (របស់អរិយសាវ័កនោះ) កើតឡើងប្រាកដថា ចិត្តផុតស្រឡះហើយ។ អរិយសាវ័កនោះ រមែងដឹងច្បាស់ថា ជាតិ (របស់អាត្មាអញ) អស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញ បាននៅរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។

[២៩៤] ម្នាលសុសិមៈ អ្នកយល់ឃើញថា ជរាមរណៈកើតមាន ព្រោះជាតិ ជាបច្ច័យដែរឬ។ ព្រះករុណា ព្រះអង្គ។ ម្នាលសុសិមៈ អ្នកយល់ឃើញថា ជាតិកើតមាន ព្រោះភព ជាបច្ច័យដែរឬ។ ព្រះករុណា ព្រះអង្គ។ ម្នាលសុសិមៈ អ្នកយល់ឃើញថា ភពកើតមាន ព្រោះឧបាទាន ជាបច្ច័យដែរឬ។ ព្រះករុណា ព្រះអង្គ។ ម្នាលសុសិមៈ អ្នកយល់ឃើញថា ឧបាទានកើតមាន ព្រោះតណ្ហា ជាបច្ច័យដែរឬ។ ព្រះករុណា ព្រះអង្គ។ តណ្ហាកើតមាន ព្រោះវេទនាជាបច្ច័យ… វេទនាកើតមាន ព្រោះផស្សៈជាបច្ច័យ… ផស្សៈកើតមាន ព្រោះអាយតនៈ៦ ជាបច្ច័យ… អាយតនៈ៦ កើតមាន ព្រោះនាមរូប ជាបច្ច័យ… នាមរូបកើតមាន ព្រោះវិញ្ញាណជាបច្ច័យ… វិញ្ញាណកើតមាន ព្រោះសង្ខារជាបច្ច័យ… ម្នាលសុសិមៈ អ្នកយល់ឃើញថា សង្ខារទាំងឡាយកើតមាន ព្រោះអវិជ្ជា ជាបច្ច័យដែរឬ។ ព្រះករុណា ព្រះអង្គ។

[២៩៥] ម្នាលសុសិមៈ អ្នកយល់ឃើញថា ការរលត់នៃជរាមរណៈ ព្រោះការរលត់នៃជាតិ ដែរឬ។ ព្រះករុណា ព្រះអង្គ។ ម្នាលសុសិមៈ អ្នកយល់ឃើញថា ការរលត់នៃជាតិ ព្រោះការរលត់នៃភព ដែរឬ។ ព្រះករុណា ព្រះអង្គ។ ការរលត់នៃភព ព្រោះការរលត់នៃឧបាទាន… ការរលត់នៃឧបាទាន ព្រោះការរលត់នៃតណ្ហា… ការរលត់នៃតណ្ហា… ព្រោះការរលត់នៃវេទនា… ការរលត់នៃវេទនា ព្រោះការរលត់នៃផស្សៈ… ការរលត់នៃផស្សៈ ព្រោះការរលត់នៃអាយតនៈ៦… ការរលត់នៃអាយតនៈ៦ ព្រោះការរលត់នៃនាមរូប… ការរលត់នៃនាមរូប ព្រោះការរលត់នៃវិញ្ញាណ… ការរលត់នៃវិញ្ញាណ ព្រោះការរលត់នៃសង្ខារ… ម្នាលសុសិមៈ អ្នកយល់ឃើញថា ការរលត់នៃសង្ខារ ព្រោះការរលត់នៃអវិជ្ជា ដែរឬ។ ព្រះករុណា ព្រះអង្គ។

[២៩៦] ម្នាលសុសិមៈ ចុះកាលបើអ្នកដឹងយ៉ាងនេះ ឃើញយ៉ាងនេះ តើបាននូវការតាក់តែង ឬសំដែងឫទ្ធិច្រើនប្រការ គឺកាយតែមួយ ធ្វើឲ្យទៅជាកាយច្រើនក៏បាន កាយច្រើន ធ្វើឲ្យទៅជាកាយតែមួយវិញក៏បាន ដើរទៅទីណា ឥតទើសទាល់ គឺនៅក្នុងទីកំបាំង ដើរទៅក្នុងទីវាលក៏បាន នៅខាងក្នុង ដើរចេញទៅខាងក្រៅក៏បាន នៅខាងក្នុងជញ្ជាំង ដើរចេញទៅខាងក្រៅជញ្ជាំង (ដោយឥតទ្វារ ឬផ្លូវ) ក៏បាន នៅខាងក្នុងកំពែង ដើរចេញទៅខាងក្រៅកំពែងក៏បាន នៅខាងក្នុងភ្នំ ដើរចេញទៅខាងក្រៅភ្នំ ឥតទើសទាល់ ដូចជាគេដើរទៅ ក្នុងអាកាសទទេក៏បាន មុជងើបក្នុងផែនដី ដូចជាគេមុជងើបក្នុងទឹកក៏បាន ដើរលើទឹកឥតបែកធ្លាយ ដូចជាគេដើរលើផែនដីក៏បាន ពែនភ្នែនទៅក្នុងអាកាស ដូចជាសកុណជាតិ ដែលមានស្លាប ហើរទៅក្នុងអាកាសក៏បាន យកដៃទៅស្ទាបអង្អែល (មណ្ឌល) ព្រះចន្ទ្រ ព្រះអាទិត្យទាំងនេះ ដែលមានឫទ្ធិច្រើន មានអានុភាពច្រើនយ៉ាងនេះក៏បាន ញុំាងអំណាចកាយ ឲ្យផ្សព្វផ្សាយទៅ រហូតដល់ព្រហ្មលោកនាយក៏បាន ដែឬទេ។ មិនដូច្នោះទេ ព្រះអង្គ។

[២៩៧] ម្នាលសុសិមៈ ចុះកាលបើអ្នកដឹងយ៉ាងនេះ ឃើញយ៉ាងនេះ តើមានត្រចៀក ដូចជាទិព្វដ៏បរិសុទ្ធ កន្លងហួសត្រចៀក ជារបស់មនុស្សធម្មតា រមែងឮសំឡេងពីរប្រការ គឺសំឡេងទិព្វ និងសំឡេងមនុស្ស ដែលនៅក្នុងទីឆ្ងាយ ឬនៅក្នុងទីជិត ដែរឬទេ។ មិនដូច្នោះ ព្រះអង្គ។

[២៩៨] ម្នាលសុសិមៈ ចុះកាលបើអ្នកដឹងយ៉ាងនេះ ឃើញយ៉ាងនេះ តើអាចកំណត់ដឹងចិត្ត របស់សត្វដទៃ របស់បុគ្គលដទៃ ដោយចិត្តរបស់ខ្លួនបាន គឺចិត្តប្រកបដោយរាគៈក្តី ក៏ដឹងច្បាស់ថា ចិត្តប្រកបដោយរាគៈ។បេ។ ចិត្តមិនទាន់ផុតស្រឡះក្តី ក៏ដឹងច្បាស់ថា ចិត្តមិនទាន់ផុតស្រឡះ ដែរឬទេ។ មិនដូច្នោះទេ ព្រះអង្គ។

[២៩៩] ម្នាលសុសិមៈ ចុះកាលបើអ្នកដឹងយ៉ាងនេះ ឃើញយ៉ាងនេះ តើរឭកឃើញ បុព្វេនិវាស បានជាច្រើនប្រការ គឺរឭកឃើញបាន ១ជាតិ។បេ។ អ្នករឭកឃើញបុព្វេនិវាស បានជាច្រើនប្រការ ព្រមទាំងអាការៈ ព្រមទាំងឧទ្ទេស ដោយប្រការដូច្នេះ ដែរឬទេ។ មិនដូច្នោះទេ ព្រះអង្គ។

[៣០០] ម្នាលសុសិមៈ ចុះកាលបើអ្នកដឹងយ៉ាងនេះ ឃើញយ៉ាងនេះ តើមានចក្ខុ ដូចជាទិព្វ ដ៏បរិសុទ្ធ កន្លងហួសចក្ខុរបស់មនុស្សធម្មតា ឃើញពួកសត្វកាលច្យុត។បេ។ ដឹងច្បាស់ នូវពួកសត្វ ដែលប្រព្រឹត្តទៅតាមកម្មរបស់ខ្លួន ដែរឬទេ។ មិនដូច្នោះទេ ព្រះអង្គ។

[៣០១] ម្នាលសុសិមៈ ចុះកាលបើអ្នកដឹងយ៉ាងនេះ ឃើញយ៉ាងនេះ តើកន្លងនូវរូបជ្ឈាន ហើយបាននូវអារុប្បវិមោក្ខ ដែលជាធម៌ស្ងប់រម្ងាប់ ដោយនាមកាយ ហើយសម្រាន្តនៅ ដែរឬទេ។ មិនដូច្នោះទេ ព្រះអង្គ។

[៣០២] ម្នាលសុសិមៈ ឥឡូវនេះ ការដោះស្រាយនេះក្តី ការមិនបានលុះធម៌ទាំងនេះក្តី ក្នុងដំណើរនុ៎ះ ម្នាលសុសិមៈ ចុះហេតុនេះ តើដូចម្តេច។ គ្រានោះឯង ព្រះសុសិមៈមានអាយុ ក្រាបចុះទៀបព្រះបាទា នៃព្រះមានព្រះភាគ ដោយសិរ្សៈ ពោលខមាទោស នឹងព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន កំហុសគ្របសង្កត់ហើយ នូវខ្ញុំព្រះអង្គ តាមដោយខ្ញុំព្រះអង្គ ជាមនុស្សល្ងង់ខ្លៅ ជាមនុស្សវង្វេង ជាមនុស្សមិនឈ្លាស ខ្ញុំព្រះអង្គណា ជាអ្នកលួចធម៌ បួសក្នុងធម៌វិន័យ ដែលព្រះអង្គសំដែងហើយ ដោយប្រពៃ យ៉ាងនេះ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ អត់នូវកំហុស តាមទោស របស់ខ្ញុំព្រះអង្គនោះ ដើម្បីការសង្រួមតទៅ។

[៣០៣] អើសុសិមៈ កំហុសគ្របសង្កត់អ្នក តាមដោយអ្នក ជាមនុស្សល្ងង់ខ្លៅ ជាមនុស្សវង្វេង ជាមនុស្សមិនឈ្លាសមែន អ្នកឯងដែលជាអ្នកលួចធម៌ បួសក្នុងធម៌វិន័យ ដែលតថាគតសំដែងហើយ ដោយប្រពៃ យ៉ាងនេះ ម្នាលសុសិមៈ ដូចពួករាជបុរស ចាប់បានចោរ ដែលប្រព្រឹត្តអាក្រក់ នាំមកថ្វាយព្រះរាជាថា បពិត្រព្រះសម្មតិទេព នេះជាចោរ ប្រព្រឹត្តអាក្រក់នឹងព្រះអង្គ ព្រះអង្គ ទ្រង់សព្វព្រះហឫទ័យដាក់អាជ្ញាណា ដល់ចោរនេះ សូមព្រះអង្គដាក់អាជ្ញានោះចុះ ទើបព្រះរាជា មានព្រះបន្ទូល នឹងរាជបុរសនោះ យ៉ាងនេះថា នែប្រស្តែងទាំងឡាយ បើដូច្នោះ អ្នកទាំងឡាយ ចូរនាំគ្នាចងបុរសនេះ ឲ្យមានដើមដៃទៅខាងក្រោយ (ចងស្លាបសេក) ឲ្យខ្ជាប់ ដោយខ្សែដ៏មាំ កោរក្បាលឲ្យរលីងចេញហើយ (ត្រូវទួង) ស្គរជ័យ ដែលមានសំឡេងឮខ្លាំង នាំបណ្តើរជុំវិញសព្វច្រក សព្វផ្លូវត្រឡែងកែង នាំចេញទៅតាមទ្វារខាងត្បូងហើយ ចូរកាត់ក្បាល ត្រង់កន្លែងសម្រាប់ពិឃាត ជាខាងត្បូងនៃព្រះនគរចុះ ឯពួករាជបុរស នាំគ្នាចាប់ចងបុរសនោះ ឲ្យមានដើមដៃទៅខាងក្រោយឲ្យខ្ជាប់ ដោយខ្សែដ៏មាំ កោរក្បាលឲ្យរលីងចេញ(ទួង) ស្គរជ័យ ដែលមានសំឡេងឮខ្លាំង នាំបណ្តើរជុំវិញសព្វច្រក សព្វផ្លូវត្រឡែងកែង រួចនាំចេញទៅតាមទ្វារខាងត្បូង កាត់ក្បាល នៅខាងត្បូង នៃព្រះនគរ ម្នាលសុសិមៈ អ្នកសំគាល់សេចក្តីនោះ ថាដូចម្តេច បុរសនោះ គប្បីទទួលទុក្ខ ទោមនស្ស ព្រោះដំណើរនោះជាហេតុ ដែរឬទេ។ ព្រះករុណា ព្រះអង្គ។

[៣០៤] ម្នាលសុសិមៈ បុរសនោះ ទទួលទុក្ខទោមនស្ស ព្រោះដំណើរនោះ ជាហេតុណា បព្វជ្ជាណា របស់បុគ្គលអ្នកលួចធម៌ ក្នុងធម៌វិន័យ ដែលតថាគត សំដែងហើយ ដោយប្រពៃ យ៉ាងនេះ បព្វជ្ជានេះ មានទុក្ខវិបាកខ្លាំងផង មានវិបាកខ្លោចផ្សាខ្លាំងផង ជាងហេតុនោះទៅទៀត មិនតែប៉ុណ្ណោះ បព្វជ្ជានេះ រមែងប្រព្រឹត្តទៅ ក្នុងវិនិបាតកំណើត។ ម្នាលសុសិមៈ កាលណាបើអ្នកឃើញទោស តាមទោសហើយ សំដែងទោស ឲ្យសមគួរតាមធម៌ តថាគត ទទួលអត់ទោស ដល់អ្នកនោះបាន ម្នាលសុសិមៈ នេះឯង ជាសេចក្តីចម្រើន ក្នុងវិន័យរបស់អរិយៈ នៃបុគ្គលដែលឃើញទោស តាមទោស ហើយសំដែងទោសតាមធម៌ ដល់នូវសេចក្តីសង្រួមតទៅ ដោយពិត។

ចប់សូត្រទី១០។

ចប់ មហាវគ្គ ទី៧។

បញ្ជីរឿង នៃមហាវគ្គនោះគឺ

និយាយអំពីបុគ្គល២ពួក គឺបុគ្គលអ្នកមិនចេះដឹង និងបុគ្គលអ្នកចេះដឹង ដែលព្រះមានព្រះភាគ ត្រាស់ហើយ១ អំពីបរិភោគដូចបរិភោគសាច់កូន១ អំពីធម៌ មានរាគៈជាដើម ដែលមាន និងមិនមានក្នុងអាហារ១ អំពីអដ្ឋង្គិកមគ្គ ដូចផ្លូវទៅកាន់បុរាណនគរ១ អំពីការពិចារណា នូវបដិច្ចសមុប្បាទ១ អំពីនាមរូប ដូចបាច់បបុះ១ អំពីធម្មកថិក នៅក្នុងក្រុងកោសម្ពី១ អំពីបដិច្ចសមុប្បាទចម្រើនឡើង និងថយកម្លាំង ដូចមហាសមុទ្រជោរនាច១ អំពីសុសិមបរិព្វាជក១ ត្រូវជា១០។

សមណព្រាហ្មណវគ្គ (ទី៨)

(៨. សមណព្រាហ្មណវគ្គោ)

(ជរាមរណ)សូត្រ ទី១

(១. ជរាមរណសុត្តំ)

[៣០៥] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។

[៣០៦] ក្នុងទីនោះឯង ព្រះមានព្រះភាគ… ម្នាលភិក្ខុទាំងឡាយ ពួកសមណៈ ឬព្រាហ្មណ៍ណាមួយ មិនដឹងច្បាស់ នូវជរា និងមរណៈ មិនដឹងច្បាស់ នូវហេតុឲ្យកើតជរា និងមរណៈ មិនដឹងច្បាស់នូវសេចក្តីរលត់ជរា និងមរណៈ មិនដឹងច្បាស់នូវបដិបទា ជាដំណើរទៅកាន់សេចក្តីរលត់ជរា និងមរណៈ ម្នាលភិក្ខុទាំងឡាយ សមណៈ ឬព្រាហ្មណ៍ទាំងនោះ មិនរាប់ថាជាសមណៈ ក្នុងពួកសមណៈផង មិនរាប់ថា ជាព្រាហ្មណ៍ ក្នុងពួកព្រាហ្មណ៍ផង មិនតែប៉ុណ្ណោះ សមណព្រាហ្មណ៍មានអាយុទាំងនោះ រមែងមិនធ្វើឲ្យជាក់ច្បាស់សម្រេច នូវសាមញ្ញផល ឬព្រហ្មញ្ញផល ដោយប្រាជ្ញាដ៏ឧត្តមរបស់ខ្លួនឯង ក្នុងបច្ចុប្បន្នឡើយ។

[៣០៧] ម្នាលភិក្ខុទាំងឡាយ លុះតែពួកសមណៈ ឬព្រាហ្មណ៍ណាមួយ ដឹងច្បាស់ នូវជរា និងមរណៈ។បេ។ ម្នាលភិក្ខុទាំងឡាយ សមណៈ ឬព្រាហ្មណ៍ទាំងអម្បាលនោះឯង ទើបរាប់ថាជាសមណៈ ក្នុងពួកសមណៈផង រាប់ថាជាព្រាហ្មណ៍ ក្នុងពួកព្រាហ្មណ៍ផង មិនតែប៉ុណ្ណោះ ពួកសមណព្រាហ្មណ៍មានអាយុទាំងនោះ រមែងធ្វើឲ្យជាក់ច្បាស់ សម្រេច នូវសាមញ្ញផលផង នូវព្រហ្មញ្ញផលផង ដោយប្រាជ្ញាដ៏ឧត្តម របស់ខ្លួនឯង ក្នុងបច្ចុប្បន្ន។

ចប់សូត្រ ទី១។

(ជាតិសុត្តាទិទ)សូត្រ ទី២

(២. ជាតិសុត្តាទិទសកំ)

[៣០៨] ខ្ញុំបានស្តាប់មកយ៉ាងនេះ។បេ។ មិនដឹងច្បាស់នូវជាតិ។បេ។

សូត្រ ទី៣

(៣.)

។បេ។ មិនដឹងច្បាស់នូវភព…

សូត្រ ទី៤

(៤.)

។បេ។ មិនដឹងច្បាស់នូវឧបាទាន…

សូត្រ ទី៥

(៥.)

។បេ។ មិនដឹងច្បាស់នូវតណ្ហា…

សូត្រ ទី៦

(៦.)

។បេ។ មិនដឹងច្បាស់នូវវេទនា…

សូត្រ ទី៧

(៧.)

។បេ។ មិនដឹងច្បាស់នូវផស្សៈ…

សូត្រ ទី៨

(៨.)

។បេ។ មិនដឹងច្បាស់នូវអាយតនៈ៦…

សូត្រ ទី៩

(៩.)

។បេ។ មិនដឹងច្បាស់នូវនាមរូប…

សូត្រ ទី១០

(១០.)

។បេ។ មិនដឹងច្បាស់នូវវិញ្ញាណ…

សូត្រ ទី១១

(១១.)

។បេ។ មិនដឹងច្បាស់នូវសង្ខារទាំងឡាយ មិនដឹងច្បាស់នូវហេតុឲ្យកើតសង្ខារ មិនដឹងច្បាស់នូវសេចក្តីរលត់សង្ខារ មិនដឹងច្បាស់នូវបដិបទា ជាដំណើរទៅកាន់សេចក្តីរលត់សង្ខារ។បេ។ ធ្វើឲ្យជាក់ច្បាស់ សម្រេច ដោយប្រាជ្ញាដ៏ឧត្តមរបស់ខ្លួនឯង។

ចប់សូត្រទី១១។

ចប់ សមណព្រាហ្មណវគ្គ ទី៨។

បញ្ជីរឿងនៃ សមណព្រាហ្មណវគ្គ នោះគឺ

ការចែកនូវសច្ចៈ៤ មានបច្ច័យ១១ ព្រះមានព្រះភាគ ត្រាស់ហើយ សមណព្រាហ្មណវគ្គ មាននិទានជាគម្រប់៨។

បញ្ជីនៃវគ្គ គឺ

ពុទ្ធវគ្គ១ អាហារវគ្គ១ ទសពលវគ្គ១ កឡារខត្តិយវគ្គ១ គហបតិវគ្គ១ ជាគម្រប់៥ ទុក្ខវគ្គ១ មហាវគ្គ១ សមណព្រាហ្មណវគ្គ១ ត្រូវជាគម្រប់៨។

អន្តរបេយ្យាលៈ

(៩. អន្តរបេយ្យាលំ)

[៣០៩] ព្រះមានព្រះភាគ ទ្រង់គង់នៅទៀបក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ… ម្នាលភិក្ខុទាំងឡាយ បុគ្គល កាលមិនទាន់ដឹង មិនទាន់ឃើញ នូវជរា និងមរណៈតាមពិតទេ គប្បីស្វែងរកសាស្តា ដើម្បីការដឹងក្នុងជរា និងមរណៈតាមពិត បុគ្គលកាលមិនទាន់ដឹង មិនទាន់ឃើញនូវហេតុ ដែលនាំឲ្យកើតជរា និងមរណៈតាមពិតទេ គប្បីស្វែងរកសាស្តា ដើម្បីការដឹងក្នុងហេតុ ដែលនាំឲ្យកើតជរា និងមរណៈតាមពិត បុគ្គលកាលមិនទាន់ដឹង មិនទាន់ឃើញនូវសេចក្តីរលត់ជរា និងមរណៈតាមពិតទេ គប្បីស្វែងរកសាស្តា ដើម្បីការដឹងក្នុងសេចក្តីរលត់ជរា និងមរណៈតាមពិត បុគ្គលកាលមិនទាន់ដឹង មិនទាន់ឃើញនូវបដិបទា ជាដំណើរទៅកាន់សេចក្តីរលត់ជរា និងមរណៈតាមពិតទេ គប្បីស្វែងរកសាស្តា ដើម្បីការដឹងក្នុងបដិបទា ជាដំណើរទៅកាន់សេចក្តីរលត់ជរា និងមរណៈតាមពិត។

(ការបំប្រួញនៃបទទាំងអស់ យ៉ាងនេះឯង)។

ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលមិនទាន់ដឹង មិនទាន់ឃើញនូវជាតិតាមពិតទេ… ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលមិនទាន់ដឹង មិនទាន់ឃើញនូវភពតាមពិតទេ… ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលមិនទាន់ដឹង មិនទាន់ឃើញនូវឧបាទានតាមពិតទេ… ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលមិនទាន់ដឹង មិនទាន់ឃើញនូវតណ្ហាតាមពិតទេ… ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលមិនទាន់ដឹង មិនទាន់ឃើញនូវវេទនាតាមពិតទេ… ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលមិនទាន់ដឹង មិនទាន់ឃើញនូវផស្សៈតាមពិតទេ… ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលមិនទាន់ដឹង មិនទាន់ឃើញនូវអាយតនៈ៦តាមពិតទេ… ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលមិនទាន់ដឹង មិនទាន់ឃើញនូវនាមរូបតាមពិតទេ… ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលមិនទាន់ដឹង មិនទាន់ឃើញនូវវិញ្ញាណតាមពិតទេ… ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលមិនទាន់ដឹង មិនទាន់ឃើញនូវសង្ខារទាំងឡាយតាមពិតទេ… គប្បីស្វែងរកសាស្តា ដើម្បីការដឹងក្នុងសង្ខារទាំងឡាយតាមពិត បុគ្គលកាលមិនទាន់ដឹង មិនទាន់ឃើញនូវហេតុ ដែលនាំឲ្យកើតសង្ខារតាមពិតទេ គប្បីស្វែងរកសាស្តា ដើម្បីការដឹងក្នុងហេតុ ដែលនាំឲ្យកើតសង្ខារតាមពិត បុគ្គលកាលមិនទាន់ដឹង មិនទាន់ឃើញនូវសេចក្តីរលត់សង្ខារតាមពិតទេ គប្បីស្វែងរកសាស្តា ដើម្បីការដឹងក្នុងសេចក្តីរលត់សង្ខារតាមពិត បុគ្គលកាលមិនទាន់ដឹង មិនទាន់ឃើញនូវបដិបទា ជាដំណើរទៅកាន់សេចក្តីរលត់សង្ខារតាមពិតទេ គប្បីស្វែងរកសាស្តា ដើម្បីការដឹងក្នុងបដិបទា ជាដំណើរទៅកាន់សេចក្តីរលត់សង្ខារតាមពិត។

(គប្បីធ្វើបច្ច័យនៃបទទាំងអស់ ឲ្យប្រកបដោយសច្ចៈ៤ សូត្រទី១)។

[៣១០] ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលមិនទាន់ដឹង មិនទាន់ឃើញ នូវជរា និងមរណៈតាមពិតទេ គប្បីធ្វើការសិក្សា ដើម្បីការដឹងក្នុងជរា និងមរណៈតាមពិត។

(ត្រូវធ្វើនូវការបំប្រួញបច្ច័យ ឲ្យប្រកបដោយសច្ចៈ៤ យ៉ាងនេះ)

គប្បីធ្វើការប្រកបព្យាយាម… គប្បីធ្វើសេចក្តីពេញចិត្ត ក្នុងកុសល… គប្បីធ្វើសេចក្តីប្រឹងប្រែងដ៏មាំ… គប្បីធ្វើសេចក្តីព្យាយាមមិនរួញរា… គប្បីធ្វើសេចក្តីព្យាយាមដុតកំដៅកិលេស… គប្បីធ្វើសេចក្តីព្យាយាមខ្នះខ្នែង… គប្បីធ្វើសេចក្តីព្យាយាមរឿយៗ… គប្បីធ្វើសេចក្តីរឭក… គប្បីធ្វើសេចក្តីដឹងខ្លួន… គប្បីធ្វើសេចក្តីមិនប្រមាទ។

ចប់ អន្តរបេយ្យាល ទី៩។

បញ្ជីរឿងនៃ អន្តរបេយ្យាលៈ នោះគឺ

ការស្វែងរកសាស្តា១ ការសិក្សា១ ការប្រកបព្យាយាម១ សេចក្តីពេញចិត្តក្នុងកុសល១ សេចក្តីប្រឹងប្រែងដ៏មាំ១ ជាទី៥ សេចក្តីព្យាយាមមិនរួញរា១ សេចក្តីព្យាយាមដុតកំដៅកិលេស១ សេចក្តីខ្នះខ្នែង១ សេចក្តីព្យាយាមរឿយៗ១ សេចក្តីរឭក១ សេចក្តីដឹងខ្លួន១ សេចក្តីមិនប្រមាទ១ ត្រូវ១២។

ចប់ សូត្រជាអន្តរបេយ្យាលៈ។

សូត្រក្រៅពីនេះ មាន១២ផង មាន១៣២ផង បេយ្យាលៈណា មានក្នុងចន្លោះ បេយ្យាលៈនោះ ព្រះអង្គសំដែងហើយ ដោយសច្ចៈ៤។

ចប់ បញ្ជីរឿង ក្នុងអន្តរបេយ្យាលៈ។

ចប់ និទានសំយុត្ត ទី១

អភិសមយសំយុត្ត (ទី២)

(២. អភិសមយសំយុត្តំ)

(នខសិខា)សូត្រ ទី១

(១. នខសិខាសុត្តំ)

[៣១១] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់ចាប់លើកអាចម៍ដីបន្តិច ដោយចុងព្រះនខៈ រួចទ្រង់ត្រាស់សួរបញ្ជាក់ភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់ហេតុនោះដូចម្តេច អាចម៍ដីបន្តិច ដែលតថាគត ចាប់លើកដោយចុងក្រចកនេះ និងមហាប្រឹថពីនេះ តើណាច្រើនជាង។ ពួកភិក្ខុក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន មហាប្រឹថពីច្រើនជាង អាចម៍ដីបន្តិច ដែលព្រះអង្គចាប់លើក ដោយចុងព្រះនខៈនុ៎ះ មានប្រមាណតិចណាស់ អាចម៍ដីបន្តិច ដែលព្រះអង្គចាប់លើក ដោយចុងព្រះនខៈ យកទៅប្រៀបធៀបនឹងមហាប្រឹថពី មិនដល់នូវចំណែកមួយ ក្នុងមួយរយចំណែក មិនដល់នូវចំណែកមួយ ក្នុងមួយពាន់ចំណែក មិនដល់នូវចំណែកមួយ ក្នុងមួយសែនចំណែកឡើយ។

[៣១២] ម្នាលភិក្ខុទាំងឡាយ សេចក្តីនេះ មានឧបមេយ្យដូច បុគ្គលជាអរិយសាវ័ក ជាអ្នកបរិបូណ៌ដោយទិដ្ឋិ ត្រាស់ដឹងនូវអរិយសច្ច រមែងមានសេចក្តីទុក្ខ ដែលអស់ទៅ រីងស្ងួតទៅ ច្រើនជាង ឯសេចក្តីទុក្ខដែលសល់នៅ សំដៅយកត្រឹម ៧អត្តភាព មានប្រមាណតិចណាស់ មិនដល់នូវចំណែកមួយ ក្នុងមួយរយចំណែក មិនដល់នូវចំណែកមួយ ក្នុងមួយពាន់ចំណែក មិនដល់នូវចំណែកមួយ ក្នុងមួយសែនចំណែក ដោយការប្រៀបធៀបនឹងកងទុក្ខអំពីមុន ដែលអស់ទៅ សាបសូន្យទៅឡើយ។ ម្នាលភិក្ខុទាំងឡាយ ការត្រាស់ដឹងធម៌ មានប្រយោជន៍ច្រើនយ៉ាងនេះ ការបានធម្មចក្ខុ មានប្រយោជន៍ច្រើនយ៉ាងនេះ។

ចប់សូត្រ ទី១។

(បោក្ខរណី)សូត្រ ទី២

(២. បោក្ខរណីសុត្តំ)

[៣១៣] ទ្រង់គង់នៅទៀបក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ… ម្នាលភិក្ខុទាំងឡាយ ដូចជាស្រះបោក្ខរណី មានបណ្តោយ ៥០យោជន៍ ទទឹង ៥០យោជន៍ ជម្រៅ ៥០យោជន៍ ពេញដោយទឹកស្មើមាត់ច្រាំង ល្មមក្អែកឱនផឹកបាន មានបុរសម្នាក់ ទៅដួសទឹកអំពីស្រះនោះ ដោយចុងស្បូវ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់ហេតុនោះ ដូចម្តេច ទឹកដែលបុរសដួសដោយចុងស្បូវ និងទឹកក្នុងស្រះបោក្ខរណី តើណាច្រើនជាង។ បពិត្រព្រះអង្គដ៏ចំរើន ទឹកក្នុងស្រះបោក្ខរណីនេះច្រើនជាង ទឹកដែលបុរសដួសឡើង ដោយចុងស្បូវ មានប្រមាណតិចណាស់ ទឹកដែលបុរសដួសឡើង ដោយចុងស្បូវ យកទៅប្រៀបធៀបនឹងទឹកក្នុងស្រះបោក្ខរណី មិនដល់នូវចំណែកមួយ ក្នុងមួយរយចំណែក មិនដល់នូវចំណែកមួយ ក្នុងមួយពាន់ចំណែក មិនដល់នូវចំណែកមួយ ក្នុងមួយសែនចំណែកឡើយ។

[៣១៤] ម្នាលភិក្ខុទាំងឡាយ សេចក្តីនេះ មានឧបមេយ្យដូច បុគ្គលជាអរិយសាវ័ក ជាអ្នកបរិបូណ៌ដោយទិដ្ឋិ ត្រាស់ដឹងនូវអរិយសច្ច រមែងមានទុក្ខដែលអស់ទៅ សាបសូន្យទៅ ច្រើនជាង ឯទុក្ខដែលសល់នៅ សំដៅយកត្រឹម ៧អត្តភាព មានប្រមាណតិចណាស់ មិនដល់នូវចំណែកមួយ ក្នុងមួយរយចំណែក មិនដល់នូវចំណែកមួយ ក្នុងមួយពាន់ចំណែក មិនដល់នូវចំណែកមួយ ក្នុងមួយសែនចំណែក ដោយការប្រៀបធៀបនឹងកងទុក្ខ ដែលអស់ទៅ សាបសូន្យទៅឡើយ។ ម្នាលភិក្ខុទាំងឡាយ ការត្រាស់ដឹងធម៌ មានប្រយោជន៍ច្រើនយ៉ាងនេះ ការបានធម្មចក្ខុ មានប្រយោជន៍ច្រើនយ៉ាងនេះ។

ចប់សូត្រ ទី២។

(សម្ភេជ្ជឧទក)សូត្រ ទី៣

(៣. សម្ភេជ្ជឧទកសុត្តំ)

[៣១៥] ទ្រង់គង់នៅទៀបក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ… ម្នាលភិក្ខុទាំងឡាយ ដូចទន្លេទាំងនេះ គឺទន្លេគង្គា យមុនា អចិរវតី សរភូ មហី តែងហូរមកប្រសព្វ រលាយចូលស្មើគ្នា ក្នុងទីណា បុរសម្នាក់ ទៅដួសយកតំណក់ទឹក ពីរបីតំណក់ អំពីទីនោះ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់ហេតុនោះ ដូចម្តេច តំណក់ទឹកពីរបីតំណក់ ដែលបុរសនោះដួស និងទឹកដែលហូរមកប្រសព្វ រលាយចូលគ្នា តើណាច្រើនជាង។ បពិត្រព្រះអង្គដ៏ចំរើន ទឹកដែលហូរមកប្រសព្វ រលាយចូលគ្នានុ៎ះឯង ច្រើនជាង តំណក់ទឹកពីរបីតំណក់ ដែលបុរសដួសនុ៎ះ មានប្រមាណតិចណាស់ តំណក់ទឹកពីរបីតំណក់ ដែលបុរសដួសនោះ យកទៅប្រៀបធៀបនឹងទឹក ដែលហូរមកប្រសព្វ រលាយចូលគ្នា មិនដល់នូវចំណែកមួយ ក្នុងមួយរយចំណែក មិនដល់នូវចំណែកមួយ ក្នុងមួយពាន់ចំណែក មិនដល់នូវចំណែកមួយ ក្នុងមួយសែនចំណែកឡើយ។

[៣១៦] ម្នាលភិក្ខុទាំងឡាយ សេចក្តីនេះ មានឧបមេយ្យដូច។បេ។ ការបាននូវធម្មចក្ខុ មានប្រយោជន៍ច្រើនយ៉ាងនេះ។

ចប់សូត្រ ទី៣។

(ទុតិយសម្ភេជ្ជឧទក)សូត្រ ទី៤

(៤. ទុតិយសម្ភេជ្ជឧទកសុត្តំ)

[៣១៧] ទ្រង់គង់នៅទៀបក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ… ម្នាលភិក្ខុទាំងឡាយ ដូចទន្លេទាំងនេះ គឺទន្លេគង្គា យមុនា អចិរវតី សរភូ មហី តែងហូរមកប្រសព្វ រលាយចូលស្មើគ្នា ក្នុងទីណា ទឹកនោះគប្បីអស់ទៅ រីងស្ងួតទៅ ក្នុងទីនោះ វៀរលែងតែតំណក់ទឹក ពីរបីតំណក់។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់ហេតុនោះ ដូចម្តេច ទឹកដែលហូរមកប្រសព្វ រលាយចូលគ្នា ដែលអស់ទៅ រីងស្ងួតទៅ និងតំណក់ទឹកពីរបីតំណក់ ដែលសល់នៅ តើណាច្រើនជាង។ បពិត្រព្រះអង្គដ៏ចំរើន ទឹកហូរមកប្រសព្វ រលាយចូលគ្នា ដែលអស់ទៅ រីងស្ងួតទៅ ច្រើនជាង តំណក់ទឹកពីរបីតំណក់ ដែលសល់នៅ មានប្រមាណតិចណាស់ តំណក់ទឹកពីរបីតំណក់ ដែលសល់នៅ យកទៅប្រៀបធៀបនឹងទឹក ដែលហូរមកប្រសព្វ រលាយចូលគ្នា ដែលអស់ទៅ រីងស្ងួតទៅ មិនដល់នូវចំណែកមួយ ក្នុងមួយរយចំណែក មិនដល់នូវចំណែកមួយ ក្នុងមួយពាន់ចំណែក មិនដល់នូវចំណែកមួយ ក្នុងមួយសែនចំណែកឡើយ។

[៣១៨] ម្នាលភិក្ខុទាំងឡាយ សេចក្តីនេះ មានឧបមេយ្យដូច។បេ។ ការបានធម្មចក្ខុ មានប្រយោជន៍ច្រើនយ៉ាងនេះ។

ចប់សូត្រ ទី៤។

(បថវី)សូត្រ ទី៥

(៥. បថវីសុត្តំ)

[៣១៩] ទ្រង់គង់នៅទៀបក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ… ម្នាលភិក្ខុទាំងឡាយ ដូចបុរសលើកយកដុំដី ៧ដុំ ប៉ុនផ្លែពទ្រា អំពីមហាប្រឹថពី។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់ហេតុនោះ ដូចម្តេច ដុំដី៧ដុំ ប៉ុនផ្លែពទ្រា ដែលគេលើកយកមក និងមហាប្រឹថពី តើណាច្រើនជាង។ បពិត្រព្រះអង្គដ៏ចំរើន មហាប្រឹថពី ច្រើនជាង ឯដុំដី៧ដុំ ប៉ុនផ្លែពទ្រា ដែលគេលើកយកមកនោះ មានប្រមាណតិចណាស់ ដុំដី៧ដុំ ប៉ុនផ្លែពទ្រា ដែលគេចាប់លើកឡើង យកមកប្រៀបធៀបនឹងមហាប្រឹថពី មិនដល់នូវចំណែកមួយ ក្នុងមួយរយចំណែក មិនដល់នូវចំណែកមួយ ក្នុងមួយពាន់ចំណែក មិនដល់នូវចំណែកមួយ ក្នុងមួយសែនចំណែកឡើយ។

[៣២០] ម្នាលភិក្ខុទាំងឡាយ សេចក្តីនេះ មានឧបមេយ្យដូច។បេ។ ការបាននូវធម្មចក្ខុ មានប្រយោជន៍ច្រើនយ៉ាងនេះ។

ចប់សូត្រ ទី៥។

(ទុតិយបថវី)សូត្រ ទី៦

(៦. ទុតិយបថវីសុត្តំ)

[៣២១] ទ្រង់គង់នៅទៀបក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ… ម្នាលភិក្ខុទាំងឡាយ ដូចមហាប្រឹថពី គប្បីអស់ទៅ វិនាសទៅ វៀរលែងតែដុំដី ៧ដុំ ប៉ុនផ្លែពទ្រា។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់ហេតុនោះ ដូចម្តេច មហាប្រឹថពី ដែលអស់ទៅ វិនាសទៅ និងដុំដី៧ដុំ ប៉ុនផ្លែពទ្រា ដែលសល់នៅ តើណាច្រើនជាង។ បពិត្រព្រះអង្គដ៏ចំរើន មហាប្រឹថពី ដែលអស់ទៅ វិនាសទៅ ច្រើនជាង ឯដុំដី៧ដុំ ប៉ុនផ្លែពទ្រា ដែលសល់នៅ មានប្រមាណតិចណាស់ ដុំដី៧ដុំ ប៉ុនផ្លែពទ្រា ដែលសល់នៅ យកទៅប្រៀបធៀបនឹងមហាប្រឹថពី ដែលអស់ទៅ វិនាសទៅ មិនដល់នូវចំណែកមួយ ក្នុងមួយរយចំណែក មិនដល់នូវចំណែកមួយ ក្នុងមួយពាន់ចំណែក មិនដល់នូវចំណែកមួយ ក្នុងមួយសែនចំណែកឡើយ។

[៣២២] ម្នាលភិក្ខុទាំងឡាយ សេចក្តីនេះ មានឧបមេយ្យដូច។បេ។ ការបានធម្មចក្ខុ មានប្រយោជន៍ច្រើនយ៉ាងនេះ។

ចប់សូត្រ ទី៦។

(សមុទ្ទ)សូត្រ ទី៧

(៧. សមុទ្ទសុត្តំ)

[៣២៣] ទ្រង់គង់នៅទៀបក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ… ម្នាលភិក្ខុទាំងឡាយ ដូចបុរសដួសយកតំណក់ទឹក ពីរបីតំណក់ ពីមហាសមុទ្រ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់ហេតុនោះ ថាដូចម្តេច តំណក់ទឹកពីរបីតំណក់ ដែលបុរសដួសឡើង និងទឹកក្នុងមហាសមុទ្រ តើណាច្រើនជាង។ បពិត្រព្រះអង្គដ៏ចំរើន ទឹកក្នុងមហាសមុទ្រ ច្រើនជាង ឯតំណក់ទឹកពីរបីតំណក់ ដែលបុរសដួសឡើង មានប្រមាណតិចណាស់ តំណក់ទឹកពីរបីតំណក់ ដែលបុរសដួសឡើង យកទៅប្រៀបធៀបនឹងទឹកក្នុងមហាសមុទ្រ មិនដល់នូវចំណែកមួយ ក្នុងមួយរយចំណែក មិនដល់នូវចំណែកមួយ ក្នុងមួយពាន់ចំណែក មិនដល់នូវចំណែកមួយ ក្នុងមួយសែនចំណែកឡើយ។

[៣២៤] ម្នាលភិក្ខុទាំងឡាយ សេចក្តីនេះ មានឧបមេយ្យដូច។បេ។ ការបានធម្មចក្ខុ មានប្រយោជន៍ច្រើន យ៉ាងនេះ។

ចប់សូត្រ ទី៧។

(ទុតិយសមុទ្ទ)សូត្រ ទី៨

(៨. ទុតិយសមុទ្ទសុត្តំ)

[៣២៥] ទ្រង់គង់នៅទៀបក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ… ម្នាលភិក្ខុទាំងឡាយ ដូចមហាសមុទ្រ គប្បីអស់ទៅ រីងស្ងួតទៅ លើកលែងតែតំណក់ទឹកពីរបីតំណក់។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់ហេតុនោះ ថាដូចម្តេច ទឹកដែលអស់ទៅ រីងស្ងួតទៅ អំពីមហាសមុទ្រ និងដំណក់ទឹកពីរបីតំណក់ ដែលសល់នៅ តើណាច្រើនជាង។ បពិត្រព្រះអង្គដ៏ចំរើន ទឹកក្នុងមហាសមុទ្រ ដែលអស់ទៅ រីងស្ងួតទៅ ច្រើនជាង ឯតំណក់ទឹកពីរបីតំណក់ ដែលសល់នៅ មានប្រមាណតិចណាស់ តំណក់ទឹកពីរបីតំណក់ ដែលសល់នៅ យកទៅប្រៀបធៀបនឹងទឹកក្នុងមហាសមុទ្រ ដែលអស់ទៅ រីងស្ងួតទៅ មិនដល់នូវចំណែកមួយ ក្នុងមួយរយចំណែក មិនដល់នូវចំណែកមួយ ក្នុងមួយពាន់ចំណែក មិនដល់នូវចំណែកមួយ ក្នុងមួយសែនចំណែកឡើយ។

[៣២៦] ម្នាលភិក្ខុទាំងឡាយ សេចក្តីនេះ មានឧបមេយ្យដូច។បេ។ ការបានធម្មចក្ខុ មានប្រយោជន៍ច្រើន យ៉ាងនេះ។

ចប់សូត្រ ទី៨។

(បព្វត)សូត្រ ទី៩

(៩. បព្វតសុត្តំ)

[៣២៧] ទ្រង់គង់នៅទៀបក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ… ម្នាលភិក្ខុទាំងឡាយ ដូចបុរសរើសយកថ្ម និងក្រួស៧ដុំ ប៉ុនគ្រាប់ស្ពៃ អំពីស្តេចភ្នំហិមពាន្ត។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់ហេតុនោះ ថាដូចម្តេច ថ្មនិងក្រួស៧ដុំ ប៉ុនគ្រាប់ស្ពៃ ដែលបុរសរើសយកមក និងស្តេចភ្នំហិមពាន្ត តើណាច្រើនជាង។ បពិត្រព្រះអង្គដ៏ចំរើន ស្តេចភ្នំហិមពាន្ត ច្រើនជាង ឯថ្មនិងក្រួស ៧ដុំ ប៉ុនគ្រាប់ស្ពៃ ដែលបុរសរើសយកមក មានប្រមាណតិចណាស់ ថ្មនិងក្រួស ៧ដុំ ប៉ុនគ្រាប់ស្ពៃ ដែលបុរសរើសយកមក ទៅប្រៀបធៀបនឹងស្តេចភ្នំហិមពាន្ត មិនដល់នូវចំណែកមួយ ក្នុងមួយរយចំណែក មិនដល់នូវចំណែកមួយ ក្នុងមួយពាន់ចំណែក មិនដល់នូវចំណែកមួយ ក្នុងមួយសែនចំណែកឡើយ។

[៣២៨] ម្នាលភិក្ខុទាំងឡាយ សេចក្តីនេះ មានឧបមេយ្យដូច។បេ។ ការបានធម្មចក្ខុ មានប្រយោជន៍ច្រើន យ៉ាងនេះ។

ចប់សូត្រ ទី៩។

(ទុតិយបព្វត)សូត្រ ទី១០

(១០. ទុតិយបព្វតសុត្តំ)

[៣២៩] ទ្រង់គង់នៅទៀបក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ… ម្នាលភិក្ខុទាំងឡាយ ដូចស្តេចភ្នំហិមពាន្ត ដល់នូវការអស់ទៅ វិនាសទៅ លើកលែងតែថ្ម ឬក្រួស៧ដុំ ប៉ុនគ្រាប់ស្ពៃ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់ហេតុនោះ ថាដូចម្តេច ស្តេចភ្នំហិមពាន្ត ដែលអស់ទៅ វិនាសទៅ និងថ្ម ឬក្រួស ៧ដុំ ប៉ុនគ្រាប់ស្ពៃ ដែលសល់នៅ តើណាច្រើនជាង។ បពិត្រព្រះអង្គដ៏ចំរើន ស្តេចភ្នំហិមពាន្ត ដែលអស់ទៅ វិនាសទៅ ច្រើនជាង ឯថ្ម ឬក្រួស៧ដុំ ប៉ុនគ្រាប់ស្ពៃ ដែលសល់នៅ មានប្រមាណតិចណាស់ ថ្ម ឬក្រួស៧ដុំ ប៉ុនគ្រាប់ស្ពៃ ដែលសល់នៅ យកទៅប្រៀបធៀបនឹងស្តេចភ្នំហិមពាន្ត ដែលអស់ទៅ វិនាសទៅ មិនដល់នូវចំណែកមួយ ក្នុងមួយរយចំណែក មិនដល់នូវចំណែកមួយ ក្នុងមួយពាន់ចំណែក មិនដល់នូវចំណែកមួយ ក្នុងមួយសែនចំណែកឡើយ។

[៣៣០] ម្នាលភិក្ខុទាំងឡាយ សេចក្តីនេះ មានឧបមេយ្យដូចបុគ្គល ជាអរិយសាវ័ក ជាអ្នកបរិបូណ៌ដោយទិដ្ឋិ ត្រាស់ដឹងនូវអរិយសច្ច រមែងមានទុក្ខ ដែលអស់ទៅ រីងស្ងួតទៅច្រើនជាង ឯទុក្ខដែលសល់នៅ សំដៅយកត្រឹម៧អត្តភាព មានប្រមាណតិចណាស់ មិនដល់នូវចំណែកមួយ ក្នុងមួយរយចំណែក មិនដល់នូវចំណែកមួយ ក្នុងមួយពាន់ចំណែក មិនដល់នូវចំណែកមួយ ក្នុងមួយសែនចំណែកឡើយ។ ម្នាលភិក្ខុទាំងឡាយ ការត្រាស់ដឹងធម៌ មានប្រយោជន៍ច្រើន យ៉ាងនេះ ការបានធម្មចក្ខុ មានប្រយោជន៍ច្រើន យ៉ាងនេះ។

ចប់សូត្រ ទី១០។

(តតិយបព្វត)សូត្រ ទី១១

(១១. តតិយបព្វតសុត្តំ)

[៣៣១] ទ្រង់គង់នៅទៀបក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ… ម្នាលភិក្ខុទាំងឡាយ ដូចបុរសរើសយកថ្ម ឬក្រួស៧ដុំ ប៉ុនគ្រាប់សណ្តែកបាយ អំពីស្តេចភ្នំសិនេរុ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់ហេតុនោះ ថាដូចម្តេច ថ្ម ឬក្រួស ប៉ុនគ្រាប់សណ្តែកបាយ ដែលបុរសរើសមក និងស្តេចភ្នំសិនេរុ តើណាច្រើនជាង។ បពិត្រព្រះអង្គដ៏ចំរើន ស្តេចភ្នំសិនេរុ ច្រើនជាង ឯថ្ម ឬក្រួស៧ដុំ ប៉ុនគ្រាប់សណ្តែកបាយ ដែលបុរសរើសមក មានប្រមាណតិចណាស់ ថ្ម ឬក្រួស៧ដុំ ប៉ុនគ្រាប់សណ្តែកបាយ ដែលបុរសរើសមក យកទៅប្រៀបធៀបនឹងស្តេចភ្នំសិនេរុ មិនដល់នូវចំណែកមួយ ក្នុងមួយរយចំណែក មិនដល់នូវចំណែកមួយ ក្នុងមួយពាន់ចំណែក មិនដល់នូវចំណែកមួយ ក្នុងមួយសែនចំណែកឡើយ។

[៣៣២] ម្នាលភិក្ខុទាំងឡាយ សេចក្តីនេះ មានឧបមេយ្យដូចការត្រាស់ដឹង របស់សមណព្រាហ្មណ៍បរិព្វាជក ជាអន្យតិរ្ថិយ ប្រៀបធៀបនឹងការត្រាស់ដឹង របស់បុគ្គលជាអរិយសាវ័ក ជាអ្នកបរិបូណ៌ដោយទិដ្ឋិ មិនដល់នូវចំណែកមួយ ក្នុងមួយរយចំណែក មិនដល់នូវចំណែកមួយ ក្នុងមួយពាន់ចំណែក មិនដល់នូវចំណែកមួយ ក្នុងមួយសែនចំណែកឡើយ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលបរិបូណ៌ដោយទិដ្ឋិ មានការត្រាស់ដឹងច្រើន យ៉ាងនេះ មានអភិញ្ញាច្រើន យ៉ាងនេះ។

ចប់សូត្រទី១១។

ចប់ អភិសមយយុត្ត ទី២។

បញ្ជីរឿងនៃ អភិសមយសំយុត្ត នោះគឺ

សំដែងអំពីការប្រៀបធៀប ដូចលើកអាចម៍ដីឡើង ដោយចុងក្រចក ដូចទឹកក្នុងស្រះបោក្ខរណី ដូចទឹកដែលហូរប្រសព្វ រលាយចូលគ្នា២លើក ឧបមាដូចផែនដី២លើក ដូចសមុទ្រ២លើក ដូចភ្នំ៣លើក។

ចប់ អភិសមយសំយុត្ត ទី២

ចប់ ភាគ៣១។

មាតិកា

លេខ ទំព័រ លេខ​សម្គាល់
សុត្តន្តបិដក sut
សំយុត្តនិកាយ sut.sn
និទានវគ្គ តតិយភាគ sut.sn.v2
អភិសមយសំយុត្ត sut.sn.12
ពុទ្ធវគ្គ sut.sn.12.v01
បដិច្ចសមុប្បាទ ?
ជាតិ ?
វិញ្ញាណ ?
សម្មាបដិបទា ?
ហេតុឲ្យកើតកងទុក្ខ ?
កិរិយារលត់កងទុក្ខ ?
អាហារវគ្គ sut.sn.12.v02
កិរិយារលត់ទុក្ខ ?
ការសាកសួររកអាហារ ?
កិរិយាមិនដឹងច្បាស់នូវជរានិងមរណៈជាដើម ?
ការសាកសួររកសម្មាទិដ្ឋិ ?
ការសាកសួររកធម្មកថិក ?
អចេលកស្សបចូលទៅរកព្រះមានព្រះភាគ ?
ការសាកសួររកសេចក្តីទុក្ខ ?
ការព្យាករណ៍នូវសេចក្តីទុក្ខ ?
ការបាននូវឧបសម្បទា ?
ការសាកសួររកសេចក្តីទុក្ខ ?
ការព្យាករណ៍នូវសេចក្តីទុក្ខ ?
សេចក្តីផ្សេងគ្នានៃពាល និងបណ្ឌិត ?
បដិច្ចសមុប្បាទ ?
ភាពនៃធម៌ដែលព្រះអរិយៈបានឃើញច្បាស់ ?
ទសពលវគ្គ sut.sn.12.v03
ភាពនៃសេចក្តីសុខ និងទុក្ខ ?
ភាពនៃសេចក្តីព្យាយាម ?
ខយញ្ញាណ ?
ឧបមាដោយទឹកប្រព្រឹត្តទៅក្នុងទីទាប ?
ពាក្យនៃបរិព្វាជក ?
ព្រះអានន្ទចូលទៅគាល់ព្រះមានព្រះភាគ ?
ព្រះពុទ្ធដីកានៃព្រះមានព្រះភាគ ?
ពាក្យនៃព្រះអានន្ទ ?
ទ្រង់ពោលនូវបដិច្ចសមុប្បន្នធម៌ ?
កិរិយាធ្វើនូវកាយ វចី មនោ សង្ខារ ?
ព្រះឧបវាណ ចូលទៅគាល់ព្រះមានព្រះភាគ ?
ទ្រង់ពោលនូវបដិច្ចសមុប្បន្នធម៌ ?
កិរិយាដឹងច្បាស់នូវជរា និងមរណៈ ជាដើម ?
កិរិយាមិនកំណត់ដឹងនូវជរា និងមរណៈ ជាដើម ?
កិរិយាមិនដឹងច្បាស់នូវជរា និងមរណៈ ជាដើម ?
កឡារខត្តិយវគ្គ sut.sn.12.v04
ពោលអំពីបុគ្គលមានធម៌ពិចារណាហើយ ?
កឡារខត្តិយភិក្ខុ ចូលទៅគាល់ព្រះមានព្រះភាគ ?
ទ្រង់សួរបញ្ជាក់ព្រះសារីបុត្ត ?
ភព មានឧបាទានជាហេតុ ជាដើម ?
វេទនា មានផស្សៈជាហេតុ ជាដើម ?
ទ្រង់ប្រទានសាធុការៈ ?
ព្រះសារីបុត្តហៅភិក្ខុទាំងឡាយ ?
កឡារខត្តិយភិក្ខុ ក្រាបទូលព្រះមានព្រះភាគ ?
ពោលអំពីញាណវត្ថុ ?
ពោលអំពីជរា និងមរណៈ ?
ឈ្មោះអរិយសាវ័ក ?
សេចក្តីដឹងក្នុងអតីតកាល ជាដើម ?
ពោលអំពីញាណវត្ថុ ?
ការសាកសួររកជរា និងមរណៈ ?
ការសាកសួររកភព ជាដើម ?
ការសាកសួររកសង្ខារ ?
ការរលត់នៃអវិជ្ជា ?
ការកើតឡើងនៃកងទុក្ខ ?
ឧទ្ទាន ?
គហបតិវគ្គ sut.sn.12.v05
ភ័យប្រាំប្រការ ?
អង្គនៃសោតាបត្តិ ?
ការព្យាករណ៍ខ្លួន ?
ការរលត់ទៅនៃទុក្ខ ?
ហេតុនាំឲ្យកើតសង្ខារលោក ?
ហេតុនាំឲ្យកើតកងទុក្ខ ?
ធម្មបរិយាយជាខាងដើមនៃព្រហ្មចរិយៈ ?
ជាណុស្សោណិព្រាហ្មណ៍ ចូលទៅគាល់ព្រះមានព្រះភាគ ?
ហេតុនាំឲ្យកើតកងទុក្ខ ?
ហេតុនាំឲ្យកើតសង្ខារលោក ?
ភាពនៃព្រះអរិយសាវ័កបរិបូណ៌ដោយទិដ្ឋិ ?
ទុក្ខវគ្គ sut.sn.12.v06
ការពិចារណារកកិរិយាអស់ទៅនៃសេចក្តីទុក្ខ ?
ការលះបង់អវិជ្ជា ?
ទ្រង់សាកសួររកការតាក់តែងបុញ្ញាភិសង្ខារ ជាដើម ?
ការកើតឡើងនៃកងទុក្ខ ?
ឧបមាដោយគំនរភ្លើង ?
ការរលត់ទៅនៃកងទុក្ខ ?
ឧបមាដោយប្រទីបប្រេង ?
ឧបមាដោយឈើធំ ?
ឧបមាដោយឈើខ្ចី ?
ហេតុនាំឲ្យកើតកងទុក្ខ ?
ជម្រៅរបស់បដិច្ចសមុប្បាទ ?
ឧបមាដោយឈើធំ ?
ឧទ្ទាន ?
មហាវគ្គ sut.sn.12.v07
ភាពនៃមហាភូតទាំងបួន ?
សេចក្តីនឿយណាយក្នុងកាយ ?
ពោលអំពីការកំណត់ទុកក្នុងចិត្តនូវបដិច្ចសមុប្បាទធម៌ ?
ការកើតឡើងនៃសុខវេទនា ជាដើម ?
ពោលអំពី កវឡីការាហារ ?
ពោលអំពី ផស្សាហារ ?
ពោលអំពី វិញ្ញាណាហារ ?
អាហារបួនយ៉ាង ?
ឧបមាដោយជាងជ្រលក់ ឬជាងគំនូរ ?
កវឡីការាហារ ?
ឧបមាដោយផ្ទះមានកំពូល ឬសាលា ?
សេចក្តីត្រិះរិះរបស់ព្រះមានព្រះភាគ ?
ការរលត់នៃកងទុក្ខ ?
ឧបមាដោយផ្លូវធ្លាចាស់ ?
និយាយអំពីការពិចារណាបច្ច័យខាងក្នុង ?
ការញុំាងតណ្ហាជាដើម ឲ្យចម្រើន ?
ឧបមាដោយផ្តិលពេញដោយសុរា ?
ការលះតណ្ហា ជាដើម ?
ឧបមាដោយផ្តិលពេញដោយសុរា ?
ព្រះមហាកោដ្ឋិតៈ ចូលទៅរកព្រះសារីបុត្ត ?
ការសួររកជាតិ ជាដើម ?
ឧបមាដោយបាច់បបុះ ?
ព្រះមុសិលត្ថេរ ជាដើម ?
ការសួររកជរា និងមរណៈ ជាដើម ?
ការសួររកជាតិ ជាដើម ?
ឧបមាដោយបុរសដែលក្តៅក្រហាយ ?
ឧបមាដោយមហាសមុទ្រ ?
សុសិមបរិព្វាជក ចូលទៅរកព្រះអានន្ទ ?
ពាក្យសួររបស់សុសិមភិក្ខុ ?
ការសួររកចេតោបរិយញ្ញាណ ?
ការសួររកទិព្វចក្ខុញ្ញាណ ?
សុសិមភិក្ខុ ចូលទៅគាល់ព្រះមានព្រះភាគ ?
ការសួររករូបមិនទៀង ជាដើម ?
ការនឿយណាយក្នុងរូប ជាដើម ?
ការសួររកឥទ្ធិវិធី ?
ការសួររកទិព្វចក្ខុ ?
សេចក្តីឧបមាដោយការចាប់ចោរ ?
ឧទ្ទាន ?
សមណព្រាហ្មណវគ្គ sut.sn.12.v08
សេចក្តីមិនដឹងនូវជរា និងមរណៈ ជាដើម ?
អន្តរបេយ្យាលៈ
កិរិយាធ្វើនូវការសិក្សា ជាដើម ?
អភិសមយសំយុត្ត ? sut.sn.13
ឧបមាដោយស្រះបោក្ខរណី ?
ឧបមាដោយស្ទឹងធំ ?
ភាពនៃការបានធម្មចក្ខុមានប្រយោជន៍ច្រើន ?
ឧបមាដោយស្តេចភ្នំសិនេរុ ?
ឧទ្ទាន ?

1)
លំនៅនៃកំណើតសត្វ។
2)
សត្វកំពុងស្វែងរកនូវសម្ភព គឺកំណើត ហៅថា សម្ភវេសី ក្នុងកំណើតទាំង៤នោះ ពួកសត្វដែលជាអណ្ឌជៈកំណើត និងជលាម្ពុជៈកំណើត ដែលមិនទាន់ញាស់ចេញមក និងមិនទាន់កើតចេញមកនៅឡើយ ហៅថា សម្ភវេសី លុះញាស់ចេញ កើតចេញហើយ ហៅថា ភូត។ ចំណែកសំសេទជៈកំណើត និងឱបបាតិកៈកំណើត ដែលកើតក្នុងខណៈចិត្តជាបឋម ហៅថា សម្ភវេសី តាំងអំពីខណៈ ជាគម្រប់ពីរទៅ ហៅថាភូត ឬថាកើតដោយឥរិយាបថណា បើមិនទាន់ផ្លាស់ឥរិយាបថនោះទេ ហៅថាសម្ភវេសីដែរ លុះផ្លាស់ឥរិយាបថនោះទៅហើយ ហៅថា ភូតដែរ។ មួយវិញទៀត សត្វដែលកើតហើយ មិនកើតទៅទៀត ហៅថាភូត បានដល់ព្រះខីណាស្រព សត្វដែលមិនទាន់លះបង់ភវសំយោជនៈបាន នៅស្វែងរកសម្ភពតទៅទៀត ហៅថាសម្ភវេសីដែរ បានដល់សេក្ខបុគ្គល និងបុថុជ្ជន (អដ្ឋកថា)។
3)
អដ្ឋកថាចារ្យ លោកពន្យល់ថា កាយកើតឡើងដោយសារអវិជ្ជា និងតណ្ហា។
4)
បានខាងកាយ មានវិញ្ញាណរបស់ខ្លួនឯង។
5)
បានខាងកាយមានវិញ្ញាណរបស់អ្នកដទៃ។
6)
សំដៅយកអាយតនៈ៦ ទាំងខាងក្នុង ទាំងខាងក្រៅ។
7)
ការកើតឡើងនៃហេតុ ព្រោះអាស្រ័យគ្នា ក្នុងទីនេះ សំដៅយកបច្ច័យ មានអវិជ្ជាជាដើម។
8)
សភាវធម៌ ដែលកើតឡើងហើយ ព្រោះអាស្រ័យបច្ច័យ។
9)
សភាពនៃធម៌ ដែលជាតួបច្ច័យ ហៅថា ធាតុ។
10)
ធម៌កើតឡើងអំពីបច្ច័យ អាស្រ័យគ្នា ហើយឋិតនៅ ហៅថា ធម្មដ្ឋិតិ។
11)
បច្ច័យដែលកំណត់នូវធម៌ ហៅថា ធម្មនិយាម។
12)
បច្ច័យនៃធម៌ មានជរាមរណៈ ជាដើមនេះ ហៅថា ឥទប្បច្ច័យ។
13)
សេចក្តីក្លៀវក្លា។
14)
សំដៅយកព្រះអរហត្តផល។
15)
សំដៅយកឥន្ទ្រិយទាំង៥ មានសទ្ធាជាដើម។
16)
បានដល់អរហត្តផល។
17)
សេចក្តីដឹងក្នុងធម៌ ជាគ្រឿងអស់ទៅនៃអាសវៈ បានដល់បដិវេកញ្ញាណ។
18)
បានដល់ញាណទាំង៤ គឺភយតូបដ្ឋានញ្ញាណ១ អាទីនវានុបស្សនាញាណ១ មុញ្ចិតុកាម្យតាញាណ១ សង្ខារូបេក្ខាញាណ១។
19)
បានដល់ញាណទាំង៤ គឺសង្ខារបរិច្ឆេទញ្ញាណ១ កង្ខាវិតរណញ្ញាណ១ សម្មសនញ្ញាណ១ មគ្គាមគ្គញ្ញាណ១ (អដ្ឋកថា)។
20)
អ្នកបួសមានលទ្ធិដទៃ។
21)
ចេតនាដែលកើតឡើងក្នុងកាយទ្វារ។
22)
កាយកម្ម។
23)
ហេតុ។
24)
អសេក្ខបុគ្គល។
25)
សំដៅយកព្រះអរហត្ត ដែលបុគ្គលបានសម្រេចដោយការកំណត់នូវសង្ខារខាងក្នុង។
26)
សំដៅយកសាវកបារមីញាណ។
27)
សំដៅយកចតុសច្ចធម៌ ឬមគ្គញ្ញាណធម៌។
28)
សេចក្តីដឹងក្នុងធម៌ ដែលប្រព្រឹត្តទៅតាមញាណ បានដល់បច្ចវេក្ខណញ្ញាណ។
29)
សំដៅយកកុសលចេតនា និងអកុសលចេតនា ដែលប្រព្រឹត្តទៅក្នុងភូមិ៣។
30)
សំដៅយកតណ្ហាកប្បៈ និងទិដ្ឋិកប្បៈ ដែលមានក្នុងលោភសហគតចិត្តទាំង៨។
31)
អារម្មណ៍ គឺបច្ច័យ។
32)
វិញ្ញាណ គឺកម្មវិញ្ញាណ។ (អដ្ឋកថា
33)
ប្រែថា ធម្មជាតឱនទៅក្នុងអារម្មណ៍ មានរូបជាដើម។
34)
ប្រែថា គតិកើតមានក្នុងអាគតិ។ អាគតិ សំដៅយកកម្ម ឬកម្មនិមិត្ត ឬក៏គតិនិមិត្ត ដែលប្រាកដឡើង គតិ គឺដំណើរនៃវិញ្ញាណ ដោយអំណាចនៃបដិសន្ធិ។
35)
កម្មក្តី កម្មនិមិត្តក្តី គតិនិមិត្តក្តី ដែលមកតាំងនៅចំពោះហើយ ហៅថា អាគតិ, ដំណើរនៃវិញ្ញាណ ដោយអំណាចនៃបដិសន្ធិ ហៅថា គតិ (អដ្ឋកថា)។
36)
សំដៅយកកាមាវចរកុសលចេតនា៨ និងរូបាវចរកុសលចេតនា៥ រួមជា១៣។
37)
បានដល់អកុសលចេតនា២។
38)
បានដល់អរូបាវចរកុសលចេតនា៤។
39)
សំដៅយកឧបធិ គឺខន្ធ៥។
40)
ថ្នាំដែលគេត្រាំដោយស្រូវគ្រប់យ៉ាង និងទំពាំងជាដើម។
km/tipitaka/book_031.txt · ពេលកែចុងក្រោយ: 2023/04/04 08:45 និពន្ឋដោយ Johann