User Tools

Site Tools


Translations of this page?:
km:tipitaka:book_032

មាតិកា

-Namo tassa bhagavato arahato sammā-
ព្រះត្រៃបិដកភាសាខ្មែរ - Tipiṭaka Khmer language
ភាគ ៣២ - Book 32

Ven. Members of the Sangha, Ven. Theras Valued Upasaka, valued Upasika This is a Work Edition! 1.Edition 20170101 Do not share it further except for editing and working purposes within the transcription project on sangham.net. Only for personal use. If you find any mistake or like to join the merits please feel invited to join here: sangham.net or Upasika Norum on sangham.net Anumodana!

សូម​ថ្វាយបង្គំ​ចំពោះ​ព្រះសង្ឃ, ជំរាបសួរ​ឧបាសក និង​ឧបាសិកា​ទាំង​អស់ នេះ​គឺ​ជា​សេចក្តី​ព្រាងច្បាប់​ការ​បោះ​ពុម្ព​ផ្សាយ! 1.Edition 20170101 សូម​កុំ​ចែក​រំលែក​បន្ថែម​ទៀត ប្រសិន​បើ​មិន​មែន​សម្រាប់​ការ​កែសម្រួល​នៅ sangham.net និង​កិច្ច​ការ​នេះ។ សូម​គិត​ថា​លោក​អ្នក​ត្រូវ​បាន​អញ្ជើញ​ដើម្បី​ចូល​រួម​បុណ្យកុសល​នេះ និង​​សូមប្រាប់​ពួក​យើង​អំពី​កំហុស និង​ប្រើវេទិកា​នេះ: sangham.net ឬ​ប្រាប់​ឧបាសិកា Norum នៅ​លើ sangham.net សូម​អនុមោទនា!

A topic about progress and feedback can be found here: ព្រះត្រៃបិដក ភាគ ០៣២ - Tipitaka Book 032, for change log on ati.eu see here: រាយការណ៍ ភាគ ០៣២



book_032.jpg

គំរូ ឯកសារ ផ្សេងទៀត ៖
book_032.pdf

លេខសម្គាល់
លេខទំព៍រ

ព្រះត្រៃបិដក ភាគ ទី ៣២

ទ. 1

សុត្តន្តបិដក

សំយុត្តនិកាយ

និទានវគ្គ

(និទានវគ្គោ)

ចតុត្ថភាគ

នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស។

ខ្ញុំ​សូម​នមស្ការ ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ ជា​អរហន្ត​សម្មាសម្ពុទ្ធ ព្រះ​អង្គ​នោះ​។

ធាតុសំយុត្ត ទី៣

(៣. ធាតុសំយុត្តំ)

នានត្តវគ្គ ទី១

(១. នានត្តវគ្គោ)

(ធាតុនានត្ត)សូត្រ ទី១

(១. ធាតុនានត្តសុត្តំ)

[១] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី… ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែង នូវធាតុមានសភាពផ្សេងគ្នា ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់នូវធាតុមានសភាពផ្សេងគ្នានោះ ចូរធ្វើទុកក្នុងចិត្តឲ្យល្អ តថាគតនឹងសំដែង។ ភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីកា នៃព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។

[២] ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ចុះធាតុមានសភាពផ្សេងគ្នា ដូចម្តេច។ ចក្ខុធាតុ រូបធាតុ ចក្ខុវិញ្ញាណធាតុ សោតធាតុ សទ្ទធាតុ សោតវិញ្ញាណធាតុ ឃានធាតុ គន្ធធាតុ ឃានវិញ្ញាណធាតុ ជិវ្ហាធាតុ រសធាតុ ជិវ្ហាវិញ្ញាណធាតុ កាយធាតុ ផោដ្ឋព្វធាតុ កាយវិញ្ញាណធាតុ មនោធាតុ ធម្មធាតុ មនោវិញ្ញាណធាតុ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ធាតុមានសភាពផ្សេងគ្នា។

ចប់ សូត្រ ទី១។

(ផស្សនានត្ត)សូត្រ ទី២

(២. ផស្សនានត្តសុត្តំ)

[៣] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ… ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ផស្សៈ មានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យធាតុ មានសភាពផ្សេងគ្នា។ ម្នាលភិក្ខុទាំងឡាយ ចុះធាតុមានសភាពផ្សេងគ្នា តើដូចម្តេច។ ចក្ខុធាតុ សោតធាតុ ឃានធាតុ ជិវ្ហាធាតុ កាយធាតុ មនោធាតុ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ធាតុមានសភាពផ្សេងគ្នា។

[៤] ម្នាលភិក្ខុទាំងឡាយ ចុះផស្សៈ មានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យធាតុ មានសភាពផ្សេងគ្នា តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ចក្ខុសម្ផ័ស្សកើតឡើង ព្រោះអាស្រ័យចក្ខុធាតុ ព្រោះអាស្រ័យសោតធាតុ… ព្រោះអាស្រ័យឃានធាតុ… ព្រោះអាស្រ័យជិវ្ហាធាតុ… ព្រោះអាស្រ័យកាយធាតុ… មនោសម្ផ័ស្សកើតឡើង ព្រោះអាស្រ័យមនោធាតុ។ ម្នាលភិក្ខុទាំងឡាយ ផស្សៈ មានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យធាតុ មានសភាពផ្សេងគ្នា យ៉ាងនេះឯង។

ចប់ សូត្រ ទី២។

(នោផស្សនានត្ត)សូត្រ ទី៣

(៣. នោផស្សនានត្តសុត្តំ)

[៥] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ… ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ផស្សៈ មានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យធាតុ មានសភាពផ្សេងគ្នា មិនមែនធាតុមានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យផស្សៈ មានសភាពផ្សេងគ្នាទេ។ ម្នាលភិក្ខុទាំងឡាយ ចុះធាតុមានសភាពផ្សេងគ្នា តើដូចម្តេច។ ចក្ខុធាតុ។បេ។ មនោធាតុ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ធាតុមានសភាពផ្សេងគ្នា។

[៦] ម្នាលភិក្ខុទាំងឡាយ ចុះផស្សៈ មានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យធាតុមានសភាពផ្សេងគ្នា មិនមែនធាតុមានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យផស្សៈ មានសភាពផ្សេងគ្នា តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ចក្ខុសម្ផ័ស្សកើតឡើង ព្រោះអាស្រ័យចក្ខុធាតុ មិនមែនចក្ខុធាតុកើតឡើង ព្រោះអាស្រ័យចក្ខុសម្ផ័ស្សទេ។បេ។ មនោសម្ផ័ស្សកើតឡើង ព្រោះអាស្រ័យមនោធាតុ មិនមែនមនោធាតុ កើតឡើង ព្រោះអាស្រ័យមនោសម្ផ័ស្សទេ។ ម្នាលភិក្ខុទាំងឡាយ ផស្សៈ មានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យធាតុ មានសភាពផ្សេងគ្នា មិនមែនធាតុមានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យផស្សៈមានសភាពផ្សេងគ្នា យ៉ាងនេះឯង។

ចប់ សូត្រ ទី៣។

(វេទនានានត្ត)សូត្រ ទី៤

(៤. វេទនានានត្តសុត្តំ)

[៧] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ… ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ផស្សៈ មានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យធាតុ មានសភាពផ្សេងគ្នា វេទនា មានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យផស្សៈ មានសភាពផ្សេងគ្នា។ ម្នាលភិក្ខុទាំងឡាយ ចុះធាតុមានសភាពផ្សេងគ្នា តើដូចម្តេច។ ចក្ខុធាតុ។បេ។ មនោធាតុ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ធាតុមានសភាពផ្សេងគ្នា។

[៨] ម្នាលភិក្ខុទាំងឡាយ ចុះផស្សៈ មានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យធាតុមានសភាពផ្សេងគ្នា វេទនា មានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យផស្សៈ មានសភាពផ្សេងគ្នា តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ចក្ខុសម្ផ័ស្សកើតឡើង ព្រោះអាស្រ័យចក្ខុធាតុ វេទនា ដែលកើតអំពីចក្ខុសម្ផ័ស្ស ក៏កើតឡើង ព្រោះអាស្រ័យចក្ខុសម្ផ័ស្ស។បេ។ មនោសម្ផ័ស្សកើតឡើង ព្រោះអាស្រ័យមនោធាតុ វេទនាដែលកើតអំពីមនោសម្ផ័ស្ស ក៏កើតឡើង ព្រោះអាស្រ័យមនោសម្ផ័ស្ស។ ម្នាលភិក្ខុទាំងឡាយ ផស្សៈ មានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យធាតុ មានសភាពផ្សេងគ្នា វេទនា មានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យផស្សៈមានសភាពផ្សេងគ្នា យ៉ាងនេះឯង។

ចប់ សូត្រ ទី៤។

(ទុតិយវេទនានានត្ត)សូត្រ ទី៥

(៥. ទុតិយវេទនានានត្តសុត្តំ)

[៩] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ… ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ផស្សៈ មានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យធាតុ មានសភាពផ្សេងគ្នា វេទនាមានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យផស្សៈ មានសភាពផ្សេងគ្នា មិនមែនផស្សៈមានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យវេទនាមានសភាពផ្សេងគ្នា មិនមែនធាតុមានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យផស្សៈ មានសភាពផ្សេងគ្នាទេ។ ម្នាលភិក្ខុទាំងឡាយ ចុះធាតុមានសភាពផ្សេងគ្នា តើដូចម្តេច។ ចក្ខុធាតុ។បេ។ មនោធាតុ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ធាតុមានសភាពផ្សេងគ្នា។

[១០] ម្នាលភិក្ខុទាំងឡាយ ចុះផស្សៈ មានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យធាតុមានសភាពផ្សេងគ្នា វេទនាមានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យផស្សៈ មានសភាពផ្សេងគ្នា មិនមែនផស្សៈមានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យវេទនាមានសភាពផ្សេងគ្នា មិនមែនធាតុមានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យផស្សៈ មានសភាពផ្សេងគ្នា តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ចក្ខុសម្ផ័ស្សកើតឡើង ព្រោះអាស្រ័យចក្ខុធាតុ វេទនាដែលកើតអំពីចក្ខុសម្ផ័ស្ស ក៏កើតឡើង ព្រោះអាស្រ័យចក្ខុសម្ផ័ស្ស មិនមែនចក្ខុសម្ផ័ស្សកើតឡើង ព្រោះអាស្រ័យវេទនា ដែលកើតអំពីចក្ខុសម្ផ័ស្ស មិនមែនចក្ខុធាតុកើតឡើង ព្រោះអាស្រ័យចក្ខុសម្ផ័ស្សទេ។បេ។ មនោសម្ផ័ស្សកើតឡើង ព្រោះអាស្រ័យមនោធាតុ វេទនាដែលកើតអំពីមនោសម្ផ័ស្ស ក៏កើតឡើង ព្រោះអាស្រ័យមនោសម្ផ័ស្ស មិនមែនមនោសម្ផ័ស្សកើតឡើង ព្រោះអាស្រ័យវេទនា ដែលកើតអំពីមនោសម្ផ័ស្ស មិនមែនមនោធាតុកើតឡើង ព្រោះអាស្រ័យមនោសម្ផ័ស្សទេ។ ម្នាលភិក្ខុទាំងឡាយ ផស្សៈ មានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យធាតុ មានសភាពផ្សេងគ្នា វេទនាមានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យផស្សៈ មានសភាពផ្សេងគ្នា មិនមែនផស្សៈមានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យវេទនាមានសភាពផ្សេងគ្នា មិនមែនធាតុមានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យផស្សៈ មានសភាពផ្សេងគ្នា យ៉ាងនេះឯង។

ចប់ សូត្រ ទី៥។

(ពាហិរធាតុនានត្ត)សូត្រ ទី៦

(៦. ពាហិរធាតុនានត្តសុត្តំ)

[១១] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ… ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគត នឹងសំដែងនូវធាតុ មានសភាពផ្សេងគ្នា ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់ នូវធាតុមានសភាពផ្សេងគ្នានោះ… ម្នាលភិក្ខុទាំងឡាយ ចុះធាតុមានសភាពផ្សេងគ្នា តើដូចម្តេច។ រូបធាតុ សទ្ទធាតុ គន្ធធាតុ រសធាតុ ផោដ្ឋព្វធាតុ ធម្មធាតុ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ធាតុមានសភាពផ្សេងគ្នា។

ចប់ សូត្រ ទី៦។

(សញ្ញានានត្ត)សូត្រ ទី៧

(៧. សញ្ញានានត្តសុត្តំ)

[១២] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ… ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ សញ្ញា មានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យធាតុមានសភាពផ្សេងគ្នា សង្កប្បៈ (សេចក្តីត្រិះរិះ) មានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យសញ្ញាមានសភាពផ្សេងគ្នា ឆន្ទៈ (សេចក្តីពេញចិត្ត) មានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យសង្កប្បៈ មានសភាពផ្សេងគ្នា បរិឡាហៈ (សេចក្តីក្រហល់ក្រហាយ) មានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យឆន្ទៈមានសភាពផ្សេងគ្នា បរិយេសនា (ការស្វែងរក) មានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យបរិឡាហៈ មានសភាពផ្សេងគ្នា។ ម្នាលភិក្ខុទាំងឡាយ ចុះធាតុមានសភាពផ្សេងគ្នា តើដូចម្តេច។ រូបធាតុ។បេ។ ធម្មធាតុ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ធាតុមានសភាពផ្សេងគ្នា។

[១៣] ម្នាលភិក្ខុទាំងឡាយ ចុះសញ្ញាមានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យធាតុមានសភាពផ្សេងគ្នា សង្កប្បៈ មានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យសញ្ញាមានសភាពផ្សេងគ្នា ឆន្ទៈ មានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យសង្កប្បៈមានសភាពផ្សេងគ្នា បរិឡាហៈ មានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យឆន្ទៈ មានសភាពផ្សេងគ្នា បរិយេសនា មានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យបរិឡាហៈមានសភាពផ្សេងគ្នា តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ រូបសញ្ញាកើតឡើង ព្រោះអាស្រ័យរូបធាតុ រូបសង្កប្បៈ (សេចក្តីត្រិះរិះក្នុងរូប) កើតឡើង ព្រោះអាស្រ័យរូបសញ្ញា រូបឆន្ទៈ (សេចក្តីពេញចិត្តក្នុងរូប) កើតឡើង ព្រោះអាស្រ័យរូបសង្កប្បៈ រូបបរិឡាហៈ (សេចក្តីក្រហល់ក្រហាយក្នុងរូប) កើតឡើង ព្រោះអាស្រ័យរូបឆន្ទៈ រូបបរិយេសនា (ការស្វែងរករូប) កើតឡើង ព្រោះអាស្រ័យរូបបរិឡាហៈ។បេ។ ធម្មសញ្ញាកើតឡើង ព្រោះអាស្រ័យធម្មធាតុ ធម្មសង្កប្បៈ (សេចក្តីត្រិះរិះក្នុងធម៌) កើតឡើង ព្រោះអាស្រ័យធម្មសញ្ញា ធម្មច្ឆន្ទៈ (សេចក្តីពេញចិត្តក្នុងធម៌) កើតឡើង ព្រោះអាស្រ័យធម្មសង្កប្បៈ ធម្មបរិឡាហៈ (សេចក្តីក្រហល់ក្រហាយក្នុងធម៌) កើតឡើង ព្រោះអាស្រ័យធម្មច្ឆន្ទៈ ធម្មបរិយេសនា (ការស្វែងរកធម៌) កើតឡើង ព្រោះអាស្រ័យធម្មបរិឡាហៈ។ ម្នាលភិក្ខុទាំងឡាយ សញ្ញាមានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យធាតុមានសភាពផ្សេងគ្នា សង្កប្បៈមានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យសញ្ញាមានសភាពផ្សេងគ្នា ឆន្ទៈ មានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យសង្កប្បៈមានសភាពផ្សេងគ្នា បរិឡាហៈ មានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យឆន្ទៈមានសភាពផ្សេងគ្នា បរិយេសនា មានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យបរិឡាហៈមានសភាពផ្សេងគ្នា យ៉ាងនេះឯង។

ចប់ សូត្រ ទី៧។

(នោបរិយេសនានានត្ត)សូត្រ ទី៨

(៨. នោបរិយេសនានានត្តសុត្តំ)

[១៤] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ… ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ សញ្ញា មានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យធាតុមានសភាពផ្សេងគ្នា… កើតឡើង ព្រោះអាស្រ័យសញ្ញាមានសភាពផ្សេងគ្នា។បេ។ បរិយេសនា មានសភាពផ្សេងគ្នា… មិនមែនបរិឡាហៈ មានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យបរិយេសនា មានសភាពផ្សេងគ្នា មិនមែនឆន្ទៈ មានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យបរិឡាហៈមានសភាពផ្សេងគ្នា មិនមែនសង្កប្បៈ មានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យឆន្ទៈ មានសភាពផ្សេងគ្នា មិនមែនសញ្ញា មានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យសង្កប្បៈមានសភាពផ្សេងគ្នា មិនមែនធាតុ មានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យសញ្ញា មានសភាពផ្សេងគ្នាទេ។ ម្នាលភិក្ខុទាំងឡាយ ចុះធាតុមានសភាពផ្សេងគ្នា តើដូចម្តេច។ រូបធាតុ។បេ។ ធម្មធាតុ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ធាតុ មានសភាពផ្សេងគ្នា។

[១៥] ម្នាលភិក្ខុទាំងឡាយ ចុះសញ្ញា មានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យធាតុមានសភាពផ្សេងគ្នា… កើតឡើង ព្រោះអាស្រ័យសញ្ញាមានសភាពផ្សេងគ្នា។បេ។ បរិយេសនា មានសភាពផ្សេងគ្នា… មិនមែនបរិឡាហៈ មានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យបរិយេសនា មានសភាពផ្សេងគ្នា មិនមែនឆន្ទៈ មានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យបរិឡាហៈមានសភាពផ្សេងគ្នា មិនមែនសង្កប្បៈ មានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យឆន្ទៈ មានសភាពផ្សេងគ្នា មិនមែនសញ្ញា មានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យសង្កប្បៈមានសភាពផ្សេងគ្នា មិនមែនធាតុ មានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យសញ្ញា មានសភាពផ្សេងគ្នា តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ រូបសញ្ញាកើតឡើង ព្រោះអាស្រ័យរូបធាតុ។បេ។ ធម្មសញ្ញាកើតឡើង ព្រោះអាស្រ័យធម្មធាតុ… កើតឡើង ព្រោះអាស្រ័យធម្មសញ្ញា។បេ។ ធម្មបរិយេសនា… មិនមែនធម្មបរិឡាហៈ កើតឡើង ព្រោះអាស្រ័យធម្មបរិយេសនា មិនមែនធម្មច្ឆន្ទៈ កើតឡើង ព្រោះអាស្រ័យធម្មបរិឡាហៈ មិនមែនធម្មសង្កប្បៈ កើតឡើង ព្រោះអាស្រ័យធម្មច្ឆន្ទៈ មិនមែនធម្មសញ្ញា កើតឡើង ព្រោះអាស្រ័យធម្មសង្កប្បៈ មិនមែនធម្មធាតុ កើតឡើង ព្រោះអាស្រ័យធម្មសញ្ញាទេ។ ម្នាលភិក្ខុទាំងឡាយ សញ្ញាមានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យធាតុមានសភាពផ្សេងគ្នា… កើតឡើង ព្រោះអាស្រ័យសញ្ញាមានសភាពផ្សេងគ្នា។បេ។ បរិយេសនា មានសភាពផ្សេងគ្នា… មិនមែនកើតឡើង ព្រោះអាស្រ័យបរិយេសនា មានសភាពផ្សេងគ្នា។បេ។ សញ្ញា មានសភាពផ្សេងគ្នា… មិនមែនធាតុ មានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យសញ្ញា មានសភាពផ្សេងគ្នា យ៉ាងនេះឯង។

ចប់ សូត្រ ទី៨។

(ពាហិរផស្សនានត្ត)សូត្រ ទី៩

(៩. ពាហិរផស្សនានត្តសុត្តំ)

[១៦] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ… ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ សញ្ញា មានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យធាតុមានសភាពផ្សេងគ្នា សង្កប្បៈ មានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យសញ្ញាមានសភាពផ្សេងគ្នា ផស្សៈមានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យសង្កប្បៈមានសភាពផ្សេងគ្នា វេទនា មានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យផស្សៈ មានសភាពផ្សេងគ្នា ឆន្ទៈ មានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យវេទនា មានសភាពផ្សេងគ្នា បរិឡាហៈ មានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យឆន្ទៈ មានសភាពផ្សេងគ្នា បរិយេសនា មានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យបរិឡាហៈ មានសភាពផ្សេងគ្នា លាភ មានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យបរិយេសនា មានសភាពផ្សេងគ្នា។ ម្នាលភិក្ខុទាំងឡាយ ចុះធាតុ មានសភាពផ្សេងគ្នា តើដូចម្តេច។ រូបធាតុ។បេ។ ធម្មធាតុ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ធាតុ មានសភាពផ្សេងគ្នា។

[១៧] ម្នាលភិក្ខុទាំងឡាយ ចុះសញ្ញា មានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យធាតុមានសភាពផ្សេងគ្នា។បេ។ កើតឡើង ព្រោះអាស្រ័យបរិយេសនា មានសភាពផ្សេងគ្នា។បេ។ លាភ មានសភាពផ្សេងគ្នា តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ រូបសញ្ញាកើតឡើង ព្រោះអាស្រ័យរូបធាតុ រូបសង្កប្បៈកើតឡើង ព្រោះអាស្រ័យរូបសញ្ញា រូបសម្ផ័ស្សកើតឡើង ព្រោះអាស្រ័យរូបសង្កប្បៈ វេទនាដែលកើតអំពីរូបសម្ផ័ស្សកើតឡើង ព្រោះអាស្រ័យរូបសម្ផ័ស្ស រូបឆន្ទៈកើតឡើង ព្រោះអាស្រ័យវេទនា ដែលកើតអំពីរូបសម្ផ័ស្ស រូបបរិឡាហៈកើតឡើង ព្រោះអាស្រ័យរូបច្ឆន្ទៈ រូបបរិយេសនាកើតឡើង ព្រោះអាស្រ័យរូបបរិឡាហៈ រូបលាភកើតឡើង ព្រោះអាស្រ័យរូបបរិយេសនា។បេ។ ធម្មសញ្ញាកើតឡើង ព្រោះអាស្រ័យធម្មធាតុ ធម្មសង្កប្បៈកើតឡើង ព្រោះអាស្រ័យធម្មសញ្ញា ធម្មសម្ផ័ស្សកើតឡើង ព្រោះអាស្រ័យធម្មសង្កប្បៈ វេទនាដែលកើតអំពីធម្មសម្ផ័ស្សកើតឡើង ព្រោះអាស្រ័យធម្មសម្ផ័ស្ស ធម្មច្ឆន្ទៈកើតឡើង ព្រោះអាស្រ័យវេទនា កើតអំពីធម្មសម្ផ័ស្ស ធម្មបរិឡាហៈកើតឡើង ព្រោះអាស្រ័យធម្មច្ឆន្ទៈ ធម្មបរិយេសនាកើតឡើង ព្រោះអាស្រ័យធម្មបរិឡាហៈ ធម្មលាភកើតឡើង ព្រោះអាស្រ័យធម្មបរិយេសនា។ ម្នាលភិក្ខុទាំងឡាយ សញ្ញាមានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យធាតុមានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យសញ្ញាមានសភាពផ្សេងគ្នា។បេ។ លាភមានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យបរិយេសនា មានសភាពផ្សេងគ្នា យ៉ាងនេះឯង។

ចប់ សូត្រ ទី៩។

(ទុតិយពាហិរផស្សនានត្ត)សូត្រ ទី១០

(១០. ទុតិយពាហិរផស្សនានត្តសុត្តំ)

[១៨] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ… ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ សញ្ញា មានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យធាតុមានសភាពផ្សេងគ្នា សង្កប្បៈ មានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យសញ្ញាមានសភាពផ្សេងគ្នា លាភមានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យផស្សៈ… វេទនា… ឆន្ទៈ… បរិឡាហៈ… បរិយេសនា មានសភាពផ្សេងគ្នា មិនមែនបរិយេសនា មានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យលាភ មានសភាពផ្សេងគ្នា មិនមែនបរិឡាហៈ មានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យបរិយេសនា មានសភាពផ្សេងគ្នា មិនមែនឆន្ទៈ មានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យបរិឡាហៈ មានសភាពផ្សេងគ្នា វេទនា… ផស្សៈ… សង្កប្បៈ… សញ្ញាមានសភាពផ្សេងគ្នា… មិនមែនធាតុ មានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យសញ្ញា មានសភាពផ្សេងគ្នាទេ។ ម្នាលភិក្ខុទាំងឡាយ ចុះធាតុ មានសភាពផ្សេងគ្នា តើដូចម្តេច។ រូបធាតុ។បេ។ ធម្មធាតុ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ធាតុ មានសភាពផ្សេងគ្នា។

[១៩] ម្នាលភិក្ខុទាំងឡាយ ចុះសញ្ញា មានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យធាតុមានសភាពផ្សេងគ្នា សង្កប្បៈមានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យសញ្ញា មានសភាពផ្សេងគ្នា ផស្សៈ… វេទនា… ឆន្ទៈ… បរិឡាហៈ… បរិយេសនា… លាភ មានសភាពផ្សេងគ្នា មិនមែនបរិយេសនា មានសភាពផ្សេងគ្នាកើតឡើង ព្រោះអាស្រ័យលាភមានសភាពផ្សេងគ្នា បរិឡាហៈ… ឆន្ទៈ… វេទនា… ផស្សៈ… មានសភាពផ្សេងគ្នា មិនមែនសញ្ញាមានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យសង្កប្បៈមានសភាពផ្សេងគ្នា មិនមែនធាតុមានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យសញ្ញាមានសភាពផ្សេងគ្នា តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ រូបសញ្ញា កើតឡើង ព្រោះអាស្រ័យរូបធាតុ។បេ។ ធម្មសញ្ញាកើតឡើង ព្រោះអាស្រ័យធម្មធាតុ… កើតឡើង ព្រោះអាស្រ័យធម្មសញ្ញា។បេ។ ធម្មបរិយេសនា… ធម្មលាភ កើតឡើង ព្រោះអាស្រ័យធម្មបរិយេសនា មិនមែនធម្មបរិយេសនា កើតឡើង ព្រោះអាស្រ័យធម្មលាភ មិនមែនធម្មបរិឡាហៈ កើតឡើង ព្រោះអាស្រ័យធម្មបរិយេសនា មិនមែនធម្មច្ឆន្ទៈ កើតឡើង ព្រោះអាស្រ័យធម្មបរិឡាហៈ មិនមែនវេទនា ដែលកើតអំពីធម្មសម្ផ័ស្ស កើតឡើង ព្រោះអាស្រ័យធម្មច្ឆន្ទៈ មិនមែនធម្មសម្ផ័ស្សកើតឡើង ព្រោះអាស្រ័យវេទនា កើតអំពីធម្មសម្ផ័ស្ស មិនមែនធម្មសង្កប្បៈ កើតឡើង ព្រោះអាស្រ័យធម្មសម្ផ័ស្ស មិនមែនធម្មសញ្ញា កើតឡើង ព្រោះអាស្រ័យធម្មសង្កប្បៈ មិនមែនធម្មធាតុកើតឡើង ព្រោះអាស្រ័យធម្មសញ្ញាទេ។ ម្នាលភិក្ខុទាំងឡាយ សញ្ញាមានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យធាតុមានសភាពផ្សេងគ្នា សង្កប្បៈ មានសភាពផ្សេងគ្នាកើតឡើង ព្រោះអាស្រ័យសញ្ញាមានសភាពផ្សេងគ្នា ផស្សៈ… វេទនា… ឆន្ទៈ… បរិឡាហៈ… បរិយេសនា… លាភ មានសភាពផ្សេងគ្នា… មិនមែនបរិយេសនា មានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យលាភមានសភាពផ្សេងគ្នា មិនមែនបរិឡាហៈមានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យបរិយេសនាមានសភាពផ្សេងគ្នា មិនមែនឆន្ទៈមានសភាពផ្សេងគ្នាកើតឡើង ព្រោះអាស្រ័យបរិឡាហៈមានសភាពផ្សេងគ្នា មិនមែនវេទនាមានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យឆន្ទៈមានសភាពផ្សេងគ្នា មិនមែនផស្សៈមានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យវេទនាមានសភាពផ្សេងគ្នា មិនមែនសង្កប្បៈមានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យផស្សៈមានសភាពផ្សេងគ្នា មិនមែនសញ្ញាមានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យសង្កប្បៈ មានសភាពផ្សេងគ្នា មិនមែនធាតុមានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យសញ្ញាមានសភាពផ្សេងគ្នា យ៉ាងនេះឯង។

ចប់សូត្រទី១០។

ចប់ នានត្តវគ្គ ទី១។

ឧទ្ទាននៃនានត្តវគ្គនោះគឺ

សំដែងអំពីធាតុ១ អំពីសម្ផ័ស្ស១ អំពីធាតុមានសភាពផ្សេងគ្នា មិនអាស្រ័យនូវផស្សៈមានសភាពផ្សេងគ្នា ជាដើម១ អំពីវេទនាមានសភាពផ្សេងគ្នា អាស្រ័យនូវផស្សៈមានសភាពផ្សេងគ្នា មានពីរលើក នេះហៅថា បញ្ចកៈខាងក្នុង អំពីធាតុ១ អំពីសញ្ញា១ អំពីបរិឡាហៈមានសភាពផ្សេងគ្នា មិនអាស្រ័យនូវបរិយេសនាមានសភាពផ្សេងគ្នា ជាដើម១ អំពីផស្សៈមានពីរលើក នេះហៅថា បញ្ចកៈខាងក្រៅ។

សត្តធាតុវគ្គ ទី២

(២. ទុតិយវគ្គោ)

(សត្តធាតុ)សូត្រ ទី១

(១. សត្តធាតុសុត្តំ)

[២០] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ… ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ធាតុទាំងឡាយនេះ មាន៧ប្រការ។ ធាតុទាំង៧ប្រការ តើដូចម្តេចខ្លះ។ អាភាធាតុ១ សុភាធាតុ១ អាកាសានញ្ចាយតនធាតុ១ វិញ្ញាណញ្ចាយតនធាតុ១ អាកិញ្ចញ្ញាយតនធាតុ១ នេវសញ្ញានាសញ្ញាយតនធាតុ១ សញ្ញាវេទយិតនិរោធធាតុ១។ ម្នាលភិក្ខុទាំងឡាយ នេះឯង ធាតុ៧ប្រការ។ កាលព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ភិក្ខុមួយរូប ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ធាតុដែលហៅថា អាភាធាតុក្តី សុភាធាតុក្តី អាកាសានញ្ចាយតនធាតុក្តី វិញ្ញាណញ្ចាយតនធាតុក្តី អាកិញ្ចញ្ញាយតនធាតុក្តី នេវសញ្ញានាសញ្ញាយតនធាតុក្តី សញ្ញាវេទយិតនិរោធធាតុក្តី បពិត្រព្រះអង្គដ៏ចំរើន តើធាតុទាំងនេះ ប្រាកដឡើង ព្រោះអាស្រ័យអ្វី។

[២១] ព្រះមានព្រះភាគត្រាស់ថា ម្នាលភិក្ខុ ធាតុដែលហៅថា អាភាធាតុ (រស្មី ឬពន្លឺ)នេះ ប្រាកដឡើង ព្រោះអាស្រ័យងងឹត។ ម្នាលភិក្ខុ ធាតុដែលហៅថា សុភាធាតុនេះ ប្រាកដឡើង ព្រោះអាស្រ័យអសុភ។ ម្នាលភិក្ខុ ធាតុដែលហៅថា អាកាសានញ្ចាយតនធាតុនេះ ប្រាកដឡើង ព្រោះអាស្រ័យរូប។ ម្នាលភិក្ខុ ធាតុដែលហៅថា វិញ្ញាណញ្ចាយតនធាតុនេះ ប្រាកដឡើង ព្រោះអាស្រ័យអាកាសានញ្ចាយតនៈ។ ម្នាលភិក្ខុ ធាតុដែលហៅថា អាកិញ្ចញ្ញាយតនធាតុនេះ ប្រាកដឡើង ព្រោះអាស្រ័យវិញ្ញាណញ្ចាយតនៈ។ ម្នាលភិក្ខុ ធាតុដែលហៅថា នេវសញ្ញានាសញ្ញាយតនធាតុនេះ ប្រាកដឡើង ព្រោះអាស្រ័យអាកិញ្ចញ្ញាយតនៈ។ ម្នាលភិក្ខុ ធាតុដែលហៅថា សញ្ញាវេទយិតនិរោធធាតុនេះ ប្រាកដឡើង ព្រោះអាស្រ័យនិរោធ។ ភិក្ខុនោះក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ធាតុដែលហៅថា អាភាធាតុក្តី សុភាធាតុក្តី អាកាសានញ្ចាយតនធាតុក្តី វិញ្ញាណញ្ចាយតនធាតុក្តី អាកិញ្ចញ្ញាយតនធាតុក្តី នេវសញ្ញានាសញ្ញាយតនធាតុក្តី សញ្ញាវេទយិតនិរោធធាតុក្តី បពិត្រព្រះអង្គដ៏ចំរើន ធាតុទាំងនេះ ឈ្មោះថា ជាសមាបត្តិអ្វី ដែលបុគ្គលគប្បីដល់។

[២២] ព្រះមានព្រះភាគត្រាស់ថា ម្នាលភិក្ខុ ធាតុដែលហៅថា អាភាធាតុក្តី សុភាធាតុក្តី អាកាសានញ្ចាយតនធាតុក្តី វិញ្ញាណញ្ចាយតនធាតុក្តី អាកិញ្ចញ្ញាយតនធាតុក្តី ធាតុទាំងនេះ ឈ្មោះថា សញ្ញាសមាបត្តិ ដែលបុគ្គលគប្បីដល់។ ម្នាលភិក្ខុ ធាតុដែលហៅថា នេវសញ្ញានាសញ្ញាយតនធាតុនេះ ឈ្មោះថា សង្ខារាវសេសសមាបត្តិ ដែលបុគ្គលគប្បីដល់។ ម្នាលភិក្ខុ ធាតុដែលហៅថា សញ្ញាវេទយិតនិរោធធាតុនេះ ឈ្មោះថា និរោធសមាបត្តិ ដែលបុគ្គលគប្បីដល់។

ចប់ សូត្រ ទី១។

(សនិទាន)សូត្រ ទី២

(២. សនិទានសុត្តំ)

[២៣] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ… ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ កាមវិតក្កៈ (សេចក្តីត្រិះរិះក្នុងកាម) ប្រកបដោយហេតុ ទើបកើតឡើងបាន មិនមែនជាមិនមានហេតុទេ ព្យាបាទវិតក្កៈ (សេចក្តីត្រិះរិះក្នុងការព្យាបាទ) ប្រកបដោយហេតុ ទើបកើតឡើងបាន មិនមែនជាមិនមានហេតុទេ វិហឹសាវិតក្កៈ (សេចក្តីត្រិះរិះក្នុងការបៀតបៀន) ប្រកបដោយហេតុ ទើបកើតឡើងបាន មិនមែនជាមិនមានហេតុទេ។

[២៤] ម្នាលភិក្ខុទាំងឡាយ ចុះកាមវិតក្កៈ ប្រកបដោយហេតុ ទើបកើតឡើង មិនមែនជាមិនមានហេតុ ព្យាបាទវិតក្កៈ ប្រកបដោយហេតុ ទើបកើតឡើង មិនមែនជាមិនមានហេតុ វិហឹសាវិតក្កៈ ប្រកបដោយហេតុ ទើបកើតឡើង មិនមែនជាមិនមានហេតុទេ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ កាមសញ្ញា (សេចក្តីសំគាល់ក្នុងកាម) កើតឡើង ព្រោះអាស្រ័យកាមធាតុ កាមសង្កប្បៈ (សេចក្តីត្រិះរិះក្នុងកាម) កើតឡើង ព្រោះអាស្រ័យកាមសញ្ញា កាមច្ឆន្ទៈ (សេចក្តីប្រាថ្នាក្នុងកាម) កើតឡើង ព្រោះអាស្រ័យកាមសង្កប្បៈ កាមបរិឡាហៈ (សេចក្តីក្រហល់ក្រហាយក្នុងកាម) កើតឡើង ព្រោះអាស្រ័យកាមច្ឆន្ទៈ កាមបរិយេសនា (ការស្វែងរកកាម) កើតឡើង ព្រោះអាស្រ័យកាមបរិឡាហៈ។ ម្នាលភិក្ខុទាំងឡាយ បុថុជ្ជន អ្នកមិនចេះដឹង កាលស្វែងរកនូវកាមបរិយេសនា រមែងប្រតិបត្តិខុស ដោយឋានទាំង៣គឺ កាយ វាចា ចិត្ត។ ម្នាលភិក្ខុទាំងឡាយ ព្យាបាទសញ្ញា (សេចក្តីសំគាល់ក្នុងព្យាបាទ) កើតឡើង ព្រោះអាស្រ័យព្យាបាទធាតុ ព្យាបាទសង្កប្បៈ (សេចក្តីត្រិះរិះក្នុងការព្យាបាទ)… ព្យាបាទច្ឆន្ទៈ (សេចក្តីប្រាថ្នាក្នុងការព្យាបាទ)… ព្យាបាទបរិឡាហៈ (សេចក្តីក្រហល់ក្រហាយព្រោះការព្យាបាទ)… ព្យាបាទបរិយេសនា (ការស្វែងរកព្យាបាទ)។ ម្នាលភិក្ខុទាំងឡាយ បុថុជ្ជន អ្នកមិនចេះដឹង កាលស្វែងរកនូវព្យាបាទបរិយេសនា រមែងប្រតិបត្តិខុស ដោយឋានទាំង៣គឺ កាយ វាចា ចិត្ត។ ម្នាលភិក្ខុទាំងឡាយ វិហឹសាសញ្ញា (សេចក្តីសំគាល់ក្នុងការបៀតបៀន) កើតឡើង ព្រោះអាស្រ័យវិហឹសាធាតុ វិហឹសាសង្កប្បៈ (សេចក្តីត្រិះរិះក្នុងការបៀតបៀន)… វិហឹសាឆន្ទៈ (សេចក្តីប្រាថ្នាក្នុងការបៀតបៀន)… វិហឹសាបរិឡាហៈ (សេចក្តីក្រហល់ក្រហាយព្រោះការបៀតបៀន)… វិហឹសាបរិយេសនា (ការស្វែងរកនូវការបៀតបៀន)។ ម្នាលភិក្ខុទាំងឡាយ បុថុជ្ជន អ្នកមិនចេះដឹង កាលស្វែងរកនូវវិហឹសាបរិយេសនា រមែងប្រតិបត្តិខុស ដោយឋានទាំង៣គឺ កាយ វាចា ចិត្ត។

[២៥] ម្នាលភិក្ខុទាំងឡាយ ដូចជាបុរសដាក់គប់ស្មៅ ដែលភ្លើងកំពុងឆេះ ទៅក្នុងព្រៃស្មៅដ៏ស្ងួត បើបុរសនោះ មិនលត់ភ្លើងនោះ ឲ្យរលត់ដោយដៃទាំងឡាយផង ដោយជើងទាំងឡាយផង ឲ្យឆាប់ទេ ម្នាលភិក្ខុទាំងឡាយ ពួកសត្វដែលអាស្រ័យនៅដោយស្មៅ និងឈើ មុខជាដល់នូវសេចក្តីមិនចំរើន និងការវិនាស ដោយប្រការដូច្នេះឯង មានឧបមាដូចម្តេចមិញ ម្នាលភិក្ខុទាំងឡាយ សមណៈ ឬព្រាហ្មណ៍ណាមួយ មិនលះបង់ មិនបន្ទោបង់ មិនធ្វើឲ្យវិនាស មិនឲ្យដល់នូវការមិនមាននូវអកុសលសញ្ញា ដែលកើតឡើង មិនរាបសា យ៉ាងឆាប់ទេ សមណព្រាហ្មណ៍នោះ នៅជាទុក្ខ ប្រកបដោយសេចក្តីចង្អៀតចង្អល់ ប្រកបដោយសេចក្តីតានតឹង ប្រកបដោយសេចក្តីក្តៅក្រហាយក្នុងបច្ចុប្បន្ន លុះបែកធ្លាយរាងកាយ ខាងនាយអំពីមរណៈទៅ ទុគ្គតិរមែងប្រាកដ ក៏មានឧបមេយ្យដូច្នោះឯង។

[២៦] ម្នាលភិក្ខុទាំងឡាយ នេក្ខម្មវិតក្កៈ (សេចក្តីត្រិះរិះក្នុងការចេញចាកកាម) ប្រកបដោយហេតុ ទើបកើតឡើង មិនមែនជាមិនមានហេតុទេ អព្យាបាទវិតក្កៈ (សេចក្តីត្រិះរិះក្នុងការមិនព្យាបាទ) ប្រកបដោយហេតុ ទើបកើតឡើង មិនមែនជាមិនមានហេតុទេ អវិហឹសាវិតក្កៈ (សេចក្តីត្រិះរិះក្នុងការមិនបៀតបៀន) ប្រកបដោយហេតុ ទើបកើតឡើង មិនមែនជាមិនមានហេតុទេ។

[២៧] ម្នាលភិក្ខុទាំងឡាយ ចុះនេក្ខម្មវិតក្កៈ ប្រកបដោយហេតុ ទើបកើតឡើង មិនមែនជាមិនមានហេតុទេ អព្យាបាទវិតក្កៈ ប្រកបដោយហេតុ ទើបកើតឡើង មិនមែនជាមិនមានហេតុទេ អវិហឹសាវិតក្កៈ ប្រកបដោយហេតុ ទើបកើតឡើង មិនមែនជាមិនមានហេតុទេ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ នេក្ខម្មសញ្ញា (សេចក្តីសំគាល់ក្នុងការចេញចាកកាម) កើតឡើង ព្រោះអាស្រ័យនេក្ខម្មធាតុ នេក្ខម្មសង្កប្បៈ (សេចក្តីត្រិះរិះក្នុងការចេញចាកកាម) កើតឡើង ព្រោះអាស្រ័យនេក្ខម្មសញ្ញា នេក្ខម្មច្ឆន្ទៈ (សេចក្តីប្រាថ្នាក្នុងការចេញចាកកាម) កើតឡើង ព្រោះអាស្រ័យនេក្ខម្មសង្កប្បៈ នេក្ខម្មបរិឡាហៈ (សេចក្តីក្រហល់ក្រហាយ ក្នុងការចេញចាកកាម) កើតឡើង ព្រោះអាស្រ័យនេក្ខម្មច្ឆន្ទៈ នេក្ខម្មបរិយេសនា (ការស្វែងរកនូវការចេញចាកកាម) កើតឡើង ព្រោះអាស្រ័យនេក្ខម្មបរិឡាហៈ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវ័ក អ្នកចេះដឹង កាលស្វែងរកនេក្ខម្មបរិយេសនា តែងប្រតិបត្តិត្រូវ ដោយឋានទាំង៣យ៉ាង គឺកាយ វាចា ចិត្ត។ ម្នាលភិក្ខុទាំងឡាយ អព្យាបាទសញ្ញា កើតឡើង ព្រោះអាស្រ័យអព្យាបាទធាតុ។បេ។ អព្យាបាទសង្កប្បៈ (សេចក្តីត្រិះរិះក្នុងការមិនព្យាបាទ)… អព្យាបាទច្ឆន្ទៈ (សេចក្តីប្រាថ្នាក្នុងការមិនព្យាបាទ)… អព្យាបាទបរិឡាហៈ (សេចក្តីក្រហល់ក្រហាយ ក្នុងការមិនព្យាបាទ)… អព្យាបាទបរិយេសនា (ការស្វែងរកក្នុងការមិនព្យាបាទ)។ ម្នាលភិក្ខុទាំងឡាយ អរិយសាវ័ក អ្នកចេះដឹង កាលស្វែងរកអព្យាបាទបរិយេសនា តែងប្រតិបត្តិត្រូវ ដោយឋានទាំង៣យ៉ាង គឺកាយ វាចា ចិត្ត។ ម្នាលភិក្ខុទាំងឡាយ អវិហឹសាសញ្ញា កើតឡើង ព្រោះអាស្រ័យអវិហឹសាធាតុ អវិហឹសាសង្កប្បៈ កើតឡើង ព្រោះអាស្រ័យអវិហឹសាសញ្ញា អវិហឹសាឆន្ទៈ កើតឡើង ព្រោះអាស្រ័យអវិហឹសាសង្កប្បៈ អវិហឹសាបរិឡាហៈ កើតឡើង ព្រោះអាស្រ័យអវិហឹសាឆន្ទៈ អវិហឹសាបរិយេសនា កើតឡើង ព្រោះអាស្រ័យអវិហឹសាបរិឡាហៈ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវ័ក អ្នកចេះដឹង កាលស្វែងរកអវិហឹសាបរិយេសនា តែងប្រតិបត្តិត្រូវ ដោយឋានទាំង៣ គឺកាយ វាចា ចិត្ត។

[២៨] ម្នាលភិក្ខុទាំងឡាយ ដូចជាបុរសដាក់គប់ស្មៅ ដែលភ្លើងកំពុងឆេះ ក្នុងព្រៃស្មៅដ៏ស្ងួត គប្បីលត់គប់ស្មៅនោះ ដោយដៃទាំងឡាយផង ដោយជើងទាំងឡាយផង ជាឆាប់ ម្នាលភិក្ខុទាំងឡាយ ឯពួកសត្វ ដែលអាស្រ័យនៅដោយស្មៅ និងឈើ ក៏មិនដល់នូវសេចក្តីមិនចំរើន និងការវិនាស ដោយប្រការដូច្នេះឯង មានឧបមាដូចម្តេចមិញ ម្នាលភិក្ខុទាំងឡាយ សមណព្រាហ្មណ៍ណាមួយ លះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើឲ្យដល់នូវការមិនមាន នូវអកុសលសញ្ញា ដែលកើតឡើង មិនរាបសា យ៉ាងឆាប់ សមណព្រាហ្មណ៍នោះ រមែងនៅជាសុខ មិនមានសេចក្តីចង្អៀតចង្អល់ មិនមានសេចក្តីតានតឹង មិនមានសេចក្តីក្តៅក្រហាយ ក្នុងបច្ចុប្បន្ន លុះបែកធ្លាយរាងកាយ ខាងនាយអំពីមរណៈទៅ សុគតិរមែងប្រាកដ ក៏មានឧបមេយ្យ ដូច្នោះឯង។

ចប់ សូត្រ ទី២។

(គិញ្ជកាវសថ)សូត្រ ទី៣

(៣. គិញ្ជកាវសថសុត្តំ)

[២៩] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងមហាប្រាសាទដែលធ្វើដោយឥដ្ឋ ក្នុងស្រុករបស់ព្រះញាតិ (ទាំងពីរពួក)។ ក្នុងទីនោះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីកាព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះមានព្រះភាគ ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ សញ្ញា ទិដ្ឋិ វិតក្កៈ កើតឡើង ព្រោះអាស្រ័យធាតុ។

[៣០] កាលបើព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ព្រះកច្ចានៈមានអាយុ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ទិដ្ឋិ គឺសេចក្តីយល់ឃើញណា ក្នុងបុគ្គលមិនមែនជាសម្មាសម្ពុទ្ធ ថាជាសម្មាសម្ពុទ្ធ បពិត្រព្រះអង្គដ៏ចំរើន ចុះទិដ្ឋិនេះ ប្រាកដឡើង ព្រោះអាស្រ័យអ្វី។

[៣១] ម្នាលកច្ចានៈ ធាតុដែលធំនុ៎ះ គឺអវិជ្ជាធាតុ។ ម្នាលកច្ចានៈ សញ្ញាដ៏ថោកទាប ទិដ្ឋិដ៏ថោកទាប វិតក្កៈថោកទាប ចេតនាដ៏ថោកទាប សេចក្តីប្រាថ្នាដ៏ថោកទាប សេចក្តីតាំងចិត្តដ៏ថោកទាប បុគ្គលដ៏ថោកទាប វាចាដ៏ថោកទាប កើតឡើង ព្រោះអាស្រ័យធាតុដ៏ថោកទាប តថាគតពោលថា បុគ្គលនោះ តែងប្រាប់ សំដែង ត្រដាង តំកល់ទុក បើក វែកញែក ធ្វើឲ្យរាក់ នូវអំពើដ៏ថោកទាប កំណើតរបស់បុគ្គលនោះ ក៏ថោកទាបដែរ។ ម្នាលកច្ចានៈ សញ្ញាជាកណ្តាល ទិដ្ឋិជាកណ្តាល វិតក្កៈជាកណ្តាល ចេតនាជាកណ្តាល សេចក្តីប្រាថ្នាជាកណ្តាល សេចក្តីតាំងចិត្តជាកណ្តាល បុគ្គលជាកណ្តាល វាចាជាកណ្តាល កើតឡើង ព្រោះអាស្រ័យធាតុជាកណ្តាល តថាគតពោលថា បុគ្គលនោះ រមែងប្រាប់ សំដែង ត្រដាង តំកល់ទុក បើក វែកញែក ធ្វើឲ្យរាក់ នូវអំពើជាកណ្តាល កំណើតរបស់បុគ្គលនោះ ក៏ជាកណ្តាលដែរ។ ម្នាលកច្ចានៈ សញ្ញាដ៏ឧត្តម ទិដ្ឋិដ៏ឧត្តម វិតក្កៈដ៏ឧត្តម ចេតនាដ៏ឧត្តម សេចក្តីប្រាថ្នាដ៏ឧត្តម សេចក្តីតាំងចិត្តដ៏ឧត្តម បុគ្គលដ៏ឧត្តម វាចាដ៏ឧត្តម កើតឡើង ព្រោះអាស្រ័យធាតុដ៏ឧត្តម តថាគតពោលថា បុគ្គលនោះ តែងប្រាប់ ត្រដាង តំកល់ទុក បើក វែកញែក ធ្វើឲ្យរាក់ នូវអំពើដ៏ឧត្តម កំណើតរបស់បុគ្គលនោះ ក៏ឧត្តមដែរ។

ចប់ សូត្រ ទី៣។

(ហីនាធិមុត្តិក)សូត្រ ទី៤

(៤. ហីនាធិមុត្តិកសុត្តំ)

[៣២] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ …. ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ សត្វទាំងឡាយ ត្រូវគ្នា សមគ្នា1) ដោយធាតុ គឺពួកជនមានអធ្យាស្រ័យថោកទាប ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានអធ្យាស្រ័យថោកទាប ពួកជនមានអធ្យាស្រ័យល្អ ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានអធ្យាស្រ័យល្អ។ ម្នាលភិក្ខុទាំងឡាយ សូម្បីក្នុងអតីតកាល សត្វទាំងឡាយ ត្រូវគ្នា សមគ្នា ដោយធាតុ គឺពួកជនមានអធ្យាស្រ័យថោកទាប ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានអធ្យាស្រ័យថោកទាប ពួកជនមានអធ្យាស្រ័យល្អ ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានអធ្យាស្រ័យល្អ។ ម្នាលភិក្ខុទាំងឡាយ សូម្បីក្នុងអនាគតកាល សត្វទាំងឡាយ នឹងត្រូវគ្នា នឹងសមគ្នា ដោយធាតុ គឺពួកជនមានអធ្យាស្រ័យថោកទាប នឹងត្រូវគ្នា នឹងសមគ្នា ជាមួយនឹងពួកជនមានអធ្យាស្រ័យថោកទាប ពួកជនមានអធ្យាស្រ័យល្អ នឹងត្រូវគ្នា នឹងសមគ្នា ជាមួយពួកជនមានអធ្យាស្រ័យល្អ។ ម្នាលភិក្ខុទាំងឡាយ សូម្បីក្នុងបច្ចុប្បន្នកាលនេះ សត្វទាំងឡាយ ក៏ត្រូវគ្នា សមគ្នា ដោយធាតុ គឺ ពួកជនមានអធ្យាស្រ័យថោកទាប ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានអធ្យាស្រ័យថោកទាប ពួកជនមានអធ្យាស្រ័យល្អ ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានអធ្យាស្រ័យល្អ។

ចប់ សូត្រ ទី៤។

(ចង្កម)សូត្រ ទី៥

(៥. ចង្កមសុត្តំ)

[៣៣] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្បែរភ្នំគិជ្ឈកូដ ជិតក្រុងរាជគ្រឹះ។ ក្នុងសម័យនោះឯង ព្រះសារីបុត្តមានអាយុ កំពុងចង្ក្រមក្នុងទីជិតព្រះមានព្រះភាគ ជាមួយនឹងភិក្ខុទាំងឡាយច្រើនរូប ព្រះមហាមោគ្គល្លានមានអាយុ កំពុងចង្ក្រមក្នុងទីជិតព្រះមានព្រះភាគ ជាមួយនឹងភិក្ខុទាំងឡាយច្រើនរូប ព្រះមហាកស្សបមានអាយុ កំពុងចង្ក្រម ក្នុងទីជិតព្រះមានព្រះភាគ ជាមួយនឹងភិក្ខុទាំងឡាយច្រើនរូប ព្រះអនុរុទ្ធមានអាយុ កំពុងចង្ក្រម ក្នុងទីជិតព្រះមានព្រះភាគ ជាមួយនឹងភិក្ខុទាំងឡាយច្រើនរូប ព្រះបុណ្ណមន្តានីបុត្តមានអាយុ កំពុងចង្ក្រម ក្នុងទីជិតព្រះមានព្រះភាគ ជាមួយនឹងភិក្ខុទាំងឡាយច្រើនរូប ព្រះឧបាលិមានអាយុ កំពុងចង្ក្រម ក្នុងទីជិតព្រះមានព្រះភាគ ជាមួយនឹងភិក្ខុទាំងឡាយច្រើនរូប ព្រះអានន្ទមានអាយុ កំពុងចង្ក្រម ក្នុងទីជិតព្រះមានព្រះភាគ ជាមួយនឹងភិក្ខុទាំងឡាយច្រើនរូប ទេវទត្ត កំពុងចង្ក្រម ក្នុងទីជិតព្រះមានព្រះភាគ ជាមួយនឹងភិក្ខុទាំងឡាយច្រើនរូបដែរ។

[៣៤] គ្រានោះឯង ព្រះមានព្រះភាគ ត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ឃើញសារីបុត្ត កំពុងចង្ក្រម ជាមួយនឹងពួកភិក្ខុច្រើនរូប ដែរឬ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលថា ព្រះករុណា ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងអស់នុ៎ះ ជាអ្នកមានបញ្ញាច្រើន ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ឃើញមហាមោគ្គល្លាន កំពុងចង្ក្រម ជាមួយនឹងពួកភិក្ខុច្រើនរូប ដែរឬ។ ព្រះករុណា ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងអស់នុ៎ះ ជាអ្នកមានឫទ្ធិច្រើន ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ឃើញមហាកស្សប កំពុងចង្ក្រម ជាមួយនឹងពួកភិក្ខុច្រើនរូប ដែរឬ។ ព្រះករុណា ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងអស់នុ៎ះ ជាធុតវាទ (អ្នកពោលពាក្យកំចាត់បង់កិលេស) ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ឃើញអនុរុទ្ធ កំពុងចង្ក្រម ជាមួយនឹងពួកភិក្ខុច្រើនរូប ដែរឬ។ ព្រះករុណា ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងអស់នុ៎ះ ជាអ្នកបានទិព្វចក្ខុ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ឃើញបុណ្ណមន្តានីបុត្ត កំពុងចង្ក្រម ជាមួយនឹងពួកភិក្ខុច្រើនរូប ដែរឬ។ ព្រះករុណា ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងអស់នុ៎ះ ជាធម្មកថិក ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ឃើញឧបាលិ កំពុងចង្ក្រម ជាមួយនឹងពួកភិក្ខុច្រើនរូប ដែរឬ។ ព្រះករុណា ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងអស់នុ៎ះ ជាវិនយធរ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ឃើញអានន្ទ កំពុងចង្ក្រម ជាមួយនឹងពួកភិក្ខុច្រើនរូប ដែរឬ។ ព្រះករុណា ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងអស់នុ៎ះ ជាពហុស្សូត ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ឃើញទេវទត្ត កំពុងចង្ក្រម ជាមួយនឹងពួកភិក្ខុច្រើនរូប ដែរឬ។ ព្រះករុណា ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងអស់នុ៎ះ ជាអ្នកមានសេចក្តីប្រាថ្នាលាមក។

[៣៥] ម្នាលភិក្ខុទាំងឡាយ សត្វទាំងឡាយ ត្រូវគ្នា សមគ្នា2) ដោយធាតុ គឺពួកជនមានអធ្យាស្រ័យថោកទាប ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានអធ្យាស្រ័យថោកទាប ពួកជនមានអធ្យាស្រ័យល្អ ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានអធ្យាស្រ័យល្អ ម្នាលភិក្ខុទាំងឡាយ សូម្បីក្នុងអតីតកាល សត្វទាំងឡាយ ត្រូវគ្នា សមគ្នា ដោយធាតុ គឺពួកជនមានអធ្យាស្រ័យថោកទាប ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានអធ្យាស្រ័យថោកទាប ពួកជនមានអធ្យាស្រ័យល្អ ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានអធ្យាស្រ័យល្អ។ ម្នាលភិក្ខុទាំងឡាយ សូម្បីក្នុងអនាគតកាល សត្វទាំងឡាយ នឹងត្រូវគ្នា នឹងសមគ្នា ដោយធាតុ គឺពួកជនមានអធ្យាស្រ័យថោកទាប នឹងត្រូវគ្នា នឹងសមគ្នា ជាមួយនឹងពួកជនមានអធ្យាស្រ័យថោកទាប ពួកជនមានអធ្យាស្រ័យល្អ នឹងត្រូវគ្នា នឹងសមគ្នា ជាមួយនឹងពួកជនមានអធ្យាស្រ័យល្អ។ ម្នាលភិក្ខុទាំងឡាយ សូម្បីក្នុងបច្ចុប្បន្នកាលនេះ សត្វទាំងឡាយ ត្រូវគ្នា សមគ្នា ដោយធាតុ គឺ ពួកជនមានអធ្យាស្រ័យថោកទាប ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានអធ្យាស្រ័យថោកទាប ពួកជនមានអធ្យាស្រ័យល្អ ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានអធ្យាស្រ័យល្អ។

ចប់ សូត្រ ទី៥។

(សគាថា)សូត្រ ទី៦

(៦. សគាថាសុត្តំ)

[៣៦] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ …. ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ សត្វទាំងឡាយ ត្រូវគ្នា សមគ្នា ដោយធាតុ គឺពួកជនមានអធ្យាស្រ័យថោកទាប ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានអធ្យាស្រ័យថោកទាប។ ម្នាលភិក្ខុទាំងឡាយ សូម្បីក្នុងអតីតកាល សត្វទាំងឡាយ ត្រូវគ្នា សមគ្នា ដោយធាតុ គឺពួកជនមានអធ្យាស្រ័យថោកទាប ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានអធ្យាស្រ័យថោកទាប។ ម្នាលភិក្ខុទាំងឡាយ សូម្បីក្នុងអនាគតកាល សត្វទាំងឡាយ នឹងត្រូវគ្នា នឹងសមគ្នា ដោយធាតុ គឺពួកជនមានអធ្យាស្រ័យថោកទាប នឹងត្រូវគ្នា នឹងសមគ្នា ជាមួយនឹងពួកជនមានអធ្យាស្រ័យថោកទាប។ ម្នាលភិក្ខុទាំងឡាយ សូម្បីក្នុងបច្ចុប្បន្នកាលនេះ សត្វទាំងឡាយ តែងត្រូវគ្នា សមគ្នា ដោយធាតុ គឺ ពួកជនមានអធ្យាស្រ័យថោកទាប រមែងត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានអធ្យាស្រ័យថោកទាប។

[៣៧] ម្នាលភិក្ខុទាំងឡាយ លាមក ត្រូវគ្នា សមគ្នា ដោយលាមក មូត្រ ត្រូវគ្នា សមគ្នា ដោយមូត្រ ទឹកមាត់ ត្រូវគ្នា សមគ្នា ដោយទឹកមាត់ ខ្ទុះ ត្រូវគ្នា សមគ្នា ដោយខ្ទុះ ឈាម ត្រូវគ្នា សមគ្នា ដោយឈាម យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ សត្វទាំងឡាយ ត្រូវគ្នា សមគ្នា ដោយធាតុ គឺ ពួកជនមានអធ្យាស្រ័យថោកទាប តែងត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានអធ្យាស្រ័យថោកទាប សូម្បីក្នុងអតីតកាល… សូម្បីក្នុងអនាគតកាល… សូម្បីក្នុងបច្ចុប្បន្នកាលនេះ សត្វទាំងឡាយ ត្រូវគ្នា សមគ្នា ដោយធាតុ គឺពួកជនមានអធ្យាស្រ័យថោកទាប តែងត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានអធ្យាស្រ័យថោកទាប យ៉ាងនោះឯង។

[៣៨] ម្នាលភិក្ខុទាំងឡាយ សត្វទាំងឡាយ ត្រូវគ្នា សមគ្នា ដោយធាតុ គឺពួកជនមានអធ្យាស្រ័យល្អ ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានអធ្យាស្រ័យល្អ។ ម្នាលភិក្ខុទាំងឡាយ សូម្បីក្នុងអតីតកាល សត្វទាំងឡាយ ត្រូវគ្នា សមគ្នា ដោយធាតុ គឺពួកជនមានអធ្យាស្រ័យល្អ ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានអធ្យាស្រ័យល្អ។ ម្នាលភិក្ខុទាំងឡាយ សូម្បីក្នុងអនាគតកាល សត្វទាំងឡាយ នឹងត្រូវគ្នា នឹងសមគ្នា ដោយធាតុ គឺពួកជនមានអធ្យាស្រ័យល្អ នឹងត្រូវគ្នា នឹងសមគ្នា ជាមួយនឹងពួកជនមានអធ្យាស្រ័យល្អ។ ម្នាលភិក្ខុទាំងឡាយ សូម្បីក្នុងបច្ចុប្បន្នកាលនេះ សត្វទាំងឡាយ ត្រូវគ្នា សមគ្នា ដោយធាតុ គឺពួកជនមានអធ្យាស្រ័យល្អ តែងត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានអធ្យាស្រ័យល្អ។

[៣៩] ម្នាលភិក្ខុទាំងឡាយ ទឹកដោះស្រស់ ត្រូវគ្នា សមគ្នា ដោយទឹកដោះស្រស់ ប្រេង ត្រូវគ្នា សមគ្នា ដោយប្រេង ទឹកដោះរាវ ត្រូវគ្នា សមគ្នា ដោយទឹកដោះរាវ ទឹកឃ្មុំ ត្រូវគ្នា សមគ្នា ដោយទឹកឃ្មុំ ទឹកអំពៅ ត្រូវគ្នា សមគ្នា ដោយទឹកអំពៅ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ សត្វទាំងឡាយ ត្រូវគ្នា សមគ្នា ដោយធាតុ គឺពួកជនមានអធ្យាស្រ័យល្អ ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានអធ្យាស្រ័យល្អ សូម្បីក្នុងអតីតកាល… សូម្បីក្នុងអនាគតកាល… សូម្បីក្នុងបច្ចុប្បន្នកាលនេះ សត្វទាំងឡាយ ត្រូវគ្នា សមគ្នា ដោយធាតុ គឺពួកជនមានអធ្យាស្រ័យល្អ ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានអធ្យាស្រ័យល្អ ក៏យ៉ាងនោះឯង។

[៤០] ព្រះមានព្រះភាគ ទ្រង់ត្រាស់ពាក្យនេះហើយ លុះព្រះសុគត ជាសាស្តា ទ្រង់ត្រាស់ពាក្យនេះហើយ ក៏ទ្រង់ត្រាស់គាថានេះ តទៅទៀតថា

ព្រៃគឺកិលេសដុះឡើង ព្រោះការច្រឡូកច្រឡំ ព្រៃគឺកិលេសដាច់ទៅ ព្រោះការមិនច្រឡូកច្រឡំ បុគ្គលឡើងឈើទាប មុខជាលិចចុះក្នុងអន្លង់ធំ យ៉ាងណាមិញ បុគ្គលអាស្រ័យនឹងជនខ្ជិលច្រអូស ទោះបីចិញ្ចឹមជីវិតដោយស្រួល ក៏រមែងលិចចុះទៅ យ៉ាងនោះឯង ហេតុដូច្នោះ បុគ្គលគប្បីវៀរស្រឡះចាកបុគ្គលខ្ជិលច្រអូស មានសេចក្តីព្យាយាមថោកទាបនោះចេញ គប្បីនៅជាមួយនឹងជនជាបណ្ឌិត អ្នកស្ងប់ស្ងាត់ អ្នកប្រសើរ អ្នកមានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន អ្នកមានឈាន អ្នកផ្តើមព្យាយាមជានិច្ច។

ចប់សូត្រទី៦។

(អស្សទ្ធសំសន្ទន)សូត្រ ទី៧

(៧. អស្សទ្ធសំសន្ទនសុត្តំ)

[៤១] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ… ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ សត្វទាំងឡាយ ត្រូវគ្នា សមគ្នា ដោយធាតុ គឺពួកជនមិនមានសទ្ធា ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមិនមានសទ្ធា ពួកជនមិនខ្មាសបាប ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមិនខ្មាសបាប ពួកជនមិនខ្លាចបាប ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមិនខ្លាចបាប ពួកជនមិនចេះដឹង ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមិនចេះដឹង ពួកជនខ្ជិលច្រអូស ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនខ្ជិលច្រអូស ពួកជនវង្វេងស្មារតី ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនវង្វេងស្មារតី ពួកជនមិនមានបញ្ញា ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមិនមានបញ្ញា។ (ពួកជនមានសទ្ធា ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានសទ្ធា ពួកជនមានចិត្តខ្មាសបាប ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានចិត្តខ្មាសបាប ពួកជនមានសេចក្តីខ្លាចបាប ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានសេចក្តីខ្លាចបាប ពួកជនអ្នកចេះដឹងច្រើន ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនអ្នកចេះដឹងច្រើន ពួកជនប្រារព្ធព្យាយាម ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនប្រារព្ធព្យាយាម ពួកជនមានស្មារតីមាំមួន ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានស្មារតីមាំមួន ពួកជនមានបញ្ញា ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានបញ្ញា)។ ម្នាលភិក្ខុទាំងឡាយ សូម្បីក្នុងអតីតកាល សត្វទាំងឡាយ ត្រូវគ្នា សមគ្នា ដោយធាតុ គឺពួកជនមិនមានសទ្ធា ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមិនមានសទ្ធា ពួកជនមិនខ្មាសបាប ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមិនខ្មាសបាប ពួកជនមិនខ្លាចបាប ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមិនខ្លាចបាប ពួកជនមិនចេះដឹង ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមិនចេះដឹង ពួកជនខ្ជិលច្រអូស ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនខ្ជិលច្រអូស ពួកជនភ្លេចស្មារតី ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនភ្លេចស្មារតី ពួកជនឥតបញ្ញា ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនឥតបញ្ញា។ ម្នាលភិក្ខុទាំងឡាយ សូម្បីក្នុងអនាគតកាល សត្វទាំងឡាយ នឹងត្រូវគ្នា នឹងសមគ្នា ដោយធាតុ គឺពួកជនមិនមានសទ្ធា នឹងត្រូវគ្នា នឹងសមគ្នា ជាមួយនឹងពួកជនមិនមានសទ្ធា ពួកជនមិនខ្មាសបាប នឹងត្រូវគ្នា នឹងសមគ្នា ជាមួយនឹងពួកជនមិនខ្មាសបាប ពួកជនមិនខ្លាចបាប ជាមួយនឹងពួកជនមិនខ្លាចបាប… ពួកជនមិនចេះដឹង ជាមួយនឹងពួកជនមិនចេះដឹង… ពួកជនខ្ជិលច្រអូស ជាមួយនឹងពួកជនខ្ជិលច្រអូស… ពួកជនវង្វេងស្មារតី ជាមួយនឹងពួកជនវង្វេងស្មារតី… ពួកជនឥតបញ្ញា នឹងត្រូវគ្នា នឹងសមគ្នា ជាមួយនឹងពួកជនឥតបញ្ញា។ ម្នាលភិក្ខុទាំងឡាយ សូម្បីក្នុងបច្ចុប្បន្នកាលនេះ សត្វទាំងឡាយ ត្រូវគ្នា សមគ្នា ដោយធាតុ គឺពួកជនមិនមានសទ្ធា ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមិនមានសទ្ធា ពួកជនមិនខ្មាសបាប ជាមួយនឹងពួកជនមិនខ្មាសបាប។បេ។ ពួកជនមិនខ្លាចបាប ជាមួយនឹងពួកជនមិនខ្លាចបាប… ពួកជនមិនចេះដឹង ជាមួយនឹងពួកជនមិនចេះដឹង ពួកជនខ្ជិលច្រអូស ជាមួយនឹងពួកជនខ្ជិលច្រអូស… ពួកជនវង្វេងស្មារតី ជាមួយនឹងពួកជនវង្វេងស្មារតី… ពួកជនឥតបញ្ញា ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនឥតបញ្ញា។

[៤២] ម្នាលភិក្ខុទាំងឡាយ សត្វទាំងឡាយ ត្រូវគ្នា សមគ្នា ដោយធាតុ គឺពួកជនមានសទ្ធា ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានសទ្ធា ពួកជនមានចិត្តខ្មាសបាប ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានចិត្តខ្មាសបាប ពួកជនមានសេចក្តីខ្លាចបាប ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានសេចក្តីខ្លាចបាប ពួកជនអ្នកចេះដឹងច្រើន ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនអ្នកចេះដឹងច្រើន ពួកជនប្រារព្ធព្យាយាម ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនប្រារព្ធព្យាយាម ពួកជនមានស្មារតីតម្កល់មាំ ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានស្មារតីតម្កល់មាំ ពួកជនមានបញ្ញា ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានបញ្ញា។ ម្នាលភិក្ខុទាំងឡាយ សូម្បីក្នុងអតីតកាល។បេ។ ម្នាលភិក្ខុទាំងឡាយ សូម្បីក្នុងអនាគតកាល។បេ។ ម្នាលភិក្ខុទាំងឡាយ សូម្បីក្នុងបច្ចុប្បន្នកាលនេះ។បេ។ ត្រូវគ្នា សមគ្នា។

ចប់ សូត្រ ទី៧។

(អស្សទ្ធមូលក)សូត្រ ទី៨

(៨. អស្សទ្ធមូលកសុត្តំ)

[៤៣] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ សត្វទាំងឡាយ ត្រូវគ្នា សមគ្នា ដោយធាតុ គឺពួកជនមិនមានសទ្ធា ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមិនមានសទ្ធា ពួកជនមិនខ្មាសបាប ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមិនខ្មាសបាប ពួកជនមិនមានបញ្ញា ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមិនមានបញ្ញា។ ពួកជនមានសទ្ធា ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានសទ្ធា ពួកជនមានចិត្តខ្មាសបាប ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានចិត្តខ្មាសបាប ពួកជនមានបញ្ញា ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានបញ្ញា។ ម្នាលភិក្ខុទាំងឡាយ សូម្បីក្នុងអតីតកាល សត្វទាំងឡាយ ត្រូវគ្នា សមគ្នា ដោយធាតុ។បេ។ ម្នាលភិក្ខុទាំងឡាយ សូម្បីក្នុងអនាគតកាល សត្វទាំងឡាយ នឹងត្រូវគ្នា នឹងសមគ្នា ដោយធាតុ។បេ។ ម្នាលភិក្ខុទាំងឡាយ សូម្បីក្នុងបច្ចុប្បន្នកាលនេះ សត្វទាំងឡាយ ត្រូវគ្នា សមគ្នា ដោយធាតុ គឺពួកជនមិនមានសទ្ធា ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមិនមានសទ្ធា ពួកជនមិនខ្មាសបាប ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមិនខ្មាសបាប ពួកជនឥតបញ្ញា ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនឥតបញ្ញា ពួកជនមានសទ្ធា ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានសទ្ធា ពួកជនមានចិត្តខ្មាសបាប ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានចិត្តខ្មាសបាប ពួកជនមានបញ្ញា ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានបញ្ញា។

[៤៤] ម្នាលភិក្ខុទាំងឡាយ សត្វទាំងឡាយ ត្រូវគ្នា សមគ្នា ដោយធាតុ គឺពួកជនមិនមានសទ្ធា ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមិនមានសទ្ធា ពួកជនមិនខ្លាចបាប ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមិនខ្លាចបាប ពួកជនមិនមានបញ្ញា ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមិនមានបញ្ញា។ ពួកជនមានសទ្ធា ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានសទ្ធា ពួកជនមានសេចក្តីខ្លាចបាប ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានសេចក្តីខ្លាចបាប ពួកជនមានបញ្ញា ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានបញ្ញា។

[៤៥] ពួកជនមិនមានសទ្ធា ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមិនមានសទ្ធា ពួកជនមិនចេះដឹង ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមិនចេះដឹង ពួកជនឥតបញ្ញា ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនឥតបញ្ញា។ ពួកជនមានសទ្ធា ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានសទ្ធា ពួកជនអ្នកចេះដឹងច្រើន ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនអ្នកចេះដឹងច្រើន ពួកជនមានបញ្ញា ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានបញ្ញា។

[៤៦] ពួកជនមិនមានសទ្ធា ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមិនមានសទ្ធា ពួកជនខ្ជិលច្រអូស ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនខ្ជិលច្រអូស ពួកជនឥតបញ្ញា ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនឥតបញ្ញា។ ពួកជនមានសទ្ធា ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានសទ្ធា ពួកជនប្រារព្ធព្យាយាម ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនប្រារព្ធព្យាយាម ពួកជនមានបញ្ញា ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានបញ្ញា។

[៤៧] ពួកជនមិនមានសទ្ធា តែងត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមិនមានសទ្ធា ពួកជនវង្វេងស្មារតី ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនវង្វេងស្មារតី ពួកជនឥតបញ្ញា ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនឥតបញ្ញា។ ពួកជនមានសទ្ធា ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានសទ្ធា ពួកជនមានស្មារតីតម្កល់មាំ ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានស្មារតីតម្កល់មាំ ពួកជនមានបញ្ញា ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានបញ្ញា។

ចប់ សូត្រ ទី៨។

(អហិរិកមូលក)សូត្រ ទី៩

(៩. អហិរិកមូលកសុត្តំ)

[៤៨] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ សត្វទាំងឡាយ ត្រូវគ្នា សមគ្នា ដោយធាតុ គឺពួកជនមិនខ្មាសបាប ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមិនខ្មាសបាប ពួកជនមិនខ្លាចបាប ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមិនខ្លាចបាប ពួកជនឥតបញ្ញា ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនឥតបញ្ញា។ ពួកជនមានចិត្តខ្មាសបាប ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានចិត្តខ្មាសបាប ពួកជនខ្លាចបាប ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនខ្លាចបាប ពួកជនមានបញ្ញា ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានបញ្ញា។

[៤៩] ពួកជនមិនខ្មាសបាប ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមិនខ្មាសបាប ពួកជនមិនចេះដឹង ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមិនចេះដឹង ពួកជនឥតបញ្ញា ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនឥតបញ្ញា។ ពួកជនមានចិត្តខ្មាសបាប ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានចិត្តខ្មាសបាប ពួកជនអ្នកចេះដឹងច្រើន ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនអ្នកចេះដឹងច្រើន ពួកជនមានបញ្ញា ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានបញ្ញា។

[៥០] ពួកជនមិនខ្មាសបាប ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមិនខ្មាសបាប ពួកជនខ្ជិលច្រអូស ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនខ្ជិលច្រអូស ពួកជនឥតបញ្ញា ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនឥតបញ្ញា។ ពួកជនមានចិត្តខ្មាសបាប ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានចិត្តខ្មាសបាប ពួកជនប្រារព្ធព្យាយាម ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនប្រារព្ធព្យាយាម ពួកជនមានបញ្ញា ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានបញ្ញា។

[៥១] ពួកជនមិនខ្មាសបាប ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមិនខ្មាសបាប ពួកជនវង្វេងស្មារតី ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនវង្វេងស្មារតី ពួកជនឥតបញ្ញា ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនឥតបញ្ញា។ ពួកជនមានចិត្តខ្មាសបាប ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានចិត្តខ្មាសបាប ពួកជនមានស្មារតីតម្កល់មាំ ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានស្មារតីតម្កល់មាំ ពួកជនមានបញ្ញា ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានបញ្ញា។

ចប់ សូត្រ ទី៩។

(អនោត្តប្បមូលក)សូត្រ ទី១០

(១០. អនោត្តប្បមូលកសុត្តំ)

[៥២] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ… ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ សត្វទាំងឡាយ ត្រូវគ្នា សមគ្នា ដោយធាតុ គឺពួកជនមិនខ្លាចបាប ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមិនខ្លាចបាប ពួកជនមិនចេះដឹង ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមិនចេះដឹង ពួកជនឥតបញ្ញា ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនឥតបញ្ញា។ ពួកជនខ្លាចបាប ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនខ្លាចបាប ពួកជនអ្នកចេះដឹងច្រើន ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនអ្នកចេះដឹងច្រើន ពួកជនមានបញ្ញា ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានបញ្ញា។

[៥៣] ពួកជនមិនខ្លាចបាប ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមិនខ្លាចបាប ពួកជនខ្ជិលច្រអូស ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនខ្ជិលច្រអូស ពួកជនឥតបញ្ញា ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនឥតបញ្ញា។ ពួកជនខ្លាចបាប ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនខ្លាចបាប ពួកជនប្រារព្ធព្យាយាម ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនប្រារព្ធព្យាយាម ពួកជនមានបញ្ញា ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានបញ្ញា។

[៥៤] ពួកជនមិនខ្លាចបាប ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមិនខ្លាចបាប ពួកជនវង្វេងស្មារតី ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនវង្វេងស្មារតី ពួកជនឥតបញ្ញា ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនឥតបញ្ញា។ ពួកជនខ្លាចបាប ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនខ្លាចបាប ពួកជនមានស្មារតីតម្កល់មាំ ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានស្មារតីតម្កល់មាំ ពួកជនមានបញ្ញា ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានបញ្ញា។

ចប់ សូត្រ ទី១០។

(អប្បស្សុតមូលក)សូត្រ ទី១១

(១១. អប្បស្សុតមូលកសុត្តំ)

[៥៥] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ… ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ សត្វទាំងឡាយ ត្រូវគ្នា សមគ្នា ដោយធាតុ គឺពួកជនមិនចេះដឹង ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមិនចេះដឹង ពួកជនខ្ជិលច្រអូស ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនខ្ជិលច្រអូស ពួកជនឥតបញ្ញា ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនឥតបញ្ញា។ ពួកជនអ្នកចេះដឹងច្រើន ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនអ្នកចេះដឹងច្រើន ពួកជនប្រារព្ធព្យាយាម ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនប្រារព្ធព្យាយាម ពួកជនមានបញ្ញា ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានបញ្ញា។

[៥៦] ពួកជនមិនចេះដឹង ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមិនចេះដឹង ពួកជនវង្វេងស្មារតី ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនវង្វេងស្មារតី ពួកជនឥតបញ្ញា ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនឥតបញ្ញា។ ពួកជនអ្នកចេះដឹងច្រើន ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនអ្នកចេះដឹងច្រើន ពួកជនមានស្មារតីតម្កល់មាំ ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានស្មារតីតម្កល់មាំ ពួកជនមានបញ្ញា ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានបញ្ញា។

ចប់ សូត្រ ទី១១។

(កុសីតមូលក)សូត្រ ទី១២

(១២. កុសីតមូលកសុត្តំ)

[៥៧] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ… ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ សត្វទាំងឡាយ ត្រូវគ្នា សមគ្នា ដោយធាតុ គឺពួកជនខ្ជិលច្រអូស ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនខ្ជិលច្រអូស ពួកជនវង្វេងស្មារតី ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនវង្វេងស្មារតី ពួកជនឥតបញ្ញា ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនឥតបញ្ញា។ ពួកជនប្រារព្ធព្យាយាម ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនប្រារព្ធព្យាយាម ពួកជនមានស្មារតីតម្កល់មាំ ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានស្មារតីតម្កល់មាំ ពួកជនមានបញ្ញា ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានបញ្ញា។

ចប់សូត្រទី១២។

(អតីត អនាគត បច្ចុប្បន្ន បណ្ឌិតគប្បីធ្វើយ៉ាងនេះគ្រប់អន្លើ)។

ចប់ សត្តធាតុវគ្គ ទី២។

ឧទ្ទាននៃសត្តធាតុវគ្គនោះគឺ

សម្តែងអំពីធាតុ៧យ៉ាង អំពីវិតក្កៈប្រកបដោយហេតុ ទើបកើតឡើង អំពីព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងមហាប្រាសាទធ្វើដោយឥដ្ឋ អំពីពួកសត្វមានអធ្យាស្រ័យថោកទាប អំពីការចង្ក្រម អំពីសូត្រទីប្រាំមួយ ព្រមទាំងគាថា សូត្រទីប្រាំពីរ អំពីជន៥ពួក មានជនមិនមានសទ្ធាជាមូល អំពីជន៤ពួក មានជនមិនមានសេចក្តីខ្មាសបាបជាមូល អំពីជន៣ពួក មានជនមិនមានសេចក្តីខ្លាចបាបជាមូល អំពីជន២ពួក ជាអ្នកមិនចេះដឹង អំពីជន១ពួក ជាអ្នកខ្ជិលច្រអូស រួបរួមបីប្រាំដង ត្រូវជា១៥ពួក មានមកហើយ ក្នុងព្រះសូត្រនេះ។

ទសកម្មបថវគ្គ ទី៣

(៣. កម្មបថវគ្គោ)

(អសមាហិតសុ)សូត្រ ទី១

(១. អសមាហិតសុត្តំ)

[៥៨] ទ្រង់គង់នៅទៀបក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ… ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ សត្វទាំងឡាយត្រូវគ្នា សមគ្នា3) ដោយធាតុជាប្រាកដ ពួកសត្វមិនមានសទ្ធា ត្រូវគ្នា សមគ្នា នឹងពួកសត្វមិនមានសទ្ធា ពួកសត្វមិនមានសេចក្តីខ្មាសបាប ត្រូវគ្នា សមគ្នា នឹងពួកសត្វមិនមានសេចក្តីខ្មាសបាប ពួកសត្វមិនមានសេចក្តីខ្លាចបាប ត្រូវគ្នា សមគ្នា នឹងពួកសត្វមិនមានសេចក្តីខ្លាចបាប ពួកសត្វមិនបានតាំងចិត្តនឹង ត្រូវគ្នា សមគ្នា នឹងពួកសត្វមិនបានតាំងចិត្តនឹង ពួកសត្វគ្មានប្រាជ្ញា ត្រូវគ្នា សមគ្នា នឹងពួកសត្វគ្មានប្រាជ្ញា។ ពួកសត្វមានសទ្ធា ត្រូវគ្នា សមគ្នា នឹងពួកសត្វមានសទ្ធា ពួកសត្វមានចិត្តខ្មាសបាប ត្រូវគ្នា សមគ្នា នឹងពួកសត្វមានចិត្តខ្មាសបាប ពួកសត្វមានសេចក្តីខ្លាចបាប ត្រូវគ្នា សមគ្នា នឹងពួកសត្វមានសេចក្តីខ្លាចបាប ពួកសត្វមានចិត្តតាំងនឹង ត្រូវគ្នា សមគ្នា នឹងពួកសត្វមានចិត្តតាំងនឹង ពួកសត្វមានប្រាជ្ញា ត្រូវគ្នា សមគ្នា នឹងពួកសត្វមានប្រាជ្ញា។

ចប់ សូត្រ ទី១។

(ទុស្សីល)សូត្រ ទី២

(២. ទុស្សីលសុត្តំ)

[៥៩] ទ្រង់គង់នៅទៀបក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ… ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ សត្វទាំងឡាយ ត្រូវគ្នា សមគ្នា ដោយធាតុជាប្រាកដ ពួកសត្វមិនមានសទ្ធា ត្រូវគ្នា សមគ្នា នឹងពួកសត្វមិនមានសទ្ធា ពួកសត្វមិនមានសេចក្តីខ្មាសបាប ត្រូវគ្នា សមគ្នា នឹងពួកសត្វមិនមានសេចក្តីខ្មាសបាប ពួកសត្វមិនមានសេចក្តីខ្លាចបាប ត្រូវគ្នា សមគ្នា នឹងពួកសត្វមិនមានសេចក្តីខ្លាចបាប ពួកសត្វទ្រុស្តសីល ត្រូវគ្នា សមគ្នា នឹងពួកសត្វទ្រុស្តសីល ពួកសត្វគ្មានប្រាជ្ញា ត្រូវគ្នា សមគ្នា នឹងពួកសត្វគ្មានប្រាជ្ញា។ ពួកសត្វមានសទ្ធា ត្រូវគ្នា សមគ្នា នឹងពួកសត្វមានសទ្ធា ពួកសត្វមានចិត្តខ្មាសបាប ត្រូវគ្នា សមគ្នា នឹងពួកសត្វមានចិត្តខ្មាសបាប ពួកសត្វមានសេចក្តីខ្លាចបាប ត្រូវគ្នា សមគ្នា នឹងពួកសត្វមានសេចក្តីខ្លាចបាប ពួកសត្វមានសីល ត្រូវគ្នា សមគ្នា នឹងពួកសត្វមានសីល ពួកសត្វមានប្រាជ្ញា ត្រូវគ្នា សមគ្នា នឹងពួកសត្វមានប្រាជ្ញា។

ចប់ សូត្រ ទី២។

(បញ្ចសិក្ខាបទ)សូត្រ ទី៣

(៣. បញ្ចសិក្ខាបទសុត្តំ)

[៦០] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ ក្នុងទីនោះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ក៏ទទួលព្រះពុទ្ធដីកា របស់ព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន។

[៦១] ព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ សត្វទាំងឡាយ ត្រូវគ្នា សមគ្នា ដោយធាតុជាប្រាកដ ពួកសត្វអ្នកសម្លាប់សត្វ ត្រូវគ្នា សមគ្នា នឹងពួកសត្វអ្នកសម្លាប់សត្វ ពួកសត្វអ្នកលួចទ្រព្យគេ ត្រូវគ្នា សមគ្នា នឹងពួកសត្វអ្នកលួចទ្រព្យគេ ពួកសត្វប្រព្រឹត្តខុសក្នុងកាមទាំងឡាយ ត្រូវគ្នា សមគ្នា នឹងពួកសត្វប្រព្រឹត្តខុសក្នុងកាមទាំងឡាយ ពួកសត្វនិយាយពាក្យកុហក ត្រូវគ្នា សមគ្នា នឹងពួកសត្វនិយាយពាក្យកុហក ពួកសត្វដែលប្រកបដោយហេតុជាទីតាំងនៃសេចក្តីប្រមាទ គឺផឹកទឹកស្រវឹង គឺសុរានិងមេរ័យ ត្រូវគ្នា សមគ្នា នឹងពួកសត្វដែលប្រកបដោយហេតុជាទីតាំងនៃសេចក្តីប្រមាទ គឺផឹកទឹកស្រវឹង គឺសុរានិងមេរ័យ។

[៦២] ពួកសត្វវៀរចាកការសម្លាប់សត្វ ត្រូវគ្នា សមគ្នា នឹងពួកសត្វដែលវៀរចាកការសម្លាប់សត្វ ពួកសត្វវៀរចាកការលួចទ្រព្យគេ ត្រូវគ្នា សមគ្នា នឹងពួកសត្វដែលវៀរចាកការលួចទ្រព្យគេ ពួកសត្វវៀរចាកការប្រព្រឹត្តិខុស ក្នុងកាមទាំងឡាយ ត្រូវគ្នា សមគ្នា នឹងពួកសត្វដែលវៀរចាកការប្រព្រឹត្តិខុស ក្នុងកាមទាំងឡាយ ពួកសត្វវៀរចាកការនិយាយកុហក ត្រូវគ្នា សមគ្នា នឹងពួកសត្វដែលវៀរចាកការនិយាយកុហក ពួកសត្វវៀរចាកហេតុជាទីតាំង នៃសេចក្តីប្រមាទ គឺផឹកទឹកស្រវឹង គឺសុរា និងមេរ័យ ត្រូវគ្នា សមគ្នា នឹងពួកសត្វដែលវៀរចាកហេតុជាទីតាំង នៃសេចក្តីប្រមាទ គឺផឹកទឹកស្រវឹង គឺសុរា និងមេរ័យ។

ចប់ សូត្រ ទី៣។

(សត្តកម្មបថ)សូត្រ ទី៤

(៤. សត្តកម្មបថសុត្តំ)

[៦៣] ទ្រង់គង់នៅទៀបក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ… ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ សត្វទាំងឡាយ ត្រូវគ្នា សមគ្នា ដោយធាតុជាប្រាកដ ពួកសត្វអ្នកសម្លាប់សត្វ ត្រូវគ្នា សមគ្នា នឹងពួកសត្វអ្នកសម្លាប់សត្វ ពួកសត្វអ្នកលួចទ្រព្យគេ ត្រូវគ្នា សមគ្នា នឹងពួកសត្វអ្នកលួចទ្រព្យគេ ពួកសត្វប្រព្រឹត្តខុស ក្នុងកាមទាំងឡាយ ត្រូវគ្នា សមគ្នា នឹងពួកសត្វប្រព្រឹត្តខុស ក្នុងកាមទាំងឡាយ ពួកសត្វនិយាយពាក្យកុហក ត្រូវគ្នា សមគ្នា នឹងពួកសត្វនិយាយពាក្យកុហក ពួកសត្វនិយាយពាក្យញុះញង់ ត្រូវគ្នា សមគ្នា នឹងពួកសត្វនិយាយពាក្យញុះញង់ ពួកសត្វនិយាយពាក្យទ្រគោះ ត្រូវគ្នា សមគ្នា នឹងពួកសត្វនិយាយពាក្យទ្រគោះ ពួកសត្វនិយាយពាក្យរោយរាយឥតប្រយោជន៍ ត្រូវគ្នា សមគ្នា នឹងពួកសត្វដែលនិយាយពាក្យរោយរាយឥតប្រយោជន៍។

[៦៤] ពួកសត្វវៀរចាកការសម្លាប់សត្វ… វៀរចាកការលួចទ្រព្យគេ… វៀរចាកការប្រព្រឹត្តិខុស ក្នុងកាមទាំងឡាយ… វៀរចាកការនិយាយពាក្យកុហក… វៀរចាកការនិយាយពាក្យញុះញង់ ត្រូវគ្នា សមគ្នា នឹងពួកសត្វដែលវៀរចាកការនិយាយពាក្យញុះញង់ ពួកសត្វវៀរចាកការនិយាយពាក្យទ្រគោះ ត្រូវគ្នា សមគ្នា នឹងពួកសត្វដែលវៀរចាកការនិយាយពាក្យទ្រគោះ ពួកសត្វវៀរចាកការនិយាយពាក្យរោយរាយឥតប្រយោជន៍ ត្រូវគ្នា សមគ្នា នឹងពួកសត្វដែលវៀរចាកការនិយាយពាក្យរោយរាយឥតប្រយោជន៍។

ចប់ សូត្រ ទី៤។

(ទសកម្មបថ)សូត្រ ទី៥

(៥. ទសកម្មបថសុត្តំ)

[៦៥] ទ្រង់គង់នៅទៀបក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ… ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ សត្វទាំងឡាយ ត្រូវគ្នា សមគ្នា ដោយធាតុជាប្រាកដ ពួកសត្វអ្នកសម្លាប់សត្វ ត្រូវគ្នា សមគ្នា នឹងពួកសត្វអ្នកសម្លាប់សត្វ ពួកសត្វអ្នកលួចទ្រព្យគេ… ប្រព្រឹត្តខុស ក្នុងកាមទាំងឡាយ… និយាយពាក្យកុហក… និយាយពាក្យញុះញង់… និយាយពាក្យទ្រគោះ… និយាយពាក្យរោយរាយឥតប្រយោជន៍ ត្រូវគ្នា សមគ្នា នឹងពួកសត្វនិយាយពាក្យរោយរាយឥតប្រយោជន៍ ពួកសត្វមានសេចក្តីលោភច្រើន ត្រូវគ្នា សមគ្នា នឹងពួកសត្វមានសេចក្តីលោភច្រើន ពួកសត្វមានចិត្តព្យាបាទ ត្រូវគ្នា សមគ្នា នឹងពួកសត្វមានចិត្តព្យាបាទ ពួកសត្វជាមិច្ឆាទិដ្ឋិ ត្រូវគ្នា សមគ្នា នឹងពួកសត្វជាមិច្ឆាទិដ្ឋិ។

[៦៦] ពួកសត្វវៀរចាកការសម្លាប់សត្វ ត្រូវគ្នា សមគ្នា នឹងពួកសត្វវៀរចាកការសម្លាប់សត្វ ពួកសត្វវៀរចាកការលួចទ្រព្យគេ… វៀរចាកការប្រព្រឹត្តិខុស ក្នុងកាមទាំងឡាយ… វៀរចាកការនិយាយពាក្យកុហក… វៀរចាកការនិយាយពាក្យញុះញង់… វៀរចាកការនិយាយពាក្យទ្រគោះ… ពួកសត្វវៀរចាកការនិយាយពាក្យរោយរាយឥតប្រយោជន៍ ត្រូវគ្នា សមគ្នា នឹងពួកសត្វវៀរចាកការនិយាយពាក្យរោយរាយឥតប្រយោជន៍ ពួកសត្វមិនមានសេចក្តីលោភច្រើន ត្រូវគ្នា សមគ្នា នឹងពួកសត្វមិនមានសេចក្តីលោភច្រើន ពួកសត្វមានចិត្តមិនព្យាបាទ ត្រូវគ្នា សមគ្នា នឹងពួកសត្វមានចិត្តមិនព្យាបាទ ពួកសត្វជាសម្មាទិដ្ឋិ ត្រូវគ្នា សមគ្នា នឹងពួកសត្វជាសម្មាទិដ្ឋិ។

ចប់ សូត្រ ទី៥។

(អដ្ឋង្គិក)សូត្រ ទី៦

(៦. អដ្ឋង្គិកសុត្តំ)

[៦៧] ទ្រង់គង់នៅទៀបក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ… ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ សត្វទាំងឡាយ ត្រូវគ្នា សមគ្នា ដោយធាតុជាប្រាកដ ពួកសត្វមានទិដ្ឋិខុស ត្រូវគ្នា សមគ្នា នឹងពួកសត្វដែលមានទិដ្ឋិខុស ពួកសត្វមានសេចក្តីត្រិះរិះខុស… មានវាចាខុស… មានការងារខុស… មានការចិញ្ចឹមជីវិតខុស… មានព្យាយាមខុស… មានសតិខុស… មានសមាធិខុស ត្រូវគ្នា សមគ្នា នឹងពួកសត្វដែលមានសមាធិខុស។

[៦៨] ពួកសត្វមានទិដ្ឋិត្រូវ ត្រូវគ្នា សមគ្នា នឹងពួកសត្វមានទិដ្ឋិត្រូវ ពួកសត្វមានសេចក្តីត្រិះរិះត្រូវ… មានវាចាត្រូវ… មានការងារត្រូវ… មានការចិញ្ចឹមជីវិតត្រូវ… មានព្យាយាមត្រូវ… មានសតិត្រូវ… ពួកសត្វមានសមាធិត្រូវ ត្រូវគ្នា សមគ្នា នឹងពួកសត្វមានសមាធិត្រូវ។

ចប់ សូត្រ ទី៦។

(ទសង្គ)សូត្រ ទី៧

(៧. ទសង្គសុត្តំ)

[៦៩] ទ្រង់គង់នៅទៀបក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ… ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ សត្វទាំងឡាយ ត្រូវគ្នា សមគ្នា ដោយធាតុជាប្រាកដ ពួកសត្វមានទិដ្ឋិខុស ត្រូវគ្នា សមគ្នា នឹងពួកសត្វមានទិដ្ឋិខុស ពួកសត្វមានសេចក្តីត្រិះរិះខុស… មានវាចាខុស… មានការងារខុស… មានការចិញ្ចឹមជីវិតខុស… មានព្យាយាមខុស… មានសតិខុស… ពួកសត្វមានសមាធិខុស ត្រូវគ្នា សមគ្នា នឹងពួកសត្វមានសមាធិខុស ពួកសត្វមានញាណខុស ត្រូវគ្នា សមគ្នា នឹងពួកសត្វមានញាណខុស ពួកសត្វមានវិមុត្តិខុស ត្រូវគ្នា សមគ្នា នឹងពួកសត្វមានវិមុត្តិខុស។

[៧០] ពួកសត្វមានទិដ្ឋិត្រូវ ត្រូវគ្នា សមគ្នា នឹងពួកសត្វមានទិដ្ឋិត្រូវ ពួកសត្វមានសេចក្តីត្រិះរិះត្រូវ… មានវាចាត្រូវ… មានការងារត្រូវ… មានការចិញ្ចឹមជីវិតត្រូវ… មានព្យាយាមត្រូវ… មានសតិត្រូវ… មានសមាធិត្រូវ… ពួកសត្វមានញាណត្រូវ ត្រូវគ្នា សមគ្នា នឹងពួកសត្វមានញាណត្រូវ ពួកសត្វមានវិមុត្តិត្រូវ ត្រូវគ្នា សមគ្នា នឹងពួកសត្វមានវិមុត្តិត្រូវ។

ចប់សូត្រទី៧។

(អតីត អនាគត និងបច្ចុប្បន្ន បណ្ឌិតគប្បីធ្វើសព្វអន្លើផងចុះ)។

ឧទ្ទាននៃសូត្រទាំង៧គឺ

ការមិនបានតាំងចិត្តឲ្យនឹង ការទ្រុស្តសីល សិក្ខាបទ៥ កម្មបថ៧ លោកបានពោលហើយ មួយអន្លើដោយកម្មបថ១០ សូត្រទី៦ និយាយពីមគ្គប្រកបដោយអង្គ៨ លោកបានពោលហើយ មួយអន្លើដោយអង្គទាំង១០ ក្នុងសូត្រទី៧។

ចប់ ទសកម្មបថវគ្គ ទី៣។

ចតុទ្ធាតុវគ្គ ទី៤

(៤. ចតុត្ថវគ្គោ)

(ចតុធាតុ)សូត្រ ទី១

(១. ចតុធាតុសុត្តំ)

[៧១] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ធាតុនេះមាន៤។ ធាតុ៤ តើដូចម្តេច។ គឺបឋវីធាតុ១ អាបោធាតុ១ តេជោធាតុ១ វាយោធាតុ១។ ម្នាលភិក្ខុទាំងឡាយ ធាតុមាន៤ប្រការនេះឯង។

ចប់ សូត្រ ទី១។

(បុព្វេសម្ពោធ)សូត្រ ទី២

(២. បុព្វេសម្ពោធសុត្តំ)

[៧២] ម្នាលភិក្ខុទាំងឡាយ ក្នុងកាលមុន អំពីកាលត្រាស់ដឹង តថាគតនៅជាពោធិសត្វ មិនទាន់បានត្រាស់ដឹងនៅឡើយ មានសេចក្តីត្រិះរិះយ៉ាងនេះថា បឋវីធាតុ មានអានិសង្ស ដូចម្តេចហ្ន៎ មានទោសដូចម្តេច មានការរលាស់ចេញដូចម្តេច អាបោធាតុ មានអានិសង្សដូចម្តេច មានទោសដូចម្តេច មានការរលាស់ចេញដូចម្តេច តេជោធាតុ មានអានិសង្សដូចម្តេច មានទោសដូចម្តេច មានការរលាស់ចេញដូចម្តេច វាយោធាតុ មានអានិសង្សដូចម្តេច មានទោសដូចម្តេច មានការរលាស់ចេញដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ តថាគតមានសេចក្តីត្រិះរិះ យ៉ាងនេះថា សេចក្តីសុខ និងសោមនស្សណា កើតឡើង ព្រោះអាស្រ័យបឋវីធាតុ នេះជា អានិសង្ស នៃបឋវីធាតុ បឋវីធាតុណា មិនទៀង ជាទុក្ខ មានសភាពប្រែប្រួល នេះជាទោសរបស់បឋវីធាតុ ការបន្ទោបង់នូវសេចក្តីត្រេកត្រអាល ការលះបង់នូវសេចក្តីត្រេកត្រអាលណា ក្នុងបឋវីធាតុ នេះជាការរលាស់ចោលនូវបឋវីធាតុ។ សុខ និងសោមនស្សណា កើតឡើង ព្រោះអាស្រ័យអាបោធាតុ… ព្រោះអាស្រ័យតេជោធាតុ… ព្រោះអាស្រ័យវាយោធាតុ នេះជា អានិសង្ស នៃវាយោធាតុ វាយោធាតុណា មិនទៀង ជាទុក្ខ មានសភាពប្រែប្រួល នេះជាទោសរបស់វាយោធាតុ ការបន្ទោបង់នូវសេចក្តីត្រេកត្រអាល ការលះបង់នូវសេចក្តីត្រេកត្រអាលណា ក្នុងវាយោធាតុ នេះជាការរលាស់ចោលនូវវាយោធាតុ។

[៧៣] ម្នាលភិក្ខុទាំងឡាយ តថាគតមិនបានដឹងច្បាស់តាមពិតនូវអានិសង្ស ថាជាអានិសង្សផង នូវទោស ថាជាទោសផង នូវការរលាស់ចេញ ថាជាការរលាស់ចេញផង របស់ធាតុទាំង៤នេះ ដរាបណា ម្នាលភិក្ខុទាំងឡាយ តថាគតមិនទាន់ប្តេជ្ញាថា ជាអ្នកត្រាស់ដឹងនូវអនុត្តរសម្មាសម្ពោធិញ្ញាណក្នុងលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ក្នុងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស ដរាបនោះទេ។ ម្នាលភិក្ខុទាំងឡាយ កាលណាបើតថាគត ដឹងច្បាស់តាមពិតនូវអានិសង្ស ថាជាអានិសង្សផង នូវទោស ថាជាទោសផង នូវការរលាស់ចេញ ថាជាការរលាស់ចេញផង របស់ធាតុទាំង៤នេះ ម្នាលភិក្ខុទាំងឡាយ ទើបតថាគត ប្តេជ្ញាថា ជាអ្នកត្រាស់ដឹង នូវអនុត្តរសម្មាសម្ពោធិញ្ញាណក្នុងលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ក្នុងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស ក្នុងកាលនោះ។ ញាណទស្សនៈរបស់តថាគត ក៏កើតឡើងថា វិមុត្តិ គឺអរហត្តផលរបស់អាត្មាអញ មិនបានកក្រើក ជាតិនេះ ជាទីបំផុតហើយ ឥឡូវនេះ ភពថ្មីមិនមានឡើយ។

ចប់ សូត្រ ទី២។

(អចរិំ)សូត្រ ទី៣

(៣. អចរិំសុត្តំ)

[៧៤] ទ្រង់គង់នៅទៀបក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ… ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតបានប្រព្រឹត្តស្វែងរកនូវអានិសង្សនៃបឋវីធាតុ ក៏បានដឹងនូវអានិសង្សនៃបឋវីធាតុ អានិសង្សនៃបឋវីធាតុទាំងប៉ុន្មាន តថាគតឃើញច្បាស់ហើយ ដោយប្រាជ្ញា។ ម្នាលភិក្ខុទាំងឡាយ តថាគតបានប្រព្រឹត្តស្វែងរក នូវទោសនៃបឋវីធាតុ ក៏បានដឹងនូវទោសរបស់បឋវីធាតុ ទោសនៃបឋវីធាតុទាំងប៉ុន្មាន តថាគតឃើញច្បាស់ហើយ ដោយប្រាជ្ញា។ ម្នាលភិក្ខុទាំងឡាយ តថាគត បានប្រព្រឹត្តស្វែងរក នូវការរលាស់ចេញបឋវីធាតុ ក៏បានដឹងនូវការរលាស់ចេញបឋវីធាតុ ការរលាស់ចេញបឋវីធាតុទាំងប៉ុន្មាន តថាគតឃើញច្បាស់ហើយ ដោយប្រាជ្ញា។ ម្នាលភិក្ខុទាំងឡាយ តថាគតបានប្រព្រឹត្តស្វែងរក នូវអានិសង្សនៃអាបោធាតុ។បេ។ នៃតេជោធាតុ… នៃវាយោធាតុ ក៏បានដឹងនូវអានិសង្សនៃវាយោធាតុ អានិសង្សនៃវាយោធាតុទាំងប៉ុន្មាន តថាគតឃើញច្បាស់ហើយ ដោយប្រាជ្ញា។ ម្នាលភិក្ខុទាំងឡាយ តថាគតបានប្រព្រឹត្តស្វែងរក នូវទោសរបស់វាយោធាតុ ក៏បានដឹងនូវទោសរបស់វាយោធាតុ ទោសរបស់វាយោធាតុទាំងប៉ុន្មាន តថាគតឃើញច្បាស់ហើយ ដោយប្រាជ្ញា។ ម្នាលភិក្ខុទាំងឡាយ តថាគត បានប្រព្រឹត្តស្វែងរក នូវការរលាស់ចេញវាយោធាតុ ក៏បានដឹងនូវការរលាស់ចេញវាយោធាតុ ការរលាស់ចេញវាយោធាតុទាំងប៉ុន្មាន តថាគតឃើញច្បាស់ហើយ ដោយប្រាជ្ញា។

[៧៥] ម្នាលភិក្ខុទាំងឡាយ តថាគតមិនបានដឹងច្បាស់តាមពិត នូវអានិសង្ស ថាជាអានិសង្សផង នូវទោស ថាជាទោសផង នូវការរលាស់ចេញ ថាជាការរលាស់ចេញផង របស់ធាតុទាំង៤នេះ ដរាបណា ម្នាលភិក្ខុទាំងឡាយ តថាគតមិនទាន់ប្តេជ្ញាថា ជាអ្នកត្រាស់ដឹង នូវអនុត្តរសម្មាសម្ពោធិញ្ញាណក្នុងលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ក្នុងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស ដរាបនោះទេ។ ម្នាលភិក្ខុទាំងឡាយ កាលណាបើតថាគត បានដឹងច្បាស់តាមពិត នូវអានិសង្ស ថាជាអានិសង្សផង នូវទោស ថាជាទោសផង នូវការរលាស់ចេញ ថាជាការរលាស់ចេញផង របស់ធាតុទាំង៤នេះ ម្នាលភិក្ខុទាំងឡាយ ទើបតថាគត ប្តេជ្ញាថា ជាអ្នកត្រាស់ដឹង នូវអនុត្តរសម្មាសម្ពោធិញ្ញាណក្នុងលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ក្នុងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស ក្នុងកាលនោះ។ ញាណទស្សនៈរបស់តថាគត កើតឡើងថា វិមុត្តិ គឺអរហត្តផលរបស់អាត្មាអញ មិនកក្រើក ជាតិនេះ ជាទីបំផុត ឥឡូវនេះ ភពថ្មីមិនមានឡើយ។

ចប់ សូត្រ ទី៣។

(នោចេទំ)សូត្រ ទី៤

(៤. នោចេទំសុត្តំ)

[៧៦] ទ្រង់គង់នៅទៀបក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ… ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បើអានិសង្សរបស់បឋវីធាតុនេះមិនមានហើយ សត្វទាំងឡាយ ក៏មិនគួរត្រេកអរនឹងបឋវីធាតុនេះឡើយ។ ម្នាលភិក្ខុទាំងឡាយ ព្រោះអានិសង្សរបស់បឋវីធាតុមាន បានជាពួកសត្វតែងត្រេកអរ ចំពោះបឋវីធាតុ។ ម្នាលភិក្ខុទាំងឡាយ បើទោសរបស់បឋវីធាតុនេះមិនមានហើយ ពួកសត្វ ក៏មិនគួរនឿយណាយ ចាកបឋវីធាតុនេះឡើយ។ ម្នាលភិក្ខុទាំងឡាយ ព្រោះទោសរបស់បឋវីធាតុមាន បានជាពួកសត្វនឿយណាយ ចាកបឋវីធាតុ។ ម្នាលភិក្ខុទាំងឡាយ បើការរលាស់ចេញបឋវីធាតុនេះ មិនមានហើយ ពួកសត្វ ក៏មិនគួររលាស់ចេញបឋវីធាតុនោះឡើយ។ ម្នាលភិក្ខុទាំងឡាយ ព្រោះការរលាស់ចេញបឋវីធាតុ មាន បានជាពួកសត្វរលាស់ចេញបឋវីធាតុ។ ម្នាលភិក្ខុទាំងឡាយ បើអានិសង្សនៃអាបោធាតុនេះ មិនមានហើយ… ម្នាលភិក្ខុទាំងឡាយ បើអានិសង្សនៃតេជោធាតុនេះ មិនមានហើយ… ម្នាលភិក្ខុទាំងឡាយ បើអានិសង្សនៃវាយោធាតុនេះ មិនមានហើយ ពួកសត្វ ក៏មិនគួរត្រេកអរ ចំពោះវាយោធាតុនេះឡើយ។ ម្នាលភិក្ខុទាំងឡាយ ព្រោះអានិសង្សនៃវាយោធាតុ មាន បានជាពួកសត្វ ត្រេកអរ ចំពោះវាយោធាតុ។ ម្នាលភិក្ខុទាំងឡាយ បើទោសនៃវាយោធាតុនេះ មិនមានហើយ សត្វទាំងឡាយ ក៏មិនគួរនឿយណាយ ចាកវាយោធាតុនេះឡើយ។ ម្នាលភិក្ខុទាំងឡាយ ព្រោះទោសរបស់វាយោធាតុមាន បានជាសត្វទាំងឡាយ នឿយណាយ ចាកវាយោធាតុ។ ម្នាលភិក្ខុទាំងឡាយ បើការរលាស់ចេញវាយោធាតុនេះ មិនមានហើយ សត្វទាំងឡាយ ក៏មិនគួររលាស់ចេញនូវវាយោធាតុនេះឡើយ។ ម្នាលភិក្ខុទាំងឡាយ ព្រោះការរលាស់ចេញនូវវាយោធាតុ មាន បានជាសត្វទាំងឡាយ រលាស់ចេញនូវវាយោធាតុ។

[៧៧] ម្នាលភិក្ខុទាំងឡាយ សត្វទាំងឡាយនេះ មិនបានដឹងច្បាស់តាមពិត នូវអានិសង្ស ថាជាអានិសង្សផង នូវទោស ថាជាទោសផង នូវការរលាស់ចេញ ថាជាការរលាស់ចេញផង របស់ធាតុទាំង៤នេះ ដរាបណា ម្នាលភិក្ខុទាំងឡាយ ពួកសត្វនេះ មិនបានប្រាសចេញ មិនបានបែរចេញ មិនបានងាកចេញ មានចិត្តមិនបានរមៀលចេញ ចាកលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ចាកពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ចាកមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស ដរាបនោះទេ។ ម្នាលភិក្ខុទាំងឡាយ កាលណាបើសត្វទាំងឡាយនេះ បានដឹងច្បាស់តាមពិត នូវអានិសង្ស ថាជាអានិសង្សផង នូវទោស ថាជាទោសផង នូវការរលាស់ចេញ ថាជាការរលាស់ចេញផង របស់ធាតុទាំង៤នេះ ម្នាលភិក្ខុទាំងឡាយ ពួកសត្វនេះ រមែងប្រាសចេញ បែរចេញ មានចិត្តរមៀលចេញចាកលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ចាកពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ចាកមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស ក្នុងកាលនោះ។

ចប់ សូត្រ ទី៤។

(ឯកន្តទុក្ខ)សូត្រ ទី៥

(៥. ឯកន្តទុក្ខសុត្តំ)

[៧៨] ទ្រង់គង់នៅទៀបក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ… ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បើបឋវីធាតុនេះ មានតែសេចក្តីទុក្ខដោយដាច់ខាត ត្រូវសេចក្តីទុក្ខធ្លាក់តាម មានសេចក្តីទុក្ខចូលមកលុកលុយ ឯសេចក្តីសុខ មិនបានចូលមកលុកលុយទេ ពួកសត្វមិនគប្បីត្រេកអរ ក្នុងបឋវីធាតុនេះឡើយ។ ម្នាលភិក្ខុទាំងឡាយ ព្រោះបឋវីធាតុត្រូវសេចក្តីសុខធ្លាក់តាម មានសេចក្តីសុខចូលមកលុកលុយ ឯសេចក្តីទុក្ខ មិនបានចូលមកលុកលុយ មានខ្លះដែរ បានជាពួកសត្វ ត្រេកអរ ក្នុងបឋវីធាតុ។ ម្នាលភិក្ខុទាំងឡាយ បើអាបោធាតុនេះ … ម្នាលភិក្ខុទាំងឡាយ បើតេជោធាតុនេះ… ម្នាលភិក្ខុទាំងឡាយ បើវាយោធាតុនេះ មានតែសេចក្តីទុក្ខដោយដាច់ខាត ត្រូវសេចក្តីទុក្ខធ្លាក់តាម មានសេចក្តីទុក្ខចូលមកលុកលុយ ឯសេចក្តីសុខ មិនបានមកលុកលុយទេ ពួកសត្វមិនគប្បីត្រេកអរ ក្នុងវាយោធាតុឡើយ។ ម្នាលភិក្ខុទាំងឡាយ ព្រោះវាយោធាតុ ត្រូវសេចក្តីសុខធ្លាក់តាម មានសេចក្តីសុខចូលមកលុកលុយ ឯសេចក្តីទុក្ខ មិនបានចូលមកលុកលុយ មានខ្លះដែរ បានជាពួកសត្វ ត្រេកអរ ក្នុងវាយោធាតុ។

[៧៩] ម្នាលភិក្ខុទាំងឡាយ បើបឋវីធាតុនេះ មានតែសេចក្តីសុខដោយដាច់ខាត ត្រូវសេចក្តីសុខធ្លាក់តាម មានសេចក្តីសុខចូលមកលុកលុយ ឯសេចក្តីទុក្ខ មិនបានចូលមកលុកលុយទេ ពួកសត្វក៏មិននឿយណាយ ចាកបឋវីធាតុនេះឡើយ។ ម្នាលភិក្ខុទាំងឡាយ ព្រោះបឋវីធាតុជាទុក្ខ ត្រូវសេចក្តីទុក្ខធ្លាក់តាម មានសេចក្តីទុក្ខចូលមកលុកលុយ ឯសេចក្តីសុខ មិនបានចូលមកលុកលុយ មានខ្លះដែរ បានជាសត្វទាំងឡាយ នឿយណាយ ចាកបឋវីធាតុ។ ម្នាលភិក្ខុទាំងឡាយ បើអាបោធាតុនេះ … ម្នាលភិក្ខុទាំងឡាយ បើតេជោធាតុនេះ… ម្នាលភិក្ខុទាំងឡាយ បើវាយោធាតុនេះ មានតែសេចក្តីសុខដោយដាច់ខាត ត្រូវសេចក្តីសុខធ្លាក់តាម មានសេចក្តីសុខចូលមកលុកលុយ ឯសេចក្តីទុក្ខ មិនបានចូលមកលុកលុយទេ សត្វទាំងឡាយ ក៏មិននឿយណាយ ចាកវាយោធាតុនេះឡើយ។ ម្នាលភិក្ខុទាំងឡាយ ព្រោះវាយោធាតុជាទុក្ខ ត្រូវសេចក្តីទុក្ខធ្លាក់តាម មានសេចក្តីទុក្ខចូលមកលុកលុយ ឯសេចក្តីសុខ មិនបានចូលមកលុកលុយ មានខ្លះដែរ បានជាពួកសត្វ នឿយណាយ ចាកវាយោធាតុ។

ចប់ សូត្រ ទី៥។

(អភិនន្ទ)សូត្រ ទី៦

(៦. អភិនន្ទសុត្តំ)

[៨០] ទ្រង់គង់នៅទៀបក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ… ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បុគ្គលណា ឱបអរនូវបឋវីធាតុ បុគ្គលនោះ ឈ្មោះថាឱបអរនូវសេចក្តីទុក្ខ។ បុគ្គលណា ឱបអរនូវសេចក្តីទុក្ខ តថាគត ពោលថា បុគ្គលនោះ មិនរួចចាកសេចក្តីទុក្ខឡើយ។ បុគ្គលណា ឱបអរនូវអាបោធាតុ… បុគ្គលណា ឱបអរនូវតេជោធាតុ… បុគ្គលណា ឱបអរនូវវាយោធាតុ បុគ្គលនោះ ឈ្មោះថា ឱបអរនូវសេចក្តីទុក្ខ។ បុគ្គលណា ឱបអរនូវសេចក្តីទុក្ខ តថាគត ពោលថា បុគ្គលនោះ មិនរួចចាកសេចក្តីទុក្ខឡើយ។

[៨១] ម្នាលភិក្ខុទាំងឡាយ បុគ្គលណា មិនឱបអរនូវបឋវីធាតុ បុគ្គលនោះ ឈ្មោះថាមិនឱបអរនូវសេចក្តីទុក្ខ។ បុគ្គលណា មិនឱបអរនូវសេចក្តីទុក្ខ តថាគត ពោលថា បុគ្គលនោះ រួចចាកសេចក្តីទុក្ខ។ បុគ្គលណា មិនឱបអរនូវអាបោធាតុ… បុគ្គលណា មិនឱបអរនូវតេជោធាតុ… បុគ្គលណា មិនឱបអរនូវវាយោធាតុ បុគ្គលនោះ ឈ្មោះថាមិនឱបអរនូវសេចក្តីទុក្ខ។ បុគ្គលណា មិនឱបអរនូវសេចក្តីទុក្ខ តថាគត ពោលថា បុគ្គលនោះ រួចចាកសេចក្តីទុក្ខ។

ចប់ សូត្រ ទី៦។

(ឧប្បាទ)សូត្រ ទី៧

(៧. ឧប្បាទសុត្តំ)

[៨២] ទ្រង់គង់នៅទៀបក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ… ត្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ការកើតឡើង ការឋិតនៅ ការវិលមក ការមានប្រាកដ នៃបឋវីធាតុណា នុ៎ះឈ្មោះថា ការកើតឡើងនៃសេចក្តីទុក្ខ ឈ្មោះថា ការឋិតនៅនៃរោគ ឈ្មោះថា ការមានប្រាកដ នៃជរា និងមរណៈ។ ការកើតឡើង ការឋិតនៅ ការវិលមក ការមានប្រាកដ នៃអាបោធាតុ… នៃតេជោធាតុ… នៃវាយោធាតុណា នុ៎ះឈ្មោះថា ការកើតឡើងនៃសេចក្តីទុក្ខ ឈ្មោះថា ការឋិតនៅនៃរោគ ឈ្មោះថា ការមានប្រាកដ នៃជរា និងមរណៈ។

[៨៣] ម្នាលភិក្ខុទាំងឡាយ ការរលត់ ការស្ងប់រម្ងាប់ ការអស់ នៃបឋវីធាតុណា នុ៎ះឈ្មោះថា ការរលត់នៃសេចក្តីទុក្ខ ការស្ងប់រម្ងាប់នៃរោគ ការអស់នៃជរា និងមរណៈ។ សេចក្តីរលត់នៃអាបោធាតុណា… សេចក្តីរលត់នៃតេជោធាតុណា… សេចក្តីរលត់ សេចក្តីស្ងប់រម្ងាប់ ការអស់នៃវាយោធាតុណា នុ៎ះឈ្មោះថា ការរលត់នៃសេចក្តីទុក្ខ ការស្ងប់រម្ងាប់នៃរោគ ការអស់នៃជរា និងមរណៈ។

ចប់ សូត្រ ទី៧។

(សមណព្រាហ្មណ)សូត្រ ទី៨

(៨. សមណព្រាហ្មណសុត្តំ)

[៨៤] ទ្រង់គង់នៅទៀបក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ… ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ធាតុនេះមាន៤ប្រការ ធាតុ៤ តើអ្វីខ្លះ គឺបឋវីធាតុ១ អាបោធាតុ១ តេជោធាតុ១ វាយោធាតុ១។ ម្នាលភិក្ខុទាំងឡាយ សមណៈ ឬព្រាហ្មណ៍ណានីមួយ មិនដឹងច្បាស់តាមពិត នូវអានិសង្សផង នូវទោសផង នូវការរលាស់ចេញផង នៃធាតុទាំង៤នេះ ម្នាលភិក្ខុទាំងឡាយ សមណៈ ឬព្រាហ្មណ៍ទាំងនោះ តថាគតមិនសន្មតថាជាសមណៈ ក្នុងពួកសមណៈ មិនសន្មតថាជាព្រាហ្មណ៍ ក្នុងពួកព្រាហ្មណ៍ទេ មួយទៀត អ្នកទាំងនោះ មិនបានធ្វើឲ្យជាក់ច្បាស់ មិនបានសម្រេច ដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯងក្នុងបច្ចុប្បន្ន នូវប្រយោជន៍នៃសមណភាព ឬប្រយោជន៍នៃព្រាហ្មណភាពទេ។

[៨៥] ម្នាលភិក្ខុទាំងឡាយ លុះតែពួកសមណៈ ឬព្រាហ្មណ៍ណានីមួយ ដឹងច្បាស់តាមពិត នូវអានិសង្សផង នូវទោសផង នូវការរលាស់ចេញផង នៃធាតុទាំង៤នេះ ម្នាលភិក្ខុទាំងឡាយ សមណៈ ឬព្រាហ្មណ៍ទាំងនោះ ទើបតថាគតសន្មតថាជាសមណៈ ក្នុងពួកសមណៈផង សន្មតថាជាព្រាហ្មណ៍ ក្នុងពួកព្រាហ្មណ៍ផង មួយទៀត អ្នកទាំងនោះ រមែងធ្វើឲ្យជាក់ច្បាស់ សម្រេចដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯងក្នុងបច្ចុប្បន្ន នូវប្រយោជន៍នៃសមណភាពផង នូវប្រយោជន៍នៃព្រាហ្មណភាពទេ។

ចប់ សូត្រ ទី៨។

(ទុតិយសមណព្រាហ្មណ)សូត្រ ទី៩

(៩. ទុតិយសមណព្រាហ្មណសុត្តំ)

[៨៦] ទ្រង់គង់នៅទៀបក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ… ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ធាតុទាំងឡាយនេះ មាន៤ប្រការ ធាតុ៤តើអ្វីខ្លះ គឺបឋវីធាតុ១ អាបោធាតុ១ តេជោធាតុ១ វាយោធាតុ១។ ម្នាលភិក្ខុទាំងឡាយ សមណៈ ឬព្រាហ្មណ៍ណានីមួយ ដឹងច្បាស់តាមពិត នូវសេចក្តីកើត នូវសេចក្តីអស់ទៅ នូវអានិសង្ស នូវទោស និងការរលាស់ចេញ នៃធាតុទាំង៤នេះ (បណ្ឌិតគប្បីឲ្យពិស្តារ) ដឹងច្បាស់… ធ្វើឲ្យជាក់ច្បាស់ បានសម្រេចដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯង។

ចប់ សូត្រ ទី៩។

(តតិយសមណព្រាហ្មណ)សូត្រ ទី១០

(១០. តតិយសមណព្រាហ្មណសុត្តំ)

[៨៧] ទ្រង់គង់នៅទៀបក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ… ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ សមណៈ ឬព្រាហ្មណ៍ណានីមួយ មិនដឹងច្បាស់នូវបឋវីធាតុ មិនដឹងច្បាស់នូវសេចក្តីកើតឡើងនៃបឋវីធាតុ មិនដឹងច្បាស់នូវសេចក្តីរលត់នៃបឋវីធាតុ មិនដឹងច្បាស់នូវបដិបទា ជាហេតុឲ្យដល់នូវសេចក្តីរលត់នៃបឋវីធាតុ។ មិនដឹងច្បាស់នូវអាបោធាតុ។បេ។ មិនដឹងច្បាស់នូវតេជោធាតុ… មិនដឹងច្បាស់នូវវាយោធាតុ មិនដឹងច្បាស់នូវសេចក្តីកើតឡើងនៃវាយោធាតុ មិនដឹងច្បាស់នូវសេចក្តីរលត់នៃវាយោធាតុ មិនដឹងច្បាស់នូវបដិបទា ជាហេតុឲ្យដល់នូវសេចក្តីរលត់នៃវាយោធាតុ ម្នាលភិក្ខុទាំងឡាយ សមណៈ ឬព្រាហ្មណ៍ទាំងនុ៎ះ តថាគតមិនសន្មតថាជាសមណៈ ក្នុងពួកសមណៈ មិនសន្មតថាជាព្រាហ្មណ៍ ក្នុងពួកព្រាហ្មណ៍ទេ មួយទៀត អ្នកទាំងនោះ មិនបានធ្វើឲ្យជាក់ច្បាស់ មិនបានសម្រេចដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន នូវប្រយោជន៍នៃសមណភាព ឬប្រយោជន៍នៃព្រាហ្មណភាពទេ។

[៨៨] ម្នាលភិក្ខុទាំងឡាយ ពួកសមណៈ ឬព្រាហ្មណ៍ណានីមួយ ដឹងច្បាស់នូវបឋវីធាតុ ដឹងច្បាស់នូវសេចក្តីកើតឡើងនៃបឋវីធាតុ ដឹងច្បាស់នូវសេចក្តីរលត់នៃបឋវីធាតុ ដឹងច្បាស់នូវបដិបទា ជាហេតុឲ្យដល់នូវសេចក្តីរលត់នៃបឋវីធាតុ។ ដឹងច្បាស់នូវអាបោធាតុ។បេ។ ដឹងច្បាស់នូវតេជោធាតុ… ដឹងច្បាស់នូវវាយោធាតុ ដឹងច្បាស់នូវសេចក្តីកើតឡើងនៃវាយោធាតុ ដឹងច្បាស់នូវសេចក្តីរលត់នៃវាយោធាតុ ដឹងច្បាស់នូវបដិបទា ជាហេតុឲ្យដល់នូវសេចក្តីរលត់ នៃវាយោធាតុ ម្នាលភិក្ខុទាំងឡាយ សមណៈ ឬព្រាហ្មណ៍ទាំងនោះ តថាគតសន្មតថាជាសមណៈ ក្នុងពួកសមណៈផង សន្មតថាជាព្រាហ្មណ៍ ក្នុងពួកព្រាហ្មណ៍ផង មួយទៀត អ្នកទាំងនោះ បានធ្វើឲ្យជាក់ច្បាស់ បានសម្រេចដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន នូវប្រយោជន៍នៃសមណភាពផង នូវប្រយោជន៍នៃព្រាហ្មណភាពផង។

ចប់សូត្រទី១០។

ចប់វគ្គទី៤។

ឧទ្ទាននៃចតុទ្ធាតុវគ្គនោះគឺ

និយាយពីធាតុទាំងបួន១ ក្នុងកាលមុនអំពីកាលដែលព្រះអង្គបានត្រាស់១ ព្រះអង្គប្រព្រឹត្តស្វែងរកនូវអានិសង្ស នៃបឋវីធាតុជាដើម១ ព្រះអង្គត្រាស់ថា បើអានិសង្សនៃបឋវីធាតុនេះ មិនមានហើយ១ សេចក្តីទុក្ខនៃបឋវីធាតុជាដើម១ សេចក្តីឱបអរនូវបឋវីធាតុជាដើម១ សេចក្តីកើតឡើងនៃបឋវីធាតុជាដើម១ សមណព្រាហ្មណ៍បីលើក។

ចប់ ធាតុសំយុត្ត ទី

អនមតគ្គសំយុត្ត ទី៤

(៤. អនមតគ្គសំយុត្តំ)

តិណកដ្ឋវគ្គ ទី១

(១. បឋមវគ្គោ)

(តិណកដ្ឋ)សូត្រ ទី១

(១. តិណកដ្ឋសុត្តំ)

[៨៩] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ ក្នុងទីនោះឯង។បេ។ ទ្រង់ត្រាស់យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ សង្សារនេះ មានទីបំផុតគេមិនអាចដឹងបាន គឺទីបំផុតខាងដើម របស់សត្វទាំងឡាយ ដែលមានអវិជ្ជាជារនាំង មានតណ្ហាជាចំណង អន្ទោលទៅ ត្រាច់រង្គាត់ទៅ មិនប្រាកដឡើយ។4)

[៩០] ម្នាលភិក្ខុទាំងឡាយ ដូចបុរសកាត់ស្មៅ កំណាត់ឈើ មែកឈើ ស្លឹកឈើ ក្នុងជម្ពូទ្វីបនេះ ហើយប្រមូលទុកក្នុងទីជាមួយគ្នា លុះប្រមូលទុកក្នុងទីជាមួយគ្នារួចហើយ ក៏ធ្វើខ្នាច់ប្រវែងបួនធ្នាប់ៗ ហើយតំកល់ទុកថា នេះទុកជាមាតារបស់អញ នេះទុកជាមាតានៃមាតារបស់អញ។ ម្នាលភិក្ខុទាំងឡាយ មាតាទាំងឡាយ របស់មាតានៃបុរសនោះ មិនអស់ឡើយ ឯស្មៅ កំណាត់ឈើ មែកឈើ និងស្លឹកឈើ ក្នុងជម្ពូទ្វីបនេះ គប្បីដល់នូវការអស់ទៅ ផុតទៅ សេចក្តីនោះ ព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ព្រោះសង្សារនេះ មានទីបំផុតគេមិនអាចដឹងបាន គឺទីបំផុតខាងដើម របស់សត្វទាំងឡាយ ដែលមានអវិជ្ជាជារនាំង មានតណ្ហាជាចំណង អន្ទោលទៅ ត្រាច់រង្គាត់ទៅ មិនប្រាកដឡើយ ម្នាលភិក្ខុទាំងឡាយ សេចក្តីទុក្ខ សេចក្តីព្រួយ សេចក្តីវិនាស ដែលសត្វទាំងនោះបានទទួលហើយ អស់កាលជាអង្វែង យ៉ាងនេះឯង ព្រៃខ្មោចក៏ចម្រើនឡើង។ ម្នាលភិក្ខុទាំងឡាយ ហេតុនេះ អ្នកទាំងឡាយ គួរនឿយណាយ គួរធុញទ្រាន់ គួរជិនឆ្អន់ ក្នុងសង្ខារទាំងពួង។

ចប់ សូត្រ ទី១។

(បថវី)សូត្រ ទី២

(២. បថវីសុត្តំ)

[៩១] ទ្រង់គង់នៅទៀបក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ… ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ សង្សារនេះ មានទីបំផុតគេមិនអាចដឹងបាន គឺទីបំផុតខាងដើម របស់សត្វទាំងឡាយ ដែលមានអវិជ្ជាជារនាំង មានតណ្ហាជាចំណង អន្ទោលទៅ ត្រាច់រង្គាត់ទៅ មិនប្រាកដឡើយ។

[៩២] ម្នាលភិក្ខុទាំងឡាយ ដូចបុរសយកមហាប្រឹថពីនេះ មកសូនជាគុលិកាឲ្យប៉ុនៗគ្រាប់ក្របៅ ហើយតំកល់ទុកថា នេះជាបិតារបស់អញ នេះជាបិតានៃបិតារបស់អញ។ ម្នាលភិក្ខុទាំងឡាយ បិតាទាំងឡាយ របស់បិតានៃបុរសនោះ មិនអស់ឡើយ ឯមហាប្រឹថពីនេះ គប្បីដល់នូវការអស់ទៅ ផុតទៅ សេចក្តីនោះ ព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ព្រោះសង្សារនេះ មានទីបំផុតគេមិនអាចដឹងបាន គឺទីបំផុតខាងដើម របស់សត្វទាំងឡាយ ដែលមានអវិជ្ជាជារនាំង មានតណ្ហាជាចំណង អន្ទោលទៅ ត្រាច់រង្គាត់ទៅ មិនប្រាកដឡើយ ម្នាលភិក្ខុទាំងឡាយ សេចក្តីទុក្ខ សេចក្តីព្រួយ សេចក្តីវិនាស ដែលសត្វទាំងនោះបានទទួលហើយ អស់កាលជាអង្វែងយ៉ាងនេះឯង ព្រៃខ្មោចក៏ចម្រើនឡើង។ ម្នាលភិក្ខុទាំងឡាយ ហេតុនេះ អ្នកទាំងឡាយ គួរនឿយណាយ គួរធុញទ្រាន់ គួរជិនឆ្អន់ ក្នុងសង្ខារទាំងពួង។

ចប់ សូត្រ ទី២។

(អស្សុ)សូត្រ ទី៣

(៣. អស្សុសុត្តំ)

[៩៣] ទ្រង់គង់នៅក្នុងក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ… ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ សង្សារនេះ មានទីបំផុតគេមិនអាចដឹងបាន។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់សេចក្តីនោះថាដូចម្តេច គឺត្រង់ដែលអ្នកទាំងឡាយ អន្ទោលទៅ ត្រាច់រង្គាត់ទៅ កន្ទក់កន្ទេញ ទួញ យំ ព្រោះជួបប្រទះនឹងរបស់ដែលមិនគាប់ចិត្ត ព្រាត់ប្រាសចាករបស់ដែលគាប់ចិត្ត ដោយកាលអង្វែងនេះ ទឹកភ្នែកដែលហូរស្រក់ ហើយនិងទឹកក្នុងមហាសមុទ្រទាំង៤ តើបណ្តាទឹកទាំងពីរនោះ ទឹកណាច្រើនជាង។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គទាំងឡាយ យល់ច្បាស់នូវធម៌ តាមដែលព្រះមានព្រះភាគ សំដែងហើយ បពិត្រព្រះអង្គដ៏ចំរើន កាលដែលខ្ញុំព្រះអង្គទាំងឡាយ អន្ទោលទៅ ត្រាច់រង្គាត់ទៅ កន្ទក់កន្ទេញ ទួញ យំ ព្រោះជួបប្រទះនឹងរបស់ដែលមិនគាប់ចិត្ត ប្រាសចាករបស់ដែលគាប់ចិត្ត ដោយកាលជាអង្វែងនេះ ទឹកភ្នែកហូរស្រក់ទៅហើយ ច្រើនអនេក ឯទឹកក្នុងមហាសមុទ្រទាំង៤ មិនច្រើនជាងឡើយ។

[៩៤] ម្នាលភិក្ខុទាំងឡាយ ត្រូវហើយ ត្រូវហើយ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ យល់ច្បាស់នូវធម៌ តាមដែលតថាគតសំដែងហើយ យ៉ាងនេះ ប្រពៃហើយ ម្នាលភិក្ខុទាំងឡាយ កាលដែលអ្នកទាំងឡាយ អន្ទោលទៅ ត្រាច់រង្គាត់ទៅ កន្ទក់កន្ទេញ ទួញ យំ ព្រោះជួបប្រទះនឹងរបស់ដែលមិនគាប់ចិត្ត ព្រាត់ប្រាសចាករបស់ដែលគាប់ចិត្ត ដោយកាលអង្វែងនេះ ទឹកភ្នែកហូរស្រក់ទៅហើយ ច្រើនអនេក ឯទឹកក្នុងមហាសមុទ្រទាំង៤ មិនច្រើនជាងមែន។ ម្នាលភិក្ខុទាំងឡាយ សេចក្តីស្លាប់របស់មាតា អ្នកទាំងឡាយបានទទួលរង អស់កាលអង្វែង កាលដែលអ្នកទាំងឡាយ ទទួលរងនូវសេចក្តីស្លាប់របស់មាតា កន្ទក់កន្ទេញ ទួញ យំ ព្រោះជួបប្រទះនឹងរបស់ដែលមិនគាប់ចិត្ត ព្រាត់ប្រាសចាករបស់ដែលគាប់ចិត្ត ទឹកភ្នែកហូរស្រក់ទៅ ច្រើនអនេក ឯទឹកក្នុងមហាសមុទ្រទាំង៤ មិនច្រើនជាងឡើយ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីស្លាប់របស់បិតា អ្នកទាំងឡាយបានទទួលរង អស់កាលអង្វែង… សេចក្តីស្លាប់របស់បងប្អូនប្រុស អ្នកទាំងឡាយបានទទួលរង… សេចក្តីស្លាប់របស់បងប្អូនស្រី អ្នកទាំងឡាយបានទទួលរង… សេចក្តីស្លាប់របស់កូនប្រុស អ្នកទាំងឡាយបានទទួលរង… សេចក្តីស្លាប់របស់កូនស្រី អ្នកទាំងឡាយបានទទួលរង… សេចក្តីវិនាសនៃញាតិ អ្នកទាំងឡាយបានទទួលរង… សេចក្តីវិនាសភោគៈ អ្នកទាំងឡាយបានទទួលរង… ម្នាលភិក្ខុទាំងឡាយ សេចក្តីវិនាសព្រោះរោគ អ្នកទាំងឡាយបានទទួលរង អស់កាលជាអង្វែង កាលដែលអ្នកទាំងឡាយ ទទួលរងនូវសេចក្តីវិនាសព្រោះរោគ កន្ទក់កន្ទេញ ទួញ យំ ព្រោះជួបប្រទះនឹងរបស់ដែលមិនគាប់ចិត្ត ព្រាត់ប្រាសចាករបស់ដែលគាប់ចិត្ត ទឹកភ្នែកហូរស្រក់ទៅ ច្រើនអនេក ឯទឹកក្នុងមហាសមុទ្រទាំង៤ មិនច្រើនជាងឡើយ សេចក្តីនោះ ព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ព្រោះសង្សារនេះ មានទីបំផុតគេមិនអាចដឹងបាន។បេ។ ម្នាលភិក្ខុទាំងឡាយ ហេតុនេះ អ្នកទាំងឡាយ គួរនឿយណាយ គួរធុញទ្រាន់ គួរជិនឆ្អន់ ក្នុងសង្ខារទាំងពួង ដោយពិត។

ចប់ សូត្រ ទី៣។

(ខីរ)សូត្រ ទី៤

(៤. ខីរសុត្តំ)

[៩៥] ទ្រង់គង់នៅទៀបក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ… ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ សង្សារនេះ មានទីបំផុតគេមិនអាចដឹងបាន។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់សេចក្តីនោះ ថាដូចម្តេច គឺត្រង់ដែលអ្នកទាំងឡាយ អន្ទោលទៅ ត្រាច់រង្គាត់ទៅ ដោយកាលជាអង្វែងនេះ បានផឹកនូវទឹកដោះនៃមាតា និងទឹកក្នុងមហាសមុទ្រទាំង៤ តើបណ្តាទឹកទាំងពីរនោះ ទឹកណាច្រើនជាង។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គទាំងឡាយ យល់ច្បាស់នូវធម៌ តាមដែលព្រះមានព្រះភាគ សំដែងហើយ បពិត្រព្រះអង្គដ៏ចំរើន កាលដែលខ្ញុំព្រះអង្គទាំងឡាយ អន្ទោលទៅ ត្រាច់រង្គាត់ទៅ ដោយកាលជាអង្វែងនេះ បានផឹកទឹកដោះមាតាច្រើនអនេក ឯទឹកក្នុងមហាសមុទ្រទាំង៤ មិនច្រើនជាងឡើយ។

[៩៦] ម្នាលភិក្ខុទាំងឡាយ ត្រូវហើយ ត្រូវហើយ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ យល់ច្បាស់នូវធម៌ តាមដែលតថាគត សំដែងហើយ យ៉ាងនេះ ប្រពៃហើយ ម្នាលភិក្ខុទាំងឡាយ កាលដែលអ្នកទាំងឡាយ អន្ទោលទៅ ត្រាច់រង្គាត់ទៅ ដោយកាលជាអង្វែងនេះ បានផឹកទឹកដោះរបស់មាតា ច្រើនអនេកពិត ឯទឹកក្នុងមហាសមុទ្រទាំង៤ មិនច្រើនជាងមែន សេចក្តីនោះ ព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ព្រោះសង្សារនេះ មានទីបំផុតគេមិនអាចដឹងបាន។បេ។ អ្នកទាំងឡាយ គួរជិនឆ្អន់។

ចប់ សូត្រ ទី៤។

(បព្វត)សូត្រ ទី៥

(៥. បព្វតសុត្តំ)

[៩៧] ទ្រង់គង់នៅទៀបក្រុងសាវត្ថី… គ្រានោះឯង មានភិក្ខុមួយរូប ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ។បេ។ លុះភិក្ខុនោះអង្គុយ ក្នុងទីដ៏សមគួរហើយ ក្រាបបង្គំទូលសួរព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចម្រើន កប្បមានកាលវែងប៉ុន្មាន។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ កប្បមានកាលវែងណាស់ កប្បនោះ មិនងាយនឹងរាប់ថា ប៉ុណ្ណេះឆ្នាំ ឬថាប៉ុណ្ណេះរយឆ្នាំ ថាប៉ុណ្ណេះពាន់ឆ្នាំ ឬថាប៉ុណ្ណេះសែនឆ្នាំ បានឡើយ។ បពិត្រព្រះអង្គដ៏ចំរើន ចុះព្រះអង្គអាចធ្វើពាក្យឧបមាបានឬទេ។

[៩៨] ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ អាចធ្វើបាន ហើយទ្រង់ត្រាស់ តទៅទៀតថា ម្នាលភិក្ខុ ដូចភ្នំថ្មសុទ្ធដ៏ធំ បណ្តោយមួយយោជន៍ ទទឹងមួយយោជន៍ កំពស់ក៏មួយយោជន៍ មិនធ្លុះ មិនមានប្រហោង ជាភ្នំតាន់ កន្លងមួយរយឆ្នាំៗទៅ មានបុរសយកសំពត់កាសិក មកបោសភ្នំនោះម្តងៗ ម្នាលភិក្ខុ ភ្នំថ្មសុទ្ធដ៏ធំនោះ គប្បីដល់នូវការអស់ទៅ រេចទៅ ដោយសេចក្តីព្យាយាមនេះឆាប់ជាង ឯកប្បមិនទាន់អស់ទៅឡើយ ម្នាលភិក្ខុ កប្បមានកាលវែង យ៉ាងនេះឯង។ ម្នាលភិក្ខុ បណ្តាកប្បដែលមានកាលវែង យ៉ាងនេះ សូម្បីកប្បមួយក៏រាប់មិនបាន កប្បមួយរយក៏រាប់មិនបាន កប្បមួយពាន់ក៏រាប់មិនបាន កប្បមួយសែនក៏រាប់មិនបាន សេចក្តីនោះ ព្រោះហេតុអ្វី ម្នាលភិក្ខុ ព្រោះសង្សារនេះ មានទីបំផុតគេមិនអាចដឹងបាន។បេ។ ម្នាលភិក្ខុ ហេតុនេះ អ្នកទាំងឡាយ គួរនឿយណាយ គួរធុញទ្រាន់ គួរជិនឆ្អន់ ក្នុងសង្ខារទាំងពួង។

ចប់ សូត្រ ទី៥។

(សាសប)សូត្រ ទី៦

(៦. សាសបសុត្តំ)

[៩៩] ទ្រង់គង់នៅជិតក្រុងសាវត្ថី… គ្រានោះឯង ភិក្ខុមួយរូប ចូលទៅគាល់ព្រះមានព្រះភាគ។បេ។ លុះភិក្ខុនោះអង្គុយ ក្នុងទីដ៏សមគួរហើយ បានក្រាបបង្គំទូលសួរព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន កប្បមានកាលវែងប៉ុន្មាន។ ម្នាលភិក្ខុ កប្បមានកាលវែងណាស់ កប្បនោះ មិនងាយនឹងរាប់ថា ប៉ុណ្ណេះឆ្នាំ។បេ។ ឬថាប៉ុណ្ណេះសែនឆ្នាំ បានឡើយ។ បពិត្រព្រះអង្គដ៏ចំរើន ចុះព្រះអង្គអាចធ្វើពាក្យឧបមាបានឬទេ។

[១០០] ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ អាចធ្វើបាន ហើយទ្រង់ត្រាស់ តទៅទៀតថា ម្នាលភិក្ខុ ដូចនគរដែលព័ទ្ធដោយកំពែង បណ្តោយមួយយោជន៍ ទទឹងមួយយោជន៍ កំពស់មួយយោជន៍ ពេញដោយគ្រាប់ស្ពៃ ជានគរគេបិទភ្ជាប់ ដោយដុំដីស្អិត កន្លងមួយរយឆ្នាំៗទៅ មានបុរសទៅរើសយកគ្រាប់ស្ពៃមួយគ្រាប់ៗ អំពីនគរនោះ ម្នាលភិក្ខុ គំនរគ្រាប់ស្ពៃដ៏ធំនោះ គប្បីដល់នូវការអស់ទៅ រលីងទៅ ដោយសេចក្តីព្យាយាមនេះឆាប់ជាង ឯកប្បមិនទាន់អស់ទៅឡើយ ម្នាលភិក្ខុ កប្បមានកាលវែង យ៉ាងនេះឯង។ ម្នាលភិក្ខុ បណ្តាកប្បដែលមានកាលវែង យ៉ាងនេះ សូម្បីកប្បមួយក៏រាប់មិនបាន កប្បមួយរយក៏រាប់មិនបាន កប្បមួយពាន់ក៏រាប់មិនបាន កប្បមួយសែនក៏រាប់មិនបាន សេចក្តីនោះ ព្រោះហេតុអ្វី ម្នាលភិក្ខុ ព្រោះសង្សារនេះ មានទីបំផុតគេមិនអាចដឹងបាន។បេ។ គួរជិនឆ្អន់។

ចប់ សូត្រ ទី៦។

(សាវក)សូត្រ ទី៧

(៧. សាវកសុត្តំ)

[១០១] ទ្រង់គង់នៅទៀបក្រុងសាវត្ថី… គ្រានោះឯង ភិក្ខុច្រើនរូប ចូលទៅគាល់ព្រះមានព្រះភាគ។បេ។ លុះភិក្ខុទាំងនោះអង្គុយ ក្នុងទីសមគួរហើយ បានក្រាបបង្គំទូលសួរព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន កប្បដែលកន្លងរំលងទៅហើយ មានចំនួនច្រើនប៉ុន្មាន។ ម្នាលភិក្ខុទាំងឡាយ កប្បដែលកន្លងរំលងទៅហើយ មានចំនួនច្រើនណាស់ កប្បទាំងនោះ មិនងាយនឹងរាប់ថា ប៉ុណ្ណេះកប្ប ឬថាប៉ុណ្ណេះរយកប្ប ថាប៉ុណ្ណេះពាន់កប្ប ឬថា ប៉ុណ្ណេះសែនកប្ប បានឡើយ។ បពិត្រព្រះអង្គដ៏ចំរើន ចុះព្រះអង្គអាចធ្វើពាក្យឧបមាបានឬទេ។

[១០២] ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អាចធ្វើបាន ហើយទ្រង់ត្រាស់ តទៅទៀតថា ម្នាលភិក្ខុទាំងឡាយ ប្រសិនបើសាវ័ក៤រូប ក្នុងសាសនានេះ មានអាយុមួយរយឆ្នាំ រស់នៅមួយរយឆ្នាំ បើសាវ័កទាំងនោះ រឭកបានមួយសែនកប្ប ម្នាក់ៗ រាល់ៗថ្ងៃ។ ម្នាលភិក្ខុទាំងឡាយ សាវ័កទាំងនោះ ក៏មិនអាចនឹងរឭកកប្បឲ្យអស់បានឡើយ។ គ្រានោះឯង សាវ័កទាំង៤របស់តថាគត មានអាយុមួយរយឆ្នាំ រស់នៅមួយរយឆ្នាំ កន្លងទៅមួយរយឆ្នាំ ម្នាក់ៗ នឹងធ្វើមរណកាលទៅ។ ម្នាលភិក្ខុទាំងឡាយ កប្បដែលកន្លងរំលងទៅ មានចំនួនច្រើនយ៉ាងនេះឯង កប្បទាំងនោះ មិនងាយនឹងរាប់ថា ប៉ុណ្ណេះកប្ប ឬថាប៉ុណ្ណេះរយកប្ប ថាប៉ុណ្ណេះពាន់កប្ប ឬថាប៉ុណ្ណេះសែនកប្បបានឡើយ សេចក្តីនោះ ព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ព្រោះសង្សារនេះ មានទីបំផុតគេមិនអាចដឹងបាន។បេ។ គួរជិនឆ្អន់។

ចប់ សូត្រ ទី៧។

(គង្គា)សូត្រ ទី៨

(៨. គង្គាសុត្តំ)

[១០៣] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ទៀបក្រុងរាជគ្រឹះ។ គ្រានោះឯង ព្រាហ្មណ៍ម្នាក់ បានចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះមានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររឭកហើយ ទើបអង្គុយក្នុងទីដ៏សមគួរ។ លុះព្រាហ្មណ៍នោះអង្គុយក្នុងទីដ៏សមគួរហើយ ក្រាបបង្គំទូលសួរព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះគោតមដ៏ចំរើន កប្បដែលកន្លងរំលងទៅ មានចំនួនច្រើនប៉ុន្មាន។ ម្នាលព្រាហ្មណ៍ កប្បដែលកន្លងរំលងទៅ មានចំនួនច្រើនណាស់ កប្បទាំងនោះ មិនងាយនឹងរាប់ថា ប៉ុណ្ណេះកប្ប ឬថាប៉ុណ្ណេះរយកប្ប ថាប៉ុណ្ណេះពាន់កប្ប ឬថាប៉ុណ្ណេះសែនកប្បបានឡើយ។ បពិត្រព្រះគោតមដ៏ចំរើន ចុះព្រះអង្គអាចធ្វើពាក្យឧបមាបានឬទេ។

[១០៤] ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលព្រាហ្មណ៍ អាចធ្វើបាន ហើយទ្រង់ត្រាស់តទៅទៀតថា ម្នាលព្រាហ្មណ៍ ដូចជាចាប់ដើមតាំងពីស្ទឹងគង្គានេះកើតមានមក តែងហូរទៅកាន់មហាសមុទ្រក្នុងចន្លោះណា គ្រាប់ខ្សាច់ណាដែលមានក្នុងចន្លោះនុ៎ះ គ្រាប់ខ្សាច់នោះ មិនងាយនឹងរាប់ថា ប៉ុណ្ណេះគ្រាប់ខ្សាច់ ឬថាប៉ុណ្ណេះរយគ្រាប់ខ្សាច់ ថាប៉ុណ្ណេះពាន់គ្រាប់ខ្សាច់ ឬថាប៉ុណ្ណេះសែនគ្រាប់ខ្សាច់។ ម្នាលព្រាហ្មណ៍ កប្បដែលកន្លងរំលងទៅហើយ ច្រើនជាងគ្រាប់ខ្សាច់នោះឯង កប្បនោះ មិនងាយនឹងរាប់ថា ប៉ុណ្ណេះកប្ប ឬថាប៉ុណ្ណេះរយកប្ប ថាប៉ុណ្ណេះពាន់កប្ប ឬថាប៉ុណ្ណេះសែនកប្ប សេចក្តីនោះ ព្រោះហេតុអ្វី ម្នាលព្រាហ្មណ៍ ព្រោះសង្សារនេះ មានទីបំផុតគេមិនអាចដឹងបាន គឺទីបំផុតខាងដើម របស់សត្វទាំងឡាយ ដែលមានអវិជ្ជាជារនាំង មានតណ្ហាជាចំណង អន្ទោលទៅ ត្រាច់រង្គាត់ទៅ មិនប្រាកដឡើយ ម្នាលព្រាហ្មណ៍ សេចក្តីទុក្ខ សេចក្តីព្រួយ សេចក្តីវិនាស សត្វទាំងនោះ ទទួលរងហើយ អស់កាលជាអង្វែងយ៉ាងនេះ ព្រៃខ្មោចក៏ចម្រើនឡើង។ ម្នាលព្រាហ្មណ៍ ហេតុនេះ អ្នកទាំងឡាយ គួរនឿយណាយ គួរធុញទ្រាន់ គួរជិនឆ្អន់ ក្នុងសង្ខារទាំងពួង។

[១០៥] កាលបើព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ព្រាហ្មណ៍នោះ ក្រាបបង្គំទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះគោតមដ៏ចំរើន ច្បាស់ពេកណាស់ បពិត្រព្រះគោតមដ៏ចំរើន ច្បាស់ពេកណាស់។បេ។ សូមព្រះគោតមដ៏ចម្រើន ចាំទុកនូវខ្ញុំព្រះអង្គ ថាជាឧបាសក ដល់នូវសរណៈស្មើដោយជីវិត ចាប់ដើមតាំងពីថ្ងៃនេះតទៅ។

ចប់ សូត្រ ទី៨។

(ទណ្ឌ)សូត្រ ទី៩

(៩. ទណ្ឌសុត្តំ)

[១០៦] ទ្រង់គង់នៅទៀបក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ… ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ សង្សារនេះ មានទីបំផុត គេមិនអាចដឹងបាន គឺទីបំផុតខាងដើម របស់សត្វទាំងឡាយ ដែលមានអវិជ្ជាជារនាំង មានតណ្ហាជាគ្រឿងប្រកបផ្សំ អន្ទោលទៅ ត្រាច់រង្គាត់ទៅ មិនប្រាកដឡើយ។បេ។

[១០៧] ម្នាលភិក្ខុទាំងឡាយ ដូចជាដំបងដែលគេចោលទៅឰដ៏អាកាសខាងលើ ចួនកាលក៏ធ្លាក់ចុះខាងគល់មកមុន ចួនកាលក៏ធ្លាក់ចុះត្រង់កណ្តាលមកមុន ចួនកាលក៏ធ្លាក់ចុះខាងចុងមកមុន ម្នាលភិក្ខុទាំងឡាយ សត្វទាំងឡាយដែលមានអវិជ្ចាជារនាំង មានតណ្ហាជាគ្រឿងប្រកបផ្សំ អន្ទោលទៅ ត្រាច់រង្គាត់ទៅ ចួនកាលក៏ចេញអំពីលោកនេះ ទៅកាន់លោកខាងមុខ ចួនកាលក៏ចេញអំពីលោកខាងមុខ មកកាន់លោកនេះវិញ យ៉ាងនោះឯង សេចក្តីនោះ ព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ព្រោះសង្សារនេះ មានទីបំផុត គេមិនអាចដឹងបាន។បេ។ គួរជិនឆ្អន់។

ចប់ សូត្រ ទី៩។

(បុគ្គល)សូត្រ ទី១០

(១០. បុគ្គលសុត្តំ)

[១០៨] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅលើភ្នំគិជ្ឈកូដ ទៀបក្រុងរាជគ្រឹះ។ ក្នុងទីនោះឯង ព្រះមានព្រះភាគ ត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះទទួលព្រះពុទ្ធដីកាព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន។

[១០៩] ព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ សង្សារនេះ មានទីបំផុត គេមិនអាចដឹងបាន។បេ។ ម្នាលភិក្ខុទាំងឡាយ កាលដែលបុគ្គលម្នាក់ អន្ទោលទៅ ត្រាច់រង្គាត់ទៅ អស់មួយកប្ប រាងឆ្អឹង ពំនូកឆ្អឹង គំនរឆ្អឹងយ៉ាងធំ ប្រហែលគ្នា នឹងភ្នំវេបុល្លៈនេះឯង ប្រសិនបើមានបុគ្គល អ្នកជញ្ជូនយកឆ្អឹងដែលគេគរទុក ក៏មិនគប្បីអស់ទៅឡើយ សេចក្តីនោះ ព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ព្រោះសង្សារនេះ មានទីបំផុត គេមិនអាចដឹងបាន។បេ។ គួរជិនឆ្អន់។

[១១០] ព្រះមានព្រះភាគ ទ្រង់ត្រាស់សូត្រនេះរួចហើយ លុះព្រះសុគត ជាសាស្តាត្រាស់សូត្រនេះហើយ ទើបទ្រង់ត្រាស់ពាក្យនេះ តទៅទៀតថា

គំនរនៃឆ្អឹងរបស់បុគ្គលម្នាក់ ចំនួនមួយកប្ប គំនរនោះប្រហែលគ្នានឹងភ្នំ ព្រះពុទ្ធជាមហេសី បានត្រាស់ហើយដូច្នេះ ភ្នំវេបុល្លៈនេះ លោកពោលហើយថា ធំលើសលុបជាងភ្នំគិជ្ឈកូដ5) ទៀបក្រុងគិរិព្វជៈ (រាជគ្រឹះ) របស់អ្នកមគធៈទាំងឡាយ មួយទៀត បុគ្គលណាឃើញនូវអរិយសច្ច ដោយប្រាជ្ញាដ៏ប្រពៃ គឺទុក្ខ១ តណ្ហាដែលញុំាងទុក្ខឲ្យកើតឡើង១ ព្រះនិព្វាន ជាគ្រឿងប្រព្រឹត្តកន្លងនូវទុក្ខ១ អដ្ឋង្គិកមគ្គដ៏ប្រសើរ ជាសភាវៈឲ្យដល់នូវសេចក្តីស្ងប់រម្ងាប់នៃទុក្ខ១ បុគ្គលនោះ អន្ទោលទៅ កំណត់ត្រឹម៧ជាតិ ជាយ៉ាងយូរ រមែងធ្វើនូវទីបំផុតនៃសេចក្តីទុក្ខ ព្រោះអស់ទៅនៃសំយោជនៈទាំងពួង។

ចប់ សូត្រ ទី១០។

ចប់ តិណកដ្ឋវគ្គ ទី១។

ឧទ្ទាននៃតិណកដ្ឋវគ្គនោះ គឺ

ទ្រង់សំដែងប្រៀបដូចស្មៅ និងកំណាត់ឈើជាដើម១ ផែនដី១ ទឹកភ្នែក១ ទឹកដោះ១ ភ្នំ១ គ្រាប់ស្ពៃ១ សាវ័ក១ ស្ទឹងគង្គា១ ដំបង១ បុគ្គល១។

ទុគ្គតវគ្គ ទី២

(២. ទុតិយវគ្គោ)

(ទុគ្គត)សូត្រ ទី១

(១. ទុគ្គតសុត្តំ)

[១១១] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅទៀបក្រុងសាវត្ថី។បេ។ ក្នុងទីនោះឯង ព្រះមានព្រះភាគ… ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ សង្សារនេះ មានទីបំផុត គេមិនអាចដឹងបាន គឺទីបំផុតខាងដើម របស់សត្វទាំងឡាយ ដែលមានអវិជ្ជាជារនាំង មានតណ្ហាជាចំណង អន្ទោលទៅ ត្រាច់រង្គាត់ទៅ មិនប្រាកដឡើយ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីឃើញបុគ្គលកំសត់ណា មានរូបរាងអាក្រក់ អ្នកទាំងឡាយ នឹងដល់នូវសេចក្តីចូលចិត្ត ក្នុងបុគ្គលកំសត់នុ៎ះថា រូបបែបនេះ យើងទាំងឡាយ ធ្លាប់ភប់ប្រសព្វហើយ អស់កាលជាអង្វែង ដូច្នេះដែរ សេចក្តីនោះ ព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ព្រោះសង្សារនេះ មានទីបំផុត គេមិនអាចដឹងបាន។បេ។ គួរជិនឆ្អន់។

ចប់ សូត្រ ទី១។

(សុខិត)សូត្រ ទី២

(២. សុខិតសុត្តំ)

[១១២] ទ្រង់គង់នៅទៀបក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ… ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ សង្សារនេះ មានទីបំផុត គេមិនអាចដឹងបាន… ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីឃើញបុគ្គលណា ដែលដល់នូវសេចក្តីសុខ ដល់នូវសេចក្តីសប្បាយ អ្នកទាំងឡាយ នឹងដល់នូវសេចក្តីចូលចិត្តក្នុងបុគ្គលនុ៎ះថា រូបបែបនេះ យើងទាំងឡាយ ធ្លាប់ភប់ប្រសព្វហើយ អស់កាលជាអង្វែង ដូច្នេះដែរ សេចក្តីនោះ ព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ព្រោះសង្សារនេះ មានទីបំផុត គេមិនអាចដឹងបាន គឺទីបំផុតខាងដើម មិនប្រាកដឡើយ។បេ។ គួរជិនឆ្អន់។

ចប់ សូត្រ ទី២។

(តិំសមត្ត)សូត្រ ទី៣

(៣. តិំសមត្តសុត្តំ)

[១១៣] ទ្រង់គង់នៅក្នុងវត្តវេឡុវ័ន ទៀបក្រុងរាជគ្រឹះ… គ្រានោះឯង បាវេយ្យកភិក្ខុ6) ប្រមាណ៣០រូប ជាអ្នកប្រព្រឹត្តអារញ្ញិកធុតង្គទាំងអស់ ជាអ្នកប្រព្រឹត្តបិណ្ឌបាតិកធុតង្គទាំងអស់ ជាអ្នកប្រព្រឹត្តបង្សុកូលិកធុតង្គទាំងអស់ ជាអ្នកប្រព្រឹត្តតេចីវរិកធុតង្គទាំងអស់ តែនៅមានសំយោជនធម៌ទាំងអស់គ្នា នាំគ្នាចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។

[១១៤] គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់ព្រះតំរិះយ៉ាងនេះថា បាវេយ្យកភិក្ខុប្រមាណ៣០រូបនេះ សុទ្ធតែជាអ្នកប្រព្រឹត្តអារញ្ញិកធុតង្គ សុទ្ធតែជាអ្នកប្រព្រឹត្តបិណ្ឌបាតិកធុតង្គ សុទ្ធតែជាអ្នកប្រព្រឹត្តបង្សុកូលិកធុតង្គ សុទ្ធតែជាអ្នកប្រព្រឹត្តតេចីវរិកធុតង្គ តែនៅមានសំយោជនធម៌ទាំងអស់គ្នា បើដូច្នោះ គួរតែតថាគតសំដែងធម៌ដល់ភិក្ខុទាំងនេះ ដើម្បីធ្វើចិត្តភិក្ខុទាំងនោះ ឲ្យរួចចាកអាសវៈ ដោយមិនប្រកាន់ លើអាសនៈនេះឯង។ ទើបព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ក៏ទទួលព្រះពុទ្ធដីកាព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន។

[១១៥] ព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ សង្សារនេះ មានទីបំផុត គេមិនអាចដឹងបាន គឺទីបំផុតខាងដើម របស់សត្វទាំងឡាយ ដែលមានអវិជ្ជាជារនាំង មានតណ្ហាជាចំណង អន្ទោលទៅ ត្រាច់រង្គាត់ទៅ មិនប្រាកដឡើយ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់សេចក្តីនោះ ថាដូចម្តេច ម្នាលភិក្ខុទាំងឡាយ ត្រង់ដែលអ្នកទាំងឡាយ អន្ទោលទៅ ត្រាច់រង្គាត់ទៅ ត្រូវគេកាត់ក្បាល ដោយកាលជាអង្វែងនេះ ឈាមដែលហូរស្រក់ និងទឹកក្នុងមហាសមុទ្រទាំង៤ តើបណ្តាទឹកទាំងពីរនោះ ទឹកណាច្រើនជាង។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គទាំងឡាយ យល់ច្បាស់នូវធម៌ តាមដែលព្រះមានព្រះភាគ សំដែងហើយ បពិត្រព្រះអង្គដ៏ចំរើន កាលដែលខ្ញុំព្រះអង្គទាំងឡាយ អន្ទោលទៅ ត្រាច់រង្គាត់ទៅ ត្រូវគេកាត់ក្បាលដោយកាលជាអង្វែងនេះ ឈាមដែលហូរស្រក់ទៅច្រើនអនេក ឯទឹកក្នុងមហាសមុទ្រទាំង៤ មិនច្រើនជាងឡើយ។

[១១៦] ម្នាលភិក្ខុទាំងឡាយ ត្រូវហើយ ត្រូវហើយ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយយល់ច្បាស់នូវធម៌ តាមដែលតថាគត សំដែងហើយយ៉ាងនេះ ប្រពៃហើយ ម្នាលភិក្ខុទាំងឡាយ កាលដែលអ្នកទាំងឡាយ អន្ទោលទៅ ត្រាច់រង្គាត់ទៅ ត្រូវគេកាត់ក្បាលដោយកាលជាអង្វែងនេះ ឈាមដែលហូរស្រក់ទៅច្រើនអនេក ឯទឹកក្នុងមហាសមុទ្រទាំង៤ មិនច្រើនជាងមែន។ ម្នាលភិក្ខុទាំងឡាយ កាលអ្នកទាំងឡាយកើតជាគោ មានសភាពជាគោ ត្រូវគេកាត់ក្បាលអស់កាលជាអង្វែង ឈាមដែលហូរស្រក់ទៅច្រើនអនេក ឯទឹកក្នុងមហាសមុទ្រទាំង៤ មិនច្រើនជាងឡើយ។ ម្នាលភិក្ខុទាំងឡាយ កាលដែលអ្នកទាំងឡាយ កើតជាក្របី មានសភាពជាក្របី ត្រូវគេកាត់ក្បាលអស់កាលជាអង្វែង ឈាមដែលហូរស្រក់ទៅច្រើនអនេក។ ម្នាលភិក្ខុទាំងឡាយ កាលដែលអ្នកទាំងឡាយ កើតជាចៀម មានសភាពជាចៀម អស់កាលជាអង្វែង។បេ។ កើតជាពពែ មានសភាពជាពពែ។បេ។ កើតជាម្រឹគ មានសភាពជាម្រឹគ។បេ។ កើតជាជ្រូក មានសភាពជាជ្រូក។បេ។ កើតជាមាន់ មានសភាពជាមាន់។បេ។ ម្នាលភិក្ខុទាំងឡាយ កាលដែលអ្នកទាំងឡាយ ត្រូវគេប្រចាប់ថាជាចោរ បៀតបៀនអ្នកស្រុក ហើយគេកាត់ក្បាល អស់កាលជាអង្វែង ឈាមដែលហូរស្រក់ទៅច្រើនអនេក។ ម្នាលភិក្ខុទាំងឡាយ កាលដែលអ្នកទាំងឡាយ ត្រូវគេប្រចាប់ថាជាចោរ ចាំស្ទាក់ក្បែរផ្លូវ អស់កាលជាអង្វែង។បេ។ កាលដែលអ្នកទាំងឡាយ ត្រូវគេប្រចាប់ថាជាចោរលួចប្រពន្ធគេ ហើយគេកាត់ក្បាល ឈាមដែលហូរស្រក់ទៅច្រើនអនេក ឯទឹកក្នុងមហាសមុទ្រទាំង៤ មិនមែនច្រើនជាងឡើយ សេចក្តីនោះ ព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ព្រោះសង្សារនេះ មានទីបំផុត គេមិនអាចដឹងបាន។បេ។ គួរជិនឆ្អន់។

[១១៧] លុះព្រះមានព្រះភាគ ទ្រង់ត្រាស់សូត្រនេះចប់ហើយ ពួកភិក្ខុនោះ ជាអ្នកមានសេចក្តីត្រេកអរ បានត្រេកអរចំពោះភាសិតរបស់ព្រះមានព្រះភាគ។ កាលដែលព្រះមានព្រះភាគ ទ្រង់ត្រាស់វេយ្យាករណ៍នេះ ចិត្តរបស់បាវេយ្យកភិក្ខុប្រមាណ៣០រូប ក៏រួចស្រឡះចាកអាសវៈ ដោយការមិនប្រកាន់។

ចប់ សូត្រ ទី៣។

(មាតុ)សូត្រ ទី៤

(៤. មាតុសុត្តំ)

[១១៨] ទ្រង់គង់នៅទៀបក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ… ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ សង្សារនេះ មានទីបំផុត គេមិនអាចដឹងបាន។បេ។ ម្នាលភិក្ខុទាំងឡាយ សត្វណាមិនធ្លាប់កើតជាមាតា សត្វនោះ គេមិនងាយរកបាន ដោយកាលជាអង្វែងនេះទេ សេចក្តីនោះ ព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ព្រោះសង្សារនេះ មានទីបំផុត គេមិនអាចដឹងបាន។បេ។ គួរជិនឆ្អន់។

ចប់ សូត្រ ទី៤។

(បិតុ)សូត្រ ទី៥

(៥. បិតុសុត្តំ)

(ពាក្យបំប្រួញសេចក្តីទាំងអស់យ៉ាងនេះ)។

[១១៩] ទ្រង់គង់នៅទៀបក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ… ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ សង្សារនេះ មានទីបំផុត គេមិនអាចដឹងបាន។បេ។ ម្នាលភិក្ខុទាំងឡាយ សត្វណាមិនធ្លាប់កើតជាបិតា សត្វនោះ គេមិនងាយរកបាន។បេ។

ចប់ សូត្រ ទី៥។

(ភាតុ)សូត្រ ទី៦

(៦. ភាតុសុត្តំ)

[១២០] ទ្រង់គង់នៅទៀបក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ… ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ សង្សារនេះ មានទីបំផុត គេមិនអាចដឹងបាន។បេ។ ម្នាលភិក្ខុទាំងឡាយ សត្វណា មិនធ្លាប់កើតជាបងប្អូនប្រុស សត្វនោះ គេមិនងាយរកបានទេ។បេ។

ចប់ សូត្រ ទី៦។

(ភគិនិ)សូត្រ ទី៧

(៧. ភគិនិសុត្តំ)

[១២១] ទ្រង់គង់នៅទៀបក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ… ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ សង្សារនេះ មានទីបំផុត គេមិនអាចដឹងបាន។បេ។ ម្នាលភិក្ខុទាំងឡាយ សត្វណា មិនធ្លាប់កើតជាបងប្អូនស្រី សត្វនោះ គេមិនងាយរកបានទេ។បេ។

ចប់ សូត្រ ទី៧។

(បុត្ត)សូត្រ ទី៨

(៨. បុត្តសុត្តំ)

[១២២] ទ្រង់គង់នៅទៀបក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ… ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ សង្សារនេះ មានទីបំផុត គេមិនអាចដឹងបាន។បេ។ ម្នាលភិក្ខុទាំងឡាយ សត្វណា មិនធ្លាប់កើតជាកូនប្រុស សត្វនោះ គេមិនងាយរកបានទេ។បេ។

ចប់ សូត្រ ទី៨។

(ធីតុ)សូត្រ ទី៩

(៩. ធីតុសុត្តំ)

[១២៣] ទ្រង់គង់នៅទៀបក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ… ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ សង្សារនេះ មានទីបំផុត គេមិនអាចដឹងបាន គឺទីបំផុតខាងដើម របស់សត្វទាំងឡាយ ដែលមានអវិជ្ជាជារនាំង មានតណ្ហាជាចំណង អន្ទោលទៅ ត្រាច់រង្គាត់ទៅ មិនប្រាកដឡើយ។ ម្នាលភិក្ខុទាំងឡាយ សត្វណា មិនធ្លាប់កើតជាកូនស្រី សត្វនោះ គេមិនងាយរកបាន ដោយកាលជាអង្វែងនេះទេ សេចក្តីនោះ ព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ព្រោះសង្សារនេះ មានទីបំផុត គេមិនអាចដឹងបាន គឺទីបំផុតខាងដើម របស់សត្វទាំងឡាយ ដែលមានអវិជ្ជាជារនាំង មានតណ្ហាជាចំណង អន្ទោលទៅ ត្រាច់រង្គាត់ទៅ មិនប្រាកដឡើយ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីទុក្ខ សេចក្តីព្រួយ សេចក្តីវិនាស ដែលអ្នកទាំងឡាយ បានទទួលរងហើយ អស់កាលជាអង្វែងយ៉ាងនេះ ព្រៃខ្មោចក៏ចំរើនឡើង។ ម្នាលភិក្ខុទាំងឡាយ ហេតុនេះ អ្នកទាំងឡាយ គួរនឿយណាយ គួរធុញទ្រាន់ គួរជិនឆ្អន់ ក្នុងសង្ខារទាំងពួង។

ចប់ សូត្រ ទី៩។

(វេបុល្លបព្វត)សូត្រ ទី១០

(១០. វេបុល្លបព្វតសុត្តំ)

[១២៤] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅនាភ្នំគិជ្ឈកូដ ទៀបក្រុងរាជគ្រឹះ។ ក្នុងទីនោះឯង ព្រះមានព្រះភាគ ត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីកា របស់ព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន។

[១២៥] ព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ សង្សារនេះ មានទីបំផុត គេមិនអាចដឹងបាន គឺទីបំផុតខាងដើម របស់សត្វទាំងឡាយ ដែលមានអវិជ្ជាជារនាំង មានតណ្ហាជាចំណង អន្ទោលទៅ ត្រាច់រង្គាត់ទៅ មិនប្រាកដឡើយ។ ម្នាលភិក្ខុទាំងឡាយ ភ្នំវេបុល្លនេះ មានឈ្មោះថា បាចីនវំសៈ ដូច្នេះ កើតឡើងហើយ ក្នុងអតីតកាល។ ម្នាលភិក្ខុទាំងឡាយ មនុស្សទាំងឡាយ មានឈ្មោះថា តិវរៈដូច្នេះ កើតឡើងហើយ ក្នុងសម័យនោះដែរ។ ម្នាលភិក្ខុទាំងឡាយ ពួកមនុស្សតិវរៈ មានអាយុប្រមាណបួនហ្មឺនឆ្នាំ។ ម្នាលភិក្ខុទាំងឡាយ ពួកមនុស្សតិវរៈ ឡើងភ្នំបាចីនវំសៈ អស់៤ថ្ងៃ ចុះមកវិញ អស់៤ថ្ងៃ។ ម្នាលភិក្ខុទាំងឡាយ ព្រះមានព្រះភាគ ព្រះនាមកកុសន្ធៈ អរហន្តសម្មាសម្ពុទ្ធ បានកើតឡើងក្នុងលោក ក្នុងសម័យនោះដែរ។ ម្នាលភិក្ខុទាំងឡាយ ព្រះមានព្រះភាគ ព្រះនាមកកុសន្ធៈ អរហន្តសម្មាសម្ពុទ្ធ មានគូសាវ័កឈ្មោះវិធូរៈ និងសញ្ជីវៈ ជាគូដ៏ប្រសើរ ជាគូដ៏ថ្លៃថ្លា។ ម្នាលភិក្ខុទាំងឡាយ ចូរអ្នកទាំងឡាយ មើលចុះ ឈ្មោះនោះរបស់ភ្នំនេះ ក៏អន្តរធានបាត់ទៅ មនុស្សទាំងនោះ ក៏ធ្វើមរណកាលទៅ ទាំងព្រះមានព្រះភាគអង្គនោះ ក៏បរិនិព្វានទៅហើយ។ ម្នាលភិក្ខុទាំងឡាយ សង្ខារទាំងឡាយ មិនទៀងយ៉ាងនេះ ម្នាលភិក្ខុទាំងឡាយ សង្ខារទាំងឡាយ មិនឋិតថេរយ៉ាងនេះ ម្នាលភិក្ខុទាំងឡាយ សង្ខារទាំងឡាយ មិនស្រួលយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ ហេតុនេះ អ្នកទាំងឡាយ គួរនឿយណាយ គួរធុញទ្រាន់ គួរជិនឆ្អន់ ក្នុងសង្ខារទាំងពួង។

[១២៦] ម្នាលភិក្ខុទាំងឡាយ ភ្នំវេបុល្លនេះ មានឈ្មោះថាវង្កត ដូច្នេះ កើតឡើង ក្នុងអតីតកាល។ ម្នាលភិក្ខុទាំងឡាយ ពួកមនុស្សមានឈ្មោះថា រោហិតស្សៈ ដូច្នេះ កើតឡើង ក្នុងសម័យនោះដែរ។ ម្នាលភិក្ខុទាំងឡាយ ពួកមនុស្សរោហិតស្សៈ មានអាយុប្រមាណបីហ្មឺនឆ្នាំ។ ម្នាលភិក្ខុទាំងឡាយ ពួកមនុស្សរោហិតស្សៈ ឡើងភ្នំវង្កត អស់៣ថ្ងៃ ចុះមកវិញ ក៏អស់៣ថ្ងៃ។ ម្នាលភិក្ខុទាំងឡាយ ព្រះមានព្រះភាគ ព្រះនាមកោនាគមនៈ អរហន្តសម្មាសម្ពុទ្ធ បានកើតឡើងក្នុងលោក ក្នុងសម័យនោះដែរ។ ម្នាលភិក្ខុទាំងឡាយ ព្រះមានព្រះភាគ ព្រះនាមកោនាគមនៈ អរហន្តសម្មាសម្ពុទ្ធ មានគូសាវ័កឈ្មោះភិយ្យោសៈ និងឧត្តរៈ ជាគូដ៏ប្រសើរ ជាគូដ៏ថ្លៃថ្លា។ ម្នាលភិក្ខុទាំងឡាយ ចូរអ្នកទាំងឡាយ មើលចុះ ឈ្មោះនោះរបស់ភ្នំនេះ ក៏អន្តរធានបាត់ទៅ មនុស្សទាំងនោះ ក៏ធ្វើមរណកាលទៅ ទាំងព្រះមានព្រះភាគអង្គនោះ ក៏បរិនិព្វានទៅហើយ។ ម្នាលភិក្ខុទាំងឡាយ សង្ខារទាំងឡាយ មិនទៀងយ៉ាងនេះ។បេ។ គួរជិនឆ្អន់។

[១២៧] ម្នាលភិក្ខុទាំងឡាយ ភ្នំវេបុល្លនេះ មានឈ្មោះថា សុបស្សៈ ដូច្នេះ កើតឡើង ក្នុងអតីតកាល។ ម្នាលភិក្ខុទាំងឡាយ ពួកមនុស្ស មានឈ្មោះថា សុប្បិយៈដូច្នេះ កើតឡើង ក្នុងសម័យនោះដែរ។ ម្នាលភិក្ខុទាំងឡាយ ពួកមនុស្សសុប្បិយៈ មានអាយុប្រមាណ២ហ្មឺនឆ្នាំ។ ម្នាលភិក្ខុទាំងឡាយ ពួកមនុស្សសុប្បិយៈ ឡើងភ្នំសុបស្សៈ អស់២ថ្ងៃ ចុះមកវិញ អស់២ថ្ងៃ។ ម្នាលភិក្ខុទាំងឡាយ ព្រះមានព្រះភាគ ព្រះនាមកស្សប អរហន្តសម្មាសម្ពុទ្ធ កើតឡើងក្នុងលោក ក្នុងសម័យនោះដែរ។ ម្នាលភិក្ខុទាំងឡាយ ព្រះមានព្រះភាគ ព្រះនាមកស្សប អរហន្តសម្មាសម្ពុទ្ធអង្គនោះ មានគូសាវ័កឈ្មោះតិស្សៈ និងភារទ្វាជៈ ជាគូដ៏ប្រសើរ ជាគូដ៏ថ្លៃថ្លា។ ម្នាលភិក្ខុទាំងឡាយ ចូរអ្នកទាំងឡាយ មើលចុះ ឈ្មោះនោះរបស់ភ្នំនេះ ក៏អន្តរធានបាត់ទៅ មនុស្សទាំងនោះ ក៏ធ្វើមរណកាលទៅ ទាំងព្រះមានព្រះភាគអង្គនោះ ក៏បរិនិព្វានទៅដែរ។ ម្នាលភិក្ខុទាំងឡាយ សង្ខារទាំងឡាយ មិនទៀងយ៉ាងនេះ ម្នាលភិក្ខុទាំងឡាយ សង្ខារទាំងឡាយ មិនឋិតថេរយ៉ាងនេះ។បេ។ គួរជិនឆ្អន់។

[១២៨] ម្នាលភិក្ខុទាំងឡាយ ក្នុងកាលឥឡូវនេះ ភ្នំវេបុល្លនេះ មានឈ្មោះថា វេបុល្ល ដូច្នេះ កើតឡើងហើយ។ ម្នាលភិក្ខុទាំងឡាយ ពួកមនុស្សនេះ មានឈ្មោះថា មាគធកៈ ដូច្នេះ កើតឡើងហើយ ក្នុងកាលឥឡូវនេះឯង។ ម្នាលភិក្ខុទាំងឡាយ ពួកមនុស្សឈ្មោះមាគធកៈ មានប្រមាណនៃអាយុតិចតួចស្តួចស្តើងឆាប់រហ័ស មនុស្សណា រស់នៅយ៉ាងយូរ មនុស្សនោះ រស់នៅត្រឹម១០០ឆ្នាំ ឬតិចជាងក៏មាន ច្រើនជាងក៏មាន។ ម្នាលភិក្ខុទាំងឡាយ ពួកមនុស្សឈ្មោះមាគធកៈ ឡើងភ្នំវេបុល្លមួយរំពេច ចុះមកវិញក៏មួយរំពេច។ ម្នាលភិក្ខុទាំងឡាយ ក្នុងកាលឥឡូវនេះ ព្រះអរហន្តសម្មាសម្ពុទ្ធ គឺតថាគតនេះ បានកើតឡើងក្នុងលោក។ ម្នាលភិក្ខុទាំងឡាយ តថាគត មានគូសាវ័កឈ្មោះសារីបុត្ត និងមោគ្គល្លាន ជាគូដ៏ប្រសើរ ជាគូដ៏ថ្លៃថ្លា។ ម្នាលភិក្ខុទាំងឡាយ មុខជានឹងមានកាលដែលឈ្មោះនេះ របស់ភ្នំនេះ ត្រូវអន្តរធានបាត់ទៅ មនុស្សទាំងនេះ ក៏នឹងធ្វើមរណកាលទៅ ឯតថាគត ក៏គង់នឹងបរិនិព្វានទៅ។ ម្នាលភិក្ខុទាំងឡាយ សង្ខារទាំងឡាយ មិនទៀងយ៉ាងនេះ ម្នាលភិក្ខុទាំងឡាយ សង្ខារទាំងឡាយ មិនឋិតថេរយ៉ាងនេះ ម្នាលភិក្ខុទាំងឡាយ សង្ខារទាំងឡាយ មិនស្រួលយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ ហេតុនេះ អ្នកទាំងឡាយ គួរនឿយណាយ គួរធុញទ្រាន់ គួរជិនឆ្អន់ ក្នុងសង្ខារទាំងពួង។

[១២៩] ព្រះមានព្រះភាគ ទ្រង់ត្រាស់សូត្រនេះហើយ លុះព្រះសុគត ជាសាស្តា ទ្រង់ត្រាស់សូត្រនេះហើយ ទើបទ្រង់ត្រាស់ពាក្យនេះតទៅទៀតថា

ភ្នំបាចីនវំសៈរបស់ពួកមនុស្សតិវរៈ ភ្នំវង្កតរបស់ពួកមនុស្សរោហិតស្សៈ ភ្នំសុបស្សៈ របស់ពួកមនុស្សសុប្បិយៈ ភ្នំវេបុល្ល របស់ពួកមនុស្សមាគធៈ សង្ខារទាំងឡាយ មិនទៀងមែនពិត មានកិរិយាកើតឡើង និងវិនាសទៅជាធម្មតា លុះកើតឡើងហើយរលត់ទៅវិញ ការរម្ងាប់នូវសង្ខារទាំងឡាយនោះ នាំមកនូវសេចក្តីសុខ។

ចប់សូត្រទី១០។

ចប់ ទុគ្គតវគ្គ ទី២។

ឧទ្ទាននៃទុគ្គតវគ្គនោះ គឺ

និយាយពីបុគ្គលកំសត់១ បុគ្គលដល់នូវសេចក្តីសុខ១ ភិក្ខុ៣០រូប១ បុគ្គលធ្លាប់កើតជាមាតា១ ជាបិតា១ ជាបងប្អូនប្រុស១ ជាបងប្អូនស្រី១ ជាកូនប្រុស១ ជាកូនស្រី១ ភ្នំឈ្មោះវេបុល្ល១។

ចប់ អនមតគ្គសំយុត្ត ទី

កស្សបសំយុត្ត ទី៥

(៥. កស្សបសំយុត្តំ)

(សន្តុដ្ឋ)សូត្រ ទី១

(១. សន្តុដ្ឋសុត្តំ)

[១៣០] ព្រះមានព្រះភាគ គង់នៅទៀបក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ… ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ កស្សបភិក្ខុនេះ ជាអ្នកសន្តោស ដោយចីវរតាមមានតាមបានផង ជាអ្នកពោលសរសើរគុណនៃការសន្តោស ដោយចីវរ តាមមានតាមបានផង មិនដល់នូវអនេសនៈ ដែលជាធម៌មិនសមគួរ ព្រោះហេតុចីវរផង មិនតក់ស្លុតព្រោះមិនបានចីវរផង មិនត្រេកអរ មិនវង្វេង មិនជ្រុលជ្រប់ ព្រោះបានចីវរផង ជាអ្នកឃើញទោស ក្នុងការដល់នូវអនេសនៈ និងការប្រើប្រាស់ ដោយសេចក្តីចំពាក់ចិត្ត ជាប្រក្រតី ជាអ្នកមានបញ្ញាសម្រាប់រើខ្លួន ប្រើប្រាស់ (នូវចីវរ)។ ម្នាលភិក្ខុទាំងឡាយ កស្សបភិក្ខុនេះ ជាអ្នកសន្តោស ដោយបិណ្ឌបាត តាមមានតាមបានផង ជាអ្នកពោលសរសើរគុណ នៃសេចក្តីសន្តោស ដោយបិណ្ឌបាត តាមមានតាមបានផង មិនដល់នូវអនេសនៈ ដែលជាធម៌មិនសមគួរ ព្រោះហេតុបិណ្ឌបាតផង មិនតក់ស្លុត ព្រោះមិនបានបិណ្ឌបាតផង មិនត្រេកអរ មិនវង្វេង មិនជ្រុលជ្រប់ ព្រោះបានបិណ្ឌបាតផង ជាអ្នកឃើញទោស ជាប្រក្រតី មានបញ្ញាសម្រាប់រើខ្លួន បរិភោគ (នូវបិណ្ឌបាត)។ ម្នាលភិក្ខុទាំងឡាយ កស្សបភិក្ខុនេះ ជាអ្នកសន្តោស ដោយសេនាសនៈ តាមមានតាមបានផង ជាអ្នកពោលសរសើរគុណ នៃសេចក្តីសន្តោស ដោយសេនាសនៈ តាមមានតាមបានផង មិនដល់នូវអនេសនៈ ដែលជាធម៌មិនសមគួរ ព្រោះហេតុនៃសេនាសនៈផង មិនតក់ស្លុត ព្រោះមិនបានសេនាសនៈផង មិនត្រេកអរ មិនវង្វេង មិនជ្រុលជ្រប់ ព្រោះបានសេនាសនៈផង ជាអ្នកឃើញទោស ជាប្រក្រតី មានបញ្ញាសម្រាប់រើខ្លួន ប្រើប្រាស់ (នូវសេនាសនៈ)។ ម្នាលភិក្ខុទាំងឡាយ កស្សបភិក្ខុនេះ ជាអ្នកសន្តោស ដោយគិលានប្បច្ចយភេសជ្ជបរិក្ខារ តាមមានតាមបានផង ជាអ្នកពោលសរសើរគុណ នៃសេចក្តីសន្តោស ដោយគិលានប្បច្ចយភេសជ្ជបរិក្ខារ តាមមានតាមបានផង មិនដល់នូវអនេសនៈ ដែលជាធម៌មិនសមគួរ ព្រោះហេតុនៃគិលានប្បច្ចយភេសជ្ជបរិក្ខារផង មិនតក់ស្លុត ព្រោះមិនបានគិលានប្បច្ចយភេសជ្ជបរិក្ខារផង មិនត្រេកអរ មិនវង្វេង មិនជ្រុលជ្រប់ ព្រោះបានគិលានប្បច្ចយភេសជ្ជបរិក្ខារផង ជាអ្នកឃើញទោស ជាប្រក្រតី មានបញ្ញាសម្រាប់រើខ្លួន បរិភោគ (នូវគិលានប្បច្ចយភេសជ្ជបរិក្ខារ)។

[១៣១] ម្នាលភិក្ខុទាំងឡាយ ហេតុដូច្នោះ ភិក្ខុក្នុងសាសនានេះ គប្បីសិក្សាយ៉ាងនេះថា ពួកយើងនឹងជាអ្នកសន្តោស ដោយចីវរ តាមមានតាមបានផង ជាអ្នកពោលសរសើរគុណ នៃសេចក្តីសន្តោស ដោយចីវរ តាមមានតាមបានផង មិនដល់នូវអនេសនៈ ដែលជាធម៌មិនសមគួរ ព្រោះហេតុនៃចីវរផង មិនតក់ស្លុត ព្រោះមិនបានចីវរផង មិនត្រេកអរ មិនវង្វេង មិនជ្រុលជ្រប់ ព្រោះបានចីវរផង ជាអ្នកឃើញទោស ជាប្រក្រតី មានបញ្ញាសម្រាប់រើខ្លួន និងបរិភោគ (នូវចីវរ)។

(ពាក្យទាំងអស់ បណ្ឌិតត្រូវធ្វើយ៉ាងនេះចុះ)

យើងទាំងឡាយ នឹងជាអ្នកសន្តោស ដោយបិណ្ឌបាត តាមមានតាមបានផង។បេ។ យើងទាំងឡាយ នឹងជាអ្នកសន្តោស ដោយសេនាសនៈ តាមមានតាមបានផង។បេ។ យើងទាំងឡាយ នឹងជាអ្នកសន្តោស ដោយគិលានប្បច្ចយភេសជ្ជបរិក្ខារ តាមមានតាមបានផង ជាអ្នកពោលសរសើរគុណ នៃសេចក្តីសន្តោស ដោយគិលានប្បច្ចយភេសជ្ជបរិក្ខារ តាមមានតាមបានផង មិនដល់នូវអនេសនៈ ដែលជាធម៌មិនសមគួរ ព្រោះហេតុនៃគិលានប្បច្ចយភេសជ្ជបរិក្ខារផង ជាអ្នកមិនតក់ស្លុត ព្រោះមិនបានគិលានប្បច្ចយភេសជ្ជបរិក្ខារផង មិនត្រេកអរ មិនវង្វេង មិនជ្រុលជ្រប់ ព្រោះបានគិលានប្បច្ចយភេសជ្ជបរិក្ខារផង ជាអ្នកឃើញទោស ជាប្រក្រតី មានបញ្ញាសម្រាប់រើខ្លួន បរិភោគ (នូវគិលានប្បច្ចយភេសជ្ជបរិក្ខារ) ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ត្រូវសិក្សាយ៉ាងនេះចុះ។ ម្នាលភិក្ខុទាំងឡាយ តថាគត នឹងទូន្មាននូវអ្នកទាំងឡាយ តាមបែបកស្សបភិក្ខុ ឬថាតាមបែបភិក្ខុណា ដែលប្រហែលនឹងកស្សបភិក្ខុ អ្នកទាំងឡាយ ដែលតថាគតទូន្មានហើយ ក៏ត្រូវប្រតិបត្តិតាមបែបនោះចុះ។

ចប់ សូត្រ ទី១។

(អនោត្តប្បី)សូត្រ ទី២

(២. អនោត្តប្បីសុត្តំ)

[១៣២] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមហាកស្សបមានអាយុ និងព្រះសារីបុត្តមានអាយុ នៅក្នុងឥសិបតនមិគទាយវ័ន ទៀបក្រុងពារាណសី។ គ្រានោះឯង ព្រះសារីបុត្តមានអាយុ ចេញអំពីទីស្ងាត់ក្នុងវេលាថ្ងៃរសៀល ហើយចូលទៅរកព្រះមហាកស្សបមានអាយុ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះមហាកស្សបមានអាយុ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររឭកហើយ ក៏អង្គុយក្នុងទីដ៏សមគួរ។

[១៣៣] លុះព្រះសារីបុត្តមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ បានពោលពាក្យនេះ នឹងព្រះមហាកស្សបមានអាយុថា ម្នាលកស្សបមានអាយុ ព្រះមានព្រះភាគ បានត្រាស់ព្រះពុទ្ធដីកានេះថា បុគ្គល ដែលមិនមានសេចក្តីព្យាយាមដុតកំដៅកិលេស មិនមានសេចក្តីខ្លាចបាប មិនគួរដើម្បីត្រាស់ដឹង មិនគួរដើម្បីព្រះនិព្វាន មិនគួរដើម្បីបាននូវធម៌ដ៏ក្សេមចាកយោគៈដ៏ប្រសើរឡើយ លុះតែបុគ្គលមានសេចក្តីព្យាយាម មានសេចក្តីខ្លាចបាប ទើបគួរដើម្បីត្រាស់ដឹង គួរដើម្បីព្រះនិព្វាន គួរបាននូវធម៌ដ៏ក្សេមចាកយោគៈដ៏ប្រសើរ ម្នាលអាវុសោ បុគ្គល ដែលមិនមានសេចក្តីព្យាយាមដុតកំដៅកិលេស មិនមានសេចក្តីខ្លាចបាប មិនគួរដើម្បីត្រាស់ដឹង មិនគួរដើម្បីព្រះនិព្វាន មិនគួរដើម្បីបាននូវធម៌ដ៏ក្សេម ចាកយោគៈ ដ៏ប្រសើរទេ តើដូចម្តេចហ្ន៎ ម្នាលអាវុសោ ចំណែកបុគ្គល ជាអ្នកមានសេចក្តីព្យាយាមដុតកំដៅកិលេស ជាអ្នកមានសេចក្តីខ្លាចបាប គួរដើម្បីត្រាស់ដឹង គួរដើម្បីព្រះនិព្វាន គួរដើម្បីបាន នូវធម៌ដ៏ក្សេម ចាកយោគៈ ដ៏ប្រសើរ តើដូចម្តេចខ្លះ។

[១៣៤] ម្នាលអាវុសោ ភិក្ខុក្នុងសាសនានេះ មិនធ្វើសេចក្តីព្យាយាម ដុតកំដៅកិលេស ដោយគិតថា ពួកអកុសលធម៌ ដ៏លាមក ដែលមិនទាន់កើតឡើង ដល់អាត្មាអញ កាលបើកើតឡើង គប្បីប្រព្រឹត្តទៅ ដើម្បីមិនជាប្រយោជន៍ ដូច្នេះឡើយ មិនធ្វើសេចក្តីព្យាយាម ដុតកំដៅកិលេស ដោយគិតថា ពួកអកុសលធម៌ ដ៏លាមក ដែលកើតឡើង ដល់អាត្មាអញ កាលបើអាត្មាអញ មិនបានលះបង់ទេ គប្បីប្រព្រឹត្តទៅ ដើម្បីមិនជាប្រយោជន៍ ដូច្នេះឡើយ មិនធ្វើសេចក្តីព្យាយាម ដុតកំដៅកិលេស ដោយគិតថា ពួកកុសលធម៌ ដែលមិនទាន់កើតឡើង ដល់អាត្មាអញ កាលបើមិនកើតឡើង គប្បីប្រព្រឹត្តទៅ ដើម្បីមិនជាប្រយោជន៍ ដូច្នេះឡើយ មិនធ្វើសេចក្តីព្យាយាម ដុតកំដៅកិលេស ដោយគិតថា ពួកកុសលធម៌ ដែលកើតឡើង ដល់អាត្មាអញហើយ កាលបើរលត់ទៅវិញ គប្បីប្រព្រឹត្តទៅ ដើម្បីមិនជាប្រយោជន៍ ដូច្នេះឡើយ។ ម្នាលអាវុសោ បុគ្គលជាអ្នកមិនមានសេចក្តីព្យាយាមដុតកំដៅកិលេស យ៉ាងនេះឯង។

[១៣៥] ម្នាលអាវុសោ ចុះបុគ្គលមិនមានសេចក្តីខ្លាចបាប តើដូចម្តេច។ ម្នាលអាវុសោ ភិក្ខុក្នុងសាសនានេះ មិនខ្លាចបាប ដោយគិតថា ពួកអកុសលធម៌ ដ៏លាមក មិនទាន់កើតឡើង ដល់អាត្មាអញ កាលបើកើតឡើង គប្បីប្រព្រឹត្តទៅ ដើម្បីមិនជាប្រយោជន៍ មិនខ្លាចបាប ដោយគិតថា ពួកអកុសលធម៌ ដ៏លាមក កើតឡើង ដល់អាត្មាអញហើយ កាលបើអាត្មាអញ មិនបានលះបង់ចេញទេ គប្បីប្រព្រឹត្តទៅ ដើម្បីមិនជាប្រយោជន៍ មិនខ្លាចបាប ដោយគិតថា ពួកកុសលធម៌ ដែលមិនទាន់កើតឡើង ដល់អាត្មាអញ កាលបើមិនទាន់កើតឡើងទេ គប្បីប្រព្រឹត្តទៅ ដើម្បីមិនជាប្រយោជន៍ មិនខ្លាចបាប ដោយគិតថា ពួកកុសលធម៌ ដែលកើតឡើង ដល់អាត្មាអញហើយ កាលបើរលត់ទៅវិញ គប្បីប្រព្រឹត្តទៅ ដើម្បីមិនជាប្រយោជន៍។ ម្នាលអាវុសោ បុគ្គលមិនមានសេចក្តីខ្លាចបាប យ៉ាងនេះឯង។ ម្នាលអាវុសោ បុគ្គល ជាអ្នកមិនមានសេចក្តីព្យាយាម ដុតកំដៅកិលេស មិនមានសេចក្តីខ្លាចបាប មិនគួរដើម្បីត្រាស់ដឹង មិនគួរដើម្បីព្រះនិព្វាន មិនគួរដើម្បីបាននូវធម៌ ដ៏ក្សេមចាកយោគៈ ដ៏ប្រសើរ យ៉ាងនេះឯង។

[១៣៦] ម្នាលអាវុសោ ចុះបុគ្គល ជាអ្នកមានសេចក្តីព្យាយាម ដុតកំដៅកិលេស តើដូចម្តេច។ ម្នាលអាវុសោ ភិក្ខុក្នុងសាសនានេះ ធ្វើនូវសេចក្តីព្យាយាម ដុតកំដៅកិលេស ដោយគិតថា ពួកអកុសលធម៌ ដ៏លាមក មិនទាន់កើតឡើង ដល់អាត្មាអញ កាលបើកើតឡើង គប្បីប្រព្រឹត្តទៅ ដើម្បីមិនជាប្រយោជន៍ ធ្វើសេចក្តីព្យាយាម ដុតកំដៅកិលេស ដោយគិតថា ពួកអកុសលធម៌ ដ៏លាមក កើតឡើង ដល់អាត្មាអញហើយ កាលបើអាត្មាអញ មិនបានលះបង់ចេញទេ គប្បីប្រព្រឹត្តទៅ ដើម្បីមិនជាប្រយោជន៍ ធ្វើសេចក្តីព្យាយាម ដុតកំដៅកិលេស ដោយគិតថា ពួកកុសលធម៌ ដែលមិនទាន់កើតឡើង ដល់អាត្មាអញ កាលបើមិនទាន់កើតឡើង គប្បីប្រព្រឹត្តទៅ ដើម្បីមិនជាប្រយោជន៍ ធ្វើសេចក្តីព្យាយាម ដុតកំដៅកិលេស ដោយគិតថា ពួកកុសលធម៌ ដែលកើតឡើង ដល់អាត្មាអញហើយ កាលបើរលត់ទៅវិញ គប្បីប្រព្រឹត្តទៅ ដើម្បីមិនជាប្រយោជន៍។ ម្នាលអាវុសោ បុគ្គលជាអ្នកមានសេចក្តីព្យាយាមដុតកំដៅកិលេស យ៉ាងនេះឯង។

[១៣៧] ម្នាលអាវុសោ ចុះបុគ្គលជាអ្នកមានសេចក្តីខ្លាចបាប តើដូចម្តេច។ ម្នាលអាវុសោ ភិក្ខុក្នុងសាសនានេះ រមែងខ្លាចបាប ដោយគិតថា ពួកអកុសលធម៌ ដ៏លាមក ដែលមិនទាន់កើតឡើង ដល់អាត្មាអញ កាលបើកើតឡើង គប្បីប្រព្រឹត្តទៅ ដើម្បីមិនជាប្រយោជន៍ រមែងខ្លាចបាប ដោយគិតថា ពួកអកុសលធម៌ ដែលកើតឡើង ដល់អាត្មាអញហើយ កាលបើអាត្មាអញ មិនបានលះបង់ចេញទេ គប្បីប្រព្រឹត្តទៅ ដើម្បីមិនជាប្រយោជន៍ រមែងខ្លាចបាប ដោយគិតថា ពួកកុសលធម៌ ដែលមិនទាន់កើតឡើង ដល់អាត្មាអញ កាលបើមិនទាន់កើតឡើង គប្បីប្រព្រឹត្តទៅ ដើម្បីមិនជាប្រយោជន៍ រមែងខ្លាចបាប ដោយគិតថា ពួកកុសលធម៌ ដែលកើតឡើង ដល់អាត្មាអញហើយ កាលបើរលត់ទៅវិញ គប្បីប្រព្រឹត្តទៅ ដើម្បីមិនជាប្រយោជន៍។ ម្នាលអាវុសោ បុគ្គលជាអ្នកមានសេចក្តីខ្លាចបាប យ៉ាងនេះឯង។ ម្នាលអាវុសោ បុគ្គល ជាអ្នកមានសេចក្តីព្យាយាម ដុតកំដៅកិលេស ជាអ្នកមានសេចក្តីខ្លាចបាប ទើបគួរដើម្បីត្រាស់ដឹង គួរដើម្បីព្រះនិព្វាន គួរដើម្បីបាននូវធម៌ ដ៏ក្សេមចាកយោគៈ ដ៏ប្រសើរ យ៉ាងនេះឯង។

ចប់ សូត្រ ទី២។

(ចន្ទូបម)សូត្រ ទី៣

(៣. ចន្ទូបមសុត្តំ)

[១៣៨] ព្រះមានព្រះភាគ គង់នៅទៀបក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ… ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ មានឧបមាដូចជាព្រះចន្ទ7) ចូរដកកាយ ដកចិត្តចេញ ធ្វើដូចជាអាគន្តុកភិក្ខុ មិនឃ្នើសឃ្នង ក្នុងត្រកូលទាំងឡាយ ហើយចូលទៅកាន់ត្រកូលចុះ។ ម្នាលភិក្ខុទាំងឡាយ បុរសក្រឡេកមើលនូវរណ្តៅចាស់ក្តី នូវទីដែលមិនរាបស្មើក្នុងភ្នំក្តី នូវទីដែលឆ្លងបានដោយលំបាកក្នុងស្ទឹងក្តី តែងដកកាយ ដកចិត្តចេញ យ៉ាងណា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ មានឧបមាដូចជាព្រះចន្ទ ចូរដកកាយ ដកចិត្តចេញ ធ្វើដូចជាអាគន្តុកភិក្ខុ មិនឃ្នើសឃ្នង ក្នុងត្រកូលទាំងឡាយ ហើយចូលទៅកាន់ត្រកូលចុះ យ៉ាងនោះឯង។ ម្នាលភិក្ខុទាំងឡាយ កស្សបមានឧបមាដូចព្រះចន្ទ តែងដកកាយ ដកចិត្តចេញ ធ្វើដូចជាអាគន្តុកភិក្ខុ មិនឃ្នើសឃ្នង ក្នុងត្រកូលទាំងឡាយ ហើយចូលទៅកាន់ត្រកូល។

[១៣៩] ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយសំគាល់ហេតុនោះដូចម្តេច ភិក្ខុមានសភាពដូចម្តេច ដែលគួរចូលទៅកាន់ត្រកូលទាំងឡាយបាន។ បពិត្រព្រះអង្គដ៏ចំរើន ធម៌ទាំងឡាយរបស់ពួកខ្ញុំព្រះអង្គ សឹងមានព្រះមានព្រះភាគជាឫស មានព្រះមានព្រះភាគ ជាអ្នកណែនាំ មានព្រះមានព្រះភាគ ជាទីពឹងអាស្រ័យ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ ទ្រង់ព្រះមេត្តាប្រោស បំភ្លឺសេចក្តីនៃភាសិតនុ៎ះ ឲ្យទាន ពួកភិក្ខុបានស្តាប់ព្រះមានព្រះភាគហើយ នឹងបានចងចាំទុក។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់លើកព្រះហស្តទៅក្នុងអាកាស ហើយធ្វើឲ្យញ័រ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បាតដៃនេះ មិនជាប់ មិនចំពាក់ មិនស្អិត លើអាកាស យ៉ាងណា ម្នាលភិក្ខុទាំងឡាយ ភិក្ខុណាមួយ ចូលទៅកាន់ត្រកូលទាំងឡាយហើយ មានចិត្តមិនជាប់ មិនចំពាក់ មិនស្អិតក្នុងត្រកូលទាំងឡាយ ដោយគិតថា ពួកជនដែលប្រាថ្នាលាភ ចូរឲ្យបាននូវលាភចុះ ពួកជនប្រាថ្នាបុណ្យ ចូរធ្វើបុណ្យចុះ យ៉ាងនោះឯង បុគ្គលជាអ្នកពេញចិត្ត មានចិត្តល្អ ដោយលាភរបស់ខ្លួន យ៉ាងណា បុគ្គលជាអ្នកពេញចិត្ត មានចិត្តល្អ ដោយលាភរបស់ពួកជនដទៃ យ៉ាងនោះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុបែបនេះ ទើបគួរចូលទៅកាន់ត្រកូលទាំងឡាយបាន។ ម្នាលភិក្ខុទាំងឡាយ កាលកស្សបភិក្ខុ ចូលទៅកាន់ត្រកូលទាំងឡាយ មានចិត្តមិនជាប់ មិនចំពាក់ មិនស្អិត ក្នុងត្រកូលទាំងឡាយ ដោយគិតថា ពួកជនប្រាថ្នាលាភ ចូរបានលាភចុះ ពួកជនប្រាថ្នាបុណ្យ ចូរធ្វើនូវបុណ្យចុះ ជនជាអ្នកពេញចិត្ត មានចិត្តល្អ ដោយលាភរបស់ខ្លួន យ៉ាងណា បុគ្គលជាអ្នកពេញចិត្ត មានចិត្តល្អ ដោយលាភរបស់ពួកបុគ្គលដទៃ យ៉ាងនោះដែរ។

[១៤០] ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយសំគាល់ហេតុនោះដូចម្តេច ធម្មទេសនា របស់ភិក្ខុបែបណា ដែលមិនបរិសុទ្ធ ធម្មទេសនា របស់ភិក្ខុបែបណា ដែលបរិសុទ្ធ។ បពិត្រព្រះអង្គដ៏ចំរើន ធម៌ទាំងឡាយ របស់ពួកខ្ញុំព្រះអង្គ សឹងមានព្រះមានព្រះភាគជាឫស មានព្រះមានព្រះភាគ ជាអ្នកណែនាំ មានព្រះមានព្រះភាគ ជាទីពឹងអាស្រ័យ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ ទ្រង់ព្រះមេត្តាប្រោស សំដែងសេចក្តី នៃភាសិតនុ៎ះ ឲ្យទាន ពួកភិក្ខុបានស្តាប់ព្រះមានព្រះភាគហើយ នឹងបានចងចាំទុក។ ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ អ្នកទាំងឡាយ ចូរប្រុងស្តាប់ ចូរធ្វើទុកក្នុងចិត្ត ឲ្យប្រពៃចុះ តថាគតនឹងសំដែង។ ភិក្ខុទាំងនោះ ទទួលព្រះបន្ទូលព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ភាសិតនេះថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុណានីមួយ តាំងចិត្តយ៉ាងនេះថា អើហ្ន៎ ពួកជន គប្បីស្តាប់ធម៌របស់អាត្មាអញ លុះស្តាប់រួចហើយ ជ្រះថ្លាចំពោះធម៌ លុះជ្រះថ្លាពិតហើយ គប្បីធ្វើនូវអាការជ្រះថ្លា ចំពោះអាត្មាអញទៀត ហើយក៏សំដែងធម៌ ដល់ពួកជនដទៃ។ ម្នាលភិក្ខុទាំងឡាយ ធម្មទេសនារបស់ភិក្ខុបែបនេះ ឈ្មោះថា មិនបរិសុទ្ធទេ។ ម្នាលភិក្ខុទាំងឡាយ លុះតែភិក្ខុណា តាំងចិត្តយ៉ាងនេះថា ព្រះធម៌ ដែលព្រះមានព្រះភាគ ទ្រង់សំដែងហើយ ដោយប្រពៃ ជាធម៌ ដែលអ្នកប្រាជ្ញ គប្បីឃើញច្បាស់ ដោយខ្លួនឯង ជាធម៌ឲ្យផល មិនរង់ចាំកាល ជាធម៌មានអាការដូចជាហៅបុគ្គលដទៃ ឲ្យចូលមកមើលបាន ជាធម៌គួរបង្អោនចូលមកទុកក្នុងខ្លួន ជាធម៌ដែលអ្នកប្រាជ្ញទាំងឡាយ គប្បីដឹងចំពោះខ្លួន អើហ្ន៎ ពួកជនដទៃ គប្បីស្តាប់ធម៌របស់អាត្មាអញ លុះស្តាប់រួចហើយ គប្បីដឹងច្បាស់នូវធម៌ លុះដឹងច្បាស់នូវធម៌ហើយ គប្បីប្រតិបត្តិតាមបែបនោះ ហើយក៏សំដែងធម៌ ដល់ពួកជនដទៃ ភិក្ខុសំដែងធម៌ ដល់ពួកជនដទៃ ព្រោះអាស្រ័យនូវភាពនៃធម៌ជាធម៌ល្អ សំដែងធម៌ ដល់ពួកជនដទៃ ព្រោះអាស្រ័យសេចក្តីករុណា សំដែងធម៌ ដល់ពួកជនដទៃ ព្រោះអាស្រ័យសេចក្តីអាណិត សំដែងធម៌ ដល់ពួកជនដទៃ ព្រោះអាស្រ័យសេចក្តីអនុគ្រោះ ដូចសំដែងមកនេះឯង។ ម្នាលភិក្ខុទាំងឡាយ ធម្មទេសនារបស់ភិក្ខុបែបនេះ ទើបឈ្មោះថា បរិសុទ្ធ។

[១៤១] ម្នាលភិក្ខុទាំងឡាយ កស្សបភិក្ខុតាំងចិត្តយ៉ាងនេះថា ព្រះធម៌ ដែលព្រះមានព្រះភាគ ទ្រង់សំដែងហើយ ដោយប្រពៃ ជាធម៌ ដែលអ្នកប្រាជ្ញ គប្បីឃើញច្បាស់ ដោយខ្លួនឯង ជាធម៌ឲ្យផល មិនរង់ចាំកាល ជាធម៌មានអាការដូចជាហៅបុគ្គលដទៃ ឲ្យចូលមកមើលបាន ជាធម៌គួរបង្អោនចូលមកទុកក្នុងខ្លួន ជាធម៌ដែលអ្នកប្រាជ្ញទាំងឡាយ គប្បីដឹងចំពោះខ្លួន អើហ្ន៎ ពួកជនដទៃ គប្បីស្តាប់ធម៌របស់អាត្មាអញ លុះស្តាប់រួចហើយ គប្បីដឹងច្បាស់នូវធម៌ លុះដឹងច្បាស់ហើយ គប្បីប្រតិបត្តិតាមបែបនោះ ហើយក៏សំដែងធម៌ ដល់ពួកជនដទៃ កស្សបភិក្ខុ រមែងសំដែងធម៌ ដល់ពួកជនដទៃ ព្រោះអាស្រ័យនូវភាពនៃធម៌ជាធម៌ល្អ សំដែងធម៌ ដល់ពួកជនដទៃ ព្រោះអាស្រ័យសេចក្តីករុណា សំដែងធម៌ ដល់ពួកជនដទៃ ព្រោះអាស្រ័យសេចក្តីអាណិត សំដែងធម៌ ដល់ពួកជនដទៃ ព្រោះអាស្រ័យសេចក្តីអនុគ្រោះ ដូចសំដែងមកនេះឯង។ ម្នាលភិក្ខុទាំងឡាយ តថាគត នឹងទូន្មានអ្នកទាំងឡាយ តាមបែបកស្សបភិក្ខុ ឬក៏តាមបែបភិក្ខុណា ដែលប្រហែលនឹងកស្សបភិក្ខុ អ្នកទាំងឡាយ ដែលតថាគត ទូន្មានហើយ គប្បីប្រតិបត្តិតាមបែបនោះចុះ។

ចប់ សូត្រ ទី៣។

(កុលូបក)សូត្រ ទី៤

(៤. កុលូបកសុត្តំ)

[១៤២] ព្រះមានព្រះភាគ គង់នៅទៀបក្រុងសាវត្ថី… ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់ហេតុនោះដូចម្តេច ភិក្ខុបែបណា គួរជាអ្នកចូលទៅកាន់ត្រកូលបាន ភិក្ខុបែបណា មិនគួរជាអ្នកចូលទៅកាន់ត្រកូលបាន។ បពិត្រព្រះអង្គដ៏ចំរើន ធម៌ទាំងឡាយ របស់ពួកខ្ញុំព្រះអង្គ សឹងមានព្រះមានព្រះភាគជាឫស។បេ។

[១៤៣] ព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុណាមួយ ចូលទៅកាន់ត្រកូលដោយគិតថា ពួកជនចូរឲ្យតែអាត្មាអញ កុំមិនឲ្យដល់អាត្មាអញឡើយ ចូរឲ្យតែវត្ថុច្រើនដល់អាត្មាអញ កុំឲ្យនូវវត្ថុតិចឡើយ ចូរឲ្យតែវត្ថុដ៏ថ្លៃថ្លា ដល់អាត្មាអញ កុំឲ្យនូវវត្ថុសៅហ្មងឡើយ ចូរឲ្យដល់អាត្មាអញ ជាប្រញាប់ កុំឲ្យយឺតយូរឡើយ ចូរឲ្យដល់អាត្មាអញ ដោយការគោរព កុំឲ្យដោយសេចក្តីមិនគោរពឡើយ។ ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុនោះតាំងចិត្តយ៉ាងនេះហើយ ចូលទៅកាន់ត្រកូល ឯពួកជនក៏មិនបានឲ្យឡើយ ភិក្ខុក៏ឃ្នើសចិត្ត ព្រោះការមិនឲ្យនោះ ភិក្ខុនោះ ក៏ទទួលទុក្ខទោមនស្ស ព្រោះមានការមិនឲ្យនោះជាហេតុ។ ពួកជនឲ្យវត្ថុតិច មិនឲ្យវត្ថុច្រើន។បេ។ ឲ្យវត្ថុសៅហ្មង មិនឲ្យវត្ថុថ្លៃថ្លា ឲ្យយឺតយូរ មិនឲ្យប្រញាប់ប្រញាល់ ភិក្ខុក៏ឃ្នើសចិត្ត ព្រោះការឲ្យតិចជាដើមនោះ ភិក្ខុនោះ ក៏ទទួលទុក្ខទោមនស្ស ព្រោះមានការឲ្យតិចជាដើមនោះជាហេតុ។ ពួកជនឲ្យដោយសេចក្តីមិនគោរព មិនឲ្យដោយសេចក្តីគោរព ភិក្ខុក៏ឃ្នើសចិត្ត ដោយការមិនគោរពនោះ ភិក្ខុនោះ ក៏ទទួលទុក្ខទោមនស្ស ព្រោះការមិនឲ្យដោយសេចក្តីគោរពនោះជាហេតុ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុបែបនេះឯង មិនគួរដើម្បីជាអ្នកចូលទៅកាន់ត្រកូលទេ។

[១៤៤] ម្នាលភិក្ខុទាំងឡាយ ភិក្ខុណា ចូលទៅកាន់ត្រកូល តាំងចិត្តយ៉ាងនេះថា អាត្មាអញ គប្បីបានវត្ថុនោះអំពីណា ក្នុងពួកត្រកូលនៃបុគ្គលដទៃ ពួកជនដទៃ ចូរឲ្យដល់អាត្មាអញ កុំខានឲ្យឡើយ ចូរឲ្យតែវត្ថុដ៏ច្រើនមួយយ៉ាងដល់អាត្មាអញ កុំឲ្យវត្ថុតិចឡើយ ចូរឲ្យតែវត្ថុដ៏ថ្លៃថ្លា ដល់អាត្មាអញ កុំឲ្យវត្ថុសៅហ្មងឡើយ ចូរឲ្យដល់អាត្មាអញ ជាប្រញាប់ កុំឲ្យយឺតយូរឡើយ ចូរឲ្យដល់អាត្មាអញ ដោយសេចក្តីគោរព កុំឲ្យដោយសេចក្តីមិនគោរពឡើយ។ ម្នាលភិក្ខុទាំងឡាយ ថាបើភិក្ខុនោះចូលទៅកាន់ត្រកូល តាំងចិត្តយ៉ាងនេះហើយ (បើ) ពួកជនគេមិនឲ្យ ភិក្ខុក៏មិនឃ្នើសចិត្ត ព្រោះការមិនឲ្យនោះ ភិក្ខុនោះ ក៏មិនទទួលទុក្ខទោមនស្ស ព្រោះគេមិនឲ្យនោះជាហេតុឡើយ។ ពួកជនឲ្យវត្ថុតិច មិនឲ្យវត្ថុច្រើន ភិក្ខុក៏មិនឃ្នើសចិត្ត ព្រោះការឲ្យតិចនោះឡើយ ភិក្ខុនោះ ក៏មិនទទួលទុក្ខទោមនស្ស ព្រោះការឲ្យតិច មិនឲ្យច្រើននោះជាហេតុឡើយ។ ពួកជនឲ្យវត្ថុសៅហ្មង មិនឲ្យវត្ថុថ្លៃថ្លា… ពួកជនឲ្យយឺតយូរ មិនឲ្យប្រញាប់ប្រញាល់ ភិក្ខុក៏មិនឃ្នើសចិត្ត ព្រោះការមិនឲ្យប្រញាប់នោះ ភិក្ខុនោះ ក៏មិនទទួលទុក្ខទោមនស្ស ព្រោះការឲ្យយឺតយូរ មិនឲ្យប្រញាប់ប្រញាល់នោះជាហេតុឡើយ។ ពួកជនឲ្យដោយសេចក្តីមិនគោរព មិនឲ្យដោយសេចក្តីគោរព ភិក្ខុក៏មិនឃ្នើសចិត្ត ព្រោះការឲ្យដោយសេចក្តីមិនគោរពនោះ ភិក្ខុនោះ មិនទទួលទុក្ខទោមនស្ស ព្រោះគេឲ្យមិនគោរព មិនឲ្យដោយសេចក្តីគោរពនោះជាហេតុឡើយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុយ៉ាងនេះឯង ទើបគួរដើម្បីចូលទៅកាន់ត្រកូលបាន។

[១៤៥] ម្នាលភិក្ខុទាំងឡាយ កស្សបចូលទៅកាន់ត្រកូលតាំងចិត្តយ៉ាងនេះថា អាត្មាអញ គប្បីបាននូវវត្ថុនោះអំពីណា ក្នុងពួកត្រកូលនៃបុគ្គលដទៃ ពួកជនដទៃ ចូរឲ្យដល់អាត្មាអញ កុំខានឲ្យឡើយ ចូរឲ្យតែវត្ថុច្រើនដល់អាត្មាអញ កុំឲ្យវត្ថុតិចឡើយ។បេ។ បើពួកជនមិនឲ្យ កស្សបក៏មិនឃ្នើសចិត្ត ព្រោះគេមិនឲ្យនោះឡើយ កស្សបនោះ ក៏មិនទទួលទុក្ខទោមនស្ស ព្រោះគេមិនឲ្យនោះជាហេតុឡើយ។ ពួកជនឲ្យវត្ថុតិច មិនឲ្យវត្ថុច្រើន កស្សបក៏មិនឃ្នើសចិត្ត ព្រោះគេមិនឲ្យវត្ថុច្រើននោះឡើយ កស្សបនោះ ក៏មិនទទួលទុក្ខទោមនស្ស ព្រោះគេឲ្យតិច មិនឲ្យច្រើននោះជាហេតុឡើយ។ ពួកជនឲ្យវត្ថុសៅហ្មង មិនឲ្យវត្ថុថ្លៃថ្លា កស្សប ក៏មិនឃ្នើសចិត្ត ព្រោះគេមិនឲ្យវត្ថុថ្លៃថ្លានោះឡើយ កស្សបនោះ មិនទទួលទុក្ខទោមនស្ស ព្រោះគេឲ្យវត្ថុសៅហ្មង មិនឲ្យវត្ថុថ្លៃថ្លានោះជាហេតុឡើយ។ ពួកជនឲ្យយឺតយូរ មិនឲ្យប្រញាប់ប្រញាល់ កស្សបក៏មិនឃ្នើសចិត្ត ព្រោះគេមិនឲ្យ ដោយប្រញាប់ប្រញាល់នោះឡើយ កស្សបនោះ មិនទទួលទុក្ខទោមនស្ស ព្រោះគេឲ្យយឺតយូរ មិនឲ្យប្រញាប់ប្រញាល់នោះជាហេតុឡើយ។ ពួកជនឲ្យដោយសេចក្តីមិនគោរព មិនឲ្យដោយសេចក្តីគោរព កស្សបក៏មិនឃ្នើសចិត្ត ព្រោះគេឲ្យដោយសេចក្តីមិនគោរពនោះ កស្សបនោះ មិនទទួលទុក្ខទោមនស្ស ព្រោះគេឲ្យមិនគោរព មិនឲ្យដោយសេចក្តីគោរពនោះជាហេតុឡើយ។ ម្នាលភិក្ខុទាំងឡាយ តថាគត នឹងទូន្មានអ្នកទាំងឡាយ តាមបែបកស្សប ឬក៏តាមបែបភិក្ខុណា ដែលប្រហែលនឹងកស្សប អ្នកទាំងឡាយ ដែលតថាគតទូន្មានហើយ គប្បីប្រតិបត្តិតាម បែបនោះចុះ។

ចប់ សូត្រ ទី៤។

(ជិណ្ណ)សូត្រ ទី៥

(៥. ជិណ្ណសុត្តំ)

[១៤៦] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវ័ន ទៀបក្រុងរាជគ្រឹះ។បេ។ គ្រានោះឯង ព្រះមហាកស្សប មានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះមានព្រះភាគ រួចអង្គុយក្នុងទីដ៏សមគួរ

[១៤៧] លុះព្រះមហាកស្សបមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះថា ម្នាលកស្សប ឥឡូវនេះ អ្នកក៏កាន់តែចាស់ហើយ ទាំងសំពត់សំបកធ្មៃនេះរបស់អ្នកក៏ធ្ងន់ ជាសំពត់បង្សុកូល ដែលតថាគតឈប់ស្លៀកដណ្តប់ ម្នាលកស្សប ហេតុដូច្នោះ អ្នកចូរស្លៀកដណ្តប់គហបតិចីវរ ចូរបរិភោគនិមន្តនភត្ត ចូរនៅជិតតថាគតចុះ។ បពិត្រព្រះអង្គដ៏ចំរើន យូរអង្វែងមកហើយ ខ្ញុំព្រះអង្គ ជាអ្នកប្រព្រឹត្តនៅក្នុងព្រៃផង ជាអ្នកពោលសរសើរគុណ នៃការនៅក្នុងព្រៃផង ជាអ្នកប្រព្រឹត្តបិណ្ឌបាតផង ជាអ្នកពោលសរសើរគុណ នៃការប្រព្រឹត្តិបិណ្ឌបាតផង ជាអ្នកស្លៀកដណ្តប់សំពត់បង្សុកូលផង ជាអ្នកពោលសរសើរគុណ នៃការស្លៀកដណ្តប់សំពត់បង្សុកូលផង ជាអ្នកទ្រទ្រង់ចីវរបីផង ជាអ្នកពោលសរសើរគុណ នៃការទ្រទ្រង់ចីវរបីផង ជាអ្នកប្រាថ្នាតិចផង ជាអ្នកពោលសរសើរគុណ នៃសេចក្តីប្រាថ្នាតិចផង ជាអ្នកសន្តោសផង ជាអ្នកពោលសរសើរគុណ នៃសេចក្តីសន្តោសផង ជាអ្នកស្ងប់ស្ងាត់ផង ជាអ្នកពោលសរសើរគុណ នៃការស្ងប់ស្ងាត់ផង ជាអ្នកមិនច្រឡូកច្រឡំ (ដោយពួក) ផង ជាអ្នកពោលសរសើរគុណ នៃការមិនច្រឡូកច្រឡំផង ជាអ្នកប្រារព្ធសេចក្តីព្យាយាមផង ជាអ្នកពោលសរសើរគុណ នៃសេចក្តីប្រារព្ធព្យាយាមផង។

[១៤៨] ម្នាលកស្សប ចុះអ្នកឃើញអំណាចប្រយោជន៍ដូចម្តេច បានជាអ្នកប្រព្រឹត្តនៅក្នុងព្រៃ ទាំងពោលសរសើរគុណ នៃការនៅក្នុងព្រៃ អស់រាត្រីយូរអង្វែងម្ល៉េះ។

(បេយ្យាលៈ យ៉ាងនេះ)

ជាអ្នកប្រព្រឹត្តបិណ្ឌបាតផង… ជាអ្នកស្លៀកដណ្តប់សំពត់បង្សុកូលផង… ជាអ្នកទ្រទ្រង់ចីវរបីផង… ជាអ្នកប្រាថ្នាតិចផង… ជាអ្នកសន្តោសផង… ជាអ្នកស្ងប់ស្ងាត់ផង… ជាអ្នកមិនច្រឡូកច្រឡំផង… ជាអ្នកប្រារព្ធសេចក្តីព្យាយាមផង ពោលសរសើរគុណ នៃការប្រារព្ធសេចក្តីព្យាយាមផង។

[១៤៩] បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គ ឃើញអំណាចប្រយោជន៍ទាំងពីរ ជាយូរអង្វែងមកហើយ ជាអ្នកប្រព្រឹត្តនៅក្នុងព្រៃផង ពោលសរសើរគុណ នៃការនៅក្នុងព្រៃផង។បេ។ ជាអ្នកប្រព្រឹត្តបិណ្ឌបាតផង… ជាអ្នកទ្រទ្រង់សំពត់បង្សុកូលផង… ជាអ្នកទ្រទ្រង់ចីវរបីផង… ជាអ្នកប្រាថ្នាតិចផង… ជាអ្នកសន្តោសផង… ជាអ្នកស្ងប់ស្ងាត់ផង… ជាអ្នកមិនច្រឡូកច្រឡំផង… ជាអ្នកប្រារព្ធសេចក្តីព្យាយាមផង ពោលសរសើរគុណ នៃការប្រារព្ធសេចក្តីព្យាយាមផង គឺឃើញនូវធម៌ ជាគ្រឿងនៅជាសុខស្រួល ក្នុងបច្ចុប្បន្នរបស់ខ្លួន១ ជាអ្នកអនុគ្រោះប្រជុំជនខាងក្រោយ១ ដោយគិតថា ធ្វើដូចម្តេចហ្ន៎ ប្រជុំជនខាងក្រោយ នឹងយកតម្រាប់ផងបាន បានឮថា ព្រះពុទ្ធ និងសាវ័កជាអនុពុទ្ធ យូរអង្វែងមកហើយ ជាអ្នកប្រព្រឹត្តនៅក្នុងព្រៃផង ជាអ្នកពោលសរសើរគុណ នៃការនៅក្នុងព្រៃផង ជាធម្មតា។បេ។ ជាអ្នកប្រព្រឹត្តបិណ្ឌបាតផង… ជាអ្នកស្លៀកដណ្តប់សំពត់បង្សុកូលផង… ជាអ្នកទ្រទ្រង់ចីវរបីផង… ជាអ្នកប្រាថ្នាតិចផង… ជាអ្នកសន្តោសផង… ជាអ្នកស្ងប់ស្ងាត់ផង… ជាអ្នកមិនច្រឡូកច្រឡំផង… ជាអ្នកប្រារព្ធសេចក្តីព្យាយាមផង ពោលសរសើរគុណ នៃការប្រារព្ធសេចក្តីព្យាយាមផង ជនទាំងនោះ មុខជាប្រតិបត្តិដោយប្រការដូច្នោះ សេចក្តីប្រតិបត្តិនោះ នឹងបានជាប្រយោជន៍ នឹងមានសេចក្តីសុខ ដល់ជនទាំងនោះ អស់កាលយូរអង្វែង បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គឃើញអំណាចប្រយោជន៍ទាំងពីរនេះ យូរអង្វែងមកហើយ បានជាអ្នកប្រព្រឹត្តនៅក្នុងព្រៃផង ពោលសរសើរគុណ នៃការនៅក្នុងព្រៃផង ជាអ្នកប្រព្រឹត្តបិណ្ឌបាតផង… ជាអ្នកស្លៀកដណ្តប់សំពត់បង្សុកូលផង… ជាអ្នកទ្រទ្រង់ចីវរបីផង… ជាអ្នកប្រាថ្នាតិចផង… ជាអ្នកសន្តោសផង… ជាអ្នកស្ងប់ស្ងាត់ផង… ជាអ្នកមិនច្រឡូកច្រឡំផង… ជាអ្នកប្រារព្ធសេចក្តីព្យាយាមផង ពោលសរសើរគុណ នៃការប្រារព្ធសេចក្តីព្យាយាមផង។

[១៥០] ម្នាលកស្សប ប្រពៃហើយៗ ម្នាលកស្សប ឮថា អ្នកប្រតិបត្តិ ដើម្បីប្រយោជន៍ដល់ជនច្រើន ដើម្បីសុខដល់ជនច្រើន ដើម្បីអនុគ្រោះ ដល់សត្វលោក ដើម្បីសេចក្តីចម្រើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ពួកទេវតា និងមនុស្ស ម្នាលកស្សប ហេតុដូច្នោះ អ្នកចូរទ្រទ្រង់សំពត់សម្បកធ្មៃ ជាសំពត់បង្សុកូល ដែលតថាគតឈប់ស្លៀកដណ្តប់ចុះ ចូរប្រព្រឹត្តបិណ្ឌបាតចុះ ចូរនៅក្នុងព្រៃចុះ។

ចប់ សូត្រ ទី៥។

(ឱវាទ)សូត្រ ទី៦

(៦. ឱវាទសុត្តំ)

[១៥១] ទ្រង់គង់នៅក្នុងវត្តវេឡុវ័ន ទៀបក្រុងរាជគ្រឹះ… គ្រានោះឯង ព្រះមហាកស្សបមានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះមានព្រះភាគ រួចអង្គុយក្នុងទីសមគួរ។ លុះព្រះមហាកស្សបមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ទើបព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលកស្សប អ្នកចូរទូន្មានភិក្ខុទាំងឡាយ ម្នាលកស្សប អ្នកចូរធ្វើធម្មីកថា ដល់ភិក្ខុទាំងឡាយចុះ ម្នាលកស្សប តថាគត ឬអ្នក ត្រូវទូន្មានពួកភិក្ខុ តថាគត ឬអ្នក ត្រូវធ្វើធម្មីកថា ដល់ពួកភិក្ខុ។

[១៥២] បពិត្រព្រះមានព្រះភាគ ឥឡូវនេះ ពួកភិក្ខុ សុទ្ធតែជាអ្នកប្រដៅក្រ ប្រកបដោយធម៌ ដែលធ្វើឲ្យជាអ្នកប្រដៅក្រ ជាអ្នកមិនអត់សង្កត់ មិនកាន់យកពាក្យប្រដៅ ដោយចំណែកស្តាំឡើយ។ បពិត្រព្រះអង្គដ៏ចម្រើន ក្នុងទីឯណោះ ខ្ញុំព្រះអង្គ បានឃើញភិក្ខុឈ្មោះភណ្ឌៈ ជាសទ្ធិវិហារិករបស់អានន្ទ១ ភិក្ខុឈ្មោះអាភិជ្ជិកៈ ជាសទ្ធិវិហារិក របស់អនុរុទ្ធ១ កំពុងតែនិយាយជជែកគ្នាដោយពុទ្ធវចនៈថា ម្នាលភិក្ខុ អ្នកចូរមក អ្នកណានឹងពោលពុទ្ធវចនៈបានច្រើនជាង អ្នកណានឹងពោលពុទ្ធវចនៈពីរោះជាង អ្នកណានឹងពោលពុទ្ធវចនៈបានយូរជាង។

[១៥៣] គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុមួយរូបមកថា ម្នាលភិក្ខុ អ្នកចូរមក អ្នកចូរទៅហៅភណ្ឌភិក្ខុ ជាសទ្ធិវិហារិករបស់អានន្ទ១ អាភិជ្ជិកភិក្ខុ ជាសទ្ធិវិហារិក របស់អនុរុទ្ធ១ តាមពាក្យតថាគតថា ព្រះសាស្តាត្រាស់ហៅលោកមានអាយុទាំងឡាយ។ ភិក្ខុនោះ ទទួលព្រះបន្ទូលព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ ហើយក៏ចូលទៅរកភិក្ខុទាំងនោះ លុះចូលទៅដល់ហើយ បានពោលនឹងភិក្ខុទាំងនោះ ដូច្នេះថា ព្រះសាស្តា ទ្រង់ត្រាស់ហៅលោកមានអាយុទាំងឡាយ។ ភិក្ខុទាំងនោះ ក៏ទទួលពាក្យភិក្ខុនោះថា អើលោកមានអាយុ ហើយក៏ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះមានព្រះភាគ រួចអង្គុយក្នុងទីដ៏សមគួរ។

[១៥៤] លុះភិក្ខុទាំងនោះ អង្គុយក្នុងទីដ៏សមគួរហើយ ព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ បានឮថា អ្នកទាំងឡាយ និយាយជជែកគ្នា ដោយពុទ្ធវចនៈថា ម្នាលភិក្ខុ អ្នកចូរមក អ្នកណានឹងពោលពុទ្ធវចនៈបានច្រើនជាង អ្នកណានឹងពោលពុទ្ធវចនៈពីរោះជាង អ្នកណានឹងពោលពុទ្ធវចនៈបានយូរជាង ពិតមែនឬ។ សូមទ្រង់ព្រះមេត្តាប្រោស ពិតមែន។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ដឹងធម៌ដែលតថាគត សំដែងហើយយ៉ាងនេះឬហ្ន៎ ម្នាលភិក្ខុទាំងឡាយ បានជាអ្នកទាំងឡាយ ហ៊ាននិយាយជជែកគ្នា ដោយពុទ្ធវចនៈយ៉ាងនេះថា ម្នាលភិក្ខុ អ្នកចូរមក អ្នកណានឹងពោលពុទ្ធវចនៈបានច្រើនជាង អ្នកណានឹងពោលពុទ្ធវចនៈពីរោះជាង អ្នកណានឹងពោលពុទ្ធវចនៈបានយូរជាង។ សូមទ្រង់ព្រះមេត្តាប្រោស មិនបានដឹង ដូច្នោះទេ។ ម្នាលភិក្ខុទាំងឡាយ បានឮថា បើអ្នកទាំងឡាយ មិនដឹងធម៌ដែលតថាគតសំដែងយ៉ាងនេះទេ ចុះអ្នកទាំងឡាយជាមោឃបុរសដឹងដូចម្តេច ឃើញដូចម្តេច បានជាមកបួសក្នុងធម្មវិន័យដែលតថាគត សំដែងទុកដោយប្រពៃយ៉ាងនេះ ហើយនិយាយជជែកគ្នា ដោយពុទ្ធវចនៈថា ម្នាលភិក្ខុ អ្នកចូរមក អ្នកណានឹងពោលពុទ្ធវចនៈបានច្រើនជាង អ្នកណានឹងពោលពុទ្ធវចនៈពីរោះជាង អ្នកណានឹងពោលពុទ្ធវចនៈបានយូរជាង។

[១៥៥] គ្រានោះឯង ភិក្ខុទាំងនោះ ក៏ក្រាបចុះដោយសិរ្សៈ ទៀបបាទាព្រះមានព្រះភាគ ក្រាបបង្គំទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ទោសខុសគ្របសង្កត់ នូវខ្ញុំព្រះអង្គទាំងឡាយ តាមដោយខ្ញុំព្រះអង្គទាំងឡាយ ជាមនុស្សពាល ជាមនុស្សវង្វេង ជាមនុស្សមិនឈ្លាស ព្រោះថា ខ្ញុំព្រះអង្គទាំងឡាយ បានបួសក្នុងធម្មវិន័យ ដែលព្រះមានព្រះភាគ សំដែងទុកដោយប្រពៃយ៉ាងនេះ ហើយនិយាយជជែកគ្នា ដោយពុទ្ធវចនៈថា ម្នាលភិក្ខុ អ្នកចូរមក អ្នកណានឹងពោលពុទ្ធវចនៈបានច្រើនជាង អ្នកណានឹងពោលពុទ្ធវចនៈពីរោះជាង អ្នកណានឹងពោលពុទ្ធវចនៈបានយូរជាង បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានបុណ្យអត់ទោស តាមទោស ដល់យើងខ្ញុំព្រះអង្គ ដើម្បីនឹងបានសង្រួមតទៅ។

[១៥៦] ម្នាលភិក្ខុទាំងឡាយ បើយ៉ាងហ្នឹងហើយ ទោសខុសក៏គ្របសង្កត់នូវអ្នកទាំងឡាយ តាមដែលអ្នកទាំងឡាយ ជាមនុស្សពាល ជាមនុស្សវង្វេង ជាមនុស្សមិនឈ្លាស ព្រោះថា អ្នកទាំងឡាយ បានបួសក្នុងធម្មវិន័យ ដែលតថាគត ពោលទុកប្រពៃយ៉ាងនេះ ហើយនិយាយជជែកគ្នា ដោយពុទ្ធវចនៈថា ម្នាលភិក្ខុ អ្នកចូរមក អ្នកណានឹងពោលពុទ្ធវចនៈបានច្រើនជាង អ្នកណានឹងពោលពុទ្ធវចនៈពីរោះជាង អ្នកណានឹងពោលពុទ្ធវចនៈបានយូរជាង ម្នាលភិក្ខុទាំងឡាយ កាលណាបើអ្នកទាំងឡាយ ឃើញទោស តាមទោសហើយ ធ្វើឲ្យសមតាមធម៌ គឺសំដែងអាបត្តិចេញ ទើបតថាគតអត់ទោសនោះ ដល់អ្នកទាំងឡាយ ម្នាលភិក្ខុទាំងឡាយ បុគ្គលណាឃើញទោស តាមទោស (របស់ខ្លួន) ហើយធ្វើឲ្យសមតាមធម៌ គឺសំដែងអាបត្តិចេញផង ដល់នូវការសង្រួមតទៅផង នេះជាសេចក្តីចម្រើនរបស់បុគ្គលនោះ ក្នុងវិន័យរបស់ព្រះអរិយបុគ្គលបាន។

ចប់ សូត្រ ទី៦។

(ទុតិយឱវាទ)សូត្រ ទី៧

(៧. ទុតិយឱវាទសុត្តំ)

[១៥៧] ព្រះមានព្រះភាគ ទ្រង់គង់ក្នុងវត្តវេឡុវ័ន ទៀបក្រុងរាជគ្រឹះ… គ្រានោះឯង ព្រះមហាកស្សបមានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ… លុះព្រះមហាកស្សបមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ទើបព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះថា ម្នាលកស្សប អ្នកចូរទូន្មានពួកភិក្ខុ ម្នាលកស្សប អ្នកចូរធ្វើធម្មីកថា ចំពោះពួកភិក្ខុ ម្នាលកស្សប តថាគត ឬអ្នក គប្បីទូន្មានពួកភិក្ខុ តថាគត ឬអ្នក គប្បីធ្វើធម្មីកថា ចំពោះពួកភិក្ខុ។

[១៥៨] បពិត្រព្រះមានព្រះភាគដ៏ចម្រើន ឥឡូវនេះ ពួកភិក្ខុសុទ្ធតែជាអ្នកប្រដៅក្រ ជាអ្នកប្រកបដោយធម៌ ដែលធ្វើឲ្យទៅជាអ្នកប្រដៅក្រ ជាអ្នកមិនអត់សង្កត់ មិនកាន់យកពាក្យប្រដៅដោយចំណែកស្តាំឡើយ។ បពិត្រព្រះអង្គដ៏ចំរើន បុគ្គលណាមួយមិនមានសទ្ធា ក្នុងកុសលធម៌ មិនមានហិរិ ក្នុងកុសលធម៌ មិនមានឱត្តប្បៈ ក្នុងកុសលធម៌ មិនមានវីរិយៈ ក្នុងកុសលធម៌ មិនមានបញ្ញាក្នុងកុសលធម៌ វេលាយប់ ឬថ្ងៃរបស់បុគ្គលនោះមកដល់ហើយ ក៏មានតែសេចក្តីសាបសូន្យប្រាកដក្នុងកុសលធម៌ ឥតមានសេចក្តីចម្រើនឡើយ។ បពិត្រព្រះអង្គដ៏ចំរើន យប់ ឬថ្ងៃរបស់ព្រះចន្ទ ក្នុងកាឡបក្ខតែងមកដល់ (ព្រះចន្ទក្នុងកាឡបក្ខនោះ) ក៏ចេះតែសាបសូន្យចាកទ្រង់ទ្រាយ សូន្យចាកមណ្ឌល សូន្យចាកពន្លឺ សូន្យចាកកំពស់ និងទំហំ យ៉ាងណា បពិត្រព្រះអង្គដ៏ចំរើន បុគ្គលណាមួយ មិនមានសទ្ធា ក្នុងកុសលធម៌ មិនមានហិរិ… មិនមានឱត្តប្បៈ… មិនមានវីរិយៈ… មិនមានបញ្ញាក្នុងកុសលធម៌ វេលាយប់ ឬថ្ងៃរបស់បុគ្គលនោះមកដល់ហើយ ក៏មានតែសេចក្តីសាបសូន្យប្រាកដក្នុងកុសលធម៌ ឥតមានសេចក្តីចម្រើនឡើយ យ៉ាងនោះឯង។ បពិត្រព្រះអង្គដ៏ចំរើន ត្រង់ពាក្យថា បុរសបុគ្គលមិនមានសទ្ធា នេះជាសេចក្តីសាបសូន្យ១ បពិត្រព្រះអង្គដ៏ចំរើន ត្រង់ពាក្យថា បុរសបុគ្គលមិនមានហិរិ នុ៎ះជាសេចក្តីសាបសូន្យ១ បពិត្រព្រះអង្គដ៏ចំរើន ត្រង់ពាក្យថា បុរសបុគ្គលមិនមានឱត្តប្បៈ នុ៎ះជាសេចក្តីសាបសូន្យ១ បពិត្រព្រះអង្គដ៏ចំរើន ត្រង់ពាក្យថា បុរសបុគ្គលខ្ជិលច្រអូស នុ៎ះជាសេចក្តីសាបសូន្យ១ បពិត្រព្រះអង្គដ៏ចំរើន ត្រង់ពាក្យថា បុរសបុគ្គលមិនមានបញ្ញា នុ៎ះជាសេចក្តីសាបសូន្យ១ បពិត្រព្រះអង្គដ៏ចំរើន ត្រង់ពាក្យថា បុរសបុគ្គលមានសេចក្តីក្រោធ នុ៎ះជាសេចក្តីសាបសូន្យ១ បពិត្រព្រះអង្គដ៏ចំរើន ត្រង់ពាក្យថា បុរសបុគ្គលមានការចងគំនុំ នុ៎ះជាសេចក្តីសាបសូន្យ១ បពិត្រព្រះអង្គដ៏ចំរើន ត្រង់ពាក្យថា មិនមានពួកភិក្ខុជាអ្នកទូន្មាន នុ៎ះជាសេចក្តីសាបសូន្យ១។

[១៥៩] បពិត្រព្រះអង្គដ៏ចំរើន បុគ្គលណាមួយមានសទ្ធា ក្នុងកុសលធម៌ មានហិរិ ក្នុងកុសលធម៌ មានឱត្តប្បៈ ក្នុងកុសលធម៌ មានវីរិយៈ ក្នុងកុសលធម៌ មានបញ្ញាក្នុងកុសលធម៌ យប់ ឬថ្ងៃរបស់បុគ្គលនោះមកដល់ហើយ ក៏មានតែសេចក្តីចម្រើនប្រាកដក្នុងកុសលធម៌ មិនសាបសូន្យឡើយ។ បពិត្រព្រះអង្គដ៏ចំរើន យប់ ឬថ្ងៃរបស់ព្រះចន្ទ ក្នុងជុណ្ហបក្ខ គឺខាងខ្នើតមកដល់ (ព្រះចន្ទនោះ) តែងចំរើន ដោយទ្រង់ទ្រាយ ចម្រើនដោយមណ្ឌល ចម្រើនដោយពន្លឺ ចម្រើនដោយកំពស់ និងទំហំ យ៉ាងណា បពិត្រព្រះអង្គដ៏ចំរើន បុគ្គលណាមួយ មានសទ្ធា ក្នុងកុសលធម៌ មានហិរិ… មានឱត្តប្បៈ… មានវីរិយៈ… មានបញ្ញាក្នុងកុសលធម៌ យប់ ឬថ្ងៃនៃបុគ្គលនោះមកដល់ សេចក្តីចម្រើន ក៏ប្រាកដក្នុងកុសលធម៌ទាំងឡាយ មិនសាបសូន្យឡើយ យ៉ាងនោះឯង។ បពិត្រព្រះអង្គដ៏ចំរើន ត្រង់ពាក្យថា បុរសបុគ្គលមានសទ្ធា នុ៎ះជាសេចក្តីមិនសាបសូន្យ១ បពិត្រព្រះអង្គដ៏ចំរើន ត្រង់ពាក្យថា បុរសបុគ្គលមានហិរិ នុ៎ះជាសេចក្តីមិនសាបសូន្យ១ បពិត្រព្រះអង្គដ៏ចំរើន ត្រង់ពាក្យថា បុរសបុគ្គលមានឱត្តប្បៈ នុ៎ះជាសេចក្តីមិនសាបសូន្យ១ បពិត្រព្រះអង្គដ៏ចំរើន ត្រង់ពាក្យថា បុរសបុគ្គលមានវីរិយៈប្រារព្ធហើយ នុ៎ះជាសេចក្តីមិនសាបសូន្យ១ បពិត្រព្រះអង្គដ៏ចំរើន ត្រង់ពាក្យថា បុរសបុគ្គលមានបញ្ញា នុ៎ះជាសេចក្តីមិនសាបសូន្យ១ បពិត្រព្រះអង្គដ៏ចំរើន ត្រង់ពាក្យថា បុរសបុគ្គលមិនមានសេចក្តីក្រោធ នុ៎ះជាសេចក្តីមិនសាបសូន្យ១ បពិត្រព្រះអង្គដ៏ចំរើន ត្រង់ពាក្យថា បុរសបុគ្គលមិនមានការចងគំនុំ នុ៎ះជាសេចក្តីមិនសាបសូន្យ១ បពិត្រព្រះអង្គដ៏ចំរើន ត្រង់ពាក្យថា មានពួកភិក្ខុជាអ្នកទូន្មាន នុ៎ះជាសេចក្តីមិនសាបសូន្យ១។

[១៦០] ម្នាលកស្សប ត្រូវណាស់ហើយៗ បុគ្គលណាមួយ មិនមានសទ្ធា ក្នុងកុសលធម៌ មិនមានហិរិ… មិនមានឱត្តប្បៈ… មិនមានវីរិយៈ… មិនមានបញ្ញា ក្នុងកុសលធម៌ទាំងឡាយ យប់ ឬថ្ងៃនៃបុគ្គលនោះមកដល់ សេចក្តីសាបសូន្យ ក៏ប្រាកដក្នុងកុសលធម៌ទាំងឡាយ មិនមានសេចក្តីចម្រើនឡើយ។ ម្នាលកស្សប យប់ ឬថ្ងៃនៃព្រះចន្ទ ក្នុងចំណែករនោចមកដល់ (ព្រះចន្ទនោះ) តែងសាបសូន្យចាកទ្រង់ទ្រាយ សាបសូន្យចាកមណ្ឌល សាបសូន្យចាកពន្លឺ សាបសូន្យចាកកំពស់ និងទំហំ យ៉ាងណា ម្នាលកស្សប បុគ្គលណាមួយ មិនមានសទ្ធា ក្នុងកុសលធម៌ទាំងឡាយ មិនមានហិរិ… មិនមានឱត្តប្បៈ… មិនមានវីរិយៈ… មិនមានបញ្ញា ក្នុងកុសលធម៌ទាំងឡាយ យប់ ឬថ្ងៃនៃបុគ្គលនោះមកដល់ សេចក្តីសាបសូន្យ ក៏ប្រាកដក្នុងកុសលធម៌ទាំងឡាយ មិនមានសេចក្តីចម្រើនឡើយ យ៉ាងនោះឯង។ ម្នាលកស្សប ត្រង់ពាក្យថា បុរសបុគ្គលមិនមានសទ្ធា នុ៎ះជាសេចក្តីសាបសូន្យ១។បេ។ មិនមានហិរិ។បេ។ មិនមានឱត្តប្បៈ។បេ។ ជាអ្នកខ្ជិលច្រអូស។បេ។ មិនមានបញ្ញា។បេ។ មានសេចក្តីក្រោធ។បេ។ ម្នាលកស្សប ត្រង់ពាក្យថា បុរសបុគ្គលជាអ្នកមានការចងគំនុំ នុ៎ះជាសេចក្តីសាបសូន្យ១ ម្នាលកស្សប ត្រង់ពាក្យថា មិនមានពួកភិក្ខុជាអ្នកទូន្មាន នុ៎ះជាសេចក្តីសាបសូន្យ១។

[១៦១] ម្នាលកស្សប បុគ្គលណាមួយ មានសទ្ធា ក្នុងកុសលធម៌ទាំងឡាយ មានហិរិ… មានឱត្តប្បៈ… មានវីរិយៈ… មានបញ្ញា ក្នុងកុសលធម៌ទាំងឡាយ យប់ ឬថ្ងៃនៃបុគ្គលនោះមកដល់ សេចក្តីចម្រើន ក៏ប្រាកដក្នុងកុសលធម៌ទាំងឡាយ មិនមានសេចក្តីសាបសូន្យឡើយ។ ម្នាលកស្សប យប់ ឬថ្ងៃនៃព្រះចន្ទ ក្នុងចំណែកខ្នើតមកដល់ (ព្រះចន្ទនោះ) តែងចម្រើនដោយទ្រង់ទ្រាយ ចម្រើនដោយមណ្ឌល ចម្រើនដោយពន្លឺ ចម្រើនដោយកំពស់ និងទំហំ យ៉ាងណា ម្នាលកស្សប បុគ្គលណាមួយ មានសទ្ធា ក្នុងកុសលធម៌ទាំងឡាយ មានហិរិ… មានឱត្តប្បៈ… មានវីរិយៈ… មានបញ្ញា ក្នុងកុសលធម៌ទាំងឡាយ យប់ ឬថ្ងៃនៃបុគ្គលនោះមកដល់ សេចក្តីចម្រើន ក៏ប្រាកដក្នុងកុសលធម៌ទាំងឡាយ មិនមានសេចក្តីសាបសូន្យឡើយ យ៉ាងនោះឯង។ ម្នាលកស្សប ត្រង់ពាក្យថា បុរសបុគ្គលមានសទ្ធា នុ៎ះជាសេចក្តីមិនសាបសូន្យ១ មានហិរិ។បេ។ មានឱត្តប្បៈ។បេ។ មានព្យាយាមប្រារព្ធហើយ។បេ។ មានបញ្ញា។បេ។ មិនមានសេចក្តីក្រោធ។បេ។ ម្នាលកស្សប ត្រង់ពាក្យថា បុរសបុគ្គលជាអ្នកមិនមានការចងគំនុំ នុ៎ះជាសេចក្តីមិនសាបសូន្យ១ ម្នាលកស្សប ត្រង់ពាក្យថា មានពួកភិក្ខុជាអ្នកទូន្មាន នុ៎ះជាសេចក្តីមិនសាបសូន្យ១។

ចប់ សូត្រ ទី៧។

(តតិយឱវាទ)សូត្រ ទី៨

(៨. តតិយឱវាទសុត្តំ)

[១៦២] ព្រះមានព្រះភាគ ទ្រង់គង់នៅវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ទៀបក្រុងរាជគ្រឹះ។ គ្រានោះ ព្រះមហាកស្សបមានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ទើបថ្វាយបង្គំព្រះមានព្រះភាគ រួចអង្គុយក្នុងទីដ៏សមគួរ។ លុះព្រះមហាកស្សបមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ទើបព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះថា ម្នាលកស្សប អ្នកចូរទូន្មានពួកភិក្ខុ ម្នាលកស្សប អ្នកចូរធ្វើធម្មីកថាចំពោះពួកភិក្ខុចុះ ម្នាលកស្សប តថាគត ឬអ្នក គប្បីទូន្មានពួកភិក្ខុ តថាគត ឬអ្នក គប្បីធ្វើធម្មីកថា ដល់ពួកភិក្ខុ។ បពិត្រព្រះមានព្រះភាគដ៏ចម្រើន ឥឡូវនេះ ពួកភិក្ខុជាអ្នកប្រដៅក្រ ប្រកបដោយធម៌ ដែលធ្វើឲ្យជាអ្នកប្រដៅក្រ ជាអ្នកមិនអត់សង្កត់ មិនកាន់យកពាក្យប្រដៅ ដោយចំណែកស្តាំឡើយ។

[១៦៣] ម្នាលកស្សប ហេតុដូច្នោះហើយ បានជាក្នុងកាលពីមុន មានពួកភិក្ខុជាថេរៈ ជាអ្នកប្រព្រឹត្តនៅក្នុងព្រៃផង ពោលសរសើរគុណ នៃការនៅក្នុងព្រៃផង ជាអ្នកប្រព្រឹត្តបិណ្ឌបាតផង ពោលសរសើរគុណ នៃការប្រព្រឹត្តិបិណ្ឌបាតផង ជាអ្នកស្លៀកដណ្តប់សំពត់បង្សុកូលផង ពោលសរសើរគុណ នៃការស្លៀកដណ្តប់សំពត់បង្សុកូលផង ជាអ្នកទ្រទ្រង់ចីវរបីផង ពោលសរសើរគុណ នៃការទ្រទ្រង់ចីវរបីផង ជាអ្នកប្រាថ្នាតិចផង ពោលសរសើរគុណ នៃសេចក្តីប្រាថ្នាតិចផង ជាអ្នកមានសេចក្តីសន្តោសផង ពោលសរសើរគុណ នៃសេចក្តីសន្តោសផង ជាអ្នកស្ងប់ស្ងាត់ផង ពោលសរសើរគុណ នៃការស្ងប់ស្ងាត់ផង ជាអ្នកមិនច្រឡូកច្រឡំផង ពោលសរសើរគុណ នៃការមិនច្រឡូកច្រឡំផង ជាអ្នកប្រារព្ធសេចក្តីព្យាយាមផង ពោលសរសើរគុណ នៃការប្រារព្ធសេចក្តីព្យាយាមផង។ បណ្តាភិក្ខុទាំងនោះ ភិក្ខុណា ជាអ្នកប្រព្រឹត្តនៅក្នុងព្រៃផង ពោលសរសើរគុណ នៃការនៅក្នុងព្រៃផង ជាអ្នកប្រព្រឹត្តបិណ្ឌបាតផង ពោលសរសើរគុណ នៃការប្រព្រឹត្តិបិណ្ឌបាតផង ជាអ្នកស្លៀកដណ្តប់សំពត់បង្សុកូលផង ពោលសរសើរគុណនៃការស្លៀកដណ្តប់សំពត់បង្សុកូលផង ជាអ្នកទ្រទ្រង់ចីវរបីផង ពោលសរសើរគុណ នៃការទ្រទ្រង់ចីវរបីផង ជាអ្នកប្រាថ្នាតិចផង ពោលសរសើរគុណ នៃសេចក្តីប្រាថ្នាតិចផង ជាអ្នកមានសេចក្តីសន្តោសផង ពោលសរសើរគុណ នៃសេចក្តីសន្តោសផង ជាអ្នកស្ងប់ស្ងាត់ផង ពោលសរសើរគុណ នៃការស្ងប់ស្ងាត់ផង ជាអ្នកមិនច្រឡូកច្រឡំផង ពោលសរសើរគុណ នៃការមិនច្រឡូកច្រឡំផង ជាអ្នកប្រារព្ធសេចក្តីព្យាយាមផង ពោលសរសើរគុណ នៃការប្រារព្ធសេចក្តីព្យាយាមផង ពួកភិក្ខុជាថេរៈ តែងនិមន្តភិក្ខុនោះ ដោយអាសនៈថា ម្នាលភិក្ខុ អ្នកចូរមក ភិក្ខុនេះឈ្មោះអ្វី ភិក្ខុនេះជាអ្នកចម្រើន ភិក្ខុនេះ ប្រាថ្នានូវសិក្ខា ម្នាលភិក្ខុ អ្នកចូរមក អង្គុយលើអាសនៈនេះចុះ។ ម្នាលកស្សប បណ្តាភិក្ខុទាំងនោះ ពួកភិក្ខុថ្មី មានសេចក្តីត្រិះរិះយ៉ាងនេះថា បានឮថា ភិក្ខុណាជាអ្នកប្រព្រឹត្តនៅក្នុងព្រៃផង ពោលសរសើរគុណ នៃការនៅក្នុងព្រៃផង ជាអ្នកប្រព្រឹត្តបិណ្ឌបាតផង… ជាអ្នកស្លៀកដណ្តប់សំពត់បង្សុកូលផង… ជាអ្នកទ្រទ្រង់ចីវរបីផង… ជាអ្នកប្រាថ្នាតិចផង… ជាអ្នកមានសេចក្តីសន្តោសផង… ជាអ្នកស្ងប់ស្ងាត់… ជាអ្នកមិនច្រឡូកច្រឡំផង… ជាអ្នកប្រារព្ធសេចក្តីព្យាយាមផង ពោលសរសើរគុណ នៃការប្រារព្ធសេចក្តីព្យាយាមផង ពួកភិក្ខុជាថេរៈ តែងនិមន្តភិក្ខុនោះ ដោយអាសនៈថា ម្នាលភិក្ខុ អ្នកចូរមក ភិក្ខុនេះ ឈ្មោះអ្វី ភិក្ខុនេះជាអ្នកចម្រើន ភិក្ខុនេះ ជាអ្នកប្រាថ្នាសិក្ខា ម្នាលភិក្ខុ អ្នកចូរមកអង្គុយលើអាសនៈនេះចុះ ដូច្នេះហើយ ភិក្ខុទាំងនោះ រមែងប្រតិបត្តិតាមបែបនោះ សេចក្តីប្រតិបត្តិនោះ របស់ភិក្ខុទាំងនោះ រមែងប្រព្រឹត្តទៅដើម្បីជាប្រយោជន៍ និងសេចក្តីសុខ អស់រាត្រីយូរអង្វែង។

[១៦៤] ម្នាលកស្សប ក៏ក្នុងកាលឥឡូវនេះ ពួកភិក្ខុជាថេរៈ មិនប្រព្រឹត្តនៅក្នុងព្រៃផង មិនពោលសរសើរគុណ នៃការនៅក្នុងព្រៃផង មិនជាអ្នកប្រព្រឹត្តបិណ្ឌបាតផង មិនពោលសរសើរគុណ នៃការប្រព្រឹត្តិបិណ្ឌបាតផង មិនជាអ្នកស្លៀកដណ្តប់សំពត់បង្សុកូលផង មិនពោលសរសើរគុណ នៃការស្លៀកដណ្តប់សំពត់បង្សុកូលផង មិនជាអ្នកទ្រទ្រង់ចីវរបីផង មិនពោលសរសើរគុណ នៃការទ្រទ្រង់ចីវរបីផង មិនជាអ្នកមានសេចក្តីប្រាថ្នាតិចផង មិនពោលសរសើរគុណ នៃសេចក្តីប្រាថ្នាតិចផង មិនជាអ្នកមានសេចក្តីសន្តោសផង មិនពោលសរសើរគុណ នៃសេចក្តីសន្តោសផង មិនជាអ្នកស្ងប់ស្ងាត់ផង មិនពោលសរសើរគុណ នៃសេចក្តីស្ងប់ស្ងាត់ផង មិនជាអ្នកច្រឡូកច្រឡំផង មិនពោលសរសើរគុណ នៃការមិនច្រឡូកច្រឡំផង ជាអ្នកមិនប្រារព្ធសេចក្តីព្យាយាមផង មិនពោលសរសើរគុណ នៃការប្រារព្ធសេចក្តីព្យាយាមផង។ បណ្តាភិក្ខុទាំងនោះ ភិក្ខុណា ជាអ្នកល្បីល្បាញ មានយស តែងបានចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារទាំងឡាយ ទើបពួកភិក្ខុជាថេរៈ និមន្តភិក្ខុនោះ ដោយអាសនៈថា ម្នាលភិក្ខុ អ្នកចូរមក ភិក្ខុនេះ ឈ្មោះអ្វី ភិក្ខុនេះជាអ្នកចម្រើនហ្ន៎ ភិក្ខុនេះ ជាអ្នកស្រឡាញ់សព្រហ្មចារី ម្នាលភិក្ខុ អ្នកចូរមកអង្គុយលើអាសនៈនេះចុះ។ ម្នាលកស្សប បណ្តាភិក្ខុទាំងនោះ ពួកភិក្ខុថ្មី មានសេចក្តីត្រិះរិះយ៉ាងនេះថា ឮថា ភិក្ខុណាជាអ្នកល្បីល្បាញ មានយស តែងបាននូវចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារទាំងឡាយ ទើបពួកភិក្ខុជាថេរៈ និមន្តភិក្ខុនោះដោយអាសនៈថា ម្នាលភិក្ខុ អ្នកចូរមក ភិក្ខុនេះ ឈ្មោះអ្វី ភិក្ខុនេះជាអ្នកចម្រើន ភិក្ខុនេះ ជាអ្នកស្រឡាញ់សព្រហ្មចារី ម្នាលភិក្ខុ អ្នកចូរមកអង្គុយលើអាសនៈនេះចុះ ដូច្នេះហើយ ភិក្ខុទាំងនោះ រមែងប្រតិបត្តិតាមបែបនោះ ការប្រតិបត្តិនោះ របស់ភិក្ខុនោះ រមែងប្រព្រឹត្តទៅ ដើម្បីមិនជាប្រយោជន៍ ដើម្បីសេចក្តីទុក្ខ អស់រាត្រីយូរអង្វែង។ ម្នាលកស្សប រឿងនោះ មានទំនងគួរឲ្យអ្នកផង និយាយបានថា ព្រហ្មចារីបុគ្គល ត្រូវឧបទ្រព របស់ព្រហ្មចារីបុគ្គលបៀតបៀនហើយ ព្រហ្មចារីបុគ្គល ត្រូវសេចក្តីប្រាថ្នាលើសលុប របស់ព្រហ្មចារីបុគ្គលរួបរឹតហើយ។ ម្នាលកស្សប ឥឡូវនេះ ពាក្យនោះ មានទំនងគួរឲ្យអ្នកផងនិយាយបានថា ព្រហ្មចារីបុគ្គល ត្រូវឧបទ្រព របស់ព្រហ្មចារីបុគ្គលបៀតបៀនហើយ ព្រហ្មចារីបុគ្គល ត្រូវសេចក្តីប្រាថ្នាលើសលុប របស់ព្រហ្មចារីបុគ្គលរួបរឹតហើយ។

ចប់ សូត្រ ទី៨។

(ឈានាភិញ្ញ)សូត្រ ទី៩

(៩. ឈានាភិញ្ញសុត្តំ)

[១៦៥] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី… ម្នាលភិក្ខុទាំងឡាយ តថាគតប្រាថ្នា ដរាបណា ក៏ស្ងប់ស្ងាត់ចាកកាមទាំងឡាយ ស្ងប់ស្ងាត់ចាកអកុសលធម៌ទាំងឡាយ ចូលកាន់បឋមជ្ឈាន ប្រកបដោយវិតក្កៈ វិចារៈ មានបីតិនិងសុខៈ ដែលកើតអំពីសេចក្តីស្ងាត់នោះ ដរាបនោះ។ ម្នាលភិក្ខុទាំងឡាយ ចំណែកកស្សបប្រាថ្នាដរាបណា ស្ងប់ស្ងាត់ចាកកាមទាំងឡាយ ស្ងប់ស្ងាត់ចាកអកុសលធម៌ទាំងឡាយ ចូលកាន់បឋមជ្ឈាន ប្រកបដោយវិតក្កៈ វិចារៈ មានបីតិនិងសុខៈ ដែលកើតអំពីសេចក្តីស្ងាត់នោះ ដរាបនោះដែរ។

[១៦៦] ម្នាលភិក្ខុទាំងឡាយ តថាគតប្រាថ្នាដរាបណា ក៏បានរម្ងាប់នូវវិតក្កៈ និងវិចារៈអស់ហើយ ក៏ចូលកាន់ទុតិយជ្ឈាន ជាធម្មជាតកើតមាន ក្នុងសន្តាននៃខ្លួន ប្រកបដោយសេចក្តីជ្រះថ្លា គឺសទ្ធា មានសភាពជាចិត្តខ្ពស់ឯក មិនមានវិតក្កៈ មិនមានវិចារៈទេ មានតែបីតិ និងសុខៈ ដែលកើតអំពីសមាធិ គឺបឋមជ្ឈានប៉ុណ្ណោះ ដរាបនោះ។ ម្នាលភិក្ខុទាំងឡាយ ចំណែកខាងកស្សបប្រាថ្នា ដរាបណា ក៏បានរម្ងាប់នូវវិតក្កៈ និងវិចារៈអស់ហើយ។បេ។ ចូលទុតិយជ្ឈាន ដរាបនោះដែរ។

[១៦៧] ម្នាលភិក្ខុទាំងឡាយ តថាគតប្រាថ្នា ដរាបណា ក៏នឿយណាយចាកបីតិផង ប្រកបដោយឧបេក្ខាផង មានសតិ និងសម្បជញ្ញៈផង ទទួលនូវសេចក្តីសុខ ដោយនាមកាយផង ព្រះអរិយៈទាំងឡាយ តែងសរសើរនូវបុគ្គល ដែលប្រកបដោយតតិយជ្ឈាននោះថា ជាអ្នកបានឧបេក្ខា មានសតិ មានធម៌ជាគ្រឿងនៅជាសុខ ដូច្នេះ ព្រោះតតិយជ្ឈានណា ក៏ចូលតតិយជ្ឈាននោះ ដរាបនោះ។ ម្នាលភិក្ខុទាំងឡាយ ចំណែកខាងកស្សបប្រាថ្នា ដរាបណា ក៏នឿយណាយ ចាកបីតិផង ប្រកបដោយឧបេក្ខាផង មានសតិ និងសម្បជញ្ញៈផង ទទួលនូវសេចក្តីសុខ ដោយនាមកាយផង ព្រះអរិយៈទាំងឡាយ តែងសរសើរបុគ្គល ដែលប្រកបដោយតតិយជ្ឈាននោះថា ជាអ្នកមានឧបេក្ខា មានស្មារតី មានធម៌ជាគ្រឿងនៅជាសុខ ដូច្នេះ ព្រោះតតិយជ្ឈានណា ក៏ចូលតតិយជ្ឈាននោះ ដរាបនោះដែរ។

[១៦៨] ម្នាលភិក្ខុទាំងឡាយ តថាគតប្រាថ្នា ដរាបណា ក៏លះបង់នូវសេចក្តីសុខផង លះបង់នូវសេចក្តីទុក្ខផង មានសោមនស្ស និងទោមនស្សអស់ទៅ ក្នុងកាលមុន ក៏ចូលចតុត្ថជ្ឈាន ដែលមិនជាទុក្ខ មិនជាសុខ មានសតិដ៏បរិសុទ្ធ ដោយឧបេក្ខា ដរាបនោះ។ ម្នាលភិក្ខុទាំងឡាយ ចំណែកខាងកស្សបប្រាថ្នា ដរាបណា ក៏លះបង់នូវសេចក្តីសុខផង។បេ។ ចូលចតុត្ថជ្ឈាន ដរាបនោះដែរ។

[១៦៩] ម្នាលភិក្ខុទាំងឡាយ តថាគតប្រាថ្នា ដរាបណា ក៏ប្រព្រឹត្តកន្លង នូវរូបសញ្ញា ដោយប្រការទាំងពួង ដល់នូវការអស់ទៅ នៃបដិឃសញ្ញា លែងធ្វើទុកក្នុងចិត្ត នូវនានត្តសញ្ញា ហើយចូលអាកាសានញ្ចាយតនជ្ឈាន ដោយធ្វើទុកក្នុងចិត្តថា អាកាសមិនមានទីបំផុត ដូច្នេះ ដរាបនោះ។ ម្នាលភិក្ខុទាំងឡាយ ចំណែកខាងកស្សបប្រាថ្នា ដរាបណា ក៏ប្រព្រឹត្តកន្លង នូវរូបសញ្ញាដោយប្រការទាំងពួង។បេ។ ហើយចូលអាកាសានញ្ចាយតនជ្ឈាន ដរាបនោះដែរ។

[១៧០] ម្នាលភិក្ខុទាំងឡាយ តថាគតប្រាថ្នា ដរាបណា ក៏ប្រព្រឹត្តកន្លងនូវអាកាសានញ្ចាយតនៈ ដោយប្រការទាំងពួង ហើយចូលវិញ្ញាណញ្ចាយតនជ្ឈាន ដោយធ្វើទុកក្នុងចិត្តថា វិញ្ញាណមិនមានទីបំផុត ដូច្នេះ ដរាបនោះ។ ម្នាលភិក្ខុទាំងឡាយ ចំណែកខាងកស្សបប្រាថ្នា ដរាបណា ក៏ប្រព្រឹត្តកន្លង នូវអាកាសានញ្ចាយតនៈ ដោយប្រការទាំងពួង ហើយចូលវិញ្ញាណញ្ចាយតនជ្ឈាន ដោយធ្វើទុកក្នុងចិត្តថា វិញ្ញាណមិនមានទីបំផុត ដូច្នេះ ដរាបនោះដែរ។

[១៧១] ម្នាលភិក្ខុទាំងឡាយ តថាគតប្រាថ្នា ដរាបណា ក៏ប្រព្រឹត្តកន្លងនូវវិញ្ញាណញ្ចាយតនៈ ដោយប្រការទាំងពួង ហើយចូលអាកិញ្ចញ្ញាយតនជ្ឈាន ដោយធ្វើទុកក្នុងចិត្តថា អ្វីបន្តិចបន្តួចមិនមាន ដូច្នេះ ដរាបនោះ។ ម្នាលភិក្ខុទាំងឡាយ ចំណែកខាងកស្សបប្រាថ្នា ដរាបណា។បេ។ ក៏ចូលអាកិញ្ចញ្ញាយតនជ្ឈាន ដរាបនោះដែរ។

[១៧២] ម្នាលភិក្ខុទាំងឡាយ តថាគតប្រាថ្នា ដរាបណា ក៏ប្រព្រឹត្តកន្លងនូវអាកិញ្ចញ្ញាយតនៈ ដោយប្រការទាំងពួង ហើយចូលនេវសញ្ញានាសញ្ញាយតនជ្ឈាន ដរាបនោះ។ ម្នាលភិក្ខុទាំងឡាយ ចំណែកខាងកស្សបប្រាថ្នា ដរាបណា។បេ។ ក៏ចូលនេវសញ្ញានាសញ្ញាយតនជ្ឈាន ដរាបនោះដែរ។

[១៧៣] ម្នាលភិក្ខុទាំងឡាយ តថាគតប្រាថ្នា ដរាបណា ក៏ប្រព្រឹត្តកន្លងនូវនេវសញ្ញានាសញ្ញាយតនៈ ដោយប្រការទាំងពួង ហើយចូលសញ្ញាវេទយិតនិរោធ (សេចក្តីរលត់នៃសញ្ញា និងវេទនា) ដរាបនោះ។ ម្នាលភិក្ខុទាំងឡាយ ចំណែកខាងកស្សប។បេ។ ក៏ចូលសញ្ញាវេទយិតនិរោធ ដរាបនោះដែរ។

[១៧៤] ម្នាលភិក្ខុទាំងឡាយ តថាគតប្រាថ្នា ដរាបណា ក៏បាននូវឥទ្ធិវិធៈជាច្រើនបែប គឺតថាគត មានកាយតែមួយ ធ្វើឲ្យជាកាយមានចំណែកច្រើនក៏បាន ឬកាយមានចំណែកច្រើន ធ្វើឲ្យជាកាយមួយក៏បាន នៅក្នុងទីកំបាំង ដើរចេញទៅទីវាលក៏បាន នៅខាងក្នុង ដើរចេញទៅខាងក្រៅ គឺក្រៅជញ្ជាំង ក្រៅកំពែង ក្រៅភ្នំ ក៏បាន មិនជាប់ជំពាក់ដូចជាដើរទៅក្នុងអាកាស ធ្វើនូវការមុជងើបក្នុងផែនដី ដូចជាមុជងើបក្នុងទឹក ដើរទៅលើទឹកមិនធ្លាយធ្លុះ ដូចជាដើរទៅលើផែនដី ទៅទាំងភ្នែនក្នុងអាកាស ដូចជាសត្វស្លាបហើរទៅក្នុងអាកាស ស្ទាបអង្អែលព្រះចន្ទព្រះអាទិត្យ ដែលមានឥទ្ធិឫទ្ធិច្រើនយ៉ាងនេះ មានអានុភាពច្រើនយ៉ាងនេះ ដោយដៃក៏បាន ធ្វើអំណាចឲ្យប្រព្រឹត្តដោយកាយរហូតដល់ព្រហ្មលោកនាយ ដរាបនោះ។ ម្នាលភិក្ខុទាំងឡាយ ចំណែកកស្សប ប្រាថ្នា ដរាបណា ក៏បាននូវឥទ្ធិវិធៈជាច្រើនបែប។បេ។ ធ្វើអំណាចឲ្យប្រព្រឹត្តដោយកាយរហូតដល់ព្រហ្មលោកនាយ ដរាបនោះដែរ។

[១៧៥] ម្នាលភិក្ខុទាំងឡាយ តថាគតប្រាថ្នា ដរាបណា ក៏ស្តាប់សំឡេងឮដោយសោតធាតុជាទិព្វ។បេ។ ទោះឆ្ងាយក្តី ជិតក្តី ម្នាលភិក្ខុទាំងឡាយ ចំណែកកស្សប… ទោះជិតក្តី។

[១៧៦] ម្នាលភិក្ខុទាំងឡាយ តថាគតប្រាថ្នា ដរាបណា ក៏កំណត់ដឹងនូវចិត្តពួកសត្វដទៃ ពួកបុគ្គលដទៃ ដោយចិត្តរបស់តថាគត ចិត្តប្រកបដោយរាគៈក្តី ក៏ដឹងច្បាស់ថា ចិត្តប្រកបដោយរាគៈ ចិត្តប្រាសចាករាគៈក្តី ក៏ដឹងច្បាស់ថា ចិត្តប្រាសចាករាគៈ ចិត្តប្រកបដោយទោសៈក្តី។បេ។ ចិត្តប្រាសចាកទោសៈក្តី… ចិត្តប្រកបដោយមោហៈក្តី… ចិត្តប្រាសចាកមោហៈក្តី… ចិត្តរួញរាក្តី… ចិត្តអណ្តែតអណ្តូងក្តី… ចិត្តដល់នូវភាវៈជាធំក្តី… ចិត្តមិនដល់នូវភាវៈជាធំក្តី… ចិត្តជាសឧត្តរៈក្តី… ចិត្តជាអនុត្តរៈក្តី… ចិត្តតាំងមាំក្តី… ចិត្តមិនតាំងមាំក្តី… ចិត្តផុតស្រឡះក្តី… ចិត្តមិនទាន់ផុតស្រឡះក្តី ក៏ដឹងច្បាស់ថា ចិត្តមិនទាន់ផុតស្រឡះ ដរាបនោះ។ ម្នាលភិក្ខុទាំងឡាយ ចំណែកខាងកស្សបប្រាថ្នា ដរាបណា ក៏កំណត់ដឹងចិត្តពួកសត្វដទៃ ពួកបុគ្គលដទៃ ដោយចិត្តរបស់ខ្លួន ចិត្តប្រកបដោយរាគៈក្តី ក៏ដឹងច្បាស់ថា ចិត្តប្រកបដោយរាគៈ។បេ។ ចិត្តមិនទាន់ផុតស្រឡះក្តី ក៏ដឹងច្បាស់ថា ចិត្តមិនទាន់ផុតស្រឡះ ដរាបនោះដែរ។

[១៧៧] ម្នាលភិក្ខុទាំងឡាយ តថាគតប្រាថ្នា ដរាបណា ក៏រឭកឃើញនូវបុព្វេនិវាសច្រើនប្រការ គឺរឭកបាន១ជាតិខ្លះ ២ជាតិខ្លះ ៣ជាតិខ្លះ ៤ជាតិខ្លះ ៥ជាតិខ្លះ ១០ជាតិខ្លះ ២០ជាតិខ្លះ ៣០ជាតិខ្លះ ៤០ជាតិខ្លះ ៥០ជាតិខ្លះ ១រយជាតិខ្លះ ១ពាន់ជាតិខ្លះ ១សែនជាតិខ្លះ ច្រើនសំវដ្តកប្បខ្លះ ច្រើនវិវដ្តកប្បខ្លះ ច្រើនសំវដ្តវិវដ្តកប្បខ្លះថា អាត្មាអញ កើតក្នុងទីឯណោះ មាននាមយ៉ាងនេះ មានគោត្រយ៉ាងនេះ មានវណ្ណៈយ៉ាងនេះ មានអាហារយ៉ាងនេះ បានទទួលសុខទុក្ខយ៉ាងនេះ មានអាយុកំណត់ត្រឹមប៉ុណ្ណេះ លុះអាត្មាអញនោះ ច្យុតអំពីទីនោះហើយ ទៅកើតក្នុងទីឯណោះទៀត ដែលកើតក្នុងទីឯណោះ អាត្មាអញ មាននាមយ៉ាងនេះ មានគោត្រយ៉ាងនេះ មានវណ្ណៈយ៉ាងនេះ មានអាហារយ៉ាងនេះ បានទទួលសុខទុក្ខយ៉ាងនេះ មានអាយុកំណត់ត្រឹមប៉ុណ្ណេះ អាត្មាអញ ច្យុតចាកទីនោះ បានមកកើតក្នុងទីនេះ ដូច្នេះ តថាគត រមែងរឭកឃើញនូវបុព្វេនិវាសច្រើនប្រការ ព្រមទាំងអាការៈ ព្រមទាំងឧទ្ទេស ដោយប្រការដូច្នេះឯង ដរាបនោះ។ ម្នាលភិក្ខុទាំងឡាយ ចំណែកខាងកស្សបប្រាថ្នា ដរាបណា ក៏រឭកឃើញនូវបុព្វេនិវាសច្រើនប្រការ គឺរឭកបាន១ជាតិខ្លះ។បេ។ រឭកឃើញនូវបុព្វេនិវាសច្រើនប្រការ ព្រមទាំងអាការៈ ព្រមទាំងឧទ្ទេស ដោយប្រការដូច្នេះឯង ដរាបនោះដែរ។

[១៧៨] ម្នាលភិក្ខុទាំងឡាយ តថាគតប្រាថ្នា ដរាបណា ក៏មានទិព្វចក្ខុដ៏បរិសុទ្ធ កន្លងនូវចក្ខុរបស់មនុស្សធម្មតា បានឃើញពួកសត្វដែលច្យុត កើត ថោកទាប ឧត្តម មានសម្បុរល្អ មានសម្បុរអាក្រក់ មានគតិល្អ មានគតិអាក្រក់ ដឹងច្បាស់នូវពពួកសត្វដែលអន្ទោលទៅតាមកម្មថា អើហ្ន៎ ពួកសត្វទាំងនេះ ប្រកបដោយកាយទុច្ចរិត ប្រកបដោយវចីទុច្ចរិត ប្រកបដោយមនោទុច្ចរិត ជាអ្នកតិះដៀលពួកព្រះអរិយៈ ជាមិច្ឆាទិដ្ឋិ កាន់អំពើជាមិច្ឆាទិដ្ឋិ សត្វទាំងនោះ លុះបែកធ្លាយរាងកាយ បន្ទាប់អំពីមរណៈទៅ ក៏ទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក អើហ្ន៎ ចំណែកពួកសត្វទាំងនេះ ប្រកបដោយកាយសុចរិត ប្រកបដោយវចីសុចរិត ប្រកបដោយមនោសុចរិត ជាអ្នកមិនតិះដៀលពួកព្រះអរិយៈ ជាសម្មាទិដ្ឋិ កាន់អំពើជាសម្មាទិដ្ឋិ ពួកសត្វទាំងនោះ លុះបែកធ្លាយរាងកាយ បន្ទាប់អំពីមរណៈទៅ ក៏ទៅកើតក្នុងសុគតិសួគ៌ទេវលោក តថាគត មានទិព្វចក្ខុដ៏បរិសុទ្ធ កន្លងនូវចក្ខុរបស់មនុស្សធម្មតា បានឃើញនូវពួកសត្វដែលច្យុត កើត ថោកទាប ឧត្តម មានវណ្ណៈល្អ មានវណ្ណៈអាក្រក់ មានគតិល្អ មានគតិអាក្រក់ ដឹងច្បាស់នូវពួកសត្វដែលអន្ទោលទៅតាមកម្មថា ដោយប្រការដូច្នេះឯង ដរាបនោះ។ ម្នាលភិក្ខុទាំងឡាយ ចំណែកខាងកស្សបប្រាថ្នា ដរាបណា ក៏មានទិព្វចក្ខុដ៏បរិសុទ្ធ កន្លងនូវចក្ខុរបស់មនុស្សធម្មតា បានឃើញពួកសត្វដែលច្យុត។បេ។ ដឹងច្បាស់នូវពួកសត្វដែលអន្ទោលទៅតាមកម្ម ដរាបនោះដែរ។

[១៧៩] ម្នាលភិក្ខុទាំងឡាយ តថាគតបានធ្វើឲ្យជាក់ច្បាស់ សម្រេច នូវចេតោវិមុត្តិ បញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់ទៅនៃអាសវៈ ដោយបញ្ញាដ៏ឧត្តមដោយខ្លួនឯង ក្នុងបច្ចុប្បន្ន។ ម្នាលភិក្ខុទាំងឡាយ ចំណែកកស្សបសោត ក៏ធ្វើឲ្យជាក់ច្បាស់ សម្រេចនូវចេតោវិមុត្តិ បញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់អាសវៈ ដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្នដែរ។

ចប់ សូត្រ ទី៩។

(ឧបស្សយ)សូត្រ ទី១០

(១០. ឧបស្សយសុត្តំ)

[១៨០] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមហាកស្សបមានអាយុ គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ព្រះអានន្ទមានអាយុ ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងពេលព្រឹកព្រហាម ហើយចូលទៅរកព្រះមហាកស្សបមានអាយុ លុះចូលទៅដល់ហើយ បានពោលពាក្យនេះ នឹងព្រះមហាកស្សបមានអាយុថា បពិត្រព្រះកស្សបដ៏ចម្រើន មកយើងនឹងចូលទៅកាន់លំនៅរបស់ភិក្ខុនីមួយរូប។ ព្រះមហាកស្សបតបថា ម្នាលអាវុសោអានន្ទ ចូរអ្នកទៅចុះ អ្នកមានកិច្ចច្រើន មានការដែលត្រូវធ្វើច្រើន។ ព្រះអានន្ទមានអាយុ បានពោលពាក្យនេះ នឹងព្រះមហាកស្សបមានអាយុ ជាគំរប់២ដងថា បពិត្រព្រះកស្សបដ៏ចម្រើន មក យើងនឹងចូលទៅកាន់លំនៅ របស់ភិក្ខុនីមួយរូប។ ម្នាលអាវុសោអានន្ទ ចូរអ្នកទៅចុះ អ្នកមានកិច្ចច្រើន មានការដែលត្រូវធ្វើច្រើន។ ព្រះអានន្ទមានអាយុ បានពោលពាក្យនេះ នឹងព្រះមហាកស្សបមានអាយុ ជាគំរប់៣ដងថា បពិត្រព្រះកស្សបដ៏ចម្រើន មក យើងនឹងចូលទៅកាន់លំនៅ របស់ភិក្ខុនីមួយរូប។

[១៨១] គ្រានោះឯង ព្រះមហាកស្សបមានអាយុ ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងពេលព្រឹកព្រហាម មានព្រះអានន្ទមានអាយុ ជាបច្ឆាសមណៈ ក៏ចូលទៅកាន់លំនៅភិក្ខុនីមួយរូប លុះចូលទៅដល់ហើយ ក៏គង់លើអាសនៈ ដែលគេក្រាលទុក។ វេលានោះឯង ភិក្ខុនីច្រើនរូប នាំគ្នាចូលទៅរកព្រះមហាកស្សបមានអាយុ លុះចូលទៅដល់ហើយ ទើបថ្វាយបង្គំព្រះមហាកស្សបមានអាយុ ហើយអង្គុយនៅក្នុងទីដ៏សមគួរ។ លុះភិក្ខុនីទាំងនោះ អង្គុយក្នុងទីដ៏សមគួរហើយ ទើបព្រះមហាកស្សបមានអាយុ ពន្យល់ឲ្យឃើញច្បាស់ ឲ្យកាន់យក ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថា។ លុះព្រះមហាកស្សបមានអាយុ បានញុំាងភិក្ខុនីនោះ ឲ្យឃើញច្បាស់ ឲ្យកាន់យក ឲ្យអាចហាន ឲ្យរីករាយ ដោយធម្មីកថាហើយ ក្រោកចាកអាសនៈ ចៀសចេញទៅ។

[១៨២] គ្រានោះឯង ថុល្លតិស្សាភិក្ខុនី មិនពេញចិត្ត ក៏បញ្ចេញនូវវាចាមិនពេញចិត្តថា ដូចម្តេចក៏ព្រះមហាកស្សបជាម្ចាស់ សំគាល់នូវធម៌ ដែលខ្លួនគប្បីពោល ក្នុងទីចំពោះមុខព្រះអានន្ទជាម្ចាស់ ជាអ្នកប្រាជ្ញអាចសម្រេចកិច្ចដោយបញ្ញាបាន ឈ្មួញម្ជុល គប្បីសំគាល់នូវម្ជុលដែលខ្លួនត្រូវលក់ ក្នុងសំណាក់នៃជាងម្ជុលដ៏ល្អិតល្អ យ៉ាងណា ព្រះមហាកស្សបជាម្ចាស់ ក៏សំគាល់នូវធម៌ ដែលខ្លួនគប្បីពោល ក្នុងទីចំពោះមុខនៃព្រះអានន្ទជាម្ចាស់ ជាអ្នកប្រាជ្ញអាចសម្រេចកិច្ចដោយបញ្ញាបាន យ៉ាងនោះដែរ។ ព្រះមហាកស្សបមានអាយុ បានឮវាចារបស់ថុល្លតិស្សាភិក្ខុនី ពោលយ៉ាងនេះហើយ។ ទើបព្រះមហាកស្សបមានអាយុ បានពោលពាក្យនេះ នឹងព្រះអានន្ទមានអាយុថា ម្នាលអាវុសោអានន្ទ ខ្ញុំទុកដូចជាឈ្មួញម្ជុល លោកទុកដូចជាជាងម្ជុល ឬថាខ្ញុំទុកដូចជាជាងម្ជុល លោកទុកដូចជាឈ្មួញម្ជុលវិញ។ បពិត្រព្រះកស្សបដ៏ចម្រើន សូមលោកអត់ទោសចុះ (ដ្បិត) មាតុគ្រាមជាអ្នកល្ងង់។

[១៨៣] ម្នាលអាវុសោអានន្ទ លោកចូរបង្អង់សិន កុំឲ្យសង្ឃត្រិះរិះចំពោះលោកតទៅទៀតឡើយ ម្នាលអាវុសោអានន្ទ លោកសំគាល់នូវហេតុនោះដូចម្តេច លោកក្រែងព្រះមានព្រះភាគ បានសរសើរក្នុងកណ្តាលជំនុំភិក្ខុសង្ឃ ចំពោះព្រះភក្ត្រថា ម្នាលភិក្ខុទាំងឡាយ តថាគត ប្រាថ្នាដរាបណា ក៏ស្ងប់ស្ងាត់ចាកកាមទាំងឡាយ ស្ងប់ស្ងាត់ចាកអកុសលធម៌ទាំងឡាយ ចូលកាន់បឋមជ្ឈាន ប្រកបដោយវិតក្កៈ វិចារៈ មានបីតិ និងសុខៈ ដ៏កើតអំពីសេចក្តីស្ងប់ស្ងាត់នោះ ដរាបនោះ ម្នាលភិក្ខុទាំងឡាយ ចំណែកអានន្ទប្រាថ្នា ដរាបណា ក៏ស្ងប់ស្ងាត់ចាកកាមទាំងឡាយ ស្ងប់ស្ងាត់ចាកអកុសលធម៌ទាំងឡាយ ចូលកាន់បឋមជ្ឈាន ប្រកបដោយវិតក្កៈ វិចារៈ មានបីតិ និងសុខៈ ដ៏កើតអំពីសេចក្តីស្ងាត់នោះ ដរាបនោះដែរ ដូច្នេះឬ។ បពិត្រលោកដ៏ចម្រើន សេចក្តីនុ៎ះ មិនដូច្នោះទេ។ ម្នាលអាវុសោ ឯខ្ញុំ ព្រះមានព្រះភាគ ទ្រង់សរសើរក្នុងកណ្តាលជំនុំសង្ឃ ចំពោះព្រះភក្ត្រថា ម្នាលភិក្ខុទាំងឡាយ តថាគត ប្រាថ្នា ដរាបណា ក៏ស្ងប់ស្ងាត់ចាកកាមទាំងឡាយ ស្ងប់ស្ងាត់ចាកអកុសលធម៌ទាំងឡាយ ចូលកាន់បឋមជ្ឈាន ប្រកបដោយវិតក្កៈ វិចារៈ មានបីតិ និងសុខៈ ដ៏កើតអំពីសេចក្តីស្ងាត់នោះ ដរាបនោះ ម្នាលភិក្ខុទាំងឡាយ ចំណែកខាងកស្សប ប្រាថ្នា ដរាបណា ក៏ស្ងប់ស្ងាត់ចាកកាមទាំងឡាយ ស្ងប់ស្ងាត់ចាកអកុសលធម៌ទាំងឡាយ។បេ។ ចូលកាន់បឋមជ្ឈាន ដរាបនោះដែរ។

(បេយ្យាលនៃអនុបុព្វវិហារសមាបត្តិ៩ និងអភិញ្ញា៥ យ៉ាងនេះ។)

[១៨៤] ម្នាលអាវុសោអានន្ទ លោកសំគាល់ហេតុនោះដូចម្តេច លោក ក្រែងព្រះមានព្រះភាគ បានសរសើរ ក្នុងកណ្តាលជំនុំភិក្ខុសង្ឃចំពោះព្រះភក្ត្រថា ម្នាលភិក្ខុទាំងឡាយ តថាគត បានធ្វើឲ្យជាក់ច្បាស់ សម្រេចនូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់ទៅនៃអាសវៈទាំងឡាយ ដោយបញ្ញាដ៏ឧត្តមដោយខ្លួនឯង ក្នុងបច្ចុប្បន្ន ម្នាលភិក្ខុទាំងឡាយ ចំណែកអានន្ទ បានធ្វើឲ្យជាក់ច្បាស់ សម្រេចនូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់ទៅនៃអាសវៈទាំងឡាយ ដោយបញ្ញាដ៏ឧត្តមដោយខ្លួនឯង ក្នុងបច្ចុប្បន្ន ដូច្នេះឬ។ បពិត្រលោកដ៏ចម្រើន សេចក្តីនុ៎ះ មិនដូច្នោះទេ។ ម្នាលអាវុសោ ឯខ្លួនខ្ញុំ ព្រះមានព្រះភាគ ទ្រង់សរសើរក្នុងកណ្តាលជំនុំភិក្ខុសង្ឃ ក្នុងទីចំពោះព្រះភក្ត្រថា ម្នាលភិក្ខុទាំងឡាយ តថាគត ធ្វើឲ្យជាក់ច្បាស់ សម្រេចនូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់ទៅនៃអាសវៈទាំងឡាយ ដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន ម្នាលភិក្ខុទាំងឡាយ ចំណែកខាងកស្សប ក៏បានធ្វើឲ្យជាក់ច្បាស់ សម្រេចនូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់ទៅនៃអាសវៈទាំងឡាយ ដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន។

[១៨៥] ម្នាលអាវុសោ អ្នកណាសំគាល់នូវខ្លួនខ្ញុំថា គួរបិទបាំងដោយអភិញ្ញាទាំង៦បាន អ្នកនោះដូចជាសំគាល់នូវដំរីមានកំពស់៧ហត្ថ ឬ៧ហត្ថកន្លះ ថាគួរបិទបាំងដោយស្លឹកត្នោតបាន។ ចំណែកថុល្លតិស្សាភិក្ខុនី ក៏ឃ្លាតចាកព្រហ្មចរិយធម៌ហើយ។

ចប់ សូត្រ ទី១០។

(ចីវរ)សូត្រ ទី១១

(១១. ចីវរសុត្តំ)

[១៨៦] សម័យមួយ ព្រះមហាកស្សបមានអាយុ នៅក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ជិតក្រុងរាជគ្រឹះ។ ក៏សម័យនោះឯង ព្រះអានន្ទមានអាយុ ត្រាច់ទៅកាន់ផ្លូវក្នុងទក្ខិណាគិរិជនបទ ជាមួយនឹងភិក្ខុសង្ឃច្រើនរូប។ សម័យនោះ ពួកសទ្ធិវិហារិកភិក្ខុ៣០រូប របស់ព្រះអានន្ទមានអាយុ ច្រើនតែក្មេងៗ តែងលះបង់នូវសិក្ខា ត្រឡប់ទៅកាន់ភេទថោកទាប។

[១៨៧] គ្រានោះឯង ព្រះអានន្ទមានអាយុ ត្រាច់ទៅកាន់ផ្លូវក្នុងទក្ខិណាគិរិជនបទ គួរតាមអធ្យាស្រ័យ ហើយក៏ចូលទៅរកព្រះមហាកស្សបមានអាយុ ដែលគង់នៅក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ជិតក្រុងរាជគ្រឹះ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះមហាកស្សបមានអាយុ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះព្រះអានន្ទមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ព្រះមហាកស្សបមានអាយុ មានថេរវាចាដូច្នេះថា ម្នាលអាវុសោអានន្ទ ព្រះមានព្រះភាគ ទ្រង់បញ្ញត្តតិកភោជន8) ក្នុងត្រកូលទាំងឡាយ ព្រោះអាស្រ័យនូវអំណាចប្រយោជន៍ប៉ុន្មានយ៉ាង។

[១៨៨] បពិត្រព្រះកស្សបដ៏ចម្រើន ព្រះមានព្រះភាគ ទ្រង់បញ្ញត្តតិកភោជន ក្នុងត្រកូលទាំងឡាយ ព្រោះអាស្រ័យអំណាចប្រយោជន៍៣យ៉ាង គឺ ដើម្បីសង្កត់សង្កិន នូវបុគ្គលទាំងឡាយ ដែលជាអ្នកទ្រុស្តសីល១ ដើម្បីនៅសប្បាយនៃភិក្ខុទាំងឡាយ ដែលមានសីលជាទីស្រឡាញ់១ ដើម្បីអនុគ្រោះដល់ត្រកូល កុំឲ្យបុគ្គលដែលប្រាថ្នាលាមក ស្វែងរកនូវពួកមកបំបែកសង្ឃ១ បពិត្រព្រះកស្សបដ៏ចម្រើន ព្រះមានព្រះភាគ ទ្រង់បញ្ញត្តតិកភោជន ក្នុងត្រកូលទាំងឡាយ ព្រោះអាស្រ័យអំណាចប្រយោជន៍ទាំង៣នេះឯង។

[១៨៩] ម្នាលអាវុសោអានន្ទ លោកត្រាច់ទៅកាន់ផ្លូវជាមួយពួកភិក្ខុថ្មីទាំងនេះ ជាអ្នកមានទ្វារមិនបានគ្រប់គ្រង ក្នុងឥន្ទ្រិយទាំងឡាយ មិនដឹងប្រមាណក្នុងភោជន មិនប្រកបរឿយៗ ក្នុងការភ្ញាក់រឭក ដូចជាត្រាច់ទៅបៀតបៀនសំទូងគេ ដូចជាត្រាច់ទៅសម្លាប់ត្រកូលគេ ម្នាលអាវុសោអានន្ទ បរិស័ទរបស់អ្នកបាក់បែកអស់ហើយ ម្នាលអាវុសោអានន្ទ បរិស័ទទាំងនោះ ច្រើនតែបួសថ្មី រមែងបាក់បែកទៅ ព្រះអានន្ទនេះ នៅក្មេងមិនដឹងប្រមាណឡើយ។ បពិត្រព្រះកស្សបដ៏ចម្រើន អើហ្ន៎ ក្បាលរបស់ខ្ញុំ មានសក់ស្កូវអស់ហើយ តែខ្ញុំនៅមិនរួចចាកកុមារកវាទ (ពាក្យតិះដៀលថាក្មេង) របស់ព្រះកស្សបមានអាយុ ក្នុងថ្ងៃនេះឯង។ ម្នាលអាវុសោអានន្ទ ព្រោះតែលោកត្រាច់ទៅកាន់ផ្លូវ ជាមួយពួកភិក្ខុថ្មីទាំងនេះ ជាអ្នកមានទ្វារមិនគ្រប់គ្រង ក្នុងឥន្ទ្រិយទាំងឡាយ មិនដឹងប្រមាណក្នុងភោជន មិនប្រកបរឿយៗ នូវការភ្ញាក់រឭក ដូចជាត្រាច់ទៅ បៀតបៀនសំទូងគេ ដូចជាត្រាច់ទៅសម្លាប់ត្រកូលគេដូច្នោះ ម្នាលអាវុសោអានន្ទ បានជាឥឡូវនេះ ពួកបរិស័ទរបស់អ្នកបាក់បែកអស់ ម្នាលអាវុសោអានន្ទ បរិស័ទទាំងនោះ ច្រើនតែបួសថ្មី រមែងបាក់បែកទៅ ព្រះអានន្ទនេះ នៅក្មេងមិនដឹងប្រមាណឡើយ។

[១៩០] ថុល្លនន្ទាភិក្ខុនី បានឮដំណឹងថា ព្រះមហាកស្សបជាម្ចាស់ បន្ទោសព្រះអានន្ទជាម្ចាស់ ដែលជាអ្នកប្រាជ្ញអាចសម្រេចកិច្ចដោយបញ្ញាបាន ដោយកុមារកវាទហើយ។ ទើបថុល្លនន្ទាភិក្ខុនី មិនពេញចិត្ត ក៏បញ្ចេញនូវវាចាមិនពេញចិត្តថា ព្រះមហាកស្សបជាម្ចាស់ ធ្លាប់ជាអន្យតិរ្ថិយទេដឹង បានជាសំគាល់នូវព្រះអានន្ទជាម្ចាស់ ដែលជាអ្នកប្រាជ្ញអាចសម្រេចកិច្ចដោយបញ្ញាបានថា គួរបន្ទោសដោយកុមារកវាទដូច្នេះ។ ព្រះមហាកស្សបមានអាយុ បានឮវាចាដែលថុល្លនន្ទាភិក្ខុនីពោលនេះហើយ។

[១៩១] គ្រានោះឯង ព្រះមហាកស្សបមានអាយុ បានពោលពាក្យនេះ នឹងព្រះអានន្ទមានអាយុថា ម្នាលអាវុសោអានន្ទ ខ្ញុំសូមរំឭកលោក ថុល្លនន្ទាភិក្ខុនី មិនបានពិចារណា ហើយពោលវាចាដោយរហ័ស ម្នាលអាវុសោ តាំងពីកាលដែលខ្ញុំកោរសក់ និងពុកមាត់ ស្លៀកដណ្តប់សំពត់កាសាយៈ ចេញចាកផ្ទះចូលមកកាន់ផ្នួស មិនដែលឧទ្ទិសចំពោះគ្រូដទៃ ក្រៅអំពីព្រះមានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធ អង្គនោះសោះ។ ម្នាលអាវុសោ កាលមុនដែលខ្ញុំនៅជាគ្រហស្ថ ក៏មានសេចក្តីត្រិះរិះយ៉ាងនេះថា ឃរាវាស ជាទីចង្អៀត ជាផ្លូវនៃធូលី គឺកិលេស ឯបព្វជ្ជាទើបជាឱកាសទំនេរ ព្រោះបុគ្គលដែលនៅគ្រប់គ្រងផ្ទះ មិនងាយនឹងប្រព្រឹត្តព្រហ្មចរិយៈ ឲ្យពេញដោយចំណែកមួយ ឲ្យបរិសុទ្ធ ដោយចំណែកមួយ ដូចជាស័ង្ខដែលគេខាត់បានឡើយ បើដូច្នោះ មានតែអាត្មាអញកោរសក់ ពុកមាត់ ស្លៀកដណ្តប់សំពត់កាសាយៈ ចេញចាកផ្ទះ ចូលមកកាន់ផ្នួស។ ម្នាលអាវុសោ សម័យតមក ខ្លួនខ្ញុំក៏ធ្វើសង្ឃាដិ ដោយសំពត់ចាស់ ហើយកោរសក់ និងពុកមាត់ ស្លៀកដណ្តប់សំពត់កាសាយៈ ចេញចាកផ្ទះ ចូលមកកាន់ផ្នួស ឧទ្ទិសចំពោះព្រះអរហន្ត ក្នុងលោក លុះខ្ញុំបួសយ៉ាងនេះហើយ ក៏ដើរទៅកាន់ផ្លូវដាច់ស្រយាល បានឃើញព្រះមានព្រះភាគ គង់នៅ ក្នុងពហុបុត្តចេតិយ ជាចន្លោះនគររាជគ្រឹះ និងចន្លោះស្រុកនាឡន្ទា លុះឃើញហើយ ខ្ញុំក៏មានសេចក្តីត្រិះរិះយ៉ាងនេះថា អើហ្ន៎ ប្រសិនបើអាត្មាអញចួបនឹងបុគ្គលដែលជាគ្រូ ក៏សូមឲ្យចួបតែនឹងព្រះមានព្រះភាគ អើហ្ន៎ ប្រសិនបើអាត្មាអញ បានចួបនឹងបុគ្គល ដែលមានគតិល្អ ក៏សូមឲ្យចួបតែនឹងព្រះមានព្រះភាគ អើហ្ន៎ ប្រសិនបើអាត្មាអញ បានចួបនឹងបុគ្គលដែលត្រាស់ដឹងធម៌ ក៏សូមឲ្យចួបតែនឹងព្រះមានព្រះភាគ។ ម្នាលអាវុសោ ខ្លួនខ្ញុំក៏ក្រាបទៀបបាទាព្រះមានព្រះភាគ ក្នុងទីនោះឯង ដោយសិរ្សៈ ក្រាបទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគ ជាគ្រូរបស់ខ្ញុំ ខ្ញុំជាសាវ័ករបស់ព្រះអង្គ បពិត្រព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគ ជាគ្រូរបស់ខ្ញុំ ខ្ញុំជាសាវ័ករបស់ព្រះអង្គ។

[១៩២] ម្នាលអាវុសោ កាលបើខ្ញុំក្រាបទូលយ៉ាងនេះហើយ ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងខ្ញុំដូច្នេះថា ម្នាលកស្សប បុគ្គលណាមិនដឹង ហើយពោលថា អាត្មាអញដឹង មិនឃើញ ហើយពោលថា អាត្មាអញឃើញ ចំពោះសាវ័កដែលផ្ចង់ចិត្តទាំងពួង យ៉ាងនេះហើយ ក្បាលបុគ្គលនោះឯង នឹងបែកពុំខាន។ ម្នាលកស្សប តថាគតដឹង ទើបពោលថាដឹង តថាគតឃើញ ទើបពោលថាឃើញ។ ម្នាលកស្សប ហេតុដូច្នោះ ក្នុងសាសនានេះ អ្នកគប្បីសិក្សាយ៉ាងនេះថា ហិរិ និងឱត្តប្បៈដ៏ក្លៀវក្លា អាត្មាអញបានតំកល់ទុក ក្នុងភិក្ខុចាស់ទាំងឡាយ ក្នុងភិក្ខុថ្មីទាំងឡាយ ក្នុងភិក្ខុកណ្តាលទាំងឡាយ ម្នាលកស្សប អ្នកគួរសិក្សាយ៉ាងនេះឯង។ ម្នាលកស្សប ហេតុដូច្នោះ ក្នុងសាសនានេះ អ្នកគប្បីសិក្សាយ៉ាងនេះថា អាត្មាអញ នឹងស្តាប់ នូវធម៌ដែលប្រកបដោយកុសលណានីមួយ ហើយធ្វើនូវធម៌ទាំងអស់នោះ ឲ្យជាប្រយោជន៍ ធ្វើទុកក្នុងចិត្ត ផ្ចង់ចិត្តទាំងពួង ផ្ទៀងត្រចៀកចាំស្តាប់ធម៌ ម្នាលកស្សប អ្នកគប្បីសិក្សាយ៉ាងនេះចុះ។ ម្នាលកស្សប ហេតុដូច្នោះ ក្នុងសាសនានេះ អ្នកគប្បីសិក្សា យ៉ាងនេះថា កាយគតាសតិ របស់អាត្មាអញ ប្រកបដោយសេចក្តីសុខ មិនទាន់សាបសូន្យនៅឡើយ ម្នាលកស្សប អ្នកគប្បីសិក្សាយ៉ាងនេះឯង។ ម្នាលអាវុសោ គ្រានោះ ព្រះមានព្រះភាគ ទូន្មានខ្ញុំដោយឱវាទនេះហើយ ក៏ទ្រង់ក្រោកអំពីអាសនៈ ចៀសចេញទៅ។ ម្នាលអាវុសោ ខ្ញុំនៅប្រកបដោយបំណុល បរិភោគនូវដុំបាយ របស់អ្នកនៅក្នុងដែនអស់៧ថ្ងៃគត់ លុះដល់ថ្ងៃទី៨ ក៏បានអរហត្តផល។ ម្នាលអាវុសោ គ្រានោះ ព្រះមានព្រះភាគ ក៏ស្តេចចុះចាកផ្លូវ ចូលទៅរកម្លប់ឈើមួយ។ ម្នាលអាវុសោ គ្រានោះឯង ខ្ញុំក៏ក្រាលនូវសង្ឃាដិ៤ជាន់ ដែលធ្វើដោយសំពត់ចាស់ ហើយក្រាបទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ គង់លើសង្ឃាដិនេះ ដើម្បីប្រយោជន៍ និងសេចក្តីសុខ ដល់ខ្ញុំព្រះអង្គ អស់កាលជាយូរអង្វែង។ ម្នាលអាវុសោ ព្រះមានព្រះភាគ ក៏គង់លើអាសនៈដែលខ្ញុំក្រាលថ្វាយហើយ។ ម្នាលអាវុសោ លុះព្រះមានព្រះភាគ គង់រួចហើយ ក៏មានព្រះពុទ្ធដីកានឹងខ្ញុំ យ៉ាងនេះថា ម្នាលកស្សប សង្ឃាដិដែលធ្វើដោយសំពត់ចាស់របស់អ្នកនេះ មានសាច់ទន់ល្អណាស់។ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ ទទួលនូវសង្ឃាដិ ដែលធ្វើដោយសំពត់ចាស់ ដើម្បីអនុគ្រោះដល់ខ្ញុំព្រះអង្គឲ្យទាន។ ម្នាលកស្សប អ្នកនឹងស្លៀកដណ្តប់សំពត់សម្បកធ្មៃ ជារបស់បង្សុកូលរបស់តថាគត ដែលតថាគតលែងប្រើប្រាស់ឬទេ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនឹងប្រើប្រាស់សំពត់សម្បកធ្មៃ ជារបស់បង្សុកូល របស់ព្រះមានព្រះភាគ ដែលទ្រង់លែងប្រើប្រាស់បាន។

[១៩៣] ម្នាលអាវុសោ ខ្ញុំក៏បានថ្វាយសង្ឃាដិដែលធ្វើដោយសំពត់ចាស់ ចំពោះព្រះមានព្រះភាគដែរ ខ្លួនខ្ញុំក៏ប្រើប្រាស់នូវសំពត់សម្បកធ្មៃ ជារបស់បង្សុកូលរបស់ព្រះមានព្រះភាគ ដែលទ្រង់លែងប្រើប្រាស់វិញ។ ម្នាលអាវុសោ បុគ្គលគប្បីពោលដោយប្រពៃនូវពាក្យណាថា បុត្តរបស់ព្រះមានព្រះភាគ កើតចេញពីទ្រូង កើតអំពីព្រះឱស្ឋ កើតអំពីធម៌ ព្រះធម៌បានតាក់តែងមក ជាអ្នកមានធម៌ជាមត៌ក បុត្តនោះបានទទួលសំពត់សម្បកធ្មៃជារបស់បង្សុកូល ដែលព្រះមានព្រះភាគ ទ្រង់លែងប្រើប្រាស់ បុគ្គលពោលពាក្យនោះថា បុត្តរបស់ព្រះមានព្រះភាគ កើតចេញពីទ្រូង កើតអំពីព្រះឱស្ឋ កើតអំពីធម៌ ព្រះធម៌បានតាក់តែងមក មានធម៌ជាមត៌ក បុត្តនោះបានទទួលសំពត់សម្បកធ្មៃ ជារបស់បង្សុកូល ដែលព្រះមានព្រះភាគ ទ្រង់លែងប្រើប្រាស់ ដូច្នេះ គឺពោលចំពោះខ្លួនខ្ញុំ។

[១៩៤] ម្នាលអាវុសោ ខ្ញុំប្រាថ្នាដរាបណា ក៏ស្ងប់ស្ងាត់ចាកកាមទាំងឡាយ ស្ងប់ស្ងាត់ចាកអកុសលធម៌ទាំងឡាយ ចូលកាន់បឋមជ្ឈាន ប្រកបដោយវិតក្កៈ និងវិចារៈ មានបីតិ និងសុខៈ កើតអំពីសេចក្តីស្ងាត់នោះ ដរាបនោះ។ ម្នាលអាវុសោ ខ្ញុំប្រាថ្នា ដរាបណា។បេ។

(បេយ្យាលៈនៃអនុបុព្វវិហារសមាបត្តិ៩ និងអភិញ្ញា៥យ៉ាងនេះ)។

[១៩៥] ម្នាលអាវុសោ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ សម្រេចនូវចេតោវិមុត្តិ បញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់ទៅនៃអាសវៈទាំងឡាយ ដោយបញ្ញាដ៏ឧត្តមដោយខ្លួនឯង ក្នុងបច្ចុប្បន្ន។ ម្នាលអាវុសោ អ្នកណា សំគាល់នូវខ្លួនខ្ញុំថា គួរបិទបាំងដោយអភិញ្ញាទាំង៦បាន អ្នកនោះ ដូចជាសំគាល់នូវដំរីមានកំពស់៧ហត្ថ ឬ៧ហត្ថកន្លះថា គួរបិទបាំងដោយស្លឹកត្នោតបាន។ ឯថុល្លនន្ទាភិក្ខុនី ឃ្លាតចាកព្រហ្មចរិយៈហើយ។

ចប់ សូត្រ ទី១១។

(បរំមរណ)សូត្រ ទី១២

(១២. បរំមរណសុត្តំ)

[១៩៦] សម័យមួយ ព្រះមហាកស្សបមានអាយុ និងព្រះសារីបុត្តមានអាយុ គង់នៅក្នុងឥសិបតនមិគទាយវ័ន ទៀបក្រុងពារាណសី។ គ្រានោះឯង ព្រះសារីបុត្តមានអាយុ ចេញអំពីទីសម្ងំ ក្នុងវេលាថ្ងៃរសៀល ហើយចូលទៅរកព្រះមហាកស្សបមានអាយុ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះមហាកស្សបមានអាយុ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររឭកហើយ ក៏គង់ក្នុងទីដ៏សមគួរ។

[១៩៧] លុះព្រះសារីបុត្តមានអាយុ គង់ក្នុងទីដ៏សមគួរហើយ បានពោលពាក្យនេះ នឹងព្រះមហាកស្សបមានអាយុថា ម្នាលអាវុសោ កស្សប សត្វស្លាប់ហើយកើតវិញឬទេ។ ម្នាលអាវុសោ ពាក្យថា សត្វស្លាប់ហើយកើតវិញ នេះ ព្រះមានព្រះភាគ មិនបានព្យាករទេ។ ម្នាលអាវុសោ បើដូច្នោះ មានតែសត្វស្លាប់ហើយមិនកើតទៀតឬ។ ម្នាលអាវុសោ ពាក្យថា សត្វស្លាប់ហើយមិនកើតទៀត នេះ ក៏ព្រះមានព្រះភាគ មិនដែលព្យាករដែរ។ ម្នាលអាវុសោ ចុះសត្វស្លាប់ហើយកើតទៀតក៏មាន មិនកើតទៀតក៏មានឬ។ ម្នាលអាវុសោ ពាក្យថា សត្វស្លាប់ហើយកើតទៀតក៏មាន មិនកើតទៀតក៏មាន នេះ ព្រះមានព្រះភាគ មិនដែលព្យាករទេ។ ម្នាលអាវុសោ បើដូច្នោះ សត្វស្លាប់ហើយកើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែនឬ។ ម្នាលអាវុសោ ពាក្យថា សត្វស្លាប់ហើយកើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែន នេះ ព្រះមានព្រះភាគ មិនដែលព្យាករទេ។ ម្នាលអាវុសោ ចុះហេតុដូចម្តេច បានជាព្រះមានព្រះភាគ មិនដែលព្យាករពាក្យនេះ។ ម្នាលអាវុសោ ព្រោះពាក្យនេះ មិនប្រកបដោយប្រយោជន៍ មិនជាខាងដើមនៃព្រហ្មចរិយៈ មិនប្រព្រឹត្តទៅដើម្បីសេចក្តីនឿយណាយ មិនប្រព្រឹត្តទៅដើម្បីប្រាសចាកតម្រេក មិនប្រព្រឹត្តទៅដើម្បីសេចក្តីរំលត់ មិនប្រព្រឹត្តទៅ ដើម្បីស្ងប់រម្ងាប់ មិនប្រព្រឹត្តទៅដើម្បីសេចក្តីដឹងច្បាស់ មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីត្រាស់ដឹង មិនប្រព្រឹត្តទៅដើម្បីព្រះនិព្វាន ព្រោះហេតុនោះ បានជាព្រះមានព្រះភាគ មិនដែលព្យាករពាក្យនោះ។

[១៩៨] ម្នាលអាវុសោ ចុះព្រះមានព្រះភាគ ទ្រង់ព្យាករដូចម្តេចវិញ។ ម្នាលអាវុសោ ព្រះមានព្រះភាគ ទ្រង់ព្យាករថា នេះជាទុក្ខ ព្រះមានព្រះភាគ ទ្រង់ព្យាករថា នេះជាហេតុនាំឲ្យកើតទុក្ខ ព្រះមានព្រះភាគ ទ្រង់ព្យាករថា នេះជាសេចក្តីរំលត់ទុក្ខ ព្រះមានព្រះភាគ ទ្រង់ព្យាករថា នេះជាផ្លូវប្រតិបត្តិជាដំណើរទៅកាន់សេចក្តីរំលត់ទុក្ខ។ ម្នាលអាវុសោ ចុះហេតុដូចម្តេច បានជាព្រះមានព្រះភាគ ទ្រង់ព្យាករពាក្យនេះ។ ម្នាលអាវុសោ ព្រោះថា ពាក្យនេះ ប្រកបដោយប្រយោជន៍ ជាខាងដើមនៃព្រហ្មចរិយៈ ប្រព្រឹត្តទៅដើម្បីសេចក្តីនឿយណាយ ដើម្បីប្រាសចាកតម្រេក ដើម្បីសេចក្តីរំលត់ ដើម្បីស្ងប់រម្ងាប់ ដើម្បីសេចក្តីដឹងច្បាស់ ដើម្បីសេចក្តីត្រាស់ដឹង ដើម្បីព្រះនិព្វាន ព្រោះហេតុនោះ បានជាព្រះមានព្រះភាគ ទ្រង់ព្យាករពាក្យនោះ។

ចប់ សូត្រ ទី១២។

(សទ្ធម្មប្បតិរូបក)សូត្រ ទី១៣

(១៣. សទ្ធម្មប្បតិរូបកសុត្តំ)

[១៩៩] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះឯង ព្រះមហាកស្សបមានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះមានព្រះភាគ រួចអង្គុយក្នុងទីដ៏សមគួរ។ លុះព្រះមហាកស្សបមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបទូលសួរព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ចុះហេតុដូចម្តេច បច្ច័យដូចម្តេច បានជាក្នុងកាលពីដើម មានសិក្ខាបទតិច តែមានភិក្ខុបានសម្រេចព្រះអរហត្តច្រើន បពិត្រព្រះអង្គដ៏ចំរើន ហេតុដូចម្តេច បច្ច័យដូចម្តេច បានជាឥឡូវនេះ មានសិក្ខាបទច្រើន តែមានភិក្ខុបានសម្រេចព្រះអរហត្តតិច។

[២០០] ម្នាលកស្សប ហេតុនុ៎ះ តែងមានយ៉ាងនេះឯង កាលបើពួកសត្វសាបសូន្យទៅ ព្រះសទ្ធម្មក៏អន្តរធានទៅដែរ បានជាមានសិក្ខាបទច្រើន មានពួកភិក្ខុបានសម្រេចព្រះអរហត្តតិច ម្នាលកស្សប សទ្ធម្មប្បដិរូប គឺធម៌ដែលស្រដៀងគ្នានឹងព្រះសទ្ធម្ម មិនបានកើតឡើង ក្នុងលោក ដរាបណា ការអន្តរធាននៃព្រះសទ្ធម្ម ក៏មិនមាន ដរាបនោះ ម្នាលកស្សប សទ្ធម្មប្បដិរូប កើតឡើងក្នុងលោក កាលណា ការអន្តរធាននៃព្រះសទ្ធម្ម ក៏មានកាលនោះ។ ម្នាលកស្សប ជាតរូបប្បដិរូប គឺរបស់ដែលស្រដៀងនឹងមាស មិនទាន់កើតឡើងក្នុងលោក ដរាបណា ការអន្តរធាននៃមាស ក៏មិនមាន ដរាបនោះ ម្នាលកស្សប ជាតរូបប្បដិរូប គឺរបស់ដែលស្រដៀងនឹងមាស កើតឡើងក្នុងលោក កាលណា ការអន្តរធាននៃមាស ក៏មានក្នុងកាលនោះ យ៉ាងណាមិញ។ ម្នាលកស្សប សទ្ធម្មប្បដិរូប មិនកើតឡើងក្នុងលោក ដរាបណា ការអន្តរធាននៃព្រះសទ្ធម្ម ក៏មិនមាន ដរាបនោះ ម្នាលកស្សប សទ្ធម្មប្បដិរូប កើតឡើងក្នុងលោក កាលណា ការអន្តរធាននៃព្រះសទ្ធម្ម ក៏មានក្នុងកាលនោះ យ៉ាងនោះឯង។

[២០១] ម្នាលកស្សប បឋវីធាតុ ធ្វើព្រះសទ្ធម្មឲ្យអន្តរធានទៅក៏ទេ អាបោធាតុ ធ្វើព្រះសទ្ធម្មឲ្យអន្តរធានទៅក៏ទេ តេជោធាតុ ធ្វើព្រះសទ្ធម្មឲ្យអន្តរធានទៅក៏ទេ វាយោធាតុ ធ្វើព្រះសទ្ធម្មឲ្យអន្តរធានទៅក៏ទេ មានតែពួកមោឃបុរស ដែលកើតឡើងក្នុងលោកនេះ ទើបធ្វើព្រះសទ្ធម្មនេះ ឲ្យអន្តរធានទៅបាន ម្នាលកស្សប ដូចទូកលិចចុះដោយការផ្ទុករបស់យ៉ាងណា។ ម្នាលកស្សប ការអន្តរធាននៃព្រះសទ្ធម្ម មិនមែនយ៉ាងនោះទេ។

[២០២] ម្នាលកស្សប ធម៌៥ប្រការនេះថយចុះ តែងប្រព្រឹត្តទៅដើម្បីវិនាស ដើម្បីសាបសូន្យនៃព្រះសទ្ធម្ម។ ធម៌៥ប្រការ តើដូចម្តេចខ្លះ។ ម្នាលកស្សប ពួកភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា ក្នុងសាសនានេះ ជាអ្នកមិនគោរព មិនកោតក្រែង ចំពោះព្រះសាស្តា១ ជាអ្នកមិនគោរព មិនកោតក្រែង ចំពោះព្រះធម៌១ ជាអ្នកមិនគោរព មិនកោតក្រែង ចំពោះព្រះសង្ឃ១ ជាអ្នកមិនគោរព មិនកោតក្រែង ចំពោះសិក្ខា១ ជាអ្នកមិនគោរព មិនកោតក្រែង ចំពោះសមាធិ១។ ម្នាលកស្សប ធម៌ទាំង៥ប្រការនេះឯង ថយចុះ តែងប្រព្រឹត្តទៅដើម្បីវិនាស ដើម្បីសាបសូន្យ នៃព្រះសទ្ធម្ម។

[២០៣] ម្នាលកស្សប ធម៌ទាំង៥ប្រការនេះ តែងប្រព្រឹត្តទៅដើម្បីតាំងនៅ ដើម្បីមិនវិនាស មិនសាបសូន្យនៃព្រះសទ្ធម្ម។ ធម៌ទាំង៥ប្រការ តើដូចម្តេចខ្លះ។ ម្នាលកស្សប ពួកភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា ក្នុងសាសនានេះ ជាអ្នកគោរព កោតក្រែង ចំពោះព្រះសាស្តា១ ជាអ្នកគោរព កោតក្រែង ចំពោះព្រះធម៌១ ជាអ្នកគោរព កោតក្រែង ចំពោះព្រះសង្ឃ១ ជាអ្នកគោរព កោតក្រែង ចំពោះសិក្ខា១ ជាអ្នកគោរព កោតក្រែង ចំពោះសមាធិ១។ ម្នាលកស្សប ធម៌ទាំង៥ប្រការនេះឯង តែងប្រព្រឹត្តទៅ ដើម្បីតាំងនៅ ដើម្បីមិនវិនាស មិនសាបសូន្យ នៃព្រះសទ្ធម្ម។

ចប់ សូត្រ ទី១៣។

ចប់ កស្សបសំយុត្ត ទី

ឧទ្ទាននៃកស្សបសំយុត្តនោះគឺ

ពោលអំពីបុគ្គលសន្តោស បុគ្គលមិនខ្លាចបាប បុគ្គលមានឧបមាដូចជាព្រះចន្ទ បុគ្គលចូលទៅកាន់ត្រកូល បុគ្គលចាស់ ឱវាទបី ឈាន និងអភិញ្ញា លំនៅភិក្ខុនី ចីវរ សត្វស្លាប់ហើយកើតទៀត ឬមិនកើតទៀត សទ្ធម្មប្បដិរូប។

លាភសក្ការសំយុត្ត ទី៦

(៦. លាភសក្ការសំយុត្តំ)

សុទ្ធកវគ្គ ទី១

(១. បឋមវគ្គោ)

(ទារុណ)សូត្រ ទី១

(១. ទារុណសុត្តំ)

[២០៤] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ ព្រះមានព្រះភាគ ត្រាស់នឹងភិក្ខុទាំងឡាយ ក្នុងទីនោះថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីកាព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។

[២០៥] ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរ ជារបស់អាក្រក់ នាំឲ្យក្តៅផ្សា គ្រោតគ្រាត ធ្វើនូវសេចក្តីអន្តរាយ ដល់ការត្រាស់ដឹងនូវព្រះនិព្វាន ជាទីក្សេមចាកយោគៈ ដែលរកគុណជាតដទៃក្រៃលែងជាងគ្មាន ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ អ្នកទាំងឡាយគប្បីសិក្សាក្នុងសាសនានេះ យ៉ាងនេះថា យើងទាំងឡាយ នឹងលះបង់នូវលាភសក្ការៈ និងសេចក្តីសរសើរដែលកើតឡើងហើយ ទាំងលាភសក្ការៈ និងសេចក្តីសរសើរដែលកើតឡើងហើយ ក៏កុំឲ្យគ្របសង្កត់ចិត្តយើងបានឡើយ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះចុះ។

ចប់ សូត្រ ទី១។

(ពឡិស)សូត្រ ទី២

(២. ពឡិសសុត្តំ)

[២០៦] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី… ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរ ជារបស់អាក្រក់ នាំឲ្យក្តៅផ្សា គ្រោតគ្រាត ធ្វើនូវសេចក្តីអន្តរាយ ដល់ការត្រាស់ដឹងនូវព្រះនិព្វាន ជាទីក្សេមចាកយោគៈ ដែលរកគុណជាតដទៃក្រៃលែងជាងគ្មាន។

[២០៧] ម្នាលភិក្ខុទាំងឡាយ ដូចព្រានសន្ទូច បោះនូវសន្ទូច ដែលបិទដោយនុយ ទៅក្នុងអន្លង់ទឹកដ៏ជ្រៅ ត្រីណាមួយសំឡឹងឃើញនុយ ក៏លេបសន្ទូចនោះ ម្នាលភិក្ខុទាំងឡាយ ត្រីនោះឯង លុះបានលេបសន្ទូចរបស់ព្រានសន្ទូច យ៉ាងនេះហើយ ក៏ដល់នូវសេចក្តីទុក្ខ ដល់នូវសេចក្តីវិនាស ត្រូវតាមអំពើដោយបំណងរបស់ព្រានសន្ទូច។

[២០៨] ម្នាលភិក្ខុទាំងឡាយ ពាក្យថា ព្រានសន្ទូច នុ៎ះ ជាឈ្មោះនៃមារចិត្តបាប។ ម្នាលភិក្ខុទាំងឡាយ ពាក្យថា សន្ទូច នុ៎ះ ជាឈ្មោះនៃលាភសក្ការៈ និងសេចក្តីសរសើរ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុណានីមួយ ត្រេកអរ ត្រូវការនូវលាភសក្ការៈ និងសេចក្តីសរសើរ ដែលកើតឡើងហើយ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះ តថាគតហៅថា អ្នកលេបសន្ទូចរបស់មារ រមែងដល់នូវសេចក្តីទុក្ខ ដល់នូវសេចក្តីវិនាស ត្រូវតាមអំពើដោយបំណងរបស់មារចិត្តបាប។ ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរ ជារបស់អាក្រក់ នាំឲ្យក្តៅផ្សា គ្រោតគ្រាត ធ្វើនូវសេចក្តីអន្តរាយ ដល់ការត្រាស់ដឹងព្រះនិព្វាន ជាទីក្សេមចាកយោគៈ ដែលរកគុណជាតដទៃក្រៃលែងជាងគ្មាន យ៉ាងនោះឯង។

[២០៩] ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ អ្នកទាំងឡាយ គប្បីសិក្សាក្នុងសាសនានេះ យ៉ាងនេះថា យើងទាំងឡាយ នឹងលះបង់នូវលាភសក្ការៈ និងសេចក្តីសរសើរ ដែលកើតឡើងហើយ ទាំងលាភសក្ការៈ និងសេចក្តីសរសើរ ដែលកើតឡើងហើយ ក៏កុំឲ្យគ្របសង្កត់ចិត្តយើងបានឡើយ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះចុះ។

ចប់ សូត្រ ទី២។

(កុម្ម)សូត្រ ទី៣

(៣. កុម្មសុត្តំ)

[២១០] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី… ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរ ជារបស់អាក្រក់។បេ។ ធ្វើនូវសេចក្តីអន្តរាយដល់ការត្រាស់ដឹង។

[២១១] ម្នាលភិក្ខុទាំងឡាយ រឿងធ្លាប់មានមកហើយថា មានត្រកូលនៃសត្វអណ្តើកធំ អាស្រ័យនៅជាយូរអង្វែងមកហើយ ក្នុងអន្លង់ទឹកមួយ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ អណ្តើកមួយ ចូលទៅរកអណ្តើកមួយទៀត ហើយក៏ពោលទៅនឹងអណ្តើកមួយ (នោះ) ដូច្នេះថា នែបងអណ្តើក បងឯងកុំទៅកាន់ប្រទេសនុ៎ះឡើយ។ ម្នាលភិក្ខុទាំងឡាយ អណ្តើកនោះ បានទៅកាន់ប្រទេសនោះ ព្រានក៏ចាប់អណ្តើកនោះដោយមូល។9) ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ អណ្តើកនោះចូលទៅរកអណ្តើក (ដែលឃាត់) នោះ។ ម្នាលភិក្ខុទាំងឡាយ អណ្តើកនោះ បានឃើញអណ្តើកនោះមកអំពីចម្ងាយ លុះឃើញហើយ ក៏ពោលទៅនឹងអណ្តើកនោះ ដូច្នេះថា នែបងអណ្តើក បងឯងមិនបានទៅកាន់ប្រទេសនោះទេឬ។ អណ្តើកនោះឆ្លើយថា នែបងអណ្តើក ខ្ញុំបានទៅកាន់ប្រទេសនោះហើយ។ នែបងអណ្តើក បងឯងមិនត្រូវគេបៀតបៀន មិនត្រូវគេប្រហារទេឬ។ នែបងអណ្តើក ខ្ញុំមិនត្រូវគេបៀតបៀន មិនត្រូវគេប្រហារទេ គ្រាន់តែមានខ្សែនេះ ជាប់តាមអំពីក្រោយខ្នងខ្ញុំប៉ុណ្ណោះ។ នែបងអណ្តើក អើនោះហើយ ហៅថា ត្រូវគេបៀតបៀន អើនោះហើយ ហៅថា ត្រូវគេប្រហារ នែបងអណ្តើក មាតាបិតាក្តី ជីដូនជីតាក្តី របស់បងឯង ដល់នូវសេចក្តីទុក្ខ ដល់នូវសេចក្តីវិនាស ដោយខ្សែនុ៎ះឯង នែបងអណ្តើក ឥឡូវនេះ បងឯងចូរទៅចុះ ឥឡូវនេះ បងឯងមិនមែនដូចយើងទេ។

[២១២] ម្នាលភិក្ខុទាំងឡាយ ពាក្យថា ព្រាន នុ៎ះ ជាឈ្មោះនៃមារចិត្តបាប។ ម្នាលភិក្ខុទាំងឡាយ ពាក្យថា មូល នុ៎ះ ជាឈ្មោះនៃលាភសក្ការៈ និងសេចក្តីសរសើរ។ ម្នាលភិក្ខុទាំងឡាយ ពាក្យថា ខ្សែ នុ៎ះ ជាឈ្មោះនៃនន្ទរាគ (តម្រេកដោយសេចក្តីត្រេកត្រអាល)។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុណានីមួយ ត្រេកអរ ត្រូវការនូវលាភសក្ការៈ និងសេចក្តីសរសើរ ដែលកើតឡើងហើយ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះ តថាគតហៅថា អ្នកដល់នូវសេចក្តីទុក្ខ ដល់នូវសេចក្តីវិនាស ត្រូវតាមអំពើដោយបំណងរបស់មារចិត្តបាប។ ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរ ជារបស់អាក្រក់ យ៉ាងនេះឯង។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះចុះ។

ចប់ សូត្រ ទី៣។

(ទីឃលោមិក)សូត្រ ទី៤

(៤. ទីឃលោមិកសុត្តំ)

[២១៣] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី… ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរ ជារបស់អាក្រក់។បេ។ ធ្វើនូវសេចក្តីអន្តរាយដល់ការត្រាស់ដឹង។

[២១៤] ម្នាលភិក្ខុទាំងឡាយ ដូចមេចៀមមានរោមវែង ចូលទៅកាន់ព្រៃស្បាត ដែលមានបន្លា មេចៀមនោះ ក៏ជាប់នៅក្នុងទីនោះៗ ទាក់នៅក្នុងទីនោះៗ ចំពាក់នៅក្នុងទីនោះៗ ដល់នូវសេចក្តីទុក្ខ និងសេចក្តីវិនាសក្នុងទីនោះៗ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុពួកខ្លះ ក្នុងសាសនានេះ ត្រូវលាភសក្ការៈ និងសេចក្តីសរសើរ គ្របសង្កត់ រួបរឹតចិត្ត ក៏ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងវេលាបុព្វណ្ហសម័យ ហើយចូលទៅកាន់ស្រុកក្តី និគមក្តី ដើម្បីបិណ្ឌបាត ភិក្ខុនោះ រមែងជាប់នៅក្នុងទីនោះៗ រមែងទាក់នៅក្នុងទីនោះៗ រមែងចំពាក់នៅក្នុងទីនោះៗ រមែងដល់នូវសេចក្តីទុក្ខ និងសេចក្តីវិនាសក្នុងទីនោះៗ យ៉ាងនោះឯង។ ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរ ជារបស់អាក្រក់ យ៉ាងនេះឯង។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះចុះ។

ចប់ សូត្រ ទី៤។

(មីឡ្ហក)សូត្រ ទី៥

(៥. មីឡ្ហកសុត្តំ)

[២១៥] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី… ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរ ជារបស់អាក្រក់។បេ។ ធ្វើនូវសេចក្តីអន្តរាយដល់ការត្រាស់ដឹង។

[២១៦] ម្នាលភិក្ខុទាំងឡាយ ដូចសត្វកំពោង10) ទំពាស៊ីនូវលាមក ខាងក្នុងខ្លួនពេញដោយលាមក បរិបូណ៌ដោយលាមក មានគំនរនៃលាមកធំពីខាងមុខ សត្វកំពោងនោះ ក៏មើលងាយសត្វកំពោងដទៃ ដោយហេតុនោះថា អាត្មាអញ ទំពាស៊ីលាមក ខាងក្នុងខ្លួនពេញដោយលាមក បរិបូណ៌ដោយលាមក នេះជាគំនរនៃលាមកដ៏ធំពីខាងមុខអាត្មាអញ យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុពួកខ្លះ ក្នុងសាសនានេះ ត្រូវលាភសក្ការៈ និងសេចក្តីសរសើរ គ្របសង្កត់ រួបរឹតចិត្ត ក៏ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងវេលាបុព្វណ្ហសម័យ ហើយចូលទៅកាន់ស្រុកក្តី និគមក្តី ដើម្បីបិណ្ឌបាត ភិក្ខុនោះ ក៏បរិភោគភត្តក្នុងទីនោះ ដរាបដល់ឆ្អែតផង មានគេនិមន្តដើម្បីឆាន់ក្នុងថ្ងៃស្អែកផង ចង្ហាន់បិណ្ឌបាត ក៏មានពោរពេញ ភិក្ខុនោះទៅកាន់អារាមវិញ ពោលអួតកណ្តាលពពួកនៃភិក្ខុថា ខ្ញុំបានបរិភោគភត្ត ដរាបដល់ឆ្អែតផង មានគេនិមន្តដើម្បីឆាន់ក្នុងថ្ងៃស្អែកផង នេះជាចង្ហាន់បិណ្ឌបាត ដ៏ពោរពេញ របស់ខ្ញុំផង ខ្ញុំជាបុគ្គលបាននូវចីវរ បិណ្ឌបាត សេនាសនៈ និងគ្រឿងបរិក្ខារ គឺថ្នាំជាបច្ច័យដល់អ្នកជម្ងឺផង ពួកភិក្ខុដទៃទាំងអម្បាលនេះ មានបុណ្យតិច ស័ក្តិតូច មិនបាននូវចីវរ បិណ្ឌបាត សេនាសនៈ និងគ្រឿងបរិក្ខារ គឺថ្នាំជាបច្ច័យដល់អ្នកជម្ងឺទេ។ ភិក្ខុនោះ ត្រូវលាភសក្ការៈ និងសេចក្តីសរសើរនោះ គ្របសង្កត់ រួបរឹតចិត្ត តែងមើលងាយនូវពួកភិក្ខុឯទៀត ដែលមានសីលជាទីស្រឡាញ់ យ៉ាងនោះឯង។ ម្នាលភិក្ខុទាំងឡាយ អំពើនោះឯង ជាអំពើប្រព្រឹត្តទៅ ដើម្បីមិនជាប្រយោជន៍ ដើម្បីសេចក្តីទុក្ខ អស់កាលដ៏វែង ដល់មោឃបុរសនោះ។ ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរ ជារបស់អាក្រក់ យ៉ាងនេះឯង។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះចុះ។

ចប់ សូត្រ ទី៥។

(អសនិ)សូត្រ ទី៦

(៦. អសនិសុត្តំ)

[២១៧] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី… ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរ ជារបស់អាក្រក់។បេ។ ធ្វើនូវសេចក្តីអន្តរាយដល់ការត្រាស់ដឹង។

[២១៨] ម្នាលភិក្ខុទាំងឡាយ កាំរន្ទះធ្លាក់ចំលើបុគ្គលណា។ លាភសក្ការៈ និងសេចក្តីសរសើរ តែងដល់ដោយលំដាប់ ចំពោះសេក្ខបុគ្គល ដែលមិនទាន់បានសម្រេចព្រះអរហត្តផល។ ម្នាលភិក្ខុទាំងឡាយ ពាក្យថា កាំរន្ទះ នុ៎ះ ជាឈ្មោះនៃលាភសក្ការៈ និងសេចក្តីសរសើរ។ ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរ ជារបស់អាក្រក់ យ៉ាងនេះឯង។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះចុះ។

ចប់ សូត្រ ទី៦។

(ទិទ្ធ)សូត្រ ទី៧

(៧. ទិទ្ធសុត្តំ)

[២១៩] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី… ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរ ជារបស់អាក្រក់។បេ។ ធ្វើនូវសេចក្តីអន្តរាយដល់ការត្រាស់ដឹង។

[២២០] ម្នាលភិក្ខុទាំងឡាយ បុគ្គលចាក់នូវបុគ្គលណាដោយសរ។ លាភសក្ការៈ និងសេចក្តីសរសើរ រមែងដល់ដោយលំដាប់ ចំពោះសេក្ខបុគ្គល ដែលមិនទាន់បានសម្រេចអរហត្តផល។ ម្នាលភិក្ខុទាំងឡាយ ពាក្យថា សរ នុ៎ះ ជាឈ្មោះនៃលាភសក្ការៈ និងសេចក្តីសរសើរ។ ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរ ជារបស់អាក្រក់ យ៉ាងនេះឯង។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះចុះ។

ចប់ សូត្រ ទី៧។

(សិង្គាល)សូត្រ ទី៨

(៨. សិង្គាលសុត្តំ)

[២២១] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី… ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរ ជារបស់អាក្រក់។បេ។ ធ្វើនូវសេចក្តីអន្តរាយដល់ការត្រាស់ដឹង។

[២២២] ម្នាលភិក្ខុទាំងឡាយ កាលសត្វចចកចាស់ នៅក្នុងវេលាបច្ចូសសម័យនៃរាត្រី អ្នកទាំងឡាយ បានឃើញដែរឬទេ។ ភិក្ខុទាំងឡាយ ទូលថា ព្រះករុណា ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ សត្វចចកចាស់នោះ កើតរោគអង្គែរ11) រមែងទៅកាន់ទីគោក ក៏មិនស្រួល ទៅនៅក្រោមម្លប់ឈើ ក៏មិនស្រួល ទៅនៅក្នុងទីវាល ក៏មិនស្រួល ទុកជាដើរទៅក្នុងទីណាៗ ឈរនៅក្នុងទីណាៗ អង្គុយនៅក្នុងទីណាៗ ដេកនៅក្នុងទីណាៗ ក៏រមែងដល់នូវសេចក្តីទុក្ខ និងសេចក្តីវិនាសក្នុងទីនោះៗ (យ៉ាងណាមិញ)។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុពួកខ្លះ ក្នុងសាសនានេះ ត្រូវលាភសក្ការៈ និងសេចក្តីសរសើរគ្របសង្កត់ រួបរឹតចិត្ត ទៅកាន់ផ្ទះស្ងាត់ ក៏មិនស្រួល ទៅនៅក្រោមម្លប់ឈើ ក៏មិនស្រួល ទៅនៅក្នុងទីវាល ក៏មិនស្រួល ទុកជាដើរទៅក្នុងទីណាៗ ឈរនៅក្នុងទីណាៗ អង្គុយនៅក្នុងទីណាៗ ដេកនៅក្នុងទីណាៗ ក៏រមែងដល់នូវសេចក្តីទុក្ខ និងសេចក្តីវិនាស ក្នុងទីនោះៗ យ៉ាងនោះឯង។ ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរ ជារបស់អាក្រក់ យ៉ាងនេះឯង។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះចុះ។

ចប់ សូត្រ ទី៨។

(វេរម្ភ)សូត្រ ទី៩

(៩. វេរម្ភសុត្តំ)

[២២៣] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី… ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរ ជារបស់អាក្រក់។បេ។ ធ្វើនូវសេចក្តីអន្តរាយដល់ការត្រាស់ដឹង។

[២២៤] ម្នាលភិក្ខុទាំងឡាយ វេរម្ភវាត (ខ្យល់ព្យុះ) បក់ទៅលើអាកាស សត្វស្លាបណា ហើរទៅលើអាកាសនោះ វេរម្ភវាត ក៏បក់ផាត់សត្វស្លាបនោះ សត្វស្លាបនោះ លុះត្រូវវេរម្ភវាត ផាត់ឡើងហើយ ជើងក៏រសាត់ទៅដោយឡែក ស្លាបក៏រសាត់ទៅដោយឡែក ក្បាលក៏រសាត់ទៅដោយឡែក ដងខ្លួនក៏រសាត់ទៅដោយឡែក (យ៉ាងណាមិញ)។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុខ្លះ ក្នុងសាសនានេះ ត្រូវលាភសក្ការៈ និងសេចក្តីសរសើរគ្របសង្កត់ រួបរឹតចិត្ត ក៏ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងវេលាបុព្វណ្ហសម័យ ហើយចូលទៅកាន់ស្រុកក្តី និគមក្តី ដើម្បីបិណ្ឌបាត ដោយមិនបានរក្សាកាយ មិនបានរក្សាវាចា មិនបានរក្សាចិត្ត មិនបានប្រុងប្រៀបស្មារតី មិនបានសង្រួមឥន្ទ្រិយ ភិក្ខុនោះ ក៏ឃើញមាតុគ្រាមក្នុងទីនោះ ស្លៀកសំពត់មិនស្រួលក្តី ដណ្តប់សំពត់មិនស្រួលក្តី ភិក្ខុនោះ លុះបានឃើញមាតុគ្រាម ដែលស្លៀកសំពត់មិនស្រួលក្តី ដណ្តប់សំពត់មិនស្រួលក្តី រាគៈ ក៏កំចាត់ចិត្ត ភិក្ខុនោះ លុះត្រូវរាគៈគ្របសង្កត់ចិត្តហើយ ក៏ពោលលាសិក្ខា ត្រឡប់ទៅកាន់ហីនភេទវិញ ពួកភិក្ខុឯទៀត ក៏យកចីវរ ពួកភិក្ខុឯទៀត យកបាត្រ ពួកភិក្ខុឯទៀតយកនិសីទនៈ ពួកភិក្ខុឯទៀតយកបំពង់ម្ជុល របស់ភិក្ខុនោះ ដូចគ្នានឹងសត្វស្លាប ដែលត្រូវវេរម្ភវាតបក់ផាត់ ក៏យ៉ាងនោះឯង។ ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរ ជារបស់អាក្រក់ យ៉ាងនេះឯង។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះចុះ។

ចប់ សូត្រ ទី៩។

(សគាថក)សូត្រ ទី១០

(១០. សគាថកសុត្តំ)

[២២៥] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី… ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរ ជារបស់អាក្រក់។បេ។ ធ្វើនូវសេចក្តីអន្តរាយដល់ការត្រាស់ដឹង។

[២២៦] ម្នាលភិក្ខុទាំងឡាយ ក្នុងលោកនេះ តថាគត ឃើញបុគ្គលពួកខ្លះ ត្រូវគ្រឿងសក្ការៈគ្របសង្កត់ រួបរឹតចិត្ត លុះបែកធ្លាយរាងកាយ ខាងមុខអំពីមរណៈ តែងទៅកើតក្នុងកំណើតតិរច្ឆាន ប្រេត អសុរកាយ នរក។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ក្នុងលោកនេះ តថាគត ឃើញបុគ្គលពួកខ្លះ ត្រូវអសក្ការៈ12) គ្របសង្កត់ រួបរឹតចិត្ត លុះបែកធ្លាយរាងកាយ ខាងមុខអំពីមរណៈ តែងទៅកើតក្នុងកំណើតតិរច្ឆាន ប្រេត អសុរកាយ នរក។ ម្នាលភិក្ខុទាំងឡាយ ក្នុងលោកនេះ តថាគត ឃើញបុគ្គលពួកខ្លះ ត្រូវគ្រឿងសក្ការៈផង អសក្ការៈផង ទាំងពីរនោះ គ្របសង្កត់ រួបរឹតចិត្ត លុះបែកធ្លាយរាងកាយ ខាងមុខអំពីមរណៈ តែងទៅកើតក្នុងកំណើតតិរច្ឆាន ប្រេត អសុរកាយ នរក។ ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរ ជារបស់អាក្រក់ យ៉ាងនេះឯង។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះចុះ។

[២២៧] ព្រះមានព្រះភាគ បានត្រាស់សម្តែងសូត្រនេះ លុះព្រះសុគត ជាសាស្តា បានសម្តែងសូត្រនេះចប់ហើយ ក៏ទ្រង់ពោលនូវគាថាព័ន្ធ ដូច្នេះ តទៅទៀតថា

សមាធិ របស់បុគ្គលណា ដែលមានប្រក្រតីនៅដោយផលសមាធិ ប្រមាណមិនបាន រមែងមិនញាប់ញ័រដោយសក្ការៈផង ដោយអសក្ការៈផង ដោយសក្ការៈ និងអសក្ការៈទាំងពីរផង អ្នកប្រាជ្ញទាំងឡាយ រមែងពោលនូវបុគ្គលនោះ ដែលជាអ្នកពិនិត្យ មានព្យាយាមជាប់តគ្នា ជាអ្នកឃើញច្បាស់ ដោយទិដ្ឋិដ៏សុខុម ត្រេកអរចំពោះព្រះនិព្វាន ជាទីក្ស័យនៃឧបាទាន ថាជាសប្បុរស។

ចប់សូត្រទី១០។

ចប់ សុទ្ធកវគ្គ ទី

ឧទ្ទាននៃសុទ្ធកវគ្គនោះគឺ

និយាយអំពីលាភសក្ការៈ និងសេចក្តីសរសើរសុទ្ធ១ និយាយអំពីលាភសក្ការៈ និងសេចក្តីសរសើរប្រៀបដោយផ្លែសន្ទូច១ ប្រៀបដោយមូលចាក់សត្វអណ្តើក១ ប្រៀបដោយមេចៀមមានរោមវែង (ប្រៀបដោយសត្វកំពោងបានដុំលាមក១) ប្រៀបដោយកាំរន្ទះ១ ប្រៀបដោយសរ១ ប្រៀបដោយសត្វចចកចាស់១ ប្រៀបដោយវេរម្ភវាត១ និយាយអំពីបុគ្គលមានចិត្តត្រូវសក្ការៈជាដើម គ្របសង្កត់១។

បាតិវគ្គ ទី២

(២. ទុតិយវគ្គោ)

(សុវណ្ណបាតិ)សូត្រ ទី១

(១. សុវណ្ណបាតិសុត្តំ)

[២២៨] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី… ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរ ជារបស់អាក្រក់។បេ។ ធ្វើនូវសេចក្តីអន្តរាយដល់ការត្រាស់ដឹង។

[២២៩] ម្នាលភិក្ខុទាំងឡាយ ក្នុងលោកនេះ តថាគតកំណត់ដឹងច្បាស់ នូវចិត្តបុគ្គលពួកខ្លះ ដោយចិត្តរបស់តថាគត យ៉ាងនេះថា អ្នកនេះមិនពោលសម្បជានមុសា (និយាយកុហកទាំងដឹងខ្លួន) ព្រោះហេតុនៃភាជន៍មាស ដ៏ពេញដោយលំអិតនៃប្រាក់ទេ លុះសម័យខាងក្រោយមក តថាគត ឃើញបុគ្គលនោះ ត្រូវលាភសក្ការៈ និងសេចក្តីសរសើរគ្របសង្កត់ រួបរឹតចិត្ត ក៏ពោលនូវសម្បជានមុសា។ ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរ ជារបស់អាក្រក់យ៉ាងនេះឯង។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសិក្សាយ៉ាងនេះចុះ។

ចប់ សូត្រ ទី១។

(រូបិយបាតិ)សូត្រ ទី២

(២. រូបិយបាតិសុត្តំ)

[២៣០] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី… ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរ ជារបស់អាក្រក់។បេ។ ធ្វើនូវសេចក្តីអន្តរាយដល់ការត្រាស់ដឹង។

[២៣១] ម្នាលភិក្ខុទាំងឡាយ ក្នុងលោកនេះ តថាគតកំណត់ដឹងច្បាស់ នូវចិត្តបុគ្គលពួកខ្លះ ដោយចិត្តរបស់តថាគត យ៉ាងនេះថា អ្នកនេះ មិនពោលសម្បជានមុសា ព្រោះហេតុនៃភាជន៍ប្រាក់ ដ៏ពេញដោយលំអិតនៃមាសទេ លុះសម័យខាងក្រោយមក តថាគត ឃើញបុគ្គលនោះ ត្រូវលាភសក្ការៈ និងសេចក្តីសរសើរគ្របសង្កត់ រួបរឹតចិត្ត ក៏ពោលនូវសម្បជានមុសា។ ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរ ជារបស់អាក្រក់យ៉ាងនេះឯង។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះចុះ។

ចប់ សូត្រ ទី២។

(សុវណ្ណនិក្ខសុត្តាទិអដ្ឋក) សូត្រ ទី៣-១០

(៣-១០. សុវណ្ណនិក្ខសុត្តាទិអដ្ឋកំ)

[២៣២] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី… ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ក្នុងលោកនេះ តថាគតកំណត់ដឹងច្បាស់ នូវចិត្តបុគ្គលពួកខ្លះ ដោយចិត្តរបស់តថាគត យ៉ាងនេះថា អ្នកនេះ មិនពោលសម្បជានមុសា ព្រោះហេតុនៃដុំមាស១…

ព្រោះហេតុនៃដុំមាស១០០…

ព្រោះហេតុនៃដុំមាសសិង្គិ១…

ព្រោះហេតុនៃដុំមាសសិង្គិ១០០…

ព្រោះហេតុនៃផែនដី ដ៏ពេញដោយមាស…

ព្រោះហេតុតែអាមិសៈបន្តិចបន្តួច…

ព្រោះហេតុតែជីវិត…

…ព្រោះហេតុនៃស្រីមានលំអក្នុងជនបទ លុះសម័យខាងក្រោយមក តថាគត ឃើញបុគ្គលនោះ ត្រូវលាភសក្ការៈ និងសេចក្តីសរសើរគ្របសង្កត់ រួបរឹតចិត្ត ក៏ពោលនូវសម្បជានមុសា។ ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរ ជារបស់អាក្រក់ យ៉ាងនេះឯង។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះចុះ។

ចប់សូត្រទី១០។

ចប់ បាតិវគ្គ ទី២។

ឧទ្ទាននៃបាតិវគ្គនោះគឺ

និយាយអំពីភាជនៈពីរលើក និយាយអំពីមាសពីរលើក និយាយអំពីមាសសិង្គិពីរលើក និយាយអំពីផែនដី១ និយាយអំពីអាមិសបន្តិចបន្តួច១ និយាយអំពីជីវិត១ និយាយអំពីស្រីមានលំអរក្នុងជនបទ១ ជា១០។

មាតុគ្គាមវគ្គ ទី៣

(៣. តតិយវគ្គោ)

(មាតុគាម)សូត្រ ទី?

(១. មាតុគាមសុត្តំ)

[២៣៣] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ… ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរ ជារបស់អាក្រក់។បេ។ ធ្វើនូវសេចក្តីអន្តរាយដល់ការត្រាស់ដឹង។

[២៣៤] ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរ រមែងគ្របសង្កត់ចិត្ត នៃបុគ្គលណាបាន ឯមាតុគ្រាមម្នាក់ មិនអាចគ្របសង្កត់ចិត្ត នៃបុគ្គលនោះ សូម្បីតែម្នាក់បានទេ។បេ។ ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរ ជារបស់អាក្រក់ យ៉ាងនេះឯង។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសិក្សា យ៉ាងនេះចុះ។

ចប់ សូត្រ ទី១។

(កល្យាណី)សូត្រ ទី២

(២. កល្យាណីសុត្តំ)

[២៣៥] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី… ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរ ជារបស់អាក្រក់។បេ។ ធ្វើនូវសេចក្តីអន្តរាយ ដល់ការត្រាស់ដឹង។

[២៣៦] ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរ គ្របសង្កត់ចិត្ត នៃបុគ្គលណាបាន ឯស្រីមានលំអក្នុងជនបទម្នាក់ មិនអាចគ្របសង្កត់ចិត្ត នៃបុគ្គលនោះ សូម្បីតែម្នាក់បានទេ។បេ។ ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរ ជារបស់អាក្រក់ យ៉ាងនេះឯង។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សា យ៉ាងនេះចុះ។

ចប់ សូត្រ ទី២។

(ឯកបុត្តក)សូត្រ ទី៣

(៣. ឯកបុត្តកសុត្តំ)

[២៣៧] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី… ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរ ជារបស់អាក្រក់។បេ។ ធ្វើនូវសេចក្តីអន្តរាយ ដល់ការត្រាស់ដឹង។

[២៣៨] ម្នាលភិក្ខុទាំងឡាយ ប្រសិនបើឧបាសិកា មានសទ្ធា កាលនិយាយអង្វរដោយប្រពៃ ក៏និយាយអង្វរ ចំពោះកូនប្រុសតូចម្នាក់ ដែលជាទីស្រឡាញ់ ជាទីពេញចិត្ត យ៉ាងនេះថា នែកូន ចូរបាមានគុណសម្បត្តិ ប្រាកដដូចចិត្តគហបតី និងហត្ថកឧបាសក អ្នកស្រុកអាឡវីចុះ។ ម្នាលភិក្ខុទាំងឡាយ បណ្តាពួកឧបាសក ជាសាវ័ករបស់តថាគត មានតែចិត្តគហបតី១ ហត្ថកឧបាសកអ្នកស្រុកអាឡវី១ នុ៎ះជាជញ្ជីង នុ៎ះជាខ្នាត។ (ឧបាសិកា គប្បីនិយាយអង្វរថា) នែកូន បើឯងចេញចាកផ្ទះ ហើយចូលទៅកាន់ផ្នួស នែកូន ចូរបាមានគុណសម្បត្តិប្រាកដ ដូចជាព្រះសារីបុត្ត និងព្រះមោគ្គល្លានចុះ។ ម្នាលភិក្ខុទាំងឡាយ បណ្តាពួកភិក្ខុជាសាវ័ករបស់តថាគត មានតែសារីបុត្ត និងមោគ្គល្លាននុ៎ះ ជាជញ្ជីង នុ៎ះជាខ្នាត។ (ឧបាសិកា គប្បីនិយាយអង្វរថា) នែកូន លាភសក្ការៈ និងសេចក្តីសរសើរ កុំបីដិតដល់កូនឯង ដែលនៅជាសេក្ខបុគ្គល មិនទាន់បានសម្រេចព្រះអរហត្តផលនៅឡើយ។ ម្នាលភិក្ខុទាំងឡាយ បើលាភសក្ការៈ និងសេចក្តីសរសើរ មកដិតដល់ភិក្ខុនោះ ដែលនៅជាសេក្ខបុគ្គល មិនទាន់បានសម្រេចព្រះអរហត្តផល លាភសក្ការៈ និងសេចក្តីសរសើរនោះ នាំឲ្យកើតសេចក្តីអន្តរាយ ដល់ភិក្ខុនោះ។ ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរ ជារបស់អាក្រក់ យ៉ាងនេះឯង។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសិក្សា យ៉ាងនេះចុះ។

ចប់ សូត្រ ទី៣។

(ឯកធីតុ)សូត្រ ទី៤

(៤. ឯកធីតុសុត្តំ)

[២៣៩] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី… ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរ ជារបស់អាក្រក់។បេ។ ធ្វើនូវសេចក្តីអន្តរាយ ដល់ការត្រាស់ដឹង។

[២៤០] ម្នាលភិក្ខុទាំងឡាយ ឧបាសិកា មានសទ្ធា កាលបើនិយាយអង្វរដោយប្រពៃ ក៏និយាយអង្វរ ចំពោះកូនស្រីម្នាក់ ដែលជាទីស្រឡាញ់ ជាទីពេញចិត្ត យ៉ាងនេះថា នែនាង ចូរនាងមានគុណសម្បត្តិ ប្រាកដដូចជាឧបាសិកាឈ្មោះ ខុជ្ជុត្តរា និងឧបាសិកា ឈ្មោះ វេឡុកណ្ឌកិយានន្ទមាតា។ ម្នាលភិក្ខុទាំងឡាយ បណ្តាពួកឧបាសិកា ជាសាវិការបស់តថាគត មានតែនាងខុជ្ជុត្តរាឧបាសិកា១ នាងវេឡុកណ្ឌកិយានន្ទមាតា១ នុ៎ះជាជញ្ជីង នុ៎ះជាខ្នាត។ (ប្រសិនបើឧបាសិកា និយាយអង្វរថា) នែនាង បើឯងចេញចាកផ្ទះ ហើយចូលទៅកាន់ផ្នួស នែនាង ចូរនាងមានគុណសម្បត្តិ ប្រាកដដូចជានាងខេមាភិក្ខុនី និងនាងឧប្បលវណ្ណាភិក្ខុនីចុះ។ ម្នាលភិក្ខុទាំងឡាយ បណ្តាពួកភិក្ខុនី ជាសាវិការបស់តថាគត មានតែនាងខេមាភិក្ខុនី១ ឧប្បលវណ្ណាភិក្ខុនី១ នុ៎ះ ជាជញ្ជីង នុ៎ះ ជាខ្នាត។ (ប្រសិនបើឧបាសិកា និយាយអង្វរថា) នែនាង លាភសក្ការៈ និងសេចក្តីសរសើរ កុំបីមកដិតដល់នាងឯង ដែលនៅជាសេក្ខបុគ្គល មិនទាន់បានសម្រេចព្រះអរហត្តផលនៅឡើយ។ ម្នាលភិក្ខុទាំងឡាយ បើលាភសក្ការៈ និងសេចក្តីសរសើរ មកដិតដល់ភិក្ខុនីនោះ ដែលនៅជាសេក្ខបុគ្គល មិនទាន់បានសម្រេចព្រះអរហត្តផលនៅឡើយ លាភសក្ការៈ និងសេចក្តីសរសើរនោះ នាំឲ្យកើតសេចក្តីអន្តរាយ ដល់ភិក្ខុនីនោះ។ ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរ ជារបស់អាក្រក់ យ៉ាងនេះឯង។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសិក្សា យ៉ាងនេះចុះ។

ចប់ សូត្រ ទី៤។

(សមណព្រាហ្មណ)សូត្រ ទី៥

(៥. សមណព្រាហ្មណសុត្តំ)

[២៤១] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី… ម្នាលភិក្ខុទាំងឡាយ ពួកសមណៈ ឬព្រាហ្មណ៍ណានីមួយ មិនដឹងច្បាស់តាមពិត នូវអានិសង្សផង នូវទោសផង នៃលាភសក្ការៈ និងសេចក្តីសរសើរ នូវឧបាយជាគ្រឿងរលាស់ចោល នូវលាភសក្ការៈ និងសេចក្តីសរសើរផង (គប្បីធ្វើយ៉ាងនេះចុះ) ដឹងច្បាស់ ធ្វើឲ្យជាក់ច្បាស់ សម្រេចដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯង។

ចប់ សូត្រ ទី៥។

(ទុតិយសមណព្រាហ្មណ)សូត្រ ទី៦

(៦. ទុតិយសមណព្រាហ្មណសុត្តំ)

[២៤២] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី… ម្នាលភិក្ខុទាំងឡាយ ពួកសមណៈ ឬព្រាហ្មណ៍ណានីមួយ មិនដឹងច្បាស់តាមពិត នូវហេតុជាទីកើតឡើងផង នូវសេចក្តីវិនាសផង នូវអានិសង្សផង នូវទោសផង នៃលាភសក្ការៈ និងសេចក្តីសរសើរ នូវឧបាយជាគ្រឿងរលាស់ចោល នូវលាភសក្ការៈ និងសេចក្តីសរសើរផង (គប្បីធ្វើយ៉ាងនេះចុះ)។

[២៤៣] ម្នាលភិក្ខុទាំងឡាយ ពួកសមណៈ ឬព្រាហ្មណ៍ណានីមួយ ដឹងច្បាស់តាមពិត នូវ ហេតុជាទីកើតឡើងផង នូវសេចក្តីវិនាសផង នូវអានិសង្សផង នូវទោសផង នៃលាភសក្ការៈ និងសេចក្តីសរសើរ នូវឧបាយជាគ្រឿងរលាស់ចោល នូវលាភសក្ការៈ និងសេចក្តីសរសើរផង (គប្បីធ្វើយ៉ាងនេះចុះ)។

ចប់ សូត្រ ទី៦។

(តតិយសមណព្រាហ្មណ)សូត្រ ទី៧

(៧. តតិយសមណព្រាហ្មណសុត្តំ)

[២៤៤] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី… ម្នាលភិក្ខុទាំងឡាយ ពួកសមណៈ ឬព្រាហ្មណ៍ណានីមួយ មិនដឹងច្បាស់ នូវលាភសក្ការៈ និងសេចក្តីសរសើរ មិនដឹងច្បាស់ នូវហេតុជាទីកើតឡើង នៃលាភសក្ការៈ និងសេចក្តីសរសើរ មិនដឹងច្បាស់នូវការរលត់នៃលាភសក្ការៈ និងសេចក្តីសរសើរ មិនដឹងច្បាស់នូវបដិបទា ជាដំណើរទៅកាន់ហេតុជាទីរលត់ នៃលាភសក្ការៈ និងសេចក្តីសរសើរ (គប្បីធ្វើយ៉ាងនេះចុះ) ដឹងច្បាស់ ធ្វើឲ្យជាក់ច្បាស់ សម្រេចដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯង។

ចប់ សូត្រ ទី៧។

(ឆវិ)សូត្រ ទី៨

(៨. ឆវិសុត្តំ)

[២៤៥] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី… ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរ ជារបស់អាក្រក់។ ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរ តែងកាត់នូវស្បែកក្រៅ លុះកាត់ស្បែកក្រៅហើយ តែងកាត់ស្បែកក្នុង លុះកាត់ស្បែកក្នុងហើយ តែងកាត់សាច់ លុះកាត់សាច់ហើយ តែងកាត់សរសៃ លុះកាត់សរសៃហើយ តែងកាត់ឆ្អឹង លុះកាត់ឆ្អឹងហើយ តែងចាក់ចុច ដល់ខួរក្នុងឆ្អឹង។ ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរ ជារបស់អាក្រក់ យ៉ាងនេះឯង។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះចុះ។

ចប់ សូត្រ ទី៨។

(រជ្ជុ)សូត្រ ទី៩

(៩. រជ្ជុសុត្តំ)

[២៤៦] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ… ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរ ជារបស់អាក្រក់។ ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរ តែងកាត់ស្បែកក្រៅ លុះកាត់ស្បែកក្រៅហើយ តែងកាត់ស្បែកក្នុង លុះកាត់ស្បែកក្នុងហើយ តែងកាត់នូវសាច់ លុះកាត់សាច់ហើយ តែងកាត់នូវសរសៃ លុះកាត់សរសៃហើយ តែងកាត់ឆ្អឹង លុះកាត់ឆ្អឹងហើយ តែងចាក់ចុច ដល់ខួរក្នុងឆ្អឹង។

[២៤៧] ម្នាលភិក្ខុទាំងឡាយ ដូចបុរសមានកម្លាំង រុំស្មងហើយពួតដោយខ្សែរោមកន្ទុយសត្វដ៏មាំ ខ្សែនោះ គប្បីកាត់ស្បែកក្រៅ លុះកាត់ស្បែកក្រៅហើយ គប្បីកាត់នូវស្បែកក្នុង លុះកាត់ស្បែកក្នុងហើយ គប្បីកាត់សាច់ លុះកាត់សាច់ហើយ គប្បីកាត់សរសៃ លុះកាត់សរសៃហើយ គប្បីកាត់ឆ្អឹង លុះកាត់ឆ្អឹងហើយ គប្បីចាក់ចុច ដល់ខួរក្នុងឆ្អឹង យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរ តែងកាត់ស្បែកក្រៅ លុះកាត់ស្បែកក្រៅហើយ តែងកាត់ស្បែកក្នុង លុះកាត់ស្បែកក្នុងហើយ តែងកាត់សាច់ លុះកាត់សាច់ហើយ តែងកាត់សរសៃ លុះកាត់សរសៃហើយ តែងកាត់ឆ្អឹង លុះកាត់ឆ្អឹងហើយ តែងចាក់ចុច ដល់ខួរក្នុងឆ្អឹង ក៏យ៉ាងនោះឯង។ ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរ ជារបស់អាក្រក់ យ៉ាងនេះឯង។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះចុះ។

ចប់ សូត្រ ទី៩។

(ភិក្ខុ)សូត្រ ទី១០

(១០. ភិក្ខុសុត្តំ)

[២៤៨] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ… ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ សូម្បីភិក្ខុណា ជាអរហន្តខីណាស្រព តថាគត ពោលថា លាភសក្ការៈ និងសេចក្តីសរសើរ ប្រព្រឹត្តទៅដើម្បីសេចក្តីអន្តរាយដល់ភិក្ខុនោះដែរ។ កាលបើព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ព្រះអានន្ទមានអាយុ ក៏ក្រាបបង្គំទូលសួរព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ចុះលាភសក្ការៈ និងសេចក្តីសរសើរ ប្រព្រឹត្តទៅដើម្បីសេចក្តីអន្តរាយ ដល់ភិក្ខុជាព្រះខីណាស្រព តើដូចម្តេច។

[២៤៩] ព្រះអង្គត្រាស់ថា ម្នាលអានន្ទ ចេតោវិមុត្តិណា មិនបានកម្រើក តថាគត មិនពោលថា លាភសក្ការៈ និងសេចក្តីសរសើរ ប្រព្រឹត្តទៅដើម្បីសេចក្តីអន្តរាយ ដល់ចេតោវិមុត្តិនោះទេ។ ម្នាលអានន្ទ ប៉ុន្តែ ភិក្ខុដែលមិនប្រមាទ ជាអ្នកដុតកម្តៅកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន បានសម្រេចធម៌ជាគ្រឿងនៅជាសុខ ក្នុងបច្ចុប្បន្ន (សុខក្នុងផលសមាបត្តិ) ណា តថាគត ពោលថា លាភសក្ការៈ និងសេចក្តីសរសើររបស់ភិក្ខុនោះ ប្រព្រឹត្តទៅដើម្បីសេចក្តីអន្តរាយ ដល់ធម៌ ជាគ្រឿងនៅជាសុខ ក្នុងបច្ចុប្បន្នទាំងនោះ។ ម្នាលអានន្ទ លាភសក្ការៈ និងសេចក្តីសរសើរ ជារបស់អាក្រក់ នាំឲ្យក្តៅផ្សា គ្រោតគ្រាត ធ្វើនូវសេចក្តីអន្តរាយ ដល់ការត្រាស់ដឹង នូវព្រះនិព្វាន ជាទីក្សេមចាកយោគៈ រកគុណជាតដទៃក្រៃលែងជាងគ្មាន ក៏យ៉ាងនេះឯង។ ម្នាលអានន្ទ ព្រោះហេតុនោះ ក្នុងសាសនានេះ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះថា យើងទាំងឡាយ នឹងលះបង់នូវលាភសក្ការៈ និងសេចក្តីសរសើរ ដែលកើតឡើងហើយ ទាំងលាភសក្ការៈ និងសេចក្តីសរសើរ ដែលកើតឡើងហើយ ក៏កុំឲ្យគ្របសង្កត់ចិត្តយើងបានឡើយ។ ម្នាលអានន្ទ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះចុះ។

ចប់សូត្រទី១០។

ចប់ មាតុគ្គាមវគ្គ ទី៣។

ឧទ្ទាននៃមាតុគ្គាមវគ្គនោះ គឺ

និយាយអំពីមាតុគ្រាម១ និយាយអំពីស្រី មានលំអក្នុងជនបទ១ និយាយអំពីកូនប្រុស១ និយាយអំពីកូនស្រីម្នាក់១ និយាយអំពីសមណព្រាហ្មណ៍ មាន៣លើក និយាយអំពីស្បែកក្រៅ១ និយាយអំពីខ្សែ១ និយាយអំពីភិក្ខុ១។

ភេទវគ្គ ទី៤

(៤. ចតុត្ថវគ្គោ)

(ភិន្)សូត្រ ទី១

(១. ភិន្ទិសុត្តំ)

[២៥០] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ… ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរ ជារបស់អាក្រក់។បេ។ ម្នាលភិក្ខុទាំងឡាយ ទេវទត្ត ត្រូវលាភសក្ការៈ និងសេចក្តីសរសើរ គ្របសង្កត់ រួបរឹតចិត្ត ទើបបំបែកសង្ឃ។ ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរ ជារបស់អាក្រក់ យ៉ាងនេះឯង។បេ។ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះចុះ។

ចប់ សូត្រ ទី១។

(កុសលមូល)សូត្រ ទី២

(២. កុសលមូលសុត្តំ)

[២៥១] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ… ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរ ជារបស់អាក្រក់។បេ។ ម្នាលភិក្ខុទាំងឡាយ ទេវទត្ត ត្រូវលាភសក្ការៈ និងសេចក្តីសរសើរ គ្របសង្កត់ រួបរឹតចិត្ត ទើបកុសលមូល ដល់នូវកិរិយារបើកឡើង។ ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរ ជារបស់អាក្រក់ យ៉ាងនេះឯង។បេ។ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះចុះ។

ចប់ សូត្រ ទី២។

(កុសលធម្ម)សូត្រ ទី៣

(៣. កុសលធម្មសុត្តំ)

[២៥២] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ… ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរ ជារបស់អាក្រក់។បេ។ ម្នាលភិក្ខុទាំងឡាយ ទេវទត្ត ត្រូវលាភសក្ការៈ និងសេចក្តីសរសើរ គ្របសង្កត់ រួបរឹតចិត្ត ទើបកុសលធម៌ ដល់នូវកិរិយារបើកឡើង។ ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរ ជារបស់អាក្រក់ យ៉ាងនេះឯង។បេ។ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះចុះ។

ចប់ សូត្រ ទី៣។

(សុក្កធម្ម)សូត្រ ទី៤

(៤. សុក្កធម្មសុត្តំ)

[២៥៣] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ… ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរ ជារបស់អាក្រក់។បេ។ ម្នាលភិក្ខុទាំងឡាយ ទេវទត្ត ត្រូវលាភសក្ការៈ និងសេចក្តីសរសើរ គ្របសង្កត់ រួបរឹតចិត្ត ទើបសុក្កធម៌ (ធម៌ស) ដល់នូវកិរិយារបើកឡើង។ ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរ ជារបស់អាក្រក់ យ៉ាងនេះឯង។បេ។ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះចុះ។

ចប់ សូត្រ ទី៤។

(អចិរបក្កន្ត)សូត្រ ទី៥

(៥. អចិរបក្កន្តសុត្តំ)

[២៥៤] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅនាភ្នំគិជ្ឈកូដ ជិតក្រុងរាជគ្រឹះ។ កាលដែលទេវទត្តចៀសចេញទៅ មិនយូរប៉ុន្មាន ព្រះមានព្រះភាគ ក៏ប្រារព្ធចំពោះទេវទត្ត ហើយត្រាស់នឹងភិក្ខុទាំងឡាយ ក្នុងទីនោះថា ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរ កើតឡើងដល់ទេវទត្ត ដើម្បីសម្លាប់ខ្លួន លាភសក្ការៈ និងសេចក្តីសរសើរ កើតឡើងដល់ទេវទត្ត ដើម្បីសេចក្តីវិនាស។

[២៥៥] ម្នាលភិក្ខុទាំងឡាយ ដូចដើមចេក បញ្ចេញផ្លែមកដើម្បីសម្លាប់ខ្លួន បញ្ចេញផ្លែមកដើម្បីសេចក្តីវិនាស យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរ កើតឡើងដល់ទេវទត្ត ដើម្បីសម្លាប់ខ្លួន លាភសក្ការៈ និងសេចក្តីសរសើរ កើតឡើងដល់ទេវទត្ត ដើម្បីសេចក្តីវិនាស ក៏យ៉ាងនោះឯង។

[២៥៦] ម្នាលភិក្ខុទាំងឡាយ ដូចដើមឫស្សី បញ្ចេញផ្លែមកដើម្បីសម្លាប់ខ្លួន បញ្ចេញផ្លែមកដើម្បីសេចក្តីវិនាស យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរ កើតឡើងដល់ទេវទត្ត ដើម្បីសម្លាប់ខ្លួន លាភសក្ការៈ និងសេចក្តីសរសើរ កើតឡើងដល់ទេវទត្ត ដើម្បីសេចក្តីវិនាស ក៏យ៉ាងនោះឯង។

[២៥៧] ម្នាលភិក្ខុទាំងឡាយ ដូចដើមបបុះ បញ្ចេញផ្លែមកដើម្បីសម្លាប់ខ្លួន បញ្ចេញផ្លែមកដើម្បីសេចក្តីវិនាស យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរ កើតឡើងដល់ទេវទត្ត ដើម្បីសម្លាប់ខ្លួន លាភសក្ការៈ និងសេចក្តីសរសើរ កើតឡើងដល់ទេវទត្ត ដើម្បីសេចក្តីវិនាស ក៏យ៉ាងនោះឯង។

[២៥៨] ម្នាលភិក្ខុទាំងឡាយ ដូចមេសេះអស្សតរ មានគភ៌ដើម្បីសម្លាប់ខ្លួន មានគភ៌ ដើម្បីសេចក្តីវិនាស យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរ កើតឡើងដល់ទេវទត្ត ដើម្បីសម្លាប់ខ្លួន លាភសក្ការៈ និងសេចក្តីសរសើរ កើតឡើងដល់ទេវទត្ត ដើម្បីសេចក្តីវិនាស ក៏យ៉ាងនោះឯង។ ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរ ជារបស់អាក្រក់ យ៉ាងនេះឯង។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សា យ៉ាងនេះចុះ។

[២៥៩] ព្រះមានព្រះភាគ ទ្រង់ត្រាស់ព្រះសូត្រនេះចប់ហើយ លុះព្រះសុគត ជាសាស្តា ទ្រង់ត្រាស់ព្រះសូត្រនេះរួចហើយ ទើបទ្រង់ត្រាស់នូវគាថាព័ន្ធន៍ ជាលំដាប់តទៅទៀតថា

ផ្លែចេក តែងសម្លាប់ដើមចេក ផ្លែឫស្សី តែងសម្លាប់ដើមឫស្សី ផ្លែបបុះ តែងសម្លាប់ដើមបបុះ ឯសក្ការៈតែងសម្លាប់បុរសអាក្រក់ ដូចជាគភ៌សម្លាប់មេសេះអស្សតរ។

ចប់ សូត្រ ទី៥។

(បញ្ចរថសត)សូត្រ ទី៦

(៦. បញ្ចរថសតសុត្តំ)

[២៦០] ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ជិតក្រុងរាជគ្រឹះ។ សម័យនោះឯង អជាតសត្តុកុមារ តែងទៅកាន់ទីបម្រើនៃទេវទត្ត ទាំងល្ងាច ទាំងព្រឹក ដោយព្រះរាជរថចំនួន៥០០ផង ទ្រង់ឲ្យនាំចង្ហាន់ចំនួន៥០០ថាស ទៅប្រគេនផង។ លំដាប់នោះ ពួកភិក្ខុច្រើនរូប នាំគ្នាចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះមានព្រះភាគ រួចអង្គុយក្នុងទីសមគួរ។ លុះភិក្ខុទាំងនោះ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន អជាតសត្តុកុមារ តែងទៅកាន់ទីបម្រើនៃទេវទត្ត ទាំងល្ងាច ទាំងព្រឹក ដោយព្រះរាជរថចំនួន៥០០ផង ទ្រង់ឲ្យនាំចង្ហាន់ចំនួន៥០០ថាស ទៅប្រគេនផង។

[២៦១] ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយកុំស្រឡាញ់លាភសក្ការៈ និងសេចក្តីសរសើរ របស់ទេវទត្តឡើយ។ ម្នាលភិក្ខុទាំងឡាយ អជាតសត្តុកុមារ នឹងទៅកាន់ទីបម្រើនៃទេវទត្ត ទាំងល្ងាច ទាំងព្រឹក ដោយព្រះរាជរថចំនួន៥០០ផង ទ្រង់ឲ្យនាំចង្ហាន់ចំនួន៥០០ថាស ទៅប្រគេនផង អស់កំណត់កាលត្រឹមណា។ ម្នាលភិក្ខុទាំងឡាយ ទេវទត្ត ត្រូវនឹកសង្ឃឹមតែសេចក្តីសាបសូន្យមួយយ៉ាងប៉ុណ្ណោះ ឯសេចក្តីចម្រើន ក្នុងកុសលធម៌ទាំងឡាយ មិនត្រូវនឹកសង្ឃឹមឡើយ អស់កាលមានកំណត់ត្រឹមនោះ។

[២៦២] ម្នាលភិក្ខុទាំងឡាយ ដូចជនទាំងឡាយ ច្របាច់ប្រមាត់ដាក់ច្រមុះនៃឆ្កែកាច ម្នាលភិក្ខុទាំងឡាយ កាលបើយ៉ាងនេះហើយ ឆ្កែនោះរឹងរឹតតែកាច ដោយក្រៃលែងឡើង យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ អជាតសត្តុកុមារ នឹងទៅកាន់ទីបម្រើនៃទេវទត្ត ទាំងល្ងាច ទាំងព្រឹក ដោយព្រះរាជរថចំនួន៥០០ផង ទ្រង់ឲ្យនាំចង្ហាន់ចំនួន៥០០ថាស ទៅប្រគេនផង អស់កាលមានកំណត់ត្រឹមណា ម្នាលភិក្ខុទាំងឡាយ ទេវទត្ត ត្រូវនឹកសង្ឃឹមតែសេចក្តីសាបសូន្យមួយយ៉ាងប៉ុណ្ណោះ ឯសេចក្តីចម្រើន ក្នុងកុសលធម៌ទាំងឡាយ មិនត្រូវនឹកសង្ឃឹមឡើយ អស់កាលមានកំណត់ត្រឹមនោះ ក៏យ៉ាងនោះឯង។ ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរ ជារបស់អាក្រក់ យ៉ាងនេះឯង។បេ។ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះចុះ។

ចប់ សូត្រ ទី៦។

(មាតុ)សូត្រ ទី៧

(៧. មាតុសុត្តំ)

[២៦៣] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី… ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរ ជារបស់អាក្រក់ ក្តៅផ្សា គ្រោតគ្រាត ធ្វើនូវសេចក្តីអន្តរាយ ដល់ការត្រាស់ដឹង នូវព្រះនិព្វាន ជាទីក្សេមចាកយោគៈ ដែលរកគុណជាតដទៃ ក្រៃលែងជាងគ្មាន។

[២៦៤] ម្នាលភិក្ខុទាំងឡាយ ក្នុងលោកនេះ តថាគតកំណត់ដឹងច្បាស់ នូវចិត្តបុគ្គលពួកខ្លះ ដោយចិត្តរបស់តថាគត យ៉ាងនេះថា អ្នកនេះ មិនពោលសម្បជានមុសា ព្រោះហេតុតែមាតាទេ លុះសម័យខាងក្រោយមក តថាគតឃើញបុគ្គលនោះ ត្រូវលាភសក្ការៈ និងសេចក្តីសរសើរគ្របសង្កត់ រួបរឹតចិត្ត ក៏ពោលសម្បជានមុសា។ ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរ ជារបស់អាក្រក់ ក្តៅផ្សា គ្រោតគ្រាត ធ្វើនូវសេចក្តីអន្តរាយ ដល់ការត្រាស់ដឹង នូវព្រះនិព្វាន ជាទីក្សេមចាកយោគៈ ដែលរកគុណជាតដទៃ ក្រៃលែងជាងគ្មាន យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ក្នុងសាសនានេះ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះថា យើងទាំងឡាយ នឹងលះបង់នូវលាភសក្ការៈ និងសេចក្តីសរសើរ ដែលកើតឡើងហើយ ទាំងលាភសក្ការៈ និងសេចក្តីសរសើរ ដែលកើតឡើងហើយ ក៏កុំឲ្យគ្របសង្កត់ចិត្តយើងបានឡើយ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះចុះ។

ចប់ សូត្រ ទី៧។

(បិតុសុត្តាទិឆក្ក )សូត្រ ទី៨-១៣

(៨-១៣. បិតុសុត្តាទិឆក្កំ)

[២៦៥] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី… ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរ ជារបស់អាក្រក់ ក្តៅផ្សា គ្រោតគ្រាត ធ្វើនូវសេចក្តីអន្តរាយ ដល់ការត្រាស់ដឹង នូវព្រះនិព្វាន ជាទីក្សេមចាកយោគៈ ដែលរកគុណជាតដទៃ ក្រៃលែងជាងគ្មាន។

[២៦៦] ម្នាលភិក្ខុទាំងឡាយ ក្នុងលោកនេះ តថាគតកំណត់ដឹងច្បាស់ នូវចិត្តបុគ្គលពួកខ្លះ ដោយចិត្តរបស់តថាគត យ៉ាងនេះថា អ្នកនេះ មិនពោលសម្បជានមុសា ព្រោះហេតុតែបិតាទេ (បណ្ឌិតគប្បីឲ្យពិស្តារផងចុះ)

ព្រោះហេតុតែបងប្អូនប្រុសទេ…

ព្រោះហេតុតែបងប្អូនស្រីទេ…

ព្រោះហេតុតែកូនប្រុសទេ…

ព្រោះហេតុតែកូនស្រីទេ…

…ព្រោះហេតុតែប្រពន្ធទេ លុះសម័យខាងក្រោយមក តថាគតឃើញបុគ្គលនោះ ត្រូវលាភសក្ការៈ និងសេចក្តីសរសើរគ្របសង្កត់ រួបរឹតចិត្ត ក៏ពោលនូវសម្បជានមុសា។ ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរ ជារបស់អាក្រក់ ក្តៅផ្សា គ្រោតគ្រាត ធ្វើនូវសេចក្តីអន្តរាយ ដល់ការត្រាស់ដឹង នូវព្រះនិព្វាន ជាទីក្សេមចាកយោគៈ រកគុណជាតដទៃ ក្រៃលែងជាងគ្មាន ក៏យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ក្នុងសាសនានេះ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះថា យើងទាំងឡាយ នឹងលះបង់នូវលាភសក្ការៈ និងសេចក្តីសរសើរ ដែលកើតឡើងហើយ ទាំងលាភសក្ការៈ និងសេចក្តីសរសើរ ដែលកើតឡើងហើយ ក៏កុំឲ្យគ្របសង្កត់ចិត្តយើងបានឡើយ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះចុះ។

ចប់សូត្រទី១៣។

ចប់ ភេទវគ្គ ទី៤។

ឧទ្ទាននៃភេទវគ្គនោះគឺ

និយាយអំពីទេវទត្តបំបែកសង្ឃ១ កុសលមូល១ ធម៌មាន២លើក កាលទេវទត្តចៀសចេញទៅ១ អជាតសត្តុកុមារ ទៅកាន់ទីបម្រើនៃទេវទត្ត ដោយព្រះរាជរថ១ មាតា១ បិតា១ បងប្អូនប្រុស១ បងប្អូនស្រី១ កូនប្រុស១ កូនស្រី១ ប្រពន្ធ១។

ចប់ លាភសក្ការសំយុត្ត ទី

រាហុលសំយុត្ត ទី៧

(៧. រាហុលសំយុត្តំ)

អប្បមាទវគ្គ ទី១

(១. បឋមវគ្គោ)

(ចក្ខុ)សូត្រ ទី១

(១. ចក្ខុសុត្តំ)

[២៦៧] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះ ព្រះរាហុលមានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះព្រះរាហុលមានអាយុ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ ទ្រង់សំដែងធម៌ដោយសង្ខេប ដល់ខ្ញុំព្រះអង្គ ព្រោះថា បើខ្ញុំព្រះអង្គ បានស្តាប់ធម៌របស់ព្រះមានព្រះភាគហើយ នឹងចៀសចេញទៅតែម្នាក់ឯង មិនប្រមាទ មានព្យាយាម ជាគ្រឿងដុតនូវកិលេស មានចិត្តស្លុង (ទៅកាន់ព្រះនិព្វាន)។

[២៦៨] ព្រះអង្គត្រាស់សួរថា ម្នាលរាហុល អ្នកសំគាល់សេចក្តីនោះ ដូចម្តេច ចក្ខុទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ ចុះរបស់ណា ដែលមិនទៀង របស់នោះជាទុក្ខ ឬជាសុខ។ ជាទុក្ខ ព្រះអង្គ។ ចុះរបស់ណា ដែលមិនទៀង ជាទុក្ខ មានកិរិយាប្រែប្រួលជាធម្មតា គួរនឹងយល់ឃើញនូវរបស់នោះថា នុ៎ះ ជារបស់អាត្មាអញ នុ៎ះ ជាអាត្មាអញ នុ៎ះ ជាខ្លួនរបស់អាត្មាអញ ដែរឬ។ ហេតុនុ៎ះ មិនគួរទេ ព្រះអង្គ។

(បេយ្យាលៈយ៉ាងនេះ)

ព្រះអង្គត្រាស់សួរថា ត្រចៀកទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ… ច្រមុះទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ… អណ្តាតទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ… កាយទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ… ចិត្តទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ ចុះរបស់ណា មិនទៀង របស់នោះជាទុក្ខ ឬជាសុខ។ ជាទុក្ខ ព្រះអង្គ។ ចុះរបស់ណា មិនទៀង ជាទុក្ខ មានកិរិយាប្រែប្រួលជាធម្មតា គួរនឹងយល់ឃើញនូវរបស់នោះថា នុ៎ះ ជារបស់អាត្មាអញ នុ៎ះ ជាអាត្មាអញ នុ៎ះ ជាខ្លួនរបស់អាត្មាអញ ដែរឬ។ ហេតុនុ៎ះ មិនគួរទេ ព្រះអង្គ។

[២៦៩] ម្នាលរាហុល អរិយសាវ័កអ្នកចេះដឹង កាលបើឃើញយ៉ាងនេះ ក៏រមែងនឿយណាយចំពោះភ្នែកផង នឿយណាយចំពោះត្រចៀកផង នឿយណាយចំពោះច្រមុះផង នឿយណាយចំពោះអណ្តាតផង នឿយណាយចំពោះកាយផង នឿយណាយចំពោះចិត្តផង កាលបើនឿយណាយហើយ ក៏ធុញទ្រាន់ ព្រោះការធុញទ្រាន់ ទើបចិត្តរួចស្រឡះ។ កាលបើចិត្តរួចស្រឡះហើយ សេចក្តីដឹងក៏កើតមានថា ចិត្តអាត្មាអញរួចស្រឡះហើយ។ អរិយសាវ័កនោះ រមែងដឹងច្បាស់ថា ជាតិអស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញ បានប្រព្រឹត្តរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។

ចប់ សូត្រ ទី១។

(រូប)សូត្រ ទី២

(២. រូបសុត្តំ)

(ព្រះសូត្រទាំង១០ បណ្ឌិតគប្បីធ្វើតាមបេយ្យាលៈនេះចុះ)

[២៧០] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី… ទ្រង់ត្រាស់សួរថា ម្នាលរាហុល អ្នកសំគាល់សេចក្តីនោះដូចម្តេច រូបទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ… សំឡេង។បេ។ ក្លិន… រស… ផ្សព្វ… ធម៌ទាំងឡាយ ទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ…។

[២៧១] ម្នាលរាហុល អរិយសាវ័កអ្នកចេះដឹង កាលបើឃើញយ៉ាងនេះ ក៏រមែងនឿយណាយចំពោះរូបផង នឿយណាយចំពោះសំឡេងផង នឿយណាយចំពោះក្លិនផង នឿយណាយចំពោះរសផង នឿយណាយចំពោះផ្សព្វផង នឿយណាយចំពោះធម៌ទាំងឡាយផង កាលបើនឿយណាយហើយ ក៏ធុញទ្រាន់។បេ។

ចប់ សូត្រ ទី២។

(វិញ្ញាណ)សូត្រ ទី៣

(៣. វិញ្ញាណសុត្តំ)

[២៧២] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី… ទ្រង់ត្រាស់សួរថា ម្នាលរាហុល អ្នកសំគាល់សេចក្តីនោះ ដូចម្តេច ចក្ខុវិញ្ញាណ (សេចក្តីដឹងតាមផ្លូវភ្នែក) ទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ… សោតវិញ្ញាណ។បេ។ ឃានវិញ្ញាណ… ជិវ្ហាវិញ្ញាណ… មនោវិញ្ញាណ ទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ…។

[២៧៣] ម្នាលរាហុល អរិយសាវ័កអ្នកចេះដឹង កាលបើឃើញយ៉ាងនេះ ក៏រមែងនឿយណាយចំពោះចក្ខុវិញ្ញាណផង នឿយណាយចំពោះសោតវិញ្ញាណផង នឿយណាយចំពោះឃានវិញ្ញាណផង នឿយណាយចំពោះជិវ្ហាវិញ្ញាណផង នឿយណាយចំពោះកាយវិញ្ញាណផង នឿយណាយចំពោះមនោវិញ្ញាណផង កាលបើនឿយណាយហើយ ក៏ធុញទ្រាន់។បេ។

ចប់ សូត្រ ទី៣។

(សម្ផស្ស)សូត្រ ទី៤

(៤. សម្ផស្សសុត្តំ)

[២៧៤] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី… ទ្រង់ត្រាស់សួរថា ម្នាលរាហុល អ្នកសំគាល់សេចក្តីនោះ ដូចម្តេច ចក្ខុសម្ផ័ស្ស (រូបារម្មណ៍ដែលប៉ះពាល់ដោយចក្ខុ) ទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ… សោតសម្ផ័ស្ស។បេ។ ឃានសម្ផ័ស្ស… ជិវ្ហាសម្ផ័ស្ស… កាយសម្ផ័ស្ស… មនោសម្ផ័ស្ស ទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ…។

[២៧៥] ម្នាលរាហុល អរិយសាវ័កអ្នកចេះដឹង កាលបើឃើញយ៉ាងនេះ ក៏រមែងនឿយណាយចំពោះចក្ខុសម្ផ័ស្សផង នឿយណាយចំពោះសោតសម្ផ័ស្សផង នឿយណាយចំពោះឃានសម្ផ័ស្សផង នឿយណាយចំពោះជិវ្ហាសម្ផ័ស្សផង នឿយណាយចំពោះកាយសម្ផ័ស្សផង នឿយណាយចំពោះមនោសម្ផ័ស្សផង កាលបើនឿយណាយហើយ ក៏ធុញទ្រាន់។បេ។

ចប់ សូត្រ ទី៤។

(វេទនា)សូត្រ ទី៥

(៥. វេទនាសុត្តំ)

[២៧៦] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី… ទ្រង់ត្រាស់សួរថា ម្នាលរាហុល អ្នកសំគាល់សេចក្តីនោះ ដូចម្តេច ចក្ខុសម្ផស្ស ជាវេទនា (វេទនាកើតអំពីចក្ខុសម្ផ័ស្ស) ទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ… សោតសម្ផស្ស ជាវេទនា។បេ។ ឃានសម្ផស្ស ជាវេទនា… ជិវ្ហាសម្ផស្ស ជាវេទនា… កាយសម្ផស្ស ជាវេទនា… មនោសម្ផស្ស ជាវេទនា ទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ…។

[២៧៧] ម្នាលរាហុល អរិយសាវ័កអ្នកចេះដឹង កាលបើឃើញយ៉ាងនេះ រមែងនឿយណាយចំពោះចក្ខុសម្ផស្ស ជាវេទនាផង នឿយណាយចំពោះសោតសម្ផស្ស ជាវេទនាផង នឿយណាយចំពោះឃានសម្ផស្ស ជាវេទនាផង នឿយណាយចំពោះជិវ្ហាសម្ផស្ស ជាវេទនាផង នឿយណាយចំពោះកាយសម្ផស្ស ជាវេទនាផង នឿយណាយចំពោះមនោសម្ផស្ស ជាវេទនាផង។បេ។

ចប់ សូត្រ ទី៥។

(សញ្ញា)សូត្រ ទី៦

(៦. សញ្ញាសុត្តំ)

[២៧៨] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី… ទ្រង់ត្រាស់សួរថា ម្នាលរាហុល អ្នកសំគាល់សេចក្តីនោះ ដូចម្តេច រូបសញ្ញា (សេចក្តីសំគាល់ក្នុងរូប) ទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ… សទ្ទសញ្ញា… គន្ធសញ្ញា… រសសញ្ញា… ផោដ្ឋព្វសញ្ញា… ធម្មសញ្ញា ទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ…។

[២៧៩] ម្នាលរាហុល អរិយសាវ័កអ្នកចេះដឹង កាលបើឃើញយ៉ាងនេះ ក៏រមែងនឿយណាយចំពោះរូបសញ្ញាផង នឿយណាយចំពោះសទ្ទសញ្ញាផង នឿយណាយចំពោះគន្ធសញ្ញាផង នឿយណាយចំពោះរសសញ្ញាផង នឿយណាយចំពោះផោដ្ឋព្វសញ្ញាផង នឿយណាយចំពោះធម្មសញ្ញាផង។បេ។

ចប់ សូត្រ ទី៦។

(សញ្ចេតនា)សូត្រ ទី៧

(៧. សញ្ចេតនាសុត្តំ)

[២៨០] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី… ទ្រង់ត្រាស់សួរថា ម្នាលរាហុល អ្នកសំគាល់សេចក្តីនោះ ដូចម្តេច រូបសញ្ចេតនា (សេចក្តីគិតក្នុងរូប) ទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ… សទ្ទសញ្ចេតនា… គន្ធសញ្ចេតនា… រសសញ្ចេតនា… ផោដ្ឋព្វសញ្ចេតនា… ធម្មសញ្ចេតនា ទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ…។

[២៨១] ម្នាលរាហុល អរិយសាវ័កអ្នកចេះដឹង កាលបើឃើញយ៉ាងនេះ ក៏រមែងនឿយណាយចំពោះរូបសញ្ចេតនាផង នឿយណាយចំពោះសទ្ទសញ្ចេតនាផង នឿយណាយចំពោះគន្ធសញ្ចេតនាផង នឿយណាយចំពោះរសសញ្ចេតនាផង នឿយណាយចំពោះផោដ្ឋព្វសញ្ចេតនាផង នឿយណាយចំពោះធម្មសញ្ចេតនាផង។បេ។

ចប់ សូត្រ ទី៧។

(តណ្ហា)សូត្រ ទី៨

(៨. តណ្ហាសុត្តំ)

[២៨២] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី… ទ្រង់ត្រាស់សួរថា ម្នាលរាហុល អ្នកសំគាល់សេចក្តីនោះ ដូចម្តេច រូបតណ្ហា (សេចក្តីប្រាថ្នាក្នុងរូប) ទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ… សទ្ទតណ្ហា… គន្ធតណ្ហា… រសតណ្ហា… ផោដ្ឋព្វតណ្ហា… ធម្មតណ្ហា ទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ…។

[២៨៣] ម្នាលរាហុល អរិយសាវ័កអ្នកចេះដឹង កាលបើឃើញយ៉ាងនេះ ក៏រមែងនឿយណាយចំពោះរូបតណ្ហាផង នឿយណាយចំពោះសទ្ទតណ្ហាផង នឿយណាយចំពោះគន្ធតណ្ហាផង នឿយណាយចំពោះរសតណ្ហាផង នឿយណាយចំពោះផោដ្ឋព្វតណ្ហាផង នឿយណាយចំពោះធម្មតណ្ហាផង។បេ។

ចប់ សូត្រ ទី៨។

(ធាតុ)សូត្រ ទី៩

(៩. ធាតុសុត្តំ)

[២៨៤] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី… ទ្រង់ត្រាស់សួរថា ម្នាលរាហុល អ្នកសំគាល់សេចក្តីនោះ ដូចម្តេច បឋវីធាតុ ទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ… អាបោធាតុ… តេជោធាតុ… វាយោធាតុ… អាកាសធាតុ… វិញ្ញាណធាតុ ទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ…។

[២៨៥] ម្នាលរាហុល អរិយសាវ័កអ្នកចេះដឹង កាលបើឃើញយ៉ាងនេះ ក៏រមែងនឿយណាយចំពោះបឋវីធាតុផង នឿយណាយចំពោះអាបោធាតុផង នឿយណាយចំពោះតេជោធាតុផង នឿយណាយចំពោះវាយោធាតុផង នឿយណាយចំពោះអាកាសធាតុផង នឿយណាយចំពោះវិញ្ញាណធាតុផង។បេ។

ចប់ សូត្រ ទី៩។

(ខន្ធ)សូត្រ ទី១០

(១០. ខន្ធសុត្តំ)

[២៨៦] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី… ទ្រង់ត្រាស់សួរថា ម្នាលរាហុល អ្នកសំគាល់សេចក្តីនោះ ដូចម្តេច រូប ទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ… វេទនា… សញ្ញា… សង្ខារ… វិញ្ញាណ ទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ ចុះរបស់ណាមិនទៀង របស់នោះជាទុក្ខ ឬជាសុខ។ ជាទុក្ខ ព្រះអង្គ។ ចុះរបស់ណា មិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា គួរនឹងយល់ឃើញនូវរបស់នោះថា នុ៎ះជារបស់អាត្មាអញ នុ៎ះជាអាត្មាអញ នុ៎ះជាខ្លួនរបស់អាត្មាអញដែរឬ។ ហេតុនុ៎ះ មិនគួរទេ ព្រះអង្គ។

[២៨៧] ម្នាលរាហុល អរិយសាវ័កអ្នកចេះដឹង កាលបើឃើញយ៉ាងនេះ ក៏រមែងនឿយណាយចំពោះរូបផង នឿយណាយចំពោះវេទនាផង នឿយណាយចំពោះសញ្ញាផង នឿយណាយចំពោះសង្ខារទាំងឡាយផង នឿយណាយចំពោះវិញ្ញាណផង កាលបើនឿយណាយហើយ ក៏ធុញទ្រាន់ ព្រោះការធុញទ្រាន់ ទើបចិត្តរួចស្រឡះ។ កាលបើចិត្តរួចស្រឡះហើយ សេចក្តីដឹងក៏កើតមានថា ចិត្តអាត្មាអញ រួចស្រឡះហើយ។ អរិយសាវ័កនោះ រមែងដឹងច្បាស់ថា ជាតិអស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញ បានប្រព្រឹត្តរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។

ចប់សូត្រទី១០។

ចប់ អប្បមាទវគ្គ ទី១។

ឧទ្ទាននៃអប្បមាទវគ្គនោះ គឺ

ព្រះមានព្រះភាគ ទ្រង់សម្តែងអំពីចក្ខុ១ រូប១ វិញ្ញាណ១ សម្ផ័ស្ស១ វេទនា១ សញ្ញា១ ចេតនា១ តណ្ហា១ ធាតុ១ ខន្ធ១ ជា១០។

អនុសយវគ្គ ទី២

(២. ទុតិយវគ្គោ)

(ចក្ខុ)សូត្រ ទី១

(១. ចក្ខុសុត្តំ)

[២៨៨] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ព្រះរាហុលមានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។

[២៨៩] លុះព្រះរាហុលមានអាយុ អង្គុយក្នុងទីសមគួរហើយ ទើបព្រះមានព្រះភាគ មានព្រះពុទ្ធដីកាយ៉ាងនេះថា ម្នាលរាហុល អ្នកសំគាល់ហេតុនោះ ដូចម្តេច ភ្នែកទៀង ឬមិនទៀង។ ព្រះរាហុលក្រាបបង្គំទូលថា មិនទៀងទេ ព្រះអង្គ។ ចុះរបស់ណា មិនទៀង របស់នោះ ជាទុក្ខ ឬជាសុខ។ ជាទុក្ខ ព្រះអង្គ។ ចុះរបស់ណា មិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា គួរនឹងយល់ឃើញរបស់នោះថា នុ៎ះរបស់អញ នុ៎ះ ជាអញ នុ៎ះ ជាខ្លួនរបស់អញ ដែរឬទេ។ មិនគួរនឹងយល់ឃើញយ៉ាងនុ៎ះទេ ព្រះអង្គ។ ត្រចៀក… ច្រមុះ… អណ្តាត… កាយ… ចិត្ត ទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ ចុះរបស់ណា មិនទៀង របស់នោះជាទុក្ខ ឬជាសុខ។ ជាទុក្ខ ព្រះអង្គ។ ចុះរបស់ណា មិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា គួរនឹងយល់ឃើញរបស់នោះថា នុ៎ះ របស់អញ នុ៎ះ ជាអញ នុ៎ះ ជាខ្លួនរបស់អញ ដែរឬទេ។ មិនគួរនឹងយល់ឃើញយ៉ាងនុ៎ះទេ ព្រះអង្គ។

[២៩០] ម្នាលរាហុល អរិយសាវ័កអ្នកចេះដឹង កាលឃើញយ៉ាងនេះ ក៏រមែងនឿយណាយក្នុងភ្នែកផង នឿយណាយក្នុងត្រចៀកផង នឿយណាយក្នុងច្រមុះផង នឿយណាយក្នុងអណ្តាតផង នឿយណាយក្នុងកាយផង នឿយណាយក្នុងចិត្តផង កាលបើនឿយណាយ ក៏ធុញទ្រាន់ ព្រោះការធុញទ្រាន់ ទើបចិត្តរួចស្រឡះ។ កាលបើចិត្តរួចស្រឡះ ញាណក៏កើតឡើងថា ចិត្តរួចស្រឡះហើយ។ អរិយសាវ័កនោះ ក៏ដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចរិយធម៌ អាត្មាអញ បាននៅរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើស្រេចហើយ កិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។

ចប់ សូត្រ ទី១។

(រូបាទិសុត្តនវក) សូត្រ ទី២-១០

(២-១០. រូបាទិសុត្តនវកំ)

(សូត្រទាំង១០ បណ្ឌិតគប្បីធ្វើតាមបេយ្យាលៈនុ៎ះចុះ)

[២៩១] ម្នាលរាហុល អ្នកសំគាល់ហេតុនោះ ដូចម្តេច រូបទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ… សំឡេង… ក្លិន… រស… ផ្សព្វ… ធម្មារម្មណ៍…។

[២៩២] ចក្ខុវិញ្ញាណ… សោតវិញ្ញាណ… ឃានវិញ្ញាណ… ជិវ្ហាវិញ្ញាណ… កាយវិញ្ញាណ… មនោវិញ្ញាណ…។

[២៩៣] ចក្ខុសម្ផ័ស្ស… សោតសម្ផ័ស្ស… ឃានសម្ផ័ស្ស… ជិវ្ហាសម្ផ័ស្ស… កាយសម្ផ័ស្ស… មនោសម្ផ័ស្ស…។

[២៩៤] វេទនាដែលកើតអំពីចក្ខុសម្ផ័ស្ស… វេទនាដែលកើតអំពីសោតសម្ផ័ស្ស… វេទនាដែលកើតអំពីឃានសម្ផ័ស្ស… វេទនា ដែលកើតអំពីជិវ្ហាសម្ផ័ស្ស… វេទនាដែលកើតអំពីកាយសម្ផ័ស្ស… វេទនាដែលកើតអំពីមនោសម្ផ័ស្ស…។

[២៩៥] សេចក្តីសំគាល់ក្នុងរូប… សេចក្តីសំគាល់ក្នុងសំឡេង… សេចក្តីសំគាល់ក្នុងក្លិន… សេចក្តីសំគាល់ក្នុងរស… សេចក្តីសំគាល់ក្នុងផ្សព្វ… សេចក្តីសំគាល់ក្នុងធម្មារម្មណ៍…។

[២៩៦] សេចក្តីគិតក្នុងរូប… សេចក្តីគិតក្នុងសំឡេង … សេចក្តីគិតក្នុងក្លិន… សេចក្តីគិតក្នុងរស… សេចក្តីគិតក្នុងផ្សព្វ… សេចក្តីគិតក្នុងធម្មារម្មណ៍…។

[២៩៧] រូបតណ្ហា… សទ្ទតណ្ហា… គន្ធតណ្ហា… រសតណ្ហា… ផោដ្ឋព្វតណ្ហា… ធម្មតណ្ហា…។

[២៩៨] បឋវីធាតុ… អាបោធាតុ… តេជោធាតុ… វាយោធាតុ… អាកាសធាតុ… វិញ្ញាណធាតុ…។

[២៩៩] រូប… វេទនា… សញ្ញា… សង្ខារ… វិញ្ញាណ ទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។បេ។ ម្នាលរាហុល កាលបើអរិយសាវ័ក ឃើញយ៉ាងនេះ។បេ។ ក៏ដឹងច្បាស់ថា កិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។

ចប់ សូត្រ ទី១០។

(អនុសយ)សូត្រ ទី១១

(១១. អនុសយសុត្តំ)

[៣០០] ព្រះសាស្តា ទ្រង់គង់នៅជិតក្រុងសាវត្ថី… គ្រានោះឯង ព្រះរាហុលមានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះព្រះរាហុលមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ក៏បានពោលពាក្យនេះ នឹងព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន កាលបុគ្គលដឹងដូចម្តេច ឃើញដូចម្តេច បានជាមិនមានអហង្ការ មមង្ការ និងមានានុស័យ ក្នុងកាយ ប្រកបដោយវិញ្ញាណនេះផង ក្នុងនិមិត្តទាំងពួងខាងក្រៅផង។

[៣០១] ម្នាលរាហុល រូបណានីមួយ ជាអតីត អនាគត បច្ចុប្បន្ន ខាងក្នុងក្តី ខាងក្រៅក្តី គ្រោតគ្រាតក្តី ល្អិតក្តី ថោកទាបក្តី ឧត្តមក្តី រូបណា មានក្នុងទីឆ្ងាយក្តី មានក្នុងទីជិតក្តី រូបទាំងអស់នោះ ឈ្មោះថា ជារូប បុគ្គលរមែងឃើញរូបនុ៎ះ ដោយបញ្ញាដ៏ប្រពៃតាមពិត យ៉ាងនេះថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញ។ វេទនាណានីមួយ… សញ្ញាណានីមួយ… សង្ខារទាំងឡាយណានីមួយ… វិញ្ញាណណានីមួយ… ជាអតីត អនាគត បច្ចុប្បន្ន ខាងក្នុងក្តី ខាងក្រៅក្តី គ្រោតគ្រាតក្តី ល្អិតក្តី ថោកទាបក្តី ឧត្តមក្តី វិញ្ញាណណា ដែលមានក្នុងទីឆ្ងាយក្តី ក្នុងទីជិតក្តី វិញ្ញាណទាំងអស់នោះ ឈ្មោះថា ជាវិញ្ញាណ បុគ្គលរមែងឃើញវិញ្ញាណនុ៎ះ ដោយបញ្ញាដ៏ប្រពៃតាមពិត យ៉ាងនេះថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញ។ ម្នាលរាហុល កាលអរិយសាវ័កដឹងយ៉ាងនេះ ឃើញយ៉ាងនេះ បានជាមិនមានអហង្ការ មមង្ការ និងមានានុស័យ ក្នុងកាយប្រកបដោយវិញ្ញាណនេះផង ក្នុងនិមិត្តទាំងពួងខាងក្រៅផង។

ចប់ សូត្រ ទី១១។

(អបគត)សូត្រ ទី១២

(១២. អបគតសុត្តំ)

[៣០២] ព្រះសាស្តា ទ្រង់គង់នៅជិតក្រុងសាវត្ថី… គ្រានោះឯង ព្រះរាហុលមានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះព្រះរាហុលមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ បានពោលពាក្យនេះ នឹងព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន កាលបុគ្គលដឹងដូចម្តេច ឃើញដូចម្តេច បានជាមានចិត្តប្រាសចាកអហង្ការ មមង្ការ និងមានះក្នុងកាយប្រកបដោយវិញ្ញាណនេះផង ក្នុងនិមិត្តទាំងពួងខាងក្រៅផង ជាចិត្តប្រព្រឹត្តកន្លងក្នុងចំណែកនៃមានះ ទាំងស្ងប់រម្ងាប់រួចផុតចាកកិលេស។

[៣០៣] ម្នាលរាហុល រូបណានីមួយ ជាអតីត អនាគត បច្ចុប្បន្ន ខាងក្នុងក្តី ខាងក្រៅក្តី គ្រោតគ្រាតក្តី ល្អិតក្តី ថោកទាបក្តី ឧត្តមក្តី រូបណា ដែលមានក្នុងទីឆ្ងាយក្តី មានក្នុងទីជិតក្តី រូបទាំងអស់នោះ ឈ្មោះថា ជារូប អរិយសាវ័ក ឃើញនូវរូបនុ៎ះ ដោយបញ្ញាដ៏ប្រពៃតាមពិត យ៉ាងនេះថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញ ដូច្នេះហើយ ទើបបានរួចស្រឡះ ចាកកិលេស ព្រោះមិនមានសេចក្តីប្រកាន់។

(បណ្ឌិតគប្បីធ្វើខន្ធទាំង៥ ឲ្យដូចគ្នា)

វេទនាណានីមួយ… សញ្ញាណានីមួយ… សង្ខារទាំងឡាយណានីមួយ… វិញ្ញាណណានីមួយ ជាអតីត អនាគត បច្ចុប្បន្ន ជាខាងក្នុងក្តី ខាងក្រៅក្តី គ្រោតគ្រាតក្តី ល្អិតក្តី ថោកទាបក្តី ឧត្តមក្តី វិញ្ញាណណា ដែលមានក្នុងទីឆ្ងាយក្តី ក្នុងទីជិតក្តី វិញ្ញាណទាំងអស់នោះ ឈ្មោះថា ជាវិញ្ញាណ អរិយសាវ័ក ឃើញនូវវិញ្ញាណនុ៎ះ ដោយបញ្ញាដ៏ប្រពៃតាមពិត យ៉ាងនេះថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញ ដូច្នេះហើយ ទើបបានរួចស្រឡះ ចាកកិលេស ព្រោះមិនមានសេចក្តីប្រកាន់។ ម្នាលរាហុល កាលអរិយសាវ័កដឹងយ៉ាងនេះ ឃើញយ៉ាងនេះ បានជាមានចិត្តប្រាសចាកអហង្ការ មមង្ការ និងមានានុស័យ ក្នុងកាយដែលប្រកបដោយវិញ្ញាណនេះផង ក្នុងនិមិត្តទាំងពួងខាងក្រៅផង ជាចិត្តប្រព្រឹត្តកន្លងក្នុងចំណែកនៃមានះ ទាំងស្ងប់រម្ងាប់រួចផុតចាកកិលេស។។

ចប់សូត្រទី១២។

ចប់ អនុសយវគ្គ ទី២។

ឧទ្ទាននៃអនុសយវគ្គនោះ គឺ

ចក្ខុ១ រូប១ វិញ្ញាណ១ សម្ផ័ស្ស១ វេទនា១ សញ្ញា១ ចេតនា១ តណ្ហា១ ធាតុ១ ខន្ធ១ ត្រូវជា១០ អនុស័យ១ ចិត្តដែលប្រាសចាកអហង្ការជាដើម១ ជាវគ្គដែលព្រះមានព្រះភាគនោះ ទ្រង់ត្រាស់សំដែង។

ចប់ រាហុលសំយុត្ត ទី

លក្ខណសំយុត្ត ទី៨

(៨. លក្ខណសំយុត្តំ)

អដ្ឋិសង្ខលិកវគ្គ ទី១

(១. បឋមវគ្គោ)

(អដ្ឋិ)សូត្រ ទី១

(១. អដ្ឋិសុត្តំ)

[៣០៤] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ជិតក្រុងរាជគ្រឹះ។ ក៏ក្នុងសម័យនោះឯង ព្រះលក្ខណៈមានអាយុ និងព្រះមហាមោគ្គល្លានមានអាយុ គង់នៅនាភ្នំគិជ្ឈកូដ។

[៣០៥] គ្រានោះឯង ព្រះមហាមោគ្គល្លានមានអាយុ ស្លៀកស្បង់ ប្រដាប់បាត្រចីវរ ក្នុងបុព្វណ្ហសម័យ ហើយចូលទៅរកព្រះលក្ខណៈមានអាយុ លុះចូលទៅដល់ហើយ បានពោលពាក្យនេះ នឹងព្រះលក្ខណៈមានអាយុថា ម្នាលអាវុសោលក្ខណៈ អ្នកចូរមក យើងនឹងចូលទៅក្រុងរាជគ្រឹះ ដើម្បីបិណ្ឌបាត។ ព្រះលក្ខណៈមានអាយុ ទទួលពាក្យព្រះមហាមោគ្គល្លានមានអាយុថា អើអាវុសោ។ គ្រានោះឯង ព្រះមហាមោគ្គល្លានមានអាយុ កាលនិមន្តចុះអំពីភ្នំគិជ្ឈកូដ ក៏ធ្វើនូវការញញឹមឲ្យប្រាកដ ក្នុងប្រទេសមួយ។ គ្រានោះឯង ព្រះលក្ខណៈមានអាយុ បានសួរព្រះមហាមោគ្គល្លានមានអាយុ ដូច្នេះថា ម្នាលអាវុសោមោគ្គល្លាន ហេតុដូចម្តេច បច្ច័យដូចម្តេច បានជាលោកធ្វើនូវការញញឹមឲ្យប្រាកដ។ ម្នាលអាវុសោលក្ខណៈ កាលនេះ ជាកាលមិនគួរ ដើម្បីសួរប្រស្នានុ៎ះទេ អ្នកចូរសួរប្រស្នានុ៎ះ នឹងខ្ញុំ ក្នុងសំណាក់ព្រះមានព្រះភាគចុះ។

[៣០៦] គ្រានោះឯង ព្រះលក្ខណៈមានអាយុ និងព្រះមហាមោគ្គល្លានមានអាយុ ចូលទៅបិណ្ឌបាតក្នុងក្រុងរាជគ្រឹះ ត្រឡប់មកអំពីបិណ្ឌបាតវិញ ក្នុងវេលាក្រោយភត្ត ក៏ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក៏ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយនៅក្នុងទីដ៏សមគួរ។ លុះព្រះលក្ខណៈមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ បានសួរព្រះមហាមោគ្គល្លានមានអាយុ ដូច្នេះថា ក្នុងទីឯណោះ មហាមោគ្គល្លានមានអាយុ កាលចុះមកអំពីភ្នំគិជ្ឈកូដ បានធ្វើនូវការញញឹម ឲ្យប្រាកដ ក្នុងប្រទេសមួយ ម្នាលអាវុសោមោគ្គល្លាន ហេតុដូចម្តេច បច្ច័យដូចម្តេច បានជាលោកធ្វើនូវការញញឹមឲ្យប្រាកដ។

[៣០៧] ព្រះមហាមោគ្គល្លានតបថា ម្នាលអាវុសោ ក្នុងទីឯណោះ កាលដែលខ្ញុំ ចុះមកអំពីភ្នំគិជ្ឈកូដ បានឃើញអដ្ឋិសង្ខលិក គឺរាងឆ្អឹង កំពុងអណ្តែតទៅក្នុងអាកាស ពួកត្មាត ក្អែក រអាត ដេញតាមឆាប ចោមចឹកចោះ ភើចជញ្ជែងនូវរាងឆ្អឹងនោះ រាងឆ្អឹងនោះ ក៏ចេះតែស្រែកថ្ងូរ ម្នាលអាវុសោ ទើបខ្ញុំនោះមានសេចក្តីបរិវិតក្កៈថា យីអើ អស្ចារ្យណាស់ យីអើ មិនធ្លាប់កើតមានសោះឡើយ យីអើ សត្វបែបនេះ នឹងត្រឡប់ទៅជាមានខ្លះដែរ យក្ខបែបនេះ នឹងត្រឡប់ទៅជាមានខ្លះដែរ កិរិយាបានអត្តភាពបែបនេះ នឹងត្រឡប់ទៅជាមានខ្លះដែរតើ។

[៣០៨] គ្រានោះឯង ព្រះមានព្រះភាគ ត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ពួកសាវ័កមានចក្ខុកើតពិតហើយ ម្នាលភិក្ខុទាំងឡាយ ពួកសាវ័ក មានញាណកើតពិតហើយ ដ្បិតសាវ័កដឹង ឬឃើញសត្វបែបនេះ ឬថានឹងធ្វើសត្វបែបនេះ ឲ្យជាសាក្សី (ដល់តថាគតបាន)។ ម្នាលភិក្ខុទាំងឡាយ សត្វនោះ តថាគត ធ្លាប់ឃើញមកអំពីមុនដែរ ប៉ុន្តែតថាគត មិនទាន់សំដែង បើតថាគតសំដែងអំពីរឿងសត្វនុ៎ះទៅ ជនទាំងឡាយដទៃ មិនជឿពាក្យតថាគតទេ ជនទាំងឡាយណា មិនជឿពាក្យតថាគត សេចក្តីមិនជឿនោះ របស់ជនទាំងនោះ នឹងនាំឲ្យខានបានប្រយោជន៍ នាំឲ្យបានតែសេចក្តីទុក្ខ អស់កាលជាយូរអង្វែង។ ម្នាលភិក្ខុទាំងឡាយ សត្វនោះ (ពីដើម) ជាគោឃាតកៈ គឺអ្នកសម្លាប់គោ ក្នុងក្រុងរាជគ្រឹះនេះឯង ដោយវិបាករបស់កម្មនោះ គោឃាតកបុរសនោះ ក៏ទៅឆេះក្នុងនរកអស់ឆ្នាំដ៏ច្រើន អស់រយឆ្នាំដ៏ច្រើន អស់ពាន់ឆ្នាំដ៏ច្រើន អស់សែនឆ្នាំដ៏ច្រើន ដោយសេសសល់វិបាកនៃកម្មនោះឯង ទើបបានត្រឡប់មកទទួលផល គឺត្រឡប់បានអត្តភាពបែបនេះឯង។

ចប់ សូត្រ ទី១។

(បេសិ)សូត្រ ទី២

(២. បេសិសុត្តំ)

(នេះឯងជាបេយ្យាលៈ នៃសូត្រទាំងអស់)

[៣០៩] ម្នាលអាវុសោ ក្នុងទីឯណោះ កាលដែលខ្ញុំ ចុះមកអំពីភ្នំគិជ្ឈកូដ បានឃើញ មំសបេសិ គឺចម្រៀកសាច់ កំពុងអណ្តែតទៅលើអាកាស ពួកត្មាត ក្អែក រអាត ដេញតាមឆាប ចោមចឹកចោះ ភើចជញ្ជែងនូវចម្រៀកសាច់នោះ ចម្រៀកសាច់នោះ ក៏ចេះតែស្រែកថ្ងូរ។ ម្នាលភិក្ខុទាំងឡាយ សត្វនុ៎ះ ជាគោឃាតកៈ គឺអ្នកសម្លាប់គោ (ពីដើម) ក្នុងក្រុងរាជគ្រឹះនេះឯង។

ចប់ សូត្រ ទី២។

(បិណ្ឌ)សូត្រ ទី៣

(៣. បិណ្ឌសុត្តំ)

[៣១០] ម្នាលអាវុសោ ក្នុងទីឯណោះ កាលដែលខ្ញុំ ចុះមកអំពីភ្នំគិជ្ឈកូដ បានឃើញមំសបិណ្ឌៈ គឺដុំសាច់ កំពុងអណ្តែតទៅលើអាកាស ពួកត្មាត ក្អែក រអាត ដេញតាមឆាប ចោមចឹកចោះ ភើចជញ្ជែងនូវដុំសាច់នោះ ដុំសាច់នោះ ក៏ចេះតែស្រែកថ្ងូរ។ ម្នាលភិក្ខុទាំងឡាយ សត្វនុ៎ះជាព្រានបក្សី (អំពីដើម) ក្នុងក្រុងរាជគ្រឹះនេះឯង។

ចប់ សូត្រ ទី៣។

(និច្ឆវិ)សូត្រ ទី៤

(៤. និច្ឆវិសុត្តំ)

[៣១១] ម្នាលអាវុសោ ក្នុងទីឯណោះ កាលដែលខ្ញុំចុះមកអំពីភ្នំគិជ្ឈកូដ បានឃើញនិច្ឆវិបុរស គឺបុរសមិនមានស្បែកក្រៅ កំពុងអណ្តែតទៅលើអាកាស ពួកត្មាត ក្អែក រអាត ដេញតាមឆាប ចោមចឹកចោះ ភើចជញ្ជែងនូវនិច្ឆវិបុរសនោះ និច្ឆវិបុរសនោះ ក៏ចេះតែស្រែកថ្ងូរ។ ម្នាលភិក្ខុទាំងឡាយ សត្វនុ៎ះជាអ្នកសម្លាប់ចៀម (ពីដើម) ក្នុងក្រុងរាជគ្រឹះនេះឯង។

ចប់ សូត្រ ទី៤។

(អសិលោម)សូត្រ ទី៥

(៥. អសិលោមសុត្តំ)

[៣១២] ម្នាលអាវុសោ ក្នុងទីឯណោះ កាលដែលខ្ញុំចុះមកអំពីភ្នំគិជ្ឈកូដ បានឃើញអសិលោមបុរស គឺបុរសមានរោមដូចដាវ កំពុងអណ្តែតទៅលើអាកាស ដាវទាំងនោះ របស់បុរសនោះ អណ្តែតធ្លាក់ៗ មកត្រូវកាយរបស់បុរសនោះឯង បុរសនោះ ក៏ចេះតែស្រែកថ្ងូរ។ ម្នាលភិក្ខុទាំងឡាយ សត្វនុ៎ះ ជាអ្នកសម្លាប់ជ្រូក (ពីដើម) ក្នុងក្រុងរាជគ្រឹះនេះឯង។

ចប់ សូត្រ ទី៥។

(សត្តិ)សូត្រ ទី៦

(៦. សត្តិសុត្តំ)

[៣១៣] ម្នាលអាវុសោ ក្នុងទីឯណោះ កាលដែលខ្ញុំចុះមកអំពីភ្នំគិជ្ឈកូដ បានឃើញសត្តិលោមបុរស គឺបុរសមានរោមដូចលំពែង កំពុងអណ្តែតទៅលើអាកាស លំពែងទាំងនោះ របស់បុរសនោះ អណ្តែតធ្លាក់ៗ មកត្រូវកាយរបស់បុរសនោះឯង បុរសនោះ ក៏ចេះតែស្រែកថ្ងូរ។ ម្នាលភិក្ខុទាំងឡាយ សត្វនុ៎ះជាព្រានម្រឹគ (ពីដើម) ក្នុងក្រុងរាជគ្រឹះនេះឯង។

ចប់ សូត្រ ទី៦។

(ឧសុលោម)សូត្រ ទី៧

(៧. ឧសុលោមសុត្តំ)

[៣១៤] ម្នាលអាវុសោ ក្នុងទីឯណោះ កាលដែលខ្ញុំចុះមកអំពីភ្នំគិជ្ឈកូដ បានឃើញឧសុលោមបុរស គឺបុរសមានរោមដូចព្រួញ កំពុងអណ្តែតទៅលើអាកាស ព្រួញទាំងនោះ របស់បុរសនោះ អណ្តែតធ្លាក់ៗ មកត្រូវកាយរបស់បុរសនោះឯង បុរសនោះ ក៏ចេះតែស្រែកថ្ងូរ។ ម្នាលភិក្ខុទាំងឡាយ សត្វនុ៎ះ ជាពេជ្ឈឃាត (ពីដើម) ក្នុងក្រុងរាជគ្រឹះនេះឯង។

ចប់ សូត្រ ទី៧។

(សូចិលោម)សូត្រ ទី៨

(៨. សូចិលោមសុត្តំ)

[៣១៥] ម្នាលអាវុសោ ក្នុងទីឯណោះ កាលដែលខ្ញុំចុះមកអំពីភ្នំគិជ្ឈកូដ បានឃើញសូចិលោមបុរស គឺបុរសមានរោមដូចដែកស្រួច កំពុងអណ្តែតលើអាកាស ដែកស្រួចទាំងនោះ របស់បុរសនោះ អណ្តែតធ្លាក់ៗ មកត្រូវកាយរបស់បុរសនោះវិញ បុរសនោះ ក៏ចេះតែស្រែកថ្ងូរ។ ម្នាលភិក្ខុទាំងឡាយ សត្វនុ៎ះ ជាអ្នកបរគោ (ពីដើម) ក្នុងក្រុងរាជគ្រឹះនេះឯង។

ចប់ សូត្រ ទី៨។

(ទុតិយសូចិលោម)សូត្រ ទី៩

(៩. ទុតិយសូចិលោមសុត្តំ)

[៣១៦] ម្នាលអាវុសោ ក្នុងទីឯណោះ កាលដែលខ្ញុំចុះមកអំពីភ្នំគិជ្ឈកូដ បានឃើញសូចិលោមបុរស គឺបុរសមានរោមដូចដែកស្រួច កំពុងអណ្តែតទៅលើអាកាស ដែកស្រួចទាំងនោះ របស់បុរសនោះ ក៏ដោតចូលទៅក្នុងក្បាល ធ្លាយចេញមកតាមមាត់ ដោតចូលទៅក្នុងមាត់ ធ្លាយចេញមកតាមទ្រូង ដោតចូលទៅក្នុងទ្រូង ធ្លាយចេញមកតាមពោះ ដោតចូលទៅក្នុងពោះ ធ្លាយចេញមកតាមភ្លៅ ដោតចូលទៅក្នុងភ្លៅ ធ្លាយចេញមកតាមស្មង ដោតចូលទៅក្នុងស្មង ធ្លាយចេញមកតាមបាតជើង បុរសនោះ ក៏ចេះតែស្រែកថ្ងូរ។ ម្នាលភិក្ខុទាំងឡាយ សត្វនុ៎ះ ជាអ្នកចាក់ដោត ញុះញង់គេ (ពីដើម) ក្នុងក្រុងរាជគ្រឹះនេះឯង។

ចប់ សូត្រ ទី៩។

(កុម្ភណ្ឌ)សូត្រ ទី១០

(១០. កុម្ភណ្ឌសុត្តំ)

[៣១៧] ម្នាលអាវុសោ ក្នុងទីឯណោះ កាលដែលខ្ញុំចុះមកអំពីភ្នំគិជ្ឈកូដ បានឃើញកុម្ភណ្ឌបុរស គឺបុរសមានអណ្ឌៈប៉ុនក្អម13) កំពុងអណ្តែតលើអាកាស កាលបុរសនោះដើរទៅ លុះតែលើកអណ្ឌៈទាំងនោះដាក់ត្រង់ក (លី) ទើបដើរទៅបាន កាលអង្គុយ ក៏អង្គុយសង្កត់លើអណ្ឌៈទាំងនោះឯង ពួកត្មាត ក្អែក រអាត ដេញតាមឆាប ចោមចឹកចោះ ភើចជញ្ជែងនូវបុរសនោះ បុរសនោះ ក៏ចេះតែស្រែកថ្ងូរ។ ម្នាលភិក្ខុទាំងឡាយ សត្វនុ៎ះ ជាអ្នកកាន់អំពើវៀចក្នុងស្រុក14) (ពីដើម) ក្នុងក្រុងរាជគ្រឹះនេះឯង។

ចប់សូត្រទី១០។

ចប់ អដ្ឋិសង្ខលិកវគ្គ ទី១។

ឧទ្ទាននៃ អដ្ឋិសង្ខលិកវគ្គ នោះគឺ

អដ្ឋិសង្ខលិកប្រេត មំសបេសិប្រេត (ពីដើម) ជាអ្នកសម្លាប់គោទាំងពីរនាក់ មំសបិណ្ឌប្រេត (ពីដើម) ជាព្រានបក្សី និច្ឆវីប្រេត (ពីដើម) ជាអ្នកសម្លាប់ចៀម អសិលោមប្រេត (ពីដើម) ជាអ្នកសម្លាប់ជ្រូក សត្តិលោមប្រេត (ពីដើម) ជាព្រានម្រឹគ ឧសុលោមប្រេត (ពីដើម) ជាពេជ្ឈឃាត សុចិលោមប្រេត (ពីដើម) ជានាយសារថី អ្នកណាញុះញង់គេ (ពីដើម) អ្នកនោះជាសូចិលោមប្រេតពិត កុម្ភណ្ឌប្រេត មានអណ្ឌៈធ្ងន់ (ពីដើម) ជាអ្នកកាន់អំពើវៀចក្នុងស្រុក។

បារទារិកវគ្គ ទី២

(២. ទុតិយវគ្គោ)

(សសីសក)សូត្រ ទី១

(១. សសីសកសុត្តំ)

[៣១៨] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ទៀបក្រុងរាជគ្រឹះ។ ម្នាលអាវុសោ ក្នុងទីឯណោះ កាលដែលខ្ញុំ ចុះមកអំពីភ្នំគិជ្ឈកូដ បានឃើញបុរសម្នាក់ កំពុងមុជក្បាលចុះទៅក្នុងរណ្តៅលាមក។ ម្នាលភិក្ខុទាំងឡាយ សត្វនោះ ជាអ្នកប្រព្រឹត្តបរទារិកកម្ម គឺលួចប្រពន្ធអ្នកដទៃ (ពីដើម) ក្នុងក្រុងរាជគ្រឹះនេះឯង។

ចប់ សូត្រ ទី១។

(គូថខាទ)សូត្រ ទី២

(២. គូថខាទសុត្តំ)

(បេយ្យាលៈ បណ្ឌិតគប្បីធ្វើយ៉ាងនេះ)

[៣១៩] ម្នាលអាវុសោ ក្នុងទីឯណោះ កាលដែលខ្ញុំចុះមកអំពីភ្នំគិជ្ឈកូដ បានឃើញបុរសម្នាក់ កំពុងមុជចុះក្នុងរណ្តៅលាមក ចាប់លាមកដោយដៃទាំងសងខាងស៊ី។ ម្នាលភិក្ខុទាំងឡាយ សត្វនុ៎ះ ពីដើម ជាព្រាហ្មណ៍ ក្នុងក្រុងរាជគ្រឹះនេះឯង។ ព្រាហ្មណ៍នោះ កាលក្នុងសាសនាព្រះកស្សបសម្មាសម្ពុទ្ធ បាននិមន្តភិក្ខុសង្ឃ ដោយភត្តាហារ ក៏ដាក់លាមកពេញក្នុងស្នូក រួចហើយ ប្រើគេឲ្យប្រាប់ភត្តកាល ហើយពោលដូច្នេះថា សូមលោកម្ចាស់ទាំងឡាយ និមន្តឆាន់ដរាបដល់ឆ្អែតផង សូមនិមន្តយកទៅផង។

ចប់ សូត្រ ទី២។

(និច្ឆវិត្ថិ)សូត្រ ទី៣

(៣. និច្ឆវិត្ថិសុត្តំ)

[៣២០] ម្នាលអាវុសោ ក្នុងទីឯណោះ កាលដែលខ្ញុំ ចុះមកអំពីភ្នំគិជ្ឈកូដ បានឃើញស្រីនិច្ឆវី គឺស្រីមិនមានស្បែកក្រៅ កំពុងអណ្តែតទៅលើអាកាស ពួកត្មាត ក្អែក រអាត ដេញតាមឆាប ចោមចឹកចោះ ភើចជញ្ជែងនូវស្រីនោះ ស្រីនោះ ក៏ចេះតែស្រែកថ្ងូរ។ ម្នាលភិក្ខុទាំងឡាយ ស្រីនុ៎ះ (ពីដើម) ជាស្រីប្រព្រឹត្តកន្លងចិត្តប្តី ក្នុងក្រុងរាជគ្រឹះនេះឯង។

ចប់ សូត្រ ទី៣។

(មង្គុលិត្ថិ)សូត្រ ទី៤

(៤. មង្គុលិត្ថិសុត្តំ)

[៣២១] ម្នាលអាវុសោ ក្នុងទីឯណោះ កាលដែលខ្ញុំចុះមកអំពីភ្នំគិជ្ឈកូដ បានឃើញស្រីមង្គុឡី15) មានក្លិនស្អុយ កំពុងអណ្តែតទៅលើអាកាស ពួកត្មាត ក្អែក រអាត ដេញតាមឆាប ចោមចឹកចោះ ភើចជញ្ជែង នូវស្រីនោះ ស្រីនោះ ក៏ចេះតែស្រែកថ្ងូរ។ ម្នាលភិក្ខុទាំងឡាយ ស្រីនុ៎ះ (ពីដើម) ជាស្រីមេមត់ ក្នុងក្រុងរាជគ្រឹះនេះឯង។

ចប់ សូត្រ ទី៤។

(កិលិនី)សូត្រ ទី៥

(៥. ឱកិលិនីសុត្តំ)

៣២២>[៣២២]</span> ម្នាលអាវុសោ ក្នុងទីឯណោះ កាលដែលខ្ញុំចុះមកអំពីភ្នំគិជ្ឈកូដ បានឃើញស្រីមានកាយឆេះរោលរាលដោយភ្លើង មានកាយសើមជោកជាំ មានកាយដេរដាសដោយរងើកភ្លើង កំពុងតែអណ្តែតទៅលើអាកាស ស្រីនោះ ក៏ចេះតែស្រែកថ្ងូរ។ ម្នាលភិក្ខុទាំងឡាយ ស្រីនុ៎ះ (ពីដើម) ជាអគ្គមហេសីនៃស្តេចក្នុងដែនកលិង្គ ស្រីនោះ ជាអ្នកមានសេចក្តីឫស្សាគ្របសង្កត់ បានចាក់រងើកភ្លើងមួយអំបែង លើស្រី16) ជាមហេសីចុង។

ចប់ សូត្រ ទី៥។

(អសីសក)សូត្រ ទី៦

(៦. អសីសកសុត្តំ)

[៣២៣] ម្នាលអាវុសោ ក្នុងទីឯណោះ កាលដែលខ្ញុំចុះមកអំពីភ្នំគិជ្ឈកូដ បានឃើញអសីសកពន្ធប្រេត កំពុងអណ្តែតទៅលើអាកាស ប្រេតនោះ មានភ្នែក និងមុខ នៅត្រង់ទ្រូង ពួកត្មាត ក្អែក រអាត ដេញតាមឆាប ចោមចឹកចោះ ភើចជញ្ជែង នូវប្រេតនោះ ប្រេតនោះ ក៏ចេះតែស្រែកថ្ងូរ។ ម្នាលភិក្ខុទាំងឡាយ សត្វនុ៎ះ (ពីដើម) ឈ្មោះ ហារិកៈ ជាអ្នកពិឃាតចោរ ក្នុងក្រុងរាជគ្រឹះនេះឯង។

ចប់ សូត្រ ទី៦។

(បាបភិក្ខុ)សូត្រ ទី៧

(៧. បាបភិក្ខុសុត្តំ)

[៣២៤] ម្នាលអាវុសោ ក្នុងទីឯណោះ កាលដែលខ្ញុំចុះមកអំពីភ្នំគិជ្ឈកូដ បានឃើញភិក្ខុ កំពុងអណ្តែតទៅលើអាកាស សង្ឃាដីរបស់ភិក្ខុនោះក្តី មានភ្លើងឆេះសន្ធោសន្ធៅ បាត្រក្តី ក៏មានភ្លើងឆេះសន្ធោសន្ធៅ វត្ថពន្ធចង្កេះក្តី ក៏មានភ្លើងឆេះសន្ធោសន្ធៅ រាងកាយក្តី ក៏មានភ្លើងឆេះសន្ធោសន្ធៅ ភិក្ខុនោះ ក៏ចេះតែស្រែកថ្ងូរ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនុ៎ះ (ពីដើម) ជាភិក្ខុលាមក ក្នុងសាសនាព្រះកស្សបសម្មាសម្ពុទ្ធ។

ចប់ សូត្រ ទី៧។

(បាបភិក្ខុនី)សូត្រ ទី៨

(៨. បាបភិក្ខុនីសុត្តំ)

[៣២៥] ខ្ញុំបានឃើញភិក្ខុនី កំពុងអណ្តែតទៅលើអាកាស សង្ឃាដីរបស់ភិក្ខុនីនោះក្តី មានភ្លើងឆេះ។បេ។ ជាភិក្ខុនីលាមក។

ចប់ សូត្រ ទី៨។

(បាបសិក្ខមាន)សូត្រ ទី៩

(៩. បាបសិក្ខមានសុត្តំ)

[៣២៦] ខ្ញុំបានឃើញសិក្ខមានា កំពុងអណ្តែតទៅលើអាកាស សង្ឃាដីរបស់សិក្ខមានានោះក្តី មានភ្លើងឆេះ។បេ។ ជាសិក្ខមានាលាមក។

ចប់ សូត្រ ទី៩។

(បាបសាមណេរ)សូត្រ ទី១០

(១០. បាបសាមណេរសុត្តំ)

[៣២៧] ខ្ញុំបានឃើញសាមណេរ កំពុងអណ្តែតទៅលើអាកាស សង្ឃាដីរបស់សាមណេរនោះក្តី មានភ្លើងឆេះ។បេ។ ជាសាមណេរលាមក។

ចប់ សូត្រ ទី១០។

(បាបសាមណេរី)សូត្រ ទី១១

(១១. បាបសាមណេរីសុត្តំ)

[៣២៨] ម្នាលអាវុសោ ក្នុងទីឯណោះ កាលដែលខ្ញុំចុះមកអំពីភ្នំគិជ្ឈកូដ បានឃើញសាមណេរី កំពុងអណ្តែតទៅលើអាកាស សង្ឃាដីរបស់សាមណេរីនោះក្តី មានភ្លើងឆេះសន្ធោសន្ធៅ បាត្រក្តី ក៏មានភ្លើងឆេះសន្ធោសន្ធៅ វត្ថពន្ធចង្កេះក្តី ក៏មានភ្លើងឆេះសន្ធោសន្ធៅ រាងកាយក្តី ក៏មានភ្លើងឆេះសន្ធោសន្ធៅ សាមណេរីនោះ ក៏ចេះតែស្រែកថ្ងូរ។ ម្នាលអាវុសោ ខ្ញុំមានសេចក្តីត្រិះរិះ ដូច្នេះថា ឱអស្ចារ្យណាស់ហ្ន៎ ឱប្លែកណាស់ហ្ន៎ យីអើ សត្វបែបនេះ នឹងមានខ្លះដែរ យក្សបែបនេះ នឹងមានខ្លះដែរ ការត្រឡប់បានអត្តភាពបែបនេះ នឹងមានខ្លះដែរតើ។

[៣២៩] គ្រានោះ ព្រះមានព្រះភាគ ត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ពួកសាវ័ក មានចក្ខុកើតពិតហើយ ម្នាលភិក្ខុទាំងឡាយ ពួកសាវ័ក មានញាណកើតពិតហើយ ដ្បិតថាសាវ័ក នឹងដឹង ឬនឹងឃើញនូវសាមណេរីបែបនេះ នឹងធ្វើជាសាក្សី (ដល់តថាគតបាន)។ ម្នាលភិក្ខុទាំងឡាយ សាមណេរីនោះ តថាគត ធ្លាប់បានឃើញមកពីមុនដែរ។ តែថា តថាគត មិនទាន់បានព្យាករ បើតថាគតព្យាករហេតុនោះទៅ ជនទាំងឡាយដទៃមិនជឿតថាគត ពួកជនណាមិនជឿតថាគត ហេតុដែលមិនជឿនោះ នឹងប្រព្រឹត្តទៅ ដើម្បីមិនជាប្រយោជន៍ ដើម្បីសេចក្តីទុក្ខ ដល់ជនទាំងនោះ អស់កាលដ៏យូរ។ ម្នាលភិក្ខុទាំងឡាយ សាមណេរីនោះ (ពីដើម) ជាសាមណេរីលាមក ក្នុងសាសនាព្រះកស្សបសម្មាសម្ពុទ្ធ ដោយវិបាកនៃកម្មនោះ សាមណេរីនោះ ក៏ឆេះនៅក្នុងនរក អស់ឆ្នាំទាំងឡាយដ៏ច្រើន អស់រយឆ្នាំដ៏ច្រើន អស់ពាន់ឆ្នាំដ៏ច្រើន អស់សែនឆ្នាំដ៏ច្រើន ដោយសេសសល់វិបាកនៃកម្មនោះឯង ទើបត្រឡប់បាននូវអត្តភាពបែបនេះ។

ចប់សូត្រទី១១។

ចប់ បារទារិកវគ្គ ទី២។

ឧទ្ទាននៃ បារទារិកវគ្គ នោះគឺ

ប្រេតដែលមុជក្នុងរណ្តៅ ប្រេតនោះ (ពីដើម) ជាអ្នកប្រព្រឹត្តបរទារិកកម្ម ប្រេតដែលទំពាស៊ីលាមក ប្រេតនោះ (ពីដើម) ធ្លាប់ជាព្រាហ្មណ៍អាក្រក់ ស្រីជានិច្ឆវីប្រេត (ពីដើម) ជាអ្នកប្រព្រឹត្តកន្លងចិត្តប្តី ស្រីជាមង្គុឡីប្រេត (ពីដើម) ជាស្រីមេមត់ ស្រីជាឱកិលិនីប្រេត (ពីដើម) ធ្វើ (ប្រទូស្ត) នឹងស្រីរួមប្តី សីសច្ឆិន្នប្រេត (ពីដើម) ជាអ្នកសម្លាប់ចោរ ភិក្ខុ ភិក្ខុនី សិក្ខមានា សាមណេរ សាមណេរី (ពីដើម) បួសក្នុងសាសនាព្រះកស្សបសម្មាសម្ពុទ្ធ បានធ្វើនូវកម្មដ៏លាមក។

ចប់លក្ខណសំយុត្ត ទី

ឱបម្មសំយុត្ត ទី៩

(៩. ឱបម្មសំយុត្តំ)

(កូដ)សូត្រ ទី១

(១. កូដសុត្តំ)

[៣៣០] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ ក្នុងទីនោះឯង ព្រះមានព្រះភាគ… ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បង្កង់ណានីមួយ នៃផ្ទះមានកំពូល បង្កង់ទាំងអស់នោះ ងាកទៅរកកំពូល ប្រជុំទៅរកកំពូល ប្រឈមទៅរកកំពូល បង្កង់ទាំងអស់នោះ ដល់នូវការប្រឈមទៅ យ៉ាងណា ម្នាលភិក្ខុទាំងឡាយ អកុសលធម៌ទាំងឡាយណានីមួយ អកុសលធម៌ទាំងអស់នោះ មានអវិជ្ជាជាមូល មានអវិជ្ជាជាទីប្រជុំ ប្រឈមទៅរកអវិជ្ជា អកុសលធម៌ទាំងអស់នោះ ដល់នូវការប្រឈមទៅ យ៉ាងនោះឯង។ ម្នាលភិក្ខុទាំងឡាយ ហេតុនោះ ក្នុងសាសនានេះ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះថា យើងទាំងឡាយ ជាអ្នកមិនប្រមាទ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះចុះ។

ចប់ សូត្រ ទី១។

(នខសិខ)សូត្រ ទី២

(២. នខសិខសុត្តំ)

[៣៣១] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី… គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់ចូកនូវអាចម៍ដីបន្តិច ដោយចុងព្រះនខា ហើយត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់ហេតុនោះដូចម្តេច អាចម៍ដីបន្តិច ដែលតថាគតចូកឡើង ដោយចុងក្រចក និងមហាប្រឹថពី តើបណ្តាវត្ថុទាំងពីរនោះ វត្ថុណាច្រើនជាង។ ពួកភិក្ខុក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន មហាប្រឹថពីនេះ ច្រើនក្រៃលែង អាចម៍ដីបន្តិច ដែលព្រះអង្គចូកឡើង ដោយចុងព្រះនខានេះ មានប្រមាណតិចពេកណាស់ អាចម៍ដីបន្តិច ដែលព្រះមានព្រះភាគចូកឡើង ដោយចុងព្រះនខា នឹងយកទៅប្រៀបធៀបនឹងមហាប្រឹថពី ក៏មិនដល់នូវកិរិយារាប់ផង មិនដល់នូវការប្រៀបធៀបផង មិនដល់នូវភាគនៃចំណិតផង។

[៣៣២] ម្នាលភិក្ខុទាំងឡាយ សេចក្តីនេះមានឧបមេយ្យដូចពួកសត្វ ដែលត្រឡប់បានមកកើតក្នុងពួកមនុស្ស មានប្រមាណតិច ដ្បិតថាពួកសត្វក្រៅអំពីពួកសត្វ ដែលត្រឡប់បានមកកើតជាមនុស្សនុ៎ះ មានចំនួនច្រើនណាស់។ ម្នាលភិក្ខុទាំងឡាយ ហេតុដូច្នោះ ក្នុងសាសនានេះ អ្នកទាំងឡាយ គប្បីសិក្សា យ៉ាងនេះថា យើងទាំងឡាយ ជាអ្នកមិនប្រមាទ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះចុះ។

ចប់ សូត្រ ទី២។

(កុល)សូត្រ ទី៣

(៣. កុលសុត្តំ)

[៣៣៣] ព្រះមានព្រះភាគ ទ្រង់គង់នៅទៀបក្រុងសាវត្ថី… គ្រានោះឯង ព្រះមានព្រះភាគ… ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ត្រកូលទាំងឡាយណាមួយ ដែលមានស្រីច្រើន មានប្រុសតិច ត្រកូលទាំងនោះ ពួកចោរអ្នកលួចទ្រព្យដោយឆ្នាំង17) រមែងបៀតបៀនបានដោយងាយ យ៉ាងណា ម្នាលភិក្ខុទាំងឡាយ មេត្តាចេតោវិមុត្តិ ដែលភិក្ខុណាមួយមិនបានចម្រើន មិនបានធ្វើឲ្យច្រើនហើយ ពួកអមនុស្ស តែងបៀតបៀនភិក្ខុនោះបានដោយងាយ យ៉ាងនោះឯង។

[៣៣៤] ម្នាលភិក្ខុទាំងឡាយ ត្រកូលទាំងឡាយណាមួយ ដែលមានស្រីតិច មានប្រុសច្រើន ត្រកូលទាំងនោះ ពួកចោរអ្នកលួចទ្រព្យដោយឆ្នាំង រមែងបៀតបៀនបានដោយកម្រ យ៉ាងណា ម្នាលភិក្ខុទាំងឡាយ មេត្តាចេតោវិមុត្តិ ដែលភិក្ខុណាមួយ បានចម្រើន បានធ្វើឲ្យច្រើនហើយ ពួកអមនុស្ស បៀតបៀនភិក្ខុនោះបានដោយកម្រ យ៉ាងនោះឯង។ ម្នាលភិក្ខុទាំងឡាយ ហេតុដូច្នោះ ក្នុងសាសនានេះ អ្នកទាំងឡាយ គប្បីសិក្សា យ៉ាងនេះថា មេត្តាចេតោវិមុត្តិ យើងទាំងឡាយ នឹងចម្រើន ធ្វើឲ្យច្រើន ធ្វើឲ្យដូចជាយាន ធ្វើឲ្យជាទីនៅ តម្កល់ទុករឿយៗ សន្សំទុក ប្រារព្ធដោយប្រពៃ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះចុះ។

ចប់ សូត្រ ទី៣។

(ឱក្ខា)សូត្រ ទី៤

(៤. ឱក្ខាសុត្តំ)

[៣៣៥] ព្រះមានព្រះភាគ ទ្រង់គង់នៅទៀបក្រុងសាវត្ថី… ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បុគ្គលណា ឲ្យទានអស់១០០ខ្ទះ ក្នុងបុព្វណ្ហសម័យក្តី បុគ្គលណា ឲ្យទានអស់១០០ខ្ទះ ក្នុងមជ្ឈន្តិកសម័យក្តី បុគ្គលណា ឲ្យទានអស់១០០ខ្ទះ ក្នុងសាយណ្ហសម័យក្តី មួយទៀត បុគ្គលណា ចម្រើនមេត្តចិត្ត ដោយហោចទៅ សូម្បីអស់កាលត្រឹមតែការរឹតទឹកដោះគោប៉ុណ្ណោះ ក្នុងបុព្វណ្ហសម័យក្តី បុគ្គលណា ចម្រើនមេត្តចិត្ត ដោយហោចទៅ សូម្បីអស់កាលត្រឹមតែការរឹតទឹកដោះគោប៉ុណ្ណោះ ក្នុងមជ្ឈន្តិកសម័យក្តី បុគ្គលណា ចម្រើនមេត្តចិត្ត ដោយហោចទៅ សូម្បីអស់កាលត្រឹមតែការរឹតទឹកដោះគោប៉ុណ្ណោះ ក្នុងសាយណ្ហសម័យក្តី ការចម្រើនមេត្តចិត្តនេះ ឈ្មោះថា មានផលច្រើនលើសលុបជាងទាននោះទៅទៀត។ ម្នាលភិក្ខុទាំងឡាយ ហេតុដូច្នោះ ក្នុងសាសនានេះ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះថា មេត្តាចេតោវិមុត្តិ យើងទាំងឡាយ នឹងចម្រើន ធ្វើឲ្យច្រើន ធ្វើឲ្យដូចជាយាន ធ្វើឲ្យជាទីនៅ តម្កល់ទុករឿយៗ សន្សំទុក ប្រារព្ធដោយប្រពៃ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះចុះ។

ចប់ សូត្រ ទី៤។

(សត្តិ)សូត្រ ទី៥

(៥. សត្តិសុត្តំ)

[៣៣៦] ព្រះមានព្រះភាគ ទ្រង់គង់នៅទៀបក្រុងសាវត្ថី… ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ដូចលំពែងមានផ្លែដ៏មុត ស្រាប់តែមានបុរសមកដល់ គិតថា អាត្មាអញ នឹងយកបាតដៃ ឬក្តាប់ដៃទះតប់ ធ្វើលំពែងដែលមានផ្លែដ៏មុតនេះឲ្យខ្មូរ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់ហេតុនោះដូចម្តេច បុរសនោះ គួរដើម្បីយកបាតដៃ ឬក្តាប់ដៃទះតប់លំពែង ដែលមានផ្លែដ៏មុតឯណោះ ធ្វើឲ្យខ្មូរបានដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ហេតុនុ៎ះ មិនបានទេ។ សេចក្តីនោះ ព្រោះហេតុអ្វី។ បពិត្រព្រះអង្គដ៏ចំរើន ព្រោះថា លំពែងមានផ្លែដ៏មុតឯណោះ បុគ្គលមិនងាយនឹងយកបាតដៃ ឬក្តាប់ដៃទះតប់ ធ្វើឲ្យខ្មូរបានឡើយ ឯបុរសនោះ គប្បីបានតែចំណែកនៃសេចក្តីលំបាក និងសេចក្តីចង្អៀតចង្អល់ ប៉ុណ្ណោះឯង។

[៣៣៧] ម្នាលភិក្ខុទាំងឡាយ សេចក្តីនេះ មានឧបមេយ្យដូចមេត្តាចេតោវិមុត្តិ ដែលភិក្ខុណាមួយ បានចម្រើន បានធ្វើឲ្យច្រើន បានធ្វើឲ្យដូចជាយាន បានធ្វើឲ្យជាទីនៅ បានតម្កល់ទុករឿយៗ បានសន្សំទុក បានប្រារព្ធល្អហើយ។ បើអមនុស្ស ស្មានចិត្តភិក្ខុនោះថា គួរធ្វើឲ្យអណ្តែតអណ្តូង។ អមនុស្សនោះឯង មុខជាបានតែចំណែក នៃសេចក្តីលំបាក និងសេចក្តីចង្អៀតចង្អល់ពុំខាន។ ម្នាលភិក្ខុទាំងឡាយ ហេតុដូច្នោះ ក្នុងសាសនានេះ អ្នកទាំងឡាយ គប្បីសិក្សា យ៉ាងនេះថា មេត្តាចេតោវិមុត្តិ យើងទាំងឡាយ នឹងចម្រើន ធ្វើឲ្យច្រើន ធ្វើឲ្យដូចជាយាន ធ្វើឲ្យជាទីនៅ តម្កល់ទុករឿយៗ សន្សំទុក ប្រារព្ធល្អ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះចុះ។

ចប់ សូត្រ ទី៥។

(ធនុគ្គហ)សូត្រ ទី៦

(៦. ធនុគ្គហសុត្តំ)

[៣៣៨] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី… ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ដូចជាខ្មាន់ធ្នូ៤នាក់ មានកម្លាំងមាំមួន បានសិក្សាដោយប្រពៃ មានសិល្បៈស្ទាត់ក្នុងដៃ បានសម្តែងសិល្បៈរួចហើយ ឈរនៅក្នុងទិសទាំង៤។ គ្រានោះ មានបុរសម្នាក់ ដើរមកដល់ គិតថា កាលបើខ្មាន់ធ្នូទាំង៤នាក់នេះ ដែលមានកម្លាំងមាំមួន បានសិក្សាដោយប្រពៃ មានសិល្បៈស្ទាត់ក្នុងដៃ បានសម្តែងសិល្បៈរួចហើយ បានបាញ់សរទៅក្នុងទិសទាំង៤ មិនទាន់ធ្លាក់ដល់ផែនដីនៅឡើយ អាត្មាអញ នឹងចាប់នាំយកសរទាំងនោះមកឲ្យបាន។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់ហេតុនោះដូចម្តេច បុរសដែលមានសំទុះ (នោះ) គេគួរនឹងនិយាយថា ជាអ្នកប្រកបដោយសំទុះលឿនក្រៃលែងបានឬទេ។ បពិត្រព្រះអង្គដ៏ចម្រើន សូម្បីតែខ្មាន់ធ្នូម្នាក់ ដែលមានកម្លាំងមាំមួន បានសិក្សាដោយប្រពៃ មានសិល្បៈស្ទាត់ក្នុងដៃ បានសំដែងសិល្បៈរួចហើយបាញ់សរទៅ មិនទាន់ធ្លាក់ដល់ផែនដីនៅឡើយ បុរសដែលមានសំទុះនោះ ក៏ចាប់នាំយក (សរនោះ) មកបាន គេគួរនឹងនិយាយថា ជាអ្នកប្រកបដោយសំទុះលឿនដ៏ក្រៃលែងបានណាស់ទៅហើយ នឹងចាំបាច់ពោលទៅថ្វី ដល់ខ្មាន់ធ្នូ៤នាក់ ដែលមានកម្លាំងមាំមួន បានសិក្សាដោយប្រពៃ មានសិល្បៈស្ទាត់ក្នុងដៃ បានសំដែងសិល្បៈរួចហើយ។

[៣៣៩] ម្នាលភិក្ខុទាំងឡាយ សំទុះនៃបុរសនោះយ៉ាងណាក្តី សំទុះនៃព្រះចន្ទ្រ និងព្រះអាទិត្យ ដែលលឿនជាងសំទុះបុរសនោះ យ៉ាងណាក្តី។ ម្នាលភិក្ខុទាំងឡាយ សំទុះនៃបុរសនោះយ៉ាងណាក្តី សំទុះនៃព្រះចន្ទ្រ និងព្រះអាទិត្យ យ៉ាងណាក្តី សំទុះនៃទេវតាទាំងឡាយ ដែលស្ទុះទៅពីមុខព្រះចន្ទ្រ និងព្រះអាទិត្យនោះ លឿនជាងសំទុះនៃព្រះចន្ទ្រ និងព្រះអាទិត្យនោះទៅទៀត យ៉ាងណាក្តី។ ម្នាលភិក្ខុទាំងឡាយ សំទុះនៃបុរសនោះ យ៉ាងណាក្តី សំទុះនៃព្រះចន្ទ្រ និងព្រះអាទិត្យទាំងឡាយ យ៉ាងណាក្តី សំទុះនៃទេវតាទាំងឡាយ ដែលស្ទុះទៅអំពីខាងមុខព្រះចន្ទ្រ និងព្រះអាទិត្យ យ៉ាងណាក្តី អាយុសង្ខារទាំងឡាយ រមែងអស់ទៅឆាប់រហ័ស ជាងសំទុះទាំងនោះទៅទៀត។ ម្នាលភិក្ខុទាំងឡាយ ហេតុដូច្នោះ ក្នុងសាសនានេះ អ្នកទាំងឡាយ គប្បីសិក្សា យ៉ាងនេះថា យើងទាំងឡាយ ជាអ្នកមិនប្រមាទ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះចុះ។

ចប់ សូត្រ ទី៦។

(អាណិ)សូត្រ ទី៧

(៧. អាណិសុត្តំ)

[៣៤០] ព្រះមានព្រះភាគ ទ្រង់គង់នៅទៀបក្រុងសាវត្ថី… ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ពីព្រេងនាយមក មានសំភោរមួយ ឈ្មោះ អានកៈ18) របស់ពួកក្សត្រនាម ទសារហៈ។ កាលបើរាងសំភោរ ឈ្មោះ អានកៈនោះប្រេះឆាហើយ ពួកក្សត្រទសារហៈ ក៏ពាសនូវរាងស្រោបដទៃ ភ្ជាប់អបទុក។ ម្នាលភិក្ខុទាំងឡាយ មានសម័យដែលត្រូវតួរាងចាស់របស់សំភោរ ឈ្មោះ អានកៈខូចបាត់ទៅ សល់នៅតែរាងស្រោប។ ម្នាលភិក្ខុទាំងឡាយ សេចក្តីនេះមានឧបមេយ្យ ដូចក្នុងកាលជាអនាគត ព្រះសូត្រទាំងឡាយណា ដែលតថាគតសំដែងហើយ ជាព្រះសូត្រដ៏ជ្រៅ មានអត្ថដ៏ជ្រៅ ជាលោកុត្តរៈ ប្រកបដោយសភាពដ៏សូន្យ ព្រះសូត្រទាំងនោះ កាលបើបុគ្គលពោល ពួកមហាជននឹងមិនស្តាប់ មិនដាក់ចុះនូវសោតៈ មិនយកចិត្តទុកដាក់ដើម្បីដឹង ទាំងមិនសំគាល់ធម៌ទាំងនោះ ថា គួររៀន ឬគួរទន្ទេញឡើយ។ បើព្រះសូត្រទាំងឡាយណា ដែលអ្នកប្រាជ្ញជាកវី បានធ្វើជាពាក្យកាព្យឃ្លោង មានអក្សរដ៏វិចិត្ត មានព្យញ្ជនៈដ៏វិចិត្តជាខាងក្រៅ ជាសាវកភាសិត ព្រះសូត្រទាំងនោះ កាលបុគ្គលពោល ទើបមហាជននឹងស្តាប់ នឹងដាក់ចុះនូវសោតៈ នឹងយកចិត្តទុកដាក់ដើម្បីដឹង នឹងសំគាល់នូវធម៌ទាំងនោះ ថា គួររៀន គួរទន្ទេញ។

[៣៤១] ម្នាលភិក្ខុទាំងឡាយ ការវិនាសទៅនៃព្រះសូត្រ ដែលតថាគត សំដែងហើយទាំងនោះ ជាព្រះសូត្រដ៏ជ្រៅ មានអត្ថដ៏ជ្រៅ ជាលោកុត្តរៈ ប្រកបដោយសភាពដ៏សូន្យ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ហេតុដូច្នោះ ក្នុងសាសនានេះ អ្នកទាំងឡាយ គប្បីសិក្សា យ៉ាងនេះថា ព្រះសូត្រទាំងឡាយណា ដែលព្រះតថាគត សម្តែងហើយ ជាព្រះសូត្រដ៏ជ្រៅ មានអត្ថដ៏ជ្រៅ ជាលោកុត្តរៈ ប្រកបដោយសភាពដ៏សូន្យ ព្រះសូត្រទាំងនេះ កាលបុគ្គលពោល យើងនឹងប្រុងស្តាប់ ដាក់ចុះនូវសោតៈ យកចិត្តទុកដាក់ដើម្បីដឹង នឹងសំគាល់នូវធម៌ទាំងនោះថា គួររៀន គួរទន្ទេញ ដូច្នេះ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះចុះ។

ចប់ សូត្រ ទី៧។

(កលិង្គរ)សូត្រ ទី៨

(៨. កលិង្គរសុត្តំ)

[៣៤២] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងកូដាគារសាលា នាមហាវ័ន ទៀបក្រុងវេសាលី។ ក្នុងទីនោះ ព្រះមានព្រះភាគ ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីកា នៃព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។

[៣៤៣] ព្រះមានព្រះភាគ បានត្រាស់ពាក្យនេះថា ម្នាលភិក្ខុទាំងឡាយ ឥឡូវ ពួកស្តេចលិច្ឆវី មានអង្កត់ឧសជាខ្នើយ គឺថា យកអង្កត់ឧស ពកឈើគគីរ ធ្វើជាខ្នើយរងព្រះសីរ និងព្រះបាទ ជាអ្នកមិនប្រមាទ មានសេចក្តីព្យាយាម ក្នុងការចូលទៅជិត (អាចារ្យ) ព្រះបាទអជាតសត្តុវេទេហិបុត្ត ជាឥស្សរៈ ក្នុងដែនមគធៈ ក៏មិនបាននូវចន្លោះ មិនបាននូវអារម្មណ៍ នៃស្តេចលិច្ឆវីទាំងនោះឡើយ។ ម្នាលភិក្ខុទាំងឡាយ ក្នុងកាលជាអនាគតទៅ ពួកស្តេចលិច្ឆវី ជាសុខុមាលជាតិ មានផ្ទៃព្រះហស្ត និងព្រះបាទដ៏ទន់ ក្សត្រទាំងនោះ នឹងសម្រេចសេយ្យាលើក្រឡាបន្ទំដ៏ទន់ មានខ្នើយដ៏ក្រាស់ ដរាបដល់ថ្ងៃរះ ព្រះបាទអជាតសត្តុវេទេហិបុត្ត ជាឥស្សរៈក្នុងដែនមគធៈ ក៏បាននូវចន្លោះ បាននូវអារម្មណ៍ នៃស្តេចលិច្ឆវីទាំងនោះ។

[៣៤៤] ម្នាលភិក្ខុទាំងឡាយ ឥឡូវនេះ ភិក្ខុទាំងឡាយ មានអង្កត់ឧសជាខ្នើយ ជាអ្នកមិនប្រមាទ មានកិរិយាញុំាងកិលេសឲ្យក្តៅ ក្នុងការធ្វើសេចក្តីព្យាយាម មារចិត្តបាប ក៏មិនបាននូវចន្លោះ មិនបាននូវអារម្មណ៍ នៃភិក្ខុទាំងនោះឡើយ។ ម្នាលភិក្ខុទាំងឡាយ ក្នុងកាលជាអនាគតទៅ ភិក្ខុទាំងឡាយ ជាសុខុមាលជាតិ មានផ្ទៃដៃ និងជើងដ៏ទន់ ភិក្ខុទាំងនោះ សម្រេចនូវការដេកលើដំណេកដ៏ទន់ មានខ្នើយដ៏ក្រាស់ ដរាបដល់ថ្ងៃរះ ឯមារចិត្តបាប ក៏បាននូវចន្លោះ បាននូវអារម្មណ៍ នៃភិក្ខុទាំងនោះ។ ម្នាលភិក្ខុទាំងឡាយ ហេតុដូច្នោះ ក្នុងសាសនានេះ អ្នកទាំងឡាយ គប្បីសិក្សា យ៉ាងនេះថា យើងទាំងឡាយ មានអង្កត់ឧសជាខ្នើយ ជាអ្នកមិនប្រមាទ មានកិរិយាញុំាងកិលេសឲ្យក្តៅ ក្នុងការធ្វើសេចក្តីព្យាយាម ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះចុះ។

ចប់ សូត្រ ទី៨។

(នាគ)សូត្រ ទី៩

(៩. នាគសុត្តំ)

[៣៤៥] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ ក៏ក្នុងសម័យនោះឯង មានភិក្ខុបួសថ្មីមួយរូប ចូលទៅរកត្រកូលហួសវេលា។ ភិក្ខុទាំងឡាយ និយាយនឹងភិក្ខុនោះ យ៉ាងនេះថា លោកមានអាយុ កុំចូលទៅរកត្រកូលហួសវេលាឡើយ។ ភិក្ខុនោះ កាលបើពួកភិក្ខុនិយាយប្រាប់ ក៏បែរជាពោលយ៉ាងនេះថា អម្បាលយ៉ាងពួកភិក្ខុជាថេរៈទាំងនេះ ម្តេចគង់សំគាល់នូវត្រកូល ថាគួរចូលទៅរកបាន នឹងបាច់និយាយថ្វីត្រឹមខ្ញុំករុណា។ គ្រានោះឯង ភិក្ខុច្រើនរូប ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះភិក្ខុទាំងនោះ អង្គុយក្នុងទីដ៏សមគួរហើយ បានក្រាបទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ក្នុងទីឯណោះ មានភិក្ខុបួសថ្មីមួយរូប ចូលទៅរកត្រកូលហួសវេលា ពួកភិក្ខុបាននិយាយនឹងភិក្ខុនោះ យ៉ាងនេះថា លោកដ៏មានអាយុ កុំចូលទៅរកត្រកូលហួសវេលាឡើយ ភិក្ខុនោះ កាលបើពួកភិក្ខុនិយាយប្រាប់ ក៏បែរជានិយាយយ៉ាងនេះថា អម្បាលយ៉ាងពួកភិក្ខុជាថេរៈទាំងនេះ ម្តេចគង់សំគាល់នូវត្រកូល ថាគួរចូលទៅរកបាន នឹងបាច់ពោលទៅថ្វីត្រឹមខ្ញុំករុណា។

[៣៤៦] ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ កាលពីព្រេងនាយមក មានស្រះធំមួយ ក្នុងព្រៃរំលោង ដំរីទាំងឡាយ តែងអាស្រ័យនៅនឹងស្រះធំនោះ។ ដំរីទាំងនោះ ចុះទៅកាន់ស្រះនោះ ដកយកក្រអៅឈូក និងមើមឈូក ដោយប្រមោយ ហើយរលាស់ឲ្យស្អាតល្អ លាងឲ្យជ្រះភក់ ហើយទើបបរិភោគ ឯសរីរៈនោះ របស់ដំរីទាំងនោះ ក៏មានសម្បុរល្អផង មានកម្លាំងផង ដំរីទាំងនោះ ក៏មិនដល់នូវមរណៈ ឬមិនដល់នូវទុក្ខស្ទើរនឹងមរណៈ ព្រោះអាហារនោះជាហេតុឡើយ។ ម្នាលភិក្ខុទាំងឡាយ មានពួកកូនដំរីក្មេង សិក្សាតាមដំរីធំៗទាំងនោះឯង ក៏នាំគ្នាចុះទៅកាន់ស្រះនោះ ដកយកក្រអៅឈូក និងមើមឈូក ដោយប្រមោយ មិនបានរលាស់ឲ្យស្អាតល្អ មិនបានលាងនូវក្រអៅ និងមើម ដែលមានភក់ចេញ ក៏បរិភោគទៅ សរីរៈនោះ របស់កូនដំរីក្មេងទាំងនោះ ក៏មិនមានសម្បុរល្អ មិនមានកម្លាំង កូនដំរីក្មេងទាំងនោះ ក៏ដល់នូវមរណៈ ឬដល់នូវទុក្ខស្ទើរនឹងមរណៈ ព្រោះអាហារនោះជាហេតុ។

[៣៤៧] ម្នាលភិក្ខុទាំងឡាយ សេចក្តីនេះ មានឧបមេយ្យ ដូចពួកភិក្ខុជាថេរៈ ក្នុងសាសនានេះ ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ចូលទៅកាន់ស្រុក ឬនិគម ដើម្បីបិណ្ឌបាត ថេរៈទាំងនោះ សម្តែងធម៌ ក្នុងស្រុកនិគមនោះៗ មានពួកគ្រហស្ថគេជ្រះថ្លា ធ្វើនូវអាការជ្រះថ្លា ចំពោះថេរៈទាំងនោះ ថេរៈទាំងនោះ ក៏មិនបានជាប់ចំពាក់ មិនបានវង្វេង មិនបានជ្រុលជ្រប់ នឹងលាភនោះឡើយ ជាអ្នកឃើញទោស មានបញ្ញាសម្រាប់រើខ្លួន ទើបបរិភោគ សរីរៈនោះ របស់ថេរៈទាំងនោះ ក៏មានសម្បុរល្អផង មានកម្លាំងផង ថេរៈទាំងនោះ ក៏មិនដល់នូវមរណៈ ឬមិនដល់នូវទុក្ខស្ទើរនឹងមរណៈ ព្រោះលាភនោះជាហេតុឡើយ។ ម្នាលភិក្ខុទាំងឡាយ ចំណែកពួកភិក្ខុ ដែលសិក្សាតាមពួកភិក្ខុជាថេរៈនោះឯង ក៏ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ចូលទៅកាន់ស្រុក ឬនិគម ដើម្បីបិណ្ឌបាត ភិក្ខុទាំងនោះ ក៏សម្តែងធម៌ ក្នុងស្រុក ឬនិគមនោះៗ ពួកគ្រហស្ថ ក៏មានសេចក្តីជ្រះថ្លា ធ្វើអាការជ្រះថ្លា ចំពោះភិក្ខុទាំងនោះ ភិក្ខុទាំងនោះ ក៏ជាប់ចំពាក់ វង្វេង ជ្រុលជ្រប់ នឹងលាភនោះ ជាអ្នកមិនឃើញទោស មិនមានបញ្ញាសម្រាប់រើខ្លួន ហើយបរិភោគឡើយ សរីរៈនោះ របស់ភិក្ខុទាំងនោះ ក៏មិនមានសម្បុរល្អផង មិនមានកម្លាំងផង ភិក្ខុទាំងនោះ តែងដល់នូវមរណៈ ឬដល់នូវទុក្ខស្ទើរនឹងមរណៈ ព្រោះលាភនោះជាហេតុ។ ម្នាលភិក្ខុទាំងឡាយ ហេតុដូច្នោះ ក្នុងសាសនានេះ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះថា យើងទាំងឡាយ ជាអ្នកមិនជាប់ចំពាក់ មិនវង្វេង មិនជ្រុលជ្រប់ (នឹងលាភ) ឡើយ ត្រូវជាអ្នកឃើញទោស ទាំងមានបញ្ញា សម្រាប់រើខ្លួនហើយទើបបរិភោគ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះចុះ។

ចប់ សូត្រ ទី៩។

(ពិឡារ)សូត្រ ទី១០

(១០. ពិឡារសុត្តំ)

[៣៤៨] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី… ក៏ក្នុងសម័យនោះឯង មានភិក្ខុមួយរូប ត្រាច់ទៅក្នុងត្រកូលហួសវេលា។ ពួកភិក្ខុ បាននិយាយនឹងភិក្ខុនោះ យ៉ាងនេះថា លោកមានអាយុ កុំត្រាច់ទៅក្នុងត្រកូលហួសវេលាឡើយ។ ភិក្ខុនោះ កាលបើពួកភិក្ខុនិយាយប្រាប់ ក៏មិនត្រេកអរ។ គ្រានោះឯង ពួកភិក្ខុច្រើនរូប ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះភិក្ខុទាំងនោះ អង្គុយក្នុងទីដ៏សមគួរហើយ បានក្រាបទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ក្នុងទីឯណោះ ភិក្ខុមួយរូប ត្រាច់ទៅក្នុងត្រកូលហួសវេលា ពួកភិក្ខុបាននិយាយនឹងភិក្ខុនោះ យ៉ាងនេះថា លោកមានអាយុ កុំត្រាច់ទៅក្នុងត្រកូលហួសវេលាឡើយ ដូច្នេះ ភិក្ខុនោះ កាលបើពួកភិក្ខុនិយាយប្រាប់ ក៏មិនត្រេកអរ។

[៣៤៩] ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ កាលពីព្រេងនាយមក មានឆ្មាមួយ ឈរនៅក្បែរគំនរសម្រាម មានអាចម៍គោ ត្រង់ទី-តនៃផ្ទះ ឃ្លាំចាំមើលកូនកណ្តុរ ហើយគិតថា កូនកណ្តុរនេះ នឹងចេញទៅរកចំណីក្នុងទីណា អាត្មាអញ នឹងចាប់វា ទំពាស៊ី ក្នុងទីនោះឯង។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង កូនកណ្តុរ ក៏ចេញទៅរកចំណី។ ឆ្មាក៏ចាប់កណ្តុរនោះខាំសាច់លេប (ទាំងរស់) យ៉ាងរហ័ស។ កូនកណ្តុរនោះ ក៏ខាំស៊ីនូវពោះវៀនធំផង ខាំស៊ីនូវពោះវៀនតូចផង របស់ឆ្មានោះ។ ឆ្មានោះ ក៏ដល់នូវមរណៈ ឬដល់នូវទុក្ខ ស្ទើរនឹងមរណៈ ព្រោះអាហារនោះជាហេតុ។

[៣៥០] ម្នាលភិក្ខុទាំងឡាយ សេចក្តីនេះ មានឧបមេយ្យ ដូចភិក្ខុពួកខ្លះ ក្នុងសាសនានេះ ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ចូលទៅកាន់ស្រុក ឬនិគម ដើម្បីបិណ្ឌបាត មានកាយមិនបានរក្សា មានវាចាមិនបានរក្សា មានចិត្តមិនបានរក្សា មានសតិមិនបានតម្កល់មាំ មានឥន្ទ្រិយមិនបានសង្រួម បានឃើញមាតុគ្រាម ក្នុងស្រុក ឬនិគមនោះ ស្លៀកសំពត់មិនស្រួល ដណ្តប់សំពត់មិនស្រួល លុះឃើញមាតុគ្រាម ស្លៀកសំពត់មិនស្រួល ដណ្តប់សំពត់មិនស្រួលហើយ រាគៈ ក៏កំចាត់ចិត្តរបស់ភិក្ខុនោះ លុះភិក្ខុនោះ មានចិត្តដែលរាគៈកំចាត់ហើយ ក៏ដល់នូវមរណៈ ឬដល់នូវទុក្ខស្ទើរនឹងមរណៈ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុណា ពោលលាសិក្ខា ត្រឡប់ទៅកាន់ភេទថោកទាប ភិក្ខុនោះ ឈ្មោះថា ដល់នូវមរណៈនោះ ក្នុងវិន័យរបស់ព្រះអរិយៈ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុត្រូវអាបត្តិ ជាគ្រឿងសៅហ្មងណានីមួយ បានចេញចាកអាបត្តិ តាមសភាពដ៏សមគួរ នេះឈ្មោះថា ដល់នូវទុក្ខស្ទើរនឹងមរណៈ។ ម្នាលភិក្ខុទាំងឡាយ ហេតុដូច្នោះ ក្នុងសាសនានេះ អ្នកទាំងឡាយ គប្បីសិក្សា យ៉ាងនេះថា យើងទាំងឡាយ ត្រូវជាអ្នករក្សាកាយ រក្សាវាចា រក្សាចិត្ត តម្កល់សតិឲ្យមាំ សង្រួមឥន្ទ្រិយ សិមចូលទៅកាន់ស្រុក ឬនិគម ដើម្បីបិណ្ឌបាត ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះចុះ។

ចប់ សូត្រ ទី១០។

(សិង្គាល)សូត្រ ទី១១

(១១. សិង្គាលសុត្តំ)

[៣៥១] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី… ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ បានឮរឿងនៃសត្វចចក កាលដែលនៅក្នុងបច្ចូសសម័យនៃរាត្រីដែរឬ។ ព្រះករុណា ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ ចចកចាស់នោះឯង កើតរោគអង្គែរ។ ចចកចាស់នោះ ប្រាថ្នានឹងដើរទៅក្នុងទីណាៗ ក៏ដើរទៅក្នុងទីនោះៗបាន ប្រាថ្នានឹងឈរក្នុងទីណាៗ ក៏ឈរក្នុងទីនោះៗបាន ប្រាថ្នានឹងអង្គុយក្នុងទីណាៗ ក៏អង្គុយក្នុងទីនោះៗបាន ប្រាថ្នានឹងដេកក្នុងទីណាៗ ក៏ដេកក្នុងទីនោះៗបាន។ ឯខ្យល់ដ៏ត្រជាក់ ក៏ចេះតែបក់មកត្រូវចចកចាស់នោះ។

[៣៥២] ម្នាលភិក្ខុទាំងឡាយ ប្រពៃណាស់ ត្រង់ដែលភិក្ខុពួកខ្លះ ក្នុងសាសនានេះ បានប្តេជ្ញាខ្លួនជាសក្យបុត្រ ហើយត្រឡប់មកទទួល នូវការបានអត្តភាពបែបនេះឯង ម្នាលភិក្ខុទាំងឡាយ ហេតុដូច្នោះ ក្នុងសាសនានេះ អ្នកទាំងឡាយ គប្បីសិក្សា យ៉ាងនេះថា យើងទាំងឡាយ ជាអ្នកមិនប្រមាទ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះចុះ។

ចប់ សូត្រ ទី១១។

(ទុតិយសិង្គាល)សូត្រ ទី១២

(១២. ទុតិយសិង្គាលសុត្តំ)

[៣៥៣] ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងក្រុងសាវត្ថី… ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ បានឮរឿងនៃសត្វចចក កាលដែលនៅក្នុងបច្ចូសសម័យនៃរាត្រីដែរឬ។ ព្រះករុណា ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ ចចកចាស់ ចួនកាល ក៏មានកតញ្ញុកតវេទិតាធម៌ខ្លះដែរ ឯបុគ្គលពួកខ្លះ ក្នុងសាសនានេះ ដែលប្តេជ្ញាខ្លួនជាសក្យបុត្រ បែរជាមិនមានកតញ្ញុកតវេទិតាធម៌ខ្លះទៅវិញក៏មាន។ ម្នាលភិក្ខុទាំងឡាយ ហេតុដូច្នោះ ក្នុងសាសនានេះ អ្នកទាំងឡាយ គប្បីសិក្សា យ៉ាងនេះថា យើងទាំងឡាយ ជាអ្នកមានសេចក្តីកតញ្ញូ កតវេទី ឧបការៈ សូម្បីមានប្រមាណតិច ដែលគេធ្វើចំពោះយើងទាំងឡាយ នឹងមិនវិនាសបាត់បង់ឡើយ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះចុះ។

ចប់សូត្រទី១២។

ចប់ ឱបម្មសំយុត្តទី

ឧទ្ទាននៃឱបម្មសំយុត្តនោះ គឺ

និយាយអំពីកំពូលផ្ទះ១ ចុងនៃក្រចក១ ត្រកូល១ ខ្ទះ១ លំពែង១ ខ្មាន់ធ្នូ១ រាងសំភោរ១ អង្កត់ឧស១ ដំរី១ ឆ្មា១ សត្វចចកពីរលើក។

ភិក្ខុសំយុត្ត ទី១០

(១០. ភិក្ខុសំយុត្តំ)

(កោលិត)សូត្រ ទី១

(១. កោលិតសុត្តំ)

[៣៥៤] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ ក្នុងទីនោះឯង ព្រះមហាមោគ្គល្លានមានអាយុ ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុមានអាយុទាំងឡាយ។ ភិក្ខុទាំងឡាយ ទទួលពាក្យព្រះមហាមោគ្គល្លាន មានអាយុថា ករុណា លោកមានអាយុ។

[៣៥៥] ព្រះមហាមោគ្គល្លានមានអាយុ បានពោលពាក្យដូច្នេះថា ម្នាលអាវុសោ ក្នុងទីឯណោះ ខ្ញុំនៅក្នុងទីដ៏ស្ងាត់ សម្ងំនៅតែម្នាក់ឯង ក៏មានបរិវិតក្កៈក្នុងចិត្តកើតឡើង យ៉ាងនេះថា ពាក្យដែលគេពោលថា សភាពស្ងៀមដ៏ប្រសើរ សភាពស្ងៀមដ៏ប្រសើរ ដូច្នេះ តើសភាពស្ងៀមដ៏ប្រសើរ ដូចម្តេចទៅ។ ម្នាលអាវុសោ ខ្ញុំនោះមានសេចក្តីត្រិះរិះ យ៉ាងនេះថា ភិក្ខុក្នុងសាសនានេះ រម្ងាប់វិតក្កៈ វិចារៈហើយ ដល់នូវទុតិយជ្ឈាន ដែលមានក្នុងខ្លួន ប្រកបដោយសេចក្តីជ្រះថ្លា មានសភាពនៃចិត្តខ្ពស់ឯក មិនមានវិតក្កៈ មិនមានវិចារៈ មានតែបីតិ និងសុខៈ ដែលកើតមកអំពីសមាធិ នេះលោកពោលថា សភាពស្ងៀមដ៏ប្រសើរ។ ម្នាលអាវុសោ ខ្ញុំនោះ ក៏រម្ងាប់វិតក្កៈ វិចារៈ ចូលកាន់ទុតិយជ្ឈាន ដែលមានក្នុងខ្លួន ជាទីជ្រះថ្លា មានសភាពនៃចិត្តខ្ពស់ឯក មិនមានវិតក្កៈ មិនមានវិចារៈ មានតែបីតិ និងសុខៈ ដែលកើតមកអំពីសមាធិ។ ម្នាលអាវុសោ កាលខ្ញុំនោះ កំពុងសម្រេចសម្រាន្តនៅ ដោយវិហារធម៌នេះ ក៏មានសញ្ញា និងមនសិការៈ ដែលមានវិតក្កៈជាអារម្មណ៍ តាំងឡើងទៀត។ ម្នាលអាវុសោ គ្រានោះឯង ព្រះមានព្រះភាគ ស្តេចចូលទៅរកខ្ញុំ ដោយឫទ្ធិ ហើយបានត្រាស់ដូច្នេះថា ម្នាលមោគ្គល្លាន ម្នាលមោគ្គល្លាន ម្នាលព្រាហ្មណ៍ អ្នកកុំប្រមាទ នូវសភាពស្ងៀមដ៏ប្រសើរឡើយ ចូរតម្កល់ចិត្ត ក្នុងសភាពស្ងៀមដ៏ប្រសើរ ចូរធ្វើចិត្តឲ្យជាធម្មជាតខ្ពស់ឯក ក្នុងសភាពស្ងៀមដ៏ប្រសើរ ចូរតម្កល់ចិត្តស្មើ ក្នុងសភាពស្ងៀមដ៏ប្រសើរចុះ។ ម្នាលអាវុសោ សម័យក្រោយមក ខ្ញុំនោះ ក៏រម្ងាប់វិតក្កៈ វិចារៈរួចហើយ ចូលកាន់ទុតិយជ្ឈាន ដែលមានក្នុងខ្លួន ជាទីជ្រះថ្លា មានសភាពនៃចិត្តខ្ពស់ឯក មិនមានវិតក្កៈ មិនមានវិចារៈ មានតែបីតិ និងសុខៈ ដែលកើតមកអំពីសមាធិ។ ម្នាលអាវុសោ បុគ្គល កាលពោលដោយប្រពៃ គប្បីពោលនូវបុគ្គលណាថា ព្រះសាស្តា ទ្រង់អនុគ្រោះសាវ័ក ដែលដល់នូវអភិញ្ញាធំ គឺអភិញ្ញា៦។ បុគ្គល កាលពោលដោយប្រពៃ គប្បីពោលនូវបុគ្គលនោះថា ព្រះសាស្តា អនុគ្រោះសាវ័ក ដែលបានអភិញ្ញាធំ គឺអភិញ្ញា៦ ដូច្នេះ គឺពោលចំពោះខ្ញុំហ្នឹងឯង។

ចប់ សូត្រ ទី១។

(ឧបតិស្ស)សូត្រ ទី២

(២. ឧបតិស្សសុត្តំ)

[៣៥៦] សាវត្ថីនិទាន។ ក្នុងទីនោះឯង ព្រះសារីបុត្តមានអាយុ ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុមានអាយុទាំងឡាយ។ ភិក្ខុទាំងនោះ ទទួលពាក្យព្រះសារីបុត្តមានអាយុថា ករុណា អាវុសោ។

[៣៥៧] ព្រះសារីបុត្តមានអាយុ បានពោលពាក្យដូច្នេះថា ម្នាលអាវុសោ ក្នុងទីឯណោះ ខ្ញុំបាននៅក្នុងទីដ៏ស្ងាត់ សម្ងំនៅ ក៏មានបរិវិតក្កៈ កើតឡើងក្នុងចិត្ត យ៉ាងនេះថា សេចក្តីសោក ខ្សឹកខ្សួល លំបាកកាយ លំបាកចិត្ត ការចង្អៀតចង្អល់ចិត្ត គប្បីកើតឡើង ដល់អាត្មាអញ ព្រោះការប្រែប្រួល និងការផ្លាស់ប្តូរ នៃសត្វនិងសង្ខារណា សត្វនិងសង្ខារនោះ មានតិចតួចក្នុងលោកខ្លះដែរឬ។ ម្នាលអាវុសោ ខ្ញុំនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា សេចក្តីសោក ខ្សឹកខ្សួល លំបាកកាយ លំបាកចិត្ត ការចង្អៀតចង្អល់ចិត្ត មិនគប្បីកើតឡើង ដល់អាត្មាអញ ព្រោះការប្រែប្រួល និងការផ្លាស់ប្តូរ នៃសត្វនិងសង្ខារណា សត្វនិងសង្ខារនោះ មិនមានតិចតួចក្នុងលោកសោះឡើយ។

[៣៥៨] កាលព្រះសារីបុត្តពោលយ៉ាងនេះហើយ ព្រះអានន្ទមានអាយុ ក៏បាននិយាយនឹងព្រះសារីបុត្តមានអាយុ យ៉ាងនេះថា ម្នាលសារីបុត្តមានអាយុ សេចក្តីសោក ខ្សឹកខ្សួល លំបាកកាយ លំបាកចិត្ត ការចង្អៀតចង្អល់ចិត្ត មិនកើតដល់លោក ព្រោះការប្រែប្រួល និងការផ្លាស់ប្តូរនៃព្រះសាស្តាដែរឬ។ ម្នាលអាវុសោ សេចក្តីសោក ខ្សឹកខ្សួល លំបាកកាយ លំបាកចិត្ត ការចង្អៀតចង្អល់ចិត្ត មិនកើតឡើងដល់ខ្ញុំ ព្រោះការប្រែប្រួល និងការផ្លាស់ប្តូរ នៃព្រះសាស្តាទេ តែថា ខ្ញុំមានសេចក្តីត្រិះរិះ យ៉ាងនេះថា អើហ្ន៎ ព្រះសាស្តា មានស័ក្តិធំ មានឫទ្ធិច្រើន មានអានុភាពច្រើន បាត់បង់ទៅហើយ ប្រសិនបើជាព្រះមានព្រះភាគ ព្រះអង្គគប្បីគង់នៅអស់កាលជាអង្វែងទៅ ការគង់នៅរបស់ព្រះអង្គនោះ ប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ដល់ជនច្រើន ដើម្បីសេចក្តីសុខ ដល់ជនច្រើន ដើម្បីអនុគ្រោះដល់សត្វលោក ដើម្បីសេចក្តីចម្រើន ដើម្បីគុណ ដើម្បីសេចក្តីសុខ ដល់ទេវតា និងមនុស្សទាំងឡាយ។ ព្រោះថា អហង្ការ (ទិដ្ឋិ) មមង្ការ (តណ្ហា) និងមានានុស័យ ព្រះសារីបុត្តមានអាយុ បានដកចេញស្រឡះ អស់កាលយូរហើយ ហេតុដូច្នោះ ទើបសេចក្តីសោក ខ្សឹកខ្សួល លំបាកកាយ លំបាកចិត្ត ការចង្អៀតចង្អល់ចិត្ត មិនកើតឡើង ដល់ព្រះសារីបុត្តមានអាយុ ព្រោះការប្រែប្រួល ការផ្លាស់ប្តូរ នៃព្រះសាស្តាឡើយ។

ចប់ សូត្រ ទី២។

(ឃដ)សូត្រ ទី៣

(៣. ឃដសុត្តំ)

[៣៥៩] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ ក៏ក្នុងសម័យនោះឯង ព្រះសារីបុត្តមានអាយុ និងព្រះមហាមោគ្គល្លានមានអាយុ គង់នៅក្នុងវិហារជាមួយគ្នា19) ក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ទៀបក្រុងរាជគ្រឹះ។ គ្រានោះឯង ព្រះសារីបុត្តមានអាយុ ចេញអំពីទីសម្ងំ ក្នុងសាយណ្ហសម័យ ហើយចូលទៅរកព្រះមហាមោគ្គល្លានមានអាយុ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះមហាមោគ្គល្លានមានអាយុ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររឭកហើយ ក៏អង្គុយក្នុងទីដ៏សមគួរ។

[៣៦០] លុះព្រះសារីបុត្តមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ក៏បានពោលនឹងព្រះមហាមោគ្គល្លានមានអាយុ ដូច្នេះថា ម្នាលអាវុសោមោគ្គល្លាន ឥន្ទ្រិយទាំងឡាយ របស់លោក ថ្លាម្ល៉េះ សម្បុរមុខ ក៏បរិសុទ្ធ ផូរផង់ ថ្ងៃនេះ មហាមោគ្គល្លានមានអាយុ នៅដោយធម៌ ជាគ្រឿងនៅល្អិតពេកណាស់។ ព្រះមហាមោគ្គល្លាន តបថា ម្នាលអាវុសោ ថ្ងៃនេះ ខ្ញុំនៅដោយធម៌ ជាគ្រឿងនៅគ្រោតគ្រាតពេកណាស់ តែថា ធម្មីកថា របស់ខ្ញុំមាន។ ចុះធម្មីកថា របស់ព្រះមហាមោគ្គល្លានមានអាយុ មានជាមួយនឹងបុគ្គលណា។ ម្នាលអាវុសោ ធម្មីកថារបស់ខ្ញុំ មានជាមួយនឹងព្រះមានព្រះភាគ។ ម្នាលអាវុសោ ឥឡូវនេះ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី ឆ្ងាយពេកណាស់ តើព្រះមហាមោគ្គល្លានមានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ ដោយឫទ្ធិឬ ៗក៏ព្រះមានព្រះភាគ ស្តេចចូលមករកព្រះមហាមោគ្គល្លានមានអាយុ ដោយឫទ្ធិវិញ។ ម្នាលអាវុសោ ខ្ញុំមិនបានចូលទៅគាល់ព្រះមានព្រះភាគ ដោយឫទ្ធិទេ ចំណែកព្រះមានព្រះភាគ ក៏ពុំបានមករកខ្ញុំដោយឫទ្ធិដែរ តែថា ព្រះមានព្រះភាគ ព្រះអង្គមានទិព្វចក្ខុ និងទិព្វសោតធាតុ ដ៏បរិសុទ្ធ កំណត់ត្រឹមណា ទិព្វចក្ខុ និងទិព្វសោតធាតុរបស់ខ្ញុំ ក៏បរិសុទ្ធ កំណត់ត្រឹមណោះដែរ ខ្ញុំមានទិព្វចក្ខុ និងទិព្វសោតធាតុ ដ៏បរិសុទ្ធ កំណត់ត្រឹមណា ទិព្វចក្ខុ និងទិព្វសោតធាតុ របស់ព្រះមានព្រះភាគ ក៏បរិសុទ្ធ កំណត់ត្រឹមណោះដែរ។ ចុះធម្មីកថា របស់ព្រះមហាមោគ្គល្លានមានអាយុ មានជាមួយនឹងព្រះមានព្រះភាគ ដោយប្រការដូចម្តេចទៅ។

[៣៦១] ម្នាលអាវុសោ ក្នុងទីឯណោះ ខ្ញុំបានក្រាបបង្គំទូលសួរព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចម្រើន ពាក្យដែលពោលថា (ភិក្ខុ) មានព្យាយាមប្រារព្ធហើយ មានព្យាយាមប្រារព្ធហើយ បពិត្រព្រះអង្គដ៏ចម្រើន ភិក្ខុមានព្យាយាមប្រារព្ធហើយ តើដោយហេតុដូចម្តេច។ ម្នាលអាវុសោ កាលខ្ញុំក្រាបបង្គំទូលសួរយ៉ាងនេះហើយ ព្រះមានព្រះភាគ បានត្រាស់នឹងខ្ញុំ ដូច្នេះថា ម្នាលមោគ្គល្លាន ភិក្ខុក្នុងសាសនានេះ មានព្យាយាមប្រារព្ធ ដោយតាំងចិត្តថា ស្បែកក្តី សរសៃក្តី ឆ្អឹងក្តី ចូរសល់នៅចុះ ឯសាច់ និងឈាមក្នុងសរីរៈ ចង់រីងស្ងួតទៅ ក៏តាមការណ៍ចុះ (បើអាត្មាអញ) មិនទាន់ដល់គុណជាត ដែលគេគប្បីដល់ ដោយកម្លាំងនៃបុរស ដោយព្យាយាមនៃបុរស ដោយការប្រឹងប្រែងនៃបុរសទេ ក៏មិនបញ្ឈប់សេចក្តីព្យាយាមឡើយ ម្នាលមោគ្គល្លាន យ៉ាងនេះឯង ឈ្មោះថា ភិក្ខុមានសេចក្តីព្យាយាមប្រារព្ធហើយ។ ម្នាលអាវុសោ ធម្មីកថា របស់ខ្ញុំ មានជាមួយនឹងព្រះមានព្រះភាគ យ៉ាងនេះឯង។

[៣៦២] ម្នាលអាវុសោ ដុំថ្មតូច លើកយកទៅដាក់ផ្ទឹម ក្នុងទីជិតនៃស្តេចភ្នំហិមពាន្ត យ៉ាងណា ខ្លួនយើង លើកយកទៅផ្ទឹមក្នុងទីជិត នៃព្រះមហាមោគ្គល្លានមានអាយុ ក៏យ៉ាងនោះដែរ ព្រោះថា ព្រះមហាមោគ្គល្លាន មានអាយុ មានឫទ្ធិច្រើន មានអានុភាពច្រើន ប្រាថ្នាឋិតនៅអស់មួយអាយុកប្បក៏បាន។

[៣៦៣] ម្នាលអាវុសោ ដុំអំបិលតូច គេបង់ទៅក្នុងឆ្នាំងអំបិលដ៏ធំ យ៉ាងណា ខ្លួនយើង លើកយកទៅផ្ទឹមនឹងព្រះសារីបុត្តមានអាយុ ក៏យ៉ាងនោះដែរ ដ្បិតថា ព្រះសារីបុត្តមានអាយុ ព្រះមានព្រះភាគ ទ្រង់ស្ងើច ទ្រង់ពណ៌នាគុណ ទ្រង់សរសើរ ដោយអនេកបរិយាយថា

ព្រះសារីបុត្ត (ប្រកប) ដោយបញ្ញា ដោយសីល ដោយការរម្ងាប់ ជាភិក្ខុដល់នូវត្រើយ ជាបុគ្គលប្រសើរមែនពិត។

មហានាគទាំងគូនោះ ស្មោះសរ រីករាយ នឹងសុភាសិតដែលលោកពោលល្អ ដល់គ្នានិងគ្នា ដោយប្រការដូច្នេះ។

ចប់ សូត្រ ទី៣។

(នវ)សូត្រ ទី៤

(៤. នវសុត្តំ)

[៣៦៤] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ ក្នុងសម័យនោះឯង ភិក្ខុថ្មីមួយរូប ត្រឡប់មកពីបិណ្ឌបាត ក្នុងវេលាខាងក្រោយភត្ត ក៏ចូលទៅកាន់វិហារ ជាអ្នកមិនមានសេចក្តីខ្វល់ខ្វាយ មានសភាពតោះតើយ មិនជួយធ្វើនូវការខ្វល់ខ្វាយ ដល់ភិក្ខុទាំងឡាយ ក្នុងសម័យដែលធ្វើចីវរឡើយ។ គ្រានោះឯង ពួកភិក្ខុច្រើនរូប ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។

[៣៦៥] លុះភិក្ខុទាំងនោះ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ក្នុងទីឯណោះ ភិក្ខុថ្មីមួយរូប ត្រឡប់មកពីបិណ្ឌបាត ក្នុងវេលាខាងក្រោយភត្ត ក៏ចូលទៅកាន់វិហារ ជាអ្នកមិនមានសេចក្តីខ្វល់ខ្វាយ មានសភាពតោះតើយ មិនជួយធ្វើការខ្វល់ខ្វាយ ដល់ភិក្ខុទាំងឡាយ ក្នុងសម័យដែលធ្វើចីវរឡើយ។ គ្រានោះឯង ព្រះមានព្រះភាគ ត្រាស់ហៅភិក្ខុមួយរូបទៀតថា ម្នាលភិក្ខុ អ្នកចូរមក អ្នកចូរទៅហៅភិក្ខុនោះ តាមពាក្យតថាគតថា ម្នាលអាវុសោ ព្រះសាស្តាត្រាស់ហៅអ្នក។ ភិក្ខុនោះ ទទួលព្រះពុទ្ធដីកាព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ ហើយចូលទៅរកភិក្ខុនោះ លុះចូលទៅដល់ហើយ បាននិយាយប្រាប់ភិក្ខុនោះ ដូច្នេះថា ម្នាលអាវុសោ ព្រះសាស្តាត្រាស់ហៅអ្នក។ ភិក្ខុនោះ ទទួលពាក្យភិក្ខុនោះថា ករុណា អាវុសោ ហើយចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះភិក្ខុនោះ អង្គុយក្នុងទីសមគួរហើយ ទើបព្រះមានព្រះភាគ ត្រាស់សួរដូច្នេះថា ម្នាលភិក្ខុ ឮថា អ្នកត្រឡប់មកពីបិណ្ឌបាត ក្នុងវេលាខាងក្រោយភត្ត ក៏ចូលទៅកាន់វិហារ ជាអ្នកមិនមានសេចក្តីខ្វល់ខ្វាយ មានសភាពតោះតើយ មិនជួយធ្វើនូវការខ្វល់ខ្វាយ ដល់ភិក្ខុទាំងឡាយ ក្នុងសម័យដែលធ្វើចីវរ ពិតឬ។ បពិត្រព្រះអង្គដ៏ចម្រើន ព្រោះខ្ញុំព្រះអង្គ កំពុងជាប់ធ្វើកិច្ចរបស់ខ្ញុំព្រះអង្គដែរ។

[៣៦៦] គ្រានោះឯង ព្រះមានព្រះភាគ ជ្រាបនូវបរិវិតក្ក ក្នុងចិត្តរបស់ភិក្ខុនោះ ដោយព្រះហឫទ័យព្រះអង្គ ហើយត្រាស់ហៅពួកភិក្ខុមកថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ កុំពោលទោសភិក្ខុនុ៎ះឡើយ ម្នាលភិក្ខុទាំងឡាយ ដ្បិតភិក្ខុនោះ ជាអ្នកបានដូចសេចក្តីប្រាថ្នា បានដោយមិនលំបាក បានដោយមិនខុសកាលវេលា នូវឈានទាំង៤ អាស្រ័យនឹងចិត្តដ៏ឧត្តម ជាគ្រឿងនៅជាសុខក្នុងបច្ចុប្បន្ន កុលបុត្តទាំងឡាយ ចេញចាកផ្ទះ ចូលមកកាន់ផ្នួសដោយប្រពៃ ដើម្បីប្រយោជន៍ ដល់អនុត្តរធម៌ណា ក៏បានធ្វើឲ្យជាក់ច្បាស់ បានសម្រេចដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន នូវអនុត្តរធម៌នោះ ជាទីបំផុតនៃព្រហ្មចរិយៈ។

[៣៦៧] ព្រះមានព្រះភាគ បានត្រាស់ព្រះពុទ្ធដីកានេះ លុះព្រះសុគត ជាសាស្តា ត្រាស់ព្រះពុទ្ធដីកានេះរួចហើយ ទើបទ្រង់ត្រាស់ព្រះពុទ្ធដីកានេះ តទៅទៀតថា

បុគ្គលប្រារព្ធព្យាយាមដ៏ធូរថយ មិនបានដល់ព្រះនិព្វាននេះ ដែលជាទីញុំាងសត្វ ឲ្យរួចចាកគន្ថៈ គឺកិលេសទាំងពួងទេ បុគ្គលមានកម្លាំងព្យាយាមតិច ក៏មិនបានដល់ព្រះនិព្វាននេះ ដែលជាទីញុំាងសត្វឲ្យរួចចាកគន្ថៈ គឺកិលេសទាំងពួងដែរ ឯភិក្ខុនេះ ជាភិក្ខុកម្លោះ ភិក្ខុនេះ ជាបុរសដ៏ឧត្តម ទ្រទ្រង់នូវអត្តភាពជាទីបំផុត បានឈ្នះនូវមារ ព្រមទាំងពាហនៈ។

ចប់ សូត្រ ទី៤។

(សុជាត)សូត្រ ទី៥

(៥. សុជាតសុត្តំ)

[៣៦៨] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ព្រះសុជាតមានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ។

[៣៦៩] ព្រះមានព្រះភាគ បានទតឃើញ នូវព្រះសុជាតមានអាយុ កំពុងមកអំពីចម្ងាយ លុះទតឃើញហើយ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ កុលបុត្រនេះ ល្អដោយហេតុពីរយ៉ាងគឺ កុលបុត្តមានរូបល្អ គួរឲ្យពិតពិលរមិលមើល ជាទីជ្រះថ្លា ប្រកបដោយសម្បុរល្អក្រៃលែង១ ពួកកុលបុត្តចេញចាកផ្ទះ ចូលមកកាន់ផ្នួស ដោយប្រពៃ ដើម្បីប្រយោជន៍ដល់អនុត្តរធម៌ណា ក៏បានធ្វើឲ្យជាក់ច្បាស់ បានសម្រេចដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន នូវអនុត្តរធម៌នោះ ដែលជាទីបំផុតនៃព្រហ្មចរិយៈ១។

[៣៧០] ព្រះមានព្រះភាគ បានត្រាស់ព្រះពុទ្ធដីកានេះ។បេ។ ព្រះសាស្តាត្រាស់ថា

ភិក្ខុនេះមានចិត្តត្រង់ ប្រាសចាកកិលេសហើយ មិនប្រកប (ដោយកិលេស) មានទុក្ខរលត់ហើយ ព្រោះមិនបានប្រកាន់ ទើបឈ្មោះថាល្អពិត ទ្រទ្រង់នូវអត្តភាពជាទីបំផុត បានឈ្នះនូវមារ ព្រមទាំងពាហនៈហើយ។

ចប់ សូត្រ ទី៥។

(លកុណ្ឌកភទ្ទិយ)សូត្រ ទី៦

(៦. លកុណ្ឌកភទ្ទិយសុត្តំ)

[៣៧១] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ព្រះលកុណ្តកភទ្ទិយៈ មានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ។

[៣៧២] ព្រះមានព្រះភាគ ទ្រង់ទតឃើញ ព្រះលកុណ្តកភទ្ទិយៈ មានអាយុ កំពុងមកអំពីចម្ងាយ លុះទតឃើញហើយ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ឃើញភិក្ខុដែលកំពុងមកនុ៎ះ មានសម្បុរអាក្រក់ លំបាកមើល តូចទាប មានរូបគួរឲ្យភិក្ខុទាំងឡាយមើលងាយ ដែរឬ។ ព្រះករុណា ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនុ៎ះមានឫទ្ធិច្រើន មានអានុភាពច្រើន សមាបត្តិណា ដែលភិក្ខុនោះមិនធ្លាប់ចូល សមាបត្តិនោះ បុគ្គលដទៃមិនបានដោយងាយឡើយ មួយទៀត ពួកកុលបុត្តចេញចាកផ្ទះ ចូលមកកាន់ផ្នួសដោយប្រពៃ ដើម្បីប្រយោជន៍ដល់អនុត្តរធម៌ណា ភិក្ខុនោះក៏បានត្រាស់ដឹង ធ្វើឲ្យជាក់ច្បាស់ បានសម្រេចដោយខ្លួនឯង ក្នុងបច្ចុប្បន្ន នូវអនុត្តរធម៌នោះ ដែលជាទីបំផុតនៃព្រហ្មចរិយៈ។

[៣៧៣] ព្រះមានព្រះភាគ បានត្រាស់ព្រះពុទ្ធដីកានេះ។បេ។ ព្រះសាស្តា ត្រាស់ថា

ពួកហង្ស ក្រៀល ក្ងោក ដំរី ម្រឹគក្តាន់ សត្វទាំងអស់នោះ រមែងខ្លាចរាជសីហ៍ តែនឹងយករាងកាយទៅប្រៀបធៀបគ្នា មិនបានឡើយ មានឧបមាយ៉ាងណា មានឧបមេយ្យដូចយ៉ាងបណ្តាមនុស្សទាំងឡាយ ទោះបីមនុស្សកម្លោះ ប៉ុន្តែមានប្រាជ្ញា គេរមែងបានជាធំ ក្នុងពួកមនុស្សនោះ ឯមនុស្សពាលមានតែសរីរៈ មិនបានជាធំ ក្នុងពួកមនុស្សទេ។

ចប់ សូត្រ ទី៦។

(វិសាខ)សូត្រ ទី៧

(៧. វិសាខសុត្តំ)

[៣៧៤] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងកូដាគារសាលា នាមហាវ័ន ទៀបក្រុងវេសាលី។ ក៏ក្នុងសម័យនោះឯង ព្រះវិសាខៈមានអាយុ ជាបុត្តនៃអ្នកស្រុកបញ្ចាល បានញុំាងពួកភិក្ខុក្នុងឧបដ្ឋានសាលា ឲ្យឃើញច្បាស់ ឲ្យកាន់យកតាម ឲ្យអាចហាន ឲ្យរីករាយ ដោយធម្មីកថា ដោយសំដីអ្នកបុរីដ៏ល្អ ជាសំដីឥតមានទោស ជាសំដីញុំាងជនដទៃឲ្យដឹងច្បាស់ នូវប្រយោជន៍ រាប់ចូលក្នុងសច្ចៈ មិនអាស្រ័យនូវវដ្តៈឡើយ។

[៣៧៥] គ្រានោះឯង ព្រះមានព្រះភាគ ចេញអំពីផលសមាបត្តិ ក្នុងសាយណ្ហសម័យ ស្តេចចូលទៅឯឧបដ្ឋានសាលា លុះចូលទៅដល់ហើយ ក៏គង់លើអាសនៈដែលគេក្រាលថ្វាយ។ លុះព្រះមានព្រះភាគ ទ្រង់គង់ហើយ ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ អ្នកណាហ្ន៎ អាចញុំាងពួកភិក្ខុក្នុងឧបដ្ឋានសាលា ឲ្យឃើញច្បាស់ ឲ្យកាន់យកតាម ឲ្យអាចហាន ឲ្យរីករាយ ដោយធម្មីកថា ដោយសំដីអ្នកបុរីដ៏ល្អ ជាសំដីឥតមានទោស ជាសំដីញុំាងជនដទៃឲ្យដឹងច្បាស់ នូវប្រយោជន៍ រាប់ចូលក្នុងសច្ចៈ មិនអាស្រ័យនូវវដ្តៈបាន។ បពិត្រព្រះអង្គដ៏ចម្រើន វិសាខបញ្ចាលបុត្តមានអាយុ អាចញុំាងពួកភិក្ខុក្នុងឧបដ្ឋានសាលា ឲ្យឃើញច្បាស់ ឲ្យកាន់យកតាម ឲ្យអាចហាន ឲ្យរីករាយ ដោយធម្មីកថា ដោយសំដីអ្នកបុរីដ៏ល្អ ជាសំដីឥតមានទោស ជាសំដីញុំាងជនដទៃឲ្យដឹងច្បាស់ នូវប្រយោជន៍ រាប់ចូលក្នុងសច្ចៈ មិនអាស្រ័យនូវវដ្តៈ។ គ្រានោះឯង ព្រះមានព្រះភាគ ត្រាស់នឹងវិសាខបញ្ចាលបុត្តមានអាយុថា ប្រពៃហើយ ប្រពៃហើយ វិសាខៈ ម្នាលវិសាខៈ អ្នកអាចញុំាងពួកភិក្ខុ ឲ្យឃើញច្បាស់ ដោយធម្មីកថា។បេ។ ជាសំដីញុំាងជនដទៃ ឲ្យដឹងច្បាស់ នូវប្រយោជន៍ រាប់ចូលក្នុងសច្ចៈ មិនអាស្រ័យនូវវដ្តៈ ជាការប្រពៃណាស់ហើយ។

[៣៧៦] ព្រះមានព្រះភាគ បានត្រាស់ព្រះពុទ្ធដីកានេះ លុះព្រះសុគតជាសាស្តា បានត្រាស់ព្រះពុទ្ធដីកានេះហើយ ទើបទ្រង់ត្រាស់ព្រះពុទ្ធដីកានេះ តទៅទៀតថា

បណ្ឌិតនៅជាមួយនឹងពួកពាល កាលបើមិនទាន់និយាយ ពួកជនក៏មិនស្គាល់ លុះតែបណ្ឌិតនោះ ពោល ឬសម្តែងនូវឧបាយនៃព្រះនិព្វាន ទើបពួកជនស្គាល់បាន បុគ្គល គប្បីពោលបំភ្លឺ លើកតម្កើងនូវធម៌ ជាទង់ជ័យនៃឥសីទាំងឡាយ ពួកឥសីមានសុភាសិតជាទង់ជ័យ ដ្បិតព្រះធម៌ជាទង់ជ័យនៃពួកឥសី។

ចប់ សូត្រ ទី៧។

(នន្ទ)សូត្រ ទី៨

(៨. នន្ទសុត្តំ)

[៣៧៧] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ព្រះនន្ទមានអាយុ ជាបុត្រនៃព្រះមាតុច្ឆា (កូនម្តាយមីង) នៃព្រះមានព្រះភាគ គ្រងចីវរទាំងឡាយ ដែលដំទាំងសងខាង បន្តក់ភ្នែកហើយ កាន់យកបាត្រដ៏រលោង ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។

[៣៧៨] លុះព្រះនន្ទមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ទើបព្រះមានព្រះភាគ ត្រាស់ព្រះពុទ្ធដីកានេះថា ម្នាលនន្ទ ការណ៍ដែលអ្នកគ្រងចីវរទាំងឡាយ ដែលដំទាំងសងខាង បន្តក់ភ្នែក រួចប្រើប្រាស់បាត្រដ៏រលោងយ៉ាងនេះ មិនសមគួរដល់ខ្លួនអ្នក ដែលជាកុលបុត្តចេញចាកផ្ទះ មកកាន់ផ្នួសដោយសទ្ធាឡើយ ម្នាលនន្ទ លុះតែអ្នកប្រព្រឹត្តអារញ្ញិកធុតង្គ បិណ្ឌបាតិកធុតង្គ បង្សុកូលិកធុតង្គ ជាអ្នកមិនប្រាថ្នាក្នុងកាមទាំងឡាយ យ៉ាងនេះ ទើបសមគួរដល់ខ្លួនអ្នក ដែលជាកុលបុត្ត ចេញចាកផ្ទះមកកាន់ផ្នួសដោយសទ្ធា។

[៣៧៩] ព្រះមានព្រះភាគ បានត្រាស់ព្រះពុទ្ធដីកានេះ។បេ។ ព្រះសាស្តាត្រាស់ថា

អង្កាល់ទៅ ទើបតថាគតឃើញនន្ទ ថាជាអ្នកប្រព្រឹត្តអារញ្ញិកធុតង្គ បង្សុកូលិកធុតង្គ ញុំាងអត្តភាពឲ្យប្រព្រឹត្តទៅ ដោយភោជនដ៏លាយច្រឡំ ជាអ្នកមិនប្រាថ្នាក្នុងកាមទាំងឡាយ។

[៣៨០] សម័យខាងក្រោយមក ទើបព្រះនន្ទមានអាយុ ជាអ្នកប្រព្រឹត្តអារញ្ញិកធុតង្គ បិណ្ឌបាតិកធុតង្គ បង្សុកូលិកធុតង្គ មិនប្រាថ្នាក្នុងកាមទាំងឡាយ។

ចប់ សូត្រ ទី៨។

(តិស្ស)សូត្រ ទី៩

(៩. តិស្សសុត្តំ)

[៣៨១] ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ព្រះតិស្សៈមានអាយុ ជាបុត្តនៃព្រះបិតុច្ឆា (កូនម្តាយមីងខាងបិតា) នៃព្រះមានព្រះភាគ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ ក៏កើតទុក្ខទោមនស្ស យំសម្រក់ទឹកភ្នែកបណ្តើរ។

[៣៨២] គ្រានោះឯង ព្រះមានព្រះភាគ បានត្រាស់សួរព្រះតិស្សៈមានអាយុ ដូច្នេះថា ម្នាលតិស្សៈ ហេតុអ្វីបានជាអ្នកអង្គុយក្នុងទីដ៏សមគួរ កើតទុក្ខទោមនស្ស យំសម្រក់ទឹកភ្នែកដូច្នេះ។ ព្រះតិស្សៈ ក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន ដ្បិតភិក្ខុទាំងឡាយ ជុំវិញខ្ញុំព្រះអង្គ បានចាក់ដោតដោយជន្លួញ គឺសំដី។ ម្នាលតិស្សៈ តាមពិត អ្នកឯង ជាអ្នកស្តីថាឲ្យគេ គួរជាអ្នកចេះអត់ទ្រាំនឹងសំដីគេវិញ ម្នាលតិស្សៈ បើអ្នកឯងជាអ្នកស្តីថាឲ្យគេ តែមិនចេះអត់ទ្រាំនឹងសំដីគេវិញ ដោយហេតុណា ហេតុនោះ មិនសមគួរដល់ខ្លួនអ្នក ដែលជាកុលបុត្តចេញចាកផ្ទះ ចូលមកកាន់ផ្នួសដោយសទ្ធាឡើយ ម្នាលតិស្សៈ លុះតែអ្នកឯងជាអ្នកស្តីថាឲ្យគេ តែជាអ្នកចេះអត់ទ្រាំនឹងសំដីគេវិញ ដោយហេតុណា ហេតុនោះ ទើបសមគួរដល់ខ្លួនអ្នក ដែលជាកុលបុត្ត ចេញចាកផ្ទះ មកកាន់ផ្នួសដោយសទ្ធា។

[៣៨៣] ព្រះមានព្រះភាគ បានត្រាស់ព្រះពុទ្ធដីកានេះ លុះព្រះសុគត ជាសាស្តា ត្រាស់ព្រះពុទ្ធដីកានេះហើយ ទើបទ្រង់ត្រាស់ព្រះពុទ្ធដីកានេះ តទៅទៀតថា

ម្នាលតិស្សៈ អ្នកក្រោធថ្វី អ្នកកុំក្រោធ សេចក្តីមិនក្រោធ ជាធម៌ដ៏ប្រសើរ របស់អ្នកហើយ ម្នាលតិស្សៈ ដ្បិតថា បុគ្គល ប្រព្រឹត្តព្រហ្មចរិយៈ ដើម្បីតែកំចាត់បង់នូវក្រោធ នូវសេចក្តីប្រកាន់ និងសេចក្តីរំលុបគុណគេ។

ចប់ សូត្រ ទី៩។

(ថេរនាមក)សូត្រ ទី១០

(១០. ថេរនាមកសុត្តំ)

[៣៨៤] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ទៀបក្រុងរាជគ្រឹះ។ ក៏ក្នុងសម័យនោះឯង មានភិក្ខុមួយរូប បាននាមជាថេរៈ គង់នៅតែម្នាក់ឯងផង ពោលសរសើរចំពោះកិរិយានៅតែម្នាក់ឯងផង។ ភិក្ខុនោះ ចូលទៅកាន់ស្រុក ដើម្បីបិណ្ឌបាតតែម្នាក់ឯង ត្រឡប់មកវិញតែម្នាក់ឯង អង្គុយក្នុងទីស្ងាត់តែម្នាក់ឯង អធិដ្ឋានចង្ក្រមតែម្នាក់ឯង។ គ្រានោះឯង ភិក្ខុច្រើនរូប ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះភិក្ខុទាំងនោះ អង្គុយក្នុងទីដ៏សមគួរហើយ បានក្រាបទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ក្នុងទីឯណោះ ភិក្ខុមួយរូប បាននាមជាថេរៈ នៅតែម្នាក់ឯងផង ពោលសរសើរ ចំពោះកិរិយានៅតែម្នាក់ឯងផង។

[៣៨៥] គ្រានោះឯង ព្រះមានព្រះភាគ ត្រាស់ហៅភិក្ខុមួយរូបទៀត មកបង្គាប់ថា ម្នាលភិក្ខុ អ្នកចូរមក អ្នកចូរទៅហៅភិក្ខុជាថេរៈ តាមពាក្យតថាគតថា ម្នាលអាវុសោ ព្រះសាស្តា ត្រាស់ហៅអ្នកជាថេរៈ។ ភិក្ខុនោះ ទទួលព្រះពុទ្ធដីកាព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ ហើយចូលទៅរកព្រះថេរៈមានអាយុ លុះចូលទៅដល់ហើយ បានពោលពាក្យនេះ នឹងព្រះថេរៈមានអាយុថា ម្នាលអាវុសោ ព្រះសាស្តាត្រាស់ហៅអ្នកជាថេរៈ។ ព្រះថេរៈមានអាយុ ទទួលពាក្យភិក្ខុនោះថា អើ អាវុសោ ហើយចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។

[៣៨៦] លុះព្រះថេរៈមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ទើបព្រះមានព្រះភាគ ទ្រង់ត្រាស់សួរ ដូច្នេះថា ម្នាលថេរៈ ឮថា អ្នកនៅតែម្នាក់ឯងផង ពោលសរសើរចំពោះកិរិយានៅតែម្នាក់ឯងផង ពិតឬ។ ព្រះករុណា ព្រះអង្គ។ ម្នាលថេរៈ ចុះអ្នកនៅតែម្នាក់ឯងផង ពោលសរសើរ ចំពោះកិរិយានៅតែម្នាក់ឯងផង ដោយប្រការដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន ក្នុងទីនេះ ខ្ញុំព្រះអង្គ តែម្នាក់ឯង ចូលទៅកាន់ស្រុក ដើម្បីបិណ្ឌបាត ត្រឡប់មកវិញតែម្នាក់ឯង អង្គុយក្នុងទីស្ងាត់តែម្នាក់ឯង អធិដ្ឋានចង្ក្រមតែម្នាក់ឯង បពិត្រព្រះអង្គដ៏ចម្រើន យ៉ាងនេះឯង ខ្ញុំព្រះអង្គ ឈ្មោះថា នៅតែម្នាក់ឯងផង ពោលសរសើរចំពោះកិរិយានៅតែម្នាក់ឯងផង។

[៣៨៧] ម្នាលថេរៈ កិរិយានៅតែម្នាក់ឯងនុ៎ះ មានហើយ តថាគត មិនពោលថា មិនមានទេ ម្នាលថេរៈ ប៉ុន្តែ កិរិយានៅតែម្នាក់ឯង របស់អ្នកនោះ ឈ្មោះថា បរិបូណ៌ដោយពិស្តារក្រៃពេក ដោយប្រការណា អ្នកចូរស្តាប់នូវប្រការនោះ ចូរធ្វើទុកក្នុងចិត្តឲ្យប្រពៃចុះ តថាគត នឹងសម្តែង។ ព្រះករុណា ព្រះអង្គ។បេ។

[៣៨៨] ម្នាលថេរៈ ចុះកិរិយានៅតែម្នាក់ឯង ឈ្មោះថា បរិបូណ៌ដោយពិស្តារក្រៃពេក ដោយប្រការដូចម្តេច ម្នាលថេរៈ ក្នុងសាសនានេះ របស់ណាជាអតីត របស់នោះ គេលះបង់ហើយ របស់ណា ជាអនាគត របស់នោះ ក៏គេលះចោលហើយ ឆន្ទរាគ ក្នុងការបានចំពោះនូវអត្តភាព ជាបច្ចុប្បន្ន គេកំចាត់បង់ចេញល្អហើយ ម្នាលថេរៈ យ៉ាងនេះឯង ឈ្មោះថា កិរិយានៅម្នាក់ឯង បរិបូណ៌ដោយពិស្តារក្រៃពេក។

[៣៨៩] ព្រះមានព្រះភាគ បានត្រាស់ព្រះពុទ្ធដីកានេះ លុះព្រះសុគត ជាសាស្តា ត្រាស់ព្រះពុទ្ធដីកានេះហើយ ទើបទ្រង់ត្រាស់ព្រះពុទ្ធដីកានេះ តទៅទៀតថា

ជនណា អ្នកគ្របសង្កត់ធម៌ទាំងអស់ ដឹងនូវធម៌ទាំងអស់ មានប្រាជ្ញាល្អ មិនជាប់ចំពាក់ក្នុងពួកធម៌ទាំងអស់ លះបង់នូវធម៌ទាំងអស់ មានចិត្តចុះស៊ប់ក្នុងព្រះនិព្វាន ជាទីអស់ទៅនៃតណ្ហា ទើបតថាគត ហៅជននោះថា អ្នកនៅតែម្នាក់ឯង។

ចប់ សូត្រ ទី១០។

(មហាកប្បិន)សូត្រ ទី១១

(១១. មហាកប្បិនសុត្តំ)

[៣៩០] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ព្រះមហាកប្បិនមានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ។

[៣៩១] ព្រះមានព្រះភាគ បានទតឃើញព្រះមហាកប្បិនមានអាយុ កំពុងមកអំពីចម្ងាយ លុះទតឃើញហើយ ក៏ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ឃើញភិក្ខុនោះ កំពុងដើរមក មានសម្បុរស រាងតូចស្តើង មានច្រមុះកោង ឬទេ។ ព្រះករុណា ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះឯង មានឫទ្ធិច្រើន មានអានុភាពច្រើន សមាបត្តិណា ដែលភិក្ខុនោះមិនធ្លាប់ចូល សមាបត្តិនោះ បុគ្គលដទៃ មិនបានដោយងាយឡើយ មួយទៀត ពួកកុលបុត្ត ចេញចាកផ្ទះ ចូលមកកាន់ផ្នួសដោយប្រពៃ ដើម្បីប្រយោជន៍ ដល់អនុត្តរធម៌ណា ភិក្ខុនោះ ក៏បានត្រាស់ដឹង ធ្វើឲ្យជាក់ច្បាស់ បានដល់ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន នូវអនុត្តរធម៌នោះ ជាទីបំផុតនៃព្រហ្មចរិយៈ។

[៣៩២] ព្រះមានព្រះភាគ បានត្រាស់ព្រះពុទ្ធដីកានេះ លុះព្រះសុគត ជាសាស្តា ត្រាស់ព្រះពុទ្ធដីកានេះហើយ ទើបទ្រង់ត្រាស់ព្រះពុទ្ធដីកានេះ តទៅទៀតថា

ពួកជនណា ដែលចាំនូវគោត្របាន បណ្តាពួកជននោះ ក្សត្រប្រសើរវិសេសក្នុងពពួកសត្វ បុគ្គលណា បរិបូណ៌ដោយវិជ្ជា និងចរណៈ បុគ្គលនោះ ប្រសើរវិសេសក្នុងទេវតា និងមនុស្ស ព្រះអាទិត្យរុងរឿងក្នុងវេលាថ្ងៃ ព្រះចន្ទភ្លឺស្វាងក្នុងវេលារាត្រី ក្សត្រទ្រង់គ្រឿង ទើបរុងរឿង ខីណាសវព្រាហ្មណ៍ មានឈាន ទើបរុងរឿង ចំណែកខាងព្រះពុទ្ធ រុងរឿងដោយតេជះ ទាំងថ្ងៃទាំងយប់។

ចប់ សូត្រ ទី១១។

(សហាយក)សូត្រ ទី១២

(១២. សហាយកសុត្តំ)

[៣៩៣] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ភិក្ខុពីររូប ជាសំឡាញ់នឹងគ្នា ជាសទ្ធិវិហារិក របស់ព្រះមហាកប្បិនមានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ។

[៣៩៤] ព្រះមានព្រះភាគ បានទតឃើញភិក្ខុទាំងនោះ កំពុងមកអំពីចម្ងាយ លុះទតឃើញហើយ ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ឃើញភិក្ខុទាំងពីររូបនុ៎ះ ជាសំឡាញ់នឹងគ្នា កំពុងដើរមក ជាសទ្ធិវិហារិករបស់មហាកប្បិនឬទេ។ ព្រះករុណា ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងនុ៎ះឯង មានឫទ្ធិច្រើន មានអានុភាពច្រើន សមាបត្តិណា ដែលភិក្ខុទាំងនោះមិនធ្លាប់ចូល សមាបត្តិនោះ បុគ្គលដទៃ មិនបានដោយងាយឡើយ មួយទៀត ពួកកុលបុត្ត ដែលចេញចាកផ្ទះ ចូលមកកាន់ផ្នួសដោយប្រពៃ ដើម្បីប្រយោជន៍ ដល់អនុត្តរធម៌ណា ភិក្ខុទាំងនោះ ក៏បានត្រាស់ដឹង បានធ្វើឲ្យជាក់ច្បាស់ បានសម្រេចដោយខ្លួនឯង ក្នុងបច្ចុប្បន្ន នូវអនុត្តរធម៌នោះ ដែលជាទីបំផុតនៃព្រហ្មចរិយៈ។

[៣៩៥] ព្រះមានព្រះភាគ បានត្រាស់ព្រះពុទ្ធដីកានេះ លុះព្រះសុគត ជាសាស្តា ត្រាស់ព្រះពុទ្ធដីកានេះហើយ ទើបទ្រង់ត្រាស់ព្រះពុទ្ធដីកានេះ តទៅទៀតថា

ភិក្ខុទាំងនេះ ជាសំឡាញ់នឹងគ្នា ជាអ្នកមានលទ្ធិត្រូវគ្នា ជាយូរហើយ ទាំងព្រះសទ្ធម្ម របស់ភិក្ខុទាំងនោះ ក៏ត្រូវគ្នាក្នុងធម៌ ដែលព្រះពុទ្ធសម្តែងហើយ (ភិក្ខុទាំងនោះ) កប្បិនភិក្ខុ បានទូន្មានហើយ ក្នុងធម៌ដែលព្រះអរិយៈសម្តែងហើយ ភិក្ខុទាំងនោះ ទ្រទ្រង់នូវអត្តភាពជាទីបំផុត បានឈ្នះមារ ព្រមទាំងពាហនៈ។

ចប់សូត្រទី១២។

ចប់ ភិក្ខុសំយុត្ត ទី១០

ឧទ្ទាននៃភិក្ខុសំយុត្តនោះ គឺ

ពោលអំពីព្រះកោលិតៈ (មោគ្គល្លាន)១ ឧបតិស្សៈ (សារីបុត្ត)១ សេចក្តីប្រៀបដូចជាឆ្នាំង១ ភិក្ខុបួសថ្មី១ សុជាតត្ថេរ១ លកុណ្ឌកភទ្ទិយត្ថេរ១ វិសាខត្ថេរ១ នន្ទត្ថេរ១ តិស្សត្ថេរ១ ភិក្ខុនាមជាថេរៈ១ កប្បិនត្ថេរ១ ភិក្ខុពីររូបជាសំឡាញ់នឹងគ្នា១ រួមជា១២។

សំយុត្តនៃនិទានវគ្គ។

ឧទ្ទាននៃសំយុត្តនោះ គឺ

និទានសំយុត្ត១ អភិសមយសំយុត្ត១ ធាតុសំយុត្ត១ អនមតគ្គសំយុត្ត១ កស្សបសំយុត្ត១ សក្ការសំយុត្ត១ រាហុលសំយុត្ត១ លក្ខណសំយុត្ត១ ឱបម្មសំយុត្ត១ ភិក្ខុសំយុត្ត១ លោកសម្តែងដោយសំយុត្តនោះ (រួមជា១០)។

ចប់ និទានវគ្គសំយុត្ត។

ចប់ ភាគ៣២។

មាតិកា

លេខ ទំព័រ លេខ​សម្គាល់
សុត្តន្តបិដក sut
សំយុត្តនិកាយ sut.sn
និទានវគ្គ ចតុត្ថភាគ sut.sn.v2
ធាតុសំយុត្ត ? sut.sn.14
នានត្តវគ្គ ? sut.sn.14.v01
ធាតុមានសភាពផ្សេងៗ ?
ឧទ្ទាន ?
សត្តធាតុវគ្គ ? sut.sn.14.v02
អាភាធាតុ ជាដើម ?
ការកើតឡើងនៃកាមវិតក្កៈ ជាដើម ?
ការកើតឡើងនៃនេក្ខម្មវិតក្កៈ ជាដើម ?
ឧបមាដោយគប់ស្មៅ ?
អវិជ្ជាធាតុ ?
ការត្រូវគ្នាដោយធាតុ ?
ទ្រង់ត្រាស់នឹងភិក្ខុទាំងឡាយ ?
ពួកជនមានអធ្យាស្រ័យថោកទាប ជាដើម ?
ពួកជនមានអធ្យាស្រ័យល្អ ជាដើម ?
ពួកជនមិនមានសទ្ធា ជាដើម ?
ការត្រូវគ្នានៃជនមិនមានសទ្ធា ជាដើម ?
ការត្រូវគ្នានៃជនមិនខ្មាសបាប ជាដើម ?
ការត្រូវគ្នានៃជនមិនខ្លាចបាប ជាដើម ?
ការត្រូវគ្នានៃជនខ្ជិលច្រអូស ជាដើម ?
ទសកម្មបថវគ្គ ? sut.sn.14.v03
ការត្រូវគ្នានៃសត្វអ្នកសម្លាប់សត្វ ជាដើម ?
ការត្រូវគ្នានៃសត្វមានទិដ្ឋិខុសគ្នា ជាដើម ?
ឧទ្ទាន ?
ចតុទ្ធាតុវគ្គ ? sut.sn.14.v04
សេចក្តីត្រិះរិះរបស់ព្រះពោធិសត្វ ?
អានិសង្សនៃបឋវីធាតុ ជាដើម ?
កិរិយាមិនដឹងច្បាស់នូវធាតុទាំងបួន ជាដើម ?
ភាវៈនៃសេចក្តីសុខរបស់បឋវីធាតុ ?
កិរិយារលត់នៃបឋវីធាតុ ?
ការមិនដឹងច្បាស់នូវចតុទ្ធាតុ ?
ការមិនដឹងច្បាស់នូវបឋវីធាតុ ជាដើម ?
អនមតគ្គសំយុត្ត ? sut.sn.15
តិណកដ្ឋវគ្គ ? sut.sn.15.v01
ភាពនៃទឹកភ្នែកច្រើន ?
ការសួររកកប្ប ?
ឧបមាដោយគ្រាប់ស្ពៃ ?
កប្បមានចំនួនច្រើនណាស់ ?
ការដល់នូវសរណៈ ?
និគមវចនៈ ?
ឧទ្ទាន ?
ទុគ្គតវគ្គ ? sut.sn.15.v02
ពួកបាវេយ្យកភិក្ខុ ចូលគាល់ព្រះមានព្រះភាគ ?
ទ្រង់ប្រទាននូវសាធុការៈ ?
ភាពនៃបុគ្គលមិនធ្លាប់កើតជាបិតា ?
ទ្រង់ត្រាស់នឹងភិក្ខុទាំងឡាយ ?
និយាយអំពីរឿងព្រេង ?
ឈ្មោះនៃភ្នំវេបុល្ល ?
និគមវចនៈ ?
កស្សបសំយុត្ត ? sut.sn.16
បឋមសូត្រភាពនៃបុគ្គលអ្នកសន្តោស ?
ទុតិយសូត្រភាពនៃបុគ្គលមិនមានការដុតកំដៅកិលេស ?
ភាពនៃបុគ្គលមិនមានសេចក្តីខ្លាចបាប ?
ភាពនៃបុគ្គលមានសេចក្តីខ្លាចបាប ?
តតិយសូត្រ ភាពនៃភិក្ខុអ្នកចូលទៅកាន់ត្រកូល ?
ចតុត្ថសូត្រ ភាពនៃភិក្ខុអ្នកចូលទៅកាន់ត្រកូល ?
បញ្ចមសូត្រ ព្រះមហាកស្សប ចូលគាល់ព្រះមានព្រះភាគ ?
ការឃើញអំណាចប្រយោជន៍ ?
ឆដ្ឋសូត្រ ព្រះមហាកស្សប ចូលគាល់ព្រះមានព្រះភាគ ?
បុច្ឆារបស់ព្រះមានព្រះភាគ ?
ការទ្រង់ទទួលអត់ទោស ?
សត្តមសូត្រ ភាពនៃសេចក្តីសាបសូន្យ ?
ភាពនៃសេចក្តីមិនសាបសូន្យ ?
ភាពនៃសេចក្តីចម្រើន ?
អដ្ឋមសូត្រ សេចក្តីសរសើរគុណនៃការនៅក្នុងព្រៃ ជាដើម ?
សេចក្តីមិនសរសើរគុណនៃការនៅក្នុងព្រៃ ជាដើម ?
នវមសូត្រ បឋមជ្ឈាន ?
អាកាសានញ្ចាយតនជ្ឈាន ?
ឥទ្ធិវិធៈ ?
បុព្វេនិវាស ?
ទិព្វចក្ខុ ?
ទសមសូត្រ ពួកភិក្ខុនីចូលទៅរកព្រះមហាកស្សប ?
ឧបមាដោយឈ្មួញម្ជុល ?
ការសួរបញ្ជាក់របស់ព្រះមហាកស្សប ?
ឯកាទសមសូត្រ ប្រយោជន៍នៃការបញ្ញត្តិតិកភោជន ?
សេចក្តីមិនពេញចិត្តរបស់ថុល្លនន្ទាភិក្ខុនី ?
វាចារបស់ព្រះមហាកស្សប ?
ទ្វាទសមសូត្រ ការសាកសួររបស់ព្រះសារីបុត្ត ?
តេរសមសូត្រ ការសាកសួររបស់ព្រះសារីបុត្ត ?
សេចក្តីមិនសាបសូន្យនៃព្រះសទ្ធម្ម ?
*លាភសក្ការសំយុត្ត ? sut.sn.17
សុទ្ធកវគ្គ ? sut.sn.17.v01
លាភសក្ការៈ និងសេចក្តីសរសើរជារបស់អាក្រក់ ?
អធិប្បាយអំពីពាក្យថាព្រាន ជាដើម ?
ឧបមាដោយសត្វកំពោង ?
លាភសក្ការៈ និងសេចក្តីសរសើរជារបស់អាក្រក់ ?
ភាពនៃបុគ្គលត្រូវសក្ការៈគ្របសង្កត់ ?
ឧទ្ទាន ?
បាតិវគ្គ ? sut.sn.17.v02
ភាពនៃបុគ្គលត្រូវលាភសក្ការៈគ្របសង្កត់ ?
មាតុគ្គាមវគ្គ ? sut.sn.17.v03
ភាពនៃសាវ័កជាខ្នាត ?
ការមិនដឹងអានិសង្ស ជាដើម នៃលាភសក្ការៈ និងសេចក្តីសរសើរ ?
លាភសក្ការៈ និងសេចក្តីសរសើរជារបស់អាក្រក់ ?
ការសាកសួររបស់ព្រះអានន្ទ ?
ឧទ្ទាន ?
ភេទវគ្គ ? sut.sn.17.v04
លាភសក្ការៈ និងសេចក្តីសរសើរជារបស់អាក្រក់ ?
ឧបមាដោយមេសេះអស្សតរ ?
ឧបមាដោយឆ្កែកាច ?
លាភសក្ការៈ និងសេចក្តីសរសើរជារបស់អាក្រក់ ?
ឧទ្ទាន ?
រាហុលសំយុត្ត ? sut.sn.18
អប្បមាទវគ្គ ? sut.sn.18.v01
ភាពមិនទៀងជាដើមនៃអាយតនៈទាំងប្រាំមួយ ?
សេចក្តីនឿយណាយចំពោះចក្ខុវិញ្ញាណ ជាដើម ?
សេចក្តីនឿយណាយចំពោះចក្ខុសម្ផស្សជាវេទនា ជាដើម ?
សេចក្តីនឿយណាយចំពោះរូបតណ្ហា ជាដើម ?
សេចក្តីនឿយណាយចំពោះរូប ជាដើម ?
អនុសយវគ្គ ? sut.sn.18.v02
សេចក្តីមិនទៀងជាដើមនៃអាយតនៈទាំងប្រាំមួយ ?
ការសួររកចិត្ត ?
អំពីការព្យាករណ៍នូវចិត្ត ?
លក្ខណសំយុត្ត ? sut.sn.19
អដ្ឋិសង្ខលិកវគ្គ ? sut.sn.19.v01
វិបាកនៃអ្នកសម្លាប់គោ ?
វិបាកនៃអ្នកសម្លាប់ជ្រូក ?
វិបាកនៃអ្នកញុះញង់គេ ?
ឧទ្ទាន ?
*8បារទារិកវគ្គ ^ ?^ sut.sn.19.v02 ^ ^វិបាកនៃស្រីមេមត់ ^ ?^ ^ ^វិបាករបស់សាមណេរលាមក ^ ?^ ^ ^វិបាករបស់សាមណេរីលាមក ^ ?^ ^ ^*8ឱបម្មសំយុត្ត ? sut.sn.20
តតិយសូត្រ ឧបមាដោយចោរលួចទ្រព្យដោយឆ្នាំង ?
បញ្ចមសូត្រ ឧបមាដោយលំពែង ?
ឆដ្ឋសូត្រ ឧបមាដោយខ្មាន់ធ្នូ ?
សត្តមសូត្រ ឧបមាដោយសំភោរ ?
អដ្ឋមសូត្រ ឧបមាដោយពួកស្តេចលិច្ឆវី ?
នវមសូត្រ ឧបមាដោយដំរី ?
ទសមសូត្រ ការមិនបានសង្រួមឥន្រ្ទិយ ?
កតញ្ញូកតវេទិតា ?
ភិក្ខុសំយុត្ត ? sut.sn.21
ទុតិយសូត្រ បរិវិតក្ករបស់ព្រះសារីបុត្ត ?
តតិយសូត្រ ព្រះសារីបុត្តចូលទៅរកព្រះមហាមោគ្គល្លាន ?
ការសួររកភិក្ខុមានព្យាយាមប្រារព្ធ ?
ចតុត្ថសូត្រ ភិក្ខុមិនមានសេចក្តីខ្វល់ខ្វាយ ?
ទ្រង់ហៅពួកភិក្ខុ ?
បញ្ចមសូត្រ និគមគាថា ?
សត្តមសូត្រ ការញុំាងភិក្ខុឲ្យឃើញច្បាស់ដោយធម្មីកថា ?
អដ្ឋមសូត្រ ព្រះនន្ទចូលទៅគាល់ព្រះមានព្រះភាគ ?
នវមសូត្រ ទ្រង់ប្រទានឱវាទដល់ព្រះតិស្សៈ ?
ទសមសូត្រ ភិក្ខុមាននាមជាថេរៈ ?
ឯកាទសមសូត្រ និគមគាថា ?
ទ្វាទសមសូត្រ និគមគាថា ?

1)
ស្មើគ្នា ប្រហែលគ្នា ប្រជុំគ្នា ជួបគ្នា ចូលចិត្តនឹងគ្នា។
2)
ស្មើគ្នា ប្រហែលគ្នា។
3)
ស្មើគ្នា ប្រហែលគ្នា ប្រជុំគ្នា ជួបគ្នា ចូលចិត្តនឹងគ្នា ត្រូវជើងគ្នា កាត់រកគ្នា។
4)
ទីបំផុតខាងដើមនៃសង្សារ មិនប្រាកដទេ ប៉ុន្តែអដ្ឋកថា ប្រាប់ថា សូម្បីទីបំផុតខាងចុង ក៏មិនប្រាកដដែរ។
5)
ភ្នំវេបុល្លៈនេះ ឋិតនៅខាងជើងនៃភ្នំគិជ្ឈកូដ។ អដ្ឋកថា។
6)
ភិក្ខុនៅក្នុងប្រទេសបាវា។
7)
ភិក្ខុប្រព្រឹត្តខ្លួនដូចជាព្រះចន្ទ ហើយចូលទៅកាន់ត្រកូលនោះ គឺមិនរើសមុខថា ក្សត្រិយ៍ ឬព្រាហ្មណ៍ជាដើម ដូចព្រះចន្ទដែលផ្សាយរស្មីមិនរើសមុខសត្វណាមួយឡើយ។
8)
ភោជនដែលគេនិមន្តដោយពាក្យមិនគួរ ហើយភិក្ខុ៣រូប ទទួលនិមន្តទៅឆាន់ក្នុងទីនោះ ជាមួយគ្នា មិនត្រូវអាបត្តិឡើយ។ អដ្ឋកថា។
9)
ជាឈ្មោះគ្រឿងប្រហារសត្វមួយយ៉ាង ផ្លែវាធ្វើដោយដែកស្រួច បញ្ចូលដងទៅក្នុងមៀន សម្រាប់កាន់ពួយ មានខ្សែ១វែងចងផ្លែ កាលបើចាក់សត្វទៅហើយ ដងនោះរបូតចេញអំពីផ្លែទៅ នៅជាប់តែខ្សែទៅជាមួយនឹងផ្លែ (អដ្ឋកថា)។
10)
ឈ្មោះសត្វតូចៗមួយយ៉ាង ស្រដៀងគ្នានឹងកញ្ចែ មានស្លាបពីរជាន់ ច្រើនត្បុលលញ់លាមក។
11)
រោគនេះច្រើនកើតក្នុងរដូវត្រជាក់ កាលបើកើតឡើងហើយ រមែងជ្រុះរោមអស់ ហើយមានកមពងខ្ទុះដាសពាសពេញសរីរៈ (អដ្ឋកថា)។
12)
មិនមានគ្រឿងសក្ការបូជា។
13)
ពងល្វា
14)
ជាអាមាត្យអ្នកវិនិច្ឆ័យក្តីដោយទុច្ចរិត។
15)
ស្រីមានរូបអាក្រក់ បុរសគប្បីខ្ពើម។
16)
ស្រីរួមប្តី
17)
ពួកចោរដែលអុជប្រទីបក្នុងឆ្នាំង ហើយចូលទៅក្នុងផ្ទះ ប្រាថ្នាដើម្បីនឹងបំភ្លឺមើលទ្រព្យរបស់ (អដ្ឋកថា)។
18)
សំភោរមង្គល សម្រាប់វាយហៅមហាជន មកប្រជុំក្នុងថ្ងៃមានមហោស្រព (អដ្ឋកថា)។
19)
ក្នុងល្វែងជាមួយគ្នា (អដ្ឋកថា)។
km/tipitaka/book_032.txt · ពេលកែចុងក្រោយ: 2023/04/04 08:53 និពន្ឋដោយ Johann