User Tools

Site Tools


Translations of this page?:
km:tipitaka:book_035

មាតិកា

-Namo tassa bhagavato arahato sammā-
ព្រះត្រៃបិដកភាសាខ្មែរ - Tipiṭaka Khmer language
ភាគ ៣៥ - Book 35

Ven. Members of the Sangha, Ven. Theras Valued Upasaka, valued Upasika This is a Work Edition! 1.Edition 20170101 Do not share it further except for editing and working purposes within the transcription project on sangham.net. Only for personal use. If you find any mistake or like to join the merits please feel invited to join here: sangham.net or Upasika Norum on sangham.net Anumodana!

សូម​ថ្វាយបង្គំ​ចំពោះ​ព្រះសង្ឃ, ជំរាបសួរ​ឧបាសក និង​ឧបាសិកា​ទាំង​អស់ នេះ​គឺ​ជា​សេចក្តី​ព្រាងច្បាប់​ការ​បោះ​ពុម្ព​ផ្សាយ! 1.Edition 20170101 សូម​កុំ​ចែក​រំលែក​បន្ថែម​ទៀត ប្រសិន​បើ​មិន​មែន​សម្រាប់​ការ​កែសម្រួល​នៅ sangham.net និង​កិច្ច​ការ​នេះ។ សូម​គិត​ថា​លោក​អ្នក​ត្រូវ​បាន​អញ្ជើញ​ដើម្បី​ចូល​រួម​បុណ្យកុសល​នេះ និង​​សូមប្រាប់​ពួក​យើង​អំពី​កំហុស និង​ប្រើវេទិកា​នេះ: sangham.net ឬ​ប្រាប់​ឧបាសិកា Norum នៅ​លើ sangham.net សូម​អនុមោទនា!

A topic about progress and feedback can be found here: ព្រះត្រៃបិដក ភាគ ០៣៥ - Tipitaka Book 035, for change log on ati.eu see here: រាយការណ៍ ភាគ ០៣៥



book_035.jpg

គំរូ ឯកសារ ផ្សេងទៀត ៖
book_035.pdf

លេខសម្គាល់
លេខទំព៍រ

ព្រះត្រៃបិដក ភាគ ទី ៣៥

ទ. 1

សុត្តន្តបិដក

សំយុត្តនិកាយ

សឡាយតនវគ្គ

សឡាយតនសំយុត្ត ទី១

(១. សឡាយតនសំយុត្តំ)

បឋមបណ្ណាសកៈ

អនិច្ចវគ្គ ទី១

(១. អនិច្ចវគ្គោ)

(អជ្ឈត្តានិច្ច)សូត្រ ទី១

(១. អជ្ឈត្តានិច្ចសុត្តំ)

[១] ខ្ញុំបានស្តាប់មក យ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ ក្នុងទីនោះឯង ព្រះមានព្រះភាគ ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីកា នៃព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូចេ្នះថា ម្នាលភិក្ខុទាំងឡាយ ភែ្នកមិនទៀង របស់ណាមិនទៀង របស់នោះជាទុក្ខ របស់ណាជាទុក្ខ របស់នោះជាអនត្តា របស់ណាជាអនត្តា របស់នោះ បុគ្គលត្រូវយល់ដោយប្រាជ្ញាដ៏ប្រពៃ តាមពិត យ៉ាងនេះថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញទេ។ ត្រចៀកមិនទៀង របស់ណាមិនទៀង។បេ។ ច្រមុះ មិនទៀង របស់ណា មិនទៀង។ បេ។ អណ្តាតមិនទៀង របស់ណាមិនទៀង របស់នោះជាទុក្ខ របស់ណាជាទុក្ខ របស់នោះជាអនត្តា របស់ណាជាអនត្តា របស់នោះ បុគ្គលត្រូវយល់ដោយប្រាជ្ញាដ៏ប្រពៃ តាមពិត យ៉ាងនេះថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួន របស់អញទេ។ កាយមិនទៀង របស់ណាមិនទៀង។បេ។ ចិត្តមិនទៀង របស់ណាមិនទៀង របស់នោះជាទុក្ខ របស់ណាជាទុក្ខ របស់នោះជាអនត្តា របស់ណាជាអនត្តា របស់នោះ បុគ្គលត្រូវយល់ដោយប្រាជ្ញា ដ៏ប្រពៃតាមពិត យ៉ាងនេះថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញទេ។ ម្នាលភិក្ខុទាំងឡាយ កាលបើអរិយសាវ័ក ជាអ្នកចេះដឹង ឃើញយ៉ាងនេះ ក៏នឿយណាយនឹងភ្នែកផង នឿយណាយនឹងត្រចៀកផង នឿយណាយនឹងច្រមុះផង នឿយណាយនឹងអណា្តតផង នឿយណាយនឹងកាយផង នឿយណាយនឹងចិត្តផង កាលបើនឿយណាយ រមែងប្រាសចាកតម្រេក ព្រោះតែប្រាសចាកតម្រេក ចិត្តក៏ផុតស្រឡះ (ចាកអាសវៈ)។ កាលបើចិត្តផុតស្រឡះហើយ ញាណ ក៏កើតឡើងថា ចិត្តផុតស្រឡះហើយ។ (អរិយសាវ័កនោះ) ក៏ដឹងច្បាស់ថា ជាតិ (របស់អញ) អស់ហើយ មគ្គព្រហ្មចរិយធម៌ អាត្មាអញ បានប្រព្រឹត្តគ្រប់គ្រាន់ហើយ សោឡសកិច្ច អាត្មាអញ ក៏បានធើ្វរួចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។

ចប់សូត្រ ទី១។

(អជ្ឈត្តទុក្ខ)សូត្រ ទី២

(២. អជ្ឈត្តទុក្ខសុត្តំ)

[២] ម្នាលភិក្ខុទាំងឡាយ ភ្នែកជាទុក្ខ របស់ណាជាទុក្ខ របស់នោះជាអនត្តា របស់ណា ជាអនត្តា របស់នោះ បុគ្គលត្រូវយល់ដោយប្រាជ្ញាដ៏ប្រពៃ តាមពិត យ៉ាងនេះថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញទេ។ ត្រចៀកជាទុក្ខ ។បេ។ ច្រមុះជាទុក្ខ។ អណ្តាតជាទុក្ខ។ កាយជាទុក្ខ។ ចិត្តជាទុក្ខ របស់ណាជាទុក្ខ របស់នោះ ជាអនត្តា របស់ណាជាអនត្តា របស់នោះ បុគ្គលត្រូវយល់ដោយប្រាជ្ញាដ៏ប្រពៃ តាមពិត យ៉ាងនេះថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញទេ។ កាលបើឃើញយ៉ាងនេះ។បេ។ (អរិយសាវ័កនោះ) ក៏ដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។

ចប់សូត្រ ទី២។

(អជ្ឈត្តានត្ត)សូត្រ ទី៣

(៣. អជ្ឈត្តានត្តសុត្តំ)

[៣] ម្នាលភិក្ខុទាំងឡាយ ភ្នែកជាអនត្តា របស់ណាជាអនត្តា របស់នោះបុគ្គលត្រូវយល់ដោយប្រាជ្ញាដ៏ប្រពៃតាមពិត យ៉ាងនេះថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញទេ។ ត្រចៀកជាអនត្តា។បេ។ ច្រមុះជាអនត្តា។ អណ្តាតជាអនត្តា។ កាយជាអនត្តា។ ចិត្តជាអនត្តា របស់ណាជាអនត្តា របស់នោះ បុគ្គលត្រូវយល់ដោយប្រាជ្ញាដ៏ប្រពៃតាមពិត យ៉ាងនេះថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញទេ។ កាលបើឃើញយ៉ាងនេះ។បេ។ (អរិយសាវ័កនោះ) ក៏ដឹងច្បាស់ ថា មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។

ចប់សូត្រ ទី៣។

(ពាហិរានិច្ច)សូត្រ ទី៤

(៤. ពាហិរានិច្ចសុត្តំ)

[៤] ម្នាលភិក្ខុទាំងឡាយ រូបទាំងឡាយមិនទៀង របស់ណាមិនទៀង របស់នោះជាទុក្ខ របស់ណាជាទុក្ខ របស់នោះជាអនត្តា របស់ណាជាអនត្តា របស់នោះ បុគ្គលត្រូវយល់ ដោយប្រាជ្ញាដ៏ប្រពៃ តាមពិតយ៉ាងនេះថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញទេ។ សំឡេង ក្លិន រស ផោដ្ឋព្វៈ និង ធម្មារម្មណ៍ទាំងឡាយ មិនទៀង របស់ណាមិនទៀង របស់នោះជាទុក្ខ របស់ណា ជាទុក្ខ របស់នោះជាអនត្តា របស់ណាជាអនត្តា របស់នោះ បុគ្គលត្រូវយល់ដោយប្រាជ្ញាដ៏ប្រពៃតាម ពិតយ៉ាងនេះថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញទេ។ ម្នាលភិក្ខុទាំងឡាយ កាលបើអរិយសាវ័ក ជាអ្នកចេះដឹង ឃើញយ៉ាងនេះ ក៏នឿយណាយ នឹងរូបទាំងឡាយផង នឿយណាយនឹងសំឡេងទាំងឡាយផង នឿយណាយនឹងក្លិនទាំងឡាយផង នឿយណាយនឹងរសទាំងឡាយផង នឿយណាយនឹងសម្ផ័ស្សទាំងឡាយផង នឿយណាយ នឹងធម្មារម្មណ៍ទាំងឡាយផង កាលបើនឿយណាយ រមែងប្រាសចាកតម្រេក ព្រោះប្រាសចាកតម្រេក ចិត្តក៏ផុតស្រឡះ (ចាកអាសវៈ)។ កាលបើចិត្តផុតស្រឡះ (ចាកអាសវៈ) ហើយ ញាណ ក៏កើតឡើងថា ចិត្ត (របស់អញ) ផុតស្រឡះហើយ។ (អរិយសាវ័កនោះ) ក៏ដឹងច្បាស់ថាជាតិ អស់ហើយ មគ្គព្រហ្មចរិយធម៌ អាត្មាអញ បានប្រព្រឹត្តគ្រប់គ្រាន់ហើយ សោឡសកិច្ច អាត្មាអញ ក៏បានធើ្វរួចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ច នេះទៀតមិនមានឡើយ។

ចប់សូត្រ ទី៤។

(ពាហិរទុក្ខ)សូត្រ ទី៥

(៥. ពាហិរទុក្ខសុត្តំ)

[៥] ម្នាលភិក្ខុទាំងឡាយ រូបទាំងឡាយជាទុក្ខ របស់ណាជាទុក្ខ របស់នោះជាអនត្តា របស់ណាជាអនត្តា របស់នោះ បុគ្គលត្រូវយល់ ដោយប្រាជ្ញាដ៏ប្រពៃតាមពិត យ៉ាងនេះថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញទេ។ សំឡេង ក្លិន រស ផោដ្ឋឰៈ និងធម្មារម្មណ៍ទាំងឡាយជាទុក្ខ របស់ណាជាទុក្ខ របស់នោះជាអនត្តា របស់ណា ជាអនត្តា របស់នោះ បុគ្គលត្រូវយល់ដោយប្រាជ្ញាដ៏ប្រពៃតាមពិត យ៉ាងនេះថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញទេ។ កាលបើឃើញ យ៉ាងនេះហើយ។បេ។ (អរិយសាវ័កនោះ) ក៏ដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។

ចប់សូត្រ ទី៥។

(ពាហិរានត្ត)សូត្រ ទី៦

(៦. ពាហិរានត្តសុត្តំ)

[៦] ម្នាលភិក្ខុទាំងឡាយ រូបទាំងឡាយជាអនត្តា របស់ណាជាអនត្តា របស់នោះ បុគ្គលត្រូវយល់តាមពិត ដោយប្រាជ្ញាដ៏ប្រពៃ យ៉ាងនេះថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញទេ។ សំឡេង ក្លិន រស ផោដ្ធឰៈ និងធម្មារម្មណ៍ទាំងឡាយ ជាអនត្តា របស់ណាជាអនត្តា របស់នោះ បុគ្គលត្រូវយល់តាមពិត ដោយប្រាជ្ញាដ៏ប្រពៃ យ៉ាងនេះ ថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញទេ។ កាលបើឃើញយ៉ាងនេះ។បេ។ (អរិយសាវ័កនោះ) ក៏ដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។

ចប់សូត្រ ទី៦។

(អជ្ឈត្តានិច្ចាតីតានាគត)សូត្រ ទី៧

(៧. អជ្ឈត្តានិច្ចាតីតានាគតសុត្តំ)

[៧] ម្នាលភិក្ខុទាំងឡាយ ភ្នែកជាអតីត អនាគត មិនទៀងទៅហើយ ចំាបាច់ និយាយថ្វី ដល់ភ្នែកជាបច្នុប្បន្ន។ ម្នាលភិក្ខុទាំងឡាយ កាលបើអរិយសាវ័ក ជាអ្នកចេះដឹងឃើញយ៉ាងនេះ ជាអ្នកមិនអាឡោះអាល័យនឹងភ្នែកជាអតីត មិនត្រេកអរចំពោះភ្នែកជាអនាគត ជាអ្នកប្រតិបត្តិ ដើម្បីនឿយណាយ ដើម្បីប្រាសចាកតម្រក ដើម្បីរំលត់ នូវភ្នែកជាបច្នុប្បន្ន។ ត្រចៀក មិនទៀង។ ច្រមុះមិនទៀង។ អណ្តាតជាអតីត អនាគត មិនទៀងទៅហើយ ចំាបាច់និយាយថ្វី ដល់អណ្តាតជាបច្ចុប្បន្ន។ ម្នាលភិក្ខុទាំងឡាយ កាលបើអរិយសាវ័ក ជាអ្នកចេះដឹង ឃើញយ៉ាងនេះ ជាអ្នកមិនអាឡោះអាល័យនឹងអណ្តាតជាអតីត មិនត្រេកអរចំពោះអណ្តាត ជាអនាគត ជាអ្នកប្រតិបត្តិ ដើម្បីនឿយណាយ ដើម្បីប្រាសចាកតម្រេក ដើម្បីរំលត់នូវអណ្តាត ជាបច្ចុប្បន្ន។ កាយមិនទៀង។បេ។ ចិត្តជាអតីត អនាគត មិនទៀងទៅហើយ ចាំបាច់និយាយថ្វី ដល់ចិត្តជាបច្ចុប្បន្ន ម្នាលភិក្ខុទាំងឡាយ កាលបើអរិយសាវ័ក ជាអ្នកចេះដឹង ឃើញយ៉ាងនេះ ជាអ្នកមិនអាឡោះអាល័យ នឹងចិត្តជាអតីត មិនត្រេកអរ ចំពោះចិត្តជាអនាគត ជាអ្នកប្រតិបត្តិ ដើម្បីនឿយណាយ ដើម្បីប្រាសចាកតម្រេក ដើម្បីរំលត់ នូវចិត្តជាបច្ចុប្បន្ន។

ចប់សូត្រ ទី៧។

(អជ្ឈត្តទុក្ខាតីតានាគត)សូត្រ ទី៨

(៨. អជ្ឈត្តទុក្ខាតីតានាគតសុត្តំ)

[៨] ម្នាលភិក្ខុទាំងឡាយ ភ្នែកជាអតីត អនាគត ជាទុក្ខទៅហើយ ចាំបាច់និយាយថ្វី ដល់ភ្នែកជាបច្ចុប្បន្ន។ ម្នាលភិក្ខុទាំងឡាយ កាលបើអរិយសាវ័ក ជាអ្នកចេះដឹង ឃើញយ៉ាងនេះ ជាអ្នកមិនអាឡោះអាល័យ នឹងភ្នែកជាអតីត មិនត្រេកអរ ចំពោះភ្នែកជាអនាគត ជាអ្នកប្រតិបត្តិ ដើម្បីនឿយណាយ ដើម្បប្រាសចាកតម្រេក ដើម្បីរំលត់នូវភ្នែក ជាបច្ចុប្បន្ន។បេ។ អណ្តាតជាអតីត អនាគត ជាទុក្ខទៅហើយ ចាំបាច់និយាយថ្វី ដល់អណ្តាតជាបច្ចុប្បន្ន។ ម្នាលភិក្ខុទាំងឡាយ កាលបើអរិយសាវ័ក ជាអ្នកចេះដឹងឃើញ យ៉ាងនេះ ជាអ្នកមិនអាឡោះអាល័យនឹងអណ្តាត ជាអតីត មិនត្រេកអរចំពោះអណ្តាត ជាអនាគត ជាអ្នកប្រតិបត្តិ ដើម្បីនឿយណាយ ដើម្បីប្រាសចាកតម្រេក ដើម្បីរំលត់នូវអណ្តាតជាបច្ចុប្បន្ន។ កាយជាទុក្ខ។បេ។ ចិត្តជាអតីត អនាគត ជាទុក្ខទៅហើយ ចាំបាច់និយាយថ្វី ដល់ចិត្តជាបច្ចុប្បន្ន។ ម្នាលភិក្ខុទាំឡាយ កាលបើអរិយសាវ័ក ជាអ្នកចេះដឹង ឃើញយ៉ាងនេះ ជាអ្នកមិនអាឡោះអាល័យ ក្នុងចិត្តជាអតីត មិនត្រេកអរ ចំពោះចិត្តជាអនាគត ជាអ្នកប្រតិបត្តិ ដើម្បីនឿយណាយ ដើម្បីប្រាសចាកតម្រេក ដើម្បីរំលត់ នូវចិត្តជាបច្ចុប្បន្ន។

ចប់សូត្រ ទី៨។

(អជ្ឈត្តានត្តាតីតានាគត)សូត្រ ទី៩

(៩. អជ្ឈត្តានត្តាតីតានាគតសុត្តំ)

[៩] ម្នាលភិក្ខុទាំងឡាយ ភ្នែកជាអតីតអនាគត ជាអនត្តាទៅហើយ ចាំបាច់និយាយថ្វី ដល់ភ្នែកជាបច្ចុប្បន្ន។ ម្នាលភិក្ខុទាំងឡាយ កាលបើអរិយសាវ័កជាអ្នកចេះដឹង ឃើញយ៉ាងនេះ ជាអ្នកមិនអាឡោះអាល័យនឹងភ្នែកជាអតីត មិនត្រេកអរ ចំពោះភ្នែកជាអនាគត ជាអ្នកប្រតិបត្តិដើម្បីនឿយណាយ ដើម្បីប្រាសចាកតម្រេក ដើម្បីរំលត់ នូវភ្នែកជាបច្ចុប្បន្ន។បេ។ អណ្តាតជាអតីតអនាគត ជាអនត្តាទៅហើយ ចាំបាច់និយាយថ្វីដល់ អណ្តាតជាបច្ចុប្បន្ន។ ម្នាលភិក្ខុទាំងឡាយ កាលបើអរិយសាវ័កជាអ្នកចេះដឹង ឃើញយ៉ាងនេះ ជាអ្នកមិនអាឡោះអាល័យនឹងអណ្តាតជាអតីត មិនត្រេកអរចំពោះអណ្តាតជាអនាគត ជាអ្នកប្រតិបត្តិ ដើម្បីនឿយណាយ ដើម្បីប្រាសចាកតម្រេក ដើម្បីរំលត់ នូវអណ្តាតជាបច្ចុប្បន្ន។ កាយជាអនត្តា។បេ។ ចិត្តជាអតីតអនាគត ជាអនត្តាទៅហើយ ចាំបាច់និយាយថ្វី ដល់ចិត្តជាបច្ចុប្បន្ន។ ម្នាលភិក្ខុទាំងឡាយ កាលបើអរិយសាវ័ក ជាអ្នកចេះដឹង ឃើញយ៉ាងនេះ ជាអ្នកមិនអាឡោះអាល័យ នឹងចិត្តជាអតីត មិនត្រេកអរ ចំពោះចិត្តជាអនាគត ជាអ្នកប្រតិបត្តិដើម្បីនឿយណាយ ដើម្បីប្រាសចាកតម្រេក ដើម្បីរំលត់ នូវចិត្តជាបច្ចុប្បន្ន។

ចប់សូត្រ ទី៩។

(ពាហិរានិច្ចាតីតានាគត)សូត្រ ទី១០

(១០. ពាហិរានិច្ចាតីតានាគតសុត្តំ)

[១០] ម្នាលភិក្ខុទាំងឡាយ រូបទាំងឡាយជាអតីតអនាគត មិនទៀងទៅហើយ ចាំបាច់និយាយថ្វី ដល់រូបទាំងឡាយជាបច្ចុប្បន្ន។ ម្នាលភិក្ខុទាំងឡាយ កាលបើអរិយសាវ័ក ជាអ្នកចេះដឹង ឃើញយ៉ាងនេះ ជាអ្នកមិនអាឡោះអាល័យ នឹងរូបទាំងឡាយជាអតីត មិនត្រេកអរ ចំពោះរូបទាំងឡាយជាអនាគត ជាអ្នកប្រតិបត្តិ ដើម្បីនឿយណាយ ដើម្បីប្រាសចាកតម្រេក ដើម្បីរំលត់នូវរូបទាំងឡាយជាបច្ចុប្បន្ន ។ សំឡេង ក្លិន រស ផោដ្ឋឰៈ ធម្មារម្មណ៍ទាំងឡាយ ជាអតីត អនាគត មិនទៀងទៅហើយ ចាំបាច់និយាយថ្វី ដល់ធម្មារម្មណ៍ទាំងឡាយជាបច្ចុប្បន្ន។ ម្មាលភិក្ខុទាំងឡាយ កាលបើអរិយសាវ័ក ជាអ្នកចេះដឹង ឃើញយ៉ាងនេះ ជាអ្នកមិនអាឡោះអាល័យនឹង ធម្មារម្មណ៍ទាំងឡាយជាអតីត មិនត្រេកអរចំពោះធម្មារម្មណ៍ទាំងឡាយជាអនាគត ជាអ្នកប្រតិបត្តិដើម្បីនឿយណាយ ដើម្បីប្រាសចាកតម្រេក ដើម្បីរំលត់ នូវធម្មារម្មណ៍ទាំងឡាយជា បច្ចុប្បន្ន។

ចប់សូត្រ ទី១០។

(ពាហិរទុក្ខាតីតានាគតសូត្រ ទី១១)

(១១. ពាហិរទុក្ខាតីតានាគតសុត្តំ)

[១១] ម្នាលភិក្ខុទាំងឡាយ រូបទាំងឡាយជាអតីតអនាគត ជាទុក្ខទៅហើយ ចាំបាច់និយាយថ្វី ដល់រូបទាំងឡាយជាបច្ចុប្បន្ន។ ម្នាលភិក្ខុទាំងឡាយ កាលបើអរិយសាវ័ក ជាអ្នកចេះដឹង ឃើញយ៉ាងនេះ ជាអ្នកមិនអាឡោះអាល័យ នឹងរូបទាំងឡាយជាអតីត មិនត្រេកអរចំពោះរូបទាំងឡាយជាអនាគត ជាអ្នកប្រតិបត្តិដើម្បីនឿយណាយ ដើម្បីប្រាសចាក តម្រេក ដើម្បីរំលត់ នូវរូបទាំងឡាយជាបច្ចុប្បន្ន។

ចប់សូត្រ ទី១១។

(ពាហិរានត្តាតីតានាគតសូត្រ ទី១២)

(១២. ពាហិរានត្តាតីតានាគតសុត្តំ)

[១២] ម្នាលភិក្ខុទាំងឡាយ រូបទាំងឡាយជាអតីតអនាគត ជាអនត្តាទៅហើយ ចាំបាច់និយាយថ្វី ដល់រូបទាំងឡាយជាបច្ចុប្បន្ន។ ម្នាលភិក្ខុទាំងឡាយ កាលបើអរិយសាវ័ក ជាអ្នកចេះដឹង ឃើញយ៉ាងនេះ ជាអ្នកមិនអាឡោះអាល័យនឹងរូបទាំងឡាយជាអតីត មិនត្រេកអរ ចំពោះរូបទាំងឡាយជាអនាគត ជាអ្នកប្រតិបត្តិដើម្បីនឿយណាយ ដើម្បីប្រាសចាកតម្រេក ដើម្បីរំលត់ នូវរូបទាំងឡាយជាបច្ចុប្បន្ន។ សំឡេង ក្លិន រស ផោដ្ឋឰៈ ធម្មារម្មណ៍ទាំងឡាយ ជាអតីតអនាគត ជាអនត្តាទៅហើយ ចាំបាច់និយាយអ្វី ដល់ធម្មារម្មណ៍ទាំងឡាយជាបច្ចុប្បន្ន។ ម្នាលភិក្ខុទាំងឡាយ កាលបើអរិយសាវ័ក ជាអ្នកចេះដឹង ឃើញយ៉ាងនេះ ជាអ្នកមិនអាឡោះអាល័យ នឹងធម្មារម្មណ៍ទាំងឡាយជាអតីត មិនត្រេកអរ ចំពោះធម្មារម្មណ៍ទាំងឡាយ ជាអនាគត ជាអ្នកប្រតិបត្តិ ដើម្បីនឿយណាយ ដើម្បីប្រាសចាកតម្រេក ដើម្បីរំលត់នូវធម្មារម្មណ៍ ទាំងឡាយជាបច្ចុប្បន្ន។

ចប់សូត្រ ទី១២

ចប់ អនិច្ចវគ្គ ទី១។

ឧទ្ទាននៃអនិច្ចវគ្គនោះ គឺ

និយាយអំពី (អាយតនៈ) មិនទៀង ជាទុក្ខ ជាអនត្តា ទាំងខាងក្នុងនិងខាងក្រៅ ៣ លើក។បេ។ និយាយអំពី (អាយតនៈ) ទាំងនោះ ទាំងខាងក្នុងនិងខាងក្រៅ (ជាអតីត អនាគត បច្ចុប្បន្ន) ដែលលោកពោល ៣លើកទៀត ដោយអំណាចអនិច្ចាទិលក្ខណៈ។

យមកវគ្គ ទី២

(២. យមកវគ្គោ)

(បឋមបុព្វេសម្ពោធ)សូត្រ ទី១

(១. បឋមបុព្វេសម្ពោធសុត្តំ)

[១៣] ម្នាលភិក្ខុទាំងឡាយ ក្នុងកាលមុន តថាគត នៅជាពោធិសត្វ មិនទាន់បានត្រាស់ដឹងសម្ពោធិញ្ញាណនៅឡើយ មានសេចក្តីត្រិះរិះ យ៉ាងនេះថា អ្វីហ្ន៎ ជាអានិសង្ស របស់ភ្នែក អ្វីហ្ន៎ ជាទោសរបស់ភ្នែក អ្វីជាគ្រឿងរលាស់ចេញនូវភ្នែក អ្វីជាអានិសង្សរបស់ត្រចៀក។បេ។ អ្វីជាអានិសង្សរបស់ច្រមុះ។ អ្វីជាអានិសង្សរបស់អណ្តាត។ អ្វីជាអានិសង្សរបស់កាយ។ អ្វីជាអានិសង្សរបស់ចិត្ត អ្វីជាទោសរបស់ចិត្ត អ្វីជាគ្រឿងរលាស់ចេញនូវចិត្ត។ ម្នាលភិក្ខុទាំងឡាយ តថាគត មានសេចក្តីត្រិះរិះ ដូច្នេះថា សេចក្តីសុខ និងសោមនស្សណា កើតឡើង ព្រោះអាស្រ័យភ្នែក នេះជាអានិសង្សរបស់ភ្នែក ភ្នែកណា មិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា នេះជាទោសរបស់ភ្នែក ការកំចាត់បង់ នូវឆន្ទរាគៈ ការលះបង់ នូវឆន្ទរាគៈ ក្នុងភ្នែកណា នេះជាគ្រឿងរលាស់ចេញ នូវភ្នែក។បេ។ សេចក្តីសុខ និងសោមនស្សណា កើតឡើង ព្រោះអាស្រ័យអណ្តាត នេះជាអានិសង្សរបស់អណ្តាត អណ្តាតណា មិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា នេះជាទោសរបស់អណ្តាត ការកំចាត់បង់ នូវឆន្ទរាគៈ ការលះបង់ នូវឆន្ទរាគៈ ក្នុងអណ្តាតណា នេះជាគ្រឿងរលាស់ចេញ នូវអណ្តាត។បេ។ សេចក្តីសុខ និងសោមនស្សណា កើតឡើង ព្រោះអាស្រ័យចិត្ត នេះជាអានិសង្សរបស់ចិត្ត ចិត្តណា មិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា នេះជាទោសរបស់ចិត្ត ការកំចាត់បង់ នូវឆន្ទរាគៈ ការលះបង់ នូវឆន្ទរាគៈ ក្នុងចិត្តណា នេះជាគ្រឿងរលាស់ចេញនូវចិត្ត។ ម្នាលភិក្ខុទាំងឡាយ តថាគត មិនបានដឹងច្បាស់តាមពិត នូវអានិសង្ស ថាជាអានិសង្ស នូវទោស ថាជាទោស នូវគ្រឿងរលាស់ចេញ ថាជាគ្រឿងរលាស់ចេញ នៃអាយតនៈខាងក្នុង ទាំង៦នេះ យ៉ាងនេះ អស់កាលត្រឹមណា។ ម្នាលភិក្ខុទាំងឡាយ តថាគត ក៏មិនទាន់ប្តេជ្ញាខ្លួនថា ជាអ្នកត្រាស់ដឹង នូវសម្មាសម្ពោធិញ្ញាណ ដែលឥតមានសេចក្តីដឹងឯទៀង ក្រៃលែងជាង ក្នុងលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ព្រមទាំងមនុស្ស ជាសម្មតិទេព និងមនុស្សដ៏សេស អស់កាលត្រឹមណោះនៅឡើយទេ។ ម្នាលភិក្ខុទាំងឡាយ លុះតែតថាគត បានដឹងច្បាស់តាមពិត នូវអានិសង្ស ថាជាអានិសង្ស នូវទោស ថាជាទោស នូវគ្រឿងរលាស់ចេញ ថាជាគ្រឿងរលាស់ចេញ នៃអាយតនៈខាងក្នុង ទាំង៦នេះ យ៉ាងនេះហើយ។ ម្នាលភិក្ខុទាំងឡាយ ទើបតថាគត ប្តេជ្ញាខ្លួនថា ជាអ្នកត្រាស់ដឹង នូវសម្មាសម្ពោធិញ្ញាណ ឥតមានសេចក្តីដឹងឯទៀតក្រៃលែងជាង ក្នុងលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ព្រមទាំងមនុស្ស ជាសម្មតិទេព និងមនុស្សដ៏សេស។ បញ្ញាដែលដឹងច្បាស់ ឃើញច្បាស់របស់តថាគត ក៏កើតឡើង ដូច្នេះថា សេចក្តីរួចផុតវិសេស របស់តថាគត មិនប្រែត្រឡប់ កម្រើកទៀតឡើយ ជាតិនេះ ក៏ជាទីបំផុតត្រឹមនេះហើយ ឥឡូវនេះ ភពថ្មី គឺការត្រឡប់កើតទៀត ក៏មិនមានឡើយ។

ចប់សូត្រ ទី១។

(ទុតិយបុព្វេសម្ពោធ)សូត្រ ទី២

(២. ទុតិយបុព្វេសម្ពោធសុត្តំ)

[១៤] ម្នាលភិក្ខុទាំងឡាយ ក្នុងកាលមុន តថាគតនៅជាពោធិសត្វ មិនទាន់បាន ត្រាស់ដឹងសម្មាសម្ពោធិញ្ញាណនៅឡើយ មានសេចក្តីត្រិះរិះ ដូច្នេះថា អ្វីហ្ន៎ ជាអានិសង្សរបស់រូប អ្វីជាទោសរបស់រូប អ្វីជាគ្រឿងរលាស់ចេញ នូវរូប អ្វីជាអានិសង្សរបស់សំឡេង។បេ។ អ្វីជាអានិសង្សរបស់ក្លិន។បេ។ អ្វីជាអានិសង្សរបស់រស។ អ្វីជាអានិសង្សរបស់ផោដ្ឋឰៈ។ អ្វីជាអានិសង្សរបស់ធម្មារម្មណ៍ អ្វីជាទោសរបស់ធម្មារម្មណ៍ អ្វីជាគ្រឿងរលាស់ចេញ នូវធម្មារម្មណ៍។ ម្នាលភិក្ខុទាំងឡាយ តថាគត មានសេចក្តីត្រិះរិះ ដូច្នេះថា សេចក្តីសុខ និងសោមនស្សណា កើតឡើង ព្រោះអាស្រ័យរូប នេះជាអានិសង្សរបស់រូប រូបណាមិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួល ជាធម្មតា នេះជាទោសរបស់រូប ការកំចាត់បង់ នូវឆន្ទរាគៈ ការលះបង់នូវឆន្ទរាគៈ ក្នុងរូបណា នេះ ជាគ្រឿងរលាស់ចេញនូវរូប។ សេចក្តីសុខ និងសោមនស្សណា កើតឡើយ ព្រោះអាស្រ័យសំឡេង ក្លិន រស ផោដ្ឋឰៈ ធម្មារម្មណ៍ នេះ ជាអានិសង្សរបស់ធម្មារម្មណ៍ ធម្មារម្មណ៍ណា មិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា នេះជាទោសរបស់ធម្មារម្មណ៍ ការកំចាត់បង់ នូវឆន្ទរាគៈ ការលះបង់ នូវឆន្ទរាគៈ ក្នុងធម្មារម្មណ៍ណា នេះជាគ្រឿងរលាស់ចេញ នូវធម្មារម្មណ៍។ ម្នាលភិក្ខុទាំងឡាយ តថាគត មិនបានដឹងច្បាស់តាមពិត នូវអានិសង្ស ថាជាអានិសង្ស នូវទោស ថាជាទោស នូវគ្រឿងរលាស់ចេញ ថាជាគ្រឿងរលាស់ចេញ នៃអាយតនៈខាងក្រៅ ទាំង៦នេះ យ៉ាងនេះ អស់កាលត្រឹមណា។ ម្នាលភិក្ខុទាំងឡាយ តថាគត មិនទាន់ប្តេជ្ញាខ្លួនថា ជាអ្នកត្រាស់ដឹង នូវសម្មាសម្ពោធិញ្ញាណ ដែលឥតមានសេចក្តីដឹងឯទៀតក្រៃលែងជាង ក្នុងលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំងសណមព្រាហ្មណ៍ ព្រមទាំងមនុស្ស ជាសម្មតិទេព និងមនុស្សដ៏សេស អស់កាលត្រឹមណោះ នៅឡើយទេ។ ម្នាលភិក្ខុទាំងឡាយ លុះតែតថាគត បានដឹងច្បាស់តាមពិត នូវអានិសង្ស ថាជាអានិសង្ស នូវទោស ថាជាទោស នូវគ្រឿងរលាស់ចេញ ថាជាគ្រឿងរលាស់ចេញ នៃអាយតនៈខាងក្រៅ ទាំង៦នេះ យ៉ាងនេះហើយ។ ម្នាលភិក្ខុទាំងឡាយ ទើបតថាគត ប្តេជ្ញាខ្លួនថា ជាអ្នកត្រាស់ដឹង នូវសម្មាសម្ពោធិញ្ញាណ ឥតមានសេចក្តីដឹងឯទៀតក្រៃលែងជាង ក្នុងលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ព្រមទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស។ បញ្ញាដែលដឹងច្បាស់ ឃើញច្បាស់ របស់តថាគត ក៏កើតឡើង ដូច្នេះថា សេចក្តីរួចផុតវិសេស របស់តថាគត មិនប្រែត្រឡប់កម្រើកទៀតឡើយ ជាតិនេះ ជាទីបំផុតត្រឹមនេះហើយ ឥឡូវនេះ ភពថ្មី គឺការត្រឡប់កើតទៀត ក៏មិនមានឡើយ។

ចប់សូត្រ ទី២។

(បឋមអស្សាទបរិយេសនសុ)សូត្រ ទី៣

(៣. បឋមអស្សាទបរិយេសនសុត្តំ)

[១៥] ម្នាលភិក្ខុទាំងឡាយ តថាគតបានប្រព្រឹត្តស្វែងរកនូវអានិសង្សនៃភ្នែក ក៏បានជួប ប្រទះនឹងអានិសង្ស នៃភ្នែកនោះឯង តថាគតបានឃើញដោយងាយ នូវអានិសង្ស នៃភ្នែកនុ៎ះ ទាំងប៉ុន្មាន ដោយបញ្ញា ម្នាលភិក្ខុទាំងឡាយ តថាគតបានប្រព្រឹត្តស្វែងរក នូវទោសនៃភ្នែក ក៏បានជួបប្រទះនូវទោសនៃភ្នែកនោះឯង តថាគតបានឃើញដោយងាយ នូវទោសនៃភ្នែកនោះ ទាំងប៉ុន្មានដោយបញ្ញា ម្នាលភិក្ខុទាំងឡាយ តថាគតបានប្រព្រឹត្ត ស្វែងរក នូវគ្រឿងរលាស់ ចេញនូវភ្នែក ក៏បានជួបប្រទះ នូវគ្រឿងរលាស់ចេញ នូវភ្នែកនោះឯង តថាគតបានឃើញ ដោយងាយ នូវគ្រឿងរលាស់ចេញ នូវភ្នែកនុ៎ះទាំងប៉ុន្មាន ដោយបញ្ញា។ ម្នាលភិក្ខុទាំងឡាយ តថាគតបានប្រព្រឹត្តស្វែងរកនូវអានិសង្សនៃត្រចៀក។ ម្នាលភិក្ខុទាំងឡាយ តថាគតបានប្រព្រឹត្ត ស្វែងរកនូវអានិសង្សនៃច្រមុះ។ ម្នាលភិក្ខុទាំងឡាយ តថាគត បានប្រព្រឹត្ត ស្វែងរកនូវ អានិសង្ស នៃអណ្តាត ក៏បានជួបប្រទះនូវ អានិសង្ស នៃអណ្តាតនោះឯង តថាគត បានឃើញដោយងាយ នូវអានិសង្ស នៃអណ្តាតនុ៎ះ ទាំងប៉ុន្មាន ដោយបញ្ញា ម្នាលភិក្ខុទាំងឡាយ តថាគតបានប្រព្រឹត្ត ស្វែងរកនូវទោស នៃអណ្តាត ក៏បានជួបប្រទះ នូវទោសនៃអណ្តាតនោះ តថាគត បានឃើញដោយងាយ នូវទោស នៃអណ្តាតនុ៎ះទាំងប៉ុន្មាន ដោយបញ្ញា ម្នាលភិក្ខុទាំងឡាយ តថាគត បានប្រព្រឹត្ត ស្វែងរកនូវគ្រឿងរលាស់ចេញ នូវអណ្តាត ក៏បានជួបប្រទះ នូវគ្រឿងរលាស់ចេញ នូវអណ្តាតនោះ តថាគតបានឃើញដោយងាយ នូវគ្រឿងរលាស់ចេញ នូវអណ្តាតនុ៎ះ ទាំងប៉ុន្មាន ដោយបញ្ញា។បេ។ ម្នាលភិក្ខុទាំងឡាយ តថាគតបានប្រព្រឹត្ត ស្វែងរកនូវអានិសង្សនៃចិត្ត ក៏បានជួបប្រទះនូវអានិសង្សនៃចិត្តនោះ តថាគត បានឃើញដោយងាយ នូវអានិសង្សនៃចិត្តនុ៎ះ ទាំងប៉ុន្មានដោយបញ្ញា ម្នាលភិក្ខុទាំងឡាយ តថាគត បានប្រព្រឹត្ត ស្វែងរកនូវទោសនៃចិត្ត ក៏បានជួបប្រទះនូវទោសនៃ ចិត្តនោះឯង តថាគត បានឃើញដោយងាយ នូវទោសនៃចិត្តនុ៎ះ ទាំងប៉ុន្មានដោយបញ្ញា ម្នាលភិក្ខុទាំងឡាយ តថាគត បានប្រព្រឹត្តស្វែងរកនូវគ្រឿងរលាស់ចេញនូវចិត្ត ក៏បានជួបប្រទះនូវគ្រឿងរលាស់ចេញនូវចិត្តនោះ តថាគតបានឃើញដោយងាយ នូវគ្រឿងរលាស់ចេញ នូវចិត្តនុ៎ះទាំងប៉ុន្មាន ដោយបញ្ញា។ ម្នាលភិក្ខុទាំងឡាយ តថាគត មិនបានដឹងច្បាស់ នូវអានិសង្ស ថាជាអានិសង្ស នូវទោស ថាជាទោស នូវគ្រឿងរលាស់ចេញ ថាជាគ្រឿងរលាស់ចេញ នៃអាយតនៈ ខាងក្នុងទាំង ៦ នេះ អស់កាលត្រឹមណា។បេ។ បានដឹងច្បាស់។ បញ្ញាដែលដឹងច្បាស់ ឃើញច្បាស់ របស់តថាគត ក៏កើតឡើយហើយ ដូច្នេះថា សេចក្តីរួចផុតវិសេសរបស់តថាគត មិនប្រែត្រឡប់កម្រើកទៀតឡើយ ជាតិនេះ ក៏ជាទីបំផុតត្រឹមនេះហើយ ឥឡូវនេះ ភពថ្មី គឺការត្រឡប់កើតទៀត ក៏មិនមានឡើយ។

ចប់សូត្រ ទី៣។

(ទុតិយអស្សាទបរិយេសន)សូត្រ ទី៤

(៤. ទុតិយអស្សាទបរិយេសនសុត្តំ)

[១៦] ម្នាលភិក្ខុទាំងឡាយ តថាគតបានប្រព្រឹត្ត ស្វែងរកនូវអានិសង្សនៃរូប ក៏បានជួបប្រទះនូវអានិសង្សនៃរូបនោះ តថាគត បានឃើញដោយងាយ នូវអានិសង្សនៃរូបនុ៎ះ ទាំងប៉ុន្មាន ដោយបញ្ញា ម្នាលភិក្ខុទាំងឡាយ តថាគត បានប្រព្រឹត្ត ស្វែងរកនូវទោសនៃរូប ក៏បានជួបប្រទះ នូវទោសនៃរូបនោះ តថាគត បានឃើញដោយងាយ នូវទោស នៃរូបនុ៎ះ ទាំងប៉ុន្មាន ដោយបញ្ញា ម្នាលភិក្ខុទាំងឡាយ តថាគត បានប្រព្រឹត្ត ស្វែងរកនូវគ្រឿងរលាស់ចេញ នូវរូប ក៏បានជួបប្រទះ នូវគ្រឿងរលាស់ចេញ នូវរូបនោះ តថាគត បានឃើញដោយងាយ នូវគ្រឿងរលាស់ចេញ នូវរូបនុ៎ះទាំងប៉ុន្មាន ដោយបញ្ញា។ ម្នាលភិក្ខុទាំងឡាយ តថាគត បានប្រព្រឹត្ត ស្វែងរកនូវទោសនៃសំឡេង។ ម្នាលភិក្ខុទាំងឡាយ តថាគត បានប្រព្រឹត្ត ស្វែងរកនូវទោសនៃក្លិន។ ម្នាលភិក្ខុទាំងឡាយ តថាគត បានប្រព្រឹត្ត ស្វែងរកនូវទោសនៃរស។ ម្នាលភិក្ខុទាំងឡាយ តថាគត បានប្រព្រឹត្ត ស្វែងរកនូវទោស នៃផោដ្ឋឰៈ។ ម្នាកភិក្ខុទាំងឡាយ តថាគត បានប្រព្រឹត្ត ស្វែងរកនូវអានិសង្ស នៃធម្មារម្មណ៍ ក៏បានជួបប្រទះ នូវអានិសង្ស នៃធម្មារម្មណ៍នោះ តថាគត បានឃើញដោយងាយ នូវអានិសង្ស នៃធម្មារម្មណ៍នុ៎ះ ទាំងប៉ុន្មាន ដោយបញ្ញា ម្នាលភិក្ខុទាំងឡាយ តថាគត បានប្រព្រឹត្ត ស្វែងរកនូវទោស នៃធម្មារម្មណ៍នោះ ក៏បានជួបប្រទះនូវទោសនៃធម្មារម្មណ៍នោះ តថាគតបានឃើញដោយងាយ នូវទោសនៃធម្មារម្មណ៍នុ៎ះ ទាំងប៉ុន្មានដោយបញ្ញា ម្នាលភិក្ខុទាំងឡាយ តថាគតបានប្រព្រឹត្ត ស្វែងរកនូវធម៌ជាគ្រឿងរលាស់ចេញ នូវធម្មារម្មណ៍ ក៏បានជួបប្រទះ នូវធម៌ជាគ្រឿងរលាស់ចេញ នូវធម្មារម្មណ៍នោះ តថាគត បានឃើញដោយងាយ នូវធម៌ជាគ្រឿងរលាស់ចេញ នូវធម្មារម្មណ៍នុ៎ះ ទាំងប៉ុន្មាន ដោយបញ្ញា។ ម្នាលភិក្ខុទាំងឡាយ តថាគត មិនបានដឹងច្បាស់តាមពិត នូវអានិសង្ស ថាជាអានិសង្ស នូវទោស ថាជាទោស នូវគ្រឿងរលាស់ចេញ ថាជាគ្រឿងរលាស់ចេញ នៃអាយតនៈខាងក្រៅ ទាំង ៦ នេះ អស់កាលត្រឹមណា។បេ។ បានដឹងច្បាស់។ បញ្ញាដែលដឹងច្បាស់ ឃើញច្បាស់របស់តថាគត ក៏កើតឡើង ដូច្នេះថា សេចក្តីរួចផុតវិសេស របស់តថាគត មិនប្រែត្រឡប់ កម្រើកទៀតឡើយ ជាតិនេះ ក៏ជាទីបំផុតត្រឹមនេះហើយ ឥឡូវនេះ ភពថ្មី គឺការត្រឡប់កើតទៀត ក៏មិនមានឡើយ។

ចប់សូត្រ ទី៤។

(បឋមនោចេអស្សាទ)សូត្រ ទី៥

(៥. បឋមនោចេអស្សាទសុត្តំ)

[១៧] ម្នាលភិក្ខុទាំងឡាយ បើអានិសង្សនៃភ្នែក មិនមានទេ សត្វទាំងឡាយ ក៏មិនត្រេកអរនឹងភ្នែកឡើយ ម្នាលភិក្ខុទាំងឡាយ អានិសង្សនៃភ្នែក មាន ព្រោះហេតុណា ហេតុនោះ បានជាសត្វទាំងឡាយ ត្រេកអនឹងភ្នែក ម្នាលភិក្ខុទាងឡាយ បើទោសនៃភ្នែក មិនមានទេ សត្វទាំងឡាយ មិននឿយណាយនឹងភ្នែកឡើយ ម្នាលភិក្ខុទាំងឡាយ ទោសនៃភ្នែក មាន ព្រោះហេតុណា ហេតុនោះ បានជាសត្វទាំងឡាយ នឿយណាយនឹងភ្នែក ម្នាលភិក្ខុទាំងឡាយ បើគ្រឿងរលាស់ចេញ នូវភ្នែកមិនមានទេ សត្វទាំងឡាយ មិនរលាស់ចេញ ចាកភ្នែកឡើយ ម្នាលភិក្ខុទាំងឡាយ គ្រឿងរលាស់ចេញ នូវភ្នែក មាន ព្រោះហេតុណា ហេតុនោះ បានជាសត្វទាំងឡាយ រលាស់ចេញចាកភ្នែក។ ម្នាលភិក្ខុទាំងឡាយ បើអានិសង្សនៃត្រចៀក មិនមានទេ។ ម្នាលភិក្ខុទាំងឡាយ បើអានិសង្ស នៃច្រមុះមិនមានទេ។ ម្នាលភិក្ខុទាំងឡាយ បើអានិសង្សនៃអណ្តាត មិនមានទេ សត្វទាំងឡាយ មិនត្រេកអរនឹងអណ្តាតឡើយ ម្នាលភិក្ខុទាំងឡាយ អានិសង្សនៃអណ្តាត មាន ព្រោះហេតុណា ហេតុនោះ បានជាសត្វទាំងឡាយ ត្រេកអរ នឹងអណ្តាត ម្នាលភិក្ខុទាំងឡាយ បើទោសនៃអណ្តាត មិនមានទេ សត្វទាំងឡាយ មិននឿយណាយ នឹងអណ្តាតឡើយ ម្នាលភិក្ខុទាំងឡាយ ទោសនៃអណ្តាតមាន ព្រោះហេតុណា ហេតុនោះ បានជា សត្វទាំងឡាយ នឿយណាយនឹងអណ្តាត ម្នាលភិក្ខុទាំងឡាយ បើការរលាស់ចេញនូវអណ្តាតមិនមានទេ សត្វទាំងឡាយ មិនរលាស់ចេញចាកអណ្តាតឡើយ ម្នាលភិក្ខុទាំងឡាយ ការរលាស់ចេញ នូវអណ្តាតមាន ព្រោះហេតុណា ហេតុនោះ បានជាសត្វទាំងឡាយ រលាស់ចេញចាកអណ្តាត។ ម្នាលភិក្ខុទាំងឡាយ បើអានិសង្សនៃកាយមិនមានទេ។ ម្នាលភិក្ខុទាំងឡាយ បើអានិសង្សនៃចិត្ត មិនមានទេ សត្វទាំងឡាយ មិនត្រេកអរនឹងចិត្តឡើយ ម្នាលភិក្ខុទាំងឡាយ អានិសង្សនៃចិត្ត មាន ព្រោះហេតុណា ហេតុនោះ បានជាសត្វទាំងឡាយ ត្រេកអរនឹងចិត្ត ម្នាលភិក្ខុទាំងឡាយ បើទោសនៃចិត្ត មិនមានទេ សត្វទាំងឡាយ មិននឿយណាយនឹងចិត្តឡើយ ម្នាលភិក្ខុទាំងឡាយ ទោសនៃចិត្ត មាន ព្រោះហេតុណា ហេតុនោះ បានជាសត្វទាំងឡាយ នឿយណាយនឹងចិត្ត ម្នាលភិក្ខុទាំងឡាយ បើការរលាស់ចេញ នូវចិត្ត មិនមានទេ សត្វទាំងឡាយ មិនរលាស់ចេញ ចាកចិត្តឡើយ ម្នាលភិក្ខុទាំងឡាយ ការលាស់ចេញ នូវចិត្ត មាន ព្រោះហេតុណា ហេតុនោះ បានជាសត្វទាំងឡាយ រលាស់ចេញចាកចិត្ត។ ម្នាលភិក្ខុទាំងឡាយ សត្វទាំងឡាយ មិនបានដឹងច្បាស់ តាមពិត នូវអានិសង្ស ថាជាអានិសង្ស នូវទោស ថាជាទោស នូវគ្រឿងរលាស់ចេញ ថាជាគ្រឿងរលាស់ចេញ នៃអាយតនៈ ខាងក្នុងទាំង ៦ នេះ អស់កាលត្រឹមណា។ ម្នាលភិក្ខុទាំងឡាយ សត្វលោកទាំងឡាយ ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ព្រមទាំងពពួកសត្វ និងសមណព្រាហ្ម ព្រមទាំងមនុស្ស ជាសម្មទិទេព និងមនុស្សដ៏សេស មិនបានរលាស់ចេញ មិនបានប្រាសចេញ មិនបានរួចស្រឡះ មានចិត្តមិនបានប្រព្រឹត្តកន្លង នូវដែន គឺកិលេស និងវដ្តៈ អស់កាលត្រឹមណោះ។ ម្នាលភិក្ខុ ទាំងឡាយ លុះតែសត្វទាំងឡាយ បានដឹងច្បាស់តាមពិត នូវអានិសង្ស ថាជាអានិសង្ស នូវទោស ថា ជាទោស នូវគ្រឿងរលាស់ចេញ ថាជាគ្រឿងរលាស់ចេញ នៃអយតនៈខាងក្នុង ទាំង ៦ នេះ។ ម្នាលភិក្ខុទាំងឡាយ ទើបសត្វលោកទាំងឡាយ ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ព្រមទាំងពពួកសត្វ នឹងសមណព្រាហ្មណ៍ ព្រមទាំងមនុស្ស ជាសម្មតិទេព នឹងមនុស្សដ៏សេស រលាស់ចេញ ប្រាសចេញ រួចស្រឡះ មានចិត្តប្រព្រឹត្តកន្លងនូវដែន គឺកិលេស និងវដ្តៈបាន។

ចប់សូត្រ ទី៥។

(ទុតិយនោចេអស្សាទ)សូត្រ ទី៦

(៦. ទុតិយនោចេអស្សាទសុត្តំ)

[១៨] ម្នាលភិក្ខុទាំងឡាយ បើអានិសង្សនៃរូប មិនមានទេ សត្វទាំងឡាយ មិនត្រេកអរក្នុងរូបឡើយ ម្នាលភិក្ខុទាំងឡាយ អានិសង្សនៃរូប មាន ព្រោះហេតុណា ហេតុនោះ បានជាសត្វទាំងឡាយ ត្រេកអរនឹងរូប ម្នាលភិក្ខុទាំងឡាយ បើទោសនៃរូប មិនមានទេ សត្វទាំងឡាយ មិននឿយណាយនឹងរូបឡើយ ម្នាលភិក្ខុទាំងឡាយ ទោសនៃរូប មាន ព្រោះហេតុណា ហេតុនោះ បានជាសត្វទាំងឡាយ នឿយណាយនឹងរូប ម្នាលភិក្ខុទាំងឡាយ បើគ្រឿងរលាស់ចេញ នូវរូបមិនមានទេ សត្វទាំងឡាយ មិនរលាស់ចេញ ចាករូបឡើយ ម្នាលភិក្ខុទាំងឡាយ គ្រឿងរលាស់ចេញនូវរូបមាន ព្រោះហេតុណា ហេតុនោះ បានជាសត្វទំាងឡាយ រលាស់ចេញចាករូប។ ម្នាលភិក្ខុទំាងឡាយ បើអានិសង្សរបស់សំឡេង ក្លិន រស ផោដ្ឋឰៈ ធម្មារម្មណ៍មិនមានទេ សត្វទំាងឡាយ មិនត្រេកអរ នឹងធម្មារម្មណ៍ឡើយ ម្នាលភិក្ខុទំាងឡាយ អានិសង្សនៃធម្មារម្មណ៍មាន ញ្រោះហេតុណា ហេតុនោះ បានជាសត្វទំាងឡាយ ត្រេកអរនឹងធម្មារម្មណ៍ ម្នាលភិក្ខុទាំងឡាយ បើទោសនៃធម្មារម្មណ៍ មិនមានទេ សត្វទាំងឡាយ មិននឿយណាយនឹងធម្មារម្មណ៍ឡើយ ម្នាលភិក្ខុទាំងឡាយ ទោសនៃធម្មារម្មណ៍មាន ព្រោះហេតុណា ហេតុនោះ បានជា សត្វទាំងឡាយ រមែងនឿយណាយនឹងធម្មារម្មណ៍ ម្នាលភិក្ខុទាំងឡាយ បើគ្រឿងរលាស់ចេញ នូវធម្មារម្មណ៍ មិនមានទេ សត្វទាំងឡាយ មិនរលាស់ចេញ ចាកធម្មារម្មណ៍ឡើយ ម្នាលភិក្ខុទាំងឡាយ គ្រឿងរលាស់ចេញ នូវធម្មារណ្ម៍មាន ព្រោះហេតុណា ហេតុនោះ បានជាសត្វទាំងឡាយ រលាស់ចេញចាកធម្មារម្មណ៍។ ម្នាលភិក្ខុទាំងឡាយ សត្វទាំងឡាយ បានដឹងច្បាស់ តាមពិត នូវអានិសង្ស ថាជាអានិសង្សផង នូវទោស ថាជាទោសផង នូវគ្រឿងរលាស់ចេញ ថាជាគ្រឿងរលាស់ចេញផង នៃអាយតនៈ ខាងក្រៅទាំង ៦ នេះ អស់កាលត្រឹមណា។ ម្នាលភិក្ខុទាំងឡាយ សត្វលោកទាំងឡាយ ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ព្រមទាំងពពួកសត្វ និងសមណព្រាហ្មណ៍ ព្រមទាំងមនុស្ស ជាសម្មតិទេព និងមនុស្សដ៏សេស មិនបានរលាស់ចេញ មិនបានប្រាសចេញ មិនបានរួចស្រឡះ មានចិត្តមិនបាន ប្រព្រឹត្តកន្លងនូវដែន គឺកិលេស និងវដ្តៈ អស់កាលត្រឹមណោះ។ ម្នាលភិក្ខុទាំងឡាយ លុះតែ សត្វទាំងឡាយ បានដឹងច្បាស់តាមពិត នូវអានិសង្ស ថាជាអានិសង្សផង នូវទោស ថាជាទោសផង នៃអាយតនៈ ខាងក្រៅទាំង ៦ នេះ។ប។ ម្នាលភិក្ខុទាំងឡាយ ទើបសត្វលោកទាំងឡាយ ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ព្រមទាំងពពួកសត្វ និងសមណព្រាហ្មណ៍ ព្រមទាំងមនុស្ស ជាសម្មតិទេព និងមនុស្សដ៏សេស រលាស់ចេញ ប្រាសចេញ រួចស្រឡះ មានចិត្តប្រព្រឹត្តកន្លងនូវដែន គឺកិលេស និងវដ្តៈបាន។

ចប់សូត្រ ទី៦។

(បឋមាភិនន្ទ)សូត្រ ទី៧

(៧. បឋមាភិនន្ទសុត្តំ)

[១៩] ម្នាលភិក្ខុទាំងឡាយ បុគ្គលណា ត្រេកអរចំពោះភ្នែក បុគ្គលនោះ ឈ្មោះថា ត្រេកអរចំពោះទុក្ខ។ តថាគតពោលថា បុគ្គណា ត្រេកអរចំពោះទុក្ខ បុគ្គលនោះ មិនផុតចាកទុក្ខ។បេ។ បុគ្គលណា ត្រេកអរចំពោះអណ្តាត បុគ្គលនោះ ឈ្មោះថា ត្រេកអរចំពោះទុក្ខ។ តថាគត ពោលថា បុគ្គលណា ត្រេកអរចំពោះទុក្ខ បុគ្គលនោះ មិនផុតចាកទុក្ខ។បេ។ បុគ្គលណា ត្រេកអរចំពោះចិត្ត បុគ្គលនោះ ឈ្មោះថា ត្រេកអរចំពោះទុក្ខ។ តថាគតពោលថា បុគ្គលណា ត្រេកអរចំពោះទុក្ខ បុគ្គលនោះ មិនផុតចាកទុក្ខ។ ម្នាលភិក្ខុទាំងឡាយ លុះតែបុគ្គលណា មិនត្រេកអរ ចំពោះភ្នែក បុគ្គលនោះ ទើបឈ្មោះថា មិនត្រេកអរចំពោះទុក្ខ តថាគតពោលថា បុគ្គលណា មិនត្រេកអរចំពោះទុក្ខ បុគ្គលនោះ រួចផុតចាកទុក្ខ។បេ។ បុគ្គលណា មិនត្រេកអរ ចំពោះអណ្តាត បុគ្គលនោះ ឈ្មោះថា មិនត្រេកអរចំពោះទុក្ខ។ តថាគតពោលថា បុគ្គលណា មិនត្រេកអរចំពោះទុក្ខ បុគ្គលនោះ រួចផុតចាកទុក្ខ។ បុគ្គលណា មិនត្រេកអរចំពោះចិត្ត បុគ្គលនោះ ឈ្មោះថាមិន ត្រេកអរចំពោះទុក្ខ។ តថាគតពោលថា បុគ្គលណា មិនត្រេកអរ ចំពោះទុក្ខ បុគ្គលនោះ រួចផុតចាកទុក្ខ។

ចប់សូត្រ ទី៧។

(ទុតិយាភិនន្ទ)សូត្រ ទី៨

(៨. ទុតិយាភិនន្ទសុត្តំ)

[២០] ម្នាលភិក្ខុទាំងឡាយ បុគ្គលណា ត្រេកអរចំពោះរូប បុគ្គលនោះឈ្មោះថា ត្រេកអរចំពោះទុក្ខ។ តថាគតពោលថា បុគ្គលណា ត្រេកអរចំពោះទុក្ខ បុគ្គលនោះ មិនរួច ផុតចាកទុក្ខ។បេ។ បុគ្គលណា ត្រេកអរចំពោះសំឡេង ក្លិន រស ផោដ្ឋឰៈ ធម្មារម្មណ៍ បុគ្គលនោះ ឈ្មោះថា ត្រេកអរចំពោះទុក្ខ។ តថាគតពោលថា បុគ្គលណា ត្រេកអរចំពោះទុក្ខ បុគ្គលនោះ មិនរួចផុតចាកទុក្ខ។ ម្នាលភិក្ខុទាំងឡាយ លុះតែបុគ្គលណា មិនត្រេកអរចំពោះរូប បុគ្គលនោះ ទើបឈ្មោះថា មិនត្រេកអរចំពោះទុក្ខ។ តថាគតពោលថា បុគ្គលណា មិនត្រេកអរចំពោះទុក្ខ បុគ្គលនោះ រួចផុតចាកទុក្ខ។ បុគ្គលណា មិនត្រេកអរ ចំពោះសំឡេង ក្លិន រស ផោដ្ឋឰៈ ធម្មារម្មណ៍ បុគ្គលនោះ ឈ្មោះថា មិនត្រេកអរចំពោះទុក្ខ។ តថាគតពោលថា បុគ្គលណា មិនត្រេកអរចំពោះទុក្ខ បុគ្គលនោះ រួចផុតចាកទុក្ខ។

ចប់សូត្រ ទី៨។

(បឋមទុក្ខុប្បាទ)សូត្រ ទី៩

(៩. បឋមទុក្ខុប្បាទសុត្តំ)

[២១] ម្នាលភិក្ខុទាំងឡាយ ការកើតឡើង ការតាំងនូវ ការកើតចំពោះ ការកើតប្រាកដ នៃភ្នែកណា នុ៎ះ ឈ្មោះថា ការកើតឡើងនៃទុក្ខ ការតាំងនៅនៃរោគទាំងឡាយ ការកើតប្រាកដ នៃជរា និងមរណៈ (ការកើតឡើង ជាដើម) នៃត្រចៀកណា។បេ។ នៃច្រមុះណា។ នៃអណ្តាតណា។ នៃកាយណា។ ការកើតឡើង ការតាំងនៅ ការកើតចំពោះ ការកើតប្រាកដ នៃចិត្តណា នុ៎ះ ឈ្មោះថា ការកើតឡើងនៃទុក្ខ ការតាំងនៅ នៃរោគទាំងឡាយ ការកើតប្រាកដ នៃជរា និងមរណៈ។ ម្នាលភិក្ខុទាំងឡាយ លុះតែការរលត់ ការរម្លាប់ ការវិនាស នៃភ្នែកណា នុ៎ះ ទើបឈ្មោះថា ការរលត់នៃទុក្ខ ការរម្ងាប់ នៃរោគទាំងឡាយ ការវិនាស នៃជរា និងមរណៈបាន។ ( ការរលត់ ) នៃត្រចៀកណា។ នៃច្រមុះណា។ នៃអណ្តាតណា។ នៃកាយណា។ ការរលត់ ការរម្ងាប់ ការវិនាស នៃចិត្តណា នុ៎ះ ឈ្មោះថា ការរលត់នៃទុក្ខ ការរម្ងាប់ នៃរោគទាំងឡាយ ការវិនាស នៃជរា និងមរណៈបាន។

ចប់សូត្រ ទី៩។

(ទុតិយទុក្ខុប្បាទសុ)សូត្រ ទី១០

(១០. ទុតិយទុក្ខុប្បាទសុត្តំ)

[២២] ម្នាលភិក្ខុទាំងឡាយ ការកើតឡើង ការតាំងនៅ ការកើតចំពោះ ការកើតប្រាកដ នៃរូបទាំងឡាយណា នុ៎ះ ឈ្មោះថា ការកើតឡើងនៃទុក្ខ ការតាំងនៅ នៃរោគទាំងឡាយ ការកើតប្រាកដ នៃជរា និងមរណៈ។ ( ការកើតឡើង ជាដើម ) នៃសំឡេង ទាំងឡាយណា។បេ។ ការកើតឡើង ការតាំងនៅ ការកើតចំពោះ ការកើតប្រាកដនៃ ធម្មារម្មណ៍ទាំងឡាយណា នុ៎ះ ឈ្មោះថា ការកើតឡើងនៃទុក្ខ ការតាំងនៅ នៃរោគទាំងឡាយ ការកើតប្រាកដ នៃជរា និងមរណៈ។

[២៣] ម្នាលភិក្ខុទាំងឡាយ លុះតែការរលត់ ការរម្ងាប់ ការវិនាស នៃរូបទាំងឡាយណា នុ៎ះ ទើបឈ្មោះថា ការរលត់នៃទុក្ខ ការរម្ងាប់ នៃរោគទាំងឡាយ ការវិនាស នៃជរា និងមរណៈបាន។ (ការរលត់ ជាដើម ) នៃសំឡេងទាំងឡាយណា។ នៃក្លិនទាំងឡាយណា។ នៃរសទាំងឡាយណា ។ នៃផោដ្ឋឰៈទាំងឡាយណា។ ការរលត់ ការរម្ងាប់ ការវិនាស នៃធម្មារម្មណ៍ទាំងឡាយណា នុ៎ះ ឈ្មោះថា ការរលត់នៃទុក្ខ ការរម្ងាប់ នៃរោគទាំងឡាយ ការវិនាស នៃជរា និងមរណៈបាន។

ចប់សូត្រ ទី១០។

ចប់យមកវគ្គ ទី២។

ឧទ្ទាននៃយមកវគ្គនោះ គឺ

និយាយ អំពីការត្រាស់ដឹង ពីរលើក អំពីអានិសង្ស ពីរលើកដទៃទៀត អំពីចិត្តមិនបានប្រព្រឹត្តកន្លងនូវដែន គឺកិលេស និងវដ្តៈ ពីរលើក អំពីការត្រេកអរ ពីរលើកដទៃទៀត អំពីការកើតឡើង ពីរលើក ហេតុនោះ ទើបហៅថា វគ្គ។

សព្វវគ្គ ទី៣

(៣. សព្វវគ្គោ)

(សព្វ)សូត្រ ទី១

(១. សព្វសុត្តំ)

[២៤] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសម្តែងនូវអាយតនៈទាំងពួង ដល់អ្នក ទាំងឡាយ អ្នកទាំងឡាយ ចាំស្តាប់នូវអាយតនៈនោះចុះ។ ម្នាលភិក្ខុទាំងឡាយ អាយតនៈទាំងពួង តើដូចម្តេច គឺភ្នែក ១ រូប ១ ត្រចៀក ១ សំឡេង ១ ច្រមុះ ១ ក្លិន ១ អណ្តាត ១ រស ១ កាយ ១ ផោដ្ឋឰៈ ១ ចិត្ត ១ ធម្មារម្មណ៍ ១។ ម្នាលភិក្ខុទាំងឡាយ នេះ ហៅថា អាយតនៈទាំងពួង។ ម្នាលភិក្ខុទាំងឡាយ បុគ្គលណា និយាយយ៉ាងនេះថា អញឃាត់នូវអាយតនៈទាំងពួងនុ៎ះ ហើយនឹងបញ្ញត្ត នូវវត្ថុដទៃ។ វាចារបស់បុគ្គលនោះ គ្រាន់តែឲ្យ កើតទៅជារឿងប៉ុណ្ណោះឯង។ បុគ្គលនោះ បើមានគេសួរមក ក៏មិនអាចញុំាងរឿងនោះ ឲ្យសម្រេចបាន នាំឲ្យលំបាកទៅខាងមុខ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា (សត្វទាំងឡាយ តែងបាននូវសេចក្តីទុក្ខ) ក្នុងទីមិនមែនជាវិស័យ ដោយពិត។

ចប់សូត្រ ទី១។

(បហាន)សូត្រ ទី២

(២. បហានសុត្តំ)

[២៥] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសម្តែងធម៌ ដើម្បីការលះបង់ នូវអាយតនៈទាំងពួង ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចាំស្តាប់ធម៌នោះចុះ។ ម្នាលភិក្ខុទាំងឡាយ ធម៌សម្រាប់ការលះបង់ នូវអាយតនៈទាំងពួង ដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ត្រូវលះបង់ចក្ខុ អ្នកទាំងឡាយ ត្រូវលះបង់រូប អ្នកទាំងឡាយ ត្រូវលះបង់ចក្ខុវិញ្ញាណ អ្នកទាំងឡាយ ត្រូវលះបង់ចក្ខុសម្ផ័ស្ស វេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនទុក្ខមិនសុខក្តី ដែលកើតឡើង ព្រោះចក្ខុសម្ផ័ស្សជាបច្ច័យ អ្នកទាំងឡាយ ត្រូវលះបង់ នូវវេទនានោះចេញ។ អ្នកទាំងឡាយ ត្រូវលះបង់សោតៈ។ អ្នកទាំងឡាយ ត្រូវលះបង់ឃានៈ។ អ្នកទាំងឡាយ ត្រូវលះបង់ជិវ្ហា អ្នកទាំងឡាយ ត្រូវលះបង់រស អ្នកទាំងឡាយ ត្រូវលះបង់ជិវ្ហាវិញ្ញាណ អ្នកទាំងឡាយ ត្រូវលះបង់ជិវ្ហាសម្ផ័ស្ស ទោះបីវេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនទុក្ខមិនសុខក្តី ដែលកើតឡើង ព្រោះជិវ្ហាសម្ផ័ស្សជាបច្ច័យ អ្នកទាំងឡាយ ត្រូវលះបង់ នូវវេទនានោះចេញ។ អ្នកទាំងឡាយ ត្រូវលះបង់កាយ។ អ្នកទាំងឡាយ ត្រូវលះបង់មនោ អ្នកទាំងឡាយ ត្រូវលះបង់ធម្មារម្មណ៍ អ្នកទាំងឡាយ ត្រូវលះបង់មនោវិញ្ញាណ អ្នកទាំងឡាយ ត្រូវលះបង់មនោសម្ផ័ស្ស ទោះបីវេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនទុក្ខមិនសុខក្តី ដែលកើតឡើង ព្រោះមនោសម្ផ័ស្សជាបច្ច័យ អ្នកទាំងឡាយ ត្រូវលះបង់ នូវវេទនានោះចេញ។ ម្នាលភិក្ខុទាំងឡាយ នេះឯង ជាធម៌សម្រាប់ការលះបង់ នូវអាយយតនៈទាំងពួង។

ចប់សូត្រ ទី២។

(អភិញ្ញាបរិញ្ញាបហាន)សូត្រ ទី៣

(៣. អភិញ្ញាបរិញ្ញាបហានសុត្តំ)

[២៦] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសម្តែងនូវធម៌ ចំពោះអ្នកទាំងឡាយ ដើម្បីការលះបង់ នូវអាយតនៈទាំងពួង ដោយអភិញ្ញា និងបរិញ្ញា អ្នកទាំងឡាយ ចាំស្តាប់នូវធម៌នោះចុះ។ ម្នាលភិក្ខុទាំងឡាយ ចុះធម៌សម្រាប់ការលះបង់ នូវអយតនៈទាំងពួងដោយអភិញ្ញា និងបរិញ្ញា តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ត្រូវលះបង់នូវចក្ខុ ដោយអភិញ្ញា និងបរិញ្ញា អ្នកទាំងឡាយ ត្រូវលះបង់នូវរូប ដោយអភិញ្ញា និងបរិញ្ញា អ្នកទាំងឡាយ ត្រូវលះបង់ នូវចក្ខុវិញ្ញាណ ដោយអភិញ្ញា និងបរិញ្ញា អ្នកទាំងឡាយ ត្រូវលះបង់ នូវចក្ខុសម្ផ័ស្ស ដោយអភិញ្ញា និងបរិញ្ញា វេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនទុក្ខមិនសុខក្តី ដែលកើតឡើង ព្រោះចក្ខុសម្ផ័ស្ស ជាបច្ច័យ អ្នកទាំងឡាយត្រូវលះបង់ នូវវេទនានោះ ដោយអភិញ្ញា និងបរិញ្ញា។បេ។ អ្នកទាំងឡាយ ត្រូវលះបង់នូវជិវ្ហា ដោយអភិញ្ញា និងបរិញ្ញា អ្នកទាំងឡាយ ត្រូវលះបង់នូវរស ដោយអភិញ្ញា និង បរិញ្ញា អ្នកទាំងឡាយ ត្រូវលះបង់ នូវជិវ្ហាវិញ្ញាណ ដោយអភិញ្ញា និងបរិញ្ញា អ្នកទាំងឡាយ ត្រូវលះបង់ នូវជិវ្ហាសម្ផ័ស្ស ដោយអភិញ្ញា និងបរិញ្ញា វេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនទុក្ខមិនសុខក្តី ដែលកើតឡើង ព្រោះជិវ្ហាសម្ផ័ស្សជាបច្ច័យ អ្នកទាំងឡាយ ត្រូវលះបង់ នូវវេទនានោះ ដោយអភិញ្ញា និងបរិញ្ញា។ អ្នកទាំងឡាយ ត្រូវលះបង់នូវកាយ ដោយអភិញ្ញា និងបរិញ្ញា។ អ្នកទាំងឡាយ ត្រូវលះបង់នូវមនោ ដោយអភិញ្ញា និងបរិញ្ញា អ្នកទាំងឡាយ ត្រូវលះបង់ នូវធម្មារម្មណ៍ ដោយអភិញ្ញា និងបរិញ្ញា អ្នកទាំងឡាយ ត្រូវ លះបង់ នូវមនោវិញ្ញាណ ដោយអភិញ្ញា និងបរិញ្ញា អ្នកទាំងឡាយ ត្រូវលះបង់នូវមនោសម្ផ័ស្ស ដោយអភិញ្ញា និងបរិញ្ញា វេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនទុក្ខមិនសុខក្តី ដែលកើតឡើង ព្រោះមនោសម្ផ័ស្សជាបច្ច័យ អ្នកទាំងឡាយ ត្រូវលះបង់នូវវេទនានោះ ដោយអភិញ្ញា និងបរិញ្ញា។ ម្នាលភិក្ខុទាំងឡាយ នេះឯង ហៅថា ធម៌សម្រាប់ការលះបង់ នូវអាយតនៈទាំងពួង ដោយអភិញ្ញា និងបរិញ្ញា។

ចប់សូត្រ ទី៣។

(បឋមអបរិជានន)សូត្រ ទី៤

(៤. បឋមអបរិជាននសុត្តំ)

[២៧] ម្នាលភិក្ខុទាំងឡាយ ភិក្ខុ កាលមិនដឹងច្បាស់ មិនកំណត់ដឹង មិននឿយណាយ មិនលះបង់ នូវអាយតនៈទាំងពួង មិនគួរដើម្បីអស់ទៅនៃទុក្ខបានឡើយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលមិនដឹងច្បាស់ មិនកំណត់ដឹង មិននឿយណាយ មិនលះបង់ នូវអាយតនៈទាំងពួង មិនគួរដើម្បីអស់ទៅនៃទុក្ខ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលមិនដឹងច្បាស់ មិនកំណត់ដឹង មិននឿយណាយ មិនលះបង់ នូវចក្ខុ មិនគួរដើម្បីអស់ទៅ នៃទុក្ខឡើយ។ ភិក្ខុកាលមិនដឹងច្បាស់ មិនកំណត់ដឹង មិននឿយណាយ មិនលះបង់ នូវរូបទាំងឡាយ មិនគួរដើម្បីអស់ទៅ នៃទុក្ខបានឡើយ។ នូវចក្ខុវិញ្ញាណ។បេ។ នូវចក្ខុសម្ផ័ស្ស។បេ។ ព្រោះចក្ខុសម្ផ័ស្សជាបច្ច័យណា។បេ។ ដើម្បីអស់ទៅនៃទុក្ខ បានឡើយ។ ភិក្ខុកាលមិនដឹងច្បាស់ មិនកំណត់ដឹង មិននឿយណាយ មិនលះបង់ នូវ ជិវ្ហា មិនគួរដើម្បីអស់ទៅ នៃទុក្ខបានឡើយ នូវរសទាំងឡាយ។បេ។ នូវជិវ្ហាវិញ្ញាណ។បេ។ នូវជិវ្ហាសម្ផ័ស្ស។បេ។ ទោះបីវេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនទុក្ខមិនសុខក្តី ដែលកើតឡើង ព្រោះជិវ្ហាសម្ផ័ស្សជាបច្ច័យ ភិក្ខុកាលមិនដឹងច្បាស់ មិនកំណត់ដឹង មិននឿយណាយ មិនលះបង់ នូវវេទនានោះ មិនគួរដើម្បីអស់ទៅនៃទុក្ខបានឡើយ។ ភិក្ខុ កាលមិនដឹងច្បាស់ មិនកំណត់ដឹង មិននឿយណាយ មិនលះបង់ នូវកាយ និងមនោ មិនគួរដើម្បីអស់ទៅ នៃទុក្ខបានឡើយ នូវធម្មារម្មណ៍។បេ។ នូវមនោវិញ្ញាណ។បេ។ នូវមនោ សម្ផ័ស្ស។បេ។ ទោះបីវេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនទុក្ខមិនសុខក្តី ដែលកើតឡើង ព្រោះមនោសម្ផ័ស្សជាបច្ច័យ ភិក្ខុកាលមិនដឹងច្បាស់ មិនកំណត់ដឹង មិននឿយណាយ មិនលះបង់ នូវវេទនានោះ មិនគួរដើម្បីអស់ទៅនៃទុក្ខបានឡើយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលមិនដឹងច្បាស់ មិនកំណត់ដឹង មិននឿយណាយ មិនលះបង់ នូវអាយតនៈទាំងពួង នេះឯង មិនគួរដើម្បីអស់ទៅនៃទុក្ខបានឡើយ។

[២៨] ម្នាលភិក្ខុទាំងឡាយ ភិក្ខុ កាលដឹងច្បាស់ កំណត់ដឹង នឿយណាយ លះបង់ នូវអាយតនៈទាំងពួង ទើបគួរដើម្បីអស់ទៅនៃទុក្ខបាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលដឹងច្បាស់ កំណត់ដឹង នឿយណាយ លះបង់ នូវអាយតនៈទាំងពួង ទើបគួរដើម្បីអស់ទៅនៃទុក្ខបាន តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ កាលដឹងច្បាស់ កំណត់ដឹង នឿយណាយ លះបង់ នូវចក្ខុ គួរដើម្បីអស់ទៅនៃទុក្ខបាន ភិក្ខុ កាលដឹងច្បាស់ កំណត់ដឹង នឿយណាយ លះបង់ នូវរូប គួរដើម្បីអស់ទៅនៃទុក្ខបាន ភិក្ខុកាលដឹងច្បាស់ កំណត់ដឹង នឿយណាយ លះបង់ នូវចក្ខុវិញ្ញាណ គួរដើម្បីអស់ទៅ នៃទុក្ខបាន ភិក្ខុកាល ដឹងច្បាស់ កំណត់ដឹង នឿយណាយ លះបង់ នូវចក្ខុសម្ផ័ស្ស គួរដើម្បីអស់ទៅ នៃទុក្ខបាន ទោះបីវេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនសុខមិនទុក្ខក្តី ដែលកើតឡើង ព្រោះចក្ខុសម្ផ័ស្សជាបច្ច័យ ភិក្ខុ កាលដឹងច្បាស់ កំណត់ដឹង នឿយណាយ លះបង់ នូវវេទនានោះ គួរដើម្បីអស់ទៅ នៃទុក្ខបាន។បេ។ ភិក្ខុ កាលដឹងច្បាស់ កំណត់ដឹង នឿយណាយ លះបង់ នូវជិវ្ហា គួរដើម្បីអស់ទៅ នៃទុក្ខបាន នូវរសទាំងឡាយ។បេ។ នូវជិវ្ហាវិញ្ញាណ។ បេ។ នូវជិវ្ហាសម្ផ័ស្ស។បេ។ ទោះបីវេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនទុក្ខមិនសុខក្តី ដែលកើតឡើង ព្រោះជិវ្ហាសម្ផ័ស្សជាបច្ច័យ ភិក្ខុ កាលដឹងច្បាស់ កំណត់ដឹង នឿយណាយ លះបង់ នូវវេទនានោះ គួរដើម្បីអស់ទៅ នៃទុក្ខបាន។ ភិក្ខុ កាលដឹងច្បាស់ កំណត់ដឹង នឿយណាយ លះបង់ នូវកាយ និងមនោ គួរដើម្បីអស់ទៅ នៃទុក្ខបាន នូវធម្មារម្មណ៍។បេ។ នូវមនោវិញ្ញាណ។បេ។ នូវមនោសម្ផ័ស្ស។បេ។ ទោះបីវេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនទុក្ខមិនសុខក្តី ដែលកើតឡើង ព្រោះមនោសម្ផ័ស្សជាបច្ច័យ ភិក្ខុ កាលដឹងច្បាស់ កំណត់ដឹង នឿយណាយ លះបង់ នូវវេទនានោះ គួរដើម្បីអស់ទៅ នៃទុក្ខបាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលដឹងច្បាស់ កំណត់ដឹង នឿយណាយ លះបង់ នូវអាយតនៈទាំងពួង នេះឯង គួរដើម្បីអស់ទៅ នៃទុក្ខបាន។

ចប់សូត្រ ទី៤។

(ទុតិយអបរិជានន)សូត្រ ទី៥

(៥. ទុតិយអបរិជាននសុត្តំ)

[២៩] ម្នាលភិក្ខុទាំងឡាយ ភិក្ខុ កាលមិនដឹងច្បាស់ មិនកំណត់ដឹង មិននឿយណាយ មិនលះបង់ នូវអាយតនៈទាំងពួង មិនគួរដើម្បីអស់ទៅ នៃទុក្ខបានឡើយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ កាលមិនដឹងច្បាស់ មិនកំណត់ដឹង មិននឿយណាយ មិនលះបង់ នូវអាយតនៈទាំងពួង មិនគួរដើម្បីអស់ទៅ នៃទុក្ខបាន តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ចក្ខុណាក្តី រូបណាក្តី ចក្ខុវិញ្ញាណណាក្តី ធម្មារម្មណ៍ណា ដែលត្រូវដឹងដោយចក្ខុវិញ្ញាណក្តី។បេ។ ជិវ្ហាណាក្តី រសណាក្តី ជិវ្ហាវិញ្ញាណណាក្តី ធម្មារម្មណ៍ណា ដែលត្រូវដឹងដោយជិវ្ហាវិញ្ញាណក្តី។បេ។ មនោណាក្តី ធម្មារម្មណ៍ណាក្តី មនោវិញ្ញាណណាក្តី ធម្មារម្មណ៍ណា ដែលត្រូវដឹងដោយមនោវិញ្ញាណក្តី។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ កាលមិនដឹងច្បាស់ មិនកំណត់ដឹង មិននឿយណាយ មិនលះបង់ នូវអាយតនៈ ទាំងពួងនេះឯង មិនគួរដើម្បីអស់ទៅ នៃទុក្ខបានឡើយ។

[៣០] ម្នាលភិក្ខុទាំងឡាយ ភិក្ខុ កាលដឹងច្បាស់ កំណត់ដឹង នឿយណាយ លះបង់ នូវអាយតនៈទាំងពួង គួរដើម្បីអស់ទៅនៃទុក្ខបាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលដឹង ច្បាស់ កំណត់ដឹង នឿយណាយ លះបង់នូវអាយតនៈទាំងពួង គួរដើម្បីអស់ទៅ នៃទុក្ខបាន តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ចក្ខុណាក្តី រូបណាក្តី ចក្ខុវិញ្ញាណណាក្តី ធម្មារម្មណ៍ណា ដែលត្រូវដឹង ដោយចក្ខុវិញ្ញាណក្តី។បេ។ ជិវ្ហាណាក្តី រសណាក្តី ជិវ្ហាវិញ្ញាណណាក្តី ធម្មារម្មណ៍ណា ដែលត្រូវដឹង ដោយជិវ្ហាវិញ្ញាណក្តី។បេ។ មនោណាក្តី ធម្មារម្មណ៍ណាក្តី មនោវិញ្ញាណណាក្តី ធម្មារម្មណ៍ណា ដែលត្រូវដឹងដោយមនោវិញ្ញាណក្តី។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ កាលដឹងច្បាស់ កំណត់ដឹង នឿយណាយ លះបង់ នូវអាយតនៈទាំងពួង នេះឯង គួរដើម្បីអស់ទៅ នៃទុក្ខបាន។

ចប់សូត្រ ទី៥។

(អាទិត្ត)សូត្រ ទី៦

(៦. អាទិត្តសុត្តំ)

[៣១] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅជិតស្រះ ក្នុងស្រុកឈ្មោះ គយាសីសៈ ជាមួយនឹងភិក្ខុ ១.០០០ រូប។ ក្នុងទីនោះឯង ព្រះមានព្រះភាគ ត្រាស់ហៅភិក្ខុទាំងឡាយ មកថា ម្នាលភិក្ខុទាំងឡាយ វត្ថុទាំងពួង ជារបស់ក្តៅ។ ម្នាលភិក្ខុទាំងឡាយ វត្ថុទាំងពួង ជារបស់ក្តៅ គឺអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ ចក្ខុ ជារបស់ក្តៅ រូបជារបស់ក្តៅ ចក្ខុវិញ្ញាណជារបស់ក្តៅ ចក្ខុសម្ផ័ស្ស ជារបស់ក្តៅ ទោះបីវេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនមែនទុក្ខមិនមែនសុខក្តី ដែលកើតឡើង ព្រោះចក្ខុសម្ផ័ស្សជាបច្ច័យ វេទនានោះ ក៏ជារបស់ក្តៅដែរ។ ក្តៅដោយអ្វី។ តថាគត ពោលថា ក្តៅដោយភ្លើង គឺរាគៈ ដោយភ្លើង គឺទោសៈ ដោយភ្លើង គឺមោហៈ ក្តៅដោយសេចក្តីកើត ដោយសេចក្តីគ្រាំគ្រា ដោយសេចក្តីស្លាប់ ដោយសេចក្តីសោក ដោយសេចក្តីខ្សឹកខ្សួល ដោយសេចក្តីទុក្ខ ក្នុងកាយ ដោយសេចក្តីទុក្ខក្នុងចិត្ត ដោយសេចក្តីចង្អៀតចង្អល់ចិត្តទាំងឡាយ។បេ។ អណ្តាត ជារបស់ក្តៅ រសជារបស់ក្តៅ ជិវ្ហាវិញ្ញាណ ជារបស់ក្តៅ ជិវ្ហាសម្ផ័ស្សជារបស់ក្តៅ ទោះបីវេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនមែនទុក្ខមិនមែនសុខក្តី ដែលកើតឡើង ព្រោះជិវ្ហាសម្ផ័ស្សជាបច្ច័យ វេទនានោះ ក៏ជារបស់ក្តៅដែរ។ ក្តៅដោយអ្វី។ តថាគត ពោលថា ក្តៅដោយភ្លើង គឺរាគៈ ដោយភ្លើង គឺទោសៈ ដោយភ្លើង គឺមោហៈ ក្តៅដោយសេចក្តីកើត ដោយសេចក្តីគ្រាំគ្រា ដោយសេចក្តីស្លាប់ ដោយសេចក្តីសោក ដោយសេចក្តីខ្សឹកខ្សួល ដោយសេចក្តីទុក្ខ ក្នុងកាយ ដោយសេចក្តីទុក្ខក្នុងចិត្ត ដោយសេចក្តីចង្អៀតចង្អល់ចិត្តទាំងឡាយ។បេ។ មនោជារបស់ក្តៅ ធម្មារម្មណ៍ជារបស់ក្តៅ មនោវិញ្ញាណ ជារបស់ក្តៅ មនោសម្ផ័ស្ស ជារបស់ក្តៅ ទោះបីវេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនមែនទុក្ខ មិនមែនសុខក្តី ដែលកើតឡើង ព្រោះមនោសម្ផ័ស្សជាបច្ច័យ វេទនានោះ ក៏ជារបស់ក្តៅដែរ។ ក្តៅដោយអ្វី។ តថាគត ពោលថា ក្តៅដោយភ្លើង គឺរាគៈ ដោយភ្លើង គឺទោសៈ ដោយភ្លើង គឺមោហៈ ក្តៅដោយសេចក្តីកើត ដោយសេចក្តីគ្រាំគ្រា ដោយសេចក្តីស្លាប់ ដោយសេចក្តីសោក ដោយសេចក្តីខ្សឹកខ្សួល ដោយសេចក្តីទុក្ខក្នុងកាយ ដោយសេចក្តីទុក្ខក្នុងចិត្ត ដោយសេចក្តីចង្អៀតចង្អល់ចិត្តទាំងឡាយ។ ម្នាលភិក្ខុទាងឡាយ កាលបើអរិយសាវ័ក ជាអ្នកចេះដឹង បានយល់ឃើញ យ៉ាងនេះហើយ ក៏នឿយណាយ នឹងចក្ខុផង នឿយណាយនឹងរូបផង នឿយណាយ នឹងចក្ខុវិញ្ញាណផង នឿយណាយនឹងចក្ខុសម្ផ័ស្សផង ទោះបីវេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនមែនទុក្ខ មិនមែនសុខក្តី ដែលកើតឡើង ព្រោះចក្ខុសម្ផ័ស្សជាបច្ច័យ ក៏នឿយណាយ នឹងវេទនានោះផង។បេ។ ទោះបីវេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនមែនទុក្ខ មិនមែនសុខក្តី ដែលកើតឡើង ព្រោះមនោសម្ផ័ស្ស ជាបច្ច័យ ក៏នឿយណាយ នឹងវេទនានោះផង កាលបើនឿយណាយ ក៏ប្រាសចាកតម្រេក ព្រោះប្រាសចាកតម្រេក ចិត្តក៏ផុតស្រឡះ ( ចាកអាសវៈ )។ កាលបើចិត្តផុតស្រឡះហើយ ញាណ ក៏កើតឡើងថា ចិត្តផុតស្រឡះហើយ។ ( អរិយសាវ័កនោះ ) ក៏ដឹងច្បាស់ ថា ជាតិអស់ហើយ ព្រហ្មចរិយាធម៌ អញបានប្រព្រឹត្តគ្រប់គ្រាន់ហើយ សោឡសកិច្ច អញក៏ បានធ្វើរួចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ ព្រះមានព្រះភាគ បានត្រាស់ភាសិតនេះហើយ។ ភិក្ខុទាំងនោះ ក៏មានសេចក្តីត្រេកអរ រីករាយ នឹងភាសិត នៃព្រះមានព្រះភាគ។ នាកាលវេយ្យាករណ៍ ( ព្រះសូត្រឥតមានគាថា ) នេះ ដែលព្រះមានព្រះភាគ កំពុងត្រាស់ទេសនា ចិត្តរបស់ភិក្ខុទាំង ១.០០០ រូបនោះ ក៏បានផុតស្រឡះហើយ ចាកអាសវៈ ទាំងឡាយ ព្រោះការមិនប្រកាន់មាំ។

ចប់សូត្រ ទី៦។

(អទ្ធភូត)សូត្រ ទី៧

(៧. អទ្ធភូតសុត្តំ)

[៣២] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងវត្ដវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ជិតក្រុងរាជគ្រឹះ។ ក្នុងទីនោះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយ មកថា ម្នាលភិក្ខុទាំងឡាយ វត្ថុទាំងពួង ជារបស់ខ្វាក់។ ម្នាលភិក្ខុទាំងឡាយ វត្ថុទាំងពួង ជារបស់ខ្វាក់ តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ចក្ខុជារបស់ខ្វាក់ រូបជារបស់ខ្វាក់ ចក្ខុវិញ្ញាណ ជារបស់ខ្វាក់ ចក្ខុសម្ផ័ស្ស ជារបស់ខ្វាក់ ទោះបីវេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនមែនទុក្ខមិនមែនសុខក្តី ដែលកើតឡើង ព្រោះចក្ខុសម្ផ័ស្សជាបច្ច័យ វេទនានោះ ក៏ជារបស់ខ្វាក់។ ជារបស់ខ្វាក់ដោយអ្វី។ តថាគត ពោលថា ជារបស់ខ្វាក់ដោយសេចក្តីកើត សេចក្តីគ្រាំគ្រា សេចក្តីស្លាប់ សេចក្តីសោក សេចក្តីខ្សឹកខ្សួល សេចក្តីទុក្ខក្នុងកាយ សេចក្តីទុក្ខក្នុងចិត្ត សេចក្តីចង្អៀតចង្អល់ចិត្តទាំងឡាយ។បេ។ ជិវ្ហាជារបស់ខ្វាក់ រសជារបស់ខ្វាក់ ជិវ្ហាវិញ្ញាណ ជារបស់ខ្វាក់ ជិវ្ហាសម្ផ័ស្ស ជារបស់ខ្វាក់ វេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនមែនទុក្ខមិនមែនសុខក្តី ដែលកើតឡើង ព្រោះជិវ្ហាសម្ផ័ស្សជាបច្ច័យ វេទនានោះ ជារបស់ខ្វាក់។ ជារបស់ខ្វាក់ ដោយអ្វី។ តថាគតពោលថា ជារបស់ខ្វាក់ ដោយសេចក្តីកើត សេចក្តីគ្រាំគ្រា សេចក្តីស្លាប់ សេចក្តីសោក សេចក្តីខ្សឹកខ្សួល សេចក្តីទុក្ខក្នុងកាយ សេចក្តីទុក្ខក្នុងចិត្ត សេចក្តីចង្អៀតចង្អល់ចិត្តទាំងឡាយ។បេ។ មនោជារបស់ខ្វាក់ ធម្មារម្មណ៍ជារបស់ខ្វាក់ មនោវិញ្ញាណ ជារបស់ខ្វាក់ មនោសម្ផ័ស្ស ជារបស់ខ្វាក់ ទោះបីវេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនមែនទុក្ខ មិនមែនសុខក្តី ដែលកើតឡើង ព្រោះមនោសម្ផ័ស្សជាបច្ច័យ វេទនានោះ ក៏ជារបស់ខ្វាក់។ ជារបស់ខ្វាក់ដោយអ្វី។ តថាគត ពោលថា ជារបស់ខ្វាក់ ដោយសេចក្តីកើត សេចក្តីគ្រាំគ្រា សេចក្តីស្លាប់ សេចក្តីសោក សេចក្តីខ្សឹកខ្សួល សេចក្តីទុក្ខក្នុងកាយ សេចក្តីទុក្ខក្នុងចិត្ត សេចក្តីចង្អៀតចង្អល់ចិត្តទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ កាលបើអរីយសាវ័ក ជាអ្នកចេះដឹង យល់ឃើញយ៉ាងនេះ ក៏នឿយណាយ នឹងចក្ខុផង នឿយណាយនឹងចក្ខុវិញ្ញាណផង នឿយណាយនឹងចក្ខុសម្ផ័ស្សផង។បេ។ ទោះបីវេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនមែនទុក្ខមិនមែនសុខក្តី ដែលកើតឡើង ព្រោះមនោសម្ផ័ស្សជាបច្ច័យ ក៏នឿយណាយ នឹងវេទនានោះឯង កាលបើនឿយណាយ ក៏ប្រាសចាកតម្រេក ព្រោះតែការប្រាសចាកតម្រេក ចិត្តក៏ផុតស្រឡះ។ កាលបើចិត្តផុតស្រឡះ ញាណ ក៏កើតឡើងថា ចិត្តផុតស្រឡះហើយ។ ( អរិយសាវ័កនោះ ) ក៏ដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចរិយធម៌ អញបានប្រព្រឹត្តគ្រប់គ្រាន់ហើយ សោឡសកិច្ច អញបានធ្វើរួចហើយ មគ្គភាវនាកិច្ចដទៃប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។

ចប់សូត្រ ទី៧។

(សមុគ្ឃាតសារុប្ប)សូត្រ ទី៨

(៨. សមុគ្ឃាតសារុប្បសុត្តំ)

[៣៣] ម្នាលភិក្ខុទាំងឡាយ តថាគត នឹងសំដែងនូវបដិបទា ដ៏សមគួរ ដល់ការដកឡើងព្រម នូវសេចក្តីសំគាល់វត្ថុទាំងពួង ដល់អ្នកទាំងឡាយ ៗ ចូរស្ដាប់នូវបដិបទានោះ ចូរធ្វើទុកក្នុងចិត្ត ឲ្យប្រពៃ តថាគតនឹងសំដែង។ ម្នាលភិក្ខុទាំងឡាយ ចុះបដិបទាដ៏សមគួរ ដល់ការដកឡើងព្រម នូវសេចក្តីសំគាល់វត្ថុទាំងពួងនោះ តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ មិនសំគាល់នូវចក្ខុ មិនសំគាល់ក្នុងចក្ខុ មិនសំគាល់ដោយចក្ខុ មិនសំគាល់ថា ចក្ខុជារបស់អញ។ មិនសំគាល់នូវរូបទាំងឡាយ មិនសំគាល់ក្នុងរូបទាំងឡាយ មិនសំគាល់ដោយរូប មិនសំគាល់ថា រូបទាំងឡាយ ជារបស់អញ មិនសំគាល់ នូវចក្ខុវិញ្ញាណ មិនសំគាល់ក្នុងចក្ខុវិញ្ញាណ មិនសំគាល់ដោយចក្ខុវិញ្ញាណ មិនសំគាល់ថា ចក្ខុវិញ្ញាណជារបស់អញ មិនសំគាល់នូវចក្ខុសម្ផ័ស្ស មិនសំគាល់ក្នុងចក្ខុសម្ផ័ស្ស មិនសំគាល់ដោយចក្ខុសម្ផ័ស្ស មិនសំគាល់ថា ចក្ខុសម្ផ័ស្ស ជារបស់អញ ទោះបីវេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនមែនទុក្ខ មិនមែនសុខក្តី ដែលកើតឡើង ព្រោះចក្ខុសម្ផ័ស្សជាបច្ច័យ ក៏មិនសំគាល់នូវវេទនានោះផង មិនសំគាល់ក្នុងវេទនានោះផង មិនសំគាល់ដោយវេទនានោះផង មិនសំគាល់ថា វេទនានោះ ជារបស់អញ។បេ។ មិនសំគាល់ នូវអណ្តាត មិនសំគាល់ក្នុងអណ្តាត មិនសំគាល់ដោយអណ្តាត មិនសំគាល់ ថាអណ្តាត ជារបស់អញ មិនសំគាល់នូវរសទាំងឡាយ មិនសំគាល់ក្នុងរសទាំងឡាយ មិនសំគាល់ដោយរស មិនសំគាល់ថា រសទាំងឡាយ ជារបស់អញ។ មិនសំគាល់នូវជិវ្ហា វិញ្ញាណ មិនសំគាល់ក្នុងជិវ្ហាវិញ្ញាណ មិនសំគាល់ដោយជិវ្ហាវិញ្ញាណ មិនសំគាល់ថា ជិវ្ហា វិញ្ញាណជារបស់អញ មិនសំគាល់នូវជិវ្ហាសម្ផ័ស្ស មិនសំគាល់ ក្នុងជិវ្ហាសម្ផ័ស្ស មិនសំគាល់ ដោយជិវ្ហាសម្ផ័ស្ស មិនសំគាល់ ថា ជិវ្ហាសម្ផ័ស្សជារបស់អញ។ ទោះបីវេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនមែនទុក្ខមិនមែនសុខក្តី ដែលកើតឡើង ព្រោះជិវ្ហាសម្ផ័ស្សជាបច្ច័យ ក៏មិនសំគាល់ នូវវេទនានោះផង មិនសំគាល់ក្នុងវេទនានោះផង មិនសំគាល់ ដោយវេទនានោះផង មិនសំគាល់ថា វេទនានោះ ជារបស់អញ។បេ។ មិនសំគាល់នូវមនោ មិនសំគាល់ក្នុងមនោ មិនសំគាល់ដោយមនោ មិនសំគាល់ថា មនោជារបស់អញ។ មិនសំគាល់នូវធម្មារម្មណ៍ទាំងឡាយ មិនសំគាល់ក្នុងធម្មារម្មណ៍ទាំងឡាយ មិនសំគាល់ដោយធម្មារម្មណ៍ មិនសំគាល់ថា ធម្មារម្មណ៍ទាំងឡាយ ជារបស់អញ។ មិនសំគាល់ នូវមនោវិញ្ញាណ មិនសំគាល់ក្នុងមនោវិញ្ញាណ មិនសំគាល់ដោយមនោវិញ្ញាណ មិនសំគាល់ថា មនោវិញ្ញាណ ជារបស់អញ។ មិនសំគាល់ នូវមនោសម្ផ័ស្ស មិនសំគាល់ក្នុងមនោសម្ផ័ស្ស មិនសំគាល់ដោយមនោសម្ផ័ស្ស មិនសំគាល់ថា មនោសម្ផ័ស្ស ជារបស់អញ។ ទោះបីវេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនមែនទុក្ខ មិនមែនសុខក្តី ដែលកើតឡើង ព្រោះមនោ សម្ផ័ស្សជាបច្ច័យ មិនសំគាល់នូវវេទនានោះផង មិនសំគាល់ក្នុងវេទនានោះផង មិនសំគាល់ ដោយវេទនានោះផង មិនសំគាល់ថា វេទនានោះ ជារបស់អញ។ មិនសំគាល់ នូវវត្ថុទាំងពួង មិនសំគាល់ក្នុងវត្ថុទាំងពួង មិនសំគាល់ដោយវត្ថុទាំងពួង មិនសំគាល់ថា វត្ថុទាំងពួង ជារបស់អញ។ លុះភិក្ខុនោះ មិនសំគាល់យ៉ាងនេះ ក៏មិនបានប្រកាន់ នូវវត្ថុអ្វីតិចតួច ក្នុងលោក កាលបើមិនប្រកាន់ ក៏មិនតក់ស្លុត កាលបើមិនតក់ស្លុត ក៏រលត់ចំពោះខ្លួនឯង បានដឹងច្បាស់ថា ជាតិរបស់អញ អស់ហើយ ព្រហ្មចរិយធម៌ អញ បានប្រព្រឹត្តគ្រប់គ្រាន់ហើយ សោឡសកិច្ច អញបានធ្វើរួចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ ម្នាលភិក្ខុទាំងឡាយ នេះឯង ហៅថា បដិបទា ដ៏សមគួរដល់ការដកឡើងព្រម នូវសេចក្តីសំគាល់វត្ថុទាំងពួង។

ចប់សូត្រ ទី៨។

(បឋមសមុគ្ឃាតសប្បាយ)សូត្រ ទី៩

(៩. បឋមសមុគ្ឃាតសប្បាយសុត្តំ)

[៣៤] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែង នូវបដិបទា ជាទីសប្បាយ ដល់ការដកឡើងព្រម នូវសេចក្តីសំគាល់វត្ថុទាំងពួង ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់នូវបដិបទានោះចុះ។ ម្នាលភិក្ខុទាំងឡាយ បដិបទា ជាទីសប្បាយដល់ការដក ឡើងព្រម នូវសេចក្តីសំគាល់វត្ថុទាំងពួង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុង សាសនានេះ មិនសំគាល់នូវចក្ខុ មិនសំគាល់ក្នុងចក្ខុ មិនសំគាល់ដោយចក្ខុ មិនសំគាល់ថា ចក្ខុជារបស់អញ។ មិនសំគាល់នូវរូបទាំងឡាយ។ មិនសំគាល់ នូវចក្ខុវិញ្ញាណ។ មិនសំគាល់នូវចក្ខុសម្ផ័ស្ស។ ទោះបីវេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនទុក្ខ មិនសុខក្តី ដែលកើតឡើង ព្រោះចក្ខុសម្ផ័ស្សជាបច្ច័យ ក៏មិនសំគាល់ នូវវេទនានោះផង មិនសំគាល់ ក្នុងវេទនានោះផង មិនសំគាល់ដោយវេទនានោះផង មិនសំគាល់ថា វេទនា នោះជារបស់អញ។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា ភិក្ខុសំគាល់ នូវអារម្មណ៍ណា សំគាល់ក្នុងអារម្មណ៍ណា សំគាល់ដោយអារម្មណ៍ណា សំគាល់ថា អារម្មណ៍ណាជារបស់អញ អារម្មណ៍នោះ កើតឡើ់ងព្រោះសេចក្តីសំគាល់នោះ សត្វលោក ដែលជាប់ក្នុងភព មាន សេចក្តីប្រែប្រួលផ្សេងៗ រមែងត្រេកអរនឹងភព ប៉ុណ្ណោះឯង។ បេ។ មិនសំគាល់នូវជិវ្ហា មិនសំគាល់ក្នុងជិវ្ហា មិនសំគាល់ដោយជិវ្ហា មិនសំគាល់ថា ជិវ្ហាជារបស់អញ។ មិនសំគាល់ នូវរសទាំងឡាយ នូវជិវ្ហាវិញ្ញាណ នូវជិវ្ហាសម្ផ័ស្ស។ ទោះបីវេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនទុក្ខ មិនសុខក្តី ដែលកើតឡើង ព្រោះជិវ្ហាសម្ផ័ស្សជាបច្ច័យ មិនសំគាល់ នូវវេទនានោះផង មិនសំគាល់ ក្នុងវេទនានោះផង មិនសំគាល់ដោយវេទនានោះផង មិនសំគាល់ថា វេទនា នោះជារបស់អញ។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា ភិក្ខុសំគាល់នូវអារម្មណ៍ណា សំគាល់ក្នុងអារម្មណ៍ណា សំគាល់ដោយអារម្មណ៍ណា សំគាល់ថា អារម្មណ៍ណា ជា របស់អញ អារម្មណ៍នោះ កើតឡើង ព្រោះសេចក្តីសំគាល់នោះ សត្វលោកដែលជាប់ក្នុងភព មានសេចក្តីប្រែប្រួលផ្សេងៗ រមែងត្រេកអរនឹងភពប៉ុណ្ណោះឯង។បេ។ មិនសំគាល់នូវមនោ មិនសំគាល់ក្នុងមនោ មិនសំគាល់ដោយមនោ មិនសំគាល់ថា មនោជារបស់អញ មិនសំគាល់ នូវធម្មារម្មណ៍ នូវមនោវិញ្ញាណ នូវមនោសម្ផ័ស្ស។ ទោះបីវេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនទុក្ខមិនសុខក្តី ដែលកើតឡើង ព្រោះមនោសម្ផ័ស្សជាបច្ច័យ ក៏មិនសំគាល់ នូវវេទនានោះផង មិនសំគាល់ ក្នុងវេទនានោះផង មិនសំគាល់ ដោយវេទនានោះផង មិនសំគាល់ថា វេទនានោះ ជារបស់អញ។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា ភិក្ខុសំគាល់ នូវអារម្មណ៍ណា សំគាល់ក្នុងអារម្មណ៍ណា សំគាល់ដោយអារម្មណ៍ណា សំគាល់ថា អារម្មណ៍ណា ជារបស់អញ អារម្មណ៍នោះ កើតឡើង ព្រោះសេចក្តីសំគាល់នោះ សត្វលោក ដែលជាប់ក្នុងភព មានសេចក្តីប្រែប្រួលផ្សេងៗ រមែងត្រេកអរនឹងភពប៉ុណ្ណោះឯង។ ម្នាលភិក្ខុទាំងឡាយ ខន្ធ ធាតុ អាយតនៈ ទាំងប៉ុន្មាន ភិក្ខុ មិនសំគាល់នូវ ខន្ធ ធាតុ អាយតនៈ នោះផង មិនសំគាល់ក្នុង ខន្ធ ធាតុ អាយតនៈ នោះផង មិនសំគាល់ដោយ ខន្ធ ធាតុ អាយតនៈនោះផង មិនសំគាល់ថា ខន្ធ ធាតុ អាយតនៈ នោះជារបស់អញ។ កាលបើភិក្ខុនោះ មិនសំគាល់យ៉ាងនេះ ក៏មិនប្រកាន់នូវ អារម្មណ៍តិចតួចក្នុងលោកឡើយ កាលបើមិនប្រកាន់ ក៏មិនតក់ស្លុត កាលបើមិនតក់ស្លុត ក៏រលត់ចំពោះខ្លួនឯង រមែងដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចរិយធម៌ អញបានប្រព្រឹត្តគ្រប់គ្រាន់ហើយ សោឡសកិច្ច អញបានធ្វើរួចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ ម្នាលភិក្ខុទាំងឡាយ នេះឯង ហៅថា បដិបទា ជាទីសប្បាយ ដល់ការដកឡើងព្រម នូវសេចក្តីសំគាល់វត្ថុទាំងពួង។

ចប់សូត្រ ទី៩។

(ទុតិយសមុគ្ឃាតសប្បាយ)សូត្រ ទី១០

(១០. ទុតិយសមុគ្ឃាតសប្បាយសុត្តំ)

[៣៥] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែង នូវបដិបទា ជាទីសប្បាយដល់ការ ដកឡើងព្រម នូវសេចក្តីសំគាល់វត្ថុទាំងពួង ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់ នូវបដិបទានោះចុះ។ ម្នាលភិក្ខុទាំងឡាយ ចុះបដិបទា ជាទីសប្បាយ ដល់ការដកឡើងព្រម នូវសេចក្តីសំគាល់វត្ថុទាំងពួងនោះ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ

សំគាល់នូវសេចក្តីនោះ ដូចម្តេច ចក្ខុទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ ចុះរបស់ណា មិនទៀង របស់នោះ ជាទុក្ខ ឬជាសុខ។ ជាទុក្ខ ព្រះអង្គ។ ចុះរបស់ណា មិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលទៅជាធម្មតា គួរនឹងយល់ឃើញ នូវរបស់នោះថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់អញ ដែរឬ។ មិនគួរយល់ឃើញ ដូច្នោះទេ ព្រះអង្គ។ រូប។បេ។ ចក្ខុវិញ្ញាណ។ ចក្ខុសម្ផ័ស្ស ទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ បេ។ ទោះបីវេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនទុក្ខមិនសុខក្តី ដែលកើតឡើង ព្រោះចក្ខុសម្ផ័ស្ស ជាបច្ច័យ វេទនានោះ ទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ ចុះរបស់ណា មិនទៀង របស់នោះ ជាទុក្ខឬជាសុខ។ ជាទុក្ខ ព្រះអង្គ។ ចុះរបស់ណា មិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា គួរនឹងយល់ឃើញ នូវរបស់នោះថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់អញ ដែរឬ។ មិនគួរនឹងយល់ឃើញ ដូច្នោះទេ ព្រះអង្គ។បេ។ ជិវ្ហាទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ រស។បេ។ ជិវ្ហាវិញ្ញាណ។ ជិវ្ហាសម្ផ័ស្ស។ បេ។ ទោះបីវេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនទុក្ខមិនសុខក្តី ដែលកើតឡើង ព្រោះជិវ្ហាសម្ផ័ស្សជាបច្ច័យ វេទនានោះ ទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ បេ។ ធម្មារម្មណ៍ មនោវិញ្ញាណ មនោសម្ផ័ស្ស ទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ ទោះបីវេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនទុក្ខមិនសុខក្តី ដែលកើតឡើង ព្រោះមនោសម្ផ័ស្សជាបច្ច័យ វេទនានោះ ទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ ចុះរបស់ណា មិនទៀង របស់នោះ ជាទុក្ខ ឬជាសុខ។ ជាទុក្ខ ព្រះអង្គ។ ចុះរបស់ណា មិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា គួរនឹងយល់ឃើញ នូវរបស់នោះថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់អញ ដែរឬ។ មិនគួរយល់ឃើញ ដូច្នោះទេ ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ កាលបើអរិយសាវ័ក ជាអ្នកចេះដឹង បានឃើញយ៉ាងនេះ ក៏នឿយណាយ នឹងចក្ខុផង នឹងរូបទាំងឡាយផង នឹងចក្ខុវិញ្ញាណផង នឹងចក្ខុសម្ផ័ស្សផង ទោះបីវេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនទុក្ខមិនសុខក្តី ដែលកើតឡើង ព្រោះចក្ខុសម្ផ័ស្ស ជាបច្ច័យ ក៏នឿយណាយនឹងវេទនានោះផង។បេ។ ក៏នឿយណាយនឹងជិវ្ហាផង នឹងរស ទាំងឡាយផង។ បេ។ ទោះបីវេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនទុក្ខមិនសុខក្តី ដែលកើត ឡើង ព្រោះជិវ្ហាសម្ផ័ស្សជាបច្ច័យ ក៏នឿយណាយ នឹងវេទនានោះផង។ បេ។ នឿយ ណាយនឹងមនោផង នឿយណាយនឹងធម្មារម្មណ៍ទាំងឡាយផង នឹងមនោវិញ្ញាណផង នឹងមនោសម្ផ័ស្សផង ទោះបីវេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនទុក្ខមិនសុខក្តី ដែលកើត ឡើង ព្រោះមនោសម្ផ័ស្សជាបច្ច័យ ក៏នឿយណាយ នឹងវេទនានោះផង កាលបើ នឿយណាយ ក៏ប្រាសចាកតម្រេក ព្រោះការប្រាសចាកតម្រេក ចិត្តក៏ផុតស្រឡះ។ កាលបើចិត្តផុតស្រឡះហើយ ញាណ ក៏កើតឡើងប្រាកដថា ចិត្តផុតស្រឡះហើយ។

( អរិយសាវ័កនោះ ) ក៏ដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចរិយធម៌ អញបានប្រព្រឹត្ត គ្រប់គ្រាន់ហើយ។ សោឡសកិច្ច អញបានធ្វើរួចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ ម្នាលភិក្ខុទាំងឡាយ នេះឯង ហៅថា បដិបទា ជាទីសប្បាយដល់ការដកឡើងព្រម នូវសេចក្តីសំគាល់វត្ថុទាំងពួង។

ចប់សូត្រ ទី ១០។

ចប់ សព្វវគ្គ ទី៣។

ឧទាននៃសព្វវគ្គនោះ គឺ

និយាយអំពីវត្ថុទាំងពួង ១ អំពីការលះបង់ មានពីរលើក អំពីការកំណត់ដឹង មានពីរលើកដទៃទៀត អំពីរបស់ក្តៅ ១ អំពីរបស់ខ្វាក់ ១ អំពីបដិបទាដ៏សមគួរ ១ អំពីបដិបទា ជាទីសប្បាយ មានពីរលើក ហេតុនោះ ទើបហៅថាវគ្គ។

ជាតិធម្មវគ្គ ទី៤

(៤. ជាតិធម្មវគ្គោ)

(ជាតិធម្មាទិសុត្តទសកៈ) ទី១-១០

(១-១០. ជាតិធម្មាទិសុត្តទសកំ)

[៣៦] ក្នុងក្រុងសាវត្ថី។ ក្នុងទីនោះឯង ( ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ) ម្នាល ភិក្ខុទាំងឡាយ វត្ថុទាំងពួង មានជាតិ គឺការកើតជាធម្មតា។ ម្នាលភិក្ខុទាំងឡាយ វត្ថុទាំង ពួងមានជាតិជាធម្មតា តើដូចម្តេច។បេ។ ម្នាលភិក្ខុទាំងឡាយ ចក្ខុមានជាតិជាធម្មតា រូប ចក្ខុវិញ្ញាណ ចក្ខុសម្ផ័ស្ស មានជាតិជាធម្មតា ទោះបីវេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនទុក្ខមិនសុខក្តី ដែលកើតឡើង ព្រោះចក្ខុសម្ផ័ស្សជាបច្ច័យ វេទនានោះ ក៏មាន ជាតិជាធម្មតា។ បេ។ ជិវ្ហា រស ជិវ្ហាវិញ្ញាណ ជិវ្ហាសម្ផ័ស្ស មានជាតិជាធម្មតា ទោះបី វេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនទុក្ខមិនសុខក្តី ដែលកើតឡើង ព្រោះជិវ្ហាសម្ផ័ស្សជា បច្ច័យ វេទនានោះ មានជាតិ ជាធម្មតា។បេ។ មនោ មានជាតិជាធម្មតា ធម្មារម្មណ៍មាន ជាតិជាធម្មតា មនោវិញ្ញាណ មានជាតិជាធម្មតា មនោសម្ផ័ស្ស មានជាតិជាធម្មតា ទោះបី វេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនទុក្ខមិនសុខក្តី ដែលកើតឡើង ព្រោះមនោសម្ផ័ស្សជា បច្ច័យ វេទនានោះ ក៏មានជាតិជាធម្មតា។ ម្នាលភិក្ខុទាំងឡាយ កាលបើអរិយសាវ័ក ជា អ្នកចេះដឹង បានឃើញយ៉ាងនេះ ក៏នឿយណាយនឹងចក្ខុផង នឿយណាយនឹងរូបទាំង ឡាយផង នឹងចក្ខុវិញ្ញាណផង នឹងចក្ខុសម្ផ័ស្សផង។ ( អរិយសាវ័កនោះ ) ក៏ដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។

[៣៧] សេចក្តីសង្ខេប ម្នាលភិក្ខុទាំងឡាយ វត្ថុទាំងពួង មានជរាជាធម្មតា។

[៣៨] សេចក្តីសង្ខេប ម្នាលភិក្ខុទាំងឡាយ វត្ថុទាំងពួង មានព្យាធិជាធម្មតា។ ម្នាលភិក្ខុទាំងឡាយ កាលបើអរិយសាវ័ក បានឃើញយ៉ាងនេះ។

[៣៩] សេចក្តីសង្ខេប ម្នាលភិក្ខុទាំងឡាយ វត្ថុទាំងពួង មានមរណៈជាធម្មតា។

[៤០] សេចក្តីសង្ខេប ម្នាលភិក្ខុទាំងឡាយ វត្ថុទាំងពួង មានសេចក្តីសោកជា ធម្មតា។

[៤១] សេចក្តីសង្ខេប ម្នាលភិក្ខុទាំងឡាយ វត្ថុទាំងពួង មានសេចក្តីសៅហ្មងជា ធម្មតា។

[៤២] សេចក្តីសង្ខេប ម្នាលភិក្ខុទាំងឡាយ វត្ថុទាំងពួង មានកិរិយាអស់ទៅជា ធម្មតា។

[៤៣] សេចក្តីសង្ខេប ម្នាលភិក្ខុទាំងឡាយ វត្ថុទាំងពួង មានកិរិយាសូន្យទៅជា ធម្មតា។

[៤៤] សេចក្តីសង្ខេប ម្នាលភិក្ខុទាំងឡាយ វត្ថុទាំងពួង មានការប្រជុំកើតឡើងជា ធម្មតា។

[៤៥] សេចក្តីសង្ខេប ម្នាលភិក្ខុទាំងឡាយ វត្ថុទាំងពួង មានការរលត់ជាធម្មតា។ ម្នាលភិក្ខុទាំងឡាយ វត្ថុទាំងពួង មានការរលត់ជាធម្មតា តើដូចម្តេច ម្នាលភិក្ខុទាំងឡាយ ចក្ខុ មានការរលត់ជាធម្មតា រូប មានការរលត់ជាធម្មតា ចក្ខុវិញ្ញាណ មានការរលត់ជាធម្មតា ចក្ខុសម្ផ័ស្ស មានការរលត់ជាធម្មតា ទោះបីវេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនទុក្ខមិនសុខក្តី ដែលកើតឡើង ព្រោះចក្ខុសម្ផ័ស្សជាបច្ច័យ វេទនានោះ ក៏មានការរលត់ជាធម្មតា។បេ។ ជិវ្ហា មានការរលត់ជាធម្មតា រសមានការរលត់ ជាធម្មតា ជិវ្ហាវិញ្ញាណ មានការរលត់ជាធម្មតា ជិវ្ហាសម្ផ័ស្ស មានការរលត់ជាធម្មតា ទោះបីវេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនទុក្ខ មិនសុខក្តី ដែលកើតឡើង ព្រោះជិវ្ហា សម្ផ័ស្សជាបច្ច័យ វេទនានោះ មានការរលត់ជាធម្មតា។បេ។ មនោ មានការរលត់ជាធម្មតា ធម្មារម្មណ៍ មានការរលត់ជាធម្មតា មនោវិញ្ញាណ មានការរលត់ជាធម្មតា មនោសម្ផ័ស្ស មានការរលត់ជាធម្មតា ទោះបីវេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនទុក្ខមិនសុខក្តី ដែលកើតឡើង ព្រោះមនោសម្ផ័ស្សជាបច្ច័យ វេទនានោះ ក៏មានការរលត់ជាធម្មតា។ ម្នាលភិក្ខុទាំងឡាយ កាលបើអរិយសាវ័ក ជាអ្នកចេះដឹង បានយល់ឃើញ យ៉ាងនេះ ហើយក៏នឿយណាយនឹងចក្ខុផង។បេ។ ក៏ដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។

ចប់ ជាតិធម្មវគ្គ ទី ៤។

ឧទ្ទាននៃជាតិធម្មវគ្គនោះ គឺ

និយាយអំពីធម៌ ១០ យ៉ាងនោះ គឺជាតិ ១ ជរា ១ ព្យាធិ ១ មរណៈ ១ សោក ១ សង្កិលេស ១ ខយធម៌ ១ វយធម៌ ១ សមុទយធម៌ ១ និរោធធម៌ ១។

អនិច្ចវគ្គ ទី៥

(៥. សព្វអនិច្ចវគ្គោ)

(អនិច្ចាទិសុត្តនវកំ) ទី១-៩

(១-៩. អនិច្ចាទិសុត្តនវកំ)

[៤៦] ក្រុងសាវត្ថី។ ក្នុងទីនោះឯង។ ម្នាលភិក្ខុទាំងឡាយ របស់ទាំងអស់ មិនទៀងទេ។ ម្នាលភិក្ខុទាំងឡាយ របស់ទាំងអស់ មិនទៀង តើដូចម្តេច ម្នាលភិក្ខុទាំងឡាយ ចក្ខុមិនទៀង រូបមិនទៀង ចក្ខុវិញ្ញាណមិនទៀង ចក្ខុសម្ផ័ស្សមិនទៀង ទោះបីវេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនទុក្ខមិនសុខក្តី ដែលកើតឡើង ព្រោះចក្ខុសម្ផ័ស្សជាបច្ច័យ វេទនានោះ ក៏មិនទៀង។បេ។ ជិវ្ហាមិនទៀង រសមិនទៀង ជិវ្ហាវិញ្ញាណ មិនទៀង ជិវ្ហាសម្ផ័ស្ស មិនទៀង ទោះបីវេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនទុក្ខមិនសុខក្តី ដែលកើតឡើង ព្រោះជិវ្ហាសម្ផ័ស្សជាបច្ច័យ វេទនានោះ ក៏មិនទៀង។បេ។ មនោមិនទៀង ធម៌មិន ទៀង មនោវិញ្ញាណ មិនទៀង មនោសម្ផ័ស្សមិនទៀង ទោះបីវេទនាណា ជាសុខក្តី ជាទុក្ខ ក្តី មិនទុក្ខមិនសុខក្តី ដែលកើតឡើង ព្រោះមនោសម្ផ័ស្សជាបច្ច័យ វេទនានោះ ក៏មិនទៀង។បេ។ ម្នាលភិក្ខុទាំងឡាយ កាលបើអរិយសាវ័កអ្នកចេះដឹង ឃើញយ៉ាងនេះ រមែងនឿយណាយ ក្នុងចក្ខុផង។បេ។ រមែងដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។

[៤៧] ម្នាលភិក្ខុទាំងឡាយ របស់ទាំងអស់ជាទុក្ខ។

[៤៨] ម្នាលភិក្ខុទាំងឡាយ របស់ទាំងអស់មិនមែនជារបស់ខ្លួន។

[៤៩] ម្នាលភិក្ខុទាងឡាយ របស់ទាំងអស់ បុគ្គលត្រូវដឹងជាក់។

[៥០] ម្នាលភិក្ខុទាំងឡាយ របស់ទាំងអស់ បុគ្គលត្រូវកំណត់ដឹង។

[៥១] ម្នាលភិក្ខុទាំងឡាយ របស់ទាំងអស់ បុគ្គលត្រូវតែលះបង់។

[៥២] ម្នាលភិក្ខុទាំងឡាយ របស់ទាំងអស់ បុគ្គលត្រូវធ្វើឲ្យជាក់ច្បាស់។

[៥៣] ម្នាលភិក្ខុទាំងឡាយ របស់ទាំងអស់ បុគ្គលត្រូវកំណត់ដឹង ដោយប្រាជ្ញាដ៏ ក្រៃលែង។

[៥៤] ម្នាលភិក្ខុទាំងឡាយ របស់ទាំងអស់ មានទោសជាគ្រឿងបៀតបៀន។

(ឧបស្សដ្ឋ)សូត្រ ទី១០

(១០. ឧបស្សដ្ឋសុត្តំ)

[៥៥] ម្នាលភិក្ខុទាំងឡាយ របស់ទាំងអស់ ជាគ្រឿងអន្តរាយ។ ម្នាលភិក្ខុទាំងឡាយ របស់ទាំងអស់ ជាគ្រឿងអន្តរាយ តើដូចម្តេច ម្នាលភិក្ខុទាំងឡាយ ចក្ខុ ជាគ្រឿង អន្តរាយ រូបជាគ្រឿងអន្តរាយ ចក្ខុវិញ្ញាណ ជាគ្រឿងអន្តរាយ ចក្ខុសម្ផ័ស្ស ជាគ្រឿងអន្តរាយ ទោះបីវេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនទុក្ខមិនសុខក្តី ដែលកើតឡើង ព្រោះចក្ខុសម្ផ័ស្សជាបច្ច័យ វេទនានោះ ក៏ជាគ្រឿងអន្តរាយ។បេ។ ជិវ្ហា ជាគ្រឿងអន្តរាយ រសជា គ្រឿងអន្តរាយ ជិវ្ហាវិញ្ញាណ ជាគ្រឿងអន្តរាយ ជិវ្ហាសម្ផ័ស្ស ជាគ្រឿងអន្តរាយ ទោះបីវេទនាណា ជាទុក្ខក្តី ជាសុខក្តី មិនទុក្ខមិនសុខក្តី ដែលកើតឡើង ព្រោះជិវ្ហាសម្ផ័ស្ស ជាបច្ច័យ វេទនានោះ ក៏ជាគ្រឿងអន្តរាយ។ ចិត្តជាគ្រឿងអន្តរាយ ធម៌ជាគ្រឿងអន្តរាយ មនោវិញ្ញាណ ជាគ្រឿងអន្តរាយ មនោសម្ផ័ស្ស ជាគ្រឿងអន្តរាយ ទោះបីវេទនាណា ជា សុខក្តី ជាទុក្ខក្តី មិនទុក្ខមិនសុខក្តី ដែលកើតឡើង ព្រោះមនោសម្ផ័ស្សជាបច្ច័យ វេទនា នោះ ក៏ជាគ្រឿងអន្តរាយ។ ម្នាលភិក្ខុទាំងឡាយ កាលបើអរិយសាវ័កអ្នកចេះដឹង ឃើញយ៉ាងនេះ រមែងនឿយណាយនឹងចក្ខុផង។បេ។ ក៏ដឹងច្បាស់ថា មគ្គភាវនាកិច្ច ដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។

ចប់ អនិច្ចវគ្គ ទី ៥។

ឧទ្ទាននៃអនិច្ចវគ្គនោះ គឺ

និយាយអំពីរបស់ មិនទៀង ១ ជាទុក្ខ ១ មិនមែនជារបស់ខ្លួន ១ ត្រូវដឹងជាក់ ១ ត្រូវកំណត់ដឹង ១ ត្រូវតែលះបង់ ១ ត្រូវធ្វើឲ្យជាក់ច្បាស់ ១ ត្រូវកំណត់ដឹងដោយប្រាជ្ញាដ៏ក្រៃលែង ១ ជាគ្រឿងបៀតបៀន ១ ជាគ្រឿងអន្តរាយ ១ ហេតុនោះ ទើបលោកចាត់ជា១ វគ្គ។

ចប់បឋមបណ្ណាសកៈក្នុងសឡាយតនវគ្គ។

ឧទ្ទាននៃបឋមបណ្ណាសកៈនោះ គឺ

សុទ្ធវគ្គ ១ យមកវគ្គ ១ សព្វវគ្គ ១ ជរាវគ្គ ១ អនិច្ចវគ្គជាគម្រប់ប្រាំ ១ លោកចាត់ជាមួយបណ្ណាសកៈ តាមសឡាយតនវគ្គនោះ។

ទុតិយបណ្ណាសកៈ

អវិជ្ជាវគ្គ ទី១(៦)

(៦. អវិជ្ជាវគ្គោ)

(អវិជ្ជាបហាន)សូត្រ ទី១

(១. អវិជ្ជាបហានសុត្តំ)

[៥៦] ក្រុងសាវត្ថី។បេ។ គ្រានោះ ភិក្ខុមួយរូប ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះភិក្ខុនោះ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន កាលបុគ្គលដឹងដូចម្ដេច ឃើញដូចម្តេច ទើបលះបង់អវិជ្ជាបាន វិជ្ជា ក៏កើតឡើង។ ម្នាលភិក្ខុ បុគ្គលកាលដឹង កាលឃើញ នូវភ្នែក ថាមិនទៀង ទើបលះបង់អវិជ្ជាបាន វិជ្ជា ក៏កើតឡើង កាលដឹង កាលឃើញនូវរូប ថាមិនទៀង ទើបលះបង់អវិជ្ជាបាន វិជ្ជា ក៏កើតឡើង កាលដឹង កាលឃើញនូវចក្ខុវិញ្ញាណ នូវចក្ខុសម្ផ័ស្ស នូវវេទនា ទោះជាសុខក្តី ជាទុក្ខក្តី មិនទុក្ខមិនសុខក្តី ដែលកើតឡើង ព្រោះចក្ខុសម្ផ័ស្សជាបច្ច័យ ថាមិនទៀង ទើបលះបង់អវិជ្ជាបាន វិជ្ជា ក៏កើតឡើង។ កាលដឹង កាលឃើញនូវត្រចៀក ច្រមុះ អណ្តាត កាយ ចិត្ត ថាមិនទៀង ទើបលះអវិជ្ជាបាន វិជ្ជា ក៏កើតឡើង កាលដឹង កាលឃើញនូវធម៌ នូវមនោវិញ្ញាណ នូវមនោសម្ផ័ស្ស នូវវេទនា ទោះជាសុខក្តី ជាទុក្ខក្តី មិនទុក្ខមិនសុខក្តី ដែលកើតឡើង ព្រោះមនោសម្ផ័ស្សជាបច្ច័យ ថាមិនទៀង ទើបលះបង់អវិជ្ជាបាន វិជ្ជា ក៏កើតឡើង។ ម្នាលភិក្ខុ បុគ្គល កាលដឹងយ៉ាងនេះ កាលឃើញ យ៉ាងនេះឯង ទើបលះបង់អវិជ្ជាបាន វិជ្ជា ក៏កើតឡើង។

ចប់សូត្រ ទី១។

(សំយោជនបហាន)សូត្រ ទី២

(២. សំយោជនបហានសុត្តំ)

[៥៧] បពិត្រព្រះអង្គដ៏ចម្រើន បុគ្គល កាលដឹងដូចម្តេច កាលឃើញ ដូចម្តេច ទើបលះបង់សញ្ញោជនៈបាន។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលដឹង កាលឃើញ នូវភ្នែកថា មិនទៀង ទើបលះបង់សញ្ញោជនៈបាន កាលដឹង កាលឃើញ នូវរូបថាមិនទៀង ទើបលះបង់សញ្ញោជនៈបាន កាលដឹង កាលឃើញ នូវចក្ខុវិញ្ញាណ ថាមិនទៀង ទើបលះបង់សញ្ញោជនៈបាន កាលដឹង កាលឃើញ នូវចក្ខុសម្ផ័ស្ស ថាមិនទៀង ទើបលះបង់សញ្ញោជនៈបាន។បេ។ បុគ្គលកាលដឹង កាលឃើញ នូវវេទនា ទោះជាសុខក្តី ជាទុក្ខក្តី មិនទុក្ខមិនសុខក្តី ដែលកើតឡើ់ង ព្រោះមនោសម្ផ័ស្សជាបច្ច័យ ថាមិនទៀង ទើបលះបង់សញ្ញោជនៈបាន។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលដឹង យ៉ាងនេះ កាលឃើញយ៉ាងនេះឯង ទើបលះបង់សញ្ញោជនៈ បាន។

ចប់សូត្រ ទី២។

(សំយោជនសមុគ្ឃាត)សូត្រ ទី៣

(៣. សំយោជនសមុគ្ឃាតសុត្តំ)

[៥៨] បពិត្រព្រះអង្គដ៏ចម្រើន បុគ្គលកាលដឹង ដូចម្តេច កាលឃើញដូចម្តេច ទើបសញ្ញោជនៈរលើងទៅបាន។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលដឹង កាលឃើញ នូវ ភ្នែក ថាមិនមែនជារបស់ខ្លួន ទើបសញ្ញោជនៈរលើងទៅបាន កាលដឹង កាលឃើញ នូវរូប ចក្ខុវិញ្ញាណ ចក្ខុសម្ផ័ស្ស នូវវេទនា ទោះ ជាសុខក្តី ជាទុក្ខក្តី មិនទុក្ខមិនសុខក្តី ដែលកើត ឡើង ព្រោះចក្ខុសម្ផ័ស្សជាបច្ច័យ ថាមិនមែនជារបស់ខ្លួន ទើបសញ្ញោជនៈរលើងទៅបាន។ បុគ្គលកាលដឹង កាលឃើញ នូវត្រចៀក ច្រមុះ អណ្តាត កាយ ចិត្ត ធម៌ មនោវិញ្ញាណ មនោសម្ផ័ស្ស នូវវេទនា ទោះជាសុខក្តី ជាទុក្ខក្តី មិនទុក្ខមិនសុខក្តី ដែលកើតឡើង ព្រោះមនោសម្ផ័ស្សជាបច្ច័យ ថាមិនមែនជារបស់ខ្លួន ទើបសញ្ញោជនៈរលើងទៅបាន។ ម្នាលភិក្ខុទាំងឡាយ បុគ្គល កាលដឹងយ៉ាងនេះ កាលឃើញយ៉ាងនេះឯង ទើបសញ្ញោជនៈរលើងទៅបាន។

ចប់សូត្រ ទី៣។

(អាសវបហាន)សូត្រ ទី៤

(៤. អាសវបហានសុត្តំ)

[៥៩] បពិត្រព្រះអង្គដ៏ចម្រើន បុគ្គល កាលដឹងដូចម្តេច កាលឃើញដូចម្តេច ទើប លះបង់អាសវៈបាន។បេ។

ចប់សូត្រ ទី៤។

(អាសវសមុគ្ឃាត)សូត្រ ទី៥

(៥. អាសវសមុគ្ឃាតសុត្តំ)

[៦០] ។បេ។ ទើបអាសវៈរលើងទៅបាន។បេ។

ចប់សូត្រ ទី៥។

(អនុសយបហាន)សូត្រ ទី៦

(៦. អនុសយបហានសុត្តំ)

[៦១] ។បេ។ ទើបលះបង់អនុស័យបាន។បេ។

ចប់សូត្រ ទី៦។

(អនុសយសមុគ្ឃាត)សូត្រ ទី៧

(៧. អនុសយសមុគ្ឃាតសុត្តំ)

[៦២] ។បេ។ ទើបអនុស័យរលើងទៅបាន។ ម្នាលភិកក្ខុទាំងឡាយ បុគ្គលកាលដឹង កាលឃើញ នូវភ្នែក ថាមិនមែនជារបស់ខ្លួន ទើបអនុស័យរលើងទៅបាន។បេ។ កាលដឹង កាលឃើញ នូវត្រចៀក ច្រមុះ អណ្តាត កាយ ចិត្ត ធម៌ មនោវិញ្ញាណ មនោសម្ផ័ស្ស នូវវេទនា ទោះជាសុខក្តី ជាទុក្ខក្តី មិនទុក្ខមិនសុខក្តី ដែលកើតឡើង ព្រោះមនោសម្ផ័ស្សជាបច្ច័យ ថាមិនមែនរបស់ខ្លួន ទើបអនុស័យរលើងទៅបាន។ ម្នាលភិក្ខុទាំងឡាយ បុគ្គល កាលដឹងយ៉ាងនេះ កាលឃើញយ៉ាងនេះឯង ទើបអនុស័យ រលើងទៅបាន។

ចប់សូត្រ ទី៧។

(សព្វុបាទានបរិញ្ញា)សូត្រ ទី៨

(៨. សព្វុបាទានបរិញ្ញាសុត្តំ)

[៦៣] ម្នាលភិក្ខុទាំងឡាយ តថាគត នឹងសំដែងនូវធម៌ ដែលប្រព្រឹត្តទៅ ដើម្បីកំណត់ដឹង នូវឧបាទានទាំងពួង ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់នូវធម៌នោះចុះ។ ម្នាលភិក្ខុទាំងឡាយ ធម៌ដូចម្តេច ដែលប្រព្រឹត្តទៅ ដើម្បីកំណត់ដឹង នូវឧបាទានទាំងពួង។ ព្រោះអាស្រ័យចក្ខុនឹងរូប ទើបចក្ខុវិញ្ញាណកើតឡើង ប្រជុំនៃធម៌ ទាំង ៣ (នេះ) ហៅថា ផស្សៈ វេទនាកើតមាន ព្រោះផស្សៈជាបច្ច័យ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវ័យអ្នកចេះដឹង កាលបើឃើញយ៉ាងនេះ រមែងនឿយណាយនឹងចក្ខុផង នឿយណាយនឹងរូបផង នឿយណាយនឹងចក្ខុវិញ្ញាណផង នឿយណាយនឹងចក្ខុសម្ផ័ស្សផង នឿយណាយនឹងវេទនាផង កាលបើនឿយណាយ រមែងប្រាសចាកតម្រេក ព្រោះតែប្រាសចាកតម្រេក ចិត្តទើបរួចស្រឡះ អរិយសាវ័កនោះ រមែងដឹងច្បាស់ថា ឧបាទាន អាត្មាអញ បានកំណត់ដឹងហើយ ព្រោះការរួចស្រឡះ។ ព្រោះអាស្រ័យត្រចៀក និងសំឡេង។ ព្រោះអាស្រ័យ ច្រមុះ និងក្លិន។ ព្រោះអាស្រ័យអណ្តាត និងរស។ ព្រោះអាស្រ័យកាយ និងផោដ្ឋឰៈ។ ព្រោះអាស្រ័យចិត្ត និងធម៌ ទើបមនោវិញ្ញាណកើតឡើង ប្រជុំនៃធម៌ទាំង ៣ ហៅថា ផស្សៈ វេទនាកើតមាន ព្រោះផស្សៈ ជាបច្ច័យ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវ័កអ្នកចេះដឹង កាលបើឃើញយ៉ាងនេះ រមែងនឿយណាយនឹងចិត្តផង នឿយណាយនឹងធម៌ផង នឿយណាយនឹងមនោវិញ្ញាណផង នឿយណាយ នឹងមនោសម្ផ័ស្សផង នឿយណាយ នឹងវេទនាផង កាលបើនឿយណាយ រមែងប្រាសចាកតម្រេក ព្រោះតែការប្រាសចាកតម្រេក ចិត្តទើបរួចស្រឡះ អរិយសាវ័កនោះ រមែងដឹងច្បាស់ ថា ឧបាទាន អាត្មាអញ បានកំណត់ដឹងហើយ ព្រោះការរួចស្រឡះ។ ម្នាលភិក្ខុទាំងឡាយ នេះឯង ឈ្មោះថា ធម៌ប្រព្រឹត្តទៅ ដើម្បីកំណត់ដឹង នូវឧបាទានទាំងពួង។

ចប់សូត្រ ទី៨។

(បឋមសព្វុបាទានបរិយាទាន)សូត្រ ទី៩

(៩. បឋមសព្វុបាទានបរិយាទានសុត្តំ)

[៦៤] ម្នាលភិក្ខុទាំងឡាយ តថាគត នឹងសំដែងនូវធម៌ ដែលប្រព្រឹត្តទៅ ដើម្បីគ្របសង្កត់ នូវឧបាទានទាំងពួង ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់នូវធម៌នោះចុះ។ ម្នាលភិក្ខុទាំងឡាយ ធម៌ដូចម្តេច ដែលប្រព្រឹត្តទៅ ដើម្បីគ្របសង្កត់ នូវឧបាទានទាំងពួង។ ព្រោះអាស្រ័យ ចក្ខុនឹងរូប ទើបចក្ខុវិញ្ញាណកើតឡើង ប្រជុំនៃធម៌ ទាំង ៣ ឈ្មោះថា ផស្សៈ វេទនាកើតមាន ព្រោះផស្សៈជាបច្ច័យ។ ម្នាកភិក្ខុទាំងឡាយ អរិយសាវ័ក អ្នកចេះដឹង កាលបើឃើញយ៉ាងនេះ រមែងនឿយណាយនឹងចក្ខុផង នឿយណាយនឹងរូបទាំងឡាយផង នឿយណាយនឹងចក្ខុវិញ្ញាណផង នឿយណាយនឹងចក្ខុសម្ផ័ស្សផង នឿយណាយនឹងវេទនាផង កាលបើនឿយណាយ រមែងប្រាសចាកតម្រេក ព្រោះតែប្រាសចាកតម្រេក ចិត្តទើបរួចស្រឡះ អរិយសាវ័យនោះ រមែងដឹងច្បាស់ ឧបាទាន អាត្មាអញ បានគ្របសង្កត់ហើយ ព្រោះការរួចស្រឡះ។បេ។ ព្រោះអាស្រ័យអណ្តាត និងរស ទើបជិវ្ហាវិញ្ញាណកើតឡើង។បេ។ ព្រោះអាស្រ័យចិត្ត និងធម៌ ទើបមនោវិញ្ញាណកើតឡើង ប្រជុំនៃធម៌ ទាំង ៣ ឈ្មោះថា ផស្សៈ វេទនា កើតមាន ព្រោះផស្សៈ ជាបច្ច័យ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវ័ក អ្នកចេះដឹង កាលបើឃើញយ៉ាងនេះ រមែងនឿយណាយនឹងចិត្តផង នឿយណាយនឹងធម៌ផង នឿយណាយនឹងមនោវិញ្ញាណផង នឿយណាយនឹងមនោសម្ផ័ស្សផង នឿយណាយនឹងវេទនាផង កាលបើនឿយណាយ រមែងប្រាសចាកតម្រេក ព្រោះតែប្រាសចាកតម្រេក ចិត្តទើបរួចស្រឡះ អរិយសាវ័កនោះ រមែងដឹងច្បាស់ថា ឧបាទាន អាត្មាអញ បានគ្របសង្កត់ហើយ ព្រោះការរួចស្រឡះ។ ម្នាលភិក្ខុទាំងឡាយ នេះឯង ជាធម៌ប្រព្រឹត្តទៅ ដើម្បីគ្របសង្កត់ នូវឧបាទានទាំងពួង។

ចប់សូត្រ ទី៩។

(ទុតិយសព្វុបាទានបរិយាទាន)សូត្រ ទី១០

(១០. ទុតិយសព្វុបាទានបរិយាទានសុត្តំ)

[៦៥] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងនូវធម៌ ដែលប្រព្រឹត្តទៅ ដើម្បីគ្របសង្កត់ នូវឧបាទានទាំងពួង ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់នូវធម៌នោះចុះ។ ម្នាលភិក្ខុទាំងឡាយ ធម៌ដូចម្តេច ដែលប្រព្រឹត្តទៅ ដើម្បីគ្របសង្កត់ នូវឧបាទានទាំងពួង។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់នូវសេចក្តីនោះ ដូចម្តេច ភ្នែកទៀង ឬមិនទៀង ។ មិនទៀងទេ ព្រះអង្គ។ ចុះរបស់ណា មិនទៀង របស់នោះ ជាទុក្ខ ឬជាសុខ។ ជាទុក្ខ ព្រះអង្គ។ ចុះរបស់ណា មិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា គួរនឹងយល់ឃើញរបស់នោះថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់អញ ដូច្នេះ ដែរឬ។ មិនគួរនឹងយល់ដូច្នោះទេ ព្រះអង្គ។ រូប។បេ។ ចក្ខុវិញ្ញាណទៀង ឬមិនទៀង មិនទៀងទេ ព្រះអង្គ។ ចក្ខុសម្ផ័ស្សទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ ចុះវទនាណា ទោះជាសុខកី្ដ ជាទុក្ខក្តី មិនទុក្ខមិនសុខក្តី ដែលកើតឡើង ព្រោះចក្ខុសម្ផ័ស្សជាបច្ច័យ វេទនានោះ ទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ ត្រចៀក ច្រមុះ អណ្តាត កាយ ចិត្ត ធម៌ មនោវិញ្ញាណ មនោសម្ផ័ស្ស វេទនាណា ទោះជាសុខក្តី ជាទុក្ខក្តី មិនទុក្ខមិនសុខក្តី ដែលកើតឡើង ព្រោះមនោសម្ផ័ស្សជាបច្ច័យ វេទនានោះ ទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ ចុះរបស់ណា មិនទៀង របស់នោះ ជាទុក្ខ ឬជាសុខ ជាទុក្ខ ព្រះអង្គ ចុះរបស់ណា មិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា គួរនឹងយល់ឃើញរបស់នោះថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់អញ ដូច្នេះដែរឬ។ មិនគួរនឹងយល់ដូច្នោះទេ ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវ័ក អ្នកចេះដឹង កាលបើឃើញយ៉ាងនេះ រមែងនឿយណាយ នឹងចក្ខុផង នឿយណាយនឹងរូបផង នឿយណាយនឹងចក្ខុវិញ្ញាណផង នឿយណាយនឹងចក្ខុសម្ផ័ស្សផង ទោះវេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនទុក្ខមិនសុខក្តី ដែលកើតឡើង ព្រោះចក្ខុសម្ផ័ស្សជាបច្ច័យ ក៏រមែងនឿយណាយ នឹងវេទនានោះផង។បេ។ រមែងនឿយណាយ នឹងអណ្តាតផង នឿយណាយនឹងរសផង នឿយណាយនឹងជិវ្ហាវិញ្ញាណផង នឿយណាយ នឹងជិវ្ហាសម្ផ័ស្សផង វេទនាណា កើតទើ្បង ព្រោះជិវា្ហសម្ផ័ស្សជាបច្ច័យ។បេ។ រមែងនឿយណាយនឹងចិត្តផង នឿយណាយនឹងធម៌ផង នឿយណាយនឹងមនោវិញ្ញាណផង នឿយណាយនឹងមនោសម្ផ័ស្សផង ទោះវេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនទុក្ខមិនសុខក្តី ដែលកើតទើ្បង ព្រោះមនោសម្ផ័ស្សជាបច្ច័យ ក៏រមែងនឿយណាយនឹងវេទនានោះផង កាលបើនឿយណាយ រមែងប្រាសចាកតម្រេក ព្រោះតែប្រាសចាកតម្រេក ចិត្តទើបរួចស្រទ្បះ។ កាលបើចិត្ត រួចស្រទ្បះហើយ ញាណ ក៏កើតទើ្បងថា ចិត្ត (របស់អាត្មាអញ) រួចស្រទ្បះហើយ។ អរិយសាវ័កនោះ រមែងដឹងច្បាស់ថា ជាតិ (របស់អាត្មាអញ) អស់ហើយ ព្រហ្មចរិយធម៌ អាត្មាអញ បាននៅរួចហើយ សោទ្បសកិច្ច អាត្មាអញ បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោទ្បសកិច្ចនេះទៀត មិនមានទើ្បយ។ ម្នាលភិក្ខុទាំងទ្បាយ នេះឯង ជាធម៌ប្រព្រឹត្តទៅ ដើម្បីគ្របសង្កត់ នូវឧបាទានទាំងពួង។

ចប់សូត្រ ទី ១០។

ចប់ អវិជ្ជាវគ្គ ទី ១។

ឧទ្ទាននៃអវិជ្ជាវគ្គនោះ គឺ

និយាយអំពីអវិជ្ជា ១ សញ្ញោជនៈពីរលើក អាសវៈពីរលើក អនុស័យពីរលើក ការកំណត់ដឹង ១ ធម៌គ្របសង្កត់ពីរលើក ហេតុនោះ ទើបលោកចាត់ជាមួយវគ្គ។

មិគជាលវគ្គ ទី២(៧)

(៧. មិគជាលវគ្គោ)

(បឋមមិគជាល)សូត្រ ទី១

(១. បឋមមិគជាលសុត្តំ)

[៦៦] និទានក្នុងក្រុងសាវត្ថី។ គ្រានោះ ព្រះមិគជាលៈមានអាយុ ចូលទៅគាល់ ព្រះមានព្រះភាគ។បេ។ លុះព្រះមិគជាលៈមានអាយុ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាប បង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ពាក្យគេតែងនិយាយថា បុគ្គលមានប្រក្រតីនៅម្នាក់ឯង មានប្រក្រតីនៅម្នាក់ឯង ដូច្នេះ បពិត្រព្រះអង្គដ៏ចម្រើន ចុះបុគ្គលមានប្រក្រតីនៅម្នាក់ឯង តើដោយហេតុដូចម្តេច ចំណែកបុគ្គល មានប្រក្រតីនៅរួមគ្នាជាគម្រប់ពីរ តើដោយហេតុដូចម្តេច។ ម្នាលមិគជាលៈ មានរូបទាំងឡាយ ដែលបុគ្គលគប្បីដឹងច្បាស់ ដោយភ្នែកដែលជាទីប្រាថ្នា ជាទីពេញចិត្ត ជាទីគាប់ចិត្ត ជាទីស្រឡាញ់ ប្រកបដោយកាម ជាទីត្រេកអរ បើភិក្ខុត្រេកអរ សរសើរ ជាប់ចិត្ត ចំពោះរូបនោះ កាលភិក្ខុនោះ ត្រេកអរ សរសើរ ជាប់ចិត្តចំពោះរូបនោះ សេចក្តីត្រេកត្រអាល រមែងកើតឡើង កាលបើមានសេចក្តីត្រេកត្រអាល សេចក្តីប្រាថ្នា ក៏មាន កាលបើមានសេចក្តីប្រាថ្នា សំយោជនៈក៏មាន។ ម្នាលមិគជាលៈ ភិក្ខុដែលជាប់ចំពាក់ ដោយចំណង គឺសេចក្តីត្រេកត្រអាលហ្នឹងឯង ហៅថា អ្នកមានប្រក្រតី នៅរួមគ្នា ជាគម្រប់ពីរ។បេ។ ម្នាលមិគជាលៈ មានរសដែលត្រូវដឹងដោយអណ្តាត។បេ។ មានធម្មារម្មណ៍ ដែលត្រូវ ដឹងច្បាស់ដោយចិត្ត ដែលជាទីប្រាថ្នា ជាទីពេញចិត្ត ជាទីគាប់ចិត្ត ជាទីស្រឡាញ់ ប្រកបដោយកាម ជាទីត្រេកអរ បើភិក្ខុត្រេកអរ សសើរ ជាប់ចិត្តចំពោះធម៌នោះ កាលភិក្ខុនោះត្រេកអរ សរសើរ ជាប់ចិត្តចំពោះធម៌នោះ សេចក្តីត្រេកត្រអាល រមែងកើតឡើង កាលបើមានសេចក្តីត្រេកត្រអាល សេចក្តីប្រាថ្នា ក៏មាន កាលបើសេចក្តីប្រាថ្នាមាន សំយោជនៈក៏មាន។ ម្នាលមិគជាលៈ ភិក្ខុ ដែលជាប់ចំពាក់ដោយចំណង គឺសេចក្តីត្រេកត្រអាលហ្នឹងឯង ហៅថា អ្នកមានប្រក្រតី នៅរូមគ្នា ជាគម្រប់ពីរ។ ម្នាលមិគជាលៈ ភិក្ខុដែលមានធម៌ ជាគ្រឿងនៅយ៉ាងនេះ ទុកជានៅក្នុងទីសេនាសនៈស្ងាត់ ដែលតាំងនៅក្នុងព្រៃតូចព្រៃធំ ជាកន្លែងមានសំឡេងតិច មានសន្ធឹកគឹកកងតិច មិនមានខ្យល់គួរដល់ អំពើស្ងាត់កំបាំងរបស់មនុស្ស គួរដល់ការពួនសម្ងំក៏ដោយ ក៏នៅតែហៅថា អ្នកមាន ប្រក្រតីនៅរួមគ្នា ជាគម្រប់ពីរ។ ដំណើរនោះព្រោះហេតុអ្វី។ ព្រោះថា ភិក្ខុនោះ មានតណ្ហា ជាគម្រប់ពីរ ឯតណ្ហានោះឯង ភិក្ខុនោះ មិនបានលះបង់ហើយ ព្រោះហេតុនោះ បានជាហៅថា អ្នកមានប្រក្រតីនៅរួមគ្នាជាគម្រប់ពីរ។

[៦៧] ម្នាលមិគជាលៈ មានរូបដែលត្រូវដឹងច្បាស់ដោយភ្នែក ដែលជាទីប្រាថ្នា ជាទីពេញចិត្ត ជាទីគាប់ចិត្ត ជាទីស្រឡាញ់ ប្រកបដោយកាម ជាទីត្រេកអរ បើភិក្ខុមិនត្រេកអរ មិនសរសើរ មិនជាប់ចិត្តចំពោះរូបនោះទេ កាលភិក្ខុនោះ មិនត្រេកអរ មិនសរសើរ មិនជាប់ចិត្ត ចំពោះរូបនោះ សេចក្តីត្រេកត្រអាល ក៏រលត់ទៅ កាលបើមិន មានសេចក្តីត្រេកត្រអាល សេចក្តីប្រាថ្នា ក៏មិនមាន កាលបើមិនមានសេចក្តីប្រាថ្នា សំយោជនៈ ក៏មិនមាន។ ម្នាលមិគជាលៈ ភិក្ខុដែលរួចចាកចំណង គឺសេចក្តីត្រេក ត្រអាលហ្នឹងឯង ហៅថា អ្នកមានប្រក្រតីនៅម្នាក់ឯង។បេ។ ម្នាលមិគជាលៈ មានរស ដែលត្រូវដឹងច្បាស់ ដោយអណ្តាត។បេ។ ម្នាលមិគជាលៈ មានធម្មារម្មណ៍ ដែលត្រូវ ដឹងច្បាស់ដោយចិត្ត ដែលជាទីប្រាថ្នា ជាទីពេញចិត្ត ជាទីគាប់ចិត្ត ជាទីស្រឡាញ់ ប្រកបដោយកាម គួរជាទីត្រេកអរ បើភិក្ខុមិនត្រេកអរ មិនសរសើរ មិនជាប់ចិត្ត ចំពោះធម៌នោះទេ កាលភិក្ខុនោះ មិនត្រេកអរ មិនសរសើរ មិនជាប់ចិត្ត នឹងធម៌នោះ សេចក្តីត្រេកត្រអាល ក៏រលត់ទៅ កាលបើមិនមានសេចក្តីត្រេកត្រអាល សេចក្តីប្រាថ្នា ក៏មិនមាន កាលបើមិនមានសេចក្តីប្រាថ្នា សំយោជនៈក៏មិនមាន ។ ម្នាលមិគជាលៈ ភិក្ខុដែលរួចចាកចំណង គឺសេចក្តីត្រេកត្រអាល ហៅថា អ្នកមានប្រក្រតីនៅម្នាក់ឯង។ ម្នាលមិគជាលៈ ភិក្ខុមានប្រក្រតីនៅយ៉ាងនេះ ទុកជានៅក្នុងស្រុក ច្រឡូកច្រឡំ ដោយ ពួកភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា ពួកស្តេចនិងអាមាត្យធំរបស់ស្តេច ពួកតិរ្ថិយ និង សាវ័ករបស់តិរ្ថិយក៏ដោយ ក៏នៅតែហៅថា អ្នកមានប្រក្រតីនៅម្នាក់ឯង។ ដំណើរនោះ ព្រោះហេតុអ្វី។ ព្រោះថា ភិក្ខុនោះ មានតណ្ហា ជាគម្រប់ពីរមែន តែតណ្ហានោះ ភិក្ខុនោះ បានលះបង់ហើយ ព្រោះហេតុនោះ បានជាហៅថា អ្នកមានប្រក្រតី នៅម្នាក់ឯង។

ចប់សូត្រ ទី១។

(ទុតិយមិគជាល)សូត្រ ទី២

(២. ទុតិយមិគជាលសុត្តំ)

[៦៨] គ្រានោះ ព្រះមិគជាលៈមានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ។បេ។ លុះព្រះមិគជាលៈមានអាយុ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន សូមទ្រង់ព្រះមេត្តាប្រោស សូមព្រះមានព្រះភាគ ទ្រង់សំដែងធម៌ដោយសង្ខេប ដល់ខ្ញុំព្រះអង្គ ខ្ញុំព្រះអង្គ បើបានស្តាប់ធម៌ របស់ព្រះមានព្រះភាគហើយ នឹងជាបុគ្គលម្នាក់ឯង ចៀសចេញអំពីពួក មិនបានប្រមាទ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានចិត្តបញ្ចូនទៅកាន់ព្រះនិញ្វន។ ម្នាលមិគជាលៈ មានរូប ដែលត្រូវដឹងច្បាស់ដោយភ្នែក ដែលជាទីប្រាថ្នា ជាទីពេញចិត្ត ជាទីគាប់ចិត្ត ជាទីស្រឡាញ់ ប្រកបដោយកាម ជាទីត្រេកអរ បើភិក្ខុត្រេកអរ សរសើរ ជាប់ចិត្តចំពោះរូប នោះ កាលភិក្ខុនោះ ត្រេកអរ សរសើរ ជាប់ចិត្តចំពោះរូបនោះ សេចក្តីត្រេកត្រអាលក៏នឹង កើតឡើង ម្នាលមិគជាលៈ តថាគតពោលថា ការកើតឡើង នៃកងទុក្ខ មកពីហេតុកើតឡើង នៃសេចក្តីត្រេកត្រអាល។បេ។ ម្នាលមិគជាលៈ មានរសដែលត្រូវដឹងច្បាស់ដោយ អណ្តាត។បេ។ ម្នាលមិគជាលៈ មានធម្មារម្មណ៍ ដែលត្រូវដឹងច្បាស់ដោយចិត្ត ដែលជាទីប្រាថ្នា ជាទីពេញចិត្ត ជាទីគាប់ចិត្ត ជាទីស្រឡាញ់ប្រកបដោយកាម ជាទីត្រេកអរ បើភិក្ខុត្រេកអរ សរសើរ ជាប់ចិត្តចំពោះធម៌នោះ កាលភិក្ខុនោះ ត្រេកអរ សរសើរ ជាប់ចិត្តចំពោះធម៌នោះ សេចក្តីត្រេកត្រអាល ក៏កើតឡើង ម្នាលមិគជាលៈ តថាគត ពោលថា ការកើតឡើង នៃកងទុក្ខ មកពីហេតុកើតឡើង នៃសេចក្តីត្រេកត្រអាល។

[៦៩] ម្នាលមិគជាលៈ មានរូបដែលត្រូវដឹងច្បាស់ដោយភ្នែក ជាទីប្រាថ្នា ជាទីពេញចិត្ត ជាទីគាប់ចិត្ត ជាទីស្រឡាញ់ ប្រកបដោយកាម ជាទីត្រេកអរ បើភិក្ខុមិនត្រេកអរ មិនសរសើរ មិនជាប់ចិត្តនឹងរូបនោះទេ កាលភិក្ខុនោះ មិនត្រេកអរ មិនសរសើរ មិនជាប់ចិត្តនឹងរូបនោះ សេចក្តីត្រេកត្រអាល រមែងរលត់ទៅ ម្នាលមិគជាលៈ តថាគតពោលថា ការរលត់ទៅ នៃកងទុក្ខ មកពីហេតុរលត់ទៅ នៃសេចក្តីត្រេកត្រអាល។បេ។ ម្នាលមិគជាលៈ មានរសដែលត្រូវដឹងច្បាស់ ដោយអណ្តាត។បេ។ ម្នាលមិគជាលៈ មានធម៌ ដែលត្រូវដឹងច្បាស់ដោយចិត្ត ជាទីប្រាថ្នា ជាទីពេញចិត្ត ជាទីគាប់ចិត្ត ជាទីស្រឡាញ់ ប្រកបដោយកាម ជាទីត្រេកអរ បើភិក្ខុ មិនត្រេកអរ មិនសរសើរ មិនជាប់ចិត្ត នឹងធម៌នោះទេ កាលភិក្ខុនោះ មិនត្រេកអរ មិនសរសើរ មិនជាប់ចិត្តនឹងធម៌នោះ សេចក្តីត្រេកត្រអាល រមែងរលត់ទៅ ម្នាលមិគជាលៈ តថាគតពោលថា ការរលត់ទៅ នៃកងទុក្ខ មកពីហេតុរលត់ទៅ នៃសេចក្តីត្រេកត្រអាល។

[៧០] គ្រានោះ ព្រះមិគជាលៈមានអាយុ ត្រេកអរ អនុមោទនានូវភាសិត របស់ព្រះ មានព្រះភាគ ហើយក៏ក្រោកអំពីអាសនៈ ថ្វាយបង្គំព្រះមានព្រះភាគ ធ្វើប្រទក្សិណរួច ហើយ ក៏ចៀសចេញទៅ។ លំដាប់នោះ ព្រះមិគជាលៈមានអាយុ ជាបុគ្គលម្នាក់ឯង ចៀសចេញអំពីពួក ជាអ្នកមិនប្រមាទ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានចិត្ត បញ្ជូនទៅកាន់ព្រះនិញ្វន មិនយូរប៉ុន្មាន ក៏បានធ្វើឲ្យជាក់ច្បាស់ សម្រេចនូវទីបំផុតព្រហ្ម ចរិយៈ មិនមានគុណជាតដទៃ លើសលុបជាង ដែលជាទីត្រូវការ របស់ពួកកុលបុត្រ ដែលចេញចាកផ្ទះ បួសដោយប្រពៃ ដោយប្រាជ្ញាដ៏ក្រៃលែង ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន ហើយសម្រេចសម្រាន្តនៅ ក៏បានដឹងច្បាស់ថា ជាតិអស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញ បាននៅរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ បណ្តាព្រះអរហន្ត ទាំងឡាយ ព្រះមិគជាលៈមានអាយុ ក៏បានជាព្រះអរហន្ត មួយអង្គដែរ។

ចប់សូត្រ ទី២។

(បឋមសមិទ្ធិមារបញ្ហា)សូត្រ ទី៣

(៣. បឋមសមិទ្ធិមារបញ្ហាសុត្តំ)

[៧១] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ជិតក្រុងរាជគ្រឹះ។ គ្រានោះ ព្រះសមិទិ្ធមានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ។បេ។ បានក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ពាក្យគេតែងនិយាយថា មារ មារ បពិត្រព្រះអង្គដ៏ចម្រើន មារ ឬសេចក្តីបញ្ញាត្តិថាមារ ដោយហេតុដូចម្តេចខ្លះ។ ម្នាលសមិទិ្ធ ទីណាមានចក្ខុ មានរូប មានចក្ខុវិញ្ញាណ មានធម៌ដែលត្រូវដឹងដោយចក្ខុវិញ្ញាណ ទីនោះក៏មានមារ ឬសេចក្តីបញ្ញាត្តិថាមារ។ មានត្រចៀក មានសំឡេង មានសោតវិញ្ញាណ មានធម៌ដែលត្រូវដឹង ដោយសោតវិញ្ញាណ ទីនោះក៏មានមារ ឬសេចក្តីបញ្ញាត្តិថាមារ។ មានច្រមុះ មានក្លិន មានឃានវិញ្ញាណ មានធម៌ ដែលត្រូវដឹងដោយឃានវិញ្ញាណ ទីនោះក៏មានមារ ឬសេចក្តីបញ្ញាត្តិថាមារ។ មានអណ្តាត មានរស មានជិវ្ហាវិញ្ញាណ មានធម៌ ដែលត្រូវដឹងដោយជិវ្ហាវិញ្ញាណ ទីនោះក៏មានមារ ឬសេចក្តីបញ្ញាត្តិថា មារ។ មានកាយ មានផ្សព្វ មានកាយវិញ្ញាណ មានធម៌ ដែលត្រូវដឹងដោយកាយវិញ្ញាណ ទីនោះក៏មានមារ ឬសេចក្តីបញ្ញាត្តិថាមារ។ មានចិត្ត មានធម៌ មានមនោវិញ្ញាណ មានធម៌ដែលត្រូវដឹងដោយមនោវិញ្ញាណ ទីនោះក៏មានមារ ឬសេចក្តីបញ្ញាត្តិថាមារ។

[៧២] ម្នាលសមិទិ្ធ ចំណែកខាងទីណា មិនមានចក្ខុ មិនមានរូប មិនមានចក្ខុវិញ្ញាណ មិនមានធម៌ ដែលត្រូវដឹងដោយចក្ខុវិញ្ញាណ ទីនោះក៏មិនមានមារ ឬសេចក្តីបញ្ញាត្តិ ថាមាទេ។បេ។ មិនមានអណ្តាត មិនមានរស មិនមានជិវ្ហាវិញ្ញាណ មិនមានធម៌ដែលត្រូវដឹង ដោយជិវ្ហាវិញ្ញាណ ទីនោះក៏មិនមានមារ ឬសេចក្តីបញ្ញាត្តិ ថាមារដែរ។ បេ។ មិនមានចិត្ត មិនមានធម៌ មិនមានមនោវិញ្ញាណ មិនមានធម៌ដែលត្រូវដឹងដោយមនោវិញ្ញាណ ទីនោះ ក៏មិនមានមារ ឬសេចក្តីបញ្ញាត្តិ ថាមារដែរ។

ចប់សូត្រ ទី៣។

(សមិទ្ធិសត្តបញ្ហា)សូត្រ ទី៤

(៤. សមិទ្ធិសត្តបញ្ហាសុត្តំ)

[៧៣] បពិត្រព្រះអង្គដ៏ចម្រើន ពាក្យគេតែងនិយាយថា សត្វ សត្វ បពិត្រព្រះ អង្គដ៏ចម្រើន សត្វ ឬសេចក្តីបញ្ញាត្តិថាសត្វ តើដោយហេតុដូចម្តេចខ្លះ។បេ។

ចប់សូត្រ ទី៤។

(សមិទ្ធិទុក្ខបញ្ហា)សូត្រ ទី៥

(៥. សមិទ្ធិទុក្ខបញ្ហាសុត្តំ)

[៧៤] បពិត្រព្រះអង្គដ៏ចម្រើន ពាក្យគេតែងនិយាយថា ទុក្ខ ទុក្ខ បពិត្រព្រះអង្គ ដ៏ចម្រើន ទុក្ខ ឬសេចក្តីបញ្ញាត្តិថាទុក្ខ តើដោយហេតុដូចម្តេចខ្លះ។បេ។

ចប់សូត្រ ទី៥។

(សមិទ្ធិលោកបញ្ហា)សូត្រ ទី៦

(៦. សមិទ្ធិលោកបញ្ហាសុត្តំ)

[៧៥] បពិត្រព្រះអង្គដ៏ចម្រើន ពាក្យគេតែងនិយាយថា លោក លោក បពិត្រព្រះ អង្គដ៏ចម្រើន លោក ឬសេចក្តីបញ្ញាត្តិថាលោក តើដោយហេតុដូចម្តេចខ្លះ។ ម្នាលសមិទិ្ធ ទីណាមានចក្ខុ មានរូប មានចក្ខុវិញ្ញាណ មានធម៌ដែលត្រូវដឹងដោយចក្ខុវិញ្ញាណ ទីនោះ រមែងមានលោក ឬសេចក្តីបញ្ញាត្តិថាលោក។បេ។ មានអណ្តាត។បេ។ មានចិត្ត មានធម៌ មានមនោវិញ្ញាណ មានធម៌ដែលត្រូវដឹងដោយមនោវិញ្ញាណ ទីនោះ រមែងមានលោក ឬសេចក្តីបញ្ញាត្តិ ថាលោកដែរ។

[៧៦] ម្នាលសមិទិ្ធ ចំណែកខាងទីណា មិនមានចក្ខុ មិនមានរូប មិនមានចក្ខុវិញ្ញាណ មិនមានធម៌ ដែលគប្បីដឹង ដោយចក្ខុវិញ្ញាណ ទីនោះ ក៏មិនមានលោក ឬសេចក្តីបញ្ញាត្តិ ថាលោកទេ។បេ។ មិនមានអណ្តាត។បេ។ មិនមានចិត្ត មិនមានធម៌ មិនមានមនោវិញ្ញាណ មិនមានធម៌ ដែលត្រូវដឹងដោយមនោវិញ្ញាណ ទីនោះ ក៏មិនមានលោក ឬសេចក្តីបញ្ញាត្តិ ថាលោកទេ។

ចប់សូត្រ ទី៦។

(ឧបសេនអាសីវិស)សូត្រ ទី៧

(៧. ឧបសេនអាសីវិសសុត្តំ)

[៧៧] សម័យមួយ ព្រះមានព្រះភាគ ព្រះសារីបុត្រមានអាយុ នឹងព្រះឧបសេន មានអាយុ គង់នៅក្នុងព្រៃស្មសាន ឈ្មោះសីតវ័ន ទៀបញកភ្នំឈ្មោះ សប្បសោណ្ឌិក ជិតក្រុងរាជគ្រឹះ។ សម័យនោះឯង ពស់អាសីពិស ធ្លាក់មកលើកាយព្រះឧបសេន មានអាយុ។ គ្រានោះ ព្រះឧបសេន មានអាយុ ហៅភិក្ខុទាំងឡាយមកថា នែអាវុសោទាំងឡាយ អ្នកទាំងឡាយ ចូលមកលើកកាយខ្ញុំនេះ ដាក់លើគ្រែ ហើយសែងទៅខាងក្រៅ ព្រោះថា កាយនេះ ជារបស់ចាស់ គង់នឹងរោយរាយក្នុងទីនេះ ដូចជាអង្កាមមួយក្តាប់។ កាលបើព្រះឧបសេនមានអាយុ និយាយយ៉ាងនេះហើយ ព្រះសារីបុត្រមានអាយុ ក៏និយាយនឹងព្រះឧបសេនមានអាយុ ដូច្នេះថា យើងមិនឃើញព្រះឧបសេន មានអាយុ មានកាយផ្សេង ឬមានឥន្រ្ទិយប្រែប្រួលទៅសោះ កាលបើយ៉ាងនេះ ម្តេចក៏ព្រះឧបសេនមានអាយុ និយាយយ៉ាងនេះថា នែអាវុសោ អ្នកទាំងឡាយ ចូលមកលើកកាយខ្ញុំនេះ ដាក់លើគ្រែ ហើយសែងទៅខាងក្រៅ ព្រោះថា កាយនេះជារបស់ចាស់ គង់នឹងរោយរាយ ក្នុងទីនេះ ដូចជាអង្កាមមួយក្តាប់។ ព្រះឧបសេនឆ្លើយថា នែអាវុសោសារីបុត្ត អ្នកណាមានសេចក្តីប្រកាន់ យ៉ាងនេះថា ចក្ខុ គឺអាត្មាអញ ឬថា ចក្ខុរបស់អាត្មាអញ។បេ។ ថាជីវ្ហា គឺអាត្មាអញ ឬថា ជីវ្ហារបស់អាត្មាអញ។បេ។ ថាមនោ គឺ អត្មាអញ ឬថា មនោ របស់អាត្មាអញ នែអាវុសោសារីបុត្ត អ្នកនោះ ទើបមានកាយផ្សេង ឬមានឥន្រ្ទិយ ប្រែប្រួល។ នែអាវុសោសារីបុត្ត ចំណែកខ្ញុំ មិនមានសេចក្តីត្រិះរិះ យ៉ាងនេះទេ ថា ចក្ខុ គឺអាត្មាអញ ឬថា ចក្ខុរបស់អាត្មាអញ។បេ។ ថាជីវ្ហា គឺអាត្មាអញ ឬថា ជិវ្ហារបស់ អាត្មាអញ។បេ។ ថាមនោ គឺអាត្មាអញ ឬថា មនោរបស់អាត្មាអញ នែអាវុសោសារីបុត្ត ខ្ញុំនោះ នឹងមានកាយផ្សេង ឬមានឥន្រ្ទិយប្រែប្រួល ដូចម្តេចកើត។ បើយ៉ាងនោះ មានតែព្រះឧបសេនមានអាយុ បានគាស់រំលើងអនុស័យ គឺសេចក្តីប្រកាន់ថាអញ ថារបស់អញ មកយូរហើយ ហេតុនោះ បានជាព្រះឧបសេនមានអាយុ មិនមានសេចក្តីត្រិះរិះយ៉ាងនេះទេថា ចក្ខុ គឺអាត្មាអញ ឬថាចក្ខុរបស់អាត្មាអញ។បេ។ ជិវ្ហា គឺអាត្មាអញ ឬថាជិវ្ហារបស់អាត្មាអញ។បេ។ ថាមនោ គឺអាត្មាអញ ឬថា មនោរបស់អាត្មាអញ។ គ្រានោះ ភិក្ខុទាំងនោះ លើកកាយព្រះឧបសេនមានអាយុ ដាក់លើគ្រែ ហើយសែងចេញទៅខាងក្រៅ។ លំដាប់នោះ កាយរបស់ព្រះឧបសេនមានអាយុ ក៏រោយរាយក្នុងទីនោះ ដូចជាអង្កាមមួយក្តាប់។

ចប់សូត្រ ទី៧។

(ឧបវាណសន្ទិដ្ឋិក)សូត្រ ទី៨

(៨. ឧបវាណសន្ទិដ្ឋិកសុត្តំ)

[៧៨] គ្រានោះ ព្រះឧបវាណមានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ។បេ។ លុះព្រះឧបវាណមានអាយុ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ពាក្យគេតែងនិយាយថា ធម៌ បុគ្គលឃើញច្បាស់ ដោយខ្លួនឯង ធម៌ បុគ្គលឃើញច្បាស់ដោយខ្លួនឯង ដូច្នេះ បពិត្រព្រះអង្គដ៏ចម្រើន ធម៌ ដែលបុគ្គលឃើញច្បាស់ ដោយខ្លួនឯង ឲ្យនូវផល មិនរង់ចាំកាល គួរនឹងហៅបុគ្គលដទៃ ឲ្យចូលមកមើលបាន គួរបង្អោនចូលមកទុកក្នុងខ្លួន ជាធម៌ដែលពួកវិញ្ញូជនគប្បីដឹង ចំពោះខ្លួន ដោយហេតុដូចម្តេច។

[៧៩] ម្នាលឧបវាណ ភិក្ខុក្នុងសាសនានេះ ឃើញរូបដោយចក្ខុ ហើយកត់ សំគាល់ នូវរូបផង កត់សំគាល់នូវតម្រេកក្នុងរូបផង ដឹងច្បាស់នូវតម្រេក ដែលមានក្នុងរូបខាងក្នុង ថា អាត្មាអញ មានតម្រេកក្នុងរូបខាងក្នុងផង។ ម្នាលឧបវាណ ត្រង់ដែលភិក្ខុ ឃើញរូបដោយចក្ខុ ហើយកត់សំគាល់នូវរូបផង កត់សំគាល់នូវតម្រេក ក្នុងរូបផង ដឹងច្បាស់នូវតម្រេក ដែលមានក្នុងរូបខាងក្នុងថា អាត្មាអញ មានតម្រេក ក្នុងរូបខាងក្នុងផង។ ម្នាលឧបវាណ ធម៌ ដែលបុគ្គលឃើញច្បាស់ ដោយខ្លួនឯង ឲ្យនូវផល មិនរង់ចាំកាល គួរនឹងហៅបុគ្គលដទៃ ឲ្យចូលមកមើលបាន គប្បីបង្អោនចូល មកទុកក្នុងខ្លួន ជាធម៌ដែលពួកវិញ្ញូជន គប្បីដឹងចំពោះខ្លួន យ៉ាងនេះក៏មាន។បេ។

[៨០] ម្នាលឧបវាណ មួយទៀត ភិក្ខុលិទ្ធភ្លក្សរសដោយអណ្តាត ហើយកត់សំគាល់ នូវរសផង កត់សំគាល់នូវតម្រេកក្នុងរសផង ដឹងច្បាស់នូវតម្រេក ដែលមានក្នុង រសខាងក្នុងថា អាត្មាអញ មានតម្រេក ក្នុងរសខាងក្នុងផង។ ម្នាលឧបវាណ ភិក្ខុលិទ្ធភ្លក្សរស ដោយអណ្តាត ហើយកត់សំគាល់នូវរសផង កត់សំគាល់នូវតម្រេក ក្នុងរសផង ដឹងច្បាស់នូវតម្រេក ដែលមានក្នុងរសខាងក្នុងថា អាត្មាអញ មានតម្រេក ក្នុងរសខាងក្នុងផង ដោយហេតុណា។ ម្នាលឧបវាណ ធម៌ ដែលបុគ្គលឃើញច្បាស់ ដោយខ្លួនឯង ឲ្យនូវផល មិនរង់ចាំកាល គួរនឹងហៅបុគ្គលដទៃ ឲ្យចូលមកមើលបាន គួរបង្អោនចូលមកទុកក្នុងខ្លួន ជាធម៌ដែលពួកវិញ្ញូជន គប្បីដឹងចំពោះខ្លួន ដោយ ហេតុយ៉ាងនេះ ក៏មាន។បេ។

[៨១] ម្នាលឧបវាណ មួយវិញទៀត ភិក្ខុដឹងច្បាស់នូវធម៌ដោយចិត្ត ហើយកត់ សំគាល់ នូវធម៌ផង កត់សំគាល់នូវតម្រេកក្នុងធម៌ផង ដឹងច្បាស់នូវតម្រេកដែលមាន ក្នុងធម៌ខាងក្នុងថា អាត្មាអញ មានតម្រេកក្នុងធម៌ខាងក្នុងផង។ ម្នាលឧបវាណ ភិក្ខុ ដឹងច្បាស់ នូវធម៌ដោយចិត្ត ហើយកត់សំគាល់នូវធម៌ផង កត់សំគាល់នូវតម្រេក ក្នុងធម៌ផង ដឹងច្បាស់នូវតម្រេក ដែលមានក្នុងធម៌ខាងក្នុងថា អាត្មាអញ មានតម្រេកក្នុងធម៌ខាងក្នុង ដោយហេតុណា។ ម្នាលឧបវាណ ធម៌ដែលបុគ្គលឃើញច្បាស់ ដោយខ្លួនឯង។បេ។ ជាធម៌ដែលពួកវិញ្ញូជន គប្បីដឹងចំពោះខ្លួន ដោយហេតុយ៉ាងនេះ ក៏មាន។

[៨២] ម្នាលឧបវាណ ភិក្ខុក្នុងសាសនានេះ ឃើញរូបដោយចក្ខុ ហើយគ្រាន់តែកត់ សំគាល់នូវរូប តែមិនកត់សំគាល់ នូវតម្រេកក្នុងរូប ទាំងដឹងច្បាស់នូវតម្រេក ដែលមិនមានក្នុងរូបខាងក្នុងថា អាត្មាអញ មិនមានតម្រេក ក្នុងរូបខាងក្នុងទេ។ ម្នាលឧបវាណ ត្រង់ដែលភិក្ខុ ឃើញរូបដោយចក្ខុ ហើយគ្រាន់តែកត់សំគាល់នូវរូប តែមិនកត់សំគាល់នូវតម្រេកក្នុងរូប ទាំងដឹងច្បាស់នូវតម្រេក ដែលមិនមានក្នុងរូបខាងក្នុងថា អាត្មាអញ មិនមានតម្រកក្នុងរូបខាងក្នុងទេ។ ម្នាលឧបវាណ ធម៌ដែលបុគ្គល ឃើញច្បាស់ដោយខ្លួនឯង ឲ្យនូវផលមិនរង់ចាំកាល គួរនឹងហៅបុគ្គលដទៃ ឲ្យចូលមកមើលបាន គួរបង្អោនចូលមកទុកក្នុងខ្លួនបាន ជាធម៌ដែលពួកវិញ្ញូជន គប្បីដឹង ចំពោះខ្លួន យ៉ាងនេះក៏មាន។

[ ៨៣] ម្នាលឧបវាណ មួយទៀត ភិក្ខុឮសំឡេង ដោយត្រចៀក។ ធុំក្លិនដោយ ច្រមុះ។ លិទ្ធភ្លក្សរស ដោយអណ្តាត ហើយគ្រាន់តែកត់សំគាល់រស តែមិនកត់សំគាល់ តម្រេកក្នុងរស ទាំងដឹងច្បាស់នូវតម្រេក ដែលមិនមានក្នុងរសខាងក្នុងថា អាត្មាអញ មិនមានតម្រេកក្នុងរសខាងក្នុងទេ។បេ។

[៨៤] ម្នាលឧបវាណ មួយវិញទៀត ភិក្ខុ ដឹងនូវធម៌ដោយចិត្ត ហើយគ្រាន់តែកត់ សំគាល់នូវធម៌ តែមិនកត់សំគាល់នូវតម្រេកក្នុងធម៌ ទាំងដឹងច្បាស់នូវតម្រេក ដែលមិនមានក្នុងធម៌ខាងក្នុងថា អាត្មាអញ មិនមានតម្រេកក្នុងធម៌ខាងក្នុង។ ម្នាលឧបវាណ ភិក្ខុ ដឹងច្បាស់នូវធម៌ដោយចិត្ត ហើយគ្រាន់តែកត់សំគាល់នូវធម៌ តែមិនកត់សំគាល់នូវតម្រេក ក្នុងធម៌ ទាំងដឹងច្បាស់នូវតម្រេក ដែលមិនមានក្នុងធម៌ខាងក្នុងថា អាត្មាអញ មិនមានតម្រេកក្នុងធម៌ខាងក្នុង ដោយហេតុណា។ ម្នាលឧបវាណ ធម៌ដែលបុគ្គលឃើញច្បាស់ ដោយខ្លួនឯង ឲ្យនូវផល មិនរង់ចាំកាល គួរនឹងហៅបុគ្គលដទៃ ឲ្យចូលមកមើលបាន គួរបង្អោនចូលមកទុកក្នុងខ្លួនបាន ជាធម៌ដែលពួកវិញ្ញូជន គប្បីដឹងចំពោះខ្លួន ដោយហេតុយ៉ាងនេះ ក៏មាន។

ចប់សូត្រ ទី៨។

(បឋមឆផស្សាយតន)សូត្រ ទី៩

(៩. បឋមឆផស្សាយតនសុត្តំ)

[៨៥] ម្នាលភិក្ខុទាំងឡាយ សេចក្តីពិតថា ភិក្ខុណាមួយ មិនដឹងច្បាស់តាមពិត នូវការកើត ការរលត់ អានិសង្ស ទោស និងការរលាស់ចេញ នូវអាការរបស់ផស្សៈទាំង ៦ ទេ ភិក្ខុនោះ ឈ្មោះថា មិនបានប្រព្រឹត្តព្រហ្មចរិយៈទេ ភិក្ខុនោះ ឈ្មោះថា ឆ្ងាយអំពី ធម្មវិន័យនេះ។ កាលបើព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ភិក្ខុមួយរូប ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គ វិនាសចាក ធម៌វិន័យនេះហើយ បពិត្រព្រះអង្គដ៏ចម្រើន ព្រោះខ្ញុំព្រះអង្គ មិនទាន់ដឹងច្បាស់ តាមពិតនូវការកើត ការរលត់ អានិសង្ស ទោស និងការរលាស់ចេញ នូវអាការ របស់ផស្សៈ ទាំង៦ឡើយ។ ម្នាលភិក្ខុ អ្នកសំគាល់សេចក្តីនោះ ដូចម្តេច អ្នកពិចារណាឃើញចក្ខុថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់អញ ដូច្នេះដែរឬ។ មិនមែនឃើញដូច្នោះទេ ព្រះអង្គ។ ម្នាលភិក្ខុ ប្រពៃហើយ ម្នាលភិក្ខុ ក្នុងរឿងនេះ អ្នកនឹងបានឃើញចក្ខុនុ៎ះ ដោយប្រាជ្ញាដ៏ប្រពៃ តាមពិតយ៉ាងនេះថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនអញ នុ៎ះមិនមែនជាខ្លួនរបស់អញទេ នុ៎ះឯង ជាទីបំផុតនៃទុក្ខ។ អ្នកពិចារណាឃើញអណ្តាតថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់អញ ដូច្នេះដែរឬ។ មិនមែនឃើញដូច្នោះទេ ព្រះអង្គ។ ម្នាលភិក្ខុ ប្រពៃហើយ ម្នាលភិក្ខុ ក្នុងរឿងនេះ អ្នកនឹងបានឃើញអណ្តាតនុ៎ះ ដោយប្រាជ្ញាដ៏ប្រពៃ តាមពិតយ៉ាងនេះថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនអញ នុ៎ះមិនមែនជាខ្លួនរបស់អញទេ នុ៎ះឯង ជាទីបំផុតនៃទុក្ខ។បេ។ អ្នកពិចារណាឃើញចិត្តថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់អញ ដូច្នេះដែរឬ។ មិនមែនឃើញដូច្នោះទេ ព្រះអង្គ។ ម្នាលភិក្ខុ ប្រពៃហើយ ម្នាលភិក្ខុ ក្នុងរឿងនេះ អ្នកនឹងបានឃើញចិត្តនុ៎ះ ដោយប្រាជ្ញាដ៏ប្រពៃ តាមពិតយ៉ាងនេះថា នុ៎ះមិន មែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់ អញទេ នុ៎ះឯង ជាទីបំផុតនៃទុក្ខ។

ចប់សូត្រ ទី៩។

(ទុតិយឆផស្សាយតន)សូត្រ ទី១០

(១០. ទុតិយឆផស្សាយតនសុត្តំ)

[៨៦] ម្នាលភិក្ខុទាំងឡាយ ភិក្ខុណានីមួយ មិនដឹងច្បាស់តាមពិត នូវការកើត ការរលត់ អានិសង្ស ទោស និងការរលាស់ចេញ នូវអាការរបស់ផស្សៈ ទាំង ៦ ទេ ភិក្ខុ នោះមិនឈ្មោះថា នៅចប់ព្រហ្មចរិយៈឡើយ ភិក្ខុនោះ ឈ្មោះថា ឆ្ងាយអំពីធម្មវិន័យនេះ។ កាលបើព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ភិក្ខុមួយរូប ក្រាបបង្គំទូលព្រះមាន ព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គ ខូចប្រយោជន៍ ក្នុងធម្មវិន័យនេះហើយ បពិត្រព្រះអង្គដ៏ចម្រើន ព្រោះខ្ញុំព្រះអង្គ មិនបានដឹងច្បាស់តាមពិត នូវការកើត ការរលត់ អានិសង្ស ទោស និងការរលាស់ចេញ នូវអាការរបស់ផស្សៈ ទាំង ៦ ឡើយ។ ម្នាលភិក្ខុ អ្នកសំគាល់នូវសេចក្តីនោះ ដូចម្តេច អ្នកពិចារណាឃើញចក្ខុថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញ ដូច្នេះដែរឬ។ ព្រះករុណា ព្រះអង្គ។ ម្នាលភិក្ខុ ប្រពៃហើយ ម្នាលភិក្ខុ ក្នុងរឿងនេះ អ្នកនឹងបានឃើញចក្ខុនុ៎ះ ដោយប្រាជ្ញាដ៏ប្រពៃ តាមពិតយ៉ាងនេះថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនអញ កាលបើយ៉ាងនេះ អ្នកនឹងបានលះបង់ ផស្សាយតនៈជាបឋមនុ៎ះ ដើម្បីមិនឲ្យផស្សាយតនៈនោះ កើតតទៅទៀតបាន។បេ។ អ្នកពិចារណា ឃើញអណ្តាតថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញ ដូច្នេះដែរឬ។ ព្រះករុណា ព្រះអង្គ។ ម្នាលភិក្ខុ ប្រពៃហើយ ម្នាលភិក្ខុ ក្នុងរឿងនេះ អ្នកនឹងបានឃើញអណ្តាតនុ៎ះដោយ ប្រាជ្ញាដ៏ប្រពៃតាមពិត យ៉ាងនេះថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញ កាលបើយ៉ាងនេះ អ្នកនឹងបានលះបង់ ផស្សាយតនៈជាគម្រប់ ៤ នុ៎ះ ដើម្បីមិនឲ្យផស្សាយតនៈនោះ កើតតទៅទៀតបាន។បេ។ អ្នកពិចារណាឃើញចិត្តថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញ ដូច្នេះដែរឬ។ ព្រះករុណា ព្រះអង្គ។ ម្នាលភិក្ខុ ប្រពៃហើយ ម្នាលភិក្ខុ ក្នុងរឿងនេះ អ្នកនឹងបានឃើញចិត្តនុ៎ះ ដោយប្រាជ្ញាដ៏ប្រពៃ តាមពិត យ៉ាងនេះថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញ កាលបើយ៉ាងនេះ អ្នកនឹងបានលះបង់ ផស្សាយតនៈ ជាគម្រប់ ៦ នុ៎ះ ដើម្បីមិនឲ្យផស្សាយតនៈនោះកើតតទៅទៀតបាន។

ចប់សូត្រ ទី១០។

(តតិយឆផស្សាយតន)សូត្រ ទី១១

(១១. តតិយឆផស្សាយតនសុត្តំ)

[៨៧] ម្នាលភិក្ខុទាំងឡាយ ភិក្ខុណានីមួយ មិនបានដឹងច្បាស់តាមពិត នូវការកើត ការរលត់ អានិសង្ស ទោស និងការរលាស់ចេញ នូវអាការរបស់ផស្សៈ ទាំង ៦ ទេ ភិក្ខុ នោះឈ្មោះថា មិនបាននៅចប់ព្រហ្មចរិយៈឡើយ ភិក្ខុនោះឈ្មោះថា ឆ្ងាយ អំពីធម្មវិន័យនេះ។ កាលបើព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ភិក្ខុមួយរូប ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គ ខូចប្រយោជន៍ ក្នុងធម្មវិន័យនេះហើយ បពិត្រព្រះអង្គដ៏ចម្រើន ព្រោះខ្ញុំព្រះអង្គ មិនដឹងច្បាស់តាមពិត នូវការកើត ការរលត់ អានិសង្ស ទោស និងការរលាស់ចេញ នូវអាការរបស់ផស្សៈ ទាំង ៦។ ម្នាលភិក្ខុ អ្នកសំគាល់នូវសេចក្តីនោះ ដូចម្តេច ភ្នែកទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ ចុះរបស់ណាមិនទៀង របស់នោះជាទុក្ខ ឬជាសុខ។ ជាទុក្ខ ព្រះអង្គ។ ចុះរបស់ណា ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា គួរនឹងយល់ឃើញ របស់នោះថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់អញ ដូច្នេះដែរឬ។ មិនគួរនឹងយល់ ឃើញដូច្នោះទេ ព្រះអង្គ។ ត្រចៀក ច្រមុះ អណ្តាត កាយ ចិត្ត ទៀងឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ ចុះរបស់ណា មិនទៀង របស់នោះ ជាទុក្ខ ឬជាសុខ។ ជាទុក្ខ ព្រះអង្គ។ ចុះរបស់ណា មិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា គួរនឹងយល់ឃើញរបស់នោះថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់អញ ដូច្នេះដែរឬ។ មិនគួរនឹងយល់ឃើញ ដូច្នោះទេ ព្រះអង្គ។ ម្នាលភិក្ខុ កាលបើអរិយសាវ័ក អ្នកចេះដឹង ឃើញយ៉ាងនេះ រមែងនឿយណាយ នឹងភ្នែកផង នឿយណាយនឹងត្រចៀកផង នឹងច្រមុះផង នឹងអណ្តាតផង នឹងកាយផង នឹងចិត្តផង កាលបើនឿយណាយ រមែងប្រាសចាកតម្រេក ព្រោះតែប្រាសចាកតម្រេក ទើបចិត្តរួចស្រឡះបាន។ កាលបើចិត្តរួចស្រឡះហើយ ញាណក៏កើតឡើង យ៉ាងនេះថា ចិត្តរួចស្រឡះហើយ។ អរិយសាវ័កនោះ រមែងដឹងច្បាស់ថា ជាតិអស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញ បាននៅរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។

ចប់សូត្រ ទី ១១។

ចប់ មិគជាលវគ្គ ទី២។

ឧទ្ទាននៃមិគជាលវគ្គនោះ គឺ

និយាយ អំពីព្រះមិគជាលៈមានអាយុ មាន ២ លើក អំពីព្រះសមិទិ្ធមានអាយុ មាន ៤ លើក អំពីព្រះឧបសេនមានអាយុ ១ អំពីព្រះឧបវាណមានអាយុ ១ អំពីអាការរបស់ ផស្សៈ ៦ មាន ៣ លើក។

គិលានវគ្គ ទី៣(៨)

(៨. គិលានវគ្គោ)

(បឋមគិលាន)សូត្រ ទី១

(១. បឋមគិលានសុត្តំ)

[៨៨] សាវត្ថីនិទាន។ គ្រានោះ ភិក្ខុមួយរូប ចូលទៅគាល់ព្រះមានព្រះភាគ។បេ។ លុះភិក្ខុនោះ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រ ព្រះអង្គដ៏ចម្រើន ក្នុងវត្តឯណោះ មានភិក្ខុថ្មីមួយរូប មិនទាន់មានគេស្គាល់ មានអាពាធ ដល់នូវសេចក្តីទុក្ខ ឈឺធ្ងន់ បពិត្រព្រះអង្គដ៏ចម្រើន សូមទ្រង់ព្រះមេត្តាប្រោស សូមព្រះ មានព្រះភាគអនុគ្រោះ ស្តេចទៅស្រោចស្រង់ភិក្ខុនោះផង។ លំដាប់នោះ ព្រះមានព្រះ ភាគ ទ្រង់ឮថា ភិក្ខុថ្មីណាស់ផង ឈឺធ្ងន់ផង ទ្រង់ជ្រាបច្បាស់ ដូច្នេះថា ភិក្ខុមិនទាន់ មានគេស្គាល់ ក៏ស្តេចចូលទៅរកភិក្ខុនោះ។ ភិក្ខុនោះ បានឃើញព្រះមានព្រះភាគ ស្តេចមកអំពីចម្ងាយ លុះឃើញហើយ ក៏ប្រវេប្រវា ( ចង់ក្រោក ) លើគ្រែ។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់មានព្រះពុទ្ធដីកា នឹងភិក្ខុនោះ ដូច្នេះថា ណ្ហើយភិក្ខុ អ្នកកុំប្រវេប្រវា លើគ្រែឡើយ ព្រោះមានអាសនៈ គេក្រាលទុកនេះហើយ តថាគត នឹងអង្គុយលើអាសនៈនោះ។ ព្រះមានព្រះភាគ ទ្រង់គង់លើអាសនៈ ដែលគេក្រាលថ្វាយ។ លុះព្រះមានព្រះភាគ គង់ស៊ប់ហើយ ក៏ត្រាស់សួរភិក្ខុនោះ ដូច្នេះថា ម្នាលភិក្ខុ អ្នកល្មមអត់ទ្រាំបានដែរឬ អ្នកល្មមប្រព្រឹត្តទៅបានស្រួលដែរឬ ទុក្ខវេទនា ចេះតែថយទៅ មិនចម្រើនឡើង មានតែស្រាកស្រាន្តទៅ មិនរឹតឡើងទេឬ។ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គ អត់ទ្រាំមិនបានទេ ឲ្យប្រព្រឹត្តទៅមិនបានទេ ព្រោះទុក្ខវេទនា របស់ខ្ញុំព្រះអង្គធ្ងន់ណាស់ តែងចម្រើនឡើង មិនធូរថយទេ មានតែរឹតឡើង មិនស្រាកស្រាន្តទេ។ ម្នាលភិក្ខុ អ្នកមិនមានសេចក្តីរង្កៀសតិចតួច មិនមានវិប្បដិសារៈ នីមួយទេឬ។ ព្រះករុណា ព្រះអង្គ ខ្ញុំព្រះអង្គ មានសេចក្តីរង្កៀសច្រើន មានវិប្បដិសារៈច្រើន។ ម្នាលភិក្ខុ ចុះអ្នកមិនបានតិះដៀលខ្លួន ដោយសីលទេឬ។ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គ មិនបានតិះដៀលខ្លួន ដោយសីលទេ ។ ម្នាលភិក្ខុ បើអ្នកមិនបានតិះដៀលខ្លួន ដោយសីលទេ ម្នាលភិក្ខុ កាលបើយ៉ាងនេះ អ្នកមានសេចក្តីរង្កៀសក្នុងអ្វី ទាំងមានវិប្បដិសារៈអ្វីទៀត។ បពិត្រព្រះអង្គដ៏ចម្រើន ព្រោះខ្ញុំព្រះអង្គ មិនទាន់យល់ច្បាស់នូវធម៌ ដែលព្រះមានព្រះភាគសំដែងថា មានការស្អាតសីល ជាប្រយោជន៍ ។ ម្នាលភិក្ខុ បើអ្នកមិនទាន់យល់ច្បាស់ នូវធម៌ ដែលតថាគត សំដែងហើយថា មានការស្អាតសីល ជាប្រយោជន៍ទេ ម្នាលភិក្ខុ កាលបើយ៉ាងនេះ អ្នកយល់ច្បាស់ នូវធម៌ដែលតថាគតសំដែងហើយ ថាមានអ្វីជាប្រយោជន៍។ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គ យល់ច្បាស់នូវធម៌ ដែលព្រះមានព្រះភាគ ទ្រង់សំដែងហើយថា មានការកំចាត់បង់នូវរាគៈ ជាប្រយោជន៍។ ម្នាលភិក្ខុ ប្រពៃណាស់ហើយ ប្រពៃណាស់ហើយ ម្នាលភិក្ខុ ប្រពៃណាស់ហើយ ដែលអ្នកយល់ច្បាស់នូវធម៌ ដែលតថាគតសំដែងហើយ ថាមានការកំចាត់បង់ នូវរាគៈ ជាប្រយោជន៍ ម្នាលភិក្ខុ ព្រោះថា ធម៌ដែលតថាគតបានសម្តែងហើយ សុទ្ធតែមានការកំចាត់បង់ នូវរាគៈជាប្រយោជន៍ ។

[៨៩] ម្នាលភិក្ខុ អ្នកសំគាល់នូវសេចក្តីនោះ ដូចម្តេច ភ្នែកទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ ត្រចៀក ច្រមុះ អណ្តាត កាយ ចិត្ត ទៀង ឬមិនទៀង។ មិនទៀង ទេ ព្រះអង្គ។ ចុះរបស់ណា មិនទៀង របស់នោះ ជាទុក្ខ ឬជាសុខ។ ជាទុក្ខ ព្រះអង្គ។ ចុះរបស់ណា មិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា គួរនឹងយល់ឃើញរបស់នោះថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់អញដែរឬ។ មិនគួរនឹងយល់ឃើញដូច្នោះទេ ព្រះអង្គ។ ម្នាលភិក្ខុ កាលបើអរិយសាវ័ក អ្នកចេះដឹង ឃើញយ៉ាងនេះ រមែងនឿយណាយនឹងភ្នែងផង។បេ។ រមែងនឿយណាយនឹងចិត្តផង កាលបើនឿយណាយ រមែងប្រាសចាកតម្រេក ព្រោះតែប្រាសចាកតម្រេក ទើបចិត្តរួចស្រឡះបាន។ កាលបើចិត្តរួចស្រឡះហើយ ញណ ក៏កើតឡើងថា អាត្មាអញ រួចស្រឡះហើយ។ អរិយសាវ័កនោះ រមែងដឹងច្បាស់ថា ជាតិអស់ហើយ។បេ។ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ លុះព្រះមានព្រះភាគ ទ្រង់សំដែងសូត្រនេះចប់ហើយ ភិក្ខុនោះ ក៏មានចិត្តរីករាយ ត្រេកអរ នឹងភាសិតរបស់ព្រះមានព្រះភាគ។ កាលដែលព្រះមានព្រះភាគ សម្តែងវេយ្យាករណ៍នេះចប់ហើយ ធម្មចក្ខុ គឺសោតាបត្តិផល ដ៏ប្រាសចាកធុលី ប្រាសចាកមន្ទិល ក៏កើតឡើង ដល់ភិក្ខុនោះថា ធម្មជាតណានីមួយ មានកិរិយាកើតឡើងជាធម្មតា ធម្មជាតទាំងអស់នោះ មានកិរិយារលត់ទៅវិញ ជាធម្មតា។

ចប់សូត្រ ទី១។

(ទុតិយគិលាន)សូត្រ ទី២

(២. ទុតិយគិលានសុត្តំ)

[៩០] គ្រានោះ ភិក្ខុមួយរូប។បេ។ ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ក្នុងវត្តឯណោះ មានភិក្ខុថ្មីមួយរូប មិនទាន់មានគេស្គាល់ មានអាពាធ ដល់នូវទុក្ខ ឈឺធ្ងន់ បពិត្រព្រះអង្គដ៏ចម្រើន សូមទ្រង់ព្រះមេត្តាប្រោស សូមព្រះមានព្រះភាគ ទ្រង់អនុគ្រោះ ស្តេចទៅជួបភិក្ខុនោះផង។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ឮថា ភិក្ខុថ្មីណាស់ផង ឈឺធ្ងន់ណាស់ផង ជ្រាបច្បាស់ដូច្នេះថា ភិក្ខុមិនទាន់មានគេស្គាល់ ហើយក៏ស្តេចចូលទៅរកភិក្ខុនោះ។ ភិក្ខុនោះ បានឃើញព្រះមានព្រះភាគ កំពុងស្តេចមកអំពីចម្ងាយ លុះឃើញហើយ ក៏ប្រវេប្រវាលើគ្រែ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់មានព្រះពុទ្ធដីកា នឹងភិក្ខុនោះ ដូច្នេះថា ម្នាលភិក្ខុ ណ្ហើយ អ្នកកុំប្រវេប្រវាលើគ្រែឡើយ ព្រោះមានអាសនៈ ដែលគេក្រាលទុកនេះហើយ តថាគតនឹងអង្គុយ លើអាសនៈនោះ។ ព្រះមានព្រះភាគ ទ្រង់គង់លើអាសនៈដែលគេក្រាលថ្វាយ។ លុះព្រះមានព្រះភាគ ទ្រង់គង់ហើយ ក៏ទ្រង់ត្រាស់សួរទៅភិក្ខុនោះ ដូច្នេះថា ម្នាលភិក្ខុ អ្នកល្មមអត់ទ្រាំបានដែរឬ អ្នកល្មមប្រព្រឹត្តទៅបានស្រួលដែរឬ ទុក្ខវេទនាថយទៅ មិនចម្រើនឡើង មានតែស្រាកស្រាន្តទៅ មិនចម្រើនឡើងទេឬ។ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គ អត់ទ្រាំមិនបានទេ ឲ្យប្រព្រឹត្តទៅមិនបានទេ។បេ។ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គ មិនបានតិះដៀលខ្លួន ដោយសីលទេ។ ម្នាលភិក្ខុ បើអ្នកមិនបានតិះដៀលខ្លួន ដោយសីលទេ កាលបើយ៉ាងនេះ អ្នកមានសេចក្តីរង្កៀសក្នុងរឿងអ្វី មានវិប្បដិសារៈអ្វី។ បពិត្រព្រះអង្គដ៏ចម្រើន ព្រោះខ្ញុំព្រះអង្គ មិនទាន់យល់ច្បាស់ធម៌ ដែលព្រះមានព្រះភាគ ទ្រង់សំដែងហើយថា សីលមានសេចក្តីស្អាត ជាប្រយោជន៍។ ម្នាលភិក្ខុ បើអ្នកមិនទាន់ យល់ច្បាស់ធម៌ ដែលតថាគតសំដែងហើយថា សីលមានសេចក្តីស្អាត ជាប្រយោជន៍ទេ ម្នាលភិក្ខុ កាលបើយ៉ាងនេះ អ្នកយល់ច្បាស់ធម៌ ដែលតថាគតសម្តែងហើយ ថាមានអ្វីជាប្រយោជន៍ ។ បពិត្រអង្គដ៏ចម្រើន ខ្ញុំព្រះអង្គ យល់ច្បាស់ធម៌ ដែលព្រះមានព្រះភាគ ទ្រង់សម្តែងហើយថា មានអនុបាទាបរិនិព្វាន ( បរិនិព្វានកិលេស ព្រមទាំងខន្ធ ) ជាប្រយោជន៍។ ម្នាលភិក្ខុ ប្រពៃហើយ ប្រពៃហើយ ម្នាលភិក្ខុ ប្រពៃណាស់ហើយ ដែលអ្នកយល់ច្បាស់ធម៌ ដែលតថាគតសម្តែងហើយថា មានអនុបាទា បរិនិព្វាន ជាប្រយោជន៍ ម្នាលភិក្ខុ ព្រោះថាធម៌ ដែលតថាគតបានសម្តែងហើយ សុទ្ធតែមាន អនុបាទាបរិនិព្វាន ជាប្រយោជន៍។

[៩១] ម្នាលភិក្ខុ អ្នកសំគាល់នូវសេចក្តីនោះ ដូចម្តេច ភ្នែកទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។បេ។ ត្រចៀក ច្រមុះ អណ្តាត កាយ ចិត្ត មនោវិញ្ញាណ មនោសម្ផ័ស្ស ទោះបីវេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនជាទុក្ខ មិនជាសុខក្តី ដែលកើតឡើង ព្រោះមនោសម្ផ័ស្សជាបច្ច័យ វេទនានោះ ទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ ចុះរបស់ណា មិនទៀង របស់នោះ ជាទុក្ខ ឬជាសុខ។ ជាទុក្ខ ព្រះអង្គ។ ចុះរបស់ណា មិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា គួរនឹងយល់ឃើញ នូវរបស់នោះថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់អញ ដូច្នេះដែរឬ។ មិនគួរនឹងយល់ឃើញ ដូច្នោះទេ ព្រះអង្គ។ ម្នាលភិក្ខុ កាលបើអរិយសាវ័ក អ្នកចេះដឹង ឃើញយ៉ាងនេះ រមែងនឿយណាយនឹងភ្នែកផង។បេ។ ទោះបីវេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនជាទុក្ខមិនជាសុខក្តី ដែលកើតឡើង ព្រោះមនោសម្ផ័ស្សជាបច្ច័យ ក៏នឿយណាយនឹងវេទនានោះ កាលបើនឿយណាយ រមែងប្រាសចាកតម្រេក ព្រោះតែប្រាសចាកតម្រេក ទើបចិត្តរួចស្រឡះ។ កាលបើចិត្តរួចស្រឡះហើយ ញណ ក៏កើតឡើងថា អាត្មាអញ រួចស្រឡះហើយ។ អរិយសាវ័កនោះ រមែងដឹងច្បាស់ថា ជាតិអស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញ បាននៅរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ លុះព្រះមានព្រះភាគ សម្តែងសូត្រនេះចប់ហើយ ភិក្ខុនោះ ក៏មានចិត្តត្រេកអរ រីករាយ នឹងភាសិតរបស់ព្រះមានព្រះភាគ។ កាលដែលព្រះមានព្រះភាគ ទ្រង់សម្តែងវេយ្យាករណ៍នេះចប់ហើយ ចិត្តរបស់ភិក្ខុនោះ ក៏រួចស្រឡះចាកអាសវៈ ព្រោះមិនបានប្រកាន់មាំ។

ចប់សូត្រ ទី២។

(រាធអនិច្ច)សូត្រ ទី៣

(៣. រាធអនិច្ចសុត្តំ)

[៩២] គ្រានោះ ព្រះរាធៈមានអាយុ។បេ។ លុះព្រះរាធៈមានអាយុ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន សូមទ្រង់ព្រះមេត្តាប្រោស សូមព្រះមានព្រះភាគ ទ្រង់សម្តែងធម៌ដោយសង្ខេប ដល់ខ្ញុំព្រះអង្គ ខ្ញុំព្រះអង្គស្តាប់ធម៌របស់ព្រះមានព្រះភាគហើយ នឹងជាបុគ្គលម្នាក់ឯង ចៀសចេញទៅ មិនបានប្រមាទ មានព្យាយាម ដុតកំដៅនូវកិលេសស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន ប្រព្រឹត្តនៅគ្រប់ឥរិយាបថ។ ម្នាលរាធៈ របស់ណា មិនទៀង អ្នកត្រូវលះបង់សេចក្តីប៉ុងប៉ង ក្នុងរបស់នោះចេញ។ ម្នាលរាធៈ ចុះរបស់ដូចម្តេច មិនទៀង ម្នាលរាធៈ ភ្នែកហ្នឹងឯង មិនទៀងទេ អ្នកត្រូវលះបង់សេចក្តីប៉ុងប៉ងក្នុងភ្នែកនោះចេញ។ រូប មិនទៀងទេ។ ចក្ខុវិញ្ញាណ ចក្ខុសម្ផ័ស្ស ទោះបីវេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនទុក្ខមិនសុខក្តី ដែលកើតឡើង ព្រោះចក្ខុសម្ផ័ស្សជាបច្ច័យ វេទនានោះ មិនទៀង អ្នកត្រូវលះបង់សេចក្តីប៉ុងប៉ង ក្នុងវេទនានោះចេញ។បេ។ អណ្តាត កាយ ចិត្ត មិនទៀងទេ អ្នកត្រូវលះបង់សេចក្តីប៉ុងប៉ង ក្នុងចិត្តនោះចេញ។ ធម៌ មនោវិញ្ញាណ មនោសម្ផ័ស្ស ទោះបីវេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនទុក្ខមិនសុខក្តី ដែលកើតឡើង ព្រោះមនោសម្ផ័ស្សជាបច្ច័យ វេទនានោះ មិនទៀង អ្នកត្រូវលះបង់សេចក្តីប៉ុងប៉ង ក្នុងវេទនានោះចេញ។ ម្នាលរាធៈ របស់ណា មិនទៀង អ្នក ត្រូវលះបង់សេចក្តីប៉ុងប៉ង ក្នុងរបស់នោះចេញ។

ចប់សូត្រ ទី៣។

(រាធទុក្ខ)សូត្រ ទី៤

(៤. រាធទុក្ខសុត្តំ)

[៩៣] ម្នាលរាធៈ របស់ណាជាទុក្ខ អ្នកត្រូវលះបង់សេចក្តីប៉ុងប៉ង ក្នុងរបស់នោះចេញ។ ម្នាលរាធៈ ចុះរបស់អ្វី ជាទុក្ខ ម្នាលរាធៈ ភ្នែកហ្នឹងឯងជាទុក្ខ អ្នកត្រូវលះបង់សេចក្តីប៉ុងប៉ង ក្នុងភ្នែកនោះចេញ។ រូប ចក្ខុវិញ្ញាណ ចក្ខុសម្ផ័ស្ស ទោះបីវេទនាណា មិនជាទុក្ខក្តី មិនជាសុខក្តី។បេ។ ព្រោះចក្ខុសម្ផ័ស្សជាបច្ច័យ វេទនានោះឯង ក៏ជាទុក្ខ អ្នកត្រូវលះបង់សេចក្តីប៉ុងប៉ង ក្នុងវេទនានោះចេញ។បេ។ ចិត្តជាទុក្ខ ធម៌ មនោវិញ្ញាណ មនោសម្ផ័ស្ស ទោះបីវេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនជាទុក្ខមិនជាសុខក្តី ដែលកើតឡើង ព្រោះមនោសម្ផ័ស្សជាបច្ច័យ វេទនានោះ ក៏ជាទុក្ខ អ្នកត្រូវលះបង់សេចក្តីប៉ុងប៉ង ក្នុងវេទនានោះចេញ។ ម្នាលរាធៈ របស់ណា ជាទុក្ខ អ្នកត្រូវលះបង់សេចក្តីប៉ុងប៉ង ក្នុងរបស់នោះចេញ។

ចប់សូត្រ ទី៤។

(រាធអនត្ត)សូត្រ ទី៥

(៥. រាធអនត្តសុត្តំ)

[៩៤] ម្នាលរាធៈ សភាវៈណាមិនមែនជារបស់ខ្លួន អ្នកត្រូវលះបង់សេចក្តីប៉ុងប៉ង ក្នុងសភាវៈនោះចេញ។ ម្នាលរាធៈ ចុះសភាវៈដូចម្តេច មិនមែនជារបស់ខ្លួន។ ម្នាលរាធៈ ភ្នែកហ្នឹងឯង មិនមែនជារបស់ខ្លួនទេ អ្នកត្រូវលះបង់សេចក្តីប៉ុងប៉ង ក្នុងភ្នែកនោះចេញ។ រូប ចក្ខុវិញ្ញាណ ចក្ខុសម្ផ័ស្ស ទោះបីវេទនាណា។បេ។ ព្រោះចក្ខុសម្ផ័ស្សជាបច្ច័យ ចិត្តមិនមែនជារបស់ខ្លួនទេ ធម៌ មនោវិញ្ញាណ មនោសម្ផ័ស្ស ទោះបីវេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនជាទុក្ខមិនជាសុខក្តី ដែលកើតឡើង ព្រោះមនោសម្ផ័ស្សជាបច្ច័យ វេទនានោះ ក៏មិនមែនជារបស់ខ្លួនដែរ អ្នកត្រូវលះបង់សេចក្តីប៉ុងប៉ង ក្នុងវេទនានោះចេញ។ ម្នាលរាធៈ សភាវៈណា មិនមែនជារបស់ខ្លួន អ្នកត្រូវលះបង់សេចក្តីប៉ុងប៉ង ក្នុងសភាវៈនោះចេញ។

ចប់សូត្រ ទី៥។

(បឋមអវិជ្ជាបហាន)សូត្រ ទី៦

(៦. បឋមអវិជ្ជាបហានសុត្តំ)

[៩៥] គ្រានោះ ភិក្ខុមួយរូប ចូលទៅគាល់ព្រះមានព្រះភាគ។បេ។ លុះភិក្ខុនោះ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ធម៌តែមួយ ដែលភិក្ខុលះបង់ហើយ អវិជ្ជា ក៏ឈ្មោះថា លះបង់បានដែរ វិជ្ជា ក៏កើតឡើង មានដែរឬ។ ម្នាលភិក្ខុ ធម៌តែមួយ ដែលភិក្ខុលះបង់ហើយ អវិជ្ជា ក៏ឈ្មោះថា លះបង់បាន វិជ្ជា ក៏កើតឡើង ក៏មាន។ បពិត្រព្រះអង្គដ៏ចម្រើន ចុះធម៌តែមួយ ដែលភិក្ខុលះបង់ហើយ អវិជ្ជា ក៏ឈ្មោះថា លះបង់បាន វិជ្ជា ក៏កើតឡើង តើដូចម្តេច។ ម្នាលភិក្ខុ ធម៌តែមួយ គឺអវិជ្ជាហ្នឹងឯង ដែលភិក្ខុលះបង់ហើយ អវិជ្ជា ក៏ឈ្មោះថាលះបង់បាន វិជ្ជា ក៏កើតឡើង។ បពិត្រព្រះអង្គដ៏ចម្រើន ចុះភិក្ខុ កាលដឹងដូចម្តេច ឃើញដូចម្តេច ទើបលះបង់អវិជ្ជាបាន វិជ្ជា ក៏កើតឡើង។ ម្នាកភិក្ខុ ភិក្ខុកាលដឹង កាលឃើញនូវភ្នែកថា ជារបស់មិនទៀង ទើបលះបង់អវិជ្ជាបាន វិជ្ជា ក៏កើតឡើង។ ភិក្ខុកាលដឹង កាលឃើញនូវរូប។បេ។ ភិក្ខុកាលដឹង កាលឃើញនូវវេទនា ជាសុខក្តី ជាទុក្ខក្តី មិនជាទុក្ខមិនជាសុខក្តី ដែលកើតឡើង ព្រោះចក្ខុសម្ផ័ស្សជាបច្ច័យ ថាមិនទៀង ទើបលះបង់អវិជ្ជាបាន វិជ្ជា ក៏កើតឡើង។ ម្នាលភិក្ខុ កាលបើភិក្ខុដឹងយ៉ាងនេះ ឃើញយ៉ាងនេះឯង ទើបលះបង់អវិជ្ជាបាន វិជ្ជា ក៏កើតឡើង។

ចប់សូត្រ ទី៦។

(ទុតិយអវិជ្ជាបហាន)សូត្រ ទី៧

(៧. ទុតិយអវិជ្ជាបហានសុត្តំ)

[៩៦] គ្រានោះ ភិក្ខុមួយរូប។បេ។ បពិត្រព្រះអង្គដ៏ចម្រើន ធម៌មួយ ដែលភិក្ខុលះ បង់ហើយ អវិជ្ជា ក៏ឈ្នោះថា លះបង់បាន វិជ្ជា ក៏កើតឡើង មានដែរឬ។ ម្នាលភិក្ខុ ធម៌តែមួយ ដែរភិក្ខុលះបង់ហើយ អវិជ្ជា ក៏ឈ្នោះថា លះបង់បាន វិជ្ជា ក៏កើតឡើង ក៏មាន។ បពិត្រព្រះអង្គដ៏ចម្រើន ចុះធម៌តែមួយ ដែលភិក្ខុលះបង់ហើយ អវិជ្ជា ក៏ឈ្មោះថា លះបង់បាន វិជ្ជា ក៏កើតឡើង តើដូចម្តេច។ ម្នាលភិក្ខុ ធម៌តែមួយ គឺអវិជ្ជាហ្នឹងឯង ដែលភិក្ខុលះបង់ហើយ អវិជ្ជា ក៏ឈ្មោះថា លះបង់បាន វិជ្ជា ក៏កើតឡើង។ បពិត្រព្រះអង្គដ៏ចម្រើន ចុះភិក្ខុ កាលដឹងដូចម្តេច ឃើញដូចម្តេច ទើបលះបង់អវិជ្ជាបាន វិជ្ជា ក៏កើតឡើង។ ម្នាលភិក្ខុ ភិក្ខុក្នុងសាសនានេះ បានស្តាប់ហើយថា ធម៌ទាំងពួង មិនគួរនឹងប្រកាន់មាំទេ។ ម្នាលភិក្ខុ បើភិក្ខុបានស្តាប់ពុទ្ធវចនៈនុ៎ះថា ធម៌ទាំងពួង មិនគួរនឹងប្រកាន់មាំឡើយ យ៉ាងនេះហើយ។ ភិក្ខុនោះ រមែងដឹងច្បាស់ នូវធម៌ទាំងពួង លុះដឹងច្បាស់ នូវធម៌ទាំងពួងហើយ រមែងកំណត់ដឹង នូវធម៌ទាំងពួង លុះកំណត់ដឹង នូវធម៌ទាំងពួងហើយ រមែងឃើញច្បាស់ នូវនិមិត្តទាំងពួង ថាជារបស់ដទៃ ឃើញនូវភ្នែក ថាជារបស់ដទៃ ឃើញនូវរូប ចក្ខុវិញ្ញាណ ចក្ខុសម្ផ័ស្ស នូវវេទនា ទោះជាសុខក្តី ជាទុក្ខក្តី មិនជាទុក្ខមិនជាសុខក្តី ដែលកើតឡើង ព្រោះចក្ខុសម្ផ័ស្សជាបច្ច័យ ថាជារបស់ដទៃ។បេ។ ឃើញនូវចិត្ត ថាជារបស់ដទៃ ឃើញនូវធម៌ មនោវិញ្ញាណ មនោសម្ផ័ស្ស នូវវេទនា ទោះជាសុខក្តី ជាទុក្ខក្តី មិនជាទុក្ខមិនជាសុខក្តី ដែលកើតឡើង ព្រោះមនោសម្ផ័ស្សជាបច្ច័យ ថាជារបស់ដទៃ។ ម្នាលភិក្ខុ ភិក្ខុកាលដឹងយ៉ាងនេះ ឃើញយ៉ាងនេះឯង ទើបលះបង់អវិជ្ជាបាន វិជ្ជា ក៏កើតឡើង។

ចប់សូត្រ ទី៧។

(សម្ពហុលភិក្ខុ)សូត្រ ទី៨

(៨. សម្ពហុលភិក្ខុសុត្តំ)

[៩៧] គ្រានោះ ពួកភិក្ខុច្រើនរូប ចូលទៅគាល់ព្រះមានព្រះភាគ។បេ។ លុះភិក្ខុទាំងនោះ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ពួកអន្យតិរ្ថិយបរិព្វាជក ក្នុងទីឯណោះ សួរពួកខ្ញុំព្រះអង្គ យ៉ាងនេះថា នែអាវុសោទាំងឡាយ ព្រហ្មចរិយៈ មានអ្វីជាប្រយោជន៍ ដែលពួកលោកប្រព្រឹត្ត ក្នុងសំណាក់ព្រះសមណៈគោតម បពិត្រព្រះអង្គដ៏ចម្រើន កាលបើពួកអន្យតិរ្ថិយ បរិព្វាជក សួរយ៉ាងនេះហើយ យើងខ្ញុំព្រះអង្គ ក៏ដោះស្រាយ ដល់ពួកអន្យតិរ្ថិយបរិព្វាជក ទាំងនោះ យ៉ាងនេះថា នែអាវុសោទាំងឡាយ ព្រហ្មចរិយៈ មានការកំណត់ដឹង នូវទុក្ខហ្នឹងឯង ជាប្រយោជន៍ ដែលពួកយើងប្រព្រឹត្ត ក្នុងសំណាក់ព្រះមានព្រះភាគ បពិត្រព្រះអង្គដ៏ចម្រើន កាលបើពួកអន្យតិរ្ថិយបរិព្វាជក សួរយ៉ាងនេះហើយ ពួកខ្ញុំព្រះអង្គ ដោះស្រាយយ៉ាងនេះ ឈ្មោះថា និយាយតាមព្រះពុទ្ធដីកា ដែលព្រះមានព្រះភាគ សម្តែងហើយផង មិននិយាយបង្កាច់ព្រះមានព្រះភាគ ដោយពាក្យមិនពិតផង ព្យាករនូវធម៌ សមគួរតាមធម៌ផង ទាំងលំអាននៃពាក្យនីមួយ ដែលសមតាមហេតុ មិនដល់ថ្នាក់គួរតិះដៀលទេឬ។ ម្នាលភិក្ខុទាំងឡាយ អើ កាលបើគេសួរយ៉ាងនេះហើយ អ្នកទាំងឡាយ ដោះស្រាយយ៉ាងនេះ ឈ្មោះថា និយាយតាមពាក្យ ដែលតថាគត សម្តែងហើយផង មិននិយាយបង្កាច់តថាគត ដោយពាក្យមិនពិតផង ព្យាករនូវធម៌ សមគួរតាមធម៌ផង ទាំងលំអាននៃពាក្យនីមួយ ដែលសមតាមហេតុ មិនដល់ថ្នាក់គួរតិះដៀលទេ។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា ព្រហ្មចរិយៈ មានការកំណត់ដឹងនូវទុក្ខ ជាប្រយោជន៍ គឺពួកអ្នកបានប្រព្រឹត្ត ក្នុងសំណាក់តថាគត។ ម្នាលភិក្ខុទាំងឡាយ តែប្រសិនបើពួកអន្យតិរ្ថិយបរិព្វាជក សួរអ្នកទាំងឡាយ យ៉ាងនេះវិញថា នែអាវុសោទាំងឡាយ ចុះព្រហ្មចរិយៈ គឺពួកលោកបានប្រព្រឹត្ត ក្នុងសំណាក់ព្រះសមណគោតម ដើម្បីកំណត់ដឹងនូវទុក្ខនោះ ដូចម្តេច ម្នាលភិក្ខុទាំងឡាយ កាលបើពួកអន្យតិរ្ថិយបរិព្វាជក សួរយ៉ាងនេះ អ្នកទាំងឡាយ ត្រូវដោះស្រាយដល់ពួកអន្យតិរ្ថិយបរិព្វាជកទាំងនោះ យ៉ាងនេះថា នែអាវុសោទាំងឡាយ ភ្នែកហ្នឹងឯង ជាទុក្ខ ព្រហ្មចរិយៈ គឺពួកយើងបានប្រព្រឹត្ត ក្នុងសំណាក់ព្រះមានព្រះភាគ ក៏ដើម្បីកំណត់ដឹងនូវទុក្ខនោះ។ រូបទាំងឡាយ។បេ។ ទោះបីវេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនជាទុក្ខមិនជាសុខក្តី ដែលកើតឡើង ព្រោះចក្ខុសម្ផ័ស្សជាបច្ច័យ វេទនានោះឯង ក៏ជាទុក្ខ ព្រហ្មចរិយៈ គឺពួកយើងបានប្រព្រឹត្ត ក្នុងសំណាក់ព្រះមានព្រះភាគ ដើម្បីកំណត់ដឹងនូវទុក្ខនោះ។បេ។ ចិត្តជាទុក្ខ។បេ។ ទោះបីវេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនជាទុក្ខមិនជាសុខក្តី ដែលតែងកើតឡើង ព្រោះមនោសម្ផ័ស្សជាបច្ច័យ វេទនានោះឯង ក៏ជាទុក្ខ ព្រហ្មចរិយៈ គឺពួកយើងបានប្រព្រឹត្ត ក្នុងសំណាក់ព្រះមានព្រះភាគ ដើម្បីកំណត់ដឹងនូវទុក្ខនោះ។ នែអាវុសោទាំងឡាយ នេះឯង ឈ្មោះថាទុក្ខ ព្រហ្មចរិយៈ គឺពួកយើងបានប្រព្រឹត្ត ក្នុងសំណាក់ព្រះមានព្រះភាគ ដើម្បីកំណត់ដឹងនូវទុក្ខនោះ។ ម្នាលភិក្ខុទាំងឡាយ កាលបើពួកអន្យតិរ្ថិយបរិព្វាជក សួរយ៉ាងនេះហើយ អ្នកទាំងឡាយ ត្រូវដោះស្រាយដល់ពួកអន្យតិរិ្ថយបរិព្វាជកទាំងនោះ យ៉ាងនេះចុះ។

ចប់សូត្រ ទី៨។

(លោកបញ្ហា)សូត្រ ទី៩

(៩. លោកបញ្ហាសុត្តំ)

[៩៨] គ្រានោះ ភិក្ខុមួយរូប ចូលទៅគាល់ព្រះមានព្រះភាគ។បេ។ លុះភិក្ខុនោះ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ពាក្យដែលគេតែងនិយាយថា លោក លោក ដូច្នេះ បពិត្រព្រះអង្គដ៏ចម្រើន ដែលហៅថាលោក តើដោយហេតុដូចម្តេច។ ម្នាលភិក្ខុ សភាវៈណា តែងបែកធ្លាយ ព្រោះហេតុនោះ ទើបហៅថា លោក។ ចុះរបស់អ្វី តែងបែកធ្លាយ ម្នាលភិក្ខុ ភ្នែកតែងបែកធ្លាយ រូបទាំងឡាយ តែងបែកធ្លាយ ចក្ខុវិញ្ញាណ តែងបែកធ្លាយ ចក្ខុសម្ផ័ស្សតែងបែកធ្លាយ ទោះបីវេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនជាទុក្ខមិនជាសុខក្តី ដែលកើតឡើង ព្រោះចក្ខុសម្ផ័ស្សជាបច្ច័យ វេទនានោះ ក៏តែងបែកធ្លាយ។បេ។ អណ្តាតតែងបែកធ្លាយ។បេ។ ចិត្តតែងបែកធ្លាយ ធម៌ទាំងឡាយ តែងបែងធ្លាយ មនោវិញ្ញាណ តែងបែកធ្លាយ មនោសម្ផ័ស្ស តែងបែកធ្លាយ ទោះបីវេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនជាទុក្ខមិនជាសុខក្តី ដែលកើតឡើង ព្រោះមនោសម្ផ័ស្សជាបច្ច័យ វេទនានោះឯង ក៏តែងបែកធ្លាយ។ ម្នាលភិក្ខុ សភាវៈណា តែងបែកធ្លាយ ព្រោះហេតុនោះ ទើបហៅថា លោក។

ចប់សូត្រ ទី៩។

(ផគ្គុនបញ្ហា)សូត្រ ទី១០

(១០. ផគ្គុនបញ្ហាសុត្តំ)

[៩៩] គ្រានោះ ព្រះផគ្គុនៈមានអាយុ។បេ។ លុះព្រះផគ្គុនៈមានអាយុ អង្គុយក្នុងទី សមគួរហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន កាលដែលព្រះអតីតពុទ្ធ ព្រះអង្គ មានដំណើរយឺតយូរ គឺតណ្ហា កាត់ចោលហើយ មានផ្លូវ គឺតណ្ហា កាត់ចោលហើយ មានវដ្តៈ គ្របសង្កត់បានហើយ ទ្រង់កន្លងនូវទុក្ខទាំងពួងបានហើយ បរិនិព្វានទៅហើយ កាលបើគេបញ្ញត្ត គប្បីបញ្ញត្តដោយភ្នែកណា ភ្នែកនោះ មានដែរឬ។បេ។ បពិត្រព្រះអង្គដ៏ចម្រើន កាលដែលព្រះអតីតពុទ្ធ បរិនិព្វានទៅហើយ។បេ។ គប្បីបញ្ញត្តដោយអណ្តាតណា អណ្តាតនោះ មានដែរឬ។បេ។ បពិត្រព្រះអង្គដ៏ចម្រើន កាលដែលព្រះអតីតពុទ្ធ ព្រះអង្គមានដំណើរយឺតយូរ គឺតណ្ហា កាត់ចោលហើយ មានផ្លូវ គឺតណ្ហាកាត់ចោលហើយ មានវដ្តៈ គ្របសង្កត់បានហើយ ទ្រង់កន្លងនូវទុក្ខទាំងពួងបានហើយ បរិនិព្វានទៅហើយ កាលបើគេបញ្ញត្ត គប្បីបញ្ញត្ត ដោយចិត្តណា ចិត្តនោះមានដែរឬ។

[១០០] ម្នាលផគ្គុនៈ កាលដែលព្រះអតីតពុទ្ធ ព្រះអង្គមានដំណើរយឺតយូរ គឺតណ្ហា កាត់ចោលហើយ មានផ្លូវ គឺតណ្ហាកាត់ចោលហើយ មានវដ្តៈ គ្របសង្កត់បានហើយ ទ្រង់កន្លងនូវទុក្ខទាំងពួងបានហើយ បរិនិព្វានទៅហើយ កាលបើគេបញ្ញត្ត គប្បីបញ្ញត្តដោយភ្នែកណា ភ្នែកនោះ មិនមានទេ។បេ។ ម្នាលផគ្គុនៈ កាលដែលព្រះអតីតពុទ្ធ ព្រះអង្គមានដំណើរយឺតយូរ គឺ តណ្ហាកាត់ចោលហើយ មានផ្លូវ គឺតណ្ហាកាត់ចោលហើយ មានវដ្តៈ គ្របសង្កត់បានហើយ ទ្រង់កន្លងនូវទុក្ខទាំងពួងបានហើយ បរិនិព្វានទៅហើយ កាលបើគេបញ្ញត្ត គប្បីបញ្ញត្តដោយអណ្តាតណា អណ្តាតនោះ មិនមានទេ។បេ។ ម្នាលផគ្គុនៈ កាលដែលព្រះអតីតពុទ្ធ ព្រះអង្គមានដំណើរយឺតយូរ គឺតណ្ហាកាត់ចោលហើយ មានផ្លូវ គឺតណ្ហាកាត់ចោលហើយ មានវដ្តៈ គ្របសង្កត់បានហើយ ទ្រង់កន្លងនូវទុក្ខទាំងពួងបានហើយ បរិនិព្វានទៅហើយ កាលបើគេបញ្ញត្ត គប្បីបញ្ញត្តដោយចិត្តណា ចិត្តនោះ មិនមានទេ។

ចប់សូត្រ ទី១០។

ចប់គិលានវគ្គ ទី ៣។

ឧទ្ទាននៃគិលានវគ្គនោះ គឺ

និយាយអំពីភិក្ខុឈឺ មាន ២ លើក អំពីព្រះរាធៈមានអាយុ មាន ៣ លើក អំពីអវិជ្ជា មាន ២ លើក អំពីពួកភិក្ខុ ១ អំពីលោក ១ អំពីព្រះផគ្គុនៈមានអាយុ ១។

ឆន្នវគ្គ ទី៤(៩)

(៩. ឆន្នវគ្គោ)

(បលោកធម្ម)សូត្រ ទី១

(១. បលោកធម្មសុត្តំ)

[១០១] គ្រានោះឯង ព្រះអានន្ទមានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ។បេ។ លុះព្រះអានន្ទមានអាយុ គង់ក្នុងទីសមគួរហើយ ទើបក្រាបបង្គំទូលសួរព្រះមានព្រះភាគ ដូច្នេះថា សូមទ្រង់ព្រះមេត្តាប្រោស ពាក្យដែលគេតែងហៅថា លោក លោក បពិត្រព្រះអង្គដ៏ចម្រើន ដែលគេហៅថា លោក តើដោយហេតុដូចម្តេច។ ម្នាលអានន្ទ របស់ណា មានសេចក្តីបែកធ្លាយ ជាធម្មតា នេះហៅថាលោក ក្នុងអរិយវិន័យ។ ម្នាលអានន្ទ របស់អ្វី ដែលមានសេចក្តីបែកធ្លាយ ជាធម្មតា ម្នាលអានន្ទ ចក្ខុហ្នឹងឯង មានសេចក្តីបែកធ្លាយជាធម្មតា រូប មានសេចក្តីបែកធ្លាយ ជាធម្មតា ចក្ខុវិញ្ញាណ មានសេចក្តីបែកធ្លាយ ជាធម្មតា ចក្ខុសម្ផ័ស្ស មានសេចក្តីបែកធ្លាយ ជាធម្មតា ទោះបីវេទនាណា។បេ។ ព្រោះចក្ខុសម្ផ័ស្សជាបច្ច័យ វេទនានោះ ក៏មានសេចក្តីបែកធ្លាយ ជាធម្មតា។បេ។ ជិវ្ហា មានសេចក្តីបែកធ្លាយជាធម្មតា រស មានសេចក្តីបែកធ្លាយ ជាធម្មតា ជិវ្ហាវិញ្ញាណ មានសេចក្តីបែកធ្លាយ ជាធម្មតា ជិវ្ហាសម្ផ័ស្ស មានសេចក្តីបែកធ្លាយ ជាធម្មតា ទោះបីវេទនាណា។បេ។ ព្រោះជិវ្ហាសម្ផ័ស្ស ជាបច្ច័យ វេទនានោះ ក៏មានសេចក្តីបែកធ្លាយជាធម្មតា។បេ។ មនោ មានសេចក្តីបែកធ្លាយ ជាធម្មតា ធម៌ មានសេចក្តីបែកធ្លាយ ជាធម្មតា មនោវិញ្ញាណ មានសេចក្តីបែកធ្លាយ ជាធម្មតា មនោសម្ផ័ស្សមានសេចក្តីបែកធ្លាយ ជាធម្មតា ទោះបីវេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនទុក្ខមិនសុខក្តី ដែលកើតឡើង ព្រោះមនោសម្ផ័ស្សជាបច្ច័យ វេទនានោះ ក៏មានសេចក្តីបែកធ្លាយជាធម្មតា។ ម្នាលអានន្ទ របស់ណា មានសេចក្តីបែកធ្លាយជាធម្មតា នេះហៅថា លោក ក្នុងអរិយវិន័យ។

ចប់សូត្រ ទី១។

(សុញ្ញតលោក)សូត្រ ទី២

(២. សុញ្ញតលោកសុត្តំ)

[១០២] គ្រានោះឯង ព្រះអានន្ទមានអាយុ។បេ។ ក្រាបបង្គំទូលសួរព្រះមានព្រះភាគ ដូច្នេះថា សូមទ្រង់ព្រះមេត្តាប្រោស ពាក្យដែលគេតែងហៅថា លោកសូន្យ ៗ បពិត្រព្រះអង្គដ៏ចម្រើន ដែលគេហៅថា លោកសូន្យ តើដោយហេតុដូចម្តេច។ ម្នាលអានន្ទ ព្រោះហេតុតែ ( របស់ទាំងអស់ ) សូន្យចាកខ្លួន ឬចាកបរិក្ខាររបស់ខ្លួន ហេតុនោះ បានជាគេហៅថា លោកសូន្យ។ ម្នាលអានន្ទ របស់អ្វី ដែលសូន្យចាកខ្លួន ឬចាកបរិក្ខាររបស់ខ្លួន ម្នាលអានន្ទ ចក្ខុហ្នឹងឯង សូន្យចាកខ្លួន ឬចាកបរិក្ខាររបស់ខ្លួន រូប សូន្យចាកខ្លួន ឬចាកបរិក្ខាររបស់ខ្លួន ចក្ខុវិញ្ញាណ សូន្យចាកខ្លួន ឬចាកបរិក្ខាររបស់ខ្លួន ចក្ខុសម្ផ័ស្ស សូន្យចាកខ្លួន ឬចាកបរិក្ខាររបស់ខ្លួន។បេ។ ទោះបីវេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនទុក្ខមិនសុខក្តី ដែលកើតឡើង ព្រោះមនោសម្ផ័ស្សជាបច្ច័យ វេទនានោះ ក៏សូន្យចាកខ្លួន ឬចាកបរិក្ខាររបស់ខ្លួន។ ម្នាលអានន្ទ ព្រោះហេតុតែ (ខន្ធបព្ចាកៈ) សូន្យចាកខ្លួន ឬចាកបរិក្ខាររបស់ខ្លួន ហេតុនោះ បានជាហៅថា លោកសូន្យ។

ចប់សូត្រ ទី២។

(សំខិត្តធម្ម)សូត្រ ទី៣

(៣. សំខិត្តធម្មសុត្តំ)

[១០៣] លុះព្រះអានន្ទមានអាយុ គង់ក្នុងទីដ៏សមគួរហើយ។បេ។ ទើបក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គ ស្តាប់ធម៌ណា របស់ព្រះមានព្រះភាគហើយ នឹងជាបុគ្គលម្នាក់ឯង គេចចេញអំពីពួក ជាអ្នកមិនប្រមាទ មានព្យាយាម ជាគ្រឿងដុតបង់ នូវកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន សូមព្រះមានព្រះភាគ សម្តែងធម៌នោះ ដោយសង្ខេប ប្រោសខ្ញុំព្រះអង្គឲ្យទាន។ ម្នាលអានន្ទ អ្នកសំគាល់សេចក្តីនោះ ដូចម្តេច ចក្ខុទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ ចុះរបស់ណា មិនទៀង របស់នោះ ជាទុក្ខ ឬជាសុខ។ ជាទុក្ខព្រះអង្គ។ ចុះរបស់ណា មិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា គួរនឹងយល់ឃើញរបស់នោះថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់អញ ដូច្នេះដែរឬ។ មិនគួរនឹងយល់ឃើញ យ៉ាងនោះទេ ព្រះអង្គ។ រូបទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។បេ។ ចក្ខុវិញ្ញាណ ចក្ខុសម្ផ័ស្ស វេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនជាទុក្ខមិនជាសុខ ដែលកើតឡើង ព្រោះចក្ខុសម្ផ័ស្សជាបច្ច័យ វេទនានោះ ទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ ចុះរបស់ណា មិនទៀង របស់នោះ ជាទុក្ខ ឬជាសុខ។ ជាទុក្ខ ព្រះអង្គ។ ចុះរបស់ណា មិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា គួរនឹងយល់ឃើញរបស់នោះថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់អញ ដូចច្នេះ ដែរឬ។ មិនគួរនឹងយល់ឃើញ យ៉ាងនោះទេ ព្រះអង្គ។បេ។ ជិវ្ហាទៀង ឬមិនទៀង។ មិន ទៀងទេ ព្រះអង្គ។បេ។ ជិវ្ហាវិញ្ញាណ ជិវ្ហាសម្ផ័ស្ស។បេ។ វេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនទុក្ខមិនសុខក្តី ដែលកើតឡើង ព្រោះមនោសម្ផ័ស្សជាបច្ច័យ វេទនានោះ ទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ ចុះរបស់ណា មិនទៀង របស់នោះ ជាទុក្ខ ឬជាសុខ។ ជាទុក្ខ ព្រះអង្គ។ ចុះរបស់ណា មិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា គួរនឹងយល់ឃើញរបស់នោះថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់អញ ដូចច្នេះដែរឬ។ មិនគួរនឹងយល់ឃើញ យ៉ាងនោះទេ ព្រះអង្គ។ ម្នាលអានន្ទ អរិយសាវ័ក អ្នកចេះដឹង កាលបើឃើញយ៉ាងនេះ រមែងនឿយណាយ នឹងភ្នែកផង នឿយណាយនឹងរូបផង នឿយណាយនឹងចក្ខុវិញ្ញាណផង នឿយណាយនឹងចក្ខុសម្ផ័ស្សផង។បេ។ វេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនទុក្ខមិនសុខក្តី ដែលកើតឡើង ព្រោះមនោសម្ផ័ស្ស ជាបច្ច័យ ក៏រមែងនឿយណាយ នឹងវេទនានោះផង កាលបើនឿយណាយ រមែងប្រាសចាកតម្រេក ព្រោះតែការប្រាសចាកតម្រេក ចិត្តក៏ផុតស្រឡះ (ចាកអាសវៈ)។ កាលបើចិត្តផុតស្រឡះហើយ ញណ ក៏កើតឡើងថា ចិត្តរួចស្រឡះហើយ។ អរិយសាវ័កនោះ រមែងដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចរិយធម៌ អាត្មាអញ បានប្រព្រឹត្តគ្រប់គ្រាន់ហើយ សោឡសកិច្ច អាត្មាអញ បានធ្វើស្រេចហើយ មគ្គភាវកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។

ចប់សូត្រ ទី៣។

(ឆន្ន)សូត្រ ទី៤

(៤. ឆន្នសុត្តំ)

[១០៤] សម័យមួយ ព្រះមានព្រះភាគ គង់នៅក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ជិតក្រុងរាជគ្រឹះ។ ក៏សម័យនោះឯង ព្រះសារីបុត្តមានអាយុ ១ ព្រះមហាចុន្ទមានអាយុ ១ ព្រះឆន្នៈមានអាយុ ១ គង់លើភ្នំគិជ្ឈកូដ។ សម័យនោះឯង ព្រះឆន្នៈមានអាយុ មានអាពាធ ប្រកបដោយទុក្ខ ឈឺធ្ងន់។ គ្រានោះឯង ព្រះសារីបុត្តមានអាយុ ចេញអំពីទីពួនសម្ងំ ក្នុងសាយណ្ហសម័យ ហើយចូលទៅរកព្រះមហាចុន្ទមានអាយុ លុះចូលទៅដល់ហើយ ក៏បបួលព្រះមហាចុន្ទមានអាយុ យ៉ាងនេះថា នែអាវុសោចុន្ទ មក យើងនឹងទៅសួរជម្ងឺ ព្រះឆន្នៈមានអាយុ។ ព្រះមហាចុន្ទមានអាយុ បានទទួលតបពាក្យព្រះសារីបុត្តមានអាយុថា ករុណា អាវុសោ។ ទើបព្រះសារីបុត្តមានអាយុ និងព្រះមហាចុន្ទមានអាយុ ចូលទៅរកព្រះឆន្នៈមានអាយុ លុះចូលទៅដល់ហើយ ក៏គង់លើអាសនៈ ដែលគេក្រាលទុក។ លុះព្រះសារីបុត្តមានអាយុគង់ហើយ ទើបសួរព្រះឆន្នៈមានអាយុ ដូច្នេះថា ម្នាលអាវុសោឆន្នៈ សរីរយន្តរបស់អ្នក ល្មមអត់ទ្រាំបានដែរឬ ល្មមឲ្យប្រព្រឹត្តទៅបានដែរឬ ទុក្ខវេទនា ធូរថយទៅ មិនចម្រើនឡើង មានតែស្រាកស្រាន្តទៅ មិនចម្រើនឡើងទេឬ។

[១០៥] ព្រះឆន្នតេ្ថរតបថា ម្នាលអាវុសោសារីបុត្ត សរីរយន្តរបស់ខ្ញុំ មិនល្មមអត់ទ្រាំបានទេ មិនល្មមប្រព្រឹត្តទៅបានទេ ( ព្រោះ ) ទុក្ខវេទនា របស់ខ្ញុំដ៏ភ្លៀវក្លា តែងចម្រើនឡើង មិនធូរថយទេ មានតែរឹតឡើង មិនស្បើយទេ។ ម្នាលអាវុសោ បុរសមានកម្លាំង យកដែកស្រួចដ៏មុត មកចាក់លលាដ៏ក្បាល ដូចម្តេចមិញ ម្នាលអាវុសោ ខ្យល់ដ៏ក្រៃលែង ចាក់ដោតក្បាលរបស់ខ្ញុំ ក៏ដូច្នោះដែរ។ ម្នាលអាវុសោ ខ្ញុំមិនល្មមអត់ទ្រាំបានទេ មិនល្មមឲ្យប្រព្រឹត្តទៅបានស្រួលទេ។បេ។ មិនធូរថយទេ។ ម្នាលអាវុសោ បុរសមានកម្លាំង យកចង្វាយព្រ័ត្រដ៏មាំ មកត្របែងក្បាល យ៉ាងណាមិញ ម្នាលអាវុសោ ខ្យល់ខ្លាំងហួសប្រមាណ សីសវេទនា កើតក្នុងសីសៈ ក៏យ៉ាងនោះឯង។ ម្នាលអាវុសោ ខ្ញុំមិនល្មមអត់ទ្រាំបានទេ មិនល្មមឲ្យប្រព្រឹត្តទៅបានទេ។បេ។ មិនធូរថយទេ។ ម្នាលអាវុសោ បុរសអ្នកសម្លាប់គោ ឬកូនឈ្នួលអ្នកសម្លាប់គោ ដែលឈ្លាសវៃ អារពន្លះពោះ (គោ) ដោយគ្រឿងសម្រាប់ពន្លះគោដ៏មុត ដូចម្តេចមិញ មា្នលអាវុសោ ខ្យល់ដ៏ក្រៃលែង អារពោះខ្ញុំ ក៏ដូច្នោះឯង។ ម្នាលអាវុសោ ខ្ញុំមិនល្មមអត់ទ្រាំបានទេ មិនល្មមឲ្យប្រព្រឹត្តទៅបានទេ។បេ។ មិនបានស្រាកស្រាន្តទេ។ ម្នាលអាវុសោ បុរសមានកម្លាំង ២ នាក់ ចាប់បុរសដែលមានកម្លាំងខ្សោយ ត្រង់ដើមដៃម្ខាង ម្នាក់ ឆ្អើររោលលើរណ្តៅរងើកភ្លើង ដូចម្តេចមិញ ការក្តៅក្រហាយក្នុងកាយ របស់ខ្ញុំដ៏ក្រៃលែង ក៏ដូច្នោះឯង។ ម្នាលអាវុសោ ខ្ញុំមិនល្មមអត់ទ្រាំបានទេ មិនល្មមឲ្យប្រព្រឹត្តទៅបានទេ (ព្រោះ) ទុក្ខវេទនា ដ៏ក្លៀវក្លារបស់ខ្ញុំ តែងតែចម្រើនឡើង មិនធូរថយទេ មានតែរឹតឡើង មិនស្រាកស្រាន្តទេ។ ម្នាលអាវុសោសារីបុត្ត ខ្ញុំនឹងយកគ្រឿងសស្រ្តា (មកសម្លាប់ខ្លួន) ខ្ញុំមិនចង់នៅរស់ទេ លុះព្រះឆន្នៈមានអាយុ ពោលដូច្នេះហើយ ក៏នាំយកគ្រឿងសស្រ្តាមក។

[១០៦] ព្រះសារីបុត្តអង្វរថា សូមព្រះឆន្នៈមានអាយុ រស់នៅសិន យើងចង់ឲ្យព្រះឆន្នៈ មានអាយុ នៅរស់ បើព្រះឆន្នៈមានអាយុ មិនមានភោជនជាទីសប្បាយទេ ខ្ញុំនឹងស្វែងរកភោជន ជាទីសប្បាយ ដើម្បីព្រះឆន្នៈមានអាយុ បើព្រះឆន្នៈមានអាយុ មិនមានភេសជ្ជៈ ជាទីសប្បាយទេ ខ្ញុំនឹងស្វែងរកភេសជ្ជៈ ជាទីសប្បាយ ដើម្បីព្រះឆន្នៈមានអាយុ បើព្រះឆន្នៈមានអាយុ មិនមានឧបដ្ឋាក ដ៏សមគួរទេ ខ្ញុំនឹងបម្រើព្រះឆន្នៈមានអាយុ កុំឲ្យតែព្រះឆន្នៈមានអាយុ នាំយកគ្រឿងសស្រ្តាមក សូមព្រះឆន្នៈមានអាយុ រស់នៅសិន ( ព្រោះ ) យើងចង់ឲ្យព្រះឆន្នៈមានអាយុ នៅរស់។ ព្រះឆន្នតេ្ថរតបថា ម្នាលអាវុសោសារីបុត្ត ខ្ញុំមិនមែនគ្មានភោជន ជាទីសប្បាយទេ ខ្ញុំមានភោជន ជាទីសប្បាយ មួយទៀត ខ្ញុំមិនមែនគ្មានភេសជ្ជៈ ជាទីសប្បាយទេ ខ្ញុំមានភេសជ្ជៈ ជាទីសប្បាយ មួយវិញទៀត ខ្ញុំមិនមែនគ្មានឧបដ្ឋាក ដ៏សមគួរទេ ខ្ញុំមានឧបដ្ឋាក ដ៏សមគួរ។ ម្នាលអាវុសោ ទាំងព្រះសាស្តាសោត ខ្ញុំក៏បានបម្រើដោយសេចក្តីពេញចិត្ត មកយូរហើយ មិនមែនដោយការមិនពេញចិត្តទេ។ ម្នាលអាវុសោ សាវ័កត្រូវតែបម្រើព្រះសាស្តា ដោយសេចក្តីគាប់ចិត្ត មិនត្រូវបម្រើដោយសេចក្តីមិនគាប់ចិត្តទេ អំពើនោះ ទើបជាការសមគួរដល់សាវ័ក នែអាវុសោសារីបុត្ត អ្នកចូរចាំទុកដំណើរនុ៎ះ យ៉ាងនេះថា ការនុ៎ះមិននៅទាក់ទាមទេ ឆន្នភិក្ខុ មុខជានឹងនាំយកគ្រឿងសស្រ្តា មកផ្តាច់បង់ជីវិត។

[១០៧] ព្រះសារីបុត្តនិយាយថា យើងនឹងសួរនូវហេតុនីមួយ នឹងព្រះឆន្នៈមានអាយុ បើព្រះឆន្នៈមានអាយុ បើកឱកាសឲ្យ ដើម្បីដោះស្រាយនូវប្រស្នា។ ម្នាលអាវុសោសារីបុត្ត អ្នកចូរសួរចុះ យើងស្តាប់ហើយ គង់នឹងដឹងបាន។ ម្នាលអាវុសោឆន្នៈ អ្នកយល់ នូវចក្ខុ ចក្ខុវិញ្ញាណ ធម៌ដែលត្រូវដឹង ដោយចក្ខុវិញ្ញាណថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់អញ ដូច្នេះឬ។បេ។ ម្នាលអាវុសោឆន្នៈ អ្នកយល់នូវជិវ្ហា ជិវ្ហាវិញ្ញាណ ធម៌ដែលត្រូវដឹង ដោយជិវ្ហាវិញ្ញាណថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់អញ ដូច្នេះឬ។បេ។ ម្នាលអាវុសោឆន្នៈ អ្នកយល់មនោ មនោវិញ្ញាណ ធម៌ដែលត្រូវដឹង ដោយមនោវិញ្ញាណថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់អញ ដូច្នេះឬ។ ម្នាលអាវុសោសារីបុត្ត ខ្ញុំយល់ចក្ខុ ចក្ខុវិញ្ញាណ ធម៌ដែលត្រូវដឹង ដោយចក្ខុវិញ្ញាណថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញទេ។បេ។ ម្នាលអាវុសោសារីបុត្ត ខ្ញុំយល់ជិវ្ហា ជិវ្ហាវិញ្ញាណ ធម៌ដែលត្រូវដឹង ដោយជិវ្ហាវិញ្ញាណថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ។បេ។ ម្នាលអាវុសោ សារីបុត្ត ខ្ញុំយល់មនោ មនោវិញ្ញាណ ធម៌ដែលត្រូវដឹង ដោយមនោវិញ្ញាណថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញទេ។

[១០៨] ម្នាលអាវុសោឆន្នៈ អ្នកឃើញដូចម្តេច ដឹងដូចម្តេច ក្នុងចក្ខុ ចក្ខុវិញ្ញាណ ធម៌ដែលត្រូវដឹង ដោយចក្ខុវិញ្ញាណ បានជាយល់ចក្ខុ ចក្ខុវិញ្ញាណ ធម៌ដែលត្រូវដឹង ដោយចក្ខុវិញ្ញាណថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញ។បេ។ ម្នាលអាវុសោឆន្នៈ អ្នកឃើញដូចម្តេច ដឹងដូចម្តេច ក្នុងជិវ្ហា ជិវ្ហាវិញ្ញាណ ធម៌ដែលត្រូវដឹង ដោយជិវ្ហាវិញ្ញាណថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញ។បេ។ ម្នាលអាវុសោឆន្នៈ អ្នកឃើញដូចម្តេច ដឹងដូចម្តេច ក្នុងមនោ មនោវិញ្ញាណ ធម៌ដែលត្រូវដឹង ដោយមនោវិញ្ញាណ បានជាយល់មនោ មនោវិញ្ញាណ ធម៌ដែលត្រូវដឹង ដោយមនោវិញ្ញាណថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញទេ ដូច្នេះ។

[១០៩] ម្នាលអាវុសោសារីបុត្ត ខ្ញុំឃើញនូវសេចក្តីរលត់ ដឹងនូវសេចក្តីរលត់ ក្នុងចក្ខុ ចក្ខុវិញ្ញាណ ធម៌ដែលត្រូវដឹង ដោយចក្ខុវិញ្ញាណ បានជាយល់ចក្ខុ ចក្ខុវិញ្ញាណ ធម៌ដែលត្រូវដឹង ដោយចក្ខុវិញ្ញាណថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញទេ។បេ។ ម្នាលអាវុសោសារីបុត្ត ខ្ញុំឃើញនូវសេចក្តីរលត់ ដឹងនូវសេចក្តីរលត់ ក្នុងជិវ្ហា ជិវ្ហាវិញ្ញាណ ធម៌ដែលត្រូវដឹង ដោយជិវ្ហាវិញ្ញាណ បានជាយល់ជិវ្ហា ជិវ្ហាវិញ្ញាណ ធម៌ដែលត្រូវដឹង ដោយជិវ្ហាវិញ្ញាណថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញទេ។បេ។ ម្នាលអាវុសោសារីបុត្ត ខ្ញុំឃើញនូវសេចក្តីរលត់ ដឹងនូវសេចក្តីរលត់ ក្នុងមនោ មនោវិញ្ញាណ ធម៌ដែលត្រូវដឹង ដោយមនោវិញ្ញាណ បានជាយល់មនោ មនោវិញ្ញាណ ធម៌ដែលត្រូវដឹង ដោយមនោវិញ្ញាណថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញទេ ដូច្នេះ។

[១១០] កាលព្រះឆន្នៈនិយាយ យ៉ាងនេះហើយ ព្រះមហាចុន្ទមានអាយុ បាននិយាយនឹងព្រះឆន្នៈមានអាយុ ដូច្នេះថា ម្នាលអាវុសោឆន្នៈ បើដូច្នោះ អ្នកគួរយកចិត្តទុកដាក់ ឲ្យប្រពៃ ចំពោះសាសនា របស់ព្រះមានព្រះភាគនោះ អស់កាលជានិច្ចចុះ បុគ្គល ដែលតណ្ហា មានះ ទិដ្ឋិ អាស្រ័យនៅហើយ រមែងមានសេចក្តីកម្រើក បុគ្គលដែលមិនមានតណ្ហា មានះ ទិដ្ឋិ អាស្រ័យនៅ រមែងមិនមានសេចក្តីកម្រើកទេ កាលបើមិនមានសេចក្តីកម្រើក ទើបមានសេចក្តីស្ងប់ កាលបើមានសេចក្តីស្ងប់ ទើបមិនមានសេចក្តីត្រេកត្រអាល កាលបើមិនមានសេចក្តីត្រេកត្រអាល ដំណើរមក និងដំណើរទៅ ក៏មិនមាន កាលបើមិនមានដំណើរមក និងដំណើរទៅ ចុតិ និងបដិសន្ធិ ក៏មិនមាន កាលបើចុតិ និងបដិសន្ធិ មិនមាន ទើបមិនមានកិច្ចអ្វី ក្នុងលោកនេះ មិនមានក្នុងលោកខាងមុខ មិនមានក្នុងចន្លោះនៃលោកទាំងពីរ នេះឯង ជាទីបំផុតនៃទុក្ខ។ លំដាប់នោះ ព្រះសារីបុត្តមានអាយុ និងព្រះមហាចុន្ទមានអាយុ លុះទូន្មានព្រះឆន្នៈមានអាយុ ដោយឱវាទនេះហើយ ទើបក្រោកអំពីអាសនៈចៀសចេញទៅ។ គ្រានោះឯង ព្រះឆន្នៈមានអាយុ កាលដែលព្រះថេរៈមានអាយុទាំងនោះ និមន្តចេញទៅ មិនយូរប៉ុន្មាន ក៏នាំយកគ្រឿងសស្រ្តាមក។

[១១១] គ្រានោះឯង ព្រះសារីបុត្តមានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយគង់ក្នុងទីដ៏សមគួរ។ លុះព្រះសារីបុត្តមានអាយុ គង់ក្នុងទីសមគួរហើយ ទើបក្រាបបង្គំទូលសួរព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ព្រះឆន្នៈមានអាយុ បាននាំយកគ្រឿងសស្រ្តាមកហើយ តើព្រះឆន្នៈមានអាយុនោះ មានគតិ ដូចម្តេច មានបរលោកដូចម្តេច។ ព្រះសម្ពុទ្ធ ជាម្ចាស់ ទ្រង់ត្រាស់ថា ម្នាលសារីបុត្ត ក្រែងឆន្នភិក្ខុ បានដោះស្រាយ ការដែលមិននៅទាក់ទាម ក្នុងទីចំពោះមុខ របស់អ្នករួចហើយឬ។ បពិត្រព្រះអង្គដ៏ចម្រើន មានស្រុកក្នុងដែនវជ្ជីឈ្មោះ បុព្វវិជ្ជនៈ ក្នុងស្រុកនោះឯង ព្រះឆន្នៈមានអាយុ មានត្រកូលជាមិត្ត ត្រកូលជាសំឡាញ់ ត្រកូលដែលនៅជាប់ទាក់ទាម ( គួរចូលទៅរក )។ ព្រះមានព្រះភាគ ទ្រង់ត្រាស់តបថា ម្នាលសារីបុត្ត ឆន្នភិក្ខុ មានត្រកូលជាមិត្ត ត្រកូលជាសំឡាញ់ ត្រកូលដែលនៅជាប់ទាក់ទាមនុ៎ះ ពិតមែន។ ម្នាលសារីបុត្ត តែតថាគត មិនឲ្យឈ្មោះថា ជាអ្នកប្រកបដោយការទាក់ទាម ព្រោះហេតុប៉ុណ្ណេះឡើយ។ ម្នាលសារីបុត្ត លុះតែអ្នកណាមួយ ដាក់ចុះនូវកាយនេះផង កាន់យកនូវកាយដទៃផង ទើបតថាគត ហៅអ្នកនោះថា ជាអ្នកប្រកបដោយការទាក់ទាម។ ការណ៍នោះ មិនមានដល់ឆន្នភិក្ខុទេ ឆន្នភិក្ខុ បាននាំយកគ្រឿងសស្រ្តាមក មិនមានការទាក់ទាម គឺមិនមានបដិសន្ធិទេ ម្នាលសារីបុត្ត ហេតុនោះ អ្នកចូលចាំទុក នូវដំណើរនុ៎ះ យ៉ាងនេះចុះ។

ចប់សូត្រ ទី៤។

(បុណ្ណ)សូត្រ ទី៥

(៥. បុណ្ណសុត្តំ)

[១១២] គ្រានោះឯង ព្រះបុណ្ណៈមានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ។បេ។ លុះព្រះបុណ្ណៈមានអាយុ គង់ក្នុងទីដ៏សមគួរហើយ ទើបក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គសូមអង្វរ សូមព្រះមានព្រះភាគ សំដែងធម៌ ដោយសង្ខេប ប្រោសខ្ញុំព្រះអង្គ ខ្ញុំព្រះអង្គ បានស្តាប់ធម៌របស់ព្រះមានព្រះភាគហើយ នឹងជាបុគ្គលម្នាក់ឯង គេចចេញអំពីពួក ជាអ្នកមិនប្រមាទ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស បញ្ជូនចិត្តទៅរកព្រះនិញ្វន។ ព្រះសម្ពុទ្ធត្រាស់ថា ម្នាលបុណ្ណៈ រូបដែលត្រូវដឹងបាន ដោយចក្ខុ ជាទីប្រាថ្នា ជាទីរីករាយ ជាទីពេញចិត្ត មានសភាពជាទីស្រឡាញ់ ប្រកបដោយកាម ជាទីត្រេកអរ មានពិត បើភិក្ខុត្រេកអរ សរសើរ ជាប់ចិត្ត នឹងរូបនោះ កាលភិក្ខុនោះ ត្រេកអរ សរសើរ ជាប់ចិត្តនឹងរូបនោះ សេចក្តីរីករាយ រមែងកើតឡើង ម្នាលបុណ្ណៈ តថាគតពោលថា ព្រោះតែកើតសេចក្តីរីករាយ ទើបកើតទុក្ខ។បេ។ ម្នាលបុណ្ណៈ រស ដែលត្រូវដឹង ដោយអណ្តាត។បេ។ ម្នាលបុណ្ណៈ ធម៌ដែលត្រូវដឹង ដោយមនោ ជាទីប្រាថ្នា ជាទីរីករាយ ជាទីពេញចិត្ត មានសភាពជាទីស្រឡាញ់ ប្រកបដោយកាម ជាទីត្រេកអរ មានពិត បើភិក្ខុត្រេកអរ សរសើរ ជាប់ចិត្តនឹងធម៌នោះ កាលភិក្ខុនោះ ត្រេកអរ សរសើរ ជាប់ចិត្តនឹងធម៌នោះ សេចក្តីរីករាយ រមែងកើតឡើង ម្នាលបុណ្ណៈ តថាគតពោលថា ព្រោះតែកើតសេចក្តីរីករាយ ទើបកើតទុក្ខ។

[១១៣] ម្នាលបុណ្ណៈ រូបដែលត្រូវដឹងដោយចក្ខុ ជាទីប្រាថ្នា ជាទីរីករាយ ជាទីពេញចិត្ត មានសភាពជាទីស្រឡាញ់ ប្រកបដោយកាម ជាទីត្រេកអរ មានពិត បើភិក្ខុមិន ត្រេកអរ មិនសរសើរ មិនជាប់ចិត្តនឹងរូបនោះទេ កាលភិក្ខុនោះ មិនត្រេកអរ មិនសរសើរ មិនជាប់ចិត្ត នឹងរូបនោះ សេចក្តីរីករាយ រមែងរលត់ ម្នាលបុណ្ណៈ តថាគតពោលថា លុះតែរលត់សេចក្តីត្រេកអរ ទើបទុក្ខរលត់។បេ។ ម្នាលបុណ្ណៈ ធម៌ដែលត្រូវដឹង ដោយមនោ ជាទីប្រាថ្នា ជាទីរីករាយ ជាទីពេញចិត្ត មានសភាពជាទីស្រឡាញ់ ប្រកបដោយកាម ជាទីត្រេកអរ មានពិត បើភិក្ខុមិនត្រេកអរ មិនសរសើរ មិនជាប់ចិត្តនឹងធម៌នោះទេ កាលភិក្ខុនោះ មិនត្រេកអរ មិនសរសើរ មិនជាប់ចិត្តនឹងធម៌នោះ សេចក្តីរីករាយ រមែងរលត់ ម្នាកបុណ្ណៈ តថាគតពោលថា ទាល់តែរលត់សេចក្តីរីករាយ ទើបទុក្ខរលត់។ ម្នាលបុណ្ណៈ អ្នកឯង តថាគត បានទូន្មាន ដោយឱវាទ សង្ខេបនេះហើយ តើនឹងនៅក្នុងជនបទណា។ ព្រះបុណ្ណត្ថេរក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចម្រើន មានជនបទ ១ ឈ្មោះ សុនាបរន្តៈ ខ្ញុំព្រះអង្គ នឹងនៅក្នុងសុនាបរន្តជនបទនោះ។

[១១៤] ព្រះមានបុណ្យត្រាស់ថា ម្នាលបុណ្ណៈ ពួកមនុស្សនៅក្នុងសុនាបរន្តជនបទ កាចៗណាស់ ម្នាលបុណ្ណៈ ពួកមនុស្សក្នុងសុនាបរន្តជនបទ រឹងរូសណាស់ ម្នាលបុណ្ណៈ បើពួកមនុស្ស ក្នុងសុនាបរន្តជនបទ នឹងជេរប្រទេចអ្នក ម្នាលបុណ្ណៈ តើអ្នកនឹងមានគំនិត ដូចម្តេច ក្នុងដំណើរនោះ។ បពិត្រព្រះអង្គដ៏ចម្រើន បើពួកមនុស្ស ក្នុងសុនាបរន្តជនបទ នឹងជេរប្រទេច ខ្ញុំព្រះអង្គ ៗ នឹងមានគំនិត ក្នុងដំណើរនោះ យ៉ាងនេះថា ពួកមនុស្ស ក្នុងសុនាបរន្តជនបទនេះ ស្រួលដែរ ពួកមនុស្ស ក្នុងសុនាបរន្តជនបទនេះ ស្រួលល្អដែរ ព្រោះថា មនុស្សទាំងអម្បាលនេះ មិនប្រហារខ្ញុំព្រះអង្គ ដោយដៃទេ បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គ នឹងមានគំនិតក្នុងដំណើរនុ៎ះ យ៉ាងនេះឯង បពិត្រព្រះសុគត ខ្ញុំព្រះអង្គ នឹងមានគំនិត ក្នុងដំណើរនោះ យ៉ាងនេះឯង។ ម្នាលបុណ្ណៈ បើពួកមនុស្ស ក្នុងសុនាបរន្តជនបទ នឹងប្រហារអ្នកដោយដៃ តើអ្នកនឹងមានគំនិតដូចម្តេចវិញ ក្នុងដំណើរនោះ។ បពិត្រព្រះអង្គដ៏ចម្រើន បើពួកមនុស្ស ក្នុងសុនាបរន្តជនបទ នឹងប្រហារខ្ញុំព្រះអង្គ ដោយដៃ ខ្ញុំព្រះអង្គ នឹងមានគំនិត ក្នុងដំណើរនោះ យ៉ាងនេះថា ពួកមនុស្ស ក្នុងសុនាបរន្តជនបទនេះ ស្រួលដែរ ពួកមនុស្ស ក្នុងសុនាបរន្តជនបទនេះ ស្រួលល្អដែរ ព្រោះថា មនុស្សទាំងអម្បាលនេះ មិនប្រហារខ្ញុំព្រះអង្គ ដោយដុំដីទេ បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គ នឹងមានគំនិត ក្នុងដំណើរនុ៎ះ យ៉ាងនេះឯង បពិត្រព្រះសុគត ខ្ញុំព្រះអង្គ នឹងមានគំនិត ក្នុងដំណើរនុ៎ះ យ៉ាងនេះឯង។ ម្នាលបុណ្ណៈ បើពួកមនុស្ស ក្នុងសុនាបរន្តជនបទ នឹងប្រហារអ្នក ដោយដុំដី តើអ្នកនឹងមានគំនិត ដូចម្តេចវិញ ក្នុងដំណើរនោះ។ បពិត្រព្រះអង្គដ៏ចម្រើន បើពួកមនុស្ស ក្នុងសុនាបរន្តជនបទ នឹងប្រហារខ្ញុំព្រះអង្គ ដោយដុំដី ខ្ញុំព្រះអង្គ នឹងមានគំនិត ក្នុងដំណើរនោះ យ៉ាងនេះថា ពួកមនុស្សក្នុង សុនាបរន្តជនបទនេះ ស្រួលដែរ ពួកមនុស្ស ក្នុងសុនាបរន្តជនបទនេះ ស្រួលល្អដែរ ព្រោះថា មនុស្សទាំងអម្បាលនេះ មិនប្រហារខ្ញុំព្រះអង្គ ដោយដំបងទេ បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គ នឹងមានគំនិត ក្នុងដំណើរនុ៎ះ យ៉ាងនេះឯង បពិត្រព្រះសុគត ខ្ញុំព្រះអង្គ នឹងមានគំនិត ក្នុងដំណើរនុ៎ះ យ៉ាងនេះឯង។ ម្នាលបុណ្ណៈ បើពួកមនុស្ស ក្នុងសុនាបរន្តជនបទ នឹងប្រហារអ្នក ដោយដំបង ម្នាលបុណ្ណៈ តើអ្នកនឹងមានគំនិត ដូចម្តេចក្នុង ដំណើរនោះ។ បពិត្រព្រះអង្គដ៏ចម្រើន បើពួកមនុស្ស ក្នុង សុនាបរន្តជនបទ នឹងប្រហារខ្ញុំព្រះអង្គ ដោយដំបង ខ្ញុំព្រះអង្គ នឹងមានគំនិត ក្នុងដំណើរនោះ យ៉ាងនេះថា ពួកមនុស្ស ក្នុងសុនាបរន្តជនបទនេះ ស្រួលដែរ ពួកមនុស្ស ក្នុងសុនាបរន្តេជនបទនេះ ស្រួលល្អដែរ ព្រោះថា មនុស្សទាំងអម្បាលនេះ មិនប្រហារខ្ញុំព្រះអង្គ ដោយគ្រឿងសស្រ្តាទេ បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គ នឹងមានគំនិត ក្នុង ដំណើរនុ៎ះ យ៉ាងនេះឯង បពិត្រព្រះសុគត ខ្ញុំព្រះអង្គ នឹងមានគំនិត ក្នុងដំណើរនុ៎ះ យ៉ាងនេះឯង។ ម្នាលបុណ្ណៈ បើពួកមនុស្ស ក្នុងសុនាបរន្តជនបទ នឹងប្រហារអ្នក ដោយគ្រឿងសស្រ្តា ម្នាលបុណ្ណៈ តើអ្នកនឹងមានគំនិត ដូចម្តេច ក្នុងដំណើរនោះ។ បពិត្រព្រះអង្គដ៏ចម្រើន បើពួកមនុស្ស ក្នុងសុនាបរន្តជនប នឹងប្រហារខ្ញុំព្រះអង្គ ដោយគ្រឿងសស្រ្តា ខ្ញុំព្រះអង្គ នឹងមានគំនិត ក្នុងដំណើរនោះ យ៉ាងនេះថា ពួកមនុស្ស ក្នុងសុនាបរន្តជនបទនេះ ស្រួលដែរ ពួកមនុស្ស ក្នុងសុនាបរន្តជនបទនេះ ស្រួលល្អដែរ ព្រោះថា មនុស្សទាំងអម្បាលនេះ មិនប្រហារជិវិតខ្ញុំព្រះអង្គ ដោយគ្រឿងសស្រ្តា ដ៏មុតទេ បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គ នឹងមានគំនិត ក្នុងដំណើរនុ៎ះ យ៉ាងនេះឯង បពិត្រព្រះសុគត ខ្ញុំព្រះអង្គ នឹងមានគំនិត ក្នុងដំណើរនុ៎ះ យ៉ាងនេះឯង។

[១១៥] ម្នាលបុណ្ណៈ បើពួកមនុស្សក្នុងសុនាបរន្តជនបទ នឹងយកគ្រឿងសស្រ្តាដ៏មុត មកផ្តាច់ជិវិតរបស់អ្នក ម្នាលបុណ្ណៈ តើអ្នកនឹងមានគំនិត ដូចម្តេច ក្នុងដំណើរនោះ។ បពិត្រព្រះអង្គដ៏ចម្រើន បើពួកមនុស្ស ក្នុងសុនាបរន្តជនបទ នឹងយកគ្រឿងសស្រ្តាដ៏មុត មកផ្តាច់ជិវិត របស់ខ្ញុំព្រះអង្គ ខ្ញុំព្រះអង្គ នឹងមានគំនិត ក្នុងដំណើរនោះ យ៉ាងនេះថា ពួកសាវ័ករបស់ព្រះមានបុណ្យនោះ ដែលនឿយណាយ ធុញទ្រាន់ ខ្ពើមឆ្អើម ចំពោះកាយ និងជីវិត ហើយស្វែងរកបុគ្គលអ្នកសម្លាប់ ដោយគ្រឿងសស្រ្តា ក៏មាន ខ្ញុំព្រះអង្គ បានអ្នកសម្លាប់ ដោយគ្រឿងសស្រ្តានោះ ដែលមិនបាច់ស្វែងរកសោះទេ បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គ នឹងមានគំនិត ក្នុងដំណើរនុ៎ះ យ៉ាងនេះឯង បពិត្រព្រះសុគត ខ្ញុំព្រះអង្គ នឹងមានគំនិត ក្នុងដំណើរនុ៎ះ យ៉ាងនេះឯង។ ម្នាលបុណ្ណៈ ប្រពៃហើយ ប្រពៃហើយ ម្នាលបុណ្ណៈ អ្នកប្រកបដោយសេចក្តីស្ងប់រម្ងាប់ គឺសេចក្តីអត់ធន់នេះ អាចនឹងនៅក្នុងសុនាបរន្តជនបទបាន ម្នាលបុណ្ណៈ ចូរអ្នកសំគាល់នូវកាលដ៏គួរ ( នឹងទៅ ) ក្នុងកាលឥឡូវនេះចុះ។

[១១៦] គ្រានោះឯង ព្រះបុណ្ណៈមានអាយុ ត្រេកអរ រីករាយ ចំពោះភាសិតរបស់ ព្រះមានព្រះភាគ ហើយក្រោកអំពីអាសនៈ ថ្វាយបង្គំព្រះមានព្រះភាគ ធ្វើប្រទក្សិណ រួចរៀបចំសេនាសនៈ ហើយប្រដាប់ដោយបាត្រ និងចីវរ ចេញទៅកាន់ចារិក ក្នុងសុនាបរន្តជនបទ កាលលោកចេញទៅកាន់ចារិក តាមលំដាប់ ក៏បានទៅដល់សុនាបរន្តជនបទ។ បានឮថា ព្រះបុណ្ណៈមានអាយុ គង់នៅក្នុងសុនាបរន្តជនបទនោះ។ គ្រានោះឯង ព្រះបុណ្ណៈមានអាយុ ប្រោសពួកឧបាសក បានប្រមាណ ៥០០ នាក់ ខាងក្នុងវស្សានោះឯង ទាំងបានធ្វើឲ្យជាក់ច្បាស់ នូវវិជ្ជា ៣ ខាងក្នុងវស្សានោះដែរ ហើយបរិនិញ្វន ខាងក្នុងវស្សានោះតែម្តង។ វេលានោះ ពួកភិក្ខុច្រើនរូប នាំគ្នាចូលទៅគាល់ព្រះមានបុណ្យ លុះភិក្ខុទាំងនោះ គង់ក្នុងទីដ៏សមគួរហើយ ទើបក្រាបបង្គំទូលព្រះមានបុណ្យ ដូច្នេះថា សូមទ្រង់ព្រះមេត្តាប្រោស កុលបុត្តឈ្មោះ បុណ្ណៈ ដែលព្រះអង្គ បានទូន្មាន ដោយឱវាទសង្ខេប ឥឡូវនេះ លោកធ្វើមរណកាលហើយ លោកមានគតិដូចម្តេច មានបរលោក ដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ កុលបុត្តឈ្មោះ បុណ្ណៈ ជាបណ្ឌិត ជាអ្នកនិយាយពិត មិនបៀតបៀន នូវធម៌ តាមសមគួរដល់ធម៌ផង មិនបៀតបៀន នូវធម្មាធិករណ៍ផង ម្នាលភិក្ខុទាំងឡាយ កុលបុត្តឈ្មោះ បុណ្ណៈ បរិនិញ្វនហើយ។

ចប់សូត្រ ទី៥។

(ពាហិយ)សូត្រ ទី៦

(៦. ពាហិយសុត្តំ)

[១១៧] គ្រានោះ‌ឯង ព្រះពាហិយៈមានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ។បេ។ លុះព្រះពាហិយៈមានអាយុ គង់ក្នុងទីដ៏សមគួរហើយ ទើបក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះមានព្រះភាគ សំដែងធម៌ដោយសង្ខេប ដល់ខ្ញុំព្រះអង្គ ខ្ញុំព្រះអង្គ បានស្តាប់ធម៌ របស់ព្រះមានព្រះភាគហើយ នឹងជាបុគ្គលម្នាក់ឯង គេចចេញអំពីពួក ជាអ្នកមិនប្រមាទ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិញ្វន។ ព្រះសម្ពុទ្ធត្រាស់សួរថា ម្នាលពាហិយៈ អ្នកសំគាល់សេចក្តីនោះ ដូចម្តេច ចក្ខុទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ ចុះរបស់ណា មិនទៀង របស់នោះ ជាទុក្ខ ឬជាសុខ។ ជាទុក្ខ ព្រះអង្គ។ ចុះរបស់ណា មិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា តើគួរនឹងយល់ឃើញ របស់នោះថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់អញ ដូច្នេះដែរឬ។ មិនគួរនឹងយល់ឃើញ យ៉ាងនោះទេ ព្រះអង្គ។ រូបទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ ចក្ខុវិញ្ញាណ ចក្ខុសម្ផ័ស្ស។បេ។ វេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនទុក្ខមិនសុខក្តី ដែលកើតឡើង ព្រោះចក្ខុសម្ផ័ស្សជាបច្ច័យ តើវេទនានោះ ទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ របស់ណា មិនទៀង របស់នោះ ជាទុក្ខ ឬជាសុខ។ ជាទុក្ខ ព្រះអង្គ។ របស់ណា មិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា គួរនឹងយល់របស់នោះថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់អញ ដូច្នេះដែរឬ។ មិនគួរនឹងយល់ឃើញ យ៉ាងនុ៎ះទេ ព្រះអង្គ។ ម្នាលពាហិយៈ អរិយសាវ័ក អ្នកចេះដឹង កាលបើឃើញយ៉ាងនេះ រមែងនឿយណាយនឹងចក្ខុផង នឿយណាយនឹងចក្ខុវិញ្ញាណផង នឿយណាយនឹងចក្ខុសម្ផ័ស្សផង។បេ។ វេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនទុក្ខមិនសុខក្តី ដែលកើតឡើង ព្រោះមនោសម្ផ័ស្សជាបច្ច័យ រមែងនឿយណាយ នឹងវេទនានោះ កាលបើនឿយណាយ រមែងប្រាសចាកតម្រេក ព្រោះតែប្រាសចាកតម្រេក ទើបចិត្តរួចស្រឡះ។ កាលបើចិត្តផុតស្រឡះហើយ ញាណ ក៏កើតឡើងថា ចិត្តផុតស្រឡះហើយ។ អរិយសាវ័កនោះ រមែងដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចរិយធម៌ អាត្មាអញ បានប្រព្រឹត្តគ្រប់គ្រាន់ហើយ សោឡសកិច្ច អាត្មាអញ បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។

[១១៨] គ្រានោះឯង ព្រះពាហិយៈមានអាយុ ត្រេកអររីករាយ ចំពោះភាសិត របស់ ព្រះមានព្រះភាគ ហើយក្រោកអំពីអាសនៈ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ធ្វើប្រទក្សិណ ហើយចៀសចេញទៅ។ លំដាប់នោះ ព្រះពាហិយៈមានអាយុ ជាបុគ្គលម្នាក់ឯង គេចចេញអំពីពួក ជាអ្នកមិនប្រមាទ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិញ្វន មិនយូរប៉ុន្មាន ក៏បានធ្វើឲ្យជាក់ច្បាស់ សម្រេច ដោយប្រាជ្ញាដ៏ប្រសើរខ្លួនឯង ក្នុងបច្ចុប្បន្ន នូវទីបំផុត នៃព្រហ្មចរិយធម៌ ដ៏ប្រសើរ ដែលជាទីត្រូវការ របស់ពួកកុលបុត្ត អ្នកចេញចាកផ្ទះ ហើយបួសដោយប្រពៃ ក៏បានដឹងច្បាស់ថា ជាតិអស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញ បានប្រព្រឹត្តគ្រប់គ្រាន់ហើយ សោឡសកិច្ច អាត្មាអញ បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ បណ្តាព្រះអរហន្តទាំងឡាយ ព្រះពាហិយៈ មានអាយុ ក៏បានជាព្រះអរហន្តមួយអង្គដែរ។

ចប់សូត្រ ទី៦។

(បឋមឯជា)សូត្រ ទី៧

(៧. បឋមឯជាសុត្តំ)

[១១៩] ម្នាលភិក្ខុទាំងឡាយ តណ្ហា ( ជាគ្រឿងញាប់ញ័រ ) ជារោគ តណ្ហា ជាបូស តណ្ហា ជាសរ។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ក្នុងលោកនេះ តថាគត មិនមានតណ្ហា ជាគ្រឿងញាប់ញ័រ ប្រាសចាកសរ គឺតណ្ហាហើយ។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុដូច្នោះ ក្នុងសាសនានេះ បើភិក្ខុប្រាថ្នាថា សូមឲ្យអាត្មាអញ មិនមានតណ្ហា ជាគ្រឿងញាប់ញ័រ ប្រាសចាកសរ គឺ តណ្ហា។ ភិក្ខុនោះ មិនត្រូវប្រកាន់ចក្ខុ មិនត្រូវប្រកាន់ក្នុងចក្ខុ មិនត្រូវប្រកាន់អំពីចក្ខុ មិនត្រូវប្រកាន់ថា ចក្ខុរបស់អញឡើយ មិនត្រូវប្រកាន់រូប មិនត្រូវប្រកាន់ក្នុងរូប មិនត្រូវប្រកាន់អំពីរូប មិនត្រូវប្រកាន់ថា រូបរបស់អញឡើយ មិនត្រូវប្រកាន់ចក្ខុវិញ្ញាណ មិនត្រូវប្រកាន់ក្នុងចក្ខុវិញ្ញាណ មិនត្រូវប្រកាន់អំពីចក្ខុវិញ្ញាណ មិនត្រូវប្រកាន់ថា ចក្ខុវិញ្ញាណរបស់អញឡើយ មិនត្រូវប្រកាន់ចក្ខុសម្ផ័ស្ស មិនត្រូវប្រកាន់ ក្នុងចក្ខុសម្ផ័ស្ស មិនត្រូវប្រកាន់អំពីចក្ខុសម្ផ័ស្ស មិនត្រូវប្រកាន់ថា ចក្ខុសម្ផ័ស្សរបស់អញឡើយ វេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនទុក្ខមិនសុខក្តី ដែលកើតឡើង ព្រោះចក្ខុសម្ផ័ស្សជាបច្ច័យ ក៏មិនត្រូវប្រកាន់វេទនានោះ មិនត្រូវប្រកាន់ ក្នុងវេទនានោះ មិនត្រូវប្រកាន់អំពីវេទនានោះ មិនត្រូវប្រកាន់ថា វេទនានោះ របស់អញឡើយ។ មិនត្រូវប្រកាន់ សោតៈ។ មិនត្រូវប្រកាន់ឃានៈ។ មិនត្រូវប្រកាន់ជិវ្ហា មិនត្រូវប្រកាន់ក្នុងជិវ្ហា មិនត្រូវប្រកាន់ អំពីជិវ្ហា មិនត្រូវប្រកាន់ថា ជិវ្ហារបស់អញឡើយ មិនត្រូវប្រកាន់រស មិនត្រូវប្រកាន់ជិវ្ហាវិញ្ញាណ មិនត្រូវប្រកាន់ជិវ្ហាសម្ផ័ស្ស វេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនមែនទុក្ខមិនមែនសុខក្តី ដែលកើតឡើង ព្រោះជិវ្ហាសម្ផ័ស្សជាបច្ច័យ ក៏មិនត្រូវប្រកាន់វេទនានោះ មិនត្រូវប្រកាន់ ក្នុងវេទនានោះ មិនត្រូវប្រកាន់អំពីវេទនានោះ មិនត្រូវប្រកាន់ថា វេទនានោះ របស់អញឡើយ។ មិនត្រូវប្រកាន់កាយ។ មិនត្រូវប្រកាន់មនោ មិនត្រូវប្រកាន់ក្នុងមនោ មិនត្រូវប្រកាន់អំពីមនោ មិនត្រូវប្រកាន់ថា មនោរបស់អញឡើយ មិនត្រូវប្រកាន់ធម៌ មនោវិញ្ញាណ មនោសម្ផ័ស្ស វេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនទុក្ខមិនសុខក្តី ដែលកើតឡើង ព្រោះមនោសម្ផ័ស្សជាបច្ខ័យ ក៏មិនត្រូវប្រកាន់វេទនានោះ មិនត្រូវប្រកាន់ ក្នុងវេទនានោះ មិនត្រូវប្រកាន់អំពីរវេទនានោះ មិនត្រូវប្រកាន់ថា វេទនានោះ របស់អញឡើយ។ មិនត្រូវប្រកាន់វត្ថុទាំងពួង មិនត្រូវប្រកាន់ក្នុងវត្ថុ ទាំងពួង មិនត្រូវប្រកាន់អំពីវត្ថុទាំងពួង មិនត្រូវប្រកាន់ថា វត្ថុទាំងពួង របស់អញឡើយ។ កាលភិក្ខុនោះ មិនប្រកាន់យ៉ាងនេះ រមែងមិនកួចកាន់ នូវរបស់បន្តិចបន្តួចក្នុងលោក កាលបើមិនកួចកាន់ រមែងមិនតក់ស្លុត កាលបើមិនតក់ស្លុត រមែងរលត់កិលេស ចំពោះខ្លួនឯង ហើយដឹងច្បាស់ថា ជាតិអស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញ បានប្រព្រឹត្តគ្រប់គ្រាន់ហើយ សោឡសកិច្ច អាត្មាអញ បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។

ចប់សូត្រ ទី៧។

(ទុតិយឯជា)សូត្រ ទី៨

(៨. ទុតិយឯជាសុត្តំ)

[១២០] ម្នាលភិក្ខុទាំងឡាយ តណ្ហាជារោគ តណ្ហាជាបូស តណ្ហាជាសរ។ ម្នាល ភិក្ខុទាំងឡាយ ព្រោះហេតុនោះ ក្នុងលោកនេះ តថាគត មិនមានតណ្ហា ជាគ្រឿងញាប់ញ័រ ប្រាសចាកសរ គឺតណ្ហាហើយ។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុដូច្នោះ ក្នុងសាសនានេះ ប្រសិនបើភិក្ខុប្រាថ្នាថា សូមឲ្យអាត្មាអញ មិនមានតណ្ហា ជាគ្រឿងញាប់ញ័រ ប្រាសចាកសរ គឺតណ្ហា។ ភិក្ខុមិនត្រូវប្រកាន់ចក្ខុ មិនត្រូវប្រកាន់ក្នុងចក្ខុ មិនត្រូវប្រកាន់អំពីចក្ខុ មិនត្រូវប្រកាន់ថា ចក្ខុរបស់អញឡើយ មិនត្រូវប្រកាន់រូប ចក្ខុវិញ្ញាណ ចក្ខុសម្ផ័ស្ស វេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនទុក្ខមិនសុខក្តី ដែលកើតឡើង ព្រោះចក្ខុសម្ផ័ស្សជាបច្ច័យ ក៏មិនត្រូវប្រកាន់វេទនានោះ មិនត្រូវប្រកាន់ ក្នុងវេទនានោះ មិនត្រូវប្រកាន់អំពីវេទនានោះ មិនត្រូវប្រកាន់ថា វេទនានោះ របស់អញឡើយ។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា ភិក្ខុប្រកាន់របស់ណា ប្រកាន់ក្នុងរបស់ណា ប្រកាន់អំពីរបស់ណា ប្រកាន់ថា របស់ណារបស់អញ របស់នោះ រមែងប្រែប្រួល ចាករបស់នោះ ព្រោះសត្វក្នុងភព តែងប្រែប្រួលជានិច្ច តែសត្វលោក នៅតែត្រេកអរនឹងភពដដែល។បេ។ មិនត្រូវប្រកាន់ជិវ្ហា មិនត្រូវប្រកាន់ក្នុងជិវ្ហា មិនត្រូវប្រកាន់អំពីជិវ្ហា មិនត្រូវប្រកាន់ថា ជិវ្ហារបស់អញឡើយ មិនត្រូវប្រកាន់រស ជិវ្ហាវិញ្ញាណ ជិវ្ហាសម្ផ័ស្ស វេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនជាទុក្ខមិនជាសុខក្តី ដែលកើតឡើង ព្រោះជិវ្ហាសម្ផ័ស្សជាបច្ច័យ ក៏មិនត្រូវប្រកាន់វេទនានោះ មិនត្រូវប្រកាន់ក្នុងវេទនានោះ មិនត្រូវប្រកាន់អំពីវេទនានោះ មិនត្រូវប្រកាន់ថា វេទនានោះរបស់អញឡើយ។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា ភិក្ខុប្រកាន់របស់ណា ប្រកាន់ក្នុងរបស់ណា ប្រកាន់អំពីរបស់ណា ប្រកាន់ថា របស់ណារបស់អញ របស់នោះ ក៏តែងប្រែប្រួល ចាករបស់នោះ ព្រោះសត្វក្នុងភព រមែងប្រែប្រួលជាប្រក្រតី តែសត្វលោក នៅតែត្រេកអរនឹងភពដដែល។បេ។ មិនត្រូវប្រកាន់មនោ មិនត្រូវប្រកាន់ក្នុងមនោ មិនត្រូវប្រកាន់អំពីមនោ មិនត្រូវប្រកាន់ថា មនោរបស់អញឡើយ មិនត្រូវប្រកាន់ធម៌ មនោវិញ្ញាណ មនោសម្ផ័ស្ស វេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនទុក្ខមិនសុខក្តី ដែលកើតឡើង ព្រោះមនោសម្ផ័ស្សជាបច្ច័យ ក៏មិនត្រូវប្រកាន់វេទនានោះ មិនត្រូវប្រកាន់ក្នុងវេទនានោះ មិនត្រូវប្រកាន់អំពីវេទនានោះ មិនត្រូវប្រកាន់ថា វេទនានោះ របស់អញឡើយ។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា ភិក្ខុប្រកាន់របស់ណា ប្រកាន់ក្នុងរបស់ណា ប្រកាន់អំពីរបស់ណា ប្រកាន់ថា របស់ណារបស់អញ របស់នោះ ក៏រមែងប្រែប្រួលចាករបស់នោះ ព្រោះសត្វក្នុងភព តែងប្រែប្រួលជាប្រក្រតី តែសត្វលោក នៅតែត្រេកអរនឹងភពដដែល។ ម្នាលភិក្ខុទាំងឡាយ ខន្ធ ធាតុ អាយតនៈ ទាំងប៉ុន្មាន ភិក្ខុមិនត្រូវប្រកាន់ខន្ធ ធាតុ អាយតនៈនោះ មិនត្រូវប្រកាន់ក្នុងខន្ធ ធាតុ អាយតនៈនោះ មិនត្រូវប្រកាន់អំពីខន្ធ ធាតុ អាយតនៈនោះ មិនត្រូវប្រកាន់ថា ខន្ធ ធាតុ អយតនៈនោះ របស់អញឡើយ។ ភិក្ខុនោះ កាលបើមិនប្រកាន់យ៉ាងនេះ រមែងមិនកួចកាន់អ្វីបន្តិចបន្តួច ក្នុងលោក កាលបើមិនកួចកាន់ រមែងមិនតក់ស្លុត កាលបើមិនតក់ស្លុត រមែងរលត់កិលេស ចំពោះខ្លួនឯង ដឹងច្បាស់ថា ជាតិអស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញ បានប្រព្រឹត្តគ្រប់គ្រាន់ហើយ សោឡសកិច្ច អាត្មាអញ បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ច នេះទៀត មិនមានឡើយ។

ចប់សូត្រ ទី៨។

(បឋមទ្វយ)សូត្រ ទី៩

(៩. បឋមទ្វយសុត្តំ)

[១២១] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសម្តែងធម្មជាតជាគូៗ ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរចាំស្តាប់ធម្មជាតនោះចុះ។ ម្នាលភិក្ខុទាំងឡាយ ធម្មជាត ជាគូៗ តើដូចម្តេចខ្លះ គឺភ្នែក និងរូប ត្រចៀក និងសំឡេង ច្រមុះ និងក្លិន អណ្តាត និងរស កាយ និងផ្សព្វ ចិត្ត និងធម៌ ម្នាលភិក្ខុទាំងឡាយ នេះឯង ហៅថា ធម្មជាត ជាគូៗ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលណា និយាយយ៉ាងនេះថា ខ្ញុំនឹងបដិសេធ នូវធម្មជាតជាគូៗ នុ៎ះចេញ ហើយបញ្ញត្តធម្មជាត ជាគូៗ ឯទៀតវិញបាន។ ពាក្យរបស់បុគ្គលនោះ គ្រាន់តែជាហេតុប៉ុណ្ណោះឯង តែបុគ្គលនោះ កាលបើគេសួរហើយ មុខជាដោះស្រាយមិនរួចផង ដល់នូវសេចក្តីចង្អៀតចង្អល់ចិត្តផង។ ដំណើរនោះ ព្រោះហេតុដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ព្រោះការណ៍នោះ ហួសវិស័យ។

ចប់សូត្រ ទី៩។

(ទុតិយទ្វយ)សូត្រ ទី១០

(១០. ទុតិយទ្វយសុត្តំ)

[១២២] ម្នាលភិក្ខុទាំងឡាយ វិញ្ញាណអាស្រ័យអារម្មណ៍ជាគូៗ ទើបកើតបាន។ ម្នាលភិក្ខុទាំងឡាយ វិញ្ញាណអាស្រ័យអារម្មណ៍ជាគូៗ ទើបកើតបាន តើដូចម្តេចខ្លះ។ គឺ ចក្ខុវិញ្ញាណ កើតឡើង ព្រោះអាស្រ័យចក្ខុ និងរូប ចក្ខុមិនទៀង មានសេចក្តីប្រែប្រួល មានវិបត្តិផ្សេងៗ រូបមិនទៀង មានសេចក្តីប្រែប្រួល មានវិបត្តិផ្សេងៗ កាលបើយ៉ាងនេះ ធម្មជាតជាគូៗនុ៎ះ ជាវត្ថុញាប់ញ័រផង ឈឺចាប់ផង មិនទៀង មានសេចក្តីប្រែប្រួល មានវិបត្តិផ្សេងៗ ចក្ខុវិញ្ញាណ មិនទៀង មានសេចក្តីប្រែប្រួល មានវិបត្តិផ្សេងៗ។ ទុកជាហេតុណា បច្ច័យណា នាំឲ្យកើតចក្ខុវិញ្ញាណ ហេតុនោះ បច្ច័យនោះ ក៏មិនទៀង មានសេចក្តីប្រែប្រួល មានវិបត្តិផ្សេងៗ។ ម្នាលភិក្ខុទាំងឡាយ គួរចាប់ភ្លឹកថា ចក្ខុវិញ្ញាណកើតឡើង ព្រោះអាស្រ័យបច្ច័យ ដែលមិនទៀងទៅហើយ តើនឹងបាន ទៀងទាត់មកពីណា។ ម្នាលភិក្ខុទាំងឡាយ ការជួបជុំ សន្និបាត សមាគម នៃធម៌ទាំង ៣ នេះ ម្នាលភិក្ខុទាំងឡាយ នេះហៅថាចក្ខុសម្ផ័ស្ស។

[១២៣] សូម្បីចក្ខុសម្ផ័ស្ស ក៏មិនទៀង មានសេចក្តីប្រែប្រួល មានវិបត្តិផ្សេងៗ។ ទុកជាហេតុណា បច្ច័យណា ដែលនាំឲ្យកើតចក្ខុសម្ផ័ស្ស ហេតុនោះ បច្ច័យនោះ ក៏មិនទៀង មានសេចក្តីប្រែប្រួល មានវិបត្តិផ្សេងៗ។ ម្នាលភិក្ខុទាំងឡាយ គួរកត់សំគាល់ថា ចក្ខុសម្ផ័ស្សកើតឡើង ព្រោះអាស្រ័យបច្ច័យ មិនទៀងទៅហើយ តើនឹងបានទៀងទាត់មកពីណា។ ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលអារម្មណ៍ពាល់ត្រូវហើយ រមែងដឹងច្បាស់ ដែលអារម្មណ៍ពាល់ត្រូវហើយ រមែងគិត ដែលអារម្មណ៍ពាល់ត្រូវហើយ រមែងចាំបាន កាលបើយ៉ាងនេះ ធម៌ទាំងនោះឯង ជាវត្ថុញាប់ញ័រផង ឈឺចាប់ផង មិនទៀង មានសេចក្តីប្រែប្រួល មានវិបត្តិផ្សេងៗ។បេ។ ជិវ្ហាវិញ្ញាណកើតឡើង ព្រោះអាស្រ័យជិវ្ហា និងរស ជិវ្ហាមិនទៀង មានសេចក្តីប្រែប្រួល មានវិបត្តិផ្សេងៗ រសក៏មិនទៀង មានសេចក្តីប្រែប្រួល មានវិបត្តិផ្សេងៗ កាលបើយ៉ាងនេះ ធម្មជាតជាគូៗនុ៎ះ ជាវត្ថុញាប់ញ័រផង ឈឺចាប់ផង មិនទៀង មានសេចក្តីប្រែប្រួល មានវិបត្តិផ្សេងៗ ជិវ្ហាវិញ្ញាណ មិនទៀង មានសេចក្តីប្រែប្រួល មានវិបត្តិផ្សេងៗ។ ទុកជាហេតុណា បច្ច័យណា ដែលនាំឲ្យកើតជិវ្ហាវិញ្ញាណ ហេតុនោះ បច្ច័យនោះ ក៏មិនទៀង មានសេចក្តីប្រែប្រួល មានវិបត្តិផ្សេងៗ។ ម្នាលភិក្ខុទាំងឡាយ គួរឲ្យយល់ថា ជិវ្ហាវិញ្ញាណកើតឡើង ព្រោះអាស្រ័យបច្ច័យ មិនទៀងទៅហើយ តើនឹងបានទៀងទាត់មកពីណា។ ម្នាលភិក្ខុទាំងឡាយ ការជួបជុំ សន្និបាត សមាគម នៃធម៌ទាំង ៣ នេះ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ជិវ្ហាសម្ផ័ស្ស។

[១២៤] ជិវ្ហាសម្ផ័ស្ស មិនទៀង មានសេចក្តីប្រែប្រួល មានវិបត្តិផ្សេងៗ។ ទុកជា ហេតុណា បច្ច័យណា ដែលនាំឲ្យកើតជិវ្ហាសម្ផ័ស្ស ហេតុនោះ បច្ច័យនោះ ក៏មិនទៀង មានសេចក្តីប្រែប្រួល មានវិបត្តិផ្សេងៗដែរ។ ម្នាលភិក្ខុទាំងឡាយ គួរចាំទុកថា ជិវ្ហាសម្ផ័ស្ស កើតឡើង ព្រោះអាស្រ័យបច្ច័យ មិនទៀងទៅហើយ តើនឹងបានទៀងទាត់ មកពីណា។ ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលអារម្មណ៍ពាល់ត្រូវហើយ រមែងដឹងច្បាស់ ដែលអារម្មណ៍ពាល់ត្រូវហើយ រមែងគិត ដែលអារម្មណ៍ពាល់ត្រូវហើយ រមែងចាំបាន កាលបើយ៉ាងនេះ ធម៌ទាំងនោះឯង ជាវត្ថុញាប់ញ័រផង ឈឺចាប់ផង មិនទៀង មានសេចក្តីប្រែប្រួល មានវិបត្តិផ្សេងៗ។បេ។ មនោវិញ្ញាណ កើតឡើង ព្រោះអាស្រ័យមនោ និងធម៌ មនោមិនទៀង មានសេចក្តីប្រែប្រួល មានវិបត្តិផ្សេងៗ ធម៌មិនទៀង មានសេចក្តីប្រែប្រួល មានវិបត្តិផ្សេងៗ កាលបើយ៉ានេះ ធម្មជាតជាគូៗ នុ៎ះ ជាវត្ថុញាប់ញ័រផង ឈឺចាប់ផង មិនទៀង មានសេចក្តីប្រែប្រួល មានវិបត្តិផ្សេងៗ មនោវិញ្ញាណមិនទៀង មានសេចក្តីប្រែប្រួល មានវិបត្តិផ្សេងៗ។ ទុកជាហេតុណា បច្ច័យណា ដែលនាំឲ្យកើតមនោវិញ្ញាណ ហេតុនោះ បច្ច័យនោះ ក៏មិនទៀង មានសេចក្តី ប្រែប្រួល មានវិបត្តិផ្សេងៗដែរ។ ម្នាលភិក្ខុទាំងឡាយ គួរចូលចិត្តថា មនោវិញ្ញាណ កើតឡើង ព្រោះអាស្រ័យបច្ច័យ មិនទៀងទៅហើយ តើនឹងបានទៀងទាត់មកពីណា។ ម្នាលភិក្ខុទាំងឡាយ ការជួបជុំ សន្និបាត សមាគម នៃធម៌ទាំង ៣ នេះ ម្នាលភិក្ខុទាំងឡាយ នេះហៅថា មនោសម្ផ័ស្ស។

[១២៥] មនោសម្ផ័ស្សមិនទៀង មានសេចក្តីប្រែប្រួល មានវិបត្តិផ្សែងៗ។ ទុកជាហេតុណា បច្ច័យណា ដែលនាំឲ្យកើតមនោសម្ផ័ស្ស ហេតុនោះ បច្ច័យនោះ ក៏មិនទៀង មានសេចក្តីប្រែប្រួល មានវិបត្តិផ្សេងៗដែរ។ ម្នាលភិក្ខុទាំងឡាយ ត្រូវសង្កេតថា បើមនោសម្ផ័ស្ស កើតឡើង ព្រោះអាស្រ័យបច្ច័យ មិនទៀងទៅហើយ តើនឹងបានទៀងទាត់ មកពីណា។ ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលអារម្មណ៍ពាល់ត្រូវហើយ រមែងដឹងច្បាស់ ដែលអារម្មណ៍ពាល់ត្រូវហើយ រមែងគិត ដែលអារម្មណ៍ពាល់ត្រូវហើយ រមែងចាំបាន កាលបើយ៉ាងនេះ ធម៌ទាំងនោះឯង ជាវត្ថុញាប់ញ័រផង ឈឺចាប់ផង មិនទៀង មានសេចក្តីប្រែប្រួល មានវិបត្តិផ្សេងៗដែរ។ ម្នាលភិក្ខុទាំងឡាយ មនោវិញ្ញាណ អាស្រ័យអារម្មណ៍ ជាគូៗ ទើបកើតបាន យ៉ាងនេះឯង។

ចប់សូត្រ ទី១០។

ចប់ ឆន្នវគ្គ ទី៤។

ឧទ្ទាននៃឆន្នវគ្គនោះ គឺ

និយាយអំពីលោកបែកធ្លាយ ១ លោកសូន្យ ១ ធម៌សង្ខេប ១ ឆន្នត្ថេរ ១ បុណ្ណត្ថេរ ១ ពាហិយត្ថេរ ១ តណ្ហា ជាគ្រឿងញាប់ញ័រ មាន ២ លើក ធម្មជាតជាគូៗ មាន ២ លើក។

ឆឡវគ្គ ទី៥(១០)

(១០. សឡវគ្គោ)

(អទន្តអគុត្ត)សូត្រ ទី១

(១. អទន្តអគុត្តសុត្តំ)

[១២៦] ម្នាលភិក្ខុទាំងឡាយ ហេតុឲ្យកើតផស្សៈទាំង ៦ នេះ ដែលបុគ្គលមិនទូន្មាន មិនគ្រប់គ្រង មិនរក្សា មិនសង្រួមហើយ តែងនាំមកនូវទុក្ខ ដ៏ក្រៃលែង។ ហេតុឲ្យកើតផស្សៈ ទាំង ៦ តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ចក្ខុ ជាហេតុឲ្យកើតផស្សៈ ដែលបុគ្គលមិនបានទូន្មាន មិនបានគ្រប់គ្រង មិនបានរក្សា មិនបានសង្រួមហើយ តែងនាំមក នូវទុក្ខដ៏ក្រៃលែង។បេ។ ម្នាលភិក្ខុទាំងឡាយ ជិវ្ហា ជាហេតុឲ្យកើតផស្សៈ ដែលបុគ្គលមិនបានទូន្មាន មិនបានគ្រប់គ្រង មិនបានរក្សា មិនបានសង្រួមហើយ តែងនាំមក នូវទុក្ខដ៏ក្រៃលែង។បេ។ ម្នាលភិក្ខុទាំងឡាយ មនោ ជាហេតុឲ្យកើតផស្សៈ ដែលបុគ្គលមិនបានទូន្មាន មិនបានគ្រប់គ្រង មិនបានរក្សា មិនបានសង្រួមហើយ តែងនាំមក នូវទុក្ខដ៏ក្រៃលែង។ ម្នាលភិក្ខុទាំងឡាយ នេះឯង ជាហេតុឲ្យកើតផស្សៈ ទាំង ៦ ដែលបុគ្គលមិនបានទូន្មាន មិនបានគ្រប់គ្រង មិនបានរក្សា មិនបានសង្រួមហើយ តែងនាំមក នូវទុក្ខដ៏ក្រៃលែង។

[១២៧] ម្នាលភិក្ខុទាំងឡាយ ហេតុឲ្យកើតផស្សៈ ទាំង ៦ នេះ ដែលបុគ្គលទូន្មានល្អ គ្រប់គ្រងល្អ រក្សាល្អ សង្រួមល្អហើយ តែងនាំមក នូវសេចក្តីសុខ ដ៏ក្រៃលែង។ ហេតុឲ្យកើត ផស្សៈទាំង ៦ តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ចក្ខុជាហេតុឲ្យកើតផស្សៈ ដែលបុគ្គលទូន្មានល្អ គ្រប់គ្រងល្អ រក្សាល្អ សង្រួមល្អហើយ តែងនាំមកនូវសេចក្តីសុខ ដ៏ក្រៃលែង។បេ។ ម្នាលភិក្ខុទាំងឡាយ ជិវ្ហា ជាហេតុឲ្យកើតផស្សៈ ដែលបុគ្គលទូន្មានល្អ គ្រប់គ្រងល្អ រក្សាល្អ សង្រួមល្អហើយ តែងនាំមក នូវសេចក្តីសុខ ដ៏ក្រៃលែង។បេ។ ម្នាលភិក្ខុទាំងឡាយ មនោជា ហេតុឲ្យកើតផស្សៈ ដែលបុគ្គលទូន្មានល្អ គ្រប់គ្រងល្អ រក្សាល្អ សង្រួមល្អហើយ តែងនាំមក នូវសេចក្តីសុខ ដ៏ក្រៃលែង។ ម្នាលភិក្ខុទាំងឡាយ នេះឯងជាហេតុឲ្យកើតផស្សៈ ទាំង ៦ ដែលបុគ្គលទូន្មានល្អ គ្រប់គ្រងល្អ រក្សាល្អ សង្រួមល្អហើយ តែងនាំមក នូវសេចក្តីសុខ ដ៏ក្រៃលែង។ ព្រះមានព្រះភាគ ទ្រង់ត្រាស់សេចក្តីនេះចប់ហើយ។បេ។ ទើបព្រះសាស្ត្រា ត្រាស់សេចក្តីនេះថា

[១២៨] ម្នាលភិក្ខុទាំងឡាយ បុគ្គល មិនសង្រួមក្នុងផស្សាយតនៈ ទាំង ៦ ណា រមែងដល់នូវសេចក្តីទុក្ខ ពួកបុគ្គលណា បានសង្រួមនូវផស្សាយតនៈ ទាំង ៦ នោះហើយ ពួកបុគ្គលនោះ ឈ្មោះថា មានសទ្ធាជាគម្រប់ពីរ កំចាត់បង់នូវកិលេស មានចិត្ត មិនបានទទឹកដោយរាគៈ។ បុគ្គល ឃើញរូបជាទីពេញចិត្ត ឬឃើញរូប ដែលមិនជាទីពេញចិត្ត ហើយត្រូវបន្ទោបង់ នូវផ្លូវតម្រេក ក្នុងរូបដែលជាទីពេញចិត្ត ទាំងមិនត្រូវទោមនស្សថា អារម្មណ៍នេះ អញមិនស្រលាញ់ ដូច្នេះឡើយ។ ឮនូវអារម្មណ៍ទី ២ គឺ សំឡេងដែលគួរ ស្រលាញ់ និងគួរស្អប់ ហើយមិនត្រូវងប់ចិត្ត ក្នុងសំឡេង ដែលគួរស្រលាញ់ បន្ទោបង់នូវទោស ក្នុងសំឡេង ដែលគួរស្រលាញ់ ទាំងមិនត្រូវទោមនស្សថា អារម្មណ៍នេះ អញមិនស្រលាញ់ឡើយ។ ធុំក្លិនក្រអូប គួរពេញចិត្ត ឬធុំក្លិនស្អុយ មិនគួរត្រេកអរហើយ ត្រូវបន្ទោបង់ នូវការចង្អៀតចង្អល់ចិត្ត ក្នុងក្លិនដែលមិនគួរត្រេកអរ ទាំងមិនត្រូវបណ្តោយ ទៅតាមសេចក្តីពេញចិត្ត ក្នុងក្លិនដែលគួរត្រេកអរឡើយ។ បរិភោគរសឆ្ងាញ់បន្តិច ៗក្តី ឬបរិភោគរស ដែលមិនឆ្ងាញ់សោះក្តី ក្នុងកាលម្តង ៗ ហើយ មិនត្រូវជាប់ចិត្តបរិភោគតែរស ដែលឆ្ងាញ់ ទាំងមិនត្រូវទោមនស្ស នឹងរសដែលស្អប់ ដែលមិនឆ្ងាញ់ឡើយ។ បុគ្គលដែលត្រូវផស្សៈជាសុខ ប៉ះពាល់ហើយ មិនត្រូវស្រវឹងទេ ទោះត្រូវផស្សៈជាទុក្ខ ប៉ះពាល់ហើយ ក៏មិនត្រូវរំភើបដែរ ត្រូវតែព្រងើយកន្តើយ នឹងផស្សៈទាំង ២ គឺសុខ និងទុក្ខ ទាំងមិនត្រូវស្រលាញ់ មិនត្រូវស្អប់ផស្សៈណាមួយឡើយ។ ពួកសត្វ ថោកទាប តែងមានសេចក្តីសំគាល់ ក្នុងធម៌ដ៏យឺតយូរ ពួកសត្វមានសញ្ញា ត្រេកអរ នឹងធម៌យឺតយូរ រមែងងាកទៅរក ( វដ្តៈ ) បុគ្គល បានបន្ទោបង់ចិត្តទាំងអស់ ដែលអាស្រ័យនៅផ្ទះ គឺ បញ្ចកាមគុណ ដែលសម្រេចអំពីចិត្ត តែងប្រព្រឹត្តនូវចិត្ត ដែលអាស្រ័យនឹងនេក្ខម្មៈ។ កាលណាបុគ្គល បានចម្រើនចិត្ត ក្នុងអារម្មណ៍ ទាំង ៦ ដោយប្រពៃ យ៉ាងនេះហើយ បុគ្គលនោះឯង ទោះបីសុខសម្ផ័ស្សពាល់ត្រូវ ចិត្តក៏មិនរន្ធត់ ក្នុងកាលម្តងឡើយ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរគ្របសង្កត់នូវរាគៈ ទោសៈនោះ ចូរទៅឲ្យដល់ត្រើយ នៃជាតិ និងមរណៈ គឺព្រះនិញ្វនចុះ។

ចប់សូត្រ ទី១។

(មាលុក្យបុត្ត)សូត្រ ទី២

(២. មាលុក្យបុត្តសុត្តំ)

[១២៩] លំដាប់នោះឯង ព្រះមាលុក្យបុត្តមានអាយុ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានចិត្តបញ្ចូនទៅកាន់ព្រះនិញ្វន បានចូលទៅគាល់ព្រះមានព្រះភាគ។បេ។ លុះព្រះមាលុក្យបុត្តមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ទើបក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះមានព្រះភាគ សម្តែងធម៌ ដោយសង្ខេប ដល់ខ្ញុំព្រះអង្គ ខ្ញុំព្រះអង្គ បានស្តាប់ធម៌ របស់ព្រះមានព្រះភាគហើយ នឹងជាបុគ្គលម្នាក់ឯង គេចចេញអំពីពួក ជាអ្នកមិនប្រមាទ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិញ្វនបាន។ ម្នាលមាលុក្យបុត្ត អម្បាលប្រហែលអ្នក ជាមនុស្សជរា មានអាយុចម្រើនហើយ ចាស់កន្លងបឋមវ័យ ចូលស៊ប់ក្នុងបច្ឆិមវ័យហើយ ទើបនឹងសូមឱវាទដោយសង្ខេប ក្នុងកាលឥឡូវនេះ តើនឹងឲ្យ តថាគត និយាយនឹងពួកភិក្ខុកម្លោះ ដូចម្តេច ក្នុងការសូមឱវាទនុ៎ះ។

[១៣០] សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គ ជាមនុស្សគ្រាំគ្រា មានអាយុចម្រើនហើយ ចាស់កន្លងបមវ័យហើយ ចូលស៊ប់ក្នុងបច្ឆិមវ័យ ក៏មែនពិត។ បពិត្រព្រះអង្គដ៏ចម្រើន តែសូមព្រះមានព្រះភាគ សម្តែងធម៌ដោយសង្ខេប សូមព្រះសុគត សម្តែងធម៌ ដោយសង្ខេប ដល់ខ្ញុំព្រះអង្គឲ្យទាន ធ្វើដូចម្តេច ឲ្យតែខ្ញុំព្រះអង្គ បានយល់សេចក្តីភាសិត របស់ព្រះមានព្រះភាគ ធ្វើដូចម្តេច ឲ្យតែខ្ញុំព្រះអង្គ បានជាទាយាទ ( អ្នកទទួលមត៌ក ) នៃភាសិត របស់ព្រះមានព្រះភាគ ឲ្យទាន។ ម្នាលមាលុក្យបុត្ត អ្នកសំគាល់សេចក្តីនោះ ដូចម្តេច រូបត្រូវដឹងដោយចក្ខុ ដែលបុគ្គលមិនដែលឃើញ មិនធ្លាប់ឃើញ អ្នកក៏មិនបានឃើញ ទាំងមិនដែលមានគំនិតថា អាត្មាអញ ត្រូវតែឃើញ ដូច្នេះឡើយ តើអ្នកមានសេចក្តីពេញចិត្ត ឬមានតម្រេក ឬក៏មានសេចក្តីស្រលាញ់ ក្នុងរូបនោះដែរឬ។ មិនមានទេ ព្រះអង្គ។ សំឡេង ត្រូវដឹងដោយត្រចៀក ដែលបុគ្គលមិនដែលឮ មិនធ្លាប់ឮ អ្នកក៏មិនបានឮ ទាំងមិនដែលមានគំនិតថា អាត្មាអញ ត្រូវតែឮដូច្នេះឡើយ តើអ្នកមាន សេចក្តីពេញចិត្ត ឬមានតម្រេក ឬក៏មានសេចក្តីស្រលាញ់ ក្នុងសំឡេងនោះ ដែរឬ។ មិន មានទេ ព្រះអង្គ។ ក្លិន ត្រូវដឹងដោយច្រមុះ ដែលបុគ្គល មិនដែលធុំ មិនធ្លាប់ធុំ អ្នកក៏មិនបានធុំ ទាំងមិនដែលមានគំនិតថា អាត្មាអញ ត្រូវតែធុំដូច្នេះឡើយ តើអ្នកមាន។បេ។ ក្នុងក្លិននោះដែរឬ។ រស ត្រូវដឹងដោយអណ្តាត ដែលបុគ្គលមិនដែលលិទ្ធភ្លក្ស មិនធ្លាប់លិទ្ធភ្លក្ស អ្នកក៏មិនបានលិទ្ធភ្លក្ស ទាំងមិនដែលមានគំនិតថា អាត្មាអញ ត្រូវតែលិទ្ធភ្លក្សដូច្នេះឡើយ តើអ្នកមាន។បេ។ ក្នុងរសនោះដែរឬ។ ផ្សព្វ ត្រូវដឹងដោយកាយ ដែលបុគ្គលមិនដែលពាល់ មិនធ្លាប់ពាល់ អ្នកក៏មិនបានពាល់ ទាំងមិនដែលមានគំនិតថា អាត្មាអញ ត្រូវតែពាល់ដូច្នេះឡើយ តើអ្នកមាន។ បេ។ ក្នុងផ្សព្វនោះដែរឬ។ ធម៌ដែលត្រូវដឹងដោយចិត្ត ដែលបុគ្គលមិនដែលដឹង មិនធ្លាប់ដឹង អ្នកក៏មិនបានដឹង ទាំងមិនដែលមានគំនិតថា អាត្មាអញ ត្រូវតែដឹងដូច្នេះឡើយ តើអ្នកមានសេចក្តីពេញចិត្ត ឬមានតម្រេក ឬក៏មានសេចក្តីស្រលាញ់ ក្នុងធម៌នោះដែរឬ។ មិនមានទេ ព្រះអង្គ។

[១៣១] ម្នាលមាលុក្យបុត្ត បណ្តាធម៌ដែលត្រូវឃើញ ត្រូវឮ ត្រូវហិត ត្រូវដឹងច្បាស់ ក្នុងរឿងនុ៎ះ អ្នកនឹងមានត្រឹមតែការឃើញ ចំពោះរូបដែលឃើញហើយ ត្រឹមតែការឮ ចំពោះសំឡេងដែលឮហើយ ត្រឹមតែការហិត ចំពោះក្លិនដែលហិតហើយ ត្រឹមតែការដឹងច្បាស់ ចំពោះធម៌ ដែលដឹងច្បាស់ហើយ។ ម្នាលមាលុក្យបុត្ត បណ្តាធម៌ ដែលត្រូវឃើញ ត្រូវឮ ត្រូវហិត ត្រូវដឹងច្បាស់ កាលណាអ្នកនឹងមាន ត្រឹមតែការឃើញ ចំពោះរូប ដែលឃើញហើយ ត្រឹមតែការឮ ចំពោះសំឡេងដែលឮហើយ ត្រឹមតែការប៉ះពាល់ចំពោះអារម្មណ៍ ដែលប៉ះពាល់ ហើយ ត្រឹមតែការដឹងច្បាស់ ចំពោះធម៌ ដែលដឹងច្បាស់ហើយ ម្នាលមាលុក្យបុត្ត អ្នកនឹងមិនមានរវល់ ដោយរាគៈ ទោសៈ ឬមោហៈនោះ ក្នុងកាលនោះ ម្នាលមាលុក្យបុត្ត កាលណាអ្នកមិនមានរវល់ ដោយរាគៈ ទោសៈ ឬ មោហៈនោះទេ ម្នាលមាលុក្យបុត្ត អ្នកមុខជានឹងមិនជាប់ជំពាក់ចិត្ត ក្នុង រូបារម្មណ៍ ជាដើមនោះ ក្នុងកាលនោះ ម្នាលមាលុក្យបុត្ត កាលណាអ្នកមិនបានជាប់ចំពាក់ចិត្ត ក្នុងរូបារម្មណ៍ ជាដើម នោះទេ ម្នាលមាលុក្យបុត្ត អ្នកនឹងមិនមានកិច្ចក្នុងលោកនេះ មិនមានក្នុងលោកខាងមុខ មិនមានក្នុងចន្លោះ នៃលោកទាំងពីរ ក្នុងកាលនោះ នេះឯង ជាទីបំផុតនៃទុក្ខ។ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គ យល់សេចក្តី នៃធម៌ដែលព្រះមានព្រះភាគ សម្តែងហើយ ដោយសង្ខេបនេះឯង ដោយពិស្តារបាន។

[១៣២] កាលបើបុគ្គលឃើញរូប ហើយភាន់ស្មារតី ធ្វើទុកក្នុងចិត្ត នូវនិមិត្តឲ្យជាទី ស្រឡាញ់ហើយ រមែងមានចិត្តត្រេកត្រអាលផង នៅឳបក្រសោបអារម្មណ៍នោះផង។ វេទនាច្រើនប្រការ ដែលកើតអំពីរូបារម្មណ៍ រមែងចម្រើន ដល់បុគ្គលនោះ ចិត្តរបស់បុគ្គលនោះ រមែងខ្ទាំងខ្ទប់ ព្រោះអភិជ្ឈា និងវិហេសា កាលដែលបុគ្គលសន្សំតែទុក្ខយ៉ាងនេះ ហៅថា ឆ្ងាយ អំពីព្រះនិព្វាន។ បុគ្គល កាលឮសំឡេង ហើយភាន់ស្មារតី ធ្វើទុកក្នុងចិត្ត នូវនិមិត្ត ឲ្យជាទីស្រឡាញ់ហើយ រមែងមានចិត្តត្រេកត្រអាលផង នៅឳបក្រសោបតែនឹងអារម្មណ៍នោះផង។ វេទនាច្រើនប្រការ ដែលកើតអំពីសទ្ទារម្មណ៍ រមែងចម្រើនដល់បុគ្គលនោះ ចិត្តរបស់បុគ្គលនោះ រមែងខ្ទាំងខ្ទប់ ព្រោះអភិជ្ឈា និងវិហេសា កាលបុគ្គល សន្សំតែទុក្ខយ៉ាងនេះ ហៅថា ឆ្ងាយអំពីព្រះនិព្វាន។ បុគ្គល កាលធុំក្លិន ហើយភាន់ស្មារតី ធ្វើទុកក្នុងចិត្ត នូវនិមិត្ត ឲ្យជាទីស្រឡាញ់ហើយ រមែងមានចិត្តត្រេកត្រអាលផង នៅឳបក្រសោប តែនឹងអារម្មណ៍ នោះផង។ វេទនាច្រើនប្រការ ដែលកើតអំពីគន្ធារម្មណ៍ រមែងចម្រើនដល់បុគ្គលនោះ ចិត្តរបស់ បុគ្គលនោះ រមែងខ្ទាំងខ្ទប់ ព្រោះអភិជ្ឈា និងវិហេសា កាលបើបុគ្គលសន្សំ តែទុក្ខយ៉ាងនេះ ហៅថា ឆ្ងាយអំពីព្រះនិព្វាន។ បុគ្គល កាលបរិភោគរស ហើយភាន់ស្មារតី ធ្វើទុក្ខក្នុងចិត្ត នូវនិមិត្ត ឲ្យជាទីស្រឡាញ់ហើយ រមែងមានចិត្តត្រេកត្រអាលផង នៅឳបក្រសោបតែនឹងអារម្មណ៍ នោះផង។ វេទនាច្រើនប្រការ ដែលកើតអំពីរសារម្មណ៍ ក៏ចម្រើន ដល់បុគ្គលនោះ។បេ។ ហៅថា ឆ្ងាយអំពីព្រះនិព្វាន។ បុគ្គល កាលពាល់ត្រូវ នូវផោដ្ឋព្វៈ ហើយភាន់ស្មារតី ធ្វើទុកក្នុងចិត្ត នូវនិមិត្ត ឲ្យជាទីស្រឡាញ់ហើយ រមែងមានចិត្តត្រេកត្រអាលផង នៅឳបក្រសោបតែនឹងអារម្មណ៍ នោះផង។ វេទនាច្រើនប្រការ ដែលកើតអំពីផោដ្ឋព្វារម្មណ៍ តែងចម្រើនដល់បុគ្គលនោះ។បេ។ ហៅថា ឆ្ងាយអំពីព្រះនិព្វាន។ បុគ្គល កាលដឹងធម្មារម្មណ៍ ហើយភាន់ស្មារតី ធ្វើទុកក្នុងចិត្ត នូវនិមិត្ត ឲ្យជាទីស្រឡាញ់ហើយ រមែងមានចិត្តត្រេកត្រអាលផង នៅឳបក្រសោបតែនឹង អារម្មណ៍នោះផង។ វេទនាច្រើនប្រការ ដែលកើតអំពីធម្មារម្មណ៍ រមែងចម្រើនដល់បុគ្គលនោះ ចិត្តរបស់បុគ្គលនោះ រមែងខ្ទាំងខ្ទប់ ព្រោះអភិជ្ឈា និងវិហេសា កាលបើបុគ្គល សន្សំតែទុក្ខយ៉ាងនេះ ហៅថា ឆ្ងាយអំពីព្រះនិព្វាន។

[១៣៣] បុគ្គលនោះឃើញរូបហើយ ប្រុងស្មារតី មិនត្រេកអរនឹងរូប រមែងមានចិត្ត ប្រាសចាកតម្រេកផង មិននៅឳបក្រសោបតែនឹងអារម្មណ៍នោះផង។ កាលបុគ្គលនោះ ឃើញ រូប ហើយទទួលនូវលោកុត្តរវេទនា ទុក្ខរមែងអស់ទៅ មិនសន្សំទុក្ខយ៉ាងណា បុគ្គលនោះ ក៏មានស្មារតីប្រព្រឹត្តយ៉ាងនោះ កាលបើបុគ្គល មិនសន្សំទុក្ខយ៉ាងនេះ ហៅថា បានជិតព្រះនិព្វាន។ បុគ្គលនោះ ឮសំឡេង ហើយប្រុងស្មារតី មិនត្រេកអរនឹងសំឡេង រមែងមានចិត្តប្រាសចាកតម្រេកផង មិននៅឳបក្រសោបតែនឹងអារម្មណ៍នោះផង។ កាលបុគ្គលនោះ ឮសំឡេង ហើយទទួលនូវលោកុត្តរវេទនា ទុក្ខរមែងអស់ទៅ មិនសន្សំទុក្ខយ៉ាងណា បុគ្គលនោះ ក៏មានស្មារតី ប្រព្រឹត្តយ៉ាងនោះ កាលបុគ្គល មិនសន្សំទុក្ខយ៉ាងនេះ ហៅថា បានជិតព្រះនិព្វាន។ បុគ្គលនោះ ធុំក្លិន ហើយប្រុងស្មារតី មិនត្រេកអរនឹងក្លិន រមែងមានចិត្តប្រាសចាកតម្រេកផង មិននៅឳបក្រសោបតែនឹងអារម្មណ៍នោះផង។ កាលបុគ្គលនោះ ធុំក្លិន ហើយទទួលនូវលោកុត្តរវេទនា ទុក្ខ រមែងអស់ទៅ មិនសន្សំទុក្ខយ៉ាងណា បុគ្គលនោះ ក៏មានស្មារតី ប្រព្រឹត្តយ៉ាងនោះ កាលបើបុគ្គល មិនសន្សំនូវទុក្ខ យ៉ាងនេះ ហៅថា បានជិតព្រះនិព្វាន។ បុគ្គលនោះ បរិភោគរស ហើយប្រុងស្មារតី មិនត្រេកអរនឹងរស រមែងមានចិត្តប្រាសចាកតម្រេកផង មិននៅឳបក្រសោបតែនឹងអារម្មណ៍នោះផង។ កាលបុគ្គលនោះ លិទ្ធភ្លក្សរស ហើយទទួលនូវលោកុត្តរវេទនា។បេ។ ហៅថា បានជិតព្រះនិព្វាន។ បុគ្គលនោះ ពាល់ត្រូវនូវផស្សៈ ហើយប្រុងស្មារតី មិនត្រេកអរ ក្នុងផស្សៈ រមែងមានចិត្តប្រាសចាកតម្រេកផង មិននៅឳបក្រសោបតែនឹងអារម្មណ៍នោះផង។ កាលបុគ្គលនោះ ពាល់ត្រូវនូវផស្សៈ ហើយទទួលនូវលោកុត្តរវេទនា។បេ។ ហៅថា បានជិតព្រះនិព្វាន។ បុគ្គលនោះ ដឹងធម៌ ហើយប្រុងស្មារតី មិនត្រេកអរក្នុងធម៌ រមែងមានចិត្តប្រាសចាកតម្រេកផង មិននៅឳបក្រសោបតែនឹងអារម្មណ៍នោះផង។ កាល បុគ្គលនោះ ដឹងធម៌ ហើយទទួលនូវលោកុត្តរវេទនា ទុក្ខរមែងអស់ទៅ មិនសន្សំទុក យ៉ាងណា បុគ្គលនោះ ក៏មានស្មារតី ប្រព្រឹត្តយ៉ានោះ កាលបុគ្គល មិនសន្សំទុក្ខយ៉ាងនេះ ហៅថា បានជិតព្រះនិព្វាន។ បពិត្រព្រះអង្គដ៏ចម្រើន ព្រះពុទ្ធដីកា ដែលព្រះអង្គសម្តែង ដោយសង្ខេបនេះ ខ្ញុំព្រះអង្គ យល់សេចក្តីដោយពិស្តារបាន យ៉ាងនេះឯង។

[១៣៤] ម្នាលមាលុក្យបុត្ត ត្រូវហើយ ត្រូវហើយ ម្នាលមាលុក្យបុត្ត ពាក្យដែល តថាគត សម្តែងដោយសង្ខេប អ្នកយល់សេចក្តី ដោយពិស្តារបាននុ៎ះ ជាការប្រពៃហើយ។

[១៣៥] កាលបុគ្គលឃើញរូប ហើយភាន់ស្មារតី ធ្វើទុកក្នុងចិត្ត នូវនិមិត្ត ឲ្យជាទីស្រឡាញ់ តែងមានចិត្តត្រេកត្រអាលផង នៅឳបក្រសោប តែនឹងអារម្មណ៍នោះផង។ វេទនាច្រើនប្រការ ដែលកើតអំពីរូបារម្មណ៍ រមែងចម្រើនដល់បុគ្គលនោះ ចិត្តរបស់បុគ្គលនោះ រមែងខ្ទាំងខ្ទប់ ព្រោះអភិជ្ឈា និងវិហេសា កាលបុគ្គលសន្សំ តែទុក្ខយ៉ាងនេះ ហៅថា ឆ្ងាយអំពីព្រះនិព្វាន។បេ។

[១៣៦] បុគ្គលនោះដឹងធម៌1) ហើយប្រុងស្មារតី មិនត្រេកអរនឹងធម៌ រមែងមានចិត្តប្រាសចាកតម្រេកផង មិននៅឳបក្រសោប តែនឹងអារម្មណ៍នោះផង។ បុគ្គលនោះ កាលដឹងនូវធម៌ ហើយទទួលនូវលោកុត្តរវេទនា ទុក្ខរមែងអស់ទៅ មិនសន្សំទុក្ខ យ៉ាងណា បុគ្គលនោះ ក៏មានស្មារតី ប្រព្រឹត្តយ៉ាងនោះ កាលបុគ្គល មិនសន្សំទុក្ខយ៉ាងនេះ ហៅថា បានជិតព្រះនិព្វាន។ ម្នាលមាលុក្យបុត្ត ពាក្យដែលតថាគត សម្តែងដោយសង្ខេបនេះឯង អ្នកត្រូវយល់សេចក្តី ដោយពិស្តារ យ៉ាងនេះ។

[១៣៧] គ្រានោះឯង ព្រះមាលុក្យបុត្តមានអាយុ ត្រេកអររីករាយ ចំពោះភាសិត របស់ព្រះមានព្រះភាគ ក៏ក្រោកអំពីអាសនៈ ថ្វាយបង្គំព្រះមានព្រះភាគ ធ្វើប្រទក្សិណរួចចេញទៅ។ វេលានោះ ព្រះមាលុក្យបុត្តមានអាយុ ជាបុគ្គលម្នាក់ឯង គេចចេញអំពីពួក ជាអ្នកមិនប្រមាទ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានចិត្តបញ្ជូទៅកាន់ព្រះនិព្វាន មិនយូរប៉ុន្មាន ក៏បានធ្វើឲ្យជាក់ច្បាស់ សម្រេចដោយប្រាជ្ញា ដ៏ប្រសើរខ្លួនឯង ក្នុងបច្ចុប្បន្ន នូវបរិយោសាន នៃព្រហ្មចរិយៈ ដ៏ប្រសើរបំផុត ដែលជាទីត្រូវការ នៃពួកកុលបុត្តចេញចាកផ្ទះ ហើយបួសដោយប្រពៃ ក៏បានដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចរិយធម៌ អាត្មាអញ បានប្រព្រឹត្តគ្រប់គ្រាន់ហើយ សោឡសកិច្ច អាត្មាអញ បានធ្វើរួចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ បណ្តាលព្រះអរហន្តទាំងឡាយ ព្រះមាលុក្យបុត្ត ក៏ជាព្រះអរហន្តមួយ អង្គដែរ។

ចប់សូត្រ ទី២។

(បរិហានធម្ម)សូត្រ ទី៣

(៣. បរិហានធម្មសុត្តំ)

[១៣៨] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសម្តែងនូវបរិហានធម៌ (ធម៌ជាហេតុសាប សូន្យ) ផង នូវអបរិហានធម៌ (ធម៌ជាហេតុមិនសាបសូន្យ) ផង នូវអភិភាយតនៈ (អាយតនៈដ៏ចម្រើនក្រៃពេក) ៦ ផង ដល់អ្នកទាំងឡាយ ចូរអ្នកទាំងឡាយ ចាំស្តាប់ធម៌នោះចុះ។ ម្នាលភិក្ខុទាំងឡាយ បរិហានធម៌ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ អកុសលធម៌ដ៏លាមក ដែលមានសេចក្តីត្រិះរិះ ជាទីស្ទុះទៅ ជាបច្ច័យ នៃការជាប់ចំពាក់ កើតឡើង ដល់ភិក្ខុក្នុងសាសនានេះ ព្រោះឃើញរូបដោយភ្នែក បើភិក្ខុនៅអត់ទ្រាំនឹង អារម្មណ៍នោះ មិនលះបង់ មិនបន្ទោបង់ មិនធ្វើឲ្យវិនាស មិនកំចាត់បង់ទេ។ ម្នាលភិក្ខុទាំងឡាយ ដំណើរនុ៎ះ ភិក្ខុត្រូវដឹងថា អាត្មាអញ សាបសូន្យ ចាកកុសលធម៌ទាំងឡាយ ព្រោះព្រះមានព្រះភាគ បានត្រាស់នូវដំណើរនុ៎ះ ថាជាហេតុសាបសូន្យ ហើយ។បេ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត។បេ។ កើតឡើងដល់ភិក្ខុ ព្រោះលិទ្ធភ្លក្ស រសដោយអណ្តាត ម្នាលភិក្ខុទាំងឡាយ មួយទៀត អកុសលធម៌លាមក ដែលមានសេចក្តីត្រិះរិះ ជាទីស្ទុះទៅ ជាបច្ច័យ នៃការជាប់ចំពាក់ កើតឡើងដល់ភិក្ខុ ព្រោះដឹងធម៌ ដោយចិត្ត បើភិក្ខុនៅអត់ទ្រាំនឹងអារម្មណ៍នោះ មិនលះបង់ មិនបន្ទោបង់ មិនធ្វើឲ្យវិនាស មិនកំចាត់បង់ទេ។ ម្នាលភិក្ខុទាំងឡាយ ដំណើរនុ៎ះ ភិក្ខុត្រូវដឹងថាអាត្មាអញ សាបសូន្យចាកកុសលធម៌ ព្រោះព្រះមានព្រះភាគ ត្រាស់នូវដំណើរនុ៎ះ ថាជាហេតុសាបសូន្យហើយ។ ម្នាលភិក្ខុទាំងឡាយ បរិហានធម៌ យ៉ាងនេះឯង។

[១៣៩] ម្នាលភិក្ខុទាំងឡាយ ចំណែកខាងអបរិហានធម៌ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ អកុសលធម៌ដ៏លាមក ដែលមានសេចក្តីត្រិះរិះ ជាទីស្ទុះទៅ ជាបច្ច័យ នៃការជាប់ចំពាក់ កើតឡើង ដល់ភិក្ខុក្នុងសាសនានេះ ព្រោះឃើញរូបដោយភ្នែក បើភិក្ខុមិនទទួលអារម្មណ៍នោះទេ បានលះបង់ បន្ទោបង់ ធ្វើឲ្យវិនាស កំចាត់បង់ចេញ។ ម្នាលភិក្ខុទាំងឡាយ ដំណើរនុ៎ះ ភិក្ខុត្រូវដឹងថា អាត្មាអញ មិនសាបសូន្យ ចាកកុសលធម៌ទេ ព្រោះព្រះមានព្រះភាគ ត្រាស់នូវដំណើរនុ៎ះ ថាជាហេតុមិនសាបសូន្យទេ។បេ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត។បេ។ កើតឡើងដល់ភិក្ខុ ព្រោះលិទ្ធភ្លក្សរស ដោយអណ្តាត។ ម្នាលភិក្ខុទាំងឡាយ មួយទៀត អកុសលធម៌ដ៏លាមក ដែលមានសេចក្តីត្រិះរិះ ជាទីស្ទុះទៅ ជាបច្ច័យ នៃការជាប់ចំពាក់ កើតឡើងដល់ភិក្ខុ ព្រោះដឹងធម៌ដោយចិត្ត បើភិក្ខុមិនទទួលអារម្មណ៍នោះទេ បានលះបង់ បន្ទោបង់ ធ្វើឲ្យវិនាស កំចាត់បង់ចេញ។ ម្នាលភិក្ខុទាំងឡាយ ដំណើរនុ៎ះ ភិក្ខុត្រូវដឹងថា អាត្មាអញ មិនសាបសូន្យ ចាកកុសលធម៌ឡើយ ព្រោះព្រះមានព្រះភាគ ទ្រង់ត្រាស់នូវដំណើរនុ៎ះ ថា ជាហេតុមិនសាបសូន្យទេ។ ម្នាលភិក្ខុទាំងឡាយ អបរិហានធម៌ យ៉ាងនេះឯង។

[១៤០] ម្នាលភិក្ខុទាំងឡាយ ឯ អភិភាយតនៈ ទាំង ៦ តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំង ឡាយ អកុសលធម៌ដ៏លាមក ដែលមានសេចក្តីត្រិះរិះ ជាទីស្ទុះទៅ ជាបច្ច័យ នៃការជាប់ចំពាក់ មិនកើតឡើង ដល់ភិក្ខុក្នុងសាសនានេះ ព្រោះឃើញរូបដោយភ្នែក ម្នាលភិក្ខុទាំងឡាយ ដំណើរនុ៎ះ ភិក្ខុត្រូវដឹងថា នេះជាអាយតនៈដ៏ចម្រើនក្រៃពេក ព្រោះព្រះមានព្រះភាគ បានត្រាស់ នូវដំណើរនុ៎ះ ថាជាអាយតៈដ៏ចម្រើនក្រៃពេក។បេ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត អកុសលធម៌ដ៏លាមក ដែលមានសេចក្តីត្រិះរិះ ជាទីស្ទុះទៅ ជាបច្ច័យនៃការជាប់ចំពាក់ មិនកើតឡើងដល់ភិក្ខុ ព្រោះដឹងធម៌ដោយចិត្ត ម្នាលភិក្ខុទាំងឡាយ ដំណើរនុ៎ះ ភិក្ខុត្រូវដឹងថា នេះជាអាយតនៈដ៏ចម្រើនក្រៃពេក ព្រោះព្រះមានព្រះភាគ បានត្រាស់នូវដំណើរនុ៎ះ ថាជាអាយតនៈ ដ៏ចម្រើនក្រៃពេក។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អភិភាយតនៈ ទាំង ៦។

ចប់សូត្រ ទី៣។

(បមាទវិហារី)សូត្រ ទី៤

(៤. បមាទវិហារីសុត្តំ)

[១៤១] សាវត្ថីនិទាន។បេ។ ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសម្តែង នូវបុគ្គល ដែលមានប្រក្រតីនៅ ដោយសេចក្តីប្រហែសផង នូវបុគ្គលដែលមានប្រក្រតីនៅ ដោយការមិនប្រហែសផង ដល់អ្នកទាំងឡាយ ចូរអ្នកទាំងឡាយ ស្តាប់ធម៌នោះចុះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលមានប្រក្រតី នៅដោយសេចក្តីប្រហែស តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុមិនសង្រួមចក្ខុន្រ្ទិយ ចិត្តក៏ជោកជាំ (ដោយកិលេស) ក្នុងរូប ដែលត្រូវដឹងដោយភ្នែក កាលបើភិក្ខុនោះ មានចិត្តជោកជាំ (ដោយកិលេស) បាមុជ្ជៈ ក៏មិនមាន កាលបើបាមុជ្ជៈមិនមាន បីតិ ក៏មិនមាន កាលបើបីតិមិនមាន បស្សទ្ធិ ក៏មិនមាន កាលបើបស្សទ្ធិមិនមាន រមែងនៅជាទុក្ខ ចិត្តរបស់ភិក្ខុអ្នកមានទុក្ខ តែងមិនតំកល់នៅនឹង កាលបើចិត្ត មិនតំកល់នៅនឹង ធម៌ក៏មិនកើតប្រាកដ ព្រោះតែធម៌មិនកើតប្រាកដ ភិក្ខុនោះ ក៏រាប់ថា អ្នកនៅដោយសេចក្តីប្រហែសធ្វេស។បេ។ ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុ មិនសង្រួមជិវិ្ហន្រ្ទិយ ចិត្តក៏ជោកជាំ (ដោយកិលេស) ក្នុងរស ដែលត្រូវដឹង ដោយអណ្តាត កាលបើភិក្ខុនោះ មានចិត្តជោកជាំ (ដោយកិលេស)។បេ។ ភិក្ខុនោះ ក៏រាប់ថា អ្នកនៅដោយសេចក្តីប្រហែសធ្វេស។បេ។ ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុមិនសង្រួមមនិន្រិ្ទយ ចិត្តក៏ជោកជាំ (ដោយកិលេស) ក្នុងធម៌ដែលត្រូវដឹងដោយចិត្ត កាលបើភិក្ខុនោះ មានចិត្តជោកជាំ (ដោយកិលេស) បាមុជ្ជៈ ក៏មិនមាន កាលបើបាមុជ្ជៈមិនមាន បីតិ ក៏មិនមាន កាលបើបីតិមិនមាន បស្សទ្ធិ ក៏មិនមាន កាលបើបស្សទ្ធិមិនមាន ក៏រមែងនៅជាទុក្ខ ចិត្តរបស់ភិក្ខុអ្នកមានទុក្ខ រមែងមិនតំកល់នៅនឹង កាលបើចិត្ត មិនតំកល់នៅនឹង ធម៌ទាំងឡាយ រមែងមិនកើតប្រាកដ ព្រោះធម៌មិនបានកើតប្រាកដ ភិក្ខុនោះ ក៏រាប់ថា អ្នកនៅដោយសេចក្តីប្រហែសធ្វេស។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមានប្រក្រតីនៅ ដោយសេចក្តីប្រហែសធ្វេស យ៉ាងនេះឯង។

[១៤២] ម្នាលភិក្ខុទាំងឡាយ ចំណែកខាងបុគ្គលអ្នកនៅដោយសេចក្តីមិនប្រហែស ធ្វេស តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ កាលបើបុគ្គលសង្រួមចក្ខុន្រ្ទិយ ចិត្តក៏មិនជោកជាំ (ដោយកិលេស) ក្នុងរូបដែលត្រូវដឹងដោយចក្ខុ កាលបុគ្គលនោះ មានចិត្តមិនជោកជាំ (ដោយកិលេស) បាមុជ្ជៈ ក៏កើតឡើង កាលបើបុគ្គលនោះ មានបាមុជ្ជៈ បីតិ ក៏កើតឡើង កាលបុគ្គលនោះ មានចិត្តប្រកបដោយបីតិ កាយក៏ស្ងប់រម្ងាប់ បុគ្គល ដែលមានកាយស្ងប់រម្ងាប់ហើយ រមែងនៅជាសុខ ចិត្តរបស់បុគ្គល អ្នកមានសេចក្តីសុខ តែតំកល់នៅនឹង កាលបើចិត្តតំកល់នៅនឹង ធម៌ទាំងឡាយ តែងកើតប្រាកដ ព្រោះធម៌កើតប្រាកដ បុគ្គលនោះ ក៏រាប់ថា មានប្រក្រតីនៅ ដោយសេចក្តីមិនប្រហែសធ្វេស។បេ។ ម្នាលភិក្ខុទាំងឡាយ កាលបើបុគ្គល សង្រួមជិវិ្ហន្រ្ទិយ ចិត្ត ក៏មិនជោកជាំ (ដោយកិលេស)។បេ។ បុគ្គលនោះ ក៏រាប់ថា មានប្រក្រតីនៅ ដោយសេចក្តីមិនប្រហែសធ្វេស។បេ។ ម្នាលភិក្ខុទាំងឡាយ កាលបើបុគ្គល សង្រួមមនិន្រ្ទិយ ចិត្តក៏មិនជោកជាំ (ដោយកិលេស) ក្នុងធម្មារម្មណ៍ដែលត្រូវដឹងដោយមនោ កាលបុគ្គលនោះ មានចិត្តមិនជោកជាំ (ដោយកិលេស) បាមុជ្ជៈ ក៏កើតឡើង កាលបើបុគ្គលនោះ មានបោមុជ្ជៈ បីតិក៏កើតឡើង កាលបើមានចិត្ត ប្រកបដោយបីតិ កាយក៏ស្ងប់រម្ងាប់ បុគ្គល ដែលមានកាយស្ងប់រម្ងាប់ រមែងសោយអារម្មណ៍ជាសុខ ចិត្តរបស់បុគ្គល ដែលមានសេចក្តីសុខ តែងតំកល់នៅនឹង កាលបើចិត្តតំកល់នៅនឹង ធម៌ទាំងឡាយ តែងកើតប្រាកដ ព្រោះតែធម៌កើតប្រាកដ បុគ្គលនោះ ក៏រាប់ថា មានប្រក្រតីនៅ ដោយសេចក្តីមិនប្រហែសធ្វេស។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានប្រក្រតីនៅ ដោយសេចក្តីមិនប្រហែសធ្វេស យ៉ាងនេះឯង។

ចប់សូត្រ ទី៤។

(សំវរ)សូត្រ ទី៥

(៥. សំវរសុត្តំ)

[១៤៣] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសម្តែងនូវការសង្រួម និងការមិនសង្រួម ដល់អ្នកទាំងឡាយ ចូរអ្នកទាំងឡាយ ស្តាប់ធម៌នោះចុះ។ ម្នាលភិក្ខុទាំងឡាយ ការមិនសង្រួម តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ រូបដែលត្រូវដឹងដោយភ្នែក គួរប្រាថ្នា គួរត្រេកអរ គួរពេញចិត្ត គួរស្រឡាញ់ ប្រកបដោយកាម គួរត្រេកត្រអាល រមែងមាន បើភិក្ខុត្រេកអរ ស្រើបស្រាល ជ្រុលជ្រប់ ចំពោះរូបនោះ។ ម្នាលភិក្ខុទាំងឡាយ ដំណើរនុ៎ះ ភិក្ខុត្រូវដឹងថា អាត្មាអញ សាបសូន្យ ចាកកុសលធម៌ទាំងឡាយ ព្រោះការសាបសូន្យនុ៎ះ ព្រះមានព្រះភាគ បានត្រាស់ទុកហើយ។បេ។ ម្នាលភិក្ខុទាំងឡាយ រសដែលត្រូវដឹង ដោយអណ្តាត។បេ។ ម្នាលភិក្ខុទាំងឡាយ ធម៌ដែលត្រូវដឹងដោយចិត្ត គួរប្រាថ្នា គួរត្រេកអរ គួរពេញចិត្ត គួរស្រឡាញ់ ប្រកបដោយកាម គួរត្រេកត្រអាល រមែងមាន បើភិក្ខុត្រេកអរ ស្រើបស្រាល ជ្រុលជ្រប់ ចំពោះធម៌នោះ។ ម្នាលភិក្ខុទាំងឡាយ ដំណើរនុ៎ះ ភិក្ខុត្រូវដឹងថា អាត្មាអញ សាបសូន្យចាកកុសលធម៌ទាំងឡាយ ព្រោះការសាបសូន្យនុ៎ះ ព្រះមានព្រះភាគ បានត្រាស់ទុកហើយ។ ម្នាលភិក្ខុទាំងឡាយ ការមិនសង្រួម យ៉ាងនេះ ឯង។

[១៤៤] ម្នាលភិក្ខុទាំងឡាយ ចំណែកការសង្រួម តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ រូបដែលត្រូវដឹងដោយភ្នែក គួរប្រាថ្នា គួរត្រេកអរ គួរពេញចិត្ត គួរស្រឡាញ់ ប្រកដោយកាម គួរត្រេកត្រអាល រមែងមាន បើភិក្ខុមិនត្រេកអរ មិនស្រើបស្រាល មិនជ្រុលជ្រប់ ចំពោះរូបនោះទេ។ ម្នាលភិក្ខុទាំងឡាយ ដំណើរនុ៎ះ ភិក្ខុត្រូវដឹងថា អាត្មាអញ មិនសាបសូន្យចាកកុសលធម៌ទាំងឡាយឡើយ ព្រោះការមិនសាបសូន្យនុ៎ះ ព្រះមានព្រះភាគ បានត្រាស់ទុកហើយ។បេ។ ម្នាលភិក្ខុទាំងឡាយ រសដែលត្រូវដឹង ដោយអណ្តាត។បេ។ ម្នាលភិក្ខុទាំងឡាយ ធម៌ដែលត្រូវដឹងដោយចិត្ត គួរប្រាថ្នា គួរត្រេកអរ គួរពេញចិត្ត គួរស្រឡាញ់ ប្រកបដោយកាម គួរត្រេកត្រអាល រមែងមាន បើភិក្ខុមិនត្រេកអរ មិនស្រើបស្រាល មិនជ្រុលជ្រប់ ចំពោះធម៌នោះទេ។ ម្នាលភិក្ខុទាំងឡាយ ដំណើរនុ៎ះ ភិក្ខុត្រូវដឹងថា អាត្មាអញ មិនសាបសូន្យចាកកុសលធម៌ ទាំងឡាយឡើយ ព្រោះការមិនសាបសូន្យនុ៎ះ ព្រះមានព្រះភាគ បានត្រាស់ទុកហើយ។ ម្នាលភិក្ខុទាំងឡាយ ការសង្រួម យ៉ាងនេះឯង។

ចប់សូត្រ ទី៥។

(សមាធិ)សូត្រ ទី៦

(៦. សមាធិសុត្តំ)

[១៤៥] ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរចម្រើននូវសមាធិ។ ម្នាលភិក្ខុទាំង ឡាយ ភិក្ខុ ដែលមានចិត្តតំកល់នៅនឹងនួន តែងដឹងច្បាស់តាមពិត។ ដឹងច្បាស់តាមពិត នូវអ្វី។ ដឹងច្បាស់តាមពិតថា ចក្ខុមិនទៀង ដឹងច្បាស់តាមពិតថា រូបមិនទៀង ដឹងច្បាស់តាមពិតថា ចក្ខុវិញ្ញាណមិនទៀង ដឹងច្បាស់តាមពិតថា ចក្ខុសម្ផ័ស្សមិនទៀង វេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនទុក្ខមិនសុខក្តី ដែលកើតឡើង ព្រោះចក្ខុសម្ផ័ស្សជាបច្ច័យ ក៏ដឹងច្បាស់តាមពិតថា វេទនានោះឯង មិនទៀង។បេ។ ដឹងច្បាស់តាមពិតថា មនោមិនទៀង ធម្មារម្មណ៍ មនោវិញ្ញាណ មនោសម្ផ័ស្ស វេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនជាទុក្ខមិនជា សុខក្តី ដែលកើតឡើង ព្រោះមនោសម្ផ័ស្សជាបច្ច័យ ក៏ដឹងច្បាស់តាមពិតថា វេទនានោះឯង មិនទៀង។ ម្នាលភិក្ខុទាំង ឡាយ ចូលអ្នកទាំងឡាយ ចម្រើនសមាធិចុះ។ ម្នាលភិក្ខុទាំងឡាយ ព្រោះភិក្ខុ ដែលមានចិត្តតំកល់នៅនឹងនួន រមែងដឹងច្បាស់តាមពិត ដូច្នេះ។

ចប់សូត្រ ទី៦។

(បដិសល្លាន)សូត្រ ទី៧

(៧. បដិសល្លានសុត្តំ)

[១៤៦] ម្នាលភិក្ខុទាំងឡាយ ចូរអ្នកទាំងឡាយ ស្ងប់ស្ងាត់ ហើយប្រកបព្យាយាមទៅ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមានសេចក្តីស្ងប់ស្ងាត់ តែងដឹងច្បាស់តាមពិត។ ដឹងច្បាស់ តាមពិតនូវអ្វី។ ដឹងច្បាស់តាមពិតថា ចក្ខុមិនទៀង ដឹងច្បាស់តាមពិតថា រូបមិនទៀង ដឹងច្បាស់តាមពិតថា ចក្ខុវិញ្ញាណមិនទៀង ដឹងច្បាស់តាមពិតថា ចក្ខុសម្ផ័ស្ស មិនទៀង។បេ។ វេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនទុក្ខមិនសុខក្តី ដែលកើតឡើង ព្រោះមនោសម្ផ័ស្សជាបច្ច័យ ក៏ដឹងច្បាស់តាមពិតថា វេទនានោះឯង មិនទៀង។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរស្ងប់ស្ងាត់ ហើយប្រកបព្យាយាមចុះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមានសេចក្តីស្ងប់ស្ងាត់ តែងដឹងច្បាស់តាមពិត ដូច្នេះ។

ចប់សូត្រ ទី៧។

(បឋមនតុម្ហាកំ)សូត្រ ទី៨

(៨. បឋមនតុម្ហាកំសុត្តំ)

[១៤៧] ម្នាលភិក្ខុទាំងឡាយ របស់ណាដែលមិនមែនជារបស់ពួកអ្នកទេ អ្នកទាំងឡាយ ចូរលះបង់ នូវរបស់នោះចេញ របស់នោះ បើពួកអ្នកលះបង់បានហើយ គង់មានប្រយោជន៍ និងសេចក្តីសុខ។ ម្នាលភិក្ខុទាំងឡាយ អ្វីមិនមែនរបស់ពួកអ្នក។ ម្នាលភិក្ខុទាំងឡាយ ចក្ខុមិនមែនរបស់ពួកអ្នកទេ អ្នកទាំងឡាយ ចូរលះបង់ចក្ខុនោះចេញ ចក្ខុនោះ បើពួកអ្នកលះបង់បានហើយ គង់មានប្រយោជន៍ និងសេចក្តីសុខ។ រូបមិនមែនរបស់ពួកអ្នកទេ អ្នកទាំងឡាយ ចូរលះបង់រូបនោះចេញ រូបនោះ បើពួកអ្នកលះបង់បានហើយ គង់មានប្រយោជន៍ និងសេចក្តីសុខ។ ចក្ខុវិញ្ញាណមិនមែនរបស់ពួកអ្នកទេ អ្នកទាំងឡាយ ចូរលះបង់ចក្ខុវិញ្ញាណនោះចេញ ចក្ខុវិញ្ញាណនោះ បើពួកអ្នកលះបង់បានហើយ គង់មានប្រយោជន៍ និងសេចក្តីសុខ។ ចក្ខុសម្ផ័ស្ស មិនមែនរបស់ពួកអ្នកទេ អ្នកទាំងឡាយ ចូរលះបង់ចក្ខុសម្ផ័ស្សនោះចេញ ចក្ខុសម្ផ័ស្សនោះ បើពួកអ្នកលះបង់បានហើយ គង់មានប្រយោជន៍ និងសេចក្តីសុខ។ វេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនទុក្ខមិនសុខក្តី ដែលកើតឡើង ព្រោះចក្ខុសម្ផ័ស្សជាបច្ច័យ សូម្បីវេទនានោះ ក៏មិនមែនរបស់ពួកអ្នកទេ អ្នកទាំងឡាយ ចូរលះបង់នូវវេទនានោះចេញ វេទនានោះ បើពួកអ្នកលះបង់បានហើយ គង់មានប្រយោជន៍ និងសេចក្តីសុខ។បេ។ ជិវ្ហា មិនមែនរបស់ពួកអ្នកទេ អ្នកទាំងឡាយ ចូរលះបង់នូវជិវ្ហានោះចេញ ជិវ្ហានោះ បើពួកអ្នកលះបង់បានហើយ គង់មានប្រយោជន៍ និងសេចក្តីសុខ។ រស មិនមែនរបស់ពួកអ្នកទេ អ្នកទាំងឡាយ ចូរលះបង់រសនោះចេញ រសនោះ បើពួកអ្នកលះបង់បានហើយ គង់មានប្រយោជន៍ និងសេចក្តីសុខ។ ជិវ្ហាវិញ្ញាណ មិនមែនរបស់ពួកអ្នកទេ អ្នកទាំងឡាយ ចូរលះបង់ជិវ្ហាវិញ្ញាណនោះចេញ ជិវ្ហាវិញ្ញាណនោះ បើពួកអ្នកលះបង់បានហើយ គង់មានប្រយោជន៍ និងសេចក្តីសុខ។ ជិវ្ហាសម្ផ័ស្ស មិនមែនរបស់ពួកអ្នកទេ អ្នកទាំងឡាយ ចូរលះបង់ជិវ្ហាសម្ផ័ស្សនោះចេញ ជិវ្ហាសម្ផ័ស្សនោះ បើពួកអ្នកលះបង់បានហើយ គង់មានប្រយោជន៍ និងសេចក្តីសុខ។ វេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនជាទុក្ខមិនជាសុខក្តី ដែលកើតឡើង ព្រោះជិវ្ហាសម្ផ័ស្ស ជាបច្ច័យ សូម្បីវេទនានោះ ក៏មិនមែនរបស់ពួកអ្នកទេ អ្នកទាំងឡាយ ចូរលះបង់វេទនានោះចេញ វេទនានោះ បើពួកអ្នកលះបង់បានហើយ គង់មានប្រយោជន៍ និងសេចក្តីសុខ។បេ។ មនោ មិនមែនរបស់ពួកអ្នកទេ អ្នកទាំងឡាយ ចូរលះបង់មនោនោះចេញ មនោនោះ បើពួកអ្នកលះបង់បានហើយ គង់មានប្រយោជន៍ និងសេចក្តីសុខ។ ធម្មារម្មណ៍ មិនមែនរបស់ពួកអ្នកទេ អ្នកទាំងឡាយ ចូរលះបង់ធម្មារម្មណ៍នោះចេញ ធម្មារម្មណ៍នោះ បើពួកអ្នកលះបង់់់់់់់់់់់់់់បានហើយ គង់មានប្រយោជន៍ និងសេចក្តីសុខ។ មនោវិញ្ញាណ មិនមែនរបស់ពួកអ្នកទេ អ្នកទាំងឡាយ ចូរលះបង់នូវមនោវិញ្ញាណនោះចេញ មនោវិញ្ញាណនោះ បើពួកអ្នកលះបង់បានហើយ គង់មានប្រយោជន៍ និងសេចក្តីសុខ។ មនោសម្ផ័ស្ស មិនមែនរបស់ពួកអ្នកទេ អ្នកទាំងឡាយ ចូរលះបង់នូវមនោសម្ផ័ស្សនោះចេញ មនោសម្ផ័ស្សនោះ បើពួកអ្នកលះបង់បានហើយ គង់មានប្រយោជន៍ និងសេចក្តីសុខ។ វេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនទុក្ខមិនសុខក្តី ដែលកើតឡើង ព្រោះមនោសម្ផ័ស្សជាបច្ច័យ សូម្បីវេទនានោះ ក៏មិនមែនរបស់ពួកអ្នកទេ អ្នកទាំងឡាយ ចូរលះបង់វេទនានោះចេញ វេទនានោះ បើពួកអ្នកលះបង់បានហើយ គង់មានប្រយោជន៍ និងសេចក្តីសុខ។ ម្នាលភិក្ខុទាំងឡាយ ដូចស្មៅ កំណាត់ឈើ មែកឈើ ស្លឹកឈើណា ដែលមានក្នុងវត្តជេតពននេះ គេក៏ជញ្ជូនយកស្មៅ ជាដើមនោះ ឬដុត ឬក៏ធ្វើឲ្យសមគួរតាមហេតុ អ្នកទាំងឡាយ នឹងមានយោបល់ យ៉ាងនេះថា គេតែងនាំយកយើង ឬដុត ឬក៏ធ្វើតាមសមគួរដល់ហេតុ ដូច្នេះដែរឬ។ មិនមែនដូច្នេះទេ ព្រះអង្គ។ ដំណើរនោះ ព្រោះហេតុអ្វី។ បពិត្រព្រះអង្គដ៏ចម្រើន ព្រោះស្មៅ ជាដើមនុ៎ះ មិនមែនជាខ្លួន ឬជាវត្ថុអាស្រ័យនៅខ្លួន របស់យើងខ្ញុំទេ យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ ចក្ខុមិនមែនរបស់ពួកអ្នកទេ អ្នកទាំងឡាយ ចូរលះបង់ចក្ខុនោះចេញ ចក្ខុនោះ បើពួកអ្នកលះបង់បានហើយ គង់មានប្រយោជន៍ និងសេចក្តីសុខ។ រូបមិនមែនរបស់ពួកអ្នកទេ។ ចក្ខុវិញ្ញាណ ចក្ខុសម្ផ័ស្ស។បេ។ វេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនទុក្ខមិនសុខក្តី ដែលកើតឡើងព្រោះ មនោសម្ផ័ស្សជាបច្ច័យ សូម្បីវេទនានោះ មិនមែនរបស់ពួកអ្នកទេ អ្នកទាំងឡាយ ចូរលះបង់វេទនានោះចេញ វេទនានោះ បើពួកអ្នកលះបង់បានហើយ គង់មានប្រយោជន៍ និងសេចក្តីសុខ ក៏យ៉ាងនោះឯង។

ចប់សូត្រ ទី៨។

(ទុតិយនតុម្ហាកំ)សូត្រ ទី៩

(៩. ទុតិយនតុម្ហាកំសុត្តំ)

[១៤៨] ម្នាលភិក្ខុទាំងឡាយ របស់ណា ដែលមិនមែនរបស់ពួកអ្នកទេ អ្នកទាំងឡាយ ចូរលះបង់របស់នោះចេញ របស់នោះ បើពួកអ្នកលះបង់បានហើយ គង់មានប្រយោជន៍ និងសេចក្តីសុខ។ ម្នាលភិក្ខុទាំងឡាយ របស់អ្វី ដែលមិនមែនរបស់ពួកអ្នក។ ម្នាលភិក្ខុទាំងឡាយ ចក្ខុមិនមែនរបស់ពួកអ្នកទេ អ្នកទាំងឡាយ ចូរលះបង់ចក្ខុនោះចេញ ចក្ខុនោះ បើពួកអ្នកលះបង់បានហើយ គង់មានប្រយោជន៍ និងសេចក្តីសុខ។ រូប មិនមែនរបស់ពួកអ្នកទេ អ្នកទាំងឡាយ ចូរលះបង់រូបនោះចេញ រូបនោះ បើពួកអ្នកលះបង់បានហើយ គង់មានប្រយោជន៍ និងសេចក្តីសុខ។ ចក្ខុវិញ្ញាណ មិនមែនរបស់ពួកអ្នកទេ អ្នកទាំងឡាយ ចូរលះបង់ចក្ខុវិញ្ញាណនោះចេញ ចក្ខុវិញ្ញាណនោះ បើពួកអ្នកលះបង់បានហើយ គង់មានប្រយោជន៍ និងសេចក្តីសុខ។ ចក្ខុសម្ផ័ស្ស មិនមែនរបស់ពួកអ្នកទេ អ្នកទាំងឡាយ ចូរលះបង់ចក្ខុសម្ផ័ស្សនោះចេញ ចក្ខុសម្ផ័ស្សនោះ បើពួកអ្នកលះបង់បានហើយ គង់មានប្រយោជន៍ និងសេចក្ដីសុខ។បេ។ វេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនទុក្ខមិនសុខក្តី ដែលកើតឡើង ព្រោះមនោសម្ផ័ស្សជាបច្ច័យ សូម្បីវេទនានោះ ក៏មិនមែនរបស់ពួកអ្នកទេ អ្នកទាំងឡាយ ចូរលះបង់វេទនានោះចេញ វេទនានោះ បើពួកអ្នកលះបង់បានហើយ គង់មានប្រយោជន៍ និងសេចក្តីសុខ។ ម្នាលភិក្ខុទាំងឡាយ របស់ណា មិនមែនរបស់ពួកអ្នកទេ អ្នកទាំងឡាយ ចូរលះបង់របស់នោះចេញ របស់នោះ បើពួកអ្នកលះបង់បានហើយ គង់មានប្រយោជន៍ និងសេចក្តីសុខ។

ចប់សូត្រ ទី៩។

(ឧទក)សូត្រ ទី១០

(១០. ឧទកសុត្តំ)

[១៤៩] ម្នាលភិក្ខុទាំងឡាយ បានឮថា ឧទករាមបុត្ត និយាយយ៉ាងនេះថា ខ្ញុំជាអ្នកសម្រេចវេទពិត ខ្ញុំជាអ្នកគ្របសង្កត់នូវវដ្ដៈពិត ខ្ញុំបានជីកឫសគល់នៃទុក្ខ ដែលមិនទាន់ជីកហើយពិត។ ម្នាលភិក្ខុទាំងឡាយ ឯឧទករាមបុត្ត មិនមែនសម្រេចវេទទេ តែប្រកាសសេចក្តីនោះថា ខ្ញុំជាអ្នកសម្រេចវេទ មិនគ្របសង្កត់នូវវដ្ដៈទេ តែប្រកាសថា ខ្ញុំជាអ្នកគ្របសង្កត់នូវវដ្ដៈ មិនទាន់ជីកឫសគល់ នៃទុក្ខបានទេ តែប្រកាសថា ឫសគល់នៃទុក្ខ ខ្ញុំជីករំលើងបានហើយ។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុ នឹងនិយាយឲ្យសមហេតុ ត្រូវនិយាយថា ខ្ញុំជាអ្នកសម្រេចវេទពិត ខ្ញុំជាអ្នកគ្របសង្កត់នូវវដ្ដៈពិត ខ្ញុំជាអ្នកជីករំលើង នូវឫសគល់នៃទុក្ខ ដែលមិនទាន់បានជីកពិត។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុសម្រេចវេទ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុដឹងច្បាស់តាមពិត នូវការកើតឡើង ការរលត់ អានិសង្ស ទោស និងការរលាស់ចេញ នូវហេតុកើតឡើង នៃផស្សៈទាំង ៦។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកដល់នូវវេទ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកគ្របសង្កត់នូវវដ្ដៈ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុដឹងច្បាស់តាមពិត នូវការកើតឡើង ការរលត់ អានិសង្ស ទោស និងការរលាស់ចេញ នូវហេតុកើតឡើង នៃផស្សៈទាំង ៦ ហើយ ជាអ្នករួចស្រឡះ (ចាកទុក្ខ) ព្រោះមិនបានប្រកាន់មាំ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកគ្របសង្កត់នូវវដ្ដៈ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ឫសគល់នៃទុក្ខ ដែលមិនទាន់ជីករំលើង ភិក្ខុបានជីករំលើងហើយ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ពាក្យថាទុក្ខ ៗ ដូច្នេះនេះ ជាឈ្មោះរបស់កាយ ដែលប្រកបដោយមហាភូតរូប ទាំង ៤ កើតអំពីទឹកសុក្កៈ ជារបស់មាតា និងបិតា ដែលកសន្សំឡើង ដោយបាយ និងនំ មានសេចក្តីមិនទៀង ត្រូវប្រស់ព្រំ គក់ច្របាច់ បែកធ្លាយខ្ចាត់ខ្ចាយ ជាធម្មតា។ ម្នាលភិក្ខុទាំងឡាយ ពាក្យថា ឫសគល់នៃទុក្ខនេះ ជាឈ្មោះ របស់តណ្ហា។ ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុលះបង់តណ្ហា ផ្តាច់ផ្តិលឫសគល់ ធ្វើមិនឲ្យមានទីកើត ដូចជាត្នោតកំបុតក ធ្វើមិនឲ្យមានកំណើត មិនឲ្យកើតតទៅទៀត ជាធម្មតា។ ម្នាលភិក្ខុទាំងឡាយ ឫសគល់នៃទុក្ខ ដែលមិនទាន់ជីករំលើង ឈ្មោះថា ភិក្ខុបានគាស់រំលើងហើយ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ឧទករាមបុត្ត ប្រកាសវាចា យ៉ាងនេះថា ខ្ញុំជាអ្នកសម្រេចនូវវេទពិត ខ្ញុំជាអ្នកគ្របសង្កត់នូវវដ្ដៈពិត ខ្ញុំជាអ្នកជីកឫសគល់នៃទុក្ខ ដែលគេមិនទាន់ជីកពិត។ ម្នាលភិក្ខុទាំងឡាយ ឧទករាមបុត្ត ជាអ្នកមិនទាន់សម្រេចនូវវេទទេ តែប្រកាសសេចក្តីនោះថា ខ្ញុំជាអ្នកសម្រេចនូវវេទ មិនមែនជាអ្នកគ្របសង្កត់នូវវដ្ដៈទេ តែប្រកាសថា ខ្ញុំជាអ្នកគ្របសង្កត់នូវវដ្ដៈ មិនទាន់ជីករំលើងឫសគល់នៃទុក្ខទេ តែប្រកាសថា ខ្ញុំបានជីកឫសគល់នៃទុក្ខហើយ។ ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុ នឹងនិយាយឲ្យសម តាមហេតុ ត្រូវនិយាយថា ខ្ញុំជាអ្នកសម្រេចនូវវេទពិត ខ្ញុំជាអ្នកគ្របសង្កត់នូវវដ្ដៈពិត ខ្ញុំជាអ្នកជីករំលើង នូវឫសគល់នៃទុក្ខ ដែលមិនទាន់ជីករំលើងពិត។

ចប់សូត្រ ទី១០។

ចប់ ឆឡវគ្គ ទី៥។

ឧទាននៃធឡវគ្គនោះគឺ

និយាយអំពីការរួបរួម ២ សូត្រ ការសាបសូន្យ ១ ភិក្ខុអ្នកនៅដោយសេចក្តីប្រហែស ១ ការសង្រួម ១ សមាធិ ១ ការស្ងប់ស្ងាត់ ១ របស់មិនមែនរបស់អ្នកទាំងឡាយ ២ សូត្រ ឧទករាមបុត្ត ១។

ចប់ ទុតិយបណ្ណាសកៈ ក្នុងសឡាយតនវគ្គ។

ឧទាននៃទុតិយបណ្ណាសកៈនោះគឺ

អវិជ្ជាវគ្គ ១ មិគជាលវគ្គ ១ គិលានវគ្គ ១ ឆន្នវគ្គ ជាគម្រប់បួន ១ ឆឡវគ្គ ១ ហាសិបសូត្រ នេះ ជាទុតិយបណ្ណាសកៈ។

តតិយបណ្ណាសកៈ

យោគក្ខេមិវគ្គ ទី១(១១)

(១១. យោគក្ខេមិវគ្គោ)

(យោគក្ខេមិ)សូត្រ ទី១

(១. យោគក្ខេមិសុត្តំ)

[១៥០] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសម្តែងនូវធម្មបរិយាយ2) ជាហេតុរបស់បុគ្គល អ្នកមានសេចក្តីក្សេម ចាកយោគៈ ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរប្រុងស្តាប់ នូវពាក្យនោះចុះ។ ម្នាលភិក្ខុទាំងឡាយ ចុះធម្មបរិយាយ ជាហេតុរបស់បុគ្គល អ្នកមានសេចក្តីក្សេម ចាកយោគៈ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ រូប ដែលបុគ្គលគប្បីដឹងបានដោយភ្នែក ជារូបគួរប្រាថ្នា គួរត្រេកអរ ជាទីពេញចិត្ត ជាទីស្រឡាញ់ ប្រកបដោយកាម ជាហេតុនៃសេចក្តីត្រេកអរ រូបទាំងនោះ តថាគតបានលះបង់ បានគាស់រំលើងឫសគល់ បានធ្វើឲ្យនៅសល់តែទីនៅ ដូចជាទីនៅនៃដើមត្នោត បានធ្វើឲ្យលែងមានបែបភាព មានសភាពមិនកើតឡើងតទៅ មួយទៀត តថាគត ក៏បានប្រាប់នូវសេចក្តីព្យាយាម ដើម្បីលះបង់ នូវរូបទាំងនោះចេញ ព្រោះហេតុនោះ បានជាគេហៅតថាគតថា ជាបុគ្គល មានសេចក្តីក្សេម ចាកយោគៈ។បេ។ ម្នាលភិក្ខុទាំងឡាយ រស ដែលបុគ្គលគប្បីដឹងបាន ដោយអណ្តាត។បេ។ ម្នាលភិក្ខុទាំងឡាយ ធម្មារម្មណ៍ ដែលបុគ្គលគប្បីដឹងបានដោយចិត្ត ជាធម្មារម្មណ៍គួរប្រាថ្នា គួរត្រេកអរ ជាទីពេញចិត្ត ជាទីស្រឡាញ់ ប្រកបដោយកាម ជាហេតុនៃសេចក្តីត្រេកអរ ធម្មារម្មណ៍ទាំងនោះ តថាគត បានលះបង់ បានគាស់រំលើងឫសគល់ បានធ្វើឲ្យនៅសល់តែទីនៅ ដូចជាទីនៅនៃដើមត្នោត បានធ្វើឲ្យលែងមានបែបភាព មានសភាពមិនកើតឡើងតទៅ មួយទៀត តថាគត បានប្រាប់នូវសេចក្តីព្យាយាម ដើម្បីលះបង់ នូវធម្មារម្មណ៍ទាំងនោះចេញ ព្រោះហេតុនោះ បានជាគេហៅតថាគតថា ជាបុគ្គលមាន សេចក្តីក្សេម ចាកយោគៈ។ ម្នាលភិក្ខុទាំងឡាយ នេះឯង ឈ្មោះថា ធម៌បរិយាយ ជាហេតុនៃបុគ្គលមានសេចក្តីក្សេម ចាកយោគៈ។

ចប់សូត្រ ទី១។

(ឧបាទាយ)សូត្រ ទី២

(២. ឧបាទាយសុត្តំ)

[១៥១] ម្នាលភិក្ខុទាំងឡាយ កាលបើហេតុអ្វីមាន អាស្រ័យហេតុអ្វី ទើបសេចក្តីសុខ ទុក្ខខាងក្នុង កើតឡើងបាន។ បពិត្រព្រះអង្គដ៏ចម្រើន ធម៌របស់យើងខ្ញុំទាំងឡាយ មានព្រះមានព្រះភាគ ជាមូល។ ម្នាលភិក្ខុទាំងឡាយ កាលបើចក្ខុមាន អាស្រ័យចក្ខុ ទើបសេចក្តីសុខ ទុក្ខខាងក្នុង កើតឡើងបាន។បេ។ កាលបើអណ្តាតមាន អាស្រ័យអណ្តាត ទើបសេចក្តីសុខ ទុក្ខខាងក្នុង កើតឡើងបាន។បេ។ កាលបើចិត្តមាន អាស្រ័យចិត្ត ទើបសេចក្តីសុខ ទុក្ខខាងក្នុង កើតឡើងបាន។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សម្គាល់សេចក្តីនោះ ថាដូចម្តេច ចក្ខុទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ ចុះរបស់ណា មិនទៀង របស់នោះ ជាទុក្ខ ឬជាសុខ។ ជាទុក្ខ ព្រះអង្គ។ របស់ណាមិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា បើមិនអាស្រ័យនូវរបស់នោះ តើនឹងមានសេចក្តីសុខទុក្ខ ខាងក្នុងកើតឡើងបាន ដែរឬ។ មិនមែនដូច្នេះទេ ព្រះអង្គ។បេ។ អណ្តាត ទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ ចុះរបស់ណាមិនទៀង របស់នោះ ជាទុក្ខ ឬជាសុខ។ ជាទុក្ខ ព្រះអង្គ។ របស់ណា មិនទៀង ជាទុក្ខ មានសេចក្តី ប្រែប្រួជាធម្មតា បើមិនអាស្រ័យនូវរបស់នោះ តើនឹងមានសេចក្តីសុខទុក្ខខាងក្នុង កើតឡើងបានដែរឬ។ មិនមែនដូច្នេះទេ ព្រះអង្គ។បេ។ ចិត្តទៀងឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ ចុះរបស់ណាមិនទៀង របស់នោះ ជាទុក្ខឬជាសុខ។ ជាទុក្ខព្រះអង្គ។ របស់ណាមិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា បើមិនអាស្រ័យនូវរបស់នោះ តើនឹងមានសេចក្តីសុខទុក្ខខាងក្នុងកើតឡើងបាន ដែរឬ។ មិនមែនដូច្នេះទេ ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ កាលបើអារិយសាវ័ក អ្នកចេះដឹង ឃើញយ៉ាងនេះ រមែងនឿយណាយនឹងចក្ខុផង។បេ។ នឿយណាយ នឹងអណ្តាតផង នឿយណាយនឹងចិត្តផង ការបើនឿយណាយ រមែងប្រាសចាកតម្រេក ព្រោះប្រាសចាកតម្រេក ចិត្តក៏រួចស្រឡះ (ចាកអាសាវៈ)។ កាលបើចិត្តរួចស្រឡះហើយ សេចក្តីដឹងថា ចិត្តរួចស្រឡះហើយ ក៏កើតមាន។ អរិយសាវ័កនោះ ក៏ដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចរិយធម៌ អាត្មាអញ បានប្រព្រឹត្តគ្រប់គ្រាន់ហើយ សោឡសកិច្ច អាត្មាអញ បានធ្វើហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។

ចប់សូត្រ ទី២។

(ទុក្ខសមុទយ)សូត្រ ទី៣

(៣. ទុក្ខសមុទយសុត្តំ)

[១៥២] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសម្តែងនូវសេចក្តីកើតឡើង និងសេចក្តីអស់ទៅនៃទុក្ខ ចូរអ្នកទាំងឡាយ ប្រុងស្តាប់នូវពាក្យនោះចុះ។ ម្នាលភិក្ខុទាំងឡាយ ចុះសេចក្តីកើតឡើងនៃទុក្ខ តើដូចម្តេច។ ចក្ខុវិញ្ញាណកើតឡើង ព្រោះអាស្រ័យចក្ខុ និងរូប ការប្រជុំនៃធម៌ទាំង ៣ ឈ្មោះថា ផស្សៈ វេទនាកើតឡើង ព្រោះផស្សៈ ជាបច្ច័យ តណ្ហាកើតឡើង ព្រោះវេទនាជាបច្ច័យ នេះជាសេចក្តីកើតឡើងនៃទុក្ខ។បេ។ ជិវ្ហាវិញ្ញាណ កើតឡើងព្រោះ អាស្រ័យអណ្តាត និងរស ការប្រជុំនៃធម៌ទាំង ៣ ឈ្មោះថា ផស្សៈ វេទនាកើតឡើង ព្រោះផស្សៈជាបច្ច័យ តណ្ហាកើងឡើងព្រោះវេទនាជាបច្ច័យ នេះជាសេចក្តីកើតឡើង នៃទុក្ខ។បេ។ មនោវិញ្ញាណកើតឡើង ព្រោះអាស្រ័យចិត្ត និងធម៌ ការប្រជុំនៃធម៌ទាំង ៣ ឈ្មោះថា ផស្សៈ វេទនាកើតឡើង ព្រោះផស្សៈជាបច្ច័យ តណ្ហាកើត ឡើងព្រោះវេទនាជាបច្ច័យ។ ម្នាលភិក្ខុទាំងឡាយ នេះឯងជាសេចក្តីកើតឡើង នៃទុក្ខ។

[១៥៣] ម្នាលភិក្ខុទាំងឡាយ ចុះសេចក្តីអស់ទៅនៃទុក្ខ តើដូចម្តេច។ ចក្ខុវិញ្ញាណ កើតឡើង ព្រោះអាស្រ័យចក្ខុ និងរូប ការប្រជុំនៃធម៌ ទាំង ៣ ឈ្មោះថា ផស្សៈ វេទនាកើត ឡើង ព្រោះផស្សៈជាបច្ច័យ តណ្ហាកើតឡើង ព្រោះវេទនាជាបច្ច័យ សេចក្តីរលត់ នៃឧបាទាន ព្រោះវិនាស និងរលត់មិនសល់ នៃតណ្ហានោះឯង សេចក្តីរលត់ នៃភព ព្រោះរលត់នៃឧបាទាន សេចក្តីរលត់នៃជាតិ ព្រោះរលត់នៃភព ជរាមរណៈរលត់ទៅ ព្រោះរលត់នៃជាតិ សេចក្តីសោក ខ្សឹកខ្សួល ទុក្ខ តូចចិត្ត ចង្អៀតចិត្ត ក៏រលត់ទៅដែរ។ សេចក្តីរលត់ នៃទុក្ខទាំងអស់នេះ យ៉ាងនេះ។ នេះជាសេចក្តីអស់ទៅ នៃទុក្ខ។បេ។ ជិវ្ហាវិញ្ញាណកើតឡើង ព្រោះអាស្រ័យអណ្តាត និងរស ការប្រជុំនៃធម៌ទាំង ៣ ឈ្មោះថា ផស្សៈ វេទនាកើតឡើង ព្រោះផស្សៈជាបច្ច័យ តណ្តាកើតឡើង ព្រោះវេទនាជាបច្ច័យ សេចក្តីរលត់ នៃឧបាទាន ព្រោះវិនាស និងរលត់មិនសល់ នៃតណ្ហានោះឯង ព្រោះរលត់នៃឧបាទាន។បេ។ នេះជាសេចក្តីអស់ទៅនៃទុក្ខ។បេ។ មនោវិញ្ញាណកើតឡើង ព្រោះអាស្រ័យចិត្ត និងធម៌ ការប្រជុំនៃធម៌ ទាំង ៣ ឈ្មោះថា ផស្សៈ វេទនាកើតឡើង ព្រោះផស្សៈជាបច្ច័យ តណ្ហាកើតឡើង ព្រោះវេទនាជាបច្ច័យ សេចក្តីរលត់នៃឧបាទាន ព្រោះវិនាស និងរលត់មិនសល់ នៃតណ្ហានោះឯង សេចក្តីរលត់នៃភព ព្រោះរលត់នៃឧបាទាន សេចក្តីរលត់ នៃជាតិ ព្រោះរលត់នៃភព ជរាមរណៈរលត់ទៅ ព្រោះរលត់នៃជាតិ សេចក្តីសោក ខ្សឹកខ្សួល ទុក្ខ តូចចិត្ត ចង្អៀតចិត្ត ក៏រលត់ទៅដែរ។ សេចក្តីរលត់ នៃកងទុក្ខទាំងអស់នេះ យ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ នេះឯង ជាសេចក្តីអស់ទៅនៃទុក្ខ។

ចប់សូត្រ ទី៣។

(លោកសមុទយ)សូត្រ ទី៤

(៤. លោកសមុទយសុត្តំ)

[១៥៤] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងនូវសេចក្តីកើតឡើង និងសេចក្តីអស់ទៅនៃលោក3) ចូរអ្នកទាំងឡាយ ប្រុងស្តាប់នូវពាក្យនោះចុះ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីកើតឡើងនៃលោក តើដូចម្តេច។ ចក្ខុវិញ្ញាណកើតឡើង ព្រោះអាស្រ័យចក្ខុ និងរូប ការប្រជុំនៃធម៌ទាំង ៣ ឈ្មោះថា ផស្សៈ វេទនាកើតមាន ព្រោះផស្សៈជាបច្ច័យ តណ្ហាកើតមាន ព្រោះវេទនាជាបច្ច័យ ឧបាទានកើតមាន ព្រោះតណ្ហាជាបច្ច័យ ភពកើតមាន ព្រោះឧបាទានជាបច្ច័យ ជាតិកើតមាន ព្រោះភពជាបច្ច័យ ជរាមរណៈកើតមាន ព្រោះជាតិជាបច្ច័យ សេចក្តីសោក ខ្សឹកខ្សួល ទុក្ខ តូចចិត្ត ចង្អៀតចិត្ត ក៏កើតមានដែរ។ នេះឯង ជាសេចក្តីកើតឡើង នៃលោក។បេ។ រមែងកើតឡើង ព្រោះអាស្រ័យអណ្តាត និងរស។បេ។ មនោវិញ្ញាណកើតឡើង ព្រោះអាស្រ័យចិត្ត និងធម៌ ការប្រជុំនៃធម៌ ទាំង ៣ ឈ្មោះថា ផស្សៈ វេទនាកើតមាន ព្រោះផស្សៈជាបច្ច័យ តណ្ហាកើតមាន ព្រោះវេទនាជាបច្ច័យ ឧបាទានកើតមាន ព្រោះតណ្ហាជាបច្ច័យ ភពកើតមាន ព្រោះឧបាទាន ជាបច្ច័យ ជាតិកើតមាន ព្រោះភពជាបច្ច័យ ជរាមរណៈកើតមាន ព្រោះជាតិជាបច្ច័យ សេចក្តី សោក ខ្សឹកខ្សួល ទុក្ខ តូចចិត្ត ចង្អៀតចិត្ត ក៏កើតមានដែរ។ ម្នាលភិក្ខុទាំងឡាយ នេះឯង ជាសេចក្តីកើតឡើងនៃលោក។

[១៥៥] ម្នាលភិក្ខុទាំងឡាយ ចុះសេចក្តីអស់ទៅនៃលោក តើដូចម្តេច។ ចក្ខុវិញ្ញាណ កើតឡើង ព្រោះអាស្រ័យចក្ខុ និងរូប ការប្រជុំនៃធម៌ទាំង ៣ ឈ្មោះថា ផស្សៈ វេទនាកើតមាន ព្រោះផស្សៈជាបច្ច័យ តណ្ហាកើតមាន ព្រោះវេទនាជាបច្ច័យ សេចក្តីរលត់ នៃឧបាទាន ព្រោះវិនាស និងរលត់មិនសល់ នៃតណ្ហានោះឯង សេចក្តីរលត់នៃភព ព្រោះរលត់នៃឧបាទាន សេចក្តីរលត់នៃជាតិ ព្រោះរលត់នៃភព ជរាមរណៈរលត់ទៅ ព្រោះរលត់នៃជាតិ សេចក្តីសោក ខ្សឹកខ្សួល ទុក្ខ តូចចិត្ត ចង្អៀតចិត្ត ក៏រលត់ទៅដែរ។ សេចក្តីរលត់នៃកងទុក្ខទាំងអស់នេះ យ៉ាងនេះ។ នេះឯង ជាសេចក្តីអស់ទៅ នៃលោក។បេ។ កើតឡើង ព្រោះអាស្រ័យអណ្តាត និងរស។បេ។ មនោវិញ្ញាណកើតឡើង ព្រោះអាស្រ័យចិត្ត និងធម៌ ការប្រជុំនៃធម៌ទាំង ៣ ឈ្មោះថា ផស្សៈ វេទនា កើតមាន ព្រោះផស្សៈជាបច្ច័យ តណ្ហាកើតមាន ព្រោះវេទនាជាបច្ច័យ សេចក្តីរលត់ទៅនៃ ឧបាទាន ព្រោះវិនាស និងរលត់មិនសល់ នៃតណ្ហានោះឯង។បេ។ សេចក្តីរលត់នៃកងទុក្ខទាំងអស់នេះ យ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ នេះឯងជាសេចក្តីអស់ទៅ នៃលោក។

ចប់សូត្រ ទី៤។

(សេយ្យោហមស្មិ)សូត្រ ទី៥

(៥. សេយ្យោហមស្មិសុត្តំ)

[១៥៦] ម្នាលភិក្ខុទាំងឡាយ កាលបើហេតុអ្វីមាន អាស្រ័យហេតុអ្វី ធ្វើអ្វីឲ្យជាហេតុ ទើបមានការប្រកាន់ថា អាត្មាអញ ប្រសើរ (ជាងគេ) ឬថា អាត្មាអញ ស្មើ (នឹងគេ) ឬក៏ថា អាត្មាអញ ថោកទាប (ជាងគេ)។ បពិត្រព្រះអង្គដ៏ចម្រើន ធម៌របស់យើងខ្ញុំទាំងឡាយ មានព្រះមានព្រះភាគ ជាមូល។ ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុមាន អាស្រ័យនូវចក្ខុ ធ្វើចក្ខុឲ្យជាហេតុ ទើបមានការប្រកាន់ថា អាត្មាអញ ប្រសើរ (ជាងគេ) ឬថា អាត្មាអញ ស្មើ (នឹងគេ) ឬក៏ថា អាត្មាអញ ថោកទាប (ជាងគេ)។បេ។ កាលបើអណ្តាតមាន។បេ។ កាលបើចិត្តមាន អាស្រ័យនូវចិត្ត ធ្វើចិត្តឲ្យជាហេតុ ទើបមានការប្រកាន់ថា អាត្មាអញ ប្រសើរ (ជាងគេ) ឬថា អាត្មាអញ ស្មើ (នឹងគេ) ឬក៏ថា អាត្មាអញ ថោកទាប (ជាងគេ)។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សម្គាល់សេចក្តីនោះ ថាដូចម្តេច ចក្ខុទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ ចុះរបស់ណា មិនទៀង របស់នោះ ជាទុក្ខឬជាសុខ។ ជាទុក្ខ ព្រះអង្គ។ របស់ណា មិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា បើមិនអាស្រ័យនូវរបស់នោះ តើនឹងមានសេចក្តីប្រកាន់ថា អាត្មាអញ ប្រសើរ (ជាងគេ) ឬថា អាត្មាអញ ស្មើ (នឹងគេ) ឬក៏ថា អាត្មាអញ ថោកទាប (ជាងគេ) បានដែរឬ។ មិនមែនដូច្នោះទេ ព្រះអង្គ។បេ។ អណ្តាត ទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។បេ។ ចិត្ត ទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ ចុះរបស់ណា មិនទៀង របស់នោះជាទុក្ខ ឬជាសុខ។ ជាទុក្ខ ព្រះអង្គ។ របស់ណា មិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា បើមិនអាស្រ័យ នូវរបស់នោះ តើនឹងមានសេចក្តីប្រកាន់ថា អាត្មាអញ ប្រសើរ (ជាងគេ) ឬថា អាត្មាអញ ស្មើ(នឹងគេ) ឬក៏ថា អាត្មាអញ ថោកទាប (ជាងគេ) បានដែរឬ។ មិនមែនដូច្នោះទេ ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវ័កអ្នកចេះដឹង កាលបើឃើញយ៉ាងនេះ រមែងនឿយណាយនឹងចក្ខុផង។បេ។ នឿយណាយនឹង អណ្តាតផង។បេ។ នឿយណាយនឹងចិត្តផង កាលបើនឿយណាយ រមែងប្រាសចាកតម្រេក ព្រោះប្រាសចាកតម្រេក ចិត្តក៏រួចស្រឡះ។ កាលបើចិត្តរួចស្រឡះហើយ សេចក្តីដឹងថា ចិត្តរួចស្រឡះហើយ ក៏កើតមាន។ អរិយសាវ័កនោះ ដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចរិយធម៌ អាត្មាអញ បានប្រព្រឹត្តគ្រប់គ្រាន់ហើយ សោឡសកិច្ចអាត្មាអញ ធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។

ចប់សូត្រ ទី៥។

(សំយោជនិយ)សូត្រ ទី៦

(៦. សំយោជនិយសុត្តំ)

[១៥៧] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសម្តែងនូវធម៌ ជាហេតុនៃសំយោជនៈ និងសំយោជនៈ ចូរអ្នកទាំងឡាយ ប្រុងស្តាប់នូវធម៌នោះចុះ។ ម្នាលភិក្ខុទាំងឡាយ ធម៌ជាហេតុ នៃសំយោជនៈ តើដូចម្តេច សំយោជនៈ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ចក្ខុ ឈ្មោះថា ធម៌ជាហេតុ នៃសំយោជនៈ សេចក្តីត្រេកត្រអាលណា ក្នុងចក្ខុនោះ សេចក្តីត្រេកត្រអាលនោះ ឈ្មោះថា សំយោជនៈ ក្នុងចក្ខុនោះ។បេ។ អណ្តាត ឈ្មោះថា ធម៌ជាហេតុ នៃសំយោជនៈ។ បេ។ ចិត្ត ឈ្មោះថា ធម៌ជាហេតុនៃសំយោជនៈ សេចក្តីត្រេកត្រអាលណា ក្នុងចិត្តនោះ សេចក្តីត្រេកត្រអាលនោះ ឈ្មោះថា សំយោជនៈ ក្នុងចិត្តនោះ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ធម៌ជាហេតុនៃសំយោជនៈ នេះហៅថា សំយោជនៈ។

ចប់សូត្រ ទី៦។

(ឧបាទានិយ)សូត្រ ទី៧

(៧. ឧបាទានិយសុត្តំ)

[១៥៨] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងនូវធម៌ ជាហេតុនៃឧបាទាន និងឧបាទាន ចូរអ្នកទាំងឡាយ ប្រុងស្តាប់នូវធម៌នោះចុះ។ ម្នាលភិក្ខុទាំងឡាយ ធម៌ជាហេតុនៃឧបាទាន តើដូចម្តេច ឧបាទាន តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ចក្ខុឈ្មោះថា ធម៌ជាហេតុ នៃឧបាទានសេចក្តី ត្រេកត្រអាលណា ក្នុងចក្ខុនោះ សេចក្តីត្រេកត្រអាលនោះ ឈ្មោះថា ឧបាទាន ក្នុងចក្ខុនោះ។បេ។ អណ្តាត ឈ្មោះថា ធម៌ជាហេតុ នៃឧបាទាន។បេ។ ចិត្តឈ្មោះថា ធម៌ជាហេតុនៃឧបាទាន សេចក្តីត្រេកត្រអាលណា ក្នុងចិត្តនោះ សេចក្តីត្រេកត្រអាលនោះ ឈ្មោះថា ឧបាទានក្នុងចិត្តនោះ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ធម៌ជាហេតុនៃឧបាទាន នេះហៅថា ឧបាទាន។

ចប់សូត្រ ទី៧។

(អជ្ឈត្តិកាយតនបរិជានន)សូត្រ ទី៨

(៨. អជ្ឈត្តិកាយតនបរិជាននសុត្តំ)

[១៥៩] ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលមិនបានដឹងច្បាស់ មិនបានកំណត់ដឹង មិនបាននឿយណាយ មិនបានលះបង់ នូវចក្ខុទេ មិនគួរដើម្បីអស់ទៅ នៃទុក្ខបានឡើយ។បេ។ នូវអណ្តាត។ បេ។ បុគ្គលដែលមិនបានដឹងច្បាស់ មិនបានកំណត់ដឹង មិនបាននឿយណាយ មិនបានលះបង់ នូវចិត្តទេ មិនគួរដើម្បីអស់ទៅ នៃទុក្ខបានឡើយ។ ម្នាលភិក្ខុទាំងឡាយ លុះតែបុគ្គល ដែលដឹងច្បាស់ កំណត់ដឹង នឿយណាយ លះបង់ នូវចក្ខុនោះឯង ទើបគួរដើម្បីអស់ទៅ នៃទុក្ខបាន។បេ។ បុគ្គលដែលដឹងច្បាស់ កំណត់ដឹង នឿយណាយ លះបង់ នូវអណ្តាត កាយ ចិត្ត ទើបគួរដើម្បីអស់ទៅ នៃទុក្ខបាន។ ម្នាលភិក្ខុទាំងឡាយ បុគ្គល ដែលមិនបានដឹងច្បាស់ មិនបានកំណត់ដឹង មិនបាននឿយណាយ មិនបានលះបង់ នូវរូបទេ មិនគួរដើម្បីអស់ទៅ នៃទុក្ខបានឡើយ។ បុគ្គលដែលមិនបានដឹងច្បាស់ មិនបានកំណត់ដឹង មិនបាននឿយណាយ មិនបានលះបង់ នូវសំឡេង ក្លិន រស ផ្សព្វ ធម្មារម្មណ៍ទេ មិនគួរដើម្បីអស់ទៅ នៃទុក្ខបានឡើយ ម្នាលភិក្ខុទាំងឡាយ លុះតែបុគ្គល ដែលដឹងច្បាស់ កំណត់ដឹង នឿយណាយ លះបង់នូវរូប ទើបគួរដើម្បីអស់ទៅ នៃទុក្ខបាន។ បុគ្គលដែលដឹងច្បាស់ កំណត់ដឹង នឿយណាយ លះបង់ នូវសំឡេង ក្លិន រស ផ្សព្វ ធម្មារម្មណ៍ ទើបគួរដើម្បីអស់ទៅ នៃទុក្ខបាន។

ចប់សូត្រ ទី៨។

(ពាហិរាយតនបរិជានន)សូត្រ ទី៩

(៩. ពាហិរាយតនបរិជាននសុត្តំ)

[១៦០] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងផ្ទះសំណាក់ ដែលធ្វើដោយឥដ្ឋ ជិតស្រុកមួយឈ្មោះ ញាតិកៈ។ គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់ចូលទៅសម្ងំ នៅក្នុងទីស្ងាត់ ហើយសំដែង នូវធម្មបរិយាយនេះថា ចក្ខុវិញ្ញាណ រមែងកើតឡើង ព្រោះអាស្រ័យចក្ខុ និងរូប ការប្រជុំនៃធម៌ ទាំង ៣ ឈ្មោះថា ផស្សៈ វេទនាកើតមាន ព្រោះផស្សៈជាបច្ច័យ តណ្ហាកើតមាន ព្រោះវេទនាជាបច្ច័យ ឧបាទានកើតមាន ព្រោះតណ្ហាជាបច្ច័យ ភពកើតមាន ព្រោះឧបាទានជាបច្ច័យ ជាតិកើតមាន ព្រោះភពជាបច្ច័យ ជរាមរណៈកើតមាន ព្រោះជាតិជាបច្ច័យ សេចក្តីសោក ខ្សឹកខ្សួល ទុក្ខ តូចចិត្ត ចង្អៀតចិត្ត ក៏កើតមានដែរ។ សេចក្តីកើតឡើង នៃកងទុក្ខទាំងអស់នេះ យ៉ាងនេះ។បេ។ រមែងកើតឡើង ព្រោះអាស្រ័យអណ្តាត និងរស។បេ។ មនោវិញ្ញាណ រមែងកើតឡើង ព្រោះអាស្រ័យចិត្ត និងធម្មារម្មណ៍ ការប្រជុំនៃធម៌ ទាំង ៣ ឈ្មោះថា ផស្សៈ វេទនាកើត មានព្រោះផស្សៈជាបច្ច័យ តណ្ហាកើតមាន ព្រោះវេទនាជាបច្ច័យ ឧបាទានកើតមាន ព្រោះតណ្ហា ជាបច្ច័យ ភពកើតមាន ព្រោះឧបាទានជាបច្ច័យ ជាតិកើតមាន ព្រោះភពជាបច្ច័យ ជរាមរណៈកើតមាន ព្រោះជាតិជាបច្ច័យ សេចក្តីសោក ខ្សឹកខ្សួល ទុក្ខ តូចចិត្ត ចង្អៀតចិត្ត ក៏កើតមានដែរ។ សេចក្តីកើតឡើង នៃកងទុក្ខទាំងអស់នេះ យ៉ាងនេះ។

[១៦១] ចក្ខុវិញ្ញាណ រមែងកើតឡើង ព្រោះអាស្រ័យចក្ខុ និងរូប ការប្រជុំនៃធម៌ ទាំង ៣ ឈ្មោះថា ផស្សៈ វេទនាកើតមាន ព្រោះផស្សៈជាបច្ច័យ តណ្ហាកើតមាន ព្រោះវេទនាជាបច្ច័យ សេចក្តីរលត់នៃឧបាទាន ព្រោះវិនាស និងរលត់មិនសល់ នៃតណ្ហានោះឯង សេចក្តីរលត់នៃភព ព្រោះរលត់នៃឧបាទាន សេចក្តីរលត់នៃជាតិ ព្រោះរលត់នៃភព ជរាមរណៈ រលត់ ព្រោះរលត់ នៃជាតិ សេចក្តីសោក ខ្សឹកខ្សួល ទុក្ខ តូចចិត្ត ចង្អៀតចិត្ត ក៏រលត់ទៅដែរ។ សេចក្តីរលត់ នៃកងទុក្ខទាំងអស់នេះ យ៉ាងនេះ។បេ។ រមែងកើតឡើង ព្រោះអាស្រ័យអណ្តាត និងរស។បេ។ មនោវិញ្ញាណ រមែងកើតឡើង ព្រោះអាស្រ័យចិត្ត និងធម្មារម្មណ៍ ការប្រជុំនៃធម៌ ទាំង ៣ ឈ្មោះថា ផស្សៈ វេទនាកើតមាន ព្រោះផស្សៈជាបច្ច័យ តណ្ហាកើតមាន ព្រោះវេទនាជាបច្ច័យ សេចក្តីរលត់នៃឧបាទាន ព្រោះវិនាស និងរលត់មិនសល់ នៃតណ្ហានោះឯង សេចក្តីរលត់នៃភព ព្រោះរលត់នៃឧបាទាន។បេ។ សេចក្តីរលត់នៃ កងទុក្ខទាំងអស់នេះ យ៉ាងនេះ។

ចប់សូត្រ ទី៩។

(ឧបស្សុតិ)សូត្រ ទី១០

(១០. ឧបស្សុតិសុត្តំ)

[១៦២] សម័យនោះឯង ភិក្ខុមួយរូប ឈរអែបស្តាប់ព្រះពុទ្ធដីការ នៃព្រះមានព្រះភាគ។ ព្រះមានព្រះភាគ ក៏ទ្រង់ទតឃើញភិក្ខុនោះ កំពុងឈរអែបស្តាប់ លុះឃើញហើយ ក៏ត្រាស់សួរភិក្ខុនោះ ដូច្នេះថា ម្នាលភិក្ខុ អ្នកបានឮធម្មបរិយាយនេះឬ។ ព្រះករុណា ព្រះអង្គ។ ម្នាលភិក្ខុ ចូរអ្នករៀននូវធម្មបរិយាយនេះចុះ ម្នាលភិក្ខុ ចូរអ្នកទន្ទេញ នូវធម្មបរិយាយនេះចុះ ម្នាលភិក្ខុ ចូរអ្នកចាំទុក នូវធម្មបរិយាយនេះចុះ ម្នាលភិក្ខុ ធម្មបរិយាយនេះឯង ប្រកបដោយប្រយោជន៍ ជាខាងដើម នៃព្រហ្មចរិយធម៌។

ចប់សូត្រ ទី១០។

ចប់ យោគក្ខេមិវគ្គ ទី១។

ឧទ្ទាននៃយោគក្ខេមិវគ្គនោះ គឺ

និយាយអំពីបុគ្គលមានសេចក្តីក្សេម ចាកយោគៈ ១ អំពីសុខទុក្ខកើតឡើង ព្រោះអាស្រ័យ (ចក្ខុជាដើម) ១ អំពីសេចក្តីកើត និងរលត់នៃទុក្ខ ១ អំពីសេចក្តីកើត និងរលត់នៃលោក ១ អំពីសេចក្តីប្រកាន់ថា ប្រសើរ ជាដើម ១ អំពីសំយោជនៈ ១ អំពីឧបាទាន ១ អំពីបុគ្គលកំណត់ដឹង មាន ២ លើក អំពីភិក្ខុឈរអែបស្តាប់ធម៌ ១។</div>

លោកកាមគុណវគ្គ ទី២(១២)

(១២. លោកកាមគុណវគ្គោ)

(បឋមមារបាស)សូត្រ ទី១

(១. បឋមមារបាសសុត្តំ)

[១៦៣] ម្នាលភិក្ខុទាំងឡាយ មានរូបដែលគប្បីដឹងបានដោយចក្ខុ ជារូបគួរប្រាថ្នា គួរត្រេកអរ ជាទីពេញចិត្ត ជាទីស្រឡាញ់ ប្រកបដោយកាម ជាហេតុនៃសេចក្តីត្រេកអរ បើភិក្ខុត្រេកអរ សរសើរ ឋិតនៅដោយសេចក្តីចូលចិត្តមាំ4) ចំពោះរូបនោះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះហៅថា ទៅកាន់លំនៅនៃមារ ទៅកាន់អំណាច នៃមារ អន្ទាក់នៃមារ ក៏ចងអវយវៈភិក្ខុនោះ ភិក្ខុនោះឈ្មោះថា ជាប់ដោយចំណងនៃមារ គួរមារធ្វើតាមប្រាថ្នាបាន។ បេ។ ម្នាលភិក្ខុទាំងឡាយ មានរស ដែលគប្បីដឹងបាន ដោយអណ្តាត។បេ។ ម្នាលភិក្ខុទាំងឡាយ មានធម្មារម្មណ៍ ដែលគប្បីដឹងបាន ដោយចិត្ត ជាធម្មារម្មណ៍គួរប្រាថ្នា គួរត្រេកអរ ជាទីពេញចិត្ត ជាទីស្រឡាញ់ ប្រកបដោយកាម ជាហេតុនៃសេចក្តីត្រេកអរ បើភិក្ខុត្រេកអរ សរសើរ ឋិតនៅដោយសេចក្តីចូលចិត្តមាំ ចំពោះអារម្មណ៍នោះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះហៅថា ទៅកាន់លំនៅ នៃមារ ទៅកាន់អំណាចនៃមារ អន្ទាក់របស់មារ ក៏ចងអវយវៈភិក្ខុនោះ ភិក្ខុនោះឈ្មោះថា ជាប់ដោយចំណងនៃមារ គួរមាធ្វើតាមប្រាថ្នាបាន។

[១៦៤] ម្នាលភិក្ខុទាំងឡាយ មានរូបដែលគប្បីដឹងបានដោយចក្ខុ ជារូបគួរប្រាថ្នា គួរត្រេកអរ ជាទីពេញចិត្ត ជាទីស្រឡាញ់ ប្រកបដោយកាម ជាហេតុនៃសេចក្តីត្រេកអរ បើភិក្ខុមិនត្រេកអរ មិនសរសើរ មិនឋិតនៅដោយសេចក្តីចូលចិត្តមាំ ចំពោះរូបនោះទេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះហៅថា មិនទៅកាន់លំនៅនៃមារ មិនទៅកាន់អំណាច នៃមារ អន្ទាក់របស់មារ ក៏របូតចេញអំពីអវយវៈភិក្ខុនោះ ភិក្ខុនោះ ឈ្មោះថា រួចចាកចំណងនៃមារ មិនគួរមារធ្វើតាមប្រាថ្នាបានឡើយ។បេ។ ម្នាលភិក្ខុទាំងឡាយ មានរស ដែលគប្បីដឹងបានដោយអណ្តាត ជារស គួរប្រាថ្នា គួរត្រេកអរ ជាទីពេញចិត្ត ជាទីស្រឡាញ់ ប្រកបដោយកាម ជាហេតុ នៃសេចក្តីត្រេកអរ បើភិក្ខុមិនត្រេកអរ មិនសរសើរ មិនឋិតនៅ ដោយសេចក្តីចូលចិត្តមាំ ចំពោះរសនោះទេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះហៅថា មិនទៅកាន់លំនៅនៃមារ មិនទៅកាន់អំណាច នៃមារ អន្ទាក់របស់មារ ក៏របូតចេញអំពីអវយវៈភិក្ខុនោះ ភិក្ខុនោះឈ្មោះថា រួចចាកចំណងនៃមារ មិនគួរមារធ្វើតាមប្រាថ្នាបានឡើយ។បេ។ ម្នាលភិក្ខុទាំងឡាយ មានធម្មារម្មណ៍ ដែលគប្បីដឹងបានដោយចិត្ត ជាធម្មារម្មណ៍ គួរប្រាថ្នា គួរត្រេកអរ ជាទីពេញចិត្ត ជាទីស្រឡាញ់ ប្រកបដោយកាម ជាហេតុនៃសេចក្តីត្រេកអរ បើភិក្ខុមិនត្រេកអរ មិនសរសើរ មិនឋិតនៅ ដោយសេចក្តីចូលចិត្តមាំ ចំពោះធម្មារម្មណ៍នោះទេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះហៅថា មិនទៅកាន់លំនៅនៃមារ មិនទៅកាន់អំណាចនៃមារ អន្ទាក់នៃមារ ក៏របូតចេញអំពីអវយវៈភិក្ខុនោះ ភិក្ខុនោះ ឈ្មោះថា រួចចាកចំណងនៃមារ មិនគួរមារធ្វើតាមប្រាថ្នាបានឡើយ។

ចប់សូត្រ ទី១។

(ទុតិយមារបាស)សូត្រ ទី២

(២. ទុតិយមារបាសសុត្តំ)

[១៦៥] ម្នាលភិក្ខុទាំងឡាយ មានរូបដែលគប្បីដឹងបានដោយចក្ខុ ជារូបគួរប្រាថ្នា គួរត្រេកអរ ជាទីពេញចិត្ត ជាទីស្រឡាញ់ ប្រកបដោយកាម ជាហេតុនៃសេចក្តីត្រេកអរ បើភិក្ខុត្រេកអរ សរសើរ ឋិតនៅដោយសេចក្តីចូលចិត្តមាំ ចំពោះរូបនោះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះ ហៅថា ជាប់ក្នុងរូប ដែលគប្បីដឹងដោយចក្ខុ ទៅកាន់លំនៅនៃមារ ទៅកាន់អំណាចនៃមារ គួរមារធ្វើតាមប្រាថ្នាបាន។ បេ។ ម្នាលភិក្ខុទាំងឡាយ មានរស ដែលគប្បីដឹងបានដោយអណ្តាត។បេ។ ម្នាលភិក្ខុទាំងលាយ មានមានធម្មារម្មណ៍ ដែលគប្បីដឹងបានដោយចិត្ត ជាធម្មារម្មណ៍គួរប្រាថ្នា គួរត្រេកអរ ជាទីពេញចិត្ត ជាទីស្រឡាញ់ ប្រកបដោយកាម ជាហេតុនៃសេចក្តីត្រេកអរ បើភិក្ខុត្រេកអរ សរសើរ ឋិតនៅដោយសេចក្តីចូលចិត្តមាំ ចំពោះធម្មារម្មណ៍នោះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះ ហៅថា ជាប់ក្នុងធម្មារម្មណ៍ ដែលគប្បីដឹងបានដោយចិត្ត ទៅកាន់លំនៅនៃមារ ទៅកាន់អំណាចនៃមារ គួរមារធ្វើតាមប្រាថ្នាបាន។

[១៦៦] ម្នាលភិក្ខុទាំងឡាយ មានរូបដែលគប្បីដឹងបានដោយចក្ខុ ជារូបគួរប្រាថ្នា គួរត្រេកអរ ជាទីពេញចិត្ត ជាទីស្រឡាញ់ ប្រកបដោយកាម ជាហេតុនៃសេចក្តីត្រេកអរ បើភិក្ខុមិនត្រេកអរ មិនសរសើរ មិនឋិតនៅ ដោយសេចក្តីចូលចិត្តមាំ ចំពោះរូបនោះទេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះ ហៅថា រួចចាករូប ដែលគប្បីដឹងបានដោយចក្ខុ មិនទៅកាន់លំនៅនៃមារ មិនទៅកាន់អំណាចនៃមារ មិនគួរមារធ្វើតាមប្រាថ្នាបានឡើយ។បេ។ ម្នាលភិក្ខុទាំងឡាយ មានរស ដែលគប្បីដឹងដោយអណ្តាត។បេ។ ម្នាលភិក្ខុទាំងឡាយ មានធម្មារម្មណ៍ ដែលគប្បីដឹងបានដោយចិត្ត ជាធម្មារម្មណ៍គួរប្រាថ្នា គួរត្រេកអរ ជាទីពេញចិត្ត ជាទីស្រឡាញ់ ប្រកបដោយកាម ជាហេតុនៃសេចក្តីត្រេកអរ បើភិក្ខុមិនត្រេកអរ មិនសរសើរ មិនឋិតនៅដោយសេចក្តីចូលចិត្តមាំ ចំពោះធម្មារម្មណ៍នោះទេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះ ហៅថា រួចចាកធម្មារម្មណ៍ ដែលគប្បីដឹងបានដោយចិត្ត មិនទៅកាន់លំនៅនៃមារ មិនទៅកាន់អំណាចនៃមារ មិនគួរមារធ្វើតាមប្រាថ្នាបានឡើយ។

ចប់សូត្រ ទី២។

(លោកន្តគមន)សូត្រ ទី៣

(៣. លោកន្តគមនសុត្តំ)

[១៦៧] ម្នាលភិក្ខុទាំងឡាយ តថាគតមិនពោលនូវទីបំផុតនៃលោក5) ថា បុគ្គលគប្បីដឹង គប្បីឃើញ គប្បីដល់ ដោយដំណើរទៅបានឡើយ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត តថាគត មិនពោលនូវដំណើរសត្វ ដែលមិនទាន់ដល់ នូវទីបំផុតនៃលោក6) ហើយធ្វើនូវទីបំផុតនៃទុក្ខបានឡើយ។ លុះព្រះមានព្រះភាគ ពោលពាក្យនេះហើយ ក៏ក្រោកអំពីអាសនៈ ស្តេចចូលទៅកាន់វិហារ។ កាលដែលព្រះមានព្រះភាគ ទ្រង់ចៀសចេញទៅ មិនយូរប៉ុន្មាន ទើបភិក្ខុទាំងនោះ មានសេចក្តីប្រឹក្សា ដូច្នេះថា ម្នាលអាវុសោទាំងឡាយ ព្រះមានព្រះភាគ សម្តែងនូវឧទ្ទេសនេះឯង ដោយសង្ខេប ដល់យើងទាំងឡាយ ពុំបានចែករំលែក នូវសេចក្តីដោយពិស្តារ រួចក៏ក្រោកអំពីអាសនៈ ស្តេចចូលទៅកាន់វិហារវិញទៅ (សេចក្តីដែលព្រះអង្គសម្តែងនោះថា) ម្នាលភិក្ខុទាំងឡាយ តថាគត មិនពោលនូវទីបំផុត នៃលោកថា បុគ្គលគប្បីដឹង គប្បីឃើញ គប្បីដល់ ដោយដំណើរទៅបានឡើយ ម្នាលភិក្ខុទាំងឡាយ មួយទៀត តថាគត មិនពោលនូវ ដំណើរសត្វ ដែលមិនទាន់ដល់នូវទីបំផុតនៃលោក ហើយធ្វើនូវទីបំផុតនៃទុក្ខបានឡើយ។ ឧទ្ទេស នេះ ព្រះមានព្រះភាគ ទ្រង់សម្តែងដោយសង្ខេប ពុំបានចែករំលែក នូវសេចក្តីដោយពិស្តារ នរណាហ្ន៎ នឹងគប្បីចែករំលែក នូវសេចក្តីដោយពិស្តារបាន។ លំដាប់នោះឯង ភិក្ខុទាំងនោះ មានសេចក្តីប្រឹក្សា ដូច្នេះថា ព្រះអានន្ទមានអាយុនេះឯង ព្រះសាស្តា ក៏ទ្រង់បានសរសើរ ពួកអ្នកប្រាជ្ញ ជាសព្រហ្មចារីបុគ្គល ក៏បានលើកតម្កើង ឧទ្ទេស ដែលព្រះមានព្រះភាគ ទ្រង់សម្តែងដោយសង្ខេប ពុំបានចែករំលែក នូវសេចក្តីដោយពិស្តារនេះ ព្រះអានន្ទមានអាយុ អាចនឹងចែករំលែក នូវសេចក្តីដោយពិស្តារបាន បើដូច្នោះ ពួកយើងគួរចូលទៅរកព្រះអានន្ទមានអាយុ លុះចូលទៅដល់ហើយ គប្បីសាកសួរសេចក្តីនុ៎ះ ចំពោះព្រះអានន្ទមានអាយុ។

[១៦៨] គ្រានោះ ភិក្ខុទាំងនោះ ចូលទៅរកព្រះអានន្ទមានអាយុ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះអានន្ទមានអាយុ លុះបញ្ចប់ពាក្យ ដែលគួររីករាយ គួររឭកហើយ ក៏អង្គុយក្នុងទីដ៏សមគួរ។ លុះភិក្ខុទាំងនោះ អង្គុយក្នុងទីដ៏សមគួរហើយ ក៏ដំណាលសេចក្តីនុ៎ះ ចំពោះព្រះអានន្ទមានអាយុថា ម្នាលអាវុសោអានន្ទ ព្រះមានព្រះភាគ សម្តែងនូវឧទ្ទេសនេះឯង ដោយសេចក្តីសង្ខេប ដល់យើងទាំងឡាយ ពុំបានចែករំលែក នូវសេចក្តីដោយពិស្តារ រួចក៏ក្រោកអំពីអាសនៈ ស្តេចចូលទៅកាន់វិហារ (សេចក្តីដែលព្រះអង្គសម្តែងនោះថា) ម្នាលភិក្ខុទាំងឡាយ តថាគត មិនពោលនូវទីបំផុត នៃលោកថា បុគ្គលគប្បីដឹង គប្បីឃើញ គប្បីដល់ ដោយដំណើរទៅបានឡើយ ម្នាលភិក្ខុទាំងឡាយ មួយទៀត តថាគតមិនពោល នូវដំណើរសត្វ ដែលមិនបានដល់នូវទីបំផុតនៃលោក ហើយធ្វើនូវទីបំផុតនៃទុក្ខបានឡើយ។ ម្នាលអាវុសោ កាលដែលព្រះមានព្រះភាគ ស្តេចចេញទៅមិនយូរប៉ុន្មាន យើងទាំងឡាយ ក៏មានសេចក្តីប្រឹក្សា ដូច្នេះថា ម្នាលអាវុសោទាំងឡាយ ព្រះមានព្រះភាគ សម្តែងនូវឧទ្ទេសនេះឯង ដោយសេចក្តីសង្ខេប ដល់យើងទាំងឡាយ ពុំបានចែករំលែក នូវសេចក្តីដោយពិស្តារ រួចក៏ក្រោកអំពីអាសនៈ ស្តេចចូលទៅកាន់វិហារ (សេចក្តីដែលព្រះអង្គសម្តែងនោះថា) ម្នាលភិក្ខុទាំងឡាយ តថាគតមិនពោល នូវទីបំផុតនៃលោកថា បុគ្គលគប្បីដឹង គប្បីឃើញ គប្បីដល់ ដោយដំណើរទៅបានឡើយ ម្នាលភិក្ខុទាំងឡាយ មួយទៀត តថាគត មិនពោលនូវដំណើរសត្វ ដែលមិនបានដល់ នូវទីបំផុតនៃលោក ហើយធ្វើនូវទីបំផុត នៃទុក្ខបានឡើយ។ ឧទ្ទេសនេះ ព្រះមានព្រះភាគ សម្តែងដោយសង្ខេប ពុំបានចែករំលែក នូវសេចក្តីដោយពិស្តារ នរណាហ្ន៎ នឹងគប្បីចែករំលែក នូវសេចក្តីដោយពិស្តារបាន។ ម្នាលអាវុសោ យើងទាំងឡាយ ក៏មានសេចក្តីប្រឹក្សា ដូច្នេះថា ព្រះអានន្ទមានអាយុនេះឯង ព្រះសាស្តា ក៏ទ្រង់សរសើរ ពួកអ្នកប្រាជ្ញ ជាសព្រហ្មចារីបុគ្គល ក៏លើកតម្កើង ឧទ្ទេសនេះ ដែលព្រះមានព្រះភាគ ទ្រង់សម្តែងដោយសង្ខេប មិនបានចែករំលែក នូវសេចក្តីដោយពិស្តារ ព្រះអានន្ទមានអាយុ អាចនឹងចែករំលែក នូវសេចក្តីដោយពិស្តារបាន បើដូច្នោះ គួរយើងទាំងឡាយ ចូលទៅរកព្រះអានន្ទមានអាយុ លុះចូលទៅដល់ហើយ គួរសាកសួរសេចក្តីនុ៎ះ ចំពោះព្រះអានន្ទមានអាយុ។ សូមព្រះអានន្ទមានអាយុ ចែករំលែកនូវសេចក្តីនោះ។ ព្រះអានន្ទតបថា ម្នាលអាវុសោទាំងឡាយ ដូចបុរសអ្នកត្រូវការខ្លឹមឈើ ស្វែងរកខ្លឹមឈើ ត្រាច់ទៅកាន់ទីស្វែងរកខ្លឹមឈើ កាលបើឈើធំមានខ្លឹមនៅមាន រំលងគល់ រំលងដើម ហើយសម្គាល់នូវមែក និងសន្លឹក ថាជាខ្លឹម ដែលត្រូវស្វែងរក មានឧបមា យ៉ាងណាមិញ សេចក្តីនេះ ក៏មានឧបមេយ្យ យ៉ាងនោះឯង គឺថា ព្រះសាស្តា ទ្រង់គង់ក្នុងទីចំពោះមុខ នៃលោកមានអាយុទាំងឡាយ អ្នកទាំងឡាយ រំលងព្រះមានព្រះភាគ ហើយសម្គាល់នូវយើង ថាជាបុគ្គលគួរសាកសួរចំពោះសេចក្តីនោះ។ ម្នាលអាវុសោទាំងឡាយ ព្រោះថា ព្រះមានព្រះភាគនោះ តែងជ្រាបនូវហេតុដែលគប្បីជ្រាប តែងឃើញនូវហេតុ ដែលគប្បីឃើញ ព្រះអង្គ មានចក្ខុ មានញាណ មានធម៌ មានសភាពជាបុគ្គលប្រសើរ ជាអ្នកប្រតិបត្តិធម៌ ប្រព្រឹត្តធម៌ ណែនាំនូវប្រយោជន៍ ឲ្យនូវព្រះនិព្វាន ជាម្ចាស់នៃធម៌ ទ្រង់មកហើយ ដោយប្រការដូច្នោះ ឯកាលដ៏សមគួរ ដល់ប្រស្នានុ៎ះ គឺ កាលវេលាដែល អ្នកទាំងឡាយ គួរតែសាកសួរសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ ព្រះមានព្រះភាគ ដោះស្រាយនឹងអ្នកទាំងឡាយយ៉ាងណា អ្នកទាំងឡាយ គប្បីចាំទុកនូវសេចក្តីនោះ យ៉ាងនោះ។ ម្នាលអាវុសោអានន្ទ ពិត ដូច្នោះមែន ព្រះមានព្រះភាគ ទ្រង់ជ្រាបនូវហេតុ ដែលគប្បីជ្រាប ទ្រង់ឃើញនូវហេតុ ដែលគប្បីឃើញដោយពិត ព្រះអង្គមានចក្ខុ មានញាណ មានធម៌ មានសភាពជាបុគ្គលប្រសើរ ជាអ្នកប្រតិបត្តិធម៌ ប្រព្រឹត្តធម៌ ណែនាំនូវប្រយោជន៍ ឲ្យនូវព្រះនិព្វាន ជាម្ចាស់នៃធម៌ ទ្រង់មកហើយ ដោយប្រការ ដូច្នោះ ឯកាលដ៏សមគួរ ដល់ប្រស្នានុ៎ះ គឺ កាលវេលា ដែលពួកយើង គួរតែសាកសួរសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ ព្រះមានព្រះភាគ ទ្រង់ដោះស្រាយ ដល់យើងទាំងឡាយ យ៉ាងណា យើងទាំងឡាយ គប្បីចាំទុក នូវសេចក្តីនោះ យ៉ាងនោះ ចំណែកខាងព្រះអានន្ទមានអាយុ ព្រះសាស្តា ក៏ទ្រង់សរសើរ ពួកអ្នកប្រាជ្ញ ជាសព្រហ្មចារីបុគ្គល ក៏លើកតម្កើង ឧទ្ទេសនេះ ដែលព្រះមានព្រះភាគ សម្តែងដោយសង្ខេប ពុំបានចែករំលែក នូវសេចក្តីដោយពិស្តារ ព្រះអានន្ទមានអាយុ អាចនឹងចែក រំលែកនូវសេចក្តី ដោយពិស្តារបាន សូមព្រះអានន្ទមានអាយុ ធ្វើនូវសេចក្តីមិនធ្ងន់7) ហើយ ចែករំលែកឲ្យទាន។

[១៦៩] ម្នាលអាវុសោទាំងឡាយ បើដូច្នោះ ចូរអ្នកទាំងឡាយ ប្រុងស្តាប់ ធ្វើទុកក្នុងចិត្តដោយប្រពៃចុះ ខ្ញុំនឹងសម្តែងឲ្យស្តាប់។ ភិក្ខុទាំងនោះ ក៏ទទួលពាក្យព្រះអានន្ទមានអាយុថា ករុណា អាវុសោ។ ព្រះអានន្ទមានអាយុ បានសម្តែងសេចក្តីនុ៎ះថា ម្នាលអាវុសោទាំងឡាយ ព្រះមានព្រះភាគ ទ្រង់សម្តែងនូវឧទ្ទេសណា ដោយសង្ខេប ដល់អ្នកទាំងឡាយ ពុំបានចែករំលែក នូវសេចក្តីដោយពិស្តារ រួចក៏ក្រោកអំពីអាសនៈ ស្តេចចូលទៅកាន់វិហារ ឯឧទ្ទេសនោះថា ម្នាលភិក្ខុទាំងឡាយ តថាគត មិនពោលនូវទីបំផុតនៃលោក ថាបុគ្គលគប្បីដឹង គប្បីឃើញ គប្បីដល់ ដោយដំណើរទៅបានឡើយ។ ម្នាលភិក្ខុទាំង ឡាយ មួយទៀត តថាគតមិនពោល នូវដំណើរសត្វ ដែលមិនបានដល់ នូវទីបំផុតនៃលោក ហើយធ្វើនូវទីបំផុត នៃទុក្ខបានឡើយ។ ម្នាលអាវុសោទាំងឡាយ ឧទ្ទេសនេះ ដែលព្រះមានព្រះភាគ ទ្រង់សម្តែងដោយសង្ខេប ពុំបានចែករំលែកនូវសេចក្តីដោយពិស្តារ ខ្ញុំអាចដឹងសេចក្តីដោយពិស្តារបាន។ ម្នាលអាវុសោទាំងឡាយ បុគ្គលជាអ្នកមានសេចក្តីសម្គាល់ថាលោក មានសេចក្តីរាប់អាន ថាលោក ក្នុងលោក ដោយសភាវៈណា សភាវៈនេះ ហៅថា លោក ក្នុងអរិយវិន័យ។ ម្នាលអាវុសោទាំងឡាយ បុគ្គល ជាអ្នកមានសេចក្តីសម្គាល់ថាលោក មានសេចក្តីរាប់អានថាលោក ក្នុងលោក តើដោយវត្ថុដូចម្តេច។ ម្នាលអាវុសោទាំងឡាយ បុគ្គលជាអ្នកមានសេចក្តីសម្គាល់ថាលោក មានសេចក្តីរាប់អានថាលោក ក្នុងលោក ដោយភ្នែកហ្នឹងឯង។ ម្នាលអាវុសោទាំងឡាយ ដោយត្រចៀកហ្នឹងឯង។ ម្នាលអាវុសោទាំងឡាយ ដោយច្រមុះហ្នឹងឯង។ ម្នាលអាវុសោទាំងឡាយ បុគ្គល ជាអ្នកមានសេចក្តីសម្គាល់ថាលោក មានសេចក្តីរាប់អានថា លោក ក្នុងលោក ដោយអណ្តាតហ្នឹងឯង។ ម្នាលអាវុសោទាំងឡាយ ដោយកាយហ្នឹងឯង។ ម្នាលអាវុសោទាំងឡាយ បុគ្គលជាអ្នកមានសេចក្តីសម្គាល់ថាលោក មានសេចក្តីរាប់អានថាលោក ក្នុងលោក ដោយចិត្តហ្នឹងឯង។ ម្នាលអាវុសោទាំងឡាយ បុគ្គលជាអ្នកមានសេចក្តីសម្គាល់ ថាលោក មានសេចក្តីរាប់អានថាលោក ក្នុងលោក ដោយសភាវៈណា សភាវៈនេះ ហៅថា លោក ក្នុងអរិយវិន័យ។ ម្នាលអាវុសោទាំងឡាយ ព្រះមានព្រះភាគ សម្តែងនូវឧទ្ទេសណា ដោយសង្ខេប មិនចែករំលែកនូវសេចក្តីដោយពិស្តារ រួចក៏ក្រោកអំពីសនៈ ស្តេចចូលទៅកាន់វិហារ ឯឧទ្ទេសនោះថា ម្នាលភិក្ខុទាំងឡាយ តថាគត មិនពោល នូវទីបំផុតនៃលោកថា បុគ្គលគប្បីដឹង គប្បីឃើញ គប្បីដល់ ដោយដំណើរទៅបានឡើយ ម្នាលភិក្ខុទាំងឡាយ មួយទៀត តថាគត មិនពោលនូវដំណើរសត្វ ដែលមិនបានដល់ នូវទីបំផុតនៃលោក ហើយធ្វើនូវទីបំផុតនៃទុក្ខបានឡើយ។ ម្នាលអាវុសោទាំងឡាយ ឧទ្ទេសនេះ ដែលព្រះមានព្រះភាគ ទ្រង់សម្តែងដោយសង្ខេប ពុំបានចែករំលែក នូវសេចក្តីដោយពិស្តារ ខ្ញុំអាចដឹងសេចក្តីដោយពិស្តារ យ៉ាងនេះឯង។ ម្នាលលោកមានអាយុទាំងឡាយ បើអ្នកទាំងឡាយ ប្រាថ្នាចង់ដឹង គប្បីចូលទៅគាល់ព្រះមានព្រះភាគ ហើយក្រាបទូលសួរសេចក្តីនុ៎ះទៀតចុះ បើព្រះមានព្រះភាគ ទ្រង់ព្យាករយ៉ាងណា អ្នកទាំងឡាយ គប្បីចាំទុក នូវសេចក្តីនោះ យ៉ាងនោះចុះ។

[១៧០] ភិក្ខុទាំងនោះ បានទទួលពាក្យព្រះអានន្ទមានអាយុថា ករុណា អាវុសោ ដូច្នេះហើយ ក៏ក្រោកអំពីអាសនៈ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះមានព្រះភាគ រួចអង្គុយក្នុងទីដ៏សមគួរ។ លុះភិក្ខុទាំងនោះ អង្គុយក្នុងទីដ៏សមគួរហើយ បានក្រាបទូលសួរសេចក្ដីនុ៎ះ ចំពោះព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចម្រើន ព្រះមានព្រះភាគ ទ្រង់សម្តែងនូវឧទ្ទេសណា ដោយសង្ខេប ដល់ខ្ញុំព្រះអង្គទាំងឡាយ ពុំបានចែករំលែក នូវសេចក្តីដោយពិស្តារ រួចក្រោកអំពីអាសនៈ ស្ដេចចូលទៅកាន់វិហារ ឯឧទ្ទេសនោះថា ម្នាលភិក្ខុទាំងឡាយ តថាគត មិនពោលនូវទីបំផុត នៃលោកថា បុគ្គលគប្បីដឹង គប្បីឃើញ គប្បីដល់ ដោយដំណើរទៅបានឡើយ ម្នាលភិក្ខុទាំងឡាយ មួយទៀត តថាគត មិនពោលនូវដំណើរសត្វ ដែលមិនបានដល់ នូវទីបំផុតនៃលោក ហើយធ្វើនូវទីបំផុត នៃទុក្ខបានឡើយ។ បពិត្រព្រះអង្គដ៏ចម្រើន កាលដែលព្រះមានព្រះភាគ ទ្រង់ចៀសចេញទៅ ពុំយូរប៉ុន្មាន ខ្ញុំព្រះអង្គទាំងឡាយ មានសេចក្តីប្រឹក្សា ដូច្នេះថា ម្នាលអាវុសោ ព្រះអង្គទ្រង់សម្តែង នូវឧទ្ទេសនេះឯង ដោយសង្ខេប ដល់យើងទាំងឡាយ ពុំបានចែករំលែក នូវសេចក្តីដោយពិស្តារ រួចក៏ក្រោកអំពីអាសនៈ ស្តេចចូលទៅកាន់វិហារ ឯឧទ្ទេសនោះថា ម្នាលភិក្ខុទាំងឡាយ តថាគត មិនពោលនូវទីបំផុត នៃលោក ថា បុគ្គលគប្បីដឹង គប្បីឃើញ គប្បីដល់ ដោយដំណើរទៅបានឡើយ ម្នាលភិក្ខុទាំងឡាយ មួយទៀត តថាគត មិនពោលនូវដំណើរសត្វ ដែលមិនបានដល់ នូវទីបំផុតនៃលោក ហើយធ្វើនូវទីបំផុត នៃទុក្ខបានឡើយ។ ឧទ្ទេស ដែលព្រះមានព្រះភាគ ទ្រង់សម្តែងដោយសង្ខេប ពុំបានចែករំលែក នូវសេចក្តីដោយពិស្តារនេះ នរណាហ្ន៎ នឹងគប្បីចែករំលែកនូវសេចក្តី ដោយពិស្តារបាន។ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គទាំងឡាយ មានសេចក្តីប្រឹក្សា ដូច្នេះថា ព្រះអានន្ទមានអាយុនេះឯង ព្រះសាស្តា ទ្រង់សរសើរ ពួកអ្នកប្រាជ្ញ ជាសព្រហ្មចារីបុគ្គល ក៏លើកតម្កើង ឧទ្ទេសដែលព្រះមានព្រះភាគ ទ្រង់សម្តែងដោយសង្ខេប ពុំបានចែករំលែក នូវសេចក្តីដោយពិស្តារនេះ ព្រះអានន្ទមានអាយុ អាចចែករំលែកនូវសេចក្តីដោយពិស្តារបាន បើដូច្នោះ ពួកយើងត្រូវចូលទៅរកព្រះអានន្ទមានអាយុ លុះចូលទៅដល់ហើយ ត្រូវសាកសួរសេចក្តីនុ៎ះ ចំពោះព្រះអានន្ទមានអាយុ។ បពិត្រព្រះអង្គដ៏ចម្រើន លំដាប់នោះ ខ្ញុំព្រះអង្គទាំងឡាយ បាននាំគ្នាចូលទៅ រកព្រះអានន្ទមានអាយុ លុះចូលទៅដល់ហើយ បានសាកសួរសេចក្តីនុ៎ះ ចំពោះព្រះអានន្ទមានអាយុ។ បពិត្រព្រះអង្គដ៏ចម្រើន ព្រះអានន្ទមានអាយុ ក៏បានចែករំលែក នូវសេចក្តីដោយអាការនេះ ដោយបទនេះ ដោយព្បព្ជានៈនេះ ដល់ខ្ញុំព្រះអង្គទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ អានន្ទជាបណ្ឌិត ម្នាលភិក្ខុទាំងឡាយ អានន្ទ ជាអ្នកមានប្រាជ្ញាច្រើន ម្នាលភិក្ខុទាំងឡាយ បើទុកជាអ្នកទាំងឡាយ សាកសួរសេចក្តីនុ៎ះ នឹងតថាគត តថាគត ក៏នឹងដោះស្រាយសេចក្តីនោះ ដូច្នោះដែរ ពាក្យនោះ អានន្ទដោះស្រាយ យ៉ាងណានុ៎ះ ជាសេចក្តីរបស់ពាក្យនោះ អ្នកទាំងឡាយ ចូរចាំទុក នូវសេចក្តីនោះ យ៉ាងនោះចុះ។

ចប់សូត្រ ទី៣។

(កាមគុណ)សូត្រ ទី៤

(៤. កាមគុណសុត្តំ)

[១៧១] ម្នាលភិក្ខុទាំងឡាយ កាលមុនអំពីការត្រាស់ដឹង តថាគត នៅជាពោធិសត្វ មិនទាន់ត្រាស់ដឹងនៅឡើយ មានសេចក្តីត្រិះរិះ ដូច្នេះថា កាមគុណទាំង ៥ ណា ដែលអាត្មាអញ ធ្លាប់ពាល់ត្រូវដោយចិត្ត ជាកាមគុណកន្លងទៅ រលត់ទៅ ប្រែប្រួលទៅហើយ ចិត្តរបស់អាត្មាអញ ច្រើនត្រាច់ទៅ ក្នុងកាមគុណនោះ ក្នុងបច្ចុប្បន្នកាល ឬចិត្ត ត្រាច់ទៅបន្តិចបន្តួច ក្នុងកាមគុណជាអនាគត។ ម្នាលភិក្ខុទាំងឡាយ តថាគតនោះ មានសេចក្តីត្រិះរិះ ដូច្នេះថា កាមគុណ ទាំង ៥ ណា ដែលអាត្មាអញ ធ្លាប់ពាល់ត្រូវដោយចិត្ត ជាកាមគុណកន្លងទៅ រលត់ទៅ ប្រែប្រួលទៅហើយ សេចក្តីមិនធ្វេសប្រហែស ការនឹករឭក ការរក្សានូវចិត្ត អាត្មាអញ គួរធ្វើដោយសមគួរដល់ខ្លួន ក្នុងកាមគុណទាំង ៥ នោះ។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ កាមគុណទាំង ៥ ណា ដែលអ្នកទាំងឡាយ ធ្លាប់ពាល់ត្រូវដោយចិត្ត ជាកាមគុណកន្លងទៅ រលត់ទៅ ប្រែប្រួលទៅហើយ ចិត្តរបស់អ្នកទាំងឡាយ ច្រើនត្រាច់ទៅក្នុងកាមគុណនោះ ក្នុងបច្ចុប្បន្នកាល ឬ ចិត្តត្រាច់ទៅបន្តិចបន្តួច ក្នុងកាមគុណជាអនាគត។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ កាមគុណ ទាំង ៥ ណា ដែលអ្នកទាំងឡាយ ធ្លាប់ពាល់ត្រូវដោយចិត្ត ជាកាមគុណកន្លងទៅ រលត់ទៅ ប្រែប្រួលទៅហើយ សេចក្តីមិនធ្វេសប្រហែស ការនឹករឭក ការរក្សានូវចិត្ត អ្នកទាំងឡាយ គួរធ្វើដោយសមគួរដល់ខ្លួន ក្នុងកាមគុណ ទាំង ៥ នោះ។ ម្នាលភិក្ខុទាំងឡាយ ព្រោះដំណើរនោះ អ្នកទាំងឡាយ គប្បីដឹងហេតុនោះ។ ចក្ខុរមែងរលត់ទៅ ក្នុងទីណា សេចក្តីសម្គាល់ក្នុងរូប ក៏រមែងសាបរលាបទៅ ក្នុងទីនោះ អ្នកទាំងឡាយ គប្បីដឹងហេតុនោះ។បេ។ អណ្តាត រមែងរលត់ទៅ ក្នុងទីណា សេចក្តីសម្គាល់ក្នុងរស ក៏រមែងសាបរលាបទៅ ក្នុងទីនោះ។បេ។ អ្នកទាំងឡាយ គប្បីដឹងហេតុនោះ។ ចិត្ត រមែងរលត់ទៅក្នុងទីណា សេចក្តីសម្គាល់ក្នុងធម្មារម្មណ៍ ក៏រមែងសាបរលាបទៅក្នុងទីនោះ អ្នកទាំងឡាយ គប្បីដឹងហេតុនោះ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ពាក្យនេះហើយ ក៏ក្រោកអំពីអាសនៈ ស្តេចចូលទៅកាន់វិហារ។ កាលដែលព្រះមានព្រះភាគ ទ្រង់ចៀសចេញទៅ មិនយូរប៉ុន្មាន ទើបភិក្ខុទាំងនោះ មានសេចក្តីប្រឹក្សា ដូច្នេះថា ម្នាលអាវុសោទាំងឡាយ ព្រះមានព្រះភាគ សម្តែងនូវឧទ្ទេសនេះឯង ដោយសង្ខេប ពុំបានចែករំលែក នូវសេចក្តីដោយពិស្តារ រួចក៏ក្រោកអំពីអាសនៈ ស្តេចចូលទៅកាន់វិហារ ឯឧទ្ទេសនោះថា ម្នាលភិក្ខុទាំងឡាយ ព្រោះដំណើរនោះ អ្នកទាំងឡាយ គប្បីដឹងហេតុនោះ ចក្ខុ រលត់ទៅក្នុងទីណា សេចក្តីសម្គាល់ក្នុងរូប ក៏សាបរលាបទៅក្នុងទីនោះ អ្នកទាំងឡាយ គប្បីដឹងហេតុនោះ។បេ។ អណ្តាតរលត់ទៅ ក្នុងទីណា សេចក្តីសម្គាល់ក្នុងរស ក៏សាបរលាបទៅ ក្នុងទីនោះ អ្នកទាំងឡាយ គប្បីដឹងហេតុនោះ។បេ។ ចិត្តរលត់ទៅក្នុងទីណា សេចក្តីសម្គាល់ក្នុងធម្មារម្មណ៍ ក៏សាបរលាបទៅក្នុងទីនោះ អ្នកទាំងឡាយ គប្បីដឹងហេតុនោះ។ ឧទ្ទេសដែល ព្រះមានព្រះភាគ សម្តែងដោយសង្ខេប ពុំបានចែករំលែកនូវសេចក្តីដោយពិស្តារនេះ នរណាហ្ន៎ នឹងគប្បីចែករំលែកសេចក្តីដោយពិស្តារបាន។ លំដាប់នោះ ភិក្ខុទាំងនោះ មានសេចក្តីប្រឹក្សា ដូច្នេះថា ព្រះអានន្ទមានអាយុនេះឯង ព្រះសាស្តា ទ្រង់សរសើរ ពួកអ្នកប្រាជ្ញ ជាសព្រហ្មចារីបុគ្គល ក៏លើកតម្កើង ឧទ្ទេស ដែលព្រះមានព្រះភាគសម្តែង ដោយសង្ខេប ពុំបានចែករំលែក នូវសេចក្តីដោយពិស្តារនេះ ព្រះអានន្ទមានអាយុ អាចចែករំលែកនូវសេចក្តីដោយពិស្តារបាន បើដូច្នោះ ពួកយើងគួរចូលទៅរកព្រះអានន្ទ មានអាយុ លុះចូលទៅដល់ហើយ គួរសាកសួរសេចក្តីនុ៎ះ នឹងព្រះអានន្ទមានអាយុ។

[១៧២] គ្រានោះឯង ភិក្ខុទាំងនោះ ចូលទៅរកព្រះអានន្ទមានអាយុ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះអានន្ទមានអាយុ លុះបញ្ចប់ពាក្យ ដែលគួររីករាយ គួររឭកហើយ ក៏អង្គុយក្នុងទីដ៏សមគួរ។ លុះភិក្ខុទាំងនោះ អង្គុយក្នុងទីដ៏សមគួរហើយ ក៏ដំណាលសេចក្តីនុ៎ះ ចំពោះព្រះអានន្ទមានអាយុថា ម្នាលអាវុសោអានន្ទ ព្រះមានព្រះភាគ ទ្រង់សម្តែង នូវឧទ្ទេសនេះឯង ដោយសង្ខេប ពុំបានចែករំលែក នូវសេចក្តី ដោយពិស្តារ រួចក៏ក្រោកអំពីអាសនៈ ស្តេចចូលទៅកាន់វិហារ ឯឧទ្ទេសនោះថា ម្នាលភិក្ខុទាំងឡាយ ព្រោះដំណើរនោះ អ្នកទាំងឡាយ គប្បីដឹងហេតុនោះ ចក្ខុរលត់ទៅ ក្នុងទីណា សេចក្តីសម្គាល់ក្នុងរូប ក៏សាបរលាបទៅក្នុងទីនោះ អ្នកទាំងឡាយ គប្បីដឹងហេតុនោះ។បេ។ អណ្តាតរលត់ទៅក្នុងទីណា សេចក្តីសម្គាល់ក្នុងរស ក៏សាបរលាបទៅក្នុងទីនោះ អ្នកទាំងឡាយ គប្បីដឹងហេតុនោះ។បេ។ ចិត្តរលត់ ទៅក្នុងទីណា សេចក្តីសម្គាល់ក្នុងធម្មារម្មណ៍ ក៏សាបរលាបទៅ ក្នុងទីនោះ អ្នកទាំងឡាយ គប្បីដឹងហេតុនោះ។ ម្នាលអាវុសោ កាលដែលព្រះមានព្រះភាគ ទ្រង់ចៀសចេញទៅ មិនយូរប៉ុន្មាន ពួកយើងក៏មានសេចក្តីប្រឹក្សា ដូច្នេះថា ម្នាលអាវុសោ ព្រះមានព្រះភាគ ទ្រង់សម្តែងនូវឧទ្ទេសនេះឯង ដោយសង្ខេប ពុំបានចែករំលែក នូវសេចក្តីដោយពិស្តារ រួចក៏ក្រោកអំពីអាសនៈ ស្តេចចូលទៅកាន់វិហារ ឯឧទ្ទេសនោះថា ម្នាលភិក្ខុទាំងឡាយ ព្រោះដំណើរនោះ អ្នកទាំងឡាយ គប្បីដឹងហេតុនោះ ចក្ខុរលត់ទៅក្នុងទីណា សេចក្តីសម្គាល់ក្នុងរូប ក៏សាបរលាបទៅក្នុងទីនោះ អ្នកទាំងឡាយ គប្បីដឹងហេតុនោះ។បេ។ អណ្តាតរលត់ទៅក្នុងទីណា សេចក្តីសម្គាល់ក្នុងរស ក៏សាបរលាបទៅក្នុងទីនោះ អ្នកទាំងឡាយ គប្បីដឹងហេតុនោះ។បេ។ ចិត្តរលត់ទៅក្នុងទីណា សេចក្តីសម្គាល់ក្នុងធម្មារម្មណ៍ ក៏សាបរលាបទៅក្នុងទីនោះ អ្នកទាំងឡាយ គប្បីដឹងហេតុនោះ។ ឧទ្ទេស ដែលព្រះមានព្រះភាគ ទ្រង់សម្តែងដោយសង្ខេប ពុំបានចែករំលែក នូវសេចក្តីដោយពិស្តារនេះ នរណាហ្ន៎ នឹងចែករំលែកនូវសេចក្តីដោយពិស្តារបាន។ ម្នាលអាវុសោ ពួកយើង ក៏មានសេចក្តីប្រឹក្សា ដូច្នេះថា ព្រះអានន្ទមានអាយុនេះឯង ព្រះសាស្តា ទ្រង់សរសើរ ពួកអ្នកប្រាជ្ញ ជាសព្រហ្មចារីបុគ្គល ក៏លើកតម្កើង ឧទ្ទេស ដែលព្រះមានព្រះភាគ ទ្រង់សម្តែងដោយសង្ខេប ពុំបានចែករំលែក នូវសេចក្តីដោយពិស្តារនេះ ព្រះអានន្ទមានអាយុ អាចនឹងចែករំលែក នូវសេចក្តីដោយពិស្តារបាន បើដូច្នោះ ពួកយើងគប្បីចូលទៅរកព្រះអានន្ទមានអាយុ លុះចូលទៅដល់ហើយ គប្បីសាកសួរសេចក្តីនុ៎ះ ចំពោះព្រះអានន្ទមានអាយុ។ សូមព្រះអានន្ទមានអាយុ ចែករំលែកសេចក្តីឲ្យទាន។ ព្រះអានន្ទសម្តែងថា ម្នាលអាវុសោទាំងឡាយ ដូចបុរស អ្នកត្រូវការដោយខ្លឹមឈើ ស្វែងរកខ្លឹមឈើ ត្រាច់ទៅកាន់ទីស្វែងរកខ្លឹមឈើ។បេ។ សូមព្រះអានន្ទមានអាយុ ធ្វើសេចក្តីមិនធ្ងន់ ហើយចែករំលែកសេចក្តីឲ្យទាន។

[១៧៣] ម្នាលអាវុសោទាំងឡាយ បើដូច្នោះ ចូរអ្នកទាំងឡាយ ប្រុងស្តាប់ ចូរធ្វើទុកក្នុងចិត្ត ដោយប្រពៃចុះ ខ្ញុំនឹងសម្តែងឲ្យស្តាប់។ ភិក្ខុទាំងនោះ ក៏ទទួលពាក្យព្រះអានន្ទមានអាយុថា ករុណា អាវុសោ។ ព្រះអានន្ទមានអាយុ ក៏សម្តែងសេចក្តីនុ៎ះថា ម្នាលអាវុសោទាំងឡាយ ព្រះមានព្រះភាគ ទ្រង់សម្តែងនូវឧទ្ទេសណា ដោយសង្ខេប ពុំបានចែករំលែក នូវសេចក្តីដោយពិស្តារ រួចក៏ក្រោកអំពីអាសនៈ ស្តេចចូលទៅកាន់វិហារ ឯឧទ្ទេសនោះថា ម្នាលភិក្ខុទាំងឡាយ ព្រោះដំណើរនោះ អ្នកទាំងឡាយ គប្បីដឹងហេតុនោះ ចក្ខុរលត់ទៅក្នុងទីណា សេចក្តីសម្គាល់ក្នុងរូប ក៏សាបរលាបទៅក្នុងទីនោះ អ្នកទាំងឡាយ គប្បីដឹងហេតុនោះ។បេ។ ចិត្តរលត់ទៅក្នុងទីណា សេចក្តីសម្គាល់ក្នុងធម្មារម្មណ៍ ក៏សាបរលាបទៅក្នុងទៅនោះ អ្នកទាំងឡាយ គប្បីដឹង ហេតុនោះ។ ម្នាលអាវុសោទាំងឡាយ ឧទ្ទេសដែលព្រះមានព្រះភាគ ទ្រង់សម្តែងដោយសង្ខេប ពុំបានចែករំលែកនូវសេចក្តីដោយពិស្តារនេះ ខ្ញុំអាចដឹងនូវសេចក្តី ដោយពិស្តារបាន។ ម្នាលអាវុសោទាំងឡាយ ពាក្យនុ៎ះ ព្រះមានព្រះភាគ ទ្រង់ផ្អែកទៅលើសេចក្តីរលត់ នៃសឡាយតនៈ ទើបទ្រង់សម្តែងថា ម្នាលភិក្ខុទាំងឡាយ ព្រោះដំណើរនោះ អ្នកទាំងឡាយ គប្បីដឹងហេតុនោះ ចក្ខុរលត់ទៅក្នុងទីណា សេចក្តីសម្គាល់ក្នុងរូប ក៏សាបរលាបទៅ ក្នុងទៅនោះ អ្នកទាំងឡាយ គប្បីដឹងហេតុនោះ។បេ។ ចិត្តរលត់ទៅ ក្នុងទីណា សេចក្តីសម្គាល់ក្នុងធម្មារម្មណ៍ ក៏សាបរលាបទៅ ក្នុងទីនោះ អ្នកទាំងឡាយ គប្បីដឹងហេតុនោះ។ ម្នាលអាវុសោទាំងឡាយ ព្រះមានព្រះភាគ ទ្រង់សម្តែងនូវឧទ្ទេសណា ដោយសង្ខេប ពុំបានចែករំលែក នូវសេចក្តីដោយពិស្តារ រួចក៏ក្រោកអំពីអាសនៈ ស្តេចចូលទៅកាន់វិហារ ឯឧទ្ទេសនោះថា ម្នាលភិក្ខុទាំងឡាយ ព្រោះដំណើរនោះ អ្នកទាំងឡាយ គប្បីដឹងហេតុនោះ ចក្ខុរលត់ទៅក្នុងទីណា សេចក្តីសម្គាល់ក្នុងរូប ក៏សាបរលាបទៅក្នុងទីនោះ អ្នកទាំងឡាយ គប្បីដឹងហេតុនោះ។បេ។ ចិត្តរលត់ទៅក្នុងទីណា សេចក្តីសម្គាល់ក្នុងធម្មារម្មណ៍ ក៏សាបរលាបទៅ ក្នុងទីនោះ អ្នកទាំងឡាយ គប្បីដឹងហេតុនោះ។ ម្នាលអាវុសោទាំងឡាយ ឧទ្ទេស ដែលព្រះមានព្រះភាគទ្រង់សម្តែង ដោយសង្ខេប ពុំបានចែករំលែក នូវសេចក្តីដោយពិស្តារនេះ ខ្ញុំអាចដឹងសេចក្តីដោយពិស្តារ យ៉ាងនេះឯង។ ម្នាលលោកមានអាយុទាំងឡាយ បើអ្នកទាំងឡាយ ចង់ដឹង គប្បីចូលទៅគាល់ព្រះមានព្រះភាគ ហើយក្រាបទូលសួរសេចក្តីនុ៎ះ ព្រះមានព្រះភាគ ទ្រង់ព្យាករដល់អ្នកទាំងឡាយ យ៉ាងណា អ្នកទាំងឡាយ គប្បីចាំទុកនូវសេចក្តីនោះ យ៉ាងនោះចុះ។

[១៧៤] ភិក្ខុទាំងនោះ ក៏ទទួលពាក្យ នៃព្រះអានន្ទមានអាយុថា ករុណា អាវុសោ រួចក៏ក្រោកអំពីអាសនៈ នាំគ្នាចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះភិក្ខុទាំងនោះ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចម្រើន ព្រះមានព្រះភាគ ទ្រង់សម្តែងនូវឧទ្ទេសណា ដោយសង្ខេប ពុំបានចែករំលែក នូវសេចក្តីដោយពិស្តារ រួចក៏ក្រោកអំពីអាសនៈ ស្តេចចូលទៅកាន់វិហារ ឯឧទ្ទេសនោះថា ម្នាលភិក្ខុទាំងឡាយ ព្រោះដំណើរនោះ អ្នកទាំងឡាយ គប្បីដឹងហេតុនោះ ចក្ខុរលត់ទៅ ក្នុងទីណា សេចក្តីសម្គាល់ក្នុងរូប ក៏សាបរលាបទៅ ក្នុងទីនោះ អ្នកទាំងឡាយ គប្បីដឹងហេតុនោះ។បេ។ អណ្តាតរលត់ទៅ ក្នុងទីណា សេចក្តីសម្គាល់ក្នុងរស ក៏សាបរលាបទៅ ក្នុងទីនោះ អ្នកទាំងឡាយ គប្បីដឹងហេតុនោះ។បេ។ ចិត្តរលត់ទៅក្នុងទីណា សេចក្តីសម្គាល់ ក្នុងធម្មារម្មណ៍ ក៏សាបរលាបទៅ ក្នុងទីនោះ អ្នកទាំងឡាយ គប្បីដឹងហេតុនោះ។ បពិត្រព្រះអង្គដ៏ចម្រើន កាលដែលព្រះមានព្រះភាគ ទ្រង់ចៀសចេញទៅមិន យូរប៉ុន្មាន ខ្ញុំព្រះអង្គទាំងឡាយ ក៏មានសេចក្តីប្រឹក្សា ដូច្នេះថា ម្នាលអាវុសោទាំងឡាយ ព្រះមានព្រះភាគទ្រង់ សំដែងនូវឧទ្ទេសនេះឯង ដោយសង្ខេប ពុំបានចែករំលែក នូវសេចក្តីដោយពិស្តារ ដល់យើងទាំងឡាយ រួចក៏ក្រោកអំពីអាសនៈ ស្តេចចូលទៅកាន់វិហារ ឯឧទ្ទេសនោះថា ម្នាលភិក្ខុទាំងឡាយ ព្រោះដំណើរនោះ អ្នកទាំងឡាយ គប្បីដឹងហេតុនោះ ចក្ខុរលត់ទៅក្នុងទីណា សេចក្តីសម្គាល់ក្នុងរូប ក៏សាបរលាបទៅ ក្នុងទីនោះ អ្នកទាំងឡាយ គប្បីដឹងហេតុនោះ។បេ។ ចិត្តរលត់ទៅ ក្នុងទីណា សេចក្តីសម្គាល់ក្នុងធម្មារម្មណ៍ ក៏សាបរលាបទៅ ក្នុងទីនោះ អ្នកទាំងឡាយ គប្បីដឹងហេតុនោះ។ ឧទ្ទេស ដែលព្រះមានព្រះភាគ ទ្រង់សម្តែងដោយសង្ខេប ពុំបានចែករំលែក នូវសេចក្តីដោយពិស្តារនេះ នរណាហ្ន៎ នឹងចែក រំលែកនូវសេចក្តី ដោយពិស្តារបាន។ បពិត្រព្រះអង្គដ៏សម្រើន ខ្ញុំព្រះអង្គទាំងឡាយ ក៏មានសេចក្តីប្រឹក្សា ដូច្នេះថា ព្រះអានន្ទមានអាយុនេះឯង ព្រះសាស្តារ ទ្រង់សរសើរ ពួកអ្នកប្រាជ្ញ ជាសព្រហ្មចារីបុគ្គល ក៏លើកតម្កើង ឧទ្ទេស ដែលព្រះមានព្រះភាគ ទ្រង់សម្តែងដោយសង្ខេប ពុំបានចែករំលែក នូវសេចក្តីដោយពិស្តារនេះ ព្រះអានន្ទមានអាយុ អាចនឹងចែករំលែក នូវសេចក្តីដោយពិស្តារបាន បើដូច្នោះ ពួកយើងគួរចូលទៅរក ព្រះអានន្ទមានអាយុ លុះចូលទៅដល់ហើយ ត្រូវសាកសួរសេចក្តីនុ៎ះ ចំពោះព្រះអានន្ទមានអាយុ បពិត្រព្រះអង្គដ៏ចម្រើន លំដាប់នោះ ខ្ញុំព្រះអង្គទាំងឡាយ ក៏ចូលទៅរកព្រះអានន្ទមានអាយុ លុះចូលទៅដល់ ក៏សាកសួរសេចក្តីនុ៎ះ ចំពោះព្រះអានន្ទមានអាយុ។ បពិត្រព្រះអង្គដ៏ចម្រើន ព្រះអានន្ទមានអាយុ បានចែករំលែកសេចក្តី ដោយអាការនេះ ដោយលិង្គនេះ ដោយព្យព្ជានៈនេះ ដល់យើងខ្ញុំទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ អានន្ទ ជាបណ្ឌិត ម្នាលភិក្ខុទាំងឡាយ អានន្ទ មានប្រាជ្ញាច្រើន ម្នាលភិក្ខុទាំងឡាយ បើទុកជាអ្នកទាំងឡាយ សាកសួរសេចក្តីនុ៎ះ ចំពោះតថាគត តថាគត ក៏ដោះស្រាយសេចក្តីនុ៎ះ យ៉ាងហ្នឹងដែរ ពាក្យនោះ អានន្ទ ដោះស្រាយយ៉ាងណា នុ៎ះជាសេចក្តីរបស់ពាក្យនោះ អ្នកទាំងឡាយ គប្បីចាំទុក នូវសេចក្តីនោះ យ៉ាងនោះចុះ។

ចប់សូត្រ ទី៤។

(សក្កបញ្ហ)សូត្រ ទី៥

(៥. សក្កបញ្ហសុត្តំ)

[១៧៥] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅលើភ្នំគិជ្ឈកូដ ទៀបក្រុងរាជគ្រឹះ។ គ្រានោះឯង សក្កទេវានមិន្ទ ចូលមកគាល់ព្រះមានព្រះភាគ លុះចូលមកដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះមានព្រះភាគ រួចឋិតនៅក្នុងទីដ៏សមគួរ។ លុះសក្កទេវានមិន្ទ ឋិតនៅក្នុងទីដ៏សមគួរហើយ ក៏ទូលសួរសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចម្រើន ហេតុដូចម្តេច បច្ច័យដូចម្តេច ដែលនាំឲ្យសត្វពួកខ្លះ ក្នុងលោកនេះ មិនបរិនិព្វានក្នុងបច្ចុប្បន្ន។ បពិត្រព្រះអង្គដ៏ចម្រើន ហេតុដូចម្តេច បច្ច័យដូចម្តេច ដែលនាំឲ្យសត្វពួកខ្លះ ក្នុងលោកនេះ បរិនិព្វាន ក្នុងបច្ចុប្បន្ន។

[១៧៦] ម្នាលទេវានមិន្ទ មានរូបដែលគប្បីដឹងដោយចក្ខុ ជារូបគួរប្រាថ្នា គួរត្រកអរ ជាទីពេញចិត្ត ជាទីស្រឡាញ់ ប្រកបដោយកាម ជាហេតុនៃសេចក្តីត្រេកអរ បើភិក្ខុត្រេកអរ សរសើរ ឋិតនៅដោយសេចក្តីចូលចិត្តមាំ ចំពោះរូបនោះ កាលដែលភិក្ខុនោះ ត្រេកអរ សរសើរ ឋិតនៅដោយសេចក្តីចូលចិត្តមាំ ចំពោះរូបនោះ វិញ្ញាណ ដែលអាស្រ័យនូវរូបនោះក៏មាន សេចក្តីប្រកាន់មាំនូវរូបនោះក៏មាន។ ម្នាលទេវានមិន្ទ ភិក្ខុដែលប្រកបដោយសេចក្តីប្រកាន់មាំ រមែងមិនបរិនិព្វានឡើយ។បេ។ ម្នាលទេវានមិន្ទ មានរស ដែលគប្បីដឹងដោយអណ្តាត។បេ។ ម្នាលទេវានមិន្ទ មានធម្មារម្មណ៍ ដែលគប្បីដឹងដោយចិត្ត ជាធម្មារម្មណ៍ គួរប្រាថ្នា គួរត្រកអរ ជាទីពេញចិត្ត ជាទីស្រឡាញ់ ប្រកបដោយកាម ជាហេតុនៃសេចក្តីត្រេកអរ បើភិក្ខុត្រេកអរ សរសើរ ឋិតនៅដោយសេចក្តីចូលចិត្តមាំ ចំពោះធម្មារម្មណ៍នោះ កាលដែលភិក្ខុនោះ ត្រេកអរ សរសើរ ឋិតនៅដោយសេចក្តីចូលចិត្តមាំ ចំពោះធម្មារម្មណ៍នោះ វិញ្ញាណដែលអាស្រ័យ នូវធម្មារម្មណ៍នោះក៏មាន សេចក្តីប្រកាន់មាំនូវធម្មារម្មណ៍នោះក៏មាន។ ម្នាលទេវានមិន្ទ ភិក្ខុដែលប្រកបដោយសេចក្តីប្រកាន់មាំ រមែងមិនបរិនិព្វានឡើយ។ ម្នាលទេវានមិន្ទ ហេតុនេះឯង បច្ច័យនេះឯង ដែលនាំឲ្យសត្វពួកខ្លះ ក្នុងលោកនេះ មិនបរិនិព្វានក្នុងបច្ចុប្បន្ន។

[១៧៧] ម្នាលទេវានមិន្ទ មានរូបដែលគប្បីដឹងដោយចក្ខុ ជារូបគួរប្រាថ្នា គួរត្រេកអ ជាទីពេញចិត្ត ជាទីស្រឡាញ់ ប្រកបដោយកាម ជាហេតុនៃសេចក្តីត្រេកអរ បើភិក្ខុមិនត្រេកអរ មិនសរសើរ មិនឋិតនៅ ដោយសេចក្តីចូលចិត្តមាំ ចំពោះរូបនោះ កាលដែលភិក្ខុនោះ មិនត្រេកអរ មិនសរសើរ មិនឋិតនៅ ដោយសេចក្តីចូលចិត្តមាំ ចំពោះរូបនោះ វិញ្ញាណដែលអាស្រ័យនូវរូបនោះ មិនមាន សេចក្តីប្រកាន់មាំ នូវរូបនោះក៏ មិនមាន។ ម្នាលទេវានមិន្ទ ភិក្ខុដែលមិនមានសេចក្តីប្រកាន់មាំ រមែងបរិនិព្វាន។បេ។ ម្នាលទេវានមិន្ទ មានរស ដែលគប្បីដឹងដោយអណ្តាត។បេ។ ម្នាលទេវានមិន្ទ មានធម្មារម្មណ៍ ដែលគប្បីដឹងដោយចិត្ត ជាធម្មារម្មណ៍ គួរប្រាថ្នា គួរត្រេកអរ ជាទីពេញចិត្ត ជាទីស្រឡាញ់ ប្រកបដោយកាម ជាហេតុនៃសេចក្តីត្រេកអរ បើភិក្ខុមិនត្រេកអរ មិនសរសើរ មិនឋិតនៅ ដោយសេចក្តីចូលចិត្តមាំ ចំពោះធម្មារម្មណ៍នោះ កាលដែលភិក្ខុនោះ មិនត្រេកអរ មិនសរសើរ មិនឋិតនៅ ដោយសេចក្តីចូលចិត្តមាំ ចំពោះធម្មារម្មណ៍នោះ វិញ្ញាណដែលអាស្រ័យនូវធម្មារម្មណ៍នោះ មិនមាន សេចក្តីប្រកាន់មាំ នូវធម្មារម្មណ៍ នោះក៏មិនមាន។ ម្នាលទេវានមិន្ទ ភិក្ខុដែលមិនមានសេចក្តីប្រកាន់មាំ រមែងបរិនិព្វាន។ ម្នាលទេវានមិន្ទ ហេតុនេះឯង បច្ច័យនេះឯង ដែលនាំឲ្យសត្វពួកខ្លះ ក្នុងលោកនេះ បរិនិព្វានក្នុងបច្ចុប្បន្ន។

ចប់សូត្រ ទី៥។

(បញ្ចសិខ)សូត្រ ទី៦

(៦. បញ្ចសិខសុត្តំ)

[១៧៨] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅលើភ្នំគិជ្ឈកូដ ទៀបក្រុងរាជគ្រឹះ។ គ្រានោះឯង បញ្ចសិខគន្ធព្វបុត្ត ចូលមកគាល់ព្រះមានព្រះភាគ លុះចូលមកដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះមានព្រះភាគ រួចឋិតនៅក្នុងទីដ៏សមគួរ។ លុះបញ្ចសិខគន្ធព្វបុត្ត ឋិតនៅក្នុងទីដ៏សមគួរហើយ ក៏ទូលសួរសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចម្រើន ហេតុដូចម្តេច បច្ច័យដូចម្តេច ដែលនាំឲ្យសត្វពួកខ្លះ ក្នុងលោកនេះ មិនបរិនិព្វាន ក្នុងបច្ចុប្បន្ន។ បពិត្រព្រះអង្គដ៏ចម្រើន ចុះហេតុដូចម្តេច បច្ច័យដូចម្តេច ដែលនាំឲ្យសត្វពួកខ្លះ ក្នុងលោកនេះ បរិនិព្វានក្នុងបច្ចុប្បន្ន។

[១៧៩] ម្នាលបញ្ចសិខៈ មានរូបដែលគប្បីដឹងដោយចក្ខុ។បេ។ ម្នាលបញ្ចសិខៈ មានធម្មារម្មណ៍ ដែលគប្បីដឹងដោយចិត្ត ជាធម្មារម្មណ៍ គួរប្រាថ្នា គួរត្រេកអរ ជាទីពេញចិត្ត ជាទីស្រឡាញ់ ប្រកបដោយកាម ជាហេតុនៃសេចក្តីត្រេកអរ បើភិក្ខុត្រេកអរ សរសើរ ឋិតនៅដោយសេចក្តីចូលចិត្តមាំ ចំពោះធម្មារម្មណ៍នោះ កាលដែលភិក្ខុនោះ ត្រេកអរ សរសើរ ឋិតនៅដោយសេចក្តីចូលចិត្តមាំ ចំពោះធម្មារម្មណ៍នោះ វិញ្ញាណ ដែលអាស្រ័យនូវធម្មារម្មណ៍នោះ ក៏មានសេចក្តីប្រកាន់មាំ នូវធម្មារម្មណ៍នោះក៏មាន។ ម្នាលបញ្ចសិខៈ ភិក្ខុដែលប្រកបដោយ សេចក្តីប្រកាន់មាំ មិនបរិនិព្វានឡើយ។ ម្នាលបញ្ចសិខៈ ហេតុនេះឯង បច្ច័យនេះឯង ដែលនាំឲ្យសត្វពួកខ្លះ ក្នុងលោកនេះ មិនបរិនិព្វាន ក្នុងបច្ចុប្បន្ន។

[១៨០] ម្នាលបញ្ចសិខៈ មានរូបដែលគប្បីដឹងដោយចក្ខុ ជារូបគួរប្រាថ្នា គួរត្រេកអរ ជាទីពេញចិត្ត។បេ។ ម្នាលបញ្ចសិខៈ មានធម្មារម្មណ៍ ដែលគប្បីដឹងដោយចិត្ត ជាធម្មារម្មណ៍ គួរប្រាថ្នា គួរត្រេកអរ ជាទីពេញចិត្ត ជាទីស្រឡាញ់ ប្រកបដោយកាម ជាហេតុនៃសេចក្តី ត្រេកអរ បើភិក្ខុមិនត្រេកអរ មិនសរសើរ មិនឋិតនៅដោយសេចក្តីចូលចិត្តមាំ ចំពោះធម្មរម្មណ៍នោះ កាលដែលភិក្ខុនោះ មិនត្រេកអរ មិនសរសើរ មិនឋិតនៅ ដោយសេចក្តីចូលចិត្តមាំ ចំពោះធម្មារម្មណ៍នោះ វិញ្ញាណ ដែលអាស្រ័យ នូវធម្មារម្មណ៍នោះ មិនមាន សេចក្តីប្រកាន់មាំ នូវធម្មារម្មណ៍នោះ ក៏មិនមាន។ ម្នាលបញ្ចសិខៈ ភិក្ខុដែលមិនមានសេចក្តីប្រកាន់មាំ ទើបបរិនិព្វាន។ ម្នាលបញ្ចសិខៈ ហេតុនេះឯង បច្ច័យនេះឯង ដែលនាំឲ្យសត្វពួកខ្លះ ក្នុងលោកនេះ បរិនិព្វានក្នុងបច្ចុប្បន្ន។

ចប់សូត្រ ទី៦។

(សារិបុត្តសទ្ធិវិហារិក)សូត្រ ទី៧

(៧. សារិបុត្តសទ្ធិវិហារិកសុត្តំ)

[១៨១] សម័យមួយ ព្រះសារីបុត្តមានអាយុ គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះ ភិក្ខុមួយរូប ចូលទៅរកព្រះសារីបុត្តមានអាយុ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះសារីបុត្តមានអាយុ លុះបញ្ចប់ពាក្យ ដែលគួររីករាយ គួររឭកហើយ ក៏អង្គុយក្នុងទីដ៏សមគួរ។ លុះភិក្ខុនោះ អង្គុយក្នុងទីដ៏សមគួរហើយ ក៏សាកសួរសេចក្តីនុ៎ះ ចំពោះព្រះសារីបុត្តមានអាយុថា ម្នាលអាវុសោសារីបុត្ត (ហេតុដូចម្តេច) ភិក្ខុជាសទ្ធិវិហារិក ពោលលាសិក្ខាហើយ វិលមកកាន់ភេទដ៏ថោកទាប។ ព្រះសារីបុត្តតបថា ម្នាលអាវុសោ ពាក្យដែលអ្នកពោលនុ៎ះ រមែងមានដល់ភិក្ខុ ដែលមិនគ្រប់គ្រងទ្វារ ក្នុងឥន្រ្ទិយ មិនដឹងប្រមាណ ក្នុងភោជន មិនប្រកប នូវសេចក្តីភ្ញាក់រឭក យ៉ាងនេះឯង។ ម្នាលអាវុសោ ភិក្ខុនោះឯង ជាអ្នកមិនគ្រប់គ្រងទ្វារ ក្នុងឥន្រ្ទិយ មិនដឹងប្រមាណ ក្នុងភោជន មិនប្រកបនូវសេចក្តីភ្ញាក់រឭក និងបន្តនូវព្រហ្មចរិយធម៌ ដ៏បរិបូណ៌ បរិសុទ្ធ ដរាបដល់អស់ជីវិត ពាក្យដូច្នេះនុ៎ះ មិនសមហេតុឡើយ។ ម្នាលអាវុសោ ភិក្ខុនោះឯង ជាអ្នកគ្រប់គ្រងទ្វារ ក្នុងឥន្រ្ទិយ ដឹងប្រមាណ ក្នុងភោជន ប្រកបនូវសេចក្តីភ្ញាក់រឭក និងបន្ត នូវព្រហ្មចរិយធម៌ ដ៏បរិបូណ៌ បរិសុទ្ធ ដរាបដល់អស់ជីវិត ពាក្យដូច្នេះនុ៎ះ ទើបសមហេតុ។

[១៨២] ម្នាលអាវុសោ ចុះភិក្ខុ ជាអ្នកគ្រប់គ្រងទ្វារ ក្នុងឥន្រ្ទិយ តើដូចម្តេច។ ម្នាលអាវុសោ ភិក្ខុក្នុងសាសនានេះ ឃើញនូវរូបារម្មណ៍ ដោយចក្ខុហើយ មិនបានកួចកាន់ នូវនិមិត្ត មិនបានកួចកាន់ នូវអនុព្បព្ជានៈ អភិជ្ឈា និងទោមនស្ស ដែលជាអកុសលធម៌ ដ៏លាមក គប្បីជាប់តាមនូវបុគ្គល ដែលមិនសង្រួម នូវចក្ខុន្រ្ទិយនោះ ព្រោះហេតុតែមិនសង្រួម នូវចក្ខុន្រ្ទិយណា ក៏ប្រតិបត្តិ ដើម្បីសង្រួម នូវចក្ខុន្រ្ទិយនោះ រក្សានូវចក្ខុន្រ្ទិយ ដល់នូវការសង្រួម ក្នុងចក្ខុន្រ្ទិយ។ បានឮសម្លេងដោយត្រចៀក។ បានធុំក្លិនដោយច្រមុះ។ បានទទួលរស ដោយអណ្តាត។ បានពាល់ត្រូវ នូវផោដ្ឋព្វារម្មណ៍ ដោយកាយ។ បានដឹងច្បាស់ នូវធម្មារម្មណ៍ដោយចិត្ត មិនបានកួចកាន់នូវនិមិត្ត មិនបានកួចកាន់ នូវអនុព្យព្ជានៈ អភិជ្ឈា និងទោមនស្ស ដែលជាអកុសលធម៌ ដ៏លាមក គប្បីជាប់តាមនូវបុគ្គល ដែលមិនសង្រួម នូវឥន្រ្ទិយនោះ ព្រោះហេតុតែមិនសង្រួម នូវមនិន្រ្ទិយណា ក៏ប្រតិបត្តិ ដើម្បីសង្រួម នូវមនិន្រ្ទិយនោះ រក្សានូវមនិន្រ្ទិយ ដល់នូវការសង្រួម ក្នុងមនិន្រ្ទិយ។ ម្នាលអាវុសោ ភិក្ខុជាអ្នកគ្រប់គ្រងទ្វារ ក្នុងឥន្រ្ទិយ យ៉ាងនេះឯង។

[១៨៣] ម្នាលអាវុសោ ចុះភិក្ខុជាអ្នកដឹងប្រមាណក្នុងភោជន តើដូចម្តេច។ ម្នាលអាវុសោ ភិក្ខុក្នុងសាសនានេះ បានពិចារណា ដោយឧបាយហើយ ទើបបរិភោគ នូវអាហារ មិនបរិភោគ ដើម្បីលេង មិនបរិភោគដើម្បីស្រវឹង មិនបរិភោគដើម្បីប្រដាប់កាយ មិនបរិភោគដើម្បីស្អិតស្អាងកាយ បរិភោគដើម្បីឲ្យតាំងនៅ នៃកាយនេះ ដើម្បីនឹងញុំាងជីវិត ឲ្យប្រព្រឹត្តទៅ ដើម្បីបំបាត់បង់ នូវសេចក្តីលំបាក ដើម្បីអនុគ្រោះ ដល់ព្រហ្មចរិយធម៌ បរិភោគដោយគិតថា អាត្មាអញ នឹងកំចាត់បង់ នូវវេទនាចាស់ផង នឹងញុំាងវេទនាថ្មី មិនឲ្យកើតឡើងផង កិរិយាប្រព្រឹត្តទៅ (នៃឥរិយាបថ) ក្តី សេចក្តីមិនមានទោសក្តី ការនៅសប្បាយក្តី នឹងមានដល់អាត្មាអញ។ ម្នាលអាវុសោ ភិក្ខុជាអ្នកដឹងប្រមាណ ក្នុងភោជន យ៉ាងនេះឯង។

[១៨៤] ម្នាលអាវុសោ ចុះភិក្ខុជាអ្នកប្រកបនូវសេចក្តីភ្ញាក់រឭក តើដូចម្តេច។ ម្នាលអាវុសោ ភិក្ខុក្នុងសាសនានេះ ធ្វើចិត្តឲ្យបរិសុទ្ធ ចាកអាវរណីយធម៌ ដោយការដើរ ដោយការអង្គុយ អស់មួយថ្ងៃ ធ្វើចិត្តឲ្យបរិសុទ្ធ ចាកអាវរណីយធម៌ ដោយការដើរ ដោយការអង្គុយ អស់បឋមយាមនៃរាត្រី សម្រេចនូវដំណេក ដូចសីហៈ ដោយបង្អៀង ខាងស្តាំ អស់មជ្ឈិមយាមនៃរាត្រី គងជើងដោយជើង ជាអ្នកមានសតិសម្បជញ្ញៈ កំណត់ទុកក្នុងចិត្ត នូវឧដ្ឋានសញ្ញា ហើយក្រោកឡើង ធ្វើចិត្តឲ្យបរិសុទ្ធ ចាកអាវរណីយធម៌ ដោយការដើរ ដោយការអង្គុយ អស់បច្ឆិមយាមនៃរាត្រី។ ម្នាលអាវុសោ ភិក្ខុជាអ្នកប្រកប នូវសេចក្តីភ្ញាក់រឭក យ៉ាងនេះឯង។ ម្នាលអាវុសោ ព្រោះហេតុនោះ អ្នកទាំងឡាយ ត្រូវសិក្សាយ៉ាងនេះថា យើងទាំងឡាយ នឹងជាអ្នកគ្រប់គ្រងទ្វារ ក្នុងឥន្រ្ទិយ ជាអ្នកដឹងប្រមាណ ក្នុងភោជន ជាអ្នកប្រកបនូវសេចក្តីភ្ញាក់រឭក។ ម្នាលអាវុសោ អ្នកទាំងឡាយ ត្រូវសិក្សាយ៉ាងនេះចុះ។

ចប់សូត្រ ទី៧។

(រាហុលោវាទ)សូត្រ ទី៨

(៨. រាហុលោវាទសុត្តំ)

[១៨៥] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ព្រះមានព្រះភាគ កំពុងសង្ងំ ក្នុងទីស្ងាត់ ទ្រង់មានសេចក្តីត្រិះរិះ ក្នុងព្រះហឫទ័យ កើតឡើងយ៉ាងនេះថា ធម៌ទាំងឡាយ ដែលសម្រាប់ធ្វើវិមុត្តិ ឲ្យចាស់ក្លា របស់រាហុល ចាស់ក្លាហើយតើ បើដូច្នោះ គួរតែតថាគត ទូន្មានរាហុល ក្នុងធម៌ជាគ្រឿងអស់ទៅ នៃអាសវៈខាងលើ។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ស្បង់ ប្រដាប់បាត្រ និងចីវរ ចូលទៅកាន់ក្រុងសាវត្ថី ដើម្បីបិណ្ឌិបាត ក្នុងបុព្វណ្ហសម័យ លុះត្រាច់ទៅ ដើម្បីបិណ្ឌបាត ក្នុងក្រុងសាវត្ថីហើយ ក្នុងកាលជាបច្ឆាភត្ត ទ្រង់ត្រឡប់មកអំពីបិណ្ឌបាត ក៏ទ្រង់ហៅព្រះរាហុលមានអាយុថា ម្នាលរាហុល អ្នកចូលកាន់យកនិសីទនៈមក យើងនឹងចូលទៅឯអន្ធវ័ន ដើម្បីនៅសម្រាក ក្នុងវេលាថ្ងៃ។ ព្រះរាហុលមានអាយុ ក៏ទទួលព្រះពុទ្ធដីកា នៃព្រះមានព្រះភាគ ថា ព្រះករុណា ព្រះអង្គ រួចក៏កាន់យកនិសីទនៈ ដើរទៅតាមក្រោយព្រះមានព្រះភាគទៅ។ ជួនសម័យនោះ មានទេវតាច្រើនពាន់ ដើរទៅតាមព្រះមានព្រះភាគ ដោយគិតថា ក្នុងថ្ងៃនេះ ព្រះមានព្រះភាគ នឹងទូន្មាន នូវព្រះរាហុមានអាយុ ក្នុងធម៌ជាគ្រឿងអស់ទៅ នៃអាសវៈខាងលើ។

[១៨៦] លំដាប់នោះ ព្រះមានព្រះភាគ ស្តេចចូលទៅកាន់អន្ធវ័ន ហើយទ្រង់គង់លើអាសនៈ ដែលក្រាលទុក ទៀបគល់ឈើមួយ។ ព្រះរាហុមានអាយុ ក៏ថ្វាយបង្គំព្រះមានព្រះភាគ ហើយគង់ក្នុងទីសមដ៏គួរ។ លុះព្រះរាហុលមានអាយុ គង់ក្នុងទីដ៏សមគួរហើយ ព្រះមានព្រះភាគ ទ្រង់ត្រាស់សួរ ដូច្នេះថា ម្នាលរាហុល អ្នកសម្គាល់សេចក្តីនុ៎ះ ដូចម្តេច ចក្ខុទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ ចុះរបស់ណា មិនទៀង របស់នោះ ជាទុក្ខ ឬជាសុខ។ ជាទុក្ខ ព្រះអង្គ។ ចុះរបស់ណា មិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា តើគួរនឹងយល់ នូវរបស់នោះថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់អញ ដែរឬ។ មិនគួរនឹងយល់ឃើញ ដូច្នោះទេ ព្រះអង្គ។ រូបទៀង ឬ មិនទៀង។ មិនទៀងទេ ព្រះអង្គ។ បេ។ ចក្ខុវិញ្ញាណ ទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ ចក្ខុសម្ផ័ស្ស ទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ ចុះធម្មជាតណា គឺ វេទនា សញ្ញា សង្ខារ វិញ្ញាណ រមែងកើតឡើង ព្រោះចក្ខុសម្ផ័ស្សជាបច្ច័យ ធម្មជាតនោះ ទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ ចុះរបស់ណា មិនទៀង របស់នោះ ជាទុក្ខ ឬជាសុខ។ ជាទុក្ខ ព្រះអង្គ។ ចុះរបស់ណា មិនទៀងជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា តើគួរនឹងយល់ឃើញ នូវរបស់នោះថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់អញ ដែរឬ។ មិនគួរយល់ឃើញ ដូច្នោះទេ ព្រះអង្គ។បេ។ អណ្តាត ទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ រសទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ ជិវ្ហាវិញ្ញាណ ទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ ជិវ្ហាសម្ផ័ស្ស ទៀងឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ ចុះធម្មជាតណា គឺ វេទនា សញ្ញា សង្ខារ វិញ្ញាណ រមែងកើតឡើង ព្រោះជិវ្ហាសម្ផ័ស្ស ជាបច្ច័យ ធម្មជាតនោះ ទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ ចុះរបស់ណា មិនទៀង របស់នោះ ជាទុក្ខ ឬជាសុខ។ ជាទុក្ខ ព្រះអង្គ។ ចុះរបស់ណា មិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា តើគួរនឹងយល់ឃើញ នូវរបស់នោះថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់អញ ដែរឬ។ មិនគួរយល់ឃើញ ដូច្នោះទេ ព្រះអង្គ។បេ។ ចិត្តទៀងឬ មិនទៀង។ មិនទៀងទេ ព្រះអង្គ។ ចុះរបស់ណា មិនទៀង របស់នោះ ជាទុក្ខឬជាសុខ។ ជាទុក្ខ ព្រះអង្គ។ ចុះរបស់ណា មិនទៀងជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា តើគួរនឹងយល់ឃើញ នូវរបស់នោះថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់អញ ដែរឬ។ មិនគួរយល់ឃើញ ដូច្នោះទេ ព្រះអង្គ។ ធម្មារម្មណ៍ ទៀងឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ មនោវិញ្ញាណ ទៀងឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ មនោសម្ផ័ស្ស ទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ ចុះធម្មជាតិណា គឺ វេទនា សញ្ញា សង្ខារ វិញ្ញាណ រមែងកើតឡើង ព្រោះមនោសម្ផ័ស្ស ជាបច្ច័យ តើរបស់នោះ ទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ ចុះរបស់ណាមិនទៀង របស់នោះ ជាទុក្ខ ឬជាសុខ។ ជាទុក្ខ ព្រះអង្គ។ ចុះរបស់ណា មិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួល ជាធម្មតា តើគួរនឹងយល់ឃើញ នូវរបស់នោះថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់ អញ ដែរឬ។ មិនគួរយល់ឃើញ ដូច្នោះទេ ព្រះអង្គ។ ម្នាលរាហុល អរិយសាវ័ក អ្នកចេះដឹង កាលបើឃើញយ៉ាងនេះ រមែងនឿយណាយ នឹងចក្ខុផង នឿយណាយ នឹងរូបផង នឿយណាយ នឹងចក្ខុវិញ្ញាណផង នឿយណាយនឹងចក្ខុសម្ផ័ស្សផង ធម្មជាតណា គឺ វេទនា សញ្ញា សង្ខារ វិញ្ញាណ រមែងកើតឡើង ព្រោះចក្ខុសម្ផ័ស្ស ជាបច្ច័យ ក៏រមែងនឿយណាយ នឹងធម្មជាតនោះផង។បេ។ នឿយណាយនឹងអណ្តាតផង នឿយណានឹងរសផង នឿយណាយ នឹងជិវ្ហាវិញ្ញាណផង នឿយណាយនឹងជិវ្ហាសម្ផ័ស្សផង ធម្មជាតណា គឺ វេទនា សញ្ញា សង្ខារ វិញ្ញាណ រមែងកើតឡើង ព្រោះជិវ្ហាសម្ផ័ស្សជាបច្ច័យ ក៏រមែងនឿយណាយ នឹងធម្មជាតនោះ ផង។បេ។ នឿយណាយនឹងចិត្តផង នឿយណាយនឹងធម្មារម្មណ៍ផង។បេ។ នឿយណាយ នឹងធម្មជាតនោះផង កាលបើនឿយណាយ ក៏ប្រាសចាកតម្រេក ព្រោះប្រាសចាកតម្រេក ចិត្តក៏រួចស្រឡះ ចាកអាសវៈ។ កាលបើចិត្តរួចស្រឡះហើយ សេចក្តីដឹងថា រួចស្រឡះហើយ ក៏កើតមាន។ អរិយសាវ័កនោះ រមែងដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចរិយធម៌ អាត្មាអញ បានប្រព្រឹត្តរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ លុះព្រះមានព្រះភាគ ទ្រង់សម្តែងព្រះសូត្រនេះចប់ហើយ ព្រះរាហុមានអាយុ ជាអ្នកមានសេចក្តីត្រេកអរ ក៏បានត្រេកអរ ចំពោះភាសិត របស់ព្រះមានព្រះភាគ។ កាលបើព្រះមានព្រះភាគ កំពុងសម្តែងវេយ្យាករណ៍នេះ ចិត្តរបស់ព្រះរាហុលមានអាយុ ក៏រួចស្រឡះ ចាកអាសវក្កិលេសទាំងឡាយ ព្រោះមិនបានប្រកាន់មាំ ទាំងធម្មចក្ខុ ដែលប្រាសចាកធូលី គឺកិលេស ប្រាសចាកមន្ទិល គឺអកុសល ក៏កើតឡើង ដល់ទេវតាជាច្រើនពាន់ថា របស់ណាមួយ មានកិរិយាកើតឡើង ជាធម្មតា របស់ទាំងអស់នោះ តែងរលត់ទៅវិញ ជាធម្មតាដែរ។

ចប់សូត្រ ទី៨។

(សំយោជនិយធម្ម)សូត្រ ទី៩

(៩. សំយោជនិយធម្មសុត្តំ)

[១៨៧] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសម្តែងនូវសំយោជនិយធម៌ គឺធម៌ ជាហេតុកើតឡើង នៃសំយោជនៈផង នូវសំយោជនៈផង ចូរអ្នកទាំងឡាយ ប្រុងស្តាប់នូវធម៌នោះចុះ។ ម្នាលភិក្ខុទាំងឡាយ ចុះសំយោជនិយធម៌ តើដូចម្តេច សំយោជនៈ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ មានរូប ដែលគប្បីដឹងដោយចក្ខុ ជារូបគួរប្រាថ្នា គួរត្រេកអរ ជាទីពេញចិត្ត ជាទីស្រឡាញ់ ប្រកបដោយកាម ជាហេតុនៃសេចក្តីត្រេកអរ។ ម្នាលភិក្ខុទាំងឡាយ រូបទាំងនេះ ហៅថា សំយោជនិយធម៌។ សេចក្តីត្រេកត្រអាលណា ក្នុងរូបនោះ សេចក្តីត្រេកត្រអាលនោះ ហៅថា សំយោជនៈ ក្នុងចក្ខុសម្ផ័ស្សនោះ។បេ។ ម្នាលភិក្ខុទាំងឡាយ មានរស ដែលគប្បីដឹង ដោយអណ្តាត។បេ។ ម្នាលភិក្ខុទាំងឡាយ មានធម្មារម្មណ៍ ដែលគប្បីដឹងដោយចិត្ត ជាធម្មារម្មណ៍ គួរប្រាថ្នា គួរត្រេកអរ ជាទីពេញចិត្ត ជាទីស្រឡាញ់ ប្រកបដោយកាម ជាហេតុនៃសេចក្តីត្រេកអរ។ ម្នាលភិក្ខុទាំងឡាយ ធម្មារម្មណ៍ទាំងនេះ ហៅថា សំយោជនិយធម៌។ សេចក្តីត្រេកត្រអាលណា ក្នុងធម្មារម្មណ៍នោះ សេចក្តីត្រេកត្រអាលនោះ ហៅថា សំយោជនៈ ក្នុងមនោសម្ផ័ស្សនោះ។

ចប់សូត្រ ទី៩។

(ឧបាទានិយធម្ម)សូត្រ ទី១០

(១០. ឧបាទានិយធម្មសុត្តំ)

[១៨៨] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសម្តែង នូវឧបាទានិយធម៌ គឺធម៌ ជាហេតុកើត នៃឧបាទានផង នូវឧបាទានផង ចូរអ្នកទាំងឡាយ ប្រុងស្តាប់នូវធម៌នោះចុះ។ ម្នាលភិក្ខុទាំងឡាយ ចុះឧបាទានិយធម៌ តើដូចម្តេច ឧបាទាន តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ មានរូបដែលគប្បីដឹងដោយចក្ខុ ជារូបគួរប្រាថ្នា គួរត្រេកអរ ជាទីពេញចិត្ត ជាទីស្រឡាញ់ ប្រកបដោយកាម ជាហេតុនៃសេចក្តីត្រេកអរ។ ម្នាលភិក្ខុទាំងឡាយ រូបទាំងនេះ ហៅថា ឧបាទានិយធម៌។ សេចក្តីត្រេកត្រអាលណា ក្នុងរូបនោះ សេចក្តីត្រេកត្រអាលនោះ ហៅថា ឧបាទាន ក្នុងចក្ខុសម្ផ័ស្សនោះ។បេ។ ម្នាលភិក្ខុទាំងឡាយ មានរសដែលគប្បីដឹង ដោយអណ្តាត។បេ។ ម្នាលភិក្ខុទាំងឡាយ មានធម្មារម្មណ៍ ដែលគប្បីដឹងដោយចិត្ត ជាធម្មារម្មណ៍ គួរប្រាថ្នា គួរត្រេកអរ ជាទីពេញចិត្ត ជាទីស្រឡាញ់ ប្រកបដោយកាម ជាហេតុនៃសេចក្តីត្រេកអរ។ ម្នាលភិក្ខុទាំងឡាយ ធម្មារម្មណ៍ទាំងនេះ ហៅថា ឧបាទានិយធម៌។ សេចក្តីត្រេកត្រអាលណា ក្នុងធម្មារម្មណ៍នោះ សេចក្តីត្រេកត្រអាលនោះ ហៅថា ឧបាទាន ក្នុងមនោសម្ផ័ស្សនោះ។

ចប់សូត្រ ទី១០។

ចប់ លោកកាមគុណវគ្គ ទី២។

ឧទ្ទាននៃលោកកាមគុណវគ្គនោះ គឺ

និយាយអំពីអន្ទាក់មារ ២ លើក អំពីទីបំផុតនៃលោក ១ អំពីកាមគុណ ១ ព្រះឥន្ទ ១ បញ្ចសិខគន្ធព្វបុត្ត ១ ព្រះសារីបុត្ត ១ ព្រះរាហុល ១ សំយោជនៈ ១ ឧបាទាន ១ ព្រោះហេតុនោះ ទើបហៅថា លោកកាមគុណវគ្គ។

គហបតិវគ្គ ទី៣(១៣)

(១៣. គហបតិវគ្គោ)

(វេសាលី)សូត្រ ទី១

(១. វេសាលីសុត្តំ)

[១៨៩] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងកូដាគារសាលា នាមហាវ័ន ជិតក្រុងវេសាលី។ គ្រានោះ ឧគ្គគហតី អ្នកក្រុងវេសាលី ចូលទៅគាល់ព្រះមានព្រះភាគ។បេ។ លុះឧគ្គគហបតី អ្នកក្រុងវេសាលី អង្គុយក្នុងទីដ៏សមគួរហើយ ក៏បានក្រាបបង្គំ ទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន អ្វីជាហេតុ អ្វីជាបច្ច័យ ដែលនាំឲ្យសត្វទាំងឡាយពួកខ្លះ ក្នុងលោកនេះ មិនបរិនិព្វានក្នុងបច្ចុប្បន្ន។ បពិត្រព្រះអង្គដ៏ចម្រើន មួយទៀត អ្វីជាហេតុ អ្វីជាបច្ច័យ ដែលនាំឲ្យសត្វទាំងឡាយពួកខ្លះ ក្នុងលោកនេះ បរិនិព្វានក្នុងបច្ចុប្បន្ន។ ព្រះអង្គ ត្រាស់ថា ម្នាលគហបតី មានរូប ដែលគប្បីដឹងច្បាស់ដោយភ្នែក ជារូបគួរប្រាថ្នា គួរត្រេកអរ ជាទីគាប់ចិត្ត ជាទីស្រឡាញ់ ប្រកបដោយកាម ជាហេតុនៃសេចក្តីត្រេកអរ បើភិក្ខុត្រេកអរ សរសើរ ឋិតនៅដោយសេចក្តីចូលចិត្តមាំ ចំពោះរូបនោះ កាលភិក្ខុនោះត្រេកអរ សរសើរ ឋិតនៅ ដោយសេចក្តីចូលចិត្តមាំ ចំពោះរូបនោះ វិញ្ញាណដែលអាស្រ័យ នូវរូបនោះក៏មាន សេចក្តីប្រកាន់មាំ នូវរូបនោះក៏មាន។ ម្នាលគហបតី ភិក្ខុដែលមានសេចក្តីប្រកាន់មាំ មិនបរិនិព្វានទេ។បេ។ ម្នាលគហបតី មានរស ដែលគប្បីដឹងច្បាស់ ដោយអណ្តាត។បេ។ ម្នាលគហបតី មានធម្មារម្មណ៍ ដែលគប្បីដឹងច្បាស់ ដោយចិត្ត ជាធម្មារម្មណ៍គួរប្រាថ្នា គួរត្រេកអរ ជាទីគាប់ចិត្ត ជាទីស្រឡាញ់ ប្រកបដោយកាម ជាហេតុនៃសេចក្តីត្រេកអរ បើភិក្ខុត្រេកអរ សរសើរ ឋិតនៅ ដោយសេចក្តីចូលចិត្តមាំ ចំពោះធម្មារម្មណ៍នោះ កាលបើភិក្ខុនោះត្រេកអរ សរសើរ ឋិតនៅ ដោយសេចក្តីចូលចិត្តមាំ ចំពោះធម្មារម្មណ៍នោះ វិញ្ញាណដែលអាស្រ័យ នូវធម្មារម្មណ៍នោះ ក៏មាន សេចក្តីប្រកាន់មាំ នូវធម្មារម្មណ៍នោះ ក៏មាន។ ម្នាលគហបតី ភិក្ខុ មានសេចក្តីប្រកាន់មាំ មិនបរិនិព្វានទេ ម្នាលគហបតី នេះឯង ជាហេតុ នេះឯងជាបច្ច័យ ដែលនាំឲ្យសត្វទាំងឡាយពួកខ្លះ ក្នុងលោកនេះ មិនបរិនិព្វាន ក្នុងបច្ចុប្បន្ន។

[១៩០] ម្នាលគហបតី មានរូបដែលគប្បីដឹងច្បាស់ដោយភ្នែក ជារូបគួរប្រាថ្នា គួរត្រេកអរ ជាទីគាប់ចិត្ត ជាទីស្រឡាញ់ ប្រកបដោយកាម ជាហេតុនៃសេចក្តីត្រេកអរ បើភិក្ខុមិនត្រេកអរ មិនសរសើរ មិនឋិតនៅ ដោយសេចក្តីចូលចិត្តមាំ ចំពោះរូបនោះ កាលបើភិក្ខុនោះ មិនត្រេកអរ មិនសរសើរ មិនឋិតនៅ ដោយសេចក្តីចូលចិត្តមាំ ចំពោះរូបនោះ វិញ្ញាណ ដែលអាស្រ័យនូវរូបនោះ ក៏មិនមាន សេចក្តីប្រកាន់មាំនូវរូបនោះ ក៏មិនមានដែរ។ ម្នាលគហបតី ភិក្ខុមិនមានសេចក្តីប្រកាន់មាំ រមែងបរិនិព្វាន។បេ។ ម្នាលគហបតី មានរស ដែលគប្បីដឹងច្បាស់ ដោយអណ្តាត។បេ។ ម្នាលគហបតី មានធម្មារម្មណ៍ ដែលគប្បីដឹងច្បាស់ដោយចិត្ត ជាធម្មារម្មណ៍គួរប្រាថ្នា គួរត្រេកអរ ជាទីគាប់ចិត្ត ជាទីស្រឡាញ់ ប្រកបដោយកាម ជាហេតុនៃសេចក្តីត្រេកអរ បើភិក្ខុមិនត្រេកអ មិនសរសើរ មិនឋិតនៅ ដោយសេចក្តីចូលចិត្តមាំ ចំពោះធម្មារម្មណ៍នោះ កាលបើភិក្ខុនោះ មិនត្រេកអរ មិនសរសើរ មិនឋិតនៅ ដោយសេចក្តីចូលចិត្តមាំ ចំពោះធម្មារម្មណ៍នោះ វិញ្ញាណដែលអាស្រ័យ នូវធម្មារម្មណ៍នោះក៏មិនមាន សេចក្តីប្រកាន់មាំ នូវធម្មារម្មណ៍នោះ ក៏មិនមានដែរ។ ម្នាលគហបតី ភិក្ខុមិនមានសេចក្តីប្រកាន់មាំ រមែងបរិនិព្វាន ម្នាលគហបតី នេះឯងជាហេតុ នេះឯងជាបច្ច័យ ដែលនាំឲ្យសត្វទាំងឡាយពួកខ្លះ ក្នុងលោកនេះ បរិនិព្វាន ក្នុងបច្ចុប្បន្ន។

ចប់សូត្រ ទី១។

(វជ្ជី)សូត្រ ទី២

(២. វជ្ជីសុត្តំ)

[១៩១] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងហត្ថិគ្រាម ក្នុងដែនវជ្ជី។ គ្រានោះ ឧគ្គគហបតី អ្នកហត្ថិគ្រាម បានចូលទៅគាល់ព្រះមានព្រះភាគ។បេ។ លុះឧគ្គគហបតី អ្នកហត្ថិគ្រាម អង្គុយក្នុងទីដ៏សមគួរហើយ ក៏បានក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន អ្វីជាហេតុ អ្វីជាបច្ច័យ ដែលនាំឲ្យសត្វទាំងឡាយពួកខ្លះ ក្នុងលោកនេះ មិនបរិនិព្វាន ក្នុងបច្ចុប្បន្ន។ បពិត្រព្រះអង្គដ៏ចម្រើន មួយទៀត អ្វីជាហេតុ អ្វីជាបច្ច័យ ដែលនាំឲ្យសត្វទាំងឡាយពួកខ្លះ ក្នុងលោកនេះ បរិនិព្វាន ក្នុងបច្ចុប្បន្ន។ (សូត្រមុនយ៉ាងណា បណ្ឌិតគប្បីសម្តែងឲ្យពិស្តារ យ៉ាងនោះចុះ)។ ម្នាលគហបតី នេះឯងជាហេតុ នេះឯងជាបច្ច័យ ដែលនាំឲ្យសត្វទាំងឡាយពួកខ្លះ ក្នុងលោកនេះ បរិនិព្វាន ក្នុងបច្ចុប្បន្ន។

ចប់សូត្រ ទី២។

(នាឡន្ទ)សូត្រ ទី៣

(៣. នាឡន្ទសុត្តំ)

[១៩២] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តបាវារិកម្ពវ័ន ជិតក្រុងនាឡន្ទា។ គ្រានោះ ឧបាលិគហបតី បានចូលទៅគាល់ព្រះមានព្រះភាគ។បេ។ លុះឧបាលិគហបតី អង្គុយក្នុងទីដ៏សមគួរហើយ បានក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន អ្វីជាហេតុ អ្វីជាបច្ច័យ ដែលនាំឲ្យសត្វទាំងឡាយពួកខ្លះ ក្នុងលោកនេះ មិនបរិនិព្វាន ក្នុងបច្ចុប្បន្ន។ បពិត្រព្រះអង្គដ៏ចម្រើន មួយយ៉ាងទៀត អ្វីជាហេតុ អ្វីជាបច្ច័យ ដែលនាំឲ្យសត្វទាំងឡាយពួកខ្លះ ក្នុងលោកនេះ បរិនិព្វាន ក្នុងបច្ចុប្បន្ន។ (សូត្រមុនយ៉ាងណា បណ្ឌិតគប្បីសម្តែងឲ្យពិស្តារ យ៉ាងនោះចុះ)។ ម្នាលគហបតី នេះឯងជាហេតុ នេះឯងជាបច្ច័យ ដែលលនាំឲ្យសត្វទាំងឡាយពួកខ្លះ ក្នុងលោកនេះ បរិនិព្វាន ក្នុងបច្ចុប្បន្ន។

ចប់សូត្រ ទី៣។

(ភារទ្វាជ)សូត្រ ទី៤

(៤. ភារទ្វាជសុត្តំ)

[១៩៣] សម័យមួយ ព្រះមានព្រះភាគ និងព្រះបិណ្ឌោលភារទ្វាជមានអាយុ គង់នៅក្នុងវត្ត ឃោសិតារាម ជិតក្រុងកោសម្ពី។ គ្រានោះ ព្រះបាទឧទេន ស្តេចចូលទៅរកព្រះបិណ្ឌោលភារទ្វាជៈមានអាយុ លុះស្តេចចូលទៅដល់ហើយ ទ្រង់ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះបិណ្ឌោលភារទ្វាជៈមានអាយុ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យគួររឭកហើយ ក៏ទ្រង់គង់ក្នុងទីដ៏សមគួរ។ លុះព្រះបាទឧទេន ទ្រង់គង់ក្នុងទីដ៏សមគួរហើយ ទើបទ្រង់មានព្រះបន្ទូលទៅនឹងព្រះបិណ្ឌោលភារទ្វាជៈមានអាយុ ដូច្នេះថា បពិត្រព្រះភារទ្វាជៈដ៏ចម្រើន អ្វីជាហេតុ អ្វីជាបច្ច័យ ដែលនាំឲ្យពួកភិក្ខុនេះ នៅក្មេងកម្លោះ មានសក់ខ្មៅ ប្រកបដោយវ័យ ដ៏ចម្រើន គឺបឋមវ័យ មិនឈ្លក់នៅក្នុងកាមទាំងឡាយ ប្រព្រឹត្តព្រហ្មចរិយធម៌ បរិបូណ៌ បរិសុទ្ធ អស់មួយជីវិត ទាំងញុំាងបវេណិធម៌ ឲ្យប្រព្រឹត្តទៅ អស់កាលយូរអង្វែងបាន។ ព្រះបិណ្ឌោលភារទ្វាជៈ ថ្វាយព្រះពរថា បពិត្រមហារាជ ពាក្យនេះ ព្រះមានព្រះភាគ អរហន្ត សម្មាសម្ពុទ្ធ ព្រះអង្គនោះ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ បានត្រាស់ទុកថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរមក ចូរតាំងចិត្ត ឲ្យដូចជាមាតា ក្នុងពួកស្រីល្មមជាមាតា ចូរតាំងចិត្តឲ្យ ដូចជាបងប្អូនស្រី ក្នុងពួកស្រីល្មមជាបងប្អូនស្រី ចូរតាំងចិត្ត ឲ្យដូចជាកូនស្រី ក្នុងពួកស្រីល្មមជាកូនស្រី។ បពិត្រមហារាជ នេះឯងជាហេតុ នេះឯងជាបច្ច័យ ដែលនាំឲ្យពួកភិក្ខុនេះ នៅក្មេង កម្លោះ មានសក់ខ្មៅ ប្រកបដោយវ័យ ដ៏ចម្រើន គឺបឋមវ័យ មិនឈ្លក់នៅក្នុងកាមទាំងឡាយ ប្រព្រឹត្តព្រហ្មចរិយធម៌ បរិបូណ៌ បរិសុទ្ធ អស់មួយជីវិត ទាំងញុំាងបវេណិធម៌ ឲ្យប្រព្រឹត្តទៅ អស់កាលជាយូរអង្វែងបាន។

[១៩៤] បពិត្រព្រះភារទ្វាជៈដ៏ចម្រើន ចិត្តជាធម្មជាតឡេះឡោះ ចួនកាលលោភធម៌ កើតឡើង ក្នុងពួកស្រីល្មមជាមាតាក៏មាន លោភធម៌ កើតឡើង ក្នុងពួកស្រីល្មមជាបងប្អូនស្រីក៏មាន លោភធម៌កើតឡើង ក្នុងពួកស្រីល្មមជាកូនស្រីក៏មាន។ បពិត្រព្រះភារទ្វាជៈដ៏ចម្រើន ហេតុដទៃ បច្ច័យដទៃទៀត មានដែរឬ ដែលនាំឲ្យពួកភិក្ខុនេះ នៅក្មេង កម្លោះ មានសក់ខ្មៅ។បេ។ ទាំងញុំាង បវេណិធម៌ ឲ្យប្រព្រឹត្តទៅ អស់កាលជាយូរអង្វែងបាន។ បពិត្រមហារាជ ពាក្យនេះ ព្រះមានព្រះភាគ អរហន្ត សម្មាសម្ពុទ្ធ ព្រះអង្គនោះ ទ្រង់ជ្រាបច្បាស់ បានត្រាស់ទុកថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរមកអាយ ចូរពិចារណា នូវកាយនេះឯង តាំងអំពីបាតជើងឡើងទៅលើ អំពីចុងសក់ចុះមកក្រោម ដែលមានស្បែកជាទីបំផុត ពេញដោយវត្ថុមិនស្អាត មានប្រការ ផ្សេងៗថា ក្នុងកាយនេះ មាន សក់ រោម ក្រចក ធ្មេញ ស្បែក សាច់ សរសៃ ឆ្អឹង ខួរក្នុងឆ្អឹង តម្រងទឹកមូត្រ បេះដូង ថ្លើម វាវ ក្រពះ សួត ពោះវៀនធំ ពោះវៀនតូច អាហារថ្មី អាហារចាស់ ប្រមាត់ ស្លេស្ម ខ្ទុះ ឈាម ញើស ខ្លាញ់ខាប់ ទឹកភ្នែក ខ្លាញ់រាវ ទឹកមាត់ ទឹកសម្បោរ ទឹករំអិល ទឹកមូត្រ។ បពិត្រមហារាជ នេះឯងជាហេតុ នេះឯងជាបច្ច័យ ដែលនាំឲ្យពួកភិក្ខុនេះ នៅក្មេង កម្លោះ មានសក់ខ្មៅ។បេ។ ទាំងញុំាងបវេណិធម៌ឲ្យ ប្រពឹត្តទៅ អស់កាលជាយូរអង្វែងបាន។

[១៩៥] បពិត្រព្រះភារទ្វាជៈដ៏ចម្រើន ភិក្ខុទាំងឡាយណា ដែលបានចម្រើនកាយ ចម្រើនសីល ចម្រើនចិត្ត ចម្រើនបញ្ញាហើយ កិច្ច គឺការពិចារណា ឲ្យឃើញថា ជាអសុភនោះ ភិក្ខុទាំងនោះ មិនមែនធ្វើបានដោយលំបាកឡើយ។ បពិត្រព្រះភារទ្វាជៈដ៏ចម្រើន តែភិក្ខុទាំងឡាយណា ដែលមិនបានចម្រើនកាយ មិនបានចម្រើនសីល មិនបានចម្រើនចិត្ត មិនបានចម្រើនបញ្ញាហើយ កិច្ចនោះ ភិក្ខុទាំងនោះ ធ្វើបានដោយកម្រណាស់។ បពិត្រព្រះភារទ្វាជៈដ៏ចម្រើន ចួនកាលយើងខ្ញុំគិតថា នឹងធ្វើទុកក្នុងចិត្តថា អារម្មណ៍មិនល្អ ក៏ប្រែក្លាយទៅជាអារម្មណ៍ល្អវិញ ក៏មាន បពិត្រព្រះភារទ្វាជៈដ៏ចម្រើន ក្រែងមានហេតុដទៃ បច្ច័យដទៃទៀតដែរឬ ដែលនាំឲ្យពួកភិក្ខុនេះ នៅក្មេងកម្លោះ មានសក់ខ្មៅ។បេ។ ទាំងញុំាងបវេណិធម៌ ឲ្យប្រព្រឹត្តទៅ អស់កាលជាយូរអង្វែងបាន។ បពិត្រមហារាជ ពាក្យនេះ ព្រះមានព្រះភាគ អរហន្ត សម្មាសម្ពុទ្ធ ព្រះអង្គនោះ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ បានត្រាស់ទុកថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរមកអាយ ចូររក្សាទ្វារ ក្នុងឥន្រ្ទិយទាំងឡាយ អ្នកទាំងឡាយ បានឃើញរូប ដោយចក្ខុហើយ កុំប្រកាន់និមិត្ត កុំប្រកាន់អនុព្យព្ជានៈ អកុសលធម៌ទាំងឡាយ ដ៏លាមក គឺអភិជ្ឈា និងទោមនស្ស គប្បីគ្របសង្គត់ នូវបុគ្គល ដែលមិនសង្រួមនូវឥន្រ្ទិយនុ៎ះ ព្រោះហេតុតែចក្ខុន្រ្ទិយណា អ្នកទាំងឡាយ ចូរប្រតិបត្តិ ដើម្បីសង្រួម នូវចក្ខុន្រ្ទិយនោះ ចូររក្សានូវចក្ខុន្រ្ទិយ ចូរដល់នូវសេចក្តីសង្រួម ក្នុងចក្ខុន្រ្ទិយ។ ឮសម្លេងដោយត្រចៀក។ ធុំក្លិនដោយច្រមុះ។ ជញ្ជាបរសដោយអណ្តាត។ ពាល់ត្រូវផោដ្ឋព្វៈ ដោយកាយ។ អ្នកទាំងឡាយ ដឹងច្បាស់នូវធម្មារម្មណ៍ ដោយចិត្តហើយ កុំប្រកាន់និមិត្ត កុំប្រកាន់អនុព្យព្ជានៈ អកុសលធម៌ទាំងឡាយ ដ៏លាមក គឺអភិជ្ឈា និងទោមនស្ស គប្បីគ្របសង្កត់នូវបុគ្គល ដែលមិនសង្រួមមនិន្រ្ទិយនុ៎ះ ព្រោះហេតុតែមិនសង្រួមមនិន្រ្ទិយណា អ្នកទាំងឡាយ ចូរប្រតិបត្តិ ដើម្បីសង្រួម នូវមនិន្រ្ទិយនោះ ចូររក្សាមនិន្រ្ទិយ ចូរដល់នូវសេចក្តីសង្រួម ក្នុងមនិន្រ្ទិយ។ បពិត្រមហារាជា នេះឯងជាហេតុ នេះឯងជាបច្ច័យ ដែលនាំឲ្យពួកភិក្ខុនេះ នៅក្មេង កម្លោះ មានសក់ខ្មៅ ប្រកបដោយវ័យ ដ៏ចម្រើន គឺបឋមវ័យ មិនឈ្លក់នៅក្នុងកាមទាំងឡាយ ប្រព្រឹត្តព្រហ្មចរិយធម៌ បរិបូណ៌ បរិសុទ្ធ អស់មួយជីវិត ទាំងញុំាងបវេណិធម៌ ឲ្យប្រព្រឹត្តទៅ អស់កាលជាយូរអង្វែងបាន។

[១៩៦] បពិត្រព្រះភារទ្វាជៈដ៏ចម្រើន អស្ចារ្យណាស់ បពិត្រព្រះភារទ្វាជៈដ៏ចម្រើន មិនដែលមានទេ។ បពិត្រព្រះភារទ្វាជៈដ៏ចម្រើន ពាក្យនេះ ព្រះមានព្រះភាគ អរហន្ត សម្មាសម្ពុទ្ធ ព្រះអង្គនោះ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ បានត្រាស់ទុកដោយប្រពៃហើយ បពិត្រព្រះភារទ្វាជៈដ៏ចម្រើន នេះហើយជាហេតុ នេះហើយជាបច្ច័យ ដែលនាំឲ្យពួកភិក្ខុនេះ នៅក្មេងកម្លោះ មានសក់ខ្មៅ ប្រកបដោយវ័យដ៏ចម្រើន គឺបឋមវ័យ មិនឈ្លក់នៅក្នុងកាមទាំងឡាយ ប្រព្រឹត្តព្រហ្មចរិយធម៌ បរិបូណ៌ បរិសុទ្ធអស់មួយជីវិត ទាំងញុំាងបវេណិធម៌ ឲ្យប្រព្រឹត្តទៅ អស់កាលជាយូរអង្វែងបាន។ បពិត្រព្រះភារទ្វាជៈដ៏ចម្រើន ចំណែកខ្ញុំករុណាវិញ សម័យណា មិនបានរក្សាកាយ មិនបានរក្សាវាចា មិនបានរក្សាចិត្ត មិនបានប្រុងស្មារតី មិនបានសង្រួមឥន្រិ្ទយ ចូលទៅនៅក្នុងព្រះរាជាវាំង សម័យនោះ លោភធម៌ទាំងឡាយ តែងគ្របសង្កត់ខ្ញុំករុណា ពន់ពេក។ បពិត្រព្រះភារទ្វាជៈដ៏ចម្រើន លុះតែសម័យណា ខ្ញុំករុណា បានរក្សាកាយ រក្សាវាចារ រក្សាចិត្ត ប្រុងស្មារតី សង្រួមឥន្រ្ទិយ ចូលទៅក្នុងព្រះរាជាវាំង លោភធម៌ទាំងឡាយ ក៏មិនបានគ្របសង្កត់ចិត្តខ្ញុំករុណា ក្នុងសម័យនោះឡើយ។ បពិត្រព្រះភារទ្វាជៈដ៏ចម្រើន ច្បាស់ណាស់ បពិត្រព្រះភារទ្វាជៈដ៏ចម្រើន ច្បាស់ណាស់។ បពិត្រព្រះភារទ្វាជៈដ៏ចម្រើន ដូចគេផ្ងាររបស់ដែលផ្កាប់ ឬបើកបង្ហាញរបស់ ដែលគេបិទបាំងទុក ឬដូចគេបង្ហាញផ្លូវ ដល់បុគ្គល អ្នកវង្វេងទិស ពុំនោះសោត ដូចបុគ្គលទ្រោលបំភ្លឺប្រទីបប្រេង ក្នុងទីងងឹត ដោយគិតថា បុគ្គលទាំងឡាយមានចក្ខុ នឹងមើលឃើញរូបទាំងឡាយបាន មានឧបមា យ៉ាងណា ព្រះភារទ្វាជៈដ៏ចម្រើន បានប្រកាសធម៌ ដោយអនេកបរិយាយ មានឧបមេយ្យ យ៉ាងនោះដែរ។ បពិត្រព្រះភារទ្វាជៈដ៏ចម្រើន ខ្ញុំករុណា សូមដល់ព្រះមានព្រះភាគនោះផង ព្រះធម៌ផង ព្រះសង្ឃផង ជាទីពឹង ទីរឭក សូមព្រះភារទ្វាជៈដ៏ចម្រើន ចាំទុក នូវខ្ញុំករុណា ថាជាឧបាសក អ្នកដល់នូវសរណគមន៍ ស្មើដោយជីវិត តាំងពីថ្ងៃនេះ ជាដើមរៀងទៅ។

ចប់សូត្រ ទី៤។

(សោណ)សូត្រ ទី៥

(៥. សោណសុត្តំ)

[១៩៧] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ជិតក្រុងរាជគ្រឹះ។ គ្រានោះ សោណគហបតិបុត្ត បានចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក៏ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះសោណគហបតិបុត្ត អង្គុយក្នុងទីសមគួរហើយ បានក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន អ្វីជាហេតុ អ្វីជាបច្ច័យ ដែលនាំឲ្យសត្វទាំងឡាយពួកខ្លះ ក្នុងលោកនេះ មិនបរិនិព្វាន ក្នុងបច្ចុប្បន្ន។ បពិតព្រអង្គដ៏ចំរើន មួយទៀត អ្វីជាហេតុ អ្វីជាបច្ច័យ ដែលនាំឲ្យសត្វទាំងឡាយពួកខ្លះ ក្នុងលោកនេះ បរិនិព្វាន ក្នុងបច្ចុប្បន្ន (សូត្រមុនយ៉ាងណា បណ្ឌិតគប្បីសំដែង ឲ្យពិស្តារ យ៉ាងនោះផងចុះ)។

ចប់សូត្រ ទី៥។

(ឃោសិត)សូត្រ ទី៦

(៦. ឃោសិតសុត្តំ)

[១៩៨] សម័យមួយ ព្រះមានព្រះភាគ និងព្រះអានន្ទមានអាយុ គង់នៅក្នុងវត្ត ឃោសិតារាម ជិតក្រុងកោសម្ពី។ គ្រានោះឯង ឃោសិតគហបតី ចូលទៅរកព្រះអានន្ទមានអាយុ។បេ។ លុះឃោសិតគហបតី អង្គុយក្នុងទីដ៏សមគួរហើយ ក៏បានពោលនឹងព្រះអានន្ទមានអាយុ ដូច្នេះថា បពិត្រព្រះអានន្ទដ៏ចម្រើន ព្រះមានព្រះភាគ ត្រាស់ថា ធាតុផ្សេងៗគ្នា ធាតុផ្សេងៗគ្នា បពិត្រលោកម្ចាស់ដ៏ចម្រើន តើធាតុផ្សេងៗគ្នា ព្រះមានព្រះភាគ ត្រាស់ដោយហេតុយ៉ាងណា។ ម្នាលគហបតី ចក្ខុធាតុ ១ រូបដែលជាទីគាប់ចិត្ត ១ ចក្ខុវិញ្ញាណ ១ មានហើយ ទើបសុខវេទនាកើតឡើងបាន ព្រោះអាស្រ័យផស្សៈ ដែលជាទីតាំង នៃសុខវេទនា។ ម្នាលគហបតី ចក្ខុធាតុ ១ រូបមិនជាទីគាប់ចិត្ត ១ ចក្ខុវិញ្ញាណ ១ មានហើយ ទើបទុក្ខវេទនាកើតឡើងបាន ព្រោះអាស្រ័យផស្សៈ ដែលជាទីតាំង នៃទុក្ខវេទនា។ ម្នាលគហបតី ចក្ខុធាតុ ១ រូបជាទីតាំង នៃឧបេក្ខា ១ ចក្ខុវិញ្ញាណ ១ មានហើយ ទើបអទុក្ខមសុខវេទនា (វេទនា មិនជាទុក្ខ មិនជាសុខ) កើតឡើងបាន ព្រោះអាស្រ័យផស្សៈ ដែលជាទីតាំង នៃទុក្ខមសុខវេទនា។បេ។ ម្នាលគហបតី ជិវ្ហាធាតុ ១ រសជាទីគាប់ចិត្ត ១ ជិវ្ហាញ្ញាណ ១ មានហើយ ទើបសុខវេទនា កើតឡើងបាន ព្រោះអាស្រ័យផស្សៈ ដែលជាទីតាំង នៃសុខវេទនា។ ម្នាលគហបតី ជិវ្ហាធាតុ ១ រសមិនជាទីគាប់ចិត្ត ១ ជិវ្ហាវិញ្ញាណ ១ មានហើយ ទើបទុក្ខវេទនាកើតឡើងបាន ព្រោះអាស្រ័យផស្សៈ ដែលជាទីតាំងនៃទុក្ខវេទនា។ ម្នាលគហបតី ជិវ្ហាធាតុ ១ រសជាទីតាំង នៃឧបេក្ខា ១ ជិវ្ហាវិញ្ញាណ ១ មានហើយ ទើបអទុក្ខមសុខវេទនាកើតឡើងបាន ព្រោះអាស្រ័យផស្សៈ ដែលជាទីតាំង នៃអទុក្ខមសុខវេទនា។បេ។ ម្នាលគហបតី មនោធាតុ ១ ធម្មារម្មណ៍ ជាទីគាប់ចិត្ត ១ មនោវិញ្ញាណ ១ មានហើយ ទើបសុខវេទនា កើតឡើងបាន ព្រោះអាស្រ័យផស្សៈ ដែលជាទីតាំង នៃសុខវេទនា។ ម្នាលគហបតី មនោធាតុ ១ ធម្មារម្មណ៍ មិនជាទីគាប់ចិត្ត ១ មនោវិញ្ញាណ ១ មានហើយ ទើបទុក្ខវេទនា កើតឡើងបាន ព្រោះអាស្រ័យផស្សៈ ដែលជាទីតាំង នៃទុក្ខវេទនា។ ម្នាលគហបតី មនោធាតុ ១ ធម្មរម្មណ៍ជាទីតាំង នៃឧបេក្ខា ១ មនោវិញ្ញាណ ១ មានហើយ ទើបអទុក្ខមសុខវេទនាកើតឡើងបាន ព្រោះអាស្រ័យផស្សៈ ដែលជាទីតាំង នៃអទុក្ខមសុខវេទនា។ ម្នាលគហបតី ព្រះមានព្រះភាគ ទ្រង់ត្រាស់សម្តែងធាតុផ្សេងៗគ្នា ដោយហេតុមានប្រមាណ ប៉ុណ្ណោះឯង។

ចប់សូត្រ ទី៦។

(ហាលិទ្ទិកានិ)សូត្រ ទី៧

(៧. ហាលិទ្ទិកានិសុត្តំ)

[១៩៩] សម័យមួយ ព្រះមហាកច្ចានៈមានអាយុ គង់នៅលើភ្នំសំបវត្តៈ ជិតស្រុក កុលឃរៈ ក្នុងអវន្តិជនបទ។ គ្រានោះ ហាលិទ្ទកានិគហបតី បានចូលទៅរកព្រះមហាកច្ចានៈមានអាយុ។បេ។ លុះហាលិទ្ទកានិគហបតី អង្គុយក្នុងទីដ៏សមគួរហើយ ក៏បានពោលទៅនឹងព្រះមហាកច្ចានៈមានអាយុ ដូច្នេះថា បពិត្រលោកដ៏ចម្រើន ពាក្យនេះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ទុកថា ការផ្សេង ៗ គ្នា នៃផស្សៈ កើតឡើង ព្រោះអាស្រ័យធាតុផ្សេងៗ គ្នា ការផ្សេង ៗគ្នា នៃវេទនា កើតឡើង ព្រោះអាស្រ័យការផ្សេង ៗ គ្នា នៃផស្សៈ។ បពិត្រលោកដ៏ចម្រើន ការផ្សេង ៗ គ្នា នៃផស្សៈកើតឡើង ព្រោះអាស្រ័យធាតុផ្សេង ៗ និងការផ្សេង ៗ គ្នា នៃវេទនាកើតឡើង ព្រោះអាស្រ័យការផ្សេង ៗ គ្នា នៃផស្សៈ តើដូចម្តេច។

[២០០] ម្នាលគហបតី ភិក្ខុក្នុងសាសនានេះ ឃើញរូបដោយចក្ខុហើយ ក៏ដឹងច្បាស់ថា រូបនេះ ជាទីគាប់ចិត្ត យ៉ាងនេះ សុខវេទនា ក៏កើតឡើង ព្រោះអាស្រ័យ នូវចក្ខុវិញ្ញាណ ជាទីតាំង នៃសុខវេទនាផង នូវផស្សៈ ដែលជាទីតាំង នៃសុខវេទនាផង។ មួយទៀត ភិក្ខុឃើញរូប ដោយចក្ខុ យ៉ាងនេះហើយ ក៏ដឹងច្បាស់ថា រូបនេះមិនជាទីគាប់ចិត្ត យ៉ាងនេះ ទុក្ខវេទនា ក៏កើតឡើង ព្រោះអាស្រ័យនូវចក្ខុវិញ្ញាណ ជាទីតាំង នៃទុក្ខវេទនាផង នូវផស្សៈ ជាទីតាំង នៃទុក្ខវេទនាផង។ មួយទៀត ភិក្ខុឃើញរូប ដោយចក្ខុ យ៉ាងនេះហើយ ក៏ដឹងច្បាស់ថា រូបនេះ គួរជាទីតាំង នៃឧបេក្ខា យ៉ាងនេះ អទុក្ខមសុខវេទនា ក៏កើតឡើង ព្រោះអាស្រ័យនូវចក្ខុវិញ្ញាណ ជាទីតាំងនៃអទុក្ខមសុខ វេទនាផង នូវផស្សៈ ដែលជាទីតាំង នៃអទុក្ខមសុខវេទនាផង។ ម្នាលគហបតី មួយទៀត ភិក្ខុឮសម្លេង ដោយត្រចៀក។ ធុំក្លិនដោយច្រមុះ។ ជញ្ជាបរស ដោយអណ្តាត។ ពាល់ត្រូវផោដ្ឋព្វៈ ដោយកាយ។ ដឹងធម្មារម្មណ៍ដោយចិត្ត ហើយដឹងច្បាស់ថា ធម្មារម្មណ៍នេះ ជាទីគាប់ចិត្តយ៉ាងនេះ សុខវេទនាក៏កើតឡើង ព្រោះអាស្រ័យ នូវមនោវិញ្ញាណ ជាទីតាំង នៃសុខវេទនាផង នូវផស្សៈ ជាទីតាំង នៃសុខវេទនាផង។ ភិក្ខុដឹងនូវធម្មារម្មណ៍ ដោយចិត្ត យ៉ាងនេះហើយ ក៏ដឹងច្បាស់ថា ធម្មារម្មណ៍នេះ មិនជាទីគាប់ចិត្តយ៉ាងនេះ ទុក្ខវេទនាក៏កើតឡើង ព្រោះអាស្រ័យ នូវមនោវិញ្ញាណ ជាទីតាំងនៃទុក្ខវេទនាផង នូវផស្សៈ ជាទីតាំង នៃទុក្ខវេទនាផង។ ភិក្ខុដឹងនូវធម្មារម្មណ៍ដោយចិត្ត យ៉ាងនេះហើយ ក៏ដឹងច្បាស់ថា ធម្មារម្មណ៍នេះ គួរជាទីតាំង នៃឧបេក្ខាយ៉ាងនេះ អទុក្ខមសុខវេទនា ក៏កើតឡើង ព្រោះអាស្រ័យ នូវមនោវិញ្ញាណ ជាទីតាំង នៃអទុក្ខមសុខវេទនាផង នូវផស្សៈ ជាទីតាំង នៃអទុក្ខមសុខវេទនាផង។ ម្នាលគហបតី ការផ្សេង ៗ គ្នា នៃផស្សៈកើតឡើង ព្រោះអាស្រ័យធាតុផ្សេងៗ គ្នា និងការផ្សេង ៗ គ្នា នៃវេទនា កើតឡើង ព្រោះអាស្រ័យការផ្សេងៗ គ្នា នៃផស្សៈ យ៉ាងនេះឯង។

ចប់សូត្រ ទី៧។

(នកុលបិតុ)សូត្រ ទី៨

(៨. នកុលបិតុសុត្តំ)

[២០១] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុង ភេសកឡាវ័ន ជាទីឲ្យអភ័យ ដល់ពួកម្រឹគ ជិតក្រុងសុំសុមារគិរៈ ក្នុងភគ្គជនបទ។ គ្រានោះ គហបតី ឈ្មោះ នកុលបិតា បានចូលទៅគាល់ព្រះមានព្រះភាគ។បេ។ លុះនកុលបិតាគហបតី អង្គុយក្នុងទីដ៏សមគួរហើយ បានក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន អ្វីជាហេតុ អ្វីជាបច្ច័យ ដែលនាំឲ្យសត្វទាំងឡាយពួកខ្លះ ក្នុងលោកនេះ មិនបរិនិព្វាន ក្នុងបច្ចុប្បន្ន។ បពិត្រព្រះអង្គដ៏ចម្រើន មួយវិញទៀត អ្វីជាហេតុ អ្វីជាបច្ច័យ ដែលនាំឲ្យសត្វទាំងឡាយពួកខ្លះ ក្នុងលោកនេះ បរិនិព្វាន ក្នុងបច្ចុប្បន្ន។ ម្នាលលគហបតី មានរូប ដែលគប្បីដឹងច្បាស់ដោយចក្ខុ ជារូបគួរប្រាថ្នា គួរត្រេកអរ ជាទីគាប់ចិត្ត ជាទីស្រឡាញ់ ប្រកបដោយកាម ជាហេតុនៃសេចក្តីត្រេកអរ បើភិក្ខុត្រេកអរ សរសើរ ឋិតនៅ ដោយសេចក្តីចូលចិត្តមាំ ចំពោះរូបនោះ កាលបើភិក្ខុនោះ ត្រេកអរ សរសើរ ឋិតនៅ ដោយសេចក្តីចូលចិត្តមាំ ចំពោះរូបនោះហើយ វិញ្ញាណដែលអាស្រ័យ នូវរូបនោះ ក៏កើតឡើង សេចក្តីប្រកាន់មាំ នូវរូបនោះ ក៏មានឡើង។ ម្នាលគហបតី ភិក្ខុមានសេចក្តីប្រកាន់មាំ រមែងមិនបរិនិព្វាន។បេ។ ម្នាលគហបតី មានរស ដែលគប្បីដឹងច្បាស់ ដោយអណ្តាត។បេ។ ម្នាលគហបតី មានធម្មារម្មណ៍ ដែលដឹងច្បាស់ដោយចិត្ត ជាធម្មារម្មណ៍គួរប្រាថ្នា គួរត្រេកអរ ជាទីគាប់ចិត្ត ជាទីស្រឡាញ់ ប្រកបដោយកាម ជាហេតុនៃសេចក្តីត្រេកអរ បើភិក្ខុត្រេកអរ សរសើរ ឋិតនៅ ដោយសេចក្តីចូលចិត្តមាំ ចំពោះធម្មារម្មណ៍នោះ កាលបើភិក្ខុនោះ ត្រេកអរ សរសើរ ឋិតនៅ ដោយសេចក្តីចូលចិត្តមាំ ចំពោះធម្មារម្មណ៍នោះហើយ វិញ្ញាណ ដែលអាស្រ័យនូវធម្មារម្មណ៍នោះ ក៏កើតឡើង សេចក្តីប្រកាន់មាំ នូវធម្មារម្មណ៍នោះ ក៏មានឡើង។ ម្នាលគហបតី ភិក្ខុមានសេចក្តីប្រកាន់មាំ រមែងមិនបរិនិព្វាន។ ម្នាលគហបតី នេះឯងជាហេតុ នេះឯងជាបច្ច័យ ដែលនាំឲ្យសត្វទាំងឡាយពួកខ្លះ ក្នុងលោកនេះ មិនបរិនិព្វាន ក្នុងបច្ចុប្បន្ន។

[២០២] ម្នាលគហបតី មានរូបដែលគប្បីដឹងច្បាស់ដោយចក្ខុ ជារូបគួរប្រាថ្នា គួរត្រេកអរ ជាទីគាប់ចិត្ត ជាទីស្រឡាញ់ ប្រកបដោយកាម ជាហេតុនៃសេចក្តីត្រេកអរ បើភិក្ខុមិនត្រេកអរ មិនសរសើរ មិនឋិតនៅ ដោយសេចក្តីចូលចិត្តមាំ ចំពោះរូបនោះ កាលបើភិក្ខុនោះ មិនត្រេកអរ មិនសរសើរ មិនឋិតនៅ ដោយសេចក្តីចូលចិត្តមាំ ចំពោះរូបនោះហើយ វិញ្ញាណដែលអាស្រ័យ នូវរូបនោះ ក៏មិនកើតឡើង សេចក្តីប្រកាន់មាំនូវរូបនោះ ក៏មិនមានដែរ។ ម្នាលគហបតី ភិក្ខុមិនមានសេចក្តីប្រកាន់មាំ រមែងបរិនិព្វាន។បេ។ ម្នាលគហបតី មានរស ដែលគប្បីដឹងច្បាស់ ដោយអណ្តាត។បេ។ ម្នាលគហបតី មានធម្មារម្មណ៍ ដែលគប្បីដឹងច្បាស់ដោយចិត្ត ជាធម្មារម្មណ៍គួរប្រាថ្នា គួរត្រេកអរ ជាទីគាប់ចិត្ត ជាទីស្រឡាញ់ ប្រកបដោយកាម ជាហេតុនៃសេចក្តីត្រេកអរ បើភិក្ខុ មិនត្រេកអរ មិនសរសើរ មិនឋិតនៅ ដោយសេចក្តីចូលចិត្តមាំ ចំពោះធម្មារម្មណ៍នោះទេ កាលបើភិក្ខុនោះ មិនត្រេកអរ មិនសរសើរ មិនឋិតនៅ ដោយសេចក្តីចូលចិត្តមាំ ចំពោះធម្មារម្មណ៍នោះហើយ វិញ្ញាណដែលអាស្រ័យ នូវធម្មារម្មណ៍នោះ ក៏មិនកើតឡើង សេចក្តីប្រកាន់មាំ នូវធម្មារម្មណ៍នោះ ក៏មិនមានដែរ។ ម្នាលគហបតី ភិក្ខុមិនមានសេចក្តីប្រកាន់មាំ រមែងបរិនិព្វាន។ ម្នាលគហបតី នេះឯងជាហេតុ នេះឯងជាបច្ច័យ ដែលនាំឲ្យសត្វទាំងឡាយពួកខ្លះ ក្នុងលោកនេះ បរិនិព្វាន ក្នុងបច្ចុប្បន្ន។

ចប់សូត្រ ទី៨។

(លោហិច្ច)សូត្រ ទី៩

(៩. លោហិច្ចសុត្តំ)

[២០៣] សម័យមួយ ព្រះមហាកច្ចានៈមានអាយុ គង់នៅក្នុងអរញ្ញកុដិ (កុដិតូច តាំងនៅក្នុងព្រៃ) ជិតនគរ មក្ករកដៈ ក្នុងអវន្តិជនបទ។ គ្រានោះ ពួកមាណព អ្នករកឧសច្រើននាក់ ជាសិស្សរបស់លោហិច្ចព្រាហ្មណ៍ បានចូលទៅរកអរញ្ញកុដិ របស់ព្រះមហាកច្ចានៈមានអាយុ លុះចូលទៅដល់ហើយ ក៏ដើររង្គាត់ ព័ទ្ធជុំវិញអរញ្ញកុដិ ស្រែហ៊ោកញ្រ្ជៀវ នាំគ្នាលេងល្បែង សេលេយ្យកៈ8) ណាមួយ (តាមទំនើងចិត្ត)។ មាណពទាំងនោះ និយាយថា សមណៈត្រងោលទាំងនេះ ជាពួកគហបតីកណ្ហគោត្រ កើតអំពីខ្នងជើងនៃព្រហ្ម ដែលពួកកុដុម្ពីក៍ធ្វើសក្ការៈ គោរពរាប់អាន បូជា កោតក្រែង។ វេលានោះ ព្រះមហាកច្ចានៈមានអាយុ បានចេញអំពីវិហារ ហើយពោលទៅនឹងមាណពទាំងនោះ ដូច្នេះថា នែពួកមាណព អ្នកទាំងឡាយ កុំស្រែកហ៊ោឡើយ យើងនឹងសម្តែងធម៌ ដល់អ្នកទាំងឡាយ។ កាលបើព្រះថេរៈ ពោលយ៉ាងនេះហើយ មាណពទាំងនោះ ក៏នាំគ្នាស្ងៀម។ ទើបព្រះមហាកច្ចានៈមានអាយុ បានពោលទៅនឹងមាណពទាំងនោះ ដោយគាថាទាំងឡាយថា

[២០៤] ព្រាហ្មណ៍ទាំងឡាយណា រព្ញកធម៌ (របស់ព្រាហ្មណ៍) បុរាណ ព្រាហ្មណ៍ទាំងនោះ ឈ្មោះថា មានសីលដ៏ឧត្តម មានគុណប្រាកដមកពីដើម ព្រាហ្មណ៍ទាំងនោះ ឈ្មោះថា បានគ្រប់គ្រងរក្សា នូវទ្វារដោយប្រពៃ ទាំងគ្របសង្កត់ នូវសេចក្តីក្រោធបាន។ ព្រាហ្មណ៍ទាំងឡាយណា រឭកធម៌ (របស់ព្រាហ្មណ៍) បុរាណ ព្រាហ្មណ៍ទាំងឡាយនោះ ឈ្មោះថា ប្រព្រឹត្តក្នុងធម៌ គឺកុសលកម្មបថ ១០ ប្រការ និងសមាបត្តិជ្ឈាន ៨ យ៉ាង ព្រាហ្មណ៍ទាំងនេះឯង បានចៀសចេញ (ចាកគុណ) ស្រវឹងដោយគោត្រ គិតថា យើងទាំងឡាយ រមែងលះបង់ (អកុសលកម្ម) ហើយនាំគ្នាប្រព្រឹត្តកម្មមិនស្មើ គឺធ្វើកម្មមិនស្មើគ្នា មានកាយកម្ម ជាដើម។ ព្រាហ្មណ៍ទាំងឡាយ ដែលសេចក្តីក្រោធ គ្របសង្កត់ មានអាជ្ញាលើខ្លួនជាច្រើន នាំគ្នាប្រព្រឹត្តខុស ក្នុងបុគ្គល ដែលមានតណ្ហា និងបុគ្គល ដែលឥតតណ្ហាទាំងឡាយ បុគ្គលដែលមិនបានគ្រប់គ្រងទ្វារ រមែងមានសេចក្តីសាបសូន្យទទេ ដូចទ្រព្យ ដែលបុរសបាន ក្នុងវេលាយល់សប្តិ។ ការអត់អាហារ ១ ការដេកលើផែនដី ១ការជម្រះរាយកាយអំពីព្រឹក ១ ត្រៃភេទ ១ ស្បែកខ្លាឃ្មុំ មានសម្ផ័ស្សរឹង ១ ផ្នួងសក់ ១ មន្ទិលរបស់ធ្មេញ ១ មន្ត ១ សីល និងវត្ត ១ តបៈ១ ការញុំាងមហាជនឲ្យភ័ន្តភាំង ១ ទំពក់ ១ ទឹក ១ គ្រឿងដុសខាត់មុខ ១ ទាំងនេះជាគ្រឿងបរិក្ខារ របស់ពួកព្រាហ្មណ៍ ដែលពួកព្រាហ្មណ៍បានធ្វើ ភាវនាបន្តិចបន្តួច ទាំងបានតំកល់ចិត្ត ខ្ជាប់ខ្ជួនល្អ ជាចិត្តថ្លា មិនកករល្អក់ ជាចិត្តមិនរឹងត្អឹង គឺទន់ភ្លន់ ក្នុងពួកសត្វទាំងពួង ផ្លូវនោះ តែងប្រព្រឹត្តទៅ ដើម្បីដល់នូវធម៌ដ៏ប្រសើរ។

[២០៥] គ្រានោះ មាណពទាំងនោះ ក៏ខឹងអាក់អន់ចិត្ត ហើយនាំគ្នាចូលទៅរកលោហិច្ចព្រាហ្មណ៍ លុះចូលទៅដល់ហើយ បានពោលនឹងលោហិច្ចព្រាហ្មណ៍ ដូច្នេះថា នែលោកដ៏ចម្រើន លោកគប្បីដឹងថា សមណៈឈ្មោះ មហាកច្ចានៈ មិនពោលសរសើរ ត្រឡប់ជាពោលបដិសេធ ចំពោះមន្តទាំងឡាយ របស់ពួកព្រាហ្មណ៍ ដោយដាច់ខាត។ កាលពួកមាណព និយាយយ៉ាងនេះហើយ លោហិច្ចព្រាហ្មណ៍ ក៏ខឹងអាក់អន់ចិត្ត។ ទើបលោហិច្ចព្រាហ្មណ៍ មានសេចក្តីត្រិះរិះ ដូច្នេះថា បើតាមអញស្តាប់សំដី របស់ពួកមាណព គួរតែជេរប្រទេច គម្រាមព្រះសមណៈមហាកច្ចានៈ ដោយពិត តែអំពើនេះ មិនសមគួរ ដល់អញឡើយ បើដូច្នោះ គួរតែអញចូលទៅសួរលោកសិន។ លំដាប់នោះ លោហិច្ចព្រាហ្មណ៍ ព្រមដោយមាណពទាំងនោះ បានចូលទៅរកព្រះមហាកច្ចានៈមានអាយុ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះមហាកច្ចានៈមានអាយុ លុះបញ្ចប់ពាក្យ ដែលគួររីករាយ គួរជាទីរឭកហើយ ក៏អង្គុយក្នុងទីដ៏សមគួរ។ លុះលោហិច្ចព្រាហ្មណ៍ អង្គុយក្នុងទីសមដ៏គួរហើយ បានពោលនឹងព្រះមហាកច្ចានៈមានអាយុ ដូច្នេះថា បពិត្រព្រះកច្ចានៈដ៏ចម្រើន ពួកមាណព អ្នករកឧស ជាសិស្សរបស់ខ្ញុំ ច្រើននាក់ បានមកក្នុងទីនេះ ដែរឬ។ ម្នាលព្រាហ្មណ៍ ពួកមាណពអ្នករកឧស ជាសិស្សរបស់អ្នកច្រើននាក់ បានមកក្នុងទីនេះមែន។ ចុះព្រះកច្ចានៈដ៏ចម្រើន បានពោលចរចា ជាមួយនឹងពួកមាណទាំងនោះ ខ្លះដែរឬ។ ម្នាលព្រាហ្មណ៍ អាត្មាបានពោលពាក្យចរចា ជាមួយនឹងពួកមាណពទាំងនោះ ខ្លះដែរ។ ចុះព្រះកច្ចានៈដ៏ចម្រើន បានពោលពាក្យចរចា ជាមួយនឹងពួកមាណពទាំងនោះ ដូចម្តេចខ្លះ។ ម្នាលព្រាហ្មណ៍ អាត្មាបានពោលពាក្យចរចា ជាមួយនឹងពួកមាណពទាំងនោះ យ៉ាងនេះថា

ព្រាហ្មណ៍ទាំងឡាយណា រឭកធម៌ (របស់ពួកព្រាហ្មណ៍) បុរាណ ព្រាហ្មណ៍ទាំងឡាយនោះ ឈ្មោះថា ជាអ្នកមានសីល ដ៏ឧត្តម មានគុណប្រាកដមកអំពីមុន។បេ។ ជាចិត្តមិនរឹងត្អឹង គឺទន់ភ្លន់ ក្នុងពួកសត្វទួទៅ ផ្លូវនោះ រមែងប្រព្រឹត្តទៅ ដើម្បីដល់នូវធម៌ដ៏ប្រសើរ។

ម្នាលព្រហ្មណ៍ អាត្មាបានពោលពាក្យចរចា ជាមួយនឹងពួកមាណពទាំងនោះ យ៉ាងនេះឯង។ ព្រះកច្ចានៈដ៏ចម្រើនពោលថា បុគ្គលមិនបានគ្រប់គ្រងទ្វារ ដូច្នេះ បពិត្រព្រះកច្ចានៈដ៏ចម្រើន បុគ្គល ដែលមិនបានគ្រប់គ្រងទ្វារ តើដោយហេតុដូចម្តេច។ ម្នាលព្រាហ្មណ៍ បុគ្គលខ្លះ ក្នុងលោកនេះ បានឃើញរូប ដោយចក្ខុហើយ ជាប់ចិត្តក្នុងរូប ដែលជាទីស្រឡាញ់ ព្យាបាទក្នុងរូប ដែលមិនជាទីស្រឡាញ់ មិនបានប្រុងស្មារតី មានចិត្តប្រកបដោយកិលេស ទាំងមិនដឹងច្បាស់តាមពិត នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិនោះ។ អកុសលធម៌ ដ៏លាមកទាំងនោះ របស់បុគ្គលនោះ ដែលកើតហើយ រមែងមិនរលត់ទៅវិញ ដោយមិនមានសេសសល់ ដោយប្រការយ៉ាងណា។ បុគ្គលឮសំឡេង ដោយត្រចៀក។បេ។ ធុំក្លិនដោយច្រមុះ។ ជញ្ជាបរសដោយអណ្តាត។ ពាល់ត្រូវផោដ្ឋព្វៈ ដោយកាយ។ ដឹងច្បាស់នូវធម្មារម្មណ៍ ដោយចិត្តហើយ រមែងជាប់ចិត្ត ក្នុងធម្មារម្មណ៍ ដែលជាទីស្រឡាញ់ ព្យាបាទក្នុងធម្មារម្មណ៍ ដែលមិនជាទីស្រឡាញ់ មិនប្រុងស្មារតី មានចិត្តប្រកបដោយកិលេស ទាំងមិនដឹងតាមពិត នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិនោះ។ អកុសលធម៌ ដ៏លាមកទាំងនោះ របស់បុគ្គលនោះ ដែលកើតឡើង រមែងមិនរលត់ទៅវិញ ដោយមិនមានសេសសល់ ដោយប្រការយ៉ាងណា។ ម្នាលព្រាហ្មណ៍ បុគ្គល មិនបានគ្រប់គ្រងទ្វារ រមែងមានដោយប្រការយ៉ាងនោះ ៗ ឯង។

[២០៦] បពិត្រព្រះកច្ចានៈដ៏ចម្រើន អស្ចារ្យណាស់ បពិត្រព្រះកច្ចានៈដ៏ចម្រើន ចំឡែកណាស់ បុគ្គល ដែលមិនបានគ្រប់គ្រងទ្វារ ព្រះកច្ចានៈដ៏ចម្រើនពោលថា ជាបុគ្គល មិនបានគ្រប់គ្រងទ្វារមែន។ ចុះព្រះកច្ចានៈដ៏ចម្រើន ពោលថា បុគ្គល គ្រប់គ្រងទ្វារ ដូច្នេះ បពិត្រព្រះកច្ចានៈដ៏ចម្រើន តើបុគ្គល ដែលបានគ្រប់គ្រងទ្វារ ដោយហេតុដូចម្តេច។ ម្នាលព្រាហ្មណ៍ ភិក្ខុក្នុងសាសនានេះ ឃើញរូបដោយចក្ខុហើយ មិនជាប់ចិត្តក្នុងរូប ដែលជាទីស្រឡាញ់ មិនព្យាបាទក្នុងរូប ដែលមិនជាទីស្រឡាញ់ ប្រុងស្មារតី មានចិត្តមិនប្រកបដោយកិលេស ទាំងដឹងច្បាស់តាមពិត នូវចេតោវិមិត្តិ នឹងបញ្ញាវិមុត្តិនោះ។ អកុសលធម៌ ដ៏លាមកទាំងនោះ របស់បុគ្គលនោះ ដែលកើតឡើង រមែងរលត់ទៅវិញដោយ មិនមានសេសសល់ ដោយប្រការយ៉ាងណា។ បុគ្គលឮសំឡេង ដោយត្រចៀក។ ធុំក្លិនដោយច្រមុះ។ ជញ្ជាបរសដោយអណ្តាត។ ពាល់ត្រូវផោដ្ឋព្វៈ ដោយកាយ។ ដឹងច្បាស់នូវធម្មារម្មណ៍ ដោយចិត្តហើយ មិនជាប់ចិត្ត ក្នុងធម្មារម្មណ៍ ដែលជាទីស្រឡាញ់ មិនព្យាបាទ ក្នុងធម្មារម្មណ៍ ដែលមិនជាទីស្រឡាញ់ ប្រុងស្មារតី មានចិត្តមិនប្រកបដោយកិលេស ទាំងដឹងច្បាស់តាមពិត នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិនោះ។ អកុសលធម៌ទាំងឡាយ របស់បុគ្គលនោះ ដែលកើតឡើង រមែងរលត់ទៅ ដោយមិនមានសេសសល់ ដោយប្រការយ៉ាងណា។ ម្នាលព្រាហ្មណ៍ បុគ្គល បានគ្រប់គ្រងទ្វារ ដោយប្រការយ៉ាងនោះ ៗ ឯង។

[២០៧] បពិត្រព្រះកច្ចានៈដ៏ចម្រើន អស្ចារ្យណាស់ បពិត្រព្រះកច្ចានៈដ៏ចម្រើន ចម្លែកណាស់ បុគ្គល ដែលគ្រប់គ្រងទ្វារ ព្រះកច្ចានៈដ៏ចម្រើន ពោលថា ជាអ្នកគ្រប់គ្រងទ្វារមែន។ បពិត្រព្រះកច្ចានៈដ៏ចម្រើន ច្បាស់ណាស់ បពិត្រព្រះកច្ចានៈដ៏ចម្រើន ច្បាស់ណាស់ បពិត្រព្រះកច្ចានៈដ៏ចម្រើន ដូចគេផ្ងាររបស់ ដែលគេផ្កាប់ ឬបើកបង្ហាញរបស់ ដែលបិទបាំងទុក ពុំនោះសោត ដូចគេប្រាប់ផ្លូវ ដល់អ្នកវង្វេងទិស ឬទ្រោលប្រទីបក្នុងទីងងឹត ដោយគិតថា មនុស្សទាំងឡាយ ដែលមានភ្នែកភ្លឺ នឹងបានឃើញនូវរូបទាំងឡាយ មានឧបមា យ៉ាងណា។ ធម៌ដែលព្រះកច្ចានៈដ៏ចម្រើន បានប្រកាសដោយអនេកបរិយាយ ក៏មានឧបមេយ្យ ដូច្នោះដែរ។ បពិត្រព្រះកច្ចានៈដ៏ចម្រើន ខ្ញុំព្រះករុណានេះ សូមដល់ព្រះមានព្រះភាគនោះផង ព្រះធម៌ផង ព្រះសង្ឃផង ជាទីពឹង ទីរឭក សូមព្រះកច្ចានៈដ៏ចម្រើន ចាំទុកនូវខ្ញុំព្រះករុណា ថាជាឧបាសក អ្នកដល់នូវសរណគមន៍ស្មើដោយជីវិត តាំងអំពីថ្ងៃនេះជាដើមតទៅ។ មួយទៀតព្រះកច្ចានៈដ៏ចម្រើន តែងចូលទៅរកត្រកូលនៃឧបាសក ក្នុងនគរមក្ករកដៈ យ៉ាងណា សូមលោកចូលទៅរកត្រកូល នៃលោហិច្ចព្រាហ្មណ៍ យ៉ាងនោះដែរ។ ពួកមាណព ឬមាណវិកាណា ក្នុងត្រកូលនោះ នឹងថ្វាយបង្គំ នឹងក្រោកទទួល នឹងក្រាលអាសនៈ ឬនឹងប្រគេនទឹក ចំពោះព្រះកច្ចានៈដ៏ចម្រើន អំពីនោះ នឹងប្រព្រឹត្តទៅ ដើម្បីជាប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ពួកមាណព និងមាណវិកាទាំងនោះ អស់កាលជាយូរអង្វែង។

ចប់សូត្រ ទី៩។

(វេរហច្ចានិ)សូត្រ ទី១០

(១០. វេរហច្ចានិសុត្តំ)

[២០៨] សម័យមួយ ព្រះឧទាយិមានអាយុ គង់ក្នុងព្រៃស្វាយ របស់តោទេយ្យព្រហ្មណ៍ ជិតនគរកាមណ្ឌា។ គ្រានោះ មាណព ជាសិស្ស របស់ព្រាហ្មណី ឈ្មោះវេរហញ្ចានិគោត្តា បានចូលទៅរកព្រះឧទាយិមានអាយុ លុះចូលទៅដល់ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះឧទាយិមានអាយុ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យដែលគួររឭកហើយ ក៏អង្គុយក្នុងទីដ៏សមគួរ។ លុះមាណពនោះ អង្គុយក្នុងទីដ៏សមគួរហើយ ព្រះឧទាយិមានអាយុ បានពន្យល់ឲ្យឃើញច្បាស់ ឲ្យសមាទាន ឲ្យអាចហាន ឲ្យរីករាយ ដោយធម្មីកថា។ លំដាប់នោះ មាណព ដែលព្រះឧទាយិមានអាយុ បានពន្យល់ឲ្យឃើញច្បាស់ ឲ្យសមាទាន ឲ្យអាចហាន ឲ្យរីករាយ ដោយធម្មីកថាហើយ ក៏ក្រោកអំពីអាសនៈ ហើយចូលទៅរកវេរហញ្ចានិគោត្តាព្រាហ្មណី លុះចូលទៅដល់ហើយ ក៏បានពោលនឹង វេរហញ្ចានិគោត្តាព្រាហ្មណី ដូច្នេះថា បពិត្រនាងជាម្ចាស់ នាងដ៏ចម្រើន គួរដឹងថា ព្រះសមណៈឧទាយិ តែងសម្តែងធម៌ មានលំអបទដើម មានលំអបទកណ្តាល មានលំអបទចុង ប្រកាសព្រហ្មរិយធម៌ បរិសុទ្ធ បរិបូណ៌ទាំងអស់ ព្រមទាំងអត្ត ព្រមទាំងព្យព្ជានៈ។ នែមាណព បើដូច្នោះ អ្នកចូរទៅនិមន្តសមណៈឧទាយិ ដោយភត្ត ដើម្បីឆាន់ក្នុងថ្ងៃស្អែក តាមពាក្យរបស់យើង។ មាណពនោះ ទទួលស្តាប់ពាក្យវេរហញ្ចានិគោត្តាព្រាហ្មណីថា បាទ នាងជាម្ចាស់ ហើយចូលទៅរកព្រះឧទាយិមានអាយុ លុះចូលទៅដល់ បានពោលនឹងព្រះឧទាយិ មានអាយុដូច្នេះថា សូមព្រះឧទាយិដ៏ចម្រើន ទទួលភត្ត ដើម្បីឆាន់ក្នុងថ្ងៃស្អែក របស់វេរហញ្ចានិគោត្តាព្រាហ្មណី ជាភរិយារបស់អាចារ្យ នៃខ្ញុំករុណា។ ព្រះឧទាយិមានអាយុ ក៏ទទួលនិមន្ត ដោយតុណ្ហីភាព។ លុះកន្លងរាត្រីនោះទៅ ព្រះឧទាយិមានអាយុ ក៏ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ចូលទៅកាន់លំនៅ របស់វេរហញ្ចានិគោត្តាព្រាហ្មណី លុះចូលទៅដល់ហើយ ក៏គង់លើអាសនៈ ដែលគេក្រាលបម្រុងទុក។ គ្រានោះ វេរហញ្ចនិគោត្តាព្រាហ្មណី (អង្គាស) ព្រះឧទាយិមានអាយុ ដោយខាទនីយ ភោជនីយាហារ ដ៏ផ្ចិតផ្ចង់ ដោយដៃខ្លួនឯង ឲ្យឆ្អែតស្កប់ស្កល់ ត្រាតែលោកប្រកែក។ ទើបវេរហញ្ចានិគោត្តាព្រាហ្មណី (ដឹងថា) ព្រះឧទាយិមានអាយុ ឆាន់ស្រេច លែងលូកដៃ ក្នុងបាត្រហើយ ក៏ពាក់ស្បែកជើង អង្គុយលើអាសនៈខ្ពស់ ទទូរក្បាល បានពោលនឹងព្រះឧទាយិមានអាយុ ដូច្នេះថា បពិត្រព្រះសមណៈ សូមលោកសម្តែងធម៌ទៅ។ ព្រះឧទាយិ ពោលថា ម្នាលនាង សម័យគួរនឹងមាន ( ទៅថ្ងៃក្រោយ ) ហើយក៏ក្រោកអំពីអាសនៈ ចៀសចេញទៅ។

[២០៩] មាណពនោះ ចូលទៅរកព្រះឧទាយិ ជាគម្រប់ពីរដងទៀត លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះឧទាយិមានអាយុ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យគួរជាទីរឭកហើយ ក៏អង្គុយក្នុងទីដ៏សមគួរ។ លុះមាណពនោះ អង្គុយក្នុងទីដ៏សមគួរហើយ ព្រះឧទាយិមានអាយុ ក៏ពន្យល់ឲ្យឃើញច្បាស់ ឲ្យសមាទាន ឲ្យអាចហាន ឲ្យរីករាយ ដោយធម្មីកថា។ មាណពនោះ លុះព្រះឧទាយិ បានពន្យល់ឲ្យឃើញច្បាស់ ឲ្យសមាទាន ឲ្យអាចហាន ឲ្យរីករាយ ដោយធម្មីកថាហើយ ក៏ក្រោកអំពីអាសនៈ ចូលទៅរក វេរហញ្ចានិគោត្តាព្រាហ្មណី លុះចូលទៅដល់ហើយ ក៏បាននិយាយនឹងវេរហញ្ចានិគោត្តាព្រាហ្មណី ដូច្នេះថា បពិត្រនាងជាម្ចាស់ នាងដ៏ចម្រើន គួរដឹងថា ព្រះសមណៈឧទាយិ តែងសម្តែងធម៌ មានលំអបទដើម មានលំអបទកណ្តាល មានលំអបទចុង ប្រកាសព្រហ្មចរិយធម៌ បរិសុទ្ធ បរិបូណ៌ទាំងអស់ ព្រមទាំងអត្ថ ព្រមទាំងព្យព្ជានៈ។ នែមាណព អ្នកពោលសរសើរគុណព្រះសមណៈឧទាយិ យ៉ាងនេះ ពិតមែនហើយ ប៉ុន្តែព្រះសមណៈឧទាយិ កាលយើងនិយាយថា បពិត្រព្រះសមណៈ សូមលោកសម្តែងធម៌ទៅ ដូច្នេះ លោកឆ្លើយថា ម្នាលនាង សម័យគួរ នឹងមាន (ទៅថ្ងៃក្រោយ ) ហើយក្រោកអំពីអាសនៈចេញទៅ។ ពិតដូច្នោះមែន ដ្បិតនាងដ៏ចម្រើន ពាក់ស្បែកជើង អង្គុយលើអាសនៈខ្ពស់ ទទូរក្បាល បានពោល ដូច្នេះថា បពិត្រព្រះសមណៈ ចូរលោកសម្តែងធម៌ទៅ ព្រោះថា លោកដ៏ចម្រើនទាំងនោះ ជាអ្នកគោរពធម៌ មានធម៌ជាទីគោរព។ ម្នាលមាណព បើដូច្នោះ អ្នកចូរទៅនិមន្ត ព្រះសមណៈឧទាយិ ដោយភត្ត ដើម្បីឆាន់ក្នុងថ្ងៃស្អែក តាមពាក្យរបស់យើង។ មាណពនោះ ទទួលពាក្យវេរហញ្ចានិគោត្តាព្រាហ្មណីថា បាទ នាងដ៏ចម្រើន ហើយចូលទៅរកព្រះឧទាយិមានអាយុ លុះចូលទៅដល់ហើយ បានពោលនឹងព្រះឧទាយិមានអាយុ ដូច្នេះថា សូមព្រះឧទាយិដ៏ចម្រើន ទទួលនិមន្តដោយភត្ត ដើម្បីឆាន់ក្នុងថ្ងៃស្អែក របស់វេរហញ្ចានិគោត្តាព្រាហ្មណី ជាភរិយា នៃអាចារ្យរបស់ខ្ញុំព្រះករុណា។ ព្រះឧទាយិមានអាយុ ក៏បានទទួលនិមន្តដោយតុណ្ហីភាព។ លំដាប់នោះ ព្រះឧទាយិមានអាយុ លុះកន្លង រាត្រីនោះទៅ ក៏ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ហើយចូលទៅកាន់ លំនៅ នៃវេរហញ្ចានិគោត្តាព្រាហ្មណី លុះចូលទៅដល់ហើយ ក៏គង់លើអាសនៈ ដែលគេក្រាលបម្រុងទុក។ ទើបវេរហញ្ចានិគោត្តាព្រាហ្មណី អង្គាសព្រះឧទាយិមានអាយុ ដោយខាទនីយភោជនីយាហារ ដ៏ផ្ចិតផ្ចង់ ដោយដៃខ្លួនឯង ឲ្យឆ្អែតស្កប់ស្កល់ ត្រាតែលោកប្រកែក។ លំដាប់នោះ វេរហញ្ចានិគោត្តាព្រាហ្មណី ( ដឹងថា ) ព្រះឧទាយិមានអាយុ ឆាន់ស្រេច លែងលូកព្រះហស្តទៅក្នុងបាត្រហើយ ក៏ដោះស្បែកជើង អង្គុយលើអាសនៈទាប ផាត់ (សំពត់) អំពីក្បាលចេញ ហើយបានពោលនឹងព្រះឧទាយិមានអាយុ ដូច្នេះថា បពិត្រលោកដ៏ចម្រើន កាលបើអ្វីមាន ទើបព្រះអរហន្តទាំងឡាយ បញ្ញាត្តនូវសុខ និងទុក្ខ កាបើអ្វីមិនមាន ទើបព្រះអរហន្តទាំងឡាយ មិនបញ្ញាត្តនូវសុខ និងទុក្ខ។

[២១០] ម្នាលនាង កាលបើចក្ខុមាន ទើបព្រះអរហន្តទាំងឡាយ បញ្ញាត្តនូវសុខ និងទុក្ខ កាលបើចក្ខុមិនមាន ព្រះអរហន្តទាំងឡាយ មិនបញ្ញាត្តនូវសុខ និងទុក្ខទេ។បេ។ កាលបើអណ្តាតមាន ទើបព្រះអរហន្តទាំងឡាយ បញ្ញាត្តនូវសុខ និងទុក្ខ កាលបើអណ្តាតមិនមាន ព្រះអរហន្តទាំងឡាយ មិនបញ្ញាត្តនូវសុខ និងទុក្ខទេ ។បេ។ កាលបើចិត្តមាន ទើបព្រះអរហន្តទាំងឡាយ បញ្ញាត្តនូវសុខ និងទុក្ខ កាលបើចិត្តមិនមាន ព្រះអរហន្តទាំងឡាយ មិនបញ្ញាត្ត នូវសុខ និងទុក្ខទេ។ កាលបើព្រះឧទាយិ ពោលយ៉ាងនេះហើយ ទើបវេរហញ្ចានិគោត្តាព្រាហ្មណី ពោលនឹងព្រះឧទាយិ មានអាយុ ដូច្នេះថា ច្បាស់ណាស់ លោកម្ចាស់ ច្បាស់ណាស់ លោកម្ចាស់ បពិត្រលោកម្ចាស់ដ៏ចម្រើន ដូចគេផ្ងាររបស់ដែលផ្កាប់ ឬបើកបង្ហាញរបស់ដែលបិទបាំង ពុំនោះសោត ដូចគេប្រាប់ផ្លូវ ដល់អ្នកវង្វេងទិស ឬទ្រោលប្រទីបក្នុងទីងងឹត ដោយគិតថា បុគ្គលទាំងឡាយមានភ្នែកភ្លឺ នឹងមើលឃើញ នូវរូបទាំងឡាយបាន មានឧបមា យ៉ាងណា។ លោកម្ចាស់ឧទាយិ បានប្រកាសធម៌ ដោយអនេកបរិយាយ ក៏មានឧបមេយ្យ ដូច្នោះដែរ។ បពិត្រព្រះឧទាយិ ដ៏ចម្រើន ខ្ញុំព្រះករុណា សូមដល់នូវព្រះមានព្រះភាគនោះផង ព្រះធម៌ផង ព្រះសង្ឃផង ជាទីពឹង សូមលោកម្ចាស់ឧទាយិ ចាំទុកនូវខ្ញុំព្រះករុណា ថាជាឧបាសិកា អ្នកដល់នូវសរណគមន៍ ស្មើដោយជីវិត តាំងអំពីថ្ងៃនេះជាដើមទៅ។

ចប់សូត្រ ទី១០។

ចប់ គហបតិវគ្គ ទី៣។

ឧទ្ទាននៃគហបតិវគ្គនោះ គឺ

និយាយអំពីឧគ្គគហបតី នៅក្រុងវេសាលី ១ អំពីឧគ្គគហបតី អ្នកហត្ថិគ្រាម ក្នុងដែនវជ្ជី ១ អំពីព្រះមានព្រះភាគ គង់នៅក្នុងក្រុងនាឡន្ទា ១ អំពីព្រះបិណ្ឌោលភារទ្វាជត្ថេរ ១ អំពីសោណគហបតីបុត្ត ១ អំពីឃោសិតគហបតី ១ អំពីហាលិទ្ទកានិគហបតី ១ អំពីនកុលបិតាគហបតី ១ អំពីលោហិច្ចព្រាហ្មណ៍ ១ អំពីវេរហញ្ចានិគោត្តាព្រាហ្មណី ១។

ទេវទហវគ្គ ទី៤(១៤)

(១៤. ទេវទហវគ្គោ)

(ទេវទហ)សូត្រ ទី១

(១. ទេវទហសុត្តំ)

[២១១] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងនិគមរបស់ពួកសក្យៈ ឈ្មោះទេវទហៈ ក្នុងសក្យជនបទ។ ក្នុងទីនោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ តថាគត មិនពោលថា ភិក្ខុគ្រប់ៗរូប ត្រូវបំពេញកិច្ច ក្នុងអាយតនៈ គឺ ផស្សៈ ទាំង ៦ ដោយសេចក្តីមិនប្រមាទ ដូច្នេះទេ។ ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត តថាគត មិនពោលថា ភិក្ខុគ្រប់រូប ៗរូប មិនត្រូវបំពេញកិច្ច ក្នុងអាយតនៈ គឺ ផស្សៈ ទាំង ៦ ដោយសេចក្តីមិនប្រមាទ ដូច្នេះដែរ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងឡាយណា ជាអរហន្ត ខីណាស្រព មានព្រហ្មចរិយៈ នៅរួចហើយ មានសោឡសកិច្ច បានធ្វើស្រេចហើយ មានភារៈដាក់ចុះហើយ មានប្រយោជន៍ចំពោះខ្លួន សម្រេចហើយ មានសញ្ញោជនៈក្នុងភព អស់រលីងហើយ ជាអ្នកផុតស្រឡះហើយ ព្រោះដឹងច្បាស់ ដោយប្រពៃ ម្នាលភិក្ខុទាំងឡាយ តថាគត ពោលថា ភិក្ខុទាំងនោះឯង មិនត្រូវបំពេញកិច្ច ក្នុងអាយតនៈ គឺផស្សៈ ទាំង ៦ ដោយសេចក្តីមិនប្រមាទ។ ដំណើរនោះ ព្រោះហេតុអ្វី។ (ព្រោះ) ភិក្ខុទាំងនោះ បានធ្វើកិច្ចរួចហើយ ដោយសេចក្តីមិនប្រមាទ ភិក្ខុទាំងនោះ មិនគួរប្រមាទទៀតឡើយ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុទាំងឡាយណា ជាសេក្ខបុគ្គល មិនទាន់បានសម្រេចអរហត្តផលនៅឡើយ ក៏ប្រាថ្នា នូវព្រះនិព្វាន ជាធម្មជាតក្សេម ចាកយោគៈ ដ៏ប្រសើរ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា ភិក្ខុទាំងនោះ ត្រូវបំពេញកិច្ច ក្នុងអាយតនៈ គឺ ផស្សៈ ទាំង ៦ ដោយសេចក្តីមិនប្រមាទ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ រូបទាំងឡាយ ដែលគប្បីដឹងច្បាស់ ដោយភ្នែក ជាទីពេញចិត្តក្តី មិនជាទីពេញចិត្តក្តី រមែងមាន រូបទាំងនោះ ពាល់ត្រូវរឿយៗ តែមិនគ្របសង្គត់ចិត្ត របស់ភិក្ខុនោះបានឡើយ ព្រោះតែគ្របសង្គត់ចិត្តមិនបាន ទើបភិក្ខុនោះ ប្រារព្ធសេចក្តីព្យាយាម មិនរួញរា តំកល់ស្មារតី មិនភ្លេចខ្លួន កាយក៏ស្ងប់រម្ងាប់ មិនក្រវល់ក្រវាយ ចិត្តក៏តាំងនៅខ្ជាប់ខ្ជួន មានអារម្មណ៍មូលតែមួយ។ ម្នាលភិក្ខុទាំងឡាយ (ព្រោះ) តថាគត សំឡឹងឃើញផល នៃសេចក្តីមិនប្រមាទនេះឯង ទើបពោលថា ភិក្ខុទាំងនោះ គួរបំពេញកិច្ច ក្នុងអាយតនៈ គឺ ផស្សៈ ទាំង ៦ ដោយសេចក្តីមិនប្រមាទ។បេ។ ម្នាលភិក្ខុទាំងឡាយ រសទាំងឡាយ ដែលគប្បីដឹងច្បាស់ ដោយអណ្តាត ជាទីពេញចិត្តក្តី មិនជាទីពេញចិត្តក្តី រមែងមាន រសទាំងនោះ ពាល់ត្រូវរឿយ ៗ តែមិនគ្របសង្កត់ចិត្ត របស់ភិក្ខុនោះបានឡើយ ព្រោះតែគ្របសង្កត់ចិត្តមិនបាន ទើបភិក្ខុនោះ ប្រារព្ធសេចក្តីព្យាយាម មិនរួញរា តំកល់ស្មារតី មិនភ្លេចខ្លួន កាយក៏ស្ងប់រម្ងាប់ មិនក្រវល់ក្រវាយ ចិត្តក៏តាំងនៅខ្ជាប់ខ្ជួន មានអារម្មណ៍មូលតែមួយ។ ម្នាលភិក្ខុទាំងឡាយ (ព្រោះ) តថាគត សំឡឹងឃើញផល នៃសេចក្តីប្រមាទនេះឯង ទើបពោលថា ភិក្ខុទាំងនោះ គួរបំពេញកិច្ច ក្នុងអាយតនៈ គឺផស្សៈ ទាំង ៦ ដោយសេចក្តីមិនប្រមាទ។បេ។ ម្នាលភិក្ខុទាំងឡាយ ធម្មារម្មណ៍ទាំងឡាយ ដែលគប្បីដឹងច្បាស់ ដោយចិត្ត ជាទីពេញចិត្តក្តី មិនជាទីពេញចិត្តក្តី រមែងមាន ធម្មារម្មណ៍ទាំងនោះ ពាល់ត្រូវរឿយ ៗ តែមិនគ្របសង្កត់ចិត្ត របស់ភិក្ខុនោះបានឡើយ ព្រោះតែគ្របសង្កត់ចិត្តមិនបាន ទើបភិក្ខុនោះ ប្រារព្ធសេចក្តីព្យយាម មិនរួញរា តំកល់ស្មារតី មិនភ្លេចខ្លួន កាយក៏ស្ងប់រម្ងាប់ មិនក្រវល់ក្រវាយ ចិត្តក៏តាំងនៅខ្ជាប់ខ្ជួន មានអារម្មណ៍មូលតែមួយ។ ម្នាលភិក្ខុទាំងឡាយ (ព្រោះ) តថាគត សំឡឹងឃើញផល នៃសេចក្តីមិនប្រមាទនេះឯង ទើបពោលថា ភិក្ខុទាំងនោះ គួរបំពេញកិច្ច ក្នុងអាយតនៈ គឺផស្សៈ ទាំង ៦ ដោយសេចក្តីមិនប្រមាទ។

ចប់សូត្រ ទី១។

(ខណ)សូត្រ ទី២

(២. ខណសុត្តំ)

[២១២] ម្នាលភិក្ខុទាំងឡាយ ជាលាភរបស់អ្នកទាំងឡាយហើយ ម្នាលភិក្ខុទាំងឡាយ អត្តភាពជាមនុស្ស ឈ្មោះថា អ្នកទាំងឡាយ បានល្អហើយ ម្នាលភិក្ខុទាំងឡាយ ខណៈនៃការប្រព្រឹត្តព្រហ្មចរិយធម៌ ក៏ឈ្មោះថា អ្នកទាំងឡាយ បានហើយ។ ម្នាលភិក្ខុទាំងឡាយ នរក ឈ្មោះ ផស្សាយតនិកៈ ទាំង ៦ តថាគត បានឃើញហើយ បុគ្គលឃើញរូបណាមួយ ក្នុងនរកនោះ ដោយភ្នែក រមែងឃើញតែរូប ដែលមិនជាទីប្រាថ្នា មិនឃើញរូប ដែលជាទីប្រាថ្នា ឃើញតែរូប ដែលមិនជាទីត្រេកអរ មិនឃើញរូប ដែលជាទីត្រេកអរ ឃើញតែរូប ដែលមិនជាទីគាប់ចិត្ត មិនឃើញរូប ដែលជាទីគាប់ចិត្តឡើយ ឮសំឡេងណាមួយ ដោយត្រចៀក។ ធុំក្លិនណាមួយ ដោយច្រមុះ។ ជញ្ជាប់រសណាមួយ ដោយអណ្តាត។ ពាល់ត្រូវផោដ្ឋព្វៈណាមួយ ដោយកាយ។ ដឹងច្បាស់ នូវធម្មារម្មណ៍ណាមួយ ដោយចិត្ត រមែងដឹងធម្មារម្មណ៍ ដែលមានសភាពមិនជាទីប្រាថ្នា មិនដឹងនូវធម្មារម្មណ៍ ដែលមានសភាពជាទីប្រាថ្នា ដឹងតែធម្មារម្មណ៍ ដែលមានសភាពមិនជាទីត្រេកអរ មិនដឹងនូវធម្មារម្មណ៍ ដែលមានសភាពជាទីត្រេកអរ ដឹងតែធម្មារម្មណ៍ ដែលមានសភាពមិនជាទីគាប់ចិត្ត មិនដឹងនូវធម្មារម្មណ៍ ដែលមានសភាពជាទីគាប់ចិត្តឡើយ។

[២១៣] ម្នាលភិក្ខុទាំងឡាយ ជាលាភរបស់អ្នកទាំងឡាយហើយ ម្នាលភិក្ខុទាំងឡាយ អត្តភាពជាមនុស្ស ឈ្មោះថា អ្នកទាំងឡាយ បានដោយល្អហើយ ម្នាលភិក្ខុទាំងឡាយ ខណៈនៃការប្រព្រឹត្តិព្រហ្មចរិយធម៌ ឈ្មោះថា អ្នកទាំងឡាយបានហើយ។ ម្នាលភិក្ខុទាំងឡាយ ឋានសួគ៌ឈ្មោះ ផស្សាយតនិកៈ ទាំង ៦ តថាគត បានឃើញហើយ បុគ្គលឃើញរូបណាមួយ ក្នុងឋានសួគ៌នោះ ដោយភ្នែក រមែងឃើញតែរូប ដែលជាទីប្រាថ្នា មិនឃើញនូវរូប ដែលមិនជាទីប្រាថ្នា ឃើញតែរូប ដែលជាទីត្រេកអរ មិនឃើញនូវរូប ដែលមិនជាទីត្រេកអរ ឃើញតែរូបដែលជាទីគាប់ចិត្ត មិនឃើញនូវរូប ដែលមិនជាទីគាប់ចិត្តឡើយ។បេ។ ជញ្ជាប់រសណាមួយ ដោយងណ្តាត។បេ។ ដឹងច្បាស់នូវធម្មារម្មណ៍ណាមួយដោយចិត្ត រមែងដឹងតែធម្មារម្មណ៍ ដែលមានសភាពជាទីប្រាថ្នា មិនដឹងនូវធម្មារម្មណ៍ ដែលមានសភាពមិនជាទីប្រាថ្នា ដឹងតែធម្មារម្មណ៍ ដែលមានសភាពជាទីត្រេកអរ មិនដឹងនូវធម្មារម្មណ៍ ដែលមានសភាពមិនជាទីត្រេកអរ ដឹងតែធម្មារម្មណ៍ ដែលមានសភាពជាទីគាប់ចិត្ត មិនដឹងនូវធម្មារម្មណ៍ ដែលមានសភាពមិនជាទីគាប់ចិត្តឡើយ។ ម្នាលភិក្ខុទាំងឡាយ ជាលាភរបស់អ្នកទាំងឡាយហើយ ម្នាលភិក្ខុទាំងឡាយ អត្តភាពជាមនុស្ស ឈ្មោះថា អ្នកទាំងឡាយ បានល្អហើយ ម្នាលភិក្ខុទាំងឡាយ ខណៈនៃការប្រព្រឹត្តិព្រហ្មចរិយធម៌ ឈ្មោះថា អ្នកទាំងឡាយ បានហើយ។

ចប់សូត្រ ទី២។

(បឋមរូបារាម)សូត្រ ទី៣

(៣. បឋមរូបារាមសុត្តំ)

[២១៤] ម្នាលភិក្ខុទាំងឡាយ ទេវតានិងមនុស្សទាំងឡាយ មានសេចក្តីរីករាយនឹងរូប ត្រេកអរនឹងរូប ពេញចិត្តនឹងរូប ម្នាលភិក្ខុទាំងឡាយ ទេវតា និងមនុស្សទាំងឡាយ តែងកើតទុក្ខ ព្រោះការប្រែប្រួល ប្រាស រលត់ នៃរូប។ ម្នាលភិក្ខុទាំងឡាយ ទេវតា និងមនុស្សទាំងឡាយ មានសេចក្តីរីករាយនឹងសំឡេង ត្រេកអរនឹងសំឡេង ពេញចិត្តនឹងសំឡេង ម្នាលភិក្ខុទាំងឡាយ ទេវតា និងមនុស្សទាំងឡាយ តែងកើតទុក្ខ ព្រោះការប្រែប្រួល ប្រាស រលត់ នៃសំឡេង។ ម្នាលភិក្ខុទាំងឡាយ ទេវតា និងមនុស្សទាំងឡាយ មានសេចក្តីរីករាយនឹងក្លិន រីករាយនឹងរស រីករាយនឹងផោដ្ឋព្វៈ រីករាយនឹងធម្មារម្មណ៍ ត្រេកអរនឹងធម្មារម្មណ៍ ពេញចិត្តនឹងធម្មារម្មណ៍ ម្នាលភិក្ខុទាំងឡាយ ទេវតា និងមនុស្សទាំងឡាយ តែងកើតទុក្ខ ព្រោះការប្រែប្រួល ប្រាស រលត់ នៃធម្មារម្មណ៍។ ម្នាលភិក្ខុទាំងឡាយ ព្រះតថាគត ជាអរហន្ត សម្មាសម្ពុទ្ធ បានដឹងច្បាស់តាមពិត នូវហេតុជាទីកើតឡើងផង ហេតុជាទីរលត់ទៅផង អានិសង្សផង ទោសផង ឧបាយជាគ្រឿងរលាស់ចេញផង នៃរូបទាំងឡាយ ទើបជាអ្នកមិនរីករាយនឹងរូប មិនត្រេកអរនឹងរូប មិនពេញចិត្តនឹងរូប ម្នាលភិក្ខុទាំងឡាយ តថាគត រមែងមានសេចក្តីសុខ ព្រោះការប្រែប្រួល ប្រាស រលត់ នៃរូប។ ព្រះតថាគត បានដឹងច្បាស់តាមពិត នូវហេតុជាទីកើតឡើងផង ហេតុជាទីរលត់ផង អានិសង្សផង ទោសផង ឧបាយជាគ្រឿងរលាស់ចេញផង នៃសំឡេង ក្លិន រស ផោដ្ឋព្វៈ ធម្មារម្មណ៍ ទើបមិនមានសេចក្តីរីករាយ នឹងធម្មារម្មណ៍ មិនត្រេកអរនឹងធម្មារម្មណ៍ មិនពេញចិត្តនឹងធម្មារម្មណ៍ ម្នាលភិក្ខុទាំងឡាយ តថាគត រមែងមានសេចក្តីសុខ ព្រោះការប្រែប្រួល ប្រាស រលត់ នៃធម្មារម្មណ៍។ ព្រះមានព្រះភាគ បានត្រាស់ព្រះសូត្រ នេះចប់ហើយ លុះព្រះសុគត ជាសាស្តាត្រាស់ព្រះសូត្រនេះហើយ ទើបទ្រង់សម្តែង នូវគាថាពន្ធដទៃទៀត ដូច្នេះថា

[២១៥] រូប សំឡេង ក្លិន រស ផស្សៈ ធម្មារម្មណ៍ទាំងអស់ តថាគត ពោលថាជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត។ អារម្មណ៍ទាំងនុ៎ះឯង មនុស្សលោក ព្រមទាំងទេវលោក សន្មត ថាជាសុខ ប្រសិនបើអារម្មណ៍ទាំងនុ៎ះ រលត់ទៅក្នុងទីណា ទីនោះ ពួកមនុស្សលោក ព្រមទាំងទេវលោក សន្មតថាជាទុក្ខ។ ក៏ឯសេចក្តីរលត់ នូវសក្កាយទិដ្ឋិ ព្រះអរិយៈទាំងឡាយ បានឃើញច្បាស់ ថាជាសុខ សេចក្តីសុខនេះ តែងមានដល់បណ្ឌិតទាំងឡាយ ដែលឃើញច្បាស់ (ដោយប្រាជ្ញា) ប៉ុន្តែជាសត្រូវនឹងលោកទាំងមូល។ ជនទាំងឡាយដទៃ ពោលនូវអារម្មណ៍ណា ថាជាសុខ ព្រះអរិយៈទាំងឡាយ ពោលនូវអារម្មណ៍នោះ ថាជាទុក្ខវិញ ជនទាំងឡាយដទៃ ពោលនូវអារម្មណ៍ណា ថាជាទុក្ខ ព្រះអរិយៈទាំងឡាយ អ្នកដឹងច្បាស់ (ពោល) នូវអារម្មណ៍នោះ ថាជាសុខវិញ។ អ្នកចូលមើលនូវនិព្វានធម៌ ដែលបុគ្គលដឹងបានដោយកម្រ ឯពួកមនុស្សល្ងង់ខ្លៅ តែងវង្វេង ក្នុងនិព្វានធម៌នោះឯង សេចក្តីងងឹត គឺមានអាការដូចជាមនុស្សខ្វាក់ រមែងមានដល់ជនទាំងឡាយ ដែលត្រូវកិលេសរួបរឹតហើយ មិនឃើញនូវព្រះនិព្វាន។ មួយទៀត ព្រះនិព្វាន ជាទីបើកចំហ ទទួលពួកសប្បុរស ( ដែលឃើញច្បាស់ ដោយប្រាជ្ញាញាណ ) ប្រៀបដូចជាពន្លឺ ជនទាំងឡាយ ដែលមិនប៉ិនប្រសប់ នូវផ្លូវ និងមិនមែនផ្លូវ រមែងមិនដឹងច្បាស់ នូវព្រះនិព្វាន ដែលមាននៅក្នុងទីជិត។ ធម៌នេះហើយ ដែលជនទាំងឡាយ ត្រូវភវរាគៈគ្របសង្កត់ មានប្រក្រតីអន្ទោលទៅ តាមក្រសែនៃភព ចូលទៅកាន់លំនៅរបស់មាររឿយៗ មិនបានត្រាស់ដឹង ដោយប្រពៃឡើយ។ ព្រះអរិយៈទាំងឡាយ ដែលមិនមានអាសវៈ បានត្រាស់ដឹង ដោយប្រពៃ នូវព្រះនិព្វានណា ហើយបរិនិព្វាន នរណាហ្ន៎ លើកលែងតែព្រះអរិយៈទាំងឡាយចេញ គួរត្រាស់ដឹង នូវព្រះនិព្វាននោះបាន។

ចប់សូត្រ ទី៣។

(ទុតិយរូបារាម)សូត្រ ទី៤

(៤. ទុតិយរូបារាមសុត្តំ)

[២១៦] ម្នាលភិក្ខុទាំងឡាយ ទេវតានិងមនុស្សទាំងឡាយ ជាអ្នករីករាយនឹងរូប ត្រេកអរនឹងរូប ពេញចិត្តនឹងរូប ម្នាលភិក្ខុទាំងឡាយ ទេវតា និងមនុស្សទាំងឡាយ រមែងមានទុក្ខ ព្រោះការប្រែប្រួល ប្រាស រលត់ នៃរូប។ ម្នាលភិក្ខុទាំងឡាយ ទេវតា និងមនុស្សទាំងឡាយ ជាអ្នករីករាយ នឹងសំឡេង រីករាយនឹងក្លិន រីករាយនឹងរស រីករាយនឹងផោដ្ឋព្វៈ រីករាយនឹងធម្មារម្មណ៍ ត្រេកអរនឹងធម្មារម្មណ៍ ពេញចិត្តនឹងធម្មារម្មណ៍ ម្នាលភិក្ខុទាំងឡាយ ទេវតា និងមនុស្សទាំងឡាយ រមែងមានទុក្ខ ព្រោះការប្រែប្រួល ប្រាស រលត់ នៃធម្មារម្មណ៍។ ម្នាលភិក្ខុទាំងឡាយ ឯតថាគត ជាអរហន្ត សម្មាសម្ពុទ្ធ ដឹងច្បាស់តាមពិត នូវហេតុជាទីកើតឡើងផង ហេតុជាទីរលត់ផង អានិសង្សផង ទោសផង ឧបាយ ជាគ្រឿរលាស់ចេញផង នៃរូបទាំងឡាយ ទើបមិនរីករាយនឹងរូប មិនត្រេកអរនឹងរូប មិនពេញចិត្តនឹងរូប ម្នាលភិក្ខុទាំងឡាយ តថាគត រមែងមានតែសេចក្តីសុខ ព្រោះការប្រែប្រួល ប្រាស រលត់ នៃរូប។ តថាគត ដឹងច្បាស់តាមពិត នូវហេតុជាទីកើតឡើងផង ហេតុជាទីរលត់ផង អានិសង្សផង ទោសផង ឧបាយជាគ្រឿងរលាស់ចេញផង នៃសំឡេង ក្លិន រស ផោដ្ឋព្វៈ ធម្មារម្មណ៍ ទើបមិនរីករាយនឹងធម្មារម្មណ៍ មិនត្រេកអរនឹងធម្មារម្មណ៍ មិនពេញចិត្តនឹងធម្មារម្មណ៍ ម្នាលភិក្ខុទាំងឡាយ តថាគត មានតែសេចក្តីសុខ ព្រោះការប្រែប្រួល ប្រាស រលត់ នៃធម្មារម្មណ៍។

ចប់សូត្រ ទី៤។

(បឋមនតុម្ហាកំ)សូត្រ ទី៥

(៥. បឋមនតុម្ហាកំសុត្តំ)

[២១៧] ម្នាលភិក្ខុទាំងឡាយ របស់ណាដែលមិនមែនជារបស់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរលះបង់របស់នោះចេញ របស់នោះ ដែលអ្នកទាំងឡាយ លះបង់ចេញហើយ នឹងប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ និងសេចក្តីសុខ។ ម្នាលភិក្ខុទាំងឡាយ ចុះរបស់អ្វី ដែលមិនមែនជារបស់អ្នកទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ ភ្នែកមិនមែនជារបស់អ្នកទាំងឡាយទេ អ្នកទាំងឡាយ ចូរលះបង់ភ្នែកនោះចេញ ភ្នែកនោះ ដែលអ្នកទាំងឡាយ លះបង់ចេញហើយ នឹងប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ និងសេចក្តីសុខ។បេ។ អណ្តាតមិនមែនជារបស់អ្នកទាំងឡាយទេ អ្នកទាំងឡាយ ចូរលះបង់អណ្តាតនោះចេញ អណ្តាតនោះ ដែលអ្នកទាំងឡាយ លះបង់ចេញហើយ នឹងប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ និងសេចក្តីសុខ។បេ។ ចិត្តមិនមែនរបស់អ្នកទាំងឡាយទេ អ្នកទាំងឡាយ ចូរលះបង់ចិត្តនោះចេញ ចិត្តនោះ បើអ្នកទាំងឡាយ លះបង់ចេញហើយ នឹងប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ និងសេចក្តីសុខ។ ម្នាលភិក្ខុទាំងឡាយ ដូចជាស្មៅ ឧស មែក ស្លឹកណា ក្នុងវត្តជេតពននេះ ជននាំយកទៅក្តី ដុតក្តី ប្រើប្រាស់នូវស្មៅ ជាដើមនោះ តាមត្រូវការក្តី តើអ្នកទាំងឡាយ មានសេចក្តីត្រិះរិះ យ៉ាងនេះថា ជននាំយកទៅក្តី ដុតក្តី ប្រើប្រាស់តាមត្រូវការក្តី នូវយើងទាំងឡាយដែរឬ។ មិនដូច្នោះទេ ព្រះអង្គ។ ដំណើរនោះ ព្រោះហេតុអ្វី។ បពិត្រព្រះអង្គដ៏ចម្រើន ព្រោះថា វត្ថុនុ៎ះ មិនមែនជាខ្លួន ឬជាទ្រព្យរបស់ខ្លួន នៃយើងខ្ញុំព្រះអង្គទេ។ ម្នាលភិក្ខុទាំង ឡាយ សេចក្តីនេះ មានឧមេយ្យ ដូចភ្នែកមិនមែន របស់អ្នកទាំងឡាយទេ អ្នកទាំងឡាយ ចូរលះបង់ភ្នែកនោះចេញ ភ្នែកនោះ ដែលអ្នកទាំងឡាយ លះបង់ចេញហើយ នឹងប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ និងសេចក្តីសុខ។បេ។ អណ្តាតមិនមែនរបស់អ្នកទាំងឡាយទេ អ្នកទាំងឡាយ ចូរលះបង់អណ្តាតនោះចេញ អណ្តាតនោះ ដែលអ្នកទាំងឡាយ លះបង់ចេញហើយ នឹងប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ និងសេចក្តីសុខ។បេ។ ចិត្តមិនមែនរបស់អ្នកទាំងឡាយទេ អ្នកទាំងឡាយ ចូរលះបង់ចិត្តនោះចេញ ចិត្តនោះ ដែលអ្នកទាំងឡាយ លះបង់ចេញហើយ នឹងប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ និងសេចក្តីសុខ។

ចប់សូត្រ ទី៥។

(ទុតិយនតុម្ហាកំ)សូត្រ ទី៦

(៦. ទុតិយនតុម្ហាកំសុត្តំ)

[២១៨] ម្នាលភិក្ខុទាំងឡាយ របស់ណាដែលមិនមែនជារបស់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរលះបង់របស់នោះចេញ របស់នោះ ដែលអ្នកទាំងឡាយ លះបង់ចេញហើយ នឹងប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ និងសេចក្តីសុខ។ ម្នាលភិក្ខុទាំងឡាយ ចុះរបស់អ្វី ដែលមិនមែនជារបស់អ្នកទាំងឡាយ។ ម្នាលលភិក្ខុទាំងឡាយ រូបមិនមែនរបស់អ្នកទាំងឡាយទេ អ្នកទាំងឡាយ ចូរលះបង់រូបទាំងនោះចេញ រូបទាំងនោះ ដែលអ្នកទាំងឡាយ លះបង់ចេញហើយ នឹងប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ និងសេចក្តីសុខ។ សំឡេង ក្លិន រស ផោដ្ឋព្វៈ ធម្មារម្មណ៍ មិនមែនរបស់អ្នកទាំងឡាយទេ អ្នកទាំងឡាយ ចូរលះបង់របស់នោះចេញ របស់ទាំងនោះ ដែលអ្នកទាំងឡាយ លះបង់ចេញហើយ នឹងប្រព្រឹត្តទៅដើម្បីប្រយោជន៍ និងសេចក្តីសុខ។ ម្នាលភិក្ខុទាំងឡាយ ដូចជាស្មៅ ឧស មែក ស្លឹកណា ក្នុងវត្តជេតពននេះ។បេ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីនេះ មានឧបមេយ្យ ដូចរូប មិនមែនរបស់អ្នកទាំងឡាយទេ អ្នកទាំងឡាយ ចូរលះបង់រូបទាំងនោះចេញ រូបទាំងនោះ ដែលអ្នកទាំងឡាយ លះបង់ចេញហើយ នឹងប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ និងសេចក្តីសុខ។ សំឡេង ក្លិន រស ផោដ្ឋព្វៈ ធម្មារម្មណ៍ មិនមែនរបស់អ្នកទាំងឡាយទេ អ្នកទាំងឡាយ ចូរលះបង់របស់ទាំងនោះចេញ របស់ទាំងនោះ ដែលអ្នកទាំងឡាយ លះបង់ចេញហើយ នឹងប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ និងសេចក្តីសុខ។

ចប់សូត្រ ទី៦។

(អជ្ឈត្តានិច្ចហេតុ)សូត្រ ទី៧

(៧. អជ្ឈត្តានិច្ចហេតុសុត្តំ)

[២១៩] ម្នាលភិក្ខុទាំងឡាយ ចក្ខុមិនទៀងទេ ហេតុណាក្តី បច្ច័យណាក្តី ដែលនាំឲ្យ កើតចក្ខុ ហេតុ និងបច្ច័យនោះឯង ក៏មិនទៀងដែរ ម្នាលភិក្ខុទាំងឡាយ ចុះបើចក្ខុ កើតមកអំពីហេតុ និងបច្ច័យ ដែលមិនទៀងហើយ ចក្ខុនឹងមានសេចក្តីទៀងទាត់ មកពីណា។បេ។ អណ្តាត មិនទៀង ហេតុណាក្តី បច្ច័យណាក្តី ដែលនាំឲ្យកើតអណ្តាត ហេតុ និងបច្ច័យនោះឯង ក៏មិនទៀងដែរ ម្នាលភិក្ខុទាំងឡាយ ចុះបើអណ្តាត កើតមកអំពីហេតុ និងបច្ច័យ ដែលមិនទៀងហើយ អណ្តាតនឹងមានសេចក្តីទៀងទាត់ មកពីណា។បេ។ ចិត្តមិនទៀងទេ ម្នាលភិក្ខុទាំងឡាយ ហេតុណាក្តី បច្ច័យណាក្តី ដែលនាំឲ្យកើតចិត្ត ហេតុ និងបច្ច័យនោះឯង ក៏មិនទៀងដែរ ម្នាលភិក្ខុទាំងឡាយ ចុះបើចិត្តកើតមកអំពីហេតុ និងបច្ច័យ ដែលមិនទៀងហើយ ចិត្តនឹងមានសេចក្តីទៀងទាត់មកពីណា។ ម្នាលភិក្ខុទាំងឡាយ កាលបើអរិយសាវ័ក អ្នកចេះដឹង ឃើញយ៉ាងនេះ រមែងនឿយណាយនឹងចក្ខុផង។បេ។ នឿយណាយនឹងអណ្តាតផង។បេ។ នឿយណាយនឹងចិត្តផង កាលបើនឿយណាយ ចិត្តក៏ប្រាសចាកតម្រេក ព្រោះប្រាសចាកតម្រេក ទើបផុតស្រឡះ (ចាកអាសវៈ)។ កាលបើចិត្តផុតស្រឡះហើយ ញាណ ក៏កើតឡើងថា ចិត្តផុតស្រឡះហើយ។ អរិយសាវ័កនោះ ដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចរិយធម៌ អាត្មាអញ បាននៅរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។

ចប់សូត្រ ទី៧។

(អជ្ឈត្តទុក្ខហេតុ)សូត្រ ទី៨

(៨. អជ្ឈត្តទុក្ខហេតុសុត្តំ)

[២២០] ម្នាលភិក្ខុទាំងឡាយ ចក្ខុជាទុក្ខ ហេតុណាក្តី បច្ច័យណាក្តី ដែលនាំឲ្យកើតចក្ខុ ហេតុ និងបច្ច័យនោះឯង ក៏ជាទុក្ខដែរ ម្នាលភិក្ខុទាំងឡាយ ចុះបើចក្ខុ កើតមកអំពីហេតុ និងបច្ច័យ ដែលជាទុក្ខហើយ ចក្ខុនឹងមានសេចក្តីសុខមកពីណា។បេ។ អណ្តាតជាទុក្ខ ហេតុណាក្តី បច្ច័យណាក្តី ដែលនាំឲ្យកើតអណ្តាត ហេតុ និងបច្ច័យនោះឯង ក៏ជាទុក្ខដែរ ម្នាលភិក្ខុទាំងឡាយ ចុះបើអណ្តាតកើតមកអំពីហេតុ និងបច្ច័យ ដែលជាទុក្ខហើយ អណ្តានឹងមានសេចក្តីសុខមកពីណា។បេ។ ចិត្តក៏ជាទុក្ខ ហេតុណាក្តី បច្ច័យណាក្តី ដែលនាំឲ្យកើតចិត្ត ហេតុ និងបច្ច័យនោះឯង ក៏ជាទុក្ខដែរ ម្នាលភិក្ខុទាំងឡាយ ចុះបើចិត្តកើតមកអំពីហេតុ និងបច្ច័យដែលជាទុក្ខហើយ ចិត្តនឹងមានសេចក្តីសុខមកពីណា។ កាលបើឃើញ យ៉ាងនេះ។បេ។ ក៏ដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។

ចប់សូត្រ ទី៨។

(អជ្ឈត្តានត្តហេតុ)សូត្រ ទី៩

(៩. អជ្ឈត្តានត្តហេតុសុត្តំ)

[២២១] ម្នាលភិក្ខុទាំងឡាយ ចក្ខុជាអនត្តា ហេតុណាក្តី បច្ច័យណាក្តី ដែលនាំឲ្យកើតចក្ខុ ហេតុ និងបច្ច័យនោះឯង ក៏ជាអនត្តាដែរ ម្នាលភិក្ខុទាំងឡាយ ចុះបើចក្ខុកើតមកអំពីហេតុ និងបច្ច័យ ដែលជាអនត្តាហើយ ចក្ខុនឹងទៅជាអត្តាម្តេចកើត។បេ។ អណ្តាត ជាអនត្តា ហេតុណាក្តី បច្ច័យណាក្តី ដែលនាំឲ្យកើតអណ្តាត ហេតុនិងបច្ច័យនោះឯង ក៏ជាអនត្តាដែរ ម្នាលភិក្ខុទាំងឡាយ ចុះបើអណ្តាតកើតមកអំពីហេតុ និងបច្ច័យ ដែលជាអនត្តាហើយ អណ្តាត នឹងទៅជាអត្តាម្តេចកើត។បេ។ ចិត្តជាអនត្តា ហេតុណាក្តី បច្ច័យណាក្តី ដែលនាំឲ្យកើតចិត្ត ហេតុ និងបច្ច័យនោះឯង ក៏ជាអនត្តាដែរ ម្នាលភិក្ខុទាំងឡាយ ចុះបើចិត្តកើតមកអំពីហេតុ និងបច្ច័យ ដែលជាអនត្តាហើយ ចិត្តនឹងទៅជាអត្តាម្តេចកើត។ កាលបើឃើញ យ៉ាងនេះ។បេ។ ក៏ដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។

ចប់សូត្រ ទី៩។

(ពាហិរានិច្ចហេតុ)សូត្រ ទី១០

(១០. ពាហិរានិច្ចហេតុសុត្តំ)

[២២២] ម្នាលភិក្ខុទាំងឡាយ រូបមិនទៀង ហេតុណាក្តី បច្ច័យណាក្តី ដែលនាំឲ្យកើតរូប។បេ។ ហេតុ និងបច្ច័យនោះឯង ក៏មិនទៀងដែរ ម្នាលភិក្ខុទាំងឡាយ ចុះបើរូបកើតមកអំពីហេតុ និងបច្ច័យ ដែលមិនទៀងហើយ រូបនឹងមានសេចក្តីទៀងទាត់មកពីណា។ សំឡេង ក្លិន រស ផោដ្ឋព្វៈ ធម្មារម្មណ៍ មិនទៀង ហេតុណាក្តី បច្ច័យណាក្តី ដែលនាំឲ្យកើតធម្មារម្មណ៍ ហេតុ និងបច្ច័យនោះឯង ក៏មិនទៀងដែរ ម្នាលភិក្ខុទាំងឡាយ ចុះបើធម្មារម្មណ៍កើតមកអំពីហេតុ និងបច្ច័យ ដែលមិនទៀងហើយ ធម្មារម្មណ៍នឹងមានសេចក្តីទៀងទាត់ មកពីណា។ កាលបើឃើញ យ៉ាងនេះ។បេ។ ក៏ដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។

ចប់សូត្រ ទី១០។

(ពាហិរទុក្ខហេតុ)សូត្រ ទី១១

(១១. ពាហិរទុក្ខហេតុសុត្តំ)

[២២៣] ម្នាលភិក្ខុទាំងឡាយ រូបជាទុក្ខ ហេតុណាក្តី បច្ច័យណាក្តី ដែលនាំឲ្យកើតរូប ហេតុ និងបច្ច័យនោះឯង ក៏ជាទុក្ខដែរ ម្នាលភិក្ខុទាំងឡាយ ចុះបើរូបកើតមកអំពីហេតុ និងបច្ច័យ ដែលជាទុក្ខហើយ រូបនឹងមានសេចក្តីសុខមកពីណា។ សំឡេង ក្លិន រស ផោដ្ឋព្វៈ ធម្មារម្មណ៍ ជាទុក្ខ ហេតុណាក្តី បច្ច័យណាក្តី ដែលនាំឲ្យកើតធម្មារម្មណ៍ ហេតុ និងបច្ច័យនោះឯង ក៏ជាទុក្ខដែរ ម្នាលភិក្ខុទាំងឡាយ ចុះបើធម្មារម្មណ៍ កើតមកអំពីហេតុ និងបច្ច័យ ដែលជាទុក្ខហើយ ធម្មារម្មណ៍នឹងមានសេចក្តីសុខមកពីណា។ កាលបើឃើញ យ៉ាងនេះ។បេ។ ក៏ដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។

ចប់សូត្រ ទី១១

(ពាហិរានត្តហេតុ)សូត្រ ទី១២

(១២. ពាហិរានត្តហេតុសុត្តំ)

[២២៤] ម្នាលភិក្ខុទាំងឡាយ រូបជាអនត្តា ហេតុណាក្តី បច្ច័យណាក្តី ដែលនាំឲ្យកើតរូប ហេតុ និងបច្ច័យនោះឯង ក៏ជាអនត្តាដែរ ម្នាលភិក្ខុទាំងឡាយ ចុះបើរូបកើតមកអំពីហេតុ និងបច្ច័យ ដែលជាអនត្តាហើយ រូបនឹងទៅជាអត្តាម្តេចកើត។ សំឡេង ក្លិន រស ផោដ្ឋព្វៈ ធម្មារម្មណ៍ ជាអនត្តា ហេតុណាក្តី បច្ច័យណាក្តី ដែលនាំឲ្យកើតធម្មារម្មណ៍ ហេតុ និងបច្ច័យនោះឯង ក៏ជាអនត្តាដែរ ម្នាលភិក្ខុទាំងឡាយ ចុះបើធម្មារម្មណ៍ កើតមកអំពីហេតុ និងបច្ច័យ ដែលជាអនត្តាហើយ ធម្មារម្មណ៍នឹងទៅជាអត្តាម្តេចកើត។ ម្នាលភិក្ខុទាំងឡាយ កាលបើអរិយសាវ័ក អ្នកចេះដឹង ឃើញយ៉ាងនេះ រមែងនឿយណាយនឹងរូប នឿយណាយនឹងសំឡេង ក្លិន រស ផោដ្ឋព្វៈ ធម្មារម្មណ៍ទាំងឡាយ កាលបើនឿយណាយ ចិត្តក៏ប្រាសចាកតម្រេក ព្រោះការប្រាសចាកតម្រេក ទើបផុតស្រឡះ (ចាកអាសវៈ)។ កាលបើចិត្តផុតស្រឡះហើយ ញាណក៏កើតឡើងថា ចិត្តផុតស្រឡះហើយ។ អរិយសាវ័កនោះ ដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចរិយធម៌ អាត្មាអញ បាននៅរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើស្រេចហើយ មគ្គភាវនាកិច្ច ដទៃប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។

ចប់សូត្រ ទី ១២

ចប់ ទេវទហវគ្គ ទី៤។

ឧទ្ទាននៃទេវហវគ្គនោះគឺ

និយាយអំពីព្រះមានព្រះភាគ គង់ក្នុងទេវទហនិគម ១ អំពីខណៈនៃការប្រព្រឹត្តិព្រហ្មចរិយធម៌ ១ អំពីការទទួលត្រេកអរ នូវអារម្មណ៍ ១ អំពីការមិនទទួលត្រេកអរ នូវអារម្មណ៍ដោយចិត្ត មាន ២ លើក អំពីព្រះមានព្រះភាគ ទ្រង់សម្តែងហេតុ នៃការកើតឡើង នៃអារម្មណ៍ មានរូប ជាដើម ៣ លើក អំពីអាយតនៈខាងក្នុង និងខាងក្រៅ ២ លើក។

នវបុរាណវគ្គ ទី៥(១៥)

(១៥. នវបុរាណវគ្គោ)

(កម្មនិរោធ)សូត្រ ទី១

(១. កម្មនិរោធសុត្តំ)

[២២៥] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសម្តែងនូវកម្មថ្មីផង កម្មចាស់ផង ការរំលត់កម្មផង បដិបទា ជាដំណើរទៅកាន់ទីរំលត់កម្មផង ចូរអ្នកទាំងឡាយ ស្តាប់ធម៌នោះ ចូរអ្នកទាំងឡាយ យកចិត្តទុកដាក់ឲ្យប្រពៃ តថាគត នឹងសម្តែងប្រាប់។ ម្នាលភិក្ខុទាំងឡាយ កម្មចាស់ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ចក្ខុ ជាកម្មចាស់9) ដែលបច្ច័យតាក់តែង សម្រេចហើយ ដោយចេតនា បណ្ឌិតគប្បីឃើញថា ជាហេតុនៃវេទនា។បេ។ ជិវ្ហាជាកម្មចាស់ ដែលបច្ច័យតាក់តែង សម្រេចហើយដោយចេតនា បណ្ឌិតគប្បីឃើញថា ជាហេតុនៃវេទនា។បេ។ មនោជាកម្មចាស់ ដែលបច្ច័យតាក់តែង សម្រេចហើយ ដោយចេតនា បណ្ឌិតគប្បីឃើញថា ជាហេតុនៃវេទនា។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា កម្មចាស់។

[២២៦] ម្នាលភិក្ខុទាំងឡាយ កម្មថ្មី តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកំពុងធ្វើអំពើណា ដោយកាយ វាចា ចិត្ត ក្នុងកាលឥឡូវនេះ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា កម្មថ្មី។

[២២៧] ម្នាលភិក្ខុទាំងឡាយ ចុះការរំលត់កម្ម តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ សភាវៈណា ប៉ះពាល់នូវវិមុត្តិ ព្រោះរំលត់កាយកម្ម វចីកម្ម មនោកម្ម។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ការរំលត់កម្ម។

[២២៨] ម្នាលភិក្ខុទាំងឡាយ ចុះបដិបទា ជាដំណើរទៅកាន់ទីរំលត់កម្ម តើដូចម្តេច។ មគ្គដែលប្រកបដោយអង្គ ៨ ប្រការ ដ៏ប្រសើរនេះឯង។ មគ្គប្រកបដោយអង្គ ៨ តើអ្វីខ្លះ។ គឺសេចក្តីយល់ត្រូវ ១ សេចក្តីត្រិះរិះត្រូវ ១ វាចាត្រូវ ១ ការងារត្រូវ ១ ការចញ្ចឹមជីវិតត្រូវ ១ សេចក្តីព្យាយាមត្រូវ ១ ការរឭកត្រូវ ១ ការតំកល់ចិត្តនឹងត្រូវ ១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា បដិបទា ជាដំណើរទៅកាន់ទីរំលត់កម្ម។

[២២៩] ម្នាលភិក្ខុទាំងឡាយ កម្មចាស់ តថាគតបានសម្តែងហើយ កម្មថ្មី តថាគត បានសម្តែងហើយ ការរំលត់កម្ម តថាគត បានសម្តែងហើយ បដិបទា ជាដំណើរទៅកាន់ ទីរំលត់កម្ម តថាគត ក៏បានសម្តែងហើយ ដល់អ្នកទាំងឡាយ ដោយប្រការដូច្នេះឯង។ ម្នាលទាំងឡាយ កិច្ចណា ដែលសាស្តា ជាអ្នកស្វែងរកប្រយោជន៍ ជាអ្នកអនុគ្រោះ គប្បីធ្វើដល់សាវ័កទាំងឡាយ កិច្ចនោះ តថាគត បានធ្វើហើយ ព្រោះអាស្រ័យសេចក្តីអនុគ្រោះ ចំពោះសាវ័កទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ កិច្ចដែលតថាគតធ្វើនោះ គឺ រុក្ខមូលទាំងឡាយហ្នឹងឯង សុញ្ញាគារដ្ឋានទាំងឡាយហ្នឹងឯង។ ម្នាលភិក្ខុទាំងឡាយ ចូរអ្នកទាំងឡាយ ខំប្រឹងប្រែង កុំប្រមាទ កុំឲ្យមានវិប្បដិសារីជាខាងក្រោយ នេះឯងហើយ ដែលជាពាក្យប្រៀនប្រដៅ របស់តថាគត ដល់អ្នកទាំងឡាយ។

ចប់សូត្រ ទី១។

(អនិច្ចនិព្វានសប្បាយ)សូត្រ ទី២

(២. អនិច្ចនិព្វានសប្បាយសុត្តំ)

[២៣០] ម្នាលភិក្ខុទាំងឡាយ តថាគត នឹងសម្តែងនូវបដិបទា ជាទីសប្បាយដើម្បីព្រះនិព្វាន ចូរអ្នកទាំងឡាយ ស្តាប់នូវបដិបទានោះចុះ។បេ។ ម្នាលភិក្ខុទាំងឡាយ បដិបទា ជាទីសប្បាយ ដើម្បីព្រះនិព្វាននោះ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ឃើញថា ចក្ខុមិនទៀង ឃើញថារូបមិនទៀង ឃើញថាចក្ខុវិញ្ញាណ មិនទៀង ឃើញថាចក្ខុសម្ផ័ស្សមិនទៀង វេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនជាទុក្ខ មិនជាសុខក្តី ដែលកើតឡើង ព្រោះចក្ខុសម្ផ័ស្សជាបច្ច័យ ភិក្ខុឃើញវេទនានោះ ថាមិនទៀង។បេ។ ឃើញថាជិវ្ហា មិនទៀង ឃើញថារសមិនទៀង ឃើញថាជិវ្ហាវិញ្ញាណមិនទៀង ឃើញថាជិវ្ហាសម្ផ័ស្សមិនទៀង ទេវនាណា ជាសុខក្តី ជាទុក្ខក្តី មិនជាទុក្ខមិនជាសុខក្តី ដែលកើតឡើង ព្រោះជិវ្ហាសម្ផ័ស្ស ជាបច្ច័យ ភិក្ខុឃើញវេទនានោះ ថាមិនទៀង។បេ។ ឃើញថាមនោមិនទៀង ឃើញថាធម្មារម្មណ៍ មិនទៀង ឃើញថាមនោវិញ្ញាណមិនទៀង ឃើញថាមនោសម្ផ័ស្សមិនទៀង វេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនជាទុក្ខមិនជាសុខក្តី ដែលកើតឡើង ព្រោះមនោសម្ផស្សជាបច្ច័យ ភិក្ខុឃើញវេទនានោះ ថាមិនទៀង។ ម្នាលភិក្ខុទាំងឡាយ នេះឯង បដិបទា ជាទីសប្បាយ ដើម្បីព្រះនិព្វាន។

ចប់សូត្រ ទី២។

(ទុក្ខនិព្វានសប្បាយ)សូត្រ ទី៣

(៣. ទុក្ខនិព្វានសប្បាយសុត្តំ)

[២៣១] ម្នាលភិក្ខុទាំងឡាយ តថាគត នឹងសម្តែងនូវបដិបទា ជាទីសប្បាយ ដើម្បីព្រះនិព្វាន ដល់អ្នកទាំងឡាយ ចូរអ្នកទាំងឡាយ ប្រុងស្តាប់នូវបដិបទានោះចុះ។បេ។ ម្នាលភិក្ខុទាំងឡាយ បដិបទា ជាទីសប្បាយ ដើម្បីព្រះនិព្វាននោះ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ឃើញថាចក្ខុជាទុក្ខ ឃើញថារូបជាទុក្ខ ឃើញថាចក្ខុវិញ្ញាណជាទុក្ខ ឃើញថាចក្ខុសម្ផ័ស្សជាទុក្ខ វេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនជាទុក្ខមិនជាសុខក្តី ដែលកើតឡើង ព្រោះចក្ខុសម្ផ័ស្សជាបច្ច័យ ភិក្ខុឃើញវេទនានោះ ថាជាទុក្ខ។បេ។ ឃើញថាជិវ្ហាជាទុក្ខ។បេ។ ឃើញថាមនោជាទុក្ខ ឃើញថា ធម្មារម្មណ៍ជាទុក្ខ ឃើញថាមនោវិញ្ញាណជាទុក្ខ ឃើញថាមនោសម្ផ័ស្សជាទុក្ខ វេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនជាទុក្ខមិនជាសុខក្តី ដែលកើតឡើង ព្រោះមនោសម្ផ័ស្សជាបច្ច័យ ភិក្ខុឃើញវេទនានោះ ថាជាទុក្ខ។ ម្នាលភិក្ខុទាំងឡាយ នេះបដិបទា ជាទីសប្បាយ ដើម្បីព្រះនិព្វាន។

ចប់សូត្រ ទី៣។

(អនត្តនិព្វានសប្បាយ)សូត្រ ទី៤

(៤. អនត្តនិព្វានសប្បាយសុត្តំ)

[២៣២] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសម្តែងនូវបដិបទា ជាទីសប្បាយ ដើម្បីព្រះនិព្វាន ដល់អ្នកទាំងឡាយ ចូរអ្នកទាំងឡាយ ប្រុងស្តាប់នូវបដិបទានោះចុះ។បេ។ ម្នាលភិក្ខុទាំងឡាយ បដិបទា ជាទីសប្បាយ ដើម្បីព្រះនិព្វាននោះ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ឃើញថាចក្ខុជាអនត្តា ឃើញថារូបជាអនត្តា ឃើញថាចក្ខុវិញ្ញាណជាអនត្តា ឃើញថាចក្ខុសម្ផ័ស្ស ជាអនត្តា វេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនជាទុក្ខមិនជាសុខក្តី ដែលកើតឡើង ព្រោះចក្ខុសម្ផ័ស្សជាបច្ច័យ ភិក្ខុឃើញវេទនានោះ ថាអនត្តា។បេ។ ឃើញថាជិវ្ហាជាអនត្តា។បេ។ ឃើញថាមនោជាអនត្តា ឃើញថាធម្មារម្មណ៍ជាអនត្តា ឃើញថាមនោវិញ្ញាណជាអនត្តា ឃើញថាមនោសម្ផ័ស្សជាអនត្តា វេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនជាទុក្ខមិនជាសុខក្តី ដែលកើតឡើង ព្រោះមនោសម្ផ័ស្ស ជាបច្ច័យ ភិក្ខុឃើញវេទនានោះ ថាជាអនត្តា។ ម្នាលភិក្ខុទាំង ឡាយ នេះឯង បដិបទា ជាទីសប្បាយ ដើម្បីព្រះនិព្វាន។

ចប់សូត្រ ទី៤។

(និព្វានសប្បាយបដិបទា)សូត្រ ទី៥

(៥. និព្វានសប្បាយបដិបទាសុត្តំ)

[២៣៣] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសម្តែង នូវបដិបទា ជាទីសប្បាយ ដើម្បីព្រះនិព្វាន ដល់អ្នកទាំងឡាយ ចូរអ្នកទាំងឡាយ ប្រុងស្តាប់នូវបដិបទានោះចុះ។បេ។ ម្នាលភិក្ខុទាំងឡាយ បដិបទា ជាទីសប្បាយ ដើម្បីព្រះនិព្វាននោះ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សម្គាល់សេចក្តីនោះ ថាដូចម្តេច ចក្ខុទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ ចុះរបស់ណា មិនទៀង របស់នោះជាទុក្ខឬជាសុខ។ ជាទុក្ខ ព្រះអង្គ។ របស់ណា មិនទៀង ជាទុក្ខ មានកិរិយា ប្រែប្រួលជាធម្មតា តើគួរនឹងយល់ របស់នោះថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់អញ ដូច្នេះដែរឬ។ មិនគួរនឹងយល់ឃើញ ដូច្នោះទេ ព្រះអង្គ។ រូបទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ ចក្ខុវិញ្ញាណ ចក្ខុសម្ផ័ស្ស។បេ។ វេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនជាទុក្ខ មិនជាសុខក្តី ដែលកើតឡើង ព្រោះមនោសម្ផ័ស្សជាបច្ច័យ វេទនានោះ ទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ ចុះរបស់ណា មិនទៀង របស់នោះ ជាទុក្ខ ឬជាសុខ។ ជាទុក្ខ ព្រះអង្គ។ របស់ណាមិនទៀង ជាទុក្ខ មានកិរិយាប្រែប្រួលជាធម្មតា តើគួរនឹងយល់ឃើញរបស់នោះថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់អញ ដូច្នេះដែរឬ។ មិនគួរយល់ឃើញ ដូច្នោះទេ ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ កាលបើអរិយសាវ័ក អ្នកចេះដឹង ឃើញយ៉ាងនេះ រមែងនឿយណាយ នឹងចក្ខុផង នឿយណាយនឹងរូបផង នឿយណាយនឹងចក្ខុវិញ្ញាណផង។បេ។ វេទនាណា ជាសុខ ក្តី ជាទុក្ខក្តី មិនទុក្ខមិនសុខក្តី ដែលកើតឡើង ព្រោះមនោសម្ផ័ស្សជាបច្ច័យ រមែងនឿយណាយ នឹងវេទនានោះផង កាលបើនឿយណាយ រមែងប្រាសចាកតម្រេក ព្រោះតែប្រាសចាកតម្រេក ទើបចិត្តរួចស្រឡះបាន។បេ។ ដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ច នេះទៀត មិនមានឡើយ។ ម្នាលភិក្ខុទាំងឡាយ នេះបដិបទា ជាទីសប្បាយ ដើម្បីព្រះនិព្វាន។

ចប់សូត្រ ទី៥។

(អន្តេវាសិក)សូត្រ ទី៦

(៦. អន្តេវាសិកសុត្តំ)

[២៣៤] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រព្រឹត្តព្រហ្មចរិយៈនេះ ដែលមិនមានកិលេស ដូចជាកូនសិស្ស ដែលមិនមានកិលេស ដូចជាអាចារ្យ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយកិលេស ដូចជាកូនសិស្ស ប្រកបដោយកិលេស ដូចជាអាចារ្យ រមែងនៅជាទុក្ខ មិនសប្បាយ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនមានកិលេសដូចជាកូនសិស្ស ទាំងមិនមានកិលេសដូចជាអាចារ្យ រមែងនៅជាសុខសប្បាយ។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុប្រកបដោយកិលេស ដូចជាកូនសិស្ស ប្រកបដោយកិលេស ដូចជាអាចារ្យ រមែងនៅជាទុក្ខ មិនសប្បាយ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ អកុសលធម៌ដ៏លាមក មានតម្រិះដ៏ស្ទុះទៅ ប្រកបដោយសញ្ញោជនៈ រមែងកើតឡើង ដល់ភិក្ខុក្នុងសាសនានេះ ព្រោះឃើញរូបដោយចក្ខុ ធម៌ទាំងនោះ រមែងនៅក្នុងទីជិតភិក្ខុនោះ អកុសលធម៌ ដ៏លាមក រមែងនៅក្នុងទីជិតភិក្ខុនោះ ព្រោះហេតុនោះ បានជាតថាគតហៅភិក្ខុនោះថា អ្នកប្រកបដោយកិលេស ដូចជាកូនសិស្ស។ អកុសលធម៌ ដ៏លាមកទាំងនោះ រមែងហៅរកនូវភិក្ខុនោះ ព្រោះហេតុនោះ បានជាតថាគតហៅភិក្ខុនោះថា អ្នកប្រកបដោយកិលេស ដូចជាអាចារ្យ។បេ។ ម្នាលភិក្ខុទាំងឡាយ ពាក្យខាងមុខនៅមានទៀត អកុសលធម៌ ដ៏លាមក មានតម្រិះដ៏ស្ទុះទៅ ប្រកបដោយសញ្ញោជនៈ រមែងកើតឡើងដល់ភិក្ខុ ព្រោះលិទ្ធរសដោយជិវ្ហា ធម៌ទាំងនោះ រមែងនៅក្នុងទីជិតភិក្ខុនោះ អកុសលធម៌ ដ៏លាមក រមែងនៅក្នុងទីជិតភិក្ខុនោះ ព្រោះហេតុនោះ បានជាតថាគត ហៅភិក្ខុនោះថា អ្នកប្រកបដោយកិលេស ដូចជាកូនសិស្ស។ អកុសលធម៌ ដ៏លាមកទាំងនោះ រមែងហៅរកភិក្ខុនោះ ព្រោះហេតុនោះ បានជាតថាគត ហៅភិក្ខុនោះថា អ្នកប្រកបដោយកិលេស ដូចជាអាចារ្យ។បេ។ ម្នាលភិក្ខុទាំងឡាយ ពាក្យខាងមុខ នៅមានទៀត ពួកអកុសលធម៌ដ៏លាមក មានតម្រិះដ៏ស្ទុះទៅ ប្រកបដោយសញ្ញោជនៈ រមែង កើតឡើងដល់ភិក្ខុ ព្រោះដឹងច្បាស់នូវធម្មារម្មណ៍ដោយចិត្ត ធម៌ទាំងនោះ រមែងនៅក្នុងទីជិតភិក្ខុនោះ អកុសលធម៌ ដ៏លាមក រមែងនៅក្នុងទីជិតភិក្ខុនោះ ព្រោះហេតុនោះ បានជាតថាគត ហៅភិក្ខុនោះថា អ្នកប្រកបដោយកិលេស ដូចជាកូនសិស្ស។ អកុសលធម៌ដ៏ លាមកទាំងនោះ រមែងហៅរកភិក្ខុនោះ ព្រោះហេតុនោះ បានជាតថាគត ហៅភិក្ខុនោះថា អ្នកប្រកបដោយកិលេស ដូចជាអាចារ្យ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយកិលេស ដូចជាកូនសិស្ស ប្រកបដោយកិលេស ដូចជាអាចារ្យរមែងនៅជាទុក្ខ មិនសប្បាយ យ៉ាងនេះឯង។

[២៣៥] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុមិនមានកិលេសដូចជាកូនសិស្ស និងមិនមាន កិលេសដូចជាអាចារ្យ រមែងនៅជាសុខសប្បាយ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ អកុសលធម៌ដ៏លាមក មានតម្រិះដ៏ស្ទុះទៅ ប្រកបដោយសញ្ញោជនៈ រមែងមិនកើតឡើង ដល់ភិក្ខុក្នុងសាសនានេះ ព្រោះឃើញរូបដោយចក្ខុ ធម៌ទាំងនោះ រមែងមិននៅក្នុងទីជិតភិក្ខុនោះ ពួកអកុសលធម៌ដ៏លាមក រមែងមិននៅក្នុងទីជិតភិក្ខុនោះ ព្រោះហេតុនោះ បានជាតថាគត ហៅភិក្ខុនោះថា អ្នកមិនមានកិលេសដូចជាកូនសិស្ស។ អកុសលធម៌ដ៏លាមកទាំងនោះ រមែងមិនហៅរកភិក្ខុនោះ ព្រោះហេតុនោះ បានជាតថាគត ហៅភិក្ខុនោះថា អ្នកមិនមានកិលេស ដូចជាអាចារ្យ។បេ។ ម្នាលភិក្ខុទាំងឡាយ ពាក្យខាងមុខនៅមានទៀត អកុសលធម៌ដ៏លាមក មានតម្រិះដ៏ស្ទុះទៅ ប្រកបដោយសញ្ញោជនៈ រមែងមិនកើតឡើងដល់ភិក្ខុ ព្រោះលិទ្ធរស ដោយជិវ្ហា ធម៌ទាំងនោះ រមែងមិននៅក្នុងទីជិតភិក្ខុនោះ ពួកអកុសលធម៌ដ៏លាមក រមែងមិននៅក្នុងទីជិតភិក្ខុនោះ ព្រោះហេតុនោះ បានជា តថាគតហៅភិក្ខុនោះថា អ្នកមិនមានកិលេស ដូចជាកូនសិស្ស។ ពួកអកុសលធម៌ដ៏លាមក រមែងមិនហៅរកភិក្ខុនោះ ព្រោះហេតុនោះ បានជាតថាគតហៅភិក្ខុនោះថា អ្នកមិនមានកិលេស ដូចជាអាចារ្យ។បេ។ ម្នាលភិក្ខុទាំងឡាយ ពាក្យខាងមុខនៅមានទៀត អកុសលធម៌ដ៏លាមក មានតម្រិះដ៏ស្ទុះទៅ ប្រកបដោយសញ្ញោជនៈ រមែងមិនកើតឡើង ដល់ភិក្ខុ ព្រោះដឹងច្បាស់នូវធម្មារម្មណ៍ដោយចិត្ត ធម៌ទាំងនោះ រមែងមិននៅក្នុងទីជិតភិក្ខុនោះ អកុសលធម៌ដ៏លាមក រមែងមិននៅក្នុងទីជិតភិក្ខុនោះ ព្រោះហេតុនោះ បានជា តថាគតហៅភិក្ខុនោះថា អ្នកមិនមានកិលេសដូចជាកូនសិស្ស។ ពួកអកុសលធម៌ដ៏លាមក រមែងមិនហៅរកភិក្ខុនោះ ព្រោះហេតុនោះ បានជាតថាគត ហៅភិក្ខុនោះថា អ្នកមិនមានកិលេស ដូចជាអាចារ្យ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនប្រកបដោយកិលេស ដូចជាកូនសិស្ស និងមិនប្រកបដោយកិលេស ដូចជាអាចារ្យ រមែងនៅជាសុខសប្បាយ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រព្រឹត្តព្រហ្មចរិយៈនេះ ដែលមិនមានកិលេស ដូចជាកូនសិស្ស និងមិនមានកិលេស ដូចជាអាចារ្យ បែបនេះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយកិលេស ដូចជាកូនសិស្ស និងប្រកបដោយកិលេស ដូចជាអាចារ្យ រមែងនៅជាទុក្ខ មិនសប្បាយ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនមានកិលេស ដូចជាកូនសិស្ស និងមិនមានកិលេស ដូចជាអាចារ្យ រមែងនៅសុខសប្បាយ។

ចប់សូត្រ ទី៦។

(កិមត្ថិយព្រហ្មចរិយ)សូត្រ ទី៧

(៧. កិមត្ថិយព្រហ្មចរិយសុត្តំ)

[២៣៦] ម្នាលភិក្ខុទាំងឡាយ ប្រសិនបើពួកបរិព្វាជកជាតិរិ្ថយដទៃ សួរអ្នកទាំងឡាយ យ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ភិក្ខុប្រព្រឹត្តព្រហ្មចរិយៈ ក្នុងសំណាក់ព្រះសមណគោតម មានប្រយោជន៍អ្វី។ ម្នាលភិក្ខុទាំងឡាយ បើពួកបរិព្វាជក ជាតិរិ្ថយដទៃ សួរយ៉ាងនេះ អ្នកទាំងឡាយ ត្រូវដោះស្រាយនឹងពួកបរិព្វាជក ជាតិរ្ថិយដទៃនោះ យ៉ាងនេះថា ម្នាលអាវុសោ ភិក្ខុប្រព្រឹត្តព្រហ្មចរិយៈ ក្នុងសំណាក់ព្រះមានព្រះភាគ ដើម្បីកំណត់ដឹងនូវទុក្ខ។ ម្នាលភិក្ខុទាំងឡាយ ប្រសិនបើពួកបរិព្វាជក ជាតិរ្ថិយដទៃ សួរអ្នកទាំងឡាយ យ៉ាងនេះថា ម្នាលអាវុសោ ភិក្ខុប្រព្រឹត្តព្រហ្មចរិយៈ ក្នុងសំណាក់ព្រះសមណគោតម ដើម្បីកំណត់ដឹង នូវទុក្ខណា ទុក្ខនោះ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បើគេសួរអ្នកទាំងឡាយ យ៉ាងនេះ អ្នកទាំងឡាយ ត្រូវដោះស្រាយ នឹងពួកបរិព្វាជក ជាតិរិ្ថយដទៃ យ៉ាងនេះថា ម្នាលអាវុសោ ចក្ខុជាទុក្ខ ភិក្ខុប្រព្រឹត្តព្រហ្មចរិយៈ ក្នុងសំណាក់ព្រះមានព្រះភាគ ដើម្បីកំណត់ដឹង នូវចក្ខុជាទុក្ខនោះ រូបជាទុក្ខ ភិក្ខុប្រព្រឹត្តព្រហ្មចរិយៈ ក្នុងសំណាក់ព្រះមានព្រះភាគ ដើម្បីកំណត់ដឹង នូវរូបជាទុក្ខនោះ ចក្ខុវិញ្ញាណជាទុក្ខ ភិក្ខុប្រព្រឹត្តព្រហ្មចរិយៈ ក្នុងសំណាក់ព្រះមានព្រះភាគ ដើម្បីកំណត់ដឹង នូវចក្ខុវិញ្ញាណជាទុក្ខនោះ ចក្ខុសម្ផ័ស្សជាទុក្ខ ភិក្ខុប្រព្រឹត្តព្រហ្មចរិយៈ ក្នុងសំណាក់ព្រះមានព្រះភាគ ដើម្បីកំណត់ដឹង នូវចក្ខុសម្ផ័ស្សជាទុក្ខនោះ វេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនទុក្ខមិនសុខក្តី ដែលកើតឡើង ព្រោះចក្ខុសម្ផ័ស្សជាបច្ច័យ វេទនានោះ ក៏ជាទុក្ខ។ ភិក្ខុប្រព្រឹត្តព្រហ្មចរិយៈ ក្នុងសំណាក់ព្រះមានព្រះភាគ ដើម្បីកំណត់ដឹង នូវវេទនាជាទុក្ខនោះ។បេ។ ជិវ្ហាជាទុក្ខ មនោជាទុក្ខ ភិក្ខុប្រព្រឹត្តព្រហ្មចរិយៈ ក្នុងសំណាក់ព្រះមានព្រះភាគ ដើម្បីកំណត់ដឹង នូវមនោជាទុក្ខនោះ។បេ។ វេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនទុក្ខមិនសុខក្តី ដែលកើតឡើង ព្រោះមនោសម្ផ័ស្សជាបច្ច័យ វេទនានោះ ក៏ជាទុក្ខ ភិក្ខុប្រព្រឹត្តព្រហ្មចរិយៈ ក្នុងសំណាក់ព្រះមានព្រះភាគ ដើម្បីកំណត់ដឹង នូវវេទនាជាទុក្ខនោះ។ ម្នាលអាវុសោ ភិក្ខុប្រព្រឹត្តព្រហ្មចរិយៈ ក្នុងសំណាក់ព្រះមានព្រះភាគ ដើម្បីកំណត់ដឹង នូវទុក្ខនេះឯង។ ម្នាលភិក្ខុទាំងឡាយ កាលបើគេសួរអ្នកទាំងឡាយ យ៉ាងនេះហើយ ត្រូវអ្នកទាំងឡាយ ដោះស្រាយនឹងពួកបរិព្វាជក ជាតិរិ្ថយដទៃនោះ យ៉ាងនេះឯង។

ចប់សូត្រ ទី៧។

(អត្ថិនុខោបរិយាយ)សូត្រ ទី៨

(៨. អត្ថិនុខោបរិយាយសុត្តំ)

[២៣៧] ម្នាលភិក្ខុទាំងឡាយ ហេតុដែលភិក្ខុវៀរលែងជំនឿ វៀរលែងសេចក្តីគាប់ចិត្ត វៀរលែងការឮតៗគ្នា វៀរលែងសេចក្តីត្រិះរិះនូវហេតុ វៀរលែងសេចក្តីគាប់ចិត្ត តាមសេចក្តីយល់ឃើញ ហើយបានដល់នូវអរហត្ត ដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចរិយៈ អាត្មាអញ បាននៅរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើរួចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ មានដែរឬ។ បពិត្រព្រះអង្គដ៏ចម្រើន ធម៌ទាំងឡាយ របស់ពួកយើងខ្ញុំ មានព្រះមានព្រះភាគ ជាឫសគល់ មានព្រះមានព្រះភាគ ជាអ្នកដឹកនាំ មានព្រះមានព្រះភាគ ជាទីពឹងពំនាក់។ បពិត្រព្រះអង្គដ៏ចម្រើន សូមទ្រង់ព្រះមេត្តាប្រោស សូមព្រះមានព្រះភាគ បំភ្លឺសេចក្តីនៃភាសិតនុ៎ះ ឲ្យទាន ភិក្ខុទាំងឡាយ បានស្តាប់ព្រះពុទ្ធដីកា របស់ព្រះមានព្រះភាគហើយ នឹងចងចាំទុក។ ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ ចូរអ្នកទាំងឡាយ ស្តាប់ ចូរយកចិត្តទុកដាក់ ឲ្យប្រពៃចុះ តថាគត នឹងសម្តែងប្រាប់។ ពួកភិក្ខុទាំងនោះ ក៏ទទួលព្រះពុទ្ធដីកា របស់ព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ទើបព្រះមានព្រះភាគ ទ្រង់ត្រាស់ យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ ហេតុដែលភិក្ខុវៀរលែងជំនឿ វៀរលែងសេចក្តីគាប់ចិត្ត វៀរលែងការឮតៗគ្នា វៀរលែងសេចក្តីត្រិះរិះនូវហេតុ វៀរសលែងសេចក្តីពេញចិត្ត តាមសេចក្តីយល់ឃើញ ហើយបានសម្រេចអរហត្ត ក៏ដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចរិយៈ អាត្មាអញ បាននៅរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើរួចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ ក៏មានដែរ។

[២៣៨] ម្នាលភិក្ខុទាំងឡាយ ចុះហេតុដែលភិក្ខុវៀរលែងជំនឿ។បេ។ វៀរលែងសេចក្តីគាប់ចិត្ត តាមសេចក្តីយល់ឃើញ ហើយបានសម្រេចអរហត្ត ក៏ដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចរិយៈ អាត្មាអញ នៅរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើរួចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ឃើញរូបដោយចក្ខុ ដឹងច្បាស់នូវរាគៈ ទោសៈ មោហៈ ដែលមាននៅខាងក្នុងថា អាត្មាអញ មានរាគៈ ទោសៈ មោហៈ នៅខាងក្នុង ដឹងច្បាស់នូវរាគៈ ទោសៈ មោហៈ ដែលមិនមាននៅខាងក្នុងថា អាត្មាអញ មិនមានរាគៈ ទោសៈ មោហៈ នៅខាងក្នុង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុឃើញរូបដោយចក្ខុ ដឹងច្បាស់នូវ រាគៈ ទោសៈ មោហៈ ដែលមាននៅខាងក្នុងថា អាត្មាអញ មានរាគៈ ទោសៈ មោហៈ នៅខាងក្នុង ដឹងច្បាស់នូវរាគៈ ទោសៈ មោហៈ ដែលមិនមាននៅខាងក្នុងថា អាត្មាអញ មិនមានរាគៈ ទោសៈ មោហៈ នៅខាងក្នុង។ ម្នាលភិក្ខុទាំងឡាយ ចុះធម៌ទាំងឡាយ របស់តថាគត គេត្រូវដឹងដោយជំនឿក្តី ត្រូវដឹងដោយសេចក្តីគាប់ចិត្តក្តី ត្រូវដឹងដោយការឮតៗគ្នាក្តី ត្រូវដឹងដោយសេចក្តីត្រិះរិះនូវហេតុក្តី ត្រូវដឹងដោយសេចក្តីពេញចិត្ត ព្រោះសេចក្តីយល់ឃើញក្តី តើមានឬទេ។ មិនមានទេ ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ ក្រែងធម៌ទាំងឡាយ របស់តថាគត គេត្រូវឃើញដោយប្រាជ្ញាហើយដឹង ដូច្នោះឬ។ ព្រះករុណា ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ នេះឯង ជាហេតុ ដែលភិក្ខុវៀរលែងជំនឿ វៀរលែងសេចក្តីគាប់ចិត្ត វៀរលែងការឮតៗគ្នា វៀរលែងសេចក្តីត្រិះរិះនូវហេតុ វៀរលែងសេចក្តីពេញចិត្ត ព្រោះសេចក្តីយល់ឃើញ ហើយបានសម្រេចអរហត្ត ក៏ដឹងច្បាស់ថា ជាតិ អស់ហើយ ព្រហ្មចរិយៈ អាត្មាអញ នៅរួចហើយ សោឡសកិច្ច អាត្មាអញ ធ្វើរួចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។បេ។

[២៣៩] ម្នាលភិក្ខុទាំងឡាយ ពាក្យខាងមុខនៅមានទៀត ភិក្ខុលិទ្ធភ្លក្សរសដោយ ជិវ្ហា ដឹងច្បាស់នូវរាគៈទោសៈមោហៈ ដែលមាននៅខាងក្នុង។បេ។ ថារាគៈ ទោសៈ មោហៈ ខាងក្នុង ដឹងច្បាស់នូវរាគៈ ទោសៈ មោហៈ ដែលមិនមានខាងក្នុងថា អាត្មាអញ មិនមានរាគៈ ទោសៈ មោហៈ ខាងក្នុង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុលិទ្ធភ្លក្សរសដោយជិវ្ហា ដឹងច្បាស់នូវរាគៈ ទោសៈ មោហៈ ដែលមាននៅខាងក្នុងថា អាត្មាអញ មានរាគៈ ទោសៈ មោហៈ នៅខាងក្នុង ដឹងច្បាស់នូវរាគៈ ទោសៈ មោហៈ ដែលមិនមាននៅខាងក្នុងថា អាត្មាអញ មិនមានរាគៈ ទោសៈ មោហៈ នៅខាងក្នុង។ ម្នាលភិក្ខុទាំងឡាយ ចុះធម៌ទាំងឡាយ របស់តថាគត គេត្រូវដឹងដោយជំនឿក្តី ដឹងដោយសេចក្តីគាប់ចិត្តក្តី ដឹងដោយការឮតៗ គ្នាក្តី ដឹងដោយសេចក្តីត្រិះរិះ នូវហេតុក្តី ដឹងដោយសេចក្តីគាប់ចិត្ត ព្រោះសេចក្តីយល់ឃើញក្តី តើមានឬទេ។ មិនមានទេ ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ ក្រែងធម៌ទាំងឡាយ របស់តថាគត គេត្រូវឃើញដោយប្រាជ្ញា ហើយដឹងដូច្នោះឬ។ ព្រះករុណា ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ នេះឯងក៏ជាហេតុ ដែលភិក្ខុវៀរលែងជំនឿ វៀរលែងសេចក្តីគាប់ចិត្ត វៀរលែងការឮតៗគ្នា វៀរលែងសេចក្តីត្រិះរិះនូវហេតុ វៀរលែងសេចក្តីគាប់ចិត្ត ព្រោះសេចក្តីយល់ឃើញ បានសម្រេចអរហត្ត ហើយដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចរិយៈ អាត្មាអញនៅរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើរួចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។បេ។

[២៤០] ម្នាលភិក្ខុទាំងឡាយ ពាក្យខាងមុខនៅមានទៀត ភិក្ខុដឹងច្បាស់ នូវធម្មារម្មណ៍ ដោយចិត្ត រមែងដឹងច្បាស់ នូវរាគៈ ទោសៈ មោហៈ ដែលមាននៅខាងក្នុងថា អាត្មាអញ មានរាគៈ ទោសៈ មោហៈ នៅខាងក្នុង ដឹងច្បាស់នូវរាគៈ ទោសៈ មោហៈ ដែលមិនមាននៅខាងក្នុងថា អាត្មាអញ មិនមានរាគៈ ទោសៈ មោហៈ នៅខាងក្នុង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដឹងច្បាស់ នូវធម្មារម្មណ៍ដោយចិត្ត រមែងដឹងច្បាស់ នូវរាគៈ ទោសៈ មោហៈ ដែលមាននៅខាងក្នុងថា អាត្មាអញ មានរាគៈ ទោសៈ មោហៈ នៅខាងក្នុង ដឹងច្បាស់នូវរាគៈ ទោសៈ មោហៈ ដែលមិនមាននៅខាងក្នុងថា អាត្មាអញ មិនមានរាគៈ ទោសៈ មោហៈ នៅខាងក្នុង។ ម្នាលភិក្ខុទាំងឡាយ ចុះធម៌ទាំងឡាយ របស់តថាគត គេត្រូវដឹងដោយជំនឿក្តី ដឹងដោយសេចក្តីគាប់ចិត្តក្តី ដឹងដោយការឮតៗគ្នាក្តី ដឹងដោយការត្រិះរិះនូវហេតុក្តី ដឹងដោយសេចក្តីគាប់ចិត្ត ព្រោះសេចក្តីយល់ឃើញក្តី តើមានឬទេ។ មិនមានទេ ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ ក្រែងធម៌ទាំងឡាយ របស់តថាគត គេត្រូវឃើញដោយប្រាជ្ញា ហើយដឹង ដូច្នោះឬ។ ព្រះករុណា ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ នេះឯក៏ជាហេតុ ដែលភិក្ខុវៀរលែងជំនឿ វៀរលែងសេចក្តីគាប់ចិត្ត វៀរលែងការឮតៗគ្នា វៀលែងសេចក្តីត្រិះរិះនូវហេតុ វៀរលែងសេចក្តីគាប់ចិត្ត ព្រោះសេចក្តីយល់ឃើញ ក៏បានសម្រេចអរហត្ត ហើយដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចរិយៈ អាត្មាអញ នៅរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើរួចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមាន ឡើយ។

ចប់សូត្រ ទី៨។

(ឥន្ទ្រិយសម្បន្ន)សូត្រ ទី៩

(៩. ឥន្ទ្រិយសម្បន្នសុត្តំ)

[២៤១] គ្រានោះ ភិក្ខុមួយរូប បានចូលទៅគាល់ព្រះមានព្រះភាគ។បេ។ លុះភិក្ខុនោះ អង្គុយក្នុងទីដ៏សមគួរហើយ ទើបក្រាបបង្គំទូលសួរព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ព្រះអង្គត្រាស់ថា ភិក្ខុបរិបូណ៌ដោយឥន្រ្ទិយ បរិបូណ៌ដោយឥន្រ្ទិយ បពិត្រព្រះអង្គដ៏ចម្រើន ចុះភិក្ខុអ្នកបរិបូណ៌ដោយឥន្រ្ទិយ តើដោយហេតុប៉ុន្មានយ៉ាង។ ព្រះមានព្រះភាគត្រាស់ថា បើភិក្ខុ ពិចារណាឃើញ នូវការកើតឡើង និងការវិនាស ក្នុងចក្ខុន្រ្ទិយ រមែងនឿយណាយនឹងចក្ខុន្រ្ទិយ។បេ។ បើភិក្ខុពិចារណា ឃើញនូវការកើតឡើង និងការវិនាស ក្នុងជិវ្ហិន្រ្ទិយ រមែងនឿយណាយ នឹងជិវ្ហិន្រ្ទិយ។បេ។ បើភិក្ខុពិចារណាឃើញ នូវការកើតឡើង និងការវិនាស ក្នុងមនិន្រ្ទិយ រមែងនឿយណាយនឹងមនិន្រ្ទិយ កាលបើនឿយណាយ រមែងប្រាសចាកតម្រេក។បេ។ ញាណក៏កើតឡើងថា ចិត្តរួចស្រឡះហើយ។ ដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចរិយៈ អាត្មាអញនៅរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើរួចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលបរិបូណ៌ដោឥន្រ្ទិយ ដោយហេតុមានប្រមាណប៉ុណ្ណោះឯង។

ចប់សូត្រ ទី៩។

(ធម្មកថិកបុច្ឆ)សូត្រ ទី១០

(១០. ធម្មកថិកបុច្ឆសុត្តំ)

[២៤២] គ្រានោះ ភិក្ខុមួយរូប ចូលទៅគាល់ព្រះមានព្រះភាគ។បេ។ លុះភិក្ខុនោះអង្គុយក្នុងទីដ៏សមគួរហើយ ទើបក្រាបបង្គំទូលសួរព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ព្រះអង្គត្រាស់ថា ភិក្ខុជាធម្មកថិក ភិក្ខុជាធម្មកថិក បពិព្រះអង្គដ៏ចម្រើន ភិក្ខុជាធម្មកថិក តើដោយហេតុប៉ុន្មានយ៉ាង។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុសម្តែងធម៌ ដើម្បីនឿយណាយ ដើម្បីវិនាស ដើម្បីរំលត់ នូវចក្ខុ ទើបគួរហៅថាភិក្ខុជាធម្មកថិក។ បើភិក្ខុប្រតិបត្តិ ដើម្បីនឿយណាយ ដើម្បីវិនាស ដើម្បីរំលត់ នូវចក្ខុ ទើបគួរហៅថា ភិក្ខុជាអ្នកប្រតិបត្តិ ដ៏សមគួរដល់ធម៌។ បើភិក្ខុមានចិត្តរួចស្រឡះ ព្រោះនឿយណាយ ព្រោះវិនាស ព្រោះរំលត់ ព្រោះមិនប្រកាន់ នូវចក្ខុ ទើបគួរហៅថា ភិក្ខុអ្នកដល់នូវទិដ្ឋធម្មនិព្វាន។បេ។ បើភិក្ខុសម្តែងធម៌ ដើម្បីនឿយណាយ ដើម្បីវិនាស ដើម្បីរំលត់នូវជិវ្ហា ទើបគួរហៅថា ភិក្ខុជាធម្មកថិក។បេ។ បើភិក្ខុសម្តែងធម៌ ដើម្បីនឿយណាយ ដើម្បីវិនាស ដើម្បីរំលត់នូវចិត្ត ទើបគួរហៅថា ភិក្ខុជាធម្មកថិក។ បើភិក្ខុប្រតិបត្តិ ដើម្បីនឿយណាយ ដើម្បីវិនាស ដើម្បីរំលត់ នូវចិត្ត ទើបគួរហៅថា ភិក្ខុជាអ្នកប្រតិបត្តិ ដ៏សមគួរដល់ធម៌។ បើភិក្ខុមានចិត្តរួចស្រឡះ ព្រោះនឿយណាយ ព្រោះវិនាស ព្រោះរំលត់ ព្រោះមិនប្រកាន់ នូវចិត្ត ទើបគួរហៅថា ភិក្ខុអ្នកដល់នូវទិដ្ឋធម្មនិព្វាន។

ចប់សូត្រ ទី ១០។

ចប់ នវបុរាណវគ្គ ទី៥។

ឧទាននៃនវបុរាណវគ្គនោះគឺ

និយាយអំពីកម្ម ១ បដិបទា ជាទីសប្បាយ ដើម្បីព្រះនិព្វាន ៤លើក ភិក្ខុមិនមានកិលេស ដូចជាកូនសិស្ស ១ ព្រហ្មចរិយៈ មានប្រយោជន៍អ្វី ១ មានបរិយាយដែរឬ ១ ភិក្ខុបរិបូណ៌ដោយឥន្រ្ទិយ ១ ភិក្ខុគួរហៅថាធម្មកថិក ១។

ចប់ តតិយបណ្ណាសកៈ ក្នុងសឡាយតនវគ្គ។

ឧទ្ទាននៃតតិយបណ្ណាសកៈនោះគឺ

យោគក្ខេមិវគ្គ ១ លោកកាមគុណវគ្គ ១ គហបតិវគ្គ ១ ទេវទហវគ្គ ១ នវបុរាណវគ្គ ១ ហេតុនោះបានជាហៅថា តតិយបណ្ណាសកៈ។

ចតុត្ថបណ្ណាសកៈ

នន្ទិក្ខយវគ្គ ទី១(១៦)

(១៦. នន្ទិក្ខយវគ្គោ)

(អជ្ឈត្តនន្ទិក្ខយ)សូត្រ ទី១

(១. អជ្ឈត្តនន្ទិក្ខយសុត្តំ)

[២៤៣] ម្នាលភិក្ខុទាំងឡាយ ភិក្ខុឃើញចក្ខុដែលមិនទៀង ថាមិនទៀង ភិក្ខុនោះ ឈ្មោះថា មានគំនិតយល់ត្រូវ កាលបើយល់ត្រូវ រមែងនឿយណាយ ការអស់នៃរាគៈ ព្រោះអស់នៃសេចក្តីរីករាយ ការអស់នៃសេចក្តីរីករាយ ព្រោះអស់នៃរាគៈ ចិត្តដែលលោកហៅថា ផុតស្រឡះ ព្រោះអស់នៃសេចក្តីរីករាយ និងរាគៈ។បេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុឃើញជីវ្ហា ដែលមិនទៀង ថាមិនទៀង ភិក្ខុនោះ ឈ្មោះថា មានគំនិតយល់ត្រូវ កាលបើយល់ត្រូវ រមែងនឿយណាយ ការអស់នៃរាគៈ ព្រោះអស់នៃសេចក្តីរីករាយ។បេ។ ចិត្តដែលលោកហៅថា ផុតស្រឡះ។បេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុឃើញចិត្ត ដែលមិនទៀង ថាមិនទៀង ភិក្ខុនោះ ឈ្មោះថា មានគំនិតយល់ត្រូវ កាលបើយល់ត្រូវ រមែងនឿយណាយ ការអស់នៃរាគៈ ព្រោះអស់នៃសេចក្តីរីករាយ ការអស់នៃសេចក្តីរីករាយ ព្រោះអស់នៃរាគៈ ចិត្តដែលលោកហៅថា រួចស្រឡះ ព្រោះអស់នៃសេចក្តីរីករាយ និងរាគៈ។

ចប់សូត្រ ទី១។

(ពាហិរនន្ទិក្ខយ)សូត្រ ទី២

(២. ពាហិរនន្ទិក្ខយសុត្តំ)

[២៤៤] ម្នាលភិក្ខុទាំងឡាយ ភិក្ខុឃើញរូបដែលមិនទៀង ថាមិនទៀង ភិក្ខុនោះឈ្មោះថា មានគំនិតយល់ត្រូវ កាលបើយល់ត្រូវ រមែងនឿយណាយ ការអស់នៃរាគៈ ព្រោះអស់នៃសេចក្តីរីករាយ ការអស់នៃសេចក្តីរីករាយ ព្រោះអស់នៃរាគៈ ចិត្តដែលលោកហៅថា រួចស្រឡះ ព្រោះអស់នៃសេចក្តីរីករាយ និងរាគៈ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុឃើញសំឡេង ក្លិន រស ផោដ្ឋព្វៈ និងធម្មារម្មណ៍ ដែលមិនទៀង ថាមិនទៀង ភិក្ខុនោះ ឈ្មោះថា មានគំនិតយល់ត្រូវ កាលបើយល់ត្រូវ រមែងនឿយណាយ ការអស់នៃរាគៈ ព្រោះអស់នៃសេចក្តីរីករាយ ការអស់នៃសេចក្តីរីករាយ ព្រោះអស់នៃរាគៈ ចិត្តដែលលោកហៅថា ផុតស្រឡះ ព្រោះអស់នៃសេចក្តីរីករាយ និងរាគៈ។

ចប់សូត្រ ទី២។

(អជ្ឈត្តអនិច្ចនន្ទិក្ខយ)សូត្រ ទី៣

(៣. អជ្ឈត្តអនិច្ចនន្ទិក្ខយសុត្តំ)

[២៤៥] ម្នាលភិក្ខុទាំងឡាយ ចូរអ្នកទាំងឡាយ ធ្វើទុកក្នុងចិត្ត នូវចក្ខុដោយឧបាយប្រាជ្ញាផង ចូរពិចារណាឃើញតាមពិត នូវភាពនៃចក្ខុ ដែលមិនទៀងផង។ ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុធ្វើទុកក្នុងចិត្ត នូវចក្ខុដោយឧបាយប្រាជ្ញាផង ពិចារណាឃើញតាមពិត នូវភាពនៃចក្ខុ ដែលមិនទៀងផង ក៏រមែងនឿយណានឹងចក្ខុ ការអស់នៃរាគៈ ព្រោះអស់នៃសេចក្តីរីករាយ ការអស់នៃសេចក្តីរីករាយ ព្រោះអស់នៃរាគៈ ចិត្តដែលលោកហៅថា រួចស្រឡះ ព្រោះអស់នៃសេចក្តីរីករាយ និងរាគៈ។បេ។ ម្នាលភិក្ខុទាំងឡាយ ចូរអ្នកទាំងឡាយ ធ្វើទុកក្នុងចិត្ត នូវជិវ្ហា ដោយឧបាយប្រាជ្ញាផង ចូរពិចារណាឃើញតាមពិត នូវភាពនៃជិវ្ហា ដែលមិនទៀងផង។ ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុធ្វើទុកក្នុងចិត្ត នូវជិវ្ហា ដោយឧបាយប្រាជ្ញាផង ពិចារណាឃើញតាមពិត នូវភាពនៃជិវ្ហា ដែលមិនទៀងផង ក៏រមែងនឿយណាយនឹងជិវ្ហា ការអស់នៃរាគៈ ព្រោះអស់នៃសេចក្តីរីករាយ ការអស់នៃសេចក្តីរីករាយ ព្រោះអស់នៃរាគៈ ចិត្តដែលលោកហៅថា រួចស្រឡះ ព្រោះអស់នៃសេចក្តីរីករាយ និងរាគៈ។បេ។ ម្នាលភិក្ខុទាំងឡាយ ចូរអ្នកទាំងឡាយ ធ្វើទុកក្នុងចិត្ត នូវចិត្តដោយឧបាយប្រាជ្ញាផង ចូរពិចារណាឃើញតាមពិត នូវភាពនៃចិត្ត ដែលមិនទៀងផង។ ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុធ្វើទុកក្នុងចិត្ត នូវចិត្ត ដោយឧបាយប្រាជ្ញាផង ពិចារណាឃើញតាមពិត នូវភាពនៃចិត្ត ដែលមិនទៀងផង ក៏រមែងនឿយណាយនឹងចិត្ត ការអស់នៃរាគៈ ព្រោះអស់នៃសេចក្តីរីករាយ ការអស់នៃសេចក្តីរីករាយ ព្រោះអស់នៃរាគៈ ចិត្តដែលលោកហៅថា រួចស្រឡះ ព្រោះអស់នៃសេចក្តីរីករាយ និងរាគៈ។

ចប់សូត្រ ទី៣។

(ពាហិរអនិច្ចនន្ទិក្ខយ)សូត្រ ទី៤

(៤. ពាហិរអនិច្ចនន្ទិក្ខយសុត្តំ)

[២៤៦] ម្នាលភិក្ខុទាំងឡាយ ចូរអ្នកទាំងឡាយ ធ្វើទុកក្នុងចិត្ត នូវរូបដោយឧបាយប្រាជ្ញាផង ចូរពិចារណាឃើញតាមពិត នូវភាពនៃរូប ដែលមិនទៀងផង។ ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុធ្វើទុកក្នុងចិត្ត នូវរូបដោយឧបាយប្រាជ្ញាផង ពិចារណាឃើញតាមពិត នូវភាព នៃរូបមិនទៀងផង ក៏រមែងនឿយណាយក្នុងរូប ការអស់នៃរាគៈ ព្រោះអស់នៃសេចក្តីរីករាយ ការអស់នៃសេចក្តីរីករាយ ព្រោះអស់នៃរាគៈ ចិត្តដែលលោកហៅថា រួចស្រឡះ ព្រោះអស់នៃសេចក្តីរីករាយ និងរាគៈ។ ម្នាលភិក្ខុទាំងឡាយ ចូរអ្នកទាំងឡាយ ធ្វើទុកក្នុងចិត្ត នូវសំឡេង ក្លិន រស ផោដ្ឋព្វៈ និងធម្មារម្មណ៍ទាំងឡាយ ដោយឧបាយប្រាជ្ញាផង ចូរពិចារណាឃើញតាមពិត នូវភាពនៃធម្មារម្មណ៍ ដែលមិនទៀងផង ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុធ្វើទុកក្នុងចិត្ត នូវធម្មារម្មណ៍ ដោយឧបាយប្រាជ្ញាផង ពិចារណាឃើញតាមពិត នូវភាពនៃធម្មារម្មណ៍មិនទៀងផង ក៏រមែងនឿយណាយ នឹងធម្មារម្មណ៍ ការអស់នៃរាគៈ ព្រោះអស់នៃសេចក្តីរីករាយ ការអស់នៃសេចក្តីរីករាយ ព្រោះអស់នៃរាគៈ ចិត្តដែលលោកហៅថា រួចស្រឡះ ព្រោះអស់នៃសេចក្តីរីករាយ និងរាគៈ។

ចប់សូត្រ ទី៤។

(ជីវកម្ពវនសមាធិ)សូត្រ ទី៥

(៥. ជីវកម្ពវនសមាធិសុត្តំ)

[២៤៧] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងជីវកម្ពវ័ន ទៀបក្រុងរាជគ្រឹះ។ ក្នុងទីនោះឯង ព្រះមានព្រះភាគ ត្រាស់ហៅភិក្ខុទាំងឡាយ។បេ។ ម្នាលភិក្ខុទាំងឡាយ ចូរអ្នកទាំងឡាយ ចម្រើនសមាធិចុះ។ ម្នាលភិក្ខុទាំងឡាយ យថាភូតញ្ញាណ របស់ភិក្ខុ ដែលមានចិត្តតំកល់មាំហើយ រមែងចុះស៊ប់។ យថាភូតញ្ញាណចុះស៊ប់ តើដូចម្តេច។ យថាភូតញ្ញាណចុះស៊ប់ថា ចក្ខុមិនទៀង យថាភូតញ្ញាណចុះស៊ប់ថា រូបមិនទៀង យថាភូតញ្ញាណចុះស៊ប់ថា ចក្ខុវិញ្ញាណ មិនទៀង យថាភូតញ្ញាណចុះស៊ប់ថា ចក្ខុសម្ផ័ស្សមិនទៀង វេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនទុក្ខមិនសុខក្តី ដែលកើតឡើង ព្រោះចក្ខុសម្ផ័ស្សជាបច្ច័យ យថាភូតញ្ញាណចុះស៊ប់ថា វេទនានោះ មិនទៀង។បេ។ យថាភូតញ្ញាណចុះស៊ប់ថា ធម្មារម្មណ៍ មិនទៀង។ប។ វេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនទុក្ខមិនសុខក្តី ដែលកើតឡើង ព្រោះមនោសម្ផ័ស្សជាបច្ច័យ យថាភូតញ្ញាណចុះស៊ប់ថា វេទនានោះ មិនទៀង។ ម្នាលភិក្ខុទាំងឡាយ ចូរអ្នកទាំងឡាយ ចម្រើនសមាធិចុះ។ ម្នាលភិក្ខុទាំងឡាយ យថាភូតញ្ញាណ របស់ភិក្ខុដែលមានចិត្តតំកល់មាំ រមែងចុះស៊ប់។

ចប់សូត្រ ទី៥។

(ជីវកម្ពវនបដិសល្លាន)សូត្រ ទី៦

(៦. ជីវកម្ពវនបដិសល្លានសុត្តំ)

[២៤៨] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងជីវកម្ពវ័ន ទៀបក្រុងរាជគ្រឹះ។ ក្នុងទីនោះឯង ព្រះមានព្រះភាគ ត្រាស់ហៅពួកភិក្ខុ។បេ។ ម្នាលភិក្ខុទាំងឡាយ ចូរអ្នកទាំងឡាយ ពួនសម្ងំ ប្រកបដោយសេចក្តីព្យាយាម។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលពួនសម្ងំ យថាភូតញ្ញាណ រមែងចុះស៊ប់។ ម្នាលភិក្ខុទាំងឡាយ យថាភូតញ្ញាណចុះស៊ប់ តើដូចម្តេច។ យថាភូតញ្ញាណចុះស៊ប់ថា ចក្ខុមិនទៀង យថាភូតញ្ញាណ ចុះស៊ប់ថា រូបមិនទៀង យថាភូតញ្ញាណ ចុះស៊ប់ថា ចក្ខុវិញ្ញាណមិនទៀង យថាភូតញ្ញាណចុះស៊ប់ថា ចក្ខុសម្ផ័ស្សមិនទៀង វេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនទុក្ខមិនសុខក្តី ដែលកើតឡើង ព្រោះចក្ខុសម្ផ័ស្សជាបច្ច័យ យថាភូតញ្ញាណចុះស៊ប់ថា វេទនានោះ មិនទៀង។បេ។ យថាភូតញ្ញាណចុះស៊ប់ថា ចិត្តមិនទៀង ធម្មារម្មណ៍ មនោវិញ្ញាណ មនោសម្ផ័ស្ស វេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនទុក្ខមិនសុខក្តី ដែលកើតឡើង ព្រោះមនោសម្ផ័ស្សជាបច្ច័យ យថាភូតញ្ញាណ ក៏ចុះស៊ប់ថា វេទនានោះ មិនទៀង។ ម្នាលភិក្ខុទាំងឡាយ ចូរអ្នកទាំងឡាយ ពួនសម្ងំ ប្រកបដោយសេចក្តីព្យាយាមចុះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលពួនសម្ងំ យថាភូតញ្ញាណ រមែងចុះស៊ប់។

ចប់សូត្រ ទី៦។

(កោដ្ឋិកអនិច្ច)សូត្រ ទី៧

(៧. កោដ្ឋិកអនិច្ចសុត្តំ)

[២៤៩] គ្រានោះឯង ព្រះមហាកោដ្ឋិកៈមានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ។បេ។ លុះព្រះមហាកោដ្ឋិកៈមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ទើបក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន សូមទ្រង់ព្រះមេត្តាប្រោស សូមព្រះមានព្រះភាគ សម្តែងធម៌ ដោយសង្ខេប ដល់ខ្ញុំព្រះអង្គ ខ្ញុំព្រះអង្គ បានស្តាប់ធម៌ព្រះមានព្រះភាគហើយ នឹងជាបុគ្គលម្នាក់ឯង ចៀសចេញអំពីពួក ជាអ្នកមិនប្រមាទ ព្យាយាមដុតកំដៅកិលេស បញ្ជូនចិត្តទៅរកព្រះនិព្វាន។ ម្នាលកោដ្ឋិកៈ របស់ណា មិនទៀង ត្រូវអ្នកលះបង់សេចក្តីប៉ុនប៉ង ក្នុងរបស់នោះចេញ។ ម្នាលកោដ្ឋិកៈ របស់អ្វី ដែលមិនទៀង។ ម្នាលកោដ្ឋិកៈ ចក្ខុមិនទៀង ត្រូវអ្នកលះបង់ សេចក្តីប៉ុនប៉ង ក្នុងចក្ខុនោះចេញ។ រូបមិនទៀង ត្រូវអ្នកលះបង់ សេចក្តីប៉ុនប៉ង ក្នុងរូបនោះចេញ។ ចក្ខុវិញ្ញាណមិនទៀង ត្រូវអ្នកលះបង់ សេចក្តីប៉ុនប៉ង ក្នុងចក្ខុវិញ្ញាណនោះចេញ។ ចក្ខុសម្ផ័ស្ស មិនទៀង ត្រូវអ្នកលះបង់សេចក្តីប៉ុនប៉ង ក្នុងចក្ខុសម្ផ័ស្សនោះចេញ។ វេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនទុក្ខមិនសុខក្តី ដែលកើតឡើង ព្រោះចក្ខុសម្ផ័ស្សជាបច្ច័យ វេទនានោះ ក៏មិនទៀង ត្រូវអ្នកលះបង់សេចក្តីប៉ុនប៉ង ក្នុងវេទនានោះចេញ។បេ។ ជិវ្ហាមិនទៀង ត្រូវអ្នកលះបង់សេចក្តីប៉ុនប៉ង ក្នុងជិវ្ហានោះចេញ។ រសមិនទៀង ត្រូវអ្នកលះបង់សេចក្តីប៉ុនប៉ង ក្នុងរសនោះចេញ។ ជិវ្ហាវិញ្ញាណ មិនទៀង ត្រូវអ្នកលះបង់សេចក្តីប៉ុនប៉ង ក្នុងជិវ្ហាវិញ្ញាណនោះចេញ។ ជិវ្ហាសម្ផ័ស្ស មិនទៀង ត្រូវអ្នកលះបង់សេចក្តីប៉ុនប៉ង ក្នុងជិវ្ហាសម្ផ័ស្សនោះចេញ។ វេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនទុក្ខមិនសុខក្តី ដែលកើតឡើង ព្រោះជិវ្ហាសម្ផ័ស្សជាបច្ច័យ វេទនានោះ មិនទៀងទេ ត្រូវអ្នកលះបង់សេចក្តីប៉ុនប៉ង ក្នុងវេទនានោះចេញ។បេ។ ចិត្តមិនទៀង ត្រូវអ្នកលះបង់សេចក្តីប៉ុនប៉ង ក្នុងចិត្តនោះចេញ។ ធម្មារម្មណ៍មិនទៀង ត្រូវអ្នកលះបង់សេចក្តីប៉ុនប៉ង ក្នុងធម្មារម្មណ៍នោះចេញ។ មនោវិញ្ញាណមិនទៀង ត្រូវអ្នកលះបង់សេចក្តីប៉ុនប៉ង ក្នុងមនោវិញ្ញាណនោះចេញ។ មនោសម្ផ័ស្សមិនទៀង ត្រូវអ្នកលះបង់សេចក្តីប៉ុនប៉ង ក្នុងមនោសម្ផ័ស្សនោះចេញ។ វេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនទុក្ខមិនសុខក្តី ដែលកើតឡើង ព្រោះមនោសម្ផ័ស្ស ជាបច្ច័យ វេទនានោះ មិនទៀងទេ ត្រូវអ្នកលះបង់សេចក្តីប៉ុនប៉ង ក្នុងវេទនានោះចេញ។ ម្នាលកោដ្ឋិកៈ របស់ណា មិនទៀង ត្រូវអ្នកលះបង់សេចក្តីប៉ុនប៉ង ក្នុងរបស់នោះចេញ។

ចប់សូត្រ ទី៧។

(កោដ្ឋិកទុក្ខ)សូត្រ ទី៨

(៨. កោដ្ឋិកទុក្ខសុត្តំ)

[២៥០] គ្រានោះឯង។បេ។ ម្នាលកោដ្ឋិកៈ របស់ណាជាទុក្ខ ត្រូវអ្នកលះបង់សេចក្តី ប៉ុនប៉ង ក្នុងរបស់នោះចេញ។ ម្នាលកោដ្ឋិកៈ របស់អ្វីជាទុក្ខ។ ម្នាលកោដ្ឋិកៈ ចក្ខុជាទុក្ខ ត្រូវអ្នកលះបង់សេចក្តីប៉ុនប៉ង ក្នុងចក្ខុនោះចេញ។ រូបជាទុក្ខ ត្រូវអ្នកលះបង់ សេចក្តីប៉ុនប៉ង ក្នុងរូបនោះចេញ។ ចក្ខុវិញ្ញាណជាទុក្ខ ត្រូវអ្នកលះបង់សេចក្តីប៉ុនប៉ង ក្នុងចក្ខុវិញ្ញាណនោះចេញ។ ចក្ខុសម្ផ័ស្សជាទុក្ខ ត្រូវអ្នកលះបង់សេចក្តីប៉ុនប៉ង ក្នុងចក្ខុសម្ផ័ស្សនោះចេញ។ វេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនទុក្ខមិនសុខក្តី ដែលកើតឡើង ព្រោះចក្ខុសម្ផ័ស្សជាបច្ច័យ វេទនានោះ ក៏ជាទុក្ខ ត្រូវអ្នកលះបង់សេចក្តីប៉ុនប៉ង ក្នុងវេទនានោះចេញ។បេ។ ជិវ្ហាជាទុក្ខ ត្រូវអ្នកលះបង់សេចក្តីប៉ុនប៉ង ក្នុងជិវ្ហានោះចេញ។បេ។ មនោជាទុក្ខ ត្រូវអ្នកលះបង់សេចក្តីប៉ុនប៉ង ក្នុងមនោនោះចេញ។ ធម្មារម្មណ៍ជាទុក្ខ ត្រូវអ្នកលះបង់សេចក្តីប៉ុនប៉ង ក្នុងធម្មារម្មណ៍នោះចេញ។ មនោវិញ្ញាណ ជាទុក្ខ ត្រូវអ្នកលះបង់សេចក្តីប៉ុនប៉ង ក្នុងមនោវិញ្ញាណនោះចេញ។ មនោសម្ផ័ស្សជាទុក្ខ ត្រូវអ្នកលះបង់សេចក្តីប៉ុនប៉ង ក្នុងមនោសម្ផ័ស្សនោះចេញ។ វេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនទុក្ខមិនសុខក្តី ដែលកើតឡើង ព្រោះមនោសម្ផ័ស្សជាបច្ច័យ វេទនានោះ ក៏ជាទុក្ខ ត្រូវអ្នកលះបង់សេចក្តីប៉ុនប៉ង ក្នុងវេទនានោះចេញ។ ម្នាលកោដ្ឋិកៈ របស់ណាជាទុក្ខ ត្រូវអ្នកលះបង់ សេចក្តីប៉ុនប៉ង ក្នុងរបស់នោះចេញ។

ចប់សូត្រ ទី៨។

(កោដ្ឋិកអនត្ត)សូត្រ ទី៩

(៩. កោដ្ឋិកអនត្តសុត្តំ)

[២៥១] ក្នុងទីដ៏សមគួរ។បេ។ ម្នាលកោដ្ឋិកៈ សភាវៈណា ជាអនត្តា ត្រូវអ្នកលះបង់សេចក្តីប៉ុនប៉ង ក្នុងសភាវៈនោះចេញ។ ម្នាលកោដ្ឋិកៈ ចុះសភាវៈដូចម្តេច ជាអនត្តា។ ម្នាលកោដ្ឋិកៈ ចក្ខុជាអនត្តា ត្រូវអ្នកលះបង់សេចក្តីប៉ុនប៉ង ក្នុងចក្ខុនោះចេញ។ រូបជាអនត្តា ត្រូវអ្នកលះបង់សេចក្តីប៉ុនប៉ង ក្នុងរូបនោះចេញ។ ចក្ខុវិញ្ញាណ ជាអនត្តា ត្រូវអ្នកលះបង់សេចក្តីប៉ុនប៉ង ក្នុងចក្ខុវិញ្ញាណនោះចេញ។ ចក្ខុសម្ផ័ស្ស ជាអនត្តា ត្រូវអ្នកលះបង់សេចក្តីប៉ុនប៉ង ក្នុងចក្ខុសម្ផ័ស្សនោះចេញ។ វេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនជាទុក្ខមិនជាសុខក្តី ដែលកើតឡើង ព្រោះចក្ខុសម្ផ័ស្សជាបច្ច័យ វេទនានោះ ក៏ជាអនត្តា ត្រូវអ្នកលះបង់សេចក្តីប៉ុនប៉ង ក្នុងវេទនានោះចេញ។បេ។ ជិវ្ហាជាអនត្តា ត្រូវអ្នកលះបង់សេចក្តីប៉ុនប៉ង ក្នុងជិវ្ហានោះចេញ។បេ។ មនោ ជាអនត្តា ត្រូវអ្នកលះបង់សេចក្តីប៉ុនប៉ង ក្នុងមនោនោះចេញ។ ធម្មារម្មណ៍ ជាអនត្តា ត្រូវអ្នកលះបង់សេក្តីប៉ុនប៉ង ក្នុងធម្មារម្មណ៍នោះចេញ។ មនោវិញ្ញាណ មនោសម្ផ័ស្ស វេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនទុក្ខមិនសុខក្តី ដែលកើតឡើង ព្រោះមនោសម្ផ័ស្សជាបច្ច័យ វេទនានោះ ក៏ជាអនត្តា ត្រូវអ្នកលះបង់សេចក្តីប៉ុនប៉ង ក្នុងវេទនានោះចេញ។ ម្នាលកោដ្ឋិកៈ សភាវៈណា ជាអនត្តា ត្រូវអ្នកលះបង់សេចក្តីប៉ុនប៉ង ក្នុងសភាវៈនោះចេញ។

ចប់សូត្រ ទី៩។

(មិច្ឆាទិដ្ឋិបហាន)សូត្រ ទី១០

(១០. មិច្ឆាទិដ្ឋិបហានសុត្តំ)

[២៥២] គ្រានោះឯង ភិក្ខុមួយរូប ចូលទៅគាល់ព្រះមានព្រះភាគ។បេ។ លុះភិក្ខុនោះ អង្គុយក្នុងទីដ៏សមគួរហើយ ទើបក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន កាលបុគ្គលដឹងដូចម្តេច ឃើញដូចម្តេច ទើបលះបង់មិច្ឆាទិដ្ឋិបាន។ ម្នាលភិក្ខុ កាលបុគ្គលដឹង ឃើញចក្ខុ ថាមិនទៀង ទើបលះបង់មិច្ឆាទិដ្ឋិបាន។ កាលបុគ្គលដឹង ឃើញរូប ថាមិនទៀង ទើបលះបង់ មិច្ឆាទិដ្ឋិបាន។ កាលបុគ្គលដឹង ឃើញចក្ខុវិញ្ញាណ ថាមិនទៀង ទើបលះបង់មិច្ឆាទិដ្ឋិបាន។បេ។ កាលបុគ្គលដឹង ឃើញចក្ខុសម្ផ័ស្ស ថាមិនទៀង ទើបលះបង់មិច្ឆាទិដ្ឋិបាន។បេ។ វេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនទុក្ខមិនសុខក្តី ដែលកើតឡើង ព្រោះមនោសម្ផ័ស្សជាបច្ច័យ កាលបុគ្គលដឹង ឃើញវេទនានោះ ថាមិនទៀង ទើបលះបង់មិច្ឆាទិដ្ឋិបាន។ ម្នាលភិក្ខុ កាលបុគ្គលដឹងយ៉ាងនេះ ឃើញយ៉ាងនេះឯង ទើបលះបង់មិច្ឆាទិដ្ឋិបាន។

ចប់សូត្រ ទី១០។

(សក្កាយទិដ្ឋិបហាន)សូត្រ ទី១១

(១១. សក្កាយទិដ្ឋិបហានសុត្តំ)

[២៥៣] គ្រានោះឯង ភិក្ខុមួយរូប។បេ។ ក្រាបបង្គំទូលដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន កាលបុគ្គលដឹងដូចម្តេច ឃើញដូចម្តេច ទើបលះបង់សក្កាយទិដ្ឋិបាន។ ម្នាលភិក្ខុ កាលបុគ្គលដឹង ឃើញចក្ខុ ថាជាទុក្ខ ទើបលះបង់សក្កាយទិដ្ឋិបាន កាលបុគ្គលដឹង ឃើញរូប ថាជាទុក្ខ ទើបលះបង់សក្កាយទិដ្ឋិបាន។ កាលបុគ្គលដឹង ឃើញចក្ខុវិញ្ញាណ ថាជាទុក្ខ ទើបលះបង់សក្កាយទិដ្ឋិបាន។ កាលបុគ្គលដឹង ឃើញចក្ខុសម្ផ័ស្ស ថាជាទុក្ខ ទើបលះបង់សក្កាយទិដ្ឋិបាន។បេ។ វេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនទុក្ខមិនសុខក្តី ដែលកើតឡើង ព្រោះមនោសម្ផ័ស្សជាបច្ច័យ កាលបុគ្គលដឹង ឃើញវេទនានោះ ថាជាទុក្ខ ទើបលះបង់សក្កាយទិដ្ឋិបាន។ ម្នាលភិក្ខុ កាលបុគ្គលដឹងយ៉ាងនេះ ឃើញយ៉ាងនេះ ទើបលះបង់សក្កាយទិដ្ឋិបាន។

ចប់សូត្រ ទី១១។

(អត្តានុទិដ្ឋិបហាន)សូត្រ ទី១២

(១២. អត្តានុទិដ្ឋិបហានសុត្តំ)

[២៥៤] គ្រានោះឯង ភិក្ខុមួយរូប។បេ។ ក្រាបបង្គំទូលសួរ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន កាលបុគ្គលដឹងដូចម្តេច ឃើញដូចម្តេច ទើបលះបង់អត្តានុទិដ្ឋិបាន។ ម្នាលភិក្ខុ កាលបុគ្គលដឹង ឃើញចក្ខុ ថាជាអនត្តា ទើបលះបង់អត្តានុទិដ្ឋិបាន។ កាលបុគ្គលដឹង ឃើញរូប ថាជាអនត្តា ទើបលះបង់អត្តានុទិដ្ឋិបាន។ កាលបុគ្គលដឹង ឃើញចក្ខុវិញ្ញាណ ថាជាអនត្តា ទើបលះបង់អត្តានុទិដ្ឋិបាន។ កាលបុគ្គលដឹង ឃើញចក្ខុសម្ផ័ស្ស ថាជាអនត្តា ទើបលះបង់អត្តានុទិដ្ឋិបាន។ វេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនទុក្ខមិនសុខក្តី ដែលកើតឡើង ព្រោះចក្ខុសម្ផ័ស្សជាបច្ច័យ កាលបុគ្គលដឹង ឃើញវេទនានោះ ថាជាអនត្តា ទើបលះបង់អត្តានុទិដ្ឋិបាន។បេ។ កាលបុគ្គលដឹង ឃើញជិវ្ហា ថាជាអនត្តា ទើបលះបង់អត្តានុទិដ្ឋិបាន។បេ។ កាលបុគ្គលដឹង ឃើញចិត្ត ថាជាអនត្តា ទើបលះបង់អត្តានុទិដ្ឋិបាន។ ធម្មារម្មណ៍ មនោវិញ្ញាណ មនោសម្ផ័ស្ស វេទនាណា ជាសុខ ក្តី ជាទុក្ខក្តី មិនទុក្ខមិនសុខក្តី ដែលកើតឡើង ព្រោះមនោសម្ផ័ស្សជាបច្ច័យ កាលបុគ្គលដឹង ឃើញវេទនានោះ ថាជាអនត្តា ទើបលះបង់អត្តានុទិដ្ឋិបាន។

ចប់សូត្រ ទី១២។

ចប់ នន្ទិក្ខយវគ្គ ទី១។

ឧទ្ទាននៃនន្ទិក្ខយវគ្គនោះ គឺ

ទ្រង់សម្តែងនន្ទិក្ខយៈ ៤ លើក ក្នុងជីវកម្ពវ័ន ២ លើក កោដ្ឋិកត្ថេរ ៣ លើក មិច្ឆាទិដ្ឋិ ១ សក្កាយទិដ្ឋិ ១ អត្តានុទិដ្ឋិ ១។

សដ្ឋីបេយ្យាលវគ្គ ទី២(១៧)

(១៧. សដ្ឋិបេយ្យាលវគ្គោ)

(អជ្ឈត្តអនិច្ចឆន្ទ)សូត្រ ទី១

(១. អជ្ឈត្តអនិច្ចឆន្ទសុត្តំ)

[២៥៥] ម្នាលភិក្ខុទាំងឡាយ របស់ណាមិនទៀង ត្រូវអ្នកទាំងឡាយលះបង់ សេចក្តីប៉ុនប៉ង ក្នុងរបស់នោះចេញ។ ម្នាលភិក្ខុទាំងឡាយ របស់អ្វីមិនទៀង។ ម្នាលភិក្ខុទាំងឡាយ ចក្ខុមិនទៀង ត្រូវអ្នកទាំងឡាយ លះបង់សេចក្តីប៉ុនប៉ង ក្នុងចក្ខុនោះចេញ។បេ។ ជិវ្ហាមិនទៀង ត្រូវអ្នកទាំងឡាយ លះបង់សេចក្តីប៉ុនប៉ង ក្នុងជិវ្ហានោះចេញ។បេ។ មនោមិនទៀង ត្រូវអ្នកទាំងឡាយ លះបង់សេចក្តីប៉ុនប៉ង ក្នុងមនោនោះចេញ។ ម្នាលភិក្ខុទាំងឡាយ របស់ណាមិនទៀង ត្រូវអ្នកទាំងឡាយ លះបង់សេចក្តីប៉ុនប៉ង ក្នុងរបស់នោះចេញ។

(អជ្ឈត្តអនិច្ចរាគ)សូត្រ ទី២

(២. អជ្ឈត្តអនិច្ចរាគសុត្តំ)

ម្នាលភិក្ខុទាំងឡាយ របស់ណាមិនទៀង ត្រូវអ្នកទាំងឡាយ លះបង់តម្រេក ក្នុងរបស់នោះចេញ។ ម្នាលភិក្ខុទាំងឡាយ របស់អ្វី ដែលមិនទៀង។ ម្នាលភិក្ខុទាំងឡាយ ចក្ខុមិនទៀង ត្រូវអ្នកទាំងឡាយ លះបង់តម្រេក ក្នុងចក្ខុនោះចេញ។បេ។ ជិវ្ហាមិនទៀង ត្រូវអ្នកទាំងឡាយ លះបង់តម្រេក ក្នុងជិវ្ហានោះចេញ។បេ។ មនោមិនទៀង ត្រូវអ្នកទាំងឡាយ លះបង់តម្រេក ក្នុងមនោនោះចេញ។

(អជ្ឈត្តអនិច្ចឆន្ទរាគ)សូត្រ ទី៣

(៣. អជ្ឈត្តអនិច្ចឆន្ទរាគសុត្តំ)

ម្នាលភិក្ខុទាំងឡាយ របស់ណា មិនទៀង ត្រូវអ្នកទាំងឡាយ លះបង់តម្រេក ក្នុងរបស់នោះចេញ។ ម្នាលភិក្ខុទាំងឡាយ របស់ណាមិនទៀង ត្រូវអ្នកទាំងឡាយ លះបង់ឆន្ទរាគ ក្នុងរបស់នោះចេញ។ ម្នាលភិក្ខុទាំងឡាយ របស់ដែលមិនទៀង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ចក្ខុមិនទៀង ត្រូវអ្នកទាំងឡាយ លះបង់ឆន្ទរាគ ក្នុងចក្ខុនោះចេញ។បេ។ ជិវ្ហាមិនទៀង ត្រូវអ្នកទាំងឡាយលះបង់ឆន្ទរាគក្នុងជិវ្ហានោះចេញ។បេ។ មនោមិនទៀង ត្រូវអ្នកទាំងឡាយ លះបង់ឆន្ទរាគ ក្នុងមនោនោះចេញ។ ម្នាលភិក្ខុទាំងឡាយ របស់ណា មិនទៀង ត្រូវអ្នកទាំងឡាយ លះបង់ឆន្ទរាគ ក្នុងរបស់នោះចេញ។

(ទុក្ខឆន្ទាទិ)សូត្រ ទី៤-៦

(៤-៦. ទុក្ខឆន្ទាទិសុត្តំ)

[២៥៦] ម្នាលភិក្ខុទាំងឡាយ របស់ណាជាទុក្ខ ត្រូវអ្នកទាំងឡាយ លះបង់សេចក្តីប៉ុនប៉ង ក្នុងរបស់នោះចេញ។ ត្រូវលះបង់រាគៈ។ ត្រូវលះបង់ឆន្ទរាគ។ ម្នាលភិក្ខុទាំងឡាយ អ្វីជាទុក្ខ។ ម្នាលភិក្ខុទាំងឡាយ ចក្ខុជាទុក្ខ ត្រូវអ្នកទាំងឡាយ លះបង់សេចក្តីប៉ុនប៉ង ក្នុងចក្ខុនោះចេញ។ ត្រូវលះបង់រាគៈ។ ត្រូវលះបង់ឆន្ទរាគ។បេ។ ជិវ្ហាជាទុក្ខ។បេ។ មនោជាទុក្ខ ត្រូវអ្នកទាំងឡាយ លះបង់សេចក្តីប៉ុនប៉ង ក្នុងមនោនោះចេញ។ ត្រូវលះបង់រាគៈ។ ត្រូវលះបង់ឆន្ទរាគ។ ម្នាលភិក្ខុទាំងឡាយ របស់ណាជាទុក្ខ ត្រូវអ្នកទាំងឡាយ លះបង់សេចក្តីប៉ុនប៉ង ក្នុងរបស់នោះចេញ។ ត្រូវលះបង់រាគៈ។ ត្រូវលះបង់ឆន្ទរាគ។

(អនត្តឆន្ទាទិ)សូត្រ ទី៧-៩

(៧-៩. អនត្តឆន្ទាទិសុត្តំ)

[២៥៧] ម្នាលភិក្ខុទាំងឡាយ សភាវៈណា ជាអនត្តា ត្រូវអ្នកទាំងឡាយ លះបង់សេចក្តីប៉ុនប៉ង ក្នុងសភាវៈនោះចេញ។ ត្រូវលះបង់រាគៈ។ ត្រូវលះបង់ឆន្ទរាគ។ ម្នាលភិក្ខុទាំងឡាយ សភាវៈដូចម្តេច ជាអនត្តា។ ម្នាលភិក្ខុទាំងឡាយ ចក្ខុជាអនត្តា ត្រូវអ្នកទាំងឡាយ លះបង់សេចក្តីប៉ុនប៉ង ក្នុងចក្ខុនោះចេញ ។ ត្រូវលះបង់រាគៈ។ ត្រូវលះបង់ឆន្ទរាគ។បេ។ ឃានៈ ជាអនត្តា ត្រូវអ្នកទាំងឡាយ លះបង់សេចក្តីប៉ុនប៉ង ក្នុងឃានៈនោះចេញ។ ត្រូវលះបង់រាគៈ។ ត្រូវលះបង់ឆន្ទរាគ។ ជិវ្ហា ជាអនត្តា ត្រូវអ្នកទាំងឡាយ លះបង់សេចក្តីប៉ុនប៉ង ក្នុងជិវ្ហានោះចេញ។ ត្រូវលះបង់រាគៈ។ ត្រូវលះបង់ឆន្ទរាគ។បេ។ មនោ ជាអនត្តា ត្រូវអ្នកទាំងឡាយ លះបង់សេចក្តីប៉ុនប៉ង ក្នុងមនោនោះចេញ។ ត្រូវលះបង់រាគៈ។ ត្រូវលះបង់ឆន្ទរាគ។ ម្នាលភិក្ខុទាំងឡាយ សភាវៈណា ជាអនត្តា ត្រូវអ្នកទាំងឡាយ លះបង់សេចក្តីប៉ុនប៉ង ក្នុងសភាវៈនោះចេញ។ ត្រូវលះបង់រាគៈ។ ត្រូវលះបង់ឆន្ទរាគ។

(ពាហិរានិច្ចឆន្ទាទិ)សូត្រ ទី១០-១២

(១០-១២. ពាហិរានិច្ចឆន្ទាទិសុត្តំ)

[២៥៨] ម្នាលភិក្ខុទាំងឡាយ របស់ណាមិនទៀង ត្រូវអ្នកទាំងឡាយ លះបង់សេចក្តីប៉ុនប៉ង ក្នុងរបស់នោះចេញ។ ត្រូវលះបង់រាគៈ។ ត្រូវលះបង់ឆន្ទរាគ។ របស់ដែលមិនទៀង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ រូបមិនទៀង ត្រូវអ្នកទាំងឡាយ លះបង់សេចក្តីប៉ុនប៉ង ក្នុងរូបនោះចេញ។ ត្រូវលះបង់រាគៈ។ ត្រូវលះបង់ឆន្ទរាគ។ សម្លេងមិនទៀង ត្រូវអ្នកទាំងឡាយ លះបង់សេចក្តីប៉ុនប៉ង ក្នុងសម្លេងនោះចេញ។ ត្រូវលះបង់រាគៈ។ ត្រូវលះបង់ឆន្ទរាគ។ ក្លិនមិនទៀង ត្រូវអ្នកទាំងឡាយ លះបង់សេចក្តីប៉ុនប៉ង ក្នុងក្លិននោះចេញ។ ត្រូវលះបង់រាគៈ។ ត្រូវលះបង់ឆន្ទរាគ។ រសមិនទៀង ត្រូវអ្នកទាំងឡាយ លះបង់សេចក្តីប៉ុនប៉ង ក្នុងរសនោះចេញ។ ត្រូវលះបង់រាគៈ។ ត្រូវលះបង់ឆន្ទរាគ។ ផោដ្ឋព្វៈមិនទៀង ត្រូវអ្នកទាំងឡាយ លះបង់សេចក្តីប៉ុនប៉ង ក្នុងផោដ្ឋព្វៈនោះចេញ។ ត្រូវលះបង់រាគៈ។ ត្រូវលះបង់ឆន្ទរាគ។ ធម្មារម្មណ៍មិនទៀង ត្រូវអ្នកទាំងឡាយ លះបង់សេចក្តីប៉ុនប៉ង ក្នុងធម្មារម្មណ៍នោះចេញ។ ត្រូវលះបង់រាគៈ។ ត្រូវលះបង់ឆន្ទរាគ។ ម្នាលភិក្ខុទាំងឡាយ របស់ណា មិនទៀង ត្រូវអ្នកទាំងឡាយ លះបង់សេចក្តីប៉ុនប៉ង ក្នុងរបស់នោះចេញ។ ត្រូវលះបង់រាគៈ។ ត្រូវលះបង់ឆន្ទរាគ។

(ពាហិរទុក្ខឆន្ទាទិ)សូត្រ ទី១៣-១៥

(១៣-១៥. ពាហិរទុក្ខឆន្ទាទិសុត្តំ)

[២៥៩] ម្នាលភិក្ខុទាំងឡាយ របស់ណាជាទុក្ខ ត្រូវអ្នកទាំងឡាយ លះបង់សេចក្តីប៉ុនប៉ង ក្នុងរបស់នោះចេញ។ ត្រូវលះបង់រាគៈ។ ត្រូវលះបង់ឆន្ទរាគ។ ម្នាលភិក្ខុទាំងឡាយ របស់ដូចម្តេច ដែលជាទុក្ខ។ ម្នាលភិក្ខុទាំងឡាយ រូបជាទុក្ខ ត្រូវអ្នកទាំងឡាយ លះបង់សេចក្តីប៉ុនប៉ង ក្នុងរូបនោះចេញ។ ត្រូវលះបង់រាគៈ។ ត្រូវលះបង់ឆន្ទរាគ។ សំឡេង ក្លិន រស ផោដ្ឋព្វៈ និងធម្មារម្មណ៍ ជាទុក្ខ ត្រូវអ្នកទាំងឡាយ លះបង់សេចក្តីប៉ុនប៉ង ក្នុងធម្មារម្មណ៍នោះចេញ។ ត្រូវលះបង់រាគៈ។ ត្រូវលះបង់ឆន្ទរាគ។ ម្នាលភិក្ខុទាំងឡាយ របស់ណាជាទុក្ខ ត្រូវអ្នកទាំងឡាយ លះបង់សេចក្តីប៉ុនប៉ង ក្នុងរបស់នោះចេញ។ ត្រូវលះបង់រាគៈ។ ត្រូវលះបង់ឆន្ទរាគ។

(ពាហិរានត្តឆន្ទាទិ)សូត្រ ទី១៦-១៨

(១៦-១៨. ពាហិរានត្តឆន្ទាទិសុត្តំ)

[២៦០] ម្នាលភិក្ខុទាំងឡាយ សភាវៈណា ជាអនត្តា ត្រូវអ្នកទាំងឡាយ លះបង់សេចក្តីប៉ុនប៉ង ក្នុងសភាវៈនោះចេញ។ ត្រូវលះបង់រាគៈ។ ត្រូវលះបង់ឆន្ទរាគ។ ម្នាលភិក្ខុទាំងឡាយ សភាវៈជាអនត្តា តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ រូបជាអនត្តា ត្រូវអ្នកទាំងឡាយ លះបង់សេចក្តីប៉ុនប៉ង ក្នុងរូបនោះចេញ។ ត្រូវលះបង់រាគៈ។ ត្រូវលះបង់ឆន្ទរាគ។ សំឡេង ក្លិន រស ផោដ្ឋព្វៈ និងធម្មារម្មណ៍ ជាអនត្តា ត្រូវអ្នកទាំងឡាយ លះបង់សេចក្តីប៉ុនប៉ង ក្នុងធម្មារម្មណ៍នោះចេញ។ ត្រូវលះបង់រាគៈ។ ត្រូវលះបង់ឆន្ទរាគ។ ម្នាលភិក្ខុទាំងឡាយ សភាវៈណា ជាអនត្តា ត្រូវអ្នកទាំងឡាយ លះបង់សេចក្តីប៉ុនប៉ង ក្នុងសភាវៈនោះចេញ។ ត្រូវលះបង់រាគៈ។ ត្រូវលះបង់ឆន្ទរាគ។

(អជ្ឈត្តាតីតានិច្ច)សូត្រ ទី១៩

(១៩. អជ្ឈត្តាតីតានិច្ចសុត្តំ)

[២៦១] ម្នាលភិក្ខុទាំងឡាយ ចក្ខុជាអតីតមិនទៀង។បេ។ ជិវ្ហាជាអតីត មិនទៀង។បេ។ មនោជាអតីត មិនទៀង។ ម្នាលភិក្ខុទាំងឡាយ កាលបើអរិយសាវ័ក អ្នកចេះដឹង ឃើញយ៉ាងនេះ រមែងនឿយណានឹងចក្ខុផង។បេ។ នឿយណាយនឹងជិវ្ហាផង។បេ។ នឿយណាយនឹងចិត្តផង កាលបើនឿយណាយ រមែងប្រាសចាកតម្រេក ព្រោះតែប្រាសចាកតម្រេក ទើបចិត្តរួចស្រឡះ។ កាលបើចិត្តរួចស្រឡះហើយ ញាណក៏កើតឡើងថា ចិត្តរួចស្រឡះហើយ។ ដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចរិយៈ អាត្មាអញ នៅរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើរួចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បី សោឡសកិច្ចនេះទៀត មិនមានឡើយ។

(អជ្ឈត្តានាគតានិច្ច)សូត្រ ទី២០

(២០. អជ្ឈត្តានាគតានិច្ចសុត្តំ)

[២៦២] ម្នាលភិក្ខុទាំងឡាយ ចក្ខុជាអនាគតមិនទៀង។បេ។ ជិវ្ហាជាអនាគត មិនទៀង។បេ។ មនោជាអនាគត មិនទៀង។ កាលបើឃើញយ៉ាងនេះ។បេ។ ដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។

(អជ្ឈត្តបច្ចុប្បន្នានិច្ច)សូត្រ ទី២១

(២១. អជ្ឈត្តបច្ចុប្បន្នានិច្ចសុត្តំ)

[២៦៣] ម្នាលភិក្ខុទាំងឡាយ ចក្ខុជាបច្ចុប្បន្នមិនទៀង។បេ។ ជិវ្ហាជាបច្ចុប្បន្ន មិនទៀង។បេ។ មនោជាបច្ចុប្បន្ន មិនទៀង។ កាលបើឃើញយ៉ាងនេះ។បេ។ ដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។

(អជ្ឈត្តាតីតាទិទុក្ខ)សូត្រ ទី២២-២៤

(២២-២៤. អជ្ឈត្តាតីតាទិទុក្ខសុត្តំ)

[២៦៤] ម្នាលភិក្ខុទាំងឡាយ ចក្ខុជាអតីត អនាគត និងបច្ចុប្បន្ន ជាទុក្ខ។បេ។ ជិវ្ហាជាអតីត អនាគត និងបច្ចុប្បន្ន ជាទុក្ខ។បេ។ មនោជាអតីត អនាគត និងបច្ចុប្បន្ន ជាទុក្ខ។ ម្នាលភិក្ខុទាំងឡាយ កាលបើឃើញយ៉ាងនេះ។បេ។ ដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។

(អជ្ឈត្តាតីតាទិអនត្ត)សូត្រ ទី២៥-២៧

(២៥-២៧. អជ្ឈត្តាតីតាទិអនត្តសុត្តំ)

[២៦៥] ម្នាលភិក្ខុទាំងឡាយ ចក្ខុជាអតីត អនាគត និងបច្ចុប្បន្ន ជាអនត្តា។បេ។ ជិវ្ហាជាអនត្តា។បេ។ មនោជាអតីត អនាគត និងបច្ចុប្បន្ន ជាអនត្តា។ ម្នាលភិក្ខុទាំងឡាយ កាលបើឃើញយ៉ាងនេះ។បេ។ ដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។

(ពាហិរាតីតាទិអនិច្ច)សូត្រ ទី២៨-៣០

(២៨-៣០. ពាហិរាតីតាទិអនិច្ចសុត្តំ)

[២៦៦] ម្នាលភិក្ខុទាំងឡាយ រូបជាអតីត អនាគត និងបច្ចុប្បន្ន មិនទៀង។ សំឡេង ក្លិន រស ផោដ្ឋព្វៈ និងធម្មារម្មណ៍ ជាអតីត អនាគត និងបច្ចុប្បន្ន មិនទៀង។ ម្នាលភិក្ខុទាំងឡាយ កាលបើឃើញយ៉ាងនេះ។បេ។ ដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។

(ពាហិរាតីតាទិទុក្ខ)សូត្រ ទី៣១-៣៣

(៣១-៣៣. ពាហិរាតីតាទិទុក្ខសុត្តំ)

[២៦៧] ម្នាលភិក្ខុទាំងឡាយ រូបជាអតីត អនាគត និងបច្ចុប្បន្ន ជាទុក្ខ។ សំឡេង ក្លិន រស ផោដ្ឋព្វៈ និងធម្មារម្មណ៍ ជាអតីត អនាគត និងបច្ចុប្បន្ន ជាទុក្ខ។ កាលបើឃើញយ៉ាងនេះ។បេ។ ដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។

(ពាហិរាតីតាទិអនត្ត)សូត្រ ទី៣៤-៣៦

(៣៤-៣៦. ពាហិរាតីតាទិអនត្តសុត្តំ)

[២៦៨] ម្នាលភិក្ខុទាំងឡាយ រូបជាអតីត អនាគត និងបច្ចុប្បន្ន ជាអនត្តា។ សំឡេង ក្លិន រស ផោដ្ឋព្វៈ និងធម្មារម្មណ៍ ជាអតីត អនាគត និងបច្ចុប្បន្ន ជាអនត្តា។ កាលបើឃើញយ៉ាងនេះ។បេ។ ដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀតមិនមានឡើយ។

(អជ្ឈត្តាតីតយទនិច្ច)សូត្រ ទី៣៧

(៣៧. អជ្ឈត្តាតីតយទនិច្ចសុត្តំ)

[២៦៩] ម្នាលភិក្ខុទាំងឡាយ ចក្ខុជាអតីតមិនទៀង។ របស់ណាមិនទៀង របស់នោះជាទុក្ខ របស់ណាជាទុក្ខ របស់នោះជាអនត្តា របស់ណាជាអនត្តា របស់នោះ បណ្ឌិត ត្រូវឃើញដោយប្រាជ្ញា ដ៏ប្រពៃតាមពិត យ៉ាងនេះថា នុ៎ះមិនមែនរបស់អញទេ នុ៎ះមិនមែនជាអញទេ នុ៎ះមិនមែនជាខ្លួនអញទេ។បេ។ ជិវ្ហាជាអតីត មិនទៀង។ របស់ណាមិនទៀង របស់នោះជាទុក្ខ របស់ណាជាទុក្ខ របស់នោះជាអនត្តា របស់ណា ជាអនត្តា របស់នោះ បណ្ឌិតត្រូវឃើញដោយប្រាជ្ញា ដ៏ប្រពៃតាមពិត យ៉ាងនេះថា នុ៎ះមិនមែនរបស់អញទេ នុ៎ះមិនមែនជាអញទេ នុ៎ះមិនមែនជាខ្លួនអញទេ។បេ។ មនោជាអតីត មិនទៀង។ របស់ណាមិនទៀង របស់នោះជាទុក្ខ របស់ណាជាទុក្ខ របស់នោះ ជាអនត្តា របស់ណាជាអនត្តា របស់នោះ បណ្ឌិត ត្រូវឃើញដោយប្រាជ្ញា ដ៏ប្រពៃតាមពិត យ៉ាងនេះថា នុ៎ះមិនមែនរបស់អញទេ នុ៎ះមិនមែនជាអញទេ នុ៎ះមិនមែនជាខ្លួនអញទេ។ កាលបើឃើញយ៉ាងនេះ។បេ។ ដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។

(អជ្ឈត្តានាគតយទនិច្ច)សូត្រ ទី៣៨

(៣៨. អជ្ឈត្តានាគតយទនិច្ចសុត្តំ)

[២៧០] ម្នាលភិក្ខុទាំងឡាយ ចក្ខុជាអនាគត មិនទៀង។ របស់ណាមិនទៀង របស់នោះជាទុក្ខ របស់ណាជាទុក្ខ របស់នោះជាអនត្តា របស់ណាជាអនត្តា របស់នោះ បណ្ឌិតត្រូវឃើញ ដោយប្រាជ្ញា ដ៏ប្រពៃតាមពិត យ៉ាងនេះថា នុ៎ះមិនមែនរបស់អញទេ នុ៎ះមិនមែនជាអញទេ នុ៎ះមិនមែនជាខ្លួនអញទេ។បេ។ ជិវ្ហាជាអនាគត មិនទៀង របស់ណាមិនទៀង របស់នោះជាទុក្ខខ របស់ណាជាទុក្ខ របស់នោះជាអនត្តា របស់ណាជាអនត្តា របស់នោះ បណ្ឌិត ត្រូវឃើញដោយប្រាជ្ញា ដ៏ប្រពៃតាមពិត យ៉ាងនេះថា នុ៎ះមិនមែនរបស់អញទេ នុ៎ះមិនមែនជាអញទេ នុ៎ះមិនមែនខ្លួនអញទេ។បេ។ មនោជាអនាគត មិនទៀង។ របស់ណា មិនទៀង របស់នោះជាទុក្ខ របស់ណាជាទុក្ខ របស់នោះ ជាអនត្តា របស់ណាជាអនត្តា របស់នោះ បណ្ឌិតត្រូវឃើញដោយប្រាជ្ញា ដ៏ប្រពៃតាមពិត យ៉ាងនេះថា នុ៎ះមិនមែនរបស់អញទេ នុ៎ះមិនមែនជាអញទេ នុ៎ះមិនមែនជាខ្លួនរបស់អញទេ។បេ។ ម្នាលភិក្ខុទាំងឡាយ កាលបើឃើញយ៉ាងនេះ។បេ។ ដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។

(អជ្ឈត្តបច្ចុប្បន្នយទនិច្ច)សូត្រ ទី៣៩

(៣៩. អជ្ឈត្តបច្ចុប្បន្នយទនិច្ចសុត្តំ)

[២៧១] ម្នាលភិក្ខុទាំងឡាយ ចក្ខុជាបច្ចុប្បន្ន មិនទៀង។ របស់ណាមិនទៀង របស់នោះជាទុក្ខ របស់ណាជាទុក្ខ របស់នោះជាអនត្តា របស់ណាជាអនត្តា របស់នោះ បណ្ឌិត ត្រូវឃើញត្រូវឃើញដោយប្រាជ្ញា ដ៏ប្រពៃតាមពិត យ៉ាងនេះថា នុ៎ះមិនមែនរបស់អញទេ នុ៎ះមិនមែនជាអញទេ នុ៎ះមិនមែនជាខ្លួនអញទេ។បេ។ ជិវ្ហាជាបច្ចុប្បន្នមិនទៀង។ របស់ណាមិនទៀង របស់នោះជាទុក្ខ របស់ណាជាទុក្ខ របស់នោះជាអនត្តា របស់ណាជាអនត្តា របស់នោះ បណ្ឌិត ត្រូវឃើញដោយប្រាជ្ញាដ៏ប្រពៃតាមពិត យ៉ាងនេះថា នុ៎ះមិនមែនរបស់អញទេ នុ៎ះមិនមែនជាអញទេ នុ៎ះមិនមែនជាខ្លួនអញទេ។បេ។ កាលបើឃើញយ៉ាងនេះ។បេ។ ដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។

(អជ្ឈត្តាតីតាទិយំទុក្ខ)សូត្រ ទី៤០-៤២

(៤០-៤២. អជ្ឈត្តាតីតាទិយំទុក្ខសុត្តំ)

[២៧២] ម្នាលភិក្ខុទាំងឡាយ ចក្ខុជាអតីត អនាគត និងបច្ចុប្បន្នជាទុក្ខ។ របស់ណា ជាទុក្ខ របស់នោះជាអនត្តា របស់ណា ជាអនត្តា របស់នោះ បណ្ឌិតត្រូវឃើញ ដោយប្រាជ្ញា ដ៏ប្រពៃតាមពិត យ៉ាងនេះថា នុ៎ះមិនមែនរបស់អញទេ នុ៎ះមិនមែនជាអញទេ នុ៎ះមិនមែនជាខ្លួនអញទេ។បេ។ ជិវ្ហាជាទុក្ខ។បេ។ មនោជាអតីត អនាគត និងបច្ចុប្បន្នជាទុក្ខ។ របស់ណាជាទុក្ខ របស់នោះ ជាអនត្តា របស់ណាជាអនត្តា របស់នោះ បណ្ឌិតត្រូវឃើញដោយប្រាជ្ញាដ៏ប្រពៃ តាមពិត យ៉ាងនេះថា នុ៎ះមិនមែនរបស់អញទេ នុ៎ះមិនមែនជាអញទេ នុ៎ះមិនមែនជាខ្លួនអញទេ។ កាលបើឃើញយ៉ាងនេះ។បេ។ ដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ច នេះទៀត មិនមានឡើយ។

(អជ្ឈត្តាតីតាទិយទនត្ត)សូត្រ ទី៤៣-៤៥

(៤៣-៤៥. អជ្ឈត្តាតីតាទិយទនត្តសុត្តំ)

[២៧៣] ម្នាលភិក្ខុទាំងឡាយ ចក្ខុជាអតីត អនាគត និងបច្ចុប្បន្នជាអនត្តា។ របស់ណា ជាអនត្តា របស់នោះ បណ្ឌិតត្រូវឃើញ ដោយប្រាជ្ញាដ៏ប្រពៃតាមពិត យ៉ាងនេះថា នុ៎ះមិនមែនរបស់អញទេ នុ៎ះមិនមែនជាអញទេ នុ៎ះមិនមែនជាខ្លួនអញទេ។បេ។ ជិវ្ហាជាអនត្តា។បេ។ មនោជាអតីត អនាគត និងបច្ចុប្បន្ន ជាអនត្តា។ របស់ណា ជាអនត្តា របស់នោះ បណ្ឌិតត្រូវឃើញ ដោយប្រាជ្ញាដ៏ប្រពៃ តាមពិតយ៉ាងនេះថា នុ៎ះមិនមែនរបស់អញទេ នុ៎ះមិនមែនអញជាទេ នុ៎ះមិនមែនជាខ្លួនអញទេ។ កាលបើឃើញយ៉ាងនេះ។បេ។ ដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ច នេះទៀត មិនមានឡើយ។

(ពាហិរាតីតាទិយទនិច្ច)សូត្រ ទី៤៦-៤៨

(៤៦-៤៨. ពាហិរាតីតាទិយទនិច្ចសុត្តំ)

[២៧៤] ម្នាលភិក្ខុទាំងឡាយ រូបជាអតីត អនាគត និងបច្ចុប្បន្ន មិនទៀងទេ។ របស់ណា មិនទៀង របស់នោះជាទុក្ខ របស់ណាជាទុក្ខ របស់នោះជាអនត្តា របស់ណាជាអនត្តា របស់នោះ បណ្ឌិតត្រូវឃើញ ដោយប្រាជ្ញាដ៏ប្រពៃ តាមពិតយ៉ាងនេះថា នុ៎ះមិនមែនរបស់អញទេ នុ៎ះមិនមែនជាអញទេ នុ៎ះមិនមែនជាខ្លួនអញទេ។ សំឡេង ក្លិន រស ផោដ្ឋព្វៈ និងធម្មារម្មណ៍ ជាអតីត អនាគត និងបច្ចុប្បន្ន មិនទៀងទេ។ របស់ណាមិនទៀង របស់នោះជាទុក្ខ របស់ណា ជាទុក្ខ របស់នោះជាអនត្តា របស់ណាជាអនត្តា របស់នោះ បណ្ឌិតត្រូវឃើញដោយប្រាជ្ញា ដ៏ប្រពៃតាមពិត យ៉ាងនេះថា នុ៎ះមិនមែនរបស់អញទេ នុ៎ះមិនមែនជាអញទេ នុ៎ះមិនមែន ជាខ្លួនអញទេ។ កាលបើឃើញយ៉ាងនេះ។បេ។ ដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។

(ពាហិរាតីតាទិយំទុក្ខ)សូត្រ ទី៤៩-៥១

(៤៩-៥១. ពាហិរាតីតាទិយំទុក្ខសុត្តំ)

[២៧៥] ម្នាលភិក្ខុទាំងឡាយ រូបជាអតីត អនាគត និងបច្ចុប្បន្នជាទុក្ខ។ របស់ណា ជាទុក្ខ របស់នោះជាអនត្តា របស់ណាជាអនត្តា របស់នោះ បណ្ឌិតត្រូវឃើញដោយប្រាជ្ញា ដ៏ប្រពៃតាម ពិតយ៉ាងនេះថា នុ៎ះមិនមែនរបស់អញទេ នុ៎ះមិនមែនជាអញទេ នុ៎ះមិនមែនជាខ្លួនអញទេ។ សំឡេង ក្លិន រស ផោដ្ឋព្វៈ និងធម្មារម្មណ៍ ជាអតីត អនាគត និងបច្ចុប្បន្ន ជាទុក្ខ។ របស់ណា ជាទុក្ខ របស់នោះ ជាអនត្តា របស់ណាជាអនត្តា របស់នោះ បណ្ឌិតត្រូវឃើញដោយប្រាជ្ញា ដ៏ប្រពៃតាមពិតយ៉ាងនេះថា នុ៎ះមិនមែនជារបស់អញទេ នុ៎ះមិនមែនជាអញទេ នុ៎ះមិនមែនជាខ្លួនអញទេ។ កាលបើឃើញយ៉ាងនេះ។បេ។ ដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។

(ពាហិរាតីតាទិយទនត្ត)សូត្រ ទី៥២-៥៤

(៥២-៥៤. ពាហិរាតីតាទិយទនត្តសុត្តំ)

[២៧៦] ម្នាលភិក្ខុទាំងឡាយ រូបជាអតីត អនាគត និងបច្ចុប្បន្នជាអនត្តា។ របស់ ណាជាអនត្តា របស់នោះ បណ្ឌិតត្រូវឃើញដោយប្រាជ្ញា ដ៏ប្រពៃតាមពិត យ៉ាងនេះថា នុ៎ះមិនមែនរបស់អញទេ នុ៎ះមិនមែនជាអញទេ នុ៎ះមិនមែនជាខ្លួនអញទេ។ សំឡេង ក្លិន រស ផោដ្ឋព្វៈ និងធម្មារម្មណ៍ ជាអតីត អនាគត និងបច្ចុប្បន្ន ជាអនត្តា។ របស់ណា ជាអនត្តា របស់នោះ បណ្ឌិតត្រូវឃើញដោយប្រាជ្ញា ដ៏ប្រពៃតាមពិត យ៉ាងនេះថា នុ៎ះមិនមែនរបស់អញទេ នុ៎ះមិនមែនជាអញទេ នុ៎ះមិនមែនជាខ្លួនអញទេ។ កាលបើឃើញយ៉ាងនេះ។បេ។ ដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។

(អជ្ឈត្តាយតនអនិច្ច)សូត្រ ទី៥៥

(៥៥. អជ្ឈត្តាយតនអនិច្ចសុត្តំ)

[២៧៧] ម្នាលភិក្ខុទាំងឡាយ ចក្ខុមិនទៀង។បេ។ ជិវ្ហាមិនទៀង។បេ។ មនោ មិនទៀង។ កាលបើឃើញយ៉ាងនេះ។បេ។ ដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បី សោឡសកិច្ច នេះទៀត មិនមានឡើយ។

(អជ្ឈត្តាយតនទុក្ខ)សូត្រ ទី៥៦

(៥៦. អជ្ឈត្តាយតនទុក្ខសុត្តំ)

[២៧៨] ម្នាលភិក្ខុទាំងឡាយ ចក្ខុជាទុក្ខ។បេ។ ជិវ្ហាជាទុក្ខ។ កាយជាទុក្ខ។ មនោជាទុក្ខ។ កាលបើឃើញយ៉ាងនេះ។បេ។ ដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ច នេះទៀត មិនមានឡើយ។

(អជ្ឈត្តាយតនអនត្ត)សូត្រ ទី៥៧

(៥៧. អជ្ឈត្តាយតនអនត្តសុត្តំ)

[២៧៩] ម្នាលភិក្ខុទាំងឡាយ ចក្ខុជាអនត្តា។បេ។ ជិវ្ហាជាអនត្តា។ កាយជាអនត្តា។ មនោជាអនត្តា។ កាលបើឃើញយ៉ាងនេះ។បេ។ ដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។

(ពាហិរាយតនអនិច្ច)សូត្រ ទី៥៨

(៥៨. ពាហិរាយតនអនិច្ចសុត្តំ)

[២៨០] ម្នាលភិក្ខុទាំងឡាយ រូបមិនទៀង។ សំឡេង ក្លិន រស ផោដ្ឋព្វៈ និងធម្មារម្មណ៍ មិនទៀង។ កាលបើឃើញយ៉ាងនេះ។បេ។ ដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។

(ពាហិរាយតនទុក្ខ)សូត្រ ទី៥៩

(៥៩. ពាហិរាយតនទុក្ខសុត្តំ)

[២៨១] ម្នាលភិក្ខុទាំងឡាយ រូបជាទុក្ខ។ សំឡេង ក្លិន រស ផោដ្ឋព្វៈ និងធម្មារម្មណ៍ ជាទុក្ខ។ កាលបើឃើញយ៉ាងនេះ។បេ។ ដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។

(ពាហិរាយតនអនត្ត)សូត្រ ទី៦០

(៦០. ពាហិរាយតនអនត្តសុត្តំ)

[២៨២] ម្នាលភិក្ខុទាំងឡាយ រូបជាអនត្តា។ សំឡេង ក្លិន រស ផោដ្ឋព្វៈ និងធម្មារម្មណ៍ ជាអនត្តា។ កាលបើឃើញយ៉ាងនេះ។បេ។ ដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ច នេះទៀត មិនមានឡើយ។

ចប់ សដ្ឋីបេយ្យាល ទី២។

ឧទាននៃសដ្ឋីបេយ្យាលនោះគឺ

ទ្រង់សម្តែងអំពីឆន្ទៈគួរលះបង់ ១៨ លើក អាយតនៈជាអតីត ២លើកផង ៩ លើកផង ទ្រង់សម្តែងអនិច្ចធម៌ ១៨ លើក អាយតនៈខាងក្នុង និងខាងក្រៅ ៣ លើក សដ្ឋីបេយ្យាល គឺព្រះពុទ្ធជាពូជពង្ស នៃព្រះអាទិត្យ បានត្រាស់ហើយ។

ចប់ សូត្រ ៦០។

សមុទ្ទវគ្គ ទី៣(១៨)

(១៨. សមុទ្ទវគ្គោ)

(បឋមសមុទ្ទ)សូត្រ ទី១

(១. បឋមសមុទ្ទសុត្តំ)

[២៨៣] ម្នាលភិក្ខុទាំងឡាយ បុថុជ្ជនជាអ្នកមិនចេះដឹង រមែងពោលថា សមុទ្ទ សមុទ្ទ។ ម្នាលភិក្ខុទាំងឡាយ សមុទ្ទនុ៎ះ មិនមែនជាសមុទ្ទ ក្នុងវិន័យរបស់ព្រះអរិយៈទេ។ ម្នាលភិក្ខុទាំងឡាយ សមុទ្ទនុ៎ះ សំដៅយកធារទឹកដ៏ធំ និងអន្លង់ទឹកដ៏ជ្រៅ។ ម្នាលភិក្ខុទាំងឡាយ ចក្ខុ ជាសមុទ្ទរបស់បុរស កម្លាំងនៃចក្ខុនោះ សម្រេចដោយរូប បុគ្គលណា គ្របសង្កត់កម្លាំង ដែលសម្រេចដោយរូបនោះបាន ម្នាលភិក្ខុទាំងឡាយ បុគ្គលនេះ តថាគតហៅថា ព្រាហ្មណ៍ បានឆ្លងនូវសមុទ្ទ គឺចក្ខុ ដែលប្រកបដោយរលក គឺកិលេស ប្រកបដោយទឹកវល់ គឺកិលេស ប្រកបដោយសត្វសាហាវ គឺកិលេស ប្រកបដោយអារក្សទឹក គឺកិលេស បានឆ្លងដល់ទៅត្រើយនាយ ឈរនៅលើគោក គឺព្រះនិព្វាន។បេ។ ម្នាលភិក្ខុទាំងឡាយ ជិវ្ហា ជាសមុទ្ទរបស់បុរស កម្លាំងនៃសមុទ្ទ គឺជិវ្ហានុ៎ះ សម្រេចដោយរស បុគ្គលណា គ្របសង្កត់នូវកម្លាំង (នៃសមុទ្ទ គឺជិវ្ហា) សម្រេចដោយរសនោះបាន ម្នាលភិក្ខុទាំងឡាយ បុគ្គលនេះ តថាគតហៅថា ព្រាហ្មណ៍ បានឆ្លងនូវសមុទ្ទ គឺជិវ្ហា ដែលប្រកបដោយរលក ប្រកបដោយទឹកវល់ ប្រកបដោយសត្វហាវ ប្រកបដោយអារក្សទឹក ឆ្លងទៅដល់ត្រើយនាយ ហើយឈរនៅលើគោក។បេ។ ម្នាលភិក្ខុទាំងឡាយ មនោ ជាសមុទ្ទរបស់បុរស់ កម្លាំងនៃសមុទ្ទ គឺមនោនោះ សម្រេចដោយធម្មារម្មណ៍ បុគ្គលណា គ្របសង្កត់នូវកម្លាំង (នៃសមុទ្ទ គឺមនោ) សម្រេចដោយធម្មារម្មណ៍នោះបាន ម្នាលភិក្ខុទាំងឡាយ បុគ្គលនេះ តថាគតហៅថា ព្រាហ្មណ៍ បានឆ្លងនូវសមុទ្ទ គឺមនោ ដែលប្រកបដោយរលក ប្រកបដោយទឹកវល់ ប្រកបដោយសត្វសាហាវ ប្រកបដោយអារក្សទឹក ឆ្លងដល់ត្រើយ ហើយឈរនៅលើគោក។ ព្រះសាស្តា ទ្រង់ត្រាស់សូត្រនេះចប់ហើយ។បេ។

[២៨៤]

បុគ្គលណា បានឆ្លងសមុទ្ទ ដែលប្រកបដោយសត្វសាហាវ ប្រកបដោយអារក្សទឹក ប្រកបដោយរលក ប្រកបដោយភ័យ ដែលឆ្លងបានដោយកម្រនេះបាន បុគ្គលនេះ តថាគតហៅថា អ្នកប្រកបដោយការចេះត្រៃវេទ មានព្រហ្មចរិយៈ នៅរួចហើយ ដល់នូវទីបំផុតនៃលោក ដល់នូវត្រើយ គឺ ព្រះនិព្វាន។

(ទុតិយសមុទ្ទ)សូត្រ ទី២

(២. ទុតិយសមុទ្ទសុត្តំ)

[២៨៥] ម្នាលភិក្ខុទាំងឡាយ បុថុជ្ជនជាអ្នកមិនចេះដឹង រមែងពោលថា សមុទ្ទ សមុទ្ទ។ ម្នាលភិក្ខុទាំងឡាយ សមុទ្ទនុ៎ះ មិនមែនជាសមុទ្ទ ក្នុងវិន័យរបស់ព្រះអរិយៈទេ។ ម្នាលភិក្ខុទាំងឡាយ សមុទ្ទនុ៎ះ សំដៅយកធារទឹកដ៏ធំ និងអន្លង់ទឹកដ៏ជ្រៅ។ ម្នាលភិក្ខុទាំងឡាយ រូប ដែលត្រូវដឹងដោយចក្ខុ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត មានសភាពគួរស្រឡាញ់ ប្រកបដោយកាម គួររីករាយ ម្នាលភិក្ខុទាំងឡាយ នេះតថាគតហៅថា សមុទ្ទ ក្នុងវិន័យនៃព្រះអរិយៈ សត្វលោកនេះ ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ព្រមទាំងសមណៈ និងព្រាហ្មណ៍ ពពួកសត្វ ព្រមទាំងទេវតា និងមនុស្សដ៏សេស ច្រើនលិចចុះ ក្នុងសមុទ្ទនេះ ទទឹក វឹកវរ ស្មុគស្មាញ ដូចជាស្មៅយាប្លង និងស្មៅដំណេកទន្សាយ មិនកន្លងផុតនូវអបាយ ទុគ្គតិ វិនិបាត សង្សារ បានឡើយ។បេ។ ម្នាលភិក្ខុទាំងឡាយ រសដែលត្រូវដឹងដោយជិវ្ហា។បេ។ ម្នាលភិក្ខុទាំងឡាយ ធម្មារម្មណ៍ ដែលត្រូវដឹងដោយចិត្ត ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត មានសភាពគួរស្រឡាញ់ ប្រកបដោយកាម គួរជាទីរីករាយ ម្នាលភិក្ខុទាំងឡាយ នេះតថាគតហៅថា សមុទ្ទ ក្នុងវិន័យរបស់ព្រះអរិយៈ ឯសត្វលោកនេះ ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ព្រមទាំងសមណៈ និងព្រាហ្មណ៍ ពពួកសត្វ ព្រមទាំងទេវតា និងមនុស្សដ៏សេស ច្រើនតែលិចចុះ ក្នុងសមុទ្ទនេះ ទទឹក វឹកវរ ស្មុគស្មាញ ដូចជាស្មៅយាប្លង និងស្មៅដំណេកទន្សាយ មិនកន្លងនូវអបាយ ទុគ្គតិ វិនិបាត សង្សារ បានឡើយ។

[២៨៦]

បុគ្គលណា មានរាគៈ ទោសៈ និងអវិជ្ជា ប្រាសចេញហើយ បុគ្គលនោះ បានឆ្លងនូវសមុទ្ទនេះ ដែលប្រកបដោយសត្វសាហាវ ប្រកបដោយអារក្សទឹក ប្រកបដោយរលក ប្រកបដោយភ័យ ដែលមិនងាយនឹងឆ្លងបាន បុគ្គលណា កន្លងបង់ នូវគ្រឿងជាប់ចំពាក់ លះបង់នូវមច្ចុ មិនមានឧបធិ បំផ្លាញនូវសេចក្តីទុក្ខ ដើម្បីប្រយោជន៍ ដល់ព្រះនិព្វាន តថាគតពោលថា បុគ្គលនោះ សម្រេចប្រយោជន៍ មិនមកកាន់ភពថ្មីទៀត ជាអ្នកញុំាងមច្ចុរាជ ឲ្យវង្វេង។

(ពាឡិសិកោបម)សូត្រ ទី៣

(៣. ពាឡិសិកោបមសុត្តំ)

[២៨៧] ម្នាលភិក្ខុទាំងឡាយ ដូចព្រានសន្ទូច បោះសន្ទូច ដែលជាប់ដោយនុយ ទៅក្នុងអន្លង់ទឹកដ៏ជ្រៅ ត្រីមួយឃើញនុយ ក៏លេបនុយនោះទៅ ម្នាលភិក្ខុទាំងឡាយ កាលបើយ៉ាងនេះ ត្រីដែលលេបសន្ទូចនោះ ដល់នូវសេចក្តីមិនចម្រើន ដល់នូវសេចក្តីវិនាស ក្នុងកណ្តាប់ដៃ នៃព្រានសន្ទូច គួរព្រានសន្ទូចធ្វើតាមសេចក្តីប្រាថ្នា យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ សន្ទូច ទាំង ៦ នេះ ប្រព្រឹត្តទៅ ដើម្បីធ្វើពួកសត្វ ឲ្យវិនាស ដើម្បីសម្លាប់ពួកសត្វក្នុងលោក ក៏យ៉ាងនោះដែរ។ ម្នាលភិក្ខុទាំងឡាយ សន្ទូច ទាំង ៦ តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ មានរូប ដែលត្រូវដឹងដោយចក្ខុ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត មានសភាពគួរស្រឡាញ់ ប្រកបដោយកាម គួរជាទីរីករាយ ប្រសិនបើភិក្ខុត្រេកអរ សរសើរ ឋិតនៅ ដោយសេចក្តីចូលចិត្តមាំ ចំពោះរូបនោះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះ តថាគតហៅថា អ្នកលេបសន្ទូចរបស់មារ ដល់នូវសេចក្តីមិនចម្រើន ដល់នូវសេចក្តីវិនាស គួរមារមានចិត្តបាប ធ្វើតាមសេចក្តីប្រាថ្នាបាន។បេ។ ម្នាលភិក្ខុទាំងឡាយ មានរស ដែលត្រូវដឹងដោយជិវ្ហា។បេ។ ម្នាលភិក្ខុទាំងឡាយ មានធម្មារម្មណ៍ ដែលត្រូវដឹងដោយមនោ គួរជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត មានសភាពគួរស្រឡាញ់ ប្រកបដោយកាម គួរជាទីរីការាយ បើភិក្ខុត្រេកអរ សរសើរ ឋិតនៅ ដោយសេចក្តីចូលចិត្តមាំ ចំពោះធម្មារម្មណ៍នោះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះ តថាគតហៅថា អ្នកលេបសន្ទូចរបស់មារ ដល់នូវសេចក្តីមិនចម្រើន ដល់នូវសេចក្តីវិនាស គួរមារមានចិត្តបាប ធ្វើតាមសេចក្តីប្រាថ្នាបាន។

[២៨៨] ម្នាលភិក្ខុទាំងឡាយ មានរូបដែលត្រូវដឹងដោយចក្ខុ គួរជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត មានសភាពគួរស្រឡាញ់ ប្រកបដោយកាម គួរជាទីរីករាយ បើភិក្ខុមិនត្រេកអរ មិនសរសើរ មិនឋិតនៅ ដោយសេចក្តីចូលចិត្តមាំ ចំពោះរូបនោះទេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះ តថាគតហៅថា មិនលេបសន្ទូចទេ បានកាច់បំបាក់សន្ទូច ផ្តាច់សន្ទូចរបស់មារ មិនដល់នូវសេចក្តីមិនចម្រើន មិនដល់នូវសេចក្តីវិនាស មារមានចិត្តបាប មិនគួរធ្វើតាមសេចក្តីប្រាថ្នាបាន។បេ។ ម្នាលភិក្ខុទាំងឡាយ មានរសដែលត្រូវដឹង ដោយជិវ្ហា។បេ។ ម្នាលភិក្ខុទាំងឡាយ មានធម្មារម្មណ៍ ដែលត្រូវដឹងដោយមនោ គួរជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត មានសភាពគួរស្រឡាញ់ ប្រកបដោយកាម គួរជាទីរីករាយ បើភិក្ខុមិនត្រេកអរ មិនសរសើរ មិនឋិតនៅ ដោយសេចក្តីចូលចិត្តមាំ ចំពោះធម្មារម្មណ៍នោះទេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះ តថាគតហៅ ថាអ្នកមិនលេបសន្ទូច បានកាច់បំបាក់សន្ទូច បានផ្តាច់សន្ទូចរបស់មារ មិនដល់នូវសេចក្តីមិនចម្រើន មិនដល់នូវសេចក្តីវិនាស មារមានចិត្តបាប មិនគួរធ្វើតាមសេចក្តីប្រាថ្នាបានឡើយ។

[២៨៩] ម្នាលភិក្ខុទាំងឡាយ បុគ្គលណាមួយ ទោះបីជាភិក្ខុក្តី ភិក្ខុនីក្តី មានរាគៈ (តម្រេក) ទោសៈ (សេចក្តីប្រទូស្ត) មោហៈ ( សេចក្តីវង្វេង) ក្នុងរូប ដែលត្រូវដឹងដោយចក្ខុ រាគៈ ទោសៈ មោហៈ បុគ្គលនោះ មិនបានលះបង់ចោលទេ ប្រសិនបើរូប ដែលត្រូវដឹង ដោយចក្ខុ ជារូបមានប្រមាណតិច មកកាន់គន្លងចក្ខុ របស់បុគ្គលនោះ គ្របសង្កត់ចិត្ត របស់បុគ្គលនោះ។ ក៏នឹងបាច់ពោលទៅថ្វី ដល់រូបដ៏ក្រៃលែង។ សេចក្តីនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះរាគៈ ទោសៈ មោហៈ នៅមាន រាគៈ ទោសៈ មោហៈ បុគ្គលនោះ មិនបានលះបង់ចោល។បេ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលណាមួយ ទោះបីជា ភិក្ខុក្តី ភិក្ខុនីក្តីមាន រាគៈ ទោសៈ មោហៈ ក្នុងធម្មារម្មណ៍ ដែលត្រូវដឹង ដោយមនោ រាគៈ ទោសៈ មោហៈ បុគ្គលនោះ មិនបានលះបង់ចោលទេ ប្រសិនបើធម្មារម្មណ៍ ដែលត្រូវដឹងដោយមនោ ជាធម្មារម្មណ៍មានប្រមាណតិច មកកាន់គន្លង មនោរបស់ បុគ្គលនោះ គ្របសង្កត់ចិត្តបុគ្គលនោះ។ ក៏នឹងបាច់ពោលទៅថ្វី ដល់ធម្មារម្មណ៍ដ៏ក្រៃលែង។ សេចក្តីនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះរាគៈ ទោសៈ មោហៈ នៅមាន រាគៈ ទោសៈ មោហៈ បុគ្គលនោះ មិនបានលះបង់ចោល។

[២៩០] ម្នាលភិក្ខុទាំងឡាយ ដើមឈើមានជ័រដូចទឹកដោះ គឺ ដើមពោធិ៍បាយក្តី ដើមជ្រៃក្តី ដើមលៀបក្តី ដើមល្វាក្តី ដែលនៅសាវខ្ចីតូច ៗ នៅឡើយ បុរសយកពូថៅដ៏មុត មកចោះដើមឈើនោះ ត្រង់ណា ៗ ក៏ដោយ ជ័រដូចទឹកដោះ មុខជាចេញមក (ដែរឬ)។ បពិត្រព្រះអង្គដ៏ចម្រើន សេចក្តីនោះ យ៉ាងនោះឯង។ ដំណើរនោះ ព្រោះហេតុអ្វី។ បពិត្រព្រះអង្គដ៏ចម្រើន ព្រោះជ័រ ដូចទឹកដោះនោះមាន។ ម្នាលភិក្ខុទាំងឡាយ សេចក្តីនុ៎ះ មានឧបមេយ្យ ដូចបុគ្គលណាមួយ ទោះបីជា ភិក្ខុក្តី ភិក្ខុនីក្តី មានរាគៈ ទោសៈ មោហៈ ក្នុងរូប ដែលត្រូវដឹងដោយចក្ខុ រាគៈ ទោសៈ មោហៈ បុគ្គលនោះ មិនបានលះបង់ចោលទេ ប្រសិនបើរូប ដែលត្រូវដឹងដោយចក្ខុ ជារូបមានប្រមាណតិច មកកាន់គន្លងចក្ខុ របស់បុគ្គលនោះ រមែងគ្របសង្កត់ចិត្ត របស់បុគ្គលនោះ។ នឹងបាច់ពោលទៅថ្វី ដល់រូបដ៏ក្រៃលែង។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះ រាគៈ ទោសៈ មោហៈ នៅមាន រាគៈ ទោសៈ មោហៈ បុគ្គលនោះ មិនបានលះបង់ចោល។បេ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលណាមួយ ទោះបីជា ភិក្ខុក្តី ភិក្ខុនីក្តី មានរាគៈ ក្នុងរស ដែលត្រូវដឹងដោយជិវ្ហា។បេ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលណាមួយ ទោះបីជា ភិក្ខុក្តី ភិក្ខុនីក្តី មានរាគៈ ទោសៈ មោហៈ ក្នុងធម្មារម្មណ៍ ដែលត្រូវដឹង ដោយមនោ រាគៈ ទោសៈ មោហៈ បុគ្គលនោះ មិនបានលះបង់ចោលទេ ប្រសិនបើធម្មារម្មណ៍ ដែលត្រូវដឹងដោយមនោ ជាធម្មារម្មណ៍មានប្រមាណតិច មកកាន់គន្លងនៃមនោ របស់បុគ្គលនោះ រមែងគ្របសង្កត់ចិត្ត របស់បុគ្គលនោះ។ នឹងបាច់ពោលទៅថ្វី ដល់ធម្មារម្មណ៍ ដ៏ក្រៃលែង។ ដំណើរនោះ ព្រោះហេតុអ្វី។ ព្រោះរាគៈ ទោសៈ មោហៈ នៅមាន រាគៈ ទោសៈ មោហៈ បុគ្គលនោះ មិនបានលះបង់ចោល។

(ខីររុក្ខោបម)សូត្រ ទី៤

(៤. ខីររុក្ខោបមសុត្តំ)

[២៩១] ម្នាលភិក្ខុទាំងឡាយ បុគ្គលណាមួយ ទោះបីជាភិក្ខុក្តី ភិក្ខុនីក្តី មិនមានរាគៈ ទោសៈ មោហៈ ក្នុងរូប ដែលត្រូវដឹងដោយចក្ខុ រាគៈ ទោសៈ មោហៈ បុគ្គលនោះ លះបង់ហើយ ប្រសិនបើរូប ដែលត្រូវដឹងដោយចក្ខុ ជារូបមានប្រមាណក្រៃលែង មកកាន់គន្លង ចក្ខុ របស់បុគ្គលនោះ ក៏មិនគ្របសង្កត់ចិត្ត របស់បុគ្គលនោះបានឡើយ។ នឹងបាច់ពោលទៅថ្វី ដល់រូបមានប្រមាណតិច។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះ រាគៈ ទោសៈ មោហៈ មិនមាន រាគៈ ទោសៈ មោហៈ បុគ្គលនោះ លះបង់ហើយ។បេ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលណា ទោះបីជា ភិក្ខុក្តី ភិក្ខុនីក្តី មិនមានរាគៈ ទោសៈ មោហៈ ក្នុងរស ដែលត្រូវដឹងដោយជិវ្ហា។បេ។ មិនមានរាគៈ ទោសៈ មោហៈ ក្នុងធម្មារម្មណ៍ ដែលត្រូវដឹងដោយមនោ រាគៈ ទោសៈ មោហៈ បុគ្គលនោះ លះបង់ហើយ ប្រសិនបើធម្មារម្មណ៍ ដែលត្រូវដឹងដោយមនោ មានប្រមាណច្រើន មកកាន់គន្លង នៃមនោរបស់បុគ្គលនោះ ក៏មិនគ្របសង្កត់ចិត្ត របស់បុគ្គលនោះ បានឡើយ។ នឹង បាច់ពោលទៅថ្វី ដល់ធម្មារម្មណ៍ មានប្រមាណតិច។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះរាគៈ ទោសៈ មោហៈ មិនមាន រាគៈ ទោសៈ មោហៈ បុគ្គលនោះ លះបង់ហើយ។

[២៩២] ម្នាលភិក្ខុទាំងឡាយ ដើមឈើមានជ័រ ដូចទឹកដោះ គឺដើមពោធិ៍បាយក្តី ដើមជ្រៃក្តី ដើមលៀបក្តី ដើមល្វាក្តី ដែលស្ងួត ជាឈើពុក កន្លងមួយឆ្នាំហើយ បុរសយកពូថៅ ដ៏មុត មកចោះដើមឈើនោះ ត្រង់ណា ៗ ក៏ដោយ ជ័រដូចទឹកដោះ ចេញមកបានឬទេ។ ជ័រដូចទឹកដោះ មិនចេញទេព្រះអង្គ។ ដំណើរនោះ ព្រោះហេតុអ្វី។ បពិត្រព្រះអង្គដ៏ចម្រើន ព្រោះរបស់ ដែលជាជ័រ ដូចទឹកដោះ មិនមានទេ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីនុ៎ះ មានឧបមេយ្យ ដូចបុគ្គលណា មួយទោះបីជា ភិក្ខុក្តី ភិក្ខុនីក្តី មិនមានរាគៈ ទោសៈ មោហៈ ក្នុងរូប ដែលត្រូវដឹងដោយចក្ខុ រាគៈ ទោសៈ មោហៈ បុគ្គលនោះ លះបង់ហើយ ប្រសិនបើរូបដែលត្រូវដឹង ដោយចក្ខុមានប្រមាណ ច្រើន មកកាន់គន្លងចក្ខុ របស់បុគ្គលនោះ ក៏មិនគ្របសង្កត់ចិត្ត របស់បុគ្គលនោះ បានឡើយ។ នឹងបាច់ពោលទៅថ្វី ដល់រូបមានប្រមាណតិច។ ដំណើរនោះ ព្រោះហេតុអ្វី។ ព្រោះរាគៈ ទោសៈ មោហៈ មិនមាន រាគៈ ទោសៈ មោហៈ បុគ្គលនោះ លះបង់ហើយ។បេ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលណាមួយ ទោះបីជា ភិក្ខុក្តី ភិក្ខុនីក្តី មិនមានរាគៈ ទោសៈ មោហៈ ក្នុងរសដែលត្រូវដឹង ដោយជិវ្ហា។បេ។ បុគ្គលណាមួយ ទោះបីជាភិក្ខុក្តី ភិក្ខុនីក្តី មិនមានរាគៈ ទោសៈ មោហៈ ក្នុងធម្មារម្មណ៍ ដែលត្រូវដឹងដោយមនោ រាគៈ ទោសៈ មោហៈ បុគ្គលនោះ លះបង់ហើយ ប្រសិនបើធម្មារម្មណ៍ ដែលត្រូវដឹង ដោយមនោ មានប្រមាណច្រើន មកកាន់គន្លងនៃមនោ របស់បុគ្គលនោះ ក៏មិនគ្របសង្កត់ចិត្ត របស់បុគ្គលនោះឡើយ។ នឹងបាច់ពោលទៅថ្វី ដល់ធម្មារម្មណ៍ មានប្រមាណតិច។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះរាគៈ ទោសៈ មោហៈ មិនមាន រាគៈ ទោសៈ មោហៈ បុគ្គលនោះ លះបង់ហើយ។

(កោដ្ឋិក)សូត្រ ទី៥

(៥. កោដ្ឋិកសុត្តំ)

[២៩៣] សម័យមួយ ព្រះសារីបុត្តមានអាយុ និងព្រះមហាកោដ្ឋិកៈមានអាយុ គង់នៅក្នុងព្រៃឥសិបតនមិគទាយវ័ន ទៀបក្រុងពារាណសី។ គ្រានោះឯង ព្រះមហាកោដ្ឋិកៈ មានអាយុ ចេញចាកផលសមាបត្តិ ក្នុងសាយណ្ហសម័យ បានចូលទៅរកព្រះសារីបុត្ត មានអាយុ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះសារីបុត្តមានអាយុ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យគួររឭកហើយ ទើបអង្គុយក្នុងទីដ៏សមគួរ។ លុះព្រះមហាកោដ្ឋិកៈមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ទើបសួរព្រះសារីបុត្តមានអាយុ ដូច្នេះថា ម្នាលអាវុសោសារីបុត្ត ចក្ខុ ជាសំយោជនៈរបស់រូប រូបជាសំយោជនៈ របស់ចក្ខុឬ។បេ។ ជិវ្ហា ជាសំយោជនៈ របស់រស រសជាសំយោជនៈ របស់ជិវ្ហាឬ។បេ។ មនោជាសំយោជនៈ របស់ធម្មារម្មណ៍ ធម្មារម្មណ៍ ជាសំយោជនៈរបស់មនោ ឬ។ ម្នាលអាវុសោកោដ្ឋិកៈ ចក្ខុមិនមែនជាសំយោជនៈ របស់រូបទេ រូបក៏មិនមែនជាសំយោជនៈ របស់ចក្ខុដែរ ឆន្ទរាគណា ដែលកើតឡើង ព្រោះអាស្រ័យ របស់ទាំងពីរនោះ ឆន្ទរាគនោះ ឈ្មោះថាសំយោជនៈ។ ជិវ្ហា មិនមែនជាសំយោជនៈ របស់រសទេ រសក៏មិនមែនជាសំយោជន របស់ជិវ្ហាដែរ ឆន្ទរាគណា ដែលកើតឡើង ព្រោះអាស្រ័យរបស់ទាំងពីនោះ ឆន្ទរាគនោះ ឈ្មោះថា សំយោជនៈ។បេ។ មនោ មិនមែនជាសំយោជនៈ របស់ធម្មារម្មណ៍ទេ ធម្មារម្មណ៍ ក៏មិនមែនជាសំយោជនៈ របស់មនោដែរ ឆន្ទរាគណា ដែលកើតឡើង ព្រោះអាស្រ័យរបស់ទាំងពីរនោះ ឆន្ទរាគនោះ ឈ្មោះថា សំយោជនៈ។

[២៩៤] ម្នាលអាវុសោ ដូចគោខ្មៅ និងគោស គេទឹមដោយខ្សែទាមមួយក្តី ខ្សែបរមួយក្តី បើមានអ្នកណា និយាយយ៉ាងនេះថា គោខ្មៅជាសំយោជនៈ របស់គោស គោស ជាសំយោជនៈ របស់គោខ្មៅ ដូច្នេះ តើអ្នកនោះ ឈ្មោះថា និយាយត្រូវដែរ ឬដូចម្តេច។ មិនត្រូវទេ អាវុសោ ម្នាលអាវុសោ គោខ្មៅ មិនមែនជាសំយោជនៈ របស់គោសទេ គោស ក៏មិនមែនជាសំយោជនៈ របស់គោខ្មៅដែរ គោទាំងពីរនេះ គេទឹមដោយខ្សែទាមមួយ ឬខ្សែបរមួយណា ខ្សែទាម និងខ្សែបរនោះ ជាសំយោជនៈ របស់គោទាំងពីរនោះ។ ម្នាលអាវុសោ សេចក្តីនុ៎ះ មានឧបមេយ្យ ដូច ចក្ខុ មិនមែនជាសំយោជនៈ របស់រូបទេ រូប ក៏មិនមែនជាសំយោជនៈ របស់ចក្ខុដែរ ឆន្ទរាគណា កើតឡើង ព្រោះអាស្រ័យរបស់ទាំងពីរនោះ ឆន្ទរាគនោះ ឈ្មោះថា សំយោជនៈ។បេ។ ជិវ្ហា មិនមែនជាសំយោជនៈ របស់រសទេ។បេ។ មនោ មិនមែនជាសំយោជនៈ របស់ធម្មារម្មណ៍ទេ ធម្មារម្មណ៍ ក៏មិនមែនជាសំយោជនៈ របស់មនោដែរ ឆន្ទរាគណា ដែលកើតឡើង ព្រះអាស្រ័យរបស់ទាំងពីរនោះ ឆន្ទរាគនោះ ឈ្មោះថា សំយោជនៈ។

[២៩៥] ម្នាលអាវុសោ បើចក្ខុជាសំយោជនៈរបស់រូប ឬរូបជាសំយោជនៈរបស់ចក្ខុ ហើយ ការប្រព្រឹត្តិព្រហ្មចរិយៈ ដើម្បីឲ្យអស់ទុក្ខដោយប្រពៃ មិនប្រាកដឡើយ ម្នាលអាវុសោ ចក្ខុ មិនមែនជាសំយោជនៈ របស់រូបទេ រូបក៏មិនមែនជាសំយោជនៈ របស់ចក្ខុដែរ ឆន្ទរាគណា ដែលកើតឡើង ព្រោះអាស្រ័យរបស់ទាំងពីរនោះ ឆន្ទរាគនោះ ឈ្មោះថា សំយោជនៈ ហេតុណា ហេតុនោះ ការប្រព្រឹត្តិព្រហ្មចរិយៈ ដើម្បីឲ្យអស់ទុក្ខ ដោយប្រពៃ ទើបមានប្រាកដ។បេ។ បើជិវ្ហា ជាសំយោជនៈ របស់រស ឬរសជាសំយោជនៈ របស់ជិវ្ហាហើយ ការប្រព្រឹត្តិព្រហ្មចរិយៈ ដើម្បីឲ្យអស់ទុក្ខដោយប្រពៃ មិនប្រាកដឡើយ ម្នាលអាវុសោ ជិវ្ហាមិនមែនជាសំយោជនៈ របស់រសទេ រសក៏មិនមែនជាសំយោជនៈ របស់ជិវ្ហាដែរ ឆន្ទរាគណា ដែលកើតឡើង ព្រោះអាស្រ័យរបស់ទាំងពីរនោះ ឆន្ទរាគនោះ ឈ្មោះថា សំយោជនៈ ហេតុណា ហេតុនោះ បានជាការប្រព្រឹត្តិព្រហ្មចរិយៈ ដើម្បីឲ្យអស់ទុក្ខ ដោយប្រពៃ មានប្រាកដមែន។បេ។ ម្នាលអាវុសោ បើមនោ ជាសំយោជនៈ របស់ធម្មារម្មណ៍ ឬធម្មារម្មណ៍ ជាសំយោជនៈ របស់មនោហើយ ការប្រព្រឹត្តិព្រហ្មចរិយៈ ដើម្បីឲ្យអស់ទុក្ខដោយប្រពៃ មិនប្រាកដឡើយ ម្នាលអាវុសោ មនោមិនមែនជាសំយោជនៈ របស់ធម្មារម្មណ៍ទេ ធម្មារម្មណ៍ ក៏មិនមែនជាសំយោជនៈ របស់មនោដែរ ឆន្ទរាគណា ដែលកើតឡើង ព្រោះអាស្រ័យរបស់ទាំងពីរនោះ ឆន្ទរាគនោះ ឈ្មោះថា សំយោជនៈ ហេតុណា ហេតុនោះ បានជាការប្រព្រឹត្តិព្រហ្មចរិយៈ ដើម្បីឲ្យអស់ទុក្ខ ដោយប្រពៃ មានប្រាកដមែន។ ម្នាលអាវុសោ ដំណើរនុ៎ះ អ្នកត្រូវយល់តាមបរិយាយនោះ។ ដូចជាចក្ខុ មិនមែនជាសំយោជនៈ របស់រូបទេ រូប ក៏មិនមែនជាសំយោជនៈ របស់ចក្ខុដែរ ឆន្ទរាគណា ដែលកើតឡើង ព្រោះអាស្រ័យរបស់ទាំងពីរនោះ ឆន្ទរាគនោះ ឈ្មោះថា សំយោជនៈ។បេ។ ជិវ្ហា មិនមែនជាសំយោជនៈរបស់ទេ។បេ។ មនោមិនមែនជាសំយោជនៈ របស់ធម្មារម្មណ៍ទេ ធម្មារម្មណ៍ ក៏មិនមែនជាសំយោជនៈ របស់មនោដែរ ឆន្ទរាគណា ដែលកើតឡើង ព្រោះអាស្រ័យរបស់ទាំងពីរនោះ ឆន្ទរាគនោះ ឈ្មោះថា សំយោជនៈ។

[២៩៦] ម្នាលអាវុសោ ព្រះចក្ខុរបស់ព្រះមានព្រះភាគ ក៏មាន ព្រះមានព្រះភាគ ក៏ទ្រង់ទតមើលរូប ដោយព្រះចក្ខុដែរ តែឆន្ទរាគ របស់ព្រះមានព្រះភាគ មិនមានទេ ព្រោះព្រះមានព្រះភាគ ព្រះអង្គមានព្រះហប្ញទ័យ ផុតស្រឡះហើយ។ ម្នាលអាវុសោ ព្រះស្រោត របស់ព្រះមានព្រះភាគ ក៏មាន ព្រះមានព្រះភាគ ក៏ទ្រង់ព្រះសណ្តាប់សំឡេង ដោយព្រះស្រោតដែរ តែឆន្ទរាគ របស់ព្រះមានព្រះភាគ មិនមានទេ ព្រោះព្រះមានព្រះភាគ ព្រះអង្គមានព្រះហប្ញទ័យ ផុតស្រឡះហើយ។ ម្នាលអាវុសោ ព្រះឃានៈ របស់ព្រះមានព្រះភាគ ក៏មាន ព្រះមានព្រះភាគ ក៏ទ្រង់ហិតក្លិនដោយព្រះឃានៈដែរ តែឆន្ទរាគ របស់ព្រះមានព្រះភាគ មិនមានទេ ព្រោះព្រះមានព្រះភាគ ព្រះអង្គមានព្រះហប្ញទ័យ ផុតស្រឡះហើយ។ ម្នាលអាវុសោ ព្រះជិវ្ហា របស់ព្រះមានព្រះភាគ ក៏មាន ព្រះមានព្រះភាគ ក៏ទ្រង់លិទ្ធរសដោយព្រះជិវ្ហាដែរ តែឆន្ទរាគ របស់ព្រះមានព្រះភាគ មិនមានទេ ព្រោះព្រះមានព្រះភាគ ព្រះអង្គមានព្រះហប្ញទ័យ ផុតស្រឡះហើយ។ ម្នាលអាវុសោ ព្រះកាយ របស់ព្រះមានព្រះភាគ ក៏មាន ព្រះមានព្រះភាគ ក៏ទ្រង់ប៉ះពាល់នូវផោដ្ឋព្វារម្មណ៍ ដោយព្រះកាយដែរ តែឆន្ទរាគ របស់ព្រះមានព្រះភាគ មិនមានទេ ព្រោះព្រះមានព្រះភាគ ព្រះអង្គមានព្រះហប្ញទ័យ ផុតស្រឡះហើយ។ ម្នាលអាវុសោ ព្រះមនោ របស់ព្រះមានព្រះភាគ ក៏មាន ព្រះមានព្រះភាគ ក៏ទ្រង់ជ្រាបច្បាស់ នូវធម្មារម្មណ៍ ដោយព្រះមនោដែរ តែឆន្ទរាគ របស់ព្រះមានព្រះភាគ មិនមានទេ ព្រោះព្រះមានព្រះភាគ ព្រះអង្គមានព្រះហប្ញទ័យ ផុតស្រឡះហើយ។ ម្នាលអាវុសោ ហេតុនុ៎ះ អ្នកត្រូវយល់តាមបរិយាយនេះចុះ។ ដូចយ៉ាង ចក្ខុ មិនមែនជាសំយោជនៈ របស់រូប រូប ក៏មិនមែនជាសំយោជនៈ របស់ចក្ខុដែរ ឆន្ទរាគណា ដែលកើតឡើង ព្រោះអាស្រ័យរបស់ទាំងពីរនោះ ឆន្ទរាគនោះ ឈ្មោះថា សំយោជនៈ។ សោតៈមិនមែន។ ឃានៈមិនមែន។ ជិវ្ហា មិនមែនជាសំយោជនៈ របស់រស រសក៏មិនមែនជាសំយោជនៈ របស់ជិវ្ហាដែរ ឆន្ទរាគណា ដែលកើតឡើង ព្រោះអាស្រ័យរបស់ទាំងពីរនោះ ឆន្ទរាគនោះ ទើឈ្មោះថា សំយោជនៈ។ កាយមិនមែន។ មនោមិនមែនជាសំយោជនៈ របស់ធម្មារម្មណ៍ ធម្មារម្មណ៍ ក៏មិនមែនជាសំយោជនៈ របស់មនោដែរ ឆន្ទរាគណា ដែលកើតឡើង ព្រោះអាស្រ័យរបស់ទាំងពីរនោះ ឆន្ទរាគនោះ ឈ្មោះថា សំយោជនៈ។

(កាមភូ)សូត្រ ទី៦

(៦. កាមភូសុត្តំ)

[២៩៧] សម័យមួយ ព្រះអានន្ទមានអាយុ និងព្រះកាមភូមានអាយុ គង់នៅក្នុងឃោសិតារាម ទៀបក្រុងកោសម្ពី។ គ្រានោះ ព្រះកាមភូមានអាយុ ចេញចាកផលសមាបត្តិ ក្នុងសាយណ្ហសម័យ ចូលទៅរកព្រះអានន្ទមានអាយុ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះអានន្ទមានអាយុ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យដែលគួររឭកហើយ ទើបអង្គុយក្នុងទីដ៏សមគួរ។ លុះព្រះកាមភូមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ បានសួរព្រះអានន្ទមានអាយុ ដូច្នេះថា ម្នាលអាវុសោ អានន្ទ ចក្ខុ ជាសំយោជនៈ របស់រូប រូបជាសំយោជនៈ របស់ចក្ខុ ឬដូចម្តេច។បេ។ ជិវ្ហាជាសំយោជនៈ របស់រស រសជាសំយោជនៈ របស់ជិវ្ហាឬ។បេ។ មនោ ជាសំយោជនៈ របស់ធម្មារម្មណ៍ ធម្មារម្មណ៍ ជាសំយោជនៈ របស់មនោ ឬដូចម្តេច។ ព្រះអានន្ទតបថា ម្នាលអាវុសោ កាមភូ ចក្ខុមិនមែនជាសំយោជនៈ របស់រូបទេ រូបក៏មិនមែនជាសំយោជនៈ របស់ចក្ខុដែរ ឆន្ទរាគណា ដែលកើតឡើង ព្រោះអាស្រ័យរបស់ទាំងពីរនោះ ឆន្ទរាគនោះ ឈ្មោះថា សំយោជនៈ។បេ។ ជិវ្ហា មិនមែនជាសំយោជនៈ របស់រសទេ រសក៏មិនមែនជាសំយោជនៈ របស់ជិវ្ហាដែរ។បេ។ មនោ មិនមែនជាសំយោជនៈ របស់ធម្មារម្មណ៍ទេ ធម្មារម្មណ៍ ក៏មិនមែនជាសំយោជនៈ របស់មនោដែរ ឆន្ទរាគណា ដែលកើតឡើង ព្រោះអាស្រ័យរបស់ទាំងពីរនោះ ឆន្ទរាគនោះ ឈ្មោះថា សំយោជនៈ។ ម្នាលអាវុសោ ដូចគោខ្មៅ និងគោស ដែលគេទឹម ដោយខ្សែទាមមួយ ឬខ្សែបរមួយ បើមានអ្នកណា និយាយថា គោខ្មៅ ជាសំយោជានៈរបស់គោស គោស ជាសំយោជនៈ របស់គោខ្មៅ តើអ្នកនិយាយនោះ ឈ្មោះថា និយាយត្រូវដែរឬទេ។ ម្នាលអាវុសោមិនត្រូវទេ ម្នាលអាវុសោ គោខ្មៅ មិនមែនជាសំយោជនៈ របស់គោសទេ គោសក៏មិនមែនជាសំយោជនៈ របស់គោខ្មៅដែរ គោទាំងនោះ សុទ្ធតែគេទឹម ដោយខ្សែទាមមួយ ឬខ្សែបរមួយ ខ្សែទាម និងខ្សែបរនោះ ជាសំយោជនៈ របស់គោទាំងពីរនោះ។ ម្នាលអាវុសោ សេចក្តីនុ៎ះ មានឧបមេយ្យ ដូចចក្ខុមិនមែនជាសំយោជនៈរបស់រូបទេ រូបក៏មិនមែន ជា សំយោជនៈរបស់ចក្ខុដែរ។បេ។ ជិវ្ហាក៏មិនមែន។បេ។ មនោក៏មិនមែន។បេ។ ឆន្ទរាគណា ដែលកើតឡើង ព្រោះអាស្រ័យរបស់ទាំងពីរនោះ ឆន្ទរាគនោះ ឈ្មោះថា សំយោជនៈ។

(ឧទាយី)សូត្រ ទី៧

(៧. ឧទាយីសុត្តំ)

[២៩៨] សម័យមួយ ព្រះអានន្ទមានអាយុ និងព្រះឧទាយិមានអាយុ គង់នៅក្នុង ឃោសិតា ទៀបក្រុងកោសម្ពី។ គ្រានោះឯង ព្រះឧទាយិមានអាយុ ចេញចាកផល សមាបត្តិ ក្នុងសាយណ្ហសម័យ ក៏ចូលទៅរកព្រះអានន្ទមានអាយុ លុះចូលទៅដល់ហើយ បានធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះអានន្ទមានអាយុ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យដែលគួររឭកហើយ ក៏អង្គុយក្នុងទីដ៏សមគួរ។ លុះព្រះឧទាយិមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ទើបនិយាយ នឹងព្រះអានន្ទមានអាយុ ដូច្នេះថា ម្នាលអាវុសោ អានន្ទ កាយនេះ ព្រះមានព្រះភាគ តែងសម្តែង បើក ប្រកាសថា កាយនេះជាអនត្តា ដោយអនេកបរិយាយ យ៉ាងណា។ ព្រះមានព្រះភាគ អាចដើម្បីប្រាប់សម្តែង តែងតាំង ផ្តួចផ្តើម បើក វែកញែក ធ្វើឲ្យងាយ នូវវិញ្ញាណនេះថា វិញ្ញាណនេះ ជាអនត្តាដូច្នេះ យ៉ាងនោះ បានដែរឬ។ ម្នាលអាវុសោ ឧទាយិ កាយនេះ ព្រះមានព្រះភាគ ត្រាស់សម្តែង បើក ប្រកាសថា កាយនេះ ជាអនត្តា ដូច្នេះ ដោយអនេកបរិយាយយ៉ាងណា។ ព្រះមានព្រះភាគ អាចប្រាប់ សម្តែង តែងតាំង ផ្តួចផ្តើម បើក វែកញែក ធ្វើឲ្យងាយ នូវវិញ្ញាណនេះថា វិញ្ញាណនេះ ជាអនត្តា ដូច្នេះ យ៉ាងនោះបាន។

[២៩៩] ម្នាលអាវុសោអានន្ទ ចក្ខុវិញ្ញាណកើតឡើង ព្រោះអាស្រ័យចក្ខុ និងរូបឬ។ ម្នាលអាវុសោឧទាយិ យ៉ាងនេះមែនហើយ។ ម្នាលអាវុសោអានន្ទ ហេតុណា បច្ច័យណា ដែលនាំឲ្យចក្ខុវិញ្ញាណកើតឡើង ហេតុនោះ បច្ច័យនោះ នឹងរលត់ទៅ ឥតមានសេសសល់ ដោយអាការទាំងពួង ដោយប្រការទាំងពួង ចក្ខុវិញ្ញាណ នឹងប្រាកដឬហ្ន៎។ ម្នាលអាវុសោឧទាយិ ចក្ខុវិញ្ញាណនុ៎ះ មិនប្រាកដទេ ម្នាលអាវុសោ ឧទាយិ ហេតុនុ៎ះ ព្រះមានព្រះភាគបានត្រាស់ បានបើក បានប្រកាសហើយ ដោយបរិយាយនេះថា វិញ្ញាណនេះ ជាអនត្តាដូច្នេះ។បេ។ ម្នាលអាវុសោអានន្ទ ជិវ្ហាវិញ្ញាណកើតឡើង ព្រោះអាស្រ័យជិវ្ហា និងរសឬ។ ម្នាលអាវុសោឧទាយិ យ៉ាងនេះ មែនហើយ។ ម្នាលអាវុសោអានន្ទ ហេតុណា បច្ច័យណា ដែលនាំឲ្យជិវ្ហាវិញ្ញាណកើតឡើង ហេតុនោះ បច្ច័យនោះ នឹងរលត់ទៅ ឥតមានសេសសល់ ដោយអាការទាំងពួង ដោយប្រការទាំងពួង ជិវ្ហាវិញ្ញាណ នឹងប្រាកដឬហ្ន៎។ ម្នាលអាវុសោឧទាយិ ជិវ្ហាវិញ្ញាណនុ៎ះ មិនប្រាកដទេ ម្នាលអាវុសោឧទាយិ ជិវ្ហាវិញ្ញាណនុ៎ះ ព្រះមានព្រះភាគ បានត្រាស់ បានបើក បានប្រកាសហើយ ដោយបរិយាយនេះថា វិញ្ញាណនេះ ជាអនត្តា ដូច្នេះ។បេ។ ម្នាលអាវុសោអានន្ទ មនោវិញ្ញាណ កើតឡើង ព្រោះអាស្រ័យមនោ និងធម្មារម្មណ៍ឬ។ ម្នាលអាវុឧទាយិ យ៉ាងនេះ មែនហើយ។ ម្នាលអាវុសោអានន្ទ ហេតុណា បច្ច័យណា ដែលនាំឲ្យមនោវិញ្ញាណកើតឡើង ហេតុនោះ បច្ច័យនោះ នឹងរលត់ទៅ ឥតមានសេសសល់ ដោយអាការទាំងពួង ដោយប្រការទាំងពួង មនោវិញ្ញាណ នឹងប្រាកដឬហ្ន៎។ ម្នាលអាវុសោឧទាយិ មនោវិញ្ញាណនុ៎ះ មិនប្រាកដទេ ម្នាលអាវុសោឧទាយិ មនោវិញ្ញាណនុ៎ះ ព្រះមានព្រះភាគ បានត្រាស់ បានបើក បានប្រកាស ដោយបរិយាយនេះថា វិញ្ញាណនេះ ជាអនត្តា ដូច្នេះ។

[៣០០] ម្នាលអាវុសោ ឧទាយិ ដូចជាបុរសអ្នកត្រូវការខ្លឹមឈើ ស្វែងរកខ្លឹមឈើ ត្រាច់ទៅរកខ្លឹមឈើ កាន់ដឹងដ៏មុត ចូលទៅកាន់ព្រៃ បុរសនោះ ឃើញដើមចេក ធំ ត្រង់ ខ្ចី មិនទាន់មានបណ្តូលស្ទង នៅក្នុងព្រៃនោះ ក៏កាត់យកដើមចេកនោះ ត្រង់គល់ លុះកាត់រួចហើយ ទើបកាត់ចុង លុះកាត់ចុងរួចហើយ ក៏បកស្រទប សូម្បីតែស្រាយ ក៏បុរសនោះ រកមិនបានក្នុងដើមចេកនោះផង នឹងបានខ្លឹមមកពីណា មានឧបមា យ៉ាងណាមិញ។ ម្នាលអាវុសោឧទាយិ មានឧបមេយ្យ ដូចភិក្ខុមិនពិចារណាឃើញខ្លួន មិនពិចារណាឃើញវត្ថុជារបស់ខ្លួន ក្នុងផស្សាយតនៈ ទាំង ៦ កាលបើភិក្ខុនោះ ពិចារណាឃើញយ៉ាងនេះ ក៏លែងប្រកាន់របស់អ្វីតិចតួចក្នុងលោក កាលបើលែងប្រកាន់ រមែងមិនតក់ស្លុត កាលបើមិនតក់ស្លុត រមែងរំលត់កិលេសដោយពិត ដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចរិយៈ អាត្មាអញ នៅរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើរួចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ច នេះទៀត មិនមានឡើយ។

(អាទិត្តបរិយាយ)សូត្រ ទី៨

(៨. អាទិត្តបរិយាយសុត្តំ)

[៣០១] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសម្តែង នូវធម្មបរិយាយ ឈ្មោះ អាទិត្តបរិយាយ ដល់អ្នកទាំងឡាយ ចូរអ្នកទាំងឡាយ ស្តាប់ធម្មបរិយាយនោះចុះ។ ម្នាលភិក្ខុទាំងឡាយ ចុះធម្មបរិយាយ ឈ្មោះ អាទិត្តបរិយាយ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ចក្ខុន្រ្ទិយ ដែលបុគ្គល អាលដោយបន្ទះដែក ដ៏ក្តៅ ដែលភ្លើងកំពុងឆេះ រុងរោចន៍ សន្ធោសន្ធៅ ប្រសើរជាង ការកាន់យកនិមិត្ត ដោយអនុព្យព្ជានៈ ក្នុងរូប ដែលបុគ្គល គប្បីដឹងដោយចក្ខុ មិនប្រសើរទេ។ ម្នាលភិក្ខុទាំងឡាយ វិញ្ញាណដែលផ្តេកផ្តួលទៅរក សេចក្តីត្រេកអរក្នុងនិមិត្ត ឬផ្តេកផ្តួល ទៅរកសេចក្តីត្រេកអរ ក្នុងអនុព្យព្ជានៈ ហើយតាំងនៅ បើបុគ្គលនោះ ធ្វើមរណកាល ក្នុងសម័យនោះ។ បណ្តាគតិទាំងពីរ បុគ្គលនោះ គប្បីទៅកាន់គតិណាមួយ គឺនរក ឬកំណើតតិរច្ឆាន ដោយហេតុណា ហេតុនោះ រមែងមាន។ ម្នាលភិក្ខុទាំងឡាយ តថាគត ឃើញទោសនេះឯង បានជាពោលយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ សោតិន្រ្ទិយ ដែលបុគ្គលខ្វារ ដោយកង្វារដែកដ៏មុត ដែលភ្លើងកំពុងឆេះរុងរោចន៍ សន្ធោសន្ធៅ ប្រសើរជាង ការកាន់យកនិមិត្ត ដោយអនុព្យព្ជានៈ ក្នុងសំឡេង ដែលបុគ្គលគប្បីដឹង ដោយសោតៈ មិនប្រសើរទេ។ ម្នាលភិក្ខុទាំងឡាយ វិញ្ញាណដែលផ្តេកផ្តួល ទៅរកសេចក្តីត្រេកអរ ចំពោះនិមិត្ត ឬផ្តេកផ្តួល ទៅរកសេចក្តីត្រេកអរ ចំពោះអនុព្យព្ជានៈ ហើយឋិតនៅ បើបុគ្គលធ្វើមរណកាល ក្នុងសម័យនោះទៅ។ បណ្តាគតិទាំងពីរ បុគ្គលនោះ គប្បីទៅកាន់គតិណាមួយ គឺនរក ឬកំណើតតិរច្ឆាន ដោយហេតុណា ហេតុនុ៎ះ រមែងមាន។ ម្នាលភិក្ខុទាំងឡាយ តថាគត ឃើញទោសនេះឯង បានជាពោលយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ ឃានិន្រ្ទិយ ដែលបុគ្គលខ្វេះ ដោយក្រចកដែកដ៏មុត ដែលភ្លើងកំពុងឆេះរុចរោចន៍ សន្ធោសន្ធៅ ប្រសើរជាង ការកាន់យកនិមិត្ត ដោយអនុព្យព្ជានៈ ក្នុងក្លិនទាំងឡាយ ដែលបុគ្គលគប្បីដឹងដោយឃានៈ មិនប្រសើរទេ។ ម្នាលភិក្ខុទាំងឡាយ វិញ្ញាណដែលផ្តេកផ្តួល ទៅរកសេចក្តីត្រេកអរ ចំពោះនិមិត្ត ឬផ្តេកផ្តួលទៅរកសេចក្តីត្រេកអរ ចំពោះអនុព្យព្ជានៈ ហើយតាំងនៅ បើបុគ្គលនោះ ធ្វើមរណកាល ក្នុងសម័យនោះ។ បណ្តាគតិទាំងពីរ បុគ្គលនោះ គប្បីទៅកាន់គតិណាមួយ គឺនរក ឬកំណើតតិរច្ឆាន ដោយហេតុណា ហេតុនុ៎ះ រមែងមាន។ ម្នាលភិក្ខុទាំងឡាយ តថាគតឃើញទោសនេះឯង បានជាពោលយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ ជិវ្ហិន្រ្ទិយ ដែលបុគ្គលកាត់ ដោយកាំបិតកោរដ៏មុត ដែលភ្លើងកំពុងឆេះ រុងរោចន៍សន្ធោសន្ធៅ ប្រសើរជាង ការកាន់យកនិមិត្ត ដោយអនុព្យព្ជានៈ ក្នុងរស ដែលបុគ្គលគប្បីដឹងដោយជិវ្ហា មិនប្រសើរទេ។ ម្នាលភិក្ខុទាំងឡាយ វិញ្ញាណដែលផ្តេក ផ្តួលទៅរកសេចក្តីត្រេកអរក្នុងនិមិត្ត ឬផ្តេកផ្តួលទៅរកសេចក្តីត្រេកអរ ក្នុងអនុព្បព្ជានៈ

ហើយឋិតនៅ បើបុគ្គលនោះ ធ្វើមរណកាល ក្នុងសម័យនោះទៅ។ បណ្តាគតិទាំងពីរ បុគ្គលនោះ គប្បី ទៅកាន់គតិណាមួយ គឺនរក ឬកំណើតតិរច្ឆាន ដោយហេតុណា ហេតុនុ៎ះ រមែងមាន។ ម្នាលភិក្ខុទាំងឡាយ តថាគត ឃើញទោសនេះឯង បានជាពោលយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ កាយិន្រ្ទិយ ដែលបុគ្គលពន្លះ ដោយកាំបិតដ៏មុត ដែលភ្លើងកំពុងឆេះរុងរោចន៍សន្ធោសន្ធៅ ប្រសើរជាង ការកាន់យកនិមិត្ត ដោយអនុព្យព្ជានៈ ក្នុងផោដ្ឋព្វៈដែលបុគ្គល គប្បីដឹងដោយកាយ មិនប្រសើរទេ។ ម្នាលភិក្ខុទាំងឡាយ វិញ្ញាណ ដែលផ្តេកផ្តួលទៅរកសេចក្តីត្រេកអរ ចំពោះនិមិត្ត ឬផ្តេកផ្តួលទៅរកសេចក្តីត្រេកអរចំពោះអនុព្យព្ជានៈ ហើយឋិតនៅ ប្រសិនបើ បុគ្គលនោះ ធ្វើមរណកាល ក្នុងសម័យនោះទៅ។ បណ្តាគតិទាំងពីរ បុគ្គលនោះ គប្បីទៅកាន់គតិណាមួយ គឺនរក ឬកំណើតតិរច្ឆាន ដោយហេតុណា ហេតុនុ៎ះ រមែងមាន។ ម្នាលភិក្ខុទាំងឡាយ តថាគតឃើញទោសនេះឯង បានជាពោលយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលដេកលក់ ប្រសើរជាង ម្នាលភិក្ខុទាំងឡាយ ព្រះតថាគត ពោលការដេកលក់ ថាជាទោសរបស់មនុស្ស ដែលរស់នៅ តថាគត ពោលការដេកលក់ ថាមិនមែនជាផល របស់មនុស្ស ដែលរស់នៅ តថាគត ពោលការដេកលក់ ថាជាសេចក្តីវង្វេង របស់មនុស្សដែលរស់នៅ បុគ្គលលុះក្នុងអំណាច វិតក្កៈ មានសភាព យ៉ាងណាហើយ បំបែកសង្ឃ បុគ្គលត្រិះរិះ ក្នុងវិតក្កៈ មានសភាពយ៉ាងនោះ មិនប្រសើរទេ។ ម្នាលភិក្ខុទាំងឡាយ តថាគតឃើញទោសនេះឯង ថាជាទោសរបស់បុគ្គល ដែលរស់នៅ បានជាពោលយ៉ាងនេះ។

[៣០២] ម្នាលភិក្ខុទាំងឡាយ ក្នុងរឿងទាំងនោះ អរិយសាវ័ក អ្នកចេះដឹង ពិចារណាឃើញ ដូច្នេះថា ចក្ខុន្រ្ទិយ ដែលបុគ្គលអាល ដោយបន្ទះដែកដ៏ក្តៅ ដែលភ្លើងកំពុងឆេះ រុងរោចន៍ សន្ធោសន្ធៅ លើកទុកដោយឡែកសិនចុះ។ បើដូច្នោះ អញធ្វើទុកក្នុងចិត្ត នូវហេតុនេះ ដូច្នេះថា ចក្ខុមិនទៀង រូបមិនទៀង ចក្ខុវិញ្ញាណមិនទៀង ចក្ខុសម្ផ័ស្សមិនទៀង វេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនទុក្ខមិនសុខក្តី ដែលកើតឡើង ព្រោះចក្ខុសម្ផ័ស្សជាបច្ច័យ វេទនានោះ ក៏មិនទៀង។ សោតិន្រ្ទិយ ដែលបុគ្គលខ្វារ ដោយកង្វារដែកដ៏មុត ដែលភ្លើងកំពុងឆេះ រុងរោចន៍ សន្ធោសន្ធៅ លើកទុកដោយឡែកសិនចុះ បើដូច្នោះ អញធ្វើទុកក្នុងចិត្ត នូវហេតុនេះ ដូច្នេះថា សោតៈមិនទៀង សទ្ទៈមិនទៀង សោតវិញ្ញាណមិនទៀង សោតសម្ផ័ស្សមិនទៀង វេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនទុក្ខមិនសុខក្តី ដែលកើតឡើង ព្រោះសោតសម្ផ័ស្ស ជាបច្ច័យ វេទនានោះ មិនទៀង។ ឃានិន្រ្ទិយ ដែលបុគ្គលខ្វេះ ដោយក្រចកដែកដ៏មុត ដែលភ្លើងកំពុងឆេះ រុងរោចន៍ សន្ធោសន្ធៅ លើកទុកដោយឡែកសិនចុះ បើដូច្នោះ អញធ្វើទុកក្នុងចិត្ត នូវហេតុនេះ ដូច្នេះថា ឃានៈមិនទៀង គន្ធៈមិនទៀង ឃានវិញ្ញាណមិនទៀង ឃានសម្ផ័ស្សមិនទៀង វេទនាណា ដែលកើតឡើង ព្រោះឃានៈសម្ផ័ស្សជាបច្ច័យ។បេ។ វេទនានោះ ក៏មិនទៀង។ ជិវ្ហិន្រ្ទិយ ដែលបុគ្គល ពន្លះដោយកាំបិតកោរដ៏មុត ដែលភ្លើងកំពុងឆេះ រុងរោចន៍ សន្ធោសន្ធៅ លើកទុកដោយឡែកសិនចុះ បើដូច្នោះ អញធ្វើទុកក្នុងចិត្ត នូវហេតុនេះ ដូច្នេះថា ជិវ្ហាមិនទៀង រសមិនទៀង ជិវ្ហាវិញ្ញាណមិនទៀង ជិវ្ហាសម្ផ័ស្សមិនទៀង វេទនាណា ដែលកើតឡើង ព្រោះជិវ្ហាសម្ផ័ស្សជាបច្ច័យ។បេ។ វេទនានោះ ក៏មិនទៀង។ កាយិន្រ្ទិយ ដែលបុគ្គលចាក់ ដោយលំពែងដ៏មុត ដែលភ្លើងកំពុងឆេះ រុងរោចន៍ សន្ធោសន្ធៅ លើកទុកដោយឡែកសិនចុះ បើដូច្នោះ អញធ្វើទុកក្នុង ចិត្តនូវហេតុនេះ ដូច្នេះថា កាយមិនទៀង ផោដ្ឋព្វារម្មណ៍មិនទៀង កាយវិញ្ញាណមិនទៀង កាយសម្ផ័ស្សមិនទៀង វេទនាណា ដែលកើតឡើង ព្រោះកាយសម្ផ័ស្សជាបច្ច័យ។បេ។ វេទនានោះ ក៏មិនទៀង។ ការដេកលក់ លើកទុកសិនចុះ។ បើដូច្នោះ អញធ្វើទុកក្នុងចិត្ត នូវហេតុនេះ ដូច្នេះថា មនោមិនទៀង ធម្មារម្មណ៍មិនទៀង មនោវិញ្ញាណមិនទៀង មនោសម្ផ័ស្សមិនទៀង វេទនាណា ជាសុខក្តីជា ទុក្ខក្តី មិនទុក្ខមិនសុខក្តី ដែលកើតឡើង ព្រោះមនោសម្ផ័ស្សជាបច្ច័យ វេទនានោះ ក៏មិនទៀង។ ម្នាលភិក្ខុទាំងឡាយ កាលបើអរិយសាវ័ក អ្នកចេះដឹង ឃើញយ៉ាងនេះ រមែងនឿយណាយ នឹងចក្ខុផង នឿយណាយនឹងរូបផង នឿយណាយនឹងចក្ខុវិញ្ញាណផង នឿយណាយនឹងចក្ខុសម្ផ័ស្សផង។បេ។ វេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនទុក្ខមិនសុខក្តី ដែលកើតឡើង ព្រោះមនោសម្ផ័ស្សជាបច្ច័យ ក៏នឿយណាយនឹងវេទនានោះ កាលបើនឿយណាយ រមែងប្រាសចាកតម្រេក ព្រោះតែប្រាសចាកតម្រេក ទើបចិត្តរួចស្រឡះ។ កាលបើចិត្តរួចស្រឡះហើយ ញាណក៏កើតឡើងថា ចិត្តរួចស្រឡះហើយ។ ដឹងច្បាស់ថា ព្រហ្មចរិយៈ អាត្មាអញ នៅរួចហើយ សោឡសកិច្ច អាត្មាអញ ធ្វើរួចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ច នេះទៀត មិនមានឡើយ។ ម្នាលភិក្ខុទាំងឡាយ នេះជាធម្មបរិយាយ ឈ្មោះ អាទិត្តបរិយាយ។

(បឋមហត្ថបាទោបម)សូត្រ ទី៩

(៩. បឋមហត្ថបាទោបមសុត្តំ)

[៣០៣] ម្នាលភិក្ខុទាំងឡាយ កាលបើដៃមាន ការកាន់ និងការដាក់ចុះ រមែងប្រាកដ កាលបើជើងមាន ការឈានទៅមុខ និងឈានថយក្រោយ ក៏រមែងប្រាកដ កាលបើសន្លាក់ទាំងឡាយមាន ការបត់ចូល និងលាចេញ ក៏រមែងប្រាកដ កាលបើពោះមាន សេចក្តីស្រេកឃ្លាន ក៏រមែងប្រាកដ។ ម្នាលភិក្ខុទាំងឡាយ ពិតយ៉ាងនេះឯង កាលបើចក្ខុមាន សេចក្តីសុខ និងទុក្ខ ជាខាងក្នុង ក៏កើតឡើង ព្រោះចក្ខុសម្ផ័ស្សជា បច្ច័យ។បេ។ កាលបើជិវ្ហាមាន សេចក្តីសុខ និងទុក្ខជាខាងក្នុង ក៏កើតឡើង ព្រោះជិវ្ហាសម្ផ័ស្សជាបច្ច័យ។បេ។ កាលបើមនោមាន សេចក្តីសុខ និងទុក្ខជាខាងក្នុង ក៏កើតឡើង ព្រោះមនោសម្ផ័ស្សជាបច្ច័យ។បេ។

[៣០៤] ម្នាលភិក្ខុទាំងឡាយ កាលបើមិនមានដៃ ការកាន់យក និងការដាក់ចុះ ក៏មិនប្រាកដ កាលបើមិនមានជើង ការឈានទៅមុខ និងឈានថយក្រោយ ក៏មិនប្រាកដ កាលបើមិនមានសន្លាក់ ការបត់ចូល និងលាចេញ ក៏មិនប្រាកដ កាលបើមិនមានពោះ សេចក្តីស្រេកឃ្លាន ក៏មិនប្រាកដ។ ម្នាលភិក្ខុទាំងឡាយ ពិតយ៉ាងនេះឯង កាលបើចក្ខុ មិនមាន សេចក្តីសុខ ទុក្ខជាខាងក្នុង ក៏មិនកើតឡើង ព្រោះចក្ខុសម្ផ័ស្សជាបច្ច័យ។បេ។ កាលបើជិវ្ហាមិនមាន សេចក្តី សុខទុក្ខជាខាងក្នុង ក៏មិនកើតឡើង ព្រោះជិវ្ហាសម្ផ័ស្សជាបច្ច័យ។បេ។ កាលបើមនោមិនមាន សេចក្តីសុខទុក្ខ ជាខាងក្នុង ក៏មិនកើតឡើង ព្រោះមនោសម្ផ័ស្សជាបច្ច័យ។

(ទុតិយហត្ថបាទោបម)សូត្រ ទី១០

(១០. ទុតិយហត្ថបាទោបមសុត្តំ)

[៣០៥] ម្នាលភិក្ខុទាំងឡាយ កាលបើមានដៃ ការកាន់ និងការដាក់ចុះ ក៏មាន កាលបើមានជើង ការឈានទៅមុខ និងឈានថយក្រោយ ក៏មាន កាលបើមានសន្លាក់ ការបត់ចូល និងលាចេញ ក៏មាន កាលបើមានពោះ សេចក្តីស្រេកឃ្លាន ក៏មាន។ ម្នាលភិក្ខុទាំងឡាយ ពិតយ៉ាងនេះឯង កាលបើចក្ខុមាន សេចក្តីសុខទុក្ខ ជាខាងក្នុង ក៏កើតឡើង ព្រោះចក្ខុសម្ផ័ស្ស ជាបច្ច័យ។បេ។ កាលបើជិវ្ហាមាន។ បេ។ កាលបើមនោមាន សេចក្តីសុខទុក្ខ ជាខាងក្នុង ក៏កើតឡើង ព្រោះមនោសម្ផ័ស្សជាបច្ច័យ។

[៣០៦] ម្នាលភិក្ខុទាំងឡាយ កាលបើមិនមានដៃ ការកាន់ និងការដាក់ចុះ ក៏មិនមាន កាលបើមិនមានជើង ការឈានទៅមុខ និងឈានថយក្រោយ ក៏មិនមាន កាលបើមិនមានសន្លាក់ ការបត់ចូល និងលាចេញ ក៏មិនមាន កាលបើមិនមានពោះ សេចក្តីស្រេកឃ្លាន ក៏មិនមាន។ ម្នាលភិក្ខុទាំងឡាយ ពិតយ៉ាងនេះឯង កាលបើចក្ខុមិនមាន សេចក្តីសុខទុក្ខ ជាខាងក្នុង ក៏មិនកើតឡើង ព្រោះចក្ខុសម្ផ័ស្សជាបច្ច័យ។បេ។ ព្រោះជិវ្ហាសម្ផ័ស្សជាបច្ច័យ។បេ។ កាលបើមនោ មិនមាន សេចក្តីសុខទុក្ខ ជាខាងក្នុង ក៏មិនកើតឡើង ព្រោះមនោសម្ផ័ស្សជាបច្ច័យ។

ចប់ សមុទ្ទវគ្គ ទី៣។

ឧទ្ទាននៃសមុទ្ទវគ្គនោះគឺ

ព្រះអង្គសម្តែងប្រៀបពីសមុទ្ទ ២ រឿង រឿងព្រានសន្ទូច ១ ប្រៀបដោយដើមឈើ មានជ័រ ដូចទឹកដោះ ១ រឿងព្រះមហាកោដ្ឋិកៈ ១ រឿងព្រះកាមភូ ១ រឿងព្រះឧទាយិ ១ អាទិត្តបរិយាយ ជាគម្រប់ប្រាំបី ១ ទ្រង់សម្តែងពីដៃជើង និងសន្លាក់ ២ រឿង ហេតុដូច្នោះ ទើបហៅថាវគ្គ។

អាសីវិសវគ្គ ទី៤(១៩)

(១៩. អាសីវិសវគ្គោ)

(អាសីវិសោបម)សូត្រ ទី១

(១. អាសីវិសោបមសុត្តំ)

[៣០៧] ខ្ញុំបានស្តាប់មក យ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ គង់នៅក្នុងវត្តជេតពន ទៀបក្រុងសាវត្ថី។ គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយ មកថា ម្នាលភិក្ខុទាំងឡាយ ដូចជាអាសីរពិស ៤ ពួក មានតេជះដ៏ខ្លាំង មានពិសដ៏ពន្លឹក។ កាលណោះ មានបុរសចង់រស់ មិនចង់ស្លាប់ ប្រាថ្នាសុខ ខ្ពើមទុក្ខ ដើរមក ពួកជនដទៃ គប្បីនិយាយនឹងបុរសនោះ យ៉ាងនេះថា ម្នាលបុរសដ៏ចម្រើន អាសីរពិស ទាំង ៤ ពួកនេះ មានតេជះដ៏ខ្លាំង មានពិសដ៏ពន្លឹក អ្នកត្រូឲ្យក្រោកឡើង តាមកាលដ៏គួរ ត្រូវឲ្យងូតទឹក តាមកាលដ៏គួរ ត្រូវឲ្យបរិភោគ តាមកាលដ៏គួរ ត្រូវឲ្យចូលទៅដេក តាមកាលដ៏គួរ។ ម្នាលបុរសដ៏ចម្រើន បណ្តាអាសីរពិសទាំង ៤ ពួក មានតេជះដ៏ខ្លាំង មានពិសដ៏ពន្លឹក ទាំងនេះ អាសីរពិសណា ក៏ដោយៗ នឹងខឹងដល់អ្នក ក្នុងកាលណា ម្នាលបុរសដ៏ចម្រើន ក្នុងកាលណោះ អ្នកនឹងដល់នូវសេចក្តីស្លាប់ ឬដល់ទុក្ខស្ទើរនឹងស្លាប់ ម្នាលបុរសដ៏ចម្រើន កិច្ចណា ដែលអ្នកត្រូវធ្វើ ចូរអ្នកធ្វើកិច្ចនោះចុះ។

[៣០៨] ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង បុរសនោះ មានសេចក្តីភិតភ័យ នឹងអាសីរពិស ទាំង ៤ ពួក ដែលមានតេជះដ៏ខ្លាំង មានពិសដ៏ពន្លឹក ហើយក៏រត់ទៅតាមទីផ្តេសផ្តាស ពួកជនដទៃ គប្បីនិយាយ នឹងបុរសនោះ យ៉ាងនេះថា ម្នាលបុរសដ៏ចម្រើន នេះជាពេជ្ឈឃាត ទាំង ៥ ជាសត្រូវ ដេញតាមពីខាងក្រោយខ្នងៗ អ្នក ដោយគិតគ្នាថា យើងទាំងឡាយ ឃើញបុរសនុ៎ះ ក្នុងទីណា នឹងផ្តាច់ជីវិត ក្នុងទីនោះឯង ម្នាលបុរសដ៏ចម្រើន កិច្ចណា ដែលអ្នកត្រូវធ្វើ ចូរអ្នកធ្វើកិច្ចនោះចុះ។

[៣០៩] ម្នាលភិក្ខុទាំងឡាយ លំដាប់នោះឯង បុរសនោះ មានសេចក្តីភិតភ័យ នឹងអាសីរពិស ទាំង ៤ ពួក ដែលមានតេជះដ៏ខ្លាំង មានពិសដ៏ពន្លឹក មានសេចក្តីភិតភ័យ នឹងពេជ្ឈឃាត ទាំង ៥ ជាសត្រូវ ហើយក៏រត់ទៅតាមទីផ្តេសផ្តាស ពួកជនដទៃ គប្បីនិយាយ នឹងបុរសនោះ យ៉ាងនេះថា ម្នាលបុរសដ៏ចម្រើន នេះជាពេជ្ឈឃាត អ្នកចាំស្កាត់ខាងក្នុង ជាគម្រប់ ៦ មានដាវងាឡើង ដេញតាមពីខាងក្រោយខ្នងៗ អ្នក ដោយគិតថា អញឃើញបុរសនោះ ក្នុងទីណា នឹងកាត់ក្បាល ក្នុងទីនោះឯង ម្នាលបុរសដ៏ចម្រើន កិច្ចណា ដែលអ្នកត្រូវធ្វើ ចូរអ្នកធ្វើកិច្ចនោះចុះ។

[៣១០] ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ បុរសនោះ មានសេចក្តីភិតភ័យ នឹងអាសីរពិស ទាំង ៤ ពួក ដែលមានតេជះដ៏ខ្លាំង មានពិសដ៏ពន្លឹក មានសេចក្តីភិតភ័យ នឹងពេជ្ឈឃាត ទាំង ៥ ជាសត្រូវ មានសេចក្តីភិតភ័យ នឹងពេជ្ឈឃាត អ្នកចាំស្កាត់ ខាងក្នុង ជាគម្រប់ ៦ ដែលមានដាវងាឡើង ហើយក៏រត់ទៅតាមទីផ្តេសផ្តាស បុរសនោះ ឃើញស្រុកដ៏ស្ងាត់ ក៏ចូលទៅរកផ្ទះណាមួយ ផ្ទះនោះ ក៏ទទេស្អាត ស្ងាត់សូន្យសុង លូករាវរកភាជន៍ណាមួយ ភាជន៍នោះ ក៏ទទេស្អាត រលីង សោះសូន្យដែរ។ ពួកជនដទៃ គប្បីនិយាយ នឹងបុរសនោះ យ៉ាងនេះថា ម្នាលបុរសដ៏ចម្រើន ឥឡូវនេះ ពួកចោរធ្លាប់សម្លាប់អ្នកស្រុក តែងចូលមករកស្រុកស្ងាត់នេះ ម្នាលបុរសដ៏ចម្រើន កិច្ចណា ដែលអ្នកគួរធ្វើ ចូរអ្នកធ្វើកិច្ចនោះចុះ។

[៣១១] ម្នាលភិក្ខុទាំងឡាយ លំដាប់នោះឯង បុរសនោះ មានសេចក្តីភិតភ័យ នឹងអាសីរពិស ទាំង ៤ ពួក ដែលមានតេជះដ៏ខ្លាំង មានពិសដ៏ពន្លឹក មានសេចក្តីភិតភ័យ នឹងពេជ្ឈឃាត ទាំង ៥ ជាសត្រូវ មានសេចក្តីភិតភ័យ នឹងពេជ្ឈឃាត អ្នកចាំស្កាត់ខាងក្នុង ជាគម្រប់ ៦ ដែលមានដាវងាឡើង មានសេចក្តីភិតភ័យ នឹងពួកចោរ ជាអ្នកសម្លាប់អ្នកស្រុក ហើយក៏រត់ទៅតាមទីផ្តេសផ្តាស បុរសនោះ ឃើញនូវអន្លង់ទឹកដ៏ធំ មានត្រើយខាងអាយ ប្រកបដោយសេចក្តីរង្កៀស ប្រកបដោយភ័យ ចំពោះមុខ មានត្រើយខាងនាយ ដ៏ក្សេម ឥតមានភ័យ ចំពោះមុខ ទូក ក្បូន ស្ពានឆ្លង ដើម្បីឆ្លងអំពីត្រើយអាយ ទៅត្រើយខាងនាយ ក៏មិនមានសោះ។

[៣១២] ម្នាលភិក្ខុទាំងឡាយ លំដាប់នោះឯង បុរសនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា នេះឯងហើយ ជាអន្លង់ទឹកដ៏ធំ មានត្រើយខាងអាយ ប្រកបដោយសេចក្តីរង្កៀស ប្រកបដោយភ័យ ចំពោះមុខ មានត្រើយខាងនាយ ដ៏ក្សេម ឥតមានភ័យ ចំពោះមុខ ទូក ក្បូន ស្ពានឆ្លង ដើម្បីឆ្លងអំពីត្រើយខាងអាយ ទៅត្រើយខាងនាយ ក៏មិនមាន បើដូច្នោះ មានតែអាត្មាអញ ប្រមូលស្មៅ កំណាត់ឈើ មែកឈើ ស្លឹកឈើ ចងជាក្បូន អាស្រ័យក្បូននោះហើយ អុំដោយដៃ និងជើងទាំងឡាយ ទើបដល់ទៅត្រើយ ដោយសួស្តីបាន។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង បុរសនោះ ប្រមូលស្មៅ កំណាត់ឈើ មែកឈើ ស្លឹកឈើ មកចងជាក្បូន អាស្រ័យក្បូននោះហើយ អុំដោយដៃ និងជើងទាំងឡាយ ទើបដល់ទៅត្រើយ ដោយសួស្តី បានឈ្មោះថា ជាព្រាហ្មណ៍ ឆ្លងដល់ត្រើយ ហើយឋិតនៅលើគោក។

[៣១៣] ម្នាលភិក្ខុទាំងឡាយ តថាគតធ្វើសេចក្តីឧបមានេះ ដើម្បីបញ្ជាក់នូវសេចក្តីអធិប្បាយ ឯសេចក្តីអធិប្បាយ ក្នុងសេចក្តីឧបមានុ៎ះ ដូច្នេះ ម្នាលភិក្ខុទាំងឡាយ ពាក្យថា អាសីរពិស ៤ ពួក ដែលមានតេជះដ៏ខ្លាំង មានពិសដ៏ពន្លឹកនុ៎ះ ជាឈ្មោះ នៃមហាភូតរូប ទាំង ៤ គឺ បឋវីធាតុ ១ អាបោធាតុ ១ តេជោធាតុ ១ វាយោធាតុ ១។ ម្នាលភិក្ខុទាំងឡាយ ពាក្យថា ពេជ្ឈឃាត ទាំង ៥ ជាសត្រូវនុ៎ះ ជាឈ្មោះ នៃឧបាទានក្ខន្ធ ទាំង៥។ គឺអ្វីខ្លះ។ គឺ រូបូបាទានក្ខន្ធ ១ វេទនូបាទានក្ខន្ធ ១ សញ្ញូបាទានក្ខន្ធ ១ សង្ខារូបាទានក្ខន្ធ ១ វិញ្ញាណូបាទានក្ខន្ធ ១។ ម្នាលភិក្ខុទាំងឡាយ ពាក្យថា ពេជ្ឈឃាត អ្នកចាំស្កាត់ខាងក្នុង ជាគម្រប់ ៦ ដែលមានដាវងាឡើងនុ៎ះ ជាឈ្មោះ នៃនន្ទិរាគ។ ម្នាលភិក្ខុទាំងឡាយ ពាក្យថា ស្រុកស្ងាត់នុ៎ះ ជាឈ្មោះ នៃអាយតនៈ ខាងក្នុង ៦។

[៣១៤] ម្នាលភិក្ខុទាំងឡាយ បើបុគ្គលជាបណ្ឌិត វាងវៃ មានប្រាជ្ញា កំណត់នូវនាមរូបនោះ ថាជាចក្ខុ ចក្ខុនោះ ប្រាកដជារបស់ទទេ ប្រាកដជារបស់រលីងធេង ប្រាកដជារបស់សូន្យសោះ។ ម្នាលភិក្ខុទាំងឡាយ បើបុគ្គលជាបណ្ឌិត វាងវៃ មានប្រាជ្ញា កំណត់ នូវនាមរូបនោះ ថាជាសោតៈ សោតៈនោះ ប្រាកដជារបស់ទទេ ប្រាកដជារបស់រលីងធេង ប្រាកដជារបស់សូន្យសោះ។ ម្នាលភិក្ខុទាំងឡាយ បើបុគ្គលជាបណ្ឌិត វាងវៃ មានប្រាជ្ញា កំណត់នូវនាមរូបនោះ ថាជាឃានៈ ឃានៈនោះ ប្រាកដជារបស់ទទេ ប្រាកដជារបស់រលីងធេង ប្រាកដជារបស់សូន្យសោះ។ ម្នាលភិក្ខុទាំងឡាយ បើបុគ្គលកំណត់ នូវនាមរូបនោះ ថាជាជិវ្ហា។ ម្នាលភិក្ខុទាំងឡាយ បើបុគ្គលកំណត់ នូវនាមរូបនោះ ថាជាកាយ។ ម្នាលភិក្ខុទាំងឡាយ បើបុគ្គលជាបណ្ឌិត វាងវៃ មានប្រាជ្ញា កំណត់ នូវនាមរូបនោះថាជាមនោ មនោនោះ ប្រាកដជារបស់ទទេ ប្រាកដជារបស់រលីងធេង ប្រាកដជារបស់សូន្យសោះ។ ម្នាលភិក្ខុទាំងឡាយ ពាក្យថា ពួកចោរ អ្នកសម្លាប់អ្នកស្រុកនុ៎ះ ជាឈ្មោះ នៃអាយតនៈ ខាងក្រៅ ៦។ ម្នាលលភិក្ខុទាំងឡាយ ចក្ខុរមែងបៀតបៀន ចំពោះរូបទាំងឡាយ ជាទីគាប់ចិត្ត និងមិនជាទីគាប់ចិត្ត។ ម្នាលភិក្ខុទាំងឡាយ សោតៈ។បេ។ ម្នាលភិក្ខុទាំងឡាយ ឃានៈ។បេ។ ម្នាលភិក្ខុទាំងឡាយ ជិវ្ហារមែងបៀតបៀន ចំពោះរសទាំងឡាយ ជាទីគាប់ចិត្ត និងមិនជាទីគាប់ចិត្ត។ ម្នាលភិក្ខុទាំងឡាយ កាយ។បេ។ ម្នាលភិក្ខុទាំងឡាយ មនោ រមែងបៀតបៀន ចំពោះធម្មារម្មណ៍ ជាទីគាប់ចិត្ត និងមិនជាទីគាប់ចិត្ត។ ម្នាលភិក្ខុទាំងឡាយ ពាក្យថា អន្លង់ទឹកធំនុ៎ះ ជាឈ្មោះ នៃឱឃៈ ទាំង ៤ គឺ កាមោឃៈ ១ ភវោឃៈ ១ ទិដ្ឋោឃៈ ១ អវិជ្ជោឃៈ ១។ ម្នាលភិក្ខុទាំងឡាយ ពាក្យថា ត្រើយអាយ ប្រកបដោយសេចក្តីរង្កៀស ប្រកបដោយភ័យ ចំពោះមុខនុ៎ះ ជាឈ្មោះ នៃសក្កាយ។ ម្នាលភិក្ខុទាំងឡាយ ពាក្យថា ត្រើយនាយ ដ៏ក្សេម ឥតមានភ័យ ចំពោះមុខនុ៎ះ ជាឈ្មោះ នៃព្រះនិព្វាន។ ម្នាលភិក្ខុទាំងឡាយ ពាក្យថា ក្បូននុ៎ះ ជាឈ្មោះ នៃមគ្គ មានអង្គ ៨ ដ៏ប្រសើរ។ គឺអ្វីខ្លះ។ គឺ សម្មាទិដ្ឋិ ១។បេ។ សម្មាសមាធិ ១។ ម្នាលភិក្ខុទាំងឡាយ ពាក្យថា អុំដោយដៃ និងជើងទាំងឡាយនុ៎ះ ជាឈ្មោះ នៃការប្រារព្ធសេចក្តីព្យាយាម។ ម្នាលភិក្ខុទាំងឡាយ ពាក្យថា ព្រាហ្មណ៍ ឆ្លងដល់ត្រើយ ឋិតនៅលើគោក នុ៎ះ ជាឈ្មោះ នៃព្រះអរហន្ត។

ចប់សូត្រ ទី១។

(រថោបម)សូត្រ ទី២

(២. រថោបមសុត្តំ)

[៣១៥] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៣ ជាអ្នកច្រើនដោយសុខ និងសោមនស្ស សម្រេចសម្រាន្តនៅ ក្នុងបច្ចុប្បន្ននេះ មួយទៀត ភិក្ខុនោះ ប្រារព្ធហេតុ ដើម្បីសេចក្តីអស់ទៅ នៃអាសវៈទាំងឡាយ។ ធម៌ ៣ តើអ្វីខ្លះ។ គឺភិក្ខុអ្នកមានទ្វារ រក្សាក្នុងឥន្រ្ទិយទាំងឡាយ ១ ដឹងប្រមាណក្នុងភោជន ១ ប្រកបរឿយៗ ក្នុងការភ្ញាក់រព្ញក ១។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុ មានទ្វាររក្សាហើយ ក្នុងឥន្រ្ទិយទាំងឡាយ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ឃើញរូបដោយចក្ខុ មិនប្រកាន់និមិត្ត មិនប្រកាន់អនុព្យព្ជានៈ អភិជ្ឈា និងទោមនស្ស ជាអកុសលធម៌ ដ៏លាមក គប្បីគ្របសង្កត់ នូវបុគ្គល ដែលមិនសង្រួម នូវចក្ខុន្រ្ទិយនោះ ព្រោះហេតុមិនសង្រួមចក្ខុន្រ្ទិយណា ក៏ប្រតិបត្តិ ដើម្បីសង្រួមចក្ខុន្រ្ទិយនោះ រក្សាចក្ខុន្រ្ទិយនោះ ដល់នូវការសង្រួម ក្នុងចក្ខុន្រ្ទិយនោះ។ ឮសម្លេងដោយត្រចៀក។ ធុំក្លិនដោយច្រមុះ។ ជញ្ជាប់រសដោយអណ្តាត។ ពាល់ត្រូវផោដ្ឋព្វៈ ដោយកាយ។ ដឹងច្បាស់នូវធម៌ដោយចិត្ត មិនប្រកាន់និមិត្ត មិនប្រកាន់អនុព្យព្ជានៈ អភិជ្ឈា និងទោមនស្ស ជាអកុសលធម៌ ដ៏លាមក គប្បីគ្របសង្កត់ នូវបុគ្គល ដែលមិនសង្រួមមនិន្រ្ទិយនោះ ព្រោះហេតុមិនសង្រួមមនិន្រ្ទិយណា ក៏ប្រតិបត្តិ ដើម្បីសង្រួមមនិន្រ្ទិយនោះ រក្សាមនិន្រ្ទិយនោះ ដល់នូវការសង្រួម ក្នុងមនិន្រ្ទិយនោះ។ ម្នាលភិក្ខុទាំងឡាយ ដូចជា រថទឹមដោយសេះអាជានេយ្យ ដែលបុគ្គលទឹមហើយ មានសេះបញ្ឈរនៅ មានជន្លួញផ្គងឡើងហើយ ក្នុងផ្លូវធំបែកជា ៤ មានផែនដីដ៏ស្មើ អាចារ្យបង្ហាត់ ដ៏ប៉ិនប្រសប់ ជាសារថីអ្នកបង្ហាត់សេះ ឡើងជិះរថនោះ ដៃឆ្វេងកាន់ខ្សែបរ ដៃស្តាំកាន់ជន្លួញ បរទៅ បរមក កាន់ទីដែលខ្លួនប្រាថ្នាហើយ ៗ យ៉ាងណា ម្នាលភិក្ខុទាំងឡាយ ភិក្ខុសិក្សាដើម្បីរក្សា សិក្សាដើម្បីសង្រួម សិក្សាដើម្បីទូន្មាន សិក្សាដើម្បីស្ងប់រម្ងាប់ឥន្រ្ទិយ ទាំង ៦ នេះ ក៏យ៉ាងនោះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមានទ្វាររក្សាហើយ ក្នុងឥន្រ្ទិយទាំងឡាយ យ៉ាងនេះឯង។

[៣១៦] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុអ្នកដឹងប្រមាណ ក្នុងភោជន តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណាដោយឧបាយប្រាជ្ញាហើយ ឆាន់អាហារដើម្បីលេង ក៏ទេ ដើម្បីសេចក្តីស្រវឹង ក៏ទេ ដើម្បីប្រដាប់តាក់តែង ក៏ទេ ដើម្បីស្អិតស្អាង ក៏ទេ កំណត់ទុកដើម្បីតាំងនៅ នៃកាយនេះ ដើម្បីញុំាងជីវិត ឲ្យប្រព្រឹត្តទៅ ដើម្បីបំបាត់បង់ នូវសេចក្តីលំបាក ដើម្បីអនុគ្រោះ ដល់ព្រហ្មចរិយៈថា អាត្មាអញ កំចាត់បង់ នូវវេទនាចាស់ផង នឹងមិនញុំាងវេទនាថ្មី ឲ្យកើតឡើងផង កិរិយាប្រព្រឹត្តទៅ នៃឥរិយាបថ ទាំង ៤ ក្តី សេចក្តីមិនមានទោសក្តី កិរិយានៅសប្បាយក្តី នឹងមានដល់អាត្មាអញ។ ម្នាលភិក្ខុទាំងឡាយ ដូចជា បុរសលាបសម្បុរកាយ ប្រយោជន៍តែនឹងធ្វើសេវនកិច្ចប៉ុណ្ណោះ ឬក៏ដូចបុរសលាបភ្លៅរទេះ ប្រយោជន៍តែនឹងដឹកនាំភារៈប៉ុណ្ណោះ យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណា ដោយឧបាយប្រាជ្ញាហើយ ទើបឆាន់អាហារ ដើម្បីលេង ក៏ទេ ដើម្បីសេចក្តីស្រវឹង ក៏ទេ ដើម្បីប្រដាប់តាក់តែង ក៏ទេ ដើម្បីស្អិតស្អាង ក៏ទេ គ្រាន់តែកំណត់ ដើម្បីតាំងនៅ នៃកាយនេះ ដើម្បីញុំាងជីវិត ឲ្យប្រព្រឹត្តទៅ ដើម្បីកំចាត់បង់ នូវសេចក្តីបៀតបៀន ដើម្បីអនុគ្រោះ ដល់ព្រហ្មចរិយៈថា អាត្មាអញ កំចាត់បង់ នូវវេទនាចាស់ផង នឹងញុំាងវេទនាថ្មី មិនឲ្យកើតឡើងផង កិរិយាប្រព្រឹត្តទៅ នៃឥរិយាបថ ទាំង ៤ ក្តី សេចក្តីមិនមានទោសក្តី កិរិយានៅសប្បាយក្តី នឹងមានដល់អាត្មាអញ ក៏យ៉ាងនោះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកដឹងប្រមាណ ក្នុងភោជន យ៉ាងនេះឯង។

[៣១៧] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុអ្នកប្រកបរឿយៗ ក្នុងការភ្ញាក់រព្ញក តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជម្រះចិត្ត ចាកធម៌ជាគ្រឿងរាំងរាទាំងឡាយ ដោយការចង្រ្កម និងការអង្គុយ ក្នុងវេលាថ្ងៃ ជម្រះចិត្ត ចាកធម៌ជាគ្រឿងរាំងរាទាំងឡាយ ដោយការចង្រ្កម និងការអង្គុយ អស់បឋមយាម នៃរាត្រី សម្រេចសីហសេយ្យាស ដោយចំហៀងខាងស្តាំ តម្រួតជើងដោយជើង ជាអ្នកមានស្មារតី មានសេចក្តីដឹងខ្លួន ធ្វើនូវឧដ្ឋានសញ្ញា (កំណត់ពេលក្រោក) ទុកក្នុងចិត្ត អស់មជ្ឈិមយាម នៃរាត្រី ក្រោកឡើង ក្នុងមច្ឆិមយាម នៃរាត្រី ជម្រះចិត្ត ចាកធម៌ជា គ្រឿងរាំងរាទាំងឡាយ ដោយការចង្រ្កម និងការអង្គុយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកប្រកបរឿយ ៗ ក្នុងការភ្ញាក់រព្ញក យ៉ានេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៣ នេះឯង ជាអ្នកច្រើនដោយសុខ និងសោមនស្ស សម្រេចសម្រាន្តនៅ ក្នុងបច្ចុប្បន្ននេះ មួយទៀត ភិក្ខុនោះ ប្រារព្ធហេតុ ដើម្បីអស់ទៅ នៃអាសវៈទាំងឡាយ។

ចប់សូត្រ ទី២។

(កុម្មោបម)សូត្រ ទី៣

(៣. កុម្មោបមសុត្តំ)

[៣១៨] ម្នាលភិក្ខុទាំងឡាយ រឿងធ្លាប់មានមកថា មានអណ្តើកសង្កល់មួយ ខ្វល់ខ្វាយរកចំណី តាមឆ្នេរស្ទឹង ក្នុងសាយណ្ហសម័យ។ ម្នាលភិក្ខុទាំងឡាយ ឯសត្វចចក ក៏ខ្វល់ខ្វាយរកចំណី តាមឆ្នេរស្ទឹង ក្នុងសាយណ្ហសម័យដែរ។ ម្នាលភិក្ខុទាំងឡាយ អណ្តើកសង្កល់ បានឃើញចចក ខ្វល់ខ្វាយរកចំណី អំពីចម្ងាយ លុះឃើញហើយ ក៏ពន្លឹបនូវអវយវៈទាំងឡាយ មានក្បាល ជាគម្រប់ ៥ ចូលក្នុងស្នូករបស់ខ្លួន មានសេចក្តីខ្វល់ខ្វាយតិច ស្ងៀមសម្ងំនៅ។ ម្នាលភិក្ខុទាំងឡាយ ឯចចកបានឃើញអណ្តើកសង្កល់ ខ្វល់ខ្វាយរកចំណី អំពីចម្ងាយ លុះឃើញហើយ ក៏ចូលទៅរកអណ្តើកសង្កល់ លុះចូលទៅដល់ហើយ ក៏ឈរនៅក្នុងទីចំពោះមុខអណ្តើកសង្កល់។ ចចកនោះ គិតថា កាលណាអណ្តើកសង្កល់នេះ លៀនអវយវៈទាំងឡាយ មានក្បាល ជាគម្រប់ ៥ អវយវៈណា ៗ ចេញមកក៏ដោយ អញនឹងខាំទាញអវយវៈនោះ មកស៊ីក្នុងទីនេះឯង ក្នុងកាលណោះ។ ម្នាលភិក្ខុទាំងឡាយ កាលណាអណ្តើកសង្កល់ លៀនអវយវៈទាំងឡាយ មានក្បាលជាគម្រប់ ៥ អវយវៈណាៗ ចេញមក។ គ្រានោះ ចចកមិនបាននូវឱកាស ក៏លាកចិត្ត គេចចេញអំពីអណ្តើកសង្កល់ទៅ។ ម្នាលភិក្ខុទាំងឡាយ មារមានចិត្តបាប ដែលអ្នកទាំងឡាយ បណ្តោយឲ្យងើបឡើងបានរឿយៗហើយ រមែងគិតថា ធ្វើម្តេច អញនឹងបានចន្លោះ អំពីភ្នែករបស់ភិក្ខុទាំងឡាយនេះក្តី ។បេ។ គប្បីបានចន្លោះ អំពីអណ្តាតក្តី។បេ។ គប្បីបានចន្លោះ អំពីចិត្តក្តី ក៏យ៉ាងនោះឯង។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ អ្នកទាំងឡាយ ត្រូវមានទ្វាររក្សា ក្នុងឥន្រ្ទិយទាំងឡាយ ឃើញរូបដោយចក្ខុ កុំប្រកាន់យកនិមិត្ត កុំប្រកាន់យកអនុព្យព្ជានៈ អភិជ្ឈា និងទោមនស្ស ជាអកុសលធម៌ ដ៏លាមក គប្បីគ្របសង្កត់ នូវបុគ្គល ដែលមិនសង្រួមចក្ខុន្រ្ទិយនុ៎ះ ព្រោះហេតុមិនសង្រួមចក្ខុន្រ្ទិយណា អ្នកទាំងឡាយ ចូរប្រតិបត្តិ ដើម្បីសង្រួមចក្ខុន្រ្ទិយនោះ រក្សាចក្ខុន្រ្ទិយនោះ ដល់នូវការសង្រួមក្នុងចក្ខុន្រ្ទិយ។ ឮសម្លេងដោយត្រចៀក។ ធុំក្លិនដោយច្រមុះ។ ជញ្ជាបរសដោយអណ្តាត។ ពាល់ត្រូវផោដ្ឋព្វៈ ដោយកាយ។ ដឹងច្បាស់ នូវធម៌ដោយចិត្ត កុំប្រកាន់យកនិមិត្ត កុំប្រកាន់យកអនុព្យព្ជានៈ អភិជ្ឈា និងទោសមនស្ស ជាអកុសលធម៌ដ៏លាមក គប្បីគ្របសង្កត់ នូវបុគ្គល ដែលមិនសង្រួមមនិន្រ្ទិយនោះ ព្រោះហេតុមិនសង្រួមមនិន្រ្ទិយណា អ្នកទាំងឡាយ ចូរប្រតិបត្តិ ដើម្បីសង្រួមមនិន្រ្ទិយនោះ រក្សាមនិន្រ្ទិយនោះ ដល់នូវការសង្រួម ក្នុងមនិន្រ្ទិយនោះ។ ម្នាលភិក្ខុទាំងឡាយ កាលណាអ្នកទាំងឡាយ មានទ្វាររក្សាហើយ ក្នុងឥន្រ្ទិយទាំងឡាយ សម្រេចសម្រាន្តនៅ។ កាលនោះ មារមានចិត្តបាប កាលបើមិនបានឱកាសនឹងលាកចិត្ត គេចចេញអំពីអ្នកទាំងឡាយទៅ។ ដូចជាចចក លាកចិត្ត គេចចេញ អំពីអណ្តើក ដូច្នោះដែរ។

[៣១៩]

ភិក្ខុមិនអាស្រ័យនូវមនោវិតក្កៈ មិនបៀតបៀនបុគ្គលដទៃ បរិនិព្វានហើយ មិនតិះដៀលបុគ្គលណាមួយឡើយ ដូចជាអណ្តើកសង្កល់ លឹបនូវអវយវៈទាំងឡាយ ចូលក្នុងស្នូករបស់ខ្លួន។

ចប់សូត្រ ទី៣។

(បឋមទារុក្ខន្ធោបម)សូត្រ ទី៤

(៤. បឋមទារុក្ខន្ធោបមសុត្តំ)

[៣២០] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅជិតឆ្នេរទន្លេគង្គា ទៀបក្រុងអជេ្ឈយៈ។ ព្រះមានព្រះភាគ ទ្រង់បានទតឃើញកំណាត់ឈើដ៏ធំ កំពុងអណ្តែតតាមខ្សែទឹក ក្នុងឆ្នេរទន្លេគង្គា លុះទតហើយ ទ្រង់ត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ឃើញកំណាត់ឈើឯណោះ កំពុងអណ្តែត តាមខ្សែទឹកទន្លេគង្គាដែរឬ។ ព្រះករុណា ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ បើកំណាត់ឈើ មិនអណ្តែតមកកាន់ត្រើយអាយ មិនទៅកាន់ត្រើយនាយ មិនលិចចុះក្នុងកណ្តាល មិនរសាត់ឡើងទៅលើគោក មិនមានមនុស្សចាប់យក មិនមានអមនុស្សចាប់យក មិនមានទឹកវល់កួចយក និងមិនស្អុយខាងក្នុងទេ។ ម្នាលភិក្ខុទាំងឡាយ កាលបើយ៉ាងនេះ កំណាត់ឈើនោះ នឹងរសាត់ទៅរកសមុទ្រ រេទៅរកសមុទ្រ ងាកទៅរកសមុទ្រ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះថាខ្សែទឹកទន្លេគង្គា ហូរទៅរកសមុទ្រ រេទៅរកសមុទ្រ ងាកទៅរកសមុទ្រ យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ បើអ្នកទាំងឡាយ មិនឡើងកាន់ត្រើយខាងអាយ មិនឆ្លងទៅកាន់ត្រើយខាងនាយ មិនលិចចុះត្រង់កណ្តាល មិនរសាត់ឡើងលើគោក មិនមានមនុស្សចាប់យក មិនមានអមនុស្សចាប់យក មិនមានទឹកវល់កួចយក និងមិនស្អុយខាងក្នុងទេ។ ម្នាលភិក្ខុទាំងឡាយ កាលបើយ៉ាងនេះ អ្នកទាំងឡាយ នឹងឱនទៅរកព្រះនិព្វាន រេទៅរកព្រះនិព្វាន ងាកទៅរកព្រះនិព្វាន។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា សម្មាទិដ្ឋិ តែងឱនទៅរកព្រះនិព្វាន រេទៅរកព្រះនិព្វាន ងាកទៅរកព្រះនិព្វាន យ៉ាងនោះឯង។

[៣២១] កាលបើព្រះអង្គត្រាស់យ៉ាងនេះហើយ ភិក្ខុមួយរូប បានក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន អ្វីជាត្រើយអាយ អ្វីជាត្រើយនាយ អ្វីដែលលិចចុះក្នុងកណ្តាល អ្វីដែលរសាត់ទៅលើគោក អ្វីជាមនុស្សចាប់យក អ្វីជាអមនុស្សចាប់យក អ្វីជាទឹកវល់កួចយក អ្វីជាសភាពស្អុយក្នុង។ ម្នាលភិក្ខុ ពាក្យថា ត្រើយអាយ នេះជាឈ្មោះ នៃអាយតនៈ ខាងក្នុង ៦ ម្នាលភិក្ខុ ពាក្យថា ត្រើយនាយនេះ ជាឈ្មោះ នៃអាយតនៈ ខាងក្រៅ ៦។ ម្នាលភិក្ខុ ពាក្យថា លិចចុះក្នុងកណ្តាល នេះជាឈ្មោះ នៃនន្ទិរាគ។ ម្នាលភិក្ខុ ពាក្យថា រសាត់ទៅលើគោក នេះជាឈ្មោះ នៃអស្មិមានៈ។ ម្នាលភិក្ខុ ចុះមនុស្សចាប់យក តើដូចម្តេច។ ម្នាលភិក្ខុ ភិក្ខុក្នុងសាសនានេះ នៅច្រឡូកច្រឡំ ដោយពួកគ្រហស្ថ មានសេចក្តីរីករាយជាមួយគ្នា មានសេចក្តីសោយសោកជាមួយគ្នា កាលបើពួកគ្រហស្ថបានសុខ ក៏បានសេចក្តីសុខ កាលបើពួកគ្រហស្ថបានទុក្ខ ក៏បានសេចក្តីទុក្ខ កាលបើកិច្ច ដែលត្រូវធ្វើកើតឡើង ក៏ខំប្រឹងប្រែងធ្វើ ដោយខ្លួនឯង។ ម្នាលភិក្ខុ នេះហៅថា មនុស្សចាប់យក។ ម្នាលភិក្ខុ ចុះអមនុស្សចាប់យក តើដូចម្តេច។ ម្នាលភិក្ខុ ភិក្ខុពួកខ្លះ ក្នុងសាសនានេះ បានប្រព្រឹត្តព្រហ្មចរិយធម៌ ដើម្បីប្រាថ្នាទៅកើត ក្នុងពួកទេវតាណាមួយថា អាត្មាអញ សូមបានជាទេវតា ឬជាទេវតាណាមួយ ដោយសីល ឬដោយវត្ត ដោយតបៈ ឬដោយព្រហ្មចរិយធម៌នេះ។ ម្នាលភិក្ខុ នេះហៅថា អមនុស្សចាប់យក។ ម្នាលភិក្ខុ ពាក្យថា ទឹកវល់កួចយក នេះជាឈ្មោះ នៃកាមគុណ ៥។ ម្នាលភិក្ខុ ចុះបុគ្គលមានសភាពស្អុយខាងក្នុង តើដូចម្តេច។ ម្នាលភិក្ខុ ភិក្ខុពួកខ្លះ ក្នុងសាសនានេះ ជាអ្នកទ្រុស្តសីល មានធម៌ដ៏លាមក មិនស្អាត មានមារយាទ ដែលបុគ្គលដទៃ គប្បីរង្កៀស មានអំពើបិទបាំងទុក មិនមែនជាសមណៈ ប្តេជ្ញាថា ជាសមណៈ មិនមែនជាព្រហ្មចារី ប្តេជ្ញាថា ជាព្រហ្មចារី ស្អុយខាងក្នុង មានចិត្តទទឹកដោយរាគៈ មានសេចក្តីស្មោកគ្រោក ដោយកិលេស។ ម្នាលភិក្ខុ នេះហៅថា បុគ្គលមានសភាព ជាអ្នកស្អុយខាងក្នុង។

[៣២២] សម័យនោះឯង នន្ទគោបាល ( នាយគោបាល ឈ្មោះនន្ទៈ ) ឋិតនៅក្នុងទីជិតព្រះមានព្រះភាគ។ លំដាប់នោះ នន្ទគោបាល បានក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គ មិនឡើងមកកាន់ត្រើយអាយ មិនឆ្លងទៅកាន់ត្រើយនាយ មិនលិចចុះ ត្រង់កណ្តាល មិនរសាត់ទៅលើគោក មិនមានមនុស្សចាប់យក មិនមានអមនុស្សចាប់យក មិនមានទឹកវល់កួចយក និងមិនស្អុយខាងក្នុងទេ បពិត្រព្រះអង្គដ៏ចម្រើន សូមមេត្តាប្រោស ខ្ញុំព្រះអង្គ គប្បីបានបព្វជ្ជា បានឧបសម្បទា ក្នុងសំណាក់ នៃព្រះមានព្រះភាគ។ ម្នាលនន្ទៈ បើដូច្នោះ ចូរអ្នកប្រគល់គោទាំងឡាយ ឲ្យដល់ម្ចាស់គេវិញចុះ។ បពិត្រព្រះអង្គដ៏ចម្រើន មេគោទាំងឡាយ ដែលជាប់ចំពាក់ដោយកូនគោ នឹងទៅតាម (កូនគោ)។ ម្នាលនន្ទៈ ណ្ហើយចុះ ចូរអ្នកប្រគល់គោ ឲ្យម្ចាស់គេចុះ។ លំដាប់នោះ នន្ទគោបាល ប្រគល់គោទាំងឡាយ ឲ្យដល់ម្ចាស់ហើយ ក៏ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ បានក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន គោទាំងឡាយ ខ្ញុំព្រះអង្គ បានប្រគល់ឲ្យម្ចាស់គេហើយ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គ គប្បីបានបព្វជ្ជា បានឧបសម្បទា ក្នុងសំណាក់ នៃព្រះមានព្រះភាគ។ នន្ទគោបាល ក៏បានបព្វជ្ជា បានឧបសម្បទា ក្នុងសំណាក់ នៃព្រះមានព្រះភាគ។ លុះព្រះនន្ទៈមានអាយុ បានឧបសម្បទា មិនយូរប៉ុន្មាន ជាបុគ្គលម្នាក់ឯង ចៀសចេញទៅ។បេ។ បណ្តាព្រះអរហន្តទាំងឡាយ ព្រះនន្ទៈមានអាយុ ជាព្រះអរហន្តមួយអង្គដែរ។

ចប់សូត្រ ទី៤។

(ទុតិយទារុក្ខន្ធោបម)សូត្រ ទី៥

(៥. ទុតិយទារុក្ខន្ធោបមសុត្តំ)

[៣២៣] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅជិតឆ្នេរទន្លេគង្គា ទៀបក្រុងកិម្មិលា។ ព្រះមានព្រះភាគ ទ្រង់ទតឃើញកំណាត់ឈើដ៏ធំ កំពុងអណ្តែត តាមខ្សែទឹកទន្លេគង្គា លុះទតហើយ ទ្រង់ត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ឃើញកំណាត់ឈើធំឯណោះ កំពុងអណ្តែត តាមខ្សែទឹកទន្លេគង្គាដែរឬ។ ព្រះករុណា ព្រះអង្គ។បេ។ កាលព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ព្រះកិម្មិលៈមានអាយុ បានក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន អ្វីជាត្រើយអាយ។បេ។ ម្នាលកិម្មិលៈ ចុះបុគ្គលមានសភាពស្អុយខាងក្នុង តើដូចម្តេច។ ម្នាលកិម្មិលៈ ភិក្ខុក្នុងសាសនានេះ ត្រូវអាបត្តិ ជាគ្រឿងសៅហ្មងណាមួយ មិនបានចេញចាកអាបត្តិ តាមសភាពសមគួរ ម្នាលកិម្មិលៈ នេះហៅថា បុគ្គលមានសភាពស្អុយខាងក្នុង។

ចប់សូត្រ ទី៥។

(អវស្សុតបរិយាយ)សូត្រ ទី៦

(៦. អវស្សុតបរិយាយសុត្តំ)

[៣២៤] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងនិគ្រោធារាម ទៀបក្រុងកបិលព័ស្តុ ក្នុងដែនសក្កៈ។ សម័យនោះឯង ព្រះដំណាក់ថ្មី ដែលពួកសក្យៈ នៅក្នុងក្រុងកបិលព័ស្តុ ទើបនឹងធ្វើហើយ មិនយូរប៉ុន្មាន ដែលសមណៈ ឬព្រាហ្មណ៍ ឬមនុស្សណាមួយ មិនទាន់ដែលបានមកសំណាក់អាស្រ័យនៅឡើយ។ លំដាប់នោះ ពួកសក្យៈ នៅក្នុងក្រុងកបិលព័ស្តុ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះពួកសក្យៈ នៅក្នុងក្រុងកបិលព័ស្តុ អង្គុយក្នុងទីដ៏សមគួរហើយ បានក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ក្នុងទីឯណោះ ព្រះដំណាក់ថ្មី ដែលពួកសក្យៈ នៅក្នុងក្រុងកបិលព័ស្តុ ទើបតែនឹងសង់ហើយ មិនយូរប៉ុន្មាន ដែលសមណៈ ឬព្រាហ្មណ៍ ឬមនុស្សណាមួយ មិនទាន់ដែលបានមកសំណាក់អាស្រ័យនៅឡើយ។ បពិត្រព្រះអង្គដ៏ច្រើន សូមព្រះមានព្រះភាគ ប្រើប្រាស់ព្រះដំណាក់នោះជាមុន លុះព្រះមានព្រះភាគ ប្រើប្រាស់ជាមុនហើយ សឹមពួកសក្យៈ នៅក្នុងក្រុងកបិលព័ស្តុ នឹងប្រើប្រាស់ជាខាងក្រោយ ការដែលព្រះអង្គប្រើប្រាស់នោះ នឹងប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ពួកសក្យៈ នៅក្នុងក្រុងកបិលព័ស្តុ អស់កាលជាយូរអង្វែង។ ព្រះមានព្រះភាគ ទ្រង់ទទួលនិមន្ត ដោយតុណ្ហីភាព។ លំដាប់នោះ ពួកសក្យៈ នៅក្នុងក្រុងកបិលព័ស្តុ ដឹងថា ព្រះមានព្រះភាគ ទទួលនិមន្តហើយ ក៏ក្រោកអំពីអាសនៈ ថ្វាយបង្គំព្រះមានព្រះភាគ ធ្វើប្រទក្សិណ ហើយចូលទៅកាន់ព្រះដំណាក់ថ្មី លុះចូលទៅដល់ហើយ រៀបចំព្រះដំណាក់ ឲ្យសមគួរ ដល់ទីដែលត្រូវរៀបចំទាំងអស់ ហើយក្រាលអាសនៈ ឲ្យតំកល់ក្អមទឹក អុជប្រទីបប្រេង ហើយចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ បានក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ព្រះដំណាក់ បានរៀបចំសមគួរ ដល់ទីដែលត្រូវរៀបចំទាំងអស់ហើយ អាសនៈ បានក្រាលហើយ ក្អមទឹក បានឲ្យតំកល់ទុកហើយ ប្រទីបប្រេង ក៏ឲ្យអុជឡើងហើយ បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះមានព្រះភាគ សំគាល់នូវកាល ដ៏សមគួរនឹងស្តេចទៅឥឡូវនេះ។

[៣២៥] លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ស្បង់ប្រដាប់បាត្រ និងចីវរ មួយអន្លើ ដោយភិក្ខុសង្ឃ ស្តេចចូលទៅកាន់ព្រះដំណាក់ថ្មី លុះចូលទៅដល់ លាងព្រះបាទទាំងគូហើយ ចូលទៅកាន់ព្រះដំណាក់ គង់ផ្អែកនឹងសសរកន្លោង ឈមព្រះភ័ក្រ្តទៅទិសខាងកើត។ ចំណែកខាងភិក្ខុសង្ឃ ក៏លាងបាទាទាំងឡាយ ហើយចូលទៅកាន់ព្រះដំណាក់ គង់ផ្អែកនឹងជញ្ជាំងខាងលិច ឈមមុខទៅទិសខាងកើតចោមរោមព្រះមានព្រះភាគ។ ពួកសក្យៈ នៅក្នុងក្រុងកបិលព័ស្តុ លាងបាទាទាំងឡាយហើយ ស្តេចចូលទៅកាន់ព្រះដំណាក់ គង់ផ្អែកនឹងជញ្ជាំងខាងកើត ឈមព្រះភក្រ្តទៅទិសខាងលិច ចោមរោមព្រះមានព្រះភាគ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ពន្យល់ពួកសក្យៈ នៅក្នុងក្រុងកបិលព័ស្តុ ឲ្យយល់ច្បាស់ ឲ្យសមាទាន ឲ្យអាចហាន ឲ្យរីករាយ ដោយធម្មីកថា អស់រាត្រីដ៏ច្រើន ហើយទ្រង់បញ្ជូនទៅ ដោយព្រះពុទ្ធដីកាថា ម្នាលគោតម រាត្រីភ្លឺស្វាងហើយ អ្នកទាំងឡាយ ចូរសម្គាល់នូវកាលគួរ ដែលនឹងទៅឥឡូវនេះចុះ។ ពួកសក្យៈ នៅក្នុងក្រុងកបិលព័ស្តុ ទទួលព្រះពុទ្ធដីកា ព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ ហើយក្រោកអំពីអាសនៈ ថ្វាយបង្គំព្រះមានព្រះភាគ ធ្វើប្រទក្សិណ ចៀសចេញទៅ។

[៣២៦] លំដាប់នោះ ព្រះមានព្រះភាគ កាលបើពួកសក្យៈ នៅក្រុងកបិលព័ស្តុ ចៀសចេញទៅ មិនយូរប៉ុន្មាន បានត្រាស់ហៅព្រះមហាមោគ្គលា្លនមានអាយុថា ម្នាលមោគ្គល្លាន ភិក្ខុសង្ឃ មានសេចក្តីងងុយងោកងក់ទៅប្រាសហើយ ម្នាលមោគ្គល្លាន អ្នកចូរសម្តែងធម្មីកថា ដល់ភិក្ខុទាំងឡាយចុះ តថាគត រួយខ្នង ហេតុនោះ តថាគត នឹងសម្រាក។ ព្រះមហាមោគ្គល្លានមានអាយុ ទទួលស្តាប់ព្រះពុទ្ធដីកា ព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ឲ្យក្រាលសង្ឃាដី មានជាន់ ៤ ហើយទ្រង់សម្រេចសីហសេយ្យាស ផ្អៀងខាងស្តាំ គងព្រះបាទដោយព្រះបាទ មានព្រះសតិសម្បជញ្ញៈ ធ្វើនូវឧដ្ឋានសញ្ញា ទុកក្នុងព្រះហឫទ័យ ក្នុងទីនោះឯង ព្រះមហាមោគ្គល្លានមានអាយុ ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយមានអាយុ។ ភិក្ខុទាំងនោះ ទទួលស្តាប់ព្រះមហាមោគ្គល្លានមានអាយុថា ករុណា អាវុសោ។ ព្រះមហាមោគ្គល្លានមានអាយុ បានពោល ដូច្នេះថា ម្នាលអាវុសោទាំងឡាយ ខ្ញុំនឹងសម្តែង នូវហេតុនៃចិត្តទទឹកដោយរាគៈផង នូវហេតុនៃចិត្ត ដែលមិនទទឹកដោយរាគៈផង ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរចាំស្តាប់រឿងនោះ ចូរធ្វើទុកក្នុងចិត្ត ឲ្យប្រពៃចុះ ខ្ញុំនឹងសម្តែង។ ភិក្ខុទាំងនោះ ទទួលស្តាប់ព្រះមហាមោគ្គល្លានមានអាយុថា ករុណា អាវុសោ។ ទើបព្រះមហាមោគ្គល្លានមានអាយុ បានពោល ដូច្នេះថា ម្នាលអាវុសោទាំងឡាយ ភិក្ខុមានចិត្តទទឹកដោយរាគៈ តើដូចម្តេច។ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ឃើញរូបដោយចក្ខុហើយ ជ្រប់ក្នុងរូបជាទីស្រឡាញ់ ព្យាបាទក្នុងរូបមិនជាទីស្រឡាញ់ មានសតិក្នុងកាយមិនបានតាំងមាំ មានចិត្តស្តួចស្តើង ក្នុងកុសលធម៌ មួយទៀត អកុសលធម៌ ដ៏លាមកទាំងឡាយនោះ ដែលកើតឡើង ដល់ភិក្ខុនោះ តែងរលត់ទៅ ឥតមានសេសសល់ ក្នុងចេតោវិមុត្តិ និងបញ្ញាវិមុត្តិណា ក៏មិនដឹងច្បាស់តាមពិត នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិនោះ។បេ។ ជញ្ជាប់រស ដោយអណ្តាត។ ដឹងច្បាស់ នូវធម៌ដោយចិត្តហើយ ជ្រប់ក្នុងធម៌ ដែលជាទីស្រឡាញ់ ព្យាបាទក្នុងធម៌ ដែលមិនជាទីស្រឡាញ់ មានសតិក្នុងកាយ មិនបានតាំងមាំ មានចិត្តស្តួចស្តើង ក្នុងកុសលធម៌ មួយទៀត អកុសលធម៌ ដ៏លាមកទាំងឡាយ ដែលកើតឡើង ដល់ភិក្ខុនោះ តែងរលត់ទៅ មិនមានសេសសល់ ក្នុងចេតោវិមុត្តិ និងបញ្ញាវិមុត្តិណា ក៏មិនដឹងច្បាស់ តាមពិត នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិនោះ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុនេះ ហៅថា មានចិត្តទទឹកដោយរាគៈក្នុងរូប ដែលគប្បីដឹងដោយចក្ខុ។បេ។ មានចិត្តទទឹកដោយរាគៈ ក្នុងរសទាំងឡាយ ដែលគប្បីដឹងដោយអណ្តាត។បេ។ មានចិត្តទទឹកដោយរាគៈ ក្នុងធម៌ទាំងឡាយ ដែលគប្បីដឹងដោយចិត្ត។

[៣២៧] ម្នាលអាវុសោទាំងឡាយ ភិក្ខុ ប្រព្រឹត្តនៅយ៉ាងនេះ បើមារចូលទៅរកភិក្ខុនោះ ដោយចក្ខុ មារ រមែងបាននូវឱកាស មាររមែងបាននូវអារម្មណ៍។បេ។ បើមារចូលទៅរកភិក្ខុនោះ ដោយអណ្តាត។បេ។ បើមារចូលទៅរកភិក្ខុនោះ ដោយចិត្ត មាររមែងបាននូវឱកាស មាររមែងបាននូវអារម្មណ៍។ ម្នាលអាវុសោទាំងឡាយ ដូចផ្ទះប្រក់ដោយបបុស ឬផ្ទះប្រក់ដោយស្មៅ មានឈើស្ងួតហែង សល់នៅតែរាងទទេ បើបុរសចូលទៅឆួលផ្ទះនោះ ដោយគប់ភ្លើង ដ៏ឆេះសន្ធោ ក្នុងទិសខាងកើត ភ្លើងក៏នឹងបាននូវឱកាស នឹងបាននូវអារម្មណ៍។ បើបុរសចូលទៅឆួលផ្ទះនោះ ដោយគប់ភ្លើង ដ៏ឆេះសន្ធោ ក្នុងទិសខាងលិច។បេ។ បើឆូលផ្ទះនោះ ក្នុងទិសខាងជើង។ បើឆូលផ្ទះនោះ ក្នុងទិសខាងត្បូង។ បើឆួលផ្ទះនោះ ពីខាងក្រោម។ បើឆួលផ្ទះនោះ ពីខាងលើ។ កាលបើបុរសចូលទៅឆួលផ្ទះនោះ ដោយគប់ភ្លើង ដ៏ឆេះសន្ធោ អំពីទិសខាងណា ក្នុងកាលណា ភ្លើងក៏នឹងបាននូវឱកាស នឹងបាននូវអារម្មណ៍ អំពីទិសខាងណោះ ក្នុងកាលណោះ យ៉ាងណាមិញ។ មា្នលអាវុសោទាំងឡាយ ភិក្ខុប្រព្រឹត្តនៅ យ៉ាងនេះ បើមារចូលទៅរកភិក្ខុនោះ ដោយចក្ខុ មារ រមែងបាននូវចន្លោះ រមែងបាននូវអារម្មណ៍។បេ។ បើមារចូលទៅរកភិក្ខុនោះ ដោយអណ្តាត។បេ។ បើមារចូលទៅរកភិក្ខុនោះ ដោយចិត្ត មាររមែងបាននូវឱកាស រមែងបាននូវអារម្មណ៍ ក៏យ៉ាងនោះដែរ។

[៣២៨] ម្នាលអាវុសោទាំងឡាយ រូបទាំងឡាយ គ្របសង្កត់ភិក្ខុ ដែលប្រព្រឹត្តនៅ យ៉ាងនេះបាន ភិក្ខុគ្របសង្កត់នូវរូបទាំងឡាយមិនបាន សម្លេងទាំងឡាយ គ្របសង្កត់ភិក្ខុបាន ភិក្ខុ គ្របសង្កត់សម្លេងទាំងឡាយមិនបាន ក្លិនគ្របសង្កត់ភិក្ខុបាន ភិក្ខុគ្របសង្កត់ក្លិនមិនបាន រសគ្របសង្កត់ភិក្ខុបាន ភិក្ខុគ្របសង្កត់រសមិនបាន ផោដ្ឋព្វៈ គ្របសង្កត់ភិក្ខុបាន ភិក្ខុគ្របសង្កត់ផោដ្ឋព្វៈមិនបាន ធម្មារម្មណ៍ គ្របសង្កត់ភិក្ខុបាន ភិក្ខុគ្របសង្កត់ ធម្មារម្មណ៍មិនបាន។ ម្នាលអាវុសោទាំងឡាយ នេះហៅថា ភិក្ខុដែលរូបគ្របសង្កត់ សម្លេងគ្របសង្កត់ ក្លិនគ្របសង្កត់ រសគ្របសង្កត់ ផោដ្ឋព្វៈគ្របសង្កត់ ធម្មារម្មណ៍គ្របសង្កត់ តែភិក្ខុគ្របសង្កត់មិនបាន អកុសលធម៌ ដ៏លាមក ប្រកបដោយសេចក្តីសៅហ្មង ប្រកបដោយភពថ្មី ប្រកបដោយសេចក្តីក្រវល់ក្រវាយ មានទុក្ខជាវិបាក ប្រកបដោយជាតិ ជរា មរណៈតទៅ បានគ្របសង្កត់ភិក្ខុនោះ។ ម្នាលអាវុសោទាំងឡាយ យ៉ាងនេះឯង ឈ្មោះថា ភិក្ខុមានចិត្តទទឹកដោយរាគៈ។

[៣២៩] ម្នាលអាវុសោទាំងឡាយ ចុះភិក្ខុអ្នកមានចិត្ត មិនទទឹកដោយរាគៈ តើដូចម្តេច។ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ឃើញរូបដោយចក្ខុហើយ មិនជ្រប់ក្នុងរូបជាទីស្រឡាញ់ មិនព្យាបាទ ក្នុងរូបមិនជាទីស្រឡាញ់ មានសតិក្នុងកាយ តាំងមាំ មានចិត្តប្រមាណមិនបាន មួយវិញទៀត អកុសលធ ម៌ដ៏លាមកទាំងឡាយ ដែលកើតឡើង ដល់ភិក្ខុនោះ តែងរលត់ទៅវិញ មិនមានសេសសល់ ក្នុងចេតោវិមុត្តិ និងបញ្ញាវិមុត្តិណា ក៏ដឹងច្បាស់តាមពិត នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិនោះ។បេ។ ជញ្ជាប់រស ដោយអណ្តាត។បេ។ ដឹងច្បាស់ នូវធម្មារម្មណ៍ដោយចិត្តហើយ មិនជ្រប់ក្នុងធម្មារម្មណ៍ ដែលជាទីស្រឡាញ់ មិនព្យាបាទ ក្នុងធម្មារម្មណ៍មិនជាទីស្រឡាញ់ មានសតិក្នុងកាយ តាំងមាំ មានចិត្តប្រមាណមិនបាន មួយវិញទៀត អកុសលធម៌ ដ៏លាមកទាំងឡាយ ដែលកើតឡើង ដល់ភិក្ខុនោះ តែងរលត់ទៅវិញ ឥតមានសេសសល់ ក្នុងចេតោវិមុត្តិ និងបញ្ញាវិមុត្តិណា ក៏ដឹងច្បាស់ តាមពិត នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិនោះ។ ម្នាលអាវុសោទាំងឡាយ នេះហៅថា ភិក្ខុមានចិត្តមិនទទឹក ដោយរាគៈក្នុងរូបទាំងឡាយ ដែលគប្បីដឹងដោយចក្ខុ។បេ។ ម្នាលអាវុសោទាំងឡាយ នេះហៅថា ភិក្ខុមានចិត្តមិនទទឹកដោយរាគៈ ក្នុងរសទាំងឡាយ ដែលគប្បីដឹង ដោយអណ្តាត។បេ។ មានចិត្តមិនទទឹក ដោយរាគៈ ក្នុងធម្មារម្មណ៍ទាំងឡាយ ដែលគប្បីដឹង ដោយចិត្ត។ ម្នាលអាវុសោទាំងឡាយ ភិក្ខុ ដែលប្រព្រឹត្តនៅយ៉ាងនេះ បើមារចូលទៅរកភិក្ខុនោះ ដោយចក្ខុ មារក៏មិនបាននូវឱកាស មិនបាននូវអារម្មណ៍។បេ។ បើមារចូលទៅរកភិក្ខុនោះ ដោយអណ្តាត។បេ។ បើមារចូលទៅរកភិក្ខុនោះ ដោយចិត្ត មារក៏មិនបាននូវឱកាស មិនបាននូវអារម្មណ៍។ ម្នាលអាវុសោទាំងឡាយ ដូចជាកូដាគារសាលា (ផ្ទះមានកំពូល) មានដីស្អិត ច្របាច់លាបដ៏ក្រាស់ បើបុរស ចូលទៅជិត ឆួលកូដាគារសាលានោះ ដោយគប់ភ្លើង ដ៏ឆេះសន្ធោ ក្នុងទិសខាងកើត ភ្លើងក៏មិនបាននូវឱកាស មិនបាននូវអារម្មណ៍។បេ។ បើឆួលកូដាគារសាលានោះ ក្នុងទិសខាងលិច។ បើឆួលកូដាគារសាលានោះ ក្នុងទិសខាងជើង។ បើឆួលកូដាគារសាលានោះ ក្នុងទិសខាងត្បូង។ បើឆួលកូដាគារសាលានោះ អំពីខាងក្រោម។ បើឆួលកូដាគារសាលានោះ អំពីខាងលើ បើបុរស ចូលទៅជិត ឆួលដោយគប់ភ្លើង ដ៏ឆេះសន្ធោ អំពីទិសណា ក្នុងកាលណា ភ្លើងក៏មិនបាននូវឱកាស មិនបាននូវអារម្មណ៍ អំពីទិសខាងណោះ ក្នុងកាលណោះ យ៉ាងណាមិញ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុដែលប្រព្រឹត្តនៅ យ៉ាងនេះ បើមារចូលទៅរកភិក្ខុនោះ ដោយចក្ខុ មារក៏មិនបាននូវឱកាស មិនបាននូវអារម្មណ៍។បេ។ បើមារចូលទៅរកភិក្ខុនោះ ដោយអណ្តាត មារក៏មិនបាននូវឱកាស មិនបាននូវអារម្មណ៍។ ម្នាលអាវុសោទាំងឡាយ ភិក្ខុដែលប្រព្រឹត្តនៅ យ៉ាងនេះ ជាប្រក្រតី ទើបគ្របសង្កត់រូបទាំងឡាយបាន រូបទាំងឡាយ គ្របសង្កត់ភិក្ខុមិនបាន ភិក្ខុគ្របសង្កត់សម្លេងទាំងឡាយបាន សម្លេងទាំងឡាយ គ្របសង្កត់ភិក្ខុមិនបាន ភិក្ខុគ្របសង្កត់ក្លិនទាំងឡាយបាន ក្លិនទាំងឡាយ គ្របសង្កត់ភិក្ខុមិនបាន ភិក្ខុគ្របសង្កត់រសទាំងឡាយបាន រសទាំងឡាយ គ្របសង្កត់ភិក្ខុមិនបាន ភិក្ខុគ្របសង្កត់ផោដ្ឋព្វៈទាំងឡាយបាន ផោដ្ឋព្វៈទាំងឡាយ គ្របសង្កត់ភិក្ខុមិនបាន ភិក្ខុគ្របសង្កត់ធម្មារម្មណ៍ទាំងឡាយបាន ធម្មារម្មណ៍ទាំងឡាយ គ្របសង្កត់ភិក្ខុមិនបាន ក៏យ៉ាងនោះឯង។ ម្នាលអាវុសោទាំងឡាយ នេះហៅថា ភិក្ខុអ្នកគ្របសង្កត់រូប គ្របសង្កត់សំឡេង គ្របសង្កត់ក្លិន គ្របសង្កត់រស គ្របសង្កត់ផោដ្ឋេព្វៈ គ្របសង្កត់ធម្មារម្មណ៍ គ្របសង្កត់អកុសលធម៌ ដ៏លាមកទាំងនោះ ដែលប្រកបដោយសេចក្តីសៅហ្មង ប្រកបដោយភពថ្មី ប្រកបដោយសេចក្តីក្រវល់ក្រវាយ មានទុក្ខ ជាវិបាក ប្រកបដោយជាតិ ជរា មរណៈតទៅ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុមានចិត្ត មិនទទឹកដោយរាគៈ យ៉ាងនេះឯង។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ក្រោកឡើង ហើយត្រាស់ហៅព្រះមហាមោគ្គល្លានមានអាយុ មកថា ម្នាលមោគ្គល្លាន ប្រពៃហើយៗ ម្នាលមោគ្គល្លាន ប្រពៃហើយ ដែលអ្នកបានសម្តែង នូវហេតុនៃចិត្ត ដែលទទឹកដោយរាគៈ និងហេតុនៃចិត្ត ដែលមិនទទឹកដោយរាគៈ ដល់ភិក្ខុទាំងឡាយ។ ព្រះមហាមោគ្គល្លានមានអាយុ បានសម្តែងធម៌នេះហើយ។ ព្រះសាស្តា ទ្រង់សព្វព្រះហប្ញទ័យ។ ភិក្ខុទាំងនោះ មានចិត្តត្រេកអរ រីករាយ នឹងភាសិត របស់ព្រះមហាមោគ្គល្លានមានអាយុ។

ចប់សូត្រ ទី៦។

(ទុក្ខធម្ម)សូត្រ ទី៧

(៧. ទុក្ខធម្មសុត្តំ)

[៣៣០] ម្នាលភិក្ខុទាំងឡាយ ភិក្ខុដឹងច្បាស់តាមពិត នូវហេតុជាទីកើតឡើង និងសេចក្តីសូន្យ នៃទុក្ខធម៌ទាំងឡាយ ទាំងពួង ក្នុងកាលណា។ កាលណោះ កាមទាំងឡាយ ឈ្មោះថា ភិក្ខុនោះ បានឃើញហើយ កាលបើភិក្ខុនោះ ឃើញនូវកាមទាំងឡាយ ដោយអាការណា ចំណង់ក្នុងកាម សេចក្តីស្នេហា ក្នុងកាម សេចក្តីជ្រប់ ក្នុងកាម សេចក្តីក្តៅក្រហាយ ដោយកាមណា ក្នុងកាមទាំងឡាយ ចំណង់ ក្នុងកាម ជាដើមនោះ ក៏ដេកត្រាំនៅពុំបាន ធម៌ជាគ្រឿងប្រព្រឹត្ត និងធម៌ជាគ្រឿងនៅ រមែងជាប់តាមភិក្ខុនោះ ដោយអាការនោះ។ អភិជ្ឈា និងទោមនស្ស ជាអកុសល ធម៌ដ៏លាមក រមែងមិនគ្របសង្កត់ភិក្ខុ ដែលជាអ្នកប្រព្រឹត្ត មានធម៌ជាគ្រឿងនៅ ដូច្នោះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ ដឹងច្បាស់តាមពិត នូវហេតុជាទីកើតឡើង និងសេចក្តីសាបសូន្យ នៃទុក្ខធម៌ទាំងពួង តើដូចម្តេច ដឹងច្បាស់ថា រូបដូច្នេះ សេចក្តីកើតឡើង នៃរូបដូច្នេះ សេចក្តីសាបសូន្យនៃរូប ដូច្នេះ។ វេទនា ដូច្នេះ។បេ។ សញ្ញា ដូច្នេះ។ សង្ខារទាំងឡាយ ដូច្នេះ។ វិញ្ញាណ ដូច្នេះ សេចក្តីកើតឡើង នៃវិញ្ញាណដូច្នេះ សេចក្តីសាបសូន្យ នៃវិញ្ញាណដូច្នេះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដឹងច្បាស់តាមពិត នូវហេតុជាទីកើតឡើង និងសេចក្តីសាបសូន្យ នៃទុក្ខធម៌ទាំងពួង យ៉ាងនេះឯង។

[៣៣១] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុបានឃើញកាមទាំងឡាយ តាមទំនង ដែលគេឃើញ នូវកាមទាំងឡាយ ហើយចំណង់ក្នុងកាម សេចក្តីស្នេហា ក្នុងកាមសេចក្តីជ្រប់ក្នុងកាម សេចក្តីក្តៅក្រហាយ ដោយកាមណា ក្នុងកាមទាំងឡាយ ចំណង់ក្នុងកាម ជាដើមនោះ មិនដេកត្រាំក្នុងសន្តាន តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ រណ្តៅរងើកភ្លើង មានជម្រៅជាងមួយជួរបុរស ពេញដោយរងើកភ្លើង ប្រាសចាកអណ្តាត ប្រាកចាកផ្សែង។ គ្រានោះ បុរសប្រាថ្នារស់ មិនចង់ស្លាប់ ប្រាថ្នាសុខ ខ្ពើមទុក្ខ ដើរមក មានបុរសពីរនាក់ មានកម្លាំង ចាប់បុរសនោះ ត្រង់ដើមដៃម្ខាងម្នាក់ ច្រានបុរសនោះ ឲ្យចូលទៅក្នុងរណ្តៅរងើកភ្លើង បុរសនោះ ក៏ក្រាញ ទប់កាយនេះ ដោយអាការ ដូច្នេះ ៗ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា បុរសនោះ មានការយល់ច្បាស់ថា អាត្មាអញ នឹងធ្លាក់ចុះ ក្នុងរណ្តៅរងើកភ្លើងនេះ អាត្មាអញ នឹងដល់នូវមរណៈ ឬនឹងដល់ នូវទុក្ខស្ទើរមរណៈ ព្រោះការធ្លាក់ចុះនោះ ជាហេតុ សេចក្តីនេះ មានឧបមាយ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ មានឧបមេយ្យ ដូចភិក្ខុបានឃើញកាមទាំងឡាយ ដែលទុកដូចជា រណ្តៅរងើកភ្លើង តាមទំនង ដែលគេឃើញ នូវកាមទាំងឡាយហើយ ចំណង់ក្នុងកាម សេចក្តីស្នេហា ក្នុងកាម សេចក្តីជ្រប់ ក្នុងកាម សេចក្តីក្តៅក្រហាយ ដោយកាមណា ក្នុងកាមទាំងឡាយ ចំណង់ក្នុងកាម ជាដើមនោះ មិនដេកត្រាំ ក្នុងសន្តាន យ៉ាងនោះឯង។

[ ៣៣២] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុមានការប្រព្រឹត្តិ និងការនៅដ៏ខ្ជាប់ខ្ជួន តាមទំនង ដែលគេប្រព្រឹត្ត គេនៅ ហើយអភិជ្ឈា និងទោមនស្ស ជាអកុសលធម៌ ដ៏លាមក មិនគ្របសង្កត់ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ដូចបុរស ចូលទៅកាន់ដងព្រៃ មានបន្លាច្រើន បន្លាខាងមុខបុរសនោះ ក៏មាន បន្លាខាងក្រោយក៏មាន បន្លាខាងឆ្វេងក៏មាន បន្លាខាងស្តាំ ក៏មាន បន្លាខាងក្រោមក៏មាន បន្លាខាងលើក៏មាន បុរសនោះ គប្បីប្រុងស្មារតី ឈានទៅមុខ ប្រុងស្មារតី ឈានថយក្រោយ ដោយគិតថា កុំឲ្យបន្លាមុតអាត្មាអញឡើយ សេចក្តីនេះ មានឧបមា យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ មានឧបមេយ្យ ដូចរូបជាទីស្រឡាញ់ ជាទីត្រេកអរណា ក្នុងលោកនេះ ហៅថា បន្លា ក្នុងវិន័យរបស់ព្រះអរិយៈ។

[៣៣៣] កាលបើភិក្ខុដឹងច្បាស់យ៉ាងនេះហើយ ត្រូវដឹងច្បាស់ នូវសេចក្តីមិនសង្រួម និងសេចក្តីសង្រួម។ ម្នាលភិក្ខុទាំងឡាយ ចុះសេចក្តីមិនសង្រួម តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ឃើញរូបដោយចក្ខុហើយ ជ្រប់ក្នុងរូបជាទីស្រឡាញ់ ព្យាបាទក្នុងរូប មិនជាទីស្រឡាញ់ មានសតិក្នុងកាយ មិនបានតាំងមាំ មានចិត្តស្តួចស្តើង ក្នុងកុសលធម៌ មួយទៀត មិនដឹងច្បាស់តាមពិត នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលជាគុណជាតិ នាំឲ្យអកុសលធម៌ដ៏លាមកទាំងនោះ ដែលកើតឡើង ដល់ភិក្ខុនោះ រលត់ទៅ មិនមានសេសសល់។បេ។ ជញ្ជាប់រស ដោយអណ្តាត។បេ។ ដឹងច្បាស់នូវធម្មារម្មណ៍ ដោយចិត្ត ហើយជ្រប់នៅក្នុងធម្មារម្មណ៍ ដែលជាទីស្រឡាញ់ ព្យាបាទក្នុងធម្មារម្មណ៍ ដែលមិនជាទីស្រឡាញ់ មានសតិក្នុងកាយ មិនបានតាំងមាំ មានចិត្តស្តួចស្តើង ក្នុងកុសលធម៌ មួយវិញទៀត មិនដឹងច្បាស់តាមពិត នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិនោះ ដែលជាគុណជាតិ នាំឲ្យអកុសលធម៌ ដ៏លាមកទាំងឡាយ ដែលកើតឡើង ដល់ភិក្ខុនោះ រលត់ទៅមិនមានសេសសល់។ ម្នាលភិក្ខុទាំងឡាយ សេចក្តីមិនសង្រួម យ៉ាងនេះឯង។

[៣៣៤] ម្នាលភិក្ខុទាំងឡាយ ចុះសេចក្តីសង្រួម តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ឃើញរូបដោយចក្ខុ មិនជ្រប់នៅក្នុងរូបជាទីស្រឡាញ់ មិនព្យាបាទក្នុងរូបមិនជាទីស្រឡាញ់ មានសតិក្នុងកាយតាំងមាំ មានចិត្តប្រមាណមិនបាន មួយវិញទៀត ដឹងច្បាស់តាមពិត នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលជាគុណជាតិ នាំឲ្យអកុសលធម៌ ដ៏លាមកទាំងនោះ ដែលកើតឡើង ដល់ភិក្ខុនោះ រលត់ទៅ មិនមានសេសសល់។បេ។ ជញ្ជាប់រស ដោយអណ្តាត។បេ។ ដឹងច្បាស់នូវធម្មារម្មណ៍ ដោយចិត្ត មិនជ្រប់នៅក្នុងធម្មារម្មណ៍ ដែលជាទីស្រឡាញ់ មិនព្យាបាទក្នុងធម្មារម្មណ៍ ដែលមិនជាទីស្រឡាញ់ មានសតិក្នុងកាយ តាំងមាំហើយ មានចិត្តប្រមាណមិនបាន មួយវិញទៀត ដឹងច្បាស់តាមពិត នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលជាគុណជាតិ នាំឲ្យអកុសលធម៌ ដ៏លាមកទាំងនោះ ដែលកើតឡើង ដល់ភិក្ខុនោះ រលត់ទៅ មិនមានសេសសល់។ ម្នាលភិក្ខុទាំងឡាយ សេចក្តីសង្រួម យ៉ាងនេះឯង។

[៣៣៥] ម្នាលភិក្ខុទាំងឡាយ បើភិក្ខុនោះប្រព្រឹត្តយ៉ាងនេះ នៅយ៉ាងនេះ អកុសលធម៌ ដ៏លាមកទាំងឡាយ គឺការត្រិះរិះ ដោយសេចក្តីរព្ញក ប្រកបដោយសញ្ញោជនៈ តែងកើតឡើង ព្រោះភ្លេចស្មារតី ក្នុងពេលមួយដង មួយកាល។ ម្នាលភិក្ខុទាំងឡាយ ការកើតឡើង នៃសតិដ៏យឺតយូរ រមែងលះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ដល់នូវការសាបសូន្យ យ៉ាងឆាប់រហ័ស ដោយពិត។ ម្នាលភិក្ខុទាំងឡាយ ដូចបុរស សម្រក់ចុះ នូវដំណក់ទឹកពីរ ឬ បីដំណក់ ទៅក្នុងអម្បែងខ្ទះដែក ដ៏ក្តៅខ្លាំង ក្នុងវេលាថ្ងៃ។ ម្នាលភិក្ខុទាំងឡាយ ការស្រក់ចុះ នៃដំណក់ទឹកទាំងឡាយ ដ៏យឺតយូរ តែងដល់នូវការអស់ ការសាបសូន្យ យ៉ាងឆាប់រហ័ស ដោយពិត យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុនោះ ប្រព្រឹត្តយ៉ាងនេះ នៅយ៉ាងនេះ អកុសលធម៌ទាំងឡាយដ៏លាមក គឺការត្រិះរិះ ដោយសេចក្តីរព្ញក ប្រកបដោយសញ្ញោជនៈ ក៏កើតឡើង ព្រោះភ្លេចស្មារតី ក្នុងពេលមួយដង មួយកាល។ ម្នាលភិក្ខុទាំងឡាយ ការកើតឡើង នៃសតិដ៏យឺតយូរ ក៏តែងលះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ដល់នូវការសាបសូន្យ យ៉ាងឆាប់រហ័ស ដោយពិត ក៏យ៉ាងនោះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមានការប្រព្រឹត្ត និងការនៅដ៏ខ្ជាប់ខ្ជួន តាមទំនង ដែលគេប្រព្រឹត្ត គេនៅហើយ អភិជ្ឈា និងទោមនស្ស ជាអកុសលធម៌ ដ៏លាមក មិនគ្របសង្កត់ យ៉ាងនេះឯង។

[៣៣៦] ម្នាលភិក្ខុទាំងឡាយ បើពួកស្តេចក្តី ពួកមហាមាត្យ នៃស្តេចក្តី ពួកមិត្តក្តី ពួកអាមាត្យក្តី ពួកញាតិក្តី ពួកសាលោហិតក្តី បាននាំភោគៈទាំងឡាយ មកបវារណា ចំពោះភិក្ខុនោះ ដែលប្រព្រឹត្ត យ៉ាងនេះ ដែលនៅយ៉ាងនេះ ដោយពាក្យថា នែបុរសដ៏ចម្រើន ចូរអ្នកមកអាយ ចុះសំពត់កាសាវៈ របស់អ្នកទាំងនេះ ដុតរោលអ្នកឬទេ។ ចុះព្រោះអ្វី ក៏អ្នកកោរត្រងោល ដើរកាន់អម្បែង។ ចូរអ្នកមកអាយ ចូរត្រឡប់មកជាហីនភេទវិញ ហើយបរិភោគ នូវភោគៈទាំង ឡាយ ទាំងធ្វើនូវបុណ្យទាំងឡាយចុះ។ ម្នាលភិក្ខុទាំងឡាយ ឯភិក្ខុនោះ កាលបើប្រព្រឹត្ត យ៉ាងនេះ កាលនៅយ៉ាងនេះ នឹងពោលលាសិក្ខា ហើយត្រឡប់មក ជាហីនភេទវិញ ដំណើរដូច្នេះនុ៎ះ មិនមានទេ។ ម្នាលភិក្ខុទាំងឡាយ ដូចជាទន្លេគង្គា ជម្រាលទៅទិសខាងកើត ជ្រាលទៅទិសខាងកើត ទោរទៅទិសខាងកើត គ្រានោះ ពពួកមហាជន កាន់យកចបកាប់ និងបង្គី ដើរមក ដោយគិតថា យើងទាំងឡាយ នឹងទប់ទន្លេគង្គានេះ ឲ្យទឹកហូរជម្រាលទៅទិសខាងលិច ជ្រាលទៅទិសខាងលិច ទោរទៅទិសខាងលិចវិញ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សម្គាល់ហេតុនោះ ដូចម្តេច ពពួកមហាជននោះ នឹងទប់ទន្លេគង្គា ឲ្យទឹកហូរជម្រាលទៅទិសខាងលិច ជ្រាលទៅទិសខាងលិច ទោរទៅទិសខាងលិចវិញ បានដែរឬ។ កិច្ចនុ៎ះ មិនបានទេ ព្រះអង្គ។ ដំណើរនោះ ព្រោះហេតុអ្វី។ បពិត្រព្រះអង្គដ៏ចម្រើន ព្រោះថា ទន្លេគង្គា ជម្រាលទៅទិសខាងកើត ជ្រាលទៅទិសខាងកើត ទោរទៅទិសខាងកើត ទន្លេគង្គានោះ បុគ្គលមិនងាយនឹងទប់ ឲ្យទឹកហូរជម្រាល ទៅទិសខាងលិច ជ្រាលទៅទិសខាងលិច ទោរទៅខាងលិចបានឡើយ។ ឯពពួកមហាជននោះ គប្បីបានតែចំណែក នៃសេចក្តីលំបាក និងសេចក្តីនឿយហត់ប៉ុណ្ណោះ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីនេះ មានឧបមា ដូចម្តេចមិញ មានឧបមេយ្យ ដូចជា ប្រសិនបើពួកស្តេចក្តី ពួកមហាមាត្យ នៃស្តេចក្តី ពួកមិត្តក្តី ពួកអាមាត្យក្តី ញាតក្តី ពួកសាលោហិតក្តី គប្បីនាំនូវភោគៈទាំងឡាយ មកបវារណា ចំពោះភិក្ខុនោះ ដែលប្រព្រឹត្ត យ៉ាងនេះ ដែលនៅ យ៉ាងនេះ ដោយពាក្យថា នែបុរសដ៏ចម្រើន ចូរអ្នកមកអាយ ចុះសំពត់កាសាវៈ របស់អ្នកទាំងនេះ ដុតរោលអ្នក ឬទេ។ ចុះហេតុអ្វី ក៏អ្នកកោរត្រងោល ដើរកាន់អម្បែង។ ចូរអ្នកមកអាយ ចូរអ្នកត្រឡប់មក ជាហីនភេទវិញ ហើយបរិភោគ នូងភោគៈទាំងឡាយ និងធ្វើបុណ្យទាំងឡាយចុះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ កាលបើប្រព្រឹត្ត យ៉ាងនេះ កាលនៅ យ៉ាងនេះ នឹងពោលលាសិក្ខា ត្រឡប់ទៅជាហីនភេទវិញ ដំណើរដូច្នេះនុ៎ះ មិនមានទេ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា ចិត្តណា ដែលឱនទៅរកវិវេក បែរទៅរកវិវេក រេទៅរកវិវេក អស់កាលជាយូរអង្វែងហើយ ចិត្តនោះ នឹងត្រឡប់ ទៅជាហីនភេទវិញ ដំណើរដូច្នេះ មិនមានឡើយ។

ចប់សូត្រ ទី៧។

(កិំសុកោបម)សូត្រ ទី៨

(៨. កិំសុកោបមសុត្តំ)

[៣៣៧] គ្រានោះ ភិក្ខុមួយរូបចូលទៅរកភិក្ខុមួយរូប លុះចូលទៅដល់ហើយ បានពោល នឹងភិក្ខុនោះ ដូច្នេះថា ម្នាលអាវុសោ ចុះការឃើញដ៏បរិសុទ្ធល្អ របស់ភិក្ខុ ដោយហេតុដូចម្តេច។ ម្នាលអាវុសោ ភិក្ខុដឹងច្បាស់ តាមពិត នូវហេតុ ជាទីកើតឡើង និងសូន្យទៅ នៃផស្សាយតនៈ ទាំង ៦ ក្នុងកាលណា ម្នាលអាវុសោ ក្នុងកាលនោះ ការឃើញដ៏បរិសុទ្ធល្អ របស់ភិក្ខុ ក៏កើតមាន ដោយហេតុនេះឯង។ គ្រានោះឯង ភិក្ខុនោះ មិនពេញចិត្ត ដោយពាក្យដោះស្រាយប្រស្នា របស់ភិក្ខុនោះ ក៏បានចូលទៅរកភិក្ខុមួយរូបទៀត លុះចូលទៅដល់ហើយ បានពោលនឹងភិក្ខុនោះ ដូច្នេះថា ម្នាលអាវុសោ ចុះការឃើញ ដ៏បរិសុទ្ធល្អ របស់ភិក្ខុ ដោយហេតុដូចម្តេច។ ម្នាលអាវុសោ ភិក្ខុដឹងច្បាស់ តាមពិត នូវហេតុជាទីកើតឡើង និងសាបសូន្យទៅ នៃឧបាទានក្ខន្ធ ទាំង ៥ ក្នុងកាលណា ម្នាលអាវុសោ ក្នុងកាលនោះ ការឃើញ ដ៏បរិសុទ្ធល្អ របស់ភិក្ខុ ក៏កើតមាន ដោយហេតុនេះឯង។ គ្រានោះឯង ភិក្ខុនោះ មិនពេញចិត្ត ដោយពាក្យដោះស្រាយប្រស្នា របស់ភិក្ខុនោះ ក៏បានចូលទៅរកភិក្ខុមួយរូបទៀត លុះចូលទៅដល់ហើយ បានពោលនឹងភិក្ខុនោះ ដូច្នេះថា ម្នាលអាវុសោ ចុះការឃើញ ដ៏បរិសុទ្ធល្អរបស់ភិក្ខុ ដោយហេតុដូចម្តេច។ ម្នាលអាវុសោ ភិក្ខុដឹងច្បាស់ តាមពិត នូវហេតុជាទីកើតឡើង និងសាបសូន្យទៅ នៃមហាភូតរូប ទាំង ៤ ក្នុងកាលណា ម្នាលអាវុសោ ក្នុងកាលនោះ ការឃើញ ដ៏បរិសុទ្ធល្អ របស់ភិក្ខុ ក៏កើតមាន ដោយហេតុនេះឯង។ លំដាប់នោះឯង ភិក្ខុនោះ មិនពេញចិត្ត ដោយពាក្យដោះស្រាយប្រស្នា របស់ភិក្ខុនោះ ក៏ចូលទៅរកភិក្ខុមួយរូបទៀត លុះចូលទៅដល់ហើយ បានពោលនឹងភិក្ខុនោះ ដូច្នេះថា ម្នាលអាវុសោ ចុះការឃើញដ៏បរិសុទ្ធល្អ របស់ភិក្ខុ ដោយហេតុដូចម្តេច។ ម្នាលអាវុសោ កាលណា ភិក្ខុដឹងច្បាស់ តាមពិតថា របស់ណានីមួយ មានការកើតឡើង ជាធម្មតា របស់ទាំងអស់នោះ រលត់ទៅវិញ ជាធម្មតា ម្នាលអាវុសោ កាលនោះ ការឃើញ ដ៏បរិសុទ្ធល្អ របស់ភិក្ខុ ក៏កើតមាន ដោយហេតុនេះឯង។

[៣៣៨] គ្រានោះឯង ភិក្ខុនោះមិនពេញចិត្តដោយពាក្យដោះស្រាយប្រស្នា របស់ភិក្ខុនោះ ក៏ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះមានព្រះភាគ រួចអង្គុយក្នុងទីដ៏សមគួរ។ លុះភិក្ខុនោះ អង្គុយក្នុងទីដ៏សមគួរហើយ បានក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ក្នុងទីឯណោះ ខ្ញុំព្រះអង្គ ចូលទៅរកភិក្ខុមួយរូប លុះចូលទៅដល់ហើយ បានពោលនឹងភិក្ខុនោះ ដូច្នេះថា ម្នាលអាវុសោ ចុះការឃើញ ដ៏បរិសុទ្ធល្អរបស់ភិក្ខុ ដោយហេតុដូចម្តេច។ បពិត្រព្រះអង្គដ៏ចម្រើន កាលខ្ញុំព្រះអង្គ សួរយ៉ាងនេះហើយ ភិក្ខុនោះ បានពោលនឹងខ្ញុំព្រះអង្គ ដូច្នេះថា ម្នាលអាវុសោ ភិក្ខុដឹងច្បាស់ តាមពិត នូវហេតុជាទីកើតឡើង និងសាបសូន្យទៅ នៃផស្សាយតនៈ ទាំង ៦ ក្នុងកាលណា ម្នាលអាវុសោ ក្នុងកាលនោះ ការឃើញដ៏បរិសុទ្ធល្អ របស់ភិក្ខុ ក៏កើតមាន ដោយហេតុនេះឯង។ បពិត្រព្រះអង្គដ៏ចម្រើន គ្រានោះឯង ខ្ញុំព្រះអង្គ មិនពេញចិត្ត ដោយពាក្យដោះស្រាយប្រស្នា របស់ភិក្ខុនោះ ក៏ចូលទៅរកភិក្ខុមួយរូបទៀត លុះចូលទៅដល់ហើយ បានសួរភិក្ខុនោះ ដូច្នេះថា ម្នាលអាវុសោ ចុះការឃើញដ៏ បរិសុទ្ធល្អ របស់ភិក្ខុ ដោយហេតុដូចម្តេច។ បពិត្រព្រះអង្គដ៏ចម្រើន កាលខ្ញុំព្រះអង្គ សួរយ៉ាងនេះហើយ ភិក្ខុនោះ បានពោលនឹងខ្ញុំព្រះអង្គ ដូច្នេះថា ម្នាលអាវុសោ ភិក្ខុដឹងច្បាស់ តាមពិត នូវហេតុជាទីកើតឡើង និងសាបសូន្យទៅ នៃឧបាទានក្ខន្ធ ទាំង ៥។បេ។ នៃមហាភូតរូប ទាំង ៤ ក្នុងកាលណា។បេ។ ភិក្ខុដឹងច្បាស់ តាមពិតថា របស់ណានីមួយ មានការកើតឡើង ជាធម្មតា របស់ទាំងអស់នោះ រលត់ទៅវិញជាធម្មតា ម្នាលអាវុសោ ការឃើញដ៏បរិសុទ្ធល្អ របស់ភិក្ខុ ក៏កើតមាន ដោយហេតុនេះឯង។ បពិត្រព្រះអង្គដ៏ចម្រើន លំដាប់នោះ ខ្ញុំព្រះអង្គ មិនពេញចិត្តដោយពាក្យដោះស្រាយប្រស្នា របស់ភិក្ខុនោះ ក៏ចូលមកគាល់ព្រះមានព្រះភាគ។បេ។ បពិត្រព្រះអង្គដ៏ចម្រើន ការឃើញដ៏បរិសុទ្ធល្អ របស់ភិក្ខុ ដោយហេតុដូចម្តេច ។

[៣៣៩] ម្នាលភិក្ខុ ដូចបុរសមិនធ្លាប់ឃើញដើមចារ។ បុរសនោះ ចូលទៅរកបុរសម្នាក់ទៀត ជាអ្នកធ្លាប់ឃើញដើមចារ លុះចូលទៅដល់ហើយ សួរបុរសនោះ យ៉ាងនេះថា ម្នាលបុរសដ៏ចម្រើន ដើមចារដូចម្តេច។ បុរសនោះ ប្រាប់យ៉ាងនេះថា ម្នាលបុរសដ៏ចម្រើន ដើមចារ មានសម្បុរខ្មៅ ដូចជាដង្គត់ ដែលភ្លើងឆេះ។ ម្នាលភិក្ខុ ក៏ក្នុងសម័យនោះឯង ដើមចារប្រាកដ ដូច្នោះមែន គឺដូចជាការឃើញ របស់បុរសនោះ។ ម្នាលភិក្ខុ គ្រានោះឯង បុរសនោះ មិនពេញចិត្តដោយពាក្យដោះស្រាយប្រស្នា របស់បុរសនោះ ក៏ចូលទៅរកបុរសម្នាក់ទៀត ជាអ្នកធ្លាប់ឃើញដើមចារ លុះចូលទៅដល់ហើយ សួរបុរសនោះ យ៉ាងនេះថា ម្នាលបុរសដ៏ចម្រើន ដើមចារ ប្រាកដដូចជាអ្វី។ បុរសនោះ ប្រាប់យ៉ាងនេះថា ម្នាលបុរសដ៏ចម្រើន ដើមចារមានសម្បុរក្រហម ដូចជាដុំសាច់។ ម្នាលភិក្ខុ ក៏ក្នុងសម័យនោះឯង ដើមចារ ប្រាកដដូច្នេះមែន គឺដូចជាការឃើញ របស់បុរសនោះ។ ម្នាលភិក្ខុ គ្រានោះឯង បុរសនោះ មិនពេញចិត្តដោយពាក្យដោះស្រាយប្រស្នា របស់បុរសនោះ ក៏ចូលទៅរកបុរសម្នាក់ទៀត ជាអ្នកធ្លាប់ឃើញដើមចារ លុះចូលទៅដល់ហើយ សួរបុរសនោះ យ៉ាងនេះថា ម្នាលបុរសដ៏ចម្រើន ដើមចារ ប្រាកដដូចជាអ្វី។ បុរសនោះ ប្រាប់យ៉ាងនេះថា ម្នាលបុរសដ៏ចម្រើន ដើមចារ មានផ្លែដូចជាសំពត់គេព្យួរ មានផ្លែដូចជាស្រោមដាវ មានមុខផ្កាប់ចុះ ដូចដើមច្រេស។ ម្នាលភិក្ខុ ក៏ក្នុងសម័យនោះ ដើមចារប្រាកដដូច្នោះមែន គឺដូចជាការឃើញ របស់បុរសនោះដែរ។ ម្នាលភិក្ខុ លំដាប់នោះឯង បុរសនោះ មិនពេញចិត្ត ដោយពាក្យដោះស្រាយប្រស្នា របស់បុរសនោះ ក៏ចូលទៅរកបុរសម្នាក់ទៀត ជាអ្នកធ្លាប់ឃើញដើមចារ លុះចូលទៅដល់ហើយ បានសួរបុរសនោះ យ៉ាងនេះថា ម្នាលបុរសដ៏ចម្រើន ដើមចារ ប្រាកដដូចជាអ្វី។ បុរសនោះ ប្រាប់យ៉ាងនេះថា ម្នាលបុរសដ៏ចម្រើន ដើមចារ មានស្លឹកចាស់ខ្ចី ដ៏ក្រាស់ មានម្លប់ ដ៏ជិត ដូចជាដើមជ្រៃ។ ម្នាលភិក្ខុ ក៏ក្នុងសម័យនោះឯង ដើមចារ ប្រាកដដូច្នោះមែន គឺដូចជាការឃើញ របស់បុរសនោះ។ ម្នាលភិក្ខុ សេចក្តីនេះ មានឧបមាដូចម្តេចមិញ មានឧបមេយ្យ ដូចការឃើញ ដ៏បរិសុទ្ធល្អ របស់សប្បុរសទាំងនោះ ដែលមានចិត្តរួចស្រឡះហើយ ដោយអាការណាៗ ពាក្យដែលសប្បុរសទាំងឡាយ ដ៏ឈ្លាសវៃ បានព្យាករហើយ ដោយអាការនោះ ៗ។

[៣៤០] ម្នាលភិក្ខុ ដូចជានគរចុងដែន របស់ព្រះរាជា មានកំពែង និងខ្លោងទ្វារ ដ៏មាំមួន មានទ្វារ ៦ ក្នុងទ្វារទាំងនោះ មាននាយទ្វារ ជាបណ្ឌិត ឈ្លាសវៃ មានប្រាជ្ញា របស់ព្រះរាជានោះ ជាអ្នកហាមឃាត់ ចំពោះពួកមនុស្ស ដែលមិនស្គាល់ បើកឲ្យចូល តែពួកមនុស្សដែលស្គាល់។ មានរាជទូតពីរនាក់ មកយ៉ាងរហ័ស អំពីទិសខាងកើត ហើយនិយាយនឹងនាយទ្វារនោះ យ៉ាងនេះថា ម្នាលបុរសដ៏ចម្រើន ម្ចាស់នគរនេះ នៅក្នុងទីណា។ នាយទ្វារនោះ ប្រាប់យ៉ាងនេះថា បពិត្រអ្នកដ៏ចម្រើន ម្ចាស់នុ៎ះ អង្គុយនៅត្រង់កណ្តាលផ្លូវបែកជាបួន។ គ្រានោះឯង រាជទូតពីរនាក់ ដែលមកដល់ភ្លាមនោះ បានប្រគល់រាជសាសន៍ តាមពិត ដល់ម្ចាស់នគរ ហើយដើរទៅតាមផ្លូវ ដែលគួរទៅ។ មានរាជទូតពីរនាក់ មកយ៉ាងរហ័ស អំពីទិសខាងលិចទៀត។បេ។ អំពីទិសខាងជើង មានរាជទូតពីរនាក់ទៀត មកយ៉ាងរហ័ស អំពីទិសខាងត្បូង ហើយនិយាយនឹងនាយទ្វារនោះ យ៉ាងនេះថា ម្នាលបុរសដ៏ចម្រើន ម្ចាស់នគរនេះ នៅក្នុងទីណា។ នាយទ្វារនោះ ប្រាប់យ៉ាងនេះថា បពិត្រអ្នកដ៏ចម្រើន ម្ចាស់នគរនុ៎ះ អង្គុយនៅត្រង់កណ្តាលផ្លូវបែកជាបួន។ គ្រានោះឯង រាជទូតពីរនាក់ ដែលមកយ៉ាងរហ័សនោះ បានប្រគល់រាជសាសន៍ តាមពិត ដល់ម្ចាស់នគរ ហើយក៏ដើរទៅតាមផ្លូវដែលគួរទៅ។ ម្នាលភិក្ខុ សេចក្តីឧបមានេះ តថាគត ធ្វើដើម្បីបំភ្លឺ នូវសេចក្តីអធិប្បាយ ឯសេចក្តីអធិប្បាយ ក្នុងពាក្យឧបមានោះ ដូច្នេះ ម្នាលភិក្ខុ ពាក្យថា នគរនុ៎ះ ជាឈ្មោះកាយនេះ ដែលប្រកបដោយមហាភូតរូប ទាំង ៤ មានមាតា បិតា ជាដែនកើត ចម្រើនឡើង ដោយបាយ និងនំ មានការដុះខាត់ គក់ច្របាច់ បំបាត់ក្លិនអាក្រក់ជានិច្ច ជាធម្មតា។ ម្នាលភិក្ខុ ពាក្យថា ទ្វារទាំង ៦ នុ៎ះ ជាឈ្មោះ នៃអាយតនៈ ខាងក្នុង ៦។ ម្នាលភិក្ខុ ពាក្យថា នាយទ្វារនុ៎ះ ជាឈ្មោះ នៃសតិ។ ម្នាលភិក្ខុ ពាក្យថា រាជទូតពីរនាក់ ដែលមករហ័សនុ៎ះ ជាឈ្មោះ នៃសមថៈ និងវិបស្សនា។ ម្នាលភិក្ខុ ពាក្យថា ម្ចាស់នគរនុ៎ះ ជាឈ្មោះ នៃវិញ្ញាណ។ ម្នាលភិក្ខុ ពាក្យថា កណ្តាលផ្លូវបែកជា ៤ នុ៎ះ ជាឈ្មោះ នៃមហាភូតរូប ទាំង ៤ គឺ បឋវីធាតុ ១ អាបោធាតុ ១ តេជោធាតុ ១ វាយោ ធាតុ ១។ ម្នាលភិក្ខុ ពាក្យថា ព្រះរាជសាសន៍ តាមពិតនុ៎ះ ជាឈ្មោះ នៃព្រះនិព្វាន។ ម្នាលភិក្ខុ ពាក្យថា ផ្លូវដែលគួរទៅនុ៎ះ ជាឈ្មោះ នៃមគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរ។ គឺអ្វីខ្លះ។ គឺសម្មាទិដ្ឋិ ១។បេ។ សម្មាសមាធិ ១។

ចប់សូត្រ ទី៨។

(វីណោបម)សូត្រ ទី៩

(៩. វីណោបមសុត្តំ)

[៣៤១] ម្នាលភិក្ខុទាំងឡាយ ឆន្ទៈក្តី រាគៈក្តី ទោសៈក្តី មោហៈក្តី សេចក្តីថ្នាំងថ្នាក់ នៃចិត្តក្តី ក្នុងរូបទាំងឡាយ ដែលគប្បីដឹងច្បាស់ ដោយចក្ខុ កើតឡើង ដល់ភិក្ខុ ឬភិក្ខុនីណាមួយ ភិក្ខុ ឬភិក្ខុនីនោះ ត្រូវហាមឃាត់ចិត្ត ចាករូបទាំងនោះចេញថា នុ៎ះ ជាផ្លូវប្រកបដោយភ័យ ប្រកបដោយភ័យ ដ៏ពន្លឹក ប្រកបដោយបន្លា ប្រកបដោយព្រៃស្បាត ជាផ្លូវខុស ជាផ្លូវគួរខ្ពើម ជាផ្លូវទៅបាន ដោយកម្រ ផ្លូវនុ៎ះ អសប្បុរស តែងតែសេពគប់ ផ្លូវនុ៎ះ សប្បុរស មិនដែលសេពគប់ទេ អ្នកមិនគួរទៅតាមផ្លូវនុ៎ះឡើយ។ ភិក្ខុគប្បីហាមឃាត់ចិត្ត ចាករូបទាំងឡាយ ដែលគប្បីដឹង ដោយចក្ខុទាំងនោះចេញ។បេ។ ម្នាលភិក្ខុទាំងឡាយ ឆន្ទៈក្តី រាគៈក្តី ទោសៈក្តី មោហៈក្តី សេចក្តីថ្នាំងថ្នាក់ នៃចិត្តក្តី ក្នុងរសទាំងឡាយ ដែលគប្បីដឹងច្បាស់ ដោយអណ្តាត។បេ។ ក្នុងធម្មារម្មណ៍ទាំងឡាយ ដែលគប្បីដឹង ដោយចិត្ត កើតឡើងដល់ភិក្ខុ ឬភិក្ខុនីណាមួយ ភិក្ខុ ឬភិក្ខុនីនោះ ត្រូវហាមឃាត់ចិត្ត ចាកធម្មារម្មណ៍ទាំងនោះចេញថា នុ៎ះ ជាផ្លូវប្រកបដោយភ័យ ប្រកបដោយភ័យដ៏ពន្លឹក ប្រកបដោយបន្លា ប្រកបដោយព្រៃស្បាត ជាផ្លូវខុស ជាផ្លូវគួរខ្ពើម ជាផ្លូវទៅបានដោយកម្រ ផ្លូវនុ៎ះ អសប្បុរសតែងតែសេពគប់ ផ្លូវនុ៎ះ សប្បុរស មិនដែលសេពគប់ទេ អ្នកមិនគួរទៅតាមផ្លូវនុ៎ះឡើយ។ ភិក្ខុ ឬភិក្ខុនី ត្រូវហាមឃាត់ចិត្ត ចាកធម្មារម្មណ៍ទាំងឡាយ ដែលគប្បីដឹង ដោយចិត្តទាំងនោះចេញ។

[៣៤២] ម្នាលភិក្ខុទាំងឡាយ ដូចជាសំទូង កំពុងមានពាសពេញ ឯអ្នករក្សាសំទូង ក៏ធ្វេសប្រហែស ចំណែកឯគោ ធ្លាប់ស៊ីសំទូង ក៏ចុះទៅកាន់សំទូងឯណោះ ហើយដល់នូវសេចក្តីស្រវឹង ដល់នូវសេចក្តីធ្វេសប្រហែស ស៊ីសំទូងដរាបដល់ឆ្អែត យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ បុថុជ្ជន អ្នកមិនចេះដឹង មិនធ្វើសេចក្តីសង្រួម ក្នុងផស្សាយតនៈ ទាំង ៦ ក៏ដល់នូវសេចក្តីស្រវឹង ដល់នូវសេចក្តីធ្វេសប្រហែស ក្នុងកាមគុណ ទាំង ៥ ត្រាតែស្កប់ស្កល់ទៅ ក៏យ៉ាងនោះឯង។ ម្នាលភិក្ខុទាំងឡាយ ដូចជាសំទូង កំពុងមានពាសពេញ ឯអ្នករក្សាសំទូង ជាអ្នកមិនធ្វេសប្រហែស ចំណែកឯគោ ធ្លាប់ស៊ីសំទូង ក៏ចុះទៅកាន់សំទូងឯណោះ អ្នករក្សាសំទូង ក៏ចាប់ដឹកគោនោះ ត្រង់ច្រមុះ លុះចាប់ដឹកត្រង់ច្រមុះបានហើយ ក៏យកទៅចងក្រៀក ក្នុងប្រគាបឈើ លុះចងក្រៀក ក្នុងប្រគាបឈើរួចហើយ ក៏វាយសំពង ដោយដំបង លុះវាយសំពង ដោយដំបងរួចហើយ ក៏ស្រាយលែងទៅ។ ម្នាលភិក្ខុទាំងឡាយ អស់វារៈ ជាគម្រប់ពីរដងទៀត។បេ។ ម្នាលភិក្ខុទាំងឡាយ គោដែលធ្លាប់ស៊ីសំទូង គប្បីចុះទៅកាន់សំទូងឯណោះ អ្នករក្សាសំទូង ក៏ចាប់ដឹកគោនោះ ត្រង់ច្រមុះ លុះចាប់ដឹកត្រង់ច្រមុះរួចហើយ ក៏យកទៅចងក្រៀក ក្នុងប្រគាបឈើ លុះចងក្រៀក ក្នុងប្រគាបឈើបានហើយ ក៏វាយសំពង ដោយដំបង លុះវាយសំពង ដោយដំបងរួចហើយ ក៏លែងទៅ ជាគម្រប់ ៣ ដងទៀត។ ម្នាលភិក្ខុទាំងឡាយ កាលបើធ្វើយ៉ាងនេះ គោដែលធ្លាប់ស៊ីសំទូងនោះ ទៅក្នុងស្រុកក្តី ទៅក្នុងព្រៃក្តី ច្រើនដោយការឈរក្តី ច្រើនដោយការដេកក្តី កាលរឭកឃើញ នូវសម្ផ័ស្សដំបង អំពីមុននោះ ក៏មិនហ៊ានចុះកាន់សំទូងនោះទៀតឡើយ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីនេះ មានឧបមា ដូចម្តេចមិញ មានឧបមេយ្យ ដូចកាលណាភិក្ខុបានគម្រាមចិត្ត បានគម្រាមល្អហើយ ក្នុងផស្សាយតនៈ ទាំង ៦ ចិត្តនោះ ក៏តាំងនៅ សម្ងំនៅ តែខាងក្នុងប៉ុណ្ណោះ មានអារម្មណ៍ខ្ពស់ឯក តាំងនៅខ្ជាប់ខ្ជួន។

[៣៤៣] ម្នាលភិក្ខុទាំងឡាយ ដូចជាសម្លេងពិណ ដែលព្រះរាជា ឬមហាមាត្យរបស់ព្រះរាជា មិនធ្លាប់បានស្តាប់។ ព្រះរាជា ឬមហាមាត្យ របស់ព្រះរាជានោះ ឮសម្លេងពិណ គប្បីសួរ យ៉ាងនេះថា អើ សំឡេងអ្នកណានុ៎ះហ្ន៎ គួរឲ្យមានតម្រេកអ្វីម្ល៉េះ គួរឲ្យចង់ស្តាប់អ្វីម្ល៉េះ គួរឲ្យភាន់ភាំងចិត្តអ្វីម្ល៉េះ គួរឲ្យងប់ចិត្តអ្វីម្ល៉េះ គួឲ្យជក់ចិត្តអ្វីម្ល៉េះ។ អ្នកផង ក៏ក្រាបទូលព្រះរាជា ឬមហាមាត្យ របស់ព្រះរាជានោះ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចម្រើន សម្លេងដែលគួរឲ្យមានតម្រេក យ៉ាងនេះ គួរឲ្យចង់ស្តាប់យ៉ាងនេះ គួរឲ្យភាន់ភាំងចិត្តយ៉ាងនេះ គួរឲ្យងប់ចិត្តយ៉ាងនេះ គួរឲ្យជក់ចិត្តយ៉ាងនេះ នុ៎ះជាសម្លេងពិណ។ ព្រះរាជា ឬមហាមាត្យ របស់ព្រះរាជានោះ ក៏បង្គាប់យ៉ាងនេះថា ម្នាលអ្នកដ៏ចម្រើនទាំងឡាយ អ្នកទាំងឡាយ ចូរទៅនាំយកពិណនោះ មកឲ្យយើង។ ពួករាជបុរស ក៏នាំយកពិណនោះ មកថ្វាយ ដល់ព្រះរាជា ឬមហាមាត្យ របស់ព្រះរាជានោះ ហើយក្រាបទូល យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចម្រើន សំឡេងដែលគួរឲ្យមានតម្រេក យ៉ាងនេះ គួរឲ្យចង់ស្តាប់យ៉ាងនេះ គួរឲ្យភាន់ភាំងចិត្តយ៉ាងនេះ គួរឲ្យងប់ចិត្តយ៉ាងនេះ គួរឲ្យជក់ចិត្តយ៉ាងនេះ នុ៎ះជាសម្លេងពិណនេះឯង។ ព្រះរាជា ឬមហាមាត្យ របស់ព្រះរាជានោះ ត្រាស់យ៉ាងនេះថា ម្នាលអ្នកទាំងឡាយដ៏ចម្រើន យើងមិនត្រូវការនឹងពិណនោះទេ អ្នកទាំងឡាយ ចូរនាំយកតែសំឡេងពិណនោះ មកឲ្យយើង។ ពួករាជបុរស ក្រាបទូលព្រះរាជា ឬមហាមាត្យ របស់ព្រះរាជានោះ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចម្រើន ឈ្មោះថាពិណនេះ មានអង្គជាអនេក មានអង្គដ៏ច្រើន ផ្សំដោយអង្គទាំងឡាយ ជាអនេក ទើបដេញបាន។ អង្គដូចម្តេចខ្លះ។ គឺអាស្រ័យស្នូកផង អាស្រ័យទ្រូងផង អាស្រ័យដងផង អាស្រ័យខ្ទង់ទាំងឡាយផង អាស្រ័យខ្សែទាំងឡាយផង អាស្រ័យពំនួតផង អាស្រ័យសេចក្តីព្យាយាម ដ៏សមគួរ ដល់ពិណនោះ របស់បុរសផង បពិត្រព្រះអង្គដ៏ចម្រើន នេះឯង ឈ្មោះថា ពិណមានអង្គ ជាអនេក មានអង្គដ៏ច្រើន ផ្សំដោយអង្គទាំងឡាយជាអនេក ទើបដេញបាន។ ព្រះរាជា ឬមហាមាត្យ របស់ព្រះរាជានោះ ឲ្យបំបែពិណនោះ ជា ១០ ចំណែក ឬ ១០០ ចំណែក លុះឲ្យបំបែកពិណនោះ ជា១០ ចំណែក ឬ ១០០ ចំណែកហើយ ឲ្យពុះជាចម្រៀកៗ លុះពុះជាចម្រៀកៗ រួចហើយ ឲ្យកម្លោចដោយភ្លើង លុះកម្លោចដោយភ្លើងរួចហើយ ឲ្យកិនជាខ្មុកធ្យូង លុះកិនជាខ្មុកធ្យូងរួចហើយ ឲ្យរោយទៅតាមខ្យល់ដ៏ខ្លាំង ឬ បណ្តែតទៅតាមខ្សែទឹកទន្លេ ដ៏រហ័ស។ ព្រះរាជា ឬមហាមាត្យ របស់ព្រះរាជានោះ ត្រាស់យ៉ាងនេះថា ម្នាលអ្នកដ៏ចម្រើន បានឮថា ធម្មតា ពិណនេះ ជារបស់អាក្រក់ណាស់ ទុកជាពិណណានីមួយ ក៏សុទ្ធតែយ៉ាងនេះដែរ ដ្បិតថា ជននេះ ដល់នូវការខូចវេលា ខ្វល់ អំពល់ ព្រោះតែពិណនុ៎ះ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីនេះ មានឧបមា ដូចម្តេចមិញ មានឧបមេយ្យ ដូចភិក្ខុពិចារណារូបថា គតិនៃរូបទាំងប៉ុន្មាន ពិចារណាវេទនាថា គតិនៃវេទនាទាំងប៉ុន្មាន ពិចារណាសញ្ញាថា គតិនៃសញ្ញាទាំងប៉ុន្មាន ពិចារណាសង្ខារទាំងឡាយថា គតិនៃសង្ខារទាំងឡាយទាំងប៉ុន្មាន ពិចារណាវិញ្ញាណថា គតិវិញ្ញាណទាំងប៉ុន្មាន។ កាលភិក្ខុនោះ ពិចារណារូបថា គតិនៃរូបទាំងប៉ុន្មាន ពិចារណាវេទនា។បេ។ ពិចារណាសញ្ញា សង្ខារទាំងឡាយ វិញ្ញាណថា គតិនៃវិញ្ញាណទាំងប៉ុន្មាន ចិត្តណារបស់ភិក្ខុនោះថាអញ ថារបស់អញ ថាជាអញ ចិត្តនោះ របស់ភិក្ខុនោះ មិនមានឡើយ។

ចប់សូត្រ ទី៩។

(ឆប្បាណកោបម)សូត្រ ទី១០

(១០. ឆប្បាណកោបមសុត្តំ)

[៣៤៤] ម្នាលភិក្ខុទាំងឡាយ ដូចបុរសមានខ្លួនដំបៅ មានខ្លួនរងាល (ដោយដំបៅ) បើចូលទៅកាន់ព្រៃបន្លា បន្លាស្រួចៗទាំងឡាយ មុតបាតជើងទាំងឡាយ នៃបុរសនោះ។ ស្លឹកឈើ មានបន្លាទាំងឡាយ ក៏កោសរូសខ្លួន ដែលរងាល (ដោយដំបៅ របស់បុរសនោះ)។ ម្នាលភិក្ខុទាំងឡាយ កាលបើយ៉ាងនេះ បុរសនោះ ក៏ត្រូវរងទុក្ខ ទោមនស្សហួសប្រមាណ ព្រោះបន្លា និងស្លឹកឈើនោះជាហេតុ យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុពួកខ្លះ ក្នុងសាសនានេះ ទៅកាន់ស្រុកក្តី ទៅកាន់ព្រៃក្តី រមែងបាន នូវអ្នកពោលចោទថា លោកមានអាយុនេះ ជាអ្នកធ្វើយ៉ាងនេះ ជាអ្នកមានមារយាទយ៉ាងនេះ ថាជាបន្លាក្នុងស្រុក មិនស្អាតដូច្នេះ (ខ្លះ) ថាជាអ្នកចាក់អ្នកស្រុកនោះ ដូច្នេះ (ខ្លះ) ក៏យ៉ាងនោះឯង។

[៣៤៥] ភិក្ខុលុះដឹងយ៉ាងនេះហើយ ត្រូវដឹងច្បាស់ នូវសេចក្តីមិនសង្រួម និងសង្រួម។ ម្នាលភិក្ខុទាំងឡាយ ចុះសេចក្តីមិនសង្រួម តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ឃើញរូបដោយចក្ខុហើយ ជ្រប់ក្នុងរូបជាទីស្រឡាញ់ ព្យាបាទក្នុងរូបមិនជាទីស្រឡាញ់ មានសតិក្នុងកាយមិនតាំងមាំ មានចិត្តស្តួចស្តើង ក្នុងកុសលធម៌ មួយវិញទៀត អកុសលធម៌ដ៏លាមកទាំងឡាយ ដែលកើតឡើង ដល់ភិក្ខុនោះ រមែងរលត់ទៅ មិនមានសេសសល់ ក្នុងចេតោវិមុត្តិ និងបញ្ញាវិមុត្តិណា ក៏មិនដឹងច្បាស់ តាមពិត នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិនោះ។ ឮសំឡេង ដោយត្រចៀក។ ធុំក្លិនដោយច្រមុះ។ ជញ្ជាប់រស ដោយអណ្តាត។ ពាល់ត្រូវផោដ្ឋព្វៈ ដោយកាយ។ ដឹងច្បាស់ នូវធម្មារម្មណ៍ដោយចិត្ត ហើយជ្រប់ក្នុងធម្មារម្មណ៍ជាទីស្រឡាញ់ ព្យាបាទ ក្នុងធម្មារម្មណ៍មិនជាទីស្រឡាញ់ មានសតិក្នុងកាយ មិនតាំងមាំ មានចិត្តស្តួចស្តើង ក្នុងកុសលធម៌ មួយវិញទៀត អកុសលធម៌ដ៏លាមកទាំងឡាយ ដែលកើតឡើង ដល់ភិក្ខុនោះ តែងរលត់ទៅ មិនមានសេសសល់ ក្នុងចេតតោវិមុត្តិ និងបញ្ញាវិមុត្តិណា ក៏មិនដឹងច្បាស់ តាមពិត នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិនោះ។

[៣៤៦] ម្នាលភិក្ខុទាំងឡាយ ដូចជាបុរសចាប់យកសត្វ ៦ ពួក ដែលមានវិស័យផ្សេងៗគ្នា មានគោចរផ្សេងៗគ្នា ហើយចងដោយខ្សែដ៏មាំ គឺចាប់យកពស់ ចងដោយខ្សែ ដ៏មាំ ចាប់យកក្រពើ ចងដោយខ្សែដ៏មាំ ចាប់យកបក្សី ចងដោយខ្សែដ៏មាំ ចាប់យកឆ្កែ ចងដោយខ្សែដ៏មាំ ចាប់យកចចក ចងដោយខ្សែដ៏មាំ ចាប់យកស្វា ចងដោយខ្សែដ៏មាំ លុះចងដោយខ្សែដ៏មាំរួចហើយ ក៏ត្របែងភ្ជាប់គ្នាត្រង់កណ្តាល ហើយលែងទៅ។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះឯង សត្វ ទាំង ៦ ពួក ដែលមានវិស័យផ្សេងៗ គ្នា មានគោចរផ្សេងៗ គ្នានោះ ក៏ប្រឹងទាញមករកគោចរ និងវិស័យរបស់ខ្លួន ៗ។ សត្វពស់ ប្រឹងលូនទៅ ដោយគិតថា អញនឹងចូលទៅកាន់ដំបូក។ ក្រពើ ប្រឹងវារទៅ ដោយគិតថា អញនឹងចុះទៅក្នុងទឹក។ បក្សី ប្រឹងស្ទុះទៅ ដោយគិតថា អញនឹងហើរទៅ ព្ធដ៏អាកាស។ ឆ្កែ ប្រឹងស្ទុះទៅដោយ គិតថា អញ នឹងចូលទៅកាន់ស្រុក។ ចចក ប្រឹងស្ទុះទៅ ដោយគិតថា អញនឹងចូលទៅកាន់ព្រៃខ្មោច។ ស្វា ប្រឹងស្ទុះទៅ ដោយគិតថា អញនឹងចូលទៅកាន់ព្រៃ។ ម្នាលភិក្ខុទាំងឡាយ អត្តភាព នៃសត្វ ទាំង ៦ ពួកនោះ លំបាកណាស់ ក្នុងកាលណា បណ្តាសត្វទាំងនោះ សត្វណា ដែលមានកម្លាំងជាងគេ សត្វទាំងនោះ ក៏ប្រព្រឹត្តទៅតាម ដោយទៅតាម លុះក្នុងអំណាច នៃសត្វ ដែលមានកម្លាំងនោះ ក្នុងកាលណោះ យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ កាយគតាសតិ ដែលភិក្ខុណាមួយ មិនបានចម្រើន មិនបានធ្វើឲ្យច្រើន ចក្ខុក៏ទាញភិក្ខុនោះ ទៅក្នុងរូបទាំងឡាយ ដែលជាទីគាប់ចិត្ត រូបទាំងឡាយ ដែលមិនជាទីគាប់ចិត្ត ក៏ជារបស់បដិកូល។បេ។ អណ្តាតក៏ទាញ។ កាយក៏ទាញ។ ចិត្តក៏ទាញចូលទៅក្នុងធម្មារម្មណ៍ទាំងឡាយ ដែលជាទីគាប់ចិត្ត ធម្មារម្មណ៍ទាំងឡាយ ដែលមិនជាទីគាប់ចិត្ត ក៏ជារបស់បដិកូល ក៏យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ សេចក្តីមិនសង្រួម យ៉ាងនេះឯង។

[៣៤៧] ម្នាលភិក្ខុទាំងឡាយ ចុះសេចក្តីសង្រួម តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ឃើញរូបដោយចក្ខុហើយ មិនជ្រប់ក្នុងរូបជាទីស្រឡាញ់ មិនព្យាបាទ ក្នុងរូបមិនជាទីស្រឡាញ់ មានសតិក្នុងកាយតាំងមាំ មានចិត្តប្រមាណមិនបាន មួយទៀត អកុសលធម៌ដ៏លាមក ទាំងឡាយ ដែលកើតឡើង ដល់ភិក្ខុនោះ តែងរលត់ទៅ មិនមានសេសសល់ ក្នុងចេតោវិមុត្តិ និងបញ្ញាវិមុត្តិណា ក៏ដឹងច្បាស់ តាមពិត នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិនោះ។ ឮសម្លេងដោយត្រចៀក។បេ។ ធុំក្លិនដោយច្រមុះ។បេ។ ជញ្ជាប់រស ដោយអណ្តាត។បេ។ ពាល់ត្រូវផោដ្ឋព្វៈ ដោយកាយ។បេ។ ដឹងធម្មារម្មណ៍ ដោយចិត្តហើយ មិនជ្រប់ក្នុងធម្មារម្មណ៍ ដែលជាទីស្រឡាញ់ មិនព្យាបាទ ក្នុងធម្មារម្មណ៍ មិនជាទីស្រឡាញ់ មានសតិក្នុងកាយតាំងមាំ មានចិត្តប្រមាណមិនបាន មួយវិញទៀត អកុសលធម៌ដ៏លាមកទាំងឡាយ ដែលកើតឡើង ដល់ភិក្ខុនោះ តែងរលត់ទៅ មិនមានសេសសល់ ក្នុងចេតោវិមុត្តិ និងបញ្ញាវិមុត្តិណា ក៏ដឹងច្បាស់ តាមពិត នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិនោះ។

[៣៤៨] ម្នាលភិក្ខុទាំងឡាយ ដូចជាបុរសចាប់យកសត្វ ៦ ពួក ដែលមានវិស័យផ្សេង ៗ គ្នា មានគោចរផ្សេងៗ គ្នា ចងដោយខ្សែដ៏មាំ គឺចាប់យកពស់។បេ។ ចាប់យកក្រពើ។បេ។ ចាប់យកឆ្កែ។ ចាប់យកចចក។ ចាប់យកស្វា ចងដោយខ្សែដ៏មាំ លុះចងដោយខ្សែដ៏មាំរួចហើយ ក៏ក្រៀកនឹងបង្គោល ឬ សសរដ៏មាំ។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះឯង សត្វទាំង ៦ ពួក ដែលមានវិស័យផ្សេងៗ គ្នា មានគោចរផ្សេងៗគ្នានោះ ក៏ប្រឹងទាញទៅកាន់គោចរ និងវិស័យរបស់ខ្លួន ៗ។ ពស់ប្រឹងលូនទៅ ដោយគិតថា អញនឹងចូលទៅកាន់ដំបូក។ ក្រពើ ប្រឹងវារទៅ ដោយគិតថា អញនឹងចុះទៅក្នុងទឹក។ បក្សី ប្រឹងស្ទុះទៅ ដោយគិតថា អញនឹងហើរទៅព្ធដ៏អាកាស។ ឆ្កែប្រឹងស្ទុះទៅ ដោយគិតថា អញនឹងចូលទៅកាន់ស្រុក។ ចចកប្រឹងស្ទុះទៅ ដោយគិតថា អញនឹងចូលទៅកាន់ព្រៃខ្មោច។ ស្វាប្រឹងស្ទុះទៅ ដោយគិតថា អញនឹងចូលទៅកាន់ព្រៃ។ ម្នាលភិក្ខុទាំងឡាយ អត្តភាពនៃសត្វទាំង ៦ ពួកនោះ លំបាកណាស់ ឈរផ្អែក អង្គុយផ្អែក ដេកផ្អែកនឹងបង្គោល ឬសសរនោះឯង យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ កាយគតាសតិ ដែលភិក្ខុណានីមួយ បានចម្រើន បានធ្វើឲ្យច្រើនហើយ ចក្ខុក៏មិនទាញភិក្ខុនោះ ចូលទៅក្នុងរូបទាំងឡាយ ដែលជាទីគាប់ចិត្ត រូបទាំងឡាយ មិនជាទីគាប់ចិត្ត ក៏មិនមែនជារបស់បដិកូល។បេ។ អណ្តាមិនបានទាញ។បេ។ ចិត្តមិនបានទាញចូលទៅក្នុងធម្មារម្មណ៍ទាំងឡាយ ដែលជាទីគាប់ចិត្ត ធម្មារម្មណ៍ទាំងឡាយ មិនជាទីគាប់ចិត្ត ក៏មិនមែនជារបស់បដិកូល ក៏យ៉ាងនោះឯង។ ម្នាលភិក្ខុទាំងឡាយ សេចក្តីសង្រួម យ៉ាងនោះឯង។ ម្នាលភិក្ខុទាំងឡាយ ពាក្យថា បង្គោល ឬ សសរដ៏មាំនុ៎ះ ជាឈ្មោះ នៃកាយគតាសតិ។ ម្នាលភិក្ខុទាំងឡាយ ហេតុដូច្នោះ ក្នុងសាសនានេះ អ្នកទាំងឡាយ គប្បីសិក្សា យ៉ាងនេះថា កាយគតាសតិ ដែលយើងទាំងឡាយ បានចម្រើន បានធ្វើឲ្យច្រើនហើយ ធ្វើឲ្យដូចជាយាន ធ្វើឲ្យជាទីនៅ ឲ្យតាំងនៅញឹកញយ សន្សំទុក មិនឲ្យបាត់ ប្រារព្ធដោយល្អ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សា យ៉ាងនេះចុះ។

ចប់សូត្រ ទី១០។

(យវកលាបិ)សូត្រ ទី១១

(១១. យវកលាបិសុត្តំ)

[៣៤៩] ម្នាលភិក្ខុទាំងឡាយ ដូចកណ្តាប់ស្រូវដំណើបទាំងឡាយ ដែលបុគ្គល គរទុកត្រង់ផ្លូវធំបែកជា ៤ លំដាប់នោះ បុរស ៦ នាក់ មានអម្រែកក្នុងដៃ ដើរមក បុរសទាំងនោះ វាយកណ្តាប់ស្រូវដំណើប ដោយដងរែក ទាំង ៦ ម្នាលភិក្ខុទាំងឡាយ កាលបើកណ្តាប់ស្រូវដំណើបនោះ ដែលពួកបុរស កំពុងវាយព្រមគា្ន ដោយដងរែក ទាំង ៦ យ៉ាងនេះ ស្រាប់តែបុរស ជាគម្រប់ ៧ មានអម្រែកក្នុងដៃ ដើរមក បុរសនោះ វាយកណ្តាប់ស្រូវដំណើបនោះ ដោយដងរែក ទី ៧ ម្នាលភិក្ខុទាំងឡាយ ឯកណ្តាប់ស្រូវដំណើបនោះ កាលបើបុរស វាយដោយដងរែក ទី ៧ យ៉ាងនេះឯង ឈ្មោះថា វាយកំទេចក្រៃលែង យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ បុថុជ្ជន អ្នកមិនបានចេះដឹង តែងលំបាក ដោយសាររូបទាំងឡាយ ដែលជាទីគាប់ចិត្ត និងមិនជាទីគាប់ចិត្ត (ដែលមកប៉ះ) នឹងភ្នែក។បេ។ តែងលំបាក ដោយសាររសទាំងឡាយ ដែលជាទីគាប់ចិត្ត និងមិនជាទីគាប់ចិត្ត (ដែលមកប៉ះ) នឹងអណ្តាត។បេ។ តែងលំបាកដោយសារធម្មារម្មណ៍ទាំងឡាយ ដែលជាទីគាប់ចិត្ត និងមិនជាទីគាប់ចិត្ត (ដែលមកប៉ះ) នឹងចិត្ត។ ម្នាលភិក្ខុទាំងឡាយ បើបុថុជ្ជន អ្នកមិនចេះ ដឹងនោះ គិតដើម្បីភពថ្មីទៅទៀត។ ម្នាលភិក្ខុទាំងឡាយ កាលបើយ៉ាងនេះ មោឃបុរសនោះ ឈ្មោះថា ជាអ្នកត្រូវអារម្មណ៍បៀតបៀន ខ្លាំងក្រៃពេក។ ដូចជាកណ្តាប់ស្រូវដំណើបនោះ ដែលបុរសវាយ ដោយដងរែក ជាគម្រប់ ៧ ដូច្នោះឯង។

ចប់សូត្រ ទី១១។

សូត្រ ទី១២

(១២)

[៣៥០] ម្នាលភិក្ខុទាំងឡាយ រឿងពីព្រេងនាយ ធ្លាប់មានមកថា សង្រ្គាម នៃអសុរ មួយអន្លើដោយទេវតា ជាសង្រា្គមប្រទល់កៀកគ្នាហើយ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង អសុរិន្ទ ឈ្មោះ វេបចិត្តិ ហៅអសុរទាំងឡាយមកថា នែពួកយើងរាល់គ្នា បើសង្រ្គាម នៃអសុរ មួយអន្លើ ដោយពួកទេវតា ជាសង្រ្គាមប្រទល់កៀកគ្នាហើយ បើពួកអសុរឈ្នះ ពួកទេវតាចាញ់ អ្នកទាំងឡាយ គប្បីចងសក្កទេវរាជ ជាកំពូល នៃទេវតាទាំងឡាយនោះ ដោយចំណងទាំងឡាយ មានចំណងក ជាគម្រប់ ៥ ហើយនាំមកកាន់អសុរបុរី ក្នុងសំណាក់នៃយើង។ ម្នាលភិក្ខុទាំងឡាយ ចំណែកខាងសក្កទេវរាជ ជាកំពូលនៃទេវតាទាំងឡាយ ត្រាស់ហៅទេវតាទាំងឡាយ ជាន់តាវត្តិង្សមកថា នែពួកយើងរាល់គ្នា កាលបើសង្រ្គាម នៃអសុរ មួយអន្លើ ដោយទេវតា មកប្រទល់កៀកគ្នាហើយ បើពួកទេវតាឈ្នះ ពួកអសុរចាញ់ អ្នកទាំងឡាយ ត្រូវចងអសុរិន្ទ ឈ្មោះ វេបចិត្តិ នោះ ដោយចំណង មានចំណងក ជាគម្រប់ ៥ ហើយនាំមកកាន់ទេវសភា ឈ្មោះ សុធម្មា ក្នុងសំណាក់នៃយើង។ ម្នាលភិក្ខុទាំងឡាយ ឯក្នុងសង្រ្គាមនោះឯង ពួកទេវតាឈ្នះ ពួកអសុរចាញ់។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង ទេវតាឋានតាវត្តិង្ស ចាប់ចងវេបចិត្តិអសុរិន្ទ ដោយចំណងទាំងឡាយ មានចំណងក ជាគម្រប់ ៥ ហើយនាំមកកាន់ទេវសភា ឈ្មោះសុធម្មា ក្នុងសំណាក់ នៃសក្កទេវរាជ ជាកំពូលនៃទេវតាទាំងឡាយ។

[៣៥១] ម្នាលភិក្ខុទាំងឡាយ បានឮថា ក្នុងសង្រ្គាមនោះ វេបចិត្តិអសុរិន្ទ ជាប់ដោយចំណងទាំងឡាយ មានចំណងក ជាគម្រប់ ៥ មែន។ ម្នាលភិក្ខុទាំងឡាយ ក្នុងកាលណា វេបចិត្តិអសុរិន្ទ មានសេចក្តីត្រិះរិះ យ៉ាងនេះថា ពួកទេវតា ប្រកបដោយធម៌មែន ពួកអសុរ មិនប្រកបដោយធម៌ទេ ឥឡូវនេះ អាត្មាអញ ទៅកាន់បុរីទេវតា។ ក្នុងកាលនោះ វេបចិត្តិអសុរិន្ទ ក៏ពិចារណាឃើញនូវខ្លួន ដែលរួចចេញ ចាកចំណងទាំងឡាយ មានចំណងក ជាគម្រប់ ៥ ហើយថែមទាំងបានឆ្អែតស្កប់ស្កល់គ្រប់សព្វ មានគេបម្រើដោយកាមគុណ ទាំង ៥ ដ៏ជាទិព្វ។ ម្នាលភិក្ខុទាំងឡាយ ក្នុងកាលណា វេបចិត្តិអសុរិន្ទ មានសេចក្តីត្រិះរិះ យ៉ាងនេះថា ពួកអសុរ ប្រកបដោយធម៌មែន ពួកទេវតា មិនប្រកបដោយធម៌ទេ ឥឡូវនេះ អាត្មាអញ នឹងទៅកាន់បុរី នៃអសុរ ក្នុងពិភពអសុរនោះវិញ។ កាលនោះ វេបចិត្តិអសុរិន្ទ ពិចារណាឃើញនូវខ្លួន ដែលជាប់ដោយចំណងទាំងឡាយ មានចំណងក ជាគម្រប់ ៥ ទាំងសាបសូន្យ ចាកកាមគុណទាំងឡាយ ៥ ដ៏ជាទិព្វ។ ម្នាលភិក្ខុទាំងឡាយ ចំណងវេបចិត្តិ ដ៏សុខុមយ៉ាងនេះឯង ម្នាលភិក្ខុទាំងឡាយ កាលបើបុគ្គល សម្គាល់ឃើញ នូវចំណងមារ ដ៏សុខុមជាងនោះទៅទៀត ថាជាចំណងរបស់មារពិត កាលបើមិនសម្គាល់ ទើបផុតចាកមារមានចិត្តបាបបាន។

[៣៥២] ម្នាលភិក្ខុទាំងឡាយ សេចក្តីសម្គាល់ដូច្នេះថា អាត្មាអញ មានសេចក្តីសម្គាល់ ដូច្នេះថា នេះជាអាត្មាអញ សេចក្តីសម្គាល់ ដូច្នេះថា អាត្មាអញ នឹងមាន សេចក្តីសម្គាល់ ដូច្នេះថា អាត្មាអញ នឹងមិនមាន សេចក្តីសម្គាល់ ដូច្នេះថា អាត្មាអញ នឹងមានរូប សេចក្តីសម្គាល់ ដូច្នេះថា អាត្មាអញ នឹងមិនមានរូប សេចក្តីសម្គាល់ ដូច្នេះថា អាត្មាអញ មានសញ្ញា សេចក្តីសម្គាល់ ដូច្នេះថា អាត្មាអញ នឹងមិនមានសញ្ញា សេចក្តីសម្គាល់ ដូច្នេះថា អាត្មាអញ នឹងមានសញ្ញា ក៏ទេ មិនមានសញ្ញាក៏ទេដែរ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីសម្គាល់ជារោគ សេចក្តីសម្គាល់ជាបូស សេចក្តីសម្គាល់ ជាកូនសរ ម្នាលភិក្ខុទាំងឡាយ ហេតុដូច្នោះ ត្រូវគិតថា អាត្មាអញ នឹងមានចិត្តឥតមានសេចក្តីសម្គាល់ នៅគ្រប់ឥរិយាបថ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សា យ៉ាងនេះចុះ។

[៣៥៣] ម្នាលភិក្ខុទាំងឡាយ សេចក្តីញាប់ញ័រដូច្នេះថា អាត្មាអញមាន សេចក្តីញាប់ញ័រ ដូច្នេះថា នេះជាអាត្មាអញ សេចក្តីញាប់ញ័រ ដូច្នេះថា អាត្មាអញនឹងមាន សេចក្តីញាប់ញ័រដូច្នេះថា អាត្មាអញនឹងមិនមាន សេចក្តីញាប់ញ័រ ដូច្នេះថា អាត្មាអញនឹងមានរូប សេចក្តីញាប់ញ័រដូច្នេះថា អាត្មាអញនឹងមិនមានរូប សេចក្តីញាប់ញ័រដូច្នេះថា អាត្មាអញនឹងមានសញ្ញា សេចក្តីញាប់ញ័រដូច្នេះថា អាត្មាអញនឹងមិនមានសញ្ញា សេចក្តីញាប់ញ័រដូច្នេះថា អាត្មាអញនឹងមានសញ្ញាក៏ទេ មិនមានសញ្ញា ក៏ទេដែរ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីញាប់ញ័រជារោគ សេចក្តីញាប់ញ័រជាបូស សេចក្តីញាប់ញ័រ ជាកូនសរ ម្នាលភិក្ខុទាំងឡាយ ហេតុដូច្នោះ ត្រូវគិតថា អាត្មាអញនឹងមានចិត្តមិនញាប់ញ័រ នៅគ្រប់ឥរិយាបថ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះចុះ។

[៣៥៤] ម្នាលភិក្ខុទាំងឡាយ សេចក្តីអន្ទះអន្ទែង ដូច្នេះថា អាត្មាអញ មានសេចក្តីអន្ទះអន្ទែងដូច្នេះថា នេះជាអាត្មាអញ ថាអត្មាអញនឹងមាន។បេ។ ថាអាត្មាអញនឹងមិនមាន។ ថាអាត្មាអញនឹងមានរូប។ ថាអាត្មាអញនឹងមិនមានរូប។ ថាអាត្មាអញនឹងមានសញ្ញា។ ថាអាត្មាអញ នឹងមិនមានសញ្ញា។ សេចក្តីអន្ទះអន្ទែងដូច្នេះថា អាត្មាអញនឹងមានសញ្ញាក៏ទេ មិនមានសញ្ញា ក៏ទេដែរ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីអន្ទះអន្ទែង ជារោគ សេចក្តីអន្ទះអន្ទែងជាបូស សេចក្តីអន្ទះអន្ទែងជាកូនសរ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុដូច្នោះ ត្រូវគិតថា អាត្មាអញនឹងមានចិត្តមិនអន្ទះអន្ទែង នៅគ្រប់ឥរិយាបថ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សា យ៉ាងនេះចុះ។

[៣៥៥] ម្នាលភិក្ខុទាំងឡាយ សេចក្តីយឺតយូរដូច្នេះថា អាត្មាអញមាន សេចក្តីយឺតយូរ ដូច្នេះថា នេះជាអាត្មាអញ ថាអាត្មាអញនឹងមាន។បេ។ ថាអាត្មាអញនឹងមិនមាន។ ថាអាត្មាអញ នឹងមានរូប។ ថាអាត្មាអញនឹងមិនមានូប។ ថាអាត្មាអញនឹងមានសញ្ញា។ ថាអាត្មាអញនឹងមិនមានសញ្ញា។ សេចក្តីយឺតយូរដូច្នេះថា អាត្មាអញនឹងមានសញ្ញាក៏ទេ មិនមានសញ្ញាក៏ទេដែរ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីយឺតយូរជារោគ សេចក្តីយឺតយូរជាបូស សេចក្តីយឺតយូរជាកូនសរ ម្នាលភិក្ខុទាំងឡាយ ហេតុដូច្នោះ ត្រូវគិតថា អាត្មាអញ នឹងមានចិត្តមិនយឺតយូរ នៅគ្រប់ឥរិយាបថ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះចុះ។

[៣៥៦] ម្នាលភិក្ខុទាំងឡាយ សេចក្តីប្រកាន់ដូច្នេះថា អាត្មាអញមាន សេចក្តីប្រកាន់ដូច្នេះថា នេះជាអាត្មាអញ សេចក្តីប្រកាន់ដូច្នេះថា អាត្មាអញនឹងមាន សេចក្តីប្រកាន់ដូច្នេះថា អាត្មាអញនឹងមិនមាន សេចក្តីប្រកាន់ដូច្នេះថា អាត្មាអញនឹងមានរូប សេចក្តីប្រកាន់ដូច្នេះថា អាត្មាអញ នឹងមិនមានរូប សេចក្តីប្រកាន់ដូច្នេះថា អាត្មាអញនឹងមានសញ្ញា សេចក្តីប្រកាន់ដូច្នេះថា អាត្មាអញនឹងមិនមានសញ្ញា សេចក្តីប្រកាន់ដូច្នេះថា អាត្មាអញនឹងមានសញ្ញាក៏ទេ មិនមានសញ្ញា ក៏ទេដែរ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីប្រកាន់នេះជារោគ សេចក្តីប្រកាន់នេះជាបូស សេចក្តីប្រកាន់នេះ ជាកូនសរ ម្នាលភិក្ខុទាំងឡាយ ហេតុដូច្នោះ ត្រូវគិតថា អាត្មាអញ នឹងមានចិត្តប្រាសចាកសេចក្តីប្រកាន់ នៅគ្រប់ឥរិយាបថ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សា យ៉ាងនេះចុះ។

ចប់ សូត្រ ទី ១២។

ចប់ អាសីវិសវគ្គ ទី៤។

ឧទ្ទាននៃអាសីវិសវគ្គនោះគឺ

និយាយអំពីអាសីរពិស ១ អំពីរថ ១ អំពីអណ្តើក ១ អំពីកំណាត់ឈើ មាន ២ លើក អំពីភិក្ខុមានចិត្តទទឹកដោយរាគៈ ១ អំពីធម៌ជាទុក្ខ ១ អំពីដើមចារ ១ អំពីពិណ ១ អំពីសត្វ ៦ ពួក ១ អំពីកណ្តាប់ស្រូវដំណើប ១ អំពីសង្រ្គាមទេវតា និងអសុរ ១។

ចប់ បណ្ណាសកៈ ទី ៤ ក្នុងសឡាយតនវគ្គ។

ឧទ្ទាននៃបណ្ណាសកៈ ទី ៤ នោះគឺ

នន្ទិក្ខយវគ្គ ១ សដ្ឋីបេយ្យាល ១ សមុទ្ទវគ្គ ពោលអំពីទឹក ១ បណ្ណាសកៈ ទី ៤ នេះ ព្រះមានព្រះភាគ សម្តែងហើយ ក្នុងពួកនិបាត។

ចប់ ភាគ៣៥ ។

មាតិកា

លេខ ទំព័រ លេខ​សម្គាល់
សុត្តន្តបិដក sut
សំយុត្តនិកាយ sut.sn
សឡាយតនវគ្គ សត្តមភាគ sut.sn.v4
សឡាយតនសំយុត្ត ? sut.sn.35
បឋមបណ្ណាសកៈ
អនិច្ចវគ្គ ទី១ sut.sn.35.v01
យមកវគ្គ ទី២ ១៣ sut.sn.35.v02
សព្វវគ្គ ទី៣ ៣៣ sut.sn.35.v03
ជាតិធម្មវគ្គ ទី៤ ៥៩ sut.sn.35.v04
អនិច្ចវគ្គ ទី៥ ៦៣ sut.sn.35.v05
ទុតិយបណ្ណាសកៈ
អវិជ្ជាវគ្គ ទី១ ៦៩ sut.sn.35.v06
មិគជាលវគ្គ ទី២ ៧៧ sut.sn.35.v07
គិលានវគ្គ ទី៣ ១០០ sut.sn.35.v08
ឆន្នវគ្គ ទី៤ ១១៩ sut.sn.35.v09
ឆឡវគ្គ ទី៥ ១៥៤ sut.sn.35.v10
តតិយបណ្ណាសកៈ
យោគក្ខេមិវគ្គ ទី១ ១៩០ sut.sn.35.v11
លោកកាមគុណវគ្គ ទី២ ២០៦ sut.sn.35.v12
គហបតិវគ្គ ទី៣ ២៤៩ sut.sn.35.v13
ទេវទហវគ្គ ទី៤ ២៨៥ sut.sn.35.v14
នវបុរាណវគ្គ ទី៥ ៣០៥ sut.sn.35.v15
ចតុត្ថបណ្ណាសកៈ
នន្ទិក្ខយវគ្គ ទី១ ៣២៧ sut.sn.35.v16
សដ្ឋីបេយ្យាលវគ្គ ទី២ ៣៤១ sut.sn.35.v17
សមុទ្ទវគ្គ ទី៣ ៣៥៩ sut.sn.35.v18
អាសីវិសវគ្គ ទី៤ ៣៩២ sut.sn.35.v19

1)
ធម៌ គឺធម្មារម្មណ៍។
2)
ធម៌ជាហេតុ។
3)
សំដៅយកសង្ខារលោក។
4)
ជាឈ្មោះរបស់តណ្ហា។
5)
សំដៅយកចក្រវាល។
6)
សំដៅយកសង្ខារ។
7)
អ្នកសំដែងធម៌ ធ្វើឲ្យគេអារាធនារឿយៗ ឈ្មោះថា ធ្វើឲ្យធ្ងន់ មួយទៀត កាលដែលសំដែងធម៌ ក៏សំដែងឲ្យពិបាកស្តាប់ ពិបាកចូលចិត្តសេចក្តី ក្រពិបាកប្រហែលគេកកាយយកដីខ្សាច់ អំពីបាតភ្នំសិនេរុ ឈ្មោះថា ធ្វើឲ្យធ្ងន់។ អ្នកសំដែងធម៌មិនធ្វើដូច្នេះ ឈ្មោះថា ធ្វើមិនឲ្យធ្ងន់។ អដ្ឋកថា។
8)
គឺលេងល្បែងចាប់ខ្នងគ្នាទៅវិញទៅមក ហើយលោតកញ្ឆេងទៅខាងណេះម្តង ខាងណោះម្តង។ អដ្ឋកថា។
9)
ចក្ខុមិនមែនចាស់ទេ កម្មទើបបានហៅថា របស់ចាស់ ព្រោះចក្ខុកើតមកអំពីកម្ម។ អដ្ឋកថា។
km/tipitaka/book_035.txt · ពេលកែចុងក្រោយ: 2023/04/04 09:17 និពន្ឋដោយ Johann