User Tools

Site Tools


Translations of this page?:
km:tipitaka:book_036

មាតិកា

-Namo tassa bhagavato arahato sammā-
ព្រះត្រៃបិដកភាសាខ្មែរ - Tipiṭaka Khmer language
ភាគ ៣៦ - Book 36

Ven. Members of the Sangha, Ven. Theras Valued Upasaka, valued Upasika This is a Work Edition! 1.Edition 20170101 Do not share it further except for editing and working purposes within the transcription project on sangham.net. Only for personal use. If you find any mistake or like to join the merits please feel invited to join here: sangham.net or Upasika Norum on sangham.net Anumodana!

សូម​ថ្វាយបង្គំ​ចំពោះ​ព្រះសង្ឃ, ជំរាបសួរ​ឧបាសក និង​ឧបាសិកា​ទាំង​អស់ នេះ​គឺ​ជា​សេចក្តី​ព្រាងច្បាប់​ការ​បោះ​ពុម្ព​ផ្សាយ! 1.Edition 20170101 សូម​កុំ​ចែក​រំលែក​បន្ថែម​ទៀត ប្រសិន​បើ​មិន​មែន​សម្រាប់​ការ​កែសម្រួល​នៅ sangham.net និង​កិច្ច​ការ​នេះ។ សូម​គិត​ថា​លោក​អ្នក​ត្រូវ​បាន​អញ្ជើញ​ដើម្បី​ចូល​រួម​បុណ្យកុសល​នេះ និង​​សូមប្រាប់​ពួក​យើង​អំពី​កំហុស និង​ប្រើវេទិកា​នេះ: sangham.net ឬ​ប្រាប់​ឧបាសិកា Norum នៅ​លើ sangham.net សូម​អនុមោទនា!

A topic about progress and feedback can be found here: ព្រះត្រៃបិដក ភាគ ០៣៦ - Tipitaka Book 036, for change log on ati.eu see here: រាយការណ៍ ភាគ ០៣៦



book_036.jpg

គំរូ ឯកសារ ផ្សេងទៀត ៖
book_036.pdf

លេខសម្គាល់
លេខទំព៍រ

ព្រះត្រៃបិដក ភាគ ទី ៣៦

ទ. 1

សុត្តន្តបិដក

សំយុត្តនិកាយ

សឡាយតនវគ្គ

វេទនាសំយុត្ត (ទី២)

(២. វេទនាសំយុត្តំ)

បឋមកសគាថវគ្គ ទី១

(១. សគាថាវគ្គោ)

(សមាធិ)សូត្រ ទី១

(១. សមាធិសុត្តំ)

[១] ម្នាលភិក្ខុទាំងឡាយ វេទនានេះ មាន ៣ យ៉ាង។ វេទនា ៣ យ៉ាង តើដូចម្តេច។ គឺសុខវេទនា ១ ទុក្ខវេទនា ១ អទុក្ខមសុខវេទនា ១។ ម្នាលភិក្ខុទាំងឡាយ វេទនា មាន ៣ យ៉ាងនេះឯង។

[២] ភិក្ខុជាសាវករបស់ព្រះពុទ្ធ មានចិត្តតម្កល់មាំ ( ដោយឧបចារសមាធិ និងអប្បនាសមាធិ) ជាអ្នកដឹងខ្លួន មានស្មារតី តែងដឹងច្បាស់នូវវេទនាផង នូវហេតុជាទីកើតឡើង នៃវេទនាទាំងឡាយផង។ មួយវិញទៀត វេទនាទាំងឡាយនុ៎ះ រលត់ទៅក្នុងព្រះនិព្វានឯណា ភិក្ខុតែងដឹងច្បាស់ នូវព្រះនិព្វាននោះផង នូវមគ្គ ជាដំណើរទៅកាន់ធម៌ ជាទីក្ស័យ (នៃអាសវៈទាំងឡាយ) ផង ភិក្ខុដែលជាអ្នកមិនមានសេចក្តីស្រេកឃ្លាន (មិនមានតណ្ហា) និពា្វនហើយ ព្រោះអស់ទៅ នៃវេទនាទាំងឡាយ។

ចប់ សូត្រ ទី១។

(សុខ)សូត្រ ទី២

(២. សុខសុត្តំ)

[៣] ម្នាលភិក្ខុទាំងឡាយ វេទនានេះ មាន ៣ យ៉ាង។ វេទនា ៣ យ៉ាង តើដូចម្តេច។ គឺសុខវេទនា ១ ទុក្ខវេទនា ១ អទុក្ខមសុខវេទនា ១។ ម្នាលភិក្ខុទាំងឡាយ វេទនា មាន ៣ យ៉ាងនេះឯង។

[៤] បើមានវេទនាណាមួយ ដែលអរិយសាវក បានសោយហើយ ទោះជាសុខក្តី ជាទុក្ខក្តី ព្រមទាំងមិនទុក្ខមិនសុខក្តី ទាំងខាងក្នុង ទាំងខាងក្រៅ។ អរិយសាវក បានដឹងថា ធម្មជាតនុ៎ះ ជាទុក្ខ មានសេចក្តីវិនាសទៅ ជាធម្មតា បែកធ្លាយទៅ ជាប្រក្រតី ច្រើនតែពាល់ត្រូវ ដោយប្រាជ្ញា ទើបនឿយណាយ ក្នុងវេទនាទាំងនោះ យ៉ាងនេះ។

ចប់ សូត្រ ទី២។

(បហាន)សូត្រ ទី៣

(៣. បហានសុត្តំ)

[៥] ម្នាលភិក្ខុទាំងឡាយ វេទនានេះ មាន ៣ យ៉ាង។ វេទនា ៣ យ៉ាង តើដូចម្តេច។ គឺសុខវេទនា ១ ទុក្ខវេទនា ១ អទុក្ខមសុខវេទនា ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុត្រូវលះរាគានុស័យ (អនុស័យ គឺតម្រេក) ក្នុងសុខវេទនាចេញ ត្រូវលះបដិឃានុស័យ (អនុស័យ គឺសេចក្តីថ្នាំងថ្នាក់ចិត្ត) ក្នុងទុក្ខវេទនាចេញ ត្រូវលះអវិជ្ជានុស័យ (អនុស័យ គឺសេចក្តីល្ងង់) ក្នុងអទុក្ខមសុខវេទនាចេញ។ ម្នាលភិក្ខុទាំងឡាយ រាគានុស័យ ក្នុងសុខវេទនា ដែលភិក្ខុលះបង់បានហើយ បដិឃានុស័យ ក្នុងទុក្ខវេទនា ដែលភិក្ខុលះបង់បានហើយ អវិជ្ជានុស័យ ក្នុងអទុក្ខមសុខវេទនា ដែលភិក្ខុលះបង់បានហើយ ក្នុងកាលឯណា។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះ ហៅថា អ្នកឃើញច្បាស់ នូវអនុស័យ ដែលគ្មានរាគៈ ភិក្ខុនោះ បានកាត់បង់ នូវតណ្ហា គាស់រំលើង នូវសញ្ញោជនៈ បានធ្វើនូវទីបំផុត នៃទុក្ខ ព្រោះត្រាស់ដឹង ដោយប្រពៃនូវមានះ។

[៦] កាលភិក្ខុសោយនូវសុខវេទនា តែមិនបានដឹងច្បាស់ រាគានុស័យនោះ រមែងមានដល់ភិក្ខុ ដែលមិនឃើញនូវឧបាយ ជាគ្រឿងរលាស់ចេញ។ កាលភិក្ខុសោយនូវទុក្ខវេទនា តែមិនបានដឹងច្បាស់ បដិឃានុស័យ ក៏មានដល់ភិក្ខុ ដែលមិនឃើញនូវឧបាយ ជាគ្រឿងរលាស់ចេញដែរ។ សេចក្តីមិនទុក្ខមិនសុខ ជារបស់មាននៅ ដែលព្រះសម្មាសម្ពុទ្ធ មានបញ្ញា ដូចជាផែនដី ទ្រង់សំដែងហើយ បើភិក្ខុរីករាយ ចំពោះសេចក្តីមិនទុក្ខមិនសុខនោះ មិនរួចចាកទុក្ខបានទេ។ មួយវិញទៀត ភិក្ខុមានព្យាយាមដុតកម្ដៅកិលេស រមែងលះបង់ (នូវវេទនាទាំងនោះ) ដោយសម្បជញ្ញៈ (បញ្ញា) ក្នុងកាលឯណា ភិក្ខុនោះ ជាបណ្ឌិត តែងកំណត់ដឹង នូវវេទនាទាំងអស់បាន ក្នុងកាលនោះឯង។ ភិក្ខុនោះកំណត់ដឹង នូវវេទនាទាំងឡាយ ក្នុងបច្ចុប្បន្ននេះ ជាអ្នកមិនមានអាសវៈ តាំងនៅក្នុងធម៌ជាអ្នកដល់នូវវេទនា លុះទម្លាយរាងកាយទៅ មិនគួររាប់ថា (ជាអ្នកមានភពទៀតឡើយ)។

ចប់ សូត្រ ទី៣។

(បាតាល)សូត្រ ទី៤

(៤. បាតាលសុត្តំ)

[៧] ម្នាលភិក្ខុទាំងឡាយ បុថុជ្ជនអ្នកមិនចេះដឹង តែងពោលនូវវាចាយ៉ាងនេះថា បាតាល មានក្នុងមហាសមុទ្រ។ ម្នាលភិក្ខុទាំងឡាយ ចំណែកបុថុជ្ជន អ្នកមិនចេះដឹង តែងពោលនូវវាចានុ៎ះ ដែលមិនមាន មិនប្រាកដយ៉ាងនេះថា បាតាល មានក្នុងមហាសមុទ្រ។ ម្នាលភិក្ខុទាំងឡាយ ពាក្យថា បាតាលនុ៎ះ ជាឈ្មោះ នៃទុក្ខវេទនាទាំងឡាយ ដែលប្រព្រឹត្តទៅ ក្នុងសរីរៈ។ ម្នាលភិក្ខុទាំងឡាយ បុថុជ្ជន អ្នកមិនចេះដឹង កាលបើទុក្ខវេទនា ប្រព្រឹត្តទៅ ក្នុងសរីរៈពាល់ត្រូវ ទើបសោយសោក លំបាក ខ្សឹកខ្សួល គក់ទ្រូង កន្ទក់កន្ទេញ ដល់នូវសេចក្តីវង្វេង ងេងងោង។ ម្នាលភិក្ខុទាំងឡាយ បុថុជ្ជន អ្នកមិនចេះដឹងនេះ ហៅថា មិនប្រាកដ ក្នុងបាតាលផង មិនបាននូវទីពឹងផង។ ម្នាលភិក្ខុទាំងឡាយ ឯអរិយសាវ័ក អ្នកចេះដឹង កាលបើទុក្ខវេទនា ប្រព្រឹត្តទៅ ក្នុងសរីរៈពាល់ត្រូវ ក៏មិនសោយសោក មិនលំបាក មិនខ្សឹកខ្សួល មិនគក់ទ្រូង កន្ទក់កន្ទេញ មិនដល់នូវការវងេ្វង ងេងងោងទេ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក អ្នកចេះដឹងនេះ ហៅថា មានប្រាកដ ក្នុងបាតាលផង បាននូវទីពឹងផង។

[៨] អ្នកឯណា មិនអត់សង្កត់នូវទុក្ខវេទនាដែលកើតឡើងទាំងនោះបានទេ កាលដែលទុក្ខវេទនាពាល់ត្រូវហើយ រមែងញាប់ញ័រ ព្រោះអាល័យជីវិត ប្រព្រឹត្តទៅ ក្នុងសរីរៈ។ មួយវិញទៀត អ្នកដែលមានប្រាជ្ញាថយ មានកម្លាំងប្រាជ្ញាតិច អ្នកនោះ តែងកន្ទក់កន្ទេញ ទ្រហោយំ មិនប្រាកដ ក្នុងបាតាលផង មិនបាននូវទីពឹងផង។ មួយវិញទៀត អ្នកឯណា បានអត់សង្កត់ នូវទុក្ខវេទនា ដែលកើតឡើងទាំងនោះ កាលដែលទុក្ខវេទនាពាល់ត្រូវហើយ មិនញាប់ញ័រ ព្រោះអាល័យជីវិត ប្រព្រឹត្តទៅ ក្នុងសរីរៈ ទើបប្រាកដ ក្នុងបាតាលផង បានដល់នូវទីពឹងផង។

ចប់ សូត្រ ទី៤។

(ទដ្ឋព្វ)សូត្រ ទី៥

(៥. ទដ្ឋព្វសុត្តំ)

[៩] ម្នាលភិក្ខុទាំងឡាយ វេទនានេះ មាន ៣ យ៉ាង។ វេទនា ៣ យ៉ាង តើដូចម្តេច។ គឺសុខវេទនា ១ ទុក្ខវេទនា ១ អទុក្ខមសុខវេទនា ១។ ម្នាលភិក្ខុទាំងឡាយ សុខវេទនា ភិក្ខុគប្បីឃើញថា ជាទុក្ខ ទុក្ខវេទនា ភិក្ខុគប្បីឃើញ ថាជាកូនសរ អទុក្ខមសុខវេទនា ភិក្ខុគប្បីឃើញថា ជារបស់មិនទៀង។ ម្នាលភិក្ខុទាំងឡាយ សុខវេទនា ដែលភិក្ខុបានឃើញថាជាទុក្ខ ទុក្ខវេទនា ដែលភិក្ខុបានឃើញ ថាជាកូនសរ អទុក្ខមសុខវេទនា ដែលភិក្ខុបានឃើញ ថាជារបស់មិនទៀង ក្នុងកាលឯណា។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះ ហៅថា ជាអ្នកឃើញដោយប្រពៃ បានកាត់នូវតណ្ហា គាស់រំលើង នូវសញ្ញោជនៈ បានធ្វើនូវទីបំផុត នៃទុក្ខ ព្រោះត្រាស់ដឹង ដោយប្រពៃនូវមានះ។

[១០] អ្នកឯណា បានឃើញសុខវេទនា ថាជាទុក្ខវេទនាវិញ បានឃើញទុក្ខវេទនា ថាជាកូនសរ បានឃើញអទុក្ខមសុខវេទនានោះ ថាជាសភាវៈមិនទៀងទៅវិញ។ បើភិក្ខុ បានឃើញដោយប្រពៃ កំណត់ដឹង នូវវេទនាទាំងឡាយ ភិក្ខុនោះ លុះកំណត់ដឹង នូវវេទនាទាំងឡាយ ក្នុងបច្ចុប្បន្ននេះហើយ ជាអ្នកមិនមានអាសវៈ ឋិតនៅក្នុងធម៌ ជាអ្នកដល់នូវវេទ លុះទំលាយរាងកាយទៅ មិនគួររាប់ថា (ជាអ្នកមានភពទៀតឡើយ)។

ចប់ សូត្រ ទី៥។

(សល្ល)សូត្រ ទី៦

(៦. សល្លសុត្តំ)

[១១] ម្នាលភិក្ខុទាំងឡាយ បុថុជ្ជនអ្នកមិនចេះដឹង តែងសោយនូវសុខវេទនាផង សោយនូវទុក្ខវេទនាផង សោយនូវអទុក្ខមសុខវេទនាផង។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក អ្នកចេះដឹង តែងសោយ នូវសុខវេទនាដែរ សោយនូវទុក្ខវេទនាដែរ សោយ នូវអទុក្ខមសុខវេទនាដែរ។ ម្នាលភិក្ខុទាំងឡាយ ចុះពួកជនទាំងពីរពួកនោះ មានសេចក្តីប្លែកគ្នា ដូចម្តេច មានអធិប្បាយ ដូចម្តេច។ ចុះអរិយសាវក អ្នកចេះដឹង និងបុថុជ្ជន ដែលជាអ្នកមិនចេះដឹង តើមានដំណើរផ្សេង ៗ គ្នា ដូចម្តេចខ្លះ។ បពិត្រព្រះអង្គដ៏ចំរើន ធម៌ទាំងឡាយ នៃយើងខ្ញុំព្រះអង្គ មានព្រះដ៏មានព្រះភាគ ជាប្រធាន។ បេ។ ម្នាលភិក្ខុទាំងឡាយ បុថុជ្ជន អ្នកមិនចេះដឹង កាលបើទុក្ខវេទនាពាល់ត្រូវ តែងសោយសោក លំបាក ខ្សឹកខ្សួល គក់ទ្រូង កន្ទក់កន្ទេញ ដល់នូវការវង្វេង ងេងងោង បុថុជ្ជននោះ រមែងសោយ នូវវេទនាទាំងពីរ ប្រព្រឹត្តទៅក្នុងកាយ និងប្រព្រឹត្តទៅក្នុងចិត្ត។

[១២] ម្នាលភិក្ខុទាំងឡាយ ដូចបុគ្គលចាក់បុរស ដែលមានដំបៅដោយសរ គប្បី ចាក់ទម្លុះទៅតាមដំបៅនោះ ដោយសរ ជាគម្រប់ពីរ ម្នាលភិក្ខុទាំងឡាយ តាមដែលពិត បុរសនោះ តែងសោយនូវវេទនាពីរយ៉ាង ដែលប្រព្រឹត្តទៅ ក្នុងកាយផង ប្រព្រឹត្តទៅក្នុង ចិត្តផង ព្រោះសរ មានឧបមាយ៉ាងណា។ ម្នាលភិក្ខុទាំងឡាយ បុថុជ្ជន អ្នកមិនចេះដឹង កាលបើទុក្ខវេទនាពាល់ត្រូវ រមែងសោយសោក លំបាក ខ្សឹកខ្សួល គក់ទ្រូង កន្ទក់កន្ទេញ ដល់នូវការវង្វេង ងេងងោង បុថុជ្ជននោះ តែងសោយនូវវេទនាទាំងពីរ ដែលប្រព្រឹត្តទៅ ក្នុងកាយផង ប្រព្រឹត្តទៅក្នុងចិត្តផង មានឧបមេយ្យ ដូច្នោះដែរ។ ឯបុថុជ្ជនមានសេចក្តីចង្អៀតចង្អល់ ដោយទុក្ខវេទនានោះឯងហើយ សេចក្តីចង្អៀតចង្អល់ ជាអនុស័យឯណា ដោយទុក្ខវេទនា សេចក្តីចង្អៀតចង្អល់ ជាអនុស័យនោះ តែងធ្វើបុគ្គល ដែលមានសេចក្តីចង្អៀតចង្អល់ ដោយទុក្ខវេទនានោះឯង ឲ្យត្រាំត្រែងនៅ បុគ្គលនោះ កាលបើទុក្ខវេទនាពាល់ត្រូវ ទើបរីករាយ ចំពោះសេចក្តីសុខ ក្នុងកាម។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា បុថុជ្ជន អ្នកមិនចេះដឹង ទុកជាវៀរចាកកាមសុខចេញហើយ ក៏មិនដឹងនូវឧបាយ ជាគ្រឿងរលាស់ចេញ នូវទុក្ខវេទនាបាន កាលបើបុថុជ្ជននោះ រីករាយ ចំពោះកាមសុខ អនុស័យ គឺតម្រេក ដោយសុខវេទនាឯណា អនុស័យ គឺតម្រេកនោះ រមែងឲ្យបុថុជ្ជនត្រាំត្រែងនៅ បុថុជ្ជននោះ មិនដឹងច្បាស់នូវហេតុ ដែលកើតឡើងផង នូវសេចក្តីវិនាសផង នូវអានិសង្សផង នូវទោសផង នូវឧបាយ ជាគ្រឿងរលាស់ចេញផង នូវវេទនាទាំងនោះ តាមពិត។ កាលបុថុជ្ជននោះ មិនដឹងច្បាស់ នូវហេតុដែលកើតឡើងផង នូវសេចក្តីវិនាសផង នូវអានិសង្សផង នូវទោសផង នូវឧបាយ ជាគ្រឿងរលាស់ចេញផង នូវវេទនាទាំងនោះ តាមពិត អនុស័យ គឺអវិជ្ជា ដោយអទុក្ខមសុខវេទនាឯណា អនុស័យ គឺអវិជ្ជានោះ តែងឲ្យបុថុជ្ជនត្រាំត្រែងនៅ បុថុជ្ជននោះ រមែងសោយនូវសុខវេទនា ជាអ្នកប្រកបដោយកិលេស សោយនូវវេទនានោះផង សោយនូវទុក្ខវេទនា ជាអ្នកប្រកបដោយកិលេស សោយនូវវេទនានោះផង សោយនូវអទុក្ខមសុខវេទនា ជាអ្នកប្រកបដោយកិលេស សោយនូវវេទនានោះផង។ ម្នាលភិក្ខុទាំងឡាយ បុថុជ្ជន អ្នកមិនចេះដឹងនេះ ហៅថា អ្នកប្រកបព្រម ដោយជាតិ ជរា មរណៈ សោកៈ បរិទេវៈ ទុក្ខៈ ទោមនស្សៈ ឧបាយាសៈ តថាគត ពោលថា ជាអ្នកប្រកបដោយទុក្ខ។

[១៣] ម្នាលភិក្ខុទាំងឡាយ ឯអរិយសាវកអ្នកចេះដឹង កាលបើទុក្ខវេទនាពាល់ត្រូវ រមែងមិនសោយសោក មិនលំបាក មិនខ្សឹកខ្សួល មិនគក់ទ្រូង កន្ទក់កន្ទេញ មិនដល់នូវសេចក្តីវង្វេង ងេងងោង អរិយសាវកនោះ តែងសោយនូវវេទនា ដែលប្រព្រឹត្តទៅ ក្នុងកាយតែម្យ៉ាង មិនសោយនូវវេទនា ដែលប្រព្រឹត្តទៅ ក្នុងចិត្តឡើយ។

[១៤] ម្នាលភិក្ខុទាំងឡាយ ដូចបុគ្គលចាក់បុរស ដែលមានដំបៅដោយសរ គប្បីចាក់ទម្លុះ តាមដំបៅនោះ ដោយសរ ជាគម្រប់ពីរ។ ម្នាលភិក្ខុទាំងឡាយ តាមដែលពិត បុរសនោះ សោយនូវវេទនា ដោយសរតែម្យ៉ាងនេះ មានឧបមាយ៉ាងណា។ ម្នាលភិក្ខុទាំងឡាយ សេចក្តីឧបមេយ្យ ក៏ដូច្នោះដែរ អរិយសាវក អ្នកចេះដឹង កាលបើទុក្ខវេទនាពាល់ត្រូវ រមែងមិនសោយសោក មិនលំបាក មិនខ្សឹកខ្សួល មិនគក់ទ្រូង កន្ទក់កន្ទេញ មិនដល់នូវសេចក្តីវង្វេង ងេងងោង អរិយសាវកនោះ តែងសោយនូវវេទនា ដែលប្រព្រឹត្តទៅ ក្នុងកាយតែម្យ៉ាង មិនសោយនូវវេទនា ដែលប្រព្រឹត្តទៅ ក្នុងចិត្តឡើយ ទាំងមិនមានសេចក្តីចង្អៀតចង្អល់ ដោយទុក្ខវេទនានោះឯង អនុស័យ គឺសេចក្តីចង្អៀតចង្អល់ ដោយទុក្ខវេទនាឯណា អនុស័យ គឺសេចក្តីចង្អៀតចង្អល់នោះ រមែងធ្វើអរិយសាវកនោះ ដែលមានសេចក្តីចង្អៀតចង្អល់ ដោយទុក្ខវេទនា មិនឲ្យត្រាំត្រែងបាន អរិយសាវកនោះ កាលបើទុក្ខវេទនាពាល់ត្រូវហើយ ក៏មិនត្រេកអរនូវកាមសុខឡើយ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា អរិយសាវកនោះ ជាអ្នកចេះដឹង ទុកជាវៀរចាកកាមសុខហើយ ក៏ស្គាល់ច្បាស់ នូវឧបាយជាគ្រឿង រលាស់ចេញ នូវទុក្ខវេទនាបាន កាលបើអរិយសាវកនោះ មិនត្រេកអរ នឹងកាមសុខហើយ អនុស័យ គឺតម្រេក ដោយសុខវេទនាឯណា អនុស័យ គឺតម្រេកនោះ រមែងធ្វើមិនឲ្យអរិយសាវកត្រាំត្រែងនៅបាន អរិយសាវកនោះ រមែងដឹងច្បាស់នូវហេតុ ដែលកើតឡើងផង នូវសេចក្តីវិនាសផង នូវអានិសង្សផង នូវទោសផង នូវឧបាយ ជាគ្រឿងរលាស់ចេញផង នូវវេទនាទាំងនោះ តាមពិត។ កាលអរិយសាវកនោះ ដឹងច្បាស់ នូវហេតុជាទីកើតឡើងផង នូវសេចក្តីវិនាសផង នូវអានិសង្សផង នូវទោសផង នូវឧបាយ ជាគ្រឿងរលាស់ចេញផង នូវវេទនាទាំងនោះ តាមពិតហើយ អនុស័យ គឺអវិជ្ជា ដោយអទុក្ខមសុខវេទនាឯណា អនុស័យ គឺអវិជ្ជានោះ រមែងធ្វើមិនឲ្យអរិយសាវក ត្រាំត្រែងនៅបាន អរិយសាវកនោះ តែងសោយនូវសុខវេទនាដែរ តែមិនប្រកបដោយកិលេស សោយនូវវេទនានោះផង តែងសោយនូវទុក្ខវេទនាដែរ តែមិនប្រកបដោយកិលេស សោយនូវវេទនានោះផង រមែងសោយនូវអទុក្ខមសុខវេទនាដែរ តែមិនប្រកបដោយកិលេស សោយនូវវេទនានោះផង។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក អ្នកចេះដឹងនេះហើយ ដែលហៅថា ជាអ្នកមិនប្រកបដោយជាតិ ជរា មរណៈ សោកៈ បរិទេវៈ ទុក្ខៈ ទោមនស្សៈ ឧបាយាសៈ តថាគត ពោលថា ជាអ្នកមិនប្រកបដោយទុក្ខ។ ម្នាលភិក្ខុទាំងឡាយ នេះជាសេចក្តីប្លែកគ្នា នេះជាសេចក្តីអធិប្បាយ នេះជាដំណើរផ្សេង ៗ គ្នា របស់អរិយសាវក អ្នកចេះដឹង និងបុថុជ្ជន អ្នកមិនចេះដឹង។

[១៥]

អរិយសាវកនោះ ប្រកបដោយបញ្ញា ជាពហុស្សូត រមែងមិនសោយវេទនា ជាសុខខ្លះ ជាទុក្ខខ្លះ មួយវិញទៀត អរិយសាវកនេះ ប្លែកចាកបុថុជ្ជន នេះជាសេចក្តីវិសេស របស់អ្នកប្រាជ្ញ ជាអ្នកឈ្លាសវៃ។ ធម៌ទាំងឡាយ ដែលជាទីប្រាថ្នា រមែងមិនញាំញីចិត្ត របស់អរិយសាវក ដែលមានធម៌បានពិចារណាហើយ ជាពហុស្សូត ឃើញច្បាស់នូវលោកនេះ និងលោកខាងមុខបាន កាលបើអរិយសាវកនោះ មិនប្រាថ្នាធម៌ទាំងឡាយ ក៏មិនកំចាត់បង់នូវចិត្តបាន។ អរិយសាវក អ្នកដល់នូវត្រើយនៃភព រមែងដឹងច្បាស់នូវសន្តិបទ ប្រាសចាកធូលី គឺកិលេស មិនមានសេចក្តីសោក ឈ្មោះថាដឹងដោយប្រពៃ ព្រោះសេចក្តីត្រេកអរក្តី មិនត្រេកអរក្តី នៃអរិយសាវកនោះ ព្រោះកំចាត់បង់ក្តី ព្រោះដល់នូវកិរិយាតាំងនៅមិនបានក្តី ក៏ពុំមែនឡើយ។

ចប់ សូត្រ ទី៦។

(បឋមគេលញ្ញ)សូត្រ ទី៧

(៧. បឋមគេលញ្ញសុត្តំ)

[១៦] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងកូដាគារសាលា នាមហាវន ទៀបក្រុងវេសាលី។ គ្រានោះឯង ព្រះដ៏មានព្រះភាគ ចេញអំពីទីពួនសម្ងំ ក្នុងពេលល្ងាច ស្តេចទៅកាន់គិលានសាលា (រោងជំងឺ) លុះស្តេចទៅដល់ហើយ ក៏គង់លើអាសនៈ ដែលគេក្រាលថ្វាយ។ លុះព្រះដ៏មានព្រះភាគ ទ្រង់គង់ហើយ ទ្រង់ត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកមានសតិដឹងខ្លួន គប្បីរង់ចាំនូវកាលដ៏សមគួរ នេះជាអនុសាសនី គឺពាក្យប្រៀនប្រដៅ របស់តថាគត ចំពោះអ្នកទាំងឡាយ។

[១៧] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុអ្នកមានសតិ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកពិចារណា ឃើញកាយក្នុងកាយ ជាប្រក្រតី មានព្យាយាមដុតកម្ដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី គប្បីកំចាត់បង់ នូវអភិជ្ឈានិងទោមនស្ស ក្នុងលោកចេញបាន។ ក្នុងវេទនាទាំងឡាយ។ បេ។ ក្នុងចិត្ត។ ពិចារណាឃើញ នូវធម៌ក្នុងធម៌ទាំងឡាយ ជាប្រក្រតី មានព្យាយាមដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី គប្បីកំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោកចេញបាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកមានស្មារតី យ៉ាងនេះឯង។

[១៨] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុជាអ្នកដឹងខ្លួន តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកធ្វើនូវសេចក្តីដឹងខ្លួន ក្នុងកាលដើរទៅខាងមុខ និងថយក្រោយ ធ្វើនូវសេចក្តីដឹងខ្លួន ក្នុងកាលក្រឡេកមើលទៅខាងមុខ និងកាលក្រឡេកមើលទៅទិសផ្សេង ៗ ធ្វើនូវសេចក្តីដឹងខ្លួន ក្នុងការបត់អវយវៈចូល និងលាអវយវៈចេញ ធ្វើនូវសេចក្តីដឹងខ្លួន ក្នុងការប្រើប្រាស់សង្ឃាដី បាត្រ និងចីពរ ធ្វើនូវសេចក្តីដឹងខ្លួន ក្នុងការបរិភោគភោជន និងផឹកទឹក ទំពាស៊ីខាទនីយៈ ជញ្ជាប់ (នូវភេសជ្ជៈ មានសប្បិ ជាដើម) ធ្វើនូវសេចក្តីដឹងខ្លួន ក្នុងការបន្ទោបង់ នូវឧច្ចារៈបស្សាវៈ ធ្វើនូវសេចក្តីដឹងខ្លួន ក្នុងការដើរ ឈរ អង្គុយ ដេក ភ្ញាក់ឡើង និយាយ និងស្ងៀម។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកធ្វើនូវសេចក្តីដឹងខ្លួន យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមានស្មារតីដឹងខ្លួន គប្បីរង់ចាំនូវកាលដ៏សមគួរ នេះជាអនុសាសនី គឺពាក្យប្រៀនប្រដៅ របស់តថាគត ចំពោះអ្នកទាំងឡាយ។

[១៩] ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុនោះ មានស្មារតី ជាអ្នកដឹងខ្លួន មិនមានសេចក្តីប្រមាទ មានព្យាយាមដុតកំដៅកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន នៅគ្រប់ឥរិយាបថ យ៉ាងនេះហើយ បើសុខវេទនាកើតឡើង ភិក្ខុនោះ ក៏ដឹងច្បាស់ យ៉ាងនេះថា សុខវេទនា កើតឡើងដល់អាត្មាអញ សុខវេទនានោះឯង អាស្រ័យនូវ (បច្ច័យ) មិនមែនមិនអាស្រ័យនូវ (បច្ច័យ) ទេ អាស្រ័យនូវ (បច្ច័យ) អ្វី អាស្រ័យនូវកាយនេះឯង ឯកាយនេះសោត ជារបស់មិនទៀង បច្ច័យតាក់តែងឡើង អាស្រ័យ (បច្ច័យ ) ទើបកើតឡើង សុខវេទនា ដែលកើតឡើង ព្រោះអាស្រ័យនូវកាយ ជារបស់មិនទៀង បច្ច័យតាក់តែងឡើង អាស្រ័យ (បច្ច័យ ) ទើបកើតឡើង នឹងមានសេចក្តីទៀងទាត់មកអំពីណា។ ភិក្ខុនោះ ជាអ្នកពិចារណាឃើញ នូវសេចក្តីមិនទៀង ពិចារណាឃើញ នូវសេចក្តីសាបសូន្យទៅ ពិចារណាឃើញ នូវការប្រាសចាកតម្រេក ពិចារណាឃើញ នូវសេចក្តីរលត់ ពិចារណាឃើញ នូវការលះបង់ចោល ជាប្រក្រតី ក្នុងកាយផង ក្នុងសុខវេទនាផង គ្រប់ឥរិយាបថ ទាំង ៤។ កាលភិក្ខុនោះ ពិចារណាឃើញ នូវសេចក្តីមិនទៀង ពិចារណាឃើញ នូវសេចក្តីសាបសូន្យ។ បេ។ ជាអ្នកពិចារណាឃើញ នូវការលះបង់ចោល ជាប្រក្រតី ក្នុងកាយផង ក្នុងសុខវេទនាផង គ្រប់ឥរិយាបថ ទាំង ៤ រាគានុស័យក្នុងកាយក្តី ក្នុងសុខវេទនាក្តី ភិក្ខុនោះ ក៏លះបង់ចេញ។

[២០] ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុនោះ មានស្មារតី ជាអ្នកដឹងខ្លួន មិនមានសេចក្តីប្រមាទ មានព្យាយាមដុតកំដៅកិលេស មនចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន គ្រប់ឥរិយាបថ យ៉ាងនេះហើយ ទុក្ខវេទនាកើតឡើង ភិក្ខុនោះ ក៏ដឹងច្បាស់យ៉ាងនេះថា ទុក្ខវេទនានេះ កើតឡើងដល់អាត្មាអញ ទុក្ខវេទនានោះឯង អាស្រ័យនូវ (បច្ច័យ) មិនមែនមិនអាស្រ័យ (បច្ច័យ) ទេ ចុះអាស្រ័យ (បច្ច័យ) អ្វី អាស្រ័យនូវកាយនេះឯង ឯកាយនេះសោត ជារបស់មិនទៀង បច្ច័យតាក់តែងឡើង អាស្រ័យ (បច្ច័យ) ទើបកើតឡើង បើដូច្នោះ ទុក្ខវេទនា ដែលកើតឡើង ព្រោះអាស្រ័យនូវកាយ ជារបស់មិនទៀង បច្ច័យតាក់តែងឡើង អាស្រ័យ (បច្ច័យ) ទើបកើតឡើង នឹងមានសេចក្តីទៀងទាត់មកអំពីណា។ ភិក្ខុនោះ ជាអ្នកពិចារណាឃើញ នូវសេចក្តីមិនទៀង ពិចារណាឃើញ នូវសេចក្តីសាបសូន្យ ពិចារណាឃើញ នូវការប្រាសចាកតម្រេក ពិចារណាឃើញ នូវសេចក្តីរលត់ ពិចារណាឃើញ នូវការលះបង់ចោល ជាប្រក្រតី ក្នុងកាយផង ក្នុងទុក្ខវេទនាផង គ្រប់ឥរិយាបថ ទាំង ៤។ កាលភិក្ខុនោះ ពិចារណាឃើញ នូវសេចក្តីមិនទៀង។បេ។ ពិចារណាឃើញ នូវការលះបង់ចោល ជាប្រក្រតី ក្នុងកាយផង ក្នុងទុក្ខវេទនាផង បដិឃានុស័យក្នុងកាយក្តី ក្នុងទុក្ខវេទនាក្តី ភិក្ខុនោះ ក៏លះបង់ចេញបាន។

[២១] ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុនោះ ជាអ្នកមានស្មារតីដឹងខ្លួន មិនមានសេចក្តីប្រមាទ មានព្យាយាមដុតកំដៅកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន គ្រប់ឥរិយាបថ យ៉ាងនេះហើយ អទុក្ខមសុខវេទនា ក៏កើតឡើង ភិក្ខុនោះ រមែងដឹងច្បាស់ យ៉ាងនេះថា អទុក្ខមសុខវេទនានេះ កើតឡើងដល់អាត្មាអញ អទុក្ខមសុខវេទនានោះ អាស្រ័យ (បច្ច័យ) មិនមែនមិនអាស្រ័យ (បច្ច័យ) ទេ ចុះអាស្រ័យ (បច្ច័យ) អ្វី អាស្រ័យនូវកាយនេះឯង ឯកាយនេះ ជារបស់មិនទៀង បច្ច័យតាក់តែងឡើង អាស្រ័យ (បច្ច័យ) ទើបកើតឡើង អទុក្ខមសុខវេទនា ដែលកើតឡើង ព្រោះអាស្រ័យនូវកាយជារបស់មិនទៀង បច្ច័យតាក់តែងឡើង អាស្រ័យ (បច្ច័យ) ទើបកើតឡើង នឹងមានសេចក្តីទៀងទាត់មកអំពីណា។ ភិក្ខុនោះ ជាអ្នកពិចារណាឃើញ នូវសេចក្តីមិនទៀង ពិចារណាឃើញ នូវសេចក្តីសាបសូន្យ ពិចារណាឃើញ នូវការប្រាសចាកតម្រេក ពិចារណាឃើញ នូវសេចក្តីរលត់ ពិចារណាឃើញ នូវការលះបង់ចោល ជាប្រក្រតី ក្នុងកាយផង ក្នុងអទុក្ខមសុខវេទនាផង គ្រប់ឥរិយាបថ ទាំង ៤។ កាលភិក្ខុនោះ ពិចារណាឃើញ នូវសេចក្តីមិនទៀង។ បេ។ ពិចារណាឃើញ នូវការលះបង់ចោល ជាប្រក្រតីក្នុងកាយផង ក្នុងអទុក្ខមសុខវេទនាផង អវិជ្ជានុស័យក្នុងកាយក្តី ក្នុងអទុក្ខមសុខវេទនាក្តី ភិក្ខុនោះ ក៏លះបង់ចេញបាន។

[២២] ភិក្ខុនោះ សោយនូវសុខវេទនា រមែងដឹងច្បាស់ថា សុខវេទនានោះ មិនទៀងផង ដឹងច្បាស់ថា ជាធម្មជាតិ ដែលអរិយៈមិនបានប្រកាន់មាំផង ដឹងច្បាស់ថា ជាធម្មជាតិ ដែលអរិយៈ មិនត្រេកអរផង ទោះបីសោយទុក្ខវេទនា។បេ។ ទោះបីសោយអទុក្ខមសុខវេទនា រមែងដឹងច្បាស់ថា អទុក្ខមសុខវេទនានោះ ជាធម្មជាតិមិនទៀង ដឹងច្បាស់ថា ជាធម្មជាតិ ដែលអរិយៈ មិនបានប្រកាន់មាំ ដឹងច្បាស់ថា ជាធម្មជាតិ ដែលអរិយៈ មិនត្រេកអរ។ ភិក្ខុនោះ រមែងសោយសុខវេទនា តែជាអ្នកមិនប្រកបដោយកិលេស ទើបសោយនូវវេទនានោះផង រមែងសោយទុក្ខវេទនា តែជាអ្នកមិនប្រកបដោយកិលេស តែងសោយនូវវេទនានោះផង រមែងសោយអទុក្ខមសុខវេទនា តែជាអ្នកមិនប្រកបដោយកិលេស ទើបសោយនូវវេទនានោះផង។ ភិក្ខុនោះ កាលសោយនូវទុក្ខវេទនា មានកាយជាទីបំផុត (ស្ទើរនឹងស្លាប់ខ្លួន) រមែងដឹងច្បាស់ថា អាត្មាអញ សោយនូវវេទនា មានកាយជាទីបំផុត កាលសោយនូវវេទនា មានជីវិតជាទីបំផុត (ស្ទើរនឹងអស់ជីវិត) រមែងដឹងច្បាស់ថា អាត្មាអញ សោយនូវវេទនា មានជីវិតជាទីបំផុត រមែងដឹងច្បាស់ថា លុះបែកធ្លាយរាងកាយ បន្ទាប់អំពីការអស់ជីវិតទៅ ការសោយនូវវេទនាទាំងពួង ដែលអាត្មាអញ មិនបានត្រេកអរហើយ ក្នុងលោកនេះ នឹងមានសេចក្តីត្រជាក់។

[២៣] ម្នាលភិក្ខុទាំងឡាយ ដូចប្រទីបប្រេង គប្បីឆេះឡើង ព្រោះអាស្រ័យនូវប្រេង និងប្រឆេះ ប្រទីបប្រេងនោះ មិនមានអាហារ គប្បីរលត់ទៅ ក៏ព្រោះអស់ទៅ នៃប្រេង និងប្រឆេះនោះឯង មានឧបមាយ៉ាងណា។ ម្នាលភិក្ខុទាំងឡាយ សេចក្តីឧបមេយ្យ ក៏ដូច្នោះដែរ ភិក្ខុ កាលបើសោយ នូវវេទនា មានកាយជាទីបំផុត ក៏ដឹងច្បាស់ថា អាត្មាអញ សោយនូវវេទនា មានកាយជាទីបំផុត កាលសោយនូវវេទនាមានជីវិត ជាទីបំផុត រមែងដឹងច្បាស់ថា អាត្មាអញ សោយនូវទុក្ខវេទនា មានជីវិតជាទីបំផុត រមែងដឹងច្បាស់ថា លុះបែកធ្លាយរាងកាយ បន្ទាប់អំពីការអស់ជីវិតទៅ ការសោយនូវទុក្ខវេទនាទាំងពួង ដែលអាត្មាអញ មិនបានត្រេកអរហើយ ក្នុងលោកនេះ នឹងមានសេចក្តីត្រជាក់។

ចប់ សូត្រ ទី៧។

(ទុតិយគេលញ្ញ)សូត្រ ទី៨

(៨. ទុតិយគេលញ្ញសុត្តំ)

[២៤] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងកូដាគារសាលា នាមហាវន ទៀបក្រុងវេសាលី។ គ្រានោះឯង ព្រះដ៏មានព្រះភាគ ទ្រង់ចេញអំពីទីពួនសម្ងំ ក្នុងវេលាសាយណ្ហសម័យ ហើយស្តេចចូលទៅកាន់គិលានសាលា លុះស្តេចទៅដល់ហើយ ទ្រង់គង់លើអាសនៈ ដែលគេក្រាលថ្វាយ។ លុះព្រះដ៏មានព្រះភាគ ទ្រង់គង់រួចហើយ ទ្រង់ត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមានស្មារតី ជាអ្នកដឹងខ្លួន គប្បីរង់ចាំនូវកាលដ៏សមគួរ នេះជាអនុសាសនី គឺពាក្យប្រៀនប្រដៅ របស់តថាគត ចំពោះអ្នកទាំងឡាយ។

[២៥] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុជាអ្នកមានស្មារតី តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកពិចារណាឃើញ នូវកាយក្នុងកាយ ជាប្រក្រតី មានសេចក្តីព្យាយាម ដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី គប្បីកំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោកចេញបាន។ ក្នុងវេទនាទាំងឡាយ។បេ។ ក្នុងចិត្ត។ ជាអ្នកពិចារណាឃើញ នូវធម៌ក្នុងធម៌ទាំងឡាយ ជាប្រក្រតី មានព្យាយាមដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី គប្បីកំចាត់បង់នូវអភិជ្ឈា និងទោមនស្ស ក្នុងលោកចេញបាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកមានស្មារតី យ៉ាងនេះឯង។

[២៦] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុជាអ្នកដឹងខ្លួន តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកធ្វើសេចក្តីដឹងខ្លួន ក្នុងកាលដើរទៅខាងមុខ និងថយក្រោយ។បេ។ ជាអ្នកធ្វើនូវសេចក្តីដឹងខ្លួន ក្នុងការនិយាយ និងស្ងៀម។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកដឹងខ្លួន យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមានស្មារតី ជាអ្នកដឹងខ្លួន គប្បីរង់ចាំកាលដ៏សមគួរ នេះជាអនុសាសនី គឺពាក្យប្រៀនប្រដៅ របស់តថាគត ចំពោះអ្នកទាំងឡាយ។

[២៧] ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុនោះមានស្មារតី ជាអ្នកដឹងខ្លួន មិនមានសេចក្តីប្រមាទ មានព្យាយាមដុតកំដៅកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន គ្រប់ឥរិយាបថ យ៉ាងនេះហើយ សុខវេទនា ក៏កើតឡើង ភិក្ខុនោះ រមែងដឹងច្បាស់យ៉ាងនេះថា សុខវេទនានេះ កើតឡើងដល់អាត្មាអញ សុខវេទនានោះឯង អាស្រ័យ (បច្ច័យ ) មិនមែន មិនអាស្រ័យ (បច្ច័យ) ទេ ចុះអាស្រ័យបច្ច័យអ្វី អាស្រ័យនូវផស្សៈនេះឯង ចំណែកផស្សៈនេះសោត ជារបស់មិនទៀង ដែលបច្ច័យតាក់តែងឡើង អាស្រ័យ បច្ច័យ ទើបកើតឡើង សុខវេទនានេះ កើតឡើងដល់អាត្មាអញ ព្រោះអាស្រ័យនូវផស្សៈ ដែលជារបស់មិនទៀង ដែលបច្ច័យតាក់តែង អាស្រ័យបច្ច័យ ទើបកើតឡើង នឹងមានសេចក្តីទៀងទាត់មកអំពីណា។ ភិក្ខុនោះ ជាអ្នកពិចារណាឃើញ នូវសេចក្តីមិនទៀង ពិចារណាឃើញ នូវសេចក្តីសាបសូន្យ ពិចារណាឃើញ នូវការមិនមានតម្រេក ពិចារណាឃើញ នូវសេចក្តីរលត់ ពិចារណាឃើញ នូវការលះបង់ចោល ជាប្រក្រតី ក្នុងផស្សៈផង ក្នុងសុខវេទនាផង គ្រប់ឥរិយាបថ ទាំង ៤។ កាលភិក្ខុនោះ ជាអ្នកពិចារណាឃើញ នូវសេចក្តីមិនទៀង ជាអ្នកពិចារណាឃើញ នូវសេចក្តីសាបសូន្យ នូវការមិនមានតម្រេក នូវសេចក្តីរលត់ និងការលះបង់ចោល ជាប្រក្រតី ក្នុងផស្សៈផង ក្នុងសុខវេទនាផង គ្រប់ឥរិយាបថ ទាំង ៤ រាគានុស័យ ដែលមានក្នុងផស្សៈក្តី ក្នុងសុខវេទនាក្តី ភិក្ខុនោះ ក៏លះបង់ចេញបាន។

[២៨] ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុនោះ មានស្មារតីយ៉ាងនេះ។បេ។ ទុក្ខវេទនា ក៏កើតឡើង។ បេ។ អទុក្ខមសុខវេទនា ក៏កើតឡើង ភិក្ខុនោះ រមែងដឹងច្បាស់ យ៉ាងនេះថា អទុក្ខមសុខវេទនានេះ កើតឡើងដល់អាត្មាអញ អទុក្ខមសុខវេទនា នោះ អាស្រ័យ (បច្ច័យ) មិនមែនមិនអាស្រ័យបច្ច័យទេ ចុះអាស្រ័យបច្ច័យអ្វី អាស្រ័យនូវផស្សៈនេះឯង ចំណែកផស្សៈនេះសោត ជារបស់មិនទៀង ដែលបច្ច័យតាក់តែង អាស្រ័យបច្ច័យ ទើបកើតឡើង។ បេ។ (សេចក្តីពិស្តារក្នុងសូត្រមុន យ៉ាងណា សូត្រនេះ បណ្ឌិត គប្បីសំដែងឲ្យពិស្តារយ៉ាងនោះចុះ) រមែងដឹងច្បាស់ថា លុះទម្លាយរាងកាយ បន្ទាប់អំពីការអស់ជីវិតទៅ ការសោយនូវវេទនាទាំងពួង ដែលអាត្មាអញ មិនបានត្រេកអរហើយ ក្នុងលោកនេះ នឹងមានសេចក្តីត្រជាក់។

[២៩] ម្នាលភិក្ខុទាំងឡាយ ដូចប្រទីបប្រេង គប្បីឆេះឡើង ព្រោះអាស្រ័យប្រេងនិងប្រឆេះ ប្រទីបប្រេងនោះ មិនមានអាហារ គប្បីរលត់ទៅ ព្រោះអស់ទៅនៃប្រេង និងប្រឆេះនោះឯង មានឧបមា យ៉ាងណា។ ម្នាលភិក្ខុទាំងឡាយ សេចក្តីឧបមេយ្យក៏ដូច្នោះដែរ ភិក្ខុកាលសោយនូវវេទនា មានកាយជាទីបំផុត រមែងដឹងច្បាស់ថា អាត្មាអញ សោយនូវវេទនា មានកាយជាទីបំផុត កាលសោយនូវវេទនា មានជីវិតជាទីបំផុត រមែងដឹងច្បាស់ថា អាត្មាអញ សោយនូវវេទនា មានជីវិតជាទីបំផុត រមែងដឹងច្បាស់ថា លុះទម្លាយរាងកាយ បន្ទាប់អំពីការអស់ជីវិតទៅ ការសោយនូវវេទនាទាំងពួង ដែលអត្មាអញ មិនបានត្រេកអរហើយ ក្នុងលោកនេះ នឹងមានសេចក្តីត្រជាក់។

ចប់ សូត្រ ទី៨។

(អនិច្ច)សូត្រ ទី៩

(៩. អនិច្ចសុត្តំ)

[៣០] ម្នាលភិក្ខុទាំងឡាយ វេទនា ៣ យ៉ាងនេះ មិនទៀង ដែលបច្ច័យតាក់តែង ឡើង អាស្រ័យបច្ច័យ ទើបកើតឡើង មានការអស់ទៅជាធម្មតា មានការសាបសូន្យទៅ ជាធម្មតា មានការប្រាសចាកតម្រេក ជាធម្មតា មានការរលត់ទៅ ជាធម្មតា។ វេទនា ៣ យ៉ាង តើដូចម្តេច។ គឺសុខវេទនា ១ ទុក្ខវេទនា ១ អទុក្ខមសុខវេទនា ១។ ម្នាលភិក្ខុទាំងឡាយ វេទនា ៣ យ៉ាងនេះឯង ជារបស់មិនទៀង ដែលបច្ច័យតាក់តែងឡើង អាស្រ័យបច្ច័យ ទើបកើតឡើង មានការអស់ទៅ ជាធម្មតា មានការសាបសូន្យទៅជាធម្មតា មានការប្រាសចាកតម្រេកជាធម្មតា មានការរលត់ទៅជាធម្មតា។

ចប់ សូត្រ ទី៩។

(ផស្សមូលក)សូត្រ ទី១០

(១០. ផស្សមូលកសុត្តំ)

[៣១] ម្នាលភិក្ខុទាំងឡាយ វេទនានេះ មាន ៣ យ៉ាង ដែលកើតឡើង អំពីផស្សៈ មានផស្សៈជាមូល មានផស្សៈជាហេតុ មានផស្សៈជាបច្ច័យ។ វេទនា ៣ យ៉ាង តើដូចម្តេច។ គឺសុខវេទនា ១ ទុក្ខវេទនា ១ អទុក្ខមសុខវេទនា ១។ ម្នាលភិក្ខុទាំងឡាយ សុខវេទនា រមែងកើតឡើង ព្រោះអាស្រ័យផស្សៈ ដែលជាបច្ច័យ នៃសុខវេទនា សុខវេទនា ដែលកើតឡើង ព្រោះអាស្រ័យផស្សៈ ជាបច្ច័យនៃសុខវេទនា ដែលកើតអំពីផស្សៈនោះ ដែលបុគ្គលសោយហើយ សុខវេទនានោះ តែងរលត់ទៅ សុខវេទនានោះ តែងស្ងប់រម្ងាប់ ព្រោះការរលត់នៃផស្សៈ ដែលជាបច្ច័យ នៃសុខវេទនានោះឯង។ ម្នាលភិក្ខុទាំងឡាយ ទុក្ខវេទនា រមែងកើតឡើង ព្រោះអាស្រ័យផស្សៈ ជាបច្ច័យនៃទុក្ខវេទនា ទុក្ខវេទនា ដែលកើតឡើង ព្រោះអាស្រ័យផស្សៈជាបច្ច័យ នៃទុក្ខវេទនា ដែលកើតអំពី ផស្សៈនោះ ដែលបុគ្គលបានសោយហើយ ទុក្ខវេទនានោះ រមែងរលត់ទៅ ទុក្ខវេទនា នោះ រមែងស្ងប់រម្ងាប់ទៅ ព្រោះរលត់នៃផស្សៈ ជាបច្ច័យនៃទុក្ខវេទនានោះឯង។ ម្នាលភិក្ខុទាំងឡាយ អទុក្ខមសុខវេទនា រមែងកើតឡើង ព្រោះអាស្រ័យផស្សៈ ជាបច្ច័យនៃ អទុក្ខមសុខវេទនា អទុក្ខមសុខវេទនា ដែលកើតឡើង ព្រោះអាស្រ័យផស្សៈជាបច្ច័យ នៃអទុក្ខមសុខវេទនា ដែលកើតអំពីផស្សៈនោះ ដែលបុគ្គលបានសោយហើយ អទុក្ខមសុខវេទនានោះ រមែងរលត់ទៅ អទុក្ខមសុខវេទនានោះ រមែងស្ងប់រម្ងាប់ទៅ ព្រោះការរលត់នៃផស្សៈ ជាបច្ច័យនៃអទុក្ខមសុខវេទនានោះឯង។

[៣២] ម្នាលភិក្ខុទាំងឡាយ ដូចចំហាយដែលកើតឡើង ភ្លើងដែលឆេះឡើង ព្រោះការប្រជុំចុះ នៃឈើពីរកំណាត់ ដែលបុគ្គលរៀបចំហើយ ចំហាយឯណា ដែលកើតអំពីឈើនោះ ចំហាយនោះ ក៏រលត់ទៅ ចំហាយនោះ ក៏ស្ងប់រម្ងាប់ទៅ ព្រោះភាវៈផ្សេង ៗ គ្នា ព្រោះដាក់ដោយឡែកពីគ្នា នៃកំណាត់ឈើទាំងនោះ មានឧបមាយ៉ាងណា។ ម្នាលភិក្ខុទាំងឡាយ សេចក្តីឧបមេយ្យ ក៏ដូច្នោះដែរ វេទនា ៣ យ៉ាងនេះ កើតអំពីផស្សៈ មានផស្សៈជាមូល មានផស្សៈជាហេតុ មានផស្សៈជាបច្ច័យ វេទនាដែលកើតអំពីផស្សៈនោះ តែងកើតឡើង ព្រោះអាស្រ័យផស្សៈ ដែលកើតអំពីវេទនា ទាំង ៣ នោះ វេទនា ដែលកើតអំពីផស្សៈនោះ តែងរលត់ទៅ ព្រោះរលត់នៃផស្សៈ ដែលកើតអំពីវេទនា ទាំង ៣ នោះដែរ។

ចប់ សូត្រ ទី១០។

ចប់ បឋមកសគាថវគ្គ ទី១។

ឧទ្ទាននៃបឋមកសគាថវគ្គនោះគឺ

និយាយអំពីពុទ្ធសាវក មានចិត្តតាំងមាំ ១ អំពីសុខវេទនា ១ អំពីការលះបង់រាគានុស័យ ជាដើម ១ អំពីបាតាលមានក្នុងមហាសមុទ្រ ១ អំពីការឃើញសុខវេទនា ថាជាទុក្ខ ជាដើម ១ អំពីសុខវេទនា ជាដើម ប្រៀបដោយសរ ១ អំពីព្រះដ៏មានព្រះភាគស្តេចចូលទៅកាន់គិលានសាលា មានពីរលើក ១ អំពីវេទនា ៣ ជារបស់មិនទៀង ជាដើម ១ អំពីវេទនា ៣ មានផស្សៈ ជាមូល ១។

រហោគតវគ្គ ទី២

(២. រហោគតវគ្គោ)

(រហោគត)សូត្រ ទី១

(១. រហោគតសុត្តំ)

[៣៣] គ្រានោះឯង ភិក្ខុមួយរូបចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះភិក្ខុនោះ អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន កាលខ្ញុំព្រះអង្គ សម្ងំនៅក្នុងទីស្ងាត់ឯណោះ កើតសេចក្តីត្រិះរិះក្នុងចិត្ត យ៉ាងនេះថា វេទនា ៣ យ៉ាង គឺសុខវេទនា ១ ទុក្ខវេទនា ១ អទុក្ខមសុខវេទនា ១ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហើយ វេទនា ៣ យ៉ាងនេះ ព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយ។ ក៏ពាក្យដែលព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា អារម្មណ៍ឯណានីមួយ ដែលបុគ្គលបានសោយហើយ អារម្មណ៍នោះ ជាទុក្ខ ពាក្យនេះឯង ព្រះដ៏មានព្រះភាគ ទ្រង់សំដៅអ្វីហ្ន៎ ទើបទ្រង់សំដែងថា អារម្មណ៍ឯណានីមួយ ដែលបុគ្គលសោយហើយ អារម្មណ៍នោះ ក៏ជាទុក្ខ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ ប្រពៃហើយ ៗ ម្នាលភិក្ខុ វេទនា ៣ យ៉ាងនេះ គឺសុខវេទនា ១ ទុក្ខវេទនា ១ អទុក្ខមសុខវេទនា ១ តថាគត បានពោលហើយ វេទនា ៣ យ៉ាងនេះ តថាគតបានសំដែងហើយ។ ម្នាលភិក្ខុ ក៏ពាក្យនេះ តថាគត បានពោលទុកថា អារម្មណ៍ឯណានីមួយ ដែលបុគ្គលបានសោយហើយ អារម្មណ៍នោះ ក៏ជាទុក្ខ ម្នាលភិក្ខុ ឯពាក្យនេះ តថាគត សំដៅយកសេចក្តីមិនទៀង នៃសង្ខារនោះឯង ទើបសំដែងថា អារម្មណ៍ឯណានីមួយ ដែលបុគ្គលបានសោយហើយ អារម្មណ៍នោះ ក៏ជាទុក្ខ។ ម្នាលភិក្ខុ មួយវិញទៀត ពាក្យនេះ តថាគត សំដៅសេចក្តីអស់ទៅជាធម្មតា សេចក្តីសាបសូន្យទៅ ជាធម្មតា ការប្រាសចាកតម្រេកជាធម្មតា សេចក្តីរលត់ជាធម្មតា សេចក្តីប្រែប្រួលទៅជាធម្មតា នៃសង្ខារទាំងឡាយនោះឯង ទើបសំដែងថា អារម្មណ៍ឯណានីមួយ ដែលបុគ្គលបានសោយហើយ អារម្មណ៍នោះ ក៏ជាទុក្ខដូច្នេះ។

[៣៤] ម្នាលភិក្ខុ តាមដោយពិត ឯការរលត់នៃសង្ខារទាំងឡាយជាលំដាប់ តថាគត បានពោលហើយថា វាចានៃបុគ្គល អ្នកចូលកាន់បឋមជ្ឈាន តែងរលត់ វិតក្ក និងវិចារ នៃបុគ្គលអ្នកចូលកាន់ទុតិយជ្ឈាន តែងរលត់ បីតិ នៃបុគ្គលអ្នកចូលកាន់តតិយជ្ឈាន តែងរលត់ អស្សាសបស្សាសៈ នៃបុគ្គលអ្នកចូលកាន់ចតុត្ថជ្ឈាន តែងរលត់ រូបសញ្ញា នៃបុគ្គលអ្នកចូលកាន់អាកាសានញ្ចាយតនជ្ឈាន តែងរលត់ អាកាសានញ្ចាយតនសញ្ញា នៃបុគ្គលអ្នកចូលកាន់វិញ្ញាណញ្ចាយតនជ្ឈាន តែងរលត់ វិញ្ញាណញ្ចាយតនសញ្ញា នៃបុគ្គលអ្នកចូលកាន់អាកិញ្ចញ្ញាយតនជ្ឈាន តែងរលត់ អាកិញ្ចញ្ញាយតនសញ្ញា នៃបុគ្គលអ្នកចូលកាន់នេវសញ្ញានាសញ្ញាយតនជ្ឈាន តែងរលត់ សញ្ញា និងវេទនា នៃបុគ្គលអ្នកចូលកាន់សញ្ញាវេទយិតនិរោធ តែងរលត់។ រាគៈរបស់ភិក្ខុជាព្រះខីណាស្រព ក៏រលត់ ទោសៈក៏រលត់ មោហៈក៏រលត់។

[៣៥] ម្នាលភិក្ខុ ការរម្ងាប់នៃសង្ខារទាំងឡាយជាលំដាប់ តថាគត បានពោលហើយថា វាចានៃបុគ្គលអ្នកចូលកាន់បឋមជ្ឈាន ក៏រម្ងាប់ វិតក្ក និងវិចារនៃបុគ្គល អ្នកចូលកាន់ទុតិយជ្ឈាន ក៏រម្ងាប់។បេ។ សញ្ញានិងវេទនា នៃបុគ្គលអ្នកចូលកាន់ សញ្ញាវេទយិតនិរោធ ក៏រម្ងាប់។ រាគៈរបស់ភិក្ខុ ជាព្រះខីណាស្រព ក៏រម្ងាប់ ទោសៈ ក៏រម្ងាប់ មោហៈក៏រម្ងាប់។

[៣៦] ម្នាលភិក្ខុ សេចក្តីស្ងប់ទាំងឡាយនេះ មាន ៦ យ៉ាង គឺ វាចានៃបុគ្គល អ្នកចូលកាន់បឋមជ្ឈាន ក៏ស្ងប់ វិតក្ក និងវិចារ នៃបុគ្គលអ្នកចូលកាន់ទុតិយជ្ឈាន ក៏ស្ងប់ បីតិ នៃបុគ្គលអ្នកចូលកាន់តតិយជ្ឈាន ក៏ស្ងប់ អាស្សាសបស្សាសៈ នៃបុគ្គលអ្នកចូលកាន់ចតុត្ថជ្ឈាន ក៏ស្ងប់ សញ្ញា និងវេទនា នៃបុគ្គលអ្នកចូលកាន់ សញ្ញាវេទយិតនិរោធ ក៏ស្ងប់។ រាគៈនៃភិក្ខុ ជាព្រះខីណាស្រព ក៏ស្ងប់ ទោសៈក៏ស្ងប់ មោហៈក៏ស្ងប់។

ចប់ សូត្រ ទី១។

(បឋមអាកាស)សូត្រ ទី២

(២. បឋមអាកាសសុត្តំ)

[៣៧] ម្នាលភិក្ខុទាំងឡាយ ដូចខ្យល់ទាំងឡាយ មានចំណែកផ្សេង ៗ តែងបក់ទៅ ក្នុងអាកាស គឺខ្យល់បក់ទៅទិសខាងកើតក្តី ខ្យល់បក់ទៅទិសខាងលិចក្តី ខ្យល់បក់ ទៅទិសខាងជើងក្តី ខ្យល់បក់ទៅទិសខាងត្បូងក្តី ខ្យល់ប្រកបដោយធូលី បក់ទៅក្តី ខ្យល់មិនមានធូលី បក់ទៅក្តី ខ្យល់ត្រជាក់បក់ទៅក្តី ខ្យល់ក្តៅបក់ទៅក្តី ខ្យល់តិច បក់ទៅក្តី ខ្យល់ខ្លាំងបក់ទៅក្តី មានឧបមាយ៉ាងណា។ ម្នាលភិក្ខុទាំងឡាយ សេចក្តីឧបមេយ្យ ក៏ដូច្នោះដែរ វេទនាទាំងឡាយ មានចំណែកផ្សេង ៗ រមែងកើតឡើង ក្នុងកាយ នេះ គឺសុខវេទនាក្តី ក៏កើតឡើង ទុក្ខវេទនាក្តី ក៏កើតឡើង អទុក្ខមសុខវេទនាក្តី ក៏កើតឡើង។

[៣៨] ដូចខ្យល់ទាំងឡាយច្រើនយ៉ាង មានចំណែកផ្សេង ៗ តែងបក់ទៅក្នុង អាកាស គឺបក់ទៅក្នុងទិសខាងកើតក្តី បក់ទៅក្នុងទិសខាងលិចក្តី មួយវិញទៀត បក់ ទៅក្នុងទិសខាងជើងក្តី បក់ទៅក្នុងទិសខាងត្បូងក្តី។ ខ្យល់ទាំងឡាយជាច្រើនយ៉ាង គឺ ខ្យល់មានធូលីក្តី មិនមានធូលីក្តី ត្រជាក់ក្តី ក្តៅក្តី ខ្លាំងក្តី តិចក្តី តែងបក់ទៅ។ សុខវេទនាក្តី ទុក្ខវេទនាក្តី អទុក្ខមសុខវេទនាក្តី ដែលប្រជុំកើតឡើង ក្នុងកាយនេះ ក៏ដូច្នោះដែរ។ ភិក្ខុមានព្យាយាម ដុតកំដៅកិលេសឲ្យក្តៅ ជាអ្នកដឹងខ្លួន តែងរលត់ទៅក្នុងកាលណា ភិក្ខុជាបណ្ឌិតនោះ តែងកំណត់ដឹងច្បាស់ នូវវេទនាទាំងអស់ ក្នុងកាលនោះ។ ភិក្ខុនោះ កំណត់ដឹង នូវវេទនា ក្នុងបច្ចុប្បន្ន ហើយជាអ្នកមិនមានអាសវៈ តាំងនៅក្នុងធម៌ ជាអ្នកដល់នូវវេទនា លុះទម្លាយរាងកាយទៅ មិនគួររាប់ថា (ជាអ្នកមានភព)។

ចប់ សូត្រ ទី២។

(ទុតិយអាកាស)សូត្រ ទី៣

(៣. ទុតិយអាកាសសុត្តំ)

[៣៩] ម្នាលភិក្ខុទាំងឡាយ ដូចខ្យល់ទាំងឡាយមានចំណែកផ្សេង ៗ បក់ទៅក្នុង អាកាស គឺខ្យល់បក់ទៅទិសខាងកើតក្តី។បេ។ ខ្យល់ខ្លាំងបក់ទៅក្តី មានឧបមា យ៉ាងណា។ ម្នាលភិក្ខុទាំងឡាយ សេចក្តីឧបមេយ្យ ក៏ដូច្នោះដែរ វេទនា មានចំណែក ផ្សេង ៗ រមែងកើតឡើង ក្នុងកាយនេះ គឺសុខវេទនាក្តី ក៏កើតឡើង ទុក្ខវេទនាក្តី ក៏កើតឡើង អទុក្ខមសុខវេទនាក្តី ក៏កើតឡើង។

ចប់ សូត្រ ទី៣។

(អគារ)សូត្រ ទី៤

(៤. អគារសុត្តំ)

[៤០] ម្នាលភិក្ខុទាំងឡាយ ដូចផ្ទះសំណាក់នៃជនជាអាគន្តុកៈ ក្នុងផ្ទះសំណាក់នោះ មានពួកជនមកអំពីទិសខាងកើត ចូលមកអាស្រ័យនៅក៏មាន មកអំពីទិសខាងលិច ចូលមកអាស្រ័យនៅក៏មាន មកអំពីទិសខាងជើង ចូលមកអាស្រ័យនៅក៏មាន មកអំពីទិសខាងត្បូង ចូលមកអាស្រ័យនៅក៏មាន មានពួកក្សត្រិយ៍ ចូលមកអាស្រ័យនៅក៏មាន មានពួកព្រាហ្មណ៍ ចូលមកអាស្រ័យនៅក៏មាន មានពួកវេស្សៈ ចូលមកអាស្រ័យនៅក៏មាន មានពួកសុទ្ទៈចូលមកអាស្រ័យនៅក៏មាន មានឧបមា យ៉ាងណា។ ម្នាលភិក្ខុទាំងឡាយ សេចក្តីឧបមេយ្យ ក៏ដូច្នោះដែរ វេទនា មានចំណែកផ្សេង ៗ តែងកើតឡើង ក្នុងកាយនេះ គឺសុខវេទនាក្តី តែងកើតឡើង ទុក្ខវេទនាក្តី តែងកើតឡើង អទុក្ខមសុខវេទនាក្តី តែងកើតឡើង សុខវេទនា ប្រកបដោយអាមិសក្តី តែងកើតឡើង ទុក្ខវេទនា ប្រកបដោយអាមិសក្តី តែងកើតឡើង អទុក្ខមសុខវេទនា ប្រកបដោយអាមិសក្តី តែងកើតឡើង សុខវេទនា មិនប្រកបដោយអាមិសក្តី តែងកើតឡើង ទុក្ខវេទនា មិនប្រកបដោយអាមិសក្តី តែងកើតឡើង អទុក្ខមសុខវេទនា មិនប្រកបដោយអាមិសក្តី តែងកើតឡើង។

ចប់ សូត្រ ទី៤។

(បឋមអានន្ទ)សូត្រ ទី៥

(៥. បឋមអានន្ទសុត្តំ)

[៤១] គ្រានោះឯង ព្រះអានន្ទដ៏មានអាយុ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះ ចូលទៅដល់ហើយ។ បេ។ លុះព្រះអានន្ទដ៏មានអាយុ អង្គុយនៅក្នុងទីដ៏សមគួរហើយ បានក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន វេទនា ដូចម្តេច ហេតុជាទីកើត នៃវេទនា ដូចម្តេច ការរលត់ទៅ នៃវេទនា ដូចម្តេច បដិបទា ជាហេតុឲ្យដល់ នូវការរលត់ទៅ នៃវេទនា ដូចម្តេច អានិសង្ស នៃវេទនា ដូចម្តេច ទោសនៃវេទនា ដូចម្តេច ការរលាស់ចេញ នូវវេទនា តើដូចម្តេច។ ម្នាលអានន្ទ វេទនានេះ មាន ៣ យ៉ាង គឺ សុខវេទនា ១ ទុក្ខវេទនា ១ អទុក្ខមសុខវេទនា ១។ ម្នាលអានន្ទ នេះហៅថា វេទនា។ ការកើតឡើង នៃវេទនា ព្រោះកើតឡើង នៃផស្សៈ ការរលត់ទៅ នៃវេទនា ព្រោះរលត់ទៅ នៃផស្សៈ អដ្ឋង្គិកមគ្គ ដ៏ប្រសើរនេះឯង ជាបដិបទា ជាហេតុឲ្យដល់ នូវការរលត់ទៅ នៃវេទនា។ អដ្ឋង្គិកមគ្គដ៏ប្រសើរ តើដូចម្តេច។ គឺសម្មាទិដ្ឋិ ១។ បេ។ សម្មាសមាធិ ១។ សេចក្តីសុខ និងសោមនស្ស កើតឡើង ព្រោះអាស្រ័យវេទនាឯណា នេះជាអានិសង្ស នៃវេទនា។ វេទនឯណា មិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួល ជាធម្មតា នេះជាទោស នៃវេទនា។ ការបន្ទោបង់ នូវឆន្ទរាគៈ ការលះបង់ នូវឆន្ទរាគៈ ក្នុងវេទនាឯណា នេះជាគ្រឿងរលាស់ចេញ នូវវេទនា។

[៤២] ម្នាលអានន្ទ ការរលត់នៃសង្ខារទាំងឡាយ ជាលំដាប់ តថាគត បានពោលហើយថា វាចានៃបុគ្គលអ្នកចូលកាន់បឋមជ្ឈាន តែងរលត់។បេ។ សញ្ញា និងវេទនា នៃបុគ្គលអ្នកចូលកាន់សញ្ញាវេទយិតនិរោធ ក៏រលត់។ រាគៈរបស់ភិក្ខុជាព្រះខីណាស្រព ក៏រលត់ ទោសៈក៏រលត់ មោហៈក៏រលត់។

[៤៣] ម្នាលអានន្ទ ចំណែកឯការរម្ងាប់នៃសង្ខារទាំងឡាយ ជាលំដាប់ តថាគត បានពោលហើយថា វាចានៃបុគ្គលអ្នកចូលកាន់បឋមជ្ឈាន ក៏រម្ងាប់។ បេ។ សញ្ញា និងវេទនា នៃបុគ្គលអ្នកចូលកាន់សញ្ញាវេទយិតនិរោធ ក៏រម្ងាប់។ រាគៈរបស់ភិក្ខុជាព្រះខីណាស្រព ក៏រម្ងាប់ ទោសៈក៏រម្ងាប់ មោហៈក៏រម្ងាប់។

[៤៤] ម្នាលអានន្ទ ក៏ឯការស្ងប់ នៃសង្ខារទាំងឡាយ ជាលំដាប់ តថាគត បានពោលហើយថា វាចានៃបុគ្គលអ្នកចូលកាន់បឋមជ្ឈាន ក៏ស្ងប់។ បេ។ រូបសញ្ញា នៃបុគ្គលអ្នកចូលកាន់អាកាសានញ្ចាយតនជ្ឈាន ក៏ស្ងប់ អាកាសានញ្ចាយតនសញ្ញា នៃបុគ្គលអ្នកចូលកាន់វិញ្ញាណញ្ចាយតនជ្ឈាន ក៏ស្ងប់ វិញ្ញាណញ្ចាយតនសញ្ញា នៃបុគ្គល អ្នកចូលកាន់អាកិញ្ចញ្ញាយតនជ្ឈាន ក៏ស្ងប់ អាកិញ្ចញ្ញាយតនសញ្ញា នៃបុគ្គលអ្នកចូលកាន់នេវសញ្ញានាសញ្ញាយតនជ្ឈាន ក៏ស្ងប់ សញ្ញា និង វេទនា នៃបុគ្គលអ្នកចូលកាន់សញ្ញាវេទយិតនិរោធ ក៏ស្ងប់។ រាគៈរបស់ភិក្ខុ ជាព្រះខីណាស្រព ក៏ស្ងប់ ទោសៈក៏ស្ងប់ មោហៈក៏ស្ងប់។

ចប់ សូត្រ ទី៥។

(ទុតិយអានន្ទ)សូត្រ ទី៦

(៦. ទុតិយអានន្ទសុត្តំ)

[៤៥] គ្រានោះឯង ព្រះអានន្ទដ៏មានអាយុ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះព្រះអានន្ទដ៏មានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ទើបព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ ដូច្នេះថា ម្នាលអានន្ទ វេទនា ដូចម្តេច ហេតុជាទីកើតឡើង នៃវេទនា ដូចម្តេច សេចក្តីរលត់ទៅ នៃវេទនា ដូចម្តេច បដិបទា ជាហេតុឲ្យបានដល់ នូវសេចក្តីរលត់ទៅ នៃវេទនា ដូចម្តេច អានិសង្សនៃវេទនា ដូចម្តេច ទោសនៃវេទនា ដូចម្តេច ការរលាស់ចេញ នៃវេទនា ដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន ធម៌ទាំងឡាយ នៃយើងខ្ញុំព្រះអង្គ មានព្រះដ៏មានព្រះភាគជាមូល មានព្រះដ៏មានព្រះភាគ ជាអ្នកណែនាំ មានព្រះដ៏មានព្រះភាគ ជាទីពឹង បពិត្រព្រះអង្គដ៏ចំរើន សូមព្រះដ៏មានព្រះភាគ បំភ្លឺនូវសេចក្តី នៃភាសិតនុ៎ះ ពួកភិក្ខុ បានស្តាប់នូវភាសិត របស់ព្រះដ៏មានព្រះភាគហើយ នឹងចាំទុក។ ម្នាលអានន្ទ បើដូច្នោះ អ្នកចូរស្តាប់ ចូរធ្វើទុកក្នុងចិត្តឲ្យល្អ តថាគត នឹងសំដែងឥឡូវនេះ។ ព្រះអានន្ទដ៏មានអាយុ ទទួលស្តាប់ព្រះពុទ្ធដីកា នៃព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលអានន្ទ វេទនានេះ មាន ៣ យ៉ាង គឺសុខវេទនា ១ ទុក្ខវេទនា ១ អទុក្ខមសុខវេទនា ១។ ម្នាលអានន្ទ នេះហៅថា វេទនា។ បេ។ ព្រោះកើតឡើង នៃផស្សៈ។ បេ។ រាគៈរបស់ភិក្ខុ ជាព្រះខីណាស្រព ក៏ស្ងប់រម្ងាប់ ទោសៈក៏ស្ងប់រម្ងាប់ មោហៈក៏ស្ងប់រម្ងាប់។

ចប់ សូត្រ ទី៦។

(បឋមសម្ពហុល)សូត្រ ទី៧

(៧. បឋមសម្ពហុលសុត្តំ)

[៤៦] គ្រានោះឯង ពួកភិក្ខុច្រើនរូប ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅ ដល់ហើយ បានថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះភិក្ខុទាំង នោះ អង្គុយក្នុងទីដ៏សមគួរហើយ បានក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន វេទនា ដូចម្តេច ហេតុជាទីកើតឡើង នៃវេទនា ដូចម្តេច ការរលត់ទៅ នៃវេទនា ដូចម្តេច បដិបទា ជាហេតុឲ្យដល់ នូវការរលត់ទៅ នៃវេទនា ដូចម្តេច អានិសង្ស នៃវេទនា ដូចម្តេច ទោសនៃវេទនា ដូចម្តេច ការរលាស់ចេញ នូវវេទនាដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ វេទនានេះ មាន ៣ យ៉ាង គឺសុខវេទនា ១ ទុក្ខវេទនា ១ អទុក្ខមសុខវេទនា ១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា វេទនា។ ការកើតឡើងនៃវេទនា ព្រោះកើតឡើង នៃផស្សៈ ការរលត់ទៅ នៃវេទនា ព្រោះរលត់ទៅ នៃផស្សៈ អដ្ឋង្គិកមគ្គ ដ៏ប្រសើរនេះឯង ជាបដិបទា ជាហេតុឲ្យដល់នូវការរលត់ទៅនៃវេទនា។ អដ្ឋង្គិកមគ្គនោះ គឺអ្វីខ្លះ។ គឺសម្មាទិដ្ឋិ ១។ បេ។ សម្មាសមាធិ ១។ សេចក្តីសុខ និងសោមនស្សកើតឡើង ព្រោះអាស្រ័យវេទនាឯណា នេះជាអានិសង្សនៃវេទនា។ វេទនាឯណា ដែលមិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា នេះជាទោសនៃវេទនា។ ការបន្ទោបង់នូវឆន្ទរាគ ការលះបង់ នូវឆន្ទរាគ ក្នុងវេទនាឯណា នេះជាការរលាស់ចេញនូវវេទនា។

[៤៧] ម្នាលភិក្ខុទាំងឡាយ ការរលត់នៃសង្ខារទាំងឡាយ ជាលំដាប់ តថាគត បានពោលហើយថា វាចានៃបុគ្គលអ្នកចូលកាន់បឋមជ្ឈាន ក៏រលត់។ បេ។ រាគៈរបស់ភិក្ខុ ជាព្រះខីណាស្រព ក៏រលត់ ទោសៈក៏រលត់ មោហៈក៏រលត់។

[៤៨] ម្នាលភិក្ខុទាំងឡាយ សេចក្តីរម្ងាប់នៃសង្ខារទាំងឡាយ ជាលំដាប់ តថាគត បានពោលហើយថា វាចានៃបុគ្គលអ្នកចូលកាន់បឋមជ្ឈាន ក៏រម្ងាប់។ បេ។ រាគៈរបស់ ភិក្ខុ ជាព្រះខីណាស្រព ក៏រម្ងាប់ ទោសៈក៏រម្ងាប់ មោហៈក៏រម្ងាប់។

[៤៩] ម្នាលភិក្ខុទាំងឡាយ ការស្ងប់នេះ មាន ៦ យ៉ាង គឺវាចានៃបុគ្គលអ្នកចូលកាន់បឋមជ្ឈាន ក៏ស្ងប់ វិតក្ក និងវិចារ នៃបុគ្គលអ្នកចូលកាន់ទុតិយជ្ឈាន ក៏ស្ងប់ បីតិ នៃបុគ្គលអ្នកចូលកាន់តតិយជ្ឈាន ក៏ស្ងប់ អស្សាសបស្សាសៈ នៃបុគ្គលអ្នកចូលកាន់ ចតុត្ថជ្ឈាន ក៏ស្ងប់ សញ្ញា និងវេទនា នៃបុគ្គលអ្នកចូលកាន់សញ្ញាវេទយិតនិរោធក៏ស្ងប់។ រាគៈរបស់ភិក្ខុ ជាព្រះខីណាស្រព ក៏ស្ងប់ ទោសៈក៏ស្ងប់ មោហៈក៏ស្ងប់។

ចប់ សូត្រ ទី៧។

(ទុតិយសម្ពហុល)សូត្រ ទី៨

(៨. ទុតិយសម្ពហុលសុត្តំ)

[៥០] គ្រានោះឯង ពួកភិក្ខុច្រើនរូប ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ។បេ។ លុះភិក្ខុទាំងនោះ អង្គុយក្នុងទីដ៏សមគួរហើយ ទើបព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ វេទនា តើដូចម្តេច ហេតុជាទីកើតឡើង នៃវេទនាដូចម្តេច សេចក្តីរលត់ទៅ នៃវេទនាដូចម្តេច បដិបទា ជាហេតុឲ្យដល់នូវការរលត់ទៅ នៃវេទនាដូចម្តេច អានិសង្សនៃវេទនាដូចម្តេច ទោសនៃវេទនាដូចម្តេច ការរលាស់ចេញ នូវវេទនាដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន ធម៌ទាំងឡាយ នៃយើងខ្ញុំព្រះអង្គ មានព្រះដ៏មានព្រះភាគជាមូល។ បេ។ ម្នាលភិក្ខុទាំងឡាយ វេទនានេះ មាន ៣ យ៉ាង គឺ សុខវេទនា ១ ទុក្ខវេទនា ១ អទុក្ខមសុខវេទនា ១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា វេទនា។ ព្រោះកើតឡើង នៃផស្សៈ (បណ្ឌិតគប្បីសំដែងឲ្យពិស្តារ ដូចសូត្រមុន ៗ ផងចុះ)។

ចប់ សូត្រ ទី៨។

(បញ្ចកង្គ)សូត្រ ទី៩

(៩. បញ្ចកង្គសុត្តំ)

[៥១] គ្រានោះឯង ជាងឈើឈ្មោះ បញ្ចកង្គៈ ចូលទៅរកព្រះឧទាយិដ៏មានអាយុ លុះចូលទៅដល់ ថ្វាយបង្គំព្រះឧទាយិដ៏មានអាយុ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះ ជាងឈើឈ្មោះ បញ្ចកង្គៈ អង្គុយក្នុងទីដ៏សមគួរហើយ បានពោលនឹងព្រះឧទាយិដ៏មាន អាយុ ដូច្នេះថា បពិត្រព្រះឧទាយិដ៏ចំរើន វេទនា ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែង ហើយ មានប៉ុន្មាន។ ម្នាលគហបតី វេទនា ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយ មាន ៣ យ៉ាង គឺសុខវេទនា ១ ទុក្ខវេទនា ១ អទុក្ខមសុខវេទនា ១ ម្នាលគហបតី វេទនា មាន ៣ យ៉ាងនេះឯង ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយ។

[៥២] កាលព្រះឧទាយិ ពោលយ៉ាងនេះហើយ ជាងឈើឈ្មោះ បញ្ចកង្គៈ បានពោលទៅនឹងព្រះឧទាយិដ៏មានអាយុ ដូច្នេះថា បពិត្រព្រះឧទាយិដ៏ចំរើន វេទនា ៣ យ៉ាង ព្រះដ៏មានព្រះភាគ មិនបានទ្រង់សំដែងទេ វេទនា ២ យ៉ាង ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយ គឺសុខវេទនា ១ ទុក្ខវេទនា ១ បពិត្រលោកដ៏ចំរើន ឯអទុក្ខមសុខវេទនា ព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយ ក្នុងសេចក្តីសុខ ដ៏ល្អិតឧត្តម។ ព្រះឧទាយិដ៏មានអាយុ បានពោលនឹងជាងឈើឈ្មោះបញ្ចកង្គៈ ជាគម្រប់ពីរដង ដូច្នេះថា ម្នាលគហបតី វេទនា ២ យ៉ាង ព្រះដ៏មានព្រះភាគ មិនទ្រង់សំដែងទេ វេទនា ៣ យ៉ាងទេតើ ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយ គឺសុខវេទនា ១ ទុក្ខវេទនា ១ អទុក្ខមសុខវេទនា ១ វេទនាទាំង ៣ នេះឯង ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយ។ ជាងឈើ ឈ្មោះបញ្ចកង្គៈ បាននិយាយនឹងព្រះឧទាយិដ៏មានអាយុ ជាគម្រប់ពីរដងទៀត ដូច្នេះថា បពិត្រព្រះឧទាយិដ៏ចំរើន វេទនា ៣ យ៉ាង ព្រះដ៏មានព្រះភាគ មិនទ្រង់សំដែងទេ វេទនាតែពីរយ៉ាង ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយ គឺសុខវេទនា ១ ទុក្ខវេទនា ១ បពិត្រលោកដ៏ចំរើន ឯអទុក្ខមសុខវេទនា ព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយ ក្នុងសេចក្តីសុខ ដ៏ល្អិតឧត្តម។ ព្រះឧទាយិដ៏មានអាយុ បានពោលនឹងជាងឈើឈ្មោះ បញ្ចកង្គៈ ជាគម្រប់ ៣ ដងទៀត ដូច្នេះថា ម្នាលគហបតី វេទនា ២ យ៉ាង ព្រះដ៏មានព្រះភាគ មិនទ្រង់សំដែងទេ វេទនា ៣ យ៉ាងទេតើ ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយ គឺសុខវេទនា ១ ទុក្ខវេទនា ១ អទុក្ខមសុខវេទនា ១ វេទនា ៣ យ៉ាងនេះឯង ព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយ។ ជាងឈើឈ្មោះ បញ្ចកង្គៈ បាននិយាយនឹងព្រះឧទាយិដ៏មានអាយុ ជាគម្រប់ ៣ ដងទៀត ដូច្នេះថា បពិត្រព្រះឧទាយិដ៏ចំរើន វេទនា ៣ យ៉ាង ព្រះដ៏មានព្រះភាគ មិនទ្រង់សំដែងទេ វេទនាតែពីរយ៉ាង ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយ គឺសុខវេទនា ១ ទុក្ខវេទនា ១ បពិត្រលោកដ៏ចំរើន ឯអទុក្ខមសុខវេទនា ព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយ ក្នុងសេចក្តីសុខ ដ៏ល្អិតឧត្តម។ ព្រះឧទាយិដ៏មានអាយុ ក៏មិនអាចពន្យល់ជាងឈើឈ្មោះ បញ្ចកង្គៈ ឲ្យយល់ព្រមបានឡើយ ចំណែកឯជាងឈើឈ្មោះ បញ្ចកង្គៈ ក៏មិនអាចពន្យល់ព្រះឧទាយិដ៏មានអាយុ ឲ្យយល់ព្រមបានដែរ។

[៥៣] ព្រះអានន្ទដ៏មានអាយុ បានស្តាប់ពាក្យចរចា នៃព្រះឧទាយិដ៏មានអាយុនេះ ជាមួយនឹងជាងឈើ ឈ្មោះបញ្ចកង្គៈ។ លំដាប់នោះឯង ព្រះអានន្ទដ៏មានអាយុ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏អង្គុយក្នុងទីដ៏សមគួរ។ លុះព្រះអានន្ទដ៏មានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលពាក្យចរចា របស់ព្រះឧទាយិដ៏មានអាយុ ជាមួយនឹងជាងឈើឈ្មោះ បញ្ចកង្គៈ ត្រាតែសព្វគ្រប់ ចំពោះព្រះដ៏មានព្រះភាគ។ ម្នាលអានន្ទ ជាងឈើឈ្មោះ បញ្ចកង្គៈ មិនបានទទួលអនុមោទនា នូវបរិយាយដែលពិត របស់ឧទាយិភិក្ខុ។ ម្នាលអានន្ទ ឯឧទាយិភិក្ខុ ក៏មិនបានទទួលអនុមោទនា នូវបរិយាយដែលពិត របស់ជាងឈើឈ្មោះ បញ្ចកង្គៈដែរ។

[៥៤] ម្នាលអានន្ទ វេទនាទាំង ២ ក្តី ក៏តថាគតសំដែងហើយ ដោយបរិយាយ វេទនាទាំង ៣ ក្តី ក៏តថាគតសំដែងហើយ ដោយបរិយាយ វេទនាទាំង ៥ ក្តី ក៏តថាគត សំដែងហើយ ដោយបរិយាយ វេទនាទាំង ៦ ក្តី ក៏តថាគត សំដែងហើយ ដោយបរិយាយ វេទនាទាំង ១៨ ក្តី ក៏តថាគត សំដែងហើយ ដោយបរិយាយ វេទនាទាំង ៣៦ ក្តី ក៏តថាគតសំដែងហើយ ដោយបរិយាយ វេទនាទាំង ១០៨ ក្តី ក៏តថាគត សំដែងហើយ ដោយបរិយាយ។ ម្នាលអានន្ទ ធម៌ដែលតថាគតសំដែងហើយ ដោយបរិយាយ យ៉ាងនេះ។ ម្នាលអានន្ទ កាលបើធម៌ ដែលតថាគត សំដែងដោយបរិយាយ យ៉ាងនេះហើយ ពួកជនឯណា មិនព្រមសំគាល់តាម មិនយល់ព្រម មិនព្រមអនុមោទនា នូវធម៌ដែលតថាគត សំដែងទុកហើយ ដោយល្អ ពោលទុកហើយ ដោយល្អ ដល់គ្នានឹងគ្នា។ ពួកជនទាំងនោះ ត្រូវនឹកសង្ឃឹមនូវហេតុនេះ គឺនឹងមានសេចក្តីប្រកួតប្រកាន់ មានជំលោះ ដល់នូវសេចក្តីទាស់ទែង ចាក់ដោតគ្នាទៅវិញទៅមក ដោយលំពែង គឺមាត់។ ម្នាលអានន្ទ ធម៌ដែលតថាគត សំដែងហើយ ដោយបរិយាយ យ៉ាងនេះឯង។ ម្នាល អានន្ទ កាលបើធម៌ ដែលតថាគតសំដែង ដោយបរិយាយ យ៉ាងនេះហើយ ពួកជនឯណា ព្រមសំគាល់តាម យល់ព្រម ព្រមអនុមោទនា ដល់គ្នានឹងគ្នា នូវធម៌ដែលតថាគត សំដែងទុកហើយ ដោយល្អ ពោលទុកហើយដោយល្អ។ ជនទាំងនោះ ត្រូវនឹកសង្ឃឹម នូវហេតុនេះ គឺ នឹងជាអ្នកមានសេចក្តីព្រមព្រៀងគ្នា រីករាយរកគ្នា មិនទាស់ទែង ដូចជាទឹក ដែលលាយដោយទឹកដោះ ឃើញគ្នានឹងគ្នា ដោយចក្ខុជាទីស្រឡាញ់។

[៥៥] ម្នាលអានន្ទ កាមគុណទាំងឡាយនេះ មាន ៥ យ៉ាង។ កាមគុណ ទាំង ៥ យ៉ាង តើដូចម្តេច។ គឺរូបទាំងឡាយ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីពេញចិត្ត ជាទីស្រឡាញ់ ប្រកបដោយកាម គួរជាទីតម្រេក ដែលគប្បីដឹងបានដោយចក្ខុ។ បេ។ ផោដ្ឋព្វៈទាំងឡាយ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីពេញចិត្ត ជាទីស្រឡាញ់ ប្រកបដោយកាម គួរជាទីតម្រេក ដែលគប្បីដឹងបានដោយកាយ។ ម្នាលអានន្ទ កាមគុណទាំងឡាយ មាន ៥ យ៉ាងនេះឯង។ ម្នាលអានន្ទ សេចក្តីសុខសោមនស្សឯណា ដែលកើតឡើង ព្រោះអាស្រ័យកាមគុណទាំង ៥ នេះ សេចក្តីសុខសោមនស្សនេះ ហៅថាកាមសុខ។

[៥៦] ម្នាលអានន្ទ ពួកជនឯណាគប្បីពោលយ៉ាងនេះថា ពួកសត្វតែងសោយនូវ សេចក្តីសុខសោមនស្ស ដ៏ល្អិតក្រៃលែងនុ៎ះ។ តថាគត មិនព្រមអនុញ្ញាតពាក្យនេះ ដល់ជនទាំងនោះទេ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលអានន្ទ ព្រោះថា សេចក្តីសុខដទៃដែលល្អជាង និងថ្លៃថ្លាជាងសេចក្តីសុខនុ៎ះ នៅមានដែរ។

[៥៧] ម្នាលអានន្ទ សេចក្តីសុខដទៃ ដែលល្អជាង និងថ្លៃថ្លាជាងសេចក្តីសុខនោះ តើដូចម្តេច។ ម្នាលអានន្ទ ភិក្ខុក្នុងសាសនានេះ ស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាក អកុសលធម៌ទាំងឡាយហើយ ចូលកាន់បឋមជ្ឈាន ប្រកបដោយវិតក្កវិចារៈ មានបីតិ និងសុខៈ ដែលកើតអំពីវិវេក សម្រេចសម្រាន្តនៅ។ ម្នាលអានន្ទ នេះឯង ជាសេចក្តីសុខដទៃ ដែលល្អជាង និងថ្លៃថ្លាជាងសេចក្តីសុខនុ៎ះ។ ម្នាលអានន្ទ ពួកជនឯណា គប្បីពោល យ៉ាងនេះថា ពួកសត្វ រមែងសោយនូវសេចក្តីសុខសោមនស្ស ដ៏ល្អិតក្រៃលែងនុ៎ះ។ តថាគត មិនព្រមអនុញ្ញាតពាក្យនេះ ដល់ជនទាំងនោះទេ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលអានន្ទ ព្រោះថា សេចក្តីសុខដទៃ ដែលល្អជាង និងថ្លៃថ្លាជាងសេចក្តីសុខនុ៎ះ នៅមានដែរ។

[៥៨] ម្នាលអានន្ទ សេចក្តីសុខដទៃ ដែលល្អជាង និងថ្លៃថ្លាជាងសេចក្តីសុខនុ៎ះ តើដូចម្តេច។ ម្នាលអានន្ទ ភិក្ខុក្នុងសាសនានេះ បានរម្ងាប់នូវវិតក្កវិចារហើយ ចូលកាន់ ទុតិយជ្ឈាន ជាធម្មជាតិកើតមាន ក្នុងសន្តាននៃខ្លួន ប្រកបដោយសេចក្តីជ្រះថ្លា គឺសទ្ធា មានសភាព ជាចិត្តខ្ពស់ឯក មិនមានវិតក្ក មិនមានវិចារ មានតែបីតិ និងសុខកើតអំពីសមាធិ គឺបឋមជ្ឈាន សម្រេចសម្រាន្តនៅ។ ម្នាលអានន្ទ នេះឯង ជាសេចក្តីសុខដទៃដែលល្អជាង និងថ្លៃថ្លាជាងសេចក្តីសុខនុ៎ះ។ ម្នាលអានន្ទ ពួកជនឯណា គប្បីពោលយ៉ាងនេះថា ពួកសត្វ តែងសោយ នូវសេចក្តីសុខសោមនស្ស ដ៏ល្អិតក្រៃលែងនុ៎ះ។ តថាគត ក៏មិនព្រមអនុញ្ញាតពាក្យនេះ ដល់ពួកជនទាំងនោះទេ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលអានន្ទ ព្រោះថា សេចក្តីសុខដទៃ ដែលល្អជាង និងថ្លៃថ្លាជាងសេចក្តីសុខនុ៎ះ នៅមានដែរ។

[៥៩] ម្នាលអានន្ទ មួយវិញទៀត សេចក្តីសុខដទៃ ដែលល្អជាង និងថ្លៃថ្លាជាងសេចក្តីសុខនុ៎ះ តើដូចម្តេច។ ម្នាលអានន្ទ ភិក្ខុក្នុងសាសនានេះ ព្រោះប្រាសចាកបីតិផង ប្រកបដោយឧបេក្ខាផង មានស្មារតី ជាអ្នកដឹងខ្លួនផង តែងសោយនូវសេចក្តីសុខ ដោយនាមកាយផង ពួកព្រះអរិយៈ តែងសរសើរភិក្ខុនោះថា ជាអ្នកមានឧបេក្ខា ជាអ្នកមានស្មារតី មានធម៌ជាគ្រឿងនៅជាសុខ ដូច្នេះ ហើយចូលកាន់តតិយជ្ឈាន សម្រេចសម្រាន្តនៅ។ ម្នាលអានន្ទ នេះឯង ជាសេចក្តីសុខដទៃ ដែលល្អជាង និងថ្លៃថ្លាជាងសេចក្តីសុខនុ៎ះ។ ម្នាលអានន្ទ ពួកជនឯណា គប្បីពោលយ៉ាងនេះថា ពួកសត្វ តែងសោយនៅសេចក្តីសុខសោមនស្ស ជារបស់ដ៏ល្អិតក្រៃលែងនុ៎ះ។ តថាគតមិនព្រមអនុញ្ញាតពាក្យនេះ ដល់ជនទាំងនោះទេ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលអានន្ទ ព្រោះថា សេចក្តីសុខដទៃ ដែលល្អជាង និងថ្លៃថ្លាជាងសេចក្តីសុខនុ៎ះ នៅ មានដែរ។

[៦០] ម្នាលអានន្ទ ចុះសេចក្តីសុខដទៃ ដែលល្អជាង និងថ្លៃថ្លាជាងសេចក្តីសុខនុ៎ះ តើដូចម្តេច។ ម្នាលអានន្ទ ភិក្ខុក្នុងសាសនានេះ ព្រោះលះបង់ នូវសេចក្តីសុខផង ព្រោះលះបង់ នូវសេចក្តីទុក្ខផង ព្រោះរំលត់ នូវសេចក្តីសោមនស្ស និងទោមនស្ស ក្នុងកាលមុនផង ហើយចូលកាន់ចតុត្ថជ្ឈាន ជាធម្មជាតិមិនមានទុក្ខ មិនមានសុខ មានស្មារតី បរិសុទ្ធដោយឧបេក្ខា សម្រេចសម្រាន្តនៅ។ ម្នាលអានន្ទ នេះឯង ជាសេចក្តីសុខដទៃ ដែលល្អជាង និងថ្លៃថ្លាជាងសេចក្តីសុខនុ៎ះ។

[៦១] ម្នាលអានន្ទ ពួកជនឯណា គប្បីពោល យ៉ាងនេះថា ពួកសត្វតែងសោយ នូវសេចក្តីសុខសោមនស្ស ជារបស់ដ៏ល្អិតក្រៃលែងនុ៎ះ។ តថាគត មិនព្រមអនុញ្ញាតពាក្យនេះ ដល់ជនទាំងនោះទេ។ ដំណើនោះ ព្រោះហេតុអ្វី។ ម្នាលអានន្ទ ព្រោះថា សេចក្តីសុខដទៃ ដែលល្អជាង និងថ្លៃថ្លាជាងសេចក្តីសុខនុ៎ះ នៅមានដែរ។

[៦២] ម្នាលអានន្ទ សេចក្តីសុខដទៃដែលល្អជាង និងថ្លៃថ្លាជាងសេចក្តីសុខនុ៎ះ តើដូចម្តេច។ ម្នាលអានន្ទ ភិក្ខុក្នុងសាសនានេះ ព្រោះកន្លងបង់ នូវរូបសញ្ញាទាំងឡាយ ព្រោះមានបដិឃសញ្ញារលត់អស់ទៅ ព្រោះលែងធ្វើទុកក្នុងចិត្ត នូវនានត្តសញ្ញា ដោយប្រការទាំងពួង ទើបចូលកាន់អាកាសានញ្ចាយតនជ្ឈាន ដោយគិតថា អាកាសមិនមានទីបំផុត សម្រេចសម្រាន្តនៅ។ ម្នាលអានន្ទ នេះឯង ជាសេចក្តីសុខដទៃ ដែល ល្អជាង និងថ្លៃថ្លាជាងសចក្តីសុខនុ៎ះ។ ម្នាលអានន្ទ ពួកជនឯណា គប្បីពោលយ៉ាងនេះ ថា ពួកសត្វរមែងសោយ នូវសេចក្តីសុខសោមនស្ស ដ៏ល្អិតក្រៃលែងនុ៎ះ។ តថាគតមិន ព្រមអនុញ្ញាតពាក្យនេះ ដល់ជនទាំងនោះទេ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលអានន្ទ ព្រោះថា សេចក្តីសុខដទៃ ដែលល្អជាង និងថ្លៃថ្លាជាងសេចក្តីសុខនុ៎ះ នៅមានដែរ។

[៦៣] ម្នាលអានន្ទ សេចក្តីសុខដទៃដែលល្អជាង និងថ្លៃថ្លាជាងសេចក្តីសុខនុ៎ះ តើ ដូចម្តេច។ ម្នាលអានន្ទ ភិក្ខុក្នុងសាសនានេះ កន្លងបង់ នូវអាកាសានញ្ចាយតនជ្ឈានដោយប្រការទាំងពួង ហើយទើបចូលកាន់វិញ្ញាណញ្ចាយតនជ្ឈាន ដោយគិតថា វិញ្ញាណមិនមានទីបំផុត សម្រេចសម្រាន្តនៅ។ ម្នាលអានន្ទ នេះឯង ជាសេចក្តីសុខដទៃ ដែលល្អជាង និងថ្លៃថ្លាជាងសេចក្តីសុខនុ៎ះ។ ម្នាលអានន្ទ ពួកជនឯណា គប្បីពោល យ៉ាងនេះថា ពួកសត្វ រមែងសោយនូវសេចក្តីសុខសោមនស្ស ដ៏ល្អិតក្រៃលែងនុ៎ះ។ តថាគត មិនព្រមអនុញ្ញាតពាក្យនេះ ដល់ជនទាំងនោះទេ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលអានន្ទ ព្រោះថា សេចក្តីសុខដទៃ ដែលល្អជាង និងថ្លៃថ្លាជាងសេចក្តីសុខនុ៎ះ នៅ មានដែរ។

[៦៤] ម្នាលអានន្ទ ចុះសេចក្តីសុខដទៃដែលល្អជាង និងថ្លៃថ្លាជាងសេចក្តីសុខនុ៎ះ តើដូចម្តេច។ ម្នាលអានន្ទ ភិក្ខុក្នុងសាសនានេះ បានកន្លងបង់ នូវវិញ្ញាណញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង ហើយចូលកាន់អាកិញ្ចញ្ញាយតនជ្ឈាន ដោយគិតថា អ្វីតិចតួច មិនមាន សម្រេចសម្រាន្តនៅ។ ម្នាលអានន្ទ នេះឯង ជាសេចក្តីសុខដទៃ ដែលល្អជាង និងថ្លៃថ្លាជាងសេចក្តីសុខនុ៎ះ។ ម្នាលអានន្ទ ពួកជនឯណា គប្បីពោលយ៉ាងនេះថា ពួកសត្វ រមែងសោយ នូវសេចក្តីសុខសោមនស្ស ដ៏ល្អិតក្រៃលែងនុ៎ះ។ តថាគតមិនព្រមអនុញ្ញាតពាក្យនេះ ដល់ជនទាំងនោះទេ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលអានន្ទ ព្រោះថាសេចក្តីសុខដទៃដែលល្អជាង និងថ្លៃថ្លាជាងសេចក្តីសុខនុ៎ះ នៅមានដែរ។

[៦៥] ម្នាលអានន្ទ ចុះសេចក្តីសុខដទៃដែលល្អជាង និងថ្លៃថ្លាជាងសេចក្តីសុខ នុ៎ះ តើដូចម្តេច។ ម្នាលអានន្ទ ភិក្ខុក្នុងសាសនានេះ បានកន្លងបង់ នូវអាកិញ្ចញ្ញាយតនជ្ឈាន ដោយប្រការទាំងពួង ហើយចូលកាន់នេវសញ្ញានាសញ្ញាយតនជ្ឈាន សម្រេចសម្រាន្តនៅ។ ម្នាលអានន្ទ នេះឯង ជាសេចក្តីសុខដទៃ ដែលល្អជាង និងថ្លៃថ្លា ជាងសេចក្តីសុខនុ៎ះ។ ម្នាលអានន្ទ ពួកជនឯណា គប្បីពោលយ៉ាងនេះថា ពួកសត្វតែង សោយនូវសេចក្តីសុខសោមនស្ស ដ៏ល្អិតក្រៃលែងនុ៎ះ។ តថាគត មិនព្រមអនុញ្ញាតពាក្យនេះ ដល់ជនទាំងនោះទេ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលអានន្ទ ព្រោះថាសេចក្តីសុខដទៃ ដែលល្អជាង និងថ្លៃថ្លាជាងសេចក្តីសុខនុ៎ះ នៅមានដែរ។

[៦៦] ម្នាលអានន្ទ ចុះសេចក្តីសុខដទៃ ដែលល្អជាង និងថ្លៃថ្លាជាងសេចក្តីសុខនុ៎ះ តើដូចម្តេច។ ម្នាលអានន្ទ ភិក្ខុក្នុងសាសនានេះ បានកន្លងបង់ នូវនេវសញ្ញានាសញ្ញាយតនជ្ឈាន ដោយប្រការទាំងពួង ហើយចូលកាន់សញ្ញាវេទយិតនិរោធ សម្រេចសម្រាន្ត នៅ។ ម្នាលអានន្ទ នេះឯង ជាសេចក្តីសុខដទៃ ដែលល្អជាង និងថ្លៃថ្លាជាងសចក្តីសុខនុ៎ះ។ ពួកអន្យតិរ្ថិយបរិព្វាជក គប្បីពោលយ៉ាងនេះថា ព្រះសមណគោតម ទ្រង់ត្រាស់នូវ សញ្ញាវេទយិតនិរោធផង ទ្រង់បញ្ញត្ត នូវសញ្ញាវេទយិតនិរោធនោះ ក្នុងសេចក្តីសុខផង សេចក្តីសុខនោះ ដូចម្តេច សេចក្តីសុខនោះ មានប្រការដូចម្តេច ដោយហេតុឯណា ម្នាលអានន្ទ ហេតុនុ៎ះ ក៏រមែងមានដែរ។ ម្នាលអានន្ទ ពួកអន្យតិរ្ថិយបរិព្វាជក អ្នកមានវាទៈយ៉ាងនេះ អ្នកទាំងឡាយ គប្បីពោល យ៉ាងនេះវិញថា ម្នាលអាវុសោ ព្រះដ៏មានព្រះភាគ មិនទ្រង់បញ្ញត្ត នូវសញ្ញាវេទយិតនិរោធ ក្នុងសេចក្តីសុខ ព្រោះសំដៅយកសុខវេទនាតែម្យ៉ាងទេ ម្នាលអាវុសោ សេចក្តីសុខ ដែលបុគ្គលបានទទួល ក្នុងទីណា ៗ សេចក្តីសុខ មាននៅក្នុងទីណា ៗ ព្រះតថាគត ទ្រង់បញ្ញត្តនូវទីនោះ ៗ ក្នុងសេចក្តីសុខ ដែរ។

ចប់ សូត្រ ទី៩។

(ភិក្ខុ)សូត្រ ទី១០

(១០. ភិក្ខុសុត្តំ)

[៦៧] ម្នាលភិក្ខុទាំងឡាយ វេទនា ទាំង ២ ក្តី តថាគតសំដែងហើយ ដោយបរិយាយ វេទនាទាំង ៣ ក្តី តថាគតសំដែងហើយ ដោយបរិយាយ វេទនាទាំង ៥ ក្តី តថាគតសំដែងហើយ ដោយបរិយាយ វេទនាទាំង ៦ ក្តី តថាគតសំដែងហើយ ដោយបរិយាយ វេទនាទាំង ១៨ ក្តី តថាគតសំដែងហើយ ដោយបរិយាយ វេទនាទាំង ៣៦ ក្តី តថាគតសំដែងហើយ ដោយបរិយាយ វេទនាទាំង ១០៨ ក្តី តថាគតសំដែងហើយ ដោយបរិយាយ។ ម្នាលភិក្ខុទាំងឡាយ ធម៌ដែលតថាគតសំដែងហើយ ដោយបរិយាយ យ៉ាងនេះ ម្នាលភិក្ខុទាំងឡាយ កាលបើធម៌ ដែលតថាគតសំដែង ដោយបរិយាយយ៉ាង នេះហើយ ពួកជនឯណា មិនព្រមសំគាល់តាម មិនយល់ព្រម មិនព្រមអនុមោទនា នូវធម៌ដែលតថាគតសំដែងហើយ ដោយល្អ ពោលទុកហើយដោយល្អ ដល់គ្នានឹងគ្នា។ ជនទាំងនោះ ត្រូវនឹកសង្ឃឹមហេតុនេះ គឺជាអ្នកមានសេចក្តីប្រកួតប្រកាន់ មានជំលោះ ដល់នូវការទាស់ទែង ចាក់ដោតគ្នាទៅវិញទៅមក ដោយលំពែង គឺមាត់។ ម្នាលភិក្ខុទាំងឡាយ ធម៌ដែលតថាគត សំដែងហើយ ដោយបរិយាយ យ៉ាងនេះឯង ម្នាលភិក្ខុទាំងឡាយ កាលបើធម៌ ដែលតថាគត សំដែងដោយបរិយាយ យ៉ាងនេះហើយ ពួកជនឯណា នឹងព្រមសំគាល់តាម យល់ព្រម ព្រមអនុមោទនា នូវធម៌ ដែលតថាគតសំដែងទុកល្អហើយ ពោលទុកល្អហើយ ដល់គ្នានឹងគ្នា។ ជនទាំងនោះ ត្រូវនឹកសង្ឃឹមហេតុនេះ គឺជាអ្នកមានសេចក្តីព្រមព្រៀង ស្រុះស្រួល មិនទាស់ទែង ដូចជាទឹកដែលលាយដោយទឹកដោះ ឃើញនូវគ្នានឹងគ្នា្ ដោយចក្ខុជាទីស្រឡាញ់។

[៦៨] ម្នាលភិក្ខុទាំងឡាយ កាមគុណទាំងឡាយនេះ មាន ៥ យ៉ាង។ បេ។ ពួកអន្យតិរ្ថិយបរិព្វាជក គប្បីពោលយ៉ាងនេះថា ព្រះសមណគោតម ទ្រង់ត្រាស់នូវសញ្ញាវេទយិតនិរោធផង ទ្រង់បញ្ញត្ត នូវសញ្ញាវេទយិតនិរោធនោះ ក្នុងសេចក្តីសុខផង សេចក្តីសុខនោះ ដូចម្តេច សេចក្តីសុខនោះ មានប្រការដូចម្តេច ដោយហេតុឯណា ម្នាលភិក្ខុទាំងឡាយ ហេតុនុ៎ះ រមែងមានដែរ។ ម្នាលភិក្ខុទាំងឡាយ ពួកអន្យតិរ្ថិយបរិព្វាជក ជាអ្នកមានវាទៈ យ៉ាងនេះ អ្នកទាំងឡាយ គប្បីពោល យ៉ាងនេះវិញថា ម្នាលអាវុសោ ព្រះដ៏មានព្រះភាគ មិនទ្រង់បញ្ញត្តសញ្ញាវេទយិតនិរោធ ក្នុងសេចក្តីសុខ ព្រោះសំដៅយកសុខវេទនាតែម្យ៉ាងទេ ម្នាលអាវុសោ សេចក្តីសុខ ដែលបុគ្គល បានទទួលក្នុងទីណា ៗ សេចក្តីសុខ មាននៅក្នុងទីណា ៗ ព្រះតថាគត ទ្រង់បញ្ញត្តនូវទីនោះ ៗ ក្នុងសេចក្តីសុខដែរ។

ចប់ សូត្រ ទី១០។

ចប់ រហោគតវគ្គ ទី ២

ឧទ្ទាននៃរហោគតវគ្គនោះគឺ

និយាយអំពីភិក្ខុសម្ងំនៅក្នុងទីស្ងាត់ ១ និយាយអំពីខ្យល់បក់ទៅក្នុងទិស មាន ២ លើក និយាយអំពីផ្ទះសំណាក់ ១ អំពីព្រះអានន្ទទូលសួរអំពីវេទនា មាន ២ លើក អំពីភិក្ខុច្រើនរូប មាន ២ លើក អំពីជាងឈើ ឈ្មោះបញ្ចកង្គៈ ១ អំពីវេទនាមានពីរ ជាដើម ចំពោះភិក្ខុទាំងឡាយ ១។

អដ្ឋសតបរិយាយវគ្គ ទី៣

(៣. អដ្ឋសតបរិយាយវគ្គោ)

(សីវក)សូត្រ ទី១

(១. សីវកសុត្តំ)

[៦៩] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវន ជាកលន្ទកនិវាបស្ថាន ទៀបក្រុងរាជគ្រឹះ។ គ្រានោះឯង មោឡិយសិវកបរិព្វាជក ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះដ៏មានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររព្ញកហើយ អង្គុយក្នុងទីដ៏សមគួរ។ លុះមោឡិយសិវកបរិព្វាជក អង្គុយក្នុងទីដ៏សមគួរហើយ ទើបក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន មានសមណព្រាហ្មណ៍ពួកមួយ ជាអ្នកមានវាទៈ យ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា បុរសបុគ្គលនេះ តែងសោយនូវវេទនាណាមួយ ជាសុខក្តី ទុក្ខក្តី មិនទុក្ខមិនសុខក្តី ការសោយវេទនាទាំងអស់នោះ មានកម្មដែលខ្លួនបានធ្វើហើយ ក្នុងកាលមុន ជាហេតុ។ ចុះព្រះគោតមដ៏ចំរើន ទ្រង់ត្រាស់ដូចម្តេច ក្នុងហេតុនេះ។ ម្នាលសិវកៈ ការសោយអារម្មណ៍ពួកខ្លះ ក្នុងលោកនេះ មានប្រមាត់ជាសមុដ្ឋានកើតឡើង ក៏មាន។ ការសោយអារម្មណ៍ពួកខ្លះ ក្នុងលោកនេះ មានប្រមាត់ជាសមុដ្ឋានកើតឡើង ក៏មាន យ៉ាងណា ម្នាលសិវកៈ ដំណើរនុ៎ះ បុគ្គល គប្បីដឹងច្បាស់ ដោយខ្លួនឯង យ៉ាងនោះចុះ។ ការសោយអារម្មណ៍ពួកខ្លះ ក្នុងលោកនេះ មានប្រមាត់ជាសមុដ្ឋានកើតឡើង ក៏មាន យ៉ាងណា ម្នាលសិវកៈ ដំណើរនុ៎ះ បុគ្គល សន្មតថាជារបស់ពិត នៃសត្វលោក ក៏យ៉ាងនោះដែរ។ ម្នាលសិវកៈ បណ្តាសមណព្រាហ្មណ៍ទាំងនោះ ពួកសមណព្រាហ្មណ៍ឯណា ជាអ្នកមានវាទៈ យ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា បុរសបុគ្គលនេះ រមែងសោយនូវអារម្មណ៍ឯណានីមួយ ជាសុខក្តី ទុក្ខក្តី មិនទុក្ខ មិនសុខក្តី អារម្មណ៍ទាំងអស់នោះ សុទ្ធតែមានកម្ម ដែលខ្លួនធ្វើហើយ ក្នុងកាលមុនជាហេតុ។ ពួកសមណព្រាហ្មណ៍ រមែងស្ទុះទៅរកហេតុ ដែលខ្លួនបានដឹងច្បាស់ ដោយខ្លួនឯងផង រមែងស្ទុះទៅរកហេតុ ដែលខ្លួនសន្មតថា ជារបស់ពិតក្នុងលោកផង។ ព្រោះហេតុនោះ តថាគត ពោលថា ជាសេចក្តីខុស របស់ពួកសមណព្រាហ្មណ៍ទាំងនោះ។ ម្នាលសិវកៈ ការសោយអារម្មណ៍ មានស្លេស្ម៍ជាសមុដ្ឋានក៏មាន។ បេ។ ម្នាលសិវកៈ ការសោយអារម្មណ៍ មានខ្យល់ជាសមុដ្ឋានក៏មាន។ បេ។ ម្នាលសិវកៈ ការសោយអារម្មណ៍មានការប្រជុំចុះ នៃរោគជាសមុដ្ឋានក៏មាន។ បេ។ ម្នាលសិវកៈ ការសោយអារម្មណ៍ កើតអំពីសេចក្តីប្រែប្រួល នៃរដូវក៏មាន។ ម្នាលសិវកៈ ការសោយអារម្មណ៍កើតអំពីការថែរក្សាឥរិយាបថមិនស្មើគ្នា ក៏មាន។ ម្នាលសិវកៈ ការសោយអារម្មណ៍កើតអំពីសេចក្តីព្យាយាម ក៏មាន។ បេ។ ម្នាលសិវកៈ ការសោយអារម្មណ៍ពួកខ្លះ ក្នុងលោកនេះ កើតអំពីផលនៃកម្ម កើតឡើងក៏មាន។ ការសោយអារម្មណ៍ពួកខ្លះ ក្នុងលោកនេះ កើតមកអំពីផលនៃកម្ម កើតឡើងក៏មាន យ៉ាងណា ម្នាលសិវកៈ ដំណើរនុ៎ះ បុគ្គល គប្បីដឹងច្បាស់ ដោយខ្លួនឯង យ៉ាងនោះចុះ។ ការសោយអារម្មណ៍ពួកខ្លះ ក្នុងលោកនេះ កើតមកអំពីផលនៃកម្ម កើតឡើងក៏មាន យ៉ាងណា ម្នាលសិវកៈ ដំណើរនុ៎ះ បុគ្គល សន្មតថា ជារបស់ពិត នៃសត្វលោក ក៏យ៉ាងនោះដែរ។ ម្នាលសិវកៈ បណ្តាសមណព្រាហ្មណ៍ទាំងនោះ សមណព្រាហ្មណ៍ឯណា ជាអ្នកមានវាទៈ យ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា បុរសបុគ្គលនេះ រមែងសោយអារម្មណ៍ឯណានីមួយ ជាសុខក្តី ទុក្ខក្តី មិនទុក្ខមិនសុខក្តី ការសោយអារម្មណ៍ទាំងអស់នោះ សុទ្ធតែមានកម្ម ដែលខ្លួនបានធ្វើហើយ ក្នុងកាលមុនជាហេតុ។ ពួកសមណព្រាហ្មណ៍ តែងស្ទុះទៅរកហេតុ ដែលខ្លួនបានដឹងច្បាស់ ដោយខ្លួនឯងផង តែងស្ទុះទៅរកហេតុ ដែលខ្លួនសន្មតថា ជារបស់ពិត ក្នុងលោកផង ព្រោះហេតុនោះ តថាគត ពោលថា ជាសេចក្តីខុស របស់ពួកសមណព្រាហ្មណ៍ទាំងនោះ ដូច្នេះ។

[៧០] កាលព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ មោឡិយសិវកបរិព្វាជក បានក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន ច្បាស់ពេកណាស់ បពិត្រព្រះគោតមដ៏ចំរើន ច្បាស់ពេកណាស់ សូមព្រះគោតមដ៏ចំរើន ទ្រង់ចាំទុក នូវខ្ញុំព្រះអង្គ ថាជាឧបាសក អ្នកដល់នូវសរណគមន៍ ស្មើដោយជីវិត តាំងអំពីថ្ងៃនេះ ជាដើមទៅ។

[៧១] ការសោយអារម្មណ៍មានប្រមាត់ជាសមុដ្ឋាន ១ ស្លេស្ម៍ ១ ខ្យល់ ១ ការប្រជុំចុះនៃរោគ ១ រដូវប្រែប្រួល ១ រក្សាឥរិយាបថមិនស្មើគ្នា ១ កើតអំពីសេចក្តីព្យាយាម ១ ជាគម្រប់ ៨ និងផលនៃកម្ម។

ចប់ សូត្រ ទី១។

(អដ្ឋសត)សូត្រ ទី២

(២. អដ្ឋសតសុត្តំ)

[៧២] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងនូវធម្មបរិយាយ ដែលមានបរិយាយ ១០៨ ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់នូវធម្មបរិយាយនោះចុះ។ ម្នាលភិក្ខុទាំងឡាយ ចុះធម្មបរិយាយ មានបរិយាយ ១០៨ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ វេទនាទាំង ២ ក្តី តថាគត សំដែងហើយ ដោយបរិយាយ វេទនាទាំង ៣ ក្តី តថាគត សំដែងហើយ ដោយបរិយាយ វេទនាទាំង ៥ ក្តី តថាគត សំដែងហើយ ដោយបរិយាយ វេទនាទាំង ៦ ក្តី តថាគត សំដែងហើយ ដោយបរិយាយ វេទនាទាំង ១៨ ក្តី តថាគត សំដែងហើយ ដោយបរិយាយ វេទនាទាំង ៣៦ ក្តី តថាគត សំដែងហើយ ដោយបរិយាយ វេទនាទាំង ១០៨ ក្តី តថាគត សំដែងហើយ ដោយបរិយាយ។

[៧៣] ម្នាលភិក្ខុទាំងឡាយ ចុះវេទនាទាំង ២ តើដូចម្តេច គឺ កាយិកវេទនា ១ ចេតសិកវេទនា ១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា វេទនាមាន ២។

[៧៤] ម្នាលភិក្ខុទាំងឡាយ ចុះវេទនាទាំង ៣ តើដូចម្តេច គឺ សុខវេទនា ១ ទុក្ខវេទនា ១ អទុក្ខមសុខវេទនា ១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា វេទនាមាន ៣។

[៧៥] ម្នាលភិក្ខុទាំងឡាយ ចុះវេទនាទាំង ៥ តើដូចម្តេច គឺ សុខិន្រ្ទិយវេទនា ១ ទុក្ខិន្រ្ទិយវេទនា ១ សោមនស្សិន្រ្ទិយវេទនា ១ ទោមនស្សិន្រ្ទិយវេទនា ១ ឧបេក្ខិន្រ្ទិយ វេទនា ១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា វេទនាមាន ៥។

[៧៦] ម្នាលភិក្ខុទាំងឡាយ ចុះវេទនាទាំង ៦ តើដូចម្តេច គឺចក្ខុសម្ផស្ស ជាវេទនា ១។ បេ។ មនោសម្ផស្ស ជាវេទនា ១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា វេទនាមាន ៦។

[៧៧] ម្នាលភិក្ខុទាំងឡាយ ចុះវេទនាទាំង ១៨ តើដូចម្តេច គឺសោមនស្សូបវិចារ វេទនា ៦ ទោមនស្សូបវិចារវេទនា ៦ ឧបេក្ខូបវិចារវេទនា ៦។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា វេទនាមាន ១៨។

[៧៨] ម្នាលភិក្ខុទាំងឡាយ ចុះវេទនាទាំង ៣៦ តើដូចម្តេច គឺ គេហសិតសោមនស្សវេទនា ៦ នេក្ខម្មសិតសោមនស្សវេទនា ៦ គេហសិតទោមនស្សវេទនា ៦ នេក្ខម្មសិតទោមនស្សវេទនា ៦ គេហសិតឧបេក្ខាវេទនា ៦ នេក្ខម្មសិតឧបេក្ខាវេទនា ៦។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា វេទនាមាន ៣៦។

[៧៩] ម្នាលភិក្ខុទាំងឡាយ វេទនា ១០៨ តើដូចម្តេច គឺ វេទនាជាអតីត ៣៦ វេទនាជាអនាគត ៣៦ វេទនាជាបច្ចុប្បន្ន ៣៦។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា វេទនាមាន ១០៨។ ម្នាលភិក្ខុទាំងឡាយ នេះឯង ជាធម្មបរិយាយ មានបរិយាយ ១០៨។

ចប់ សូត្រ ទី២។

(អញ្ញតរភិក្ខុ)សូត្រ ទី៣

(៣. អញ្ញតរភិក្ខុសុត្តំ)

[៨០] គ្រានោះឯង ភិក្ខុមួយរូបចូលទៅគាល់ព្រះដ៏មានព្រះភាគ។ បេ។ លុះភិក្ខុនោះ អង្គុយក្នុងទីដ៏សមគួរហើយ បានក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន វេទនាដូចម្តេច ហេតុជាទីកើតឡើង នៃវេទនាដូចម្តេច បដិបទា ជាហេតុឲ្យដល់ នូវហេតុជាទីកើតឡើង នៃវេទនា ដូចម្តេច ការរលត់ទៅ នៃវេទនាដូចម្តេច បដិបទា ជាហេតុឲ្យដល់នូវការរលត់ទៅ នៃវេទនាដូចម្តេច អានិសង្ស នៃវេទនាដូចម្តេច ទោសនៃវេទនា ដូចម្តេច ការរលាស់ចេញ នូវវេទនាដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ វេទនាទាំងនេះ មាន ៣ យ៉ាង គឺសុខវេទនា ១ ទុក្ខវេទនា ១ អទុក្ខមសុខវេទនា ១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា វេទនា។ ហេតុជាទីកើតឡើង នៃវេទនា ព្រោះកើតឡើងនៃផស្សៈ តណ្ហា ជាបដិបទា ជាហេតុឲ្យដល់ នូវការកើតឡើង នៃវេទនា ការរលត់ទៅ នៃវេទនា ព្រោះរលត់នៃផស្សៈ អដ្ឋង្គិកមគ្គ ដ៏ប្រសើរនេះឯង ជាបដិបទា ជាហេតុឲ្យដល់ នូវការរលត់ទៅ នៃវេទនា។ អដ្ឋង្គិកមគ្គ តើអ្វីខ្លះ។ គឺសម្មាទិដ្ឋិ ១។បេ។ សម្មាសមាធិ ១។ សេចក្តីសុខសោមនស្ស កើតឡើង ព្រោះអាស្រ័យ នូវវេទនាឯណា នេះជាអានិសង្សនៃវេទនា។ វេទនាឯណាមិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលទៅ ជាធម្មតា នេះជាទោសនៃវេទនា។ ការបន្ទោបង់នូវឆន្ទរាគ ការលះបង់ នូវឆន្ទរាគ ក្នុងវេទនាឯណា នេះជាការរលាស់ចេញ នូវវេទនា។

ចប់ សូត្រ ទី៣។

(បុព្វ)សូត្រ ទី៤

(៤. បុព្វសុត្តំ)

[៨១] ម្នាលភិក្ខុទាំងឡាយ កាលពីដើមដែលតថាគតនៅជាពោធិសត្វ មិនទាន់បានត្រាស់សម្ពោធិញ្ញាណនៅឡើយ មានសេចក្តីត្រិះរិះ ដូច្នេះថា វេទនាដូចម្តេច ហេតុជាទីកើតឡើង នៃវេទនា ដូចម្តេច បដិបទា ជាហេតុឲ្យដល់ នូវការកើតឡើង នៃវេទនា ដូចម្តេច ការរលត់ទៅ នៃវេទនា ដូចម្តេច បដិបទា ជាហេតុឲ្យដល់ នូវការរលត់ទៅ នៃវេទនាដូចម្តេច អានិសង្ស នៃវេទនាដូចម្តេច ទោសនៃវេទនា ដូចម្តេច ការរលាស់ចេញ នូវវេទនាដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ តថាគតនោះ មានសេចក្តីត្រិះរិះ ដូច្នេះទៀតថា វេទនាទាំងឡាយនេះ មាន ៣ យ៉ាង គឺសុខវេទនា ១ ទុក្ខវេទនា ១ អទុក្ខមសុខវេទនា ១។ នេះហៅថា វេទនា។ ការកើតឡើង នៃវេទនា ព្រោះការកើតឡើង នៃផស្សៈ តណ្ហាជាបដិបទា ជាហេតុឲ្យដល់ នូវការកើតឡើង នៃវេទនា។បេ។ ការបន្ទោបង់ នូវឆន្ទរាគ ការលះបង់ នូវឆន្ទរាគ ក្នុងវេទនាឯណា នេះជាការរលាស់ចេញ នូវវេទនា។

ចប់ សូត្រ ទី៤។

(ញាណ)សូត្រ ទី៥

(៥. ញាណសុត្តំ)

[៨២] ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើង ញាណកើតឡើង បញ្ញាកើតឡើង វិជ្ជាកើតឡើង ពន្លឺកើតឡើងហើយ ដល់តថាគត ក្នុងធម៌ទាំងឡាយ ដែលតថាគតមិនធ្លាប់បានឮពីកាលមុនថា នេះជាវេទនា ដូច្នេះឡើយ។ ម្នាលភិក្ខុទាំងឡាយ ចក្ខុ កើតឡើង ញាណកើតឡើង បញ្ញាកើតឡើង វិជ្ជាកើតឡើង ពន្លឺកើតឡើងហើយ ដល់តថាគត ក្នុងធម៌ទាំងឡាយ ដែលតថាគត មិនធ្លាប់បានឮកាលពីមុនថា នេះជាហេតុកើតឡើង នៃវេទនា ដូច្នេះឡើយ។ ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើង។បេ។ ពន្លឺកើតឡើងហើយ ដល់តថាគត ក្នុងធម៌ទាំងឡាយ ដែលតថាគត មិនធ្លាប់បានឮពីកាលមុនថា នេះជាបដិបទា ជាហេតុឲ្យដល់នូវការកើតឡើង នៃវេទនា ដូច្នេះឡើយ។ ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើង។ បេ។ ពន្លឺកើតឡើងហើយ ដល់តថាគត ក្នុងធម៌ទាំងឡាយ ដែលតថាគត មិនធ្លាប់បានឮពីកាលមុនថា នេះឯង ជាការរលត់ទៅ នៃវេទនា ដូច្នេះឡើយ។ ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើង។ បេ។ ពន្លឺកើតឡើងហើយ ដល់តថាគត ក្នុងធម៌ទាំងឡាយ ដែលតថាគត មិនធ្លាប់បានឮពីកាលមុនថា នេះជាបដិបទា ជាហេតុឲ្យដល់នូវការរលត់ទៅ នៃវេទនា ដូច្នេះឡើយ។ ម្នាលភិក្ខុទាំងឡាយ ក្នុងធម៌ទាំងឡាយ ដែលតថាគត មិនធ្លាប់បានឮពីកាលមុនថា នេះជាអានិសង្ស នៃវេទនា។ បេ។ ម្នាលភិក្ខុទាំងឡាយ ក្នុងធម៌ទាំងឡាយ ដែលតថាគត មិនធ្លាប់បានឮពីកាលមុនថា នេះជាទោស នៃវេទនា។ បេ។ ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើង ញាណកើតឡើង បញ្ញាកើតឡើង វិជ្ជាកើតឡើង ពន្លឺកើតឡើងហើយ ដល់តថាគត ក្នុងធម៌ទាំងឡាយ ដែលតថាគត មិនធ្លាប់បានឮពីកាលមុន ថា នេះជាការរលាស់ចេញ នូវវេទនា។

ចប់ សូត្រ ទី៥។

(សម្ពហុលភិក្ខុ)សូត្រ ទី៦

(៦. សម្ពហុលភិក្ខុសុត្តំ)

[៨៣] គ្រានោះឯង ពួកភិក្ខុច្រើនរូប ចូលទៅគាល់ព្រះដ៏មានព្រះភាគ។ បេ។ លុះភិក្ខុទាំងនោះ អង្គុយក្នុងទីសមគួរហើយ បានក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន វេទនា តើដូចម្តេច ហេតុជាទីកើតឡើង នៃវេទនា តើដូចម្តេច បដិបទា ជាហេតុឲ្យដល់នូវការកើតឡើង នៃវេទនា តើដូចម្តេច។បេ។ អានិសង្ស នៃវេទនា តើដូចម្តេច ទោសនៃវេទនា តើដូចម្តេច ការរលាស់ចេញ នូវវេទនា តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ វេទនាទាំងឡាយនេះ មាន ៣ យ៉ាង គឺសុខវេទនា ១ ទុក្ខវេទនា ១ អទុក្ខមសុខវេទនា ១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា វេទនា។ ការកើតឡើង នៃវេទនា ព្រោះកើតឡើង នៃផស្សៈ តណ្ហាជាបដិបទា ជាហេតុឲ្យដល់នូវការកើតឡើង នៃវេទនា ព្រោះរលត់នៃផស្សៈ។បេ។ ការបន្ទោបង់ នូវឆន្ទរាគ ការលះបង់ នូវឆន្ទរាគ ក្នុងវេទនាឯណា នេះជាសេចក្តីរលាស់ចេញ នូវវេទនា។

ចប់ សូត្រ ទី៦។

(បឋមសមណព្រាហ្មណ)សូត្រ ទី៧

(៧. បឋមសមណព្រាហ្មណសុត្តំ)

[៨៤] ម្នាលភិក្ខុទាំងឡាយ វេទនាទាំងឡាយនេះ មាន ៣ យ៉ាង។ វេទនា ៣ យ៉ាង តើដូចម្តេច។ គឺសុខវេទនា ១ ទុក្ខវេទនា ១ អទុក្ខមសុខវេទនា ១។ ម្នាលភិក្ខុទាំងឡាយ ក៏ពួកសមណៈ ឬព្រាហ្មណ៍ឯណានីមួយ មិនដឹងច្បាស់ នូវហេតុជាទីកើតឡើងផង នូវការរលត់ផង នូវអានិសង្សផង នូវទោសផង នូវការរលាស់ចេញផង នូវវេទនា ទាំង ៣ នេះ តាមពិត។ ម្នាលភិក្ខុទាំងឡាយ ពួកសមណព្រាហ្មណ៍ទាំងនុ៎ះ មិនសន្មតថា ជាសមណៈ ក្នុងពួកសមណៈ ឬសន្មតថាជាព្រាហ្មណ៍ ក្នុងពួកព្រាហ្មណ៍ទេ មួយវិញទៀត លោកដ៏មានអាយុទាំងនោះ មិនទាន់បានធ្វើឲ្យជាក់ច្បាស់ សម្រេចដោយប្រាជ្ញា ដ៏ឧត្តម ដោយខ្លួនឯង នូវសាមញ្ញគុណក្តី នូវព្រហ្មញ្ញគុណក្តី ក្នុងបច្ចុប្បន្ន សម្រេចសម្រាន្តនៅ។ ម្នាលភិក្ខុទាំងឡាយ ប៉ុន្តែពួកសមណៈ ឬព្រាហ្មណ៍ឯណានីមួយ បានដឹងច្បាស់ នូវហេតុជាទីកើតឡើងផង នូវការរលត់ផង នូវអានិសង្សផង នូវទោសផង នូវការរលាស់ចេញផង នូវវេទនា ទាំង ៣ នេះ តាមពិត។ ម្នាលភិក្ខុទាំងឡាយ សមណព្រាហ្មណ៍ទាំងនោះ ទើបសន្មតថា ជាសមណៈ ក្នុងពួកសមណៈផង សន្មតថា ជាព្រាហ្មណ៍ ក្នុងពួកព្រាហ្មណ៍ផង។ មួយវិញទៀត លោកដ៏មានអាយុទាំងនោះបានធ្វើឲ្យជាក់ច្បាស់ សម្រេចដោយប្រាជ្ញា ដ៏ឧត្តម ដោយខ្លួនឯង នូវសាមញ្ញគុណក្តី នូវព្រហ្មញ្ញគុណក្តី ក្នុងបច្ចុប្បន្ន សម្រេចសម្រាន្តនៅ។

ចប់ សូត្រ ទី៧។

(ទុតិយសមណព្រាហ្មណ)សូត្រ ទី៨

(៨. ទុតិយសមណព្រាហ្មណសុត្តំ)

[៨៥] ម្នាលភិក្ខុទាំងឡាយ វេទនានេះ មាន ៣ យ៉ាង។ វេទនា ៣ យ៉ាង តើដូចម្តេច។ គឺសុខវេទនា ១ ទុក្ខវេទនា ១ អទុក្ខមសុខវេទនា ១។ ម្នាលភិក្ខុទាំងឡាយ ពួកសមណៈ ឬព្រាហ្មណ៍ឯណានីមួយ មិនដឹងច្បាស់ នូវហេតុជាទីកើតឡើងផង នូវការរលត់ទៅផង នូវអានិសង្សផង នូវទោសផង នូវការរលាស់ចេញផង នូវវេទនា ទាំង ៣ នេះ តាមពិត។បេ។ រមែងដឹងច្បាស់។ បេ។ ធ្វើឲ្យជាក់ច្បាស់ សម្រេចដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯង សម្រេចសម្រាន្តនៅ។

ចប់ សូត្រ ទី៨។

(តតិយសមណព្រាហ្មណ)សូត្រ ទី៩

(៩. តតិយសមណព្រាហ្មណសុត្តំ)

[៨៦] ម្នាលភិក្ខុទាំងឡាយ ពួកសមណៈ ឬព្រាហ្មណ៍ឯណានីមួយ មិនដឹងច្បាស់ នូវវេទនា មិនដឹងច្បាស់ នូវហេតុជាទីកើតឡើង នៃវេទនា មិនដឹងច្បាស់ នូវការរលត់នៃវេទនា មិនដឹងច្បាស់ នូវបដិបទា ជាហេតុឲ្យដល់នូវការរលត់ នៃវេទនា។ បេ។ ដឹងច្បាស់។ បេ។ ធ្វើឲ្យជាក់ច្បាស់ សម្រេចដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯង សម្រេចសម្រាន្តនៅ។

ចប់ សូត្រ ទី៩។

(សុទ្ធិក)សូត្រ ទី១០

(១០. សុទ្ធិកសុត្តំ)

[៨៧] ម្នាលភិក្ខុទាំងឡាយ វេទនានេះ មាន ៣ យ៉ាង។ វេទនា ៣ យ៉ាង តើដូចម្តេច។ គឺសុខវេទនា ១ ទុក្ខវេទនា ១ អទុក្ខមសុខវេទនា ១។ ម្នាលភិក្ខុទាំងឡាយ វេទនា មាន ៣ យ៉ាងនេះឯង។

ចប់ សូត្រ ទី១០។

(និរាមិស)សូត្រ ទី១១

(១១. និរាមិសសុត្តំ)

[៨៨] ម្នាលភិក្ខុទាំងឡាយ បីតិប្រកបដោយអាមិសក៏មាន បីតិមិនប្រកបដោយអាមិសក៏មាន ម្នាលភិក្ខុទាំងឡាយ បីតិប្រាសចាកអាមិស ដ៏លើសជាងបីតិ ដែលមិនប្រកបដោយអាមិសទៅទៀត ក៏មាន សេចក្តីសុខ ប្រកបដោយអាមិសក៏មាន សេចក្តីសុខមិនប្រកបដោយអាមិសក៏មាន សេចក្តីសុខប្រាសចាកអាមិស ដ៏លើសជាងសេចក្តីសុខ ដែលមិនប្រកបដោយអាមិសក៏មាន ឧបេក្ខាប្រកបដោយអាមិស ក៏មាន ឧបេក្ខាមិនប្រកបដោយអាមិស ក៏មាន ឧបេក្ខាប្រាសចាកអាមិស ដ៏លើសជាងឧបេក្ខា ដែលមិនប្រកបដោយអាមិសក៏មាន វិមោក្ខប្រកបដោយអាមិស ក៏មាន វិមោក្ខមិនប្រកបដោយអាមិសក៏មាន វិមោក្ខប្រាសចាកអាមិស ដ៏លើសជាងវិមោក្ខ ដែលមិនប្រកបដោយអាមិសក៏មាន។

[៨៩] ម្នាលភិក្ខុទាំងឡាយ ចុះបីតិប្រកបដោយអាមិស តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ គឺកាមគុណ ទាំង ៥ នេះឯង។ កាមគុណ ទាំង ៥ យ៉ាង តើដូចម្តេច។ គឺរូបទាំងឡាយ ដែលគប្បីដឹងច្បាស់ ដោយចក្ខុ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីពេញចិត្ត ជាទីស្រឡាញ់ ប្រកបដោយកាម គួរដល់តម្រេក។បេ។ ផោដ្ឋព្វៈទាំងឡាយ ដែលគប្បីដឹងច្បាស់ ដោយកាយ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីពេញចិត្ត ជាទីស្រឡាញ់ ប្រកបដោយកាម គួរដល់តម្រេក។ ម្នាលភិក្ខុទាំងឡាយ កាមគុណមាន ៥ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ បីតិឯណា ដែលកើតឡើង ព្រោះអាស្រ័យកាមគុណ ទាំង ៥ នេះ ម្នាលភិក្ខុទាំងឡាយ នេះហៅថា បីតិប្រកបដោយអាមិស។

[៩០] ម្នាលភិក្ខុទាំងឡាយ ចុះបីតិ មិនប្រកបដោយអាមិស តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាកអកុសលធម៌ទាំងឡាយ ហើយចូលកាន់បឋមជ្ឈាន ប្រកបដោយវិតក្ក និងវិចារ មានបីតិ និងសុខដែលកើតអំពីវិវេក សម្រេចសម្តាននៅ លុះរម្ងាប់បង់ នូវវិតក្ក និងវិចារអស់ហើយ បានចូលកាន់ទុតិយជ្ឈាន ជាធម្មជាតកើតមាន ក្នុងសន្តានចិត្ត ប្រកបដោយសេចក្តីជ្រះថ្លា គឺសទ្ធា មានសភាព ជាចិត្តខ្ពស់ឯក មិនមានវិតក្ក និងវិចារ មានតែបីតិ និងសុខ ដែលកើតអំពីសមាធិ គឺបឋមជ្ឈាន សម្រេចសម្រាន្តនៅ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា បីតិ មិនប្រកបដោយអាមិស។

[៩១] ម្នាលភិក្ខុទាំងឡាយ ចុះបីតិប្រាសចាកអាមិស ដ៏លើសជាងបីតិ ដែលមិនប្រកបដោយអាមិស តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បីតិឯណា ដែលកើតឡើង ដល់ខីណាសវភិក្ខុ ជាអ្នកពិចារណាឃើញ នូវចិត្តដែលផុតស្រឡះ ចាករាគៈហើយ ជាអ្នកពិចារណាឃើញនូវចិត្ត ដែលផុតស្រឡះ ចាកទោសៈហើយ ជាអ្នកពិចារណាឃើញនូវចិត្ត ដែលផុតស្រឡះ ចាកមោហៈហើយ ម្នាលភិក្ខុទាំងឡាយ នេះហៅថា បីតិ ប្រាសចាកអាមិស ដ៏លើសជាងបីតិ ដែលមិនប្រកបដោយអាមិស។

[៩២] ម្នាលភិក្ខុទាំងឡាយ ចុះសេចក្តីសុខប្រកបដោយអាមិស តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ គឺកាមគុណ ទាំង ៥ នេះឯង។ កាមគុណទាំង ៥ តើដូចម្តេច។ គឺរូបទាំងឡាយ ដែលគប្បីដឹងច្បាស់ ដោយចក្ខុ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីពេញចិត្ត ជាទីស្រឡាញ់ ប្រកបដោយកាម គួរដល់តម្រេក។ បេ។ ផោដ្ឋព្វៈទាំងឡាយ ដែល គប្បីដឹងច្បាស់ដោយកាយ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីពេញចិត្ត ជាទីស្រឡាញ់ ប្រកបដោយកាម គួរដល់តម្រេក។ ម្នាលភិក្ខុទាំងឡាយ កាមគុណមាន ៥ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ សេចក្តីសុខសោមនស្សឯណា ដែលកើតឡើង ព្រោះអាស្រ័យកាមគុណ ទាំង ៥ នេះ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សុខប្រកបដោយអាមិស។

[៩៣] ម្នាលភិក្ខុទាំងឡាយ ចុះសេចក្តីសុខមិនប្រកបដោយអាមិស តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាក អកុសលធម៌ទាំងឡាយ ហើយចូលកាន់បឋមជ្ឈាន ប្រកបដោយវិតក្ក ប្រកបដោយ វិចារ មានតែបីតិ និងសុខ ដែលកើតអំពីវិវេក សម្រេចសម្រាន្តនៅ។ បេ។ ព្រោះប្រាសចាកបីតិផង ប្រកបដោយឧបេក្ខាផង មានស្មារតី មានសេចក្តីដឹងខ្លួនផង សោយ សេចក្តីសុខ ដោយនាមកាយផង ព្រះអរិយៈទាំងឡាយ តែងសរសើរ នូវបុគ្គលដែលបាន នូវតតិយជ្ឈាននោះថា បុគ្គលនេះ ប្រកបដោយឧបេក្ខា មានស្មារតី មានគុណធម៌ ជាគ្រឿងនៅសប្បាយ ព្រោះតតិយជ្ឈានឯណា បានចូលកាន់តតិយជ្ឈាននោះ សម្រេច សម្រាន្តនៅ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សុខមិនប្រកបដោយអាមិស។

[៩៤] ម្នាលភិក្ខុទាំងឡាយ ចុះសុខប្រាសចាកអាមិស ដ៏លើសជាងសុខ ដែលមិនប្រកបដោយអាមិស តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ សេចក្តីសុខ សោមនស្សឯណា ដែលកើតឡើង ដល់ខីណាសវភិក្ខុ ជាអ្នកពិចារណាឃើញនូវចិត្ត ដែលផុតស្រឡះ ចាករាគៈហើយ ជាអ្នកពិចារណាឃើញនូវចិត្ត ដែលផុតស្រឡះ ចាកទោសៈហើយ ជាអ្នកពិចារណាឃើញនូវចិត្ត ដែលផុតស្រឡះចាកមោហៈហើយ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សេចក្តីសុខប្រាសចាកអាមិសដ៏លើសជាងសេចក្តីសុខ ដែលមិនប្រកបដោយអាមិស។

[៩៥] ម្នាលភិក្ខុទាំងឡាយ ចុះឧបេក្ខាប្រកបដោយអាមិស តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ គឺកាមគុណ ទាំង ៥ នេះឯង។ កាមគុណ ៥ តើដូចម្តេច។ គឺរូបទាំងឡាយ ដែលគប្បីដឹងច្បាស់ ដោយចក្ខុជាទីប្រាថ្នា ជាទីត្រេកអរ ជាទីពេញចិត្ត ជាទីស្រឡាញ់ ប្រកបដោយកាម គួរដល់តម្រេក។ បេ។ ផោដ្ឋព្វៈទាំងឡាយ ដែល គប្បីដឹងច្បាស់ដោយកាយ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីពេញចិត្ត ជាទីស្រឡាញ់ ប្រកបដោយកាម គួរដល់តម្រេក។ ម្នាលភិក្ខុទាំងឡាយ កាមគុណ មាន ៥ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ឧបេក្ខាឯណា ដែលកើតឡើង ព្រោះអាស្រ័យ នូវកាមគុណ ទាំង ៥ នេះ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ឧបេក្ខាប្រកបដោយអាមិស។

[៩៦] ម្នាលភិក្ខុទាំងឡាយ ចុះឧបេក្ខាមិនប្រកបដោយអាមិស តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ព្រោះលះបង់ នូវសេចក្តីសុខផង ព្រោះលះបង់ នូវសេចក្តីទុក្ខផង ព្រោះរលត់ទៅ នៃសោមនស្ស និងទោមនស្ស ក្នុងកាលមុនផង បានចូលកាន់ចតុត្ថជ្ឈាន ជាធម្មជាតិមិនទុក្ខមិនសុខ មានសតិដ៏បរិសុទ្ធ ដោយឧបេក្ខា សម្រេចសម្រាន្តនៅ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ឧបេក្ខាមិនប្រកបដោយអាមិស។

[៩៧] ម្នាលភិក្ខុទាំងឡាយ ចុះឧបេក្ខាប្រាសចាកអាមិស ដ៏លើសជាងឧបេក្ខា ដែលមិនប្រកបដោយអាមិស តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ឧបេក្ខាឯណា ដែលកើតឡើងដល់ខីណាសវភិក្ខុ ជាអ្នកពិចារណាឃើញនូវចិត្ត ដែលផុតស្រឡះចាក រាគៈហើយ ជាអ្នកពិចារណាឃើញនូវចិត្ត ដែលផុតស្រឡះ ចាកទោសៈហើយ ជាអ្នកពិចារណាឃើញនូវចិត្ត ដែលផុតស្រឡះចាកមោហៈហើយ ម្នាលភិក្ខុទាំងឡាយ នេះ ហៅថា ឧបេក្ខាប្រាសចាកអាមិស ដ៏លើសជាងឧបេក្ខា ដែលមិនប្រកបដោយអាមិស។

[៩៨] ម្នាលភិក្ខុទាំងឡាយ ចុះវិមោក្ខប្រកបដោយអាមិស តើដូចម្តេច។ វិមោក្ខប្រកបដោយរូប ឈ្មោះថា វិមោក្ខប្រកបដោយអាមិស វិមោក្ខប្រកបដោយអរូប ឈ្មោះថា វិមោក្ខមិនប្រកបដោយអាមិស។

[៩៩] ម្នាលភិក្ខុទាំងឡាយ វិមោក្ខប្រាសចាកអាមិស ដ៏លើសជាងវិមោក្ខ ដែលមិនប្រកបដោយអាមិស តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ វិមោក្ខឯណា ដែលកើតឡើងដល់ខីណាសវភិក្ខុ ជាអ្នកពិចារណាឃើញនូវចិត្ត ដែលផុតស្រឡះចាករាគៈ ជាអ្នកពិចារណាឃើញនូវចិត្ត ដែលផុតស្រឡះ ចាកទោសៈ ជាអ្នកពិចារណាឃើញនូវ ចិត្ត ដែលផុតស្រឡះចាកមោហៈ ម្នាលភិក្ខុទាំងឡាយ នេះហៅថា វិមោក្ខប្រាសចាកអាមិស ដ៏លើសជាងវិមោក្ខ ដែលមិនប្រកបដោយអាមិស។

ចប់ សូត្រ ទី១១។

ចប់ អដ្ឋសតបរិយាយវគ្គទី ៣។

ឧទ្ទាននៃអដ្ឋសតបរិយាយវគ្គនោះគឺ

ពោលអំពីសិវកបរិព្វាជក ១ អំពីព្រះអង្គ ទ្រង់សំដែងធម្មបរិយាយ មានមួយរយប្រាំបី ១ អំពីភិក្ខុមួយរូប ទូលសួរព្រះអង្គ ១ អំពីកាលមុន ដែលព្រះអង្គត្រាស់ដឹង ១ អំពីញាណកើតឡើង ដល់ព្រះអង្គ១ អំពីសម្ពហុលភិក្ខុ ១អំពីសមណព្រាហ្មណ៍ មាន ៣ លើក អំពីវេទនាសុទ្ធ ១ អំពីបីតិ ប្រកបដោយអាមិស និងប្រាសចាកអាមិស ១។

ចប់ វេទនាសំយុត្ត។

មាតុគ្គាមសំយុត្ត (ទី៣)

(៣. មាតុគាមសំយុត្តំ)

បេយ្យាលវគ្គ ទី១

(១. បឋមបេយ្យាលវគ្គោ)

(មាតុគាម)សូត្រ ទី១

(១. មាតុគាមសុត្តំ)

[១០០] ម្នាលភិក្ខុទាំងឡាយ មាតុគ្រាមប្រកបដោយអង្គ ៥ មិនជាទីពេញចិត្ត របស់បុរសដោយពិត។ អង្គ ៥ គឺអ្វីខ្លះ។ គឺមាតុគ្រាមមិនបានរូប ១ មិនមានភោគៈ ១ មិនមានសីលាចារ ១ ជាអ្នកខ្ជិលច្រអូស ១ មិនមានកូនជាទីញុំាងវង្សត្រកូល នៃបុរសនោះ ឲ្យតម្កល់នៅ ១។ ម្នាលភិក្ខុទាំងឡាយ មាតុគ្រាម ប្រកបដោយអង្គ ៥ នេះឯង មិនជាទីពេញចិត្ត របស់បុរសដោយពិត។

[១០១] ម្នាលភិក្ខុទាំងឡាយ មាតុគ្រាម ប្រកបដោយអង្គ ៥ ជាទីពេញចិត្ត របស់បុរស ដោយពិត។ អង្គ ៥ គឺអ្វីខ្លះ។ គឺមាតុគ្រាមបានរូប ១ មានភោគៈ ១ ជាអ្នកមានសីលាចារ ១ ជាអ្នកវាងវៃ មិនខ្ជិលច្រអូស ១ មានកូនជាទីញុំាងវង្សត្រកូល របស់បុរសនោះ ឲ្យតម្កល់នៅ១។ ម្នាលភិក្ខុទាំងឡាយ មាតុគ្រាម ប្រកបដោយអង្គ ៥ នេះឯង ជាទីពេញចិត្ត របស់បុរស ដោយពិត។

ចប់ សូត្រ ទី១។

(បុរិស)សូត្រ ទី២

(២. បុរិសសុត្តំ)

[១០២] ម្នាលភិក្ខុទាំងឡាយ បុរសប្រកបដោយអង្គ ៥ មិនជាទីពេញចិត្ត របស់មាតុគ្រាម ដោយពិត។ អង្គ ៥ គឺអ្វីខ្លះ។ គឺបុរសមិនបានរូប ១ មិនមានភោគៈ ១ មិនមានសីលាចារ ១ ខ្ជិលច្រអូស ១ មិនមានកូនជាទីញុំាងវង្សត្រកូល នៃបុរសនោះ ឲ្យតម្កល់នៅ ១។ ម្នាលភិក្ខុទាំងឡាយ បុរសប្រកបដោយអង្គ ៥ នេះឯង មិនជាទីពេញចិត្ត របស់មាតុគ្រាម ដោយពិត។

[១០៣] ម្នាលភិក្ខុទាំងឡាយ បុរសប្រកបដោយអង្គ ៥ ជាទីពេញចិត្ត របស់មាតុគ្រាមដោយពិត។ អង្គ ៥ គឺអ្វីខ្លះ។ គឺបុរសបានរូប ១ មានភោគៈ ១ មានសីលាចារ ១ ជាអ្នកវាងវៃ មិនខ្ជិលច្រអូស ១ មានកូនជាទីញុំាងវង្សត្រកូល នៃបុរសនោះ ឲ្យតម្កល់នៅ ១។ ម្នាលភិក្ខុទាំងឡាយ បុរសប្រកបដោយអង្គ ៥ នេះឯង ជាទីពេញចិត្ត របស់មាតុគ្រាម ដោយពិត។

ចប់ សូត្រ ទី២។

(អាវេណិកទុក្ខ)សូត្រ ទី៣

(៣. អាវេណិកទុក្ខសុត្តំ)

[១០៤] ម្នាលភិក្ខុទាំងឡាយ សេចក្តីទុក្ខដោយឡែក របស់មាតុគ្រាមនេះ មាន ៥ យ៉ាង ដែលមាតុគ្រាម តែងទទួលរងផ្សេង អំពីបុរស។ ទុក្ខ ៥ យ៉ាង គឺអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ មាតុគ្រាម ក្នុងលោកនេះ នៅក្មេង ទៅកាន់ត្រកូលប្តី ប្រាសចាកញាតិទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ទុក្ខដោយឡែក ទី ១ របស់មាតុគ្រាម ដែលមាតុគ្រាម ទទួលរងផ្សេង អំពីបុរសទាំងឡាយ។

[១០៥] ម្នាលភិក្ខុទាំងឡាយ មួយទៀត មាតុគ្រាមមានរដូវ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សេចក្តីទុក្ខដោយឡែក ទី ២ របស់មាតុគ្រាម ដែលមាតុគ្រាម ទទួលរងផ្សេង អំពីបុរសទាំងឡាយ។

[១០៦] ម្នាលភិក្ខុទាំងឡាយ មួយទៀត មាតុគ្រាម មានគភ៌។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សេចក្តីទុក្ខដោយឡែក ទី៣ របស់មាតុគ្រាម ដែលមាតុគ្រាម ទទួលរងផ្សេង អំពីបុរសទាំងឡាយ។

[១០៧] ម្នាលភិក្ខុទាំងឡាយ មួយទៀត មាតុគ្រាម សម្រាលកូន។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សេចក្តីទុក្ខដោយឡែក ទី ៤ របស់មាតុគ្រាម ដែលមាតុគ្រាម ទទួលរងផ្សេង អំពីបុរសទាំងឡាយ។

[១០៨] ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត មាតុគ្រាម ចូលទៅបម្រើបុរស។ ម្នាលភិក្ខុទាំងឡាយ នេះឯងហៅថា សេចក្តីទុក្ខដោយឡែក ទី ៥ របស់មាតុគ្រាម ដែលមាតុគ្រាម ទទួលរងផ្សេង អំពីបុរសទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ នេះឯងហៅថា សេចក្តីទុក្ខដោយឡែក ៥ យ៉ាង របស់មាតុគ្រាម ដែលមាតុគ្រាម ទទួលរងផ្សេង អំពីបុរសទាំងឡាយ។

ចប់ សូត្រ ទី៣។

(តីហិធម្មេហិ)សូត្រ ទី៤

(៤. តីហិធម្មេហិសុត្តំ)

[១០៩] ម្នាលភិក្ខុទាំងឡាយ មាតុគ្រាម ប្រកបដោយធម៌ ៣ យ៉ាង លុះបែកធ្លាយរាងកាយស្លាប់ទៅ ច្រើនតែទៅកើតក្នុងតិរច្ឆាន ប្រេត អសុរកាយ នរក។ ធម៌ ៣ យ៉ាង គឺអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ គឺមាតុគ្រាម ក្នុងលោកនេះ មានចិត្តត្រូវមន្ទិល គឺសេចក្តីកំណាញ់ គ្របសង្កត់ ក្នុងបុព្វណ្ហសម័យ គ្រប់គ្រងផ្ទះ ១ មានចិត្តត្រូវសេចក្តីច្រណែន គ្របសង្កត់ ក្នុងមជ្ឈន្តិកសម័យ1) គ្រប់គ្រងផ្ទះ ១ មានចិត្តត្រូវកាមរាគ គ្របសង្កត់ ក្នុងសាយណ្ហសម័យ គ្រប់គ្រងផ្ទះ ១។ ម្នាលភិក្ខុទាំងឡាយ មាតុគ្រាម ប្រកបដោយ ធម៌ ៣ យ៉ាងនេះឯង លុះបែកធ្លាយរាងកាយស្លាប់ទៅ ច្រើនតែទៅកើត ក្នុងតិរច្ឆាន ប្រេត អសុរកាយ នរក។

ចប់ សូត្រ ទី៤។

(កោធន)សូត្រ ទី៥

(៥. កោធនសុត្តំ)

[១១០] គ្រានោះ ព្រះអនុរុទ្ធដ៏មានអាយុ ចូលទៅគាល់ព្រះដ៏មានព្រះភាគ។ បេ។ លុះព្រះអនុរុទ្ធដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលសួរព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ បានឃើញដោយទិព្វចក្ខុ ដ៏បរិសុទ្ធ កន្លងបង់ចក្ខុ របស់មនុស្សធម្មតា នូវមាតុគ្រាម ក្នុងលោកនេះ កាលបែកធ្លាយរាងកាយ ស្លាប់ទៅ ទៅកើតក្នុងតិរច្ឆាន ប្រេត អសុរកាយ នរក។ បពិត្រព្រះអង្គដ៏ចំរើន មាតុគ្រាម ប្រកបដោយធម៌ ប៉ុន្មានយ៉ាង លុះបែកធ្លាយរាងកាយស្លាប់ទៅ ក៏ទៅកើត ក្នុងតិរច្ឆាន ប្រេត អសុរកាយ នរក។

[១១១] ម្នាលអនុរុទ្ធ មាតុគ្រាម ប្រកបដោយធម៌ ៥ យ៉ាង លុះបែកធ្លាយរាងកាយស្លាប់ទៅ តែងទៅកើត ក្នុងតិរច្ឆាន ប្រេត អសុរកាយ នរក។ ធម៌ ៥ យ៉ាង គឺអ្វីខ្លះ។ គឺ (មាតុគ្រាម) មិនមានសទ្ធា ១ មិនមានសេចក្តីខ្មាសបាប ១ មិនមានសេចក្តីខ្លាចបាប ១ ច្រើនក្រោធ ១ មិនមានបញ្ញា ១។ ម្នាលអនុរុទ្ធ មាតុគ្រាម ប្រកបដោយធម៌ ៥ យ៉ាងនេះឯង លុះបែកធ្លាយរាងកាយស្លាប់ទៅ តែងទៅកើត ក្នុងតិរច្ឆាន ប្រេត អសុរកាយ នរក។

ចប់ សូត្រ ទី៥។

(ឧបនាហី)សូត្រ ទី៦

(៦. ឧបនាហីសុត្តំ)

[១១២] ម្នាលអនុរុទ្ធ មាតុគ្រាម ប្រកបដោយធម៌ ៥ យ៉ាង លុះបែកធ្លាយរាងកាយស្លាប់ទៅ តែងទៅកើត ក្នុងតិរច្ឆាន ប្រេត អសុរកាយ នរក។ ប្រកបដោយ ធម៌ ៥ យ៉ាង គឺអ្វីខ្លះ។ គឺ (មាតុគ្រាម) មិនមានសទ្ធា ១ មិនមានសេចក្តីខ្មាសបាប ១ មិនមានសេចក្តីខ្លាចបាប ១ មានគំនុំគុំគួន ១ មិនមានបញ្ញា ១។ ម្នាលអនុរុទ្ធ មាតុគ្រាម ប្រកបដោយធម៌ ៥ យ៉ាងនេះឯង លុះបែកធ្លាយរាងកាយស្លាប់ទៅ តែងទៅកើត ក្នុងតិរច្ឆាន ប្រេត អសុរកាយ នរក។

ចប់ សូត្រ ទី៦។

(ឥស្សុកី)សូត្រ ទី៧

(៧. ឥស្សុកីសុត្តំ)

[១១៣] ម្នាលអនុរុទ្ធ មាតុគ្រាម ប្រកបដោយធម៌ ៥ យ៉ាង លុះបែកធ្លាយ រាងកាយស្លាប់ទៅ តែងទៅកើត ក្នុងតិរច្ឆាន ប្រេត អសុរកាយ នរក។ ប្រកបដោយធម៌ ៥ យ៉ាង គឺអ្វីខ្លះ។ គឺ (មាតុគ្រាម) មិនមានសទ្ធា ១ មិនមានសេចក្តីខ្មាសបាប ១ មិនមានសេចក្តីខ្លាចបាប ១ មានសេចក្តីច្រណែន ១ មិនមានបញ្ញា ១។ ម្នាលអនុរុទ្ធ មាតុគ្រាម ប្រកបដោយធម៌ ៥ យ៉ាងនេះឯង លុះបែកធ្លាយរាងកាយស្លាប់ទៅ តែងទៅកើត ក្នុងតិរច្ឆាន ប្រេត អសុរកាយ នរក។

ចប់ សូត្រ ទី៧។

(មច្ឆរី)សូត្រ ទី៨

(៨. មច្ឆរីសុត្តំ)

[១១៤] ម្នាលអនុរុទ្ធ មាតុគ្រាម ប្រកបដោយធម៌ ៥ យ៉ាង លុះបែកធ្លាយរាងកាយស្លាប់ទៅ តែងទៅកើត ក្នុងតិរច្ឆាន ប្រេត អសុរកាយ នរក។ ប្រកបដោយធម៌ ៥ យ៉ាង គឺអ្វីខ្លះ។ គឺ (មាតុគ្រាម) មិនមានសទ្ធា ១ មិនមានសេចក្តីខ្មាសបាប ១ មិនមានសេចក្តីខ្លាចបាប ១ មានសេចក្តីកំណាញ់ ១ មិនមានបញ្ញា ១។ ម្នាលអនុរុទ្ធ មាតុគ្រាម ប្រកបដោយធម៌ ៥ យ៉ាងនេះឯង លុះបែកធ្លាយរាងកាយ។បេ។ តែងទៅកើត ក្នុងតិរច្ឆាន ប្រេត អសុរកាយ នរក។

ចប់ សូត្រ ទី៨។

(អតិចារី)សូត្រ ទី៩

(៩. អតិចារីសុត្តំ)

[១១៥] ម្នាលអនុរុទ្ធ មាតុគ្រាម ប្រកបដោយធម៌ ៥យ៉ាង។ បេ។ តែងទៅកើតក្នុងតិរច្ឆាន ប្រេត អសុរកាយ នរក។ ប្រកបដោយធម៌ ៥ យ៉ាង គឺអ្វីខ្លះ។ គឺ (មាតុគ្រាម) មិនមានសទ្ធា ១ មិនមានសេចក្តីខ្មាសបាប ១ មិនមានសេចក្តីខ្លាចបាប ១ ប្រព្រឹត្តក្បត់ចិត្តប្តី ១ មិនមានបញ្ញា ១។ ម្នាលអនុរុទ្ធ មាតុគ្រាម ប្រកបដោយធម៌ ៥ យ៉ាងនេះឯង។បេ។ តែងទៅកើត។

ចប់ សូត្រ ទី៩។

(ទុស្សីល)សូត្រ ទី១០

(១០. ទុស្សីលសុត្តំ)

[១១៦] ម្នាលអនុរុទ្ធ មាតុគ្រាម ប្រកបដោយធម៌ ៥ យ៉ាង លុះបែកធ្លាយរាងកាយ។ បេ។ តែងទៅកើតក្នុងនរក។ ប្រកបដោយធម៌ ៥ យ៉ាង គឺអ្វីខ្លះ។ គឺ (មាតុគ្រាម) មិនមានសទ្ធា ១ មិនមានសេចក្តីខ្មាសបាប ១ មិនមានសេចក្តីខ្លាចបាប ១ ទ្រុស្តសីល ១ មិនមានបញ្ញា ១។ ម្នាលអនុរុទ្ធ មាតុគ្រាម ប្រកបដោយធម៌ ៥ យ៉ាងនេះឯង លុះបែកធ្លាយរាងកាយ។បេ។ តែងទៅកើតក្នុងនរក។

ចប់ សូត្រ ទី១០។

(អប្បស្សុត)សូត្រ ទី១១

(១១. អប្បស្សុតសុត្តំ)

[១១៧] ម្នាលអនុរុទ្ធ មាតុគ្រាម ប្រកបដោយធម៌ ៥ យ៉ាង។បេ។ តែងទៅកើតក្នុងនរក។ មាតុគ្រាម ប្រកបដោយធម៌ ៥ យ៉ាង គឺអ្វីខ្លះ។ គឺ (មាតុគ្រាម) មិនមានសទ្ធា ១ មិនមានសេចក្តីខ្មាសបាប ១ មិនមានសេចក្តីខ្លាចបាប ១ មិនបានចេះដឹង ១ មិនមានបញ្ញា ១។ ម្នាលអនុរុទ្ធ មាតុគ្រាម ប្រកបដោយធម៌ ៥ យ៉ាងនេះឯង។បេ។ តែងទៅកើតក្នុងនរក។

ចប់ សូត្រ ទី១១។

(កុសីត)សូត្រ ទី១២

(១២. កុសីតសុត្តំ)

[១១៨] ម្នាលអនុរុទ្ធ មាតុគ្រាម ប្រកបដោយធម៌ ៥ យ៉ាង។បេ។ តែងទៅកើតក្នុងនរក។ ប្រកបដោយធម៌ ៥យ៉ាង គឺអ្វីខ្លះ។ គឺ (មាតុគ្រាម) មិនមានសទ្ធា ១ មិនមានសេចក្តីខ្មាសបាប១ មិនមានសេចក្តីខ្លាចបាប ១ ជាអ្នកខ្ជិលច្រអូស ១ មិនមានបញ្ញា ១។ ម្នាលអនុរុទ្ធ មាតុគ្រាម ប្រកបដោយធម៌ ៥ យ៉ាងនេះឯង លុះបែកធ្លាយរាងកាយ។ បេ។ តែងទៅកើត ក្នុងតិរច្ឆាន ប្រេត អសុរកាយ នរក។

ចប់ សូត្រ ទី១២។

(មុដ្ឋស្សតិ)សូត្រ ទី១៣

(១៣. មុដ្ឋស្សតិសុត្តំ)

[១១៩] ម្នាលអនុរុទ្ធ មាតុគ្រាម ប្រកបដោយធម៌ ៥ យ៉ាង លុះបែកធ្លាយរាងកាយ។ បេ។ តែងទៅកើតក្នុងនរក។ ធម៌៥យ៉ាង គឺអ្វីខ្លះ។ គឺ (មាតុគ្រាម ) មិនមានសទ្ធា ១ មិនមានសេចក្តីខ្មាសបាប ១ មិនមានសេចក្តីខ្លាចបាប ១ ភ្លេចស្មារតី ១ មិនមានបញ្ញា ១។ ម្នាលអនុរុទ្ធ មាតុគ្រាម ប្រកបដោយធម៌ ៥ យ៉ាងនេះឯង លុះបែកធ្លាយរាងកាយ។បេ។ តែងទៅកើតក្នុងនរក។

ចប់ សូត្រ ទី១៣។

(បញ្ចវេរ)សូត្រ ទី១៤

(១៤. បញ្ចវេរសុត្តំ)

[១២០] ម្នាលអនុរុទ្ធ មាតុគ្រាម ប្រកបដោយធម៌ ៥ យ៉ាង លុះបែកធ្លាយរាងកាយ។ បេ។ តែងទៅកើតក្នុងនរក។ ធម៌ ៥ យ៉ាង គឺអ្វីខ្លះ។ គឺ (មាតុគ្រាម ) ប្រព្រឹត្តបាណាតិបាត ១ ប្រព្រឹត្តអទិន្នាទាន ១ ប្រព្រឹត្តកាមេសុមិច្ឆាចារ ១ ប្រព្រឹត្តមុសាវាទៈ ១ ប្រព្រឹត្តសុរាមេរយមជ្ជប្បមាទដ្ឋាន ១។ ម្នាលអនុរុទ្ធ មាតុគ្រាម ប្រកបដោយធម៌ ៥ យ៉ាងនេះឯង លុះបែកធ្លាយរាងកាយស្លាប់ទៅ តែងទៅកើត ក្នុងតិរច្ឆាន ប្រេត អសុរកាយ នរក។

ចប់ សូត្រ ទី១៤។

(ទុតិយបេយ្យាលវគ្គ ទី២)

(២. ទុតិយបេយ្យាលវគ្គោ)
(សូត្រ ទី១៥)

(អក្កោធនសូត្រ ទី១)

(១. អក្កោធនសុត្តំ)

[១២១] គ្រានោះឯង ព្រះអនុរុទ្ធដ៏មានអាយុ ចូលទៅគាល់ព្រះដ៏មានព្រះភាគ។ បេ។ លុះព្រះអនុរុទ្ធដ៏មានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ បានឃើញដោយទិព្វចក្ខុ ដ៏បរិសុទ្ធ កន្លងបង់ចក្ខុ របស់មនុស្សធម្មតា នូវមាតុគ្រាម ក្នុងលោកនេះ កាលបែកធ្លាយរាងកាយស្លាប់ទៅ ទៅកើតក្នុងសុគតិសួគ៌ ទេវលោក។ បពិត្រព្រះអង្គដ៏ចំរើន មាតុគ្រាម ប្រកបដោយធម៌ ប៉ុន្មានយ៉ាង លុះបែកធ្លាយរាងកាយស្លាប់ទៅ តែងទៅកើត ក្នុងសុគតិសួគ៌ ទេវលោក។ ម្នាលអុរុទ្ធ មាតុគ្រាម ប្រកបដោយធម៌ ៥ យ៉ាង លុះបែកធ្លាយរាងកាយស្លាប់ទៅ តែងទៅកើត ក្នុងសុគតិសួគ៌ ទេវលោក។ ធម៌ ៥ យ៉ាង គឺអ្វីខ្លះ។ គឺ (មាតុគ្រាម) មានសទ្ធា ១ មានសេចក្តីខ្មាសបាប១ មានសេចក្តីខ្លាចបាប ១ មិនក្រោធ ១ មានបញ្ញា ១។ ម្នាលអនុរុទ្ធ មាតុគ្រាម ប្រកបដោយធម៌ ៥ យ៉ាងនេះឯង លុះបែកធ្លាយរាងកាយស្លាប់ទៅ តែងទៅកើត ក្នុងសុគតិសួគ៌ ទេវលោក។

(អនុបនាហីសូត្រ ទី២)

(២. អនុបនាហីសុត្តំ)

[១២២] ម្នាលអនុរុទ្ធ មាតុគ្រាមប្រកបដោយធម៌ ៥ យ៉ាង លុះបែកធ្លាយរាងកាយស្លាប់ទៅ តែងទៅកើត ក្នុងសុគតិសួគ៌ ទេវលោក។ ធម៌ ៥ យ៉ាង គឺអ្វីខ្លះ។ គឺ (មាតុគ្រាម) មានសទ្ធា ១ មានសេចក្តីខ្មាសបាប ១ មានសេចក្តីខ្លាចបាប ១ មិនចងគំនុំ ១ មានបញ្ញា ១។ ម្នាលអនុរុទ្ធ មាតុគ្រាម ប្រកបដោយធម៌ ៥ យ៉ាងនេះឯង លុះបែកធ្លាយរាងកាយស្លាប់ទៅ តែងទៅកើត ក្នុងសុគតិសួគ៌ ទេវលោក។

(អនិស្សុកីសូត្រ ទី៣)

(៣. អនិស្សុកីសុត្តំ)

[១២៣] ម្នាលអនុរុទ្ធ មាតុគ្រាម ប្រកបដោយធម៌ ៥ យ៉ាង លុះបែកធ្លាយរាងកាយស្លាប់ទៅ តែងទៅកើត ក្នុងសុគតិសួគ៌ ទេវលោក។ ធម៌ ៥ យ៉ាង គឺអ្វីខ្លះ។ គឺ (មាតុគ្រាម) មានសទ្ធា ១ មានសេចក្តីខ្មាសបាប ១ មានសេចក្តីខ្លាចបាប ១ មិនមានសេចក្តីច្រណែន ១ មានបញ្ញា ១។ បេ។

(អមច្ឆរីសូត្រ ទី៤)

(៤. អមច្ឆរីសុត្តំ)

[១២៤] (មាតុគ្រាម) មិនមានសេចក្តីកំណាញ់ ១ មានបញ្ញា ១។បេ។

(អនតិចារីសូត្រ ទី៥)

(៥. អនតិចារីសុត្តំ)

…មិនប្រព្រឹត្តក្បត់ចិត្តប្តី ១ មានបញ្ញា ១។ បេ។

(សុសីលសូត្រ ទី៦)

(៦. សុសីលសុត្តំ)

…មានសីល ១ មានបញ្ញា ១។ បេ។

(ពហុស្សុតសូត្រ ទី៧)

(៧. ពហុស្សុតសុត្តំ)

…ជា អ្នកចេះដឹងច្រើន ១ មានបញ្ញា ១។ បេ។

(អារទ្ធវីរិយសូត្រ ទី៨)

(៨. អារទ្ធវីរិយសុត្តំ)

…ប្រារព្ធសេចក្តីព្យាយាម ១ មានបញ្ញា ១។ បេ។

(ឧបដ្ឋិតស្សតិសូត្រ ទី៩)

(៩. ឧបដ្ឋិតស្សតិសុត្តំ)

…មានស្មារតីដំកល់ខ្ជាប់ ១ មានបញ្ញា ១។ ម្នាលអនុរុទ្ធ មាតុគ្រាម ប្រកបដោយធម៌ ៥ យ៉ាងនេះឯង លុះបែកធ្លាយរាងកាយស្លាប់ទៅ តែងទៅកើត ក្នុងសុគតិសួគ៌ ទេវលោក។ (សូត្រទាំង ៨ នេះ ជាសេចក្តីសង្ខេប)។បេ។

(បញ្ចសីលសូត្រ ទី១០)

(១០. បញ្ចសីលសុត្តំ)

[១២៥] ម្នាលអនុរុទ្ធ មាតុគ្រាម ប្រកបដោយធម៌ ៥ យ៉ាង លុះបែកធ្លាយរាងកាយស្លាប់ទៅ តែងទៅកើត ក្នុងសុគតិ សួគ៌ទេវលោក។ ធម៌ ៥ យ៉ាង គឺអ្វីខ្លះ។ គឺ (មាតុគ្រាម) ជាអ្នកវៀរចាកបាណាតិបាត ១ វៀរចាកអទិន្នាទាន ១ វៀរចាកកាមេសុមិច្ឆាចារ១ វៀរចាកមុសាវាទៈ ១ វៀរចាកសុរាមេរយមជ្ជប្បមាទដ្ឋាន ១។ ម្នាលអនុរុទ្ធ មាតុគ្រាម ប្រកបដោយធម៌ ៥ យ៉ាងនេះឯង លុះបែកធ្លាយរាងកាយ ស្លាប់ទៅ តែងទៅកើត ក្នុងសុគតិ សួគ៌ទេវលោក។

ចប់ បេយ្យាលវគ្គ ទី ១ (នីង ទី២)

ឧទ្ទាននៃបេយ្យាលវគ្គនោះគឺ

និយាយអំពីមាតុគ្រាមជាទីពេញចិត្ត និងមិនជាទីពេញចិត្ត របស់បុរស ២ លើក អំពីអាវេណិកទុក្ខ ១ អំពីមាតុគ្រាមប្រកបដោយធម៌ ៣ យ៉ាង ១ អំពីព្រះអនុរុទ្ធ ១ អំពីមាតុគ្រាមក្រោធ ១ ចងគំនុំ ១ ច្រណែន ១ កំណាញ់ ១។អំពីមាតុគ្រាម ប្រព្រឹត្តក្បត់ចិត្តប្តី ១ ទ្រុស្តសីល ១ ជាអ្នកមិនចេះដឹង ១ មានសេចក្តីខ្ជិលច្រអូស ១ ភ្លេចស្មារតី ១ វេរា ៥ យ៉ាង ១ ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយ ក្នុងកណ្ហបក្ខ (ចំណែកខ្មៅ) ចំពោះព្រះអនុរុទ្ធ។ អំពីមាតុគ្រាមមិនក្រោធ ១ មិនមានការចងគំនុំ ១ មិនមានសេចក្តីច្រណែន ១ មិនមានសេចក្តីកំណាញ់ ១ មិនប្រព្រឹត្តក្បត់ចិត្តប្តី ១ មានសីល ១ ជាអ្នកចេះដឹងច្រើន ១មានសេចក្តីព្យាយាម ១ មានសតិ ១ មានសីលប្រាំ ១ ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយ ក្នុងសុក្កបក្ខ(ចំណែកស) ចំពោះព្រះអនុរុទ្ធ។

មាតុគ្គាមពលវគ្គ ទី២(៣)

(៣. ពលវគ្គោ)

(វិសារទ)សូត្រ ទី១

(១. វិសារទសុត្តំ)

[១២៦] ម្នាលភិក្ខុទាំងឡាយ កម្លាំងរបស់មាតុគ្រាមនេះ មាន ៥យ៉ាង។ កម្លាំង ៥ យ៉ាង គឺអ្វីខ្លះ។ គឺកម្លាំងរូប ១ កម្លាំងភោគៈ ១ កម្លាំងញាតិ ១ កម្លាំងកូន ១ កម្លាំងសីល ១។ ម្នាលភិក្ខុទាំងឡាយ កម្លាំងរបស់មាតុគ្រាម ៥ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ មាតុគ្រាម ប្រកបដោយកម្លាំង ទាំង ៥ យ៉ាងនេះឯង ជាអ្នកក្លាហាន នៅគ្រប់គ្រងផ្ទះ។

ចប់ សូត្រ ទី១។

(បសយ្ហ)សូត្រ ទី២

(២. បសយ្ហសុត្តំ)

[១២៧] ម្នាលភិក្ខុទាំងឡាយ កម្លាំងរបស់មាតុគ្រាមនេះ មាន ៥យ៉ាង។ កម្លាំង ៥ យ៉ាង គឺអ្វីខ្លះ។ គឺកម្លាំងរូប ១ កម្លាំងភោគៈ ១ កម្លាំងញាតិ ១ កម្លាំងកូន ១ កម្លាំងសីល ១។ ម្នាលភិក្ខុទាំងឡាយ កម្លាំងរបស់មាតុគ្រាម ៥ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ មាតុគ្រាម ប្រកបដោយកម្លាំង ទាំង ៥ យ៉ាងនេះឯង តែងបង្គ្របប្តី នៅគ្រប់គ្រងផ្ទះ។

ចប់ សូត្រ ទី២។

(អភិភុយ្យ)សូត្រ ទី៣

(៣. អភិភុយ្យសុត្តំ)

[១២៨] ម្នាលភិក្ខុទាំងឡាយ កម្លាំងរបស់មាតុគ្រាមនេះ មាន ៥យ៉ាង។ កម្លាំង ៥ យ៉ាង គឺអ្វីខ្លះ។ គឺកម្លាំងរូប ១ កម្លាំងភោគៈ ១ កម្លាំងញាតិ ១ កម្លាំងកូន ១ កម្លាំងសីល ១។ ម្នាលភិក្ខុទាំងឡាយ កម្លាំងរបស់មាតុគ្រាម ៥ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ មាតុគ្រាម ប្រកបដោយកម្លាំងទាំង ៥ យ៉ាងនេះឯង តែងគ្របសង្កត់ប្តី។ ម្នាលភិក្ខុទាំងឡាយ បុរសប្រកបដោយកម្លាំងតែមួយប៉ុណ្ណោះ រមែងគ្របសង្កត់មាតុគ្រាមបាន។ កម្លាំងមួយ គឺអ្វី។ គឺកម្លាំងឥស្សរិយៈ គ្របសង្កត់មាតុគ្រាមបាន មិនបាច់ពឹងកម្លាំងរូប មិនបាច់ពឹងកម្លាំងភោគៈ មិនបាច់ពឹងកម្លាំងញាតិ មិនបាច់ពឹងកម្លាំងកូន មិនបាច់ពឹងកម្លាំងសីលឡើយ។

ចប់ សូត្រ ទី៣។

(ឯក)សូត្រ ទី៤

(៤. ឯកសុត្តំ)

[១២៩] ម្នាលភិក្ខុទាំងឡាយ កម្លាំងរបស់មាតុគ្រាមនេះ មាន ៥យ៉ាង។ កម្លាំង ៥ យ៉ាង គឺអ្វីខ្លះ។ គឺកម្លាំងរូប ១ កម្លាំងភោគៈ ១ កម្លាំងញាតិ ១ កម្លាំងកូន ១ កម្លាំងសីល ១។

[១៣០] ម្នាលភិក្ខុទាំងឡាយ (បើ) មាតុគ្រាម ប្រកបដោយកម្លាំងរូបតែម្យ៉ាង ប៉ុណ្ណោះ មិនប្រកបដោយកម្លាំងភោគៈទេ កាលបើយ៉ាងនេះ មាតុគ្រាមនោះ ឈ្មោះថា មិនបរិបូណ៌ ដោយអង្គនោះឡើយ។ ម្នាលភិក្ខុទាំងឡាយ លុះតែមាតុគ្រាម ប្រកបដោយកម្លាំងរូបផង កម្លាំងភោគៈផង កាលបើយ៉ាងនេះ ទើបមាតុគ្រាមនោះ ឈ្មោះថា បរិបូណ៌ដោយអង្គនោះបាន។ ម្នាលភិក្ខុទាំងឡាយ មាតុគ្រាម ប្រកបដោយកម្លាំងរូបផង កម្លាំងភោគៈផង ពិតមែនហើយ ប៉ុន្តែមិនប្រកបដោយកម្លាំងញាតិ កាលបើយ៉ាងនេះ មាតុគ្រាមនោះឈ្មោះថា មិនទាន់ពេញលេញ ដោយអង្គនោះឡើយ។ ម្នាលភិក្ខុទាំងឡាយ លុះតែមាតុគ្រាម ប្រកបដោយកម្លាំងរូបផង ដោយកម្លាំងភោគៈផង ដោយកម្លាំងញាតិផង កាលបើយ៉ាងនេះ ទើបមាតុគ្រាមនោះ ឈ្មោះថា ពេញលេញ ដោយអង្គនោះបាន។ ម្នាលភិក្ខុទាំងឡាយ មាតុគ្រាម ប្រកបដោយកម្លាំងរូបផង កម្លាំងភោគៈផង កម្លាំងញាតិផង ពិតមែនហើយ ប៉ុន្តែមិនប្រកបដោយកម្លាំងកូន កាលបើយ៉ាងនេះ មាតុគ្រាមនោះ ឈ្មោះថា មិនពេញលេញ ដោយអង្គនោះឡើយ។ ម្នាលភិក្ខុទាំងឡាយ លុះតែមាតុគ្រាម ប្រកបដោយដោយកម្លាំងរូបផង កម្លាំងភោគៈផង កម្លាំងញាតិផង កម្លាំងកូនផង កាលបើយ៉ាងនេះ ទើបមាតុគ្រាមនោះ ឈ្មោះថា ពេញលេញដោយអង្គនោះបាន។ ម្នាលភិក្ខុទាំងឡាយ មាតុគ្រាម ប្រកបដោយដោយកម្លាំងរូបផង កម្លាំងភោគៈផង កម្លាំងញាតិផង កម្លាំងកូនផង ពិតមែនហើយ ប៉ុន្តែ មិនប្រកបដោយកម្លាំងសីល កាលបើយ៉ាងនេះ មាតុគ្រាមនោះ ឈ្មោះថា មិនពេញ លេញដោយអង្គនោះឡើយ។ ម្នាលភិក្ខុទាំងឡាយ លុះតែមាតុគ្រាម ប្រកបដោយកម្លាំងរូបផង កម្លាំងភោគៈផង កម្លាំងញាតិផង កម្លាំងកូនផង កម្លាំងសីលផង កាលបើយ៉ាងនេះ ទើបមាតុគ្រាមនោះ ឈ្មោះថា ពេញលេញ ដោយអង្គនោះបាន។ ម្នាលភិក្ខុទាំងឡាយ កម្លាំងរបស់មាតុគ្រាម មាន ៥ យ៉ាងនេះឯង។

ចប់ សូត្រ ទី៤។

(អង្គ)សូត្រ ទី៥

(៥. អង្គសុត្តំ)

[១៣១] ម្នាលភិក្ខុទាំងឡាយ កម្លាំងរបស់មាតុគ្រាមនេះ មាន ៥ យ៉ាង។ កម្លាំង ៥ យ៉ាង គឺអ្វីខ្លះ។ គឺកម្លាំងរូប ១ កម្លាំងភោគៈ ១ កម្លាំងញាតិ ១ កម្លាំងកូន ១ កម្លាំងសីល ១។

[១៣២] ម្នាលភិក្ខុទាំងឡាយ មាតុគ្រាម ប្រកបដោយកម្លាំងរូប ពិតមែន ហើយ ប៉ុន្តែមិនប្រកបដោយកម្លាំងសីល ញាតិទាំងឡាយ រមែងឲ្យមាតុគ្រាមនោះ វិនាសចេញ មិនឲ្យនៅក្នុងត្រកូលឡើយ។ ម្នាលភិក្ខុទាំងឡាយ មាតុគ្រាម ប្រកបដោយកម្លាំងរូបផង កម្លាំងភោគៈផង ពិតមែនហើយ ប៉ុន្តែមិនប្រកបដោយកម្លាំងសីល ញាតិទាំងឡាយ រមែងឲ្យមាតុគ្រាមនោះ វិនាសចេញ មិនឲ្យនៅក្នុងត្រកូលឡើយ។ ម្នាលភិក្ខុទាំងឡាយ មាតុគ្រាម ប្រកបដោយកម្លាំងរូបផង កម្លាំងភោគៈផង កម្លាំងញាតិផង ពិតមែនហើយ ប៉ុន្តែមិនប្រកបដោយកម្លាំងសីល ញាតិទាំងឡាយ រមែងឲ្យមាតុគ្រាមនោះ វិនាសចេញ មិនឲ្យនៅក្នុងត្រកូលឡើយ។ ម្នាលភិក្ខុទាំងឡាយ មាតុគ្រាម ប្រកបដោយកម្លាំងរូបផង កម្លាំងភោគៈផង កម្លាំងញាតិផង កម្លាំងកូនផង ពិតមែនហើយ ប៉ុន្តែមិនប្រកបដោយកម្លាំងសីល ញាតិទាំងឡាយ រមែងឲ្យមាតុគ្រាមនោះ វិនាសចេញ មិនឲ្យនៅក្នុងត្រកូលឡើយ។ ម្នាលភិក្ខុទាំងឡាយ លុះតែមាតុគ្រាម ប្រកបដោយកម្លាំងរូបផង កម្លាំងភោគៈផង កម្លាំងញាតិផង កម្លាំងកូនផង កម្លាំង សីលផង ទើបញាតិទាំងឡាយ ឲ្យមាតុគ្រាមនោះ នៅក្នុងត្រកូលបាន មិនឲ្យវិនាស ឡើយ។ ម្នាលភិក្ខុទាំងឡាយ មាតុគ្រាម ប្រកបដោយកម្លាំងសីល ប៉ុន្តែមិនប្រកប ដោយកម្លាំងរូប ពួកញាតិ រមែងឲ្យមាតុគ្រាមនោះ នៅក្នុងត្រកូល មិនឲ្យវិនាសឡើយ។ ម្នាលភិក្ខុទាំងឡាយ មាតុគ្រាម ប្រកបដោយកម្លាំងសីល ប៉ុន្តែមិនប្រកបដោយកម្លាំងភោគៈ ពួកញាតិ ក៏រមែងឲ្យមាតុគ្រាមនោះ នៅក្នុងត្រកូល មិនឲ្យវិនាសឡើយ។ ម្នាលភិក្ខុទាំងឡាយ មាតុគ្រាម ប្រកបដោយកម្លាំងសីល ប៉ុន្តែមិនប្រកបដោយកម្លាំងញាតិ ពួកញាតិ ក៏រមែងឲ្យមាតុគ្រាមនោះ នៅក្នុងត្រកូល មិនឲ្យវិនាសឡើយ។ ម្នាលភិក្ខុទាំងឡាយ មាតុគ្រាម ប្រកបដោយកម្លាំងសីល ប៉ុន្តែមិនប្រកបដោយកម្លាំងកូន ពួកញាតិ ក៏រមែងឲ្យមាតុគ្រាមនោះ នៅក្នុងត្រកូល មិនឲ្យវិនាសឡើយ។ ម្នាលភិក្ខុទាំងឡាយ កម្លាំងរបស់មាតុគ្រាម មាន ៥ យ៉ាងនេះឯង។

ចប់ សូត្រ ទី៥។

(នាសេន្តិ)សូត្រ ទី៦

(៦. នាសេន្តិសុត្តំ)

[១៣៣] ម្នាលភិក្ខុទាំងឡាយ កម្លាំងរបស់មាតុគ្រាមនេះ មាន ៥ យ៉ាង។ កម្លាំង ៥ យ៉ាង គឺអ្វីខ្លះ។ គឺកម្លាំងរូប ១ កម្លាំងភោគៈ ១ កម្លាំងញាតិ ១ កម្លាំងកូន ១ កម្លាំងសីល ១។

[១៣៤] ម្នាលភិក្ខុទាំងឡាយ មាតុគ្រាម ដែលបែកធ្លាយរាងកាយស្លាប់ទៅ ទៅកើតក្នុងសុគតិសួគ៌ ទេវលោកបាន មិនមែនព្រោះហេតុតែកម្លាំងរូប ព្រោះហេតុតែកម្លាំងភោគៈ ព្រោះហេតុតែកម្លាំងញាតិ ព្រោះហេតុតែកម្លាំងកូនទេ។ ម្នាលភិក្ខុទាំងឡាយ មាតុគ្រាម ដែលបែកធ្លាយរាងកាយស្លាប់ទៅ ទៅកើតក្នុងសុគតិសួគ៌ ទេវលោកបាន ព្រោះហេតុតែកម្លាំងសីលប៉ុណ្ណោះ។ ម្នាលភិក្ខុទាំងឡាយ កម្លាំងរបស់មាតុគ្រាម មាន ៥ យ៉ាងនេះឯង។

ចប់ សូត្រ ទី៦។

(ហេតុ)សូត្រ ទី៧

(៧. ហេតុសុត្តំ)

[១៣៥] ម្នាលភិក្ខុទាំងឡាយ ស្ថាន ៥ យ៉ាងនេះ មាតុគ្រាម ដែលឥតធ្វើបុណ្យ តែងបានដោយកម្រ។ ស្ថាន ៥ យ៉ាង គឺអ្វីខ្លះ។ គឺមាតុគ្រាម តាំងចិត្តថា អាត្មាអញ គប្បីកើតក្នុងត្រកូល ដ៏សមគួរ ម្នាលភិក្ខុទាំងឡាយ នេះជាស្ថាន ទី ១ ដែលមាតុគ្រាម ឥតធ្វើបុណ្យ តែងបានដោយកម្រ។ មាតុគ្រាមតាំងចិត្តថា លុះអាត្មាអញ កើតក្នុងត្រកូល ដ៏សមគួរហើយ សូមទៅកាន់ត្រកូល ដ៏សមគួរ ម្នាលភិក្ខុទាំងឡាយ នេះឯងជាស្ថាន ទី ២ ដែលមាតុគ្រាមឥតធ្វើបុណ្យ តែងបានដោយកម្រ។ មាតុគ្រាមតាំងចិត្តថា លុះអាត្មាអញ កើតក្នុងត្រកូល ដ៏សមគួរ ទៅកាន់ត្រកូល ដ៏សមគួរហើយ សូមកុំឲ្យមានស្រីរួមប្តី នៅគ្រប់គ្រងផ្ទះឡើយ ម្នាលភិក្ខុទាំងឡាយ នេះឯង ជាស្ថាន ទី ៣ ដែលមាតុគ្រាមឥតធ្វើបុណ្យ តែងបានដោយកម្រ។ មាតុគ្រាមតាំងចិត្តថា លុះអាត្មាអញ កើតក្នុងត្រកូលដ៏សមគួរ ទៅកាន់ត្រកូល ដ៏សមគួរ មិនមានស្រីរួមប្តី នៅគ្រប់គ្រងផ្ទះ ហើយ សូមឲ្យមានកូន។ ម្នាលភិក្ខុទាំងឡាយ នេះឯង ជាស្ថាន ទី ៤ ដែលមាតុគ្រាម ឥតធ្វើបុណ្យ តែងបានដោយកម្រ។ មាតុគ្រាមតាំងចិត្តថា លុះអាត្មាអញ កើតក្នុងត្រកូល ដ៏សមគួរ ទៅកាន់ត្រកូល ដ៏សមគួរ មិនមានស្រីរួមប្តីនៅគ្រប់គ្រងផ្ទះ ជាស្រ្តីមានកូនហើយ សូមឲ្យគ្របសង្កត់ប្តីបាន ម្នាលភិក្ខុទាំងឡាយ នេះឯង ជាស្ថាន ទី ៥ ដែលមាតុគ្រាមឥតធ្វើបុណ្យ តែងបានដោយកម្រ។ ភិក្ខុទាំងឡាយ ស្ថាន ៥ យ៉ាងនេះ ឯង ដែលមាតុគ្រាម ឥតធ្វើបុណ្យ តែងបានដោយកម្រ។

ចប់ សូត្រ ទី៧។

(ឋាន)សូត្រ ទី៨

(៨. ឋានសុត្តំ)

[១៣៦] ម្នាលភិក្ខុទាំងឡាយ ស្ថាន ៥ យ៉ាងនេះ ដែលមាតុគ្រាមធ្វើបុណ្យ តែងបានដោយងាយ។ ស្ថាន ៥ យ៉ាង គឺអ្វីខ្លះ។ គឺមាតុគ្រាមតាំងចិត្តថា សូមឲ្យអាត្មាអញ កើតក្នុងត្រកូល ដ៏សមគួរ ម្នាលភិក្ខុទាំងឡាយ នេះឯង ជាស្ថាន ទី ១ ដែលមាតុគ្រាមធ្វើបុណ្យ តែងបានដោយងាយ។ មាតុគ្រាមតាំងចិត្តថា លុះអាត្មាអញ កើតក្នុងត្រកូល ដ៏សមគួរហើយ សូមឲ្យទៅកាន់ត្រកូល ដ៏សមគួរ ម្នាលភិក្ខុទាំងឡាយ នេះឯង ជាស្ថាន ទី ២ ដែលមាតុគ្រាមធ្វើបុណ្យ តែងបានដោយងាយ។ មាតុគ្រាមតាំង ចិត្តថា លុះអាត្មាអញ កើតក្នុងត្រកូល ដ៏សមគួរ ទៅកាន់ត្រកូល ដ៏សមគួរហើយ សូមកុំឲ្យមានស្រីរួមប្តី នៅគ្រប់គ្រងផ្ទះឡើយ ម្នាលភិក្ខុទាំងឡាយ នេះឯង ជាស្ថាន ទី ៣ ដែលមាតុគ្រាមធ្វើបុណ្យ តែងបានដោយងាយ។ មាតុគ្រាមតាំងចិត្តថា លុះអាត្មាអញ កើតក្នុងត្រកូល ដ៏សមគួរ ទៅកាន់ត្រកូល ដ៏សមគួរ មិនមានស្រីរួមប្តី នៅគ្រប់គ្រងផ្ទះហើយ សូមឲ្យមានកូន ម្នាលភិក្ខុទាំងឡាយ នេះឯង ជាស្ថាន ទី ៤ ដែលមាតុគ្រាមធ្វើបុណ្យ តែងបានដោយងាយ។ មាតុគ្រាមតាំងចិត្តថា លុះអាត្មាអញ កើតក្នុងត្រកូល ដ៏សមគួរ ទៅកាន់ត្រកូល ដ៏សមគួរ មិនមានស្រីរួមប្តី នៅគ្រប់គ្រងផ្ទះ ជាស្រ្តីមានកូនហើយ សូមឲ្យគ្របសង្កត់ប្តីបាន ម្នាលភិក្ខុទាំងឡាយ នេះឯង ជាស្ថាន ទី ៥ ដែលមាតុគ្រាមធ្វើបុណ្យ តែងបានដោយងាយ។ ម្នាលភិក្ខុទាំងឡាយ ស្ថាន ៥ យ៉ាងនេះឯង ដែលមាតុគ្រាមធ្វើបុណ្យ តែងបានដោយងាយ។

ចប់ សូត្រ ទី៨។

(បញ្ចសីលវិសារទ)សូត្រ ទី៩

(៩. បញ្ចសីលវិសារទសុត្តំ)

[១៣៧] ម្នាលភិក្ខុទាំងឡាយ មាតុគ្រាម ប្រកបដោយធម៌ ៥ យ៉ាង ជាអ្នកក្លៀវក្លា នៅគ្រប់គ្រងផ្ទះបាន។ ធម៌ ៥ យ៉ាង គឺអ្វីខ្លះ។ គឺមាតុគ្រាម ជាអ្នកវៀរចាកបាណាតិបាត ១ វៀរចាកអទិន្នាទាន ១ វៀរចាកកាមេសុមិច្ឆាចារ ១ វៀរចាកមុសាវាទៈ ១ វៀរចាកសុរាមេរយមជ្ជប្បមាទដ្ឋាន ១។ ម្នាលភិក្ខុទាំងឡាយ មាតុគ្រាម ប្រកបដោយធម៌ ៥ យ៉ាងនេះឯង ទើបជាអ្នកក្លៀវក្លា នៅគ្រប់គ្រងផ្ទះបាន។

ចប់ សូត្រ ទី៩។

(វឌ្ឍី)សូត្រ ទី១០

(១០. វឌ្ឍីសុត្តំ)

[១៣៨] ម្នាលភិក្ខុទាំងឡាយ អរិយសាវិកា កាលបើចំរើន ដោយសេចក្តីចំរើន ៥ យ៉ាងហើយ តែងចំរើនដោយសេចក្តីចំរើន ដ៏ប្រសើរ ឈ្មោះថា ជាអ្នកកាន់យក នូវទ្រព្យមានខ្លឹម កាន់យកនូវទ្រព្យ ដ៏ប្រសើរ របស់កាយបាន។ សេចក្តីចំរើន ៥ យ៉ាង គឺអ្វីខ្លះ។ គឺចំរើនដោយសទ្ធា ១ ចំរើនដោយសីល ១ ចំរើនដោយសុតៈ ១ ចំរើនដោយចាគៈ ១ ចំរើនដោយបញ្ញា ១។ ម្នាលភិក្ខុទាំងឡាយ អរិយសាវិកា កាលបើចំរើនដោយសេចក្តីចំរើនទាំង ៥ យ៉ាងនេះហើយ តែងចំរើនដោយសេចក្តី ចំរើនដ៏ប្រសើរ ឈ្មោះថា ជាអ្នកកាន់យកនូវទ្រព្យមានខ្លឹម កាន់យកនូវទ្រព្យ ដ៏ប្រសើរ របស់កាយបាន។

អរិយសាវិកា រមែងចំរើនដោយសទ្ធាផង ដោយសីលផង ដោយបញ្ញាផង និងចំរើនដោយហេតុទាំងពីរ គឺ ចាគៈផង សុតៈផង ឧបាសិកា មានសីលបែបនោះ រមែងកាន់យកនូវទ្រព្យ មានខ្លឹមរបស់ខ្លួន ក្នុងលោកនេះដោយពិត។

ចប់ សូត្រ ទី១០។

ចប់ មាតុគ្គាមពលវគ្គ ទី ២(ទី ៣)

ឧទ្ទាននៃមាតុគ្គាមពលវគ្គនោះគឺ

និយាយអំពីមាតុគ្រាម ប្រកបដោយកម្លាំងប្រាំ ជាអ្នកក្លៀវក្លា ១ អំពីមាតុគ្រាមបង្រ្គបប្តី ១ អំពីមាតុគ្រាមគ្របសង្កត់ប្តី ១ អំពីមាតុគ្រាមប្រកបដោយអង្គ ១ អំពីពួកញាតិ ឲ្យមាតុគ្រាមវិនាស ជាគម្រប់ប្រាំ ១ អំពីហេតុ ១ អំពីស្ថាន ២ លើក អំពីមាតុគ្រាមក្លៀវក្លា ១ អំពីអរិយសាវិកាចំរើន ដោយសេចក្តីចំរើន ១ រួមត្រូវជា ១០។

ចប់ មាតុគ្គាមសំយុត្ត។

ជម្ពុខាទកសំយុត្ត (ទី៤)

(៤. ជម្ពុខាទកសំយុត្តំ)

(និព្វានបញ្ហាសូត្រ ទី១)

(១. និព្វានបញ្ហាសុត្តំ)

[១៣៩] សម័យមួយ ព្រះសារីបុត្តដ៏មានអាយុ គង់នៅក្នុងនាលគ្រាម នាដែនមគធៈ។ គ្រានោះឯង បរិព្វាជកឈ្មោះ ជម្ពុខាទកៈ បានចូលទៅរកព្រះសារីបុត្តដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏ពោលសំណេះសំណាល ជាមួយនឹងព្រះសារីបុត្ត ដ៏មានអាយុ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យដែលគួររឭកហើយ ក៏អង្គុយក្នុងទីសមគួរ។ លុះជម្ពុខាទកបរិព្វាជក អង្គុយក្នុងទីសមគួរហើយ ក៏និយាយនឹងព្រះសារីបុត្តដ៏មានអាយុ ដូច្នេះថា ម្នាលអាវុសោ សារីបុត្ត គេតែងនិយាយថា និព្វាន និព្វាន ម្នាលអាវុសោ ដូចម្តេចហ្ន៎ ហៅថានិព្វាន។ ព្រះសារីបុត្តតបថា ម្នាលអាវុសោ សភាវៈ ដែលជាទីអស់ទៅ នៃរាគៈ អស់ទៅនៃទោសៈ អស់ទៅនៃមោហៈ នេះហៅថា និព្វាន។ ម្នាលអាវុសោ ចុះមគ្គ និងបដិបទា ដែលប្រព្រឹត្តទៅ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវព្រះនិព្វាននុ៎ះ មានដែរឬ។ ម្នាលអាវុសោ មគ្គ និងបដិបទា ដែលប្រព្រឹត្តទៅ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវព្រះនិព្វាននុ៎ះ មានដែរ។ ម្នាលអាវុសោ អ្វីជាមគ្គ អ្វីជាបដិបទា ដែលប្រព្រឹត្តទៅ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវព្រះនិព្វាននុ៎ះ។ ម្នាលអាវុសោ មគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរនេះហើយ ដែលប្រព្រឹត្តទៅ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវព្រះនិព្វាននុ៎ះ។ មគ្គប្រកបដោយអង្គ ៨ តើដូចម្តេច។ គឺសមាទិដ្ឋិ ១ សម្មាសង្កប្បៈ ១ សម្មាវាចា ១ សម្មាកម្មន្តៈ ១ សម្មាអាជីវៈ ១ សម្មាវាយាមៈ ១ សម្មាសតិ ១ សម្មាសមាធិ ១។ ម្នាលអាវុសោ នេះហៅថា មគ្គ នេះហៅថា បដិបទា ដែលប្រព្រឹត្តទៅ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវព្រះនិព្វាននុ៎ះ។ ម្នាលអាវុសោ មគ្គដ៏ចំរើន បដិបទាដ៏ចំរើន ដែលប្រព្រឹត្តទៅ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវព្រះនិព្វាននុ៎ះបាន ម្នាលអាវុសោសារីបុត្ត បើដូច្នោះ បុគ្គល គួរ (ដំកល់ចិត្ត) ក្នុងអប្បមាទធម៌។

(អរហត្តបញ្ហាសូត្រ ទី២)

(២. អរហត្តបញ្ហាសុត្តំ)

[១៤០] ម្នាលអាវុសោសារីបុត្ត គេតែងនិយាយថា អរហត្ត អរហត្ត ម្នាលអាវុសោ ដូចម្តេចហ្ន៎ ហៅថា អរហត្ត។ ម្នាលអាវុសោ សភាវៈ ដែលជាទីអស់ទៅ នៃរាគៈ អស់ទៅនៃទោសៈ អស់ទៅនៃមោហៈ នេះហៅថា អរហត្ត។ ម្នាលអាវុសោ ចុះមគ្គ និងបដិបទា ដែលប្រព្រឹត្តទៅ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវអរហត្តនុ៎ះ មានដែរឬ។ ម្នាលអាវុសោ មគ្គ និងបដិបទា ដែលប្រព្រឹត្តទៅ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវអរហត្តនុ៎ះ មានដែរ។ ម្នាលអាវុសោ អ្វីជាមគ្គ អ្វីជាបដិបទា ដែលប្រព្រឹត្តទៅ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវអរហត្តនុ៎ះ។ ម្នាលអាវុសោ មគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរនេះហើយ ដែលប្រព្រឹត្តទៅ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវអរហត្តនុ៎ះ។ មគ្គប្រកបដោយអង្គ ៨ តើដូចម្តេច។ គឺសម្មាទិដ្ឋិ ១។ បេ។ សមាសម្មាធិ ១។ ម្នាលអាវុសោ នេះហៅថា មគ្គ នេះ ហៅថាបដិបទា ដែលប្រព្រឹត្តទៅ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវអរហត្តនុ៎ះ។ ម្នាលអាវុសោ មគ្គដ៏ចំរើន បដិបទាដ៏ចំរើន ដែលប្រព្រឹត្តទៅ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវអរហត្តនុ៎ះបាន ម្នាលអាវុសោសារីបុត្ត បើដូច្នោះ បុគ្គលគួរ (ដំកល់ចិត្ត) ក្នុងអប្បមាទធម៌។

(ធម្មវាទីបញ្ហាសូត្រ ទី៣)

(៣. ធម្មវាទីបញ្ហាសុត្តំ)

[១៤១] ម្នាលអាវុសោសារីបុត្ត ពួកបុគ្គលដូចម្តេចហ្ន៎ ឈ្មោះថា ជាធម្មវាទី ក្នុងលោក បុគ្គលដូចម្តេច ឈ្មោះថា ជាអ្នកប្រតិបត្តិល្អក្នុងលោក បុគ្គលដូចម្តេច ជាអ្នកមានដំណើរល្អក្នុងលោក។ ម្នាលអាវុសោ ពួកបុគ្គលឯណា សំដែងធម៌ ដើម្បីលះបង់នូវរាគៈ សំដែងធម៌ ដើម្បីលះបង់នូវទោសៈ សំដែងធម៌ ដើម្បីលះបង់នូវមោហៈ បុគ្គលទាំងនោះ ឈ្មោះថា ជាធម្មវាទីក្នុងលោក។ ម្នាលអាវុសោ បុគ្គលទាំងឡាយឯណា ជាអ្នកប្រតិបត្តិ ដើម្បីលះបង់នូវរាគៈ ប្រតិបត្តិ ដើម្បីលះបង់នូវទោសៈ ប្រតិបត្តិ ដើម្បីលះបង់ នូវមោហៈ បុគ្គលទាំងនោះ ឈ្មោះថា ជាអ្នកប្រតិបត្តិល្អក្នុងលោក។ ម្នាលអាវុសោ បុគ្គលទាំងឡាយឯណា លះបង់នូវរាគៈចោលហើយ បានផ្តាច់ផ្តិលឫសគល់ អស់ហើយ បានធ្វើឲ្យនៅសល់តែទីនៅ ដូចជាទីនៅនៃដើមត្នោត ធ្វើឲ្យសាបសូន្យទៅ មានសភាពមិនកើតឡើងតទៅទៀតឡើយ លះបង់នូវទោសៈចោលហើយ បានផ្តាច់ផ្តិលឫសគល់អស់ហើយ បានធ្វើឲ្យនៅសល់តែទីនៅ ដូចជាទីនៅ នៃដើមត្នោត ធ្វើឲ្យសាបសូន្យទៅ មានសភាពមិនកើតឡើងតទៅទៀតឡើយ លះបង់នូវមោហៈ ចោលហើយ បានផ្តាច់ផ្តិលឫសគល់អស់ហើយ បានធ្វើឲ្យនៅសល់តែទីនៅ ដូចជា ទីនៅ នៃដើមត្នោត ធ្វើឲ្យសាបសូន្យទៅ មានសភាពមិនកើតឡើងតទៅទៀតឡើយ បុគ្គលទាំងនោះ ឈ្មោះថា ជាអ្នកមានដំណើរល្អក្នុងលោក។ ម្នាលអាវុសោ មគ្គ និង បដិបទា ដែលប្រព្រឹត្តទៅ ដើម្បីលះបង់នូវរាគៈ ទោសៈ មោហៈនុ៎ះ មានដែរឬ។ ម្នាលអាវុសោ មគ្គ និងបដិបទា ដែលប្រព្រឹត្តទៅ ដើម្បីលះបង់នូវរាគៈ ទោសៈ មោហៈនុ៎ះ មានដែរ។ ម្នាលអាវុសោ អ្វីជាមគ្គ អ្វីជាបដិបទា ដែលប្រព្រឹត្តទៅ ដើម្បីលះបង់ នូវរាគៈ ទោសៈ មោហៈនុ៎ះ។ ម្នាលអាវុសោ មគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរនេះឯងហើយ ដែលប្រព្រឹត្តទៅ ដើម្បីលះបង់នូវរាគៈ ទោសៈ មោហៈនុ៎ះ។ មគ្គប្រកបដោយអង្គ ៨ តើដូចម្តេច។ គឺសម្មាទិដ្ឋិ ១។បេ។ សម្មាសមាធិ ១។ ម្នាលអាវុសោ នេះហៅថាមគ្គ នេះហៅថាបដិបទា ដែលប្រព្រឹត្តទៅ ដើម្បីលះបង់ នូវរាគៈ ទោសៈ មោហៈនុ៎ះ។ ម្នាលអាវុសោ មគ្គដ៏ចំរើន បដិបទាដ៏ចំរើន ដែលប្រព្រឹត្តទៅ ដើម្បីលះបង់នូវរាគៈ ទោសៈ មោហៈនុ៎ះបាន ម្នាលអាវុសោសារីបុត្ត បើដូច្នោះ បុគ្គល គួរ (ដំកល់ចិត្ត) ក្នុងអប្បមាទធម៌។

(កិមត្ថិយសូត្រ ទី៤)

(៤. កិមត្ថិយសុត្តំ)

[១៤២] ម្នាលអាវុសោសារីបុត្ត បុគ្គលប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសំណាក់ ព្រះសមណគោតម តើដើម្បីប្រយោជន៍អ្វី។ ម្នាលអាវុសោ បុគ្គលប្រព្រឹត្ត ព្រហ្មចរិយធម៌ ក្នុងសំណាក់ព្រះដ៏មានព្រះភាគ ដើម្បីកំណត់ដឹង នូវសេចក្តីទុក្ខ។ ម្នាលអាវុសោ មគ្គ និងបដិបទា ដែលប្រព្រឹត្តទៅ ដើម្បីកំណត់ដឹង នូវសេចក្តីទុក្ខនុ៎ះ មានដែរឬ។ ម្នាលអាវុសោ មគ្គ និងបដិបទា ដែលប្រព្រឹត្តទៅ ដើម្បីកំណត់ដឹង នូវសេចក្តីទុក្ខ នុ៎ះ មានដែរ។ ម្នាលអាវុសោ អ្វីជាមគ្គ អ្វីជាបិបទា ដែលប្រព្រឹត្តទៅ ដើម្បីកំណត់ដឹង នូវសេចក្តីទុក្ខនុ៎ះ។ ម្នាលអាវុសោ មគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរនេះឯងហើយ ដែលប្រព្រឹត្តទៅ ដើម្បីកំណត់ដឹង នូវសេចក្តីទុក្ខនុ៎ះ។ មគ្គប្រកបដោយអង្គ ៨ តើដូចម្តេច។ គឺសម្មាទិដ្ឋិ ១។បេ។ សម្មាសមាធិ ១។ ម្នាលអាវុសោ នេះហៅថាមគ្គ នេះហៅថាបដិបទា ដែលប្រព្រឹត្តទៅ ដើម្បីកំណត់ដឹង នូវសេចក្តីទុក្ខនុ៎ះ។ ម្នាលអាវុសោ មគ្គដ៏ចំរើន បដិបទាដ៏ចំរើន ដែលប្រព្រឹត្តទៅ ដើម្បីកំណត់ដឹង នូវសេចក្តីទុក្ខនុ៎ះ ម្នាលអាវុសោសារីបុត្ត បើដូច្នោះ បុគ្គលគួរ (ដំកល់ចិត្ត) ក្នុងអប្បមាទធម៌។

(អស្សាសប្បត្តសូត្រ ទី៥)

(៥. អស្សាសប្បត្តសុត្តំ)

[១៤៣] ម្នាលអាវុសោសារីបុត្ត គេតែងនិយាយថា ភិក្ខុដល់នូវការដកដង្ហើម ចេញ ដល់នូវការដកដង្ហើមចេញ ម្នាលអាវុសោសារីបុត្ត ភិក្ខុដល់នូវការដកដង្ហើមចេញ ដោយហេតុយ៉ាងណា។ ម្នាលអាវុសោ កាលភិក្ខុដឹងច្បាស់ នូវការកើតឡើងផង នូវសេចក្តីវិនាសផង នូវអានិសង្សផង នូវទោសផង នូវការរលាស់ចេញផង នៃផស្សាយតនៈ ទាំង ៦ តាមសេចក្តីពិត ម្នាលអាវុសោ ភិក្ខុជាអ្នកដល់ នូវការដកដង្ហើមចេញ ដោយហេតុយ៉ាងនេះឯង។ ម្នាលអាវុសោ មគ្គ និងបដិបទា ដែលប្រព្រឹត្តទៅ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវការដកដង្ហើមចេញនុ៎ះ មានដែរឬ។ ម្នាលអាវុសោ មគ្គ និងបដិបទា ដែលប្រព្រឹត្តទៅ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវការដកដង្ហើមចេញនុ៎ះ មានដែរ។ ម្នាលអាវុសោ អ្វីជាមគ្គ អ្វីជាបដិបទា ដែលប្រព្រឹត្តទៅ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវការដកដង្ហើមចេញនុ៎ះ។ ម្នាលអាវុសោ មគ្គប្រកបដោយអង្គ ៨ ដ៏ ប្រសើរនេះឯងហើយ ដែលប្រព្រឹត្តទៅ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវការដកដង្ហើមចេញនុ៎ះ។ មគ្គប្រកបដោយ អង្គ ៨ តើដូចម្តេច។ គឺសម្មាទិដ្ឋិ ១។បេ។ សម្មាសមាធិ ១។ ម្នាលអាវុសោ នេះហៅថាមគ្គ នេះហៅថាបដិបទា ដែលប្រព្រឹត្តទៅ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវការដកដង្ហើមចេញនុ៎ះ។ ម្នាលអាវុសោ មគ្គដ៏ចំរើន បដិបទាដ៏ចំរើន ដែលប្រព្រឹត្តទៅ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវការដកដង្ហើមចេញនុ៎ះ ម្នាលអាវុសោសារីបុត្ត បើដូច្នោះ បុគ្គលគួរ (ដំកល់ចិត្ត) ក្នុងអប្បមាទធម៌។

(បរមស្សាសប្បត្តសូត្រ ទី៦)

(៦. បរមស្សាសប្បត្តសុត្តំ)

[១៤៤] ម្នាលអាវុសោសារីបុត្ត គេតែងនិយាយថា ភិក្ខុដល់នូវការដកដង្ហើមចេញដ៏ឧត្តម ដល់នូវការដកដង្ហើមចេញដ៏ឧត្តម ម្នាលអាវុសោ ភិក្ខុជាអ្នកដល់ នូវការដកដង្ហើមចេញដ៏ឧត្តម ដោយហេតុយ៉ាងណា។ ម្នាលអាវុសោ កាលណាភិក្ខុដឹងច្បាស់ នូវការកើតឡើងផង នូវការវិនាសផង នូវអនិសង្សផង នូវទោសផង នូវការរលាស់ចេញផង នៃផស្សាយតនៈ ទាំង ៦ តាមសេចក្តីពិត ជាអ្នកផុតស្រឡះ ព្រោះមិនប្រកាន់ ម្នាលអាវុសោ ភិក្ខុជាអ្នកដល់ នូវការដកដង្ហើមចេញដ៏ឧត្តម ដោយហេតុយ៉ាង នេះឯង។ ម្នាលអាវុសោ មគ្គ និងបដិបទា ដែលប្រព្រឹត្តទៅ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវការដកដង្ហើមចេញ ដ៏ឧត្តមនុ៎ះ មានដែរឬ។ ម្នាលអាវុសោ មគ្គ និងបដិបទា ដែលប្រព្រឹត្តទៅ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវការដកដង្ហើមចេញដ៏ឧត្តមនុ៎ះ មានដែរ។ ម្នាលអាវុសោ អ្វីជាមគ្គ អ្វីជាបដិបទា ដែលប្រព្រឹត្តទៅ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវការដកដង្ហើមចេញដ៏ឧត្តមនុ៎ះ។ ម្នាលអាវុសោ មគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរនេះឯងហើយ ដែលប្រព្រឹត្តទៅ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវការដកដង្ហើមចេញដ៏ឧត្តមនុ៎ះ។ មគ្គ ប្រកបដោយអង្គ ៨ តើដូចម្តេច។ គឺសម្មាទិដ្ឋិ ១។បេ។ សម្មាសមាធិ ១។ ម្នាលអាវុសោ នេះហៅថាមគ្គ នេះហៅថាបដិបទា ដែលប្រព្រឹត្តទៅ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវការដកដង្ហើមចេញដ៏ឧត្តមនុ៎ះ។ ម្នាលអាវុសោ មគ្គដ៏ចំរើន បដិបទាដ៏ចំរើន ដែលប្រព្រឹត្តទៅ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវការដកដង្ហើមចេញដ៏ឧត្តមនុ៎ះ ម្នាលអាវុសោសារីបុត្ត បើដូច្នោះ បុគ្គលគួរ (ដំកល់ចិត្ត) ក្នុងអប្បមាទធម៌។

(វេទនាបញ្ហាសូត្រ ទី៧)

(៧. វេទនាបញ្ហាសុត្តំ)

[១៤៥] ម្នាលអាវុសោសារីបុត្ត គេតែងនិយាយថា វេទនា ៗ ម្នាលអាវុសោ វេទនា តើដូចម្តេច។ ម្នាលអាវុសោ វេទនានេះ មាន ៣ ប្រការ។ វេទនា ៣ ប្រការ គឺអ្វីខ្លះ។ គឺសុខវេទនា ១ ទុក្ខវេទនា ១ អទុក្ខមសុខវេទនា ១។ ម្នាលអាវុសោ វេទនា មាន ៣ ប្រការនេះឯង។ ម្នាលអាវុសោ មគ្គ និងបដិបទា ដែលប្រព្រឹត្តទៅ ដើម្បីកំណត់ដឹង នូវវេទនា ទាំង ៣ នុ៎ះ មានដែរឬ។ ម្នាលអាវុសោ មគ្គ និងបដិបទា ដែលប្រព្រឹត្តទៅ ដើម្បីកំណត់ដឹង នូវវេទនា ទាំង ៣ ប្រការនុ៎ះ មានដែរ។ ម្នាលអាវុសោ អ្វីជាមគ្គ អ្វីជាបដិបទា ដែលប្រព្រឹត្តទៅ ដើម្បីកំណត់ដឹង នូវវេទនា ទាំង ៣ ប្រការនុ៎ះ។ ម្នាលអាវុសោ មគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរនេះឯងហើយ ដែលប្រព្រឹត្តទៅ ដើម្បីកំណត់ដឹង នូវវេទនា ទាំង ៣ ប្រការនុ៎ះ។ មគ្គ ប្រកបដោយអង្គ ៨ តើដូចម្តេច។ គឺ សម្មាទិដ្ឋិ ១។ បេ។ សម្មាសមាធិ ១។ ម្នាលអាវុសោ នេះហៅថាមគ្គ នេះហៅថាបដិបទា ដែលប្រព្រឹត្តទៅ ដើម្បីកំណត់ដឹង នូវវេទនា ទាំង ៣ ប្រការនុ៎ះ។ ម្នាលអាវុសោ មគ្គដ៏ចំរើន បដិបទាដ៏ចំរើន ដែលប្រព្រឹត្តទៅ ដើម្បីកំណត់ដឹង នូវវេទនា ទាំង ៣ ប្រការនុ៎ះ ម្នាលអាវុសោសារីបុត្ត បើដូច្នោះ បុគ្គលគួរ (ដំកល់ចិត្ត) ក្នុង អប្បមាទធម៌។

(អាសវបញ្ហាសូត្រ ទី៨)

(៨. អាសវបញ្ហាសុត្តំ)

[១៤៦] ម្នាលអាវុសោសារីបុត្ត គេតែងនិយាយថា អាសវៈ ៗ ម្នាលអាវុសោ អាសវៈ តើដូចម្តេច។ ម្នាលអាវុសោ អាសវៈទាំងនេះ មាន ៣ ប្រការ គឺ កាមាសវៈ ១ ភវាសវៈ ១ អវិជ្ជាសវៈ ១។ ម្នាលអាវុសោ អាសវៈ មាន ៣ ប្រការនេះឯង។ ម្នាលអាវុសោ មគ្គ និងបដិបទា ដែលប្រព្រឹត្តទៅ ដើម្បីលះបង់ នូវអាសវៈទាំងនុ៎ះ មានដែរ ឬ។ ម្នាលអាវុសោ មគ្គ និងបដិបទា ដែលប្រព្រឹត្តទៅ ដើម្បីលះបង់ នូវអាសវៈទាំងនុ៎ះ មានដែរ។ ម្នាលអាវុសោ អ្វីជាមគ្គ អ្វីជាបដិបទា ដែលប្រព្រឹត្តទៅ ដើម្បីលះបង់ នូវអាសវៈទាំងនុ៎ះ។ ម្នាលអាវុសោ មគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរនេះឯងហើយ ដែលប្រព្រឹត្តទៅ ដើម្បីលះបង់ នូវអាសវៈទាំងនុ៎ះ។ មគ្គប្រកបដោយអង្គ ៨ តើដូចម្តេច។ គឺសម្មាទិដ្ឋិ ១។ បេ។ សម្មាសមាធិ ១។ ម្នាលអាវុសោ នេះហៅថាមគ្គ នេះហៅថា បដិបទា ដែលប្រព្រឹត្តទៅ ដើម្បីលះបង់ នូវអាសវៈទាំងនុ៎ះ។ ម្នាលអាវុសោ មគ្គដ៏ចំរើន បដិបទាដ៏ចំរើន ដែលប្រព្រឹត្តទៅ ដើម្បីលះបង់នូវអាសវៈទាំងនុ៎ះ ម្នាលអាវុសោសារីបុត្ត បើដូច្នោះ បុគ្គលគួរ (ដំកល់ចិត្ត) ក្នុងអប្បមាទធម៌។

(អវិជ្ជាបញ្ហាសូត្រ ទី៩)

(៩. អវិជ្ជាបញ្ហាសុត្តំ)

[១៤៧] ម្នាលអាវុសោសារីបុត្ត គេតែងនិយាយថា អវិជ្ជា ៗ ម្នាលអាវុសោ អវិជ្ជា តើដូចម្តេច។ ម្នាលអាវុសោ ការមិនដឹង ក្នុងទុក្ខឯណា ការមិនដឹង ក្នុងហេតុ ជាដែនកើត នៃទុក្ខឯណា ការមិនដឹង ក្នុងហេតុជាទីរលត់ទុក្ខឯណា ការមិនដឹងក្នុង បដិបទា ជាដំណើរទៅកាន់ទីរលត់ទុក្ខឯណា ម្នាលអាវុសោ នេះហៅថា អវិជ្ជា។ ម្នាលអាវុសោ មគ្គ និងបដិបទា ដែលប្រព្រឹត្តទៅ ដើម្បីលះបង់ នូវអវិជ្ជានុ៎ះ មានដែរឬ។ ម្នាលអាវុសោ មគ្គ និងបដិបទា ដែលប្រព្រឹត្តទៅ ដើម្បីលះបង់ នូវអវិជ្ជានុ៎ះ មានដែរ។ ម្នាលអាវុសោ អ្វីជាមគ្គ អ្វីជាបដិបទា ដែលប្រព្រឹត្តទៅ ដើម្បីលះបង់ នូវអវិជ្ជានុ៎ះ។ ម្នាលអាវុសោ មគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរនេះឯងហើយ ដែលប្រព្រឹត្តទៅ ដើម្បីលះបង់នូវអវិជ្ជានុ៎ះ។ មគ្គប្រកបដោយអង្គ ៨ តើដូចម្តេច។ គឺសម្មាទិដ្ឋិ ១។ បេ។ សម្មាសមាធិ ១។ ម្នាលអាវុសោ នេះហៅថាមគ្គ នេះហៅថា បដិបទា ដែលប្រព្រឹត្តទៅ ដើម្បីលះបង់នូវអវិជ្ជានុ៎ះ។ ម្នាលអាវុសោ មគ្គដ៏ចំរើន បដិបទាដ៏ចំរើន ដែលប្រព្រឹត្តទៅ ដើម្បីលះបង់ នូវអវិជ្ជានុ៎ះ ម្នាលអាវុសោសារីបុត្ត បើដូច្នោះ បុគ្គលគួរ (ដំកល់ចិត្ត) ក្នុងអប្បមាទធម៌។

(តណ្ហាបញ្ហាសូត្រ ទី១០)

(១០. តណ្ហាបញ្ហាសុត្តំ)

[១៤៨] ម្នាលអាវុសោសារីបុត្ត គេតែងនិយាយថា តណ្ហា ៗ ម្នាលអាវុសោ តណ្ហា តើដូចម្តេច។ ម្នាលអាវុសោ តណ្ហានេះ មាន ៣ ប្រការ គឺ កាមតណ្ហា ១ ភវតណ្ហា ១ វិភវតណ្ហា ១។ ម្នាលអាវុសោ តណ្ហា មាន ៣ ប្រការនេះឯង។ ម្នាលអាវុសោ មគ្គ និងបដិបទា ដែលប្រព្រឹត្តទៅ ដើម្បីលះបង់ នូវតណ្ហាទាំងនុ៎ះ មានដែរឬ។ ម្នាលអាវុសោ មគ្គ និងបដិបទា ដែលប្រព្រឹត្តទៅ ដើម្បីលះបង់ នូវតណ្ហាទាំងនុ៎ះ មានដែរ។ ម្នាលអាវុសោ អ្វីជាមគ្គ អ្វីជាបដិបទា ដែលប្រព្រឹត្តទៅ ដើម្បីលះបង់ នូវតណ្ហាទាំងនុ៎ះ។ ម្នាលអាវុសោ មគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរនេះឯងហើយ ដែលប្រព្រឹត្តទៅ ដើម្បីលះបង់ នូវតណ្ហាទាំងនុ៎ះ។ មគ្គប្រកបដោយអង្គ ៨ តើដូចម្តេច។ គឺសម្មាទិដ្ឋិ ១។បេ។ សម្មាសមាធិ១។ ម្នាលអាវុសោ នេះហៅថាមគ្គ នេះហៅថា បដិបទា ដែលប្រព្រឹត្តទៅ ដើម្បីលះបង់ នូវតណ្ហាទាំងនុ៎ះ។ ម្នាលអាវុសោ មគ្គដ៏ចំរើន បដិបទាដ៏ចំរើន ដែលប្រព្រឹត្តទៅ ដើម្បីលះបង់ នូវតណ្ហាទាំងនុ៎ះ ម្នាលអាវុសោសារីបុត្ត បើដូច្នោះ បុគ្គលគួរ (ដំកល់ចិត្ត) ក្នុងអប្បមាទធម៌។

(ឱឃបញ្ហាសូត្រ ទី១១)

(១១. ឱឃបញ្ហាសុត្តំ)

[១៤៩] ម្នាលអាវុសោសារីបុត្ត គេតែងនិយាយថា ឱឃៈ ៗ ម្នាលអាវុសោ ឱឃៈ តើដូចម្តេច។ ម្នាលអាវុសោ ឱឃៈនេះ មាន ៤ ប្រការ គឺ កាមោឃៈ១ ភវោឃៈ ១ ទិដ្ឋោឃៈ ១ អវិជ្ជោឃៈ ១។ ម្នាលអាវុសោ ឱឃៈ មាន ៤ ប្រការនេះឯង។ ម្នាលអាវុសោ មគ្គ និងបដិបទា ដែលប្រព្រឹត្តទៅ ដើម្បីលះបង់ នូវឱឃៈទាំងនុ៎ះ មានដែរឬ។ ម្នាលអាវុសោ មគ្គ និងបដិបទា ដែលប្រព្រឹត្តទៅ ដើម្បីលះបង់ នូវឱឃៈទាំងនុ៎ះ មានដែរ។ ម្នាលអាវុសោ អ្វីជាមគ្គ អ្វីជាបដិបទា ដែលប្រព្រឹត្តទៅ ដើម្បីលះបង់ នូវឱឃៈទាំងនុ៎ះ។ ម្នាលអាវុសោ មគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរនេះឯងហើយ ដែលប្រព្រឹត្តទៅ ដើម្បីលះបង់ នូវឱឃៈទាំងនុ៎ះ។ មគ្គប្រកបដោយអង្គ ៨ តើដូចម្តេច។ គឺសម្មាទិដ្ឋិ ១។បេ។ សម្មាសមាធិ ១។ ម្នាលអាវុសោ នេះហៅថាមគ្គ នេះហៅថាបដិបទា ដែលប្រព្រឹត្តទៅ ដើម្បីលះបង់ នូវឱឃៈទាំងនុ៎ះ។ ម្នាលអាវុសោ មគ្គដ៏ចំរើន បដិបទាដ៏ចំរើន ដែលប្រព្រឹត្តទៅ ដើម្បីលះបង់ នូវឱឃៈទាំងនុ៎ះ ម្នាលអាវុសោសារីបុត្ត បើដូច្នោះ បុគ្គលគួរ (ដំកល់ចិត្ត) ក្នុងអប្បមាទធម៌។

(ឧបាទានបញ្ហាសូត្រ ទី១២)

(១២. ឧបាទានបញ្ហាសុត្តំ)

[១៥០] ម្នាលអាវុសោសារីបុត្ត គេតែងនិយាយថា ឧបាទាន ៗ ម្នាលអាវុសោ សារីបុត្ត ឧបាទាន តើដូចម្តេច។ ម្នាលអាវុសោ ឧបាទាននេះ មាន ៤ យ៉ាង គឺ កាមុបាទាន ១ ទិដ្ឋុបាទាន ១ សីលព្វតុបាទាន ១ អត្តវាទុបាទាន ១។ ម្នាលអាវុសោ ឧបាទាន មាន ៤ នេះឯង។ ម្នាលអាវុសោ មគ្គ និងបដិបទា ដែលប្រព្រឹត្តទៅ ដើម្បីលះបង់ នូវឧបាទានទាំងនុ៎ះ មានដែរឬ។ ម្នាលអាវុសោ មគ្គ និងបដិបទា ដែលប្រព្រឹត្តទៅ ដើម្បីលះបង់ នូវឧបាទានទាំងនុ៎ះ មានដែរ។ ម្នាលអាវុសោ ចុះអ្វីជាមគ្គ អ្វីជាបដិបទា ដែលប្រព្រឹត្តទៅ ដើម្បីលះបង់ នូវឧបាទានទាំងនុ៎ះ។ ម្នាលអាវុសោ មគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរនេះឯង ដែលប្រព្រឹត្តទៅ ដើម្បីលះបង់ នូវឧបាទានទាំងនុ៎ះ។ មគ្គប្រកបដោយអង្គ ៨ តើដូចម្តេច។ គឺសម្មាទិដ្ឋិ ១។ បេ។ សម្មាសមាធិ ១។ ម្នាលអាវុសោ នេះហៅថាមគ្គ នេះហៅថាបដិបទា ដែលប្រព្រឹត្តទៅ ដើម្បីលះបង់ នូវឧបាទានទាំងនុ៎ះ។ ម្នាលអាវុសោ មគ្គដ៏ចំរើន បដិបទាដ៏ចំរើន ដែលប្រព្រឹត្តទៅ ដើម្បីលះបង់ឧបាទានទាំងនុ៎ះ ម្នាលអាវុសោសារីបុត្ត បើដូច្នោះ បុគ្គលគួរ (ដំកល់ចិត្ត) ក្នុងអប្បមាទធម៌។

(ភវបញ្ហាសូត្រ ទី១៣)

(១៣. ភវបញ្ហាសុត្តំ)

[១៥១] ម្នាលអាវុសោសារីបុត្ត គេតែងនិយាយថា ភព ៗ ម្នាលអាវុសោ សារីបុត្ត ភព តើដូចម្តេច។ ម្នាលអាវុសោ ភពនេះ មាន ៣ ប្រការ គឺ កាមភព១ រូបភព ១ អរូបភព ១។ ម្នាលអាវុសោ ភព មាន ៣ ប្រការនេះឯង។ ម្នាលអាវុសោ មគ្គ និងបដិបទា ដែលប្រព្រឹត្តទៅ ដើម្បីកំណត់ដឹង នូវភពទាំងនុ៎ះ មានដែរឬ។ ម្នាលអាវុសោ មគ្គ និងបដិបទា ដែលប្រព្រឹត្តទៅ ដើម្បីកំណត់ដឹង នូវភពទាំងនុ៎ះ មានដែរ។ ម្នាលអាវុសោ ចុះអ្វីជាមគ្គ អ្វីជាបដិបទា ដែលប្រព្រឹត្តទៅ ដើម្បីកំណត់ដឹង នូវភពទាំងនុ៎ះ។ ម្នាលអាវុសោ មគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរនេះឯង ដែលប្រព្រឹត្តទៅ ដើម្បីកំណត់ដឹង នូវភពទាំងនុ៎ះ។ មគ្គប្រកបដោយអង្គ ៨ តើដូចម្តេច។ គឺសម្មាទិដ្ឋិ ១។បេ។ សម្មាសមាធិ ១។ ម្នាលអាវុសោ នេះហៅថាមគ្គ នេះហៅថាបដិបទា ដែលប្រព្រឹត្តទៅ ដើម្បីកំណត់ដឹង នូវភពទាំងនុ៎ះ។ ម្នាលអាវុសោ មគ្គដ៏ចំរើន បដិបទា ដ៏ចំរើន ដែលប្រព្រឹត្តទៅ ដើម្បីកំណត់ដឹង នូវភពទាំងនុ៎ះ ម្នាលអាវុសោសារីបុត្ត បើដូច្នោះ បុគ្គលគួរ (ដំកល់ចិត្ត) ក្នុងអប្បមាទធម៌។

(ទុក្ខបញ្ហាសូត្រ ទី១៤)

(១៤. ទុក្ខបញ្ហាសុត្តំ)

[១៥២] ម្នាលអាវុសោសារីបុត្ត គេតែងនិយាយថា ទុក្ខ ៗ ម្នាលអាវុសោ ទុក្ខ តើដូចម្តេច។ ម្នាលអាវុសោ សេចក្តីទុក្ខនេះ មាន ៣ ប្រការ គឺ ទុក្ខទុក្ខតា ១ សង្ខារទុក្ខតា ១ វិបរិណាមទុក្ខតា ១។ ម្នាលអាវុសោ សេចក្តីទុក្ខ មាន ៣ ប្រការ នេះឯង។ ម្នាលអាវុសោ មគ្គ និងបដិបទា ដែលប្រព្រឹត្តទៅ ដើម្បីកំណត់ដឹង នូវសេចក្តីទុក្ខទាំងនុ៎ះ មានដែរឬ។ ម្នាលអាវុសោ មគ្គ និងបដិបទា ដែលប្រព្រឹត្តទៅ ដើម្បីកំណត់ដឹង នូវសេចក្តីទុក្ខទាំងនុ៎ះ មានដែរ។ ម្នាលអាវុសោ ចុះអ្វីជាមគ្គ អ្វីជាបដិបទា ដែលប្រព្រឹត្តទៅ ដើម្បីកំណត់ដឹង នូវសេចក្តីទុក្ខទាំងនុ៎ះ។ ម្នាលអាវុសោ មគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរនេះឯង ដែលប្រព្រឹត្តទៅ ដើម្បីកំណត់ដឹង នូវសេចក្តីទុក្ខទាំងនុ៎ះ។ មគ្គ ប្រកបដោយអង្គ ៨ តើដូចម្តេច។ គឺសម្មាទិដ្ឋិ ១។ បេ។ សម្មាសមាធិ ១។ ម្នាលអាវុសោ នេះហៅថាមគ្គ នេះហៅថាបដិបទា ដែលប្រព្រឹត្តទៅ ដើម្បីកំណត់ដឹង នូវសេចក្តីទុក្ខទាំងនុ៎ះ។ ម្នាលអាវុសោ មគ្គដ៏ចំរើន បដិបទាដ៏ចំរើន ដែលប្រព្រឹត្តទៅ ដើម្បីកំណត់ដឹង នូវសេចក្តីទុក្ខទាំងនុ៎ះ ម្នាលអាវុសោសារីបុត្ត បើដូច្នោះ បុគ្គលគួរ (ដំកល់ចិត្ត) ក្នុងអប្បមាទធម៌។

(សក្កាយបញ្ហាសូត្រ ទី១៥)

(១៥. សក្កាយបញ្ហាសុត្តំ)

[១៥៣] ម្នាលអាវុសោសារីបុត្ត គេតែងនិយាយថា សក្កាយ ៗ ម្នាលអាវុសោ សក្កាយ តើដូចម្តេច។ ម្នាលអាវុសោ ឧបាទានក្ខន្ធ ទាំង ៥ នេះ ព្រះដ៏មានព្រះភាគ ត្រាស់ថាសក្កាយ។ ឧបាទានក្ខន្ធ ទាំង ៥ តើដូចម្តេច។ គឺ រូបូបាទានក្ខន្ធ ១ វេទនូបាទានក្ខន្ធ ១ សញ្ញូបាទានក្ខន្ធ ១ សង្ខារូបាទានក្ខន្ធ ១ វិញ្ញាណូបាទានក្ខន្ធ ១ ម្នាលអាវុសោ ឧបាទានក្ខន្ធ ទាំង ៥ នេះឯង ដែលព្រះដ៏មានព្រះភាគ ត្រាស់ថា សក្កាយ។ ម្នាលអាវុសោ មគ្គ និងបដិបទា ដែលប្រព្រឹត្តទៅ ដើម្បីកំណត់ដឹង នូវសក្កាយនុ៎ះ មានដែរឬ។ ម្នាលអាវុសោ មគ្គ និងបដិបទា ដែលប្រព្រឹត្តទៅ ដើម្បីកំណត់ដឹង នូវសក្កាយនុ៎ះ មានដែរ។ ម្នាលអាវុសោ ចុះអ្វីជាមគ្គ អ្វីជាបដិបទា ដែលប្រព្រឹត្តទៅ ដើម្បីកំណត់ដឹង នូវសក្កាយនុ៎ះ។ ម្នាលអាវុសោ មគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរ នេះឯង ដែលប្រព្រឹត្តទៅ ដើម្បីកំណត់ដឹង នូវសក្កាយនុ៎ះ។ មគ្គប្រកបដោយអង្គ ៨ តើដូចម្តេច។ គឺសម្មាទិដ្ឋិ ១។ បេ។ សម្មាសមាធិ ១។ ម្នាលអាវុសោ នេះហៅថាមគ្គ នេះហៅថាបដិបទា ដែលប្រព្រឹត្តទៅ ដើម្បីកំណត់ដឹង នូវសក្កាយនុ៎ះ។ ម្នាលអាវុសោ មគ្គដ៏ចំរើន បដិបទាដ៏ចំរើន ដែលប្រព្រឹត្តទៅ ដើម្បីកំណត់ដឹង នូវសក្កាយនុ៎ះ ម្នាលអាវុសោសារីបុត្ត បើដូច្នោះ បុគ្គលគួរ (ដំកល់ចិត្ត) ក្នុងអប្បមាទធម៌។

(ទុក្ករបញ្ហាសូត្រ ទី១៦)

(១៦. ទុក្ករបញ្ហាសុត្តំ)

[១៥៤] ម្នាលអាវុសោសារីបុត្ត អ្វីហ្ន៎ ដែលបុគ្គលធ្វើបានដោយកម្រ ក្នុងធម្មវិន័យនេះ។ ម្នាលអាវុសោ បព្វជ្ជា ដែលបុគ្គលធ្វើបានដោយកម្រ ក្នុងធម្មវិន័យនេះ។ ម្នាលអាវុសោ ចុះអ្វី ដែលបព្វជិត ធ្វើបានដោយកម្រ។ ម្នាលអាវុសោ សេចក្តីត្រេកអរ (មិនអផ្សុក ក្នុងបព្វជ្ជានេះឯង) ដែលបព្វជិត ធ្វើបានដោយកម្រ។ ម្នាលអាវុសោ សារីបុត្ត ចុះអ្វី ដែលបព្វជិត មានសេចក្តីត្រេកអរ ធ្វើបានដោយកម្រ។ ម្នាលអាវុសោ សេចក្តីប្រតិបត្តិ នូវធម៌តាមធម៌ (នេះឯង) ដែលបព្វជិត ធ្វើបានដោយកម្រ។ ម្នាលអាវុសោ ភិក្ខុបានប្រតិបត្តិ នូវធម៌តាមធម៌ តើយូរប៉ុន្មានទៅ ទើបសម្រេចជាព្រះអរហន្តបាន។ ម្នាលអាវុសោ មិនជាយូរប៉ុន្មានទេ។

ចប់ ជម្ពុខាទកសំយុត្ត។

ឧទ្ទាននៃជម្ពុខាទកសំយុត្តនោះគឺ

និយាយអំពីព្រះនិព្វាន ១ អំពីព្រះអរហត្ត ១ អំពីធម្មវាទីបុគ្គល ១ អំពីការប្រព្រឹត្តិព្រហ្មចរិយៈ ដើម្បីប្រយោជន៍អ្វី ១ អំពីការដកដង្ហើមចេញ ១ អំពីការដកដង្ហើមចេញដ៏ឧត្តម ១ អំពីវេទនា ១ អំពីអាសវៈ ១ អំពីអវិជ្ជា ១ អំពីតណ្ហា ១ អំពីឱឃៈ ១ អំពីឧបាទាន ១ អំពីភព ១ អំពីទុក្ខ១អំពីសក្កាយ ១ អំពីសេចក្តីត្រេកអរ ដែលបព្វជិតធ្វើបានដោយកម្រ ក្នុងធម្មវិន័យនេះ ១។

សាមណ្ឌកសំយុត្ត (ទី៥)

(៥. សាមណ្ឌកសំយុត្តំ)

(សាមណ្ឌកសូត្រ ទី១)

(១. សាមណ្ឌកសុត្តំ)

[១៥៥] សម័យមួយ ព្រះសារីបុត្តដ៏មានអាយុ គង់នៅទៀបឆ្នេរទន្លេគង្គា ទៀបស្រុកឧគ្គចេលា ក្នុងដែនវជ្ជី។ គ្រានោះឯង បរិព្វាជក ឈ្មោះ សាមណ្ឌក ចូលទៅរកព្រះសារីបុត្តដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះសារីបុត្តដ៏មានអាយុ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យដែលគួររឭកហើយ ក៏អង្គុយក្នុងទីដ៏សមគួរ។ លុះសាមណ្ឌកបរិព្វាជក អង្គុយក្នុងទីដ៏សមគួរហើយ ក៏និយាយនឹងព្រះសារីបុត្តដ៏មានអាយុ ដូច្នេះថា ម្នាលអាវុសោសារីបុត្ត គេតែងនិយាយថា និព្វាន ៗ ម្នាលអាវុសោ និព្វាន តើដូចម្តេច។ ម្នាលអាវុសោ សភាវៈ ដែលជាទីអស់ទៅនៃរាគៈ អស់ទៅនៃទោសៈ អស់ទៅនៃមោហៈ នេះហៅថា និព្វាន។ ម្នាលអាវុសោ មគ្គ និងបដិបទា សម្រាប់ធ្វើអោយជាក់ច្បាស់ នូវព្រះនិព្វាននុ៎ះ មានដែរឬ។ ម្នាលអាវុសោ មគ្គ និងបដិបទា សម្រាប់ធ្វើអោយជាក់ច្បាស់ នូវព្រះនិព្វានុ៎ះ មានដែរ។ ម្នាលអាវុសោ អ្វីជាមគ្គ អ្វីជាបដិបទា សម្រាប់ធ្វើអោយជាក់ច្បាស់ នូវព្រះនិព្វាននុ៎ះ។ ម្នាលអាវុសោ មគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរនេះឯង សម្រាប់ធ្វើអោយជាក់ច្បាស់ នូវព្រះនិព្វាននុ៎ះ។ មគ្គប្រកបដោយអង្គ ៨ តើដូចម្តេច។ គឺសម្មាទិដ្ឋិ ១។ បេ។ សម្មាសមាធិ ១។ ម្នាលអាវុសោ នេះជាមគ្គ នេះជាបដិបទា សម្រាប់ធ្វើឲ្យជាក់ច្បាស់ នូវព្រះនិព្វាននុ៎ះ។ ម្នាលអាវុសោ មគ្គដ៏ចំរើន បដិបទាដ៏ចំរើន សម្រាប់ធ្វើឲ្យជាក់ច្បាស់ នូវព្រះនិព្វាននុ៎ះ ម្នាលអាវុសោសារីបុត្ត បើដូច្នោះ បុគ្គលគួរ (ដំកល់ចិត្ត) ក្នុងអប្បមាទធម៌។បេ។

(ទុក្ករសូត្រ ទី២)

(២. ទុក្ករសុត្តំ)

[១៥៦] ម្នាលអាវុសោសារីបុត្ត អ្វីហ្ន៎ ដែលបុគ្គលធ្វើបានដោយកម្រ ក្នុងធម្មវិន័យនេះ។ ម្នាលអាវុសោ បព្វជ្ជា ដែលបុគ្គលធ្វើបានដោយកម្រ ក្នុងធម្មវិន័យនេះ។ ម្នាលអាវុសោ ចុះអ្វី ដែលបព្វជិត ធ្វើបានដោយកម្រ។ ម្នាលអាវុសោ សេចក្តីត្រេកអរ ដែលបព្វជិត ធ្វើបានដោយកម្រ។ ម្នាលអាវុសោ ចុះអ្វី ដែលបព្វជិត មានសេចក្តីត្រេកអរ ធ្វើបានដោយកម្រ។ ម្នាលអាវុសោ សេចក្តីប្រតិបត្តិ នូវធម៌តាមធម៌ ដែលបព្វជិតមានសេចក្តីត្រេកអរ ធ្វើបានដោយកម្រ។ ម្នាលអាវុសោ ចុះភិក្ខុអ្នកប្រតិបត្តិ នូវធម៌តាមធម៌ តើយូរប៉ុន្មានទៅ ទើបសម្រេចជាព្រះអរហន្តបាន។ ម្នាលអាវុសោ មិនជាយូរប៉ុន្មានទេ។

ចប់ សាមណ្ឌកសំយុត្ត។

ឧទ្ទានដូចគ្នានឹងសូត្រមុន។

មោគ្គល្លានសំយុត្ត (ទី៦)

(៦. មោគ្គល្លានសំយុត្តំ)

(បឋមឈានបញ្ហាសូត្រ ទី១)

(១. បឋមឈានបញ្ហាសុត្តំ)

[១៥៧] សម័យមួយ ព្រះមហាមោគ្គល្លានដ៏មានអាយុ គង់នៅក្នុងវត្តជេតពន របស់អនាថបណ្ឌិតសេដ្ឋី ជិតក្រុងសាវត្ថី។ ក្នុងទីនោះឯង ព្រះមហាមោគ្គល្លានដ៏មានអាយុ ហៅភិក្ខុទាំងឡាយ មកថា ម្នាលអាវុសោភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ក៏ទទួលស្តាប់ព្រះមហាមោគ្គល្លានដ៏មានអាយុថា អាវុសោ។ ព្រះមហាមោគ្គល្លានដ៏មានអាយុ បានពោលទៅនឹងភិក្ខុទាំងនោះ ដូច្នេះថា ម្នាលអាវុសោទាំងឡាយ កាលខ្ញុំសម្ងំនៅក្នុងទីស្ងាត់ ក្នុងទីឯណោះ មានសេចក្តីបរិវិតក្ក កើតឡើង ដោយចិត្ត យ៉ាងនេះថា គេតែងនិយាយថា បឋមជ្ឈាន ៗ បឋមជ្ឈាន តើដូចម្តេច។ ម្នាលអាវុសោទាំងឡាយ ខ្ញុំមានសេចក្តីត្រិះរិះ ដូច្នេះថា ភិក្ខុក្នុងសាសនានេះ ស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាកអកុសលធម៌ទាំងឡាយ ក៏ដល់នូវបឋមជ្ឈាន ប្រកបដោយវិតក្ក និងវិចារ មានបីតិ និងសុខ ដែលកើតអំពីសេចក្តីស្ងប់ស្ងាត់ ហើយសម្រេចសម្រាន្តនៅ ដោយឥរិយាបថ ទាំង ៤ នេះហៅថា បឋមជ្ឈាន។ ម្នាលអាវុសោទាំងឡាយ ខ្ញុំស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាកអកុសលធម៌ទាំងឡាយ ក៏ដល់នូវបឋមជ្ឈាន ប្រកបដោយវិតក្ក និងវិចារ មានបីតិ និងសុខ ដែលកើតអំពីសេចក្តីស្ងប់ស្ងាត់ ហើយសម្រេចសម្រាន្តនៅ ដោយឥរិយាបថ ទាំង ៤។ ម្នាលអាវុសោទាំងឡាយ កាលខ្ញុំនៅដោយវិហារធម៌នេះ សញ្ញា និងមនសិការ ដែលប្រកបដោយកាម ក៏ផុសផុលឡើង។ ម្នាលអាវុសោទាំងឡាយ គ្រានោះឯង ព្រះដ៏មានព្រះភាគ ទ្រង់ចូលទៅរកខ្ញុំ ដោយប្ញទ្ធិ ហើយទ្រង់ត្រាស់ ដូច្នេះថា ម្នាលមោគ្គល្លាន ៗ ព្រាហ្មណ៍ អ្នកកុំធ្វេសប្រហែស នឹងបឋមជ្ឈានឡើយ អ្នកចូរដំកល់ចិត្ត ក្នុងបឋមជ្ឈាន ចូរធ្វើចិត្ត ឲ្យមានអារម្មណ៍តែមួយ ក្នុងបឋមជ្ឈាន ចូរដំកល់ចិត្តឲ្យនឹង ក្នុងបឋមជ្ឈាន។ ម្នាលអាវុសោទាំងឡាយ ក្នុងសម័យដទៃទៀត ខ្ញុំស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាកអកុសលធម៌ទាំងឡាយ ក៏ដល់នូវបឋមជ្ឈាន ប្រកបដោយវិតក្ក និងវិចារ មានបីតិ និងសុខ ដែលកើតអំពីសេចក្តីស្ងប់ស្ងាត់ ហើយសម្រេចសម្រាន្តនៅ ដោយឥរិយាបថ ទាំង ៤។ ម្នាលអាវុសោទាំងឡាយ ប្រសិនបើអ្នកផង គេនិយាយចំពោះសាវកឯណាថា សាវក ដែលព្រះសាស្តាអនុះគ្រោះហើយ សម្រេចនូវអភិញ្ញាធំ។ អ្នកផងគួរនិយាយចំពោះសាវកនោះ គឺខ្ញុំថា សាវក ដែលព្រះសាស្តា អនុគ្រោះហើយ សម្រេចនូវអភិញ្ញាធំ។

(ទុតិយឈានបញ្ហាសូត្រ ទី២)

(២. ទុតិយឈានបញ្ហាសុត្តំ)

[១៥៨] គេតែងនិយាយថា ទុតិយជ្ឈាន ៗ ទុតិយជ្ឈាន តើដូចម្តេច។ ម្នាលអាវុសោទាំងឡាយ ខ្ញុំមានសេចក្តីត្រិះរិះ ដូច្នេះថា ភិក្ខុក្នុងសាសនានេះ ព្រោះរម្ងាប់នូវវិតក្ក និងវិចារអស់ហើយ ក៏ដល់នូវទុតិយជ្ឈាន ជាធម្មជាតកើតមាន ក្នុងសន្តាននៃខ្លួន ប្រកបដោយសេចក្តីជ្រះថ្លា គឺសទ្ធា មានសភាពជាចិត្តខ្ពស់ឯក មិនមានវិតក្ក មិនមានវិចារ មានតែបីតិ និងសុខ កើតអំពីសមាធិ ហើយសម្រេចសម្រាន្តនៅ ដោយឥរិយាបថ ទាំង ៤ នេះហៅថា ទុតិយជ្ឈាន។ ម្នាលអាវុសោទាំងឡាយ ខ្ញុំ ព្រោះរម្ងាប់នូវវិតក្ក និងវិចារអស់ហើយ ក៏ដល់នូវទុតិយជ្ឈាន ជាធម្មជាតកើតមាន ក្នុងសន្តាននៃខ្លួន ប្រកបដោយសេចក្តីជ្រះថ្លា គឺសទ្ធា មានសភាពជាចិត្តខ្ពស់ឯក មិនមានវិតក្ក មិនមានវិចារ មានតែបីតិ និងសុខ កើតអំពីសមាធិ ហើយសម្រេចសម្រាន្តនៅ ដោយឥរិយាបថ ទាំង ៤។ ម្នាលអាវុសោទាំងឡាយ កាលខ្ញុំនៅដោយវិហារធម៌នេះ សញ្ញា និងមនសិការ ដែលប្រកបដោយវិតក្ក ក៏ផុសផុលឡើង។ ម្នាលអាវុសោទាំងឡាយ គ្រានោះឯង ព្រះដ៏មានព្រះភាគ ទ្រង់ចូលទៅរកខ្ញុំដោយឫទ្ធិ ក៏ទ្រង់ត្រាស់ ដូច្នេះថា ម្នាលមោគ្គល្លាន ៗ ព្រាហ្មណ៍ អ្នកកុំធ្វេសប្រហែស នឹងទុតិយជ្ឈាន អ្នកចូរដំកល់ចិត្ត ក្នុងទុតិយជ្ឈាន ចូរធ្វើចិត្ត ឲ្យមានអារម្មណ៍តែមួយ ក្នុងទុតិយជ្ឈាន ចូរដំកល់ចិត្ត ក្នុងទុតិយជ្ឈាន។ ម្នាលអាវុសោទាំងឡាយ ក្នុងសម័យដទៃទៀត ខ្ញុំព្រោះរម្ងាប់នូវវិតក្ក និងវិចារអស់ហើយ បានដល់នូវទុតិយជ្ឈាន ជាធម្មជាតកើតមាន ក្នុងសន្តាននៃខ្លួន ប្រកបដោយសេចក្តីជ្រះថ្លា គឺសទ្ធា មានសភាពជាចិត្តខ្ពស់ឯក មិនមានវិតក្ក មិនមានវិចារ មានតែបីតិ និងសុខ កើតអំពីសមាធិ ហើយសម្រេចសម្រាន្តនៅ ដោយឥរិយាបថ ទាំង ៤។ ម្នាលអាវុសោទាំងឡាយ អ្នកផងគេនិយាយចំពោះសាវក ឯណាថា សាវក ដែលព្រះសាស្តា អនុគ្រោះហើយ សម្រេចនូវអភិញ្ញាធំ។ អ្នកផងគួរ និយាយចំពោះសាវកនោះ គឺខ្ញុំថា សាវក ដែលព្រះសាស្តា អនុគ្រោះហើយ សម្រេចនូវអភិញ្ញាធំ។

(តតិយឈានបញ្ហាសូត្រ ទី៣)

(៣. តតិយឈានបញ្ហាសុត្តំ)

[១៥៩] គេតែងនិយាយថា តតិយជ្ឈាន ៗ តតិយជ្ឈាន តើដូចម្តេច។ ម្នាលអាវុសោទាំងឡាយ ខ្ញុំមានសេចក្តីត្រិះរិះ ដូច្នេះថា ភិក្ខុក្នុងសាសនានេះ ព្រោះនឿយណាយ ចាកបីតិផង ជាអ្នកប្រកបដោយឧបេក្ខាផង មានសតិ និងសម្បជញ្ញៈផង សោយសុខដោយនាមកាយផង ព្រះអរិយៈទាំងឡាយ តែងសរសើរនូវបុគ្គល ដែលបាននូវតតិយជ្ឈាននោះថា ប្រកបដោយឧបេក្ខា មានស្មារតី ជាអ្នកមានធម៌ជាគ្រឿងនៅ ជាសុខ ដូច្នេះ ព្រោះតតិយជ្ឈានឯណា ក៏ដល់នូវតតិយជ្ឈាននោះ ហើយសម្រេចសម្រាននៅ ដោយឥរិយាបថ ទាំង ៤ នេះហៅថា តតិយជ្ឈាន។ ម្នាលអាវុសោទាំងឡាយ ខ្ញុំព្រោះនឿយណាយ ចាកបីតិផង ជាអ្នកប្រកបដោយឧបេក្ខាផង មានសតិ និងសម្បជញ្ញៈផង សោយសុខ ដោយនាមកាយផង ព្រះអរិយៈទាំងឡាយ តែងសរសើរ នូវបុគ្គលដែលបាន នូវតតិយជ្ឈាននោះថា ប្រកបដោយឧបេក្ខា មានស្មារតី ជាអ្នកមានធម៌ ជាគ្រឿងនៅជាសុខ ដូច្នេះ ព្រោះតតិយជ្ឈានឯណា ក៏ដល់នូវតតិយជ្ឈាននោះ ហើយសម្រេចសម្រាន្តនៅ ដោយឥរិយាបថ ទាំង ៤។ ម្នាលអាវុសោទាំងឡាយ កាលខ្ញុំនៅដោយវិហារធម៌នេះ សញ្ញា និងមនសិការ ដែលប្រកបដោយបីតិ ក៏ផុសផុលឡើង។ ម្នាលអាវុសោទាំងឡាយ គ្រានោះឯង ព្រះដ៏មានព្រះភាគ ទ្រង់ចូលមករកខ្ញុំ ដោយឫទ្ធិ ហើយទ្រង់ត្រាស់ ដូច្នេះថា ម្នាលមោគ្គល្លាន ៗ ព្រាហ្មណ៍ អ្នកកុំធ្វេសប្រហែស នឹងតតិយជ្ឈានឡើយ ចូរដំកល់ចិត្តក្នុងតតិយជ្ឈាន ចូរធ្វើចិត្តឲ្យមានអារម្មណ៍តែមួយក្នុងតតិយជ្ឈាន ចូរដំកល់ចិត្តក្នុងតតិយជ្ឈាន។ ម្នាលអាវុសោទាំងឡាយ សម័យខាងក្រោយមក ខ្ញុំព្រោះនឿយណាយ ចាកបីតិផង ជាអ្នកប្រកបដោយឧបេក្ខាផង មានសតិ និងសម្បជញ្ញៈផង សោយសុខ ដោយនាមកាយផង ព្រះអរិយៈទាំងឡាយ តែងសរសើរនូវបុគ្គល ដែលបាននូវតតិយជ្ឈាននោះថា ប្រកបដោយឧបបេក្ខា មានស្មារតី ជាអ្នកមានធម៌ ជាគ្រឿងនៅជាសុខ ដូច្នេះ ព្រោះតតិយជ្ឈាន ឯណា ក៏ដល់នូវតតិយជ្ឈាននោះ ហើយសម្រេចសម្រាន្តនៅ ដោយឥរិយាបថ ទាំង ៤។ ម្នាលអាវុសោទាំងឡាយ អ្នកផងគេនិយាយចំពោះសាវកឯណា។បេ។ សម្រេចនូវអភិញ្ញាធំ។

(ចតុត្ថឈានបញ្ហាសូត្រ ទី៤)

(៤. ចតុត្ថឈានបញ្ហាសុត្តំ)

[១៦០] គេតែងនិយាយថា ចតុត្ថជ្ឈាន ៗ ចតុត្ថជ្ឈាន តើដូចម្តេច។ ម្នាលអាវុសោទាំងឡាយ ខ្ញុំមានសេចក្តីត្រិះរិះ ដូច្នេះថា ភិក្ខុក្នុងសាសនានេះ ព្រោះលះបង់ នូវសុខផង លះបង់នូវទុក្ខផង មានសោមនស្ស និងទោមនស្សអស់ទៅ ក្នុងកាលមុនផង ក៏ដល់នូវចតុត្ថជ្ឈាន ជាធម្មជាតមានអារម្មណ៍មិនមែនជាទុក្ខ មិនមែនជាសុខ មានសតិ ដ៏បរិសុទ្ធ ដោយឧបេក្ខា ហើយសម្រេចសម្រាន្តនៅ ដោយឥរិយាបថ ទាំង ៤ នេះ ហៅថា ចតុត្ថជ្ឈាន។ ម្នាលអាវុសោទាំងឡាយ ខ្ញុំព្រោះលះបង់ នូវសុខផង លះបង់នូវ ទុក្ខផង មានសោមនស្ស និងទោមនស្សអស់ទៅ ក្នុងកាលមុនផង ក៏ដល់នូវចតុត្ថជ្ឈាន ជាធម្មជាតមានអារម្មណ៍មិនមែនជាទុក្ខ មិនមែនជាសុខ មានសតិ ដ៏បរិសុទ្ធ ដោយឧបេក្ខា ហើយសម្រេចសម្រាន្តនៅ ដោយឥរិយាបថ ទាំង ៤។ ម្នាលអាវុសោទាំងឡាយ កាលខ្ញុំនៅដោយវិហារធម៌នេះ សញ្ញា និងមនសិការ ប្រកបដោយសេចក្តីសុខ ក៏ផុសផុលឡើង។ ម្នាលអាវុសោទាំងឡាយ គ្រានោះឯង ព្រះដ៏មានព្រះភាគ ទ្រង់ចូលមករកខ្ញុំដោយឫទ្ធិ ហើយទ្រង់ត្រាស់ ដូច្នេះថា ម្នាលមោគ្គល្លាន ៗ ព្រាហ្មណ៍ អ្នកកុំធ្វេសប្រហែស នឹងចតុត្ថជ្ឈានឡើយ ចូរដំកល់ចិត្តក្នុងចតុត្ថជ្ឈាន ចូរធ្វើចិត្តឲ្យមានអារម្មណ៍តែមួយ ក្នុងចតុត្ថជ្ឈាន ចូរដំកល់ចិត្ត ក្នុងចតុត្ថជ្ឈាន។ ម្នាលអាវុសោទាំង ឡាយ សម័យខាងក្រោយមក ខ្ញុំព្រោះលះបង់ នូវសុខផង ព្រោះលះបង់ នូវទុក្ខផង មានសោមនស្ស និងទោមនស្សអស់ទៅ ក្នុងកាលមុនផង ក៏ដល់នូវចតុត្ថជ្ឈាន ជាធម្មជាតមានអារម្មណ៍មិនមែនជាទុក្ខ មិនមែនជាសុខ មានសតិដ៏បរិសុទ្ធ ដោយឧបេក្ខា ហើយសម្រេចសម្រាន្តនៅ ដោយឥរិយាបថ ទាំង ៤។ ម្នាលអាវុសោទាំងឡាយ អ្នកផងគេនិយាយចំពោះសាវកឯណា។ បេ។ សម្រេចនូវអភិញ្ញាធំ។

(អាកាសានញ្ចាយតនបញ្ហាសូត្រ ទី៥)

(៥. អាកាសានញ្ចាយតនបញ្ហាសុត្តំ)

[១៦១] គេតែងនិយាយថា អាកាសានញ្ចាយតនៈ ៗ អាកាសានញ្ចាយតនៈ តើដូចម្តេច។ ម្នាលអាវុសោទាំងឡាយ ខ្ញុំមានសេចក្តីត្រិះរិះ ដូច្នេះថា ភិក្ខុក្នុងសាសនានេះ ព្រោះកន្លង នូវរូបសញ្ញា ដោយប្រការទាំងពួង ព្រោះអស់ទៅ នៃបដិឃសញ្ញា លែងធ្វើទុកក្នុងចិត្ត នូវនានត្តសញ្ញា ក៏ដល់នូវអាកាសានញ្ចាយតនៈ ដោយធ្វើទុកក្នុងចិត្តថា អាកាស មិនមានទីបំផុត ដូច្នេះ ហើយសម្រេចសម្រាន្តនៅ ដោយឥរិយាបថ ទាំង ៤ នេះ ហៅថា អាកាសានញ្ចាយតនៈ។ ម្នាលអាវុសោទាំងឡាយ ខ្ញុំព្រោះកន្លង នូវរូបសញ្ញា ដោយប្រការទាំងពួង ព្រោះអស់ទៅ នៃបដិឃសញ្ញា លែងធ្វើទុកក្នុងចិត្ត នូវនានត្តសញ្ញា ក៏ដល់នូវអាកាសានញ្ចាយតនៈ ដោយធ្វើទុកក្នុងចិត្តថា អាកាស មិនមានទីបំផុត ដូច្នេះ ហើយសម្រេចសម្រាន្តនៅ ដោយឥរិយាបថ ទាំង ៤។ ម្នាលអាវុសោទាំងឡាយ កាលខ្ញុំនៅដោយវិហារធម៌នេះ សញ្ញា និងមនសិការ ប្រកបដោយរូប ក៏ផុសផុលឡើង។ ម្នាលអាវុសោទាំងឡាយ គ្រានោះឯង ព្រះដ៏មានព្រះភាគ ទ្រង់ចូលមករកខ្ញុំដោយឫទ្ធិ ទ្រង់ត្រាស់ ដូច្នេះថា ម្នាលមោគ្គល្លាន ៗ ព្រាហ្មណ៍ អ្នកកុំធ្វេសប្រហែស នឹងអាកាសានញ្ចាយតនជ្ឈានឡើយ ចូរដំកល់ចិត្ត ក្នុងអាកាសានញ្ចាយតនជ្ឈាន ចូរធ្វើចិត្ត ឲ្យមានអារម្មណ៍តែមួយ ក្នុងអាកាសានញ្ចាយតនជ្ឈាន ចូរដំកល់ចិត្ត ក្នុងអាកាសានញ្ចាយតនជ្ឈាន។ ម្នាលអាវុសោទាំងឡាយ សម័យខាងក្រោយមក ខ្ញុំព្រោះកន្លង នូវរូបសញ្ញា ដោយប្រការទាំងពួង ព្រោះអស់ទៅ នៃបដិឃសញ្ញា លែងធ្វើទុកក្នុងចិត្ត នូវនានត្តសញ្ញា ក៏ដល់នូវអាកាសានញ្ចាយតនជ្ឈាន ដោយធ្វើទុកក្នុងចិត្តថា អាកាស មិនមានទីបំផុត ដូច្នេះ ហើយសម្រេចសម្រាន្តនៅ ដោយឥរិយាបថ ទាំង ៤។ ម្នាលអាវុសោទាំងឡាយ អ្នកផងគេនិយាយចំពោះសាវកឯណា។ បេ។ សម្រេចនូវអភិញ្ញាធំ។

(វិញ្ញាណញ្ចាយតនបញ្ហាសូត្រ ទី៦)

(៦. វិញ្ញាណញ្ចាយតនបញ្ហាសុត្តំ)

[១៦២] គេតែងនិយាយថា វិញ្ញាណញ្ចាយតនៈ ៗ វិញ្ញាណញ្ចាយតនៈ តើដូចម្តេច។ ម្នាលអាវុសោទាំងឡាយ ខ្ញុំមានសេចក្តីត្រិះរិះ ដូច្នេះថា ភិក្ខុក្នុងសាសនានេះ ព្រោះកន្លង នូវអាកាសានញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង ក៏ដល់នូវវិញ្ញាណញ្ចាយតនជ្ឈាន ដោយធ្វើទុកក្នុងចិត្តថា វិញ្ញាណ មិនមានទីបំផុត ដូច្នេះ ហើយសម្រេចសម្រាន្តនៅ ដោយឥរិយាបថ ទាំង ៤ នេះហៅថា វិញ្ញាណញ្ចាយតនៈ។ ម្នាលអាវុសោទាំងឡាយ ខ្ញុំព្រោះកន្លង នូវអាកាសានញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង ក៏ដល់នូវវិញ្ញាណញ្ចាយតនជ្ឈាន ដោយធ្វើទុកក្នុងចិត្តថា វិញ្ញាណ មិនមានទីបំផុត ដូច្នេះ ហើយសម្រេចសម្រាន្តនៅ ដោយឥរិយាបថ ទាំង ៤។ ម្នាលអាវុសោទាំងឡាយ កាលខ្ញុំនៅ ដោយវិហារធម៌នេះ សញ្ញា និងមនសិការ ដែលប្រកបដោយអាកាសានញ្ចាយតនជ្ឈាន ក៏ផុសផុលឡើង។ ម្នាលអាវុសោទាំងឡាយ គ្រានោះឯង ព្រះដ៏មានព្រះភាគ ទ្រង់ចូលមករកខ្ញុំដោយឫទ្ធិ ទ្រង់ត្រាស់ ដូច្នេះថា ម្នាលមោគ្គល្លាន ៗ ព្រាហ្មណ៍ អ្នកកុំធ្វេសប្រហែស នឹងវិញ្ញាណញ្ចាយតនជ្ឈានឡើយ ចូរដំកល់ចិត្ត ក្នុងវិញ្ញាណញ្ចាយតនជ្ឈាន ចូរធ្វើចិត្ត ឲ្យមានអារម្មណ៍តែមួយ ក្នុងវិញ្ញាណញ្ចាយតនជ្ឈាន ចូរដំកល់ចិត្ត ក្នុងវិញ្ញាណញ្ចាយតនជ្ឈាន។ ម្នាលអាវុសោទាំងឡាយ សម័យខាងក្រោយមក ខ្ញុំព្រោះកន្លង នូវអាកាសានញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង ក៏ដល់នូវវិញ្ញាណញ្ចាយតនជ្ឈាន ដោយធ្វើទុកក្នុងចិត្តថា វិញ្ញាណ មិនមានទីបំផុត ដូច្នេះ ហើយសម្រេចសម្រាន្តនៅ ដោយឥរិយាបថ ទាំង ៤។ ម្នាលអាវុសោទាំងឡាយ អ្នកផងគេនិយាយចំពោះសាវកឯណា។ បេ។ សម្រេចនូវអភិញ្ញាធំ។

(អាកិញ្ចញ្ញាយតនបញ្ហាសូត្រ ទី៧)

(៧. អាកិញ្ចញ្ញាយតនបញ្ហាសុត្តំ)

[១៦៣] គេតែងនិយាយថា អាកិញ្ចញ្ញាយតនៈ ៗ អាកិញ្ចញ្ញាយតនៈ តើដូចម្តេច។ ម្នាលអាវុសោទាំងឡាយ ខ្ញុំមានសេចក្តីត្រិះរិះ ដូច្នេះថា ភិក្ខុក្នុងសាសនានេះ ព្រោះកន្លង នូវវិញ្ញាណញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង ក៏ដល់នូវអាកិញ្ចញ្ញាយតនជ្ឈាន ដោយធ្វើទុកក្នុងចិត្តថា អ្វីបន្តិចបន្តួច មិនមានដូច្នេះ ហើយសម្រេចសម្រាន្តនៅ ដោយឥរិយាបថ ទាំង ៤ នេះហៅថា អាកិញ្ចញ្ញាយតនជ្ឈាន។ ម្នាលអាវុសោទាំងឡាយ ខ្ញុំព្រោះកន្លង នូវវិញ្ញាណញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង ក៏ដល់នូវអាកិញ្ចញ្ញាយតនជ្ឈាន ដោយធ្វើទុកក្នុងចិត្តថា អ្វីបន្តិចបន្តួច មិនមានដូច្នេះ ហើយសម្រេចសម្រាន្តនៅ ដោយឥរិយាបថ ទាំង ៤។ ម្នាលអាវុសោទាំងឡាយ កាលខ្ញុំនៅដោយវិហារធម៌នេះ សញ្ញា និង មនសិការ ប្រកបដោយវិញ្ញាណញ្ចាយតនៈ ក៏ផុសផុលឡើង។ ម្នាលអាវុសោទាំងឡាយ គ្រានោះឯង ព្រះដ៏មានព្រះភាគ ទ្រង់ចូលមករកខ្ញុំដោយឫទ្ធិ ទ្រង់ត្រាស់ ដូច្នេះថា ម្នាលមោគ្គល្លាន ៗ ព្រាហ្មណ៍ អ្នកកុំធ្វេសប្រហែស នឹងអាកិញ្ចញ្ញាយតនជ្ឈានឡើយ ចូរដំកល់ចិត្ត ក្នុងអាកិញ្ចញ្ញាយតនជ្ឈាន ចូរធ្វើចិត្ត ឲ្យមានអារម្មណ៍តែមួយ ក្នុងអាកិញ្ចញ្ញាយតនជ្ឈាន ចូរដំកល់ចិត្ត ក្នុងអាកិញ្ចញ្ញាយតនជ្ឈាន។ ម្នាលអាវុសោទាំងឡាយ សម័យខាងក្រោយមក ខ្ញុំព្រោះកន្លង នូវវិញ្ញាណញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង ក៏ដល់នូវអាកិញ្ចញ្ញាយតនជ្ឈាន ដោយធ្វើទុកក្នុងចិត្តថា អ្វីបន្តិចបន្តួច មិនមាន ដូច្នេះ ហើយសម្រេចសម្រាន្តនៅ ដោយឥរិយាបថ ទាំង ៤។ ម្នាលអាវុសោទាំងឡាយ អ្នកផងគេនិយាយចំពោះសាវកឯណា។ បេ។ សម្រេចនូវអភិញ្ញាធំ។

(នេវសញ្ញានាសញ្ញាយតនបញ្ហាសូត្រ ទី៨)

(៨. នេវសញ្ញានាសញ្ញាយតនបញ្ហាសុត្តំ)

[១៦៤] គេតែងនិយាយថា នេវសញ្ញានាសញ្ញាយតនៈ ៗ នេវសញ្ញានាសញ្ញាយតនៈ តើដូចម្តេច។ ម្នាលអាវុសោទាំងឡាយ ខ្ញុំមានសេចក្តីត្រិះរិះ ដូច្នេះថា ភិក្ខុក្នុងសាសនានេះ ព្រោះកន្លង នូវអាកិញ្ចញ្ញាយតនជ្ឈាន ដោយប្រការទាំងពួង ក៏ដល់នូវនេវសញ្ញានាសញ្ញាយតនជ្ឈាន ហើយសម្រេចសម្រាន្តនៅ ដោយឥរិយាបថ ទាំង ៤ នេះហៅថា នេវសញ្ញានាសញ្ញាយតនជ្ឈាន។ ម្នាលអាវុសោទាំងឡាយ ខ្ញុំព្រោះកន្លង នូវអាកិញ្ចញ្ញាយតនជ្ឈាន ដោយប្រការទាំងពួង ក៏ដល់នូវនេវសញ្ញានាសញ្ញាយតនជ្ឈាន ហើយសម្រេចសម្រាន្តនៅ ដោយឥរិយាបថ ទាំង ៤។ ម្នាលអាវុសោទាំងឡាយ កាលខ្ញុំនៅដោយវិហារធម៌នេះ សញ្ញា និងមនសិការ ដែលប្រកបដោយអាកិញ្ចញ្ញាយតនជ្ឈាន ក៏ផុសផុលឡើង។ ម្នាលអាវុសោទាំងឡាយ គ្រានោះឯង ព្រះដ៏មានព្រះភាគ ទ្រង់ចូលមករកខ្ញុំដោយឫទ្ធិ ក៏ទ្រង់ត្រាស់ ដូច្នេះថា ម្នាលមោគ្គល្លាន ៗ ព្រាហ្មណ៍ អ្នកកុំធ្វេសប្រហែស នឹងនេវសញ្ញានាសញ្ញាយតនជ្ឈានឡើយ ចូរដំកល់ចិត្តក្នុង នេវសញ្ញានាសញ្ញាយតនជ្ឈាន ចូរធ្វើចិត្ត ឲ្យមានអារម្មណ៍តែមួយ ក្នុងនេវសញ្ញានាសញ្ញាយតនជ្ឈាន ចូរដំកល់ចិត្ត ក្នុងនេវសញ្ញានាសញ្ញាយតនជ្ឈាន។ ម្នាលអាវុសោទាំងឡាយ សម័យខាងក្រោយមក ខ្ញុំព្រោះកន្លង នូវអាកិញ្ចញ្ញាយតនជ្ឈាន ដោយប្រការទាំងពួង ក៏ដល់នូវនេវសញ្ញានាសញ្ញាយតនជ្ឈាន ហើយសម្រេចសម្រាន្តនៅ ដោយឥរិយាបថ ទាំង ៤។ ម្នាលអាវុសោទាំងឡាយ អ្នកផងគេនិយាយចំពោះសាវកឯណា។ បេ។ សម្រេចនូវអភិញ្ញាធំ។

(អនិមិត្តបញ្ហាសូត្រ ទី៩)

(៩. អនិមិត្តបញ្ហាសុត្តំ)

[១៦៥] គេតែងនិយាយថា ចេតោសមាធិមិនមាននិមិត្ត ៗ ចេតោសមាធិ មិនមាននិមិត្ត តើដូចម្តេច។ ម្នាលអាវុសោទាំងឡាយ ខ្ញុំមានសេចក្តីត្រិះរិះ ដូច្នេះថា ភិក្ខុក្នុងសាសនានេះ ព្រោះមិនបានធ្វើទុកក្នុងចិត្ត នូវនិមិត្តទាំងពួង ក៏ដល់នូវចេតោសមាធិមិនមាននិមិត្ត ហើយសម្រេចសម្រាន្តនៅ ដោយឥរិយាបថ ទាំង ៤ នេះហៅថា ចេតោសមាធិមិនមាននិមិត្ត។ ម្នាលអាវុសោទាំងឡាយ ខ្ញុំព្រោះមិនធ្វើទុកក្នុងចិត្ត នូវនិមិត្តទាំងពួង ក៏ដល់នូវចេតោសមាធិមិនមាននិមិត្ត ហើយសម្រេចសម្រាន្តនៅ ដោយឥរិយាបថ ទាំង ៤។ ម្នាលអាវុសោទាំងឡាយ កាលខ្ញុំនៅដោយវិហារធម៌នេះ អនិមិត្តានុសារិវិញ្ញាណ ក៏កើតឡើង។ ម្នាលអាវុសោទាំងឡាយ គ្រានោះឯង ព្រះដ៏មានព្រះភាគ ទ្រង់ចូលមករកខ្ញុំដោយឫទ្ធិ ក៏ទ្រង់ត្រាស់ ដូច្នេះថា ម្នាលមោគ្គល្លាន ៗ ព្រាហ្មណ៍ អ្នកកុំធ្វេសប្រហែស នឹងចេតោសមាធិមិនមាននិមិត្តឡើយ ចូរដំកល់ចិត្ត ក្នុងចេតោសមាធិមិនមាននិមិត្ត ចូរធ្វើចិត្ត ឲ្យអារម្មណ៍មានតែមួយ ក្នុងចេតោសមាធិ មិនមាននិមិត្ត ចូរដំកល់ចិត្ត ក្នុងចេតោសមាធិមិនមាននិមិត្ត។ ម្នាលអាវុសោទាំងឡាយ សម័យខាងក្រោយមក ខ្ញុំព្រោះមិនធ្វើទុកក្នុងចិត្ត នូវនិមិត្តទាំងពួង ក៏ដល់នូវចេតោសមាធិមិនមាននិមិត្ត ហើយសម្រេចសម្រាន្តនៅ ដោយឥរិយាបថ ទាំង ៤។ ម្នាលអាវុសោទាំងឡាយ អ្នកផងគេនិយាយចំពោះសាវកឯណាថា សាវក ដែលព្រះសាស្តា អនុគ្រោះហើយ សម្រេចអភិញ្ញាធំ។ អ្នកផងគួរនិយាយចំពោះសាវកនោះ គឺខ្ញុំថា សាវក ដែលព្រះសាស្តា ទ្រង់អនុគ្រោះហើយ សម្រេចអភិញ្ញាធំ។

(សក្កសូត្រ ទី១០)

(១០. សក្កសុត្តំ)

[១៦៦] គ្រានោះឯង ព្រះមហាមោគ្គល្លានដ៏មានអាយុ បាត់អំពីវត្តជេតពន ស្រាប់តែប្រាកដ ក្នុងតាវត្តិង្សទេវលោក ដូចបុរសមានកម្លាំង លានូវដៃ ដែលបត់ ឬបត់ នូវដៃដែលលា។ គ្រានោះឯង សក្កទេវានមិន្ទ ព្រមទាំងទេវតា ៥០០ អង្គ ចូលទៅរកព្រះមហាមោគ្គល្លានដ៏មានអាយុ លុះចូលទៅដល់ ក៏ថ្វាយបង្គំព្រះមហាមោគ្គល្លានដ៏មានអាយុ ហើយឋិតនៅក្នុងទីដ៏សមគួរ។ លុះសក្កទេវានមិន្ទ ឋិតនៅក្នុងទីដ៏សមគួរហើយ ទើបព្រះមហាមោគ្គល្លានដ៏មានអាយុ និយាយដូច្នេះថា បពិត្រទេវានមិន្ទ ការដល់នូវព្រះពុទ្ធ ជាទីពឹង ប្រពៃណាស់។ បពិត្រទេវានមិន្ទ សត្វពួកខ្លះ ក្នុងលោកនេះ ព្រោះហេតុតែដល់នូវព្រះពុទ្ធជាទីពឹងហើយ លុះបែកធ្លាយរាងកាយស្លាប់ទៅ តែងកើតក្នុងសុគតិសួគ៌ ទេវលោក យ៉ាងនេះឯង។ បពិត្រទេវានមិន្ទ ការដល់នូវព្រះធម៌ជាទីពឹង ប្រពៃណាស់។ បពិត្រទេវានមិន្ទ សត្វពួកខ្លះ ក្នុងលោកនេះ ព្រោះហេតុតែដល់នូវព្រះធម៌ជាទីពឹងហើយ លុះបែកធ្លាយរាងកាយស្លាប់ទៅ តែងកើតក្នុងសុគតិសួគ៌ ទេវលោក យ៉ាងនេះឯង។ បពិត្រទេវានមិន្ទ ការដល់នូវព្រះសង្ឃ ជាទីពឹងប្រពៃណាស់។ បពិត្រទេវានមិន្ទ សត្វពួកខ្លះ ក្នុងលោកនេះ ព្រោះហេតុតែដល់នូវព្រះសង្ឃ ជាទីពឹងហើយ លុះបែកធ្លាយរាងកាយស្លាប់ទៅ តែងកើតក្នុងសុគតិសួគ៌ ទេវលោក យ៉ាងនេះឯង។ បពិត្រព្រះមោគ្គល្លាន អ្នកនិរទុក្ខ ការដល់នូវព្រះពុទ្ធជាទីពឹង ប្រពៃណាស់។ បពិត្រព្រះមោគ្គល្លាន អ្នកនិរទុក្ខ សត្វពួកខ្លះ ក្នុងលោកនេះ ព្រោះហេតុតែដល់នូវព្រះពុទ្ធជាទីពឹងហើយ លុះបែកធ្លាយរាងកាយស្លាប់ទៅ តែងកើតក្នុងសុគតិ សួគ៌ ទេវលោកយ៉ាងនេះឯង។ បពិត្រព្រះមោគ្គល្លានអ្នកនិរទុក្ខ ការដល់នូវព្រះធម៌ ជាទីពឹង ប្រពៃណាស់។ បពិត្រព្រះមោគ្គល្លានអ្នកនិរទុក្ខ សត្វពួកខ្លះ ក្នុងលោកនេះ ព្រោះហេតុតែដល់នូវព្រះធម៌ ជាទីពឹងហើយ លុះបែកធ្លាយរាងកាយស្លាប់ទៅ តែងកើតក្នុងសុគតិសួគ៌ ទេវលោកយ៉ាងនេះឯង។ បពិត្រព្រះមោគ្គល្លាន អ្នកនិរទុក្ខ ការដល់នូវព្រះសង្ឃ ជាទីពឹង ប្រពៃណាស់។ បេ។ តែងកើតក្នុងសុគតិសួគ៌ ទេវលោក យ៉ាងនេះ ឯង។

[១៦៧] គ្រានោះឯង សក្កទេវានមិន្ទ ព្រមទាំងទេវតា ៦០០ អង្គ។ បេ។ គ្រានោះឯង សក្កទេវានមិន្ទ ព្រមទាំងទេវតា ៧០០ អង្គ។ បេ។ គ្រានោះឯង សក្កទេវានមិន្ទ ព្រមទាំងទេវតា ៨០០ អង្គ។ បេ។

[១៦៨] គ្រានោះឯង សក្កទេវានមិន្ទ ព្រមទាំងទេវតា ៨០.០០០ អង្គ ចូលទៅរកព្រះមហាមោគ្គល្លានដ៏មានអាយុ លុះចូលទៅដល់ ក៏ថ្វាយបង្គំព្រះមហាមោគ្គល្លាន ដ៏មានអាយុ ហើយឋិតនៅក្នុងទីដ៏សមគួរ។ លុះសក្កទេវានមិន្ទ ឋិតនៅក្នុងទីដ៏សមគួរហើយ ទើបព្រះមហាមោគ្គល្លានដ៏មានអាយុ បាននិយាយ ដូច្នេះថា បពិត្រទេវានមិន្ទ ការដល់នូវព្រះពុទ្ធ ជាទីពឹង ប្រពៃណាស់។ បពិត្រទេវានមិន្ទ សត្វពួកខ្លះ ក្នុងលោកនេះ ព្រោះហេតុតែដល់នូវព្រះពុទ្ធជាទីពឹងហើយ លុះបែកធ្លាយរាងកាយស្លាប់ទៅ តែងកើតក្នុងសុគតិសួគ៌ ទេវលោក យ៉ាងនេះឯង។ បពិត្រទេវានមិន្ទ ការដល់នូវព្រះធម៌ ជាទីពឹង ប្រពៃណាស់។ បពិត្រទេវានមិន្ទ សត្វពួកខ្លះ ក្នុងលោកនេះ ព្រោះហេតុតែដល់នូវព្រះធម៌ ជាទីពឹងហើយ លុះបែកធ្លាយរាងកាយស្លាប់ទៅ តែងកើតក្នុងសុគតិសួគ៌ ទេវលោកយ៉ាងនេះឯង។ បពិត្រទេវានមិន្ទ ការដល់នូវព្រះសង្ឃ ជាទីពឹង ប្រពៃណាស់។ បពិត្រទេវានមិន្ទ សត្វពួកខ្លះ ក្នុងលោកនេះ ព្រោះហេតុតែដល់នូវព្រះសង្ឃ ជាទីពឹងហើយ លុះបែកធ្លាយរាងកាយស្លាប់ទៅ តែងកើតក្នុងសុគតិសួគ៌ ទេវលោក យ៉ាងនេះឯង។ បពិត្រព្រះមោគ្គល្លាន អ្នកនិរទុក្ខ ការដល់នូវព្រះពុទ្ធ ជាទីពឹង ប្រពៃណាស់។ បពិត្រព្រះមោគ្គល្លាន អ្នកនិរទុក្ខ សត្វពួកខ្លះ ក្នុងលោកនេះ ព្រោះហេតុតែដល់នូវព្រះពុទ្ធ ជាទីពឹងហើយ លុះបែកធ្លាយរាងកាយស្លាប់ទៅ តែងកើតក្នុងសុគតិ សួគ៌ ទេវលោកយ៉ាងនេះឯង។ បពិត្រព្រះមោគ្គល្លាន អ្នកនិរទុក្ខ ការដល់នូវព្រះធម៌ ជាទីពឹង ប្រពៃណាស់។ បេ។ បពិត្រព្រះមោគ្គល្លាន អ្នកនិរទុក្ខ ការដល់នូវព្រះសង្ឃ ជាទីពឹង ប្រពៃណាស់។ បពិត្រព្រះមោគ្គល្លាន អ្នកនិរទុក្ខ សត្វពួកខ្លះ ក្នុងលោកនេះ ព្រោះហេតុតែដល់នូវព្រះសង្ឃ ជាទីពឹងហើយ លុះបែកធ្លាយរាងកាយស្លាប់ទៅ តែង កើតក្នុងសុគតិសួគ៌ ទេវលោក យ៉ាងនេះឯង។

[១៦៩] គ្រានោះឯង សក្កទេវានមិន្ទ ព្រមទាំងទេវតា ៥០០ អង្គ ចូលទៅរកព្រះមហាមោគ្គល្លានដ៏មានអាយុ លុះចូលទៅដល់ ក៏ថ្វាយបង្គំព្រះមហាមោគ្គល្លាន ដ៏មានអាយុ ហើយឋិតនៅក្នុងទីដ៏សមគួរ។ លុះសក្កទេវានមិន្ទ ឋិតនៅក្នុងទីដ៏សមគួរហើយ ទើបព្រះមហាមោគ្គល្លានដ៏មានអាយុ បាននិយាយ ដូច្នេះថា បពិត្រទេវានមិន្ទ ការប្រកបព្រម ដោយសេចក្តីជ្រះថ្លាមិនកម្រើក ក្នុងព្រះពុទ្ធថា ព្រះដ៏មានព្រះភាគ អង្គនោះ ជាអរហន្ត សម្មាសម្ពុទ្ធ បរិបូរណ៌ដោយវិជ្ជា និងចរណៈ ជាព្រះសុគត ជ្រាបច្បាស់ នូវត្រៃលោក ជាបុគ្គលប្រសើរបំផុត ព្រះអង្គជាសារថី ទូន្មាននូវបុរស ជាសាស្តា នៃទេវតា និងមនុស្សទាំងឡាយ ជាព្រះពុទ្ធ លែងវិលមកកាន់ភពថ្មីទៀត ជាការប្រពៃណាស់។ បពិត្រទេវានមិន្ទ សត្វពួកខ្លះ ក្នុងលោកនេះ ព្រោះហេតុតែប្រកបព្រម ដោយសេចក្តីជ្រះថ្លាមិនកម្រើក ក្នុងព្រះពុទ្ធហើយ លុះបែកធ្លាយរាងកាយស្លាប់ទៅ តែងកើតក្នុងសុគតិសួគ៌ ទេវលោក យ៉ាងនេះឯង។ បពិត្រទេវានមិន្ទ ការប្រកបព្រម ដោយសេចក្តីជ្រះថ្លាមិនកម្រើក ក្នុងព្រះធម៌ថា ធម៌ដែលព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហើយ ដោយប្រពៃ ជាធម៌គឺព្រះអរិយបុគ្គល ឃើញច្បាស់ខ្លួនឯង ជាធម៌ឲ្យផលមិនរង់ចាំកាល ជាធម៌ ដែលព្រះអរិយបុគ្គល បានសម្រេចមគ្គផលហើយ ក៏គួរនឹងហៅបុគ្គលដទៃ ឲ្យចូលមកមើលបាន ជាធម៌ ដែលព្រះអរិយបុគ្គល គប្បីបង្អោនចូលមកទុកក្នុងខ្លួន ជាធម៌ ដែលវិញ្ញូជន គប្បីដឹងច្បាស់ ដោយខ្លួនឯង ជាការប្រពៃណាស់។ បពិត្រទេវានមិន្ទ សត្វពួកខ្លះ ក្នុងលោកនេះ ព្រោះហេតុតែប្រកបព្រម ដោយសេចក្តីជ្រះថ្លាមិនកម្រើក ក្នុងព្រះធម៌ហើយ លុះបែកធ្លាយរាងកាយស្លាប់ទៅ តែងកើតក្នុងសុគតិសួគ៌ ទេវលោក យ៉ាងនេះឯង។ បពិត្រទេវានមិន្ទ ការប្រកបព្រម ដោយសេចក្តីជ្រះថ្លាមិនកម្រើក ក្នុងព្រះសង្ឃថា ព្រះសង្ឃ ជាសាវក នៃព្រះដ៏មានព្រះភាគ លោកប្រតិបត្តិល្អ ព្រះសង្ឃ ជាសាវក នៃព្រះដ៏មានព្រះភាគ លោកប្រតិបត្តិត្រង់ ព្រះសង្ឃ ជាសាវក នៃព្រះដ៏មានព្រះភាគ លោកប្រតិបត្តិ ដើម្បីត្រាស់ដឹង ព្រះសង្ឃ ជាសាវក នៃព្រះដ៏មានព្រះភាគ លោកប្រតិបត្តិ គួរដល់សាមីចិកម្ម បើរាប់ជាគូ នៃបុរស មាន ៤ គូ រាប់រៀងជាបុរសបុគ្គល មាន ៨ ព្រះសង្ឃនោះ ជាសង្ឃសាវក នៃព្រះដ៏មានព្រះភាគ លោកគួរទទួល នូវចតុប្បបច្ច័យ ដែលបុគ្គលដទៃ បង្អោនចូលមកបូជា លោកគួរទទួល នូវទាន ដែលបុគ្គលដទៃចាត់ចែងដើម្បីភ្ញៀវ ហើយបង្អោនចូលមកបូជា លោកគួរទទួលនូវទាន ដែលបុគ្គលជឿ នូវកម្ម និងផលនៃកម្ម ហើយបូជា លោកគួរដល់អញ្ជលិកម្ម ដែលសត្វលោកគប្បីធ្វើ លោកជាបុញ្ញក្ខេត្ត ដ៏ប្រសើរ របស់សត្វលោក ជាការប្រពៃណាស់។ បពិត្រទេវានមិន្ទ សត្វពួកខ្លះ ក្នុងលោកនេះ ព្រោះហេតុតែប្រកបព្រម ដោយសេចក្តីជ្រះថ្លាមិនកម្រើក ក្នុងព្រះសង្ឃហើយ លុះបែកធ្លាយរាងកាយស្លាប់ទៅ តែងកើតក្នុងសុគតិសួគ៌ ទេវលោកយ៉ាងនេះឯង។ បពិត្រទេវាមិន្ទ ការប្រកបព្រម ដោយសីលជាទីត្រេកអរ នៃព្រះអរិយៈ ជាសីលមិនដាច់ មិនធ្លុះ មិនពព្រុស មិនពពាល ជាសីលអ្នកជា ជាសីលដែលវិញ្ញូជនសរសើរ ជាអបរាមដ្ឋសីល ជាសីលប្រព្រឹត្តទៅ ដើម្បីសមាធិ ជាការប្រពៃណាស់។ បពិត្រទេវានមិន្ទ សត្វពួកខ្លះ ក្នុងលោកនេះ ព្រោះហេតុតែប្រកបព្រម ដោយសីល ជាទីត្រេកអរ នៃព្រះអរិយៈហើយ លុះបែកធ្លាយរាងកាយស្លាប់ទៅ តែងកើតក្នុងសុគតិសួគ៌ ទេវលោក យ៉ាងនេះឯង។ បពិត្រព្រះមោគ្គល្លាន អ្នកនិរទុក្ខ ការប្រកបព្រម ដោយសេចក្តីជ្រះថ្លា មិនកម្រើកក្នុងព្រះពុទ្ធថា ព្រះដ៏មានព្រះភាគ អង្គនោះ។ បេ។ ជាសាស្តានៃទេវតា និងមនុស្សទាំងឡាយ ជាព្រះពុទ្ធ លែងវិលមកកាន់ភពថ្មីទៀត ជាការប្រពៃពិត។ បពិត្រព្រះមោគ្គល្លាន អ្នកនិរទុក្ខ សត្វពួកខ្លះ ក្នុងលោកនេះ ព្រោះហេតុតែប្រកបព្រម ដោយសេចក្តីជ្រះថ្លា មិនកម្រើក ក្នុងព្រះពុទ្ធហើយ លុះបែកធ្លាយរាងកាយស្លាប់ទៅ តែងកើតក្នុងសុគតិសួគ៌ ទេវលោក យ៉ាងនេះឯង។ បពិត្រព្រះមោគ្គល្លានអ្នកនិរទុក្ខ ការប្រកបព្រម ដោយសេចក្តីជ្រះថ្លា មិនកម្រើក ក្នុងព្រះធម៌ថា ធម៌ដែលព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ល្អហើយ។ បេ។ ជាធម៌ដែលវិញ្ញូជនគប្បីដឹងច្បាស់ ជាការប្រពៃពិត។ បពិត្រព្រះមោគ្គល្លាន អ្នកនិរទុក្ខ សត្វពួកខ្លះ ក្នុងលោកនេះ ព្រោះហេតុតែប្រកបព្រម ដោយសេចក្តីជ្រះថ្លាមិនកម្រើក ក្នុងព្រះធម៌ហើយ លុះបែកធ្លាយរាងកាយស្លាប់ទៅ តែងកើតក្នុងសុគតិសួគ៌ ទេវលោក យ៉ាងនេះឯង។ បពិត្រព្រះមោគ្គល្លាន អ្នកនិរទុក្ខ ការប្រកបព្រម ដោយសេចក្តីជ្រះថ្លា មិនកម្រើក ក្នុងព្រះសង្ឃថា ព្រះសង្ឃជាសាវកនៃព្រះដ៏មានព្រះភាគ លោកប្រតិបត្តិល្អ។ បេ។ លោកជាបុញ្ញក្ខេត្តដ៏ប្រសើររបស់សត្វលោក ជាការប្រពៃពិត។ បពិត្រព្រះមោគ្គល្លាន អ្នកនិរទុក្ខ សត្វពួកខ្លះ ក្នុងលោកនេះ ព្រោះហេតុតែប្រកបព្រម ដោយសេចក្តីជ្រះថ្លាមិនកម្រើក ក្នុងព្រះសង្ឃហើយ លុះបែកធ្លាយរាងកាយ ស្លាប់ទៅ តែងកើតក្នុងសុគតិសួគ៌ ទេវលោក យ៉ាងនេះឯង។ បពិត្រព្រះមោគ្គល្លាន អ្នកនិរទុក្ខ ការប្រកបព្រម ដោយសីលជាទីត្រេកអរ នៃព្រះអរិយៈ ជាសីលមិនដាច់។ បេ។ ប្រព្រឹត្តទៅ ដើម្បីសមាធិ ជាការប្រពៃពិត។ បពិត្រព្រះមោគ្គល្លានអ្នកនិរទុក្ខ សត្វពួកខ្លះ ក្នុងលោកនេះ ព្រោះហេតុតែប្រកបព្រម ដោយសីល ជាទីត្រេកអរ នៃព្រះអរិយៈហើយ លុះបែកធ្លាយរាងកាយស្លាប់ទៅ តែងកើតក្នុងសុគតិសួគ៌ ទេវលោកយ៉ាងនេះឯង។

[១៧០] គ្រានោះឯង សក្កទេវានមិន្ទ ព្រមទាំងទេវតា ៦០០ អង្គ។ បេ។ គ្រានោះឯង សក្កទេវានមិន្ទ ព្រមទាំងទេវតា ៧០០ អង្គ។ បេ។ គ្រានោះឯង សក្កទេវានមិន្ទ ព្រមទាំងទេវតា ៨០០ អង្គ។ បេ។

[១៧១] គ្រានោះឯង សក្កទេវានមិន្ទ ព្រមទាំងទេវតា ៨០.០០០ អង្គ ចូលទៅរកព្រះមហាមោគ្គល្លានដ៏មានអាយុ លុះចូលទៅដល់ ក៏ថ្វាយបង្គំព្រះមហាមោគ្គល្លានដ៏មានអាយុ ហើយឋិតក្នុងទីដ៏សមគួរ។ លុះសក្កទេវានមិន្ទ ឋិតក្នុងទីដ៏សមគួរហើយ ទើបព្រះមហាមោគ្គល្លានដ៏មានអាយុ បាននិយាយ ដូច្នេះថា បពិត្រទេវានមិន្ទ ការប្រកបព្រម ដោយសេចក្តីជ្រះថ្លាមិនកម្រើក ក្នុងព្រះពុទ្ធថា ព្រះដ៏មានព្រះភាគ អង្គនោះ។ បេ។ ជាសាស្តានៃទេវតា និងមនុស្សទាំងឡាយ ជាព្រះពុទ្ធ លែងវិលមកកាន់ភពថ្មីទៀត ជាការប្រពៃណាស់។ បពិត្រទេវានមិន្ទ សត្វពួកខ្លះ ក្នុងលោកនេះ ព្រោះហេតុតែប្រកបព្រម ដោយសេចក្តីជ្រះថ្លា មិនកម្រើក ក្នុងព្រះពុទ្ធហើយ លុះបែកធ្លាយរាងកាយស្លាប់ទៅ តែងកើតក្នុងសុគតិសួគ៌ ទេវលោក យ៉ាងនេះឯង។ បពិត្រទេវានមិន្ទ ការប្រកបព្រម ដោយសេចក្តីជ្រះថ្លាមិនកម្រើក ក្នុងព្រះធម៌ថា ធម៌ ដែលព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ល្អហើយ។ បេ។ ជាធម៌ដែលវិញ្ញូជន គប្បីដឹងច្បាស់ ជាការប្រពៃពិត។ បពិត្រទេវានមិន្ទ សត្វពួកខ្លះ ក្នុងលោកនេះ ព្រោះហេតុតែប្រកបព្រម ដោយសេចក្តីជ្រះថ្លា មិនកម្រើក ក្នុងព្រះធម៌ហើយ លុះបែកធ្លាយរាងកាយ ស្លាប់ទៅ តែងកើតក្នុងសុគតិសួគ៌ ទេវលោកយ៉ាងនេះឯង។ បពិត្រទេវានមិន្ទ ការប្រកបព្រម ដោយសេចក្តីជ្រះថ្លាមិនកម្រើក ក្នុងព្រះសង្ឃថា ព្រះសង្ឃជាសាវកនៃព្រះដ៏មានព្រះភាគ លោកប្រតិបត្តិល្អហើយ។ បេ។ ជាបុញ្ញក្ខេត្តដ៏ប្រសើររបស់សត្វលោក ជាការប្រពៃណាស់។ បពិត្រទេវានមិន្ទ សត្វពួកខ្លះ ក្នុងលោកនេះ ព្រោះហេតុតែប្រកបព្រម ដោយសេចក្តីជ្រះថ្លាមិនកម្រើក ក្នុងព្រះសង្ឃហើយ លុះបែកធ្លាយរាងកាយស្លាប់ទៅ តែងកើតក្នុងសុគតិសួគ៌ ទេវលោកយ៉ាងនេះឯង។ បពិត្រទេវានមិន្ទ ការប្រកបដោយសីល ជាទីត្រេកអរ នៃព្រះអរិយៈ ជាសីលមិនដាច់។ បេ។ ប្រព្រឹត្តទៅ ដើម្បីសមាធិ ជាការប្រពៃណាស់។ បពិត្រទេវានមិន្ទ សត្វពួកខ្លះ ក្នុងលោកនេះ ព្រោះហេតុតែប្រកបដោយសីល ជាទីត្រេកអរនៃព្រះអរិយៈហើយ លុះបែកធ្លាយរាងកាយ ស្លាប់ទៅ តែងកើតក្នុងសុគតិសួគ៌ ទេវលោកយ៉ាងនេះឯង។ បពិត្រព្រះមោគ្គល្លាន អ្នកនិរទុក្ខ ការប្រកបព្រមដោយសេចក្តីជ្រះថ្លាមិនកម្រើក ក្នុងព្រះពុទ្ធថា ព្រះដ៏មានព្រះភាគ អង្គនោះ។ បេ។ ជាសាស្តានៃទេវតា និងមនុស្សទាំងឡាយ ជាព្រះពុទ្ធលែងវិលមកកាន់ភពថ្មីទៀត ជាការប្រពៃពិត។ បពិត្រព្រះមោគ្គល្លាន អ្នកនិរទុក្ខ សត្វពួកខ្លះ ក្នុងលោកនេះ ព្រោះហេតុតែប្រកបព្រម ដោយសេចក្តីជ្រះថ្លាមិនកម្រើក ក្នុងព្រះពុទ្ធហើយ លុះបែកធ្លាយរាងកាយស្លាប់ទៅ តែងកើតក្នុងសុគតិសួគ៌ ទេវលោក យ៉ាងនេះ ឯង។ បពិត្រព្រះមោគ្គល្លាន អ្នកនិរទុក្ខ ការប្រកបព្រម ដោយសេចក្តីជ្រះថ្លាមិនកម្រើក ក្នុងព្រះធម៌ថា ធម៌ដែលព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ល្អហើយ។ បេ។ ជាធម៌ដែលវិញ្ញូជន គប្បីដឹងច្បាស់ដោយខ្លួនឯង ជាការប្រពៃពិត។ បពិត្រព្រះមោគ្គល្លាន អ្នកនិរទុក្ខ សត្វពួកខ្លះ ក្នុងលោកនេះ ព្រោះហេតុតែប្រកបព្រម ដោយសេចក្តីជ្រះថ្លាមិនកម្រើក ក្នុងព្រះធម៌ហើយ លុះបែកធ្លាយរាងកាយស្លាប់ទៅ តែងកើតក្នុងសុគតិសួគ៌ ទេវលោកយ៉ាងនេះឯង។ បពិត្រព្រះមោគ្គល្លាន អ្នកនិរទុក្ខ ការប្រកបព្រម ដោយសេចក្តីជ្រះថ្លាមិនកម្រើក ក្នុងព្រះសង្ឃថា ព្រះសង្ឃជាសាវក នៃព្រះដ៏មានព្រះភាគ លោកប្រតិបត្តិល្អហើយ។ បេ។ ជាបុញ្ញក្ខេត្តដ៏ប្រសើរ របស់សត្វលោក ជាការប្រពៃ ពិត។ បពិត្រព្រះមោគ្គល្លាន អ្នកនិរទុក្ខ សត្វពួកខ្លះ ក្នុងលោកនេះ ព្រោះហេតុតែប្រកបព្រម ដោយសេចក្តីជ្រះថ្លាមិនកម្រើក ក្នុងព្រះសង្ឃហើយ លុះបែកធ្លាយរាងកាយស្លាប់ទៅ តែងកើតក្នុងសុគតិសួគ៌ ទេវលោកយ៉ាងនេះឯង។ បពិត្រព្រះមោគ្គល្លាន អ្នកនិរទុក្ខ ការប្រកបព្រម ដោយសីល ជាទីត្រេកអរ នៃព្រះអរិយៈ ជាសីលមិនដាច់។ បេ។ ប្រព្រឹត្តទៅ ដើម្បីសមាធិ ជាការប្រពៃពិត។ បពិត្រព្រះមោគ្គល្លាន អ្នកនិរទុក្ខ សត្វពួកខ្លះ ក្នុងលោកនេះ ព្រោះហេតុតែប្រកបព្រម ដោយសីល ជាទីត្រេកអរនៃព្រះអរិយៈ ហើយ លុះបែកធ្លាយរាងកាយស្លាប់ទៅ តែងកើតក្នុងសុគតិសួគ៌ ទេវលោក យ៉ាងនេះឯង។

[១៧២] គ្រានោះឯង សក្កទេវានមិន្ទ ព្រមទាំងទេវតា ៥០០ អង្គ ចូលទៅរកព្រះមហាមោគ្គល្លានដ៏មានអាយុ លុះចូលទៅដល់។បេ។ លុះសក្កទេវានិមិន្ទ ឋិតក្នុងទីដ៏សមគួរហើយ ទើបព្រះមហាមោគ្គល្លានដ៏មានអាយុ បាននិយាយដូច្នេះថា បពិត្រទេវានិមិន្ទ ការដល់នូវព្រះពុទ្ធជាទីពឹង ប្រពៃណាស់។ បពិត្រទេវានិមិន្ទ សត្វពួកខ្លះ ក្នុងលោកនេះ ព្រោះហេតុតែដល់នូវព្រះពុទ្ធ ជាទីពឹងហើយ លុះបែកធ្លាយរាងកាយ ស្លាប់ទៅ តែងកើតក្នុងសុគតិសួគ៌ ទេវលោកយ៉ាងនេះឯង សត្វទាំងនោះ រមែងបាននូវរបស់ជាទិព្វដទៃ ដោយឋានៈទាំង ១០ យ៉ាង គឺ អាយុជាទិព្វ ១ ពណ៌សម្បុរជាទិព្វ ១ សេចក្តីសុខជាទិព្វ ១ យសជាទិព្វ ១ អធិបតីជាទិព្វ ១ រូបជាទិព្វ ១ សំឡេងជាទិព្វ ១ ក្លិនជាទិព្វ ១ រសជាទិព្វ ១ ផោដ្ឋព្វៈជាទិព្វ ១។ បពិត្រទេវានមិន្ទ ការដល់នូវព្រះធម៌ ជាទីពឹង ប្រពៃណាស់។ បពិត្រទេវានិមិន្ទ សត្វពួកខ្លះ ក្នុងលោកនេះ ព្រោះហេតុតែដល់នូវព្រះធម៌ជាទីពឹងហើយ លុះបែកធ្លាយរាងកាយស្លាប់ទៅ តែងកើតក្នុងសុគតិ សួគ៌ទេវលោកយ៉ាងនេះឯង សត្វទាំងនោះ រមែងបាននូវរបស់ជាទិព្វដទៃ ដោយឋានៈ ទាំង ១០ យ៉ាង គឺ អាយុជាទិព្វ ១ ពណ៌សម្បុរជាទិព្វ ១ សេចក្តីសុខជាទិព្វ ១ យសជាទិព្វ ១ អធិបតីជាទិព្វ ១ រូបជាទិព្វ ១ សំឡេងជាទិព្វ ១ ក្លិនជាទិព្វ ១ រសជាទិព្វ ១ ផោដ្ឋព្វៈជាទិព្វ ១។ បពិត្រទេវានមិន្ទ ការដល់នូវព្រះសង្ឃ ជាទីពឹង ប្រពៃណាស់។ បពិត្រទេវានិមិន្ទ សត្វពួកខ្លះ ក្នុងលោកនេះ ព្រោះហេតុតែដល់នូវព្រះសង្ឃ ជាទីពឹងហើយ លុះបែកធ្លាយរាងកាយ ស្លាប់ទៅ តែងកើតក្នុងសុគតិសួគ៌ ទេវលោក សត្វទាំងនោះ រមែងបាននូវរបស់ជាទិព្វដទៃ ដោយឋានៈ ទាំង ១០ យ៉ាង គឺ អាយុជាទិព្វ ១ ពណ៌សម្បុរជាទិព្វ ១ សេចក្តីសុខជាទិព្វ ១ យសជាទិព្វ ១ អធិបតីជាទិព្វ ១ រូបជាទិព្វ ១ សំឡេងជាទិព្វ ១ ក្លិនជាទិព្វ ១ រសជាទិព្វ ១ ផោដ្ឋព្វៈជាទិព្វ ១។ បពិត្រព្រះមោគ្គល្លាន អ្នកនិរទុក្ខ ការដល់នូវព្រះពុទ្ធ ជាទីពឹង ប្រពៃណាស់។ បពិត្រព្រះមោគ្គល្លាន អ្នកនិរទុក្ខ សត្វពួកខ្លះ ក្នុងលោកនេះ ព្រោះហេតុតែដល់នូវព្រះពុទ្ធ ជាទីពឹងហើយ លុះបែកធ្លាយរាងកាយ ស្លាប់ទៅ តែងកើតក្នុងសុគតិសួគ៌ ទេវលោកយ៉ាងនេះឯង សត្វទាំងនោះ រមែងបាននូវរបស់ជាទិព្វដទៃ ដោយឋានៈ ទាំង ១០ យ៉ាង គឺ អាយុជាទិព្វ ១។ បេ។ ផោដ្ឋព្វៈជាទិព្វ ១។ បពិត្រព្រះមោគ្គល្លាន អ្នកនិរទុក្ខ ការដល់នូវព្រះធម៌ ជាទីពឹង ប្រពៃណាស់។ បេ។ បពិត្រព្រះមោគ្គល្លាន អ្នកនិរទុក្ខ ការដល់នូវព្រះសង្ឃ ជាទីពឹង ប្រពៃណាស់។ បពិត្រព្រះមោគ្គល្លាន អ្នកនិរទុក្ខ សត្វពួកខ្លះ ក្នុងលោកនេះ ព្រោះហេតុតែដល់ នូវព្រះសង្ឃ ជាទីពឹងហើយ លុះបែកធ្លាយរាងកាយ ស្លាប់ទៅ តែងកើតក្នុងសុគតិសួគ៌ ទេវលោក យ៉ាងនេះឯង សត្វទាំងនោះ រមែងបាននូវរបស់ជាទិព្វដទៃ ដោយឋានៈ ទាំង ១០ យ៉ាង គឺអាយុជាទិព្វ ១ ពណ៌សម្បុរជាទិព្វ ១ សេចក្តីសុខជាទិព្វ ១ យសជាទិព្វ ១ អធិបតីជាទិព្វ ១ រូបជាទិព្វ ១ សំឡេងជាទិព្វ ១ ក្លិនជាទិព្វ ១ រសជាទិព្វ ១ ផោដ្ឋព្វៈជាទិព្វ ១។

[១៧៣] គ្រានោះឯង សក្កទេវានមិន្ទ ព្រមទាំងទេវតា ៦០០អង្គ។ បេ។ គ្រានោះឯង សក្កទេវានមិន្ទ ព្រមទាំងទេវតា ៧០០អង្គ។ បេ។ គ្រានោះឯង សក្កទេវានមិន្ទ ព្រមទាំងទេវតា ៨០០អង្គ។ បេ។

[១៧៤] គ្រានោះឯង សក្កទេវានមិន្ទ ព្រមទាំងទេវតា ៨០.០០០ អង្គ ចូលទៅរកព្រះមហាមោគ្គល្លានដ៏មានអាយុ លុះចូលទៅដល់ ក៏ថ្វាយបង្គំព្រះមហាមោគ្គល្លានដ៏មានអាយុ ហើយឋិតនៅក្នុងទីដ៏សមគួរ។ លុះសក្កទេវានិមិន្ទ ឋិតក្នុងទីដ៏សមគួរហើយ ទើបព្រះមហាមោគ្គល្លានដ៏មានអាយុ បាននិយាយ ដូច្នេះថា បពិត្រទេវានិមិន្ទ ការដល់នូវព្រះពុទ្ធជាទីពឹង ប្រពៃណាស់។ បពិត្រទេវានិមិន្ទ សត្វពួកខ្លះ ក្នុងលោកនេះ ព្រោះហេតុតែដល់នូវព្រះពុទ្ធ ជាទីពឹងហើយ លុះបែកធ្លាយរាងកាយ ស្លាប់ទៅ តែងកើតក្នុងសុគតិសួគ៌ ទេវលោកយ៉ាងនេះឯង សត្វទាំងនោះ រមែងបាននូវរបស់ជាទិព្វដទៃ ដោយឋានៈ ទាំង ១០ យ៉ាង គឺអាយុជាទិព្វ ១។ បេ។ ផោដ្ឋព្វៈជាទិព្វ ១។ បពិត្រទេវានមិន្ទ ការដល់នូវព្រះធម៌ ជាទីពឹង ប្រពៃណាស់។ បេ។ បពិត្រទេវានមិន្ទ ការដល់នូវព្រះសង្ឃ ជាទីពឹង ប្រពៃណាស់។ បពិត្រទេវានមិន្ទ សត្វពួកខ្លះ ក្នុងលោកនេះ ព្រោះហេតុតែដល់នូវសង្ឃ ជាទីពឹងហើយ លុះបែកធ្លាយរាងកាយស្លាប់ទៅ តែងកើតក្នុងសុគតិសួគ៌ ទេវលោកយ៉ាងនេះឯង សត្វទាំងនោះ រមែងបាននូវរបស់ជាទិព្វដទៃ ដោយឋានៈ ទាំង ១០ យ៉ាង គឺ អាយុជាទិព្វ ១ ពណ៌សម្បុរជាទិព្វ ១ សេចក្តីសុខជាទិព្វ ១ យសជាទិព្វ ១ អធិបតីជាទិព្វ ១ រូបជាទិព្វ ១ សំឡេងជាទិព្វ ១ ក្លិនជាទិព្វ ១ រសជាទិព្វ ១ ផោដ្ឋព្វៈជាទិព្វ ១។ បពិត្រព្រះមហាមោគ្គល្លាន អ្នកនិរទុក្ខ ការដល់នូវព្រះពុទ្ធ ជាទីពឹង ប្រពៃណាស់។ បេ។ បពិត្រព្រះមហាមោគ្គល្លាន អ្នកនិរទុក្ខ ការដល់នូវព្រះធម៌ ជាទីពឹងប្រពៃណាស់។ បេ។ បពិត្រព្រះមហាមោគ្គល្លាន អ្នកនិរទុក្ខ ការដល់ នូវព្រះសង្ឃ ជាទីពឹង ប្រពៃណាស់។ បពិត្រព្រះមោគ្គល្លាន អ្នកនិរទុក្ខ សត្វពួកខ្លះ ក្នុងលោកនេះ ព្រោះហេតុតែដល់ នូវសង្ឃ ជាទីពឹងហើយ លុះបែកធ្លាយរាងកាយស្លាប់ទៅ តែងកើតក្នុងសុគតិសួគ៌ ទេវលោកយ៉ាងនេះឯង សត្វទាំងនោះ រមែងបាននូវរបស់ជាទិព្វដទៃ ដោយឋានៈ ទាំង ១០ យ៉ាង គឺអាយុជាទិព្វ ១ ពណ៌សម្បុរជាទិព្វ ១ សេចក្តីសុខជាទិព្វ ១ យសជាទិព្វ ១ អធិបតីជាទិព្វ ១ រូបជាទិព្វ ១ សំឡេងជាទិព្វ ១ ក្លិនជាទិព្វ ១ រសជាទិព្វ ១ ផោដ្ឋព្វៈជាទិព្វ ១។

[១៧៥] គ្រានោះឯង សក្កទេវានមិន្ទ ព្រមទាំងទេវតា ៥០០អង្គ ចូលទៅរក ព្រះមហាមោគ្គល្លានដ៏មានអាយុ លុះចូលទៅដល់ ក៏ថ្វាយបង្គំព្រះមហាមោគ្គល្លាន ដ៏មានអាយុ ហើយឋិតនៅក្នុងទីដ៏សមគួរ។ លុះសក្កទេវានមិន្ទ ឋិតក្នុងទីដ៏សមគួរហើយ ទើបព្រះមហាមោគ្គល្លានដ៏មានអាយុ បាននិយាយដូច្នេះថា បពិត្រទេវានមិន្ទ ការប្រកបព្រម ដោយសេចក្តីជ្រះថ្លា មិនកម្រើក ក្នុងព្រះពុទ្ធថា ព្រះដ៏មានព្រះភាគ អង្គនោះ។ បេ។ ជាសាស្តានៃទេវតា និងមនុស្សទាំងឡាយ ជាព្រះពុទ្ធ លែងវិលមកកាន់ភពថ្មីទៀត ជាការប្រពៃណាស់។ បពិត្រទេវានិមិន្ទ សត្វពួកខ្លះ ក្នុងលោកនេះ ព្រោះហេតុតែប្រកបព្រម ដោយសេចក្តីជ្រះថ្លាមិនកម្រើក ក្នុងព្រះពុទ្ធហើយ លុះបែកធ្លាយ រាងកាយស្លាប់ទៅ តែងកើតក្នុងសុគតិសួគ៌ ទេវលោកយ៉ាងនេះឯង សត្វទាំងនោះ រមែងបាននូវរបស់ជាទិព្វដទៃ ដោយឋានៈ ទាំង ១០ យ៉ាង គឺអាយុជាទិព្វ ១។ បេ។ ផោដ្ឋព្វៈជាទិព្វ ១។ បពិត្រទេវានមិន្ទ ការប្រកបព្រម ដោយសេចក្តីជ្រះថ្លាមិនកម្រើក ក្នុងព្រះធម៌ ជាការប្រពៃណាស់។ បេ។ បពិត្រទេវានមិន្ទ ការប្រកបព្រម ដោយសេចក្តីជ្រះថ្លាមិនកម្រើក ក្នុងព្រះសង្ឃ ជាការប្រពៃណាស់។ បេ។ បពិត្រទេវានមិន្ទ ការប្រកបព្រម ដោយសីល ជាទីត្រេកអរ នៃព្រះអរិយៈ ជាសីលមិនដាច់។ បេ។ ជា សីលប្រព្រឹត្តទៅ ដើម្បីសមាធិ ជាការប្រពៃណាស់។ បពិត្រទេវានមិន្ទ សត្វពួកខ្លះ ក្នុង លោកនេះ ព្រោះហេតុតែប្រកបព្រម ដោយសីល ជាទីត្រេកអរ នៃព្រះអរិយៈហើយ លុះបែកធ្លាយរាងកាយស្លាប់ទៅ តែងកើតក្នុងសុគតិសួគ៌ ទេវលោកយ៉ាងនេះឯង សត្វទាំងនោះ រមែងបាននូវរបស់ជាទិព្វដទៃ ដោយឋានៈ ទាំង ១០ យ៉ាង គឺអាយុជាទិព្វ ១។ បេ។ ផោដ្ឋព្វជាទិព្វ ១។ បពិត្រព្រះមោគ្គល្លាន អ្នកនិរទុក្ខ ការប្រកបព្រម ដោយសេចក្តីជ្រះថ្លាមិនកម្រើក ក្នុងព្រះពុទ្ធថា ព្រះដ៏មានព្រះភាគ អង្គនោះ។ បេ។ ជាសាស្តា នៃទេវតា និងមនុស្សទាំងឡាយ ជាព្រះពុទ្ធ លែងវិលមកកាន់ភពថ្មីទៀត ជាការប្រពៃពិត។ បពិត្រព្រះមោគ្គល្លាន អ្នកនិរទុក្ខ សត្វពួកខ្លះ ក្នុងលោកនេះ ព្រោះហេតុតែប្រកបព្រម ដោយសេចក្តីជ្រះថ្លាមិនកម្រើក ក្នុងព្រះពុទ្ធហើយ លុះបែកធ្លាយរាងកាយ ស្លាប់ទៅ តែងកើតក្នុងសុគតិសួគ៌ ទេវលោកយ៉ាងនេះឯង សត្វទាំងនោះ រមែងបាននូវរបស់ជាទិព្វដទៃ ដោយឋានៈ ទាំង ១០ យ៉ាង គឺអាយុជាទិព្វ ១។បេ។ ផោដ្ឋព្វជាទិព្វ ១។ បពិត្រព្រះមោគ្គល្លាន អ្នកនិរទុក្ខ ការប្រកបព្រម ដោយសេចក្តីជ្រះថ្លាមិនកម្រើក ក្នុងព្រះធម៌ ថា ព្រះធម៌ដែលព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ល្អហើយ។ បេ។ ជាធម៌ដែលវិញ្ញូជន គប្បីដឹងច្បាស់ដោយខ្លួនឯង ជាការប្រពៃពិត។ បពិត្រព្រះមោគ្គល្លាន អ្នកនិរទុក្ខ សត្វពួកខ្លះ ក្នុងលោកនេះ ព្រោះហេតុតែប្រកបព្រម ដោយសេចក្តីជ្រះថ្លាមិនកម្រើក ក្នុងព្រះធម៌ហើយ លុះបែកធ្លាយរាងកាយស្លាប់ទៅ តែងកើតក្នុងសុគតិសួគ៌ ទេវលោកយ៉ាងនេះឯង សត្វទាំងនោះ រមែងបាននូវរបស់ជាទិព្វដទៃ ដោយឋានៈ ទាំង ១០ យ៉ាង គឺអាយុជាទិព្វ ១។បេ។ ផោដ្ឋព្វៈជាទិព្វ ១។បេ។ បពិត្រព្រះមោគ្គល្លាន អ្នកនិរទុក្ខ ការប្រកបព្រម ដោយសេចក្តីជ្រះថ្លាមិនកម្រើក ក្នុងព្រះសង្ឃថា ព្រះសង្ឃជាសាវកនៃព្រះដ៏មានព្រះភាគ លោកប្រតិបត្តិល្អហើយ។ បេ។ ជាបុញ្ញក្ខេត្តដ៏ប្រសើរ របស់សត្វលោក ជាការប្រពៃពិត។ បពិត្រព្រះមោគ្គល្លាន អ្នកនិរទុក្ខ សត្វពួកខ្លះ ក្នុងលោកនេះ ព្រោះហេតុតែប្រកបព្រម ដោយសេចក្តីជ្រះថ្លាមិនកម្រើក ក្នុងព្រះសង្ឃហើយ លុះបែកធ្លាយ រាងកាយស្លាប់ទៅ តែងកើតក្នុងសុគតិសួគ៌ ទេវលោកយ៉ាងនេះឯង សត្វទាំងនោះ រមែងបាននូវរបស់ជាទិព្វដទៃ ដោយឋានៈ ទាំង ១០ យ៉ាង គឺអាយុជាទិព្វ ១។ បេ។ ផោដ្ឋព្វៈជាទិព្វ ១។ បពិត្រព្រះមោគ្គល្លាន អ្នកនិរទុក្ខ ការប្រកបព្រម ដោយសីល ជាទីត្រេកអរ នៃព្រះអរិយៈ ជាសីលមិនដាច់។ បេ។ ជាសីលប្រព្រឹត្តទៅ ដើម្បីសមាធិ ជាការប្រពៃពិត។ បពិត្រព្រះមោគ្គល្លាន អ្នកនិរទុក្ខ សត្វពួកខ្លះ ក្នុងលោកនេះ ព្រោះហេតុតែប្រកបព្រម ដោយសីល ជាទីត្រេកអរ នៃព្រះអរិយៈហើយ លុះបែកធ្លាយ រាងកាយស្លាប់ទៅ តែងកើតក្នុងសុគតិសួគ៌ ទេវលោកយ៉ាងនេះឯង សត្វទាំងនោះ រមែងបាននូវរបស់ជាទិព្វដទៃ ដោយឋានៈ ទាំង ១០ យ៉ាង គឺអាយុជាទិព្វ ១។ បេ។ ផោដ្ឋព្វៈ ជាទិព្វ ១។

[១៧៦] គ្រានោះឯង សក្កទេវានមិន្ទ ព្រមទាំងទេវតា ៦០០ អង្គ។ បេ។ គ្រានោះ ឯង សក្កទេវាមិន្ទ ព្រមទាំទេវតា ៧០០ អង្គ។ បេ។ គ្រានោះឯង សក្កទេវាមិន្ទ ព្រម ទាំងទេវតា ៨០០ អង្គ។ បេ។

[១៧៧] គ្រានោះឯង សក្កទេវានមិន្ទ ព្រមទាំងទេវតា ៨០.០០០ អង្គ ចូលទៅរក ព្រះមហាមោគ្គល្លានដ៏មានអាយុ លុះចូលទៅដល់ ក៏ថ្វាយបង្គំព្រះមហាមោគ្គល្លានដ៏ មានអាយុ ហើយឋិតក្នុងទីដ៏សមគួរ។ លុះសក្កទេវាមិន្ទ ក្នុងទីដ៏សមគួរហើយ ទើប ព្រះមហាមោគ្គល្លានដ៏មានអាយុ បាននិយាយដូច្នេះថា បពិត្រទេវានមិន្ទ ការប្រកបព្រម ដោយសេចក្តីជ្រះថ្លាមិនកម្រើក ក្នុងព្រះពុទ្ធថា ព្រះដ៏មានព្រះភាគអង្គនោះ ព្រះអង្គជា អរហន្តសម្មាសម្ពុទ្ធ បរិបូណ៌ដោយវិជ្ជា និងចរណៈ ជាព្រះសុគត ជ្រាបច្បាស់នូវ ត្រៃលោក ជាបុគ្គលប្រសើរ ជាសារថីទូន្មាននូវបុរស ជាសាស្តានៃទេវតា និងមនុស្ស ទាំងឡាយ ជាព្រះពុទ្ធលែងវិលមកកាន់ភពថ្មីទៀត ជាការប្រពៃណាស់។ បពិត្រ ទេវានមិន្ទ សត្វពួកខ្លះក្នុងលោកនេះ ព្រោះហេតុតែប្រកបព្រមដោយសេចក្តីជ្រះថ្លាមិន កម្រើក ក្នុងព្រះពុទ្ធហើយ លុះបែកធ្លាយរាងកាយស្លាប់ទៅ តែងកើតក្នុងសុគតិសួគ៌ ទេវលោកយ៉ាងនេះឯង សត្វទាំងនោះ រមែងបាននូវរបស់ជាទិព្វដទៃ ដោយឋានៈទាំង ១០ យ៉ាង គឺអាយុជាទិព្វ ១ ពណ៌សម្បុរជាទិព្វ ១ សេចក្តីសុខជាទិព្វ ១ យសជាទិព្វ ១ អធិបតីជាទិព្វ ១ រូបជាទិព្វ ១ សំឡេងជាទិព្វ ១ ក្លិនជាទិព្វ ១ រសជាទិព្វ ១ ផោដ្ឋព្វៈជាទិព្វ ១។ បពិត្រទេវានមិន្ទ ការប្រកបព្រមដោយសេចក្តីជ្រះថ្លាមិនកម្រើក ក្នុងព្រះធម៌ថា ព្រះធម៌ដែលព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ល្អហើយ ជាធម៌ដែលព្រះអរិយបុគ្គលឃើញច្បាស់ដោយខ្លួនឯង ជាធម៌ឲ្យផលមិនរង់ចាំកាល ជាធម៌ដែល ព្រះអរិយបុគ្គលបានសម្រេចមគ្គផលហើយ គួរនឹងហៅបុគ្គលដទៃឲ្យចូលមកមើលបាន ជាធម៌ដែលព្រះអរិយបុគ្គលគប្បីបង្អោនចូលមកទុកក្នុងខ្លួន ជាធម៌ដែលវិញ្ញូជនគប្បី ដឹងច្បាស់ដោយខ្លួនឯង ជាការប្រពៃណាស់។ បពិត្រទេវានមិន្ទ សត្វពួកខ្លះក្នុងលោក នេះ ព្រោះហេតុតែប្រកបព្រមដោយសេចក្តីជ្រះថ្លាមិនកម្រើក ក្នុងព្រះធម៌ហើយ លុះ បែកធ្លាយរាងកាយស្លាប់ទៅ តែងកើតក្នុងសុគតិសួគ៌ទេវលោកយ៉ាងនេះឯង សត្វទាំង នោះ រមែងបាននូវរបស់ជាទិព្វដទៃ ដោយឋានៈទាំង ១០ យ៉ាង គឺអាយុជាទិព្វ ១។ បេ។ ផោដ្ឋព្វៈជាទិព្វ ១។ បពិត្រទេវានមិន្ទ ការប្រកបព្រម ដោយសេចក្តីជ្រះថ្លាមិនកម្រើក ក្នុងព្រះសង្ឃថា ព្រះសង្ឃ ជាសាវក នៃព្រះដ៏មានព្រះភាគ លោកប្រតិបត្តិល្អហើយ ព្រះសង្ឃជាសាវក នៃព្រះដ៏មានព្រះភាគ លោកប្រតិបត្តិដោយត្រង់ ព្រះសង្ឃជាសាវក នៃព្រះដ៏មានព្រះភាគ លោកប្រតិបត្តិ ដើម្បីត្រាស់ដឹង ព្រះសង្ឃជាសាវក នៃព្រះដ៏មានព្រះភាគ លោកប្រតិបត្តិគួរដល់សាមីចិកម្ម បើរាប់ជាគូ នៃបុរស មាន ៤ គូ រាប់រៀងជា បុរសបុគ្គល មាន ៨ ព្រះសង្ឃទាំងនោះ ជាសង្ឃសាវក នៃព្រះដ៏មានព្រះភាគ លោកគួរ ទទួលនូវចតុប្បច្ច័យ ដែលបុគ្គលដទៃបង្អោនចូលមកបូជា លោកគួរទទួលនូវទាន ដែល បុគ្គលចាត់ចែងដើម្បីភ្ញៀវ ហើយបង្អោនចូលមកបូជា លោកគួរទទួលនូវទានដែល បុគ្គលជឿនូវកម្ម និងផលនៃកម្ម ហើយបូជា លោកគួរដល់អញ្ជលិកម្ម ដែលសត្វលោក គប្បីធ្វើ លោកជាបុញ្ញក្ខេត្ត ដ៏ប្រសើរ របស់សត្វលោក ជាការប្រពៃណាស់។ បពិត្រ ទេវានមិន្ទ សត្វពួកខ្លះ ក្នុងលោកនេះ ព្រោះហេតុតែប្រកបព្រម ដោយេសចក្តីជ្រះថ្លាមិនកម្រើក ក្នុងព្រះសង្ឃហើយ លុះបែកធ្លាយរាងកាយស្លាប់ទៅ តែងកើតក្នុងសុគតិសួគ៌ ទេវលោកយ៉ាងនេះឯង សត្វទាំងនោះ រមែងបាននូវរបស់ជាទិព្វដទៃ ដោយឋានៈ ទាំង ១០ យ៉ាង គឺ អាយុជាទិព្វ ១។ បេ។ ផោដ្ឋព្វៈជាទិព្វ ១។ បពិត្រទេវានមិន្ទ ការប្រកប ព្រម ដោយសីលជាទីត្រេកអរ នៃព្រះអរិយៈ ជាសីលមិនដាច់ មិនធ្លុះ មិនពព្រុស មិន ពពាល ជាសីលអ្នកជា ជាសីល ដែលវិញ្ញូជនសរសើរ ជាអបរាមដ្ឋសីល ជាសីល ប្រព្រឹត្តទៅ ដើម្បីសមាធិ ជាការប្រពៃណាស់។ បពិត្រទេវានមិន្ទ សត្វពួកខ្លះ ក្នុងលោក នេះ ព្រោះហេតុតែប្រកបព្រម ដោយសីល ជាទីត្រេកអរ នៃព្រះអរិយៈហើយ លុះបែក ធ្លាយរាងកាយស្លាប់ទៅ តែងកើតក្នុងសុគតិសួគ៌ ទេវលោកយ៉ាងនេះឯង សត្វទាំងនោះ រមែងបាននូវរបស់ជាទិព្វដទៃ ដោយឋានៈ ទាំង ១០ យ៉ាង គឺ អាយុជាទិព្វ ១ ពណ៌ សម្បុរជាទិព្វ ១ សេចក្តីសុខជាទិព្វ ១ យសជាទិព្វ ១ អធិបតីជាទិព្វ ១ រូបជាទិព្វ ១ សំឡេងជាទិព្វ ១ ក្លិនជាទិព្វ ១ រសជាទិព្វ ១ ផោដ្ឋព្វៈជាទិព្វ ១។ បពិត្រព្រះមោគ្គល្លាន អ្នកនិរទុក្ខ ការប្រកបព្រម ដោយសេចក្តីជ្រះថ្លាមិនកម្រើក ក្នុងព្រះពុទ្ធថា ព្រះដ៏មានព្រះភាគ អង្គនោះ។ បេ។ ជាសាស្តានៃទេវតា និងមនុស្សទាំងឡាយ ជាព្រះពុទ្ធលែង វិលមកកាន់ភពថ្មីទៀត ជាការប្រពៃពិត។ បពិត្រព្រះមោគ្គល្លាន អ្នកនិរទុក្ខ សត្វពួកខ្លះ ក្នុងលោកនេះ ព្រោះហេតុតែប្រកបព្រម ដោយសេចក្តីជ្រះថ្លាមិនកម្រើក ក្នុងព្រះពុទ្ធ ហើយ លុះបែកធ្លាយរាងកាយស្លាប់ទៅ តែងកើតក្នុងសុគតិសួគ៌ ទេវលោកយ៉ាងនេះឯង សត្វទាំងនោះ រមែងបាននូវរបស់ជាទិព្វដទៃ ដោយឋានៈ ទាំង ១០ យ៉ាង គឺ អាយុ ជាទិព្វ ១។ បេ។ ផោដ្ឋព្វៈជាទិព្វ ១។ បពិត្រព្រះមោគ្គល្លាន អ្នកនិរទុក្ខ ការប្រកប ព្រមដោយសេចក្តីជ្រះថ្លាមិនកម្រើក ក្នុងព្រះធម៌ថា ធម៌ដែលព្រះដ៏មានព្រះភាគ ទ្រង់ ត្រាស់ល្អហើយ។ បេ។ ជាធម៌ដែលវិញ្ញូជន គប្បីដឹងច្បាស់ដោយខ្លួនឯង ប្រពៃពិត។ បពិត្រព្រះមោគ្គល្លាន អ្នកនិរទុក្ខ សត្វពួកខ្លះ ក្នុងលោកនេះ ព្រោះហេតុតែប្រកបព្រម ដោយសេចក្តីជ្រះថ្លាមិនកម្រើក ក្នុងព្រះធម៌ហើយ លុះបែកធ្លាយរាងកាយស្លាប់ទៅ តែងកើតក្នុងសុគតិសួគ៌ទេវលោកយ៉ាងនេះឯង សត្វទាំងនោះ រមែងបាននូវរបស់ជាទិព្វ ដទៃ ដោយឋានៈ ទាំង ១០ យ៉ាង គឺអាយុជាទិព្វ ១។ បេ។ ផោដ្ឋព្វៈជាទិព្វ ១។ បពិត្រ ព្រះមោគ្គល្លាន អ្នកនិរទុក្ខ ការប្រកបព្រមដោយសេចក្តីជ្រះថ្លាមិនកម្រើក ក្នុងព្រះសង្ឃ ថា ព្រះសង្ឃជាសាវកនៃព្រះដ៏មានព្រះភាគ លោកប្រតិបត្តិល្អហើយ។ បេ។ លោកជា បុញ្ញក្ខេត្តដ៏ប្រសើររបស់សត្វលោក ប្រពៃពិត។ បពិត្រព្រះមោគ្គល្លាន អ្នកនិរទុក្ខ សត្វពួកខ្លះ ក្នុងលោកនេះ ព្រោះហេតុតែប្រកបព្រម ដោយសេចក្តីជ្រះថ្លាមិនកម្រើក ក្នុងព្រះសង្ឃហើយ លុះបែកធ្លាយរាងកាយស្លាប់ទៅ តែងកើតក្នុងសុគតិសួគ៌ ទេវលោក យ៉ាងនេះឯង សត្វទាំងនោះ រមែងបាននូវរបស់ជាទិព្វដទៃ ដោយឋានៈ ទាំង ១០ យ៉ាង គឺ អាយុជាទិព្វ ១។ បេ។ ផោដ្ឋព្វៈជាទិព្វ ១។ បពិត្រព្រះមោគ្គល្លាន អ្នកនិរទុក្ខ ការប្រកបព្រម ដោយសីល ជាទីត្រេកអរ នៃព្រះអរិយៈ ជាសីលមិនដាច់។ បេ។ ជាសីល ប្រព្រឹត្តទៅ ដើម្បីសមាធិ ប្រពៃពិត។ បពិត្រព្រះមោគ្គល្លាន អ្នកនិរទុក្ខ សត្វពួកខ្លះ ក្នុងលោកនេះ ព្រោះហេតុតែប្រកបព្រមដោយសីល ជាទីត្រេកអរ នៃព្រះអរិយៈហើយ លុះបែកធ្លាយរាងកាយស្លាប់ទៅ តែងកើតក្នុងសុគតិសួគ៌ ទេវលោកយ៉ាងនេះឯង សត្វទាំងនោះ រមែងបាននូវរបស់ជាទិព្វដទៃ ដោយឋានៈ ទាំង ១០ យ៉ាង គឺអាយុជាទិព្វ ១ ពណ៌សម្បុរជាទិព្វ ១ សេចក្តីសុខជាទិព្វ ១ យសជាទិព្វ ១ អធិបតីជាទិព្វ ១ រូបជាទិព្វ ១ សំឡេងជាទិព្វ ១ ក្លិនជាទិព្វ ១ រសជាទិព្វ ១ ផោដ្ឋព្វៈជាទិព្វ ១។

(ចន្ទនសូត្រ ទី១១)

(១១. ចន្ទនសុត្តំ)

[១៧៨] គ្រានោះឯង ចន្ទនទេវបុត្ត។ បេ។ គ្រានោះឯង សុយាមទេវបុត្ត។ គ្រានោះឯង សន្តុសិតទេវបុត្ត។ គ្រានោះឯង សុនិមិត្តទេវបុត្ត។ គ្រានោះឯង វសវត្តិទេវបុត្ត។ (បេយ្យាលទាំង ៥ នេះ បណ្ឌិតត្រូវសំដែងឲ្យពិស្តារ ដូចជារឿង សក្កទេវានមិន្ទផងចុះ)។

ចប់ មោគ្គល្លានសំយុត្ត។

ឧទ្ទាននៃមោគ្គល្លានសំយុត្តនោះគឺ

និយាយអំពីឈានដែលប្រកបដោយវិតក្ក ១ អំពីឈានដែលមិនមានវិតក្ក ១ អំពីការសោយសេចក្តីសុខដោយកាយ ១ អំពីកិរិយានៅព្រងើយកន្តើយ ១ អំពីអាកាសានញ្ចាយតនជ្ឈាន ១អំពីវិញ្ញាណញ្ចាយតនជ្ឈាន ១ អំពីអាកិញ្ចញ្ញាយតនជ្ឈាន ១ អំពីនេវសញ្ញានាសញ្ញាយតនជ្ឈាន ១ អំពីចេតោសមាធិមិនមាននិមិត្ត ១ អំពីសក្កទេវានមិន្ទ ១ អំពីចន្ទនទេវបុត្ត (ជាដើម) ១រួបរួមជា ១១។

ចិត្តគហបតិបុច្ឆាសំយុត្ត (ទី៧)

(៧. ចិត្តសំយុត្តំ)

(សំយោជន)សូត្រ ទី១

(១. សំយោជនសុត្តំ)

[១៧៩] សម័យមួយ ភិក្ខុជាថេរៈច្រើនរូប គង់នៅក្នុងវត្តអម្ពាដកវន នាដងព្រៃ មច្ឆិកា។ សម័យនោះឯង កាលដែលភិក្ខុ ជាថេរៈច្រើនរូប ត្រឡប់មកអំពីបិណ្ឌបាត ក្នុងកាលជាខាងក្រោយនៃភត្ត បានអង្គុយប្រជុំគ្នា ក្នុងរោងសម្រាប់អង្គុយ ក៏មានអន្តរា កថា នេះកើតឡើងថា ម្នាលអាវុសោទាំងឡាយ ធម៌ទាំងនេះ គឺសញ្ញោជនៈក្តី សញ្ញោជនិយធម៌ក្តី2) មានអត្ថផ្សេងគ្នា មានព្យញ្ជនៈផ្សេងគ្នា ឬមានអត្ថដូចគ្នា3) ផ្សេងគ្នាតែព្យញ្ជនៈ។4) បណ្តាភិក្ខុទាំងនោះ ភិក្ខុជាថេរៈពួកខ្លះ ដោះស្រាយយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ធម៌ទាំងនេះ គឺសញ្ញោជនៈក្តី សញ្ញោជនិយធម៌ក្តី មានអត្ថផ្សេងគ្នាផង មានព្យញ្ជនៈផ្សេងគ្នាផង។ ភិក្ខុជាថេរៈពួកខ្លះ ដោះស្រាយយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ធម៌ទាំងនេះ គឺសញ្ញោជនៈក្តី សញ្ញោជនិយធម៌ក្តី មានអត្ថដូចគ្នា ផ្សេងគ្នាតែព្យញ្ជនៈ។

[១៨០] សម័យនោះឯង ចិត្តគហបតី បានទៅដល់ស្រុកមិគបថកៈ ដោយកិច្ចនីមួយ។ ចិត្តគហបតី បានឮដំណឹងថា កាលភិក្ខុ ជាថេរៈច្រើនរូប ត្រឡប់មកអំពីបិណ្ឌបាត ក្នុងកាលជាខាងក្រោយនៃភត្ត បានអង្គុយប្រជុំគ្នា ក្នុងរោងសម្រាប់អង្គុយ ក៏មានអន្តរាកថានេះ កើតឡើងថា ម្នាលអាវុសោទាំងឡាយ ធម៌ទាំងនេះ គឺសញ្ញោជនៈក្តី សញ្ញោជនិយធម៌ក្តី មានអត្ថផ្សេងគ្នា មានព្យញ្ជនៈផ្សេងគ្នា ឬមានអត្ថដូចគ្នា ផ្សេងគ្នាតែព្យញ្ជនៈ។ បណ្តាភិក្ខុទាំងនោះ ភិក្ខុជាថេរៈពួកខ្លះ ដោះស្រាយយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ធម៌ទាំងនេះ គឺសញ្ញោជនៈក្តី សញ្ញោជនិយធម៌ក្តី មានអត្ថផ្សេងគ្នាផង មានព្យញ្ជនៈផ្សេងគ្នាផង។ ភិក្ខុជាថេរៈពួកខ្លះ ដោះស្រាយយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ធម៌ទាំងនេះ គឺសញ្ញោជនៈក្តី សញ្ញោជនិយធម៌ក្តី មានអត្ថដូចគ្នា ផ្សេងគ្នាតែព្យញ្ជនៈ។

[១៨១] គ្រានោះ ចិត្តគហបតី ចូលទៅរកពួកភិក្ខុជាថេរៈ លុះចូលទៅដល់ ក៏ក្រាបថ្វាយបង្គំពួកភិក្ខុជាថេរៈ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះចិត្តគហបតី អង្គុយក្នុងទីដ៏សមគួរហើយ ក៏ទូលសួរទៅនឹងពួកភិក្ខុជាថេរៈ ដូច្នេះថា បពិត្រលោកដ៏ចំរើន ខ្ញុំបានឮដំណឹង ដូច្នេះថា កាលដែលភិក្ខុជាថេរៈច្រើនរូប ត្រឡប់មកអំពីបិណ្ឌបាត ក្នុងកាលជាខាងក្រោយនៃភត្ត បានអង្គុយប្រជុំគ្នា ក្នុងរោងសម្រាប់អង្គុយ ក៏មានអន្តរាកថានេះ កើតឡើងថា ម្នាលអាវុសោទាំងឡាយ ធម៌ទាំងនេះ គឺសញ្ញោជនៈក្តី សញ្ញោជនិយធម៌ក្តី មានអត្ថផ្សេងគ្នា មានព្យញ្ជនៈផ្សេងគ្នា ឬមានអត្ថដូចគ្នា ផ្សេងគ្នាតែព្យញ្ជនៈ។ ភិក្ខុជាថេរៈពួកខ្លះ ដោះស្រាយយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ធម៌ទាំងនេះ គឺសញ្ញោជនៈក្តី សញ្ញោជនិយធម៌ក្តី មានអត្ថផ្សេងគ្នាផង មានព្យញ្ជនៈផ្សេងគ្នាផង។ ភិក្ខុជាថេរៈពួកខ្លះ ដោះស្រាយយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ធម៌ទាំងនេះ គឺសញ្ញោជនៈក្តី សញ្ញោជនិយធម៌ក្តី មានអត្ថដូចគ្នា ផ្សេងគ្នាតែព្យញ្ជនៈ។ អើ គហបតី។ បពិត្រលោកដ៏ចំរើន ធម៌ទាំងនេះ គឺសញ្ញោជនៈក្តី សញ្ញោជនិយធម៌ក្តី មានអត្ថផ្សេងគ្នាផង មានព្យញ្ជនៈផ្សេងគ្នាផង។ បពិត្រលោកដ៏ចំរើន បើដូច្នោះ ខ្ញុំព្រះករុណា នឹងធ្វើនូវសេចក្តីឧបមា។ ព្រោះថា វិញ្ញូបុរសពួកខ្លះ ក្នុងលោកនេះ តែងដឹងច្បាស់ នូវអត្ថនៃភាសិត ដោយសេចក្តីឧបមា។

[១៨២] បពិត្រលោកដ៏ចំរើន ដូចគោខ្មៅ និងគោស ដែលគេទឹមដោយខ្សែទាម ឬខ្សែបរតែមួយ។ បុគ្គលណា គប្បីពោលយ៉ាងនេះថា គោខ្មៅ ជាសញ្ញោជនៈ5) របស់គោស គោស ជាសញ្ញោជនៈ របស់គោខ្មៅ។ បុគ្គលនោះ ឈ្មោះថា និយាយត្រូវដែរឬ។ ពាក្យនោះ មិនមែនត្រូវទេ គហបតី។ ម្នាលគហបតី គោខ្មៅ មិនមែនជាសញ្ញោជនៈ របស់គោសទេ គោស ក៏មិនមែនជាសញ្ញោជនៈ របស់គោខ្មៅដែរ គោទាំងនោះ គេទឹមដោយខ្សែទាម ឬខ្សែបរតែមួយឯណា ខ្សែទាម ឬខ្សែបរនោះ ជាសញ្ញោជនៈ ក្នុងការទឹមនោះ យ៉ាងណាមិញ។ បពិត្រលោកដ៏ចំរើន ភ្នែក មិនមែនជាសញ្ញោជនៈ របស់រូបទេ រូប មិនមែនជាសញ្ញោជនៈ របស់ភ្នែកទេ សេចក្តីត្រេកត្រអាល ឯណា កើតឡើង ព្រោះអាស្រ័យនូវភ្នែក និងរូបទាំងពីរនោះ ក្នុងចក្ខុសម្ផស្សនោះ សេចក្តីត្រេកត្រអាលនោះ ជាសញ្ញោជនៈ ក្នុងចក្ខុសម្ផស្សនោះ។ ត្រចៀក មិនមែនជាសញ្ញោជនៈ របស់សំឡេងទេ។ ច្រមុះ មិនមែនជាសញ្ញោជនៈ របស់ក្លិនទេ។ អណ្តាត មិនមែនជាសញ្ញោជនៈ របស់រសទេ។ កាយ មិនមែនជាសញ្ញោជនៈ របស់ផោដ្ឋព្វៈទេ ផោដ្ឋព្វៈ មិនមែនជាសញ្ញោជនៈ របស់កាយទេ សេចក្តីត្រេកត្រអាលឯណា កើតឡើង ព្រោះអាស្រ័យនូវកាយ និងផោដ្ឋព្វៈទាំងពីរនោះ ក្នុងកាយសម្ផស្សនោះ សេចក្តីត្រេកត្រអាលនោះ ជាសញ្ញោជនៈ ក្នុងកាយសម្ផស្សនោះ។ ចិត្ត មិនមែនជាសញ្ញោជនៈ របស់ធម្មារម្មណ៍ទេ ធម្មារម្មណ៍ មិនមែនជាសញ្ញោជនៈ របស់ចិត្តទេ សេចក្តីត្រេកត្រអាលឯណា កើតឡើង ព្រោះអាស្រ័យនូវចិត្ត និងធម្មារម្មណ៍ទាំងពីរនោះ ក្នុងមនោសម្ផស្សនោះ សេចក្តីត្រេកត្រអាលនោះ ជាសញ្ញោជនៈ ក្នុងមនោសម្ផស្សនោះ ក៏យ៉ាងនោះឯង។ ម្នាលគហបតី អ្នកហៅពេញជាមានលាភ ម្នាលគហបតី អត្តភាព ជាមនុស្ស ពេញហៅថា អ្នកបានដោយល្អ ព្រោះថា អ្នកមានបញ្ញាចក្ខុ លុះក្នុងពុទ្ធវចនៈ ដ៏ជ្រៅ។

ចប់ សូត្រ ទី១។

(បឋមឥសិទត្ត)សូត្រ ទី២

(២. បឋមឥសិទត្តសុត្តំ)

[១៨៣] សម័យមួយ ភិក្ខុជាថេរៈច្រើនរូប គង់នៅក្នុងវត្តអម្ពាដកវន នាដងព្រៃមច្ឆិកា។ គ្រានោះ ចិត្តគហបតី ចូលទៅរកពួកភិក្ខុជាថេរៈ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំពួកភិក្ខុជាថេរៈ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះចិត្តគហបតី អង្គុយក្នុងទីដ៏សមគួរហើយ ក៏និមន្តពួកភិក្ខុជាថេរៈ ដូច្នេះថា បពិត្រលោកដ៏ចំរើន សូមព្រះថេរៈទាំងឡាយ ទទួលភត្ត របស់ខ្ញុំព្រះករុណា ដើម្បីឆាន់ក្នុងថ្ងៃស្អែក។ ពួកភិក្ខុជាថេរៈ ក៏ទទួលនិមន្ត ដោយតុណ្ហីភាព។ គ្រានោះ ចិត្តគហបតី ដឹងច្បាស់ថា ពួកភិក្ខុជាថេរៈ ទទួលនិមន្តហើយ ក៏ក្រោកចាកអាសនៈ ថ្វាយបង្គំពួកភិក្ខុជាថេរៈ ធ្វើប្រទក្សិណរួចហើយ ក៏ចៀសចេញទៅ។

[១៨៤] លុះកន្លងរាត្រីនោះទៅហើយ ទើបពួកភិក្ខុជាថេរៈ ក៏ស្លៀកស្បង់ ប្រដាប់ដោយបាត្រ និងចីវរ ក្នុងវេលាបុព្វណ្ហសម័យ ចូលទៅកាន់ផ្ទះ នៃចិត្តគហបតី លុះចូលទៅដល់ហើយ ក៏អង្គុយលើអាសនៈ ដែលគេក្រាលទុក។ គ្រានោះ ចិត្តគហបតី ចូលទៅរកពួកភិក្ខុជាថេរៈ លុះចូលទៅដល់ ក៏ថ្វាយបង្គំពួកភិក្ខុជាថេរៈ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះចិត្តគហបតី អង្គុយក្នុងទីដ៏សមគួរហើយ ក៏ទូលសួរទៅនឹងព្រះថេរៈ ដ៏មានអាយុ ដូច្នេះថា បពិត្រព្រះថេរៈដ៏ចំរើន គេតែងនិយាយថា សេចក្តីផ្សេងគ្នា នៃធាតុ សេចក្តីផ្សេងគ្នា នៃធាតុ ដូច្នេះ បពិត្រលោកដ៏ចំរើន ចុះសេចក្តីផ្សេងគ្នានៃធាតុ ដែលព្រះដ៏មានព្រះភាគ ពោលហើយ ដោយហេតុដូចម្តេចហ្ន៎។

[១៨៥] កាលបើចិត្តគហបតី ពោលយ៉ាងនេះ ព្រះថេរៈដ៏មានអាយុក៏ស្ងៀម។ ចិត្តគហបតី ពោលសួរទៅនឹងព្រះថេរៈ ដ៏មានអាយុ ជាគម្រប់ ២ ដង ដូច្នេះថា បពិត្រព្រះថេរៈដ៏ចំរើន គេតែងនិយាយថា សេចក្តីផ្សេងគ្នានៃធាតុ សេចក្តីផ្សេងគ្នានៃធាតុ ដូច្នេះ បពិត្រលោកដ៏ចំរើន ចុះសេចក្តីផ្សេងគ្នានៃធាតុ ដែលព្រះដ៏មានព្រះភាគ ទ្រង់ពោលហើយ ដោយហេតុដូចម្តេចហ្ន៎។ ព្រះថេរៈដ៏មានអាយុ ក៏ស្ងៀម ជាគម្រប់ ២ ដងទៀត។ ចិត្តគហបតី ពោលសួរទៅនឹងព្រះថេរៈដ៏មានអាយុ ជាគម្រប់ ៣ ដង ដូច្នេះថា បពិត្រព្រះថេរៈដ៏ចំរើន គេតែងនិយាយថា សេចក្តីផ្សេងគ្នានៃធាតុ សេចក្តីផ្សេងគ្នានៃធាតុ ដូច្នេះ បពិត្រលោកដ៏ចំរើន ចុះសេចក្តីផ្សេងគ្នានៃធាតុ ដែលព្រះដ៏មានព្រះភាគ ពោលហើយ មានប៉ុន្មានហ្ន៎។ ព្រះថេរៈដ៏មានអាយុ ក៏ស្ងៀម ជាគម្រប់ ៣ ដងទៀត។

[១៨៦] សម័យនោះឯង ព្រះឥសិទត្តដ៏មានអាយុ ជាភិក្ខុថ្មីបង្អស់ ក្នុងភិក្ខុសង្ឃនោះ។ គ្រានោះ ព្រះឥសិទត្តដ៏មានអាយុ ពោលទៅនឹងព្រះថេរៈ ដ៏មានអាយុ ដូច្នេះថា បពិត្រព្រះថេរៈដ៏ចំរើន ខ្ញុំព្រះករុណា សូមដោះស្រាយ នូវប្រស្នានុ៎ះ ដល់ចិត្តគហបតី។ ព្រះថេរៈពោលថា ម្នាលឥសិទត្ត អ្នកចូរដោះស្រាយ នូវប្រស្នានុ៎ះ ដល់ចិត្តគហបតីចុះ។ ព្រះឥសិទត្តពោលថា ម្នាលគហបតី អ្នកសួរយ៉ាងនេះថា បពិត្រព្រះថេរៈដ៏ចំរើន គេតែងនិយាយថា សេចក្តីផ្សេងគ្នានៃធាតុ សេចក្តីផ្សេងគ្នានៃធាតុ ដូច្នេះ បពិត្រលោកដ៏ចំរើន ចុះសេចក្តីផ្សេងគ្នានៃធាតុ ដែលព្រះដ៏មានព្រះភាគ ទ្រង់ពោលហើយ ដោយហេតុដូចម្តេចហ្ន៎ ដូច្នេះមែនឬ។ ករុណា លោកម្ចាស់។ ម្នាលគហបតី សេចក្តីផ្សេងគ្នា នៃធាតុនេះ ព្រះដ៏មានព្រះភាគ ទ្រង់ពោលហើយថា។ គឺចក្ខុធាតុ រូបធាតុ ចក្ខុវិញ្ញាណធាតុ។ បេ។ មនោធាតុ ធម្មធាតុ មនោវិញ្ញាណធាតុ។ ម្នាលគហបតី សេចក្តីផ្សេងគ្នា នៃធាតុ ដែលព្រះដ៏មានព្រះភាគ ទ្រង់ពោលហើយ ដោយហេតុប៉ុណ្ណេះឯង។

[១៨៧] គ្រានោះ ចិត្តគហបតី ត្រេកអរអនុមោទនា នឹងភាសិត របស់ព្រះឥសិទត្ត ដ៏មានអាយុហើយ ក៏ញុំាងពួកភិក្ខុជាថេរៈ ឲ្យឆាន់ឆ្អែតស្កប់ស្កល់ ដោយខាទនីយភោជនីយាហារ ដ៏ឧត្តម ដោយដៃនៃខ្លួន។ លុះពួកភិក្ខុជាថេរៈឆាន់រួច លែងលូកព្រះហស្ត ទៅក្នុងបាត្រទៀតហើយ ក៏ក្រោកចាកអាសនៈ ហើយចៀសចេញទៅ។ លំដាប់នោះ ព្រះថេរៈដ៏មានអាយុ ពោលទៅនឹងព្រះឥសិទត្តដ៏មានអាយុ ដូច្នេះថា ម្នាលអាវុសោ ឥសិទត្ត ប្រស្នានុ៎ះ ប្រាកដដល់លោក ដោយប្រពៃហើយ ប្រស្នានុ៎ះ មិនប្រាកដដល់ខ្ញុំទេ ម្នាលអាវុសោឥសិទត្ត បើដូច្នោះ កាលណាបើមានប្រស្នា មានសភាពដូច្នេះ មកដល់ដោយប្រការដទៃ លោកគប្បីទទួលសំដែងប្រស្នានោះ។

ចប់ សូត្រ ទី២។

(ទុតិយឥសិទត្ត)សូត្រ ទី៣

(៣. ទុតិយឥសិទត្តសុត្តំ)

[១៨៨] សម័យមួយ ភិក្ខុជាថេរៈច្រើនរូប គង់នៅក្នុងវត្តអម្ពាដកវន នាដងព្រៃមច្ឆិកា។ គ្រានោះ ចិត្តគហបតី ចូលទៅរកពួកភិក្ខុជាថេរៈ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំពួកភិក្ខុជាថេរៈ រួចអង្គុយក្នុងទីដ៏សមគួរ។ លុះចិត្តគហបតី អង្គុយក្នុងទីដ៏សមគួរហើយ ក៏និមន្តពួកភិក្ខុជាថេរៈ ដូច្នេះថា បពិត្រលោកដ៏ចំរើន សូមព្រះថេរៈទាំងឡាយ ទទួលនូវភត្ត របស់ខ្ញុំព្រះករុណា ដើម្បីឆាន់ក្នុងថ្ងៃស្អែក។ ពួកភិក្ខុជាថេរៈ ក៏ទទួលនិមន្ត ដោយតណ្ហីភាព។ លុះចិត្តគហបតី ដឹងច្បាស់ថា ពួកភិក្ខុជាថេរៈ ទទួលនិមន្តហើយ ក៏ក្រោកចាកអាសនៈ ថ្វាយបង្គំពួកភិក្ខុជាថេរៈ ធ្វើប្រទក្សិណ ហើយចេញទៅ។

[១៨៩] លុះរាត្រីនោះកន្លងទៅហើយ ទើបពួកភិក្ខុជាថេរៈ ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងវេលាបុព្វណ្ហសម័យ ចូលទៅកាន់ផ្ទះ របស់ចិត្តគហបតី លុះចូលទៅដល់ហើយ ក៏អង្គុយលើអាសនៈ ដែលគេក្រាលទុក។ គ្រានោះ ចិត្តគហបតី ចូលទៅរកពួកភិក្ខុជាថេរៈ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំពួកភិក្ខុជាថេរៈ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះចិត្តគហបតី អង្គុយក្នុងទីដ៏សមគួរហើយ ក៏សួរទៅព្រះថេរៈដ៏មានអាយុ ដូច្នេះថា បពិត្តព្រះថេរៈដ៏ចំរើន ទិដ្ឋិទាំងឡាយឯណា មានច្រើនប្រការ តែងកើតឡើងក្នុងលោកថា លោកទៀង ដូច្នេះក្តី លោកមិនទៀង ដូច្នេះក្តី លោកមានទីបំផុត ដូច្នេះក្តី លោកមិនមានទីបំផុត ដូច្នេះក្តី ជីវិតនោះ គឺសរីរៈនោះ ដូច្នេះក្តី ជីវិតដទៃ សរីរៈដទៃ ដូច្នេះក្តី សត្វកើតទៀត ខាងមុខបន្ទាប់អំពីសេចក្តីស្លាប់ ដូច្នេះក្តី សត្វមិនកើតទៀតខាងមុខ បន្ទាប់អំពីសេចក្តីស្លាប់ ដូច្នេះក្តី សត្វកើតទៀតខ្លះ មិនកើតទៀតខ្លះ ខាងមុខបន្ទាប់អំពីសេចក្តីស្លាប់ ដូច្នេះក្តី សត្វកើតទៀត ក៏មិនមែន មិនកើតទៀត ក៏មិនមែន ខាងមុខបន្ទាប់អំពីសេចក្តីស្លាប់ ដូច្នេះក្តី។ (ទិដ្ឋិ ទាំង ៦២ បានពោល ក្នុងព្រហ្មជាលសូត្រ រួចហើយ) បពិត្រលោកដ៏ចំរើន កាលបើអ្វីមាន ទើបទិដ្ឋិទាំងនេះ ក៏មានដែរ កាលបើអ្វីមិនមាន ទិដ្ឋិទាំងនេះ ក៏មិនមានដែរ។

[១៩០] លុះចិត្តគហបតី សួរយ៉ាងនេះហើយ ព្រះថេរៈដ៏មានអាយុក៏ស្ងៀម។ ចិត្តគហបតី សួរជាគម្រប់ ២ ដងទៀត។ បេ។ ចិត្តគហបតី សួរទៅព្រះថេរៈដ៏មានអាយុ ជាគម្រប់ ៣ ដង ដូច្នេះថា បពិត្រព្រះថេរៈដ៏ចំរើន ទិដ្ឋិទាំងឡាយឯណា មានច្រើនប្រការ តែងកើតឡើងក្នុងលោកថា លោកទៀងដូច្នេះក្តី លោកមិនទៀងដូច្នេះក្តី លោកមានទីបំផុត ដូច្នេះក្តី លោកមិនមានទីបំផុត ដូច្នេះក្តី ជីវិតនោះ គឺសរីរៈនោះ ដូច្នេះក្តី ជីវិតដទៃ សរីរៈដទៃដូច្នេះក្តី សត្វកើតទៀត ខាងមុខបន្ទាប់អំពីសេចក្តីស្លាប់ ដូច្នេះក្តី សត្វមិនកើតទៀត ខាងមុខបន្ទាប់អំពីសេចក្តីស្លាប់ ដូច្នេះក្តី សត្វកើតទៀតខ្លះ មិនកើតទៀតខ្លះ ខាងមុខបន្ទាប់អំពីសេចក្តីស្លាប់ ដូច្នេះក្តី សត្វកើតទៀត ក៏មិនមែន មិនកើតទៀត ក៏មិនមែនខាងមុខបន្ទាប់អំពីសេចក្តីស្លាប់ដូច្នេះក្តី។ (ទិដ្ឋិទាំង ៦២ បានពោលក្នុងព្រហ្មជាលសូត្ររួចហើយ) បពិត្រព្រះថេរៈដ៏ចំរើន កាលបើអ្វីមាន ទើបទិដ្ឋិទាំងនេះ ក៏មានដែរ កាលបើអ្វីមិនមាន ទិដ្ឋិទាំងនេះ ក៏មិនមានដែរ។ ព្រះថេរៈដ៏មានអាយុស្ងៀម ជាគម្រប់ ៣ ដង។

[១៩១] សម័យនោះឯង ព្រះឥសិទត្តដ៏មានអាយុ ជាភិក្ខុថ្មីជាងគេ ក្នុងភិក្ខុសង្ឃនោះ។ គ្រានោះ ព្រះឥសិទត្តដ៏មានអាយុ ពោលទៅនឹងព្រះថេរៈ ដ៏មានអាយុ ដូច្នេះថា បពិត្រព្រះថេរៈដ៏ចំរើន ខ្ញុំព្រះករុណា សូមដោះស្រាយប្រស្នានុ៎ះ ដល់ចិត្តគហបតី។ ម្នាលអាវុសោ ឥសិទត្ត ចូរលោកដោះស្រាយប្រស្នានុ៎ះ ដល់ចិត្តគហបតីចុះ។ (ព្រះឥសិទត្ត សួរទៅចិត្តគហបតី) ថា ម្នាលគហបតី អ្នកសួរយ៉ាងនេះថា បពិត្រព្រះថេរៈ ដ៏ចំរើន ទិដ្ឋិទាំងឡាយឯណា មានច្រើនប្រការ តែងកើតឡើងក្នុងលោកថា លោកទៀង ដូច្នេះក្តី លោកមិនទៀងដូច្នេះក្តី លោកមានទីបំផុតដូច្នេះក្តី លោកមិនមានទីបំផុត ដូច្នេះក្តី។ បេ។ បពិត្រព្រះថេរៈដ៏ចំរើន កាលបើអ្វីមាន ទើបទិដ្ឋិទាំងនេះ ក៏មានដែរ កាលបើអ្វីមិនមាន ទិដ្ឋិទាំងនេះ ក៏មិនមានដែរ ដូច្នេះឬ។ ករុណា លោកម្ចាស់។ ម្នាលគហបតី ទិដ្ឋិទាំងឡាយឯណា មានច្រើនប្រការ រមែងកើតឡើង ក្នុងលោកថា លោកទៀង ដូច្នេះក្តី លោកមិនទៀងដូច្នេះក្តី លោកមានទីបំផុតដូច្នេះក្តី លោកមិនមានទីបំផុត ដូច្នេះក្តី ជីវិតនោះ គឺសរីរៈនោះ ដូច្នេះក្តី ជីវិតដទៃសរីរៈដទៃដូច្នេះក្តី សត្វកើតទៀត ខាងមុខបន្ទាប់អំពីសេចក្តីស្លាប់ ដូច្នេះក្តី សត្វមិនកើតទៀតខាងមុខបន្ទាប់អំពីសេចក្តីស្លាប់ ដូច្នេះក្តី សត្វកើតទៀតខ្លះ មិនកើតទៀតខ្លះ ខាងមុខបន្ទាប់អំពីសេចក្តីស្លាប់ ដូច្នេះក្តី សត្វកើតទៀត ក៏មិនមែន មិនកើតទៀត ក៏មិនមែន ខាងមុខបន្ទាប់អំពីសេចក្តីស្លាប់ដូច្នេះ ក្តី។ (ទិដ្ឋិទាំង ៦២ បានពោលក្នុងព្រហ្មជាលសូត្ររួចហើយ)។ ម្នាលគហបតី កាលបើសក្កាយទិដ្ឋិមាន ទិដ្ឋិទាំងនេះ ក៏មានដែរ កាលបើសក្កាយទិដ្ឋិមិនមាន ទិដ្ឋិទាំងនេះ ក៏មិនមានដែរ។

[១៩២] បពិត្រព្រះករុណាដ៏ចំរើន សក្កាយទិដ្ឋិកើតមាន តើដោយប្រការ ដូចម្តេច។ ម្នាលគហបតី បុថុជ្ជន ក្នុងលោកនេះ ជាអ្នកមិនចេះដឹង មិនបានឃើញព្រះអរិយៈ មិនឈ្លាសវៃ ក្នុងអរិយធម៌ មិនបានសិក្សា ក្នុងអរិយធម៌ មិនបានឃើញពួកសប្បុរស មិនឈ្លាសវៃ ក្នុងសប្បុរិសធម៌ មិនបានសិក្សា ក្នុងសប្បុរិសធម៌ រមែងពិចារណាឃើញ នូវរូប ថាជាខ្លួន នូវខ្លួន ថាមានរូបខ្លះ នូវរូបក្នុងខ្លួនខ្លះ នូវខ្លួនក្នុងរូបខ្លះ។ ឃើញនូវវេទនា ថាជាខ្លួន។ បេ។ នូវសញ្ញា។ នូវសង្ខារទាំងឡាយ។ ឃើញនូវវិញ្ញាណ ថាជាខ្លួន នូវខ្លួន ថាមានវិញ្ញាណខ្លះ នូវវិញ្ញាណក្នុងខ្លួនខ្លះ នូវខ្លួនក្នុងវិញ្ញាណខ្លះ។ ម្នាលគហបតី សក្កាយទិដ្ឋិ កើតមាន ដោយប្រការយ៉ាងនេះឯង។

[១៩៣] បពិត្រព្រះករុណាដ៏ចំរើន សក្កាយទិដ្ឋិ មិនកើតមាន ដោយប្រការ ដូចម្តេច។ ម្នាលគហបតី អរិយសាវក ក្នុងលោកនេះ ជាអ្នកចេះដឹង បានឃើញព្រះអរិយៈ ឈ្លាសវៃ ក្នុងអរិយធម៌ បានសិក្សាដោយល្អ ក្នុងអរិយធម៌ បានឃើញពួកសប្បុរស ឈ្លាសវៃ ក្នុងសប្បុរិសធម៌ បានសិក្សាដោយល្អ ក្នុងសប្បុរិសធម៌ រមែងមិនឃើញ នូវរូបថាជាខ្លួន មិនឃើញនូវខ្លួន ថាមានរូបខ្លះ មិនឃើញនូវរូបក្នុងខ្លួនខ្លះ មិនឃើញនូវខ្លួនក្នុងរូបខ្លះ។ មិនឃើញនូវវេទនា។ មិនឃើញនូវសញ្ញា។ មិនឃើញនូវសង្ខារទាំងឡាយ។ មិនឃើញនូវវិញ្ញាណថាជាខ្លួន មិនឃើញនូវខ្លួនថាមានវិញ្ញាណខ្លះ មិនឃើញនូវវិញ្ញាណក្នុងខ្លួនខ្លះ មិនឃើញនូវខ្លួនក្នុងវិញ្ញាណខ្លះ។ ម្នាលគហបតី សក្កាយទិដ្ឋិ មិនកើតមាន ដោយប្រការយ៉ាងនេះឯង។ បពិត្រព្រះករុណាដ៏ចំរើន ព្រះឥសិទត្តជាម្ចាស់ និមន្តមកអំពីទីណា។ ម្នាលគហបតី អាត្មាមកអំពីដែនអវន្តិ។ បពិត្រព្រះករុណាដ៏ចំរើន ឯកុលបុត្តឈ្មោះ ឥសិទត្ត ក្នុងដែនអវន្តិ ជាសំឡាញ់ ដែលយើងមិនដែលបានឃើញ ឥឡូវបួសហើយ ឯលោកនោះ លោកម្ចាស់ដែលឃើញហើយ ដែរឬ។ អើ គហបតី។ បពិត្រព្រះករុណាដ៏ចំរើន ចុះព្រះឥសិទត្តដ៏មានអាយុនោះ ឥឡូវនេះ គង់នៅក្នុងទីឯណាហ្ន៎។

[១៩៤] លុះចិត្តគហបតី សួរយ៉ាងនេះហើយ ព្រះឥសិទត្តដ៏មានអាយុ នៅស្ងៀម។ បពិត្រព្រះករុណាដ៏ចំរើន លោកម្ចាស់ ជាឥសិទត្តរបស់យើងឬ។ អើ គហបតី។ បពិត្រព្រះករុណាដ៏ចំរើន សូមព្រះឥសិទត្តជាម្ចាស់ ត្រេកអរ នឹងវត្តអម្ពាដកវន ជាទីសប្បាយ នាដងព្រៃមច្ឆិកាចុះ ខ្ញុំព្រះករុណា នឹងធ្វើនូវសេចក្តីខ្វល់ខ្វាយ ដោយចីវរ បិណ្ឌបាត សេនាសេនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ ដល់ព្រះឥសិទត្ត ជាម្ចាស់។ ម្នាលគហបតី អ្នកពោលពាក្យល្អហើយ។

[១៩៥] គ្រានោះ ចិត្តគហបតី ត្រេកអរអនុមោទនានឹងភាសិត របស់ព្រះឥសិទត្ត ដ៏មានអាយុហើយ ក៏ញុំាងពួកភិក្ខុជាថេរៈ ឲ្យឆាន់ឆ្អែតស្កប់ស្កល់ ដោយខាទនីយភោជនីយាហារ ដ៏ឧត្តម ដោយដៃខ្លួនឯង។ លំដាប់នោះ ពួកភិក្ខុជាថេរៈ លុះឆាន់រួច លែងលូកដៃ ទៅក្នុងបាត្រហើយ ក៏ក្រោកចាកអាសនៈចេញទៅ។ គ្រានោះ ព្រះថេរៈដ៏មានអាយុ ពោលទៅនឹងព្រះឥសិទត្ត ដ៏មានអាយុ ដូច្នេះថា ម្នាលអាវុសោ ឥសិទត្ត ប្រស្នានុ៎ះ ប្រាកដដល់លោកប្រពៃហើយ ប្រស្នានុ៎ះ មិនប្រាកដ ដល់យើងឡើយ ម្នាលអាវុសោឥសិទត្ត បើដូច្នោះ កាលណាបើមានប្រស្នា មានសភាពដូច្នេះ មានមកដោយប្រការដទៃ លោកគប្បីទទួលសំដែងប្រស្នានោះ។ គ្រានោះ ព្រះឥសិទត្ត ដ៏មានអាយុ រៀបចំទុកដាក់សេនាសនៈហើយ ក៏កាន់យកបាត្រ និងចីវរ ចេញទៅអំពីដងព្រៃមច្ឆិកា ព្រោះថា លោកចេញទៅអំពីដងព្រៃមច្ឆិកា ចេញទៅតែម្តង មិនបានត្រឡប់មកទៀតឡើយ។

ចប់ សូត្រ ទី៣។

(មហកបាដិហារិយ)សូត្រ ទី៤

(៤. មហកបាដិហារិយសុត្តំ)

[១៩៦] សម័យមួយ ភិក្ខុជាថេរៈច្រើនរូប គង់នៅវត្តអម្ពាដកវន នាដងព្រៃ មច្ឆិកា។ គ្រានោះ ចិត្តគហបតី ចូលទៅរកពួកភិក្ខុជាថេរៈ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំពួកភិក្ខុជាថេរៈ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះចិត្តគហបតី អង្គុយក្នុងទីដ៏សមគួរហើយ ក៏និមន្តពួកភិក្ខុជាថេរៈ ដូច្នេះថា បពិត្រលោកដ៏ចំរើន សូមព្រះថេរៈទាំងឡាយ ទទួលភត្ត ព្ធដ៏ក្រោលគោ របស់ខ្ញុំព្រះករុណា ដើម្បីឆាន់ក្នុងថ្ងៃស្អែក។ ពួកភិក្ខុជាថេរៈ ក៏ទទួលនិមន្ត ដោយតុណ្ហីភាព។ លំដាប់នោះ ចិត្តគហបតី ដឹងច្បាស់ថា ពួកភិក្ខុជាថេរៈទទួលនិមន្តហើយ ក៏ក្រោកចាកអាសនៈ ថ្វាយបង្គំពួកភិក្ខុជាថេរៈ ធ្វើប្រទក្សិណហើយចេញទៅ។

[១៩៧] លុះរាត្រីនោះកន្លងទៅហើយ ទើបពួកភិក្ខុជាថេរៈ ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងវេលាបុព្វណ្ហសម័យ ចូលទៅកាន់ក្រោលគោ របស់ចិត្តគហបតី លុះចូលទៅដល់ហើយ ក៏អង្គុយលើអាសនៈ ដែលគេក្រាលទុក។ គ្រានោះ ចិត្តគហបតី ញុំាងពួកភិក្ខុជាថេរៈ ឲ្យឆាន់ឆ្អែតស្កប់ស្កល់ ដោយសប្បិបាយាស (បាយាសលាយទឹកដោះរាវ) ដ៏ឧត្តម ដោយដៃខ្លួនឯង។ ពួកភិក្ខុជាថេរៈ លុះឆាន់រួច លែងលូកដៃទៅក្នុងបាត្រទៀតហើយ ក៏ក្រោកចាកអាសនៈ ហើយចេញទៅ។ ចិត្តគហបតី ពោលថា សូមព្រះករុណាទាំងឡាយ ឲ្យទាននូវភត្ត ដែលសល់ ហើយក៏ដើរតាមក្រោយ ៗ ពួកភិក្ខុជាថេរៈ។ សម័យនោះឯង សេចក្តីក្តៅ6) ខ្លាំង ក៏កើតមាន។ ភិក្ខុជាថេរៈទាំងនោះ ទើបតែនឹងឆាន់ភោជនរួច ខំប្រឹងដើរទៅ មានកាយលំបាកពេកណាស់។

[១៩៨] សម័យនោះឯង ព្រះមហកៈដ៏មានអាយុ ជាភិក្ខុថ្មីជាងគេ ក្នុងភិក្ខុសង្ឃ នោះ។ គ្រានោះ ព្រះមហកៈដ៏មានអាយុ ពោលទៅនឹងព្រះថេរៈដ៏មានអាយុ ដូច្នេះថា បពិត្រលោកដ៏ចំរើន ប្រសិនបើមានខ្យល់ត្រជាក់បក់មក ទាំងមេឃក៏ស្រទំ ទាំងភ្លៀង ក៏ធ្លាក់ចុះមកមួយគ្រាប់ ៗ ជាការប្រពៃណាស់។ ព្រះថេរៈពោលថា ម្នាលអាវុសោ មហកៈ ប្រសិនបើមានខ្យល់ត្រជាក់បក់មក ទាំងមេឃក៏ស្រទំ ទាំងភ្លៀង ក៏ធ្លាក់ចុះមក មួយគ្រាប់ ៗ ជាការប្រពៃពិត។ ទើបព្រះមហកៈដ៏មានអាយុ តាក់តែងនូវឥទ្ធាភិសង្ខារ មានសភាពដូច្នោះ គឺឲ្យមានខ្យល់ត្រជាក់បក់មក ទាំងមេឃក៏ស្រទំ ទាំងភ្លៀងក៏ធ្លាក់ចុះមកមួយគ្រាប់ ៗ។

[១៩៩] គ្រានោះ ចិត្តគហបតីមានសេចក្តីត្រិះរិះ ដូច្នេះថា ភិក្ខុឯណា ថ្មីជាងគេបង្អស់ ក្នុងភិក្ខុសង្ឃនេះ អានុភាពនៃឫទ្ធិមានសភាពដូច្នេះ នេះជារបស់ភិក្ខុនោះ។ លំដាប់នោះ ព្រះមហកៈដ៏មានអាយុ បានទៅដល់អារាមហើយ ក៏ពោលទៅនឹងព្រះថេរៈ ដ៏មានអាយុ ដូច្នេះថា បពិត្រព្រះថេរៈដ៏ចំរើន ប៉ុណ្ណេះល្មមហើយឬនៅ ព្រះថេរៈក៏ពោលថា ម្នាលអាវុសោមហកៈ ប៉ុណ្ណេះល្មមហើយ ម្នាលអាវុសោមហកៈ ធ្វើប៉ុណ្ណេះចុះ ម្នាលអាវុសោមហកៈ បូជាប៉ុណ្ណេះហើយ។ គ្រានោះ ពួកភិក្ខុជាថេរៈ ក៏បានទៅដល់វត្តរៀងខ្លួន ឯព្រះមហកៈដ៏មានអាយុ ក៏បានទៅដល់វត្តរបស់ខ្លួនដែរ។ លំដាប់នោះ ចិត្តគហបតី ចូលទៅរកព្រះមហកៈដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះមហកៈដ៏មានអាយុ ហើយអង្គុយក្នុងទីដ៏សមគួរ លុះចិត្តគហបតី អង្គុយក្នុងទីដ៏សមគួរហើយ ក៏ពោលទៅនឹងព្រះមហកៈដ៏មានអាយុ ដូច្នេះថា បពិត្រលោកដ៏ចំរើន សូមព្រះមហកៈជាម្ចាស់ សំដែងនូវឥទ្ធិបាដិហារ្យ ជាធម៌របស់មនុស្ស ដ៏លើសលុប ដល់ខ្ញុំព្រះករុណា ឲ្យទាន។ ម្នាលគហបតី បើដូច្នោះ ចូរអ្នកក្រាលសំពត់ឧត្តរាសង្គៈ គ្របលើបាច់ស្មៅ ឰដ៏របៀង។ ចិត្តគហបតី ទទួលពាក្យរបស់ព្រះមហកៈដ៏មានអាយុថា ព្រះករុណា លោកម្ចាស់ ហើយក៏ក្រាលសំពត់ឧត្តរាសង្គៈ គ្របលើបាច់ស្មៅ ឰដ៏របៀង។ លំដាប់នោះ ព្រះមហកៈដ៏មានអាយុ ចូលទៅកាន់វិហារ ចាក់គន្លឹះទ្វារហើយ ក៏តាក់តែង នូវឥទ្ធាភិសង្ខារ មានសភាពដូច្នោះ បណ្តាលឲ្យមានអណ្តាតភ្លើង ចេញទៅតាមប្រហោង កូនសោរផង តាមចន្លោះទ្វារផង ឆេះនូវស្មៅទាំងឡាយ តែមិនឆេះសំពត់ឧត្តរាសង្គៈឡើយ។ គ្រានោះ ចិត្តគហបតី បោកសំពត់ឧត្តរាសង្គៈ ទៅជាតក់ស្លុតព្រឺរោម ឈរនៅក្នុងទីដ៏សមគួរ។ លំដាប់នោះ ព្រះមហកៈដ៏មានអាយុ ចេញអំពីវិហារហើយ ពោលទៅនឹងចិត្តគហបតី ដូច្នេះថា ម្នាលគហបតី ប៉ុណ្ណេះល្មមហើយឬនៅ។ បពិត្រព្រះមហកៈ ដ៏ចំរើន ប៉ុណ្ណេះល្មមហើយ បពិត្រព្រះមហកៈដ៏ចំរើន ធ្វើប៉ុណ្ណេះចុះ បពិត្រព្រះមហកៈដ៏ចំរើន បូជាប៉ុណ្ណេះហើយ បពិត្រលោកដ៏ចំរើន សូមព្រះមហកៈជាម្ចាស់ ត្រេកអរ ចំពោះវត្តអម្ពាដកវន ជាទីសប្បាយ នាដងព្រៃមច្ឆិកាចុះ ខ្ញុំព្រះករុណា នឹងធ្វើនូវសេចក្តីខ្វល់ខ្វាយ ដោយចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ ដល់ ព្រះមហកៈជាម្ចាស់។ ម្នាលគហបតី អ្នកពោលពាក្យប្រពៃហើយ លំដាប់នោះ ព្រះមហកៈដ៏មានអាយុ រៀបចំទុកដាក់សេនាសនៈហើយ ក៏កាន់យកបាត្រ និងចីវរ ចេញទៅអំពីដងព្រៃមច្ឆិកា ព្រោះថា ចេញទៅអំពីដងព្រៃមច្ឆិកា ចេញទៅតែម្តង មិនបានត្រឡប់មកវិញឡើយ។

ចប់ សូត្រ ទី៤។

(បឋមកាមភូ)សូត្រ ទី៥

(៥. បឋមកាមភូសុត្តំ)

[២០០] សម័យមួយ ព្រះកាមភូដ៏មានអាយុ គង់នៅក្នុងវត្តអម្ពាដកវន នាដងព្រៃមច្ឆិកា។ គ្រានោះ ចិត្តគហបតី ចូលទៅរកព្រះកាមភូដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះកាមភូដ៏មានអាយុ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះចិត្តគហបតី អង្គុយក្នុងទីដ៏សមគួរហើយ ព្រះកាមភូដ៏មានអាយុ ក៏ពោលទៅ ដូច្នេះថា ម្នាលគហបតី នេះព្រះដ៏មានព្រះភាគ ទ្រង់ពោលថា

រថមានអវយវៈឥតទោស មានគ្រៀងពាសមានពណ៌ស មានកាំតែមួយ តែងប្រព្រឹត្តទៅ អ្នកចូរមើលនូវរថនោះដែលមិនមានទុក្ខ មិនដល់នូវសេចក្តីទុក្ខ មានខ្សែដាច់ហើយមិនមានចំណង។

[២០១] ម្នាលគហបតី ភាសិតសង្ខេបនេះ ត្រូវយល់សេចក្តីដោយពិស្តារ ដូចម្តេចទៅ។ បពិត្រព្រះករុណាដ៏ចំរើន នេះប្រាកដជាពាក្យ ដែលព្រះដ៏មានព្រះភាគ ទ្រង់ពោលហើយឬ។ អើ គហបតី។ បពិត្រព្រះករុណាដ៏ចំរើន បើដូច្នោះ សូមព្រះករុណា រង់ចាំមួយរំពេចសិន ទំរាំខ្ញុំព្រះករុណា ពិចារណា នូវអត្ថនៃភាសិតនេះ។ លំដាប់នោះ ចិត្តគហបតីស្ងៀមតែមួយរំពេច ហើយក៏ពោលតប ទៅនឹងព្រះកាមភូដ៏មានអាយុ ដូច្នេះថា បពិត្រព្រះករុណាដ៏ចំរើន ពាក្យថា អវយវៈឥតទោសនេះ ជាឈ្មោះ របស់សីល។ បពិត្រព្រះករុណាដ៏ចំរើន ពាក្យថា មានគ្រឿងពាសមានពណ៌សនេះ ជាឈ្មោះនៃវិមុត្តិ។ បពិត្រព្រះករុណាដ៏ចំរើន ពាក្យថា មានកាំតែមួយនេះ ជាឈ្មោះ នៃសតិ។ បពិត្រព្រះករុណាដ៏ចំរើន ពាក្យថា តែងប្រព្រឹត្តទៅនេះ ជាឈ្មោះនៃការឈានទៅមុខ និងថយក្រោយ។ បពិត្រព្រះករុណាដ៏ចំរើន ពាក្យថា រថនេះ ជាឈ្មោះ នៃកាយនេះ ដែលប្រកបដោយមហាភូតរូប ៤ កើតព្រមអំពីមាតា និងបិតា មានសេចក្តីចំរើនដោយជាតិបាយ និងនំ ជាសភាវៈមិនទៀង មានការដុសខាត់ បំបាត់ក្លិនអាក្រក់ និងគក់ច្របាច់ បែកធ្លាយខ្ចាត់ខ្ចាយទៅជាធម្មតា។ បពិត្រព្រះករុណាដ៏ចំរើន រាគៈ ជាទុក្ខ ទោសៈជាទុក្ខ មោហៈជាទុក្ខ ឯសភាវៈមានរាគៈ ជាដើមនោះ ភិក្ខុជាព្រះខីណាស្រព បានលះបង់ហើយ បានគាស់រំលើងឫសគល់ហើយ បានធ្វើឲ្យនៅសល់តែទីនៅ ដូចជាទីនៅនៃដើមត្នោត បានធ្វើឲ្យលែងមានបែបភាព ជាសភាវៈមិនកើតឡើងតទៅ ព្រោះហេតុនោះ ភិក្ខុជាព្រះខីណាស្រព ទើបហៅថា មិនមានទុក្ខ។ បពិត្រព្រះករុណាដ៏ចំរើន ពាក្យថា មិនដល់នូវសេចក្តីទុក្ខនេះ ជាឈ្មោះ នៃព្រះអរហន្ត។ បពិត្រព្រះករុណាដ៏ចំរើន ពាក្យថា ខ្សែនេះ ជាឈ្មោះនៃតណ្ហា ឯតណ្ហានោះឯង ភិក្ខុជាព្រះខីណាស្រព បានលះបង់ហើយ បានគាស់រំលើងឫសគល់អស់ហើយ បានធ្វើឲ្យនៅសល់តែទីនៅ ដូចជាទីនៅនៃដើមត្នោត បានធ្វើឲ្យលែងមានបែបភាព ជាសភាវៈមិនកើតឡើងតទៅ ព្រោះហេតុនោះ ភិក្ខុជាព្រះខីណាស្រព ទើបហៅថា មានខ្សែដាច់ហើយ។ បពិត្រព្រះករុណាដ៏ចំរើន រាគៈជាចំណង ទោសៈជាចំណង មោហៈ ជាចំណង រាគៈជាដើមនោះ ភិក្ខុជាព្រះខីណាស្រព បានលះបង់ហើយ បានគាស់រំលើងឫសគល់ហើយ បានធ្វើឲ្យនៅសល់តែទីនៅ ដូចជាទីនៅនៃដើមត្នោត បានធ្វើឲ្យលែងមានបែបភាព ជាសភាវៈមិនកើតឡើងតទៅ ព្រោះហេតុនោះ ភិក្ខុជាព្រះខីណាស្រព ទើបហៅថា មិនមានចំណង។ បពិត្រព្រះករុណាដ៏ចំរើន ពាក្យដែលព្រះដ៏មានព្រះភាគ បានពោលហើយដូច្នេះថា

រថមានអវយវៈឥតទោស មានគ្រឿងពាសមានពណ៌ស មានកាំតែមួយ តែងប្រព្រឹត្តទៅ អ្នកចូរមើលនូវរថដែលមិនមានទុក្ខ មិនដល់នូវសេចក្តីទុក្ខ មានខ្សែដាច់ហើយ មិនមានចំណង។

បពិត្រព្រះករុណាដ៏ចំរើន ពាក្យនេះ ព្រះដ៏មានព្រះភាគ ទ្រង់ពោលដោយសង្ខេប ខ្ញុំអាចដឹងដោយសេចក្តីពិស្តារបាន យ៉ាងនេះឯង។ ម្នាលគហបតី អ្នកពេញហៅថា ជាមានលាភ ម្នាលគហបតី អត្តភាពជាមនុស្ស ពេញហៅថា អ្នកបានដោយប្រពៃ ព្រោះថា អ្នកមានបញ្ញាចក្ខុ លុះទៅក្នុងពុទ្ធវចនៈ ដ៏ជ្រាលជ្រៅ។

ចប់ សូត្រ ទី៥។

(ទុតិយកាមភូ)សូត្រ ទី៦

(៦. ទុតិយកាមភូសុត្តំ)

[២០២] សម័យមួយ ព្រះកាមភូដ៏មានអាយុ គង់នៅក្នុងវត្តអម្ពាដកវន នាដងព្រៃមច្ឆិកា។ គ្រានោះ ចិត្តគហបតី ចូលទៅរកព្រះកាមភូដ៏មានអាយុ លុះចូលទៅដល់ ក៏ថ្វាយបង្គំព្រះកាមភូដ៏មានអាយុ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះចិត្តគហបតី អង្គុយក្នុងទីដ៏សមគួរហើយ ក៏ពោលទៅនឹងព្រះកាមភូដ៏មានអាយុ ដូច្នេះថា បពិត្រព្រះករុណា ដ៏ចំរើន សង្ខារមានប៉ុន្មានទៅហ្ន៎។ ម្នាលគហបតី សង្ខារមាន ៣ គឺកាយសង្ខារ ១ វចីសង្ខារ ១ ចិត្តសង្ខារ ១។

[២០៣] ចិត្តគហបតី ត្រេកអរអនុមោទនានឹងភាសិត របស់ព្រះកាមភូដ៏មានអាយុថា ប្រពៃហើយលោកម្ចាស់ ហើយក៏សួរនូវប្រស្នា នឹងព្រះកាមភូដ៏មានអាយុ តទៅទៀតថា បពិត្រព្រះករុណាដ៏ចំរើន ចុះកាយសង្ខារ តើដូចម្តេច វចីសង្ខារ ដូចម្តេច ចិត្តសង្ខារ ដូចម្តេច។ ម្នាលគហបតី ខ្យល់ដង្ហើមចេញចូល ហៅថា កាយសង្ខារ សេចក្តីត្រិះរិះ និងសេចក្តីពិចារណា ហៅថា វចីសង្ខារ សញ្ញា និងវេទនា ហៅថា ចិត្តសង្ខារ។

[២០៤] ចិត្តគហបតីពោលថា ប្រពៃហើយលោកម្ចាស់ ហើយក៏សួរប្រស្នា តទៅទៀតថា បពិត្រព្រះករុណាដ៏ចំរើន ចុះព្រោះហេតុអ្វី បានជាខ្យល់ដង្ហើមចេញ ចូល ហៅថា កាយសង្ខារ ព្រោះហេតុអ្វី បានជាសេចក្តីត្រិះរិះ និងសេចក្តីពិចារណា ហៅថា វចីសង្ខារ ព្រោះហេតុអ្វី បានជាសញ្ញា និងវេទនា ហៅថាចិត្តសង្ខារ។ ម្នាលគហបតី ខ្យល់ដង្ហើមចេញចូល ប្រព្រឹត្តទៅក្នុងកាយ ធម៌ទាំងនុ៎ះ ជាប់ចំពោះ ដោយកាយ ព្រោះហេតុនោះ បានជាខ្យល់ដង្ហើមចេញចូល ហៅថាកាយសង្ខារ។ ម្នាលគហបតី បុគ្គលត្រិះរិះ ពិចារណាជាមុនហើយ ទើបបញ្ចេញ នូវវាចាជាខាងក្រោយ ព្រោះហេតុនោះ បានជាសេចក្តីត្រិះរិះ និងសេចក្តីពិចារណា ហៅថាវចីសង្ខារ។ សញ្ញា និង វេទនា ប្រព្រឹត្តទៅក្នុងចិត្ត ធម៌ទាំងនុ៎ះឯង ជាប់ចំពោះដោយចិត្ត ព្រោះហេតុនោះ បានជា សញ្ញា និងវេទនា ហៅថាចិត្តសង្ខារ។

[២០៥] ចិត្តគហបតីពោលថា ប្រពៃហើយ។ បេ។ ក៏សួរនូវប្រស្នាថា បពិត្រព្រះករុណាដ៏ចំរើន ចុះការចូលសញ្ញាវេទយិតនិរោធ7) ដោយប្រការដូចម្តេច។ ម្នាលគហបតី ភិក្ខុដែលចូលសញ្ញាវេទយិតនិរោធ មិនមានសេចក្តីត្រិះរិះ យ៉ាងនេះថា អាត្មាអញ ចូលនូវសញ្ញាវេទយិតនិរោធក្តី ថាអាត្មាអញ កំពុងចូលនូវសញ្ញាវេទយិតនិរោធក្តី ថាអាត្មាអញ បានចូលហើយ នូវសញ្ញាវេទយិតនិរោធក្តី។ ព្រោះថា ចិត្តឯណា តែងបង្អោនទៅ ដើម្បីជាបុគ្គលមានសភាព8) ដូច្នោះ ចិត្តនោះឯង ភិក្ខុនោះ បានចំរើនហើយក្នុងកាលមុន។

[២០៦] ចិត្តគហបតីពោលថា ប្រពៃហើយ។ បេ។ ក៏សួរនូវប្រស្នាថា បពិត្រព្រះករុណាដ៏ចំរើន ចុះភិក្ខុ ដែលចូលកាន់សញ្ញាវេទយិតនិរោធ ធម៌ណារលត់មុន កាយសង្ខាររលត់មុន ឬវចីសង្ខារ ឬក៏ចិត្តសង្ខារ។ ម្នាលគហបតី ភិក្ខុដែលចូលកាន់សញ្ញាវេទយិតនិរោធ វចីសង្ខាររលត់មុន តអំពីនោះទៅ កាយសង្ខារ តអំពីនោះទៅ ចិត្តសង្ខារ។

[២០៧] ចិត្តគហបតីពោលថា ប្រពៃហើយ។ បេ។ ក៏សួរនូវប្រស្នាថា បពិត្រព្រះករុណាដ៏ចំរើន ភិក្ខុដែលស្លាប់ហើយ ធ្វើមរណកាលហើយ និងភិក្ខុ ដែលចូលកាន់សញ្ញាវេទយិតនិរោធ ភិក្ខុទាំងពីរពួកនេះ មានការផ្សេងគ្នា ដូចម្តេច។ ម្នាលគហបតី ភិក្ខុឯណា ដែលស្លាប់ហើយ ធ្វើមរណកាលហើយ កាយសង្ខារ របស់ភិក្ខុនោះរលត់ហើយ រម្ងាប់ហើយ វចីសង្ខារ ក៏រលត់ហើយ រម្ងាប់ហើយ ចិត្តសង្ខារ ក៏រលត់ហើយ រម្ងាប់ហើយ អាយុក៏អស់ហើយ ភ្លើងធាតុ ក៏រម្ងាប់ហើយ ឥន្រ្ទិយ ក៏បែកធ្លាយរាត់រាយហើយ។ ម្នាលគហបតី ភិក្ខុឯណា ដែលបានចូលកាន់សញ្ញាវេទយិតនិរោធហើយ ឯកាយសង្ខារ របស់ភិក្ខុនោះ រលត់ហើយ រម្ងាប់ហើយ វចីសង្ខារ ក៏រលត់ហើយ រម្ងាប់ហើយ ចិត្តសង្ខារ ក៏រលត់ហើយ រម្ងាប់ហើយ តែអាយុមិនអស់ ភ្លើងធាតុមិនទាន់រម្ងាប់ ឥន្រ្ទីយនៅស្រស់បស់នៅឡើយ។ ម្នាលគហបតី ភិក្ខុដែលស្លាប់ហើយ ធ្វើមរណកាលហើយ និងភិក្ខុដែលចូលកាន់សញ្ញាវេទយិតនិរោធហើយ នេះឯង ជាការផ្សេងគ្នា នៃភិក្ខុទាំងនោះ។

[២០៨] ចិត្តគហបតីពោលថា ប្រពៃហើយ។ បេ។ ក៏សួរនូវប្រស្នាតទៅទៀតថា បពិត្រព្រះករុណាដ៏ចំរើន ចុះការចេញចាកសញ្ញាវេទយិតនិរោធសមាបត្តិ ដោយប្រការដូចម្តេច។ ម្នាលគហបតី ភិក្ខុដែលចាកចេញសញ្ញាវេទយិតនិរោធសមាបត្តិ មិនមានសេចក្តីត្រិះរិះ យ៉ាងនេះថា អាត្មាអញ នឹងចេញចាកសញ្ញាវេទយិតនិរោធសមាបត្តិក្តី ថាអាត្មាអញ កំពុងចេញចាកសញ្ញាវេទយិតនិរោធសមាបត្តិក្តី ថាអាត្មាអញ បានចេញហើយ ចាកសញ្ញាវេទយិតនិរោធសមាបត្តិក្តី។ ព្រោះថា ចិត្តឯណា បង្អោនទៅ ដើម្បីជាបុគ្គលមានសភាពដូច្នោះ ចិត្តនោះឯង ភិក្ខុនោះ បានចំរើនហើយ ក្នុងកាលមុន។

[២០៩] ចិត្តគហបតីពោលថា ប្រពៃហើយ លោកម្ចាស់។ បេ។ ក៏សួរនូវប្រស្នាតទៅទៀតថា បពិត្រព្រះករុណាដ៏ចំរើន ចុះភិក្ខុ ដែលចេញចាកសញ្ញាវេទយិតនិរោធ សមាបត្តិ ធម៌ណាកើតមុន កាយសង្ខារកើតមុន ឬវចីសង្ខារ ឬក៏ចិត្តសង្ខារ។ ម្នាលគហបតី ភិក្ខុដែលចេញចាកសញ្ញាវេទយិតនិរោធសមាបត្តិ ចិត្តសង្ខារកើតមុន តអំពីនោះទៅ កាយសង្ខារ តអំពីនោះទៅ វចីសង្ខារ។

[២១០] ចិត្តគហបតីពោលថា ប្រពៃហើយ។បេ។ ក៏សួរនូវប្រស្នាតទៅទៀតថា បពិត្រព្រះករុណាដ៏ចំរើន ផស្សៈប៉ុន្មាន ដែលពាល់ត្រូវភិក្ខុ ដែលចេញចាកសញ្ញាវេទយិតនិរោធសមាបត្តិរួចហើយ។ ម្នាលគហបតី ផស្សៈ ៣ គឺ សុញ្ញផស្សៈ ១ អនិមិត្តផស្សៈ ១ អប្បណិហិតផស្សៈ ១ តែងពាល់ត្រូវភិក្ខុ ដែលចេញចាកសញ្ញាវេទយិតនិរោធសមាបត្តិរួចហើយ។

[២១១] ចិត្តគហបតីពោលថា ប្រពៃហើយ។ បេ។ ក៏សួរនូវប្រស្នាតទៅទៀតថា បពិត្រព្រះករុណាដ៏ចំរើន ភិក្ខុដែលចេញចាកសញ្ញាវេទយិតនិរោធសមាបត្តិរួចហើយ មានចិត្តបង្អោនទៅរកអ្វី ទេរទៅរកអ្វី ជ្រេទៅរកអ្វី។ ម្នាលគហបតី ភិក្ខុដែលចេញចាកសញ្ញាវេទយិតនិរោធសមាបត្តិរួចហើយ មានចិត្តបង្អោនទៅរកវិវេក ទេរទៅរកវិវេក ជ្រេទៅរកវិវេក។

[២១២] ចិត្តគហបតី ត្រេកអរអនុមោទនានឹងភាសិត របស់ព្រះកាមភូដ៏មានអាយុថា ប្រពៃហើយ លោកម្ចាស់ ហើយក៏សួរនូវប្រស្នាតទៅទៀត នឹងព្រះកាមភូដ៏មានអាយុថា បពិត្តព្រះករុណាដ៏ចំរើន ចុះធម៌ប៉ុន្មាន ដែលមានឧបការៈច្រើន ដល់សញ្ញាវេទយិតនិរោធសមាបត្តិ។ ម្នាលគហបតី ពាក្យឯណា ដែលគេត្រូវសួរមុន ពាក្យនោះ អ្នកសួរក្រោយវិញ ណ្ហើយចុះ អាត្មា នឹងដោះស្រាយដល់អ្នក។ ម្នាលគហបតី ធម៌ ២ យ៉ាង គឺសមថ និងវិបស្សនា មានឧបការៈច្រើន ដល់សញ្ញាវេទយិតនិរោធសមាបត្តិ។

ចប់ សូត្រ ទី៦។

(គោទត្ត)សូត្រ ទី៧

(៧. គោទត្តសុត្តំ)

[២១៣] សម័យមួយ ព្រះគោទត្តដ៏មានអាយុ គង់នៅក្នុងវត្តអម្ពាដកវន នាដងព្រៃមច្ឆិកា។ គ្រានោះ ចិត្តគហបតី ចូលទៅរកព្រះគោទត្តដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះគោទត្តដ៏មានអាយុ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះចិត្តគហបតី អង្គុយក្នុងទីដ៏សមគួរហើយ ព្រះគោទត្តដ៏មានអាយុ ក៏ពោលដូច្នេះថា ម្នាលគហបតី អប្បមាណាចេតោវិមុត្តិឯណាក្តី អាកិញ្ចញ្ញាចេតោវិមុត្តិឯណាក្តី សុញ្ញតាចេតោវិមុត្តិឯណាក្តី អនិមិត្តាចេតោវិមុត្តិឯណាក្តី ធម៌ទាំងអម្បាលនេះ មានអត្ថផ្សេងគ្នា មានព្យញ្ជនៈផ្សេងគ្នា ឬមានអត្ថដូចគ្នា ផ្សេងគ្នាតែព្យញ្ជនៈ។ បពិត្រព្រះករុណា ដ៏ចំរើន ធម៌ទាំងអម្បាលនេះ មានអត្ថផ្សេងគ្នាផង មានព្យញ្ជនៈផ្សេងគ្នាផង ព្រោះអាស្រ័យ នូវបរិយាយឯណា បរិយាយនោះ រមែងមាន បពិត្រព្រះករុណាដ៏ចំរើន ធម៌ទាំងអម្បាលនេះ មានអត្ថដូចគ្នា ផ្សេងគ្នាតែព្យញ្ជនៈ ព្រោះអាស្រ័យ នូវបរិយាយឯណា បរិយាយនោះ ក៏មានដែរ។

[២១៤] បពិត្រព្រះករុណាដ៏ចំរើន មួយទៀត ធម៌ទាំងអម្បាលនេះ មានអត្ថផ្សេងគ្នាផង មានព្យញ្ជនៈផ្សេងគ្នាផង ព្រោះអាស្រ័យ នូវបរិយាយឯណា បរិយាយនោះ តើដូចម្តេច។ បពិត្រព្រះករុណាដ៏ចំរើន ភិក្ខុក្នុងសាសនានេះ មានចិត្តប្រកបដោយមេត្តា ផ្សាយទៅកាន់ទិសទី ១។ ផ្សាយទៅកាន់ទិសទី ២ ក៏ដូចគ្នា។ កាន់ទិសទី ៣ ក៏ដូចគ្នា។ កាន់ទិសទី ៤ ក៏ដូចគ្នា។ ផ្សាយទៅកាន់ទិសខាងលើ ទិសខាងក្រោម និងទិសទទឹង ក៏ដូចគ្នា មានចិត្តប្រកបដោយមេត្តា ជាចិត្តទូលាយ ដល់នូវភាវៈជាធំ មិនមានប្រមាណ មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់សត្វលោកទាំងពួង ដោយអាការទាំងពួង ក្នុងទីទាំងពួង ប្រព្រឹត្តនៅ គ្រប់ឥរិយាបថ។ មានចិត្តប្រកបដោយករុណា។ មានចិត្តប្រកបដោយមុទិតា។ មានចិត្តប្រកបដោយឧបេក្ខា ផ្សាយទៅកាន់ ទិសទី ១។ ផ្សាយទៅកាន់ទិសទី ២ ក៏ដូចគ្នា។ កាន់ទិសទី ៣ ក៏ដូចគ្នា។ កាន់ទិសទី ៤ ក៏ដូចគ្នា។ ផ្សាយទៅកាន់ទិសខាងលើ ទិសខាងក្រោម និងទិសទទឹង ក៏ដូចគ្នា មានចិត្តប្រកបដោយឧបេក្ខា ជាចិត្តទូលាយ ដល់នូវភាវៈជាធំ មិនមានប្រមាណ មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់សត្វលោកទាំងពួង ដោយអាការទាំងពួង ក្នុងទីទាំងពួង ប្រព្រឹត្តនៅ គ្រប់ឥរិយាបថ។ បពិត្រព្រះករុណាដ៏ចំរើន នេះហៅថា អប្បមាណាចេតោវិមុត្តិ។

[២១៥] បពិត្តព្រះករុណាដ៏ចំរើន ចុះអាកិញ្ចញ្ញាចេតោវិមុត្តិ តើដូចម្តេច។ បពិត្រព្រះករុណាដ៏ចំរើន ភិក្ខុក្នុងសាសនានេះ ប្រព្រឹត្តកន្លង នូវវិញ្ញាណញ្ចាយតន សមាបត្តិ ដោយប្រការទាំងពួង បានដល់នូវអាកិញ្ចញ្ញាយតនសមាបត្តិ ដោយធ្វើទុកក្នុងចិត្តថា អ្វីតិចតួចមិនមាន ប្រព្រឹត្តនៅ គ្រប់ឥរិយាបថ។ បពិត្រព្រះករុណាដ៏ចំរើន នេះហៅថា អាកិញ្ចញ្ញាចេតោវិមុត្តិ។

[២១៦] បពិត្រព្រះករុណាដ៏ចំរើន ចុះសុញ្ញតាចេតោវិមុត្តិ តើដូចម្តេច។ បពិត្រព្រះករុណាដ៏ចំរើន ភិក្ខុក្នុងសាសនានេះ នៅក្នុងព្រៃក្តី នៅក្រោមម្លប់ឈើក្តី នៅក្នុងផ្ទះស្ងាត់ក្តី ពិចារណា ដូច្នេះថា ធម្មជាតនេះ សូន្យចាកខ្លួន ឬចាកវត្ថុជារបស់ខ្លួន។ បពិត្រព្រះករុណាដ៏ចំរើន នេះហៅថា សុញ្ញតាចេតោវិមុត្តិ។

[២១៧] បពិត្រព្រះករុណាដ៏ចំរើន ចុះអនិមិត្តាចេតោវិមុត្តិ តើដូចម្តេច។ បពិត្រព្រះករុណាដ៏ចំរើន ភិក្ខុក្នុងសាសនានេះ បានដល់នូវចេតោសមាធិមិនមាននិមិត្ត ព្រោះមិនបានធ្វើទុកក្នុងចិត្ត នូវនិមិត្តទាំងពួង ប្រព្រឹត្តនៅ គ្រប់ឥរិយាបថ។ បពិត្រព្រះករុណា ដ៏ចំរើន នេះហៅថា អនិមិត្តាចេតោវិមុត្តិ។ បពិត្រព្រះករុណាដ៏ចំរើន ធម៌ទាំងអម្បាលនេះ មានអត្ថផ្សេងគ្នាផង មានព្យញ្ជនៈផ្សេងគ្នាផង ព្រោះអាស្រ័យនូវបរិយាយឯណា គឺបរិយាយនេះឯង។

[២១៨] បពិត្រព្រះករុណាដ៏ចំរើន ធម៌ទាំងអម្បាលនេះ មានអត្ថដូចគ្នា ផ្សេងគ្នាតែព្យញ្ជនៈ ព្រោះអាស្រ័យ នូវបរិយាយឯណា បរិយាយនោះ តើដូចម្តេច។ បពិត្រព្រះករុណាដ៏ចំរើន រាគៈជាគ្រឿងធ្វើនូវប្រមាណ ទោសៈជាគ្រឿងធ្វើនូវប្រមាណ មោហៈជាគ្រឿងធ្វើនូវប្រមាណ ឯសភាវៈមានរាគៈ ជាដើមនោះ ភិក្ខុជាព្រះខីណាស្រព បានលះបង់ហើយ បានគាស់រំលើងឫសគល់ហើយ បានធ្វើឲ្យនៅសល់តែទីនៅ ដូចជាទីនៅ នៃដើមត្នោត បានធ្វើឲ្យលែងមានបែបភាព ជាសភាវៈមិនកើតឡើងតទៅ។ បពិត្រព្រះករុណាដ៏ចំរើន អប្បមាណាចេតោវិមុត្តិទាំងឡាយ មានកំណត់ត្រឹមណា អកុប្បាចេតោវិមុត្តិ ប្រាកដជាប្រសើរជាងអប្បមាណាចេតោវិមុត្តិនោះ។ ព្រោះអកុប្បាចេតោវិមុត្តិនោះ សូន្យចាករាគៈ សូន្យចាកទោសៈ សូន្យចាកមោហៈ។ បពិត្រព្រះករុណាដ៏ចំរើន រាគៈជាកង្វល់ ទោសៈជាកង្វល់ មោហៈជាកង្វល់ រាគៈជាដើមនោះ ភិក្ខុជាព្រះខីណាស្រព បានលះបង់ហើយ បានគាស់រំលើងឫសគល់ហើយ បានធ្វើឲ្យនៅសល់តែទីនៅ ដូចជាទីនៅនៃដើមត្នោត បានធ្វើឲ្យលែងមានបែបភាព ជាសភាវៈមិនកើតឡើងតទៅ។ បពិត្រព្រះករុណាដ៏ចំរើន អាកិញ្ចញ្ញាចេតោវិមុត្តិទាំងឡាយ មានកំណត់ត្រឹមណា អកុប្បាចេតោវិមុត្តិ ប្រាកដជាប្រសើរជាង អាកិញ្ចញ្ញាចេតោវិមុត្តិទាំងនោះ។ ព្រោះអកុប្បាចេតោវិមុត្តិនោះ សូន្យចាករាគៈ សូន្យ ចាកទោសៈ សូន្យចាកមោហៈ។ បពិត្រព្រះករុណាដ៏ចំរើន រាគៈជាគ្រឿងធ្វើនូវនិមិត្ត ទោសៈជាគ្រឿងធ្វើនូវនិមិត្ត មោហៈជាគ្រឿងធ្វើនូវនិមិត្ត រាគៈជាដើមនោះ ភិក្ខុជាព្រះខីណាស្រព បានលះបង់ហើយ បានគាស់រំលើងឫសគល់ហើយ បានធ្វើឲ្យនៅសល់តែទីនៅ ដូចជាទីនៅនៃដើមត្នោត បានធ្វើឲ្យលែងមានបែបភាព ជាសភាវៈមិនកើតឡើងតទៅ។ បពិត្រព្រះករុណាដ៏ចំរើន អនិមិត្តាចេតោវិមុត្តិទាំងឡាយ មានកំណត់ត្រឹមណា អកុប្បាចេត្តោវិមុត្តិ ប្រាកដជាប្រសើរជាងអនិមិត្តាចេតោវិមុត្តិទាំងនោះ។ ព្រោះថា អកុប្បាចេតោវិមុត្តិនោះ សូន្យចាករាគៈ សូន្យចាកទោសៈ សូន្យចាកមោហៈ។ បពិត្រព្រះករុណាដ៏ចំរើន ធម៌ទាំងអម្បាលនេះ មានអត្ថដូចគ្នា ផ្សេងគ្នាតែព្យញ្ជនៈ ព្រោះអាស្រ័យនូវបរិយាយឯណា គឺបរិយាយនេះឯង។ ម្នាលគហបតី អ្នកពេញហៅថាមានលាភ ម្នាលគហបតី អត្តភាពជាមនុស្ស ពេញហៅថា អ្នកបានដោយប្រពៃហើយ ព្រោះអ្នកមានបញ្ញាចក្ខុ លុះទៅក្នុងពុទ្ធវចនៈ ដ៏ជ្រាលជ្រៅ។

ចប់ សូត្រ ទី៧។

(និគណ្ឋនាដបុត្ត)សូត្រ ទី៨

(៨. និគណ្ឋនាដបុត្តសុត្តំ)

[២១៩] សម័យនោះឯង និគ្គណ្ឋនាដបុត្ត បានទៅដល់ដងព្រៃមច្ឆិកា ជាមួយនឹងនិគ្រន្ថ ជាបរិស័ទដ៏ច្រើន។ ចិត្តគហបតី ឮដំណឹងថា និគ្គណ្ឋនាដបុត្ត មកដល់ដងព្រៃមច្ឆិកា ជាមួយនឹងនិគ្រន្ថ ជាបរិស័ទដ៏ច្រើន។ គ្រានោះ ចិត្តគហបតី ព្រមទាំងពួកឧបាសកជាច្រើន ចូលទៅរកនិគ្គណ្ឋនាដបុត្ត លុះចូលទៅដល់ហើយ ក៏ធ្វើនូវសេចក្តីរីករាយ ជាមួយនឹងនិគ្គណ្ឋនាដបុត្ត លុះបញ្ចប់ពាក្យ ដែលគួររីករាយ គួររឭកហើយ ក៏អង្គុយក្នុងទីដ៏សមគួរ។ លុះចិត្តគហបតី អង្គុយក្នុងទីដ៏សមគួរហើយ និគ្គណ្ឋនាដបុត្ត ក៏សួរទៅ ដូច្នេះថា ម្នាលគហបតី អ្នកជឿពាក្យសមណគោតមថា សមាធិមិនមានវិតក្កៈ មិនមានវិចារៈក៏មាន សេចក្តីរលត់នៃវិតក្កៈ និងវិចារៈក៏មានឬ។ បពិត្រលោកដ៏ចំរើន ខ្ញុំមិនប្រព្រឹត្តទៅ ដោយសេចក្តីជឿពាក្យ របស់ព្រះដ៏មានព្រះភាគ ក្នុងហេតុនេះថា សមាធិ មិនមានវិតក្កៈ មិនមានវិចារៈក៏មាន សេចក្តីរលត់នៃវិតក្កៈ និងវិចារៈក៏មាន ដូច្នេះទេ។

[២២០] កាលបើចិត្តគហបតី ពោលយ៉ាងនេះ និគ្គណ្ឋនាដបុត្ត ក៏ក្រឡេកមើលបរិស័ទរបស់ខ្លួន ហើយពោលទៅ ដូច្នេះថា អ្នកដ៏ចំរើនទាំងឡាយ ចូរមើលនូវគហបតីនេះចុះ ចិត្តគហបតីនេះ ពេញជាមនុស្សមានចិត្តត្រង់ ចិត្តគហបតីនេះ ពេញជាមនុស្សមិនអែបអប ចិត្តគហបតីនេះ ពេញជាមនុស្សមិនមានកិច្ចកល បុគ្គលឯណា គប្បីសម្គាល់ នូវវិតក្កៈ និងវិចារៈ ថាជាធម្មជាតគួររំលត់បាន បុគ្គលនោះ គប្បីសម្គាល់នូវខ្យល់ ថាជារបស់គួរបៀតបៀនបាន ដោយអណ្តាតភ្លើង បុគ្គលឯណា គប្បីសម្គាល់ នូវវិតក្កៈ និងវិចារៈ ថាជាធម្មជាតគួររំលត់បាន បុគ្គលនោះ គប្បីសម្គាល់ នូវខ្សែនៃគង្គា ថាជារបស់គួរឃាត់ ដោយក្តាប់ដៃនៃខ្លួនបានដែរ។ បពិត្រលោកដ៏ចំរើន ចុះលោកសម្គាល់ នូវសេចក្តីនោះ ដូចម្តេច ញាណក្តី សទ្ធាក្តី (បណ្តាធម្មជាតទាំង ២ នេះ) ធម្មជាតណា ឧត្តមជាង។ ម្នាលគហបតី ញាណឧត្តមជាងសទ្ធា។ បពិត្រលោកដ៏ចំរើន ខ្ញុំប្រាថ្នាស្ងាត់ចាកកាម ស្ងាត់ចាកអកុសលទាំងឡាយ បានដល់នូវបឋមជ្ឈាន ប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ មានបីតិ និងសុខ ដ៏កើតអំពីសេចក្តីស្ងាត់ ប្រព្រឹត្តនៅ គ្រប់ឥរិយាបថ កំណត់ត្រឹមណា។ បពិត្រលោកដ៏ចំរើន ខ្ញុំប្រាថ្នារម្ងាប់ នូវវិតក្កៈវិចារៈ។បេ។ ដល់នូវទុតិយជ្ឈាន ប្រព្រឹត្តនៅ គ្រប់ឥរិយាបថ កំណត់ត្រឹមណា។ បពិត្រលោកដ៏ចំរើន ខ្ញុំប្រាថ្នានឿយណាយ ចាកបីតិ។ បេ។ ដល់នូវតតិយជ្ឈាន ប្រព្រឹត្តនៅ គ្រប់ឥរិយាបថ កំណត់ត្រឹមណា។ បពិត្រលោកដ៏ចំរើន ខ្ញុំប្រាថ្នាលះបង់នូវសុខ។ បេ។ បានដល់នូវ ចតុត្ថជ្ឈាន ប្រព្រឹត្តនៅ គ្រប់ឥរិយាបថ កំណត់ត្រឹមណា។ បពិត្រលោកដ៏ចំរើន កាលបើខ្ញុំដឹងយ៉ាងនេះ ឃើញយ៉ាងនេះ នឹងមិនប្រព្រឹត្តទៅ ដោយសេចក្តីជឿពាក្យ របស់សមណៈ ឬព្រាហ្មណ៍ណាមួយថា សមាធិមិនមានវិតក្កៈ មិនមានវិចារៈក៏មាន សេចក្តីរលត់ នៃវិតក្កៈ និងវិចារៈក៏មាន ដូច្នេះទេ។

[២២១] កាលបើចិត្តគហបតីពោលយ៉ាងនេះ និគ្គណ្ឋនាដបុត្ត ក៏ក្រឡេកមើលទៅបរិស័ទរបស់ខ្លួន ហើយពោលដូច្នេះថា អ្នកដ៏ចំរើនទាំងឡាយ ចូរមើលនូវគហបតីនេះចុះ ឯចិត្តគហបតីនេះ ពេញជាមនុស្សមានចិត្តមិនត្រង់ ចិត្តគហបតីនេះ ពេញជាមនុស្សអែបអប ចិត្តគហបតីនេះ ពេញជាមនុស្សមានកិច្ចកល។ បពិត្រលោកដ៏ចំរើន យើងដឹងច្បាស់ពាក្យ ដែលលោកពោលហើយ ក្នុងកាលអម្បាញ់មិញនេះ យ៉ាងនេះថា អ្នកដ៏ចំរើនទាំងឡាយ ចូរមើលនូវគហបតីនេះចុះ ចិត្តគហបតីនេះ ពេញជាមនុស្សមានចិត្តត្រង់ ចិត្តគហបតីនេះ ពេញជាមនុស្សមិនអែបអប ចិត្តគហបតីនេះ ពេញជាមនុស្សមិនមានកិច្ចកល។ បពិត្រលោកដ៏ចំរើន ឥឡូវនេះ យើងបានដឹងច្បាស់ ពាក្យដែលលោកម្ចាស់ពោលហើយ យ៉ាងនេះវិញថា អ្នកដ៏ចំរើនទាំងឡាយ ចូរមើលនូវគហបតីនេះចុះ ចិត្តគហបតីនេះ ពេញជាមនុស្សមានចិត្តមិនត្រង់ ចិត្តគហបតីនេះ ពេញជាមនុស្សអែបអប ចិត្តគហបតីនេះ ពេញជាមនុស្សមានកិច្ចកល។ បពិត្រលោកដ៏ចំរើន បើពាក្យមុនរបស់លោកជាពាក្យពិត ពាក្យក្រោយរបស់លោក ជាពាក្យខុសវិញ។ បពិត្រលោកដ៏ចំរើន បើពាក្យក្រោយ របស់លោកជាពាក្យពិត ពាក្យមុនរបស់លោក ជាពាក្យខុសវិញ។ បពិត្រលោកដ៏ចំរើន ប្រស្នាទាំង ១០ ប្រកបដោយធម៌នេះឯង នឹងមកដល់លោក។ កាលណាបើលោកអាចដឹង នូវសេចក្តី នៃប្រស្នាទាំងនោះ។ លោកគប្បីត្រាស់ដឹង នូវប្រស្នាជាដំបូង ជាមួយនឹងនិគ្រន្ថជាបរិស័ទ ប្រស្នា ១9) ឧទ្ទេស ១10) វេយ្យាករណ៍ ១11) ប្រស្នា ២ ឧទ្ទេស ២ វេយ្យាករណ៍ ២ ប្រស្នា ៣ ឧទ្ទេស ៣ វេយ្យាករណ៍ ៣ ប្រស្នា ៤ ឧទ្ទេស ៤ វេយ្យាករណ៍ ៤ ប្រស្នា ៥ ឧទ្ទេស ៥ វេយ្យាករណ៍ ៥ ប្រស្នា ៦ ឧទ្ទេស ៦ វេយ្យាករណ៍ ៦ ប្រស្នា ៧ ឧទ្ទេស ៧ វេយ្យាករណ៍ ៧ ប្រស្នា ៨ ឧទ្ទេស ៨ វេយ្យាករណ៍ ៨ ប្រស្នា ៩ ឧទ្ទេស ៩ វេយ្យាករណ៍ ៩ ប្រស្នា ១០ ឧទ្ទេស ១០ វេយ្យាករណ៍ ១០។ លំដាប់នោះ ចិត្តគហបតី សួរប្រស្នា ទាំង ១០ ដែលប្រកបដោយធម៌នេះ ចំពោះនិគ្គណ្ឋនាដបុត្តរួចហើយ ក៏ក្រោកចាកអាសនៈ ចេញទៅ។

ចប់ សូត្រ ទី៨។

(អចេលកស្សប)សូត្រ ទី៩

(៩. អចេលកស្សបសុត្តំ)

[២២២] សម័យនោះឯង អចេលកស្សប ជាសំឡាញ់ កាលនៅជាគ្រហស្ថពីដើម របស់ចិត្តគហបតី បានមកដល់ដងព្រៃមច្ឆិកា។ ចិត្តគហបតី បានឮដំណឹងថា អចេលកស្សប ជាសំឡាញ់កាលនៅជាគ្រហស្ថពីដើម របស់យើង បានមកដល់ដងព្រៃមច្ឆិកាហើយ។ លំដាប់នោះ ចិត្តគហបតី ក៏ចូលទៅរកអចេលកស្សប លុះចូលទៅដល់ហើយ ក៏ធ្វើនូវសេចក្តីរីករាយ ជាមួយនឹងអចេលកស្សប លុះបញ្ចប់ពាក្យ ដែលគួររីករាយ គួររឭកហើយ ក៏អង្គុយក្នុងទីដ៏សមគួរ។ លុះចិត្តគហបតី អង្គុយក្នុងទីដ៏សមគួរហើយ ក៏សួរទៅអចេលកស្សប ដូច្នេះថា បពិត្រកស្សបដ៏ចំរើន លោកបួសអស់កាលយូរ ប៉ុន្មានហើយ។ ម្នាលគហបតី យើងបួសបាន ៣០ វស្សាហើយ។ បពិត្រលោកដ៏ចំរើន ចុះឧត្តរិមនុស្សធម៌នីមួយ ដ៏វិសេស ដោយញាណទស្សនៈ អាចធ្វើនូវភាព ជាព្រះអរិយៈ ជាគ្រឿងនៅសប្បាយ លោកបានត្រាស់ដឹងហើយ ដោយអំណាចវស្សា ទាំង ៣០ នេះ ដែរឬ។ ម្នាលគហបតី វៀរលែងតែការអាក្រាត និងកោរត្រងោល និងបោសធូលី ដោយអម្បោសកន្ទុយក្ងោកចេញ ឧត្តរិមនុស្សធម៌នីមួយ ដ៏វិសេស ដោយញាណទស្សនៈ អាចធ្វើនូវភាពជាព្រះអរិយៈ ជាគ្រឿងនៅសប្បាយ យើងមិនបានត្រាស់ដឹង ដោយអំណាចវស្សា ទាំង ៣០ នេះឡើយ។

[២២៣] កាលបើអចេលកស្សបពោលយ៉ាងនេះ ចិត្តគហបតី ក៏ពោលទៅនឹងអចេលកស្សប ដូច្នេះថា អើហ្ន៎ អស្ចារ្យណាស់ អើហ្ន៎ ចំឡែកពេកណាស់ ដោយសភាពនៃធម៌ ដែលលោកពោល ដោយប្រពៃថា វៀរលែងតែការអាក្រាត និងកោរត្រងោល និងការបោសធូលី ដោយអម្បោសកន្ទុយក្ងោកចេញ ឧត្តរិមនុស្សធម៌នីមួយ ដ៏វិសេស ដោយញាណទស្សនៈ អាចធ្វើនូវភាពជាព្រះអរិយៈ ជាគ្រឿងនៅសប្បាយ យើងមិនបានត្រាស់ដឹង ដោយអំណាចវស្សា ទាំង ៣០ នេះឡើយ។ ម្នាលគហបតី ចុះអ្នកបានចូលមក ជាឧបាសក អស់កាលយូរប៉ុន្មានហើយ។ បពិត្រលោកដ៏ចំរើន យើងបានចូលមកជាឧបាសក ៣០ ឆ្នាំមកហើយ។ ម្នាលគហបតី ចុះឧត្តរិមនុស្សធម៌នីមួយ ដ៏វិសេស ដោយញាណទស្សនៈ អាចធ្វើនូវភាពជាព្រះអរិយៈ ជាគ្រឿងនៅសប្បាយ អ្នកបានត្រាស់ដឹងហើយ ដោយអំណាចឆ្នាំ ទាំង ៣០ នេះដែរឬ។ បពិត្រលោកដ៏ចំរើន ឧត្តរិមនុស្សធម៌ គង់មានដល់គ្រហស្ថខ្លះដែរ បពិត្រលោកដ៏ចំរើន ព្រោះថាខ្ញុំប្រាថ្នាស្ងាត់ចាកកាម ស្ងាត់ចាកអកុសលធម៌ទាំងឡាយ ក៏បានដល់នូវបឋមជ្ឈាន ប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ មានបីតិ និងសុខ កើតអំពីសេចក្តីស្ងាត់ ប្រព្រឹត្តនៅ គ្រប់ឥរិយាបថ កំណត់ត្រឹមណា។ បពិត្រលោកដ៏ចំរើន ខ្ញុំប្រាថ្នារម្ងាប់នូវវិតក្កៈ និងវិចារៈ បានដល់នូវទុតិយជ្ឈាន ប្រព្រឹត្តនៅ គ្រប់ឥរិយាបថ កំណត់ត្រឹមណា។ បពិត្រលោកដ៏ចំរើន ខ្ញុំប្រាថ្នានឿយណាយ ចាកបីតិ។ បេ។ បានដល់នូវតតិយជ្ឈាន ប្រព្រឹត្តនៅ គ្រប់ឥរិយាបថ កំណត់ត្រឹមណា។ បពិត្រលោកដ៏ចំរើន ខ្ញុំប្រាថ្នាលះបង់សុខ។ បេ។ បានដល់នូវចតុត្ថជ្ឈាន ប្រព្រឹត្តនៅ គ្រប់ឥរិយាបថ កំណត់ត្រឹមណា។ បពិត្រលោកដ៏ចំរើន ប្រសិនបើខ្ញុំព្យាករមុនព្រះដ៏មានព្រះភាគ។ ព្រះដ៏មានព្រះភាគ ព្យាករនូវខ្ញុំ យ៉ាងនេះថា ចិត្តគហបតី ប្រកបដោយសញ្ញោជនៈឯណា ហើយគប្បីមកកាន់លោកនេះវិញ សញ្ញោជនៈនោះ មិនមានឡើយ ដូច្នេះ ដោយហេតុឯណា ហេតុនោះ មិនជាអស្ចារ្យឡើយ។

[២២៤] កាលបើចិត្តគហបតីពោលយ៉ាងនេះ អចេលកស្សប ក៏ពោលទៅនឹងចិត្តគហបតី ដូច្នេះថា អើហ្ន៎ អស្ចារ្យពេកណាស់ អើហ្ន៎ ចំឡែកពេកណាស់ ដោយសភាព នៃធម៌ ដែលគហបតី ពោលដោយប្រពៃ ព្រោះថា គ្រហស្ថស្លៀកស ក៏គង់បានត្រាស់ដឹង នូវឧត្តរិមនុស្សធម៌ ដ៏វិសេស ដោយញាណទស្សនៈ អាចធ្វើនូវភាពជាព្រះអរិយៈ ជាគ្រឿងនៅសប្បាយ មានសភាព ដូច្នេះដែរ ម្នាលគហបតី យើងគប្បីបាននូវបព្វជ្ជា បាននូវឧបសម្បទា ក្នុងធម៌វិន័យនេះ។ លំដាប់នោះ ចិត្តគហបតី នាំយកអចេលកស្សប ចូលទៅរកពួកភិក្ខុជាថេរៈ លុះចូលទៅដល់ហើយ ក៏ពោលទៅនឹងពួកភិក្ខុជាថេរៈ ដូច្នេះថា បពិត្រព្រះករុណាដ៏ចំរើន អចេលកស្សបនេះ ជាសំឡាញ់ កាលនៅជាគ្រហស្ថពីដើម របស់យើង សូមព្រះថេរៈទាំងឡាយ ឲ្យអចេលកស្សបនេះ បានបព្វជ្ជា បានឧបសម្បទាផង ខ្ញុំព្រះករុណា នឹងធ្វើនូវសេចក្តីខ្វល់ខ្វាយ ដោយចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ ដល់អចេលកស្សបនេះ។ អចេលកស្សប ក៏បាននូវបព្វជ្ជា បាននូវឧបសម្បទា ក្នុងធម៌វិន័យនេះ។ ព្រះកស្សបដ៏មានអាយុ លុះបានឧបសម្បទាហើយ មិនយូរប៉ុន្មាន ក៏ចៀសចេញទៅ តែម្នាក់ឯង មិនប្រមាទ មានព្យាយាម ជាគ្រឿងដុតកំដៅនូវកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន កុលបុត្តទាំងឡាយ ចេញចាកផ្ទះ ចូលកាន់ផ្នួសដោយប្រពៃ ដើម្បីប្រយោជន៍ ដល់អនុត្តរធម៌ឯណា មិនយូរប៉ុន្មាន ក៏បានធ្វើឲ្យជាក់ច្បាស់ សម្រេចដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន នូវអនុត្តរធម៌នោះ ជាទីបំផុត នៃព្រហ្មចរិយ ហើយបានដឹងច្បាស់ថា ជាតិអស់ហើយ មគ្គព្រហ្មចរិយ អាត្មាអញ បានប្រព្រឹត្តគ្រប់គ្រាន់ហើយ សោឡសកិច្ច អាត្មាអញ បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ បណ្តាព្រះអរហន្តទាំងឡាយ ព្រះកស្សបដ៏មានអាយុ ក៏ជាព្រះអរហន្តមួយដែរ។

ចប់ សូត្រ ទី៩។

(គិលានទស្សន)សូត្រ ទី១០

(១០. គិលានទស្សនសុត្តំ)

[២២៥] សម័យនោះឯង ចិត្តគហបតីមានអាពាធ ដល់នូវសេចក្តីទុក្ខឈឺធ្ងន់។ គ្រានោះ ពួកទេវតាច្រើន គឺ អារាមទេវតា12) វនទេវតា13) រុក្ខទេវតា14) និងពួកទេវតា ដែលនៅអាស្រ័យឰដ៏ស្មៅ និងដើមឈើសម្រាប់ធ្វើថ្នាំ មកសមាគមប្រជុំគ្នាហើយ ក៏ពោលទៅនឹងចិត្តគហបតី ដូច្នេះថា ម្នាលគហបតី អ្នកចូរតាំងសេចក្តីប្រាថ្នាថា អាត្មាអញ គប្បីបានជាស្តេចចក្រពត្តិ ក្នុងកាលជាអនាគតចុះ។ កាលបើពួកទេវតា ពោលយ៉ាងនេះ ចិត្តគហបតី ក៏ពោលតប ទៅនឹងពួកអារាមទេវតា វនទេវតា រុក្ខទេវតា និងពួកទេវតា ដែលនៅអាស្រ័យឰដ៏ស្មៅ និងដើមឈើសម្រាប់ធ្វើថ្នាំ (ទាំងនោះ) ដូច្នេះថា របស់នោះ មិនទៀងទេ របស់នោះមិ នឋិតឋេរទេ បុគ្គលត្រូវតែលះបង់របស់នោះទៅ (កាន់បរលោក)។

[២២៦] កាលបើចិត្តគហបតីពោលយ៉ាងនេះ ពួកមិត្តអាមាត្យ និងញាតិសាលោហិត របស់ចិត្តគហបតី ក៏ពោលទៅនឹងចិត្តគហបតី ដូច្នេះថា នែអយ្យបុត្ត អ្នកចូរប្រុងស្មារតី កុំរវើរវាយឡើយ។ ចិត្តគហបតីពោលថា ចុះខ្ញុំពោលដូចម្តេច បានជាអ្នកទាំងឡាយ ពោលមកនឹងខ្ញុំ យ៉ាងនេះថា នែអយ្យបុត្ត អ្នកចូរប្រុងស្មារតី កុំរវើរវាយឡើយ។ នែអយ្យបុត្ត អ្នកពោលយ៉ាងនេះថា របស់នោះ មិនទៀងទេ របស់នោះ មិនឋិតឋេរទេ បុគ្គល ត្រូវតែលះបង់របស់នោះ ទៅ (កាន់បរលោក)។ ដូច្នោះមែនហើយ ព្រោះពួកអារាមទេវតា វនទេវតា រុក្ខទេវតា និងពួកទេវតា ដែលនៅអាស្រ័យឰដ៏ស្មៅ និងដើមឈើសម្រាប់ធ្វើថ្នាំ ពោលប្រាប់ខ្ញុំ យ៉ាងនេះថា ម្នាលគហបតី អ្នកចូរតាំងសេចក្តីប្រាថ្នាថា អាត្មាអញ គប្បីបានជាស្តេចចក្រពត្តិ ក្នុងកាលជាអនាគតចុះ។ ខ្ញុំក៏ពោលតប ទៅនឹងពួកទេវតាទាំងនោះ យ៉ាងនេះថា របស់នោះ មិនទៀងទេ របស់នោះ មិនឋិតឋេរទេ បុគ្គល ត្រូវតែលះបង់របស់នោះ ទៅ ( កាន់បរលោក)។ នែអយ្យបុត្ត ចុះពួកអារាមទេវតា វនទេវតា រុក្ខទេវតា និងពួកទេវតា ដែលនៅអាស្រ័យឰដ៏ស្មៅ និងដើមឈើសម្រាប់ធ្វើថ្នាំទាំងនោះ ឃើញនូវអំណាចប្រយោជន៍ ដូចម្តេច បានជាពោល យ៉ាងនេះថា ម្នាលគហបតី អ្នកចូរតាំងសេចក្តីប្រាថ្នាថា អាត្មាអញ គប្បីបានជាស្តេចចក្រពត្តិ ក្នុងកាលជាអនាគតចុះ ដូច្នេះ។ ពួកអារាមទេវតា វនទេវតា រុក្ខទេវតា និងពួកទេវតា ដែលអាស្រ័យនៅឰដ៏ស្មៅ និងដើមឈើសម្រាប់ធ្វើថ្នាំទាំងនោះ មានសេចក្តីត្រិរិះ យ៉ាងនេះថា ចិត្តគហបតីនេះ មានសីល មានធម៌ល្អ បើគាត់នឹងតាំងសេចក្តីប្រាថ្នាថា អាត្មាអញ គប្បីបានជាស្តេចចក្រពត្តិ ក្នុងកាលជាអនាគត (ក៏បាន)។ ឯសេចក្តីប្រាថ្នាក្នុងចិត្តនេះ របស់ចិត្តគហបតី ដែលមានសីលនោះ នឹងសម្រេចព្រោះសីលបរិសុទ្ធ បុគ្គលប្រកបដោយធម៌ និងថែមឲ្យនូវកម្លាំង ដ៏ប្រកបដោយធម៌។ ពួកអារាមទេវតា វនទេវតា រុក្ខទេវតា និងពួកទេវតា ដែលអាស្រ័យនៅឰដ៏ស្មៅ និងដើមឈើសម្រាប់ធ្វើថ្នាំទាំងនោះ ឃើញនូវអំណាចប្រយោជន៍នេះឯង បានជាពោល យ៉ាងនេះថា ម្នាលគហបតី អ្នកចូរតាំងសេចក្តីប្រាថ្នាថា អាត្មាអញ គប្បីបានជាស្តេចចក្រពត្តិ ក្នុងកាលជាអនាគតចុះ។ ខ្ញុំក៏ពោលតប ទៅនឹងទេវតាទាំងនោះ យ៉ាងនេះថា របស់នោះ មិនទៀងទេ របស់នោះមិនឋិតឋេរទេ បុគ្គល ត្រូវតែលះបង់របស់នោះ ទៅ (កាន់បរលោក)។ នែអយ្យបុត្ត បើដូច្នោះ ចូរអ្នកទូន្មានយើងទាំងឡាយផង។

[២២៧] ព្រោះហេតុនោះ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះថា យើងទាំងឡាយ នឹងប្រកបដោយសេចក្តីជ្រះថ្លា មិនកម្រើក ក្នុងព្រះពុទ្ធថា ព្រះដ៏មានព្រះភាគ អង្គនោះ ជាអរហន្ត សម្មាសម្ពុទ្ធ បរិបូណ៌ ដោយវិជ្ជា និងចរណៈ ទ្រង់មានដំណើរល្អ ស្តេចទៅកាន់ព្រះនិព្វាន ទ្រង់ជ្រាបច្បាស់ នូវត្រៃលោក ទ្រង់ប្រសើរដោយសីលាទិគុណ ជាអ្នកទូន្មាន នូវបុរសដែលគួរទូន្មាន ជាសាស្តាចារ្យ នៃទេវតា និងមនុស្សទាំងឡាយ ទ្រង់ត្រាស់ដឹង នូវចតុរារិយសច្ច ទ្រង់ខ្ជាក់ចោលនូវត្រៃភព។ យើងទាំងឡាយ នឹងប្រកបដោយសេចក្តី ជ្រះថ្លាមិនកម្រើក ក្នុងព្រះធម៌ថា ព្រះបរិយត្តិធម៌ ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយ ដោយប្រពៃ ព្រះ (នព្វលោកុត្តរធម៌) ជាធម៌ ដែលព្រះអរិយបុគ្គលឃើញច្បាស់ ដោយខ្លួនឯង ជាធម៌ ឲ្យនូវផលមិនរង់ចាំកាល ជាធម៌គួរនឹងហៅបុគ្គលដទៃ ឲ្យចូលមកមើលបាន ជាធម៌ ដែលព្រះអរិយបុគ្គល គប្បីបង្អោនចូលមកទុកក្នុងខ្លួន ជាធម៌ ដែលអ្នកប្រាជ្ញទាំងឡាយ គប្បីដឹងច្បាស់ ក្នុងចិត្តនៃខ្លួន។ យើងទាំងឡាយ នឹងប្រកបដោយសេចក្តីជ្រះថ្លា មិនកម្រើក ក្នុងព្រះសង្ឃថា ព្រះសង្ឃសាវក នៃព្រះដ៏មានព្រះភាគ លោកប្រតិបត្តិប្រពៃ ព្រះសង្ឃសាវក នៃព្រះដ៏មានព្រះភាគ លោកប្រតិបត្តិត្រង់ ព្រះសង្ឃសាវក នៃព្រះដ៏មានព្រះភាគ លោកប្រតិបត្តិដើម្បីព្រះនិព្វាន ព្រះសង្ឃសាវក នៃព្រះដ៏មានព្រះភាគ លោកប្រតិបត្តិ ដ៏សមគួរ ព្រះសង្ឃឯណា បើរាប់ជាគូ នៃបុរស មាន ៤ បើរាប់រៀងជាបុរសបុគ្គល មាន ៨ ព្រះសង្ឃនុ៎ះ ជាសង្ឃសាវក នៃព្រះដ៏មានព្រះភាគ លោកគួរទទួល នូវចតុប្បច្ច័យ ដែលគេនាំមកបូជា គួរទទួល នូវអគន្តុកទាន គួរទទួលនូវទាន ដែលបុគ្គលជឿ នូវកម្ម និងផលនៃកម្ម ហើយនាំមកបូជា គួរដល់អញ្ជលិកម្ម ជាស្រែបុណ្យ នៃសត្វលោក រកស្រែដទៃក្រៃលែងជាងគ្មាន។ មួយទៀត ទេយ្យធម៌ឯណាបន្តិចបន្តួច ក្នុងត្រកូល ទេយ្យធម៌ទាំងអស់នោះ បុគ្គលអ្នកមានសីល មានធម៌ល្អ មិនមានចែកមុខឡើយ។ អ្នកទាំងឡាយ គប្បីសិក្សា យ៉ាងនេះចុះ។ លំដាប់នោះ ចិត្តគហបតី លុះញុំាងមិត្តអាមាត្យ និងញាតិសាលោហិត ឲ្យទទួលប្រតិបត្តិ ក្នុងព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ និងការបរិច្ចាគ រួចហើយ ក៏ធ្វើមរណកាលទៅ។

ចប់ ចិត្តគហបតិបុប្ផាសំយុត្ត។

ឧទ្ទាននៃចិត្តគហបតិបុប្ផាសំយុត្តិនោះគឺ

និយាយអំពីសញ្ញោជនៈ ១ ព្រះឥសិទត្ត ២ លើក ព្រះមហកៈ ១ ព្រះកាមភូ ១ ព្រះគោទត្ត ១ និគ្គណ្ឋនាដបុត្ត ១ អចេលកស្សប ១ ចិត្តគហបតិឈឺ ១។

គាមណិសំយុត្ត (ទី៨)

(៨. គាមណិសំយុត្តំ)

(ចណ្ឌ)សូត្រ ទី១

(១. ចណ្ឌសុត្តំ)

[២២៨] គ្រានោះ គាមណី15) ឈ្មោះ ចណ្ឌ16) ចូលទៅរកព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះចណ្ឌគាមណី អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ហេតុដូចម្តេច បច្ច័យដូចម្តេច ដែលនាំឲ្យគេរាប់បុគ្គលពួកមួយ ក្នុងលោកនេះថា ជាអ្នកកាច អ្នកកាច បពិត្រព្រះអង្គដ៏ចំរើន ចុះហេតុដូចម្តេច បច្ច័យដូចម្តេច ដែលនាំឲ្យគេរាប់បុគ្គលពួកមួយ ក្នុងលោកនេះថា ជាអ្នកស្លូត អ្នកស្លូត។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលគាមណី បុគ្គលពួកមួយ ក្នុងលោកនេះ មិនទាន់លះបង់រាគៈ ព្រោះតែមិនទាន់លះបង់រាគៈ បានជាពួកជនដទៃ រមែងធ្វើបុគ្គលនោះ ឲ្យក្រោធបាន កាលបើពួកជនដទៃ ធ្វើឲ្យក្រោធហើយ ក៏រមែងធ្វើសេចក្តីក្រោធ ឲ្យប្រាកដឡើង បុគ្គលនោះ ទើបរាប់ថា ជាអ្នកកាច។ បុគ្គលដែលមិនទាន់លះបង់ទោសៈ ព្រោះតែមិនទាន់លះបង់ទោសៈ បានជាពួកជនដទៃ រមែងធ្វើឲ្យក្រោធបាន កាលបើពួកជនដទៃ ធ្វើឲ្យក្រោធហើយ ក៏រមែងធ្វើសេចក្តីក្រោធ ឲ្យប្រាកដឡើង បុគ្គលនោះ ទើបរាប់ថា ជាអ្នកកាច។ បុគ្គលដែលមិនទាន់លះបង់មោហៈ ព្រោះតែមិនទាន់លះបង់មោហៈ បានជាពួកជនដទៃ រមែងធ្វើឲ្យក្រោធបាន កាលបើពួកជនដទៃ ធ្វើឲ្យក្រោធហើយ ក៏រមែងធ្វើសេចក្តីក្រោធ ឲ្យប្រាកដឡើង បុគ្គលនោះ ទើបរាប់ថា ជាអ្នកកាច។ ម្នាលគាមណី ហេតុនេះឯង បច្ច័យនេះឯង ដែលនាំឲ្យរាប់បុគ្គលពួកមួយ ក្នុងលោកនេះ ថាជាអ្នកកាច អ្នកកាច។

[២២៩] ម្នាលគាមណី បុគ្គលពួកមួយទៀតក្នុងលោកនេះ ជាអ្នកលះបង់រាគៈហើយ ព្រោះតែលះបង់រាគៈ បានជាពួកជនដទៃ ធ្វើឲ្យក្រោធមិនបាន ទោះបីពួកជនដទៃ ធ្វើឲ្យក្រោធ ក៏មិនធ្វើសេចក្តីក្រោធឲ្យប្រាកដ បុគ្គលនោះ ទើបរាប់ថា ជាអ្នកស្លូត។ បុគ្គលដែលបានលះបង់ទោសៈ ព្រោះតែលះបង់ទោសៈ បានជាពួកជនដទៃ ធ្វើឲ្យក្រោធមិនបាន ទោះបីពួកជនដទៃ ធ្វើឲ្យក្រោធក៏មិនធ្វើសេចក្តីក្រោធឲ្យប្រាកដ បុគ្គលនោះ ទើបរាប់ថា ជាអ្នកស្លូត។ បុគ្គលដែលបានលះបង់មោហៈ ព្រោះតែលះបង់មោហៈ បានជាពួកជនដទៃ ធ្វើឲ្យក្រោធមិនបាន ទោះបីពួកជនដទៃ ធ្វើឲ្យក្រោធ ក៏មិនធ្វើសេចក្តីក្រោធ ឲ្យប្រាកដ បុគ្គលនោះ ទើបរាប់ថា ជាអ្នកស្លូត ម្នាលគាមណី ហេតុនេះឯង បច្ច័យនេះឯង ដែលនាំឲ្យគេរាប់បុគ្គលពួកមួយ ក្នុងលោកនេះ ថាជាអ្នកស្លូត អ្នកស្លូត។

[២៣០] កាលបើព្រះដ៏មានព្រះភាគ ទ្រង់សំដែងយ៉ាងនេះហើយ ចណ្ឌគាមណី ក៏ពោលសរសើរព្រះដ៏មានព្រះភាគ ដូច្នេះថា ច្បាស់ណាស់ព្រះអង្គ ច្បាស់ណាស់ព្រះអង្គ បពិត្រព្រះអង្គដ៏ចំរើន ដូចគេផ្ងារ របស់ដែលផ្កាប់ ឬបើករបស់ដែលកំបាំង ឬក៏ប្រាប់ផ្លូវ ដល់អ្នកវង្វេង ពុំនោះ ដូចគេទ្រោលប្រទីប ក្នុងទីងងឹត ឲ្យអ្នកមានចក្ខុមើលឃើញរូបបាន យ៉ាងណាមិញ។ ធម៌ ដែលព្រះអង្គប្រកាសហើយ ដោយអនេកបរិយាយ ក៏យ៉ាងនោះដែរ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនេះ សូមដល់នូវព្រះដ៏មានបុណ្យផង នូវព្រះធម៌ផង នូវព្រះភិក្ខុសង្ឃផង ជាទីពឹងទីរឭក បពិត្រព្រះអង្គដ៏ចំរើន សូមព្រះអង្គ ចាំទុកនូវខ្ញុំព្រះអង្គ ថាជាឧបាសក អ្នកដល់នូវសរណគមន៍ស្មើដោយជីវិត ចាប់ដើមពីថ្ងៃនេះតទៅ។

ចប់ សូត្រ ទី១។

(តាលបុដ)សូត្រ ទី២

(២. តាលបុដសុត្តំ)

[២៣១] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវន ជាកលន្ទកនិវាបស្ថាន ទៀបក្រុងរាជគ្រឹះ។ គ្រានោះ នដគាមណី17) ឈ្មោះ តាលបុត្ត ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះតាលបុត្តនដគាមណី អង្គុយក្នុងទីសមគួរហើយ ក៏បានក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ បានឮពាក្យរបស់ពួកអ្នកលេងរបាំ ជាអាចារ្យប្រធានលើអាចារ្យ ក្នុងកាលមុន និយាយថា អ្នកលេងរបាំឯណា ធ្វើអ្នកផង ឲ្យស្រស់ស្រាយ ឲ្យត្រេកអរ ដោយពាក្យពិត ឬពាក្យឡេះឡោះ ក្នុងកណ្តាលរឿណរង្គ ក្នុងកណ្តាលមហោស្រព អ្នកលេងរបាំនោះ លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើតជាមួយនឹងពួកបហាសទេវតា។ ក្នុងរឿងនេះ តើព្រះដ៏មានព្រះភាគ ត្រាស់ដូចម្តេច។ ព្រះអង្គត្រាស់ថា ណ្ហើយគាមណី រឿងនុ៎ះ លើកទុកចុះ អ្នកកុំសួររឿងនុ៎ះនឹងតថាគតឡើយ។

[២៣២] តាលបុត្តនដគាមណី ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ អស់វារៈ ២ ដង ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ បានឮពាក្យរបស់ពួកអ្នកលេងរបាំ អាចារ្យ ប្រធានលើអាចារ្យ ក្នុងកាលមុននិយាយថា អ្នកលេងរបាំឯណា ធ្វើអ្នកផង ឲ្យស្រស់ស្រាយ ឲ្យត្រេកអរ ដោយពាក្យពិត ឬពាក្យឡេះឡោះ ក្នុងកណ្តាលរឿណរង្គ ក្នុងកណ្តាលមហោស្រព អ្នកលេងរបាំនោះ លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើតជាមួយនឹងពួកបហាសទេវតា។ ក្នុងរឿងនេះ តើព្រះអង្គត្រាស់ដូចម្តេច។ ណ្ហើយ គាមណី រឿងនុ៎ះលើកទុកចុះ អ្នកកុំសួររឿងនុ៎ះនឹងតថាគតឡើយ។ តាលបុត្តនដគាមណី ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ អស់វារៈ ៣ ដង ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ បានឮពាក្យរបស់ពួកអ្នកលេងរបាំ ជាអាចារ្យប្រធានលើអាចារ្យ ក្នុងកាលមុន និយាយថា អ្នកលេងរបាំឯណា ធ្វើអ្នកផងឲ្យស្រស់ស្រាយ ឲ្យត្រេកអរ ដោយពាក្យពិត ឬពាក្យឡេះឡោះ ក្នុងកណ្តាលរឿណរង្គ ក្នុងកណ្តាលមហោស្រព អ្នកលេងរបាំនោះ លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើតជាមួយនឹងពួកបហាសទេវតា។ ក្នុងរឿងនេះ តើព្រះអង្គត្រាស់ដូចម្តេច។

[២៣៣] ម្នាលគាមណី តថាគតមិនបានដោះស្រាយនឹងអ្នកជាប្រាកដ ព្រោះតថាគត បានឃាត់អ្នកហើយថា ណ្ហើយគាមណី រឿងនុ៎ះលើកទុកចុះ អ្នកកុំសួររឿងនោះ នឹងតថាគតឡើយ។ ប៉ុន្តែបើអ្នកចេះតែសួរ តថាគត នឹងសំដែងឲ្យស្តាប់។ ម្នាលគាមណី កាលពីមុន ដែលពួកសត្វមិនទាន់ប្រាសចាករាគៈ ជាសត្វជាប់ចំណង គឺរាគៈ បណ្តាអ្នកលេងរបាំទាំងនោះ អ្នកលេងរបាំ តែងប្រមូលយកធម៌ ដែលជាបច្ច័យឲ្យកើតរាគៈ ដើម្បីឲ្យរឹងរឹតតែប្រកបដោយរាគៈ ក្នុងកណ្តាលរឿណរង្គ ក្នុងកណ្តាលមហោស្រព។ ម្នាលគាមណី កាលពីមុន ដែលពួកសត្វមិនទាន់ប្រាសចាកទោសៈ ជាសត្វជាប់ចំណង គឺទោសៈ បណ្តាអ្នកលេងរបាំទាំងនោះ អ្នកលេងរបាំ តែងប្រមូលយកធម៌ ដែលជាបច្ច័យ ឲ្យកើតទោសៈ ដើម្បីឲ្យរឹងរឹតតែប្រកបដោយទោសៈ ក្នុងកណ្តាលរឿណរង្គ ក្នុងកណ្តាលមហោស្រព។ ម្នាលគាមណី កាលពីមុន ដែលពួកសត្វមិនទាន់ប្រាសចាកមោហៈ ជាសត្វជាប់ចំណង គឺមោហៈ បណ្តាអ្នកលេងរបាំទាំងនោះ អ្នកលេងរបាំ តែងប្រមូលយកធម៌ ដែលជាបច្ច័យឲ្យកើតមោហៈ ដើម្បីឲ្យរឹងរឹតតែប្រកបដោយមោហៈ ក្នុងកណ្តាលរឿណរង្គ ក្នុងកណ្តាលមហោស្រព។ អ្នកលេងរបាំនោះ ជាអ្នកស្រវឹង ជាអ្នកប្រមាទ ដោយខ្លួនឯង ឋិតនៅក្នុងសេចក្តីប្រមាទ លុះបែកធ្លាយរាងកាយស្លាប់ទៅ តែងទៅកើតឯបហាសនរក។ បើគេមានសេចក្តីយល់ យ៉ាងនេះថា អ្នកលេងរបាំ ឯណា ធ្វើអ្នកផងឲ្យស្រស់ស្រាយ ឲ្យត្រេកអរ ដោយពាក្យពិត ឬពាក្យឡេះឡោះ ក្នុងកណ្តាលរឿណរង្គ ក្នុងកណ្តាលមហោស្រព អ្នកលេងរបាំនោះ លុះបែកធ្លាយរាងកាយស្លាប់ទៅ តែងទៅកើតជាមួយនឹងបហាសទេវតា ដូច្នេះ។ សេចក្តីយល់នោះ របស់បុគ្គលនោះ ឈ្មោះថា មិច្ឆាទិដ្ឋិ។ ម្នាលគាមណី មួយទៀត បុរសបុគ្គល ជាមិច្ឆាទិដ្ឋិ តថាគតពោលថា មានគតិតែ ២ យ៉ាង គឺ នរក ឬតិរច្ឆានណាមួយមិនខាន។

[២៣៤] កាលព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ តាលបុត្តនដគាមណី ក៏យំសម្រក់ទឹកភ្នែក។ ព្រះអង្គត្រាស់ថា ម្នាលគាមណី តថាគតមិនបានថាឲ្យអ្នកឯង យ៉ាងនោះទេ ណ្ហើយគាមណី រឿងនុ៎ះលើកទុកចុះ អ្នកឯងកុំសួររឿងនុ៎ះនឹងតថាគតឡើយ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ មិនយំពីព្រោះរឿង ដែលទ្រង់ត្រាស់នឹងខ្ញុំព្រះអង្គ យ៉ាងនោះទេ។ បពិត្រព្រះអង្គដ៏ចំរើន ដ្បិតពួកអ្នកលេងរបាំ ជាអាចារ្យប្រធានលើអាចារ្យជាន់មុន បោកបញ្ឆោត កុហកខ្ញុំព្រះអង្គ អស់កាលជាយូរអង្វែងហើយថា អ្នកលេងរបាំឯណា ធ្វើអ្នកផងឲ្យស្រស់ស្រាយ ឲ្យត្រេកអរ ដោយពាក្យពិត ឬពាក្យឡេះឡោះ ក្នុងកណ្តាលរឿណរង្គ ក្នុងកណ្តាលមហោស្រព បុគ្គលនោះ លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើតជាមួយនឹងបហាសទេវតា។ តាលបុត្តនដគាមណី ពោលសរសើរព្រះដ៏មានព្រះភាគថា ច្បាស់ណាស់ព្រះអង្គ ច្បាស់ណាស់ព្រះអង្គ បពិត្រព្រះអង្គដ៏ចំរើន ដូចគេផ្ងាររបស់ដែលផ្កាប់ ឬបើករបស់ដែលកំបាំង ឬប្រាប់ផ្លូវ ដល់មនុស្សវង្វេង ពុំនោះ ដូចគេទ្រោលប្រទីបប្រេង ក្នុងទីងងឹត ឲ្យអ្នកមានភ្នែក មើលឃើញរូបបាន យ៉ាងណាមិញ។ ធម៌ដែលព្រះដ៏មានព្រះភាគ ប្រកាសហើយ ដោយអនេកបរិយាយ ក៏យ៉ាងនោះដែរ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនេះ សូមដល់នូវព្រះដ៏មានបុណ្យផង ព្រះធម៌ផង ព្រះភិក្ខុសង្ឃផង ជាទីពឹង ទីរឭក បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ គួរបានបព្វជ្ជា គួរបានឧបសម្បទា ក្នុងសំណាក់ព្រះដ៏មានបុណ្យ។ តាលបុត្តនដគាមណី ក៏បានបព្វជ្ជា បានឧបសម្បទា ក្នុងសំណាក់ព្រះដ៏មានបុណ្យ។ លុះព្រះតាលបុត្តដ៏មានអាយុ បានឧបសម្បទាមិនយូរប៉ុន្មាន ជាបុគ្គលម្នាក់ឯង ចេញចាកពួក មិនប្រមាទ មានព្យាយាមជាគ្រឿងដុតកំដៅកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន។បេ។ បណ្តាព្រះអរហន្តទាំងឡាយ ព្រះតាលបុត្តដ៏មានអាយុ ក៏ជាព្រះអរហន្តមួយអង្គដែរ។

ចប់ សូត្រ ទី២។

(យោធាជីវ)សូត្រ ទី៣

(៣. យោធាជីវសុត្តំ)

[២៣៥] គ្រានោះ យោធាជីវគាមណី18) ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់។ បេ។ លុះយោធាជីវគាមណី អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ បានឮពាក្យរបស់ពួកយោធាជីវៈ ជាអាចារ្យប្រធានលើអាចា្យជាន់មុន និយាយថា យោធាជីវៈឯណា ប្រឹងប្រែងព្យាយាម ក្នុងសង្រ្គាម ពួកជនដទៃ សំឡាប់បំផ្លាញ នូវយោធាជីវៈនោះ ដែលកំពុងប្រឹងប្រែងព្យាយាម យោធាជីវៈនោះ លុះបែកធ្លាយរាងកាយស្លាប់ទៅ តែងទៅកើតជាមួយនឹងពួកសរជិតទេវតា។ ក្នុងរឿងនេះ តើព្រះអង្គត្រាស់ដូចម្តេច។ ណ្ហើយគាមណី រឿងនុ៎ះលើកទុកចុះ អ្នកកុំសួររឿងនុ៎ះនឹងតថាគតឡើយ។ អស់វារៈ ២ ដង។បេ។ យោធាជីវគាមណី ក្រាបបង្គំទូលចំពោះព្រះដ៏មានបុណ្យ អស់វារៈ ៣ ដង ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ បានឮពាក្យរបស់ពួកយោធាជីវៈ ជាអាចារ្យប្រធាន លើអាចា្យជាន់មុន និយាយថា យោធាជីវៈឯណា ប្រឹងប្រែងព្យាយាម ក្នុងសង្រ្គាម ពួកជនដទៃ សំឡាប់បំផ្លាញ នូវយោធាជីវៈនោះ ដែលកំពុងប្រឹងប្រែងព្យាយាម យោធាជីវៈនោះ លុះទម្លាយរាងកាយស្លាប់ទៅ តែងទៅកើតជាមួយនឹងពួកសរជិតទេវតា។ ក្នុងរឿងនេះ តើព្រះអង្គត្រាស់ដូចម្តេច។ (ម្នាលគាមណី តថាគត មិនបានដោះស្រាយនឹងអ្នកជាប្រាកដ) ព្រោះតថាគត បានឃាត់អ្នកហើយថា ណ្ហើយ គាមណី រឿងនុ៎ះលើកទុកចុះ អ្នកកុំសួររឿងនុ៎ះនឹងតថាគតឡើយ។ ប៉ុន្តែបើអ្នកចេះតែសួរ តថាគតនឹងសំដែងឲ្យអ្នកស្តាប់។ ម្នាលគាមណី យោធាជីវៈឯណា ប្រឹងប្រែងព្យាយាមក្នុងសង្រ្គាម ចិត្តរបស់យោធាជីវៈនោះ កាលពីមុន តែងកាន់អំពើអាក្រក់ ដំកល់ទុកអាក្រក់ថា ចូរឲ្យពួកសត្វទាំងនេះស្លាប់ទៅ ហិនហោចទៅ សាបសូន្យទៅ វិនាសទៅ ឬថា កុំឲ្យមានឡើយ ដូច្នេះ។ ពួកជនដទៃ ក៏សំឡាប់បំផ្លាញយោធាជីវៈនោះ ដែលកំពុងប្រឹងប្រែង ព្យាយាម លុះយោធាជីវៈនោះ ទម្លាយរាងកាយស្លាប់ទៅ តែងទៅកើតក្នុងសរជិតនរក។ បើគេមានសេចក្តីយល់ យ៉ាងនេះថា យោធាជីវៈឯណា ប្រឹងប្រែងព្យាយាម ក្នុងសង្រ្គាម ពួកជនដទៃសំឡាប់បំផ្លាញយោធាជីវៈនោះ ដែលកំពុងប្រឹងប្រែងព្យាយាម ក្នុងសង្រ្គាម លុះយោធាជីវៈនោះ ទម្លាយរាងកាយស្លាប់ទៅ តែងទៅកើតជាមួយនឹងសរជិតទេវតា ដូច្នេះ។ សេចក្តីយល់នោះ របស់បុរសបុគ្គលនោះ ជាមិច្ឆាទិដ្ឋិ។ ម្នាលគាមណី មួយទៀត បុរសបុគ្គល ជាមិច្ឆាទិដ្ឋិ តថាគតពោលថា មានគតិតែ ២ យ៉ាង គឺ នរក ឬតិរច្ឆានណាមួយមិនខាន។

[២៣៦] កាលព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ យោធាជីវគាមណី ក៏យំសម្រក់ទឹកភ្នែក។ ព្រះអង្គត្រាស់ថា ម្នាលគាមណី តថាគតមិនបានថា ឲ្យអ្នកឯងយ៉ាងនោះទេ ណ្ហើយគាមណី រឿងនុ៎ះលើកទុកចុះ អ្នកកុំសួររឿងនុ៎ះនឹងតថាគតឡើយ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គមិនយំពីព្រោះរឿង ដែលទ្រង់ត្រាស់ នឹងខ្ញុំព្រះអង្គ យ៉ាងនោះទេ។ បពិត្រព្រះអង្គដ៏ចំរើន ដ្បិតពួកយោធាជីវៈ ជាអាចារ្យ ប្រធានលើអាចារ្យជាន់មុន បោកបញ្ឆោតកុហក ខ្ញុំព្រះអង្គ អស់កាលជាយូរអង្វែងហើយថា យោធាជីវៈឯណា ប្រឹងប្រែងព្យាយាម ក្នុងសង្រ្គាម ពួកជនដទៃសំឡាប់បំផ្លាញ យោធាជីវៈនោះ ដែលកំពុងប្រឹងប្រែងព្យាយាម លុះយោធាជីវៈនោះ ទម្លាយរាងកាយ ស្លាប់ទៅ រមែងទៅកើតជាមួយនឹងពួកសរជិតទេវតា។ យោធាជីវៈគាមណី ពោលសរសើរព្រះដ៏មានព្រះភាគថា ភ្លឺច្បាស់ណាស់ព្រះអង្គ ភ្លឺច្បាស់ណាស់ព្រះអង្គ។ បេ។ ដល់នូវសរណគមន៍ ស្មើដោយជីវិត តាំងអំពីថ្ងៃនេះជាដើមទៅ។

ចប់ សូត្រ ទី៣។

(ហត្ថារោហ)សូត្រ ទី៤

(៤. ហត្ថារោហសុត្តំ)

[២៣៧] គ្រានោះ ហត្ថារោហគាមណី19) ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ។ បេ។ ដល់នូវសរណគមន៍ ស្មើដោយជីវិត តាំងអំពីថ្ងៃនេះ ជាដើមទៅ។

ចប់ សូត្រ ទី៤។

(អស្សារោហ)សូត្រ ទី៥

(៥. អស្សារោហសុត្តំ)

[២៣៨] គ្រានោះ អស្សារោហគាមណី ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ក៏អង្គុយក្នុងទីដ៏សមគួរ។ លុះអស្សារោហគាមណី អង្គុយក្នុងទីដ៏សមគួរហើយ ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ បានឮពាក្យរបស់ពួកអស្សារោហៈ ជាអាចារ្យប្រធានលើអាចារ្យជាន់មុន និយាយថា អស្សារោហៈឯណា ប្រឹងប្រែងព្យាយាមក្នុងសង្រ្គាម ពួកជនដទៃសំឡាប់បំផ្លាញ នូវអស្សារោហៈនោះ ដែលកំពុងប្រឹងប្រែងព្យាយាម លុះអស្សារោហៈនោះ ទម្លាយរាងកាយស្លាប់ទៅ តែងទៅកើតជាមួយនឹងពួកសរជិតទេវតា។ ក្នុងរឿងនេះ តើព្រះអង្គ ត្រាស់ដូចម្តេច។ ណ្ហើយគាមណី រឿងនុ៎ះលើកទុកចុះ អ្នកកុំសួររឿងនុ៎ះ នឹងតថាគតឡើយ។ អស់វារៈ ២ ដង។ បេ។ អស្សារោហគាមណី ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ អស់វារៈ ៣ ដង ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ បានឮពាក្យ របស់ពួកអស្សារោហៈ ជាអាចារ្យ ប្រធានលើអាចារ្យជាន់មុន និយាយដូច្នេះថា អស្សារោហៈឯណា ប្រឹងប្រែងព្យាយាមក្នុងសង្រ្គាម ពួកជនដទៃសំឡាប់បំផ្លាញ នូវអស្សារោហៈនោះ ដែលកំពុងប្រឹងប្រែងព្យាយាម លុះអស្សារោហៈនោះ ទម្លាយរាងកាយស្លាប់ទៅ តែងទៅកើតជាមួយនឹងពួកសរជិតទេវតា។ ក្នុងរឿងនេះ តើព្រះអង្គ ត្រាស់ដូចម្តេច។ ម្នាលគាមណី តថាគត មិនបានដោះស្រាយនឹងអ្នក ជាប្រាកដ ព្រោះ តថាគត ឃាត់អ្នកហើយថា ណ្ហើយគាមណី រឿងនុ៎ះលើកទុកចុះ អ្នកកុំសួររឿងនុ៎ះនឹងតថាគតឡើយ។ ប៉ុន្តែបើអ្នកចេះតែសួរ តថាគត នឹងសំដែងឲ្យអ្នកស្តាប់។ ម្នាលគាមណី អស្សារោហៈឯណា ប្រឹងប្រែងព្យាយាម ក្នុងសង្រ្គាម ចិត្តរបស់អស្សារោហៈនោះ កាលមុនតែងកាន់អំពើអាក្រក់ ដំកល់ទុកអាក្រក់ថា ចូរឲ្យពួកសត្វនេះស្លាប់ទៅ ហិនហោចទៅ សាបសូន្យទៅ វិនាសទៅ ឬថា កុំឲ្យមានឡើយ ដូច្នេះ។ ពួកជនដទៃ សំឡាប់បំផ្លាញ នូវអស្សារោហៈនោះ ដែលកំពុងប្រឹងប្រែងព្យាយាម លុះអស្សារោហៈនោះ ទម្លាយរាងកាយស្លាប់ទៅ រមែងទៅកើតក្នុងសរជិតនរក។ បើគេមានសេចក្តីយល់ យ៉ាងនេះថា អស្សារោហៈឯណា ប្រឹងប្រែងព្យាយាម ក្នុងសង្រ្គាម ពួកជនដទៃ សំឡាប់បំផ្លាញ នូវអស្សារោហៈនោះ ដែលកំពុងប្រឹងប្រែងព្យាយាម លុះអស្សារោហៈនោះ ទម្លាយរាងកាយស្លាប់ទៅ តែងទៅកើតជាមួយនឹងពួកសរជិតទេវតា ដូច្នេះ។ សេចក្តីយល់នោះ របស់បុរសបុគ្គលនោះ ជាមិច្ឆាទិដ្ឋិ។ ម្នាលគាមណី មួយទៀត បុរសបុគ្គល ជាមិច្ឆាទិដ្ឋិ តថាគតពោលថា មានគតិតែ ២ យ៉ាង គឺនរក ឬតិរច្ឆានណាមួយ មិនខាន។

[២៣៩] កាលព្រះដ៏មានព្រះភាគ ត្រាស់យ៉ាងនេះហើយ អស្សារោហគាមណី ក៏យំសម្រក់ទឹកភ្នែក។ ព្រះអង្គត្រាស់ថា ម្នាលគាមណី តថាគត មិនបានថាឲ្យអ្នកឯង យ៉ាងនោះទេ ណ្ហើយគាមណី រឿងនុ៎ះលើកទុកចុះ អ្នកកុំសួររឿងនុ៎ះនឹងតថាគតឡើយ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ មិនយំពីព្រោះតែរឿង ដែលទ្រង់ត្រាស់នឹងខ្ញុំព្រះអង្គយ៉ាងនោះទេ។ បពិត្រព្រះអង្គដ៏ចំរើន ដ្បិតពួកអស្សារោហៈ ជាអាចារ្យប្រធាន លើអាចារ្យជាន់មុន បោកបញ្ឆោត កុហកខ្ញុំព្រះអង្គ អស់កាលជាយូរអង្វែងហើយថា អស្សារោហៈឯណា ប្រឹងប្រែងព្យាយាម ក្នុងសង្រ្គាម ពួកជនដទៃ សំឡាប់បំផ្លាញ នូវអស្សារោហៈនោះ ដែលកំពុងប្រឹងប្រែងព្យាយាម លុះអស្សារោហៈនោះ ទម្លាយរាងកាយស្លាប់ទៅ រមែងទៅកើតជាមួយនឹងពួកសរជិតទេវតា។ អស្សារោហគាមណី ពោលសរសើរព្រះដ៏មានព្រះភាគថា ភ្លឺច្បាស់ណាស់ ព្រះអង្គ។ បេ។ ដល់នូវសរណគមន៍ ស្មើដោយជីវិត តាំងអំពីថ្ងៃនេះ ជាដើមទៅ។

ចប់ សូត្រ ទី៥។

(អសិពន្ធកបុត្ត)សូត្រ ទី៦

(៦. អសិពន្ធកបុត្តសុត្តំ)

[២៤០] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងបាវារិកម្ពវន ជិតក្រុងនាឡន្ទា។ គ្រានោះ គាមណីឈ្មោះ អសិពន្ធកបុត្ត ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះអសិពន្ធកបុត្តគាមណី អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ពួកព្រាហ្មណ៍ អ្នកនៅក្នុងស្រុកបច្ឆាភូមិ ជាអ្នកមានកំសៀវទឹក ជាងអ្នកស្រង់យកសារាយ មកប្រដាប់កាយ ជាអ្នកចុះត្រាំទឹក ជាអ្នកបំរើភ្លើង ពួកព្រាហ្មណ៍ទាំងនោះ ឈ្មោះថា ធ្វើមនុស្សដែលស្លាប់ហើយ ធ្វើមរណកាលហើយ ឲ្យក្រោកឡើង ឲ្យដឹងខ្លួន ឲ្យឡើងកាន់ឋានសួគ៌បាន។ បពិត្រព្រះអង្គដ៏ចំរើន ចុះព្រះដ៏មានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ តើអាចធ្វើសត្វលោកទាំងអស់ ដែលបែកធ្លាយរាងកាយស្លាប់ទៅ ឲ្យទៅកើតឯសុគតិសួគ៌ទេវលោក បានដែរឬ។ ម្នាលគាមណី បើដូច្នោះ តថាគតនឹងសួរអ្នក ក្នុងដំណើរនេះវិញ។ អ្នកគាប់ចិត្តយ៉ាងណា គប្បីដោះស្រាយប្រស្នានោះ យ៉ាងនោះចុះ។ ម្នាលគាមណី អ្នកយល់សេចក្តីនោះ ដូចម្តេច។ បុរសក្នុងលោកនេះ ជាអ្នកសំឡាប់សត្វ លួចទ្រព្យគេ ប្រព្រឹត្តខុសក្នុងកាមទាំងឡាយ និយាយកុហក និយាយញុះញង់ និយាយទ្រគោះ និយាយឥតប្រយោជន៍ សំឡឹងរំពៃចំពោះទ្រព្យគេ មានចិត្តគុំគួន មានគំនិតយល់ខុស ពួកមហាជន ក៏មកជួបជុំ ព្រមព្រៀងគ្នា អង្វរ សរសើរ សំពះ តាមឈូឆរ នូវបុរសនោះថា បើបុរសនេះ បែកធ្លាយរាងកាយស្លាប់ទៅ សូមឲ្យបានទៅកើតឯសុគតិសួគ៌ទេវលោក។ ម្នាលគាមណី តើអ្នកយល់សេចក្តីនោះ ដូចម្តេច បុរសនោះ លុះបែកធ្លាយរាងកាយ ស្លាប់ទៅ គួរទៅកើតឯសុគតិសួគ៌ទេវលោក ព្រោះហេតុតែពួកមហាជនអង្វរ សរសើរ សំពះ តាមឈូឆរ បានដែរឬ។ មិនមែនដូច្នោះទេ ព្រះអង្គ។

[២៤១] ម្នាលគាមណី ដូចបុរសបោះដុំថ្មធំ ទៅក្នុងអន្លង់ទឹកដ៏ជ្រៅ មានពួកមហាជន មកជួបជុំ ព្រមព្រៀងគ្នា អង្វរ សរសើរ សំពះ តាមឈូរឆរ នូវថ្មធំនោះថា នែដុំថ្មអើយ ចូរអ្នកឯងងើបឡើង នែដុំថ្ម ចូរឯងអណ្តែតឡើង នែដុំថ្ម ចូរឯងឡើងមកលើគោក។ ម្នាលគាមណី អ្នកយល់សេចក្តីនោះ ដូចម្តេច ដុំថ្មនោះ គួរងើបឡើង អណ្តែតឡើង ឬឡើងមកលើគោក ព្រោះហេតុតែពួកមហាជនអង្វរ សរសើរ សំពះ តាមឈូឆរ បានដែរឬ។ មិនមែនដូច្នោះទេ ព្រះអង្គ។ ម្នាលគាមណី រឿងនេះឯង ក៏ដូច្នេះដែរ បុរសឯណា ជាអ្នកសំឡាប់សត្វ លួចទ្រព្យគេ ប្រព្រឹត្តខុសក្នុងកាមទាំងឡាយ និយាយកុហក និយាយញុះញង់ និយាយទ្រគោះ និយាយឥតប្រយោជន៍ សំឡឹងរំពៃចំពោះទ្រព្យគេ មានចិត្តគុំគួន មានគំនិតយល់ខុស ទោះបីពួកមហាជន មកជួបជុំ ព្រមព្រៀងគ្នា អង្វរ សរសើរ សំពះ តាមឈូឆរ នូវបុរសនោះថា បើបុរសនេះ បែកធ្លាយរាងកាយស្លាប់ទៅ សូមឲ្យបានទៅកើតឯសុគតិសួគ៌ ទេវលោក យ៉ាងណាក៏ដោយ។ លុះបុរសនោះ បែកធ្លាយរាងកាយស្លាប់ទៅ ក៏ទៀងតែទៅកើតឯអបាយ ទុគ្គតិ វិនិបាត នរក ដោយពិត។

[២៤២] ម្នាលគាមណី អ្នកយល់សេចក្តីនោះ ដូចម្តេច បុរសក្នុងលោកនេះ ជាអ្នកវៀរចាកបាណាតិបាត វៀរចាកអទិន្នាទាន វៀរចាកកាមេសុមិច្ឆាចារ វៀចាកមុសាវាទ វៀរចាកបិសុណាវាចា វៀរចាកផរុសវាចា វៀរចាកសម្ផប្បលាបៈ មិនមានអភិជ្ឈា មិនមានចិត្តព្យាបាទ ជាសម្មាទិដ្ឋិ ពួកមហាជន មកជួបជុំ ព្រមព្រៀងគ្នា អង្វរ សរសើរ សំពះ តាមឈូឆរ នូវបុរសនោះថា បើបុរសនេះ បែកធ្លាយរាងកាយស្លាប់ទៅ សូមឲ្យទៅកើតឯអបាយ ទុគ្គតិ វិនិបាត នរក។ ម្នាលគាមណី អ្នកយល់សេចក្តីនោះ ដូចម្តេច បុរសនោះ លុះបែកធ្លាយរាងកាយស្លាប់ទៅ គួរទៅកើតឯអបាយ ទុគ្គតិ វិនិបាត នរក ព្រោះហេតុតែមហាជន អង្វរ សរសើរ សំពះ តាមឈូឆរ បានដែរឬ។ មិនមែនដូច្នោះទេ ព្រះអង្គ។

[២៤៣] ម្នាលគាមណី បុរសកាន់យកក្អមទឹកដោះរាវ ឬក្អមប្រេង ចុះទៅកាន់អន្លង់ទឹកដ៏ជ្រៅ ហើយវាយបំបែក ក្រួស ឬអម្បែងដែលនៅក្នុងក្អមនោះ ក៏លិចចុះទៅខាងក្រោម ចំណែកខាងទឹកដោះរាវ ឬប្រេង ដែលនៅក្នុងក្អមនោះ ក៏អណ្តែតឡើងលើ ពួកមហាជន មកចួបជុំ ព្រមព្រៀងគ្នា អង្វរ សរសើរ សំពះ តាមឈូឆរ នូវទឹកដោះរាវ និងប្រេងនោះថា វ៉ឺយទឹកដោះរាវ ឬប្រេង ចូរឯងលិចទៅ ទឹកដោះរាវ ឬប្រេង ចូរឯងលិចបាត់ទៅ ទឹកដោះរាវ ឬប្រេង ចូរឯងចុះទៅខាងក្រោមទៅ។ ម្នាលគាមណី អ្នកយល់សេចក្តីនោះ ដូចម្តេច ទឹកដោះរាវ ឬប្រេងនោះ លិចទៅ លិចបាត់ទៅ ឬចុះទៅក្រោម ព្រោះហេតុតែពួកមហាជនអង្វរ សរសើរ សំពះ តាមឈូឆរ បានដែរឬ។ មិនមែនដូច្នោះទេ ព្រះអង្គ។ ម្នាលគាមណី រឿងនេះឯង ក៏ដូច្នោះដែរ បុរសឯណា វៀរចាកបាណាតិបាត វៀរចាកអទិន្នាទាន វៀរចាកកាមេសុមិច្ឆាចារ វៀរចាកមុសាវាទ វៀរចាកបិសុណាវាចា វៀចាកផរុសវាចា វៀរចាកសម្ផប្បលាបៈ មិនមានអភិជ្ឈា មិនមានចិត្តព្យាបាទ ជាសម្មាទិដ្ឋិ ទោះបីពួកមហាជន មកចួបជុំ ព្រមព្រៀងគ្នា អង្វរ សរសើរ សំពះ តាមឈូឆរ នូវបុរសនោះថា បើបុរសនេះ បែកធ្លាយរាងកាយស្លាប់ទៅ សូមឲ្យទៅកើតឯអបាយ ទុគ្គតិ វិនិបាត នរក យ៉ាងណាក៏ដោយ។ លុះបុរសនោះ បែកធ្លាយរាងកាយស្លាប់ទៅ ក៏ទៀងតែទៅកើតឯសុគតិសួគ៌ ទេវលោក ដោយពិត។

[២៤៤] កាលព្រះដ៏មានព្រះភាគត្រាស់យ៉ាងនេះហើយ អសិពន្ធកបុត្តគាមណី ក៏សរសើរព្រះដ៏មានព្រះភាគ ដូច្នេះថា ភ្លឺច្បាស់ណាស់ ព្រះអង្គ។ បេ។ ដល់នូវសរណគមន៍ ស្មើដោយជីវិត ចាប់ដើមពីថ្ងៃនេះតទៅ។

ចប់ សូត្រ ទី៦។

(ខេត្តូបម)សូត្រ ទី៧

(៧. ខេត្តូបមសុត្តំ)

[២៤៥] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងបាវារិកម្ពវន ជិតក្រុងនាឡន្ទា។ គ្រានោះ អសិពន្ធកបុត្តគាមណី ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះអសិពន្ធកបុត្តគាមណី អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលសួរព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ព្រះដ៏មានព្រះភាគ ព្រះអង្គជាអ្នកអនុគ្រោះ ដើម្បីប្រយោជន៍ ដល់សត្វទាំងពួង មែនឬ។ ព្រះដ៏មានព្រះភាគត្រាស់ថា យ៉ាងហ្នឹងហើយ គាមណី ព្រះតថាគត ជាអ្នកអនុគ្រោះ ដើម្បីប្រយោជន៍ ដល់សត្វទាំងពួងមែន។ បពិត្រព្រះអង្គដ៏ចំរើន ចុះដូចម្តេច បានជាចួនកាលព្រះដ៏មានព្រះភាគ សំដែងធម៌ ដល់ជនពួកខ្លះ ដោយអើពើ សំដែងធម៌ដល់ជនពួកខ្លះ ដោយមិនអើពើ។ ម្នាលគាមណី បើដូច្នោះ មានតែតថាគត នឹងត្រឡប់សួរអ្នក ក្នុងដំណើរនេះវិញ អ្នកគាប់ចិត្តយ៉ាងណា គប្បីដោះប្រស្នានោះ យ៉ាងនោះចុះ។ ម្នាលគាមណី អ្នកយល់សេចក្តីនោះ ដូចម្តេច គហបតី អ្នកភ្ជួររាស់ ក្នុងលោកនេះ មានស្រែ ៣ គឺស្រែ ១ យ៉ាងល្អ ស្រែ ១ យ៉ាងកណ្តាល ស្រែ ១ យ៉ាងអន់ ជាដីទួល ដីប្រៃ ដីអាក្រក់។ ម្នាលគាមណី អ្នកយល់សេចក្តីនោះ ដូចម្តេច គហបតី អ្នកភ្ជួររាស់ឯណោះ មានបំណងនឹងដាក់ពូជ ក្នុងស្រែទាំងនោះ តើគេគួរដាក់ក្នុងស្រែណាមុន ដាក់ស្រែល្អឯណោះឬ ឬស្រែយ៉ាងកណ្តាលឯណោះ ឬក៏ ស្រែយ៉ាងអន់ ជាដីទួល ដីប្រៃ ដីអាក្រក់ឯណោះ។ បពិត្រព្រះអង្គដ៏ចំរើន គហបតី អ្នកភ្ជួររាស់ឯណោះ មានបំណងនឹងដាក់ពូជ ស្រែណាល្អ ក៏ដាក់ក្នុងស្រែនោះ លុះដាក់ក្នុងស្រែនោះហើយ ទើបដាក់ក្នុងស្រែយ៉ាងកណ្តាល លុះដាក់ក្នុងស្រែនោះហើយ ទើបដាក់ក្នុងស្រែយ៉ាងអន់ ជាដីទួល ដីប្រៃ ដីអាក្រក់ ក៏មាន មិនដាក់ក៏មាន។ ដំណើរនោះ តើព្រោះហេតុអ្វី។ ព្រោះថា ដោយហោចទៅ គ្រាន់បានជាចំណីគោដែរ។

[២៤៦] ម្នាលគាមណី ស្រែដែលល្អឯណោះ ដូចជាពួកភិក្ខុ ភិក្ខុនី (ជាសាវក) របស់តថាគត តថាគត សំដែងធម៌ មានពីរោះបទដើម ពីរោះបទកណ្តាល ពីរោះបទចុង ដល់ពួកភិក្ខុ ភិក្ខុនីទាំងនោះ តថាគត ប្រកាសព្រហ្មចរិយធម៌ ប្រកបដោយអត្ថ ដោយព្យញ្ជនៈ បរិបូណ៌ បរិសុទ្ធទាំងអស់។ ដំណើរនោះ តើព្រោះហេតុអ្វី។ ម្នាលគាមណី ព្រោះថា ភិក្ខុ ភិក្ខុនីទាំងនុ៎ះ មានតថាគតជាទីពឹង មានតថាគតជាទីជ្រកកោន មានតថាគតជាទីពំនាក់ មានតថាគតជាទីរឭក។ ម្នាលគាមណី ស្រែយ៉ាងកណ្តាល ឯណោះ ដូចជាពួកឧបាសក ឧបាសិកា (ជាសាវក) របស់តថាគត តថាគតសំដែងធម៌ មានពីរោះបទដើម ពីរោះបទកណ្តាល ពីរោះបទចុង ដល់ឧបាសក ឧបាសិកាទាំងនោះ តថាគត ក៏ប្រកាសព្រហ្មចរិយធម៌ ដ៏ប្រកបដោយអត្ថ ដោយព្យញ្ជនៈ បរិបូណ៌ បរិសុទ្ធទាំងអស់។ ដំណើរនោះ តើព្រោះហេតុអ្វី។ ម្នាលគាមណី ព្រោះថា ឧបាសក ឧបាសិកាទាំងនុ៎ះ មានតថាគតជាទីពឹង មានតថាគតជាទីជ្រកកោន មានតថាគតជាទីពំនាក់ មានតថាគតជាទីរឭក។ ម្នាលគាមណី ស្រែយ៉ាងអន់ ជាដីទួល ដីប្រៃ ដីអាក្រក់ឯណោះ ដូចជាពួកសមណព្រាហ្មណ៍បរិព្វាជក ជាអន្យតិរ្ថិយ (ដែលចូលមកជាសាវក) របស់តថាគត តថាគតសំដែងធម៌ មានពីរោះបទដើម ពីរោះបទកណ្តាល ពីរោះបទចុង ដល់សមណព្រាហ្មណ៍បរិព្វាជកទាំងនោះ តថាគត ក៏ប្រកាសព្រហ្មចរិយធម៌ ដ៏ប្រកបដោយអត្ថ ដោយព្យញ្ជនៈ បរិបូណ៌ បរិសុទ្ធទាំងអស់។

[២៤៧] ដំណើរនោះ តើព្រោះហេតុអ្វី។ ព្រោះថា (តថាគតគិតថា) ធ្វើម្តេចហ្ន៎ ទើបពួកសត្វ ដឹងច្បាស់នូវធម៌ សូម្បីតែមួយបទ ការដឹងច្បាស់នោះ រមែងប្រព្រឹត្តទៅ ដើម្បីជាប្រយោជន៍ ដើម្បីសេចក្តីសុខ អស់កាលជាអង្វែង ដល់ពួកសត្វទាំងនោះ។ ម្នាលគាមណី ដូចបុរសមានពាងទឹក ៣ គឺពាងទឹកដែលមិនធ្លុះ ទឹកមិនជ្រាប មិនរីង ១ ពាងទឹកដែលមិនធ្លុះ តែទឹកជ្រាប រីង ១ ពាងទឹកដែលធ្លុះ ទឹកជ្រាប រីង ១។ ម្នាលគាមណី អ្នកយល់សេចក្តីនោះ ដូចម្តេច បុរសឯណោះ មានបំណងនឹងដាក់ទឹកក្នុងពាងទាំងនោះ តើគេគួរដាក់ក្នុងពាងទឹកណាមុន ដាក់ពាងទឹកដែលមិនធ្លុះ ទឹកមិនជ្រាប មិនរីងឬ ឬដាក់ពាងទឹកដែលមិនធ្លុះ តែទឹកជ្រាប រីង ឬក៏ដាក់ពាងទឹកដែលធ្លុះ ទាំងជ្រាប រីង។ បពិត្រព្រះអង្គដ៏ចំរើន បុរសឯណោះ មានបំណងនឹងដាក់ទឹក ពាងទឹកឯណា ដែលមិនធ្លុះ ទឹកមិនជ្រាប មិនរីង ក៏ដាក់ក្នុងពាងនោះ លុះដាក់ក្នុងពាងនោះហើយ ទើបដាក់ពាងទឹកដែលមិនធ្លុះ តែជ្រាប រីងនោះ លុះដាក់ក្នុងពាងទឹកនោះហើយ ទើបដាក់ពាងទឹក ដែលធ្លុះ ទឹកជ្រាប រីងនោះ ក៏មាន មិនដាក់ក៏មាន។ ដំណើរនោះ តើព្រោះហេតុអ្វី។ ព្រោះថា ដោយហោចទៅ គ្រាន់បានលាងរបស់ដែរ។

[២៤៨] ម្នាលគាមណី ពាងទឹកដែលមិនធ្លុះ មិនជ្រាប មិនរីង ដូចពួកភិក្ខុ ភិក្ខុនី (ជាសាវក) របស់តថាគត តថាគត សំដែងធម៌ មានពីរោះបទដើម ពីរោះបទកណ្តាល ពីរោះបទចុង ដល់ភិក្ខុ ភិក្ខុនីទាំងនោះ តថាគត ក៏ប្រកាសនូវព្រហ្មចរិយធម៌ ដ៏ប្រកបដោយអត្ថ ដោយព្យញ្ជនៈ បរិបូណ៌ បរិសុទ្ធទាំងអស់។ ដំណើរនោះ តើព្រោះហេតុអ្វី។ ម្នាលគាមណី ព្រោះថាភិក្ខុ ភិក្ខុនីទាំងនុ៎ះ មានតថាគតជាទីពឹង មានតថាគតជាទីជ្រកកោន មានតថាគតជាទីពំនាក់ មានតថាគតជាទីរឭក។ ម្នាលគាមណី ពាងទឹកដែលមិនធ្លុះ តែទឹកជ្រាប រីង ដូចពួកឧបាសក ឧបាសិកា (ជាសាវក) របស់តថាគត តថាគតសំដែងធម៌ មានពីរោះបទដើម ពីរោះបទកណ្តាល ពីរោះបទចុង ដល់ឧបាសក ឧបាសិកាទាំងនោះ តថាគត ក៏ប្រកាសព្រហ្មចរិយធម៌ ប្រកបដោយអត្ថ ដោយព្យញ្ជនៈ បរិបូណ៌ បរិសុទ្ធទាំងអស់។ ដំណើរនោះ តើព្រោះហេតុអ្វី។ ម្នាលគាមណី ព្រោះថាឧបាសក ឧបាសិកាទាំងនុ៎ះ មានតថាគតជាទីពឹង មានតថាគត ជាទីជ្រកកោន មានតថាគតជាទីពំនាក់ មានតថាគតជាទីរឭក។ ម្នាលគាមណី ពាងទឹកដែលធ្លុះ ទាំងជ្រាប រីង ដូចពួកសមណព្រាហ្មណ៍បរិព្វាជក ជាអន្យតិរ្ថិយ (ដែលចូលមកជាសាវក) របស់តថាគត តថាគត សំដែងធម៌ មានពីរោះបទដើម ពីរោះបទកណ្តាល ពីរោះបទចុង ដល់សមណព្រាហ្មណ៍ទាំងនោះ តថាគត ក៏ប្រកាសព្រហ្មចរិយធម៌ ដ៏ប្រកបដោយអត្ថ ដោយព្យញ្ជនៈ បរិបូណ៌ បរិសុទ្ធទាំងអស់។ ដំណើរនោះ តើព្រោះហេតុអ្វី។ ព្រោះថា (តថាគតគិតថា) នឹងធ្វើម្តេចហ្ន៎ ទើបពួកសត្វដឹងច្បាស់នូវ ធម៌ សូម្បីតែមួយបទ ការដឹងច្បាស់នោះ រមែងប្រព្រឹត្តទៅ ដើម្បីជាប្រយោជន៍ ដើម្បីសេចក្តីសុខ អស់កាលជាអង្វែង ដល់សមណព្រាហ្មណ៍បរិព្វាជកទាំងនោះ។

[២៤៩] លុះព្រះដ៏មានព្រះភាគត្រាស់យ៉ាងនេះហើយ អសិពន្ធកបុត្តគាមណី ក៏សរសើរ ព្រះដ៏មានព្រះភាគ ដូច្នេះថា ភ្លឺច្បាស់ណាស់ ព្រះអង្គ។ បេ។ សូមព្រះអង្គ ចាំទុកនូវខ្ញុំព្រះអង្គ ថាជាឧបាសក ដល់នូវសរណគមន៍ ស្មើដោយជីវិត តាំងពីថ្ងៃនេះ ជាដើមទៅ។

ចប់ សូត្រ ទី៧។

(សង្ខធម)សូត្រ ទី៨

(៨. សង្ខធមសុត្តំ)

[២៥០] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងបាវារិកម្ពវន ជិតក្រុងនាឡន្ទា។ គ្រានោះ គាមណីឈ្មោះ អសិពន្ធកបុត្ត ជាសាវករបស់និគ្រន្ថ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ។បេ។ លុះអសិពន្ធកបុត្តគាមណី អង្គុយក្នុងទីដ៏សមគួរហើយ ព្រះដ៏មានព្រះភាគ ក៏ត្រាស់សួរ ដូច្នេះថា ម្នាលគាមណី និគ្គណ្ឋនាដបុត្ត រមែងសំដែងធម៌ដូចម្តេច ដល់ពួកសាវក។ បពិត្រព្រះអង្គដ៏ចំរើន និគ្គណ្ឋនាដបុត្ត រមែងសំដែងធម៌ ដល់ពួកសាវក យ៉ាងនេះថា បុគ្គលឯណាមួយសម្លាប់ សត្វ បុគ្គលទាំងអស់នោះ តែងទៅកើតក្នុង អបាយ ទៅកើតក្នុងនរក បុគ្គលឯណាមួយ កាន់យកទ្រព្យ ដែលគេមិនឲ្យ បុគ្គលទាំងអស់នោះ តែងទៅកើតក្នុងអបាយ ទៅកើតក្នុងនរក បុគ្គលឯណាមួយ ប្រព្រឹត្តខុស ក្នុងកាមទាំងឡាយ បុគ្គលទាំងអស់នោះ តែងទៅកើតក្នុងអបាយ ទៅកើតក្នុងនរក បុគ្គលឯណាមួយ និយាយកុហក បុគ្គលទាំងអស់នោះ តែងទៅកើតក្នុងអបាយ ទៅកើតក្នុងនរក កម្មឯណាៗ ច្រើនជាង កម្មនោះៗ តែងនាំបុគ្គលទៅ។ បពិត្រព្រះអង្គដ៏ចំរើន និគ្គណ្ឋនាដបុត្ត តែងសំដែងធម៌ដល់ពួកសាវកយ៉ាងនេះឯង។

[២៥១] ម្នាលគាមណី កម្មឯណា ៗ ដែលច្រើនជាង កម្មនោះ ៗ តែងនាំបុគ្គលទៅ។ កាលបើយ៉ាងនេះ មិនមានបុគ្គលណាម្នាក់ ទៅកើតក្នុងអបាយ ទៅកើតក្នុងនរកទេ បើតាមពាក្យរបស់និគ្គណ្ឋនាដបុត្ត។ ម្នាលគាមណី អ្នកសំគាល់សេចក្តីនោះ ដូចម្តេច បុរសឯណា ជាអ្នកសំឡាប់សត្វ ក្នុងវេលាយប់ ឬវេលាថ្ងៃ ដោយប្រកាន់សម័យគួរ និងមិនគួរ ចុះសម័យ ដែលបុរសនោះ សំឡាប់សត្វ និងសម័យដែលមិនសំឡាប់សត្វ តើសម័យណាច្រើនជាង។ បពិត្រព្រះអង្គដ៏ចំរើន បុរសឯណា ជាអ្នកសំឡាប់សត្វ ក្នុងវេលាយប់ ឬវេលាថ្ងៃ ដោយប្រកាន់សម័យគួរ និងមិនគួរ ឯសម័យ ដែលបុរសនោះ សំឡាប់សត្វ តិចជាង។ សម័យដែលបុរសមិនសំឡាប់សត្វនោះ ច្រើនជាងដោយពិត។ ម្នាលគាមណី កម្មឯណា ៗ ច្រើនជាង កម្មនោះៗ តែងនាំបុគ្គលទៅ។ កាលបើយ៉ាងនេះ មិនមានបុគ្គលណាម្នាក់ ទៅកើតក្នុងអបាយ ទៅកើតក្នុងនរកទេ បើតាមពាក្យរបស់និគ្គណ្ឋនាដបុត្ត។

[២៥២] ម្នាលគាមណី អ្នកសំគាល់សេចក្តីនោះ ដូចម្តេច បុរសឯណា ជាអ្នកកាន់យកទ្រព្យ ដែលគេមិនឲ្យ ក្នុងវេលាយប់ ឬវេលាថ្ងៃ ដោយប្រកាន់សម័យគួរ និងមិនគួរ ចុះសម័យ ដែលបុរសនោះ កាន់យកទ្រព្យ ដែលគេមិនឲ្យ និងសម័យ ដែលមិនបានកាន់ទ្រព្យ ដែលគេមិនឲ្យ តើសម័យណាច្រើនជាង។ បពិត្រព្រះអង្គដ៏ចំរើន បុរសឯណា ជាអ្នកកាន់យកទ្រព្យ ដែលគេមិនឲ្យ ក្នុងវេលាយប់ ឬវេលាថ្ងៃ ដោយប្រកាន់សម័យគួរ និងមិនគួរ ឯសម័យដែលបុរសនោះ កាន់យកទ្រព្យ ដែលគេមិនឲ្យ តិចជាង។ សម័យដែលបុរសនោះ មិនកាន់យកទ្រព្យ ដែលគេមិនឲ្យ ច្រើនជាង ដោយពិត។ ម្នាលគាមណី កម្មឯណា ៗ ច្រើនជាង កម្មនោះ ៗ តែងនាំបុគ្គលទៅ។ កាលបើយ៉ាងនេះ មិនមានបុគ្គលណាម្នាក់ ទៅកើតក្នុងអបាយ ទៅកើតក្នុងនរកទេ បើតាមពាក្យរបស់និគ្គណ្ឋនាដបុត្ត។

[២៥៣] ម្នាលគាមណី អ្នកសំគាល់សេចក្តីនោះ ដូចម្តេច បុរសឯណា ជាអ្នកប្រព្រឹត្តខុស ក្នុងកាមទាំងឡាយ ក្នុងវេលាយប់ ឬវេលាថ្ងៃ ដោយប្រកាន់សម័យគួរ និងមិនគួរ ចុះសម័យដែលបុរសនោះ ប្រព្រឹត្តខុស ក្នុងកាមទាំងឡាយ និងសម័យដែលមិនប្រព្រឹត្តខុស ក្នុងកាមទាំងឡាយ តើសម័យណា ច្រើនជាង។ បពិត្រព្រះអង្គដ៏ចំរើន បុរសឯណា ជាអ្នកប្រព្រឹត្តខុស ក្នុងកាមទាំងឡាយ ក្នុងវេលាយប់ ឬវេលាថ្ងៃ ដោយប្រកាន់សម័យគួរ និងមិនគួរ ឯសម័យដែលបុរសនោះ ប្រព្រឹត្តខុស ក្នុងកាមទាំងឡាយ តិចជាង។ សម័យដែលបុរសនោះ មិនប្រព្រឹត្តខុស ក្នុងកាមទាំងឡាយ ច្រើនជាង ដោយពិត។ ម្នាលគាមណី កម្មឯណា ៗ ច្រើនជាង កម្ម នោះ ៗ តែងនាំបុគ្គលទៅ។ កាលបើយ៉ាងនេះ មិនមានបុគ្គលណាម្នាក់ ទៅកើតក្នុងអបាយ ទៅកើតក្នុងនរកទេ បើតាមពាក្យរបស់និគ្គណ្ឋនាដបុត្ត។

[២៥៤] ម្នាលគាមណី អ្នកសំគាល់សេចក្តីនោះ ដូចម្តេច បុរសឯណា ជាអ្នកនិយាយកុហក ក្នុងវេលាយប់ ឬវេលាថ្ងៃ ដោយប្រកាន់សម័យគួរ និងមិនគួរ ចុះសម័យដែលបុរសនោះ និយាយកុហក និងមិននិយាយកុហក តើសម័យណាច្រើនជាង។ បពិត្រព្រះអង្គដ៏ចំរើន បុរសឯណា ជាអ្នកនិយាយកុហក ក្នុងវេលាយប់ ឬវេលាថ្ងៃ ដោយប្រកាន់សម័យគួរ និងមិនគួរ ឯសម័យដែលបុរសនោះ និយាយកុហក តិចជាង។ សម័យដែលបុរសនោះ មិននិយាយកុហក ច្រើនជាង ដោយពិត។ ម្នាលគាមណី កម្ម ឯណា ៗ ច្រើនជាង កម្មនោះ ៗ តែនាំបុគ្គលទៅ។ កាលបើយ៉ាងនេះ មិនមានបុគ្គលណាម្នាក់ ទៅកើតក្នុងអបាយ ទៅកើតក្នុងនរកទេ បើតាមពាក្យរបស់និគ្គណ្ឋនាដបុត្ត។

[២៥៥] ម្នាលគាមណី គ្រូពួកខ្លះក្នុងលោកនេះ ជាអ្នកមានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា បុគ្គលឯណាមួយ សំឡាប់សត្វ បុគ្គលទាំងអស់នោះ តែងទៅកើតក្នុងអបាយ ទៅកើតក្នុងនរក បុគ្គលឯណាមួយ កាន់យកទ្រព្យ ដែលគេមិនឲ្យ បុគ្គលទាំងអស់នោះ តែងទៅកើតក្នុងអបាយ ទៅកើតក្នុងនរក បុគ្គលឯណាមួយ ប្រព្តឹត្តខុសក្នុងកាមទាំងឡាយ បុគ្គលទាំងអស់នោះ តែងកើតទៅក្នុងអបាយ ទៅកើតក្នុងនរក បុគ្គលឯណាមួយ និយាយកុហក បុគ្គលទាំងអស់នោះ តែងទៅកើតក្នុងអបាយ ទៅកើតក្នុងនរក។

[២៥៦] ម្នាលគាមណី សាវកដែលមានសេចក្តីជ្រះថ្លាក្រៃពេកនឹងគ្រូនោះ សាវកនោះ រមែងយល់យ៉ាងនេះថា គ្រូរបស់អញមានវាទៈយ៉ាងនេះ មានទិដ្ឋិ យ៉ាងនេះថា បុគ្គលឯណាមួយ សម្លាប់សត្វ បុគ្គលទាំងអស់នោះ តែងទៅកើតក្នុងអបាយ ទៅកើតក្នុងនរក។ ម្នាលគាមណី សាវកនោះ រមែងមានសេចក្តីយល់ថា ចំណែកអញ បានសម្លាប់សត្វហើយ អញត្រូវទៅកើតក្នុងអបាយ ទៅកើតក្នុងនរកមិនខាន ហើយមិនលះបង់វាចានោះទេ មិនលះបង់ចិត្តនោះទេ មិនរលាស់ទិដ្ឋិនោះចេញទេ នឹងធ្លាក់ទៅក្នុងនរក ដូចជាគេនាំយកទៅទំលាក់។ គ្រូរបស់អញ មានវាទៈយ៉ាងនេះថា មានទិដ្ឋិ យ៉ាងនេះថា បុគ្គលឯណាមួយ កាន់យកទ្រព្យ ដែលគេមិនបានឲ្យ បុគ្គលទាំងអស់នោះ តែងទៅកើតក្នុងអបាយ ទៅកើតក្នុងនរក។ ម្នាលគាមណី សាវកនោះ រមែងមានសេចក្តីយល់ថា ចំណែកអញ បានកាន់យកទ្រព្យ ដែលគេមិនឲ្យហើយ អញត្រូវទៅកើតក្នុងអបាយ ទៅកើតក្នុងនរកមិនខាន ហើយមិនលះបង់វាចានោះទេ មិនលះបង់ចិត្តនោះទេ មិនរលាស់ទិដ្ឋិនោះចេញទេ នឹងធ្លាក់ទៅក្នុងនរក ដូចជាគេនាំយកទៅទំលាក់។ គ្រូរបស់អញ មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា បុគ្គលឯណាមួយ ប្រព្រឹត្តខុស ក្នុងកាមទាំងឡាយ បុគ្គលទាំងអស់នោះ តែងទៅកើតក្នុងអបាយ ទៅកើតក្នុងនរក។ ម្នាលគាមណី សាវកនោះ រមែងមានសេចក្តីយល់ថា ចំណែកអញ បានសន្សំការប្រព្រឹត្តខុស ក្នុងកាមទាំងឡាយហើយ អញត្រូវទៅកើតក្នុងអបាយ ទៅកើតក្នុងនរកមិនខាន ហើយមិនលះបង់វាចានោះទេ មិនលះបង់ចិត្តនោះទេ មិនរលាស់ទិដ្ឋិនោះចេញទេ នឹងធ្លាក់ទៅក្នុងនរក ដូចជាគេនាំយកទៅទំលាក់។ គ្រូរបស់អញ មានវាទៈ យ៉ាងនេះថា មានទិដ្ឋិយ៉ាងនេះថា បុគ្គលឯណាមួយ និយាយកុហក បុគ្គលទាំងអស់នោះ តែងទៅកើតក្នុងអបាយ ទៅកើតក្នុងនរក។ ម្នាលគាមណី សាវកនោះ រមែងមានសេចក្តីយល់ថា ចំណែកអញ បាននិយាយពាក្យកុហកហើយ អញត្រូវទៅកើតក្នុងអបាយ ទៅកើតក្នុងនរក ហើយមិនលះបង់វាចានោះទេ មិនលះបង់ចិត្តនោះទេ មិនរលាស់ទិដ្ឋិនោះចេញទេ នឹងធ្លាក់ទៅក្នុងនរក ដូចជាគេនាំយកទៅទំលាក់។

[២៥៧] ម្នាលគាមណី ចំណែកខាងព្រះតថាគត ជាអ្នកឆ្ងាយចាកសឹកសត្រូវ គឺកិលេស ត្រាស់ដឹងដោយប្រពៃចំពោះខ្លួន បរិបូណ៌ដោយវិជ្ជា និងចរណៈ មានដំណើរល្អ ដឹងច្បាស់នូវត្រៃលោក ប្រសើរដោយសីលាទិគុណ រកបុគ្គលណាមួយស្មើគ្មាន ជាសារថីទូន្មាននូវបុរស ជាគ្រូនៃទេវតា និងមនុស្សទាំងឡាយ ត្រាស់ដឹងនូវសច្ចៈធម៌ មានដំណើរទៅកាន់ត្រៃភពខ្ជាក់ចោលហើយ បានកើតឡើងហើយ ក្នុងលោកនេះ។ ព្រះតថាគតនោះ តែងបន្ទោស បន្តុះបង្អាប់ នូវបាណាតិបាតផង សំដែងប្រាប់ថា ចូរអ្នកទាំងឡាយ វៀរចាកបាណាតិបាតផង តែងបន្ទោស បន្តុះបង្អាប់ នូវអទិន្នាទានផង សំដែងប្រាប់ថា ចូរអ្នកទាំងឡាយ វៀរចាកអទ្និនាទានផង តែងបន្ទោស បន្តុះបង្អាប់ នូវកាមេសុមិច្ឆាចារផង សំដែងប្រាប់ថា ចូរអ្នកទាំងឡាយ វៀរចាកកាមេសុមិច្ឆាចារផង តែងបន្ទោស បន្តុះបង្អាប់ នូវមុសាវាទផង សំដែងប្រាប់ថា ចូរអ្នកទាំងឡាយ វៀរចាកមុសាវាទផង ដោយអនេកបរិយាយ។ ម្នាលគាមណី សាវក ក៏មានសេចក្តីជ្រះថ្លានឹងព្រះសាស្តានោះឯង។ សាវកនោះ ពិចារណា ដូច្នេះថា ព្រះដ៏មានព្រះភាគ តែងបន្ទោស បន្តុះបង្អាប់ នូវបាណាតិបាតផង សំដែងប្រាប់ថា ចូរអ្នកទាំងឡាយ វៀរចាកបាណាតិបាតផង ដោយអនេកបរិយាយ។ ឯអញ បានសំឡាប់សត្វ តាមតែប្រទះ សត្វដែលអញសំឡាប់ទាំងប៉ុន្មាន អំពើនោះ មិនល្អ អំពើនោះ មិនប្រពៃទេ អញមុខជាមានសេចក្តីក្តៅក្រហាយ ព្រោះកម្មនោះជាបច្ច័យជាមិនខាន បាបកម្មនោះ អញមិនមែនជាមិនធ្វើឡើយ។ លុះសាវកនោះ ពិចារណា ដូច្នេះហើយ ក៏លះបង់នូវបាណាតិបាតនោះចេញផង វៀរចាកបាណាតិបាតតទៅទៀតផង។ ឯការលះបង់បាបកម្មនុ៎ះ រមែងមានដោយអាការ យ៉ាងនេះ ការកន្លងផុតបាបកម្មនុ៎ះ រមែងមានដោយអាការយ៉ាងនេះ។

[២៥៨] ព្រះដ៏មានព្រះភាគ តែងបន្ទោស បន្តុះបង្អាប់ នូវអទិន្នាទានផង សំដែងប្រាប់ថា ចូរអ្នកទាំងឡាយ វៀរចាកអទិន្នាទានផង ដោយអនេកបរិយាយ។ ឯអញ បានកាន់យកទ្រព្យ ដែលគេមិនឲ្យ តាមតែប្រទះ ទ្រព្យដែលអញ បានកាន់យកហើយទាំងប៉ុន្មាន អំពើនោះ មិនល្អ អំពើនោះ មិនប្រពៃទេ អញមុខជាមានសេចក្តីក្តៅក្រហាយ ព្រោះកម្មនោះ ជាបច្ច័យជាមិនខាន បាបកម្មនោះ អញមិនមែនជាមិនធ្វើឡើយ។ លុះសាវកនោះ ពិចារណា ដូច្នេះហើយ ក៏លះបង់នូវអទិន្នាទាននោះចេញផង វៀរចាកអទិន្នាទានតទៅទៀតផង។ ឯការលះបង់បាបកម្មនុ៎ះ រមែងមានដោយអាការយ៉ាងនេះ ការកន្លងផុតបាបកម្មនុ៎ះ រមែងមាន ដោយអាការយ៉ាងនេះ។

[២៥៩] ព្រះដ៏មានព្រះភាគ តែងបន្ទោស បន្តុះបង្អាប់ នូវកាមេសុមិច្ឆាចារផង សំដែងប្រាប់ថា ចូរអ្នកទាំងឡាយ វៀរចាកកាមេសុមិច្ឆាចារផង ដោយអនេកបរិយាយ។ ឯអញបានសន្សំការប្រព្រឹត្តខុស ក្នុងកាមទាំងឡាយ តាមតែប្រទះ ការប្រព្រឹត្តខុស ក្នុងកាមទាំងឡាយ ដែលអញសន្សំទាំងប៉ុន្មាន អំពើនោះ មិនល្អ អំពើនោះ មិនប្រពៃទេ អញ មុខជាមានសេចក្តីក្តៅក្រហាយ ព្រោះកម្មនោះ ជាបច្ច័យមិនខាន បាបកម្មនោះ អញមិនមែនជាមិនធ្វើឡើយ។ លុះសាវកនោះ ពិចារណា ដូច្នេះហើយ ក៏លះបង់នូវកាមេសុមិច្ឆាចារនោះផង វៀរចាកកាមេសុមិច្ឆាចារតទៅទៀតផង។ ឯការលះបង់នូវបាបកម្មនុ៎ះ រមែងមានដោយអាការយ៉ាងនេះ ការកន្លងផុតបាបកម្មនុ៎ះ រមែងមាន ដោយអាការយ៉ាងនេះ។

[២៦០] ព្រះដ៏មានព្រះភាគ តែងបន្ទោស បន្តុះបង្អាប់ នូវមុសាវាទផង សំដែងប្រាប់ថា ចូរអ្នកទាំងឡាយ វៀរចាកមុសាវាទផង ដោយអនេកបរិយាយ។ ឯអញ បាននិយាយកុហក តាមតែប្រទះ ពាក្យដែលអញ បាននិយាយកុហកទាំងប៉ុន្មាន ពាក្យនោះ មិនល្អ ពាក្យនោះ មិនប្រពៃទេ អញមុខជាមានសេចក្តីក្តៅក្រហាយ ព្រោះកម្មនោះ ជាបច្ច័យមិនខាន បាបកម្មនោះ អញមិនមែនជាមិនធ្វើឡើយ។ លុះសាវកនោះ ពិចារណា ដូច្នេះហើយ ក៏លះបង់ នូវមុសាវាទនោះផង វៀរចាកមុសាវាទតទៅទៀតផង។ ឯការលះបង់បាបកម្មនុ៎ះ រមែងមាន ដោយអាការយ៉ាងនេះ ការកន្លងផុតបាបកម្មនុ៎ះ រមែងមាន ដោយអាការយ៉ាងនេះ។

[២៦១] សាវកនោះ លះបង់បាណាតិបាត វៀរចាកបាណាតិបាត លះបង់ អទិន្នាទាន វៀរចាកអទិន្នាទាន លះបង់កាមេសុមិច្ឆាចារ វៀរចាកកាមេសុមិច្ឆាចារ លះបង់មុសាវាទ វៀរចាកមុសាវាទ លះបង់បិសុណាវាចា វៀរចាកបិសុណាវាចា លះបង់ផរុសវាចា វៀរចាកផរុសវាចា លះបង់សម្ផប្បលាបៈ វៀរចាកសម្ផប្បលាបៈ លះបង់អភិជ្ឈា មិនមានអភិជ្ឈា លះបង់ព្យាបាទប្រទូស្ត មានចិត្តមិនព្យាបាទ លះបង់មិច្ឆាទិដ្ឋិ មានចិត្តជាសម្មាទិដ្ឋិ។ ម្នាលគាមណី លុះអរិយសាវកនោះឯង ជាអ្នកប្រាសចាកអភិជ្ឈា ប្រាសចាកព្យាបាទ យ៉ាងនេះហើយ ក៏ជាអ្នកមិនមានសេចក្តីវង្វេង មានសេចក្តីដឹងសព្វគ្រប់ មានស្មារតីខ្ជាប់ខ្ជួន មានចិត្តប្រកបដោយមេត្តា ផ្សាយទៅកាន់ទិសទី ១ ទិសទី ២ ដូចគ្នា។ ទិសទី ៣ ដូចគ្នា។ ទិសទី ៤ ដូចគ្នា។ មានចិត្តប្រកបដោយមេត្តា ដ៏ធំទូលាយ ប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់សត្វលោកទាំងអស់ ក្នុងទិសខាងលើ ទិសខាងក្រោម និងទិសទទឹង គឺទិសតូច ៗ ដោយយកខ្លួនមកប្រៀបផ្ទឹមនឹងសត្វទាំងពួង ក្នុងទីទាំងពួង ហើយសម្រេចសម្រាន្តនៅ ដោយប្រការដូច្នេះ។ ម្នាលគាមណី បុរសអ្នកផ្លុំស័ង្ខដ៏មានកម្លាំង តែងញុំាងជនក្នុងទិសទាំង ៤ ឲ្យដឹងបាន ដោយមិនលំបាក យ៉ាងណាមិញ។ ម្នាលគាមណី មេត្តាចេតោវិមុត្តិ កាលបើបុគ្គល បានចំរើនយ៉ាងនេះហើយ ធ្វើឲ្យច្រើន យ៉ាងនេះហើយ កាមាវចរកម្មឯណា ដែលបុគ្គលធ្វើត្រូវប្រមាណ កម្មនោះ មិនក្រាញនៅតែត្រឹមរូបារូបាវចរកម្មប៉ុណ្ណោះ មិនឋិតនៅត្រឹមរូបារូបាវចរកម្មប៉ុណ្ណោះទេ ក៏យ៉ាងនោះដែរ។ ម្នាលគាមណី លុះអរិយសាវកនោះឯង ជាអ្នកប្រាសចាកអភិជ្ឈា ប្រាសចាកព្យាបាទ យ៉ាងនេះហើយ ក៏ជាអ្នកមិនមានសេចក្តីវង្វេង មានសេចក្តីដឹងសព្វគ្រប់ មានស្មារតីខ្ជាប់ខ្ជួន មានចិត្តប្រកបដោយករុណា។ មានចិត្តប្រកបដោយមុទិតា។ មានចិត្តប្រកបដោយឧបេក្ខា ផ្សាយទៅកាន់ទិសទី ១ ទិសទី ២ ដូចគ្នា។ ទិសទី ៣ ដូចគ្នា។ ទិសទី ៤ ដូចគ្នា។ មានចិត្តប្រកបដោយឧបេក្ខាដ៏ធំទូលាយ ប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់សត្វលោកទាំងអស់ ក្នុងទិសខាងលើ ទិសខាងក្រោម និងទិសទទឹង គឺទិសតូច ៗ ដោយយកខ្លួនមកប្រៀបផ្ទឹមនឹងសត្វទាំងពួង ក្នុងទីទាំងពួង ហើយសម្រេចសម្រាន្តនៅ ដោយប្រការដូច្នេះ។ ម្នាលគាមណី បុរសអ្នកផ្លុំស័ង្ខ ដ៏មានកម្លាំង តែងញុំាងជនក្នុងទិសទាំង ៤ ឲ្យដឹងបាន ដោយមិនលំបាក យ៉ាងណាមិញ។ ម្នាលគាមណី កាលបើឧបេក្ខាចេតោវិមុត្តិ ដែលបុគ្គលបានចំរើន យ៉ាងនេះហើយ ធ្វើឲ្យច្រើនយ៉ាងនេះហើយ កាមាវចរកម្មឯណា ដែលបុគ្គលធ្វើត្រូវប្រមាណ កម្មនោះ មិនក្រាញនៅតែត្រឹមរូបារូបាវចរកម្មប៉ុណ្ណោះ មិនឋិតនៅតែត្រឹមរូបារូបាវចរកម្មប៉ុណ្ណោះទេ ក៏យ៉ាងនោះដែរ។ កាលបើព្រះដ៏មានព្រះភាគ ត្រាស់យ៉ាងនេះហើយ អសិពន្ធកបុត្តគាមណី ជាសាវករបស់និគ្រន្ថ ក៏សរសើរព្រះដ៏មានព្រះភាគ ដូច្នេះថា ភ្លឺច្បាស់ណាស់ ព្រះអង្គ ភ្លឺច្បាស់ណាស់ ព្រះអង្គ។ បេ។ សូមព្រះដ៏មានព្រះភាគ ចាំទុកនូវខ្ញុំព្រះអង្គ ថាជាឧបាសក អ្នកដល់នូវសរណគមន៍ ស្មើដោយជីវិត តាំងអំពីថ្ងៃនេះតទៅ។

ចប់ សូត្រ ទី៨។

(កុល)សូត្រ ទី៩

(៩. កុលសុត្តំ)

[២៦២] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាច់ទៅកាន់ចារិក ក្នុងដែនកោសល ព្រមដោយភិក្ខុសង្ឃជាច្រើន ទ្រង់ស្តេចទៅដល់ក្រុងនាឡន្ទា។ បានឮថា ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងបាវារិកម្ពវន ជិតក្រុងនាឡន្ទានោះ។ សម័យនោះឯង ក្រុងនាឡន្ទា កើតទុរ្ភិក្ស អ្នកស្រុកមានសេចក្តីធុញថប់ ដោយហេតុពីរយ៉ាង20) មានឆ្អឹងសដេរដាស21) មានសំទូងដូចជាស្លាក។22) សម័យនោះ និគ្គណ្ឋនាដបុត្ត ក៏អាស្រ័យនៅជិតក្រុងនាឡន្ទាដែរ ព្រមដោយនិគ្គណ្ឋបរិស័ទជាច្រើន។ គ្រានោះ អសិពន្ធកបុត្តគាមណី ជាសាវករបស់និគ្រន្ថ ចូលទៅរកនិគ្គណ្ឋនាដបុត្ត លុះចូលទៅដល់ ក៏ថ្វាយបង្គំនិគណ្ឋនាដបុត្ត ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះអសិពន្ធកបុត្តគាមណី អង្គុយក្នុងទីសមគួរហើយ និគ្គណ្ឋនាដបុត្ត ក៏ពោលដូច្នេះថា ម្នាលគាមណី អ្នកចូរមក អ្នកចូរលើកវាទៈ របស់សមណគោតម កិត្តិសព្ទដ៏ពីរោះ នឹងខ្ចរខ្ចាយសាយឡើងដល់អ្នក យ៉ាងនេះថា អសិពន្ធកបុត្តគាមណី បានលើកវាទៈ របស់សមណគោតម ដែលមានឫទ្ធិច្រើនយ៉ាងនេះ មានអានុភាពច្រើនយ៉ាងនេះ។ អសិពន្ធកបុត្តគាមណី សួរថា បពិត្រលោកដ៏ចំរើន ចុះឲ្យខ្ញុំលើកវាទៈ របស់សមណគោតម ដែលមានឫទ្ធិច្រើនយ៉ាងនេះ មានអានុភាពច្រើនយ៉ាងនេះ ថាដូចម្តេច។ ម្នាលគាមណី អ្នកចូរមក ចូរអ្នកចូលទៅរកសមណគោតម លុះចូលទៅដល់ហើយ សួរសមណគោតម យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ព្រះអង្គតែងពណ៌នា នូវសេចក្តីអាណិត ពណ៌នា នូវការរក្សា ពណ៌នានូវសេចក្តីអនុគ្រោះ ដល់ត្រកូលទាំងឡាយ ដោយអនេកបរិយាយ មិនមែនទេឬ។ ម្នាលគាមណី បើអ្នកសួរយ៉ាងនេះហើយ សមណគោតម មុខជាដោះស្រាយយ៉ាងនេះថា យ៉ាងហ្នឹងហើយ គាមណី ព្រះតថាគត តែងពណ៌នានូវសេចក្តីអាណិត ពណ៌នានូវការរក្សា ពណ៌នានូវការអនុគ្រោះ ដល់ត្រកូលទាំងឡាយ ដោយអនេកបរិយាយមែន។ អ្នកត្រូវនិយាយនឹងសមណគោតមនោះ យ៉ាងនេះទៀតថា បពិត្រព្រះអង្គដ៏ចំរើន កាលបើដូច្នោះ ម្តេចក៏ព្រះដ៏មានព្រះភាគ ព្រមដោយភិក្ខុសង្ឃ ជាច្រើន ត្រាច់ទៅកាន់ចារិក ក្នុងក្រុងនាឡន្ទា ដែលកំពុងកើតទុរ្ភិក្ស អ្នកស្រុកមានសេចក្តីធុញថប់ ដោយហេតុពីរយ៉ាង មានឆ្អឹងសដេរដាស មានសំទូងដូចជាស្លាក (ដូច្នេះ) ព្រះដ៏មានព្រះភាគ ឈ្មោះថា ប្រតិបត្តិ ដើម្បីផ្តាច់បង់ នូវត្រកូលទាំងឡាយ ព្រះដ៏មានព្រះភាគ ប្រតិបត្តិ ដើម្បីសេចក្តីវិនាស ដល់ត្រកូលទាំងឡាយ ព្រះដ៏មានព្រះភាគ ប្រតិបត្តិ ដើម្បីបៀតបៀនត្រកូលទាំងឡាយហើយ។ ម្នាលគាមណី សមណគោតម បើអ្នកសួរប្រស្នា មានចុងបែកជាពីរ បែបនេះហើយ ប្រាកដជាមិនអាចលេបចូល មិនអាចខ្ជាក់ចេញបាន គឺថានឹងលេបទៅស្លាក់ ខ្ជាក់ទៅស្លែងពុំខានឡើយ។

[២៦៣] អសិពន្ធកបុត្តគាមណី ទទួលស្តាប់ពាក្យរបស់និគ្គណ្ឋនាដបុត្តថា ករុណា លោកម្ចាស់ ក៏ក្រោកចាកអាសនៈ ថ្វាយបង្គំនិគ្គណ្ឋនាដបុត្ត ធ្វើប្រទក្សិណ ហើយចូលទៅរកព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះអសិពន្ធកបុត្តគាមណី អង្គុយក្នុងទីដ៏សមគួរហើយ ក៏សួរព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ព្រះអង្គតែងពណ៌នា នូវសេចក្តីអាណិត ពណ៌នានូវការរក្សា ពណ៌នានូវសេចក្តីអនុគ្រោះ ដល់ត្រកូលទាំងឡាយ ដោយអនេកបរិយាយមែនឬ។ យ៉ាងហ្នឹងហើយ គាមណី ព្រះតថាគត តែងពណ៌នា នូវសេចក្តីអាណិត ពណ៌នានូវការរក្សា ពណ៌នានូវសេចក្តីអនុគ្រោះ ដល់ត្រកូលទាំងឡាយ ដោយអនេកបរិយាយមែន។ បពិត្រព្រះអង្គដ៏ចំរើន កាលបើដូច្នោះ ម្តេចក៏ព្រះដ៏មានព្រះភាគ ព្រមទាំងភិក្ខុសង្ឃជាច្រើន ត្រាច់ទៅកាន់ចារិក ក្នុងក្រុងនាឡន្ទា ដែលកំពុងកើតទុរ្ភិក្ស អ្នកស្រុកមានសេចក្តីធុញថប់ ដោយហេតុពីរយ៉ាង មានឆ្អឹងសដេរដាស មានសំទូងដូចជាស្លាក (ដូច្នេះ) ព្រះដ៏មានព្រះភាគ ឈ្មោះថា ប្រតិបត្តិ ដើម្បីផ្តាច់បង់ នូវត្រកូលទាំងឡាយ ព្រះដ៏មានព្រះភាគ ប្រតិបត្តិ ដើម្បីសេចក្តីវិនាស ដល់ត្រកូលទាំងឡាយ ព្រះដ៏មានព្រះភាគ ប្រតិបត្តិ ដើម្បីបៀតបៀនត្រកូលទាំងឡាយហើយ។

[២៦៤] ម្នាលគាមណី តថាគតរឭកឃើញ ៩១ កប្ប រាប់អំពីភទ្រកប្បនេះ (ទៅក្រោយវិញ) តថាគត មិនឃើញត្រកូលណាមួយ ដែលធ្លាប់គេបៀតបៀន ព្រោះតែឲ្យទានបាយឆ្អិនស្រាប់ឡើយ។ ដែលពិតនោះ គឺត្រកូលទាំងឡាយឯណា ស្តុកស្តម្ភ មានទ្រព្យច្រើន មានគ្រឿងប្រើប្រាស់ច្រើន សម្បូរមាសប្រាក់ សម្បូរគ្រឿងឧបករណ៍ សម្បូរទ្រព្យ និងស្រូវ ត្រកូលទាំងអស់នោះ សុទ្ធតែថ្កុំថ្កើង ដោយសារឲ្យទានផង ថ្កុំថ្កើងដោយសារសច្ចៈធម៌ផង ថ្កុំថ្កើងដោយសារការសង្រួមផង។ ម្នាលគាមណី ហេតុ ៨ យ៉ាង បច្ច័យ ៨ យ៉ាង ដែលប្រព្រឹត្តទៅ ដើម្បីបៀតបៀនត្រកូលទាំងឡាយ គឺ ត្រកូលដល់នូវការបៀតបៀនអំពីព្រះរាជា ១ ត្រកូលដល់នូវការបៀតបៀនអំពីចោរ ១ ត្រកូលដល់នូវការបៀតបៀនអំពីភ្លើង ១ ត្រកូលដល់នូវការបៀតបៀនអំពីទឹក ១ ទ្រព្យ ដែលត្រកូលកប់ទុក វិនាសបាត់ចាកកន្លែង ១ ការងារដែលត្រកូលប្រកបខុស រមែងវិនាសទៅ ១ សេចក្តីបាក់បែកត្រកូល កើតឡើងក្នុងត្រកូល ១ បុគ្គលឯណា រោយរាយ ខ្ជះខ្ជាយ បំផ្លាញភោគសម្ប័ទ ភោគសម្ប័ទ របស់បុគ្គលនោះ ជារបស់មិនទៀង ១ គ្រប់ជា ៨។ ម្នាលគាមណី នេះឯង ជាហេតុ ៨ យ៉ាង បច្ច័យ ៨ យ៉ាង ប្រព្រឹត្តទៅ ដើម្បីបៀតបៀនត្រកូលទាំងឡាយ។ ម្នាលគាមណី កាលបើហេតុមាន ៨ យ៉ាង បច្ច័យ ៨ យ៉ាងនេះហើយ បុគ្គលឯណា និយាយចំពោះតថាគត យ៉ាងនេះថា ព្រះដ៏មានព្រះភាគ ប្រតិបត្តិ ដើម្បីផ្តាច់បង់ នូវត្រកូលទាំងឡាយ ព្រះដ៏មានព្រះភាគ ប្រតិបត្តិ ដើម្បីសេចក្តីវិនាស ដល់ត្រកូលទាំងឡាយ ព្រះដ៏មានព្រះភាគ ប្រតិបត្តិ ដើម្បីបៀតបៀនត្រកូលទាំងឡាយ។ ម្នាលគាមណី បុគ្គលនោះ បើមិនលះបង់វាចានោះទេ មិនលះបង់ចិត្តនោះទេ មិនរលាស់ទិដ្ឋិនោះចេញទេ នឹងធ្លាក់ទៅក្នុងនរក ដូចគេនាំយកទៅទំលាក់ចោល។ កាលព្រះដ៏មានព្រះភាគ ត្រាស់យ៉ាងនេះហើយ អសិពន្ធកបុត្តគាមណី ក៏សរសើរព្រះដ៏មានព្រះភាគ ដូច្នេះថា ភ្លឺច្បាស់ណាស់ ព្រះអង្គ ភ្លឺច្បាស់ណាស់ ព្រះអង្គ។ បេ។ សូមព្រះដ៏មានព្រះភាគ ចាំទុកនូវខ្ញុំព្រះអង្គថា ជាឧបាសក អ្នកដល់នូវសរណគមន៍ ស្មើដោយជីវិត តាំងពីថ្ងៃនេះតទៅ។

ចប់ សូត្រ ទី៩។

(មណិចូឡក)សូត្រ ទី១០

(១០. មណិចូឡកសុត្តំ)

[២៦៥] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវន ជាកឡន្ទកនិវាបស្ថាន ជិតក្រុងរាជគ្រឹះ។ សម័យនោះឯង អន្តរាកថា23) នេះ កើតឡើង ដល់ពួកជន ដែលអង្គុយចួបជុំគ្នា នាកណ្តាលរាជបរិស័ទ ខាងក្នុងព្រះរាជវាំងថា មាស និងប្រាក់ គួរដល់ពួកសមណសក្យបុត្តយ៍ ពួកសមណសក្យបុត្តយ៍ ក៏ត្រេកអរ ចំពោះមាស និងប្រាក់បាន ពួកសមណសក្យបុត្តយ៍ ទទួលនូវមាស និងប្រាក់បាន។

[២៦៦] សម័យនោះ គាមណីឈ្មោះ មណិចូឡកៈ អង្គុយក្នុងបរិស័ទនោះដែរ។ ទើបមណិចូឡកគាមណី និយាយនឹងបរិស័ទនោះ ដូច្នេះថា អស់លោកទាំងឡាយ លោកទាំងឡាយ កុំនិយាយយ៉ាងហ្នឹងឡើយ មាស និងប្រាក់ មិនគួរដល់ពួកសមណសក្យបុត្តិយ៍ទេ ពួកសមណសក្យបុត្តិយ៍ មិនត្រេកអរ ចំពោះមាស និងប្រាក់ទេ ពួកសមណសក្យបុត្តិយ៍ មិនទទួលនូវមាស និងប្រាក់ទេ ពួកសមណសក្យបុត្តិយ៍ ជាអ្នកលះចោលកែវមណី និងមាសហើយ ប្រាសចាកមាសប្រាក់ហើយ។ មណិចូឡកគាមណី ក៏មិនអាចញុំាងបរិស័ទនោះ ឲ្យយល់បានសោះ។

[២៦៧] គ្រានោះ មណិចូឡកគាមណី ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះមណិចូឡកគាមណី អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន អន្តរាកថានេះ កើតឡើងដល់ពួកជន ដែលអង្គុយចួបជុំគ្នា នាកណ្តាលរាជបរិស័ទ ខាងក្នុងព្រះរាជវាំងនេះថា មាស និងប្រាក់ គួរដល់ពួកសមណសក្យបុត្តយ៍ ពួកសមណសក្យបុត្តយ៍ ក៏ត្រេកអរចំពោះមាស និងប្រាក់បាន ពួកសមណសក្យបុត្តយ៍ ទទួលនូវមាស និងប្រាក់បាន។ បពិត្រព្រះអង្គដ៏ចំរើន កាលបើគេនិយាយ យ៉ាងនេះ ខ្ញុំព្រះអង្គ ក៏និយាយនឹងបរិស័ទទាំងនោះ ដូច្នេះថា បពិត្រអស់លោកទាំងឡាយ លោកទាំងឡាយ កុំពោលយ៉ាងនេះឡើយ មាសនិងប្រាក់ មិនគួរដល់ពួក សមណសក្យបុត្តិយ៍ទេ ពួកសមណសក្យបុត្តិយ៍ មិនត្រេកអរ ចំពោះមាស និងប្រាក់ទេ ពួកសមណសក្យបុត្តិយ៍ មិនទទួលនូវមាស និងប្រាក់ទេ ពួកសមណសក្យបុត្តិយ៍ លះចោលកែវមណី និងមាសហើយ ប្រាសចាកមាស និងប្រាក់ហើយ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ មិនអាចនឹងញុំាងបរិស័ទនោះ ឲ្យយល់បានសោះ បពិត្រព្រះអង្គដ៏ចំរើន កាលដែលខ្ញុំព្រះអង្គ ដោះស្រាយយ៉ាងនេះ ឈ្មោះថា ពោលត្រូវតាមព្រះបន្ទូលព្រះដ៏មានព្រះភាគផង មិនពោលបង្កាច់ព្រះដ៏មានព្រះភាគ ដោយពាក្យមិនពិតផង ដោះស្រាយនូវធម៌ សមគួរដល់ធម៌ផង លំនាំពាក្យតូចធំណាមួយ ជាពាក្យប្រកបដោយធម៌ មិនដល់នូវហេតុគប្បីតិះដៀលផង បានដែរឬ។

[២៦៨] អើគាមណី អ្នកដោះស្រាយយ៉ាងនេះ ឈ្មោះថា ពោលត្រូវតាមពាក្យតថាគតផង មិនពោលបង្កាច់តថាគត ដោយពាក្យមិនពិតផង ដោះស្រាយនូវធម៌ សមគួរដល់ធម៌ផង លំនាំពាក្យតូចធំណាមួយ ជាពាក្យប្រកបដោយធម៌ មិនដល់នូវហេតុគប្បីតិះដៀលផង។ ម្នាលគាមណី មាស និងប្រាក់ មិនសមគួរ ដល់ពួកសមណសក្យបុត្តិយ៍ទេ ពួកសមណសក្យបុត្តិយ៍ មិនត្រេកអរ ចំពោះមាស និងប្រាក់ទេ ពួកសមណសក្យបុត្តិយ៍ មិនទទួលមាស និងប្រាក់ទេ ពួកសមណសក្យបុត្តិយ៍ លះចោលកែវមណី និងមាសហើយ ប្រាសចាកមាស និងប្រាក់ហើយ។ ម្នាលគាមណី មាស និងប្រាក់ គួរដល់បុគ្គលណា កាមគុណ ៥ ក៏គួរដល់បុគ្គលនោះ កាមគុណ ៥ គួរដល់បុគ្គលណា (មាស និងប្រាក់ ក៏គួរដល់បុគ្គលនោះដែរ) ម្នាលគាមណី អ្នកគប្បីចាំទុក នូវការសម្រេច នៃកាមគុណ ទាំង ៥ នេះ ដោយពិតថា មិនមែនជាធម៌ របស់សមណៈ មិនមែនជាធម៌ របស់សក្យបុត្តិយ៍ទេ។ ម្នាលគាមណី ម្យ៉ាងទៀត តថាគត ពោលយ៉ាងនេះថា បុគ្គល អ្នកត្រូវការដោយស្មៅ គប្បីស្វែងរកស្មៅ បុគ្គល អ្នកត្រូវការដោយឈើ គប្បីស្វែងរកឈើ បុគ្គល អ្នកត្រូវការដោយរទេះ គប្បីស្វែងរករទេះ អ្នកត្រូវការដោយបុរស គប្បីស្វែងរកបុរស។ ម្នាលគាមណី តថាគត មិនដែលពោលថា សមណៈគប្បីត្រេកអរ ចំពោះមាស និងប្រាក់ គប្បីស្វែងរកមាស និងប្រាក់ ដូច្នេះ ដោយបរិយាយណាមួយទេ។

ចប់ សូត្រ ទី១០។

(ភទ្រក)សូត្រ ទី១១

(១១. ភទ្រកសុត្តំ)

[២៦៩] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងឧរុវេលកប្បនិគម របស់ពួកមល្លជន ក្នុងមល្លជនបទ។ គ្រានោះឯង គន្ធភកគាមណី ចូលទៅរកព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះគន្ធភកគាមណី អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន សូមទានព្រះដ៏មានព្រះភាគ សំដែងនូវហេតុឲ្យកើតទុក្ខផង នូវសេចក្តីវិនាសទុក្ខផង ដល់ខ្ញុំព្រះអង្គ។ ម្នាលគាមណី តែតថាគត ប្រារព្ធអតីតកាល ហើយសំដែង នូវហេតុឲ្យកើតទុក្ខ និងសេចក្តីវិនាសទុក្ខថា អតីតកាល តែងមានយ៉ាងនោះ ឲ្យអ្នកស្តាប់ហើយ។ អ្នកគង់មានសេចក្តីសង្ស័យ គង់មានសេចក្តីងឿងឆ្ងល់ ក្នុងអតីតកាលនោះ។ ម្នាលគាមណី តែតថាគត ប្រារព្ធអនាគតកាល ហើយសំដែង នូវហេតុឲ្យកើតទុក្ខ និងសេចក្តីវិនាសទុក្ខថា អនាគតកាល នឹងមាន យ៉ាងនោះ ឲ្យអ្នកស្តាប់ហើយ។ អ្នកគង់មានសេចក្តីសង្ស័យ គង់មានសេចក្តីងឿងឆ្ងល់ ក្នុងអនាគតកាលនោះ ម្នាលគាមណី ប៉ុន្តែតថាគត អង្គុយក្នុងទីនេះឯង សំដែងនូវហេតុឲ្យកើតទុក្ខ និងសេចក្តីវិនាសទុក្ខ ឲ្យអ្នកដែលអង្គុយនៅក្នុងទីនុ៎ះស្តាប់ ចូរអ្នកស្តាប់ធម៌នោះ ធ្វើទុកក្នុងចិត្ត ដោយប្រពៃចុះ តថាគតនឹងសំដែង។ គន្ធភកគាមណី ក៏ទទួលស្តាប់ព្រះពុទ្ធដីកាព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះដ៏មានព្រះភាគ ត្រាស់ដូច្នេះថា ម្នាលគាមណី អ្នកសំគាល់សេចក្តីនោះ ដូចម្តេច សេចក្តីសោក ខ្សឹកខ្សួល ទុក្ខ តូចចិត្ត ចង្អៀតចិត្ត កើតឡើងដល់អ្នក ព្រោះសេចក្តីស្លាប់ក្តី ព្រោះការចាប់ចងក្តី ព្រោះការវិនាសទ្រព្យក្តី ព្រោះការតិះដៀលក្តី នៃពួកមនុស្ស ដែលនៅក្នុងឧរុវេលកប្បនិគម ធ្លាប់មានដល់អ្នកដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន សេចក្តីសោក ខ្សឹកខ្សួល ទុក្ខ តូចចិត្ត ចង្អៀតចិត្ត កើតឡើងដល់ខ្ញុំព្រះអង្គ ព្រោះសេចក្តីស្លាប់ក្តី ព្រោះការចាប់ចងក្តី ព្រោះការវិនាសទ្រព្យក្តី ព្រោះការតិះដៀលក្តី នៃពួកមនុស្ស ដែលនៅក្នុងឧរុវេលកប្បនិគម ធ្លាប់មានដល់ខ្ញុំព្រះអង្គដែរ។ ម្នាលគាមណី ចុះសេចក្តីសោក ខ្សឹកខ្សួល ទុក្ខ តូចចិត្ត ចង្អៀតចិត្ត មិនកើតឡើងដល់អ្នក ព្រោះសេចក្តីស្លាប់ក្តី ព្រោះការចាប់ចងក្តី ព្រោះការវិនាសទ្រព្យក្តី ព្រោះការតិះដៀលក្តី នៃពួកមនុស្ស ដែលនៅក្នុងឧរុវេលកប្បនិគម ធ្លាប់មានដល់អ្នកដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន សេចក្តីសោក ខ្សឹកខ្សួល ទុក្ខ តូចចិត្ត ចង្អៀតចិត្ត មិនកើតឡើង ដល់ខ្ញុំព្រះអង្គ ព្រោះសេចក្តីស្លាប់ក្តី ព្រោះការចាប់ចងក្តី ព្រោះការវិនាសទ្រព្យក្តី ព្រោះការតិះដៀលក្តី នៃពួកមនុស្ស ដែលនៅក្នុងឧរុវេលកប្បនិគម ក៏ធ្លាប់មានដល់ខ្ញុំព្រះអង្គដែរ។ ម្នាលគាមណី ចុះហេតុដូចម្តេច បច្ច័យដូចម្តេច បានជាសេចក្តីសោក ខ្សឹកខ្សួល ទុក្ខ តូចចិត្ត ចង្អៀតចិត្ត កើតឡើងដល់អ្នក ព្រោះសេចក្តីស្លាប់ក្តី ព្រោះការចាប់ចងក្តី ព្រោះការវិនាសទ្រព្យក្តី ព្រោះការតិះដៀលក្តី នៃមនុស្សទាំងឡាយពួកខ្លះ ដែលនៅក្នុងឧរុវេលកប្បនិគម។ ម្នាលគាមណី មួយទៀត ហេតុដូចម្តេច បច្ច័យដូចម្តេច បានជា សេចក្តីសោក ខ្សឹកខ្សួល ទុក្ខ តូចចិត្ត ចង្អៀតចិត្ត មិនកើតឡើងដល់អ្នក ព្រោះសេចក្តីស្លាប់ក្តី ព្រោះការចាប់ចងក្តី ព្រោះការវិនាសទ្រព្យក្តី ព្រោះការតិះដៀលក្តី នៃមនុស្សទាំងឡាយពួកខ្លះ ដែលនៅក្នុងឧរុវេលកប្បនិគម។ បពិត្រព្រះអង្គដ៏ចំរើន សេចក្តីសោក ខ្សឹកខ្សួល ទុក្ខ តូចចិត្ត ចង្អៀតចិត្ត កើតឡើងដល់ខ្ញុំព្រះអង្គ ព្រោះសេចក្តីស្លាប់ក្តី ព្រោះការចាប់ចងក្តី ព្រោះការវិនាសទ្រព្យក្តី ព្រោះការតិះដៀលក្តី នៃពួកមនុស្សឯណា ដែលនៅក្នុងឧរុវេលកប្បនិគម ព្រោះតែខ្ញុំព្រះអង្គ មានឆន្ទរាគ ក្នុងមនុស្សទាំងនោះ។ បពិត្រព្រះអង្គដ៏ចំរើន សេចក្តីសោក ខ្សឹកខ្សួល ទុក្ខ តូចចិត្ត ចង្អៀតចិត្ត មិនកើតឡើងដល់ខ្ញុំព្រះអង្គ ព្រោះសេចក្តីស្លាប់ក្តី ព្រោះការចាប់ចងក្តី ព្រោះការវិនាសទ្រព្យក្តី ព្រោះការតិះដៀលក្តី នៃពួកមនុស្សឯណា ដែលនៅក្នុងឧរុវេលកប្បនិគម ព្រោះតែខ្ញុំព្រះអង្គ មិនមានឆន្ទរាគ ក្នុងមនុស្សទាំងនោះទេ។ ម្នាលគាមណី ត្រូវអ្នកចូលចិត្តតាមធម៌នេះ ដែលអ្នកឃើញហើយ ដឹងហើយ ជាធម៌ឲ្យផល មិនកន្លងកាល ដែលធ្លាក់ចុះមកហើយ មានទាំងក្នុងអតីតកាល និងអនាគតកាល ទុក្ខឯណានីមួយ កើតឡើង ក្នុងអតីតកាល ទុក្ខទាំងអស់នោះ មានឆន្ទៈជាមូល មានឆន្ទៈ ជាហេតុ ព្រោះថា ឆន្ទៈជាមូលនៃទុក្ខ។ ទុក្ខឯណានីមួយ នឹងកើតឡើង ក្នុងអនាគតកាល ទុក្ខទាំងអស់នោះ ក៏មានឆន្ទៈជាមូល មានឆន្ទៈជាហេតុ ព្រោះថា ឆន្ទៈជាមូលនៃទុក្ខ។ អស្ចារ្យណាស់ ព្រះអង្គ ចំឡែកណាស់ ព្រះអង្គ ពាក្យដែលព្រះដ៏មានព្រះភាគ អង្គនោះ សំដែងហើយ ជាពាក្យសុភាសិតដោយពិត ទុក្ខឯណានីមួយ កើតឡើង ក្នុងអតីតកាល ទុក្ខទាំងអស់នោះ មានឆន្ទៈជាមូល មានឆន្ទៈជាហេតុ ព្រោះថា ឆន្ទៈជាមូលនៃទុក្ខ។ ទុក្ខឯណានីមួយ នឹងកើតឡើង ក្នុងអនាគតកាល ទុក្ខទាំងអស់នោះ ក៏មានឆន្ទៈជាមូល មានឆន្ទៈជាហេតុ ព្រោះថា ឆន្ទៈជាមូលនៃទុក្ខ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ មានកុមារម្នាក់ឈ្មោះ ចិរវាសី អាស្រ័យនៅក្នុងលំនៅស្រុកក្រៅ24) បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនោះ ក្រោកឡើងអំពីព្រឹក ប្រើបុរសម្នាក់ថា នែព្រះស្តែង អ្នកចូរដឹងនូវចិរវាសីកុមារចុះ។ បពិត្រព្រះអង្គដ៏ចំរើន បុរសនោះ មិនទាន់មកដរាបណា ខ្ញុំព្រះអង្គ ក៏មានទុក្ខប្លែក ដោយគិតថា សូមកុំឲ្យសេចក្តីទុក្ខនីមួយ បៀតបៀន ដល់ចិរវាសីកុមារ យ៉ាងនេះ ដរាបនោះដែរ។

[២៧០] ព្រះដ៏មានព្រះភាគត្រាស់ថា ម្នាលគាមណី អ្នកសំគាល់សេចក្តីនោះ ដូចម្តេច សេចក្តីសោក ខ្សឹកខ្សួល ទុក្ខ តូចចិត្ត ចង្អៀតចិត្ត កើតឡើង (ដល់អ្នក) ព្រោះសេចក្តីស្លាប់ក្តី ព្រោះការចាប់ចងក្តី ព្រោះការវិនាសទ្រព្យក្តី ព្រោះការតិះដៀលក្តី នៃចិរវាសីកុមារមែនដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន សេចក្តីទុក្ខប្លែក មានដល់ខ្ញុំព្រះអង្គ ព្រោះសេចក្តីស្លាប់ក្តី ព្រោះការចាប់ចងក្តី ព្រោះការវិនាសទ្រព្យក្តី ព្រោះការតិះដៀលក្តី នៃចិរវាសីកុមារ សូម្បីមានជីវិតនៅឡើយ ចុះធ្វើដូចម្តេច ទើបសេចក្តីសោក ខ្សឹកខ្សួល ទុក្ខ តូចចិត្ត ចង្អៀតចិត្ត នឹងមិនកើតឡើង ដល់ខ្ញុំព្រះអង្គ។ ម្នាលគាមណី អ្នកត្រូវដឹងដំណើរនុ៎ះ តាមបរិយាយនេះថា ទុក្ខឯណានីមួយ កើតឡើង ទុក្ខទាំងអស់នោះ មានឆន្ទៈជាមូល មានឆន្ទៈជាហេតុ ព្រោះថា ឆន្ទៈជាមូលនៃទុក្ខ។ ម្នាលគាមណី អ្នកសំគាល់សេចក្តីនោះ ដូចម្តេច កាលដែលអ្នកមិនទាន់បានឃើញ មិនទាន់បានឮមាតារបស់ចិរវាសីកុមារ តើឆន្ទៈក្តី រាគៈក្តី សេចក្តីស្រឡាញ់ក្តី ចំពោះមាតា របស់ចិរវាសីកុមារ មានដល់អ្នកដែរឬ។ មិនដូច្នោះទេ ព្រះអង្គ។ ម្នាលគាមណី អ្នកមានឆន្ទៈក្តី រាគៈក្តី សេចក្តីស្រឡាញ់ក្តី ចំពោះមាតារបស់ចិរវាសីកុមារ ព្រោះតែអ្នកបានឃើញ បានឮយ៉ាងនេះឬ។ ព្រះករុណា ព្រះអង្គ។ ម្នាលគាមណី អ្នកយល់សេចក្តីនោះ ដូចម្តេច សេចក្តីសោក ខ្សឹកខ្សួល ទុក្ខ តូចចិត្ត ចង្អៀតចិត្ត កើតឡើងដល់អ្នក ព្រោះសេចក្តីស្លាប់ក្តី ព្រោះការចាប់ចងក្តី ព្រោះការវិនាសទ្រព្យក្តី ព្រោះការតិះដៀលក្តី នៃមាតារបស់ចិរវាសីកុមារ ដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន សេចក្តីទុក្ខប្លែក មានដល់ខ្ញុំព្រះអង្គ ព្រោះសេចក្តីស្លាប់ក្តី ព្រោះការចាប់ចងក្តី ព្រោះការវិនាសទ្រព្យក្តី ព្រោះការតិះដៀលក្តី នៃមាតារបស់ចិរវាសីកុមារ សូម្បីមានជីវិតនៅឡើយ ចុះធ្វើដូចម្តេច ទើបសេចក្តីសោក ខ្សឹកខ្សួល ទុក្ខ តូចចិត្ត ចង្អៀតចិត្ត នឹងមិនកើតឡើង ដល់ខ្ញុំព្រះអង្គ។ ម្នាលគាមណី អ្នកត្រូវដឹងដំណើរនុ៎ះ ដោយបរិយាយនេះថា ទុក្ខឯណានីមួយកើតឡើង ទុក្ខទាំងអស់នោះ មានឆន្ទៈជាមូល មានឆន្ទៈជាហេតុ ព្រោះថា ឆន្ទៈជាមូលនៃទុក្ខ។

ចប់ សូត្រ ទី១១។

(រាសិយ)សូត្រ ទី១២

(១២. រាសិយសុត្តំ)

[២៧១] គ្រានោះ គាមណីឈ្មោះ រាសិយៈ ចូលទៅរកព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះរាសិយគាមណី អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ បានឮពាក្យដូច្នេះថា ព្រះសមណគោតម តិះដៀល តបវត្តទាំងអស់ ជេរប្រទេច នូវបុគ្គល អ្នកមានតបវត្តទាំងអស់ មានជីវិតសៅហ្មងជានិច្ច។ បពិត្រព្រះអង្គដ៏ចំរើន ពួកជនឯណា និយាយយ៉ាងនេះថា ព្រះសមណគោតម តិះដៀលតបវត្តទាំងអស់ ជេរប្រទេច នូវបុគ្គលអ្នកមានតបវត្តទាំងអស់ មានជីវិតសៅហ្មងជានិច្ច។ បពិត្រព្រះអង្គដ៏ចំរើន ពួកជនទាំងនោះ ឈ្មោះថា ពោលត្រូវតាមព្រះបន្ទូល ដែលព្រះដ៏មានព្រះភាគ ត្រាស់ហើយផង មិនពោលបង្កាច់ព្រះដ៏មានព្រះភាគ ដោយពាក្យមិនពិតផង ពោលនូវធម៌ សមគួរតាមធម៌ផង លំនាំនៃពាក្យតូចធំណាមួយ ជាពាក្យប្រកបដោយធម៌ មិនដល់នូវហេតុគួរតិះដៀលផង បានទេឬ។ ព្រះដ៏មានព្រះភាគត្រាស់ថា ម្នាលគាមណី ពួកជនឯណា និយាយយ៉ាងនេះថា ព្រះសមណគោតម តិះដៀលតបវត្តទាំងអស់ ជេរប្រទេច នូវបុគ្គលអ្នកមានតបវត្តទាំងអស់ មានជីវិតសៅហ្មងជានិច្ច។ ពួកជននោះ ឈ្មោះថា ពោលមិនត្រូវតាមពាក្យតថាគតផង ពោលបង្កាច់តថាគត ដោយពាក្យមិនពិតផង។

[២៧២] ម្នាលគាមណី អន្តធម៌ (ធម៌អមខាង ឬធម៌លាមក) ពីរប្រការនេះ បព្វជិត មិនត្រូវសេពគប់ឡើយ គឺធម៌ ដែលប្រកបខ្លួន ឲ្យជាប់ចំពាក់ដោយកាម ក្នុងកាមទាំងឡាយ ជាធម៌ថោកទាប ជាធម៌របស់អ្នកស្រុក ជាធម៌របស់បុថុជ្ជន មិនមែនជាធម៌របស់អរិយបុគ្គល មិនប្រកបដោយប្រយោជន៍ឡើយ ១ ធម៌ដែលប្រកបសេចក្តីលំបាកដល់ខ្លួន ជាហេតុនាំឲ្យលំបាកកាយទទេ ៗ មិនមែនជារបស់អរិយបុគ្គល មិនប្រកបដោយប្រយោជន៍ឡើយ ១។ ម្នាលគាមណី មជ្ឈិមាបដិបទា មិនទាក់ទងនឹងអន្ត ធម៌ពីរយ៉ាងនុ៎ះឯង ដែលតថាគត បានត្រាស់ដឹងហើយ ជាបដិបទា ធ្វើឲ្យកើតបញ្ញាចក្ខុ ធ្វើឲ្យកើតសេចក្តីដឹងប្រាកដ ប្រព្រឹត្តទៅ ដើម្បីសេចក្តីស្ងប់រម្ងាប់ ដើម្បីសេចក្តីដឹងច្បាស់ ដើម្បីសេចក្តីដឹងដោយត្រឹមត្រូវ ដើម្បីរំលត់ទុក្ខ។ ម្នាលគាមណី ចុះមជ្ឈិមាបដិបទា ដែលតថាគត បានត្រាស់ដឹងហើយ ជាបដិបទា ធ្វើឲ្យកើតបញ្ញាចក្ខុ ធ្វើឲ្យកើតសេចក្តីដឹងប្រាកដ ប្រព្រឹត្តទៅ ដើម្បីសេចក្តីស្ងប់រម្ងាប់ ដើម្បីសេចក្តីដឹងច្បាស់ ដើម្បីសេចក្តីដឹងដោយត្រឹមត្រូវ ដើម្បីរំលត់ទុក្ខ តើដូចម្តេច។ មគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរនេះឯង។ មគ្គប្រកបដោយអង្គ ៨ តើអ្វីខ្លះ។ គឺសម្មាទិដ្ឋិ ១។បេ។ សម្មាសមាធិ ១។ ម្នាលគាមណី នេះឯងហៅថា មជ្ឈិមាបដិបទា ដែលតថាគត បានត្រាស់ដឹងហើយ ជាបដិបទា ធ្វើឲ្យកើតបញ្ញាចក្ខុ ធ្វើឲ្យកើតសេចក្តីដឹងប្រាកដ ប្រព្រឹត្តទៅ ដើម្បីសេចក្តីស្ងប់រម្ងាប់ ដើម្បីសេចក្តីដឹងច្បាស់ ដើម្បីសេចក្តីដឹងដោយត្រឹមត្រូវ ដើម្បីរំលត់ទុក្ខ។

[២៧៣] ម្នាលគាមណី កាមភោគី (បុគ្គលអ្នកបរិភោគកាម) ៣ ពួកនេះ មាននៅក្នុងលោក។ កាមភោគីបុគ្គល ៣ ពួក តើដូចម្តេចខ្លះ។ ម្នាលគាមណី កាមភោគីបុគ្គលពួកខ្លះ ក្នុងលោកនេះ ស្វែងរកភោគសម្ប័ទ ដោយអំពើមិនមែនជាធម៌ ជាអំពើដ៏ក្លាហាន លុះស្វែងរកភោគសម្ប័ទ ដោយអំពើមិនមែនជាធម៌ ជាអំពើដ៏ក្លាហានបានហើយ ក៏មិនធ្វើខ្លួនឲ្យបានសុខ មិនឲ្យឆ្អែតឆ្អន់ ទាំងមិនចែករលែក មិនធ្វើបុណ្យទាំងឡាយសោះ។ ម្នាលគាមណី កាមភោគីបុគ្គលពួកខ្លះ ក្នុងលោកនេះ ស្វែងរកភោគសម្ប័ទ ដោយអំពើមិនមែនជាធម៌ ជាអំពើដ៏ក្លាហាន លុះស្វែងរកភោគសម្ប័ទ ដោយអំពើមិនមែនជាធម៌ ជាអំពើដ៏ក្លាហានបានហើយ ក៏ធ្វើខ្លួនឲ្យបានសុខ ឲ្យឆ្អែតឆ្អន់ ប៉ុន្តែមិនចែករលែក មិនធ្វើបុណ្យទាំងឡាយសោះ។ ម្នាលគាមណី កាមភោគីបុគ្គលពួកខ្លះ ក្នុងលោកនេះ ស្វែងរកភោគសម្ប័ទ ដោយអំពើមិនមែនជាធម៌ ជាអំពើដ៏ក្លាហាន លុះស្វែងរកភោគសម្ប័ទ ដោយអំពើមិនមែនជាធម៌ ជាអំពើដ៏ក្លាហានបានហើយ ក៏ធ្វើខ្លួនឲ្យបានសុខ ឲ្យឆ្អែតឆ្អន់ ទាំងចែករលែក ធ្វើបុណ្យទាំងឡាយផង។

[២៧៤] ម្នាលគាមណី កាមភោគីបុគ្គលពួកខ្លះ ក្នុងលោកនេះ ស្វែងរកភោគសម្ប័ទ ដោយអំពើជាធម៌ខ្លះ មិនមែនជាធម៌ខ្លះ ជាអំពើដ៏ក្លាហាន និងមិនក្លាហាន លុះស្វែងរកភោគសម្ប័ទ ដោយអំពើជាធម៌ខ្លះ មិនមែនជាធម៌ខ្លះ ជាអំពើដ៏ក្លាហាន និងមិនក្លាហានបានហើយ ក៏មិនធ្វើខ្លួនឲ្យសុខ មិនឲ្យឆ្អែតឆ្អន់ ទាំងមិនចែករលែក មិនធ្វើបុណ្យទាំងឡាយសោះ។ ម្នាលគាមណី កាមភោគីបុគ្គលពួកខ្លះ ក្នុងលោកនេះ ស្វែងរកភោគសម្ប័ទ ដោយអំពើជាធម៌ខ្លះ មិនមែនជាធម៌ខ្លះ ជាអំពើដ៏ក្លាហាន និងមិនក្លាហាន លុះស្វែងរកភោគសម្ប័ទ ដោយអំពើជាធម៌ខ្លះ មិនមែនជាធម៌ខ្លះ ជាអំពើដ៏ក្លាហាន និងមិនក្លាហានបានហើយ ក៏ធ្វើខ្លួនឲ្យបានសុខ ឲ្យឆ្អែតឆ្អន់ ប៉ុន្តែមិនចែករលែក មិនធ្វើបុណ្យទាំងឡាយសោះ។ ម្នាលគាមណី កាមភោគីបុគ្គលពួកខ្លះ ក្នុងលោកនេះ ស្វែងរកភោគសម្ប័ទ ដោយអំពើជាធម៌ខ្លះ មិនមែនជាធម៌ខ្លះ ជាអំពើដ៏ក្លាហាន និងមិនក្លាហាន លុះស្វែងរកភោគសម្ប័ទ ដោយអំពើជាធម៌ខ្លះ មិនមែនជាធម៌ខ្លះ ជាអំពើដ៏ក្លាហាន និងមិនក្លាហានបានហើយ ក៏ធ្វើខ្លួនឲ្យបានសុខ ឲ្យឆ្អែតឆ្អន់ ទាំងចែករលែក ធ្វើបុណ្យទាំងឡាយផង។

[២៧៥] ម្នាលគាមណី កាមភោគីបុគ្គលពួកខ្លះ ក្នុងលោកនេះ ស្វែងរកភោគសម្ប័ទ ដោយអំពើជាធម៌ មិនជាអំពើដ៏ក្លាហាន លុះស្វែងរកភោគសម្ប័ទ ដោយអំពើជាធម៌ មិនជាអំពើដ៏ក្លាហានបានហើយ ក៏មិនធ្វើខ្លួនឲ្យបានសុខ មិនឲ្យឆ្អែតឆ្អន់ ទាំងមិនចែករលែក មិនធ្វើបុណ្យទាំងឡាយសោះ។ ម្នាលគាមណី កាមភោគីបុគ្គលពួកខ្លះ ក្នុងលោកនេះ ស្វែងរកភោគសម្ប័ទ ដោយអំពើជាធម៌ មិនជាអំពើដ៏ក្លាហាន លុះស្វែងរកភោគសម្ប័ទ ដោយអំពើជាធម៌ មិនជាអំពើដ៏ក្លាហានបានហើយ ក៏ធ្វើខ្លួនឲ្យបានសុខ ឲ្យឆ្អែតឆ្អន់ ប៉ុន្តែមិនចែករលែក មិនធ្វើបុណ្យទាំងឡាយសោះ។ ម្នាលគាមណី កាមភោគីបុគ្គលពួកខ្លះ ក្នុងលោកនេះ ស្វែងរកភោគសម្ប័ទ ដោយអំពើជាធម៌ មិនជាអំពើដ៏ក្លាហាន លុះស្វែងរកភោគសម្ប័ទ ដោយអំពើជាធម៌ មិនជាអំពើដ៏ក្លាហានបានហើយ ក៏ធ្វើខ្លួនឲ្យបានសុខ ឲ្យឆ្អែតឆ្អន់ ទាំងចែករលែក ធ្វើបុណ្យទាំងឡាយទៀត តែប្រើប្រាស់ភោគសម្ប័ទទាំងនោះ ងប់ ជ្រុលជ្រប់ ផ្តេកផ្តួល មិនឃើញទោស មិនមានបញ្ញា ជាគ្រឿងរលាស់ខ្លួនចេញសោះ។ ម្នាលគាមណី កាមភោគីបុគ្គលពួកខ្លះ ក្នុងលោកនេះ ស្វែងរកភោគសម្ប័ទ ដោយអំពើជាធម៌ មិនជាអំពើដ៏ក្លាហាន លុះស្វែងរកភោគសម្ប័ទ ដោយអំពើជាធម៌ មិនជាអំពើដ៏ក្លាហានបានហើយ ក៏ធ្វើខ្លួនឲ្យបានសុខ ឲ្យឆ្អែតឆ្អន់ ទាំងចែករលែក ធ្វើបុណ្យទាំងឡាយទៀត ទាំងប្រើប្រាស់ភោគសម្ប័ទទាំងនោះ មិនងប់ មិនជ្រុលជ្រប់ មិនផ្តេកផ្តួល ជាអ្នកឃើញទោស មានបញ្ញាជាគ្រឿងរលាស់ខ្លួនចេញ។

[២៧៦] ម្នាលគាមណី បណ្តាកាមភោគីបុគ្គលទាំងនោះ កាមភោគីបុគ្គលឯណា ស្វែងរកភោគសម្ប័ទ ដោយអំពើមិនមែនជាធម៌ ជាអំពើដ៏ក្លាហាន លុះស្វែងរកភោគសម្ប័ទ ដោយអំពើមិនមែនជាធម៌ ជាអំពើដ៏ក្លាហានបានហើយ ក៏មិនធ្វើខ្លួនឲ្យបានសុខ មិនឲ្យឆ្អែតឆ្អន់ ទាំងមិនចែករលែក មិនធ្វើបុណ្យទាំងឡាយសោះ។ ម្នាលគាមណី កាមភោគីបុគ្គលនេះឯង ដែលបណ្ឌិត គួរតិះដៀល ដោយហេតុ ៣ យ៉ាង។ គួរតិះដៀល ដោយហេតុ ៣ យ៉ាង តើដូចម្តេចខ្លះ។ គួរតិះដៀល ដោយហេតុទី ១ ដូច្នេះថា កាមភោគីបុគ្គល ស្វែងរកភោគសម្ប័ទ ដោយអំពើមិនមែនជាធម៌ ជាអំពើដ៏ក្លាហាន។ គួរតិះដៀល ដោយហេតុទី ២ ដូច្នេះថា កាមភោគីបុគ្គល មិនធ្វើខ្លួនឲ្យបានសុខ មិនឲ្យឆ្អែតឆ្អន់។ គួរតិះដៀល ដោយហេតុទី ៣ ដូច្នេះថា កាមភោគីបុគ្គល មិនចែករលែក មិនធ្វើបុណ្យទាំងឡាយ។ ម្នាលគាមណី កាមភោគីបុគ្គលនេះ ដែលបណ្ឌិត គួរតិះដៀល ដោយហេតុទាំង ៣ ប្រការនេះឯង។

[២៧៧] ម្នាលគាមណី បណ្តាកាមភោគីបុគ្គលទាំងនោះ កាមភោគីបុគ្គលឯណា ស្វែងរកភោគសម្ប័ទ ដោយអំពើមិនមែនជាធម៌ ជាអំពើដ៏ក្លាហាន លុះស្វែងរកភោគសម្ប័ទ ដោយអំពើមិនមែនជាធម៌ ជាអំពើដ៏ក្លាហានបានហើយ ក៏ធ្វើខ្លួនឲ្យបានសុខ ឲ្យឆ្អែតឆ្អន់ ប៉ុន្តែមិនចែករលែក មិនធ្វើបុណ្យទាំងឡាយសោះ។ ម្នាលគាមណី កាមភោគីបុគ្គលនេះឯង គួរតិះដៀល ដោយហេតុ ២ ប្រការ គួរសរសើរដោយហេតុ ១ ប្រការ។ គួរតិះដៀល ដោយហេតុ ២ ប្រការ តើដូចម្តេច។ គួរតិះដៀល ដោយហេតុទី ១ ដូច្នេះថា កាមភោគីបុគ្គលនោះ ស្វែងរកភោគសម្ប័ទ ដោយអំពើមិនមែនជាធម៌ ជាអំពើដ៏ក្លាហាន។ គួរតិះដៀល ដោយហេតុទី ២ ដូច្នេះថា កាមភោគីបុគ្គលនោះ មិនចែករលែក មិនធ្វើបុណ្យទាំងឡាយ។ គួរសរសើរដោយហេតុ ១ ប្រការ តើដូចម្តេច។ គួរសរសើរ ដោយហេតុ ១ ប្រការដូច្នេះថា កាមភោគីបុគ្គលនោះ ធ្វើខ្លួនឲ្យបានសុខ ឲ្យឆ្អែតឆ្អន់។ ម្នាលគាមណី កាមភោគីបុគ្គលនេះ ដែលបណ្ឌិត គួរតិះដៀល ដោយហេតុទាំង ២ ប្រការនេះ គួរសរសើរ ដោយហេតុ ១ ប្រការនេះឯង។

[២៧៨] ម្នាលគាមណី បណ្តាកាមភោគីបុគ្គលទាំងនោះ កាមភោគីបុគ្គលឯណា ស្វែងរកភោគសម្ប័ទ ដោយអំពើមិនមែនជាធម៌ ជាអំពើដ៏ក្លាហាន លុះស្វែងរកភោគសម្ប័ទ ដោយអំពើមិនមែនជាធម៌ ជាអំពើដ៏ក្លាហានបានហើយ ក៏ធ្វើខ្លួនឲ្យបាន សុខ ឲ្យឆ្អែតឆ្អន់ ទាំងចែករលែក ធ្វើបុណ្យទាំងឡាយផង។ ម្នាលគាមណី កាមភោគីបុគ្គលនេះ គួរតិះដៀល ដោយហេតុ ១ ប្រការ គួរសរសើរ ដោយហេតុ ២ ប្រការ។ គួរតិះដៀល ដោយហេតុ ១ ប្រការ តើដូចម្តេច។ គួរតិះដៀល ដោយហេតុ ១ ប្រការដូច្នេះថា កាមភោគីបុគ្គលនោះ ស្វែងរកភោគសម្ប័ទ ដោយអំពើមិនមែនជាធម៌ ជាអំពើដ៏ក្លាហាន។ គួរសរសើរ ដោយហេតុ ២ ប្រការ តើដូចម្តេច។ គួរសរសើរ ដោយហេតុទី ១ ដូច្នេះថា កាមភោគីបុគ្គលនោះ ធ្វើខ្លួនឲ្យបានសុខ ឲ្យឆ្អែតឆ្អន់។ គួរសរសើរ ដោយហេតុទី ២ ដូច្នេះថា កាមភោគីបុគ្គលនោះ ចែករលែក ធ្វើបុណ្យទាំងឡាយ។ ម្នាលគាមណី កាមភោគីបុគ្គលនេះ ដែលបណ្ឌិត គួរតិះដៀល ដោយហេតុ ១ ប្រការនេះ គួរសរសើរ ដោយហេតុ ២ ប្រការនេះឯង។

[២៧៩] ម្នាលគាមណី បណ្តាកាមភោគីបុគ្គលទាំងនោះ កាមភោគីបុគ្គលឯណា ស្វែងរកភោគសម្ប័ទ ដោយអំពើជាធម៌ខ្លះ មិនមែនជាធម៌ខ្លះ ជាអំពើដ៏ក្លាហាន និងមិនក្លាហាន លុះស្វែងរកភោគសម្ប័ទ ដោយអំពើជាធម៌ខ្លះ មិនមែនជាធម៌ខ្លះ ជាអំពើដ៏ក្លាហាន និងមិនក្លាហានបានហើយ ក៏មិនធ្វើខ្លួនឲ្យបានសុខ មិនឲ្យឆ្អែតឆ្អន់ ទាំងមិនចែករលែក មិនធ្វើបុណ្យទាំងឡាយសោះ។ ម្នាលគាមណី កាមភោគីបុគ្គលនេះ គួរសរសើរ ដោយហេតុ ១ ប្រការ គួរតិះដៀល ដោយហេតុ ៣ ប្រការ។ គួរសរសើរ ដោយហេតុ ១ ប្រការ តើដូចម្តេច។ គួរសរសើរដោយហេតុ ១ ប្រការ ដូច្នេះថា កាមភោគីបុគ្គលនោះ ស្វែងរកភោគសម្ប័ទដោយធម៌ មិនជាអំពើដ៏ក្លាហាន។ គួរតិះដៀល ដោយហេតុ ៣ ប្រការ តើដូចម្តេច។ គួរតិះដៀល ដោយហេតុទី ១ ដូច្នេះថា កាមភោគីបុគ្គលនោះ ស្វែងរកភោគសម្ប័ទ ដោយអំពើមិនមែនជាធម៌ ជាអំពើដ៏ក្លាហាន។ គួរតិះដៀល ដោយហេតុទី ២ ដូច្នេះថា កាមភោគីបុគ្គលនោះ មិនធ្វើខ្លួនឲ្យបានសុខ មិនឲ្យឆ្អែតឆ្អន់។ គួរតិះដៀល ដោយហេតុទី ៣ ដូច្នេះថា កាមភោគីបុគ្គលនោះ មិនចែករលែក មិនធ្វើបុណ្យទាំងឡាយ។ ម្នាលគាមណី កាមភោគីបុគ្គលនេះ គួរសរសើរ ដោយហេតុ ១ ប្រការនេះ គួរតិះដៀល ដោយហេតុ ៣ ប្រការនេះឯង។

[២៨០] ម្នាលគាមណី បណ្តាកាមភោគីបុគ្គលទាំងនោះ កាមភោគីបុគ្គលឯណា ស្វែងរកភោគសម្ប័ទ ដោយអំពើជាធម៌ខ្លះ មិនមែនជាធម៌ខ្លះ ជាអំពើដ៏ក្លាហាន និងមិនក្លាហាន លុះស្វែងរកភោគសម្ប័ទ ដោយអំពើជាធម៌ខ្លះ មិនមែនជាធម៌ខ្លះ ជាអំពើដ៏ក្លាហាន និងមិនក្លាហានបានហើយ ក៏ធ្វើខ្លួនឲ្យបានសុខ ឲ្យឆ្អែតឆ្អន់ ប៉ុន្តែមិនចែករលែក មិនធ្វើបុណ្យទាំងឡាយសោះ។ ម្នាលគាមណី កាមភោគីបុគ្គលនេះ គួរសរសើរ ដោយហេតុ ២ ប្រការ គួរតិះដៀល ដោយហេតុ ២ ប្រការ។ គួរសរសើរ ដោយហេតុ ២ ប្រការ តើដូចម្តេច។ គួរសរសើរ ដោយហេតុទី ១ ដូច្នេះថា កាមភោគីបុគ្គលនោះ ស្វែងរកភោគសម្ប័ទ ដោយអំពើជាធម៌ មិនជាអំពើដ៏ក្លាហាន។ គួរសរសើរ ដោយហេតុទី ២ ដូច្នេះថា កាមភោគីបុគ្គលនោះ ធ្វើខ្លួនឲ្យបានសុខ ឲ្យឆ្អែតឆ្អន់។ គួរតិះដៀល ដោយហេតុ ២ ប្រការ តើដូចម្តេច។ គួរតិះដៀល ដោយហេតុទី ១ ដូច្នេះថា កាមភោគីបុគ្គលនោះ ស្វែងរកភោគសម្ប័ទ ដោយអំពើមិនមែនជាធម៌ ជាអំពើដ៏ក្លាហាន។ គួរតិះដៀល ដោយហេតុទី ២ ដូច្នេះថា កាមភោគីបុគ្គលនោះ មិនចែករលែក មិនធ្វើបុណ្យទាំងឡាយ។ ម្នាលគាមណី កាមភោគីបុគ្គលនេះ គួរសរសើរ ដោយហេតុ ២ ប្រការនេះ គួរតិះដៀល ដោយហេតុ ២ ប្រការនេះឯង។

[២៨១] ម្នាលគាមណី បណ្តាកាមភោគីបុគ្គលទាំងនោះ កាមភោគីបុគ្គលឯណា ស្វែងរកភោគសម្ប័ទ ដោយអំពើជាធម៌ខ្លះ មិនមែនជាធម៌ខ្លះ ជាអំពើដ៏ក្លាហាននិងមិនក្លាហាន លុះស្វែងរកភោគសម្ប័ទ ដោយអំពើជាធម៌ខ្លះ មិនមែនជាធម៌ខ្លះ ជាអំពើដ៏ក្លាហាន និងមិនក្លាហានបានហើយ ក៏ធ្វើខ្លួនឲ្យបានសុខ ឲ្យឆ្អែតឆ្អន់ ទាំងចែករលែក ធ្វើបុណ្យទាំងឡាយទៀត។ ម្នាលគាមណី កាមភោគីបុគ្គលនេះ គួរសរសើរ ដោយហេតុ ៣ ប្រការ គួរតិះដៀល ដោយហេតុ ១ ប្រការ។ គួរសរសើរ ដោយហេតុ ៣ ប្រការ តើដូចម្តេច។ គួរសរសើរ ដោយហេតុទី ១ ដូច្នេះថា កាមភោគីបុគ្គលនោះ ស្វែងរកភោគសម្ប័ទ ដោយអំពើជាធម៌ ជាអំពើមិនក្លាហាន។ គួរសរសើរ ដោយហេតុ ទី ២ ដូច្នេះថា កាមភោគីបុគ្គលនោះ ធ្វើខ្លួនឲ្យបានសុខ ឲ្យឆ្អែតឆ្អន់។ គួរសរសើរ ដោយហេតុទី ៣ ដូច្នេះថា កាមភោគីបុគ្គលនោះ ចែករលែក ធ្វើបុណ្យទាំងឡាយ។ គួរតិះដៀល ដោយហេតុ ១ ប្រការ តើដូចម្តេច។ គួរតិះដៀល ដោយហេតុ ១ ប្រការដូច្នេះថា កាមភោគីបុគ្គលនោះ ស្វែងរកភោគសម្ប័ទ ដោយអំពើមិនមែនជាធម៌ ជាអំពើដ៏ក្លាហាន។ ម្នាលគាមណី កាមភោគីបុគ្គលនេះឯង គួរសរសើរ ដោយហេតុ ៣ ប្រការនេះ គួរតិះដៀល ដោយហេតុ ១ ប្រការនេះឯង។

[២៨២] ម្នាលគាមណី បណ្តាកាមភោគីបុគ្គលទាំងនោះ កាមភោគីបុគ្គលឯណា ស្វែងរកភោគសម្ប័ទ ដោយអំពើជាធម៌ មិនជាអំពើដ៏ក្លាហាន លុះស្វែងរកភោគសម្ប័ទ ដោយអំពើជាធម៌ មិនជាអំពើដ៏ក្លាហានបានហើយ ក៏មិនធ្វើខ្លួនឲ្យបានសុខ មិនឲ្យឆ្អែតឆ្អន់ ទាំងមិនចែករលែក មិនធ្វើបុណ្យទាំងឡាយសោះ។ ម្នាលគាមណី កាមភោគីបុគ្គលនេះ គួរសរសើរ ដោយហេតុ ១ ប្រការ គួរតិះដៀល ដោយហេតុ ២ ប្រការ។ គួរសរសើរ ដោយហេតុ ១ ប្រការ តើដូចម្តេច។ គួរសរសើរដោយហេតុ ១ ប្រការដូច្នេះថា កាមភោគីបុគ្គលនោះ ស្វែងរកភោគសម្ប័ទ ដោយអំពើជាធម៌ មិនជាអំពើដ៏ក្លាហាន។ គួរតិះដៀល ដោយហេតុ ២ ប្រការ តើដូចម្តេច។ គួរតិះដៀល ដោយហេតុទី ១ ដូច្នេះថា កាមភោគីបុគ្គលនោះ មិនធ្វើខ្លួនឲ្យបានសុខ មិនឲ្យឆ្អែតឆ្អន់។ គួរតិះដៀល ដោយហេតុទី ២ ដូច្នេះថា កាមភោគីបុគ្គលនោះ មិនចែករលែក មិនធ្វើបុណ្យទាំងឡាយ។ ម្នាលគាមណី កាមភោគីបុគ្គលនេះ គួរសរសើរ ដោយហេតុ ១ ប្រការនេះ គួរតិះដៀល ដោយហេតុ ២ ប្រការនេះឯង។

[២៨៣] ម្នាលគាមណី បណ្តាកាមភោគីបុគ្គលទាំងនោះ កាមភោគីបុគ្គលឯណា ស្វែងរកភោគសម្ប័ទ ដោយអំពើជាធម៌ មិនជាអំពើដ៏ក្លាហាន លុះស្វែងរកភោគសម្ប័ទដោយអំពើជាធម៌ មិនជាអំពើដ៏ក្លាហានបានហើយ ក៏ធ្វើខ្លួនឲ្យបានសុខ ឲ្យឆ្អែតឆ្អន់ ប៉ុន្តែមិនចែករលែក មិនធ្វើបុណ្យទាំងឡាយសោះ។ ម្នាលគាមណី កាមភោគីបុគ្គលនេះឯង គួរសរសើរ ដោយហេតុ ២ ប្រការ គួរតិះដៀល ដោយហេតុ ១ ប្រការ។ គួរសរសើរ ដោយហេតុ ២ ប្រការ តើដូចម្តេច។ គួរសរសើរ ដោយហេតុទី ១ ដូច្នេះថា កាមភោគីបុគ្គលនោះ ស្វែងរកភោគសម្ប័ទ ដោយអំពើជាធម៌ មិនជាអំពើដ៏ក្លាហាន។ គួរសរសើរ ដោយហេតុទី ២ ដូច្នេះថា កាមភោគីបុគ្គលនោះ ធ្វើខ្លួនឲ្យបានសុខ ឲ្យឆ្អែតឆ្អន់។ គួរតិះដៀល ដោយហេតុ ១ ប្រការ តើដូចម្តេច។ គួរតិះដៀល ដោយហេតុ១ ប្រការ ដូច្នេះថា កាមភោគីបុគ្គលនោះ មិនចែករលែក មិនធ្វើបុណ្យទាំងឡាយ។ ម្នាលគាមណី កាមភោគីបុគ្គលនេះ គួរសរសើរ ដោយហេតុ ២ ប្រការនេះ គួរតិះដៀល ដោយហេតុ ១ ប្រការនេះឯង។

[២៨៤] ម្នាលគាមណី បណ្តាកាមភោគីបុគ្គលទាំងនោះ កាមភោគីបុគ្គលឯណា ស្វែងរកភោគសម្ប័ទ ដោយអំពើជាធម៌ មិនជាអំពើដ៏ក្លាហាន លុះស្វែងរកភោគសម្ប័ទដោយអំពើជាធម៌ មិនជាអំពើដ៏ក្លាហានបានហើយ ក៏ធ្វើខ្លួនឲ្យបានសុខ ឲ្យឆ្អែតឆ្អន់ ទាំងចែករលែក ធ្វើបុណ្យទាំងឡាយ ប៉ុន្តែប្រើប្រាស់ភោគសម្ប័ទទាំងនោះ ងប់ ជ្រុលជ្រប់ ផ្តេកផ្តួល មិនឃើញទោស មិនមានប្រាជ្ញាជាគ្រឿងរលាស់ចេញសោះ។ ម្នាលគាមណី កាមភោគីបុគ្គលនេះ គួរសរសើរ ដោយហេតុ ៣ ប្រការ គួរតិះដៀល ដោយហេតុ ១ ប្រការ។ គួរសរសើរ ដោយហេតុ ៣ ប្រការ តើដូចម្តេច។ គួរសរសើរ ដោយហេតុទី ១ ដូច្នេះថា កាមភោគីបុគ្គលនោះ ស្វែងរកភោគសម្ប័ទ ដោយអំពើជាធម៌ មិនជាអំពើដ៏ក្លាហាន។ គួរសរសើរ ដោយហេតុទី ២ ដូច្នេះថា កាមភោគីបុគ្គលនោះ ធ្វើខ្លួនឲ្យបានសុខ ឲ្យឆ្អែតឆ្អន់។ គួរសរសើរ ដោយហេតុទី ៣ ដូច្នេះថា កាមភោគីបុគ្គលនោះ ចែករលែក ធ្វើបុណ្យទាំងឡាយ។ គួរតិះដៀល ដោយហេតុ ១ ប្រការ តើដូចម្តេច។ គួរតិះដៀល ដោយហេតុ ១ ប្រការ ដូច្នេះថា កាមភោគីបុគ្គលនោះប្រើប្រាស់ភោគសម្ប័ទទាំងនោះ ងប់ ជ្រុលជ្រប់ ផ្តេកផ្តួល មិនឃើញទោស មិនមានប្រាជ្ញា ជាគ្រឿងរលាស់ខ្លួនចេញសោះ។ ម្នាលគាមណី កាមភោគីបុគ្គលនេះ គួរសរសើរ ដោយហេតុ ៣ ប្រការនេះ គួរតិះដៀល ដោយហេតុ ១ ប្រការនេះឯង។

[២៨៥] ម្នាលគាមណី បណ្តាកាមភោគីបុគ្គលទាំងនោះ កាមភោគីបុគ្គលឯណា ស្វែងរកភោគសម្ប័ទ ដោយអំពើជាធម៌ មិនជាអំពើដ៏ក្លាហាន លុះស្វែងរកភោគសម្ប័ទ ដោយអំពើជាធម៌ មិនជាអំពើដ៏ក្លាហានបានហើយ ក៏ធ្វើខ្លួនឲ្យបានសុខ ឲ្យឆ្អែតឆ្អន់ ទាំងចែករលែក ធ្វើបុណ្យទាំងឡាយ ទាំងប្រើប្រាស់ភោគសម្ប័ទទាំងនោះ មិនងប់ មិនជ្រុលជ្រប់ មិនផ្តេកផ្តួល ជាអ្នកឃើញទោស មានប្រាជ្ញា ជាគ្រឿងរលាស់ខ្លួនចេញ។ ម្នាលគាមណី កាមភោគីបុគ្គលនេះ គួរសរសើរ ដោយហេតុ ៤ ប្រការ។ គួរសរសើរ ដោយហេតុ ៤ ប្រការ តើដូចម្តេច។ គួរសរសើរ ដោយហេតុទី ១ ដូច្នេះថា កាមភោគីបុគ្គលនោះ ស្វែងរកភោគសម្ប័ទ ដោយអំពើជាធម៌ មិនជាអំពើដ៏ក្លាហាន។ គួរសរសើរ ដោយហេតុទី ២ ដូច្នេះថា កាមភោគីបុគ្គលនោះ ធ្វើខ្លួនឲ្យបានសុខ ឲ្យឆ្អែតឆ្អន់។ គួរសរសើរ ដោយហេតុទី ៣ ដូច្នេះថា កាមភោគីបុគ្គលនោះ ចែករលែក ធ្វើបុណ្យទាំងឡាយ។ គួរសរសើរ ដោយហេតុទី ៤ ដូច្នេះថា កាមភោគីបុគ្គលនោះ ប្រើប្រាស់ភោគសម្ប័ទទាំងនោះ មិនងប់ មិនជ្រុលជ្រប់ មិនផ្តេកផ្តួល ជាអ្នកឃើញទោស មានប្រាជ្ញា ជាគ្រឿងរលាស់ខ្លួនចេញ។ ម្នាលគាមណី កាមភោគីបុគ្គលនេះ គួរសរសើរ ដោយហេតុ ៤ ប្រការនេះឯង។

[២៨៦] ម្នាលគាមណី បុគ្គលអ្នកមានតបៈ មានការចិញ្ចឹមជីវិតដ៏សៅហ្មង ៣ ពួកនេះ មាននៅក្នុងលោក។ បុគ្គល ៣ ពួក តើដូចម្តេច។ ម្នាលគាមណី បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកមានតបៈ មានការចិញ្ចឹមជីវិតដ៏សៅហ្មង មានសទ្ធា ចេញចាកផ្ទះ ទៅបួសដោយគិតថា ធ្វើម្តេចហ្ន៎ អាត្មាអញ គប្បីបានសម្រេច នូវកុសលធម៌ ធ្វើម្តេចហ្ន៎ អាត្មាអញ គប្បីធ្វើឲ្យជាក់ច្បាស់ នូវឧត្តរិមនុស្សធម៌ ជាធម៌ដ៏វិសេស ដែលគួរឃើញដោយញាណដ៏ប្រសើរ។ បុគ្គលនោះ ធ្វើខ្លួនឲ្យក្តៅក្រហាយ ឲ្យខ្លោចផ្សាផង មិនបានសម្រេច នូវកុសលធម៌ផង មិនធ្វើឲ្យជាក់ច្បាស់ នូវឧត្តរិមនុស្សធម៌ផង ជាធម៌ដ៏វិសេស ដែលគួរឃើញ ដោយញាណដ៏ប្រសើរផង។ ម្នាលគាមណី បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកមានតបៈ មានការចិញ្ចឹមជីវិតដ៏សៅហ្មង មានសទ្ធា ចេញចាកផ្ទះទៅបួសដោយគិតថា ធ្វើម្តេចហ្ន៎ អាត្មាអញ គប្បីបានសម្រេច នូវកុសលធម៌ ធ្វើម្តេចហ្ន៎ អាត្មាអញ គប្បីធ្វើឲ្យជាក់ច្បាស់ នូវឧត្តរិមនុស្សធម៌ ជាធម៌ដ៏វិសេស ដែលគួរឃើញដោយញាណដ៏ប្រសើរ។ បុគ្គលនោះ ធ្វើខ្លួនឲ្យក្តៅក្រហាយ ឲ្យខ្លោចផ្សា ក៏បានសម្រេចនូវកុសលធម៌នោះឯង តែមិនធ្វើឲ្យជាក់ច្បាស់ នូវឧត្តរិមនុស្សធម៌ ជាធម៌ដ៏វិសេស ដែលគួរឃើញ ដោយញាណដ៏ប្រសើរឡើយ។ ម្នាលគាមណី បុគ្គលពួកមួយ ក្នុងលោកនេះ មានតបៈ មានការចិញ្ចឹមជីវិតដ៏សៅហ្មង មានសទ្ធា ចេញចាកផ្ទះ ទៅបួសដោយគិតថា ធ្វើម្តេចហ្ន៎ អាត្មាអញ គប្បីបានសម្រេច នូវកុសលធម៌ ធ្វើម្តេចហ្ន៎ អាត្មាអញ គប្បីធ្វើឲ្យជាក់ច្បាស់ នូវឧត្តរិមនុស្សធម៌ ជាធម៌ដ៏វិសេស ដែលគួរឃើញដោយញាណដ៏ប្រសើរ។ បុគ្គលនោះ ធ្វើខ្លួនឲ្យក្តៅក្រហាយ ឲ្យខ្លោចផ្សា ក៏បានសម្រេច នូវកុសលធម៌ផង ធ្វើឲ្យជាក់ច្បាស់ នូវឧត្តរិមនុស្សធម៌ ជាធម៌ដ៏វិសេស ដែលគួរឃើញ ដោយញាណដ៏ប្រសើរផង។

[២៨៧] ម្នាលគាមណី បណ្តាបុគ្គលទាំងនោះ បុគ្គលអ្នកមានតបៈ មានការចិញ្ចឹមជីវិតដ៏សៅហ្មងឯណា ធ្វើខ្លួនឲ្យក្តៅក្រហាយ ឲ្យខ្លោចផ្សាផង មិនបានសម្រេចនូវកុសលធម៌ មិនធ្វើឲ្យជាក់ច្បាស់ នូវឧត្តរិមនុស្សធម៌ ជាធម៌ដ៏វិសេស ដែលគួរឃើញដោយញាណដ៏ប្រសើរផង។ ម្នាលគាមណី បុគ្គលអ្នកមានតបៈ មានការចិញ្ចឹមជីវិតដ៏សៅហ្មងនេះ គួរតិះដៀល ដោយហេតុ ៣ ប្រការ។ គួរតិះដៀល ដោយហេតុ ៣ ប្រការ តើដូចម្តេច។ គួរតិះដៀល ដោយហេតុទី ១ ដូច្នេះថា បុគ្គលនោះ ធ្វើខ្លួនឲ្យក្តៅក្រហាយ ឲ្យខ្លោចផ្សា។ គួរតិះដៀល ដោយហេតុទី ២ ដូច្នេះថា បុគ្គលនោះ មិនបានសម្រេច នូវកុសលធម៌។ គួរតិះដៀល ដោយហេតុទី ៣ ដូច្នេះថា បុគ្គលនោះ មិនធ្វើឲ្យជាក់ច្បាស់ នូវឧត្តរិមនុស្សធម៌ ជាធម៌ដ៏វិសេស ដែលគួរឃើញ ដោយញាណដ៏ប្រសើរ។ ម្នាលគាមណី បុគ្គលអ្នកមានតបៈ មានការចិញ្ចឹមជីវិត ដ៏សៅហ្មងនេះ គួរតិះដៀល ដោយហេតុ ៣ ប្រការនេះឯង។

[២៨៨] ម្នាលគាមណី បណ្តាបុគ្គលទាំងនោះ បុគ្គលអ្នកមានតបៈ មានការចិញ្ចឹមជីវិត ដ៏សៅហ្មងឯណា ធ្វើខ្លួនឲ្យក្តៅក្រហាយ ឲ្យខ្លោចផ្សា ក៏បានសម្រេច នូវកុសលធម៌ តែមិនធ្វើឲ្យជាក់ច្បាស់ នូវឧត្តរិមនុស្សធម៌ ជាធម៌ដ៏វិសេស ដែលគួរឃើញ ដោយញាណដ៏ប្រសើរ។ ម្នាលគាមណី បុគ្គលអ្នកមានតបៈ មានការចិញ្ចឹមជីវិត ដ៏សៅហ្មងនេះ គួរតិះដៀល ដោយហេតុ ២ ប្រការ គួរសរសើរ ដោយហេតុ ១ ប្រការ។ គួរតិះដៀល ដោយហេតុ ២ ប្រការ តើដូចម្តេច។ គួរតិះដៀល ដោយហេតុទី ១ ដូច្នេះថា បុគ្គលនោះ ធ្វើខ្លួនឲ្យក្តៅក្រហាយ ឲ្យខ្លោចផ្សា។ គួរតិះដៀល ដោយហេតុទី ២ ដូច្នេះថា បុគ្គលនោះ មិនធ្វើឲ្យជាក់ច្បាស់ នូវឧត្តរិមនុស្សធម៌ ជាធម៌ដ៏វិសេស ដែលគួរឃើញ ដោយញាណដ៏ប្រសើរ។ គួរសរសើរ ដោយហេតុ ១ ប្រការ តើដូចម្តេច។ គួរសរសើរ ដោយហេតុ ១ ប្រការ ដូច្នេះថា បុគ្គលនោះ បានសម្រេច នូវកុសលធម៌។ ម្នាលគាមណី បុគ្គលអ្នកមានតបៈ មានការចិញ្ចឹមជីវិត ដ៏សៅហ្មងនេះ គួរតិះដៀល ដោយហេតុ ២ ប្រការនេះ គួរសរសើរ ដោយហេតុ ១ ប្រការនេះឯង។

[២៨៩] ម្នាលគាមណី បណ្តាបុគ្គលទាំងនោះ បុគ្គលអ្នកមានតបៈ មានការចិញ្ចឹមជីវិត ដ៏សៅហ្មងឯណា ធ្វើខ្លួនឲ្យក្តៅក្រហាយ ឲ្យខ្លោចផ្សា ក៏បានសម្រេច នូវកុសលធម៌ផង បានធ្វើឲ្យជាក់ច្បាស់ នូវឧត្តរិមនុស្សធម៌ ជាធម៌ដ៏វិសេស ដែលគួរឃើញដោយញាណដ៏ប្រសើរផង។ ម្នាលគាមណី បុគ្គលអ្នកមានតបៈ មានការចិញ្ចឹមជីវិតដ៏សៅហ្មងនេះ គួរតិះដៀល ដោយហេតុ ១ ប្រការ គួរសរសើរ ដោយហេតុ ២ ប្រការ។ គួរតិះដៀល ដោយហេតុ ១ ប្រការ តើដូចម្តេច។ គួរតិះដៀល ដោយហេតុ ១ ប្រការ ដូច្នេះថា បុគ្គលនោះ ធ្វើខ្លួនឲ្យក្តៅក្រហាយ ឲ្យខ្លោចផ្សា។ គួរសរសើរ ដោយហេតុ ២ ប្រការ តើដូចម្តេច។ គួរសរសើរ ដោយហេតុទី ១ ដូច្នេះថា បុគ្គលនោះ បានសម្រេច នូវកុសលធម៌។ គួរសរសើរដោយហេតុទី ២ ដូច្នេះថា បុគ្គលនោះ ធ្វើឲ្យជាក់ច្បាស់នូវឧត្តរិមនុស្សធម៌ ជាធម៌ដ៏វិសេស ដែលគួរឃើញ ដោយញាណដ៏ប្រសើរ។ ម្នាលគាមណី បុគ្គលអ្នកមានតបៈ មានការចិញ្ចឹមជីវិត ដ៏សៅហ្មងនេះ គួរតិះដៀល ដោយហេតុ ១ ប្រការនេះ គួរសរសើរ ដោយហេតុ ២ ប្រការនេះឯង។

[២៩០] ម្នាលគាមណី ធម្មជាតិ ៣ ប្រការនេះ ជាធម្មជាតិ ដែលបុគ្គលឃើញច្បាស់ខ្លួនឯង មិនចេះចាស់ ឲ្យផលមិនរង់ចាំកាល គួរដល់ឯហិបស្សវិធី គួរបង្អោនចូលមកទុកក្នុងចិត្ត អ្នកប្រាជ្ញទាំងឡាយ គួរដឹងច្បាស់ចំពោះខ្លួន។ ធម្មជាតិ ៣ ប្រការ តើដូចម្តេច។ បុគ្គលអ្នកមានតម្រេក តែងត្រិះរិះ ដើម្បីបៀតបៀនខ្លួនឯងផង ត្រិះរិះដើម្បីបៀតបៀនបុគ្គលដទៃផង ត្រិះរិះដើម្បីបៀតបៀនទាំងពីរខាងផង ព្រោះមានតម្រេកជាហេតុ កាលបើបុគ្គលលះបង់តម្រេកបានហើយ ទើបមិនត្រិះរិះ ដើម្បីបៀតបៀនខ្លួនឯងផង មិនត្រិះរិះ ដើម្បីបៀតបៀនបុគ្គលដទៃផង មិនត្រិះរិះ ដើម្បីបៀតបៀនទាំងពីរខាងផង (នេះ) ជាធម្មជាតិ ដែលបុគ្គលឃើញច្បាស់ខ្លួនឯង មិនចេះចាស់ ឲ្យផលមិនរង់ចាំកាល គួរដល់ឯហិបស្សវិធី គួរបង្អោនមកទុកក្នុងចិត្ត អ្នកប្រាជ្ញទាំងឡាយ គួរដឹងច្បាស់ចំពោះខ្លួន។ បុគ្គលអ្នកមានចិត្តប្រទូស្ត តែងត្រិះរិះ ដើម្បីបៀតបៀនខ្លួនឯងផង ត្រិះរិះដើម្បីបៀតបៀនបុគ្គលដទៃផង ត្រិះរិះដើម្បីបៀតបៀនទាំងពីរខាងផង ព្រោះមានចិត្តប្រទូស្តជាហេតុ កាលបើបុគ្គលលះបង់ចិត្តប្រទូស្តបានហើយ ទើបមិនត្រិះរិះ ដើម្បីបៀតបៀនខ្លួនឯងផង មិនត្រិះរិះ ដើម្បីបៀតបៀនបុគ្គលដទៃផង មិនត្រិះរិះ ដើម្បីបៀតបៀនទាំងពីរខាងផង (នេះ) ជាធម្មជាតិ ដែលបុគ្គលឃើញច្បាស់ខ្លួនឯង មិនចេះចាស់ ឲ្យផលមិនរង់ចាំកាល គួរដល់ឯហិបស្សវិធី គួរបង្អោនមកទុកក្នុងចិត្ត អ្នកប្រាជ្ញទាំងឡាយ គួរដឹងច្បាស់ ចំពោះខ្លួន។ បុគ្គលអ្នកវង្វេង តែងត្រិះរិះដើម្បីបៀតបៀនខ្លួនឯងផង ត្រិះរិះដើម្បីបៀតបៀនបុគ្គលដទៃផង ត្រិះរិះដើម្បីបៀតបៀនទាំងពីរខាងផង ព្រោះមានសេចក្តីវង្វេងជាហេតុ កាលបើបុគ្គលលះបង់សេចក្តីវង្វេងបានហើយ ទើបមិនត្រិះរិះដើម្បីបៀតបៀនខ្លួនឯងផង មិនត្រិះរិះដើម្បីបៀតបៀនបុគ្គលដទៃផង មិនត្រិះរិះដើម្បីបៀតបៀនទាំងពីរខាងផង (នេះ) ជាធម្មជាតិ ដែលបុគ្គលឃើញច្បាស់ខ្លួនឯង មិនចេះចាស់ ឲ្យផលមិនរង់ចាំកាល គួរដល់ឯហិបស្សវិធី គួរបង្អោនមកទុកក្នុងចិត្ត អ្នកប្រាជ្ញទាំងឡាយ គួរដឹងច្បាស់ចំពោះខ្លួន។ ម្នាលគាមណី ធម្មជាតិ ទាំង ៣ ប្រការនេះឯង ជាធម្មជាតិ ដែលបុគ្គលឃើញច្បាស់ខ្លួនឯង មិនចេះចាស់ ឲ្យផលមិនរង់ចាំកាល គួរដល់ឯហិបស្សវិធី គួរបង្អោនមកទុកក្នុងចិត្ត អ្នកប្រាជ្ញទាំងឡាយ គួរដឹងចំពោះខ្លួន។ កាលបើព្រះដ៏មានព្រះភាគ ត្រាស់យ៉ាងនេះហើយ រាសិយគាមណី ពោលសរសើរ ព្រះដ៏មានព្រះភាគ ដូច្នេះថា ភ្លឺច្បាស់ណាស់ ព្រះអង្គ ភ្លឺច្បាស់ណាស់ ព្រះអង្គ។បេ។ សូមព្រះដ៏មានព្រះភាគ ទ្រង់ចាំទុកនូវខ្ញុំព្រះអង្គ ថាជាឧបាសក អ្នកដល់សរណគមន៍ ស្មើដោយជីវិត តាំងអំពីថ្ងៃនេះ ជាដើមតទៅ។

ចប់ សូត្រ ទី១២។

(បាដលិយ)សូត្រ ទី១៣

(១៣. បាដលិយសុត្តំ)

[២៩១] សម័យមួយ ព្រះដ៏មានព្រះភាគ គង់នៅក្នុងនិគមឈ្មោះ ឧត្តរៈ របស់ពួកក្សត្រយ៍កោឡិយៈ ក្នុងកោឡិយជនបទ។ គ្រានោះ គាមណីឈ្មោះ បាដលិយៈ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះបាដលិយគាមណី អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ បានឮដូច្នេះថា ព្រះសមណគោតមចេះមាយា (កលឧបាយ)។ បពិត្រព្រះអង្គដ៏ចំរើន ពួកជនឯណាជាអ្នកពោលថា ព្រះសមណគោតមចេះមាយាដូច្នេះ។ បពិត្រព្រះអង្គដ៏ចំរើន ជនទាំងនោះ ឈ្មោះថា ជាអ្នកពោលតាមពាក្យ ដែលព្រះដ៏មានព្រះភាគត្រាស់ហើយផង មិនមែនពោលបង្កាច់ព្រះដ៏មានព្រះភាគ ដោយពាក្យមិនពិតផង ពោលនូវធម៌ សមគួរដល់ធម៌ផង លំអានពាក្យតូចធំណាមួយ ជាពាក្យប្រកបដោយធម៌ មិនដល់នូវហេតុគួរតិះដៀលទេឬ។ បពិត្រព្រះអង្គដ៏ចំរើន ឯខ្ញុំព្រះអង្គ មិនមែនជាអ្នកចង់ពោលបង្កាច់ព្រះដ៏មានព្រះភាគទេ។ ព្រះអង្គត្រាស់ថា ម្នាលគាមណី ពួកជនឯណាពោលថា ព្រះសមណគោតមចេះមាយាដូច្នេះ។ ជនទាំងនោះ ឈ្មោះថាពោលតាមពាក្យ ដែលតថាគតពោលហើយផង មិនមែនពោលបង្កាច់តថាគត ដោយពាក្យមិនពិតផង ពោលនូវធម៌ សមគួរដល់ធម៌ផង លំអានពាក្យតូចធំណាមួយ ជាពាក្យប្រកបដោយធម៌ មិនដល់នូវហេតុគួរតិះដៀលទេ។ យីអើ យើងមិនជឿសមណព្រាហ្មណ៍ទាំងនោះសោះ ឥឡូវឮថា ព្រះសមណគោតមចេះមាយាពិតមែនហើយ។ យីអើ ព្រះសមណគោតម ជាអ្នកមានមាយាដែរតើ។ [បើមើលតាមបាលី ឃ្លានេះ គួរបកថា ម្នាលគាមណី បុគ្គលឯណាពោលថា ខ្ញុំចេះមាយាដូច្នេះ។ សូមអ្នកសិក្សាពិចារណាផងចុះ]។ បុគ្គលនោះ ក៏ដូចជាពោលថា ខ្ញុំជាអ្នកមានមាយាដូច្នេះដែរ។ បពិត្រព្រះដ៏មានព្រះភាគ ពាក្យនោះ រមែងមានក្នុងរឿងនោះ បពិត្រព្រះសុគត ពាក្យនោះ រមែងមានដូច្នោះឯង។ ម្នាលគាមណី បើដូច្នោះ តថាគតនឹងសួរអ្នក ក្នុងរឿងនុ៎ះ។ អ្នកគាប់ចិត្តយ៉ាងណា អ្នកគប្បីព្យាកររឿងនោះ យ៉ាងនោះចុះ។

[២៩២] ម្នាលគាមណី អ្នកសំគាល់សេចក្តីនោះ ដូចម្តេច អ្នកស្គាល់ពួកលម្ពចូឡកៈ ជាអាមាត្យរបស់ពួកក្សត្រីយ៍កោឡិយៈដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គស្គាល់ពួកលម្ពចូឡកៈ ជាអាមាត្យរបស់ពួកក្សត្រីយ៍កោឡិយៈដែរ។ ម្នាលគាមណី អ្នកសំគាល់សេចក្តីនោះ ដូចម្តេច ពួកលម្ពចូឡកៈ ជាអាមាត្យរបស់ពួកក្សត្រីយ៍កោឡិយៈ មានប្រយោជន៍អ្វី។ បពិត្រព្រះអង្គដ៏ចំរើន ពួកលម្ពចូឡកៈ ជាអាមាត្យ របស់ពួកក្សត្រីយ៍កោឡិយៈ មានប្រយោជន៍ដូច្នេះគឺ ដើម្បីរាំងរាពួកចោរ នៃពួកកោឡិយៈផង ដើម្បីនាំទៅ នូវទូតកម្ម នៃពួកកោឡិយៈផង។ ម្នាលគាមណី អ្នកសំគាល់សេចក្តីនោះ ដូចម្តេច អ្នកស្គាល់ពួកលម្ពចូឡកៈ ជាអាមាត្យក្នុងនិគមរបស់ពួកកោឡិយៈថា អមាត្យទាំងនោះ ជាអ្នកមានសីល ឬទ្រុស្តសីលដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ស្គាល់ពួកលម្ពចូឡកៈ ជាអាមាត្យរបស់ពួកក្សត្រីយ៍កោឡិយៈថា ជាអ្នកទ្រុស្តសីល មានធម៌អាក្រក់ មួយទៀត ពួកជនឯណា អ្នកទ្រុស្តសីល មានធម៌អាក្រក់ក្នុងលោក បណ្តាជនទាំងនោះ ពួកលម្ពចូឡកៈ ជាអាមាត្យ របស់ពួកក្សត្រីយ៍កោឡិយៈ ក៏ជាអ្នកទ្រុស្តសីល មានធម៌អាក្រក់មួយដែរ។ ម្នាលគាមណី ជនឯណា ពោលយ៉ាងនេះថា បាដលិយគាមណី ស្គាល់ពួកលម្ពចូឡកៈជាអាមាត្យរបស់ពួកក្សត្រីយ៍កោឡិយៈថា ជាអ្នកទ្រុស្តសីល មានធម៌អាក្រក់ ឯបាដលិយគាមណី ក៏ជាអ្នកទ្រុស្តសីល មានធម៌អាក្រក់ដែរ កាលបើជនទាំងនោះ ពោលដូច្នេះ តើឈ្មោះថា ពោលដោយត្រឹមត្រូវដែរឬ។ មិនមែនដូច្នោះទេ ព្រះអង្គ។ បពិត្រព្រះអង្គដ៏ចំរើន ពួកលម្ពចូឡកៈ ជាអាមាត្យរបស់ពួកក្សត្រីយ៍កោឡិយៈ ជាពួកផ្សេង ខ្ញុំព្រះអង្គ ជាមនុស្សផ្សេង ពួកលម្ពចូឡកៈ ជាអាមាត្យរបស់ពួកក្សត្រីយ៍កោឡិយៈមានធម៌ផ្សេង ខ្ញុំព្រះអង្គ ក៏មានធម៌ផ្សេង។ ម្នាលគាមណី អ្នកឯងមិនបាននូវពាក្យវោហាថា បាដលិយគាមណី ស្គាល់ពួកលម្ពចូឡកៈ ជាអាមាត្យរបស់ពួកក្សត្រីយ៍កោឡិយៈ ថាជាអ្នកទ្រុស្តសីល មានធម៌អាក្រក់ ចំណែកបាដលិយគាមណី ក៏មិនមែនជាអ្នកទ្រុស្តសីល មានធម៌អាក្រក់ទេ ព្រោះហេតុនោះ ព្រះតថាគតក៏មិនបាននូវពាក្យវោហារថា ព្រះតថាគតស្គាល់មាយាមែន តែតថាគត មិនមែនជាអ្នកមានមាយាទេ។

[២៩៣] ម្នាលគាមណី តថាគតស្គាល់ច្បាស់នូវមាយា និងផលនៃមាយា ទាំងបុគ្គលអ្នកមានមាយា ប្រតិបត្តិយ៉ាងណា លុះបែកធ្លាយរាងកាយស្លាប់ទៅ តែងទៅកើតក្នុងកំណើតតិរច្ឆាន ប្រេត អសុរកាយ នរក នោះសោត ក៏តថាគតស្គាល់ច្បាស់ដែរ។ ម្នាលគាមណី តថាគតស្គាល់ច្បាស់ នូវបាណាតិបាត និងផលនៃបាណាតិបាត ទាំងបុគ្គលអ្នកធ្វើបាណាតិបាត ប្រតិបត្តិយ៉ាងណា លុះបែកធ្លាយរាងកាយស្លាប់ទៅ តែងទៅកើតក្នុងកំណើតតិរច្ឆាន ប្រេត អសុរកាយ នរកនោះសោត ក៏តថាគត ស្គាល់ច្បាស់ដែរ។ ម្នាលគាមណី តថាគតស្គាល់ច្បាស់ នូវអទិន្នាទាន និងផលនៃអទិន្នាទាន ទាំងបុគ្គលអ្នកធ្វើអទិន្នាទាន ប្រតិបត្តិយ៉ាងណា លុះបែកធ្លាយរាងកាយស្លាប់ទៅ តែងទៅកើតក្នុងកំណើតតិរច្ឆាន ប្រេត អសុរកាយ នរកនោះសោត ក៏តថាគតស្គាល់ច្បាស់ដែរ។ ម្នាលគាមណី តថាគតស្គាល់ច្បាស់ នូវកាមេសុមិច្ឆាចារនិងផលនៃកាមេសុមិច្ឆាចារ ទាំងបុគ្គលអ្នកប្រព្រឹត្តកាមេសុមិច្ឆាចារ ប្រតិបត្តិយ៉ាងណា លុះបែកធ្លាយរាងកាយស្លាប់ទៅ តែងទៅកើតក្នុងកំណើតតិរច្ឆាន ប្រេត អសុរកាយ នរកនោះសោត ក៏តថាគតស្គាល់ច្បាស់ដែរ។ ម្នាលគាមណី តថាគតស្គាល់ច្បាស់នូវមុសាវាទៈ និងផលនៃមុសាវាទៈ ទាំងបុគ្គលអ្នកពោលមុសាវាទ ប្រតិបត្តិយ៉ាងណា លុះបែកធ្លាយរាងកាយស្លាប់ទៅ តែងទៅកើតក្នុងកំណើតតិរច្ឆាន ប្រេត អសុរកាយ នរកនោះសោត ក៏តថាគតស្គាល់ច្បាស់ដែរ។ ម្នាលគាមណី តថាគតស្គាល់ច្បាស់នូវបិសុណាវាចា និងផលនៃបិសុណាវាចា ទាំងបុគ្គលអ្នកពោលបិសុណាវាចា ប្រតិបត្តិយ៉ាងណា លុះបែកធ្លាយរាងកាយស្លាប់ទៅ តែងទៅកើតក្នុងកំណើតតិរច្ឆាន ប្រេត អសុរកាយ នរកនោះសោត ក៏តថាគតស្គាល់ច្បាស់ដែរ។ ម្នាលគាមណី តថាគតស្គាល់ច្បាស់នូវផរុសវាចា និងផលនៃផរុសវាចា ទាំងបុគ្គលអ្នកពោលផរុសវាចា ប្រតិបត្តិយ៉ាងណា លុះបែកធ្លាយរាងកាយស្លាប់ទៅ តែងទៅកើតក្នុងកំណើតតិរច្ឆាន ប្រេត អសុរកាយ នរកនោះសោត ក៏តថាគតស្គាល់ច្បាស់ដែរ។ ម្នាលគាមណី តថាគតស្គាល់ច្បាស់ នូវសម្ផប្បលាបៈ និងផលនៃសម្ផប្បលាបៈ ទាំងបុគ្គលអ្នកពោលសម្ផប្បលាបៈ ប្រតិបត្តិយ៉ាងណា លុះបែកធ្លាយរាងកាយស្លាប់ទៅ តែងទៅកើត ក្នុងកំណើតតិរច្ឆាន ប្រេត អសុរកាយ នរកនោះសោត ក៏តថាគតស្គាល់ច្បាស់ដែរ។ ម្នាលគាមណី តថាគតស្គាល់ច្បាស់ នូវអភិជ្ឈា និងផលនៃអភិជ្ឈា ទាំងបុគ្គលអ្នកមានអភិជ្ឈា ប្រតិបត្តិយ៉ាងណា លុះបែកធ្លាយរាងកាយស្លាប់ទៅ តែងទៅកើតក្នុងកំណើតតិរច្ឆាន ប្រេត អសុរកាយ នរកនោះសោត ក៏តថាគតស្គាល់ច្បាស់ដែរ។ ម្នាលគាមណី តថាគតស្គាល់ច្បាស់ នូវសេចក្តីប្រទូស្ត ដោយអំណាចព្យាបាទ និងផលនៃសេចក្តីប្រទូស្ត ដោយអំណាចព្យាបាទ ទាំងបុគ្គលអ្នកមានចិត្តព្យាបាទ ប្រតិបត្តិយ៉ាងណា លុះបែកធ្លាយរាងកាយស្លាប់ទៅ តែងទៅកើតក្នុងកំណើតតិរច្ឆាន ប្រេត អសុរកាយ នរកនោះសោត ក៏តថាគតស្គាល់ច្បាស់ដែរ។ ម្នាលគាមណី តថាគតស្គាល់ច្បាស់ នូវមិច្ឆាទិដ្ឋិ និងផលនៃមិច្ឆាទិដ្ឋិ ទាំងបុគ្គលជាមិច្ឆាទិដ្ឋិ ប្រតិបត្តិយ៉ាងណា លុះបែកធ្លាយរាងកាយស្លាប់ទៅ តែងទៅកើតក្នុងកំណើតតិរច្ឆាន ប្រេត អសុរកាយ នរកនោះសោត ក៏តថាគតស្គាល់ច្បាស់ដែរ។

[២៩៤] ម្នាលគាមណី សមណព្រាហ្មណ៍ពួកមួយ ជាអ្នកមានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា បុគ្គលឯណានីមួយ សម្លាប់សត្វ បុគ្គលទាំងអស់នោះ តែងសោយទុក្ខទោមនស្ស ក្នុងបច្ចុប្បន្ន បុគ្គលឯណានីមួយ កាន់យកទ្រព្យ ដែលគេមិនបានឲ្យ បុគ្គលទាំងអស់នោះ តែងសោយទុក្ខទោមនស្ស ក្នុងបច្ចុប្បន្ន បុគ្គលឯណានីមួយ ប្រព្រឹត្តខុស ក្នុងកាមទាំងឡាយ បុគ្គលទាំងអស់នោះ តែងសោយទុក្ខទោមនស្ស ក្នុងបច្ចុប្បន្ន បុគ្គលឯណានីមួយ ពោលពាក្យមុសា បុគ្គលទាំងអស់នោះ តែងសោយទុក្ខទោមនស្ស ក្នុងបច្ចុប្បន្ន។

[២៩៥] ម្នាលគាមណី បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកមានកម្រងផ្កា មានកុណ្ឌល ជម្រះកាយស្អាត ស្អិតស្អាង ស្អាតបាត កាត់សក់ និងពុកមាត់ ឲ្យស្រ្តីបម្រើដោយកាមទាំងឡាយ ហាក់ដូចជាព្រះរាជា។ ជនទាំងឡាយ និយាយនឹងបុគ្គលនោះ យ៉ាងនេះថា យីអើ បុរសនេះ តើបានធ្វើអំពើអ្វី បានជាមានកម្រងផ្កា មានកុណ្ឌល ជម្រះកាយស្អាត ស្អិតស្អាងស្អាតបាត កាត់សក់ និងពុកមាត់ ឲ្យស្រ្តីបម្រើដោយកាមទាំងឡាយ ហាក់ដូចជាព្រះរាជា។ ជនទាំងឡាយ និយាយនឹងបុរសនោះ យ៉ាងនេះថា យីអើ បុរសនេះ បានគ្របសង្កត់បុគ្គល ដែលជាសត្រូវនឹងស្តេច ផ្តាច់ផ្តិលចាកជីវិត ទើបស្តេចមានព្រះហឫទ័យត្រេកអរ បានព្រះរាជទានគ្រឿងសក្ការបូជា ព្រោះហេតុនោះ បានជាបុរសនេះ មានកម្រងផ្កា មានកុណ្ឌល ជម្រះកាយស្អាត ស្អិតស្អាង ស្អាតបាត កាត់សក់ និងពុកមាត់ ឲ្យស្រ្តីបម្រើដោយកាមទាំងឡាយ ហាក់ដូចជាព្រះរាជា។ ម្នាលគាមណី បុគ្គលពួកខ្លះ ក្នុងលោកនេះ ត្រូវគេចងស្លាបសេក ដោយខ្សែដ៏មាំ កោរត្រងោល បណ្តើរអាក្រោស ពីច្រកមួយទៅច្រកមួយ ពីផ្លូវត្រឡែងកែងមួយ ទៅផ្លូវត្រឡែងកែងមួយ ដោយស្គរជ័យ មានសំឡេងលាន់ឮខ្លាំង ចេញតាមទ្វារខាងត្បូង ទៅកាត់ក្បាល ខាងត្បូងព្រះនគរ។ ជនទាំងឡាយ និយាយនឹងបុរសនោះ យ៉ាងនេះថា យីអើ បុរសនេះ តើបានធ្វើអំពើអ្វី បានជាគេចងស្លាបសេក ដោយខ្សែមាំ កោរត្រងោល បណ្តើរអាក្រោស ពីច្រកមួយទៅច្រកមួយ ពីផ្លូវត្រឡែងកែងមួយ ទៅផ្លូវត្រឡែងកែងមួយ ដោយស្គរជ័យ មានសំឡេងលាន់ឮខ្លាំង ចេញតាមទ្វារខាងត្បូង ទៅកាត់ក្បាល ខាងត្បូងព្រះនគរ ដូច្នេះ។ ជនទាំងឡាយ និយាយនឹងបុរសនោះ យ៉ាងនេះថា យីអើ បុរសនេះ បានផ្តាច់ជីវិតស្រ្តី ឬបុរស ដែលមានពៀរនឹងស្តេច ព្រោះហេតុនោះ បានជាពួកស្តេចចាប់បុរសនោះបានហើយ ឲ្យធ្វើកម្មករណៈ មានសភាពយ៉ាងនេះ។ ម្នាលគាមណី អ្នកសំគាល់ សេចក្តីនោះដូចម្តេច អំពើមានសភាពយ៉ាងនេះ អ្នកបានឃើញ ឬបានឮខ្លះដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន អំពើមានសភាពយ៉ាងនេះ ខ្ញុំព្រះអង្គ បានឃើញ បានឮ ហើយគង់នឹងបានឮផង។

[២៩៦] ម្នាលគាមណី បណ្តាសមណព្រាហ្មណ៍ទាំងនោះ សមណព្រាហ្មណ៍ឯណា ជាអ្នកមានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា បុគ្គលឯណានីមួយ សម្លាប់សត្វ បុគ្គលទាំងអស់នោះ តែងសោយទុក្ខទោមនស្ស ក្នុងបច្ចុប្បន្ន។ ចុះសមណព្រាហ្មណ៍ទាំងនោះ ពោលពាក្យសច្ចៈ ឬមុសា។ មុសា ព្រះអង្គ។ មួយវិញទៀត សមណព្រាហ្មណ៍ឯណា ពោលពាក្យទទេ ពាក្យកុហក សមណព្រាហ្មណ៍ទាំងនោះ ជាអ្នកមានសីល ឬទ្រុស្តសីល។ ជាអ្នកទ្រុស្តសីល ព្រះអង្គ។ ចុះសមណព្រាហ្មណ៍ឯណា ជាអ្នកទ្រុស្តសីល មានធម៌អាក្រក់ សមណព្រាហ្មណ៍ទាំងនោះ ជាអ្នកប្រតិបត្តិខុស ឬប្រតិបត្តិត្រូវ។ ជាអ្នកប្រតិបត្តិខុស ព្រះអង្គ។ ចុះសមណព្រាហ្មណ៍ឯណា ជាអ្នកប្រតិបត្តិខុស សមណព្រាហ្មណ៍ទាំងនោះ ជាអ្នកមិច្ឆាទិដ្ឋិ ឬជាអ្នកសម្មាទិដ្ឋិ។ ជាអ្នកមិច្ឆាទិដ្ឋិ ព្រះអង្គ។ ចុះពួកសមណព្រាហ្មណ៍ឯណា ជាអ្នកមិច្ឆាទិដ្ឋិ អ្នកផងគួរជ្រះថ្លានឹងសមណព្រាហ្មណ៍ទាំងនោះដែរឬ។ ការនុ៎ះមិនគួរទេ ព្រះអង្គ។

[២៩៧] ម្នាលគាមណី បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកមានកម្រងផ្កា មានកុណ្ឌល។ បេ។ ឲ្យស្រ្តីទាំងឡាយ បម្រើដោយកាម ហាក់ដូចជាព្រះរាជា។ ជនទាំងឡាយនិយាយនឹងបុរសនោះ យ៉ាងនេះថា យីអើ បុរសនេះ បានធ្វើអំពើអ្វី បានជាមានកម្រងផ្កា មានកុណ្ឌល។ បេ។ ឲ្យស្រ្តីទាំងឡាយ បម្រើដោយកាម ហាក់ដូចជាព្រះរាជា។ ជនទាំងឡាយ ក៏និយាយនឹងបុរសនោះ យ៉ាងនេះថា យីអើ បុរសនេះ បានគ្របសង្កត់បុគ្គល ដែលជាសត្រូវនឹងស្តេច ហើយកាន់យកទ្រព្យ ដែលគេមិនបានឲ្យ ទើបស្តេចមានព្រះហឫទ័យត្រេកអរ បានព្រះរាជទានគ្រឿងសក្ការបូជា ដល់បុរសនោះ ព្រោះហេតុនោះ បានជាបុរសនេះ មានកម្រងផ្កា មានកុណ្ឌល។ បេ។ ឲ្យស្រ្តីទាំងឡាយ បម្រើដោយកាម ហាក់ដូចជាព្រះរាជា។ បេ។ ម្នាលគាមណី បុគ្គលពួកខ្លះ ក្នុងលោកនេះ ត្រូវគេចងស្លាបសេក ដោយខ្សែដ៏មាំ។ បេ។ កាត់ក្បាល ខាងត្បូងព្រះនគរ។ ជនទាំងឡាយ បាននិយាយនឹងបុរសនោះ យ៉ាងនេះថា យីអើ បុរសនេះ បានធ្វើអំពើអ្វី បានជាគេចងស្លាបសេក ដោយខ្សែដ៏មាំ។ បេ។ កាត់ក្បាល ខាងត្បូងព្រះនគរ។ ជនទាំងឡាយ និយាយនឹងបុរសនោះ យ៉ាងនេះថា យីអើ បុរសនេះ បានកាន់យកទ្រព្យ ដែលគេមិនបានឲ្យ អំពីស្រុកក្តី អំពីព្រៃក្តី ដោយចំណែកនៃចិត្តជាចោរ ព្រោះហេតុនោះ បានជាពួកស្តេច ចាប់បុរសនោះបានហើយ ឲ្យធ្វើកម្មករណៈ មានសភាពយ៉ាងនេះ។ ម្នាលគាមណី អ្នកសំគាល់សេចក្តីនោះ ដូចម្តេច អំពើមានសភាពយ៉ាងនេះ អ្នកបានឃើញ ឬបានឮខ្លះដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ បានឃើញ បានឮ ហើយគង់នឹងបានឮផង។

[២៩៨] ម្នាលគាមណី បណ្តាសមណព្រាហ្មណ៍ទាំងនោះ សមណព្រាហ្មណ៍ពួកណា ជាអ្នកមានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា បុគ្គលឯណានីមួយ កាន់យកទ្រព្យដែលគេមិនបានឲ្យ បុគ្គលទាំងអស់នោះ តែងសោយទុក្ខទោមនស្ស ក្នុងបច្ចុប្បន្ន។ សមណព្រាហ្មណ៍ទាំងនោះ ពោលពាក្យសច្ចៈ ឬមុសា។ បេ។ អ្នកផងគួរជ្រះថ្លានឹងសមណព្រាហ្មណ៍ទាំងនោះដែរឬ។ ការនុ៎ះមិនគួរទេ ព្រះអង្គ។

[២៩៩] ម្នាលគាមណី បុគ្គលពួកខ្លះ ក្នុលោកនេះ មានកម្រងផ្កា មានកុណ្ឌល។ បេ។ ឲ្យស្រ្តីទាំងឡាយ បម្រើដោយកាម ហាក់ដូចជាព្រះរាជា។ ជនទាំងឡាយនិយាយនឹងបុរសនោះ យ៉ាងនេះថា យីអើ បុរសនេះ តើបានធ្វើអំពើអ្វី បានជាមានកម្រងផ្កា មានកុណ្ឌល។ បេ។ ឲ្យស្រ្តីទាំងឡាយ បម្រើដោយកាម ហាក់ដូចជាព្រះរាជា។ ជនទាំងឡាយ និយាយនឹងបុរសនោះ យ៉ាងនេះថា យីអើ បុរសនេះ បានប្រព្រឹត្តល្មើស ក្នុងប្រពន្ធ របស់បុគ្គលដែលជាសត្រូវនឹងស្តេច ទើបស្តេចមានព្រះហឫទ័យត្រេកអរ បានព្រះរាជទានគ្រឿងសក្ការបូជា ដល់បុរសនោះ ព្រោះហេតុនោះ បានជាបុរសនោះ មានកម្រងផ្កា មានកុណ្ឌល។ បេ។ ឲ្យស្រ្តីទាំងឡាយ បម្រើដោយកាម ហាក់ដូចជាព្រះរាជា។ ម្នាលគាមណី បុគ្គលពួកខ្លះ ក្នុងលោកនេះ ត្រូវគេចាប់ចងស្លាបសេក ដោយខ្សែដ៏មាំ។ បេ។ កាត់ក្បាល ខាងត្បូងព្រះនគរ។ ជនទាំងឡាយ និយាយនឹងបុរសនោះ យ៉ាងនេះថា យីអើ បុរសនេះ តើបានធ្វើអំពើអ្វី ទើបត្រូវគេចងស្លាបសេក ដោយខ្សែដ៏មាំ។ បេ។ កាត់ក្បាល ខាងត្បូងព្រះនគរ។ ជនទាំងឡាយ និយាយនឹងបុរសនោះ យ៉ាងនេះថា យីអើ បុរសនេះ បានប្រព្រឹត្តល្មើស ក្នុងពួកស្រ្តី របស់ត្រកូល ក្នុងពួកកុមារីរបស់ត្រកូល ព្រោះហេតុនោះ ពួកស្តេចចាប់បុរសនោះបានហើយ ទើបឲ្យធ្វើកម្មករណៈ មានសភាពយ៉ាងនេះ។ ម្នាលគាមណី អ្នកសំគាល់សេចក្តីនោះដូចម្តេច អំពើមានសភាពយ៉ាងនេះ អ្នកបានឃើញ ឬបានឮខ្លះដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន អំពើមានសភាពយ៉ាងនេះ ខ្ញុំព្រះអង្គបានឃើញ បានឮ ហើយគង់នឹងបានឮផង។

[៣០០] ម្នាលគាមណី បណ្តាសមណព្រាហ្មណ៍ទាំងនោះ ពួកសមណព្រាហ្មណ៍ឯណា ជាអ្នកមានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា បុគ្គលឯណានីមួយប្រព្រឹត្តខុស ក្នុងកាមទាំងឡាយ បុគ្គលទាំងអស់នោះ តែងសោយទុក្ខទោមនស្ស ក្នុងបច្ចុប្បន្ន។ សមណព្រាហ្មណ៍ទាំងនោះ ឈ្មោះថា ពោលពាក្យសច្ចៈ ឬមុសា។បេ។ អ្នកផងគួរជ្រះថ្លា នឹងសមណព្រាហ្មណ៍ទាំងនោះដែរឬ។ ការនុ៎ះមិនគួរទេ ព្រះអង្គ។

[៣០១] ម្នាលគាមណី បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកមានកម្រងផ្កា មានកុណ្ឌល ជម្រះកាយស្អាត ស្អិតស្អាង ស្អាតបាត កាត់សក់ និងពុកមាត់ ឲ្យស្រ្តីទាំងឡាយបម្រើដោយកាម ហាក់ដូចជាព្រះរាជា។ ជនទាំងឡាយ និយាយនឹងបុរសនោះ យ៉ាងនេះថា យីអើ បុរសនេះ តើបានធ្វើអំពើអ្វី ទើបមានកម្រងផ្កា មានកុណ្ឌល ជម្រះកាយស្អាត ស្អិតស្អាងស្អាតបាត កាត់សក់ និងពុកមាត់ ឲ្យពួកស្រ្តីទាំងឡាយ បម្រើដោយកាម ហាក់ដូចជាព្រះរាជា។ ជនទាំងឡាយ និយាយនឹងបុរសនោះ យ៉ាងនេះថា យីអើ បុរសនេះ បានញុំាងស្តេចឲ្យសប្បាយរីករាយ ដោយពាក្យមុសា ស្តេចមានព្រះហឫទ័យត្រេកអរ បានព្រះរាជទានគ្រឿងសក្ការបូជា ដល់បុរសនោះ ព្រោះហេតុនោះ បានជាបុរសនេះ មានកម្រងផ្កា មានកុណ្ឌល ជម្រះកាយស្អាត ស្អិតស្អាងស្អាតបាត កាត់សក់ និងពុកមាត់ ឲ្យស្រ្តីទាំងឡាយ បម្រើដោយកាម ហាក់ដូចជាព្រះរាជា។ ម្នាលគាមណី បុគ្គលពួកខ្លះ ក្នុងលោកនេះ ត្រូវគេចាប់ចងស្លាបសេក ដោយខ្សែដ៏មាំ កោរត្រងោល បណ្តើរអាក្រោស ពីច្រកមួយទៅច្រកមួយ ពីផ្លូវត្រឡែងកែងមួយ ទៅផ្លូវត្រឡែងកែងមួយ ដោយស្គរជ័យ មានសំឡេងលាន់ឮខ្លាំង ចេញតាមទ្វារខាងត្បូង កាត់ក្បាល ខាងត្បូងព្រះនគរ។ ជនទាំងឡាយ ក៏និយាយនឹងបុរសនោះ យ៉ាងនេះថា យីអើ បុរសនេះ តើបានធ្វើអំពើអ្វី ទើបត្រូវគេចាប់ចងស្លាបសេក ដោយខ្សែដ៏មាំ កោរត្រងោល បណ្តើរអាក្រោស ពីច្រកមួយទៅច្រកមួយ ពីផ្លូវត្រឡែងកែងមួយ ទៅផ្លូវត្រឡែងកែងមួយ ដោយស្គរជ័យ មានសំឡេងលាន់ឮខ្លាំង ចេញតាមទ្វារខាងត្បូង កាត់ក្បាល ខាងត្បូងព្រះនគរ។ ជនទាំងឡាយ ពោលនឹងបុរសនោះ យ៉ាងនេះថា យីអើ បុរសនេះ បានកាច់បង់ប្រយោជន៍ របស់គហបតី ឬគហបតិបុត្ត ដោយពាក្យមុសា ព្រោះហេតុនោះ ពួកស្តេចចាប់បុរសនោះបានហើយ ឲ្យធ្វើកម្មករណៈ មានសភាពយ៉ាងនេះ។ ម្នាលគាមណី អ្នកសំគាល់សេចក្តីនោះ ដូចម្តេច អំពើមានសភាពយ៉ាងនេះ អ្នកបានឃើញ ឬបានឮខ្លះដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ បានឃើញ បានឮ ហើយគង់នឹងបានឮផង។

[៣០២] ម្នាលគាមណី បណ្តាសមណព្រាហ្មណ៍ទាំងនោះ ពួកសមណព្រាហ្មណ៍ឯណា ជាអ្នកមានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា បុគ្គលឯណាមួយ ពោលពាក្យមុសា បុគ្គលទាំងអស់នោះ តែងសោយទុក្ខទោមនស្ស ក្នុងបច្ចុប្បន្ន។ សមណព្រាហ្មណ៍ទាំងនោះ ឈ្មោះថា ពោលពាក្យសច្ចៈ ឬមុសា។ មុសា ព្រះអង្គ។ ពួកសមណព្រាហ្មណ៍ឯណា ពោលពាក្យទទេ ពាក្យមុសា សមណព្រាហ្មណ៍ទាំងនោះ ជាអ្នកមានសីល ឬទ្រុស្តសីល។ ជាអ្នកទ្រុស្តសីល ព្រះអង្គ។ ចុះសមណព្រាហ្មណ៍ទាំងឡាយឯណា ជាអ្នកទ្រុស្តសីល មានធម៌អាក្រក់ សមណព្រាហ្មណ៍ទាំងនោះ ជាអ្នកប្រតិបត្តិខុស ឬប្រតិបត្តិត្រូវ។ ជាអ្នកប្រតិបត្តិខុស ព្រះអង្គ។ ចុះសមណព្រាហ្មណ៍ទាំងឡាយឯណា ជាអ្នកប្រតិបត្តិខុស សមណព្រាហ្មណ៍ទាំងនោះ ជាអ្នកមិច្ឆាទិដ្ឋិ ឬជាអ្នកសម្មាទិដ្ឋិ។ ជាអ្នកមិច្ឆាទិដ្ឋិ ព្រះអង្គ។ ចុះពួកសមណព្រាហ្មណ៍ឯណា ជាអ្នកមិច្ឆាទិដ្ឋិ អ្នកផងគួរជ្រះថ្លា នឹងសមណព្រាហ្មណ៍ទាំងនោះដែរឬ។ ការនុ៎ះមិនគួរទេ ព្រះអង្គ។ អស្ចារ្យណាស់ ព្រះអង្គ ចម្លែកណាស់ ព្រះអង្គ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ មានផ្ទះសំណាក់មួយ ក្នុងផ្ទះសំណាក់នោះ មានគ្រែតូច មានអាសនៈ មានក្អមទឹក មានប្រទីបប្រេង។ សមណព្រាហ្មណ៍ឯណា ចូលទៅអាស្រ័យក្នុងផ្ទះ សំណាក់នោះ ខ្ញុំព្រះអង្គ ក៏ចាត់ចែង ចែកប្រគេនសមណៈ ឬព្រាហ្មណ៍នោះ សមគួរតាមស័ក្តិ តាមកម្លាំង។

[៣០៣] បពិត្រព្រះអង្គដ៏ចំរើន កាលពីមុន មានសាស្តា ៤ នាក់ ជាអ្នកមានយោបល់ផ្សេងគ្នា មានសេចក្តីគាប់ចិត្តផ្សេងគ្នា មានសេចក្តីចូលចិត្តផ្សេងគ្នា ចូលទៅអាស្រ័យនៅក្នុងផ្ទះសំណាក់នោះ។ សាស្តាម្នាក់ មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា ទានដែលបុគ្គលឲ្យហើយ មិនមានផល ការបូជាធំ មិនមានផល ការបូជាតូច មិនមានផល ផលវិបាក របស់កម្មទាំងឡាយ ដែលសត្វធ្វើល្អ ធ្វើអាក្រក់ មិនមាន លោកនេះមិនមាន លោកខាងមុខមិនមាន មាតាមិនមានគុណ បិតាមិនមានគុណ ពួកសត្វជាឧបបាតិកៈមិនមាន ពួកសមណព្រាហ្មណ៍ ដែលប្រព្រឹត្តល្អ ប្រតិបត្តិត្រឹមត្រូវ ធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញា ដ៏ក្រៃលែង ដោយខ្លួនឯង ហើយប្រកាស នូវលោកនេះ និងលោកខាងមុខបាន ក៏មិនមានក្នុងលោក។

[៣០៤] សាស្តាម្នាក់ទៀត មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា ទានដែលបុគ្គលឲ្យហើយ រមែងមានផល ការបូជាធំមានផល ការបូជាតូចមានផល ផលវិបាករបស់កម្មទាំងឡាយ ដែលសត្វធ្វើល្អ ធ្វើអាក្រក់ មាន លោកនេះមាន លោកខាងមុខមាន មាតាមានគុណ បិតាមានគុណ ពួកសត្វ ដែលជាឧបបាតិកៈ មាន ពួកសមណព្រាហ្មណ៍ ដែលប្រព្រឹត្តល្អ ប្រតិបត្តិត្រឹមត្រូវ ធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញាដ៏ក្រៃលែងដោយខ្លួនឯង ហើយប្រកាស នូវលោកនេះ និងលោកខាងមុខ ក៏មានក្នុងលោក។

[៣០៥] សាស្តាម្នាក់ទៀត មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា បុគ្គលធ្វើបាបខ្លួនឯង ប្រើអ្នកដទៃឲ្យធ្វើ កាត់ ( អវយវៈគេ) ខ្លួនឯង ប្រើអ្នកដទៃឲ្យកាត់ បៀតបៀនគេខ្លួនឯង ប្រើអ្នកដទៃឲ្យបៀតបៀន សោយសោកខ្លួនឯង ធ្វើអ្នកដទៃឲ្យសោយសោក ធ្វើខ្លួនឯងឲ្យលំបាក ធ្វើអ្នកដទៃឲ្យលំបាក អន្ទះអន្ទែងខ្លួនឯង ធ្វើអ្នកដទៃឲ្យអន្ទះអន្ទែង សម្លាប់សត្វខ្លួនឯង ឬប្រើអ្នកដទៃ ឲ្យសម្លាប់សត្វ កាន់យកទ្រព្យ ដែលគេមិនបានឲ្យ កាត់តំណ (ជញ្ជាំង) ប្លន់យកទ្រព្យពួកអ្នកស្រុក ប្លន់យកទ្រព្យក្នុងផ្ទះមួយ ៗ ឈរចាំលួច ឆក់ក្បែរផ្លូវធំ គប់រកប្រពន្ធអ្នកដទៃ ពោលពាក្យមុសា បាបដែលបុគ្គលនោះធ្វើ ឈ្មោះថា មិនបានធ្វើទេ ទោះបីបុគ្គលណា ធ្វើពពួកសត្វលើប្រឹថពីនេះ ឲ្យមានគំនរសាច់តែមួយ ឲ្យមានពំនូកសាច់តែមួយ ដោយចក្រ មានខ្នងកង់ដ៏មុត បាបដែលមានអំពើនោះ ជាហេតុក៏មិនមាន ដំណើរមកនៃបាប ក៏មិនមាន។ ទោះបីបុគ្គល ឆ្លងទៅកាន់ត្រើយទន្លេគង្គាខាងត្បូង ហើយសម្លាប់សត្វដោយខ្លួនឯង ប្រើអ្នកដទៃឲ្យសម្លាប់ កាត់ (អវយវៈគេ) ខ្លួនឯង ប្រើអ្នកដទៃឲ្យកាត់ បៀតបៀនគេខ្លួនឯង ប្រើអ្នកដទៃឲ្យបៀតបៀន បាបដែលមានអំពើនោះជាហេតុ ក៏មិនមាន ដំណើរមកនៃបាបក៏មិនមាន។ ទោះបីបុគ្គលឆ្លងទៅកាន់ត្រើយទន្លេគង្គាខាងជើង ហើយឲ្យទានខ្លួនឯង ប្រើអ្នកដទៃឲ្យឲ្យទាន បូជាខ្លួនឯង ប្រើអ្នកដទៃឲ្យបូជា បុណ្យដែលមានអំពើនោះជាហេតុ ក៏មិនមាន ដំណើរមកនៃបុណ្យ ក៏មិនមាន។ បុណ្យក៏មិនមានដោយការឲ្យទាន ដោយការទូន្មាន ដោយការសង្រួម ដោយការពោលពាក្យសច្ចៈ ដំណើរមកនៃបុណ្យក៏មិនមាន។

[៣០៦] សាស្តាម្នាក់ទៀត មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា បាបដែលបុគ្គលធ្វើដោយខ្លួនឯង ប្រើអ្នកដទៃឲ្យធ្វើ កាត់ (អវយវៈគេ) ខ្លួនឯង ប្រើអ្នកដទៃឲ្យកាត់ បៀតបៀនគេខ្លួនឯង ប្រើអ្នកដទៃឲ្យបៀតបៀន សោយសោកខ្លួនឯង ធ្វើអ្នកដទៃឲ្យសោយសោក ធ្វើខ្លួនឯងឲ្យលំបាក ធ្វើអ្នកដទៃឲ្យលំបាក អន្ទះអន្ទែងខ្លួនឯង ធ្វើអ្នកដទៃឲ្យអន្ទះអន្ទែង សម្លាប់សត្វខ្លួនឯង ឬប្រើអ្នកដទៃឲ្យសម្លាប់ កាន់យកទ្រព្យដែលគេមិនបានឲ្យ កាត់តំណ (ជញ្ជាំង) ប្លន់យកទ្រព្យពួកអ្នកស្រុក ប្លន់យកទ្រព្យក្នុងផ្ទះមួយ ៗ ឈរចាំលួចឆក់ក្បែរផ្លូវធំ គប់រកប្រពន្ធអ្នកដទៃ ពោលពាក្យមុសា បាបដែលបុគ្គលនោះធ្វើ ឈ្មោះថា ធ្វើមែន ទោះបីបុគ្គលឯណា ធ្វើនូវពពួកសត្វលើប្រឹថពីនេះ ឲ្យមានគំនរសាច់តែមួយ ឲ្យមានពំនូកសាច់តែមួយ ដោយចក្រ មានខ្នងកង់ដ៏មុត បាបដែលមានអំពើនោះជាហេតុក៏មាន ដំណើរមកនៃបាប ក៏មាន។ ទោះបីបុគ្គល ឆ្លងទៅកាន់ត្រើយទន្លេគង្គាខាងត្បូង ហើយសម្លាប់សត្វខ្លួនឯង ប្រើអ្នកដទៃឲ្យសម្លាប់ កាត់ (អវយវៈគេ) ខ្លួនឯង ប្រើអ្នកដទៃឲ្យកាត់ បៀតបៀនគេខ្លួនឯង ប្រើអ្នកដទៃឲ្យបៀតបៀន បាបដែលមានអំពើនោះជាហេតុ ក៏មាន ដំណើរមកនៃបាប ក៏មាន។ ទោះបីបុគ្គលឆ្លងទៅកាន់ត្រើយទន្លេគង្គាខាងជើង ហើយឲ្យទានដោយខ្លួនឯង ប្រើអ្នកដទៃឲ្យ ឲ្យទាន បូជាដោយខ្លួនឯង ប្រើអ្នកដទៃឲ្យបូជា បុណ្យដែលមានអំពើនោះជាហេតុ ក៏មាន ដំណើរមកនៃបុណ្យ ក៏មាន។ បុណ្យក៏មានដោយការឲ្យទាន ដោយការទូន្មាន ដោយការសង្រួម ដោយការពោលពាក្យសច្ចៈ ដំណើរមកនៃបុណ្យ ក៏មាន។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ មានសេចក្តីសង្ស័យ មានសេចក្តីងឿងឆ្ងល់ថា បណ្តាសមណព្រាហ្មណ៍ដ៏ចំរើនទាំងនោះ សមណព្រាហ្មណ៍ណា ពោលពាក្យសច្ចៈ សមណព្រាហ្មណ៍ណា ពោលពាក្យមុសា។ ម្នាលគាមណី ពិតហើយ គួរឲ្យអ្នកសង្ស័យ គួរឲ្យអ្នកងឿងឆ្ងល់ដែរ មួយទៀត សេចក្តីសង្ស័យ របស់អ្នក កើតមានក្នុងហេតុ ដែល គួរសង្ស័យ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ មានសេចក្តីជ្រះថ្លា ចំពោះព្រះដ៏មានព្រះភាគ ដោយគិតដូច្នេះថា ព្រះដ៏មានព្រះភាគ អាចទ្រង់សំដែងធម៌ ដល់ខ្ញុំព្រះអង្គ តាមទំនង ដែលខ្ញុំព្រះអង្គ គួរលះបង់ នូវសេចក្តីសង្ស័យនេះចេញបាន។

[៣០៧] ម្នាលគាមណី ធម្មសមាធិ មាន បើអ្នកបានចិត្តសមាធិ25) ក្នុងធម្មសមាធិនោះ អ្នកក៏គប្បីលះបង់សេចក្តីសង្ស័យនេះចេញបាន ដោយប្រការដូច្នេះ។ ម្នាលគាមណី ចុះធម្មសមាធិ តើដូចម្តេច។ ម្នាលគាមណី អរិយសាវកក្នុងសាសនានេះ បានលះបង់បាណាតិបាត វៀរស្រឡះចាកបាណាតិបាត លះបង់អទិន្នាទាន វៀរស្រឡះ ចាកអទិន្នាទាន លះបង់កាមេសុមិច្ឆាចារ វៀរស្រឡះ ចាកកាមេសុមិច្ឆាចារ លះបង់មុសាវាទៈ វៀរស្រឡះចាកមុសាវាទៈ លះបង់បិសុណាវាចា វៀរស្រឡះចាក បិសុណាវាចា លះបង់ផរុសវាចា វៀរស្រឡះចាកផរុសវាចា លះបង់សម្ផប្បលាបៈ វៀរស្រឡះចាកសម្ផប្បលាបៈ លះបង់អភិជ្ឈា ជាអ្នកមិនមានអភិជ្ឈា លះបង់សេចក្តីប្រទូស្ត ដោយអំណាចព្យាបាទ ជាអ្នកមានចិត្តមិនព្យាបាទ លះបង់មិច្ឆាទិដ្ឋិ ជាអ្នកសម្មាទិដ្ឋិ។

[៣០៨] ម្នាលគាមណី អរិយសាវកនោះឯង ជាអ្នកប្រាសចាកអភិជ្ឈា ប្រាសចាកព្យាបាទ យ៉ាងនេះហើយ ជាអ្នកមិនមានសេចក្តីវង្វេង មានសេចក្តីដឹងសព្វគ្រប់ មានស្មារតីខ្ជាប់ខ្ជួន មានចិត្តប្រកបដោយមេត្តា ផ្សាយទៅកាន់ទិសទី ១ សម្រាន្តនៅ ដោយឥរិយាបថ ទាំង ៤។ ទិសទី ២ ក៏ដូចគ្នា។ ទិសទី ៣ ក៏ដូចគ្នា។ ទិសទី ៤ ក៏ដូចគ្នា។ មានចិត្តប្រកបដោយមេត្តាដ៏ធំទូលាយ ប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់សត្វលោកទាំងអស់ ក្នុងទិសខាងលើ ទិសខាងក្រោម និងទិសទទឹង គឺទិសតូច ៗ ដោយយកខ្លួនមកប្រៀបផ្ទឹមនឹងសត្វទាំងពួង ក្នុងទីទាំងពួង សម្រាន្តនៅ ដោយឥរិយាបថ ទាំង ៤ ដោយប្រការដូច្នេះ។ អរិយសាវកនោះ រមែងពិចារណាឃើញ ដូច្នេះថា សាស្តាណា មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា ទានដែលបុគ្គលឲ្យហើយ មិនមានផល ការបូជាធំ មិនមានផល ការបូជាតូច មិនមានផល ផលវិបាករបស់កម្ម ដែលសត្វធ្វើល្អ ធ្វើអាក្រក់មិនមាន លោកនេះមិនមាន លោកខាងមុខ មិនមាន មាតាមិនមានគុណ បិតាមិនមានគុណ ពួកសត្វជាឱបបាតិកៈ មិនមាន ពួកសមណព្រាហ្មណ៍ ជាអ្នកប្រព្រឹត្តល្អ ប្រតិបត្តិត្រឹមត្រូវ ធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញា ដ៏ក្រៃលែងដោយខ្លួនឯង ហើយប្រកាសនូវលោកនេះ និងលោកខាងមុខបាន ក៏មិនមានក្នុងលោក។ បើពាក្យរបស់សាស្តាដ៏ចំរើននោះ ជាពាក្យសច្ចៈ ដោយហេតុមិនខុសនឹងអញ ឥឡូវអញមិនបៀតបៀនសត្វណាមួយដែលមានសេចក្តីតក់ស្លុត ឬមិនមានសេចក្តីតក់ស្លុតទេ អញក៏បានឈ្មោះថា ជាអ្នកកាន់យក នូវជ័យជំនះទាំងពីរយ៉ាង ក្នុងលោកនេះ គឺថា អញបានសង្រួមកាយ សង្រួមវាចា សង្រួមចិត្តហើយ លុះបែកធ្លាយរាងកាយស្លាប់ទៅ អញនឹងទៅកើត ក្នុងសុគតិសួគ៌ ទេវលោក។ បាមោជ្ជៈ (សេចក្តីត្រេកអរទន់) ក៏កើតឡើង ដល់អរិយសាវកនោះ កាលបើមានបាមោជ្ជៈហើយ បីតិ (សេចក្តីត្រេកអរខ្លាំង) ក៏កើតឡើង កាលបើមានចិត្តប្រកបដោយបីតិ កាយក៏ស្ងប់ លុះមានកាយស្ងប់ហើយ រមែងសោយសុខ ចិត្តរបស់អរិយសាវក ដែលមានសុខ រមែងដំកល់មាំ។ ម្នាលគាមណី នេះឯងហៅថា ធម្មសមាធិ។ បើអ្នកបានចិត្តសមាធិ ក្នុងធម្មសមាធិនោះ អ្នកមុខជាលះបង់សេចក្តីសង្ស័យនេះចេញបាន ដោយប្រការដូច្នេះ។

[៣០៩] ម្នាលគាមណី អរិយសាវកនោះឯង ជាអ្នកប្រាសចាកអភិជ្ឈា ប្រាសចាកព្យាបាទ យ៉ាងនេះហើយ ជាអ្នកមិនមានសេចក្តីវង្វេង មានសេចក្តីដឹងសព្វគ្រប់ មានស្មារតីខ្ជាប់ខ្ជួន មានចិត្តប្រកបដោយមេត្តា ផ្សាយទៅកាន់ទិសទី ១ សម្រាន្តនៅដោយឥរិយាបថ ទាំង ៤។ ទិសទី ២ ក៏ដូចគ្នា។ ទិសទី ៣ ក៏ដូចគ្នា។ ទិសទី ៤ ក៏ដូចគ្នា។ មានចិត្តប្រកបដោយមេត្តា ដ៏ធំទូលាយ ប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់សត្វលោកទាំងអស់ ក្នុងទិសខាងលើ ទិសខាងក្រោម និងទិសទទឹង គឺទិសតូច ៗ ដោយយកខ្លួនមកប្រៀបផ្ទឹម នឹងសត្វទាំងពួង ក្នុងទីទាំងពួង សម្រាន្តនៅ ដោយឥរិយាបថ ទាំង ៤ ដោយប្រការដូច្នេះ។ អរិយសាវកនោះ រមែងពិចារណាឃើញ ដូច្នេះថា សាស្តាណា មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា ទានដែលបុគ្គលឲ្យហើយ មានផល ការបូជាធំមានផល ការបូជាតូចមានផល ផលវិបាករបស់កម្ម ដែលសត្វធ្វើល្អ ធ្វើអាក្រក់មាន លោកនេះមាន លោកខាងមុខមាន មាតាមានគុណ បិតាមានគុណ ពួកសត្វជាឱបបាតិកៈកំណើត មាន ពួកសមណព្រាហ្មណ៍ ដែលប្រព្រឹត្តល្អ ប្រតិបត្តិត្រឹមត្រូវ ធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញាដ៏ក្រៃលែង ដោយខ្លួនឯង ហើយប្រកាសនូវលោកនេះ និងលោកខាងមុខ ក៏មាននៅក្នុងលោក។ បើពាក្យរបស់សាស្តាដ៏ចំរើននោះ ជាពាក្យសច្ចៈ ដោយហេតុមិនខុសនឹងអញ ឥឡូវអញមិនបៀតបៀនសត្វណាមួយ ដែលមានសេចក្តីតក់ស្លុត ឬមិនមានសេចក្តីតក់ស្លុតទេ អញក៏បាន ឈ្មោះថា ជាអ្នកកាន់យកនូវជ័យជំនះទាំងពីរយ៉ាង ក្នុងលោកនេះ គឺថា អញបានសង្រួមកាយ សង្រួមវាចា សង្រួមចិត្តហើយ លុះបែកធ្លាយរាងកាយស្លាប់ទៅ អញនឹងទៅកើត ក្នុងសុគតិសួគ៌ ទេវលោក។ បាមោជ្ជៈ ក៏កើតឡើង ដល់អរិយសាវកនោះ កាលបើមានបាមោជ្ជៈហើយ បីតិក៏កើតឡើង កាលបើមានចិត្តប្រកបដោយបីតិ កាយក៏ស្ងប់ លុះមានកាយស្ងប់ហើយ រមែងសោយសុខ ចិត្តរបស់អរិយសាវក ដែលមានសុខ រមែងដំកល់មាំ។ ម្នាលគាមណី នេះឯងហៅថា ធម្មសមាធិ។ បើអ្នកបានចិត្តសមាធិ ក្នុងធម្មសមាធិនោះ អ្នកមុខជាលះបង់សេចក្តីសង្ស័យនេះចេញបាន ដោយប្រការដូច្នេះ។

[៣១០] ម្នាលគាមណី អរិយសាវកនោះឯង ជាអ្នកប្រាសចាកអភិជ្ឈា ប្រាសចាកព្យាបាទ យ៉ាងនេះហើយ ជាអ្នកមិនមានសេចក្តីវង្វេង មានសេចក្តីដឹងសព្វគ្រប់ មានស្មារតីខ្ជាប់ខ្ជួន មានចិត្តប្រកបដោយមេត្តា ផ្សាយទៅកាន់ទិសទី ១ សម្រាន្តនៅដោយឥរិយាបថ ទាំង ៤។ ទិសទី ២ ក៏ដូចគ្នា។ ទិសទី ៣ ក៏ដូចគ្នា។ ទិសទី ៤ ក៏ដូចគ្នា។ មានចិត្តប្រកបដោយមេត្តាដ៏ធំទូលាយ ប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់សត្វលោកទាំងអស់ ក្នុងទិសខាងលើ ទិសខាងក្រោម និងទិសទទឹង គឺទិសតូច ៗ ដោយយកខ្លួនប្រៀបផ្ទឹមនឹងសត្វទាំងពួង ក្នុងទីទាំងពួង សម្រាន្តនៅ ដោយឥរិយាបថ ទាំង ៤ ដោយប្រការដូច្នេះ។ អរិយសាវកនោះ រមែងពិចារណាឃើញ ដូច្នេះថា សាស្តាណា មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា បុគ្គលធ្វើបាបដោយខ្លួនឯង ប្រើគេឲ្យធ្វើ កាត់ (អវយវៈគេ) ខ្លួនឯង ប្រើគេឲ្យកាត់ បៀតបៀនគេខ្លួនឯង ប្រើគេឲ្យបៀតបៀន សោយសោកខ្លួនឯង ធ្វើគេឲ្យសោយសោក ធ្វើខ្លួនឯងឲ្យលំបាក ធ្វើគេឲ្យលំបាក អន្ទះអន្ទែងខ្លួនឯង ធ្វើគេឲ្យអន្ទះអន្ទែង សម្លាប់សត្វខ្លួនឯង ឬប្រើគេឲ្យសម្លាប់ កាន់យកទ្រព្យ ដែលគេមិនបានឲ្យ កាត់នូវតំណ (ជញ្ជាំង) ប្លន់យកទ្រព្យពួកអ្នកស្រុក ប្លន់យកទ្រព្យក្នុងផ្ទះមួយ ៗ ឈរចាំលួចឆក់ក្បែរផ្លូវធំ គប់រកប្រពន្ធបុគ្គលដទៃ ពោលពាក្យមុសា បាបដែលបុគ្គលនោះធ្វើ ឈ្មោះថា មិនបានធ្វើទេ ទោះបីបុគ្គលឯណា ធ្វើពពួកសត្វលើប្រឹថពីនេះ ឲ្យមានគំនរសាច់តែមួយ ឲ្យមានពំនូកសាច់តែមួយ ដោយចក្រ ដែលមានខ្នងកង់ដ៏មុត បាបដែលមានអំពើនោះជាហេតុ ក៏មិនមាន ដំណើរមកនៃបាប ក៏មិនមាន។ ទោះបីបុគ្គលឆ្លងទៅកាន់ត្រើយទន្លេគង្គាខាងត្បូង ហើយសម្លាប់សត្វខ្លួនឯង ប្រើអ្នកដទៃឲ្យសម្លាប់ កាត់ (អវយវៈគេ) ខ្លួនឯង ប្រើអ្នកដទៃឲ្យកាត់ បៀតបៀនគេខ្លួនឯង ប្រើអ្នកដទៃឲ្យបៀតបៀន បាបដែលមានអំពើនោះជាហេតុ ក៏មិនមាន ដំណើរមកនៃបាបក៏មិនមាន។ ទោះបីបុគ្គល ឆ្លងទៅកាន់ត្រើយទន្លេគង្គាខាងជើង ហើយឲ្យទានខ្លួនឯង ប្រើអ្នកដទៃឲ្យឲ្យទាន បូជាខ្លួនឯង ប្រើអ្នកដទៃឲ្យបូជា បុណ្យដែលមានអំពើនោះជាហេតុ ក៏មិនមាន ដំណើរមកនៃបុណ្យ ក៏មិនមាន បុណ្យក៏មិនមាន ដោយការឲ្យទាន ដោយការទូន្មាន ដោយការសង្រួម ដោយការពោលពាក្យសច្ចៈ ដំណើរមកនៃបុណ្យ ក៏មិនមាន។ បើពាក្យរបស់សាស្តាដ៏ចំរើននោះ ជាពាក្យសច្ចៈ ដោយហេតុមិនខុសនឹងអញ ឥឡូវអញមិនបៀតបៀនសត្វណាមួយ ដែលមានសេចក្តីតក់ស្លុត ឬមិនមានសេចក្តីតក់ស្លុតទេ អញក៏បានឈ្មោះថា ជាអ្នកកាន់យកនូវជ័យជំនះទាំងពីរយ៉ាង ក្នុងលោកនេះ គឺថា អញបានសង្រួមកាយ សង្រួមវាចា សង្រួមចិត្តហើយ លុះបែកធ្លាយរាងកាយស្លាប់ទៅ អញនឹងទៅកើតក្នុងសុគតិសួគ៌ ទេវលោក។ បាមោជ្ជៈក៏កើតឡើង ដល់អរិយសាវកនោះ កាលបើមានបាមោជ្ជៈហើយ បីតិក៏កើតឡើង កាលបើមានចិត្តប្រកបដោយបីតិ កាយក៏ស្ងប់ លុះមានកាយស្ងប់ហើយ រមែងសោយសុខ ចិត្តរបស់អរិយសាវក ដែលមានសុខ រមែងដំកល់មាំ។ ម្នាលគាមណី នេះឯងហៅថា ធម្មសមាធិ។ បើអ្នកបានចិត្តសមាធិ ក្នុងធម្មសមាធិនោះ អ្នកមុខជានឹងលះបង់សេចក្តីសង្ស័យនេះចេញបាន ដោយប្រការដូច្នេះ។

[៣១១] ម្នាលគាមណី អរិយសាវកនោះឯង ជាអ្នកប្រាសចាកអភិជ្ឈា ប្រាសចាកព្យាបាទ យ៉ាងនេះហើយ ជាអ្នកមិនមានសេចក្តីវង្វេង មានសេចក្តីដឹងសព្វគ្រប់ មានស្មារតីខ្ជាប់ខ្ជួន មានចិត្តប្រកបដោយមេត្តា ផ្សាយទៅកាន់ទិសទី ១ សម្រាន្តនៅដោយឥរិយាបថទាំង ៤។ ទិសទី ២ ក៏ដូចគ្នា។ ទិសទី ៣ ក៏ដូចគ្នា។ ទិសទី ៤ ក៏ដូចគ្នា។ មានចិត្តប្រកបដោយមេត្តា ដ៏ធំទូលាយ ប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់ទិសខាងលើ ទិសខាងក្រោម និងទិសទទឹង គឺទិសតូច ៗ ដោយយកខ្លួនប្រៀបផ្ទឹមនឹងសត្វទាំងពួង ក្នុងទីទាំងពួង សម្រាន្តនៅដោយឥរិយាបថ ទាំង ៤ ដោយប្រការដូច្នេះ។ អរិយសាវកនោះ រមែងពិចារណាឃើញ ដូច្នេះថា សាស្តាណា មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា បាបដែលបុគ្គលធ្វើខ្លួនឯង ប្រើគេឲ្យធ្វើ កាត់ (អវយវៈគេ) ខ្លួនឯង ប្រើគេឲ្យកាត់ បៀតបៀនគេខ្លួនឯង ប្រើគេឲ្យបៀតបៀន សោយសោកខ្លួនឯង ធ្វើឲ្យគេសោយសោក ធ្វើខ្លួនឯងឲ្យលំបាក ធ្វើគេឲ្យលំបាក អន្ទះអន្ទែងខ្លួនឯង ធ្វើគេឲ្យអន្ទះអន្ទែង សម្លាប់សត្វខ្លួនឯង ឬប្រើគេឲ្យសម្លាប់ កាន់យកទ្រព្យ ដែលគេមិនបានឲ្យ កាត់តំណ (ជញ្ជាំង) ប្លន់យកទ្រព្យពួកអ្នកស្រុក ប្លន់យកទ្រព្យក្នុងផ្ទះមួយ ៗ ឈរចាំលួចឆក់ក្បែរផ្លូវធំ គប់រកប្រពន្ធបុគ្គលដទៃ និយាយមុសា បាបដែលបុគ្គលនោះធ្វើ ឈ្មោះថា ធ្វើមែន បើបុគ្គលឯណា ធ្វើពពួកសត្វលើប្រឹថពីនេះ ឲ្យមានគំនរសាច់តែមួយ ឲ្យមានពំនូកសាច់តែមួយ ដោយចក្រ មានខ្នងកង់ដ៏មុត បាបដែលមានអំពើនោះជាហេតុ ក៏មាន ដំណើរមកនៃបាប ក៏មាន។ បើបុគ្គលឆ្លងទៅកាន់ ត្រើយទន្លេគង្គាខាងត្បូង ហើយសម្លាប់សត្វខ្លួនឯង ប្រើគេឲ្យសម្លាប់ កាត់ (អវយវៈគេ) ខ្លួនឯង ប្រើគេឲ្យកាត់ បៀតបៀនគេខ្លួនឯង ប្រើគេឲ្យបៀតបៀន បាបដែលមានអំពើនោះជាហេតុ ក៏មាន ដំណើរមកនៃបាបក៏មាន។ បើបុគ្គលឆ្លងទៅកាន់ត្រើយទន្លេគង្គាខាងជើង ហើយឲ្យទានខ្លួនឯង ប្រើគេឲ្យឲ្យទាន បូជាខ្លួនឯង ប្រើគេឲ្យបូជា បុណ្យដែលមានអំពើនោះជាហេតុ ក៏មាន ដំណើរមកនៃបុណ្យ ក៏មាន បុណ្យក៏មានដោយការឲ្យទាន ដោយការទូន្មាន ដោយការសង្រួម ដោយការពោលពាក្យសច្ចៈ ដំណើរមកនៃបុណ្យក៏មាន។ បើពាក្យរបស់សាស្តាដ៏ចំរើននោះ ជាពាក្យសច្ចៈ ដោយហេតុមិនខុសនឹងពាក្យអញ ឥឡូវអញមិនបៀតបៀនសត្វណាមួយ ដែលមានសេចក្តីតក់ស្លុតឬមិនមានសេចក្តីតក់ស្លុតទេ អញបានឈ្មោះថា ជាអ្នកកាន់យកនូវជ័យជំនះទាំងពីរយ៉ាង ក្នុងលោកនេះ គឺថា អញបានសង្រួមកាយ សង្រួមវាចា សង្រួមចិត្តហើយ លុះបែកធ្លាយរាងកាយស្លាប់ទៅ អញនឹងទៅកើតក្នុងសុគតិសួគ៌ ទេវលោក។ បាមោជ្ជៈ ក៏កើតឡើង ដល់អរិយសាវកនោះ កាលបើមានបាមោជ្ជៈ បីតិក៏កើតឡើង កាលបើមានចិត្តប្រកបដោយបីតិ កាយក៏ស្ងប់ លុះមានកាយស្ងប់ រមែងសោយសុខ ចិត្តរបស់អរិយសាវក ដែលមានសុខ រមែងដំកល់មាំ។ ម្នាលគាមណី នេះឯងហៅថា ធម្មសមាធិ។ បើអ្នកបានចិត្តសមាធិ ក្នុងធម្មសមាធិនោះ អ្នកមុខជាលះបង់សេចក្តី សង្ស័យនេះចេញបាន ដោយប្រការដូច្នេះ។

[៣១២] ម្នាលគាមណី អរិយសាវកនោះឯង ជាអ្នកប្រាសចាកអភិជ្ឈា ប្រាសចាកព្យាបាទ យ៉ាងនេះហើយ មិនមានសេចក្តីវង្វេង មានសេចក្តីដឹងសព្វគ្រប់ មានស្មារតីខ្ជាប់ខ្ជួន មានចិត្តប្រកបដោយករុណា ផ្សាយទៅកាន់ទិសទី ១ សម្រាន្តនៅដោយឥរិយាបថ ទាំង ៤។ មានចិត្តប្រកបដោយមុទិតា ផ្សាយទៅកាន់ទិសទី ១ សម្រាន្តនៅ ដោយឥរិយាបថ ទាំង ៤។ ម្នាលគាមណី អរិយសាវកនោះឯង ជាអ្នកប្រាសចាកអភិជ្ឈា ប្រាសចាកព្យាបាទ យ៉ាងនេះហើយ មិនមានសេចក្តីវង្វេង មានសេចក្តីដឹងសព្វគ្រប់ មានស្មារតីខ្ជាប់ខ្ជួន មានចិត្តប្រកបដោយឧបេក្ខា ផ្សាយទៅកាន់ទិសទី ១ សម្រាន្តនៅដោយឥរិយាបថ ទាំង ៤។ ទិសទី ២ ក៏ដូចគ្នា។ ទិសទី ៣ ក៏ដូចគ្នា។ ទិសទី ៤ ក៏ដូចគ្នា។ មានចិត្តប្រកបដោយឧបេក្ខាដ៏ធំទូលាយ ប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់សត្វលោកទាំងអស់ ក្នុងទិសខាងលើ ទិសខាងក្រោម និងទិសទទឹង គឺទិសតូច ៗ ដោយយកខ្លួនប្រៀបផ្ទឹមនឹង សត្វទាំងពួង ក្នុងទីទាំងពួង សម្រាន្តនៅ ដោយឥរិយាបថ ទាំង ៤ ដោយប្រការដូច្នេះ។ អរិយសាវកនោះ រមែងពិចារណាឃើញ ដូច្នេះថា សាស្តាឯណា មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា ទានដែលបុគ្គលឲ្យហើយ មិនមានផល ការបូជាធំមិនមានផល ការបូជាតូចមិនមានផល ផលវិបាករបស់កម្ម ដែលសត្វធ្វើល្អ ធ្វើអាក្រក់មិនមាន លោកនេះមិនមាន លោកខាងមុខមិនមាន មាតាមិនមានគុណ បិតាមិនមានគុណ ពួកសត្វជាឱបបាតិកៈ មិនមាន ពួកសមណព្រាហ្មណ៍ ដែលប្រព្រឹត្តល្អ ប្រតិបត្តិត្រឹមត្រូវ ធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញាដ៏ក្រៃលែង ដោយខ្លួនឯង ហើយប្រកាសនូវលោកនេះ និងលោកខាងមុខបាន ក៏មិនមានក្នុងលោក។ បើពាក្យរបស់សាស្តាដ៏ចំរើននោះ ជាពាក្យសច្ចៈ ដោយហេតុមិនខុសនឹងពាក្យអញ ឥឡូវអញមិនបៀតបៀនសត្វណាមួយ ដែលមានសេចក្តីតក់ស្លុត ឬគ្មានសេចក្តីតក់ស្លុត អញក៏បានឈ្មោះថា ជាអ្នកកាន់យកនូវជ័យជំនះទាំងពីរយ៉ាង ក្នុងលោកនេះ គឺថា អញបានសង្រួមកាយ សង្រួមវាចា សង្រួមចិត្តហើយ លុះបែកធ្លាយរាងកាយស្លាប់ទៅ អញនឹងទៅកើតក្នុងសុគតិសួគ៌ ទេវលោក បាមោជ្ជៈ ក៏កើតឡើង ដល់អរិយសាវកនោះ កាលបើមានបាមោជ្ជៈ បីតិក៏កើតឡើង កាលបើមានចិត្តប្រកបដោយបីតិ កាយក៏ស្ងប់ លុះមានកាយស្ងប់ រមែងសោយសុខ ចិត្តរបស់អរិយសាវក ដែលមានសុខ រមែងដំកល់មាំ។ ម្នាលគាមណី នេះឯងហៅថា ធម្មសមាធិ។ បើអ្នកបានចិត្តសមាធិ ក្នុងធម្មសមាធិនោះ អ្នកមុខជាលះបង់នូវសេចក្តីសង្ស័យនេះចេញបាន ដោយប្រការដូច្នេះ។

[៣១៣] ម្នាលគាមណី អរិយសាវកនោះឯង ជាអ្នកប្រាសចាកអភិជ្ឈា ប្រាស ចាកព្យាបាទ យ៉ាងនេះហើយ ជាអ្នកមិនមានសេចក្តីវង្វេង មានសេចក្តីដឹងសព្វគ្រប់ មានស្មារតីខ្ជាប់ខ្ជួន មានចិត្តប្រកបដោយឧបេក្ខា ផ្សាយទៅកាន់ទិសទី ១ សម្រាន្តនៅដោយឥរិយាបថទាំង ៤។ ទិសទី ២ ក៏ដូចគ្នា។ ទិសទី ៣ ក៏ដូចគ្នា។ ទិសទី ៤ ក៏ដូចគ្នា។ មានចិត្តប្រកបដោយឧបេក្ខាដ៏ធំទូលាយ ប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់សត្វលោកទាំងអស់ ក្នុងទិសខាងលើ ទិសខាងក្រោម និងទិសទទឹង គឺទិសតូច ៗ ដោយយកខ្លួនប្រៀបផ្ទឹមនឹងសត្វទាំងពួង ក្នុងទីទាំងពួង សម្រាន្តនៅដោយឥរិយាបថ ទាំង ៤ ដោយប្រការដូច្នេះ។ អរិយសាវកនោះ រមែងពិចារណាឃើញ ដូច្នេះថា សាស្តាណា មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា ទានដែលបុគ្គលឲ្យហើយ មានផល ការបូជាធំ មានផល ការបូជាតូចមានផល ផលវិបាករបស់កម្ម ដែលសត្វធ្វើល្អ ធ្វើអាក្រក់ មាន លោកនេះមាន លោកខាងមុខមាន មាតាមានគុណ បិតាមានគុណ ពួកសត្វជាឱបបាតិកៈ មាន ពួកសមណព្រាហ្មណ៍ ដែលប្រព្រឹត្តល្អ ប្រតិបត្តិត្រឹមត្រូវ ធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញា ដ៏ក្រៃលែង ដោយខ្លួនឯង ហើយប្រកាសនូវលោកនេះ និងលោកខាងមុខបាន ក៏មានក្នុងលោក។ បើពាក្យរបស់សាស្តាដ៏ចំរើននោះ ជាពាក្យសច្ចៈ ដោយហេតុមិនខុសនឹងពាក្យអញ ឥឡូវអញមិនបៀតបៀនសត្វណាមួយ ដែលមានសេចក្តីតក់ស្លុត ឬមិនមានសេចក្តីតក់ស្លុតទេ អញក៏បានឈ្មោះថា ជាអ្នកាន់យកនូវជ័យជំនះទាំងពីរយ៉ាង ក្នុងលោកនេះ គឺថា អញបានសង្រួមកាយ សង្រួមវាចា សង្រួមចិត្តហើយ លុះបែកធ្លាយរាងកាយស្លាប់ទៅ អញនឹងទៅកើតក្នុងសុគតិសួគ៌ ទេវលោក។ បាមោជ្ជៈក៏កើតឡើង ដល់អរិយសាវកនោះ កាលបើមានបាមោជ្ជៈ បីតិក៏កើតឡើង កាលបើមានចិត្តប្រកបដោយបីតិ កាយក៏ស្ងប់ លុះមានកាយស្ងប់ រមែងសោយសុខ ចិត្តរបស់អរិយសាវក ដែលមានសុខ រមែងដំកល់មាំ។ ម្នាលគាមណី នេះឯងហៅថា ធម្មសមាធិ។ បើអ្នកបានចិត្តសមាធិ ក្នុងធម្មសមាធិនោះ អ្នកមុខជាលះបង់នូវសេចក្តីសង្ស័យនេះចេញបាន ដោយប្រការដូច្នេះ។

[៣១៤] ម្នាលគាមណី អរិយសាវកនោះឯង ជាអ្នកប្រាសចាកអភិជ្ឈា ប្រាសចាកព្យាបាទ យ៉ាងនេះហើយ ជាអ្នកមិនមានសេចក្តីវង្វេង មានសេចក្តីដឹងសព្វគ្រប់ មានស្មារតីខ្ជាប់ខ្ជួន មានចិត្តប្រកបដោយឧបេក្ខា ផ្សាយទៅកាន់ទិសទី ១ សម្រាន្តនៅដោយឥរិយាបថ ទាំង ៤។ ទិសទី ២ ក៏ដូចគ្នា។ ទិសទី ៣ ក៏ដូចគ្នា។ ទិសទី ៤ ក៏ដូចគ្នា។ មានចិត្តប្រកបដោយឧបេក្ខាដ៏ធំទូលាយ ប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់សត្វលោកទាំងអស់ ក្នុងទិសខាងលើ ទិសខាងក្រោម និងទិសទទឹង គឺទិសតូច ៗ ដោយយកខ្លួនប្រៀបផ្ទឹមនឹងសត្វទាំងពួង ក្នុងទីទាំងពួង សម្រាន្តនៅដោយឥរិយាបថ ទាំង ៤ ដោយប្រការដូច្នេះ។ អរិយសាវកនោះ រមែងពិចារណាឃើញ ដូច្នេះថា សាស្តាណា មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា បុគ្គលធ្វើបាបដោយខ្លួនឯង ប្រើអ្នកដទៃឲ្យធ្វើ កាត់ (អវយវៈគេ) ខ្លួនឯង ប្រើអ្នកដទៃឲ្យកាត់ បៀតបៀនគេខ្លួនឯង ប្រើអ្នកដទៃឲ្យបៀតបៀន សោយសោកខ្លួនឯង ធ្វើគេឲ្យសោយសោក ធ្វើខ្លួនឯងឲ្យលំបាក ធ្វើអ្នកដទៃឲ្យលំបាក អន្ទះអន្ទែងខ្លួនឯង ធ្វើអ្នកដទៃឲ្យអន្ទះអន្ទែង សម្លាប់សត្វខ្លួនឯង ឬប្រើអ្នកដទៃឲ្យសម្លាប់ កាន់យកទ្រព្យដែលគេមិនបានឲ្យ កាត់តំណ (ជញ្ជាំង) ប្លន់យកទ្រព្យពួកអ្នកស្រុក ប្លន់យកទ្រព្យក្នុងផ្ទះមួយ ៗ ឈរចាំលួចឆក់ក្បែរផ្លូវធំ គប់រកប្រពន្ធបុគ្គលដទៃ ពោលពាក្យមុសា បាបដែលបុគ្គលនោះធ្វើ ឈ្មោះថា មិនបានធ្វើទេ ទោះបីបុគ្គលណា ធ្វើពពួកសត្វលើផែនដីនេះ ឲ្យមានគំនរសាច់តែមួយ ឲ្យមានពំនូកសាច់តែមួយ ដោយចក្រមានខ្នងកង់ដ៏មុត បាបដែលមានអំពើនោះជាហេតុ ក៏មិនមាន ទាំងដំណើរមកនៃបាប ក៏មិនមាន។ ទោះបីបុគ្គលឆ្លងទៅកាន់ត្រើយទន្លេគង្គាខាងត្បូង ហើយសម្លាប់សត្វខ្លួនឯង ប្រើគេឲ្យសម្លាប់ កាត់ (អវយវៈគេ) ខ្លួនឯង ប្រើគេឲ្យកាត់ បៀតបៀនខ្លួនឯង ប្រើគេឲ្យបៀតបៀន បាបដែលមានអំពើនោះជាហេតុ ក៏មិនមាន ដំណើរមកនៃបាបក៏មិនមាន។ ទោះបីបុគ្គលឆ្លងទៅកាន់ត្រើយទន្លេគង្គាខាងជើង ហើយឲ្យទានខ្លួនឯង ប្រើគេឲ្យឲ្យទាន បូជាខ្លួនឯង ប្រើគេឲ្យបូជា បុណ្យដែលមានអំពើនោះជាហេតុ ក៏មិនមាន ដំណើរមកនៃបុណ្យ ក៏មិនមាន បុណ្យមិនមានដោយការឲ្យទាន ដោយការទូន្មាន ដោយការសង្រួម ដោយការពោលពាក្យសច្ចៈ ដំណើរមកនៃបុណ្យ ក៏មិនមាន។ បើពាក្យរបស់សាស្តាដ៏ចំរើននោះ ជាពាក្យសច្ចៈ ដោយហេតុមិនខុសនឹងពាក្យអញ ឥឡូវអញមិនបៀតបៀនសត្វណាមួយ ដែលមានសេចក្តីតក់ស្លុត ឬមិនមានសេចក្តីតក់ស្លុតទេ អញក៏បានឈ្មោះថា ជាអ្នកកាន់យកនូវជ័យជំនះទាំងពីរយ៉ាង ក្នុងលោកនេះ គឺថាអញបានសង្រួមកាយ សង្រួមវាចា សង្រួមចិត្តហើយ លុះបែកធ្លាយរាងកាយស្លាប់ទៅ អញនឹងទៅកើតក្នុងសុគតិសួគ៌ទេវលោក។ បាមោជ្ជៈ ក៏កើតឡើង ដល់អរិយសាវកនោះ កាលបើមានបាមោជ្ជៈ បីតិក៏កើតឡើង កាលបើមានចិត្តប្រកបដោយបីតិ កាយក៏ស្ងប់ លុះមានកាយស្ងប់ រមែងសោយសុខ ចិត្តរបស់អរិយសាវក ដែលមានសុខ រមែងដំកល់មាំ។ ម្នាលគាមណី នេះឯងហៅថា ធម្មសមាធិ។ បើអ្នកបានចិត្តសមាធិ ក្នុងធម្មសមាធិនោះ អ្នកមុខជាលះបង់សេចក្តីសង្ស័យនេះចេញបាន ដោយប្រការដូច្នេះ។

[៣១៥] ម្នាលគាមណី អរិយសាវកនោះឯង ជាអ្នកប្រាសចាកអភិជ្ឈា ប្រាសចាកព្យាបាទ យ៉ាងនេះហើយ ជាអ្នកមិនមានសេចក្តីវង្វេង មានសេចក្តីដឹងសព្វគ្រប់ មានស្មារតីខ្ជាប់ខ្ជួន មានចិត្តប្រកបដោយឧបេក្ខា ផ្សាយទៅកាន់ទិសទី ១ សម្រាន្តនៅដោយឥរិយាបថទាំង ៤។ ទិសទី ២ ក៏ដូចគ្នា។ ទិសទី ៣ ក៏ដូចគ្នា។ ទិសទី ៤ ក៏ដូចគ្នា។ មានចិត្តប្រកបដោយឧបេក្ខា ដ៏ធំទូលាយ ប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់សត្វលោកទាំងអស់ ក្នុងទិសខាងលើ ទិសខាងក្រោម និងទិសទទឹង គឺទិសតូច ៗ ដោយយកខ្លួនប្រៀបផ្ទឹមនឹងសត្វទាំងពួង ក្នុងទីទាំងពួង សម្រាន្តនៅដោយឥរិយាបថទាំង ៤ ដោយប្រការដូច្នេះ។ អរិយសាវកនោះ រមែងពិចារណាឃើញដូច្នេះថា សាស្តាណា មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា បុគ្គលធ្វើបាបដោយខ្លួនឯង ប្រើគេឲ្យធ្វើ កាត់ (អវយវៈគេ) ខ្លួនឯង ប្រើគេឲ្យកាត់ បៀតបៀនគេខ្លួនឯង ប្រើគេឲ្យបៀតបៀន សោយសោកខ្លួនឯង ធ្វើគេឲ្យសោយសោក ធ្វើខ្លួនឯងឲ្យលំបាក ធ្វើគេឲ្យលំបាក អន្ទះអន្ទែងខ្លួនឯង ធ្វើគេឲ្យអន្ទះអន្ទែង សម្លាប់សត្វខ្លួនឯង ឬប្រើគេឲ្យសម្លាប់ កាន់យកទ្រព្យដែលគេមិនបានឲ្យ កាត់តំណ (ជញ្ជាំង) ប្លន់យកទ្រព្យពួកអ្នកស្រុក ប្លន់យកទ្រព្យក្នុងផ្ទះមួយ ៗ ឈរ ចាំលួចឆក់ក្បែរផ្លូវធំ គប់រកប្រពន្ធបុគ្គលដទៃ និយាយកុហក បាបដែលបុគ្គលនោះធ្វើ ឈ្មោះថា ធ្វើមែន បើបុគ្គលឯណា ធ្វើពពួកសត្វលើប្រឹថពីនេះ ឲ្យមានគំនរសាច់តែមួយ ឲ្យមានពំនូកសាច់តែមួយ ដោយចក្រមានខ្នងកង់ដ៏មុត បាបដែលមានអំពើនោះជាហេតុក៏មាន ដំណើរមកនៃបាបក៏មិនមាន។ ទោះបីបុគ្គលឆ្លងទៅកាន់ត្រើយទន្លេគង្គាខាងត្បូង ហើយសម្លាប់សត្វខ្លួនឯង ប្រើគេឲ្យសម្លាប់ កាត់ (អវយវៈគេ) ខ្លួនឯង ប្រើគេឲ្យកាត់ បៀតបៀនគេខ្លួនឯង ប្រើគេឲ្យបៀតបៀន បាបដែលមានអំពើនោះជាហេតុក៏មាន ដំណើរមកនៃបាបក៏មាន។ ទោះបីបុគ្គលឆ្លងទៅកាន់ត្រើយទន្លេគង្គាខាងជើង ហើយឲ្យទានខ្លួនឯង ប្រើគេឲ្យឲ្យទាន បូជាខ្លួនឯង ប្រើគេឲ្យបូជា បុណ្យដែលមានអំពើនោះជាហេតុ ក៏មាន ដំណើរមកនៃបុណ្យក៏មានដែរ បុណ្យក៏មាន ដោយការឲ្យទាន ដោយការទូន្មាន ដោយការសង្រួម ដោយការពោលពាក្យសច្ចៈ ដំណើរមកនៃបុណ្យក៏មាន។ បើពាក្យរបស់សាស្តាដ៏ចំរើននោះ ជាពាក្យសច្ចៈ ដោយហេតុមិនខុសនឹងអញ ឥឡូវអញមិនបៀតបៀនសត្វណាមួយ ដែលមានសេចក្តីតក់ស្លុត ឬមិនមានសេចក្តីតក់ស្លុតទេ អញក៏បានឈ្មោះថាជាអ្នកកាន់យកនូវជ័យជំនះទាំងពីរយ៉ាង ក្នុងលោកនេះ គឺថា អញបានសង្រួមកាយ សង្រួមវាចា សង្រួមចិត្តហើយ លុះបែកធ្លាយរាងកាយស្លាប់ទៅ អញនឹងទៅកើត ក្នុងសុគតិសួគ៌ ទេវលោក។ បាមោជ្ជៈ ក៏កើតឡើង ដល់អរិយសាវកនោះ កាលបើមានបាមោជ្ជៈ បីតិក៏កើត កាលបើមានចិត្តប្រកបដោយបីតិ កាយក៏ស្ងប់ លុះមានកាយស្ងប់ រមែងសោយសុខ ចិត្តរបស់អរិយសាវក ដែលមានសុខ រមែងដំកល់មាំ។ ម្នាលគាមណី នេះឯងហៅថា ធម្មសមាធិ។ បើអ្នកបានចិត្តសមាធិ ក្នុងធម្មសមាធិនោះ អ្នកមុខជាលះបង់សេចក្តីសង្ស័យនេះចេញបាន ដោយប្រការដូច្នេះ។ កាលបើព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ បាដលិយគាមណី ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា ភ្លឺច្បាស់ណាស់ ព្រះអង្គ ភ្លឺច្បាស់ណាស់ ព្រះអង្គ។ បេ។ ជាអ្នកដល់នូវសរណគមន៍ ស្មើដោយជីវិត តាំងអំពីថ្ងៃនេះ ជាដើមទៅ។

ចប់ សូត្រ ទី១៣។

ចប់ គាមណិសំយុត្ត។

ឧទ្ទាននៃគាមណិសំយុត្តនោះគឺ

និយាយអំពីចណ្ឌគាមណី ១ អំពីតាលបុត្តគាមណី ១ អំពីយោធាជីវគាមណី ១ អំពីហត្ថារោហគាមណី ១អំពីអស្សារោហគាមណី ១ អំពីពួកព្រាហ្មណ៍ស្រុកបច្ឆាភូមិ ១ អំពីការសំដែងធម៌ ១ អំពីការពិចារណា ១អំពីសេចក្តីអនុគ្រោះត្រកូល ១ អំពីមណិចូឡកគាមណី ១ អំពីគន្ធភកគាមណី ១ អំពីរាសិយគាមណី ១ អំពីបាដលិយគាមណី ១។

អសង្ខតសំយុត្ត (ទី៩)

(៩. អសង្ខតសំយុត្តំ)

បឋមវគ្គ ទី១

(១. បឋមវគ្គោ)

(កាយគតាសតិសូត្រ ទី១)

(១. កាយគតាសតិសុត្តំ)

[៣១៦] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះដ៏មានព្រះភាគ គង់ក្នុងវត្ត ជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ ក្នុងទីនោះឯង ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីកាព្រះដ៏មានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ តថាគត នឹងសំដែង អសង្ខតធម៌ (ធម៌ដែលបច្ច័យតាក់តែងមិនបាន) ផង អសង្ខតគាមិមគ្គ (ផ្លូវជាដំណើរទៅកាន់អសង្ខតធម៌) ផង ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់ធម៌នោះចុះ។ ម្នាលភិក្ខុទាំងឡាយ ចុះអសង្ខតធម៌ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ សភាវៈដែលជាទីក្ស័យរាគៈ ក្ស័យទោសៈ ក្ស័យ មោហៈ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អសង្ខតធម៌។ ម្នាលភិក្ខុទាំងឡាយ ចុះអសង្ខតគាមិមគ្គ តើដូចម្តេច។ (អសង្ខតគាមិមគ្គនោះ) គឺកាយគតាសតិ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អសង្ខតគាមិមគ្គ។ ម្នាលភិក្ខុទាំងឡាយ អសង្ខតធម៌ តថាគតបានសំដែងហើយ អសង្ខតគាមិមគ្គ តថាគត ក៏បានសំដែងហើយ ដល់អ្នកទាំងឡាយ ដោយប្រការដូច្នេះឯង។ ម្នាលភិក្ខុទាំងឡាយ កិច្ចឯណា ដែលសាស្តា ជាអ្នកស្វែងរកប្រយោជន៍ ជាអ្នកអនុគ្រោះ អាស្រ័យសេចក្តីអនុគ្រោះ ត្រូវធ្វើដល់សាវកទាំងឡាយ កិច្ចនោះ តថាគត បានធ្វើដល់អ្នកទាំងឡាយរួចហើយ។ ម្នាលភិក្ខុទាំងឡាយ កិច្ចទាំងនុ៎ះ គឺម្លប់ឈើ កិច្ចទាំងនុ៎ះ គឺផ្ទះស្ងាត់។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរសំឡឹងយក26) (នូវអារម្មណ៍) កុំបីប្រមាទ កុំបីមានសេចក្តីក្តៅក្រហាយ ក្នុងកាលជាខាងក្រោយឡើយ។ នេះឯង ជាអនុសាសនី គឺពាក្យប្រៀនប្រដៅ របស់តថាគត ចំពោះអ្នកទាំងឡាយ។

(សមថវិបស្សនាសូត្រ ទី២)

(២. សមថវិបស្សនាសុត្តំ)

[៣១៧] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងអសង្ខតធម៌ផង អសង្ខតគាមិមគ្គផង ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់នូវធម៌នោះចុះ។ ម្នាលភិក្ខុទាំងឡាយ ចុះអសង្ខតធម៌ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ សភាវៈដែលជាទីក្ស័យរាគៈ ក្ស័យទោសៈ ក្ស័យមោហៈ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អសង្ខតធម៌។ ម្នាលភិក្ខុទាំងឡាយ ចុះអសង្ខតគាមិមគ្គ តើដូចម្តេច។ គឺសមថៈ ១ វិបស្សនា ១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អសង្ខតគាមិមគ្គ។ បេ។

(សវិតក្កសវិចារសូត្រ ទី៣)

(៣. សវិតក្កសវិចារសុត្តំ)

[៣១៨] ម្នាលភិក្ខុទាំងឡាយ មួយទៀត អសង្ខតគាមិមគ្គ តើដូចម្តេច។ គឺសមាធិ ដែលមិនមានវិតក្កៈ មានវិចារៈ ១ សមាធិ ដែលគ្មានវិតក្កៈ មានតែវិចារៈ ១ សមាធិដែលគ្មានវិតក្កៈ គ្មានវិចារៈ១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អសង្ខតគាមិមគ្គ។

(សុញ្ញតសមាធិសូត្រ ទី៤)

(៤. សុញ្ញតសមាធិសុត្តំ)

[៣១៩] ម្នាលភិក្ខុទាំងឡាយ មួយទៀត អសង្ខតគាមិមគ្គ តើដូចម្តេច។ គឺ សុញ្ញតសមាធិ ១ អនិមិត្តសមាធិ ១ អប្បណិហិតសមាធិ ១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អសង្ខតគាមិមគ្គ។

(សតិបដ្ឋានសូត្រ ទី៥)

(៥. សតិបដ្ឋានសុត្តំ)

[៣២០] ម្នាលភិក្ខុទាំងឡាយ មួយទៀត អសង្ខតគាមិមគ្គ តើដូចម្តេច។ គឺ សតិប្បដ្ឋាន ៤។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អសង្ខតគាមិមគ្គ។

(សម្មប្បធានសូត្រ ទី៦)

(៦. សម្មប្បធានសុត្តំ)

[៣២១] ម្នាលភិក្ខុទាំងឡាយ មួយទៀត អសង្ខតគាមិមគ្គ តើដូចម្តេច។ គឺ សម្មប្បធាន ៤។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អសង្ខតគាមិមគ្គ។

(ឥទ្ធិបាទសូត្រ ទី៧)

(៧. ឥទ្ធិបាទសុត្តំ)

[៣២២] ម្នាលភិក្ខុទាំងឡាយ មួយទៀត អសង្ខតគាមិមគ្គ តើដូចម្តេច។ គឺឥទ្ធិបាទ ៤។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អសង្ខតគាមិមគ្គ។

(ឥន្ទ្រិយសូត្រ ទី៨)

(៨. ឥន្ទ្រិយសុត្តំ)

[៣២៣] ម្នាលភិក្ខុទាំងឡាយ មួយទៀត អសង្ខតគាមិមគ្គ តើដូចម្តេច។ គឺ ឥន្រ្ទិយ ៥។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អសង្ខតគាមិមគ្គ។

(ពលសូត្រ ទី៩)

(៩. ពលសុត្តំ)

[៣២៤] ម្នាលភិក្ខុទាំងឡាយ មួយទៀត អសង្ខតគាមិមគ្គ តើដូចម្តេច។ គឺ ពលៈ ៥។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អសង្ខតគាមិមគ្គ។

(ពោជ្ឈង្គសូត្រ ទី១០)

(១០. ពោជ្ឈង្គសុត្តំ)

[៣២៥] ម្នាលភិក្ខុទាំងឡាយ មួយទៀត អសង្ខតគាមិមគ្គ តើដូចម្តេច។ គឺ ពោជ្ឈង្គ ៧។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អសង្ខតគាមិមគ្គ។

(មគ្គង្គ)សូត្រ ទី១១

(១១. មគ្គង្គសុត្តំ)

[៣២៦] ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត អសង្ខតគាមិមគ្គ តើដូចម្តេច។ គឺ អដ្ឋង្គិកមគ្គដ៏ប្រសើរ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អសង្ខតគាមិមគ្គ។ ម្នាលភិក្ខុទាំងឡាយ អសង្ខតធម៌ តថាគតបានសំដែងហើយ អសង្ខតគាមិមគ្គ តថាគតក៏បានសំដែងហើយ ដល់អ្នកទាំងឡាយ ដោយប្រការដូច្នេះឯង។ ម្នាលភិក្ខុទាំងឡាយ កិច្ចឯណា ដែលសាស្តាជាអ្នកស្វែងរកប្រយោជន៍ ជាអ្នកអនុគ្រោះ អាស្រ័យសេចក្តីអនុគ្រោះ ត្រូវធ្វើដល់សាវកទាំងឡាយ កិច្ចនោះ តថាគត ក៏បានធ្វើ ដល់អ្នកទាំងឡាយរួចហើយ ម្នាលភិក្ខុទាំងឡាយ កិច្ចទាំងនុ៎ះ គឺម្លប់ឈើ កិច្ចទាំងនុ៎ះ គឺផ្ទះស្ងាត់។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរសំឡឹងយក (នូវអារម្មណ៍) កុំបីប្រមាទ កុំបីមានសេចក្តីក្តៅក្រហាយ ក្នុងកាលជាខាងក្រោយឡើយ។ នេះឯង ជាអនុសាសនី គឺពាក្យប្រៀនប្រដៅ របស់តថាគត ចំពោះអ្នកទាំងឡាយ។

ចប់ អសង្ខតសំយុត្ត បឋមវគ្គ។

ឧទ្ទាននៃអសង្ខតសំយុត្តនោះគឺ

និយាយអំពីកាយគតាសតិ ១ សមថៈ និងវិបស្សនា ១ សមាធិ ដែលប្រកបដោយវិតក្កៈ ជាដើម ១ សមាធិ មានសុញ្ញតសមាធិ ជាដើម១ សតិបដ្ឋាន ១ សម្មប្បធាន ១ ឥទ្ធិបាទ ១ ឥន្រ្ទិយ ១ ពលៈ ១ ពោជ្ឈង្គ ១ ជា ១១ នឹងអដ្ឋង្គិកមគ្គ ហៅថាឧទ្ទាន នៃអសង្ខតសំយុត្តនោះ។

ទុតិយវគ្គ ទី២

(២. ទុតិយវគ្គោ)

(អសង្ខត)សូត្រ ទី១

(១. អសង្ខតសុត្តំ)

[៣២៧] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងអសង្ខតធម៌ផង អសង្ខតគាមិមគ្គផង ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់ធម៌នោះចុះ។ ម្នាលភិក្ខុទាំងឡាយ អសង្ខតធម៌ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ សភាវៈដែលជាទីក្ស័យរាគៈ ក្ស័យទោសៈ ក្ស័យមោហៈ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សង្ខតធម៌។ ម្នាលភិក្ខុទាំងឡាយ អសង្ខតគាមិមគ្គ តើដូចម្តេច។ គឺសមថធម៌។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អសង្ខតគាមិមគ្គ។ ម្នាលភិក្ខុទាំងឡាយ អសង្ខតធម៌ តថាគតបានសំដែងហើយ អសង្ខតគាមិមគ្គ តថាគតក៏បានសំដែងហើយ ដល់អ្នកទាំងឡាយ ដោយប្រការដូច្នេះឯង។ ម្នាលភិក្ខុទាំងឡាយ កិច្ចឯណា ដែលសាស្តាជាអ្នកស្វែងរកប្រយោជន៍ ជាអ្នកអនុគ្រោះ អាស្រ័យសេចក្តីអនុគ្រោះ ត្រូវធ្វើដល់សាវកទាំងឡាយ កិច្ចនោះ តថាគត ក៏បានធ្វើដល់អ្នកទាំងឡាយរួចហើយ។ ម្នាលភិក្ខុទាំងឡាយ កិច្ចទាំងនុ៎ះ គឺម្លប់ឈើ កិច្ចទាំងនុ៎ះ គឺផ្ទះស្ងាត់។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរសំឡឹងយក (នូវអារម្មណ៍) កុំបីប្រមាទ កុំបីមានសេចក្តីក្តៅក្រហាយ ក្នុងកាលជាខាងក្រោយឡើយ។ នេះឯង ជាអនុសាសនី គឺពាក្យប្រៀនប្រដៅ របស់តថាគត ចំពោះអ្នកទាំងឡាយ។

[៣២៨] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងអសង្ខតធម៌ផង អសង្ខតគាមិមគ្គផង ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់ធម៌នោះចុះ។ ម្នាលភិក្ខុទាំងឡាយ អសង្ខតធម៌ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ សភាវៈដែលជាទីក្ស័យរាគៈ ក្ស័យទោសៈ ក្ស័យមោហៈ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អសង្ខតធម៌។ ម្នាលភិក្ខុទាំងឡាយ អសង្ខតគាមិមគ្គ តើដូចម្តេច។ គឺវិបស្សនាធម៌។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អសង្ខតគាមិមគ្គ។ ម្នាលភិក្ខុទាំងឡាយ អសង្ខតធម៌ តថាគតបានសំដែងហើយ ដល់អ្នកទាំងឡាយ ដោយប្រការដូច្នេះឯង។ បេ។ នេះឯងជាអនុសាសនី គឺពាក្យប្រៀនប្រដៅ របស់តថាគត ចំពោះអ្នកទាំងឡាយ។បេ។

[៣២៩] ម្នាលភិក្ខុទាំងឡាយ មួយទៀត អសង្ខតគាមិមគ្គ តើដូចម្តេច។ គឺសមាធិ ប្រកបដោយវិតក្កៈ វិចារៈ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អសង្ខតគាមិមគ្គ។

[៣៣០] ម្នាលភិក្ខុទាំងឡាយ មួយទៀត អសង្ខតគាមិមគ្គ តើដូចម្តេច។ គឺសមាធិ ដែលគ្មានវិតក្កៈ មានតែវិចារៈ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អសង្ខតគាមិមគ្គ។ បេ។

[៣៣១] ម្នាលភិក្ខុទាំងឡាយ មួយទៀត អសង្ខតគាមិមគ្គ តើដូចម្តេច។ គឺ សមាធិ ដែលគ្មានវិតក្កៈ គ្មានវិចារៈ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អសង្ខតគាមិមគ្គ។

[៣៣២] ម្នាលភិក្ខុទាំងឡាយ មួយទៀត អសង្ខតគាមិមគ្គ តើដូចម្តេច។ គឺ សុញ្ញតសមាធិ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អសង្ខតគាមិមគ្គ។

[៣៣៣] ម្នាលភិក្ខុទាំងឡាយ មួយទៀត អសង្ខតគាមិមគ្គ តើដូចម្តេច។ គឺអនិមិត្តសមាធិ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អសង្ខតគាមិមគ្គ។

[៣៣៤] ម្នាលភិក្ខុទាំងឡាយ មួយទៀត អសង្ខតគាមិមគ្គ តើដូចម្តេច។ គឺ អប្បណិហិតសមាធិ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អសង្ខតគាមិមគ្គ។

[៣៣៥] ម្នាលភិក្ខុទាំងឡាយ មួយទៀត អសង្ខតគាមិមគ្គ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកពិចារណាឃើញ នូវកាយក្នុងកាយ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានបញ្ញាស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោកបាន។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អសង្ខតគាមិមគ្គ។បេ។

[៣៣៦] ម្នាលភិក្ខុទាំងឡាយ មួយទៀត អសង្ខតគាមិមគ្គ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកពិចារណាឃើញ នូវវេទនាក្នុងវេទនាទាំងឡាយ។ បេ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អសង្ខតគាមិមគ្គ។

[៣៣៧] ម្នាលភិក្ខុទាំងឡាយ មួយទៀត អសង្ខតគាមិមគ្គ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកពិចារណាឃើញ នូវចិត្តក្នុងចិត្ត។បេ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អសង្ខតគាមិមគ្គ។

[៣៣៨] ម្នាលភិក្ខុទាំងឡាយ មួយទៀត អសង្ខតគាមិមគ្គ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកពិចារណាឃើញ នូវធម៌ក្នុងធម៌ទាំងឡាយ។ បេ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អសង្ខតគាមិមគ្គ។

[៣៣៩] ម្នាលភិក្ខុទាំងឡាយ មួយទៀត អសង្ខតគាមិមគ្គ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ធ្វើឆន្ទៈឲ្យកើត ព្យាយាម ប្រារព្ធសេចក្តីខ្នះខ្នែង ផ្គូផ្គង ប្រុងចិត្ត ដើម្បីញុំាងអកុសលធម៌ ដ៏លាមកទាំងឡាយ ដែលមិនទាន់កើត មិនឲ្យកើតឡើងបាន។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អសង្ខតគាមិមគ្គ។

[៣៤០] ម្នាលភិក្ខុទាំងឡាយ មួយទៀត អសង្ខតគាមិមគ្គ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ធ្វើឆន្ទៈឲ្យកើត ព្យាយាម ប្រារព្ធសេចក្តីខ្នះខ្នែង ផ្គូផ្គង ប្រុងចិត្ត ដើម្បីលះបង់អកុសលធម៌ទាំងឡាយ ដ៏លាមក ដែលកើតឡើងហើយ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អសង្ខតគាមិមគ្គ។

[៣៤១] ម្នាលភិក្ខុទាំងឡាយ មួយទៀត អសង្ខតគាមិមគ្គ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ធ្វើឆន្ទៈឲ្យកើត ព្យាយាម ប្រារព្ធសេចក្តីខ្នះខ្នែង ផ្គូផ្គង ប្រុងចិត្ត ដើម្បីញុំាងកុសលធម៌ទាំងឡាយ ដែលមិនទាន់កើត ឲ្យកើតឡើង។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អសង្ខតគាមិមគ្គ។

[៣៤២] ម្នាលភិក្ខុទាំងឡាយ មួយទៀត អសង្ខតគាមិមគ្គ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ធ្វើឆន្ទៈឲ្យកើត ព្យាយាម ប្រារព្ធសេចក្តីខ្នះខ្នែង ផ្គូផ្គង ប្រុងចិត្ត ដើម្បីញុំាងកុសលធម៌ទាំងឡាយ ដែលកើតឡើងហើយ ឲ្យខ្ជាប់ខ្ជួន មិនឲ្យវិនាស ឲ្យធំទូលាយ ចំរើនបរិបូណ៌ ជាភិយ្យោភាព។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អសង្ខតគាមិមគ្គ។

[៣៤៣] ម្នាលភិក្ខុទាំងឡាយ មួយទៀត អសង្ខតគាមិមគ្គ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើននូវឥទ្ធិបាទ ដែលប្រកបដោយបធានសង្ខារ (សេចក្តីព្យាយាម) ពោលគឺឆន្ទសមាធិ (សមាធិដែលអាស្រ័យ នូវសេចក្តីពេញចិត្ត)។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អសង្ខតគាមិមគ្គ។

[៣៤៤] ម្នាលភិក្ខុទាំងឡាយ មួយទៀត អសង្ខតគាមិមគ្គ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើននូវឥទ្ធិបាទ ដែលប្រកបដោយបធានសង្ខារ ពោលគឺ វីរិយសមាធិ (សមាធិ ដែលអាស្រ័យ នូវសេចក្តីព្យាយាម)។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អសង្ខតគាមិមគ្គ។

[៣៤៥] ម្នាលភិក្ខុទាំងឡាយ មួយទៀត អសង្ខតគាមិមគ្គ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើនឥទ្ធិបាទ ដែលប្រកបដោយបធានសង្ខារ ពោលគឺ ចិត្តសមាធិ (សមាធិអាស្រ័យនូវសេចក្តីគិតនឹក)។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អសង្ខតគាមិមគ្គ។

[៣៤៦] ម្នាលភិក្ខុទាំងឡាយ មួយទៀត អសង្ខតគាមិមគ្គ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើននូវឥទ្ធិបាទ ដែលប្រកបដោយបធានសង្ខារ ពោលគឺ វិមំសាសមាធិ (សមាធិអាស្រ័យសេចក្តីពិចារណា)។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អសង្ខតគាមិមគ្គ។

[៣៤៧] ម្នាលភិក្ខុទាំងឡាយ មួយទៀត អសង្ខតគាមិមគ្គ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើនសទ្ធិន្រ្ទិយ ដែលអាស្រ័យសេចក្តីស្ងប់ស្ងាត់ អាស្រ័យសេចក្តីប្រាសចាកតម្រេក អាស្រ័យសេចក្តីរលត់ បង្អោនទៅកាន់សេចក្តីលះបង់ ជាប្រក្រតី។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អសង្ខតគាមិមគ្គ។

[៣៤៨] ម្នាលភិក្ខុទាំងឡាយ មួយទៀត អសង្ខតគាមិមគ្គ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើនវីរិយិន្រ្ទិយ ដែលអាស្រ័យសេចក្តីស្ងប់ស្ងាត់។បេ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អសង្ខតគាមិមគ្គ។

[៣៤៩] ម្នាលភិក្ខុទាំងឡាយ មួយទៀត អសង្ខតគាមិមគ្គ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើនសតិន្រ្ទិយ។បេ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អសង្ខតគាមិមគ្គ។

[៣៥០] ម្នាលភិក្ខុទាំងឡាយ មួយទៀត អសង្ខតគាមិមគ្គ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើនសមាធិន្រ្ទិយ។បេ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អសង្ខតគាមិមគ្គ។

[៣៥១] ម្នាលភិក្ខុទាំងឡាយ មួយទៀត អសង្ខតគាមិមគ្គ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើនបញ្ញិន្រ្ទិយ ដែលអាស្រ័យសេចក្តីស្ងប់ស្ងាត់ អាស្រ័យសេចក្តីប្រាសចាកតម្រេក អាស្រ័យសេចក្តីរលត់ បង្អោនទៅកាន់សេចក្តីលះបង់ជាប្រក្រតី។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អសង្ខតគាមិមគ្គ។

[៣៥២] ម្នាលភិក្ខុទាំងឡាយ មួយទៀត អសង្ខតគាមិមគ្គ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើនសទ្ធាពលៈ ដែលអាស្រ័យសេចក្តីស្ងប់ស្ងាត់។បេ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អសង្ខតគាមិមគ្គ។

[៣៥៣] ម្នាលភិក្ខុទាំងឡាយ មួយទៀត អសង្ខតគាមិមគ្គ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើនវីរិយពលៈ។បេ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថាអសង្ខតគាមិមគ្គ។

[៣៥៤] ម្នាលភិក្ខុទាំងឡាយ មួយទៀត អសង្ខតគាមិមគ្គ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើនសតិពលៈ។បេ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អសង្ខតគាមិមគ្គ។

[៣៥៥] ម្នាលភិក្ខុទាំងឡាយ មួយទៀត អសង្ខតគាមិមគ្គ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើនសមាធិពលៈ។បេ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អសង្ខតគាមិមគ្គ។

[៣៥៦] ម្នាលភិក្ខុទាំងឡាយ មួយទៀត អសង្ខតគាមិមគ្គ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើនបញ្ញាពលៈ ដែលអាស្រ័យសេចក្តីស្ងប់ស្ងាត់ អាស្រ័យសេចក្តីប្រាសចាកតម្រេក អាស្រ័យសេចក្តីរលត់ បង្អោនទៅកាន់សេចក្តីលះបង់ជាប្រក្រតី។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អសង្ខតគាមិមគ្គ។

[៣៥៧] ម្នាលភិក្ខុទាំងឡាយ មួយទៀត អសង្ខតគាមិមគ្គ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើនសតិសម្ពោជ្ឈង្គ ដែលអាស្រ័យសេចក្តីស្ងប់ស្ងាត់ អាស្រ័យសេចក្តីប្រាសចាកតម្រេក អាស្រ័យសេចក្តីរលត់ បង្អោនទៅកាន់សេចក្តីលះបង់ជាប្រក្រតី។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អសង្ខតគាមិមគ្គ។

[៣៥៨] ម្នាលភិក្ខុទាំងឡាយ មួយទៀត អសង្ខតគាមិមគ្គ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើនធម្មវិចយសម្ពោជ្ឈង្គ។បេ។ ចំរើនវីរិយសម្ពោជ្ឈង្គ។បេ។ ចំរើនបីតិសម្ពោជ្ឈង្គ។បេ។ ចំរើនបស្សទ្ធិសម្ពោជ្ឈង្គ។បេ។ ចំរើនសមាធិសម្ពោជ្ឈង្គ។បេ។ ចំរើនឧបេក្ខាសម្ពោជ្ឈង្គ ដែលអាស្រ័យសេចក្តីស្ងប់ស្ងាត់ អាស្រ័យសេចក្តីប្រាសចាកតម្រេក អាស្រ័យសេចក្តីរលត់ បង្អោនទៅកាន់សេចក្តីលះបង់ ជាប្រក្រតី។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អសង្ខតគាមិមគ្គ។

[៣៥៩] ម្នាលភិក្ខុទាំងឡាយ មួយទៀត អសង្ខតគាមិមគ្គ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើនសម្មាទិដ្ឋិ ដែលអាស្រ័យសេចក្តីស្ងប់ស្ងាត់ អាស្រ័យសេចក្តីប្រាសចាកតម្រេក អាស្រ័យសេចក្តីរលត់ បង្អោនទៅកាន់សេចក្តីលះបង់ ជាប្រក្រតី។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អសង្ខតគាមិមគ្គ។

[៣៦០] ម្នាលភិក្ខុទាំងឡាយ មួយទៀត អសង្ខតគាមិមគ្គ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើនសម្មាសង្កប្បៈ។ ចំរើនសម្មាវាចា។ ចំរើនសម្មាកម្មន្តៈ។ ចំរើនសម្មាអាជីវៈ។ ចំរើនសម្មាវាយាមៈ។ ចំរើនសម្មាសតិ។

[៣៦១] ម្នាលភិក្ខុទាំងឡាយ មួយទៀត អសង្ខតគាមិមគ្គ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើនសម្មាសមាធិ ដែលអាស្រ័យសេចក្តីស្ងប់ស្ងាត់ អាស្រ័យសេចក្តីប្រាសចាកតម្រេក អាស្រ័យសេចក្តីរលត់ បង្អោនទៅកាន់សេចក្តីលះបង់ ជាប្រក្រតី។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អសង្ខតគាមិមគ្គ។ ម្នាលភិក្ខុទាំងឡាយ អសង្ខតធម៌ តថាគតសំដែងហើយ អសង្ខតគាមិមគ្គ ក៏តថាគតសំដែងហើយដល់អ្នកទាំងឡាយ ដោយប្រការដូច្នេះឯង។ ម្នាលភិក្ខុទាំងឡាយ កិច្ចឯណា ដែលសាស្តា ជាអ្នកស្វែងរកប្រយោជន៍ ជាអ្នកអនុគ្រោះ អាស្រ័យសេចក្តីអនុគ្រោះ ត្រូវធ្វើដល់សាវកទាំងឡាយ កិច្ចនោះ តថាគតក៏បានធ្វើ ដល់អ្នកទាំងឡាយរួចហើយ។ ម្នាលភិក្ខុទាំងឡាយ កិច្ចទាំងនុ៎ះ គឺម្លប់ឈើ កិច្ចទាំងនុ៎ះ គឺផ្ទះស្ងាត់។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរសំឡឹងយក (នូវអារម្មណ៍) កុំបីប្រមាទ កុំបីមានសេចក្តីក្តៅក្រហាយ ក្នុងកាលជាខាងក្រោយឡើយ។ នេះឯង ជាអនុសាសនី គឺពាក្យប្រៀនប្រដៅ របស់តថាគត ចំពោះអ្នកទាំងឡាយ។

(អនត)សូត្រ ទី២

(២. អនតសុត្តំ)

[៣៦២] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងនូវ អនតធម៌27) (ធម៌មិនបង្អោនទៅរករាគាទិក្កិលេស គឺព្រះនិព្វាន) ផង នូវអនតគាមិមគ្គ (ផ្លូវជាដំណើរទៅកាន់អនតធម៌) ផង ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់នូវធម៌នោះចុះ។ ម្នាលភិក្ខុទាំងឡាយ អនតធម៌ តើដូចម្តេច។បេ។ (អសង្ខតធម៌ ដែលបានសំដែងដោយពិស្តារហើយ យ៉ាងណា បណ្ឌិតត្រូវសំដែងធម៌នេះ ឲ្យពិស្តារយ៉ាងនោះចុះ)។

(អនាសវាទិ)សូត្រ ទី៣-៣២

(៣-៣២. អនាសវាទិសុត្តំ)

[៣៦៣] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងអនាសវធម៌ (ធម៌មិនមានអាសវៈ) ផង អនាសវគាមិមគ្គ (ផ្លូវជាដំណើរទៅកាន់អនាសវធម៌) ផង ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់នូវធម៌នោះចុះ។ ម្នាលភិក្ខុទាំងឡាយ អនាសវធម៌ តើដូចម្តេច។បេ។

[៣៦៤] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងនូវសច្ចៈធម៌ផង សច្ចគាមិមគ្គផង ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់នូវធម៌នោះចុះ។ ម្នាលភិក្ខុទាំងឡាយ សច្ចធម៌ តើដូចម្តេច។បេ។

[៣៦៥] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងនូវត្រើយ គឺព្រះនិព្វានផង នូវមគ្គ ជាដំណើរទៅកាន់ត្រើយ គឺព្រះនិព្វានផង ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់នូវធម៌នោះចុះ។ ម្នាលភិក្ខុទាំងឡាយ ត្រើយ គឺព្រះនិព្វាន តើដូចម្តេច។បេ។

[៣៦៦] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងធម៌ដ៏ល្អិតផង មគ្គ ជាដំណើរទៅកាន់ធម៌ដ៏ល្អិតផង ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់នូវធម៌នោះចុះ។ ម្នាលភិក្ខុទាំងឡាយ ធម៌ដ៏ល្អិត តើដូចម្តេច។បេ។

[៣៦៧] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងធម៌ ដែលសត្វឃើញបានដោយកម្រពន់ពេកផង មគ្គ ជាដំណើរទៅកាន់ធម៌ ដែលសត្វឃើញបានដោយកម្រពន់ពេកផង ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់នូវធម៌នោះចុះ។ ម្នាលភិក្ខុទាំងឡាយ ធម៌ដែលសត្វឃើញបានដោយកម្រពន់ពេក តើដូចម្តេច។បេ។

[៣៦៨] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងធម៌ ដែលគ្មានសេចក្តីចាស់គ្រាំគ្រាផង មគ្គ ជាដំណើរទៅកាន់ធម៌ ដែលគ្មានសេចក្តីចាស់គ្រាំគ្រាផង ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់នូវធម៌នោះចុះ។ ម្នាលភិក្ខុទាំងឡាយ ធម៌ដែលគ្មានសេចក្តីចាស់គ្រាំគ្រា តើដូចម្តេច។ បេ។

[៣៦៩] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងធម៌ដ៏ទៀងទាត់ផង មគ្គជាដំណើរទៅកាន់ធម៌ដ៏ទៀងទាត់ផង ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់នូវធម៌នោះចុះ។ ម្នាលភិក្ខុទាំងឡាយ ធម៌ដ៏ទៀងទាត់ តើដូចម្តេច។ បេ។

[៣៧០] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងធម៌ ដែលមិនមានសេចក្តីវិនាសផង មគ្គជាដំណើរទៅកាន់ធម៌ ដែលមិនមានសេចក្តីវិនាសផង ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់នូវធម៌នោះចុះ។ ម្នាលភិក្ខុទាំងឡាយ ធម៌ដែលមិនមានសេចក្តីវិនាស តើដូចម្តេច។បេ។

[៣៧១] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងធម៌ ដែលមើលមិនឃើញដោយចក្ខុវិញ្ញាណផង មគ្គជាដំណើរទៅកាន់ធម៌ ដែលមើលមិនឃើញដោយចក្ខុវិញ្ញាណផង ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់នូវធម៌នោះចុះ។ ម្នាលភិក្ខុទាំងឡាយ ធម៌ដែលមើលមិនឃើញដោយចក្ខុវិញ្ញាណ តើដូចម្តេច។ បេ។

[៣៧២] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងធម៌ ដែលគ្មានដំណើរយឺតយូរ ផង មគ្គជាដំណើរទៅកាន់ធម៌ ដែលគ្មានដំណើរយឺតយូរផង ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់នូវធម៌នោះចុះ។ ម្នាលភិក្ខុទាំងឡាយ ធម៌ដែលគ្មានដំណើរយឺតយូរ តើដូចម្តេច។បេ។

[៣៧៣] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងធម៌ស្ងប់ផង មគ្គជាដំណើរ ទៅកាន់ធម៌ស្ងប់ផង ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់នូវធម៌នោះចុះ។ ម្នាលភិក្ខុទាំងឡាយ ធម៌ស្ងប់ តើដូចម្តេច។បេ។

[៣៧៤] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងធម៌ ដែលមិនស្លាប់ផង មគ្គ ជាដំណើរទៅកាន់ធម៌ ដែលមិនស្លាប់ផង ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់នូវធម៌នោះចុះ។ ម្នាលភិក្ខុទាំងឡាយ ធម៌ដែលមិនស្លាប់ តើដូចម្តេច។ បេ។

[៣៧៥] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងធម៌ដ៏ថ្លៃថ្លាផង មគ្គជាដំណើរទៅកាន់ធម៌ដ៏ថ្លៃថ្លាផង ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់នូវធម៌នោះចុះ។ ម្នាលភិក្ខុទាំងឡាយ ធម៌ដ៏ថ្លៃថ្លា តើដូចម្តេច។បេ។

[៣៧៦] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងសិវធម៌ (ធម៌ជាទីសម្រាន្ត) ផង មគ្គជាដំណើរទៅកាន់សិវធម៌ផង ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់នូវធម៌នោះចុះ។ ម្នាលភិក្ខុទាំងឡាយ សិវធម៌ តើដូចម្តេច។បេ។

[៣៧៧] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងធម៌ដ៏ក្សេមផង មគ្គជាដំណើរទៅកាន់ធម៌ដ៏ក្សេមផង ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់នូវធម៌នោះចុះ។ ម្នាលភិក្ខុទាំងឡាយ ធម៌ដ៏ក្សេម តើដូចម្តេច។បេ។

[៣៧៨] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងធម៌ជាទីក្ស័យតណ្ហាផង មគ្គជាដំណើរទៅកាន់ធម៌ជាទីក្ស័យតណ្ហាផង ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់នូវធម៌នោះចុះ។ ម្នាលភិក្ខុទាំងឡាយ ធម៌ជាទីក្ស័យនៃតណ្ហា តើដូចម្តេច។បេ។

[៣៧៩] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងធម៌ជាទីអស្ចារ្យផង មគ្គជាដំណើរទៅកាន់ធម៌ជាទីអស្ចារ្យផង ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់នូវធម៌នោះចុះ។ ម្នាលភិក្ខុទាំងឡាយ ធម៌ជាទីអស្ចារ្យ តើដូចម្តេច។បេ។

[៣៨០] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងធម៌ ដែលមិនធ្លាប់មានផង មគ្គជាដំណើរទៅកាន់ធម៌ ដែលមិនធ្លាប់មានផង ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់នូវធម៌នោះចុះ។ ម្នាលភិក្ខុទាំងឡាយ ធម៌មិនធ្លាប់មាន តើដូចម្តេច។បេ។

[៣៨១] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងសេចក្តីមិនអន្តរាយផង មគ្គជា ដំណើរទៅកាន់សេចក្តីមិនអន្តរាយផង ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់នូវធម៌នោះចុះ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីមិនអន្តរាយ តើដូចម្តេច។ បេ។

[៣៨២] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងធម៌មិនមានអន្តរាយផង មគ្គជាដំណើរទៅកាន់ធម៌មិនមានអន្តរាយផង ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់នូវធម៌នោះចុះ។ ម្នាលភិក្ខុទាំងឡាយ ធម៌មិនមានអន្តរាយ តើដូចម្តេច។បេ។

[៣៨៣] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងព្រះនិព្វានផង មគ្គជាដំណើរទៅកាន់ព្រះនិព្វានផង ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់នូវធម៌នោះចុះ។ ម្នាលភិក្ខុទាំងឡាយ និព្វាន តើដូចម្តេច។បេ។

[៣៨៤] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងធម៌មិនព្យាបាទផង មគ្គជាដំណើរទៅកាន់ធម៌មិនព្យាបាទផង ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់នូវធម៌នោះចុះ។ ម្នាលភិក្ខុទាំងឡាយ ធម៌មិនព្យាបាទ តើដូចម្តេច។បេ។

[៣៨៥] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងធម៌ប្រាសចាកតម្រេកផង មគ្គជាដំណើរទៅកាន់ធម៌ប្រាសចាកតម្រេកផង ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់នូវធម៌នោះចុះ។ ម្នាលភិក្ខុទាំងឡាយ ធម៌ប្រាសចាកតម្រេក តើដូចម្តេច។បេ។

[៣៨៦] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងធម៌ដ៏បរិសុទ្ធផង មគ្គជាដំណើរទៅកាន់ធម៌ដ៏បរិសុទ្ធផង ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់នូវធម៌នោះចុះ។ ម្នាលភិក្ខុទាំងឡាយ ធម៌ដ៏បរិសុទ្ធ តើដូចម្តេច។បេ។

[៣៨៧] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងធម៌ជាទីផុតចាកកិលេសផង មគ្គជាដំណើរទៅកាន់ធម៌ជាទីផុតចាកកិលេសផង ដល់អ្នកទាំងឡាយ អ្នកទាំងឡាយចូរស្តាប់នូវធម៌នោះចុះ។ ម្នាលភិក្ខុទាំងឡាយ ធម៌ជាទីផុតចាកកិលេស តើដូចម្តេច។បេ។

[៣៨៨] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងធម៌មិនមានអាល័យផង មគ្គជាដំណើរទៅកាន់ធម៌មិនមានអាល័យផង ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់នូវធម៌នោះចុះ។ ម្នាលភិក្ខុទាំងឡាយ ធម៌មិនមានអាល័យ តើដូចម្តេច។បេ។

[៣៨៩] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងធម៌ជាទីពឹងផង មគ្គជាដំណើរទៅកាន់ធម៌ជាទីពឹងផង ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់នូវធម៌នោះចុះ។ ម្នាលភិក្ខុទាំងឡាយ ធម៌ជាទីពឹង តើដូចម្តេច។បេ។

[៣៩០] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងធម៌ជាទីពួនផង មគ្គជាដំណើរទៅកាន់ធម៌ជាទីពួនផង ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់នូវធម៌នោះចុះ។ ម្នាលភិក្ខុទាំងឡាយ ធម៌ជាទីពួន តើដូចម្តេច។បេ។

[៣៩១] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងធម៌ជាទីការពារផង មគ្គជាដំណើរទៅកាន់ធម៌ជាទីការពារផង ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់នូវធម៌នោះចុះ។ ម្នាលភិក្ខុទាំងឡាយ ធម៌ជាទីការពារ តើដូចម្តេច។បេ។

[៣៩២] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងធម៌ជាទីរឭកផង មគ្គជាដំណើរទៅកាន់ធម៌ជាទីរឭកផង ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់នូវធម៌ នោះចុះ។ ម្នាលភិក្ខុទាំងឡាយ ធម៌ជាទីរឭក តើដូចម្តេច។បេ។

(បរាយន)សូត្រ ទី៣៣

(៣៣. បរាយនសុត្តំ)

[៣៩៣] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងធម៌ជាទីប្រព្រឹត្តទៅខាងមុខផង មគ្គជាដំណើរទៅកាន់ធម៌ជាទីប្រព្រឹត្តទៅខាងមុខផង ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់នូវធម៌នោះចុះ។ ម្នាលភិក្ខុទាំងឡាយ ធម៌ជាទីប្រព្រឹត្តទៅខាងមុខតើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ សភាវៈដែលជាទីក្ស័យរាគៈ ក្ស័យទោសៈ ក្ស័យមោហៈ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ធម៌ជាទីប្រព្រឹត្តទៅខាងមុខ។ ម្នាលភិក្ខុទាំងឡាយ មគ្គជាដំណើរទៅកាន់ធម៌ ជាទីប្រព្រឹត្តទៅខាងមុខ តើដូចម្តេច។ គឺកាយគតាសតិ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា មគ្គជាដំណើរទៅកាន់ធម៌ ជាទីប្រព្រឹត្តទៅខាងមុខ។ ម្នាលភិក្ខុទាំងឡាយ ធម៌ជាទីប្រព្រឹត្តទៅខាងមុខ តថាគតបានសំដែងហើយ មគ្គជាដំណើរទៅកាន់ធម៌ ជាទីប្រព្រឹត្តទៅខាងមុខ តថាគត ក៏បានសំដែងហើយ ដល់អ្នកទាំងឡាយ ដោយប្រការដូច្នេះឯង។ ម្នាលភិក្ខុទាំងឡាយ កិច្ចឯណា ដែលសាស្តា ជាអ្នកស្វែងរកប្រយោជន៍ ជាអ្នកអនុគ្រោះ អាស្រ័យសេចក្តីអនុគ្រោះ ត្រូវធ្វើដល់សាវកទាំងឡាយ កិច្ចនោះ តថាគត ក៏បានធ្វើ ដល់អ្នកទាំងឡាយរួចហើយ។ ម្នាលភិក្ខុទាំងឡាយ កិច្ចទាំងនុ៎ះ គឺម្លប់ឈើ កិច្ចទាំងនុ៎ះ គឺផ្ទះស្ងាត់។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរសំឡឹងយក (នូវអារម្មណ៍) កុំបីប្រមាទ កុំបីមានសេចក្តីក្តៅក្រហាយ ក្នុងកាលជាខាងក្រោយឡើយ។ នេះឯង ជាអនុសាសនី របស់តថាគត ចំពោះអ្នកទាំងឡាយ។ (បណ្ឌិតគប្បីសំដែងឲ្យពិស្តារ តាមទំនងអសង្ខតធម៌ ដែលបានសំដែងរួចមកហើយចុះ)។

ចប់ អសង្ខតសំយុត្ត ទុតិយវគ្គ។

ឧទ្ទាននៃអសង្ខតសំយុត្តនោះគឺ

និយាយអំពីអសង្ខតធម៌ ១ ធម៌មិនបង្អោនទៅរករាគាទិក្កិលេស ១ ធម៌មិនមានអាសវៈ ១ ធម៌ពិត ១ ត្រើយ គឺព្រះនិព្វាន ១ ធម៌ល្អិត ១ ធម៌ដែលសត្វឃើញបានដោយកម្រក្រៃពេក ១ ធម៌មិនចាស់គ្រាំគ្រា ១ ធម៌ទៀងទាត់ ១ ធម៌មិនវិនាស ១ ធម៌ដែលមើលមិនឃើញដោយចក្ខុវិញ្ញាណ១ ធម៌គ្មានដំណើរយឺតយូរ ១ ធម៌ស្ងប់ ១។ ធម៌មិនស្លាប់ ១ ធម៌ដ៏ថ្លៃថ្លា ១ សិវធម៌ (ធម៌ជាទីសម្រាន្ត) ១ ធម៌ជាទីក្សេម ១ ធម៌ជាទីក្ស័យតណ្ហា ១ ធម៌ជាទីអស្ចារ្យ ១ ធម៌មិនធ្លាប់មាន ១ សេចក្តីមិនអន្តរាយ ១ ធម៌មិនមានអន្តរាយ ១ និព្វាន ១នេះព្រះសុគត ទ្រង់សំដែងទុកហើយ។ ធម៌មិនមានព្យាបាទ ១ធម៌ប្រាសចាកតម្រេក ១ ធម៌បរិសុទ្ធ ១ ធម៌ជាទីផុតចាកកិលេស ១ ធម៌មិនមានអាល័យ ១ ធម៌ជាទីពឹង ១ ធម៌ជាទីពួន ១ ធម៌ជាទីការពារ ១ ធម៌ជាទីរឭក ១ ធម៌ជាទីប្រព្រឹត្តទៅខាងមុខ ១។

ចប់ អសង្ខតសំយុត្ត។

អព្យាកតសំយុត្ត (ទី១០)

(១០. អព្យាកតសំយុត្តំ)

(ខេមា)សូត្រ ទី១

(១. ខេមាសុត្តំ)

[៣៩៤] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់ក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ សម័យនោះឯង នាងខេមាភិក្ខុនី ត្រាច់ទៅកាន់ចារិក ក្នុងកោសលជនបទ បានចូលទៅអាស្រ័យនៅក្នុងស្រុកឈ្មោះ តោរណវត្ថុ ជាចន្លោះក្រុងសាវត្ថី និងចន្លោះក្រុងសាកេត។ លំដាប់នោះ ព្រះបាទបសេនទិកោសលស្តេចចេញចាកក្រុងសាកេត ហើយទៅកាន់ក្រុងសាវត្ថី ស្តេចចូលទៅសំណាក់អស់មួយរាត្រី ក្នុងស្រុកតោរណវត្ថុ ដែលជាចន្លោះនៃក្រុងសាវត្ថី និងក្រុងសាកេត។ គ្រានោះព្រះបាទបសេនទិកោសល ទ្រង់ត្រាស់នឹងបុរសម្នាក់ថា នែបុរសដ៏ចំរើន អ្នកឯងមកអាយ អ្នកឯងចូរដឹង (គយគន់មើល) នូវសមណៈ ឬព្រាហ្មណ៍ ក្នុងស្រុកតោរណវត្ថុ ដែលល្មមអញចូលទៅរក ក្នុងថ្ងៃនេះ។ បុរសនោះ ទទួលព្រះរាជឱង្ការព្រះបាទបសេនទិកោសលថា ព្រះករុណាថ្លៃវិសេស ហើយត្រាច់រង្គាត់ទៅសព្វស្រុកតោរណវត្ថុ ក៏មិនឃើញសមណៈ ឬព្រាហ្មណ៍ណាមួយ ដែលល្មមព្រះបាទបសេនទិកោសល ទ្រង់ចូលទៅរកសោះឡើយ។

[៣៩៥] បុរសនោះ ស្រាប់តែបានឃើញខេមាភិក្ខុនី ចូលទៅអាស្រ័យនៅក្នុង ស្រុកតោរណវត្ថុ លុះឃើញហើយ ក៏ចូលទៅគាល់ព្រះបាទបសេនទិកោសល លុះចូលទៅដល់ហើយ បានក្រាបបង្គំទូលព្រះបាទបសេនទិកោសល ដូច្នេះថា បពិត្រព្រះសម្មតិទេព ក្នុងស្រុកតោរណវត្ថុ មិនមានសមណៈ ឬព្រាហ្មណ៍ណាមួយ ដែលល្មមព្រះអង្គស្តេចចូលទៅរកឡើយ។ បពិត្រព្រះសម្មតិទេព មានតែភិក្ខុនី ១ រូប ឈ្មោះ ខេមា ជាសាវិកា របស់ព្រះដ៏មានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ អង្គនោះ។ ឯកិត្តិសព្ទដ៏ពីរោះ របស់នាងជាម្ចាស់នោះ ល្បីខ្ចរខ្ចាយទៅយ៉ាងនេះថា នាងជាអ្នកប្រាជ្ញ ឈ្លាសវៃ មានប្រាជ្ញា ជាពហុស្សូត មានសំដីដ៏វិចិត្រ មានបដិភាណល្អ។ សូមព្រះអង្គ ស្តេចចូលទៅរកខេមាភិក្ខុនីនោះចុះ។

[៣៩៦] លំដាប់នោះ ព្រះបាទបសេនទិកោសល ក៏ស្តេចចូលទៅរកខេមាភិក្ខុនី លុះចូលទៅដល់ ទ្រង់ថ្វាយបង្គំខេមាភិក្ខុនី ហើយគង់ក្នុងទីដ៏សមគួរ។ លុះព្រះបាទបសេនទិកោសល ទ្រង់គង់ក្នុងទីដ៏សមគួរហើយ ទ្រង់មានព្រះបន្ទូល នឹងខេមាភិក្ខុនីដូច្នេះថា បពិត្រនាងជាម្ចាស់ សត្វស្លាប់ទៅ កើតទៀតឬទេ។ បពិត្រមហារាជ ពាក្យថា សត្វស្លាប់ទៅ កើតទៀតនេះ ព្រះដ៏មានព្រះភាគ ទ្រង់មិនបានព្យាករទេ។ បពិត្រនាងជាម្ចាស់ ចុះសត្វស្លាប់ទៅ មិនកើតទៀតឬអ្វី។ បពិត្រមហារាជ ពាក្យថា សត្វស្លាប់ទៅ មិនកើតទៀតនេះ ព្រះដ៏មានព្រះភាគ ទ្រង់មិនបានព្យាករទេ។ បពិត្រនាងជាម្ចាស់ ចុះសត្វស្លាប់ទៅ កើតទៀតខ្លះក៏មាន មិនកើតទៀតខ្លះ ក៏មាន ឬអ្វី។ បពិត្រមហារាជ ពាក្យថាសត្វស្លាប់ទៅ កើតទៀតខ្លះក៏មាន មិនកើតទៀតខ្លះក៏មាននេះ ព្រះដ៏មានព្រះភាគ ទ្រង់មិនបានព្យាករទេ។ បពិត្រនាងជាម្ចាស់ សត្វស្លាប់ទៅ កើតទៀត ក៏មិនមែន មិនកើតទៀត ក៏មិនមែនឬអ្វី។ បពិត្រមហារាជ ពាក្យថាសត្វស្លាប់ទៅកើតទៀតក៏មិនមែន មិនកើតទៀត ក៏មិនមែននេះ ព្រះដ៏មានព្រះភាគ ទ្រង់មិនបានព្យាករទេ។

[៣៩៧] កាលដែលខ្ញុំសួរដូច្នេះថា បពិត្រនាងជាម្ចាស់ សត្វស្លាប់ទៅ កើតទៀតឬទេ នាងឆ្លើយថា បពិត្រមហារាជ ពាក្យថា សត្វស្លាប់ទៅ កើតទៀតនេះ ព្រះដ៏មានព្រះភាគ ទ្រង់មិនបានព្យាករទេ។ កាលដែលខ្ញុំសួរ ដូច្នេះថា បពិត្រនាងជាម្ចាស់ ចុះសត្វ ស្លាប់ទៅ មិនកើតទៀតឬអ្វី នាងឆ្លើយថា បពិត្រមហារាជ ពាក្យថាសត្វស្លាប់ទៅ មិនកើតទៀតនេះ ព្រះដ៏មានព្រះភាគ ទ្រង់មិនបានព្យាករទេ។ កាលដែលខ្ញុំសួរ ដូច្នេះថា បពិត្រនាងជាម្ចាស់ ចុះសត្វស្លាប់ទៅ កើតទៀតខ្លះក៏មាន មិនកើតទៀតខ្លះ ក៏មានឬអ្វី នាងឆ្លើយថា បពិត្រមហារាជ ពាក្យថាសត្វស្លាប់ទៅ កើតទៀតខ្លះក៏មាន មិនកើតទៀតខ្លះក៏មាននេះ ព្រះដ៏មានព្រះភាគ ទ្រង់មិនបានព្យាករទេ។ កាលដែលខ្ញុំសួរ ដូច្នេះថា បពិត្រនាងជាម្ចាស់ ចុះសត្វស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀត ក៏មិនមែនឬអ្វី នាងឆ្លើយថា បពិត្រមហារាជ ពាក្យថាសត្វស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀត ក៏មិនមែននេះ ព្រះដ៏មានព្រះភាគ ទ្រង់មិនបានព្យាករទេ។ បពិត្រនាងជាម្ចាស់ អ្វីជាហេតុ អ្វីជាបច្ច័យ ដែលនាំព្រះដ៏មានព្រះភាគមិនឲ្យទ្រង់ព្យាករពាក្យនេះ។

[៣៩៨] បពិត្រមហារាជ បើដូច្នោះ អាត្មាភាព សូមសបសួរព្រះអង្គ ក្នុងសេចក្តីនេះវិញ សូមព្រះអង្គ ទ្រង់ព្យាករសេចក្តីនោះ តាមទំនង ដែលព្រះអង្គសព្វព្រះហឫទ័យចុះ។ បពិត្រមហារាជ ព្រះអង្គសំគាល់សេចក្តីនោះ ដូចម្តេច បើមានរាជបុរសណាមួយរបស់ព្រះអង្គ ជាអ្នកឈ្លាសវៃ ក្នុងការរាប់ដោយវិធីនព្វន្តក្តី ជាអ្នកឈ្លាសវៃ ក្នុងការរាប់ដោយម្រាមដៃក្តី ជាអ្នកឈ្លាសវៃ ក្នុងការរាប់ដោយវិធីបូកក្តី តើអាចនឹងរាប់ខ្សាច់ ក្នុងទន្លេគង្គាថា ខ្សាច់មានប្រមាណប៉ុណ្ណេះក្តី ខ្សាច់មានប៉ុណ្ណេះរយក្តី ខ្សាច់មានប៉ុណ្ណេះពាន់ក្តី ខ្សាច់មានប៉ុណ្ណេះសែនក្តី ដូច្នេះ បានឬទេ។ មិនអាចរាប់បានទេ នាងជាម្ចាស់។ មួយវិញទៀត បើមានរាជបុរសណាមួយ របស់ព្រះអង្គ ជាអ្នកឈ្លាសវៃក្នុងការរាប់ដោយវិធីនព្វន្តក្តី ជាអ្នកឈ្លាសវៃ ក្នុងការរាប់ដោយម្រាមដៃក្តី ជាអ្នកឈ្លាសវៃ ក្នុងការរាប់ដោយវិធីបូកក្តី តើគេអាចនឹងរាប់ទឹក ក្នុងមហាសមុទ្រថា ទឹកមានប្រមាណប៉ុណ្ណេះអាឡ្ហកៈក្តី មានប៉ុណ្ណេះរយអាឡ្ហកៈក្តី មានប៉ុណ្ណេះពាន់អាឡ្ហកៈក្តី មានប៉ុណ្ណេះសែនអាឡ្ហកៈក្តី ដូច្នេះ បានឬទេ។ មិនអាចរាប់បានទេ នាងជាម្ចាស់។ ដំណើរនោះ តើព្រោះហេតុអ្វី។ បពិត្រនាងជាម្ចាស់ ព្រោះថា សមុទ្រធំ ជ្រៅ កំណត់ប្រមាណមិនបាន ស្ទង់បានដោយកម្រក្រៃពេក។

[៣៩៩] បពិត្រមហារាជ សេចក្តីឧបមេយ្យ ក៏ដូច្នោះដែរ បុគ្គល កាលបញ្ញត្ត គួរបញ្ញត្តនូវសត្វ ដោយរូបណា រូបនោះ ព្រះតថាគត ក៏បានលះបង់ចោលហើយ បានគាស់រំលើងឫសគល់អស់ហើយ បានធ្វើឲ្យនៅសល់តែទីនៅ ដូចជាទីនៅ នៃដើមត្នោត បានធ្វើឲ្យលែងមានបែបភាព មានសភាពមិនកើតឡើងតទៅទៀតឡើយ។ បពិត្រមហារាជ ព្រះតថាគត ផុតចាកការរាប់នូវរូប ជាបុគ្គលជ្រៅ កំណត់ប្រមាណមិនបាន ស្ទង់បានដោយកម្រក្រៃពេក បពិត្រមហារាជ ដូចជាមហាសមុទ្រដែរ។ ព្រះតថាគត មិនប្រកាន់ថា សត្វស្លាប់ទៅ កើតទៀតក្តី មិនប្រកាន់ថា សត្វស្លាប់ទៅ មិនកើតទៀតក្តី មិនប្រកាន់ថា សត្វស្លាប់ទៅ កើតទៀតខ្លះក៏មាន មិនកើតទៀតខ្លះក៏មាន មិនប្រកាន់ថា សត្វស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀត ក៏មិនមែនក្តី។ បុគ្គល កាលបញ្ញត្ត គួរបញ្ញត្តនូវសត្វ ដោយវេទនាឯណា វេទនានោះ ព្រះតថាគត បានលះបង់ចោលហើយ បានគាស់រំលើងឫសគល់អស់ហើយ បានធ្វើឲ្យនៅសល់តែទីនៅ ដូចជាទីនៅនៃដើមត្នោត បានធ្វើឲ្យលែងមានបែបភាព មានសភាពមិនកើតឡើងតទៅទៀតឡើយ។ បពិត្រមហារាជ ព្រះតថាគត ផុតចាកការរាប់ដោយវេទនា ជាបុគ្គលជ្រៅ កំណត់ ប្រមាណមិនបាន ស្ទង់បានដោយកម្រក្រៃពេក បពិត្រមហារាជ ដូចជាមហាសមុទ្រ ដែរ។ ព្រះតថាគតមិនប្រកាន់ថា សត្វស្លាប់ទៅកើតទៀតក្តី មិនប្រកាន់ថា សត្វស្លាប់ទៅ មិនកើតទៀតក្តី មិនប្រកាន់ថា សត្វស្លាប់ទៅ កើតទៀតខ្លះក៏មាន មិនកើតទៀតខ្លះក៏មានក្តី មិនប្រកាន់ថា សត្វស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀត ក៏មិនមែនក្តី។ នូវសត្វដោយសញ្ញាឯណា។ បេ។ បុគ្គលកាលបញ្ញត្ត គួរបញ្ញត្តនូវសត្វ ដោយសង្ខារ ទាំងឡាយឯណា សង្ខារទាំងនោះ ព្រះតថាគត បានលះបង់ចោលហើយ បានគាស់ រំលើងឫសគល់អស់ហើយ បានធ្វើឲ្យនៅសល់តែទីនៅ ដូចជាទីនៅនៃដើមត្នោត បានធ្វើឲ្យលែងមានបែបភាព មានសភាពមិនកើតឡើងតទៅទៀតឡើយ។ បពិត្រមហារាជ ព្រះតថាគតផុតស្រឡះចាកការរាប់នូវសង្ខារ ជាបុគ្គលជ្រៅ កំណត់ប្រមាណមិនបាន ស្ទង់បានដោយកម្រក្រៃពេក បពិត្រមហារាជ ដូចជាមហាសមុទ្រដែរ។ ព្រះតថាគតមិនប្រកាន់ថា សត្វស្លាប់ទៅ កើតទៀតក្តី មិនប្រកាន់ថា សត្វស្លាប់ទៅមិន កើតទៀតក្តី មិនប្រកាន់ថា សត្វស្លាប់ទៅ កើតទៀតខ្លះក៏មាន មិនកើតទៀតខ្លះ ក៏មានក្តី មិនប្រកាន់ថា សត្វស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែនក្តី។ បុគ្គល កាលបញ្ញត្ត គួរបញ្ញត្តនូវសត្វ ដោយវិញ្ញាណឯណា វិញ្ញាណនោះ ព្រះតថាគតបានលះបង់ចោលហើយ បានគាស់រំលើងឫសគល់អស់ហើយ បានធ្វើឲ្យនៅសល់តែទីនៅ ដូចជាទីនៅនៃដើមត្នោត បានធ្វើឲ្យលែងមានបែបភាព មានសភាពមិនកើតឡើងតទៅទៀតឡើយ។ បពិត្រមហារាជ ព្រះតថាគត ផុតស្រឡះ ចាកការរាប់នូវវិញ្ញាណ ជាបុគ្គលជ្រៅ កំណត់ប្រមាណមិនបាន ស្ទង់បានដោយកម្រក្រៃពេក បពិត្រមហារាជ ដូចជាមហាសមុទ្រដែរ។ ព្រះតថាគត មិនប្រកាន់ថា សត្វស្លាប់ទៅ កើតទៀតក្តី មិនប្រកាន់ថា សត្វស្លាប់ទៅ មិនកើតទៀតក្តី មិនប្រកាន់ថា សត្វស្លាប់ទៅ កើតទៀតខ្លះក៏មាន មិនកើតទៀតខ្លះ ក៏មានក្តី មិនប្រកាន់ថា សត្វស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀត ក៏មិនមែនក្តី។ គ្រានោះ ព្រះបាទបសេនទិកោសល មានព្រះរាជហឫទ័យត្រេកអរ អនុមោទនា ចំពោះភាសិតរបស់ខេមាភិក្ខុនី ហើយទ្រង់ក្រោកចាកអាសនៈ ថ្វាយបង្គំខេមាភិក្ខុនី ធ្វើប្រទក្សិណ ស្តេចចេញទៅ។

[៤០០] លុះសម័យខាងក្រោយមក ព្រះបាទបសេនទិកោសល ស្តេចចូលទៅគាល់ព្រះដ៏មានព្រះភាគ ហើយគង់ក្នុងទីដ៏សមគួរ។ លុះព្រះបាទបសេនទិកោសលគង់ក្នុងទីដ៏សមគួរហើយ ក៏បានក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន សត្វស្លាប់ទៅ កើតទៀតឬទេ។ បពិត្រមហារាជ ពាក្យថា សត្វស្លាប់ទៅ កើតទៀតនុ៎ះ តថាគតមិនបានព្យាករទេ។ បពិត្រព្រះអង្គដ៏ចំរើន ចុះសត្វស្លាប់ទៅ មិនកើតទៀតឬអ្វី។ បពិត្រមហារាជ ពាក្យថា សត្វស្លាប់ទៅ មិនកើតទៀតនុ៎ះ តថាគតមិនបានព្យាករទេ។ បពិត្រព្រះអង្គដ៏ចំរើន ចុះសត្វស្លាប់ទៅ កើតទៀតខ្លះក៏មាន មិនកើតទៀតខ្លះ ក៏មានឬអ្វី។ បពិត្រមហារាជ ពាក្យថា សត្វស្លាប់ទៅ កើតទៀតខ្លះក៏មាន មិនកើតទៀតខ្លះក៏មាននុ៎ះ តថាគត មិនបានព្យាករទេ។ បពិត្រព្រះអង្គដ៏ចំរើន ចុះសត្វស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀត ក៏មិនមែនឬអ្វី។ បពិត្រមហារាជ ពាក្យថា សត្វស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀត ក៏មិនមែននុ៎ះ តថាគតមិនបានព្យាករទេ។ កាលដែលខ្ញុំព្រះអង្គ ក្រាបទូលសួរ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន សត្វស្លាប់ទៅ កើតទៀតឬទេ ព្រះអង្គត្រាស់ថា បពិត្រមហារាជ ពាក្យថាសត្វស្លាប់ទៅ កើតទៀតនុ៎ះ តថាគតមិនបានព្យាករទេ។បេ។ កាលដែលខ្ញុំព្រះអង្គ ក្រាបទូលសួរដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ចុះសត្វស្លាប់ទៅ កើតទៀត ក៏មិនមែន មិនកើតទៀត ក៏មិនមែនឬអ្វី ព្រះអង្គត្រាស់ថា បពិត្រមហារាជ ពាក្យថា សត្វស្លាប់ទៅកើតទៀតក៏មិនមែន មិនកើតទៀត ក៏មិនមែននុ៎ះ តថាគតមិនបានព្យាករទេ។ បពិត្រព្រះអង្គដ៏ចំរើន អ្វីជាហេតុ អ្វីជាបច្ច័យ ដែលនាំព្រះដ៏មានព្រះភាគមិនឲ្យទ្រង់ព្យាករពាក្យនុ៎ះ។

[៤០១] បពិត្រមហារាជ បើដូច្នោះ តថាគតនឹងសូមសបសួរព្រះអង្គ ក្នុងសេចក្តីនោះវិញ សូមព្រះអង្គ ទ្រង់ព្យាករសេចក្តីនោះ តាមទំនង ដែលព្រះអង្គសព្វព្រះហឫទ័យផងចុះ។ បពិត្រមហារាជ ព្រះអង្គសំគាល់សេចក្តីនោះ ដូចម្តេច បើមានរាជបុរសណាមួយ របស់ព្រះអង្គ ជាអ្នកឈ្លាសវៃ ក្នុងការរាប់ដោយវិធីនព្វន្តក្តី ជាអ្នកឈ្លាសវៃ ក្នុងការរាប់ដោយម្រាមដៃក្តី ជាអ្នកឈ្លាសវៃ ក្នុងការរាប់ដោយវិធីបូកក្តី តើអាចនឹងរាប់គ្រាប់ខ្សាច់ ក្នុងទន្លេគង្គាថា គ្រាប់ខ្សាច់មានប្រមាណប៉ុណ្ណេះក្តី។បេ។ គ្រាប់ខ្សាច់ មានប្រមាណប៉ុណ្ណេះសែនក្តី បានឬទេ។ រាប់មិនបានទេ ព្រះអង្គ។ មួយវិញទៀត បើមានរាជបុរសណាមួយ របស់ព្រះអង្គ ជាអ្នកឈ្លាសវៃ ក្នុងការរាប់ដោយវិធីនព្វន្តក្តី ជាអ្នកឈ្លាសវៃ ក្នុងការរាប់ដោយម្រាមដៃក្តី ជាអ្នកឈ្លាសវៃ ក្នុងការរាប់ដោយវិធីបូកក្តី តើអាចនឹងរាប់ទឹក ក្នុងមហាសមុទ្រថា ទឹកមានប្រមាណប៉ុណ្ណេះអាឡ្ហកៈក្តី។បេ។ មានប៉ុណ្ណេះសែនអាឡ្ហកៈក្តី បានឬទេ។ រាប់មិនបានទេ ព្រះអង្គ។ ដំណើរនោះ តើព្រោះហេតុអ្វី។ បពិត្រព្រះអង្គដ៏ចំរើន ព្រោះថាសមុទ្រធំ មានជម្រៅ កំណត់ប្រមាណមិនបាន ស្ទង់បានដោយកម្រក្រៃពេក។

[៤០២] បពិត្រមហារាជ សេចក្តីឧបមេយ្យ ក៏ដូច្នោះដែរ បុគ្គលកាលបញ្ញត្ត គួរ បញ្ញត្តនូវសត្វ ដោយរូបឯណា រូបនោះ តថាគត បានលះបង់ចោលហើយ បានគាស់រំលើងឫសគល់អស់ហើយ បានធ្វើឲ្យនៅសល់តែទីនៅ ដូចជាទីនៅនៃដើមត្នោត បានធ្វើឲ្យលែងមានបែបភាព មានសភាពមិនកើតឡើងតទៅទៀតឡើយ។ បពិត្រមហារាជ តថាគតផុតស្រឡះ ចាកការរាប់នូវរូប ជាបុគ្គលជ្រៅ កំណត់ប្រមាណមិនបាន ស្ទង់បានដោយកម្រក្រៃពេក បពិត្រមហារាជ ដូចជាមហាសមុទ្រដែរ។ តថាគតមិន ប្រកាន់ថា សត្វស្លាប់ទៅ កើតទៀតក្តី មិនប្រកាន់ថា សត្វស្លាប់ទៅ មិនកើតទៀតក្តី មិន ប្រកាន់ថា សត្វស្លាប់ទៅ កើតទៀតខ្លះក៏មាន មិនកើតទៀតខ្លះ ក៏មានក្តី មិនប្រកាន់ថា សត្វស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀត ក៏មិនមែនក្តី។ (បុគ្គលកាលបញ្ញត្ត គួរបញ្ញត្តនូវសត្វ) ដោយវេទនាឯណា។ ដោយសញ្ញាឯណា។ ដោយសង្ខារទាំងឡាយឯណា។ បុគ្គល កាលបញ្ញត្ត គួរបញ្ញត្តនូវសត្វ ដោយវិញ្ញាណឯណា វិញ្ញាណនោះ តថាគតបានលះបង់ចោលហើយ បានគាស់រំលើងឫសគល់អស់ហើយ បានធ្វើឲ្យនៅសល់តែទីនៅ ដូចជាទីនៅនៃដើមត្នោត បានធ្វើឲ្យលែងមានបែបភាព មានសភាពមិនកើតឡើងតទៅទៀតឡើយ។ បពិត្រមហារាជ តថាគតផុតស្រឡះ ចាកការរាប់នូវវិញ្ញាណ ជាបុគ្គលជ្រៅ កំណត់ប្រមាណមិនបាន ស្ទង់បានដោយកម្រក្រៃពេក បពិត្រមហារាជ ដូចជាមហាសមុទ្រដែរ។ តថាគត មិនប្រកាន់ថា សត្វស្លាប់ទៅ កើតទៀតក្តី មិនប្រកាន់ថា សត្វស្លាប់ទៅ មិនកើតទៀតក្តី មិនប្រកាន់ថា សត្វស្លាប់ទៅ កើតទៀតខ្លះក៏មាន មិនកើតទៀតខ្លះ ក៏មានក្តី មិនប្រកាន់ថា សត្វស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀត ក៏មិនមែនក្តី។

[៤០៣] បពិត្រព្រះអង្គដ៏ចំរើន អស្ចារ្យណាស់ បពិត្រព្រះអង្គដ៏ចំរើន ចំឡែកណាស់ ព្រោះថា បើនឹងប្រៀបធៀបអត្ថដោយអត្ថ ព្យញ្ជនៈដោយព្យញ្ជនៈ របស់ព្រះសាស្តាផង របស់សាវិកាផង នឹងឃើញសមគ្នា មិនឃ្លៀងឃ្លាតគ្នា ក្នុងបទដ៏ប្រសើរនេះឡើយ។ បពិត្រព្រះអង្គដ៏ចំរើន សម័យមួយ ក្នុងទីឯណោះ ខ្ញុំព្រះអង្គចូលទៅរកខេមាភិក្ខុនី ហើយបានសួរសេចក្តីនុ៎ះ។ ឯខេមាភិក្ខុនីជាម្ចាស់នោះ បានព្យាករសេចក្តីនុ៎ះ ដោយបទទាំងនុ៎ះ ដោយព្យញ្ជនៈទាំងនុ៎ះ ដល់ខ្ញុំព្រះអង្គ មានទំនងដូចជាព្រះដ៏មានព្រះភាគដែរ។ បពិត្រព្រះអង្គដ៏ចំរើន អស្ចារ្យណាស់ បពិត្រព្រះអង្គដ៏ចំរើន ចំឡែកណាស់ ព្រោះថា បើប្រៀបធៀបអត្ថដោយអត្ថ ព្យញ្ជនៈដោយព្យញ្ជនៈ របស់ព្រះសាស្តាផង របស់សាវិកាផង នឹងឃើញសមគ្នាមែន មិនឃ្លៀងឃ្លាតគ្នា ក្នុងបទដ៏ប្រសើរនេះឡើយ។ បពិត្រព្រះអង្គដ៏ចំរើន បើដូច្នោះ ខ្ញុំព្រះអង្គ សូមលាទៅ ក្នុងកាលឥឡូវនេះ (ព្រោះ) ខ្ញុំព្រះអង្គ ជាអ្នកមានកិច្ចច្រើន មានការងារច្រើន។ បពិត្រមហារាជ ព្រះអង្គសំគាល់នូវកាលគួរ ក្នុងកាលឥឡូវនេះចុះ។ លំដាប់នោះឯង ព្រះបាទបសេនទិកោសល ទ្រង់ត្រេកអរ អនុមោទនា ចំពោះភាសិត របស់ព្រះដ៏មានព្រះភាគ ហើយក៏ក្រោកចាកអាសនៈ ថ្វាយបង្គំព្រះដ៏មានព្រះភាគ រួចធ្វើប្រទក្សិណ ស្តេចចេញទៅ។

ចប់ សូត្រ ទី១។

(អនុរាធ)សូត្រ ទី២

(២. អនុរាធសុត្តំ)

[៤០៤] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់ក្នុងកូដាគារសាលា នាមហាវន ជិតក្រុងវេសាលី។ សម័យនោះឯង ព្រះអនុរាធដ៏មានអាយុ គង់ក្នុងអារញ្ញកុដិកា (កុដិតូចតាំងនៅក្នុងព្រៃ) ជិតព្រះដ៏មានព្រះភាគ។ លំដាប់នោះ ពួកបរិព្វាជក ជាអន្យតិរ្ថិយច្រើនគ្នា ចូលសំដៅទៅរកព្រះអនុរាធដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះអនុរាធដ៏មានអាយុ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យដែលគួររឭកហើយ ក៏អង្គុយក្នុងទីដ៏សមគួរ។ លុះបរិព្វាជក ជាអន្យតិរ្ថិយទាំងនោះ អង្គុយក្នុងទីដ៏សមគួរហើយ ទើបនិយាយនឹងព្រះអនុរាធដ៏មានអាយុដូច្នេះថា ម្នាលអាវុសោអនុរាធ សត្វឯណា ជាបុរសដ៏ឧត្តម ជាបុរសដ៏ប្រសើរក្រៃលែង ដល់នូវចំណែកនៃគុណ ដ៏ក្រៃលែង ព្រះតថាគត កាលបញ្ញត្ត ក៏បញ្ញត្តនូវសត្វនោះ ក្នុងហេតុទាំង ៤ នេះ គឺថា សត្វស្លាប់ទៅ កើតទៀត ១ សត្វស្លាប់ទៅមិនកើតទៀត ១ សត្វស្លាប់ទៅ មិនកើតទៀតខ្លះក៏មាន មិនកើតទៀតខ្លះក៏មាន ១ សត្វស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែន ១។ ម្នាលអាវុសោ សត្វឯណាជាបុរសដ៏ឧត្តម ជាបុរសដ៏ប្រសើរក្រៃលែង ដល់នូវចំណែកនៃគុណ ដ៏ក្រៃលែង ព្រះតថាគត កាលបញ្ញត្ត រមែងបញ្ញត្តនូវសត្វនោះ ដោយវៀរចាកហេតុ ទាំង ៤ នេះចេញ គឺថា សត្វស្លាប់ទៅ កើតទៀត ១ សត្វស្លាប់ទៅ មិនកើតទៀត ១ សត្វស្លាប់ទៅ កើតទៀតខ្លះក៏មាន មិនកើតទៀតខ្លះក៏មាន ១ សត្វស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀត ក៏មិនមែន ១។

[៤០៥] កាលបើព្រះអនុរាធត្ថេរ ពោលយ៉ាងនេះហើយ ទើបពួកបរិព្វាជក ជាអន្យតិរ្ថិយទាំងនោះ បានពោលទៅនឹងព្រះអនុរាធដ៏មានអាយុ ដូច្នេះថា ភិក្ខុនេះ ជាភិក្ខុថ្មី ទើបតែនឹងបួស ឬជាភិក្ខុចាស់ ប៉ុន្តែល្ងង់ខ្លៅ មិនឈ្លាសវៃ។ ទើបពួកបរិព្វាជក ជាអន្យតិរ្ថិយទាំងនោះ ពោលបង្អាប់ព្រះអនុរាធដ៏មានអាយុ ដោយពោលថា ជាភិក្ខុថ្មីផង ដោយពាក្យថា ជាមនុស្សល្ងង់ខ្លៅផង ហើយនាំគ្នាក្រោកចាកអាសនៈ ដើរចេញទៅ។ លំដាប់នោះ កាលដែលពួកបរិព្វាជក ជាអន្យតិរ្ថិយ ដើរចេញទៅ មិនយូរប៉ុន្មាន ព្រះអនុរាធដ៏មានអាយុ ក៏មានសេចក្តីត្រិះរិះ ដូច្នេះថា ប្រសិនបើពួកបរិព្វាជក ជាអន្យតិរ្ថិយទាំងនោះ គប្បីសួរតទៅទៀត តើអាត្មាអញ គួរព្យាករ ដល់ពួកបរិព្វាជក ជាអន្យតិរ្ថិយទាំងនោះ ដូចម្តេចហ្ន៎ ទើបឈ្មោះថា ជាអ្នកពោលនូវពាក្យ ដែលព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហើយផង មិនគប្បីពោលបង្កាច់ព្រះដ៏មានព្រះភាគ ដោយពាក្យមិនពិតផង គប្បីព្យាករ នូវធម៌ដ៏សមគួរដល់ធម៌ផង ទាំងលំអាននៃពាក្យ ដែលប្រកបដោយធម៌ណាមួយ ក៏មិនដល់នូវហេតុ ដែលគួរតិះដៀលផង។

[៤០៦] លំដាប់នោះ ព្រះអនុរាធដ៏មានអាយុ បានចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយគង់ក្នុងទីដ៏សមគួរ។ លុះព្រះអនុរាធដ៏មានអាយុ គង់ក្នុងទីដ៏សមគួរហើយ បានក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ក្នុងទីឯណោះ ខ្ញុំព្រះអង្គ នៅក្នុងអារញ្ញកុដិកា ជិតព្រះដ៏មានព្រះភាគ។ បពិត្រព្រះអង្គដ៏ចំរើន លំដាប់នោះ ពួកបរិព្វាជក ជាអន្យតិរ្ថិយច្រើននាក់ បានចូលមករកខ្ញុំព្រះអង្គ លុះចូលមកដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងខ្ញុំព្រះអង្គ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យដែលគួរជាទីរឭកហើយ ក៏អង្គុយក្នុងទីដ៏សមគួរ។ បពិត្រព្រះអង្គដ៏ចំរើន លុះបរិព្វាជក ជាអន្យតិរ្ថិយទាំងនោះ អង្គុយក្នុងទីដ៏សមគួរហើយ បាននិយាយនឹងខ្ញុំព្រះអង្គ ដូច្នេះថា ម្នាលអាវុសោអនុរាធ សត្វឯណា ជាបុរសដ៏ឧត្តម ជាបុរសដ៏ប្រសើរក្រៃលែង ជាអ្នកដល់នូវចំណែក នៃគុណដ៏ក្រៃលែង ព្រះតថាគត កាលបញ្ញត្ត ក៏រមែងបញ្ញត្ត នូវសត្វនោះ ក្នុងហេតុទាំង ៤ យ៉ាងនេះ គឺថា សត្វស្លាប់ទៅ កើតទៀត ១។ បេ។ សត្វស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែន ១។ បពិត្រព្រះអង្គដ៏ចំរើន កាលបើពួកបរិព្វាជក ជាអន្យតិរ្ថិយ ពោលយ៉ាងនេះហើយ ខ្ញុំព្រះអង្គ ក៏បានពោលទៅនឹងពួកបរិព្វាជក ជាអន្យតិរ្ថិយទាំងនោះ ដូច្នេះថា ម្នាលអាវុសោ សត្វឯណា ជាបុរសដ៏ឧត្តម ជាបុរសដ៏ប្រសើរក្រៃលែង ជាអ្នកដល់នូវចំណែកនៃគុណ ដ៏ក្រែលែង ព្រះតថាគត កាលបញ្ញត្ត ក៏រមែងបញ្ញត្តនូវសត្វនោះ ដោយវៀរចាកហេតុ ទាំង ៤ យ៉ាងនេះចេញ គឺថា សត្វស្លាប់ទៅ កើតទៀត ១។ បេ។ សត្វស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀត ក៏មិនមែន ១។ បពិត្រព្រះអង្គដ៏ចំរើន កាលបើខ្ញុំព្រះអង្គ ពោលយ៉ាងនេះហើយ បរិព្វាជក ជាអន្យតិរ្ថិយទាំងនោះ បានពោលនឹងខ្ញុំព្រះអង្គ ដូច្នេះថា លោកនេះ ជាភិក្ខុថ្មី ទើបតែនឹងបួស ឬជាភិក្ខុចាស់ តែល្ងង់ខ្លៅ មិនឈ្លាសវៃ។ បពិត្រព្រះអង្គដ៏ចំរើន ទើបបរិព្វាជក ជាអន្យតិរ្ថិយទាំងនោះ បានពោលបង្អាប់ខ្ញុំព្រះអង្គ ដោយពាក្យថា ជាភិក្ខុថ្មីផង ដោយពាក្យថា ល្ងង់ខ្លៅផង ហើយនាំគ្នាក្រោកចាកអាសនៈ ដើរចេញទៅ។ បពិត្រព្រះអង្គដ៏ចំរើន កាលពួកបរិព្វាជក ជាអន្យតិរ្ថិយទាំងនោះ ចេញទៅមិនយូរប៉ុន្មាន ខ្ញុំព្រះអង្គ ក៏មានសេចក្តីត្រិះរិះ ដូច្នេះថា ប្រសិនបើពួកបរិព្វាជក ជាអន្យតិរ្ថិយទាំងនោះ គប្បីសួរអាត្មាអញតទៅទៀត តើគួរអាត្មាអញ ព្យាករដល់ពួកបរិព្វាជក ជាអន្យតិរ្ថិយទាំងនោះ ដូចម្តេចហ្ន៎ ទើបឈ្មោះថា ជាអ្នកពោលតាមពាក្យ ដែលព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហើយផង មិនពោលបង្កាច់ព្រះដ៏មានព្រះភាគ ដោយពាក្យមិនពិតផង គប្បីព្យាករនូវធម៌ ដ៏សមគួរដល់ធម៌ផង ទាំងការពោលតាមលំអាននៃពាក្យ ដែលប្រកបដោយធម៌ណាមួយ ក៏មិនដល់នូវហេតុ ដែលគួរតិះដៀលផង។

[៤០៧] ម្នាលអនុរាធ អ្នកសំគាល់សេចក្តីនោះ ដូចម្តេច រូបទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ រូបឯណាមិនទៀង តើរូបនោះ ជាទុក្ខ ឬជាសុខ។ ជាទុក្ខ ព្រះអង្គ។ រូបឯណា មិនទៀងជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា គួរយល់ឃើញនូវរូបនោះថា នុ៎ះរបស់អាត្មាអញ នុ៎ះជាអាត្មាអញ នុ៎ះជាខ្លួនរបស់អាត្មាអញដែរឬ។ ហេតុនោះមិនគួរទេ ព្រះអង្គ។ ចុះវេទនាទៀង ឬមិនទៀង។ បេ។ ចុះសញ្ញា សង្ខារ វិញ្ញាណ ទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ ចុះវិញ្ញាណឯណា មិនទៀង តើវិញ្ញាណនោះ ជាទុក្ខ ឬជាសុខ។ ជាទុក្ខ ព្រះអង្គ។ ចុះវិញ្ញាណឯណា មិនទៀងជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា គួរយល់ឃើញ នូវវិញ្ញាណនោះថា នុ៎ះរបស់អាត្មាអញ នុ៎ះជាអាត្មាអញ នុ៎ះជាខ្លួនរបស់អាត្មាអញដែរឬ។ ហេតុនោះ មិនគួរទេ ព្រះអង្គ។

[៤០៨] ម្នាលអនុរាធ ព្រោះហេតុនោះ រូបឯណានីមួយជាអតីត អនាគត បច្ចុប្បន្ន ទោះខាងក្នុងក្តី ខាងក្រៅក្តី គ្រោតគ្រាតក្តី ល្អិតក្តី ថោកទាបក្តី ថ្លៃថ្លាក្តី រូបឯណាដែលនៅក្នុងទីឆ្ងាយក្តី ក្នុងទីជិតក្តី រូបទាំងអស់នោះ គ្រាន់តែជារូបប៉ុណ្ណោះ បុគ្គលគប្បីយល់ឃើញនូវរូបនុ៎ះ ដោយប្រាជ្ញាដ៏ប្រពៃ តាមសេចក្តីពិត យ៉ាងនេះថា នុ៎ះមិនមែនរបស់អាត្មាអញទេ នុ៎ះមិនមែនជាអាត្មាអញទេ នុ៎ះមិនមែនជាខ្លួនអាត្មាអញទេ។ វេទនាឯណានីមួយ ជាអតីត អនាគត បច្ចុប្បន្ន សញ្ញាឯណានីមួយ សង្ខារទាំងឡាយឯណានីមួយ វិញ្ញាណឯណានីមួយ ជាអតីត អនាគត បច្ចុប្បន្ន ទោះខាងក្នុងក្តី ខាងក្រៅក្តី គ្រោតគ្រាតក្តី ល្អិតក្តី ថោកទាបក្តី ថ្លៃថ្លាក្តី វិញ្ញាណឯណា ដែលនៅក្នុងទីឆ្ងាយក្តី ក្នុងទីជិតក្តី វិញ្ញាណទាំងអស់នោះ គ្រាន់តែជាវិញ្ញាណប៉ុណ្ណោះ បុគ្គលគប្បីយល់ឃើញ នូវវិញ្ញាណនុ៎ះ ដោយប្រាជ្ញាដ៏ប្រពៃ តាមសេចក្តីពិត យ៉ាងនេះថា នុ៎ះមិនមែនរបស់អាត្មាអញទេ នុ៎ះមិនមែនជាអាត្មាអញទេ នុ៎ះមិនមែនជាខ្លួនអាត្មាអញទេ។ ម្នាលអនុរាធ អរិយសាវក អ្នកចេះដឹង កាលបើឃើញយ៉ាងនេះ រមែងនឿយណាយ ក្នុងរូបផង នឿយណាយក្នុងវេទនាផង នឿយណាយក្នុងសញ្ញាផង នឿយណាយក្នុងសង្ខារទាំងឡាយផង នឿយណាយក្នុងវិញ្ញាណផង កាលបើនឿយណាយ ចិត្តក៏ប្រាសចាកតម្រេក ព្រោះប្រាសចាកតម្រេក ចិត្តក៏ផុតស្រឡះ ចាក(អាសវៈ)។ កាលបើចិត្តផុតស្រឡះហើយ ញាណក៏កើតឡើងថា ចិត្តផុតស្រឡះហើយ។ អរិយសាវកនោះ ដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចរិយធម៌ អាត្មាអញ បាននៅស្រេចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើរួចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះ ទៀតមិនមានឡើយ។

[៤០៩] ម្នាលអនុរាធ អ្នកសំគាល់សេចក្តីនោះ ដូចម្តេច អ្នកពិចារណា ឃើញនូវរូប ថាជាសត្វឬ។ មិនមែនដូច្នោះទេ ព្រះអង្គ។ អ្នកពិចារណាឃើញនូវវេទនា ថាជាសត្វឬ។ មិនមែនដូច្នោះទេ ព្រះអង្គ។ អ្នកពិចារណាឃើញនូវសញ្ញា ថាជាសត្វឬ។ មិនមែនដូច្នោះទេ ព្រះអង្គ។ អ្នកពិចារណាឃើញនូវសង្ខារទាំងឡាយ ថាជាសត្វឬ។ មិនមែនដូច្នោះទេ ព្រះអង្គ។ អ្នកពិចារណាឃើញនូវវិញ្ញាណ ថាជាសត្វឬ។ មិនមែនដូច្នោះទេ ព្រះអង្គ។

[៤១០] ម្នាលអនុរាធ អ្នកសំគាល់សេចក្តីនោះ ដូចម្តេច អ្នកពិចារណាឃើញថា សត្វក្នុងរូបឬ។ មិនមែនដូច្នោះទេ ព្រះអង្គ។ អ្នកពិចារណាឃើញថា សត្វក្រៅអំពីរូបឬ។ មិនមែនដូច្នោះទេ ព្រះអង្គ។ អ្នកពិចារណាឃើញថា សត្វក្នុងវេទនាឬ។ មិនមែនដូច្នោះទេ ព្រះអង្គ។ អ្នកពិចារណាឃើញថា សត្វក្រៅអំពីវេទនាឬ។ បេ។ ក្នុងសញ្ញាឬ។ បេ។ ក្រៅអំពីសញ្ញាឬ។ បេ។ ក្នុងសង្ខារទាំងឡាយឬ។ បេ។ ក្រៅអំពីសង្ខារទាំងឡាយឬ។បេ។ អ្នកពិចារណាឃើញថា សត្វក្នុងវិញ្ញាណឬ។ មិនមែនដូច្នោះទេ ព្រះអង្គ។ អ្នកពិចារណាឃើញថា សត្វក្រៅអំពីវិញ្ញាណឬ។ មិនមែនដូច្នោះទេ ព្រះអង្គ។

[៤១១] ម្នាលអនុរាធ អ្នកសំគាល់សេចក្តីនោះ ដូចម្តេច អ្នកពិចារណាឃើញនូវរូប វេទនា សញ្ញា សង្ខារ វិញ្ញាណ ថាជាសត្វឬ។ មិនមែនដូច្នោះទេ ព្រះអង្គ។

[៤១២] ម្នាលអនុរាធ អ្នកសំគាល់សេចក្តីនោះ ដូចម្តេច អ្នកពិចារណាឃើញថាសត្វនេះគ្មានរូប គ្មានវេទនា គ្មានសញ្ញា គ្មានសង្ខារ គ្មានវិញ្ញាណឬ។ មិនមែនដូច្នោះទេ ព្រះអង្គ។ ម្នាលអនុរាធ សភាវៈដែលអ្នកមិនត្រូវបានដោយពិត ឬដោយទៀងទាត់ ក្នុងបច្ចុប្បន្ននេះ អ្នកគួរឃើញដែរឬ ត្រង់ពាក្យព្យាករណ៍នេះថា ម្នាលអាវុសោ សត្វឯណា ជាបុរសដ៏ឧត្តម ជាបុរសដ៏ប្រសើរក្រៃលែង ជាអ្នកដល់នូវចំណែកនៃគុណ ដ៏ក្រៃលែង ព្រះតថាគត កាលបញ្ញត្ត ក៏រមែងបញ្ញត្តនូវសត្វនោះ ដោយវៀរចាកហេតុ ទាំង ៤ នោះចេញ គឺថា សត្វស្លាប់ទៅ កើតទៀត ១។ បេ។ សត្វស្លាប់ទៅកើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែន ១។ មិនមែនដូច្នោះទេ ព្រះអង្គ។ សាធុ ៗ អនុរាធ ម្នាលអនុរាធ ក្នុងកាលពីមុនក្តី ក្នុងកាលឥឡូវនេះក្តី តថាគត ក៏បញ្ញត្តនូវទុក្ខ និងហេតុជាទីរលត់នៃទុក្ខ ប៉ុណ្ណោះឯង។

ចប់ សូត្រ ទី២។

(បឋមសារិបុត្តកោដ្ឋិក)សូត្រ ទី៣

(៣. បឋមសារិបុត្តកោដ្ឋិកសុត្តំ)

[៤១៣] សម័យមួយ ព្រះសារីបុត្តដ៏មានអាយុ និងព្រះមហាកោដ្ឋិតៈដ៏មានអាយុ គង់ក្នុងឥសិបតនមិគទាយវន ជិតក្រុងពារាណសី។ លំដាប់នោះ ព្រះមហាកោដ្ឋិតៈដ៏មានអាយុ ចេញចាកទីសម្ងំ ក្នុងវេលាសាយណ្ហសម័យ បានចូលទៅរកព្រះសារីបុត្តដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះសារីបុត្តដ៏មាន អាយុ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យដែលគួរជាទីរឭកហើយ ក៏គង់ក្នុងទីដ៏សមគួរ។ លុះព្រះមហាកោដ្ឋិតៈដ៏មានអាយុ គង់ក្នុងទីដ៏សមគួរហើយ បានពោលនឹងព្រះសារីបុត្តដ៏មានអាយុ ដូច្នេះថា ម្នាលអាវុសោសារីបុត្ត សត្វស្លាប់ទៅ កើតទៀតឬទេ។ ព្រះសារីបុត្តឆ្លើយថា ម្នាលអាវុសោ ពាក្យថា សត្វស្លាប់ទៅ កើតទៀតនេះ ព្រះដ៏មានព្រះភាគ ទ្រង់មិនបានព្យាករទេ។ ម្នាលអាវុសោ សត្វស្លាប់ទៅ មិនកើតទៀតទេឬ។ ម្នាលអាវុសោ ពាក្យថា សត្វស្លាប់ទៅ មិនកើតទៀតនេះ ព្រះដ៏មានព្រះភាគ ទ្រង់មិនបានព្យាករទេ។ ម្នាលអាវុសោ ចុះសត្វស្លាប់ទៅ កើតទៀតខ្លះក៏មាន មិនកើតទៀតខ្លះ ក៏មានឬអ្វី។ ម្នាលអាវុសោ ពាក្យថា សត្វស្លាប់ទៅ កើតទៀតខ្លះក៏មាន មិនកើតទៀតខ្លះ ក៏មាននេះ ព្រះដ៏មានព្រះភាគ ទ្រង់មិនបានព្យាករទេ។ ម្នាលអាវុសោ ចុះសត្វស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀត ក៏មិនមែនឬអ្វី។ ម្នាលអាវុសោ ពាក្យថា សត្វស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀត ក៏មិនមែននេះ ព្រះដ៏មានព្រះភាគ ទ្រង់មិនបានព្យាករដែរ។ កាលដែលខ្ញុំសួរថា ម្នាលអាវុសោ ចុះសត្វស្លាប់ទៅ កើតទៀតឬទេ លោក ឆ្លើយថា ម្នាលអាវុសោ ពាក្យថា សត្វស្លាប់ទៅ កើតទៀតនេះ ព្រះដ៏មានព្រះភាគ ទ្រង់មិនបានព្យាករទេ។បេ។ កាលដែលខ្ញុំសួរ យ៉ាងនេះថា ម្នាលអាវុសោ ចុះសត្វស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែនឬអ្វី លោកឆ្លើយថា ម្នាលអាវុសោ ពាក្យថា សត្វស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែននេះ ព្រះដ៏មានព្រះភាគ ក៏ទ្រង់មិនបានព្យាករទេ។ ម្នាលអាវុសោ អ្វីជាហេតុ អ្វីជាបច្ច័យ ដែលនាំព្រះដ៏មានព្រះភាគ មិនឲ្យទ្រង់ព្យាករពាក្យនេះ។

[៤១៤] ម្នាលអាវុសោ ពាក្យថា សត្វស្លាប់ទៅកើតទៀតនេះ គ្រាន់តែជារូបទេ។ ពាក្យថា សត្វស្លាប់ទៅ មិនកើតទៀតនេះ ក៏គ្រាន់តែជារូបដែរ។ ពាក្យថា សត្វស្លាប់ទៅ កើតទៀតខ្លះក៏មាន មិនកើតទៀតខ្លះ ក៏មាននេះ គ្រាន់តែជារូបដែរ។ ពាក្យថា សត្វស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀត ក៏មិនមែននេះ គ្រាន់តែជារូបដែរ។ ម្នាលអាវុសោ ពាក្យថា សត្វស្លាប់ទៅ កើតទៀតនេះ គ្រាន់តែជាវេទនាទេ។ ពាក្យថាសត្វស្លាប់ទៅ មិនកើតទៀតនេះ គ្រាន់តែជាវេទនាដែរ។ ពាក្យថា សត្វស្លាប់ទៅកើតទៀតខ្លះក៏មាន មិនកើតទៀតខ្លះក៏មាននេះ ក៏គ្រាន់តែជាវេទនាដែរ។ ពាក្យថា សត្វស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែននេះ ក៏គ្រាន់តែជាវេទនាដែរ។ ម្នាលអាវុសោ ពាក្យថា សត្វស្លាប់ទៅ កើតទៀតនេះ គ្រាន់តែជាសញ្ញាទេ។ ពាក្យថា សត្វស្លាប់ទៅ មិនកើតទៀតនេះ គ្រាន់តែជាសញ្ញាដែរ។ ពាក្យថា សត្វស្លាប់ទៅកើតទៀតខ្លះក៏មាន មិនកើតទៀតខ្លះ ក៏មាននេះ ក៏គ្រាន់តែជាសញ្ញាដែរ។ ពាក្យថា សត្វស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀត ក៏មិនមែននេះ គ្រាន់តែជាសញ្ញាដែរ។ ម្នាលអាវុសោ ពាក្យថា សត្វស្លាប់ទៅ កើតទៀតនេះ គ្រាន់តែជាសង្ខារទេ។ ពាក្យថា សត្វស្លាប់ទៅ មិនកើតទៀតនេះ គ្រាន់តែជាសង្ខារដែរ។ ពាក្យថា សត្វស្លាប់ទៅកើតទៀតខ្លះក៏មាន មិនកើតទៀតខ្លះ ក៏មាននេះ គ្រាន់តែជាសង្ខារដែរ។ ពាក្យថា សត្វស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀត ក៏មិនមែននេះ ក៏គ្រាន់តែជាសង្ខារដែរ។ ម្នាលអាវុសោ ពាក្យថា សត្វស្លាប់ទៅ កើតទៀតនេះ គ្រាន់តែជាវិញ្ញាណទេ។ ពាក្យថា សត្វស្លាប់ទៅ មិនកើតទៀតនេះ គ្រាន់តែជាវិញ្ញាណដែរ។ ពាក្យថា សត្វស្លាប់ទៅ កើតទៀតខ្លះក៏មាន មិនកើតទៀតខ្លះក៏មាននេះ គ្រាន់តែជាវិញ្ញាណដែរ។ ពាក្យថា សត្វស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀត ក៏មិនមែននេះ ក៏គ្រាន់តែជាវិញ្ញាណដែរ។ ម្នាលអាវុសោ នេះឯងជាហេតុ នេះឯងជាបច្ច័យ ដែលនាំឲ្យព្រះដ៏មានព្រះភាគមិនទ្រង់ព្យាករពាក្យនេះ។

ចប់ សូត្រ ទី៣។

(ទុតិយសារិបុត្តកោដ្ឋិក)សូត្រ ទី៤

(៤. ទុតិយសារិបុត្តកោដ្ឋិកសុត្តំ)

[៤១៥] សម័យមួយ ព្រះសារីបុត្តដ៏មានអាយុ និងព្រះមហាកោដ្ឋិតដ៏មានអាយុ នៅក្នុងព្រៃឥសិបតនមិគទាយៈ ជិតក្រុងពារាណសី។ បេ។ ការដណ្តឹងសួរនោះ ក៏កើតឡើងថា ម្នាលអាវុសោ ហេតុដូចម្តេចហ្ន៎ បច្ច័យដូចម្តេចហ្ន៎ ដែលនាំឲ្យព្រះដ៏មានព្រះភាគ មិនទ្រង់ព្យាករនូវពាក្យនេះ។

[៤១៦] ម្នាលអាវុសោ កាលបើបុគ្គលមិនដឹង មិនឃើញ នូវរូបតាមសភាវៈពិត មិនដឹង មិនឃើញ នូវហេតុជាទីកើតឡើងនៃរូប តាមសភាវៈពិត មិនដឹង មិនឃើញ នូវសេចក្តីរលត់ នៃរូបតាមសភាវៈពិត មិនដឹង មិនឃើញ នូវបដិបទា ដើម្បីដល់នូវសេចក្តីរលត់នៃរូប តាមសភាវៈពិតទេ បុគ្គលនោះ មានសេចក្តីត្រិះរិះ ដូច្នេះថា សត្វស្លាប់ទៅ កើតទៀតក៏មាន។ បុគ្គលនោះ មានសេចក្តីត្រិះរិះ ដូច្នេះថា សត្វស្លាប់ទៅមិនកើត ទៀតក៏មាន។ បុគ្គលនោះ មានសេចក្តីត្រិះរិះ ដូច្នេះថា សត្វស្លាប់ទៅ កើតទៀតខ្លះ មិនកើតទៀតខ្លះក៏មាន។ បុគ្គលនោះ មានសេចក្តីត្រិះរិះ ដូច្នេះថា សត្វស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀត ក៏មិនមែនក៏មាន។ កាលបើបុគ្គលមិនដឹង មិនឃើញនូវវេទនា សញ្ញា សង្ខារទាំងឡាយ និងវិញ្ញាណ តាមសភាវៈពិត មិនដឹង មិនឃើញ នូវហេតុជាទីកើតឡើង នៃវិញ្ញាណ តាមសភាវៈពិត មិនដឹង មិនឃើញ នូវសេចក្តីរលត់ នៃវិញ្ញាណ តាមសភាវៈពិត មិនដឹង មិនឃើញ នូវបដិបទា ដើម្បីដល់នូវសេចក្តីរលត់ នៃវិញ្ញាណ តាមសភាវៈពិត បុគ្គលនោះ ទើបមានសេចក្តីត្រិះរិះ ដូច្នេះថា សត្វស្លាប់ទៅ កើតទៀតក៏មាន។ បុគ្គលនោះ មានសេចក្តីត្រិះរិះ ដូច្នេះថា សត្វស្លាប់ទៅ មិនកើតទៀត ក៏មាន។ បុគ្គលនោះ មានសេចក្តីត្រិះរិះ ដូច្នេះថា សត្វស្លាប់ទៅ កើតទៀតខ្លះ មិនកើតទៀតខ្លះ ក៏មាន។ បុគ្គលនោះ មានសេចក្តីត្រិះរិះ ដូច្នេះថា សត្វស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀត ក៏មិនមែនក៏មាន។

[៤១៧] ម្នាលអាវុសោ កាលបើបុគ្គលដឹង ឃើញ នូវរូបតាមសភាវៈពិត ដឹង ឃើញ នូវហេតុជាទីកើតឡើងនៃរូប តាមសភាវៈពិត ដឹង ឃើញ នូវសេចក្តីរលត់នៃរូបតាមសភាវៈពិត ដឹង ឃើញ នូវបដិបទា ដើម្បីដល់នូវសេចក្តីរលត់ នៃរូបតាមសភាវៈពិតហើយ បុគ្គលនោះ ក៏មិនមានសេចក្តីត្រិះរិះ ដូច្នេះថា សត្វស្លាប់ទៅ កើតទៀត។ បេ។ បុគ្គលនោះ មិនមានសេចក្តីត្រិះរិះ ដូច្នេះថា សត្វស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែន ក៏មាន។ កាលបើបុគ្គលដឹង ឃើញ នូវវេទនា សញ្ញា សង្ខារទាំងឡាយ និងវិញ្ញាណ តាមសភាវៈពិត ដឹង ឃើញ នូវហេតុជាទីកើតឡើង នៃវិញ្ញាណតាមសភាវៈពិត ដឹង ឃើញនូវសេចក្តីរលត់ នៃវិញ្ញាណ តាមសភាវៈពិត ដឹង ឃើញ នូវបដិបទា ដើម្បីដល់នូវសេចក្តីរលត់ នៃវិញ្ញាណ តាមសភាវៈពិត បុគ្គលនោះ ក៏មិនមានសេចក្តីត្រិះរិះ ដូច្នេះថា សត្វស្លាប់ទៅ កើតទៀតក៏មាន។ បុគ្គលនោះ មិនមានសេចក្តីត្រិះរិះ ដូច្នេះថា សត្វស្លាប់ទៅ មិនកើតទៀតក៏មាន។ បុគ្គលនោះ មិនមានសេចក្តីត្រិះរិះ ដូច្នេះថា សត្វស្លាប់ទៅ កើតទៀតខ្លះ មិនកើតទៀតខ្លះ ក៏មាន។ បុគ្គលនោះ មិនមានសេចក្តីត្រិះរិះ ដូច្នេះថា សត្វស្លាប់ទៅកើតទៀតក៏មិនមែន មិនកើតទៀត ក៏មិនមែន ក៏មាន។ ម្នាលអាវុសោ នេះឯងជាហេតុ នេះឯងជាបច្ច័យ ដែលនាំឲ្យព្រះដ៏មានព្រះភាគ មិនទ្រង់ព្យាករនូវពាក្យនេះ។

ចប់ សូត្រ ទី៤។

(តតិយសារិបុត្តកោដ្ឋិក)សូត្រ ទី៥

(៥. តតិយសារិបុត្តកោដ្ឋិកសុត្តំ)

[៤១៨] សម័យមួយ ព្រះសារីបុត្តដ៏មានអាយុ និងព្រះមហាកោដ្ឋិតដ៏មានអាយុ នៅក្នុងព្រៃឥសិបតនមិគទាយៈ ជិតក្រុងពារាណសី។ បេ។ ការសាកសួរនេះឯងកើតឡើងថា ម្នាលអាវុសោ ហេតុដូចម្តេចហ្ន៎ បច្ច័យដូចម្តេចហ្ន៎ ដែលនាំឲ្យព្រះដ៏មានព្រះភាគ មិនទ្រង់ព្យាករនូវពាក្យនេះ។

[៤១៩] ម្នាលអាវុសោ កាលបើបុគ្គលមិនប្រាសចាកតម្រេក មិនប្រាសចាកសេចក្តីពេញចិត្ត មិនប្រាសចាកសេចក្តីស្រឡាញ់ មិនប្រាសចាកសេចក្តីស្រេកឃ្លាន មិនប្រាសចាកសេចក្តីក្តៅក្រហាយ មិនប្រាសចាកចំណង់ក្នុងរូបទេ បុគ្គលនោះ មានសេចក្តីត្រិះរិះ ដូច្នេះថា សត្វស្លាប់ទៅ កើតទៀតក៏មាន។ បេ។ បុគ្គលនោះ មានសេចក្តីត្រិះរិះ ដូច្នេះថា សត្វស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែន ក៏មាន។ កាលបើបុគ្គលមិនប្រាសចាកតម្រេក មិនប្រាសចាកសេចក្តីពេញចិត្ត មិនប្រាសចាកសេចក្តីស្រឡាញ់ មិនប្រាសចាកសេចក្តីស្រេកឃ្លាន មិនប្រាសចាកសេចក្តីក្តៅក្រហាយ មិនប្រាសចាកចំណង់ក្នុងវេទនា សញ្ញា សង្ខារទាំងឡាយ និងវិញ្ញាណទេ បុគ្គលនោះ រមែងមានសេចក្តីត្រិះរិះ ដូច្នេះថា សត្វស្លាប់ទៅ កើតទៀតក៏មាន។បេ។ បុគ្គលនោះ មានសេចក្តីត្រិះរិះ ដូច្នេះថា សត្វស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀត ក៏មិនមែន ក៏មាន។

[៤២០] ម្នាលអាវុសោ កាលបើបុគ្គលប្រាសចាកតម្រេកក្នុងរូប។ បេ។ កាលបើបុគ្គលប្រាសចាកតម្រេក ប្រាសចាកសេចក្តីពេញចិត្ត ប្រាសចាកសេចក្តីស្រឡាញ់ ប្រាសចាកសេចក្តីស្រេកឃ្លាន ប្រាសចាកសេចក្តីក្តៅក្រហាយ ប្រាសចាកចំណង់ក្នុងវេទនា សញ្ញា សង្ខារទាំងឡាយ និងវិញ្ញាណហើយ បុគ្គលនោះ ក៏មិនមានសេចក្តីត្រិះរិះ ដូច្នេះថា សត្វស្លាប់ទៅ កើតទៀត។ បេ។ បុគ្គលនោះ មិនមានសេចក្តីត្រិះរិះដូច្នេះថា សត្វស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែន ក៏មាន។ ម្នាលអាវុសោ នេះឯងជាហេតុ នេះឯងជាបច្ច័យ ដែលនាំឲ្យព្រះដ៏មានព្រះភាគ មិន ទ្រង់ព្យាករនូវពាក្យនេះ។

ចប់ សូត្រ ទី៥។

(ចតុត្ថសារិបុត្តកោដ្ឋិក)សូត្រ ទី៦

(៦. ចតុត្ថសារិបុត្តកោដ្ឋិកសុត្តំ)

[៤២១] សម័យមួយ ព្រះសារីបុត្តដ៏មានអាយុ និងព្រះមហាកោដ្ឋិតដ៏មានអាយុ នៅក្នុងព្រៃឥសិបតនមិគទាយៈ ជិតក្រុងពារាណសី។ គ្រានោះឯង ព្រះសារីបុត្តដ៏មានអាយុ ចេញអំពីទីសម្ងំ ក្នុងសាយណ្ហសម័យ ក៏ចូលទៅរកព្រះមហាកោដ្ឋិតដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះមហាកោដ្ឋិតដ៏មានអាយុ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យដែលគួររឭកហើយ ក៏អង្គុយក្នុងទីសមគួរ។ លុះព្រះសារីបុត្តដ៏មានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ បានពោលនឹងព្រះមហាកោដ្ឋិតដ៏មានអាយុ ដោយពាក្យដូច្នេះថា ម្នាលអាវុសោមហាកោដ្ឋិត សត្វស្លាប់ទៅ កើតទៀតដែរឬហ្ន៎។បេ។ ម្នាលអាវុសោ សត្វស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀត ក៏មិនមែនឬអ្វី។ លុះព្រះសារីបុត្តដ៏មានអាយុ សួរយ៉ាងនេះហើយ ព្រះមហាកោដ្ឋិតដ៏មានអាយុ ក៏ឆ្លើយថា អាវុសោ ពាក្យថា សត្វស្លាប់ទៅកើតទៀតក៏មិនមែន មិនកើតទៀត ក៏មិនមែននេះ ទុកជាព្រះដ៏មានព្រះភាគ ក៏ទ្រង់មិនបានព្យាករ។ ម្នាលអាវុសោ ហេតុដូចម្តេចហ្ន៎ បច្ច័យដូចម្តេចហ្ន៎ ដែលនាំឲ្យព្រះដ៏មានព្រះភាគ មិនទ្រង់ព្យាករនូវពាក្យនេះ។

[៤២២] ម្នាលអាវុសោ កាលបើបុគ្គលមានសេចក្តីត្រេកត្រអាលក្នុងរូប ត្រេកអរក្នុងរូប រីករាយក្នុងរូប មិនដឹង មិនឃើញ នូវសេចក្តីរលត់នៃរូប តាមសភាវៈពិត បុគ្គលនោះ រមែងមានសេចក្តីត្រិះរិះ ដូច្នេះថា សត្វស្លាប់ទៅ កើតទៀតក៏មាន។ បុគ្គលនោះ មានសេចក្តីត្រិះរិះ ដូច្នេះថា សត្វស្លាប់ទៅ មិនកើតទៀតក៏មាន។ បុគ្គលនោះមានសេចក្តីត្រិះរិះ ដូច្នេះថា សត្វស្លាប់ទៅ កើតទៀតខ្លះ មិនកើតទៀតខ្លះក៏មាន។ បុគ្គលនោះ មានសេចក្តីត្រិះរិះ ដូច្នេះថា សត្វស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀត ក៏មិនមែន ក៏មាន។ ម្នាលអាវុសោ កាលបើបុគ្គល មានសេចក្តីត្រេកត្រអាល ក្នុងវេទនា ត្រេកអរក្នុងវេទនា រីករាយក្នុងវេទនា មិនដឹង មិនឃើញ នូវសេចក្តីរលត់នៃវេទនា តាមសភាវៈពិត បុគ្គលនោះ រមែងមានសេចក្តីត្រិះរិះ ដូច្នេះថា សត្វស្លាប់ទៅ កើតទៀតក៏មាន។ បេ។ ម្នាលអាវុសោ កាលបើបុគ្គល មានសេចក្តីត្រេកត្រអាលក្នុងសញ្ញា។ ម្នាលអាវុសោ កាលបើបុគ្គលមានសេចក្តីត្រេកត្រអាល ក្នុងសង្ខារ។ ម្នាលអាវុសោ កាលបើបុគ្គលមានសេចក្តីត្រេកត្រអាល ក្នុងវិញ្ញាណ ត្រេកអរក្នុងវិញ្ញាណ រីករាយក្នុងវិញ្ញាណ មិនដឹង មិនឃើញ នូវសេចក្តីរលត់នៃវិញ្ញាណ តាមសភាវៈពិត បុគ្គលនោះមានសេចក្តីត្រិះរិះ ដូច្នេះថា សត្វស្លាប់ទៅ កើតទៀតក៏មាន។បេ។ បុគ្គលនោះ មានសេចក្តីត្រិះរិះ ដូច្នេះថា សត្វបន្ទាប់អំពីសេចក្តីស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែន ក៏មាន។

[៤២៣] ម្នាលអាវុសោ កាលបើបុគ្គលមិនមានសេចក្តីត្រេកត្រអាលក្នុងរូប មិនត្រេកអរក្នុងរូប មិនរីករាយក្នុងរូប ក៏ដឹង ឃើញនូវសេចក្តីរលត់នៃរូប តាមសភាវៈពិត បុគ្គលនោះ មិនមានសេចក្តីត្រិះរិះ ដូច្នេះថា សត្វបន្ទាប់អំពីសេចក្តីស្លាប់ទៅ កើតទៀតក៏មាន។ បេ។ បុគ្គលនោះ មិនមានសេចក្តីត្រិះរិះ ដូច្នេះថា សត្វបន្ទាប់អំពីសេចក្តីស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែន ក៏មាន។ ម្នាលអាវុសោ កាលបើបុគ្គលមិនមានសេចក្តីត្រេកត្រអាល ក្នុងវេទនា។ ម្នាលអាវុសោ កាលបើបុគ្គលមិនមានសេចក្តីត្រេកត្រអាល ក្នុងសញ្ញា។ ម្នាលអាវុសោ កាលបើបុគ្គលមិនមានសេចក្តីត្រេកត្រអាល ក្នុងសង្ខារ។ ម្នាលអាវុសោ កាលបើបុគ្គលមិនមានសេចក្តីត្រេកត្រអាល ក្នុងវិញ្ញាណ មិនត្រេកអរក្នុងវិញ្ញាណ មិនរីករាយក្នុងវិញ្ញាណ ដឹង ឃើញ នូវសេចក្តីរលត់នៃវិញ្ញាណ តាមសភាវៈពិត ទើបបុគ្គលនោះ មិនមានសេចក្តីត្រិះរិះ ដូច្នេះថា សត្វស្លាប់ទៅ កើតទៀតក៏មាន។ មិនកើតទៀតក៏មាន។ បេ។ បុគ្គលនោះ មិនមានសេចក្តីត្រិះរិះ ដូច្នេះថា សត្វស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែន ក៏មាន។ ម្នាលអាវុសោ នេះឯងជាហេតុ នេះឯងជាបច្ច័យ ដែលនាំឲ្យព្រះដ៏មានព្រះភាគ មិនទ្រង់ព្យាករនូវពាក្យនេះ។

[៤២៤] ម្នាលអាវុសោ នៅមានបរិយាយដទៃទៀត ដែលនាំឲ្យព្រះដ៏មានព្រះភាគ មិនទ្រង់ព្យាករនូវពាក្យនេះដែរឬ។ ម្នាលអាវុសោ បរិយាយនោះ មាន។ ម្នាលអាវុសោ កាលបើបុគ្គលមានសេចក្តីត្រេកត្រអាលក្នុងភព ត្រេកអរក្នុងភព រីករាយក្នុងភព មិនដឹង មិនឃើញ នូវសេចក្តីរលត់នៃភព តាមសភាវៈពិត បុគ្គលនោះ រមែងមានសេចក្តីត្រិះរិះ ដូច្នេះថា សត្វស្លាប់ទៅ កើតទៀតក៏មាន។ បេ។ បុគ្គលនោះ មានសេចក្តីត្រិះរិះ ដូច្នេះថា សត្វស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែន ក៏មាន។

[៤២៥] កាលបើបុគ្គលមិនមានសេចក្តីត្រេកត្រអាលក្នុងភព មិនត្រេកអរ ក្នុងភព មិនរីករាយក្នុងភព ដឹង ឃើញ នូវសេចក្តីរលត់នៃភព តាមសភាវៈពិត បុគ្គលនោះ មិនមានសេចក្តីត្រិះរិះ ដូច្នេះថា សត្វស្លាប់ទៅ កើតទៀតក៏មាន។ បេ។ បុគ្គលនោះ មិនមានសេចក្តីត្រិះរិះ ដូច្នេះថា សត្វស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀតក៏មិន មែន ក៏មាន។ ម្នាលអាវុសោ នេះឯងជាបរិយាយ ដែលនាំឲ្យព្រះដ៏មានព្រះភាគ មិន ទ្រង់ព្យាករនូវពាក្យនេះ។

[៤២៦] ម្នាលអាវុសោ នៅមានបរិយាយដទៃទៀត ដែលនាំឲ្យព្រះដ៏មានព្រះភាគ មិនទ្រង់ព្យាករនូវពាក្យនេះដែរឬ។ ម្នាលអាវុសោ បរិយាយនោះ មាន។ ម្នាលអាវុសោ កាលបើបុគ្គលមានសេចក្តីត្រេកត្រអាល ក្នុងឧបាទាន ត្រេកអរក្នុង ឧបាទាន រីករាយក្នុងឧបាទាន មិនដឹង មិនឃើញ នូវសេចក្តីរលត់នៃឧបាទាន តាម សភាវៈពិត បុគ្គលនោះ រមែងមានសេចក្តីត្រិះរិះដូច្នេះថា សត្វស្លាប់ទៅ កើតទៀតក៏ មាន។ បេ។ បុគ្គលនោះ មានសេចក្តីត្រិះរិះដូច្នេះថា សត្វស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែន ក៏មាន។

[៤២៧] ម្នាលអាវុសោ កាលបើបុគ្គលមិនមានសេចក្តីត្រេកត្រអាល ក្នុងឧបាទាន មិនត្រេកអរក្នុងឧបាទាន មិនរីករាយក្នុងឧបាទាន ដឹង ឃើញ នូវសេចក្តីរលត់នៃឧបាទាន តាមសភាវៈពិត ទើបបុគ្គលនោះ មិនមានសេចក្តីត្រិះរិះដូច្នេះថា សត្វស្លាប់ទៅ កើតទៀតក៏មាន។ បេ។ បុគ្គលនោះ មិនមានសេចក្តីត្រិះរិះដូច្នេះថា សត្វស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែន ក៏មាន។ ម្នាលអាវុសោ នេះឯងជាបរិយាយ ដែលនាំឲ្យព្រះដ៏មានព្រះភាគ មិនទ្រង់ព្យាករនូវពាក្យនេះ។

[៤២៨] ម្នាលអាវុសោ នៅមានបរិយាយដទៃទៀត ដែលនាំឲ្យព្រះដ៏មានព្រះភាគ មិនទ្រង់ព្យាករ នូវពាក្យនេះដែរឬ។ ម្នាលអាវុសោ បរិយាយនោះ មាន។ ម្នាលអាវុសោ កាលបើបុគ្គលមានសេចក្តីត្រេកត្រអាលក្នុងតណ្ហា ត្រេកអរក្នុងតណ្ហា រីករាយក្នុងតណ្ហា មិនដឹង មិនឃើញ នូវសេចក្តីរលត់នៃតណ្ហា តាមសភាវៈពិត បុគ្គលនោះ រមែងមានសេចក្តីត្រិះរិះ ដូច្នេះថា សត្វស្លាប់ទៅ កើតទៀតក៏មាន។ បេ។ បុគ្គលនោះ មានសេចក្តីត្រិះរិះ ដូច្នេះថា សត្វស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀត ក៏មិនមែន ក៏មាន។

[៤២៩] ម្នាលអាវុសោ កាលបើបុគ្គលមិនមានសេចក្តីត្រេកត្រអាលក្នុងតណ្ហា មិនត្រេកអរក្នុងតណ្ហា មិនរីករាយក្នុងតណ្ហា ដឹង ឃើញ នូវសេចក្តីរលត់នៃតណ្ហាតាមសភាវៈពិត បុគ្គលនោះ រមែងមិនមានសេចក្តីត្រិះរិះ ដូច្នេះថា សត្វស្លាប់ទៅ កើតទៀតក៏មាន។បេ។ បុគ្គលនោះ មិនមានសេចក្តីត្រិះរិះ ដូច្នេះថា សត្វស្លាប់ទៅ កើតទៀត ក៏មិនមែន មិនកើតទៀត ក៏មិនមែន ក៏មាន។ ម្នាលអាវុសោ នេះឯងជាបរិយាយ ដែលនាំឲ្យព្រះដ៏មានព្រះភាគ មិនទ្រង់ព្យាករនូវពាក្យនេះ។ ម្នាលអាវុសោ នៅមានបរិយាយដទៃទៀត ដែលនាំឲ្យព្រះដ៏មានព្រះភាគ មិនទ្រង់ព្យាករ នូវពាក្យនេះដែរឬ។ ម្នាលអាវុសោសារីបុត្ត ក្នុងសេចក្តីនុ៎ះ លោកចង់សួររឿងអ្វីតទៅទៀត អំពីហេតុនេះ ក្នុងកាលឥឡូវនេះ ម្នាលអាវុសោសារីបុត្ត វត្តរបស់ភិក្ខុ ដែលផុតស្រឡះ ព្រោះការអស់ទៅនៃតណ្ហា មិនមានប្រាកដឡើយ។

ចប់ សូត្រ ទី៦។

(មោគ្គល្លាន)សូត្រ ទី៧

(៧. មោគ្គល្លានសុត្តំ)

[៤៣០] គ្រានោះឯង វច្ឆគោត្តបរិព្វាជក ចូលទៅរកព្រះមហាមោគ្គល្លានដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះមហាមោគ្គល្លានដ៏មានអាយុ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យដែលគួររឭកហើយ ក៏អង្គុយក្នុងទីដ៏សមគួរ។ លុះវច្ឆគោត្តបរិព្វាជក អង្គុយក្នុងទីដ៏សមគួរហើយ បានពោលនឹងព្រះមហាមោគ្គល្លានដ៏មានអាយុ ដូច្នេះថា បពិត្រព្រះមោគ្គល្លានដ៏ចំរើន លោកទៀងឬអ្វីហ្ន៎។ ម្នាលវច្ឆៈ ពាក្យនេះ ព្រះដ៏មានព្រះភាគ មិនបានទ្រង់ព្យាករថា លោកទៀងដូច្នេះទេ។ ម្នាលអាវុសោមោគ្គល្លានដ៏ចំរើន ចុះលោកមិនទៀងទេ ឬអ្វី។ ម្នាលវច្ឆៈ ពាក្យនេះ ព្រះដ៏មានព្រះភាគ មិនទ្រង់ព្យាករថា លោកមិនទៀង ដូច្នេះទេ។ បពិត្រព្រះមោគ្គល្លានដ៏ចំរើន លោកមានទីបំផុត ឬអ្វីហ្ន៎។ ម្នាលវច្ឆៈ ពាក្យនេះ ព្រះដ៏មានព្រះភាគ មិនបានទ្រង់ព្យាករថា លោកមានទីបំផុត ដូច្នេះទេ។ បពិត្រព្រះមោគ្គល្លាន ដ៏ចំរើន ចុះលោកមិនមានទីបំផុតឬអ្វី។ ម្នាលវច្ឆៈ ពាក្យនេះ ព្រះដ៏មានព្រះភាគ មិនបានទ្រង់ព្យាករថា លោកមិនមានទីបំផុត ដូច្នេះទេ។ បពិត្រព្រះមោគ្គល្លានដ៏ចំរើន ជីវិតនោះ ក៏គឺសរីរៈនោះ ឬអ្វីហ្ន៎។ ម្នាលវច្ឆៈ ពាក្យនេះ ព្រះដ៏មានព្រះភាគ មិនបានទ្រង់ព្យាករថា ជីវិតនោះ គឺសរីរៈនោះ ដូច្នេះទេ។ បពិត្រព្រះមោគ្គល្លានដ៏ចំរើន ជីវិត ដទៃ សរីរៈដទៃ ឬអ្វី។ ម្នាលវច្ឆៈ ពាក្យនេះ ព្រះដ៏មានព្រះភាគ មិនបានទ្រង់ព្យាករថា ជីវិតដទៃ សរីរៈដទៃ ដូច្នេះទេ។ បពិត្រព្រះមោគ្គល្លានដ៏ចំរើន សត្វស្លាប់ទៅ កើតទៀតដែរឬអ្វី។ ម្នាលវច្ឆៈ ពាក្យនេះ ព្រះដ៏មានព្រះភាគ មិនបានទ្រង់ព្យាករថា សត្វស្លាប់ទៅ កើតទៀត ដូច្នេះទេ។ បពិត្រព្រះមោគ្គល្លានដ៏ចំរើន ចុះសត្វស្លាប់ទៅ មិនកើតទៀតឬអ្វី។ ម្នាលវច្ឆៈ ពាក្យនេះ ព្រះដ៏មានព្រះភាគ ក៏មិនបានទ្រង់ព្យាករថា សត្វស្លាប់ទៅ មិនកើតទៀត ដូច្នេះទេ។ បពិត្រព្រះមោគ្គល្លានដ៏ចំរើន សត្វស្លាប់ទៅ កើតទៀតខ្លះ មិនកើតទៀតខ្លះ ឬអ្វី។ ម្នាលវច្ឆៈ ពាក្យនេះ ព្រះដ៏មានព្រះភាគ មិនបានទ្រង់ព្យាករថា សត្វស្លាប់ទៅ កើតទៀតខ្លះ មិនកើតទៀតខ្លះ ដូច្នេះទេ។ បពិត្រព្រះមោគ្គល្លានដ៏ចំរើន សត្វស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀត ក៏មិនមែនឬអ្វី។ ម្នាលវច្ឆៈ ពាក្យនេះ ព្រះដ៏មានព្រះភាគ ក៏មិនបានទ្រង់ព្យាករថា សត្វស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀត ក៏មិនមែន ដូច្នេះទេ។

[៤៣១] បពិត្រព្រះមោគ្គល្លានដ៏ចំរើន ហេតុដូចម្តេចហ្ន៎ បច្ច័យដូចម្តេចហ្ន៎ កាលបើអន្យតិរ្ថិយបរិព្វាជក ត្រូវគេសួរយ៉ាងហ្នឹងហើយ ទើបមានពាក្យដោះស្រាយយ៉ាងនេះថា លោកទៀងក្តី ថាលោកមិនទៀងក្តី ថាលោកមានទីបំផុតក្តី ថាលោកមិនមានទីបំផុតក្តី ថាជីវិតនោះ គឺសរីរៈនោះក្តី ថាជីវិតដទៃ សរីរៈដទៃក្តី ថាសត្វស្លាប់ទៅ កើតទៀតក្តី សត្វស្លាប់ទៅ មិនកើតទៀតក្តី សត្វស្លាប់ទៅ កើតទៀតខ្លះ មិនកើតទៀតខ្លះក្តី សត្វស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀត ក៏មិនមែនក្តី។ បពិត្រព្រះមោគ្គល្លានដ៏ចំរើន ហេតុដូចម្តេច បច្ច័យដូចម្តេច កាលបើព្រះសមណគោតមត្រូវគេសួរយ៉ាងហ្នឹងហើយ ក៏មិនមានពាក្យព្យាករ យ៉ាងនេះថា លោកទៀងខ្លះ លោកមិនទៀងខ្លះ លោកមានទីបំផុតខ្លះ លោកមិនមានទីបំផុតខ្លះ ថាជីវិតនោះ គឺសរីរៈនោះខ្លះ ជីវិតដទៃ សរីរៈដទៃខ្លះ សត្វស្លាប់ទៅ កើតទៀតខ្លះ សត្វស្លាប់ទៅ មិនកើតទៀតខ្លះ សត្វស្លាប់ទៅ កើតទៀតក៏មាន មិនកើតទៀតក៏មានខ្លះ សត្វស្លាប់ទៅកើតទៀតក៏មិនមែន មិនកើតទៀត ក៏មិនមែនខ្លះ។

[៤៣២] ម្នាលវច្ឆៈ ឯពួកអន្យតិរ្ថិយបរិព្វាជក ពិចារណាឃើញនូវចក្ខុថា នុ៎ះជារបស់អាត្មាអញ នុ៎ះជាអាត្មាអញ នុ៎ះជាខ្លួនរបស់អាត្មាអញ។បេ។ ពិចារណាឃើញ នូវអណ្តាតថា នុ៎ះជារបស់អាត្មាអញ នុ៎ះជាអាត្មាអញ នុ៎ះជាខ្លួនរបស់អាត្មាអញ។បេ។ ពិចារណាឃើញ នូវចិត្តថា នុ៎ះជារបស់អាត្មាអញ នុ៎ះជាអាត្មាអញ នុ៎ះជាខ្លួនរបស់អាត្មាអញ ហេតុនោះ កាលបើពួកអន្យតិរ្ថិយបរិព្វាជក ត្រូវគេសួរយ៉ាងនេះហើយ ទើបមានពាក្យព្យាករ យ៉ាងនេះថា លោកទៀងក្តី។ បេ។ សត្វស្លាប់ទៅកើតទៀតក៏មិនមែន មិនកើតទៀត ក៏មិនមែនក្តី។ ម្នាលវច្ឆៈ ឯព្រះតថាគត ជាព្រះអរហន្តសម្មាសម្ពុទ្ធ ទ្រង់ពិចារណាឃើញ នូវចក្ខុថា នុ៎ះមិនមែនរបស់អាត្មាអញ នុ៎ះមិនមែនជាអាត្មាអញ នុ៎ះមិនមែនជាខ្លួនរបស់អាត្មាអញ។បេ។ ទ្រង់ពិចារណាឃើញ នូវអណ្តាតថា នុ៎ះមិនមែនរបស់អាត្មាអញ នុ៎ះមិនមែនជាអាត្មាអញ នុ៎ះមិនមែនជាខ្លួនរបស់អាត្មាអញ។បេ។ ទ្រង់ពិចារណាឃើញ នូវចិត្តថា នុ៎ះមិនមែនជារបស់អាត្មាអញ នុ៎ះមិនមែនជាអាត្មាអញ នុ៎ះមិនមែនជាខ្លួនរបស់អាត្មាអញ។ ព្រោះហេតុនោះ កាលបើព្រះតថាគត ត្រូវគេសួរ យ៉ាងនេះហើយ ទើបមិនមានពាក្យព្យាករ យ៉ាងនេះថា លោកទៀងខ្លះ។បេ។ សត្វស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែនខ្លះ។

[៤៣៣] គ្រានោះឯង វច្ឆគោត្តបរិព្វាជក ក្រោកចាកអាសនៈ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះដ៏មានព្រះភាគ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យដែលគួររឭកហើយ ក៏អង្គុយក្នុងទីសមគួរ។ លុះវច្ឆគោត្តបរិព្វាជក អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន លោកទៀងឬទេ។ ម្នាលវច្ឆៈ ពាក្យនេះ តថាគតមិនបានព្យាករថា លោកទៀង ដូច្នេះទេ។ បេ។ បពិត្រព្រះគោតម ដ៏ចំរើន ចុះសត្វស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀត ក៏មិនមែនឬអ្វី។ ម្នាលវច្ឆៈ ពាក្យនេះ តថាគតក៏មិនបានព្យាករថា សត្វស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀត ក៏មិនមែន ដូច្នេះទេ។ បពិត្រព្រះគោតមដ៏ចំរើន ហេតុដូចម្តេចហ្ន៎ បច្ច័យដូចម្តេចហ្ន៎ កាលបើពួកអន្យតិរ្ថិយបរិព្វាជក ត្រូវគេសួរយ៉ាងនេះហើយ ទើបមានពាក្យព្យាករយ៉ាងនេះថា លោកទៀងក្តី។ បេ។ ថាសត្វស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀត ក៏មិនមែនក្តី។ បពិត្រព្រះគោតមដ៏ចំរើន ចុះហេតុដូចម្តេច បច្ច័យដូចម្តេច កាលបើព្រះគោតមដ៏ចំរើន ត្រូវគេសួរ យ៉ាងនេះហើយ មិនមានពាក្យព្យាករយ៉ាងនេះថា លោកទៀងខ្លះ។ បេ។ ថាសត្វស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែនខ្លះ។

[៤៣៤] ម្នាលវច្ឆៈ ពួកអន្យតិរ្ថិយបរិព្វាជក រមែងពិចារណាឃើញ នូវចក្ខុថា នុ៎ះជារបស់អាត្មាអញ នុ៎ះជាអាត្មាអញ នុ៎ះជាខ្លួនរបស់អាត្មាអញ។បេ។ ពិចារណាឃើញ នូវអណ្តាតថា នុ៎ះរបស់អាត្មាអញ នុ៎ះជាអាត្មាអញ នុ៎ះជាខ្លួនរបស់អាត្មាអញ។បេ។ ពិចារណាឃើញ នូវចិត្តថា នុ៎ះរបស់អាត្មាអញ នុ៎ះជាអាត្មាអញ នុ៎ះជាខ្លួនរបស់អាត្មាអញ។ ព្រោះហេតុនោះ កាលបើពួកអន្យតិរ្ថិយបរិព្វាជក ត្រូវគេសួរយ៉ាងនេះហើយ ទើបមានពាក្យព្យាករ យ៉ាងនេះថា លោកទៀតក្តី។បេ។ ថាសត្វស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀត ក៏មិនមែនក្តី។ ម្នាលវច្ឆៈ ឯព្រះតថាគតអរហន្ត សម្មាសម្ពុទ្ធ ពិចារណាឃើញ នូវចក្ខុថា នុ៎ះមិនមែនជារបស់អាត្មាអញ នុ៎ះមិនមែនជាអាត្មាអញ នុ៎ះមិនមែនជាខ្លួនរបស់អាត្មាអញ។ បេ។ ពិចារណាឃើញនូវអណ្តាតថា នុ៎ះមិនមែនជារបស់អាត្មាអញ នុ៎ះមិនមែនជាអាត្មាអញ នុ៎ះមិនមែនជាខ្លួនរបស់អាត្មាអញ។ បេ។ ពិចារណាឃើញ នូវចិត្តថា នុះមិនមែនជារបស់អាត្មាអញ នុ៎ះមិនមែនជាអាត្មាអញ នុ៎ះមិនមែនជាខ្លួន របស់អាត្មាអញ។ ព្រោះហេតុនោះ កាលតថាគត ត្រូវគេសួរយ៉ាងនេះហើយ ទើបមិនមានពាក្យព្យាករណ៍ យ៉ាងនេះថា លោកទៀងខ្លះ ថាលោកមិនទៀងខ្លះ ថាលោកមានទីបំផុតខ្លះ ថាលោកមិនមានទីបំផុតខ្លះ ថាជីវិតនោះ គឺសរីរៈនោះខ្លះ ថាជីវិតដទៃ សរីរៈដទៃខ្លះ ថាសត្វស្លាប់ទៅ កើតទៀតខ្លះ ថាសត្វស្លាប់ទៅ មិនកើតទៀតខ្លះ ថាសត្វស្លាប់ទៅកើតទៀតក៏មាន មិនកើតទៀតក៏មានខ្លះ ថាសត្វស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀត ក៏មិនមែនខ្លះ។

[៤៣៥] បពិត្រព្រះគោតមដ៏ចំរើន អស្ចារ្យណាស់ បពិត្រព្រះគោតមដ៏ចំរើន មិនធ្លាប់មានទេ ព្រោះថាអត្ថ និងព្យញ្ជនៈ របស់ព្រះសាស្តា និងសាវក ត្រូវគ្នា ដូចគ្នា មិនខុសដោយអត្ថ និងព្យញ្ជនៈ ត្រង់បទដ៏ប្រសើរណាមួយឡើយ។ បពិត្រព្រះគោតមដ៏ចំរើន អម្បាញ់មិញនេះ ខ្ញុំព្រះអង្គ បានចូលទៅរកព្រះសមណមហាមោគ្គល្លាន ហើយបានសួរសេចក្តីនុ៎ះ ឯព្រះសមណមហាមោគ្គល្លាន បានព្យាករ នូវសេចក្តីនុ៎ះ ដោយបទនិងព្យញ្ជនៈទាំងឡាយនុ៎ះ ដល់ខ្ញុំព្រះអង្គ ដូចជាព្រះគោតមដ៏ចំរើនដែរ។ បពិត្រព្រះគោតមដ៏ចំរើន អស្ចារ្យណាស់ បពិត្រព្រះគោតមដ៏ចំរើន មិនធ្លាប់មានទេ ព្រោះថា អត្ថ និងព្យញ្ជនៈ របស់ព្រះសាស្តា និងសាវក ត្រូវគ្នាដូចគ្នា មិនខុសដោយអត្ថ និងព្យញ្ជនៈត្រង់បទដ៏ប្រសើរណាមួយឡើយ។

ចប់ សូត្រ ទី៧។

(វច្ឆគោត្ត)សូត្រ ទី៨

(៨. វច្ឆគោត្តសុត្តំ)

[៤៣៦] គ្រានោះឯង វច្ឆគោត្តបរិព្វាជក ក៏ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះដ៏មានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររឭកហើយ ក៏អង្គុយក្នុងទីសមគួរ។ លុះវច្ឆគោត្តបរិព្វាជក អង្គុយក្នុងទីសមគួរហើយ បានក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន លោកទៀងឬអ្វី។ ម្នាលវច្ឆៈ ពាក្យនេះ តថាគតមិនបានព្យាករថា លោកទៀង ដូច្នេះទេ។ បេ។ បពិត្រព្រះគោតមដ៏ចំរើន សត្វស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែនឬអ្វី។ ម្នាលវច្ឆៈ ទុកជាពាក្យនេះ តថាគតក៏មិនបានព្យាករថា សត្វស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែន ដូច្នេះទេ។ បពិត្រព្រះគោតមដ៏ចំរើន ហេតុដូចម្តេចហ្ន៎ បច្ច័យដូចម្តេចហ្ន៎ កាលបើពួកអន្យតិរ្ថិយបរិព្វាជកត្រូវគេសួរយ៉ាងនះហើយ ទើបមានពាក្យព្យាករណ៍យ៉ាងនេះថា លោកទៀងក្តី។ បេ។ ថាសត្វស្លាប់ទៅកើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែនក្តី។ បពិត្រព្រះគោតមដ៏ចំរើន ហេតុដូចម្តេច បច្ច័យដូចម្តេច កាលបើព្រះគោតមដ៏ចំរើន ត្រូវគេសួរយ៉ាងនេះហើយ ក៏មិនមានពាក្យព្យាករ យ៉ាងនេះថា លោកទៀងខ្លះ។ បេ។ ថាសត្វស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែនខ្លះ។

[៤៣៧] ម្នាលវច្ឆៈ ពួកអន្យតិរ្ថិយបរិព្វាជក រមែងពិចារណាឃើញ នូវរូប ថាជាខ្លួន ពិចារណាឃើញខ្លួន ថាមានរូបខ្លះ ពិចារណាឃើញរូបក្នុងខ្លួនខ្លះ ពិចារណាឃើញខ្លួនក្នុងរូបខ្លះ។ ពិចារណាឃើញវេទនា ថាជាខ្លួន។ បេ។ ពិចារណាឃើញសញ្ញា សង្ខារ និងវិញ្ញាណ ថាជាខ្លួន ពិចារណាឃើញខ្លួន ថាមានវិញ្ញាណខ្លះ ពិចារណាឃើញវិញ្ញាណក្នុងខ្លួនខ្លះ ពិចារណាឃើញខ្លួនក្នុងវិញ្ញាណខ្លះ។ ព្រោះហេតុនោះ កាលបើពួកអន្យតិរ្ថិយបរិព្វាជក ត្រូវគេសួរយ៉ាងនេះហើយ ទើបមានពាក្យព្យាករណ៍យ៉ាងនេះថា លោកទៀងក្តី។ បេ។ ថាសត្វស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀត ក៏មិនមែនក្តី។ ម្នាលវច្ឆៈ ព្រះតថាគត អរហន្ត សម្មាសម្ពុទ្ធ មិនពិចារណាឃើញរូប ថាជាខ្លួន មិនពិចារណាឃើញខ្លួន ថាមានរូបខ្លះ មិនពិចារណាឃើញរូបក្នុងខ្លួនខ្លះ មិនពិចារណាឃើញខ្លួន ក្នុងរូបខ្លះ។ មិនពិចារណាឃើញវេទនា ថាជាខ្លួន។ បេ។ មិនពិចារណាឃើញ សញ្ញា។ មិនពិចារណាឃើញសង្ខារទាំងឡាយ។ មិនពិចារណាឃើញវិញ្ញាណថា ជាខ្លួន មិនពិចារណាឃើញខ្លួនថាមានវិញ្ញាណខ្លះ មិនពិចារណាឃើញវិញ្ញាណក្នុង ខ្លួនខ្លះ មិនពិចារណាឃើញខ្លួនក្នុងវិញ្ញាណខ្លះ ព្រោះហេតុនោះ កាលបើព្រះតថាគត ត្រូវគេសួរយ៉ាងនេះហើយ ទើបមិនមានពាក្យព្យាករ យ៉ាងនេះថា លោកទៀងខ្លះ។ បេ។ ថាសត្វស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែនខ្លះ។

[៤៣៨] លំដាប់នោះឯង វច្ឆគោត្តបរិព្វាជក ក៏ក្រោកចាកអាសនៈ ចូលទៅរក ព្រះមហាមោគ្គល្លានដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះមហាមោគ្គល្លានដ៏មានអាយុ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររឭកហើយ ក៏អង្គុយក្នុងទីសមគួរ។ លុះវច្ឆគោត្តបរិព្វាជក អង្គុយក្នុងទីសមគួរហើយ បានសួរព្រះមហាមោគ្គល្លានដ៏មានអាយុ ដូច្នេះថា បពិត្រព្រះមោគ្គល្លានដ៏ចំរើន លោកទៀងឬអ្វីហ្ន៎។ ម្នាលវច្ឆៈ ពាក្យនេះ ព្រះដ៏មានព្រះភាគ មិនបានទ្រង់ព្យាករថា លោកទៀងដូច្នេះទេ។ បេ។ បពិត្រព្រះមោគ្គល្លានដ៏ចំរើន សត្វស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែនឬអ្វី។ ម្នាលវច្ឆៈ ទុកជាពាក្យនេះ ក៏ព្រះដ៏មានព្រះភាគ ទ្រង់មិនបានព្យាករថា សត្វស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀតក៏ មិនមែនដូច្នេះទេ។ បពិត្រព្រះមោគ្គល្លានដ៏ចំរើន ហេតុដូចម្តេចហ្ន៎ បច្ច័យដូចម្តេចហ្ន៎ កាលបើពួកអន្យតិរ្ថិយបរិព្វាជក ត្រូវគេសួរយ៉ាងនេះហើយ ទើបមានពាក្យព្យាករណ៍ យ៉ាងនេះថា លោកទៀងក្តី។បេ។ ថាសត្វស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែនក្តី។ បពិត្រព្រះមោគ្គល្លានដ៏ចំរើន ហេតុដូចម្តេច បច្ច័យដូចម្តេច កាលបើព្រះសមណគោតម ត្រូវគេសួរយ៉ាងនេះហើយ ក៏មិនមានពាក្យព្យាករណ៍យ៉ាងនេះថា លោកទៀងខ្លះ។ បេ។ ថាសត្វស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែនខ្លះ។

[៤៣៩] ម្នាលវច្ឆៈ ពួកអន្យតិរ្ថិយបរិព្វាជក រមែងពិចារណាឃើញរូប ថាជាខ្លួន ពិចារណាឃើញខ្លួនថាមានរូបខ្លះ ពិចារណាឃើញរូបក្នុងខ្លួនខ្លះ ពិចារណាឃើញខ្លួនក្នុងរូបខ្លះ។ ពិចារណាឃើញវេទនាថាជាខ្លួន។ បេ។ ពិចារណាឃើញសញ្ញា សង្ខារទាំងឡាយ និងវិញ្ញាណ ថាជាខ្លួនខ្លះ ពិចារណាឃើញខ្លួន ថាមានវិញ្ញាណខ្លះ ពិចារណាឃើញវិញ្ញាណក្នុងខ្លួនខ្លះ ពិចារណាឃើញខ្លួនក្នុងវិញ្ញាណខ្លះ។ ព្រោះហេតុនោះ កាលបើពួកអន្យតិរ្ថិយបរិព្វាជក ត្រូវគេសួរយ៉ាងនេះហើយ ទើបមានពាក្យព្យាករណ៍ យ៉ាងនេះថា លោកទៀងក្តី។បេ។ ថាសត្វស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀត ក៏មិនមែនក្តី។ ម្នាលវច្ឆៈ ឯព្រះតថាគត អរហន្ត សម្មាសម្ពុទ្ធ មិនពិចារណាឃើញរូប ថាជាខ្លួន មិនពិចារណាឃើញខ្លួន ថាមានរូបខ្លះ មិនពិចារណាឃើញរូបក្នុង ខ្លួនខ្លះ មិនពិចារណាឃើញខ្លួនក្នុងរូបខ្លះ។ មិនពិចារណាឃើញវេទនា ថាជាខ្លួន។បេ។ មិនពិចារណាឃើញសញ្ញា។ មិនពិចារណាឃើញសង្ខារទាំងឡាយ។ មិនពិចារណាឃើញវិញ្ញាណ ថាជាខ្លួន មិនពិចារណាឃើញខ្លួន ថាមានវិញ្ញាណខ្លះ មិនពិចារណាឃើញវិញ្ញាណក្នុងខ្លួនខ្លះ មិនពិចារណាឃើញខ្លួនក្នុងវិញ្ញាណខ្លះ។ ព្រោះហេតុនោះ កាលព្រះតថាគត ត្រូវគេសួរ យ៉ាងនេះហើយ ទើបមិនមានពាក្យព្យាករណ៍ យ៉ាងនេះថា លោកទៀងខ្លះ ថាលោកមិនទៀងខ្លះ ថាលោកមានទីបំផុតខ្លះ ថាលោកមិនមានទីបំផុតខ្លះ ថាជីវិតនោះ គឺសរីរៈនោះខ្លះ ថាជីវិតដទៃសរីរៈដទៃខ្លះ ថាសត្វស្លាប់ទៅ កើតទៀតខ្លះ ថាសត្វស្លាប់ទៅមិនកើតទៀតខ្លះ ថាសត្វស្លាប់ទៅ កើតទៀតក៏មាន មិនកើតទៀតក៏មានខ្លះ ថាសត្វស្លាប់ទៅកើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែនខ្លះ។

[៤៤០] បពិត្រព្រះមោគ្គល្លានដ៏ចំរើន អស្ចារ្យណាស់ បពិត្រព្រះមោគ្គល្លានដ៏ចំរើន មិនធ្លាប់មានទេ ព្រោះថាអត្ថ និងព្យញ្ជនៈ របស់ព្រះសាស្តា និងសាវក ត្រូវគ្នាដូចគ្នា មិនខុសដោយអត្ថ និងព្យញ្ជនៈ ត្រង់បទដ៏ប្រសើរណាមួយឡើយ។ បពិត្រព្រះមោគ្គល្លានដ៏ចំរើន អម្បាញ់មិញនេះ ខ្ញុំព្រះករុណា បានចូលទៅគាល់ព្រះសមណគោតម បានទូលសួរសេចក្តីនុ៎ះរួចហើយ ឯព្រះសមណគោតម ក៏ទ្រង់ព្យាករនូវសេចក្តីនុ៎ះ ដល់ខ្ញុំព្រះករុណា ដោយបទ និងព្យញ្ជនៈទាំងឡាយនេះ ដូចជាព្រះមោគ្គល្លានដ៏ចំរើន សំដែងប្រាប់ដល់ខ្ញុំដែរ។ បពិត្រព្រះមោគ្គល្លានដ៏ចំរើន អស្ចារ្យណាស់ បពិត្រព្រះមោគ្គល្លានដ៏ចំរើន មិនធ្លាប់មានទេ ព្រោះថា អត្ថ និងព្យញ្ជនៈរបស់ព្រះសាស្តា និងសាវក ត្រូវគ្នាដូចគ្នា មិនខុសដោយអត្ថ និងព្យញ្ជនៈ ត្រង់បទដ៏ប្រសើរណាមួយឡើយ។

ចប់ សូត្រ ទី៨។

(កុតូហលសាលា)សូត្រ ទី៩

(៩. កុតូហលសាលាសុត្តំ)

[៤៤១] គ្រានោះឯង វច្ឆគោត្តបរិព្វាជក ក៏ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះដ៏មានព្រះភាគ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យដែលគួររឭកហើយ ក៏អង្គុយក្នុងទីសមគួរ។ លុះវច្ឆគោត្តបរិព្វាជក អង្គុយក្នុងទីសមគួរហើយ បានក្រាបបង្គំទូលព្រះដ៏មានព្រះភាគដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន កាលពីថ្ងៃមុន ៗ មក មានពួកសមណព្រាហ្មណ៍និងបរិព្វាជក ជាអន្យតិរ្ថិយ មានចំនួនច្រើន អង្គុយប្រជុំគ្នា ក្នុងកុតុហលសាលា មានអន្តរាកថា (ពាក្យជាចន្លោះ) កើតឡើង ដូច្នេះថា គ្រូឈ្មោះ បូរណកស្សបនេះ ជាមេពួក ជាមេគណៈ ជាគណាចារ្យ មានឈ្មោះល្បីល្បាញ មានយស ជាមេលទ្ធិ ដែលជនច្រើនសន្មតថាជាមនុស្សល្អ គ្រូឈ្មោះ បូរណកស្សបនោះ តែងព្យាករសាវក ដែលធ្វើមរណកាលកន្លងហួសទៅហើយ ក្នុងកំណើតទាំងឡាយថា សាវកឯណោះ ទៅកើតក្នុងភពឯណោះ សាវកឯណោះ ទៅកើតក្នុងភពឯណោះ។ សាវកឯណា របស់គ្រូឈ្មោះបូរណកស្សបនោះ ជាឧត្តមបុរស ជាបុរសដ៏ប្រសើរក្រៃលែង ដល់នូវចំណែកនៃគុណ ដ៏ប្រសើរក្រៃលែង គ្រូឈ្មោះបូរណកស្សប ក៏ព្យាករសាវក ដែលធ្វើមរណកាលកន្លងទៅហើយនោះ ក្នុងកំណើតទាំងឡាយថា សាវកឯណោះ ទៅកើតក្នុងភព ឯណោះ សាវកឯណោះ ទៅកើតក្នុងភពឯណោះ។ គ្រូឈ្មោះ មក្ខលិគោសាលនេះ ក្តី។ គ្រូឈ្មោះ និគណ្ឋនាដបុត្តនេះក្តី។ គ្រូឈ្មោះ សញ្ជយវេលដ្ឋបុត្តនេះក្តី។ គ្រូឈ្មោះ បកុធកច្ចានៈនេះក្តី។ គ្រូឈ្មោះ អជិតកេសកម្ពលនេះក្តី ក៏ជាមេពួក ជាមេគណៈ ជាគណាចារ្យ មានឈ្មោះល្បីល្បាញ មានយស ជាមេលទ្ធិ ដែលជនច្រើនសន្មតថាជាមនុស្សល្អ ឯគ្រូឈ្មោះ អជិតកេសកម្ពលនោះ ក៏ព្យាករសាវក ដែលធ្វើមរណកាលកន្លងហួសទៅហើយ ក្នុងកំណើតទាំងឡាយថា សាវកឯណោះ ទៅកើតក្នុងភពឯណោះ សាវកឯណោះ ទៅកើតក្នុងភពឯណោះ។ ឯសាវកឯណា របស់គ្រូឈ្មោះអជិតកេសកម្ពលនោះ ជាឧត្តមបុរស ជាបុរសដ៏ប្រសើរក្រៃលែង ដល់នូវចំណែកនៃគុណ ដ៏ប្រសើរក្រៃលែង ក៏ព្យាករនូវសាវកនោះ ដែលធ្វើមរណកាលកន្លងហួសទៅហើយ ក្នុងកំណើតទាំងឡាយថា សាវកឯណោះ ទៅកើតក្នុងភពឯណោះ សាវកឯណោះ ទៅកើតក្នុងភពឯណោះ។ ចំណែកខាងព្រះសមណគោតមនេះសោតទៀត ក៏ជាមេពួក មេគណៈ ជាគណាចារ្យ មានព្រះនាមល្បីល្បាញ ព្រះអង្គមានយស ជាមេលទ្ធិ ដែលជនច្រើនសន្មតថាជាសប្បុរស ព្រះអង្គសោត ក៏ទ្រង់ព្យាករនូវសាវក ដែលធ្វើមរណកាលកន្លងហួសទៅហើយ ក្នុងកំណើតទាំងឡាយថា សាវកឯណោះ ទៅកើតក្នុងភពឯណោះ សាវកឯណោះ ទៅកើតក្នុងភពឯណោះ។ ក៏ឯសាវកឯណា របស់ព្រះអង្គ ជាឧត្តមបុរស។បេ។ ទ្រង់ព្យាករថា សាវកឯណោះ ទៅកើតក្នុងភព ឯណោះ សាវកឯណោះ ទៅកើតក្នុងភពឯណោះ។ មួយវិញទៀត ព្រះសមណគោតម ទ្រង់ព្យាករ នូវសាវកនោះ យ៉ាងនេះថា សាវកនេះបានផ្តាច់បង់នូវតណ្ហា គាស់រំលើងនូវសញ្ញោជនៈ ហើយធ្វើនូវទីបំផុត នៃសេចក្តីទុក្ខ ព្រោះត្រាស់ដឹងនូវមានះបានដោយល្អ។ បពិត្រព្រះគោតមដ៏ចំរើន ខ្ញុំព្រះអង្គ មានសេចក្តីសង្ស័យ មានសេចក្តីងឿងឆ្ងល់ថា ព្រះធម៌ដែលព្រះសមណគោតម ទ្រង់កំណត់ដឹង ដោយប្រការដូចម្តេច។

[៤៤២] ម្នាលវច្ឆៈ អ្នកឯងគួរមានសេចក្តីសង្ស័យ គួរមានសេចក្តីងឿងឆ្ងល់ មួយវិញទៀត សេចក្តីងឿងឆ្ងល់កើតឡើង ដល់អ្នកឯង ក្នុងហេតុ ដែលគួរងឿងឆ្ងល់មែន។ ម្នាលវច្ឆៈ តថាគត បញ្ញត្តនូវកំណើត នៃសត្វដែលមានឧបាទាន មិនបញ្ញត្តនូវកំណើតនៃសត្វ ដែលមិនមានឧបាទានឡើយ។ ម្នាលវច្ឆៈ ដូចភ្លើងមានឧបាទាន តែងឆេះភ្លឺរុងរឿង មិនមានឧបាទាន មិនឆេះភ្លឺរុងរឿង យ៉ាងណា ម្នាលវច្ឆៈ តថាគត បញ្ញត្តនូវកំណើតនៃសត្វ ដែលមានឧបាទាន មិនបញ្ញត្តនូវកំណើត នៃសត្វដែលមិនមានឧបាទានឡើយ ក៏យ៉ាងនោះដែរ។ បពិត្រព្រះគោតមដ៏ចំរើន សម័យណា អណ្តាតភ្លើង ដែលត្រូវខ្យល់បក់ រមែងទៅកាន់ទីឆ្ងាយ ចុះព្រះគោតមដ៏ចំរើន ទ្រង់បញ្ញត្តនូវអ្វី ថាជាឧបាទាន នៃអណ្តាតភ្លើងនេះ។ ម្នាលវច្ឆៈ សម័យណា អណ្តាតភ្លើងដែលត្រូវខ្យល់បក់ រមែងទៅកាន់ទីឆ្ងាយ តថាគតក៏បញ្ញត្តនូវអណ្តាតភ្លើងនោះថា មានខ្យល់ជាឧបាទាន ម្នាលវច្ឆៈ ព្រោះថា ខ្យល់ជាឧបាទាន នៃភ្លើងនោះ តែងមានក្នុងសម័យនោះ។ បពិត្រព្រះគោតមដ៏ចំរើន សត្វតែងដាក់ចុះនូវកាយនេះ មិនចូលទៅកាន់កាយណាមួយ មានក្នុងសម័យណា។ ចុះព្រះគោតមដ៏ចំរើន ទ្រង់បញ្ញត្តនូវអ្វី ថាជាឧបាទាននៃកាយនេះ។ ម្នាលវច្ឆៈ សត្វដាក់ចុះនូវកាយនេះ មិនចូលទៅកាន់កាយណាមួយ មានក្នុងសម័យណា តថាគត ក៏ពោលនូវកាយនោះ ថា មានតណ្ហាជាឧបាទាន ម្នាលវច្ឆៈ ព្រោះថាតណ្ហាជាឧបាទាននៃកាយ រមែងមានក្នុងសម័យនោះ។

ចប់ សូត្រ ទី៩។

(អានន្ទ)សូត្រ ទី១០

(១០. អានន្ទសុត្តំ)

[៤៤៣] គ្រានោះឯង វច្ឆគោត្តបរិព្វាជក ក៏ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះដ៏មានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររឭកហើយ ក៏អង្គុយក្នុងទីដ៏សមគួរ។ លុះវច្ឆគោត្តបរិព្វាជក អង្គុយក្នុងទីដ៏សមគួរហើយ ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន ខ្លួនមានដែរឬហ្ន៎។ ព្រះដ៏មានព្រះភាគ កាលដែលវច្ឆគោត្តបរិព្វាជក ក្រាបបង្គំទូលសួរ យ៉ាងនេះហើយ ព្រះអង្គទ្រង់នៅស្ងៀម។ បពិត្រព្រះគោតមដ៏ចំរើន ចុះខ្លួនមិនមានទេឬអ្វី។ ព្រះដ៏មានព្រះភាគ ទ្រង់នៅស្ងៀមអស់វារៈ ជាគម្រប់ ២។ គ្រានោះឯង វច្ឆគោត្តបរិព្វាជក ក៏ក្រោកចាកអាសនៈ ដើរចេញទៅ។

[៤៤៤] លំដាប់នោះឯង ព្រះអានន្ទដ៏មានអាយុ កាលដែលវច្ឆគោត្តបរិព្វាជកដើរចេញទៅ មិនយូរប៉ុន្មាន បានក្រាបបង្គំទូលសួរព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ព្រះដ៏មានព្រះភាគ កាលវច្ឆគោត្តបរិព្វាជក ទូលសួរប្រស្នា ព្រះអង្គមិនទ្រង់ព្យាករ ដល់វច្ឆគោត្តបរិព្វាជក តើព្រោះហេតុអ្វីហ្ន៎។ ម្នាលអានន្ទ ក៏ឯតថាគត កាលបើវច្ឆគោត្តបរិព្វាជក សួរថា ខ្លួនមានដែរឬ គប្បីព្យាករដល់វច្ឆគោត្តបរិព្វាជកថាខ្លួនមាន។ ម្នាលអានន្ទ ពួកសមណព្រាហ្មណ៍ទាំងអម្បាលម៉ាន ដែលជាសស្សតវាទ ការព្យាករណ៍នេះ មុខជានឹងមានជាមួយនឹងពួកសមណព្រាហ្មណ៍ ជាសស្សតវាទទាំងនោះហើយ។ ម្នាលអានន្ទ ក៏ឯតថាគត កាលបើវច្ឆគោត្តបរិព្វាជក សួរថា ខ្លួនគ្មានទេឬ គប្បីព្យាករដល់វច្ឆគោត្តបរិព្វាជកថា ខ្លួនគ្មានទេ។ ម្នាលអានន្ទ ពួកសមណព្រាហ្មណ៍ទាំងអម្បាលម៉ាន ដែលជាឧច្ឆេទវាទ សេចក្តីព្យាករនេះ មុខជានឹងមានជាមួយនឹងពួកសមណព្រាហ្មណ៍ ជាឧច្ឆេទវាទទាំងនោះហើយ។ ម្នាលអានន្ទ ក៏ឯតថាគត កាលបើវច្ឆគោត្តបរិព្វាជកសួរថា ខ្លួនមានដែរឬ គប្បីព្យាករដល់វច្ឆគោត្តបរិព្វាជកថា ខ្លួនមាន។ ម្នាលអានន្ទ ចុះពាក្យព្យាករណ៍នេះ ជាការប្រព្រឹត្តទៅ ដ៏សមគួរ ដើម្បីឲ្យកើតញាណថា ធម៌ទាំងឡាយទាំងពួង ជាអនត្តា ដូច្នេះដែរឬទេ។ បពិត្រព្រះអង្គដ៏ចំរើន ដំណើរនោះ មិនមានទេ។ ម្នាលអានន្ទ ក៏ឯតថាគត កាលបើវច្ឆគោត្តបរិព្វាជកសួរថា ខ្លួនគ្មានទេឬ គប្បីព្យាករថា ខ្លួនគ្មាន។ ម្នាលអានន្ទ ពាក្យព្យាករណ៍នុ៎ះ នឹងប្រព្រឹត្តទៅ ដើម្បីសេចក្តីវង្វេងជ្រុល ដល់វច្ឆគោត្តបរិព្វាជក ជាអ្នកវង្វេងស្រាប់ថា ខ្លួនរបស់អាត្មាអញ កាលពីមុន មានដោយពិតហើយ ខ្លួននោះមិនមានក្នុងកាលឥឡូវនេះទេ។

ចប់ សូត្រ ទី១០។

(សភិយកច្ចាន)សូត្រ ទី១១

(១១. សភិយកច្ចានសុត្តំ)

[៤៤៥] សម័យមួយ ព្រះសភិយកច្ចានដ៏មានអាយុ នៅក្នុងរោងដែលគេសង់ដោយឥដ្ឋ ក្នុងញាតិកគ្រាម។ គ្រានោះ វច្ឆគោត្តបរិព្វាជក ចូលទៅរកព្រះសភិយកច្ចានដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយជាមួយនឹងព្រះសភិយកច្ចានដ៏មានអាយុ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យដែលគួររឭកហើយ ក៏អង្គុយក្នុងទីសមគួរ។ លុះវច្ឆគោត្តបរិព្វាជក អង្គុយក្នុងទីសមគួរហើយ ក៏សួរព្រះសភិយកច្ចានដ៏មានអាយុ ដូច្នេះថា បពិត្រព្រះកច្ចានៈដ៏ចំរើន សត្វស្លាប់ទៅកើតទៀតដែរឬទេ។ ម្នាលវច្ឆៈ ពាក្យនុ៎ះ ព្រះដ៏មានព្រះភាគ ទ្រង់មិនព្យាករថា សត្វស្លាប់ទៅ កើតទៀតដូច្នេះទេ។ បពិត្រព្រះកច្ចានៈដ៏ចំរើន ចុះសត្វស្លាប់ទៅ មិនកើតទៀតទេឬអ្វី។ ម្នាលវច្ឆៈ ទុកជាពាក្យនេះ ព្រះដ៏មានព្រះភាគ មិនបានទ្រង់ព្យាករថា សត្វស្លាប់ទៅមិនកើតទៀត ដូច្នេះទេ។ បពិត្រព្រះកច្ចានៈដ៏ចំរើន សត្វស្លាប់ទៅកើតទៀតខ្លះ មិនកើតទៀតខ្លះ ឬអ្វី។ ម្នាលវច្ឆៈ ពាក្យនេះ ព្រះដ៏មានព្រះភាគ មិនបានទ្រង់ព្យាករថា សត្វស្លាប់ទៅ កើតទៀតខ្លះ មិនកើតទៀតខ្លះ ដូច្នេះទេ។ បពិត្រព្រះកច្ចានៈដ៏ចំរើន ចុះសត្វស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀត ក៏មិនមែនឬអ្វី។ ម្នាលវច្ឆៈ ទុកជាពាក្យនេះ ព្រះដ៏មានព្រភាគ ក៏មិនបានទ្រង់ព្យាករថា សត្វស្លាប់ទៅ កើតទៀត ក៏មិនមែន មិនកើតទៀត ក៏មិនមែន ដូច្នេះទេ។ បពិត្រព្រះកច្ចានៈដ៏ចំរើន លោកកាលដែលខ្ញុំសួរថា សត្វស្លាប់ទៅ កើតទៀតឬទេ ឆ្លើយថា ម្នាលវច្ឆៈ ពាក្យនេះ ព្រះដ៏មានព្រះភាគ មិនបានទ្រង់ព្យាករថា សត្វស្លាប់ទៅកើតទៀតដូច្នេះទេ។ បពិត្រព្រះកច្ចានៈដ៏ចំរើន លោក កាលដែលខ្ញុំសួរថា សត្វស្លាប់ទៅ មិនកើតទៀតឬអ្វី ឆ្លើយថា ម្នាលវច្ឆៈ ពាក្យនេះ ព្រះដ៏មានព្រះភាគ មិនបានទ្រង់ព្យាករថា សត្វស្លាប់ទៅ មិនកើតទៀត ដូច្នេះទេ។ បពិត្រព្រះកច្ចានៈដ៏ចំរើន លោកកាលដែលខ្ញុំសួរថា សត្វស្លាប់ទៅ កើតទៀតខ្លះ មិនកើតទៀតខ្លះឬអ្វី ឆ្លើយថា ម្នាលវច្ឆៈ ពាក្យនេះ ព្រះដ៏មានព្រះភាគ មិនបានទ្រង់ព្យាករថា សត្វស្លាប់ទៅ កើតទៀតខ្លះ មិនកើតទៀតខ្លះ ដូច្នេះទេ។ បពិត្រព្រះកច្ចានៈដ៏ចំរើន លោកកាលដែលខ្ញុំសួរថា សត្វស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀត ក៏មិនមែនឬអ្វី ឆ្លើយថា ម្នាលវច្ឆៈ ទុកជាពាក្យនេះ ព្រះដ៏មានព្រះភាគ មិនបានទ្រង់ព្យាករថា សត្វស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀត ក៏មិនមែនដូច្នេះទេ។ បពិត្រព្រះកច្ចានៈដ៏ចំរើន ហេតុដូចម្តេចហ្ន៎ បច្ច័យដូចម្តេចហ្ន៎ ដែលនាំឲ្យព្រះសមណគោតម មិនទ្រង់ព្យាករនូវពាក្យនេះ។ ម្នាលវច្ឆៈ ហេតុនិងបច្ច័យឯណា ដែលបញ្ញត្តថា សត្វ មានរូបដូច្នេះក្តី មិនមានរូបដូច្នេះក្តី មានសញ្ញាដូច្នេះក្តី មិនមានសញ្ញាដូច្នេះក្តី មានសញ្ញាក៏មិនមែន មិនមានសញ្ញា ក៏មិនមែនដូច្នេះក្តី ហេតុនិងបច្ច័យនោះ គប្បីរលត់ទៅមិនមានសេសសល់ សព្វប្រការទាំងពួង សព្វអាការទាំងពួង។ ហេតុម្តេច ក៏កាលបុគ្គលបញ្ញត្តនូវហេតុ និងបច្ច័យនោះ ទើបបញ្ញត្តថា សត្វមានរូបដូច្នេះខ្លះ មិនមានរូបដូច្នេះខ្លះ មានសញ្ញាដូច្នេះខ្លះ មិនមានសញ្ញាដូច្នេះខ្លះ មានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែនដូច្នេះខ្លះ។ បពិត្រព្រះកច្ចានៈដ៏ចំរើន លោកបួសបានប៉ុន្មានវស្សាហើយ។ ម្នាលអាវុសោ អាត្មាបួសមិនទាន់បានយូរប៉ុន្មានទេ ទើបនឹងបាន ៣ វស្សាប៉ុណ្ណោះ។ ម្នាលអាវុសោ ពាក្យព្យាករណ៍ មានប្រមាណប៉ុណ្ណេះ ដោយកាលមានប្រមាណប៉ុណ្ណេះ គប្បីមានដល់បុគ្គលណា ពាក្យព្យាករណ៍នោះ ឈ្មោះថាមានច្រើនដល់បុគ្គលនោះ នឹងបាច់ពោលទៅថ្វី ក្នុងពាក្យព្យាករណ៍ដ៏ច្បាស់លាស់យ៉ាងនេះ។

ចប់ សូត្រ ទី១១។

ចប់ អព្យាកតសំយុត្ត។

ឧទ្ទាននៃអព្យាកតសយុត្តនោះគឺ

ពោលអំពីនាងខេមាថេរី ១ អំពីអនុរាធត្ថេរ ១ អំពីព្រះសារីបុត្ត មាន ៣ លើក អំពីព្រះមហាកោដ្ឋិត ១ អំពីព្រះមហាមោគ្គល្លាន ១អំពីវច្ឆគោត្តបរិព្វាជក ១ អំពីពួកសមណព្រាហ្មណ៍ប្រជុំគ្នា ក្នុងកុតុហលសាលា ១ អំពីព្រះអានន្ទដ៏មានអាយុ ១ អំពីព្រះសភិយកច្ចានៈ ១ ជាគម្រប់ ១១។

ចប់ សឡាយតនវគ្គសំយុត្ត។

ឧទ្ទាននៃសឡាយតនវគ្គនោះគឺ

សឡាយតនសំយុត្ត ១ វេទនាសំយុត្ត ១ មាតុគ្គាមសំយុត្ត ១ ជម្ពុខាទកសំយុត្ត ១ សាមណ្ឌកសំយុត្ត ១ មោគ្គល្លានសំយុត្ត ១ចិត្តគហបតិបុច្ឆាសំយុត្ត ១ គាមណិសំយុត្ត ១ អសង្ខតសំយុត្ត ១អព្យាកតសំយុត្ត ១ រួមជា ១០។

មាតិកា

លេខ ទំព័រ លេខ​សម្គាល់
សុត្តន្តបិដក sut
សំយុត្តនិកាយ sut.sn
សឡាយតនវគ្គ អដ្ឋមភាគ sut.sn.v4
វេទនាសំយុត្ត sut.sn.36
បឋមកសគាថវគ្គ sut.sn.36.v01
រហោគតវគ្គ ៣០ sut.sn.36.v02
អដ្ឋសតបរិយាយវគ្គ ៦១ sut.sn.36.v03
មាតុគ្គាមសំយុត្ត ៨២ sut.sn.37
បេយ្យាលវគ្គ ៨២ sut.sn.37.v01
(ទុតិយបេយ្យាលវគ្គ ទី២) ? sut.sn.37.v02
មាតុគ្គាមពលវគ្គ ទី២(៣) ៩៦ sut.sn.37.v03
ជម្ពុខាទកសំយុត្ត ១០៨ sut.sn.38
សាមណ្ឌកសំយុត្ត ១២៧ sut.sn.39
មោគ្គល្លានសំយុត្ត ១៣១ sut.sn.40
ចិត្តគហបតិបុច្ឆាសំយុត្ត ១៧៤ sut.sn.41
គាមណិសំយុត្ត ២២៧ sut.sn.42
អសង្ខតសំយុត្ត ៣៤៩ sut.sn.43
បឋមវគ្គ ៣៤៩ sut.sn.43.v01
ទុតិយវគ្គ ៣៥៤ sut.sn.43.v02
អព្យាកតសំយុត្ត ៣៧៦ sut.sn.44

1)
អដ្ឋកថា ថា មាតុគ្រាម តែដល់វេលាថ្ងៃត្រង់ហើយ ច្រើនមានសេចក្តីក្រោធ គ្របសង្កត់ ហើយរករឿងឈ្លោះទាស់ទែងនឹងគេ បើរករឿងឈ្លោះ ក្នុងផ្ទះខ្លួនមិនបានទេ ក៏ដើរទៅរករឿងឈ្លោះនឹងអ្នកផ្ទះជិតខាង ពុំនោះសោត គយគន់រកហេតុ ដែលប្តីឈរ ឬអង្គុយមិនត្រូវទំនង (នាំឲ្យកើតចិត្តប្រច័ណ្ឌក្តី)។
2)
ធម៌ជាហេតុនៃសញ្ញោជនៈ។
3)
រូបសេចក្តី។
4)
ជាឈ្មោះ ឬតួអក្សរ។
5)
ជាគ្រឿងទឹម។
6)
ខាងក្រោមក្តៅដោយដីខ្សាច់ ខាងលើក្តៅដោយកំដៅព្រះអាទិត្យ។
7)
សេចក្តីរលត់ នៃសញ្ញា និងវេទនា។
8)
បង្អោនទៅដើម្បីមិនឲ្យមានចិត្ត គឺមិនឲ្យមានសញ្ញា និងវេទនានោះឯង។
9)
ផ្លូវរបស់ប្រស្នាតែ១ គឺការស្វែងរកប្រស្នាតែ១។
10)
ការសួរនូវប្រស្នាតែ១ ដូចពាក្យសួរថា អ្វីដែលមានតែ១ ឬសួរថា ១ មិនដែលមាន២ គឺអ្វី។។
11)
ការដោះស្រាយ នូវប្រស្នាតែ១ ដូចពាក្យថា សត្វទាំងពួង រស់នៅដោយអាហារ។
12)
ទេវតា ដែលអាស្រ័យនៅឰដ៏សួនឈើមានផ្កា សួរឈើមានផ្លែ។
13)
ទេវតា ដែលអាស្រ័យនៅឰដ៏ដងព្រៃ។
14)
ទេវតា ដែលអាស្រ័យឰដ៏ដើមឈើធំ។
15)
អ្នកធំក្នុងស្រុក។
16)
ជាមនុស្សកាច។
17)
អ្នកធំក្នុងស្រុក ជាអ្នកលេងរបាំ។
18)
អ្នកធំក្នុងស្រុក ជាអ្នកចិញ្ចឹមជីវិតដោយចម្បាំង (មេទាហាន)។
19)
អ្នកធំក្នុងស្រុក ជាអ្នកកាន់កាប់ការខាងដំរី (មេពលដំរី)។
20)
ធុញថប់ដោយហេតុ២យ៉ាង គឺ ធុញថប់ថា យើងនឹងរស់ដែរឬ ១ ធុញថប់ថា យើងនឹងមិនរស់ទេ ១។
21)
មនុស្សអ្នកស្រុកនាឡន្ទា អត់បាយ ស្លាប់ចោលឆ្អឹងសដេរដាស។
22)
សំទូងដែលគេស្ទូង ក៏មិនលូតលាស់ល្អ។ អដ្ឋកថា។
23)
អន្តរាកថា គឺពាក្យជាចន្លោះនៃគុណធម៌ មានកម្មដ្ឋានមនសិការ ឬបាលី និងអដ្ឋកថា ជាដើម។ អដ្ឋកថា។
24)
កុមារនេះ ជាកូនរបស់គន្ធភកគាមណីនោះ ដែលនៅរៀនសិល្បសាស្ត្រឯនគរក្រៅ។ អដ្ឋកថា។
25)
អដ្ឋកថា កែត្រង់ធម្មសមាធិ និងចិត្តសមាធិនេះជា ៣ ន័យ ន័យទី១ថា ទសកុសលកម្មបថធម៌ ឈ្មោះថា ធម្មសមាធិ មគ្គទាំង៤ ព្រមទាំងវិបស្សនា ឈ្មោះថា ចិត្តសមាធិ។ ន័យទី២ថា ធម៌ ៤យ៉ាង គឺ បាមោជ្ជៈ បីតិ បស្សទ្ធិ សមាធិ ឈ្មោះថា ធម្មសមាធិ មគ្គទាំង៤ ព្រមទាំងវិបស្សនា ឈ្មោះថា ចិត្តសមាធិ។ ន័យទី៣ថា ព្រហ្មវិហារទាំង៤ ឈ្មោះថា ធម្មសមាធិ ឯកគ្គតាចិត្ត ដែលកើតឡើង ដល់បុគ្គលកំពុងចំរើនព្រហ្មវិហារ ឈ្មោះថា ចិត្តសមាធិ។
26)
អដ្ឋកថាពន្យល់ថា ត្រូវសំឡឹងយក នូវអារម្មណ៍ទាំង៣៨ ដោយអារម្មណូបនិជ្ឈានផង សំឡឹងយកនូវអាយតនៈទាំងឡាយ មានខន្ធាយតនៈ ជាដើម ដោយអនិច្ចាទិលក្ខណៈ ដោយលក្ខណូបនិជ្ឈានផង រួមសេចក្តីថា អ្នកទាំងឡាយ ត្រូវខំចំរើននូវសមថៈ និងវិបស្សនា។
27)
មិនមានសេចក្តីត្រេកអរដោយតណ្ហា។ អដ្ឋកថា។
km/tipitaka/book_036.txt · ពេលកែចុងក្រោយ: 2023/04/04 10:53 និពន្ឋដោយ Johann