User Tools

Site Tools


Translations of this page?:
km:tipitaka:book_039

មាតិកា

-Namo tassa bhagavato arahato sammā-
ព្រះត្រៃបិដកភាសាខ្មែរ - Tipiṭaka Khmer language
ភាគ ៣៩ - Book 39

Ven. Members of the Sangha, Ven. Theras Valued Upasaka, valued Upasika This is a Work Edition! 1.Edition 20170101 Do not share it further except for editing and working purposes within the transcription project on sangham.net. Only for personal use. If you find any mistake or like to join the merits please feel invited to join here: sangham.net or Upasika Norum on sangham.net Anumodana!

សូម​ថ្វាយបង្គំ​ចំពោះ​ព្រះសង្ឃ, ជំរាបសួរ​ឧបាសក និង​ឧបាសិកា​ទាំង​អស់ នេះ​គឺ​ជា​សេចក្តី​ព្រាងច្បាប់​ការ​បោះ​ពុម្ព​ផ្សាយ! 1.Edition 20170101 សូម​កុំ​ចែក​រំលែក​បន្ថែម​ទៀត ប្រសិន​បើ​មិន​មែន​សម្រាប់​ការ​កែសម្រួល​នៅ sangham.net និង​កិច្ច​ការ​នេះ។ សូម​គិត​ថា​លោក​អ្នក​ត្រូវ​បាន​អញ្ជើញ​ដើម្បី​ចូល​រួម​បុណ្យកុសល​នេះ និង​​សូមប្រាប់​ពួក​យើង​អំពី​កំហុស និង​ប្រើវេទិកា​នេះ: sangham.net ឬ​ប្រាប់​ឧបាសិកា Norum នៅ​លើ sangham.net សូម​អនុមោទនា!

A topic about progress and feedback can be found here: ព្រះត្រៃបិដក ភាគ ០៣៩ - Tipitaka Book 039, for change log on ati.eu see here: រាយការណ៍ ភាគ ០៣៩



book_039.jpg

គំរូ ឯកសារ ផ្សេងទៀត ៖
book_039.pdf

លេខសម្គាល់
លេខទំព៍រ

ព្រះត្រៃបិដក ភាគ ទី ៣៩

ទ. 1

សុត្តន្តបិដក

សំយុត្តនិកាយ

មហាវារវគ្គ

(មហាវគ្គោ)

ឯកាទសមភាគ

នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស។

ខ្ញុំ​សូម​នមស្ការ ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ ជា​អរហន្ត​សម្មាសម្ពុទ្ធ ព្រះ​អង្គ​នោះ​។

ឈានសំយុត្ត (ទី៩)

(៩. ឈានសំយុត្តំ)

(គង្គាបេយ្យាលវគ្គ ទី១)

(១. គង្គាបេយ្យាលវគ្គោ)

(ឈានាទិសុត្តទ្វាទសកៈ ទី១)

(១-១២. ឈានាទិសុត្តទ្វាទសកំ)

[១] ក្រុងសាវត្ថី។ ក្នុងទីនោះឯង ព្រះដ៏មានព្រះភាគត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ឈាននេះ មាន ៤ ប្រការ។ ឈាន ៤ ប្រការ គឺអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ស្ងប់ស្ងាត់ចាកកាមទាំងឡាយ ស្ងប់ស្ងាត់ចាកអកុសលធម៌ទាំងឡាយ ក៏ចូលកាន់បឋមជ្ឈាន ប្រកបដោយវិតក្កៈ និងវិចារៈ មានតែបីតិ និងសុខ ដែលកើតអំពីសេចក្ដីស្ងប់ស្ងាត់ ភិក្ខុនោះ ព្រោះរម្ងាប់វិតក្កៈ និងវិចារៈ ក៏ចូលកាន់ទុតិយជ្ឈាន ដែលកើតក្នុងសន្តាន ជាទីផូរផង់ មានសភាពជាចិត្តខ្ពស់ឯក គ្មានវិតក្កៈ និងវិចារៈ មានតែបីតិ និងសុខ ដែលកើតអំពីសមាធិ ភិក្ខុនោះ ព្រោះប្រាសចាកបីតិផង ជាអ្នកប្រកបដោយឧបេក្ខាផង មានស្មារតីផង ដឹងខ្លួន សោយសុខដោយនាមកាយផង ព្រះអរិយៈទាំងឡាយ តែងសរសើរនូវបុគ្គល ដែលបានតតិយជ្ឈាន ថាជាអ្នកប្រកបដោយឧបេក្ខា មានស្មារតី មានធម៌ជាគ្រឿងនៅជាសុខ ដូច្នេះ ព្រោះតតិយជ្ឈានឯណា ក៏ចូលកាន់តតិយជ្ឈាននោះ ភិក្ខុនោះ ព្រោះលះបង់ នូវសេចក្ដីសុខផង លះបង់នូវសេចក្ដីទុក្ខផង មានសោមនស្ស និងទោមនស្សអស់ទៅ ក្នុងកាលមុនផង ក៏ចូលកាន់ចតុត្ថជ្ឈាន ជាធម្មជាត មានអារម្មណ៍ មិនមែនជាទុក្ខ មិនមែនជាសុខ គឺជាឧបេក្ខា មានសតិ ដ៏បរិសុទ្ធ ដោយឧបេក្ខា។ ម្នាលភិក្ខុទាំងឡាយ ឈាន មាន ៤ ប្រការ នេះឯង។

[២] ម្នាលភិក្ខុទាំងឡាយ ដូចទន្លេគង្គា មានទំនាបទៅខាងកើត មានជម្រាលទៅ ខាងកើត ឈមទៅខាងកើត យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុចំរើននូវឈាន ទាំង៤ ធ្វើឲ្យច្រើន នូវឈានទាំង៤ រមែងបង្អោនទៅរកព្រះនិព្វាន សសៀរទៅរកព្រះនិព្វាន ជម្រាលទៅរកព្រះនិព្វាន ក៏យ៉ាងនោះឯង។

[៣] ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុចំរើននូវឈាន ទាំង៤ ធ្វើឲ្យច្រើន នូវឈាន ទាំង៤ រមែងបង្អោនទៅរកព្រះនិព្វាន សសៀរទៅរកព្រះនិព្វាន ជម្រាលទៅរកព្រះនិព្វាន តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ស្ងប់ស្ងាត់ចាកកាមទាំងឡាយ ស្ងប់ស្ងាត់ ចាកអកុសលធម៌ទាំងឡាយ ចូលកាន់បឋមជ្ឈាន ប្រកបដោយវិតក្កៈ និងវិចារៈ មានតែបីតិ និងសុខ ដែលកើតអំពីសេចក្តីស្ងប់ស្ងាត់ ព្រោះរម្ងាប់វិតក្កៈវិចារៈ។ បេ។ ចូលកាន់ទុតិយជ្ឈាន។ តតិយជ្ឈាន។ ចតុត្ថជ្ឈាន។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុចំរើន នូវឈានទាំង៤ ធ្វើឲ្យច្រើននូវឈាន ទាំង៤ រមែងបង្អោនទៅរកព្រះនិព្វាន សសៀរទៅរកព្រះនិព្វាន ជម្រាលទៅរកព្រះនិព្វាន យ៉ាងនេះឯង។

(បាលីដរាបដល់ឯសនា បណ្ឌិតគប្បីឲ្យពិស្ដារ យ៉ាងនេះផងចុះ)។

[អប្បមាទវគ្គ-ពលករណីយវគ្គ-ឯសនាវគ្គ ទី២-៤]

(២-៤. អប្បមាទវគ្គោ-ពលករណីយវគ្គោ-ឯសនាវគ្គោ)

[អប្បមាទ ទី១-១០]

[១-១០. អប្បមាទ]

[អប្បមាទ ទី១-១២]

[១-១២. អប្បមាទ]

[អប្បមាទ ទី១-១០]

[១-១០. អប្បមាទ]

(ឱឃវគ្គ ទី៥)

(៥. ឱឃវគ្គោ)

(ឱឃាទិសូត្រត្តំ ទី១-១០)

(១-១០. ឱឃាទិសុត្តំ)

[៤] ម្នាលភិក្ខុទាំងឡាយ ឧទ្ធម្ភាគិយសញ្ញោជនៈនេះ មាន ៥ ប្រការ។ ចុះ ឧទ្ធម្ភាគិយសញ្ញោជនៈ ៥ ប្រការ គឺអ្វីខ្លះ។ គឺ រូបរាគ ១ អរូបរាគ ១ មានះ ១ ឧទ្ធច្ចៈ ១ អវិជ្ជា ១។ ម្នាលភិក្ខុទាំងឡាយ ឧទ្ធម្ភាគិយសញ្ញោជនៈ មាន ៥ ប្រការនេះឯង។

[៥] ម្នាលភិក្ខុទាំងឡាយ បុគ្គលគួរចំរើនឈាន ៤ ដើម្បីត្រាស់ដឹង ដើម្បីកំណត់ដឹង ដើម្បីកិរិយាអស់ទៅ ដើម្បីលះបង់ នូវឧទ្ធម្ភាគិយសញ្ញោជនៈ ៥ ប្រការនេះឯង។ ឈាន ៤ ប្រការ គឺអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ស្ងប់ស្ងាត់ ចាកកាមទាំងឡាយ ស្ងប់ស្ងាត់ ចាកអកុសលធម៌ទាំងឡាយ ចូលកាន់បឋមជ្ឈាន ប្រកបដោយវិតក្កៈ និងវិចារៈ មានតែបីតិ និងសុខ ដែលកើតអំពីសេចក្ដីស្ងប់ស្ងាត់ ព្រោះរម្ងាប់វិតក្កៈ វិចារៈ ក៏ចូលកាន់ទុតិយជ្ឈាន ដែលកើតក្នុងសន្ដាន ជាទីផូរផង់ មានសភាពជាចិត្តខ្ពស់ឯក គ្មានវិតក្កៈ និងវិចារៈ មានតែបីតិ និងសុខ ដែលកើតអំពីសមាធិ។ តតិយជ្ឈាន។ ចតុត្ថជ្ឈាន។ ម្នាលភិក្ខុទាំងឡាយ បុគ្គលគួរចំរើន នូវឈានទាំង ៤ នេះ ដើម្បីត្រាស់ដឹង ដើម្បីកំណត់ដឹង ដើម្បីកិរិយាអស់ទៅ ដើម្បីលះបង់ នូវឧទ្ធម្ភាគិយសញ្ញោជនៈ ទាំង ៥ ប្រការនេះឯង។ (គង្គាបេយ្យាល។ មគ្គសំយុត្ត ដែលយើងឲ្យពិស្ដារហើយយ៉ាងណា ឈានសំយុត្ត បណ្ឌិតគប្បីឲ្យពិស្ដារ យ៉ាងនោះចុះ ដរាបដល់បាលី ឯសនា)។

ចប់ ឈានសំយុត្ត។

អានាបានស្សតិសំយុត្ត (ទី១០)

(១០. អានាបានសំយុត្តំ)

ឯកធម្មវគ្គ ទី១

(១. ឯកធម្មវគ្គោ)

(ឯកធម្មសូត្រ ទី១)

(១. ឯកធម្មសុត្តំ)

[៦] ក្រុងសាវត្ថី។ ក្នុងទីនោះឯង។ បេ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ធម៌ ១ ដែលបុគ្គលចំរើនហើយ ធ្វើឲ្យច្រើនហើយ រមែងមានផលច្រើន មានអានិសង្សច្រើន។ ធម៌ ១ តើដូចម្ដេច។ គឺអានាបានស្សតិ។

[៧] ម្នាលភិក្ខុទាំងឡាយ ចុះអានាបានស្សតិ ដែលបុគ្គលចំរើនហើយ ធ្វើឲ្យច្រើនហើយ តើដូម្ដេច ទើបមានផលច្រើន មានអានិសង្សច្រើន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ នៅក្នុងព្រៃក្ដី នៅទៀបគល់ឈើក្ដី នៅក្នុងផ្ទះស្ងាត់ក្ដី អង្គុយពែនភ្នែន តាំងកាយឲ្យត្រង់ ផ្ចង់ស្មារតី ឲ្យមានមុខឆ្ពោះទៅរក (កម្មដ្ឋាន)។ ភិក្ខុនោះ មានសតិ ដកដង្ហើមចេញ មានសតិ ដកដង្ហើមចូល កាលដកដង្ហើមចេញវែង ដឹងច្បាស់ថា អាត្មាអញ ដកដង្ហើមចេញវែង ឬកាលដកដង្ហើមចូលវែង ដឹងច្បាស់ថា អាត្មាអញ ដកដង្ហើមចូលវែង។ កាលដកដង្ហើមចេញខ្លី ដឹងច្បាស់ថា អាត្មាអញ ដកដង្ហើមចេញខ្លី ឬកាលដកដង្ហើមចូលខ្លី ដឹងច្បាស់ថា អាត្មាអញ ដកដង្ហើមចូលខ្លី។ ភិក្ខុសិក្សាថា អាត្មាអញ កំណត់ដឹងច្បាស់នូវកាយ គឺដកដង្ហើមចេញទាំងពួង នឹងដកដង្ហើមចេញ សិក្សាថា អាត្មាអញ កំណត់ដឹងនូវកាយ គឺដកដង្ហើមចូលទាំងពួង នឹងដកដង្ហើមចូល។ សិក្សាថា អាត្មាអញ រម្ងាប់កាយសង្ខារ គឺដកដង្ហើមចេញ នឹងដកដង្ហើមចេញ សិក្សាថា អាត្មាអញ រម្ងាប់កាយសង្ខារ គឺដកដង្ហើមចូល នឹងដកដង្ហើមចូល។ ភិក្ខុសិក្សាថា អាត្មាអញ ដឹងច្បាស់នូវបីតិ នឹងដកដង្ហើមចេញ សិក្សាថា អាត្មាអញ ដឹងច្បាស់នូវបីតិ នឹងដកដង្ហើមចូល។ សិក្សាថា អាត្មាអញ ដឹងច្បាស់នូវសេចក្ដីសុខ នឹងដកដង្ហើមចេញ សិក្សាថា អាត្មាអញ ដឹងច្បាស់ នូវសេចក្តីសុខ នឹងដកដង្ហើមចូល។ សិក្សាថា អាត្មាអញ ដឹងច្បាស់ នូវចិត្តសង្ខារ គឺសញ្ញា និងវេទនា នឹងដកដង្ហើមចេញ សិក្សាថា អាត្មាអញ ដឹងច្បាស់ នូវចិត្តសង្ខារ គឺសញ្ញា និងវេទនា នឹងដកដង្ហើមចូល។ សិក្សាថា អាត្មាអញ រម្ងាប់នូវចិត្តសង្ខារ នឹងដកដង្ហើមចេញ សិក្សាថា អាត្មាអញ រម្ងាប់នូវចិត្តសង្ខារ នឹងដកដង្ហើមចូល។ សិក្សាថា អាត្មាអញ ដឹងច្បាស់នូវចិត្ត នឹងដកដង្ហើមចេញ សិក្សាថា អាត្មាអញ ដឹងច្បាស់នូវចិត្ត នឹងដកដង្ហើមចូល។ សិក្សាថា អាត្មាអញ ធ្វើចិត្តឲ្យរីករាយចំពោះ នឹងដកដង្ហើមចេញ សិក្សាថា អាត្មាអញ ធ្វើចិត្តឲ្យរីករាយចំពោះ នឹងដកដង្ហើមចូល។ សិក្សាថា អាត្មាអញ ដម្កល់ចិត្តឲ្យស្មើ (ក្នុងអារម្មណ៍) នឹងដកដង្ហើមចេញ សិក្សាថា អាត្មាអញ ដម្កល់ចិត្តឲ្យស្មើ (ក្នុងអារម្មណ៍) នឹងដកដង្ហើមចូល សិក្សាថាអាត្មាអញ ដោះចិត្តឲ្យរួច (ចាកនីវរណធម៌ ជាដើម) នឹងដកដង្ហើមចេញ សិក្សាថា អាត្មាអញ ដោះចិត្តឲ្យរួចស្រឡះ នឹងដកដង្ហើមចូល។ សិក្សាថា អាត្មាអញ ឃើញរឿយៗ នូវបញ្ចក្ខន្ធ ថាមិនទៀង នឹងដកដង្ហើមចេញ សិក្សាថា អាត្មាអញ ឃើញរឿយៗ នូវបញ្ចក្ខន្ធ ថាមិនទៀង នឹងដកដង្ហើមចូល។ សិក្សាថា អាត្មាអញ ឃើញរឿយៗ នូវធម៌ដែលធ្វើចិត្តឲ្យប្រាសចាកតម្រេក នឹងដកដង្ហើមចេញ សិក្សាថា អាត្មាអញ ឃើយរឿយ ៗ នូវធម៌ដែលធ្វើចិត្តឲ្យប្រាសចាកតម្រេក នឹងដកដង្ហើមចូល។ សិក្សាថា អាត្មាអញ ឃើញរឿយ ៗ នូវធម៌ជាគ្រឿងរំលត់ទុក្ខ នឹងដកដង្ហើមចេញ សិក្សាថា អាត្មាអញ ឃើញរឿយ ៗ នូវធម៌ជាគ្រឿងរំលត់ទុក្ខ នឹងដកដង្ហើមចូល។ សិក្សាថា អាត្មាអញ ឃើញរឿយៗ នូវធម៌ជាគ្រឿងលះចោល នូវកិលេស នឹងដកដង្ហើមចេញ សិក្សាថា អាត្មាអញ ឃើញរឿយៗ នូវធម៌ជាគ្រឿងលះចោល នូវកិលេស នឹងដកដង្ហើមចូល។ ម្នាលភិក្ខុទាំងឡាយ អានាបានស្សតិ ដែលបុគ្គលចំរើនហើយ យ៉ាងនេះ ធ្វើឲ្យច្រើនហើយ យ៉ាងនេះ រមែងមានផលច្រើន មានអានិសង្សច្រើន។

(ពោជ្ឈង្គសូត្រ ទី២)

(២. ពោជ្ឈង្គសុត្តំ)

[៨] ម្នាលភិក្ខុទាំងឡាយ អានាបានស្សតិ ដែលបុគ្គលចំរើនហើយ ធ្វើឲ្យច្រើនហើយ រមែងមានផលច្រើន មានអានិសង្សច្រើន។

[៩] ម្នាលភិក្ខុទាំងឡាយ អានាបានស្សតិ ដែលបុគ្គលចំរើនហើយ ធ្វើឲ្យច្រើនហើយ រមែងមានផលច្រើន មានអានិសង្សច្រើន តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើនសតិសម្ពោជ្ឈង្គ ដែលប្រកបដោយអានាបានស្សតិ អាស្រ័យនូវវិវេក អាស្រ័យនូវវិរាគ អាស្រ័យនូវនិរោធ បង្អោនទៅ ដើម្បីកិរិយាលះបង់។ ធម្មវិចយសម្ពោជ្ឈង្គ ដែលប្រកបដោយអានាបានស្សតិ។ ភិក្ខុចំរើន វិរិយៈ បីតិ បស្សទ្ធិ សមាធិ ឧបេក្ខាសម្ពោជ្ឈង្គ ដែលប្រកបដោយអានាបានស្សតិ អាស្រ័យនូវវិវេក អាស្រ័យនូវវិរាគ អាស្រ័យនូវនិរោធ បង្អោនទៅ ដើម្បីកិរិយាលះបង់។ ម្នាលភិក្ខុទាំងឡាយ អានាបានស្សតិ ដែលបុគ្គលចំរើនហើយយ៉ាងនេះ ធ្វើឲ្យច្រើនហើយ យ៉ាងនេះ រមែងមានផលច្រើន មានអានិសង្សច្រើន។

(សុទ្ធិកសូត្រ ទី៣)

(៣. សុទ្ធិកសុត្តំ)

[១០] ម្នាលភិក្ខុទាំងឡាយ អានាបានស្សតិ ដែលបុគ្គលចំរើនហើយ ធ្វើឲ្យច្រើនហើយ រមែងមានផលច្រើន មានអានិសង្សច្រើន។

[១១] ម្នាលភិក្ខុទាំងឡាយ ចុះអានាបានស្សតិ ដែលបុគ្គលចំរើនហើយ ធ្វើឲ្យច្រើនហើយ ទើបមានផលច្រើន មានអានិសង្សច្រើន តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ នៅក្នុងព្រៃក្ដី នៅទៀបគល់ឈើក្ដី នៅក្នុងផ្ទះស្ងាត់ក្ដី អង្គុយពែនភ្នែន តាំងកាយឲ្យត្រង់ ផ្ចង់ស្មារតី ឲ្យមានមុខឆ្ពោះទៅរក (កម្មដ្ឋាន)។ ភិក្ខុនោះ មានស្មារតី ដកដង្ហើមចេញ មានស្មារតី ដកដង្ហើមចូល (បណ្ឌិតគប្បីឲ្យពិស្ដារ រហូតដល់ពាក្យថា ភិក្ខុសិក្សាថា អាត្មាអញ ឃើញរឿយៗ នូវធម៌ដែលសម្រាប់លះចោល នូវកិលេស នឹងដកដង្ហើមចេញ សិក្សាថា អាត្មាអញ ឃើញរឿយ ៗ នូវធម៌សម្រាប់លះចោល នូវកិលេស នឹងដកដង្ហើមចូលផងចុះ)។ ម្នាលភិក្ខុទាំងឡាយ អានាបានស្សតិ ដែលបុគ្គលចំរើនហើយយ៉ាងនេះ រមែងមានផលច្រើន មានអានិសង្ឃច្រើន។

(បឋមផលសូត្រ ទី៤)

(៤. បឋមផលសុត្តំ)

[១២] ម្នាលភិក្ខុទាំងឡាយ អានាបានស្សតិ ដែលបុគ្គលចំរើនហើយ ធ្វើឲ្យច្រើនហើយ រមែងមានផលច្រើន មានអានិសង្សច្រើន។

[១៣] ម្នាលភិក្ខុទាំងឡាយ ចុះអានាបានស្សតិ ដែលបុគ្គលចំរើនហើយ ធ្វើឲ្យ ច្រើនហើយ ទើបមានផលច្រើន មានអានិសង្សច្រើន តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ នៅក្នុងព្រៃក្ដី នៅទៀបគល់ឈើក្ដី នៅក្នុងផ្ទះដ៏ស្ងាត់ក្ដី អង្គុយពែនភ្នែន តាំងកាយឲ្យត្រង់ ផ្ចង់ស្មារតី ឲ្យមានមុខឆ្ពោះទៅរក (កម្មដ្ឋាន)។ ភិក្ខុនោះ មានស្មារតី ដកដង្ហើមចេញ មានស្មារតី ដកដង្ហើមចូល។ (សេចក្ដីពិស្ដារ មានរហូតដល់ពាក្យថា ភិក្ខុសិក្សាថា អាត្មាអញ ឃើញរឿយៗ នូវធម៌សម្រាប់លះបង់កិលេសចោល នឹងដកដង្ហើមចេញ សិក្សាថា អាត្មាអញ ឃើញរឿយៗ នូវធម៌សម្រាប់លះបង់កិលេសចោល នឹងដកដង្ហើមចូលផងចុះ)។ ម្នាលភិក្ខុទាំងឡាយ អានាបានស្សតិ ដែលបុគ្គលចំរើនហើយយ៉ាងនេះ ធ្វើឲ្យច្រើនហើយយ៉ាងនេះ រមែងមានផលច្រើន មានអានិសង្សច្រើន។

[១៤] ម្នាលភិក្ខុទាំងឡាយ កាលបើអានាបានស្សតិ ដែលបុគ្គលបានចំរើនយ៉ាងនេះហើយ បានធ្វើឲ្យច្រើនយ៉ាងនេះហើយ បណ្ដាផលទាំង ២ បុគ្គលនោះ រមែងបានផលណាមួយ គឺអរហត្តផល ក្នុងបច្ចុប្បន្ននេះ ឬបើមានឧបាទានក្ខន្ធសល់នៅឡើយ នឹងបានសម្រេច នូវភាពជាអនាគាមិបុគ្គល។

(ទុតិយផលសូត្រ ទី៥)

(៥. ទុតិយផលសុត្តំ)

[១៥] ម្នាលភិក្ខុទាំងឡាយ អានាបានស្សតិ ដែលបុគ្គលចំរើនហើយ ធ្វើឲ្យច្រើនហើយ រមែងមានផលច្រើន មានអានិសង្សច្រើន។

[១៦] ម្នាលភិក្ខុទាំងឡាយ ចុះអានាបានស្សតិ ដែលបុគ្គលបានចំរើនហើយ បានធ្វើឲ្យច្រើនហើយ រមែងមានផលច្រើន មានអានិសង្សច្រើន តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ នៅក្នុងព្រៃក្ដី នៅទៀបគល់ឈើក្ដី នៅក្នុងផ្ទះស្ងាត់ក្ដី អង្គុយពែនភ្នែន តាំងកាយឲ្យត្រង់ ផ្ចង់ស្មារតី ឲ្យមានមុខឆ្ពោះទៅរក (កម្មដ្ឋាន)។ ភិក្ខុនោះ មានស្មារតី ដកដង្ហើមចេញ មានស្មារតី ដកដង្ហើមចូល។ (សេចក្ដីពិស្ដារ មានរហូតដល់ ពាក្យថា ភិក្ខុសិក្សាថា អាត្មាអញ ឃើញរឿយៗ នូវធម៌សម្រាប់លះកិលេសចោល នឹងដកដង្ហើមចេញ សិក្សាថា អាត្មាអញ ឃើញរឿយៗ នូវធម៌សម្រាប់លះកិលេសចោល នឹងដកដង្ហើមចូលផងចុះ)។ ម្នាលភិក្ខុទាំងឡាយ អានាបានស្សតិ ដែលបុគ្គលបានចំរើនហើយ យ៉ាងនេះ ធ្វើឲ្យច្រើនហើយ យ៉ាងនេះ រមែងមានផលច្រើន មានអានិសង្សច្រើន។

[១៧] ម្នាលភិក្ខុទាំងឡាយ កាលបើអានាបានស្សតិ ដែលបុគ្គលចំរើនហើយយ៉ាងនេះ ធ្វើឲ្យច្រើនហើយ យ៉ាងនេះ រមែងបានសម្រេចផល ៧ ប្រការ និងអានិសង្ស ៧ ប្រការ។ ផល ៧ ប្រការ អានិសង្ស ៧ ប្រការ តើដូចម្ដេច។ ក្នុងបច្ចុប្បន្ននេះ ភិក្ខុនោះបានសម្រេចអរហត្តផលជាមុន បើក្នុងបច្ចុប្បន្ននេះ មិនបានសម្រេចអរហត្តផលជាមុនទេ នឹងបានសម្រេចអរហត្តផល ក្នុងកាលដែលស្លាប់ បើក្នុងបច្ចុប្បន្ននេះ មិនបានសម្រេច អរហត្តផលជាមុន ទាំងមិនបានសម្រេចអរហត្តផល ក្នុងកាលដែលស្លាប់ទេ។ បុគ្គលនោះជាអន្ដរាបរិនិព្វាយី ជាឧបហច្ចបរិនិព្វាយី ជាអសង្ខារបរិនិព្វាយី ជាសសង្ខារបរិនិព្វានយី ជាឧទ្ធំសោតអកនិដ្ឋគាមី ព្រោះកិរិយាអស់ទៅ នៃឱរម្ភាគិយសញ្ញោជនៈ ៥ ប្រការដោយពិត។ ម្នាលភិក្ខុទាំងឡាយ កាលបើអានាបានស្សតិ ដែលបុគ្គលបានចំរើនយ៉ាងនេះ បានធ្វើឲ្យច្រើនយ៉ាងនេះហើយ បុគ្គលនោះ នឹងបាននូវផល ៧ ប្រការ និងអានិសង្ស ៧ ប្រការនេះឯង។

(អរិដ្ឋសូត្រ ទី៦)

(៦. អរិដ្ឋសុត្តំ)

[១៨] ក្នុងទីនេះឯង ព្រះដ៏មានព្រះភាគ។បេ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចំរើនអានាបានស្សតិឬទេ។

[១៩] កាលព្រះដ៏មានព្រះភាគ ត្រាស់យ៉ាងនេះហើយ ព្រះអរិដ្ឋដ៏មានអាយុ ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដោយពាក្យដូចច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ចំរើនអានាបានស្សតិ។ ម្នាលអរិដ្ឋ ចុះអ្នកចំរើនអានាបានស្សតិ ដូចម្ដេចទៅ។

[២០] បពិត្រព្រះអង្គដ៏ចំរើន កាមច្ឆន្ទៈ ក្នុងកាមទាំងឡាយ ជាអតីត ខ្ញុំព្រះអង្គ បានលះបង់ហើយ កាមច្ឆន្ទៈក្នុងកាមទាំងឡាយ ជាអនាគត ខ្ញុំព្រះអង្គ បានប្រាសចេញហើយ បដិឃសញ្ញា ក្នុងធម៌ទាំងឡាយ ជាខាងក្នុងក្ដី ខាងក្រៅក្ដី ខ្ញុំព្រះអង្គ បានកំចាត់ចោលហើយ ដោយប្រពៃ ខ្ញុំព្រះអង្គនោះ មានសតិដកដង្ហើមចេញ មានសតិដកដង្ហើម ចូល។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ចំរើនអានាបានស្សតិ យ៉ាងនេះឯង។

[២១] ម្នាលអរិដ្ឋ អានាបានស្សតិនុ៎ះមានមែន តថាគតមិនមែនពោលថាអានាបានស្សតិនុ៎ះ មិនមានដូច្នេះទេ។ ម្នាលអរិដ្ឋ ប៉ុន្តែអានាបានស្សតិ ដែលពេញបរិបូណ៍ ដោយពិស្ដារបែបណា ចូរអ្នកស្ដាប់បែបនោះ យកចិត្តទុកដាក់ ឲ្យប្រពៃចុះ តថាគតនឹងសំដែង។ ព្រះអរិដ្ឋដ៏មានអាយុ ក៏ទទួលព្រះពុទ្ធដីកា របស់ព្រះដ៏មានព្រះភាគថា ករុណា ព្រះអង្គ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលអរិដ្ឋ ចុះអានាបានស្សតិ ដែលបរិបូណ៌ ដោយសេចក្ដីពិស្ដារ តើដូចម្ដេច។ ម្នាលអរិដ្ឋ ភិក្ខុក្នុងសាសនានេះ នៅក្នុងព្រៃក្ដី នៅទៀបគល់ឈើក្ដី នៅក្នុងផ្ទះស្ងាត់ក្ដី អង្គុយពែនភ្នែន តាំងកាយឲ្យត្រង់ ផ្ចង់ស្មារតី ឲ្យមានមុខឆ្ពោះទៅរក (កម្មដ្ឋាន)។ ភិក្ខុនោះ មានសតិដកដង្ហើមចេញ មានសតិ ដកដង្ហើមចូល កាលដកដង្ហើមចេញវែង ដឹងច្បាស់ថា អាត្មាអញ ដកដង្ហើមចេញវែង។បេ។ សិក្សាថា អាត្មាអញ ឃើញរឿយៗ នូវធម៌សម្រាប់លះកិលេសចោល នឹងដកដង្ហើមចេញ សិក្សាថា អាត្មាអញ ឃើញរឿយៗ នូវធម៌សំរាប់លះកិលេសចោល នឹងដកដង្ហើមចូល។ ម្នាលអរិដ្ឋ អានាបានស្សតិ ពេញបរិបូណ៌ ដោយសេចក្ដីពិស្ដារ យ៉ាងនេះឯង។

(មហាកប្បិនសូត្រ ទី៧)

(៧. មហាកប្បិនសុត្តំ)

[២២] ក្រុងសាវត្ថី។ សម័យនោះឯង ព្រះមហាកប្បិនដ៏មានអាយុ អង្គុយពែនភ្នែន តាំងកាយឲ្យត្រង់ ផ្ចង់ស្មារតី ឲ្យមានមុខឆ្ពោះទៅរក (កម្មដ្ឋាន) ក្នុងទីជិតព្រះដ៏មាន ព្រះភាគ។

[២៣] ព្រះដ៏មានព្រះភាគ បានឃើញមហាកប្បិនដ៏មានអាយុ កំពុងអង្គុយពែនភ្នែន តាំងកាយឲ្យត្រង់ ផ្ចង់ស្មារតី ឲ្យមានមុខឆ្ពោះទៅរក (កម្មដ្ឋាន) ក្នុងទីមិនឆ្ងាយ (អំពីព្រះអង្គ) លុះឃើញហើយ ទើបត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ឃើញសេចក្ដីញាប់ញ័រ ឬសេចក្ដីអន្ទះអន្ទែងកាយ របស់ភិក្ខុនោះឬទេ។

[២៤] ភិក្ខុទាំងឡាយ ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន កាលណាយើងខ្ញុំព្រះអង្គ ឃើញលោកដ៏មានអាយុនោះ កំពុងអង្គុយកណ្ដាលជំនុំសង្ឃក្ដី អង្គុយស្ងាត់ តែម្នាក់ឯងក្ដី ក្នុងកាលនោះ យើងខ្ញុំព្រះអង្គ មិនបានឃើញលោកដ៏មានអាយុនោះ មានកាយញាប់ញ័រ ឬអន្ទះអន្ទែងទេ។

[២៥] ម្នាលភិក្ខុទាំងឡាយ ភិក្ខុណាបានចំរើន បានធ្វើឲ្យច្រើន នូវសមាធិហើយ រមែងមានកាយមិនញាប់ញ័រ ឬមិនអន្ទះអន្ទែង មានចិត្តមិនញាប់ញ័រ ឬមិនអន្ទះអន្ទែង ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ រមែងបាននូវសមាធិដោយងាយ បានមិនលំបាក បានមិនក្រឡើយ។

[២៦] ម្នាលភិក្ខុទាំងឡាយ ចុះសមាធិដែលបុគ្គលចំរើនហើយ ធ្វើឲ្យច្រើនហើយ តើដូចម្ដេច រមែងមានកាយមិនញាប់ញ័រ ឬមិនអន្ទះអន្ទែង មានចិត្តមិនញាប់ញ័រ ឬមិនអន្ទះអន្ទែង។ ម្នាលភិក្ខុទាំងឡាយ អានាបានស្សតិសមាធិ ដែលបុគ្គលចំរើនហើយ ធ្វើឲ្យច្រើនហើយ រមែងមានកាយមិនញាប់ញ័រ ឬមិនអន្ទះអន្ទែង មានចិត្តមិនញាប់ញ័រ ឬមិនអន្ទះអន្ទែងឡើយ។

[២៧] ម្នាលភិក្ខុទាំងឡាយ កាលបើអានាបានស្សតិសមាធិ ដែលបុគ្គលបានចំរើនហើយ បានធ្វើឲ្យច្រើនហើយ តើដូចម្ដេច ទើបបុគ្គលនោះ មានកាយមិនញាប់ញ័រ ឬមានកាយមិនអន្ទះអន្ទែង មានចិត្តមិនញាប់ញ័រ ឬមានចិត្តមិនអន្ទះអន្ទែង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ នៅក្នុងព្រៃក្ដី នៅទៀបគល់ឈើក្ដី នៅក្នុងផ្ទះស្ងាត់ក្ដី អង្គុយពែនភ្នែន តាំងកាយឲ្យត្រង់ ផ្ចង់ស្មារតី ឲ្យមានមុខឆ្ពោះទៅរក (កម្មដ្ឋាន)។ ភិក្ខុនោះ មានសតិដកដង្ហើមចេញ មានសតិដកដង្ហើមចូល (បណ្ឌិតគប្បីឲ្យពិស្ដារ រហូតដល់ពាក្យថា ភិក្ខុសិក្សាថា អាត្មាអញ ឃើញរឿយៗ នូវធម៌សម្រាប់លះបង់កិលេសចោល នឹងដកដង្ហើមចេញ សិក្សាថា អាត្មាអញ ឃើញរឿយៗ នូវធម៌សំរាប់លះកិលេសចោល នឹងដកដង្ហើមចូលផងចុះ)។ ម្នាលភិក្ខុទាំងឡាយ កាលបើអានាបានស្សតិសមាធិ ដែលបុគ្គលបានចំរើន យ៉ាងនេះហើយ បានធ្វើឲ្យច្រើន យ៉ាងនេះហើយ រមែងមានកាយមិនញាប់ញ័រ ឬមានកាយមិនអន្ទះអន្ទែង មានចិត្តមិនញាប់ញ័រ ឬមានចិត្តមិនអន្ទះអន្ទែង។

(បទីបោបមសូត្រ ទី៨)

(៨. បទីបោបមសុត្តំ)

[២៨] ម្នាលភិក្ខុទាំងឡាយ អានាបានស្សតិសមាធិ ដែលបុគ្គលចំរើនហើយ ធ្វើឲ្យច្រើនហើយ រមែងមានផលច្រើន មានអានិសង្សច្រើន។

[២៩] ម្នាលភិក្ខុទាំងឡាយ ចុះអានាបានស្សតិសមាធិ ដែលបុគ្គលចំរើនហើយ ធ្វើឲ្យច្រើនហើយ ទើបមានផលច្រើន មានអានិសង្សច្រើន តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ នៅក្នុងព្រៃក្ដី នៅទៀបគល់ឈើក្ដី នៅក្នុងផ្ទះស្ងាត់ក្ដី អង្គុយពែនភ្នែន តាំងកាយឲ្យត្រង់ ផ្ចង់ស្មារតី ឲ្យមានមុខឆ្ពោះទៅរក (កម្មដ្ឋាន)។ ភិក្ខុនោះ មានសតិដកដង្ហើមចេញ មានសតិ ដកដង្ហើមចូល។ កាលដកដង្ហើមចេញវែង ដឹងច្បាស់ថា អាត្មាអញ ដកដង្ហើមចេញវែង (បណ្ឌិតគប្បីឲ្យពិស្ដារ រហូតដល់ពាក្យថា ភិក្ខុសិក្សាថា អាត្មាអញ ឃើញរឿយៗ នូវធម៌សម្រាប់លះកិលេសចោល នឹងដកដង្ហើម ចេញ សិក្សាថា អាត្មាអញ ឃើញរឿយៗ នូវធម៌សម្រាប់លះកិលេសចោល នឹងដកដង្ហើមចូលផងចុះ)។ ម្នាលភិក្ខុទាំងឡាយ អានាបានស្សតិសមាធិ ដែលបុគ្គលចំរើនហើយ យ៉ាងនេះ ធ្វើឲ្យច្រើនហើយ យ៉ាងនេះ រមែងមានផលច្រើន មានអានិសង្សច្រើន។

[៣០] ម្នាលភិក្ខុទាំងឡាយ ក៏កាលមុនដែលតថាគត នៅជាពោធិសត្វ មិនទាន់បានត្រាស់ដឹង នូវសម្ពោធិញ្ញាណនៅឡើយ តែងសម្រេចសម្រាន្តនៅ ដោយច្រើនដោយ វិហារធម៌នេះ។ ម្នាលភិក្ខុទាំងឡាយ តថាគតនោះ កំពុងសម្រេចសម្រាន្តនៅ ដោយច្រើន ដោយវិហារធម៌នេះ កាយមិនលំបាក ចក្ខុទាំងឡាយ ក៏មិនលំបាក ទាំងចិត្តរបស់តថាគតក៏រួចចាកអាសវៈទាំងឡាយ ព្រោះមិនបានប្រកាន់មាំ។

[៣១] ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ប្រសិនបើភិក្ខុក្នុងសាសនានេះ ប៉ុនប៉ងថា កាយរបស់អាត្មាអញ កុំលំបាក ចក្ខុទាំងឡាយ ក៏កុំលំបាក ទាំងចិត្តរបស់អាត្មា អញ ក៏រួចស្រឡះចាកអាសវៈទាំងឡាយ ព្រោះមិនប្រកាន់មាំ អានាបានស្សតិសមាធិនេះឯង ភិក្ខុគួរយកចិត្តទុកដាក់ ដោយប្រពៃចុះ។

[៣២] ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ប្រសិនបើភិក្ខុក្នុងសាសនានេះ ប៉ុនប៉ងថា សេចក្ដីត្រិះរិះ ដោយសេចក្ដីរឭក អាស្រ័យនូវកាមគុណ ដែលជារបស់អាត្មាអញ សេចក្ដីត្រិះរិះដោយសេចក្ដីរឭកនោះ អាត្មាអញ គួរលះបង់ចោល ព្រោះហេតុនោះអានាបានស្សតិសមាធិនេះឯង ភិក្ខុគួរយកចិត្តទុកដាក់ ដោយប្រពៃចុះ។

[៣៣] ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ប្រសិនបើភិក្ខុក្នុងសាសនានេះ ប៉ុនប៉ងថា អាត្មាអញ គួរសំគាល់ក្នុងរបស់ ដែលមិនមែនជាបដិកូល ថាជាបដិកូល អានាបានស្សតិសមាធិនេះឯង ភិក្ខុគួរយកចិត្តទុកដាក់ ដោយប្រពៃចុះ។

[៣៤] ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ប្រសិនបើភិក្ខុក្នុងសាសនានេះ ប៉ុនប៉ងថា អាត្មាអញ គប្បីសំគាល់ ក្នុងរបស់ជាបដិកូល ថាមិនមែនជាបដិកូល អានាបានស្សតិសមាធិនេះឯង ភិក្ខុគួរយកចិត្តទុកដាក់ ដោយប្រពៃចុះ។

[៣៥] ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ប្រសិនបើភិក្ខុក្នុងសាសនានេះ ប៉ុន ប៉ងថា អាត្មាអញ គួរសំគាល់ក្នុងរបស់មិនមែនជាបដិកូលផង ក្នុងរបស់ជាបដិកូលផង ថាជារបស់បដិកូល អានាបានស្សតិសមាធិនេះឯង ភិក្ខុគួរយកចិត្តទុកដាក់ ដោយប្រពៃចុះ។

[៣៦] ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ប្រសិនបើភិក្ខុក្នុងសាសនានេះ ប៉ុនប៉ងថា អាត្មាអញ គួរសំគាល់ ក្នុងរបស់ជាបដិកូលផង មិនមែនជាបដិកូលផង ថាជារបស់មិនមែនជាបដិកូល អានាបានស្សតិសមាធិនេះឯង ភិក្ខុគួរយចិត្តទុកដាក់ ដោយប្រពៃ ចុះ។

[៣៧] ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ប្រសិនបើភិក្ខុក្នុងសាសនានេះ ប៉ុនប៉ងថា អាត្មាអញ គប្បីវៀរនូវរបស់ទាំង ២ គឺរបស់មិនមែនជាបដិកូល ១ របស់ជាបដិកូល ១ ជាអ្នកព្រងើយកន្តើយ ជាអ្នកមានស្មារតីដឹងខ្លួន អានាបានស្សតិសមាធិនេះឯង ភិក្ខុគួរយកចិត្តទុកដាក់ ដោយប្រពៃចុះ។

[៣៨] ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ប្រសិនបើភិក្ខុក្នុងសាសនានេះ ប៉ុនប៉ងថា អាត្មាអញ គប្បីស្ងប់ស្ងាត់ចាកកាមទាំងឡាយ ស្ងប់ស្ងាត់ចាកអកុសលធម៌ទាំងឡាយ ហើយចូលកាន់បឋមជ្ឈាន ប្រកបដោយវិតក្កៈនិងវិចារៈ មានបីតិនិងសុខដែលកើតអំពីសេចក្ដីស្ងប់ស្ងាត់ អានាបានស្សតិសមាធិនេះឯង ភិក្ខុគួរយកចិត្តទុកដាក់ ដោយប្រពៃចុះ។

[៣៩] ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ប្រសិនបើភិក្ខុក្នុងសាសនានេះ ប៉ុនប៉ងថា អាត្មាអញ ចូលកាន់ទុតិយជ្ឈាន ដែលកើតមានក្នុងសន្ដាននៃខ្លួន ជាទីផូរផង់មានសភាពជាចិត្តខ្ពស់ឯក មិនមានវិតក្កៈ និងវិចារៈ មានតែបីតិ និងសុខ ដែលកើតអំពីសមាធិ ព្រោះរម្ងាប់វិតក្កៈ និងវិចារៈ អានាបានស្សតិសមាធិនេះឯង ភិក្ខុគួរយកចិត្តទុកដាក់ ដោយប្រពៃចុះ។

[៤០] ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ប្រសិនបើភិក្ខុក្នុងសាសនានេះ ប៉ុនប៉ង ថា អាត្មាអញ ព្រោះនឿយណាយ ចាកបីតិផង ជាអ្នកប្រកបដោយឧបេក្ខាផង មាន ស្មារតីដឹងខ្លួនផង សោយសេចក្ដីសុខ ដោយនាមកាយផង ព្រះអរិយៈទាំងឡាយ តែង សរសើរនូវបុគ្គល ដែលបានតតិយជ្ឈានថា ជាអ្នកមានឧបេក្ខា មានស្មារតី មានធម៌ជាគ្រឿងនៅជាសុខ ដូច្នេះ ព្រោះតតិយជ្ឈានឯណា គប្បីចូលកាន់តតិយជ្ឈាននោះ អានាបានស្សតិសមាធិនេះឯង ភិក្ខុគួរយកចិត្តទុកដាក់ ដោយប្រពៃចុះ។

[៤១] ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ប្រសិនបើភិក្ខុក្នុងសាសនានេះ ប៉ុនប៉ងថា អាត្មាអញ ព្រោះលះបង់ នូវសុខផង ព្រោះលះបង់ នូវទុក្ខផង មានសោមនស្ស និងទោមនស្សអស់ទៅ ក្នុងកាលមុនផង គប្បីចូលកាន់ចតុត្ថជ្ឈាន ជាធម្មជាតមានអារម្មណ៍ មិនមែនជាទុក្ខ មិនមែនជាសុខ គឺជាឧបេក្ខា មានសតិដ៏បរិសុទ្ធដោយឧបេក្ខា អានាបានស្សតិសមាធិនេះឯង ភិក្ខុគួរយកចិត្តទុកដាក់ ដោយប្រពៃចុះ។

[៤២] ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ប្រសិនបើភិក្ខុក្នុងសាសនានេះ ប៉ុនប៉ងថា អាត្មាអញ ព្រោះកន្លងបង់ នូវរូបសញ្ញា ដោយប្រការទាំងពួង ព្រោះអស់បដិឃសញ្ញា ហើយលែងធ្វើទុកក្នុងចិត្ត នូវនានត្តសញ្ញា គប្បីចូលកាន់អាកាសានញ្ចយតនជ្ឈាន ដោយការធ្វើទុកក្នុងចិត្តថា អាកាសមិនមានទីបំផុត ដូច្នេះ អានាបានស្សតិសមាធិនេះឯង ភិក្ខុគួរយកចិត្តទុកដាក់ ដោយប្រពៃចុះ។

[៤៣] ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ប្រសិនបើភិក្ខុក្នុងសាសនានេះ ប៉ុនប៉ងថា អាត្មាអញ ព្រោះកន្លងបង់ នូវអាកាសានញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង គប្បីចូលកាន់វិញ្ញាណញ្ចាយតនជ្ឈាន ដោយធ្វើទុកក្នុងចិត្តថា វិញ្ញាណមិនមានទីបំផុត ដូច្នេះ អានាបានស្សតិសមាធិនេះឯង ភិក្ខុគួរយកចិត្តទុកដាក់ ដោយប្រពៃចុះ។

[៤៤] ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ប្រសិនបើភិក្ខុក្នុងសាសនានេះ ប៉ុនប៉ងថា អាត្មាអញ ព្រោះកន្លងបង់ នូវវិញ្ញាណញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង គប្បីចូលកាន់អាកិញ្ចញ្ញាយតនជ្ឈាន ដោយការធ្វើទុកក្នុងចិត្តថា អ្វីបន្តិចបន្តួចមិនមាន ដូច្នេះ អានាបានស្សតិសមាធិនេះឯង ភិក្ខុគួរយកចិត្តទុកដាក់ដោយប្រពៃចុះ។

[៤៥] ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ប្រសិនបើភិក្ខុក្នុងសាសនានេះ ប៉ុនប៉ងថា អាត្មាអញ ព្រោះកន្លងបង់ នូវអាកិញ្ចញ្ញាយតនជ្ឈាន ដោយប្រការទាំងពួង គប្បីចូលកាន់នេវសញ្ញានាសញ្ញាយតនជ្ឈាន អានាបានស្សតិសមាធិនេះឯង ភិក្ខុគួរយកចិត្តទុកដាក់ដោយប្រពៃចុះ។

[៤៦] ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ប្រសិនបើភិក្ខុក្នុងសាសនានេះ ប៉ុនប៉ងថា អាត្មាអញ ព្រោះកន្លងបង់ នូវនេវសញ្ញានាសញ្ញាយតនជ្ឈាន ដោយប្រការទាំងពួង គប្បីចូលកាន់សញ្ញាវេទយិតនិរោធ អានាបានស្សតិសមាធិនេះឯង ភិក្ខុគួរយកចិត្តទុកដាក់ ដោយប្រពៃចុះ។

[៤៧] ម្នាលភិក្ខុទាំងឡាយ កាលបើអានាបានស្សតិសមាធិ ដែលភិក្ខុចំរើនយ៉ាងនេះហើយ ធ្វើឲ្យច្រើន យ៉ាងនេះហើយ បើភិក្ខុនោះ សោយនូវវេទនាជាសុខ ដឹងច្បាស់ថា វេទនានោះ មិនទៀង ដឹងច្បាស់ថា មិនគួរប្រកាន់មាំ ដឹងច្បាស់ថា មិនគួរត្រេកអរ។ បើភិក្ខុនោះ សោយវេទនាជាទុក្ខ ដឹងច្បាស់ថា វេទនានោះ មិនទៀង ដឹងច្បាស់ថា មិនគួរប្រកាន់មាំ ដឹងច្បាស់ថា មិនគួរត្រេកអរ។ បើភិក្ខុនោះ សោយវេទនាមិនមែនទុក្ខ មិនមែនសុខ ដឹងច្បាស់ថា វេទនានោះ មិនទៀង ដឹងច្បាស់ថា មិនគួរប្រកាន់មាំ ដឹងច្បាស់ថា មិនគួរត្រេកអរ។ បើភិក្ខុនោះ សោយវេទនាជាសុខ មិនប្រកបដោយកិលេស សោយនូវវេទនានោះ។ បើភិក្ខុនោះ សោយវេទនាជាទុក្ខ ក៏មិនប្រកបដោយកិលេស សោយនូវវេទនានោះ។ បើភិក្ខុនោះ សោយវេទនាមិនមែនទុក្ខ មិនមែនសុខ ក៏មិន ប្រកបដោយកិលេស សោយនូវវេទនានោះ។ កាលភិក្ខុនោះ សោយវេទនា មាន កាយជាទីបំផុត ដឹងច្បាស់ថា អាត្មាអញ សោយវេទនាមានកាយជាទីបំផុត កាលសោយវេទនាមានជីវិតជាទីបំផុត ដឹងច្បាស់ថា អាត្មាអញ សោយវេទនាមានជីវិតជាទីបំផុត លុះទំលាយរាងកាយ បន្ទាប់អំពីការអស់ជីវិតទៅ ដឹងច្បាស់ថា កាសោយនូវវេទនាទាំងអស់ ក្នុងលោកនេះ មិនគួរត្រេកអរ នឹងរលត់ទៅវិញ។

[៤៨] ម្នាលភិក្ខុទាំងឡាយ ដូចប្រទីបប្រេង ដែលឆេះទៅបាន ព្រោះអាស្រ័យប្រេង និងប្រឆេះ ដែលមិនមានអាហារ គប្បីរលត់ទៅ ព្រោះអស់ទៅនៃប្រេង និងប្រឆេះនោះឯង យ៉ាងណា។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុសោយវេទនា មានកាយជាទីបំផុត ដឹងច្បាស់ថា អាត្មាអញ សោយវេទនាមានកាយជាទីបំផុត កាលសោយវេទនាមានជីវិតជាទីបំផុត ដឹងច្បាស់ថា អាត្មាអញ សោយវេទនាមានជីវិតជាទីបំផុត លុះទំលាយរាងកាយ បន្ទាប់អំពីការអស់ជីវិតទៅ ដឹងច្បាស់ថា ការសោយនូវវេទនាទាំងអស់ ក្នុងលោក នេះ មិនគួរត្រេកអរ នឹងរលត់ទៅវិញ ក៏យ៉ាងនោះដែរ។

(វេសាលីសូត្រ ទី៩)

(៩. វេសាលីសុត្តំ)

[៤៩] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងកូដាគារសាលា នាព្រៃមហាវន ទៀបក្រុងវេសាលី។ សម័យនោះឯង ព្រះដ៏មានព្រះភាគ ទ្រង់សំដែងអសុភកថា ទ្រង់សំដែងគុណនៃអសុភ ទ្រង់សំដែងគុណនៃការចំរើនអសុភ ដល់ភិក្ខុទាំងឡាយ ដោយអនេកបរិយាយ។ គ្រានោះឯង ព្រះដ៏មានព្រះភាគត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ តថាគត ចង់គេចចាកអារម្មណ៍ សម្ងំនៅតែម្នាក់ឯង អស់កន្លះខែ កុំឲ្យអ្នកណាមួយ ចូលទៅរកតថាគតឡើយ វៀរលែងតែភិក្ខុមួយរូប អ្នកនាំចង្ហាន់បិណ្ឌបាត ទៅថ្វាយតថាគត។ ពួកភិក្ខុនោះ ក៏ទទួលព្រះពុទ្ធដីកា របស់ព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ ដូច្នេះ ក៏ឥតមានភិក្ខុណាមួយចូលទៅរកព្រះដ៏មានព្រះភាគឡើយ វៀរលែងតែភិក្ខុ ១ រូប អ្នកនាំចង្ហាន់បិណ្ឌបាត ទៅថ្វាយព្រះដ៏មានព្រះភាគ។

[៥០] លំដាប់នោះ ភិក្ខុទាំងនោះ ក៏គិតគ្នាថា ព្រះដ៏មានព្រះភាគ ត្រាស់សំដែងអសុភកថា ពោលសរសើរគុណនៃអសុភ ពោលសរសើរគុណ នៃការចំរើនអសុភ ដោយបរិយាយដ៏ច្រើន លុះគិតដូច្នេះហើយ ក៏នាំគ្នាប្រកបសេចក្ដីព្យាយាម ក្នុងការចំរើនអសុភជាច្រើនបែប ច្រើនវិធី ភិក្ខុទាំងនោះ ក៏នឿយណាយ ធុញទ្រាន់ ខ្ពើមឆ្អើម នឹងរាងកាយនេះ នាំគ្នាស្វែងរកគ្រឿងសស្ត្រា1) ភិក្ខុ ១០ រូបនាំគ្រឿងសស្ត្រាតែមួយថ្ងៃ ក៏មាន ២០ រូប។បេ។ ពួកភិក្ខុ ៣០ រូប នាំគ្រឿងសស្ត្រាមកតែមួយថ្ងៃក៏មាន។

[៥១] គ្រានោះឯង ព្រះដ៏មានព្រះភាគ ចេញចាកផលសមាបត្តិ ដោយកាលកន្លះខែកន្លងទៅ ក៏ហៅព្រះអានន្ទដ៏មានអាយុមកថា ម្នាលអានន្ទ ហេតុដូចម្ដេចហ្ន៎ បានជាពួកភិក្ខុ ហាក់ដូចជាស្ដួចស្ដើងទៅ។ ទើបព្រះអានន្ទក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន ពិតដូចជាព្រះពុទ្ធដីកាណាស់ ព្រោះព្រះដ៏មានព្រះភាគ ត្រាស់សំដែងអសុភកថា ទ្រង់ពោលសរសើរអសុភ ទ្រង់ពោលសរសើរការចំរើននូវអសុភ ដល់ភិក្ខុទាំងឡាយ ដោយបរិយាយដ៏ច្រើន។ បពិត្រព្រះអង្គដ៏ចំរើន លុះពួកភិក្ខុនោះ គិតគ្នាថា ព្រះដ៏មានព្រះភាគ ត្រាស់សំដែងអសុភកថា ពោលសរសើរអសុភ ពោលសរសើរការចំរើន នូវអសុភ ដោយបរិយាយដ៏ច្រើន លុះភិក្ខុនោះ គិតដូច្នេះហើយ ក៏នាំគ្នាប្រកបសេចក្ដីព្យាយាម ក្នុងការចំរើនអសុភ ជាច្រើនបែប ច្រើនវិធី ពួកភិក្ខុនោះ នឿយណាយ ធុញទ្រាន់ ខ្ពើមឆ្អើម នឹងរាងកាយនេះ ក៏នាំគ្នាស្វែងរកគ្រឿងសស្ត្រា ភិក្ខុ ១០ រូប នាំគ្រឿងសស្ត្រាមកតែ ១ ថ្ងៃ ក៏មាន ២០ រូប។បេ។ ៣០ រូប នាំគ្រឿងសស្ត្រាមកតែមួយថ្ងៃ ក៏មាន។ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុសង្ឃនេះ ស្ថិតនៅបានដោយហេតុឯណាដ៏ទៃទៀត ខ្ញុំព្រះអង្គសូមអង្វរ សូមព្រះដ៏មានព្រះភាគ សំដែងនូវហេតុនោះឲ្យទាន។

[៥២] ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលអានន្ទ បើដូច្នោះ ពួកភិក្ខុទាំង អម្បាលមាណ ដែលនៅអាស្រ័យនឹងក្រុងវេសាលី ចូរឲ្យពួកភិក្ខុអម្បាលនោះទាំងអស់ ប្រជុំគ្នា ក្នុងឧបដ្ឋានសាលាចុះ។ ព្រះអានន្ទដ៏មានអាយុ ក៏ទទួលព្រះពុទ្ធដីកា របស់ព្រះដ៏មានព្រះភាគថា ករុណា ព្រះអង្គ ដូច្នេះហើយ ពួកភិក្ខុទាំងអម្បាលមាណ ដែលនៅ អាស្រ័យនឹងក្រុងវេសាលី ក៏ឲ្យពួកភិក្ខុអម្បាលនោះ ទាំងអស់ ប្រជុំគ្នា ក្នុងឧបដ្ឋានសាលារួចហើយ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដោយពាក្យដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុសង្ឃប្រជុំគ្នាសេ្រចហើយ សូមព្រះដ៏មានព្រះភាគ សំគាល់ការគួរ ក្នុងកាលឥឡូវនេះ។

[៥៣] គ្រានោះឯង ព្រះដ៏មានព្រះភាគ ស្ដេចចូលទៅកាន់ឧបដ្ឋានសាលា លុះចូលទៅដល់ហើយ គង់លើអាសនៈ ដែលគេក្រាលថ្វាយ។ លុះព្រះដ៏មានព្រះភាគទ្រង់គង់ហើយ ទើបត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ អានាបានស្សតិសមាធិនេះឯង ដែលបុគ្គលចំរើនហើយ ធ្វើឲ្យច្រើនហើយ ជាធម៌ល្អិតផង ជាធម៌ឧត្ដមផង ជាធម៌មិនច្រឡូកច្រឡំដោយ (តណ្ហា និងឧបាទាន) ផង ជាធម៌ជាគ្រឿងនៅ នាំមកនូវសេចក្ដីសុខផង តែងញ៉ាំងអកុសលធម៌ទាំងឡាយ ដ៏លាមក ដែលកើតឡើងហើយ ៗ ឲ្យសាបសូន្យទៅ ឲ្យស្ងប់រម្ងាប់ ដោយហេតុដ៏សមគួរផង។

[៥៤] ម្នាលភិក្ខុទាំងឡាយ ដូចកំទេចធូលី ដែលខ្យល់បក់កួចឡើងក្នុងខែជាខាងចុងនៃគិម្ហរដូវ (ខែអាសាឡ្ហ) មហាអកាលមេឃ (ភ្លៀងធំ បង្អុរចុះខុសកាលវេលា) តែងញ៉ាំងកំទេចធូលីនោះ ឲ្យអន្ដរធាន ឲ្យស្ងប់ទៅបាន ដោយទំនងដ៏សមគួរ មានឧបមាយ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ អានាបានស្សតិសមាធិ ដែលបុគ្គលចំរើនហើយ ធ្វើឲ្យច្រើនហើយ ជាធម៌ល្អិតផង ជាធម៌ដ៏ឧត្ដមផង ជាធម៌មិនច្រឡូកច្រឡំដោយ (តណ្ហានិងឧបាទាន) ផង ជាធម៌ជាគ្រឿងនៅ នាំមកនូវសេចក្ដីសុខផង តែងញ៉ាំងធម៌ទាំងឡាយ ជាអកុសលដ៏លាមក ដែលកើតឡើងហើយ ៗ ឲ្យអន្ដរធាន ឲ្យស្ងប់រម្ងាប់ទៅ ដោយហេតុដ៏សមគួរ ក៏យ៉ាងនោះដែរ។

[៥៥] ម្នាលភិក្ខុទាំងឡាយ ចុះអានាបាស្សតិសមាធិ ដែលបុគ្គលចំរើនហើយ ធ្វើឲ្យច្រើនហើយ ជាធម៌ល្អិតផង ជាធម៌ដ៏ឧត្ដមផង ជាធម៌មិនច្រឡូកច្រឡំដោយ (តណ្ហានិងឧបាទាន) ផង ជាធម៌ជាគ្រឿងនៅ នាំមកនូវសេចក្ដីសុខផង តែងញ៉ាំងធម៌ទាំងឡាយ ជាអកុសលដ៏លាមក ដែលកើតឡើងហើយៗ ឲ្យអន្ដរធានទៅ ឲ្យស្ងប់រម្ងាប់ទៅ ដោយហេតុដ៏សមគួរ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ នៅក្នុងព្រៃក្ដី នៅទៀបគល់ឈើក្ដី នៅក្នុងផ្ទះស្ងាត់ក្ដី អង្គុយពែនភ្នែន តាំងកាយឲ្យត្រង់ ផ្ចង់ស្មារតី ឲ្យមានមុខឆ្ពោះទៅរក (កម្មដ្ឋាន)។ ភិក្ខុនោះ មានសតិដកដង្ហើមចេញ មានសតិដកដង្ហើមចូល។ (បណ្ឌិតគប្បីឲ្យពិស្ដារផងចុះ)។ ភិក្ខុសិក្សាថា អាត្មាអញ ឃើញរឿយៗ នូវធម៌សម្រាប់លះកិលេសចោលហើយ នឹងដកដង្ហើមចេញ សិក្សាថា អាត្មាអញ ឃើញរឿយៗ នូវធម៌សម្រាប់លះកិលេសចោល នឹងដកដង្ហើមចូល។ ម្នាលភិក្ខុទាំងឡាយ អានាបានស្សតិសមាធិ ដែលបុគ្គលចំរើនហើយយ៉ាងនេះ ធ្វើឲ្យច្រើនហើយ យ៉ាងនេះ ជាធម៌ល្អិតផង ជាធម៌ឧត្ដមផង ជាធម៌មិនច្រឡូកច្រឡំ ដោយ (តណ្ហា និងឧបាទាន) ផង ជាធម៌ជាគ្រឿងនៅ នាំមកនូវសេចក្ដីសុខផង រមែងញ៉ាំងធម៌ទាំងឡាយ ជាអកុសលដ៏លាមក ដែលកើតឡើងហើយ ៗ ឲ្យអន្ដរធានទៅ ឲ្យស្ងប់រម្ងាប់ទៅ ដោយហេតុដ៏សមគួរផង។

(កិមិលសូត្រ ទី១០)

(១០. កិមិលសុត្តំ)

[៥៦] ខ្ញុំបានស្ដាប់មកយ៉ាងនេះ។ សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវន ទៀបក្រុងកិមិលា។ ក្នុងទីនេះឯង ព្រះដ៏មានព្រះភាគ ត្រាស់នឹងព្រះកិមិលៈដ៏មានអាយុថា ម្នាលកិមិលៈ អានាបានស្សតិសមាធិ បុគ្គលចំរើនដូចម្ដេច ធ្វើឲ្យច្រើនដូចម្ដេច ទើបមានផលច្រើន មានអានិសង្សច្រើន។ កាលបើព្រះដ៏មានព្រះភាគ ត្រាស់យ៉ាងនេះហើយ ព្រះកិមិលៈដ៏មានអាយុ ក៏នៅស្ងៀម។

[៥៧] ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ជាគំរប់ ២ ដងទៀត។ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់នឹងព្រះកិមិលៈដ៏មានអាយុ ជាគំរប់ ៣ ដងទៀតថា ម្នាលកិមិលៈ អានាបានស្សតិសមាធិ ដែលបុគ្គលចំរើនដូចម្ដេច ធ្វើឲ្យច្រើនដូចម្ដេច ទើបមានផលច្រើន មានអានិសង្សច្រើន។ ព្រះកិមិលៈដ៏មានអាយុ ក៏នៅស្ងៀម ជាគំរប់ ៣ ដងទៀត។

[៥៨] កាលបើព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ព្រះអានន្ទដ៏មានអាយុ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដោយពាក្យដូច្នេះថា សូមទ្រង់ព្រះមេត្តាប្រោស កាលនេះ ជាកាលគួរដល់ព្រះដ៏មានព្រះភាគហើយ បពិត្រព្រះសុគត កាលនេះជាកាល គួរដល់ព្រះដ៏មានព្រះភាគ ព្រះដ៏មានព្រះភាគ គួរសំដែងអានាបានស្សតិសមាធិ កាលភិក្ខុទាំងឡាយ បានស្តាប់ព្រះដ៏មានព្រះភាគហើយ នឹងបានចាំទុក។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលអានន្ទ បើដូច្នោះ ចូរអ្នកស្ដាប់ចុះ យកចិត្តទុកដាក់ ឲ្យប្រពៃចុះ តថាគតនឹងសំដែង។ ព្រះអានន្ទដ៏មានអាយុ ក៏ទទួលព្រះពុទ្ធដីកា របស់ព្រះដ៏មានព្រះភាគថា ករុណា ព្រះអង្គ ដូច្នេះ។ ទើបព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដោយពាក្យ ដូច្នេះថា ម្នាលអានន្ទ ចុះអានាបានស្សតិសមាធិ ដែលបុគ្គលចំរើនដូចម្ដេច ធ្វើឲ្យច្រើនដូចម្ដេច ទើបមានផលច្រើន មានអានិសង្សច្រើន។ ម្នាលអានន្ទ ភិក្ខុក្នុងសាសនានេះ នៅក្នុងព្រៃក្ដី នៅទៀបគល់ឈើក្ដី នៅក្នុងផ្ទះស្ងាត់ក្តី អង្គុយពែនភ្នែន តាំងកាយឲ្យត្រង់ ផ្ចង់ស្មារតី ឲ្យមានមុខឆ្ពោះទៅរក (កម្មដ្ឋាន)។ ភិក្ខុនោះ មានស្មារតី ដកដង្ហើមចេញ។បេ។ សិក្សាថា អាត្មាអញ ឃើញរឿយៗ នូវធម៌សម្រាប់លះកិលេសចោល នឹងដកដង្ហើមចេញ សិក្សាថា អាត្មាអញ ឃើញរឿយៗ នូវធម៌សម្រាប់លះកិលេសចោល នឹងដកដង្ហើមចូល។ ម្នាលអានន្ទ អានាបានស្សតិសមាធិ ដែលបុគ្គលចំរើនយ៉ាងនេះ ធ្វើឲ្យច្រើនយ៉ាងនេះ រមែងមានផលច្រើន មានអានិសង្សច្រើន។

[៥៩] ម្នាលអានន្ទ សម័យណា ដែលភិក្ខុដកដង្ហើមចេញវែង ដឹងច្បាស់ថា អាត្មាអញ ដកដង្ហើមចេញវែង ឬកាលដកដង្ហើមចូលវែង ដឹងច្បាស់ថា អាត្មាអញ ដកដង្ហើមចូលវែង។ កាលដកដង្ហើមចេញខ្លី ដឹងច្បាស់ថា អាត្មាអញ ដកដង្ហើមចេញខ្លី ឬកាលដកដង្ហើមចូលខ្លី ដឹងច្បាស់ថា អាត្មាអញ ដកដង្ហើមចូលខ្លី។ ភិក្ខុសិក្សាថា អាត្មាអញ កំណត់ដឹងច្បាស់នូវកាយ គឺដកដង្ហើមចេញទាំងពួង នឹងដកដង្ហើមចេញ សិក្សាថា អាត្មាអញ កំណត់ដឹងច្បាស់នូវកាយ គឺដកដង្ហើមចូលទាំងពួង នឹងដកដង្ហើមចូល។ សិក្សាថា អាត្មាអញ រម្ងាប់កាយសង្ខារ គឺដកដង្ហើមចេញ ដកដង្ហើមចេញ សិក្សាថា អាត្មាអញ រម្ងាប់កាយសង្ខារ គឺដកដង្ហើមចូល ដកដង្ហើមចូល។ ម្នាលអានន្ទ ភិក្ខុអ្នកពិចារណាឃើញកាយក្នុងកាយ ជាអ្នកមានព្យាយាម ដុតកំដៅកិលេស ជាអ្នកដឹងខ្លួនមានស្មារតី កំចាត់បង់នូវអភិជ្ឈា និងទោមនស្ស ក្នុងលោកចេញបាន ក្នុងសម័យនោះ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលអានន្ទ តថាគតពោលនូវកាយ ថាជាខ្យល់ចេញចូល។ ម្នាលអានន្ទ ព្រោះហេតុនោះ ភិក្ខុក្នុងសាសនានេះ ពិចារណាឃើញកាយ ក្នុងកាយជា ប្រក្រតី ជាអ្នកមានព្យាយាម ដុតកិលេស ជាអ្នកដឹងខ្លួន មានស្មារតី កំចាត់បង់នូវអភិជ្ឈា និងទោមនស្ស ក្នុងលោកចេញបាន ក្នុងសម័យនោះ។

[៦០] ម្នាលអានន្ទ ក្នុងសម័យណា ដែលភិក្ខុសិក្សាថា អាត្មាអញ កំណត់ដឹងនូវបីតិ នឹងដកដង្ហើមចេញ សិក្សាថា អាត្មាអញ កំណត់ដឹងនូវបីតិ នឹងដកដង្ហើមចូល។ សិក្សាថា អាត្មាអញ កំណត់ដឹងច្បាស់ នូវសេចក្ដីសុខ នឹងដកដង្ហើមចេញ សិក្សាថា អាត្មាអញ កំណត់ដឹងច្បាស់ នូវសេចក្ដីសុខ នឹងដកដង្ហើមចូល។ សិក្សាថា អាត្មាអញកំណត់ដឹងច្បាស់ នូវចិត្តសង្ខារ គឺសញ្ញា និងវេទនា នឹងដកដង្ហើមចេញ សិក្សាថា អាត្មា អញ កំណត់ដឹងច្បាស់ នូវចិត្តសង្ខារ នឹងដកដង្ហើមចូល។ សិក្សាថា អាត្មាអញ រម្ងាប់នូវចិត្តសង្ខារ នឹងដកដង្ហើមចេញ សិក្សាថា អាត្មាអញ រម្ងាប់នូវចិត្តសង្ខារ នឹងដកដង្ហើមចូល។ ម្នាលអានន្ទ ភិក្ខុពិចារណាឃើញរឿយៗ នូវវេទនា ក្នុងវេទនាទាំងឡាយ ជាប្រក្រតី ជាអ្នកមានព្យាយាម ដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោកចេញបាន ក្នុងសម័យនោះ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលអានន្ទ ព្រោះថា តថាគត ពោលនូវវេទនាណាមួយ គឺការយកចិត្តទុកដាក់ ដ៏ប្រពៃ ចំពោះអស្សាសៈ និងបស្សាសៈទាំងឡាយ។ ម្នាលអានន្ទ ព្រោះហេតុនោះ ភិក្ខុក្នុងសាសនានេះ ពិចារណាឃើញវេទនា ក្នុងវេទនាទាំងឡាយ ជាប្រក្រតី ជាអ្នកមានព្យាយាម ដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈានិងទោមនស្សចេញបាន ក្នុងសម័យនោះ។

[៦១] ម្នាលអានន្ទ សម័យណាភិក្ខុសិក្សាថា អាត្មាអញ កំណត់ដឹងច្បាស់នូវចិត្ត នឹងដកដង្ហើមចេញ សិក្សាថា អាត្មាអញ កំណត់ដឹងច្បាស់នូវចិត្ត នឹងដកដង្ហើមចូល។ នឹងធ្វើចិត្តឲ្យរីករាយ។បេ។ ធ្វើចិត្តឲ្យតាំងនៅ ក្នុងអារម្មណ៍ដ៏ស្មើរ។ សិក្សាថា អាត្មាអញធ្វើចិត្តឲ្យរួចស្រឡះ (ចាកនីវរណធម៌ ជាដើម) នឹងដកដង្ហើមចេញ សិក្សាថា អាត្មាអញធ្វើចិត្តឲ្យរួចស្រឡះ នឹងដកដង្ហើមចូល។ ម្នាលអានន្ទ ភិក្ខុពិចារណាឃើញ នូវចិត្តក្នុងចិត្តជាប្រក្រតី ជាអ្នកមានព្យាយាម ដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី កំចាត់បង់នូវអភិជ្ឈា និងទោមនស្ស ក្នុងលោកចេញបាន ក្នុងសម័យនោះ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលអានន្ទ ព្រោះថា តថាគត មិនបានពោលនូវកិរិយាចំរើន នូវអានាបានស្សតិសមាធិ របស់បុគ្គល ជាអ្នកភ្លេចស្មារតី ជាអ្នកមិនដឹងខ្លួនទេ។ ម្នាលអានន្ទ ព្រោះហេតុនោះ ភិក្ខុក្នុងសាសនានេះ ពិចារណាឃើញ នូវចិត្តក្នុងចិត្ត ជាប្រក្រតី ជាអ្នកមានព្យាយាម ដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោកចេញបាន ក្នុងសម័យនោះ។

[៦២] ម្នាលអានន្ទ សម័យណា ភិក្ខុសិក្សាថា អាត្មាអញ នឹងពិចារណាឃើញនូវបញ្ចក្ខន្ធ ថាមិនទៀង ដកដង្ហើមចេញ។ បេ។ សិក្សាថា អាត្មាអញ នឹងពិចារណាឃើញ នូវធម៌ប្រាសចាកតម្រេក ពិចារណាឃើញ នូវធម៌សម្រាប់រំលត់ទុក្ខ ពិចារណាឃើញធម៌សម្រាប់លះកិលេសចោល នឹងដកដង្ហើមចេញ សិក្សាថា អាត្មាអញ ពិចារណាឃើញ នូវធម៌សម្រាប់លះកិលេសចោល នឹងដកដង្ហើមចូល។ ម្នាលអានន្ទ ភិក្ខុពិចារណាឃើញ នូវធម៌ក្នុងធម៌ទាំងឡាយ ជាប្រក្រតី ជាអ្នកមានព្យាយាម ដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី កំចាត់បង់នូវអភិជ្ឈា និងទោមនស្ស ក្នុងលោកចេញបាន ក្នុងសម័យនោះ ការលះបង់ នូវអភិជ្ឈា និងទោមនស្សឯណា ភិក្ខុនោះ ឃើញការលះបង់នោះ ដោយប្រាជ្ញាហើយ សម្លឹងមើលដោយប្រពៃ។ ម្នាលអានន្ទ ព្រោះហេតុនោះ ភិក្ខុក្នុងសាសនានេះ ពិចារណាឃើញ នូវធម៌ក្នុងធម៌ទាំងឡាយ ជាប្រក្រតី ជាអ្នកមានព្យាយាម ដុតកំដៅ កិលេស ជាអ្នកដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោកចេញបាន ក្នុងសម័យនោះ។

[៦៣] ម្នាលអានន្ទ ដូចគំនរអាចម៍ដីដ៏ច្រើន មានក្នុងផ្លូវធំបែកជា ៤ ប្រសិនបើរទេះក្ដី រថក្ដី មកអំពីទិសខាងកើត រមែងកិន នូវគំនរអាចម៍ដីនោះ ពុំខានឡើយ។ ប្រសិនបើមកអំពីទិសខាងលិចក្ដី។ មកអំពីទិសខាងជើងក្ដី។ ប្រសិនបើរទេះក្ដី រថក្ដី មកអំពីទិសខាងត្បូង រមែងកិន នូវគំនរអាចម៍ដីនោះ ពុំខានឡើយ យ៉ាងណា។ ម្នាលអានន្ទ កាលភិក្ខុពិចារណាឃើញ នូវកាយក្នុងកាយ ជាប្រក្រតី រមែងកំចាត់បង់ នូវពួកធម៌ ជាអកុសលដ៏លាមក ពុំខានឡើយ។ ក្នុងវេទនាទាំងឡាយ។ ក្នុងចិត្ត។ ភិក្ខុពិចារណាឃើញ នូវធម៌ក្នុងធម៌ទាំងឡាយ ជាប្រក្រតី រមែងកំចាត់បង់ នូវពួកធម៌ ជាអកុសលដ៏លាមក ពុំខានឡើយ ក៏យ៉ាងនោះដែរ។

ចប់ ឯកធម្មវគ្គ ទី១។

ឧទ្ទានគឺបញ្ជីរឿង នៃឯកធម្មវគ្គនោះគឺ

ពោលអំពីការទ្រង់សំដែងធម៌ ១ ដែលជាអង្គនៃធម៌ជាគ្រឿងត្រាស់ដឹង ១ អំពីអានាបានស្សតិសុទ្ធិ មានផល ២ ប្រការ ១ អំពីអរិដ្ឋភិក្ខុ ១ អំពីព្រះមហាកប្បិន ១ អំពីសេចក្ដីប្រៀប ដោយប្រទីបប្រេង ១ អំពីព្រះដ៏មានព្រះភាគ គង់នៅទៀបក្រុងវេសាលី ១ អំពីព្រះកិមិលៈដ៏មានអាយុ ១។

ទុតិយវគ្គ ទី២

(២. ទុតិយវគ្គោ)

(ឥច្ឆានង្គលសូត្រ ទី១)

(១. ឥច្ឆានង្គលសុត្តំ)

[៦៤] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងដងព្រៃ ឈ្មោះឥច្ឆានង្គល ជិតស្រុកឥច្ឆានង្គល។ ក្នុងទីនោះឯង ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ តថាគត ប្រាថ្នានឹងសម្ងំនៅក្នុងទីស្ងាត់ អស់ ៣ ខែ កុំឲ្យភិក្ខុណាមួយចូលមករកតថាគតឡើយ វៀរលែងតែភិក្ខុ ១ រូប អ្នកនាំមកនូវចង្ហាន់បិណ្ឌបាត។ ភិក្ខុទាំងនោះ ទទួលស្ដាប់ព្រះពុទ្ធដីកាព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ ឥតមានភិក្ខុណាមួយ ហ៊ានចូលទៅគាល់ព្រះដ៏មានព្រះភាគ ក្នុងទីនោះទេ វៀរលែងតែភិក្ខុ ១ រូប អ្នកនាំមកនូវចង្ហាន់បិណ្ឌបាត។

[៦៥] លុះកន្លងកាល ៣ ខែនោះទៅហើយ ទើបព្រះដ៏មានព្រះភាគ ក៏ចេញចាកទីសម្ងំ ហើយត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ បើមានពួកបរិព្វាជកជាអន្យតិរិ្ថយ សួរអ្នកទាំងឡាយ យ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ព្រះសមណគោតម គង់ចាំវស្សាច្រើន ដោយវិហារធម៌ (ធម៌ជាគ្រឿងនៅ) ដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ កាលបើពួកបរិព្វាជក ជាអន្យតិរ្ថិយ សួរយ៉ាងនេះហើយ អ្នកទាំងឡាយ គប្បីដោះស្រាយ ចំពោះបរិព្វាជក ជាអន្យតិរ្ថិយទាំងនោះ យ៉ាងនេះវិញថា ម្នាលអាវុសោទាំងឡាយ ព្រះដ៏មានព្រះភាគ ទ្រង់ចាំវស្សា ច្រើនដោយអានាបានស្សតិសមាធិ។

[៦៦] ម្នាលភិក្ខុទាំងឡាយ ក្នុងទីនេះ តថាគតមានស្មារតីចាំជាក់ ដកដង្ហើមចេញ មានស្មារតីចាំជាក់ ដកដង្ហើមចូល កាលដកដង្ហើមចេញវែង ក៏ដឹងច្បាស់ថា អាត្មាអញដកដង្ហើមចេញវែង កាលដកដង្ហើមចូលវែង ក៏ដឹងច្បាស់ថា អាត្មាអញ ដកដង្ហើមចូលវែង។ កាលដកដង្ហើមចេញខ្លី ក៏ដឹងច្បាស់ថា អាត្មាអញ ដកដង្ហើមចេញខ្លី កាលដកដង្ហើមចូលខ្លី ក៏ដឹងច្បាស់ថា អាត្មាអញ ដកដង្ហើមចូលខ្លី។ តថាគត ដឹងច្បាស់ថា អាត្មាអញ នឹងជាអ្នកដឹងច្បាស់ នូវកាយទាំងពួង ទើបដកដង្ហើមចេញ (សេចក្ដីពិស្ដារ)។ តថាគត ដឹងច្បាស់ថា អាត្មាអញ នឹងជាអ្នកពិចារណាឃើញ នូវធម៌ជាគ្រឿងលះចោល នូវកិលេស ទើបដកដង្ហើមចេញ ដឹងច្បាស់ថា អាត្មាអញ នឹងជាអ្នកពិចារណាឃើញ នូវធម៌ជាគ្រឿងលះចោល នូវកិលេស ដកដង្ហើមចូល។

[៦៧] ម្នាលភិក្ខុទាំងឡាយ បុគ្គល កាលពោលឲ្យត្រូវ គប្បីពោលនូវធម៌ឯណាថា អរិយវិហារ (ធម៌ជាគ្រឿងនៅ របស់ព្រះអរិយៈ) ដូច្នេះក្ដី ថា ព្រហ្មវិហារ (ធម៌ជាគ្រឿងនៅ របស់ព្រហ្ម) ដូច្នេះក្ដី ថាតថាគតវិហារ (ធម៌ជាគ្រឿងនៅ របស់ព្រះតថាគត) ដូច្នេះក្ដី បុគ្គល កាលពោលឲ្យត្រូវ គប្បីពោលនូវអានាបានស្សតិសមាធិចុះថា អរិយវិហារ ដូច្នេះក៏បាន ថាព្រះហ្មវិហារ ដូច្នេះក៏បាន ថាតថាគតវិហារ ដូច្នេះក៏បាន។ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុឯណា ជាសេក្ខៈ មិនទាន់បានសម្រេចអរហត្តផលនៅឡើយ កាលបើប្រាថ្នា នូវព្រះនិព្វាន ជាទីក្សេម ចាកយោគៈដ៏ប្រសើរ អានាបានស្សតិសមាធិ ដែលភិក្ខុទាំងនោះ បានចំរើន បានធ្វើឲ្យរឿយៗ ហើយ រមែងប្រព្រឹត្តទៅ ដើម្បីអស់ទៅនៃអាសវៈទាំងឡាយបាន។

[៦៨] ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុឯណា ជាអរហន្ដ មានអាសវៈអស់ហើយ មានព្រហ្មចរិយៈ នៅរួចហើយ មានសោឡសកិច្ច ធ្វើស្រេចហើយ មានភារៈដាក់ចុះហើយ មានប្រយោជន៍របស់ខ្លួន បានសម្រេចហើយ មានកិលេសជាគ្រឿងប្រកប ក្នុងភពអស់រលីងហើយ មានចិត្តផុតស្រឡះហើយ ព្រោះដឹងច្បាស់ ដោយប្រពៃ អានាបានស្សតិសមាធិ ដែលភិក្ខុទាំងនោះ បានចំរើន បានធ្វើឲ្យរឿយៗហើយ រមែងប្រព្រឹត្តទៅ ដើម្បីនៅជាសុខ ក្នុងបច្ចុប្បន្នផង ដើម្បីសតិ និងសម្បជញ្ញៈផង។

[៦៩] ម្នាលភិក្ខុទាំងឡាយ បុគ្គល កាលពោលឲ្យត្រូវ គប្បីពោល នូវធម៌ឯណាថា អរិយវិហារ ដូច្នេះក្ដី ថាព្រហ្មវិហារ ដូច្នេះក្ដី ថាតថាគតវិហារ ដូច្នេះក្ដី បុគ្គល កាលពោលឲ្យត្រូវ គប្បីពោលនូវអានាបានស្សតិសមាធិចុះថា អរិយវិហារ ដូច្នេះក៏បាន ថាព្រហ្មវិហារដូច្នេះក៏បាន ថាតថាគតវិហារ ដូច្នេះក៏បាន។

(កង្ខេយ្យសូត្រ ទី២)

(២. កង្ខេយ្យសុត្តំ)

[៧០] សម័យមួយ ព្រះលោមសកំភិយៈដ៏មានអយុ គង់នៅក្នុងនិគ្រោធារាម ជិតក្រុងកបិលព័ស្ភុ ក្នុងដែនសក្កៈ។ គ្រានោះ ស្ដេចសក្យ ឈ្មោះ មហានាម ចូលទៅរកព្រះលោមសកំភិយៈ ដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះ លោមសកំភិយៈ ដ៏មានអាយុ ហើយគង់ក្នុងទីដ៏សមគួរ។ លុះមហានាមសក្យ គង់ក្នុងទីសមគួរហើយ ក៏ពោលទៅនឹងព្រះលោមសកំភិយៈដ៏មានអាយុ ដូច្នេះថា បពិត្រលោកម្ចាស់ដ៏ចំរើន សេក្ខវិហារ (ធម៌ជាគ្រឿងនៅ របស់សេក្ខៈ) នោះឯង គឺជា តថាគតវិហារនោះ ឬហ្ន៎។ ឬថា សេក្ខវិហារដោយឡែក តថាគតវិហារដោយឡែក។ ម្នាលអាវុសោ មហានាម សេក្ខវិហារនោះឯង មិនមែនជាថាគតវិហារនោះទេ។ ម្នាលអាវុសោមហានាម សេក្ខវិហារដោយឡែក តថាគតវិហារដោយឡែក។

[៧១] ម្នាលអាវុសោ មហានាម ពួកភិក្ខុឯណា ជាសេក្ខៈ មិនទាន់បានសម្រេចអរហត្តផលនៅឡើយ កាលបើប្រាថ្នា នូវព្រះនិព្វាន ជាទីក្សេមចាកយោគៈដ៏ប្រសើរ ភិក្ខុទាំងនោះ លះបង់នូវនីវរណៈទាំង ៥ ចេញ។ នីវរណៈ ៥ តើដូចម្ដេច។ គឺភិក្ខុទាំងនោះ លះបង់កាមច្ឆន្ទនីវរណៈ ១ ព្យាបាទនីវរណៈ ១។បេ។ ថីនមិទ្ធនីវរណៈ ១ ឧទ្ធច្ចកុក្កុច្ចនីវរណៈ ១ លះបង់វិចិកិច្ឆានីវរណៈ ១។ ម្នាលអាវុសោ មហានាម ពួកភិក្ខុឯណា ជាសេក្ខៈ មិនទាន់បានសម្រេចអរហត្តផលនៅឡើយ កាលបើប្រាថ្នា នូវព្រះនិព្វាន ជាទីក្សេម ចាកយោគៈដ៏ប្រសើរ ភិក្ខុទាំងនោះ រមែងលះបង់ នូវនីវរណៈទាំង ៥ នេះឯង។

[៧២] ម្នាលអាវុសោ មហានាម ពួកភិក្ខុឯណា ជាអរហន្ត មានអាសវៈអស់ហើយ មានព្រហ្មចរិយៈនៅរួចហើយ មានសោឡសកិច្ច ធ្វើស្រេចហើយ មានភារៈដាក់ចុះហើយ មានប្រយោជន៍របស់ខ្លួន បានសម្រេចហើយ មានកិលេសជាគ្រឿងប្រកប ក្នុងភពអស់រលីងហើយ មានចិត្តផុតស្រឡះហើយ ព្រោះដឹងច្បាស់ ដោយប្រពៃ ភិក្ខុទាំងនោះ បានលះបង់នីវរណៈ ៥ ហើយបានផ្ដាច់ផ្ដិលឫសគល់អស់ហើយ បានធ្វើឲ្យនៅសល់តែទីនៅដូចជាទីនៅ នៃដើមត្នោត ធ្វើមិនឲ្យមានបែបភាព ជាសភាវៈមិនកើតឡើងតទៅទៀតឡើយ។ នីវរណៈ ៥ តើដូចម្ដេច។ គឺភិក្ខុទាំងនោះ បានលះបង់កាមច្ឆន្ទនីវរណៈ បានផ្ដាច់ផ្ដិលឫសគល់អស់ហើយ បានធ្វើឲ្យនៅសល់តែទីនៅ ដូចជាទីនៅ នៃដើមត្នោត ធ្វើមិនឲ្យមានបែបភាព ជាសភាវៈមិនកើតឡើងតទៅទៀតឡើយ បានលះបង់ព្យាបាទនីវរណៈ។បេ។ ថីនមិទ្ធនីវរណៈ ឧទ្ធច្ចកុក្កុច្ចនីវរណៈ បានលះបង់វិចិកិច្ឆានីវរណៈ ហើយ បានផ្ដាច់ផ្ដិលឫសគល់អស់ហើយ បានធ្វើឲ្យនៅសល់តែទីនៅ ដូចជាទីនៅ នៃដើមត្នោត ធ្វើមិនឲ្យមានបែបភាព ជាសភាវៈមិនកើតឡើងតទៅទៀតឡើយ។ ម្នាលអាវុសោ មហានាម ពួកភិក្ខុឯណា ជាអហន្ត មានអាសវៈអស់ហើយ មានព្រហ្មចរិយៈនៅរួចហើយ មានសោឡសកិច្ច ធ្វើស្រេចហើយ មានភារៈដាក់ចុះហើយ មានប្រយោជន៍របស់ខ្លួន បានសម្រេចហើយ មានកិលេសជាគ្រឿងប្រកប ក្នុងភពអស់រលីងហើយ មានចិត្តផុតស្រឡះហើយ ព្រោះដឹងច្បាស់ដោយប្រពៃ ភិក្ខុទាំងនោះ បានលះបង់នីវរណៈទាំង ៥ នេះ បានផ្ដាច់ផ្ដិលឫសគល់អស់ហើយ បានធ្វើឲ្យនៅសល់តែទីនៅ ដូចជាទីនៅ នៃដើមត្នោត ធ្វើមិនឲ្យមានបែបភាព ជាសភាវៈមិនកើតឡើងតទៅទៀតឡើយ។

[៧៣] ម្នាលអាវុសោ មហានាម អ្នកគប្បីដឹងនូវសេចក្ដីនោះ ដោយបរិយាយនេះចុះ តាមទំនងថា សេក្ខវិហារដោយឡែក តថាគតវិហារដោយឡែក។

[៧៤] ម្នាលអាវុសោ មហានាម សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងដងព្រៃ ឥច្ឆានង្គល ជិតដែនឥច្ឆានង្គល។ ម្នាលអាវុសោ ក្នុងទីនោះឯង ព្រះដ៏មានព្រះភាគ ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ តថាគត ប្រាថ្នាដើម្បីសម្ងំនៅក្នុងទីស្ងាត់ អស់ ៣ ខែ កុំឲ្យភិក្ខុណាមួយ ចូលមករកតថាគតឡើយ វៀរលែងតែភិក្ខុ ១ រូប អ្នកនាំទៅ នូវចង្ហាន់បិណ្ឌបាត។ ម្នាលអាវុសោ ភិក្ខុទាំងនោះ ក៏ទទួលស្ដាប់ព្រះពុទ្ធដីកាព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ ឥតមានភិក្ខុណាមួយ ហ៊ានចូលទៅគាល់ព្រះដ៏មានព្រះភាគ ក្នុងទីនោះទេ វៀរលែងតែភិក្ខុ ១ រូប អ្នកនាំទៅ នូវចង្ហាន់បិណ្ឌបាត។

[៧៥] ម្នាលអាវុសោ លុះកន្លង ៣ ខែនោះទៅ ទើបព្រះដ៏មានព្រះភាគ ទ្រង់ចេញចាកទីសម្ងំ ហើយត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ បើពួកបរិព្វាជក ជាអន្យតិរិ្ថយ សួរអ្នកទាំងឡាយ យ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ព្រះសមគោតម គង់ចាំវស្សា ច្រើនដោយវិហារធម៌ដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ កាលបើពួកបរិព្វាជកជាអន្យតិរិ្ថយ សួរយ៉ាងនេះហើយ អ្នកទាំងឡាយ គប្បីដោះស្រាយ ចំពោះពួកបរិព្វាជក ជាអន្យតិរិ្ថយទាំងនោះ យ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ព្រះដ៏មានព្រះភាគ ទ្រង់គង់ចាំវស្សា ច្រើនដោយអានាបានស្សតិសមាធិ។

[៧៦] ម្នាលភិក្ខុទាំងឡាយ ក្នុងទីនេះ តថាគត មានស្មារតីចាំជាក់ ដកដង្ហើមចេញ មានស្មារតីចាំជាក់ ដកដង្ហើមចូល កាលដកដង្ហើមចេញវែង ក៏ដឹងច្បាស់ថា អាត្មាអញដកដង្ហើមចេញវែង កាលដកដង្ហើមចូលវែង ក៏ដឹងច្បាស់ថា អាត្មាអញ ដកដង្ហើមចូលវែង (បណ្ឌិតគប្បីសំដែងឲ្យពិស្ដារផងចុះ)។ តថាគតដឹងច្បាស់ថា អាត្មាអញ នឹងជាអ្នកពិចារណាឃើញ នូវធម៌ជាគ្រឿងលះចោលនូវកិលេស ទើបដកដង្ហើមចេញ ដឹងច្បាស់ថា អាត្មាអញ នឹងជាអ្នកពិចារណាឃើញ នូវធម៌ជាគ្រឿងលះចោលនូវកិលេស ទើបដកដង្ហើមចូល។

[៧៧] ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលបើពោលឲ្យត្រូវ គប្បីពោលនូវធម៌ឯណាថា អរិយវិហារ ដូច្នេះក្ដី ថា ព្រហ្មវិហារ ដូច្នេះក្ដី ថា តថាគតវិហារ ដូច្នេះក្ដី បុគ្គលកាលបើពោលឲ្យត្រូវ គប្បីពោលនូវអានាបានស្សតិសមាធិចុះថា អរិយវិហារ ដូច្នេះក៏បាន ថាព្រហ្មវិហារ ដូច្នេះក៏បាន ថាតថាគតវិហារ ដូច្នេះក៏បាន។ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុឯណា ជាសេក្ខៈ មិនទាន់បានសម្រេចអរហត្តផលនៅឡើយ កាលបើប្រាថ្នា នូវព្រះនិព្វាន ជាទីក្សេម ចាកយោគៈដ៏ប្រសើរ អានាបានស្សតិសមាធិ ដែលភិក្ខុទាំងនោះ បានចំរើន បានធ្វើឲ្យរឿយ ៗ រមែងប្រព្រឹត្តទៅ ដើម្បីអស់ទៅ នៃអាសវៈទាំងឡាយបាន។

[៧៨] ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុឯណា ជាអរហន្ត មានអាសវៈអស់ហើយ មានព្រហ្មចរិយធម៌ នៅរួចហើយ មានសោឡសកិច្ច បានធ្វើស្រេចហើយ មានភារៈដាក់ចុះហើយ មានប្រយោជន៍របស់ខ្លួន បានសម្រេចហើយ មានកិលេសជាគ្រឿងប្រកបក្នុងភព អស់រលីងហើយ មានចិត្តផុតស្រឡះហើយ ព្រោះដឹងច្បាស់ ដោយប្រពៃ ភិក្ខុទាំងនោះ បានចំរើន បានធ្វើឲ្យរឿយៗ នូវអានាបានស្សតិសមាធិហើយ រមែងប្រព្រឹត្តទៅ ដើម្បីនៅជាសុខ ក្នុងបច្ចុប្បន្នផង ដើម្បីសេចក្ដីរលឹក និងសេចក្ដីដឹងច្បាស់ផង។

[៧៩] ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលបើពោលឲ្យត្រូវ គប្បីពោលនូវធម៌ឯណាថា អរិយវិហារ ដូច្នេះក្ដី ថាព្រហ្មវិហារ ដូច្នេះក្ដី ថាតថាគតវិហារ ដូច្នេះក្ដី បុគ្គលកាលបើពោលឲ្យត្រូវ គប្បីពោល នូវអានាបានស្សតិសមាធិចុះថា អរិយវិហារ ដូច្នេះក៏បាន ថា ព្រហ្មវិហារ ដូច្នេះក៏បាន ថាតថាគតវិហារ ដូច្នេះក៏បាន។

[៨០] ម្នាលអាវុសោ មហានាម អ្នកគប្បីដឹងនូវសេចក្ដីនុ៎ះ ដោយបរិយាយនេះចុះ តាមទំនងថា សេក្ខវិហារ ដោយឡែក តថាគតវិហារ ដោយឡែក។

(បឋមអានន្ទសូត្រ ទី៣)

(៣. បឋមអានន្ទសុត្តំ)

[៨១] ទៀបក្រុងសាវត្ថី។ គ្រានោះ ព្រះអានន្ទដ៏មានអាយុ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំ ព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះព្រះអានន្ទដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលសួរ ព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ធម៌ ១ ដែលបុគ្គល បានចំរើន បានធ្វើឲ្យរឿយៗហើយ រមែងញ៉ាំងធម៌ ៤ ឲ្យពេញ ធម៌ ៤ ដែលបុគ្គលបានចំរើន បានធ្វើឲ្យរឿយៗហើយ រមែងញ៉ាំងធម៌ ៧ ឲ្យពេញ ធម៌ ៧ ដែលបុគ្គលបានចំរើន បានធ្វើឲ្យរឿយៗហើយ រមែងញ៉ាំងធម៌ ២ ឲ្យពេញបានដែរឬ។ ម្នាលអានន្ទធម៌ ១ ដែលបុគ្គលបានចំរើន បានធ្វើឲ្យរឿយៗហើយ រមែងញ៉ាំងធម៌ ៤ ឲ្យពេញ ធម៌ ៤ ដែលបុគ្គលបានចំរើន បានធ្វើឲ្យរឿយៗហើយ រមែងញ៉ាំងធម៌ ៧ ឲ្យពេញ ធម៌ ៧ ដែលបុគ្គលបានចំរើន បានធ្វើឲ្យរឿយៗហើយ រមែងញ៉ាំងធម៌ ២ ឲ្យពេញបានដែរ។

[៨២] បពិត្រព្រះអង្គដ៏ចំរើន ចុះធម៌ ១ ដែលបុគ្គលបានចំរើន បានធ្វើឲ្យរឿយៗហើយ រមែងញ៉ាំងធម៌ ៤ ឲ្យពេញ ធម៌ ៤ ដែលបុគ្គលបានចំរើន បានធ្វើឲ្យរឿយៗហើយ រមែងញ៉ាំងធម៌ ៧ ឲ្យពេញ ធម៌ ៧ ដែលបុគ្គលបានចំរើន បានធ្វើឲ្យរឿៗហើយ រមែងញ៉ាំងធម៌ ២ ឲ្យពេញបាន តើដូចម្ដេច។ ម្នាលអានន្ទ ធម៌ ១ គឺអានាបានស្សតិសមាធិ ដែលបុគ្គលបានចំរើន បានធ្វើឲ្យរឿយៗហើយ រមែងញ៉ាំងសតិប្បដ្ឋាន ៤ ឲ្យពេញ សតិប្បដ្ឋាន ៤ ដែលបុគ្គលបានចំរើន បានធ្វើឲ្យរឿយៗហើយ រមែងញ៉ាំងពោជ្ឈង្គ ៧ ឲ្យពេញ ពោជ្ឈង្គ ៧ ដែលបុគ្គលបានចំរើន បានធ្វើឲ្យរឿយៗហើយ រមែងញ៉ាំងវិជ្ជា និងវិមុត្តិឲ្យពេញបាន។

[៨៣] ម្នាលអានន្ទ ចុះអានាបានស្សតិសមាធិ ដែលបុគ្គលបានចំរើន ដូចម្ដេច បានធ្វើឲ្យរឿយៗ ដូចម្ដេច រមែងញ៉ាំងសតិប្បដ្ឋាន ៤ ឲ្យពេញបាន។ ម្នាលអានន្ទ ភិក្ខុក្នុងសាសនានេះ នៅក្នុងព្រៃក្ដី នៅទៀបគល់ឈើក្ដី នៅក្នុងផ្ទះស្ងាត់ក្ដី អង្គុយពែនភ្នែន តម្រង់កាយឲ្យត្រង់ ប្រុងស្មារតី ឆ្ពោះទៅរកកម្មដ្ឋាន។ ភិក្ខុនោះ មានស្មារតីចាំជាក់ ដកដង្ហើមចេញ មានស្មារតីចាំជាក់ ដកដង្ហើមចូល កាលដកដង្ហើមចេញវែង ក៏ដឹងច្បាស់ថា អាត្មាអញ ដកដង្ហើមចេញវែង កាលដកដង្ហើមចូលវែង ក៏ដឹងច្បាស់ថា អាត្មាអញ ដកដង្ហើមចូលវែង (បណ្ឌិតគប្បីឲ្យពិស្ដារផងចុះ)។ ភិក្ខុនោះ សិក្សាថា អាត្មា អញ នឹងជាអ្នកពិចារណាឃើញ នូវធម៌ជាគ្រឿងលះចោល នូវកិលេស ដកដង្ហើមចេញ សិក្សាថា អាត្មាអញ នឹងជាអ្នកពិចារណាឃើញ នូវធម៌ជាគ្រឿងលះចោលនូវកិលេស ដកដង្ហើមចូល។ ម្នាលអានន្ទ សម័យណា ភិក្ខុកាលដកដង្ហើមចេញវែង ក៏ដឹងច្បាស់ថា អាត្មាអញ ដកដង្ហើមចេញវែង កាលដកដង្ហើមចូលវែង ក៏ដឹងច្បាស់ថា អាត្មាអញ ដក ដង្ហើមចូលវែង។ កាលដកដង្ហើមចេញខ្លី។បេ។ ភិក្ខុសិក្សាថា អាត្មាអញ នឹងរម្ងាប់នូវកាយសង្ខារ គឺដកដង្ហើមចេញ ទើបដកដង្ហើមចេញ សិក្សាថា អាត្មាអញ នឹងរម្ងាប់នូវកាយសង្ខារ គឺដកដង្ហើមចូល ទើបដកដង្ហើមចូល។ ម្នាលអានន្ទ សម័យនោះ ភិក្ខុឈ្មោះថា ពិចារណាឃើញ នូវកាយក្នុងកាយ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតីកំចាត់បង់ នូវអភិដ្ឈា និងទោមនស្សក្នុងលោក។ សេចក្ដីនោះ ព្រោះហេតុអ្វី។ ម្នាលអានន្ទ (ព្រោះ) តថាគតពោលនូវកាយ2) ណាមួយនុ៎ះ ថា បានដល់ខ្យល់ដកដង្ហើមចេញ និងដកដង្ហើមចូល។ ម្នាលអានន្ទ ព្រោះហេតុនោះ បានជាសម័យនោះ ឈ្មោះថា ភិក្ខុក្នុងសាសនានេះ ពិចារណាឃើញ នូវកាយក្នុងកាយ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្សក្នុងលោក។

[៨៤] ម្នាលអានន្ទ សម័យឯណា ភិក្ខុសិក្សាថា អាត្មាអញ នឹងជាអ្នកដឹងច្បាស់នូវបីតិ ដកដង្ហើមចេញ។ ដឹងច្បាស់នូវសុខ។ ដឹងច្បាស់នូវចិត្តសង្ខារ។ ភិក្ខុសិក្សាថា អាត្មាអញ នឹងរម្ងាប់នូវចិត្តសង្ខារ ដកដង្ហើមចេញ សិក្សាថា អាត្មាអញ នឹងរម្ងាប់នូវចិត្តសង្ខារ ដកដង្ហើមចូល។ ម្នាលអានន្ទ សម័យនោះ ឈ្មោះថា ភិក្ខុពិចារណាឃើញ នូវវេទនាក្នុងវេទនា មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោក។ សេចក្ដីនោះ ព្រោះហេតុអ្វី។ ម្នាលអានន្ទ (ព្រោះ) តថាគត ពោលនូវវេទនាណាមួយនុ៎ះ ថាបានដល់ការយកចិត្តទុកដាក់ដោយប្រពៃ នូវខ្យល់ដកដង្ហើមចេញ និងខ្យល់ដកដង្ហើមចូល។ ម្នាលអានន្ទ ព្រោះហេតុនោះ បានជាសម័យនោះ ឈ្មោះថា ភិក្ខុក្នុងសាសនានេះ ពិចារណាឃើញ នូវវេទនាក្នុងវេទនា មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី កំចាត់បង់នូវអភិជ្ឈា និងទោមនស្សក្នុងលោក។

[៨៥] ម្នាលអានន្ទ សម័យឯណា ភិក្ខុសិក្សាថា អាត្មាអញ នឹងជាអ្នកដឹងច្បាស់ នូវចិត្ត ដកដង្ហើមចេញ សិក្សាថា អាត្មាអញ នឹងជាអ្នកដឹងច្បាស់នូវចិត្ត ដកដង្ហើមចូល។ សិក្សាថា អាត្មាអញ នឹងធ្វើចិត្តឲ្យរីករាយ ដកដង្ហើមចេញ។ នឹងដំកល់ចិត្តឲ្យស្មើ ក្នុងអារម្មណ៍។ សិក្សាថា អាត្មាអញ នឹងដោះចិត្តឲ្យរួចស្រឡះ (ចាកនីវរណធម៌ ជាដើម) ដកដង្ហើមចេញ សិក្សាថា អាត្មាអញ នឹងដោះចិត្តឲ្យរួចស្រឡះ (ចាកនីវរណធម៌ ជាដើម) ដកដង្ហើមចូល។ ម្នាលអានន្ទ សម័យនោះ ឈ្មោះថា ភិក្ខុពិចារណា ឃើញនូវចិត្តក្នុងចិត្ត មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតីកំចាត់បង់នូវអភិជ្ឈា និងទោមនស្សក្នុងលោក។ សេចក្ដីនោះ ព្រោះហេតុអ្វី។ ម្នាលអានន្ទ (ព្រោះ) តថាគត មិនពោលចំពោះការចំរើន នូវអានាបានស្សតិសមាធិ របស់បុគ្គលអ្នកភ្លេចស្មារតី មិនដឹងខ្លួនទេ ម្នាលអានន្ទ ព្រោះហេតុនោះ បានជាសម័យនោះ ឈ្មោះថាភិក្ខុក្នុងសាសនានេះ បានពិចារណាឃើញ នូវចិត្តក្នុងចិត្ត មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោក។

[៨៦] ម្នាលអានន្ទ សម័យឯណា ភិក្ខុពិចារណាឃើញ នូវសេចក្ដីមិនទៀង។បេ។ ពិចារណាឃើញ នូវធម៌ជាគ្រឿងប្រាសចាកតម្រេក។ ពិចារណាឃើញ នូវសេចក្ដីរលត់។ ភិក្ខុសិក្សាថា អាត្មាអញ នឹងជាអ្នកពិចារណាឃើញ នូវធម៌ជាគ្រឿងលះបង់ នូវកិលេស ដកដង្ហើមចេញ សិក្សាថា អាត្មាអញ នឹងជាអ្នកពិចារណាឃើញនូវធម៌ ជាគ្រឿងលះបង់នូវកិលេស ដកដង្ហើមចូល។ ម្នាលអានន្ទ សម័យនោះ ឈ្មោះថា ភិក្ខុពិចារណាឃើញ នូវធម៌ក្នុងធម៌ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភជ្ឈា និងទោមនស្សក្នុងលោក។ ភិក្ខុនោះ ជាអ្នកសំឡឹងដោយប្រពៃ ព្រោះបានឃើញ នូវការលះបង់ នូវអភជ្ឈានិងទោមនស្សនោះ ដោយបញ្ញា។ ម្នាលអានន្ទ ព្រោះហេតុនេះ បានជាសម័យនោះ ឈ្មោះថា ភិក្ខុក្នុងសាសនានេះ បានពិចារណាឃើញនូវធម៌ក្នុងធម៌ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតីកំចាត់បង់ នូវអភិជ្ឈា និងទោមនស្សក្នុងលោក។

[៨៧] ម្នាលអានន្ទ អានាបានស្សតិសមាធិ ដែលបុគ្គលបានចំរើន យ៉ាងនេះ បានធ្វើឲ្យរឿយៗ យ៉ាងនេះហើយ រមែងញ៉ាំងសតិប្បដ្ឋាន ៤ ឲ្យពេញបាន។

[៨៨] ម្នាលអានន្ទ ចុះសតិប្បដ្ឋាន ៤ ដែលបុគ្គលបានចំរើនដូចម្ដេច បានធ្វើឲ្យរឿយៗដូចម្ដេច ទើបញ៉ាំងពោជ្ឈង្គ ទាំង ៧ ឲ្យពេញបាន។ ម្នាលអានន្ទ សម័យឯណា ភិក្ខុបានពិចារណាឃើញរឿយៗ នូវកាយក្នុងកាយ សម័យនោះ ឈ្មោះថា ភិក្ខុមានស្មារតីតាំងនៅខ្ជាប់ មិនភ្លាំងភ្លេច។ ម្នាលអានន្ទ សម័យឯណា ភិក្ខុមានស្មារតី តាំងនៅខ្ជាប់ មិនភ្លាំងភ្លេច សម័យនោះ សតិសម្ពោជ្ឈង្គ (អង្គនៃប្រាជ្ញា ជាគ្រឿងត្រាស់ដឹង គឺស្មារតី) ឈ្មោះថា ភិក្ខុបានប្រារព្ធហើយ សម័យនោះ ឈ្មោះថា ភិក្ខុចំរើននូវសតិសម្ពោជ្ឈង្គ សម័យនោះ ឈ្មោះថា សតិសម្ពោជ្ឈង្គ បានដល់នូវការពេញ ដោយការចំរើនរបស់ភិក្ខុ។ កាលបើភិក្ខុនោះ មានស្មារតីដូច្នោះ ក៏ស្រាវជ្រាវ រាវរកពិចារណា នូវធម៌នោះ ដោយបញ្ញា។

[៨៩] ម្នាលអានន្ទ សម័យឯណា ភិក្ខុមានស្មារតីដូច្នោះបាន ស្រាវជ្រាវរាវរក ពិចារណា នូវធម៌នោះ ដោយបញ្ញា សម័យនោះ ធម្មវិចយសម្ពោជ្ឈង្គ (អង្គនៃប្រាជ្ញាជាគ្រឿងត្រាស់ដឹង គឺសេចក្ដីត្រិះរិះធម៌) ឈ្មោះថា ភិក្ខុបានប្រារព្ធហើយ សម័យនោះ ឈ្មោះថា ភិក្ខុចំរើននូវធម្មវិចយសម្ពោជ្ឈង្គ សម័យនោះ ឈ្មោះថា ធម្មវិចយសម្ពោជ្ឈង្គ បានដល់នូវការពេញ ដោយការចំរើនរបស់ភិក្ខុ។ កាលបើភិក្ខុនោះ ស្រាវជ្រាវរាវរកពិចារណា នូវធម៌នោះ ដោយបញ្ញា សេចក្ដីព្យាយាម មិនធូរថយ ឈ្មោះថា ភិក្ខុនោះ បានប្រារព្ធហើយ។

[៩០] ម្នាលអានន្ទ សម័យឯណា ដែលភិក្ខុស្រាវជ្រាវ រាវរក ពិចារណា នូវធម៌នោះ ដោយបញ្ញា សេចក្ដីព្យាយាម មិនធូរថយ ឈ្មោះថា ភិក្ខុបានប្រារព្ធហើយ សម័យនោះ វីរិយសម្ពោជ្ឈង្គ (អង្គនៃប្រាជ្ញា ជាគ្រឿងត្រាស់ដឹង គឺសេចក្ដីព្យាយាម) ឈ្មោះថា ភិក្ខុនោះ បានប្រារព្ធហើយ សម័យនោះ ឈ្មោះថា ភិក្ខុបានចំរើន នូវវីរិយសម្ពោជ្ឈង្គ សម័យនោះ ឈ្មោះថា វីរិយសម្ពោជ្ឈង្គ ដល់នូវការពេញ ដោយការចំរើនរបស់ភិក្ខុ។ កាលបើភិក្ខុ មានសេចក្ដីព្យាយាមប្រារព្ធហើយ បីតិប្រាសចាកអាមិស គឺ កិលេសក៏កើតឡើង។

[៩១] ម្នាលអានន្ទ សម័យឯណា ភិក្ខុមានសេចក្ដីព្យាយាមប្រារព្ធហើយ បីតិប្រាសចាកអាមិស ក៏កើតឡើង សម័យនោះ បីតិសម្ពោជ្ឈង្គ (អង្គនៃប្រាជ្ញា ជាគ្រឿងត្រាស់ដឹង គឺបីតិ) ឈ្មោះថា ភិក្ខុបានប្រារព្ធហើយ សម័យនោះ ឈ្មោះថា ភិក្ខុចំរើននូវបីតិសម្ពោជ្ឈង្គ សម័យនោះ ឈ្មោះថា បីតិសម្ពោជ្ឈង្គ ដល់នូវការពេញ ដោយការចំរើនរបស់ភិក្ខុ។ កាលបើភិក្ខុមានចិត្តត្រេកអរហើយ កាយក៏រម្ងាប់ ចិត្តក៏រម្ងាប់។

[៩២] ម្នាលអានន្ទ សម័យឯណា ភិក្ខុមានចិត្តប្រកបដោយបីតិ កាយក៏រម្ងាប់ ចិត្តក៏រម្ងាប់ សម័យនោះ បស្សទ្ធិសម្ពោជ្ឈង្គ (អង្គនៃប្រាជ្ញា ជាគ្រឿងត្រាស់ដឹង គឺសេចក្ដីរម្ងាប់) ឈ្មោះថា ភិក្ខុប្រារព្ធហើយ សម័យនោះ ឈ្មោះថា បស្សទ្ធិសម្ពោជ្ឈង្គ ដល់នូវការពេញ ដោយការចំរើនរបស់ភិក្ខុ។ កាលបើភិក្ខុមានកាយរម្ងាប់ ដល់នូវសេចក្ដីសុខហើយ ចិត្តក៏ដម្កល់ខ្ជាប់។

[៩៣] ម្នាលអានន្ទ សម័យឯណា ភិក្ខុមានកាយរម្ងាប់ ដល់នូវសេចក្ដីសុខហើយ ចិត្តក៏ដម្កល់មាំ សម័យនោះ សមាធិសម្ពោជ្ឈង្គ (អង្គនៃប្រាជ្ញា ជាគ្រឿងត្រាស់ដឹង គឺការដម្កល់ចិត្តមាំ) ឈ្មោះថា ភិក្ខុបានប្រារព្ធហើយ សម័យនោះ ឈ្មោះថា ភិក្ខុចំរើននូវសមាធិសម្ពោជ្ឈង្គ សម័យនោះ ឈ្មោះថា សមាធិសម្ពោជ្ឈង្គ ដល់នូវការពេញ ដោយការចំរើនរបស់ភិក្ខុ។ ភិក្ខុនោះ ជាអ្នកសំឡឹង ដោយប្រពៃនូវចិត្ត ដែលដម្កល់មាំដូច្នោះ។

[៩៤] ម្នាលអានន្ទ សម័យឯណា ភិក្ខុជាអ្នកសំឡឹងដោយប្រពៃ នូវចិត្តដែលដម្កល់មាំ ដូច្នោះ សម័យនោះ ឧបេក្ខាសម្ពោជ្ឈង្គ (អង្គនៃប្រាជ្ញា ជាគ្រឿងត្រាស់ដឹង គឺសេចក្ដីព្រងើយកន្តើយ) ឈ្មោះថា ភិក្ខុបានប្រារព្ធហើយ សម័យនោះ ឈ្មោះថា ភិក្ខុចំរើន នូវឧបេក្ខាសម្ពោជ្ឈង្គ សម័យនោះ ឈ្មោះថា ឧបេក្ខាសម្ពោជ្ឈង្គ ដល់នូវការពេញ ដោយការចំរើនរបស់ភិក្ខុ។

[៩៥] ម្នាលអានន្ទ សម័យឯណា ភិក្ខុពិចារណាឃើញនូវវេទនា ក្នុងវេទនាទាំងឡាយ នូវចិត្តក្នុងចិត្ត នូវធម៌ក្នុងធម៌ទាំងឡាយ សម័យនោះ ឈ្មោះថា ភិក្ខុមានស្មារតីដម្កល់មាំ មិនបានភ្លាំងភ្លេចឡើយ។

[៩៦] ម្នាលអានន្ទ សម័យឯណា ភិក្ខុមានស្មារតីដម្កល់មាំ មិនភ្លាំងភ្លេច សម័យនោះ សតិសម្ពោជ្ឈង្គ ឈ្មោះថា ភិក្ខុបានប្រារព្ធហើយ សម័យនោះ ឈ្មោះថា ភិក្ខុចំរើននូវសតិសម្ពោជ្ឈង្គ សម័យនោះ ឈ្មោះថា សតិសម្ពោជ្ឈង្គ ដល់នូវការពេញ ដោយការចំរើនរបស់ភិក្ខុ។ (សតិប្បដ្ឋានមុន យ៉ាងណា បណ្ឌិតគប្បីឲ្យពិស្ដារ យ៉ាងនោះផងចុះ)។ ភិក្ខុនោះ ជាអ្នកសំឡឹង ដោយប្រពៃនូវចិត្ត ដែលដម្កល់មាំដូច្នោះ។

[៩៧] ម្នាលអានន្ទ សម័យឯណា ភិក្ខុជាអ្នកសំឡឹងដោយប្រពៃ ចំពោះចិត្តដែលដម្កល់មាំដូច្នោះ សម័យនោះ ឧបេក្ខាសម្ពោជ្ឈង្គ ឈ្មោះថា ភិក្ខុបានប្រារព្ធហើយ សម័យនោះ ឈ្មោះថា ភិក្ខុចំរើន នូវឧបេក្ខាសម្ពោជ្ឈង្គ សម័យនោះ ឈ្មោះថា ឧបេក្ខាសម្ពោជ្ឈង្គ ដល់នូវការពេញ ដោយការចំរើនរបស់ភិក្ខុ។

[៩៨] ម្នាលអានន្ទ សតិប្បដ្ឋាន ៤ ដែលបុគ្គលបានចំរើន យ៉ាងនេះ បានធ្វើឲ្យរឿយៗ យ៉ាងនេះហើយ រមែងញ៉ាំងពោជ្ឈង្គ ទាំង ៧ ប្រការ ឲ្យពេញបាន។

[៩៩] ម្នាលអានន្ទ ចុះពោជ្ឈង្គ ទាំង ៧ បុគ្គលចំរើនដូចម្ដេច ធ្វើឲ្យរឿយៗដូចម្ដេច ទើបញ៉ាំងវិជ្ជា និងវិមុត្តិ ឲ្យពេញបាន។ ម្នាលអានន្ទ ភិក្ខុក្នុងសាសនានេះ ចំរើននូវសតិសម្ពោជ្ឈង្គ ដែលអាស្រ័យ នូវសេចក្ដីស្ងាត់ អាស្រ័យនូវការប្រាសចាកតម្រេក អាស្រ័យនូវសេចក្ដីរលត់ បង្អោនទៅ ដើម្បីលះបង់នូវកិលេស។ ចំរើននូវធម្មវិចយៈ វិរិយៈ បីតិ បស្សទ្ធិ សមាធិ និងឧបេក្ខាសម្ពោជ្ឈង្គ ដែលអាស្រ័យសេចក្ដីស្ងាត់ អាស្រ័យការប្រាសចាកតម្រេក អាស្រ័យសេចក្ដីរលត់ បង្អោនទៅ ដើម្បីលះបង់កិលេស។ ម្នាលអានន្ទ ពោជ្ឈង្គ ទាំង ៧ ដែលបុគ្គលបានចំរើន យ៉ាងនេះ បានធ្វើឲ្យរឿយៗ យ៉ាងនេះហើយ រមែងញុំាងវិជ្ចា និងវិមុត្តិឲ្យពេញបាន។

(ទុតិយអានន្ទសូត្រ ទី៤)

(៤. ទុតិយអានន្ទសុត្តំ)

[១០០] គ្រានោះ ព្រះអានន្ទដ៏មានអាយុ ចូលទៅគាល់ ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះព្រះអានន្ទដ៏អាយុ អង្គុយក្នុងទីសមគួរហើយ ទើបព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលអានន្ទ ធម៌ ១ ដែលបុគ្គលបានចំរើន បានធ្វើឲ្យរឿយៗហើយ រមែងញ៉ាំងធម៌ ៤ ឲ្យពេញ ធម៌ ៤ ដែលបុគ្គលបានចំរើន បានធ្វើឲ្យរឿយៗហើយ រមែងញ៉ាំងធម៌៧ ឲ្យពេញ ធម៌ ៧ ដែលបុគ្គលបានចំរើន បានធ្វើឲ្យរឿយៗហើយ រមែងញ៉ាំងធម៌ ២ ឲ្យពេញ មានដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ធម៌ទាំងឡាយ របស់យើងខ្ញុំ មានព្រះដ៏មានព្រះភាគជាមូល។បេ។ ម្នាលអានន្ទ ធម៌ ១ ដែលបុគ្គលបានចំរើន បានធ្វើឲ្យរឿយៗហើយ រមែងញ៉ាំងធម៌ ៤ ឲ្យពេញ ធម៌ ៤ ដែលបុគ្គលបានចំរើន បានធ្វើឲ្យរឿយៗហើយ រមែងញ៉ាំងធម៌ ៧ ឲ្យពេញ ធម៌ ៧ ដែលបុគ្គលបានចំរើន បានធ្វើឲ្យរឿយៗហើយ រមែងញ៉ាំងធម៌ ២ ឲ្យពេញ មានដែរ។

[១០១] ម្នាលអានន្ទ ចុះធម៌ ១ ដែលបុគ្គលបានចំរើន បានធ្វើឲ្យរឿយៗហើយ រមែងញ៉ាំងធម៌ ៤ ឲ្យពេញ ធម៌ ៤ ដែលបុគ្គលបានចំរើន បានធ្វើឲ្យរឿយៗហើយ រមែងញ៉ាំងធម៌៧ ឲ្យពេញ ធម៌ ៧ ដែលបុគ្គលបានចំរើន បានធ្វើឲ្យរឿយៗហើយ រមែងញ៉ាំងធម៌ ២ ឲ្យពេញបាន តើដូចម្ដេច។ ម្នាលអានន្ទ ធម៌ ១ គឺអានាបានស្សតិសមាធិ ដែលបុគ្គលបានចំរើន បានធ្វើឲ្យរឿយៗហើយ រមែងញ៉ាំងសតិប្បដ្ឋាន ៤ ឲ្យពេញ សតិប្បដ្ឋាន ៤ ដែលបុគ្គលបានចំរើន បានធ្វើឲ្យរឿយៗហើយ រមែងញ៉ាំងពោជ្ឈង្គ ទាំង ៧ ឲ្យពេញ ពោជ្ឈង្គ ៧ ដែលបុគ្គលបានចំរើន បានធ្វើឲ្យរឿយៗហើយ រមែងញ៉ាំងវិជ្ជា និងវិមុត្តិឲ្យពេញបាន។

[១០២] ម្នាលអានន្ទ ចុះអានាបានស្សតិសមាធិ ដែលបុគ្គលបានចំរើនដូចម្ដេច បានធ្វើឲ្យរឿយៗដូចម្ដេច ទើបញ៉ាំងសតិប្បដ្ឋាន ទាំង ៤ ឲ្យពេញបាន។ ម្នាលអានន្ទ ភិក្ខុក្នុងសាសនានេះ នៅក្នុងព្រៃក្ដី។បេ។ ម្នាលអានន្ទ ពោជ្ឈង្គ ទាំង ៧ ដែលបុគ្គលបានចំរើនយ៉ាងនេះ បានធ្វើឲ្យរឿយៗ យ៉ាងនេះហើយ រមែងញ៉ាំងវិជ្ជា និងវិមត្តិឲ្យពេញបាន។

(បឋមភិក្ខុសូត្រ ទី៥)

(៥. បឋមភិក្ខុសុត្តំ)

[១០៣] គ្រានោះ ភិក្ខុច្រើនរូប ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះភិក្ខុទាំងនោះអង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលសួរព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ធម៌ ១ ដែលបុគ្គលបានចំរើន បានធ្វើឲ្យរឿយៗហើយ រមែងញ៉ាំងធម៌ ៤ ឲ្យពេញ ធម៌ ៤ ដែលបុគ្គលបានចំរើន បានធ្វើឲ្យរឿយៗហើយ រមែងញ៉ាំងធម៌ ៧ ឲ្យពេញ ធម៌៧ ដែលបុគ្គលបានចំរើន បានធ្វើឲ្យរឿយៗហើយ រមែងញ៉ាំងធម៌ ២ ឲ្យពេញ មានដែរឬ។ ម្នាលភិក្ខុទាំងឡាយ ធម៌ ១ ដែលបុគ្គលបានចំរើន បានធ្វើឲ្យរឿយៗហើយ រមែងញុំាងធម៌ ៤ ឲ្យពេញ ធម៌ ៤ ដែលបុគ្គលបានចំរើន បានធ្វើឲ្យរឿយៗហើយ រមែងញ៉ាំងធម៌ ៧ ឲ្យពេញ ធម៌ ៧ ដែលបុគ្គលបានចំរើន បានធ្វើឲ្យរឿយៗហើយ រមែងញ៉ាំងធម៌ ២ ឲ្យពេញ មានដែរ។

[១០៤] បពិត្រព្រះអង្គដ៏ចំរើន ចុះធម៌១ ដែលបុគ្គលបានចំរើន បានធ្វើឲ្យរឿយៗហើយ រមែងញ៉ាំងធម៌ ៤ ឲ្យពេញ ធម៌ ៤ ដែលបុគ្គលបានចំរើន បានធ្វើឲ្យរឿយៗហើយ រមែងញ៉ាំងធម៌ ៧ ឲ្យពេញ ធម៌៧ ដែលបុគ្គលបានចំរើន បានធ្វើឲ្យរឿយៗហើយ រមែងញ៉ាំងធម៌ ២ ឲ្យពេញ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ ធម៌ ១ គឺ អានាបានស្សតិសមាធិ ដែលបុគ្គលបានចំរើន បានធ្វើឲ្យរឿយៗហើយ រមែងញ៉ាំងសតិប្បដ្ឋាន ៤ ឲ្យពេញ សតិប្បដ្ឋាន ៤ ដែលបុគ្គលបានចំរើន បានធ្វើឲ្យរឿយៗហើយ រមែងញ៉ាំងពោជ្ឈង្គ ៧ ឲ្យពេញ ពោជ្ឈង្គ ៧ ដែលបុគ្គលបានចំរើន បានធ្វើឲ្យរឿយៗហើយ រមែងញ៉ាំងវិជ្ជា និងវិមុត្តិឲ្យពេញ។

(វេយ្យាករណ៍ ដែលបានពោលហើយយ៉ាងណា បណ្ឌិតគប្បីឲ្យពិស្ដារ យ៉ាងនោះផងចុះ)។

(ទុតិយភិក្ខុសូត្រ ទី៦)

(៦. ទុតិយភិក្ខុសុត្តំ)

[១០៥] គ្រានោះ ភិក្ខុច្រើនរូប ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះភិក្ខុទាំងនោះអង្គុយក្នុងទីដ៏សមគួរហើយ ទើបព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ធម៌ ១ ដែលបុគ្គលបានចំរើន បានធ្វើឲ្យរើយៗហើយ រមែងញ៉ាំងធម៌ ៤ ឲ្យពេញ ធម៌ ៤ ដែលបុគ្គលបានចំរើន បានធ្វើឲ្យរឿយៗហើយ រមែងញ៉ាំងធម៌ ៧ ឲ្យពេញ ធម៌ ៧ ដែលបុគ្គលបានចំរើន បានធ្វើឲ្យរឿយៗហើយ រមែងញ៉ាំងធម៌ ២ ឲ្យពេញ មានដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ធម៌ទាំងឡាយ របស់យើងខ្ញុំ មានព្រះដ៏មានព្រះភាគជាមូល។បេ។ ភិក្ខុទាំងឡាយ បានស្ដាប់ព្រះពុទ្ធដីកាព្រះដ៏មានព្រះភាគហើយ នឹងចងចាំទុក។ ម្នាល ភិក្ខុទាំងឡាយ ធម៌ ១ ដែលបុគ្គលបានចំរើន បានធ្វើឲ្យរឿយៗហើយ រមែងញ៉ាំងធម៌ ៤ ឲ្យពេញ ធម៌ ៤ ដែលបុគ្គលបានចំរើន បានធ្វើឲ្យរឿយៗហើយ រមែងញ៉ាំងធម៌ ៧ ឲ្យពេញ ធម៌ ៧ ដែលបុគ្គលបានចំរើន បានធ្វើឲ្យរឿយៗហើយ រមែងញ៉ាំងធម៌ ២ ឲ្យពេញមានដែរ។

[១០៦] ម្នាលភិក្ខុទាំងឡាយ ធម៌ ១ ដែលបុគ្គលបានចំរើន បានធ្វើហើយ រមែងញ៉ាំងធម៌ ៤ ឲ្យពេញ ធម៌៤ ដែលបុគ្គលបានចំរើន បានធ្វើឲ្យរឿយៗហើយ រមែងញ៉ាំងធម៌៧ ឲ្យពេញ ធម៌ ៧ ដែលបុគ្គលបានចំរើន បានធ្វើឲ្យរឿយៗហើយ រមែងញ៉ាំងធម៌ ២ ឲ្យពេញ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ ធម៌ ១ គឺអានាបានស្សតិសមាធិ ដែលបុគ្គលបានចំរើន បានធ្វើឲ្យរឿយៗហើយ រមែងញ៉ាំងសតិប្បដ្ឋាន ៤ ឲ្យពេញ សតិប្បដ្ឋាន ៤ ដែលបុគ្គលបានចំរើន បានធ្វើឲ្យរឿយៗហើយ រមែងញ៉ាំងពោជ្ឈង្គ ៧ ឲ្យពេញ ពោជ្ឈង្គ ៧ ដែលបុគ្គលបានចំរើន បានធ្វើឲ្យរឿយៗហើយ រមែងញ៉ាំងវិជ្ជា និងវិមុត្តិ ឲ្យពេញបាន។បេ។

(វេយ្យាករណ៍ទី ២ យ៉ាងណា បណ្ឌិតគប្បីធ្វើ ដល់ភិក្ខុទាំងឡាយ យ៉ាងនោះផងចុះ)។បេ។

(សំយោជនប្បហានសូត្រ ទី៧)

(៧. សំយោជនប្បហានសុត្តំ)

[១០៧] ម្នាលភិក្ខុទាំងឡាយ អានាបានស្សតិសមាធិ ដែលបុគ្គលបានចំរើន បានធ្វើឲ្យរឿយៗហើយ រមែងប្រព្រឹត្តទៅ ដើម្បីលះបង់នូវសញ្ញោជនៈបាន។

[១០៨] ម្នាលភិក្ខុទាំងឡាយ ចុះអានាបានស្សតិសមាធិ ដែលបុគ្គលបានចំរើនដូចម្ដេច បានធ្វើឲ្យរឿយៗដូចម្ដេច ទើបប្រព្រឹត្តទៅ ដើម្បីលះបង់សញ្ញោជនៈបាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ នៅក្នុងព្រៃក្ដី។បេ។ សិក្សាថា អាត្មាអញ នឹងជាអ្នកពិចារណាឃើញ នូវធម៌ជាគ្រឿងលះបង់ នូវកិលេស ដកដង្ហើមចេញ សិក្សាថា អាត្មាអញ នឹងជាអ្នកពិចារណាឃើញ នូវធម៌ជាគ្រឿងលះបង់ នូវកិលេស ដកដង្ហើមចូល។ ម្នាលភិក្ខុទាំងឡាយ អានាបានស្សតិសមាធិ ដែលបុគ្គលបានចំរើន យ៉ាងនេះ បានធ្វើឲ្យរឿយៗ យ៉ាងនេះហើយ រមែងប្រព្រឹត្តទៅ ដើម្បីលះបង់ នូវសញ្ញោជនៈបាន។បេ។

(អនុសយសមុគ្ឃាតសូត្រ ទី៨)

(៨. អនុសយសមុគ្ឃាតសុត្តំ)

[១០៩] ម្នាលភិក្ខុទាំងឡាយ អានាបានស្សតិសមាធិ ដែលបុគ្គលបានចំរើន បានធ្វើឲ្យរឿយៗហើយ រមែងប្រព្រឹត្តទៅ ដើម្បីដកចោល នូវអនុសយក្កិលេសបាន។ (បណ្ឌិតគប្បីឲ្យពិស្ដារផងចុះ)។ ម្នាលភិក្ខុទាំងឡាយ អានាបានស្សតិសមាធិ ដែលបុគ្គលបាន ចំរើនយ៉ាងនេះ បានធ្វើឲ្យរឿយៗ យ៉ាងនេះហើយ រមែងប្រព្រឹត្តទៅ ដើម្បីដកចោលនូវអនុសយក្កិលេសបាន។

(អទ្ធានបរិញ្ញាសូត្រ ទី៩)

(៩. អទ្ធានបរិញ្ញាសុត្តំ)

[១១០] ម្នាលភិក្ខុទាំងឡាយ អានាបានស្សតិសមាធិ ដែលបុគ្គលបានចំរើន បានធ្វើឲ្យរឿយៗហើយ រមែងប្រព្រឹត្តទៅ ដើម្បីកំណត់ដឹង នូវផ្លូវឆ្ងាយ គឺសង្សារបាន។ (សេចក្ដីពិស្ដារ)។ ម្នាលភិក្ខុទាំងឡាយ អានាបានស្សតិសមាធិ ដែលបុគ្គលបានចំរើន យ៉ាងនេះ បានធ្វើឲ្យរឿយៗ យ៉ាងនេះហើយ រមែងប្រព្រឹត្តទៅ ដើម្បីកំណត់ដឹង នូវផ្លូវឆ្ងាយ គឺសង្សារបាន។

(អាសវក្ខយសូត្រ ទី១០)

(១០. អាសវក្ខយសុត្តំ)

[១១១] ម្នាលភិក្ខុទាំងឡាយ អានាបានស្សតិសមាធិ ដែលបុគ្គលបានចំរើន បានធ្វើឲ្យរឿយៗហើយ រមែងប្រព្រឹត្តទៅ ដើម្បីអស់ទៅ នៃអាសវៈទាំងឡាយបាន។ (សេចក្ដីពិស្ដារ)។ ម្នាលភិក្ខុទាំងឡាយ អានាបានស្សតិសមាធិ ដែលបុគ្គលបានចំរើន យ៉ាងនេះ បានធ្វើឲ្យរឿយៗ យ៉ាងនេះហើយ រមែងប្រព្រឹត្តទៅ ដើម្បីអស់រលីងទៅ នៃអាសវៈទាំង ឡាយ បាន។

ចប់ វគ្គ ទី២។

ឧទ្ទាននៃវគ្គទី ២ នោះគឺ

និយាយអំពីព្រះដ៏មានព្រះភាគ កាលគង់នៅក្នុងដងព្រៃ ឥច្ឆានង្គល ១ អំពីព្រះលោមសកំភិយៈដ៏មានអាយុ ១ អំពីព្រះអានន្ទដ៏មានអាយុ មានពីរលើក អំពីភិក្ខុច្រើនរូបមានពីរលើក អំពីចំរើនអានាបានស្សតិសមាធិ ប្រព្រឹត្តទៅ ដើម្បីលះសញ្ញោជនៈ ១ ដើម្បីដកចោល នូវអនុសយក្កិលេស ១ ដើម្បីកំណត់ដឹង នូវផ្លូវឆ្ងាយ គឺសង្សារ ១ ដើម្បីអស់ទៅនៃអាសវៈ ១។

ចប់ អានាបានសំយុត្ត។

សោតាបតិ្តសំយុត្ត (ទី១១)

(១១. សោតាបត្តិសំយុត្តំ)

វេឡុទ្វារវគ្គ ទី១

(១. វេឡុទ្វារវគ្គោ)

(ចក្កវត្តិរាជសូត្រ ទី១)

(១. ចក្កវត្តិរាជសុត្តំ)

[១១២] ទៀបក្រុងសាវត្ថី។ ក្នុងទីនោះឯង ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ពិតមែនថា ស្ដេចចក្រពត្តិ សោយរាជសម្បត្តិ មានសភាពជាឥស្សរៈ ជាធំជាងទ្វីបទាំង ៤ លុះបែកធ្លាយរាងកាយ បន្ទាប់អំពីមរណៈទៅ រមែងទៅកើតក្នុងសុគគិសួគ៌ ទេវលោក ជាមួយនឹងពួកទេវតា ក្នុងស្ថានតាវត្តិង្ស។ ទេវបុត្រនោះ មានពួកស្រីអប្សរ ចោមរោមក្នុងនន្ទនវនឱទ្យាន ក្នុងស្ថានតាវត្តិង្សនោះ ទ្រង់ឆ្អែតស្កប់ស្កល់ មូលមិត្តដោយកាមគុណ ទាំង ៥ ជាទិព្វ។ បើទេវបុត្រនោះ មិនបានប្រកបដោយធម៌ ៤ យ៉ាង។ ទេវបុត្រនោះ ក៏គង់មិនរួចស្រឡះចាកនរក មិនរួចស្រឡះចាកកំណើតតិរច្ឆាន មិនរួច ស្រឡះ ចាកប្រេតវិស័យ មិនរួចស្រឡះ ចាកអសុរកាយបានឡើយ។

[១១៣] ម្នាលភិក្ខុទាំងឡាយ អរិយសាវក រមែងញ៉ាំងអត្តភាព ឲ្យប្រព្រឹត្តទៅ ដោយភោជនជាពំនូត ដែលបានមក ដោយកម្លាំងកំភួនជើង ប្រើប្រាស់នូវសំពត់គ្មានជាយ ក៏ពិតមែនហើយ។ តែថា អរិយសាវកនោះ ប្រកបដោយធម៌ ៤ យ៉ាង។ ទើបអរិយសាវកនោះ រួចស្រឡះចាកនរក រួចស្រឡះចាកកំណើតតិរច្ឆាន រួចស្រឡះចាកប្រេតវិស័យ រួចស្រឡះ ចាកអសុរកាយបាន។ ប្រកបដោយធម៌ ៤ យ៉ាង តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក ក្នុងសាសនានេះ ប្រកបដោយសេចក្ដីជ្រះថ្លា មិនកម្រើកក្នុងព្រះពុទ្ធថា ព្រះដ៏មានព្រះភាគ អង្គនោះ ជាអរហន្ត សម្មាសម្ពុទ្ធ ទ្រង់បរិបូណ៌ ដោយវិជ្ជានិងចរណៈ មានដំណើរល្អ យាងទៅកាន់ព្រះនិព្វាន ទ្រង់ជ្រាបច្បាស់ នូវត្រៃលោក ទ្រង់ប្រសើរដោយសីលាទិគុណ រកបុគ្គលណាមួយស្មើគ្មាន ទ្រង់ជាអ្នកទូន្មាន នូវបុរស ដូចជានាយសារថី ទ្រង់ជាគ្រូ នៃទេវតា និងមនុស្សទាំងឡាយ ទ្រង់ត្រាស់ដឹង នូវអរិយសច្ច ៤ ទ្រង់ខ្ជាក់ចោល នូវត្រៃភព លែងវិលត្រឡប់មកកើតទៀត ១។ ប្រកបដោយសេចក្ដីជ្រះថ្លាមិនកម្រើក ក្នុងព្រះធម៌ថា ព្រះបរិយត្តិធម៌ ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយដោយប្រពៃ ព្រះនព្វលោកុត្តរធម៌ ជាធម៌ដែលព្រះអរិយបុគ្គល ឃើញច្បាស់ដោយខ្លួនឯង ជាធម៌ឲ្យនូវផល មិនរង់ចាំកាល ជាធម៌ គួរនឹងហៅបុគ្គលដទៃ ឲ្យចូលមកមើលបាន ជាធម៌ដែលព្រះអរិយបុគ្គល គប្បីបង្អោនចូលមកទុកក្នុងខ្លួន ជាធម៌ដែលអ្នកប្រាជ្ញទាំងឡាយ គប្បីដឹងច្បាស់ ក្នុងចិត្តនៃខ្លួន ១។ ប្រកបដោយសេចក្ដីជ្រះថ្លា មិនកម្រើកក្នុងព្រះសង្ឃថា ព្រះសង្ឃ ជាសាវក នៃព្រះដ៏មានព្រះភាគ ប្រតិបត្តិដោយប្រពៃ ព្រះសង្ឃសាវក នៃព្រះដ៏មានព្រះភាគ ប្រតិបត្តិដោយត្រង់ ព្រះសង្ឃសាវក នៃព្រះដ៏មានព្រះភាគ ប្រតិបត្តិ ដើម្បីត្រាស់ដឹង នូវព្រះនិព្វាន ព្រះសង្ឃសាវក នៃព្រះដ៏មានព្រះភាគ ប្រតិបត្តិដ៏សមគួរ ដល់សាមីចិកម្ម។ ព្រះសង្ឃរូបណា បើរាប់ជាគូ នៃបុរស មាន ៤ គូ បើរាប់រៀងជាបុរសបុគ្គល មាន ៨ ពួក នុ៎ះ ជាសង្ឃសាវក នៃព្រះដ៏មានព្រះភាគ លោកគួរទទួលនូវចតុប្បច្ច័យ ដែលបង្អោនចូលមកបូជា គួរទទួល នូវអាគន្តុកទាន គួរទទួលនូវទាន ដែលបុគ្គលជឿនូវកម្ម និងផលនៃកម្មហើយបូជា គួរដល់អញ្ជលិកម្ម ដែលសត្វលោកគប្បីធ្វើ ជាបុញ្ញក្ខេត្តនៃសត្វលោក រកខេត្តដទៃក្រៃលែងជាងគ្មាន ១។ ប្រកបដោយសីល ជាទីត្រេកអរ នៃព្រះអរិយៈ ជាសីលមិនដាច់ មិនធ្លុះ មិនពព្រុះ មិនពពាល ជាសីលជានា ដែលអ្នកប្រាជ្ញគប្បីសរសើរ មិនបានប៉ះពាល់ (ដោយតណ្ហា និងទិដ្ឋិ) ប្រព្រឹត្តទៅព្រម ដើម្បីសមាធិ ១។ អរិយសាវក ជាអ្នកប្រកបដោយធម៌ ទាំង ៤ យ៉ាងនេះឯង។

[១១៤] ម្នាលភិក្ខុទាំងឡាយ ការដែលបាននូវទ្វីបទាំង ៤ ហើយ និងការដែលបាននូវធម៌ ទាំង ៤ ឯការបាននូវទ្វីបទាំង៤ មិនដល់នូវចំណិត ដែលចែកជាចំណែក ១៦ ដងនៃការបាននូវធម៌ ទាំង ៤ ឡើយ។

(ព្រហ្មចរិយោគធសូត្រ ទី២)

(២. ព្រហ្មចរិយោគធសុត្តំ)

[១១៥] ម្នាលភិក្ខុទាំងឡាយ អរិយសាវក អ្នកដល់នូវសោតៈ ប្រកបដោយធម៌ ៤ យ៉ាង មានសភាពមិនធ្លាក់ចុះ ទៅក្នុងអបាយ ជាបុគ្គលទៀង មានការត្រាស់ដឹង ប្រព្រឹត្តទៅខាងមុខ។ ប្រកបដោយធម៌ ៤ យ៉ាង តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ អរិយសាវកក្នុងសាសនានេះ ប្រកបដោយសេចក្ដីជ្រះថ្លា មិនកម្រើកក្នុងព្រះពុទ្ធថា ព្រះដ៏មានព្រះភាគ អង្គនោះ ជាអរហន្ត សម្មាសម្ពុទ្ធ ទ្រង់បរិបូណ៌ដោយវិជ្ជា និងចរណៈ ទ្រង់មានដំណើរល្អ យាងទៅកាន់ព្រះនិព្វាន ទ្រង់ជ្រាបច្បាស់ នូវត្រៃលោក ទ្រង់ប្រសើរដោយសីលាទិគុណ រកបុគ្គលណាមួយស្មើគ្មាន ទ្រង់ជាអ្នកទូន្មាន នូវបុរស ដូចជានាយសារថី ទ្រង់ជាគ្រូនៃទេវតា និងមនុស្សទាំងឡាយ ទ្រង់ត្រាស់ដឹង នូវអរិយសច្ច ៤ ទ្រង់ខ្ជាក់ចោលនូវត្រៃភព លែងវិលត្រឡប់មកកើតទៀត ១។ (ប្រកបដោយសេចក្ដីជ្រះថ្លា មិនកម្រើក) ក្នុងព្រះធម៌ ១។ បេ។ ក្នុងព្រះសង្ឃ ១។បេ។ ប្រកបដោយសីល ជាទីត្រេកអរ នៃព្រះអរិយៈមិនដាច់។បេ។ ប្រព្រឹត្តទៅព្រម ដើម្បីសមាធិ ១។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក អ្នកបានដល់នូវសោតៈ ប្រកបដោយធម៌ ទាំង ៤ យ៉ាងនេះឯង មានសភាពមិនបានធ្លាក់ចុះក្នុងអបាយ ជាបុគ្គលទៀង មានការត្រាស់ដឹង ប្រព្រឹត្តទៅខាងមុខ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់នូវព្រះសូត្រនេះ លុះព្រះសុគត ទ្រង់ត្រាស់នូវព្រះសូត្រនេះចប់ហើយ ព្រះសាស្ដា ក៏ទ្រង់ត្រាស់នូវព្រះគាថានេះ តទៅទៀតថា

[១១៦]

ពួកជនណា មានសទ្ធា3) ១ មានសីល ១4) មានសេចក្ដីជ្រះថ្លា ១5) មានការឃើញនូវធម៌ ១6) ជនទាំងនោះឯង រមែងដល់នូវសេចក្ដីសុខ7) ជាគ្រឿងប្រជុំចុះក្នុងព្រហ្មចរិយៈ តាមកាលដ៏គួរ។

(ទីឃាវុឧបាសកសូត្រ ទី៣)

(៣. ទីឃាវុឧបាសកសុត្តំ)

[១១៧] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវន ជាកលន្ទកនិវាបស្ថាន ជិតក្រុងរាជគ្រឹះ។ សម័យនោះឯង ឧបាសកឈ្មោះ ទីឃាវុ មាន អាពាធ ដល់នូវសេចក្ដីទុក្ខ ឈឺធ្ងន់។ វេលានោះ ទីឃាវុឧបាសក ហៅគហបតីឈ្មោះ ជោតិយៈជាបិតាមកថា បពិត្រគហបតី ចូរអ្នកទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ចូរអ្នកក្រាបថ្វាយបង្គំព្រះបាទា នៃព្រះដ៏មានព្រះភាគ ដោយសិរសា តាមពាក្យនៃខ្ញុំថា បពិត្រព្រះអង្គដ៏ចំរើន ទីឃាវុឧបាសក មានអាពាធ ដល់នូវសេចក្ដីទុក្ខឈឺធ្ងន់ ទីឃាវុឧបាសកនោះ ថ្វាយបង្គំព្រះបាទា នៃព្រះដ៏មានព្រះភាគ ដោយសិរសា។ អ្នកចូរក្រាបបង្គំទូល យ៉ាងនេះផងថា បពិត្រព្រះអង្គដ៏ចំរើន សូមទ្រង់ព្រះមេត្តាប្រោស សូមព្រះដ៏មានព្រះភាគ ធ្វើនូវសេចក្ដីអនុគ្រោះ យាងចូលទៅកាន់លំនៅ នៃទីឃាវុឧបាសក។ ជោតិយគហបតី ទទួលស្ដាប់ពាក្យទីឃាវុឧបាសកថា អើកូន ហើយក៏ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ រួចអង្គួយក្នុងទីសមគួរ។

[១១៨] លុះ ជោតិយគហបតី អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ទីឃាវុឧបាសក មានអាពាធ ដល់នូវសេចក្ដីទុក្ខ ឈឺធ្ងន់ ទីឃាវុឧបាសកនោះ ថ្វាយបង្គំព្រះបាទាព្រះដ៏មានព្រះភាគ ដោយសិរសា។ ឧបាសកនោះ ពោលយ៉ាងនេះផងថា បពិត្រព្រះអង្គដ៏ចំរើន សូមទ្រង់ព្រះមេត្តាប្រោស សូមព្រះដ៏មានព្រះភាគ ធ្វើនូវសេចក្ដីអនុគ្រោះ យាងចូលទៅកាន់លំនៅ នៃទីឃាវុឧបាសក។ ព្រះដ៏មានព្រះភាគ ទ្រង់ទទួលដោយតុណ្ហីភាព។

[១១៩] គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ស្បង់ ប្រដាប់បាត្រ និងចីវរ យាងចូលទៅកាន់លំនៅ នៃទីឃាវុឧបាសក លុះចូលទៅដល់ហើយ ក៏គង់លើអាសនៈ ដែលគេក្រាលថ្វាយ។ លុះព្រះដ៏មានព្រះភាគ ទ្រង់គង់ហើយ ក៏ត្រាស់សួរទីឃាវុឧបាសក ដូច្នេះថា ម្នាលទីឃាវុ អ្នកល្មមអត់ទ្រាំបានដែរឬ ល្មមប្រព្រឹត្តទៅស្រួលដែរឬ ទុក្ខវេទនាធូរថយទៅ មិនចំរើនឡើង ការថយទៅ (នៃទុក្ខវេទនា) រមែងប្រាកដ ការចំរើនឡើង មិនប្រាកដទេឬ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ មិនល្មមអត់ទ្រាំបានទេ មិនល្មមប្រព្រឹត្តទៅបានស្រួលទេ ទុក្ខវេទនា របស់ខ្ញុំព្រះអង្គ ធ្ងន់ណាស់ រមែងចំរើនឡើង មិនធូរថយទេ ការចំរើនឡើង រមែងប្រាកដ ការធូរថយ មិនប្រាកដទេ។

[១២០] ម្នាលទីឃាវុ ព្រោះហេតុនោះ ក្នុងសាសនានេះ អ្នកគប្បីសិក្សា យ៉ាងនេះថាអាត្មាអញ នឹងប្រកបដោយសេចក្ដីជ្រះថ្លា មិនកម្រើកក្នុងព្រះពុទ្ធថា ព្រះដ៏មានព្រះភាគអង្គនោះ ជាអរហន្ត សម្មាសម្ពុទ្ធ ទ្រង់បរិបូណ៌ដោយវិជ្ជា និងចរណៈ ទ្រង់មានដំណើរល្អ យាងទៅកាន់ព្រះនិព្វាន ទ្រង់ជ្រាបច្បាស់ នូវត្រៃលោក ទ្រង់ប្រសើរដោយសីលាទិគុណ រកបុគ្គលណាមួយស្មើគ្មាន ទ្រង់ជាអ្នកទូន្មាននូវបុរស ដូចជានាយសារថី ទ្រង់ជាគ្រូនៃទេវតា និងមនុស្សទាំងឡាយ ទ្រង់ត្រាស់ដឹង នូវអរិយសច្ច ៤ ទ្រង់ខ្ជាក់ចោល នូវត្រៃភព លែងវិលត្រឡប់មកកើតទៀត។ (ប្រកបដោយសេចក្ដីជ្រះថ្លា មិនកម្រើក) ក្នុងព្រះធម៌។ ក្នុងព្រះសង្ឃ។ ប្រកបដោយសីល ជាទីត្រេកអរ នៃព្រះអរិយៈ ជាសីលមិនដាច់។បេ។ ប្រព្រឹត្តទៅព្រម ដើម្បីសមាធិ។ ម្នាលទីឃាវុ អ្នកគប្បីសិក្សាយ៉ាងនេះចុះ។

[១២១] បពិត្រព្រះអង្គដ៏ចំរើន អង្គនៃសោតាបត្តិ ៤ ឯណា ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយ ធម៌ទាំងនោះ សឹងមានព្រម ក្នុងខ្លួនខ្ញុំព្រះអង្គ ខ្ញុំព្រះអង្គ នឹងប្រាកដ ក្នុងធម៌ទាំងនោះ។ បពិត្រព្រះអង្គដ៏ចំរើន ព្រោះថា ខ្ញុំព្រះអង្គ ប្រកបដោយសេចក្ដីជ្រះថ្លា មិនកម្រើក ក្នុងព្រះពុទ្ធថា ព្រះដ៏មានព្រះភាគអង្គនោះ។បេ។ ទ្រង់ជាគ្រូ នៃទេវតានិងមនុស្សទាំងឡាយ ទ្រង់ត្រាស់ដឹង នូវអរិយសច្ច ៤ ទ្រង់ខ្ជាក់ចោល នូវត្រៃភព លែងវិលត្រឡប់មកកើតទៀត។ (ប្រកបដោយសេចក្ដីជ្រះថ្លា មិនកម្រើក) ក្នុងព្រះធម៌។ ក្នុងព្រះសង្ឃ។ ប្រកបដោយសីល ជាទីត្រេកអរ នៃព្រះអរិយៈ ជាសីលមិនដាច់។បេ។ ប្រព្រឹត្តទៅព្រម ដើម្បីសមាធិ។ ម្នាលទីឃាវុ ព្រោះហេតុនោះ ក្នុងសាសនានេះ អ្នកគួរដំកល់នៅក្នុងអង្គ នៃសោតាបត្តិ ៤ នេះ ហើយចំរើននូវធម៌ ជាចំណែកនៃវិជ្ជា ៦ យ៉ាង តទៅទៀត។

[១២២] ម្នាលទីឃាវុ ក្នុងសាសនានេះ អ្នកចូរពិចារណា នូវសេចក្ដីមិនទៀង ក្នុងសង្ខារទាំងពួង ចូរសំគាល់ថាជាទុក្ខ ក្នុងរបស់ដែលមិនទៀង សំគាល់ថា មិនមែនជារបស់ខ្លួន ក្នុងរបស់ដែលជាទុក្ខ សំគាល់នូវធម៌ ជាគ្រឿងលះបង់ សំគាល់នូវធម៌ ជាគ្រឿងប្រាសចាកតម្រេក សំគាល់នូវធម៌ ជាគ្រឿងរលត់។ ម្នាលទីឃាវុ អ្នកគប្បីសិក្សាយ៉ាងនេះចុះ។

[១២៣] បពិត្រព្រះអង្គដ៏ចំរើន ធម៌ជាចំណែក នៃវិជ្ជា ៦ ឯណា ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយ ធម៌ទាំងនោះឯង សឹងមានព្រម ក្នុងខ្លួនខ្ញុំព្រះអង្គ ខ្ញុំព្រះអង្គនឹងប្រាកដ ក្នុងធម៌ទាំងនោះ។ បពិត្រព្រះអង្គដ៏ចំរើន ព្រោះខ្ញុំព្រះអង្គ តែងពិចារណាឃើញ នូវសេចក្ដីមិនទៀង ក្នុងសង្ខារទាំងពួង សំគាល់ថា ជាទុក្ខក្នុងរបស់ ដែលមិនទៀង សំគាល់ថា មិនមែនជារបស់ខ្លួន ក្នុងរបស់ដែលជាទុក្ខ សំគាល់នូវធម៌ ជាគ្រឿងលះបង់ សំគាល់នូវធម៌ ដែលជាគ្រឿងប្រាសចាកតម្រេក សំគាល់នូវធម៌ ជាគ្រឿងរលត់។ បពិត្រព្រះអង្គដ៏ចំរើន មួយទៀត ខ្ញុំព្រះអង្គ មានសេចក្ដីត្រិះរិះ យ៉ាងនេះថា ជោតិយ គហបតីនេះ លុះអំណើះ ឥតអំពីខ្ញុំព្រះអង្គទៅ សូមកុំឲ្យជួបប្រទះនឹងសេចក្ដីទុក្ខឡើយ។ ម្នាលទីឃាវុ អ្នកកុំធ្វើទុកក្នុងចិត្ត យ៉ាងនេះឡើយ នែទីឃាវុ ព្រះដ៏មានព្រះភាគ បានពោលនូវធម៌ឯណាដល់អ្នក ៗ ចូរធ្វើទុកក្នុងចិត្ត នូវធម៌នោះ ដោយប្រពៃចុះ។

[១២៤] លុះព្រះដ៏មានព្រះភាគ បានទូន្មានទីឃាវុឧបាសក ដោយឱវាទនេះរួចហើយ ក៏ក្រោកចាកអាសនៈចៀសចេញទៅ។ ទីឃាវុឧបាសក កាលដែលព្រះដ៏មានព្រះភាគ ចៀសចេញទៅ មិនយូរប៉ុន្មាន ក៏ធ្វើមរណកាលទៅ។

[១២៥] គ្រានោះ ភិក្ខុច្រើនរូប ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះភិក្ខុទាំងនោះ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ទីឃាវុឧបាសក ដែលព្រះដ៏មានព្រះភាគ ទ្រង់បានទូន្មាន ដោយឱវាទសង្ខេប គាត់ធ្វើមរណកាលទៅហើយ តើគតិរបស់គាត់ដូចម្ដេច បរលោក ដែលគាត់ត្រូវបាន តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ ទីឃាវុឧបាសក ជាបណ្ឌិត ពោលពាក្យពិតទៅរកធម៌ តាមសមគួរដល់ធម៌ មិនបៀតបៀន នូវអធិករណ៍ នៃធម៌ឡើយ។ ម្នាលភិក្ខុទាំងឡាយ ទីឃាវុ ឧបាសក បានជាឱបបាតិកៈកំណើត ហើយបរិនិព្វានក្នុងទីនោះ មានសភាពមិនត្រឡប់មកអំពីលោកនោះវិញទេ ព្រោះអស់ទៅ នៃសញ្ញោជនៈ ជាចំណែកខាងក្រោម ទាំង ៥។

(បឋមសារិបុត្តសូត្រ ទី៤)

(៤. បឋមសារិបុត្តសុត្តំ)

[១២៦] សម័យមួយ ព្រះសារីបុត្តដ៏មានអាយុ និងព្រះអានន្ទដ៏មានអាយុ គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះ ព្រះអានន្ទដ៏មានអាយុ ចេញចាកផលសមាបត្តិ ក្នុងវេលាសាយណ្ហសម័យ ហើយចូលទៅរកព្រះសារីបុត្តដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏អង្គុយក្នុងទីសមគួរ។ លុះព្រះអានន្ទដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ ក៏ពោលទៅនឹងព្រះសារីបុត្តដ៏មានអាយុ ដូច្នេះថា ម្នាលអាវុសោ សារីបុត្ត ពពួកសត្វនេះ ដែលព្រះដ៏មានព្រះភាគ ព្យាករថា បានដល់សោតៈ មានសភាពមិនបានធ្លាក់ចុះក្នុងអបាយ ជាបុគ្គលទៀង មានកិរិយាត្រាស់ដឹង ប្រព្រឹត្តទៅខាងមុខយ៉ាងនេះ ព្រោះហេតុប្រកបដោយធម៌ប៉ុន្មានយ៉ាងហ្ន៎។

[១២៧] ម្នាលអាវុសោ ពពួកសត្វនេះ ដែលព្រះដ៏មានព្រះភាគ ព្យាករថា បានដល់សោតៈ មានសភាពមិនបានធ្លាក់ចុះក្នុងអបាយ ជាបុគ្គលទៀង មានកិរិយាត្រាស់ដឹងប្រព្រឹត្តទៅ ក្នុងខាងមុខយ៉ាងនេះ ព្រោះហេតុប្រកបដោយធម៌ ៤ យ៉ាង។ ធម៌ ៤ យ៉ាង តើដូចម្ដេច។ ម្នាលអាវុសោ អរិយសាវក ក្នុងសាសនានេះ ប្រកបដោយសេចក្ដីជ្រះថ្លា មិនកម្រើក ក្នុងព្រះពុទ្ធថា ព្រះដ៏មានព្រះភាគ ព្រះអង្គនោះ។បេ។ ទ្រង់ជាគ្រូនៃទេវតា និងមនុស្សទាំងឡាយ ទ្រង់ត្រាស់ដឹង នូវអរិយសច្ច ៤ ទ្រង់ខ្ជាក់ចោល នូវត្រៃភព លែងវិលត្រឡប់មកកើតទៀត។ ក្នុងព្រះធម៌។បេ។ ក្នុងព្រះសង្ឃ។បេ។ ប្រកបដោយសីល ជាទីត្រេកអរ របស់ព្រះអរិយៈ ជាសីលមិនដាច់។បេ។ ប្រព្រឹត្តទៅព្រម ដើម្បីសមាធិ។ ម្នាលអាវុសោ ពពួកសត្វនេះ ដែលព្រះដ៏មានព្រះភាគ ព្យាករថា បានដល់សោតៈ មានសភាព មិនបានធ្លាក់ចុះ ក្នុងអបាយ ជាបុគ្គលទៀង មានកិរិយា ត្រាស់ដឹងប្រព្រឹត្តទៅ ក្នុងខាងមុខយ៉ាងនេះ ព្រោះហេតុប្រកបដោយធម៌ ៤ យ៉ាងនេះឯង។

(ទុតិយសារិបុត្តសូត្រ ទី៥)

(៥. ទុតិយសារិបុត្តសុត្តំ)

[១២៨] គ្រានោះ ព្រះសារីបុត្តដ៏មានអាយុ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះព្រះសារីបុតុ្តដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ ព្រះដ៏មានព្រះភាគ ក៏ទ្រង់ត្រាស់ដូច្នេះថា ម្នាលសារីបុត្ត គេតែងពោលថា អង្គ នៃសោតាបត្តិៗ ដូច្នេះ ម្នាលសារីបុត្ត ចុះអង្គនៃសោតាបត្តិ តើដូចម្ដេច។

[១២៩] បពិត្រព្រះអង្គដ៏ចំរើន ការសេពគប់ដោយសប្បុរស ជាអង្គ នៃសោតាបត្តិ ១ ការស្ដាប់ព្រះសទ្ធម្ម ជាអង្គនៃសោតាបត្តិ ១ ការធ្វើទុកក្នុងចិត្ត ដោយឧបាយប្រាជ្ញា ជាអង្គ នៃសោតាបត្តិ ១ ការប្រតិបត្តិធម៌ តាមសមគួរដល់ធម៌ ជាអង្គនៃសោតាបត្តិ ១។

[១៣០] ម្នាលសារីបុត្ត ប្រពៃពេកណាស់ ម្នាលសារីបុត្ត មែនហើយ ការសេពគប់ដោយសប្បុរស ជាអង្គនៃសោតាបត្តិ ១ ការស្ដាប់ព្រះសទ្ធម្ម ជាអង្គនៃសោតាបត្តិ ១ ការធ្វើទុកក្នុងចិត្ត ដោយឧបាយប្រាជ្ញា ជាអង្គនៃសោតាបត្តិ ១ ការប្រតិបត្តិធម៌ តាមសមគួរដល់ធម៌ ជាអង្គនៃសោតាបត្តិ ១។

[១៣១] ម្នាលសារីបុត្ត គេតែងពោលថា សោតៈ ៗ ដូច្នេះ ម្នាលសារីបុត្ត ចុះសោតៈតើដូចម្ដេច។ បពិត្រព្រះអង្គដ៏ចំរើន ផ្លូវដ៏ប្រសើរ ប្រកបដោយអង្គ ៨ នេះឯង ជាសោតៈ។ ផ្លូវដ៏ប្រសើរ ប្រកបដោយអង្គ ៨ តើដូចម្ដេចខ្លះ។ គឺសេចក្ដីឃើញត្រូវ ១ ការត្រិះរិះត្រូវ ១ ការនិយាយត្រូវ ១ ការងារត្រូវ ១ ការចិញ្ចឹមជីវិតត្រូវ ១ ការព្យាយាមត្រូវ ១ ការរលឹកត្រូវ ១ ការដំកល់ចិត្តនឹងត្រូវ ១។

[១៣២] ម្នាលសារីបុត្ត ប្រពៃពេកណាស់ ម្នាលសារីបុត្ត មែនហើយ ផ្លូវដ៏ប្រសើរ ប្រកបដោយអង្គ ៨ នេះឯង ជាសោតៈ។ ផ្លូវដ៏ប្រសើរ ប្រកបដោយអង្គ ៨ តើដូចម្ដេចខ្លះ។ គឺសេចក្តីឃើញត្រូវ ១។បេ។ ការដំកល់ចិត្តនឹងត្រូវ ១។

[១៣៣] ម្នាលសារីបុត្ត គេតែងពោលថា បុគ្គលដល់នូវសោតៈៗ ដូច្នេះ ម្នាលសារីបុត្ត ចុះបុគ្គលដល់នូវសោតៈ តើដូចម្ដេច។ បពិត្រព្រះអង្គដ៏ចំរើន បុគ្គលណា ប្រកបដោយផ្លូវដ៏ប្រសើរ ប្រកបដោយអង្គ ៨ នេះ ហៅថា បុគ្គលដល់នូវសោតៈ លោកដ៏មានអាយុនោះ មានឈ្មោះយ៉ាងនេះ មានគោត្រយ៉ាងនេះ។

[១៣៤] ម្នាលសារីបុត្ត ប្រពៃពេកណាស់ បុគ្គលប្រកបដោយផ្លូវ ដ៏ប្រសើរ ប្រកបដោយអង្គ ៨ នេះឯង នេះហៅថា បុគ្គលដល់នូវសោតៈ លោកដ៏មានអាយុនោះ មានឈ្មោះយ៉ាងនេះ មានគោត្រយ៉ាងនេះ។

(ថបតិសូត្រ ទី៦)

(៦. ថបតិសុត្តំ)

[១៣៥] សាវត្ថីនិទាន។ សម័យនោះឯង ភិក្ខុច្រើនរូប ធ្វើចីវរកម្ម ថ្វាយព្រះដ៏មានព្រះភាគ កាលព្រះដ៏មានព្រះភាគ មានចីវរសម្រេចហើយ លុះកន្លង ៣ ខែទៅ នឹងសេ្តចចៀសចេញទៅកាន់ចារិក។

[១៣៦] សម័យនោះឯង មាននាយជាងឈើ (ពីរនាក់) ឈ្មោះ ឥសិទត្ត8) និងបុរាណៈ9) នៅអាស្រ័យក្នុងស្រុកសួយ ឥសិទត្ត និងបុរាណៈ បានឮដំណឹងថា ពួកភិក្ខុច្រើនរូប ធ្វើចីវរកម្ម ថ្វាយព្រះដ៏មានព្រះភាគ កាលព្រះដ៏មានព្រះភាគ មានចីវរសម្រេចហើយ លុះកន្លង ៣ ខែទៅ ក៏នឹងស្ដេចចៀសចេញ ទៅកាន់ចារិក។ គ្រានោះ នាយជាងឈើ ឈ្មោះ ឥសិទត្ត និងបុរាណៈ បានឲ្យបុរសឈរចាំផ្លូវ (ហើយផ្ដាំ) ថា នែបុរសដ៏ចំរើន (បើ) អ្នកឃើញព្រះដ៏មានព្រះភាគ ជាអរហន្ត សម្មាសម្ពុទ្ធ ស្ដេចមកក្នុងវេលាណា គប្បីប្រាប់ដល់យើង ក្នុងវេលានោះ។ បុរសនោះ នៅចាំអស់ ២ ថ្ងៃ ៣ ថ្ងៃហើយ ក៏បានឃើញព្រះដ៏មានព្រះភាគ ទ្រង់ស្ដេចមកអំពីចម្ងាយ លុះឃើញហើយ ក៏ត្រឡប់ចូលទៅរកនាយជាងឈើ ឈ្មោះឥសិទត្តនិងបុរាណៈ លុះចូលទៅដល់ហើយ ក៏ជម្រាបទៅនាយជាងឈើ ឈ្មោះឥសិទត្ត និងបុរាណៈ ដូច្នេះថា បពិត្រអ្នកដ៏ចំរើន ព្រះដ៏មានព្រះភាគ ជាអរហន្ត សម្មាសម្ពុទ្ធនោះ ទ្រង់ស្ដេចមកដល់ហើយ អ្នកទាំងឡាយ សំគាល់នូវកាលគួរ ក្នុងកាលឥឡូវនេះចុះ។

[១៣៧] គ្រានោះ នាយជាងឈើ ឈ្មោះឥសិទត្ត និងបុរាណៈ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយតាមជាប់ព្រះដ៏មានព្រះភាគ អំពីក្រោយៗ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់ស្ដេចចៀសចេញ អំពីផ្លូវ ចូលទៅរកម្លប់ឈើ ១ លុះចូលទៅដល់ហើយ ក៏ទ្រង់គង់លើអាសនៈ ដែលគេក្រាលថ្វាយ។ នាយជាងឈើ ឈ្មោះឥសិទត្ត និងបុរាណៈ ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយក៏អង្គុយក្នុងទីសមគួរ។ លុះនាយជាងឈើ ឈ្មោះឥសិទត្ត និងបុរាណៈទាំងនោះ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា

[១៣៨] បពិត្រព្រះអង្គដ៏ចំរើន យើងខ្ញុំព្រះអង្គ ឮដំណឹងថា ព្រះដ៏មានព្រះភាគ នឹងស្ដេចចេញចាកក្រុងសាវត្ថី ទៅកាន់ចារិក ក្នុងដែនកោសល ក្នុងវេលាណា សេចក្ដីតូចចិត្ត និងសេចក្ដីទោមនស្ស ក៏កើតឡើង ដល់យើងខ្ញុំព្រះអង្គ ក្នុងវេលានោះ ដោយគិតថា ព្រះដ៏មានព្រះភាគ របស់យើងទាំងឡាយ នឹងនៅក្នុងទីឆ្ងាយ។ បពិត្រព្រះអង្គដ៏ចំរើន មួយទៀត យើងខ្ញុំព្រះអង្គ ឮដំណឹងថា ព្រះដ៏មានព្រះភាគ ស្ដេចចេញចាកក្រុងសាវត្ថី ទៅកាន់ចារិក ក្នុងដែនកោសលហើយ ក្នុងវេលាណា សេចក្ដីតូចចិត្ត និងសេចក្ដីទោមនស្ស ក៏កើតឡើង ដល់យើងខ្ញុំព្រះអង្គ ក្នុងវេលានោះ ដោយគិតថា ព្រះដ៏មានព្រះភាគ របស់យើងទាំងឡាយ នៅក្នុងទីឆ្ងាយហើយ។

[១៣៩] បពិត្រព្រះអង្គដ៏ចំរើន មួយទៀត យើងខ្ញុំព្រះអង្គ ឮដំណឹងថា ព្រះដ៏មានព្រះភាគ នឹងស្ដេចចេញចាកដែនកោសល ទៅកាន់ចារិក ក្នុងដែនមល្លៈ ក្នុងវេលាណា សេចក្ដីតូចចិត្ត និងសេចក្ដីទោមនស្ស ក៏កើតឡើង ដល់យើងខ្ញុំព្រះអង្គ ក្នុងវេលានោះ ដោយគិតថា ព្រះដ៏មានព្រះភាគ របស់យើង នឹងនៅក្នុងទីឆ្ងាយ។ បពិត្រព្រះអង្គដ៏ចំរើន មួយទៀត យើងខ្ញុំព្រះអង្គ ឮដំណឹងថា ព្រះដ៏មានព្រះភាគ ទ្រង់ស្ដេចចេញចាកដែនកោសលហើយ ទៅកាន់ចារិក ក្នុងដែនមល្លៈ ក្នុងវេលាណា សេចក្ដីតូចចិត្ត និងសេចក្ដីទោមនស្ស ក៏កើតឡើង ដល់យើងខ្ញុំព្រះអង្គ ក្នុងវេលានោះ ដោយគិតថា ព្រះដ៏មានព្រះភាគ របស់យើងទាំងឡាយ នៅក្នុងទីឆ្ងាយហើយ។

[១៤០] បពិត្រព្រះអង្គដ៏ចំរើន មួយទៀត យើងខ្ញុំទាំងឡាយ ឮដំណឹងថា ព្រះដ៏មានព្រះភាគ នឹងស្ដេចចេញចាកដែនមល្លៈ ទៅកាន់ចារិក ក្នុងដែនវជ្ជី ក្នុងវេលាណា សេចក្ដីតូចចិត្ត និងសេចក្ដីទោមនស្ស ក៏កើតឡើង ដល់យើងខ្ញុំព្រះអង្គ ក្នុងវេលានោះ ដោយគិតថា ព្រះដ៏មានព្រះភាគ របស់យើងទាំងឡាយ នឹងនៅក្នុងទីឆ្ងាយហើយ។ បពិត្រព្រះអង្គដ៏ចំរើន មួយទៀត យើងខ្ញុំព្រះអង្គ ឮដំណឹងថា ព្រះដ៏មានព្រះភាគ ទ្រង់ស្ដេចចេញចាកដែនមល្លៈ ទៅកាន់ចារិក ក្នុងដែនវជ្ជីហើយ ក្នុងវេលាណា សេចក្ដីតូចចិត្តនិងសេចក្ដីទោមនស្ស ក៏កើតឡើង ដល់យើងខ្ញុំព្រះអង្គ ក្នុងវេលានោះ ដោយគិតថា ព្រះដ៏មានព្រះភាគ របស់យើងទាំងឡាយ នៅក្នុងទីឆ្ងាយហើយ។

[១៤១] បពិត្រព្រះអង្គដ៏ចំរើន មួយទៀត យើងខ្ញុំព្រះអង្គ ឮដំណឹងថា ព្រះដ៏មានព្រះភាគ នឹងស្ដេចចេញចាកដែនវជ្ជី ទៅកាន់ចារិក ក្នុងដែនកាសី ក្នុងវេលាណា សេចក្ដីតូចចិត្ត និងសេចក្ដីទោមនស្ស ក៏កើតឡើង ដល់យើងខ្ញុំព្រះអង្គ ក្នុងវេលានោះ ដោយគិតថា ព្រះដ៏មានព្រះភាគ របស់យើងទាំងឡាយ នឹងនៅក្នុងទីធ្ងាយ។ បពិត្រព្រះអង្គដ៏ចំរើន មួយទៀត យើងខ្ញុំព្រះអង្គ ឮដំណឹងថា ព្រះដ៏មានព្រះភាគ ស្ដេចចេញចាកដែនវជ្ជី ទៅកាន់ចារិក ក្នុងដែនកាសីហើយ ក្នុងវេលាណា សេចក្ដីតូចចិត្ត និងសេចក្ដីទោមនស្ស ក៏កើតឡើង ដល់យើងខ្ញុំព្រះអង្គ ក្នុងវេលានោះ ដោយគិតថា ព្រះដ៏មានព្រះភាគ របស់យើងទាំងឡាយ នៅក្នុងទីឆ្ងាយហើយ។

[១៤២] បពិត្រព្រះអង្គដ៏ចំរើន មួយទៀត យើងខ្ញុំព្រះអង្គ ឮដំណឹងថា ព្រះដ៏មានព្រះភាគ នឹងស្ដេចចេញចាកដែនកាសី ទៅកាន់ចារិក ក្នុងដែនមគធៈ ក្នុងវេលាណា សេចក្ដីតូចចិត្ត និងសេចក្ដីទោមនស្ស ក៏កើតឡើង ដល់យើងខ្ញុំព្រះអង្គ ក្នុងវេលានោះដោយគិតថា ព្រះដ៏មានព្រះភាគ របស់យើងទាំងឡាយ នឹងនៅក្នុងទីឆ្ងាយ។ បពិត្រព្រះអង្គដ៏ចំរើន មួយទៀត យើងខ្ញុំព្រះអង្គ ឮដំណឹងថា ព្រះដ៏មានព្រះភាគ ស្ដេចចេញចាកដែនកាសី ទៅកាន់ចារិក ក្នុងដែនមគធៈហើយ ក្នុងវេលាណា សេចក្ដីតូចចិត្តច្រើននិងសេចក្ដីទោមនស្សច្រើន ក៏កើតឡើង ដល់យើងខ្ញុំព្រះអង្គ ក្នុងវេលានោះ ដោយគិតថា ព្រះដ៏មានព្រះភាគ របស់យើងទាំងឡាយ នៅក្នុងទីឆ្ងាយហើយ។

[១៤៣] បពិត្រព្រះអង្គដ៏ចំរើន មួយទៀត យើងខ្ញុំព្រះអង្គ ឮដំណឹងថា ព្រះដ៏មានព្រះភាគ នឹងស្ដេចចេញចាកដែនមគធៈ ទៅកាន់ចារិក ក្នុងដែនកាសី ក្នុងវេលាណា សេចក្ដីរីករាយ និងសេចក្ដីសោមនស្ស ក៏កើតឡើង ដល់យើងខ្ញុំព្រះអង្គ ក្នុងវេលានោះ ដោយគិតថា ព្រះដ៏មានព្រះភាគ របស់យើងទាំងឡាយ នឹងនៅក្នុងទីជិត។ បពិត្រព្រះអង្គដ៏ចំរើន មួយទៀត យើងខ្ញុំព្រះអង្គ ឮដំណឹងថា ព្រះដ៏មានព្រះភាគ ស្ដេចបានចេញចាកដែនមគធៈ ទៅកាន់ចារិក ក្នុងដែនកាសីហើយ ក្នុងវេលាណា សេចក្ដីរីករាយ និងសេចក្ដីសោមនស្ស ក៏កើតឡើង ដល់យើងខ្ញុំព្រះអង្គ ក្នុងវេលានោះ ដោយគិតថា ព្រះដ៏មានព្រះភាគ របស់យើងទាំងឡាយ នៅក្នុងទីជិតហើយ។

[១៤៤] បពិត្រព្រះអង្គដ៏ចំរើន មួយទៀត យើងខ្ញុំព្រះអង្គ ឮដំណឹងថា ព្រះដ៏មានព្រះភាគ នឹងស្ដេចចេញចាកដែនកាសី ទៅកាន់ចារិក ក្នុងដែនវជ្ជី ក្នុងវេលាណា សេចក្ដីរីករាយ និងសេចក្ដីសោមនស្ស ក៏កើតឡើង ដល់យើងខ្ញុំព្រះអង្គ ក្នុងវេលានោះ ដោយគិតថា ព្រះដ៏មានព្រះភាគ របស់យើងទាំងឡាយ នឹងនៅក្នុងទីជិត។ បពិត្រព្រះអង្គដ៏ចំរើន មួយទៀត យើងខ្ញុំព្រះអង្គ ឮដំណឹងថា ព្រះដ៏មានព្រះភាគ ស្ដេចបានចេញចាកដែនកាសី ទៅកាន់ចារិក ក្នុងដែនវជ្ជីហើយ ក្នុងវេលាណា សេចក្ដីរីករាយ និងសេចក្ដីសោមនស្ស ក៏កើតឡើង ដល់យើងខ្ញុំព្រះអង្គ ក្នុងវេលានោះ ដោយគិតថា ព្រះដ៏មានព្រះភាគ របស់យើងទាំងឡាយ នៅក្នុងទីជិតហើយ។

[១៤៥] បពិត្រព្រះអង្គដ៏ចំរើន មួយទៀត យើងខ្ញុំព្រះអង្គ ឮដំណឹងថា ព្រះដ៏មានព្រះភាគ នឹងស្តេចចេញចាកដែនវជ្ជី ទៅកាន់ចារិក ក្នុងដែនមល្លៈ ក្នុងវេលាណា សេចក្ដីរីករាយ និងសេចក្ដីសោមនស្ស ក៏កើតឡើង ដល់យើងខ្ញុំព្រះអង្គ ក្នុងវេលានោះ ដោយគិតថា ព្រះដ៏មានព្រះភាគ របស់យើងទាំងឡាយ នឹងនៅក្នុងទីជិត។ បពិត្រព្រះអង្គដ៏ចំរើន មួយទៀត យើងខ្ញុំព្រះអង្គ ឮដំណឹងថា ព្រះដ៏មានព្រះភាគ ស្ដេចបានចេញចាកដែនវជ្ជី ទៅកាន់ចារិក ក្នុងដែនមល្លៈហើយ ក្នុងវេលាណា សេចក្ដីរីករាយ និងសេចក្ដីសោមនស្ស ក៏កើតឡើង ដល់យើងខ្ញុំព្រះអង្គ ក្នុងវេលានោះ ដោយគិតថា ព្រះដ៏មានព្រះភាគ របស់យើងទាំងឡាយ នៅក្នុងទីជិតហើយ។

[១៤៦] បពិត្រព្រះអង្គដ៏ចំរើន មួយទៀត យើងខ្ញុំព្រះអង្គ ឮដំណឹងថា ព្រះដ៏មានព្រះភាគ នឹងស្ដេចចេញចាកដែនមល្លៈ ទៅកាន់ចារិក ក្នុងដែនកោសល ក្នុងវេលាណា សេចក្ដីរីករាយ និងសេចក្ដីសោមនស្ស ក៏កើតឡើង ដល់យើងខ្ញុំព្រះអង្គ ក្នុងវេលានោះ ដោយគិតថា ព្រះដ៏មានព្រះភាគ របស់យើងទាំងឡាយ នឹងនៅក្នុងទីជិត។ បពិត្រព្រះអង្គដ៏ចំរើន មួយទៀត យើងខ្ញុំព្រះអង្គ ឮដំណឹងថា ព្រះដ៏មានព្រះភាគ ស្ដេចបានចេញចាកដែនមល្លៈ ទៅកាន់ចារិក ក្នុងដែនកោសលហើយ ក្នុងវេលាណា សេចក្ដីរីករាយ និងសេចក្ដីសោមនស្ស ក៏កើតឡើង ដល់យើងខ្ញុំព្រះអង្គ ក្នុងវេលានោះ ដោយគិតថា ព្រះដ៏មានព្រះភាគ របស់យើងទាំងឡាយ នៅក្នុងទីជិតហើយ។

[១៤៧] បពិត្រព្រះអង្គដ៏ចំរើន មួយទៀត យើងខ្ញុំព្រះអង្គ ឮដំណឹងថា ព្រះដ៏មានព្រះភាគ នឹងស្ដេចចេញចាកដែនកោសល ទៅកាន់ចារិក ក្នុងក្រុងសាវត្ថី ក្នុងវេលាណា សេចក្ដីរីករាយ និងសេចក្ដីសោមនស្ស ក៏កើតឡើង ដល់ខ្ញុំព្រះអង្គ ក្នុងវេលានោះ ដោយគិតថា ព្រះដ៏មានព្រះភាគ របស់យើងទាំងឡាយ នឹងនៅក្នុងទីជិត។ បពិត្រព្រះអង្គដ៏ចំរើន មួយទៀត យើងខ្ញុំព្រះអង្គ ឮដំណឹងថា ព្រះដ៏មានព្រះភាគ ទ្រង់គង់ក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ក្នុងវេលាណា សេចក្ដីរីករាយច្រើន និងសេចក្ដីសោមនស្សច្រើន ក៏កើតឡើង ដល់យើងខ្ញុំព្រះអង្គ ក្នុងវេលានោះ ដោយគិតថាព្រះដ៏មានព្រះភាគ របស់យើងទាំងឡាយ នៅក្នុងទីជិត។

[១៤៨] ព្រះអង្គត្រាស់ថា ម្នាលនាយជាងឈើទាំងឡាយ ព្រោះហេតុនោះ ក្នុងលោកនេះ ការនៅគ្រប់គ្រងផ្ទះ ជាទីចង្អៀត ជាផ្លូវហូរមកនៃធូលី មានតែបព្វជ្ជា ទើបមានឱកាសទូលាយ ម្នាលនាយជាងឈើទាំងឡាយ គួរអ្នកទាំងឡាយ កុំប្រមាទ។

[១៤៩] បពិត្រព្រះអង្គដ៏ចំរើន សេចក្ដីចង្អៀតដទៃ ដែលចង្អៀតដោយវិសេសផង ដែលពោលថា ចង្អៀតដោយវិសេសផង ជាងសេចក្ដីចង្អៀតនុ៎ះ របស់យើងខ្ញុំព្រះអង្គ មានដោយពិត។ ម្នាលនាយជាងឈើទាំងឡាយ ចុះសេចក្ដីចង្អៀតដទៃ ដែលចង្អៀតដោយវិសេសផង ដែលពោលថា ចង្អៀតដោយវិសេសផង ជាងសេចក្ដីចង្អៀតនុ៎ះ របស់អ្នកទាំងឡាយ តើដូចម្ដេច។

[១៥០] បពិត្រព្រះអង្គដ៏ចំរើន ក្នុងទីនេះ បើព្រះបាទបសេនទិកោសល មានប្រាថ្នានឹងសេ្ដចចេញទៅកាន់ទីឧទ្យាន ក្នុងកាលណា យើងខ្ញុំព្រះអង្គ ក៏រៀបចំដំរី ដ៏ប្រសើរទាំងឡាយ ដែលជាព្រះទីនាំង របស់ព្រះបាទបសេនទិកោសល ហើយ (រៀប) ព្រះមហេសីទាំងឡាយ ដែលជាទីស្រឡាញ់ ជាទីគាប់ព្រះហឫទ័យ នៃព្រះបាទបសេនទិកោសល ឲ្យម្នាក់អង្គុយខាងមុខ ម្នាក់អង្គុយខាងក្រោយ (ក្នុងកាលនោះ)។ បពិត្រព្រះអង្គដ៏ចំរើន ឯក្លិន មានសភាពដូច្នេះ របស់នាងទាំងនោះឯង ប្រៀបដូចជាទូមានក្លិន ដែលគេបើកឡើងភ្លាម យ៉ាងណា ឯក្លិននៃពួកព្រះរាជកញ្ញា ដែលស្អិតស្អាងដោយក្លិន ក៏ដូច្នោះឯង។ បពិត្រព្រះអង្គដ៏ចំរើន ឯកាយសម្ផស្ស មានសភាពដូច្នេះ របស់នាងទាំងនោះឯង ប្រៀបដូចជាសំឡីគរ និងសំឡីកប្បាស យ៉ាងណា កាយសម្ផស្ស របស់ពួកព្រះរាជកញ្ញា ដែល ប្រកបដោយសេចក្ដីសុខ ក៏ដូច្នោះឯង។ បពិត្រព្រះអង្គដ៏ចំរើន សម័យនោះឯង យើងខ្ញុំព្រះអង្គ ត្រូវរក្សាដំរី ដ៏ប្រសើរផង ត្រូវរក្សានាងទាំងនោះផង ត្រូវរក្សាខ្លួនផង។

[១៥១] បពិត្រព្រះអង្គដ៏ចំរើន យើងខ្ញុំព្រះអង្គ មិនហ៊ានញ៉ាំងចិត្តអាក្រក់ ឲ្យកើតឡើង ចំពោះនាងទាំងនោះឡើយ។ បពិត្រព្រះអង្គដ៏ចំរើន នេះឯងជាសេចក្ដីចង្អៀតដទៃ ដែលចង្អៀតដោយវិសេសផង ដែលពោលថា ចង្អៀតដោយវិសេសផង ជាងសេចក្ដីចង្អៀតនុ៎ះ។

[១៥២] ម្នាលនាយជាងឈើទាំងឡាយ ព្រោះហេតុនោះ ក្នុងលោកនេះ ការនៅគ្រប់គ្រងផ្ទះ ជាទីចង្អៀត ជាផ្លូវហូរមក នៃធូលី មានតែបព្វជ្ជា ទើបមានឱកាសទូលាយ ម្នាលនាយជាងឈើទាំងឡាយ គួរអ្នកទាំងឡាយ កុំប្រមាទ។

[១៥៣] ម្នាលនាយជាងឈើទាំងឡាយ អរិយសាវក អ្នកដល់នូវសោតៈហើយ ប្រកបដោយធម៌ ៤ យ៉ាង មានសភាពមិនបានធ្លាក់ចុះ ក្នុងអបាយ ជាបុគ្គលទៀង មានកិរិយាត្រាស់ដឹង ប្រព្រឹត្តទៅ ក្នុងខាងមុខ។ ប្រកបដោយធម៌ ៤ យ៉ាង តើដូចម្ដេច។ ម្នាលនាយជាងឈើទាំងឡាយ អរិយសាវក ក្នុងសាសនានេះ ប្រកបដោយសេចក្ដីជ្រះថ្លា មិនកម្រើក ក្នុងព្រះពុទ្ធថា ព្រះដ៏មានព្រះភាគ អង្គនោះ។បេ។ ទ្រង់ជាគ្រូ នៃទេវតា និងមនុស្សទាំងឡាយ ទ្រង់ត្រាស់ដឹង នូវអរិយសច្ច ៤ ទ្រង់ខ្ជាក់ចោល នូវត្រៃភព លែងវិលត្រឡប់មកកើតទៀត។ ក្នុងព្រះធម៌។ ក្នុងព្រះសង្ឃ។ មានចិត្តប្រាសចាកមន្ទិល គឺសេចក្ដីកំណាញ់ នៅគ្រប់គ្រងផ្ទះ ជាអ្នកមានទាន លះបង់ស្រឡះហើយ មានដៃលាងស្អាតហើយ ជាអ្នកត្រេកអរ ក្នុងការលះបង់ គួរដល់ការសូម ត្រេកអរក្នុងការចែករលែក នូវទាន។ ម្នាលនាយជាងឈើទាំងឡាយ អរិយសាវក អ្នកដល់នូវសោតៈហើយ ប្រកបដោយធម៌ ៤ យ៉ាងនេះ មានសភាពមិនបានធ្លាក់ចុះ ក្នុងអបាយ ជាបុគ្គលទៀង មានកិរិយាត្រាស់ដឹងប្រព្រឹត្តទៅក្នុងខាងមុខ។

[១៥៤] ម្នាលនាយជាងឈើទាំងឡាយ អ្នកទាំងឡាយ ចូរប្រកបដោយសេចក្ដីជ្រះថ្លា មិនកម្រើកក្នុងព្រះពុទ្ធថា ព្រះដ៏មានព្រះភាគ អង្គនោះ។បេ។ ទ្រង់ជាគ្រូ នៃទេវតានិងមនុស្សទាំងឡាយ ទ្រង់ត្រាស់ដឹង នូវអរិយសច្ច ៤ ទ្រង់ខ្ជាក់ចោល នូវត្រៃភព លែងវិលត្រឡប់មកកើតទៀត។ ក្នុងព្រះធម៌។ ក្នុងព្រះសង្ឃ។ ទេយ្យធម៌ណា បន្តិចបន្តួចក្នុងត្រកូល ទេយ្យធម៌ទាំងអស់នោះ បុគ្គលអ្នកមានសីល មានធម៌ល្អទាំងឡាយ មិនបានចែករលែក10) ឡើយ។ ម្នាលនាយជាងឈើទាំងឡាយ អ្នកទាំងឡាយ សំគាល់នូវដំណើរនោះ ដូចម្ដេច។ ក្នុងដែនកោសល មានមនុស្សចំនួនប៉ុន្មានស្មើៗគ្នា នឹងអ្នកទាំងឡាយ ដោយការចែករលែក នូវទានដោយទាន។ បពិត្រព្រះអង្គដ៏ចំរើន (នេះ) ជាលាភ របស់យើងខ្ញុំព្រះអង្គ បពិត្រព្រះអង្គដ៏ចំរើន (អត្តភាពជាមនុស្សនេះ) យើងខ្ញុំព្រះអង្គ បានដោយល្អហើយ ព្រោះថា ព្រះដ៏មានព្រះភាគ ជ្រាបច្បាស់ នូវហេតុយ៉ាងនេះ របស់យើងខ្ញុំព្រះអង្គ។

(វេឡុទ្វារេយ្យសូត្រ ទី៧)

(៧. វេឡុទ្វារេយ្យសុត្តំ)

[១៥៥] ខ្ញុំបានស្ដាប់មកយ៉ាងនេះ។ សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់ពុទ្ធដំណើរទៅកាន់ចារិក ក្នុងដែនកោសល ជាមួយនឹងភិក្ខុសង្ឃច្រើនអង្គ ក៏បានទៅដល់ស្រុក ជាទីនៅនៃព្រាហ្មណ៍ ឈ្មោះ វេឡុទ្វារ ក្នុងដែនកោសល។

[១៥៦] ពួកព្រាហ្មណ៍ និងគហបតី អ្នកនៅក្នុងវេឡុទ្វារគ្រាម បានឮដំណឹងហើយ (ក៏ប្រកាសប្រាប់គ្នាថា) នែអ្នកទាំងឡាយ ដ៏ចំរើន ឮថា ព្រះសមណគោតម ជាសក្យបុត្ត ចេញចាកសក្យត្រកូល ទ្រង់ព្រះភ្នួស ឥឡូវនេះ ទ្រង់ស្ដេចទៅកាន់ចារិក ក្នុងដែនកោសល ជាមួយនឹងភិក្ខុសង្ឃច្រើនអង្គ បានដល់មកវេឡុទ្វារគ្រាមហើយ។ ឯកិត្តិសព្ទ ដ៏ពីរោះ របស់ព្រះគោតមដ៏ចំរើននោះ ឮខ្ជរខ្ជាយ សុះសាយទៅ យ៉ាងនេះថា ព្រះដ៏មានព្រះភាគ អង្គនោះ ជាអរហន្ត សម្មាសម្ពុទ្ធ ទ្រង់បរិបូណ៌ ដោយវិជ្ជា និងចរណៈ ទ្រង់មានដំណើរល្អ យាងទៅកាន់ព្រះនិព្វាន ទ្រប់ជ្រាបច្បាស់ នូវត្រៃលោក ទ្រង់ប្រសើរដោយសីលាទិគុណ រកបុគ្គលណាមួយស្មើគ្មាន ទ្រង់ទូន្មាន នូវបុរស ដូចជានាយសារថី ទ្រង់ជាគ្រូនៃទេវតា និងមនុស្សទាំងឡាយ ទ្រង់ត្រាស់ដឹង នូវអរិយសច្ច ៤ ទ្រង់ខ្ជាក់ចោល នូវត្រៃភព លែងវិលត្រឡប់មកកើតទៀត។ ព្រះអង្គ បានធ្វើឲ្យជាក់ច្បាស់ បានត្រាស់ដឹងដោយប្រាជ្ញាដ៏ឧត្ដម ដោយខ្លួនឯង នូវលោកនេះ ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ទាំងពពួកសត្វ ព្រមទាំងសមណៈ និងព្រាហ្មណ៍ ទាំងមនុស្ស ជាសម្មតិទេព និងមនុស្សដ៏សេស ព្រះអង្គ ទ្រង់សំដែងធម៌ពីរោះបទដើម បទកណ្ដាល និងបទចុង ទ្រង់ប្រកាស នូវព្រហ្មចរិយធម៌ ព្រមទាំងអត្ថ ព្រមទាំងព្យញ្ជនៈ ដ៏ពេញបរិបូណ៌ បរិសុទ្ធទាំងអស់ ក៏ការដែលបានឃើញ នូវព្រះអរហន្តទាំងឡាយ មានសភាពដូច្នេះ ជាការប្រពៃពេកណាស់។

[១៥៧] គ្រានោះ ពួកព្រាហ្មណ៍ និងគហបតី អ្នកនៅក្នុងវេឡុទ្វារគ្រាម ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ពួកខ្លះ ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ ពួកខ្លះ ក៏ពោលរាក់ទាក់ ជាមួយនឹងព្រះដ៏មានព្រះភាគ លុះបញ្ចប់ពាក្យ ដែលគួររាក់ទាក់ និងពាក្យដែលគួររឭកហើយ ក៏អង្គុយក្នុងទីសមគួរ ពួកខ្លះ អង្គុយក្នុងទីសមគួរ ប្រណម្យអញ្ជលី ឆ្ពោះទៅរកព្រះដ៏មានព្រះភាគ ពួកខ្លះអង្គុយ ក្នុងទីសមគួរ ប្រកាសនូវនាម និងគោត្រ ក្នុងសំណាក់ព្រះដ៏មានព្រះភាគ ពួកខ្លះនៅស្ងៀម អង្គុយក្នុងទីសមគួរ។ លុះព្រាហ្មណ៍ និងគហបតី អ្នកនៅក្នុងវេឡុទ្វារគ្រាមទាំងនោះ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា

[១៥៨] បពិត្រព្រះគោតមដ៏ចំរើន យើងខ្ញុំព្រះអង្គ មានបំណងយ៉ាងនេះ មានសេចក្ដីពេញចិត្ត យ៉ាងនេះ មានសេចក្ដីប្រាថ្នា យ៉ាងនេះ មានសេចក្ដីចង្អៀត ដោយកូន នៅគ្រប់គ្រងទីដេក បាននូវខ្លឹមចន្ទន៍ ក្នុងដែនកាសី ទ្រទ្រង់នូវផ្កាកម្រង គ្រឿងក្រអូប និងគ្រឿងលាប ត្រេកអរចំពោះមាស និងប្រាក់ លុះបែកធ្លាយរាងកាយ បន្ទាប់អំពីសេចក្ដីស្លាប់ទៅ គប្បីបានទៅកើត ក្នុងសុគគិសួគ៌ ទេវលោក យើងខ្ញុំព្រះអង្គ មានសេចក្ដីចង្អៀតដោយកូន នៅគ្រប់គ្រងទីដេក។បេ។ គប្បីបានទៅកើត ក្នុងសុគតិសួគ៌ ទេវលោក យ៉ាងណា សូមព្រះគោតមដ៏ចំរើន សំដែងនូវធម៌យ៉ាងនោះ ដល់យើងខ្ញុំព្រះអង្គទាំងនោះ ដែលមានបំណង យ៉ាងនេះ មានសេចក្ដីពេញចិត្ត យ៉ាងនេះ មានសេចក្ដីប្រាថ្នា យ៉ាងនេះ។

[១៥៩] ម្នាលព្រាហ្មណ៍ និងគហបតីទាំងឡាយ តថាគតនឹងសំដែងនូវអត្តូបនាយិកធម្មបរិយាយ (បរិយាយធម៌ ដែលបុគ្គលគប្បីបង្អោនចូលទៅក្នុងខ្លួន) ដល់អ្នកទាំងឡាយ ចូរអ្នកទាំងឡាយ យកចិត្តទុកដាក់ ប្រុងចាំស្ដាប់ ដោយប្រពៃ នូវធម៌នោះចុះ តថាគត នឹងសំដែង។ ពួកព្រាហ្មណ៍ និងគហបតី អ្នកនៅក្នុងវេឡុទ្វារគ្រាមទាំងនោះ ទទួលស្ដាប់ព្រះពុទ្ធដីកាព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ដូច្នេះថា

[១៦០] ម្នាលព្រាហ្មណ៍ និងគហបតីទាំងឡាយ ចុះអត្តូបនាយិកធម្មបរិយាយតើដូចម្ដេច។ ម្នាលព្រាហ្មណ៍ និងគហបតីទាំងឡាយ អរិយសាវក ក្នុងសាសនានេះ តែងពិចារណា ដូច្នេះថា អាត្មាអញ ចង់រស់ មិនចង់ស្លាប់ ស្រឡាញ់សុខ ស្អប់ទុក្ខ បើបុគ្គលណា មកផ្ដាច់បង់ជីវិតអាត្មាអញ ដែលចង់រស់ មិនចង់ស្លាប់ ស្រឡាញ់សុខ ស្អប់ទុក្ខ អំពើនោះ មិនជាទីស្រឡាញ់ មិនជាទីគាប់ចិត្ត របស់អាត្មាអញឡើយ ប្រសិនបើអាត្មាអញផ្ដាច់បង់ជីវិតបុគ្គលដទៃ ដែលចង់រស់ មិនចង់ស្លាប់ ស្រឡាញ់សុខ ស្អប់ទុក្ខវិញ អំពើនោះក៏មិនជាទីស្រឡាញ់ មិនជាទីគាប់ចិត្ត របស់បុគ្គលដទៃដែរ ធម៌ណា ដែលមិនជាទីស្រឡាញ់ មិនជាទីគាប់ចិត្ត របស់អាត្មាអញ ធម៌នុ៎ះ ក៏មិនជាទីស្រឡាញ់ មិនជាទីគាប់ចិត្ត របស់បុគ្គលដទៃដែរ ធម៌ណា មិនជាទីស្រឡាញ់ មិនជាទីគាប់ចិត្ត របស់អាត្មាអញហើយ អាត្មាអញ គប្បីញ៉ាំងបុគ្គលដទៃ ឲ្យប្រកបដោយធម៌នោះ ដូចម្ដេចកើត។ លុះអរិយសាវកនោះ ពិចារណា ដូច្នេះហើយ ក៏វៀរចាកការសម្លាប់សត្វ ដោយខ្លួនឯងផង បបួលអ្នកដ៏ទៃឲ្យវៀរ នូវការសម្លាប់សត្វផង សរសើរគុណ នៃការវៀរចាកការសម្លាប់សត្វផង នេះជាកាយសមាចារ (ការប្រព្រឹត្តល្អ ដោយកាយ) មានបរិសុទ្ធ ៣ ចំណែក របស់អរិយសាវកនោះ យ៉ាងនេះឯង។

[១៦១] ម្នាលព្រាហ្មណ៍ និងគហបតីទាំងឡាយ មួយទៀត អរិយសាវក តែងពិចារណា ដូច្នេះថា បុគ្គលណា កាន់យកនូវវត្ថុ ដែលអាត្មាអញ មិនបានឲ្យ ពោលគឺលួចយកវត្ថុ របស់អាត្មាអញ អំពើនោះ មិនជាទីស្រឡាញ់ មិនជាទីគាប់ចិត្ត របស់អាត្មាអញឡើយ ប្រសិនបើអាត្មាអញ កាន់យកវត្ថុ ដែលបុគ្គលដទៃមិនបានឲ្យ ពោលគឺលួចយកវត្ថុ របស់បុគ្គលដទៃវិញ អំពើនោះ ក៏មិនជាទីស្រឡាញ់ មិនជាទីគាប់ចិត្ត របស់បុគ្គលដទៃដែរ ធម៌ណា មិនជាទីស្រឡាញ់ មិនជាទីគាប់ចិត្ត របស់អាត្មាអញ ធម៌នុ៎ះក៏មិនជាទីស្រឡាញ់ មិនជាទីគាប់ចិត្ត របស់បុគ្គលដទៃដែរ ធម៌ណា មិនជាទីស្រឡាញ់ មិនជាទីគាប់ចិត្ត របស់អាត្មាអញហើយ អាត្មាអញ គប្បីញ៉ាំងបុគ្គលដទៃ ឲ្យប្រកបដោយអំពើនោះ ដូចម្ដេចកើត។ លុះអរិយសាវកនោះ ពិចារណាដូច្នេះហើយ ក៏វៀរចាកការកាន់យកវត្ថុ ដែលគេមិនបានឲ្យ ដោយខ្លួនឯងផង បបួលបុគ្គលដទៃ ឲ្យវៀរចាកការកាន់យកវត្ថុ ដែលគេមិនបានឲ្យផង សរសើរគុណ នៃកិរិយាវៀរចាកការកាន់យកវត្ថុ ដែលគេមិនបានឲ្យផង។ នេះជា កាយសមាចារ មានបរិសុទ្ធ ៣ ចំណែក របស់អរិយសាវកនោះយ៉ាងនេះ។

[១៦២] ម្នាលព្រាហ្មណ៍ និងគហបតីទាំងឡាយ មួយទៀត អរិយសាវក តែងពិចារណាដូច្នេះថា បុគ្គលណា ដល់នូវការប្រព្រឹត្តល្មើស ក្នុងប្រពន្ធរបស់អាត្មាអញ អំពើនោះមិនជាទីស្រឡាញ់ មិនជាទីគាប់ចិត្ត របស់អាត្មាអញឡើយ ប្រសិនបើអាត្មាអញ គប្បីដល់នូវការប្រព្រឹត្តិល្មើស ក្នុងប្រពន្ធរបស់បុគ្គលដទៃវិញ អំពើនោះ ក៏មិនជាទីស្រឡាញ់ មិនជាទីគាប់ចិត្ត របស់បុគ្គលដទៃដែរ ធម៌ណា ដែលមិនជាទីស្រឡាញ់ មិនជាទីគាប់ចិត្តរបស់អាត្មាអញ ធម៌នុ៎ះ ក៏មិនជាទីស្រឡាញ់ មិនជាទីគាប់ចិត្ត របស់បុគ្គលដទៃដែរ ធម៌ណា មិនជាទីស្រឡាញ់ មិនជាទីគាប់ចិត្ត របស់អាត្មាអញហើយ អាត្មាអញ គប្បីញ៉ាំងបុគ្គលដទៃឲ្យប្រកបដោយអំពើនោះ ដូចម្ដេចកើត។ លុះអរិយសាវកនោះ ពិចារណាដូច្នេះហើយ ក៏វៀរចាកការប្រព្រឹត្តិខុស ក្នុងកាមខ្លួនឯងផង បបួលបុគ្គលដទៃ ឲ្យវៀរចាកការប្រព្រឹត្តិខុស ក្នុងកាមផង សរសើរគុណ នៃកិរិយាវៀរចាកការប្រព្រឹត្តិខុស ក្នុងកាមផង។ នេះជាកាយសមាចារ មានបរិសុទ្ធ ៣ ចំណែក របស់អរិយសាវកនោះ យ៉ាងនេះ។

[១៦៣] ម្នាលព្រាហ្មណ៍ និងគហបតីទាំងឡាយ មួយទៀត អរិយសាវក តែងពិចារណាដូច្នេះថា បុគ្គលណា បំបាក់បង់នូវប្រយោជន៍ របស់អាត្មាអញ ដោយនិយាយកុហក អំពើនោះ មិនជាទីស្រឡាញ់ មិនជាទីគាប់ចិត្ត របស់អាត្មាអញឡើយ ប្រសិនបើអាត្មាអញ គប្បីបំបាក់បង់ នូវប្រយោជន៍ របស់បុគ្គលដទៃ ដោយនិយាយកុហកវិញ អំពើនោះ ក៏មិនជាទីស្រឡាញ់ មិនជាទីគាប់ចិត្ត របស់បុគ្គលដទៃដែរ ធម៌ណា មិនជាទី ស្រឡាញ់ មិនជាទីគាប់ចិត្ត របស់អាត្មាអញ ធម៌នុ៎ះ ក៏មិនជាទីស្រឡាញ់ មិនជាទីគាប់ចិត្ត របស់បុគ្គលដទៃដែរ ធម៌ណា មិនជាទីស្រឡាញ់ មិនជាទីគាប់ចិត្ត របស់អាត្មាអញហើយ អាត្មាអញ គប្បីញ៉ាំងបុគ្គលដទៃ ឲ្យប្រកបដោយធម៌នោះ ដូចម្ដេចកើត។ លុះអរិយសាវកនោះ ពិចារណា ដូច្នេះហើយ ក៏វៀរចាកការនិយាយកុហក ដោយខ្លួនឯងផង បបួលបុគ្គលដទៃ ឲ្យវៀរចាកការនិយាយកុហកផង សរសើរគុណ នៃកិរិយាវៀរចាកការនិយាយកុហកផង។ នេះជា វចីសមាចារ (ប្រព្រឹត្តល្អ ដោយវាចា) មានបរិសុទ្ធ ៣ ចំណែក របស់អរិយសាវកនោះ យ៉ាងនេះ។

[១៦៤] ម្នាលព្រាហ្មណ៍ និងគហបតីទាំងឡាយ មួយទៀត អរិយសាវក តែងពិចារណា ដូច្នេះថា បុគ្គលណា ញ៉ាំងអញឲ្យបែកចាកពួកមិត្រ ដោយការនិយាយញុះញង់ អំពើនោះ មិនជាទីស្រឡាញ់ មិនជាទីគាប់ចិត្ត របស់អាត្មាអញឡើយ ប្រសិនបើអាត្មាអញ ញ៉ាំងបុគ្គលដទៃ ឲ្យបែកចាកពួកមិត្រ ដោយនិយាយញុះញង់វិញ អំពើនោះក៏មិនជាទីស្រឡាញ់ មិនជាទីគាប់ចិត្ត របស់បុគ្គលដទៃដែរ។បេ។ នេះជាវចីសមាចារ មានបរិសុទ្ធ ៣ ចំណែក របស់អរិយសាវកនោះ យ៉ាងនេះ។

[១៦៥] ម្នាលព្រាហ្មណ៍ និងគហបតីទាំងឡាយ មួយទៀត អរិយសាវក តែងពិចារណា ដូច្នេះថា បុគ្គលណា ប្រព្រឹត្តនិយាយ នឹងអាត្មាអញ ដោយសំដីទ្រគោះ អំពើ នោះ មិនជាទីស្រឡាញ់ មិនជាទីគាប់ចិត្ត របស់អាត្មាអញឡើយ ប្រសិនបើអាត្មាអញប្រព្រឹត្តនិយាយ នឹងបុគ្គលដទៃ ដោយសំដីទ្រគោះវិញ អំពើនោះ ក៏មិនជាទីស្រឡាញ់ មិនជាទីគាប់ចិត្ត របស់បុគ្គលដទៃដែរ ធម៌ណា (មិនជាទីស្រឡាញ់ មិនជាទីគាប់ចិត្ត) របស់អាត្មាអញ។បេ។ នេះជា វចីសមាចារ មានបរិសុទ្ធ ៣ ចំណែក របស់អរិយសាវកនោះ យ៉ាងនេះ។

[១៦៦] ម្នាលព្រាហ្មណ៍ និងគហបតីទាំងឡាយ មួយទៀត អរិយសាវក តែងពិចារណា ដូច្នេះថា បុគ្គលណា ប្រព្រឹត្តនិយាយនឹងអាត្មាអញ ដោយពាក្យរោយរាយ ឥតប្រយោជន៍ អំពើនោះ មិនជាទីស្រឡាញ់ មិនជាទីគាប់ចិត្ត របស់អាត្មាអញឡើយ ប្រសិនបើអាត្មាអញ ប្រព្រឹត្តនិយាយនឹងបុគ្គលដទៃ ដោយពាក្យរោយរាយ ឥតប្រយោជន៍វិញ អំពើនោះ ក៏មិនជាទីស្រឡាញ់ មិនជាទីគាប់ចិត្ត របស់បុគ្គលដទៃដែរ ធម៌ណា មិនជាទីស្រឡាញ់ មិនជាទីគាប់ចិត្ត របស់អាត្មាអញ ធម៌នុ៎ះ ក៏មិនជាទីស្រឡាញ់ មិនជាទីគាប់ចិត្ត របស់បុគ្គលដទៃដែរ ធម៌ណា មិនជាទីស្រឡាញ់ មិនជាទីគាប់ចិត្តរបស់អាត្មាអញហើយ អាត្មាអញ គប្បីញ៉ាំងបុគ្គលដទៃ ឲ្យប្រកបដោយធម៌នោះ ដូចម្ដេចកើត។ លុះអរិយសាវកនោះ ពិចារណាដូច្នេះហើយ ក៏វៀរចាកការនិយាយពាក្យរោយរាយ ឥតប្រយោជន៍ ដោយខ្លួនឯងផង បបួលបុគ្គលដទៃ ឲ្យវៀរចាកការនិយាយពាក្យរោយរាយ ឥតប្រយោជន៍ផង សរសើរគុណ នៃកិរិយាវៀរចាកការនិយាយពាក្យរោយរាយ ឥតប្រយោជន៍ផង។ នេះជាវចីសមាចារ មានបរិសុទ្ធ ៣ ចំណែក របស់អរិយសាវកនោះ យ៉ាងនេះ។

[១៦៧] អរិយសាវកនោះ ជាអ្នកប្រកបដោយសេចក្ដីជ្រះថ្លា មិនកម្រើកក្នុងព្រះពុទ្ធថា ព្រះដ៏មានព្រះភាគ អង្គនោះ។បេ។ ទ្រង់ជាគ្រូនៃទេវតា និងមនុស្សទាំងឡាយ ទ្រង់ត្រាស់ដឹង នូវអរិយសច្ច ៤ ទ្រង់ខ្ជាក់ចោល នូវត្រៃភព លែងវិលត្រឡប់មកកើតទៀត។ ក្នុងព្រះធម៌ ប្រកបដោយសេចក្ដីជ្រះថ្លា មិនកម្រើក។ ក្នុងព្រះសង្ឃថា ព្រះសង្ឃសាវក នៃព្រះដ៏មានព្រះភាគ លោកប្រតិបត្តិ ដោយប្រពៃ។បេ។ ជាបុញ្ញក្ខេត្តនៃសត្វលោក រកខេត្តដទៃក្រៃលែងជាងគ្មាន។ ប្រកបដោយសីល ជាទីត្រេកអរ របស់អរិយៈ ជាសីលមិនដាច់ មិនធ្លុះ មិនពព្រុះ មិនពពាល ជាសីលជានា អ្នកប្រាជ្ញតែងសរសើរ មិនបានប៉ះពាល់ ដោយតណ្ហា និងទិដ្ឋិ ប្រព្រឹត្តទៅព្រម ដើម្បីសមាធិ។

[១៦៨] ម្នាលព្រាហ្មណ៍ និងគហបតីទាំងឡាយ កាលណាបើអរិយសាវក ប្រកបដោយព្រះសទ្ធម្ម ទាំង ៧ នេះ ដោយឋានៈ ដែលបណ្ឌិតត្រូវប្រាថ្នា ទាំង ៤ យ៉ាងនេះហើយ អរិយសាវកនោះឯង កាលប្រាថ្នា គប្បីព្យាករ នូវខ្លួនដោយខ្លួនឯងថា អាត្មាអញអស់ទៅកើតក្នុងនរកហើយ អស់ទៅកើតក្នុងកំណើតតិរច្ឆានហើយ អស់ទៅកើតក្នុង បិត្តិវិស័យហើយ អស់ទៅកើតក្នុងកំណើតអសុរកាយហើយ អាត្មាអញ ជាអ្នកដល់នូវសោតៈហើយ មានសភាពមិនធ្លាក់ចុះក្នុងអបាយ ជាបុគ្គលទៀង ជាអ្នកមានកិរិយាត្រាស់ដឹងប្រព្រឹត្តទៅខាងមុខ។

[១៦៩] កាលបើព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ពួកព្រាហ្មណ៍ និងគហបតី អ្នកនៅក្នុងវេឡុទ្វារគ្រាម ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន ច្បាស់ពេកណាស់។បេ។ យើងខ្ញុំព្រះអង្គទាំងអម្បាលនេះ សូមដល់នូវព្រះគោតមដ៏ចំរើន ទាំងព្រះធម៌ ទាំងព្រះភិក្ខុសង្ឃ ជាទីពឹង ទីរលឹក សូមព្រះគោតមដ៏ចំរើន ទ្រង់ចាំទុក នូវយើងខ្ញុំព្រះអង្គទាំងឡាយថា ជាឧបាសក អ្នកដល់នូវព្រះរតនត្រ័យ ជាទីពឹង ទីរលឹកស្មើដោយជីវិត តាំងអំពីថ្ងៃនេះតទៅ។

(បឋមគិញ្ជកាវសថសូត្រ ទី៨)

(៨. បឋមគិញ្ជកាវសថសុត្តំ)

[១៧០] ខ្ញុំបានស្ដាប់មកយ៉ាងនេះ។ សម័យមួយព្រះដ៏មានព្រះភាគ ទ្រង់គង់ក្នុងផ្ទះសំណាក់ ធ្វើដោយឥដ្ឋ ជិតស្រុកញាតិកៈ។ គ្រានោះ ព្រះអានន្ទដ៏មានអាយុ ចូលទៅ គាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះព្រះអានន្ទដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុឈ្មោះ សាឡ្ហៈ ធ្វើ មរណកាលទៅហើយ គតិរបស់លោកដូចម្ដេច ការទៅក្នុងលោកខាងមុខដូចម្ដេច។ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុនីឈ្មោះ នន្ទា ធ្វើមរណកាលទៅហើយ គតិរបស់នាងដូចម្ដេច ការទៅក្នុងលោកខាងមុខ ដូចម្ដេច។ បពិត្រព្រះអង្គដ៏ចំរើន ឧបាសកឈ្មោះ សុទត្តៈ ធ្វើមរណកាលទៅហើយ គតិរបស់គាត់ ដូចម្ដេច ការទៅក្នុងលោកខាងមុខ ដូចម្ដេច។ បពិត្រព្រះអង្គដ៏ចំរើន ឧបាសិកាឈ្មោះ សុជាតា ធ្វើមរណកាលទៅហើយ គតិរបស់នាងដូចម្ដេច ការទៅក្នុងលោកខាងមុខ ដូចម្ដេច។

[១៧១] ម្នាលអានន្ទ ភិក្ខុឈ្មោះសាឡ្ហៈ ធ្វើមរណកាលទៅ បានធ្វើឲ្យជាក់ច្បាស់សម្រេចដោយបញ្ញា ដ៏ឧត្ដម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន នូវចេតោវិមុត្តិ និងបញ្ញាវិមុត្ត ដែលមិនមានអាសវៈ ព្រោះអស់អាសវៈទាំងឡាយ ហើយសម្រេចសម្រាន្ដ។ ម្នាលអានន្ទ ភិក្ខុនី ឈ្មោះនន្ទា ធ្វើមរណកាលទៅ បានជាឱបបាតិកា រលត់មិនសល់ក្នុងទីនោះ មានសភាព មិនបានត្រឡប់ចាកលោកនោះ ព្រោះអស់ទៅ នៃឱរម្ភាគិយសញ្ញោជនៈ ទាំង ៥។ ម្នាលអានន្ទ ឧបាសក ឈ្មោះសុទត្តៈ ធ្វើមរណកាលទៅ បានដល់សកទាគាមី មកកាន់លោកនេះ អស់វារៈម្ដងទៀត ទើបធ្វើនូវព្រះនិព្វាន ជាទីបំផុតនៃទុក្ខ ព្រោះស្រាលស្ដើងនៃរាគៈ ទោសៈ មោហៈ ព្រោះអស់ទៅ នៃសញ្ញោជនៈ ៣។ ម្នាលអានន្ទ ឧបាសិកាឈ្មោះសុជាតា ធ្វើមរណកាលទៅ បានដល់សោតៈ មានសភាពមិនបានធ្លាក់ចុះក្នុងអបាយ ជាបុគ្គលទៀង មានកិរិយាត្រាស់ដឹងប្រព្រឹត្តទៅក្នុងខាងមុខ ព្រោះអស់ទៅនៃសញ្ញោជនៈ ៣។

[១៧២] ម្នាលអានន្ទ មនុស្សធ្វើមរណកាលនេះ មិនជាអស្ចារ្យអ្វីទេ កាលបើមនុស្សនោះៗ ធ្វើមរណកាលហើយ អ្នកទាំងឡាយ នឹងចេះតែចូលមកសួរសេចក្ដីនុ៎ះនឹងតថាគត។ ម្នាលអានន្ទ នុ៎ះជាហេតុនាំឲ្យលំបាក ដល់តថាគតពេកណាស់។ ម្នាលអានន្ទ ព្រោះហេតុនោះ ក្នុងសាសនានេះ តថាគត នឹងសំដែងនូវធម្មបរិយាយ ឈ្មោះ ធម្មាទាសៈ (កញ្ចក់ឆ្លុះ ពោលគឺធម៌) ដែលអរិយសាវក អ្នកប្រកប កាលបើប្រាថ្នា គប្បីព្យាករ នូវខ្លួនដោយខ្លួនឯងថា អាត្មាអញ អស់ទៅកើតក្នុងនរកហើយ អស់ទៅកើតក្នុងកំណើតតិរច្ឆានហើយ អស់ទៅកើតក្នុងបិត្តិវិស័យហើយ អស់ទៅកើតក្នុងកំណើតអសុរកាយហើយ អាត្មាអញ ជាអ្នកដល់នូវសោតៈ មានសភាពជាអ្នកមិនធ្លាក់ចុះក្នុងអបាយ ជាបុគ្គលទៀង មានកិរិយាត្រាស់ដឹងប្រព្រឹត្តទៅក្នុងខាងមុខ។

[១៧៣] ម្នាលអានន្ទ ចុះធម្មបរិយាយ ឈ្មោះ ធម្មាទាសៈ នោះ តើដូចម្ដេច ដែលអរិយសាវក បានប្រកបហើយ កាលបើប្រាថ្នា គប្បីព្យាករ នូវខ្លួនដោយខ្លួនឯងថា អាត្មាអញ អស់ទៅកើតក្នុងនរកហើយ អស់ទៅកើតក្នុងកំណើតតិរច្ឆានហើយ អស់ទៅកើតក្នុងបិត្តិវិស័យហើយ អស់ទៅកើតក្នុងកំណើតអសុរកាយហើយ អាត្មាអញ ជាអ្នកដល់នូវសោតៈហើយ មានសភាពជាអ្នកមិនធ្លាក់ចុះក្នុងអបាយ ជាបុគ្គលទៀង មានកិរិយាត្រាស់ដឹង ប្រព្រឹត្តទៅ ក្នុងខាងមុខ។ ម្នាលអានន្ទ អរិយសាវក ក្នុងសាសនានេះ ប្រកបដោយសេចក្ដីជ្រះថ្លា មិនកម្រើក ក្នុងព្រះពុទ្ធថា ព្រះដ៏មានព្រះភាគ អង្គនោះ។បេ។ ទ្រង់ជាគ្រូនៃទេវតា និងមនុស្សទាំងឡាយ ទ្រង់ត្រាស់ដឹង នូវអរិយសច្ច ៤ ទ្រង់ខ្ជាក់ចោល នូវត្រៃភព លែងវិលត្រឡប់មកកើតទៀត។ ក្នុងព្រះធម៌។ ក្នុងព្រះសង្ឃ។ ប្រកបដោយសីល ជាទីត្រេកអរ របស់ព្រះអរិយៈ ជាសីលមិនដាច់។បេ។ ប្រព្រឹត្តទៅ ដើម្បីសមាធិ។ ម្នាលអានន្ទ នេះហៅថា ធម្មបរិយាយ ឈ្មោះ ធម្មាទាសៈ ដែលអរិយសាវក បានប្រកបហើយ កាលបើប្រាថ្នា គប្បីព្យាករដោយខ្លួនឯងថា អាត្មាអញ អស់ទៅកើតក្នុងនរកហើយ អស់ទៅកើតក្នុងកំណើតតិរច្ឆានហើយ អស់ទៅកើតក្នុងបិត្តិវិស័យហើយ អស់ទៅកើតក្នុងកំណើតអសុរកាយហើយ អាត្មាអញ ជាអ្នកដល់នូវសោតៈហើយ មានសភាពជាអ្នកមិនធ្លាក់ចុះក្នុងអបាយ ជាបុគ្គលទៀង មានកិរិយាត្រាស់ដឹងប្រព្រឹត្តទៅ ក្នុងខាងមុខ។ (សូត្រទាំង ៣ មាននិទានតែមួយ)។

(ទុតិយគិញ្ជកាវសថសូត្រ ទី៩)

(៩. ទុតិយគិញ្ជកាវសថសុត្តំ)

[១៧៤] លុះព្រះអានន្ទ ដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុឈ្មោះ អសោកៈ ធ្វើមរណកាលទៅហើយ គតិរបស់លោកដូចម្ដេច ការទៅក្នុងលោកខាងមុខ ដូចម្ដេច។ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុនីឈ្មោះ អសោកា ធ្វើមរណកាលទៅហើយ។បេ។ បពិត្រព្រះអង្គដ៏ចំរើន ឧបាសកឈ្មោះ អសោកៈ ធ្វើមរណកាលទៅហើយ។បេ។ បពិត្រព្រះអង្គដ៏ចំរើន ឧបាសិកាឈ្មោះ អសោកា ធ្វើមរណកាលទៅហើយ គតិរបស់នាងដូចម្ដេច ការទៅក្នុងលោកខាងមុខ ដូចម្ដេច។

[១៧៥] ម្នាលអានន្ទ ភិក្ខុឈ្មោះ អសោកៈ ធ្វើមរណកាលទៅ បានធ្វើឲ្យជាក់ច្បាស់សម្រេចដោយបញ្ញា ដ៏ឧត្ដម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន នូវចេតាវិមុត្តិ និងបញ្ញវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់អាសវៈទាំងឡាយ ហើយសម្រេចសម្រាន្តនៅ។ (និទានតែមួយ ដោយវេយ្យាករណ៍ដូចមុន)។

[១៧៦] ម្នាលអានន្ទ នេះហៅថា ធម្មបរិយាយ ឈ្មោះ ធម្មាទាសៈ ដែលអរិយសាវក បានប្រកបហើយ កាលបើប្រាថ្នា គប្បីព្យាករនូវខ្លួន ដោយខ្លួនឯងថា អាត្មាអញ អស់ទៅកើតក្នុងនរកហើយ អស់ទៅកើតក្នុងកំណើតតិរច្ឆានហើយ អស់ទៅកើតក្នុងបិត្តិវិស័យហើយ អស់ទៅកើតក្នុងកំណើតអសុរកាយហើយ អាត្មាអញ ជាអ្នកដល់នូវសោតៈហើយ មានសភាព ជាអ្នកមិនធ្លាក់ចុះក្នុងអបាយ ជាបុគ្គលទៀង មានកិរិយាត្រាស់ដឹង ប្រព្រឹត្តទៅក្នុងខាងមុខ។

(តតិយគិញ្ជកាវសថសូត្រ ទី១០)

(១០. តតិយគិញ្ជកាវសថសុត្តំ)

[១៧៧] លុះព្រះអានន្ទដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ឧបាសកឈ្មោះ កកុដៈ ក្នុងស្រុកញាតិកៈ ធ្វើមរណកាលទៅហើយ គតិរបស់គាត់ដូចម្ដេច ការទៅក្នុងលោកខាងមុខ ដូចម្ដេច។ បពិត្រព្រះអង្គដ៏ចំរើន ឧបាសកឈ្មោះ កឡិភៈ ក្នុងស្រុកញាតិកៈ។ បពិត្រព្រះអង្គដ៏ចំរើន ឧបាសកឈ្មោះ ទនិកទ្ធៈ ក្នុងស្រុកញាតិកៈ។ បពិត្រព្រះអង្គដ៏ចំរើន ឧបាសកឈ្មោះ កដិស្សហៈ ក្នុងស្រុកញាតិកៈ។ បពិត្រព្រះអង្គដ៏ចំរើន ឧបាសក ឈ្មោះ តុដ្ឋៈ ក្នុងស្រុកញាតិកៈ។ បពិត្រព្រះអង្គដ៏ចំរើន ឧបាសកឈ្មោះ សន្តុដ្ឋៈ ក្នុងស្រុកញាតិកៈ។ បពិត្រព្រះអង្គដ៏ចំរើន ឧបាសកឈ្មោះ ភទ្ទៈ ក្នុងស្រុកញាតិកៈ។ បពិត្រព្រះអង្គដ៏ចំរើន ឧបាសកឈ្មោះ សុភទ្ទៈ ក្នុងស្រុកញាតិកៈ ធ្វើមរណកាលទៅហើយ គតិរបស់គាត់ដូចម្ដេច ការទៅក្នុងលោកខាងមុខ ដូចម្ដេច។

[១៧៨] ម្នាលអានន្ទ ឧបាសកឈ្មោះកកុដៈ ធ្វើមរណកាលទៅហើយ បានជាឱបបាតិកៈ រលត់អស់ក្នុងទីនោះ មានសភាពជាអ្នកមិនត្រឡប់ ចាកលោកនោះ ព្រោះអស់ទៅ នៃឱរម្ភាគិយសញ្ញោជនៈ ទាំង៥។ ម្នាលអានន្ទ ឧបាសក ឈ្មោះកឡិភៈ។ ម្នាលអានន្ទ ឧបាសកឈ្មោះ ទនិកទ្ធៈ។ ម្នាលអានន្ទ ឧបាសកឈ្មោះ កដិស្សហៈ។ ម្នាលអានន្ទ ឧបាសកឈ្មោះ តុដ្ឋៈ។ ម្នាលអានន្ទ ឧបាសកឈ្មោះ សន្តុដ្ឋៈ។ ម្នាលអានន្ទ ឧបាសកឈ្មោះ ភទ្ទៈ។ ម្នាលអានន្ទ ឧបាសកឈ្មោះ សុភទ្ទៈ ធ្វើមរណកាលទៅហើយ បានជាឱបបាតិកៈ រលត់អស់ក្នុងទីនោះ មានសភាព ជាអ្នកមិនត្រឡប់ចាកលោកនោះ ព្រោះអស់ទៅនៃឱរម្ភាគិយសញ្ញោជនៈ ទាំង ៥។ (ឧបាសកទាំងអស់ បណ្ឌិតគប្បីធ្វើថា មានគតិតែមួយ)។

[១៧៩] ម្នាលអានន្ទ ពួកឧបាសកច្រើនជាង ៥០ នាក់ ក្នុងស្រុកញាតិកៈ ធ្វើមរណកាលទៅ បានជាឱបបាតិកៈ រលត់អស់ទៅក្នុងទីនោះ មានសភាព ជាអ្នកមិនត្រឡប់ចាកលោកនោះ ព្រោះអស់ទៅ នៃឱរម្ភាគិយសញ្ញោជនៈ ទាំង ៥។ ម្នាលអានន្ទ ពួកឧបាសកច្រើនជាង ៩០ នាក់ ក្នុងស្រុកញាតិកៈ ធ្វើមរណកាលទៅហើយ បានដល់សកទាគាមី មកកាន់លោកនេះ អស់វារៈម្ដងទៀត ទើបធ្វើនូវព្រះនិព្វាន ជាទីបំផុតនៃទុក្ខបាន ព្រោះស្រាលស្ដើង នៃរាគៈ ទោសៈ និងមោហៈ ព្រោះអស់ទៅ នៃសញ្ញោជនៈ ទាំង ៣។ ម្នាលអានន្ទ ពួកឧបាសក ៥០៦ នាក់ ក្នុងស្រុកញាតិកៈ ធ្វើមរណកាលទៅហើយ បានដល់សោតៈ មានសភាព ជាអ្នកមិនធ្លាក់ចុះក្នុងអបាយ ជាបុគ្គលទៀង មានកិរិយាត្រាស់ដឹង ប្រព្រឹត្តទៅក្នុងខាងមុខ ព្រោះអស់ទៅ នៃសញ្ញោជនៈ ៣។

[១៨០] ម្នាលអានន្ទ មនុស្សធ្វើមរណកាលនេះ មិនជាអស្ចារ្យអ្វីទេ កាលបើមនុស្សនោះៗ ធ្វើមរណកាលទៅហើយ អ្នកទាំងឡាយ នឹងចេះតែចូលមកសួរសេចក្ដីនុ៎ះ នឹងតថាគត ម្នាលអានន្ទ នុ៎ះជាហេតុនាំឲ្យលំបាក ដល់តថាគតពេកណាស់។ ម្នាលអានន្ទ ព្រោះហេតុនោះ ក្នុងសាសនានេះ តថាគត នឹងសំដែងនូវធម្មបរិយាយ ឈ្មោះធម្មាទាសៈ ដែលអរិយសាវក បានប្រកបហើយ កាលបើប្រាថ្នា គប្បីព្យាករនូវខ្លួន ដោយខ្លួនឯងថា អាត្មាអញ អស់ទៅកើតក្នុងនរកហើយ អស់ទៅកើតក្នុងកំណើតតិរច្ឆានហើយ អស់ទៅកើតក្នុងបិត្តិវិស័យហើយ អស់ទៅកើតក្នុងកំណើតអសុរកាយហើយ អាត្មាអញបានដល់សោតៈហើយ មានសភាព ជាអ្នកមិនធ្លាក់ចុះក្នុងអបាយ ជាបុគ្គលទៀង មានកិរិយាត្រាស់ដឹង ប្រព្រឹត្តទៅក្នុងខាងមុខ។

[១៨១] ម្នាលអានន្ទ ចុះធម្មបរិយាយ ឈ្មោះធម្មាទាសៈនោះ តើដូចម្ដេច ដែលអរិយសាវក ប្រកបហើយ កាលបើប្រាថ្នា គប្បីព្យាករនូវខ្លួន ដោយខ្លួនឯងថា អាត្មាអញអស់ទៅកើតក្នុងនរកហើយ អស់ទៅកើតក្នុងកំណើតតិរច្ឆានហើយ អស់ទៅកើតក្នុងបិត្តិវិស័យហើយ អស់ទៅកើតក្នុងកំណើតអសុរកាយហើយ អាត្មាអញ បានដល់សោតៈ ហើយ មានសភាព ជាអ្នកមិនធ្លាក់ចុះក្នុងអបាយ ជាបុគ្គលទៀង មានកិរិយាត្រាស់ដឹង ប្រព្រឹត្តទៅ ក្នុងខាងមុខ។ ម្នាលអានន្ទ អរិយសាវក ក្នុងសាសនានេះ ប្រកបដោយសេចក្ដីជ្រះថ្លា មិនកម្រើក ក្នុងព្រះពុទ្ធថា ព្រះដ៏មានព្រះភាគ អង្គនោះ។បេ។ ទ្រង់ជាគ្រូនៃទេវតា និងមនុស្សទាំងឡាយ ទ្រង់ត្រាស់ដឹង នូវអរិយសច្ច ៤ ទ្រង់ខ្ជាក់ចោល នូវត្រៃភព លែងវិលត្រឡប់មកកើតទៀត។ ក្នុងព្រះធម៌។ ក្នុងព្រះសង្ឃ។ ប្រកបដោយសីល ជាទីត្រេកអរ របស់ព្រះអរិយៈ ជាសីលមិនដាច់។បេ។ ប្រព្រឹត្តទៅ ដើម្បីសមាធិ។ ម្នាលអានន្ទ នេះហៅថា ធម្មបរិយាយ ឈ្មោះ ធម្មាទាសៈ ដែលអរិយសាវក បានប្រកបហើយ កាលបើប្រាថ្នា គប្បីព្យាករនូវខ្លួន ដោយខ្លួនឯងថា អាត្មាអញ អស់ទៅកើតក្នុងនរកហើយ អស់ទៅកើតក្នុងកំណើតតិរច្ឆានហើយ អស់ទៅកើតក្នុងបិត្តិវិស័យហើយ អស់ទៅកើតក្នុងកំណើតអសុរកាយហើយ អាត្មាអញ បានដល់សោតៈហើយ មានសភាព ជាអ្នកមិនធ្លាក់ចុះក្នុងអបាយ ជាបុគ្គលទៀង មានកិរិយាត្រាស់ដឹង ប្រព្រឹត្តទៅក្នុងខាងមុខ។

ចប់ វេឡុទ្វារវគ្គ ទី១។

ឧទាននៃវេឡុទ្វារវគ្គនោះគឺ

និយាយអំពីស្ដេចចក្រពត្តិ ១ អំពីសេចក្ដីសុខ ជាទីប្រជុំចុះ នៃព្រហ្មចរិយៈ ១ អំពីទីឃាវុឧបាសក ១ អំពីព្រះសារីបុត្ត មាន ២ លើក អំពីនាយជាងឈើ ១ អំពីពួកព្រាហ្មណ៍និងគហបតី អ្នកនៅក្នុងស្រុកវេឡុទ្វារ ១ អំពីរឿងដែលព្រះដ៏មានព្រះភាគ ទ្រង់គង់ក្នុងផ្ទះ ធ្វើដោយឥដ្ឋ មាន ៣ លើក។

រាជការាមវគ្គ ទី២

(២. រាជការាមវគ្គោ)

(សហស្សភិក្ខុនិសង្ឃសូត្រ ទី១)

(១. សហស្សភិក្ខុនិសង្ឃសុត្តំ)

[១៨២] ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងរាជការាម ទៀបក្រុងសាវត្ថី។ គ្រានោះ ភិក្ខុនីសង្ឃ ប្រមាណមួយពាន់រូប បានចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយឋិតក្នុងទីដ៏សមគួរ។ លុះភិក្ខុនីទាំងនោះ ឋិតក្នុងទីដ៏សមគួរហើយ ទើបព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុនីទាំងឡាយ អរិយសាវក អ្នកប្រកបដោយធម៌ ៤ យ៉ាង ជាសោតាបន្នបុគ្គល មានសភាពមិនធ្លាក់ទៅក្នុងអបាយ ជាបុគ្គលទៀង មានការត្រាស់ដឹង ប្រព្រឹត្តទៅក្នុងខាងមុខ។ ធម៌ ៤ យ៉ាង តើដូចម្ដេចខ្លះ។ ម្នាលភិក្ខុនីទាំងឡាយ អរិយសាវក ក្នុងធម្មវិន័យនេះ ប្រកបដោយសេចក្តីជ្រះថ្លា មិនញាប់ញ័រ ក្នុងព្រះពុទ្ធថា ព្រះដ៏មានព្រះភាគ អង្គនោះ។ បេ។ ព្រះអង្គជាគ្រូនៃទេវតា និងមនុស្សទាំងឡាយ ព្រះអង្គត្រាស់ដឹង នូវអរិយសច្ចធម៌ ព្រះអង្គលែងវិលមកកាន់ភពថ្មីទៀត។ (អរិយសាវក ប្រកបដោយសេចក្ដីជ្រះថ្លា មិនញាប់ញ័រ) ក្នុងព្រះធម៌។ ក្នុងព្រះសង្ឃ។ ជាអ្នកប្រកបដោយសីល ជាទីស្រឡាញ់របស់អរិយបុគ្គល ជាសីលមិនដាច់។បេ។ ជាសីលប្រព្រឹត្តទៅ ដើម្បីសមាធិ។ ម្នាលភិក្ខុនីទាំងឡាយ អរិយសាវក ប្រកបដោយធម៌ ទាំង ៤ យ៉ាងនេះឯង ជាសោតាបន្នបុគ្គល មានសភាពមិនធ្លាក់ទៅក្នុងអបាយ ជាបុគ្គលទៀង មានការត្រាស់ដឹង ប្រព្រឹត្តទៅក្នុងខាងមុខ។

(ព្រាហ្មណសូត្រ ទី២)

(២. ព្រាហ្មណសុត្តំ)

[១៨៣] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ព្រាហ្មណ៍ទាំងឡាយ តែងបញ្ញត្តនូវបដិបទា ឈ្មោះ ឧទយគាមិនី (ដំណើរទៅកាន់សេចក្ដីចំរើន ក្នុងលទ្ធិរបស់ខ្លួន) ព្រាហ្មណ៍ទាំងនោះ តែងញ៉ាំងសាវក ឲ្យសមាទាន យ៉ាងនេះថា នែបុរសដ៏ចំរើន អ្នកចូរមកនេះ អ្នកចូរក្រោកឡើងអំពីព្រលឹម ហើយបែរមុខទៅទិសខាងកើតទៅ ចូរអ្នកកុំវៀរត្រពាំងទឹក កុំវៀរអណ្ដូងទឹង ឬជ្រោះ កុំវៀរដង្គត់ កុំវៀរទីមានបន្លា កុំវៀរអណ្ដូងជ្រាំ កុំវៀររណ្ដៅដ៏ស្មោគគ្រោក បើអ្នកធ្លាក់ចុះក្នុងទីណា អ្នកគប្បីរង់ចាំសេចក្ដីស្លាប់ ក្នុងទីនោះឯង ម្នាលបុរសដ៏ចំរើន កាលបើយ៉ាងនេះ លុះអ្នករំលាងខន្ធ បន្ទាប់អំពីសេចក្ដីស្លាប់ទៅ នឹងទៅកាន់លោក គឺសុគតិ ស្ថានសួគ៌។

[១៨៤] ម្នាលភិក្ខុទាំងឡាយ ការបញ្ញត្តិនូវបដិបទានោះឯង នេះជាដំណើរបស់មនុស្សពាល នេះជាដំណើររបស់មនុស្សវង្វេង នៃពួកព្រាហ្មណ៍ តែងមិនប្រព្រឹត្តទៅដើម្បីសេចក្ដីនឿយណាយ មិនប្រព្រឹត្តទៅ ដើម្បីសេចក្ដីប្រាសចាកតម្រេក មិនប្រព្រឹត្តទៅដើម្បីសេចក្ដីរលត់ មិនប្រព្រឹត្តទៅ ដើម្បីសេចក្ដីស្ងប់ស្ងាត់ មិនប្រព្រឹត្តទៅ ដើម្បីសេចក្ដីដឹងច្បាស់ មិនប្រព្រឹត្តទៅ ដើម្បីសេចក្ដីត្រាស់ដឹង មិនប្រព្រឹត្តទៅ ដើម្បីព្រះនិព្វានទេ។ ម្នាលភិក្ខុទាំងឡាយ ចំណែកតថាគត តែងបញ្ញត្តនូវបដិបទា ជាដំណើរទៅកាន់សេចក្ដីចំរើន ក្នុងអរិយវិន័យ ដែលប្រព្រឹត្តទៅ ដើម្បីសេចក្ដីនឿយណាយ ដោយពិតប្រាកដ ដើម្បីសេចក្ដីប្រាសចាកតម្រេក ដើម្បីសេចក្ដីរលត់ ដើម្បីសេចក្ដីស្ងប់ស្ងាត់ ដើម្បីសេចក្ដីដឹងច្បាស់ ដើម្បីសេចក្ដីត្រាស់ដឹង ដើម្បីព្រះនិព្វាន។

[១៨៥] ម្នាលភិក្ខុទាំងឡាយ ចុះបដិបទា ជាដំណើរទៅកាន់សេចក្ដីចំរើន ដែលប្រព្រឹត្តទៅ ដើម្បីសេចក្ដីនឿយណាយ ដោយពិតប្រាកដ។បេ។ ដើម្បីព្រះនិព្វាន តើដូច ម្ដេច។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក ក្នុងធម្មវិន័យនេះ ជាអ្នកប្រកបដោយសេចក្ដីជ្រះថ្លា មិនញាប់ញ័រ ក្នុងព្រះពុទ្ធថា ព្រះដ៏មានព្រះភាគ អង្គនោះ។បេ។ ព្រះអង្គជាគ្រូនៃទេវតា និងមនុស្សទាំងឡាយ ព្រះអង្គត្រាស់ដឹង នូវអរិយសច្ចធម៌ ព្រះអង្គលែងវិលត្រឡប់មកកាន់ភពថ្មីទៀត។ (អរិយសាវក ប្រកបដោយសេចក្ដីជ្រះថ្លា មិនញាប់ញ័រ) ក្នុងព្រះធម៌។ ក្នុងព្រះសង្ឃ។ ជាអ្នកប្រកបដោយសីល ជាទីស្រឡាញ់របស់អរិយៈ ជាសីលមិនដាច់។បេ។ ជាសីលប្រព្រឹត្តទៅ ដើម្បីសមាធិ។ ម្នាលភិក្ខុទាំងឡាយ នេះឯងជាបដិបទា ជាដំណើរទៅកាន់សេចក្ដីចំរើន ដែលប្រព្រឹត្តទៅ ដើម្បីសេចក្ដីនឿយណាយដោយពិតប្រាកដ ដើម្បីប្រាសចាកតម្រេក ដើម្បីសេចក្ដីរលត់ ដើម្បីសេចក្ដីស្ងប់ស្ងាត់ ដើម្បីសេចក្ដីដឹងច្បាស់ ដើម្បីសេចក្ដីត្រាស់ដឹង ដើម្បីព្រះនិព្វាន។

(អានន្ទត្ថេរសូត្រ ទី៣)

(៣. អានន្ទត្ថេរសុត្តំ)

[១៨៦] សម័យមួយ ព្រះសារីបុត្តដ៏មានអាយុ និងព្រះអានន្ទដ៏មានអាយុ នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ព្រះសារីបុត្តដ៏មានអាយុ ចេញអំពីទីពួនសម្ងំ ក្នុងសាយណ្ហសម័យ ចូលទៅរកព្រះអានន្ទដ៏មានអាយុ លុះចូលទៅដល់ ក៏ពោលពាក្យរាក់ទាក់ ជាមួយនឹងព្រះអានន្ទដ៏មានអាយុ លុះបញ្ចប់ពាក្យ ដែលគួររាក់ទាក់ ល្មមឲ្យកើតសេចក្ដីស្និទស្នាលហើយ ក៏អង្គុយក្នុងទីដ៏សមគួរ។ លុះព្រះសារីបុត្តដ៏មានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ទើបសួរព្រះអានន្ទដ៏មានអាយុដូច្នេះថា អាវុសោអានន្ទ ព្រោះលះបង់ធម៌ប៉ុន្មានយ៉ាង ព្រោះប្រកបធម៌ប៉ុន្មានយ៉ាង ទើបព្រះដ៏មានព្រះភាគ ទ្រង់ព្យាករពួកសត្វនេះ យ៉ាងនេះថា ជាសោតាបន្នបុគ្គល មាន សភាពមិនធ្លាក់ទៅក្នុងអបាយ ជាបុគ្គលទៀង មានការត្រាស់ដឹងប្រព្រឹត្តទៅ ក្នុងខាងមុខ។

[១៨៧] ម្នាលអាវុសោ ព្រោះលះធម៌ ៤ យ៉ាង ព្រោះប្រកបធម៌ ៤ យ៉ាង ទើបព្រះដ៏មានព្រះភាគ ទ្រង់ព្យាករពួកសត្វនេះ យ៉ាងនេះថា ជាសោតាបន្នបុគ្គល មានសភាពមិនធ្លាក់ទៅក្នុងអបាយ ជាបុគ្គលទៀង មានការត្រាស់ដឹង ជាទីប្រព្រឹត្តទៅក្នុងខាងមុខ។ ធម៌ ៤ យ៉ាង ដូចម្ដេចខ្លះ។ ម្នាលអាវុសោ បុថុជ្ជនអ្នកមិនចេះដឹង ប្រកបដោយសេចក្ដីជ្រះថ្លា មិនញាប់ញ័រក្នុងព្រះពុទ្ធ មានសភាពយ៉ាងណា លុះរំលាងខន្ធ បន្ទាប់អំពីមរណៈ ក៏ទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក សេចក្ដីជ្រះថ្លាមិនញាប់ញ័រ ក្នុងព្រះពុទ្ធ មានសភាពយ៉ាងនោះ ឥតមានដល់អរិយសាវកនោះឡើយ។ ម្នាលអាវុសោ ចំណែកអរិយសាវក អ្នកចេះដឹង ប្រកបដោយសេចក្ដីជ្រះថ្លា មិនញាប់ញ័រ ក្នុងព្រះពុទ្ធ មានសភាពយ៉ាងណា លុះដល់រំលាងខន្ធ បន្ទាប់អំពីមរណៈ ទៅកើតក្នុងលោក គឺសុគតិ ស្ថានសួគ៌ សេចក្ដីជ្រះថ្លា មិនញាប់ញ័រក្នុងព្រះពុទ្ធ មានសភាពយ៉ាងនោះ តែងមានដល់អរិយសាវកនោះថា ព្រះដ៏មានព្រះភាគ អង្គនោះ។បេ។ ព្រះអង្គជាគ្រូនៃទេវតា និងមនុស្សទាំងឡាយ ព្រះអង្គត្រាស់ដឹង នូវអរិយសច្ចធម៌ ព្រះអង្គលែងវិលមកកាន់ភពថ្មីទៀតដូច្នេះ។

[១៨៨] ម្នាលអាវុសោ បុថុជ្ជន អ្នកមិនចេះដឹង ប្រកបដោយសេចក្ដីជ្រះថ្លា មិនញាប់ញ័រ ក្នុងព្រះធម៌ មានសភាពយ៉ាងណា លុះរំលាងខន្ធ បន្ទាប់អំពីមរណៈ ទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក សេចក្ដីជ្រះថ្លា មិនញាប់ញ័រក្នុងព្រះធម៌ មានសភាពយ៉ាងនោះ ឥតមានដល់អរិយសាវកនោះឡើយ។ ម្នាលអាវុសោ ចំណែកអរិយសាវក អ្នកចេះដឹង ប្រកបដោយសេចក្ដីជ្រះថ្លា មិនញាប់ញ័រក្នុងព្រះធម៌ មានសភាពយ៉ាងណា លុះរំលាងខន្ធ បន្ទាប់អំពីមរណៈ ទៅកើតក្នុងលោក គឺសុគតិ ស្ថានសួគ៌ សេចក្ដីជ្រះថ្លាមិនញាប់ញ័រ ក្នុងព្រះធម៌ មានសភាពយ៉ាងនោះ តែងមានដល់អរិយសាវកនោះថា ព្រះធម៌ ដែលព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ប្រពៃហើយ។បេ។

[១៨៩] ម្នាលអាវុសោ បុថុជ្ជន អ្នកមិនចេះដឹង ប្រកបដោយសេចក្ដីជ្រះថ្លា មិនញាប់ញ័រ ក្នុងព្រះសង្ឃ មានសភាពយ៉ាងណា លុះរំលាងខន្ធ បន្ទាប់អំពីមរណៈ ទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក សេចក្ដីជ្រះថ្លា មិនញាប់ញ័រក្នុងព្រះសង្ឃ មានសភាពយ៉ាងនោះ ឥតមានដល់អរិយសាវកនោះឡើយ។ ម្នាលអាវុសោ ចំណែកអរិយសាវក អ្នកចេះដឹង ប្រកបដោយសេចក្ដីជ្រះថ្លា មិនញាប់ញ័រ ក្នុងព្រះសង្ឃ មានសភាពយ៉ាងណា លុះដល់រំលាងខន្ធ បន្ទាប់អំពីមរណៈ ទៅកើតក្នុងលោក គឺសុគតិ ស្ថានសួគ៌ សេចក្ដីជ្រះថ្លា មិនញាប់ញ័រ ក្នុងព្រះសង្ឃ មានសភាពយ៉ាងនោះ តែងមានដល់អរិយសាវកនោះថា ព្រះសង្ឃសាវក នៃព្រះដ៏មានព្រះភាគ លោកប្រតិបត្តិប្រពៃហើយ។បេ។ ជាស្រែបុណ្យដ៏ប្រសើរ នៃសត្វលោក។

[១៩០] ម្នាលអាវុសោ បុថុជ្ជន អ្នកមិនចេះដឹង ប្រកបដោយភាវៈ ជាអ្នកទ្រុស្តសីល មានសភាពយ៉ាងណា លុះរំលាងខន្ធ បន្ទាប់អំពីមរណៈ រមែងទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក ភាវៈជាអ្នកទ្រុស្តសីល មានសភាពយ៉ាងនោះ ឥតមានដល់អរិយសាវកនោះឡើយ។ ម្នាលអាវុសោ ចំណែកអរិយសាវក ប្រកបដោយសីលទាំងឡាយ ជាទីស្រឡាញ់របស់អរិយៈ មានសភាពយ៉ាងណា លុះរំលាងខន្ធ បន្ទាប់អំពីមរណៈ រមែងទៅកើតក្នុងលោក គឺសុគតិ ស្ថានសួគ៌ សីលទាំងឡាយ ជាទីស្រឡាញ់របស់អរិយៈ មានសភាពយ៉ាងនោះ ជាសីលមិនដាច់។បេ។ ជាសីលប្រព្រឹត្តទៅ ដើម្បិសមាធិ តែងមានដល់អរិយសាវកនោះ។

[១៩១] ម្នាលអាវុសោ ព្រោះលះធម៌ ៤ យ៉ាងនេះឯង ព្រោះប្រកបដោយធម៌ ៤យ៉ាងនេះឯង ទើបព្រះដ៏មានព្រះភាគ ទ្រង់ព្យាករពួកសត្វនេះ យ៉ាងនេះថា សោតាបន្នបុគ្គល មានសភាពមិនធ្លាក់ទៅក្នុងអបាយ ជាបុគ្គលទៀង មានការត្រាស់ដឹងប្រព្រឹត្តទៅខាងមុខ។

(ទុគ្គតិភយសូត្រ ទី៤)

(៤. ទុគ្គតិភយសុត្តំ)

[១៩២] ម្នាលភិក្ខុទាំងឡាយ អរិយសាវកប្រកបដោយធម៌ ៤ យ៉ាងនេះ ទើបកន្លងបង់នូវភ័យ ក្នុងទុគ្គតិទាំងពួងបាន។ ធម៌ទាំង ៤ យ៉ាង តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក ក្នុងធម្មវិន័យនេះ ប្រកបដោយសេចក្ដីជ្រះថ្លា មិនញាប់ញ័រ ក្នុងព្រះពុទ្ធថា ព្រះដ៏មានព្រះភាគ អង្គនោះ។បេ។ ព្រះអង្គជាគ្រូនៃទេវតា និងមនុស្សទាំងឡាយ ព្រះអង្គត្រាស់ដឹង នូវអរិយសច្ចធម៌ ព្រះអង្គលែងវិលមកកាន់ភពថ្មីទៀត។ (អរិយសាវក ប្រកប ដោយសេចក្ដីជ្រះថ្លា មិនញាប់ញ័រ) ក្នុងព្រះធម៌។ ក្នុងព្រះសង្ឃ។ អរិយសាវក ប្រកបដោយសីលទាំងឡាយ ជាទីស្រឡាញ់របស់អរិយៈ ជាសីលមិនដាច់។ បេ។ ជាសីល ប្រព្រឹត្តទៅ ដើម្បីសមាធិ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក ប្រកបដោយធម៌ ៤ យ៉ាងនេះឯង តែងកន្លងបង់នូវភ័យ ក្នុងទុគ្គតិទាំងពួងបាន។

(ទុគ្គតិវិនិបាតភយសូត្រ ទី៥)

(៥. ទុគ្គតិវិនិបាតភយសុត្តំ)

[១៩៣] ម្នាលភិក្ខុទាំងឡាយ អរិយសាវកប្រកបដោយធម៌ ៤ យ៉ាង រមែងកន្លងបង់នូវភ័យ ក្នុងទុគ្គតិ និងអបាយទាំងពួងបាន។ ធម៌ ៤ យ៉ាង តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក ក្នុងធម្មវិន័យនេះ ប្រកបដោយសេចក្ដីជ្រះថ្លា មិនញាប់ញ័រ ក្នុងព្រះពុទ្ធថា ព្រះដ៏មានព្រះភាគ អង្គនោះ។បេ។ ព្រះអង្គជាគ្រូនៃទេវតា និងមនុស្សទាំងឡាយ ព្រះអង្គត្រាស់ដឹង នូវអរិយសច្ចធម៌ ព្រះអង្គលែងវិលមកកាន់ភពថ្មីទៀត។ (អរិយសាវក ប្រកបដោយសេចក្ដីជ្រះថ្លា មិនញាប់ញ័រ) ក្នុងព្រះធម៌។ ក្នុងព្រះសង្ឃ។ អរិយសាវក ប្រកបដោយសីលទាំងឡាយ ជាទីស្រឡាញ់របស់អរិយៈ ជាសីលមិនដាច់។បេ។ ជាសីលប្រព្រឹត្តទៅ ដើម្បីសមាធិ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក ប្រកបដោយធម៌ ៤ យ៉ាងនេះឯង ឈ្មោះថា កន្លងបង់នូវភ័យ ក្នុងទុគ្គតិ និងអបាយទាំងពួងបាន។

(បឋមមិត្តាមច្ចសូត្រ ទី៦)

(៦. បឋមមិត្តាមច្ចសុត្តំ)

[១៩៤] ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គួរអនុគ្រោះចំពោះជនពួកណា មួយទៀត ជនពួកណា ជាមិត្រក្ដី អមាត្យក្ដី ញាតិក្ដី សាលោហិតក្ដី គប្បីសំគាល់នូវពាក្យ ដែលខ្លួនគួរស្ដាប់ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ត្រូវញ៉ាំងពួកជនទាំងអស់នោះ ឲ្យ សមាទាន ឲ្យតាំងនៅ ឲ្យប្រតិស្ឋាននៅ ក្នុងអង្គនៃសោតាបត្តិ ៤ យ៉ាង។ អង្គនៃសោតាបត្តិ ៤ យ៉ាង ដូចម្ដេច។ គឺអ្នកទាំងឡាយ ត្រូវញ៉ាំងពួកជនទាំងអស់នោះ ឲ្យសមាទាន ឲ្យតាំងនៅ ឲ្យប្រតិស្ឋាននៅ ក្នុងសេចក្ដីជ្រះថ្លា មិនញាប់ញ័រ ក្នុងព្រះពុទ្ធថា ព្រះដ៏មានព្រះភាគអង្គនោះ។បេ។ ព្រះអង្គជាគ្រូនៃទេវតា និងមនុស្សទាំងឡាយ ព្រះអង្គត្រាស់ដឹង នូវអរិយសច្ចធម៌ ព្រះអង្គលែងវិលមកកាន់ភពថ្មីទៀត។ (អរិយសាវក ប្រកបដោយសេចក្ដីជ្រះថ្លាមិនញាប់ញ័រ) ក្នុងព្រះធម៌។ ក្នុងព្រះសង្ឃ។ អ្នកទាំងឡាយ ត្រូវញ៉ាំងពួកជនទាំងអស់នោះ ឲ្យសមាទាន ឲ្យតាំងនៅ ឲ្យប្រតិស្ឋាននៅ ក្នុងសីលទាំងឡាយ ជាទីស្រឡាញ់របស់អរិយៈ ជាសីលមិនដាច់។បេ។ ជាសីលប្រព្រឹត្តទៅ ដើម្បីសមាធិ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គួរអនុគ្រោះ ចំពោះជនពួកណា មួយទៀត ជនពួកណា ជាមិត្រក្ដី អមាត្យក្ដី ញាតិក្ដី សាលោហិតក្ដី គប្បីសំគាល់នូវពាក្យ ដែលខ្លួនគួរស្ដាប់ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ត្រូវញ៉ាំងពួកជនទាំងអស់នោះ ឲ្យសមាទាន ឲ្យតាំងនៅ ឲ្យប្រតិស្ឋាននៅក្នុងអង្គ នៃសោតាបត្តិ ទាំង ៤ យ៉ាងនេះ។

(ទុតិយមិត្តាមច្ចសូត្រ ទី៧)

(៧. ទុតិយមិត្តាមច្ចសុត្តំ)

[១៩៥] ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គួរអនុគ្រោះ ចំពោះជនពួកណា មួយទៀត ជនពួកណា ជាមិត្រក្ដី អមាត្យក្ដី ញាតិក្ដី សាលោហិតក្ដី គប្បីសំគាល់នូវពាក្យ ដែលខ្លួនគួរស្ដាប់ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ត្រូវញ៉ាំងពួកជនទាំងអស់នោះ ឲ្យ សមាទាន ឲ្យតាំងនៅ ឲ្យប្រតិស្ឋាននៅ ក្នុងអង្គនៃសោតាបត្តិ ៤ យ៉ាង។ អង្គនៃសោតាបត្តិ ៤ យ៉ាង តើដូចម្ដេច។ គឺត្រូវញ៉ាំងពួកជនទាំងអស់នោះ ឲ្យសមាទាន ឲ្យតាំងនៅ ឲ្យប្រតិស្ឋាននៅ ក្នុងសេចក្ដីជ្រះថ្លា មិនញាប់ញ័រ ក្នុងព្រះពុទ្ធថា ព្រះដ៏មានព្រះភាគ អង្គនោះ។បេ។ ព្រះអង្គជាគ្រូនៃទេវតា និងមនុស្សទាំងឡាយ ព្រះអង្គត្រាស់ដឹង នូវអរិយសច្ចធម៌ ព្រះអង្គលែងវិលមកកាន់ភពថ្មីទៀត។

[១៩៦] ម្នាលភិក្ខុទាំងឡាយ បើសេចក្ដីប្រែប្រួលទៅ នៃមហាភូតរូប ៤ គឺ ធាតុដី ធាតុទឹក ធាតុភ្លើង ធាតុខ្យល់ គប្បីមាន។ (តែចិត្ត) របស់អរិយសាវក ដែលប្រកបដោយសេចក្ដីជ្រះថ្លា មិនញាប់ញ័រ ក្នុងព្រះពុទ្ធ នឹងបានប្រែប្រួលទៅ ក៏ទេ។ នេះជាសេចក្ដីប្រែប្រួល ក្នុងហេតុនោះ។ អរិយសាវកនោះ ប្រកបដោយសេចក្ដីជ្រះថ្លា មិនញាប់ញ័រ ក្នុងព្រះពុទ្ធហើយ នឹងទៅកើតក្នុងនរក ឬកំណើតសត្វតិរច្ឆាន ឬប្រេតវិស័យ ដូច្នេះ នេះមិនមែនជាឋានៈឡើយ។ (អរិយសាវក ប្រកបដោយសេចក្ដីជ្រះថ្លា មិនញាប់ញ័រ) ក្នុងព្រះធម៌។ ក្នុងព្រះសង្ឃ។ អ្នកទាំងឡាយ ត្រូវញ៉ាំងពួកជនទាំងអស់នោះ ឲ្យសមាទាន ឲ្យតាំងនៅ ឲ្យប្រតិស្ឋាននៅ ក្នុងសីលទាំងឡាយ ជាទីស្រឡាញ់របស់អរិយៈ ជាសីលមិនដាច់។បេ។ ជាសីលប្រព្រឹត្តទៅ ដើម្បីសមាធិ។

[១៩៧] ម្នាលភិក្ខុទាំងឡាយ សេចក្ដីប្រែប្រួល នៃមហាភូតរូប ៤ គឺ ធាតុដី ធាតុទឹក ធាតុភ្លើង ធាតុខ្យល់ គប្បីមាន (តែចិត្ត) របស់អរិយសាវក ដែលប្រកបដោយសីលទាំងឡាយ ជាទីស្រឡាញ់របស់អរិយៈហើយ នឹងបានប្រែប្រួលទៅ ក៏ទេ។ នេះជាសេចក្ដីប្រែប្រួល ក្នុងហេតុនោះ។ អរិយសាវកនោះ ប្រកបដោយសីលទាំងឡាយ ជាទីស្រឡាញ់របស់អរិយៈហើយ នឹងទៅកើត ក្នុងនរក ឬកំណើតសត្វតិរច្ឆាន ឬប្រេតវិស័យ ដូច្នេះ នេះមិនមែនជាឋានៈឡើយ។

[១៩៨] ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គួរអនុគ្រោះចំពោះជនពួកណា មួយទៀត ជនពួកណា ជាមិត្រក្ដី អមាត្យក្ដី ញាតិក្ដី សាលោហិតក្ដី គប្បីសំគាល់នូវពាក្យ ដែលខ្លួនគួរស្ដាប់ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ត្រូវញ៉ាំងពួកជនទាំងអស់នោះ ឲ្យ សមាទាន ឲ្យតាំងនៅ ឲ្យប្រតិស្ឋាននៅ ក្នុងអង្គនៃសោតាបត្តិ ទាំង ៤ នេះចុះ។

(បឋមទេវចារិកសូត្រ ទី៨)

(៨. បឋមទេវចារិកសុត្តំ)

[១៩៩] សាវត្ថីនិទាន។ គ្រានោះឯង ព្រះមហាមោគ្គល្លានដ៏មានអាយុ ក៏បាត់ខ្លួនក្នុងវត្តជេតពន មកប្រាកដក្នុងពួកទេវតាជាន់តាវត្តិង្ស ដូចជាបុរសមានកម្លាំង លាដៃដែលបត់ចូល ឬបត់ចូលនូវដៃ ដែលលាចេញ ដូច្នោះឯង។ គ្រានោះឯង ទេវតាទាំងឡាយ ដែលនៅក្នុងពួកទេវតា ជាន់តាវត្តិង្សជាច្រើន បាននាំគ្នាចូលទៅរកព្រះមហាមោគ្គល្លានដ៏មានអាយុ លុះចូលទៅដល់ ថ្វាយបង្គំព្រះមហាមោគ្គល្លានដ៏មាអាយុ ហើយឋិតនៅក្នុងទីដ៏សមគួរ។ លុះទេវតាទាំងនោះ ឋិតនៅក្នុងទីដ៏សមគួរហើយ ទើបព្រះមហាមោគ្គល្លានដ៏មានអាយុ បានពោលដូច្នេះថា

[២០០] ម្នាលអ្នកដ៏មានអាយុទាំងឡាយ ប្រពៃណាស់ហើយ ការប្រកបដោយសេចក្ដីជ្រះថ្លា មិនញាប់ញ័រ ក្នុងព្រះពុទ្ធថា ព្រះដ៏មានព្រះភាគ អង្គនោះ។បេ។ ព្រះអង្គជាគ្រូនៃទេវតា និងមនុស្សទាំងឡាយ ព្រះអង្គត្រាស់ដឹង នូវអរិយសច្ចធម៌ ព្រះអង្គលែងវិលមកកាន់ភពថ្មីទៀតហើយ។ ម្នាលអ្នកដ៏មានអាយុទាំងឡាយ សត្វទាំងឡាយពួកខ្លះ ក្នុងលោកនេះ ហេតុតែប្រកបដោយសេចក្ដីជ្រះថ្លា មិនញាប់ញ័រ ក្នុងព្រះពុទ្ធ យ៉ាងនេះ លុះដល់រំលាងខន្ធ បន្ទាប់អំពីមរណៈ រមែងទៅកើតក្នុងលោក គឺ សុគតិ ស្ថានសួគ៌។ ម្នាលអ្នកដ៏មានអាយុទាំងឡាយ ប្រពៃណាស់ហើយ (ការប្រកបដោយសេចក្ដីជ្រះថ្លា មិនញាប់ញ័រ) ក្នុងព្រះធម៌។ ក្នុងព្រះសង្ឃ។ ម្នាលអ្នកដ៏មានអាយុទាំងឡាយ ប្រពៃណាស់ហើយ ការប្រកបដោយសីលទាំងឡាយ ជាទីស្រឡាញ់របស់អរិយៈ ជាសីលមិនដាច់។បេ។ ជាសីលប្រព្រឹត្តទៅ ដើម្បីសមាធិ។ ម្នាលអ្នកដ៏មានអាយុទាំងឡាយ សត្វទាំងឡាយពួកខ្លះ ក្នុងលោកនេះ ហេតុតែប្រកបដោយសីលទាំងឡាយ របស់អរិយៈយ៉ាងនេះ លុះរំលាងខន្ធ បន្ទាប់អំពីមរណៈ រមែងទៅកើតក្នុងលោក គឺសុគតិ ស្ថានសួគ៌។

[២០១] ពួកទេវតាក្នុងជាន់តាវត្តិង្ស ទូលតបព្រះមហាមោគ្គល្លានវិញថា បពិត្រព្រះមហាមោគ្គល្លាន អ្នកនិទ៌ុក្ខ ប្រពៃណាស់ហើយ ការប្រកបដោយសេចក្ដីជ្រះថ្លា មិនញាប់ញ័រ ក្នុងព្រះពុទ្ធថា ព្រះដ៏មានព្រះភាគ អង្គនោះ។បេ។ ព្រះអង្គជាគ្រូនៃទេវតា និងមនុស្សទាំងឡាយ ព្រះអង្គត្រាស់ដឹង នូវអរិយសច្ចធម៌ ព្រះអង្គលែងវិលមកកាន់ភពថ្មីទៀតហើយ។ បពិត្រព្រះមោគ្គល្លាន អ្នកនិទ៌ុក្ខ សត្វទាំងឡាយពួកខ្លះ ក្នុងលោកនេះ ហេតុតែប្រកបដោយសេចក្ដីជ្រះថ្លា មិនញាប់ញ័រ ក្នុងព្រះពុទ្ធយ៉ាងនេះ លុះដល់រំលាងខន្ធ បន្ទាប់អំពីមរណៈ រមែងទៅកើតក្នុងលោក គឺ សុគតិ ស្ថានសួគ៌។ បពិត្រព្រះមោគ្គល្លាន អ្នកនិទ៌ុក្ខ ប្រពៃណាស់ហើយ (ការប្រកបដោយសេចក្ដីជ្រះថ្លា មិនញាប់ញ័រ) ក្នុងព្រះធម៌។ ក្នុងព្រះសង្ឃ។ ការប្រកបដោយសីលទាំងឡាយ ជាទីស្រឡាញ់របស់អរិយៈ ជាសីលមិនដាច់។បេ។ ជាសីលប្រព្រឹត្តទៅ ដើម្បីសមាធិ។ បពិត្រព្រះមោគ្គល្លាន អ្នកនិទ៌ុក្ខ សត្វទាំងឡាយពួកខ្លះ ក្នុងលោកនេះ ហេតុតែប្រកបដោយសីលទាំងឡាយ ជាទីស្រឡាញ់ របស់អរិយៈយ៉ាងនេះ លុះរំលាងខន្ធ បន្ទាប់អំពីមរណៈ រមែងទៅកើតក្នុងលោក គឺសុគតិ ស្ថានសួគ៌។

(ទុតិយទេវចារិកសូត្រ ទី៩)

(៩. ទុតិយទេវចារិកសុត្តំ)

[២០២] សាវត្ថីនិទាន។ គ្រានោះឯង ព្រះមហាមោគ្គល្លានដ៏មានអាយុ ក៏បាត់ខ្លួនក្នុងវត្តជេតពន ទៅប្រាកដក្នុងឋានតាវត្តិង្សទេវលោក ដូចជាបុរសមានកម្លាំង លាដៃដែលបត់ចូល ឬបត់ចូលនូវដៃ ដែលលាចេញ ដូច្នោះឯង។ គ្រានោះ ទេវតាទាំងឡាយ ដែលនៅក្នុងពួកទេវតា ជាន់តាវត្តិង្សដ៏ច្រើន បាននាំគ្នាចូលទៅរកព្រះមហាមោគ្គល្លានដ៏មានអាយុ លុះចូលទៅដល់ ថ្វាយបង្គំព្រះមហាមោគ្គល្លានដ៏មាអាយុ ហើយឋិតនៅក្នុងទីដ៏សមគួរ។ លុះទេវតាទាំងនោះ ឋិតនៅក្នុងទីដ៏សមគួរហើយ ទើបព្រះមហាមោគ្គល្លានដ៏មានអាយុ បានពោលដូច្នេះថា

[២០៣] ម្នាលអ្នកដ៏មានអាយុទាំងឡាយ ប្រពៃណាស់ហើយ ការប្រកបដោយសេចក្ដីជ្រះថ្លា មិនញាប់ញ័រ ក្នុងព្រះពុទ្ធថា ព្រះដ៏មានព្រះភាគ អង្គនោះ។ បេ។ ព្រះអង្គជាគ្រូនៃទេវតា និងមនុស្សទាំងឡាយ ព្រះអង្គត្រាស់ដឹង នូវអរិយសច្ចធម៌ ព្រះអង្គលែងវិលមកកាន់ភពថ្មីទៀតហើយ។ ម្នាលអ្នកដ៏មានអាយុទាំងឡាយ សត្វទាំងឡាយពួកខ្លះ ក្នុងលោកនេះ ហេតុតែប្រកបដោយសេចក្ដីជ្រះថ្លា មិនញាប់ញ័រ ក្នុងព្រះពុទ្ធយ៉ាងនេះ លុះដល់រំលាងខន្ធ បន្ទាប់អំពីមរណៈ រមែងទៅកើតក្នុងលោក គឺ សុគតិ ស្ថានសួគ៌។ ម្នាលអ្នកដ៏មានអាយុទាំងឡាយ ប្រពៃណាស់ហើយ (ការប្រកបដោយសេចក្ដីជ្រះថ្លា មិនញាប់ញ័រ) ក្នុងព្រះធម៌។ ក្នុងព្រះសង្ឃ។ ការប្រកបដោយសីលទាំងឡាយ ជាទីស្រឡាញ់របស់អរិយៈ ជាសីលមិនដាច់។ បេ។ ជាសីលប្រព្រឹត្តទៅ ដើម្បីសមាធិ។ ម្នាលអ្នកដ៏មានអាយុទាំងឡាយ សត្វទាំងឡាយពួកខ្លះ ក្នុងលោកនេះ ហេតុតែប្រកបដោយសីលទាំងឡាយ ជាទីស្រឡាញ់របស់អរិយៈយ៉ាងនេះ លុះដល់រំលាងខន្ធ បន្ទាប់អំពីមរណៈ រមែងទៅកើតក្នុងលោក គឺសុគតិ ស្ថានសួគ៌។

[២០៤] ពួកទេវតាជាន់តាវត្តិង្ស ទូលតបព្រះមហាមោគ្គល្លានវិញថា បពិត្រព្រះមោគ្គល្លានអ្នកនិទ៌ុក្ខ ប្រពៃណាស់ហើយ ការប្រកបដោយសេចក្ដីជ្រះថ្លា មិនញាប់ញ័រ ក្នុងព្រះពុទ្ធថា ព្រះដ៏មានព្រះភាគ អង្គនោះ។ បេ។ ព្រះអង្គជាគ្រូនៃទេវតា និងមនុស្សទាំងឡាយ ព្រះអង្គត្រាស់ដឹង នូវអរិយសច្ចធម៌ ព្រះអង្គលែងវិលមកកាន់ភពថ្មីទៀតហើយ។ បពិត្រព្រះមោគ្គល្លានអ្នកនិទ៌ុក្ខ សត្វទាំងឡាយពួកខ្លះ ក្នុងលោកនេះ ហេតុតែប្រកបដោយសេចក្ដីជ្រះថ្លា មិនញាប់ញ័រ ក្នុងព្រះពុទ្ធយ៉ាងនេះ លុះដល់រំលាងខន្ធ បន្ទាប់អំពីមរណៈ រមែងទៅកើតក្នុងលោក គឺ សុគតិ ស្ថានសួគ៌។ បពិត្រព្រះមោគ្គល្លានអ្នកនិទ៌ុក្ខ ប្រពៃណាស់ហើយ (ការប្រកបដោយសេចក្ដីជ្រះថ្លា មិនញាប់ញ័រ) ក្នុងព្រះធម៌។ ក្នុងព្រះសង្ឃ។ ការប្រកបដោយសីលទាំងឡាយ ជាទីស្រឡាញ់របស់អរិយៈ ជាសីលមិនដាច់។បេ។ ជាសីលប្រព្រឹត្តទៅ ដើម្បីសមាធិ។ បពិត្រព្រះមោគ្គល្លាន អ្នកនិទ៌ុក្ខ សត្វទាំងឡាយពួកខ្លះ ក្នុងលោកនេះ ហេតុតែប្រកបដោយសីលទាំង ឡាយ ជាទីស្រឡាញ់របស់អរិយៈយ៉ាងនេះ លុះរំលាងខន្ធ បន្ទាប់អំពីមរណៈ រមែងទៅកើតក្នុងលោក គឺ សុគតិ ស្ថានសួគ៌។

(តតិយទេវចារិកសូត្រ ទី១០)

(១០. តតិយទេវចារិកសុត្តំ)

[២០៥] គ្រានោះឯង ព្រះដ៏មានព្រះភាគ ក៏បាត់ព្រះអង្គ ក្នុងវត្តជេតពន ទៅប្រាកដក្នុងពួកទេវតាជាន់តាវត្តិង្ស ដូចជាបុរសមានកម្លាំង លាដៃដែលបត់ចូល ឬបត់ចូលនូវដៃ ដែលលាចេញ ដូច្នោះឯង។ គ្រានោះឯង ទេវតាទាំងឡាយ ដែលនៅក្នុងពួកទេវតាជាន់តាវត្តិង្សដ៏ច្រើន បាននាំគ្នាចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយឋិតនៅក្នុងទីដ៏សមគួរ។ លុះទេវតាទាំងនោះ ឋិតនៅក្នុងទីដ៏សមគួរហើយ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា

[២០៦] ម្នាលអ្នកដ៏មានអាយុទាំងឡាយ ប្រពៃណាស់ហើយ ការប្រកបដោយសេចក្ដីជ្រះថ្លា មិនញាប់ញ័រ ក្នុងព្រះពុទ្ធថា ព្រះដ៏មានព្រះភាគ អង្គនោះ។ បេ។ ព្រះអង្គជាគ្រូនៃទេវតា និងមនុស្សទាំងឡាយ ព្រះអង្គត្រាស់ដឹង នូវអរិយសច្ចធម៌ ព្រះអង្គលែងវិលមកកាន់ភពថ្មីទៀតហើយ។ ម្នាលអ្នកដ៏មានអាយុទាំងឡាយ សត្វទាំងឡាយពួកខ្លះ ក្នុងលោកនេះ ហេតុតែប្រកបដោយសេចក្ដីជ្រះថ្លា មិនញាប់ញ័រ ក្នុងព្រះពុទ្ធយ៉ាងនេះ រមែងបានជាសោតាបន្នបុគ្គល មានសភាពមិនធ្លាក់ចុះទៅក្នុងអបាយ ជាបុគ្គលទៀង មានការត្រាស់ដឹង ប្រព្រឹត្តទៅក្នុងខាងមុខ។ ម្នាលអ្នកដ៏មានអាយុទាំងឡាយ ប្រពៃណាស់ហើយ (ការប្រកបដោយសេចក្ដីជ្រះថ្លា មិនញាប់ញ័រ) ក្នុងព្រះធម៌។ ក្នុងព្រះសង្ឃ។ ការប្រកបដោយសីលទាំងឡាយ ជាទីស្រឡាញ់របស់អរិយៈ ជាសីលមិនដាច់។ បេ។ ជាសីលប្រព្រឹត្តទៅ ដើម្បីសមាធិ។ ម្នាលអ្នកដ៏មានអាយុទាំងឡាយ សត្វទាំងឡាយពួកខ្លះ ក្នុងលោកនេះ ហេតុតែប្រកបដោយសីលទាំងឡាយ ជាទីស្រឡាញ់ របស់អរិយៈយ៉ាងនេះ ទើបបានជាសោតោបន្នបុគ្គល មានសភាពមិនធ្លាក់ចុះទៅក្នុងអបាយ ជាបុគ្គលទៀង មានការត្រាស់ដឹង ប្រព្រឹត្តទៅក្នុងខាងមុខ។

[២០៧] ពួកទេវតាក្នុងជាន់តាវត្តិង្ស ក្រាបទូលថា បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ ប្រពៃណាស់ហើយ ការប្រកបដោយសេចក្ដីជ្រះថ្លា មិនញាប់ញ័រ ក្នុងព្រះពុទ្ធថា ព្រះដ៏មានព្រះភាគ អង្គនោះ។ បេ។ ព្រះអង្គជាគ្រូនៃទេវតា និងមនុស្សទាំងឡាយ ព្រះអង្គត្រាស់ដឹង នូវអរិយសច្ចធម៌ ព្រះអង្គលែងវិលមកកាន់ភពថ្មីទៀតហើយ។ បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ ពួកសត្វនេះ ហេតុតែប្រកបដោយសេចក្ដីជ្រះថ្លា មិនញាប់ញ័រ ក្នុងព្រះពុទ្ធយ៉ាងនេះ ទើបបានជាសោតាបន្នបុគ្គល មានសភាពមិនធ្លាក់ចុះ ទៅក្នុងអបាយ ជាបុគ្គលទៀង មានការត្រាស់ដឹង ប្រព្រឹត្តទៅក្នុងខាងមុខ។ បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ ប្រពៃណាស់ហើយ (ការប្រកបដោយសេចក្ដីជ្រះថ្លា មិនញាប់ញ័រ) ក្នុងព្រះធម៌។ ក្នុងព្រះសង្ឃ។ ការប្រកបដោយសីលទាំងឡាយ ជាទីស្រឡាញ់របស់អរិយៈ ជាសីលមិនដាច់។ បេ។ ជាសីលប្រព្រឹត្តទៅ ដើម្បីសមាធិ។ បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ ពួកសត្វនេះ ហេតុតែប្រកបដោយសីលទាំងឡាយ ជាទីស្រឡាញ់របស់អរិយៈ យ៉ាងនេះ ទើបបានជាសោតោបន្នបុគ្គល មានសភាពមិនធ្លាក់ចុះ ទៅក្នុងអបាយ ជាបុគ្គលទៀង មានការត្រាស់ដឹង ប្រព្រឹត្តទៅក្នុងខាងមុខ។

ចប់ រាជការាមវគ្គ ទី២។

ឧទាននៃរាជការាមវគ្គនោះគឺ

ពោលអំពីភិក្ខុនីមួយពាន់រូប ១ អំពីព្រាហ្មណ៍ ១ អំពីព្រះសារីបុត្ត និងព្រះអានន្ទ ១ អំពីទុគ្គតិ និងសុគតិ មាន២លើក អំពីមិត្រ និងអមាត្រ ជាដើម មាន២លើក អំពីការត្រេចទៅកាន់ចារិក ក្នុងទេវលោក មាន៣លើក។

សរកានិវគ្គ ទី៣

(៣. សរណានិវគ្គោ)

(បឋមមហានាមសូត្រ ទី១)

(១. បឋមមហានាមសុត្តំ)

[២០៨] ខ្ញុំបានស្ដាប់មកយ៉ាងនេះ។ សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងនិគ្រោធារាម ជិតក្រុងកបិលព័ស្ដុ ក្នុងដែនសក្កៈ។ គ្រានោះឯង ព្រះមហានាមសក្យរាជ ចូលទៅគាល់ ព្រះដ៏មានព្រះភាគ លុះបានចូលទៅដល់ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយគង់ក្នុងទីដ៏សមគួរ។ លុះព្រះមហានាមសក្យរាជ គង់ក្នុងទីដ៏សមគួរហើយ ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន នគរកបិលព័ស្តុនេះ ជានគរស្ដុកស្ដម្ភ ធំទូលាយ មានមនុស្សច្រើន មានមនុស្សកុះករ មានច្រកចង្អៀតដ៏ច្រើន។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនោះឯង បានចូលមកអង្គុយជិតព្រះដ៏មានព្រះភាគផង បានចូលមកអង្គុយជិតភិក្ខុទាំងឡាយ ដែលគួរជាទីចំរើនចិត្តផង ហើយចូលទៅនគរកបិលព័ស្តុ ក្នុងវេលាល្ងាចវិញ តែងទៅដោយដំរីលឿនក៏មាន ទៅដោយសេះលឿនក៏មាន ទៅដោយរថលឿនក៏មាន ទៅដោយរទេះលឿនក៏មាន ទៅដោយបុរសលឿនក៏មាន។ បពិត្រព្រះអង្គដ៏ចំរើន ក្នុងពេលនោះ សតិរបស់ខ្ញុំព្រះអង្គ ប្រារព្ធព្រះដ៏មានព្រះភាគ ក៏ភ្លេចបាត់ទៅ សតិប្រារព្ធព្រះធម៌ ក៏ភ្លេចបាត់ទៅ សតិប្រារព្ធព្រះសង្ឃ ក៏ភ្លេចបាត់ទៅ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនោះ មានសេចក្ដីត្រិះរិះ យ៉ាងនេះថា ប្រសិនបើអញធ្វើមរណកាល ក្នុងសម័យនេះ គតិរបស់អញ ដូចម្ដេចទៅ អភិសម្បរាយភព របស់អញដូចម្ដេចទៅ។

[២០៩] ព្រះដ៏មានព្រះភាគត្រាស់ថា បពិត្រព្រះមហានាម ព្រះអង្គកុំខ្លាចឡើយ បពិត្រព្រះមហានាម ព្រះអង្គកុំខ្លាចឡើយ មរណភាពរបស់ព្រះអង្គ មុខជាមិនថយថោកទេ កាលកិរិយារបស់ព្រះអង្គ មុខជាមិនថយថោកទេ។ បពិត្រព្រះមហានាម ចិត្តដែលបុគ្គលណា អប់រំហើយដោយសទ្ធា ចិត្តដែលបុគ្គលណា អប់រំហើយដោយសីល ចិត្តដែលបុគ្គលណា អប់រំហើយដោយសុតៈ ចិត្តដែលបុគ្គលណា អប់រំហើយដោយចាគៈ ចិត្តដែលបុគ្គលណា អប់រំហើយដោយបញ្ញា អស់កាលដ៏យូរ។ ក៏កាយឯណារបស់បុគ្គលនោះ មានរូបជាទីប្រជុំ នៃមហាភូតទាំង ៤ កើតមកអំពីមាតា និងបិតា ចំរើនឡើងដោយបាយ និងនំកុម្មាស មានការមិនទៀង ការដុសលាង ការគក់ច្របាច់ ការបែកធ្លាយ និងការរាត់រាយទៅ ជាធម្មតា ក្អែកទាំងឡាយ តែងចឹកស៊ីខ្លះ ត្មាតទាំងឡាយ តែងចឹកស៊ីខ្លះ ត្រដក់ទាំងឡាយ តែងចឹកស៊ីខ្លះ សុនខទាំងឡាយ តែងទំពាស៊ីខ្លះ ចចកទាំងឡាយតែងទំពាស៊ីខ្លះ បាណកជាតិទាំងឡាយផ្សេងៗ ( សត្វតូចៗ មានរុយជាដើម) តែងចោមរោមជញ្ជក់ស៊ីខ្លះ នូវកាយនោះឯង។ ចំណែកចិត្តណា ដែលបុគ្គលនោះ អប់រំហើយដោយសទ្ធា អប់រំហើយ ដោយសីលៈ សុតៈ ចាគៈ បញ្ញា អស់កាលដ៏យូរ ចិត្តនោះ តែងអណ្ដែតខ្ពស់ឡើង ដល់នូវភាពជាចិត្តវិសេស។

[២១០] បពិត្រព្រះមហានាម ដូចបុរសចុះទៅកាន់អន្លង់ទឹកដ៏ជ្រៅ ហើយវាយបំបែក នូវឆ្នាំងសប្បិ ឬឆ្នាំងប្រេង ក្រួស ឬអំបែងឯណា ដែលមានក្នុងឆ្នាំងនោះ គ្រោះឬអំបែងនោះ តែងលិចចុះក្រោម ចំណែកសប្បិ ឬប្រេងឯណា ដែលមានក្នុងឆ្នាំងនោះ សប្បិ ឬប្រេងនោះ តែងអណ្ដែតឡើងលើ ដល់នូវភាពជាវត្ថុវិសេស ដូចម្ដេចមិញ។ បពិត្រព្រះមហានាម ចិត្តដែលបុគ្គលណាមួយ បានអប់រំហើយ ដោយសទ្ធា អប់រំហើយ ដោយសីលៈ សុតៈ ចាគៈ បញ្ញា អស់កាលដ៏យូរ ចំណែកកាយឯណា របស់បុគ្គលនោះ មានរូបជាទីប្រជុំ នៃមហាភូតទាំង ៤ កើតមកអំពីមាតា និងបិតា ចំរើនឡើងដោយបាយ និងនំកុម្មាស មានការមិនទៀង ការដុសលាង ការគក់ច្របាច់ ការបែកធ្លាយ និងការរាត់រាយទៅ ជាធម្មតា ក្អែកទាំងឡាយ តែងចឹកស៊ីខ្លះ ត្មាតទាំងឡាយ តែងចឹកស៊ីខ្លះ ត្រដក់ទាំងឡាយ តែងចឹកស៊ីខ្លះ សុនខទាំងឡាយ តែងទំពាស៊ីខ្លះ ចចកទាំងឡាយ តែងទំពាស៊ីខ្លះ បាណកជាតិទាំងឡាយផ្សេងៗ ( សត្វតូចៗ មានរុយជាដើម) តែងចោមរោម ជញ្ជក់ស៊ីខ្លះ នូវកាយនោះឯង ចំណែកចិត្តណា ដែលបុគ្គលនោះ អប់រំហើយ ដោយសទ្ធា អប់រំហើយ ដោយសីលៈ សុតៈ ចាគៈ បញ្ញា អស់កាលដ៏យូរ ចិត្តនោះ តែងអណ្ដែតឡើង ដល់នូវភាពជាចិត្តវិសេស មានឧបមេយ្យ ដូច្នោះឯង។ បពិត្រព្រះមហានាម ចិត្តដែលព្រះអង្គបានអប់រំហើយ ដោយសទ្ធា អប់រំហើយ ដោយសីលៈ សុតៈ ចាគៈ បញ្ញា អស់កាលដ៏យូរ។ បពិត្រព្រះមហានាម ព្រះអង្គកុំខ្លាចឡើយ បពិត្រព្រះមហានាម ព្រះអង្គកុំខ្លាចឡើយ មរណភាពរបស់ព្រះអង្គ មុខជាមិនថយថោកឡើយ កាលកិរិយារបស់ព្រះអង្គ មុខជាមិនថយថោកឡើយ។

(ទុតិយមហានាមសូត្រ ទី២)

(២. ទុតិយមហានាមសុត្តំ)

[២១១] ខ្ញុំបានស្ដាប់មកយ៉ាងនេះ។ សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងនិគ្រោធារាម ជិតក្រុងកបិលព័ស្តុ ក្នុងដែនសក្កៈ។ គ្រានោះឯង ព្រះមហានាមសក្យរាជ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះដ៏មានព្រះភាគហើយគង់ក្នុងទីដ៏សមគួរ។ លុះព្រះមហានាមសក្យរាជ គង់ក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន នគរកបិលព័ស្តុនេះ ជានគរស្ដុកស្ដម្ភ ធំទូលាយ មានមនុស្សច្រើន មានមនុស្សកុះករ មានច្រកចង្អៀតដ៏ច្រើន។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនោះឯង បានចូលមកអង្គុយជិតព្រះដ៏មានព្រះភាគផង បានចូលមកអង្គុយជិតភិក្ខុទាំងឡាយ ដែលគួរជាទីចំរើនចិត្តផង ហើយចូលទៅនគរកបិលព័ស្តុ ក្នុងវេលាល្ងាចវិញ តែងទៅដោយដំរីលឿនក៏មាន ទៅដោយសេះលឿនក៏មាន ទៅដោយរថលឿនក៏មាន ទៅដោយរទេះលឿនក៏មាន ទៅដោយបុរសលឿនក៏មាន។ បពិត្រព្រះអង្គដ៏ចំរើន ក្នុងពេលនោះ សតិរបស់ខ្ញុំព្រះអង្គ ប្រារព្ធព្រះដ៏មានព្រះភាគ ក៏ភ្លេចបាត់ទៅ សតិប្រារព្ធព្រះធម៌ ក៏ភ្លេចបាត់ទៅ សតិប្រារព្ធព្រះសង្ឃ ក៏ភ្លេចបាត់ទៅ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនោះ មានសេចក្ដីត្រិះរិះ យ៉ាងនេះថា ប្រសិនបើអញ ធ្វើមរណកាល ក្នុងសម័យនេះ គតិរបស់អញ ដូចម្ដេចទៅ អភិសម្បរាយភពរបស់អញ ដូចម្ដេចទៅ។

[២១២] បពិត្រព្រះមហានាម ព្រះអង្គកុំខ្លាចឡើយ បពិត្រព្រះមហានាម ព្រះអង្គកុំខ្លាចឡើយ មរណភាពរបស់ព្រះអង្គ មុខជាមិនថយថោកទេ កាលកិរិយារបស់ព្រះអង្គ មុខជាមិនថយថោកទេ។ បពិត្រព្រះមហានាម អរិយសាវក ប្រកបដោយធម៌ ៤ យ៉ាង តែងបង្អោន ទៅរកព្រះនិព្វាន ជម្រាលទៅរកព្រះនិព្វាន ឈមទៅរកព្រះនិព្វាន។ ធម៌ ៤ យ៉ាង គឺអ្វីខ្លះ។ បពិត្រព្រះមហានាម អរិយសាវក ក្នុងធម្មវិន័យនេះ ប្រកបដោយសេចក្ដីជ្រះថ្លា មិនញាប់ញ័រ ក្នុងព្រះពុទ្ធថា ព្រះដ៏មានព្រះភាគ អង្គនោះ។បេ។ ព្រះអង្គជាគ្រូ នៃទេវតា និងមនុស្សទាំងឡាយ ព្រះអង្គត្រាស់ដឹង នូវអរិយសច្ចធម៌ ព្រះអង្គលែងវិលត្រឡប់មកកាន់ភពថ្មីទៀត។ (អរិយសាវក ប្រកបដោយសេចក្ដីជ្រះថ្លា មិនញាប់ញ័រ) ក្នុងព្រះធម៌។ ក្នុងព្រះសង្ឃ។ ប្រកបដោយសីលទាំងឡាយ ជាទីស្រឡាញ់របស់អរិយៈ ជាសីលមិនដាច់។បេ។ ជាសីលប្រព្រឹត្តទៅ ដើម្បីសមាធិ។

[២១៣] បពិត្រព្រះមហានាម ដូចដើមឈើ តែងទេរទៅកាន់ទិសខាងកើត ទោរទៅកាន់ទិសខាងកើត ទ្រេតទៅកាន់ទិសខាងកើត ឈើនោះ កាលបើឫសដាច់ហើយ តើគប្បីដួលទៅទិសខាងណា។ ព្រះមហានាមសក្យរាជ ក្រាបទូលថា បពិត្រព្រះអង្គ ឈើនោះ ទេរទៅខាងណា ទោរទៅខាងណា ទ្រេតទៅខាងណា (គប្បីដួលទៅខាងនោះ)។ ព្រះដ៏មានព្រះភាគ ត្រាស់ថា បពិត្រព្រះមហានាម អរិយសាវក ប្រកបដោយធម៌ ទាំង ៤ យ៉ាងនេះ រមែងបង្អោន ទៅរកព្រះនិព្វាន ជម្រាលទៅរកព្រះនិព្វាន ឈមទៅរកព្រះនិព្វាន ក៏ដូច្នោះឯង។

(គោធសក្កសូត្រ ទី៣)

(៣. គោធសក្កសុត្តំ)

[២១៤] កបិលវត្ថុនិទាន។ គ្រានោះឯង ព្រះមហានាមសក្យរាជ ចូលទៅរកព្រះគោធាសក្យរាជ លុះចូលទៅដល់ហើយ ទូលព្រះគោធាសក្យរាជ ដូច្នេះថា

[២១៥] បពិត្រព្រះគោធា ព្រះអង្គបានជ្រាបបុគ្គល ដែលជាសោតាបន្នៈ ប្រកបដោយធម៌ ប៉ុន្មានយ៉ាង ទើបជាបុគ្គលមានសភាពមិនធ្លាក់ទៅក្នុងអបាយ ជាបុគ្គលទៀង មានការត្រាស់ដឹង ប្រព្រឹត្តទៅក្នុងខាងមុខ។ ព្រះ គោធាសក្យរាជ ទូលថា បពិត្រព្រះមហានាម ខ្ញុំដឹងច្បាស់នូវបុគ្គល ដែលជាសោតាបន្នៈ ប្រកបដោយធម៌ ទាំង ៣ យ៉ាង ទើបជាបុគ្គលមានសភាពមិនធ្លាក់ទៅក្នុងអបាយ ជាបុគ្គលទៀង មានការត្រាស់ដឹង ប្រព្រឹត្តទៅក្នុងខាងមុខ។ ធម៌ទាំង ៣ យ៉ាង ដូចម្ដេចខ្លះ។ បពិត្រព្រះមហានាម អរិយសាវក ក្នុងធម៌វិន័យនេះ ប្រកបដោយសេចក្ដីជ្រះថ្លា មិនញាប់ញ័រ ក្នុងព្រះពុទ្ធថា ព្រះដ៏មានព្រះភាគ អង្គនោះ។បេ។ ព្រះអង្គជាគ្រូនៃទេវតា និងមនុស្សទាំងឡាយ ព្រះអង្គត្រាស់ដឹង នូវអរិយសច្ចធម៌ ព្រះអង្គលែងវិលត្រឡប់មកកាន់ភពថ្មីទៀត។ (អរិយសាវក ប្រកបដោយសេចក្ដីជ្រះថ្លា មិនញាប់ញ័រ) ក្នុងព្រះធម៌។ ប្រកបដោយសេចក្ដីជ្រះថ្លា មិនញាប់ញ័រ ក្នុងព្រះសង្ឃថា ព្រះសង្ឃសាវក នៃព្រះដ៏មានព្រះភាគ លោកប្រតិបត្តិល្អ ហើយ។បេ។ ជាស្រែបុណ្យដ៏ប្រសើរ នៃសត្វលោក។ បពិត្រព្រះមហានាម ខ្ញុំដឹងច្បាស់នូវបុគ្គល ដែលជាសោតាបន្នៈ ប្រកបដោយធម៌ ទាំង ៣ យ៉ាងនេះឯង ទើបជាបុគ្គល មានសភាពមិនធ្លាក់ទៅក្នុងអបាយ ជាបុគ្គលទៀង មានការត្រាស់ដឹង ប្រព្រឹត្តទៅក្នុងខាង មុខ។

[២១៦] ព្រះគោធាសក្យរាជ ទូលព្រះមហានាមវិញថា បពិត្រព្រះមហានាម ចុះព្រះអង្គ បានជ្រាបបុគ្គល ដែលជាសោតាបន្នៈ ប្រកបដោយធម៌ប៉ុន្មានយ៉ាង ទើបជាបុគ្គលមានសភាពមិនធ្លាក់ទៅក្នុងអបាយ ជាបុគ្គលទៀង ជាបុគ្គលមានការត្រាស់ដឹងប្រព្រឹត្តទៅ ក្នុងខាងមុខ។ ព្រះមហានាមសក្យរាជ ទូលតបវិញថា បពិត្រព្រះគោធា ខ្ញុំដឹងច្បាស់ នូវបុគ្គល ដែលជាសោតាបន្នៈ ប្រកបដោយធម៌ ៤ យ៉ាង ទើបជាបុគ្គលមានសភាពមិនធ្លាក់ទៅក្នុងអបាយ ជាបុគ្គលទៀង ជាបុគ្គលមានការត្រាស់ដឹង ប្រព្រឹត្តទៅក្នុងខាងមុខ។ ធម៌ ៤ យ៉ាង ដូចម្ដេចខ្លះ។ បពិត្រព្រះគោធា អរិយសាវក ក្នុងធម្មវិន័យនេះ ប្រកបដោយសេចក្ដីជ្រះថ្លា មិនញាប់ញ័រ ក្នុងព្រះពុទ្ធថា ព្រះដ៏មានព្រះភាគ អង្គនោះ។បេ។ ព្រះអង្គជាគ្រូនៃទេវតា និងមនុស្សទាំងឡាយ ព្រះអង្គត្រាស់ដឹង នូវអរិយសច្ចធម៌ ព្រះអង្គលែងវិលត្រឡប់មកកាន់ភពថ្មីទៀតហើយ។ (អរិយសាវ័ក ប្រកបដោយសេចក្ដីជ្រះថ្លា មិនញាប់ញ័រ) ក្នុងព្រះធម៌។ ក្នុងព្រះសង្ឃ។ អរិយសាវ័ក ប្រកបដោយសីលជាទីស្រឡាញ់របស់អរិយៈ ជាសីលមិនដាច់។បេ។ ជាសីលប្រព្រឹត្តទៅ ដើម្បីសមាធិ។ បពិត្រព្រះគោធា ខ្ញុំដឹងច្បាស់នូវបុគ្គល ដែលជាសោតាបន្នៈ ប្រកបដោយធម៌ ៤ យ៉ាងនេះឯង ទើបជាបុគ្គលមានសភាពមិនធ្លាក់ទៅក្នុងអបាយ ជាបុគ្គលទៀង ជាបុគ្គលមានការត្រាស់ដឹង ប្រព្រឹត្តទៅក្នុងខាងមុខ។

[២១៧] ព្រះគោធាសក្យរាជ ទូលព្រះមហានាមថា បពិត្រព្រះមហានាម សូមព្រះអង្គរង់ចាំសិន បពិត្រព្រះមហានាម សូមព្រះអង្គរង់ចាំសិន មានតែព្រះដ៏មានព្រះភាគមួយអង្គប៉ុណ្ណោះ ទើបទ្រង់ជ្រាបនូវបុគ្គល ដែលជាសោតាបន្នៈនុ៎ះ ប្រកប ឬមិនប្រកបដោយធម៌ទាំងឡាយនេះបាន។ ព្រះមហានាម ទូលព្រះគោធាសក្យរាជវិញថា បពិត្រព្រះគោធា មកយើងនាំគ្នាទៅ យើងគួរចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ នឹងក្រាបបង្គំទូលសេចក្ដីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។

[២១៨] គ្រានោះឯង ព្រះមហានាមសក្យរាជ និងព្រះគោធាសក្យរាជ បានចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះដ៏មានព្រះភាគហើយ ទើបគង់ក្នុងទីដ៏សមគួរ។ លុះព្រះមហានាមសក្យរាជ គង់ក្នុងទីដ៏សមគួរហើយ បានក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន អម្បាញ់មិញនេះ ខ្ញុំបានចូលទៅរកព្រះគោធាសក្យរាជ លុះចូលទៅដល់ ទូលព្រះគោធាសក្យរាជ ដូច្នេះថា បពិត្រព្រះគោធា ព្រះអង្គបានជ្រាបនូវបុគ្គល ដែលជាសោតាបន្នៈ ប្រកបដោយធម៌ប៉ុន្មានយ៉ាង ទើបជាបុគ្គលមានសភាពមិនធ្លាក់ទៅក្នុងអបាយ ជាបុគ្គលទៀង មានការត្រាស់ដឹង ប្រព្រឹត្តទៅក្នុងខាងមុខ។

[២១៩] បពិត្រព្រះអង្គដ៏ចំរើន កាលខ្ញុំទូលយ៉ាងនេះហើយ ព្រះគោធាសក្យរាជបានឆ្លើយមកខ្ញុំព្រះអង្គវិញ ដូច្នេះថា បពិត្រព្រះមហានាម ខ្ញុំបានដឹងនូវបុគ្គល ដែលជាសោតាបន្នៈ ប្រកបដោយធម៌ ៣ យ៉ាង ជាអ្នកមានសភាព មិនធ្លាក់ទៅក្នុងអបាយ ជាបុគ្គលទៀង មានការត្រាស់ដឹង ប្រព្រឹត្តទៅក្នុងខាងមុខ។ ធម៌ ៣ យ៉ាង ដូចម្ដេចខ្លះ។ បពិត្រព្រះមហានាម អរិយសាវក ក្នុងធម៌វិន័យនេះ ជាអ្នកប្រកបដោយសេចក្ដីជ្រះថ្លា មិនញាប់ញ័រ ក្នុងព្រះពុទ្ធថា ព្រះដ៏មានព្រះភាគ អង្គនោះ។បេ។ ព្រះអង្គជាគ្រូនៃទេវតានិងមនុស្សទាំងឡាយ ព្រះអង្គត្រាស់ដឹង នូវអរិយសច្ចធម៌ ព្រះអង្គលែងវិលមកកាន់ភពថ្មីទៀតហើយ។ (អរិយសាវក ប្រកបដោយសេចក្ដីជ្រះថ្លា មិនញាប់ញ័រ) ក្នុងព្រះធម៌។ ប្រកបដោយសេចក្ដីជ្រះថ្លា មិនញាប់ញ័រ ក្នុងព្រះសង្ឃថា ព្រះសង្ឃសាវក នៃព្រះដ៏មានព្រះភាគ លោកប្រតិបត្តិល្អហើយ។បេ។ ជាស្រែបុណ្យដ៏ប្រសើរ នៃសត្វលោក។ បពិត្រព្រះមហានាម ខ្ញុំដឹងច្បាស់នូវបុគ្គល ដែលជាសោតាបន្នៈ ប្រកបដោយធម៌ ទាំង ៣ យ៉ាងនេះឯង ទើបជាបុគ្គល មានសភាពមិនធ្លាក់ទៅក្នុងអបាយ ជាបុគ្គលទៀង មានការត្រាស់ដឹង ប្រព្រឹត្តទៅក្នុងខាងមុខ។ បពិត្រព្រះមហានាម ចុះព្រះអង្គជ្រាបច្បាស់នូវបុគ្គល ដែលជាសោតាបន្នៈ ប្រកបដោយធម៌ប៉ុន្មានយ៉ាង ទើបជាបុគ្គលមានសភាពមិនធ្លាក់ទៅក្នុងអបាយ ជាបុគ្គលទៀង មានការត្រាស់ដឹង ប្រព្រឹត្តទៅក្នុងខាងមុខ។

[២២០] ព្រះមហានាមសក្យរាជ ក្រាបបង្គំទូលព្រះដ៏មានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន កាលព្រះគោធាសក្យរាជ ពោលយ៉ាងនេះហើយ ខ្ញុំព្រះអង្គ បានទូលព្រះគោធាសក្យរាជ ដូច្នេះថា បពិត្រព្រះគោធា ខ្ញុំដឹងច្បាស់នូវបុគ្គល ដែលជាសោតាបន្នៈ ប្រកបដោយធម៌ ៤ យ៉ាង ទើបជាបុគ្គលមានសភាពមិនធ្លាក់ទៅក្នុងអបាយ ជាបុគ្គល ទៀង មានការត្រាស់ដឹង ប្រព្រឹត្តទៅក្នុងខាងមុខ។ ធម៌ ៤ យ៉ាង ដូចម្ដេចខ្លះ។ បពិត្រព្រះគោធា អរិយសាវក ក្នុងធម្មវិន័យនេះ ប្រកបដោយសេចក្ដីជ្រះថ្លា មិនញាប់ញ័រ ក្នុងព្រះពុទ្ធថា ព្រះដ៏មានព្រះភាគ អង្គនោះ។បេ។ ព្រះអង្គជាគ្រូនៃទេវតា និងមនុស្សទាំងឡាយ ព្រះអង្គត្រាស់ដឹង នូវអរិយសច្ចធម៌ ព្រះអង្គលែងវិលត្រឡប់មកកាន់ភពថ្មីទៀតហើយ។ (អរិយសាវក ប្រកបដោយសេចក្ដីជ្រះថ្លា មិនញាប់ញ័រ) ក្នុងព្រះធម៌។ ក្នុងព្រះសង្ឃ។ ជាអ្នកប្រកបដោយសីល ជាទីស្រឡាញ់របស់អរិយៈ ជាសីលមិនដាច់។បេ។ ជាសីលប្រព្រឹត្តទៅ ដើម្បីសមាធិ។ បពិត្រព្រះគោធា ខ្ញុំដឹងច្បាស់នូវបុគ្គល ដែលជាសោតាបន្នៈ ប្រកបដោយធម៌ ៤ យ៉ាងនេះឯង ទើបជាបុគ្គលមានសភាព មិនធ្លាក់ទៅក្នុងអបាយ ជាបុគ្គលទៀង មានការត្រាស់ដឹង ប្រព្រឹត្តទៅក្នុងខាងមុខ។

[២២១] បពិត្រព្រះអង្គដ៏ចំរើន កាលខ្ញុំព្រះអង្គ ពោលយ៉ាងនេះហើយ ព្រះគោធាសក្យរាជ បានឆ្លើយមកខ្ញុំព្រះអង្គវិញ ដូច្នេះថា បពិត្រព្រះមហានាម សូមព្រះអង្គរង់ចាំ សិន បពិត្រព្រះមហានាម សូមព្រះអង្គរង់ចាំសិន មានតែព្រះដ៏មានព្រះភាគមួយអង្គប៉ុណ្ណោះ ទើបទ្រង់ជ្រាបនូវបុគ្គល ដែលជាសោតាបន្នៈនុ៎ះ ប្រកប ឬមិនប្រកបដោយធម៌ទាំងអម្បាលនេះបាន។

[២២២] ពិត្រព្រះអង្គដ៏ចំរើន ការកើតឡើងនៃធម៌ណាមួយ គប្បីកើតឡើងក្នុងធម៌វិន័យនេះ ព្រះដ៏មានព្រះភាគ គប្បីមូលជាមួយគ្នា ទាំងភិក្ខុសង្ឃ ក៏គប្បីមូលជាមួយគ្នា ព្រះដ៏មានព្រះភាគ ព្រះអង្គត្រាស់ព្រះវាចាឯណា ខ្ញុំព្រះអង្គក៏ប្រកាន់តាមព្រះវាចានោះ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះដ៏មានព្រះភាគ ទ្រង់ចាំទុកនូវខ្ញុំព្រះអង្គ ដែលជាអ្នកជ្រះថ្លា យ៉ាងនេះចុះ។

[២២៣] បពិត្រព្រះអង្គដ៏ចំរើន ការកើតឡើងនៃធម៌ណាមួយ គប្បីកើតឡើងក្នុងធម្មវិន័យនេះ ព្រះដ៏មានព្រះភាគ គប្បីមូលជាមួយគ្នា ទាំងភិក្ខុសង្ឃ និងភិក្ខុនីសង្ឃ ក៏គប្បីមូលជាមួយគ្នា ព្រះដ៏មានព្រះភាគ ព្រះអង្គត្រាស់ព្រះវាចាឯណា ខ្ញុំព្រះអង្គក៏ប្រកាន់តាមព្រះវាចានោះ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះដ៏មានព្រះភាគ ទ្រង់ចាំទុកនូវខ្ញុំព្រះអង្គ ជាអ្នកជ្រះថ្លា យ៉ាងនេះចុះ។

[២២៤] បពិត្រព្រះអង្គដ៏ចំរើន ការកើតឡើងនៃធម៌ណាមួយ គប្បីកើតឡើង ក្នុងធម្មវិន័យនេះ ព្រះដ៏មានព្រះភាគ គប្បីមូលជាមួយគ្នា ទាំងភិក្ខុសង្ឃ និងភិក្ខុនីសង្ឃ និងពួកឧបាសក ក៏គប្បីមូលជាមួយគ្នា ព្រះដ៏មានព្រះភាគ ព្រះអង្គត្រាស់ព្រះវាចាឯណា ខ្ញុំព្រះអង្គ ក៏ប្រកាន់តាមព្រះវាចានោះ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះដ៏មានព្រះភាគ ចាំទុកនូវខ្ញុំព្រះអង្គ ជាអ្នកជ្រះថ្លាយ៉ាងនេះចុះ។

[២២៥] បពិត្រព្រះអង្គដ៏ចំរើន ការកើតឡើងនៃធម៌ណាមួយ គប្បីកើតឡើងក្នុងធម្មវិន័យនេះ ព្រះដ៏មានព្រះភាគ ក៏គប្បីមូលជាមួយគ្នា ទាំងភិក្ខុសង្ឃ ភិក្ខុនីសង្ឃ ពួកឧបាសក និងពួកឧបាសិកា ក៏គប្បីមូលជាមួយគ្នា ព្រះដ៏មានព្រះភាគ ព្រះអង្គត្រាស់ព្រះវាចាឯណា ខ្ញុំព្រះអង្គ ក៏ប្រកាន់តាមព្រះវាចានោះ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះដ៏មានព្រះភាគ ទ្រង់ចាំទុកនូវខ្ញុំព្រះអង្គ ជាអ្នកជ្រះថ្លាយ៉ាងនេះចុះ។

[២២៦] បពិត្រព្រះអង្គដ៏ចំរើន ការកើតឡើងនៃធម៌ណាមួយ គប្បីកើតឡើងក្នុងធម្មវិន័យនេះ ព្រះដ៏មានព្រះភាគ ក៏គប្បីមូលជាមួយគ្នា ទាំងភិក្ខុសង្ឃ ភិក្ខុនីសង្ឃ ពួកឧបាសក ឧបាសិកា និងមនុស្សលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក និងពពួកសត្វ ព្រមទាំងសមណៈ និងព្រាហ្មណ៍ ទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស ក៏គប្បីមូលជាមួយគ្នា ព្រះដ៏មានព្រះភាគ ព្រះអង្គត្រាស់ព្រះវាចាឯណា ខ្ញុំព្រះអង្គក៏ប្រកាន់តាមព្រះវាចានោះ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះដ៏មានព្រះភាគ ទ្រង់ចាំទុកនូវខ្ញុំព្រះអង្គ ជាអ្នកជ្រះថ្លា យ៉ាងនេះចុះ។

[២២៧] ព្រះដ៏មានព្រះភាគត្រាស់ថា បពិត្រព្រះគោធា ព្រះអង្គមានវាទៈ យ៉ាងនេះហើយ ចុះមានព្រះបន្ទូលដូចម្ដេចទៅ នឹងព្រះមហានាមសក្យរាជទៀត។ ព្រះគោធាសក្យរាជ ក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គមានវាទៈយ៉ាងនេះហើយ ក្រៅអំពីកល្យាណធម៌ និងកុសលធម៌ ឥតមានពោលពាក្យអ្វី នឹងព្រះមហានាមសក្យរាជទេ។

(បឋមសរណានិសក្កសូត្រ ទី៤)

(៤. បឋមសរណានិសក្កសុត្តំ)

[២២៨] កបិលវត្ថុនិទាន។ សម័យនោះឯង ព្រះសរកានិសក្យរាជ ទ្រង់ទិវង្គតទៅ ព្រះអង្គជាអ្នកដែលព្រះដ៏មានព្រះភាគ ទ្រង់ព្យាករហើយថា ជាសោតាបន្នបុគ្គល មានសភាព មិនធ្លាក់ទៅក្នុងអបាយ ជាបុគ្គលទៀង មានការត្រាស់ដឹង ប្រព្រឹត្តទៅក្នុងខាងមុខ។ បានឮថា ពួកសក្យរាជ ជាច្រើនអង្គ មកប្រជុំគ្នាក្នុងទីនោះហើយ ពោលទោស តិះដៀល បន្តុះបង្អាប់ថា អើហ្ន៎ អស្ចារ្យណាស់តើ អើហ្ន៎ មិនដែលកើតមានទេតើ បើយ៉ាងហ្នឹង នរណានឹងមិនបានជាសោតាបន្នបុគ្គល ក្នុងសាសនានេះ ព្រះសរកានិសក្យរាជ ដែលទ្រង់ទិវង្គតទៅហើយនោះ មិនសមបើព្រះដ៏មានព្រះភាគ ទ្រង់ព្យាករថា ជាសោតាបន្នបុគ្គល មានសភាព មិនធ្លាក់ទៅក្នុងអបាយ ជាបុគ្គលទៀង មានការត្រាស់ដឹងប្រព្រឹត្តទៅ ក្នុងខាងមុខសោះ។ ដ្បិតព្រះសរកានិសក្យរាជ ដល់នូវភាពនៃខ្លួន ជាអ្នកមានកំឡាំងខ្សោយដោយសិក្ខា អ្នកក្រេបផឹក នូវទឹកស្រវឹង។

[២២៩] គ្រានោះឯង ព្រះមហានាមសក្យរាជ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយគង់ក្នុងទីដ៏សមគួរ។ លុះព្រះមហានាមសក្យរាជ គង់ក្នុងទីដ៏សមគួរហើយ ទើបក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន អម្បាញ់មិញនេះ ព្រះសរកានិសក្យរាជ ទ្រង់ទិវង្គតហើយ ព្រះអង្គជាអ្នកដែលព្រះដ៏មានព្រះភាគ ទ្រង់ព្យាករថា ជាសោតាបន្នបុគ្គល មានសភាព មិនធ្លាក់ទៅក្នុងអបាយ ជាបុគ្គលទៀង មានការត្រាស់ដឹង ប្រព្រឹត្តទៅក្នុងខាងមុខ។ បពិត្រព្រះអង្គដ៏ចំរើន បានឮថា ពួកសក្យរាជ ជាច្រើនអង្គ បានមកប្រជុំក្នុងទីនោះ ពោលទោស តិះដៀល បន្តុះបង្អាប់ថា អើហ្ន៎ អស្ចារ្យណាស់តើ អើហ្ន៎ មិនដែលកើតមានទេតើ បើយ៉ាងហ្នឹង នរណានឹងមិនបានជាសោតាបន្នបុគ្គល ក្នុងព្រះសាសនានេះ ព្រះសរកានិសក្យរាជ ដែលទ្រង់ទិវង្គតទៅហើយនោះ មិនសមបើព្រះដ៏មានព្រះភាគ ទ្រង់ព្យាករថា ជាសោតាបន្នបុគ្គល មានសភាពមិនធ្លាក់ចុះ ទៅក្នុងអបាយ ជាបុគ្គលទៀង មានការត្រាស់ដឹង ប្រព្រឹត្តទៅក្នុងខាងមុខសោះ។ ដ្បិតព្រះសរកានិសក្យរាជ បានដល់នូវភាពនៃខ្លួន ជាអ្នកមានកំឡាំងខ្សោយដោយសិក្ខា អ្នកក្រេបផឹកនូវទឹកស្រវឹង។

[២៣០] ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា បពិត្រព្រះមហានាម បុគ្គលណា ជា ឧបាសក ដល់នូវព្រះពុទ្ធជាទីពឹង ដល់នូវព្រះធម៌ជាទីពឹង ដល់នូវព្រះសង្ឃជាទីពឹង អស់រាត្រីវែង បុគ្គលនោះ គប្បីទៅកាន់អបាយ ដូចម្ដេចបាន។ បពិត្រព្រះមហានាម បុគ្គល កាលពោលចំពោះបុគ្គល ដែលជាឧបាសក ដល់នូវព្រះពុទ្ធជាទីពឹង ដល់នូវព្រះធម៌ជាទីពឹង ដល់នូវព្រះសង្ឃជាទីពឹង អស់រាត្រីវែង គប្បីពោលដោយប្រពៃ។ បពិត្រព្រះមហានាម បុគ្គលកាលពោលអំពីព្រះសរកានិសក្យរាជ គប្បីពោលដោយប្រពៃថា ព្រះសរកានិសក្យរាជ ជាឧបាសក ដល់នូវព្រះពុទ្ធជាទីពឹង ដល់នូវព្រះធម៌ជាទីពឹង ដល់នូវព្រះសង្ឃជាទីពឹង អស់រាត្រីវែង គប្បីទៅកាន់អបាយ ដូចម្ដេចបាន។

[២៣១] បពិត្រព្រះមហានាម បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកប្រកបដោយសេចក្ដីជ្រះថ្លា មិនញាប់ញ័រ ក្នុងព្រះពុទ្ធថា ព្រះដ៏មានព្រះភាគ អង្គនោះ។បេ។ ព្រះអង្គជាគ្រូនៃទេវតា និងមនុស្សទាំងឡាយ ព្រះអង្គត្រាស់ដឹង នូវអរិយសច្ចធម៌ ព្រះអង្គលែងវិលត្រឡប់មកកាន់ភពថ្មីទៀត។ (ជាអ្នកប្រកបដោយសេចក្ដីជ្រះថ្លា មិនញាប់ញ័រ) ក្នុងព្រះធម៌។ ក្នុងព្រះសង្ឃ។ ជាអ្នកមានបញ្ញា ជាគ្រឿងរីករាយ មានបញ្ញាវាងវៃ ប្រកបដោយវិមុត្តិ។ បុគ្គលនោះ ធ្វើឲ្យជាក់ច្បាស់ នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ មិនមានអាសវៈ ព្រោះអស់អាសវៈទាំងឡាយ ដោយបញ្ញាដ៏ក្រៃលែង ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន សម្រេច សម្រាន្តនៅ។ បពិត្រព្រះមហានាម បុគ្គលនេះឯង ឈ្មោះថា រួចចាកនរក រួចចាកកំណើតតិរច្ឆាន រួចចាកប្រេតវិស័យ រួចចាកអបាយ ទុគ្គតិ វិនិបាត។

[២៣២] បពិត្រព្រះមហានាម មួយទៀត បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកប្រកបដោយសេចក្ដីជ្រះថ្លា មិនញាប់ញ័រ ក្នុងព្រះពុទ្ធថា ព្រះដ៏មានព្រះភាគ អង្គនោះ។បេ។ ព្រះអង្គជាគ្រូនៃទេវតា និងមនុស្សទាំងឡាយ ព្រះអង្គត្រាស់ដឹង នូវអរិយសច្ចធម៌ ព្រះអង្គ លែងវិលត្រឡប់មកកាន់ភពថ្មីទៀត។ (ជាអ្នកប្រកបដោយសេចក្ដីជ្រះថ្លា មិនញាប់ញ័រ) ក្នុងព្រះធម៌។ ក្នុងព្រះសង្ឃ។ ជាអ្នកមានបញ្ញា ជាគ្រឿងរីករាយ មានបញ្ញាវាងវៃ ប៉ុន្តែ មិនប្រកបដោយវិមុត្តិ។ បុគ្គលនោះ មានសភាពជាឱបបាតិកសត្វ ហើយបរិនិព្វាន ក្នុងលោកនេះ មានសភាព មិនត្រឡប់ចាកលោកនោះ ព្រោះអស់សញ្ញោជនៈ ៥ ជាចំណែកខាងក្រោម។ បពិត្រព្រះមហានាម បុគ្គលនេះឯង ឈ្មោះថា រួចចាកនរក រួចចាកកំណើត តិរច្ឆាន រួចចាកប្រេតវិស័យ រួចចាកអបាយ ទុគ្គតិ វិនិបាត។

[២៣៣] បពិត្រព្រះមហានាម មួយទៀត បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកប្រកបដោយសេចក្ដីជ្រះថ្លា មិនញាប់ញ័រ ក្នុងព្រះពុទ្ធថា ព្រះដ៏មានព្រះភាគ អង្គនោះ។បេ។ ព្រះអង្គជាគ្រូនៃទេវតា និងមនុស្សទាំងឡាយ ព្រះអង្គត្រាស់ដឹង នូវអរិយសច្ចធម៌ ព្រះអង្គលែងវិលត្រឡប់មកកាន់ភពថ្មីទៀត។ (ជាអ្នកប្រកបដោយសេចក្ដីជ្រះថ្លាមិនញាប់ញ័រ) ក្នុងព្រះធម៌។ ក្នុងព្រះសង្ឃ។ ប៉ុន្តែមិនមានបញ្ញា ជាគ្រឿងរីករាយ មិនមានបញ្ញាវាងវៃ និងមិនប្រកបដោយវិមុត្តិ។ បុគ្គលនោះ ជាសកទាគាមី នឹងមកកាន់លោកនេះម្ដងទៀត ហើយធ្វើនូវទីបំផុតនៃទុក្ខ ព្រោះអស់សញ្ញោជនៈ ៣ ប្រការ ព្រោះធ្វើរាគៈ ទោសៈ មោហៈ ឲ្យស្រាលស្ដើង។ បពិត្រព្រះមហានាម បុគ្គលនេះឯង ឈ្មោះថារួចចាកនរក រួចចាកកំណើតតិរច្ឆាន រួចចាកប្រេតវិស័យ រួចចាកអបាយ ទុគ្គតិ វិនិបាត។

[២៣៤] បពិត្រព្រះមហានាម មួយទៀត បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកប្រកបដោយសេចក្ដីជ្រះថ្លា មិនញាប់ញ័រ ក្នុងព្រះពុទ្ធថា ព្រះដ៏មានព្រះភាគ អង្គនោះ។បេ។ ព្រះអង្គជាគ្រូនៃទេវតា និងមនុស្សទាំងឡាយ ព្រះអង្គត្រាស់ដឹង នូវអរិយសច្ចធម៌ ព្រះអង្គលែងវិលត្រឡប់មកកាន់ភពថ្មីទៀត។ (ជាអ្នកប្រកបដោយសេចក្ដីជ្រះថ្លា មិនញាប់ញ័រ) ក្នុងព្រះធម៌។ ក្នុងព្រះសង្ឃ។ ប៉ុន្តែមិនមានបញ្ញា ជាគ្រឿងរីករាយ មិនមានបញ្ញាវាងវៃ និងមិនប្រកបដោយវិមុត្តិ។ បុគ្គលនោះ ជាសោតាបន្នបុគ្គល មានសភាពមិនធ្លាក់ទៅក្នុងអបាយ ជាបុគ្គលទៀង មានការត្រាស់ដឹង ប្រព្រឹត្តទៅក្នុងខាងមុខ ព្រោះអស់សញ្ញោជនៈ ៣ ប្រការ។ បពិត្រព្រះមហានាម បុគ្គលនេះឯង ជាអ្នក រួចចាកនរក រួចចាកតិរច្ឆាន រួចចាកប្រេតវិស័យ រួចចាកអបាយ ទុគ្គតិ វិនិបាត។

[២៣៥] បពិត្រព្រះមហានាម មួយទៀត បុគ្គលពួកខ្លះ ក្នុងលោកនេះ មិនបានប្រកបដោយសេចក្ដីជ្រះថ្លា មិនញាប់ញ័រ ក្នុងព្រះពុទ្ធទេ។ ក្នុងព្រះធម៌ទេ។ ក្នុងព្រះសង្ឃទេ។ មិនមានបញ្ញា ជាគ្រឿងរីករាយទេ មិនមានបញ្ញាវាងវៃទេ មិនប្រកបដោយវិមុត្តិទេ។ តែថាធម៌អម្បាលនេះ គឺសទ្ធិន្ទ្រិយ វិរិយិន្ទ្រិយ សតិន្ទ្រិយ សមាធិន្ទ្រិយ បញ្ញិន្ទ្រិយ តែងមានដល់បុគ្គលនោះ។ មួយទៀត ធម៌ទាំងឡាយ ដែលព្រះតថាគតទ្រង់ប្រកាសហើយ តែងសមគួរដល់ការពិចារណា ដោយបញ្ញារបស់បុគ្គលនោះ ដោយក្រៃពេក។ បពិត្រព្រះមហានាម បុគ្គលនេះឯង ជាអ្នកមិនទៅកាន់នរក មិនទៅកាន់កំណើតតិរច្ឆាន មិនទៅកាន់ប្រេតវិស័យ មិនទៅកាន់អបាយ ទុគ្គតិ វិនិបាត។

[២៣៦] បពិត្រព្រះមហានាម មួយទៀត បុគ្គលពួកខ្លះ ក្នុងលោកនេះ មិនបានប្រកបដោយសេចក្ដីជ្រះថ្លា មិនញាប់ញ័រ ក្នុងព្រះពុទ្ធទេ។ ក្នុងព្រះធម៌ទេ។ ក្នុងព្រះសង្ឃទេ។ មិនមានបញ្ញា ជាគ្រឿងរីករាយទេ មិនមានបញ្ញាវាងវៃទេ មិនប្រកបដោយវិមុត្តិទេ។ តែថា ធម៌អម្បាលនេះ គឺសទ្ធិន្ទ្រិយ។បេ។ បញ្ញិន្ទ្រិយ តែងមានដល់បុគ្គលនោះ។ មួយទៀត បុគ្គលនោះ គ្រាន់តែមានសទ្ធា និងសេចក្ដីស្រឡាញ់ ក្នុងព្រះតថាគត។ បពិត្រព្រះមហានាម បុគ្គលនេះឯង ជាអ្នកមិនទៅកាន់នរក មិនទៅកាន់កំណើតតិរច្ឆាន មិនទៅកាន់ប្រេតវិស័យ មិនទៅកាន់អបាយ ទុគ្គតិ វិនិបាត។

[២៣៧] បពិត្រព្រះមហានាម បើពួកមហាសាលអម្បាលនេះ គប្បីដឹងច្បាស់ នូវពាក្យជាសុភាសិត និងពាក្យជាទុព្ភាសិត តថាគត គប្បីព្យាករ នូវពួកមហាសាលអម្បាលនេះថា សោតាបន្នបុគ្គល មានសភាព មិនធ្លាក់ទៅក្នុងអបាយ ជាបុគ្គលទៀង មានការត្រាស់ដឹង ប្រព្រឹត្តទៅក្នុងខាងមុខ។ នឹងបាច់ពោលទៅថ្វី ដល់ព្រះសរកានិសក្យរាជ បពិត្រព្រះមហានាម ដ្បិតព្រះសរកានិសក្យរាជ បានសមាទាននូវសិក្ខា ក្នុងកាលជិតមរណៈ។

(ទុតិយសរណានិសក្កសូត្រ ទី៥)

(៥. ទុតិយសរណានិសក្កសុត្តំ)

[២៣៨] កបិលវត្ថុនិទាន។ សម័យនោះឯង ព្រះសរកានិសក្យរាជ ទ្រង់ទិវង្គតទៅ។ ព្រះអង្គជាអ្នកដែលព្រះដ៏មានព្រះភាគ ទ្រង់ព្យាករហើយថា ជាសោតាបន្នបុគ្គល មានសភាព មិនធ្លាក់ទៅក្នុងអបាយ ជាបុគ្គលទៀង មានការត្រាស់ដឹង ប្រព្រឹត្តទៅក្នុងខាងមុខ។ បានឮថា ពួកសក្យរាជច្រើនអង្គ មកប្រជុំគ្នា ក្នុងទីនោះ ពោលទោស តិះដៀលបន្តុះបង្អាប់ថា អើហ្ន៎ អស្ចារ្យណាស់តើ អើហ្ន៎ មិនដែលកើតមានទេតើ បើយ៉ាងហ្នឹង នរណានឹងមិនបានជាសោតាបន្នបុគ្គល ក្នុងសាសនានេះ ព្រះសរកានិសក្យរាជ ដែល ទ្រង់ទិវង្គតទៅហើយនេះ មិនសមបើព្រះដ៏មានព្រះភាគ ទ្រង់ព្យាករថា ជាសោតាបន្នបុគ្គល មានសភាព មិនធ្លាក់ទៅក្នុងអបាយ ជាបុគ្គលទៀង មានការត្រាស់ដឹង ប្រព្រឹត្តទៅ ក្នុងខាងមុខសោះ។ ដ្បិតព្រះសរកានិសក្យរាជ មិនបានធ្វើឲ្យពេញបរិបូរណ៌ ក្នុងសិក្ខាទេ។

[២៣៩] គ្រានោះឯង ព្រះមហានាមសក្យរាជ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយគង់ក្នុងទីដ៏សមគួរ។ លុះព្រះមហានាមសក្យរាជ គង់ក្នុងទីដ៏សមគួរហើយ ទើបក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន អម្បាញ់មិញនេះ ព្រះសរកានិសក្យរាជ ទ្រង់ទិវង្គតទៅហើយ ព្រះអង្គជាអ្នកដែលព្រះដ៏មានព្រះភាគ ទ្រង់ព្យាករថា ជាសោតាបន្នបុគ្គល មានសភាព មិនធ្លាក់ទៅក្នុងអបាយ ជាបុគ្គលទៀង មានការត្រាស់ដឹង ប្រព្រឹត្តទៅក្នុងខាងមុខ។ បពិត្រព្រះអង្គដ៏ចំរើន បានឮថា ពួកសក្យរាជច្រើនអង្គ មកប្រជុំគ្នា ក្នុងទីនោះ ពោលទោស តិះដៀល បន្តុះបង្អាប់ថា អើហ្ន៎ អស្ចារ្យណាស់តើ អើហ្ន៎ មិនដែលកើតមានទេតើ បើយ៉ាងហ្នឹង នរណានឹងមិនបានជាសោតាបន្នបុគ្គល ក្នុងសាសនានេះ ព្រះសរកានិសក្យរាជ ដែលទ្រង់ទិវង្គតទៅហើយនោះ មិនសមបើព្រះដ៏មានព្រះភាគ ទ្រង់ព្យាករថា ជាសោតាបន្នបុគ្គល មានសភាព មិនធ្លាក់ទៅក្នុងអបាយ ជាបុគ្គលទៀង មានការត្រាស់ដឹង ប្រព្រឹត្តទៅក្នុងខាងមុខសោះ។ ដ្បិតព្រះសរកានិសក្យរាជ មិនបានធ្វើឲ្យពេញបរិបូរណ៌ ក្នុងសិក្ខាទេ។

[២៤០] ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា បពិត្រព្រះមហានាម បុគ្គលណាជា ឧបាសក ដល់នូវព្រះពុទ្ធជាទីពឹង ដល់នូវព្រះធម៌ជាទីពឹង ដល់នូវព្រះសង្ឃ ជាទីពឹង អស់រាត្រីវែង បុគ្គលនោះ គប្បីទៅកាន់អបាយដូចម្ដេចបាន។ បពិត្រព្រះមហានាម បុគ្គលកាលពោលដោយប្រពៃ គប្បីពោលតាមហេតុពិតថា បុគ្គលជាឧបាសក ដល់នូវព្រះពុទ្ធជាទីពឹង ដល់នូវព្រះធម៌ជាទីពឹង ដល់នូវព្រះសង្ឃជាទីពឹង អស់រាត្រីវែង បុគ្គលកាលពោលដោយប្រពៃ គប្បីពោលចំពោះព្រះសរកានិសក្យរាជ បពិត្រព្រះមហានាម ព្រះសរកានិសក្យរាជ ជាឧបាសក ដល់នូវព្រះពុទ្ធជាទីពឹង ដល់នូវព្រះធម៌ជាទីពឹង ដល់នូវព្រះសង្ឃជាទីពឹង អស់រាត្រីវែង ព្រះសរកានិសក្យរាជនោះ គប្បីទៅកាន់អបាយដូច ម្ដេចបាន។

[២៤១] បពិត្រព្រះមហានាម បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកជ្រះថ្លាក្រៃ លែងពិតប្រាកដ ក្នុងព្រះពុទ្ធថា ព្រះដ៏មានព្រះភាគ អង្គនោះ។បេ។ ព្រះអង្គជាគ្រូនៃទេវតា និងមនុស្សទាំងឡាយ ព្រះអង្គត្រាស់ដឹង នូវអរិយសច្ចធម៌ ព្រះអង្គលែងវិលត្រឡប់មកកាន់ភពថ្មីទៀត។ (បុគ្គលជាអ្នកជ្រះថ្លាក្រៃលែង ពិតប្រាកដ ក្នុងព្រះធម៌។ ក្នុងព្រះសង្ឃ។ ជាអ្នកមានបញ្ញា ជាគ្រឿងរីករាយ មានបញ្ញាវាងវៃ និងប្រកបដោយវិមុត្តិ។ បុគ្គលនោះ ធ្វើឲ្យជាក់ច្បាស់ នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ មិនមានអាសវៈ ព្រោះអស់អាសវៈទាំងឡាយ ដោយបញ្ញាដ៏ក្រៃលែង ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន ហើយសម្រេចសម្រាន្តនៅ។ បពិត្រព្រះមហានាម បុគ្គលនេះឯង ជាអ្នកបានរួចចាកនរក រួចចាកកំណើតតិរច្ឆាន រួចចាកប្រេតវិស័យ រួចចាកអបាយ ទុគ្គតិ វិនិបាត។

[២៤២] បពិត្រព្រះមហានាម មួយទៀត បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកជ្រះថ្លាក្រៃលែង ពិតប្រាកដ ក្នុងព្រះពុទ្ធថា ព្រះដ៏មានព្រះភាគ អង្គនោះ។បេ។ ព្រះអង្គជាគ្រូនៃទេវតា និងមនុស្សទាំងឡាយ ព្រះអង្គត្រាស់ដឹង នូវអរិយសច្ចធម៌ ព្រះអង្គលែងវិល ត្រឡប់មកកាន់ភពថ្មីទៀត។ (ជាអ្នកជ្រះថ្លាក្រៃលែង ពិតប្រាកដ) ក្នុងព្រះធម៌។ ក្នុងព្រះសង្ឃ។ ជាអ្នកមានបញ្ញា ជាគ្រឿងរីករាយ មានបញ្ញាវាងវៃ តែមិនប្រកបដោយវិមុត្តិ។ បុគ្គលនោះ នឹងបរិនិព្វាន ក្នុងរវាងអាយុនៅមិនទាន់ដល់ពាក់កណ្ដាល នឹងបរិនិព្វាន ក្នុងអាយុផុតពាក់កណ្ដាលហើយ ជិតដល់ទីបំផុត នឹងបរិនិព្វាន ដោយធ្វើសេចក្ដីព្យាយាមយ៉ាងខ្លាំង នឹងបរិនិព្វាន ដោយមិនបាច់ធ្វើសេចក្ដីព្យាយាមពេកទេ នឹងមានខ្សែធម៌ឰដ៏ខាងលើ ទៅកាន់អកនិដ្ឋភព ព្រោះអស់ពួកសញ្ញោជនៈ ជាចំណែកខាងក្រោម ៥។ បពិត្រព្រះមហានាម បុគ្គលនេះឯង ជាអ្នករួចចាកនរក រួចចាកកំណើតតិរច្ឆាន រួចចាកប្រេតវិស័យ រួចចាកអបាយ ទុគ្គតិ វិនិបាត។

[២៤៣] បពិត្រព្រះមហានាម មួយទៀត បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកជ្រះថ្លាក្រៃលែង ពិតប្រាកដ ក្នុងព្រះពុទ្ធថា ព្រះដ៏មានព្រះភាគ អង្គនោះ។បេ។ ព្រះអង្គជាគ្រូនៃទេវតា និងមនុស្សទាំងឡាយ ព្រះអង្គត្រាស់ដឹង នូវអរិយសច្ចធម៌ ព្រះអង្គលែងវិល ត្រឡប់មកកាន់ភពថ្មីទៀត។ (ជាអ្នកជ្រះថ្លាក្រៃលែង ពិតប្រាកដ) ក្នុងព្រះធម៌។ ក្នុងព្រះសង្ឃ។ តែមិនមានបញ្ញា ជាគ្រឿងរីករាយ មិនមានបញ្ញាវាងវៃ និងមិនប្រកបដោយវិមុត្តិ។ បុគ្គលនោះ ជាសកទាគាមី នឹងមកកាន់លោកនេះម្ដងទៀត ទើបធ្វើនូវទីបំផុត នៃទុក្ខបាន ព្រោះអស់សញ្ញោជនៈ ៣ ប្រការ ព្រោះធ្វើរាគៈ ទោសៈ មោហៈ ឲ្យស្រាលស្ដើង។ បពិត្រព្រះមហានាម បុគ្គលនេះឯង ជាអ្នករួចចាកនរក រួចចាកកំណើតតិរច្ឆាន រួចចាកប្រេតវិស័យ រួចចាកអបាយ ទុគ្គតិ វិនិបាត។

[២៤៤] បពិត្រព្រះមហានាម មួយទៀត បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកជ្រះថ្លាក្រៃលែង ពិតប្រាកដ ក្នុងព្រះពុទ្ធថា ព្រះដ៏មានព្រះភាគ អង្គនោះ។បេ។ ព្រះអង្គជាគ្រូនៃទេវតា និងមនុស្សទាំងឡាយ ព្រះអង្គត្រាស់ដឹង នូវអរិយសច្ចធម៌ ព្រះអង្គលែងវិលត្រឡប់មកកាន់ភពថ្មីទៀត។ (ជាអ្នកជ្រះថ្លាក្រៃលែង ពិតប្រាកដ) ក្នុងព្រះធម៌។ ក្នុងព្រះសង្ឃ។ តែមិនមានបញ្ញា ជាគ្រឿងរីករាយ មិនមានបញ្ញាវាងវៃ និងមិនប្រកបដោយវិមុត្តិ។ បុគ្គលនោះ ជាសោតាបន្នបុគ្គល មានសភាពមិនធ្លាក់ទៅក្នុងអបាយ ជាបុគ្គល ទៀង មានការត្រាស់ដឹង ប្រព្រឹត្តទៅក្នុងខាងមុខ ព្រោះអស់សញ្ញោជនៈទាំង ៣ ប្រការ។ បពិត្រព្រះមហានាម បុគ្គលនេះឯង ជាអ្នករួចចាកនរក រួចចាកកំណើតតិរច្ឆាន រួចចាកប្រេតវិស័យ រួចចាកអបាយ ទុគ្គតិ វិនិបាត។

[២៤៥] បពិត្រព្រះមហានាម មួយទៀត បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកមិន បានជ្រះថ្លាក្រៃលែងពិតប្រាកដ ក្នុងព្រះពុទ្ធទេ។ ក្នុងព្រះធម៌ទេ។ ក្នុងព្រះសង្ឃទេ។ មិនមានបញ្ញា ជាគ្រឿងរីករាយទេ មិនមានបញ្ញាវាងវៃទេ មិនប្រកបដោយវិមុត្តិទេ។ តែថា ធម៌អម្បាលនេះ គឺសទ្ធិន្ទ្រិយ។បេ។ បញ្ញិន្ទ្រិយ តែងមានដល់បុគ្គលនោះ។ មួយទៀត ធម៌ទាំងឡាយ ដែលព្រះតថាគត ទ្រង់ប្រកាសហើយ ជាធម៌គួរដល់ការពិចារណា ដោយបញ្ញាដ៏ក្រៃលែង ដល់បុគ្គលនោះ។ បពិត្រព្រះមហានាម បុគ្គលនេះឯង ជាអ្នកមិនទៅ កាន់នរក មិនទៅកាន់កំណើតតិរច្ឆាន មិនទៅកាន់ប្រេតវិស័យ មិនទៅកាន់អបាយ ទុគ្គតិ វិនិបាត។

[២៤៦] បពិត្រព្រះមហានាម មួយទៀត បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាមិនបានជ្រះថ្លាក្រៃលែងពិតប្រាកដ ក្នុងព្រះពុទ្ធទេ។ ក្នុងព្រះធម៌ទេ។ ក្នុងព្រះសង្ឃទេ។ មិនមាន បញ្ញា ជាគ្រឿងរីករាយទេ មិនមានបញ្ញាវាងវៃទេ មិនប្រកបដោយវិមុត្តិទេ។ តែថាធម៌អម្បាលនេះ គឺសទ្ធិន្ទ្រិយ។បេ។ បញ្ញិន្ទ្រិយ តែងមានដល់បុគ្គលនោះ។ មួយទៀត បុគ្គល នោះ គ្រាន់តែមានសទ្ធា និងសេចក្ដីស្រឡាញ់ ក្នុងព្រះតថាគត។ បពិត្រព្រះមហានាម បុគ្គលនេះឯង ជាអ្នកមិនទៅកាន់នរក មិនទៅកាន់កំណើតតិរច្ឆាន មិនទៅកាន់ប្រេតវិស័យ មិនទៅកាន់អបាយ ទុគ្គតិ វិនិបាត។

[២៤៧] បពិត្រព្រះមហានាម ដូចពូជទាំងឡាយ ដែលបាក់ខ្ទេច ដែលស្អុយ ដែលក្រៀមក្រោះ ដោយខ្យល់ និងកំដៅថ្ងៃ ដែលឥតពន្លក ដែលគេទុកដាក់ ក្នុងទីមិនស្អាត ភ្លៀងក៏បង្អោរនូវទឹកភ្លៀង ដោយស្រួល ចុះកាន់ស្រែ ដែលក្រហេងក្រហូង មានដែនដីអាក្រក់ ដែលគេមិនទាន់បានគាស់រានយកដង្គត់ឈើចេញនៅឡើយ ពូជទាំងអម្បាលនោះ នឹងដល់នូវសេចក្ដីចំរើន ដុះដាល លូតលាស់បានដែរឬទេ។ មិនបានទេ ព្រះអង្គ។ បពិត្រព្រះមហានាម សេចក្ដីឧបមេយ្យ ក៏ដូច្នោះដែរ ធម៌ក្នុងលោកនេះ ជាធម៌ដែលបុគ្គលពោលមិនល្អ ជាធម៌ដែលបុគ្គលប្រកាសមិនល្អ ជាធម៌មិននាំសត្វចេញចាកទុក្ខបាន មិនប្រព្រឹត្តទៅ ដើម្បីសេចក្ដីស្ងប់ស្ងាត់ ជាធម៌ដែលបុគ្គលមិនមែនសម្មាសម្ពុទ្ធប្រកាសហើយ តថាគតពោលថា ធម៌នេះ ដូចស្រែដែលក្រហេងក្រហូង។ មួយវិញទៀត សាវកដែលប្រតិបត្តិ នូវធម៌តាមធម៌ ប្រតិបត្តិដ៏សមគួរ ប្រព្រឹត្តនូវធម៌ដ៏សមគួរ នៅគ្រប់ឥរិយាបថ ក្នុងធម៌នោះ តថាគតពោលថា សាវកអ្នកប្រតិបត្តិធម៌តាមធម៌ នៅគ្រប់ឥរិយាបថនេះ ដូចជាពូជអាក្រក់។

[២៤៨] បពិត្រព្រះមហានាម ដូចពូជទាំងឡាយ ដែលមិនបាក់ខ្ទេច ដែលមិនស្អុយ ដែលមិនក្រៀមក្រោះ ដោយខ្យល់ និងកំដៅថ្ងៃ មានពន្លក ដែលគេទុកដាក់ ក្នុងទីដ៏ស្អាត ទាំងភ្លៀងក៏បង្អោរនូវទឹកភ្លៀង ដោយស្រួល ចុះកាន់ស្រែដែលល្អ មានផែនដីរាបស្មើ ដែលគេបានគាស់រានយកដង្គត់ឈើចេញហើយ ពូជអម្បាលនោះ នឹងដល់នូវសេចក្ដីចំរើន ដុះដាល លូតលាស់ឡើងបានឬទេ។ យ៉ាងហ្នឹងហើយ ព្រះអង្គ។ បពិត្រព្រះមហានាម សេចក្ដីឧបមេយ្យ ក៏ដូច្នោះដែរ ធម៌ក្នុងលោកនេះ ជាធម៌ដែលបុគ្គលពោលទុកល្អហើយ ធម៌ដែលបុគ្គលប្រកាសទុកល្អហើយ ជាធម៌នាំសត្វចេញចាកទុក្ខបាន ជាធម៌ប្រព្រឹត្តទៅ ដើម្បីសេចក្ដីស្ងប់ស្ងាត់ ជាធម៌ដែលព្រះសម្មាសម្ពុទ្ធ ទ្រង់ប្រកាសហើយ តថាគតពោលថា ធម៌នេះ ដូចជាស្រែដ៏ល្អ។ មួយវិញទៀត សាវកដែលប្រតិបត្តិនូវធម៌តាមធម៌ ប្រតិបត្តិដ៏សមគួរ ប្រព្រឹត្តនូវធម៌ដ៏សមគួរ នៅគ្រប់ឥរិយាបថក្នុងធម៌នោះ តថាគតពោលថា សាវកអ្នកប្រតិបត្តិធម៌តាមធម៌ នៅគ្រប់ឥរិយាបថនេះ ដូចជាពូជដ៏ល្អ។ នឹងបាច់ពោលទៅថ្វី ដល់ព្រះសរកានិសក្យរាជ បពិត្រព្រះមហានាម ព្រះសរកានិសក្យរាជ ជាអ្នកបានធ្វើឲ្យពេញបរិបូណ៌ ក្នុងសិក្ខា ក្នុងកាលជិតមរណៈ។

(បឋមអនាថបិណ្ឌិកសូត្រ ទី៦)

(៦. បឋមអនាថបិណ្ឌិកសុត្តំ)

[២៤៩] សាវត្ថីនិទាន។ សម័យនោះឯង អនាថបិណ្ឌិកគហបតី មានអាពាធប្រកបដោយទុក្ខ មានជម្ងឺជាទម្ងន់។ លំដាប់នោះ អនាថបិណ្ឌិកគហបតី បានហៅបុរសម្នាក់មកថា ម្នាលបុរសដ៏ចំរើន ឯងចូរមកនេះ ឯងចូរទៅរកព្រះសារីបុត្រដ៏មានអាយុ លុះចូលទៅដល់ហើយ ចូរថ្វាយបង្គំបាទាព្រះសារីបុត្រដ៏មានអាយុ ដោយសិរសា តាមពាក្យអញថា បពិត្រព្រះករុណាដ៏ចំរើន អនាថបិណ្ឌិកគហបតី មានអាពាធ ប្រកបដោយទុក្ខ មានជម្ងឺជាទម្ងន់ លោកថ្វាយបង្គំបាទាព្រះសារីបុត្រដ៏មានអាយុ ដោយសិរសា។ រួចហើយ ឯងចូរនិមន្តយ៉ាងនេះថា បពិត្រព្រះករុណាដ៏ចំរើន សូមព្រះសារីបុត្រដ៏មានអាយុ អាស្រ័យនូវសេចក្ដីអនុគ្រោះ និមន្ដទៅកាន់ទីលំនៅអនាថបិណ្ឌិកហបតី ឲ្យទាន។ បុរសនោះទទួលពាក្យអនាថបិណ្ឌិកគហបតីថា ប្របាទ ហើយក៏ចូលទៅរកព្រះសារីបុត្រដ៏មានអាយុ លុះចូលទៅដល់ ថ្វាយបង្គំព្រះសារីបុត្រដ៏មានអាយុហើយ ក៏អង្គុយក្នុងទីដ៏សមគួរ។ លុះបុរសនោះ អង្គុយក្នុងទីដ៏សមគួរហើយ បានទូលព្រះសារីបុត្រដ៏មានអាយុ ដូច្នេះថា បពិត្រព្រះករុណាដ៏ចំរើន អនាថបិណ្ឌិកគហបតី មានអាពាធ ប្រកបដោយទុក្ខ មានជម្ងឺជាទម្ងន់ លោកថ្វាយបង្គំព្រះបាទព្រះសារីបុត្រដ៏មានអាយុ ដោយសិរសា។ រួចពោលយ៉ាងនេះថា បពិត្រព្រះករុណាដ៏ចំរើន សូមព្រះសារីបុត្រដ៏មានអាយុ អាស្រ័យនូវសេចក្ដីអនុគ្រោះ និមន្តទៅកាន់ទីលំនៅអនាថបិណ្ឌិកគហបតី ឲ្យទាន។ ព្រះសារីបុត្រដ៏មានអាយុ បានទទួលនិមន្ត ដោយអាការស្ងៀម។

[២៥០] លំដាប់នោះ ព្រះសារីបុត្រដ៏មានអាយុ ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរក្នុងវេលាបុព្វណ្ហសម័យ មានព្រះអានន្ទដ៏មានអាយុ ជាបច្ឆាសមណៈ ចូលទៅកាន់ទីលំនៅអនាថបិណ្ឌិកគហបតី លុះចូលទៅដល់ គង់លើអាសនៈ ដែលគេក្រាលហើយ។ លុះព្រះសារីបុត្រដ៏មានអាយុ គង់ហើយ ក៏ពោលនឹងអនាថបិណ្ឌិកគហបតី ដូច្នេះថា ម្នាលគហបតី អ្នកល្មមអត់ធន់បានទេឬ ល្មមប្រព្រឹត្តទៅបានទេឬ ទុក្ខវេទនាធូរថយ មិនចំរើនឡើងទេឬ សេចក្ដីធូរថយ (ចាករោគ) រមែងប្រាកដ ឯសេចក្ដីមិនចំរើនឡើងនៃរោគ រមែងមិនប្រាកដទេឬ។ អនាថបិណ្ឌិកគហបតីទូលថា បពិត្រព្រះករុណាដ៏ចំរើន ខ្ញុំព្រះករុណា អត់ធន់មិនបានទេ ខ្ញុំព្រះករុណា ប្រព្រឹត្តទៅមិនបានទេ ទុក្ខវេទនារបស់ខ្ញុំព្រះករុណា ចំរើនឡើងខ្លាំងណាស់ មិនធូរថយទេ សេចក្ដីចំរើន (នៃរោគ) ចេះតែប្រាកដឡើង មិនមានធូរថយទេ។

[២៥១] ព្រះសារីបុត្រពោលថា ម្នាលគហបតី បុថុជ្ជនដែលមិនចេះដឹង ប្រកបដោយសេចក្តីជ្រះថ្លា មិនញាប់ញ័រ ក្នុងព្រះពុទ្ធ មានសភាពយ៉ាងណា លុះដល់រំលាងខន្ធ បន្ទាប់អំពីមរណៈ រមែងទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក ឯសេចក្ដីមិនជ្រះថ្លា ក្នុងព្រះពុទ្ធ មានសភាពយ៉ាងនោះ មិនមានដល់អ្នកទេ។ ម្នាលគហបតី មួយទៀត សេចក្ដីជ្រះថ្លា មិនញាប់ញ័រ ក្នុងព្រះពុទ្ធ តែងមានដល់អ្នកថា ព្រះដ៏មានព្រះភាគ អង្គនោះ។បេ។ ព្រះអង្គជាគ្រូនៃទេវតា និងមនុស្សទាំងឡាយ ព្រះអង្គត្រាស់ដឹង នូវអរិយសច្ចធម៌ ព្រះអង្គលែងវិលត្រឡប់មកកាន់ភពថ្មីទៀត។ កាលបើអ្នកពិចារណាឃើញ នូវសេចក្ដីជ្រះថ្លា មិនញាប់ញ័រ ក្នុងព្រះពុទ្ធនោះ ចំពោះខ្លួន វេទនាទាំងឡាយ គប្បីស្ងប់រម្ងាប់ទៅ ដោយហេតុដ៏សមគួរបាន។

[២៥២] ម្នាលគហបតី បុថុជ្ជនដែលមិនចេះដឹង ប្រកបដោយសេចក្ដីជ្រះថ្លា មិនញាប់ញ័រ ក្នុងព្រះធម៌ មានសភាពយ៉ាងណា លុះរំលាងខន្ធ បន្ទាប់អំពីមរណៈ រមែងទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក សេចក្ដីមិនជ្រះថ្លា ក្នុងព្រះធម៌ មានសភាពយ៉ាងនោះ មិនមានដល់អ្នកឡើយ។ ម្នាលគហបតី មួយទៀត សេចក្ដីជ្រះថ្លា មិនញាប់ញ័រ ក្នុងព្រះធម៌ មានដល់អ្នកថា ព្រះធម៌ដែលព្រះដ៏មានព្រះភាគត្រាស់ ប្រពៃហើយ។ បេ។ ជាធម៌ដែលវិញ្ញូជនទាំងឡាយ គប្បីដឹងចំពោះខ្លួន កាលបើអ្នកពិចារណាឃើញ នូវសេចក្ដីជ្រះថ្លា មិនញាប់ញ័រ ក្នុងព្រះធម៌នោះ ចំពោះខ្លួន វេទនាទាំងឡាយ គប្បីស្ងប់រម្ងាប់ទៅ ដោយហេតុដ៏សមគួរ។

[២៥៣] ម្នាលគហបតី បុថុជ្ជនដែលមិនចេះដឹង ប្រកបដោយសេចក្ដីជ្រះថ្លា មិនញាប់ញ័រ ក្នុងព្រះសង្ឃ មានសភាពយ៉ាងណា លុះរំលាងខន្ធ បន្ទាប់អំពីមរណៈ រមែងទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក ឯសេចក្ដីមិនជ្រះថ្លា មានសភាពយ៉ាងនោះ ក្នុងព្រះសង្ឃ មិនមានដល់អ្នកឡើយ។ ម្នាលគហបតី មួយទៀត សេចក្ដីជ្រះថ្លា មិនញាប់ញ័រ ក្នុងព្រះសង្ឃ ក៏មានដល់អ្នកថា ព្រះសង្ឃសាវក នៃព្រះដ៏មានព្រះភាគ លោកប្រតិបត្តិល្អហើយ។ បេ។ ជាស្រែបុណ្យដ៏ប្រសើរ នៃសត្វលោក។ កាលបើអ្នកពិចារណាឃើញ នូវសេចក្ដីជ្រះថ្លា មិនញាប់ញ័រ ក្នុងព្រះសង្ឃនោះ ចំពោះខ្លួន វេទនាទាំងឡាយ គប្បីស្ងប់រម្ងាប់ទៅ ដោយហេតុដ៏សមគួរ។

[២៥៤] ម្នាលគហបតី បុថុជ្ជនដែលមិនចេះដឹង ប្រកបដោយភាពជាអ្នកទ្រុស្តសីល មានសភាពយ៉ាងណា លុះរំលាងខន្ធ បន្ទាប់អំពីមរណៈ រមែងទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក ឯភាពជាអ្នកទ្រុស្តសីល មានសភាពយ៉ាងនោះ មិនមានដល់អ្នកឡើយ។ ម្នាលគហបតី មួយទៀត សីលទាំងឡាយ ជាទីស្រឡាញ់របស់អរិយៈ ជាសីលមិនដាច់។បេ។ ជាសីលប្រព្រឹត្តទៅ ដើម្បីសមាធិ ក៏មានដល់អ្នក។ កាលបើអ្នកពិចារណាឃើញ នូវសីលទាំងឡាយ ដែលជាទីស្រឡាញ់របស់អរិយៈនោះ ចំពោះខ្លួន វេទនាទាំងឡាយ គប្បីស្ងប់រម្ងាប់ទៅ ដោយហេតុដ៏សមគួរបាន។

[២៥៥] ម្នាលគហបតី បុថុជ្ជនដែលមិនចេះដឹង ប្រកបដោយមិច្ឆាទិដ្ឋិ មានសភាពយ៉ាងណា លុះរំលាងខន្ធ បន្ទាប់អំពីមរណៈ រមែងទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក មិច្ឆាទិដ្ឋិ មានសភាពយ៉ាងនោះ មិនមានដល់អ្នកឡើយ។ ម្នាលគហបតី មួយទៀត សម្មាទិដ្ឋិ ក៏មានដល់អ្នក។ កាលបើអ្នកពិចារណាឃើញ នូវសម្មាទិដ្ឋិនោះ ចំពោះខ្លួន វេទនាទាំងឡាយ គប្បីស្ងប់រម្ងាប់ទៅ ដោយហេតុដ៏សមគួរ។

[២៥៦] ម្នាលគហបតី បុថុជ្ជនដែលមិនចេះដឹង ប្រកបដោយមិច្ឆាសង្កប្បៈ មានសភាពយ៉ាងណា លុះរំលាងខន្ធ បន្ទាប់អំពីមរណៈ រមែងទៅកើតក្នុងអបាយ ទុគ្គតិវិនិបាត នរក មិច្ឆាសង្កប្បៈ មានសភាពយ៉ាងនោះ មិនមានដល់អ្នកឡើយ។ ម្នាលគហបតី មួយទៀត សម្មាសង្កប្បៈ ក៏មានដល់អ្នក។ កាលបើអ្នកពិចារណាឃើញ នូវ សម្មាសង្កប្បៈនោះ ចំពោះខ្លួន វេទនាទាំងឡាយ គប្បីស្ងប់រម្ងាប់ទៅ ដោយហេតុដ៏សមគួរ។

[២៥៧] ម្នាលគហបតី បុថុជ្ជនដែលមិនចេះដឹង ប្រកបដោយមិច្ឆាវាចា មានសភាពយ៉ាងណា លុះរំលាងខន្ធ បន្ទាប់អំពីមរណៈ រមែងទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក មិច្ឆាវាចា មានសភាពយ៉ាងនោះ មិនមានដល់អ្នកឡើយ។ ម្នាលគហបតី មួយទៀត សម្មាវាចា ក៏មានដល់អ្នក។ កាលបើអ្នកពិចារណាឃើញ នូវសម្មាវាចានោះ ចំពោះខ្លួន វេទនាទាំងឡាយ គប្បីស្ងប់រម្ងាប់ទៅ ដោយហេតុដ៏សមគួរ។

[២៥៨] ម្នាលគហបតី បុថុជ្ជនដែលមិនចេះដឹង ប្រកបដោយមិច្ឆាកម្មន្តៈ មានសភាពយ៉ាងណា លុះរំលាងខន្ធ បន្ទាប់អំពីមរណៈ ក៏ទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក មិច្ឆាកម្មន្តៈ មានសភាពយ៉ាងនោះ មិនមានដល់អ្នកឡើយ។ ម្នាលគហបតី មួយទៀត សម្មាកម្មន្តៈ ក៏មានដល់អ្នក។ កាលបើអ្នកពិចារណាឃើញ នូវសម្មាកម្មន្តៈនោះ ចំពោះខ្លួន វេទនាទាំងឡាយ គប្បីស្ងប់រម្ងាប់ទៅ ដោយហេតុដ៏សមគួរ។

[២៥៩] ម្នាលគហបតី បុថុជ្ជនដែលមិនចេះដឹង ប្រកបដោយមិច្ឆាអាជីវៈ មានសភាពយ៉ាងណា លុះរំលាងខន្ធ បន្ទាប់អំពីមរណៈ ក៏ទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក មិច្ឆាអាជីវៈ មានសភាពយ៉ាងនោះ មិនមានដល់អ្នកឡើយ។ ម្នាលគហបតី មួយទៀត សម្មាអាជីវៈ ក៏មានដល់អ្នក។ កាលបើអ្នកពិចារណាឃើញ នូវសម្មាអាជីវៈ នោះ ចំពោះខ្លួន វេទនាទាំងឡាយ គប្បីស្ងប់រម្ងាប់ទៅ ដោយហេតុដ៏សមគួរ។

[២៦០] ម្នាលគហបតី បុថុជ្ជនដែលមិនចេះដឹង ប្រកបដោយមិច្ឆាវាយាមៈ មានសភាពយ៉ាងណា លុះរំលាងខន្ធ បន្ទាប់អំពីមរណៈ ក៏ទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក មិច្ឆាវាយាមៈ មានសភាពយ៉ាងនោះ មិនមានដល់អ្នកឡើយ។ ម្នាលគហបតី មួយទៀត សម្មាវាយាមៈ ក៏មានដល់អ្នក។ កាលបើអ្នកពិចារណាឃើញ នូវសម្មាវាយាម នោះ ចំពោះខ្លួន វេទនាទាំងឡាយ គប្បីស្ងប់រម្ងាប់ទៅ ដោយហេតុដ៏សមគួរ។

[២៦១] ម្នាលគហបតី បុថុជ្ជនដែលមិនចេះដឹង ប្រកបដោយមិច្ឆាសតិ មានសភាពយ៉ាងណា លុះរំលាងខន្ធ បន្ទាប់អំពីមរណៈ ក៏ទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក មិច្ឆាសតិ មានសភាពយ៉ាងនោះ មិនមានដល់អ្នកឡើយ។ ម្នាលគហបតី មួយទៀត សម្មាសតិ ក៏មានដល់អ្នក។ កាលបើអ្នកពិចារណាឃើញ នូវសម្មាសតិនោះ ចំពោះខ្លួន វេទនាទាំងឡាយ គប្បីស្ងប់រម្ងាប់ទៅ ដោយហេតុដ៏សមគួរ។

[២៦២] ម្នាលគហបតី បុថុជ្ជនដែលមិនចេះដឹង ជាអ្នកប្រកបដោយ មិច្ឆាសមាធិ មានសភាពយ៉ាងណា លុះដល់រំលាងខន្ធ បន្ទាប់អំពីមរណៈ ក៏ទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក មិច្ឆាសមាធិ មានសភាពយ៉ាងនោះ មិនមានដល់អ្នកឡើយ។ ម្នាលគហបតី មួយទៀត សម្មាសមាធិ ក៏មានដល់អ្នក។ កាលបើអ្នកពិចារណាឃើញ នូវសម្មាសមាធិ នោះចំពោះខ្លួន វេទនាទាំងឡាយ គប្បីស្ងប់រម្ងាប់ទៅ ដោយហេតុដ៏សមគួរ។

[២៦៣] ម្នាលគហបតី បុថុជ្ជនដែលមិនចេះដឹង ជាអ្នកប្រកបដោយមិច្ឆាញាណ មានសភាពយ៉ាងណា លុះដល់រំលាងខន្ធ បន្ទាប់អំពីមរណៈ ក៏ទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក មិច្ឆាញាណ មានសភាពយ៉ាងនោះ មិនមានដល់អ្នកឡើយ។ ម្នាលគហបតី មួយទៀត សម្មាញាណ ក៏មានដល់អ្នក។ កាលបើអ្នកពិចារណាឃើញ នូវសម្មាញាណ នោះ ចំពោះខ្លួន វេទនាទាំងឡាយ គប្បីស្ងប់រម្ងាប់ទៅ ដោយហេតុដ៏សមគួរ។

[២៦៤] ម្នាលគហបតី បុថុជ្ជនដែលមិនចេះដឹង ជាអ្នកប្រកបដោយមិច្ឆាវិមុត្តិ មានសភាពយ៉ាងណា លុះដល់រំលាងខន្ធ បន្ទាប់អំពីមរណៈ ក៏ទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក មិច្ឆាវិមុត្តិ មានសភាពយ៉ាងនោះ មិនមានដល់អ្នកឡើយ។ ម្នាលគហបតី មួយទៀត សម្មាវិមុត្តិ ក៏មានដល់អ្នក។ កាលបើអ្នកពិចារណាឃើញ នូវសម្មាវិមុត្តិនោះ ចំពោះខ្លួន វេទនាទាំងឡាយ គប្បីស្ងប់រម្ងាប់ទៅ ដោយហេតុដ៏សមគួរ។

[២៦៥] គ្រានោះឯង វេទនារបស់អនាថបិណ្ឌិកគហបតី ក៏ស្ងប់រម្ងាប់ដោយមួយរំពេច។ ទើបអនាថបិណ្ឌិកគហបតី អង្គាសព្រះសារីបុត្តដ៏មានអាយុផង ព្រះអានន្ទដ៏មានអាយុផង ដោយម្ហូបចំណីដ៏ឆ្អិន ក្នុងថាសជារបស់ខ្លួន។ អនាថបិណ្ឌិកគហបតី បានដឹងថា ព្រះសារីបុត្តដ៏មានអាយុឆាន់ហើយ ដាក់ព្រះហស្តចេញពីបាត្រហើយ ក៏កាន់យកនូវអាសនៈដ៏ទាបមួយ អង្គុយក្នុងទីដ៏សមគួរ។ ព្រះសារីបុត្តដ៏មានអាយុ អនុមោទនាចំពោះអនាថបិណ្ឌិកគហបតី ដែលអង្គុយក្នុងទីសមគួរ ដោយគាថាទាំងឡាយនេះថា

[២៦៦]

សទ្ធារបស់បុគ្គលណា មិនញាប់ញ័រ បានដម្កល់ស៊ប់ល្អហើយ ក្នុងព្រះតថាគតផង សីលរបស់បុគ្គលណាល្អ ដែលព្រះអរិយៈត្រូវការសរសើរផង។ សេចក្ដីជ្រះថ្លា ក្នុងសង្ឃ និងសេចក្ដីឃើញត្រង់ មានដល់បុគ្គលណាផង អ្នកប្រាជ្ញទាំងឡាយ ហៅបុគ្គលនោះថា ជាអ្នកមិនខ្សត់ ទាំងជីវិតរបស់បុគ្គលនោះ មិនសោះសូន្យឡើយ។ ហេតុនោះ អ្នកមានប្រាជ្ញា កាលបើរលឹកឃើញ នូវពុទ្ធសាសនាហើយ គួរប្រកបនូវសទ្ធាផង សីលផង សេចក្ដីជ្រះថ្លាផង ការឃើញធម៌ផង។

[២៦៧] លុះព្រះសារីបុត្តដ៏មានអាយុ បានអនុមោទនា ដោយគាថាទាំងឡាយនេះ ចំពោះអនាថបិណ្ឌិកគហបតីរួចហើយ ក៏ក្រោកចាកអាសនៈចេញទៅ។

[២៦៨] គ្រានោះឯង ព្រះអានន្ទដ៏មានអាយុ បានចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ រួចអង្គុយក្នុងទីដ៏សមគួរ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់សួរព្រះអានន្ទដ៏មានអាយុ ដែលអង្គុយក្នុងទីដ៏សមគួរថា ម្នាលអានន្ទ អ្នកទើបមកពីណាហ្ន៎ ថ្ងៃម្ល៉េះ។ បពិត្រព្រះអង្គដ៏ចំរើន ព្រះសារីបុត្តដ៏មានអាយុបានទូន្មានអនាថបិណ្ឌិកគហបតី ដោយឱវាទនេះផង នេះផង។ ម្នាលអានន្ទ សារីបុត្តជាបណ្ឌិត ម្នាលអានន្ទ សារីបុត្តមានប្រាជ្ញាច្រើន ព្រោះសារីបុត្ត អាចនឹងចែកនូវសោតាបត្តិយង្គ (អង្គនៃធម៌ សម្រាប់បាននូវសោតៈ) ៤ ដោយអាការ ១០ បាន។

(ទុតិយអនាថបិណ្ឌិកសូត្រ ទី៧)

(៧. ទុតិយអនាថបិណ្ឌិកសុត្តំ)

[២៦៩] សាវត្ថីនិទាន។ សម័យនោះឯង អនាថបិណ្ឌិកគហបតី មានអាពាធ ប្រកបដោយទុក្ខវេទនា ឈឺធ្ងន់។ គ្រានោះឯង អនាថបិណ្ឌិកគហបតីហៅបុរស ១ នាក់មកថា ម្នាលបុរសដ៏ចំរើន អ្នកចូរមកនេះ ចូរអ្នកទៅគាល់ព្រះអានន្ទ លុះចូលទៅដល់ហើយ ចូរថ្វាយបង្គំព្រះបាទាព្រះអានន្ទដ៏មានអាយុ ដោយក្បាល តាមពាក្យរបស់ខ្ញុំថា បពិត្រព្រះថេរៈដ៏ចំរើន អនាថបិណ្ឌិកគហបតី មានអាពាធ ប្រកបដោយទុក្ខវេទនា ឈឺធ្ងន់ លោកថ្វាយបង្គំព្រះបាទាព្រះអានន្ទដ៏មានអាយុ ដោយក្បាល។ ចូរអ្នកនិយាយយ៉ាងនេះ ទៀតថា បពិត្រព្រះថេរៈដ៏ចំរើន យើងខ្ញុំសូមអង្វរ សូមព្រះអានន្ទដ៏មានអាយុ និមន្ដទៅឯទីលំនៅ របស់អនាថបិណ្ឌិកគហបតី ដោយសេចក្តីអនុគ្រោះ។ បុរសនោះ ទទួលស្ដាប់អនាថបិណ្ឌិកគហបតីថា បាទ លោកដ៏ចំរើន ហើយចូលទៅគាល់ព្រះអានន្ទដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះអានន្ទដ៏មានអាយុ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះបុរសនោះ អង្គុយក្នុងទីដ៏សមគួរហើយ បាននិយាយនឹងព្រះអានន្ទ ដ៏មានអាយុ យ៉ាងនេះថា បពិត្រព្រះថេរៈដ៏ចំរើន អនាថបិណ្ឌិកគហបតី មានអាពាធ ប្រកបដោយទុក្ខវេទនា ឈឺធ្ងន់ លោកថ្វាយបង្គំព្រះបាទាព្រះអានន្ទដ៏មានអាយុ ដោយក្បាល។ ទាំងនិយាយយ៉ាងនេះទៀតថា បពិត្រព្រះថេរៈដ៏ចំរើន យើងខ្ញុំសូមអង្វរ សូមព្រះអានន្ទដ៏មានអាយុ និមន្តទៅឯទីលំនៅ របស់អនាថបិណ្ឌិកគហបតី ដើម្បីសេចក្ដីអនុគ្រោះ។ ព្រះអានន្ទដ៏មានអាយុ បានទទួលនិមន្តដោយតុណ្ហីភាព។

[២៧០] គ្រានោះឯង ព្រះអានន្ទដ៏មានអាយុ ស្លៀកស្បង់ ប្រដាប់ដោយបាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ហើយចូលទៅឯទីលំនៅ របស់អនាថបិណ្ឌិកគហបតី លុះចូលទៅដល់ហើយ ក៏គង់លើអាសនៈ ដែលគេក្រាលទុក។ លុះព្រះអានន្ទដ៏មានអាយុ គង់ស៊ប់ហើយ បាននិយាយនឹងអនាថបិណ្ឌិកគហបតី យ៉ាងនេះថា

[២៧១] ម្នាលគហបតី សរីរយន្តរបស់អ្នក ល្មមអត់ទ្រាំបានទេឬ ល្មមឲ្យប្រព្រឹត្តទៅបានទេឬ ទុក្ខវេទនា បានស្រាកស្រាន្តទៅ មិនរឹតឡើង មានតែធូរថយទៅ មិន ចំរើនឡើងទេឬ។ បពិត្រព្រះថេរៈដ៏ចំរើន សរីរយន្តរបស់ខ្ញុំព្រះករុណា មិនល្មមអត់ ទ្រាំបានទេ មិនល្មមឲ្យប្រព្រឹត្តទៅបានទេ ទុក្ខវេទនារបស់ខ្ញុំខ្លាំងណាស់ ចំរើនឡើង មិនធូរស្រាលទេ មានតែរឹតឡើង មិនស្រាកស្រាន្តទេ។

[២៧២] ម្នាលគហបតី សេចក្ដីតក់ស្លុតរន្ធត់ និងសេចក្ដីខ្លាចស្លាប់ទៅខាងមុខ តែងមានដល់បុថុជ្ជន ជាអ្នកមិនចេះដឹង ប្រកបដោយធម៌ ៤។ ធម៌ ៤ តើដូចម្ដេចខ្លះ។ ម្នាលគហបតី បុថុជ្ជនក្នុងលោកនេះ ជាអ្នកមិនចេះដឹង ប្រកបដោយសេចក្ដីមិនជ្រះថ្លា ក្នុងព្រះពុទ្ធ។ កាលបើបុថុជ្ជននោះ ពិចារណាឃើញសេចក្ដីមិនជ្រះថ្លា ក្នុងព្រះពុទ្ធនោះ ក្នុងខ្លួន រមែងកើតសេចក្ដីតក់ស្លុត រន្ធត់ និងសេចក្ដីខ្លាចស្លាប់ទៅខាងមុខ។ ម្នាលគហបតី មួយទៀត បុថុជ្ជនជាអ្នកមិនចេះដឹង ប្រកបដោយសេចក្ដីមិនជ្រះថ្លា ក្នុងព្រះធម៌។ កាលបើបុថុជ្ជននោះ ពិចារណាឃើញ នូវសេចក្ដីមិនជ្រះថ្លា ក្នុងព្រះធម៌នោះ ក្នុងខ្លួន រមែងមានសេចក្ដីតក់ស្លុតរន្ធត់ និងសេចក្ដីខ្លាចស្លាប់ ទៅខាងមុខ។ ម្នាលគហបតី មួយទៀត បុថុជ្ជន ជាអ្នកមិនចេះដឹង ប្រកបដោយសេចក្ដីមិនជ្រះថ្លា ក្នុងព្រះសង្ឃ។ កាលបើបុថុជ្ជននោះ ពិចារណាឃើញ នូវសេចក្ដីមិនជ្រះថ្លា ក្នុងព្រះសង្ឃនោះ ក្នុងខ្លួន រមែងមានសេចក្ដីតក់ស្លុតរន្ធត់ និងសេចក្ដីខ្លាចស្លាប់ ទៅខាងមុខ។ ម្នាលគហបតី មួយទៀត បុថុជ្ជនជាអ្នកមិនចេះដឹង ប្រកបដោយភាពជាបុគ្គលទ្រុស្ដសីល។ កាលបើបុថុជ្ជន ពិចារណាឃើញ នូវភាពជាអ្នកទ្រុស្ដសីលនោះក្នុងខ្លួន រមែងមានសេចក្ដីតក់ស្លុតរន្ធត់ និងសេចក្ដីខ្លាចស្លាប់ ទៅខាងមុខ។ ម្នាលគហបតី សេចក្ដីតក់ស្លុតរន្ធត់ និងសេចក្ដីខ្លាចស្លាប់ ទៅខាងមុខ តែងកើតឡើង ដល់បុថុជ្ជនជាអ្នកមិនចេះដឹង ប្រកបដោយធម៌ ៤ នេះឯង។

[២៧៣] ម្នាលគហបតី អរិយសាវក ជាអ្នកចេះដឹង ប្រកបដោយធម៌ ៤ រមែងមិនតក់ស្លុត មិនរន្ធត់ មិនខ្លាចស្លាប់ ទៅខាងមុខទេ។ ធម៌ ៤ តើអ្វីខ្លះ។ ម្នាលគហបតី អរិយសាវក ក្នុងសាសនានេះ ជាអ្នកចេះដឹង ប្រកបដោយសេចក្ដីជ្រះថ្លា មិនកម្រើក ក្នុងព្រះពុទ្ធថា ព្រះដ៏មានព្រះភាគ អង្គនោះ។បេ។ ជាសាស្ដានៃទេវតា និងមនុស្សទាំងឡាយ ជាព្រះពុទ្ធមានជោគ ដោយហេតុដូច្នេះឯង។ កាលបើអរិយសាវកនោះ ពិចារណាឃើញនូវសេចក្ដីជ្រះថ្លា មិនកម្រើក ក្នុងព្រះពុទ្ធនោះ ក្នុងខ្លួន រមែងមិនតក់ស្លុត មិនរន្ធត់ មិនខ្លាចស្លាប់ទៅខាងមុខទេ។ ម្នាលគហបតី មួយទៀត អរិយសាវក ជាអ្នកចេះដឹង ប្រកបដោយសេចក្ដីជ្រះថ្លាមិនកម្រើក ក្នុងព្រះធម៌ថា ព្រះធម៌ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែង ដោយប្រពៃហើយ។បេ។ ជាធម៌ ដែលពួកវិញ្ញូជន គួរដឹងចំពោះខ្លួន។ កាលបើអរិយសាវកនោះ ពិចារណាឃើញ នូវសេចក្ដីជ្រះថ្លា មិនកម្រើក ក្នុងព្រះធម៌នោះ ក្នុងខ្លួន រមែងមិនតក់ស្លុត មិនរន្ធត់ មិនខ្លាចស្លាប់ ទៅខាងមុខទេ។ ម្នាលគហបតី មួយទៀត អរិយសាវក ជាអ្នកចេះដឹង ប្រកបដោយសេចក្ដីជ្រះថ្លា មិនកម្រើក ក្នុងព្រះសង្ឃថា ព្រះសង្ឃជាសាវក របស់ព្រះដ៏មានព្រះភាគ លោកប្រតិបត្តិល្អហើយ។បេ។ ជាបុញ្ញក្ខេត្តរបស់សត្វលោក ដ៏ប្រសើរបំផុត។ កាលបើអរិយសាវកនោះ ពិចារណាឃើញ នូវសេចក្ដីជ្រះថ្លាមិនកម្រើក ក្នុងព្រះសង្ឃនោះ ក្នុងខ្លួន រមែងមិនតក់ស្លុត មិនរន្ធត់ មិនខ្លាចស្លាប់ទៅខាងមុខទេ។ ម្នាលគហបតី អរិយសាវកជាអ្នកចេះដឹង ប្រកបដោយអរិយកន្តសីល ជាសីលមិនដាច់។បេ។ ប្រព្រឹត្តទៅ ដើម្បីសមាធិ។ កាលបើអរិយសាវកនោះ ពិចារណាឃើញនូវអរិយកន្តសីលទាំងនោះ ក្នុងខ្លួន រមែងមិនតក់ស្លុត មិនរន្ធត់ មិនខ្លាចស្លាប់ទៅខាងមុខឡើយ។ ម្នាលគហបតី អរិយសាវក ជាអ្នកចេះដឹង ប្រកបដោយធម៌ ៤ នេះឯងហើយ រមែងមិនតក់ស្លុត មិនរន្ធត់ មិនខ្លាចស្លាប់ទៅខាងមុខ។

[២៧៤] បពិត្រព្រះអានន្ទដ៏ចំរើន ខ្ញុំព្រះករុណា មិនខ្លាចទេ ខ្ញុំព្រះកុរណា នឹងទូលចំពោះលោក បពិត្រលោកដ៏ចំរើន ព្រោះខ្ញុំព្រះករុណា ប្រកបដោយសេចក្ដីជ្រះថ្លា មិនកម្រើក ក្នុងព្រះពុទ្ធថា ព្រះដ៏មានព្រះភាគនោះ។បេ។ ជាសាស្ដានៃទេវតា និងមនុស្សទាំងឡាយ ជាព្រះពុទ្ធមានជោគ។ ក្នុងព្រះធម៌។ ជាអ្នកប្រកបដោយសេចក្ដីជ្រះថ្លា មិនកម្រើក ក្នុងព្រះសង្ឃថា ព្រះសង្ឃសាវកនៃព្រះដ៏មានព្រះភាគ ប្រតិបត្តិល្អហើយ។បេ។ ជាស្រែបុណ្យនៃសត្វលោក ដ៏ប្រសើរបំផុត។ បពិត្រលោកដ៏ចំរើន សិក្ខាបទណា ដ៏សមគួរដល់គ្រហស្ថ ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយ ខ្ញុំព្រះករុណា មិនឃើញច្បាស់ នូវការដាច់សិក្ខាបទទាំងនោះតិចតួច ក្នុងខ្លួនឡើយ។ ម្នាលគហបតី (នេះ) ជាលាភ របស់អ្នកហើយ ម្នាលគហបតី អ្នកបានល្អហើយ ម្នាលគហបតី ព្រោះអ្នកបានធ្វើឲ្យជាក់ច្បាស់ នូវសោតាបត្តិផលហើយ។

(បឋមភយវេរូបសន្តសូត្រ ទី៨)

(៨. បឋមភយវេរូបសន្តសុត្តំ)

[២៧៥] សាវត្ថីនិទាន។ ព្រះដ៏មានព្រះភាគ បានត្រាស់ចំពោះអនាថបិណ្ឌិក គហបតី ដែលអង្គុយក្នុងទីដ៏សមគួរ យ៉ាងនេះថា ម្នាលគហបតី កាលណាអរិយសាវកបានស្ងប់រម្ងាប់ពៀរ ដែលគួរខ្លាច ៥ ផង ប្រកបដោយសោតាបត្តិយង្គ ៤ ផង អរិយសាវកនោះ បានឃើញ បានចាក់ធ្លុះ នូវធម៌ដ៏ប្រសើរ ដោយប្រាជ្ញាផង។ អរិយសាវកនោះ កាលប្រាថ្នា អាចព្យាករខ្លួន ដោយខ្លួនឯងថា អាត្មាអញ អស់នរកហើយ លែងមានកំណើតតិរច្ឆានហើយ លែងមានកំណើតប្រេតហើយ អស់អបាយ ទុគ្គតិ វិនិបាតហើយ អាត្មា អញ បានសម្រេចស្រោតៈហើយ ជាបុគ្គលមិនធ្លាក់ចុះ (ក្នុងអបាយ) ជាធម្មតា ទៀងតែនឹងបានត្រាស់ដឹងទៅខាងមុខ។

[២៧៦] ពៀរដែលគួរខ្លាច ៥ ជាកម្មបានស្ងប់រម្ងាប់ តើដូចម្ដេច។ ម្នាលគហបតី បុគ្គលធ្វើបាណាតិបាត តែងទទួលពៀរ ដែលគួរខ្លាច ក្នុងបច្ចុប្បន្នផង តែងទទួលពៀរដែលគួរខ្លាច ក្នុងលោកខាងមុខផង តែងរងទុក្ខទោមនស្ស ចំពោះចិត្តផង ព្រោះបាណាតិបាត ជាបច្ច័យឯណា អរិយសាវក ដែលវៀរចាកបាណាតិបាតហើយ តែងស្ងប់រម្ងាប់ពៀរ ដែលគួរខ្លាចនោះ យ៉ាងនោះ។ ម្នាលគហបតី បុគ្គលប្រព្រឹត្តអទិន្នាទានឯណា។ ម្នាលគហបតី បុគ្គលប្រព្រឹត្តកាមេសុមិច្ឆាចារឯណា។ ម្នាលគហបតី បុគ្គលប្រព្រឹត្តមុសាវាទឯណា។ ម្នាលគហបតី បុគ្គលផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ ដែលជាហេតុនៃសេចក្ដីប្រមាទ តែងទទួលពៀរ ដែលគួរខ្លាច ក្នុងបច្ចុប្បន្នផង តែងទទួលពៀរដែលគួរខ្លាច ក្នុងលោកខាងមុខផង តែងរងទុក្ខទោមនស្ស ចំពោះចិត្តផង ព្រោះផឹកទឹកស្រវឹង គឺសុរា និងមេរ័យ ដែលជាហេតុ នៃសេចក្ដីប្រមាទ ជាបច្ច័យឯណា អរិយសាវកដែលវៀរទឹកស្រវឹង គឺសុរា និងមេរ័យ ដែលជាទីតាំង នៃសេចក្ដីប្រមាទហើយ រមែងស្ងប់រម្ងាប់ពៀរ ដែលគួរខ្លាចនោះ យ៉ាងនោះ។ ពៀរដែលគួរខ្លាច ទាំង ៥ នេះ បានស្ងប់រម្ងាប់ហើយ។

[២៧៧] អរិយសាវក ប្រកបដោយ សោតាបត្តិយង្គ ៤ តើដូចម្ដេច។ ម្នាលគហបតី អរិយសាវក ក្នុងសាសនានេះ ប្រកបដោយ សេចក្ដីជ្រះថ្លាមិនកម្រើក ក្នុងព្រះពុទ្ធថា ព្រះដ៏មានព្រះភាគនោះ។បេ។ ជាសាស្ដានៃទេវតា និងមនុស្សទាំងឡាយ ជាព្រះពុទ្ធមានជោគ យ៉ាងនេះឯង។ ក្នុងព្រះធម៌។ ក្នុងព្រះសង្ឃ។ ប្រកបដោយអរិយកន្តសីល ជាសីលមិនដាច់។បេ។ ប្រព្រឹត្តទៅ ដើម្បីសមាធិ។ អរិយសាវក តែងប្រកបដោយសោតាបត្តិយង្គទាំង ៤ នេះ។

[២៧៨] ញាយធម៌ដ៏ប្រសើរ ដែលអរិយសាវកនោះ បានឃើញល្អ បានចាក់ធ្លុះ ដោយល្អ តើដូចម្ដេច។ ម្នាលគហបតី អរិយសាវក ក្នុងសាសនានេះ តែងធ្វើទុកក្នុងចិត្តដោយឧបាយ នៃប្រាជ្ញា នូវបដិច្ចសមុប្បាទធម៌ ឲ្យប្រពៃថា កាលបើមានរបស់នេះ ទើបរបស់នេះមាន ព្រោះតែរបស់នេះកើតឡើង ទើបរបស់នេះកើតឡើង បើរបស់នេះ មិនមានទេ របស់នេះ ក៏មិនមាន លុះតែរបស់នេះរលត់ទៅ ទើបរបស់នេះ រលត់ដែរ។ ដូចជា សង្ខារទាំងឡាយ កើតឡើង ព្រោះអវិជ្ជាជាបច្ច័យ វិញ្ញាណកើតឡើង ព្រោះសង្ខារជា បច្ច័យ។បេ។ ការកើតឡើង នៃកងទុក្ខទាំងអស់នុ៎ះ តែងមានយ៉ាងនេះ។ លុះតែអវិជ្ជារលត់ ដោយអរិយមគ្គ មិនមានសេសសល់ ទើបរលត់សង្ខារបាន។បេ។ ការរលត់កងទុក្ខទាំងអស់នុ៎ះ តែងមាន យ៉ាងនេះឯង។ នេះជាញាយធម៌ដ៏ប្រសើរ ដែលអរិយសាវកនោះ ឃើញល្អហើយ ចាក់ធ្លុះល្អហើយ ដោយប្រាជ្ញា។

[២៧៩] ម្នាលគហបតី កាលណា អរិយសាវកបានស្ងប់រម្ងាប់ពៀរ ដែលគួរខ្លាច ទាំង៥ នេះ (អរិយសាវកនោះ) ប្រកបដោយសោតាបត្តិយង្គ ទាំង ៤ នេះ នេះជាញាយធម៌ដ៏ប្រសើរ ដែលអរិយសាវក បានឃើញល្អ បានចាក់ធ្លុះល្អហើយ ដោយប្រាជ្ញាដែរ។ អរិយសាវកនោះ កាលប្រាថ្នា អាចព្យាករខ្លួន ដោយខ្លួនឯងថា អាត្មាអញ អស់នរកហើយ លែងមានកំណើតតិរច្ឆានហើយ លែងមានកំណើតប្រេតហើយ អស់អបាយ ទុគ្គតិ និង វិនិបាតហើយ អាត្មាអញ បានសម្រេចស្រោតៈហើយ មានធម៌មិនបានធ្លាក់ចុះ ទៀងតែនឹងបានត្រាស់ដឹងទៅខាងមុខ។

(ទុតិយភយវេរូបសន្តសូត្រ ទី៩)

(៩. ទុតិយភយវេរូបសន្តសុត្តំ)

[២៨០] សាវត្ថីនិទាន។បេ។ ម្នាលភិក្ខុទាំងឡាយ កាលណាអរិយសាវក បានស្ងប់រម្ងាប់ពៀរ ដែលគួរខ្លាច ទាំង ៥ នេះ (អរិយសាវកនោះ) ប្រកបដោយសោតាបត្តិយង្គ ៤ នេះ នេះជាញាយធម៌ដ៏ប្រសើរ ដែលអរិយសាវក បានឃើញល្អ បានចាក់ធ្លុះល្អហើយ ដោយប្រាជ្ញាដែរ។ អរិយសាវកនោះ កាលប្រាថ្នា គប្បីព្យាករខ្លួន ដោយខ្លួនឯងថា អាត្មា អញ អស់នរកហើយ លែងមានកំណើតតិរច្ឆានហើយ លែងមានកំណើតប្រេតហើយ អស់អបាយ ទុគ្គតិ និងវិនិបាតហើយ អាត្មាអញ បានសម្រេចស្រោតៈហើយ មានធម៌មិនបានធ្លាក់ចុះ ទៀងតែនឹងត្រាស់ដឹងទៅខាងមុខ។

(នន្ទកលិច្ឆវិសូត្រ ទី១០)

(១០. នន្ទកលិច្ឆវិសុត្តំ)

[២៨១] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងកូដាគារសាលា នា មហាវន ជិតក្រុងវេសាលី។ គ្រានោះឯង លិច្ឆវិមហាមាត្យឈ្មោះ នន្ទកៈ បានចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ រួចអង្គុយក្នុងទីដ៏សមគួរ។ ព្រះដ៏មានព្រះភាគ បានត្រាស់ចំពោះលិច្ឆវិមហាមាត្យ ឈ្មោះនន្ទកៈ ដែលអង្គុយក្នុងទីដ៏សមគួរ យ៉ាងនេះថា

[២៨២] ម្នាលនន្ទកៈ អរិយសាវក ប្រកបដោយធម៌ ៤ តែងសម្រេចស្រោតៈ ជាអ្នកមានធម៌មិនបានធ្លាក់ចុះ ទៀងតែនឹងត្រាស់ដឹង ទៅខាងមុខ។ ធម៌ ៤ តើដូចម្ដេចខ្លះ។ ម្នាលនន្ទកៈ អរិយសាវក ក្នុងសាសនានេះ ប្រកបដោយសេចក្ដីជ្រះថ្លា មិនកម្រើក ក្នុងព្រះពុទ្ធថា ព្រះដ៏មានព្រះភាគនោះ។បេ។ ជាសាស្ដានៃទេវតា និងមនុស្សទាំងឡាយ ជាព្រះពុទ្ធមានជោគ។ ក្នុងព្រះធម៌។ ក្នុងព្រះសង្ឃ។ ប្រកបដោយអរិយកន្តសីល ជាសីលមិនដាច់។បេ។ ប្រព្រឹត្តទៅ ដើម្បីសមាធិ។ ម្នាលនន្ទកៈ អរិយសាវក ប្រកបដោយធម៌ ៤ នេះឯង តែងសម្រេចស្រោតៈ មានធម៌មិនបានធ្លាក់ចុះ ទៀងតែនឹងត្រាស់ដឹង ទៅខាងមុខ។

[២៨៣] ម្នាលនន្ទកៈ អរិយសាវក ប្រកបដោយធម៌ ៤ នេះហើយ កបកល់ដោយអាយុជាទិព្វផង ជារបស់មនុស្សផង កបកល់ដោយសម្បុរជាទិព្វផង ជារបស់មនុស្សផង កបកល់ដោយសេចក្ដីសុខ ជាទិព្វផង ជារបស់មនុស្សផង កបកល់ដោយយសជាទិព្វផង ជារបស់មនុស្សផង កបកល់ដោយអាធិបតេយ្យ ជាទិព្វផង ជារបស់មនុស្សផង។ ម្នាល នន្ទកៈ តថាគតមិនមែនឮអំពីសំណាក់សមណៈដទៃ ឬព្រាហ្មណ៍ដទៃ ហើយនិយាយដូច្នោះទេ ប្រាកដជារបស់ណា ដែលតថាគតដឹងខ្លួនឯង ឃើញខ្លួនឯង យល់ខ្លួនឯង តថាគត ក៏និយាយតាមដឹងនោះឯង។

[២៨៤] កាលបើព្រះដ៏មានព្រះភាគ ត្រាស់យ៉ាងនេះហើយ បុរស ១ នាក់ បាននិយាយនឹងលិច្ឆវិមហាមាត្យ ឈ្មោះនន្ទកៈ យ៉ាងនេះថា បពិត្រលោកដ៏ចំរើន កាលនេះ ជាកាលគួរងូតទឹក។ ម្នាលនាយ ឥឡូវនេះ មិនគួរនឹងត្រូវការដោយការងូត ជាខាងក្រៅនុ៎ះទេ គួរនឹងងូតខាងក្នុងខ្លួននេះវិញ គឺការធ្វើចិត្តឲ្យជ្រះថ្លា ក្នុងព្រះដ៏មានព្រះភាគ។

ចប់ សរកានិវគ្គ ទី៣។

ឧទាននៃសរកានិវគ្គនោះគឺ

សំដែងរឿងមហានាមសក្យ ពីរសូត្រ រឿងគោធាសក្យ ១ សូត្រ សរកានិសក្យ ២ សូត្រ សំដែងរឿងទ្រុស្តសីល ២ សូត្រ រឿងពៀរ ដែលគួរខ្លាច ២ សូត្រ សំដែងរឿងលិច្ឆវិមហាមាត្យ ឈ្មោះនន្ទកៈ ជាគំរប់ ១០ សូត្រ ហេតុនោះ បានជាលោកចាក់ជា ១ វគ្គ។

បុញ្ញាភិសន្ទវគ្គ ទី៤

(៤. បុញ្ញាភិសន្ទវគ្គោ)

(បឋមបុញ្ញាភិសន្ទសូត្រ ទី១)

(១. បឋមបុញ្ញាភិសន្ទសុត្តំ)

[២៨៥] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ស្ទឹងគឺបុណ្យ ស្ទឹងគឺកុសល ជា បច្ច័យនៃសេចក្ដីសុខនេះ មាន ៤។ ស្ទឹងគឺបុណ្យ ស្ទឹងគឺកុសល ៤ តើដូចម្ដេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក ក្នុងសាសនានេះ ជាអ្នកប្រកបដោយសេចក្ដីជ្រះថ្លា មិនញាប់ញ័រ ក្នុងព្រះពុទ្ធថា ព្រះដ៏មានព្រះភាគនោះ។បេ។ ជាសាស្ដានៃទេវតា និងមនុស្សទាំងឡាយ ជាព្រះពុទ្ធមានជោគ ដោយហេតុដូច្នេះឯង។ នេះស្ទឹងគឺបុណ្យ ស្ទឹងគឺកុសល ជាបច្ច័យនៃសេចក្ដីសុខ ទី១។ ម្នាលភិក្ខុទាំងឡាយ មួយទៀត អរិយសាវកជាអ្នកប្រកបដោយសេចក្ដីជ្រះថ្លា មិនញាប់ញ័រ ក្នុងព្រះធម៌ថា ធម៌ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែងល្អហើយ។បេ។ ដែលអ្នកប្រាជ្ញទាំងឡាយ គប្បីដឹងចំពោះខ្លួន។ នេះស្ទឹងគឺបុណ្យ ស្ទឹងគឺកុសល ជាបច្ច័យនៃសេចក្ដីសុខទី ២។ ម្នាលភិក្ខុទាំងឡាយ មួយទៀត អរិយសាវក ជាអ្នកប្រកបដោយសេចក្ដីជ្រះថ្លា មិនញាប់ញ័រ ក្នុងព្រះសង្ឃថា សង្ឃសាវក នៃព្រះដ៏មានព្រះភាគ ប្រតិបត្តិល្អហើយ។បេ។ ជាស្រែបុណ្យនៃសត្វលោកប្រសើរបំផុត។ នេះស្ទឹងគឺបុណ្យ ស្ទឹងគឺកុសល ជាបច្ច័យនៃសេចក្ដីសុខទី ៣។ ម្នាលភិក្ខុទាំងឡាយ មួយទៀត អរិយសាវក ជាអ្នកប្រកបដោយអរិយកន្តសីល ជាសីលមិនដាច់។បេ។ ប្រព្រឹត្តទៅ ដើម្បីសមាធិ។ នេះស្ទឹងគឺបុណ្យ ស្ទឹងគឺកុសល ជាបច្ច័យនៃសេចក្ដីសុខទី ៤។ ម្នាលភិក្ខុទាំងឡាយ ស្ទឹងគឺបុណ្យ ស្ទឹងគឺកុសល ទាំង ៤ នេះឯង ជាបច្ច័យនៃសេចក្ដីសុខ។

(ទុតិយបុញ្ញាភិសន្ទសូត្រ ទី២)

(២. ទុតិយបុញ្ញាភិសន្ទសុត្តំ)

[២៨៦] ម្នាលភិក្ខុទាំងឡាយ ស្ទឹងគឺបុណ្យ ស្ទឹងគឺកុសល ជាបច្ច័យនៃសេចក្ដីសុខនេះ មាន ៤។ ស្ទឹងគឺបុណ្យ ស្ទឹងគឺកុសល ៤ តើដូចម្ដេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក ក្នុងសាសនានេះ ប្រកបដោយសេចក្ដីជ្រះថ្លា មិនញាប់ញ័រ ក្នុងព្រះពុទ្ធថា ព្រះដ៏មានព្រះភាគនោះ។បេ។ ជាសាស្ដានៃទេវតា និងមនុស្សទាំងឡាយ ជាព្រះពុទ្ធមានជោគ ដោយហេតុដូច្នេះឯង។ នេះស្ទឹងគឺបុណ្យ ស្ទឹងគឺកុសល ជាបច្ច័យនៃសេចក្ដីសុខទី ១។ ម្នាលភិក្ខុទាំងឡាយ មួយទៀត អរិយសាវក ប្រកបដោយសេចក្ដីជ្រះថ្លា មិនញាប់ញ័រ ក្នុងព្រះធម៌។ ក្នុងព្រះសង្ឃ។ ជាអ្នកមានចិត្តប្រាសចាកមន្ទិល គឺសេចក្ដីកំណាញ់ នៅគ្រប់គ្រងផ្ទះ តែងមានចាគៈរួចស្រឡះហើយ មានបាតដៃលាងចាំតែឲ្យ ត្រេកអរ ក្នុងការលះបង់ ជាអ្នកគួរគេសូមបាន ត្រេកអរក្នុងការឲ្យ និងការចែករលែក។ នេះស្ទឹងគឺបុណ្យ ស្ទឹងគឺកុសល ជាបច្ច័យនៃសេចក្ដីសុខ ទី ៤។ ម្នាលភិក្ខុទាំងឡាយ នេះឯង ស្ទឹងគឺបុណ្យ ស្ទឹងគឺកុសល ទាំង ៤ ជាបច្ច័យនៃសេចក្ដីសុខ។

(តតិយបុញ្ញាភិសន្ទសូត្រ ទី៣)

(៣. តតិយបុញ្ញាភិសន្ទសុត្តំ)

[២៨៧] ម្នាលភិក្ខុទាំងឡាយ ស្ទឹងគឺបុណ្យ ស្ទឹងគឺកុសល ជាបច្ច័យនៃសេចក្ដីសុខនេះ មាន ៤។ ស្ទឹងគឺបុណ្យ ស្ទឹងគឺកុសល ៤ តើដូចម្ដេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក ក្នុងសាសនានេះ ជាអ្នកប្រកបដោយសេចក្ដីជ្រះថ្លា មិនញាប់ញ័រ ក្នុងព្រះពុទ្ធថា ព្រះដ៏មានព្រះភាគនោះ។បេ។ ជាសាស្ដានៃទេវតា និងមនុស្សទាំងឡាយ ជាព្រះពុទ្ធមានបុញ្ញសិរី ដោយហេតុដូច្នេះឯង។ នេះស្ទឹងគឺបុណ្យ ស្ទឹងគឺកុសល ជាបច្ច័យនៃសេចក្ដីសុខ ទី ១។ ម្នាលភិក្ខុទាំងឡាយ មួយទៀត អរិយសាវកជាអ្នក (ប្រកបដោយសេចក្ដីជ្រះថ្លា មិនញាប់ញ័រ) ក្នុងព្រះធម៌។ ក្នុងព្រះសង្ឃ។ អរិយសាវក ជាអ្នកមានប្រាជ្ញា ប្រកបដោយបញ្ញា ជាគ្រឿងកំណត់យល់សេចក្ដីចំរើន និងវិនាស ជាប្រាជ្ញាដ៏ប្រសើរមោះមុត ប្រព្រឹត្តទៅ ដើម្បីអស់ទុក្ខដោយប្រពៃ។ នេះស្ទឹងគឺបុណ្យ ស្ទឹងគឺកុសល ជាបច្ច័យនៃសេចក្ដីសុខ ទី ៤។ ម្នាលភិក្ខុទាំងឡាយ នេះឯង ស្ទឹងគឺបុណ្យ ស្ទឹងគឺកុសល ទាំង ៤ ជាបច្ច័យនៃសេចក្តីសុខ។

(បឋមទេវបទសូត្រ ទី៤)

(៤. បឋមទេវបទសុត្តំ)

[២៨៨] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ទេវបទ11) របស់វិសុទ្ធិទេវតា12) ៤ នេះ ប្រព្រឹត្តទៅ ដើម្បីសេចក្ដីបរិសុទ្ធិ ដល់ពួកសត្វ ដែលមិនទាន់បរិសុទ្ធ ដើម្បីផូរផង់ ដល់ពួកសត្វ ដែលមិនទាន់ផូរផង់។ ទេវបទ ៤ តើដូចម្ដេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក ក្នុងសាសនានេះ ជាអ្នកប្រកបដោយសេចក្ដីជ្រះថ្លា មិនញាប់ញ័រ ក្នុងព្រះពុទ្ធថា ព្រះដ៏មានព្រះភាគនោះ។បេ។ ជាសាស្ដានៃទេវតា និងមនុស្សទាំងឡាយ ជាព្រះពុទ្ធដ៏មានព្រះភាគ ដោយហេតុដូច្នេះឯង។ នេះជាទេវបទ ទី ១ របស់ពួកទេវតា ប្រព្រឹត្តទៅ ដើម្បីសេចក្ដីបរិសុទ្ធិ ដល់ពួកសត្វ ដែលមិនទាន់បរិសុទ្ធ ប្រព្រឹត្តទៅ ដើម្បីសេចក្តីផូរផង់ ដល់ពួកសត្វ ដែលនៅមិនទាន់ផូរផង់។ ម្នាលភិក្ខុទាំងឡាយ មួយទៀត អរិយសាវក (ប្រកបដោយសេចក្តីជ្រះថ្លា មិនញាប់ញ័រ) ក្នុងព្រះធម៌។ ក្នុងព្រះសង្ឃ។ ប្រកបដោយអរិយកន្តសីល ជាសីលមិនដាច់។ បេ។ ប្រព្រឹត្តទៅ ដើម្បីសមាធិ។ នេះជាទេវបទ ទី ៤ របស់ពួកទេវតា ប្រព្រឹត្តទៅ ដើម្បីសេចក្តីបរិសុទ្ធិ ដល់ពួកសត្វ ដែលមិនទាន់បរិសុទ្ធ ដើម្បីសេចក្តីផូរផង់ ដល់ពួកសត្វ ដែលមិនទាន់ផូរផង់។ ម្នាលភិក្ខុទាំងឡាយ ទាំង ៤ នេះឯង ជាទេវបទ របស់ពួកទេវតា ប្រព្រឹត្តទៅ ដើម្បីសេចក្តីបរិសុទ្ធិ ដល់ពួកសត្វ ដែលមិនទាន់បរិសុទ្ធ ដើម្បីសេចក្តីផូរផង់ ដល់ពួកសត្វ ដែលមិនទាន់ផូរផង់។

(ទុតិយទេវបទសូត្រ ទី៥)

(៥. ទុតិយទេវបទសុត្តំ)

[២៨៩] ម្នាលភិក្ខុទាំងឡាយ ទេវបទ ៤ របស់ពួកទេវតានេះ ប្រព្រឹត្តទៅ ដើម្បីសេចក្ដីបរិសុទ្ធិ ដល់ពួកសត្វ ដែលមិនទាន់បរិសុទ្ធ ដើម្បីសេចក្ដីផូរផង់ ដល់ពួកសត្វ ដែលមិនទាន់ផូរផង់។ ទេវបទ ៤ តើដូចម្ដេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក ក្នុងសាសនានេះ ប្រកបដោយសេចក្ដីជ្រះថ្លា មិនញាប់ញ័រ ក្នុងព្រះពុទ្ធថា ព្រះដ៏មានព្រះភាគនោះ។បេ។ ជាសាស្ដានៃទេវតា និងមនុស្សទាំងឡាយ ជាព្រះពុទ្ធមានជោគ ដោយហេតុដូច្នេះឯង។ អរិយសាវកនោះ រមែងពិចារណា ដូច្នេះថា ទេវបទ របស់ពួកទេវតា តើដូចម្ដេចហ្ន៎។ អរិយសាវកនោះ រមែងដឹងច្បាស់ យ៉ាងនេះថា អាត្មាអញ ឮដំណឹងពួកទេវតា ដែលជាអ្នកមានសេចក្ដីមិនព្យាបាទយ៉ាងឧក្រិដ្ឋ ក្នុងកាលឥឡូវនេះ អាត្មាអញ ក៏មិនបានបៀតបៀនសត្វណាមួយ ទោះតក់ស្លុតក្ដី រឹងប៉ឹងក្ដី អាត្មាអញ ជាអ្នកប្រកបដោយធម៌ ជាទេវបទ ដោយពិត។ នេះជាទេវបទ ទី ១ របស់ពួកទេវតា ប្រព្រឹត្តទៅ ដើម្បីសេចក្ដីបរិសុទ្ធិ ដល់ពួកសត្វ ដែលមិនទាន់បរិសុទ្ធ ដើម្បីសេចក្ដីហ្មត់ចត់ ដល់ពួកសត្វ ដែលមិនទាន់ហ្មត់ចត់។ ម្នាលភិក្ខុទាំងឡាយ មួយទៀត អរិយសាវក (ប្រកបដោយសេចក្ដីជ្រះថ្លា មិនញាប់ញ័រ) ក្នុងព្រះធម៌។ ក្នុងព្រះសង្ឃ។ ប្រកបដោយ អរិយកន្តសីល ជាសីលមិនដាច់។ បេ។ ប្រព្រឹត្តទៅ ដើម្បីសមាធិ។ អរិយសាវកនោះ តែងពិចារណា ដូច្នេះថា ទេវបទរបស់ពួកទេវតា តើដូចម្ដេចហ្ន៎។ អរិយសាវកនោះ រមែងដឹងយ៉ាងនេះថា អាត្មាអញ ឮដំណឹងពួកទេវតា ដែលជាអ្នកមិនមានព្យាបាទ យ៉ាងឧក្រិដ្ឋ ក្នុងកាលឥឡូវនេះ អាត្មាអញ ក៏មិនបានបៀតបៀនសត្វណាមួយ ទោះតក់ស្លុតក្ដី រឹងប៉ឹងក្ដី អាត្មាអញ ជាអ្នកប្រកបដោយធម៌ ជាទេវបទ ដោយពិត។ នេះជា ទេវបទ ទី ៤ របស់ពួកទេវតា ប្រព្រឹត្តទៅ ដើម្បីសេចក្ដីបរិសុទ្ធិ ដល់ពួកសត្វ ដែលមិនទាន់បរិសុទ្ធ ដើម្បីសេចក្ដីហ្មត់ចត់ ដល់ពួកសត្វ ដែលមិនទាន់ហ្មត់ចត់។ ម្នាលភិក្ខុទាំងឡាយទាំង ៤ នេះ ឯង ជាទេវបទរបស់ពួកទេវតា ប្រព្រឹត្តទៅ ដើម្បីសេចក្ដីបរិសុទ្ធិ ដល់ពួកសត្វ ដែលមិនទាន់បរិសុទ្ធ ដើម្បីសេចក្តីហ្មត់ចត់ ដល់ពួកសត្វ ដែលមិនទាន់ហ្មត់ចត់។

(ទេវសភាគសូត្រ ទី៦)

(៦. ទេវសភាគសុត្តំ)

[២៩០] ម្នាលភិក្ខុទាំងឡាយ ពួកទេវតាដែលទៅកាន់សភា ជាអ្នកមានចិត្តល្អ សរសើរបុគ្គល ដែលប្រកបដោយធម៌ ៤។ ធម៌ ៤ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក ក្នុងសាសនានេះ ប្រកបដោយសេចក្ដីជ្រះថ្លា មិនញាប់ញ័រ ក្នុងព្រះពុទ្ធថា ព្រះដ៏មានព្រះភាគនោះ។បេ។ ជាសាស្ដានៃទេវតា និងមនុស្សទាំងឡាយ ជាព្រះពុទ្ធ មានជោគ ព្រោះហេតុដូច្នេះឯង។ ពួកទេវតាទាំងនោះ ប្រកបដោយសេចក្ដីជ្រះថ្លា មិនញាប់ញ័រ ក្នុងព្រះពុទ្ធ ហើយច្យុតអំពីទីនេះ ទៅកើតក្នុងទីនោះ ទេវតាទាំងនោះ មានសេចក្ដីត្រិះរិះយ៉ាងនេះថា ពួកយើងប្រកបដោយសេចក្ដីជ្រះថ្លា មិនញាប់ញ័រ ក្នុងព្រះពុទ្ធ មានសភាពយ៉ាងណា បានច្យុតអំពីទីនោះ មកកើតក្នុងទីនេះ ចំណែកអរិយសាវក ដែលប្រកបដោយសេចក្ដីជ្រះថ្លា មិនញាប់ញ័រ ក្នុងព្រះពុទ្ធ មានសភាពដូច្នោះ គង់នឹងមកក្នុងសំណាក់ នៃពួកទេវតា។ ម្នាលភិក្ខុទាំងឡាយ មួយទៀត អរិយសាវក (ប្រកបដោយសេចក្ដីជ្រះថ្លា មិនញាប់ញ័រ) ក្នុងព្រះធម៌។ ក្នុងព្រះសង្ឃ។ អរិយសាវក ប្រកបដោយអរិយកន្តសីល ជាសីលមិនដាច់។បេ។ ប្រព្រឹត្តទៅ ដើម្បីសមាធិ។ ពួកទេវតាណា ប្រកបដោយអរិយកន្តសីល ហើយច្យុតអំពីទីនេះ ទៅកើតក្នុងទីនោះ ទេវតាទាំងនោះ មានសេចក្ដីត្រិះរិះ យ៉ាងនេះថា ពួកយើងប្រកបដោយអរិយកន្តសីល មានសភាពយ៉ាងណា ហើយច្យុតអំពីទីនោះ មកកើតក្នុងទីនេះ សូម្បីអរិយសាវក ប្រកបដោយអរិយកន្តសីល មានសភាពយ៉ាងនោះ គង់នឹងមកក្នុងសំណាក់ នៃពួកទេវតា (ដូច្នោះដែរ)។ ម្នាលភិក្ខុទាំងឡាយ ពួកទេវតាទៅកាន់សភា មានចិត្តល្អ សរសើរបុគ្គលអ្នកប្រកបដោយធម៌ទាំង ៤ នេះឯង។

(មហានាមសូត្រ ទី៧)

(៧. មហានាមសុត្តំ)

[២៩១] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងនិគ្រោធារាម ទៀបក្រុងកបិលព័ស្ដុ ក្នុងដែនសក្កៈ។ គ្រានោះឯង មហានាមសក្កៈ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះមហានាមសក្កៈ គង់ក្នុងទីសមគួរហើយ ទើបទូលសួរព្រះដ៏មានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន បុគ្គលជាឧបាសក តើដោយហេតុដូចម្ដេច។ ម្នាលមហានាម បុគ្គលជាអ្នកដល់ នូវព្រះពុទ្ធជាទីពឹង ដល់នូវព្រះធម៌ជាទីពឹង ដល់នូវព្រះសង្ឃជាទីពឹង ព្រោះហេតុឯណា។ ម្នាលមហានាម បុគ្គល ដែលឈ្មោះថាឧបាសក ព្រោះហេតុនេះឯង។

[២៩២] បពិត្រព្រះអង្គដ៏ចំរើន ចុះឧបាសក បរិបូណ៌ដោយសីល តើដោយហេតុដូចម្ដេច។ ម្នាលមហានាម ឧបាសកជាអ្នកវៀរចាកបាណាតិបាត វៀរចាកអទិន្នាទាន វៀរចាកកាមេសុមិច្ឆាចារ វៀរចាកមុសាវាទ វៀរចាកការផឹកទឹកស្រវឹង គឺសុរា និងមេវ័យ ដែលជាទីតាំង នៃសេចក្ដីប្រមាទ ដោយហេតុឯណា។ ម្នាលមហានាម ឧបាសកបរិបូណ៌ ដោយសីល ដោយហេតុនេះឯង។

[២៩៣] បពិត្រព្រះអង្គដ៏ចំរើន ឧបាសក បរិបូណ៌ដោយសទ្ធា តើដោយហេតុដូចម្ដេច។ ម្នាលមហានាម ឧបាសកក្នុងសាសនានេះ ជាអ្នកមានសទ្ធា ជឿនូវសេចក្ដីត្រាស់ដឹង របស់ព្រះតថាគតថា ព្រះដ៏មានព្រះភាគនោះ។បេ។ ជាសាស្ដានៃទេវតា និងមនុស្សទាំងឡាយ ជាព្រះពុទ្ធមានជោគ ដោយហេតុដូច្នេះឯង។ ម្នាលមហានាម ឧបាសកបរិបូណ៌ដោយសទ្ធា ដោយហេតុនេះឯង។

[២៩៤] បពិត្រព្រះអង្គដ៏ចំរើន ចុះឧបាសក បរិបូណ៌ដោយចាគៈ តើដោយហេតុដូចម្ដេច។ ម្នាលមហានាម ឧបាសកក្នុងសាសនានេះ មានចិត្តប្រាសចាកមន្ទិល គឺសេចក្ដីកំណាញ់ នៅគ្រប់គ្រងផ្ទះ តែងមានចាគៈរួចស្រឡះហើយ មានបាតដៃលាងចាំឲ្យ ត្រេកអរក្នុងការលះ គួរគេសូមបាន ត្រេកអរក្នុងការឲ្យ និងការចែករលែក។ ម្នាលមហានាម ឧបាសក បរិបូណ៌ដោយចាគៈ ដោយហេតុនេះឯង។

[២៩៥] បពិត្រព្រះអង្គដ៏ចំរើន ចុះឧបាសក បរិបូណ៌ដោយប្រាជ្ញា តើដោយហេតុដូចម្ដេច។ ម្នាលមហានាម ឧបាសកក្នុងសាសនានេះ មានប្រាជ្ញាប្រកបដោយប្រាជ្ញាជាគ្រឿងដឹង នូវសេចក្ដីចំរើន និងវិនាស ជាប្រាជ្ញាប្រសើរមោះមុត ប្រព្រឹត្តទៅ ដើម្បីអស់ទុក្ខ ដោយប្រពៃ។ ម្នាលមហានាម ឧបាសកបរិបូណ៌ដោយប្រាជ្ញា ដោយហេតុនេះឯង។

(វស្សសូត្រ ទី៨)

(៨. វស្សសុត្តំ)

[២៩៦] ម្នាលភិក្ខុទាំងឡាយ ទឹកភ្លៀងមានគ្រាប់ដ៏ថ្លោស ធ្លាក់ចុះខាងលើភ្នំ ទឹកតែងហូរទៅកាន់ទំនាប បំពេញជ្រោះភ្នំ និងក្រហែង ប្រឡាយឲ្យពេញ ជ្រោះភ្នំ ក្រហែងនិងប្រឡាយដ៏ពេញ តែងហៀរទៅបំពេញបារាយណ៍13) តូចៗ ដ៏ពេញ តែងបំពេញបារាយណ៍ធំៗ បារាយណ៍ធំៗដ៏ពេញ តែងបំពេញ ស្ទឹង ស្ទឹងដ៏ពេញ តែង (ហូរទៅ) បំពេញទន្លេ ទន្លេដ៏ពេញ តែងហូរទៅបំពេញមហាសមុទ្ទសាគរ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ចំណែកសេចក្ដីជ្រះថ្លា មិនបានញាប់ញ័រ ក្នុងព្រះពុទ្ធក្ដី សេចក្ដីជ្រះថ្លា មិនញាប់ញ័រ ក្នុងព្រះធម៌ក្ដី សេចក្ដីជ្រះថ្លា មិនញាប់ញ័រ ក្នុងព្រះសង្ឃក្ដី អរិយកន្តសីលក្ដី ធម៌ទាំងអម្បាលនេះ របស់អរិយសាវក តែងហូរទៅដល់ត្រើយ គឺព្រះនិព្វាន ប្រព្រឹត្តទៅ ដើម្បីអស់ទៅ នៃអាសវៈទាំងឡាយ ក៏យ៉ាងនោះដែរ។

(កាឡិគោធសូត្រ ទី៩)

(៩. កាឡិគោធសុត្តំ)

[២៩៧] សម័យមួយ ព្រះដ៏មានព្រះភាគ គង់នៅក្នុងនិគ្រោធារាម ទៀបក្រុងកបិលព័ស្តុ ក្នុងដែនសក្កៈ។ គ្រានោះឯង ព្រះដ៏មានព្រះភាគ ទ្រង់ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ យាងចូលទៅរកទីលំនៅ នៃសាកិយានី ឈ្មោះ កាឡិគោធា លុះយាងចូលទៅដល់ហើយ ទ្រង់គង់លើអាសនៈ ដែលគេក្រាលថ្វាយ។ គ្រានោះ នាងកាឡិគោធាសាកិយានី ក៏ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយថ្វាយបង្គំព្រះដ៏មានព្រះភាគ រួចអង្គុយក្នុងទីដ៏សមគួរ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់នឹងនាងកាឡិគោធាសាកិយានី ដែលអង្គុយក្នុងទីសមគួរ យ៉ាងនេះថា

[២៩៨] ម្នាលនាងគោធា ពួកអរិយសាវិកា ប្រកបដោយធម៌ ៤ ជាសោតាបន្នបុគ្គល ជាអ្នកមានធម៌មិនបានធ្លាក់ចុះ ទៀងតែនឹងបានត្រាស់ដឹង ទៅខាងមុខ។ ធម៌ ៤ តើដូចម្ដេចខ្លះ។ ម្នាលនាងគោធា ពួកអរិយសាវិកា ក្នុងសាសនានេះ ជាអ្នកប្រកបដោយសេចក្ដីជ្រះថ្លា មិនញាប់ញ័រ ក្នុងព្រះពុទ្ធថា ព្រះដ៏មានព្រះភាគនោះ។បេ។ ជាសាស្ដានៃទេវតា និងមនុស្សទាំងឡាយ ជាព្រះពុទ្ធមានជោគ ដោយហេតុដូច្នេះឯង។ ក្នុងព្រះធម៌។ ក្នុងព្រះសង្ឃ។ ជាអ្នកមានចិត្តប្រាសចាកមន្ទិល គឺសេចក្ដីកំណាញ់ នៅគ្រប់គ្រងផ្ទះ តែងមានចាគៈ រួចស្រឡះហើយ មានបាតដៃលាងចាំឲ្យ ត្រេកអរ ក្នុងការលះបង់ ជាអ្នកគួរគេសូមបាន ត្រេកអរ ក្នុងការឲ្យ និងការចែករលែក។ ម្នាលនាងគោធា ពួក អរិយសាវិកា ប្រកបដោយធម៌ ទាំង ៤ នេះឯង ជាសោតាបន្នបុគ្គល មានធម៌មិនបានធ្លាក់ចុះ ទៀងតែនឹងបានត្រាស់ដឹងទៅខាងមុខ។

[២៩៩] បពិត្រព្រះអង្គដ៏ចំរើន សោតាបត្តិយង្គ ៤ នេះ ដែលព្រះដ៏មានព្រះភាគទ្រង់សំដែងហើយ ធម៌នោះ សឹងមានក្នុងខ្ញុំម្ចាស់ ខ្ញុំម្ចាស់សោត ក៏យល់ជាក់ ក្នុងធម៌ទាំងនោះហើយ។ បពិត្រព្រះអង្គដ៏ចំរើន ព្រោះថា ខ្ញុំម្ចាស់ ប្រកបដោយសេចក្ដីជ្រះថ្លា មិនញាប់ញ័រ ក្នុងព្រះពុទ្ធថា ព្រះដ៏មានព្រះភាគនោះ។បេ។ ជាសាស្ដានៃទេវតា និងមនុស្សទាំងឡាយ ជាព្រះពុទ្ធមានជោគ ដោយហេតុដូច្នេះឯង។ ក្នុងព្រះធម៌។ ក្នុងព្រះសង្ឃ។ មួយទៀត ទេយ្យធម៌បន្តិចបន្តួចណាមួយ ដែលមានក្នុងត្រកូល ទេយ្យធម៌ទាំងអស់នោះ ខ្ញុំម្ចាស់មិនបានចែក (គឺប្រើប្រាស់រួម) ជាមួយនឹងពួកបុគ្គលមានសីល មានធម៌ដ៏ល្អ។ ម្នាលនាងគោធា នេះជាលាភ របស់នាងហើយ ម្នាលនាងគោធា នាងឈ្មោះថា បានល្អហើយ ម្នាលនាងគោធា សោតាបត្តិផល ឈ្មោះថា នាងបានធ្វើឲ្យជាក់ច្បាស់ហើយ។

(នន្ទិយសក្កសូត្រ ទី១០)

(១០. នន្ទិយសក្កសុត្តំ)

[៣០០] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងនិគ្រោធារាម ទៀបក្រុងកបិលព័ស្តុ ក្នុងដែនសក្កៈ។ គ្រានោះឯង ននិ្ទយសក្កៈ ក៏ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះដ៏មានព្រះភាគ រួចអង្គុយក្នុងទីដ៏សមគួរ លុះននិ្ទយសក្កៈ អង្គុយក្នុងទីដ៏សមគួរហើយ ទើបក្រាបទូលព្រះដ៏មានព្រះភាគ យ៉ាងនេះថា

[៣០១] បពិត្រព្រះអង្គដ៏ចំរើន សោតាបត្តិយង្គ ទាំង ៤ មិនមានដល់អរិយសាវកណាសព្វគ្រប់ ដោយប្រការទាំងពួង បពិត្រព្រះអង្គដ៏ចំរើន អរិយសាវកនោះឯង ខ្ញុំព្រះអង្គពោលថា អ្នកមានធម៌ ជាគ្រឿងនៅ ដោយសេចក្ដីប្រមាទមែនឬ។ ម្នាលនន្ទិយៈ សោតាបត្តិយង្គ ទាំង ៤ មិនមានដល់អរិយសាវកណាសព្វគ្រប់ ដោយប្រការទាំងពួងទេ តថាគត ក៏ហៅបុគ្គលនោះថា ជាខាងក្រៅ តាំងនៅក្នុងប៉ែករបស់បុថុជ្ជន។ ម្នាលនន្ទិយៈ មួយទៀត អរិយសាវក ជាអ្នកមានសេចក្ដីប្រមាទ ជាប្រក្រតីផង ជាអ្នកមិនមានសេចក្ដីប្រមាទ ជាប្រក្រតីផង យ៉ាងណា អ្នកចូរស្ដាប់ នូវសេចក្ដីនោះ ចូរធ្វើទុកក្នុងចិត្តឲ្យល្អ តថាគតនឹងសំដែងប្រាប់។ នន្ទិយៈសក្កៈ ទទួលស្ដាប់ព្រះពុទ្ធដីកា របស់ព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះថា

[៣០២] ម្នាលនន្ទិយៈ អរិយសាវក ជាអ្នកមានសេចក្ដីប្រមាទ នៅជាប្រក្រតី តើដូចម្ដេច។ ម្នាលនន្ទិយៈ អរិយសាវក ក្នុងសាសនានេះ ជាអ្នកប្រកបដោយសេចក្ដីជ្រះថ្លា មិនញាប់ញ័រ ក្នុងព្រះពុទ្ធថា ព្រះដ៏មានព្រះភាគនោះ។បេ។ ជាសាស្ដានៃទេវតានិងមនុស្សទាំងឡាយ ជាព្រះពុទ្ធមានជោគ ព្រោះហេតុដូច្នេះឯង។ អរិយសាវកនោះ នៅត្រេកអរ ត្រឹមតែសេចក្ដីជ្រះថ្លា មិនញាប់ញ័រ ក្នុងព្រះពុទ្ធ ហើយមិនខំប្រឹង ដើម្បីស្ងប់ស្ងាត់ ក្នុងវេលាថ្ងៃ ដើម្បីចៀសចេញ អំពីអារម្មណ៍ ហើយសម្ងំនៅ ក្នុងវេលាយប់តទៅទៀត។ កាលអរិយសាវកនោះ មានសេចក្ដីប្រមាទ យ៉ាងនេះហើយ បាមោជ្ជៈក៏មិនមាន កាលបើបាមោជ្ជៈមិនមាន បីតិក៏មិនមាន កាលបើបីតិមិនមាន បស្សទ្ធិក៏មិនមាន កាលបើបស្សទ្ធិមិនមាន រមែងនៅជាទុក្ខ ចិត្តរបស់បុគ្គល អ្នកមានសេចក្ដីទុក្ខ រមែងមិនដំកល់មាំ កាលបើចិត្តមិនដំកល់មាំ ធម៌ទាំងឡាយ ក៏មិនកើតប្រាកដបានឡើយ។ អរិយសាវកនោះ ក៏រាប់ថា ជាអ្នកនៅដោយសេចក្ដីប្រមាទ ព្រោះធម៌ទាំងឡាយ មិនកើតប្រាកដ។ ម្នាលនន្ទិយៈ មួយទៀត អរិយសាវក (ប្រកដោយសេចក្ដីជ្រះថ្លា មិនញាប់ញ័រ) ក្នុងព្រះធម៌។ ក្នុងព្រះសង្ឃ។ ជាអ្នកប្រកបដោយអរិយកន្តសីល ជាសីលមិនដាច់។បេ។ ប្រព្រឹត្តទៅ ដើម្បីសមាធិ។ អរិយសាវកនោះ នៅសន្តោសត្រឹមតែអរិយកន្តសីលនោះ ហើយមិនខំប្រឹង ដើម្បីស្ងប់ស្ងាត់ ក្នុងវេលាថ្ងៃ ដើម្បីចៀសចេញ អំពីអារម្មណ៍ ហើយសម្ងំនៅ ក្នុងវេលាយប់តទៅទៀត។ កាលបើអរិយសាវកនោះ នៅប្រហែស យ៉ាងនេះហើយ បាមោជ្ជៈ ក៏មិនមាន កាលបើបាមោជ្ជៈមិនមាន បីតិក៏មិនមាន កាលបើបីតិមិនមាន បស្សទ្ធិក៏មិនមាន កាលបើបស្សទ្ធិមិនមាន រមែងនៅជាទុក្ខ ចិត្តរបស់បុគ្គលអ្នកមានទុក្ខ តែងមិនដំកល់នៅមាំ កាលបើចិត្តមិនបានតាំងនៅមាំ ធម៌ទាំងឡាយ ក៏មិនកើតឡើង ប្រាកដ។ អរិយសាវកនោះ ក៏រាប់ថា ជាអ្នកនៅដោយសេចក្ដីប្រហែស ព្រោះធម៌ទាំង ឡាយ មិនកើតប្រាកដ។ ម្នាលនន្ទិយៈ អរិយសាវក ជាអ្នកនៅដោយសេចក្ដីប្រហែសយ៉ាងនេះឯង។

[៣០៣] ម្នាលនន្ទិយៈ អរិយសាវក ជាអ្នកនៅដោយសេចក្ដីមិនប្រហែស តើដូចម្ដេច។ ម្នាលនន្ទិយៈ អរិយសាវក ក្នុងសាសនានេះ ជាអ្នកប្រកបដោយសេចក្ដីជ្រះថ្លា មិនញាប់ញ័រ ក្នុងព្រះពុទ្ធថា ព្រះដ៏មានព្រះភាគនោះ។បេ។ ជាសាស្ដានៃទេវតា និងមនុស្សទាំងឡាយ ជាព្រះពុទ្ធមានបុញ្ញសិរី ដោយហេតុដូច្នេះឯង។ អរិយសាវកនោះ មិននៅសន្តោសត្រឹមតែសេចក្ដីជ្រះថ្លា មិនកម្រើក ក្នុងព្រះពុទ្ធនោះឡើយ ខំប្រឹងព្យាយាម ដើម្បីសេចក្ដីស្ងប់ស្ងាត់ ក្នុងវេលាថ្ងៃ ដើម្បីចៀសចេញ អំពីអារម្មណ៍ ហើយសម្ងំនៅ ក្នុងវេលាយប់តទៅទៀត។ កាលបើអរិយសាវកនោះ នៅមិនប្រហែសធ្វេស យ៉ាងនេះ បាមោជ្ជៈ តែងកើតឡើង កាលបើបុគ្គលមានបាមោជ្ជៈហើយ បីតិក៏កើតឡើង កាយរបស់បុគ្គលដែលមានចិត្តប្រកបដោយបីតិ រមែងស្ងប់ បុគ្គលមានកាយស្ងប់ រមែងទទួលសុខ ចិត្តរបស់បុគ្គល ដែលមានសុខ ក៏តាំងនៅមាំ កាលបើចិត្តតាំងនៅមាំហើយ ធម៌ទាំង ឡាយ តែងកើតឡើងប្រាកដបាន។ អរិយសាវកនោះ ក៏រាប់ថា ជាអ្នកនៅដោយសេចក្ដី មិនប្រហែស ព្រោះធម៌ទាំងឡាយ កើតឡើងប្រាកដ។ ម្នាលនន្ទិយៈ មួយទៀត អរិយសាវក (ប្រកដោយសេចក្ដីជ្រះថ្លា មិនញាប់ញ័រ) ក្នុងព្រះធម៌។ ក្នុងព្រះសង្ឃ។ ប្រកបដោយអរិយកន្តសីល ជាសីលមិនដាច់។បេ។ ប្រព្រឹត្តទៅ ដើម្បីសមាធិ។ អរិយសាវកនោះ មិននៅសន្តោសត្រឹមតែអរិយកន្តសីលនោះឡើយ ខំប្រឹងដើម្បីសេចក្ដីស្ងប់ស្ងាត់ ក្នុងវេលាថ្ងៃ ដើម្បីចៀសចេញ អំពីអារម្មណ៍ ហើយសម្ងំនៅ ក្នុងវេលាយប់តទៅទៀត។ កាលអរិយសាវកនោះ នៅមិនប្រហែស យ៉ាងនេះហើយ បាមោជ្ជៈ រមែងកើតឡើង កាលអរិយសាវក មានបាមោជ្ជៈហើយ បីតិរមែងកើតឡើង កាយរបស់អរិយសាវក ដែលមានចិត្តប្រកបដោយបីតិ រមែងស្ងប់រម្ងាប់ អរិយសាវក មានកាយស្ងប់រម្ងាប់ រមែងទទួលសុខ ចិត្តរបស់អ្នកមានសុខ រមែងដំកល់នៅមាំ កាលបើចិត្តដំកល់នៅមាំ ធម៌ទាំងឡាយ តែងកើតប្រាកដ។ អរិយសាវកនោះ ក៏រាប់ថាជាអ្នកនៅដោយសេចក្ដីមិនប្រហែស ព្រោះធម៌ទាំងឡាយ កើតប្រាកដ។ ម្នាលនន្ទិយៈ អរិយសាវក ជាអ្នកនៅដោយសេចក្ដីមិនប្រហែស យ៉ាងនេះឯង។

ចប់ បុញ្ញាភិសន្ទវគ្គ ទី៤។

ឧទ្ទាននៃបុញ្ញាភិសន្ទវគ្គនោះគឺ

សម្តែងអំពីស្ទឹង គឺបុណ្យ ៣ សូត្រ ទេវបទ ២ សូត្រ ទេវតាទៅកាន់សភា ១ សូត្រ មហានាម ១ សូត្រ ឧបមាដោយទឹកភ្លៀង ១ សូត្រ កាឡិគោធាសាកិយានី ១ សូត្រនន្ទិយសក្ក ១ សូត្រ។

សគាថកបុញ្ញាភិសន្ទវគ្គ ទី៥

(៥. សគាថកបុញ្ញាភិសន្ទវគ្គោ)

(បឋមអភិសន្ទសូត្រ ទី១)

(១. បឋមអភិសន្ទសុត្តំ)

[៣០៤] ម្នាលភិក្ខុទាំងឡាយ ស្ទឹងគឺបុណ្យ ស្ទឹងគឺកុសល ជាបច្ច័យ នៃសេចក្ដីសុខនេះ មាន ៤។ ស្ទឹងគឺបុណ្យ ស្ទឹងគឺកុសល ៤ តើដូចម្ដេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក ក្នុងសាសនានេះ ប្រកបដោយសេចក្ដីជ្រះថ្លា មិនញាប់ញ័រ ក្នុងព្រះពុទ្ធថា ព្រះដ៏មានព្រះភាគនោះ។បេ។ ជាសាស្ដានៃទេវតា និងមនុស្សទាំងឡាយ ជាព្រះពុទ្ធមានជោគ ដោយហេតុដូច្នេះឯង។ នេះ ស្ទឹងគឺបុណ្យ គឺស្ទឹងកុសល ជាបច្ច័យនៃសេចក្ដីសុខ ទី ១។ ម្នាលភិក្ខុទាំងឡាយ មួយទៀត អរិយសាវក (ប្រកបដោយសេចក្ដីជ្រះថ្លា មិនញាប់ញ័រ) ក្នុងព្រះធម៌។ ក្នុងព្រះសង្ឃ។ ប្រកបដោយអរិយកន្តសីល ជាសីលមិនដាច់។បេ។ ប្រព្រឹត្តទៅ ដើម្បីសមាធិ។ នេះស្ទឹងគឺបុណ្យ ស្ទឹងគឺកុសល ជាបច្ច័យនៃសេចក្ដីសុខ ទី ៤។ ម្នាលភិក្ខុទាំងឡាយ ទាំង ៤ នេះឯង ស្ទឹងគឺបុណ្យ ស្ទឹងគឺកុសល ជាបច្ច័យនៃសេចក្ដីសុខ។

[៣០៥] ម្នាលភិក្ខុទាំងឡាយ បុគ្គលមិនងាយគ្នាន់គ្នេរប្រមាណបុណ្យ របស់អរិយសាវក ដែលប្រកបដោយស្ទឹង គឺបុណ្យ ស្ទឹងគឺកុសល ទាំង ៤ នេះឯងថា ស្ទឹងគឺបុណ្យ ស្ទឹងគឺកុសល ជាបច្ច័យនៃសេចក្ដីសុខ មានប្រមាណប៉ុណ្ណេះបានឡើយ បានត្រឹមតែរាប់ថា គំនរបុណ្យដ៏ធំ រាប់មិនបានប្រមាណមិនកើត (ប៉ុណ្ណោះ) ឯង។

[៣០៦] ម្នាលភិក្ខុទាំងឡាយ បុគ្គលមិនងាយនឹងគ្នាន់គ្នេរប្រមាណទឹក ក្នុងមហាសមុទ្រថា ទឹកប៉ុណ្ណេះអាឡ្ហកៈ14) ឬទឹកប៉ុណ្ណេះរយអាឡ្ហកៈ ឬទឹកប៉ុណ្ណេះពាន់អាឡ្ហកៈ ឬថាទឹកប៉ុណ្ណេះសែនអាឡ្ហកៈ ដូច្នេះបានឡើយ បានត្រឹមតែរាប់ថា គំនរទឹកធំ រាប់មិនបាន ប្រមាណមិនកើតប៉ុណ្ណោះឯង មានឧបមាយ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមិនងាយនឹងគ្នាន់គ្នេរ ប្រមាណបុណ្យរបស់អរិយសាវក ដែលប្រកបដោយស្ទឹងគឺបុណ្យ ស្ទឹងគឺកុសល ទាំង ៤ នេះថា ស្ទឹងគឺបុណ្យ ស្ទឹងគឺកុសល ជាបច្ច័យនៃសេចក្ដីសុខ មានប្រមាណប៉ុណ្ណេះ ដូច្នេះបានឡើយ បានត្រឹមតែរាប់ថា គំនរបុណ្យធំ រាប់មិនបាន ប្រមាណមិនកើត ក៏មានឧបមេយ្យ យ៉ាងនោះឯង។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់គាថាពន្ធនេះថា

[៣០៧]

ស្ទឹងទាំងឡាយ ដែលពួកជនត្រូវការ គ្រប់តែស្ទឹង សឹងហូរតម្រង់ទៅសាគរ ជាកន្លែងដក់ទឹកដ៏ធំ ប្រមាណមិនបាន ជាស្រះធំ ជាទីស្ញប់ស្ញែងខ្លាំងពន្លឹក ដែលជាកន្លែងកើតគំនរកែវទាំងឡាយ យ៉ាងណាមិញ។ ធារបុណ្យទាំងឡាយ តែងហូរទៅរកជនជាបណ្ឌិត ជាអ្នកឲ្យនូវបាយទឹក និងសំពត់ ជាអ្នកឲ្យទីដេក ទីអង្គុយ និងគ្រឿងកម្រាល ដូចជាផ្លូវទឹកហូរទៅរកសាគរ យ៉ាងនោះឯង។

(ទុតិយអភិសន្ទសូត្រ ទី២)

(២. ទុតិយអភិសន្ទសុត្តំ)

[៣០៨] ម្នាលភិក្ខុទាំងឡាយ ស្ទឹងគឺបុណ្យ ស្ទឹងគឺកុសល ជាបច្ច័យនៃសេចក្ដីសុខនេះ មាន ៤។ ស្ទឹងគឺបុណ្យ ស្ទឹងគឺកុសល ៤ តើដូចម្ដេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក ក្នុងសាសនានេះ ប្រកបដោយសេចក្ដីជ្រះថ្លា មិនញាប់ញ័រ ក្នុងព្រះពុទ្ធថា ព្រះដ៏មានព្រះភាគនោះ។បេ។ ជាសាស្ដានៃទេវតា និងមនុស្សទាំងឡាយ ជាព្រះពុទ្ធដ៏មានព្រះភាគ។ នេះ ស្ទឹងគឺបុណ្យ គឺស្ទឹងកុសល ជាបច្ច័យនៃសេចក្ដីសុខ ទី ១។ ម្នាលភិក្ខុទាំងឡាយ មួយទៀត អរិយសាវក (ប្រកបដោយសេចក្ដីជ្រះថ្លា មិនញាប់ញ័រ) ក្នុងព្រះធម៌។ ក្នុងព្រះសង្ឃ។ (អរិយសាវកនោះ) ប្រាសចាកមន្ទិល គឺសេចក្ដីកំណាញ់នៅគ្រប់គ្រងផ្ទះ តែងមានចាគៈរួចស្រឡះហើយ មានបាតដៃលាងចាំឲ្យ ត្រេកអរក្នុងការលះបង់ ជាអ្នកគួរគេសូមបាន ត្រេកអរក្នុងការឲ្យ និងការចែករលែក។ នេះស្ទឹងគឺបុណ្យ ស្ទឹងគឺកុសល ជាបច្ច័យនៃសេចក្ដីសុខ ទី ៤។ ម្នាលភិក្ខុទាំងឡាយ នេះឯង ស្ទឹងគឺបុណ្យ ស្ទឹងគឺកុសល ទាំង ៤ ជាបច្ច័យនៃសេចក្ដីសុខ។

[៣០៩] ម្នាលភិក្ខុទាំងឡាយ បុគ្គលមិនងាយនឹងគ្នាន់គ្នេរ ប្រមាណបុណ្យរបស់ព្រះអរិយសាវក ដែលប្រកបដោយស្ទឹងគឺបុណ្យ ស្ទឹងគឺកុសល ទាំង ៤ នេះឯងថា ស្ទឹងបុណ្យ ស្ទឹងកុសល ជាបច្ច័យនៃសេចក្ដីសុខ មានប្រមាណប៉ុណ្ណេះបានឡើយ បានត្រឹមតែរាប់ថា គំនរបុណ្យធំ រាប់មិនបាន ប្រមាណមិនកើតប៉ុណ្ណោះឯង។

[៣១០] ម្នាលភិក្ខុទាំងឡាយ ទន្លេទាំងអម្បាលនេះ តែងហូរទៅរាចពេញក្នុងទីណា។ ទន្លេទាំងអម្បាលនោះ ឈ្មោះអ្វីខ្លះ។ គឺទន្លេគង្គា យមុនា អចិរវតី សរភូ មហី បុគ្គលមិនងាយនឹងគ្នាន់គ្នេរ ប្រមាណទឹកក្នុងទីនោះថា ទឹកប៉ុណ្ណេះអាឡ្ហកៈក្ដី ទឹកប៉ុណ្ណេះរយអាឡ្ហកៈក្ដី ទឹកប៉ុណ្ណេះពាន់អាឡ្ហកៈក្ដី ទឹកប៉ុណ្ណេះសែនអាឡ្ហកៈក្ដី បានត្រឹមតែរាប់ថា គំនរទឹកដ៏ធំ រាប់មិនបាន ប្រមាណមិនកើតប៉ុណ្ណោះឯង យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមិនងាយនឹងគ្នាន់គ្នេរ ប្រមាណបុណ្យ របស់អរិយសាវក ដែលប្រកបដោយស្ទឹង គឺបុណ្យ ស្ទឹងគឺកុសល ទាំង ៤ នេះថា ស្ទឹងគឺបុណ្យ ស្ទឹងគឺកុសល ជាបច្ច័យនៃសេចក្ដីសុខ មានប្រមាណប៉ុណ្ណេះបានឡើយ បានត្រឹមតែរាប់ថា គំនរបុណ្យធំ រាប់មិនបាន ប្រមាណមិនកើតប៉ុណ្ណោះ ក៏យ៉ាងនោះដែរ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់គាថាពន្ធនេះថា

[៣១១]

ស្ទឹងទាំងឡាយ ដែលពួកជនត្រូវការ គ្រប់តែស្ទឹង សឹងហូរតម្រង់ទៅកាន់សាគរ ដែលជាទីដក់ទឹកដ៏ធំ ប្រមាណមិនបាន ជាស្រះធំ ជាទីស្ញប់ស្ញែងខ្លាំងពន្លឹក ដែលជាកន្លែងកើតគំនរកែវទាំងឡាយ យ៉ាងណាមិញ។ ធារបុណ្យទាំងឡាយ តែងហូរទៅរកជនជាបណ្ឌិត អ្នកឲ្យបាយទឹក និងសំពត់ ឲ្យទីដេក ទីអង្គុយ និងគ្រឿងកម្រាល ដូចជាផ្លូវទឹកទាំងឡាយ ហូរទៅកាន់សាគរ យ៉ាងនោះឯង។

(តតិយអភិសន្ទសូត្រ ទី៣)

(៣. តតិយអភិសន្ទសុត្តំ)

[៣១២] ម្នាលភិក្ខុទាំងឡាយ ស្ទឹងគឺបុណ្យ ស្ទឹងគឺកុសល ជាបច្ច័យនៃសេចក្ដីសុខនេះ មាន ៤។ ស្ទឹងគឺបុណ្យ ស្ទឹងគឺកុសល ៤ តើដូចម្ដេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក ក្នុងសាសនានេះ ប្រកបដោយសេចក្ដីជ្រះថ្លា មិនញាប់ញ័រ ក្នុងព្រះពុទ្ធថា ព្រះដ៏មានព្រះភាគនោះ។បេ។ ជាសាស្ដានៃទេវតា និងមនុស្សទាំងឡាយ ជាព្រះពុទ្ធដ៏មានព្រះភាគ ដោយហេតុដូច្នេះឯង។ នេះស្ទឹងគឺបុណ្យ ស្ទឹងគឺកុសល ជាបច្ច័យនៃសេចក្ដីសុខ ទី ១។ ម្នាលភិក្ខុទាំងឡាយ មួយទៀត អរិយសាវក (ប្រកបដោយសេចក្ដីជ្រះថ្លា មិនញាប់ញ័រ) ក្នុងព្រះធម៌។ ក្នុងព្រះសង្ឃ។ ជាអ្នកមានប្រាជ្ញា ប្រកបដោយប្រាជ្ញា ជាគ្រឿងកំណត់ដឹង នូវសេចក្ដីចំរើន វិនាស ជាប្រាជ្ញាដ៏ប្រសើរមោះមុត ប្រព្រឹត្តទៅ ដើម្បីអស់ទុក្ខ ដោយប្រពៃ។ នេះស្ទឹងគឺបុណ្យ ស្ទឹងគឺកុសល ជាបច្ច័យនៃសេចក្ដីសុខទី ៤។ ម្នាលភិក្ខុទាំងឡាយ នេះឯង ស្ទឹងគឺបុណ្យ ស្ទឹងគឺកុសល ទាំង ៤ ជាបច្ច័យនៃសេចក្ដីសុខ។

[៣១៣] ម្នាលភិក្ខុទាំងឡាយ បុគ្គលមិនងាយនឹងគ្នាន់គ្នេរ ប្រមាណបុណ្យ របស់ អរិយសាវក ដែលប្រកបដោយស្ទឹងគឺបុណ្យ ស្ទឹងគឺកុសល ទាំង ៤ នេះឯងថា ស្ទឹងគឺបុណ្យ ស្ទឹងគឺកុសល ជាបច្ច័យនៃសេចក្ដីសុខ មានប្រមាណប៉ុណ្ណេះបានឡើយ បានត្រឹមតែរាប់ថា គំនរបុណ្យដ៏ធំ ពុំអាចរាប់បាន ប្រមាណមិនកើតប៉ុណ្ណោះឯង។ ព្រះដ៏មានព្រះភាគ បានត្រាស់គាថាពន្ធនេះថា

[៣១៤]

អ្នកណាប្រាថ្នាបុណ្យ បានតាំងស៊ប់ក្នុងកុសល ហើយចំរើនអរហត្តមគ្គ ដើម្បីឲ្យដល់អមតមហានិព្វាន អ្នកនោះ រមែងត្រាស់ដឹងនូវខ្លឹមធម៌ គឺអរិយផល ត្រេកអរ ក្នុងការអស់កិលេស មិនញាប់ញ័រ ក្នុងការមកនៃមច្ចុរាជ។

(បឋមមហទ្ធនសូត្រ ទី៤)

(៤. បឋមមហទ្ធនសុត្តំ)

[៣១៥] ម្នាលភិក្ខុទាំងឡាយ អរិយសាវក ដែលប្រកបដោយធម៌ ៤ តថាគតពោលថា អ្នកស្ដុកស្ដម្ភ មានទ្រព្យច្រើន មានភោគៈច្រើន មានយសធំ។ ធម៌ ៤ តើដូចម្ដេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក ក្នុងសាសនានេះ ប្រកបដោយសេចក្ដីជ្រះថ្លា មិនញាប់ញ័រ ក្នុងព្រះពុទ្ធថា ព្រះដ៏មានព្រះភាគនោះ។បេ។ ជាសាស្ដានៃទេវតា និងមនុស្សទាំង ឡាយ ជាព្រះពុទ្ធមានជោគជ័យ ដោយហេតុដូច្នេះឯង។ ក្នុងព្រះធម៌។ ក្នុងព្រះសង្ឃ។ ប្រកបដោយអរិយកន្តសីល ជាសីលមិនដាច់។បេ។ ប្រព្រឹត្តទៅ ដើម្បីសមាធិ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក ប្រកបដោយធម៌ ទាំង ៤ នេះឯង តថាគតពោលថា អ្នកស្ដុកស្ដម្ភ មានទ្រព្យច្រើន មានភោគៈច្រើន មានយសធំ។

(ទុតិយមហទ្ធនសូត្រ ទី៥)

(៥. ទុតិយមហទ្ធនសុត្តំ)

[៣១៦] ម្នាលភិក្ខុទាំងឡាយ អរិយសាវក ដែលប្រកបដោយធម៌ ៤ តថាគតពោលថា អ្នកស្ដុកស្ដម្ភ មានទ្រព្យច្រើន មានភោគៈច្រើន មានយសធំ។ ធម៌ ៤ តើដូចម្ដេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក ក្នុងសាសនានេះ ប្រកបដោយសេចក្ដីជ្រះថ្លា មិនញាប់ញ័រ ក្នុងព្រះពុទ្ធថា ព្រះដ៏មានព្រះភាគនោះ។បេ។ ជាសាស្ដានៃទេវតា និងមនុស្សទាំងឡាយ ជាព្រះពុទ្ធមានជោគជ័យ ដោយហេតុដូច្នេះឯង។ ក្នុងព្រះធម៌។ ក្នុងព្រះសង្ឃ។ ប្រកបដោយអរិយកន្តសីល ជាសីលមិនដាច់។បេ។ ប្រព្រឹត្តទៅ ដើម្បីសមាធិ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក ដែលប្រកបដោយធម៌ ទាំង ៤ នេះឯង តថាគតពោលថា អ្នកស្ដុកស្ដម្ភ មានទ្រព្យច្រើន មានភោគៈច្រើន មានយសធំ។

(សុទ្ធកសូត្រ ទី៦)

(៦. សុទ្ធកសុត្តំ)

[៣១៧] ម្នាលភិក្ខុទាំងឡាយ អរិយសាវក ដែលប្រកបដោយធម៌ ៤ រមែងសម្រេចស្រោតៈ ជាអ្នកមានធម៌ មិនបានធ្លាក់ចុះ ទៀងតែនឹងត្រាស់ដឹង ទៅខាងមុខ។ ធម៌ ៤ តើដូចម្ដេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក ក្នុងសាសនានេះ ប្រកបដោយសេចក្ដីជ្រះថ្លា មិនញាប់ញ័រ ក្នុងព្រះពុទ្ធថា ព្រះដ៏មានព្រះភាគនោះ។បេ។ ជាសាស្ដានៃទេវតានិងមនុស្សទាំងឡាយ ជាព្រះពុទ្ធមានជោគ ដោយហេតុដូច្នេះឯង។ ក្នុងព្រះធម៌។ ក្នុងព្រះសង្ឃ។ ប្រកបដោយអរិយកន្តសីល ជាសីលមិនដាច់។បេ។ ប្រព្រឹត្តទៅ ដើម្បីសមាធិ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក ដែលប្រកបដោយធម៌ ទាំង ៤ នេះឯង រមែងសម្រេចស្រោតៈ មានធម៌មិនបានធ្លាក់ចុះ ទៀងតែនឹងត្រាស់ដឹងទៅខាងមុខ។

(នន្ទិយសូត្រ ទី៧)

(៧. នន្ទិយសុត្តំ)

[៣១៨] កបិលវត្ថុនិទាន។ ព្រះដ៏មានព្រះភាគ បានត្រាស់នឹងនន្ទិយសក្កៈ ដែលគង់ក្នុងទីសមគួរ យ៉ាងនេះថា ម្នាលនន្ទិយៈ អរិយសាវក ដែលប្រកបដោយធម៌ ៤ រមែងសម្រេចស្រោតៈ មានធម៌មិនបានធ្លាក់ចុះ ទៀងតែនឹងត្រាស់ដឹងទៅខាងមុខ។ ធម៌ ៤ តើដូចម្ដេចខ្លះ។ ម្នាលនន្ទិយៈ អរិយសាវក ក្នុងសាសនានេះ ប្រកបដោយសេចក្ដីជ្រះថ្លា មិនញាប់ញ័រ ក្នុងព្រះពុទ្ធថា ព្រះដ៏មានព្រះភាគនោះ។បេ។ ជាសាស្ដានៃទេវតា និងមនុស្សទាំងឡាយ ជាព្រះពុទ្ធមានជោគ ដោយហេតុដូច្នេះឯង។ ក្នុងព្រះធម៌។ ក្នុងព្រះសង្ឃ។ ប្រកបដោយអរិយកន្តសីល ជាសីលមិនដាច់។បេ។ ប្រព្រឹត្តទៅ ដើម្បីសមាធិ។ ម្នាលនន្ទិយៈ អរិយសាវក ដែលប្រកបដោយធម៌ ទាំង ៤ នេះឯង រមែងសម្រេចស្រោតៈ មានធម៌មិនបានធ្លាក់ចុះ ទៀងតែនឹងត្រាស់ដឹងទៅខាងមុខ។

(ភទ្ទិយសូត្រ ទី៨)

(៨. ភទ្ទិយសុត្តំ)

[៣១៩] កបិលវត្ថុនិទាន។ (ត្រូវសំដែងការចូលគាល់ផងចុះ)។ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់នឹងភទ្ទិយសក្កៈ ដែលគង់ក្នុងទីសមគួរ យ៉ាងនេះថា ម្នាលភទ្ទិយៈ អរិយសាវកប្រកបដោយធម៌ ៤ រមែងសម្រេចស្រោតៈ មានធម៌មិនបានធ្លាក់ចុះ ទៀងតែនឹងត្រាស់ដឹង ទៅខាងមុខ។ ធម៌ ៤ តើដូចម្ដេចខ្លះ។ ម្នាលភទ្ទិយៈ អរិយសាវក ក្នុងសាសនានេះ (ប្រកបដោយសេចក្ដីជ្រះថ្លា មិនញាប់ញ័រ) ក្នុងព្រះពុទ្ធ។ ក្នុងព្រះធម៌។ ក្នុងព្រះសង្ឃ។ ប្រកបដោយអរិយកន្តសីល ជាសីលមិនដាច់។បេ។ ប្រព្រឹត្តទៅ ដើម្បីសមាធិ។ ម្នាលភទ្ទិយៈ អរិយសាវក ដែលប្រកបដោយធម៌ ៤ នេះ រមែងសម្រេចស្រោតៈ មានធម៌មិនបានធ្លាក់ចុះ ទៀងតែនឹងត្រាស់ដឹងទៅខាងមុខ។

(មហានាមសូត្រ ទី៩)

(៩. មហានាមសុត្តំ)

[៣២០] កបិលវត្ថុនិទាន។ (ត្រូវសំដែងការចូលគាល់ផងចុះ)។ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់នឹងមហានាមសក្កៈ ដែលគង់ក្នុងទីដ៏សមគួរ យ៉ាងនេះថា ម្នាលមហានាម អរិយសាវក ប្រកបដោយធម៌ ៤ រមែងបានសម្រេចស្រោតៈ មានធម៌មិនបានធ្លាក់ចុះ ទៀងតែនឹងត្រាស់ដឹង ទៅខាងមុខ។ ធម៌ ៤ តើដូចម្ដេចខ្លះ។ ម្នាលមហានាម អរិយសាវកក្នុងសាសនានេះ ប្រកបដោយសេចក្ដីជ្រះថ្លា មិនញាប់ញ័រ ក្នុងព្រះពុទ្ធថា ព្រះដ៏មានព្រះភាគនោះ។បេ។ ជាសាស្ដានៃទេវតា និងមនុស្សទាំងឡាយ ជាព្រះពុទ្ធដ៏មានព្រះភាគដោយហេតុដូច្នេះឯង។ ក្នុងព្រះធម៌។ ក្នុងព្រះសង្ឃ។ ប្រកបដោយអរិយកន្តសីល ជាសីលមិនដាច់។បេ។ ប្រព្រឹត្តទៅ ដើម្បីសមាធិ។ ម្នាលមហានាម អរិយសាវក ដែល ប្រកបដោយធម៌ ៤ នេះឯង រមែងបានសម្រេចស្រោតៈ មានធម៌មិនបានធ្លាក់ចុះ ទៀងតែនឹងបានត្រាស់ដឹងទៅខាងមុខ។

(អង្គសូត្រ ទី១០)

(១០. អង្គសុត្តំ)

[៣២១] ម្នាលភិក្ខុទាំងឡាយ សោតាបត្តិយង្គនេះ មាន ៤។ សោតាបត្តិយង្គ ៤ តើដូចម្ដេច។ គឺការសេពគប់សប្បុរស ១ ការស្ដាប់ធម៌របស់សប្បុរស ១ ការធ្វើទុកក្នុងចិត្តដោយឧបាយ ១ សេចក្ដីប្រតិបត្តិធម៌ សមគួរដល់ធម៌ ១។ ម្នាលភិក្ខុទាំងឡាយ នេះឯងសោតាបត្តិយង្គ ៤។

ចប់ សគាថកបុញ្ញាភិសន្ទវគ្គ ទី ៥។

ឧទ្ទាននៃសគាថកបុញ្ញាភិសន្ទវគ្គនោះគឺ

សំដែងអំពីស្ទឹងគឺបុណ្យ ៣ សូត្រ អំពីសោតាបន្នបុគ្គល មានទ្រព្យច្រើន ២ សូត្រ ចំពោះភិក្ខុ ១ សូត្រ នន្ទិយសក្កៈ ១ សូត្រ ភទ្ទិយសក្កៈ ១ សូត្រ មហានាម ១ សូត្រ គំរប់ ១០ នឹងសោតាបត្តិយង្គ។

សប្បញ្ញវគ្គ ទី៦

(៦. សប្បញ្ញវគ្គោ)

(សគាថកសូត្រ ទី១)

(១. សគាថកសុត្តំ)

[៣២២] ម្នាលភិក្ខុទាំងឡាយ អរិយសាវក ដែលប្រកបដោយធម៌ ៤ រមែងសម្រេចស្រោតៈ មានធម៌មិនបានធ្លាក់ចុះ ទៀងតែនឹងបានត្រាស់ដឹងទៅខាងមុខ។ ធម៌ ៤ តើដូចម្ដេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក ក្នុងសាសនានេះ ប្រកបដោយសេចក្ដីជ្រះថ្លា មិនញាប់ញ័រ ក្នុងព្រះពុទ្ធថា ព្រះដ៏មានព្រះភាគ អង្គនោះ។បេ។ ជាសាស្ដានៃ ទេវតា និងមនុស្សទាំងឡាយ ជាព្រះពុទ្ធមានជោគ ដោយហេតុដូច្នេះឯង។ ក្នុងព្រះធម៌។ ក្នុងព្រះសង្ឃ។ ប្រកបដោយអរិយកន្តសីល ជាសីលមិនដាច់។បេ។ ប្រព្រឹត្តទៅ ដើម្បីសមាធិ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក ដែលប្រកបដោយធម៌ ទាំង ៤ នេះឯង រមែងសម្រេចស្រោតៈ មានធម៌មិនបានធ្លាក់ចុះ ទៀងតែនឹងបានត្រាស់ដឹងទៅខាងមុខ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់គាថាពន្ធនេះថា

[៣២៣]

សទ្ធារបស់អ្នកណា មិនញាប់ញ័រ បានដម្កល់មាំក្នុងព្រះតថាគតផង កល្យាណសីលរបស់អ្នកណា ជាសីលដែលព្រះអរិយៈត្រេកអរ សរសើរហើយផង។ សេចក្ដីជ្រះថ្លា ក្នុងព្រះសង្ឃផង សេចក្ដីឃើញត្រង់ផង មានដល់អ្នកណា បណ្ឌិតទាំង ឡាយ ហៅអ្នកនោះថា មិនទាល់ក្រ ជីវិតរបស់អ្នកនោះ មិនសោះសូន្យទេ។ ព្រោះហេតុ នោះ កាលបើអ្នកប្រាជ្ញ រលឹកឃើញពុទ្ធសាសនា គប្បីប្រកបនូវសទ្ធាផង សីលផង សេចក្ដីជ្រះថ្លាផង ការឃើញធម៌ផង។

(វស្សំវុត្ថសូត្រ ទី២)

(២. វស្សំវុត្ថសុត្តំ)

[៣២៤] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ ក៏សម័យនោះឯង មានភិក្ខុមួយរូប នៅចាំវស្សា ទៀបក្រុងសាវត្ថី រួចហើយ បានទៅដល់ក្រុងកបិលព័ស្តុ ដោយកិច្ចអ្វីមួយ។ ពួកសក្យនៅក្នុងក្រុងកបិលព័ស្តុ បានឮដំណឹងថា ឮថា ភិក្ខុមួយរូប នៅចាំវស្សា ទៀបក្រុងសាវត្ថី រួចហើយមកដល់ក្រុងកបិលភស្តុ។ គ្រានោះឯង ពួកសក្យនៅក្នុងក្រុងកបិលព័ស្តុ ក៏ចូលទៅរកភិក្ខុនោះ លុះចូលទៅដល់ ថ្វាយបង្គំភិក្ខុនោះហើយ អង្គុយក្នុងទីសមគួរ។ លុះពួកសក្យនៅក្នុងក្រុងកបិលព័ស្តុ អង្គុយក្នុងទីសមគួរហើយ បាននិយាយនឹងភិក្ខុនោះ យ៉ាងនេះថា

[៣២៥] បពិត្រលោកដ៏ចំរើន ព្រះដ៏មានព្រះភាគ មិនមានព្រះរោគ ទាំងមានព្រះកាយពលឬទេ។ ម្នាលអាវុសោទាំងឡាយ ព្រះដ៏មានព្រះភាគ មិនមានព្រះរោគ ទាំងមានព្រះកាយពលដែរ។ បពិត្រលោកដ៏ចំរើន ព្រះសារីបុត្ត និងព្រះមោគ្គល្លាន មិនមានរោគទាំងមានកំឡាំងដែរឬ។ ម្នាលអាវុសោទាំងឡាយ ព្រះសារីបុត្ត និងព្រះមោគ្គល្លាន លោកមិនមានរោគ ទាំងមានកំឡាំងដែរ។ បពិត្រលោកដ៏ចំរើន ភិក្ខុសង្ឃមិនមានរោគ ទាំងមានកំឡាំងដែរឬ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុសង្ឃមិនមានរោគ ទាំងមានកំឡាំងដែរ។ បពិត្រលោកដ៏ចំរើន ក្នុងចន្លោះវស្សានេះ តើលោកបានស្ដាប់ធម៌ ចំពោះព្រះភក្ត្រព្រះដ៏មានព្រះភាគ បានទទួលកិច្ចការអ្វី ចំពោះព្រះភក្ត្រព្រះដ៏មានព្រះភាគដែរឬ។ ម្នាលអាវុសោទាំងឡាយ អាត្មា បានស្ដាប់ធម៌ ចំពោះព្រះភក្ត្រ បានទទួល ចំពោះព្រះភក្ត្រព្រះដ៏មានព្រះភាគ យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុដែលបានធ្វើឲ្យជាក់ច្បាស់ នូវចេតោវិមុត្តិ បញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់អាសវៈទាំងឡាយ ដោយប្រាជ្ញា ដ៏ក្រៃលែងខ្លួនឯង ក្នុងបច្ចុប្បន្ន ពួកភិក្ខុនោះ មានប្រមាណតិចទេ មានតែពួកភិក្ខុ ដែលធ្វើសំយោជនៈ ជាចំណែកខាងក្រោម ៥ ឲ្យអស់រលីង ជាឱបបាតិកៈ បរិនិព្វាន ក្នុងទីនោះ ទៀងតែមិនត្រឡប់មកអំពីលោកនោះ ពួកភិក្ខុនុ៎ះឯង ទើបមានច្រើនជាង។ ម្នាលអាវុសោ អាត្មាបានស្ដាប់ធម៌ ចំពោះព្រះភក្ត្រព្រះដ៏មានព្រះភាគ បានទទួល ចំពោះព្រះភក្ត្រ នូវព្រះពុទ្ធដីកាដទៃទៀតថា ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុដែលធ្វើសញ្ញោជនៈ ជាចំណែកខាងក្រោម ៥ ឲ្យអស់រលីង ជាឱបបាតិកៈ បរិនិព្វានក្នុងទីនោះ ទៀងតែមិនត្រឡប់អំពីលោកនោះ ពួកនោះ មានប្រមាណតិច មានតែពួកភិក្ខុដែលធ្វើឲ្យអស់ត្រឹមតែសញ្ញោជនៈ ៣ ជាសកទាគាមី ព្រោះធ្វើរាគៈ ទោសៈ មោហៈ ឲ្យស្រាលស្ដើង នឹងមកកាន់លោកនេះម្ដងទៀត ហើយធ្វើនូវទីបំផុត នៃទុក្ខបាន ពួកភិក្ខុនោះឯង ទើបមានច្រើនជាង។ ម្នាលអាវុសោ អាត្មាបានស្ដាប់ធម៌ ចំពោះព្រះភក្ត្រព្រះដ៏មានព្រះភាគ បានទទួលចំពោះព្រះភក្ត្រ នូវព្រះពុទ្ធដីកាដទៃទៀតថា ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុដែលធ្វើឲ្យអស់ត្រឹមសញ្ញោជនៈ ៣ ជាសកទាគាមី ព្រោះធ្វើរាគៈ ទោសៈ មោហៈ ឲ្យស្រាលស្ដើង នឹងមកកាន់លោកនេះម្ដងទៀត ហើយធ្វើនូវទីបំផុតទុក្ខបាន ពួកភិក្ខុទាំងនុ៎ះ មានប្រមាណតិច មានតែពួកភិក្ខុ ដែលសម្រេចស្រោតៈ ព្រោះអស់សញ្ញោជនៈ ៣ មានធម៌មិនបានធ្លាក់ចុះ ទៀតតែនឹងបានត្រាស់ដឹងទៅខាងមុខ ពួកភិក្ខុនោះឯង ទើបមានច្រើនជាង។

(ធម្មទិន្នសូត្រ ទី៣)

(៣. ធម្មទិន្នសុត្តំ)

[៣២៦] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងឥសិបតនមិគទាយវន ទៀបក្រុងពារាណសី។ គ្រានោះឯង ឧបាសកឈ្មោះ ធម្មទិន្ន ព្រមដោយពួកឧបាសក៥០០ នាក់ បានចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ បានថ្វាយបង្គំព្រះដ៏មានព្រះភាគ រួចអង្គុយក្នុងទីសមគួរ។ លុះធម្មទិន្នឧបាសក អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបទូលព្រះដ៏មានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះដ៏មានព្រះភាគ ទូន្មានពួកខ្ញុំព្រះអង្គ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះដ៏មានព្រះភាគ ប្រៀនប្រដៅពួកខ្ញុំព្រះអង្គនូវធម៌ ដែលឲ្យបានប្រយោជន៍ និងសេចក្ដីសុខ ដល់យើងខ្ញុំ អស់កាលជាយូរអង្វែង។ ម្នាលធម្មទិន្ន ព្រោះហេតុដូច្នោះ ក្នុងសាសនានេះ អ្នកទាំងឡាយ ត្រូវសិក្សាយ៉ាងនេះថា សូត្រណា ដែលតថាគតសំដែងហើយ ជាសូត្រមានធម៌ដ៏ជ្រៅ មានអត្ថដ៏ជ្រៅ បំភ្លឺនូវប្រយោជន៍ ឲ្យឆ្លងផុតចាកលោក ប្រកបដោយធម៌ដ៏សូន្យចាកកិលេស យើងនឹងបាន (ស្ដាប់) សូត្រទាំងនោះ តាមកាលដ៏គួរ។ ម្នាលធម្មទិន្ន ពួកអ្នកត្រូវសិក្សាយ៉ាងនេះចុះ។

[៣២៧] បពិត្រព្រះអង្គដ៏ចំរើន ពួកខ្ញុំព្រះអង្គ កំពុងនៅគ្រប់គ្រងទីដេក ដែលចង្អៀតដោយកូន នៅស្អិតស្អាងខ្លឹមចន្ទន៍ ក្នុងដែនកាសី ទ្រទ្រង់កម្រងផ្កា និងគ្រឿងក្រអូប និងគ្រឿងលាប និងត្រេកអរ ទទួលយកនូវមាសប្រាក់ មិនងាយនឹងបានប្រតិបត្តិពួកសូត្រ ដែលព្រះតថាគតសំដែងហើយ ជាសូត្រមានធម៌ដ៏ជ្រៅ មានអត្ថដ៏ជ្រៅ បំភ្លឺនូវ ប្រយោជន៍ ឲ្យឆ្លងផុតចាកលោក ប្រកបដោយធម៌ដ៏សូន្យចាកកិលេស តាមកាលដ៏គួរ នុ៎ះបានទេ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះដ៏មានព្រះភាគ ទ្រង់សំដែងធម៌ ដល់ពួកយើងខ្ញុំ ដែលតាំងនៅក្នុងសិក្ខាបទ ៥ នោះ ឲ្យក្រៃលែងទៅទៀត។ ម្នាលធម្មទិន្ន ព្រោះហេតុនោះ ក្នុងសាសនានេះ អ្នកទាំងឡាយ ត្រូវសិក្សាយ៉ាងនេះថា យើងទាំងឡាយ នឹងប្រកបដោយសេចក្ដីជ្រះថ្លា មិនញាប់ញ័រ ក្នុងព្រះពុទ្ធថា ព្រះដ៏មានព្រះភាគនោះ។បេ។ ជាសាស្ដានៃទេវតា និងមនុស្សទាំងឡាយ ជាព្រះពុទ្ធមានជោគ ដោយហេតុដូច្នេះឯង។ ក្នុងព្រះធម៌។ ក្នុងព្រះសង្ឃ។ ប្រកបដោយអរិយកន្តសីល ជាសីលមិនដាច់។បេ។ ប្រព្រឹត្តទៅ ដើម្បីសមាធិ។ ម្នាលធម្មទិន្ន អ្នកទាំងឡាយ ត្រូវសិក្សាយ៉ាងនេះចុះ។ បពិត្រព្រះអង្គដ៏ចំរើន សោតាបត្តិយង្គ ទាំង ៤ នេះ ព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយ ធម៌ទាំងនោះ មានក្នុងពួកយើងខ្ញុំផង ពួកយើងខ្ញុំនឹងឃើញច្បាស់ ក្នុងធម៌ទាំងនោះផង។ បពិត្រព្រះអង្គដ៏ចំរើន ព្រោះថា ពួកយើងខ្ញុំ ប្រកបដោយសេចក្ដីជ្រះថ្លា មិនញាប់ញ័រ ក្នុងព្រះពុទ្ធថា ព្រះដ៏មានព្រះភាគនោះ។បេ។ ជាសាស្ដានៃទេវតា និងមនុស្សទាំងឡាយ ជាព្រះពុទ្ធមានជោគ ដោយហេតុដូច្នេះឯង។ ក្នុងព្រះធម៌។ ក្នុងព្រះសង្ឃ។ ពួកយើងខ្ញុំ ប្រកបដោយអរិយកន្តសីល ជាសីលមិនដាច់។បេ។ ប្រព្រឹត្តទៅ ដើម្បីសមាធិ។ ម្នាល ធម្មទិន្ន ជាលាភរបស់ពួកអ្នកហើយ ម្នាលធម្មទិន្ន ពួកអ្នកឈ្មោះថា បានល្អហើយ ម្នាល ធម្មទិន្ន ព្រោះពួកអ្នកបានធ្វើឲ្យច្បាស់ នូវសោតាបត្តិផលហើយ។

(គិលានសូត្រ ទី៤)

(៤. គិលានសុត្តំ)

[៣២៨] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងនិគ្រោធារាម ទៀបក្រុងកបិលព័ស្តុ ក្នុងដែនសក្កៈ។ ក៏ក្នុងសម័យនោះឯង ពួកភិក្ខុច្រើនរូប នាំគ្នាដេរចីវរថ្វាយព្រះដ៏មានព្រះភាគ ដោយគិតថា ព្រះដ៏មានព្រះភាគ មានចីវរសម្រេចហើយ ព្រះអង្គនឹងស្ដេចទៅកាន់ចារិក ដោយកាលប្រព្រឹត្តកន្លងទៅ នៃខែ ៣។ មហានាមសក្កៈ បានឮដំណឹងថា ឮថាពួកភិក្ខុច្រើនរូប ដេរចីវរថ្វាយព្រះដ៏មានព្រះភាគ ដោយគិតថា ព្រះដ៏មានព្រះភាគ មានចីវរសម្រេចហើយ ព្រះអង្គនឹងស្ដេចទៅកាន់ចារិក ដោយកាលប្រព្រឹត្តកន្លងទៅនៃខែ ៣។ លំដាប់នោះ មហានាមសក្កៈ ក៏ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះដ៏មានព្រះភាគ រួចគង់ក្នុងទីសមគួរ។ លុះមហានាមសក្កៈ គង់ក្នុងទីសមគួរហើយ ក្រាបទូលព្រះដ៏មានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គឮដំណឹងនេះថា ឮថា ពួកភិក្ខុច្រើនរូប ដេរចីវរថ្វាយព្រះដ៏មានព្រះភាគ ដោយគិតថា ព្រះដ៏មានព្រះភាគ មានចីវរសម្រេចហើយ ព្រះអង្គនឹងស្ដេចទៅកាន់ចារិក ដោយកាលប្រព្រឹត្តកន្លងទៅ នៃខែ ៣។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ មិនទាន់បានស្ដាប់ធម៌ ចំពោះព្រះភក្ត្រព្រះដ៏មានព្រះភាគ មិនទាន់បានទទួល ចំពោះព្រះភក្ត្រយ៉ាងនេះថា ឧបាសកប្រកបដោយប្រាជ្ញា (សម្រេចស្រោតៈ) ដែលមានអាពាធ ដល់នូវទុក្ខវេទនា ឈឺធ្ងន់ ត្រូវតែឧបាសក ដែលប្រកបដោយប្រាជ្ញាទូន្មានគ្នា។

[៣២៩] ម្នាលមហានាម ឧបាសកដែលប្រកបដោយប្រាជ្ញា មានអាពាធ ដល់នូវទុក្ខវេទនា ឈឺធ្ងន់ ត្រូវតែឧបាសកប្រកបដោយប្រាជ្ញា លួងលោមដោយធម៌ ដែលគួរលួងលោម ៤ យ៉ាងថា អ្នកដ៏មានអាយុ ចូរដកដង្ហើមឲ្យស្រួលចុះ ព្រោះអ្នកដ៏មានអាយុ មានសេចក្ដីជ្រះថ្លា មិនញាប់ញ័រ ក្នុងព្រះពុទ្ធថា ព្រះដ៏មានព្រះភាគនោះ។បេ។ ជាសាស្ដានៃទេវតា និងមនុស្សទាំងឡាយ ជាព្រះពុទ្ធមានជោគ ដោយហេតុដូច្នេះឯង។ អ្នកដ៏មានអាយុ ចូរដកដង្ហើមឲ្យស្រួលចុះ ព្រោះអ្នកដ៏មានអាយុ (មានសេចក្ដីជ្រះថ្លា មិនញាប់ញ័រ) ក្នុងព្រះធម៌។ ក្នុងព្រះសង្ឃ។ អរិយកន្តសីល ជាសីលមិនដាច់ ប្រព្រឹត្តទៅ ដើម្បីសមាធិ។

[៣៣០] ម្នាលមហានាម ឧបាសក ប្រកបដោយប្រាជ្ញា មានអាពាធ ដល់នូវទុក្ខវេទនាឈឺធ្ងន់ ដែលឧបាសកប្រកបដោយប្រាជ្ញា ទូន្មានដោយធម៌ ដែលគួរលួងលោមទាំង៤ នេះហើយ ត្រូវនិយាយយ៉ាងនេះថា អ្នកដ៏មានអាយុ មានសេចក្ដីអាឡោះអាល័យមាតាបិតាឬ។ បើឧបាសកនោះ និយាយយ៉ាងនេះថា ខ្ញុំនៅមានសេចក្តីអាឡោះអាល័យមាតាបិតាដែរ។ ត្រូវនិយាយនឹងឧបាសកនោះ យ៉ាងនេះថា អ្នកដ៏មានអាយុ ជាប់ជំពាក់ដោយសេចក្ដីស្លាប់ ទៀងតែនឹងស្លាប់ ប្រសិនបើអ្នកដ៏មានអាយុ នៅជាប់អាឡោះអាល័យ នឹងមាតាបិតា អ្នកដ៏មានអាយុ គង់តែនឹងស្លាប់ បើទុកជាអ្នកដ៏មានអាយុ មិនអាឡោះអាល័យ នឹងមាតាបិតា អ្នកដ៏មានអាយុ គង់តែនឹងស្លាប់ដែរ សូមឲ្យអ្នកដ៏មានអាយុ លះបង់សេចក្ដីអាឡោះអាល័យរបស់អ្នក ក្នុងមាតាបិតានោះចេញ។ បើឧបាសកនោះ និយាយយ៉ាងនេះថា ខ្ញុំលះបង់សេចក្ដីអាឡោះអាល័យ ក្នុងមាតាបិតានោះរួចហើយ។

[៣៣១] ត្រូវនិយាយនឹងឧបាសកនោះ យ៉ាងនេះថា អ្នកដ៏មានអាយុ មានសេចក្ដីអាឡោះអាល័យ ក្នុងបុត្ត និងភរិយាដែរឬ។ បើឧបាសកនោះ និយាយយ៉ាងនេះថា ខ្ញុំនៅមានសេចក្ដីអាឡោះអាល័យ ក្នុងបុត្តនិងភរិយាដែរ។ ត្រូវនិយាយនឹងឧបាសកនោះ យ៉ាងនេះថា អ្នកដ៏មានអាយុ ជាប់ជំពាក់នឹងសេចក្ដីស្លាប់ ហើយទៀងតែនឹងស្លាប់ បើទុកជាអ្នកដ៏មានអាយុ នៅមានសេចក្តីអាឡោះអាល័យ ក្នុងបុត្តនិងភរិយា អ្នកដ៏មានអាយុគង់តែនឹងស្លាប់ បើអ្នកដ៏មានអាយុ មិនមានសេចក្តីអាឡោះអាល័យ ក្នុងបុត្តនិងភរិយា អ្នកដ៏មានអាយុ គង់តែនឹងស្លាប់ សូមអ្នកដ៏មានអាយុ លះបង់សេចក្ដីអាឡោះអាល័យ ក្នុងបុត្ត និងភរិយា របស់អ្នកនោះចេញ។ បើឧបាសកនោះ និយាយយ៉ាងនេះថា ខ្ញុំបានលះសេចក្ដីអាឡោះអាល័យ ក្នុងបុត្ត និងភរិយានោះចេញហើយ។

[៣៣២] ត្រូវនិយាយនឹងឧបាសកនោះ យ៉ាងនេះថា អ្នកដ៏មានអាយុ មានសេចក្ដីអាឡោះអាល័យ ក្នុងកាមគុណ ទាំង ៥ ជារបស់មនុស្សដែរឬ។ បើឧបាសកនោះ និយាយយ៉ាងនេះថា ខ្ញុំមានសេចក្ដីអាឡោះអាល័យ ក្នុងកាមគុណ ទាំង ៥ ជារបស់មនុស្សដែរ។ ត្រូវនិយាយនឹងឧបាសកនោះ យ៉ាងនេះថា ម្នាលអាវុសោ កាមជាទិព្យ ជារបស់រុងរឿងផង ឧត្ដមផង ជាងកាមទាំងឡាយ ជារបស់មនុស្ស សូមអ្នកដ៏មានអាយុ ធ្វើចិត្តឲ្យផុតចាកកាម ជារបស់មនុស្សចេញ ហើយចូរដម្កល់ចិត្ត ក្នុងពួកទេវតា ស្ថានចាតុម្មហារាជិកចុះ។ បើឧបាសកនោះ និយាយយ៉ាងនេះថា ចិត្តរបស់ខ្ញុំ ផុតស្រឡះចាកកាមជារបស់មនុស្សហើយ ខ្ញុំបានដម្កល់ចិត្តទុក ក្នុងពួកទេវតាជាន់ចាតុម្មហារាជិកហើយ។

[៣៣៣] ត្រូវនិយាយនឹងឧបាសកនោះ យ៉ាងនេះថា ម្នាលអាវុសោ ពួកតាវត្តិង្សទេវតា រុងរឿងជាង ឧត្ដមជាងពួកចាតុម្មហារាជិកទេវតា សូមអ្នកដ៏មានអាយុ ដកចិត្តអំពីពួកចាតុម្មហារាជិកទេវតាចេញ ហើយដម្កល់ចិត្ត ក្នុងពួកតាវត្តិង្សទេវតាចុះ។ បើឧបាសកនោះ និយាយយ៉ាងនេះថា ចិត្តខ្ញុំបានដកផុត អំពីពួកចាតុម្មហារាជិកទេវតាហើយ ខ្ញុំបាន ដម្កល់ចិត្ត ក្នុងពួកតាវត្តិង្សទេវតាហើយ។ ត្រូវនិយាយនឹងឧបាសកនោះ យ៉ាងនេះថា ម្នាលអាវុសោ ពួកយាមទេវតា រុងរឿងជាងពួកតាវត្តិង្សទេវតា។ ពួកតុសិតទេវតា។ ពួកនិម្មានរតីទេវតា។ ពួកបរនិម្មិតវសវត្តីទេវតា។ ម្នាលអាវុសោ ព្រហ្មលោក រុងរឿងជាង ឧត្ដមជាង ពួកបរនិម្មិតវសវត្តីទេវតា សូមអ្នកដ៏មានអាយុ ដកចិត្តអំពីពួកបរនិម្មិតវសវត្តីទេវតាចេញ ហើយដម្កល់ចិត្ត ក្នុងព្រហ្មលោកវិញ។ បើឧបាសកនោះ និយាយយ៉ាងនេះថា ចិត្តខ្ញុំបានដកចេញ អំពីពួកបរនិម្មិតវសវត្តីទេវតាហើយ បានដម្កល់ចិត្ត ក្នុងព្រហ្មលោកហើយ។

[៣៣៤] ត្រូវនិយាយនឹងឧបាសកនោះ យ៉ាងនេះថា ម្នាលអាវុសោ ទោះជាព្រហ្មលោក ក៏នៅតែមិនទៀង មិនខ្ជាប់ខ្ជួន រាប់បញ្ចូលជាសក្កាយ សូមអ្នកដ៏មានអាយុ ដកចិត្តអំពីព្រហ្មលោកចេញ ហើយប្រមូលចិត្ត ទៅក្នុងព្រះនិព្វាន ជាទីរំលត់នូវសក្ដាយវិញ។ បើឧបាសកនោះ និយាយយ៉ាងនេះថា ចិត្តខ្ញុំដកផុត អំពីព្រហ្មលោកហើយ ចិត្តខ្ញុំក៏បានប្រមូល ទៅក្នុងព្រះនិព្វាន ជាទីរំលត់សក្កាយហើយ។ ម្នាលមហានាម ចិត្តដែលរួចស្រឡះដោយអរហត្តផល វិមុត្តិរបស់ឧបាសក ដែលមានចិត្តរួចស្រឡះហើយ យ៉ាងនេះ តថាគតមិនពោលថា មានការធ្វើផ្សេងគ្នា អំពីភិក្ខុដែលមានចិត្តរួចស្រឡះហើយ អស់ ១០០ ឆ្នាំ នោះតែបន្តិចសោះឡើយ។

(សោតាបត្តិផលសូត្រ ទី៥)

(៥. សោតាបត្តិផលសុត្តំ)

[៣៣៥] ម្នាលភិក្ខុទាំងឡាយ ធម៌ ៤ នេះ ដែលបុគ្គលបានចំរើនហើយ ធ្វើឲ្យច្រើនហើយ តែងប្រព្រឹត្តទៅ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវសោតាបត្តិផល។ ធម៌ ៤ តើដូចម្ដេចខ្លះ។ គឺការសេពគប់សប្បុរស ១ ការស្ដាប់ធម៌របស់សប្បុរស ១ ការធ្វើទុកក្នុងចិត្ត ដោយឧបាយ ១ សេចក្ដីប្រតិបត្តិ នូវធម៌សមគួរតាមធម៌ ១ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំង ៤ នេះឯង ដែលបុគ្គលបានចំរើនហើយ ធ្វើឲ្យច្រើនហើយ តែងប្រព្រឹត្តទៅ ដើម្បីធ្វើឲ្យច្បាស់ នូវសោតាបត្តិផល។

(សកទាគាមិផលសូត្រ ទី៦)

(៦. សកទាគាមិផលសុត្តំ)

[៣៣៦] ម្នាលភិក្ខុទាំងឡាយ ធម៌ទាំង ៤ នេះ ដែលបុគ្គលបានចំរើនហើយ ធ្វើឲ្យច្រើនហើយ តែងប្រព្រឹត្តទៅ ដើម្បីធ្វើឲ្យច្បាស់ នូវសកទាគាមិផល។

(អនាគាមិផលសូត្រ ទី៧)

(៧. អនាគាមិផលសុត្តំ)

[៣៣៧] តែងប្រព្រឹត្តទៅ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវអនាគាមិផល។

(អរហត្តផលសូត្រ ទី៨)

(៨. អរហត្តផលសុត្តំ)

[៣៣៨] តែងប្រព្រឹត្តទៅ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវអរហត្តផល។

(បញ្ញាបដិលាភសូត្រ ទី៩)

(៩. បញ្ញាបដិលាភសុត្តំ)

[៣៣៩] តែងប្រព្រឹត្តទៅ ដើម្បីបាននូវប្រាជ្ញា។

(បញ្ញាវុទ្ធិសូត្រ ទី១០)

(១០. បញ្ញាវុទ្ធិសុត្តំ)

[៣៤០] តែងប្រព្រឹត្តទៅ ដើម្បីចំរើនប្រាជ្ញា។

(បញ្ញាវេបុល្លសូត្រ ទី១១)

(១១. បញ្ញាវេបុល្លសុត្តំ)

[៣៤១] តែងប្រព្រឹត្តទៅ ដើម្បីធ្វើប្រាជ្ញាឲ្យធំទូលាយ។

ចប់ សប្បញ្ញ វគ្គ ទី៦។

ឧទាននៃសប្បញ្ញវគ្គនោះគឺ

ពុទ្ធភាសិតប្រកបដោយគាថា ១ សូត្រ ភិក្ខុចាំវស្សារួចហើយ ១ សូត្រ ធម្មទិន្នឧបាសក ១ សូត្រ ឧបាសកឈឺ ១ សូត្រ ផល ៤ សូត្រ ការបានប្រាជ្ញា ១ សូត្រ ចំរើនប្រាជ្ញា ១ សូត្រ ការធ្វើប្រាជ្ញាឲ្យធំទូលាយ ១ សូត្រ។

មហាបញ្ញវគ្គ ទី៧

(៧. មហាបញ្ញវគ្គោ)

(មហាបញ្ញាសូត្រ ទី១)

(១. មហាបញ្ញាសុត្តំ)

[៣៤២] (ធម៌ ៤) តែងប្រព្រឹត្តទៅ ដើម្បីប្រាជ្ញាច្រើន។

(បុថុបញ្ញាសូត្រ ទី២)

(២. បុថុបញ្ញាសុត្តំ)

[៣៤៣] ប្រព្រឹត្តទៅ ដើម្បីប្រាជ្ញាដ៏ក្រាស់។

(វិបុលបញ្ញាសូត្រ ទី៣)

(៣. វិបុលបញ្ញាសុត្តំ)

[៣៤៤] ប្រព្រឹត្តទៅ ដើម្បីប្រាជ្ញាដ៏ធំទូលាយ។

(គម្ភីរបញ្ញាសូត្រ ទី៤)

(៤. គម្ភីរបញ្ញាសុត្តំ)

[៣៤៥] ប្រព្រឹត្តទៅ ដើម្បីប្រាជ្ញាដ៏ជ្រៅ។

(អប្បមត្តបញ្ញាសូត្រ ទី៥)

(៥. អប្បមត្តបញ្ញាសុត្តំ)

[៣៤៦] ប្រព្រឹត្តទៅ ដើម្បីប្រាជ្ញាប្រមាណមិនបាន។

(ភូរិបញ្ញាសូត្រ ទី៦)

(៦. ភូរិបញ្ញាសុត្តំ)

[៣៤៧] ប្រព្រឹត្តទៅ ដើម្បីប្រាជ្ញាដូចជាផែនដី។

(បញ្ញាពាហុល្លសូត្រ ទី៧)

(៧. បញ្ញាពាហុល្លសុត្តំ)

[៣៤៨] ប្រព្រឹត្តទៅ ដើម្បីប្រាជ្ញាដ៏ច្រើន។

(សីឃបញ្ញាសូត្រ ទី៨)

(៨. សីឃបញ្ញាសុត្តំ)

[៣៤៩] ប្រព្រឹត្តទៅ ដើម្បីប្រាជ្ញាឆាប់។

(លហុបញ្ញាសូត្រ ទី៩)

(៩. លហុបញ្ញាសុត្តំ)

[៣៥០] ប្រព្រឹត្តទៅ ដើម្បីប្រាជ្ញារហ័ស។

(ហាសបញ្ញាសូត្រ ទី១០)

(១០. ហាសបញ្ញាសុត្តំ)

[៣៥១] ប្រព្រឹត្តទៅ ដើម្បីប្រាជ្ញាដ៏រីករាយ។

(ជវនបញ្ញាសូត្រ ទី១១)

(១១. ជវនបញ្ញាសុត្តំ)

[៣៥២] ប្រព្រឹត្តទៅ ដើម្បីប្រាជ្ញាជាទីស្ទុះទៅ។

(តិក្ខបញ្ញាសូត្រ ទី១២)

(១២. តិក្ខបញ្ញាសុត្តំ)

[៣៥៣] ប្រព្រឹត្តទៅ ដើម្បីប្រាជ្ញាដ៏ក្លៀវក្លា។

(និព្វេធិកបញ្ញាសូត្រ ទី១៣)

(១៣. និព្វេធិកបញ្ញាសុត្តំ)

[៣៥៤] ប្រព្រឹត្តទៅ ដើម្បីប្រាជ្ញាដ៏មោះមុត។

ធម៌ ៤ ដូចម្ដេចខ្លះ។ គឺការសេពគប់សប្បុរស ១ ការស្ដាប់ធម៌របស់សប្បុរស ១ ការធ្វើទុកក្នុងចិត្ត ដោយឧបាយនៃប្រាជ្ញា ១ សេចក្ដីប្រតិបត្តិធម៌ សមគួរតាមធម៌ ១។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំង ៤ នេះឯង ដែលបុគ្គលបានចំរើនហើយ ធ្វើឲ្យច្រើនហើយ តែងប្រព្រឹត្តទៅ ដើម្បីបានប្រាជ្ញាដ៏មោះមុត។

ចប់ មហាបញ្ញវគ្គ ទី៧។

ឧទ្ទាននៃមហាបញ្ញវគ្គនោះគឺ

ធម៌ ៤ ប្រព្រឹត្តទៅ ដើម្បីប្រាជ្ញាធំ ១ ប្រាជ្ញាក្រាស់ ១ ប្រាជ្ញាទូលាយ ១ ប្រាជ្ញាជ្រៅ ១ ប្រាជ្ញាប្រមាណមិនបាន ១ ប្រាជ្ញាដូចផែនដី ១ ប្រាជ្ញាច្រើន ១ ប្រាជ្ញាឆាប់ ១ ប្រាជ្ញារហ័ស ១ ប្រាជ្ញារីករាយ ១ ប្រាជ្ញាជាទីស្ទុះទៅ ១ ប្រាជ្ញាក្លៀវក្លា ១ ប្រាជ្ញាដ៏មោះមុត ១។

ចប់ សោតាបត្តិសំយុត្ត។

សច្ចសំយុត្ត (ទី១២)

(១២. សច្ចសំយុត្តំ)

សមាធិវគ្គ ទី១

(១. សមាធិវគ្គោ)

(សមាធិសូត្រ ទី១)

(១. សមាធិសុត្តំ)

[៣៥៥] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរចំរើនសមាធិ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលមានចិត្តដំកល់នឹង រមែងដឹងច្បាស់តាមសេចក្ដីពិត។ ចុះ ដឹងច្បាស់នូវអ្វី តាមសេចក្ដីពិត។ ដឹងច្បាស់តាមសេចក្ដីពិតថា នេះជាទុក្ខ។ ដឹងច្បាស់តាមសេចក្ដីពិតថា នេះជាហេតុ ជាទីកើតឡើងនៃទុក្ខ ដឹងច្បាស់តាមសេចក្ដីពិតថា នេះជាទីរំលត់ទុក្ខ ដឹងច្បាស់តាមសេចក្ដីពិតថា នេះជាបដិបទា ជាដំណើរទៅកាន់ទីរំលត់ទុក្ខ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរចំរើននូវសមាធិ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលមានចិត្តដំកល់នឹង រមែងដឹងច្បាស់តាមសេចក្ដីពិត។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ភិក្ខុក្នុងសាសនានេះ គួរធ្វើសេចក្ដីព្យាយាមថា នេះជាទុក្ខ គួរធ្វើសេចក្ដីព្យាយាមថា នេះជាហេតុ ជាទីកើតឡើងនៃទុក្ខ គួរធ្វើសេចក្ដីព្យាយាមថា នេះជាទីរំលត់ទុក្ខ គួរធ្វើសេចក្ដីព្យាយាមថា នេះជាបដិបទា ជាដំណើរទៅកាន់ទីរំលត់ទុក្ខ។

(បដិសល្លានសូត្រ ទី២)

(២. បដិសល្លានសុត្តំ)

[៣៥៦] ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរប្រកបនូវសេចក្ដីព្យាយាម ក្នុងការពួនសម្ងំ (ក្នុងផលសមាបត្តិ)។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលពួនសម្ងំ រមែងដឹងច្បាស់តាមសេចក្ដីពិត។ ចុះដឹងច្បាស់នូវអ្វី តាមសេចក្ដីពិត។ ដឹងច្បាស់តាមសេចក្ដីពិតថា នេះជាទុក្ខ ដឹងច្បាស់តាមសេចក្ដីពិតថា នេះជាហេតុ ជាទីកើតឡើងនៃទុក្ខ ដឹងច្បាស់តាមសេចក្ដីពិតថា នេះជាទីរំលត់ទុក្ខ ដឹងច្បាស់តាមសេចក្ដីពិតថា នេះជាបដិបទា ជាដំណើរទៅកាន់ទីរំលត់ទុក្ខ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរប្រកបនូវសេចក្ដីព្យាយាម ក្នុងការពួនសម្ងំ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលពួនសម្ងំនៅជាប្រក្រតី រមែងដឹងច្បាស់តាមសេចក្ដីពិត។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ភិក្ខុក្នុងសាសនានេះ គួរធ្វើសេចក្ដីព្យាយាមថា នេះជាទុក្ខ គួរធ្វើសេចក្ដីព្យាយាមថា នេះជាហេតុ ជាទីកើតឡើងនៃទុក្ខ គួរធ្វើសេចក្ដីព្យាយាមថា នេះជាទីរំលត់ទុក្ខ គួរធ្វើសេចក្ដីព្យាយាមថា នេះជា បដិបទា ជាដំណើរទៅកាន់ទីរំលត់ទុក្ខ។

(បឋមកុលបុត្តសូត្រ ទី៣)

(៣. បឋមកុលបុត្តសុត្តំ)

[៣៥៧] ម្នាលភិក្ខុទាំងឡាយ ពួកកុលបុត្តឯណានីមួយ ក្នុងកាលដែលកន្លងទៅហើយ បានចេញចាកផ្ទះ ចូលកាន់ផ្នួស ដោយប្រពៃ កុលបុត្តទាំងអស់នោះ (រមែងប្រាថ្នា) ដើម្បីត្រាស់ដឹង នូវអរិយសច្ច ទាំង ៤ ប្រការ តាមសេចក្ដីពិត។ ម្នាលភិក្ខុទាំងឡាយ កុលបុត្តទាំងឡាយឯណានីមួយ ក្នុងកាលជាអនាគត នឹងចេញចាកផ្ទះ ចូលកាន់ផ្នួស ដោយប្រពៃ កុលបុត្តទាំងអស់នោះ (រមែងប្រាថ្នា) ដើម្បីត្រាស់ដឹង នូវអរិយសច្ច ទាំង ៤ ប្រការ តាមសេចក្ដីពិត។ ម្នាលភិក្ខុទាំងឡាយ កុលបុត្តទាំងឡាយ ឯណានីមួយ ក្នុងកាលឥឡូវនេះ ចេញចាកផ្ទះ ចូលកាន់ផ្នួស ដោយប្រពៃ កុលបុត្តទាំងអស់នោះ (រមែងប្រាថ្នា) ដើម្បីត្រាស់ដឹង នូវអរិយសច្ច ៤ ប្រការ តាមសេចក្ដីពិត។ អរិយសច្ច ៤ ប្រការ គឺអ្វីខ្លះ។ គឺទុក្ខអរិយសច្ច ១ ទុក្ខសមុទយអរិយសច្ច ១ ទុក្ខនិរោធអរិយសច្ច ១ ទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច ១។ ម្នាលភិក្ខុទាំងឡាយ កុលបុត្តទាំងឡាយ ឯណានីមួយ ក្នុងកាលជាអតីត បានចេញចាកផ្ទះ ចូលកាន់ផ្នួស ដោយប្រពៃ បួសហើយ (ក្ដី) នឹងបួស (ក្ដី) បួសឥឡូវនេះ (ក្ដី) កុលបុត្តទាំងអស់នោះ (រមែងប្រាថ្នា) ដើម្បីត្រាស់ដឹង នូវអរិយសច្ច ទាំង ៤ ប្រការ នេះឯង តាមសេចក្ដីពិត។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ភិក្ខុក្នុងសាសនានេះ គួរធ្វើសេចក្ដីព្យាយាមថា នេះជាទុក្ខ។បេ។ គួរធ្វើសេចក្ដីព្យាយាមថា នេះជាបដិបទា ជាដំណើរទៅកាន់ទីរំលត់ទុក្ខ។

(ទុតិយកុលបុត្តសូត្រ ទី៤)

(៤. ទុតិយកុលបុត្តសុត្តំ)

[៣៥៨] ម្នាលភិក្ខុទាំងឡាយ កុលបុត្តទាំងឡាយ ឯណានីមួយ ក្នុងកាលជាអតីត ចេញចាកផ្ទះ ចូលកាន់ផ្នួសដោយប្រពៃ បានត្រាស់ដឹង តាមសេចក្ដីពិតហើយ កុលបុត្តទាំងអស់នោះ បានត្រាស់ដឹង នូវអរិយសច្ច ទាំង ៤ ប្រការ តាមសេចក្ដីពិត។ ម្នាលភិក្ខុទាំងឡាយ ពួកកុលបុត្តឯណានីមួយ ក្នុងកាលជាអនាគត នឹងចេញចាកផ្ទះ ចូលកាន់ផ្នួសដោយប្រពៃ នឹងត្រាស់ដឹងតាមសេចក្ដីពិត ពួកកុលបុត្តទាំងអស់នោះ នឹងត្រាស់ដឹងនូវអរិយសច្ច ទាំង ៤ ប្រការ តាមសេចក្ដីពិត។ ម្នាលភិក្ខុទាំងឡាយ ពួកកុលបុត្ត ឯណានីមួយ ក្នុងកាលឥឡូវនេះ ចេញចាកផ្ទះ ចូលកាន់ផ្នួសដោយប្រពៃ រមែងត្រាស់ដឹងតាមសេចក្ដីពិត ពួកកុលបុត្តទាំងអស់នោះ រមែងត្រាស់ដឹង នូវអរិយសច្ច ទាំង ៤ ប្រការ តាមសេចក្ដីពិត។ អរិយសច្ចទាំង ៤ គឺអ្វីខ្លះ។ គឺទុក្ខអរិយសច្ច ១ ទុក្ខសមុទយអរិយសច្ច ១ ទុក្ខនិរោធអរិយសច្ច ១ ទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច ១។ ម្នាលភិក្ខុទាំងឡាយ ពួកកុលបុត្ត ឯណានីមួយ ក្នុងកាលជាអតីត បានចេញចាកផ្ទះ ចូលកាន់ផ្នួស ដោយប្រពៃ បានត្រាស់ដឹងហើយ នឹងត្រាស់ដឹង រមែងត្រាស់ដឹង តាមសេចក្ដីពិត ពួកកុលបុត្តទាំងអស់នោះ រមែងត្រាស់ដឹង នូវអរិយសច្ច ទាំង ៤ នេះឯង តាមសេចក្ដីពិត។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ភិក្ខុក្នុងសាសនានេះ គួរធ្វើសេចក្ដីព្យាយាមថា នេះជាទុក្ខ។បេ។ គួរធ្វើសេចក្ដីព្យាយាមថា នេះជាបដិបទា ជាដំណើរទៅកាន់ទីរំលត់ទុក្ខ។

(បឋមសមណព្រាហ្មណសូត្រ ទី៥)

(៥. បឋមសមណព្រាហ្មណសុត្តំ)

[៣៥៩] ម្នាលភិក្ខុទាំងឡាយ ពួកសមណៈ ឬព្រាហ្មណ៍ ឯណានីមួយ ក្នុងកាលជាអតីត ត្រាស់ដឹងតាមសេចក្ដីពិតហើយ ពួកសមណៈ ឬព្រាហ្មណ៍ទាំងនោះ បានត្រាស់ដឹង នូវអរិយសច្ច ទាំង ៤ ប្រការ តាមសេចក្ដីពិត។ ម្នាលភិក្ខុទាំងឡាយ ពួកសមណៈ ឬព្រាហ្មណ៍ឯណាមួយ ក្នុងកាលជាអនាគត នឹងត្រាស់ដឹងតាមសេចក្ដីពិត ពួកសមណៈ ឬព្រាហ្មណ៍ទាំងអស់នោះ នឹងត្រាស់ដឹង នូវអរិយសច្ច ទាំង ៤ ប្រការ តាមសេចក្ដីពិត។ ម្នាលភិក្ខុទាំងឡាយ ពួកសមណៈ ឬព្រាហ្មណ៍ឯណានីមួយ ក្នុងកាលឥឡូវនេះ រមែង ត្រាស់ដឹងតាមសេចក្ដីពិត ពួកសមណៈ ឬព្រាហ្មណ៍ទាំងអស់នោះ រមែងត្រាស់ដឹងនូវអរិយសច្ច ទាំង ៤ ប្រការ តាមសេចក្ដីពិត។ អរិយសច្ច ទាំង ៤ គឺអ្វីខ្លះ។ គឺទុក្ខអរិយសច្ច ១។បេ។ ទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច ១។ ម្នាលភិក្ខុទាំងឡាយ ពួកសមណៈ ឬព្រាហ្មណ៍ ឯណានីមួយ ក្នុងកាលជាអតីត ត្រាស់ដឹងហើយ នឹងត្រាស់ដឹង រមែងត្រាស់ដឹងតាមសេចក្ដីពិត ពួកសមណៈ ឬព្រាហ្មណ៍ទាំងអស់នោះ រមែងត្រាស់ដឹង នូវអរិយសច្ច ទាំង ៤ នេះឯង តាមសេចក្ដីពិត។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ភិក្ខុក្នុងសាសនានេះ គួរធ្វើសេចក្ដីព្យាយាមថា នេះជាទុក្ខ។បេ។ គួរធ្វើសេចក្ដីព្យាយាមថា នេះជាបដិបទា ជាដំណើរទៅកាន់ទីរំលត់ទុក្ខ។

(ទុតិយសមណព្រាហ្មណសូត្រ ទី៦)

(៦. ទុតិយសមណព្រាហ្មណសុត្តំ)

[៣៦០] ម្នាលភិក្ខុទាំងឡាយ ពួកសមណៈ ឬព្រាហ្មណ៍ឯណានីមួយ ក្នុងកាលជាអតីត បានប្រកាសនូវការត្រាស់ដឹង តាមសេចក្ដីពិតហើយ ពួកសមណៈ ឬព្រាហ្មណ៍ ទាំងអស់នោះ បានប្រកាសនូវការត្រាស់ដឹង នូវអរិយសច្ច ទាំង ៤ ប្រការ តាមសេចក្ដីពិត។ ម្នាលភិក្ខុទាំងឡាយ ពួកសមណៈ ឬព្រាហ្មណ៍ឯណានីមួយ ក្នុងកាលជាអនាគត នឹងប្រកាសនូវសេចក្តីត្រាស់ដឹង តាមសេចក្ដីពិត ពួកសមណៈ ឬព្រាហ្មណ៍ទាំងអស់នោះ នឹងប្រកាសនូវការត្រាស់ដឹង នូវអរិយសច្ច ទាំង ៤ ប្រការ តាមសេចក្ដីពិត។ ម្នាលភិក្ខុទាំងឡាយ សមណៈ ឬព្រាហ្មណ៍ឯណានីមួយ ក្នុងកាលឥឡូវនេះ ប្រកាសនូវការត្រាស់ដឹង តាមសេចក្ដីពិត ពួកសមណៈ ឬព្រាហ្មណ៍ទាំងអស់នោះ រមែងប្រកាសនូវការត្រាស់ដឹង នូវអរិយសច្ច ទាំង ៤ ប្រការ តាមសេចក្ដីពិត។ អរិយសច្ច ទាំង ៤ គឺអ្វីខ្លះ។ គឺទុក្ខអរិយសច្ច ១។បេ។ ទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច ១។ ម្នាលភិក្ខុទាំងឡាយ សមណៈ ឬព្រាហ្មណ៍ឯណានីមួយ ក្នុងកាលជាអតីត ប្រកាសហើយ នឹងប្រកាស ប្រកាសនូវការត្រាស់ដឹង តាមសេចក្ដីពិត ពួកសមណៈ ឬព្រាហ្មណ៍ទាំងអស់នោះ បានប្រកាសហើយ នឹងប្រកាស រមែងប្រកាស នូវការត្រាស់ដឹង នូវអរិយសច្ចទាំង ៤ នេះ តាមសេចក្ដីពិត។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ភិក្ខុក្នុងសាសនានេះ គួរធ្វើសេចក្ដីព្យាយាមថា នេះជាទុក្ខ។បេ។ គួរធ្វើសេចក្ដីព្យាយាមថា នេះជាបដិបទា ជាដំណើរទៅកាន់ទីរំលត់ទុក្ខ។

(វិតក្កសូត្រ ទី៧)

(៧. វិតក្កសុត្តំ)

[៣៦១] ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ កុំត្រិះរិះនូវវិតក្កៈ ជាអកុសលដ៏លាមក។ វិតក្កៈ គឺអ្វីខ្លះ។ គឺកាមវិតក្កៈ ១ ព្យាបាទវិតក្កៈ ១ វិហឹសាវិតក្កៈ ១។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា វិតក្កៈទាំងនុ៎ះ មិនមែនប្រកបដោយប្រយោជន៍ ជាអាទិព្រហ្មចរិយធម៌ មិនប្រព្រឹត្តទៅ ដើម្បីនឿយណាយ មិនប្រព្រឹត្តទៅ ដើម្បីប្រាសចាកតម្រេក មិនប្រព្រឹត្តទៅ ដើម្បីរំលត់ទុក្ខ មិនប្រព្រឹត្តទៅ ដើម្បីស្ងប់រម្ងាប់ មិនប្រព្រឹត្តទៅ ដើម្បីដឹងច្បាស់ មិនប្រព្រឹត្តទៅ ដើម្បីត្រាស់ដឹង មិនប្រព្រឹត្តទៅ ដើម្បីនិព្វាន។ ម្នាលភិក្ខុទាំងឡាយ កាលបើអ្នកទាំងឡាយ ត្រិះរិះ គួរត្រិះរិះថា នេះជាទុក្ខ គួរត្រិះរិះថា នេះជាហេតុ ជាទីកើតឡើងនៃទុក្ខ គួរត្រិះរិះថា នេះជាទីរំលត់ទុក្ខ គួរត្រិះរិះថា នេះជាបដិបទា ជាដំណើរទៅកាន់ទីរំលត់ទុក្ខ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះវិតក្កៈទាំងនុ៎ះ ប្រកបដោយប្រយោជន៍ វិតក្កៈទាំងនុ៎ះ ជាអាទិព្រហ្មចរិយធម៌ វិតក្កៈទាំងនុ៎ះ ប្រព្រឹត្តទៅ ដើម្បីនឿយណាយ ដើម្បីប្រាសចាកតម្រេក ដើម្បីរំលត់ទុក្ខ ដើម្បីសេចក្ដីស្ងប់រម្ងាប់ ដើម្បីដឹងច្បាស់ ដើម្បីត្រាស់ដឹង ដើម្បីនិព្វាន។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ភិក្ខុក្នុងសាសនានោះ គួរធ្វើសេចក្ដីព្យាយាមថា នេះជាទុក្ខ។បេ។ គួរធ្វើសេចក្ដីព្យាយាមថា នេះជាបដិបទា ជាដំណើរទៅកាន់ទីរំលត់ទុក្ខ។

(ចិន្តសូត្រ ទី៨)

(៨. ចិន្តសុត្តំ)

[៣៦២] ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ កុំនឹកដោយចិត្តជាអកុសលដ៏លាមកថា លោកទៀង ដូច្នេះក្ដី លោកមិនទៀង ដូច្នេះក្ដី លោកមានទីបំផុត ដូច្នេះក្ដី លោកមិនមានទីបំផុត ដូច្នេះក្ដី ជីវិតនោះ ក៏គឺសរីរៈនោះ ដូច្នេះក្ដី ជីវិតដទៃ សរីរៈដទៃ ដូច្នេះក្ដី សត្វស្លាប់ទៅ កើតទៀតក្ដី សត្វស្លាប់ទៅ មិនកើតទៀតក្ដី សត្វស្លាប់ទៅ កើតទៀតក៏មាន មិនកើតទៀតក៏មាន ដូច្នេះក្ដី សត្វស្លាប់ទៅ កើតទៀត ក៏មិនមែន មិនកើតទៀត ក៏មិនមែន ដូច្នេះក្ដី។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា គំនិតនុ៎ះមិនមែនប្រកបដោយប្រយោជន៍ មិនមែនជាអាទិព្រហ្មចរិយធម៌ មិនប្រព្រឹត្តទៅ ដើម្បីនឿយណាយ មិនប្រព្រឹត្តទៅ ដើម្បីប្រាសចាកតម្រេក មិនប្រព្រឹត្តទៅ ដើម្បីរំលត់ទុក្ខ មិនប្រព្រឹត្តទៅ ដើម្បីស្ងប់រម្ងាប់ មិនប្រព្រឹត្តទៅ ដើម្បីដឹងច្បាស់ មិនប្រព្រឹត្តទៅ ដើម្បីត្រាស់ដឹង មិនប្រព្រឹត្តទៅ ដើម្បីនិព្វាន។ ម្នាលភិក្ខុទាំងឡាយ កាលបើអ្នកទាំងឡាយគិត គួរគិតថា នេះជាទុក្ខ គួរគិតថា នេះជាហេតុ ជាទីកើតឡើងនៃទុក្ខ គួរគិតថា នេះជាទីរំលត់ទុក្ខ គួរគិតថា នេះជាបដិបទា ជាដំណើរទៅកាន់ទីរំលត់ទុក្ខ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា គំនិតនុ៎ះ ប្រកបដោយប្រយោជន៍ គំនិតនុ៎ះ ជាអាទិព្រហ្មចរិយធម៌ គំនិតនុ៎ះ ប្រព្រឹត្តទៅ ដើម្បីនឿយណាយ ដើម្បីប្រាសចាកតម្រេក ដើម្បីរំលត់ទុក្ខ ដើម្បីស្ងប់រម្ងាប់ ដើម្បីដឹងច្បាស់ ដើម្បីត្រាស់ដឹង ដើម្បីនិព្វាន។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ភិក្ខុក្នុងសាសនានេះ គួរធ្វើសេចក្ដីព្យាយាមថា នេះជាទុក្ខ។បេ។ គួរធ្វើសេចក្ដីព្យាយាមថា នេះជាបដិបទា ជាដំណើរទៅកាន់ទីរំលត់ទុក្ខ។

(វិគ្គាហិកកថាសូត្រ ទី៩)

(៩. វិគ្គាហិកកថាសុត្តំ)

[៣៦៣] ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ កុំពោលពាក្យប្រកាន់ផ្សេងគ្នាថា លោកមិនចេះធម្មវិន័យនេះទេ ខ្ញុំទើបចេះធម្មវិន័យនេះ លោកនឹងចេះនូវធម្មវិន័យនេះដូចម្ដេចបាន លោកជាអ្នកប្រតិបត្តិខុស ខ្ញុំទើបជាអ្នកប្រតិបត្តិត្រូវ ពាក្យដែលគេត្រូវនិយាយមុន លោកត្រឡប់ជានិយាយក្រោយវិញ ពាក្យដែលត្រូវនិយាយក្រោយ លោកត្រឡប់ជានិយាយមុនវិញ ពាក្យរបស់ខ្ញុំ ប្រកបដោយប្រយោជន៍ ពាក្យរបស់លោក មិនប្រកបដោយប្រយោជន៍ទេ ពាក្យផ្ទុយ លោកប្រព្រឹត្តមកយូរហើយ សំដីរបស់លោក ខ្ញុំបានលើកចោលហើយ លោកជាមនុស្សត្រូវខ្ញុំសង្កត់សង្កិនហើយ ក្នុងការដោះស្រាយ នូវសំដីរបស់ជនដទៃ ឬបើលោកអាច ចូរលោកដោះស្រាយ ឲ្យរួចខ្លួនចុះ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា ពាក្យនោះ មិនប្រកបដោយប្រយោជន៍ មិនមែនជាអាទិព្រហ្មចរិយធម៌ មិនមែនប្រព្រឹត្តទៅ ដើម្បីសេចក្ដីនឿយណាយ មិនប្រព្រឹត្តទៅ ដើម្បីប្រាសចាកតម្រេក មិនប្រព្រឹត្តទៅ ដើម្បីរំលត់ទុក្ខ មិនប្រព្រឹត្តទៅ ដើម្បីស្ងប់រម្ងាប់ មិនប្រព្រឹត្តទៅ ដើម្បីដឹងច្បាស់ មិនប្រព្រឹត្តទៅ ដើម្បីត្រាស់ដឹង មិនប្រព្រឹត្តទៅ ដើម្បីនិព្វាន។ ម្នាលភិក្ខុទាំងឡាយ កាលបើអ្នកទាំងឡាយពោល គួរពោលថា នេះជាទុក្ខ គួរពោលថា នេះជាហេតុ ជាទីកើតឡើងនៃទុក្ខ គួរពោលថា នេះជាទីរំលត់ទុក្ខ គួរពោលថា នេះជាបដិបទា ជាដំណើរទៅកាន់ទីរំលត់ទុក្ខ។បេ។ គួរធ្វើសេចក្ដីព្យាយាម។

(តិរច្ឆានកថាសូត្រ ទី១០)

(១០. តិរច្ឆានកថាសុត្តំ)

[៣៦៤] ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ កុំពោលពាក្យតិរច្ឆានកថាច្រើនប្រការ។ តិរច្ឆានកថា គឺអ្វីខ្លះ។ គឺនិយាយអំពីស្ដេច និយាយអំពីចោរ និយាយអំពីមហាមាត្រ និយាយអំពីសេនា និយាយអំពីភ័យ និយាយអំពីចម្បាំង និយាយអំពីគ្រឿងស៊ី និយាយ អំពីគ្រឿងផឹក និយាយអំពីសំពត់ និយាយអំពីទីដេក និយាយអំពីកម្រងផ្កា និយាយអំពីគ្រឿងក្រអូប និយាយអំពីញាតិ និយាយអំពីយាន និយាយអំពីស្រុក និយាយអំពីនិគម និយាយអំពីនគរ និយាយអំពីជនបទ និយាយអំពីស្រី និយាយអំពីប្រុស និយាយអំពី ទាហានដ៏ក្លៀវក្លា និយាយអំពីច្រកផ្លូវ និយាយអំពីកំពង់ទឹក និយាយអំពីបុព្វប្រេតគឺញាតិ ដែលចែកស្ថានទៅហើយ និយាយអំពីពាក្យឥតប្រយោជន៍ផ្សេងៗ និយាយអំពី លោក និយាយអំពីការជីកសមុទ្រ និយាយអំពីសេចក្ដីចំរើន និងមិនចំរើន ដូច្នេះៗ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា ការពោលនុ៎ះ មិនប្រកបដោយប្រយោជន៍ មិនមែនជាអាទិព្រហ្មចរិធម៌ មិនប្រព្រឹត្តទៅ ដើម្បីសេចក្ដីនឿយណាយ មិនប្រព្រឹត្តទៅ ដើម្បីប្រាសចាកតម្រេក មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីរំលត់ទុក្ខ មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីស្ងប់ស្ងាត់ មិនប្រព្រឹត្តទៅ ដើម្បីដឹងច្បាស់ មិនប្រព្រឹត្តទៅ ដើម្បីត្រាស់ដឹង មិនប្រព្រឹត្តទៅ ដើម្បីនិព្វាន។ ម្នាលភិក្ខុទាំងឡាយ កាលបើអ្នកទាំងឡាយពោល គួរពោលថា នេះជាទុក្ខ គួរពោលថា នេះហេតុជាទីកើតឡើងនៃទុក្ខ គួរពោលថា នេះជាទីរំលត់ទុក្ខ គួរពោលថា នេះជាបដិបទា ជាដំណើរទៅកាន់ទីរំលត់ទុក្ខ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា ការពោលនុ៎ះ ប្រកបដោយប្រយោជន៍ ការពោលនុ៎ះ ជាអាទិព្រហ្មចរិធម៌ ការពោលនុ៎ះ ប្រព្រឹត្តទៅ ដើម្បីសេចក្ដីនឿយណាយ ដើម្បីប្រាសចាកតម្រេក ដើម្បីរំលត់ទុក្ខ ដើម្បីស្ងប់រម្ងាប់ ដើម្បីដឹងច្បាស់ ដើម្បីត្រាស់ដឹង ដើម្បីនិព្វាន។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ភិក្ខុក្នុងសាសនានេះ គួរធ្វើសេចក្ដីព្យាយាមថា នេះជាទុក្ខ។បេ។ គួរធ្វើសេចក្ដីព្យាយាមថា នេះជាបដិបទា ជាដំណើរទៅកាន់ទីរំលត់ទុក្ខ។

ចប់ សមាធិវគ្គ ទី១។

ឧទាននៃសមាធិវគ្គនោះគឺ

និយាយអំពីសមាធិ ១ អំពីការធ្វើសេចក្ដីព្យាយាម ក្នុងការពួនសម្ងំ ១ អំពីពួកកុលបុត្ត មាន ២ លើក អំពីពួកសមណៈព្រាហ្មណ៍ មាន ២ លើក អំពីកុំឲ្យត្រិះរិះ នូវអកុសលវិតក្កៈ ១ អំពីកុំឲ្យគិតជាអកុសល ១ អំពីពោលពាក្យប្រកាន់ផ្សេងគ្នា ១ អំពីតិរច្ឆានកថា ១។

ធម្មចក្កប្បវត្តនវគ្គ ទី២

(២. ធម្មចក្កប្បវត្តនវគ្គោ)

(ធម្មចក្កប្បវត្តនសូត្រ ទី១)

(១. ធម្មចក្កប្បវត្តនសុត្តំ)

[៣៦៥] ខ្ញុំបានស្ដាប់មកយ៉ាងនេះ។ សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅ ក្នុងឥសិបតនមិគទាយវន ទៀបក្រុងពារាណសី។ ក្នុងទីនោះឯង ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ចំពោះបញ្ចវគ្គិយភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ធម៌អមខាង ២ ប្រការនេះ បព្វជិត មិនគួរសេពគប់ឡើយ។ ធម៌អមខាង ២ ប្រការ គឺអ្វីខ្លះ។ ការប្រកបរឿយៗ នូវសេចក្ដីជាប់ជំពាក់ ដោយកាមសុខ ក្នុងកាមទាំងឡាយ ដែលជាធម៌ ថោកទាប ជារបស់អ្នកស្រុក ជារបស់បុថុជ្ជន មិនមែនជារបស់អរិយបុគ្គល មិនប្រកបដោយប្រយោជន៍ ១ ការប្រកបរឿយៗ នូវសេចក្ដីព្យាយាមធ្វើខ្លួនឯងឲ្យលំបាក ដែលនាំមកនូវសេចក្ដីទុក្ខ មិនមែនជារបស់អរិយបុគ្គល មិនប្រកបដោយប្រយោជន៍ ១។ ម្នាលភិក្ខុទាំងឡាយ មជ្ឈិមាបដិបទា មិនប៉ះពាល់នូវធម៌អមខាង ទាំង ២ នុ៎ះ តថាគត បានត្រាស់ដឹងហើយ ជាសេចក្ដីប្រតិបត្តិ ធ្វើឲ្យកើតបញ្ញាចក្ខុ ធ្វើឲ្យកើតសេចក្ដីចេះដឹង ប្រព្រឹត្តទៅ ដើម្បីសេចក្ដីស្ងប់រម្ងាប់ ដើម្បីដឹងច្បាស់ ដើម្បីត្រាស់ដឹង ដើម្បីនិព្វាន។ ម្នាលភិក្ខុទាំងឡាយ ចុះមជ្ឈិមាបដិបទានោះ តើដូចម្ដេច ដែលតថាគតត្រាស់ដឹងហើយ ជាសេចក្ដីប្រតិបត្តិ ធ្វើឲ្យកើតបញ្ញាចក្ខុ ធ្វើឲ្យកើតសេចក្ដីចេះដឹង ប្រព្រឹត្តទៅ ដើម្បីសេចក្ដីស្ងប់រម្ងាប់ ដើម្បីដឹងច្បាស់ ដើម្បីត្រាស់ដឹង ដើម្បីនិព្វាន។ (មជ្ឈិមាបដិបទា) គឺ អរិយមគ្គ ប្រកបដោយអង្គ ៨ ប្រការនេះឯង។ អរិយមគ្គ ៨ ប្រការ គឺអ្វីខ្លះ។ គឺសេចក្ដីយល់ត្រូវ ១ សេចក្ដីត្រិះរិះត្រូវ ១ វាចាត្រូវ ១ ការងារត្រូវ ១ ការចិញ្ចឹមជីវិតត្រូវ ១ សេចក្ដីព្យាយាមត្រូវ ១ សេចក្ដីរឭកត្រូវ ១ ការធ្វើចិត្តឲ្យនឹងត្រូវ ១។ ម្នាលភិក្ខុទាំងឡាយ នេះឯងហៅថា មជ្ឈិមាបដិបទា ដែលតថាគតត្រាស់ដឹងហើយ ជាសេចក្ដីប្រតិបត្តិ ធ្វើឲ្យកើតបញ្ញាចក្ខុ ធ្វើឲ្យកើតសេចក្ដីចេះដឹង ប្រព្រឹត្តទៅ ដើម្បីស្ងប់រម្ងាប់ ដើម្បីដឹងច្បាស់ ដើម្បីត្រាស់ដឹង ដើម្បីនិព្វាន។

[៣៦៦] ម្នាលភិក្ខុទាំងឡាយ ក៏សេចក្ដីទុក្ខនេះឯង ហៅថា អរិយសច្ច គឺជាតិ ជាទុក្ខ ១ ជរាជាទុក្ខ ១ ព្យាធិជាទុក្ខ ១ មរណៈជាទុក្ខ ១ ដំណើរជួបប្រសព្វ ដោយសត្វ និងសង្ខារ មិនជាទីស្រឡាញ់ទាំងឡាយ ជាទុក្ខ ១ ដំណើរព្រាត់ប្រាសចាកសត្វ និងសង្ខារ ជាទីស្រឡាញ់ទាំងឡាយ ជាទុក្ខ ១ បុគ្គលប្រាថ្នារបស់ណា មិនបានរបស់នោះ ជាទុក្ខ ១ បើពោលដោយសង្ខេប ឧបាទានក្ខន្ធ ទាំង ៥ ប្រការ ឈ្មោះថា ជាទុក្ខ។ ម្នាលភិក្ខុទាំងឡាយ ហេតុជាទីកើតឡើង នៃទុក្ខនេះ ហៅថា អរិយសច្ច។ គឺតណ្ហានេះឯង ជាធម្មជាតិ នាំសត្វឲ្យកើតទៀត ប្រកបដោយសេចក្ដីរីករាយ និងត្រេកត្រអាល ជាធម្មជាតិ នាំសត្វឲ្យ ត្រេកត្រអាល ក្នុងភពនោះៗ។ តណ្ហា គឺអ្វីខ្លះ។ គឺកាមតណ្ហា ១ ភវតណ្ហា ១ វិភវតណ្ហា ១។ ម្នាលភិក្ខុទាំងឡាយ សេចក្ដីរលត់នៃទុក្ខនេះ ហៅថា អរិយសច្ច។ គឺសភាវៈនឿយណាយ និងការរលត់ ដោយមិនមានសេសសល់ ជាសភាវៈលះបង់ គ្រវែងចោល ជម្រុះចោល មិនមានអាល័យ ចំពោះតណ្ហានោះ។ ម្នាលភិក្ខុទាំងឡាយ បដិបទា ជាដំណើរទៅកាន់ទីរំលត់ទុក្ខនេះ ហៅថា អរិយសច្ច។ គឺអរិយមគ្គ ប្រកបដោយអង្គ ៨ ប្រការនេះឯង។ អរិយមគ្គ គឺអ្វីខ្លះ។ គឺសេចក្ដីយល់ត្រូវ ១។បេ។ ការដំកល់ចិត្តត្រូវ ១។

[៣៦៧] ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើងហើយ ញាណកើតឡើងហើយ បញ្ញាកើតឡើងហើយ វិជ្ជាកើតឡើងហើយ ពន្លឺកើតឡើងហើយ ដល់តថាគត ក្នុងធម៌ទាំងឡាយ ដែលតថាគត មិនដែលបានឮ ក្នុងកាលមុនថា ទុក្ខនេះ ហៅថា អរិយសច្ច ដូច្នេះឡើយ។ ម្នាលភិក្ខុទាំងឡាយ ពន្លឺកើតឡើងហើយ ដល់តថាគតថា ទុក្ខនោះ ហៅថា អរិយសច្ច ដែលតថាគត គប្បីកំណត់ដឹង។បេ។ ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើងហើយ ញាណកើតឡើងហើយ បញ្ញាកើតឡើងហើយ វិជ្ជាកើតឡើងហើយ ពន្លឺកើតឡើងហើយ ដល់តថាគត ក្នុងធម៌ទាំងឡាយ ដែលតថាគត មិនដែលបានឮ ក្នុងកាលមុនថា ទុក្ខនេះហៅថា អរិយសច្ច ដែលតថាគត បានកំណត់ដឹងហើយ។

[៣៦៨] ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើងហើយ ញាណកើតឡើងហើយ ប្រាជ្ញាកើតឡើងហើយ វិជ្ជាកើតឡើងហើយ ពន្លឺកើតឡើងហើយ ដល់តថាគត ក្នុងធម៌ទាំងឡាយ ដែលតថាគត មិនដែលបានឮ ក្នុងកាលមុនថា ហេតុជាទីកើតឡើង នៃទុក្ខនេះ ហៅថា អរិយសច្ច ដូច្នេះឡើយ។ ម្នាលភិក្ខុទាំងឡាយ ពន្លឺកើតឡើងហើយ ដល់តថាគតថា តណ្ហាជាហេតុឲ្យកើតទុក្ខនោះ ឈ្មោះថា អរិយសច្ច ដែលតថាគត គប្បីលះបង់ចោល។បេ។ ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើងហើយ ញាណកើតឡើងហើយ ប្រាជ្ញាកើតឡើងហើយ វិជ្ជាកើតឡើងហើយ ពន្លឺកើតឡើងហើយ ដល់តថាគត ក្នុងធម៌ទាំងឡាយ ដែលតថាគត មិនដែលបានឮ ក្នុងកាលមុនថា តណ្ហា ជាហេតុឲ្យកើតទុក្ខនោះ ឈ្មោះថា អរិយសច្ច ដែលតថាគត លះចោលហើយ។

[៣៦៩] ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើងហើយ ញាណកើតឡើងហើយ បញ្ញាកើតឡើងហើយ វិជ្ជាកើតឡើង ពន្លឺកើតឡើងហើយ ដល់តថាគត ក្នុងធម៌ទាំងឡាយ ដែលតថាគត មិនដែលបានឮមក ក្នុងកាលមុនថា សេចក្ដីរលត់ទុក្ខនេះ ហៅថា អរិយសច្ច ដូច្នេះឡើយ។ ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើងហើយ ញាណកើតឡើងហើយ បញ្ញាកើតឡើងហើយ វិជ្ជាកើតឡើងហើយ ពន្លឺកើតឡើងហើយ ដល់តថាគត ក្នុងធម៌ទាំងឡាយ ដែលតថាគត មិនដែលបានឮមក ក្នុងកាលមុនថា សេចក្ដីរលត់ទុក្ខនោះ ឈ្មោះថា អរិយសច្ច ដែលតថាគត គប្បីធ្វើឲ្យជាក់ច្បាស់។ ម្នាលភិក្ខុទាំងឡាយ ចក្ខុកើត ឡើងហើយ ញាណកើតឡើងហើយ បញ្ញាកើតឡើងហើយ វិជ្ជាកើតឡើងហើយ ពន្លឺកើតឡើងហើយ ដល់តថាគត ក្នុងធម៌ទាំងឡាយ ដែលតថាគតមិនដែលបានឮមក ក្នុងកាលមុនថា សេចក្ដីរលត់ទុក្ខនោះ ហៅថា អរិយសច្ច ដែលតថាគត ធ្វើឲ្យជាក់ច្បាស់ហើយ។

[៣៧០] ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើងហើយ ញាណកើតឡើងហើយ បញ្ញាកើតឡើងហើយ វិជ្ជាកើតឡើងហើយ ពន្លឺកើតឡើងហើយ ដល់តថាគត ក្នុងធម៌ទាំងឡាយ ដែលតថាគត មិនដែលបានឮមក ក្នុងកាលមុនថា បដិបទា ជាដំណើរទៅកាន់ទីរំលត់ទុក្ខនេះ ហៅថា អរិយសច្ច ដូច្នេះឡើយ។ ម្នាលភិក្ខុទាំងឡាយ ពន្លឺកើតឡើងហើយ ដល់តថាគតថា បដិបទា ជាដំណើរទៅកាន់ទីរំលត់ទុក្ខនោះ ហៅថា អរិយសច្ច ដែលតថាគត គប្បីចំរើន។បេ។ ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើងហើយ ញាណកើតឡើងហើយ បញ្ញាកើតឡើងហើយ វិជ្ជាកើតឡើងហើយ ពន្លឺកើតឡើងហើយ ដល់តថាគត ក្នុងធម៌ទាំងឡាយ ដែលតថាគត មិនដែលបានឮមក ក្នុងកាលមុនថា បដិបទា ជាដំណើរទៅកាន់ទីរំលត់ទុក្ខនោះ ឈ្មោះថា អរិយសច្ច ដែលតថាគតចំរើនហើយ។

[៣៧១] ម្នាលភិក្ខុទាំងឡាយ មួយទៀត ញាណទស្សនៈ (ការដឹង និងការឃើញ) មានបរិវដ្ដ (វិល) ៣ មានអាការ ១២ យ៉ាងនេះ ក្នុងអរិយសច្ច ទាំង ៤ នេះ របស់តថាគតនៅមិនទាន់បរិសុទ្ធតាមពិតត្រឹមណា ភិក្ខុទាំងឡាយ តថាគត ក៏មិនទាន់ប្ដេជ្ញាខ្លួនថា ជាអ្នកត្រាស់ដឹង ចំពោះសម្មាសម្ពោធិញ្ញាណដ៏ប្រសើរ ក្នុងលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស ត្រឹមណោះឡើយ។ ម្នាលភិក្ខុទាំងឡាយ លុះតែញាណទស្សនៈ មានបរិវដ្ដ ៣ មានអាការ ១២ យ៉ាងនេះ ក្នុងអរិយសច្ច ទាំង ៤ នេះ របស់តថាគត បរិសុទ្ធតាមពិតក្នុងកាលណា ម្នាលភិក្ខុទាំងឡាយ ទើបតថាគត ប្ដេជ្ញាខ្លួនថា ជាអ្នកត្រាស់ដឹង ចំពោះសម្មាសម្ពោធិញ្ញាណ ដ៏ប្រសើរក្នុងលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស ក្នុងកាលណោះ។ មួយទៀត ញ្ញាណទស្សនៈ កើតឡើងដល់តថាគតថា វិមុត្តិ គឺ អរហត្តផល របស់តថាគត មិនកម្រើកឡើយ ជាតិនេះផុតត្រឹមនេះហើយ ឥឡូវនេះ ភពថ្មីមិនមានទេ។ លុះព្រះដ៏មានព្រះភាគ ត្រាស់ពាក្យនេះចប់ហើយ។ ពួកបញ្ចវគ្គិយភិក្ខុ ក៏មានចិត្តត្រេកអររីករាយ ចំពោះភាសិតរបស់ព្រះដ៏មានព្រះភាគ។

[៣៧២] កាលដែលព្រះដ៏មានព្រះភាគ កំពុងសំដែងនូវវេយ្យាករណ៍នេះ ធម្មចក្ខុ (ភ្នែកឃើញធម៌) ដ៏ប្រាសចាកធូលី គឺរាគាទិក្កិលេស ប្រាសចាកមន្ទិល គឺទិដ្ឋិ និងវិចិកិច្ឆា បានកើតឡើងហើយ ដល់កោណ្ឌញ្ញភិក្ខុដ៏មានអាយុថា ធម្មជាតណាមួយ ដែលកើតឡើង ជាធម្មតា ធម្មជាតទាំងអស់នោះ ក៏រលត់ទៅវិញ ជាធម្មតា។ កាលបើធម្មចក្កដែលព្រះមានព្រះភាគ ឲ្យប្រព្រឹត្តទៅ (សំដែងដូចជាគេបង្វិលយ៉ាងនេះ) ហើយ ភុម្មទេវតាទាំងឡាយ ក៏បន្លឺនូវសូរសព្ទថា ធម្មចក្កនេះ មិនមានចក្កដទៃក្រៃលែងជាង ទោះបីសមណៈក្ដី ព្រាហ្មណ៍ក្ដី ទេវតាក្ដី មារក្ដី ព្រហ្មក្ដី ជនឯណានីមួយក្ដី ក្នុងលោក មិនអាចនឹងឲ្យប្រព្រឹត្តទៅបានឡើយ (ឥឡូវ) ព្រះដ៏មានព្រះភាគ ទ្រង់ឲ្យប្រព្រឹត្តទៅបានហើយ ក្នុងឥសិបតនមិគទាយវន ជិតក្រុងពារាណសី។ ពួកទេវតា នៅក្នុងឋានចាតុម្មហារាជិកទាំងឡាយ ឮសំឡេងរបស់ភុម្មទេវតាទាំងឡាយហើយ ក៏បន្លឺនូវសំលេងថា ធម្មចក្កនុ៎ះ មិនមានចក្កដទៃក្រៃលែងជាង ទោះបីសមណៈក្ដី ព្រាហ្មណ៍ក្ដី ទេវតាក្ដី មារក្ដី ព្រហ្មក្ដី ជនឯណានីមួយក្ដី ក្នុងលោក មិនអាចឲ្យប្រព្រឹត្តទៅបានឡើយ (ឥឡូវ) ព្រះដ៏មានព្រះភាគ ទ្រង់ឲ្យប្រព្រឹត្តទៅបានហើយ ក្នុងឥសិបតនមិគទាយវន ជិតក្រុងពារាណសី។ ពួកទេវតា នៅឋានតាវត្តិង្ស ឮសំឡេងរបស់ទេវតា នៅក្នុងឋានចាតុម្មហារាជិក។ ពួកទេវតា ក្នុងឋានយាមៈ។ ទេវតានៅក្នុងឋានតុសិត។ ពួកទេវតា នៅក្នុងឋាននិម្មានរតី។ ពួកទេវតា នៅក្នុងឋានបរិនិម្មិតវសវត្តី។ ទេវតាទាំងឡាយ ដែលរាប់ក្នុងពពួកព្រហ្ម ក៏បន្លឺនូវសូរសព្ទថា ព្រះធម្មចក្កនុ៎ះ មិនមានចក្កដទៃក្រៃលែងជាង ទោះបីសមណៈក្ដី ព្រាហ្មណ៍ក្ដី ទេវតាក្ដី មារក្ដី ព្រហ្មក្ដី ជនឯណានីមួយក្ដី ក្នុងលោក មិនអាចនឹងឲ្យប្រព្រឹត្តទៅបានឡើយ (ឥឡូវ) ព្រះដ៏មានព្រះភាគ ទ្រង់ឲ្យប្រព្រឹត្តទៅបានហើយ ក្នុងឥសិបតនមិគទាយវន ជិតក្រុងពារាណសី។

[៣៧៣] សំឡេង (កងរំពង) ក៏លាន់ឮឡើង ទៅដរាបដល់ព្រហ្មលោក ក្នុងខណៈ មួយរំពេចនោះ ដោយប្រការដូច្នេះ។ លោកធាតុ ទាំង ១ ហ្មឺននេះ ក៏កក្រើករំពើកញាប់ញ័រ។ ទាំងពន្លឺភ្លឺធំទូលាយ ប្រមាណមិនបាន កន្លងលើសអានុភាព របស់ទេវតាទាំងឡាយ ក៏កើតប្រាកដឡើងក្នុងលោក។

[៣៧៤] លំដាប់នោះឯង ព្រះដ៏មានព្រះភាគ ទ្រង់បន្លឺនូវឧទានវាចាថា អើហ្ន៎ កោណ្ឌញ្ញ បានត្រាស់ដឹងពិតហើយ អើហ្ន៎ កោណ្ឌញ្ញ បានត្រាស់ដឹងពិតហើយ។ ព្រោះហេតុនោះ ពាក្យថា អញ្ញាកោណ្ឌញ្ញៈនេះ ក៏បានជាប់ជានាម របស់ព្រះកោណ្ឌញ្ញភិក្ខុដ៏មានអាយុ ដោយប្រការដូច្នេះ។

(តថាគតសូត្រ ទី២)

(២. តថាគតសុត្តំ)

[៣៧៥] ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើងហើយ ញាណកើតឡើងហើយ បញ្ញាកើតឡើងហើយ វិជ្ជាកើតឡើងហើយ ពន្លឺកើតឡើងហើយ ដល់ព្រះតថាគត ទាំងឡាយ ក្នុងធម៌ទាំងឡាយ ដែលមិនធ្លាប់បានឮមក ក្នុងកាលមុនថា សេចក្ដីទុក្ខនេះ ហៅថា អរិយសច្ច។ ម្នាលភិក្ខុទាំងឡាយ ពន្លឺកើតឡើងហើយ ដល់ព្រះតថាគតទាំងឡាយថា សេចក្ដីទុក្ខនោះ ហៅថា អរិយសច្ច បុគ្គលគួរកំណត់ដឹង។បេ។ ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើងហើយ ញាណកើតឡើងហើយ បញ្ញាកើតឡើងហើយ វិជ្ជាកើតឡើងហើយ ពន្លឺកើតឡើងហើយ ដល់ព្រះតថាគតទាំងឡាយ ក្នុងធម៌ទាំងឡាយ ដែលមិនធ្លាប់បានឮមក ក្នុងកាលមុនថា សេចក្ដីទុក្ខនោះ ហៅថា អរិយសច្ច ដែលតថាគត បានកំណត់ដឹងហើយ។

[៣៧៦] ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើងហើយ ញាណកើតឡើងហើយ បញ្ញាកើតឡើងហើយ វិជ្ជាកើតឡើងហើយ ពន្លឺកើតឡើងហើយ ដល់ព្រះតថាគត ទាំងឡាយ ក្នុងធម៌ទាំងឡាយ ដែលមិនធ្លាប់បានឮមក ក្នុងកាលមុនថា ហេតុជាទីកើតឡើងនៃទុក្ខនេះ ហៅថា អរិយសច្ច។ ម្នាលភិក្ខុទាំងឡាយ ពន្លឺកើតឡើងហើយ ដល់តថាគតទាំងឡាយថា ហេតុជាទីកើតឡើង នៃទុក្ខនោះ ហៅថា អរិយសច្ច ដែលតថាគតគប្បីលះបង់។បេ។ ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើងហើយ ញាណកើតឡើងហើយ បញ្ញាកើតឡើងហើយ វិជ្ជាកើតឡើងហើយ ពន្លឺកើតឡើងហើយ ដល់ព្រះតថាគតទាំងឡាយ ក្នុងធម៌ទាំងឡាយ ដែលមិនធ្លាប់បានឮមក ក្នុងកាលមុនថា ហេតុជាទីកើតឡើង នៃទុក្ខនោះ ហៅថា អរិយសច្ច ដែលតថាគត លះបង់ចោលហើយ។

[៣៧៧] ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើងហើយ ញាណកើតឡើងហើយ បញ្ញាកើតឡើងហើយ វិជ្ជាកើតឡើងហើយ ពន្លឺកើតឡើងហើយ ដល់ព្រះតថាគតទាំងឡាយ ក្នុងធម៌ទាំងឡាយ ដែលមិនធ្លាប់ឮមក ក្នុងកាលមុនថា សេចក្ដីរលត់ទុក្ខនេះ ហៅថា អរិយសច្ច។ ម្នាលភិក្ខុទាំងឡាយ ពន្លឺកើតឡើងហើយ ដល់ព្រះតថាគតទាំងឡាយ ក្នុងកាលមុនថា សេចក្ដីរលត់ទុក្ខនោះ ហៅថា អរិយសច្ច ដែលតថាគតគប្បីធ្វើឲ្យ ជាក់ច្បាស់។បេ។ ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើងហើយ ញាណកើតឡើងហើយ បញ្ញាកើតឡើងហើយ វិជ្ជាកើតឡើងហើយ ពន្លឺកើតឡើងហើយ ដល់ព្រះតថាគត ទាំងឡាយ ក្នុងធម៌ទាំងឡាយ ដែលមិនធ្លាប់បានឮមក ក្នុងកាលមុនថា សេចក្ដីទុក្ខនោះ ហៅថា អរិយសច្ច ដែលតថាគត ធ្វើឲ្យជាក់ច្បាស់ហើយ។

[៣៧៨] ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើងហើយ ញាណកើតឡើងហើយ បញ្ញាកើតឡើងហើយ វិជ្ជាកើតឡើងហើយ ពន្លឺកើតឡើងហើយ ដល់ព្រះតថាគត ទាំងឡាយ ក្នុងធម៌ទាំងឡាយ ដែលមិនធ្លាប់បានឮមក ក្នុងកាលមុនថា បដិបទា ជា ដំណើរទៅកាន់ទីរំលត់ទុក្ខនេះ ហៅថា អរិយសច្ច។ ម្នាលភិក្ខុទាំងឡាយ ពន្លឺកើតឡើងហើយ ដល់ព្រះតថាគតទាំងឡាយថា បដិបទា ជាដំណើរទៅកាន់ទីរំលត់ទុក្ខនោះ ហៅថា អរិយសច្ច ដែលតថាគតគប្បីចំរើន។បេ។ ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើងហើយ ញាណកើតឡើងហើយ បញ្ញាកើតឡើងហើយ វិជ្ជាកើតឡើងហើយ ពន្លឺកើតឡើងហើយ ដល់ព្រះតថាគតទាំងឡាយ ក្នុងធម៌ទាំងឡាយ ដែលមិនធ្លាប់បានឮមក ក្នុងកាលមុនថា បដិបទា ជាដំណើរទៅកាន់ទីរំលត់ទុក្ខនោះ ហៅថា អរិយសច្ច ដែលតថាគតចំរើនហើយ។

(ខន្ធសូត្រ ទី៣)

(៣. ខន្ធសុត្តំ)

[៣៧៩] ម្នាលភិក្ខុទាំងឡាយ អរិយសច្ច ៤ នេះ។ អរិយសច្ច ៤ តើអ្វីខ្លះ។ គឺទុក្ខអរិយសច្ច ១ ទុក្ខសមុទយអរិយសច្ច ១ ទុក្ខនិរោធអរិយសច្ច ១ ទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច ១។

[៣៨០] ម្នាលភិក្ខុទាំងឡាយ ចុះទុក្ខអរិយសច្ច តើដូចម្ដេច។ ពាក្យថា ឧបាទានក្ខន្ធ ៥ គួរពោលថា ជាឈ្មោះ នៃទុក្ខអរិយសច្ចនោះ។ ឧបាទានក្ខន្ធ ៥ តើដូចម្ដេច។ គឺរូប ជាឧបាទានក្ខន្ធ ១។បេ។ វិញ្ញាណ ជាឧបាទានក្ខន្ធ ១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថាទុក្ខអរិយសច្ច។

[៣៨១] ម្នាលភិក្ខុទាំងឡាយ ចុះទុក្ខសមុទយអរិយសច្ច តើដូចម្ដេច។ តណ្ហាណា ដែលនាំសត្វ ឲ្យកើតក្នុងភពថ្មីទៀត ប្រកបដោយសេចក្ដីរីករាយ និងតម្រេក នាំសត្វឲ្យត្រេកត្រអាល ក្នុងភពនោះៗ។ តណ្ហានោះ គឺអ្វីខ្លះ។ គឺកាមតណ្ហា ១ ភវតណ្ហា ១ វិភវតណ្ហា ១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ទុក្ខសមុទយអរិយសច្ច។

[៣៨២] ម្នាលភិក្ខុទាំងឡាយ ចុះទុក្ខនិរោធអរិយសច្ច តើដូចម្ដេច។ គឺសភាវៈនឿយណាយ និងការរលត់ ដោយមិនមានសេសសល់ ជាសភាវៈលះបង់ គ្រវែងចោល ជម្រុះចោល មិនមានអាល័យ ចំពោះតណ្ហានោះឯង។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ទុក្ខនិរោធអរិយសច្ច។

[៣៨៣] ម្នាលភិក្ខុទាំងឡាយ ចុះទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច តើដូចម្ដេច។ គឺអរិយមគ្គ ដែលប្រកបដោយអង្គ ទាំង ៨ ប្រការនេះឯង។ អរិយមគ្គ ៨ ប្រការ គឺអ្វីខ្លះ។ គឺសេចក្ដីយល់ត្រូវ ១។បេ។ ការដំកល់ចិត្តនឹងត្រូវ ១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច។

[៣៨៤] ម្នាលភិក្ខុទាំងឡាយ អរិយសច្ច មាន ៤ នេះឯង។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ភិក្ខុក្នុងសាសនានេះ គួរធ្វើសេចក្ដីព្យាយាមថា នេះជាទុក្ខ។បេ។ គួរធ្វើសេចក្ដីព្យាយាមថា នេះជាបដិបទា ជាដំណើរទៅកាន់ទីរំលត់ទុក្ខ។

(អជ្ឈត្តិកាយតនសូត្រ ទី៤)

(៤. អជ្ឈត្តិកាយតនសុត្តំ)

[៣៨៥] ម្នាលភិក្ខុទាំងឡាយ អរិយសច្ច មាន ៤ នេះ។ អរិយសច្ច ៤ គឺអ្វីខ្លះ។ គឺទុក្ខអរិយសច្ច ១ ទុក្ខសមុទយអរិយសច្ច ១ ទុក្ខនិរោធអរិយសច្ច ១ ទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច ១។

[៣៨៦] ម្នាលភិក្ខុទាំងឡាយ ចុះទុក្ខអរិយសច្ច តើដូចម្ដេច។ ពាក្យថា អាយតនៈខាងក្នុង ៦ គួរពោលថា ជាឈ្មោះរបស់ទុក្ខអរិយសច្ចនោះ។ អាយតនៈ ៦ គឺអ្វីខ្លះ។ អាយតនៈ គឺចក្ខុ ១។បេ។ អាយតនៈ គឺចិត្ត ១ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ទុក្ខអរិយសច្ច។

[៣៨៧] ម្នាលភិក្ខុទាំងឡាយ ចុះទុក្ខសមុទយអរិយសច្ច តើដូចម្ដេច។ គឺតណ្ហាណា ដែលនាំសត្វ ឲ្យកើតក្នុងភពថ្មីទៀត ប្រកបដោយសេចក្ដីរីករាយ និងតម្រេក នាំសត្វឲ្យត្រេកត្រអាល ចំពោះភពនោះ ៗ។ តណ្ហានោះ អ្វីខ្លះ។ គឺកាមតណ្ហា ១ ភវតណ្ហា ១ វិភវតណ្ហា ១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ទុក្ខសមុទយអរិយសច្ច។

[៣៨៨] ម្នាលភិក្ខុទាំងឡាយ ចុះទុក្ខនិរោធអរិយសច្ច តើដូចម្ដេច។ គឺសភាវៈ ដែលប្រាសចាកតម្រេក និងការរលត់ មិនមានសេសសល់ ជម្រុះចោល គ្រវែងចោល រួចស្រឡះ មិនមានអាល័យ ចំពោះតណ្ហានោះឯង។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ទុក្ខនិរោធអរិយសច្ច។

[៣៨៩] ម្នាលភិក្ខុទាំងឡាយ ចុះទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច តើដូចម្ដេច។ គឺអរិយមគ្គ ដែលប្រកបដោយអង្គ ៨ នេះឯង។ អរិយមគ្គ ទាំង ៨ គឺអ្វីខ្លះ។ គឺសេចក្ដីយល់ត្រូវ ១។បេ។ ការដំកល់ចិត្តនឹងត្រូវ ១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច។

[៣៩០] ម្នាលភិក្ខុទាំងឡាយ អរិយសច្ច មាន ៤ នេះឯង។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ភិក្ខុក្នុងសាសនានេះ គួរធ្វើសេចក្ដីព្យាយាមថា នេះជាទុក្ខ។បេ។ គួរធ្វើសេចក្ដីព្យាយាមថា នេះជាបដិបទា ជាដំណើរទៅកាន់ទីរំលត់ទុក្ខ។

(បឋមធារណសូត្រ ទី៥)

(៥. បឋមធារណសុត្តំ)

[៣៩១] ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចំាទុកនូវអរិយសច្ច ៤ ដែលតថាគតសំដែងហើយ បានដែរឬ។ កាលបើព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ភិក្ខុ ១រូប ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ចាំនូវអរិយសច្ច ៤ ដែលព្រះមានព្រះភាគត្រាស់ហើយ។ ម្នាលភិក្ខុ ចុះអ្នកចាំអរិយសច្ច ៤ដែលតថាគតសំដែងហើយ តើដូចម្ដេចខ្លះ។ ភិក្ខុនោះ ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ចាំនូវទុក្ខ ដែលព្រះដ៏មានព្រះភាគត្រាស់ហើយ ថាជាអរិយសច្ច ទី១ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ចាំនូវហេតុ ជាទីកើតឡើងនៃទុក្ខ ដែលព្រះមានជោគត្រាស់ហើយ ថាជាអរិយសច្ច ទី២ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ចាំនូវសេចក្ដីរលត់ទុក្ខ ដែលព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ថាជាអរិយសច្ច ទី៣ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ចាំនូវបដិបទា ជាដំណើរទៅកាន់សេចក្ដីរំលត់ទុក្ខ ដែលព្រះមានព្រះភាគត្រាស់ហើយ ថាជាអរិយសច្ច ទី៤។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ចាំទុកនូវអរិយសច្ច ៤ ដែលព្រះមានព្រះភាគត្រាស់ហើយ យ៉ាងនេះ។

[៣៩២] ម្នាលភិក្ខុ ប្រពៃណាស់ហើយ ម្នាលភិក្ខុ អ្នកចាំនូវអរិយសច្ច ៤ ដែលតថាគតសំដែងហើយ ប្រពៃណាស់ហើយ។ ម្នាលភិក្ខុ សេចក្ដីទុក្ខហ្នឹងឯង តថាគតសំដែងហើយ ថាជាអរិយសច្ច ទី១ ចូរអ្នកចាំនូវអរិយសច្ច ទី ១ នោះ ដូច្នោះចុះ ម្នាលភិក្ខុ ហេតុជាទីកើតឡើងនៃទុក្ខ តថាគតសំដែងហើយ ថាជាអរិយសច្ច ទី២ ចូរអ្នកចាំទុក អរិយសច្ច ទី២ នោះ ដូច្នោះចុះ ម្នាលភិក្ខុ សេចក្ដីរលត់ទុក្ខ តថាគតសំដែងហើយ ថាជា អរិយសច្ច ទី៣ ចូរអ្នកចាំទុក នូវអរិយសច្ច ទី៣ នោះ ដូច្នោះចុះ ម្នាលភិក្ខុ បដិបទា ជាដំណើរទៅកាន់ទីរំលត់ទុក្ខហ្នឹងឯង តថាគតសំដែងហើយ ថាជាអរិយសច្ច ទី៤ ចូរអ្នកចាំទុក នូវអរិយសច្ច ទី៤ នោះ ដូច្នោះចុះ។ ម្នាលភិក្ខុ ចូរអ្នកចាំទុក នូវអរិយសច្ច ៤ ដែលតថាគតសំដែងហើយ យ៉ាងនេះចុះ។ ម្នាលភិក្ខុ ព្រោះហេតុនោះ ភិក្ខុក្នុងសាសនានេះ គួរធ្វើសេចក្ដីព្យាយាមថា នេះជាទុក្ខ។បេ។ គួរធ្វើសេចក្ដីព្យាយាមថា នេះជាបដិបទាជាដំណើរទៅកាន់ទីរំលត់ទុក្ខ។

(ទុតិយធារណសូត្រ ទី៦)

(៦. ទុតិយធារណសុត្តំ)

[៣៩៣] ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចាំទុកនូវអរិយសច្ច ៤ ដែលតថាគតសំដែងហើយ បានដែរឬ។ កាលបើព្រះមានជោគ ទ្រង់ត្រាស់យ៉ាងនេះហើយ ភិក្ខុ ១ រូបក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ចាំនូវអរិយសច្ច ៤ ដែលព្រះមានបុញ្ញរាសីត្រាស់ហើយ។ ម្នាលភិក្ខុ ចុះអ្នកចាំ នូវអរិយសច្ច ៤ ដែល តថាគតសំដែងហើយ តើដូចម្ដេច។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ចាំនូវទុក្ខ ហ្នឹងឯង ដែលព្រះមានព្រះភាគត្រាស់ហើយ ថាជាអរិយសច្ច ទី១។ បពិត្រព្រះអង្គដ៏ចំរើន ទោះបីសមណៈ ឬព្រាហ្មណ៍ឯណានីមួយ និយាយយ៉ាងនេះថា សេចក្ដីទុក្ខឯណា ដែលព្រះសមណគោតមត្រាស់ហើយ សេចក្ដីទុក្ខនុ៎ះ មិនមែនជាអរិយសច្ច ទី១ ទេ ខ្ញុំព្រះអង្គ បដិសេធនូវសេចក្តីទុក្ខ ដែលចាត់ជាអរិយសច្ច ទី១ នុ៎ះចោលចេញ ហើយបញ្ញត្តសេចក្ដីទុក្ខឯទៀត ថាជាអរិយសច្ច ទី១ វិញដូច្នេះ ហេតុនោះ មិនមានឡើយ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ចាំនូវហេតុជាទីកើតឡើង នៃទុក្ខហ្នឹងឯង ដែលព្រះមានព្រះភាគ។បេ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ចាំនូវបដិបទា ជាដំណើរទៅកាន់ទីរំលត់ទុក្ខហ្នឹងឯង ដែលព្រះមានព្រះភាគត្រាស់ហើយ ថាជាអរិយសច្ច ទី៤។ បពិត្រព្រះអង្គដ៏ចំរើន ទោះបីសមណៈ ឬព្រាហ្មណ៍ឯណានីមួយ គប្បីនិយាយ យ៉ាងនេះថា បដិបទាជាដំណើរទៅកាន់ទីរំលត់ទុក្ខឯណា ដែលព្រះសមណគោតម សំដែងហើយ បដិបទាជាដំណើរទៅកាន់ទីរំលត់ទុក្ខនុ៎ះ មិនមែនជាអរិយសច្ច ទី៤ ទេ ខ្ញុំព្រះអង្គ នឹងបដិសេធ នូវបដិបទា ជាដំណើរទៅកាន់ទីរំលត់ទុក្ខ ដែលចាត់ជាអរិយសច្ច ទី៤ នោះចោល ហើយបញ្ញត្តបដិបទា ជាដំណើរទៅកាន់ទីរំលត់ទុក្ខដទៃ ថាជាអរិយសច្ច ទី៤ វិញ ហេតុនុ៎ះ មិន មានឡើយ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ចាំនូវអរិយសច្ច ៤ ដែលព្រះមានព្រះភាគត្រាស់ហើយ យ៉ាងនេះ។

[៣៩៤] ម្នាលភិក្ខុ ប្រពៃណាស់ហើយ ប្រពៃណាស់ហើយ ម្នាលភិក្ខុ អ្នកចាំនូវអរិយសច្ច ៤ ដែលតថាគតសំដែងហើយ ប្រពៃណាស់ហើយ។ ម្នាលភិក្ខុ ទុក្ខនោះឯង តថាគតសំដែងហើយថា ជាអរិយសច្ច ទី១ ចូរអ្នកចាំនូវអរិយសច្ច ទី១ នោះ ដូច្នោះចុះ។ ម្នាលភិក្ខុ ទោះបីសមណៈ ឬព្រាហ្មណ៍ឯណានីមួយ គប្បីពោល យ៉ាងនេះថា សេចក្ដីទុក្ខណា ដែលព្រះសមណគោតមត្រាស់ហើយ សេចក្ដីទុក្ខនុ៎ះ មិនមែនជាអរិយសច្ច ទី១ ទេ តថាគត នឹងបដិសេធ នូវសេចក្ដីទុក្ខ ដែលចាត់ជាអរិយសច្ច ទី១ នោះ ហើយបញ្ញត្តសេចក្ដីទុក្ខដទៃ ថាជាអរិយសច្ច ទី១ ដូច្នេះវិញ ហេតុនុ៎ះ មិនមានឡើយ។ ម្នាលភិក្ខុ ហេតុជាទីកើតឡើង នៃទុក្ខ។បេ។ ម្នាលភិក្ខុ សេចក្ដីរលត់ទុក្ខ។បេ។ ម្នាលភិក្ខុ បដិបទាជាដំណើរទៅកាន់ទីរំលត់ទុក្ខ ដែលតថាគតសំដែងហើយ ថាជាអរិយសច្ច ទី៤ ចូរអ្នកចាំទុក្ខ នូវអរិយសច្ច ទី៤ នុ៎ះ ដូច្នោះចុះ។ ម្នាលភិក្ខុ បើសមណៈ ឬព្រាហ្មណ៍ឯណានីមួយ គប្បីពោល យ៉ាងនេះថា បដិបទា ជាដំណើរទៅកាន់ទីរំលត់ទុក្ខឯណា ដែលព្រះសមណគោតមត្រាស់ហើយ បដិបទា ជាដំណើរទៅកាន់ទីរំលត់ទុក្ខនុ៎ះ មិនមែនជាអរិយសច្ច ទី៤ ទេ តថាគត នឹងបដិសេធបដិបទា ជាដំណើរទៅកាន់ទីរំលត់ទុក្ខ ដែលចាត់ជាអរិយសច្ច ទី៤ នុ៎ះចោលហើយ បញ្ញត្តនូវបដិបទា ជាដំណើរទៅកាន់ទីរំលត់ទុក្ខដទៃ ថាជាអរិយសច្ច ទី៤ វិញ ហេតុនុ៎ះ មិនមានឡើយ។ ម្នាលភិក្ខុ ចូរអ្នកចាំទុក នូវអរិយសច្ច ៤ ដែលតថាគតសំដែងហើយ យ៉ាងនេះចុះ។ ម្នាលភិក្ខុ ព្រោះហេតុនោះ ភិក្ខុក្នុងសាសនានេះ គួរធ្វើសេចក្ដីព្យាយាមថា នេះជាទុក្ខ។បេ។ គួរធ្វើសេចក្ដីព្យាយាមថា នេះជាបដិបទា ជាដំណើរទៅកាន់ទីរំលត់ទុក្ខ។

(អវិជ្ជាសូត្រ ទី៧)

(៧. អវិជ្ជាសុត្តំ)

[៣៩៥] លុះភិក្ខុនោះ អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ដែលហៅថា អវិជ្ជា អវិជ្ជា ដូច្នេះ បពិត្រព្រះអង្គដ៏ចំរើន អវិជ្ជា តើដូចម្ដេច មួយទៀត បុគ្គលដែលលុះក្នុងអវិជ្ជា តើដូចម្ដេច។ ម្នាលភិក្ខុ ការមិនដឹងទុក្ខ មិនដឹងហេតុជាទីកើតឡើងនៃទុក្ខ មិនដឹងទីរំលត់ទុក្ខ មិនដឹងបដិបទាជាដំណើរទៅកាន់ទីរំលត់ទុក្ខឯណា។ ម្នាលភិក្ខុ នេះហៅថា អវិជ្ជា មួយវិញទៀត បុគ្គលដែលលុះក្នុងអវិជ្ជា រមែងមាន ដោយហេតុប៉ុណ្ណោះឯង។ ម្នាលភិក្ខុ ព្រោះហេតុនោះ ភិក្ខុក្នុងសាសនានេះ គួរធ្វើសេចក្ដីព្យាយាមថា នេះជាទុក្ខ។បេ។ គួរធ្វើសេចក្ដីព្យាយាមថា នេះជាបដិបទា ជាដំណើរទៅកាន់ទីរំលត់ទុក្ខ។

(វិជ្ជាសូត្រ ទី៨)

(៨. វិជ្ជាសុត្តំ)

[៣៩៦] លុះភិក្ខុនោះ អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ដែលហៅថា វិជ្ជា ដូច្នេះ បពិត្រព្រះអង្គដ៏ចំរើន វិជ្ជា តើដូចម្ដេច មួយទៀត បុគ្គលដែលប្រកបដោយវិជ្ជា ដូចម្ដេច។ ម្នាលភិក្ខុ ការដឹងទុក្ខ ការដឹងហេតុ ជាទីកើតឡើងនៃទុក្ខ ការដឹងទីរំលត់ទុក្ខ ការដឹងបដិបទា ជាដំណើរទៅកាន់ទីរំលត់ទុក្ខឯណា។ ម្នាលភិក្ខុ នេះហៅថា វិជ្ជា មួយវិញទៀត បុគ្គល ដែលប្រកបដោយវិជ្ជា ក៏រមែងមាន ដោយហេតុប៉ុណ្ណេះឯង។ ម្នាលភិក្ខុ ព្រោះហេតុនោះ ភិក្ខុក្នុងសាសនានេះ គួរធ្វើសេចក្ដីព្យាយាមថា នេះជាទុក្ខ។បេ។ គួរធ្វើសេចក្ដីព្យាយាមថា នេះជាបដិបទាជាដំណើរទៅកាន់ទីរំលត់ទុក្ខ។

(សង្កាសនសូត្រ ទី៩)

(៩. សង្កាសនសុត្តំ)

[៣៩៧] ម្នាលភិក្ខុទាំងឡាយ សេចក្ដីទុក្ខនេះ តថាគត បញ្ញត្តថា ជាអរិយសច្ច ដូច្នេះ វណ្ណៈ គឺអក្ខរៈ មានប្រមាណមិនបាន ព្យញ្ជនៈ មានប្រមាណមិនបាន វិភត្តិ ក៏មានប្រមាណមិនបាន ក្នុងអរិយសច្ចនោះថា សេចក្ដីទុក្ខនេះ ហៅថា អរិយសច្ច ដូច្នេះខ្លះ។ ម្នាលភិក្ខុទាំងឡាយ ហេតុជាទីកើតឡើង នៃទុក្ខនេះ ហៅថា អរិយសច្ច។បេ។ ម្នាលភិក្ខុទាំងឡាយ បដិបទា ជាដំណើរទៅកាន់ទីរំលត់ទុក្ខនេះ តថាគត បញ្ញត្តថា ជាអរិយសច្ច វណ្ណៈ មានប្រមាណមិនបាន ព្យញ្ជនៈ មានប្រមាណមិនបាន វិភត្តិ ក៏មានប្រមាណមិនបាន ក្នុងអរិយសច្ចនោះថា បដិបទា ជាដំណើរទៅកាន់ទីរំលត់ទុក្ខនេះ ហៅថា អរិយសច្ច ដូច្នេះ ខ្លះ។ ម្នាលភិក្ខុ ព្រោះហេតុនោះ ភិក្ខុក្នុងសាសនានេះ គួរធ្វើសេចក្ដីព្យាយាមថា នេះជាទុក្ខ។បេ។ គួរធ្វើសេចក្ដីព្យាយាមថា នេះជាបដិបទា ជាដំណើរទៅកាន់ទីរំលត់ទុក្ខ។

(តថសូត្រ ទី១០)

(១០. តថសុត្តំ)

[៣៩៨] ម្នាលភិក្ខុទាំងឡាយ ធម្មជាត ៤ យ៉ាងនេះ ជារបស់ពិត មិនប្រែប្រួល មិនក្លាយទៅជារបស់ដទៃឡើយ។ ធម្មជាត ៤ គឺអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ ពាក្យថា នេះជាទុក្ខ នុ៎ះជាធម្មជាតពិត មិនប្រែប្រួល មិនក្លាយទៅជារបស់ដទៃឡើយ។ ពាក្យថា នេះជាហេតុ ជាទីកើតឡើងនៃទុក្ខ នុ៎ះជាធម្មជាតពិត មិនប្រែប្រួល មិនក្លាយទៅជារបស់ដទៃឡើយ ពាក្យថា នេះជាសេចក្ដីរំលត់ទុក្ខ។បេ។ ពាក្យថា នេះជាបដិបទា ជាដំណើរទៅកាន់ទីរំលត់ទុក្ខ នុ៎ះជាធម្មជាតពិត មិនប្រែប្រួល មិនក្លាយទៅជារបស់ដទៃឡើយ។ ម្នាលភិក្ខុទាំងឡាយ ធម្មជាត ៤ នេះ ជារបស់ពិត មិនប្រែប្រួល មិនក្លាយទៅជារបស់ដទៃឡើយ។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ភិក្ខុក្នុងសាសនានេះ គួរធ្វើសេចក្ដីព្យាយាមថា នេះជាទុក្ខ។បេ។ គួរធ្វើសេចក្ដីព្យាយាមថា នេះជាបដិបទា ជាដំណើរទៅកាន់ទីរំលត់ទុក្ខ។

ចប់ ធម្មចក្កប្បវត្តនវគ្គ ទី២។

ឧទ្ទាននៃធម្មចក្កប្បវត្តនវគ្គនោះគឺ

ពោលអំពីព្រះតថាគត មាន ២ លើក អំពីឧបាទានក្ខន្ធប្រាំ ១ អំពីអាយតនៈប្រាំមួយ ១ អំពីភិក្ខុចាំអរិយសច្ច មាន ២ លើក អំពីអវិជ្ជា ១ អំពីវិជ្ជា ១ អរិយសច្ច មានវិភត្តិ ជាដើម ១ អំពីធម្មជាតពិត ១។

កោដិគាមវគ្គ ទី៣

(៣. កោដិគាមវគ្គោ)

(បឋមកោដិគាមសូត្រ ទី១)

(១. បឋមកោដិគាមសុត្តំ)

[៣៩៩] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងកោដិគ្រាម ក្នុងដែនវជ្ជី។ ក្នុងទីនោះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំង ឡាយ តថាគតក្ដី អ្នកទាំងឡាយក្ដី ដែលអន្ទោល ត្រាច់រង្គាត់ទៅ អស់កាលយូរអង្វែងយ៉ាងនេះ ព្រោះមិនបានត្រាស់ដឹង មិនបានចាក់ធ្លុះ នូវអរិយសច្ច ៤។ អរិយសច្ច ៤ គឺអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ តថាគតក្ដី អ្នកទាំងឡាយក្ដី ដែលអន្ទោលទៅ ត្រាច់រង្គាត់ទៅ អស់កាលយូរអង្វែង យ៉ាងនេះ ព្រោះមិនបានត្រាស់ដឹង មិនបានចាក់ធ្លុះ នូវទុក្ខអរិយសច្ច ទុក្ខសមុទយអរិយសច្ច។បេ។ ទុក្ខនិរោធអរិយសច្ច។ តថាគតក្ដី អ្នកទាំងឡាយក្ដី ដែលអន្ទោលទៅ ត្រាច់រង្គាត់ទៅ អស់កាលយូរអង្វែង យ៉ាងនេះ ព្រោះមិនបានត្រាស់ដឹង មិនបានចាក់ធ្លុះ នូវទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច។ ម្នាលភិក្ខុទាំងឡាយ ទុក្ខអរិយសច្ចនេះ តថាគតក្ដី អ្នកទាំងឡាយក្ដី បានត្រាស់ដឹងហើយ បានចាក់ធ្លុះហើយ ទុក្ខសមុទយអរិយសច្ច តថាគតក្ដី អ្នកទាំងឡាយក្ដី បានត្រាស់ដឹងហើយ បានចាក់ធ្លុះហើយ ទុក្ខនិរោធអរិយសច្ច តថាគតក្ដី អ្នកទាំងឡាយក្ដី បានត្រាស់ដឹងហើយ បានចាក់ធ្លុះ ហើយ ទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច តថាគតក្ដី អ្នកទាំងឡាយក្ដី បានត្រាស់ដឹងហើយ បានចាក់ធ្លុះហើយ។ ភវតណ្ហា ជាធម្មជាតិ នាំសត្វឲ្យចូលទៅកាន់ភព បានផ្ដាច់ផ្ដិលអស់ហើយ ភពថ្មីទៀត ក្នុងកាលឥឡូវនេះ មិនមានឡើយ។ ព្រះមានព្រះភាគ បានត្រាស់ពាក្យនេះហើយ លុះព្រះសុគត ទ្រង់ត្រាស់ពាក្យនេះចប់ហើយ ព្រះសាស្ដា ក៏ត្រាស់គាថានេះ តទៅទៀតថា

[៤០០]

តថាគតក្ដី អ្នកទាំងឡាយក្ដី ដែលអន្ទោលទៅក្នុងជាតិទាំងឡាយនោះៗ អស់កាលយូរអង្វែង ព្រោះមិនបានឃើញ នូវអរិយសច្ច ៤ តាមសេចក្ចីពិត។ អរិយសច្ច ៤ នុ៎ះ តថាគតបានឃើញហើយ តណ្ហា ដែលនាំសត្វឲ្យចូលទៅកាន់ភព តថាគត បានដកចោលហើយ ឫសគល់ នៃសេចក្ដីទុក្ខ តថាគតបានរំលើងចោលហើយ ភពថ្មីទៀត ក្នុងកាលឥឡូវនេះ មិនមានឡើយ។

(ទុតិយកោដិគាមសូត្រ ទី២)

(២. ទុតិយកោដិគាមសុត្តំ)

[៤០១] ម្នាលភិក្ខុទាំងឡាយ សមណៈ ឬព្រាហ្មណ៍ឯណានីមួយ មិនដឹងច្បាស់តាមសេចក្ដីពិតថា នេះជាទុក្ខ មិនដឹងច្បាស់តាមសេចក្តីពិតថា នេះជាហេតុ ជាទីកើតឡើងនៃទុក្ខ មិនដឹងច្បាស់តាមពិតថា នេះជាសេចក្ដីរលត់ទុក្ខ មិនដឹងច្បាស់ តាមសេចក្ដីពិតថា នេះជាបដិបទា ជាដំណើរទៅកាន់ទីរំលត់ទុក្ខ។ ម្នាលភិក្ខុទាំងឡាយ ពួកសមណៈ ឬព្រាហ្មណ៍ទាំងនុ៎ះ តថាគត មិនបានសន្មតថា ជាសមណៈ ក្នុងសមណៈទាំងឡាយផង មិនបានសន្មតថាជាព្រាហ្មណ៍ ក្នុងព្រាហ្មណ៍ទាំងឡាយផង ដ្បិតលោកដ៏មានអាយុទាំង នុ៎ះ មិនបានធ្វើឲ្យជាក់ច្បាស់ សម្រេចនូវសាមញ្ញផលផង ព្រហ្មញ្ញផលផង ដោយប្រាជ្ញាដ៏ឧត្ដម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន ហើយសម្រេចសម្រាន្ដនៅ។

[៤០២] ម្នាលភិក្ខុទាំងឡាយ លុះតែពួកសមណៈ ឬព្រាហ្មណ៍ឯណានីមួយ ដឹងច្បាស់ តាមសេចក្ដីពិតថា នេះជាទុក្ខ ដឹងច្បាស់តាមសេចក្ដីពិតថា នេះជាហេតុ ជាទីកើតឡើងនៃទុក្ខ ដឹងច្បាស់តាមសេចក្តីពិតថា នេះជាសេចក្ដីរំលត់ទុក្ខ ដឹងច្បាស់តាមសេចក្ដីពិតថា នេះជាបដិបទា ជាដំណើរទៅកាន់ទីរំលត់ទុក្ខ។ ម្នាលភិក្ខុទាំងឡាយ ពួកសមណៈ ឬព្រាហ្មណ៍ទាំងនុ៎ះ ទើបតថាគត សន្មតថា សមណៈ ក្នុងពួកសមណៈផង សន្មតថាព្រាហ្មណ៍ ក្នុងពួកព្រាហ្មណ៍ផង ដ្បិតលោកដ៏មានអាយុទាំងនុ៎ះ បានធ្វើឲ្យជាក់ច្បាស់ សម្រេចនូវសាមញ្ញផលផង ព្រហ្មញ្ញផលផង ដោយប្រាជ្ញាដ៏ឧត្ដម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន ហើយសម្រេចសម្រាន្ដនៅ។ ព្រះដ៏មានព្រះភាគ បានត្រាស់ពាក្យនេះ លុះព្រះសុគត បានត្រាស់ពាកក្យនេះ ចប់ហើយ ទើបព្រះសាស្ដា ត្រាស់គាថានេះ តទៅទៀតថា

[៤០៣]

ពួកជនណា មិនដឹងច្បាស់ នូវសេចក្ដីទុក្ខ ទាំងហេតុដែលនាំឲ្យកើតទុក្ខ សេចក្ដីទុក្ខ រលត់ ឥតមានសេសសល់ សព្វអន្លើ ព្រោះមគ្គឯណា។ ពួកជននោះ មិនដឹងនូវមគ្គ ដែលជាដំណើរទៅកាន់សេចក្ដីរម្ងាប់ទុក្ខនោះ ជាអ្នកសាបសូន្យ ចាកចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ជនទាំងនោះ មិនគួរដើម្បីធ្វើទីបំផុត នៃសេចក្ដីទុក្ខ ជនទាំងនោះ ជាអ្នកចូលទៅកាន់ជាតិ និងជរា។ លុះតែពួកជនណា ដឹងច្បាស់ នូវសេចក្ដីទុក្ខ ទាំងហេតុដែលនាំឲ្យកើតទុក្ខ សេចក្ដីទុក្ខ រមែងរលត់ទៅ ឥតមានសេសសល់សព្វអន្លើ ព្រោះមគ្គឯណា។ ពួកជននោះ ដឹងច្បាស់នូវមគ្គ ដែលជាដំណើរទៅកាន់សេចក្ដីស្ងប់រម្ងាប់ទុក្ខនោះ ជាអ្នកបរិបូណ៌ ដោយចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ជនទាំងនោះ គួរដើម្បីធ្វើទីបំផុត នៃសេចក្ដីទុក្ខបាន ជនទាំងនោះ ជាអ្នកមិនចូលទៅជិត កាន់ជាតិ និងជរាឡើយ។

(សម្មាសម្ពុទ្ធសូត្រ ទី៣)

(៣. សម្មាសម្ពុទ្ធសុត្តំ)

[៤០៤] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ អរិយសច្ច មាន ៤ នេះ។ អរិយសច្ច ៤ គឺអ្វីខ្លះ។ គឺទុក្ខអរិយសច្ច ១។បេ។ ទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច ១។ ម្នាលភិក្ខុទាំងឡាយ អរិយសច្ច មាន ៤ នេះឯង។ ម្នាលភិក្ខុទាំងឡាយ ព្រះតថាគត ដែលមានឈ្មោះថា អរហំ សម្មាសម្ពុទ្ធ ព្រោះព្រះតថាគត បានត្រាស់ដឹង នូវអរិយសច្ច ៤ នេះ តាមសេចក្ដីពិត។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ភិក្ខុក្នុងសាសនានេះ គួរធ្វើសេចក្ដីព្យាយាមថា នេះជាទុក្ខ។បេ។ គួរធ្វើសេចក្ដីព្យាយាមថា នេះជាបដិបទា ជាដំណើរទៅកាន់ទីរំលត់ទុក្ខ។

(អរហន្តសូត្រ ទី៤)

(៤. អរហន្តសុត្តំ)

[៤០៥] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ព្រះអរហន្ត សម្មាសម្ពុទ្ធទាំងឡាយណានីមួយ ក្នុងកាលជាអតីត ត្រាស់ដឹងហើយ តាមសេចក្ដីពិត ព្រះអរហន្ត សម្មាសម្ពុទ្ធគ្រប់ព្រះអង្គនោះ ត្រាស់ដឹងហើយ នូវអរិយសច្ច ៤ តាមសេចក្ដីពិត។ ម្នាលភិក្ខុទាំងឡាយ ព្រះអរហន្ត សម្មាសម្ពុទ្ធទាំងឡាយ ណានីមួយ ក្នុងកាលជាអនាគត នឹងត្រាស់ដឹងតាមសេចក្ដីពិត ព្រះអរហន្ត សម្មាសម្ពុទ្ធគ្រប់ព្រះអង្គនោះ នឹងត្រាស់ដឹង នូវអរិយសច្ច ៤ តាមសេចក្ដីពិត។ ម្នាលភិក្ខុទាំងឡាយ ព្រះអរហន្ត សម្មាសម្ពុទ្ធទាំងឡាយណានីមួយ ក្នុងកាលជាបច្ចុប្បន្ន រមែងត្រាស់ដឹងតាមសេចក្ដីពិត ព្រះអរហន្ត សម្មាសម្ពុទ្ធគ្រប់ព្រះអង្គនោះ រមែងត្រាស់ដឹង នូវអរិយសច្ច ៤ តាមសេចក្ដីពិត។ អរិយសច្ច ៤ គឺអ្វីខ្លះ។ គឺទុក្ខអរិយសច្ច ១ ទុក្ខសមុទយអរិយសច្ច ១ ទុក្ខនិរោធអរិយសច្ច ១ ទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច ១។ ម្នាលភិក្ខុទាំងឡាយ ព្រះអរហន្ត សម្មាសម្ពុទ្ធទាំងឡាយណានីមួយ ក្នុងកាលជាអតីត ត្រាស់ដឹងហើយ និងត្រាស់ដឹងឥឡូវនេះ ត្រាស់ដឹងតាមសេចក្ដីពិត ពួកព្រះអរហន្ត សម្មាសម្ពុទ្ធគ្រប់ព្រះអង្គនោះ រមែងត្រាស់ដឹងនូវអរិយសច្ច ៤ នេះ តាមសេចក្ដីពិត។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ភិក្ខុក្នុងសាសនានេះ គួរធ្វើសេចក្ដីព្យាយាមថា នេះជាទុក្ខ។បេ។ គួរធ្វើសេចក្ដីព្យាយាមថា នេះជាបដិបទា ជាដំណើរទៅកាន់ទីរំលត់ទុក្ខ។

(អាសវក្ខយសូត្រ ទី៥)

(៥. អាសវក្ខយសុត្តំ)

[៤០៦] ម្នាលភិក្ខុទាំងឡាយ តថាគតពោលនូវការអស់ទៅ នៃអាសវៈទាំងឡាយចំពោះបុគ្គល ដែលដឹង ដែលឃើញ មិនមែនចំពោះបុគ្គល ដែលមិនដឹង មិនឃើញទេ។ ម្នាលភិក្ខុទាំងឡាយ ចុះការអស់ទៅ នៃអាសវៈទាំងឡាយ រមែងមានចំពោះបុគ្គល ដែលដឹងអ្វី ដែលឃើញអ្វី។ ម្នាលភិក្ខុទាំងឡាយ ការអស់ទៅ នៃអាសវៈទាំងឡាយ រមែងមានចំពោះបុគ្គល ដែលដឹង ដែលឃើញថា នេះជាទុក្ខ ការអស់ទៅ នៃអាសវៈទាំងឡាយ រមែងមានចំពោះបុគ្គល ដែលដឹង ដែលឃើញថា នេះជាហេតុ ជាទីកើតឡើងនៃទុក្ខ ការអស់ទៅ នៃអាសវៈទាំងឡាយ រមែងមាន ចំពោះបុគ្គល ដែលដឹង ដែលឃើញថា នេះជាសេចក្ដីរលត់ទុក្ខ ការអស់ទៅ នៃអាសវៈទាំងឡាយ រមែងមានចំពោះបុគ្គល ដែលដឹង ដែលឃើញថា នេះជាបដិបទា ជាដំណើរទៅកាន់ទីរំលត់ទុក្ខ។ ម្នាលភិក្ខុទាំងឡាយ ការអស់ទៅ នៃអាសវៈទាំងឡាយ រមែងមាន ចំពោះបុគ្គល ដែលដឹងយ៉ាងនេះ ដែលឃើញយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ភិក្ខុក្នុងសាសនានេះ គួរធ្វើសេចក្ដីព្យាយាមថា នេះជាទុក្ខ។បេ។ គួរធ្វើសេចក្ដីព្យាយាមថា នេះជាបដិបទា ជាដំណើរទៅកាន់ទីរំលត់ទុក្ខ។

(មិត្តសូត្រ ទី៦)

(៦. មិត្តសុត្តំ)

[៤០៧] ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គួរអនុគ្រោះ ចំពោះជនពួកណាមួយ មួយទៀត ជនពួកណា ជាមិត្តក្ដី ជាអមាត្យក្ដី ញាតិក្ដី សាលោហិតក្ដី គប្បីសំគាល់ នូវពាក្យដែលគួរស្ដាប់ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គួរញុំាងជនទាំងនោះ ឲ្យសមាទាន ឲ្យតាំងនៅ ឲ្យដំកល់នៅ ក្នុងការត្រាស់ដឹង នូវអរិយសច្ច ៤ តាមសេចក្ដីពិត។ អរិយសច្ច ៤ គឺអ្វីខ្លះ។ គឺទុក្ខអរិយសច្ច ១ ទុក្ខសមុទយអរិយសច្ច ១ ទុក្ខនិរោធអរិយសច្ច ១ ទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច ១។ ម្នាលភិក្ខុទាំងឡាយ គួរអ្នកទាំងឡាយ អនុគ្រោះចំពោះជនពួកណាមួយ មួយទៀត ជនពួកណា ជាមិត្តក្ដី អមាត្យក្ដី ញាតិក្ដី សាលោហិតក្ដី គប្បីសំគាល់នូវពាក្យ ដែលគួរស្ដាប់។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គួរញ៉ាំងជនទាំងនោះ ឲ្យសមាទាន ឲ្យតាំងនៅ ឲ្យដំកល់នៅ ក្នុងការត្រាស់ដឹង នូវអរិយសច្ច ៤ នេះ តាមសេចក្ដីពិត។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ភិក្ខុក្នុងសាសនានេះ គួរធ្វើសេចក្ដីព្យាយាមថា នេះជាទុក្ខ។បេ។ គួរធ្វើសេចក្ដីព្យាយាមថា នេះជាបដិបទា ជាដំណើរទៅកាន់ទីរំលត់ទុក្ខ។

(តថសូត្រ ទី៧)

(៧. តថសុត្តំ)

[៤០៨] ម្នាលភិក្ខុទាំងឡាយ អរិយសច្ច ៤ នេះ។ អរិយសច្ច ៤ គឺអ្វីខ្លះ។ ទុក្ខអរិយសច្ច ១ ទុក្ខសមុទយអរិយសច្ច ១ ទុក្ខនិរោធអរិយសច្ច ១ ទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច ១។ ម្នាលភិក្ខុទាំងឡាយ អរិយសច្ច ៤ នេះ ជារបស់ពិត មិនប្រែប្រួល មិនក្លាយទៅជារបស់ដទៃឡើយ ព្រោះហេតុនោះ បានជាតថាគត ហៅថា អរិយសច្ច។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ភិក្ខុក្នុងសាសនានេះ គួរធ្វើសេចក្ដីព្យាយាមថា នេះជាទុក្ខ។បេ។ គួរធ្វើសេចក្ដីព្យាយាមថា នេះជាបដិបទា ជាដំណើរទៅកាន់ទីរំលត់ទុក្ខ។

(លោកសូត្រ ទី៨)

(៨. លោកសុត្តំ)

[៤០៩] ម្នាលភិក្ខុទាំងឡាយ អរិយសច្ច ៤ នេះ។ អរិយសច្ច ៤ គឺអ្វីខ្លះ។ គឺទុក្ខអរិយសច្ច ១ ទុក្ខសមុទយអរិយសច្ច ១ ទុក្ខនិរោធអរិយសច្ច ១ ទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច ១។ ព្រះតថាគត ជាអរិយបុគ្គលក្នុងលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស ព្រោះហេតុនោះ (សច្ចៈ ៤ ដែលតថាគតសំដែងហើយ) ហៅថា អរិយសច្ច។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ភិក្ខុក្នុងសាសនានេះ គួរធ្វើសេចក្ដីព្យាយាមថា នេះជាទុក្ខ។បេ។ គួរធ្វើសេចក្ដីព្យាយាមថា នេះជាបដិបទា ជាដំណើរទៅកាន់ទីរំលត់ទុក្ខ។

(បរិញ្ញេយ្យសូត្រ ទី៩)

(៩. បរិញ្ញេយ្យសុត្តំ)

[៤១០] ម្នាលភិក្ខុទាំងឡាយ អរិយសច្ច មាន ៤ នេះ។ អរិយសច្ច ៤ គឺអ្វីខ្លះ។ គឺទុក្ខអរិយសច្ច ១ ទុក្ខសមុទយអរិយសច្ច ១ ទុក្ខនិរោធអរិយសច្ច ១ ទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច ១។ ម្នាលភិក្ខុទាំងឡាយ អរិយសច្ច មាន ៤ នេះឯង។ ម្នាលភិក្ខុទាំងឡាយ បណ្ដាអរិយសច្ច ៤ នេះ អរិយសច្ច គួរកំណត់ដឹង ក៏មាន អរិយសច្ចគួរលះបង់ ក៏មាន អរិយសច្ចគួរធ្វើឲ្យជាក់ច្បាស់ ក៏មាន អរិយសច្ចគួរចំរើន ក៏មាន។ ម្នាលភិក្ខុទាំងឡាយ ចុះអរិយសច្ច ដូចម្ដេច ដែលគួរកំណត់ដឹង។ ម្នាលភិក្ខុទាំងឡាយ ទុក្ខអរិយសច្ច គួរកំណត់ដឹង ទុក្ខសមុទយអរិយសច្ច គួរលះបង់ ទុក្ខនិរោធអរិយសច្ច គួរធ្វើឲ្យជាក់ច្បាស់ ទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច គួរចំរើន។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ភិក្ខុក្នុងសាសនានេះ គួរធ្វើសេចក្ដីព្យាយាមថា នេះជាទុក្ខ។បេ។ គួរធ្វើសេចក្ដីព្យាយាមថា នេះជាបដិបទា ជាដំណើរទៅកាន់ទីរំលត់ទុក្ខ។

(គវម្បតិសូត្រ ទី១០)

(១០. គវម្បតិសុត្តំ)

[៤១១] សម័យមួយ ពួកភិក្ខុជាថេរៈច្រើនរូប នៅក្នុងក្រុងសហជនិយៈ ក្នុងដែនចេតិយៈ។ ក៏សម័យនោះឯង កាលភិក្ខុជាថេរៈ មានប្រមាណច្រើនរូប ត្រឡប់មកពីបិណ្ឌបាតក្នុងវេលាក្រោយភត្ត អង្គុយប្រជុំគ្នា ក្នុងរោងមូល ក៏កើតមានពាក្យជាចន្លោះឡើងថា ម្នាលអាវុសោ បុគ្គលណា ឃើញសេចក្ដីទុក្ខ បុគ្គលនោះ ឈ្មោះថា ឃើញហេតុជាទីកើតឡើងនៃទុក្ខផង ឃើញទីរំលត់នៃទុក្ខផង ឃើញបដិបទា ជាដំណើរទៅកាន់ទីរំលត់ទុក្ខផង។

[៤១២] កាលបើភិក្ខុទាំងនោះ ពោលយ៉ាងនេះហើយ គវម្បតិត្ថេរដ៏មានអាយុ ក៏ពោលនឹងពួកភិក្ខុ ដូច្នេះថា ម្នាលអាវុសោទាំងឡាយ ពាក្យនុ៎ះ ខ្ញុំបានស្ដាប់មក ក្នុងទីចំពោះព្រះភក្ត្រព្រះដ៏មានបុណ្យ ខ្ញុំបានទទួល ក្នុងទីចំពោះព្រះភក្ត្រព្រះដ៏មានបុណ្យថា ម្នាលភិក្ខុទាំងឡាយ បុគ្គលណា ឃើញទុក្ខ បុគ្គលនោះ ឈ្មោះថា ឃើញទុក្ខសមុទ័យផង ឃើញទុក្ខនិរោធផង ឃើញទុក្ខនិរោធគាមិនីបដិបទាផង។ បុគ្គលណាឃើញទុក្ខសមុទ័យ បុគ្គលនោះ ឈ្មោះថា ឃើញទុក្ខផង ឃើញទុក្ខនិរោធផង ឃើញទុក្ខនិរោធគាមិនីបដិបទាផង។ បុគ្គលណា ឃើញទុក្ខនិរោធ បុគ្គលនោះ ឈ្មោះថា ឃើញទុក្ខផង ឃើញទុក្ខសមុទ័យផង ឃើញទុក្ខនិរោធគាមិនីបដិបទាផង។ បុគ្គលណា ឃើញទុក្ខនិរោធគាមិនីបដិបទា បុគ្គលនោះ ឈ្មោះថា ឃើញទុក្ខផង ឃើញទុក្ខសមុទ័យផង ឃើញទុក្ខនិរោធផង។

ចប់ កោដិគាមវគ្គ ទី៣។

ឧទាននៃកោដិគាមវគ្គនោះគឺ

ពោលអំពីព្រះដ៏មានព្រះភាគ គង់នៅក្នុងដែនវជ្ជី មាន ២ លើក អំពីឈ្មោះថាអរហន្ដសម្មាសម្ពុទ្ធ ព្រោះត្រាស់ដឹងអរិយសច្ច ១ អំពីព្រះអរហន្ដសម្មាសម្ពុទ្ធត្រាស់ដឹងហើយ ក្នុងអតីតកាល ជាដើម ១ អំពីការអស់ទៅ នៃអាសវៈ ១ អំពីទ្រង់សំដែងការអនុគ្រោះជនជាមិត្រ ជាដើម ១ អំពីការទ្រង់សំដែងធម្មជាត ជារបស់ពិត ១ អំពីព្រះតថាគត ជាអរិយបុគ្គលក្នុងលោក ១ អំពីអរិយសច្ច ដែលបុគ្គលគួរត្រាស់ដឹង ១ អំពីព្រះគវម្បតិត្ថេរ ១។

សីសបាបណ្ណវគ្គ ទី៤

(៤. សីសបាវនវគ្គោ)

(សីសបាវនសូត្រ ទី១)

(១. សីសបាវនសុត្តំ)

[៤១៣] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងសីសបាវន (ព្រៃធ្នង់) ទៀបក្រុងកោសម្ពី។ គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់ចាប់ស្លឹកធ្នង់បន្តិច ដោយព្រះហស្ដ ត្រាស់សួរភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ អ្នកសំគាល់សេចក្ដីនុ៎ះ ដូចម្ដេច ស្លឹងធ្នង់បន្ដិច ដែលតថាគត ចាប់ដោយដៃក្ដី ស្លឹងធ្នង់ ដែលនៅឯដើមធ្នង់ក្ដី ស្លឹកនោះ តើស្លឹកណាច្រើនជាងហ្ន៎។ បពិត្រព្រះអង្គដ៏ចំរើន ស្លឹងធ្នង់ ដែលព្រះមានព្រះភាគ ចាប់ដោយព្រះហស្ត មានប្រមាណតិចណាស់ ឯស្លឹងធ្នង់ទាំងនោះ ដែលនៅដើមធ្នង់ មានចំនួនច្រើនជាង។ ម្នាលភិក្ខុទាំងឡាយ យ៉ាងនេះមែនហើយ ពាក្យណា ដែលតថាគតមិនសំដែង ដើម្បីសេចក្ដីត្រាស់ដឹង ដល់អ្នកទាំងឡាយ ពាក្យនុ៎ះឯង មានចំនួនច្រើនជាង។ ម្នាលភិក្ខុទាំងឡាយ ពាក្យនុ៎ះ បានជាតថាគតមិនសំដែង ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា ពាក្យនុ៎ះ មិនប្រកបដោយប្រយោជន៍ មិនមែនជាអាទិព្រហ្មចរិយធម៌ មិនប្រព្រឹត្តទៅ ដើម្បីសេចក្ដីនឿយណាយ មិនប្រព្រឹត្តទៅ ដើម្បីប្រាសចាកតម្រេក មិនប្រព្រឹត្តទៅ ដើម្បីរំលត់ទុក្ខ មិនប្រព្រឹត្តទៅ ដើម្បីស្ងប់រម្ងាប់ មិនប្រព្រឹត្តទៅ ដើម្បីដឹងច្បាស់ មិនប្រព្រឹត្តទៅ ដើម្បីត្រាស់ដឹង មិនប្រព្រឹត្តទៅ ដើម្បីនិព្វាន។ ព្រោះហេតុនោះ បានជាតថាគត មិនសំដែងពាក្យនោះឡើយ។

[៤១៤] ម្នាលភិក្ខុទាំងឡាយ ចុះតថាគត សំដែងពាក្យដូចម្ដេចវិញ។ ម្នាលភិក្ខុទាំងឡាយ តថាគតសំដែងថា នេះជាទុក្ខ តថាគតសំដែងថា នេះហេតុជាទីកើតឡើងនៃទុក្ខ តថាគតសំដែងថា នេះជាសេចក្ដីរំលត់ទុក្ខ តថាគតសំដែងថា នេះបដិបទា ជាដំណើរទៅកាន់ទីរំលត់ទុក្ខ។ ម្នាលភិក្ខុទាំងឡាយ ពាក្យនុ៎ះ បានជាតថាគតសំដែង តើព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា ពាក្យនុ៎ះ ប្រកបដោយប្រយោជន៍ ពាក្យនុ៎ះ ជាអាទិព្រហ្មចរិយធម៌ ពាក្យនុ៎ះ ប្រព្រឹត្តទៅ ដើម្បីសេចក្ដីនឿយណាយ ដើម្បីប្រាសចាកតម្រេក ដើម្បីរំលត់ទុក្ខ ដើម្បីសេចក្តីស្ងប់រម្ងាប់ ដើម្បីដឹងច្បាស់ ដើម្បីត្រាស់ដឹង ដើម្បីនិព្វាន។ ព្រោះហេតុនោះ បានជាតថាគត សំដែងពាក្យនុ៎ះ។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ភិក្ខុក្នុងសាសនានេះ គួរធ្វើសេចក្ដីព្យាយាមថា នេះជាទុក្ខ។បេ។ គួរធ្វើសេចក្ដីព្យាយាមថា នេះបដិបទា ជាដំណើរទៅកាន់ទីរំលត់ទុក្ខ។

(ខទិរបត្តសូត្រ ទី២)

(២. ខទិរបត្តសុត្តំ)

[៤១៥] ម្នាលភិក្ខុទាំងឡាយ បុគ្គលណា និយាយយ៉ាងនេះថា ខ្ញុំមិនបានត្រាស់ដឹង នូវទុក្ខអរិយសច្ច តាមសេចក្ដីពិត មិនបានត្រាស់ដឹង នូវទុក្ខសមុទយអរិយសច្ច តាមសេចក្ដីពិត មិនបានត្រាស់ដឹង នូវទុក្ខនិរោធអរិយសច្ច តាមសេចក្ដីពិត មិនបានត្រាស់ដឹង នូវទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច តាមសេចក្ដីពិត តែនឹងធ្វើនូវទីបំផុត នៃសេចក្ដីទុក្ខដោយប្រពៃបាន ហេតុនុ៎ះ មិនមានឡើយ។ ម្នាលភិក្ខុទាំងឡាយ ដូចជាបុគ្គលណា និយាយយ៉ាងនេះថា ខ្ញុំធ្វើកញ្ចប់ នៃស្លឹកគគីរក្ដី ស្លឹកស្រល់ក្ដី ស្លឹកកន្ទួតព្រៃក្ដី ហើយនឹងនាំទៅនូវទឹក ឬចម្រៀកត្នោត15) ហេតុនុ៎ះ មិនមានឡើយ យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលណា និយាយយ៉ាងនេះថា ខ្ញុំមិនបានត្រាស់ដឹង នូវទុក្ខអរិយសច្ច តាមសេចក្ដីពិត។បេ។ មិនបានត្រាស់ដឹង នូវទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច តាមសេចក្ដីពិត តែនឹងធ្វើនូវទីបំផុត នៃសេចក្ដីទុក្ខ ដោយប្រពៃបាន ហេតុនុ៎ះ មិនមានឡើយ ក៏យ៉ាង នោះដែរ។

[៤១៦] ម្នាលភិក្ខុទាំងឡាយ លុះតែបុគ្គលណា និយាយយ៉ាងនេះថា ខ្ញុំបានត្រាស់ដឹង នូវទុក្ខអរិយសច្ច តាមសេចក្ដីពិត ត្រាស់ដឹងនូវទុក្ខសមុទយអរិយសច្ច តាមសេចក្ដីពិត ត្រាស់ដឹងនូវទុក្ខនិរោធអរិយសច្ច តាមសេចក្ដីពិត ត្រាស់ដឹងនូវទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច តាមសេចក្ដីពិត នឹងធ្វើនូវទីបំផុតនៃទុក្ខ ដោយប្រពៃបាន ហេតុនុ៎ះ ទើបមានមែន។ ម្នាលភិក្ខុទាំងឡាយ ដូចជាបុគ្គលណា និយាយយ៉ាងនេះថា ខ្ញុំធ្វើនូវកញ្ចប់ នៃស្លឹកឈូកក្ដី ស្លឹកចារក្ដី ស្លឹកល្វេក្ដី ហើយនឹងនាំទៅ នូវទឹក ឬចម្រៀកត្នោត ហេតុនុ៎ះ ទើបមានមែន យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលណា និយាយយ៉ាងនេះថា ខ្ញុំត្រាស់ដឹង នូវទុក្ខអរិយសច្ច តាមសេចក្ដីពិត។បេ។ ត្រាស់ដឹង នូវទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច តាមសេចក្ដីពិត នឹងធ្វើនូវទីបំផុតនៃទុក្ខ ដោយប្រពៃបាន ហេតុនុ៎ះ ទើបមានមែន ក៏យ៉ាងនោះឯង។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ភិក្ខុក្នុងសាសនានេះ គួរធ្វើសេចក្ដីព្យាយាមថា នេះជាទុក្ខ។បេ។ គួរធ្វើសេចក្ដីព្យាយាមថា នេះបដិបទា ជាដំណើរទៅកាន់ទីរំលត់ទុក្ខ។

(ទណ្ឌសូត្រ ទី៣)

(៣. ទណ្ឌសុត្តំ)

[៤១៧] ម្នាលភិក្ខុទាំងឡាយ ដូចដំបង ដែលគេចោលទៅឯអាកាស តែងធ្លាក់ចុះខាងគល់ដំបង ក៏មាន ធ្លាក់ចុះត្រង់កណ្ដាលដំបង ក៏មាន ធ្លាក់ចុះខាងចុងដំបង ក៏មាន យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ សត្វទាំងឡាយ ដែលមានអវិជ្ជា ជាគ្រឿងរារាំង មានតណ្ហា ជាគ្រឿងប្រកប កាលអន្ទោលទៅ ត្រាច់រង្គាត់ទៅ តែងចេញពីលោកនេះ ទៅកាន់លោកដទៃ ក៏មាន ត្រឡប់មកពីលោកដទៃ មកកាន់លោកនេះ ក៏មាន។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា សត្វទាំងនោះ មិនបានឃើញ នូវអរិយសច្ច ៤។ អរិយសច្ច ៤ គឺអ្វីខ្លះ។ គឺទុក្ខអរិយសច្ច ១។បេ។ ទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច ១ យ៉ាងនោះឯង។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ភិក្ខុក្នុងសាសនានេះ គួរធ្វើសេចក្ដីព្យាយាមថា នេះជាទុក្ខ។បេ។ គួរធ្វើសេចក្ដីព្យាយាមថា នេះ បដិបទា ជាដំណើរទៅកាន់ទីរំលត់ទុក្ខ។

(ចេលសូត្រ ទី៤)

(៤. ចេលសុត្តំ)

[៤១៨] ម្នាលភិក្ខុទាំងឡាយ សំពត់ ឬក្បាល ដែលភ្លើងកំពុងឆេះ បុរសនោះ គួរធ្វើដូចម្ដេច។ បពិត្រព្រះអង្គដ៏ចំរើន កាលបើសំពត់ ឬក្បាល ដែលភ្លើងកំពុងឆេះ បុរសនោះ គួរធ្វើសេចក្ដីប៉ុនប៉ងផង ព្យាយាមផង សេចក្ដីប្រឹងប្រែងផង សេចក្ដីខ្មីឃ្មាតផង ការមិនរុញរាផង សតិផង សម្បជញ្ញៈផង ដ៏មាំមួន ដើម្បីនឹងលត់ នូវសំពត់ ឬក្បាលនោះឯង។ ម្នាលភិក្ខុទាំងឡាយ បុគ្គលគួរកុំសំឡឹងមើល កុំយកចិត្តទុកដាក់ ចំពោះសំពត់ឬក្បាល ដែលភ្លើងកំពុងឆេះឡើយ គួរធ្វើសេចក្ដីប៉ុនប៉ងផង សេចក្តីព្យាយាមផង សេចក្ដីខ្មីឃ្មាតផង ការមិនរុញរាផង សតិផង សម្បជញ្ញៈផង ដ៏មាំមួន ដើម្បីនឹងត្រាស់ដឹងនូវអរិយសច្ច ៤ ដែលខ្លួនមិនទាន់បានត្រាស់ដឹង តាមសេចក្ដីពិតនៅឡើយ។ អរិយសច្ច ៤ គឺអ្វីខ្លះ។ គឺទុក្ខអរិយសច្ច ១។បេ។ ទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច ១។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ភិក្ខុក្នុងសាសនានេះ គួរធ្វើសេចក្ដីព្យាយាមថា នេះជាទុក្ខ។បេ។ គួរធ្វើសេចក្ដីព្យាយាមថា នេះបដិបទា ជាដំណើរទៅកាន់ទីរំលត់ទុក្ខ។

(សត្តិសតសូត្រ ទី៥)

(៥. សត្តិសតសុត្តំ)

[៤១៩] ម្នាលភិក្ខុទាំងឡាយ ដូចបុរសមានអាយុ ១០០ ឆ្នាំ និយាយនឹងបុរសដែលមានអាយុរស់នៅ ១០០ ឆ្នាំដូចគ្នា យ៉ាងនេះថា នែបុរសអើយ ចូរអ្នកមកអាយ ជនទាំងឡាយ នឹងសំឡាប់អ្នក ដោយរយនៃលំពែង ក្នុងបុព្វណ្ហសម័យ (ពេលព្រឹក) នឹងសំឡាប់អ្នក ដោយរយនៃលំពែង ក្នុងមជ្ឈន្តិកសម័យ (ពេលថ្ងៃត្រង់) នឹងសំឡាប់អ្នក ដោយរយនៃលំពែង ក្នុងសាយណ្ហសម័យ (ពេលល្ងាច)។ បុរសនោះ ក៏និយាយថា នែបុរសអើយ អ្នកឯងមានអាយុ ១០០ ឆ្នាំ រស់នៅអស់ ១០០ ឆ្នាំ កាលបើត្រូវគេសំឡាប់ដោយលំពែង ៣០០ រាល់ៗថ្ងៃ លុះកន្លង ១០០ ឆ្នាំទៅ នឹងបានត្រាស់ដឹង នូវអរិយសច្ច ៤ ដែលមិនទាន់បានត្រាស់ដឹងនៅឡើយ។ ម្នាលភិក្ខុទាំងឡាយ កុលបុត្ត ដែលលុះក្នុងអំណាច នៃប្រយោជន៍ គួរតែចូលទៅ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា សង្សារនេះ មិនមានទីបំផុតទេ ខាងដើម និងខាងចុង នៃការប្រហារដោយលំពែង ប្រហារដោយដាវ ប្រហារដោយកូនសរ ប្រហារដោយប៉ូវថៅ ក៏មិនប្រាកដឡើយ។ ម្នាលភិក្ខុទាំងឡាយ ដំណើរនោះ គួរមានយ៉ាងនេះមែន ម្នាលភិក្ខុទាំងឡាយ តែតថាគត មិនបានពោល នូវការត្រាស់ដឹង នូវអរិយសច្ច ៤ ជាមួយនឹងសេចក្ដីទុក្ខ ជាមួយនឹងទោមនស្សទេ។ ម្នាលភិក្ខុទាំងឡាយ ប៉ុន្តែតថាគត តែងពោលនូវសេចក្តីត្រាស់ដឹង ចំពោះអរិយសច្ច ទាំង ៤ ជាមួយនឹងសេចក្ដីសុខ និងសោមនស្សទេតើ។ អរិយសច្ច ៤ គឺអ្វីខ្លះ។ គឺទុក្ខអរិយសច្ច ១។បេ។ ទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច ១។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ភិក្ខុក្នុងសាសនានេះ គួរធ្វើសេចក្ដីព្យាយាមថា នេះជាទុក្ខ។បេ។ គួរធ្វើសេចក្ដីព្យាយាមថា នេះបដិបទា ជាដំណើរទៅកាន់ទីរំលត់ទុក្ខ។

(បាណសូត្រ ទី៦)

(៦. បាណសុត្តំ)

[៤២០] ម្នាលភិក្ខុទាំងឡាយ ដូចជាបុរសកាត់ស្មៅ កំណាត់ឈើ មែកឈើ ស្លឹកឈើ ក្នុងជម្ពូទ្វីបនេះ មកប្រមូលទុក ក្នុងទីជាមួយគ្នា លុះប្រមូលទុកក្នុងទីជាមួយគ្នាហើយ គប្បីធ្វើជាឈើអណ្ដោត លុះធ្វើជាឈើអណ្តោតហើយ ទើបដោតពួកសត្វធំៗ ដែលនៅក្នុងមហាសមុទ្រ ក្នុងឈើអណ្តោតធំៗ ដោតពួកសត្វជាន់កណ្តាលៗ ដែលនៅក្នុងមហាសមុទ្រ ក្នុងឈើអណ្តោតជាន់កណ្ដាលៗ ដោតពួកសត្វតូចៗ ដែលនៅក្នុងមហាសមុទ្រ ក្នុងឈើអណ្ដោតតូចៗ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វធំៗ ក្នុងមហាសមុទ្រ មិនអស់ទេ ឯស្មៅ កំណាត់ឈើ មែកឈើ ស្លឹកឈើ ក្នុងជម្ពូទ្វីបនេះ ដល់នូវការអស់ទៅសូន្យទៅមិនខាន។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វតូចៗ ក្នុងមហាសមុទ្រ ច្រើនជាងពួកសត្វធំៗទៅទៀត បុគ្គលណាមួយ មិនងាយនឹងដោត ដោយឈើអណ្ដោតឡើយ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះសត្វទាំងនោះ មានអត្តភាពតូចៗ។ ម្នាលភិក្ខុទាំងឡាយ អបាយធំ យ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលរួចចាកអបាយ ដែលធំយ៉ាងនេះ ជាអ្នកបរិបូណ៌ដោយទិដ្ឋិ ទើបដឹងច្បាស់ តាមសេចក្ដីពិតថា នេះជាទុក្ខ។បេ។ ដឹងច្បាស់តាមសេចក្ដីពិតថា នេះបដិបទា ជាដំណើរទៅកាន់ទីរំលត់ទុក្ខ។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ភិក្ខុក្នុងសាសនានេះ គួរធ្វើសេចក្ដីព្យាយាមថា នេះជាទុក្ខ។បេ។ គួរធ្វើសេចក្ដីព្យាយាមថា នេះបដិបទា ជាដំណើរទៅកាន់ទីរំលត់ទុក្ខ។

(បឋមសូរិយសូត្រ ទី៧)

(៧. បឋមសូរិយសុត្តំ)

[៤២១] ម្នាលភិក្ខុទាំងឡាយ កាលព្រះអាទិត្យរះឡើង រមែងមានការរះឡើង នៃអរុណ ជាប្រធាន ជាបុព្វនិមិត្ត។ ម្នាលភិក្ខុទាំងឡាយ យ៉ាងនេះមែនហើយ ភិក្ខុដែលត្រាស់ដឹង តាមសេចក្ដីពិត នូវអរិយសច្ច ៤ រមែងមានសម្មាទិដ្ឋិនុ៎ះ ជាប្រធាន ជាបុព្វនិមិត្ត។ ម្នាលភិក្ខុទាំងឡាយ ដំណើរនុ៎ះ រមែងកើតប្រាកដ ដល់ភិក្ខុ ដែលប្រកបដោយសម្មាទិដ្ឋិ ដឹងច្បាស់តាមសេចក្ដីពិតថា នេះបដិបទា ជាដំណើរទៅកាន់ទីរំលត់ទុក្ខ។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ភិក្ខុក្នុងសាសនានេះ គួរធ្វើសេចក្ដីព្យាយាមថា នេះជាទុក្ខ។បេ។ គួរធ្វើសេចក្ដីព្យាយាមថា នេះបដិបទា ជាដំណើរទៅកាន់ទីរំលត់ទុក្ខ។

(ទុតិយសូរិយសូត្រ ទី៨)

(៨. ទុតិយសូរិយសុត្តំ)

[៤២២] ម្នាលភិក្ខុទាំងឡាយ ព្រះចន្ទ្រ និងព្រះអាទិត្យ មិនទាន់កើតឡើង ក្នុងលោក ដរាបណា ពន្លឺដ៏ធំ រស្មីដ៏ធំ ក៏មិនទាន់កើតប្រាកដ ក្នុងកាលណោះ មានតែងងឹតនិងអ័ព្ទសូន្យឈឹង ដរាបនោះ យប់ និងថ្ងៃ ក៏មានមិនប្រាកដ ខែ និងកន្លះខែ ក៏មិនទាន់ប្រាកដ រដូវ និងឆ្នាំ ក៏មិនប្រាកដ។ ម្នាលភិក្ខុទាំងឡាយ លុះតែព្រះចន្ទ្រ និងព្រះអាទិត្យ កើតឡើងក្នុងលោកកាលណា ពន្លឺដ៏ធំ រស្មីដ៏ធំ ក៏កើតប្រាកដ ក្នុងកាលណោះ អ័ព្ទសូន្យឈឹង ក៏មិនមានឡើយ ក្នុងកាលណោះ យប់ និងថ្ងៃ ក៏ប្រាកដ ខែ និងកន្លះខែ ក៏ប្រាកដ រដូវ និងឆ្នាំ ក៏ប្រាកដ ក្នុងកាលណោះ។ ម្នាលភិក្ខុទាំងឡាយ យ៉ាងនេះមែនហើយ ព្រះតថាគត ជាអរហន្ដ សម្មាសម្ពុទ្ធ មិនទាន់កើតឡើងក្នុងលោក ដរាបណា ពន្លឺដ៏ធំ រស្មីដ៏ធំ ក៏មិនទាន់មានប្រាកដ ដរាបនោះ ក្នុងកាលណោះ មានតែងងឹត និងអ័ព្ទសូន្យឈឹង ឯ ការប្រាប់ ការសំដែង ការតាក់តែង ការផ្ដួចផ្ដើម ការបើក ការចែករលែក ការធ្វើឲ្យរាក់ឡើង នូវអរិយសច្ច ៤ ក៏មិនទាន់មាននៅឡើយ ដរាបនោះ។ ម្នាលភិក្ខុទាំងឡាយ លុះតែព្រះតថាគត ជាអរហន្ដ សម្មាសម្ពុទ្ធ កើតឡើងក្នុងលោក កាលណា ពន្លឺដ៏ធំ រស្មីដ៏ធំ ទើបប្រាកដ ក្នុងកាលណោះ ងងឹត និងអ័ព្ទសូន្យឈឹង ក៏មិនមានឡើយ ក្នុងកាលណោះ ឯការប្រាប់ ការសំដែង ការតាក់តែង ការផ្ដួចផ្ដើម ការបើក ការចែករលែក ការធ្វើឲ្យរាក់ឡើង នូវអរិយសច្ច ៤ ក៏មានប្រាកដ ក្នុងកាលណោះ។ អរិយសច្ច ៤ គឺអ្វីខ្លះ។ គឺទុក្ខអរិយសច្ច ១។បេ។ ទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច ១។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ភិក្ខុក្នុងសាសនានេះ គួរធ្វើសេចក្ដីព្យាយាមថា នេះជាទុក្ខ។បេ។ គួរធ្វើសេចក្ដីព្យាយាមថា នេះបដិបទា ជាដំណើរទៅកាន់ទីរំលត់ទុក្ខ។

(ឥន្ទខីលសូត្រ ទី៩)

(៩. ឥន្ទខីលសុត្តំ)

[៤២៣] ម្នាលភិក្ខុទាំងឡាយ ពួកសមណៈ ឬព្រាហ្មណ៍ឯណានីមួយ មិនដឹងច្បាស់ តាមសេចក្ដីពិតថា នេះជាទុក្ខ។បេ។ មិនដឹងច្បាស់ តាមសេចក្ដីពិតថា នេះបដិបទាជាដំណើរទៅកាន់ទីរំលត់ទុក្ខ សមណៈ ឬព្រាហ្មណ៍ទាំងនោះ រមែងក្រឡេកមើលមុខ (អធ្យាស្រ័យ) របស់សមណៈ ឬព្រាហ្មណ៍ដទៃថា លោកដ៏ចំរើននេះ កាលបើដឹង ក៏ដឹងដោយពិត កាលបើឃើញ ក៏ឃើញដោយពិត។ ម្នាលភិក្ខុទាំងឡាយ ដូចប៉ុយគរ ឬកប្បាស ដែលជារបស់ស្រាល មានខ្យល់ជាឧបាទាន គេដាក់លើផែនដីដ៏ស្មើ ខ្យល់ពីខាងកើត ក៏បក់ប៉ុយនោះទៅខាងលិច ខ្យល់ពីខាងលិច បក់ប៉ុយនោះទៅខាងកើត ខ្យល់ពីខាងជើង បក់ប៉ុយនោះ ទៅខាងត្បូង ខ្យល់ពីខាងត្បូង បក់ប៉ុយនោះទៅខាងជើង។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះថាប៉ុយកប្បាស ជារបស់ស្រាល យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ ពួកសមណៈ ឬព្រាហ្មណ៍ឯណានីមួយ មិនដឹងច្បាស់តាមសេចក្ដីពិតថា នេះជាទុក្ខ។បេ។ មិនដឹងច្បាស់ តាមសេចក្ដីពិតថា នេះបដិបទាជាដំណើរទៅកាន់ទីរំលត់ទុក្ខ សមណៈ ឬព្រាហ្មណ៍ទាំងនោះ ក្រឡេកមើលមុខ របស់សមណៈ ឬព្រាហ្មណ៍ដទៃថា លោកដ៏ចំរើននេះ កាលបើដឹង ក៏ដឹងដោយពិត កាលបើឃើញ ក៏ឃើញដោយពិត។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា មិនបានឃើញ នូវអរិយសច្ច ៤ ក៏យ៉ាងនោះឯង។

[៤២៤] ម្នាលភិក្ខុទាំងឡាយ ឯពួកសមណៈ ឬព្រាហ្មណ៍ឯណានីមួយ ដឹងច្បាស់តាមសេចក្ដីពិតថា នេះជាទុក្ខ។បេ។ ដឹងច្បាស់តាមសេចក្ដីពិតថា នេះបដិបទា ជាដំណើរទៅកាន់ទីរំលត់ទុក្ខ សមណៈ ឬព្រាហ្មណ៍ទាំងនោះ មិនក្រឡេកមើលមុខសមណៈ ឬព្រាហ្មណ៍ដទៃថា លោកដ៏ចំរើននេះ កាលបើដឹង ក៏ដឹងដោយពិត កាលបើឃើញ ក៏ឃើញដោយពិត ដូច្នេះឡើយ។ ម្នាលភិក្ខុទាំងឡាយ ដូចសសរដែកក្ដី សសរគោលក្ដី ដែលមានរណ្ដៅដ៏ជ្រៅ គេដាំស៊ប់សួនល្អ ឥតមានកម្រើក ឥតមានញាប់ញ័រ បើទុកជាភ្លៀង លាយដោយខ្យល់ដ៏ខ្លាំង មកអំពីទិសខាងកើត ក៏មិនធ្វើសសរនោះ ឲ្យកម្រើក មិនធ្វើឲ្យរញ្ជួយ មិនធ្វើឲ្យញាប់ញ័រ បើទុកជាខ្យល់ បក់មកអំពីទិសខាងលិចក្ដី។បេ។ អំពីខាងជើងក្ដី ភ្លៀង ដែលលាយដោយខ្យល់ដ៏ខ្លាំង មកអំពីទិសខាងត្បូងក្ដី ក៏មិនធ្វើឲ្យសសរនោះ កម្រើក រញ្ជួយ ញាប់ញ័រឡើយ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះរណ្ដៅជ្រៅ ព្រោះសសរ គេដាំស៊ប់សួនល្អ យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ ពួកសមណៈ ឬព្រាហ្មណ៍ឯណានីមួយ ដឹងច្បាស់តាមសេចក្ដីពិតថា នេះជាទុក្ខ។បេ។ ដឹងច្បាស់ តាមសេចក្ដីពិតថា នេះបដិបទា ជាដំណើរទៅកាន់ទីរំលត់ទុក្ខ សមណៈ ឬព្រាហ្មណ៍ទាំងនោះ មិនក្រឡេកមើលមុខសមណៈ ឬព្រាហ្មណ៍ដទៃថា លោកដ៏ចំរើននេះ កាលបើដឹង ក៏ដឹងដោយពិត កាលបើឃើញ ក៏ឃើញដោយពិត។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះថាបានឃើញ នូវអរិយសច្ច ៤ ដោយប្រពៃ។ អរិយសច្ច ៤ គឺអ្វីខ្លះ។ គឺទុក្ខអរិយសច្ច ១។បេ។ ទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច ១ ក៏យ៉ាងនោះឯង។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ភិក្ខុក្នុងសាសនានេះ គួរធ្វើសេចក្ដីព្យាយាមថា នេះជាទុក្ខ។បេ។ គួរធ្វើសេចក្ដីព្យាយាមថា នេះបដិបទាជាដំណើរទៅកាន់ទីរំលត់ទុក្ខ។

(វាទត្ថិកសូត្រ ទី១០)

(១០. វាទត្ថិកសុត្តំ)

[៤២៥] ម្នាលភិក្ខុទាំងឡាយ ភិក្ខុឯណានីមួយ ដឹងច្បាស់តាមសេចក្ដីពិតថា នេះជាទុក្ខ។បេ។ ដឹងច្បាស់តាមសេចក្ដីពិតថា នេះបដិបទា ជាដំណើរទៅកាន់ទីរំលត់ទុក្ខ។ ប្រសិនបើសមណៈ ឬព្រាហ្មណ៍ អ្នកត្រូវការដោយវាទៈ អ្នកស្វែងរកវាទៈ មកអំពីទិសខាងកើត ដោយគិតថា អាត្មាអញ នឹងលើកវាទៈ របស់ភិក្ខុនោះចេញ។ សមណៈ ឬព្រាហ្មណ៍នោះ នឹងធ្វើឲ្យភិក្ខុនោះ កម្រើកក្ដី រញ្ជួយក្ដី ញាប់ញ័រក្ដី ដោយពាក្យប្រកបដោយធម៌ ហេតុនុ៎ះ មិនមានឡើយ។ បើមកអំពីទិសខាងលិចក្ដី។ មកអំពីទិសខាងជើងក្ដី។ ប្រសិនបើសមណៈ ឬព្រាហ្មណ៍ អ្នកត្រូវការដោយវាទៈ ស្វែងរកវាទៈ មកអំពីទិសខាងត្បូង ដោយគិតថា អាត្មាអញ នឹងលើកវាទៈ របស់ភិក្ខុនោះចេញ។ សមណៈ ឬព្រាហ្មណ៍នោះ នឹងធ្វើឲ្យភិក្ខុនោះ កម្រើកក្ដី រញ្ជួយក្ដី ញាប់ញ័រក្ដី ដោយពាក្យប្រកបដោយធម៌ ហេតុនុ៎ះ មិនមានឡើយ។ ម្នាលភិក្ខុទាំងឡាយ ដូចសសរថ្ម ប្រវែង ១៦ ហត្ថ សសរថ្មនោះ ដាំចុះទៅ ក្នុងរណ្ដៅខាងក្រោម ៨ ហត្ថ នៅខាងលើរណ្ដៅ ៨ ហត្ថ ប្រសិនជាភ្លៀង លាយដោយខ្យល់ដ៏ខ្លាំង មកអំពីទិសខាងកើតក្ដី ក៏មិនគប្បីធ្វើឲ្យកម្រើក ធ្វើឲ្យរញ្ជួយ ធ្វើឲ្យញាប់ញ័របានឡើយ បើមកអំពីទិសខាងលិចក្ដី។ អំពីទិសខាងជើងក្ដី។ បើទុកជាគ្រាប់ភ្លៀង លាយដោយខ្យល់ដ៏ខ្លាំង មកអំពីទិសខាងត្បូងក្ដី ក៏មិនគប្បីធ្វើឲ្យកម្រើក ធ្វើឲ្យរញ្ជួយ ធ្វើឲ្យញាប់ញ័របានឡើយ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះរណ្ដៅក៏ជ្រៅ សសរថ្ម ក៏គេដាំស៊ប់សួនល្អ យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុឯណានីមួយ ដឹងច្បាស់តាមពិតថា នេះជាទុក្ខ។បេ។ ដឹងច្បាស់តាមពិតថា នេះបដិបទា ជាដំណើរទៅកាន់ទីរំលត់ទុក្ខ។ ទោះបីសមណៈ ឬព្រាហ្មណ៍ អ្នកត្រូវការដោយវាទៈ ស្វែងរកវាទៈ មកអំពីទិសខាងកើតក្ដី ដោយគិតថា អាត្មាអញ នឹងលើកនូវវាទៈ របស់ភិក្ខុនោះចេញ។ សមណៈ ឬព្រាហ្មណ៍នោះ នឹងធ្វើឲ្យភិក្ខុនោះ កម្រើកក្ដី ធ្វើឲ្យរញ្ជួយក្ដី ធ្វើឲ្យញាប់ញ័រក្ដី ដោយពាក្យប្រកបដោយធម៌ ហេតុនុ៎ះ មិនមានឡើយ។ អំពីទិសខាងលិចក្ដី។ អំពីទិសខាងជើងក្ដី។ ទោះបីសមណៈ ឬព្រាហ្មណ៍ អ្នកត្រូវការដោយវាទៈ ស្វែងរកវាទៈ មកអំពីទិសខាងត្បូង ដោយគិតថា អាត្មាអញ នឹងលើកវាទៈ របស់ភិក្ខុនោះចេញ។ សមណៈ ឬព្រាហ្មណ៍នោះ នឹងធ្វើឲ្យភិក្ខុនោះកម្រើកក្ដី នឹងធ្វើឲ្យរញ្ជួយក្ដី នឹងធ្វើឲ្យញាប់ញ័រក្ដី ដោយពាក្យប្រកបដោយធម៌ ហេតុនុ៎ះ មិនមានឡើយ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះភិក្ខុនោះ បានឃើញនូវអរិយសច្ច ៤ ដោយប្រពៃហើយ។ អរិយសច្ច ៤ គឺអ្វីខ្លះ។ គឺទុក្ខអរិយសច្ច ១។បេ។ ទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច ១ ក៏យ៉ាងនោះឯង។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ភិក្ខុក្នុងសាសនានេះ គួរធ្វើសេចក្ដីព្យាយាមថា នេះជាទុក្ខ។បេ។ គួរធ្វើសេចក្ដីព្យាយាមថា នេះបដិបទា ជាដំណើរទៅកាន់ទីរលត់ទុក្ខ។

ចប់ សីសបាបណ្ណវគ្គ ទី៤។

ឧទាននៃសីសបាបណ្ណវគ្គនោះគឺ

ពោលអំពីព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងសីសបាវន ១ អំពីសេចក្ដីប្រៀបដូចស្លឹកគគីរ ជាដើម ១ អំពីសេចក្ដីប្រៀបដូចដំបង ១ អំពីសេចក្ដីប្រៀបដូចភ្លើងឆេះសំពត់ ១ អំពីសេចក្ដីប្រៀបដូចបុរស ដែលគេចាក់ដោយលំពែងរាប់រយ ១ អំពីការដោតពួកសត្វដោយឈើអណ្ដោត ១ អំពីសេចក្ដីប្រៀបដូចព្រះចន្ទ្រ និងព្រះអាទិត្យ មានពីរលើក អំពីសេចក្ដីប្រៀបដូចសសរគោល ១ អំពីអ្នកលើកវាទៈ ១។

បបាតវគ្គ ទី៥

(៥. បបាតវគ្គោ)

(លោកចិន្តាសូត្រ ទី១)

(១. លោកចិន្តាសុត្តំ)

[៤២៦] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវន ជាកលន្ទក និវាបស្ថាន ជិតក្រុងរាជគ្រឹះ។ ក្នុងទីនោះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ពីព្រេងនាយមក មានបុរសម្នាក់ ចេញអំពីក្រុងរាជគ្រឹះដោយគិតថា អញនឹងគិត នូវលោកចិន្ដា16) (គិតអំពីលោក) ដូច្នេះហើយ ចូលទៅរកស្រះបោក្ខរណី ឈ្មោះសុមាគធា លុះចូលទៅដល់ហើយ ក៏អង្គុយទៀបឆ្នេរស្រះបោក្ខរណីឈ្មោះ សុមាគធា ហើយគិតលោកចិន្ដា។ ម្នាលភិក្ខុទាំងឡាយ បុរសនោះ ក៏ស្រាប់តែឃើញ នូវសេនាមានអង្គ ៤ កំពុងចូលទៅក្នុងក្រឪឈូក ទៀបឆ្នេរស្រះបោក្ខរណី ឈ្មោះសុមាគធា។ លុះបុរសនោះឃើញហើយ ក៏មានសេចក្ដីត្រិះរិះ ដូច្នេះថា អញជាមនុស្សឆ្កួតទេតើ អញជាមនុស្សមានចិត្តរាយមាយទេតើ វត្ថុណា មិនមានក្នុងលោក វត្ថុនោះ អញបានឃើញហើយ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ បុរសនោះ ត្រឡប់ចូលទៅកាន់នគរ ហើយប្រាប់ពួកមហាជនថា នែអ្នកទាំងឡាយដ៏ចំរើន ខ្ញុំជាមនុស្សឆ្កួត នែអ្នកទាំងឡាយដ៏ចំរើន ខ្ញុំជាមនុស្សមានចិត្តរាយមាយ វត្ថុណា មិនមានក្នុងលោក វត្ថុនោះ ខ្ញុំបានឃើញហើយ។ ពួកមហាជន តបវិញថា នែបុរសដ៏ចំរើន ចុះហេតុដូចម្ដេច បានជាអ្នកឆ្កួត ហេតុដូចម្ដេច បានជាអ្នកមានចិត្តរាយមាយ វត្ថុដែលអ្នកបានឃើញហើយ មិនមានក្នុងលោក តើដូចម្ដេច។ នែអ្នកទាំងឡាយដ៏ចំរើន ក្នុងទីឯណោះ ខ្ញុំចេញអំពីក្រុងរាជគ្រឹះ ដោយគិតថា អាត្មាអញ នឹងគិតនូវលោកចិន្ដា ដូច្នេះហើយ ចូលទៅរកស្រះបោក្ខរណី ឈ្មោះសុមាគធា លុះចូលទៅដល់ហើយ ក៏អង្គុយទៀបឆ្នេរស្រះបោក្ខរណី ឈ្មោះសុមាគធា គិតនូវលោកចិន្ដា។ នែអ្នកទាំងឡាយដ៏ចំរើន ខ្ញុំក៏បានឃើញ នូវសេនាមានអង្គ ៤ កំពុងចូលទៅក្នុងក្រឪឈូក ទៀបឆ្នេរស្រះបោក្ខរណី ឈ្មោះសុមាគធា។ នែអ្នកទាំងឡាយដ៏ចំរើន ខ្ញុំជាមនុស្សឆ្កួត យ៉ាងនេះឯង ខ្ញុំជាមនុស្សមានចិត្តរាយមាយ យ៉ាងនេះ វត្ថុដែលខ្ញុំឃើញនេះហើយ មិនដែលមានក្នុងលោកទេ។ នែបុរសដ៏ចំរើន ខ្ញុំសូមរំលឹក អ្នកជាមនុស្សឆ្កួតហើយ ខ្ញុំសូមរំលឹក អ្នកជាមនុស្សមានចិត្តរាយមាយហើយ វត្ថុដែលអ្នកឃើញហើយនេះ មិនដែលមានក្នុងលោកទេ។ ម្នាលភិក្ខុទាំងឡាយ ឯបុរសនោះ បានឃើញវត្ថុដែលពិតមែន មិនមែនបានឃើញនូវវត្ថុ ដែលមិនពិតទេ។

[៤២៧] ម្នាលភិក្ខុទាំងឡាយ ពីព្រេងនាយមក មានសង្គ្រាមទេវតា និងអសុរ ជាសង្គ្រាមតទល់ប្រកៀកគ្នា។ ម្នាលភិក្ខុទាំងឡាយ ក្នុងសង្គ្រាមនោះឯង ពួកទេវតាឈ្នះ ពួកអសុរចាញ់។ ម្នាលភិក្ខុទាំងឡាយ លុះពួកអសុរចាញ់ហើយ ក៏ភ័យ រត់ចូលទៅកាន់អសុរបុរី តាមចន្លោះក្រឪឈូក (ញ៉ាំងចិត្ត) ពួកទេវតាឲ្យភ័ន្ដច្រឡំ។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ក្នុងលោកនេះ អ្នកកុំគិត នូវលោកចិន្ដាថា លោកទៀង ដូច្នេះក្ដី លោកមិនទៀង ដូច្នេះក្ដី លោកមានទីបំផុត ដូច្នេះក្ដី លោកមិនមានទីបំផុត ដូច្នេះក្ដី ជីវិតនោះ គឺសរីរៈនោះ ដូច្នេះក្ដី ជីវិតដទៃ សរីរៈដទៃ ដូច្នេះក្ដី សត្វស្លាប់ទៅ កើតទៀត ដូច្នេះក្ដី សត្វស្លាប់ទៅ មិនកើតទៀត ដូច្នេះក្ដី សត្វស្លាប់ទៅ កើតទៀត ក៏មាន មិនកើតទៀត ក៏មាន ដូច្នេះក្ដី សត្វស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀត ក៏មិនមែន ដូច្នេះក្ដី។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះការគិតនុ៎ះ មិនប្រកបដោយប្រយោជន៍ មិនមែនជាអាទិព្រហ្មចរិយៈ មិនប្រព្រឹត្តទៅ ដើម្បីសេចក្ដីនឿយណាយ មិនប្រព្រឹត្តទៅ ដើម្បីប្រាសចាករាគៈ មិនប្រព្រឹត្តទៅ ដើម្បីរំលត់ មិនប្រព្រឹត្តទៅ ដើម្បីស្ងប់រម្ងាប់ មិនប្រព្រឹត្តទៅ ដើម្បីដឹង មិនប្រព្រឹត្តទៅ ដើម្បីត្រាស់ដឹង មិនប្រព្រឹត្តទៅ ដើម្បីនិព្វានទេ។

[៤២៨] ម្នាលភិក្ខុទាំងឡាយ បើអ្នកទាំងឡាយគិត គួរគិតថា នេះជាទុក្ខ។បេ។ គួរគិតថា នេះជាទុក្ខនិរោធគាមិនីបដិបទាវិញ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ (ព្រោះ) ការគិតនេះ ប្រកបដោយប្រយោជន៍ ការគិតនេះ ជាអាទិព្រហ្មចរិយៈ ការគិតនេះ ប្រព្រឹត្តទៅ ដើម្បីសេចក្ដីនឿយណាយ ដើម្បីប្រាសចាករាគៈ ដើម្បីរំលត់ ដើម្បីស្ងប់រម្ងាប់ ដើម្បីដឹងចំពោះ ដើម្បីត្រាស់ដឹង ដើម្បីនិព្វាន។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ភិក្ខុក្នុងសាសនានេះ គួរធ្វើសេចក្ដីព្យាយាមថា នេះជាទុក្ខ។បេ។ គួរធ្វើសេចក្ដីព្យាយាមថា បដិបទានេះ ជាទុក្ខនិរោធគាមិនីបដិបទា។

(បបាតសូត្រ ទី២)

(២. បបាតសុត្តំ)

[៤២៩] សម័យមួយ ព្រះមានព្រះភាគ គង់លើភ្នំគិជ្ឈកូដ ជិតក្រុងរាជគ្រឹះ។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ មក យើងចូលទៅឯថ្មបដិភាណកូដ (ថ្មជាព្រំខ័ណ្ឌបែបភ្នំ) ដើម្បីសំរាកក្នុងវេលាថ្ងៃ។ ភិក្ខុទាំងនោះទទួលព្រះពុទ្ធដីកាព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ចូលទៅឯថ្មបដិភាណកូដ ជាមួយនឹងភិក្ខុច្រើនរូប។ ភិក្ខុមួយរូប បានឃើញនូវជ្រោះធំ ជិតថ្មបដិភាណកូដ លុះឃើញហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ជ្រោះនេះ ធំណាស់តើ បពិត្រព្រះអង្គដ៏ចំរើន ជ្រោះនេះធំពេកណាស់តើ បពិត្រព្រះអង្គដ៏ចំរើន ជ្រោះដទៃ ធំជាងផង គួរខ្លាចផង ជាងជ្រោះនេះទៅទៀត មានដែរឬ។ ម្នាលភិក្ខុ ជ្រោះដទៃ ធំជាងផង គួរខ្លាចផង ជាងជ្រោះនេះ មានដែរ។ បពិត្រព្រះអង្គដ៏ចំរើន ជ្រោះដទៃ ធំជាងផង គួរខ្លាចផង ជាងជ្រោះនេះទៅទៀត តើដូចម្ដេច។

[៤៣០] ម្នាលភិក្ខុទាំងឡាយ ពួកសមណៈ ឬព្រាហ្មណ៍ឯណានីមួយ មិនដឹងច្បាស់ តាមសេចក្ដីពិតថា នេះជាទុក្ខ មិនដឹងច្បាស់ តាមសេចក្ដីពិតថា នេះជាទុក្ខសមុទ័យ មិនដឹងច្បាស់ តាមសេចក្ដីពិតថា នេះជាទុក្ខនិរោធ មិនដឹងច្បាស់ តាមសេចក្ដីពិតថា នេះជាទុក្ខនិរោធគាមិនីបដិបទា។ សមណៈ ឬព្រាហ្មណ៍ទាំងនោះ តែងត្រេកអរក្នុងសង្ខារទាំងឡាយ ដែលប្រព្រឹត្តទៅ ដើម្បីជាតិ ត្រេកអរក្នុងសង្ខារទាំងឡាយ ដែលប្រព្រឹត្តទៅ ដើម្បីជរា ត្រេកអរក្នុងសង្ខារទាំងឡាយ ដែលប្រព្រឹត្តទៅ ដើម្បីមរណៈ ត្រេកអរ ក្នុងសង្ខារទាំងឡាយ ដែលប្រព្រឹត្តទៅ ដើម្បីសោក បរិទេវៈ ទុក្ខ ទោមនស្ស ឧបាយាសៈ។ កាលបើសមណៈ ឬព្រាហ្មណ៍ទាំងនោះ ត្រេកអរក្នុងសង្ខារទាំងឡាយ ដែលប្រព្រឹត្តទៅ ដើម្បីជាតិ ត្រេកអរក្នុងសង្ខារទាំងឡាយ ដែលប្រព្រឹត្តទៅ ដើម្បីជរា ត្រេកអរក្នុងសង្ខារទាំងឡាយ ដែលប្រព្រឹត្តទៅ ដើម្បីមរណៈ ត្រេកអរក្នុងសង្ខារទាំងឡាយ ដែលប្រព្រឹត្តទៅ ដើម្បីសោក បរិទេវៈ ទុក្ខ ទោមនស្ស ឧបាយាសៈហើយ ឈ្មោះថា តាក់តែងនូវសង្ខារ ដែលប្រព្រឹត្តទៅ ដើម្បីជាតិ តាក់តែងនូវសង្ខារទាំងឡាយ ដែលប្រព្រឹត្តទៅ ដើម្បីជរា តាក់តែងនូវសង្ខារទាំងឡាយ ដែលប្រព្រឹត្តទៅ ដើម្បីមរណៈ តាក់តែងនូវសង្ខារទាំងឡាយ ដែលប្រព្រឹត្តទៅ ដើម្បីសោក បរិទេវៈ ទុក្ខ ទោមនស្ស ឧបាយាសៈ។ លុះសមណៈ ឬព្រាហ្មណ៍ទាំងនោះ តាក់តែងនូវសង្ខារទាំងឡាយ ដែលប្រព្រឹត្តទៅ ដើម្បីជាតិ តាក់តែងនូវសង្ខារទាំងឡាយ ដែលប្រព្រឹត្តទៅ ដើម្បីជរា តាក់តែងនូវសង្ខារទាំងឡាយ ដែលប្រព្រឹត្តទៅ ដើម្បីមរណៈ តាក់តែងនូវសង្ខារទាំងឡាយ ដែលប្រព្រឹត្តទៅ ដើម្បីសោក បរិទេវៈ ទុក្ខ ទោមនស្ស ឧបាយាសៈហើយ ក៏ឈ្មោះថា ធ្លាក់ចុះកាន់ជ្រោះ គឺជាតិផង ធ្លាក់ចុះកាន់ជ្រោះ គឺជរាផង ធ្លាក់ចុះកាន់ជ្រោះ គឺមរណៈផង ធ្លាក់ចុះកាន់ជ្រោះ គឺសោក បរិទេវៈ ទុក្ខ ទោមនស្ស ឧបាយាសៈផង។ សមណៈ ឬព្រាហ្មណ៍ទាំងនោះ មិនផុតចាកជាតិ ជរា មរណៈ សោក បរិទេវៈ ទុក្ខ ទោមនស្ស ឧបាយាសៈទាំងឡាយ តថាគត ពោលថា មិនផុតស្រឡះចាកទុក្ខឡើយ។

[៤៣១] ម្នាលភិក្ខុទាំងឡាយ ពួកសមណៈ ឬព្រាហ្មណ៍ឯណានីមួយ ដឹងច្បាស់តាមសេចក្ដីពិតថា នេះជាទុក្ខ។បេ។ ដឹងច្បាស់តាមសេចក្ដីពិតថា នេះជាទុក្ខនិរោធគាមិនីបដិបទា។ សមណៈ ឬព្រាហ្មណ៍ទាំងនោះ មិនត្រេកអរ ក្នុងសង្ខារទាំងឡាយ ដែលប្រព្រឹត្តទៅ ដើម្បីជាតិ មិនត្រេកអរ ក្នុងសង្ខារទាំងឡាយ ដែលប្រព្រឹត្តទៅ ដើម្បីជរា មិនត្រេកអរ ក្នុងសង្ខារទាំងឡាយ ដែលប្រព្រឹត្តទៅ ដើម្បីមរណៈ មិនត្រេកអរ ក្នុងសង្ខារទាំងឡាយ ដែលប្រព្រឹត្តទៅ ដើម្បីសោក បរិទេវៈ ទុក្ខ ទោមនស្ស ឧបាយាសៈ។ កាលបើសមណៈ ឬព្រាហ្មណ៍ទាំងនោះ មិនត្រេកអរ ក្នុងសង្ខារទាំងឡាយ ដែលប្រព្រឹត្តទៅ ដើម្បីជាតិ មិនត្រេកអរ ក្នុងសង្ខារទាំងឡាយ ដែលប្រព្រឹត្តទៅ ដើម្បីជរា មិនត្រេកអរក្នុងសង្ខារទាំងឡាយ ដែលប្រព្រឹត្តទៅ ដើម្បីមរណៈ មិនត្រេកអរ ក្នុងសង្ខារទាំងឡាយ ដែលប្រព្រឹត្តទៅ ដើម្បីសោក បរិទេវៈ ទុក្ខ ទោមនស្ស ឧបាយាសៈហើយ ឈ្មោះថា មិនបានតាក់តែង នូវសង្ខារទាំងឡាយ ដែលប្រព្រឹត្តទៅ ដើម្បីជាតិ មិនតាក់តែង នូវសង្ខារទាំងឡាយ ដែលប្រព្រឹត្តទៅ ដើម្បីជរា មិនតាក់តែង នូវសង្ខារទាំងឡាយ ដែលប្រព្រឹត្តទៅ ដើម្បីមរណៈ ដើម្បីសោក បរិទេវៈ ទុក្ខ ទោមនស្ស ឧបាយាសៈឡើយ។ លុះសមណៈ ឬព្រាហ្មណ៍ទាំងនោះ មិនបានតាក់តែង នូវសង្ខារទាំងឡាយ ដែលប្រព្រឹត្តទៅ ដើម្បីជាតិ មិនបានតាក់តែង នូវសង្ខារទាំងឡាយ ដែលប្រព្រឹត្តទៅ ដើម្បីជរា មិនបានតាក់តែង នូវសង្ខារទាំងឡាយ ដែលប្រព្រឹត្តទៅ ដើម្បីមរណៈ មិនបានតាក់តែងនូវសង្ខារទាំងឡាយ ដែលប្រព្រឹត្តទៅ ដើម្បីសោក បរិទេវៈ ទុក្ខ ទោមនស្ស ឧបាយាសៈហើយ រមែងមិនធ្លាក់ចុះកាន់ជ្រោះ គឺជាតិផង មិនធ្លាក់ចុះកាន់ជ្រោះ គឺជរាផង មិនធ្លាក់ចុះកាន់ជ្រោះ គឺមរណៈផង មិនធ្លាក់ចុះកាន់ជ្រោះ គឺសោក បរិទេវៈ ទុក្ខ ទោមនស្ស ឧបាយាសៈផង។ សមណៈ ឬព្រាហ្មណ៍ទាំងនោះ រមែងផុតស្រឡះ ចាកជាតិ ជរា មរណៈ សោក បរិទេវៈ ទុក្ខ ទោមនស្ស ឧបាយាសៈ តថាគតពោលថា ផុតស្រឡះចាកទុក្ខបាន។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ភិក្ខុក្នុងសាសនានេះ គួរធ្វើសេចក្ដីព្យាយាមថា នេះជាទុក្ខ។បេ។ គួរធ្វើសេចក្ដីព្យាយាមថា នេះជាទុក្ខនិរោធគាមិនីបដិបទា។

(មហាបរិឡាហសូត្រ ទី៣)

(៣. មហាបរិឡាហសុត្តំ)

[៤៣២] ម្នាលភិក្ខុទាំងឡាយ នរក មានសេចក្ដីក្រហល់ក្រហាយធំ សត្វរមែងឃើញ នូវរូបណាមួយដោយចក្ខុ ក្នុងនរកនោះ រមែងឃើញរូបមិនជាទីប្រាថ្នា មិនឃើញរូបជាទីប្រាថ្នា ឃើញរូបមិនជាទីគាប់ចិត្ត មិនឃើញរូបជាទីគាប់ចិត្ត ឃើញរូបមិនជាទីពេញចិត្ត មិនឃើញរូបជាទីពេញចិត្ត ស្ដាប់សំឡេងណាមួយ ដោយត្រចៀក។បេ។ ពាល់ត្រូវនូវផ្សព្វណាមួយ ដោយកាយ។ ដឹងច្បាស់ធម្មារម្មណ៍ណាមួយ ដោយចិត្ត ដឹងច្បាស់រូបមិនជាទីប្រាថ្នា មិនដឹងច្បាស់រូបជាទីប្រាថ្នា ដឹងច្បាស់រូបមិនជាទីគាប់ចិត្ត មិនដឹងច្បាស់រូបជាទីគាប់ចិត្ត ដឹងច្បាស់រូបមិនជាទីពេញចិត្ត មិនដឹងច្បាស់រូបជាទីពេញចិត្ត។

[៤៣៣] កាលព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ភិក្ខុមួយរូប បានក្រាបទូលសួរព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន សេចក្ដីក្រហល់ក្រហាយនោះធំណាស់តើ បពិត្រព្រះអង្គដ៏ចំរើន សេចក្ដីក្រហល់ក្រហាយនោះ ធំណាស់តើ បពិត្រព្រះអង្គដ៏ចំរើន សេចក្ដីក្រហល់ក្រហាយដទៃ ដែលធំជាងផង គួរខ្លាចផង ជាងសេចក្ដីក្រហល់ក្រហាយនេះ មានដែរឬ។ ម្នាលភិក្ខុ សេចក្ដីក្រហល់ក្រហាយដទៃ ដែលធំជាងផង គួរខ្លាចផង ជាងសេចក្ដីក្រហល់ក្រហាយនេះ មានដែរ។ បពិត្រព្រះអង្គដ៏ចំរើន សេចក្ដីក្រហល់ក្រហាយ ដែលធំជាងផង គួរខ្លាចផង ជាងសេចក្ដីក្រហល់ក្រហាយនេះ តើដូចម្ដេច។

[៤៣៤] ម្នាលភិក្ខុទាំងឡាយ ពួកសមណៈ ឬព្រាហ្មណ៍ឯណានីមួយ មិនដឹងច្បាស់ តាមសេចក្ដីពិតថា នេះជាទុក្ខ។បេ។ មិនដឹងច្បាស់ តាមសេចក្ដីពិតថា នេះជាទុក្ខនិរោធគាមិនីបដិបទា។ សមណៈ ឬព្រាហ្មណ៍ទាំងនោះ ត្រេកអរ ក្នុងពួកសង្ខារ ដែលប្រព្រឹត្តទៅ ដើម្បីជាតិ។បេ។ កាលបើត្រេកអរហើយ រមែងតាក់តែង លុះតាក់តែងហើយ រមែងក្ដៅ ដោយសេចក្ដីក្រហល់ក្រហាយ គឺជាតិផង ក្ដៅដោយសេចក្ដីក្រហល់ក្រហាយ គឺជរាផង ក្ដៅដោយសេចក្ដីក្រហល់ក្រហាយ គឺមរណៈផង ក្ដៅដោយសេចក្ដីក្រហល់ក្រហាយ គឺសោក បរិទេវៈ ទុក្ខ ទោមនស្ស ឧបាយាសៈផង។ សមណៈ ឬព្រាហ្មណ៍ទាំងនោះ រមែងមិនផុតស្រឡះ ចាកជាតិ ជរា មរណៈ សោក បរិទេវៈ ទុក្ខ ទោមនស្ស ឧបាយាសៈ តថាគតពោលថា មិនផុតស្រឡះចាកទុក្ខឡើយ។ សមណៈ ឬព្រាហ្មណ៍ទាំងនោះ រមែងមិនផុតស្រឡះ ចាកជាតិ ជរា មរណៈ សោក បរិទេវៈ ទុក្ខ ទោមនស្ស ឧបាយាសៈ តថាគតពោលថា នឹងមិនផុតស្រឡះចាកទុក្ខឡើយ។

[៤៣៥] ម្នាលភិក្ខុទាំងឡាយ ពួកសមណៈ ឬព្រាហ្មណ៍ឯណានីមួយ ដឹងច្បាស់តាមសេចក្ដីពិតថា នេះជាទុក្ខ។បេ។ ដឹងច្បាស់ តាមសេចក្ដីពិតថា នេះជាទុក្ខនិរោធគាមិនីបដិបទា។ សមណៈ ឬព្រាហ្មណ៍ទាំងនោះ រមែងមិនត្រេកអរ ក្នុងសង្ខារទាំងឡាយ ដែលប្រព្រឹត្តទៅ ដើម្បីជាតិ។បេ។ កាលបើមិនត្រេកអរហើយ រមែងមិនបានតាក់តែង លុះមិនបានតាក់តែងហើយ រមែងមិនក្ដៅ ដោយសេចក្ដីក្រហល់ក្រហាយ គឺជាតិផង មិនក្ដៅដោយសេចក្ដីក្រហល់ក្រហាយ គឺមរណៈផង មិនក្ដៅដោយសេចក្ដីក្រហល់ក្រហាយ គឺសោក បរិទេវៈ ទុក្ខ ទោមនស្ស ឧបាយាសៈផង។ សមណៈ ឬព្រាហ្មណ៍ទាំងនោះ រមែងផុតស្រឡះ ចាកជាតិ ជរា មរណៈ សោក បរិទេវៈ ទុក្ខ ទោមនស្ស ឧបាយាសៈ តថាគតពោលថា ផុតស្រឡះចាកទុក្ខបាន។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ភិក្ខុក្នុងសាសនានេះ គួរធ្វើសេចក្ដីព្យាយាមថា នេះជាទុក្ខ។បេ។ គួរធ្វើសេចក្ដីព្យាយាមថា នេះជាទុក្ខនិរោធគាមិនីបដិបទា។

(កូដាគារសូត្រ ទី៤)

(៤. កូដាគារសុត្តំ)

[៤៣៦] ម្នាលភិក្ខុទាំងឡាយ បុគ្គលណា ពោលយ៉ាងនេះថា អាត្មាអញ មិនបាច់ត្រាស់ដឹង នូវទុក្ខអរិយសច្ច តាមសេចក្ដីពិត។បេ។ មិនបាច់ត្រាស់ដឹង នូវទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច តាមសេចក្ដីពិត ក៏គង់នឹងធ្វើនូវទីបំផុត នៃទុក្ខដោយប្រពៃបាន ហេតុនេះ មិនមានឡើយ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលណា ពោលយ៉ាងនេះថា អាត្មាអញ មិនបាច់ធ្វើផ្ទះ ខាងក្រោមនៃផ្ទះមានកំពូល នឹងលើកផ្ទះខាងលើតែម្ដង (គឺមិនបាច់ធ្វើគ្រឿងក្រោម ធ្វើតែគ្រឿងលើ) ហេតុនេះ មិនមានទេ យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលណា ពោលយ៉ាងនេះថា អាត្មាអញ មិនបាច់ត្រាស់ដឹង នូវទុក្ខអរិយសច្ចតាមសេចក្ដីពិត។បេ។ មិនបាច់ត្រាស់ដឹង នូវទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច តាមសេចក្ដីពិត នឹងធ្វើនូវទីបំផុតនៃទុក្ខ ដោយប្រពៃតែម្ដង ហេតុនេះ មិនមានឡើយ ក៏យ៉ាងនោះដែរ។

[៤៣៧] ម្នាលភិក្ខុទាំងឡាយ បើបុគ្គលណា ពោលយ៉ាងនេះវិញថា អាត្មាអញបានត្រាស់ដឹង នូវទុក្ខអរិយសច្ច តាមសេចក្ដីពិត។បេ។ បានត្រាស់ដឹង នូវទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច តាមសេចក្ដីពិតហើយ នឹងធ្វើនូវទីបំផុត នៃសេចក្តីទុក្ខបាន ហេតុនេះ ទើបមាន។ ម្នាលភិក្ខុទាំងឡាយ បុគ្គលណា ពោលយ៉ាងនេះថា អាត្មាអញ ធ្វើផ្ទះ ខាងក្រោម នៃផ្ទះមានកំពូល ហើយសឹមលើកផ្ទះខាងលើ ហេតុនេះ ទើបមាន យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលណា ពោលយ៉ាងនេះថា អាត្មាអញ ត្រាស់ដឹង នូវទុក្ខអរិយសច្ច តាមសេចក្ដីពិត។បេ។ ត្រាស់ដឹង នូវទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច តាមសេចក្ដីពិតហើយ នឹងធ្វើនូវទីបំផុតនៃទុក្ខ ដោយប្រពៃបាន ហេតុនេះទើបមាន យ៉ាងនោះដែរ។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ភិក្ខុក្នុងសាសនានេះ គួរធ្វើសេចក្ដីព្យាយាមថា នេះជាទុក្ខ។បេ។ គួរធ្វើសេចក្ដីព្យាយាមថា នេះជាទុក្ខនិរោធគាមិនីបដិបទា។

(វាលសូត្រ ទី៥)

(៥. វាលសុត្តំ)

[៤៣៨] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងគូដាគារសាលា នាមហាវន ជិតក្រុងវេសាលី។ គ្រានោះឯង ព្រះអានន្ទដ៏មានអាយុ ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ហើយចូលទៅក្នុងក្រុងវេសាលី ដើម្បីបិណ្ឌបាត្រ។ ព្រះអានន្ទដ៏មានអាយុ ក៏បានឃើញពួកលិច្ឆវិកុមារច្រើននាក់ កំពុងធ្វើគ្រឿងក្រោះក្នុងផ្ទះ ជាទីរៀននូវសិល្បៈ កំពុងបាញ់សរ តាមរន្ធចន្លោងដ៏តូច អំពីចម្ងាយ ឲ្យចេញទៅតៗគ្នា មិនឲ្យដាច់ឡើយ។ លុះព្រះអានន្ទនោះ បានឃើញហើយ ក៏មានសេចក្ដីត្រិះរិះ ដូច្នេះថា ពួកលិច្ឆវិកុមារនេះ ចេះសិក្សាណាស់តើ ពួកលិច្ឆវិកុមារនេះ ចេះសិក្សាល្អណាស់តើ ព្រោះពួកលិច្ឆវិកុមារនេះ ចេះបាញ់សរ តាមរន្ធចន្លោងដ៏តូច អំពីចម្ងាយ ឲ្យចេញទៅតៗគ្នា មិនឲ្យដាច់ឡើយ។

[៤៣៩] លំដាប់នោះ ព្រះអានន្ទមានអាយុ ត្រាច់ទៅក្នុងក្រុងវេសាលី ដើម្បី បិណ្ឌបាត កាលត្រឡប់មកពីបិណ្ឌបាត ក្នុងបច្ឆាភត្ត ក៏ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះ ព្រះអានន្ទមានអាយុ អង្គុយក្នុងទីសមគួរហើយ បានក្រាបបង្គំទូលព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ក្នុងទីឯណោះ ខ្ញុំព្រះអង្គ ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ហើយចូលទៅក្នុងក្រុងវេសាលី ដើម្បីបិណ្ឌបាត្រ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ បានឃើញពួកលិច្ឆវិកុមារច្រើននាក់ កំពុងធ្វើនូវគ្រឿងក្រោះក្នុងផ្ទះ ជាទីរៀននូវសិល្បៈ បាញ់សរ តាមរន្ធចន្លោងដ៏តូច អំពីចម្ងាយ ឲ្យចេញទៅតៗគ្នា មិនឲ្យដាច់ឡើយ។ លុះខ្ញុំព្រះអង្គ បានឃើញហើយ មានសេចក្ដីត្រិះរិះ ដូច្នេះថា ពួកលិច្ឆវិកុមារនេះ ចេះសិក្សាណាស់តើ ពួកលិច្ឆវិកុមារនេះ ចេះសិក្សាល្អណាស់តើ ព្រោះពួកលិច្ឆវិកុមារនេះ ចេះបាញ់សរ តាមរន្ធចន្លោងដ៏តូច ឲ្យចេញទៅតៗគ្នា មិនឲ្យដាច់។ ម្នាលអានន្ទ អ្នកសំគាល់ហេតុនោះ ដូចម្ដេច អំពើដូចម្ដេចហ្ន៎ ដែលបុគ្គលធ្វើបានដោយកម្រក្រៃលែងផង ហេតុកើតឡើងព្រម ដោយកម្រផង។ ជនណាបាញ់សរ តាមរន្ធចន្លោងដ៏តូច អំពីចម្ងាយ ឲ្យចេញទៅតៗគ្នា មិនឲ្យដាច់ ឬក៏ជនណា បាញ់ទំលុះនូវចុង នៃចុងរោមកន្ទុយ ដែលច្រៀកជា ៧ ចំរៀក។ បពិត្រព្រះអង្គដ៏ចំរើន បុគ្គលណា បាញ់ទំលុះនូវចុង នៃចុងរោមកន្ទុយ ដែលច្រៀកជា ៧ ចំរៀក ហេតុនុ៎ះ ដែលបុគ្គលធ្វើបានដោយកម្រ ឬជាហេតុកើតឡើងព្រម ដោយកម្រ។ ម្នាលអានន្ទ ពួកជនណា ចាក់ធ្លុះតាមសេចក្ដីពិតថា នេះជាទុក្ខ។បេ។ ចាក់ធ្លុះតាមសេចក្ដីពិតថា នេះជាទុក្ខនិរោធគាមិនីបដិបទា ពួកជនទាំងនោះ ទើបឈ្មោះថា ចាក់ធ្លុះនូវហេតុ ដែលបុគ្គលចាក់ធ្លុះបាន ដោយកម្រ។ ម្នាលអានន្ទ ព្រោះហេតុនោះ ភិក្ខុក្នុងសាសនានេះ គួរធ្វើសេចក្ដីព្យាយាមថា នេះជាទុក្ខ។បេ។ គួរធ្វើសេចក្ដីព្យាយាមថា នេះជាទុក្ខនិរោធគាមិនីបដិបទា។

(អន្ធការសូត្រ ទី៦)

(៦. អន្ធការសុត្តំ)

[៤៤០] ម្នាលភិក្ខុទាំងឡាយ ពួកសត្វក្នុងលោកន្ដរនរក មានតែសេចក្ដីទុក្ខឥតល្ហែ ជានរកងងឹត ជានរកងងឹតសូន្យឈឹង ក្នុងនរកនោះ មិនដែលបានទទួលពន្លឺ នៃព្រះចន្ទ្រ និងព្រះអាទិត្យទាំងឡាយនេះ ដែលមានឫទ្ធិធំយ៉ាងនេះ មានអានុភាពធំ យ៉ាងនេះ ឡើយ។

[៤៤១] កាលព្រះមានព្រះភាគ ទ្រង់សំដែងយ៉ាងនេះហើយ ភិក្ខុមួយរូប បានក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ងងឹតនោះ ជាងងឹតធំណាស់ បពិត្រព្រះអង្គដ៏ចំរើន ងងឹតនោះ ជាងងឹតធំមហិមា បពិត្រព្រះអង្គដ៏ចំរើន ងងឹតដទៃ ដែលធំជាងផង គួរខ្លាចផង ជាងងងឹតនេះ មានដែរឬ។ ម្នាលភិក្ខុ ងងឹតដទៃដែលធំជាងផង គួរខ្លាចផង ជាងងងឹតនេះ មានដែរ។ បពិត្រព្រះអង្គដ៏ចំរើន ចុះងងឹតដទៃ ធំជាងផង គួរខ្លាចផង ជាងងងឹតនេះ តើធំដូចម្ដេច។

[៤៤២] ម្នាលភិក្ខុ ពួកសមណៈ ឬព្រាហ្មណ៍ឯណានីមួយ មិនដឹងច្បាស់ តាមសេចក្ដីពិតថា នេះជាទុក្ខ។បេ។ មិនដឹងច្បាស់ តាមសេចក្ដីពិតថា នេះជាទុក្ខនិរោធគាមិនីបដិបទា។ សមណៈ ឬព្រាហ្មណ៍ទាំងនោះ រមែងត្រេកអរ ក្នុងសង្ខារទាំងឡាយ ដែលប្រព្រឹត្តទៅ ដើម្បីជាតិ។បេ។ កាលបើត្រេកអរហើយ រមែងតាក់តែង។ លុះតាក់តែងហើយ ក៏ធ្លាក់ចុះកាន់ទីងងឹត គឺជាតិផង ធ្លាក់ចុះកាន់ទីងងឹត គឺជរាផង ធ្លាក់ចុះកាន់ទីងងឹត គឺមរណៈផង ធ្លាក់ចុះកាន់ទីងងឹត គឺសោក បរិទេវៈ ទុក្ខ ទោមនស្ស ឧបាយាសៈផង។ សមណៈ ឬព្រាហ្មណ៍ទាំងនោះ មិនផុតស្រឡះចាកជាតិ ជរា មរណៈ សោក បរិទេវៈ ទុក្ខ ទោមនស្ស ឧបាយាសៈ តថាគតពោលថា មិនផុតស្រឡះចាកទុក្ខឡើយ។

[៤៤៣] ម្នាលភិក្ខុ ពួកសមណៈ ឬព្រាហ្មណ៍ឯណានីមួយ ដឹងច្បាស់តាមសេចក្ដីពិតថា នេះជាទុក្ខ។បេ។ ដឹងច្បាស់តាមសេចក្ដីពិតថា នេះជាទុក្ខនិរោធគាមិនីបដិបទា។ សមណៈ ឬព្រាហ្មណ៍ទាំងនោះ មិនត្រេកអរ ក្នុងសង្ខារទាំងឡាយ ដែលប្រព្រឹត្តទៅ ដើម្បីជាតិ។បេ។ កាលបើមិនត្រេកអរហើយ ក៏រមែងមិនតាក់តែង។ លុះមិនបានតាក់តែងហើយ ក៏មិនធ្លាក់ចុះកាន់ទីងងឹត គឺជាតិផង មិនធ្លាក់ចុះកាន់ទីងងឹត គឺជរាផង មិនធ្លាក់ ចុះកាន់ទីងងឹត គឺមរណៈផង មិនធ្លាក់ចុះកាន់ទីងងឹត គឺសោក បរិទេវៈ ទុក្ខ ទោមនស្ស ឧបាយាសៈផង។ សមណៈ ឬព្រាហ្មណ៍ទាំងនោះ រមែងផុតស្រឡះ ចាកជាតិ ជរា មរណៈ សោក បរិទេវៈ ទុក្ខ ទោមនស្ស ឧបាយាសៈ តថាគតពោលថា ផុតស្រឡះចាកទុក្ខបាន។ ម្នាលភិក្ខុ ព្រោះហេតុនោះ ភិក្ខុក្នុងសាសនានេះ គួរធ្វើសេចក្ដីព្យាយាមថា នេះជាទុក្ខ។បេ។ គួរធ្វើសេចក្ដីព្យាយាមថា នេះជាទុក្ខនិរោធគាមិនីបដិបទា។

(បឋមឆិគ្គឡយុគសូត្រ ទី៧)

(៧. បឋមឆិគ្គឡយុគសុត្តំ)

[៤៤៤] ម្នាលភិក្ខុទាំងឡាយ ដូចជាបុរសបោះនឹម មានច្បោះតែមួយ ក្នុងមហាសមុទ្រ ក៏ក្នុងមហាសមុទ្រនោះ មានអណ្ដើកខ្វាក់ (មួយ) លុះកន្លងមួយរយឆ្នាំៗទៅ ទើបអណ្ដើកខ្វាក់នោះ ងើបម្ដងៗ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់នូវហេតុនោះ ដូចម្ដេច កាលបើកន្លងមួយរយឆ្នាំៗ ទៅ ទើបអណ្ដើកខ្វាក់នោះ ងើបម្ដងៗ តើគួរនឹងស៊កក ក្នុងនឹម មានច្បោះតែមួយឯណោះ បានដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ក្រែងតែកាលកន្លងយូរអង្វែងទៅ ទើបមានម្ដងៗខ្លះ។ ម្នាលភិក្ខុទាំងឡាយ លុះកន្លងមួយរយឆ្នាំៗទៅ ទើបអណ្ដើកខ្វាក់នោះ ងើបម្ដងៗ ក៏ស៊កកទៅក្នុងនឹម មានច្បោះតែមួយឯណោះ ទុកជាឆាប់ពេកណាស់ យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ ជនពាល ដែលធ្លាក់ទៅក្នុងវិនិបាតហើយ បានមកជាមនុស្សអស់វារៈម្ដង តថាគតពោលថា មិនបានឆាប់ឡើយ គឺយូរពេកណាស់។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះបុគ្គលពាល ក្នុងលោកនេះ គ្មានប្រព្រឹត្តនូវធម៌ គ្មានប្រព្រឹត្តស្មើ គ្មានធ្វើកុសល គ្មានធ្វើបុណ្យទេ មានតែទំពាស៊ី នូវគ្នានិងគ្នា។ ម្នាលភិក្ខុទាំងឡាយ ការទំពារស៊ីនូវសត្វ ដែលមានកំឡាំងថយ រមែងប្រព្រឹត្តទៅ ក្នុងបុគ្គលពាលនុ៎ះ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះបុគ្គលពាល មិនឃើញនូវអរិយសច្ច ៤។ អរិយសច្ច ៤ គឺអ្វីខ្លះ។ គឺទុក្ខអរិយសច្ច ១។បេ។ ទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច ១ ក៏យ៉ាងនោះឯង។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ភិក្ខុក្នុងសាសនានេះ គួរធ្វើសេចក្ដីព្យាយាមថា នេះជាទុក្ខ។បេ។ គួរធ្វើសេចក្ដីព្យាយាមថា នេះជាទុក្ខនិរោធគាមិនីបដិបទា។

(ទុតិយឆិគ្គឡយុគសូត្រ ទី៨)

(៨. ទុតិយឆិគ្គឡយុគសុត្តំ)

[៤៤៥] ម្នាលភិក្ខុទាំងឡាយ ដូចជាផែនដីធំនេះ មានទីបំផុតជាមួយគ្នា មានបុរសបោះនឹម មានច្បោះតែមួយ ទៅលើផែនដីនោះ ខ្យល់ពីទិសខាងកើត បក់នឹមនោះទៅទិសខាងលិច ខ្យល់ពីទិសខាងលិច បក់ (នឹមនោះ) ទៅទិសខាងកើត ខ្យល់ពីទិសខាងជើង បក់ ( នឹមនោះ ) ទៅទិសខាងត្បូង ខ្យល់ពីទិសខាងត្បូង បក់ (នឹមនោះ) ទៅទិសខាងជើង លុះកន្លងមួយរយឆ្នាំៗ ទៅ ទើបមានអណ្ដើកខ្វាក់មួយ ក្នុងទីនោះ ងើបម្ដងៗ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់នូវហេតុនោះ ដូចម្ដេច លុះកន្លងមួយរយឆ្នាំៗ ទៅ ទើបអណ្ដើកខ្វាក់នោះ ងើបម្ដងៗ តើគួរនឹងស៊កក ក្នុងនឹម មានច្បោះតែមួយឯណោះ បានដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន លុះកន្លងមួយរយឆ្នាំៗ ទៅ ទើបអណ្ដើកខ្វាក់នោះ ងើបម្ដងៗ គួរនឹងស៊កក ទៅក្នុងនឹម មានច្បោះតែមួយឯណោះ ដោយហេតុឯណា ហេតុនោះ កម្រក្រៃពេក យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលបាននូវភាពជាមនុស្ស កម្រក្រៃពេក យ៉ាងនោះដែរ។ ម្នាលភិក្ខុទាំងឡាយ ព្រះតថាគត ជាអរហន្ដសម្មាសម្ពុទ្ធ កើតក្នុងលោក កម្រក្រៃពេក យ៉ាងនោះដែរ។ ម្នាលភិក្ខុទាំងឡាយ ធម្មវិន័យដែលតថាគត សំដែងហើយ រមែងភ្លឺច្បាស់ក្នុងលោក កម្រក្រៃពេក យ៉ាងនោះដែរ។ ម្នាលភិក្ខុទាំងឡាយ ការបាននូវអត្តភាពជាមនុស្សនេះ ១ ព្រះតថាគត ជាអរហន្ដ សម្មាសម្ពុទ្ធកើតក្នុងលោក ១ ធម្មវិន័យ ដែលតថាគតសំដែងហើយ រមែងភ្លឺច្បាស់ក្នុងលោក ១ (ទាំង៣នេះ ក្រដូចគ្នា)។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ភិក្ខុក្នុងសាសនានេះ គួរធ្វើសេចក្ដីព្យាយាមថា នេះជាទុក្ខ។បេ។ គួរធ្វើសេចក្ដីព្យាយាមថា នេះជាទុក្ខនិរោធគាមិនីបដិបទា។

(បឋមសិនេរុបព្វតរាជសូត្រ ទី៩)

(៩. បឋមសិនេរុបព្វតរាជសុត្តំ)

[៤៤៦] ម្នាលភិក្ខុទាំងឡាយ ដូចជាបុរស យកដុំក្រួស ៧ ដុំ ប៉ុនគ្រាប់សណ្ដែកបាយ ទៅប្រៀបផ្ទឹមនឹងស្ដេចភ្នំ ឈ្មោះសិនេរុ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយសំគាល់នូវហេតុនោះ ដូចម្ដេច ដុំក្រួស ៧ ដុំ ប៉ុនគ្រាប់សណ្ដែកបាយ ដែលបុគ្គលយកទៅប្រៀបផ្ទឹមក្ដី ស្ដេចភ្នំឈ្មោះ សិនេរុ ក្ដី របស់ទាំងពីរនោះ តើរបស់ណាច្រើនជាង។ បពិត្រព្រះអង្គដ៏ចំរើន ស្ដេចភ្នំ ឈ្មោះសិនេរុនេះ មានចំនួនច្រើនជាង ដុំក្រួស ៧ ដុំ ប៉ុនគ្រាប់សណ្ដែកបាយ ដែលបុគ្គលប្រៀបធៀបហើយ មានចំនួនតិចជាង ដុំក្រួស ៧ ដុំ ប៉ុនគ្រាប់សណ្ដែកបាយ ដែលបុគ្គលយកទៅប្រៀបធៀប នឹងស្ដេចភ្នំ សិនេរុ មិនដល់នូវការរាប់ផង មិនដល់នូវការប្រៀបធៀបផង មិនដល់នូវចំណែក នៃចំណិតផង យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាអរិយសាវក ដែលបរិបូរណ៍ដោយទិដ្ឋិ ជាអ្នកត្រាស់ដឹង (នូវមគ្គ និងផល) សេចក្ដីទុក្ខ (របស់អរិយសាវកនោះ) ដែលអស់ទៅ រលីងទៅ ច្រើនជាង សេចក្ដីទុក្ខ ដែលសល់នៅ តិចជាង មិនដល់នូវការរាប់ផង មិនដល់នូវការប្រៀបធៀបផង មិនដល់នូវចំណែក នៃចំណិតផង ដើម្បីប្រៀបធៀប នូវគំនរទុក្ខពីមុន ដែលអស់ទៅ រលីងទៅ ចំនួន ៧ អត្តភាពជាយ៉ាងយូរ ក៏យ៉ាងនោះឯង។ បុគ្គលណា ដឹងច្បាស់តាមសេចក្ដីពិតថា នេះជាទុក្ខ។បេ។ ដឹងច្បាស់តាមសេចក្ដីពិតថា នេះជាទុក្ខនិរោធគាមិនីបដិបទា។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ភិក្ខុក្នុងសាសនានេះ គួរធ្វើសេចក្ដីព្យាយាមថា នេះជាទុក្ខ។បេ។ គួរធ្វើសេចក្ដីព្យាយាមថា នេះជាទុក្ខនិរោធគាមិនីបដិបទា។

(ទុតិយសិនេរុបព្វតរាជសូត្រ ទី១០)

(១០. ទុតិយសិនេរុបព្វតរាជសុត្តំ)

[៤៤៧] ម្នាលភិក្ខុទាំងឡាយ ស្ដេចភ្នំឈ្មោះ សិនេរុ ក៏ដល់នូវការអស់ទៅ រលីងទៅ លើកលែង គឺកុំបាច់និយាយដល់ដុំក្រួស ៧ ដុំ ប៉ុនគ្រាប់សណ្ដែកបាយឡើយ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់នូវហេតុនោះ ដូចម្ដេច ការអស់ទៅ រលីងទៅ នៃ ស្ដេចភ្នំឈ្មោះ សិនេរុក្ដី ដុំក្រួស ៧ ដុំ ប៉ុនគ្រាប់សណ្ដែកបាយ ដែលសល់នៅក្ដី របស់ទាំងពីរនោះ តើរបស់ណាច្រើនជាង។ បពិត្រព្រះអង្គដ៏ចំរើន ការអស់ទៅ រលីងទៅនៃស្ដេចភ្នំឈ្មោះសិនេរុ មានចំនួនច្រើនជាង ដុំក្រួស ៧ ដុំ ប៉ុនគ្រាប់សណ្ដែកបាយ ដែលសល់នៅមានចំនួនតិចជាង ដុំក្រួស ៧ ដុំ ប៉ុនគ្រាប់សណ្ដែកបាយ ដែលសល់នៅ ក៏មិនដល់នូវការរាប់ផង មិនដល់នូវការប្រៀបធៀបផង មិនដល់នូវចំណែក នៃចំណិតផង ដោយការប្រៀបធៀប នូវការអស់ទៅ រលីងទៅ នៃស្ដេចភ្នំ ឈ្មោះសិនេរុឡើយ យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាអរិយសាវក ដែលបរិបូណ៌ដោយទិដ្ឋិ ជាអ្នកត្រាស់ដឹង (នូវមគ្គ និងផល) សេចក្ដីទុក្ខ ដែលអស់ទៅ វិនាសទៅ (នៃអរិយសាវកនោះ) មានចំនួនច្រើន សេចក្ដីទុក្ខ ដែលសល់នៅ មានចំនួនតិច មិនដល់នូវការរាប់ មិនដល់នូវការប្រៀបធៀប មិនដល់នូវចំណែក នៃចំណិត នឹងគំនរទុក្ខពីមុន ដែលអស់ទៅ រលីងទៅ ចំនួន ៧ អត្តភាពជាយ៉ាងយូរ យ៉ាងនោះឯង។ បុគ្គលណា ដឹងច្បាស់តាមសេចក្ដីពិតថា នេះជាទុក្ខ។បេ។ ដឹងច្បាស់តាមសេចក្ដីពិតថា នេះជាទុក្ខនិរោធគាមិនីបដិបទា។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ភិក្ខុក្នុងសាសនានេះ គួរធ្វើសេចក្ដីព្យាយាមថា នេះជាទុក្ខ។បេ។ គួរធ្វើសេចក្ដីព្យាយាមថា នេះជាទុក្ខនិរោធគាមិនីបដិបទា។

ចប់ បបាតវគ្គ ទី៥។

ឧទាននៃបបាតវគ្គនោះគឺ

និយាយអំពីការគិត ១ អំពីជ្រោះ ១ អំពីសេចក្ដីក្រហល់ក្រហាយ ១ អំពីសាលាមានកំពូល ១ អំពីទំលុះចុងសរសៃរោម ១ អំពីលោកន្តរនរក ងងឹតសូន្យឈឹង ១ អំពីច្បោះនឹម ២ លើក អំពីស្ដេចភ្នំ ឈ្មោះសិនេរុដទៃ ពីរលើក។

អភិសមយវគ្គ ទី៦

(៦. អភិសមយវគ្គោ)

(នខសិខសូត្រ ទី១)

(១. នខសិខសុត្តំ)

[៤៤៨] គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់លើកនូវអាចម៍ដី មានប្រមាណតិច ដាក់លើខ្នងព្រះនខា ហើយត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់នូវហេតុនោះ ដូចម្ដេច អាចម៍ដី មានប្រមាណតិច ដែលតថាគតលើកដាក់លើចុងក្រចកក្ដី មហាប្រឹថពីនេះក្ដី របស់ទាំងពីរនោះ តើរបស់ណាច្រើនជាង។ បពិត្រព្រះអង្គដ៏ចំរើន មហាប្រឹថពីនេះច្រើនជាង អាចម៍ដី មានប្រមាណតិច ដែលព្រះមានព្រះភាគ ទ្រង់លើកដាក់លើខ្នងព្រះនខា មានប្រមាណតិចទេ អាចម៍ដី មានប្រមាណតិច ដែលព្រះមានព្រះភាគ លើកដាក់លើចុងព្រះនខា មិនបានដល់នូវការរាប់ផង មិនបានដល់ នូវការប្រៀបធៀបផង មិនបានដល់នូវចំណែក នៃចំណិតផង ដោយការប្រៀបធៀបនឹងមហាប្រឹថពីបានឡើយ យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាអរិយសាវក ដែលបរិបូណ៌ដោយទិដ្ឋិ ជាអ្នកត្រាស់ដឹង (នូវមគ្គ និងផល) សេចក្ដីទុក្ខ របស់អរិយសាវកនោះ ដែលអស់ទៅ រលីងទៅ ច្រើនជាង សេចក្ដីទុក្ខ ដែលសល់នៅ មានប្រមាណតិច មិនបានដល់ នូវការរាប់ផង មិនបានដល់ នូវការប្រៀបធៀបផង មិនបានដល់នូវចំណែក នៃចំណិតផង ដោយការប្រៀបធៀបនឹងគំនរទុក្ខពីមុន ដែលអស់ទៅ រលីងទៅ ចំនួន ៧ អត្តភាព ជាយ៉ាងយូរ ក៏យ៉ាងនោះឯង។ បុគ្គលណាដឹងច្បាស់តាមសេចក្ដីពិតថា នេះជាទុក្ខ។បេ។ ដឹងច្បាស់តាមសេចក្ដីពិតថា នេះជាទុក្ខនិរោធគាមិនីបដិបទា។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ភិក្ខុក្នុងសាសនានេះ គួរធ្វើសេចក្ដីព្យាយាមថា នេះជាទុក្ខ។បេ។ គួរធ្វើសេចក្ដីព្យាយាមថា នេះជាទុក្ខនិរោធគាមិនីបដិបទា។

(បោក្ខរណីសូត្រ ទី២)

(២. បោក្ខរណីសុត្តំ)

[៤៤៩] ម្នាលភិក្ខុទាំងឡាយ ដូចស្រះបោក្ខរណី បណ្ដោយ ៥០ យោជន៍ ទទឹង ៥០ យោជន៍ ជំរៅ ៥០ យោជន៍ មានទឹកពេញ ស្មើល្មមក្អែកឱនផឹកបាន បុរសគប្បីជ្រលក់ទឹក ដោយចុងនៃស្បូវ អំពីស្រះនោះ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់នូវហេតុនោះ ដូចម្ដេច ទឹកដែលបុរសជ្រលក់ ដោយចុងនៃស្បូវ ហើយលើកឡើង និងទឹកក្នុងស្រះបោក្ខរណី ទឹកទាំងពីរនោះ តើទឹកណាច្រើនជាង។ បពិត្រព្រះអង្គដ៏ចំរើន ទឹកក្នុងស្រះបោក្ខរណីនោះ ច្រើនជាង ទឹកដែលបុរសជ្រលក់ ដោយចុងនៃស្បូវ ហើយលើកឡើង មានប្រមាណតិច ទឹកដែលបុរសជ្រលក់ ដោយចុងនៃស្បូវ ហើយលើកឡើង មិនបានដល់ នូវការរាប់ផង មិនបានដល់ នូវការប្រៀបធៀបផង មិនបានដល់នូវចំណែក នៃចំណិតផង ដោយការប្រៀបផ្ទឹមនឹងទឹកក្នុងស្រះបោក្ខរណីបានឡើយ យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាអរិយសាវក។បេ។ ភិក្ខុ គួរធ្វើសេចក្ដីព្យាយាម។

(បឋមសំភេជ្ជសូត្រ ទី៣)

(៣. បឋមសំភេជ្ជសុត្តំ)

[៤៥០] ម្នាលភិក្ខុទាំងឡាយ ដូចស្ទឹងធំទាំងឡាយនេះ រមែងហូរជោរជន់។ ស្ទឹងធំទាំងនោះ គឺស្ទឹងណាខ្លះ។ គឺស្ទឹងគង្គា យមុនា អចិរវតី សរភូ មហី។ បុរសគប្បីលើកឡើងនូវដំណក់នៃទឹក ពីរ ឬបីដំណក់ អំពីស្ទឹងទាំងនោះ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់នូវហេតុនោះ ដូចម្ដេច ដំណក់នៃទឹក ពីរ ឬបីដំណក់ ដែលបុរសលើកឡើង និងទឹកដែលលាយច្រឡំ អំពីទឹកដទៃ ហូរជោរជន់មក ទឹកទាំងពីរនោះ តើទឹកណាច្រើនជាង។ បពិត្រព្រះអង្គដ៏ចំរើន ទឹកដែលលាយច្រឡំអំពីស្ទឹងដទៃ ហូរជោរជន់មកនុ៎ះ ច្រើនជាង ដំណក់នៃទឹក ពីរ ឬបីដំណក់ ដែលបុរសលើកឡើង មានប្រមាណតិចទេ ដំណក់នៃទឹក ពីរ ឬបីដំណក់ ដែលបុរសលើកឡើង មិនបានដល់ នូវការរាប់ផង មិនបានដល់ នូវការប្រៀបធៀបផង មិនបានដល់ នូវចំណែក នៃចំណិតផង ដោយការប្រៀបធៀបនឹងទឹក ដែលលាយច្រឡំ អំពីស្ទឹងដទៃ ហូរជោរជន់មកបានឡើយ យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក (នោះឯង ជាបេយ្យាលៈ) ភិក្ខុគួរធ្វើសេចក្ដីព្យាយាម។

(ទុតិយសំភេជ្ជសូត្រ ទី៤)

(៤. ទុតិយសំភេជ្ជសុត្តំ)

[៤៥១] ម្នាលភិក្ខុទាំងឡាយ ដូចស្ទឹងធំទាំងឡាយនេះ រមែងហូរជោរជន់មក។ ស្ទឹងធំទាំងនោះ គឺស្ទឹងណាខ្លះ។ គឺស្ទឹងគង្គា យមុនា អចិរវតី សរភូ មហី។ ទឹកនោះ ក៏គង់ដល់ នូវការអស់ទៅ រលីងទៅ លើកលែងតែដំណក់ទឹក ពីរឬបីចេញ។ ម្នាលភិក្ខុទាំង ឡាយ អ្នកទាំងឡាយ សំគាល់នូវហេតុនោះ ដូចម្ដេច ទឹកដែលលាយច្រឡំគ្នា និងដំណក់នៃទឹក ពីរឬបីដំណក់ ដោយការប្រៀបធៀបនឹងទឹក ដែលអស់ទៅ រលីងទៅ ទឹកទាំងពីរនោះ តើទឹកណាច្រើនជាង។ បពិត្រព្រះអង្គដ៏ចំរើន ទឹកដែលលាយច្រឡំគ្នា ដែលអស់ទៅ រលីងទៅនុ៎ះ ច្រើនជាង ដំណក់ទឹកពីរ ឬបីដំណក់ ដែលសល់នៅ មានប្រមាណតិច ដំណក់ទឹកពីរ ឬបីដំណក់ ដែលសល់នៅ មិនបានដល់ នូវការរាប់ផង មិនបានដល់ នូវការប្រៀបធៀបផង មិនបានដល់ នូវចំណែក នៃចំណិតផង ដោយការប្រៀបធៀបនឹងទឹកដែលលាយច្រឡំគ្នា ដែលអស់ទៅ រលីងទៅបានឡើយ យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក។បេ។ ភិក្ខុគួរធ្វើសេចក្ដីព្យាយាម។

(បឋមមហាបថវីសូត្រ ទី៥)

(៥. បឋមមហាបថវីសុត្តំ)

[៤៥២] ម្នាលភិក្ខុទាំងឡាយ ដូចបុរស ដំកល់ទុកនូវដីស្អិត ៧ ដុំ មានចំនួនប៉ុនផ្លែពុទ្រា ដើម្បីប្រៀបផ្ទឹមនឹងមហាប្រឹថពី។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់នូវហេតុនោះ ដូចម្ដេច ដីស្អិត ៧ ដុំ មានចំនួនប៉ុនផ្លែពុទ្រា ដែលបុរស ដំកល់ទុក និងមហាប្រឹថពីនេះ របស់ទាំងពីរនោះ តើរបស់ណាច្រើនជាង។ បពិត្រព្រះអង្គដ៏ចំរើន មហា-ប្រឹថពីនុ៎ះ ច្រើនជាង ដីស្អិត ៧ ដុំ មានចំនួនប៉ុនផ្លែពុទ្រា ដែលបុរស ដំកល់ទុក មានប្រមាណតិច ដីស្អិត ៧ ដុំ មានចំនួនប៉ុនផ្លែពុទ្រា ដែលបុរស ដំកល់ទុក មិនបានដល់នូវការរាប់ផង មិនបានដល់ នូវការប្រៀបធៀបផង មិនបានដល់ នូវចំណែកនៃចំណិតផង ដោយការប្រៀបធៀបនឹងមហាប្រឹថពីបានឡើយ យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក (នោះឯង ជាបេយ្យាលៈ) ភិក្ខុគួរធ្វើសេចក្ដីព្យាយាម។

(ទុតិយមហាបថវីសូត្រ ទី៦)

(៦. ទុតិយមហាបថវីសុត្តំ)

[៤៥៣] ម្នាលភិក្ខុទាំងឡាយ ដូចមហាប្រឹថពី ដល់នូវការអស់ទៅ រលីងទៅ លើកលែងតែដីស្អិត ៧ ដុំ មានចំនួនប៉ុនផ្លែពុទ្រាចេញ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់នូវហេតុនោះ ដូចម្ដេច ការអស់ទៅ រលីងទៅ នៃមហាប្រឹថពី និងដីស្អិត ៧ ដុំ មានចំនួនប៉ុនផ្លែពុទ្រា ដែលសល់នៅ តើរបស់ណាច្រើនជាង។ បពិត្រព្រះអង្គដ៏ចំរើន ការអស់ទៅ រលីងទៅ នៃមហាប្រឹថពីនុ៎ះ មានប្រមាណច្រើនជាង ដីស្អិត ៧ ដុំ មានចំនួនប៉ុនផ្លែពុទ្រា ដែលសល់នៅ មានប្រមាណតិច ដីស្អិត ៧ ដុំ មានចំនួនប៉ុនផ្លែពុទ្រា ដែលសល់នៅ មិនបានដល់ នូវការរាប់ផង មិនបានដល់ នូវការប្រៀបធៀបផង មិនបានដល់នូវចំណែក នៃចំណិតផង ដោយការប្រៀបធៀបនឹងការអស់ទៅ រលីងទៅ នៃមហាប្រឹថពីបានឡើយ យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក (នោះឯង ជាបេយ្យាលៈ) ភិក្ខុគួរធ្វើសេចក្ដីព្យាយាម។

(បឋមមហាសមុទ្ទសូត្រ ទី៧)

(៧. បឋមមហាសមុទ្ទសុត្តំ)

[៤៥៤] ម្នាលភិក្ខុទាំងឡាយ ដូចបុរសលើកឡើង នូវដំណក់ទឹកពីរ ឬបីដំណក់ក្នុងមហាសមុទ្រ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់នូវហេតុនោះ ដូចម្ដេច ដំណក់ទឹកពីរ ឬបីដំណក់ ដែលបុគ្គលលើកឡើង និងទឹកក្នុងមហាសមុទ្រ ទឹកទាំងពីរនោះ តើទឹកណាច្រើនជាង។ បពិត្រព្រះអង្គដ៏ចំរើន ទឹកក្នុងមហាសមុទ្រនោះ មានប្រមាណច្រើនជាង ដំណក់ទឹកពីរ ឬបីដំណក់ ដែលបុរសលើកឡើង មានប្រមាណតិច ដំណក់ទឹកពីរ ឬបីដំណក់ ដែលបុរសលើកឡើង មិនបានដល់ នូវការរាប់ផង មិនបានដល់ នូវការប្រៀបធៀបផង មិនបានដល់ នូវចំណែក នៃចំណិតផង ដោយការប្រៀបធៀបនឹងទឹក ក្នុងមហាសមុទ្របានឡើយ យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក (នោះឯង ជាបេយ្យាលៈ) ភិក្ខុគួរធ្វើសេចក្ដីព្យាយាម។

(ទុតិយមហាសមុទ្ទសូត្រ ទី៨)

(៨. ទុតិយមហាសមុទ្ទសុត្តំ)

[៤៥៥] ម្នាលភិក្ខុទាំងឡាយ ដូចទឹកក្នុងមហាសមុទ្រ ដល់នូវការអស់ទៅ រលីងទៅ លើកលែងតែដំណក់ទឹកពីរ ឬបីដំណក់ចេញ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់នូវហេតុនុ៎ះ ដូចម្ដេច ទឹកក្នុងមហាសមុទ្រ ដែលអស់ទៅ រលីងទៅ និងដំណក់ទឹកពីរ ឬបីដំណក់ ដែលសល់នៅ ទឹកទាំងពីរនោះ តើទឹកណាច្រើនជាង។ បពិត្រព្រះអង្គដ៏ចំរើន ទឹកក្នុងមហាសមុទ្រ ដែលអស់ទៅ រលីងទៅនុ៎ះ មានប្រមាណច្រើនជាង ដំណក់ទឹកពីរ ឬបីដំណក់ ដែលសល់នៅ មានប្រមាណតិច ដំណក់ទឹកពីរ ឬបីដំណក់ ដែលសល់នៅ មិនបានដល់ នូវការរាប់ផង មិនបានដល់ នូវការប្រៀបធៀបផង ទាំងមិនបានដល់ នូវចំណែក នៃចំណិតផង ដោយការប្រៀបធៀបនឹងទឹកក្នុងមហាសមុទ្រដែលអស់ទៅ រលីងទៅបានឡើយ យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក (នោះឯង ជាបេយ្យាលៈ) ភិក្ខុគួរធ្វើសេចក្ដីព្យាយាម។

(បឋមបព្វតូបមសូត្រ ទី៩)

(៩. បឋមបព្វតូបមសុត្តំ)

[៤៥៦] ម្នាលភិក្ខុទាំងឡាយ ដូចបុរសដំកល់ទុក នូវដុំក្រួស ៧ ដុំ មានប្រមាណប៉ុនគ្រាប់ស្ពៃ (ដើម្បីប្រៀបធៀប) នឹងស្ដេចភ្នំ ឈ្មោះហិមវន្ដ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់នូវហេតុនោះ ដូចម្ដេច ដុំក្រួស ៧ ដុំ មានប្រមាណប៉ុនគ្រាប់ស្ពៃ ដែលបុរសដំកល់ទុក និងស្ដេចភ្នំ ឈ្មោះហិមវន្ដ របស់ទាំងពីរនោះ តើរបស់ណាច្រើនជាង។ បពិត្រព្រះអង្គដ៏ចំរើន ស្ដេចភ្នំ ឈ្មោះហិមវន្ដនុ៎ះ មានប្រមាណច្រើនជាង ដុំក្រួស ៧ ដុំ មានប្រមាណប៉ុនគ្រាប់ស្ពៃ ដែលបុរសដំកល់ទុក មានប្រមាណតិច ដុំក្រួស ៧ ដុំ មានប្រមាណប៉ុនគ្រាប់ស្ពៃ ដែលបុរសដំកល់ទុក មិនបានដល់ការរាប់ផង មិនបានដល់នូវការប្រៀបធៀបផង មិនបានដល់ នូវចំណែក នៃចំណិតផង ដោយការប្រៀបធៀបនឹងស្ដេចភ្នំ ឈ្មោះហិមវន្ដ បានឡើយ យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក។បេ។ ភិក្ខុគួរធ្វើសេចក្ដីព្យាយាម។

(ទុតិយបព្វតូបមសូត្រ ទី១០)

(១០. ទុតិយបព្វតូបមសុត្តំ)

[៤៥៧] ម្នាលភិក្ខុទាំងឡាយ ដូចជាស្ដេចភ្នំ ឈ្មោះហិមវន្ដ ដល់នូវការអស់ទៅរលីងទៅ លើកលែងតែក្រួស ៧ ដុំ មានប្រមាណប៉ុនគ្រាប់ស្ពៃចេញ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់នូវហេតុនោះ ដូចម្ដេច ការអស់ទៅ រលីងទៅ នៃស្ដេចភ្នំ ឈ្មោះហិមវន្ដ និងដុំក្រួស ៧ ដុំ មានប្រមាណប៉ុនគ្រាប់ស្ពៃ ដែលសល់នៅ របស់ទាំងពីរនោះ តើរបស់ណាច្រើនជាង។ បពិត្រព្រះអង្គដ៏ចំរើន ការអស់ទៅ រលីងទៅ នៃស្ដេចភ្នំ ឈ្មោះហិមវន្ដនុ៎ះឯង មានប្រមាណច្រើនជាង ដុំក្រួស ៧ ដុំ មានប្រមាណប៉ុនគ្រាប់ស្ពៃ ដែលសល់នៅ មិនបានដល់ នូវការរាប់ផង មិនបានដល់ នូវការប្រៀបធៀប ផង មិនបានដល់ នូវចំណែក នៃចំណិតផង ដោយការប្រៀបធៀបនឹងការអស់ទៅ រលីងទៅ នៃស្ដេចភ្នំ ឈ្មោះហិមវន្ដបានឡើយ យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ សេចក្ដីទុក្ខ របស់អរិយសាវក ជាបុគ្គលបរិបូណ៌ដោយទិដ្ឋិ ជាអ្នកត្រាស់ដឹងនុ៎ះឯង ដែលអស់ទៅ រលីងទៅ មានប្រមាណច្រើនជាង សេចក្ដីទុក្ខ ដែលសល់នៅ មានប្រមាណតិច សេចក្ដីទុក្ខនោះ មិនបានដល់ នូវការរាប់ផង មិនបានដល់ នូវការប្រៀបធៀបផង មិនបានដល់នូវចំណែក នៃចំណិតផង ដោយការប្រៀបធៀបនឹងគំនរទុក្ខពីមុន ដែលអស់ទៅ រលីងទៅ អស់ ៧ អត្តភាព ជាយ៉ាងយូរ ក៏យ៉ាងនោះឯង។ បុគ្គលណា ដឹងច្បាស់ តាមសេចក្ដីពិតថា នេះជាទុក្ខ។បេ។ ដឹងច្បាស់តាមសេចក្ដីពិតថា នេះជាទុក្ខនិរោធគាមិនីបដិបទា។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ភិក្ខុក្នុងសាសនានេះ គួរធ្វើសេចក្ដីព្យាយាមថា នេះជាទុក្ខ។បេ។ គួរធ្វើសេចក្ដីព្យាយាមថា នេះជាទុក្ខនិរោធគាមិនីបដិបទា។

ចប់ អភិសមយវគ្គ ទី៦។

ឧទាននៃអភិសមយវគ្គនោះគឺ

និយាយអំពីដីលើចុងព្រះនខា ១ អំពីស្រះបោក្ខរណី ១ អំពីទឹក ដែលលាយច្រឡំ ២ លើកដទៃទៀត អំពីផែនដី ២ លើក អំពីសមុទ្រ ២ លើក អំពីដុំក្រួស ប្រៀបធៀបនឹងភ្នំ ២ លើក។

អាមកធញ្ញបេយ្យាលបឋមវគ្គ ទី៧

(៧. បឋមអាមកធញ្ញបេយ្យាលវគ្គោ)

(អញ្ញត្រសូត្រ ទី១)

(១. អញ្ញត្រសុត្តំ)

[៤៥៨] គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់លើកនូវអាចម៍ដី មានប្រមាណតិចដាក់លើចុងព្រះនខា ហើយត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់នូវហេតុនោះ ដូចម្ដេច អាចម៍ដីបន្តិច ដែលតថាគត លើកដាក់លើចុងក្រចក និងមហាប្រឹថពីនេះ របស់ទាំងពីរនោះ តើរបស់ណាច្រើនជាង។ បពិត្រព្រះអង្គដ៏ចំរើន មហាប្រឹថពីនោះឯង ច្រើនជាង អាចម៍ដីបន្តិច ដែលព្រះមានព្រះភាគ លើកដាក់លើចុងព្រះនខា មានប្រមាណតិច អាចម៍ដីបន្តិច ដែលព្រះមានព្រះភាគ លើកដាក់លើចុងព្រះនខា មិនបានដល់ នូវការរាប់ផង មិនបានដល់ នូវការប្រៀបធៀបផង មិនបានដល់ នូវចំណែក នៃចំណិតផង ដោយការប្រៀបធៀបនឹងមហាប្រឹថពីបានឡើយ យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វ ដែលកើតក្នុងកំណើតមនុស្សទាំងឡាយ មានប្រមាណតិច ឯពួកសត្វ ដែលកើតក្រៅអំពីកំណើតពួកមនុស្ស មានប្រមាណច្រើន។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះពួកសត្វមិនឃើញ នូវអរិយសច្ច ៤។ អរិយសច្ច ៤ ដូចម្ដេចខ្លះ។ គឺទុក្ខអរិយសច្ច ១។បេ។ ទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច ១ ក៏យ៉ាងនោះឯង។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ភិក្ខុក្នុងសាសនានេះ គួរធ្វើសេចក្ដីព្យាយាមថា នេះជាទុក្ខ។បេ។ គួរធ្វើសេចក្ដីព្យាយាមថា នេះជាទុក្ខនិរោធគាមិនីបដិបទា។

(បច្ចន្តសូត្រ ទី២)

(២. បច្ចន្តសុត្តំ)

[៤៥៩] គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់លើកនូវអាចម៍ដីបន្តិច ដាក់លើចុងព្រះនខា ទ្រង់ត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់នូវហេតុនោះ ដូចម្ដេច អាចម៍ដីបន្តិច ដែលតថាគត លើកដាក់លើចុងក្រចក និងមហាប្រឹថពីនេះ របស់ទាំងពីរ តើរបស់ណាច្រើនជាង។ បពិត្រព្រះអង្គដ៏ចំរើន មហាប្រឹថពីនុ៎ះ ច្រើនជាង អាចម៍ដីបន្តិច ដែលព្រះមានព្រះភាគ លើកឡើងដាក់លើចុងព្រះនខាមាន ប្រមាណតិច អាចម៍ដីបន្តិច ដែលព្រះមានព្រះភាគ លើកដាក់លើចុងព្រះនខា មិនដល់ នូវការរាប់ផង មិនដល់ នូវការប្រៀបធៀបផង មិនដល់នូវចំណែក នៃចំណិតផង ដោយការប្រៀបធៀបនឹងមហាប្រឹថពីបានឡើយ យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វ ដែលកើតក្នុងមជ្ឈិមជនបទ មានប្រមាណតិច ឯពួកសត្វ ដែលកើតក្នុងបច្ចន្តិមជនបទទាំងឡាយ មានប្រមាណច្រើន។ សត្វទាំងឡាយ រមែងកើតក្នុងមិលក្ខជនបទទាំងឡាយ ដែលមិនមានប្រាជ្ញា ក៏យ៉ាងនោះឯងដែរ។បេ។

(បញ្ញាសូត្រ ទី៣)

(៣. បញ្ញាសុត្តំ)

[៤៦០] ម្នាលភិក្ខុទាំងឡាយ ពួកសត្វដែលប្រកបដោយបញ្ញាចក្ខុដ៏ប្រសើរ មានប្រមាណតិច ឯពួកសត្វ ដែលមិនចេះដឹង ប្រកបដោយសេចក្ដីល្ងង់ មានប្រមាណច្រើន ក៏យ៉ាងនោះដែរ។បេ។

(សុរាមេរយសូត្រ ទី៤)

(៤. សុរាមេរយសុត្តំ)

[៤៦១] ម្នាលភិក្ខុទាំងឡាយ ពួកសត្វ ដែលវៀរចាកសុរាមេរយមជ្ជប្បមាទដ្ឋាន មានប្រមាណតិច ឯពួកសត្វ ដែលមិនវៀរចាកសុរាមេរយមជ្ជប្បមាទដ្ឋាន មានប្រមាណច្រើន ក៏យ៉ាងនោះដែរ។បេ។

(ឱទកសូត្រ ទី៥)

(៥. ឱទកសុត្តំ)

[៤៦២] ម្នាលភិក្ខុទាំងឡាយ ពួកសត្វដែលកើតនៅលើគោក មានប្រមាណតិច ចំណែកពួកសត្វ ដែលកើតក្នុងទឹក មានប្រមាណច្រើន ក៏យ៉ាងនោះដែរ។បេ។

(មត្តេយ្យសូត្រ ទី៦)

(៦. មត្តេយ្យសុត្តំ)

[៤៦៣] ម្នាលភិក្ខុទាំងឡាយ ពួកសត្វប្រតិបត្តិល្អ ចំពោះមាតា មានប្រមាណតិច ចំណែកពួកសត្វ ដែលមិនប្រតិបត្តិល្អ ចំពោះមាតា មានប្រមាណច្រើន ក៏យ៉ាងនោះដែរ។បេ។

(បេត្តេយ្យសូត្រ ទី៧)

(៧. បេត្តេយ្យសុត្តំ)

[៤៦៤] ម្នាលភិក្ខុទាំងឡាយ ពួកសត្វដែលប្រតិបត្តិល្អ ចំពោះបិតា មានប្រមាណតិច ចំណែកពួកសត្វ ដែលមិនប្រតិបត្តិល្អ ចំពោះបិតា មានប្រមាណច្រើន ក៏យ៉ាងនោះដែរ។បេ។

(សាមញ្ញសូត្រ ទី៨)

(៨. សាមញ្ញសុត្តំ)

[៤៦៥] ពួកសត្វដែលប្រតិបត្តិល្អ ចំពោះសមណៈ មានប្រមាណតិច ចំណែកពួកសត្វ ដែលមិនប្រតិបត្តិល្អ ចំពោះសមណៈ មានប្រមាណច្រើន ក៏យ៉ាងនោះដែរ។បេ។

(ព្រហ្មញ្ញសូត្រ ទី៩)

(៩. ព្រហ្មញ្ញសុត្តំ)

[៤៦៦] ម្នាលភិក្ខុទាំងឡាយ ពួកសត្វដែលប្រតិបត្តិល្អ ចំពោះព្រាហ្មណ៍ មានប្រមាណតិច ចំណែកពួកសត្វ ដែលមិនប្រតិបត្តិល្អ ចំពោះព្រាហ្មណ៍ មានប្រមាណច្រើន ក៏យ៉ាងនោះដែរ។បេ។

(បចាយិកសូត្រ ទី១០)

(១០. បចាយិកសុត្តំ)

[៤៦៧] ម្នាលភិក្ខុទាំងឡាយ ពួកសត្វដែលប្រព្រឹត្តកោតក្រែង ដល់បុគ្គលជាធំក្នុងត្រកូល មានប្រមាណតិច ចំណែកពួកសត្វ ដែលមិនប្រព្រឹត្តកោតក្រែង ដល់បុគ្គលជាធំក្នុងត្រកូល មានប្រមាណច្រើន ក៏យ៉ាងនោះដែរ។

ចប់ បឋមវគ្គ ទី៧។

ឧទាន គឺ

និយាយអំពីពួកសត្វ ដែលកើតក្រៅអំពីមនុស្ស មានប្រមាណច្រើន ១ អំពីពួកសត្វ ដែលកើតក្នុងបច្ចន្ដិមជនបទ ១ អំពីពួកសត្វ ដែលប្រកបដោយបញ្ញា ១ អំពីពួកសត្វ ដែលវៀរចាកសុរាមេរយ ១ អំពីពួកសត្វ ដែលកើតក្នុងទឹក ១ អំពីពួកសត្វដែលប្រតិបត្តិល្អ ចំពោះមាតា ១ បិតា ១ សមណៈ ១ ព្រាហ្មណ៍ ១ អំពីសេចក្ដីកោតក្រែងចំពោះបុគ្គលជាធំ ក្នុងត្រកូល ១។

អាមកធញ្ញបេយ្យាលទុតិយវគ្គ ទី៨

(៨. ទុតិយអាមកធញ្ញបេយ្យាលវគ្គោ)

(បាណាតិបាតសូត្រ ទី១)

(១. បាណាតិបាតសុត្តំ)

[៤៦៨] ម្នាលភិក្ខុទាំងឡាយ ពួកសត្វជាអ្នកវៀរចាកបាណាតិបាត មានប្រមាណតិច ចំណែកពួកសត្វ ជាអ្នកមិនវៀរចាកបាណាតិបាត មានប្រមាណច្រើន ក៏យ៉ាងនោះដែរ។ ដំណើរនោះ ព្រោះហេតុអ្វី។បេ។

(អទិន្នាទានសូត្រ ទី២)

(២. អទិន្នាទានសុត្តំ)

[៤៦៩] ម្នាលភិក្ខុទាំងឡាយ ពួកសត្វជាអ្នកវៀរចាកអទិន្នាទាន មានប្រមាណតិច ចំណែកពួកសត្វ ជាអ្នកមិនវៀរចាកអទិន្នាទាន មានប្រមាណច្រើន ក៏យ៉ាងនោះដែរ។បេ។

(កាមេសុមិច្ឆាចារសូត្រ ទី៣)

(៣. កាមេសុមិច្ឆាចារសុត្តំ)

[៤៧០] ម្នាលភិក្ខុទាំងឡាយ ពួកសត្វជាអ្នកវៀរចាកកាមេសុមិច្ឆាចារ មានប្រមាណតិច ចំណែកពួកសត្វ ជាអ្នកមិនវៀរចាកកាមេសុមិច្ឆាចារ មានប្រមាណច្រើន ក៏យ៉ាងនោះដែរ។បេ។

(មុសាវាទសូត្រ ទី៤)

(៤. មុសាវាទសុត្តំ)

[៤៧១] ម្នាលភិក្ខុទាំងឡាយ ពួកសត្វជាអ្នកវៀរចាកមុសាវាទ មានប្រមាណតិច ចំណែកពួកសត្វ ជាអ្នកមិនវៀរចាកមុសាវាទ មានប្រមាណច្រើន ក៏យ៉ាងនោះដែរ។បេ។

(បេសុញ្ញសូត្រ ទី៥)

(៥. បេសុញ្ញសុត្តំ)

[៤៧២] ម្នាលភិក្ខុទាំងឡាយ ពួកសត្វជាអ្នកវៀរចាកបិសុណាវាចា មានប្រមាណតិច ចំណែកពួកសត្វ ជាអ្នកមិនវៀរចាកបិសុណាវាចា មានប្រមាណច្រើន ក៏យ៉ាងនោះដែរ។បេ។

(ផរុសវាចាសូត្រ ទី៦)

(៦. ផរុសវាចាសុត្តំ)

[៤៧៣] ម្នាលភិក្ខុទាំងឡាយ ពួកសត្វជាអ្នកវៀរចាកផរុសវាចា មានប្រមាណតិច ចំណែកពួកសត្វ ជាអ្នកមិនវៀរចាកផរុសវាចា មានប្រមាណច្រើន ក៏យ៉ាងនោះដែរ។បេ។

(សម្ផប្បលាបសូត្រ ទី៧)

(៧. សម្ផប្បលាបសុត្តំ)

[៤៧៤] ម្នាលភិក្ខុទាំងឡាយ ពួកសត្វជាអ្នកវៀរចាកសម្ផប្បលាប មានប្រមាណតិច ចំណែកពួកសត្វ ជាអ្នកមិនវៀរចាកសម្ផប្បលាប មានប្រមាណច្រើន ក៏យ៉ាងនោះដែរ។បេ។

(ពីជគាមសូត្រ ទី៨)

(៨. ពីជគាមសុត្តំ)

[៤៧៥] ម្នាលភិក្ខុទាំងឡាយ ពួកសត្វជាអ្នកវៀរចាកការញ៉ាំងពីជគាម និង ភូតគាម ឲ្យកម្រើក មានប្រមាណតិច ចំណែកពួកសត្វ ជាអ្នកមិនវៀរចាកការញ៉ាំងពីជគាម និងភូតគាម ឲ្យកម្រើក មានប្រមាណច្រើន ក៏យ៉ាងនោះដែរ។បេ។

(វិកាលភោជនសូត្រ ទី៩)

(៩. វិកាលភោជនសុត្តំ)

[៤៧៦] ម្នាលភិក្ខុទាំងឡាយ ពួកសត្វជាអ្នកវៀរចាកវិកាលភោជន មានប្រមាណតិច ចំណែកពួកសត្វ ជាអ្នកមិនវៀរចាកវិកាលភោជន មានប្រមាណច្រើន ក៏យ៉ាងនោះដែរ។បេ។

(គន្ធវិលេបនសូត្រ ទី១០)

(១០. គន្ធវិលេបនសុត្តំ)

[៤៧៧] ម្នាលភិក្ខុទាំងឡាយ ពួកសត្វជាអ្នកវៀរចាកមាលាគន្ធវិលេបនធារណមណ្ឌនវិភូសនដ្ឋាន មានប្រមាណតិច ចំណែកពួកសត្វ ជាអ្នកមិនវៀរចាកមាលាគន្ធវិលេបនធារណមណ្ឌនវិភូសនដ្ឋាន មានប្រមាណច្រើន ក៏យ៉ាងនោះដែរ។

ចប់ ទុតិយវគ្គ ទី៨។

ឧទាន គឺ

និយាយអំពីការវៀរចាកបាណាតិបាត ១ អទិន្នាទាន ១ កាមេសុមិច្ឆាចារ ១ មុសាវាទ ១ បេសុញ្ញវាទ ១ ផរុសវាទ ១ សម្ផប្បលាបៈ ១ ពីជគាម ១ វិកាលភោជន ១ គ្រឿងក្រអូប និងគ្រឿងលាប ១។

អាមកធញ្ញបេយ្យាលតតិយវគ្គ ទី៩

(៩. តតិយអាមកធញ្ញបេយ្យាលវគ្គោ)

(នច្ចគីតសូត្រ ទី១)

(១. នច្ចគីតសុត្តំ)

[៤៧៨] ម្នាលភិក្ខុទាំងឡាយ ពួកសត្វជាអ្នកវៀរចាកកិរិយារាំច្រៀង ប្រគំ និងការមើលល្បែងផ្សេងៗ ដែលជាសត្រូវ ដល់កុសលធម៌ មានប្រមាណតិច ចំណែកពួកសត្វជាអ្នកមិនវៀរចាកកិរិយារាំច្រៀង ប្រគំ និងការមើលល្បែងផ្សេងៗ ដែលជាសត្រូវ ដល់កុសលធម៌ មានប្រមាណច្រើន ក៏យ៉ាងនោះដែរ។ ដំណើរនោះ ព្រោះហេតុអ្វី។បេ។

(ឧច្ចាសយនសូត្រ ទី២)

(២. ឧច្ចាសយនសុត្តំ)

[៤៧៩] ម្នាលភិក្ខុទាំងឡាយ ពួកសត្វជាអ្នកវៀរចាកទីដេក ឬទីអង្គុយដ៏ខ្ពស់ហួសប្រមាណ និងទីដេក ឬទីអង្គុយដ៏ប្រសើរ មានប្រមាណតិច ចំណែកពួកសត្វ ជាអ្នកមិនវៀរចាកទីដេក ឬទីអង្គុយដ៏ខ្ពស់ ហួសប្រមាណ និងទីដេក ឬទីអង្គុយដ៏ប្រសើរ មានប្រមាណច្រើន ក៏យ៉ាងនោះដែរ។បេ។

(ជាតរូបរជតសូត្រ ទី៣)

(៣. ជាតរូបរជតសុត្តំ)

[៤៨០] ម្នាលភិក្ខុទាំងឡាយ ពួកសត្វជាអ្នកវៀរចាកការទទួល នូវមាស និងប្រាក់ មានប្រមាណតិច ចំណែកពួកសត្វ ជាអ្នកមិនវៀរចាកការទទួល នូវមាស និងប្រាក់ មាន ប្រមាណច្រើន ក៏យ៉ាងនោះដែរ។បេ។

(អាមកធញ្ញសូត្រ ទី៤)

(៤. អាមកធញ្ញសុត្តំ)

[៤៨១] ម្នាលភិក្ខុទាំងឡាយ ពួកសត្វជាអ្នកវៀរចាកកិរិយាទទួលធញ្ញជាតស្រស់ មានប្រមាណតិច ចំណែកពួកសត្វ ជាអ្នកមិនវៀរចាកកិរិយាទទួលធញ្ញជាតស្រស់ មានប្រមាណច្រើន ក៏យ៉ាងនោះដែរ។បេ។

(អាមកមំសសូត្រ ទី៥)

(៥. អាមកមំសសុត្តំ)

[៤៨២] ម្នាលភិក្ខុទាំងឡាយ ពួកសត្វជាអ្នកវៀរចាកការទទួលយកសាច់ឆៅ មានប្រមាណតិច ចំណែកពួកសត្វ ដែលមិនវៀរចាកការទទួលយកសាច់ឆៅ មានប្រមាណច្រើន ក៏យ៉ាងនោះដែរ។បេ។

(កុមារិកសូត្រ ទី៦)

(៦. កុមារិកសុត្តំ)

[៤៨៣] ម្នាលភិក្ខុទាំងឡាយ ពួកសត្វជាអ្នកវៀរចាកកិរិយាទទួលស្រី និងក្មេងស្រី មានប្រមាណតិច ចំណែកពួកសត្វ ដែលជាអ្នកមិនវៀរចាកកិរិយាទទួលស្រី និងក្មេងស្រី មានប្រមាណច្រើន ក៏យ៉ាងនោះដែរ។បេ។

(ទាសិទាសសូត្រ ទី៧)

(៧. ទាសិទាសសុត្តំ)

[៤៨៤] ម្នាលភិក្ខុទាំងឡាយ ពួកសត្វជាអ្នកវៀរចាកកិរិយាទទួលទាសី និងទាសៈ មានប្រមាណតិច ចំណែកពួកសត្វ ដែលជាអ្នកមិនវៀរចាកកិរិយាទទួលទាសី និងទាសៈ មានប្រមាណច្រើន ក៏យ៉ាងនោះដែរ។បេ។

(អជេឡកសូត្រ ទី៨)

(៨. អជេឡកសុត្តំ)

[៤៨៥] ម្នាលភិក្ខុទាំងឡាយ ពួកសត្វជាអ្នកវៀរចាកកិរិយាទទួលពពែ និងចៀម មានប្រមាណតិច ចំណែកពួកសត្វ ជាអ្នកមិនវៀរចាកកិរិយាទទួលពពែ និងចៀម មាន ប្រមាណច្រើន ក៏យ៉ាងនោះដែរ។បេ។

(កុក្កុដសូករសូត្រ ទី៩)

(៩. កុក្កុដសូករសុត្តំ)

[៤៨៦] ម្នាលភិក្ខុទាំងឡាយ ពួកសត្វជាអ្នកវៀរចាកកិរិយាទទួលមាន់ និងជ្រូក មានប្រមាណតិច ចំណែកពួកសត្វ ជាអ្នកមិនវៀរចាកកិរិយាទទួលមាន់ និងជ្រូក មាន ប្រមាណច្រើន ក៏យ៉ាងនោះដែរ។បេ។

(ហត្ថិគវស្សសូត្រ ទី១០)

(១០. ហត្ថិគវស្សសុត្តំ)

[៤៨៧] ម្នាលភិក្ខុទាំងឡាយ ពួកសត្វជាអ្នកវៀរចាកកិរិយាទទួលដំរី គោ សេះឈ្មោលញី មានប្រមាណតិច ចំណែកពួកសត្វ ជាអ្នកមិនវៀរចាកកិរិយាទទួលដំរី គោ សេះឈ្មោលញី មានប្រមាណច្រើន ក៏យ៉ាងនោះដែរ។

ចប់ តតិយវគ្គ ទី៩។

ឧទាន គឺ

និយាយអំពីកិរិយារាំ ១ អំពីកិរិយាដេកលើទីខ្ពស់ និងទីដ៏ប្រសើរ ១ អំពីកិរិយាទទួលប្រាក់ និងមាស ១ អំពីកិរិយាទទួលស្រូវ ១ អំពីកិរិយាទទួលសាច់ ១ អំពីកិរិយាទទួលស្រី និងក្មេងស្រី ១ អំពីកិរិយាទទួលទាសី ទាសៈ ១ អំពីកិរិយាទទួលពពែ និងចៀម ១ អំពីកិរិយាទទួលមាន់ ជ្រូក ១ អំពីកិរិយាទទួលដំរី ១។

អាមកធញ្ញបេយ្យាលចតុត្ថវគ្គ ទី១០

(១០. ចតុត្ថអាមកធញ្ញបេយ្យាលវគ្គោ)

(ខេត្តវត្ថុសូត្រ ទី១)

(១. ខេត្តវត្ថុសុត្តំ)

[៤៨៨] ម្នាលភិក្ខុទាំងឡាយ ពួកសត្វជាអ្នកវៀរស្រឡះ ចាកការទទួលស្រែ និងចម្ការ មានប្រមាណតិច ចំណែកពួកសត្វ ជាអ្នកមិនវៀរស្រឡះ ចាកការទទួលស្រែ និងចម្ការ មានប្រមាណច្រើន ក៏យ៉ាងនោះដែរ។បេ។

(កយវិក្កយសូត្រ ទី២)

(២. កយវិក្កយសុត្តំ)

[៤៨៩] ម្នាលភិក្ខុទាំងឡាយ ពួកសត្វជាអ្នកវៀរស្រឡះ ចាកការទិញ និងលក់ មានប្រមាណតិច ចំណែកពួកសត្វ ជាអ្នកមិនវៀរចាកការទិញ និងលក់ មានប្រមាណច្រើន ក៏យ៉ាងនោះដែរ។បេ។

(ទូតេយ្យសូត្រ ទី៣)

(៣. ទូតេយ្យសុត្តំ)

[៤៩០] ម្នាលភិក្ខុទាំងឡាយ ពួកសត្វជាអ្នកវៀរស្រឡះ ចាកការប្រកប នូវទូតកម្ម គឺនាំសំបុត្រ ឬពាក្យបណ្ដាំ ដល់គ្រហស្ថ និងទៅដោយគេបញ្ជូនអំពីផ្ទះ ១ ទៅផ្ទះ ១ មានប្រមាណតិច ពួកសត្វ ជាអ្នកមិនវៀរស្រឡះ ចាកការប្រកប នូវទូតកម្ម គឺនាំសំបុត្រ ឬពាក្យបណ្ដាំ ដល់គ្រហស្ថ និងទៅដោយគេបញ្ជូនអំពីផ្ទះ ១ ទៅផ្ទះ ១ មានប្រមាណច្រើន ក៏យ៉ាងនោះដែរ។បេ។

(តុលាកូដសូត្រ ទី៤)

(៤. តុលាកូដសុត្តំ)

[៤៩១] ម្នាលភិក្ខុទាំងឡាយ ពួកសត្វជាអ្នកវៀរស្រឡះ ចាកការឆបោក ឬបន្លំដោយជញ្ជីង និងឆបោក ដោយភាជនមាស គឺឆរបោក ដោយរង្វាស់រង្វាល់ មានប្រមាណតិច ចំណែកពួកសត្វ ជាអ្នកវៀរស្រឡះ ចាកការឆបោក ឬបន្លំដោយជញ្ជីង និងឆបោក ដោយភាជនមាស គឺឆរបោក ដោយរង្វាស់រង្វាល់ មានប្រមាណច្រើន ក៏យ៉ាងនោះដែរ។បេ។

(ឧក្កោដនសូត្រ ទី៥)

(៥. ឧក្កោដនសុត្តំ)

[៤៩២] ម្នាលភិក្ខុទាំងឡាយ ពួកសត្វជាអ្នកវៀរស្រឡះ ចាកការប្រកបអំពើវៀច គឺបង្ខុស និងបំភាន់ បញ្ឆោតបោកប្រាស ឬបន្លំ ដោយរបស់ប្លម មានប្រមាណតិច ចំណែកពួកសត្វ ជាអ្នកមិនវៀរស្រឡះ ចាកការប្រកបអំពើវៀច គឺបង្ខុស និងបំភាន់ បញ្ឆោត បោកប្រាស ឬបន្លំ ដោយរបស់ប្លម មានប្រមាណច្រើន ក៏យ៉ាងនោះដែរ។បេ។

(ឆេទនាទិសូត្រ ទី៦-១១)

(៦-១១. ឆេទនាទិសុត្តំ)

[៤៩៣] ម្នាលភិក្ខុទាំងឡាយ ពួកសត្វជាអ្នកវៀរស្រឡះ ចាកកិរិយាកាត់ (នូវ អវយវៈ មានដៃជាដើម) សម្លាប់ ចាប់ចង ធ្វើមនុស្សឲ្យវង្វេងផ្លូវ ប្លន់អ្នកស្រុក និងកំហែងយកទ្រព្យ មានប្រមាណតិច ចំណែកពួកសត្វ ជាអ្នកមិនវៀរស្រឡះ ចាកកិរិយាកាត់ (នូវអវយវៈ មានដៃ ជាដើម) សម្លាប់ ចាប់ចង ធ្វើមនុស្សឲ្យវង្វេងផ្លូវ ប្លន់អ្នកស្រុក និងកំហែងយកទ្រព្យ មានប្រមាណច្រើន។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះ សត្វទាំងនោះ មិនឃើញនូវអរិយសច្ច ៤។ អរិយសច្ច ៤ ដូចម្ដេចខ្លះ។ គឺទុក្ខអរិយសច្ច ១។បេ។ ទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច ១ ក៏យ៉ាងនោះដែរ។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ភិក្ខុក្នុងសាសនានេះ គួរធ្វើសេចក្ដីព្យាយាមថា នេះជាទុក្ខ។បេ។ គួរធ្វើសេចក្ដីព្យាយាមថា នេះជាទុក្ខនិរោធគាមិនីបដិបទា។

(ចប់ ចតុត្ថវគ្គ ទី១០។)

(បញ្ចគតិបេយ្យាលវគ្គ ទី១១)

(១១. បញ្ចគតិបេយ្យាលវគ្គោ)

(មនុស្សចុតិនិរយសូត្រ ទី១)

(១. មនុស្សចុតិនិរយសុត្តំ)

[៤៩៤] គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់លើកនូវអាចម៍ដីបន្តិច ដាក់លើចុងព្រះនខា ទ្រង់ត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់ហេតុនោះ ដូចម្ដេច អាចម៍ដី ដែលតថាគត លើកដាក់លើចុងក្រចកបន្តិចនេះ និងមហាប្រឹថពីនេះ របស់ទាំងពីរ តើរបស់ណាច្រើនជាង។ បពិត្រព្រះអង្គដ៏ចំរើន មហាប្រឹថពីនុ៎ះឯង ច្រើនជាង អាចម៍ដីបន្តិច ដែលព្រះមានព្រះភាគ លើកដាក់លើចុងព្រះនខានេះ មានប្រមាណតិច អាចម៍ដីបន្តិច ដែលព្រះមានព្រះភាគ លើកដាក់លើចុងព្រះនខា មិនដល់នូវកិរិយារាប់ផង មិនដល់នូវកិរិយាប្រៀបធៀបផង មិនដល់នូវចំណែកនៃចំណិតផង ដោយការប្រៀបផ្ទឹមនឹងមហាប្រឹថពីបានឡើយ យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វ ដែលច្យុត អំពីមនុស្ស ទៅកើតជាមនុស្ស មានប្រមាណតិច ចំណែកពួកសត្វ ដែលច្យុតអំពីមនុស្ស ទៅកើតក្នុងនរក មានប្រមាណច្រើន ក៏យ៉ាងនោះដែរ។បេ។

(មនុស្សចុតិតិរច្ឆានសូត្រ ទី២)

(២. មនុស្សចុតិតិរច្ឆានសុត្តំ)

[៤៩៥] ម្នាលភិក្ខុទាំងឡាយ ពួកសត្វ ដែលច្យុតអំពីមនុស្ស ទៅកើតជាមនុស្ស មានប្រមាណតិច ពួកសត្វ ដែលច្យុតអំពីមនុស្ស ទៅកើតជាតិរច្ឆាន មានប្រមាណច្រើន ក៏យ៉ាងនោះដែរ។ (គតិ ៥ បណ្ឌិត ត្រូវឲ្យពិស្ដារ តាមន័យនេះចុះ)។

(មនុស្សចុតិបេត្តិវិសយសូត្រ ទី៣)

(៣. មនុស្សចុតិបេត្តិវិសយសុត្តំ)

ម្នាលភិក្ខុទាំងឡាយ ពួកសត្វ ដែលច្យុតអំពីមនុស្ស ទៅកើតជាទេវតា មានប្រមាណតិច ពួកសត្វ ដែលច្យុតអំពីមនុស្ស ទៅកើតក្នុងនរក មានប្រមាណច្រើន។ ទៅកើតក្នុងកំណើតតិរច្ឆាន។ ទៅកើតក្នុងបិត្តិវិស័យ។ ក៏យ៉ាងនោះដែរ។

(មនុស្សចុតិទេវនិរយាទិសូត្រ ទី៤-៥-៦)

(៤-៥-៦. មនុស្សចុតិទេវនិរយាទិសុត្តំ)

[៤៩៦] ម្នាលភិក្ខុទាំងឡាយ ពួកសត្វដែលច្យុតអំពីទេវតា ទៅកើតក្នុងឋានទេវតាទាំងឡាយ មានប្រមាណតិច ចំណែកពួកសត្វ ដែលច្យុតអំពីទេវតា ទៅកើតក្នុងនរក មានប្រមាណច្រើន។ កើតក្នុងកំណើតតិរច្ឆាន។ កើតក្នុងបិត្តិវិស័យ ក៏យ៉ាងនោះដែរ។

(ទេវចុតិនិរយាទិសូត្រ ទី៧-៩)

(៧-៩. ទេវចុតិនិរយាទិសុត្តំ)

[៤៩៧] ម្នាលភិក្ខុទាំងឡាយ ពួកសត្វ ដែលច្យុតអំពីទេវតា មកកើតជាមនុស្ស មានប្រមាណតិច ចំណែកពួកសត្វ ដែលច្យុតអំពីទេវតា ទៅកើតក្នុងនរក មានប្រមាណច្រើន។ កើតក្នុងកំណើតតិរច្ឆាន។ កើតក្នុងបិត្តិវិស័យ ក៏យ៉ាងនោះដែរ។

(ទេវមនុស្សនិរយាទិសូត្រ ទី១០-១២)

(១០-១២. ទេវមនុស្សនិរយាទិសុត្តំ)

[៤៩៨] ម្នាលភិក្ខុទាំងឡាយ ពួកសត្វដែលច្យុតអំពីនរក មកកើតជាមនុស្ស មានប្រមាណតិច ចំណែកពួកសត្វ ដែលច្យុតអំពីនរក កើតក្នុងនរក មានប្រមាណច្រើន។ កើតក្នុងកំណើតតិរច្ឆាន។ កើតក្នុងបិត្តិវិស័យ ក៏យ៉ាងនោះដែរ។

(និរយមនុស្សនិរយាទិសូត្រ ទី១៣-១៥)

(១៣-១៥. និរយមនុស្សនិរយាទិសុត្តំ)

[៤៩៩] ម្នាលភិក្ខុទាំងឡាយ ពួកសត្វដែលច្យុត អំពីនរក ទៅកើតជាទេវតា មានប្រមាណតិច ចំណែកពួកសត្វ ដែលច្យុតអំពីនរក កើតក្នុងនរកវិញ មានប្រមាណច្រើន។ កើតក្នុងកំណើតតិរច្ឆាន។ កើតក្នុងបិត្តិវិស័យ ក៏យ៉ាងនោះដែរ។

(និរយទេវនិរយាទិសូត្រ ទី១៦-១៨)

(១៦-១៨. និរយទេវនិរយាទិសុត្តំ)

[៥០០] ម្នាលភិក្ខុទាំងឡាយ ពួកសត្វដែលច្យុតអំពីកំណើតតិរច្ឆាន មកកើតជាមនុស្ស មានប្រមាណតិច ចំណែកពួកសត្វ ដែលច្យុតអំពីកំណើតតិរច្ឆាន ទៅកើតក្នុងនរក មានប្រមាណច្រើន។ កើតក្នុងកំណើតតិរច្ឆាន។ កើតក្នុងបិត្តិវិស័យ ក៏យ៉ាងនោះដែរ។

(តិរច្ឆានមនុស្សនិរយាទិសូត្រ ទី១៩-២១)

(១៩-២១. តិរច្ឆានមនុស្សនិរយាទិសុត្តំ)

[៥០១] ម្នាលភិក្ខុទាំងឡាយ ពួកសត្វដែលច្យុតអំពីកំណើតតិរច្ឆាន ទៅកើតជាទេវតា មានប្រមាណតិច ចំណែកពួកសត្វ ដែលច្យុតអំពីកំណើតតិរច្ឆាន ទៅកើតក្នុង នរក មានប្រមាណច្រើន។ កើតក្នុងកំណើតតិរច្ឆាន។ កើតក្នុងបិត្តិវិស័យ ក៏យ៉ាងនោះដែរ។

(តិរច្ឆានទេវនិរយាទិសូត្រ ទី២២-២៤)

(២២-២៤. តិរច្ឆានទេវនិរយាទិសុត្តំ)

[៥០២] ម្នាលភិក្ខុទាំងឡាយ ពួកសត្វដែលច្យុតអំពីបិត្តិវិស័យ មកកើតជាមនុស្ស មានប្រមាណតិច ចំណែកពួកសត្វ ដែលច្យុតអំពីបិត្តិវិស័យ ទៅកើតក្នុងនរក មានប្រមាណច្រើន។ កើតក្នុងកំណើតតិរច្ឆាន។ កើតក្នុងបិត្តិវិស័យ ក៏យ៉ាងនោះដែរ។

(បេត្តិមនុស្សនិរយាទិសូត្រ ទី២៥-២៧)

(២៥-២៧. បេត្តិមនុស្សនិរយាទិសុត្តំ)

[៥០៣] ម្នាលភិក្ខុទាំងឡាយ ពួកសត្វដែលច្យុតអំពីបិត្តិវិស័យ ទៅកើតជាទេវតា មានប្រមាណតិច ចំណែកពួកសត្វ ដែលច្យុតអំពីបិត្តិវិស័យ ទៅកើតក្នុងនរក មានប្រមាណច្រើន ក៏យ៉ាងនោះដែរ។

(បេត្តិទេវនិរយាទិសូត្រ ទី២៨-២៩)

(២៨-២៩. បេត្តិទេវនិរយាទិសុត្តំ)

[៥០៤] ម្នាលភិក្ខុទាំងឡាយ ពួកសត្វដែលច្យុតអំពីបិត្តិវិស័យ ទៅកើតជាទេវតាមានប្រមាណតិច ចំណែកពួកសត្វ ដែលច្យុតអំពីបិត្តិវិស័យ ទៅកើតក្នុងកំណើតតិរច្ឆាន មានប្រមាណច្រើន ក៏យ៉ាងនោះដែរ។

(បេត្តិទេវបេត្តិវិសយសូត្រ ទី៣០)

(៣០. បេត្តិទេវបេត្តិវិសយសុត្តំ)

[៥០៥] ម្នាលភិក្ខុទាំងឡាយ ពួកសត្វដែលច្យុតអំពីបិត្តិវិស័យ ទៅកើតជាទេវតា មានប្រមាណតិច ចំណែកពួកសត្វ ដែលច្យុតអំពីបិត្តិវិស័យ ទៅកើតក្នុងបិត្តិវិស័យ មាន ប្រមាណច្រើន។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះពួកសត្វ មិនឃើញនូវអរិយសច្ច ៤។ អរិយសច្ច ៤ តើដូចម្ដេចខ្លះ។ គឺទុក្ខអរិយសច្ច ១ ទុក្ខសមុទយអរិយសច្ច ១ ទុក្ខនិរោធអរិយសច្ច ១ ទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច ១ ក៏យ៉ាងនោះដែរ។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ភិក្ខុក្នុងសាសនានេះ គួរធ្វើសេចក្ដីព្យាយាមថា នេះជាទុក្ខ គួរធ្វើសេចក្ដីព្យាយាមថា នេះជាទុក្ខសមុទ័យ គួរធ្វើសេចក្ដីព្យាយាមថា នេះជាទុក្ខនិរោធ គួរធ្វើសេចក្ដីព្យាយាមថា នេះជាទុក្ខនិរោធគាមិនីបដិបទា។ លុះព្រះមានព្រះភាគ បានត្រាស់ព្រះសូត្រនេះចប់ហើយ ភិក្ខុទាំងនោះ ក៏មានចិត្តរីករាយ ត្រេកអរនឹងភាសិត របស់ព្រះមានព្រះភាគ។

ចប់ ចតុត្ថវគ្គ ទី១១

ចប់ចក្កបេយ្យាល។

ចប់សច្ចសំយុត្ត។

ចប់មហាវារសំយុត្ត។

ឧទាននៃមហាវារសំយុត្តនោះគឺ

និយាយអំពីមគ្គសំយុត្ត ១ អំពីពោជ្ឈង្គសំយុត្ត ១ អំពីសតិប្បដ្ឋានសំយុត្ត ១ អំពីឥន្ទ្រិយសំយុត្ត ១ អំពីសម្មប្បធានសំយុត្ត ១ អំពីពលសំយុត្ត ១ អំពីឥទ្ធិបាទសំយុត្ត ១ អំពីអនុរុទ្ធសំយុត្ត ១ អំពីឈានសំយុត្ត ១ អំពីអានាបានសំយុត្ត ១ អំពីសោតាបត្តិសំយុត្ត ១ អំពីសច្ចសំយុត្ត ១ សំយុត្តទាំង ១២ នេះ ប្រាកដដោយឈ្មោះថា មហាវារវគ្គ ដែលព្រះសយម្ភូទ្រង់សំដែងហើយ។

ចប់ ភាគ៣៩។

មាតិកា

លេខ ទំព័រ លេខ​សម្គាល់
សុត្តន្តបិដក sut
សំយុត្តនិកាយ sut.sn
មហាវារវគ្គ ឯកាទសមភាគ sut.sn.v5
ឈានសំយុត្ត sut.sn.53
អានាបានស្សតិសំយុត្ត sut.sn.54
ឯកធម្មវគ្គ ទី១ sut.sn.54.v01
ទុតិយវគ្គ ទី២ ៣៥ sut.sn.54.v02
សោតាបត្តិសំយុត្ត ៦១ sut.sn.55
វេឡុទ្វារវគ្គ ទី១ ៦១ sut.sn.55.v01
រាជការាមវគ្គ ទី២ ១០៧ sut.sn.55.v02
សរកានិវគ្គ ទី៣ ១២៦ sut.sn.55.v03
បុញ្ញភិសន្ទវគ្គ ទី៤ ១៧៨ sut.sn.55.v04
សគាថកបុញ្ញាភិសន្ទវគ្គ ទី៥ ១៩៨ sut.sn.55.v05
សប្បញ្ញវគ្គ ទី៦ ២១០ sut.sn.55.v06
មហាបញ្ញវគ្គ ទី៧ ២២៤ sut.sn.55.v07
សច្ចសំយុត្ត ២២៦ sut.sn.56
សមាធិវគ្គ ទី១ ២២៦ sut.sn.56.v01
ធម្មចក្កប្បវត្តនវគ្គ ទី២ ២៣៩ sut.sn.56.v02
កោដិគាមវគ្គ ទី៣ ២៦១ sut.sn.56.v03
សីសបាបណ្ណវគ្គ ទី៤ ២៧៣ sut.sn.56.v04
បបាតវគ្គ ទី៥ ២៩០ sut.sn.56.v05
អភិសមយវគ្គ ទី៦ ៣១២ sut.sn.56.v06
អាមកធញ្ញបេយ្យាល បឋមវគ្គ ទី៧ ៣២២ sut.sn.56.v07
អាមកធញ្ញបេយ្យាល ទុតិយវគ្គ ទី៨ ៣២៧ sut.sn.56.v08
អាមកធញ្ញបេយ្យាល តតិយវគ្គ ទី៩ ៣៣០ sut.sn.56.v09
អាមកធញ្ញបេយ្យាល ចតុត្ថវគ្គ ទី១០ ៣៣៣ sut.sn.56.v10

1)
ភិក្ខុទាំងនោះ មិនមែនគ្រាន់តែស្វែងរកគ្រឿងសស្រ្តា មកតែប៉ុណ្ណោះទេ ក៏បានផ្តាច់ជីវិតខ្លួន ដោយខ្លួនឯងក៏មាន ចានចូលទៅរកសមណកុត្តកៈ ឈ្មោះ មិគលណ្ឌិក ឲ្យផ្តាច់ជីវិតខ្លួន ក៏មាន (ដូចមានសេចក្តីដំណាល ក្នុងវិន័យបិដក ភាគទី១ ទំព័រ២២៣) អដ្ឋកថា។
2)
កាយ៤យ៉ាង គឺ បឋវីកាយ១ អាបោកាយ១ តេជោកាយ១ វាយោកាយ១ ក្នុងទីនេះ សំដៅយក វាយោកាយ។ (អដ្ឋកថា)។
3)
សំដៅសេចក្ដីជ្រះថ្លា ក្នុងព្រះពុទ្ធ។
4)
សំដៅយកអរិយកន្តសីល គឺសីលជាទីត្រេកអរ នៃព្រះអរិយៈ។
5)
សំដៅយកសេចក្ដីជ្រះថ្លា ក្នុងព្រះសង្ឃ។
6)
សំដៅយកសេចក្ដីជ្រះថ្លា ក្នុងព្រះធម៌។
7)
សុខប្រកបដោយមង្គ ទាំង៣ ខាងដើម គឺសោតាបត្តិមគ្គ សកទាគាមិមគ្គ អនាគាមិមគ្គ (អដ្ឋកថា)។
8)
បានសម្រេចសកទាគាមិ។
9)
បានសម្រេចសោតៈ (អដ្ឋកថា)។
10)
ពួកអ្នកមានសីល មានធម៌ល្អ កាលបើបានទេយ្យធម៌តិចក្តី ច្រើនក្តី មិនបានចែក ឲ្យដាច់មុខ ថារបស់នេះ សម្រាប់អាត្មាអញ របស់នេះ សម្រាប់ភិក្ខុទាំងឡាយ យ៉ាងនេះឡើយ។ (អដ្ឋកថា)។
11)
សេចក្តីប្រតិបត្តិ ឲ្យបានជា វិសុទ្ធិទេវតា
12)
សំដៅយកព្រះអរិយបុគ្គល ៤ពួក គឺលោកដែលបានដល់ សោតាបត្តិផល១ សកទាគាមិផល១ អនាគាមិផល១ អរហត្តផល១។ (អដ្ឋលថា)។
13)
ពាក្យថាបារាយណ៍ គឺបឹង ឬ ត្រពាំង។
14)
រង្វាល់ក្នុងដែនមគធ ដូច្នេះ គឺ ៤ក្តាប់ ជា១កំបង់ ៤កំបង់ ជា ១នាឡិតូច ៤នាឡិតូច ជា១អាឡ្ហកៈ ៤អាឡ្ហកៈ ជា១ទោណៈ ៤ទោណៈ ជា១មានិកា ៤មានិកា ជា ១ខារី ២០ខារី ជា១វាហៈ គឺ១រទេះ។ (មង្គលត្ថទីបនី ក្នុងទានកថា)។
15)
សព្ទថា តាលបត្តំ គួរប្រែថាស្លឹកត្នោត ផ្លិតស្លឹកត្នោត ឬចម្រៀកត្នោត ប៉ុន្តែមិនសមសេចក្តីសោះ ក្នុងទីនេះ គួរថា តាលុទកំ ប្រែថា ទឹកត្នោត ដូច្នេះវិញ ទើបសមសេចក្តីជាង។
16)
គឺគិតថា នរណាបង្កើតព្រះចន្ទ្រ និងព្រះអាទិត្យ នរណាបង្កើតផែនដី នរណាតាក់តែងសមុទ្រ នរណា តាក់តែងពួកសត្វ ដែលជាឱបបាតិកៈ នរណាតាក់តែងភ្នំ នរណាតាក់តែងដើមស្វាយ ត្នោត ដូង ជាដើម មក នេះហៅថា លោកចិន្តា (អដ្ឋកថា)។
km/tipitaka/book_039.txt · ពេលកែចុងក្រោយ: 2023/04/04 11:21 និពន្ឋដោយ Johann