User Tools

Site Tools


Translations of this page?:
km:tipitaka:book_041

មាតិកា



-Namo tassa bhagavato arahato sammā-
ព្រះត្រៃបិដកភាសាខ្មែរ - Tipiṭaka Khmer language
ភាគ ៤១ - Book 41

Ven. Members of the Sangha, Ven. Theras Valued Upasaka, valued Upasika This is a Work Edition! 1.Edition 20170218 Do not share it further except for editing and working purposes within the transcription project on sangham.net. Only for personal use. If you find any mistake or like to join the merits please feel invited to join here: sangham.net or Upasika Norum on sangham.net Anumodana!

សូម​ថ្វាយបង្គំ​ចំពោះ​ព្រះសង្ឃ, ជំរាបសួរ​ឧបាសក និង​ឧបាសិកា​ទាំង​អស់ នេះ​គឺ​ជា​សេចក្តី​ព្រាងច្បាប់​ការ​បោះ​ពុម្ព​ផ្សាយ! 1.Edition 20170218 សូម​កុំ​ចែក​រំលែក​បន្ថែម​ទៀត ប្រសិន​បើ​មិន​មែន​សម្រាប់​ការ​កែសម្រួល​នៅ sangham.net និង​កិច្ច​ការ​នេះ។ សូម​គិត​ថា​លោក​អ្នក​ត្រូវ​បាន​អញ្ជើញ​ដើម្បី​ចូល​រួម​បុណ្យកុសល​នេះ និង​​សូមប្រាប់​ពួក​យើង​អំពី​កំហុស និង​ប្រើវេទិកា​នេះ: sangham.net ឬ​ប្រាប់​ឧបាសិកា Norum នៅ​លើ sangham.net សូម​អនុមោទនា!

A topic about progress and feedback can be found here: ព្រះត្រៃបិដក ភាគ ០៤១ - Tipitaka Book 041, for change log on ati.eu see here: រាយការណ៍ ភាគ ០៤១



book_041.jpg

គំរូ ឯកសារ ផ្សេងទៀត ៖
book_041.pdf

លេខសម្គាល់
លេខទំព៍រ

ព្រះត្រៃបិដក ភាគ ទី ៤១

ទ. 1

សុត្តន្តបិដក

អង្គុត្តរនិកាយ

(អង្គុត្តរនិកាយ)

ទុតិយភាគ

នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស។

ខ្ញុំ​សូម​នមស្ការ ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ ជា​អរហន្ត​សម្មាសម្ពុទ្ធ ព្រះ​អង្គ​នោះ​។

តិកនិបាត

(ឯកកនិបាត)

បឋម​បណ្ណា​សក

(១. បឋមបណ្ណាសកំ)

ពាល​វគ្គ ទី១

(១. ពាលវគ្គោ)

(ភយសូត្រ ទី១)

(១. ភយសុត្តំ)

[១] ខ្ញុំ​បាន​ស្ដាប់​មក​យ៉ាង​នេះ។ សម័យ​មួយ ព្រះមានព្រះភាគ ទ្រង់​សម្រេច​ឥរិយាបថ ក្នុង​វត្ត​ជេតពន ​របស់​អនាថបិណ្ឌិកគហបតី ជិត​ក្រុងសាវត្ថី។ ព្រះមាន​ព្រះភាគ ​ទ្រង់​ត្រាស់​ហៅ​ភិក្ខុទាំងឡាយ ក្នុង​ទីនោះថា ម្នាលភិក្ខុ​ទាំង​ឡាយ។ ពួក​ភិក្ខុ​​​ទាំងនោះ ​ទទួលតប​ព្រះពុទ្ធដីកា ​របស់ព្រះមានព្រះភាគ​ថា ព្រះករុណា ព្រះអង្គ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះថា ម្នាលភិក្ខុ​ទាំង​ឡាយ ភ័យ​ទាំងឡាយ​ណាមួយ ​កើតឡើង ភ័យ​ទាំងអស់នោះ​ តែង​កើត​អំពី​ជន​ពាល មិនមែន​កើតអំពីបណ្ឌិតទេ ឧបទ្រព (ចង្រៃ) ទាំងឡាយ​ណា​មួយកើត​ឡើង ឧបទ្រព​ទាំងអស់នោះ តែង​កើតឡើង​អំពីជនពាល មិនមែន​កើតអំពីបណ្ឌិតទេ ឧបស័គ្គ (សេចក្ដី​ទើសទាក់) ទាំងឡាយណាមួយ កើតឡើង ឧបស័គ្គទាំងអស់នោះ តែងកើតឡើងអំពីជនពាល មិនមែន​កើត​អំពីបណ្ឌិតឡើយ។ ម្នាលភិក្ខុទាំងឡាយ ភ្លើង​តែង​ឆេះ​រាល​ អំពីផ្ទះបបុស ​ឬផ្ទះស្មៅ មក​ឆេះ​ផ្ទះកំពូល​ទាំងឡាយ ដែល​គេ​លាប​ទាំងខាងក្នុង ​ទាំងខាងក្រៅ មិន​មានខ្យល់​ចូល មាន​សន្ទះទ្វារ ដ៏ជិតស្និទ្ធ មាន​បង្អួច​បិទ​ជិតបាន ដូចម្ដេចមិញ ម្នាលភិក្ខុទាំងឡាយ ភ័យ​ទាំងឡាយ​ណា​មួយ កើត​ឡើង ភ័យ​ទាំងអស់នោះ តែង​កើតឡើងអំពីជនពាល ​មិនមែន​កើត​អំពី​បណ្ឌិតទេ ឧបទ្រពទាំងឡាយណាមួយ កើតឡើង ឧបទ្រពទាំងអស់នោះ តែង​កើត​ឡើងអំពីជនពាល មិនមែនកើតអំពីបណ្ឌិតទេ ឧបស័គ្គទាំងឡាយ​ណាមួយ​កើតឡើង ឧបស័គ្គទាំងអស់នោះ តែងកើតអំពី​ជនពាល មិនមែនកើត​អំពី​បណ្ឌិតទេ ក៏ដូច្នោះដែរ។ ម្នាលភិក្ខុទាំងឡាយ ជនពាល​ប្រកប​ដោយ​ភ័យ​ ដ៏ពន្លឹក បណ្ឌិតមិនមាន​ភ័យដ៏​ពន្លឹកទេ ជនពាលប្រកបដោយ​ឧបទ្រព បណ្ឌិត​មិនមានឧបទ្រពទេ ជនពាលប្រកបដោយឧបស័គ្គ បណ្ឌិតមិនមានឧបស័គ្គទេ។ ម្នាលភិក្ខុទាំងឡាយ ភ័យមិនមាន​មកអំពីបណ្ឌិត ឧបទ្រព​មិនមាន​មកអំពីបណ្ឌិត ឧបស័គ្គ​មិនមាន​មកអំពី​បណ្ឌិតទេ។ ​ម្នាលភិក្ខុទាំងឡាយ ហេតុនោះ ​គួរអ្នក​ទាំងឡាយ​សិក្សា ​​យ៉ាងនេះ​ថា បុគ្គលប្រកប​ដោយធម៌ ៣យ៉ាង ណា ​ដែលគេគួរ​ស្គាល់​បានថា ​ជាពាល បុគ្គល​ដែលវៀរធម៌​ ទាំង ៣​យ៉ាង​នោះហើយ​ ប្រកប​ដោយធម៌ ​៣ ​ណា ដែល​គេគួរ​ស្គាល់​បានថា​ ជាបណ្ឌិត ពួកយើង​នឹងប្រព្រឹត្ត សមាទានធម៌ ទាំង៣​​នោះ ម្នាល​ភិក្ខុទាំងឡាយ អ្នក​ទាំងឡាយ គប្បី​សិក្សា​យ៉ាងនេះ​ឯង។

(លក្ខណសូត្រ ទី២)

(២. លក្ខណសុត្តំ)

[២] ម្នាលភិក្ខុ​ទាំងឡាយ ជនពាល​ មានកម្មជាលក្ខណៈ​ បណ្ឌិតក៏​មានកម្ម​ជាលក្ខណៈ ប្រាជ្ញា​តែង​មានសេចក្ដីរុងរឿង​ ក្នុង​ការ​ប្រព្រឹត្តិ​មិនដាច់។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គលប្រកបដោយ​ធម៌ ​៣​ យ៉ាង​ គួរ​សំគាល់​បាន​ថាជាជនពាល។ ធម៌​៣​ តើដូចម្ដេច។ គឺ កាយទុច្ចរិត​ ១ វចីទុច្ចរិត ១ មនោទុច្ចរិត១។ ម្នាលភិក្ខុ​ទាំង​ឡាយ បុគ្គល​ប្រកប​ដោយ​ធម៌ទាំង​ ៣​ នេះឯង ដែល​គួរ​សំគាល់​បាន ​ថា​ជា​ជនពាល។ ម្នាល​ភិក្ខុ​ទាំងឡាយ បុគ្គលប្រកបដោយ​ធម៌​៣​ គួរសំគាល់​បាន​ ថា​ជា​បណ្ឌិត។ ធម៌​៣ តើ​ដូចម្ដេច។ គឺកាយសុចរិ​ត ១ វចីសុចរិត ១ មនោសុចរិត ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គល​​ប្រកបដោយ​ធម៌ ទាំង​៣ នេះឯង ​ដែលគួរសំគាល់​បាន ថា​ជាបណ្ឌិត។ ម្នាលភិក្ខុទាំងឡាយ ហេតុនោះ អ្នក​ទាំងឡាយ គប្បី​សិក្សា​យ៉ាង​នេះថា បុគ្គល​ប្រកបដោយ​ធម៌ ​៣ ណា ដែល​គួរ​សំគាល់​បាន​ថា ​ជា​ជនពាល បុគ្គលវៀរធម៌ ទាំង​៣​នោះ ហើយ​ប្រកបដោយធម៌​៣ ណា ដែល​គួរ​សំគាល់​បាន​ថា​ជាបណ្ឌិត យើងទាំងឡាយ នឹង​សមាទាន​ ប្រព្រឹត្ត​ធម៌ ទាំង​៣​នោះ ម្នាលភិក្ខុ​ទាំងឡាយ អ្នកទាំងឡាយ គប្បី​សិក្សា​យ៉ាងនេះ​ឯង​។

(ចិន្តីសូត្រ ទី៣)

(៣. ចិន្តីសុត្តំ)

[៣] ​ម្នាលភិក្ខុទាំងឡាយ ពាល​លក្ខណៈ1) ពាលនិមិត្ត2) ពាលាបទាន របស់​បុគ្គល​​ពាល3) ​​នេះ មាន៣យ៉ាង។ ៣​យ៉ាង តើដូចម្ដេច។ ម្នាល​ភិក្ខុ​ទាំងឡាយ ជន​ពាល​​​ក្នុងលោកនេះ អ្នក​គិត​គំនិតអាក្រក់ ១ អ្នកនិយាយ​សំដី​អាក្រក់ ១ អ្នកធ្វើអំពើ​អាក្រក់ ១​។ ម្នាលភិក្ខុទាំងឡាយ ប្រសិន​បើជនពាល​មិនបាន​គិតគំនិត​អាក្រក់ក្ដី មិន​បាន​និយាយ​សំដីអាក្រក់​ក្ដី មិនបានធ្វើ​អំពើ​អាក្រក់ក្ដីទេ បណ្ឌិត​ទាំងឡាយ ​គប្បី​ស្គាល់​បុគ្គលនោះ​ថា អ្នកដ៏ចំរើន​នេះ ​ជា​ជនពាល ជា​អសប្បុរស ដូចម្តេចបាន។ ម្នាល​ភិក្ខុទាំងឡាយ ព្រោះជនពាល ជាអ្នក​គិតគំនិតអាក្រក់ផង ជាអ្នកនិយាយសំដីអាក្រក់ផង ជាអ្នកធ្វើអំពើអាក្រក់​ផង បានជាបណ្ឌិតទាំងឡាយ ស្គាល់បុគ្គលនោះថា អ្នកដ៏ចំរើននេះ ជាជនពាល ជាអសប្បុរស។ ម្នាលភិក្ខុទាំងឡាយ ពាល​លក្ខណៈ ពាលនិមិត្ត ពាលាបទាន នៃជនពាល ​៣​យ៉ាង​នេះឯង។ ម្នាលភិក្ខុ​ទាំងឡាយ បណ្ឌិតលក្ខណៈ4) បណ្ឌិតនិមិត្ត5) បណ្ឌិតាបទាន6) របស់​បុគ្គល​ជា​បណ្ឌិតនេះ ​មាន​៣យ៉ាង។ ៣​យ៉ាង តើដូចម្ដេច។ ម្នាលភិក្ខុ​ទាំង​ឡាយ បណ្ឌិត​ក្នុងលោក​នេះ ជា​អ្នក​គិត​គំនិត​ល្អ​ ១ និយាយ​សំដីល្អ ១ ធ្វើអំពើល្អ ១។ ម្នាលភិក្ខុ​ទាំងឡាយ ប្រសិនបើបណ្ឌិត ជា​អ្នកមិនបាន​គិត​គំនិត​ល្អផង មិនបាន​និយាយ​សំដីល្អផង មិន​បាន​ធ្វើអំពើល្អផងទេ បណ្ឌិត​ទាំងឡាយ គប្បី​ស្គាល់​បុគ្គលនោះថា អ្នកដ៏ចំរើននេះ ជាបណ្ឌិត ជា​សប្បុរស ដូចម្ដេចបាន។ ម្នាលភិក្ខុ​ទាំងឡាយ ព្រោះបណ្ឌិត​​ ជា​អ្នក​គិត​គំនិត​ល្អផង និយាយសំដីល្អផង ធ្វើអំពើ​ល្អផង បាន​ជាបណ្ឌិតទាំងឡាយ ស្គាល់​បុគ្គល​នោះ​ថា អ្នកដ៏ចំរើននេះ​​ ជា​បណ្ឌិត ជា​សប្បុរស។ ម្នាលភិក្ខុ​ទាំងឡាយ បណ្ឌិត​លក្ខណៈ បណ្ឌិតនិមិត្ត បណ្ឌិតាបទាន របស់​បុគ្គល​ជា​បណ្ឌិត ​៣ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ហេតុនោះ​អ្នកទាំងឡាយ ​ត្រូវ​សិក្សា​យ៉ាងនេះថា បុគ្គល ប្រកបដោយ​ធម៌ ​៣ ណា ដែល​ស្គាល់​​បាន ​ថា​ជា​ជនពាល បុគ្គលវៀរធម៌ ទាំង​៣​នោះ ហើយប្រកបដោយ​ធម៌​ ៣ ណា ដែលស្គាល់បាន ​ថា​ជាបណ្ឌិត យើង​ទាំងឡាយ នឹង​សមាទាន ​ប្រព្រឹត្ត​ធម៌​ទាំង​៣ យ៉ាងនោះ ម្នាលភិក្ខុទាំងឡាយ អ្នក​ទាំងឡាយ ត្រូវ​សិក្សា​យ៉ាងនេះចុះ។

(អច្ចយសូត្រ ទី៤)

(៤. អច្ចយសុត្តំ)

[៤] ​ម្នាលភិក្ខុ​ទាំងឡាយ បុគ្គល​ប្រកបដោយ​ធម៌​ ៣ យ៉ាង ​ដែលសំគាល់​បាន​ ថា​ជា​​ជនពាល​។ ​ ធម៌៣ តើដូចម្ដេច។ គឺបុគ្គល​មិន​ឃើញ​ទោសរបស់​ខ្លួន​ តាម​ទោស​ ១ លុះ​ឃើញទោស​តាមទោសហើយ មិនសំដែងទោសឲ្យសម​គួរ​ តាម​ធម៌​ ១ ទុកជា​សំដែងទោសរបស់ខ្លួន ប្រាប់បុគ្គលដទៃហើយ ក៏មិនទទួល​ទោស ឲ្យសម​គួរ​តាម​ធម៌​ ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយ​ធម៌​៣ នេះឯង ដែលគប្បី​ដឹង​បាន ថា​ជាជនពាល។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គល​ប្រកបដោយ​ធម៌​៣​ គប្បី​ដឹង​បាន ​ថា​ជា​បណ្ឌិត។ ធម៌​៣ តើដូចម្ដេច។ គឺ បុគ្គលឃើញ​ទោសរបស់​ខ្លួន​តាមទោស​ ១ លុះឃើញទោស​តាម​ទោស​ហើយ ក៏សំដែង​ទោស​ ឲ្យសមគួរ​តាម​ធម៌ ១ លុះ​សំដែង​​ទោស ប្រាប់​បុគ្គល​ដទៃហើយ ក៏ទទួល​ទោស ឲ្យសម​គួរតាមធម៌​ ១។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គល​ប្រកបដោយធម៌​៣​នេះឯង ដែល​គប្បីដឹង​បាន ថា​ជាបណ្ឌិត។

(អយោនិសោសូត្រ ទី៥)

(៥. អយោនិសោសុត្តំ)

[៥] ម្នាលភិក្ខុ​ទាំងឡាយ បុគ្គលប្រកបដោយធម៌​៣​យ៉ាង​ គប្បីដឹងបាន ​ថា​ជា​ជនពាល។ ធម៌​៣ តើដូចម្ដេច។ គឺ ជា​អ្នក​តាក់តែង​ នូវប្រស្នាដោយ​មិន​ត្រូវ​ទំនង​ ១ ជាអ្នក​ដោះស្រាយ​ប្រស្នា ​ដោយ​មិន​ត្រូវ​ទំនង​ ១ បើអ្នក​ដទៃដោះស្រាយ​ប្រស្នា​ដោយត្រូវ​ទំនង​ហើយ ក៏មិន​សរសើរដោយ​បទ និងព្យញ្ជនៈ ជាបរិមណ្ឌល​ស្រួល​បរិបូណ៌​ឡើយ​ ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយ​ធម៌​៣ នេះឯង ដែល​គួរស្គាល់​​បាន​ ថា​ជាជនពាល។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គលប្រកប​ដោយធម៌៣ គួរ​ស្គាល់​បាន ​​ថា​ជាបណ្ឌិត។ ធម៌​៣ តើដូចម្ដេច។ គឺ ជាអ្នក​តាក់​តែង​ប្រស្នា ​ដោយត្រូវ​ទំនង​ ១ ជា​អ្នកដោះស្រាយប្រស្នា ដោយត្រូវវទំនង ​១ បើ​អ្នក​ដទៃ​ដោះប្រស្នា​ ដោយ​ត្រូវ​​ទំនងហើយ ក៏​សរសើរ ដោយ​បទ និង​ព្យញ្ជនៈ ​ជាបរិមណ្ឌល​ ស្រួលបរិបូណ៌​ ១។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គល​ប្រកប​ដោយធម៌​៣ នេះឯង ដែល​គួរ​ស្គាល់​បាន ​ថា​ជា​បណ្ឌិត។

(អកុសលសូត្រ ទី៦)

(៦. អកុសលសុត្តំ)

[៦] ម្នាលភិក្ខុ​ទាំងឡាយ បុគ្គល​ប្រកបដោយ​ធម៌​៣ យ៉ាង​ គួរ​ស្គាល់បាន​​ថា​​ជាជនពាល។ ធម៌​៣ តើដូចម្ដេច។ គឺ កាយកម្ម ​ជាអកុសល ១ វចីកម្ម​ ជា​អកុសល ១ មនោកម្ម ជា​អកុសល ១។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គល​ប្រកបដោយ​ធម៌​៣ នេះឯង ដែល​គប្បី​ដឹង​បាន ​ថា​ជា​ជនពាល។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គល​ប្រកប​ដោយ​ធម៌​៣ ​គប្បី​ដឹង​បាន ​ថា​ជា​បណ្ឌិត។ ធម៌​៣​ តើដូចម្ដេច។ គឺ កាយ​កម្ម ​ជាកុសល​ ១ វចីកម្ម ​ជា​កុសល ​១ មនោកម្ម​ ជា​កុ​សល ​១​។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​ប្រកប​ដោយ​ធម៌​៣ យ៉ាង​នេះ​ឯង ដែល​គប្បីដឹងបាន​ ថា​ជា​បណ្ឌិត។

(សាវជ្ជសូត្រ ទី៧)

(៧. សាវជ្ជសុត្តំ)

[៧] ម្នាលភិក្ខុ​ទាំងឡាយ បុគ្គលប្រកបដោយ​ ធម៌៣យ៉ាង គួរ​ស្គាល់បាន​ថា​ជា​ជនពាល។ ​ ធម៌​៣​យ៉ាង តើ​ដូចម្ដេច។ គឺ កាយកម្ម​ ប្រកបដោយទោស​ ១ វចីកម្ម​ ប្រកបដោយទោស​ ១ មនោកម្ម​ ប្រកប​ដោយទោស​ ១។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គលប្រកបដោយធម៌​៣ នេះឯង​ ដែល​គប្បី​ដឹង​បាន ថា​ជា​ជនពាល។ ​ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គលប្រកបដោយធម៌​៣ ​គួរ​ស្គាល់បាន​ ថា​ជា​បណ្ឌិត។ ធម៌​៣​ តើដូចម្ដេច។ គឺកាយកម្ម​មិនមាន​ទោស១ វចីកម្មមិនមាន​ទោស​១ មនោកម្ម​មិនមាន​ទោស​ ១។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គល​ប្រកបដោយធម៌​៣​ យ៉ាងនេះឯង ដែលគប្បី​ដឹង​បាន ​ថា​ជាបណ្ឌិត។

(សព្យាពជ្ឈសូត្រ ទី៨)

(៨. សព្យាពជ្ឈសុត្តំ)

[៨] ម្នាលភិក្ខុ​ទាំងឡាយ បុគ្គលប្រកបដោយធម៌​៣​ យ៉ាង គួរ​ស្គាល់បាន​ថាជា​ជនពាល។ ធម៌​៣​ តើដូចម្ដេច។ គឺកាយកម្ម ​ប្រកបដោយសេចក្ដីបៀតបៀន​ ១ វចីកម្មប្រកបដោយសេចក្ដីបៀតបៀន ១ មនោកម្ម ប្រកបដោយសេចក្ដីបៀត បៀន​ ១។ ​ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គលប្រកបដោយធម៌ ​៣ យ៉ាងនេះឯង ដែល​គប្បី​ដឹង​បាន ​ថា​ជាជនពាល។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គលប្រកបដោយធម៌​៣​ យ៉ាង គួរ​ស្គាល់​បាន ​ថា​ជាបណ្ឌិត​។ ធម៌​៣ តើដូចម្ដេច។ គឺ កាយកម្ម​មិន​មាន​សេចក្ដីបៀតបៀន ​១ វចីកម្ម​ មិនមាន​សេចក្ដីបៀតបៀន ​១ មនោកម្ម​ មិនមាន​សេចក្ដី​បៀតបៀន ​១។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គលប្រកបដោយធម៌​៣​ នេះ​ឯង ដែលគប្បី​ដឹង​បាន ថា​ជាបណ្ឌិត។ ម្នាលភិក្ខុ​ទាំងឡាយ ហេតុនោះ អ្នក​ទាំងឡាយ គប្បីសិក្សា​ យ៉ាងនេះថា បុគ្គល​ប្រកបដោយ​ធម៌ ​៣ ​ណា ដែលគួរ​ស្គាល់​ថា​ជាជនពាល បុគ្គល​បាន​វៀរបង់ ​នូវ​ធម៌​៣​នោះ ហើយប្រកបដាយធម៌៣​ណា ដែល​គួរស្គាល់​បាន ​ថា​ជាបណ្ឌិត យើង​ទាំងឡាយ ​នឹង​សមាទាន ប្រព្រឹត្ត​នូវ​ធម៌ទាំង៣​នោះ​។ ម្នាលភិក្ខុ​ទាំងឡាយ អ្នកទាំងឡាយ គប្បី​សិក្សា​យ៉ាងនេះ​ចុះ។ ​​

(ខតសូត្រ ទី៩)

(៩. ខតសុត្តំ)

[៩] ម្នាលភិក្ខុ​ទាំងឡាយ បុគ្គលពាល ជា​អ្នក​មិនឈ្លាសវៃ ជាអសប្បុរស​ប្រកបដោយធម៌​ ៣​យ៉ាង ​រមែង​រក្សា​ខ្លួន ​ដែល​មាន​ទីពឹង​ជីកគាស់ចោល​ហើយ មាន​ទីពឹង​បំផ្លាញ​ចោល​ហើយ ជាអ្នក​ប្រកបដោយ​ទោសផង ប្រកបដោយ​សេចក្ដី​តិះដៀល របស់​វិញ្ញូជន​ទាំងឡាយផង បាន​នូវ​បាបច្រើន​ផង។ ធម៌​៣​យ៉ាង តើដូចម្ដេច។ គឺ កាយទុច្ចរិត​ ១ វចីទុច្ចរិត ១ មនោទុច្ចរិត​ ១។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គលពាល ជាអ្នកមិនឈ្លាសវៃ ជា​អសប្បុរស​ ប្រកបដោយ​ធម៌​៣ យ៉ាងនេះ​ឯង រមែង​រក្សា​ខ្លួន ដែល​មាន​ទីពឹងជីកគាស់ចោល​ហើយ មានទីពឹង​បំផ្លាញចោល​ហើយ ជាអ្នកប្រកបដោយទោសផង ប្រកបដោយសេចក្ដីតិះដៀល​ របស់វិញ្ញូជន​ទាំង​ឡាយផង បាន​នូវ​បាបច្រើនផង។ ម្នាលភិក្ខុ​ទាំងឡាយ បណ្ឌិត​មានប្រាជ្ញា​ឈ្លាសវៃ ជាសប្បុរស​ ប្រកបដោយ​ធម៌​៣​យ៉ាង រមែង​រក្សាខ្លួន ដែលមាន​ទីពឹង​មិនបាន​ជីកគាស់​ចោល មាន​ទីពឹង​មិនបាន​បំផ្លាញ​ចោល ជាអ្នកមិនមាន​ទោស​ផង មិនមាន​សេចក្ដីតិះដៀល អំពីវិញ្ញូជន​ទាំងឡាយផង បាន​នូវ​​បុណ្យ​​ច្រើនផង។ ធម៌៣​យ៉ាង តើដូចម្ដេច។ គឺ​កាយ​សុចរិត ១ វចីសុចរិត ១ មនោសុចរិត ១។ ម្នាល​ភិក្ខុ​ទាំងឡាយ បណ្ឌិតមានប្រាជ្ញាឈ្លាសវៃ ជា​សប្បុរស ​ប្រកប​ដោយ​ធម៌​៣ នេះ​ឯង រមែង​រក្សាខ្លួន ដែល​មាន​ទីពឹង​មិន​បាន​ជីក​គាស់​ចោល មាន​ទីពឹងមិនបាន​បំផ្លាញ​ចោល ជាអ្នកមិនមាន​ទោស​ផង មិនមានសេចក្ដីតិះដៀល អំពី​វិញ្ញូជន​ទាំងឡាយផង បាន​នូវ​បុណ្យ​ច្រើនផង។

(មលសូត្រ ទី១០)

(១០. មលសុត្តំ)

[១០] ម្នាលភិក្ខុទាំងឡាយ បើ​បុគ្គល​ពាល ប្រកបដោយ​ធម៌​៣យ៉ាង មិន​លះបង់​ នូវ​មន្ទិល​ ៣ ​យ៉ាង​ទេ នឹង​ធ្លាក់​ក្នុង​នរក ដូច​ជា​គេ​នាំ​យក​ទៅ​ទំលាក់។ ​ ធម៌​៣​យ៉ាង តើដូចម្ដេច។ គឺ​ជា​អ្នក​ទ្រុស្តសីល ទាំងមិនលះបង់​មន្ទិល គឺ​ភាវៈទ្រុស្តសីល​ ១ ជាអ្នកច្រណែន ទាំង​មិនលះបង់​មន្ទិល ​គឺ​សេចក្ដីច្រណែន ​១ ជាអ្នក​កំណាញ់ ទាំង​មិនលះបង់​មន្ទិល ​គឺ​សេចក្ដីកំណាញ់​ ១។ ម្នាលភិក្ខុ​ទាំង​ឡាយ បុគ្គល​ពាល ​ប្រកបដោយធម៌ ៣ យ៉ាងនេះ​ឯង មិនលះបង់​មន្ទិល ៣ យ៉ាង​នេះឯង តែង​ធ្លាក់​ទៅ​ក្នុង​នរក ដូច​ជា​គេ​នាំ​យក​ទៅទំលាក់។ ម្នាលភិក្ខុ​ទាំងឡាយ បណ្ឌិត​ប្រកបដោយធម៌៣​យ៉ាង ​លះបង់​នូវមន្ទិល​៣យ៉ាង​ ដូចជា​គេ​នាំ​យក​ទៅ​ដំកល់​​ទុក ​ក្នុង​ស្ថាន​សួគ៌។ ធម៌៣យ៉ាង តើដូចម្ដេច។ គឺជាអ្នក​មានសីល ទាំង​លះ​បង់​ នូវ​មន្ទិល ​គឺ​ភាវៈទ្រុស្តសីល​ ១ ជាអ្នក​មិនច្រណែន ទាំង​លះបង់ ​នូវមន្ទិល ​គឺ សេចក្ដី​ច្រណែន ១ ជាអ្នក​មិនមាន​កំណាញ់ ទាំង​លះបង់នូវ​មន្ទិល ​គឺ​សេចក្ដី​កំណាញ់​ ១។ ម្នាលភិក្ខុទាំងឡាយ បណ្ឌិត​ ប្រកបដោយ​ធម៌ ៣ ​យ៉ាង​នេះ លះបង់នូវមន្ទិល ​៣ យ៉ាង​នេះ​ឯង ដូចជា​គេ​នាំ​យក​ទៅ​ដំកល់​ទុក ក្នុង​ស្ថានសួគ៌។

ចប់ ពាលវគ្គ ទី១។

ឧទ្ទាននៃ​ពាលវគ្គនោះ​គឺ

សំដែង​អំពីភ័យ​ ១ លក្ខណៈ ១ គំនិត ១ ទោស ១ ខុសទំនង ១ អកុសល ១ ប្រកបដោយទោស ១ ប្រកបដោយ​សេចក្ដីបៀតបៀន​ ១ មាន​ទីពឹងជីកគាស់ ចោល ​១ មន្ទិល ១។

រថការវគ្គ ទី២

(២. រថការវគ្គោ)

(ញាតសូត្រ ទី១)

(១. ញាតសុត្តំ)

[១១] ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុ​មាន​កេរ្ដិ៍ឈ្មោះ​ ប្រកបដោយ​ធម៌​ ៣យ៉ាង​ជាអ្នក​ប្រតិបត្តិ ដើម្បី​មិន​ជា​គុណ​ ដល់​ជន​ច្រើន ដើម្បី​មិន​ជា​សុខ ​ដល់ជន​ច្រើន ដើម្បី​មិន​ជា​ប្រយោជន៍ ដល់​ជនច្រើន ដើម្បី​មិន​ជាគុណ ដើម្បីជាទុក្ខ​ ដល់​ទេវតា និង​មនុស្ស​ទាំងឡាយ។ ធម៌​៣ យ៉ាង តើ​ដូចម្ដេច។ គឺ​ភិក្ខុបបួល​អ្នក​ផង​ក្នុង​កាយ​កម្ម ដែល​មិនសម​គួរ​ ១ បបួលក្នុងវចីកម្ម ដែលមិនសម​គួរ ១ ​បបួល​ក្នុង​ធម៌​ទាំង​ឡាយ7) ​ដែល​មិន​សម​គួរ១។ ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុមាន​កេរ្ដិ៍ឈ្មោះ ប្រកប​ដោយធម៌​៣ នេះឯង រមែង​ប្រតិបត្តិ ដើម្បី​មិន​ជា​គុណ ​ដល់ជន​ច្រើន ដើម្បីមិនជា​សុខ ​ដល់​ជនច្រើន ដើម្បីមិន​ជាប្រយោជន៍​ ដល់​ជនច្រើន ដើម្បីមិន​ជា​គុណ ដើម្បី​ជាទុក្ខ ដល់ទេវតា​ និង​មនុស្ស​ទាំង​ឡាយ។ ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុ​មាន​កេរ្តិ៍​ឈ្មោះ ប្រកបដោយ​ធម៌ ​៣​យ៉ាង ជាអ្នក​ប្រតិបត្តិ ដើម្បី​ជា​គុណ ​ដល់ជនច្រើន ដើម្បី​សេចក្ដី​សុខ ​ដល់​ជន​ច្រើន ដើម្បី​ជា​ប្រយោជន៍ ​ដល់​ជនច្រើន ដើម្បីជា​គុណ ដើម្បី​សេចក្ដីសុខ​ ដល់​ទេវតា ​និង​មនុស្ស​ទាំង​ឡាយ។ ធម៌​៣យ៉ាង តើដូចម្ដេច។ គឺ​ភិក្ខុ​បបួល​អ្នក​ផង ​ក្នុង​កាយ​កម្ម ដែលសម​គួរ ១ បបួលក្នុង​វចីកម្ម ដែល​សមគួរ​ ១ បបួល​ក្នុងធម៌​ទាំងឡាយ ដែល​សមគួរ​ ១។ ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុ​មាន​កេរ្តិ៍ឈ្មោះ ប្រកប​ដោយ​ធម៌ ​៣យ៉ាង​នេះ​ឯង ជាអ្នក​ប្រតិបត្តិ ដើម្បី​ជា​គុណ​ ដល់​ជន​ច្រើន ដើម្បី​សេចក្ដីសុខ ​ដល់​ជន​ច្រើន ដើម្បី​ជា​ប្រយោជន៍​ ដល់​ជន​ច្រើន ដើម្បី​ជា​គុណ ដើម្បី​សេចក្ដី​សុខ ​ដល់ទេវតា ​និង​មនុស្ស​ទាំងឡាយ។

(សារណីយសូត្រ ទី២)

(២. សារណីយសុត្តំ)

[១២] ម្នាល​ភិក្ខុទាំងឡាយ ហេតុ​ទាំងឡាយ ​ដែល​ព្រះរាជា ជាក្សត្រិយ៍​បានមុទ្ធា​ភិសេក​ហើយ នៅ​តែ​រលឹក​ចាំ​បាន ​រហូត​ដល់​អស់​ព្រះជន្មនេះ មាន​៣​យ៉ាង។ ហេតុ​៣​យ៉ាង តើដូចម្ដេច។ ម្នាល​ភិក្ខុទាំងឡាយ ព្រះរាជា​ ជាក្សត្រិយ៍ ដែល​បាន​មុទ្ធា​ភិសេក ​ទ្រង់​ព្រះ​សម្ភព ​ក្នុង​ប្រ​ទេស​ណា នេះ​ជា​ហេតុ ​ទី១ ដែល​ព្រះរាជា ជាក្សត្រិយ៍ បាន​មុទ្ធាភិសេក​ហើយ នៅតែ​រលឹក​ចាំ​បាន​ រហូតដល់​អស់​ព្រះជន្ម។ ម្នាល​ភិក្ខុទាំងឡាយ មួយទៀត ព្រះរាជា ជាក្សត្រិយ៍ បាន​មុទ្ធាភិសេក​ ក្នុង​ប្រទេសណា នេះជាហេតុ ​ទី​២ ដែល​ព្រះរាជា ជាក្សត្រិយ៍​ បាន​មុទ្ធាភិសេក​ហើយ នៅ​តែ​រលឹកចាំ​បាន ​រហូត​ដល់​អស់​ព្រះជន្ម។ ម្នាល​ភិក្ខុទាំងឡាយ មួយ​ទៀត ព្រះរាជា ជា​ក្សត្រិយ៍ ដែល​បាន​មុទ្ធាភិសេក​ហើយ ទ្រង់​ផ្ចាញ់​សង្រ្គាម បានឈ្នះ​សង្រ្គាម​ហើយ ទ្រង់​គ្រប់គ្រង​ទី​សង្រ្គាម​នោះ​ឯង ក្នុង​ប្រទេស​ណា នេះជា​ហេតុ​ ទី​៣ ដែល​ព្រះ​រាជា ជាក្សត្រិយ៍​ បាន​មុទ្ធាភិសេក​ហើយ នៅ​តែរលឹក​ចាំ​បាន​រហូត​ដល់អស់​ព្រះ​ជន្ម។ ម្នាល​ភិក្ខុទាំងឡាយ ហេតុ​៣​នេះឯង ដែល​ព្រះ​រាជា ជា​ក្សត្រិយ៍ ​បានមុទ្ធាភិសេក​ហើយ នៅតែ​រលឹក​ចាំ​បាន រហូត​ដល់​អស់​ព្រះ​ជន្ម។ ម្នាល​ភិក្ខុទាំងឡាយ ហេតុ​ទាំងឡាយ​ ដែលភិក្ខុ​គួររលឹក ​រហូត​ដល់​អស់​ជីវិត ឲ្យ​ដូច​ជា​ព្រះ​មហាក្សត្រិយ៍​នោះ នេះ មាន​៣​យ៉ាង។ ហេតុ ៣យ៉ាង តើដូចម្ដេច។ ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុ​កោរសក់​ កោរ​ពុកមាត់ ​ពុកចង្កា ស្លៀកដណ្ដប់សំពត់ កាសាយៈ ចេញចាកផ្ទះ​ ចូល​កាន់​ផ្នួស ក្នុងប្រទេសណា ម្នាល​ភិក្ខុ​ទាំងឡាយ នេះ​ជាហេតុ​ ទី១ ដែល​ភិក្ខុ​គួររលឹក ​រហូត​ដល់​អស់​ជីវិត។ ម្នាល​ភិក្ខុទាំងឡាយមួយ​ទៀត ភិក្ខុ​ដឹង​ច្បាស់​តាម​ពិត​ថា នេះ​ទុក្ខ ដឹង​ច្បាស់​តាម​ពិត​ថា នេះហេតុ​ឲ្យកើត​ទុក្ខ ដឹង​ច្បាស់​តាម​ពិត​ថា នេះ​ធម៌​ ជា​គ្រឿង​រលត់​ទុក្ខ ដឹងច្បាស់​តាម​ពិត​ថា នេះ​បដិបទា ជា​ដំណើរ​ទៅ​កាន់​សេចក្ដីរលត់​ទុក្ខ ក្នុងប្រទេស​ណា ម្នាលភិក្ខុ ទាំង​ឡាយ នេះ​ជា​ហេតុ​ ទី២ ដែល​ភិក្ខុគួររលឹក រហូត​ដល់​អស់​ជីវិត។ ម្នាល​ភិក្ខុ​ទាំង​ឡាយ មួយ​ទៀត ភិក្ខុ​បាន​ធ្វើ​ឲ្យជាក់​ច្បាស់ ​នូវ​ចេតោវិមុត្តិ បញ្ញាវិមុត្តិ ដែល​មិនមាន​អាសវៈ ​ព្រោះ​អស់អាសវៈ​ទាំងឡាយ ដោយ​ប្រាជ្ញា​របស់​ខ្លួន​ឯង ​នា​បច្ចុប្បន្ន ក្នុង​ប្រ​ទេសណា ម្នាល​ភិក្ខុទាំងឡាយ នេះ​ជា​ហេតុ ​ទី​៣ ដែល​ភិក្ខុ​គួររ​លឹក​ រហូត​ដល់​អស់ជីវិត។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ហេតុ​៣ យ៉ាង​នេះ​ឯង​ ដែល​ភិក្ខុគួរ​តែរលឹក​ចាំ​បាន ​រហូត​ដល់​អស់​ជីវិត។

(អាសំសសូត្រ ទី៣)

(៣. អាសំសសុត្តំ)

[១៣] ម្នាល​ភិក្ខុទាំងឡាយ បុគ្គល​៣ ពួកនេះ មាន​ប្រាកដក្នុង​លោក។ បុគ្គល​ ៣ ​ពួក តើដូច​ម្ដេច។ គឺ​បុគ្គល​មិន​មាន​សេច​ក្ដី​ប្រាថ្នា ​១ មាន​សេចក្ដី​ប្រាថ្នា​ ១ ប្រាសចាក​សេចក្ដី​ប្រាថ្នា ​១។ ម្នាល​ភិក្ខុទាំងឡាយ បុគ្គល​មិនមាន​សេចក្ដី​ប្រាថ្នា តើ​ដូចម្ដេច។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គលខ្លះ​ ក្នុង​លោក​នេះ ជា​​អ្នក​កើត​ក្នុង​ត្រកូល​ទាប គឺ​ត្រកូលចណ្ឌាល ត្រកូលអ្នក​ត្បាញ​ផែង ត្រកូលអ្នក​នេសាទ ត្រកូល​អ្នក​ធ្វើ​រថ ត្រកូល​អ្នកចោលសម្រាម ​ឬត្រកូល​អ្នក​កំសត់ ​ដែលមាន​បាយ ​និង​ទឹក ​និង​ភោជន​​តិច ប្រព្រឹត្ត ចិញ្ចិម​ជីវិត​លំបាក ជា​ត្រកូល ដែល​រក​អាហារ​សម្រាប់​បរិភោគ​និងសំពត់សម្រាប់​ស្លៀក​ដណ្ដប់បាន​ដោយ​លំបាក។ បុគ្គល​នោះ​សោត ​មាន​សម្បុរអាក្រក់ អ្នក​ផង​មិន​ចង់​ពិត​ពិល​រមិល​មើល ជាមនុស្ស​តឿ មាន​ជម្ងឺ​ច្រើនខ្វាក់ម្ខាង​ ក្ងែង ខ្ចក ឬ​មានអវយវៈ​ម្ខាង​ពិការ ជា​អ្នក​មិន​បានបាយ​ ទឹក ​សំពត់យាន​ ផ្កា​កម្រង គ្រឿង​ក្រអូប គ្រឿង​លាប ទីដេក លំនៅ ​និង​គ្រឿងប្រទីប។ បុគ្គល​នោះ ឮ​ដំណឹងថា ក្សត្រិយ៍ទ្រង់​ព្រះ​នាម​នេះ ពួក​ក្សត្រិយ៍បាន​អភិសេក​ដោយ​ខត្តិ​យាភិសេក​ហើយ។ បុគ្គល​នោះ រមែង​មិនត្រិះរិះ ​យ៉ាង​នេះថា កាល​ណាហ្ន៎ ពួកក្សត្រិយ៍ នឹង​អភិសេក​អញ ​ដោយខត្តិយាភិសេក​ផង។ ម្នាល​ភិក្ខុ​ទាំងឡាយ នេះ​ហៅថា បុគ្គលមិនមាន​សេចក្ដី​ប្រាថ្នា។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​មាន​សេចក្ដី​ប្រាថ្នា តើ​ដូចម្ដេច។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ក្នុង​លោក​នេះ ព្រះ​រាជ​បុត្រ​ច្បង របស់​ខត្តិ​យរាជ ដែល​បាន​មុទ្ធាភិសេក​ហើយ ជារាជកុមារ ដែល​គេ​មិន​ទាន់ អភិសេក ដោយ​រាជាភិសេក​នៅ​ឡើយ​ទេ តែ​ព្រះ​រាជ​កុមារ​ មិន​មាន​ញាប់ញ័រ​(ចង់បាន)។ ព្រះ​រាជ​បុត្រ​នោះ ឮ​ដំណឹង​ថា ព្រះ​ខត្តិយ​រាជ​ព្រះនាមនេះ ពួក​ក្សត្រិយ៍ បាន​អភិសេក ដោយ​ខត្តិយាភិសេកហើយ។ ព្រះរាជបុត្រ​នោះ មាន​សេចក្ដី​ត្រិះរិះ​ យ៉ាង​នេះថា កាល​ណាហ្ន៎ ពួក​ក្សត្រិយ៍ នឹង​អភិសេក​​អញ ដោយ​ខត្តិយាភិសេកផង។ ម្នាល​ភិក្ខុទាំងឡាយ នេះហៅ​ថា បុគ្គល​មាន​សេចក្ដី​ប្រាថ្នា។ ម្នាល​ភិក្ខុទាំងឡាយ បុគ្គល​ដែលប្រាសចាក​សេចក្ដី​ប្រាថ្នា តើដូចម្ដេច។ ម្នាល​ភិក្ខុទាំងឡាយ ខត្តិយរាជ ក្នុង​លោក​នេះ បាន​មុទ្ធា​ភិសេក​ហើយ។ ព្រះ​រាជាអង្គ​នោះ ឮ​ដំណឹងថា ខត្តិយរាជ​ព្រះនាម​នេះ ពួក​ក្សត្រិយ៍​ បាន​អភិសេក ដោយ​ខត្តិយាភិសេក​ហើយ។ ព្រះ​រាជា​អង្គនោះ មិន​មាន​ព្រះ​រាជតម្រិះ​ យ៉ាង​នេះថា កាលណា​ហ្ន៎ ពួក​ក្សត្រិយ៍​ នឹង​អភិសេក​អញ ដោយ​ខត្តិ​យា​ភិសេក​ផង។ ដំ​ណើរ​នោះ តើ​ព្រោះ​ហេតុ​អ្វី។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ព្រោះ​សេចក្ដីប៉ុន​ប៉ង​ ក្នុង​រាជា​ភិសេកណា របស់​ព្រះ​រាជា ដែល​មិន​ទាន់​អភិសេក​ ក្នុង​កាលមុន​នោះ សេចក្ដី​ប៉ុន​ប៉ង ​ក្នុង​រាជា​ភិសេក របស់​ព្រះ​រាជា​អង្គ​នោះៗ បានស្កប់ព្រះរាជហឫទ័យ​ហើយ។ ម្នាលភិក្ខុ​ទាំងឡាយ នេះ​ហៅថា បុគ្គល​ប្រាសចាក​សេចក្ដី​ប្រាថ្នា។ ម្នាលភិក្ខុ​ទាំង​ឡាយ បុគ្គល​៣ពួក​នេះ​ឯង មានប្រាកដ​ក្នុង​លោក។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គល​៣​ពួក​ មាន​ប្រាកដក្នុង​ពួក​ភិក្ខុ ក៏យ៉ាង​នោះ​ដែរ។ បុគ្គល​៣ពួក តើ​ដូចម្ដេច។ គឺ​បុគ្គលមិន​មាន​សេច​ក្ដី​ប្រាថ្នា ១ មាន​សេច​ក្ដី​ប្រាថ្នា ១ ប្រាស​ចាក​សេចក្ដីប្រាថ្នា ​១។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គល​មិន​មាន​សេចក្ដីប្រាថ្នា តើ​ដូចម្ដេច។ ម្នាលភិក្ខុ​ទាំង​ឡាយ បុគ្គល​ខ្លះ ក្នុង​លោក​នេះ ជា​អ្នក​ទ្រុស្តសីល មានធម៌អាក្រក់ មាន​អំពើ​មិន​ល្អ មាន​មារយាទ​គួរ​ឲ្យ​អ្នក​ផង​រង្កៀស ជាអ្នក​បិទ​បាំង​​បាប​កម្ម​ទុក មិន​មែន​ជា​សមណៈ តែ​ប្ដេជ្ញា​ខ្លួន​ថា ​ជា​សមណៈ មិន​ប្រព្រឹត្ត​ព្រហ្មចារ្យ តែ​ប្ដេជ្ញា​ខ្លួន​ថា ជាអ្នកប្រព្រឹត្ត​ព្រហ្មចារ្យ ជាអ្នកស្អុយ​ខាង​ក្នុង មាន​ចិត្ត​ទទឹក​ដោយ​រាគៈ មាន​ជាតិ​ដ៏ជ្រោកជ្រាក។ បុគ្គល​នោះ ឮដំណឹង​ថា ភិក្ខុ​ឈ្មោះនេះ ​ធ្វើឲ្យ​ជាក់​ច្បាស់ បាន​ដល់​ដោយប្រាជ្ញា​ ដ៏​ឧត្ដម​ខ្លួន​ឯង នូវ​ចេតោវិមុត្តិ បញ្ញាវិមុត្តិ ដែល​មិនមាន​អាសវៈ ព្រោះ​អស់​អាសវៈ​ទាំង​ឡាយ ក្នុង​បច្ចុប្បន្ន។ បុគ្គល​នោះ មិន​មាន​សេចក្ដីត្រិះ​រិះ​​​យ៉ាង​នេះថា កាល​ណាហ្ន៎ អាត្មា​អញ នឹង​ធ្វើឲ្យ​ជាក់​ច្បាស់ បាន​ដល់ដោយ​ប្រាជ្ញា ​ដ៏​ឧត្ដម​ខ្លួនឯង ​នូវ​ចេតោវិមុត្តិ បញ្ញាវិមុត្តិ ដែល​មិន​មាន​អាសវៈ ព្រោះ​អស់អាសវៈ​​ទាំងឡាយ ក្នុង​បច្ចុប្បន្ន​នេះ​ផង។ ម្នាលភិក្ខុ​ទាំងឡាយ នេះ​ហៅថា បុគ្គល​មិន​មាន​សេច​ក្ដី​ប្រាថ្នា។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គលមាន​ប្រាថ្នា តើ​ដូចម្ដេច។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុក្នុង​សាសនា​នេះ ​ជាអ្នក​មាន​សីល មាន​ធម៌ល្អ។ ភិក្ខុ​នោះ ឮដំណឹង​ថា ភិក្ខុ​ឈ្មោះនេះ ​បានធ្វើ​ឲ្យ​ជាក់​ច្បាស់ បាន​ដល់​ដោយ​ប្រាជ្ញា​ ដ៏​ឧត្តម​ខ្លួន​ឯង​ នូវ​ចេតោវិមុត្តិ បញ្ញាវិមុត្តិ ដែល​មិន​មាន​អាសវៈ ព្រោះ​អស់អាសវៈ​ទាំងឡាយ ក្នុង​បច្ចុប្បន្ន​។ ភិក្ខុ​នោះ មាន​សេចក្ដី​ត្រិះរិះ​ យ៉ាង​នេះ​ថា កាល​ណា​ហ្ន៎ អាត្មាអញ​ នឹង​ធ្វើឲ្យ​ជាក់​ច្បាស់ បាន​ដល់​ដោយ​ប្រាជ្ញា​ ដ៏​ឧត្ដម​ខ្លួន​ឯង នូវ​ចេ​តោវិមុត្តិ បញ្ញា​វិមុត្តិ ដែល​មិន​មាន​អាសវៈ ព្រោះ​អស់​អាសវៈ​ទាំង​ឡាយ ក្នុងបច្ចុប្បន្ន។ ម្នាលភិក្ខុ​ទាំងឡាយ នេះ​ហៅថា បុគ្គល​មាន​សេចក្ដី​ប្រាថ្នា។ ម្នាល​ភិក្ខុ​ទាំងឡាយ បុគ្គលប្រាសចាក​សេចក្ដី​ប្រាថ្នា តើ​ដូច​ម្ដេច។ ម្នាលភិក្ខុ​ទាំង​ឡាយ ភិក្ខុ​ក្នុង​សាសនា​នះ ជា​អរហន្តខីណាស្រព។ ភិក្ខុនោះ ឮដំណឹង​ថា ភិក្ខុ​ឈ្មោះនេះ បាន​ធ្វើ​ឲ្យជាក់​ច្បាស់ បាន​ដល់​ដោយ​ប្រាជ្ញា ​ដ៏​ឧត្ដមខ្លួងឯង នូវ​ចេតោវិមុត្តិ បញ្ញាវិមុត្តិ ដែល​មិនមាន​អាសវៈ​ ព្រោះ​អស់​អាសវៈ​ទាំង​​ឡាយ​ ក្នុង​បច្ចុប្បន្ន។ ភិក្ខុ​នោះ មិន​មានសេចក្ដីត្រិះរិះ ​យ៉ាង​នេះថា កាល​ណាហ្ន៎​ អាត្មា​អញ នឹង​ធ្វើ​ឲ្យ​ជាក់​ច្បាស់ បាន​ដល់​ដោយ​ប្រាជ្ញា ​ដ៏​ឧត្ដម​ខ្លួន​ឯង នូវ​ចេតោវិមុត្តិ បញ្ញាវិមុត្តិ ដែល​មិនមាន​អាសវៈ ​ព្រោះ​អស់​អាសវៈ​ទាំង​ឡាយ​ ក្នុង​បច្ចុប្បន្ន​ផង។ ដំណើរនោះ ​តើព្រោះ​ហេតុ​ដូចម្តេច​។ ម្នាលភិក្ខុ​ទាំងឡាយ ព្រោះសេចក្ដី​ប៉ុនប៉ង​នូវវិមុត្តិណា របស់​ភិក្ខុ ដែលមិន​ទាន់​មាន​វិមុត្តិ​ ក្នុង​កាលមុន ​សេច​ក្ដីប៉ុនប៉ង ​នូវ​វិមុត្តិ​ របស់ភិក្ខុនោះ ៗ​ បាន​ស្កប់ស្កល់​ចិត្ត​ហើយ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ នេះ​ហៅថា បុគ្គល​ប្រាសចាក​សេចក្ដី​ប្រាថ្នា។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គល​ទាំង​ ៣ នេះឯង មាន​ប្រាកដ ​ក្នុង​ពួក​ភិក្ខុ។

(ចក្កវត្តិសូត្រ ទី៤)

(៤. ចក្កវត្តិសុត្តំ)

[១៤] ម្នាលភិក្ខុ​ទាំងឡាយ​ ស្ដេចចក្រ​ពត្តិអង្គណា ប្រកបដោយធម៌8) ទ្រង់ធម៌9) ស្ដេច​អង្គនោះ ទ្រង់​ញុំាងចក្រ​ ដែល​មិន​មែន​ជា​របស់ស្ដេច ​ឲ្យប្រព្រឹត្ត​ទៅ។ កាល​ព្រះ​មាន​ព្រះ​ភាគ ទ្រង់​ត្រាស់​យ៉ាង​នេះ មាន​ភិក្ខុ​ ១រូប ក្រាប​ទូល​សួរ​ព្រះ​មាន​ព្រះ​ភាគ យ៉ាង​នេះថា សូម​ទ្រង់ព្រះមេត្តាប្រោស ចក្រ​របស់​ស្ដេច​ចក្រ​ពត្តិ ប្រកប​ដោយ​ធម៌ ទ្រង់​ធម៌ តើ​ដូចម្ដេច។ ព្រះមាន​ព្រះភាគ​ ទ្រង់​ត្រាស់​តបថា ម្នាល​ភិក្ខុ ចក្រ​នោះ ក៏គឺ​ធម៌10) ដូច្នេះ រួច​ទ្រង់ត្រាស់ត​ទៅ​ទៀតថា មា្នល​ភិក្ខុ ក្នុង​លោកនេះ ស្ដេច​ចក្រ​ពត្តិ ប្រកបដោយ​ធម៌ ទ្រង់​ធម៌ ទ្រង់​អាស្រ័យ​ធម៌​តែ​មួយ​យ៉ាង ធ្វើ​សក្ការៈ​ចំពោះ​ធម៌ គោរព​ធម៌ កោត​ក្រែង​ធម៌ យក​ធម៌ជា​ទង់​ជ័យ យក​ធម៌ជា​ទង់​យស យក​ធម៌ជាអធិបតី ចាត់ចែង​នូវ​ការ​រក្សា ​ទប់ទល់គ្រប់​គ្រង ​ប្រកប​ដោយ​ធម៌ ចំពោះ​ជន​ខាង​ក្នុង ម្នាល​ភិក្ខុ មួយ​ទៀត ស្ដេច​ចក្រពត្តិ ប្រកបដោយ​ធម៌​ ទ្រង់ធម៌ ទ្រង់​អាស្រ័យ​ធម៌តែមួយ​យ៉ាង ធ្វើសក្ការៈ​ចំពោះធម៌ គោរពធម៌ កោត​ក្រែងធម៌ យកធម៌​ជាទង់ជ័យ យកធម៌ជាទង់យស យកធម៌​ជាអធិបតី ចាត់ចែង​នូវ​ការ​រក្សា ​ទប់ទល់ គ្រប់គ្រងប្រកបដោយ​ធម៌ ចំពោះ​ពួក​ក្សត្រិយ៍អ្នក​ចុះ​ចូល ពួក​ពល ពួក​ព្រាហ្មណ៍ គហបតី ពួក​អ្នក​និគម អ្នក​ជន​បទ ពួក​សម​ណ​ព្រាហ្មណ៍ និង​ពួក​ម្រឹគ​បក្សី។ ម្នាល​ភិក្ខុ​ លុះ​ស្ដេច​ចក្រ​ពត្តិ ប្រកប​ដោយ​ធម៌ ទ្រង់​ធម៌ អង្គ​នោះ​ឯង អា​ស្រ័យ​ធម៌តែមួយ​យ៉ាង ធ្វើ​សក្ការៈ​ចំពោះធម៌ គោរព​ធម៌ កោត​ក្រែង​ធម៌ យកធម៌ជា​ទង់ជ័យ យកធម៌ជា​ទង់​យស យកធម៌​ជា​អធិបតី ចាត់​ចែង​នូវ​ការ​រក្សា​ទប់​ទល់ គ្រប់​គ្រង​ ប្រកបដោយ​ធម៌ ចំពោះជនខាងក្នុង ចាត់ចែងនូវការរក្សា ទប់ទល់ គ្រប់គ្រង ប្រកបដោយធម៌ ចំពោះពួក​ក្សត្រិយ៍អ្នក​ចុះ​ចូល ពួក​ពល ពួក​ព្រាហ្មណ៍​ គហបតី ពួក​អ្នក​និគម ជនបទ ពួកសមណ​ព្រាហ្មណ៍ និង​ពួកម្រឹគ​បក្សី ទើបញុំាង​ចក្រ​ ឲ្យប្រព្រឹត្ត​តាម​ធម៌កើត។ ចក្រ​នោះ មនុស្ស​ណា​មួយ ជាសត្រូវ ​ធ្វើ​បដិវត្ត​ដោយ​ដៃ​ពុំបាន​ឡើយ។ ម្នាល​ភិក្ខុ សេចក្ដី​នេះ​ មានដូច​ជា​ព្រះ​តថា​គត អរហន្ត​ សម្មាសម្ពុទ្ធ ប្រកបដោយ​ធម៌11) ​ទ្រង់ធម៌12) អាស្រ័យ​ធម៌​តែ​មួយ​យ៉ាង ​ធ្វើ​សក្ការៈ​ចំពោះ​ធម៌ គោរពធម៌ កោតក្រែងធម៌ យក​ធម៌​ជាទង់​ជ័យ យក​ធម៌​ជាទង់​យស យកធម៌​ជា​អធិបតី ចាត់​ចែង​នូវការ​រក្សា ​ទប់​ទល់ គ្រប់​គ្រង​ ប្រកប​ដោយ​ធម៌ ចំពោះកាយ​កម្មថា កាយកម្មបែប​នេះ ​គួរ​សេព កាយ​កម្ម​បែបនេះ ​មិន​គួរ​សេព​ឡើយ។ ម្នាល​ភិក្ខុ មួយទៀត ព្រះ​តថាគត អរហន្ត​ សម្មា​សម្ពុទ្ធ ប្រកបដោយ​ធម៌ ទ្រង់​ធម៌​ អាស្រ័យធម៌​តែ​មួយ​យ៉ាង ​ធ្វើ​សក្ការៈ​ចំពោះ​ធម៌ គោរព​ធម៌​ កោត​​ក្រែង​ធម៌ ​យកធម៌ជាទង់​ជ័យ យក​ធម៌​ជាទង់យស យក​ធម៌​ជា​អធិបតី ចាត់​ចែង​នូវ​ការ​រក្សា ទប់ទល់ ​គ្រប់គ្រង​ ប្រកប​ដោយ​ធម៌​ ចំពោះ​វចីកម្ម​ថា​ វចីកម្មបែបនេះ ​គួរ​សេព វចី​កម្ម​បែប​នេះ ​មិន​គួរ​សេពឡើយ។ ម្នាលភិក្ខុ មួយ​ទៀត ព្រះ​តថាគត អរហន្ត​សម្មា​សម្ពុទ្ធ ប្រកប​ដោយ​ធម៌ ទ្រង់​ធម៌ អាស្រ័យ​ធម៌តែ​មួយ​យ៉ាង ធ្វើ​សក្ការៈ​ចំពោះធម៌ គោរពធម៌ កោត​ក្រែង​​ធម៌ យកធម៌ជា​ទង់ជ័យ យកធម៌​ជាទង់យស យកធម៌​ជា​អធិបតី ចាត់​ចែង​នូវ​ការ​រក្សា​ ទប់ទល់ គ្រប់គ្រង​ប្រកប​ដោយ​ធម៌ ចំពោះ​មនោកម្ម​ថា មនោកម្ម​បែប​នេះ​ គួរ​សេព មនោកម្ម​បែប​នេះ មិនគួរ​សេព​ឡើយ។ ម្នាលភិក្ខុ ព្រះតថាគត​នោះ​ឯង ជាអរហន្ដ ​សម្មាសម្ពុទ្ធ ប្រកប​ដោយ​ធម៌ ទ្រង់​ធម៌ អាស្រ័យ​នូវ​ធម៌​តែ​មួយយ៉ាង ​ធ្វើសក្ការៈចំពោះ​ធម៌ គោរព​ធម៌ កោត​ក្រែង​ធម៌ យកធម៌ជាទង់ជ័យ យកធម៌ជាទង់​យស យក​ធម៌​ជា​អធិបតី ចាត់​ចែង​នូវការរក្សា​ ទប់ទល់ គ្រប់គ្រង​ ប្រកបដោយ​ធម៌ ចំពោះកាយ​កម្ម ចាត់​ចែង​នូវ​ការ​រក្សា ​ទប់​ទល់ គ្រប់គ្រង​ ប្រកបដោយ​ធម៌ ចំពោះវចី​កម្ម ចាត់​ចែង​នូវ​ការ​រក្សា​ ទប់​ទល់ គ្រប់គ្រង​ ប្រកបដោយ​ធម៌ ចំពោះមនោកម្ម ញុំាងធម្មចក្រ ដ៏ប្រសើរ ឲ្យប្រព្រឹត្តទៅ តាម​ធម៌នុ៎ះ​ឯង។ ចក្កនោះ សមណៈ ឬព្រាហ្មណ៍ ទេវតា ​មារ ​ព្រហ្ម ឬ​អ្នក​ណា​មួយ​ ក្នុង​លោក ធ្វើ​បដិវត្ត​ពុំបាន​ឡើយ។

(សចេតនសូត្រ ទី៥)

ឬ បចេតនសូត្រ
(៥. សចេតនសុត្តំ)

[១៥] សម័យ​មួយ ព្រះ​ដ៏មាន​ព្រះ​ភាគ ទ្រង់​ប្រថាប់​នៅ​ក្នុង​ឥសិបត​ន​មិគ​ទាយវន ជិត​ក្រុង​ពារាណសី។ ក្នុង​ទី​នោះ​ឯង​ ព្រះ​ដ៏មាន​ព្រះ​ភាគ បាន​ត្រាស់​ហៅ​ពួក​ភិក្ខុ​ថា ម្នាល​ភិក្ខុ​ទាំងឡាយ។ ពួក​ភិក្ខុ​ទាំងនោះ ​ទទួលតប​​ព្រះ​ពុទ្ធ​ដីកា ​របស់​ព្រះ​មាន​ព្រះ​ភាគ​ថា ព្រះករុណា ​ព្រះអង្គ​។ ទើបព្រះដ៏​មាន​ព្រះ​ភាគ ​ត្រាស់​ដូច្នេះ​ថា ម្នាល​ភិក្ខុ​ទាំងឡាយ កាល​ពី​ព្រេង​នាយមក មាន​ព្រះ​រាជា​ ១ព្រះអង្គ ព្រះនាម​បចេតនៈ។ ម្នាលភិក្ខុ​ទាំងឡាយ គ្រានោះ​ឯង ព្រះ​បាទបចេតនៈ​ ទ្រង់ត្រាស់​ទៅ​នឹង​ជាង​រថ​ម្នាក់ថា ម្នាល​ជាង​រថ​ជា​សម្លាញ់ អំណឹះ​ទៅ៦ខែ ​អំពី​ខែ​នេះ យើង​នឹង​មានសង្រ្គាម ម្នាល​ជាង​រថ​សម្លាញ់ អ្នកអាច​ធ្វើ​ចក្រ ១ គូ​យ៉ាង​ថ្មី ឲ្យយើងបាន​​ឬទេ។ ម្នាលភិក្ខុ​ទាំងឡាយ ជាង​រថ​ បាន​ក្រាប​បង្គំ​ទូល​តបព្រះ​បាទ​បចេត​នៈ​ថា សូម​ទ្រង់​ព្រះ​មេត្តា​ប្រោស ខ្ញុំ​ព្រះ​អង្គ​ អាច​ធ្វើបាន។ ម្នាល​ភិក្ខុ​ទាំងឡាយ គ្រា​នោះ​ឯង​ ជាង​រថ​ ធ្វើ​ចក្រ​ឲ្យ​សម្រេចបាន​តែ​ម្ខាង ក្នុង​វេលា ៦ ខែ ខ្វះ​៦ រាត្រី។ ម្នាល​ភិក្ខុ​ទាំង​ឡាយ លំដាប់នោះ ព្រះ​បាទបចេតនៈ ទ្រង់​ត្រាស់​ប្រាប់​ជាង​ធ្វើ​រថថា ម្នាល​ជាងរថសម្លាញ់ កន្លង​ទៅ ៦ ថ្ងៃ អំពីថ្ងៃនេះ យើង​នឹង​មាន​សង្រ្គាម ចក្រ​១គូយ៉ាង​ថ្មី អ្នក​ធ្វើសម្រេចហើយ​ឬ។ សូម​ទ្រង់​ព្រះ​មេត្តា​ប្រោស ធ្វើអស់ ៦ខែ ខ្វះ ៦ រាត្រីនេះ​ឯង ហើយ​បាន​តែចក្រម្ខាង។ ម្នាល​ជាង​រថ​សម្លាញ់ ចុះអ្នក​អាច​ធ្វើ​ចក្រ ទី២ ឲ្យសម្រេច​ ត្រឹម​តែ​៦ ថ្ងៃ​នេះ ​បានឬ​ទេ។ ម្នាលភិក្ខុទាំង​ឡាយ ជាងរថ​បាន​ទទួល​តប​ព្រះឱង្ការ​ព្រះបាទ​បចេតនៈ​ថា សូមទ្រង់​ព្រះមេត្តា​ប្រោស ខ្ញុំ​ព្រះ​អង្គ​ អាចធ្វើ​បាន។ ម្នាលភិក្ខុ​ទាំង​ឡាយ គ្រា​នោះ​ឯង ជាង​រថ​ធ្វើ​ចក្រ​ ទី២ ឲ្យ​សម្រេច​ត្រឹម​តែ​ ៦ ថ្ងៃ រួច​នាំយកចក្រ​ទាំង ១គូយ៉ាង​ថ្មី (នោះ) ចូល​ទៅ​គាល់​ព្រះ​បាទបចេតនៈ លុះចូល​​ទៅ​ដល់​ហើយ ទើប​ក្រាប​បង្គំ​ទូល​ព្រះ​បាទ​បចេតនៈ​ យ៉ាង​នេះថា សូម​ទ្រង់​ព្រះ​មេត្តា​ប្រោស នេះ​ហើយ​ចក្រ​ ១​គូយ៉ាង​ថ្មី​ របស់​ព្រះ​ករុណា ខ្ញុំ​ព្រះ​អង្គ​ ធ្វើ​សម្រេច​ហើយ។ ព្រះ​បាទ​បចេតនៈ​ទ្រង់​ត្រាស់​សួរថា អើជាង​រថ​សម្លាញ់ ចក្រ​ណា​ ដែល​អ្នក​ធ្វើ​ឲ្យសម្រេច ​អស់ ៦​ខែ ខ្វះ​៦​រាត្រី​ក្ដី ចក្រ​ណា ​ដែល​អ្នក​ធ្វើ​ឲ្យសម្រេច ​ត្រឹម​តែ​ ៦ ថ្ងៃ​ក្ដី ចក្រ​ទាំង ២​នេះ ​មានដំ​ណើរ​ផ្សេង​គ្នា​ ដូច​ម្ដេច យើងមិន​ទាន់​យល់​ការណ៍​ផ្សេង​គ្នា​ នៃ​ចក្រទាំង​២នុ៎ះ​ ថាដូចម្ដេច​ឡើយ។ បពិត្រ​ព្រះ​សម្មតិទេព ការណ៍​ផ្សេង​គ្នា​ នៃ​ចក្រទាំង២​នុ៎ះ​មាន សូម​ទ្រង់​ចាំ​ទត​ការណ៍​ផ្សេង​គ្នា ​(នោះ) ​ចុះ។ ម្នាល​ភិក្ខុទាំង​ឡាយ លំ​ដាប់​នោះឯង ជាង​រថ​ បង្វិល​ចក្រ ​ដែល​ធ្វើ​ឲ្យសម្រេច ​អស់ត្រឹម​តែ ៦ថ្ងៃ​ ឲ្យ​វិល​ទៅ។ កាល​ចក្រ​នោះ​វិល​ទៅ ​ក៏ទៅ​កាន់​ទី​អស់​កំណត់ត្រឹម​តែ​មួយ​វិល​ប៉ុណ្ណោះ ហើយ​ត្រឡប់​ដួល​លើ​ផែន​ដី។ រួច​ទើប​ជាង​រថបង្វិល​ចក្រ​ ដែល​ធ្វើ​ឲ្យ​សម្រេច​ អស់៦​ខែ ខ្វះ៦​រាត្រី ឲ្យ​វិល​ទៅម្ដង​ទៀត​។ កាល​ចក្រ​នោះ​វិល​ទៅ ក៏​ទៅ​កាន់ទី​អស់​កំណត់​ត្រឹម​តែមួយ​កំឡាំង​បង្វិលប៉ុណ្ណោះ ហើយ​ក៏​នៅ​នឹង​ថ្កល់​ ហាក់​ដូច​ជា​ខ្ទាស់​ត្រង់​ភ្លៅ។ ព្រះ​បាទបចេតនៈ​ ត្រាស់​សួរ​ថា ម្នាល​ជាង​រថ​សម្លាញ់ ចុះ​ហេតុ​ដូច​ម្ដេច បច្ច័យ​ដូចម្ដេច បានជាចក្រ​ណា ដែល​អ្នក​ធ្វើឲ្យ​សម្រេច​ ត្រឹម​តែ​៦​ថ្ងៃ ចក្រ​នោះ​ ដែល​អ្នកបង្វិល​ទៅ ក៏​ទៅ​កាន់​ទី​អស់​កំណត់ ​ត្រឹម​តែមួយ​វិល​ប៉ុណ្ណោះ ហើយ​ត្រឡប់ដួល​ចុះ ​លើ​ផែន​ដី។ ម្នាល​ជាង​រថ​សម្លាញ់ ហេតុ​ដូច​ម្ដេច បច្ច័យ​ដូចម្ដេច បាន​ជា​ចក្រ​ណា ដែល​អ្នក​ធ្វើ​ឲ្យសម្រេច ​អស់​៦​ខែ​ ខ្វះ៦​រាត្រី ចក្រ​នោះ ​ដែលអ្នក​បង្វិលទៅ ក៏​ទៅ​កាន់​ទី​អស់​កំណត់ ត្រឹម​តែ​មួយ​វិល​ប៉ុណ្ណោះ ហើយ​ក៏តាំង​នៅ​នឹង​ថ្កល់ ហាក់​ដូចជាខ្ទាស់​ត្រង់​ភ្លៅ​។ ជាង​រថ​ក្រាប​បង្គំ​ទូល​ថា សូមទ្រង់​ព្រះ​មេត្តា​ប្រោស ចក្រ​ណា ​ដែល​ធ្វើ​ឲ្យ​សម្រេច​ត្រឹម ៦​ថ្ងៃ ​ចក្រ​នោះឯង មាន​ខ្នង​កង់​វៀច ពករដិបរដុប មាន​ជាប់​ស្រាយ​ផង កាំ​ក៏​វៀច ពករដិប​រដុប មាន​ជាប់​ស្រាយ​ផង ដុំ​វៀច មាន​ពក​រដិប​ដុប មាន​ជាប់​ស្រាយផង។ ចក្រ​នោះ ​ដែល​ខ្ញុំ​ព្រះ​អង្គ​បង្វិល ក៏​វិល​ទៅ​កាន់​ទី​អស់​កំណត់ ​ត្រឹម​តែ​មួយ​​កំឡាំង​បង្វិល​​ប៉ុណ្ណោះ ហើយ​ត្រ​ឡប់​ដួល​លើ​ផែន​ដី ព្រោះ​មាន​ខ្នងកង់​វៀច ​ពក​រដិបរដុប មាន​ជាប់​ស្រាយ​ផង ព្រោះ​កាំ​វៀច ពក​រដិបរដុប មាន​ជាប់​ស្រាយ​ផង ព្រោះ​ដុំ​វៀច មាន​ពក​រដិប​រដុប ជាប់​ស្រាយ​ផង។ បពិត្រ​ព្រះ​សម្ម​តិ​ទេព ចំណែក​ចក្រ​ណា ដែល​ធ្វើ​ឲ្យ​សម្រេច​អស់ ៦ខែ ខ្វះ​៦រាត្រី ចក្រ​នោះ​ មាន​ខ្នង​កង់​មិន​វៀច មិន​មាន​ពក​រដិបរដុប មិន​មានស្រាយផង មាន​កាំ​មិន​វៀច មិន​មាន​ពក​រដិបដុប មិន​មាន​ស្រាយ​ផង មាន​ដុំ​មិន​វៀច មិន​មាន​ពក​រដិបរដុប មិន​មានស្រាយ​ផង។ ចក្រ​នោះ ដែល​ខ្ញុំ​ព្រះ​អង្គ​បង្វិល ក៏​វិល​ទៅ​កាន់​ទី​អស់​កំណត់​ ត្រឹម​តែមួយ​កំឡាំង​បង្វិល​ប៉ុណ្ណោះ ហើយ​នៅ​គាំង ហាក់​ដូច​ជាខ្ទាស់​ត្រង់​ភ្លៅ ព្រោះ​មាន​ខ្នងកង់មិន​វៀច មិន​មាន​ពករដិបដុប មិន​មាន​ស្រាយ ព្រោះ​មាន​កាំមិនវៀច មិន​មាន​ពក​រដិបរដុប ​មិន​មាន​ស្រាយ ព្រោះ​មាន​ដុំ​មិន​វៀច មិន​មាន​ពករដិបរដុប ​មិន​មាន​ស្រាយ​ផង​។ ម្នាល​ភិក្ខុ​ទាំង​ឡាយ គំនិត​របស់​អ្នក​ទាំង​ឡាយ ទំនង​ជា​យល់​យ៉ាង​នេះ​ថា ជាង​រថ​នោះ ក្នុងសម័យ​នោះ គឺ​អ្នក​ដទៃ​ផ្សេង ដោយ​ពិត។ ម្នាល​ភិក្ខុ​ទាំង​ឡាយ អ្នក​ទាំង​ឡាយ មិន​ត្រូវ​យល់​ដំណើរនោះ​ យ៉ាង​នោះឡើយ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ជាង​រថ​នោះ ក្នុង​សម័យនោះ គឺ​តថា​គត​ហ្នឹង​ឯង។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ក្នុង​កាល​នោះ តថាគត ជាអ្នក​ចេះ​ស្គាល់​ពួក​ឈើ​វៀច ឈើ​មាន​ពក​រដិប​រដុប ឈើមាន​ស្រាយ​។ ​ម្នាលភិក្ខុ​ទាំង​ឡាយ លុះ​តថាគត ​បានជា​អរហន្ដ​ សម្មា​សម្ពុទ្ធ​ ក្នុង​កាល​ឥឡូវ​នេះ ជា​អ្នក​យល់​ស្គាល់​ ក្នុង​កាយ​វៀច កាយ​មាន​ពក កាយ​មាន​ស្រាយ ជា​អ្នកយល់​ស្គាល់​ ក្នុង​ពាក្យ​វៀច ពាក្យ​មានពក ពាក្យ​មាន​ស្រាយ ជាអ្នក​យល់ស្គាល់ ​ក្នុង​​មនោ​វៀច មនោ​មាន​ពក មនោ​មាន​ស្រាយ។ ម្នាល​ភិក្ខុ​ទាំងឡាយ ​ភិក្ខុ​ ឬ​ភិក្ខុ​នី​ណាមួយ​​មិនបាន​លះ​បង់​កាយ​វៀច កាយ​មាន​ពក​ កាយមាន​ស្រាយ មិន​បាន​លះ​បង់​ពាក្យ​វៀច ពាក្យ​មាន​ពក ពាក្យ​មាន​ស្រាយ មិន​បាន​លះ​បង់​ចិត្ត​វៀច ចិត្ត​មាន​ពក ចិត្ត​មាន​ស្រាយ ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុ​ ឬ​ភិក្ខុនី​ទាំង​នោះ ឈ្មោះ​ថា រលំ​ចាក​ធម៌​វិន័យ​នេះ យ៉ាង​នេះ​ឯង ដូច​ជាចក្រ ​ដែល​ធ្វើ​ឲ្យសម្រេច​ ត្រឹម​៦ថ្ងៃនោះ។ ម្នាលភិក្ខុទាំង​ឡាយ ភិក្ខុ​ ឬភិក្ខុនីណាមួយ បាន​លះ​បង់​កាយ​វៀច កាយ​មាន​ពក កាយ​មាន​ស្រាយ បានលះបង់​ពាក្យ​វៀច​ ពាក្យ​មាន​ពក ពាក្យ​មាន​ស្រាយ ​បាន​លះបង់​ចិត្ត​វៀច ​ចិត្តមាន​ពក ចិត្ត​មាន​ស្រាយ ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុ ​ឬភិក្ខុនី​ទាំង​នោះ​ ឈ្មោះថា​ តាំង​នៅ​ក្នុង​ធម៌​វិន័យ​នេះ ​យ៉ាង​នេះ​ឯង ដូច​ចក្រ ដែល​ធ្វើ​អស់ ៦ខែ​ ខ្វះ​៦រាត្រី ​ទើប​ស្រេច​នោះ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ព្រោះ​ហេតុ​នោះ អ្នក​ទាំងឡាយ គប្បី​សិក្សា ​យ៉ាង​នេះថា យើង​ទាំង​ឡាយ នឹង​លះ​បង់​កាយ​វៀច កាយ​មាន​ពក ​កាយ​មាន​ស្រាយ ​នឹង​លះ​បង់​ពាក្យវៀច ពាក្យ​មាន​ពក ពាក្យមាន​​ស្រាយ នឹង​លះ​បង់​ចិត្ត​វៀច ចិត្ត​មាន​ពក ចិត្តមាន​ស្រាយ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ អ្នក​ទាំង​ឡាយ គប្បី​សិក្សា​ យ៉ាង​នេះ​ឯង។

(អបណ្ណកសូត្រ ទី៦)

(៦. អបណ្ណកសុត្តំ)

[១៦] ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុ​ប្រកប​ដោយ​ធម៌​ ៣​យ៉ាង ឈ្មោះថា​ អ្នក​ប្រតិបត្តិ​ នូវ​សេចក្ដី​ប្រតិបត្តិ​មិន​ខុស ទាំង​ហេតុ​ ក៏​ឈ្មោះ​ថា លោកបាន​ផ្គង ដើម្បី​ឲ្យអស់​អាសវៈ​ទាំងឡាយ។ ធម៌​៣ យ៉ាង តើ​ដូចម្ដេច។ ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុ​ក្នុង​សាសនា​នេះ ជា​អ្នក​គ្រប់គ្រងទ្វារ ​ក្នុង​ឥន្រ្ទិយ​ទាំងឡាយ​ ១ ជា​អ្នកដឹង​ប្រមាណ ​ក្នុង​ភោជន ១ ជាអ្នកប្រកប​រឿយៗ ​នូវ​ការ​ភ្ញាក់​រលឹក​ ១។ ម្នាល​ភិក្ខុ​ទាំងឡាយ ចុះ​ភិក្ខុ​ជា​អ្នកគ្រប់​គ្រង​ទ្វារ​ ក្នុង​ឥន្រ្ទិយ​ទាំង​ឡាយ តើ​ដូច​ម្ដេច។ ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុ​ក្នុង​សាសនា​នេះ បាន​ឃើញ​រូប ​ដោយ​ភ្នែក​ហើយ តែ​ជា​អ្នក​មិនបាន​កួចកាន់​នូវ​និមិត្ត មិន​បាន​កួចកាន់​ នូវ​អនុព្យញ្ជនៈ​ អភិជ្ឈា និង​ទោម​នស្ស ដែល​ជា​​អកុសល​ធម៌​ ដ៏លាមក គប្បី​គ្រប​សង្គត់​ នូវ​បុគ្គល​ ដែល​មិន​សង្រួម នូវ​​ចក្ខុ​ន្រ្ទិយ​នុ៎ះ ព្រោះ​ហេតុ​មិន​បាន​សង្រួម ​នូវ​ចក្ខុន្រ្ទិយណា ក៏​ប្រតិបត្តិ ដើម្បី​សង្រួម​នូវ​ចក្ខុន្រ្ទិយ​នោះ រក្សា​នូវ​ចក្ខុន្រ្ទិយ ដល់នូវសេចក្ដីសង្រួម ​ក្នុង​ចក្ខុន្រ្ទិយ បាន​ឮសំឡេង ​ដោយ​ត្រចៀក​ហើយ។ បេ។ បានធុំក្លិន ​ដោយ​ច្រមុះ​ហើយ។ បេ។ បាន​ជញ្ជក់​ជញ្ជាបរស ​ដោយអណ្ដាត​ហើយ។ ​បេ។ បាន​ពាល់​ត្រូវ ​នូវផោដ្ធព្វៈ ​ដោយ​កាយ​ហើយ។ ​បេ។ បាន​ដឹងច្បាស់ ​នូវ​ធម្មារម្មណ៍ ​ដោយ​ចិត្ត​ហើយ តែ​ជា​អ្នក​មិន​បាន​កួច​កាន់ នូវ​និមិត្ត មិន​បាន​កួច​កាន់ ​នូវ​អុព្យញ្ជនៈ អភិជ្ឈា​ និង​ទោមនស្ស ដែលជា​អកុសល​ធម៌ ​ដ៏​លាមក គប្បី​គ្រប​សង្កត់​នូវ​បុគ្គល ដែល​មិន​បាន​សង្រួមនូវ​មនិន្រ្ទិយនុ៎ះ ព្រោះ​ហេតុតែ មិន​បាន​សង្រួម ​នូវ​មនិន្រ្ទិយ​ណា ក៏ប្រតិបត្តិ​ដើម្បី​សង្រួម​នូវមនិន្រ្ទិយ​នោះ រក្សា​នូវ​មនិន្រ្ទិយ ដល់​នូវ​សេចក្ដីសង្រួម​ក្នុង​មនិន្រ្ទិយ។ ម្នាល​ភិក្ខុ​ទាំងឡាយ យ៉ាង​នេះឯង ​ឈ្មោះថា ភិក្ខុ​ជា​អ្នក​គ្រប់​គ្រង​ទ្វារ ​ក្នុង​ឥន្រ្ទិយ​ទាំងឡាយ។ ​ម្នាល​ភិក្ខុ​ទាំងឡាយ ចុះភិក្ខុ​ជា​អ្នក​ដឹង​ប្រមាណ ​ក្នុង​ភោជន តើ​ដូច​ម្ដេច។ ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុ​ក្នុង​សាសនា​នេះ បាន​ពិចារណា​ ដោយ​ឧបាយ​នៃប្រាជ្ញា បរិ​ភោគ​ នូវអាហារ​ដោយ​គិត​ថា មិន​មែន​ដើម្បី​លេង មិនមែន​ដើម្បី​ស្រវឹង មិនមែងដើម្បី​ប្រដាប់ មិនមែន​ដើម្បី​ស្អិតស្អាង​ទេ គ្រាន់​តែ​ដើម្បី​ឲ្យតាំង​នៅ​នៃ​កាយនេះ ដើម្បី​ញុំាង​ជីវិត ​​ឲ្យប្រព្រឹត្ត​ទៅ ដើម្បី​កំចាត់​បង់​ នូវ​សេចក្ដីលំបាក ដើម្បីអនុគ្រោះ​ព្រហ្មចរិយធម៌ អាត្មា​អញ ​នឹង​កំចាត់​បង់ ​នូវ​វេទនា​ចាស់​ផង មិន​ឲ្យ​វេទនា​ថ្មី​កើត​ឡើង​បាន​ផង ការ​ប្រព្រឹត្តិ​ទៅ ​នៃ​ឥរិយាបថ ៤ ក្ដី ការមិន​មាន​ទោស​គឺមិន​ខ្ជិល​ច្រអូស​ក្ដី ការ​នៅ​ជា​សុខ​ក្ដី នឹង​មានដល់​អាត្មា​អញ ​ដោយ​ប្រការ​ដូច្នោះ។ ម្នាល​ភិក្ខុ​ទាំងឡាយ យ៉ាង​នេះឯង ឈ្មោះថា ភិក្ខុ​ជា​អ្នក​ដឹង​ប្រមាណ ​ក្នុង​ភោជន។ ម្នាល​ភិក្ខុ​ទាំងឡាយ ចុះភិក្ខុ​ជា​អ្នក​ប្រកប​រឿយៗ​នូវ​ការ​ភ្ញាក់​រលឹក តើ​ដូច​ម្ដេច។ ម្នាល​​ភិក្ខុ​ទាំងឡាយ ភិក្ខុ​ក្នុង​សាសនា​នេះ រមែង​ធ្វើ​ចិត្ត​ឲ្យស្អាត ​ចាកអាវរណីយ​ធម៌ (ធម៌ជា​គ្រឿង​រា​រាំង) ដោយការ​ចង្រ្កម ដោយការអង្គុយ អស់​១​ថ្ងៃ រមែង​ធ្វើ​ចិត្ត​ឲ្យ​ស្អាត ​ចាក​អាវរណីយធម៌ ដោយ​ការចង្រ្កម ដោយ​ការ​អង្គុយ អស់​បឋម​យាម​នៃរាត្រី សម្រេច​នូវ​សីហសេយ្យាសន៍ ផ្អៀង​ទៅ​ខាងស្ដាំ អស់​មជ្ឈិមយាម​នៃរាត្រី តម្រួតជើង​លើជើង ប្រកបដោយ​សតិ​សម្បជញ្ញៈ ធ្វើ​ទុក​ក្នុង​ចិត្ត ​នូវ​សេចក្ដី​សំគាល់ថា នឹង​ក្រោក ហើយ​ក៏ក្រោក ក្នុង​បច្ឆិម​យាម​នៃរាត្រី ធ្វើ​ចិត្ត​ឲ្យ​ស្អាត ​ចាក​អាវរណីយធម៌ ដោយ​ការចង្រ្កម ដោយ​ការ​អង្គុយ។ ម្នាល​ភិក្ខុ​ទាំងឡាយ យ៉ាង​នេះឯង ឈ្មោះថា ភិក្ខុ​ជា​អ្នក​ប្រកប​រឿយៗ នូវ​ការ​ភ្ញាក់​រលឹក។ ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុ​ប្រកប​ដោយធម៌ ៣យ៉ាង​នេះឯង ឈ្មោះ​ថា អ្នក​ប្រតិបត្តិ នូវសេចក្ដី​ប្រតិប័ទមិនខុស ទាំង​ហេតុ ​ក៏ឈ្មោះថា លោក​បាន​ផ្គង​ ដើម្បីឲ្យ អស់​អាសវៈ​ទាំងឡាយ។

(អត្តព្យាពាធសូត្រ ទី៧)

(៧. អត្តព្យាពាធសុត្តំ)

[១៧] ម្នាល​ភិក្ខុ​ទាំងឡាយ ធម៌ ៣យ៉ាង​នេះ ​ប្រព្រឹត្ត​ទៅ ដើម្បី បៀត​បៀន​ខ្លួន​ឯងផង ប្រព្រឹត្ត​ទៅ ដើម្បី​បៀតបៀន​បុគ្គល​ដទៃ​ផង ប្រព្រឹត្តទៅ ដើម្បី​បៀតបៀន​បុគ្គល ​ទាំង​២​ផង​។ ធម៌៣យ៉ាង តើដូចម្ដេច។ គឺកាយ​ទុច្ច​រិត ១ វចី​ទុច្ចរិត​១ មនោទុច្ចរិត​១។ ម្នាល​​ភិក្ខុ​ទាំងឡាយ ធម៌​៣​នេះឯង តែង​ប្រព្រឹត្ត​ទៅ ដើម្បី​បៀតបៀន​ខ្លួន​ឯងផង ប្រព្រឹត្តទៅ ដើម្បី​បៀតបៀន​បុគ្គល​ដទៃ​ផង ប្រព្រឹត្តទៅ ដើម្បី​បៀតបៀន​បុគ្គល ទាំង​២​ផង។ ម្នាល​ភិក្ខុ​ទាំងឡាយ ធម៌៣​យ៉ាង​នេះ ​មិន​ប្រព្រឹត្ត​ទៅ ដើម្បីបៀតបៀន​ខ្លួន​ឯងផង មិន​ប្រព្រឹត្តទៅ ដើម្បីបៀតបៀន​បុគ្គលដទៃ​ផង មិនប្រព្រឹត្តទៅ ដើម្បី​បៀតបៀន​បុគ្គល​ទាំង​២ផង។ ធម៌​៣ តើដូចម្ដេច។ គឺ កាយសុចរិត​ ១ វចីសុចរិត ១ មនោសុចរិត ១។ ម្នាល​ភិក្ខុ​ទាំងឡាយ ធម៌ ៣នេះ​ឯង មិន​ប្រព្រឹត្ត​ទៅ ដើម្បី​បៀត​បៀន​ខ្លួន​ឯង​ផង មិន​ប្រព្រឹត្តទៅ ដើម្បី​បៀត​បៀន​បុគ្គល​ដទៃ​ផង មិន​ប្រព្រឹត្តទៅ ដើម្បី​បៀតបៀនបុគ្គល​ទាំង ២ផង។

(ទេវលោកសូត្រ ទី៨)

(៨. ទេវលោកសុត្តំ)

[១៨] ម្នាល​ភិក្ខុ​ទាំងឡាយ បើពួក​បរិព្វា​ជក ​ជា​អន្យតិរ្ថិយ សួរ​អ្នក​ទាំង​ឡាយ យ៉ាង​នេះថា ម្នាល​អាវុសោទាំងឡាយ ព្រះ​សមណ​គោតម ប្រព្រឹត្ត​​ព្រហ្មចរិយធម៌ ដើម្បី​ទៅ​កើតក្នុង​ទេវលោកឬ។ ម្នាល​ភិក្ខុ​ទាំងឡាយ បើ​បរិព្វាជក​ជា​អន្យតិរ្ថិយ សួរ​យ៉ាង​នេះ អ្នក​ទាំង​ឡាយ ជិន​ឆ្អន់ ធុញ​ទ្រាន់​ ខ្ពើម​រអើម​ ដែរ​ឬ។ ព្រះ​ករុណា​ ព្រះ​អង្គ។ ម្នាល​ភិក្ខុ​ទាំងឡាយ បាន​ឮ​ថា អ្នក​ទាំងឡាយ ជិនឆ្អន់​ ធុញ​ទ្រាន់ ខ្ពើម​រអើម អាយុទិព្វ សម្បុរទិព្វ សេចក្ដីសុខទិព្វ យសទិព្វ ជិនឆ្អន់ ធុញទ្រាន់ ខ្ពើមរអើម ភាព​ជាអធិបតី​ជាទិព្វ ដោយ​ប្រការដូច្នេះហើយ។ ម្នាល​ភិក្ខុ​ទាំងឡាយ បើម្ល៉ោះ​ទៅ​ហើយ អ្នក​ទាំងឡាយ គប្បី​ជិន​ឆ្អន់ ធុញ​ទ្រាន់ ខ្ពើម​រអើម នឹងកាយ​ទុច្ចរិត​ នឹង​វចីទុច្ចរិត…​ គប្បី​ជិនឆ្អន់ ធុញ​ទ្រាន់ ខ្ពើមរអើម​នឹងមនោទុច្ចរិត។

(បឋមបាបណិកសូត្រ ទី៩)

(៩. បឋមបាបណិកសុត្តំ)

[១៩] ម្នាល​ភិក្ខុ​ទាំងឡាយ អ្នក​ផ្សារ​ប្រកប​ដោយ​អង្គ ​៣ ជាអ្នកមិន​គួរ​បាន​ភោគៈ ដែល​មិនទាន់​បានផង មិនគួរ​ធ្វើ​ភោគៈ ​ដែល​រកបាន​ហើយ ឲ្យចំរើន​ឡើងផង។ អង្គ​៣ តើដូចម្ដេច។ ម្នាល​ភិក្ខុ​ទាំងឡាយ អ្នកផ្សារក្នុង​លោក​នេះ មិន​ចាត់ចែង​ការងារ ដោយ​យក​ចិត្ត​ទុកដាក់​ ក្នុងបុព្វណ្ហសម័យ ​១ មិនចាត់​ចែងការងារ ដោយយកចិត្តទុកដាក់ ​ក្នុងជម្ឈន្ដិកសម័យ ១ មិន​ចាត់ចែងការងារ ដោយ​យកចិត្តទុកដាក់​ ក្នុង​សាយណ្ហសម័យ ​១។ ម្នាលភិក្ខុ​ទាំងឡាយ អ្នកផ្សារប្រកបដោយអង្គ៣នេះឯង រមែងមិនគួរបានភោគៈ ដែលមិនទាន់បានផង មិនគួរធ្វើភោគៈ ដែលរកបានមកហើយ ឲ្យចំរើនឡើងផង។ ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុប្រកបដោយធម៌​ ទាំង៣​ មិនគួរបាន​កុសលធម៌​ ដែល​មិនទាន់​បានផង មិនគួរធ្វើ​កុសល​ធម៌ ដែលកើតហើយ ឲ្យ​ចំរើនឡើងផង ក៏យ៉ាង​នោះដែរ។ ធម៌​៣ តើដូចម្ដេច។ ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុ​ក្នុង​សាសនានេះ មិនអធិដ្ឋានសមាធិនិមិត្ត ដោយ​យក​ចិត្ត​ទុកដាក់ ក្នុងបុព្វណ្ហសម័យ​ ១​ មិនអធិដ្ឋាន​​សមាធិនិមិត្ត ដោយយក​ចិត្តទុកដាក់ ​ក្នុងមជ្ឈន្ដិកសម័យ ១​មិនអធិដ្ឋាន​សមាធិនិមិត្ត​ ដោយយកចិត្តទុកដាក់ ក្នុងសាយណ្ហសម័យ ១។ ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុ​ប្រកបដោយធម៌ ទាំង៣​នេះឯង មិនគួរ​បាន​កុសល​ធម៌ ដែល​មិន​ទាន់បាន​ផង មិន​គួរ​ធ្វើ​កុសលធម៌ ដែល​បានហើយ ឲ្យចំរើន​ឡើងផង។ ម្នាល​ភិក្ខុ​ទាំងឡាយ អ្នក​ផ្សារប្រកបដោយអង្គ ៣ ទើប​គួរ​បាននូវ​ភោគៈ ​ដែល​មិន​ទាន់បានមក​ផង គួរ​ធ្វើ​ភោគៈ ដែលបាន​មក​ហើយ ឲ្យចំរើន​ឡើង​ផង។ ​ អង្គ​៣ តើដូចម្ដេច។ ម្នាល​ភិក្ខុ​ទាំងឡាយ អ្នក​ផ្សារ​ក្នុង​លោក​នេះ ចាត់ចែង​ការងារ ដោយយកចិត្ត​ទុកដាក់ ក្នុង​បុព្វណ្ហ​សម័យ ​១ ចាត់ចែង​ការងារ​ ដោយ​យកចិត្តទុកដាក់ ​ក្នុងមជ្ឈន្ដិកសម័យ ​១ ចាត់ចែង​ការងារ ដោយ​យកចិត្តទុកដាក់ ក្នុង​សាយណ្ហសម័យ ​១។ ម្នាល​ភិក្ខុ​ទាំងឡាយ អ្នកផ្សារ​ ប្រកប​ដោយអង្គ ទាំង៣ នេះឯង ទើបគួរបាន​នូវ​ភោគៈ​ ដែល​មិនទាន់​បានផង គួរ​ធ្វើភោគៈ ដែល​រកបាន​មក​ហើយ ឲ្យ​ចំរើន​ឡើងផង។ ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុ​ប្រកប​ដោយធម៌ ៣យ៉ាង​គួរបានកុសល​ធម៌​ ដែល​មិន​ទាន់​បានផង គួរ​ធ្វើកុសល​ធម៌ ​ដែល​បាន​ហើយ ឲ្យចំរើន​ឡើងផង ក៏យ៉ាង​នោះដែរ។ ធម៌ ៣ យ៉ាង តើដូចម្ដេច។ ម្នាល​ភិក្ខុ​​ទាំងឡាយ ភិក្ខុក្នុង​សាសនានេះ អធិដ្ឋានសមាធិនិមិត្ត ដោយយកចិត្ត​ទុក​ដាក់​ក្នុងបុព្វណ្ហសម័យយ ១ អធិដ្ឋានសមាធិនិមិត្ត ដោយយកចិត្តទុកដាក់ ក្នុងមជ្ឈន្ដិកសម័យ ១ អធិដ្ឋានសមាធិនិមិត្ត ដោយយកចិត្តទុកដាក់ ​ក្នុង​សាយណ្ហសម័យ​ ១។ ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុប្រកបដោយធម៌ ទាំង​៣នេះឯង ទើបគួរ​បានកុសល​ធម៌ ដែល​មិនទាន់បានផង គួរធ្វើកុសលធម៌ ដែលបានហើយ ឲ្យចំរើនឡើងផង។

(ទុតិយបាបណិកសូត្រ ទី១០)

(១០. ទុតិយបាបណិកសុត្តំ)

[២០] ម្នាល​ភិក្ខុ​ទាំងឡាយ អ្នកផ្សារ​ប្រកបដោយ​អង្គ​ ៣ មិនយូរប៉ុន្មាន រមែង​ដល់ ​នូវ​ការចំរើន បរិបូណ៌​ក្នុង​ភោគៈ។ អង្គ ​៣ តើដូចម្ដេច។ ម្នាល​ភិក្ខុ​ទាំងឡាយ អ្នកផ្សារ​ក្នុងលោកនេះ ជាអ្នក​មានបញ្ញាចក្ខុ ១ មានព្យាយាម ​ដ៏ប្រសើរ​១ សម្បូណ៌​ដោយ​ទីពឹង​១។ ម្នាល​ភិក្ខុ​ទាំងឡាយ អ្នកផ្សារ ដែល​មានបញ្ញាចក្ខុ តើដូចម្ដេច។ ម្នាល​ភិក្ខុ​ទាំងឡាយ អ្នកផ្សារក្នុងលោក​នេះ រមែង​ស្គាល់​ទំនិញថា ទំនិញនេះ អញ​ទិញ​មកថ្លៃ​ប៉ុណ្ណេះ កាលបើអញលក់​ទៅវិញ​ថ្លៃប៉ុណ្ណេះ នឹង​បានដំឡៃត្រឹមប៉ុណ្ណេះ ​នឹងបាន​ចំណេញប៉ុណ្ណេះ។ ម្នាល​ភិក្ខុ​ទាំងឡាយ យ៉ាង​នេះឯង ​ហៅថា ​អ្នកផ្សារមានបញ្ញាចក្ខុ។ ម្នាល​ភិក្ខុ​ទាំងឡាយ អ្នក​ផ្សារមាន​ព្យាយាម ​ដ៏ប្រសើរ តើដូចម្ដេច។ ម្នាល​ភិក្ខុ​ទាំងឡាយ អ្នក​ផ្សារក្នុង​លោកនេះ រមែង​ឆ្លៀវឆ្លាស ក្នុង​ការទិញទំនិញផង លក់​ទំនិញ​ផង។ ម្នាល​ភិក្ខុ​ទាំងឡាយ យ៉ាង​នេះឯង ហៅថា អ្នក​ផ្សារ​មានព្យាយាម ​ដ៏ប្រសើរ។ ម្នាល​ភិក្ខុ​ទាំងឡាយ ចុះអ្នកផ្សារ ​សម្បូណ៌ដោយ​ទីពឹង តើដូចម្ដេច។ ម្នាល​ភិក្ខុ​ទាំងឡាយ អ្នក​ផ្សារក្នុង​លោកនេះ រមែង​មានពួកគហបតី ឬគហបតិបុត្រ ដែលស្ដុកស្ដម្ភ​មានទ្រព្យ​ច្រើន មាន​គ្រឿង​ប្រើប្រាស់ច្រើន ស្គាល់​អ្នក​ផ្សារ​នោះ យ៉ាង​នេះថា អ្នក​ផ្សារ​ដ៏​ចំរើន​នេះ មាន​បញ្ញាចក្ខុផង មានព្យាយាម​ ដ៏ប្រសើរផង ជាអ្នក​អង់អាច​ដើម្បី​រក្សាកូនប្រពន្ធ​ផង ដើម្បី​ផ្ដល់​នូវទ្រព្យ ដល់​យើង​មួយដង​ ​មួយ​កាលបានផង។ គហបតី ឬ​គហបតីបុត្រ​ទាំង​នោះ អញ្ជើញអ្នក​ផ្សារនោះ​ ដោយ​ភោគៈ​ទាំងឡាយ​ថា ម្នាល​អ្នក​ផ្សារ​សម្លាញ់ ចូរអ្នក​យកភោគៈអំពីនេះ ទៅ​ចិញ្ចឹម​កូន​ប្រពន្ធ​ចុះ ចូរផ្ដល់​នូវ​ទ្រព្យ ​ដល់យើង ​មួយដង​មួយ​កាលផងចុះ។ ម្នាល​ភិក្ខុ​ទាំងឡាយ យ៉ាង​នេះឯង ហៅថា ​អ្នក​ផ្សារ​សម្បូណ៌​ដោយ​ទីពឹង។ ម្នាល​ភិក្ខុ​ទាំងឡាយ អ្នកផ្សារប្រកប​ដោយអង្គ​ ទាំង​៣ នេះឯង មិន​យូរ​ប៉ុន្មាន រមែង​ដល់​នូវ​ការចំរើន បរិបូណ៌​ក្នុងភោគៈ។ ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុ​ប្រកបដោយធម៌​៣ មិនយូរ​ប៉ុន្មាន គង់ដល់នូវ​ការចំរើន បរិបូណ៌ ​ក្នុងកុសលធម៌ ក៏យ៉ាងនោះដែរ។ ធម៌៣ តើដូចម្ដេច។ ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុក្នុង​សាសនា​នេះ ជាអ្នកមាន​បញ្ញាចក្ខុ ១ មាន​ព្យាយាម ​ដ៏ប្រសើរ​ ១ សម្បូណ៌​ដោយ​ទីពឹង ​១។ ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុជាអ្នកមានបញ្ញាចក្ខុ តើដូចម្ដេច។ ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុក្នុង​សាសនា​នេះ រមែង​ដឹង​ច្បាស់​ តាម​ពិត​ថា នេះ​ទុក្ខ…. ដឹង​ច្បាស់​តាមពិតថា នេះ​បដិបទា ជាដំណើរទៅកាន់ទីរំលត់​ទុក្ខ។ ម្នាល​ភិក្ខុ​ទាំងឡាយ យ៉ាងនេះឯង ហៅថា​ភិក្ខុ​មានបញ្ញាចក្ខុ។ ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុមាន​ព្យាយាម ​ដ៏ប្រសើរ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​ក្នុង​សាសនានេះ ជាអ្នកតាំង​ផ្ដើមសេចក្ដីព្យាយាម ដើម្បី​លះបង់អកុសលធម៌ ធ្វើ​កុសល​ធម៌ ​ឲ្យកើតឡើង ជាអ្នក​មាន​កម្លាំង មាន​សេចក្ដីប្រឹង​ប្រែង ​ដ៏មុតមាំ មិន​បោះ​បង់​ព្យាយាម ក្នុង​កុសល​ធម៌ទាំងឡាយ។ ម្នាល​ភិក្ខុ​ទាំងឡាយ យ៉ាង​នេះឯង ហៅថា ​ភិក្ខុ​មាន​ព្យាយាមដ៏ប្រសើរ។ ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុជាអ្នកសម្បូណ៌ដោយទីពឹង តើដូចម្ដេច។ ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុក្នុងសាសនានេះ រមែង​បានពួក​ភិក្ខុ ដែល​មាន​សេចក្ដី​ចេះដឹង​ច្រើន ចេះ​ចាំស្ទាត់ ក្នុង​និកាយ ជាអ្នក​ទ្រទ្រង់ធម៌ ទ្រទ្រង់វិន័យ ទ្រទ្រង់មាតិកា ភិក្ខុ​នោះ​ក៏ចូល​ទៅ​ដណ្ដឹង សាក​សួរ​ពួកភិក្ខុទាំងនោះ មួយ​ដង​មួយ​កាល​ថា បពិត្រ​ព្រះ​ករុណា​ដ៏ចំរើន កិច្ច​នេះ​តើដូចម្ដេច ប្រយោជន៍​នៃ​កិច្ច​នេះ តើដូចម្ដេច។ ចំណែកលោក​ដ៏​មាន​អាយុ​ទាំងនោះ ក៏​បើក​នូវ​សេចក្ដី ដ៏កំបាំង​ផង ធ្វើ​ឲ្យ​រាក់​ នូវ​សេចក្ដី​ដែល​ជ្រៅ​ផង បន្ទោបង់ ​នូវ​សេចក្ដី​សង្ស័យ ក្នុង​ធម៌ ដែល​គួរ​សង្ស័យ ដ៏​ច្រើន​ប្រការ​ផង ដល់​ភិក្ខុ​នោះ។ ម្នាល​ភិក្ខុ​ទាំងឡាយ យ៉ាង​នេះឯង ហៅថា ភិក្ខុ​សម្បូណ៌ដោយទីពឹង។ ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុ​ប្រកប​ដោយ​ធម៌ ទាំង​៣​នេះឯង​ហើយ មិន​យូរប៉ុន្មាន គង់​ដល់​នូវ​សេចក្ដី​ចំរើន ​បរិបូណ៌ ក្នុង​កុសលធម៌ ទាំង​ឡាយ។

ចប់ រថ​ការវគ្គ ទី២។

ឧទ្ទាននៃរថ​ការវគ្គនោះគឺ

សំដែង​អំពី​ភិក្ខុ​មាន​កេរ្ដិ៍ឈ្មោះ​ ១ ហេតុ​ដែល​ស្ដេច​គប្បីរលឹក​ ១ ភិក្ខុ ១ ស្ដេច​ចក្រ​ពត្តិ​ ១ ព្រះបាទ​បចេតនៈ ១ ភិក្ខុប្រតិបត្តិ​អបណ្ណកប្បដិបទា ១ អន្យតិរិ្ថយ​ថា ​ព្រះ​សម្ពុទ្ធប្រព្រឹត្ត ដើម្បី​កើត​ក្នុង​ទេវលោក​ ១ អ្នក​ផ្សារ​ ប្រកប​ដោយ​ធម៌ ៣ មាន​២លើក។

បុគ្គលវគ្គ ទី៣

(៣. បុគ្គលវគ្គោ)

(សមិទ្ធសូត្រ ទី១)

(១. សមិទ្ធសុត្តំ)

[២១] សម័យ​មួយ ព្រះ​មាន​ព្រះ​ភាគ​ ទ្រង់​គង់នៅក្នុង​វត្ត​ជេតពន របស់​អនាថបិណ្ឌិក​សេដ្ឋី ទៀបក្រុង​សាវត្ថី។ គ្រានោះ​ឯង ព្រះ​សវិដ្ឋៈដ៏​មានអាយុ និង​ព្រះមហាកោដិ្ឋតៈ ដ៏មានអាយុ ចូល​ទៅរកព្រះសារីបុត្ត​ដ៏មានអាយុ លុះចូល​ទៅ​ដល់ហើយ ក៏​ពោល​ពាក្យ​រាក់ទាក់​ ជាមួយ​នឹង​ព្រះសារីបុត្ត​ដ៏មានអាយុ លុះ​បញ្ចប់ពាក្យ​ ដែល​គួរ​រីករាយ និង​ពាក្យដែល​គួររលឹកហើយ ក៏អង្គុយ​ក្នុង​ទីដ៏សម​គួរ។ លុះ​ព្រះសេវិដ្ឋៈដ៏មាន​អាយុ អង្គុយ​ក្នុង​ទីដ៏សម​គួររួច​ហើយ ​ព្រះ​សារីបុត្ត​ដ៏មានអាយុ បាន​ពោលដូច្នេះថា ម្នាលអាវុសោ សវិដ្ឋៈ បុគ្គល ៣ ពួកនេះ រមែង​មាន​នៅក្នុងលោក។ បុគ្គល ៣ពួក តើដូចម្ដេច។ គឺកាយសក្ខិ (មានកាយ​ជា​បន្ទាល់)​ ១​ ទិដ្ឋិប្បត្ត (ដល់ដោយ​ទិដ្ឋិ គឺបញ្ញា)​ ១ ​សទ្ធាវិមុត្ត (រួច​ចាកកិលេសដោយ​សទ្ធា) ១។ ម្នាល​អាវុសោ បុគ្គល​៣ ពួកនេះឯង រមែង​មាននៅ​ក្នុង​លោក។ ​ ម្នាលអាវុសោ បណ្ដា​បុគ្គល ​ទាំង​៣ ពួក​នេះ បុគ្គល​ដូចម្ដេច ដែល​ល្អជាង​និងឧត្ដមជាង ដែល​គាប់ចិត្តលោក។ ម្នាលអាវុសោសារីបុត្ត បុគ្គល​៣ពួក​នេះ រមែង​មាន​នៅក្នុង​លោក។ បុគ្គល៣ពួក​ តើដូចម្ដេច។ គឺកាយ​សក្ខិ ១​ ទិដ្ឋិប្បត្ត ១ សទ្ធាវិមុត្ត ១។ ម្នាល​អាវុសោ បុគ្គល​៣ពួក​នេះ រមែង​មាន​នៅក្នុង​លោក។ ម្នាល​អាវុសោ បណ្ដាបុគ្គល​៣ពួកនេះ បុគ្គល​ណា ជាសទ្ធា​វិមុត្ត​ បុគ្គល​ទាំង​៣​ពួកនេះ បុគ្គល​នេះ​ ល្អជាង និង​ឧត្ដម​ជាង រមែង​គាប់​ចិត្តខ្ញុំ។ ដំណើរនោះ ព្រោះហេតុ​អ្វី។ ម្នាលអាវុសោ ដ្បិតថា សទ្ធិន្រ្ទិយរបស់បុគ្គល​នេះ មាន​ប្រមាណ​ច្រើន​ក្រៃពេក។ លំដាប់នោះឯង ព្រះ​សារីបុត្ត​ដ៏មានអាយុ បាន​ពោល​នឹង​ព្រះ​មហាកោដ្ឋិតៈដ៏មាន​អាយុ ​ដូច្នេះ​ថា ម្នាល​អាវុសោ កោដ្ឋិតៈ បុគ្គល​៣​ពួក​នេះ រមែង​មាននៅក្នុង​លោក។ បុគ្គល​៣​ពួក​ តើដូចម្ដេច។ គឺកាយ​សក្ខិ ១ ទិដ្ឋិប្បត្ត ១ សទ្ធាវិមុត្ត​ ១។ ម្នាល​អាវុសោ បុគ្គល​៣ ពួកនេះឯង រមែង​មាន​នៅក្នុង​លោក​។ ម្នាល​អាវុសោ បណ្ដាបុគ្គល​៣ពួក​នេះ បុគ្គល​ដូចម្ដេច ដែល​ល្អ​ជាង​គេ និង​ឧត្ដម​ជាង​គេ ដែល​គាប់​ចិត្ត​លោក។ ម្នាលអាវុសោ សារីបុត្ត បុគ្គល​៣ ពួក​នេះ រមែង​មាន​នៅ​ក្នុង​លោក។ បុគ្គល​៣ពួក តើដូចម្ដេច។ គឺ​កាយ​សក្ខិ ១ ទដ្ឋិប្បត្ត ១ សទ្ធាវិមុត្ត ១។ ម្នាល​អាវុសោ បុគ្គល ៣​ពួកនេះ រមែង​មាន​នៅ​ក្នុងលោក។ ​ ម្នាលអាវុសោ បណ្ដា​បុគ្គល​៣ ពួកនេះ បុគ្គល​ណា ជាកាយសក្ខិ បុគ្គលទាំង​៣ពួកនេះ បុគ្គល​នេះ ​ល្អ​ជាង និង​ឧត្ដម​ជាង រមែង​គាប់​ចិត្ត​ខ្ញុំ។ ដំ​ណើរ​នោះ ព្រោះ​ហេតុ​អ្វី។ ម្នាល​អាវុសោ ដ្បិត​ថា សមាធិន្រ្ទិយ​របស់បុគ្គល​នេះ មានប្រមាណ​ច្រើនក្រៃពេក​។ លំដាប់នោះ ព្រះ​មហា​កោដ្ឋិតៈដ៏មាន​អាយុ បាន​ពោល​នឹង​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ ​ដូច្នេះ​ថា ម្នាល​អាវុសោ សារីបុត្ត បុគ្គល​៣ពួក​នេះ រមែង​មាន​នៅក្នុង​លោក។ បុគ្គល ៣ពួក តើ​ដូចម្ដេច។ គឺ​កាយ​សក្ខិ ១ ទិដ្ឋិប្បត្ត​ ១ សទ្ធាវិមុត្ត ១។ ម្នាលអាវុសោ បុគ្គល​៣ពួក​នេះ រមែងង​មាន​នៅក្នុង​លោក។ ម្នាលអាវុសោ បណ្ដាបុគ្គលទាំង​ ៣ ពួកនេះ បុគ្គល​ដូចម្ដេច ដែល​ល្អ​ជាង​គេ និង​ឧត្ដមជាងគេ ដែល​គាប់​ចិត្ត​លោក។ ម្នាល​អាវុសោ កោដ្ឋិតៈ បុគ្គល​៣ពួកនេះ រមែង​មាន​នៅក្នុងលោក។ បុគ្គល​៣​ពួក តើដូចម្ដេច។ គឺ​កាយ​សក្ខិ ១ ទិដ្ឋិប្បត្ត ១ សទ្ធាវិមុត្ត​ ១។ ម្នាលអាវុសោ បុគ្គល​៣ ពួកនេះ ​រមែងមាន​នៅក្នុង​លោក។ ម្នាលអាវុសោ បណ្ដាល​បុគ្គល​៣​ពួក​នេះ​ បុគ្គល​ណា ​ជាទិដ្ឋិប្បត្ត បុគ្គល​ទាំង​៣ ពួក​នេះ បុគ្គល​នេះ​ ល្អ​ជាង និង​ឧត្ដម​ជាង រមែងគាប់​ចិត្ត​ខ្ញុំ។ ដំណើរ​នោះ ព្រោះ​ហេតុ​អ្វី។ ម្នាល​អាវុសា ដ្បិត​ថា បញ្ញិន្រ្ទិយ​របស់បុគ្គល​នេះ មាន​ប្រមាណ​ច្រើន​ក្រៃ​ពេក។ លំដាប់នោះ ព្រះ​សារីបុត្ត​ដ៏មាន​អាយុ បាន​ពោល​នឹង​ព្រះ​សវិដ្ឋៈដ៏មាន​អាយុផង និង​ព្រះ​មហា​កោដ្ឋិតៈដ៏​មាន​អាយុ​ផង ដូច្នេះថា ម្នាលអាវុសោ បដិភាណ (ប្រាជ្ញា​វាង​វៃ) ដែល​យើង​ទាំង​អស់​គ្នា ​ព្យាករ​ទៅ​តាម​អធ្យាស្រ័យ​របស់​ខ្លួន​ ម្នាលអាវុសោ មក ពួកយើង​នឹង​ចូល​ទៅគាល់​ព្រះដ៏មាន​ព្រះភាគ លុះចូល​ទៅដល់ហើយ នឹង​ក្រាប​បង្គំ​ទូល​សួរ​សេចក្ដី​នុ៎ះ ចំពោះ​ព្រះ​មាន​ព្រះភាគ ព្រះមាន​ព្រះ​ភាគ​ នឹងទ្រង់​ព្យាករ ​ដល់យើង​យ៉ាង​ណា យើង​នឹង​ចាំ​សេចក្ដី​នោះ ទុក​យ៉ាង​នោះ។ ព្រះ​សវិដ្ឋៈដ៏មាន​អាយុ និង​ព្រះមហា​កោដ្ឋិតៈ​ដ៏មានអាយុ ទទួល​ស្ដាប់​ពាក្យ​ព្រះ​សារីបុត្ត​ដ៏មាន​អាយុ​ថា ករុណា ​អាវុសោ។ លំដាប់នោះ ព្រះ​សារីបុត្ត​ដ៏មាន​អាយុ ព្រះ​សវិដ្ឋៈដ៏មាន​អាយុ និងព្រះ​មហាកោដ្ឋិតៈ​ដ៏មាន​អាយុ ចូល​ទៅគាល់​ព្រះ​មាន​ព្រះភាគ លុះចូលទៅ​ដល់​ហើយ បាន​ក្រាប​ថ្វាយបង្គំ​ព្រះមាន​ព្រះភាគ ហើយ​អង្គុយក្នុង​ទីដ៏សម​គួរ។ លុះ​ព្រះ​សារីបុត្ត​ដ៏មាន​អាយុ អង្គុយ​ក្នុង​ទីដ៏​សមគួរហើយ បាន​ក្រាប​បង្គំ​ទូល​ពាក្យ​ ដែល​ចរចា ជាមួយ​នឹង​ព្រះ​សវិដ្ឋៈដ៏​មាន​អាយុ និង​ព្រះមហាកោដ្ឋិតៈដ៏មានអាយុ តាំង​ពី​ដើម​ទាំង​អស់នោះ ចំពោះព្រះ​មាន​ព្រះ​ភាគ។ ព្រះ​មាន​ព្រះ​ភាគ​ ទ្រង់ត្រាស់ថា ម្នាលសារីបុត្ត ក្នុង​ដំណើរនុ៎ះ បុគ្គលមិនងាយ​នឹងព្យាករ ដោយ​ដាច់​ខាតថា បណ្ដាបុគ្គល​ ទាំង​៣ពួក​នេះ បុគ្គល​នេះ ​ល្អជាង និង​ឧត្ដម​ជាង ដូច្នេះ​ទេ។ ម្នាល​សារីបុត្ត ហេតុ​នុ៎ះ រមែង​មាន​ដោយ​ពិត​ថា បុគ្គល​ណា ជាសទ្ធាវិមុត្ត បុគ្គល​នោះ ​ប្រតិបត្តិ ដើម្បី​អរហត្តមគ្គ បុគ្គល​ណា ជាកាយ​សក្ខិ បុគ្គលនោះ​ ជាសក​ទាគាមី ឬ​ជា អនាគាមី មួយទៀត បុគ្គលណា ជាទិដ្ឋិប្បត្ត បុគ្គល​នោះ ជាសកទា​គាមី ឬជាអនាគាមី ក៏មាន។ ម្នាលសារីបុត្ត ក្នុង​ដំណើរនុ៎ះ បុគ្គល​មិន​ងាយ​ព្យាករ ដោយ​ដាច់​ខាតថា បណ្ដាបុគ្គល ​ទាំង​៣​ពួកនេះ បុគ្គល​នេះ ល្អ​ជាង​ និង​ឧត្តមជាង ដូច្នេះទេ។ ម្នាល​សារីបុត្ត ហេតុនុ៎ះ រមែង​មាន​ដោយ​ពិត​ថា បុគ្គល​ណា ជា​កាយ​សក្ខិ បុគ្គល​នោះ ប្រតិបត្តិ​ដើម្បី​អរហត្ត​មគ្គ បុគ្គល​ណា ជាសទ្ធាវិមុត្ត បុគ្គល​នោះ ជាសកទា​គាមី ឬជា​អនាគាមី មួយ​ទៀត បុគ្គលណា ជាទិដ្ឋិប្បត្ត បុគ្គល​នោះ ជាសកទាគាមី ឬជា​អនាគាមី​ ក៏​មាន។ ម្នាលសារីបុត្ត ក្នុង​ដំណើរ​នុ៎ះ បុគ្គល​មិន​ងាយនឹង​ព្យាករ ដោយ​ដាច់ខាតថា បណ្ដា​បុគ្គល​ ទាំង​៣​ពួក​នេះ​ បុគ្គលនេះ ល្អ​ជាង និង​ឧត្ដម​ជាង ដូច្នេះ​ទេ។ ម្នាល​សារីបុត្ត ហេតុនុ៎ះ រមែង​មាន​ដោយ​ពិត​ថា បុគ្គល​ណា ជា​ទិដ្ឋិប្បត្ត បុគ្គល​នោះ ប្រតិបត្តិ​ ដើម្បី​អរហត្ត​មគ្គ បុគ្គល​ណា ជា​សទ្ធា​វិមុត្ត បុគ្គលនោះ ​ជាសកទាគាមី ឬ​អនាគាមី មួយវិញទៀត បុគ្គលណា ជាកាយសក្ខិ បុគ្គល​នោះ ជា​សកទាគាមី ឬអនាគាមី​ ក៏មាន។ ម្នាល​សារីបុត្ត ក្នុងដំណើរនុ៎ះ បុគ្គល​មិន​ងាយ​នឹង​ព្យាករ ដោយ​ដាច់​ខាត​ថា បណ្ដា​បុគ្គល​ ទាំង​៣​ពួកនេះ បុគ្គលនេះ​ ល្អជាង និង​ឧត្ដម​ឯង ដូច្នេះ​ទេ។

(គិលានសូត្រ ទី២)

(២. គិលានសុត្តំ)

[២២] ម្នាល​ភិក្ខុ​ទាំងឡាយ អ្នក​ជម្ងឺ​ ៣ពួក​នេះ រមែង​មាន​នៅ​ក្នុងលោក​។ ​អ្នក​ជម្ងឺ​ ៣​ពួក ​ដូចម្ដេច​។ ​ ម្នាល​ភិក្ខុ​ទាំងឡាយ អ្នក​ជម្ងឺ​ពួក​ខ្លះ ​ក្នុងលោក​នេះ បានភោជនជាទីសប្បាយក្ដី មិន​បាន​ភោជន​ជាទី​សប្បាយ​ក្ដី បាន​ភេសជ្ជៈ​ជាទី​សប្បាយ​ក្ដី មិន​បាន​ភេស​ជ្ជៈ​ជាទី​សប្បាយ​ក្ដី បាន​ឧបដ្ឋាក ដ៏​សម​គួរក្ដី មិន​បាន​ឧបដ្ឋាក ​ដ៏​សម​គួរ​ក្ដី ក៏នៅ​តែមិន​សះ​ស្បើយ ​ចាក​ជម្ងឺនោះឡើយ។ ម្នាល​ភិក្ខុ​ទាំងឡាយ ម្យ៉ា់ង​ទៀត អ្នក​ជម្ងឺពួក​ខ្លះ ​ក្នុង​លោកនេះ បាន​ភោជន​ជាទី​សប្បាយ​ក្ដី មិន​បាន​ភោជន​ជាទី​សប្បាយ​ក្ដី បានភេសជ្ជៈជា​ទី​សប្បាយ​ក្ដី មិន​បាន​ភេសជ្ជៈ​ជាទី​សប្បាយ​ក្ដី បាន​ឧបដ្ឋាកដ៏សម​គួរ​ក្ដី មិន​បាន​ឧបដ្ឋាក​ដ៏សម​គួរក្តី ក៏​រមែង​សះស្បើយ​ ចាកជម្ងឺ​នោះបាន។ ម្នាល​ភិក្ខុ​ទាំងឡាយ មួយ​ទៀត អ្នក​ជម្ងឺ​ពួក​ខ្លះ​ក្នុង​លោកនេះ បាន​ភោជន​ជាទីសប្បាយ មិន​មែន​ជាមិន​បាន​ភោជន​ជាទី​សប្បាយ​ទេ បាន​ភេសជ្ជៈ​ជាទី​សប្បាយ មិន​មែន​ជាមិនបាន​ភេសជ្ជៈ​ជាទី​សប្បាយ​ទេ បាន​ឧបដ្ឋាកដ៏​សម​គួរ មិន​មែន​ជាមិន​បាន​ឧបដ្ឋាក​ដ៏​សម​គួរ​ទេ ទើបសះ​ស្បើយ ​ចាក​ជម្ងឺ​នោះបាន។ ម្នាល​ភិក្ខុ​ទាំងឡាយ បណ្ដា​អ្នក​ជម្ងឺ ទាំង ៣ ពួក​នោះ អ្នក​ជម្ងឺ​ណា បាន​ភោជន​ជាទី​សប្បាយ មិនមែន​ជាមិន​បាន​ភោជន​ជាទីសប្បាយ​ទេ បាន​ភេសជ្ជៈ​ជាទី​សប្បាយ មិនមែន​ជាមិន​បានភេសជ្ជៈ​ជាទី​សប្បាយ​ទេ បានឧបដ្ឋាក ដ៏សមគួរ មិនមែន​ជា​មិន​បាន​ឧបដ្ឋាក​ ដ៏សម​គួរ​ទេ ទើប​សះ​ស្បើយ​ ចាក​ជម្ងឺ​នោះ​បាន ម្នាល​ភិក្ខុ​ទាំងឡាយ តថា​គត​ អនុញ្ញាត​គិលាន​ភត្ត (អាហារ​សម្រាប់​អ្នកជម្ងឺ) អនុញ្ញាត​គិលាន​ភេសជ្ជៈ (ថ្នាំរក្សាជម្ងឺ) អនុញ្ញាតគិលានុបដ្ឋាក (អ្នក​ថែ​ជម្ងឺ) ព្រោះ​អាស្រ័យ​អ្នក​ជម្ងឺ​នេះ​ឯង ម្នាល​ភិក្ខុ​ទាំងឡាយ មួយវិញ​ទៀត ព្រោះ​អាស្រ័យ​អ្នក​ជម្ងឺ​នេះ សូម្បី​អ្នក​ជម្ងឺ​ទាំង​ឡាយ​ឯទៀត​ៗ ភិក្ខុ​គួរ​ថែ​រក្សា​ដែរ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ អ្នក​ជម្ងឺ​៣ ពួក​នេះ រមែង​មាននៅ​ក្នុង​លោក។ ម្នាល​ភិក្ខុ​ទាំងឡាយ យ៉ាង​ហ្នឹង​ដែរ បុគ្គល​៣​ពួក​នេះ ប្រៀប​ដូច​អ្នក​ជម្ងឺ រមែង​មាន​នៅក្នុង​លោក។ ​បុគ្គល ៣ពួក តើ​ដូចម្ដេច។ ម្នាល​ភិក្ខុ​ទាំងឡាយ បុគ្គល​ពួក​ខ្លះ ​ក្នុង​លោក​នេះ បាន​ឃើញ​ព្រះ​តថា​គតក្ដី មិន​បាន​ឃើញ​ព្រះ​តថាគត​ក្ដី បាន​ស្ដាប់​ធម៌​វិន័យ ​ដែល​ព្រះ​តថាគត ​សំដែងហើយ​ក្ដី មិន​បាន​ស្ដាប់​ធម៌​វិន័យ ​ដែល​ព្រះ​តថាគត​ សំដែង​ហើយ​ក្ដី រមែងចុះ​ស៊ប់ ​កាន់​សេចក្ដី​និយម​ ដ៏​គាប់​ប្រសើរ ក្នុង​កុសល​ធម៌​ទាំង​ឡាយ។ ម្នាល​ភិក្ខុ​ទាំងឡាយ មួយ​ទៀត បុគ្គល​ពួក​ខ្លះ ក្នុង​លោកនេះ បានឃើញ​ព្រះ​តថាគត​​ក្ដី មិន​បាន​ឃើញ​ព្រះ​តថាគត​ក្ដី បាន​ស្ដាប់​ធម៌​វិន័យ ដែល​ព្រះ​តថាគត​សំដែង​ហើយ​ក្ដី មិន​បាន​ស្ដាប់​ធម៌វិន័យ​ ដែល​ព្រះ​តថាគត សំដែង​ហើយ​ក្ដី រមែង​ចុះ​ស៊ប់​ កាន់​សេចក្ដី​និយម ដ៏​គាប់​ប្រសើរ ក្នុងកុសល​ធម៌​ទាំងឡាយ។ ម្នាល​ភិក្ខុ​ទាំងឡាយ មួយ​ទៀត បុគ្គលពួក​ខ្លះ ក្នុង​លោក​នេះ បាន​ឃើញ​ព្រះ​តថាគត មិន​មែន​ជាមិន​បានឃើញ​ទេ បាន​ស្ដាប់​ធម៌​វិន័យ ​ដែល​ព្រះ​តថាគត​ សំដែង​ហើយ មិនមែន​ជា​មិន​បាន​ស្ដាប់​ទេ រមែង​ចុះ​ស៊ប់​ កាន់​សេចក្ដី​និយម​ ដ៏​គាប់​ប្រសើរ ក្នុង​កុសល​ធម៌​ទាំងឡាយ។ ម្នាល​ភិក្ខុ​ទាំងឡាយ បណ្ដាបុគ្គល ទាំង​៣ពួក​នោះ បុគ្គល​ណា​ បាន​ឃើញ​ព្រះ​តថាគត មិន​មែន​ជាមិន​បាន​​ឃើញទេ បាន​ស្ដាប់​ធម៌​វិន័យ​ ដែល​ព្រះ​តថាគត​ សំដែង​ហើយ មិនមែន​ជាមិន​បាន​ស្ដាប់​ទេ រមែង​ចុះ​ស៊ប់​ កាន់​សេចក្ដី​និយម ដ៏គាប់​ប្រសើរ ក្នុង​កុសល​ធម៌​ទាំងឡាយ ម្នាល​ភិក្ខុ​ទាំងឡាយ ធម្មទេសនា ​ដែល​ព្រះតថាគត​ អនុញ្ញាត​ហើយ ព្រោះ​អាស្រ័យ​បុគ្គល​នេះ ម្នាល​ភិក្ខុ​ទាំងឡាយ មួយ​វិញទៀត ​ធម៌​ដែល​ព្រះ​តថាគត​ គប្បី​សំដែង​ ដល់​ភិក្ខុ​ទាំង​ឡាយ ឯទៀតសោត​ ក៏​ព្រោះ​អាស្រ័យ​បុគ្គល​នេះដែរ។ ម្នាល​ភិក្ខុ​ទាំងឡាយ បុគ្គលទាំង​៣ ពួក​នេះ មាន​សេចក្ដី​ប្រៀប​ដូច​អ្នក​ជម្ងឺ រមែង​មាន​នៅក្នុង​លោក។

(សង្ខារសូត្រ ទី៣)

(៣. សង្ខារសុត្តំ)

[២៣] ម្នាល​ភិក្ខុ​ទាំងឡាយ បុគ្គល​៣ ពួក​នេះ រមែង​មាន​នៅក្នុងលោក។ បុគ្គល​៣ពួក តើដូចម្ដេច។ ម្នាល​ភិក្ខុ​ទាំងឡាយ បុគ្គលពួក​ខ្លះ ក្នុង​លោក​នេះ ប្រមូល​មក នូវ​កាយ​សង្ខារ​ ប្រកប​ដោយ​ទុក្ខ ប្រមូលមក ​នូវ​វចី​សង្ខារ​ ប្រកប​ដោយ​ទុក្ខ ប្រមូល​មក​ នូវ​មនោសង្ខារ ប្រកបដោយ​ទុក្ខ។ បុគ្គល​នោះ លុះ​ប្រមូល​មក​ នូវ​កាយ​សង្ខារ​ ប្រកប​ដោយ​ទុក្ខ ប្រមូលមក​ នូវ​វចី​សង្ខារ​ ប្រកប​ដោយ​ទុក្ខ ប្រមូល​មក ​នូវ​មនោសង្ខារ ប្រកបដោយ​ទុក្ខ​ហើយ រមែង​ចូល​ទៅកាន់លោក​ ប្រកប​ដោយ​ទុក្ខ ផស្សៈ ​ដែលប្រកប​ដោយ​ទុក្ខ​ទាំង​ឡាយ រមែង​ពាល់​ត្រូវនូវ​បុគ្គល ​ដែល​ចូល​ទៅ​កាន់លោក ​ប្រកប​ដោយ​ទុក្ខ​នោះ។ បុគ្គល​នោះ កាល​ដែល​ផស្សៈ​ ប្រកប​ដោយទុក្ខ​ ពាល់​ត្រូវ​ហើយ រមែង​ទទួល​វេទនា ​ប្រកប​ដោយ​ទុក្ខ​ មាន​ទុក្ខ​តែម្យ៉ាង ដូចពួក​សត្វ​ ដែល​កើត​ក្នុង​នរក។ ម្នាល​ភិក្ខុ​ទាំងឡាយ មួយ​ទៀត បុគ្គលពួក​ខ្លះ ក្នុង​លោក​នេះ ប្រមូល​មក​ នូវ​កាយ​សង្ខារ មិន​ប្រកប​ដោយ​ទុក្ខ ប្រមូល​មក ​នូវ​វចី​សង្ខារ មិន​ប្រកប​ដោយ​ទុក្ខ ប្រ​មូល​មក​ នូវ​មនោសង្ខារ មិន​ប្រកប​ដោយ​ទុក្ខ។ បុគ្គល​នោះ លុះ​ប្រមូល​មក​ នូវ​កាយ​សង្ខារ មិនប្រកប​ដោយ​ទុក្ខ ប្រមូល​មក​ នូវ​វចី​សង្ខារ មិន​ប្រកប​ដោយ​ទុក្ខ ប្រមូល​មក នូវមនោសង្ខារ មិន​ប្រកប​ដោយ​ទុក្ខ​ហើយ រមែង​ចូល​ទៅ​កាន់​លោក​ ដែលមិន​ប្រកប​ដោយ​ទុក្ខ។ ផស្សៈ​ទាំងឡាយ ដែល​មិន​ប្រកប​ដោយ​ទុក្ខ ពាល់​ត្រូវ​នូវ​បុគ្គល​ ដែល​ចូល​ទៅ​កាន់​លោក មិន​ប្រកប​ដោយ​ទុក្ខ​នោះ​។ បុគ្គល​នោះ កាល​ដែល​ផស្សៈ មិន​ប្រកប​ដោយទុក្ខ ពាល់​ត្រូវ​ហើយ រមែង​ទទួល​វេទនា មិន​ប្រកប​ដោយ​ទុក្ខ មាន​សុខ​តែ​ម្យ៉ាង ដូចទេវតា​ជាន់​សុភកិណ្ហៈ។ ម្នាល​ភិក្ខុ​ទាំងឡាយ មួយវិញ​ទៀត បុគ្គល​ពួក​ខ្លះ ក្នុង​លោក​នេះ ប្រមូល​មក​ នូវ​កាយ​សង្ខារ ប្រកប​ដោយ​ទុក្ខ​ខ្លះ ឥត​មានទុក្ខ​ខ្លះ ប្រមូល​មក​ នូវ​វចី​សង្ខារ ប្រកប​ដោយ​ទុក្ខ​ខ្លះ ឥត​មាន​ទុក្ខ​ខ្លះ ប្រមូល​មក ​នូវ​មនោ​សង្ខារ ប្រកប​ដោយ​ទុក្ខ​ខ្លះ ឥត​មាន​ទុក្ខ​ខ្លះ។ បុគ្គល​នោះ លុះ​ប្រមូល​មក ​នូវ​កាយ​សង្ខារ ប្រកប​ដោយ​ទុក្ខ​ខ្លះ ឥតមាន​ទុក្ខ​ខ្លះ ប្រមូល​មក​ នូវ​វចី​សង្ខារ ប្រកប​ដោយ​ទុក្ខ​ខ្លះ ឥត​មាន​ទុក្ខ​ខ្លះ ប្រមូល​មក​ នូវ​មនោ​សង្ខារ ប្រកប​ដោយ​ទុក្ខ​ខ្លះ​ ឥត​មាន​ទុក្ខ​ខ្លះ​ហើយ រមែងចូល​ទៅ​កាន់​លោក​ ប្រកប​ដោយ​ទុក្ខ​ខ្លះ ឥត​មាន​ទុក្ខ​ខ្លះ។ ​ផស្សៈទាំង​ឡាយ ដែល​ប្រកប​ដោយទុក្ខ​ខ្លះ ​ឥតមាន​ទុក្ខ​ខ្លះ​ រមែង​ពាល់​ត្រូវ​នូវ​បុគ្គល ​ដែល​ចូលទៅ​កាន់​លោក ប្រ​កប​ដោយទុក្ខ​ខ្លះ ឥតមាន​ទុក្ខ​ខ្លះ​នោះ។ បុគ្គលនោះ កាល​ដែល​ផស្សៈ ប្រកប​ដោយ​ទុក្ខ​ខ្លះ ឥត​មាន​ទុក្ខ​ខ្លះ ពាល់ត្រូវ​ហើយ រមែង​ទទួល​វេទនា ប្រកប​ដោយ​ទុក្ខ​ខ្លះ ឥមាន​ទុក្ខ​ខ្លះ មាន​សុខ ​និងទុក្ខ ​ច្រឡូក​ច្រឡំ​គ្នា ដូច​មនុស្ស​និង​ទេវតា​ពួក​ខ្លះ វិនិបាតពួក​ខ្លះ។13) ម្នាល​ភិក្ខុ​ទាំងឡាយ បុគ្គល​៣​ពួកនេះ រមែង​មាន​នៅ​ក្នុង​លោក។

(ពហុការសូត្រ ទី៤)

(៤. ពហុការសុត្តំ)

[២៤] ម្នាល​ភិក្ខុទាំងឡាយ បុគ្គល (ជាអាចារ្យ) មាន​៣​ពួក​នេះ មាន​ឧបការៈ​ច្រើន ​ដល់​បុគ្គល (ជាសិស្ស)។ បុគ្គល​៣ ពួក​ តើដូចម្ដេច។ ម្នាល​ភិក្ខុទាំងឡាយ បុគ្គល​ដល់​នូវ​ព្រះ​ពុទ្ធ ជា​ទីពឹង​ ដល់នូវ​ព្រះ​ធម៌​ ជា​ទីពឹង ដល់​​នូវ​ព្រះ​សង្ឃ ​ជា​ទី​ពឹង ព្រោះ​អាស្រ័យ​បុគ្គល​ណា ម្នាល​ភិក្ខុទាំង​ឡាយ បុគ្គល​នេះ​ឈ្មោះ​ថា មាន​ឧបការៈច្រើន ​ដល់បុគ្គលនេះ។ ម្នាល​ភិក្ខុទាំងឡាយ មួយ​ទៀត បុគ្គល​ដឹង​ច្បាស់​ តាម​ពិត​ថា នេះជា​ទុក្ខ ដឹង​ច្បាស់​តាម​ពិត​ថា នេះ​ជាទី​កើត​ឡើង​នៃ​ទុក្ខ ដឹង​ច្បាស់​តាម​ពិតថា នេះជាសេចក្ដី​រលត់​ទៅ​នៃទុក្ខ ដឹង​ច្បាស់តាម​ពិត​ថា នេះបដិបទា ជាដំណើរទៅកាន់ទី​រំលត់ទុក្ខ ព្រោះ​អាស្រ័យ​បុគ្គល​ណា ម្នាល​ភិក្ខុ​ទាំងឡាយ បុគ្គល​នេះ​ហៅថា​ មានឧបការៈច្រើន ​ដល់​បុគ្គលនេះ។ ម្នាល​ភិក្ខុ​ទាំងឡាយ មួយទៀត បុគ្គល​បាន​ធ្វើឲ្យជាក់ច្បាស់ សម្រេច​នូវ​ចេតោវិមុត្តិ និងបញ្ញាវិមុត្តិ​ ដែល​មិន​មាន​អាសវៈ ព្រោះ​អស់​ទៅ​ នៃ​អាសវៈទាំង​ឡាយ​ដោយប្រាជ្ញា​ ដ៏ឧត្ដម​ដោយ​ខ្លួន​ឯង ក្នុង​បច្ចុប្បន្ន​នេះ សម្រេច​សម្រាន្តនៅ ព្រោះអាស្រ័យ​បុគ្គល​ណា ម្នាល​ភិក្ខុទាំងឡាយ បុគ្គល​នេះ ​ឈ្មោះ​ថា មានឧបការៈច្រើន ​ដល់បុគ្គលនេះ។ ម្នាល​ភិក្ខុទាំងឡាយ បុគ្គល​៣​ពួក​នេះ ឈ្មោះ​ថា​ មាន​ឧបការៈ​ច្រើន​ ដល់​បុគ្គល។ ម្នាល​ភិក្ខុទាំងឡាយ មួយទៀត តថា​គត​​ពោលថា បុគ្គល​ឯ​ទៀត មាន​ឧបការៈ​ច្រើន ​ដល់បុគ្គលនេះ លើស​ជាង​បុគ្គល​ទាំង​៣ ពួក​នេះ​ទៅទៀត មិនមាន​ឡើយ។ ម្នាលភិក្ខុ​ទាំង​ឡាយ មួយ​វិញ​ទៀត តថាគត​ពោលថា បុគ្គល​នេះ មិន​ងាយ​នឹងតប​គុណ​ ដល់​បុគ្គល​ ទាំង​៣ ពួក​នេះ ដោយ​ការ​ថ្វាយ​បង្គំ ការ​ក្រោក​ទទួល ការធ្វើ​អញ្ជលិកម្ម សមីចិកម្ម និង​ការ​ប្រគេន​ចីវរ បិណ្ឌបាត សេនាសនៈ និង​គ្រឿង​បរិក្ខារ​ ជា​បច្ច័យ​ដល់​អ្នក​ជម្ងឺ​បាន​ទេ។

(វជិរូបមសូត្រ ទី៥)

(៥. វជិរូបមសុត្តំ)

[២៥] ម្នាល​ភិក្ខុទាំងឡាយ បុគ្គល ៣ ពួកនេះ រមែង​មាន​នៅក្នុង​លោក។ បុគ្គល ៣ ពួក តើដូចម្ដេច។ គឺ​បុគ្គល​មាន​ចិត្ត​ប្រៀប​ដូច​ដំបៅចាស់ ១​ បុគ្គល​មាន​ចិត្តប្រៀប​ដូច​ផ្លេក​បន្ទោរ​ ១ បុគ្គល​មានចិត្ត​ប្រៀប​ដូច​ពេជ្រ​ ១។ ម្នាល​ភិក្ខុ​ទាំងឡាយ ចុះបុគ្គល ​មាន​ចិត្ត​ប្រៀប​ដូច​ដំ​បៅ​ចាស់ តើ​ដូចម្ដេច។ ម្នាល​ភិក្ខុ​ទាំងឡាយ បុគ្គល​ពួក​ខ្លះ​ ក្នុង​លោកនេះ​ ជាអ្នក​ក្រោធច្រើន​ ដោយ​សេចក្ដី​តាន​តឹង សូម្បី​​គេពោល​តែ​បន្តិច​បន្ដួច ក៏​ជាប់​ចិត្ត​ក្រោធ ព្យាបាទ​ ប្រកាន់​រឹង​ត្អឹង ធ្វើ​សេចក្ដី​ក្រោធ ទោសៈ​ និង​សេចក្ដី​មិន​សប្បាយចិត្ត ​ឲ្យកើត​ប្រាកដ​ឡើង​។ ម្នាល​ភិក្ខុ​ទាំងឡាយ ដូច​ជា​ដំបៅ​ចាស់ ដែលត្រូវ​ប៉ះ​ទង្គិច​ ដោយ​កំណាត់​ឈើ ​ឬ​អំបែង រមែង​ក្លាយ​ឡើង​ លើស​ប្រមាណ មាន​ឧបមា​យ៉ាង​ណា ម្នាល​ភិក្ខុទាំងឡាយ បុគ្គល​ពួក​ខ្លះ ​ក្នុង​លោក​នេះ​ ជា​អ្នក​ក្រោធ ច្រើន​ដោយ​សេចក្ដី​តានតឹង សូម្បី​គេ​ពោល​តែ​បន្ដិច​បន្តួច ក៏​ជាប់​ចិត្ត​ក្រោធ ព្យាបាទ ប្រកាន់​រឹង​ត្អឹង ធ្វើ​សេចក្ដី​ក្រោធ ទោសៈ និងសេចក្ដី​មិន​សប្បាយ​ចិត្ត ​ឲ្យ​កើត​ប្រាកដ​ឡើង ក៏​មាន​ឧបមេយ្យ​ដូច្នោះដែរ។ ម្នាល​ភិក្ខុទាំងឡាយ នេះ​ហៅ​ថា បុគ្គល​មាន​ចិត្ត​ប្រៀប​ដូច​ដំ​បៅ​ចាស់។ ម្នាល​ភិក្ខុទាំងឡាយ ចុះបុគ្គល​មាន​ចិត្ត​ប្រៀប​ដូច​ផ្លេក​បន្ទោរ តើដូចម្ដេច។ ម្នាល​ភិក្ខុទាំងឡាយ បុគ្គល​ពួក​ខ្លះ​ ក្នុង​លោក​នេះ ដឹង​ច្បាស់​តាម​ពិត​ថា នេះ​ជា​ទុក្ខ ដឹង​ច្បាស់​តាម​ពិត​ថា នេះ​ជា​ហេតុ​ ជា​ទី​កើត​ឡើង​ នៃ​ទុក្ខ ដឹង​ច្បាស់​តាម​ពិត​ថា នេះ​ជា​សេចក្ដី​រលត់​ទុក្ខ ដឹង​ច្បាស់​តាម​ពិត​ថា នេះបដិបទា ជាដំណើរ​ទៅ​កាន់​ទី​រំលត់​ទុក្ខ។ ម្នាល​ភិក្ខុទាំងឡាយ ដូច​ជា​បុរស​មាន​ចក្ខុ គប្បីឃើញ​នូវ​រូប​ទាំង​ឡាយ ​ក្នុង​ខណៈដែល​មានផ្លេកបន្ទោរ​ភ្លែត​ៗ ក្នុង​វេលា​យប់​ងងឹត​សូន្យ​ឈឹង​ យ៉ាង​ណា ម្នាល​ភិក្ខុទាំងឡាយ បុគ្គល​ពួក​ខ្លះ​ ក្នុង​លោក​នេះ ដឹង​ច្បាស់​តាម​ពិត​ថា នេះ​ជា​ទុក្ខ… ដឹង​ច្បាស់​តាម​ពិត​ថា នេះ​បដិបទា ជា​ដំណើរទៅ​កាន់​ទី​រំលត់​ទុក្ខ ក៏យ៉ាងនោះ​ឯង។ ម្នាល​ភិក្ខុទាំងឡាយ នេះ​ហៅថា បុគ្គល​មាន​ចិត្ត​ប្រៀបដូច​ផ្លេកបន្ទោរ។ ម្នាល​ភិក្ខុទាំងឡាយ ចុះបុគ្គល​មាន​ចិត្ត​ប្រៀប​ដូច​ពេជ្រ តើ​ដូចម្ដេច។ ម្នាល​ភិក្ខុទាំងឡាយ បុគ្គល​ពួក​ខ្លះ ក្នុង​លោក​នេះ បាន​ធ្វើ​ឲ្យ​ជាក់ច្បាស់​ សម្រេច​នូវ​ចេ​តោវិមុត្តិ​ និង​បញ្ញា​វិមុត្តិ ដែល​មិន​មាន​អាសវៈ ព្រោះអស់​ទៅ​ នៃ​អាសវៈ​ទាំង​ឡាយ ដោយ​បញ្ញា​ដ៏ឧត្ដម ដោយ​ខ្លួន​ឯង ក្នុងបច្ចុ​ប្បន្ន​ សម្រេច​សម្រាន្ត​នៅ។ ម្នាលភិក្ខុ​ទាំងឡាយ ដូច​ជា​វត្ថុ​អ្វី​មួយ ​គឺកែវមណី ឬថ្ម ជា​វត្ថុ​ដែល​ពេជ្រ​បំ​បែក​ចេញ​មិន​បាន​នោះ មិន​មានឡើយ យ៉ាង​ណា ម្នាល​ភិក្ខុទាំងឡាយ បុគ្គល​ពួក​ខ្លះ​ ក្នុង​លោក​នេះ ព្រោះអស់អាសវៈ​ទាំង​ឡាយ​ សម្រេច​សម្រាន្ត​នៅ ​ក៏​យ៉ាង​នោះឯង។ ម្នាល​ភិក្ខុ​ទាំងឡាយ នេះ​ហៅ​ថា បុគ្គល​មាន​ចិត្ត​ប្រៀប​ដូច​ពេជ្រ។ ម្នាល​ភិក្ខុទាំងឡាយ បុគ្គល​៣​ពួកនេះ រមែង​មាន​នៅ​ក្នុង​លោក។

(សេវិតព្វសូត្រ ទី៦)

(៦. សេវិតព្វសុត្តំ)

[២៦] ម្នាល​ភិក្ខុទាំងឡាយ បុគ្គល​៣​ពួក​នេះ រមែង​មាន​នៅ​ក្នុងលោក។ បុគ្គល​៣​ពួក តើ​ដូច​ម្ដេច។ ម្នាល​ភិក្ខុទាំងឡាយ បុគ្គល​ដែលគេ​មិន​គួរ​សេព មិន​គួរ​គប់​រក មិន​គួរ​ចូល​ទៅ​អង្គុយ​ជិត ១ ម្នាល​ភិក្ខុទាំងឡាយ បុគ្គល​ដែល​គេគួរ​សេព គួរ​គប់រក គួរ​ចូល​ទៅ​អង្គុយ​ជិត ​១ ម្នាល​ភិក្ខុទាំងឡាយ បុគ្គល​ដែល​គេ​គួរ​ធ្វើ​សក្ការៈ ធ្វើ​សេចក្ដី​គោរព ហើយ​ទើបសេព​គប់ ចូល​ទៅ​អង្គុយ​ជិត​ ១។ ម្នាល​ភិក្ខុទាំងឡាយ ចុះ​បុគ្គល ដែល​គេមិន​គួរ​សេព មិន​គួរ​គប់​រក មិន​គួរ​ចូល​ទៅ​អង្គុយ​ជិត តើដូច​ម្ដេច។ ម្នាល​ភិក្ខុទាំងឡាយ បុគ្គល​ពួក​ខ្លះ ក្នុង​លោក​នេះ ជា​អ្នក​សាប​សូន្យ ចាកសីល សមាធិ បញ្ញា ម្នាល​ភិក្ខុទាំងឡាយ បុគ្គល​ មាន​សភាព​យ៉ាងនេះ គេ​មិន​គួរ​សេព មិន​គួរ​គប់​រក មិន​គួរ​ចូល​ទៅ​អង្គុយ​ជិត លើក​លែង​តែមាន​សេចក្ដី​អាណិត ឬ​លើក​លែង​តែ​មាន​សេចក្ដី​អនុ​គ្រោះ​ចេញ។ ម្នាល​ភិក្ខុទាំងឡាយ ចុះ​បុគ្គល​ ដែល​គេ​គួរ​សេព​ គួរ​គប់រក គួរ​ចូល​ទៅអង្គុយ​ជិត តើ​ដូច​ម្ដេច។ ម្នាល​ភិក្ខុទាំងឡាយ បុគ្គល​ពួក​ខ្លះ ក្នុង​លោកនេះ​ ជា​អ្នក​ស្មើគ្នា ដោយ​សីល សមាធិ បញ្ញា ម្នាល​ភិក្ខុទាំងឡាយ បុគ្គលមាន​សភាព​យ៉ាង​នេះ ដែល​គេ​គួរ​សេព គួរ​គប់រក គួរ​ចូល​ទៅ​អង្គុយ​ជិត។ ដំណើរ​នោះ ​ព្រោះ​ហេតុ​អ្វី។ ព្រោះ​គេ​គិត​ថា សីល​កថា របស់​ពួក​សប្បុរសអ្នក​មាន​សីល​ស្មើគ្នា នឹង​មាន​ដល់​ពួក​យើង​ផង សីល​កថា​នោះ នឹង​មានសេចក្ដី​ចំរើន​ ដល់​ពួក​យើង​ផង សីល​កថា​នោះ នឹង​នាំ​ឲ្យ​បាន​សុខ​ដល់​ពួកយើង​ផង សមា​ធិកថា របស់​ពួក​សប្បុរស អ្នក​មាន​សមាធិ​ស្មើ​គ្នា នឹង​មានដល់​ពួក​យើង​ផង សមាធិកថា​នោះ នឹង​មាន​សេចក្ដី​ចំរើន​ ដល់​ពួក​យើងផង សមាធិកថា​នោះ ​នឹង​នាំ​ឲ្យ​បាន​សេចក្ដី​សុខ​ ដល់ពួក​យើងផង បញ្ញាកថា របស់​ពួក​សប្បុរស អ្នក​មាន​បញ្ញា​ស្មើគ្នា នឹង​មានដល់​ពួក​យើង​ផង បញ្ញាកថា​នោះ នឹង​មាន​សេចក្ដី​ចំរើន ដល់​ពួក​យើង​ផង បញ្ញាកថា​នោះ នឹង​នាំ​ឲ្យបាន​សេចក្ដី​សុខ​ដល់​ពួក​យើង​ផង។ ហេតុ​នោះ បុគ្គលមានសភាព​យ៉ាង​នេះ ដែល​គេគួរ​សេព គួរ​គប់រក គួរ​ចូល​ទៅអង្គុយ​ជិត។ ម្នាល​ភិក្ខុទាំងឡាយ ចុះបុគ្គល​ដែល​គេ​គួរ​ធ្វើ​សក្ការៈ ធ្វើ​សេចក្ដីគោរព ហើយ​ទើប​សេពគប់ ចូល​ទៅ​អង្គុយ​ជិត តើដូចម្ដេច។ ម្នាល​ភិក្ខុទាំងឡាយ បុគ្គល​ពួក​ខ្លះ​ ក្នុង​លោក​នេះ ជា​អ្នក​លើស​ដោយ​សីល សមាធិ បញ្ញា ម្នាល​ភិក្ខុទាំងឡាយ បុគ្គល​មាន​សភាព​យ៉ាង​នេះ ដែល​គួរធ្វើ​សក្ការៈ ធ្វើ​សេចក្ដី​គោរព ហើយ​ទើប​សេព​គប់ ចូល​ទៅ​អង្គុយ​ជិត។ ដំណើរ​នោះ ព្រោះ​ហេតុ​អ្វី។ ព្រោះ​គេ​គិត​ថា អាត្មា​អញ ​នឹង​បំពេញសីល​ក្ខន្ធ ដែលមិនទាន់​បរិបូណ៌ ឲ្យបរិបូណ៌ឡើងផង នឹងអនុគ្រោះសីលក្ខន្ធ ដែលបរិបូណ៌ហើយ ​ក្នុង​ទីនោះៗ ដោយ​បញ្ញាផង នឹង​បំពេញសមាធិក្ខន្ធ ដែល​មិន​ទាន់​បរិបូណ៌ ឲ្យ​បរិបូណ៌ឡើង​ផង នឹង​អនុគ្រោះសមាធិ​ក្ខន្ធ ដែល​​បរិបូណ៌​ហើយ ក្នុង​ទី​នោះៗ ដោយ​បញ្ញា​ផង នឹង​បំពេញ​បញ្ញាខន្ធ ​ដែល​មិន​ទាន់​បរិបូណ៌​ ឲ្យបរិបូណ៌ឡើង​ផង​នឹង​អនុ​គ្រោះ​បញ្ញា​ខន្ធ​ ដែលបរិបូណ៌​ហើយ​ ក្នុង​ទី​នោះ​ៗ ដោយ​បញ្ញាផង។ ហេតុនោះ បុគ្គល​មានសភាព​យ៉ាង​នេះ ​ដែល​គេគួរ​ធ្វើ​សក្ការៈ ធ្វើ​សេចក្ដី​គោរព ហើយ​ទើបសេពគប់ ចូលទៅ​អង្គុយ​ជិត។ ម្នាល​ភិក្ខុទាំងឡាយ បុគ្គល​៣ ពួក​នេះ រមែង​មាន​នៅ​ក្នុង​លោក។ បុរសអ្នក​សេពគប់បុគ្គល​ថោក​ទាប រមែង​សាប​សូន្យ បើសេព​គប់​បុគ្គល​ស្មើ​គ្នា មិន​គប្បី​សាប​សូន្យ ក្នុង​កាល​ណាឡើយ បើបុរស​ចូល​ទៅ​គប់​រក​បុគ្គល ​ដែល​ប្រសើរ (ជាង​ខ្លួន) រមែង​ចំរើន​ឆាប់ ព្រោះ​ហេតុ​នោះ បុរស ​គួរ​គប់​នឹង​បុគ្គល ដែល​ប្រសើរ​លើស​ខ្លួន (ទើប​ប្រសើរ)។

(ជិគុច្ឆិតព្វសូត្រ ទី៧)

(៧. ជិគុច្ឆិតព្វសុត្តំ)

[២៧] ម្នាល​ភិក្ខុទាំងឡាយ បុគ្គល ៣​ពួក​នេះ រមែង​មាន​នៅ​ក្នុងលោក។ បុគ្គល​៣​ពួក ​តើ​ដូច​ម្ដេច។ ម្នាល​ភិក្ខុទាំងឡាយ បុគ្គល​ដែលគេ​គួរ​ខ្ពើម មិន​គួរ​សេព​ មិនគួរ​គប់​រក មិន​គួរ​ចូលទៅ​អង្គុយ​ជិត ១ ម្នាល​ភិក្ខុទាំងឡាយ បុគ្គល​ដែល​គេ​គួរ​ព្រងើយ​កន្តើយ មិន​គួរ​សេព មិន​គួរគប់រក មិន​គួរ​ចូល​ទៅ​អង្គុយ​ជិត​ ១ ម្នាល​ភិក្ខុទាំងឡាយ បុគ្គល​ដែល​គេ​គួរ​សេព គួរគប់​រក គួរ​ចូល​ទៅ​អង្គុយ​ជិត​ ១​។ ម្នាល​ភិក្ខុទាំងឡាយ ចុះ​បុគ្គល​ដែល​គួរ​ខ្ពើម មិន​គួរ​សេព មិន​គួរ​គប់​រក មិន​គួរ​ចូល​ទៅ​អង្គុយ​ជិត តើ​ដូច​ម្ដេច។ ម្នាល​ភិក្ខុទាំងឡាយ បុគ្គល​ពួក​ខ្លះ​ ក្នុងលោកនេះ ជា​អ្នក​ទ្រុស្ត​សីល មាន​ធម៌​ដ៏លាមក មិន​ស្អាត មាន​កិរិ​យា​មារយាទ​ ប្រកប​ដោយ​សេចក្ដី​រង្កៀស មានការងារ​លាក់​លៀម​ទុក មិន​មែន​ជា​សម​ណៈ ប្ដេជ្ញា​ថា​ជា​សមណៈ មិនមែន​ជា​ព្រហ្ម​ចារី ប្ដេជ្ញា​ថា​ជា​ព្រហ្ម​ចារី ស្អុយ​ខាង​ក្នុង មានចិត្ត​ជោគជាំដោយ​រាគៈ មាន​ចិត្ត​ជ្រោកជ្រាក។ ម្នាល​ភិក្ខុទាំងឡាយ បុគ្គល​មានសភាព​យ៉ាង​នេះ ឈ្មោះ​ថា ​ជា​បុគ្គល​ដែល​គេ​គួរ​ខ្ពើម មិន​គួរ​សេព មិន​គួរ​គប់​រក មិន​គួរ​ចូល​ទៅ​អង្គុយ​ជិត។ ដំណើរ​នោះ ព្រោះ​ហេតុ​អ្វី។ ម្នាល​ភិក្ខុទាំងឡាយ ព្រោះ​ថា បុគ្គល​មិន​លុះ​ទៅ​តាម​ដំ​ណើរ​ទិដ្ឋិ របស់បុគ្គល​មានសភាព​យ៉ាង​នេះ ក៏​ពិត​មែន​ហើយ ប៉ុន្តែ​ថា ​បុគ្គល​នោះ គង់មានកិត្តិសព្ទ​ដ៏​លាមក​ ល្បី​ឡើង​ថា បុរស​បុគ្គល​មាន​មិត្ត​អាក្រក់ មាន​សំឡាញ់អាក្រក់ មាន​គូកនអាក្រក់។ ម្នាល​ភិក្ខុ​ទាំងឡាយ ដូច​ជាពស់​លូន​ទៅ​ក្នុងលាមក ទុក​ជាមិន​ចិក​​ ក៏ពិត​មែន ប៉ុន្តែថា លាមក គង់​ប្រឡាក់​ពស់​នោះ​មិនខាន​ យ៉ាង​ណា ម្នាល​ភិក្ខុទាំងឡាយ បុគ្គល​មិនលុះ​ទៅតាម​ដំណើរទិដ្ឋិ​ របស់បុគ្គលមាន​សភាព​យ៉ាង​នេះ ក៏ពិត​មែន ប៉ុន្តែ​ថា បុគ្គល​នោះ ​មាន​កិត្តិសព្ទ ដ៏លាមក ល្បី​ឡើង​ថា បុរស​បុគ្គល​ មាន​មិត្ត​អាក្រក់ មាន​សំឡាញ់​អាក្រក់ មាន​គូកន​អាក្រក់​ ក៏យ៉ាង​នោះ​ដែរ។ ព្រោះ​ហេតុ​នោះ បុគ្គល​មាន​សភាពយ៉ាង​នេះ ​ឈ្មោះ​ថា ជា​បុគ្គល​ដែល​គេគួរ​ខ្ពើម​ មិន​គួរ​សេព មិន​គួរ​គប់​រក មិនគួរចូល​ទៅ​អង្គុយ​ជិត។ ម្នាល​ភិក្ខុទាំងឡាយ ចុះបុគ្គល​ដែល​គេ​គួរ​ព្រងើយ​កន្តើយ មិន​គួរ​សេព មិន​គួរ​គប់​រក មិន​គួរ​ចូល​ទៅ​អង្គុយ​ជិត តើដូចម្ដេច។ ម្នាល​ភិក្ខុទាំងឡាយ បុគ្គល​ពួក​ខ្លះ​ ក្នុង​លោក​នេះ ជា​អ្នក​ក្រោធ ច្រើន​ដោយ​សេចក្ដី​តាន​តឹង សូម្បី​គេ​និយាយ​តែ​បន្តិចបន្តួច ក៏​ជាប់​ចិត្តក្រោធ ព្យាបាទ ប្រកាន់​រឹង​ត្អឹង ធ្វើ​សេច​ក្ដី​ក្រោធ ​ទោសៈ និង​សេច​ក្ដី​មិនសប្បាយ​ចិត្ត​ ឲ្យ​ប្រាកដ​ឡើង។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ដូច​ជា​ដំ​បៅ​ចាស់ ដែល​ត្រូវ​ប៉ះទង្គិច ដោយ​កំណាត់​ឈើ ឬអំបែង រមែង​ក្លាយ​ឡើង លើសប្រមាណ​យ៉ាង​ណា ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​ពួកខ្លះ ក្នុងលោក​នេះ ជា​អ្នកក្រោធ​ ច្រើន​ដោយ​សេចក្ដី​តានតឹង សូម្បី​គេ​និយាយ​តែ​បន្តិច​បន្តួច ក៏ជាប់​ចិត្តក្រោធ ព្យាបាទ ប្រកាន់​រឹង​ត្អឹង ធ្វើ​សេចក្ដី​ក្រោធ ទោសៈ និងសេចក្ដី​មិន​សប្បាយ​ចិត្ត ឲ្យ​ប្រាកដ​ឡើង​ យ៉ាង​នោះ​ឯង។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ដូច​ជា​អង្កត់​ភ្លើង​ឧសដង្កោ ដែល​គេ​កៀស​ ដោយ​កំណាត់ឈើ ឬអំបែង រមែង​ធ្វើ​សំ​ឡេង ​ឮ​ចិចិដៈ14) ធ្វើសំឡេង ​ឮ​ចិដិចិដៈ ដោយ​ក្រៃលែង លើស​ប្រមាណ​យ៉ាង​ណា ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​ពួក​ខ្លះ ​ក្នុង​លោកនេះ ជា​អ្នក​ក្រោធ ច្រើន​ដោយ​សេចក្ដី​តាន​តឹង សូម្បី​គេ​និយាយ​បន្តិច​បន្តួច ក៏​ជាប់​ចិត្ត​ក្រោធ ព្យាបាទ ប្រកាន់​រឹង​ត្អឹង ធ្វើ​សេចក្ដី​ក្រោធ ទោសៈ​ និងសេចក្ដី មិនសប្បាយ​ចិត្ត ​ឲ្យ​ប្រាកដឡើង ក៏​យ៉ាង​នោះ​ដែរ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ដូច​ជា​រណ្ដៅ​លាមក​ ដែល​បុគ្គល​ឆ្កឹស ដោយ​កំ​ណាត់​ឈើ​ ឬ​អំបែង រមែង​មានក្លិន​ស្អុយ​ដោយ​ក្រៃលែង​ លើស​ប្រមាណ យ៉ាង​ណា ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​ពួក​ខ្លះ ​ក្នុង​លោក​នេះ ជា​អ្នក​ក្រោធ ច្រើន​ដោយ​សេចក្ដីតាន​តឹង សូម្បី​តែ​គេ​និយាយ​បន្តិច​បន្តួច ក៏​ជាប់​ចិត្ត​ក្រោធ ព្យាបាទ ប្រកាន់​រឹង​ត្អឹង ធ្វើ​សេចក្ដី​ក្រោធ ទោសៈ និង​សេចក្ដី​មិន​សប្បាយ​ចិត្ត ឲ្យប្រាកដ​ឡើង ក៏​យ៉ាង​នោះ​ដែរ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គលមានសភាព​យ៉ាង​នេះ ឈ្មោះថា ជា​បុគ្គល​ដែលគេគួរ​ព្រ​ងើយ​កន្តើយ​ មិន​គួរសេព មិន​គួរ​គប់​រក មិន​គួរ​ចូល​ទៅ​អង្គុយ​ជិត។ ដំណើរ​នោះ ព្រោះ​ហេតុ​អ្វី។ ព្រោះ​គេ​គិត​ថា ជន (នេះ) គប្បី​ជេរ​អាត្មា​អញ​ខ្លះ ផ្ដាសាអាត្មា​អញ​ខ្លះ ធ្វើអាត្មា​អញ​ ឲ្យ​ខូច​ប្រយោជន៍​ខ្លះ។ ព្រោះ​ហេតុ​នោះ បុគ្គល​មាន​សភាព​យ៉ាងនេះ ឈ្មោះ​ថា ជាបុគ្គល​ ដែលគេគួរ​ព្រងើយកន្តើយ​ មិន​គួរ​សេព មិនគួរ​គប់​រក មិន​គួរ​ចូល​ទៅ​​អង្គុយ​ជិត។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ចុះ​បុគ្គលដែល​គេ​គួរ​សេព គួរ​គប់​រក គួរ​ចូល​ទៅ​អង្គុយ​ជិត តើ​ដូច​ម្តេច។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​ពួក​ខ្លះ ​ក្នុង​លោក​នេះ មានសីល មាន​កល្យាណ​ធម៌។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​មាន​សភាពយ៉ាង​នេះ​ឈ្មោះ​ថា ជាបុគ្គល​គួរ​សេព គួរ​គប់រក គួរ​ចូល​ទៅ​អង្គុយ​ជិត។ ដំណើរនោះ ព្រោះ​ហេតុ​អ្វី។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​មិន​លុះទៅតាម​ដំណើរ​ទិដ្ឋិ ​របស់​បុគ្គល​មាន​សភាព​យ៉ាង​នេះ ក៏​ពិត​មែន ប៉ុ​ន្តែបុគ្គលនោះ គង់​មាន​កិត្តិសព្ទ​ ដ៏​ពី​រោះ ​ល្បី​ឡើង​ថា បុរសបុគ្គល ​មានមិត្ត​ល្អ មានសំឡាញ់​ល្អ មាន​គូកន​ល្អ។ ព្រោះ​ហេតុ​នោះ បុគ្គល​មាន​សភាពយ៉ាង​នេះ ឈ្មោះ​ថា​ ជាបុគ្គល​គួរ​សេព គួរគប់​រក គួរ​ចូល​ទៅ​អង្គុយជិត​។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល ៣ ពួកនេះ រមែង​មាន​នៅ​ក្នុងលោក។ បុរស​អ្នក​សេពគប់​បុគ្គលថោកទាប ​រមែង​សាប​សូន្យ បើ​សេពគប់​បុគ្គល​ស្មើ​គ្នា មិន​គប្បី​សាប​សូន្យ ក្នុង​កាល​ណា​ឡើយ​ បុរស​ចូល​ទៅ​គប់​រក​បុគ្គល​ប្រ​សើរ (ជាង​ខ្លួន) រមែង​ចំរើនឆាប់ ព្រោះ​ហេតុ​នោះ បុរស​គួរ​គប់រក​នឹង​បុគ្គល​ដ៏​ប្រសើរ​លើស​ខ្លួន (ទើប​ប្រសើរ)។

(គូថភាណីសូត្រ ទី៨)

(៨. គូថភាណីសុត្តំ)

[២៨] ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​៣​ពួក​នេះ រមែង​មាន​នៅ​ក្នុងលោក​។ បុគ្គល៣​ពួក តើ​ដូច​ម្ដេច។ គឺ​បុគ្គល​មាន​សំដី​ស្អុយ​ ដូច​លាមក​ ១ បុគ្គល​មាន​សំដី​ក្រអូប​ដូច​ផ្កា​ ១ បុគ្គល​មានសំដី​ផ្អែម​ ដូច​ទឹកឃ្មុំ ១។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ចុះបុគ្គល​មានសំដីស្អុយ​ ដូច​លាមក តើ​ដូច​ម្ដេច។ ម្នាល​ភិក្ខុ​​ទាំង​ឡាយ បុគ្គល​ពួក​ខ្លះ ​ក្នុង​លោកនេះ ទៅ​កាន់​សភា ​(ទីប្រជុំ) ក្ដី ទៅ​ក្នុង​បរិ​សទ្យ​ក្ដី ទៅ​ក្នុង​កណ្ដាល​ញាតិក្ដី ទៅ​ក្នុង​កណ្ដាល​ពួក​សេនាក្ដី ទៅ​ក្នុង​កណ្ដាល​រាជ​ត្រកូលក្ដី ដែល​គេ​នាំ​ទៅ​ធ្វើ​ជា​សាក្សី​ ហើយ​សួរ​ថា ម្នាល​បុរស​ដ៏​ចំរើន អ្នក​ចូល​មក​នេះ អ្នក​ដឹង​ហេតុណា ចូរ​និយាយ​ហេតុនោះ។ បុរស​នោះ​ កាល​មិនដឹង​ និយាយ​ថា ខ្ញុំដឹង​ក្ដី កាល​ដឹង​ និយាយ​ថា ខ្ញុំ​មិន​ដឹង​ក្ដី កាល​មិន​ឃើញ និយាយថា ខ្ញុំ​ឃើញ​ក្ដី កាល​ឃើញ​ និយាយថា ខ្ញុំ​មិន​ឃើញ​ក្ដី ជា​អ្នក​ពោលពាក្យ​កុហក ដោយ​ដឹង​ខ្លួន ព្រោះ​ហេតុតែ​ខ្លួន​ក្ដី ព្រោះ​ហេតុ​អ្នក​ដទៃ​ក្ដី ព្រោះ​ហេតុ​សំ​ណូក​​​បន្តិច​បន្តួច​ក្ដី ម្នាល​ភិក្ខុ​ទាំង​ឡាយ នេះ​ហៅថា បុគ្គល​មាន​សំដី​ស្អុយ​ ដូច​លាមក។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ចុះ​បុគ្គល​មាន​សំដី​ក្រអូប​ដូច​ផ្កា តើ​ដូចម្ដេច។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​ពួក​ខ្លះ ក្នុង​លោក​នេះ​ ទៅ​កាន់​សភា ​(ទី​ប្រជុំ) ​ក្ដី​ ទៅ​ក្នុង​បរិសទ្យក្ដី ទៅ​ក្នុង​កណ្ដាល​ញាតិក្ដី ទៅ​ក្នុង​កណ្ដាល​ពួក​សេនា​ក្ដី ទៅ​ក្នុង​កណ្ដាលរាជត្រកូល​ក្ដី ដែល​គេ​នាំ​ទៅ​ធ្វើ​ជាសាក្សី ​ហើយ​សួរ​ថា ម្នាល​បុរស​ដ៏​ចំរើន អ្នក​ចូរ​មក​នេះ អ្នក​ដឹង​ហេតុ​ណា ចូរ​និយាយ​ហេតុ​នោះ។ បុរសនោះ កាល​មិន​ដឹង​ និយាយ​ថា ខ្ញុំ​មិន​ដឹង​ក្ដី កាល​ដឹង​និយាយ​ថា ខ្ញុំ​ដឹង​ក្ដី កាល​មិន​ឃើញ​ និយាយ​ថា ខ្ញុំ​មិន​ឃើញ​ក្ដី កាល​ឃើញ​និយាយ​ថា ខ្ញុំឃើញ​ក្ដី ជា​អ្នក​មិន​ពោល​ពាក្យ​កុហក ដោយ​ដឹង​ខ្លួន ព្រោះ​តែ​ខ្លួន​ក្ដី ព្រោះ​ហេតុ​អ្នក​ដទៃ​ក្ដី ព្រោះហេតុ​តែ​សំ​ណូកបន្តិច​បន្តួច​ក្ដី ម្នាល​ភិក្ខុ​ទាំង​​ឡាយ នេះ​ហៅ​ថា បុគ្គល​មាន​សំ​ដី​ក្រអូប​ដូច​ផ្កា។ ម្នាល​ភិក្ខុ​ទាំងឡាយ ចុះ​បុគ្គលមាន​សំ​ដី​ផ្អែម​ ដូចទឹក​ឃ្មុំ តើ​ដូច​ម្ដេច។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​ពួក​ខ្លះ ក្នុង​លោក​នេះ លះ​បង់​វា​ចា​អាក្រក់ វៀរចាក​វាចា​អាក្រក់ សំដីណា ជា​សំ​ដី​ឥត​ទោស ជាសុខ​ដល់​ត្រ​ចៀក​ គួរ​ជា​ទី​ស្រឡាញ់ ជ្រាប​ចូល​ទៅក្នុង​ដួងចិត្ត ជា​សំដី​អ្នក​ក្រុង ​ដែល​ជា​ទី​ពេញ​ចិត្ត ​នៃ​ជន​ច្រើន ជាទី​គាប់​ចិត្ត​ នៃ​ជន​ច្រើន ជា​អ្នក​ពោល​នូវ​សំ​ដី មាន​សភាព​ដូច្នោះ ម្នាល​ភិក្ខុ​ទាំង​ឡាយ នេះ​ហៅ​ថា បុគ្គល​មាន​សំដី​ផ្អែម ​ដូច​ទឹក​ឃ្មុំ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​៣​ពួក​នេះ រមែង​មាន​នៅក្នុង​លោក។

(អន្ធសូត្រ ទី៩)

(៩. អន្ធសុត្តំ)

[២៩] ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​៣​ពួក​នេះ រមែង​មាន​នៅ​ក្នុងលោក។ បុគ្គល​៣​ពួក ​តើដូច​ម្ដេច។ គឺ​បុគ្គល​ខ្វាក់ ១ បុគ្គល​មាន​ភ្នែកម្ខាង​ ១ បុគ្គល​មាន​ភ្នែក​ទាំង​ពីរខាង​ ១។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​ខ្វាក់ តើដូចម្តេច។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​ពួក​ខ្លះ ​ក្នុង​លោក​នេះ​ គប្បី​បាននូវ​ភោគៈ​ ដែល​ខ្លួន​មិន​ធ្លាប់​បានក្ដី គប្បី​ធ្វើ​នូវ​ភោគៈ​ ដែល​ខ្លួន​បាន​ហើយ ឲ្យចំ​រើន​ឡើង​ក្ដី ដោយ​ចក្ខុ​មាន​សភាព​យ៉ាង​ណា ចក្ខុ​មាន​សភាព​យ៉ាង​នោះ មិន​មាន​ឡើយ មួយ​ទៀត បុគ្គល​គប្បី​​ដឹង ​នូវ​ពួក​ធម៌ ជា​កុសល ​និងអកុសល ដឹង​ពួក​ធម៌​ ដែល​មាន​ទោស និង​ឥត​ទោស ដឹងពួក​ធម៌​ថោក​ទាប និង​ឧត្ដម ដឹង​ពួក​ធម៌​ ដែលមាន​ចំ​ណែក​ជា​ទំ​នាស់គ្នា​ដោយ​អំណាច​ធម៌​ខ្មៅ និង​ធម៌​ស ដោយ​ចក្ខុ​មាន​សភាព​យ៉ាង​ណា ​សូម្បី​ចក្ខុ​មាន​សភាពយ៉ាងនោះ ក៏​មិន​មាន ​ដល់​បុគ្គល​នោះ​ដែរ ម្នាល​ភិក្ខុ​ទាំង​ឡាយ នេះហៅ​ថា បុគ្គល​ខ្វាក់​។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ចុះ​បុគ្គល​មាន​ភ្នែក​ម្ខាង តើ​ដូច​ម្ដេច។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​ពួក​ខ្លះ ក្នុង​លោក​នេះ គប្បី​បាន​ភោគៈ ដែល​ខ្លួន​មិន​ធ្លាប់​បាន​ក្ដី​គប្បី​ធ្វើ​ភោគៈ ​ដែល​ខ្លួន​បាន​ហើយ ​ឲ្យ​ចំ​រើនឡើងក្ដី ដោយចក្ខុ​មាន​សភាព​យ៉ាង​ណា ចក្ខុ​មាន​សភាព​យ៉ាង​នោះ ​រមែង​មាន។ ប៉ុន្តែ​បុគ្គល​នោះ គប្បី​ដឹង​ពួក​ធម៌​ ជា​កុសល​ និង​អកុសល ដឹង​ពួក​ធម៌​មានទោស ​និង​ឥត​ទោស ដឹង​ពួក​ធម៌ ​ដែល​ថោក​ទាប និង​ឧ​ត្ដម ដឹង​ពួក​ធម៌ ដែល​មាន​ចំ​ណែក​ជា​ទំនាស់​គ្នា ដោយ​អំ​ណាច​ធម៌​ខ្មៅ​ និង​ធម៌​ស ដោយដោយ​ចក្ខុមាន​សភាព​យ៉ាង​ណា សូម្បី​ចក្ខុ​មាន​សភាព​យ៉ាង​នោះ ក៏​មិន​មាន​ឡើយ ម្នាល​ភិក្ខុ​ទាំង​ឡាយ នេះ​ហៅ​ថា បុគ្គល​មាន​ភ្នែក​ម្ខាង។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ចុះបុគ្គល​មាន​ភ្នែក​ទាំង​ពីរ​ខាង តើដូចម្ដេច។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​ពួក​ខ្លះ ក្នុង​លោក​នេះ គប្បី​បាន​នូវ​ភោគៈ ​ដែល​ខ្លួន​មិន​ធ្លាប់​បាន​ក្ដី ធ្វើនូវ​ភោគៈ​ ដែល​ខ្លួន​បាន​ហើយ ​ឲ្យ​ចំរើន​ឡើង​ក្ដី ដោយចក្ខុ​មានសភាព​យ៉ាងណា ចក្ខុ​មាន​សភាពយ៉ាង​នោះ ក៏​មាន មួយ​ទៀត បុគ្គល​នោះ គប្បីដឹង​ពួក​ធម៌ ជាកុសល ​និង​អកុសល ដឹង​ពួក​ធម៌មាន​ទោស​ និង​ឥត​ទោស ដឹង​ពួក​ធម៌​ថោក​ទាប​ និង​ឧត្ដម ដឹង​ពួក​ធម៌ ដែលមាន​ចំណែក​ជា​ទំនាស់​គា្ន ដោយ​អំ​ណាច​ធម៌ខ្មៅ​និង​ធម៌​ស ដោយ​ចក្ខុ​មាន​សភាព​យ៉ាង​ណា សូម្បីចក្ខុ​មាន​សភាព​យ៉ាង​នោះ​ក៏មាន។ ម្នាល​ភិក្ខុ​ទាំង​ឡាយ នេះ​ហៅថា បុគ្គល​មាន​ចក្ខុ​ទាំង​ពីរ​ខាង។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​៣​ពួក​នេះ រមែង​មាន​នៅ​ក្នុង​លោក។ ភោគៈ​ទាំងឡាយ មានសភាព​ដូច្នោះ មិន​មាន​ដល់បុគ្គល​ខ្វាក់​ឡើយ បុគ្គល​ខ្វាក់​ មិន​ដែល​ធ្វើបុណ្យ​ទាំងឡាយ​ទេ ការចាប់ខុស ចំពោះ​ប្រយោជន៍​ទាំង​ពីរ រមែង​មាន ​ដល់​បុគ្គល​ខ្វាក់ ​ខូច​ចក្ខុ។ មួយ​ទៀត បុគ្គល​ដែល​ហៅ​ថា មាន​ភ្នែក​ម្ខាង​នេះ ជា​អ្នក​ច្រឡូកច្រឡំ ដោយ​កុសល​ធម៌ និង​អកុសល​ធម៌ ស្វែងរកភោគៈ​ទាំង​ឡាយ ដោយ​ថេយ្យចិត្ត ជាអ្នក​ឈ្លាស ប្រមូល​មក ​នូវ​អំពើទាំង​ពីរ ដោយ​កូដ​កម្ម15) ផង​ ដោយ​ការ​ពោល​ពាក្យ​កុហក​ផង ជាមនុស្ស​បរិភោគកាម បុគ្គល​ដែល​មាន​ចក្ខុ​តែម្ខាង​នោះ លុះរំលាងខន្ធ អំពី​លោក​នេះ​ហើយ ទៅ​កាន់​នរក ​រង​ទុក្ខខ្លោច​ផ្សា។ ចំណែក​ខាង​បុរស​បុគ្គល ដែលហៅថា មាន​ចក្ខុ​ទាំង​ពីរ​ខាង ជា​អ្នក​ប្រសើរ ដោយ​ភោគៈ​ទាំង​ឡាយ ដែល​ខ្លួន​បាន​មក​ដោយ​ធម៌ ឲ្យ​ទ្រព្យ​ដែល​ខ្លួន​រក​បាន ដោយ​សេចក្ដី​ព្យាយាម មានតម្រិះ​ដ៏ប្រសើរ ជា​ជន​មាន​ចិត្ត​ឥត​សង្ស័យ រមែងចូល​ទៅកាន់​ស្ថាន​ដ៏​ចំរើន ដែល​ខ្លួន​បាន​ទៅ​ ហើយមិន​សោក​សៅ បុគ្គល ​គប្បី​វៀរមនុស្ស​ខ្វាក់​ផង មនុ​ស្ស​មាន​ភ្នែក​ម្ខាង​ផង អំពី​ចម្ងាយ ​ហើយគប្បីសេពគប់​បុរស​បុគ្គល​ ដ៏​ប្រសើរ មាន​ភ្នែក​ទាំង​ពីរ​ខាង​ចុះ។

(អវកុជ្ជសូត្រ ទី១០)

(១០. អវកុជ្ជសុត្តំ)

[៣០] ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​៣​ពួក​នេះ រមែង​មាន​នៅក្នុង​លោក។ បុគ្គល​៣ពួក តើដូចម្ដេច។ គឺ​បុគ្គល​មាន​ប្រាជ្ញា ​ដូចជាក្អម​ផ្កាប់​ ១ បុគ្គល​មាន​ប្រាជ្ញា ​ដូច​ថ្នក់​លេច ​១ បុគ្គល​មាន​ប្រាជ្ញា ​ដ៏ទូលាយ​ ១។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ចុះ​បុគ្គល ​មាន​ប្រាជ្ញា​ដូច​ក្អម​ផ្កាប់ តើ​ដូចម្ដេច។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​ពួក​ខ្លះ​ក្នុង​លោក​នេះ ​ទៅ​កាន់អារាម ស្ដាប់​ធម៌​ ក្នុង​សំណាក់ ​នៃ​ពួក​ភិក្ខុ​រឿយៗ ពួកភិក្ខុ​សំ​ដែង​ធម៌ មាន​លំ​អបទ​ខាង​ដើម មាន​លំ​អបទ​កណ្ដាល មាន​លំអ​បទ​ខាង​ចុង​ប្រកាស​ព្រហ្ម​ចរិយៈ ​ប្រកប​ដោយ​អត្ថ ​ប្រកប​ដោយ​ព្យញ្ជនៈ ​ដ៏​បរិសុទ្ធ បរិបូណ៌​ទាំងអស់ ដល់​បុគ្គល​នោះ បុគ្គល​នោះ កាល​អង្គុយ​លើ​អាសនៈនោះ ក៏មិន​ធ្វើ​ទុក​ក្នុង​ចិត្ត ​ត្រង់​ខាង​ដើម មិន​ធ្វើ​ទុក​ក្នុង​ចិត្ត ​ត្រង់​កណ្ដាល មិន​ធ្វើទុកក្នុងចិត្ត​ ត្រង់​ខាង​ចុង ​នៃកថា​នោះ សូម្បី​ក្រោកពីអាសនៈនោះ​ហើយ ក៏មិនធ្វើទុក​ក្នុង​ចិត្ត ​ត្រង់​ខាងដើម ត្រង់​កណ្ដាល ​និង​ខាង​ចុង​ នៃកថា​នោះ​ដែរ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ដូច​ជា​ក្អម​ផ្កាប់ ទឹក​ដែល​គេ​ចាក់​ទៅ​លើ​ក្អម​នោះ ក៏ហូរ​ចេញ​អស់​ទៅ មិន​ដក់នៅ​បាន យ៉ាង​ណាមិញ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​ពួកខ្លះ ក្នុង​លោកនេះ ទៅ​កាន់​អារាម ស្ដាប់ធម៌​ ក្នុង​សំណាក់ នៃ​ភិក្ខុ​ទាំង​ឡាយ​រឿយ​ៗ ​ភិក្ខុ​ទាំង​ឡាយ ក៏សំដែង​ធម៌ ​មាន​លំអបទ​ខាង​ដើម មាន​លំអ​បទកណ្ដាល មាន​លំ​អបទ​ខាងចុង ​ហើយ​ប្រកាស​ព្រហ្ម​ចរិយៈ ប្រកប​ដោយ​អត្ថ ប្រកប​ដោយ​ព្យញ្ជនៈ ​ដ៏បរិសុទ្ធ បរិបូណ៌ទាំង​អស់ ដល់​បុគ្គលនោះ បុគ្គលនោះ កាល​ដែលអង្គុយ​លើ​អាសនៈ​នោះ ក៏​មិន​ធ្វើ​ទុក​ក្នុង​ចិត្ត ​ត្រង់​ខាងដើម មិន​ធ្វើទុក​ក្នុង​ចិត្ត ត្រង់កណ្ដាល មិន​ធ្វើ​ទុក​ក្នុង​ចិត្ត ​ត្រង់​ខាង​ចុង នៃកថានោះ ទុក​ជា​ក្រោក​ឡើង​ អំ​ពី​អាសនៈ​នោះ​ហើយ ក៏​នៅ​តែ​មិន​ធ្វើ​ទុក​ក្នុង​ចិត្ត ​ត្រង់ខាង​ដើម មិន​ធ្វើទុក​ក្នុង​ចិត្ត ​ត្រង់កណ្ដាល មិន​ធ្វើ​ទុកក្នុង​ចិត្ត ​ត្រង់​ខាង​ចុង នៃ​កថា​នោះ ក៏​យ៉ាង​នោះ​ដែរ ម្នាល​ភិក្ខុ​ទាំង​ឡាយ នេះ​ហៅ​ថា បុគ្គលមាន​ប្រាជ្ញា​ ដូច​ជា​ក្អម​ផ្កាប់។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ចុះ​បុគ្គល​មាន​ប្រាជ្ញា​ដូចថ្នក់លេច តើដូច​ម្ដេច។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​ពួក​ខ្លះ ក្នុង​លោកនេះ ទៅ​កាន់​អារាម​ ស្ដាប់​ធម៌ ​ក្នុង​សំ​ណាក់​ភិក្ខុ​ទាំង​ឡាយ​រឿយៗ ភិក្ខុ​ទាំងឡាយ ក៏​សំ​ដែង​ធម៌ មាន​លំ​អបទ​ខាង​ដើម មាន​លំ​អ​បទ​កណ្ដាល មាន​លំ​អបទ​ខាង​ចុង ប្រកាស​ព្រហ្មចរិយៈ ​ប្រកប​ដោយ​អត្ថ ប្រកប​ដោយព្យញ្ជនៈ​ ដ៏​បរិសុទ្ធ ​បរិបូណ៌​ទាំង​អស់​ដល់​បុគ្គល​នោះ ​បុគ្គល​នោះ​ កាល​អង្គុយលើ​អាសនៈ​នោះ ​ធ្វើ​ទុក​ក្នុង​ចិត្ត ​ត្រង់​ខាង​ដើម​ផង ធ្វើ​ទុក​ក្នុង​ចិត្ត ​ត្រង់​កណ្ដាលផង ធ្វើ​ទុក​ក្នុង​ចិត្ត ​ត្រង់​ខាង​ចុង​ផង ​នៃ​កថា​នោះ​ដែរ តែ​លុះ​ក្រោក​ចេញ ​អំ​ពីអាសនៈ​នោះ​ទៅ​ហើយ ក៏​មិន​ធ្វើ​ទុក​ក្នុង​ចិត្ត​ ត្រង់​ខាងដើម មិន​ធ្វើ​ទុក​ក្នុងចិត្ត ​ត្រង់​កណ្ដាល មិន​ធ្វើ​ទុក​ក្នុង​ចិត្ត ត្រង់​ខាង​ចុង​ នៃ​កថា​នោះ​ឡើយ​។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ដូច​ជា​បង្អែម​ផ្សេងៗ ​ដែល​លាយ​ច្រឡំ​គ្នា គឺ​មាន​ល្ង​ អង្ករ​ នំ ម្សៅ​ ផ្លែ​ពុទ្រា​ ក្នុង​ថ្នក់​លេចនៃ​បុរស​ បុរស​នោះ ​កាល​ក្រោក​អំពី​អាសនៈ​នោះ ក៏​ជ្រុះរាត់​រាយ ព្រោះ​ភ្លេច​ស្មារតី យ៉ាង​ណាមិញ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​ពួក​ខ្លះ ក្នុងលោក​នេះ ទៅ​កាន់​អារាម​ ស្ដាប់​ធម៌​ ក្នុង​សំ​ណាក់​ភិក្ខុ​ទាំងឡាយ​រឿយៗ ភិក្ខុទាំង​ឡាយ ​ក៏​សំ​ដែង​ធម៌​ មាន​លំ​អ​បទ​ខាង​ដើម មាន​លំអបទកណ្ដាល មានលំ​អបទ​ខាង​ចុង ​ប្រកាស​ព្រហ្មចរិយធម៌ ​ប្រកប​ដោយ​អត្ថ ប្រកប​ដោយ​ព្យញ្ជនៈ​ ដ៏​បរិសុទ្ធ បរិបូណ៌​ទាំង​អស់​ ដល់​បុគ្គល​នោះ បុគ្គលនោះ កាល​អង្គុយ​លើ​អាសនៈ​នោះ ក៏​ធ្វើ​ទុក​ក្នុង​ចិត្ត ​ត្រង់​ខាង​ដើម​ផង ធ្វើ​ទុក​ក្នុង​ចិត្ត​ត្រង់​កណ្ដាល​ផង ធ្វើ​ទុក​ក្នុង​ចិត្ត​ ត្រង់​ខាង​ចុង​ផង​ នៃ​កថា​នោះ លុះ​ក្រោក​អំពី​អាសនៈ​នោះ​ទៅ ក៏​មិន​ធ្វើ​ទុក​ក្នុង​ចិត្ត​ ត្រង់​ខាងដើម មិនធ្វើ​ទុក​ក្នុង​ចិត្ត​ ត្រង់​កណ្ដាល មិន​ធ្វើ​ទុក​ក្នុង​ចិត្ត​ ត្រង់​ខាង​ចុង នៃ​កថា​នោះ ក៏​យ៉ាងនោះ​ដែរ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ នេះ​ហៅថា បុគ្គល​មានប្រាជ្ញា ​ដូច​ជា​ថ្នក់​លេច។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ចុះ​បុគ្គល​មាន​ប្រាជ្ញា ដ៏​ទូលាយ តើ​ដូចម្ដេច។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​ពួកខ្លះ ក្នុងលោក​នេះ ទៅ​កាន់​អារាម ស្ដាប់​ធម៌​ ក្នុង​សំណាក់​ភិក្ខុ​ទាំង​ឡាយ​រឿយ​ៗ ភិក្ខុ​ទាំង​ឡាយ ក៏​សំដែង​ធម៌​ មានលំ​អបទ​ខាងដើម មាន​លំ​អបទ​កណ្ដាល មាន​លំអបទ​ខាង​ចុង ប្រកាស​ព្រហ្ម​ចរិយៈ ប្រកបដោយ​អត្ថ ប្រកប​ដោយព្យ​ញ្ជនៈ ​ដ៏​បរិសុទ្ធ បរិបូណ៌​ទាំងអស់ ​ដល់​បុគ្គល​នោះ បុគ្គលនោះ កាលអង្គុយ​លើ​អាសនៈ​នោះ ក៏​ធ្វើ​ទុក​ក្នុង​ចិត្ត​ ត្រង់​ខាង​ដើម​ផង ធ្វើ​ទុក​ក្នុង​ចិត្ត ត្រង់​កណ្ដាល​ផង ធ្វើ​ទុក​ក្នុង​ចិត្ត ​ត្រង់​ខាង​ចុង​ផង នៃ​កថា​នោះ​ ទុក​ជាក្រោកអំពី​អាសនៈ​នោះ​ទៅ​ហើយ​ ក៏​នៅ​តែ​ធ្វើ​ទុក​ក្នុង​ចិត្ត ​ត្រង់​ខាងដើម​ផង​ ធ្វើ​ទុកក្នុង​​ចិត្ត​ ត្រង់​កណ្ដាល​ផង ​ធ្វើ​ទុក​ក្នុង​ចិត្ត ​ត្រង់​ខាង​ចុង​ផង​ នៃ​កថា​នោះ​ទៀត​។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ដូច​ជា​ក្អម​ផ្ងារ ទឹក​ដែល​គេ​ចាក់​ក្នុង​ក្អម​នោះ ក៏​ដក់នៅ​ មិន​ហូរ​ចេញ​ទៅបាន យ៉ាង​ណាមិញ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គលពួក​ខ្លះ​ ក្នុង​លោក​នេះ​ ទៅកាន់​អារាម ស្ដាប់​ធម៌ ​ក្នុង​សំណាក់​ភិក្ខុទាំង​ឡាយរឿយៗ ភិក្ខុ​ទាំង​ឡាយ​ ក៏​សំដែង​ធម៌​ មាន​លំ​អ​បទ​ខាងដើម មាន​លំអបទកណ្ដាល ​មាន​លំ​អ​បទ​ខាង​ចុង ​ប្រកាស​ព្រហ្ម​ចរិយៈ​ ប្រកប​ដោយ​អត្ថ ​ប្រកប​ដោយ​ព្យញ្ជនៈ ​ដ៏​បរិសុទ្ធ បរិបូណ៌​ទាំង​អស់ ​ដល់​បុគ្គល​នោះ បុគ្គលនោះ កាល​អង្គុយ​លើ​អាសនៈ​នោះ ក៏​ធ្វើ​ទុក​ក្នុង​ចិត្ត ​ត្រង់​ខាង​ដើម​ផង ធ្វើ​ទុក​ក្នុងចិត្ត​ ត្រង់​កណ្ដាល​ផង ធ្វើ​ទុក​ក្នុង​ចិត្ត ​ត្រង់​ខាង​ចុង​ផង នៃ​កថា​នោះ​ ទុកជាក្រោក​អំពី​អាសនៈ​នោះ​ហើយ ក៏​នៅ​តែ​ធ្វើ​ទុក​ក្នុង​ចិត្ត ​ត្រង់​ខាងដើម ធ្វើទុក​ក្នុង​ចិត្ត​ ត្រង់​កណ្ដាល ធ្វើ​ទុក​ក្នុង​ចិត្ត​ ត្រង់​ខាង​ចុង​ នៃ​កថា​នោះ​ទៀត ម្នាល​ភិក្ខុ​ទាំង​ឡាយ នេះ​ហៅថា បុគ្គល​មាន​ប្រាជ្ញា​ដ៏ទូលាយ​។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​៣​ពួកនេះ រមែង​មាន​នៅ​ក្នុង​លោក។

បុរស​មាន​ប្រាជ្ញា​ ដូច​ក្អម​ផ្កាប់ គឺ​ជាអ្នក​ឥត​ប្រាជ្ញា ឥតសេចក្ដី​ពិចារណា បុរស​មាន​សភាព​ដូច្នោះ ទុក​ជាចូលទៅកាន់​សំណាក់​ភិក្ខុ​ទាំងឡាយ សូម្បី​រឿយៗ ក៏មិនអាច​ ដើម្បី​រៀនធម៌ ​ត្រង់​ខាងដើម​ ត្រង់​កណ្ដាល​ ត្រង់ខាង​ចុង​ នៃកថា​ (នោះ) ​បាន ព្រោះ​ថា ប្រាជ្ញា ​មិនមានដល់​បុគ្គល​នោះ​ឡើយ​។ បុរស​មាន​ប្រាជ្ញា ដូច​ថ្នក់​លេច តថាគត​ពោលថា ប្រសើរជាង បុរស​មាន​ប្រាជ្ញាដូច​ជាក្អម​ផ្កាប់​នុ៎ះ បុរស​មាន​សភាព​ដូច្នោះ បើទុក​ជាចូល​ទៅ​កាន់​សំណាក់​ នៃភិក្ខុ​ទាំង​ឡាយ សូម្បីរឿយៗ អង្គុយ​លើ​អាសនៈ​នោះ រៀន​ធម៌​ខាងដើម ត្រង់​កណ្ដាល ត្រង់​ខាង​ចុង ​នៃកថា (នោះ) បាន​ដែរ តែ​លុះ​ក្រោក​ចេញ​ទៅ​ ក៏​កំណត់​ចាំ​ព្យញ្ជនៈមិនបាន ព្រោះ​ថា បុរស​នោះ ភ្លេច​ព្យញ្ជនៈ ​ដែល​ខ្លួន​រៀនហើយ។ ចំណែក​ខាង​បុរស​មាន​ប្រាជ្ញា​ ដ៏​ទូលាយ តថាគត​ពោល​ថា ប្រសើរ​ជាង បុរស​មាន​ប្រាជ្ញា​ដូចថ្នក់​លេច​នុ៎ះ បុរស​មាន​សភាព​ដូច្នោះ កាល​បើ​ចូលទៅ​កាន់​សំ​ណាក់ ​នៃ​ភិក្ខុ​ទាំងឡាយ សូម្បី​រឿយៗ អង្គុយ​លើ​អាសនៈនោះ រៀន​ធម៌​ ត្រង់​ខាង​ដើម ត្រង់កណ្ដាល ត្រង់​ខាង​ចុង នៃកថា (នោះ) ចាំទុកនូវ​ព្យញ្ជនៈបាន ជា​ជន​មាន​តម្រិះ​ដ៏​ប្រសើរ មាន​ចិត្តឥត​សង្ស័យ ជាអ្នក​ប្រតិបត្តិ​នូវ​ធម៌ ​ដ៏​សម​គួរ​ដល់​ធម៌ គប្បី​ធ្វើ​នូវ​ទី​បំ​ផុត​នៃ​ទុក្ខ​បាន។

ចប់ បុគ្គលវគ្គ ទី៣។

ឧទ្ទាន​នៃ​បុគ្គល​វគ្គ​នោះ​គឺ

ពោល​អំពី​ព្រះ​សវិដ្ឋត្ថេរ ​១ អំពី​អ្នក​ជម្ងឺ ១ អំពី​សង្ខារ ​១ អំពី​បុគ្គល​មាន​ឧបការៈ​ច្រើន ​១ អំពី​បុគ្គល ប្រៀបដូចពេជ្រ​ ជា​ដើម​ ១ អំពី​បុគ្គល​គួរ​សេព​គប់​ ជាដើម​​ ១ អំ​ពី​បុគ្គល​គួរ​ខ្ពើម​ ជាដើម​ ១ អំពី​បុគ្គលមាន​សំដី​ស្អុយ ដូច​លាមក ​ជា​ដើម​ ១ អំពី​បុគ្គល​ខ្វាក់​ ជាដើម ​១ អំពីបុគ្គល​មាន​ប្រាជ្ញា (ដូច​ក្អម) ផ្កាប់ ​ជាដើម​ ១។

ទេវទូត​វគ្គ ទី៤

(៤. ទេវទូតវគ្គោ)

(សព្រហ្មកសូត្រ ទី១)

(១.សព្រហ្មកសុត្តំ)

[៣១] ម្នាល​ភិក្ខុ​ទាំង​ឡាយ កូន​របស់​ត្រកូល​ទាំង​ឡាយ​ណា បាន​បូ​ជា​មាតាបិតា ក្នុង​ផ្ទះរបស់​ខ្លួន ត្រកូល​ទាំង​នោះ​ ឈ្មោះ​ថា ប្រកបដោយ​ព្រហ្ម ម្នាល​ភិក្ខុ​ទាំង​ឡាយ កូន​របស់​ត្រកូលទាំង​ឡាយ​ណា ​បានបូជាមាតាបិតា ក្នុង​ផ្ទះ​របស់​ខ្លួន ត្រកូល​ទាំង​នោះ​ ឈ្មោះ​ថា ​ប្រកប​ដោយបុព្វាចារ្យ​ (អាចារ្យ​ដើម) ម្នាល​ភិក្ខុ​ទាំង​ឡាយ កូន​របស់​ត្រកូល​ទាំង​ឡាយណា បាន​បូជា​មាតា​បិតា​ ក្នុង​ផ្ទះ​របស់​ខ្លួន ត្រកូល​ទាំង​នោះ​ ឈ្មោះ​ថា ប្រកប​ដោយ​អាហុនេយ្យ (​អ្នក​គួរ​ទទួល​របស់ ​ដែល​កូន​ប្រុស​ស្រី​បូជា​)។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ពាក្យ​ថា ព្រហ្ម​នុ៎ះ ជា​ឈ្មោះ​មាតាបិតា ម្នាល​ភិក្ខុ​ទាំង​ឡាយ ពាក្យ​ថា បុព្វាចារ្យ​នុ៎ះ​ ជា​ឈ្មោះ​មាតាបិតា ម្នាល​ភិក្ខុ​ទាំង​ឡាយ ពាក្យ​ថា អាហុ​នេយ្យ​នុ៎ះ ជា​ឈ្មោះ​មាតាបិតា​។ ដំណើរ​នោះ ​ព្រោះ​ហេតុអ្វី។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ព្រោះ​មាតា​បិតា​ ជា​អ្នក​មាន​ឧបការៈ​ច្រើន ជាអ្នក​បីបាច់ រក្សា​ចិញ្ចឹម​កូន ជា​អ្នក​ឲ្យ​កូន​បាន​ឃើញ​លោក​នេះ។

មាតាបិតា​ លោក​ហៅថា ព្រហ្មផង​ ថា បុព្វាចារ្យផង ថា អាហុនេយ្យ​ផង របស់​កូន​ទាំងឡាយ ព្រោះ​ជា​អ្នក​អនុ​គ្រោះ ​នូវ​ពពួក​សត្វ។ ព្រោះ​ហេតុ​នោះ បណ្ឌិត​ត្រូវ​តែ​នមស្ការ​ ធ្វើ​សក្ការៈមាតាបិតា​ទាំង​នោះ ដោយ​បាយ ទឹក សំពត់ ទី​ដេក គ្រឿង​ដុស​ខាត់​ ទឹក​ងូត ​និង​ទឹក​លាង​ជើង បណ្ឌិតរមែង​សរសើរ​កូន​នោះ ព្រោះ​ការ​បម្រើ​មាតា​បិតា​នោះ ក្នុង​លោក​នេះ (កូន​នោះ) លុះ​លះ​លោក​នេះ ​ទៅកាន់បរលោក រមែង​រីករាយ ក្នុង​ស្ថានសួគ៌។

(អានន្ទសូត្រ ទី២)

(២. អានន្ទសុត្តំ)

[៣២] លំដាប់​នោះ ព្រះ​អានន្ទ​ដ៏​មាន​អាយុ ចូល​ទៅគាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ លុះ​ចូល​ទៅ​ដល់​ហើយ​ ក្រាប​ថ្វាយ​បង្គំ​ព្រះ​ដ៏មានព្រះភាគ ហើយ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ។ លុះ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ អង្គុយ​ក្នុង​ទី​ដ៏​សម​គួរ​ហើយ ក៏​ក្រាប​ទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ដូច្នេះ​ថា បពិត្រព្រះ​អង្គ​ដ៏​ចំរើន បើ​អហង្ការ​ទិដ្ឋិ មមង្ការ​តណ្ហា​និង​មានានុស័យ មិនមាន​ក្នុង​កាយ ​ប្រកប​ដោយ​វិញ្ញាណ​នេះ​ផង អហង្ការទិដ្ឋិ មមង្ការ​តណ្ហា​ និងមានានុស័យ មិន​មាន​ក្នុង​និមិត្ត​ទាំង​អស់ ព្ធ​ដ៏​ខាង​ក្រៅផង អហង្ការទិដ្ឋិ មមង្ការ​តណ្ហា​ និង​មានានុស័យ មិន​មាន​ដល់​ភិក្ខុ ​ដែល​ដល់​នូវ​ចេតោវិមុត្តិ​ និងបញ្ញាវិមុត្តិ​ណា ភិក្ខុ​គប្បី​ដល់​ នូវ​ចេតោវិមុត្តិ ​និង​បញ្ញា​វិមុត្តិ​នោះ សម្រេចសម្រាន្ត​នៅ​យ៉ាងណា ការ​បាន​នូវ​សមាធិ មាន​សភាព​យ៉ាង​នោះ គប្បីមាន​ដល់​ភិក្ខុ​ដែរ​ឬ។ ម្នាល​អានន្ទ បើ​អហង្ការទិដ្ឋិ មមង្ការ​តណ្ហា​ និង​មានានុស័យ មិនមាន​ក្នុង​កាយ ​ដែល​ប្រកប​ដោយ​វិញ្ញាណ​នេះ​ផង អហង្ការទិដ្ឋិ មមង្ការ​តណ្ហា​ និង​មានា​នុ​ស័យ មិនមាន​ក្នុងនិមិត្ត​ទាំងអស់ ព្ធ​ដ៏ខាងក្រៅ​ផង អហង្ការទិដ្ឋិ មមង្ការ​តណ្ហា​ និង​មានានុស័យ មិន​មាន​ដល់​ភិក្ខុ ដែល​ដល់​នូវ​ចេតោ​វិមុត្តិ និង​បញ្ញា​វិមុត្តិ​ណា ភិក្ខុ​គប្បីដល់ នូវ​ចេតោវិមុត្តិ និង​បញ្ញា​វិមុត្តិ​នោះ សម្រេច​សម្រាន្ត​នៅ យ៉ាង​ណា ការ​បាន​នូវ​សមាធិ មាន​សភាព​យ៉ាង​នោះ គប្បីមាន​ដល់​ភិក្ខុដែរ បពិត្រ​ព្រះ​អង្គ​ដ៏​ចំរើន អហង្ការ​ទិដ្ឋិ មមង្ការតណ្ហា ​និង​មានា​នុស័យ មិន​មាន​ក្នុង​កាយ ប្រកប​ដោយ​វិញ្ញាណ​នេះ​ផង អហ​ង្ការ​ទិដ្ឋិ មមង្ការត​ណ្ហា ​និង​មានានុស័យ មិន​មាន​ក្នុង​និមិត្ត​ទាំង​អស់ ព្ធ​ដ៏​ខាង​ក្រៅ​ផង អហង្ការ​ទិដ្ឋិ មមង្ការ​តណ្ហា ​និង​មានា​នុស័យ មិន​មាន​ដល់​ភិក្ខុ ​ដែល​បាន​នូវ​ចេតោវិមុត្តិ ​និង​បញ្ញាវិមុត្តិ​នោះ សម្រេច​សម្រាន្ត​នៅ​យ៉ាង​ណា ការ​បាននូវ​សមាធិ មាន​ភាព​យ៉ាង​នោះ គប្បី​មាន​ដល់​ភិក្ខុ តើ​ដូច​ម្ដេច។ ម្នាលអានន្ទ ភិក្ខុ​ក្នុង​សាសនា​នេះ មានសេចក្ដី​ត្រិះ​រិះ​ដូច្នេះថា ធម្មជាត ដែលហៅថា ស្ងប់​ ធម្មជាត​ ដែល​ហៅថា ឧត្ដម​នោះ ​គឺ​ការ​ស្ងប់​រម្ងាប់​សង្ខារ​ទាំង​អស់ ការ​លះបង់​ឧប​ធិទាំងអស់ ការអស់​តណ្ហា​ ការ​ប្រាសចាក​រាគៈ ការរលត់ គឺ​ព្រះ​និព្វាន​ហ្នឹង​ឯង។ ម្នាល​អានន្ទ អហង្ការទិដ្ឋិ មមង្ការ​តណ្ហា​ និង​មានានុស័យ មិនមាន​ក្នុង​កាយ ​ប្រកប​ដោយ​វិញ្ញាណ​នេះផង អហង្ការ​ទិដ្ឋិ មមង្ការតណ្ហា​ មានានុស័យ មិន​មាន​ក្នុង​និមិត្ត​ទាំង​អស់ ព្ធ​ដ៏​ខាង​ក្រៅ​ផង អហង្ការទិដ្ឋិ មមង្ការ​តណ្ហា​ និងមានានុស័យ មិនមាន​ដល់​ភិក្ខុ ​ដែល​បាន​នូវចេតោ​វិមុត្តិ និង​បញ្ញា​វិមុត្តិ​ណា ភិក្ខុ​គប្បី​បាន ​នូវ​ចេតោ​វិមុត្តិ និងបញ្ញាវិមុត្តិនោះ សម្រេច​សម្រាន្តនៅ យ៉ាង​ណា ការ​បាន​នូវសមាធិ មាន​សភាព​យ៉ាងនោះ គប្បី​មាន​ដល់​ភិក្ខុ យ៉ាងនេះ​ឯង ម្នាល​អានន្ទ ពាក្យថា

បុគ្គល​ណា​ដឹង​ច្បាស់ ​នូវ​របស់​ខ្លួន ​និង​របស់​ជន​ដទៃ ក្នុងលោក រមែង​មិន​មាន​សេចក្ដី​ញាប់​ញ័រ ក្នុង​អារម្មណ៍​នីមួយ​ទេ តថាគត​ពោលថា ​បុគ្គល​នោះ​ ស្ងប់​រម្ងាប់​ ប្រាសចាក​ផ្សែង​ គឺ ទុច្ច​រិត មិនមាន​សេចក្ដី​ទុក្ខ មិនមាន​តណ្ហា បាន​ឆ្លងជាតិ ​និង​ជរាហើយ ដូច្នេះនេះ ដែល​តថាគត​ពោល​ហើយ ក្នុង​បុណ្ណកប្បញ្ហា បរាយនវគ្គ សំដៅ​ហេតុ​នុ៎ះ​ឯង។

(សារីបុត្តសូត្រ ទី៣)

(៣. សារិបុត្តសុត្តំ)

[៣៣] គ្រានោះ ព្រះ​សារីបុត្តមាន​អាយុ ចូលទៅគាល់​ព្រះមានព្រះភាគ លុះ​ចូល​ទៅ​ដល់​ ថ្វាយ​បង្គំ​ព្រះ​មាន​ព្រះភាគ ហើយ​អង្គុយ​ក្នុង​ទីដ៏​សម​គួរ។ លុះ​ព្រះ​សារី​បុត្ត​មាន​អាយុ អង្គុយ​ក្នុង​ទី​ដ៏​សម​គួរ​ហើយ ព្រះមាន​ព្រះ​ភាគ បាន​ត្រាស់​ដូច្នេះ​ថា ម្នាល​សារី​បុត្ត តថាគតសំដែង​ធម៌ ដោយ​បំប្រួញខ្លះ ម្នាលសារីបុត្ត តថាគត ​គួរ​សំដែង​ធម៌ ដោយ​ពិស្ដារខ្លះ ម្នាល​សារីបុត្ត តថាគត ​គួរ​សំដែង​ធម៌​ ទាំង​បំប្រួញ ​ទាំង​ពិស្ដារ​ខ្លះ ដ្បិត​ថា ពួកបុគ្គល​អ្នក​យល់​ធម៌ ​រក​បាន​ដោយ​កម្រ​។ បពិត្រ​ព្រះ​មាន​ព្រះភាគ ជា​កាលគួរ​នឹង​សំដែង​ធម៌​នុ៎ះ​ហើយ បពិត្រ​ព្រះ​សុគត ជាកាល​គួរ​នឹង​សំដែង​ធម៌នុ៎ះ​ហើយ ប្រសិន​បើព្រះ​មាន​ព្រះភាគ សំដែង​ធម៌ដោយ​សង្ខេបក្ដី សំដែងធម៌​ ដោយ​ពិស្ដារក្ដី សំដែង​ធម៌​ ទាំង​សង្ខេប​ ទាំង​ពិស្ដារ​ក្ដី ពួក​អ្នក​យល់​ធម៌ គង់​នឹង​មាន។ ម្នាល​សារីបុត្ត ហេតុ​នោះ ភិក្ខុក្នុង​សាសនា​នេះ ត្រូវ​សិក្សាយ៉ាង​នេះ​ថា​ អហង្ការ​ទិដ្ឋិ ​មមង្ការ​តណ្ហា​ និង​មានានុស័យ ​នឹង​មិន​មានក្នុង​កាយ ប្រកប​ដោយ​វិញ្ញាណនេះ​ផង អហង្ការ​ទិដ្ឋិ មមង្ការ​តណ្ហា ​និង​មានានុស័យ នឹង​មិនមាន​ ក្នុង​និមិត្ត​ទាំង​អស់​ ព្ធ​ដ៏​ខាង​ក្រៅ​ផង អហង្ការ​ទិដ្ឋិ មមង្ការតណ្ហា និង​មានានុស័យ មិនមាន​ដល់​ភិក្ខុ​ ដែល​បាន​ចេតោវិមុត្តិ​ និង​បញ្ញា​វិមុត្ត​ណា យើង​នឹង​បាន​នូវ​ចេតោវិមុត្តិ​ និង​បញ្ញាវិមុត្តិ​នោះ ​សម្រេច​សម្រាន្ត​នៅ។ ម្នាលសារីបុត្ត អ្នក​ត្រូវ​សិក្សា​ យ៉ាង​នេះ​ចុះ​។ ម្នាល​សារីបុត្ត កាល​ណា​ភិក្ខុ​មិនមានអហង្ការទិដ្ឋិ មមង្ការ​តណ្ហា ​និង​មានានុស័យ ក្នុងកាយ​ប្រកប​ដោយ​វិញ្ញាណនេះផង មិនមាន​អហង្ការទិដ្ឋិ ​មមង្ការតណ្ហា​ និង​មានានុស័យ ក្នុង​និមិត្ត​ទាំងអស់​ ព្ធ​ដ៏​ខាង​ក្រៅ​ផង អហង្ការទិដ្ឋិ មមង្ការតណ្ហា និង​មានានុស័យ ​មិនមាន​ដល់​ភិក្ខុ ដែល​បាន​ចេតោ​វិមុត្តិ និង​បញ្ញាវិមុត្តិណា ភិក្ខុ​រមែង​បាន​ នូវចេតោវិមុត្តិ​ និង​បញ្ញាវិមុត្ត​នោះ​ សម្រេច​សម្រាន្ត​នៅ។ ម្នាល​សារីបុត្ត ភិក្ខុនេះ​ តថាគត​ហៅថា​ បាន​ផ្ដាច់ផ្ដិល នូវ​តណ្ហា គាស់​រំលើង​ នូវ​សំយោជនៈ បានធ្វើនូវ​ទីបំផុត​ទុក្ខ ​ព្រោះ​ត្រាស់​ដឹង ​នូវ​កិរិយា​លះ​បង់​មានះ ដោយ​ឧបាយ​ដ៏​ល្អ ម្នាល​សារីបុត្ត​ ពាក្យ​ថា

តថាគត​ សំដែង​នូវ​ការ​លះ​បង់កាម​សញ្ញា ​និង​ទោម​នស្សទាំង​ពីរ​ផង នូវ​ការ​បន្ទោបង់​ថីនៈ​ផង នូវ​ការ​ហាមឃាត់​កុក្កុច្ចៈ​ផង នូវ​ធម៌​ដ៏​ស្អាត ដោយ​ឧបេក្ខា ​និង​សតិផង នូវ​ប្រធាន​នៃ​សេចក្ដី​ត្រិះ​រិះ​ធម៌​ផង នូវ​ការ​រួច​ស្រឡះ ដោយ​អរហត្ត​ផលផង ថា​ជា​ការ​ទំ​លាយ​បង់ ​នូវ​អវិជ្ជា ដូច្នេះ​នេះ ដែល​តថាគត​ពោល​ហើយ ក្នុង​ឧទយ្យញ្ហា ​បារាយនវគ្គ សំដៅ​ហេតុ​នេះ​ឯង។

(និទានសូត្រ ទី៤)

(៤. និទានសុត្តំ)

[៣៤] ម្នាល​ភិក្ខុ​ទាំង​ឡាយ ធម្មជាត ៣​នេះ ​ជា​ហេតុ​ឲ្យកើត​កម្ម។ ធម្មជាត​៣ តើ​ដូចម្ដេច។ គឺ​លោភៈ ជា​ហេតុ​ឲ្យ​កម្ម​ ១ ទោសៈ ជាហេតុ​ឲ្យ​កើត​កម្ម ​១ មោហៈ ជា​ហេតុ​ឲ្យ​កើត​កម្ម ​១។ ម្នាល​ភិក្ខុ​ទាំង​ឡាយ កម្ម​ណា​ ដែល​បុគ្គល​ធ្វើ​ព្រោះ​លោភៈ កើត​អំពី​លោភៈ មាន​លោភៈ​ជាហេតុ មាន​លោភៈ​ជា​ដែន​កើត អត្តភាព​បុគ្គល​នោះ​ កើត​ក្នុង​ទីណា កម្ម​នោះ ​រមែងឲ្យផល​ក្នុង​ទីនោះ កម្ម​នោះ​ឲ្យផល​ក្នុង​ទីណា បុគ្គល​រមែង​ទទួល​ផល ​នៃកម្ម​នោះ ក្នុង​ទីនោះ គឺ​អត្ត​ភាព​ជា​បច្ចុប្បន្ន ឬ​អត្ត​ភាព ​ដែល​កើត​បន្ទាប់ ឬអត្ត​ភាព​ដទៃ ​ដែល​អន្ទោល​តទៅ​ទៀត។ ម្នាល​ភិក្ខុ​ទាំង​ឡាយ កម្ម​ណា ដែល​បុគ្គល​ធ្វើ​ហើយ​ ព្រោះ​ទោសៈ កើត​អំពី​ទោសៈ មាន​ទោសៈជា​ហេតុ មាន​ទោសៈ​ជា​បច្ច័យ អត្ត​ភាព​របស់​បុគ្គល​នោះ កើត​ក្នុង​ទីណា កម្ម​នោះ រមែង​ឲ្យផល​ក្នុង​ទី​នោះ កម្ម​នោះ ​ឲ្យ​ផល​ក្នុង​ទីណា បុគ្គល​រមែង​ទទួល​ផលរបស់​កម្ម​នោះ ក្នុង​ទី​នោះ គឺ​អត្ត​ភាព​ ជា​បច្ចុប្បន្ន​ក្ដី អត្ត​ភាព ​ដែល​កើតបន្ទាប់​ក្ដី អត្តភាព​ដទៃ ​ដែល​អន្ទោល​តទៅ​ទៀត​ក្ដី។ ម្នាល​ភិក្ខុ​ទាំង​ឡាយ កម្មណា ដែល​បុគ្គល​ធ្វើ​ដោយ​មោហៈ កើត​អំពី​មោហៈ មាន​មោហៈជាហេតុ មាន​មោហៈ​ជា​បច្ច័យ អត្ត​ភាព​របស់​បុគ្គល​នោះ កើត​ក្នុង​ទីណា កម្ម​នោះ ​រមែង​ឲ្យ​ផល​ក្នុង​ទីនោះ កម្ម​នោះ​ រមែង​ឲ្យ​ផល​ ក្នុងទីណា បុគ្គល​រមែង​ទទួល​ផល របស់​កម្ម​នោះ ក្នុង​ទីនោះ គឺ​អត្តភាព​ ជា​បច្ចុប្បន្នក្ដី អត្ត​ភាព​ដែល​កើត​បន្ទាប់​ក្ដី អត្តភាព​ដទៃ​ដែល​អន្ទោល​តទៅ​ទៀត​ក្ដី។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ដូច​ពូជ ​ដែល​មិន​បែក មិន​ស្អុយ មិន​ខូច ដោយ​ខ្យល់ ​និង​កំដៅ​ថ្ងៃ ប្រកប​ដោយ​ខ្លឹម​សារ (ជា​គ្រាប់​មាន​សាច់ពេញ​លេញ) គេ​ទុក​ដាក់​ស្រួលបួល ដែល​បុគ្គល​សាប​ព្រោះ ​លើទី​ដែល​ភ្ជួររាស់​ល្អ ក្នុង​ស្រែ​មាន​ជីរជាតិ ភ្លៀង​សោត​ ក៏​ផ្ដល់​ធារ​ទឹកដោយ​ស្រួល ម្នាល​ភិក្ខុ​ទាំង​ឡាយ បើ​ពូជ​ទាំង​នោះ​ សម​ប្រកប​យ៉ាងនេះ ដល់​នូវ​ការ​លូតលាស់ ដុះ​ដាល​បែក​គុម្ព យ៉ាង​ណាមិញ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ កម្ម​ណា ​ដែល​បុគ្គល​ធ្វើ ព្រោះ​លោភៈ កើត​អំពី​លោភៈ មាន​លោភៈ​ជាហេតុ មាន​លោភៈ​ជាបច្ច័យ អត្ត​ភាព​របស់​បុគ្គល​នោះ​កើតក្នុង​ទីណា កម្ម​នោះ​ រមែង​ឲ្យ​ផល ក្នុង​ទីនោះ កម្ម​នោះ​ ឲ្យ​ផល​ក្នុង​ទីណា បុគ្គល​រមែង​ទទួល​ផល ​របស់​កម្ម​នោះ ​ក្នុង​ទីនោះ គឺ​អត្ត​ភាព​ ក្នុង​បច្ចុប្បន្នក្ដី អត្ត​ភាព​ដែល​កើត​បន្ទាប់ក្ដី អត្ត​ភាព​ដទៃ​ ដែល​អន្ទោល​តទៅក្ដី។ កម្ម​ណា ដែល​បុគ្គល​ធ្វើ​ ព្រោះ​ទោសៈ​។ ​បេ។ កម្ម​ណា ​ដែល​បុគ្គល​ធ្វើ​ ព្រោះ​មោហៈ​។ ​បេ​។ ក្នុង​អត្តភាព​ដទៃ​ ដែល​អន្ទោល​តទៅ​ក្ដី។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ធម្មជាត​៣នេះ​ឯង ជា​ហេតុ​ឲ្យ​កើត​កម្មទាំង​ឡាយ ក៏យ៉ាង​នោះដែរ។

[៣៥] ម្នាល​ភិក្ខុ​ទាំង​ឡាយ ធម្មជាត ៣នេះ ជាហេតុ​ឲ្យ​កើតកម្ម​ទាំង​ឡាយ។ ធម្មជាត​៣ តើដូចម្ដេច។ គឺ​អលោភៈ ជាហេតុ​ឲ្យ​កើត​កម្ម​ទាំង​ឡាយ ១ អទោសៈ ជាហេតុ​ឲ្យកើត​កម្ម​ទាំងឡាយ​ ១ អមោហៈ ជាហេតុឲ្យ​កើត​កម្ម​ទាំង​ឡាយ​១។ ម្នាល​ភិក្ខុ​ទាំង​ឡាយ កម្ម​ណា​ ដែល​បុគ្គល​ធ្វើ ព្រោះ​អលោភៈ កើត​អំពីអលោភៈ មាន​អលោភៈជា​ហេតុ មាន​អលោភៈជា​បច្ច័យ បើ​សេចក្ដីលោភ មិន​មាន​ហើយ កម្ម​នោះ ​ឈ្មោះថា បុគ្គល​បាន​លះ​បង់​យ៉ាង​នេះ ជាកម្ម​មាន​ឫស​គល់ ផ្ដាច់ផ្ដិល​ហើយ ធ្វើមិន​ឲ្យ​ដុះ​ទៀត​បាន ដូច​ជាត្នោតកំបុតក ធ្វើ​មិន​ឲ្យ​មាន​ពូជ ជាកម្ម​មិនកើត តទៅ​ទៀត​ជាធម្មតា។ ម្នាល​ភិក្ខុ​ទាំង​ឡាយ កម្ម​ណា ​ដែល​បុគ្គល​ធ្វើ​ ព្រោះ​អទោសៈ កើត​អំពីអទោសៈ ​មាន​អទោសៈ​ជាហេតុ មាន​អទោសៈជា​បច្ច័យ កាល​បើ​ទោសៈ មិនមានហើយ កម្ម​នោះ​ឈ្មោះថា បុគ្គល​បាន​លះ​បង់​យ៉ាង​នេះ ជាកម្មមានឫស​ផ្ដាច់​ផ្ដិល​ហើយ ធ្វើ​មិនឲ្យ​ដុះ​ទៀតបាន ដូច​ជាត្នោត​កំបុតក ធ្វើមិន​ឲ្យមាន​ពូជ ជាកម្ម​មិន​កើត​តទៅ​ទៀត ជាធម្មតា។ ម្នាល​ភិក្ខុ​ទាំង​ឡាយ កម្មណា ​ដែល​បុគ្គល​ធ្វើ​ព្រោះ​អមោហៈ កើត​អំពី​អមោហៈ​ មាន​អមោហៈ ជាហេតុ មាន​អមោហៈ​ ជា​បច្ច័យ កាល​បើអ​មោហៈ​មិន​មាន​ហើយ កម្មនោះ ឈ្មោះ​ថា បុគ្គល​បាន​លះ​បង់​ហើយ​ យ៉ាង​នេះ ជា​កម្ម​មាន​ឫស​គល់​ផ្ដាច់ផ្ដិលហើយ ធ្វើមិនឲ្យ​ដុះ​ទៀត​បាន ដូច​ជា​ត្នោត​កំបុតក ធ្វើ​ឲ្យវិនាស ជាកម្មមិនកើត​តទៅ​ទៀត​ជាធម្មតា។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ដូច​ជា​ពូជ​ ដែលមិន​បែក មិន​ស្អុយ មិន​វិនាស​ដោយ​ខ្យល់ ​និង​កំដៅ​ថ្ងៃ ប្រកប​ដោយ​ខ្លឹមសារ គេ​ទុក​ដាក់​ល្អ ​បុរស​គប្បី​ដុត ​នូវ​ពូជ​នោះ​ ដោយ​ភ្លើង ដុត​ដោយ​ភ្លើង​រួចហើយ ធ្វើ​ជា​ធ្យូង​ម៉ត់ ធ្វើ​ជា​ធ្យូង​ម៉ត់រួច​ហើយ ក៏​បាច​ទៅ​ក្នុង​ខ្យល់​ដ៏ខ្លាំង​ក្ដី បណ្ដែត​ក្នុង​ស្ទឹង ​ដែល​មាន​ខ្សែ​ទឹក​ហូរ​ត្របាញ់​ក្ដី ម្នាល​ភិក្ខុ​ទាំង​ឡាយ បើ​ពូជាទាំង​នោះ ​ត្រូវ​គេ​បំ​ផ្លាញយ៉ាង​នេះ ​មុខ​ជា​នឹងមាន​កំណើត​ផ្ដាច់ផ្ដិល ធ្វើ​មិន​ឲ្យកើត​ទៀត​បាន ​ដូច​ជា​ត្នោត​កំបុតក ធ្វើ​ឲ្យ​វិនាស ​ជា​ពូជមិនកើត​តទៅ​ទៀត ​ជា​ធម្មតា ​យ៉ាង​ណាមិញ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ យ៉ាង​នោះ​ដែរ​ កម្ម​ណា ​ដែល​បុគ្គល​ធ្វើ ​ព្រោះ​អលោភៈ កើត​អំពី​អលោភៈ មាន​អលោភៈ ជាហេតុ មាន​អលោភៈ​ ជាបច្ច័យ កាល​បើ​លោភៈ​ មិនមាន​ហើយ កម្មនោះ ​ឈ្មោះ​ថា​ បុគ្គល​បានលះ​បង់​ហើយ យ៉ាង​នេះ ជាកម្ម​មាន​ឫស​គល់​ផ្ដាច់ផ្ដិល​ហើយ ធ្វើ​មិន​ឲ្យ​ដុះ​ទៀត​បាន ដូច​ជាត្នោត​កំ​បុត​ក ធ្វើ​ឲ្យ​វិនាស ជាកម្មមិន​កើត​តទៅ​ទៀត​ជាធម្មតា។ កម្ម​ណា​ ដែល​បុគ្គល​ធ្វើ​ ព្រោះ​អទោសៈ។ ​បេ​។ កម្ម​ណា ​ដែល​បុគ្គល​ធ្វើ​ ព្រោះ​អមោហៈ។ ​បេ។ ធ្វើ​ឲ្យ​វិនាស ជា​កម្មមិន​កើត​ត​ទៅ​ទៀត​ ជា​ធម្មតា។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ធម្មជាត​៣ នេះឯង ជា​ហេតុឲ្យ​កើត​កម្ម​ទាំង​ឡាយ។

បុគ្គល​ពាល​ជា​អ្នក​មិន​ដឹង​ច្បាស់​នូវ​កម្ម ដែល​កើត​អំពី​លោភៈ​ផង កើត​អំពី​ទោសៈ​ផង កើត​អំពី​មោហៈ​ផង កម្ម​ណា ​ដែល​បុគ្គល​នោះ​ធ្វើ​ហើយ ទោះ​តិច​ក្ដី ច្រើន​ក្ដី បុគ្គល​នោះ​ ត្រូវ​រង​កម្ម​នោះ ក្នុង​អត្តភាព​នេះឯង វត្ថុ​ដទៃ មិនមាន​ទេ ហេតុ​នោះ ភិក្ខុ (ណា) ជា​អ្នក​ដឹង​ (រមែងមិន​ធ្វើ​នូវ​កម្ម ​ដែល​កើត​អំពី​) លោភៈផង ទោសៈផង មោហៈ​ផង (ភិក្ខុ​នោះ​) ​ឈ្មោះ​ថា ​ញុំាង​វិជ្ជា​ ឲ្យ​កើត​ឡើង ហើយ​លះ​បង់ ​នូវ​ទុគ្គតិ​ទាំង​អស់​បាន។

(ហត្ថកសូត្រ ទី៥)

(៥. ហត្ថកសុត្តំ)

[៣៦] សម័យ​មួយ ព្រះ​មាន​ព្រះ​ភាគ ​ទ្រង់​គង់​លើ​កម្រាល​ស្លឹក​ឈើ ដែល​ជ្រុះ​ក្នុង​ព្រៃ​ឆ្នង់ ជិត​ផ្លូវ​គោ ក្នុង​ដែន​អាឡវី។ លំ​ដាប់​នោះ​ឯង ​ព្រះរាជ​កុមារ​ ព្រះ​នាម​ហត្ថកអាឡ​វក ត្រាច់​ទៅ​មក ​ដើម្បី​សម្រួល​ព្រះ​ជង្ឃា ក៏បាន​ឃើញ​ព្រះ​មាន​ព្រះ​ភាគ ​ទ្រង់​គង់​លើ​កម្រាល​ស្លឹក​ឈើ ​ក្នុង​ព្រែ​ឆ្នង់ ​ជិតផ្លូវ​គោ ​លុះ​ឃើញ​ហើយ ក៏​ចូល​ទៅ​គាល់​ព្រះ​មាន​ព្រះភាគ លុះ​ចូល​ទៅ​ដល់​ ថ្វាយ​បង្គំ​ព្រះ​មាន​ព្រះ​ភាគហើយ ​គង់​ក្នុង​ទី​សម​គួរ។ លុះ​ហត្ថកអាឡវក គង់​ក្នុង​ទី​សម​គួរ​ហើយ បាន​ក្រាប​បង្គំទូល​ព្រះ​មាន​ព្រះភាគ ដូច្នេះថា បពិត្រ​ព្រះ​អង្គ​ដ៏​ចំ​រើន ព្រះ​មាន​ព្រះ​ភាគ​ទ្រង់​ផ្ទំ​ស្រួល​ទេ​ឬ។ ម្នាលកុមារ យ៉ាង​ហ្នឹង​ហើយ តថាគត​ បា​ន​សិង​ស្រួល​ហើយ ពួក​ជន​ណា ​ដេកស្រួល​ក្នុង​លោក បណ្ដា​ជន​ទាំង​នោះ តថាគត​ ក៏​ជា​អ្នក​សិង​ស្រួលមួយនឹង​គេ​ដែរ។ បពិត្រ​ព្រះ​អង្គ​ដ៏​ចំ​រើន រាត្រី​ក្នុង​ហេមន្ត​រដូវ​ ត្រជាក់ កាលក្នុង​ ៨​ថ្ងៃ​ ជា​ចន្លោះ (ខែ​មាឃ​ និង​ខែ​ផល្គុន​) ជា​សម័យ​ធ្លាក់​ទឹក​សន្សើម ផែន​ដី​ដែល​ត្រូវ​ក្រចក​ជើង​គោ ជាន់​ខូង​រដិបរដុប ក៏រឹង កម្រាល​ស្លឹកឈើ ក៏​ស្ដើង អស់​ទាំង​ស្លឹក​ឈើ​ ក៏រង្វើល សំពត់​កាសាយៈ ​ក៏​ត្រជាក់ ​ខ្យល់​វល់ ដ៏ត្រជាក់ ​ក៏​បក់​មក កាល​បើ​យ៉ាង​ហ្នឹង ម្ដេចក៏​ព្រះ​មាន​ព្រះ​ភាគ ត្រាស់​យ៉ាងនេះ​ថា ម្នាល​កុមារ យ៉ាង​ហ្នឹង​ហើយ តថាគត ​បាន​សិង​ស្រួល​ហើយ។ ពួក​ជន​ណា ​ដេក​ស្រួល​ក្នុង​លោក បណ្ដាជន​ទាំង​នោះ​ តថាគត​ ក៏​ជាអ្នក​សិងស្រួល​មួយ​នឹង​គេ​ដែរ។ ម្នាល​កុមារ បើដូច្នោះ តថាគត​នឹង​សួរអ្នក​ ក្នុងដំណើរ​នុ៎ះ ថា​បើ​អ្នក​គាប់​ចិត្ត​យ៉ាង​ណា គប្បី​ព្យាករ​ នូវ​ដំណើរ​នោះ​ យ៉ាងនោះ​ចុះ។ ម្នាល​កុមារ អ្នក​សំគាល់​ហេតុ​នោះ​ដូចម្ដេច គហបតី ​ឬគហបតិបុត្រ​ ក្នុង​លោក​នេះ មាន​ផ្ទះ​កំពូល​ បូក​លាប​ខាង​ក្នុង​ ទាំង​បូក​លាប​ខាង​ក្រៅ ខ្យល់​ចូល​មិន​រួច មាន​ទ្វារ​ដ៏​ជិត មាន​បង្អួច​បិទ​ជិត​ ក្នុង​ផ្ទះ​នោះ មាន​បល្ល័ង្កក្រាល​ដោយ​កម្រាល​គោណកៈ ក្រាល​ដោយ​កម្រាល​បដិកៈ ក្រាលដោយកម្រាល​បដលិកៈ​ មាន​កម្រាល​ដ៏​ប្រសើរ ជាវិការ​នៃ​ស្បែក​ឈ្មុស16) ​ មានខ្នើយ​ក្រហម​ទាំង​ពីរ​ខាង ព្រមទាំង​ពិតាន​ក្រហម​ ទាំង​ប្រទីប​ប្រេង​ ក៏​ឆេះ​ភ្លឺក្នុង​ផ្ទះ​នោះ មាន​ប្រពន្ធ​៤​នាក់ នៅ​ផ្គត់​ផ្គង់​បម្រើ ដោយ​សេចក្ដី​គាប់ចិត្ត។ ម្នាល​កុមារ អ្នក​សំគាល់​ហេតុ​នោះ ​ដូច​ម្ដេច បុគ្គល​នោះ ​គួរ​ដេក​ជាសុខ​ ឬទេ ឬ​អ្នកមាន​សេចក្ដី​យល់ ក្នុង​ដំណើរ​នុ៎ះ​ ដូច​ម្ដេច។ បពិត្រ​ព្រះអង្គ​ដ៏​ចំ​រើន បុគ្គល​នោះ​ គួរ​ដេក​ជាសុខ ពួក​ជនណា ​ដេក​ជា​សុខ ក្នុងលោក បណ្ដា​ជន​ទាំង​នោះ អ្នក​នោះ​ ជាអ្នក​ដេក​ជា​សុខ​មួយ​នឹង​គេដែរ។ ម្នាល​កុមារ អ្នក​សំគាល់​ហេតុ​នោះ ដូចម្ដេច គហបតី ឬ​គហបតិបុត្រ​នោះ កើត​សេច​ក្ដី​រសាប់​រសល់ ​ផ្សាយ​ទៅ​ក្នុង​កាយ ​ក្នុង​ចិត្ត ដែល​បណ្ដាល​អំ​ពីរាគៈ គហបតី​ ឬ​គហបតិបុត្រ​នោះ ត្រូវ​សេច​ក្ដី​រសាប់​រសល់ ​ដែល​បណ្ដាលអំ​ពី​រាគៈ​ណា រោល​រាល តើ​ត្រូវ​ដេក​ជា​ទុក្ខ​ ឬទេ។ យ៉ាង​នឹង​ហើយ ព្រះ​អង្គ។ ម្នាល​កុមារ គហបតី ​ឬ​គហបតិ​បុត្រ​នោះ ​ត្រូវ​សេចក្ដី​រសាប់​រសល់ ដែល​បណ្ដាល​អំ​ពី​រាគៈណា រោល​រាល​ ត្រូវ​ដេក​ជា​ទុក្ខ រាគៈ​នោះ តថាគត​ បាន​លះ​បង់​ហើយ បាន​ផ្ដាច់​ផ្ដិល​ឫស​គល់​ហើយ ធ្វើ​មិន​ឲ្យ​កើតទៀត ដូច​ជា​ត្នោត​កំ​បុត​ក ធ្វើ​ឲ្យ​វិនាស​ មិន​ឲ្យមាន​ទី​កើត​តទៅទៀត ​ជាធម្មតា ហេតុ​នោះ ​ទើប​តថាគត​បាន​សិង​ជា​សុខ ម្នាល​កុមារ អ្នក​សំ​គាល់ហេតុ​នោះ ​ដូច​ម្ដេច គហបតី ​ឬគហបតិបុត្រ​ កើត​សេចក្ដី​រសាប់​រសល់ ដែលបណ្ដាល​អំ​ពី​ទោសៈ។ បេ​។ កើត​សេច​ក្ដី​រសាប់​រសល់​ផ្សាយ​ទៅ​ក្នុង​កាយ ក្នុង​ចិត្ត ដែល​បណ្ដាល​អំពី​មោហៈ បុគ្គល​នោះ ​ត្រូវ​សេចក្ដី​រសាប់​រសល់ ដែល​បណ្ដាល​អំពី​មោហៈណា រោល​រាល តើ​ត្រូវ​ដេក​ជា​ទុក្ខ ​ឬ​ទេ។ យ៉ាងហ្នឹង​ហើយ ​ព្រះ​អង្គ។ ម្នាល​កុមារ គហបតី ឬគហបតិបុត្រ​នោះ ត្រូវ​សេចក្ដីរសាប់​រសល់ ដែល​បណ្ដាល​អំពី​មោហៈ​ណា រោលរាល ត្រូវ​ដេក​ជា​ទុក្ខ មោហៈនោះ តថាគត​ លះ​បង់​ហើយ បាន​ផ្ដាច់​ផ្ដិលឫស​គល់​ហើយ ធ្វើ​មិនឲ្យកើត​ទៀត ដូច​ជា​ត្នោតកំបុតក ធ្វើ​ឲ្យវិនាស មិនឲ្យ​មាន​ទី​កើត​តទៅទៀត ​ជា​ធម្មតា ហេតុ​នោះ ទើប​តថាគត ​បាន​សិង​ជា​សុខ។

អ្នក​ណា​មាន​បាប​បន្សាត់​ចោល រំលត់​ទុក្ខ​ហើយ រមែងដេក​ជា​សុខ​សព្វ​កាល បុគ្គល​ណា ​មិន​ជាប់​ជំពាក់ ​ក្នុងកាម​ទាំង​ឡាយ មាន​សេចក្ដី​ត្រជាក់ មិន​មាន​ឧបធិក្កិលេស បាន​ផ្ដាច់​បង់ ​នូវ​តណ្ហា​ទាំង​អស់ បន្ទោបង់​ នូវសេចក្ដី​ក្រវល់​ក្រ​វាយ ក្នុង​ហឫទ័យ បុគ្គល​ស្ងប់ រមែង​ដេក​ជា​សុខ​ ដល់​នូវ​ការ​ស្ងប់​ នៃចិត្ត​បាន។

(ទេវទូតសូត្រ ទី៦)

(៦. ទេវទូតសុត្តំ)

[៣៧] ម្នាល​ភិក្ខុ​ទាំងឡាយ ទេវទូត​នេះ​ មាន​៣ ពួក។ ទេវទូត៣ពួក តើ​ដូច​ម្ដេច។ ម្នាល​ភិក្ខុ​ទាំងឡាយ បុគ្គល​ខ្លះ ​ក្នុង​លោកនេះ ប្រព្រឹត្ត​ទុច្ចរិត​ដោយ​កាយ ប្រព្រឹត្ត​ទុច្ចរិតដោយ​វាចា ប្រព្រឹត្តទុច្ចរិតដោយ​ចិត្ត។ បុគ្គល​នោះ​ ប្រព្រឹត្ត​ទុច្ចរិត​ដោយកាយ ប្រព្រឹត្ត​ទុច្ចរិត​ដោយ​វាចា ប្រព្រឹត្ត​ទុច្ចរិត​ដោយ​ចិត្តហើយ លុះ​បែក​ធ្លាយ​រាងកាយ​ ស្លាប់ទៅ​ខាង​មុខ តែង​កើត​ក្នុង​ប្រេត អសុរកាយ តិរច្ឆាន នរក។ ម្នាល​ភិក្ខុ​ទាំងឡាយ ពួក​និរយបាល ចាប់​បុគ្គល​នោះ ​ត្រង់​ដើមដៃ​ទាំងពីរ នាំទៅថា្វយ​ដល់​យមរាជ ​ដោយ​ពាក្យ​ថា បពិត្រ​លោក បុរស​នេះ ​ប្រព្រឹត្ត​ខុសក្នុងមាតា ប្រព្រឹត្ត​ខុស​ក្នុង​បិតា ប្រព្រឹត្ត​ខុស ​ក្នុង​សមណៈ ប្រព្រឹត្ត​ខុស ក្នុងខីណាសវ​ព្រាហ្មណ៍ មិន​កោត​ខ្លាច​បុគ្គលជា​ធំ​ក្នុង​ត្រកូល សូម​លោក​ដាក់អាជ្ញា ​ដល់​បុរស​នេះ។ ម្នាល​ភិក្ខុ​ទាំងឡាយ យម​រាជ​ដេញដោល ​ចោទសាក​សួរ​ទេវទូត ​ទី១ ចំ​ពោះ​បុរស​នោះថា ម្នាល​បុរស​ដ៏​ចំរើន អ្នកបានឃើញ​ទេវទូត ​ទី១ ដែល​កើត​ប្រាកដ ​ក្នុងពួក​មនុស្ស​ឬទេ។ បុរស​នោះ ក៏ក្រាប​ទូល​ យ៉ាង​នេះ​ថា បពិត្រ​ព្រះ​អង្គ​ដ៏​ចំរើន ខ្ញុំ​ព្រះ​អង្គ ​មិន​បាន​ឃើញទេ។ ម្នាល​ភិក្ខុ​ទាំងឡាយ យមរាជ ពោល​ទៅ​នឹងបុរស​នោះ យ៉ាង​នេះថា ម្នាល​បុរស​ដ៏​ចំរើន អ្នក​បាន​ឃើញ​ស្រី ​ឬ​ប្រុស ​ដែល​អាយុ​៨០​ក្ដី អាយុ​៩០​ក្ដី អាយុ១០០ឆ្នាំ​ក្ដី គ្រាំ​គ្រា​ដោយ​ជាតិ ទោរ​ដូច​ជា​បង្កង់ មាន​ខ្នងកោង មាន​ឈើច្រត់​នាំមុខ ដើរ​រញីរញ័រ រសាប់​រសល់​ព្រោះ​ជរា មាន​វ័យ​កន្លង​ហើយ ធ្មេញ​បាក់ សក់​ស្កូវ​ មាន​ក្បាល​ឆក មាន​ក្បាលទំពែក មាន​ស្បែក​ជ្រីវ មាន​ខ្លួន​ដាស ​ដោយ​ប្រជ្រុយ ក្នុង​ពួក​មនុស្ស​ដែរឬទេ។ បុរស​នោះ​ក្រាប​បង្គំ​ទូល ​យ៉ាង​នេះ​ថា បពិត្រ​ព្រះ​អង្គ​ដ៏​ចំរើន ខ្ញុំព្រះ​អង្គ ​បាន​ឃើញ​ហើយ។ ម្នាល​ភិក្ខុ​ទាំងឡាយ យម​រាជ​ ពោល​នឹងបុរស​នោះ​ យ៉ាង​នេះ​ថា នែ​បុរស​ដ៏​ចំរើន អ្នក​ឯង​ជា​មនុស្ស​ដឹង​ក្ដី មានស្មារតី​ចាស់ហើយ តែ​មិ​ន​មាន​គំនិត​យ៉ាងនេះ​ថា អាត្មា​អញ​ ក៏មាន​សេចក្ដីគ្រាំគ្រាជា​ធម្មតា មិនកន្លង​សេចក្ដី​គ្រាំ​គ្រា​បាន​ឡើយ បើ​ដូច្នោះ​ គួរ​អាត្មាអញ ធ្វើ​សេចក្ដី​ល្អ​ដោយកាយ​ វាចា​ ចិត្ត។ បុរស​នោះ ​ក្រាប​បង្គំ​ទូល​យ៉ាង​នេះ​ថា បពិត្រ​ព្រះ​អង្គ​ដ៏​ចំរើន ខ្ញុំ​ព្រះ​អង្គ​មិន​អាច (នឹក​ឃើញ​ទៅហើយ) បពិត្រព្រះ​អង្គ​ដ៏​ចំរើន ខ្ញុំ​ព្រះ​អង្គ ​បាន​ជា​ប្រហែស​ទៅ​ហើយ។ ម្នាល​ភិក្ខុ​ទាំងឡាយ យមរាជ​ពោល​នឹង​បុរស​នោះ​ យ៉ាង​នេះថា នែ​បុរស​ដ៏​ចំ​រើន អ្នក​មិនបានធ្វើ​ នូវ​អំពើ​ល្អ​ ដោយ​កាយ វាចា ចិត្ត ព្រោះ​តែ​សេចក្ដី​ប្រហែស ម្នាលបុរស​ដ៏ចំរើន ពួក​និរយបាល​ នឹង​ធ្វើ​ទោស​អ្នក តាម​អំពើ​ ដែល​អ្នក​ប្រហែសហើយ​នោះឯង អំ​ពើ​បាប​នោះឯង មិន​មែន​មាតា​ធ្វើ មិន​មែន​បិតា​ធ្វើ មិនមែន​បង​ប្អូន​ប្រុស​ធ្វើ មិន​មែន​បង​ប្អូន​ស្រី​ធ្វើ មិន​មែន​ពួកមិត្ត​ និង​អាមាត្យធ្វើ មិនមែន​ពួក​ញាតិ​និង​សាលោហិត​ធ្វើ មិន​មែន​ពួក​ទេវតា​ធ្វើ មិន​មែនពួក​សមណៈ និង​ព្រាហ្មណ៍​ធ្វើ​ទេ អំ​ពើ​អាក្រក់​នោះ​ អ្នក​ឯង​ ធ្វើ​ជា​ប្រាកដ អ្នកឯង​នឹង​ទទួល​ផល ​នៃ​អំ​ពើ​អាក្រក់​នោះ។ ម្នាល​ភិក្ខុ​ទាំងឡាយ យមរាជដេញ​ដោល ​ចោទ​សាក​សួរ​ទេវទូត​ ទី​១ ចំ​ពោះ​បុរស​នោះ​ហើយ ក៏ដេញដោល​ ចោទ​សាក​សួរ​ទេវទូត ​ទី២ ថា នែ​បុរស​ដ៏​ចំរើន អ្នក​បាន​ឃើញទេវទូត ​ទី២ កើតប្រាកដ ​ក្នុង​ពួក​មនុស្ស​ឬទេ។ បុរស​នោះ​ក្រាប​បង្គំ​ទូល យ៉ាង​នេះថា បពិត្រ​ព្រះ​អង្គ​ដ៏​ចំ​រើន ខ្ញុំ​ព្រះ​អង្គ ​មិន​បាន​ឃើញ​ទេ។ ម្នាល​ភិក្ខុ​ទាំងឡាយ យម​រាជ​ពោល​នឹង​បុរស​នោះ ​យ៉ាង​នេះថា ម្នាល​បុរសដ៏ចំរើន អ្នក​បាន​ឃើញ​ស្រី​ក្ដី ប្រុស​ក្ដី មាន​អាពាធ​ ដល់​នូវ​សេចក្ដី​ទុក្ខ ឈឺធ្ងន់ ដេក​ច្របល់​ក្នុង​មូត្រ​ និង​ករីស​ខ្លួន ដែល​ពួក​ជន​ដ​ទៃ​ គ្រាហ៍​ឲ្យ​ក្រោក ពួក​ជន​ដ​ទៃ ​ផ្ដេក​ឲ្យ​ដេក​ក្នុង​ពួក​មនុស្ស​ដែរឬ​ទេ។ បុរស​នោះ ​ក្រាប​បង្គំ​ទូលយ៉ាង​នេះថា ​បពិត្រ​ព្រះ​អង្គ​ដ៏​ចំ​រើន ខ្ញុំ​ព្រះ​អង្គ ​បាន​ឃើញ​ហើយ។ ម្នាល​ភិក្ខុ​ទាំងឡាយ យម​រាជ​ពោលនឹង​បុរស​នោះ​ យ៉ាង​នេះ​ថា ម្នាល​បុរសដ៏​ចំរើន អ្នក​ឯង​ជាមនុស្ស​ដឹង​ក្ដី ​ចាស់​ហើយ ក៏​នៅ​តែ​ឥត​មាន​គំនិត ​ដូច្នេះថា អញ​មាន​ព្យាធិ​ ជាធម្មតា មិន​កន្លង​ព្យាធិបាន​ឡើយ គួរ​តែ​អាត្មា​អញ ធ្វើ​ល្អ​ដោយ​កាយ វាចា ចិត្ត។ បុរស​នោះ ក្រាប​បង្គំ​ទូល យ៉ាង​នេះ​ថា បពិត្រ​ព្រះ​អង្គ​ដ៏​ចំ​រើន ខ្ញុំ​ព្រះអង្គ​ បាន​ជា​មិន​អាច (នឹក​ឃើញ​ទៅ​ហើយ) បពិត្រ​ព្រះ​អង្គ​ដ៏​ចំ​រើន ខ្ញុំ​ព្រះ​អង្គ​ បាន​ជាប្រហែស​ទៅ​ហើយ។ ម្នាល​ភិក្ខុ​ទាំងឡាយ យមរាជ​ ពោល​នឹង​បុរស​នោះ ​យ៉ាង​នេះ​ថា ម្នាល​បុរស​ដ៏ចំរើន អ្នក​មិន​បាន​ធ្វើ​កុសល ​ដោយ​កាយ វាចា ចិត្ត ព្រោះ​សេចក្ដី​ធ្វេសប្រ​ហែស នែ​បុរស​ដ៏​ចំរើន​ អើ​ពួក​និរយ​បាល​ នឹង​ធ្វើ​ទោស​អ្នក​ តាម​អំ​ពើដែលអ្នក​ប្រហែស​ហើយ​នោះ អំពើ​អាក្រក់​នោះ​ឯង មិនមែន​មាតាធ្វើ មិន​មែនបិតាធ្វើ មិនមែន​បង​ប្អូន​ប្រុស​ធ្វើ មិន​មែន​បង​ប្អូន​ស្រី​ធ្វើ មិន​មែន​ពួកមិត្ត និង​អាមាត្យធ្វើ មិនមែន​ពួក​ញាតិ​ និង​សាលោហិត​ធ្វើ មិន​មែន​ពួក​ទេវតា​ធ្វើ មិន​មែនពួក​សមណៈ និង​ព្រាហ្មណ៍​ធ្វើ​ទេ អំ​ពើ​អាក្រក់​នោះ​ អ្នក​ឯងធ្វើ​ជា​ប្រាកដ អ្នក​នឹង​ទទួល​ផល ​នៃ​អំ​ពើ​អាក្រក់​នោះ។ ម្នាល​ភិក្ខុទាំង​ឡាយ លុះ​យមរាជ ​ដេញ​ដោល ​ចោទសាក​សួរ​ទេវទូត ទី​២ ចំពោះ​បុរស​នោះហើយ ក៏​ដេញ​ដោល​ ចោទ​សាក​សួរ​ទេវទូត​ ទី​៣ ថា ម្នាល​បុរស​ដ៏​ចំរើន អ្នក​បាន​ឃើញ​ទេវទូត ទី​៣ កើត​ប្រាកដ ​ក្នុង​ពួក​មនុស្ស​ខ្លះ​ឬទេ។ បុរស​នោះ ​ក្រាប​បង្គំ​ទូល​យ៉ាង​នេះ​ថា បពិត្រ​ព្រះ​អង្គ​ដ៏​ចំរើន ខ្ញុំ​ព្រះ​អង្គ មិន​ឃើញ​ទេ។ ម្នាល​ភិក្ខុទាំង​ឡាយ យម​រាជ​ពោល​នឹង​បុរសនោះ ​យ៉ាង​នេះ​ថា ម្នាល​បុរស​ដ៏​ចំរើន អ្នក​បាន​ឃើញ​ស្រី​ក្ដី ប្រុស​ក្ដី ដែល​ស្លាប់​ ១ថ្ងៃក្ដី ស្លាប់ ២​ថ្ងៃ​ក្ដី ស្លាប់​៣​ថ្ងៃ​ក្ដី ជាអសុភហើមប៉ោង​ មាន​សម្បុរខៀវ មានខ្ទុះ​ហូរចេញ ក្នុង​ពួក​មនុស្ស​ដែរ​ឬ​ទេ។ បុរស​នោះ ​ក្រាប​បង្គំ​ទូល យ៉ាង​នេះថា បពិត្រ​ព្រះ​អង្គ​ដ៏​ចំ​រើន ខ្ញុំ​ព្រះ​អង្គ​ ​បាន​ឃើញហើយ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ យម​រាជ​ ពោលនឹង​បុរស​នោះ​ យ៉ាង​នេះ​ថា ម្នាល​បុរស​ដ៏​ចំរើន អ្នក​ឯង​ជា​មនុស្ស​ដឹង​ក្ដី ចាស់​ហើយ នៅ​តែ​មិន​មាន​សេច​ក្ដី​ត្រិះ​រិះ​ ដូច្នេះថា អាត្មា​អញ ​មាន​សេច​ក្ដីស្លាប់ ​ជា​ធម្មតា មិនកន្លង​សេចក្ដី​ស្លាប់​ទៅបាន គួរ​តែ​អាត្មា​អញ ​ធ្វើ​ល្អដោយ​កាយ វាចា ចិត្ត។ បុរស​នោះ ​ក្រាប​បង្គំ​ទូល​ យ៉ាង​នេះ​ថា បពិត្រព្រះ​អង្គ​ដ៏​ចំរើន ខ្ញុំ​ព្រះ​អង្គ​ បាន​ជា​មិន​អាច (នឹក​ឃើញ​ទៅហើយ) បពិត្រ​ព្រះអង្គ​​ដ៏​ចំរើន ខ្ញុំ​ព្រះអង្គ ​បាន​ជា​ប្រហែស​ធ្វេស​ទៅហើយ។ ម្នាល​ភិក្ខុ​ទាំង​​ឡាយ យម​រាជ​ ពោល​នឹង​បុរស​នោះ​ យ៉ាង​នេះថា ម្នាល​បុរស​ដ៏​ចំ​រើន អ្នក​មិន​បាន​ធ្វើ​កុសល​ ដោយ​កាយ វាចា ចិត្ត ព្រោះ​សេចក្ដី​ប្រហែសធ្វេស អើ​បុរស​ដ៏​ចំរើន មុខ​ជា​ពួក​និរយ​បាល នឹងធ្វើ​ទោស​អ្នក​ តាម​អំពើដែល​អ្នក​ប្រហែស​ហើយ​នោះ អំ​ពើ​អាក្រក់​នោះ​ឯង មិន​មែន​មាតា​ធ្វើ មិន​មែន​បិតា​ធ្វើ មិន​មែន​បង​ប្អូន​ប្រុស​ធ្វើ មិន​មែន​បង​ប្អូន​ស្រី​ធ្វើ មិន​មែន​ពួកមិត្ត និង​អាមាត្យធ្វើ មិនមែន​ពួក​ញាតិ ​និង​សាលោហិត​ធ្វើ មិន​មែន​ពួក​ទេវតា​ធ្វើ មិន​មែនពួក​សមណៈ ព្រាហ្មណ៍​ធ្វើ​ទេ ប្រាកដជាអ្នកឯង ធ្វើអំ​ពើ​អាក្រក់​នោះ​ អ្នកឯង​នឹង​ទទួលយក​ផល​ នៃ​អំ​ពើ​អាក្រក់​នោះ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ លុះ​យម​រាជ ដេញ​ដោល ​ចោទ​សាក​សួរ​ទេវទូត​ ទី​៣ ហើយ ​ក៏​ស្ងៀម។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ពួកនិរយ​បាល ​ធ្វើ​កម្មករណ៍ ដែលហៅ​ថា​ ចំ​ណង​៥​ប្រការ ​ចំ​ពោះ​បុរស​នោះ ​គឺ​បោះ​ដែក​គោល​ដ៏​ក្ដៅ ​ទៅ​ត្រង់​ដៃ បោះ​ដែក​គោល​ដ៏​ក្ដៅ​ ទៅ​ត្រង់​ដៃទី២​បោះដែក​គោល​ដ៏​ក្ដៅ ​ទៅ​ត្រង់​ជើង បោះដែក​គោល​ដ៏​ក្ដៅ ទៅ​ត្រង់ជើង​ទី​ពីរ​បោះដែក​គោល​ដ៏​ក្ដៅ ត្រង់​កណ្ដាល​ទ្រូង។ បុរស​នោះ ​ទទួល​វេទនា​ដ៏​ក្លា ក្ដៅ​ក្រហាយ ក្នុង​នរក​នោះ អំ​ពើ​អាក្រក់នោះ​មិន​ទាន់​អស់ ដរាប​ណា មិន​ទាន់​ធ្វើ​មរណកាល ដរាបនោះ។ ម្នាលភិក្ខុ​ទាំង​ឡាយ ពួក​និរយ​បាល ​ផ្ដេក​បុរស​នោះ ចាំង​ដោយ​ដឹង​ទាំង​ឡាយ។ បុរស​នោះ ក៏​ទទួល​ទុក្ខ​វេទនា ​ដ៏ក្លា​រឹង ផ្សាខ្លោច ក្នុង​នរក​នោះ អំ​ពើអាក្រក់​នោះ​ មិន​ទាន់​អស់ ដរាបណា មិនទាន់​ធ្វើ​មរណ​កាល​ដរាបនោះ​។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ពួក​និរយបាល ចាប់​បុរស​នោះ ​បញ្ឈរ ឲ្យមាន​ជើងឡើង​លើ ក្បាល​ចុះ​ក្រោម​ ច្រាស់​នឹង​កាំបិតព្រា​ទាំង​ឡាយ… ម្នាល​ភិក្ខុទាំង​ឡាយ ពួក​និរយ​បាល ​ទឹម​បុរស​នោះ​នឹង​រថ ​បរ​ទៅ​មក​លើ​ផែន​ដី ​ដែលមាន​ភ្លើង​ឆេះ រុង​រឿង​សន្ធោ​សន្ធៅ…​ ម្នាល​ភិក្ខុ​ទាំង​ឡាយ ពួក​និរយបាល ​ឲ្យ​បុរស​នោះ ឡើង​ចុះ​ភ្នំ​រងើក​ភ្លើង​ដ៏ធំ ដែល​ភ្លើង​កំពុង​ឆេះ​ច្រាលឆ្អៅ​ សន្ធោសន្ធៅ… ម្នាល​ភិក្ខុ​ទាំងឡាយ ពួក​និរយបាល ចាប់​បុរស​នោះបញ្ឈរ​ជើង​ឡើង​លើ ក្បាលចុះ​ក្រោម បោះទៅ​ក្នុង​ខ្ទះ​លោហៈ​ដ៏ក្ដៅ ដែល​ឆេះ​ច្រាល​ឆ្អៅ​សន្ធោសន្ធៅ។ បុរស​នោះ ត្រូវ​បាប​កម្ម​ស្ងោរ​ នៅក្នុង​ខ្ទះ​លោហៈនោះ ផុល​ឡើង​ដូច​ជា​ពពុះទឹក។ កាល​បុរស​នោះ ត្រូវ​បាប​កម្ម​ស្ងោរ​ នៅ​ក្នុង​ខ្ទះ​លោហៈ​នោះ ផុល​ឡើង ដូច​ជា​ពពុះ​ទឹក ជួនណា​ពុះ​ខ្ជោល​ឡើង​លើ​ម្ដង លិច​ចុះ​ក្រោមម្ដង ជួនណា​ទៅទទឹង​ម្ដង។ បុរស​នោះ ក៏​ទទួល​វេទនា​ជា​ទុក្ខ​​ដ៏ក្លា​រឹង ក្ដៅក្រហាយ ក្នុងនរក​នោះ អំពើ​អាក្រក់មិន​ទាន់​អស់ ដរាបណា ក៏​មិន​ទាន់​ធ្វើ​មរណកាល ​ដរាបនោះ។ ម្នាល​ភិក្ខុ​ទាំងឡាយ ទើប​ពួក​និរយបាល បោះបុរស​នោះ​ ទៅក្នុង​មហានរក ​(មហាអវីចិ)។ ម្នាលភិក្ខុ​ទាំង​ឡាយ ឯ​មហា​នរក​នោះឯង

មាន​ជ្រុង​៤ មាន​ទ្វា​រ៤ ដែល​កម្ម​ចែក​ហើយ ដោយចំណែក វាស់ដោយ​ចំណែក មាន​កំពែង​ដែក​ព័ទ្ធ​ជុំវិញ ប្រក់​ដោយ​ដែក ផែនដី​របស់​នរក​នោះ សុទ្ធ​តែ​ដែកច្រាល​ឆ្អៅ ប្រកបដោយ​ភ្លើង​ ផ្សាយ​ទៅអស់ ១០០យោជន៍​ជុំវិញ តាំង​នៅសព្វ​ៗ​កាល។

ម្នាលភិក្ខុ​ទាំងឡាយ ធ្លាប់​មាន​រឿង​មកថា យមរាជ មានសេចក្ដី​ត្រិះរិះ ដូច្នេះថា ម្នាល​អ្នក​ដ៏​ចំរើន ឮថា ​ពួក​សត្វណា ធ្វើ​អំពើ​អាក្រក់​ក្នុង​លោក ពួក​សត្វ​នោះ ត្រូវពួក​និរយ​បាល​ ធ្វើ​កម្មករណ៍​ផ្សេងៗ មាន​សភាព​យ៉ាងនេះ អើហ្ន៎ សូម​ឲ្យ​អាត្មា​អញ ​បាន​កើត​ជា​មនុស្ស សូម​ឲ្យ​ព្រះ​តថាគត​ អរហន្តសម្មាសម្ពុទ្ធ កើត​ក្នុង​លោក អាត្មា​អញ​សោត គប្បី​បាន​អង្គុយ​ជិត ព្រះដ៏​មាន​ព្រះ​ភាគ​នោះ គប្បី​សំដែង​ធម៌ អាត្មា​អញ គប្បី​យល់​ធម៌ របស់ព្រះ​ដ៏មាន​ព្រះ​ភាគនោះ។ ម្នាលភិក្ខុទាំង​ឡាយ តថាគត​ នឹង​បានឮនូវហេតុ​នោះ អំពី​សំ​ណាក់​ នៃ​សមណៈ ឬ​ព្រាហ្មណ៍​ដទៃ ហើយ​សំដែង យ៉ាង​នេះ​ក៏​ទេ ម្នាល​ភិក្ខុ​ទាំងឡាយ ប្រាកដ​ជាតថាគត​ បាន​សំដែងហេតុនោះ​ឯង ដែល​តថាគត ​ដឹង​ដោយខ្លួន​ឯង ឃើញ​ដោយ​ខ្លួន​ឯង យល់ជាក់​ច្បាស់ ​ដោយ​ខ្លួន​ឯង។ មាណព​ណា ដែល​ទេវទូត​ដាស់​តឿន​ហើយ នៅតែប្រហែស​ធ្វេស មាណព នោះ ទៅ​កើត​ក្នុង​ពួក​ថោកទាប រមែង​សោក​សង្រេង​ អស់​រាត្រី​វែង។ នរជន​ណាជាសប្បុរស ស្ងប់​ទុក្ខ​ក្នុងលោក​នេះ ដែល​ទេវទូត​ ដាស់តឿន​ហើយ​ មិនប្រហែស​ធ្វេស​ ក្នុង​អរិយធម៌​ ក្នុង​កាល​ខ្លះ ឃើញ​ភ័យ​ ក្នុង​ឧបាទាន ជាដែន​កើត​នៃ​ជាតិ ​និង​មរណៈ រមែង​រួច​ស្រឡះ ព្រោះ​មិន​ប្រកាន់ ក្នុង​ការ​អស់​ជាតិ និង​មរណៈ នរ​ជន​នោះ ដល់​នូវ​សេចក្ដី​ក្សេម​ និង​សុខ រលត់​កិលេស ក្នុង​បច្ចុប្បន្ន កន្លង​បង់ ​នូវ​ពៀរ​និង​ភ័យទាំង​អស់ កន្លង​នូវ​សេចក្ដី​ទុក្ខ ទាំង​អស់​បាន។

(ចតុមហារាជសូត្រ ទី៧)

(៧. ចតុមហារាជសុត្តំ)

[៣៨] ម្នាល​ភិក្ខុ​ទាំង​ឡាយ ក្នុង​ថ្ងៃ​ទី​៨ ​នៃបក្ខ ពួក​អាមាត្យ ​ជាបរិសទ្យ​ របស់​ស្ដេច​ធំ​ ទាំង​៤ តែង​ដើរ​ត្រួត​លោក​នេះ ដោយ​គិត​ថា បណ្ដា​មនុស្ស​ទាំង​ឡាយ គង់​មាន​ពួក​មនុស្ស​ជា​ច្រើន ជា​អ្នក​គោរព​មាតា គោរពបិតា គោរព​សមណៈ គោរព​ព្រាហ្មណ៍ កោត​ក្រែងបុគ្គល​ជា​ធំ ក្នុង​ត្រកូល រក្សា​បកតិ​ឧបោសថ រក្សា​បដិជាគរឧបោសថ ធ្វើបុណ្យ​ទាំងឡាយ​ខ្លះ​ដែរឬ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ក្នុង​ថ្ងៃ ទី​១៤ នៃ​បក្ខ ពួក​រាជបុត្រ ​របស់​ស្ដេចធំ ​ទាំង​៤ តែង​ដើរ​ត្រួត​លោកនេះ ដោយ​គិត​ថា បណ្ដា​មនុស្ស​ទាំង​ឡាយ គង់​មាន​ពួក​មនុស្ស​ជាច្រើន ជា​អ្នក​គោរព​មាតា គោរព​បិតា គោរព​សមណៈ គោរព​ព្រាហ្មណ៍ កោតក្រែង​បុគ្គល​ជា​ធំ ក្នុង​ត្រកូល រក្សា​បកតិឧបោសថ ធ្វើ​បដិ​ជាគរឧបោសថ ធ្វើ​បុណ្យ​ទាំង​ឡាយ​ ខ្លះ​ដែរ​ឬ។ ម្នាល​ភិក្ខុ​ទាំងឡាយ ក្នុង​ថ្ងៃ​បណ្ណរសីឧបោសថនោះ ពួក​ស្ដេច​ធំ​ ទាំង​៤ តែង​ដើរ​ត្រួត​មើល​លោក​នេះ​ខ្លួន​ឯង ដោយ​គិត​ថា បណ្ដា​មនុស្ស​ទាំងឡាយ គង់​មាន​ពួក​មនុស្ស​ជាច្រើន ជា​អ្នកគោរព​មាតា គោរពបិតា គោរពសមណៈ គោរព​ព្រាហ្មណ៍ កោត​ក្រែងបុគ្គល​ជាធំ ក្នុង​ត្រកូល រក្សា​បកតិ​ឧបោសថ ធ្វើ​បដិ​ជាគរ​ឧបោសថ ធ្វើបុណ្យ​ទាំង​ឡាយ ​ខ្លះ​ដែរឬ។ ម្នាល​ភិក្ខុ​ទាំងឡាយ បណ្ដា​មនុស្សទាំង​ឡាយ បើ​ពួក​មនុស្ស ជា​អ្នក​គោរព​មាតា គោរព​បិតា គោរពសមណៈ គោរព​ព្រាហ្មណ៍ កោត​ក្រែង​បុគ្គល​ជាធំ ក្នុង​ត្រកូល រក្សាបកតិឧបោសថ ធ្វើ​បដិជា​គរឧបោសថ ធ្វើ​បុណ្យ​ទាំង​ឡាយ ​មានតិចគ្នា។ ម្នាល​ភិក្ខុ​ទាំងឡាយ ស្ដេច​ធំ​ ទាំង​៤ ប្រាប់​ដំ​ណឹង​នោះ ដល់​ពួកទេវតាស្ថានតាវត្តឹង្ស ដែល​អង្គុយ​ប្រជុំ​គ្នា ក្នុង​សាលា​សុធម្មាថា នែ​អ្នក​និទ៌ុក្ខ​ទាំងឡាយ បណ្ដា​មនុស្ស​ទាំងឡាយ ពួក​មនុស្ស​ ជាអ្នក​គោរព​មាតា គោរព​បិតា គោរព​សមណៈ គោរព​ព្រាហ្មណ៍ កោត​ក្រែង​បុគ្គល​ជាធំ ក្នុង​ត្រកូល រក្សា​បកតិឧបោសថ ធ្វើបដិ​ជាគរឧបោសថ ធ្វើ​កុសល​ទាំង​ឡាយ​ តិច​គ្នា​ណាស់។ ម្នាល​ភិក្ខុ​ទាំងឡាយ ព្រោះ​ហេតុ​នោះ ពួក​តាវត្តឹង្ស​ទេវតា ​តូច​ចិត្តថា ម្នាលអ្នក​ដ៏ចំរើន ពួក​ទេវតានឹង​សាបសូន្យ ពួក​អសុរនឹង​កុះករ។ ម្នាល​ភិក្ខុ​ទាំងឡាយ បណ្ដា​មនុស្សទាំងឡាយ បើ​ពួក​មនុស្ស ជាអ្នក​គោរព​មាតា គោរព​បិតា គោរពសមណៈ គោរពព្រាហ្មណ៍ កោត​ក្រែង​បុគ្គល​ជាធំ ក្នុង​ត្រកូល រក្សាបកតិ​ឧបោសថ ធ្វើ​បដិជា​គរឧបោសថ ធ្វើ​បុណ្យ​ទាំង​ឡាយ មាន​ចំនួនច្រើន​គ្នា។ ម្នាល​ភិក្ខុ​ទាំងឡាយ សេ្ដច​ធំ ទាំង​៤ តែង​ប្រាប់ដំ​ណឹង​នោះ ដល់​តាវត្តឹង្ស​ទេវតា ដែល​អង្គុយ​ប្រជុំ​ ក្នុង​សាលា​ឈ្មោះ​សុធម្មាថា ម្នាលអ្នកនិទ៌ុក្ខទាំងឡាយ បណ្ដា​មនុស្ស​ទាំង​ឡាយ ពួក​មនុស្ស​ជាអ្នក​គោរព​មាតា គោរព​បិតា គោរពសមណៈ គោរពព្រាហ្មណ៍ កោត​ក្រែង​បុគ្គល​ជាធំ ក្នុង​ត្រកូល រក្សា​បកតិឧបោសថ ធ្វើ​បដិជា​គរឧ​បោសថ ធ្វើ​បុណ្យ​ទាំងឡាយ​ច្រើន​គ្នា។ ម្នាល​ភិក្ខុ​ទាំងឡាយ ព្រោះ​ហេតុ​នោះ ពួក​តាវត្តឹង្សទេវតា មាន​សេចក្ដីពេញ​ចិត្តថា ម្នាល​អ្នក​ដ៏ចំរើន ពួក​ទេវតានឹង​កុះករ ពួក​អសុរនឹង​សាបសូន្យ។

(ទុតិយចតុមហារាជសូត្រ ទី៨)

(៨. ទុតិយចតុមហារាជសុត្តំ)

[៣៩] ម្នាល​ភិក្ខុ​ទាំងឡាយ ធ្លាប់​មាន​រឿងមក កាល​សក្កទេវរាជ ជាធំជាង​ពួក​ទេវតា ដាស់​តឿន​ក្រើន​រំលឹក​ពួក​តាវត្តឹង្ស​ទេវតា បានពោល​គាថានេះ ក្នុង​ពេល​នោះថា

នរៈណា ​ដូច​ជាយើង នរៈនោះ ត្រូវ​រក្សា​ឧបោសថ ប្រកប​ដោយ​អង្គ ៨ ក្នុង​តិថី ទី​១៤ ផង តិថី ទី១៥ ផង ទី​៨ នៃបក្ខផង បាដិហារិយបក្ខផង

ម្នាល​ភិក្ខុ​ទាំងឡាយ គាថា​នោះឯង ដែល​សក្កៈ ជាធំជាង​ទេវតា ច្រៀង​ទាស់​ហើយ មិន​មែន​ច្រៀងត្រូវ​ទេ ពោល​ទាស់ហើយ មិនមែន​ពោល​ត្រូវ​ទេ។ ដំណើរ​នោះ ព្រោះ​ហេតុ​អ្វី។ ម្នាល​ភិក្ខុ​ទាំងឡាយ ព្រោះសក្កៈ ជាធំ​ជាង​ពួក​ទេវតា មិនទាន់​ប្រាស​ចាក​រាគៈ មិនទាន់​ប្រាសចាក​ទោសៈ មិនទាន់​ប្រាស​ចាក​មោហៈ។ ម្នាលភិក្ខុ​ទាំងឡាយ លុះ​តែ​ភិក្ខុ​ណា ​ជាអរហន្ត​ខីណា​ស្រព នៅ​ចប់ព្រហ្ម​ចារ្យ​ហើយ មានកិច្ច​ធ្វើ​រួច​ហើយ មាន​ភារៈ​ ដាក់​ចុះ​ហើយ សម្រេច​អរហត្តហើយ អស់​សំយោជនៈ ក្នុង​ភពហើយ ជាអ្នក​ផុតស្រឡះ​ ព្រោះ​ដឹង​នូវ​ហេតុ ភិក្ខុ​នោះឯង​ទើបគួរ​ពោល ​នូវ​គាថា​នោះថា

នរៈណា​ ប្រាកដ​ដូច​ជាយើង នរៈ​នោះ ត្រូវ​រក្សា​ឧបោសថ ប្រកប​ដោយ​អង្គ៨ ក្នុង​តិថី ទី​១៤ផង ទី​១៥ផង ទី៨ នៃ​បក្ខ​ផង បាដិហារយ​បក្ខ​ផង។

ដំណើរនោះ ព្រោះ​ហេតុ​អ្វី។ ម្នាល​ភិក្ខុ​ទាំងឡាយ ព្រោះ​ភិក្ខុនោះ ប្រាសចាករាគៈ ប្រាសចាក​ទោសៈ ប្រាសចាកមោហៈ។ ម្នាល​ភិក្ខុទាំងឡាយ ធ្លាប់​មាន​រឿង​មក កាល​សក្ក​ទេវរាជ ជាធំ​ជាង​ពួក​ទេវតា ដាស់​តឿនពួក​តាវត្តឹង្សទេវតា បាន​ពោល​គាថានេះ ក្នុង​ពេល​នោះថា

នរៈណា​ ប្រាកដ​ដូច​ជាយើង នរៈនោះ ត្រូវ​រក្សាឧបោសថ ប្រកបដោយ​អង្គ​៨ ក្នុង​តិថី ​ទី ១៤ ផង ទី ១៥​ផង ទី៨​ នៃ​បក្ខផង បាដិហារិបក្ខផង។

ម្នាល​ភិក្ខុ​ទាំងឡាយ គាថា​នោះ សក្ក​ទេវរាជជាធំ ជាង​ទេវតា ច្រៀងទាស់​ហើយ មិនមែន​ច្រៀង​ត្រូវ​ទេ ពោល​ទាស់​ហើយ មិនមែន​ពោលត្រូវ​ទេ។ ដំណើរ​នោះ ព្រោះ​ហេតុ​អ្វី។ ម្នាល​ភិក្ខុ​ទាំងឡាយ ព្រោះសក្កៈ ជា​ធំជាង​ទេវតា មិនទាន់​ផុត​ចាកជាតិ ជរា មរណៈ សោក ខ្សឹក​ខ្សួល ទុក្ខ ទោម​នស្ស សេចក្ដី​តាន​តឹង តថាគត​ហៅថា មិន​ទាន់​ផុត​ចាកទុក្ខ។ ម្នាល​ភិក្ខុ​ទាំងឡាយ លុះតែភិក្ខុ​ ជាអរហន្ត​ខីណាស្រព នៅ​ចប់​ព្រហ្មចារ្យហើយ មានកិច្ច​ធ្វើ​រួច​ហើយ មាន​ភារៈដាក់​ចុះហើយ បាន​សម្រេចអរហត្ត​ហើយ មាន​សំយោជនៈ ក្នុង​ភព​អស់​ហើយ រួច​ស្រឡះ​ហើយ ព្រោះ​ដឹង​នូវហេតុ ភិក្ខុ​នោះ​ ទើប​គួរ​ពោល ​នូវ​គាថា​នោះថា

នរៈណា ​ប្រាកដ​ដូចជាយើង នរៈនោះ ត្រូវ​រក្សាឧបោសថ ​ប្រកប​ដោយ​អង្គ ៨​ ក្នុងតិថី ​ទី​១៤ផង ទី១៥ផង ទី​៨ នៃ​បក្ខផង បាដិហារិយបក្ខផង។

ដំណើរនោះ ព្រោះហេតុ​អ្វី។ ម្នាល​ភិក្ខុ​ទាំងឡាយ ព្រោះ​ភិក្ខុ​នោះ រួច​ស្រឡះ​​ ចាក​ជាតិ ជរា មរណៈ សោក ខ្សឹកខ្សួល ទុក្ខ ទោម​នស្ស សេចក្ដីតានតឹង តថាគត​ហៅថា រួច​ស្រឡះចាក​ទុក្ខ។

(សុខុមាលសូត្រ ទី៩)

(៩. សុខុមាលសុត្តំ)

[៤០] ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត ​ធ្លាប់សុខ​ដ៏​ក្រៃលែង ធ្លាប់​សុខ​ជា​ទីបំផុត។ ម្នាល​ភិក្ខុ​ទាំងឡាយ ព្រះ​បិតា​តថាគត ទ្រង់​ឲ្យជីក​ស្រះ​បោក្ខរណី ក្នុង​ព្រះ​រាជ​និវេសន៍ ទ្រង់​ឲ្យ​ដាំ​ឧ​ប្បល​ខៀវមួយ​កន្លែង ឈូកស មួយ​កន្លែង ឈូក​ក្រហម មួយ​កន្លែង ប្រយោជន៍ដល់​តថាគត​ប៉ុណ្ណោះឯង។ ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត មិនមែន​ទ្រទ្រង់​ត្រឹម​តែ​លំអិត​ខ្លឹម​ចន្ទន៍ ក្នុង​ដែន​កាសី17) ​ប៉ុណ្ណោះទេ ម្នាល​ភិក្ខុ​ទាំងឡាយ ឈ្នួត​របស់​តថាគត ក៏​មក​ពី​ដែន​កាសី អាវ ​និង​សំពត់​ទទូរ ក៏​មក​ពី​ដែន​កាសី សំពត់​ស្លៀក ក៏​មក​ពី​ដែន​កាសី ​សំ​ពត់​បង់​ក ក៏​មក​ពី​ដែន​កាសី។ ម្នាល​ភិក្ខុ​ទាំង​ឡាយ គេ​បាំងស្វេតច្ឆត្រ ​ឲ្យ​តថាគត ទាំង​យប់​ ទាំង​ថ្ងៃ ដោយ​ការពារ ​មិន​ឲ្យ​ត្រជាក់​ក្ដី ក្ដៅក្ដី ធូលីក្ដី ស្មៅក្ដី ទឹក​សន្សើម​ក្ដី ប៉ះ​ត្រូវ​តថាគត​នោះ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ តថាគត​នោះ​ មានប្រាសាទ​ ៣ គឺ​ប្រាសាទ ​ដែល​សម្រាប់នៅ​ ក្នុង​រដូវ​ត្រជាក់ ១ សម្រាប់​នៅ ​ក្នុង​រដូវ​ក្ដៅ ១ សម្រាប់​នៅ ​ក្នុង​រដូវភ្លៀង ​១។ ម្នាល​ភិក្ខុ​ទាំង​ឡាយ តថាគត​មាន​គេ​បម្រើ​ ដោយ​តូរ្យ​តន្រ្តី មិន​លាយ​ដោយ​ប្រុស ​អស់​៤​ខែ ក្នុង​វស្សាន​រដូវ ក្នុង​ប្រាសាទ​សម្រាប់រដូវភ្លៀង មិន​ដែល​ចុះ​មក​ខាង​ក្រោម​ប្រាសាទ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ក្នុង​លំ​នៅ​ទាំង​ឡាយ របស់​ពួក​ជនដទៃ គេ​ឲ្យ​បាយ​ចុង​អង្ករ ​ដែលមាន​ទឹក​ជ្រក់ ​ជាគំរប់​ពីរ ​ដល់​ទាសៈ​ និង​អ្នក​ធ្វើ​ការងារ និង​បុរស​អ្នក​អាស្រ័យចិញ្ចឹម​ជីវិត​យ៉ាង​ណា ម្នាល​ភិក្ខុ​ទាំង​ឡាយ ចំណែក​ក្នុង​និវេសន​ស្ថាន របស់​ព្រះបិតា​តថាគត គេឲ្យ​បាយ​អង្ករ​ស្រូវ​សាលី ​និង​សាច់ ​ដល់​ទាសៈ និង​អ្នក​ធ្វើ​ការ និង​បុរស​អ្នក​អាស្រ័យ​ចិញ្ចឹម​ជី​វិត តែ​យ៉ាង​ហ្នឹង​ឯង។ ម្នាល​ភិក្ខុ​ទាំង​ឡាយ តថាគត​នោះ ​ប្រកប ដោយ​ឫទ្ធិ ​មាន​សភាព​យ៉ាងនេះ​ផង ដោយ​សេចក្ដី​សុខ ដ៏​ក្រៃលែង​ យ៉ាង​នេះផង មាន​សេចក្ដីត្រិះ​រិះ ​ដូច្នេះថា បុថុជ្ជន ដែល​មិន​បាន​រៀន​សូត្រ មាន​ជរា ជា​ធម្មតា មិន​កន្លង​នូវ​ជរា​ឡើយ លុះឃើញ​អ្នក​ដទៃ​គ្រាំគ្រា ​រំលង​ខ្លួន​ឯង​ទៅ នឿយណាយ ជិន​ឆ្អន់ ​ខ្ពើម​រអើម (នឹង​អ្នក​ដទៃវិញ) ចំណែក​អាត្មា​អញ មានជរា ជា​ធម្មតា​ដែរ មិន​កន្លង​ជរា​បាន​ឡើយ បើ​អាត្មា​អញ មាន​ជរា​ជាធម្មតា មិនកន្លង​ជរា​ទៅ​បាន​ឡើយ លុះឃើញ​អ្នក​ដទៃ​ហើយ នឿយ​ណាយ ជិន​ឆ្អន់ ខ្ពើម​រអើម ហេតុ​នោះ មិនសម​គួរ ​ដល់​អាត្មា​អញ​ទេ ម្នាល​ភិក្ខុ​ទាំង​ឡាយ ​តថាគត​នោះ​ ពិចារណាឃើញ​ច្បាស់ ​ដូច្នេះហើយ ក៏​លះ​បង់ នូវ​សេចក្ដី​ស្រវឹង ក្នុង​វ័យ​ទាំង​អស់។ បុថុជ្ជន​ មិន​បាន​រៀន​សូត្រ​ខ្លួន​ឯង មាន​ព្យាធិ​ជា​ធម្មតា មិនកន្លង​នូវ​ព្យាធិទៅ​បាន លុះ​ឃើញ​អ្នក​ដទៃមានព្យា​ធិ ​រំលង​ខ្លួន​ឯង​ទៅ នឿយ​ណាយ ​ជិន​ឆ្អន់ ខ្ពើម​រអើម (អ្នក​ដទៃវិញ)។ សូម្បី​អាត្មា​អញ ក៏​មាន​ព្យាធិ ជា​ធម្មតា​ដែរ មិន​កន្លង​ព្យា​ធិបាន បើអាត្មា​អញ មាន​ព្យាធិ ជាធម្មតា មិន​កន្លង​ព្យាធិទៅបាន លុះ​ឃើញអ្នក​ដទៃ​ មាន​ព្យាធិហើយ នឿយណាយ ជិន​ឆ្អន់ ខ្ពើម​រអើម ហេតុនោះ មិនសម​គួរ ​ដល់​អាត្មា​អញទេ ម្នាល​ភិក្ខុ​ទាំង​ឡាយ តថាគត​នោះ កាល​ពិចារណា​ឃើញ ​ដូច្នេះ ក៏​លះ​បង់​សេចក្ដី​ស្រវឹង ព្រោះ​មិនមាន​រោគ ដោយ​ប្រការ​ទាំង​ពួង។ បុថុជ្ជន ​ដែល​មិន​បាន​រៀន​សូត្រ​ខ្លួន​ឯង មានមរណៈ ជា​ធម្មតា មិន​កន្លង​មរណៈ​ទៅបាន លុះ​ឃើញ​អ្នក​ដទៃ​ស្លាប់ រំលង​ខ្លួនឯង​ទៅ នឿយ​ណាយ ជិន​ឆ្អន់ ខ្ពើម​រអើម (បុគ្គល​ដទៃ​វិញ)។ អាត្មា​អញ ក៏​មាន​មរណៈ ​ជា​ធម្មតា​ដែរ មិន​កន្លង​មរណៈ​បាន ប្រសិន​បើអាត្មា​អញ មាន​មរណៈ ​ជាធម្មតា​ដែរ មិន​កន្លង​មរណៈបានទេ លុះឃើញអ្នក​ដទៃ ស្លាប់​ហើយ ក៏នឿយ​ណាយ​ ជិន​ឆ្អន់ ខ្ពើម​រអើម ហេតុ​នោះ ក៏មិន​សម​គួរ ​ដល់​អាត្មា​អញ​ទេ ម្នាល​ភិក្ខុ​ទាំងឡាយ កាល​តថា​គត​នោះ ពិចារណា​ឃើញ​ ដូច្នេះ សេចក្ដី​ស្រវឹង ​ព្រោះ​ជីវិត​នោះ ​ក៏បាត់ទៅ ដោយប្រការ​ទាំង​ពួង។ ម្នាល​ភិក្ខុ​ទាំង​ឡាយ សេចក្ដី​ស្រវឹង​នេះ មាន​៣​យ៉ាង។ សេចក្ដី​ស្រវឹង៣យ៉ាង ​តើអ្វីខ្លះ។ គឺ​ស្រវឹង​ព្រោះ​វ័យ ​១ ស្រវឹង​ព្រោះ​មិន​មាន​រោគ ​១ ស្រវឹង​ព្រោះ​ជីវិត ​១។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុថុជ្ជន​ ដែល​មិន​បាន​រៀនសូត្រ ស្រវឹង ដោយ​សេចក្ដី​ស្រវឹង​ព្រោះ​វ័យ តែង​ប្រព្រឹត្ត​ទុច្ចរិត ដោយ​កាយ ប្រព្រឹត្ត​ទុច្ចរិត​ដោយ​វាចា ប្រព្រឹត្ត​ទុច្ចរិត​ដោយ​ចិត្ត។ បុថុជ្ជន​នោះ ប្រព្រឹត្តទុច្ចរិត​ដោយ​កាយ ប្រព្រឹត្ត​ទុច្ចរិត​ដោយ​វាចា ប្រព្រឹត្ត​ទុច្ចរិត​ដោយ​ចិត្តហើយ លុះ​បែក​ធ្លាយ​រាង​កាយ​ ស្លាប់ទៅ តែង​ទៅ​កើត​ជាប្រេត តិរច្ឆាន អសុរកាយ​ នរក។ ម្នាល​ភិក្ខុ​ទាំងឡាយ បុថុជ្ជ ដែល​មិន​បាន​រៀន​សូត្រ ស្រវឹង​ដោយ​សេចក្ដី​ស្រវឹង ​ព្រោះ​មិន​មាន​រោគ។ ​បេ។ ម្នាល​ភិក្ខុ​ទាំងឡាយ បុថុជ្ជន​ដែលមិន​បាន​រៀនសូត្រ ស្រវឹង​ដោយ​សេចក្ដីស្រវឹង ព្រោះ​ជីវិត តែង​ប្រព្រឹត្ត​ទុច្ចរិត​ដោយ​កាយ ប្រព្រឹត្ត​ទុច្ចរិត​ដោយ​វាចា ប្រព្រឹត្ត​ទុច្ចរិតដោយចិត្ត។ បុថុជ្ជន​នោះ ប្រព្រឹត្ត​ទុច្ចរិត​ដោយ​កាយ ប្រព្រឹត្ត​ទុច្ចរិតដោយ​វាចា ប្រព្រឹត្ត​ទុច្ចរិត​ដោយ​ចិត្ត​ហើយ លុះ​បែក​ធ្លាយ​រាង​កាយ ​ស្លាប់ទៅ តែង​ទៅកើត​ជា​ប្រេត តិរច្ឆាន អសុរកាយ នរក។ ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុ​ស្រវឹង​ដោយ​សេចក្ដី​ស្រវឹង​ ព្រោះ​វ័យ​ក្ដី តែង​លា​សិក្ខា ​ត្រឡប់​មកកាន់​ភេទដ៏​ថោក​ទាប ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុ​ស្រវឹង​ ដោយ​សេចក្ដី​ស្រវឹង ព្រោះ​មិន​មាន​រោគ​ក្ដី តែង​លាសិក្ខា វិល​ត្រឡប់​មកកាន់​ភេទ​ដ៏​ថោក​ទាប ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុ​ស្រវឹង ដោយ​សេចក្ដី​ស្រវឹង​ព្រោះ​ជីវិត​ក្ដី តែង​លាសិក្ខា ហើយ​ត្រឡប់​មកកាន់​ភេទ​ដ៏​ថោកទាប។

ពួក​បុថុជ្ជន មាន​ព្យាធិជាធម្មតា មាន​ជរា​ជាធម្មតា មាន​មរណៈ ​ជាធម្មតា ធម្មតា (ខ្លួន​) យ៉ាង​ណា ក៏ត្រូវ​តែមាន​យ៉ាង​នោះ តែ​ខ្ពើម ​(បុគ្គលដទៃ)។ ប្រសិន​បើតថាគត ខ្ពើម​រអើម ​នូវ​ហេតុ​នោះ ក្នុង​សត្វ​ទាំងឡាយ ដែល​មាន​ធម្មតា យ៉ាង​នេះ សេចក្ដី​ខ្ពើម​រអើម​នោះ មិនសម​គួរ ​ដល់​តថាគត ដែល​នៅ​​យ៉ាង​នោះទេ។ កាល​តថាគត កំពុង​នៅ យ៉ាង​នេះ បាន​ដឹង​នូវ​ធម៌ ដែល​មិន​មាន​ឧបធិ ក៏​បានគ្របសង្កត់សេចក្ដី​ស្រវឹងព្រោះ​មិនមាន​រោគ ព្រោះវ័យ ព្រោះ​ជីវិត​ទាំងពួងបាន ព្រោះ​ឃើញ​នូវ​នេក្ខម្ម ដោយ​សេចក្ដី​ក្សេម។ កាល​តថាគត​នោះ ឃើញច្បាស់​នូវ​ព្រះ​និព្វាន ក៏កើតឧស្សាហ៍ តថាគត ​មិន​គួរ​ដើម្បី​សេព ​នូវ​កាម​ទាំងឡាយ ​ក្នុង​កាល​ឥឡូវ​នេះទេ​ នឹង​មិន​ត្រឡប់​មករក​(កាម) វិញទេ មាន​ព្រហ្មចារ្យប្រព្រឹត្ត​ទៅ​ខាង​មុខ។

(អាធិបតេយ្យសូត្រ ទី១០)

(១០. អាធិបតេយ្យសុត្តំ)

[៤១] ម្នាល​ភិក្ខុទាំងឡាយ អាធិបតេយ្យ ​(ភាពជាធំ) នេះ មាន​៣​យ៉ាង។ អាធិបតេយ្យ​ ៣យ៉ាង តើអ្វីខ្លះ។ គឺ​អត្តា​ធិបតេយ្យ​ ១ លោកាធិបតេយ្យ ​១ ធម្មាធិបតេយ្យ ១។ ម្នាល​ភិក្ខុ​ទាំងឡាយ អត្តាធិបតេយ្យ តើដូចម្ដេច។ ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុ​ក្នុងសាសនា​នេះ នៅ​ក្នុង​ព្រៃ​ក្ដី នៅជិត​គល់​ឈើក្ដី នៅ​ក្នុង​ផ្ទះ​ស្ងាត់​ក្ដី រមែង​ពិចារណាឃើញ​ច្បាស់​ យ៉ាង​នេះថា អាត្មា​អញ មិនមែន​ចេញ​ចាក​ផ្ទះ ​មក​បួស ព្រោះ​ហេតុ​តែចីវរទេ មិនមែនព្រោះ​ហេតុតែបិណ្ឌបាត​ទេ មិនមែន​ព្រោះ​ហេតុ​តែសេនា​សនៈទេ មិន​មែន​ចេញ​ចាកផ្ទះមកបួស​ ព្រោះ​ហេតុ​តែ​ភពតូច ភពធំ​18) ​ទេ ក៏​អាត្មា​អញ ​ជា​បុគ្គល​ដែល​ជាតិ ជរា មរណៈ សោក ខ្សឹកខ្សួល ទុក្ខ​ ទោម​នស្ស ចង្អៀត​ចង្អល់ គ្រប​សង្កត់ ត្រូវ​ទុក្ខ​គ្រប​សង្កត់ មាន​ទុក្ខ​ប្រព្រឹត្ត​ទៅខាង​មុខ ធ្វើ​ម្ដេច​ហ្ន៎ គប្បី​ធ្វើ​ទីបំផុត​គំនរ​ទុក្ខទាំង​អស់​នេះ ឲ្យ​ប្រាកដបាន។ អាត្មា​អញសោត​ បានលះបង់​កាម​បែប​ណាហើយ ចេញ​ចាក​ផ្ទះ​មក​បួស គប្បី​ស្វែង​រក​នូវ​កាមបែប​នោះ​ក្ដី នូវ​អំពើ​អាក្រក់​ ខ្លាំង​ជាងកាម​ទាំង​នោះក្ដី ការ​នោះ ​មិន​សម​គួរ ដល់​អាត្មា​អញទេ។ ភិក្ខុ​នោះ តែង​ពិចារ​ណា ​ដូច្នេះ​ថា អាត្មា​អញ​ នឹងប្រារព្ធ​ព្យាយាម ​មិន​ឲ្យធូរ​ថយ នឹង​ប្រុសស្មារតី មិនឲ្យ​វង្វេង​ភ្លាត់ ឲ្យកាយ​19) ស្ងប់​រម្ងាប់ មិន​ឲ្យ​រសាប់​រសល់ ឲ្យចិត្ត​ដំកល់​មាំ​ មាន​អារម្មណ៍តែមួយ។ ភិក្ខុ​នេះ ​ធ្វើ​ខ្លួន​ឯង ​ឲ្យ​ជាអាធិបតេយ្យ​ហើយ រមែង​លះបង់​អកុសល ចំរើន​កុសល លះបង់​អំពើ​ ដែល​ប្រកប​ដោយ​ទោស ចំរើនតែ​អំពើ ​ដែលមិន​មាន​ទោស រក្សា​ខ្លួន​ឲ្យ​ស្អាត។ ម្នាល​ភិក្ខុ​ទាំងឡាយ នេះ​ហៅថា អត្តាធិបតេយ្យ។ ម្នាល​ភិក្ខុ​ទាំងឡាយ លោកា​ធិបតេយ្យ តើដូច​ម្ដេច។ ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុ​ក្នុង​សាសនា​នេះ នៅ​ក្នុង​ព្រៃក្ដី នៅ​ជិត​គល់​ឈើក្ដី នៅ​ក្នុង​ផ្ទះ​ស្ងាត់​ក្ដី រមែង​ពិចារណា ​ដូច្នេះថា អាត្មា​អញ​ មិន​មែន​ចេញ​ចាកផ្ទះ​មក​បួស ព្រោះ​ហេតុ​តែចីវរទេ មិន​មែន​ព្រោះ​ហេតុ​តែបិណ្ឌ​បាតទេ មិន​មែន​ព្រោះ​ហេតុ​តែសេនាសនៈទេ មិន​មែន​ចេញ​ចាក​ផ្ទះ​មក​បួស ព្រោះ​ហេតុ​តែភព​តូច​ ភព​ធំទេ ក៏​អាត្មា​អញ ជាបុគ្គល​ដែល​ជាតិ ជរា មរណៈ សោក សេចក្ដី​ខ្សឹក​ខ្សួល ទុក្ខ ទោម​នស្ស សេចក្ដី​ចង្អៀតចង្អល់​ គ្រប​សង្កត់ ត្រូវ​ទុក្ខ​គ្រប​សង្កត់ មាន​សេចក្ដី​ទុក្ខ​ប្រព្រឹត្ត​ទៅ​ខាង​មុខ​ ធ្វើ​ម្ដេចហ្ន៎ គប្បី​ធ្វើ​ទី​បំ​ផុត​គំ​នរទុក្ខ​ទាំង​អស់​នេះ ឲ្យ​ប្រាកដ​បាន។ អាត្មា​អញ បួស​យ៉ាង​នេះហើយ ត្រិះ​រិះកាម​វិតក្កៈក្ដី ត្រិះ​រិះ​ព្យាបាទវិតក្កៈក្ដី ត្រិះរិះ​វិហឹសាវិត​ក្កៈក្ដី លោក​សន្និវាស​នេះ​សោត ​ក៏​ធំ ទោះ​ក្នុងលោក​សន្និវាស​ធំ​មែន ក៏គង់​មាន​សម​ណ​ព្រាហ្មណ៍​ ជា​អ្នក​មាន​ឫទ្ធិ មានទិព្វចក្ខុ ដឹង​ចិត្តបុគ្គល​ដទៃ ពួក​សម​ណ​ព្រាហ្មណ៍​ទាំង​នោះ រមែងឃើញ​អំពី​ចម្ងាយ ទោះ​នៅជិត ​ក៏​មិន​ប្រាកដ រមែង​ដឹង​ច្បាស់​ នូវ​ចិត្តដោយ​ចិត្ត ពួក​សមណ​ព្រាហ្មណ៍​ទាំង​នោះ គង់​ដឹង​អាត្មា​អញ​ យ៉ាង​នេះថា ម្នាល​អ្នក​ដ៏​ចំរើន សូម​អ្នក​មើល​កុល​បុត្រ​នេះ ចេញ​ចាក​ផ្ទះ​មក​បួស​ ដោយសទ្ធា​ហើយ នៅតែ​ច្របូក​ច្របល់ ដោយ​ធម៌​ ជា​អកុសល​ដ៏​លាមក។ ម្យ៉ាង​ទៀត ​គង់​មាន​ពួក​ទេវតា​ ដែល​​មាន​ឫទ្ធិ​ មាន​ទិព្វចក្ខុ​ ដឹង​ចិត្តបុគ្គល​ដទៃ ពួក​ទេវតា​ទាំង​នោះ តែង​ឃើញ​អំពី​ចម្ងាយ ទោះ​នៅ​ជិត​ ក៏​មិន​ប្រាកដ រមែង​ដឹង​ចិត្ត​ដោយ​ចិត្ត ពួក​ទេវតា​ទាំង​នោះ គង់​ដឹង​អាត្មា​អញ​ យ៉ាង​នេះថា ម្នាល​អ្នក​ដ៏​ចំរើន សូម​អ្នក​មើល​កុល​បុត្រ​នេះ ចេញ​ចាក​ផ្ទះ ​មក​បួសដោយ​សទ្ធា​ហើយ នៅ​តែ​ច្របូក​ច្របល់ ដោយ​ធម៌​ ជា​អកុសល​ដ៏​លាមក។ ភិក្ខុ​នោះ ​ពិចារ​ណា ​ដូច្នេះថា អាត្មា​អញ ​នឹង​ប្រារព្ធ​ព្យាយាម​ មិន​ឲ្យ​ធូរ​ថយ នឹង​ប្រុងសតិ មិន​ឲ្យ​វង្វេង​ភ្លេច ឲ្យ​កាយ​ស្ងប់​រម្ងាប់ មិនឲ្យ​ធូរ​ថយ ឲ្យ​ចិត្ត​ដំកល់​មាំ មាន​អារម្មណ៍តែមួយ។ លុះ​ភិក្ខុ​នោះ​ ​ប្រារព្ធលោក​ ឲ្យ​ជាអាធិបតេយ្យ​ហើយ តែង​លះ​បង់​អកុសល ចំរើន​កុសល លះ​បង់​អំពើ​ ដែលប្រកប​ដោយ​ទោស ចំរើន​តែអំពើ​ ដែល​មិនមាន​ទោស រក្សា​ខ្លួន​ឲ្យ​ស្អាត។ ម្នាល​ភិក្ខុ​ទាំង​ឡាយ នេះ​ហៅថា លោកាធិបតេយ្យ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ធម្មាធិបតេយ្យ តើដូចម្ដេច។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុ​ក្នុង​សាសនា​នេះ នៅក្នុង​ព្រៃ​ក្ដី នៅ​ជិត​គល់​ឈើ​ក្ដី នៅ​ក្នុង​ផ្ទះ​ស្ងាត់ក្ដី តែង​ពិចារណា ដូច្នេះថា អាត្មា​អញ​ មិន​មែន​ចេញ​ចាក​ផ្ទះ​មក​បួស ព្រោះ​ហេតុ​តែ​ចីវរទេ មិន​មែន​ព្រោះ​ហេតុ​តែ​បិណ្ឌបាត​ទេ មិនមែន​ព្រោះ​ហេតុ​តែ​សេនា​សនៈទេ មិន​មែន​ចេញ​ចាក​ផ្ទះ​មក​បួស ព្រោះ​ហេតុ​តែ​ភព​តូច​ ភព​ធំ​ទេ ក៏​អាត្មា​អញ ជាបុគ្គល ​ដែល​ជាតិ ជារា មរណៈ សោក​ ខ្សឹកខ្សួល ទុក្ខ ទោមនស្ស ចង្អៀត​ចង្អល់ គ្របសង្កត់ ត្រូវ​ទុក្ខ​គ្រប​សង្កត់ មាន​ទុក្ខ​ប្រព្រឹត្ត​ទៅខាង​មុខ ធ្វើ​ម្ដេច​ហ្ន៎ គប្បី​ធ្វើ​ទី​បំផុត​គំ​នរ​ទុក្ខ​ទាំង​អស់​នេះ​ ឲ្យ​ប្រាកដ​បាន។ ធម៌​ដែលព្រះ​មាន​ព្រះ​ភាគ ទ្រង់​ត្រាស់​ល្អ​ហើយ ជា​ធម៌​ដែល​អរិយ​បុគ្គល​ ឃើញច្បាស់​ដោយ​ខ្លួន​ឯង ឲ្យ​ផល​មិន​រង់​ចាំកាល គួរ​នឹង​ហៅ​បុគ្គល​ដទៃ ​ឲ្យ​ចូលមក​មើល​បាន គួរ​បង្អោន​ចូល​មក​ទុក​ក្នុង​ខ្លួន ជា​ធម៌ ​ដែល​វិញ្ញូជន​ គប្បីដឹង​ច្បាស់​ចំពោះ​ខ្លួន។ គង់​មាន​សព្រហ្ម​ចារី​បុគ្គល​ដឹង​ ឬ​ឃើញ​ដែរ។ អាត្មា​អញ​បួស​ក្នុង​ធម៌​វិន័យ ដែល​ព្រះ​មាន​ព្រះ​ភាគ ទ្រង់​សំដែង​ល្អ​ហើយយ៉ាង​នេះ​ត្រឡាំង​ ទៅ​ជាអ្នក​ខ្ជិល​ ប្រហែល​ធ្វេស ហេតុ​នោះ​ មិន​សម​គួរទេ​។ ភិក្ខុ​នោះ ​តែង​ពិចារណា​ដូច្នេះ​ថា អាត្មា​អញ​ នឹង​ប្រារព្ធ​ព្យាយាម មិន​ឲ្យធូរ​ថយ នឹង​ប្រុង​ស្មារតី មិន​ឲ្យ​វង្វេង​​ភ្លេច ឲ្យ​កាយ​ស្ងប់​រម្ងាប់ មិន​ឲ្យរសាប់​រសល់​ ឲ្យ​ចិត្ត​ដំកល់​មាំ មាន​អារម្មណ៍​តែមួយ។ ភិក្ខុ​នោះ ប្រារព្ធធម៌​ហ្នឹង​ឯង​ ឲ្យ​ជាអាធិ​តេយ្យ ហើយ​លះបង់​អកុសល ចំរើន​តែកុសល លះបង់​អំពើ​ប្រកប​ដោយ​ទោស ចំរើនអំពើ​ ដែលមិន​មាន​ទោស រក្សា​ខ្លួនឲ្យ​​ស្អាត។ ម្នាល​ភិក្ខុ​ទាំង​ឡាយ នេះហៅថា ធម្មាធិបតេយ្យ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ អាធិបតេយ្យ ​មាន​៣​យ៉ាង​នេះឯង។

ធម្មតា ​បុគ្គល​អ្នក​ធ្វើ​អំពើ​អាក្រក់​ ក្នុង​លោក មិន​ដែលកំបាំង​ទេ ម្នាល​បុរស ខ្លួន​អ្នកឯង រមែង​ដឹង​ថា ពិត ​ឬមិន​ពិត (ខ្លួន​ឯង) ម្នាល​អ្នក​ដ៏​ចំរើន អ្នក​ឯង​ជាសាក្សីចំពោះ​ខ្លួន​យ៉ាង​ល្អ ​អ្នក​ឯងផ្ទ​ញ់​ផ្ទាល់​ខ្លួន​ឯង បើអ្នក​ឯងបិទបាំង​អំពើ​អាក្រក់ ដែល​មាន​ក្នុង​ខ្លួន​នោះ​ឯង​ហើយ ទេវតា​ទាំងឡាយ​ និង​ព្រះតថាគត​ទាំង​ឡាយ រមែងឃើញ​បុគ្គល​ពាល ដែល​ប្រព្រឹត្ត​ខុស​ក្នុង​លោក ហេតុនោះ​ បុគ្គល ត្រូវ​មាន​ខ្លួន​ជាធំ ប្រុង​ស្មារតី​ ប្រព្រឹត្ត​ផង មាន​លោក​ជាធំ ទាំង​មាន​ប្រាជ្ញា​ចាស់ មាន​ឈានផង មាន​ធម៌ជាធំ​ ទាំង​ប្រ​ព្រឹត្តតាម​ធម៌ផង ជាអ្នក​ប្រាជ្ញ មាន​ព្យាយាម​ទៀងទាត់ រមែង​មិនថោក​ថយ បុគ្គលណា មាន​ព្យាយាម​ ញំាញី ​គ្រប​សង្កត់​មារ ​ជា​អ្នក​បំផ្លាញ រមែង​សម្រេច​ នូវ​ព្រះ​និព្វាន ​ជាទី​អស់​ទៅ​នៃជាតិ បុគ្គលបែប​នោះ ជា​អ្នក​ជ្រាប​ច្បាស់​នូវ​លោក មានប្រាជ្ញា​ល្អ ជាអ្នក​ប្រាជ្ញ មិន​មាន​ចំណង់ ក្នុង​ធម៌​ទាំង​អស់។

ចប់ ទេវទូត​វគ្គ ទី៤។

ឧទ្ទាននៃ​ទេវទូត​វគ្គ​នោះគឺ

មាតា​ដូច​ជា​ព្រហ្ម​ ១​សូត្រ រឿង​ព្រះ​អានន្ទ​ ១​សូត្រ រឿង​ព្រះ​សារី​បុត្រ ​១សូត្រ ហេតុ​នៃកម្ម ១សូត្រ ហត្ថក​ ១​សូត្រ ទេវទូត ១សូត្រ ទេវរាជ​ ២​សូត្រ ពោធិ​សត្វ​ធ្លាប់​សុខ​ ១​សូត្រ អាធិបតេយ្យ​ ១​សូត្រ។

ចូឡវគ្គ ទី៥

(៥. ចូឡវគ្គោ)

(សម្មុខីភាវសូត្រ ទី១)

(១. សម្មុខីភាវសុត្តំ)

[៤២] ម្នាល​ភិក្ខុ​ទាំង​ឡាយ កុលបុត្រ​មាន​សទ្ធា រមែង​បាន​បុណ្យច្រើន ព្រោះ​មាន​របស់ ៣ ​ក្នុង​ទី​ចំពោះ​មុខ​។ របស់ ៣ តើដូចម្ដេច។ ម្នាល​ភិក្ខុ​ទាំងឡាយ កុល​បុត្រ​មាន​សទ្ធា រមែង​បាន​បុណ្យ​ច្រើន ព្រោះមាន​សទ្ធា​ ក្នុង​ទីចំពោះ​មុខ ​១។ ម្នាល​ភិក្ខុ​ទាំងឡាយ កុលបុត្រ​មាន​សទ្ធា រមែង​បាន​បុណ្យ​ច្រើន ព្រោះ​មាន​ទេយ្យ​ធម៌ ​ក្នុង​ទី​ចំពោះ​មុខ ១។ ម្នាលភិក្ខុ​ទាំង​ឡាយ កុលបុត្រ​មាន​សទ្ធា រមែង​បាន​បុណ្យ​ច្រើន ព្រោះ​មានទក្ខិណេយ្យ​បុគ្គល ​ក្នុង​ទីចំពោះ​មុខ ១។ ម្នាល​ភិក្ខុ​ទាំង​ឡាយ កុល​បុត្រ​មានសទ្ធា តែង​បាន​បុណ្យ​ច្រើន ព្រោះ​មាន​របស់​៣​នេះ​ឯង ​ក្នុង​ទី​​ចំពោះ​មុខ។

(តិឋានសូត្រ ទី២)

(២. តិឋានសុត្តំ)

[៤៣] ម្នាល​ភិក្ខុ​​ទាំង​ឡាយ បុគ្គល​មាន​សទ្ធា​ជ្រះ​ថ្លា បណ្ឌិត​ត្រូវដឹង​ដោយ​ហេតុ​៣​យ៉ាង។ ហេតុ​៣ យ៉ាង ​គឺអ្វីខ្លះ។ គឺបុគ្គល​នោះ ចង់​ឃើញ​បុគ្គល​មានសីល ១ ចង់​ស្ដាប់​ព្រះ​សទ្ធម្ម​ ១ មាន​ចិត្ត​ប្រាសចាកសេចក្ដី​កំណាញ់​ជា​មន្ទិល នៅ​គ្រប់​គ្រង​ផ្ទះ​ មាន​ការ​លះ​រួច​ហើយ មាន​ដៃលាង​ហើយ ត្រេក​អរ​ ក្នុងការលះ​ ជា​អ្នក​គួរ​ដល់​ស្មូម ជាអ្នក​ត្រេក​អរ​ ក្នុងការ​ឲ្យ និង​ការ​ចែក​រំលែក​១។ ម្នាលភិក្ខុ​ទាំង​ឡាយ បុគ្គល​មាន​សទ្ធាជ្រះ​ថ្លា បណ្ឌិត​ត្រូវ​ដឹង​ ដោយ​ហេតុ​​៣ យ៉ាងនេះ។

បុគ្គល​ណា ចង់​ឃើញ​ពួក​បុគ្គល​មាន​សីល ចង់ស្ដាប់ព្រះ​សទ្ធម្ម កំចាត់​បង់​នូវ​មន្ទិល ​គឺសេចក្ដី​កំណាញ់ បុគ្គល​នោះឯង​ ហៅថា អ្នកមានសទ្ធា។

(អត្ថវសសូត្រ ទី៣)

(៣. អត្ថវសសុត្តំ)

[៤៤] ម្នាល​ភិក្ខុ​ទាំងឡាយ បុគ្គល​ដែល​ឃើញ​អំណាច​ប្រយោជន៍ ៣ យ៉ាង ទើប​គួរ​សំដែង​ធម៌ ​ដល់​បុគ្គល​ដទៃ។ អំណាច​ប្រយោជន៍ ៣​យ៉ាង តើដូចម្ដេច។ បុគ្គល​អ្នកសំដែង​ធម៌​នោះ ​ជាអ្នក​យល់​អដ្ឋកថា ទាំង​យល់បាលី ១ បុគ្គល​អ្នក​ស្ដាប់​ធម៌នោះ ​ជា​អ្នក​យល់​អដ្ឋកថា ទាំង​យល់​បាលី ១ បុគ្គល​អ្នក​សំដែង​ធម៌​ និង​បុគ្គល​អ្នកស្ដាប់​ធម៌ ទាំង​ពីរ​នាក់​ ជា​អ្នក​យល់​អដ្ឋកថា ទាំងយល់បាលី ១។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​យល់​អំណាចប្រយោជន៍ ៣ យ៉ាង​នេះឯង ទើប​គួរ​សំដែង​ធម៌ ​ដល់​បុគ្គល​ដទៃ​បាន។

(កថាបវត្តិសូត្រ ទី៤)

(៤. កថាបវត្តិសុត្តំ)

[៤៥] ម្នាល​ភិក្ខុ​ទាំងឡាយ សំដី​ដែល​ប្រព្រឹត្ត​ទៅ​ស្រួល ដោយហេតុ​៣​យ៉ាង។ ហេតុ​៣ យ៉ាង តើ​ដូច​ម្ដេច។ គឺបុគ្គល​អ្នក​សំដែង​ធម៌ បានយល់អដ្ឋកថា​ទាំង​យល់​បាលី ១ បុគ្គល​អ្នក​ស្តាប់​ធម៌នោះ បាន​យល់អដ្ឋកថា ទាំង​យល់​បាលី ​១ បុគ្គល​អ្នក​សំដែង​ធម៌ ​និង​បុគ្គល​អ្នក​ស្ដាប់ធម៌ ទាំង​ពីរ​នាក់ ​ជាអ្នក​យល់​អដ្ឋកថា ទាំង​យល់​បាលី ​១។ ម្នាល​ភិក្ខុ​ទាំងឡាយ សំដី​ដែល​ប្រព្រឹត្ត​ទៅ​ស្រួល ដោយ​ហេតុ​៣​យ៉ាង​​​នេះឯង។

(បណ្ឌិតសូត្រ ទី៥)

(៥. បណ្ឌិតសុត្តំ)

[៤៦] ម្នាល​ភិក្ខុ​ទាំងឡាយ ហេតុ​៣យ៉ាង​នេះ ដែល​បណ្ឌិត​បញ្ញត្តហើយ ដែល​សប្បុរស​បញ្ញត្ត​ហើយ។ ហេតុ​៣​យ៉ាង តើដូច​ម្ដេច។ ម្នាល​ភិក្ខុ​​ទាំងឡាយ ទាន​ជាគុណ​ជាត ដែល​បណ្ឌិត​បញ្ញត្ត​ហើយ ដែល​សប្បុរស​បញ្ញត្ត​ហើយ ​១ ម្នាល​ភិក្ខុ​ទាំងឡាយ បព្វ​ជ្ជា ជាគុណ​ជាតិ ដែល​បណ្ឌិត​បញ្ញត្តហើយ ​១ ដែល​សប្បុរស​បញ្ញត្ត​ហើយ​ ១ មាតា​បិតុបដ្ឋាន (ការបម្រើមាតាបិតា) ជាគុណ​ជាត ដែល​បណ្ឌិត​បញ្ញត្ត​ហើយ ដែលសប្បុរស​បញ្ញត្តហើយ​ ១។ ម្នាល​ភិក្ខុ​ទាំងឡាយ ហេតុ​៣​យ៉ាង​នេះឯង ជាគុណ​ជាត ​ដែល​បណ្ឌិត​បញ្ញត្ត​ហើយ​ ដែល​សប្បុរស​បញ្ញត្ត​ហើយ។

ទាន​ជាគុណជាត ដែល​ពួក​សប្បុរស​បញ្ញត្ត​ហើយ ការមិន​បៀតបៀន ការ​សង្រួម ការ​ទូន្មានខ្លួន​ ជាគុណជាត ដែល​សប្បុរស​បញ្ញត្ត​ហើយ ការ​បម្រើមាតាបិតា ជាគុណ​ជាត ដែល​សប្បុរស​បញ្ញត្ត​ហើយ បណ្ឌិតជាអ្នក​ប្រសើរ ប្រកប​ដោយ​សេចក្ដីយល់​ឃើញ គួរប្រតិបត្តិ​នូវ​ហេតុ របស់​សប្បុរស ជា​អ្នក​ស្ងប់ ជាអ្នកប្រព្រឹត្តធម៌​ ដ៏​ប្រសើរ បណ្ឌិត​នោះ រមែង​ទៅកាន់ទេវលោក​ ជាទីក្សេម។

(សីលវន្តសូត្រ ទី៦)

(៦. សីលវន្តសុត្តំ)

[៤៧] ម្នាល​ភិក្ខុ​ទាំងឡាយ ពួក​បព្វជិត ​ជាអ្នក​មាន​សីល ចូល​ទៅនៅ​អាស្រ័យ​ស្រុក​ ឬនិគម​ណា ពួក​មនុស្ស​ក្នុង​ស្រុក​ ឬនិគម​នោះ រមែងបាន​បុណ្យ​ច្រើន ដោយ​ហេតុ​ ៣​ប្រការ។ ហេតុ​៣ប្រការ តើដូចម្ដេច។ គឺកាយ ​១ វាចា ១ ចិត្ត ១។ ម្នាល​ភិក្ខុ​ទាំងឡាយ ពួក​បព្វ​ជិត​ ជាអ្នកមានសីល ចូល​ទៅ​នៅ​អាស្រ័យ​ស្រុក ឬនិគម​ណា ពួក​មនុស្ស​ក្នុង​ស្រុក ឬនិគម​នោះ រមែង​បាន​បុណ្យ​ច្រើន ដោយ​ហេតុ​៣ ប្រការ​នេះ។

(សង្ខតលក្ខណសូត្រ ទី៧)

(៧. សង្ខតលក្ខណសុត្តំ)

[៤៨] ម្នាល​ភិក្ខុ​ទាំងឡាយ សង្ខតលក្ខណៈ20) ​របស់​សង្ខត​ធម៌21) ​នេះ មាន​៣​យ៉ាង។ សង្ខត​លក្ខណៈ ៣ យ៉ាង​ តើដូចម្ដេច។ គឺការ​កើត រមែង​ប្រាកដ ​១ ការបែក​ធ្លាយ រមែង​ប្រាកដ​ ១ ការ​ប្រែប្រួល​ នៃ​សភាវៈ ដែល​តាំង​នៅ រមែង​ប្រាកដ ​១។ ម្នាល​ភិក្ខុ​ទាំងឡាយ នេះ​ជាសង្ខតលក្ខណៈ​ របស់សង្ខត​ធម៌ ​ទាំង​៣​ យ៉ាង។

(អសង្ខតលក្ខណសូត្រ ទី៨)

(៨. អសង្ខតលក្ខណសុត្តំ)

[៤៩] ម្នាល​ភិក្ខុ​ទាំងឡាយ អសង្ខតលក្ខណៈ នៃ​អសង្ខតធម៌នេះ មាន​៣​យ៉ាង។ អសង្ខត​លក្ខណៈ​ ៣​យ៉ាង​ តើ​ដូចម្ដេច។ គឺ​ការកើត មិន​ប្រាកដ ​១ ការបែក​ធ្លាយ មិន​ប្រាកដ​ ១ ការ​ប្រែប្រួល​ នៃសភាវៈ ដែល​តាំងនៅ មិន​ប្រាកដ​ ១។ ម្នាល​ភិក្ខុ​ទាំងឡាយ នេះឯង ​ជា​អសង្ខតលក្ខណៈ របស់អសង្ខត​ធម៌ ​ទាំង​៣យ៉ាង។

(បព្វតរាជសូត្រ ទី៩)

(៩. បព្វតរាជសុត្តំ)

[៥០] ម្នាល​ភិក្ខុ​ទាំងឡាយ ឈើធំ​អាស្រ័យ​ស្ដេច​ភ្នំ​ ឈ្មោះ​ហិមវន្ដ រមែង​ចំរើន​ ដោយ​សេចក្ដី​ចំរើន​ ៣យ៉ាង។ សេចក្ដី​ចំរើន ​៣​យ៉ាង តើដូចម្ដេច។ គឺ​ចំរើន​ដោយ​មែក​ ស្លឹក​ និង​ត្រួយ ១ ចំរើនដោយ​សម្បក​ និង​ក្រមរ ១ ចំរើន​ដោយ​ស្រាយ​និង​ខ្លឹម ១។ ម្នាល​ភិក្ខុ​ទាំងឡាយ ឈើធំអាស្រ័យ​ស្ដេច​ភ្នំ​ ឈ្មោះ​ហិមវន្ត រមែង​ចំរើន ដោយ​សេចក្ដី​ចំរើន ៣យ៉ាង​នេះ។ ម្នាល​ភិក្ខុ​ទាំងឡាយ ជន​ខាង​ក្នុង អាស្រ័យ ​ម្ចាស់​ត្រកូល ដែល​មាន​សទ្ធា រមែង​ចំរើន​ ដោយ​សេចក្ដី​ចំរើន ៣​យ៉ាង​។ ការ​ចំរើន​៣យ៉ាង តើដូចម្ដេច។ គឺ​ចំរើនដោយ​សទ្ធា​ ១ ចំរើន​ដោយ​សីល​ ១ ចំរើន​ដោយ​បញ្ញា ​១។ ម្នាល​ភិក្ខុ​ទាំងឡាយ ជន​ខាង​ក្នុង អាស្រ័យ​ម្ចាស់​ត្រកូល ដែល​មាន​សទ្ធា រមែង​ចំរើន​ ដោយសេចក្ដី​ចំរើន ៣ យ៉ាង​នេះ​ឯង។

ភ្នំដ៏ហើយ​ដោយថ្ម ពួក​ឈើជាច្បង​ក្នុង​ព្រៃ រមែង​ចំរើន ព្រោះ​អាស្រ័យ​ភ្នំ​នោះ ក្នុង​ព្រៃ​ធំ ​ជាអរញ្ញស្ថាន​ យ៉ាង​ណាមិញ កូន​ប្រពន្ធផង ផៅ​ពង្សផង ពួក​អមាត្យ​ផង ពួក​ញាតិផង ពួក​ជន​ដែល​រស់​នៅ ដោយ​សារ​ជន​នោះផង រមែង​ចំរើន ព្រោះ​អាស្រ័យ​ម្ចាស់​ត្រកូល ដែល​បរិបូណ៌ដោយ​សីល មាន​សទ្ធា ក្នុង​លោក​នេះ​ ក៏​យ៉ាង​នោះដែរ។ ជន​ទាំង​នោះ ឃើញសីល​ផង ចាគៈផង សុចរិត​ផង របស់​ម្ចាស់​ត្រកូល​ ដែល​មានសីល​នោះហើយ រមែង​ប្រព្រឹត្ត​តាម​ពួក​ជន​អ្នក​មាន​ប្រាជ្ញាឈ្លាស​នោះ លុះ​ប្រព្រឹត្ត​ធម៌ ដែល​ជា​ផ្លូវ​ជាទី​ទៅ​កាន់​សុគតិ ក្នុង​លោក​នេះ ហើយ​ជាអ្នក​មាន​សេចក្ដី​ប្រាថ្នា ក្នុង​កាម មាន​សេចក្ដី​ត្រេក​អរ រមែង​រីករាយ ក្នុង​ទេវ​លោក។

(អាតប្បករណីយសូត្រ ទី១០)

(១០. អាតប្បករណីយសុត្តំ)

[៥១] ម្នាល​ភិក្ខុទាំង​ឡាយ ភិក្ខុ​គួរ​ធ្វើ​ព្យាយាម ជា​គ្រឿង​ដុត​កំដៅកិលេស ដោយ​ហេតុ ​៣​យ៉ាង។ ហេតុ ៣​យ៉ាង ​ដូចម្ដេច​ខ្លះ។ គឺ​ភិក្ខុ​គួរធ្វើ ​នូវ​ព្យាយាម ដើម្បី​ញុំាង​អកុសល ​ដ៏​លាមក ដែល​មិន​ទាន់​កើត​ឡើង មិន​ឲ្យកើត​ឡើង​បាន ​១ គួរ​ធ្វើ​ព្យាយាម ដើម្បីញុំាកុសល​ធម៌ ដែលមិនទាន់​កើត​ឡើង​ ឲ្យកើត​ឡើង​បាន​ ១ គួរ​ធ្វើ​ព្យាយាម ដើម្បី​អត់​សង្កត់ នូវវេទនា​មាន​ក្នុង​សរីរៈ​ ដែល​កើត​ឡើង​ហើយ ទ្រាំ​បាន​ដោយ​លំបាក ក្លៀវក្លា ក្រហល់​ក្រហាយ មិន​ឆ្ងាញ់ ​មិន​គាប់​ចិត្ត ជា​វេទនា​ផ្ដិល​ផ្ដាច់​ជីវិត​ ១ ម្នាល​ភិក្ខុទាំង​ឡាយ កាល​ណា​ភិក្ខុ​ធ្វើ​ព្យាយាម ដើម្បី​ញុំាង​អកុសល​ធម៌ ដ៏​លាមក ដែល​មិនទាន់​កើត​ឡើង ​មិន​ឲ្យ​កើត​ឡើង​បាន ធ្វើ​ព្យាយាម​ដើម្បីញុំាង​កុសល​ធម៌​ ដែល​មិន​ទាន់​កើត​ឡើង​ ឲ្យ​កើត​ឡើង​បាន ធ្វើ​ព្យាយាម​អត់សង្កត់​ នូវ​វេទនា មាន​ក្នុង​សរីរៈ ​ដែល​កើត​ឡើង​ហើយ​ អត់​ទ្រាំ​លំបាក​ ដ៏​ក្លៀវក្លា​ ក្រហល់​ក្រហាយ មិន​ឆ្ងាញ់ មិន​ពេញ​ចិត្ត ជាវេទនា​ផ្ដិល​ផ្ដាច់​នូវ​ជីវិត​។ ម្នាល​ភិក្ខុទាំង​ឡាយ ភិក្ខុ​នេះ​ឈ្មោះ​ថា មាន​ព្យាយាម ​ដុត​កំដៅ​កិលេស មាន​បញ្ញា មាន​ស្មារតី ដើម្បី​ធ្វើ​នូវ​ទី​បំផុត​​ទុក្ខ ​ដោយ​ប្រពៃ​បាន​។

(មហាចោរសូត្រ ទី១១)

(១១. មហាចោរសុត្តំ)

[៥២] ម្នាល​ភិក្ខុទាំង​ឡាយ មហា​ចោរ​ដែល​ប្រកប​ដោយ​អង្គ ៣ រមែង​កាត់​នូវ​ទីត ​នៃ​ផ្ទះ​ខ្លះ ប្លន់ធំខ្លះ ប្លន់​ផ្ទះ​មួយ​ខ្លះ ចាំ​ស្កាត់​ក្នុង​ផ្លូវ​ខ្លះ។ អង្គ​៣ ​តើ​ដូចម្ដេច។ ម្នាល​ភិក្ខុទាំង​ឡាយ មហាចោរ ក្នុង​លោកនេះ អាស្រ័យ​ទីដែល​មិន​ស្មើ​ ១ អាស្រ័យ​ព្រៃ​ញាត​ស្បាត ១ អាស្រ័យអ្នក​មាន​កំម្លាំង ​១។ ម្នាល​ភិក្ខុទាំង​ឡាយ មហាចោរ​ អាស្រ័យ​ទី​ដែលមិន​ស្មើ​ តើដូចម្ដេច។ ម្នាល​ភិក្ខុទាំង​ឡាយ មហាចោរ​ក្នុង​លោក​នេះ អាស្រ័យ​ទី ​ជាចន្លោះ​កោះ​ នៃ​ទន្លេ​ខ្លះ អាស្រ័យ​នូវ​ភ្នំ​មិន​ស្មើខ្លះ។ ម្នាល​ភិក្ខុទាំង​ឡាយ មហាចោរ ​អាស្រ័យ​នូវ​ទីមិន​ស្មើ ​យ៉ាង​នេះ​ឯង។ ម្នាលភិក្ខុ​ទាំង​ឡាយ មហាចោរ​ ជា​អ្នក​អាស្រ័យ​ព្រៃ​ញាត​ស្បាត តើ​ដូច​ម្ដេច។ ម្នាល​ភិក្ខុទាំង​ឡាយ មហាចោរ​ ក្នុង​លោកនេះ​ អាស្រ័យ​នូវ​ព្រៃ​ស្បាត​ស្មៅខ្លះ ព្រៃ​ស្បាត​ឈើខ្លះ ត្រើយ​ច្រាំង​ខ្លះ ដង​ព្រៃ​ធំ​ខ្លះ។ ​ម្នាល​ភិក្ខុទាំង​ឡាយ មហាចោរ​ជាអ្នក​អាស្រ័យ​ព្រៃ​ញាត​ស្បាត​ យ៉ាង​នេះឯង។ ម្នាល​ភិក្ខុទាំងឡាយ មហាចោរ​អាស្រ័យ​អ្នក​មាន​កម្លាំង តើដូចម្ដេច។ ម្នាល​ភិក្ខុទាំង​ឡាយ មហាចោរ​ក្នុង​លោកនេះ អាស្រ័យ​ស្ដេច​ឬរាជ​មហាមាត្យ មហាចោរ​នោះ ​មាន​សេចក្ដី​សង្ឃឹម​ ដូច្នេះថា បើបុគ្គល​ណា​មួយ​ប្ដឹង​អ្វីៗ​ពី​អញ ពួក​ស្ដេច​ ឬពួក​រាជមហាមាត្យ ​ទាំង​នេះ មុខ​ជានឹង​ពោល​បង្រ្គបឲ្យ​អញមិនខាន។ បើ​បុគ្គល​ណា​ប្ដឹង​អ្វីៗពី​ចោរ​នោះ ពួក​ស្ដេច​ ឬ​ពួក​រាជ​មហាមាត្យ​នោះ រមែង​ពោល​បង្រ្គបបុគ្គល​នោះ។ ម្នាល​ភិក្ខុទាំងឡាយ មហាចោរ​អាស្រ័យ​អ្នក​មាន​កម្លាំង​ យ៉ាង​នេះឯង។ ម្នាល​ភិក្ខុទាំងឡាយ មហាចោរ​ ដែល​ប្រកប​ដោយ​អង្គ​៣ ​យ៉ាង​នេះឯង រមែងកាត់​នូវ​ទីត​ខ្លះ ប្លន់​ធំខ្លះ ប្លន់​ផ្ទះ​តែ​មួយ​ខ្លះ នៅ​ចាំ​ស្កាត់​ក្នុង​ផ្លូវ​ខ្លះ។ ម្នាល​ភិក្ខុទាំង​ឡាយ ភិក្ខុ​មាន​មារ​យាទ​អាក្រក់​ ដែល​ប្រកប​ដោយ​ធម៌​ ៣​ក៏យ៉ាង​នោះដែរ រមែង​រក្សា​ខ្លួន ​ដែល​គាស់​រំលើង​ បំផ្លាញ​គុណ ជា​អ្នក​ប្រកប​ដោយ​ទោស​ធំផង ប្រកប​ដោយ​ទោស​តូច​ផង ដែល​ពួក​វិញ្ញូជន​ត្រូវ​តិះដៀល​​ផង រមែង​ទទួល​បាប​ច្រើនផង។ ធម៌​៣ យ៉ាង​ តើដូច​ម្ដេច។ ម្នាលភិក្ខុទាំង​ឡាយ ភិក្ខុ​អាក្រក់ ​ក្នុង​សាសនា​នេះ អាស្រ័យ​អំពើមិន​ស្មើ ១ អាស្រ័យ​សេចក្ដី​យល់​ដ៏​សាំ​ញុំា ១ អាស្រ័យ​អ្នក​មាន​កំឡាំង ​១។ ម្នាល​ភិក្ខុទាំង​ឡាយ ភិក្ខុ​អាក្រក់ ​អាស្រ័យ​អំពើ​មិន​ស្មើ តើ​ដូច​ម្ដេច។ ម្នាល​ភិក្ខុទាំង​ឡាយ ភិក្ខុ​អាក្រក់​ ក្នុង​សាសនា​នេះ ប្រកប​ដោយ​កាយ​កម្ម​មិនស្មើផង ប្រកប​ដោយ​វចី​កម្ម​មិន​ស្មើ​ផង ប្រកប​ដោយ​មនោកម្ម​មិន​ស្មើផង។ ម្នាល​ភិក្ខុទាំង​ឡាយ ភិក្ខុ​អាក្រក់​ អាស្រ័យអំពើ​មិន​ស្មើ ​យ៉ាង​នេះឯង។ ម្នាល​ភិក្ខុទាំង​ឡាយ ភិក្ខុ​អាក្រក់​ អាស្រ័យ​សេចក្ដី​យល់ ​ដ៏​សាំញុំា តើដូច​ម្ដេច។ ម្នាល​ភិក្ខុទាំង​ឡាយ ភិក្ខុ​អាក្រក់​ ក្នុង​សាសនា​នេះ ជាអ្នក​យល់​ខុស ប្រកប​ដោយ​អន្ត​គ្គា​ហិកាទិដ្ឋិ។ ម្នាល​ភិក្ខុទាំង​ឡាយ ភិក្ខុ​អាក្រក់ ​អាស្រ័យ​សេចក្ដី​យល់​ដ៏​សាំញុំា យ៉ាង​នេះឯង។ ម្នាល​ភិក្ខុទាំង​ឡាយ ភិក្ខុ​អាក្រក់​ អាស្រ័យ​អ្នក​មាន​កំឡាំង តើដូច​ម្ដេច។ ម្នាល​ភិក្ខុទាំង​ឡាយ ភិក្ខុ​អាក្រក់​ ក្នុងសាសនា​នេះ បាន​អាស្រ័យ​ស្ដេច ឬរាជ​មហាមាត្យ ភិក្ខុ​អាក្រក់​នោះ ​តែង​មាន​សេចក្ដី​ត្រិះ​រិះ ​យ៉ាង​នេះ​ថា បើអ្នក​ណាមួយ ចោទ​ប្រកាន់​អ្វី​អំពី​អញ ព្រះ​រាជា​ទាំង​ឡាយនេះ ឬពួករាជ​មហាមាត្យ​ទាំង​នេះ នឹង​ពោល​សេចក្ដី​បង្រ្គប​ឲ្យ​អញ។ បើ​បុគ្គលណាមួយ ចោទប្រកាន់​តិច​តួច ​អំពី​ភិក្ខុ​នោះ ព្រះរាជា ​ឬរាជមហាមាត្យ​ទាំងនោះ តែង​ពោល​សេចក្ដី​បង្រ្គប​បុគ្គល​នោះ។ ម្នាល​ភិក្ខុទាំង​ឡាយ ភិក្ខុ​អាក្រក់​ អាស្រ័យ​អ្នក​មាន​កំឡាំង​ យ៉ាង​នេះឯង។ ម្នាល​ភិក្ខុទាំង​ឡាយ ភិក្ខុ​មាន​មារយាទ​អាក្រក់ ​ដែល​ប្រកប​ដោយ​ធម៌ ​៣​យ៉ាង​ នេះ​ឯង រមែង​រក្សាខ្លួន​ ដែល​គាស់​រំលើង​ បំផ្លាញ​គុណ ជា​អ្នក​ប្រកប​ដោយ​ទោសធំ​ផង ប្រកបដោយ​ទោស​តូច​ផង ដែល​ពួក​វិញ្ញូ​ជន ត្រូវ​តិះ​ដៀល​ផង រមែង​ទទួលបាប​ច្រើន​ផង។

ចប់ ចូឡវគ្គ ទី៥។

ឧទ្ទាន​នៃចូឡវគ្គនោះ​គឺ

អំពី​របស់​៣​ចំ​ពោះមុខ​ ១សូត្រ សទ្ធាត្រូវ​ដឹង​ដោយ​ហេតុ​បី ១សូត្រ អំណាច​ប្រយោជន៍ ១សូត្រ សំដី​ប្រព្រឹត្ត​ទៅ​ស្រួល ១សូត្រ​ បណ្ឌិត​បញ្ញត្ត​ ២​សូត្រ ភិក្ខុមានសីល​ ១​សូត្រ សង្ខត​ធម៌​ ១សូត្រ អសង្ខតធម៌ ១សូត្រ ឈើ​ធំ​អាស្រ័យ​ភ្នំ​ ១សូត្រ ព្យាយាម ​១​សូត្រ មហាចោរ ​១សូត្រ រួម​ជា ១១​សូត្រ។

ចប់ បឋម​បណ្ណាសក។

ទុតិយបណ្ណាសក

(២. ទុតិយបណ្ណាសកំ)

ព្រាហ្មណវគ្គ ទី១ (៦)

((៦) ១. ព្រាហ្មណវគ្គោ)

(បឋមទ្វេព្រាហ្មណសូត្រ ទី១)

(១. បឋមទ្វេព្រាហ្មណសុត្តំ)

[៥៣] សម័យ​មួយ ព្រះ​ដ៏​មាន​ព្រះ​ភាគ ទ្រង់​គង់​នៅ​វត្ត​ជេតពន របស់​អនាថបិណ្ឌិក​សេដ្ឋី ទៀប​ក្រុង​សាវត្ថី។ គ្រា​នោះឯង មាន​ព្រាហ្មណ៍២ នាក់ ​ជរា មាន​វ័យ​ចំរើន ចាស់ មាន​វ័យកន្លង ចូល​ដល់​បច្ឆិម​វ័យ​ តាំងពី​កើត​មក​បាន ​១២០ ឆ្នាំ​ហើយ ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ លុះចូល​ទៅដល់​ហើយ ក៏​ពោល​រាក់​ទាក់​ ជាមួយ​នឹង​ព្រះ​ដ៏មាន​ព្រះ​ភាគ លុះបញ្ចប់ពាក្យ ដែល​គួរ​រាក់​ទាក់ និង​ពាក្យ​គួរ​ឭក​ហើយ ក៏​អង្គុយ​ក្នុង​ទីដ៏សមគួរ។ លុះ​ព្រាហ្មណ៍​ទាំង​នោះ អង្គុយ​ក្នុង​ទី​ដ៏​សម​គួរ​ហើយ បាន​ទូលព្រះ​ដ៏​មាន​ព្រះ​ភាគ ​យ៉ាង​នេះថា បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន យើង​ខ្ញុំ​ជាព្រាហ្មណ៍ ជរា មាន​វ័យ​ចំរើន​ហើយ ចាស់ កន្លង​វ័យ​ចូល​ដល់​បច្ឆិម​វ័យតាំង​ពី​កើត​មក​បាន ១២០ ឆ្នាំហើយ តែ​យើង​ខ្ញុំ​ទាំង​នោះ មិន​បាន​ធ្វើ​សេចក្ដី​ល្អ មិន​បាន​ធ្វើ​កុសល មិន​បាន​ធ្វើ​ទីពឹង ដើម្បី​ការពារ​ភ័យ សូមព្រះ​គោតម​ដ៏​ចំរើន ទូន្មាន​យើង​​ខ្ញុំ សូម​ព្រះ​គោតម​ដ៏ចំរើន ប្រៀន​ប្រដៅពួក​យើង​ខ្ញុំ ដើម្បី​ប្រយោជន៍​​ ដើម្បី​សុខ ដល់​យើង​ខ្ញុំ​ អស់​កាល​យូរ។ ព្រះ​ដ៏​មាន​ព្រះ​ភាគ ​ទ្រង់​ត្រាស់​ថា អើ​អ្នក​ទាំង​ឡាយ ​ជាព្រាហ្មណ៍​ជរា មានវ័យ​ចំរើន​ហើយ ចាស់​កន្លង​វ័យ ចូល​ដល់​បច្ឆិម​វ័យ តាំង​ពី​កើត​មក​បាន ១២០ ឆ្នាំ​ហើយ តែថា ​អ្នក​ទាំង​នោះ មិន​បាន​ធ្វើ​សេចក្ដី​ល្អ មិន​បាន​ធ្វើកុសល មិន​បាន​ធ្វើ​ទីពឹង ដើម្បី​ការពារ​ភ័យ ម្នាល​ព្រាហ្មណ៍​ទាំង​ឡាយ សត្វ​លោក​នេះ ​ដែល​ជរា ព្យាធិ មរណៈ​ បញ្ជូន22) ​តៗ គ្នា ម្នាល​ព្រាហ្មណ៍​ទាំង​ឡាយ កាលបើសត្វលោក ដែល​ជរា ព្យាធិ មរណៈ ​បញ្ជូនតៗ គ្នា​ យ៉ាងនេះ សេចក្ដី​សង្រួម​ដោយ​កាយ សេចក្ដី​សង្រួម​ដោយ​វាចា សេចក្ដីសង្រួម​ដោយ​ចិត្ត​ណា ពី​ឥឡូវ​នេះទៅ បុណ្យ​ដែល​កើត​អំពី​សេចក្ដីសង្រួម​នោះ ​ជាទី​ជ្រក​កោន​ផង ជាទី​ពួន​ផង ជា​ទីពឹង​ផង ជាទី​រឭក​ផង ជាទី​សង្ឃឹម​ផង របស់​បុគ្គល​អ្នក​ទៅ​កាន់​បរលោក​នោះ។

ជីវិត​ គឺ​អាយុ​មាន​ប្រមាណ​តិច ដែល​ជរា​ បញ្ជូនតៗ​គ្នា ទី​ពឹង​ទាំងឡាយ មិនមានដល់​បុគ្គល ដែល​ជរា​បញ្ជូន​តៗ​គ្នា​ទៅ កាល​បើ​បុគ្គល​ឃើញភ័យ ​ក្នុង​មរណៈ​នុ៎ះ គួរ​ធ្វើ​នូវ​បុណ្យ​ទាំងឡាយ ដែល​ជា​ហេតុ​នាំមក​នូវ​សេចក្ដី​សុខ។ សេចក្ដី​សង្រួម​ ដោយ​កាយ​ វាចា​ ចិត្ត​ណា តាំងពី​ឥ​ឡូវ​នេះ​ទៅ បុណ្យ​ដែល​កើត​អំពី​ការ​សង្រួម​នោះ រមែង​ប្រព្រឹត្ត​ទៅ ដើម្បី​ជាសុខ​ ដល់​បុគ្គលដែល​​ទៅ​កាន់​បរលោក​នោះ (ព្រោះ​ហេតុ​នោះ) កាល​បើ​បុគ្គល​រស់​នៅ គួរ​តែ​ធ្វើ​បុណ្យ។

(ទុតិយទ្វេព្រាហ្មណសូត្រ ទី២)

(២. ទុតិយទ្វេព្រាហ្មណសុត្តំ)

[៥៤] គ្រា​នោះឯង ព្រាហ្មណ៍ ២​នាក់​ ជរា មាន​វ័យ​ចំរើន​ហើយ ចាស់​កន្លង​វ័យ ចូល​ដល់​បច្ឆិម​វ័យ តាំង​ពី​កើត​មក​បាន​ ១២០ ឆ្នាំ​ហើយ ចូល​ទៅ​គាល់​ព្រះ​មាន​ព្រះភាគ លុះ​ចូល​ទៅ​ដល់​ហើយ ថ្វាយ​បង្គំ​ព្រះមាន​ព្រះ​ភាគ​ ហើយអង្គុយ​ក្នុង​ទី​ដ៏​សម​គួរ។ លុះ​ព្រាហ្មណ៍​ទាំង​នោះ អង្គុយក្នុង​ទី​សម​គួរ​ហើយ បាន​ក្រាប​បង្គំ​ទូល​ព្រះ​មាន​ព្រះ​ភាគ​ ដូច្នេះថា បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន យើង​ជា​ព្រាហ្មណ៍​ជរា មានវ័យ​ចំរើន​ហើយ ចាស់​កន្លង​វ័យ​ហើយ ​ចូល​ដល់​បច្ឆិម​វ័យ​ តាំង​ពីកើត​មក​បាន ១២០​ឆ្នាំ​ហើយ តែយើង​ទាំង​នោះ ​មិន​បាន​ធ្វើ​សេចក្ដី​ល្អ មិន​បាន​ធ្វើ​កុសល មិន​បាន​ធ្វើទី​ពឹង ​ការ​ពារ​ភ័យ​សោះ សូម​ព្រះ​គោតម​ដ៏​ចំរើន ទូន្មាន​យើង​ខ្ញុំ​ព្រះអង្គ សូម​ព្រះ​គោតម​ដ៏​ចំរើន ប្រៀន​ប្រដៅ​យើង​ខ្ញុំ​ព្រះ​អង្គ ដើម្បី​ជាប្រយោជន៍ ដើម្បី​សេចក្ដី​សុខ ដល់​យើង​ខ្ញុំ​ព្រះ​អង្គ ​អស់កាល​ដ៏​យូរ។ ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ទ្រង់​ត្រាស់​ថា អើ​អ្នក​ទាំង​ឡាយ​ ជា​ព្រាហ្មណ៍​ជរា មាន​វ័យ​ចំរើន​ហើយ ចាស់ កន្លង​វ័យ ចូល​ដល់​បច្ឆិម​វ័យ តាំង​ពី​កើត​មក បាន​ ១២០ ឆ្នាំ​ហើយ តែ​ថា ​អ្នក​ទាំង​នោះ មិន​បាន​ធ្វើ​សេចក្ដី​ល្អ មិន​បានធ្វើ​កុសល មិន​បាន​ធ្វើ​ទី​ពឹង​ ការ​ពារ​ភ័យ​សោះ ម្នាល​ព្រាហ្មណ៍​ទាំងឡាយ សត្វ​លោក​នេះ ក្ដៅ​ក្រហាយ​ព្រោះ​ជរា ព្យាធិ មរណៈ ម្នាលព្រាហ្មណ៍​ទាំង​ឡាយ កាល​បើ​សត្វ​លោកក្ដៅ​ក្រហាយ ព្រោះ​ជរា ​ព្យាធិ មរណៈ​ យ៉ាងនេះហើយ សេចក្ដី​សង្រួម​ដោយ​កាយ សេចក្ដី​សង្រួម​ដោយវាចា សេចក្ដី​សង្រួម​ដោយ​ចិត្ត​ណា តាំង​ពី​ឥឡូវ​នេះទៅ​ បុណ្យ ​(ដែលកើត​អំពី​សេចក្ដី​សង្រួម) នោះ​ ជាទី​ជ្រក​កោន​ផង ជាទី​ពួន​ផង ជាទី​ពឹង​ផង ជាទី​រឭក​ផង ជាទី​សង្ឃឹម​ផង របស់​បុគ្គល​ដែល​ទៅកាន់​បរលោក​នោះ។

កាល​បើផ្ទះ ត្រូវ​ភ្លើង​ឆេះ ជន​ម្ចាស់​ផ្ទះ​ តែង​ជញ្ជូនភាជន៍ណា ចេញ​ផុត ​(អំពី​ផ្ទះ) ឬ​ទ្រព្យ​ណា ក្នុង​ផ្ទះ​នោះ (​ដែល​គេ​ជញ្ជូន​ចេញ​ហើយ​) ភ្លើង​ឆេះ​មិន​បាន ទ្រព្យនោះ រមែង​បាន​ជា​ប្រយោជន៍​របស់​គេ យ៉ាង​ណា សត្វ​លោក ដែល​ត្រូវ​ភ្លើង ​គឺជរា​ និង​មរណៈ​ ឆាប​ឆេះ គួរ​ប្រញាប់​ជញ្ជូន​ចេញ​ឲ្យ​ផុត (អំពី​ផ្ទះ​ គឺរាង​កាយ) ដោយ​ការ​ឲ្យ​ទាន (​ព្រោះថា) ទាន​ដែល​គេ​ឲ្យ​ហើយ ឈ្មោះ​ថា បាន​ជញ្ជូនដោយ​ល្អ​ ក៏​យ៉ាង​នោះ​ដែរ។ ការសង្រួម​ដោយកាយ វាចា ចិត្តណា ពី​ឥ​ឡូវ​នេះទៅ បុណ្យ​ (​ដែល​កើត​មក​អំពី​ការសង្រួម​) នោះ រមែងកើ​តសុខ ​ដល់​បុគ្គល​ដែល​ទៅ​កាន់​បរលោក​ហើយ​នោះ ហេតុ​នោះ កាល​បើ​បុគ្គល​រស់​នៅ គួរ​តែ​ធ្វើ​បុណ្យ។

(អញ្ញតរព្រាហ្មណសូត្រ ទី៣)

(៣. អញ្ញតរព្រាហ្មណសុត្តំ)

[៥៥] គ្រា​នោះ​ឯង មាន​ព្រាហ្មណ៍​ម្នាក់ ​ចូល​ទៅ​គាល់​ព្រះ​ដ៏​មានព្រះ​ភាគ លុះ​ចូល​ទៅដល់​ហើយ ក៏​ពោល​ពាក្យ​រាក់​ទាក់​ ជាមួយនឹងព្រះ​ដ៏​មាន​​ព្រះ​ភាគ។ ​បេ​។ លុះ​ព្រាហ្មណ៍​នោះ អង្គុយ​ក្នុង​ទី​សម​គួរហើយ ក៏​ក្រាប​បង្គំ​ទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ដូច្នេះថា បពិត្រ​ព្រះ​គោតមដ៏​ចំរើន ព្រះ​អង្គ​តែង​សំដែង​ថា ធម៌​ដែល​បុគ្គល​ឃើញ​ច្បាស់ ដោយខ្លួន​ឯង ធម៌​ដែល​បុគ្គល​ឃើញ​ច្បាស់​ ដោយ​ខ្លួន​ឯង។ បពិត្រព្រះគោតម​ដ៏​ចំរើន ធម៌​ដែល​បុគ្គល​ឃើញ​ច្បាស់​ ដោយ​ខ្លួនឯង ឲ្យនូវ​ផល មិន​រង់​ចាំកាល គួរ​ហៅ​បុគ្គល​ដទៃ ​ឲ្យ​ចូល​មក​មើល​បាន គួរ​បង្អោន​ចូលមក​ទុក​ក្នុង​ចិត្ត ​របស់​ខ្លួន​បាន ដែល​ពួក​អ្នក​ប្រាជ្ញ ​គប្បី​ឃើញ ចំពោះ​ខ្លួន តើ​ដោយ​ហេតុ​ដូច​ម្ដេច។ ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ទ្រង់​ត្រាស់​ថា ម្នាលព្រាហ្មណ៍ បុគ្គល​ត្រេក​អរ ដែល​រាគៈ​គ្រប​សង្កត់ មាន​ចិត្ត​ប្រកាន់មាំ តែង​គិត​ដើម្បី​បៀត​បៀន​ខ្លួន​ឯង​ខ្លះ គិត​ដើម្បី​បៀត​បៀន​អ្នក​ដទៃ​ខ្លះ គិត​ដើម្បី​​បៀតបៀន​ខ្លួន​ឯង​ និង​អ្នក​ដទៃ​ខ្លះ​ ក៏​រមែង​រង​ទុក្ខ​ ទោមនស្ស ​ដែលប្រព្រឹត្ត​ទៅក្នុង​ចិត្ត។ កាល​បើ​លះ​បង់​រាគៈ​ហើយ​ បុគ្គល​រមែង​មិន​គិត​ដើម្បីបៀត​បៀន​ខ្លួន​ឯង​ផង មិន​គិត​ដើម្បី​បៀត​បៀន​អ្នក​ដទៃ​ផង មិន​គិត​ដើម្បីបៀ​ត​បៀន​ខ្លួន​ឯង នឹង​អ្នក​ដទៃ​ផង រមែង​មិនរង​ទុក្ខ ទោមនស្ស ដែល​ប្រព្រឹត្ត​ទៅ​ក្នុង​ចិត្ត។ ម្នាល​ព្រាហ្មណ៍ យ៉ាង​នេះ​ឯង​ហើយ ​ឈ្មោះ​ថា​ធម៌​ដែល​បុគ្គល​ឃើញ​ច្បាស់​ ដោយ​ខ្លួន​ឯង ម្នាល​ព្រាហ្មណ៍​ បុគ្គល​ប្រទូស្ត ដែលទោសៈ​គ្រប​សង្កត់ មាន​ចិត្ត​ប្រកាន់​មាំ តែង​គិត​ ដើម្បី​បៀត​បៀន​ខ្លួនឯង​ខ្លះ គិត​ដើម្បី​បៀតបៀន​អ្នក​ដទៃ​ខ្លះ គិត​ដើម្បី​បៀត​បៀន​ខ្លួន​ឯង ​និង​អ្នក​ដទៃ​ខ្លះ ក៏​រមែង​ទទួល​ទុក្ខ​ទោមនស្ស​ ដែល​ប្រព្រឹត្ត​ទៅក្នុង​ចិត្ត។ កាល​បើ​លះទោសៈបាន​ហើយ បុគ្គល​តែង​មិន​គិត ដើម្បី​បៀតបៀន​ខ្លួន​ឯង​ផង មិន​គិតដើម្បី​បៀតបៀន​អ្នក​ដទៃ​ផង មិន​គិត​ ដើម្បី​បៀត​បៀន​ខ្លួន​ឯង និងអ្នកដទៃ​ផង រមែង​មិន​ទទួលទុក្ខ ទោមនស្ស ដែល​ប្រព្រឹត្ត​ទៅក្នុងចិត្ត។ ម្នាល​ព្រាហ្មណ៍​ យ៉ាង​នេះហើយ ​ឈ្មោះថា ធម៌​ដែល​បុគ្គល​ឃើញ​ច្បាស់​ ដោយខ្លួន​ឯង ម្នាល​ព្រាហ្មណ៍ បុគ្គល​វង្វេង ​ដែល​មោហៈគ្រប​សង្កត់ មាន​ចិត្ត​ប្រកាន់​មាំ តែង​គិត​ដើម្បី​បៀតបៀន​ខ្លួន​ឯង​ខ្លះ គិត​ដើម្បី​បៀតបៀន​អ្នក​ដទៃ​ខ្លះ គិត​ដើម្បី​បៀត​បៀន​ខ្លួន​ឯង ​និង​អ្នក​ដទៃ​ខ្លះ ក៏​រមែង​ទទួល​ទុក្ខ​ទោមនស្ស​ ដែល​ប្រព្រឹត្ត​ទៅក្នុង​ចិត្ត។ កាល​បើ​លះមោហៈ​ហើយ បុគ្គល​មិន​គិត ​ដើម្បី​បៀត​បៀន​ខ្លួន​ឯង​ផង មិនគិត​ដើម្បី​បៀតបៀន​អ្នក​ដទៃ​ផង​ មិន​គិត​ដើម្បី​បៀត​បៀន​ខ្លួន​ឯង​ និង​អ្នក​ដ​ទៃ​ផង រមែង​មិនទទួល​ទុក្ខ​ទោមនស្ស ដែល​ប្រព្រឹត្ត​ទៅ​ក្នុងចិត្ត។ ម្នាល​ព្រាហ្មណ៍ យ៉ាងនេះ​ហើយ ឈ្មោះ​ថា​ ធម៌​ដែល​បុគ្គល​ឃើញ​ច្បាស់ ​ដោយ​ខ្លួន​ឯង ឲ្យ​នូវ​ផល មិន​រង់ចាំកាល គួរ​ហៅ​បុគ្គល​ដទៃ ​ឲ្យ​ចូល​មក​មើល​បាន គួរ​បង្អោន​ចូលមក​ទុក​ ក្នុង​ចិត្ត​របស់​ខ្លួន​បាន ដែល​វិញ្ញូជន​ គប្បី​ដឹង​ច្បាស់ ​ដោយ​ខ្លួន​ឯង។ បពិត្រ​ព្រះគោតម​ដ៏​ចំរើន ភ្លឺ​ច្បាស់​ណាស់។ បេ។ សូម​ព្រះ​គោតម​ដ៏​ចំរើន ចាំទុក​នូវ​ខ្ញុំ​ព្រះ​អង្គ ​ថា​ជាឧបាសក អ្នក​ដល់​នូវ​សរណគមន៍ ស្មើដោយ​ជីវិត តាំង​អំពី​ថ្ងៃ​នេះ ​ជា​ដើម​ទៅ។

(បរិព្វាជកសូត្រ ទី៤)

(៤. បរិព្វាជកសុត្តំ)

[៥៦] គ្រា​នោះ​ឯង មាន​ព្រាហ្មណ៍​បរិព្វា​ជក​ម្នាក់ ចូល​ទៅគាល់ព្រះ​ដ៏​មាន​ព្រះ​ភាគ។ បេ។ លុះ​ព្រាហ្មណ៍​បរិព្វា​ជកនោះ ​អង្គុយ​ក្នុង​ទីសម​គួរហើយ បាន​ក្រាប​​បង្គំ​ទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ ​ដូច្នេះ​ថា បពិត្រ​ព្រះ​គោតម​ដ៏ចំរើន ព្រះ​អង្គ​តែង​សំដែង​ថា​ ធម៌​ដែល​បុគ្គល​ឃើញ​ច្បាស់​ ដោយ​ខ្លួន​ឯង។ បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន ធម៌​ ដែល​បុគ្គល​ឃើញ​ច្បាស់ ដោយ​ខ្លួនឯង ឲ្យ​នូវ​ផល​មិន​រង់​ចាំ​កាល គួរ​ហៅ​បុគ្គល​​ដទៃ ឲ្យ​ចូល​មក​មើលបាន គួរ​បង្អោន​ចូល​មក​ទុក ក្នុង​ចិត្ត​របស់​ខ្លួន ដែល​ពួក​វិញ្ញូជន គប្បី​ដឹង​ច្បាស់​ ដោយខ្លួន​ឯង តើ​ដោយ​ហេតុ​ដូច​ម្ដេច។ ព្រះ​ដ៏​មាន​ព្រះ​ភាគ ​ទ្រង់ត្រាស់​ថា ម្នាល​ព្រាហ្មណ៍ បុគ្គល​ត្រេកអរ ​ដែល​រាគៈ​គ្របសង្កត់ មាន​ចិត្ត​ប្រកាន់​មាំ រមែង​គិត ​ដើម្បី​បៀត​បៀន​ខ្លួន​ឯង​ខ្លះ គិតដើម្បី​បៀត​បៀន​អ្នក​ដទៃខ្លះ គិ​តដើម្បី​បៀតបៀន​ខ្លួន​ឯង និង​អ្នក​ដទៃ​ខ្លះ ក៏​រមែង​ទទួល​ទុក្ខ ទោមនស្ស ដែល​ប្រព្រឹត្ត​ទៅក្នុង​ចិត្ត។ កាល​បើ​លះបង់រាគៈ​បាន​ហើយ បុគ្គល​រមែង​មិនគិត​ ដើម្បីបៀតបៀន​ខ្លួន​ឯងផង​ មិនគិត​ដើម្បី​បៀតបៀន​អ្នក​ដទៃ​ផង មិន​គិត​ដើម្បី​បៀតបៀន​ខ្លួនឯង ​និង​អ្នក​ដទៃផង រមែង​មិន​ទទួល​ទុក្ខ ទោមនស្ស ដែល​ប្រព្រឹត្ត​ទៅ​ក្នុង​ចិត្ត។ ម្នាល​ព្រាហ្មណ៍ បុគ្គល​ត្រេកអរ​ ដែល​រាគៈគ្រប​សង្កត់ មាន​ចិត្ត​ប្រកាន់​មាំ រមែង​ប្រពឹ្រត្ត​ទុច្ចរិត​ ដោយ​កាយ ប្រព្រឹត្ត​ទុច្ចរិត​ ដោយ​វាចា ប្រព្រឹត្តទុច្ចរិត​ ដោយ​ចិត្ត។ កាល​បើលះ​បង់​រាគៈ​ហើយ​ បុគ្គល​រមែង​មិន​ប្រព្រឹត្តទុច្ចរិត ​ដោយកាយ មិន​ប្រព្រឹត្ត​ទុច្ចរិត​ដោយ​វាចា មិន​ប្រព្រឹត្ត​ទុច្ច​រិតដោយ​ចិត្ត។ ម្នាល​ព្រាហ្មណ៍ បុគ្គល​ត្រេក​អរ​ ដែល​រាគៈគ្របសង្កត់ មាន​ចិត្ត​​ប្រកាន់​មាំ រមែង​មិន​ដឹង​ នូវ​ប្រយោជន៍​របស់​ខ្លួន​ តាម​ពិត​ខ្លះ មិន​ដឹង​នូវ ប្រយោជន៍ របស់​បុគ្គល​ដទៃ​តាម​ពិត​ខ្លះ មិន​ដឹង​នូវ​ប្រយោជន៍​ខ្លួនឯង ​និង​អ្នក​ដទៃ​តាម​ពិត​ខ្លះ។ កាល​បើ​លះ​បង់​រាគៈ​បាន​ហើយ​ បុគ្គលរមែង​ដឹង​ នូវ​ប្រយោជន៍​របស់​ខ្លួន​តាម​ពិត​ផង ដឹង​នូវ​ប្រយោជន៍ ​របស់​អ្នកដទៃ​តាម​ពិត​ផង ដឹង​នូវ​ប្រយោជន៍​ខ្លួន​ និង​អ្នក​ដទៃ​តាម​ពិត​ផង។ ម្នាលព្រាហ្មណ៍ យ៉ាង​នេះឯង​ហើយ ​ឈ្មោះថា ធម៌​ដែល​បុគ្គល​ឃើញ​ច្បាស់ ដោយ​ខ្លួន​ឯង… ម្នាល​ព្រាហ្មណ៍ បុគ្គល​ប្រទូស្ត។ ​បេ។ ម្នាល​ព្រាហ្មណ៍ បុគ្គល​វង្វេង ​ដែល​មោហៈ គ្របសង្កត់ មាន​ចិត្ត​ប្រកាន់​មាំ រមែង​គិត​ដើម្បីបៀតបៀន​ខ្លួនឯង​ខ្លះ គិត​ដើម្បី​បៀតបៀន​អ្នក​ដទៃ​ខ្លះ គិត​ដើម្បី​បៀតបៀន​ខ្លួន​ឯង ​និង​អ្នក​ដទៃ​ខ្លះ ក៏​រមែង​ទទួល​ទុក្ខ ​ទោមនស្ស​ ដែល​ប្រព្រឹត្ត​ទៅក្នុង​ចិត្ត។ កាល​បើលះ​បង់​មោហៈបាន​ហើយ បុគ្គល ​រមែង​មិនគិត​ដើម្បីបៀតបៀន​ខ្លួន​ឯង​ផង មិន​គិត​ដើម្បី​បៀត​បៀន​អ្នក​ដទៃ​ផង មិនគិត​ដើម្បីបៀត​បៀន​ខ្លួន​ឯង​ និង​អ្នក​ដទៃ​ផង រមែង​មិន​ទទួល​ទុក្ខ​ ទោមស្ស​ ដែល​ប្រព្រឹត្ត​ទៅ​ក្នុង​ចិត្ត។ ម្នាល​ព្រាហ្មណ៍ បុគ្គល​វង្វេង​ ដែល​មោហៈគ្របសង្កត់ មាន​ចិត្ត​ប្រកាន​មាំ រមែង​ប្រព្រឹត្ត​ទុច្ចរិត​ដោយ​កាយ ប្រព្រឹត្ត​ទុច្ចរិតដោយ​វាចា ប្រព្រឹត្ត​ទុច្ចរិត​ដោយ​ចិត្ត។ កាល​បើលះ​មោហៈ​បាន​ហើយ បុគ្គល​រមែង​មិន​ប្រព្រឹត្ត​ទុច្ចរិត​ ដោយកាយ មិន​ប្រព្រឹត្ត​ទុច្ចរិត​ដោយ​វាចា មិន​ប្រព្រឹត្ត​ទុច្ចរិត​ដោយ​ចិត្ត​ ម្នាល​ព្រាហ្មណ៍ បុគ្គល​វង្វេង​ ដែល​មោហៈគ្រប​សង្កត់ មាន​ចិត្ត​ប្រកាន់​មាំ រមែង​មិន​ដឹង​ នូវ​ប្រយោជន៍​របស់​ខ្លួន​តាម ពិត​ខ្លះ មិន​ដឹង​នូវ​ប្រយោជន៍​ របស់​បុគ្គល​ដទៃ​តាម​ពិត​ខ្លះ មិន​ដឹង​នូវ​ប្រយោជន៍​ខ្លួន​ឯង ​និង​អ្នក​ដទៃ​តាម​ពិត​ខ្លះ។ កាល​បើ​លះ​មោហៈ​បាន​ហើយ បុគ្គល រមែង​ដឹង​នូវ​ប្រយោជន៍ ​របស់​ខ្លួន​តាម​ពិត​ផង ដឹង​នូវ​ប្រយោជន៍​អ្នកដទៃ​ តាម​ពិត​ផង ដឹង​នូវ​ប្រយោជន៍​ខ្លួន​ និង​អ្នក​ដទៃ​តាម​ពិត​ផង។ ម្នាលព្រាហ្មណ៍ យ៉ាង​នេះឯង ឈ្មោះថា ធម៌​ដែល​បុគ្គល​គប្បី​ឃើញ​ច្បាស់ ដោយ​ខ្លួន​ឯង ឲ្យ​នូវ​ផល​មិន​រង់​ចាំកាល គួរហៅ​បុគ្គល​ដទៃ​ ឲ្យចូល​មកមើល​បាន គួរ​បង្អោន​ចូល​មក​ទុក ក្នុង​ចិត្ត​របស់​ខ្លួន​បាន ដែល​ពួក​វិញ្ញូជន គប្បី​ដឹង​ច្បាស់ ​ដោយ​ខ្លួន​ឯង។ បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន ភ្លឺច្បាស់ណាស់។ បេ។ សូម​ព្រះ​គោតម​ដ៏​ចំរើន ចាំទុក​នូវ​ខ្ញុំព្រះ​អង្គ​ថាជាឧបាសក​ អ្នក​ដល់​នូវ​សរណគមន៍ ​ស្មើ​ដោយ​ជីវិត​ តាំង​អំពី​ថ្ងៃ​នេះ ​ជា​ដើម​ទៅ។

(និព្វុតសូត្រ ទី៥)

(៥. និព្វុតសុត្តំ)

[៥៧] គ្រានោះ​ឯង ព្រាហ្មណ៍​ឈ្មោះ ​ជា​នុស្សោណី ចូល​ទៅគាល់ព្រះ​ដ៏​​មាន​ព្រះ​ភាគ​។ បេ។ លុះ​ជា​នុស្សោណីព្រាហ្មណ៍ ​អង្គុយ​ក្នុង​ទី​សម​គួរហើយ បាន​ក្រាប​បង្គំ​ទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ ​ដូច្នេះ​ថា បពិត្រ​ព្រះ​គោតម​ដ៏ចំរើន ព្រះ​អង្គ​តែង​សំដែង​ថា ព្រះនិព្វាន ​ដែល​បុគ្គល​គប្បី​ឃើញ​ច្បាស់ ដោយ​ខ្លួន​ឯង ព្រះនិព្វាន​ជាធម្មជាត​ ដែល​បុគ្គល​គប្បី​ឃើញច្បាស់ ​ដោយខ្លួន​ឯង។ បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន ព្រះនិព្វាន ជាធម្មជាត​ ដែល​បុគ្គលគប្បី​ឃើញ​ច្បាស់​ ដោយ​ខ្លួន​ឯង ឲ្យ​នូវ​ផល​មិន​រង់ចាំកាល គួរ​ហៅបុគ្គលដទៃ ​ឲ្យ​ចូល​មក​មើល​បាន គួរ​បង្អោន​ចូល​មក​ទុកក្នុង​ចិត្ត​របស់ខ្លួន​បាន ដែល​វិញ្ញូជន​ទាំងឡាយ គប្បី​ដឹង​ច្បាស់ ​ដោយ​ខ្លួន​ឯង តើ​ដោយ​ហេតុ​ដូចម្ដេច។ ព្រះដ៏​មាន​ព្រះ​ភាគ ទ្រង់​ត្រាស់ថា ម្នាល​ព្រាហ្មណ៍ បុគ្គលត្រេកអរ​ ដែល​រាគៈ​គ្របសង្កត់ មាន​ចិត្ត​ប្រកាន់​មាំ រមែង​គិត​ដើម្បី​បៀត​បៀន​ខ្លួន​ឯង​ខ្លះ គិត​ដើម្បី​បៀត​បៀន​អ្នក​ដទៃ​ខ្លះ គិត​ដើម្បី​បៀត​បៀនខ្លួន​ឯង​ និង​អ្នក​ដទៃ​ខ្លះ ក៏​រមែង​ទទួល​ទុក្ខ​ ទោមនស្ស​ប្រព្រឹត្ត​ទៅក្នុង​ចិត្ត។ កាល​បើ​លះ​រាគៈ​បាន​ហើយ បុគ្គល​រមែង​មិន​គិត ​ដើម្បី​បៀត​បៀន​ខ្លួន​ផង មិន​គិត​ដើម្បី​បៀត​បៀន​អ្នក​ដទៃ​ផង មិនគិត​ដើម្បី​បៀតបៀន​ខ្លួន​ឯង​ និង​អ្នកដទៃ​ផង រមែង​មិន​ទទួល​ទុក្ខ​ទោមនស្ស ដែល​ប្រព្រឹត្ត​ទៅក្នុងចិត្ត។ ម្នាល​ព្រាហ្មណ៍ យ៉ាង​នេះឯងហើយ ព្រះនិព្វាន​ ឈ្មោះ​ថា ជា​ធម្មជាត ដែល​បុគ្គល​គប្បី​ឃើញ​ច្បាស់ ​ដោយ​ខ្លួន​ឯង… ម្នាល​ព្រាហ្ម​ណ៍ បុគ្គលប្រទូស្ត។ បេ។ ម្នាល​ព្រាហ្មណ៍ បុគ្គល​វង្វេង​ ដែលមោហៈ គ្រប​សង្កត់ មាន​ចិត្ត​ប្រកាន់​មាំ រមែង​គិតដើម្បី​បៀត​បៀន​ខ្លួន​ឯងខ្លះ គិត​ដើម្បី​បៀតបៀន​អ្នក​ដទៃ​ខ្លះ គិត​ដើម្បី​បៀត​បៀន​ខ្លួន​ឯង ​និង​អ្នក​ដទៃ​ខ្លះ ក៏រមែង​ទទួល​ទុក្ខ ទោមនស្ស​ ដែលប្រព្រឹត្ត​ទៅក្នុង​ចិត្ត។ កាលបើ​លះបង់មោហៈ​ហើយ បុគ្គល​រមែង​មិន​គិត​ ដើម្បី​បៀត​បៀន​ខ្លួន​ផង មិន​គិត​ដើម្បីបៀតបៀន​អ្នក​ដទៃ​ផង មិន​គិត​ដើម្បីបៀតបៀន​ខ្លួន​ឯង ​និង​អ្នក​ដទៃ​ផង រមែង​មិន​ទទួល​ទុក្ខ ទោមនស្ស ​ដែល​ប្រព្រឹត្ត​ទៅក្នុង​ចិត្ត។ ម្នាល​ព្រាហ្មណ៍ យ៉ាង​នេះឯង​ហើយ ​ព្រះ​និព្វាន ឈ្មោះ​ថា ជា​ធម្ម​ជាត​ ដែល​បុគ្គល​គប្បី​ឃើញច្បាស់ ​ដោយ​ខ្លួន​ឯង ម្នាល​ព្រាហ្មណ៍​ បុគ្គល​នេះ ទទួល​នូវ​ការ​អស់​រាគៈ ឥត​សេសសល់ ទទួល​នូវ​ការ​អស់​ទោសៈ​ ឥត​សេស​សល់ ទទួល​នូវ​ការអស់​មោហៈ​ ឥត​សេសសល់។ ម្នាល​ព្រាហ្មណ៍ យ៉ាង​នេះឯង​ហើយ ​ព្រះនិព្វាន​ ឈ្មោះ​ថា​ ជាធម្មជាត ​ដែល​បុគ្គល​គប្បី​ឃើញ​ច្បាស់​ ដោយ​ខ្លួន​ឯង ​ឲ្យនូវផល​មិន​រង់​ចាំកាល គួរ​ហៅ​បុគ្គល​ដទៃ ​ឲ្យ​ចូល​មក​មើល​បាន ​គួរ​បង្អោន​ចូលមក​ទុក ​ក្នុង​ចិត្ត​របស់​ខ្លួន ដែល​ពួក​វិញ្ញូជន ​គប្បី​ដឹង​ច្បាស់ ដោយ​ខ្លួន​ឯង។ បពិត្រ​​ព្រះ​គោតម​ដ៏​ចំរើន​ ភ្លឺច្បាស់​ណាស់។ ​បេ។ សូម​ព្រះ​គោតមដ៏​ចំរើន ចាំទុក​នូវ​ខ្ញុំ​ព្រះ​អង្គ​ ថាជា​ឧ​បាសក អ្នក​ដល់​នូវ​សរណគមន៍​ ស្មើដោយ​ជីវិត​ តាំង​ពី​ថ្ងៃ​នេះ​ជា​ដើម​ទៅ។

(បលោកសូត្រ ទី៦)

(៦. បលោកសុត្តំ)

[៥៨] គ្រា​នោះ​​ឯង មាន​ព្រាហ្មណ៍​មហា​សាល​ម្នាក់ ចូល​ទៅ​គាល់ព្រះ​ដ៏​​មាន​ព្រះ​ភាគ។ បេ។ លុះ​ព្រាហ្ម​ណ៍​មហា​សាល​នោះ​ អង្គុយ​ក្នុង​ទី​សមគួរ​ហើយ បាន​ក្រាប​បង្គំ​ទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ដូច្នេះ​ថា បពិត្រ​ព្រះគោតម​ដ៏​ចំរើន ខ្ញុំ​ព្រះ​អង្គ​ បាន​ឮ​ពាក្យ​នេះ ​អំពី​ពួក​ព្រាហ្ម​ណ៍​ជាន់​មុន មាន​វ័យ​ចំរើន ចាស់ ​ជា​អាចារ្យ​ត​ៗ​គ្នា​មក ​និយាយ​ថា កាល​ពី​ដើម លោកនេះ​ ពេញ​ពាស​ដោយ​ពួក​មនុស្ស ហាក់​ដូច​ជា​អវីចិមហានរក ស្រុក ​និគម ជន​បទ រាជ​ធានី (​ជិតៗ​គ្នា) ល្មម​ចម្ងាយ​មាន់​ហើរ​ដល់។ បពិត្រ​ព្រះគោតម​ដ៏​ចំ​រើន ហេតុ​ដូច​ម្ដេច បច្ច័​យ​ដូច​ម្ដេច ដែល​នាំ​ឲ្យពួក​មនុស្ស ក្នុងកាល​ឥ​ឡូវ​នេះ ​អស់ទៅ តិច​ទៅ ស្រុក​ទៅ​ជាមិន​មែន​ស្រុក និគម ទៅជា​មិន​មែន​និគម នគរ​ទៅ​ជា​មិន​មែន​នគរ ជន​បទ ទៅ​ជា​មិន​មែន​ជន​បទ។ ព្រះ​ដ៏​មាន​ព្រះភាគ​​ ទ្រង់​ត្រាស់ថា ម្នាល​ព្រាហ្មណ៍ ពួក​មនុស្ស​ឥឡូវ​នេះ ត្រេកអរ​ក្នុង​អធម្ម​រាគៈ ត្រូវ​វិ​សម​លោភៈ​គ្រប​សង្កត់ ត្រូវ​មិច្ឆាធម៌​រួប​រឹត កាល​បើ​មនុស្ស​ទាំងនោះ ត្រេក​អរ​ក្នុង​អធម្មរាគៈ ត្រូវ​វិសម​លោភៈគ្រប​សង្កត់ ត្រូវ​មិច្ឆា​ធម៌​រួប​រឹត​ហើយ ក៏​ចាប់​យក​សស្រ្តា​ដ៏​មុត ផ្ដាច់​ជីវិត​គ្នា​នឹង​គ្នា ហេតុ​នោះ បាន​ជា​ពួក​មនុស្ស​ដ៏​ច្រើន ក៏​ធ្វើ​មរណកាល។ ម្នាល​ព្រាហ្មណ៍ នេះ​ជាហេតុ នេះ​ជា​បច្ច័យ ដែល​នាំពួកមនុស្ស ​ក្នុង​កាល​ឥឡូវ​នេះ ​អស់​ទៅ តិច​ទៅ ស្រុក​ទៅ​ជាមិន​មែន​ស្រុក និគម​ទៅ​ជាមិន​មែន​និគម នគរ​ទៅ​ជា​មិន​មែន​នគរ ជន​បទ​ទៅ​ជា​មិន​មែន​ជនបទ។ ម្នាល​ព្រាហ្មណ៍ មួយ​ទៀត ពួក​មនុស្ស​ឥឡូវ​នេះ ត្រេក​អរក្នុង​អធម្មរាគៈ ត្រូវ​វិសម​លោភៈ​គ្រប​សង្កត់ ត្រូវ​មិច្ឆា​ធម៌​រួបរឹត កាល​បើ​ពួកមនុស្ស​ទាំង​នោះ​ ត្រេក​អរ​ក្នុង​អធម្មរាគៈ ត្រូវ​វិសម​លោភៈ​គ្រប​សង្កត់ ត្រូវមិច្ឆា​ធម៌​រួបរឹត ភ្លៀង​ក៏មិន​បង្អោរ​នូវ​មេ​ទឹក ​ដោយ​ប្រពៃ ហេតុ​នោះ បានជាកើត​ទុរ្ភិក្ស សំទូង​មិន​ល្អ ក្រាស៊ី ស្កក​ស្គឺ ហេតុ​នោះ ​បាន​ជា​ពួក​មនុស្សដ៏​ច្រើន ធ្វើ​មរណកាល។ ម្នាល​ព្រាហ្មណ៍ នេះ​ជា​ហេតុ នេះ​ជា​បច័្ចយ ដែល​នាំឲ្យ​ពួក​មនុស្ស​ឥឡូវ​នេះ ​អស់​ទៅ តិច​ទៅ ​ស្រុក​ទៅ​ជា​មិន​មែន​ស្រុក និគម​ទៅ​ជាមិន​មែន​និគម នគរ​ទៅ​ជា​មិន​មែន​នគរ ជន​បទ​ទៅ​ជា​មិន​មែនជន​បទ។ ម្នាល​ព្រាហ្មណ៍ មួយ​ទៀត ពួក​មនុស្ស​ឥ​ឡូវ​នេះ ត្រេក​អរក្នុង​អធម្មរាគៈ ត្រូវ​វិសម​លោភៈ​គ្របសង្កត់ ត្រូវ​មិច្ឆា​ធម៌​រួបរឹត កាលបើ​ពួក​មនុស្ស​ទាំង​នោះ​ ត្រេក​អរ​ក្នុង​អធម្មរាគៈ ត្រូវ​វិសម​លោភៈ​គ្រប​សង្កត់ ត្រូវ​មិច្ឆា​ធម៌​រួបរឹត​ហើយ យក្ខ​ទាំង​ឡាយ ក៏​លែង​ពួក​អមនុស្ស​ ដ៏​កាច (ឲ្យចាប់) ហេតុ​នោះ បាន​ជាមនុស្ស​ដ៏​ច្រើន ធ្វើ​មរណកាល។ ម្នាលព្រាហ្មណ៍ នេះជា​ហេតុ នេះ​ជា​បច្ច័យ ដែល​នាំ​ឲ្យ​ពួក​មនុស្ស​ឥឡូវ​នេះ អស់​ទៅ ​តិច​ទៅ ​ស្រុក​ទៅ​ជា​មិន​មែន​ស្រុក និគម​ទៅ​ជា​មិន​មែន​និគម នគរទៅ​ជា​មិន​មែន​នគរ ជន​បទ​ទៅ​ជា​មិន​មែន​ជន​បទ។ បពិត្រ​ព្រះ​គោតមដ៏​ចំរើន ភ្លឺ​ច្បាស់​ណាស់។ បេ។ សូម​ព្រះ​គោតម​ដ៏​ចំរើន ចាំ​ទុក​នូវ​ខ្ញុំព្រះ​អង្គ ថា​ជា​ឧបាសក អ្នក​ដល់​នូវ​សរណគមន៍ ​ស្មើដោយ​ជីវិត​ តាំង​អំពីថ្ងៃនេះ ជា​ដើម​ទៅ។

(វច្ឆគោត្តសូត្រ ទី៧)

(៧. វច្ឆគោត្តសុត្តំ)

[៥៩] គ្រានោះឯង វច្ឆគោ​ត្របរិព្វាជក ចូល​ទៅ​គាល់​ព្រះ​មានព្រះភាគ លុះ​ចូល​ទៅ​ដល់​ហើយ ក៏​ធ្វើ​សេចក្ដីរីករាយ ​ជាមួយ​នឹង​ព្រះដ៏​មាន​ព្រះ​ភាគ លុះ​បញ្ចប់​ពាក្យ ដែល​គួរ​រីក​រាយ ​និង​ពាក្យ​គួរ​រឭក​ហើយ ក៏​អង្គុយ​ក្នុង​ទី​សម​គួរ។ លុះ​វច្ឆ​គោត្របរិព្វាជក អង្គុយ​ក្នុង​ទីសម​គួរ​ហើយ បាន​ក្រាបបង្គំ​ទូល​ព្រះ​ដ៏មាន​ព្រះ​ភាគ​ដូច្នេះ​ថា បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន ខ្ញុំ​ព្រះអង្គ​ បាន​ឮពាក្យ​នេះថា ព្រះសមណ​គោតម ត្រាស់​យ៉ាង​នេះថា បុគ្គល​គួរ​ឲ្យទាន ដល់​តថាគត មិន​គួរឲ្យទាន​ ដល់​ពួក​ជន​ដទៃឡើយ បុគ្គលគួរ​ឲ្យទាន​ ដល់​ពួក​សាវក​តថាគត​ មិន​គួរ​ឲ្យ​ទាន​ដល់​ពួក​សាវកគ្រូដទៃឡើយ ទាន ​ដែល​បុគ្គល​ឲ្យ​ ដល់​តថាគត​ហើយ មាន​ផល​ច្រើន ទានដែល​បុគ្គល​ឲ្យ​ ដល់​ពួកជន​ដទៃ មិន​មាន​ផល​ច្រើន​ទេ ទាន​ដែល​បុគ្គលឲ្យ​ដល់​ពួក​សាវក នៃតថាគត មាន​ផល​ច្រើន ទាន​ដែល​បុគ្គល​ឲ្យ​ ដល់ពួកសាវក​របស់​គ្រូ​ដទៃ មិន​មាន​ផល​ច្រើន​ទេ។ បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន ពួក​ជន​ណា​និយាយ​យ៉ាង​នេះថា ព្រះ​សមណគោតម ត្រាស់​យ៉ាង​នេះថា បុគ្គល​គួរ​ឲ្យ​ទាន​ដល់​តថាគត​តែមួយយ៉ាង មិនគួរ​ឲ្យ​ទាន ដល់​ពួក​ជនដទៃ​ឡើយ បុគ្គល​គួរ​ឲ្យ​ទាន​ដល់​ពួក​សាវក​ របស់តថា​គត​តែ​មួយ​យ៉ាង មិនគួរ​ឲ្យ​ទាន​ ដល់​ពួក​សាវក ​របស់​ពួក​គ្រូ​ដទៃ​ឡើយ ទាន​ដែល​បុគ្គល​ឲ្យដល់​តថាគត មាន​ផល​ច្រើន ទាន​ដែល​បុគ្គល​ឲ្យ​ដល់​ពួក​ជន​ដទៃ មិនមាន​ផល​ច្រើន​ទេ ទាន​ដែល​បុគ្គលឲ្យ​ ដល់​ពួក​សាវក​តថាគត មាន​ផលច្រើន ទាន​ដែល​បុគ្គលឲ្យ ដល់​ពួក​សាវក​ របស់​ពួក​គ្រូដទៃ មិន​មាន​ផលច្រើន​ឡើយ។ ពួក​ជន​ទាំង​នោះ ​ឈ្មោះ​ថា និយាយ​តាមពាក្យ ដែល​ព្រះ​គោតម​ដ៏​ចំរើន​ពោល​ហើយ មិន​និយាយ​បង្កាច់ ព្រះ​គោតមដ៏​ចំរើន​ ដោយ​ពាក្យ​មិន​ពិត ទាំង​ឈ្មោះ​ថា​ ព្យាករនូវ​ធម៌ ​សម​គួរ​ដល់​ធម៌ លំនាំ​នៃ​ពាក្យ​ប្រកប​ដោយ​ហេតុ​នី​មួយ មិន​មក​កាន់​ឋានៈ ដែល​គប្បីតិះ​ដៀល​ទេ​ឬ ព្រោះ​យើង​មិន​មាន​ប្រាថ្នា​ដើម្បី​និយាយ​បង្កាច់ព្រះគោតមដ៏​ចំរើន​ទេ។ ម្នាល​វច្ឆៈ ពួក​ជន​ណា និយាយ​យ៉ាង​នេះថា ព្រះសមណគោតម ត្រាស់យ៉ាង​នេះថា បុគ្គល​ត្រូវ​ឲ្យទាន​ដល់​តថាគតតែ​មួយ​យ៉ាង។ បេ។ ទាន​ដែល​បុគ្គល​ឲ្យ ​ដល់​ពួក​សាវក ​របស់ពួកគ្រូ​ដទៃ មិន​មាន​ផល​ច្រើន​ទេ ពួក​ជន​ទាំង​នោះ ឈ្មោះ​ថា មិន​និយាយតាម​ពាក្យ​ដែល​តថាគតពោល​ហើយ មួយ​ទៀត ពួក​ជន​ទាំង​នោះ​ ឈ្មោះថា​ និយាយ​បង្កាច់​តថា​គត​ ដោយ​ពាក្យមិន​ទៀង មិន​ពិត ម្នាល​វច្ឆៈ អ្នក​ណា ហាម​ឃាត់​បុគ្គល​ដទៃ​កំពុង​ឲ្យ​ទាន អ្នក​នោះ​ ឈ្មោះថា ធ្វើអន្ត​រាយដល់​ជន​៣ នាក់ ឈ្មោះ​ថា បៀតបៀន​ ដល់​ជន​៣​នាក់។ ដល់​ជន​៣​នាក់​ ដូច​ម្ដេច​។ គឺ​ជា​អ្នក​ធ្វើ​ឲ្យ​អន្តរាយ​បុណ្យ​ របស់​ទាយក​ ១ ធ្វើ​ឲ្យ​អន្តរាយ​លាភ ​របស់​បដិ​គ្គា​ហកៈទាំង​ឡាយ​ ១ គាស់​រំលើង​គុណរបស់​ខ្លួន​ផង កំ​ចាត់​គុណ​របស់​ខ្លួន​ផង​ ដែល​មាន​ក្នុង​កាល​មុន ១។ ម្នាល​វច្ឆៈ អ្នក​ណា​ហាម​ឃាត់​បុគ្គល​ដទៃ​កំពុង​ឲ្យ​ទាន អ្នក​នោះ​ឈ្មោះថា ធ្វើ​អន្តរាយ ​ដល់​ជន​ទាំង ៣​នាក់​នេះ បៀត​បៀន​ដល់​ជន​ទាំង​៣នាក់​នេះ។ ម្នាល​វច្ឆៈ ចំ​ណែក​ខាង​តថាគត ពោល​យ៉ាង​នេះថា សូម្បី​ពួក​សត្វ​មាន​ជីវិត​ណា ដែល​នៅ​ក្នុង​អណ្ដូង​ស្មោក​គ្រោកក្ដី រណ្ដៅស្មោក​គ្រោក​ក្ដី ជន​ណា​ចាក់​នូវ​ទឹក​លាង​ចាន​ក្ដី ទឹក​លាង​ឆ្នាំង​ក្ដី ក្នុងទីស្មោកគ្រោកនោះ ដោយ​គិត​ថា ពួក​សត្វ​ណា មាន​ក្នុង​ទី​ស្មោក​គ្រោកនោះ សត្វ​ទាំង​នោះ ចូរញុំាង​ជីវិត ​ឲ្យ​រស់​នៅ ដោយកាក​អាហារ​នោះចុះ ម្នាល​វច្ឆៈ គ្រាន់​តែ​ប៉ុណ្ណឹង​ទេ តថាគតហៅថា ហេតុ​ជា​ទី​មក​ នៃបុណ្យ ចាំ​បាច់​ពោល​ទៅ​ថ្វី ​ដល់​ពួក​មនុស្ស។ ម្នាល​វច្ឆៈ តថាគត​គ្រាន់តែ​ពោល​ថា ទាន​ដែល​ឲ្យ​ដល់​បុគ្គល​មាន​សីល មាន​ផល​ច្រើន ដល់បុគ្គល​ទ្រុស្ត​សីល មិន​ដូច្នោះ​ទេ។ ព្រោះ​បុគ្គល​មាន​សីល​នោះ លះ​អង្គ​៥ ប្រកប​ដោយ​អង្គ​៥។ លះ​អង្គ​៥ ដូចម្ដេច។ គឺ​ជា​អ្នក​លះ​កាម​ច្ឆន្ទៈ ១ លះ​ព្យាបាទៈ ១ លះ​ថីនមិទ្ធៈ ​១ លះឧទ្ធច្ចកុក្កុច្ចៈ ១ លះ​វិចិកិច្ឆា​ ១។ នេះ​ឈ្មោះ​ថា​ លះ​អង្គ​៥។ បុគ្គល​ប្រកប​ដោយ​អង្គ​៥​ តើ​ដូច​ម្ដេច។ គឺ​ជា​អ្នក​ប្រកប​ដោយ​សីល​ក្ខន្ធ ​ជា​អសេក្ខៈ ១ ប្រកប​ដោយ​សមាធិក្ខន្ធ ជាអសេក្ខៈ ១ ប្រកប​ដោយ​បញ្ញា​ខន្ធ ​ជាអសេក្ខៈ ១ ប្រកប​ដោយ​វិមុត្តិក្ខន្ធ ជាអសេក្ខៈ ១ ប្រកប​ដោយ​វិមុត្តិ​ញ្ញាណ​ទស្សនក្ខន្ធ ជា​អសេក្ខៈ ១។ បុគ្គល​ប្រកប​ដោយ​អង្គ​ ទាំង​៥​នេះ។ តថាគត​ពោល​ថា ទាន​ដែល​បុគ្គលឲ្យ​ ចំពោះ​បុគ្គល​អ្នក​លះ​អង្គ​៥ ​ប្រកប​ដោយ​អង្គ​៥ ​​មាន​ផល​ច្រើន ដោយប្រការ​ដូច្នេះ។

គោឈ្មោល កើត​ក្នុង​ពួក​មេគោណាមួយ ទោះ​សម្បុរខ្មៅ​ក្ដី សក្ដី ក្រហម​ក្ដី លឿង​ក្ដី ពព្រុសក្ដី មានរូបរាង​ស្រដៀង​នឹង​កូន​វាក្ដី ប្រផេះក្ដី ដែល​គេ​បង្ហាត់ បាន​​បត់ ជា​គោសម្រាប់​ដឹក​នាំ បរិបូណ៌ ដោយ​កំឡាំង មាន​សន្ទុះ​ល្អ គេ​ទឹម​គោ​នោះ ​ក្នុង​រទេះ គេ​មិន​បាន​គិតគូរ ​ដល់​ពណ៌​សម្បុរ នៃ​គោ​នោះ​ឡើយ យ៉ាង​ណា​មិញ បុគ្គល​ល្អ កើត​ក្នុង​ត្រកូល​ណាមួយ ទោះ​ជាក្សត្រិយ៍​ក្ដី ព្រាហ្មណ៍​ក្ដី វេស្សៈក្ដី សុទ្ទៈក្ដី ចណ្ឌាលក្ដី បុក្កុសៈក្ដី ដែល​បាន​ទូន្មាន​ចិត្ត ឲ្យ​ប្រាស​ចាក​កិលេស ស្ថិត​នៅ​ក្នុង​ធម៌ បរិបូណ៌​ដោយ​សីល និយាយ​ពាក្យសច្ចៈ មាន​ចិត្ត​ប្រកប​ដោយ​ហិរិ លះ​ជាតិ​ និង​មរណៈ បរិបូណ៌​ដោយ​ព្រហ្មចារ្យ មាន​ភារៈដាក់​ចុះ​ហើយ ប្រាស​ចាក​រាគៈ​ មាន​សោឡ​សកិច្ច ​ធ្វើ​ស្រេច​​ហើយ មិនមាន​អាសវៈ ជាអ្នក​ដល់23) ​ត្រើយ នៃ​ធម៌​ទាំង​អស់24) ​មិន​ប្រកាន់​មាំ ប្រាស​ចាក​កំដៅ ​គឺ​កិលេស ទានដែល​បុគ្គល​ឲ្យ​ហើយ​ក្នុង​ខេត្ត ដែល​ប្រាសចាកធូលី មាន​រាគៈ​ ជា​ដើម​នោះ​ឯង ជា​ទាន​មាន​ផលធំទូលាយ ក៏​យ៉ាង​នោះ​ដែរ។ ចំ​ណែក​ខាង​ពួកបុគ្គល​ពាល អប្ប​ប្រាជ្ញា​ មិន​បាន​រៀន​សូត្រ មិន​ស្គាល់ (បុញ្ញក្ខេត្ត) រមែង​ឲ្យ​ទានខាង​ក្រៅ (ពុទ្ធសាសនា) មិន​ដែល​ចូល​ទៅ​ជិត​ពួក​សប្បុរស។ បើ​ពួក​បុគ្គលណា ចូល​ទៅ​ជិត​ពួក​សប្បុរស ជាអ្នក​មាន​ប្រាជ្ញា សន្មត​ថា ​ជា​អ្នក​ប្រាជ្ញ សទ្ធា​ជាឫសគល់​ របស់​ពួកបុគ្គល​នោះ ស្ថិត​នៅ​ក្នុង​ព្រះ​សុគត បុគ្គល​ទាំងនោះ រមែង​ទៅកាន់​ទេវលោក ឬក៏​កើត​ក្នុង​ត្រកូល (មានត្រកូល​ក្សត្រិយ៍ ​ជាដើម) នាលោក​នេះ ជាពួក​បណ្ឌិត សម្រេច​នូវ​ព្រះ​និព្វាន​តាម​លំដាប់។

(តិកណ្ណសូត្រ ទី៨)

(៨. តិកណ្ណសុត្តំ)

[៦០] គ្រានោះ​ឯង តិកណ្ណព្រាហ្មណ៍ ចូល​ទៅ​គាល់​ព្រះ​ដ៏​មានព្រះ​ភាគ លុះ​ចូល​ទៅដល់​ហើយ ក៏​ពោល​សេចក្ដី​រីករាយ​ ជាមួយ​នឹង​ព្រះ​ដ៏មាន​ព្រះ​ភាគ លុះបញ្ចប់​ពាក្យ​គួរ​រីករាយ​ និង​ពាក្យ​គួរ​រឭក​ហើយ ក៏​អង្គុយក្នុង​ទី​សម​គួរ​។ លុះ​តិកណ្ណ​ព្រាហ្មណ៍ ​អង្គុយ​ក្នុង​ទី​សម​គួរ​ហើយ ក៏​និយាយសរសើរ​ព្រាហ្មណ៍​ទាំង​ឡាយ អ្នក​បាន​វិជ្ជា​៣ ចំពោះ​ព្រះ​ភក្រ្ត​ព្រះ​ដ៏មានព្រះ​ភាគ​ថា ពួក​ព្រាហ្មណ៍​ បាន​វិជ្ជា​៣​យ៉ាង​នេះ ពួក​ព្រាហ្មណ៍​បានវិជ្ជា​៣ ដូច្នេះ។ ព្រះ​ដ៏​មាន​ព្រះ​ភាគ ​ទ្រង់​ត្រាស់​ថា ម្នាល​ព្រាហ្មណ៍ ចុះពួក​ព្រាហ្មណ៍ បញ្ញត្តព្រាហ្មណ៍​អ្នក​បាន​វិជ្ជា​៣​ដោយ​ប្រការ​យ៉ាង​ណា។ បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន ព្រាហ្មណ៍​ក្នុង​លោក​នេះ ជាឧភតោសុជាត (មាន​ជាតិ​ល្អ​ទាំង​ពីរខាង​) គឺ​អំពី​មាតា​​ផង អំពី​បិតាផង កើត​អំពី​ផ្ទៃ​ ដ៏បរិសុទ្ធ​ស្អាត ដែល​បុគ្គល​មិន​រង្កៀស មិន​តិះ​ដៀល ​ដោយ​ពោល​អំពី​ជាតិបាន​ ដរាប​អំពី​ជួរ​ជីតា​ គំរប់​ ៧ ជាអ្នក​រាយ​មន្ត ចេះ​ចាំ​មន្ត ជា​អ្នក​ដល់​ត្រើយ នៃ​ត្រៃ​វេទ ព្រម​ទាំង​គម្ពីរ​និឃណ្ឌុ​ និង​កេដុភៈ ​ព្រម​ទាំង​អក្ខរប្បភេទ គឺ​សិក្ខា និង​និរុត្តិ មាន​គម្ពីរឥតិ​ហាសៈ ​ជាគំរប់​៥ ជា​អ្នក​ចេះ​បទ​ និង​វេយ្យាករណ៍ ជា​អ្នក​មិន​ឱនថយ​ គឺ​ស្ទាត់​ជំនាញ ក្នុ​ង​លោកាយត​សាស្រ្ត​ និង​មហាបុរិសលក្ខណ​សាស្រ្ត។ បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន ពួក​ព្រាហ្មណ៍ បញ្ញត្តព្រាហ្មណ៍​ អ្នក​បាន​វិជ្ជា​៣ ​យ៉ាង​នេះ​ឯង។ ម្នាល​ព្រាហ្មណ៍ ពួកព្រាហ្មណ៍​ បញ្ញត្ត​ព្រាហ្មណ៍​ អ្នក​បាន​វិជ្ជា​៣ ​ដោយ​ឡែក ឯ​វិជ្ជា​៣​ ក្នុងវិន័យ​របស់​អរិយៈ​ ដោយ​ឡែក​។ បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ចុះវិជ្ជា​៣ ក្នុងវិន័យ​របស់​អរិយៈ តើដូច​ម្ដេច វិជ្ជា​៣ ក្នុង​វិន័យ​របស់​អរិយៈ យ៉ាង​ណា សូម​ព្រះ​គោតម​ដ៏​ចំរើន មេត្តា​សំដែង​ធម៌​យ៉ាង​នោះ​ ដល់​ខ្ញុំ​ព្រះ​អង្គ។ ម្នាលព្រាហ្មណ៍ បើដូច្នោះ អ្នក​ចូរ​ប្រុង​ស្ដាប់ ប្រុង​ធ្វើ​ទុក​ក្នុង​ចិត្ត ​ដោយ​ប្រពៃ​ចុះ តថាគត​នឹង​សំដែង។ តិកណ្ណ​ព្រាហ្មណ៍ ទទួល​ស្ដាប់ព្រះ​ដ៏​មាន​ព្រះភាគ​ថា ព្រះ​ករុណា ព្រះ​អង្គ។ ព្រះដ៏​មាន​ព្រះ​ភាគ​ បាន​ត្រាស់​ដូច្នេះថា ម្នាលព្រាហ្មណ៍ ភិក្ខុ​ក្នុង​សាសនានេះ ស្ងាត់​ចាក​កាម​ទាំង​ឡាយ ស្ងាត់​ចាកអកុសល​ធម៌​ទាំង​ឡាយ ចូល​កាន់​បឋម​ជ្ឈាន ប្រកប​ដោយ​វិត្តកៈ​ និង​វិចារៈ មាន​បី​តិ​ និង​សុខ​ កើត​អំពី​វិវេក សម្រេច​សម្រាន្ត​នៅ ព្រោះ​ស្ងប់​វិតក្កៈ វិចារៈ​ ក៏​ចូល​ដល់​ទុតិយ​ជ្ឈាន​ ជា​ធម្ម​ជាត​កើត​មាន​ក្នុង​សន្តាន​នៃ​ខ្លួន ប្រកបដោយ​សេចក្ដី​ជ្រះ​ថ្លា មាន​សភាព​ជា​ចិត្តខ្ពស់​ឯក មិន​មាន​វិតក្កៈ វិចារៈ មាន​តែ​បី​តិ ​និង​សុខ​ កើត​អំពី​សមា​ធិ សម្រេច​សម្រាន្ត​នៅ ព្រោះ​ប្រាសចាកបី​តិ​ផង ជា​អ្នក​ព្រងើយ​កន្ដើយ មាន​សតិ​សម្បជញ្ញៈផង ទទួល​សុខដោយ​នាម​កាយ​ផង ព្រះ​អរិយៈ​ទាំង​ឡាយ តែង​សរសើរ​បុគ្គល ​ដែលបាន​តតិយជ្ឈាន​នោះ​ថា ​ប្រកប​ដោយ​ឧបេក្ខា​ មាន​ស្មារតី មាន​កិរិយានៅ​ជាសុខ ​ដូច្នេះ ព្រោះ​តតិយ​ជ្ឈានណា ក៏​ចូល​កាន់​តតិយ​ជ្ឈាន​នោះ​ សម្រេចសម្រាន្ត​នៅ ព្រោះ​លះ​បង់​សុខ​ផង លះ​បង់​ទុក្ខ​ផង អស់​សោមនស្ស ទោមនស្ស ក្នុង​កាល​មុន​ផង ក៏​ចូល​កាន់​ចតុត្ថ​ជ្ឈាន មាន​អារម្មណ៍​មិនជាទុក្ខ មិន​ជាសុខ មានសតិ​ ដ៏​បរិសុទ្ធ​ដោយ​ឧបេក្ខា​ សម្រេច​សម្រាន្ត​នៅ។ កាល​បើ​ចិត្ត តាំង​ខ្ជាប់​ខ្ជួន បរិសុទ្ធ​ស្អាត មិន​មា​ន​កិលេស ​ប្រាស​ចាកឧបក្កិលេស ​ជាចិត្ត​ទន់ គួរ​ដល់​ភាវនាកម្ម ជាចិត្ត​មិន​ញាប់​ញ័រ​យ៉ាង​នេះហើយ ភិក្ខុ​នោះ ​ក៏​បង្អោន​ចិត្ត​ទៅ ​ដើម្បី​បុព្វេ​និវា​សានុ​ស្ស​តិញ្ញាណ​ភិក្ខុ​នោះ រឭក​ឃើញ​នូវ​ខន្ធ ​ដែល​សត្វ​អាស្រ័យ​នៅ ​ក្នុង​កាល​មុន ​ជាច្រើន​ប្រការ គឺរឭក​បាន​១​ជាតិ​ខ្លះ ​២​ជាតិ​ខ្លះ ​៣​ជាតិ​ខ្លះ ៤​ជាតិ​ខ្លះ ៥​ជាតិ​ខ្លះ​ ១០​ជាតិខ្លះ ២០​ជាតិ​ខ្លះ ៣០​ជាតិ​ខ្លះ ៤០​ជាតិខ្លះ ៥០​ជាតិ​ខ្លះ ១០០ជាតិខ្លះ ១០០០ជាតិ​ខ្លះ ១០០.០០០ជាតិ​ខ្លះ រឭក​អស់​សំវដ្ដ​កប្ប​ជាច្រើន វិវដ្ដកប្បជាច្រើន សំវដ្ដវិវដ្ដ​កប្បជា​ច្រើនក៏​បាន ​ថា អាត្មាអញ​ បាន​កើតក្នុង​ភពឯណោះ មាន​ឈ្មោះ​យ៉ាង​នេះ មាន​គោត្រ​យ៉ាងនេះ មាន​សម្បុរ​យ៉ាងនេះ មាន​អាហារ​យ៉ាង​នេះ បាន​ទទួល​សុខ ​និង​ទុក្ខយ៉ាង​នេះ មាន​កំណត់អាយុ​ត្រឹម​ប៉ុណ្ណេះ លុះ​អាត្មា​អញ​នោះ ច្យុ​ត​ចាកអត្ត​ភាព​នោះ​ហើយ ក៏​បាន​ទៅកើត​ ក្នុង​ភព​ឯណោះ ដែល​កើត​ក្នុង​ភព​នោះ មាន​ឈ្មោះ​យ៉ាងនេះ មាន​គោត្រ​យ៉ាង​នេះ មាន​សម្បុរ​យ៉ាង​នេះ មាន​អាហារ​យ៉ាង​នេះ បាន​ទទួល​សុខ​ និង​ទុក្ខ​យ៉ាង​នេះ មាន​កំណត់​អាយុ​ត្រឹម​ប៉ុណ្ណេះ អាត្មាអញ​នោះ លុះ​ច្យុត​ចាក​អត្ត​ភាព​នោះ​ហើយ ក៏​បាន​មក​កើត​ក្នុង​ភពនេះ ភិក្ខុ​នោះ ​រឭក​បាន​នូវ​ខន្ធ​ ដែលខ្លួន​នៅ ក្នុង​កាល​មុន​ ជា​ច្រើន​ប្រការ ​ព្រម​ទាំង​អាការៈ គឺ​សម្បុរ​ និង​អាហារ ​ជាដើម ព្រម​ទាំង​ឧទ្ទេស គឺ​ឈ្មោះ និង​គោត្រ​ ដោយ​ប្រការ​ដូច្នេះ។ នេះ​ជា​វិជ្ជា​ទី​១ ដែល​ភិក្ខុ​នោះ​បានសម្រេច​ហើយ អវិជ្ជាក៏​បាត់​ទៅ វិជ្ជា​ក៏​កើត​ឡើង ងងឹត​បាត់​ទៅ ពន្លឺក៏កើត​ឡើង ​(​ជា​ផល) សម​គួរ​ដល់​ភិក្ខុ​មិន​មាន​សេចក្ដី​ប្រមាទ មាន​សេចក្ដីព្យាយាម ជាគ្រឿង​ដុត​កំដៅ​កិលេស មាន​ចិត្ត​បញ្ជូន​ទៅ​រក​ព្រះ​និព្វាន។ កាល​បើ​ចិត្តតាំង​ខ្ជាប់​ខ្ជួន បរិសុទ្ធ​ស្អាត មិន​មាន​កិលេស ប្រាស​ចាកឧបក្កិលេស ជាចិត្ត​ទន់ គួរ​ដល់​ភាវនាកម្ម ជាចិត្ត​មិន​ញាប់​ញ័រ ​យ៉ាងនេះ​ហើយ ភិក្ខុ​នោះ ​ក៏​បង្អោន​ចិត្ត​ទៅ ដើម្បីសត្តានំ ចុតូប​បាតញ្ញាណ ភិក្ខុ​នោះ មាន​ចក្ខុ​ដូច​ជាទិព្វ ដ៏​បរិសុទ្ធ កន្លង​ចក្ខុ​ជា​របស់​មនុស្ស​ធម្មតា រមែង​ឃើញ​ពួក​សត្វ ​ដែល​កំពុង​ច្យុត ដែល​កំពុង​កើត ដឹង​ច្បាស់​នូវ​ពួកសត្វ​ថោក​ទាប ឧត្តម មាន​សម្បុរ​ល្អ មាន​សម្បុរ​អាក្រក់ មាន​គតិ​ល្អ មានគតិ​អាក្រក់ ដែល​ប្រព្រឹត្ត​ទៅ ​តាម​កម្ម​របស់​ខ្លួន​ថា ​អើហ្ន៎ ពួក​សត្វ​នេះ ប្រកប​ដោយ​កាយ​ទុច្ច​រិត ​ប្រកប​ដោយ​វចី​ទុច្ចរិត ប្រកប​ដោយ​មនោទុច្ចរិត ជា​អ្នក​តិះ​ដៀល​ព្រះ​អរិយៈ​ទាំង​ឡាយ ជា​មិច្ឆា​ទិដ្ឋិ ប្រកាន់​អំពើ​មិច្ឆាទិដ្ឋិ សត្វ​ទាំងនោះ ​លុះ​បែក​ធ្លាយ​រាង​កាយ ស្លាប់​ទៅ​ ក៏​ទៅ​កើត​ក្នុង​អបាយ ទុគ្គតិ វិនិបាត នរក អើហ្ន៎ ឯ​ពួក​សត្វ​ទាំង​អម្បាល​នេះ ​បាន​ប្រកប​ដោយ​កាយ​សុចរិត ប្រកប​ដោយ​វចី​សុចរិត ប្រកប​ដោយ​មនោសុចរិត មិន​តិះ​ដៀលព្រះ​អរិយៈ​ទាំង​ឡាយ ជា​សម្មា​ទិដ្ឋិ​ ប្រកាន់​អំពី​ជា​សម្មា​ទិដ្ឋិ សត្វ​ទាំង​នោះ ​លុះ​​បែក​ធ្លាយ​រាង​កាយ​ ស្លាប់​ទៅ ក៏​ទៅ​កើត​ក្នុង​សុ​គតិ សួគ៌ ទេវលោក ភិក្ខុ​នោះ មាន​ចក្ខុ​ដូចជា​ទិព្វ ដ៏​បរិសុទ្ធ កន្លង​ចក្ខុ​របស់​មនុស្ស​ធម្មតា រមែង​ឃើញ​ពួក​សត្វ ដែល​ច្យុត ដែល​កើត ក៏ដឹង​ច្បាស់ ​នូវ​ពួក​សត្វថោក​ទាប ​ឧត្ដម ​មាន​សម្បុរ​ល្អ សម្បុរ​អាក្រក់ មាន​គតិ​ល្អ ​គតិ​អាក្រក់ ​ដែលប្រព្រឹត្ត​ទៅ​ តាម​កម្ម​របស់​ខ្លួន​ ដោយ​ប្រការ​ដូច្នេះ។ នេះ​ជាវិជ្ជា​ទី២ ដែលភិក្ខុ​នោះ ​បាន​សម្រេច​ហើយ អវិជ្ជា​បាត់​ទៅ​ វិជ្ជា​ក៏​កើត​ឡើង ងងឹត​បាត់​ទៅ ពន្លឺ​ក៏​កើត​ឡើង (​ជាផល)​ សម​គួរ​ដល់​ភិក្ខុ​អ្នក​មិន​ប្រមាទ មាន​ព្យាយាម ជា​គ្រឿង​ដុត​កំដៅ​កិលេស មាន​ចិត្ត​បញ្ជូន​ទៅ​រក​ព្រះ​និព្វាន។ កាល​បើចិត្ត តាំង​ខ្ជាប់​ខ្ជួន​ បរិសុទ្ធ ​ផូរ​ផង់ មិន​មាន​កិលេស ប្រាសចាក​ឧបក្កិលេស មាន​សភាព​ជាចិត្ត​ទន់ គួរ​ដល់ភាវនាកម្ម ជា​ចិត្ត​មិន​ញាប់​ញ័រ​ យ៉ាង​នេះហើយ ភិក្ខុនោះ ​ក៏​បង្អោន​ចិត្ត​ទៅ ដើម្បី​អាសវក្ខ​យញ្ញាណ ភិក្ខុ​នោះ ដឹង​ច្បាស់​តាម​ពិត​ថា នេះ​ជា​ទុក្ខ ដឹង​ច្បាស់​តាម​ពិត​ថា នេះ​ជា​ហេតុ​នាំ​ឲ្យកើត​ទុក្ខ ដឹង​ច្បាស់​តាម​ពិតថា នេះ​ជា​សេចក្ដី​រលត់​ទុក្ខ ដឹង​ច្បាស់​តាមពិត​ថា នេះ​ជា​បដិបទា​ នាំ​ឲ្យ​បាន​ដល់​នូវ​សេចក្ដី​រលត់​ទុក្ខ ដឹង​ច្បាស់​តាមពិតថា ​នេះ​ជា​អាសវៈ​ទាំង​ឡាយ ដឹង​ច្បាស់​តាម​ពិត​ថា នេះ​ជា​ហេតុនាំឲ្យ​កើត​អាសវៈ ដឹង​ច្បាស់​តាម​ពិត​ថា នេះ​ជា​សេចក្ដី​រលត់​អាសវៈ ដឹងច្បាស់​តាម​ពិត​ថា នេះ​ជាបដិបទា​ នាំ​ឲ្យ​ដល់​នូវ​សេចក្ដី​រលត់​អាសវៈ។ កាល​ភិក្ខុ​នោះ​ ដឹង​​យ៉ាង​នេះ ​ឃើញ​យ៉ាង​នេះ ចិត្ត​ក៏​ផុត​ស្រឡះ ចាក​កាមា​សវៈផង ចិត្ត​ក៏​ផុត​ស្រឡះ​ ចាក​ភវាសវៈផង ចិត្ត​ក៏​ផុត​ស្រឡះ ចាក​អវិជ្ជា​សវៈផង កាល​បើ​ចិត្ត​ផុត​ស្រឡះ​ហើយ ញាណ​ក៏​កើត​ឡើង​ថា ចិត្ត​ផុត​ស្រឡះ​ហើយ ដឹង​ច្បាស់​ថា ជាតិ​អស់​ហើយ ព្រហ្ម​ចរិយៈ​ អាត្មា​អញ បានប្រព្រឹត្តស្រេចហើយ ​សោឡ​សកិច្ច​ អាត្មា​អញ ​បាន​ធ្វើ​ស្រេច​ហើយ មគ្គ​ភាវ​នា​កិច្ចដទៃ ​ប្រព្រឹត្ត​ទៅ ដើម្បី​សោឡ​សកិច្ច​នេះ​ទៀត ​មិន​មាន​ឡើយ។ នេះជាវិជ្ជា​ទី​៣ ដែល​ភិក្ខុ​នោះ បាន​សម្រេច​ហើយ អវិជ្ជាបាត់​ទៅ វិជ្ជាក៏​កើត​ឡើង ងងឹត​បាត់ទៅ ពន្លឺ​ក៏កើត​ឡើង (​ជា​ផល) សម​គួរ​ដល់​ភិក្ខុអ្នក​មិន​ប្រមាទ មា​ន​ព្យាយាម ​ជា​គ្រឿង​ដុត​កំដៅ​កិលេស មាន​ចិត្ត​បញ្ជូនទៅ​រក​ព្រះ​និព្វាន។

ចិត្ត​របស់​បុគ្គល​ណា មាន​សីល​មិន​ខ្ពស់​ទាប មាន​ប្រាជ្ញាចាស់​ក្លា អ្នក​ដុត​កំដៅ​កិលេស ជា​ចិត្ត​ដ៏​ស្ទាត់ ​មាន​អារម្មណ៍តែ​មួយ​ តាំង​ខ្ជាប់​ខ្ជួន (​ដោយ​អារម្មណ៍) ពួក​អ្នក​ប្រាជ្ញ ហៅ​បុគ្គល​នោះ ថា​ជា​អ្នក​បន្ទោបង់​ នូវ​ងងឹត ជា​អ្នកប្រាជ្ញ​បាន​វិជ្ជា ៣ លះ​បង់​មច្ចុ ជា​ប្រយោជន៍​ដល់ទេវតា និង​មនុស្ស​ លះ​បង់​នូវ​បាប​ធម៌​ទាំង​អស់ បរិបូណ៌ដោយ​​វិជ្ជា ៣ មានកិរិយា នៅ​ដោយ​សេចក្ដី​មិន​ភាន់​ច្រឡំ ចាក់​ធ្លុះ​នូវ​សច្ចៈ ​ទាំង​៤ ទ្រទ្រង់​នូវ​សរី​រៈ ​មាន​ក្នុង​ទី​បំផុត ពួក​ទេវតា​ និង​មនុស្ស​ តែង​នមស្ការ​ព្រះ​គោតមនោះ។ បុគ្គល​ណា​ដឹង​នូវ​បុព្វេ​និវាស ឃើញ​នូវ​សួគ៌​ និង​អបាយ មួយ​ទៀត ជាខី​ណា​សវមុនិ ដល់​នូវ​ការ​អស់​ទៅ​នៃ​ជាតិដឹង​ហើយ បាន​សម្រេច​សម្រាន្ត​នៅ ​ដោយ​ទី​បំ​ផុត ​នៃកិច្ច បាន​វិជ្ជា​៣ ដោយ​វិជ្ជា​៣​នុ៎ះ តថាគត ​ហៅ​បុគ្គល​អ្នក​បានវិជ្ជា​៣​នោះ​ ថា​ជា​ព្រាហ្មណ៍ មិន​មែន​ហៅ​បុគ្គល​ដទៃ តាម​ពាក្យ​ដែល​គេ​ធ្លាប់​ហៅ​ឡើយ។

ម្នាល​ព្រាហ្មណ៍ វិជ្ជា​៣​ ក្នុង​វិន័យ​របស់​អរិយៈ​ យ៉ាង​នេះឯង​។ បពិត្រព្រះ​គោតម​ដ៏​ចំ​រើន វិជ្ជា​៣​ របស់​ព្រាហ្មណ៍​ទាំង​ឡាយ​ ដោយ​ឡែក វិជ្ជា​៣ ក្នុង​វិន័យ​របស់​អរិយៈ​ ដោយ​ឡែក បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន តែថា វិជ្ជា៣ ​របស់​ព្រាហ្មណ៍​ទាំង​ឡាយ មិន​ដល់​នូវ​ចំ​ណែក​ ទី​១៦ ៗ ដង ​នៃវិជ្ជា ៣ ​ក្នុង​វិន័យ​របស់​អរិយៈនេះ​ទេ។ បពិត្រ​ព្រះគោតម​ដ៏​ចំរើន ភ្លឺ​ច្បាស់​ណាស់​។ ​បេ។ សូម​ព្រះ​គោតម​ដ៏​ចំរើន ចាំ​ទុក​ នូវ​ខ្ញុំ​ព្រះ​អង្គ​ថា ​ជាឧ​បាសក អ្នក​ដល់​សរណគមន៍ ​ស្មើ​ដោយ​ជី​វិត​ តាំង​ពី​ថ្ងៃ​នេះ ​ជា​ដើម​ទៅ។

(ជាណុស្សោណិសូត្រ ទី៩)

(៩. ជាណុស្សោណិសុត្តំ)

[៦១] គ្រា​នោះ​ឯង ជានុស្សោ​ណី​ព្រាហ្មណ៍ ចូល​ទៅ​គាល់ព្រះ​ដ៏​មាន​ព្រះ​ភាគ។ ​បេ។ លុះ​ជានុ​ស្សោណី​ព្រាហ្មណ៍ ​អង្គុយ​ក្នុង​ទី​សម​គួរហើយ បាន​ក្រាប​បង្គំ​ទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ដូច្នេះ​ថា បពិត្រ​ព្រះ​គោតមដ៏​ចំ​រើន គ្រឿង​បូជា​ក្ដី មតកភត្ត ​ដែល​ឲ្យ​ដោយ​សទ្ធា​ក្ដី អាហារ​ជាសំរាប់ ដែល​គប្បី​ឲ្យ ​ដល់​បុគ្គល​ដទៃ​ក្ដី ទេយ្យ​ធម៌ ​គឺ​វត្ថុ​ក្រៅ​ពី​នោះ​ក្ដី របស់​បុគ្គលណា បុគ្គល​នោះ ​គួរ​ឲ្យ​ទាន ចំពោះ​ព្រាហ្មណ៍​ទាំង​ឡាយ អ្នក​បាន​វិជ្ជា​៣ដែរ​ឬទេ។ ព្រះ​ដ៏​មាន​ព្រះ​ភាគ ​ទ្រង់​ត្រាស់​ថា ម្នាល​ព្រាហ្មណ៍ ចុះ​ពួកព្រាហ្មណ៍​ បញ្ញត្តព្រាហ្មណ៍​អ្នក​មាន​វិជ្ជា​៣​ ដោយ​ប្រការ​យ៉ាង​ណា។ ​បពិត្រព្រះ​គោតម​ដ៏ចំរើន ព្រាហ្មណ៍​ក្នុង​លោក​នេះ ​ជា​ឧភតោ​សុជាត (​មាន​ជាតិល្អទាំង​ពីរ​ខាង) គឺ​ខាង​មាតា និង​ខាង​បិតា កើត​អំពី​គភ៌​ ដ៏​បរិសុទ្ធ មិន​មានបុគ្គល​រង្កៀស មិន​មាន​គេ​តិះ​ដៀល ​ដោយ​ពោល​អំពី​ជាតិ​កំណើត​បាន ដរាប​អំពី​ជួរ​ នៃជីតា ​គំរប់​៧ ស្វាធ្យាយ ​ទ្រទ្រង់​នូវ​មន្ត ដល់​ត្រើយ​ នៃ​ត្រៃ​វេទ ព្រម​ទាំង​គម្ពីរ​និឃណ្ខុ និង​កេដុភៈ ព្រម​ទាំង​អក្ខរ​ប្បភេទ គឺ​សិក្ខា ​និង​និរុត្តិ ដែល​មាន​គម្ពីរ​ឈ្មោះ​ ឥតិហាសៈ​ ជា​គំរប់​៥ ជាអ្នក​ចេះ​បទ​ និង​វេយ្យាករណ៍ ជា​អ្នក​ស្ទាត់​ជំនាញ ក្នុង​លោកាយ​តសាស្រ្ត និង​មហា​បុរិស​លក្ខណៈ។ បពិត្រ​ព្រះ​គោតម​ដ៏​ចំ​រើន ពួក​ព្រាហ្មណ៍ បញ្ញត្ត​ព្រាហ្មណ៍​អ្នក​បាន​វិជ្ជា៣​ យ៉ាង​នេះឯង។ ម្នាល​ព្រាហ្មណ៍ ពួក​ព្រាហ្មណ៍ បញ្ញត្ត​ព្រាហ្មណ៍ ​អ្នកបានវិជ្ជា​៣ ដោយ​ឡែក ឯ​វិជ្ជា​៣ ក្នុង​វិន័យ​របស់​អរិយៈ ​ដោយឡែក។ បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន ចុះ​វិជ្ជា​៣ ក្នុង​វិន័យ​របស់​អរិយៈ ​តើដូច​ម្ដេច វិជ្ជា​៣ ​ក្នុង​វិន័យ​របស់​អរិយៈ​យ៉ាង​ណា សូម​ព្រះ​គោតម​ដ៏​ចំរើន មេត្តាប្រោស​សំដែង​ធម៌ ​ដល់​ខ្ញុំ​ព្រះ​អង្គ ​យ៉ាង​នោះ។ ម្នាល​ព្រាហ្មណ៍ បើ​ដូច្នោះ អ្នក​ចូរ​ប្រុង​ស្ដាប់ ចូរ​ធ្វើ​ទុក​ក្នុង​ចិត្ត ​ដោយ​ប្រពៃ​ចុះ តថាគត​នឹង​សំដែង។ ជា​នុស្សោ​ណី​ព្រាហ្មណ៍ ទទួល​ស្ដាប់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ថា ព្រះ​ករុ​ណា ​ព្រះ​​អង្គ។ ព្រះ​ដ៏​មាន​ព្រះ​ភាគ ​ទ្រង់​ត្រាស់​ដូច្នេះថា ម្នាល​ព្រាហ្មណ៍ ភិក្ខុក្នុង​សាសនានេះ ស្ងាត់​ចាក​កាម​ទាំង​ឡាយ។ ​បេ។ ក៏​ចូល​ចតុ​ត្ថ​ជ្ឈាន។ កាល​បើ​ចិត្ត តាំង​ខ្ជាប់​ខ្ជួន បរិសុទ្ធ​ស្អាត ឥត​មាន​កិលេស ប្រាសចាកឧបក្កិលេស ជា​ចិត្ត​ទន់ គួរ​ដល់​ភាវនា​កម្ម ជាចិត្ត​នឹង​ធឹង មិន​ញាប់ញ័រ​ យ៉ាង​នេះ​ហើយ ភិក្ខុ​នោះ ​ក៏​បង្អោន​ចិត្ត​ទៅ ដើម្បី​បុព្វេនិវាសានុស្សតិញ្ញាណ ភិក្ខុ​នោះ រឭក​ឃើញ​ នូវ​បុព្វេ​និវាស​ច្រើន​ប្រការ។ បេ។ នេះ​ជា​វិជ្ជា​ទី​១ ដែល​ភិក្ខុ​នោះ ​បាន​សំរេច​ហើយ អវិជ្ជា​បាត់​ទៅ វិជ្ជា​ក៏កើត​ឡើង ងងឹត​បាត់​ទៅ ពន្លឺក៏​កើត​ឡើង (​ជា​ផល​) សម​គួរ​ដល់​ភិក្ខុអ្នក​មិន​ប្រមាទ មាន​ព្យាយាម​ ​ជា​គ្រឿង​ដុត​កំ​ដៅ​កិលេស មាន​ចិត្ត​បញ្ជូនទៅ​រក​ព្រះ​និព្វាន។ កាល​បើចិត្ត​ តាំង​ខ្ជាប់ ​បរិសុទ្ធ​ស្អាត ឥត​មាន​កិលេស ប្រាស​ចាក​ឧបក្កិលេស ជាចិត្ត​ទន់ គួរ​ដល់​ភាវនា​កម្ម ជាចិត្ត​នឹង​ធឹង ​មិនញាប់​ញ័រ​ យ៉ាង​នេះ​ហើយ ភិក្ខុ​នោះ ​ក៏​បង្អោន​ចិត្ត​ទៅ​ ដើម្បី សត្តា​នំ ចុតូបបាតញ្ញាណ ភិក្ខុ​នោះ ​មាន​ចក្ខុ​ដូច​ជាទិព្វ ​ដ៏​បរិសុទ្ធ ​កន្លង​បង់​ចក្ខុ​ជារបស់មនុស្ស​ធម្មតា ឃើញ​ពួក​សត្វ​។ ​បេ។ នេះ ជា​វិជ្ជា​ទី​២ ដែល​ភិក្ខុ​នោះ ​បានសម្រេច​ហើយ​ អវិជ្ជា​បាត់​ទៅ​ វិជ្ជា​ក៏​កើត​ឡើង ងងឹត​បាត់​ទៅ​ ពន្លឺ​ក៏​កើត​ឡើង (​ជា​ផល) សម​គួរ​ដល់​ភិក្ខុ​អ្នក​មិន​មាន​សេចក្ដី​ប្រមាទ មាន​ព្យាយាម​ ជាគ្រឿង​ដុត​កំ​ដៅ​កិលេស មាន​ចិត្ត​បញ្ជូន​ទៅ​រក​ព្រះ​និព្វាន។ កាល​បើចិត្ត តាំង​ខ្ជាប់​ខ្ជួន បរិសុទ្ធ​​ស្អាត ឥត​មាន​កិលេស ប្រាស​ចាកឧបក្កិលេស ជា​ចិត្ត​ទន់ គួរ​ដល់​ភាវ​នាកម្ម ជា​ចិត្ត​នឹង​ធឹង មិន​ញាប់ញ័រ​ យ៉ាង​នេះ​ហើយ ភិក្ខុ​នោះ ​ក៏​បង្អោន​ចិត្ត​ទៅ ដើម្បី​អាសវក្ខ​យញ្ញាណ ភិក្ខុ​នោះ ដឹង​ច្បាស់​តាម​ពិត​ថា នេះ​ជា​ទុក្ខ។ ​បេ។ ដឹង​ច្បាស់​តាម​ពិត​ថា នេះជាបដិបទា នាំ​ឲ្យ​ដល់​សេចក្ដី​រលត់​ទុក្ខ។ ​​ដឹង​ច្បាស់​តាម​ពិត​ថា ទាំង​អស់នេះ ​ជា​អាសវៈ។ ​បេ។ ដឹង​ច្បាស់​តាម​ពិត​ថា នេះ​ជាបដិបទា នាំ​ឲ្យ​បាន​ដល់សេចក្ដី​រលត់​អាសវៈ។ កាល​ភិក្ខុ​នោះ ​ដឹង​យ៉ាង​នេះ ឃើញ​យ៉ាង​នេះ ចិត្ត​ក៏​រួចស្រឡះ ចាក​កាមា​សវៈ​ផង ចិត្ត​ក៏​រួច​ស្រឡះ ចាក​ភវាសវៈ​ផង ចិត្តក៏​រួច​ស្រឡះ ចាក​អវិជ្ជា​សវៈ​ផង កាល​ចិត្ត​រួច​ស្រឡះ​ហើយ ញាណ​កើតឡើង​ថា ចិត្ត​រួច​ស្រឡះ​ហើយ ដឹង​ច្បាស់​ថា ជាតិ​អស់​ហើយ ព្រហ្មចរិយធម៌ អាត្មាអញ ​បាន​ប្រព្រឹត្ត​ស្រេច​ហើយ សោឡ​សកិច្ច ​អាត្មា​អញ ​បានធ្វើ​ស្រេច​ហើយ មគ្គភាវ​នាកិច្ច​ដទៃ ​ប្រព្រឹត្តទៅ ដើម្បី​សោឡ​សកិច្ច​នេះទៀត ​មិន​មាន​ឡើយ នេះ​ជា​វិជ្ជា​ទី៣ ដែល​ភិក្ខុ​នោះ​ បាន​សម្រេច​ហើយ អវិជ្ជា​បាត់​ទៅ វិជ្ជា​ក៏​កើត​ឡើង​ ងងឹត​បាត់​ទៅ ពន្លឺ​ក៏​កើត​ឡើង ​(​ជា​ផល) សម​គួរ​ដល់​ភិក្ខុ​អ្នក​មិន​មាន​សេចក្ដី​ប្រមាទ មាន​ព្យាយាម ជា​គ្រឿងដុត​កំដៅ​កិលេស មាន​ចិត្ត​បញ្ជូន​ទៅ​រក​ព្រះ​និព្វាន។

បុគ្គល​ណា បរិបូណ៌​ដោយ​សីល​ និង​វ័ត មាន​ចិត្ត​បញ្ជូន​ទៅរកព្រះនិព្វាន មាន​ចិត្ត​ដំកល់​មាំ ចិត្ត​របស់​បុគ្គល​ណា ស្ទាត់ ប្រសើរ​ឯក ខ្ជាប់​ខ្ជួន​ប្រពៃ បុគ្គលណា ដឹង​នូវ​បុព្វេ​និវាស​ផង ឃើញ​នូវ​សួគ៌​ និង​អបាយ​ផង មួយ​ទៀត ដល់​នូវ​កា​រអស់​ទៅនៃជាតិ បាន​ដឹង​ច្បាស់​ហើយ សម្រេច​សម្រាន្ត​នៅ ដោយទី​បំផុត​នៃកិច្ច ជា​ខីណា​សវមុនិ អ្នក​បាន​វិជា្ជ​៣ ដោយ​វិជ្ជា៣​នុ៎ះ តថាគត ​ហៅ​បុគ្គល អ្នក​បាន​វិជ្ជា​៣​នោះ ថាជាព្រាហ្មណ៍ ​មិន​ហៅ​បុគ្គល​ដទៃ ​តាម​ពាក្យ ដែល​គេ​ធ្លាប់​ពោលឡើយ។

ម្នាល​ព្រាហ្មណ៍ វិ​ជ្ជា​៣​ក្នុង​វិ​ន័យ​របស់​អរិយៈ យ៉ាង​នេះ​ឯង។ បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន វិជ្ជា​៣ ​របស់​ពួក​ព្រាហ្មណ៍ ដោយ​ឡែក​ ឯវិជ្ជា៣ ក្នុង​វិន័យ​​របស់​អរិយៈ​ ដោយ​ឡែក បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន វិជ្ជា​៣ របស់​ពួក​ព្រាហ្មណ៍ មិន​ដល់​នូវ​ចំ​ណែក ​ទី​១៦​ៗ​ដង នៃ​វិជ្ជា ៣​ ក្នុង​វិន័យរបស់​អរិយៈ​នេះ​ទេ។ បពិត្រ​ព្រះ​គោតម​​ដ៏​ចំរើន ភ្លឺ​ច្បាស់​ណាស់​។ បេ។ សូម​ព្រះ​គោតម​ដ៏​ចំរើន ចាំ​ទុក​នូវ​ខ្ញុំ​ព្រះ​អង្គ​ថា​ជា​ឧបាសក ​ដល់​នូវ​សរណៈ ស្មើ​ដោយ​ជីវិត តាំង​ពី​ថ្ងៃ​នេះ ​ជាដើម​ទៅ។

(សង្គារវសូត្រ ទី១០)

(១០. សង្គារវសុត្តំ)

[៦២] គ្រា​នោះ​ឯង សង្គារវ​ព្រាហ្មណ៍​ ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ លុះ​ចូល​ទៅ​ដល់​ហើយ ក៏​ធ្វើ​សេចក្ដី​រីករាយ ​ជាមួយ​នឹង​ព្រះ​ដ៏​មាន​ព្រះភាគ លុះ​បញ្ចប់​ពាក្យ​ ដែល​គួរ​រីករាយ និង​ពាក្យ​គួរ​រឭក​ហើយ​ ក៏​អង្គុយ​ក្នុងទី​សម​គួរ។ លុះ​សង្គារ​វព្រាហ្មណ៍ អង្គុយក្នុង​ទី​សម​គួរ​ហើយ បានក្រាប​បង្គំ​ទូល​ព្រះ​មាន​ព្រះ​ភាគ​ដូច្នេះ​ថា បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន យើងទាំង​ឡាយ ​ឈ្មោះ​ថា​ជា​ព្រាហ្មណ៍ បូជា​នូវ​យញ្ញ​ខ្លួន​ឯង​ខ្លះ ប្រើ​គេ​ឲ្យ​បូជា​ខ្លះ បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន ក្នុង​ដំណើរ​នោះ ព្រាហ្មណ៍​ណា បូជាយញ្ញ ដោយ​ខ្លួន​​ឯង​ផង ព្រាហ្មណ៍​ណា ប្រើ​គេ​ឲ្យ​បូជា​ផង ព្រាហ្មណ៍ទាំង​អស់​នោះ ឈ្មោះ​ថា ប្រតិ​បត្តិ ​នូវ​សេចក្ដី​ប្រតិប័ទ​ ជា​ហេតុ​ឲ្យ​កើត​បុណ្យ ដែល​ប្រ​ព្រឹត្ត​ទៅ ក្នុង​សរី​រៈ​ដ៏​ច្រើន ព្រោះ​ហេតុ​តែ​ការ​បូជា​នេះ​ បពិត្រ​ព្រះគោតម​ដ៏​ចំរើន ចំ​ណែក​ខាង​បុគ្គល​ណា ចេញ​ចាក​ត្រកូលណាក្ដី ចេញចាក​ផ្ទះ​ណាក្ដី ហើយ​បួស​ក្នុង​សំ​ណាក់​បុគ្គល​មិន​មាន​ផ្ទះ ក៏​ទូន្មាន​ចំពោះ​ខ្លួន​មួយ​ៗ រម្ងាប់​ចំពោះ​ខ្លួន​មួយ​ៗ រំលត់​ទុក្ខ ​ចំ​ពោះ​ខ្លួន​មួយ​ៗ បុញ្ញប្បដិបទានេះ ប្រពឹត្ត​ទៅ​ក្នុង​សរី​រៈតែ​មួយ រមែង​មាន​ដល់​បុគ្គល​នោះ ​យ៉ាង​នេះ ព្រោះ​ហេតុ​តែ​បព្វ​ជ្ជា​នេះ។ ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ទ្រង់​ត្រាស់​ថា ម្នាលព្រាហ្មណ៍ បើ​ដូច្នោះ តថាគត​ នឹង​ត្រឡប់​សួរ​ដំ​ណើរ​នោះ ​ចំ​ពោះ​អ្នក​វិញ អ្នក​គាប់​ចិត្ត​យ៉ាង​ណា គប្បី​ដោះ​ស្រាយ​ប្រស្នា​នោះ​ យ៉ាង​នោះ​ចុះ។ ម្នាល​ព្រាហ្មណ៍ អ្នក​សំ​គាល់​សេចក្ដី​នោះ​ ដូច​ម្ដេច ព្រះ​តថា​គត​ កើតឡើង ក្នុង​លោក​នេះ​​ ជា​អរហន្ត ​សម្មាសម្ពុទ្ធ បរិបូណ៌​ដោយ​វិជ្ជា ​និង​ចរណៈ មាន​ដំ​ណើរ​ល្អ ជ្រាបច្បាស់​នូវ​ត្រៃ​លោក មិន​មាន​បុគ្គល​ដទៃ​ ប្រសើរជាង ជាសារ​ថី ​ទូន្មាននូវ​បុរស ដែល​គួរ​ទូន្មាន​​បាន ជាគ្រូ​នៃ​ទេវតា និង​មនុស្ស​ទាំង​ឡាយ ត្រាស់​ដឹង​នូ​វ​អរិយសច្ច​ ទាំង​៤ លែង​វិលមក​កាន់​ភពថ្មី​ទៀត ព្រះ​តថាគត​នោះ ពោល​យ៉ាង​នេះ​ថា នេះ​ជា​ផ្លូវ នេះ​ជា​បដិបទា ក្នុង​ដំណើរនោះ ដូច​តថាគត​ប្រតិ​បត្តិ បាន​ធ្វើ​ឲ្យ​ជាក់ច្បាស់ នូវ​ការ​ចុះ​ស៊ប់ ​កាន់​ព្រហ្ម​ចរិយៈ​ដ៏​ប្រសើរ ដោយ​ប្រាជ្ញា​ដ៏​ឧ​ត្តម​ខ្លួនឯង ទើប​ប្រកាស​ប្រាប់ (សត្វ​ដទៃ) ថា អើ អ្នក​ទាំង​ឡាយ​ ចូរ​មក អ្នក​ទាំង​ឡាយ ចូរ​ប្រ​តិបត្តិ​ ធ្វើ​ឲ្យ​ជាក់​ច្បាស់ ​នូវ​ការ​ចុះ​ស៊ប់​ កាន់​ព្រហ្មចរិយៈដ៏​ប្រសើរ ដោយ​ប្រាជ្ញា​ខ្លួន​ឯង សម្រេច​សម្រាន្ត​នៅ​ យ៉ាង​ណា អ្នកទាំង​ឡាយ ចូរ​ប្រតិ​បត្តិ​យ៉ាង​នោះ​ចុះ។ ព្រះ​សា​ស្ដា​នេះ តែង​សំ​ដែងធម៌ផង ពួក​ជន​ដទៃ ​ប្រតិ​បត្តិ​តាម​បែប​នោះផង ដោយ​ប្រការ​ដូច្នេះ​។ ការ​ប្រមាណ​នៃ​សត្វ​ទាំង​ឡាយ​នោះ មាន​រយ​ដ៏​ច្រើន​ផង មានពាន់ដ៏ច្រើន​ផង មាន​សែន​ដ៏​ច្រើន​ផង ម្នាលព្រាហ្មណ៍ អ្នក​សំ​គាល់​សេចក្ដី​នោះ ​ដូច​ម្ដេច កាល​បើ​ហេតុ​មាន​យ៉ាង​នេះ​ បុញ្ញ​ប្បដិ​បទា​នេះ ​ឈ្មោះ​ថា ប្រព្រឹត្តទៅ ក្នុង​សរី​រៈតែ​មួយ ឬ​ប្រព្រឹត្ត​ទៅ​ ក្នុង​សរី​រៈដ៏​ច្រើន ព្រោះ​ហេតុ​តែបព្វ​ជ្ជា​ ដោយ​ប្រការ​ដូច្នេះ។ បពិត្រព្រះ​គោតម​ដ៏​ចំរើន កាល​បើហេតុ​មាន​យ៉ាង​នេះ បុញ្ញប្បដិបទា​នេះ ឈ្មោះ​ថា ប្រ​ពឹត្ត​ទៅ​ ក្នុង​សរី​រៈដ៏ច្រើន ព្រោះ​ហេតុ​តែ​បព្វ​ជ្ជា​នេះ ​ដូច្នេះ​។ កាល​បើព្រាហ្មណ៍​និយាយ យ៉ាង​នេះ​ហើយ ព្រះ​អានន្ទ​ដ៏​​មាន​អាយុ បាន​និយាយ​នឹង​សង្គារវព្រាហ្មណ៍ ​ដូច្នេះថា ​ម្នាល​ព្រាហ្មណ៍ បណ្ដា​បដិបទា ទាំង​២​នេះ​ អ្នកគាប់​ចិត្តបដិបទាណា ថា​មាន​សេចក្ដី​ត្រូវ​កា​រតិច​ផង មាន​ការ​រៀប​ចំតិចផង មាន​ផល​ច្រើន​ផង មាន​អានិសង្ស​ច្រើន​ផង។ ​ កាល​បើព្រះអានន្ទ និយាយ​យ៉ាង​នេះ​ហើយ សង្គារវព្រាហ្មណ៍ បាន​និយាយនឹង​ព្រះ​អានន្ទ​ដ៏​មាន​អាយុ ​ដូច្នេះ​ថា បុគ្គល​ដូច​ជា​ព្រះ​គោតម​ដ៏​ចំរើន និងព្រះ​អានន្ទ​ដ៏​ចំរើន​ទាំង​នេះ ខ្ញុំ​ត្រូវ​បូជា ខ្ញុំ​ត្រូវ​សរ​សើរ។ ព្រះ​អានន្ទដ៏​មាន​អាយុ បាន​និយាយ​នឹង​សង្គារ​វព្រាហ្មណ៍​ ជាគំរប់​២ដង ​ដូច្នេះថា ម្នាល​ព្រាហ្មណ៍ អាត្មា​មិន​សួរ​អ្នក​ថា ពួក​បុគ្គល​ដូច​ម្ដេច ដែល​អ្នក​ត្រូវបូជា​ ឬ ពួក​បុគ្គល​ដូច​ម្ដេច ដែល​អ្នក​ត្រូវ​សរសើរ​ យ៉ាង​នេះ​ទេ។ ​ម្នាលព្រាហ្មណ៍ អាត្មា​សួរ​អ្នក​ យ៉ាង​នេះ​ថា ម្នាល​ព្រាហ្មណ៍ បណ្ដា​បដិបទាទាំង​ពី​រនេះ អ្នក​គាប់​ចិត្ត​បដិបទា​ណា​ថា មាន​សេចក្ដី​ត្រូវ​ការ​តិច​ផង មានកា​ររៀប​ចំតិចផង មាន​ផល​ច្រើន​ផង មា​នអានិសង្សច្រើន​ផង ដូច្នេះទេ​តើ។ សង្គារ​វព្រាហ្មណ៍ បាន​និយាយ​នឹង​ព្រះ​អានន្ទ​ដ៏​មាន​អាយុ ជាគំរប់២​ដង​ ដូច្នេះ​ថា បុគ្គល​ដូច​ជា​ព្រះ​សម​ណ​គោត​ម​ដ៏​ចំរើន និង​ព្រះ​អានន្ទដ៏​ចំរើន​នេះ​ ខ្ញុំ​ត្រូវ​បូជា​ ខ្ញុំ​ត្រូ​វសរសើរ​។ ព្រះ​អានន្ទ​ដ៏​មាន​អាយុ បាន​និយាយនឹង​សង្គារ​វព្រាហ្មណ៍​ ជាគំរប់​៣ ដង ​ដូច្នេះ យ៉ាង​នេះ​ថា ម្នាល​ព្រាហ្មណ៍ អាត្មាមិន​សួរ​អ្នក​ថា ពួក​បុគ្គល​ដូច​ម្ដេច ដែល​អ្នក​ត្រូវ​បូជា​ ឬ​ពួក​បុគ្គលដូច​ម្ដេច ដែល​អ្នក​ត្រូវ​សរសើរ​ទេ។ ម្នាល​ព្រាហ្មណ៍ អាត្មា​សួរ​អ្នក​ យ៉ាង​នេះ​ថា ម្នាល​ព្រាហ្មណ៍ បណ្ដា​បដិបទា​ ទាំង​ពីរនេះ អ្នក​កាន់​បដិបទាណា ថា មាន​សេចក្ដី​ត្រូវ​ការ​តិ​ចផង មានការរៀប​ចំ​តិ​ច​ផង មានផល​​ច្រើន​ផង ​មាន​អានិសង្ស​ច្រើន​ផង​ ដូច្នេះ​ទេតើ។ សង្គារវព្រាហ្មណ៍ បាន​និយាយ​នឹង​ព្រះអានន្ទ​ដ៏មាន​អាយុ ជា​គំរប់​៣ដង ដូច្នេះ​ថា ​បុគ្គល​ដូច​ជា​ព្រះ​គោតម​ដ៏​ចំរើន និង​ព្រះ​អានន្ទដ៏​ចំ​រើន​នេះ ​ខ្ញុំ​ត្រូវ​បូជា​ ខ្ញុំ​ត្រូវ​សរសើរ។ ​ លំ​ដាប់​នោះ​​ឯង ព្រះ​ដ៏មាន​ព្រះភាគ មាន​សេចក្ដី​ត្រិះរិះ ដូច្នេះ​ថា សង្គារ​វព្រាហ្មណ៍​ ត្រូវ​អានន្ទសួរ​ប្រស្នា​ ប្រកប​ដោយ​ហេតុ ដរាប៣ដង​ហើយ ​បន្លប់​មិន​ដោះ​ស្រាយ​បើដូច្នោះ ​មាន​តែ​តថា​គត​ដោះស្រាយ។ លំដាប់​នោះ​ ព្រះ​ដ៏​មាន​ព្រះភាគ​ ត្រាស់​នឹង​សង្គារវព្រាហ្មណ៍ ​ដូច្នេះថា ម្នាលព្រាហ្មណ៍​ ថ្ងៃ​នេះ​ អន្តរាកថា (ពាក្យ​ពោល​ក្នុង​ចន្លោះ ​ឬរវាង) ដូច​ម្ដេចកើត​ឡើង ដល់​ពួក​ជន ដែល​អង្គុយ​ប្រជុំ​គ្នា ក្នុង​រាជ​បរិសទ្យ​ ក្នុង​ខាង​ក្នុងរាជ​បុរី​។ បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន ថ្ងៃនេះ ​ខាង​ក្នុង​រាជ​បុរី​ អន្ដរាកថានេះឯង កើត​ឡើង​ដល់​ពួក​ជន ដែល​អង្គុយ​ប្រជុំ​គ្នា ក្នុង​រាជ​បរិសទ្យថា​បាន​ឮថា កាល​ពីដើម ពួក​ភិក្ខុ​មាន​ប្រមាណ​តិច តែ​ភិក្ខុ​អ្នក​មាន​ឧត្ដរិមនុស្ស​ធម៌ សំដែង​ឥទ្ធិប្បាដិហារ្យបាន​ មាន​ច្រើន ឥឡូវ​នេះ ពួក​ភិក្ខុ​មាន​ច្រើន​មែន តែ​ភិក្ខុ​អ្នក​មាន​ឧត្ដរិមនុស្ស​ធម៌ សំដែង​ឥទ្ធិប្បាដិហារ្យ​បាន មាន​ប្រមាណតិចវិញ។ បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន ថ្ងៃ​នេះ ​ខាង​ក្នុង​រាជ​បុរី អន្តរាកថានេះ កើតឡើង ដល់​ពួក​ជន ដែល​អង្គុយ​ប្រជុំគា្ន ក្នុង​រាជបរិសទ្យ។ ម្នាល​ព្រាហ្មណ៍ ​បាដិហារ្យ​នេះ​ មាន​៣។ បាដិហារ្យ​៣ ​ដូច​ម្ដេច។ ​គឺ​ឥទ្ធិប្បាដិហារ្យ១ អា​ទេសនា​បាដិហារ្យ ១ អនុ​សាសនី​បាដិហារ្យ​១។ ម្នាលព្រាហ្មណ៍ ឥទ្ធិ​ប្បាដិហារ្យ តើដូចម្ដេច។ ម្នាល​ព្រាហ្មណ៍ បុគ្គល​ពួក​ខ្លះ ក្នុង​លោក​នេះ បាន​សម្រេច​ឫទ្ធិ​ច្រើន​ប្រការ គឺមនុស្ស​ម្នាក់ ធ្វើ​ឲ្យ​ទៅ​ជាមនុស្ស​ច្រើន​នាក់​ក៏​បាន មនុស្ស​ច្រើន​នាក់ ធ្វើ​ឲ្យ​ទៅ​ជា​មនុស្ស​ម្នាក់​វិញ ក៏​បាន ដើរ​ទៅ​មិន​ជាប់​ចំពាក់​នឹង​ទី​វាល ​ទី​ខាង​ក្រៅ ទី​ខាង​ក្រៅ​ជញ្ជាំង ទី​ខាង​ក្រៅ​កំពែង ទី​ខាង​ក្រៅ​ភ្នំ ​ហាក់​ដូច​ជា​ដើរ​ទៅ ក្នុង​អាកាស ​ក៏បាន​ ធ្វើ​នូវ​ការ​ងើប​ឡើង ឬមុជ​ចុះក្នុង​ផែន​ដី ហាក់​ដូច​ជា​ងើប​ឡើង ឬមុជ​ចុះ ក្នុងទឹក​ក៏​បាន ដើរ​លើទឹក​មិន​បែក​ធ្លាយ ហាក់​ដូច​ជា ដើរ​លើ​ផែន​ដី​ក៏​បាន ទៅ​ឯ​អាកាស​ទាំង​ភ្នែន ហាក់​ដូច​សត្វ​ស្លាប​ ក៏​បាន​ យក​ដៃ​ទៅ​ស្ទាប​អង្អែល ចាប់​ពាល់​ព្រះ​ចន្ទ ​ព្រះ​អាទិត្យ​នេះ ដែល​មាន​ឫទ្ធិ​ច្រើន​យ៉ាង​នេះ មានអានុភាព​ច្រើន​យ៉ាង​នេះ ​ក៏​បាន ធ្វើ​អំណាច​ឲ្យ​ប្រព្រឹត្ត​ទៅ ដោយ​កាយ​ ដរាបដល់​ព្រហ្ម​លោក​ក៏​បាន។ ម្នាល​ព្រាហ្មណ៍ នេះ​ហៅ​ថា ឥទ្ធិប្បាដិហារ្យ។ ម្នាល​ព្រាហ្មណ៍ អាទេសនា​បា​ដិហារ្យ តើ​ដូច​ម្ដេច។ ម្នាល​ព្រាហ្មណ៍ បុគ្គល​ពួក​ខ្លះ ក្នុង​លោក​នេះ​ ទាយ (ចិត្ត) តាម​និមិត្ត​ថា មនោរបស់​អ្នក យ៉ាង​នេះ​ខ្លះ មនោរបស់​អ្នក ដោយ​ប្រការ​ដូច្នេះ​ខ្លះ ចិត្ត​អ្នក​ ដូច្នេះ​ខ្លះ។ បុគ្គល​នោះ ទោះ​បី​ទាយ​ច្រើន ហេតុ​ដែល​ទាយ​ដូច្នោះ​នោះ ​ក៏​មិន​ភ្លាត់។ ម្នាល​ព្រាហ្មណ៍ មួយ​ទៀត បុគ្គល​ពួក​ខ្លះ ​ក្នុង​លោក​នេះ មិន​បាច់​ទាយ​ចិត្ត តាម​និមិត្ត​ទេ គ្រាន់​តែ​ឮ​សំឡេង​ពួក​មនុស្ស ពួក​អមនុស្ស និង​ពួក​ទេវតាហើយ​ ក៏​ទាយ​បាន​ថា មនោ​របស់​អ្នក​ យ៉ាង​នេះ​ខ្លះ មនោ​របស់​អ្នក​ ដោយប្រការ​ដូច្នេះ​ខ្លះ ចិត្ត​អ្នក​ដូច្នេះ​ខ្លះ។ បុគ្គល​នោះ ទោះ​បី​ទាយ​ច្រើន ហេតុ​ដែល​ទាយ​ដូច្នោះ​នោះ ក៏​មិន​ភ្លាត់។ ម្នាល​ព្រាហ្មណ៍ មួយ​ទៀត បុគ្គល​ពួក​ខ្លះ ក្នុង​លោក​នេះ មិន​បាច់​ទាយ​ចិត្ត​ តាម​និមិត្ត​ទេ មិន​បាច់​ឮសំ​ឡេង​ពួក​មនុស្ស ពួក​អមនុស្ស និង​ពួក​ទេវតា​ ហើយ​ទាយ​ទេ គ្រាន់តែ​ឮ​សូរ​វិតក្ករៈ ​វិចារៈ ​របស់​បុគ្គល ដែល​ត្រិះ​រិះ​ពិចារណា ក៏​ទាយ​បាន​ថា មនោរបស់​អ្នក​យ៉ាង​នេះ​ខ្លះ មនោ​របស់​អ្នក ដោយ​ប្រការ​ដូច្នេះ​ខ្លះ គំនិត ​អ្ន​ក​ដូច្នេះ​ខ្លះ។ បុគ្គល​នោះ ទោះ​បី​ទាយ​ច្រើន ហេតុ​ដែល​ទាយដូច្នោះ​នោះ​ ក៏​មិន​ភ្លាត់។ ម្នាល​ព្រាហ្មណ៍ មួយ​ទៀត បុគ្គល​ពួក​ខ្លះ ក្នុង​លោក​នេះ មិន​បាច់​ទាយ​ចិត្ត ​តាម​និមិត្តទេ ទាំង​មិន​បាច់​ស្ដាប់​សំឡេងពួក​មនុស្ស ពួកអ​មនុស្ស ពួក​ទេវតា ហើយ​ទាយ​ទេ ទាំង​មិន​បាច់​ស្ដាប់សូរ​វិតក្កៈ វិចារៈ របស់​មនុស្ស​ដែល​ត្រិះ​រិះ ដែល​ពិចារណា​ ហើយ​ទាយ​ទេ ប៉ុន្តែ​ថា ​កំណត់​ដឹង​ចិត្ត ដោយ​ចិត្ត​នៃ​បុគ្គល​ ដែល​ចូល​សមាធិ មិន​មាន​វិតក្កៈ មិន​មាន​វិចារៈថា មនោ​សង្ខារ​ទាំង​ឡាយ របស់​បុគ្គល​ដ៏​ចំរើន​នេះ តាំងទុក​ហើយ​យ៉ាង​ណា បុគ្គល​ដ៏​ចំរើន នឹង​ត្រិះ​រិះ​នូវ​វិតក្កៈ ឈ្មោះ​ឯណោះ អំពី​លំ​ដាប់​នៃ​ចិត្ត​នេះ។ បុគ្គល​នោះ ទោះ​បី​ទាយ​ច្រើន ​ហេតុ​ដែល​ទាយដូច្នោះ​នោះ ក៏​មិន​ភ្លាត់។ ម្នាល​ព្រាហ្មណ៍ នេះ​ហៅ​ថា អា​ទេស​នាបាដិហារ្យ។ ម្នាល​ព្រាហ្មណ៍ ចុះ​អនុ​សាសនី​បាដិហារ្យ តើដូច​ម្ដេច។ ម្នាល​ព្រាហ្មណ៍ បុគ្គល​ពួក​ខ្លះ ក្នុង​លោក​នេះ ​ប្រៀន​ប្រដៅ​យ៉ាង​នេះ​ថា ​អ្នកទាំង​ឡាយ​ ត្រូវ​ត្រិះរិះ​យ៉ាង​នេះ កុំ​ត្រិះ​រិះ​យ៉ាង​នេះ​ឡើយ ចូរ​ធ្វើ​ទុក​ក្នុង​ចិត្ត យ៉ាង​នេះ កុំ​ធ្វើ​ទុក​ក្នុង​ចិត្ត​ យ៉ាង​នេះ​ឡើយ ចូរ​លះ​បង់ នូវ​អំពើនេះ​ចេញ ចូរឱបក្រសោប ​នូវ​អំពើ​នេះ​ចុះ​។ ម្នាល​ព្រាហ្មណ៍ នេះ​ហៅ​ថា អនុសាសនីបាដិហារ្យ។ ម្នាល​ព្រាហ្មណ៍ បា​ដិហារ្យ មាន​៣​ប្រការ​នេះ​ឯង។ ម្នាលព្រាហ្មណ៍ បណ្ដា​បា​ដិហារ្យ ​ទាំង​៣​នេះ អ្នក​គាប់​ចិត្ត​បាដិហារ្យ​ណា ថា ល្អផង ឧត្ដម​ផង។ បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន បណ្ដា​បាដិហារ្យ​ទាំង​នោះ ​បាដិហារ្យ​ ដែល​បុគ្គល​ពួក​ខ្លះ ក្នុង​លោក​នេះ បាន​សម្រេច​ឫទ្ធិ​ច្រើនប្រការ។ បេ។ ធ្វើ​អំណោច​ ឲ្យ​ប្រព្រឹត្ត​ទៅ​ ដោយ​កាយ ​ដរាប​ដល់​ព្រហ្ម​លោក បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន បាដិហារ្យ​នេះ បុគ្គល​ណា ​ធ្វើ​បាដិ​ហារ្យ​នោះ បុគ្គល​នោះឯង រមែង​បាន​បា​ដិហារ្យ​នោះ បុគ្គល​ណា​ ធ្វើ​បាដិ​ហារ្យនោះ​ បាដិហារ្យ​នោះ តែង​មាន​ដល់​បុគ្គល​នោះ​ឯង។ បពិត្រ​ព្រះគោតម​ដ៏​ចំ​រើន បាដិ​ហារ្យ​នេះ​ ប្រាកដ​ដល់​ខ្ញុំ​ព្រះ​អង្គ បី​ដូច​រូប​ភាព ប្រកប​ដោយ​កលមាយា។ បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន បាដិ​ហារ្យណា ដែល​បុគ្គល​ពួក​ខ្លះ ក្នុង​លោក​នេះ ទាយ​ចិត្ត​តាម​និមិត្ត​បាន ​ថា មនោរបស់​អ្នក​យ៉ាង​នេះ​ខ្លះ មនោ​របស់​អ្នក​ ដោយ​ប្រការ​ដូច្នេះ​ខ្លះ​ ចិត្ត​របស់អ្នក ​ដូច្នេះ​ខ្លះ។ ​ បុគ្គល​នោះ ទោះ​បី​ទាយ​ច្រើន ហេតុ​ដែល​ទាយ​ដូច្នោះនោះ ក៏​មិន​ភ្លាត់។ បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន មួយ​ទៀត បុគ្គល​ពួក​ខ្លះ ក្នុង​លោក​នេះ​ មិន​បាច់​ទាយ​ចិត្ត តាម​និមិត្ត​ទេ គ្រាន់​តែ​ឮ​សំឡេង​ពួក​មនុស្ស ពួក​អមនុស្ស​ ឬ​ពួក​ទេវតា​ ហើយ​ទាយ​បាន មិន​បាច់​ឮ​សំឡេង​ពួក​មនុស្ស ពួក​អមនុស្ស ឬ​ពួក​ទេវតា ​ហើយ​ទាយ គ្រាន់​តែ​ឮ​សូរ​វិតក្កៈ វិចារៈ របស់បុគ្គល​កំពុង​ត្រិះ​រិះ កំ​ពុង​ពិចារណា​ ហើយ​ទាយ​ត្រូវ មិន​បាច់​ឮ​សូរ​វិតក្កៈ វិចារៈ របស់​បុគ្គល​កំពុង​ត្រិះរិះ កំពុង​ពិចារណា​ ហើយ​ទាយ​ទេ គ្រាន់​តែ​កំណត់​ដឹង​ចិត្ត ​ដោយ​ចិត្ត ​របស់​អ្នក​បាន​សមាធិ ​មិន​មាន​វិតក្កៈ មិន​មាន​វិចា​រៈថា មនោសង្ខារ​ទាំងឡាយ របស់​បុគ្គល​ដ៏​ចំរើន​នេះ តាំង​ទុក​យ៉ាង​ណា បុគ្គល​ដ៏​ចំរើន នឹង​ត្រិះ​រិះ​នូវ​វិតក្កៈ ឈ្មោះ​ឯណោះ តាម​លំ​ដាប់​នៃចិត្តនេះ។ បុគ្គល​នោះ​ ទោះ​បី​ទាយ​ច្រើន ហេតុ​ដែល​ទាយ​ដូច្នោះ​នោះ ក៏មិន​ភ្លាត់ បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន បាដិ​ហារ្យ​នេះ បុគ្គល​ណា បាន​ធ្វើ​បាដិ​ហារ្យ​នោះ បុគ្គល​នោះ​ឯង ​បាន​នូវ​បាដិហារ្យ​នោះ បុគ្គល​ណា ធ្វើ​បាដិ​ហារ្យ​នោះ បាដិ​ហារ្យ​នោះ ​រមែង​មាន​ដល់​បុគ្គល​នោះ​ឯង។ បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន ​​បាដិហារ្យ​នេះ ​ប្រាកដ​ដល់​ខ្ញុំ​ព្រះ​អង្គ បី​ដូច​រូបភាព ​ប្រកប​ដោយ​កល​មាយា។ បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន បាដិហារ្យណា ដែល​បុគ្គល​ពួក​ខ្លះ ក្នុង​លោក​នេះ ប្រៀន​ប្រដៅ ​យ៉ាង​នេះ​ថា អ្នក​ទាំង​ឡាយ ចូរ​ត្រិះរិះ​យ៉ាង​នេះ​ កុំ​ត្រិះ​រិះ​យ៉ាង​នេះ​ឡើយ ចូរ​ធ្វើ​ទុកក្នុង​​ចិត្ត យ៉ាងនេះ កុំ​ធ្វើ​ទុក​ក្នុង​ចិត្ត​យ៉ាង​នេះ​ឡើយ ចូរ​លះ​បង់​អំពើ​នេះ​ចេញ ចូរ​ប្រកប​អំពើ​នេះវិញ។ បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន បណ្ដា​បាដិហារ្យ ទាំង​៣​នេះ ខ្ញុំ​ព្រះ​អង្គ ​គាប់​ចិត្ត​បាដិហារ្យ​នេះ​ ល្អ​ផង ឧត្ដម​ផង។ បពិត្រ​ព្រះគោតម​ដ៏​ចំរើន​ អស្ចារ្យ​ណាស់ បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន ចំឡែក​ណាស់ ពាក្យ​ដែល​ព្រះ​គោតម​ដ៏​ចំរើន ទ្រង់​សំដែង​ហើយ​នេះ ថា​ជា​សុភាសិត យើង​ខ្ញុំ​ចាំ​ទុក​នូវ​ព្រះ​គោតម​ដ៏​ចំរើន​ ដែល​ប្រកប​ដោយ​បាដិ​ហារ្យ​ ទាំង​៣នេះ ព្រោះ​ព្រះ​គោតម​ដ៏​ចំរើន បាន​សម្រេចឫទ្ធិ​ច្រើន​ប្រការ។ ​បេ។ ប្រើ​អំណាច ឲ្យ​ប្រពឹ្រត្ត​ទៅ ដោយ​កាយ ដរាប​ដល់​ព្រហ្មលោក ព្រោះព្រះ​គោតម​ដ៏​ចំរើន កំណត់​ដឹង​ នូវ​ចិត្ត​ដោយ​ចិត្ត ​របស់​បុគ្គល​ អ្នក​បាន​សមាធិ ឥត​មាន​វិតក្កៈ ឥត​មាន​វិចារៈថា មនោ​សង្ខារ​ទាំងឡាយ ដែល​បុគ្គល​ដ៏ចំរើន​នេះ ​ដំកល់​ទុក បុគ្គល​ដ៏​ចំរើន​នេះ នឹង​ត្រិះ​រិះ​ នូវ​វិតក្កៈឈ្មោះ​ឯណោះ ក្នុង​លំដាប់​នៃ​ចិត្ត​នេះ ដ្បិត​ព្រះ​គោតម​ដ៏​ចំរើន ប្រៀន​ប្រដៅ​ យ៉ាង​នេះ​ថា អ្នក​ទាំង​ឡាយ ចូរ​ត្រិះ​រិះ​យ៉ាង​នេះ កុំ​ត្រិះរិះ​យ៉ាង​នេះ​ឡើយ ចូរ​ធ្វើទុកក្នុង​ចិត្ត យ៉ាង​នេះ កុំ​ធ្វើ​ទុក​ក្នុង​ចិត្តយ៉ាង​នេះ​ឡើយ ចូរ​លះ​បង់​អំពើ​នេះ​ចេញ ចូរ​ប្រកប​អំពើនេះ​ចុះ។ ម្នាល​ព្រាហ្មណ៍ វាចា​អែប​នែប ដែល​អ្នក​ពោល​ហើយ ប៉ះ​ត្រូវ​តថាគត​ដោយ​ពិត មាន​តែ​តថាគត ​នឹង​សំដែង​ដល់អ្នក ម្នាល​ព្រាហ្មណ៍ ព្រោះ​តថាគត បាន​សម្រេច​ឫទ្ធិច្រើន​ប្រការ។ បេ។ ប្រើ​អំណាច​ឲ្យ​ប្រព្រឹត្ត​ទៅ ដោយ​កាយ​ ដរាប​ដល់​ព្រហ្ម​លោក ម្នាល​ព្រាហ្មណ៍ ព្រោះ​តថាគត កំណត់​ដឹង ​នូវ​ចិត្ត​ដោយ​ចិត្ត ​របស់​បុគ្គលអ្នក​បាន​សមាធិ ឥត​មាន​វិតក្កៈ ឥត​មាន​វិចារៈថា មនោសង្ខារ​ទាំង​ឡាយ ដែល​បុគ្គល​ដ៏​ចំរើន​នេះ បាន​ដំកល់​ទុក បុគ្គល​ដ៏​ចំរើន​នេះ នឹង​ត្រិះ​រិះ​ នូវវិតក្កៈ​ឈ្មោះ​ឯណោះ ក្នុង​លំដាប់​នៃ​ចិត្ត​នេះ ម្នាល​ព្រាហ្មណ៍ ព្រោះតថាគត ប្រៀន​ប្រដៅ​ យ៉ាង​នេះ​ថា អ្នក​ទាំង​ឡាយ ​ចូរ​ត្រិះរិះ​យ៉ាង​នេះ កុំត្រិះរិះ​យ៉ាង​នេះ​ឡើយ ចូរ​ធ្វើ​ទុក​ក្នុង​ចិត្ត​ យ៉ាង​នេះ កុំ​ធ្វើ​ទុក​ក្នុង​ចិត្តយ៉ាង​នេះឡើយ ចូរ​លះ​បង់​អំពើ​នេះ​ចេញ ចូរ​ប្រកប​អំពើ​នេះ​វិញ។ បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន ចុះភិក្ខុ​អង្គណា​មួយ​ដទៃ​ទៀត ដែល​ប្រកបដោយ​បាដិ​ហារ្យ​ ទាំង​៣ នេះ លើក​លែង​តែ​ព្រះ​គោតម​ដ៏ចំរើន​ចេញ មាន​ដែល​ឬ។ ម្នាល​ព្រាហ្មណ៍ មិន​មាន​ត្រឹម​មួយ​រយ មិន​មាន​ត្រឹម២​រយ មិន​មាន​ត្រឹម​៣​រយ មិន​មាន​ត្រឹម​៤​រយ មិន​មាន​ត្រឹមតែ៥​រយ​ទេ ដែល​ពិត​នោះ ពួក​ភិក្ខុ​ ដែល​ប្រកប​ដោយ​បាដិហារ្យ​ ទាំង​៣​នេះ មានច្រើន​ណាស់។ បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ចុះ​ឥឡូវ​នេះ ពួក​ភិក្ខុទាំង​នោះ ​នៅ​ក្នុង​ទី​ណា។ ម្នាល​ព្រាហ្មណ៍ នៅ​ក្នុង​ពួក​ភិក្ខុ​នេះ​ឯង។ បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន ភ្លឺ​ច្បាស់​ណាស់ បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន ភ្លឺ​ច្បាស់​ណាស់​ បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន ដូច​ជា​គេ​ផ្ងា ​របស់​ដែល​ផ្កាប់​ ឬ​បើក​បង្ហាញ​ របស់​បិទបាំង ឬក៏​ប្រាប់​ផ្លូវ​ ដល់​អ្នក​វង្វេង​ផ្លូវ ពុំ​នោះ ដូច​គេ​ទ្រោល​ប្រទីប​ ក្នុង​ទី​ងងឹត ​ឲ្យ​មនុស្ស​​មាន​ចក្ខុ ​មើល​ឃើញរូប​ទាំង​ឡាយបាន​ យ៉ាង​ណា ធម៌​ដែល​ព្រះ​គោតម​ដ៏​ចំរើន ប្រកាស​ហើយ​ ដោយ​អនេកបរិយាយ ក៏​យ៉ាង​នោះ​ដែរ ខ្ញុំ​ព្រះ​អង្គ​នុ៎ះ សូម​ដល់​ព្រះ​គោតម​ដ៏​ចំរើន​ផង ព្រះ​ធម៌​ផង ព្រះ​ភិក្ខុ​សង្ឃផង ជាទី​រឭក សូម​ព្រះ​គោតម​ដ៏​ចំរើន ចាំ​ទុកនូវ​ខ្ញុំ​ព្រះ​អង្គ ថា​ជាឧបាសក ​អ្នក​ដល់​សរណគមន៍ ជា​ទី​ពឹង​ ស្មើ​ដោយ​ជីវិត ​តាំង​ពីថ្ងៃ​នេះ ​ជា​ដើម​ទៅ។

ចប់ ព្រាហ្មណ៍​វគ្គ ទី១។

ឧទ្ទាន​នៃ​ព្រាហ្មណវគ្គ​នោះ​គឺ

ពោល​អំពី​ជន ​២ លើក​ អំពី​ព្រាហ្មណ៍​ ១​ អំពី​បរិព្វាជក ១ អំពី​សេចក្ដី​រលត់​១ អំពី​សត្វ​លោក​ ដែល​ជាប់​ជំពាក់ ដោយ​អធម្ម​រាគៈ​ ជា​ដើម ១ អំពី​សេចក្ដី​ប្រាថ្នា​ដ៏​ក្រៃលែង ១ អំពី​ព្រាហ្មណ៍​ ឈ្មោះ​តិកណ្ណៈ ១ អំពីព្រាហ្មណ៍​ឈ្មោះ ​ជាណុស្សោណី ១ អំពី​ព្រាហ្មណ៍​ឈ្មោះ ​សង្គារវៈ ១។

មហាវគ្គ ទី២ (៧)

((៧) ២. មហាវគ្គោ)

(តិត្ថាយតនាទិសូត្រ ទី១)

(១. តិត្ថាយតនាទិសុត្តំ)

[៦៣] ម្នាល​ភិក្ខុ​ទាំងឡាយ លទ្ធិ​នៃ​តិរ្ថិយ ​មាន​៣ យ៉ាង​ដែល​ពួកបណ្ឌិត​សាក​សួរ​រឿយៗ ដេញ​ដោល​រឿយៗ ប្រដៅរឿយៗ ប្រព្រឹត្តទៅ​តាម​នូវ​បរម្បរាចារ្យ ហើយ​តាំង​នៅ​ក្នុង​អកិរិយ​មតិ។ លទ្ធិនៃ​តិរ្ថិយ ៣​យ៉ាង​ តើដូច​ម្ដេច។ ម្នាល​ភិក្ខុ​ទាំង​ឡាយ សមណ​ព្រាហ្មណ៍​មួយ​ពួក មាន​វាទៈ​យ៉ាង​នេះ​ មាន​ទិដ្ឋិ​យ៉ាងនេះថា បុរស​បុគ្គល​នេះ​ ទទួល​នូវ​អារម្មណ៍ណាមួយ ជា​សុខ​ ឬ​ជា​ទុក្ខ ​ឬ​មិន​មែន​ទុក្ខ មិន​មែន​សុខ អារម្មណ៍​ទាំង​អស់នោះ (​ដែល​បុគ្គល​បាន​ទទួល​ហើយ) ព្រោះ​ហេតុ​តែ​អំពើ​ដែល​គេ​បានធ្វើ​ហើយ ​ក្នុង​កាល​មុន។ ម្នាល​ភិក្ខុ​ទាំង​ឡាយ សមណ​ព្រាហ្មណ៍​​មួយពួក​ មាន​វាទៈ​យ៉ាង​នេះ មាន​ទិដ្ឋិ​ យ៉ាង​នេះ ថា បុរស​បុគ្គល​នេះ ទទួល​នូវអារម្មណ៍​ណា​មួយ​ ជា​សុខ ​ឬ​ជា​ទុក្ខ ឬ​មិន​មែន​ទុក្ខ មិន​មែន​សុខ អារម្មណ៍ទាំង​អស់​នោះ (​ដែល​បុគ្គល​ទទួល​ហើយ) ព្រោះ​ហេតុ​តែ​ព្រះ​ឥសូរ បាន​តាក់​តែង​មក ម្នាល​ភិក្ខុ​ទាំង​ឡាយ សមណ​ព្រាហ្មណ៍មួយ​ពួក មាន​វាទៈយ៉ាង​នេះ​ មាន​ទិដ្ឋិ​យ៉ាង​នេះ​ថា បុរស​បុគ្គល​នេះ ទទួល​នូវ​អារម្មណ៍ណាមួយ ជា​សុខ ​ឬ​ជា​ទុក្ខ ឬ​មិន​មែន​ទុក្ខ មិន​មែន​សុខ អារម្មណ៍​ទាំង​អស់នោះ (ដែល​បុគ្គល​បាន​ទទួល​ហើយ) ព្រោះ​មិន​មាន​ហេតុ​ មិន​មាន​បច្ច័យ។ ម្នាល​ភិក្ខុ​ទាំងឡាយ បណ្ដា​សមណ​ព្រាហ្មណ៍​ទាំង​នោះ​ សមណ​ព្រាហ្មណ៍ណា មាន​វាទៈ​យ៉ាង​នេះ មាន​ទិដ្ឋិយ៉ាង​នេះ​ថា បុរស​បុគ្គល​នេះ ​ទទួល​នូវ​អារម្មណ៍​ណា​មួយ ជា​សុខ ​ឬ​ជា​ទុក្ខ​ឬមិន​មែន​ទុក្ខ​ មិន​មែន​សុខ អារម្មណ៍ទាំង​អស់​នោះ (ដែល​បុគ្គល​បាន​ទទួល​ហើយ) ព្រោះ​ហេតុ​តែអំពើ​ ដែល​គេបាន​ធ្វើ​ហើយ​ ក្នុង​កាល​មុន តថា​គត​បាន​ចូល​ទៅ​រក​ពួក​សមណព្រាហ្មណ៍ទាំង​នោះ ហើយ​ពោល​យ៉ាង​នេះ​ថា ម្នាល​អ្នក​ដ៏​មាន​អាយុ​ទាំង​ឡាយ ឮថា អ្នក​ទាំង​ឡាយ មាន​វាទៈ​យ៉ាង​នេះ ​មាន​ទិដ្ឋិ​យ៉ាង​នេះ​ថា បុរស​បុគ្គលនេះ​ ទទួលនូវ​អារម្មណ៍​ណា​មួយ​ ជា​សុខ ​ឬ ជា​ទុក្ខ​ ឬ មិន​មែន​ទុក្ខ​ មិន​មែន​សុខ អារម្មណ៍​ទាំង​អស់​នោះ (​ដែល​បុគ្គល​បាន​ទទួល​ហើយ) ព្រោះ​ហេតុ​តែអំពើ​ ដែល​គេ​បាន​ធ្វើ​ហើយ ​ក្នុង​កាល​មុន​ ពិត​មែន​ឬ។ បើ​សមណ​ព្រាហ្មណ៍​ទាំង​នោះ ​ដែល​តថាគត​សួរ​យ៉ាង​នេះហើយ ក៏​ប្ដេជ្ញា​ថា ព្រះ​ករុ​ណា ​ព្រះ​អង្គ តថាគត ​ក៏​និយាយ​ទៅ​នឹង​ពួក​សមណព្រាហ្មណ៍​ទាំង​នោះ យ៉ាង​នេះ​វិញថា បើ​ដូច្នោះ​ អ្នក​ដ៏មាន​អាយុ​ទាំង​ឡាយ ​នឹង​ប្រព្រឹត្ត​បាណាតិបាត ព្រោះហេតុ​តែ​អំពើ​ដែល​ខ្លួន​បាន​ធ្វើ​ហើយ ក្នុង​កាល​មុន នឹង​ប្រព្រឹត្ត​អទិន្នា​ទាន ព្រោះ​ហេតុ​តែ​អំពើ​ដែល​ខ្លួន​បាន​ធ្វើ​ហើយ ក្នុង​កាល​មុន​ នឹង​ប្រព្រឹត្ត​អព្រហ្មចារ្យ ព្រោះ​ហេតុ​តែ​អំពើ​ដែល​ខ្លួន​បាន​ធ្វើ​ហើយ ក្នុង​កាល​មុន​ នឹងប្រព្រឹត្ត​មុសា​វាទ ព្រោះ​ហេតុ​តែ​អំពើ​ដែល​ខ្លួន​បាន​ធ្វើ​ហើយ​ ក្នុង​កាល​មុន នឹង​ប្រព្រឹត្ត​បិសុណាវាចា ព្រោះ​ហេតុ​តែ​អំពើ​ដែល​ខ្លួន​បាន​ធ្វើ​ហើយ ក្នុងកាល​មុន នឹង​ប្រព្រឹត្ត​ផរុស​វាចា ព្រោះ​ហេតុតែ​អំពើ​ដែល​ខ្លួន​បាន​ធ្វើហើយ​ ក្នុង​កាល​មុន នឹង​ប្រព្រឹត្ត​សម្ជប្បលាបៈ ព្រោះ​ហេតុ​តែ​អំពើ​ដែលខ្លួន​បាន​ធ្វើ​ហើយ ក្នុង​កាល​មុន នឹង​ជា​អ្នក​ច្រើន​ដោយ​អភិជ្ឈា ព្រោះហេតុ​តែ​អំពើ​ ដែល​ខ្លួន​បាន​ធ្វើ​ហើយ ក្នុង​កាល​មុន​ នឹង​មាន​ចិត្ត​ព្យាបាទ ព្រោះ​ហេតុ​តែ​អំពើ​ ដែល​ខ្លួន​បាន​ធ្វើ​ហើយ ក្នុង​កាល​មុន​ នឹង​ជា​មិច្ឆា​ទិដ្ឋិ ព្រោះ​ហេតុ​តែ​អំពើ​ ដែល​ខ្លួន​បាន​ធ្វើ​ហើយ​ ក្នុង​កាល​មុន។ ម្នាល​ភិក្ខុ​ទាំងឡាយ សេចក្ដី​ប្រាថ្នា ​ឬ​សេចក្ដី​ព្យាយាម​ថា កិច្ច​នេះ ​គួរ​ធ្វើ​ក្ដី កិច្ច​​នេះ ​មិន​គួរធ្វើ​ក្ដី​ មិន​សម្រេច​ដល់​ពួក​បុគ្គល​ ដែល​ប្រកាន់​នូវ​អំពើ ​ដែល​ខ្លួន​បាន​ធ្វើ​ហើយ ក្នុង​កាល​មុន​ថា មាន​សារៈ​ទេ។ កាល​បើ​កិច្ច​ ដែល​គួរ​ធ្វើ និង​មិន​គួរ​ធ្វើ មិន​ប្រាកដ​ដោយ​ពិត ដោយ​មាំមួន​ហើយ សម​ណវាទ ​ដែលប្រកប​ដោយហេតុ ​ចំពោះ​ខ្លួន ក៏​មិន​សម្រេច ​ដល់​ពួក​បុគ្គល​ ដែល​ភាន់​ភាំង​សតិ​ និង​មិនមាន​ការ​រក្សា​ឡើយ។ ម្នាល​ភិក្ខុ​ទាំងឡាយ នេះ​ឯង​ ជាវាទៈ ​របស់​តថាគត ប្រកប​ដោយ​ហេតុ​ទី​១ ​ជា​ធម៌​សង្កត់​សង្កិន​ពួក​សមណព្រាហ្មណ៍​ទាំង​នោះ ដែល​មា​នវាទៈ​យ៉ាង​នេះ មា​ន​ទិដ្ឋិ​យ៉ាងនេះ។ ម្នាល​ភិក្ខុ​ទាំងឡាយ បណ្ដាសមណ​ព្រាហ្មណ៍ទាំង​នោះ ពួក​សមណព្រាហ្មណ៍​ណា​មាន​វាទៈយ៉ាង​នេះ មាន​ទិដ្ឋិ​យ៉ាង​នេះ​ថា បុរស​បុគ្គល​នេះ រមែង​ទទួល​នូវ​អារម្មណ៍​ណា​មួយ ជា​សុខ ​ឬជា​ទុក្ខ ឬមិន​មែន​ទុក្ខ មិន​មែន​សុខ អារម្មណ៍​ទាំង​អស់​នោះ (ដែលបុគ្គល​បាន​ទទួល​ហើយ) ព្រោះ​ហេតុ​តែ​ព្រះឥសូរ បាន​តាក់​តែង​មក តថាគត ​ចូល​ទៅ​រក​សម​ណព្រាហ្មណ៍​ទាំងនោះ​ហើយ ពោល​យ៉ាង​នេះថា ម្នាល​អ្នក​ដ៏​មាន​អាយុ​ទាំងឡាយ ឮ​ថា​អ្នក​ទាំង​ឡាយ មាន​វាទៈយ៉ាងនេះ មាន​ទិដ្ឋិ​យ៉ាង​នេះ​ថា បុរស​បុគ្គល​នេះ​ ទទួលនូវ​អារម្មណ៍ណា​មួយ ជា​សុខ​ ឬ​ជា​ទុក្ខ ឬ​មិន​មែន​ទុក្ខ មិន​មែន​សុ​ខ​ អារម្មណ៍​ទាំង​អស់នោះ​ (​ដែល​បុគ្គល​បាន​ទទួល​ហើយ) ព្រោះ​ហេតុ​តែ​ព្រះ​ឥសូរ បានតាក់​តែង​​មក​ពិតឬ។ បើ​តថាគត សួរ​យ៉ាង​នេះ​ហើយ សមណព្រាហ្មណ៍​ទាំង​នោះ​ ក៏​ប្ដេជ្ញា​ថា ព្រះ​ករុណា​ ព្រះអង្គ តថាគត​ ក៏​ពោល​ទៅនឹង​សមណព្រាហ្មណ៍​ទាំងនោះ ​យ៉ាង​នេះ​វិញ​ថា បើ​ដូច្នោះ អ្នកដ៏​មាន​អាយុ​ទាំង​ឡាយ នឹង​ប្រព្រឹត្ត​បាណាតិបាត ព្រោះ​ហេតុ​តែព្រះ​ឥសូរបាន​តាក់​តែង​មក។ បេ។ នឹងមាន​គំនិត​យល់​ខុស ព្រោះ​ហេតុតែ​ព្រះ​ឥសូរ បាន​តាក់​តែង​មក។ សេចក្ដី​ប្រាថ្នា ​ឬ​សេចក្ដី​ព្យាយាម​ថា កិច្ចនេះ គួរ​ធ្វើ​ក្ដី កិច្ច​នេះ ​មិន​គួរ​ធ្វើក្ដី មិន​សម្រេច​ ដល់​ពួក​បុគ្គល ​ដែល​ប្រកាន់​នូវ​សេចក្ដី​យល់​ថា ព្រះ​ឥសូរ​ អ្នក​តាក់​តែង​មក​ថា មាន​សារៈ​ទេ។ កាល​បើ​កិច្ច​គួរ​ធ្វើ​ និង​មិន​គួរ​ធ្វើ​ មិន​ប្រាកដ​ដោយ​ពិត ដោយ​មាំ​មួន​ទេ សមណ​វាទ​ ដែល​ប្រកប​ដោយ​ហេតុ​ចំពោះ​ខ្លួន ក៏​មិន​សម្រេច​ដល់​បុគ្គល ដែល​ភ្លេចសតិ និង​មិន​មាន​ការរក្សា​ឡើយ។ ម្នាល​ភិក្ខុ​ទាំងឡាយ នេះឯង ​ជា​វាទៈ របស់​តថាគត​ ប្រកប​ដោយ​ហេតុ​ទី​២ ជាធម៌​សង្កត់សង្កិន​ពួកសមណ​ព្រាហ្មណ៍​ទាំង​នោះ ​ដែល​មាន​វាទៈយ៉ាង​នេះ​ មាន​ទិដ្ឋិ​យ៉ាង​នេះ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បណ្ដា​ពួក​សមណ​ព្រាហ្មណ៍​ទាំង​នោះ ពួកព្រាហ្មណ៍ណា​ មាន​វាទៈយ៉ាង​នេះ មាន​ទិដ្ឋិ​យ៉ាង​នេះ​ថា បុរស​បុគ្គល​នេះ ​ទទួល​នូវអារម្មណ៍​ណា​មួយ ជាសុខ​ឬ​ជា​ទុក្ខ ឬ​មិន​មែន​ទុក្ខ មិន​មែន​សុខ អារម្មណ៍​ទាំង​អស់​នោះ ​(​ដែល​បុគ្គល​បាន​ទទួល​ហើយ) ព្រោះមិន​មាន​ហេតុ មិន​មានបច្ច័យ​ តថា​គត ​ក៏​បាន​ចូល​ទៅ​រក​ពួក​សម​ណព្រាហ្មណ៍​ទាំងនោះ ហើយពោលល​យ៉ាង​នេះថា ម្នាល​អ្នក​ដ៏​មាន​អាយុ​ទាំង​ឡាយ ឮថា អ្នក​ទាំង​ឡាយ មាន​វាទៈ​យ៉ាង​នេះ ​មាន​ទិដ្ឋិ​យ៉ាង​នេះថា បុរស​បុគ្គល​នេះ​ ទទួល​នូវ​អារម្មណ៍​ណាមួយ​ ជា​សុខ ឬ​ជា​ទុក្ខ ឬ មិន​មែនទុក្ខ មិន​មែន​សុខ អារម្មណ៍​ទាំង​អស់​នោះ (ដែល​បុគ្គល​បាន​ទទួល​ហើយ) ព្រោះ​មិន​មាន​ហេតុ មិនមាន​បច្ច័យ ​ពិតឬ។ បើតថាគត​សួរ​ យ៉ាង​នេះ​ហើយ សមណព្រាហ្មណ៍​ទាំង​នោះ ប្ដេជ្ញា​ព្រម​ថា ព្រះ​ករុ​ណា ​ព្រះ​អង្គ តថា​គត​ពោល​ទៅ​នឹង​សមណ​ព្រាហ្មណ៍​​ទាំង​នោះ យ៉ាង​នេះ​វិញ​ថា បើដូច្នោះ ​អ្នក​ដ៏​មាន​អាយុ​ទាំង​ឡាយ នឹង​ប្រព្រឹត្ត​បាណាតិ​បាត ព្រោះ​មិន​មាន​ហេតុ មិន​មាន​បច្ច័យ។ ​បេ។ ​នឹង​គំនិត​យល់​ខុស ព្រោះ​មិន​មាន​ហេតុ ​មិន​មាន​បច្ច័យ។ ម្នាល​ភិក្ខុ​ទាំងឡាយ សេច​ក្ដី​ប្រាថ្នា ​ឬ​សេចក្ដី​ព្យាយាមថា កិច្ច​នេះ គួរ​ធ្វើ​ក្ដី​ កិច្ច​នេះ​ មិន​គួរ​ធ្វើ​ក្ដី មិន​សម្រេច​ដល់​ពួក​បុគ្គល ដែល​ប្រកាន់​នូវ​អំពើ ដែល​មិន​មាន​ហេតុ​ ថា​ជាសារៈ​ឡើយ។ កាល​បើកិច្ច​ដែល​គួរ​ធ្វើ​ និង​មិន​គួរ​ធ្វើ មិន​ប្រាកដ​ដោយ​ពិត ដោយ​មាំ​មួន​ទេ សម​ណវាទ​ដែល​ប្រកប​ដោយ​ហេតុ​ចំពោះ​ខ្លួន ក៏​មិន​សម្រេច ដល់​ពួកបុគ្គល ​ដែល​ភ្លេច​ស្មារតី​និង​មិន​មាន​ការ​រក្សា​ឡើយ។ ម្នាល​ភិក្ខុ​ទាំងឡាយ នេះ​ឯង ជាវាទៈ​របស់​តថាគត​ប្រកប​ដោយ​ហេតុ​ទី ៣ ជាធម៌​សង្កត់សង្កិន​ពួក​សមណព្រាហ្មណ៍​ទាំង​នោះ ដែល​មាន​វាទៈយ៉ាង​នេះ ​មាន​ទិដ្ឋិយ៉ាងនេះ។ ម្នាល​ភិក្ខុ​ទាំងឡាយ លទ្ធិ​នៃ​តិរ្ថិយ ​ទាំង​៣ យ៉ាងនេះ​ឯងហើយ ដែល​បណ្ឌិត​សាក​សួរ​រឿយ ៗ ដេញដោល​រឿយ​ៗ ប្រដៅ​រឿយ​ៗ ប្រព្រឹត្ត​តាម​បរម្បរាចារ្យ តាំង​នៅ​ដោយ​អកិរិយមតិ។ ម្នាល​ភិក្ខុ​​ទាំងឡាយ ធម៌​ដែល​តថាគត ​បាន​សំដែង​មក​ហើយ​នេះ ពួកសមណ​ព្រហ្មណ៍ ​ជាអ្នក​ប្រាជ្ញ សង្កត់​សង្កិន​មិន​បាន​ ធ្វើ​ឲ្យ​សៅ​ហ្មង​មិន​បាន តិះ​ដៀល​មិន​បាន​ ស្អប់​ខ្ពើម​មិន​បាន​ឡើយ។ ​ម្នាល​ភិក្ខុ​ទាំងឡាយ ធម៌​ដែល​តថាគត បាន​សំដែង​មក​ហើយ ពួក​សមណ​ព្រាហ្មណ៍ ​ជា​អ្នកប្រាជ្ញ សង្កត់​សង្កិន​មិន​បាន ធ្វើ​ឲ្យ​សៅ​ហ្មង​មិន​បាន តិះ​ដៀល​មិន​បាន ស្អប់​ខ្ពើម​មិន​បាន​ តើ​ដូច​ម្ដេច។ ម្នាល​ភិក្ខុ​ទាំងឡាយ ធម៌​ដែល​តថាគត​ បានសំដែង​ហើយថា​ នេះ​ធាតុ​៦ ពួក​សមណ​ព្រាហ្មណ៍ ​ជាអ្នក​ប្រាជ្ញ សង្កត់សង្កិន​មិន​បាន​ ធ្វើ​ឲ្យ​សៅ​ហ្មង​មិន​បាន​ តិះ​ដៀល​មិន​បាន ស្អប់​ខ្ពើម​មិនបាន​។ ម្នាល​ភិក្ខុ​ទាំងឡាយ ធម៌​ដែល​តថាគត​ បាន​សំដែងហើយ​ថា នេះ ផស្សាយតនៈ​៦ ពួក​សមណ​ព្រាហ្មណ៍ ​ជាអ្នក​ប្រាជ្ញ​ សង្កត់​សង្កិន​មិន​បាន ធ្វើ​ឲ្យ​សៅ​​ហ្មងមិន​បាន តិះ​ដៀល​មិន​បាន​ ស្អប់ខ្ពើមមិន​បាន​។ ម្នាល​ភិក្ខុទាំង ឡាយ ធម៌​ដែលត​ថាគត ​បានសំដែង​ហើយ​ថា នេះ​ មនោ​បវិចារ ១៨ ពួកសមណ ព្រាហ្មណ៍​ ជាអ្នក​ប្រាជ្ញ​ សង្កត់​សង្កិន​មិន​បាន ធ្វើ​ឲ្យសៅ​ហ្មង​មិន​បាន តិះ​ដៀល​មិន​បាន ស្អប់​ខ្ពើម​មិន​បាន។ ម្នាល​ភិក្ខុ​ទាំងឡាយ ធម៌​ដែល​តថាគត បាន​សំដែង​ហើយ​ថា នេះ​អរិយ​សច្ច ​៤ ពួក​សមណ​ព្រាហ្មណ៍ ​ជាអ្នក​ប្រាជ្ញ​ សង្ក​ត់​សង្កិន​មិន​បាន ធ្វើ​ឲ្យ​សៅ​ហ្មង​មិនបាន តិះ​ដៀល​មិន​បាន ស្អប់​ខ្ពើម​មិន​បាន។ ម្នាល​ភិក្ខុ​ទាំង ឡាយ ធម៌ដែល​តថា​គត​ បាន​សំដែង​ហើយ​ថា នេះ​ធាតុ​៦ ពួក​សមណ​ព្រាហ្មណ៍ ជាអ្នក​ប្រាជ្ញ​ សង្កត់​សង្កិន​មិន​បាន ធ្វើ​ឲ្យ​សៅ​ហ្មង​មិន​បាន តិះ​ដៀល​មិន​បាន​ ស្អប់​ខ្ពើម​មិន​បាន​ ពាក្យ​នុ៎ះ តថាគត​បាន​ពោល​ដូច្នេះ​ឯង។ ពាក្យដែល​តថាគត​ បាន​ពោល​ហើយ​នុ៎ះ ព្រោះ​អាស្រ័យ​នូវ​ហេតុ​អ្វី​។ ម្នាលភិក្ខុ​ទាំង​ឡាយ (​ព្រោះ​អាស្រ័យ) នូវ​ធាតុ​ ៦ នេះ គឺបឋវីធាតុ​១ អាបោធាតុ១ តេជោធាតុ១ វាយោធាតុ១ អាកាស​ធាតុ​១ ​វិញ្ញាណធាតុ ១។ ម្នាល​ភិក្ខុ​ទាំងឡាយ ធម៌​ដែល​តថាគត បាន​សំដែង​ហើយ​ថា នេះ​ធាតុ​៦ ពួក​សមណ​ព្រាហ្មណ៍ ​ជា​អ្នក​ប្រាជ្ញ សង្កត់​សង្កិនមិន​បាន​ ធ្វើ​ឲ្យ​សៅ​ហ្មង​មិន​បាន តិះដៀល​មិន​បាន​ ស្អប់​ខ្ពើម​មិន​បាន ​ពាក្យ​ណា​ ដែល​តថាគត បាន​ពោល​ដូច្នេះ​ហើយ ពាក្យ​នុ៎ះ តថា​គតបានពោល​ហើយ​ ព្រោះ​អាស្រ័យ​នូវ​ហេតុ​នេះ។ ម្នាល​ភិក្ខុ​ទាំងឡាយ ធម៌ដែល​តថាគត បាន​សំដែង​ហើយ​ថា នេះ​ផស្សាយ​តនៈ ៦ ពួក​សមណព្រាហ្មណ៍ សង្កត់​សង្កិន​មិន​បាន ធ្វើ​ឲ្យ​សៅ​ហ្មង​មិន​បាន តិះ​ដៀល​មិនបាន ស្អប់​ខ្ពើម​មិន​បាន ពាក្យនោះ ​តថា​គត​បាន​ពោល​ហើយ​ដូច្នេះឯង។ ពាក្យ​ដែល​តថាគត​ បាន​ពោ​ល​ហើយ​នុ៎ះ ព្រោះអា​ស្រ័យ នូវ​ហេតុ​អ្វី។ ម្នាល​ភិក្ខុ​ទាំងឡាយ (​ព្រោះ​អាស្រ័យ) នូវ​ផស្សាយ​តនៈ ៦នេះ​ គឺ ផស្សាយ​តនៈ​គឺចក្ខុ​១ ផស្សាយ​តនៈ​គឺសោតៈ ១ ផស្សាយ​តនៈគឺ​ឃានៈ១ ផស្សាយ​តនៈគឺ​ជិវ្ហា​១ ផស្សាយ​តនៈ​គឺកាយៈ​១ ផស្សាយ​តនៈគឺ​មនោ​១។ ម្នាល​ភិក្ខុ​ទាំងឡាយ ធម៌​ដែល​តថាគត បាន​សំដែង​ហើយ​ថា នេះ ផស្សាយ​តនៈ ៦ ពួក​សមណ​ព្រាហ្មណ៍ ​សង្កត់​សង្កិន​មិន​បាន ធ្វើ​ឲ្យសៅហ្មង​មិន​បាន តិះ​ដៀល​មិន​បាន​ ស្អប់​ខ្ពើម​មិន​បាន ពាក្យ​ណា ដែល​តថាគត បាន​ពោល​ហើយ​ដូច្នេះ ពាក្យ​ដែ​ល​តថា​គត​ បាន​ពោលហើយ​នុ៎ះ ព្រោះ​អាស្រ័យ​នូវ​ហេតុ​នេះ។ ម្នាល​ភិក្ខុ​ទាំងឡាយ ធម៌ដែល​តថាគត​បាន​សំដែង​ហើយ​ថា នេះ​ មនោ​បវិចារ​ ១៨ ពួក​សមណព្រាហ្មណ៍ សង្កត់​សង្កិន​មិន​បាន ធ្វើ​ឲ្យ​សៅហ្មង​មិន​បាន តិះ​ដៀល​មិនបាន ស្អប់​ខ្ពើម​មិន​បាន ពាក្យ​នុ៎ះ​តថា​គត​ បាន​ពោល​ហើយ​ដូច្នេះឯង។ ពាក្យ​ដែល​តថាគត ​បាន​ពោល​ហើយ​នុ៎ះ ព្រោះ​អាស្រ័យ​នូវ​ហេតុ​អ្វី។ ​ព្រោះឃើញ ​នូវ​រូប​ដោយ​ចក្ខុ ហើយ​ពិចារណា​នូវរូប ដែល​ជាទី​តាំង​ នៃ​សោមនស្ស ពិចារណា​ នូវ​រូប​ដែល​ជាទី​តាំង​ នៃ​ទោម​នស្ស ពិចារណា​នូវ​រូប​ ដែល​ជាទី​តាំង​ នៃ​ឧបេក្ខា ឮ​សំឡេង​ដោយ​ត្រចៀក… ហិតក្លិន​ដោយ​ច្រមុះ… ជញ្ជក់​នូវ​រស​ ដោយ​អណ្ដាត… ពាល់​ត្រូវ​នូវ​ផោដ្ធ​ព្វ ​ដោយ​កាយ… ដឹងច្បាស់​នូវ​ធម្មារម្មណ៍​ដោយ​ចិត្ត ពិចារណា ​នូវ​ធម្មារម្មណ៍ ​ដែល​ជា​ទី​តាំង​ នៃសោមនស្ស ពិចារណា ​នូវ​ធម្មា​រម្មណ៍ ដែល​ជា​ទីតាំង​នៃ​ទោមនស្ស ពិចារណា​ នូវ​ធម្មារ​ម្មណ៍​ដែល​ជា​ទី​តាំង​ នៃ​ឧបេក្ខា។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ធម៌​ដែល​តថាគត បាន​សំដែង​ហើយ​ថា នេះ​ មនោបវិចារ ១៨ ពួកសមណព្រហ្មណ៍ ​ជាអ្នក​ប្រាជ្ញ ​សង្កត់​សង្កិន​មិន​បាន​ ធ្វើឲ្យ​សៅហ្មងមិនបាន តិះ​ដៀល​មិន​បាន ស្អប់​ខ្ពើម​មិន​បាន ពាក្យណា​ដែល​តថាគត បាន​ពោល​ហើយ​ដូច្នេះ ពាក្យ​ដែល​តថាគត​ បាន​ពោល​ហើយ​នុ៎ះ ព្រោះអាស្រ័យ​ នូវ​ហេតុ​នេះ​ឯង។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ធម៌​ដែល​តថាគត​ បាន​សំដែង​ហើយ​ថា នេះ​អរិយ​សច្ច ​៤ ពួក​សមណព្រាហ្មណ៍ សង្កត់​សង្កិន​មិនបាន ធ្វើ​ឲ្យ​សៅហ្មង​មិនបាន តិះ​ដៀល​មិន​បាន ស្អប់ខ្ពើម​មិន​បាន ពាក្យ​នុ៎ះ ​តថាគត​បានពោល​ហើយ ​ដូច្នេះ​ឯង។ ពាក្យ​ដែល​តថាគត ​បានពោល​ហើយ​នុ៎ះ​ ព្រោះ​អាស្រ័យ​នូវ​ហេតុ​អ្វី។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ការ​ចុះកាន់​គភ៌ ​ព្រោះ​អាស្រ័យ​នូវ​ធាតុ កាល​បើចុះ​កាន់​គភ៌​មាន នាម​រូប​ក៏​មាន កាល​បើ​នាម​រូប​ជា​បច្ច័យ​មាន សឡាយ​តនៈ​ក៏​មាន កាលបើ​សឡាយ​តនៈជា​បច្ច័យ​មាន ផស្សៈ​ក៏​មាន​ កាល​បើផស្សៈ​ជា​បច្ច័យ​មាន​ វេទនា​ក៏​មាន។ ម្នាល​ភិក្ខុ​ទាំង​ឡាយ កាល​បុគ្គល​ដឹង​ នូវ​អារម្មណ៍ (​ទាំង​នោះ)​ ទើបតថាគត​បញ្ញត្ត​ថា នេះ​ជា​ទុក្ខ បញ្ញត្ត​ថា នេះ​ជា​ទុក្ខ​សមុ​ទ័យ បញ្ញត្តថា នេះ​ជា​ទុក្ខ​និរោធ បញ្ញត្ត​ថា នេះ​ជា​ទុក្ខ​និរោធ​គាមិនីបដិបទា។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ទុក្ខ​អរិយ​សច្ច តើ​ដូច​ម្ដេច។ គឺ​ជាតិ​ទុក្ខ ជរាទុក្ខ មរណទុក្ខ សោក​ទុក្ខ បរិ​ទេ​វទុក្ខ ទុក្ខ​ទុក្ខ ទោមនស្ស​ទុក្ខ ឧបាយាស​ទុក្ខ អប្បិយេហិសម្ប​យោគ​ទុក្ខ បិយេហិ វិប្បយោគទុក្ខ យម្បិច្ឆំ ន លភតិ តម្បិ​ទុក្ខសង្ខិ​ត្តេន បញ្ចុ​បា​ទាន​ក្ខន្ធ​ទុក្ខ ម្នាល​ភិក្ខុ​ទាំង​ឡាយ នេះ​ហៅ​ថា ទុក្ខ​អរិយសច្ច។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ទុក្ខ​សមុទយ​អរិយ​សច្ច តើ​ដូច​ម្ដេច។ គឺ សង្ខារ​កើត​មាន ព្រោះ​អវិជ្ជា​ជា​បច្ច័យ​ វិញ្ញាណ​កើត​មាន​ ព្រោះ​សង្ខារ​ជាបច្ច័យ នាម​រូប​កើត​មាន​ ព្រោះ​វិញ្ញាណ​ជា​បច្ច័យ សឡាយតនៈកើត​មាន ព្រោះ​នាម​រូប​ជា​បច្ច័យ ផស្សកើត​មាន ព្រោះ​សឡាយ​តនៈ​ជាបច្ច័យ វេទ​នា​កើត​មាន ​ព្រោះ​ផស្សៈ​ជា​បច្ច័យ តណ្ហា​កើត​មាន ព្រោះ​វេទនាជា​បច្ច័យ ឧបាទាន​កើត​មាន ព្រោះ​តណ្ហា​ជា​បច្ច័យ ភពកើតមាន ព្រោះ​ឧទាន​ជា​បច្ច័យ ​ជាតិកើត​មាន ព្រោះ​ភព​ជា​បច្ច័យ ជរា​ និង​មរណៈ​កើត​មាន ព្រោះ​ជាតិ​ជាបច្ច័យ សេចក្ដី​សោក ​ខ្សឹក​ខ្សួល​ ទុក្ខទោមនស្ស តាន​តឹង ​ក៏​កើត​មាន​ព្រម​។ សេចក្ដី​កើត​ឡើង​ នៃ​កង​ទុក្ខ​ទាំងអស់​នេះ រមែង​មាន​យ៉ាង​នេះ​ឯង។ ម្នាល​ភិក្ខុ​ទាំង​ឡាយ នេះ​ហៅ​ថា ទុក្ខ​សមុទយ​អរិយ​សច្ច។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ទុក្ខ​និរោធ​អរិយ​សច្ច តើ​ដូចម្ដេច។ សេចក្ដី​រលត់​សង្ខារ ព្រោះ​វិនាស​ រលត់​ មិន​មាន​សេស​សល់នៃ​អវិជា្ជ សេចក្ដី​រលត់​វិញ្ញាណ ព្រោះ​រលត់​សង្ខារ សេចក្ដី​រលត់​នា​ម​រូប ព្រោះរលត់វិញ្ញាណ សេចក្តីរលត់សឡាយតនៈ ព្រោះរលត់នាមរូប សេចក្ដី​រលត់​ផស្សៈ ព្រោះ​រលត់​សឡាយ​តនៈ សេចក្ដី​រលត់​វេទនា ព្រោះរលត់​ផស្សៈ សេចក្ដី​រលត់​តណ្ហា ព្រោះរលត់វេទនា សេចក្តីរលត់​ឧបាទាន ព្រោះរលត់តណ្ហា សេចក្ដី​រលត់​ភព ព្រោះ​រលត់​ឧបាទាន សេចក្ដីរលត់​ជាតិ ព្រោះ​រលត់​ភព សេចក្ដី​ចាស់ ស្លាប់​ រលត់​ ព្រោះ​រលត់​ជាតិ សេចក្ដី​សោក​ ខ្សឹក​ខ្សួល លំ​បាក​កាយ លំ​បាក​ចិត្ត​ និង​ការ​ចង្អៀត​ចង្អល់​ចិត្តទាំង​ឡាយ​ ក៏​រលត់​ទៅ។ សេច​ក្ដី​រលត់​ នៃ​កង​ទុក្ខ​ទាំង​អស់​នេះ តែង​មានយ៉ាង​នេះ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ នេះ​ហៅ​ថា ទុក្ខ​និរោធ​អរិយសច្ច។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ទុក្ខ​និរោធ​គាមិ​នី​បដិបទា​អរិយសច្ច តើ​ដូច​ម្ដេច។ មគ្គ​ប្រកប​ដោយ​អង្គ​ ៨ ដ៏​ប្រសើរ​នេះ​ឯង គឺ​សម្មា​ទិដ្ឋិ​១ សម្មា​សង្កប្បៈ​១ សម្មាវាចា១ ​សម្មាកម្ម​ន្តៈ១ សម្មា​អាជីវៈ១ សម្មា​វាយាម ១ សម្មាសតិ​១ សម្មា​សមាធិ១។ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ នេះ​ហៅ​ថា ទុក្ខ​និរោធ​គាមិនី​បដិបទាអរិយសច្ច។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ធម៌​ដែល​តថាគត ​បាន​សំដែង​ហើយ​ថា នេះ​អរិយសច្ច ៤ ពួក​សមណ​ព្រាហ្មណ៍​ ជា​អ្នក​ប្រាជ្ញ សង្កត់​សង្កិន​មិន​បាន ធ្វើ​ឲ្យ​សៅ​ហ្មង​មិន​បាន​ តិះ​ដៀល​មិន​បាន ស្អប់​ខ្ពើម​មិន​បាន ពាក្យ​ណា ដែល​តថាគត​ពោល​ហើយ​ ដូច្នេះ ពាក្យ​នេះ​ តថាគត​ពោល​ហើយ ព្រោះអាស្រ័យ​នូវ​ហេតុ​នុ៎ះ។

(ភយសូត្រ ទី២)

(២. ភយសុត្តំ)

[៦៤] ម្នាល​ភិក្ខុ​ទាំង​ឡាយ បុថុជ្ជន​មិន​ចេះ​ដឹង រមែង​ពោលថា អមាតា​បុត្តិក​ភ័យ (ភ័យ​ដែល​មាតា​​មិន​បាន​ឃើញ​បុត្រ បុត្រ​មិន​បាន​ឃើញមាតា) នេះ​ មាន​៣​យ៉ាង។ ភ័យ​៣​យ៉ាង ​ដូច​ម្ដេច។ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ សម័យ​ដែល​មាន​កំដៅ​ភ្លើង​ធំ​តាំង​ឡើង។ ម្នាល​ភិក្ខុ​ទាំង​ឡាយ កាលបើ​កំដៅ​ភ្លើង​ធំ ​តាំង​ឡើង​ហើយ អ្នក​ស្រុក​ក៏ក្ដៅ អ្នកនិគម​ក៏ក្ដៅ អ្នក​នគរក៏​ក្ដៅ​ ដោយ​ភ្លើង​នោះ កាល​បើ​អ្នក​ស្រុក​ក្ដៅ អ្នក​និគម​ក្ដៅ អ្នក​នគរ​ក្ដៅ មាតា​ក៏មិន​បាន​ឃើញ​កូន ទាំង​កូន​ ក៏​មិន​បានឃើញ​មាតា ក្នុង​កាល​ដែល​អគ្គិភ័​យ​ កើត​ឡើង​នោះ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុចុជ្ជន​អ្នក​មិន​ចេះ​ដឹង ​តែង​ពោល​ថា នេះ​ជា ​អមាតា​បុត្តិ​កភ័យ ទី១។ ម្នាល​ភិក្ខុ​ទាំង​ឡាយ មួយ​ទៀត សម័យ​ដែល​មហាមេឃ​តាំង​ឡើង គឺ​បង្អុរ​ភ្លៀង ​ឲ្យ​ធ្លាក់​ចុះ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ កាល​បើ​មហាមេឃ បង្អុរ​ភ្លៀង​ធ្លាក់​ចុះ អន្លង់​ទឹក​ធំ រមែង​កើត​ព្រម កាល​បើ​ជំនន់​ធំ​ កើត​ព្រម​ហើយ អ្នក​ស្រុក​រមែង​រសាត់​ទៅ អ្នក​និគម​ រមែង​រសាត់​ទៅ ​អ្នក​នគរ​ រមែង​រសាត់​ទៅ ​ដោយ​ទឹក​នោះ កាល​បើអ្នក​ស្រុក​រសាត់ទៅ អ្នក​និគម​រសាត់​ទៅ អ្នក​នគរ​រសាត់​ទៅ មាតា​ក៏មិន​បាន​ឃើញ​កូន ទាំង​កូន ​ក៏​មិន​បាន​ឃើញ​មាតា​ ក្នុង​ពេល​ដែល​ឧទកភ័យ កើត​ឡើង​នុ៎ះ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុថុជ្ជន​ អ្នក​មិន​ចេះ​ដឹង រមែង​ពោល​ថា នេះ​ជា ​អមាតា​បុត្តិ​ក​ភ័យ ​ទី​២។ ម្នាល​ភិក្ខុ​ទាំង​ឡាយ មួយ​វិញ​ទៀត សម័យ​ដែល​មាន អដវី​សង្កោបភ័យ (គឺសេចក្ដី​កម្រើក ចោរ​ក្នុងដង​ព្រៃ)25) នោះ ​ពួក​អ្នក​ជន​បទ ​ក៏​នាំ​គ្នា​ឡើង​កាន់​ចក្កយាន​បរ​ទៅ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ កាល​បើ អដវីសង្កោប​ភ័យ ​មាន​ហើយ ពួក​អ្នក​ជនបទ​ នាំ​គ្នា​ឡើង​កាន់​ចក្ក​យាន ​បរ​ទៅ មាតា​ក៏​មិន​បាន​ឃើញ​បុត្រ ទាំង​បុត្រ​ ក៏មិន​បាន​ឃើញ​មាតា ក្នុង​កាល​ដែល អដវី​សង្កោប​ភ័យ​ កើត​ឡើង​នោះ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុថុជ្ជន​ អ្នក​មិន​ចេះ​ដឹង តែង​ពោល​ថា នេះ​ជា អមាតា​បុត្តិក​ភ័យ ទី៣។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុថុជ្ជន​អ្នក​មិនចេះ​ដឹង តែង​ពោល​ថា អមាតា​បុត្តិក​ភ័យ ​មាន​៣ យ៉ាង​នេះ​ឯង។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុថុជ្ជន ​អ្នក​មិន​ចេះ​ដឹង រមែង​ពោល​ នូវ​សមាតាបុត្តិកភ័យ (​ភ័យ​ដែល​មាតា និង​បុត្រ​នៅ​ឃើញ​គ្នា​បាន) ថាជា ​អមាតាបុត្តិកភ័យ (​ភ័យ​ដែល​មាតា​ និង​បុត្រ​មិន​បាន​ឃើញ​គ្នា) នេះ ​មាន​៣​យ៉ាង។ ភ័យ ៣ យ៉ាង​ តើដូច​ម្ដេច។ ម្នាល​ភិក្ខុ​ទាំង​ឡាយ សម័យ​ដែល​មានកំដៅ​ភ្លើង​ធំ​ តាំង​ឡើង។ ម្នាល​ភិក្ខុ​ទាំង​ឡាយ កាល​បើ​កំដៅ​ភ្លើង​ធំ តាំង​ឡើង​ហើយ អ្នក​ស្រុក​ក៏​ក្ដៅ អ្នក​និគម​ក៏ក្ដៅ អ្នក​នគរ​ក៏​ក្ដៅ ​ដោយភ្លើង​នោះ កាល​បើ​អ្នក​ស្រុក​ក្ដៅ អ្នក​និគម​ក្ដៅ អ្នក​នគរ​ក្ដៅ សម័យនោះ ជួន​កាល​មាតា​បាន​ឃើញ​បុត្រ បុត្រ​ក៏​បាន​ឃើញ​មាតា​ខ្លះ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុថុជ្ជន​ អ្នក​មិន​ចេះ​ដឹង រមែង​ពោល​នូវ​សមាតា​បុត្តិ​កភ័យ នេះ​ថា​ជា អមាតាបុត្តិកភ័យ ទី១។ ម្នាល​ភិក្ខុ​ទាំង​ឡាយ មួយ​ទៀតសម័យ​ដែល​មាន​មហា​មេឃ​បង្អុរភ្លៀង។ ម្នាល​ភិក្ខុ​ទាំង​ឡាយ កាល​បើមហា​មេឃ​ បង្អុរ​ភ្លៀង​ហើយ ជំនន់​ធំ​ ក៏​កើត​ឡើង កាល​បើ​ជំនន់​ទឹក​ធំ​ កើតហើយ ពួក​អ្នក​ស្រុក​ ក៏​រសាត់​ទៅ អ្នក​និគម​ ក៏​រសាត់​ទៅ អ្នក​នគរ ​ក៏​រសាត់ទៅ ​ដោយ​ទឹក​នោះ កាល​បើ​អ្នក​ស្រុក​រសាត់​ទៅ អ្នក​និគម​រសាត់​ទៅ អ្នកនគរ​ក៏​រសាត់​ទៅ សម័យ​នោះ ​ជួន​កាល​មាតា​ ក៏​បាន​ឃើញ​បុត្រ បុត្រ​ក៏​បានឃើញ​មាតា​ខ្លះ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុចុជ្ជន​ អ្នក​មិន​ចេះ​ដឹង តែង​ពោល​នូវ​សមាតា​បុត្តិ​ក​ភ័យ នេះ​ថា​ជា អមាតា​បុត្តិក​ភ័យ ​ទី២។ ម្នាល​ភិក្ខុ​ទាំង​ឡាយ មួយ​ទៀត សម័យ​ដែល​មាន អដវីសង្កោប​ភ័យ ពួក​អ្នកជន​បទ​ ក៏​នាំ​គ្នា​ឡើង​កាន់​ចក្ក​យាន​ បរ​ទៅ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ មួយវិញ​​ទៀត កាល​បើ​អដវី​សង្កោប​ភ័យ​មាន​ហើយ ពួក​អ្នក​ជន​បទ ក៏​នាំគ្នាឡើង​កាន់​ចក្ក​យាន ​បរ​ទៅ សម័យ​នោះ ​ជួនកាល​ មាតា​បាន​ឃើញ​បុត្រ​ បុត្រ​ក៏​បាន​ឃើញ​មាតា​ខ្លះ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុថុជ្ជន​ អ្នក​មិន​ចេះដឹង តែង​ពោល​នូវ​សមា​តា​បុត្តិកភ័យនេះ ថា​ជា​អមាតា​បុត្តិក​ភ័យ ទី៣។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុថុជ្ជន​ អ្នក​មិន​ចេះ​ដឹង រមែង​ពោល​នូវ​សមាតាបុត្តិកភ័យ ៣ យ៉ាង​នេះ​ឯង​ថា ជា​អមាតា​បុត្តិកភ័យ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ អមាតា​បុត្តិក​ភ័យ​នេះ ​មាន​៣ យ៉ាង។ អមាតា​បុត្តិកភ័យ ៣ យ៉ាង តើ​ដូចម្ដេច។ គឺ​ជរា​ភ័យ ភ័យ​ព្រោះ​ជរា​១ ព្យាធិ​ភ័យ ភ័យ​ព្រោះ​ព្យាធិ​១ មរណ​ភ័យ ភ័យ​ព្រោះ​មរណៈ១។ ម្នាល​ភិក្ខុ​ទាំង​ឡាយ មាតាមិនបាន​ឃើញ​បុត្រ ​ដែល​កំពុង​ជរា​ យ៉ាង​នេះ​ថា អាត្មា​អញ​ចាស់ សូម​កុំ​ឲ្យ​បុត្រអាត្មា​អញ​ចាស់​ឡើយ ចំណែក​ខាង​បុត្រ​ ក៏​មិន​បាន​ឃើញ​មាតា ​ដែល​កំពុងចាស់​ យ៉ាង​នេះថា អាត្មា​អញ សូម​កុំ​ឲ្យ​មាតា​របស់​អញ ​ចាស់​ឡើយ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ មាតាមិន​បាន​ឃើញ​បុត្រ​ដែល​កំពុង​មាន​ព្យាធិ​ យ៉ាងនេះ​ថា អាត្មា​អញ ​មាន​ព្យាធិ សូម​កុំ​ឲ្យ​បុត្រ​របស់អាត្មា​អញ​ មាន​ព្យាធិ​ឡើយ ចំណែក​ខាងបុត្រ ​មិនបាន​ឃើញ​មាតា ដែល​កំពុង​មាន​ព្យាធិ​ យ៉ាងនេះ​ថា អាត្មា​អញ ​មាន​ព្យាធិ សូម​កុំ​ឲ្យ​មាតា​របស់អាត្មា​អញ ​មាន​ព្យាធិ​ឡើយ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ មាតា​មិន​បាន​ឃើញ​បុត្រ ​ដែល​ស្លាប់យ៉ាង​នេះ​ថា អាត្មា​អញ ​រមែង​ស្លាប់ សូម​កុំ​ឲ្យ​បុត្រ​របស់​អញ ​ស្លាប់ឡើយ ចំណែក​ខាង​បុត្រ​ ក៏​មិន​បាន​ឃើញ​មាតា ​ដែល​ស្លាប់​ យ៉ាង​នេះ​ថា អាត្មា​អញ រមែង​តែ​ស្លាប់ សូម​កុំ​ឲ្យ​មាតា​របស់​អាត្មា​អញ ​ស្លាប់​ឡើយ ម្នាល​ភិក្ខុ​ទាំង​ឡាយ អមាតា​បុត្តិក​ភ័យ មាន​៣ យ៉ាង​នេះ​​ឯង។ ម្នាល​ភិក្ខុ​ទាំង​ឡាយ មគ្គ​ និង​បដិ​បទា រមែង​ប្រព្រឹត្ត​ទៅ ដើម្បី​លះ​បង់ ដើម្បី​កន្លង​បង់ នូវ​សមា​តា​បុត្តិក​ភ័យ ទាំង៣ យ៉ាង​នេះ​ផង​ នូវ​អមាតា​បុត្តិ​ក​ភ័យ ទាំង​៣ យ៉ាងនេះ​ផង។ ម្នាល​ភិក្ខុ​ទាំង​ឡាយ មគ្គ តើ​ដូចម្ដេច បដិបទា តើដូច​ម្ដេច រមែង​ប្រព្រឹត្តទៅ ដើម្បី​លះ​បង់ កន្លង​បង់​ នូវ​សមាតា​បុត្តិកភ័យ ​ទាំង​៣យ៉ាង​នេះ​បាន​ផង នូវ​អមាតា​បុត្តិ​ក​ភ័យ ​ទាំង៣ នេះ​បាន​ផង។ មគ្គ ដែល​ប្រកប​ដោយ​អង្គ​៨ ដ៏​ប្រសើរ​នេះ​ឯង គឺ​សម្មាទិដ្ឋិ១ សម្មា​សង្កប្បៈ១ សម្មា​វាចា​១ សម្មា​កម្មន្តៈ១ សម្មា​អាជីវៈ ១ សម្មា​វាយាមៈ១ សម្មាសតិ​១ សម្មា​សមាធិ ១។ ម្នាល​ភិក្ខុ​ទាំង​ឡាយ នេះ​ឯង​ហៅ​ថា មគ្គ នេះ​ហៅ​ថា បដិបទា ប្រព្រឹត្ត​ទៅ ​ដើម្បី​លះបង់ ដើម្បី​កន្លង​បង់ ​នូវ​សមាតាបុត្តិក​ភ័យ​ ទាំង​៣ យ៉ាង​នេះ​ផង​ នូវ​អមាតា​បុត្តិក​ភ័យ ​ទាំង​៣​យ៉ាងនេះ​ផង។

(វេនាគបុរសូត្រ ទី៣)

(៣. វេនាគបុរសុត្តំ)

[៦៥] សម័យ​មួយ ព្រះ​មាន​ព្រះ​ភាគ ​ទ្រង់​ស្ដេច​ទៅ​កាន់​ចារិក ​ក្នុងកោសល​ជនបទ ​មួយ​អន្លើ​ដោយ​ភិក្ខុ​សង្ឃ​ជា​ច្រើន​អង្គ ​ទ្រង់​បាន​ចូល​ទៅ​ដល់ព្រាហ្មណ​​គ្រាម ឈ្មោះ​វេនាគ​បុរី នៃ​កោសល​ជនបទ។ ពួក​ព្រាហ្មណ៍ និងគហបតី ​អ្នក​នៅ​ក្នុង​វេនាគបុរី បាន​ឮ​ច្បាស់ ​នូវ​ដំណឹង​នោះ​ហើយ ទើប​ប្រកាស​សេចក្ដី​ថា ម្នាល​គ្នា​យើង ឮ​ថា​ព្រះ​សមណ​គោតម​ ជាសក្យ​បុត្ត ចេញចាក​សក្យត្រកូល ទៅ​ទ្រង់​ព្រះ​ផ្នួស​​ ហើយ​ស្ដេច​បាន​មក​ដល់វេនាគបុរី។ កិត្តិ​ស័ព្ទ​សរសើរ​ព្រះគោតម​ដ៏​ចំរើន​នោះ ពី​រោះ ​ឮ​ខ្ចរ​ខ្ចាយ ​សុះសាយ ​យ៉ាងនេះ​ថា ព្រះ​ដ៏​មាន​ព្រះ​ភាគ​នោះ ​ទ្រង់​ព្រះ​នាម​ថា អរ​ហំ​ ថា សម្មាសម្ពុទ្ធោ ថា វិជ្ជា​ចរណសម្បន្នោ ថា សុគតោ​ ថា​ លោកវិទូ​ ថា​អនុត្តរោ​ ថា ​បុរិសទម្មសារថិ ថា សត្ថា​ទេវមនុស្សានំ ថា ពុទ្ធោ ថា ភគវា ព្រះ​អង្គ​បានតា្រស់​ដឹង បាន​ធ្វើ​ឲ្យ​ជាក់​ច្បាស់ ​នូវ​ព្រះ​និព្វាន​ ចំពោះ​ព្រះអង្គ ហើយ​ញុំាង​លោកនេះ ព្រម​ទាំង​ទេវ​លោក​​ មារ​លោក​ ព្រហ្មលោក ញុំា​ពពួក​សត្វ ព្រម​ទាំង​សមណ​ព្រាហ្មណ៍ ទាំង​មនុស្ស ជាសម្មតិទេព និង​មនុស្ស​ដ៏​សេស ឲ្យ​បាន​ត្រាស់​ដឹង​ផង ព្រះ​អង្គ​សំដែង​ធម៌​ ពី​រោះ​បទ​ដើម ពី​រោះ​បទ​កណ្ដាល និង​ពី​រោះ​បទ​ខាង​ចុង ទ្រង់​ប្រកាស​ នូវ​ព្រហ្មចរិយ​ធម៌ ព្រម​ទាំង​អត្ថ និង​ព្យញ្ជនៈ ​ដ៏​បរិបូណ៌ ​បរិសុទ្ធ​ទាំង​អស់ ក៏​ដំណើរ ​ដែល​បាន​ឃើញ ​បាន​ជួបនឹង​ព្រះ​អរហន្ដ​ទាំង​ឡាយ​ មាន​សភាព​​យ៉ាង​ហ្នឹង ជាការ​ប្រពៃ​ពេក។ លំដាប់​នោះ​ឯង ព្រាហ្មណ៍​ និង​គហបតី​ អ្នក​នៅ​ក្នុង​វេនាគបុរី ចូល​ទៅ​គាល់ព្រះ​ដ៏​មាន​ព្រះ​ភាគ លុះ​ចូល​ទៅ​ដល់​ហើយ ពួក​ខ្លះ​ក៏​ថ្វាយ​បង្គំព្រះ​ដ៏​មានព្រះ​ភាគ ហើយ​អង្គុយ​ក្នុង​ទី​សមគួរ ពួក​ខ្លះ​ក៏​ធ្វើ​សេចក្ដី​រីករាយ ​ជាមួយនឹង​ព្រះ​ដ៏​មាន​ព្រះ​ភាគ លុះ​បញ្ចប់​ពាក្យ ដែល​គួរ​រីករាយ​ និង​ពាក្យ​ ដែលគួរ​រលឹក​ហើយ ក៏​អង្គុយ​ក្នុង​ទីសម​គួរ ពួក​ខ្លះ​អង្គុយ​ក្នុង​ទី​ដ៏​សម​គួរ​ប្រណម្យអញ្ជលី ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ ពួកខ្លះ​ ញុំាង​នាម ​និង​គោត្រ ឲ្យ​ឮ​ឡើង អង្គុយ​ក្នុង​ទី​សមគួរ ពួក​ខ្លះ​អង្គុយ​ស្ងៀម​ ក្នុង​ទី​សមគួរ។ ព្រាហ្មណ៍ ជាវច្ឆគោ​ត្រ អ្នក​នៅ​ក្នុង​វេនាគបុរី​ អង្គុយ​ក្នុង​ទីសម​គួរ​ហើយ បាន​ក្រាប​បង្គំទូល​ព្រះដ៏​មាន​ព្រះ​ភាគ​ ដូច្នេះ​ថា បពិត្រព្រះគោតម​ដ៏​ចំរើន សេចក្ដី​អស្ចារ្យមិន​ធ្លាប់​កើត​ ក៏​កើត​មាន បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន ឥន្រ្ទិយ​របស់​ព្រះគោតម​ដ៏​ចំរើន ជ្រះថ្លា ទាំង​សម្បុរ​ស្បែក ក៏​បរិសុទ្ធ​ ផូរ​ផង់ ​ដោយ​ពិត បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន ប្រៀប​ដូច​ជាផ្លែ​ពុទ្រា​ទុំ​ ក្នុង​សារ​ទកាល បរិសុទ្ធ ផូរផង់ ​យ៉ាង​ណាមិញ ឥន្រ្ទិយ​របស់​ព្រះ​គោតម​ដ៏​ចំរើន ជ្រះថ្លា ទាំង​សម្បុរស្បែក ក៏​បរិសុទ្ធ ​ផូរ​ផង់ យ៉ាង​នោះ​ដែរ។ បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន មួយ​ទៀត ប្រៀប​ដូច​ជាផ្លែ​ត្មោត​ទុំ បរិសុទ្ធល្អ​ ជ្រុះ​ចាកទង​ យ៉ាង​ណាមិញ ឥន្រ្ទិយ​របស់​ព្រះ​គោតម​ដ៏ចំរើន ជ្រះ​ថ្លា ទាំង​សម្បុរ​ស្បែក ក៏​បរិសុទ្ធ ​ផូរផង់ យ៉ាង​នោះ​ដែរ។ បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន មួយ​ទៀត​ ដូច​ដុំ​មាស​ជម្ពោនទៈ ដែល​កម្មារ​បុត្រ​ អ្នក​ឈ្លាស ធ្វើ​បរិកម្ម​ល្អ ទាំង​រំលាយ​ល្អ​ហើយដំកល់​ទុក ​លើ​សំពត់​កម្ពល មាន​ពណ៌​លឿង​ទុំ រមែង​ភ្លឺផង ច្បាស់​ផង រុង​រឿង​​ផង យ៉ាង​ណាមិញ ឥន្រ្ទិយ​របស់​ព្រះ​គោតម​ដ៏​ចំរើន ​ជ្រះ​ថ្លា​ ទាំងសម្បុរ​ស្បែក ក៏​បរិសុទ្ធ​ ផូរ​ផង់ យ៉ាង​នោះ​ដែរ។ បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន ឧច្ចា​សយនៈ​ និង​មហា​សយនៈ​ទាំង​នោះ​ មាន​ដោយ​ពិត ​គឺ​អាសន្ទិ (អាសនៈ ដែល​ខ្ពស់​ហួស​ប្រមាណ) ១ បល្លង្ក ​(គ្រែ​ដែល​មាន​​ជើង​វិចិត្រ​ដោយ​រូប​សត្វសាហាវ)​១ គោណកៈ (ព្រំដែល​មាន​រោម​វែង​ជាង​ ៤ ធ្នាប់)​១ ចិត្តិកា (កម្រាល ​ដែល​គេ​ធ្វើ​ដោយ​រោម​សត្វ​វិចិត្រ​ដោយ​រតនៈ) ១​ បដិកា (​កម្រាលដែល​មាន​ពណ៌​ស ធ្វើ​ដោយ​រោម​សត្វ) ១​បដលិកា (​កម្រាល​ដែល​ធ្វើ​ដោយរោម​សត្វ​ជា​ផ្កា​ចង្កោម)១ តូលិកា (​កម្រាល​ដែល​ញាត់​ដោយ​សំឡី)១ វិកតិកា (កម្រាល​ដែល​ធ្វើ​ដោយ​រោម​សត្វ វិចិត្រ​ដោយ​រូប​សត្វ​មាន​សីហៈ និង​ខ្លា​ធំ ​ជា​ដើម​)​១ ឧទ្ធលោមី (​កម្រាល​ដែល​ធ្វើ​ដោ​យ​រោម​សត្វ​មាន​ជាយ​ទាំង​ពីរ​ខាង) ១ ឯកន្ដ​លោមី (​កម្រាល​ដែល​ធ្វើ​ដោយ​រោម​សត្វ មានជាយ​តែ​ម្ខាង) ១ កដ្ឋិស្សៈ (កម្រាល​ដែល​ធ្វើ​ដោយ​អំបោះ ​លាយសូត្រ​ ដោត​ក្រង​ដោយ​រតនៈ) ១ កោសេយ្យៈ (​កម្រាល​ដែល​ធ្វើ​ដោយសូត្រ​ ដោត​ក្រង​ដោយ​រតនៈ) ១ កុត្តកៈ (កម្រាល​ដែល​ធ្វើ​ដោយរោម​សត្វ​ ល្មមពួក​ស្រី​របាំ​១០ នាក់​ ឈរ​រាំ​បាន​)​១ ហត្ថត្ថរៈ (​កម្រាល​សម្រាប់​ក្រាលលើ​ខ្នង​ដំរី) ១ អស្សត្ថរៈ (កម្រាល​សម្រាប់​ក្រាល​លើ​ខ្នងសេះ ១ រថ​ត្ថរៈ(កម្រាល​សម្រាប់​ក្រាល​លើ​រថ)​១ អជិន​ប្បវេណិ (​កម្រាល​ដែល​គេ​ធ្វើដោយ​ស្បែក​ខ្លា​​ឃ្មុំ) ១ កាទ​លិមិគប្បវរប្បច្ចត្ថ​រណៈ (កម្រាល​ដ៏​ឧត្តម ដែល​ធ្វើ​ដោយ​ស្បែក​​សត្វ​ឈ្មុស)​១ ​​សឧត្តរច្ចទៈ (ទី​ដេក​ ដែល​មានពិតាន​​ក្រហម)​១ ឧ​ភតោ​លោហិត​កុប​ធានៈ (ខ្នើយ​មាន​ពណ៌ក្រហមទាំង​ពីរ​ខាង)​១ ព្រះ​គោតម​ទ្រង់​បាន​តាម​សេចក្ដីប្រាថ្នា ទ្រង់បាន​ដោយងាយ ទ្រង់​បាន​ដោយ​មិន​លំបាក នូវ​ឧ​ច្ចាសយនៈ និង​មហាសយនៈ មាន​សភាព​យ៉ាង​នេះ​ ដោយ​ពិត។ ព្រះ​ដ៏​មាន​ព្រះ​ភាគ ​ទ្រង់ត្រាស់​ថា ម្នាល​ព្រាហ្មណ៍ ឧច្ចាសយនៈ​ និង​មហា​សយនៈ​ទាំង​នោះ​គឺ អាសន្ទិ ១… ឧភតោ​លោហិត​កុបធានៈ ១ ពួក​បព្វ​ជិត​បាន​ដោយ​លំ​បាក ប្រសិន​បើ​បព្វ​ជិត​បាន​ហើយ ក៏​មិន​គួរ​ប្រើ​ប្រាស់​បាន​ទេ។ ម្នាលព្រហ្មណ៍ ឥឡូវ​នេះ ​តថាគត​ជាអ្នក​បាន​តាម​សេចក្ដី​ប្រាថ្នា បាន​ដោយ​ងាយ បាន​ដោយ​មិន​លំ​បាក នូវ​ឧច្ចាស​យនៈ និង​មហាស​យនៈ ៣ យ៉ាងនេះ​ឯង។ ឧច្ចាស​យនៈ​ និង​មហាសយនៈ ៣​យ៉ាង តើ​ដូច​ម្ដេច។ គឺឧច្ចាសយនៈ​ និង​មហាសយនៈ​ជា​ទិព្វ ១ ឧច្ចាសយនៈ​​ និង​មហាសយនៈ​ ជា​របស់ព្រហ្ម​១ ឧច្ចាសយនៈ​ និង​មហា​សយនៈ​ ជារបស់​អរិយៈ​១។ ម្នាលព្រាហ្មណ៍ ឥឡូវ​នេះ​ តថាគត​ បាន​តាម​សេចក្ដី​ប្រាថ្នា បាន​ដោយ​ងាយ បាន​ដោយ​មិន​លំបាក​ នូវ​ឧច្ចាសយ​នៈ​ និង​មហាសយនៈ ៣ យ៉ាង​នេះ​ឯង។ បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ឥឡូវ​ព្រះ​គោតម​ដ៏​ចំរើន ​បាន​តាម​សេចក្ដី​ប្រាថ្នា ​បាន​ដោយ​ងាយ បាន​ដោយ​មិន​លំបាក ​នូវ​ឧច្ចាសយនៈ ​និង​មហា​សយនៈ​ជាទិព្វនោះ តើ​ដូច​ម្ដេច​។ ម្នាល​ព្រាហ្មណ៍ ក្នុង​ទី​ឯណោះ តថាគត បាន​ចូល​ទៅ​អាស្រ័យ ​នូវ​ស្រុក ​ឬ​និគម ​ក្នុង​បុព្វណ្ហ​សម័យ​ តថាគត​ស្លៀកស្បង់ ​ប្រដាប់​បាត្រ ​និង​ចីវ​រ ចូល​ទៅកាន់​ស្រុក​ និង​និគម​នោះ​ឯង ដើម្បី​បិណ្ឌបាត្រ កាល​តថាគត ​ត្រឡប់​ពី​បិណ្ឌបាត្រ​ក្នុងបច្ឆាភត្ត ក៏​ចូល​ទៅ​កាន់​ព្រៃ តថា​គត​ឯង ក៏​ប្រ​មូល​យក​ស្មៅ ​ឬស្លឹក​ឈើ​ទាំង​នោះ ដែល​មាន​ក្នុង​ព្រៃនោះ​ ឲ្យ​នៅ​តែ​មួយ​កន្លែង ​ហើយអង្គុយ​ពែន​ភ្នែន ​ដំកល់​កាយ​ឲ្យ​ត្រង់​ តាំងសតិ​ ឆ្ពោះ​ទៅ​កាន់​កម្មដ្ឋាន តថាគត​នោះ ​ស្ងាត់​ចាកកាម​ទាំង​ឡាយ ស្ងាត់ចាកអកុសល​ធម៌​ទាំង​ឡាយ ក៏​ចូល​កាន់​បឋមជ្ឈាន ប្រកប​ដោយ​វិតក្កៈ និង​វិចារៈ មាន​បិតិ ​និង​សុខ ​ដែល​កើត​អំពី​សេចក្ដី​ស្ងប់ស្ងាត់ សម្រេច​សម្រាន្ត​នៅ ព្រោះ​រម្ងាប់​នូវ​វិតក្កៈ​ វិចារ ក៏​ចូល​កាន់​ទុតិយជ្ឈាន ជា​ធម្ម​ជាត​កើតមាន​ ក្នុង​សន្ដាន​នៃ​ខ្លួន ប្រកប​ដោយ​សេចក្ដី​ជ្រះ​ថ្លា ​គឺ​សទ្ធា មាន​សភាព ជាចិត្ត​ខ្ពស់​ឯក មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ មាន​តែ​បី​តិ​ និងសុខ​ ដែល​កើត​អំពី​សមាធិ គឺ​បឋម​ជ្ឈាន​ ក៏​សម្រេច​សម្រាន្ត​នៅ ព្រោះនឿយ​ណាយ​ ចាកបី​តិ​ផង ជាអ្នក​ប្រកប​ដោយ​ឧបេក្ខា​ផង មាន​សតិ និង​សម្បជញ្ញៈផង ទទួល​នូវ​សុខ ​ដោយ​នាម​កាយ​ផង ព្រះ​អរិយៈទាំងឡាយ តែង​សរសើរ​ នូវ​បុគ្គល ​ដែល​បាន​នូវ​តតិយ​ជ្ឈាន​នោះថា ប្រកបដោយ​ឧបេ​ក្ខា មាន​ស្មារតី មាន​ធម៌​ជាគ្រឿង​នៅ​ជា​សុខ ​ដូច្នេះ ព្រោះ​បានដល់​ នូវ​តតិយ​ជ្ឈាន​នោះ​ ទើប​សម្រេច​សម្រាន្ត​នៅ ព្រោះ​លះ​បង់​ នូវ​សុខផង លះ​បង់​នូវ​ទុក្ខ​ផង ព្រោះ​អស់​ទៅ ​នៃ​សោមនស្ស​ និង​ទោម​នស្ស ក្នុងកាល​មុន​ផង ចូល​កាន់​ចតុ​ត្ថ​ជ្ឈាន ជា​ធម្ម​ជាត ​មាន​អារម្មណ៍​មិន​មែន​ជា​ទុក្ខ មិន​មែន​ជាសុខ ​មាន​សតិ​ដ៏​បរិសុទ្ធ​ ដោយ​ឧ​បេក្ខា ក៏​សម្រេច​សម្រាន្ត​នៅ។ ម្នាល​ព្រាហ្មណ៍ បើ​តថាគត​នោះ ​ចង្រ្កម​មាន​សភាព​យ៉ាង​នេះ ទី​ចង្រ្កម​ជាទិព្វ​នោះ រមែង​មាន​ដល់​តថាគត​ ក្នុង​សម័យ​នោះ ម្នាល​ព្រាហ្មណ៍​ បើតថាគត​នោះ ​ឈរ មាន​​សភាព​យ៉ាង​នេះ ​ទី​ឈរជាទិព្វ​នោះ ​រមែង​មាន​ដល់តថាគត​ ក្នុង​សម័យ​នោះ​ ម្នាល​ព្រាហ្មណ៍ បើ​តថាគត​នោះ​ អង្គុយមានសភាព​យ៉ាង​នេះ ទី​អង្គុយ​ជាទិព្វ​នោះ រមែង​មាន​ដល់​តថាគត​ ក្នុង​សម័យនោះ​ ម្នាល​ព្រាហ្មណ៍ បើ​តថាគត​នោះ ​សម្រេច​នូវ​សំ​ណឹង មាន​សភាពយ៉ាងនេះ សំណឹង​ដ៏​ខ្ពស់ ​និង​អង្គុយ ​ដ៏​ប្រសើរ​ជាទិព្វ​នោះ រមែង​មាន​ដល់តថាគត ​ក្នុង​សម័យ​នោះ​។ ម្នាល​ព្រាហ្មណ៍ ឥឡូវ​តថាគត​ ជាអ្នក​បានតាម​សេចក្ដី​ប្រាថ្នា ជាអ្នក​បាន​ដោយ​ងាយ បាន​ដោយ​មិន​លំបាក ​នូវ​សំណឹង​ដ៏​ខ្ពស់​ និង​ទីអង្គុយ​ដ៏​ប្រសើរ ជាទិព្វ​នោះ​ឯង។ បពិត្រ​ព្រះគោតម​ដ៏​ចំរើន​ អស្ចារ្យ​ណាស់ បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ចំឡែក​ណាស់ មានបុគ្គល​ណា​ដទៃ អាច​នឹង​បាន​​តាម​សេច​ក្ដី​ប្រាថ្នា បាន​ដោយ​ងាយ បាន​ដោយ​មិន​លំបាក នូវ​ទី​ដេក​ដ៏​ខ្ពស់​និង​ទី​អង្គុយ​ដ៏​ប្រសើរ ជា​ទិព្វ មានសភាពយ៉ាង​នេះ​បាន​ឡើយ លើក​លែង​តែ​ព្រះ​គោតម​ដ៏​ចំរើន​ចេញ។ បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន ឥឡូវ​ព្រះគោតម​ដ៏​ចំរើន ​ទ្រង់​បាន​តាម​សេចក្ដីប្រាថ្នា បាន​ដោយ​ងាយ បាន​ដោយ​មិន​លំបាក​ នូវ​ទី​ដេក​ដ៏​ខ្ពស់​ និង​ទី​អង្គុយដ៏​ប្រសើរ ជា​របស់​ព្រហ្មនោះ តើ​ដូច​ម្ដេច។ ម្នាល​ព្រាហ្មណ៍ ក្នុង​ទី​ឯណោះ តថាគត ​ចូល​ទៅ​អាស្រ័យ​ស្រុក ​ឬ​និគម​ណា តថាគតស្លៀក​ស្បង់​ ប្រដាប់​ដោយ​បាត្រ​ និង​ចីវរ ក្នុង​បុព្វ​ណ្ហ​សម័យ ហើយចូល​ទៅ​កាន់​ស្រុក​ និង​និគម​នោះ​ឯង ដើម្បី​បិណ្ឌ​បាត កាល​តថាគត​នោះ ត្រឡប់​ពី​បិណ្ឌ​បាត ក្នុង​បច្ឆាភត្ត​ហើយ​ចូល​ទៅ​ក្នុង​ដង​ព្រៃ តថាគត​នោះ បានប្រមូល​នូវ​ស្មៅ​ ឬ​ស្លឹក​ឈើ​ទាំង​នោះ ដែល​មាន​ក្នុង​ដង​ព្រៃនោះ ឲ្យដំកល់​នៅ​មួយ​កន្លែង ហើយ​អង្គុយ​ពែន​ភ្នែន ​ដំកល់​កាយ​ឲ្យ​ត្រង់​ ប្រុង​សតិ ឲ្យមាន​មុខ​ឆ្ពោះ​ទៅ​កាន់​កម្មដ្ឋាន តថាគត​នោះ​ មាន​ចិត្ត​ប្រកប​ដោយ​មេត្តា ទៅកាន់​ទិស​ទី១ ទិស​ទី២ ទិស​ទី​៣ និង​ទិស​ទី៤ ក៏​ដូច​គ្នា​ផ្សាយទៅ​កាន់​ទិស​ខាង​លើ ទិស​ខាង​ក្រោម ទិស​ទទឹង ​គឺ​ទិស​តូច​ៗ មានចិត្ត​ប្រកប​ដោយ​មេត្តា ជាចិត្ត​ទូលាយ ​ដល់​នូវ​សភាវៈ​ធំ មិន​មាន​ប្រមាណ មិន​មាន​ពៀរ មិន​មាន​ព្យាបាទ ផ្សាយ​ទៅ​កាន់​សត្វ​លោក​ទាំង​អស់ ដោយ​អាការ​ទាំង​ពួង ក្នុង​ទី​ទាំងពួង មាន​ចិត្ត​ប្រកប​ដោយ​ករុណា… មាន​ចិត្ត​ប្រកប​ដោយ​មុទិតា… មាន​ចិត្ត​ប្រកប​ដោយ​ឧបេក្ខា ផ្សាយ​ទៅ​កាន់ទិស​ទី១ ទិស​ទី២ ទិស​ទី​៣ និង​ទិស​ទី៤ ក៏​ដូច​គ្នា ផ្សាយ​ទៅ​កាន់​ទិសខាង​លើ ទិសខាងក្រោម ទិស​ទទឹង ​គឺ​ទិស​តូចៗ មាន​ចិត្ត​ប្រកប​ដោយឧបេក្ខា ជាចិត្ត​ទូលាយ ដល់​នូវ​សភាវៈ​ធំ​ មិន​មាន​ប្រមាណ មិន​មាន​ពៀរ មិន​មាន​ព្យាបាទ ផ្សាយ​ទៅ​កាន់​សត្វ​លោក​ទាំង​អស់​ ដោយ​អាការ​ទាំង​ពួង ក្នុង​ទី​ទាំង​ពួង។ ម្នាល​ព្រាហ្មណ៍ បើ​តថា​គត​នោះ ​ចង្រ្កម​យ៉ាង​នេះ ជាទី​ចង្រ្កម​ដ៏​ប្រសើរ រមែង​មាន​ដល់​តថាគត ក្នុង​សម័យ​នោះ ម្នាលព្រាហ្មណ៍ បើតថាគត​នោះ ​ឈរ​យ៉ាង​នេះ… អង្គុយ… សម្រេច​នូវ​សំណឹង សំណឹង​ដ៏​ខ្ពស់​ និង​ទី​អង្គុយ​ដ៏​ប្រសើរ​ ជា​របស់​ព្រហ្មនោះ រមែង​មានដល់​តថាគត ​ក្នុង​សម័យ​នោះ។ ម្នាល​ព្រាហ្មណ៍ តថាគត​ ជា​អ្នក​បានតាម​សេចក្ដី​ប្រាថ្នា បាន​ដោយ​ងាយ ​បាន​ដោយ​មិន​លំ​បាក នូវ​សំណឹងដ៏​ខ្ពស់​ និង​អង្គុយ​ទី​ដ៏​ប្រសើរ ជារបស់​ព្រហ្មនេះ​ឯង។ បពិត្រ​ព្រះ​គោតមដ៏​ចំរើន អស្ចារ្យ​ណាស់ បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន ចំឡែក​ណាស់ តើ​មាន​បុគ្គល​ដទៃ​ឯណា ​នឹង​បាន​តាម​សេចក្ដី​ប្រាថ្នា ​បាន​ដោយ​ងាយ​ បានដោយ​មិន​លំបាក នូវ​សំណឹងដ៏​ខ្ពស់​ និង​ទីអង្គុយ​ដ៏​ប្រសើរ ជារបស់ព្រហ្ម មាន​សភាព​យ៉ាងនេះ លើកលែង​តែ​ព្រះ​គោតម​ដ៏​ចំរើនចេញ។ បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន ឥឡូវ ព្រះ​គោតម​ដ៏​ចំរើន បាន​តាម​សេចក្ដី​ប្រាថ្នា បាន​ដោយ​ងាយ បាន​ដោយ​មិន​លំបាក នូវ​សំណឹងដ៏​ខ្ពស់​ និងទី​អង្គុយ​ដ៏​ប្រសើរ ជា​របស់​អរិយៈ​ដូច​ម្ដេច។ ម្នាល​ព្រាហ្មណ៍ ក្នុង​ទី​ឯណោះ តថាគត​នោះ ចូល​ទៅ​អាស្រ័យ ​នូវ​ស្រុក ​ឬនិគម​ណា តថាគត​នោះ ​ស្លៀក​ស្បង់ ​ប្រដាប់​ដោយ​បាត្រ ​និង​ចីវរ ​ក្នុង​បុព្វណ្ហ​សម័យ ​ចូល​ទៅ​កាន់​ស្រុក ​ឬនិគម​នោះ​ឯង ដើម្បី​បិណ្ឌ​បាត កាល​តថា​គត​នោះ ​ត្រឡប់ពី​បិណ្ឌ​បាត ​ក្នុង​បច្ឆា​ភត្ត ចូល​ទៅ​កាន់​ដង​ព្រៃ តថាគត​នោះ ប្រមូលនូវស្មៅ ​ឬស្លឹក​ឈើ​ទាំង​នោះ ​ក្នុង​ដងព្រៃ​នោះ ​ឲ្យ​តាំង​នៅ​ក្នុង​ទី១ ហើយ​អង្គុយពែន​ភ្នែន ដំកល់កាយ​ឲ្យ​ត្រង់​ ប្រុង​ស្មារតី ​ឆ្ពោះ​ទៅ​កាន់​កម្មដ្ឋាន តថា​គតនោះ ​ដឹង​យ៉ាង​នេះ​ថា រាគៈ​តថាគត បាន​លះបង់​ហើយ បាន​ផ្ដាច់​ផ្ដិល​ឫសគល់​អស់​ហើយ បាន​ធ្វើ​ឲ្យ​នៅ​សល់​តែ​ទី​នៅ ដូច​ជា​ទី​នៅ​ នៃ​ដើម​ត្នោត ជា​សភាវៈ​ ដល់​នូវ​ការ​សាប​សូន្យ មាន​សភាព​មិន​កើត​ឡើង​តទៅ​ឡើយ ទោសៈ​តថាគត បាន​លះ​បង់​ហើយ បាន​ផ្ដាច់​ផ្ដិល​ឫស​គល់​អស់​ហើយ បាន​ធ្វើ​ឲ្យ​នៅ​សល់​តែ​ទី​នៅ ដូច​ជាទី​នៅ​ នៃ​ដើម​ត្នោត ជាសភាវៈ ដល់​នូវការ​សាប​សូន្យ​ មាន​សភាព​មិន​កើត​ឡើង​តទៅ មោហៈ ​តថាគត ​បាន​លះ​បង់​ហើយ បាន​ផ្ដាច់​ផ្ដិល​ឫស​គល់​អស់​ហើយ បាន​ធ្វើ​ឲ្យ​នៅ​សល់​តែ​ទី​នៅ ដូច​ជា​ទី​នៅ​ នៃ​ដើម​ត្នោត ជា​សភាវៈ ដល់​នូវ​ការ​សាប​សូន្យ មាន​សភាពមិន​កើត​ឡើង​តទៅ​ឡើយ។ ម្នាល​ព្រាហ្មណ៍ បើ​តថាគត​នោះ​ ចង្រ្កមមាន​សភាព​យ៉ាង​នេះ ទី​ចង្រ្កម​ជា​របស់អរិយៈនុ៎ះ រមែង​មាន​ដល់​តថាគត ក្នុង​សម័យ​នោះ​ ម្នាល​ព្រាហ្មណ៍ បើតថាគត​នោះ​ឈរ មាន​សភាព​យ៉ាងនេះ… អង្គុយ… សម្រេច​នូវ​សំណឹង សំណឹង​ដ៏​ខ្ពស់ ​និង​ទីអង្គុយ​ដ៏​ប្រសើរ ជារបស់​អរិយៈ​នុ៎ះ រមែង​មានដល់​តថាគត​ក្នុង​​សម័យ​នោះ។ ម្នាល​ព្រាហ្មណ៍ តថាគត ​ជាអ្នក​បាន​តាម​សេចក្ដី​ប្រាថ្នា បាន​ដោយ​​ងាយ បាន​ដោយ​មិន​លំបាក នូវ​សំណឹង​ដ៏​ខ្ពស់ និង​ទី​អង្គុយ​ដ៏ប្រសើរ​ជារបស់​អរិយៈ​នេះ​ឯង។ បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ អស្ចារ្យ​ណាស់ បពិត្រ​ព្រះគោតម​​ដ៏​ចំរើន ចំឡែក​ណាស់ តើមាន​បុគ្គល​ដទៃ​ឯណា នឹង​បាន​តាម​សេចក្ដី​ប្រាថ្នា បាន​ដោយ​ងាយ បាន​ដោយ​មិន​លំបាក ​នូវ​សំណឹង​ដ៏​ខ្ពស់ ​និង​ទី​អង្គុយ​ដ៏​ប្រសើរ ជា​របស់​អរិយៈ មាន​សភាព​យ៉ាងនេះ លើក​លែង​តែ​ព្រះ​គោតម​ដ៏​ចំរើន​ចេញ។ បពិត្រ​ព្រះ​គោតម​ដ៏ចំរើន ច្បាស់​ពេក​ណាស់ បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ច្បាស់​ពេក​ណាស់ បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន ដូច​ជា​បុគ្គល​ផ្ងារ​របស់​ ដែល​គេ​ផ្កាប់ ឬ​បើករបស់​ ដែល​គេ​បិទ​បាំង ពុំ​នោះ​ ក៏​ដូច​គេ​ប្រាប់​ផ្លូវ ដល់​បុគ្គល​អ្នក​វង្វេងទិស ពុំ​នោះ​សោត ​ដូច​គេ​ទ្រោល​បំភ្លឺ​ប្រទីប​ប្រេង ​ក្នុង​ទីងងឹត​ ឲ្យ​បុគ្គល​អ្នកមាន​ចក្ខុ​ឃើញ​នូវ​រូប​ទាំង​ឡាយ​បាន​ យ៉ាង​ណាមិញ ធម៌​ដែល​ព្រះ​គោតមដ៏​ចំរើន​ សំដែង​ដោយ​អនេក​បរិយាយ​ ក៏​យ៉ាង​នោះ​ដែរ។ យើង​ខ្ញុំ​ព្រះ​អង្គ​នេះ សូម​ដល់​នូវ​ព្រះ​គោតម​ដ៏​ចំរើន​ផង ព្រះ​ធម៌​ផង ព្រះ​ភិក្ខុសង្ឃផង ជាទី​ពឹង សូម​ព្រះ​គោតម​ដ៏​ចំរើន ទ្រង់​ចាំទុក​នូវ​យើងខ្ញុំ​ព្រះ​អង្គ ​ថាជា​ឧបាសក​ ដល់នូវ​សរណៈ​ ស្មើ​ដោយ​ជីវិត តាំង​អំពី​ថ្ងៃ​នេះ​ ជាដើម​ទៅ។

(សរភសូត្រ ទី៤)

(៤. សរភសុត្តំ)

[៦៦]​​​​​​​​​​​​ សម័យ​មួយ ព្រះ​ដ៏​មាន​ព្រះ​ភាគ គង់​លើ​ភ្នំ​គិជ្ឈកូដ ជិតក្រុងរាជ​គ្រឹះ។ សម័យ​នោះឯង សរភបរិព្វា​ជក (​បួស​ក្នុង​ព្រះ​ពុទ្ធ​សាសនា) ទើប​តែនឹង (សឹក) ចាក​ធម្ម​វិន័យ​នេះ បរិ​ព្វា​ជក​នោះ ដ៏​ពោល​ពាក្យ​យ៉ាង​នេះ ក្នុង​បរិសទ្យ​ ក្នុង​រាជ​គ្រឹះ​ថា ធម៌​របស់​ពួក​សម​ណ​សក្យ​បុត្តិយ៍​ អញបាន​ដឹង​ច្បាស់​ហើយ លុះ​អាត្មា​អញ បាន​ដឹង​ច្បាស់ ​នូវ​ធម៌​របស់​ពួកសមណ​សក្យ​បុត្តិយ៍​ហើយ ទើបអាត្មា​អញ សឹក​ចាក​ធម្ម​វិន័យ​នោះ ​យ៉ាងនេះ។ លំដាប់​នោះឯង ភិក្ខុ​ច្រើន​រូប ​ស្លៀក​ស្បង់​ប្រដាប់​បាត្រ ​និង​ចីវរ ក្នុង​បុព្វណ្ហ​សម័យ​ ចូល​ទៅ​កាន់​ក្រុង​រាជ​គ្រឹះ ដើម្បី​បិណ្ឌបាត។ ភិក្ខុ​ទាំងនោះ បាន​ស្ដាប់​នូវ​វាចា ​ដែល​សរ​ភបរិព្វា​ជក ពោល​ក្នុង​បរិសទ្យ​ ក្នុង​ក្រុង​រាជ​គ្រឹះ ​យ៉ាង​នេះ​ថា ធម៌​របស់​ពួក​សមណ​សក្យ​បុត្តិយ៍ ​អញ​បាន​ដឹង​ច្បាស់ហើយ លុះ​អាត្មា​អញ​ ដឹង​ច្បាស់​នូវ​ធម៌ ​របស់​សមណ​សក្យ​បុត្តិយ៍​ហើយ ទើប​អាត្មា​អញ ​សឹក​ចាក​ធម្ម​វិន័យ​នេះ​។ លំ​ដាប់​នោះ​ឯង ភិក្ខុ​ទាំង​នោះ ត្រេច​ទៅ​បិណ្ឌ​បាត ក្នុ​ងក្រុង​រាជ​គ្រឹះ កាល​ត្រឡប់​ពី​បិណ្ឌ​បាត​ ក្នុង​បច្ឆា​ភត្ត ក៏​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ លុះ​ចូល​ទៅ​ដល់​ហើយ បាន​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ ហើយ​អង្គុយ​ក្នុង​ទី​សម​គួរ។ លុះ​ភិក្ខុ​ទាំង​នោះ អង្គុយក្នុង​ទី​សម​គួរ​ហើយ បាន​ក្រាប​បង្គំ​ទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ ​ដូច្នេះ​ថា បពិត្រ​ព្រះ​អង្គ​ដ៏​ចំរើន សរ​ភបរិព្វា​ជក ទើប​នឹង​សឹក​ចាក​ធម្ម​វិន័យនេះ គាត់​ក៏​ពោល​នូវ​ពាក្យ ក្នុង​បរិសទ្យ ក្នុង​ក្រុង​រាជ​គ្រឹះ យ៉ាង​នេះ​ថា ធម៌​របស់​ពួក​សមណសក្យ​បុត្តិយ៍ ​អញ​បាន​ដឹង​ច្បាស់​ហើយ លុះ​អាត្មា​អញ បាន​ដឹង​ច្បាស់​ ធម៌​របស់​ពួក​សមណសក្យ​បុត្តិយ៍​ហើយ ទើប​អាត្មាអញ សឹកចាក​ធម្ម​វិន័យ​នោះ ​យ៉ាង​នេះ បពិត្រ​ព្រះ​អង្គ​ដ៏​ចំរើន សូម​ព្រះ​ដ៏​មានព្រះ​ភាគ ​ចូល​ទៅ​ជួប​នឹង​សរភបរិព្វា​ជក ក្នុង​បរិព្វា​ជការាម ក្បែរ​ឆ្នេរស្ទឹង​ឈ្មោះ ​សប្បិនី ដោយ​សេចក្ដី​អនុ​គ្រោះ។ ព្រះ​ដ៏​មាន​ព្រះ​ភាគ ទ្រង់​ទទួល​ដោយ​តុណ្ហីភាព។ លំដាប់​នោះ ព្រះ​ដ៏​មាន​ព្រះ​ភាគ ​ទ្រង់ចេញ​ចាក​ទី​សម្ងំ ក្នុង​សាយណ្ហ​សម័យ ហើយ​ចូល​ទៅ​ជួប​នឹង​សរភបរិព្វា​ជក ក្នុង​បរិព្វា​ជការាម ក្បែរ​ឆ្នេរ​ស្ទឹង​ឈ្មោះ​សប្បិនី លុះ​ចូលទៅ​ដល់​ហើយ ទ្រង់​គង់​លើ​អាសនៈ​ ដែល​គេ​ក្រាល​ថ្វាយ។ លុះ​ព្រះ​ដ៏មាន​ព្រះ​ភាគ​ គង់​ហើយ បាន​ត្រាស់​ទៅ​នឹង​សរភបរិព្វា​ជក ​ដូច្នេះ​ថា ម្នាលសរភៈ ឮថា អ្នក​និយាយ​យ៉ាង​នេះថា ធម៌​របស់​ពួក​សមណសក្យ​បុត្តិយ៍ អាត្មា​អញ ​បាន​ដឹង​ច្បាស់​ហើយ លុះ​អាត្មា​អញ​ បាន​ដឹង​ច្បាស់​ធម៌ របស់​ពួក​សមណ​សក្យ​បុត្តិយ៍​ហើយ ទើប​អាត្មា​អញ ​សឹកចាក​ធម្មវិន័យ​នោះ ​យ៉ាង​នេះ ពិត​មែន​ឬ។ កាល​ព្រះ​ដ៏​មាន​ព្រះ​ភាគ ទ្រង់​ត្រាស់​យ៉ាង​នេះ​ហើយ សរភបរិព្វា​ជក ​ក៏​នៅ​ស្ងៀម។ ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ទ្រង់​ត្រាស់​ទៅ​នឹង​សរភបរិព្វា​ជក ​អស់​វារ ២ ដង​ថា ម្នាល​សរភៈ ​អ្នកចូរ​និយាយ​ទៅ​មើល​ថា ​ដូចម្ដេច ​ធម៌​របស់​ពួក​សមណសក្យ​បុត្តិយ៍​ អ្នក​បាន​ដឹង​ហើយ ប្រសិន​បើមិន​ទាន់គ្រប់​គ្រាន់​ដល់​អ្នក​ទេ តថាគត​នឹ​ងបំ​ពេញ​ឲ្យ តែ​បើ​គ្រប់​គ្រាន់​ដល់​អ្នកហើយ​ តថាគត​នឹង​អនុ​មោទនា។ សរភបរិព្វា​ជក​ក៏​ស្ងៀម ​អស់​វារៈ ២ ដង​។ ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ទ្រង់​ត្រាស់​ទៅ​នឹង​សរភ​បរិព្វា​ជក​អស់​វារៈ​៣ ដងទៀតថា ម្នាល​សរភៈ​ ធម៌​របស់​ពួកសមណសក្យ​បុត្តិយ៍ មា​នតែ​តថា​គត​ ទើប​ឲ្យប្រាកដ​បាន​ថា ម្នាល​សរភៈ អ្នក​ចូរ​និយាយ​ទៅ​មើល​ ថា​ដូច​ម្ដេច ធម៌​របស់ពួក​សមណសក្យ​បុត្តិយ៍ ​ដែល​អ្នក​បាន​ដឹង​ហើយ ប្រសិន​បើ​មិន​ទាន់​គ្រប់គ្រាន់​ដល់​អ្នក​ទេ តថាគត​ នឹង​បំពេញ​ឲ្យ តែ​បើ​គ្រប់​គ្រាន់​ដល់​អ្នក​ហើយ តថាគត​នឹង​អនុ​មោទនា។ សរភបរិព្វា​ជក​ ក៏​ស្ងៀម​អស់​វារៈ​៣​ដង។ លំដាប់​នោះ បរិព្វា​ជក​ទាំង​នោះ បាន​និយាយ​ទៅ​នឹ​ងសរភបរិព្វា​ជក ​ដូច្នេះថា ម្នាល​អាវុសោ​សរភៈ អ្នក​គប្បី​សូម​នូវ​វត្ថុ​ណា​ ចំពោះ​ព្រះ​សមណ​គោតម ឯព្រះ​សមណគោតម​ទ្រង់​បវារ​ណា​វត្ថុ​នោះ​ឯង​ដល់​អ្នក ម្នាល​អាវុសោ​សរភៈ អ្នក​ចូរ​និយាយ​ទៅ​មើល​ថា ដូច​ម្ដេច​ ធម៌​របស់​ពួក​សម​ណសក្យ​បុត្តិយ៍ ​អ្នកបាន​ដឹង​ហើយ​ ប្រសិន​បើ​មិន​ទាន់​គ្រប់​គ្រាន់​ដល់​អ្នក​ទេ ព្រះ​សមណ​គោតម នឹង​បំពេញ​ឲ្យ​ តែ​បើ​គ្រប់​គ្រាន់​ដល់​អ្នក​ហើយ ព្រះ​សមណ​គោតម នឹង​ទទួល​អនុ​មោទនា។ កាល​បរិព្វា​ជក​ទាំងនោះ​និយាយយ៉ាង​នេះ​ហើយ សរភបរិព្វា​ជក​ ក៏​នៅ​ស្ងៀម មាន​មុខ​សំយុង​ចុះ​ មាន​កឱនចុះ មាន​មុខជ្រប់​ចុះ ស្រពោន​មុខ រក​និយាយ​តបត មកវិញ​មិន​រួច​ឡើយ​ ក៏​អង្គុយ​ទៅ។ លំដាប់​នោះ ព្រះ​ដ៏​មាន​ព្រះភាគ​ ទ្រង់​ជ្រាបថា សរភ​បរិព្វា​ជក ​នៅ​ស្ងៀម មាន​មុខ​សំយុង​ចុះ មាន​កឱនចុះ ​មាន​មុខ​ជ្រប់​ចុះ ស្រពោន មិន​និយាយ​តបហើយ ក៏​ទ្រង់​ត្រាស់​ទៅនឹង​បរិព្វា​ជក​ទាំង​នោះ ​ដូច្នេះ​ថា ម្នាល​បរិព្វា​ជកទាំង​ឡាយ បុគ្គល​ណា ពោល​ចំពោះ​តថាគត ​យ៉ាង​នេះ​ថា ធម៌​ទាំង​នេះ ដែល​ព្រះ​អង្គ​ជាសម្មា​សម្ពុទ្ធ គ្រាន់​តែ​ប្ដេជ្ញា មិន​ទាន់​បាន​ត្រាស់​ដឹង​ទេ តថាគត​ គប្បីសាក​សួរ ដេញ​ដោល ឈ្លេចឈ្លី​មែន​ទែន​ ចំពោះ​បុគ្គល​នោះ ក្នុង​ពាក្យ​ដែល​តថាគត បាន​សំដែង​ហើយ​នោះ បុគ្គល​នោះ​ឯង កាលបើ​ត្រូវ​តថាគត សាក​សួរ ដេញ​ដោល ឈ្លេចឈ្លី​មែន​ទែន​ ក៏​ឥត​មានហេតុ ឥត​មាន​ឱកាល​ គួរ​នឹង​ឲ្យ​បុគ្គល​នោះ ​មិន​ដល់​នូវ​ឋានៈ ៣ ឋានៈណាមួយ​ គឺ​​បំបិទ​ពាក្យ​ដទៃ ដោយ​ពាក្យ​ដទៃ ឬ​នាំ​ពាក្យ​ពីខាង​ក្រៅ​ចេញ​១ បញ្ចេញ​នូវ​សេចក្ដី​ក្រោធ​ផង នូវ​ទោសៈផង នូវ​អាការ​មិន​ត្រេក​អរ​ផង ១ មាន​សភាព​ស្ងៀម​​ មាន​មុខ​សំយុង​ចុះ មាន​កឱន​ចុះ​ មាន​មុខ​ជ្រប់​ចុះ ស្រពោន រក​និយាយ​តប​ត ​មក​វិញ​មិន​រួច នឹង​អង្គុយ​នៅ​១ ដូច​ជា​សរភបរិព្វា​ជក។ ម្នាល​បរិព្វា​ជក​ទាំង​ឡាយ បុគ្គលណា ​គប្បី​ពោល​ ចំពោះ​តថាគត យ៉ាង​នេះ​ថា អាសវៈ​ទាំង​នេះ​ ដែល​ព្រះអង្គ​ ជាខី​ណា​សវៈ​ គ្រាន់​តែ​ប្ដេជ្ញា មិន​ទាន់​បាន​អស់​រលីង​ទេ តថាគត ​គប្បីសាកសួរ ដេញ​ដោល​ ឈ្លេច​ឈ្លី​មែន​ទែន ចំពោះ​បុគ្គល​នោះ ​ក្នុង​ពាក្យដែល​តថាគត​ សំដែង​ហើយ​នោះ​ បុគ្គល​នោះឯង កាល​បើ​ត្រូវ​តថាគត​សាកសួរ ដេញ​ដោល ឈ្លេចឈ្លី​មែន​ទែន ​ក៏​ឥត​មាន​ហេតុ ​ឥត​មាន​ឱកាស គួរ​នឹងឲ្យ​បុគ្គល​នោះ ​មិន​ដល់​នូវ​ឋានៈ​ ៣ ​ឋានៈណាមួយ គឺ​បំបិទ​ពាក្យ​ដទៃ​ដោយពាក្យ​ដទៃ ឬ​នាំ​ពាក្យ​ខាង​ក្រៅ​ចេញ ១ បញ្ចេញ​នូវ​សេចក្ដី​ក្រោធ​ផង នូវទោសៈ​ផង នូវ​អាការ​មិន​ត្រេក​អរ​ផង ១ មាន​សភាព​ស្ងៀម ​មាន​មុខ​សំយុងចុះ មាន​កឱន​ចុះ មាន​មុខ​ជ្រប់ចុះ ស្រពោន រក​និយាយ​តប​ត មក​វិញ​មិន​រួច និង​អង្គុយ​នៅ​១ ដូច​ជា​សរភបរិព្វា​ជក​។ ម្នាល​បរិព្វា​ជក​ទាំងឡាយ បុគ្គលណា​ គប្បី​ពោល ​ចំពោះ​តថាគត ​យ៉ាង​នេះ​ថា ធម៌​ គឺ​សច្ចៈ ៤ ដែល​ព្រះ​អង្គសំដែង​ហើយ ដើម្បី​ប្រ​យោជន៍​ដល់​មគ្គ​ និង​ផល​ណា ​ធម៌​នោះ ​មិន​ប្រព្រឹត្តទៅ ដើម្បី​ឲ្យ​អស់​ទៅ​នៃ​ទុក្ខ​ ដោយ​ប្រពៃ ដល់​បុគ្គល​អ្នក​ធ្វើ ដើម្បី​មគ្គ​ផល​នោះ​ទេ តថាគត​ គប្បី​សាក​សួរ ដេញ​ដោល ឈ្លេច​​ឈ្លី​មែន​ទែន​ ចំ​ពោះ​បុគ្គល​នោះ ក្នុង​ធម៌​ដែល​តថាគត​សំដែងហើយ បុគ្គល​នោះ​ឯង កាល​បើ​ត្រូវ​តថាគតសាក​សួរ​ ដេញ​ដោល ឈ្លេច​ឈ្លី​មែន​ទែន ក៏​ឥត​មាន​ហេតុ ឥតមាន​ឱកាស គួរ​នឹង​ឲ្យ​បុគ្គល​នោះ មិន​ដល់​នូវ​ឋានៈ ៣ ឋានៈណា​មួយ គឺ​បំបិទ​ពាក្យដទៃ​ ដោយ​ពាក្យ​ដទៃ​ ឬ​នាំ​ពាក្យ​ខាង​ក្រៅ​ចេញ​១​ បញ្ចេញ​នូវ​សេចក្ដី​ក្រោធផង នូវ​ទោសៈ​ផង នូវ​អាការ​មិន​ត្រេក​អរ​ផង​១​មាន​សភាព​ស្ងៀម មាន​មុខសំយុង​ចុះ មាន​កឱន​ចុះ មាន​មុខ​ជ្រប់​ចុះ ស្រពោន រក​និយាយ​តប​ត មកវិញ​មិន​រួច​ និង​អង្គុយ​នៅ ១ ដូច​ជា​សរភ​បរិព្វា​ជក។ លំដាប់​នោះ​ ព្រះ​មានព្រះ​ភាគ ​បន្លឺ​នូវ​សីហនាទ​ អស់​វារៈ ៣​ដង ក្នុង​បរិព្វាជ​ការាម ជិត​ឆ្នេរ​ស្ទឹងសប្បិ​នី ហើយ​ហោះ​ទៅ​កាន់​វេហាស៍។ កាល​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ ទ្រង់​និមន្ត​មិន​យូរ​ប៉ុន្មាន បរិព្វា​ជក​ទាំង​នោះ ក៏​និយាយ​ចាក់​ដោត ​ទៅនឹង​សរភបរិព្វា​ជក ​ដោយ​ជន្លួញ គឺ​សំដី​ ដោយ​ជុំ​វិញ​ថា ម្នាល​អាវុសោ សរភៈ ​ប្រៀប​ដូច​ជាចចក​ចាស់​ ក្នុង​ព្រៃ​ធំ គិត​ថា អញ​នឹង​បន្លឺ​ នូវ​សីហនាទ ហើយ​ក៏​បន្លឺ​នូវ​សំឡេង​ ជា​សំឡេង​ចចក​ដដែល បន្លឺ​នូវ​សំឡេង​ ក៏​នៅ​ជាសំឡេង​ស្អាដដែល​ យ៉ាង​ណាមិញ ម្នាល​អាវុសា សរភៈ​ អ្នក​វៀរចាកព្រះ​សមណ​គោតម​ចេញ ​គិតថា អញ​នឹង​បន្លឺ​ នូវ​សី​ហ​នាទ ហើយក៏​បន្លឺដូច​ជា​សំឡេង​របស់​ចចក​ ដែល​បន្លឺ​នូវ​សំឡេង ក៏​នៅ​ជា​សំឡេង​ស្អាដដែល យ៉ាង​នោះ​ដែរ។ ម្នាល​អាវុសោ សរភៈ ប្រៀប​ដូច​ជាមាន់​​ញី ​គិត​ថា អញនឹង​រងាវ ​ឲ្យ​ដូច​ជាមាន់​ឈ្មោល ​ហើយ​ក៏​រងាវ​ជា​សំឡេង​មាន់​ញី​ដដែល​ យ៉ាងណាមិញ ម្នាល​អាវុសោ​សរភៈ អ្នក​វៀរចាក​ព្រះ​សមណ​គោតម​ចេញ គិតថា អញ​នឹង​រងាវ ​ឲ្យ​ដូច​ជាមាន់​ឈ្មោល​ ហើយ​រងាវ​ជាសំឡេង​មាន់ញីដដែល យ៉ាង​នោះ​ដែរ។ ម្នាល​អាវុសោសរ​ភៈ ប្រៀប​ដូច​គោបា សំគាល់នូវ​សំឡេង ​ដែល​ខ្លួន​គប្បីបន្លឺ​ឡើង​ដ៏​ខ្លាំង​ ក្នុង​រោង​គោ ដែល​មិន​មាន​គោបា យ៉ាង​ណាមិញ​ ម្នាល​អាវុសោសរភៈ អ្នក​វៀរ​ចាក​ព្រះ​សមណគោតមចេញ​ហើយ សំគាល់​នូវ​សំឡេង​ ដែល​ខ្លួន​គប្បី​បន្លឺ​ឡើង​ខ្លាំង ក៏​យ៉ាង​នោះដែរ។ លំដាប់​នោះ​បរិព្វា​ជក​ទាំង​នោះ ពោល​ពាក្យ​ចាក់​ដោត ​ចំពោះសរភបរិព្វា​ជក ​ដោយ​ជន្លួញ​ គឺ ពាក្យ​ដោយ​ជុំ​វិញ។ ​​​​​​​​​

(កេសមុត្តិសូត្រ ទី៥)

(៥. កេសមុត្តិសុត្តំ)

[៦៧] សម័យ​មួយ ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ទ្រង់​ស្ដេច​ទៅ​កាន់​ចារិក ក្នុងកោសល​ជនបទ​ ជាមួយ​នឹង​ភិក្ខុ​សង្ឃច្រើន​ ក៏​បាន​ទៅ​ដល់​និគម​ឈ្មោះ​ កេសបុត្រ​ របស់​ពួក​ក្សត្រិយ៍​ឈ្មោះ ​កាលាមៈ។ ពួក​កាលាមក្សត្រិយ៍ ​នៅ​ក្នុង​កេសបុត្តនិគម បាន​ឮ​ដំណឹង​ហើយ​ ប្រកាស​ប្រាប់​គ្នា​ថា​ ម្នាល​គ្នា​យើង​ដ៏​ចំរើន បានឮ​ថា ព្រះ​សមណគោតម​ជាសក្យបុត្រ ​ចេញពី​សក្យ​ត្រកូល ​បួស​ហើយ បាន​មក​ដល់​កេសបុត្តនិគម កិត្តិស័ព្ទ​សរសើរ​ព្រះ​គោតម​ដ៏​ចំរើន​នោះ​ឯង ពីរោះ​ ល្បី​ខ្ចរ​ខ្ចាយ​យ៉ាង​នេះ​ថា ព្រះ​ដ៏​មាន​ព្រះ​ភាគ ​អង្គ​នោះ​ ជា​ព្រះ​អរហន្ត ទ្រង់​ត្រាស់​ដឹង​នូវ​ធម៌​ទាំង​ពួង​ ដោយ​ព្រះ​អង្គឯង​ ទ្រង់​បរិបូណ៌​ដោយ​វិជ្ជា ​និងចរណៈ ទ្រង់​មាន​ដំណើរ​ល្អ ទ្រង់ជ្រាប​ច្បាស់​នូវ​លោក ទ្រង់​ប្រសើរ​ជាងសត្វ​លោក ទ្រង់​ទូន្មាន​នូវ​បុរស​ ដែល​គួរ​ទូន្មាន ​ជាសាស្ដា​ចារ្យ​ នៃ​ទេវតា និងមនុស្ស​ទាំង​ឡាយ ទ្រង់​ត្រាស់​ដឹង​ នូវ​ចតុរារិយសច្ច ទ្រង់​លែង​វិល​ត្រឡប់មកកាន់​ភពថ្មី​ទៀត ព្រះ​ដ៏​មាន​ព្រះ​ភាគ​ អង្គនោះ ទ្រង់​ធ្វើ​ឲ្យ​ជាក់​ច្បាស់ ដោយ​បញ្ញា​ដ៏​ឧត្ដម​ ដោយ​ព្រះ​អង្គ​ឯង នូវ​លោក​នេះ​ ព្រម​ទាំង​ទេវលោក មារលោក ព្រហ្មលោក នូវ​ពពួក​សត្វ​ ព្រម​ទាំង​ពួក​សម​ណព្រាហ្មណ៍ ​និងមនុស្ស​ជាសម្មតិទេព និង​មនុស្ស​ដ៏​សេស​ ហើយ​អាច​ប្រកាស​បាន ព្រះអង្គ ទ្រង់​សំដែង​ធម៌ ពី​រោះ​បទ​ដើម ពី​រោះ​បទ​កណ្ដាល ពីរោះ​បទ​ចុង ព្រះ​អង្គ ប្រកាសនូវ​ព្រហ្មចរិយធម៌​ ព្រម​ទាំង​អត្ថ​ និង​ព្យញ្ជនៈ ដ៏​ពេញ​បរិបូណ៌ បរិសុទ្ធ​ទាំងអស់ ក៏​ដំណើរ​ដែល​បាន​ឃើញ​ បាន​ជួប​នឹង​ព្រះ​អរហន្ត​ទាំង​ឡាយ មាន​សភាព​ដូច្នោះ ជាការ​ប្រពៃ​ពេក​ណាស់។ លំដាប់​នោះ ពួកកាលា​មក្សត្រិយ៍ ​នៅ​ក្នុង​កេសបុត្តនិគម បាន​ចូល​ទៅ​គាល់​ព្រះ​ដ៏​មានព្រះ​ភាគ​ លុះ​ចូល​ទៅ​ដល់​ហើយ ពួក​ខ្លះ ​ក៏​ថ្វាយ​បង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ ហើយ​អង្គុយ​ក្នុង​ទី​សម​គួរ ពួក​ខ្លះ​ ក៏​ធ្វើ​សេចក្ដី​រីករាយ ជា​មួយ​ព្រះ​ដ៏​មានព្រះ​ភាគ លុះ​បញ្ចប់​ពាក្យ ​ដែល​គួរ​រីក​រាយ​ និង​ពាក្យ​ដែល​គួរ​រលឹកហើយ​ ក៏អង្គុយ​ក្នុង​ទី​សមគួរ ពួក​ខ្លះ ​ប្រណម្យ​អញ្ជលី​ ចំពោះ​ព្រះ​មាន​ព្រះ​ភាគ​ អង្គុយក្នុង​ទី​សម​គួរ ពួក​ខ្លះ ​ប្រកាស​នាម ​និង​គោត្ត ​អង្គុយ​ក្នុង​ទី​សម​គួរ ពួក​ខ្លះ ​អង្គុយស្ងៀម ​ក្នុ​ងទី​សម​គួរ។ លុះ​ពួក​កាលាមក្សត្រ​ ក្នុង​កេស​បុត្តនិគម អង្គុយ​ក្នុងទីសមគួរ​ហើយ ក៏​បាន​ក្រាបបង្គំ​ទូលព្រះ​ដ៏​ព្រះ​ភាគ ​ដូច្នេះថា បពិត្រ​ព្រះអង្គដ៏​ចំរើន មាន​សមណព្រាហ្មណ៍​មួយ​ពួក​ មក​កាន់​កេស​បុត្តនិគម សមណព្រាហ្មណ៍​ទាំង​នោះ ​សំដែង​ប្រកាស ​នូវ​វាទៈ​គឺ លទ្ធិ​របស់ខ្លួន​ឯង បៀត​បៀន មើល​ងាយ ​បង្អាប់​បង្អោន​ លើក​ទំលាក់​នូវ​វាទៈ​របស់​បុគ្គល​ដទៃ​ បពិត្រ​ព្រះ​អង្គដ៏​ចំរើន មាន​សមណ​ព្រាហ្មណ៍​ដទៃ ​មួយ​ពួក​ទៀត មក​កាន់​កេស​បុត្ត​និគម សមណព្រាហ្មណ៍​ទាំង​នោះ ក៏​សំដែង​ប្រកាស ​នូវ​វាទៈ​របស់​ខ្លួន​ឯង បៀតបៀន​ មើល​ងាយ បង្អាប់​បង្អោន លើក​ទំលាក់​ នូវ​វាទៈ​របស់​បុគ្គល​ដទៃ​ដែរ បពិត្រ​ព្រះ​អង្គដ៏​ចំរើន យើង​ខ្ញុំ​ទាំង​នោះ ​មាន​សេចក្ដី​ងឿង​ឆ្ងល់​សង្ស័យពេកណាស់​ ចុះ​បណ្ដា​សមណព្រាហ្មណ៍​ដ៏​ចំរើន​ទាំង​នេះ អ្នក​ណា​និយាយ​ពិត អ្នក​ណា​និយាយ​កុហក។ ម្នាល​កាលាមក្យត្រិយ៍ គួរ​អ្នក​ទាំង​ឡាយ ងឿងឆ្ងល់​ដែរ គួរ​សង្ស័យ​ដែរ ព្រោះ​ការ​ងឿង​ឆ្ងល់​ និង​ការ​សង្ស័យ​ កើត​ឡើងដល់​អ្នក​ទាំងឡាយ ​ក្នុងទី​នេះ​ហើយ។ ម្នាល​កាលាមក្សត្រិយ៍​ទាំង​ឡាយ អ្នក​ចូរ​មក​ អ្នក​កុំ​ប្រកាន់ ​ដោយ​គ្រាន់​តែ​ឮ​តាម​គ្នា កុំ​ប្រកាន់​តាម​ពាក្យ​បរម្បរា កុំ​ប្រកាន់​ដោយ​បាន​ឮ​ថា​ដូច្នេះ កុំ​ប្រកាន់​ដោយ​អាង​ក្បួន​តម្រា កុំ​ប្រកាន់តាម​ហេតុ​ ដែ​ល​ត្រិះរិះ កុំ​ប្រកាន់​ដោយ​កាត់​ដំ​រួយ​ផ្សែផ្សំ កុំ​ប្រកាន់ដោយគ្រាន់​តែ​ត្រិះរិះ​ នូវ​អាការ កុំ​ប្រកាន់​ដោយសេចក្ដី​ពេញ​ចិត្ត​ តាម​ការ​ពិនិត្យសមនឹង​សេចក្ដី​យល់​ឃើញ កុំ​ប្រកាន់​ដោយយល់​ថា​ មាន​សភាពគួរ (ជឿ) កុំ​ប្រកាន់​ដោយ​គិតថា សមណៈ (នេះ) ជាគ្រូ​របស់​យើង ម្នាល​កាលាមក្សត្រិយ៍ កាល​ណា​បើអ្នក​ទាំងឡាយ ដឹង​ដោយ​ខ្លួន​ឯង​ថា ធម៌​ទាំង​នេះ ជាអកុសល ធម៌​ទាំងនេះ​ ប្រកប​ដោយ​ទោស ធម៌​ទាំង​នេះ ​អ្នក​ប្រាជ្ញ​តិះ​ដៀល ធម៌​ទាំង​នេះ ​បុគ្គល បាន​សមាទាន ​ពេញ​លេញ​ហើយ រមែង​ប្រព្រឹត្ត​ទៅ ដើម្បី​មិន​ជា​ប្រយោជន៍ ដើម្បី​សេចក្ដី​ទុក្ខ ម្នាល​កាលា​មក្សត្រិយ៍​ទាំង​ឡាយ ក្នុង​កាល​នោះ អ្នក​ទាំងឡាយ ​ត្រូវ​លះ​បង់​ចោល​ចេញ។ ម្នាល​កាលាមក្សត្រិយ៍ អ្នក​សំគាល់ ​នូវ​ហេតុ​នោះ​ ដូចម្ដេច លោភៈ​ កាល​កើត​ឡើង ក៏​កើតឡើង​ក្នុង​សន្ដាន ​របស់​បុរស ដើម្បី​ជា​ប្រយោជន៍​ ឬ ដើម្បិ​មិន​ជាប្រយោជន៍ទេ។ បពិត្រព្រះ​អង្គ​ដ៏​ចំរើន ដើម្បី​មិន​ជាប្រយោជន៍​ទេ។ ម្នាលកាលាមក្សត្រិយ៍ ចុះ​បុរស​បុគ្គល​នេះ​ ជា​អ្នក​ល្មោភ ត្រូវ​សេចក្ដីលោភគ្របសង្កត់ មាន​ចិត្ត​ត្រូវ​សេចក្ដី​លោភរួបរឹត រមែង​សម្លាប់​នូវ​សត្វ​មាន​ជីវិត​ខ្លះ កាន់​យក​នូវទ្រព្យ​ ដែល​បុគ្គល​ដទៃ​មិន​បាន​ឲ្យ​ខ្លះ គប់​រក​នូវ​ភរិយា​អ្នក​ដទៃ​ខ្លះ និយាយ​កុហក​ខ្លះ ដឹក​នាំ​បុគ្គល​ដទៃ​ដើម្បី​ហេតុ​នោះ​ខ្លះ ​ហេតុ​នេះ​ប្រព្រឹត្តទៅ​ ដើម្បី​មិន​ជា​ប្រយោជន៍ ដើម្បី​ទុក្ខ​អស់​កាល​ដ៏​អង្វែង​ ដល់​បុគ្គល​នោះ​ឬទេ។ បពិត្រ​ព្រះ​អង្គ​ដ៏​ចំរើន យ៉ាង​ហ្នឹង​ហើយ។ ម្នាល​កាលាមក្សត្រិយ៍ អ្នក​សំគាល់​ហេតុ​នោះ ដូចម្ដេច ទោសៈ​ កាល​កើត​ឡើង ក៏​កើត​ឡើង ​ក្នុង​សន្ដាន​នៃ​បុរស ដើម្បី​ជា​ប្រយោជន៍ ​ឬ ដើម្បី​មិន​ជា​ប្រយោជន៍​ទេ។ បពិត្រព្រះ​អង្គ​ដ៏​ចំរើន ដើម្បី​មិន​ជា​ប្រយោជន៍​ទេ។ ម្នាល​កាលាមក្សត្រិយ៍ ចុះបុរស​​បុគ្គល​នេះ​ ជា​អ្នក​ប្រទូស្ត​ ត្រូវ​ទោសៈ​គ្របសង្កត់ ​មាន​ចិត្ត​ត្រូវ​ទោសៈ​រួបរឹត រមែង​សម្លាប់​នូវ​សត្វ​មានជីវិត​ខ្លះ រមែង​កាន់​យក​ទ្រព្យ ​របស់​បុគ្គល​ដទៃ ដែល​គេមិន​បានឲ្យ​ខ្លះ គប់​រក​នូវ​ភរិយា​អ្នក​ដទៃ​ខ្លះ​ និយាយ​កុហក​ខ្លះ​ ដឹក​នាំបុគ្គល​ដទៃ​ដើម្បី​ហេតុ​នោះ​ខ្លះ ហេតុ​នេះ​ ប្រព្រឹត្ត​ទៅ ដើម្បី​មិន​ជា​ប្រយោជន៍ ដើម្បី​សេចក្ដី​ទុក្ខ​អស់​កាល​ជា​អង្វែង ​ដល់​បុគ្គល​នោះ​ឬទេ។ បពិត្រ​ព្រះ​អង្គដ៏​ចំរើន យ៉ាងហ្នឹង​ហើយ។ ម្នាល​កាលា​មក្សត្រិយ៍ អ្នក​សំគាល់​ហេតុ​នោះ ដូច​ម្ដេច មោហៈ កាល​កើត​ឡើង​ ក៏​កើត​ឡើង​ក្នុង​សន្ដាន ​នៃ​បុរស ដើម្បីជាប្រយោជន៍​ ឬ ដើម្បី​មិន​ជា​ប្រយោជន៍​ទេ។ បពិត្រ​ព្រះ​អង្គ​ដ៏​ចំរើន ដើម្បីមិន​ជា​ប្រយោជន៍​ទេ។ ម្នាល​កាលាម​ក្សត្រិយ៍ ចុះ​បុរស​បុគ្គល​នេះ ជាអ្នកវង្វេង​ ត្រូវ​មោហៈ​គ្រប​សង្កត់​ មាន​ចិត្ត​ត្រូវ​មោហៈរួបរឹត រមែង​សម្លាប់​សត្វមាន​ជីវិត​ខ្លះ កាន់​យក​ទ្រព្យ ​របស់​បុគ្គល​ដទៃ​ ដែល​គេមិន​បាន​ឲ្យ​ខ្លះ គប់​រកនូវ​ភរិយា​អ្នក​ដទៃ​ខ្លះ​ និយាយ​កុហក​ខ្លះ បបួល​បុគ្គល​ដទៃ​ ដើម្បី​ហេតុ​នោះ​ខ្លះ ហេតុ​នេះ​ប្រព្រឹត្ត​ទៅ ដើម្បី​មិន​ជា​ប្រយោជន៍ ដើម្បី​សេចក្ដី​ទុក្ខ​ អស់​កាលជា​អង្វែង​ ដល់​បុគ្គល​នោះ​ឬ​ទេ។ បពិត្រ​ព្រះ​អង្គ​ដ៏​ចំរើន យ៉ាង​ហ្នឹង​ហើយ។ ម្នាល​កាលាមក្សត្រិយ៍ អ្នក​សំគាល់ហេតុ​នោះ ​ដូចម្ដេច ធម៌​នេះ​ជា​កុសល ឬ​ជា​អកុសល។ ជា​អកុសល​ ព្រះ​អង្គ។ ជា​ធម៌​ប្រកប​ដោយ​ទោស​ ឬ​មិនប្រកប​ដោយ​ទោស​ទេ។ ជា​ធម៌​ប្រកប​ដោយ​ទោស​ ព្រះ​អង្គ។ ជា​ធម៌ដែល​អ្នក​ប្រាជ្ញ​តិះ​ដៀល ឬ​អ្នក​ប្រាជ្ញ​សរសើរ។ ជា​ធម៌ ​ដែល​អ្នក​ប្រាជ្ញ​តិះដៀល ​ព្រះ​អង្គ។ ធម៌ទាំង​នេះ ​ដែល​បុគ្គល​សមាទាន​ពេញ​លេញ​ហើយ រមែង​ប្រព្រឹត្ត​ទៅ​ ដើម្បី​មិន​ជា​ប្រយោជន៍​ ដើម្បី​សេចក្ដី​ទុក្ខ​ ឬ មិន​ប្រព្រឹត្ត​ទៅទេ ឬក៏​ក្នុង​ដំណើរ​នុ៎ះ​ ដូច​ម្ដេច​ទៅ​វិញ។ បពិត្រ​ព្រះ​អង្គ​ដ៏​ចំរើន ធម៌​ទាំងនេះ ​ដែល​បុគ្គល​សមាទាន ​បរិបូណ៌​ហើយ រមែង​ប្រព្រឹត្ត​ទៅ ដើម្បី​មិន​ជាប្រយោជន៍ ដើម្បី​សេចក្ដី​ទុក្ខ យើង​ខ្ញុំ​ក៏​យល់​ក្នុង​ដំណើរ​នុ៎ះ ​ដូច្នោះ​ដែរ។ ម្នាល​កាលាមក្សត្រិយ៍ តថាគត​បានសំដែង ​នូវ​ហេតុ​នោះ​ ដូ​ច្នេះ​ហើយ​ថា ម្នាល​កាលាមក្សត្រិយ៍ អ្នក​ចូរមក​ អ្នក​កុំ​ប្រកាន់ ​ដោយ​គ្រាន់​តែឮ​តាម​គ្នា កុំ​ប្រកាន់​តាម​ពាក្យ​បរម្បរា កុំ​ប្រកាន់​ដោយ​បាន​ឮ​ថា​ដូច្នេះ កុំ​ប្រកាន់ ដោយ​អាង​ក្បួន​តម្រា កុំ​ប្រកាន់​តាម​ហេតុ ​ដែល​ត្រិះ​រិះ ​កុំ​ប្រកាន់​ដោយ​កាត់ដំរួយ​ផ្សែផ្សំ កុំ​​ប្រកាន់ដោយគ្រាន់​តែ​ត្រិះរិះ ​នូវ​អាការ កុំ​ប្រកាន់​ដោយសេចក្ដី​ពេញ​ចិត្ត​តាម​ការ​ពិនិត្យថាសមនឹង​សេចក្ដី​យល់​ឃើញ កុំ​ប្រកាន់​ដោយយល់​ថា ​មាន​សភាព​គួរ (ជឿ) កុំ​ប្រកាន់​ដោយ​គិតថា សមណៈ (នេះ) ជាគ្រូ​របស់​យើង ម្នាល​កាលាមក្សត្រិយ៍ ​កាល​ណា​បើ​អ្នក​ដឹង​ ដោយ​ខ្លួន​ឯង​ថា ធម៌​ទាំង​នេះ ​ជា​អកុសល ធម៌​ទាំង​នេះ​ ប្រកប​ដោយ​ទោស ធម៌​ទាំង​នេះ ​ដែលអ្នក​ប្រាជ្ញ​តិះ​ដៀល ​​ធម៌​ទាំងនេះ ​ដែល​បុគ្គល​សមាទាន​ ពេញ​លេញ​ហើយ រមែង​ប្រព្រឹត្ត​ទៅ​ ដើម្បី​មិន​ជា​ប្រយោជន៍ ដើម្បី​សេចក្ដី​ទុក្ខ ម្នាល​កាលាមក្សត្រិយ៍ទាំងឡាយ ក្នុងកាល​នោះ​ អ្នក​ត្រូវ​លះ​បង់​ចោល​ចេញ ពាក្យ​ណា ដែល​តថាគត​សំដែង​ហើយ​ ពាក្យ​នោះ​ តថាគត​ពោល​ហើយ ព្រោះ​អាស្រ័យ នូវ​ហេតុ​នេះ ​ដោយ​ប្រការ​ដូច្នេះ។ ម្នាល​កាលាមក្សត្រិយ៍ អ្នក​ចូរ​មក អ្នក​កុំ​ប្រកាន់ ​ដោយ​គ្រាន់​តែ​ឮតាម​គ្នា កុំ​ប្រកាន់​តាម​ពាក្យ​បរម្បរា កុំប្រកាន់​ដោយ​បាន​ឮ​ថាដូច្នេះ ​កុំ​ប្រកាន់​ដោយ​អាង​ក្បួន​តម្រា កុំ​ប្រកាន់​តាមហេតុ​ដែល​ត្រិះ​រិះ កុំ​ប្រកាន់​ដោយ​កាត់​ដំរួយ​ផ្សែផ្សំ កុំ​ប្រកាន់​ដោយ​គ្រាន់​តែ​ត្រិះ​រិះ ​នូវ​អាការ កុំ​ប្រកាន់​ដោយ​សេចក្ដី​ពេញ​ចិត្ត ​តាម​ការ​ពិនិត្យថាសម​នឹង​សេចក្ដី​យល់​ឃើញ​ កុំ​ប្រកាន់​ដោយ​យល់​ថា មាន​សភាពគួរ (ជឿ) កុំ​ប្រកាន់​ដោយ​គិត​ថា សមណៈ (នេះ) ជាគ្រូរបស់​យើង​ ម្នាល​កាលាមក្សត្រិយ៍ កាល​ណា​បើអ្នក​ដឹង ដោយ​ខ្លួន​ឯងថា ធម៌​ទាំង​នេះ​ ជាកុសល​ ធម៌​ទាំង​នេះ ​មិន​មាន​ទោស ធម៌​ទាំង​នេះ ដែលអ្នក​ប្រាជ្ញ​សរសើរ ធម៌​ទាំង​នេះ ដែល​បុគ្គល​សមាទាន​ពេញ​លេញហើយ ប្រព្រឹត្ត​ទៅ ​ដើម្បី​ជាប្រយោជន៍ ដើម្បី​សេចក្ដី​សុខ​ ម្នាល​កាលាម​ក្សត្រិយ៍ ក្នុង​កាល​នោះ ​អ្នក​ទាំងឡាយ ​ចូរ​ដល់​នូវ​ធម៌​ទាំង​នោះ ​ហើយ​នៅ។ ម្នាលកាលា​មក្សត្រិយ៍ អ្នក​សំគាល់​ហេតុនោះ ​ដូចម្ដេច អលោភៈ កាលកើត​ឡើង ក៏​កើត​ក្នុង​សន្ដាន ​របស់​បុរស ដើម្បី​ជាប្រយោជន៍ ឬមិន​ជាប្រយោជន៍​ទេ។ ដើម្បី​ជា​ប្រយោជន៍ ​ព្រះ​អង្គ។ ម្នាល​កាលាមក្សត្រិយ៍ ចុះ​បុរស​បុគ្គល​នេះ ជា​អ្នក​មិន​ល្មោភ មិន​ត្រូវ​សេចក្ដី​លោភគ្រប​សង្កត់ មាន​ចិត្តមិន​ត្រូវ​សេចក្ដី​លោភរួប​រឹត មិន​សម្លាប់​សត្វ មិន​កាន់​យក​នូវទ្រព្យ ដែល​គេមិន​បាន​ឲ្យ​ មិន​គប់​រក​ភរិយា​អ្នក​ដទៃ មិន​និយាយ​កុហក ទាំង​មិន​បាន​ដឹក​នាំ​អ្នក​ដទៃ ​ដើម្បី​ហេតុ​នោះ តើ​ហេតុ​នេះ​ប្រព្រឹត្ត​ទៅ ​ដើម្បីជាប្រយោជន៍​ ដើម្បី​សេចក្ដី​សុខ អស់​កាល​ជា​អង្វែង ​ដល់​បុគ្គល​នោះ​​ដែរ​ឬ។ យ៉ាង​ហ្នឹង​ហើយ ​ព្រះ​អង្គ។ ម្នាល​កាលាមក្សត្រិយ៍ អ្នក​សំគាល់​ហេតុនោះ ​ដូច​ម្ដេច អទោសៈ កាល​កើត​ឡើង ក៏​កើត​ឡើង​ក្នុង​សន្ដាន ​របស់​បុរស ដើម្បី​ជាប្រយោជន៍ ឬដើម្បី​មិន​ជា​ប្រយោជន៍​ទេ។ ដើម្បី​ជាប្រយោជន៍ ព្រះ​អង្គ។ ម្នាល​កាលាមក្សត្រិយ៍ ចុះ​បុរស​បុគ្គល​នេះ ​ជា​អ្នក​មិន​ប្រទូស្ត មិន​ត្រូវ​ទោសៈគ្រប​សង្កត់ មាន​ចិត្ត​មិន​ត្រូវ​ទោសៈ​រួបរឹត មិន​សម្លាប់​សត្វ មិន​កាន់​យក​នូវ​ទ្រព្យ ​ដែល​គេ​មិន​បានឲ្យ​ មិន​គប់​រក​ភរិយា​អ្នក​ដទៃ មិន​និយាយ​កុហក ទាំង​មិន​បាន​ដឹក​នាំ​បុគ្គល​ដទៃ ដើម្បី​ហេតុ​នោះ តើ​ហេតុនេះ ប្រព្រឹត្ត​ទៅ ​ដើម្បី​ជាប្រយោជន៍ ដើម្បី​សេចក្ដី​សុខ អស់​កាល​ជាអង្វែង ​ដល់​បុគ្គល​នោះ​ដែរ​ឬ។ យ៉ាង​ហ្នឹង​ហើយ ​ព្រះ​អង្គ។ ម្នាលកាលាមក្សត្រិយ៍ អ្នក​សំគាល់​ហេតុ​នោះ ​ដូចម្ដេច អមោហៈ ​កាល​កើតឡើង​ ក៏​កើត​ឡើង​ក្នុង​សន្ដាន ​របស់​បុរស​ ដើម្បី​ជាប្រយោជន៍ ឬដើម្បីមិន​ជា​ប្រយោជន៍ទេ។ ដើម្បី​ជាប្រយោជន៍​ ព្រះ​អង្គ។ ម្នាល​កាលាមក្សត្រិយ៍ ចុះ​បុរស​បុគ្គល​នេះ​ ជា​អ្នក​មិន​វង្វេង មិន​ត្រូវ​មោហៈ​គ្របសង្កត់ មាន​ចិត្ត​មិន​ត្រូវ​មោហៈ​រួប​រឹត មិន​សម្លាប់​សត្វ មិន​កាន់​យកនូវ​ទ្រព្យ ដែល​គេ​មិន​បាន​ឲ្យ មិន​គប់​រក​ភរិយា​អ្នក​ដទៃ មិន​និយាយ​កុហក ទាំង​មិន​ដឹក​នាំ​បុគ្គល​ដទៃ​ ដើម្បី​ហេតុ​នោះ តើ​ហេតុ​នេះ​ប្រព្រឹត្ត​ទៅ​ ដើម្បីជាប្រយោជន៍ ដើម្បី​សេចក្ដី​សុខ ​អស់​កាល​អង្វែង​ ដល់​បុគ្គល​នោះ​ដែរ​ឬ។ យ៉ាង​ហ្នឹង​ហើយ ​ព្រះ​អង្គ។ ម្នាល​កាលាមក្សត្រិយ៍ អ្នក​សំគាល់​ហេតុនោះ ​ដូច​ម្ដេច ​ធម៌​នេះ​ ជា​កុសល ឬអកុសល។ ជាកុសល​ ព្រះ​អង្គ។ ប្រកប​ដោយ​ទោស ឬមិន​ប្រកប​ដោយ​ទោសទេ​។ មិន​ប្រកប​ដោយទោសទេ ព្រះអង្គ។ ​ជាធម៌ ​ដែល​អ្នក​ប្រាជ្ញ​តិះ​ដៀល ឬ អ្នក​ប្រាជ្ញសរសើរ។ ជាធម៌​ដែល​អ្នក​ប្រាជ្ញ​សរសើរ​ព្រះ​អង្គ។ ធម៌​ដែល​បុគ្គលសមាទាន​ពេញ​លេញ​ហើយ ប្រព្រឹត្ត​ទៅ ​ដើម្បី​ជាប្រយោជន៍ ដើម្បី​សេចក្ដីសុខ ឬមិន​ប្រព្រឹត្ត​ទៅ​ទេ ឬក៏​ក្នុង​ដំណើរនុ៎ះ ដូច​ម្ដេច​ទៅ​វិញ។ បពិត្រព្រះ​អង្គដ៏​ចំរើន ធម៌​ដែល​បុគ្គល​សមាទាន​ពេញ​លេញ​ហើយ ប្រព្រឹត្ត​ទៅ ដើម្បី​ជា​ប្រយោជន៍ ​ដើម្បី​សេចក្ដី​សុខ យើង​ខ្ញុំ​ក៏​យល់ក្នុង​ដំណើរ​នុ៎ះ​ដូច្នោះដែរ។ ម្នាល​កាលាមក្សត្រិយ៍ តថាគត ​បាន​សំដែង​នូវ​ហេតុ​នោះ ដូច្នេះ​ហើយ​ថា ម្នាល​កាលាមក្សត្រិយ៍​ អ្នក​ចូរ​មក អ្នក​កុំ​ប្រកាន់​ ដោយ​គ្រាន់​តែឮតាមគ្នា អ្នក​កុំ​ប្រកាន់​តាម​ពាក្យ​បរម្បរា អ្នក​កុំ​ប្រកាន់ ​ដោយ​បាន​ឮ​ថា​ដូច្នេះ កុំ​ប្រកាន់​ដោយ​អាង​ក្បួង​តម្រា កុំ​ប្រកាន់​តាមហេតុ ​ដែល​ត្រិះ​រិះ​ កុំ​ប្រកាន់ដោយ​​កាត់​ដម្រួយ​ផ្សែផ្សំ កុំ​ប្រកាន់​ដោយ​ត្រិះ​រិះ តាម​អាការ កុំ​ប្រកាន់ដោយ​សេចក្ដី​ពេញ​ចិត្ត​តាម​ការ​ពិនិត្យ​ថា សម​នឹង​សេចក្ដី​យល់​ឃើញ កុំ​ប្រកាន់​ដោយ​យល់​ថា មាន​សភាព​គួរ (ជឿ) កុំ​ប្រកាន់​ដោយ​គិត​ថា សមណៈ (នេះ​) ជាគ្រូ​របស់​យើង​ ម្នាល​កាលាម​ក្សត្រិយ៍ កាល​ណា​បើដឹងដោយ​ខ្លួន​ឯង​ថា​ ធម៌​នេះ​ ជា​កុសល ធម៌​នេះ មិន​ប្រកប​ដោយ​ទោស ធម៌​នេះ ដែល​អ្នក​ប្រាជ្ញ​សរសើរ​ ធម៌​នេះ ​ដែល​បុគ្គល​សមាទាន​ពេញ​លេញហើយ រមែង​ប្រព្រឹត្ត​ទៅ ដើម្បី​ជាប្រយោជន៍ ដើម្បី​សេចក្ដី​សុខ ម្នាល​កាលាមក្សត្រិយ៍ ក្នុងកាល​នោះ អ្នក​ទាំង​ឡាយ ចូរ​ដល់​នូវ​ធម៌​ទាំង​នោះ​ ហើយ​នៅ ហេតុ​នោះ ​តថាគត​បាន​ពោល​ហើយ ​ដោយ​ប្រការ​ដូច្នេះ ពាក្យ​នុ៎ះ តថាគតបាន​ពោល​ហើយ ព្រោះ​អាស្រ័យ​នូវ​ហេតុនេះ។ ម្នាល​កាលាមក្សត្រិយ៍ អរិយសាវក​នោះ​ឯង មិន​មាន​អភិជ្ឈា មិន​មាន​ព្យាបាទ ​មិន​វង្វេង មានសម្បជញ្ញៈ មាន​សតិ​យ៉ាង​នេះឯង មាន​ចិត្ត​ប្រកប​ដោយ​មេត្តា ​ផ្សាយ​ទៅកាន់​ទិស​ទី១ ទិស​ទី២ ទិស​ទី​៣ ទិស​ទី៤ ក៏​ដូច​គ្នា ផ្សាយ​ទៅ​ទិស​ខាង​លើ ទិស​ខាង​ក្រោម ទិស​ទទឹង​ គឺ​ទិស​តូចៗ មាន​ចិត្ត​ប្រកប​ដោយ​មេត្តា ​ជាចិត្តទូលាយ ដល់​នូវ​សភាវៈធំ មិន​មាន​ប្រមាណ មិន​មាន​ពៀរ​ មិន​មាន​ព្យាបាទ ផ្សាយ​ទៅ​កាន់​សត្វ​លោក​ទាំង​អស់​ ដោយ​អាការ​ទាំង​ពួង ក្នុង​ទី​ទាំងពួង មាន​ចិត្ត​ប្រកប​ដោយ​ករុណា… មាន​ចិត្ត​ប្រកប​ដោយ​មុទិតា… មាន​ចិត្តប្រកប​ដោយ​ឧបេក្ខា ផ្សាយ​ទៅ​កាន់​ទិស​ទី​១​ ទិស​ទី​២ ទិស​ទី៣ និង​ទិស​ទី​៤ ក៏​ដូច​គ្នា ផ្សាយ​ទៅ​កាន់ទិស​ខាង​លើ ទិស​ខាង​ក្រោម ​ទិស​ទទឹង​ គឺ​ទិស​តូច​ៗ មាន​ចិត្ត​ប្រកប​ដោយ​ឧបេក្ខា​ ជាចិត្ត​ទូលាយ ​ដល់​នូវ​សភាវៈ​ធំ មិន​មានប្រមាណ​ មិន​មាន​ពៀរ មិន​មាន​ព្យាបាទ ផ្សាយ​ទៅ​កាន់​សត្វ​លោក​ទាំងអស់​ ដោយ​អាការ​ទាំង​ពួង​ ក្នុង​ទី​ទាំង​ពួង។ ម្នាល​កាលាមក្សត្រិយ៍ អរិយសាវក​នោះ​ឯង មិន​មាន​ចិត្ត​ចង​ពៀរ​យ៉ាង​នេះ មិន​មាន​ចិត្ត​ព្យាបាទ​យ៉ាងនេះ មិន​មាន​ចិត្ត​សៅហ្មង​យ៉ាង​នេះ មាន​ចិត្ត​ស្អាត ​យ៉ាង​នេះ​ហើយ ជាអ្នក​បាន​នូវ​អានិសង្ស​ ៤ យ៉ាង​ ក្នុង​បច្ចុប្បន្ន បើបរលោកមាន ផល​ និងវិបាក​ នៃ​អំពើ​ទាំងឡាយ ​ដែល​បុគ្គល​ធ្វើល្អ​ និង​អាក្រក់​ក៏​មាន លុះ​អាត្មា​អញ ទំលាយ​​រាង​កាយ ស្លាប់​ទៅ ​នឹង​ទៅ​កើត​ក្នុង​សុគតិ សួគ៌ ទេវលោក ដោយហេតុណា ហេតុ​នោះ​ ជា​ឋានៈ នេះ​ជាអានិសង្ស​ ទី​១ ដែល​អរិយ​សាវកនោះ​ បាន​ហើយ។ បើបរលោក​មិន​មាន ផល​និង​វិបាក ​នៃ​អំពើ​ដែលបុគ្គល​ធ្វើ​ល្អ និង​ធ្វើ​អាក្រក់ ក៏​មិន​មាន​ អាត្មា​អញ​រក្សា​នូវ​ខ្លួន ​ឲ្យ​ជា​បុគ្គលមិន​មាន​ពៀរ​ មិន​មាន​ព្យាបាទ មិន​មាន​ទុក្ខ មាន​តែ​សេចក្ដី​សុខ ​ក្នុងបច្ចុប្បន្ននេះ​ឯង នេះ​ជា​អានិសង្ស ​ទី ២ ដែល​អរិយ​សាវក​នោះ​បានហើយ។ បើ​អំពើ​អាក្រក់ ​ដែល​បុគ្គល​ធ្វើ​ហើយ ឈ្មោះ​ថា ​បាន​ធ្វើ​ហើយ អញ​មិន​ដែល​គិត​នូវ​អំពើ​អាក្រក់ ​របស់​បុគ្គល​ណា​មួយ សេចក្ដី​ទុក្ខ​ នឹង​ពាល់ត្រូវ​នូវ​អាត្មា​អញ ដែល​មិន​បាន​ធ្វើ ​នូវ​អំពើ​អាក្រក់​អំពីទី​ណាបាន នេះ​ជាអានិសង្ស​ ទី៣ ដែល​អរិយ​សាវក​នោះ បាន​ហើយ​។ បើអំពើ​អាក្រក់ ​ដែលបុគ្គល​ធ្វើ​ហើយ​ ឈ្មោះ​ថា មិន​បាន​ធ្វើ អាត្មា​អញ​ នឹង​ពិចារណា​ឃើញ​ច្បាស់ នូវ​ខ្លួន​ដ៏​បរិសុទ្ធ ដោយ​ហេតុ​ទាំង​ពីរ ក្នុង​លោក​នេះ នេះ​ជា​អានិសង្ស ​ទី៤ ដែល​អរិយ​សាវក​នោះ ​បាន​ហើយ។ ម្នាល​កាលាមក្សត្រិយ៍ អរិយ​សាវកនោះ​​ឯង មិន​មាន​ចិត្ត​ប្រកប​ដោយ​ពៀរ​ យ៉ាង​នេះ មិន​មានចិត្ត​ព្យាបាទ​ យ៉ាង​នេះ​ មិន​មាន​ចិត្ត​សៅហ្មង​ យ៉ាង​នេះ មាន​ចិត្ត​បរិសុទ្ធ យ៉ាង​នេះ នេះ​ជា​អានិសង្ស​​ ៤​យ៉ាង ដែល​អរិយសាវក​នោះ​ បានក្នុង​បច្ចុប្បន្ន។ បពិត្រ​ព្រះដ៏​មាន​ព្រះភាគ ហេតុ​នុ៎ះ​ យ៉ាង​នេះឯង បពិត្រព្រះ​សុគត ហេតុ​នុ៎ះ យ៉ាង​នេះ​ឯង បពិត្រ​ព្រះអង្គ​ដ៏​ចំរើន អរិយសាវក​នោះ​ឯង មិន​មាន​ចិត្ត​ប្រកប​ដោយ​ពៀរ​យ៉ាង​នេះ មិន​មាន​ចិត្ត​ព្យាបាទយ៉ាង​នេះ​ មិន​មាន​ចិត្ត​សៅហ្មង​យ៉ាង​នេះ មាន​ចិត្ត​បរិសុទ្ធយ៉ាង​នេះ ទើប​អរិយសាវក​នោះ ​បាន​នូវ​អានិសង្ស​៤​យ៉ាង​ ក្នុង​បច្ចុប្បន្ន បើបរលោក​មាន​ ផល​និង​វិបាក​នៃ​អំពើ ​ដែល​បុគ្គល​ធ្វើ​ល្អ ​និង​ធ្វើ​អាក្រក់​ក៏មាន លុះអាត្មា​អញ​ ទំលាយ​រាង​កាយ ស្លាប់​ទៅ​ នឹង​ទៅ​កើត​ក្នុង​សុគតិ ​សួគ៌ ទេវលោក ដោយ​ហេតុ​ណា ហេតុ​​នោះ ​ជាឋានៈ នេះ​ជា​អានិសង្ស ​ទី​១ ដែល​អរិយ​សាវក​នោះ​ បាន​ហើយ​។ បើ​បរលោក​មិន​មាន ផល​និង​វិបាកនៃ​អំពើ​ដែល​បុគ្គល​ធ្វើ​ល្អ​ និង​អាក្រក់​ក៏​មិន​ អាត្មា​អញ​ នឹង​រក្សា​ខ្លួន​ ឲ្យជាបុគ្គល​មិន​មាន​ពៀរ​ មិន​មាន​ព្យាបាទ​ មិន​មាន​ទុក្ខ មាន​តែ​សេចក្ដី​សុខ ក្នុង​បច្ចុប្បន្ន​នេះ​ឯង នេះ ជា​អានិសង្ស ​ទី២ ដែល​អរិយ​សាវក​នោះ ​បានហើយ។ បើ​អំពើ​អាក្រក់ ​ដែល​បុគ្គល​ធ្វើ​ហើយ ឈ្មោះថា​បាន​ធ្វើ ​អាត្មា​អញ មិន​ដែល​គិត នូវ​អំពើ​អាក្រក់​ របស់​បុគ្គល​ណា​មួយ​ឡើយ​ សេចក្ដី​ទុក្ខ​ នឹងពាល់​ត្រូវ​ នូវ​អាត្មា​អញ​ ដែល​មិន​ធ្វើ​អំពើ​អាក្រក់​អំពី​ទី​ណា​បាន នេះ​ជា​អានិសង្ស ​ទី​៣ ដែល​អរិសាវក​នោះ ​បាន​ហើយ។ បើ​អំពើ​អាក្រក់ ​ដែល​បុគ្គល​ធ្វើហើយ​ ឈ្មោះ​ថា​ មិន​បាន​ធ្វើ អាត្មា​អញ ​នឹង​ពិចារណា​ឃើញ​ច្បាស់ ​នូវ​ខ្លួនដ៏​បរិសុទ្ធ ​ដោយ​ហេតុ​ ទាំង​២ ក្នុង​លោក​នេះ នេះ​ជាអានិសង្ស​ ទី៤ ដែលអរិយ​សាវក​នោះ ​បាន​ហើយ។ បពិត្រ​ព្រអង្គ​ដ៏​ចំរើន​ អរិយ​សាវក​នោះ​ឯង មិន​មាន​ចិត្ត​ប្រកប​ដោយ​ពៀរ​យ៉ាង​នេះ មិន​មាន​ចិត្ត​ព្យា​បាទ​យ៉ាង​នេះ មិន​មាន​ចិត្ត​សៅហ្មង​យ៉ាង​នេះ មាន​ចិត្ត​បរិសុទ្ធ​យ៉ាង​នេះ នេះ ជា​អានិសង្ស៤​យ៉ាង ​ដែល​អរិយ​សាវក​នោះ ​បាន​ក្នុង​បច្ចុប្បន្ន។ បពិត្រ​ព្រះ​អង្គ​ដ៏​ចំរើន ច្បាស់​ពេក​ណាស់​។ បេ។ បពិត្រ​ព្រះ​អង្គ​ដ៏​ចំរើន យើង​ខ្ញុំ​ព្រះ​អង្គទាំង​នេះ សូម​ដល់​នូវ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ផង នូវ​ព្រះ​ធម៌​ផង នូវ​ព្រះ​សង្ឃផង ថា​ជាទី​ពឹង បពិត្រ​ព្រះ​អង្គ​ដ៏​ចំរើន សូម​ព្រះ​ដ៏​មាន​ព្រះភាគ ចាំ​ទុកនូវ​យើង​ខ្ញុំ​ព្រះ​អង្គ​ ថាជាឧបាសក ដល់នូវ​សរណៈ ស្មើ​ដោយ​ជីវិត ​តាំងអំពី​ថ្ងៃនេះ​ជាដើម​តទៅ។

(សាឡ្ហសូត្រ ទី៦)

(៦. សាឡ្ហសុត្តំ)

[៦៨] សម័យ​មួយ​​ ព្រះ​នន្ទកៈ ដ៏មាន​អាយុ គង់​ក្នុង​ប្រាសាទរបស់​មិគារ​មាតា​ ក្នុង​វត្ត​បុព្វារាម ទៀប​ក្រុង​សាវត្ថី​។ គ្រា​នោះ​ សាឡ្ហៈ ជាចៅ​របស់​មិគារ​សេដ្ឋី​និង​រោហនៈ ជាចៅ​របស់​បេខុណិយ​សេដ្ឋី នាំគ្នាចូលទៅ​រក​ព្រះនន្ទកៈដ៏​មាន​អាយុ លុះ​ចូល​ទៅ​ដល់​ហើយ ថ្វាយ​បង្គំ​ព្រះ​នន្ទកៈដ៏​មាន​អាយុ​ ហើយ​អង្គុយ​ក្នុង​ទី​សម​គួរ។ លុះ​សាឡ្ហៈ ជា​ចៅ​របស់​មិគារសេដ្ឋី អង្គុយ​នៅ​ក្នុង​ទីសម​គួរ ព្រះ​នន្ទកៈដ៏មាន​អាយុ​ បាន​ពោល​ដូច្នេះថា ម្នាល​សាឡ្ហៈ ​និង​រោហនៈ អ្នក​ទាំង​ឡាយ​ ចូល​មក​ អ្នក​ទាំង​ឡាយ កុំ​ប្រកាន់​ដោយ​ការឮត​ៗគ្នា កុំ​ប្រកាន់​តាម​ពាក្យ​បរម្បរា កុំ​ប្រកាន់​ដោយ​ឮ​ថាដូច្នេះ​ កុំ​ប្រកាន់​ដោយ​ការ​អាង​ក្បួន​តម្រា កុំ​ប្រកាន់​តាម​ហេតុ​ដែល​ត្រិះ​រិះ កុំ​ប្រកាន់​ដោយ​កាត់​ដម្រួយ​ផ្សែផ្សំ កុំ​ប្រកាន់​ដោយ​ត្រិះ​រិះ តាម​អាការ កុំ​ប្រកាន់​ដោយ​សេចក្ដី​ពេញ​ចិត្ត ​តាម​ការ​ពិនិត្យ​ថា សម​នឹង​សេចក្ដី​យល់ឃើញ​ កុំ​ប្រកាន់​ដោយ​យល់​ថា​ មាន​សភាព​គួរ​ជឿ កុំ​ប្រកាន់​ដោយ​គិត​ថា សមណៈ (​នេះ) ជាគ្រូ​របស់​យើង​ឡើយ ម្នាល​សាឡ្ហៈ និង​រោហនៈ កាលណា​អ្នក​ទាំង​ឡាយ ដឹង​ដោយ​ខ្លួន​ឯង​ថា ធម៌​ទាំង​អម្បាល​នេះ ជាអកុសល ធម៌​ទាំង​អម្បាល​នេះ ប្រកប​ដោយ​ទោស ធម៌​ទាំង​អម្បាល​នេះ ដែល​អ្នកប្រាជ្ញ​តិះ​ដៀល ធម៌​ទាំង​អម្បាល​នេះ ដែល​បុគ្គល​បាន​សមាទាន ​ឲ្យ​ពេញលេញ​ហើយ តែង​ប្រព្រឹត្ត​ទៅ​ ដើម្បី​មិន​ជា​ប្រយោជន៍ ដើម្បី​សេចក្ដី​ទុក្ខ ម្នាល​សាឡ្ហៈ និង​រោហនៈ កាល​ណោះ ​អ្នក​ទាំង​ឡាយ ​ត្រូវ​លះ​ចោល​ចេញ។ ម្នាល​សាឡ្ហៈ និង​រោហនៈ អ្នក​សំគាល់​សេចក្ដី​នោះ​ដូចម្ដេច លោភៈមានដែរ​ឬ។ សាឡ្ហៈ និង​រោហនៈ​ឆ្លើយ​ថា មាន​ដែរ​លោក​ម្ចាស់​។ មា្នលសាឡ្ហៈ និង​រោហនៈ អាត្មា​ពោល​សេចក្ដី​នុ៎ះ​ថា លោភៈ​ ជាអភិជ្ឈា។ ម្នាល​សាឡ្ហៈ​ និង​រោហនៈ បុគ្គល​អ្នក​ល្មោភច្រើន​ ដោយ​អភិជ្ឈានេះ រមែងសម្លាប់​សត្វ​ខ្លះ កាន់​យក​របស់ ​ដែល​គេ​មិន​បាន​ឲ្យ​ខ្លះ​ ប្រព្រឹត្ត​ខុស​ ក្នុង​ភរិយារបស់​អ្នក​ដទៃ​ខ្លះ​ពោល​ពាក្យ​កុហក​ខ្លះ ដឹក​នាំ​អ្នក​ដទៃ​ ដើម្បី​អំពើ​ដូច្នោះខ្លះ ដែលជាហេតុឲ្យ​ប្រព្រឹត្តទៅ ដើម្បីមិនជាប្រយោជន៍ និងសេចក្តីទុក្ខ អស់​កាល​ជា​យូរ​អង្វែង​ ដល់​បុគ្គល​នោះ​មែន​ឬ។ មែន​ លោក​ម្ចាស់។ ម្នាល​សាឡ្ហៈ​ និង​រោហនៈ អ្នក​សំគាល់​សេចក្ដី​នោះ ​ដូចម្ដេច ទោសៈមានដែរ​ឬ។ មាន​ដែរ​ លោក​ម្ចាស់។ ម្នាល​សាឡ្ហៈ​ និង​រោហនៈ អាត្មា​ពោលសេចក្ដី​នុ៎ះ​ថា ទោសៈ ជា​ព្យា​បាទ។ ម្នាល​សាឡ្ហៈ ​និង​រោហនៈ បុគ្គល​អ្នកប្រទូស្ត មាន​ចិត្ត​ប្រកប​ដោយ​ព្យាបាទនេះ តែង​សម្លាប់​សត្វ​ខ្លះ កាន់​យករបស់​ ដែល​គេមិន​បាន​ឲ្យ​ខ្លះ គប់​រក​នូវ​ភរិយា​ របស់​អ្នក​ដទៃ​ខ្លះ ពោល​ពាក្យកុហក​ខ្លះ ដឹក​នាំ​អ្នក​ដទៃ ​ដើម្បី​អំពើ​ដូច្នោះ​ខ្លះ ដែល​ជា​ហេតុ​​ឲ្យ​ប្រព្រឹត្ត​ទៅ ដើម្បី​មិន​ជា​ប្រយោជន៍ ​និង​សេចក្ដី​ទុក្ខ ​អស់​កាល​ជា​យូរ​អង្វែង ដល់​បុគ្គល​នេះមែន​ឬ។ មែន ​លោក​ម្ចាស់។ ម្នាល​សាឡ្ហៈ​ និង​រោហនៈ​ អ្នក​សំគាល់​សេចក្ដីនោះ​ ដូច​ម្ដេច មោហៈ មាន​ដែរ​ឬទេ។ ​មាន​ដែរ​ លោក​ម្ចាស់។ ម្នាល​សាឡ្ហៈ និងរោហនៈ អាត្មា​ពោល​សេចក្ដីនុ៎ះ​ថា មោហៈ ជាអវិជ្ជា។ ម្នាល​សាឡ្ហៈ និង​រោហនៈ បុគ្គល​អ្នក​វង្វេង​ ប្រកប​ទៅ​ដោយ​អវិជ្ជា​នេះ រមែង​សម្លាប់​សត្វខ្លះ កាន់​យក​របស់​ ដែ​ល​គេ​មិន​បាន​ឲ្យ​ខ្លះ គប់​រក​នូវ​ភរិយា ​របស់​អ្នក​ដទៃ​ខ្លះ ពោល​ពាក្យ​កុហក​ខ្លះ ដឹក​នាំ​អ្នក​ដទៃ​ ដើម្បី​អំពើ​ដូច្នោះ​ខ្លះ ដែល​ជាហេតុ​ ឲ្យ​ប្រព្រឹត្ត​ទៅ ដើម្បី​អំពើ​មិន​ជាប្រយោជន៍ និង​សេចក្ដី​ទុក្ខ ​អស់​កាលជាយូរ​អង្វែង ​ដល់​បុគ្គល​នោះ​មែន​ឬ។ មែន​ លោក​ម្ចាស់​។ ​​ ម្នាល​សាឡ្ហៈ និង​រោហនៈ អ្នក​សំគាល់​សេចក្ដី​នោះ​ដូចម្ដេច ធម៌ទាំងអម្បាល​នេះ ជាកុសល ​ឬជា​អកុសល។ ជា​អកុសល ​លោក​ម្ចាស់។ ប្រកប​ដោយ​ទោស ឬមិន​ប្រកប​ដោយ​ទោស។ ប្រកប​ដោយ​ទោស​លោកម្ចាស់។ ​ជាធម៌ ​ដែលអ្នក​ប្រាជ្ញ​តិះ​ដៀល ​ឬជា​ធម៌​ដែល​អ្នក​ប្រាជ្ញសរសើរ។ ជា​ធម៌​ដែលអ្នក​ប្រាជ្ញតិះ​ដៀល​ លោក​ម្ចាស់។ ជា​ធម៌​ ដែល​បុគ្គល​សមាទាន​ឲ្យ​ពេញ​លេញហើយ​ តែង​ប្រព្រឹត្ត​ទៅ ​ដើម្បី​មិន​ជា​ប្រយោជន៍ ដើម្បី​សេចក្ដី​ទុក្ខ​ ឬ​មិន​មែន​ទេ ឬ មួយ​ក្នុង​ដំណើរ​នុ៎ះ មាន​ប្រការ​ដូច​ម្តេច​ទៅ​វិញ។ បពិត្រ​ព្រះករុណា​ ដ៏​ចំរើន អកុសល​ធម៌​ ដែល​បុគ្គល​សមាទាន​ឲ្យ​ពេញ​លេញ​ហើយ តែង​ប្រព្រឹត្ត​ទៅ ដើម្បី​មិន​ជា​ប្រយោជន៍​ និង​សេចក្ដី​ទុក្ខ​មែន យើង​ខ្ញុំ​យល់យ៉ាង​នេះ​ដែរ ក្នុង​ដំណើរ​នុ៎ះ។ ព្រះ​នន្ទកៈពោល​ថា ម្នាល​សាឡ្ហៈ និងរោហនៈ​ យើង​បាន​ពោល​នូវ​ពាក្យ​ណា​ ដូច្នេះ​យ៉ាង​នេះ​ថា ម្នាល​សាឡ្ហៈ និង​រោហនៈ អ្នក​ទាំង​ឡាយ​ ចូរ​មក​ អ្នក​ទាំង​ឡាយ កុំប្រកាន់​ដោយ​ការឮតៗ​គ្នា កុំ​ប្រកាន់​តាម​ពាក្យ​បរម្បរា កុំ​ប្រកាន់​ដោយ​បាន​ឮ​ថាដូច្នេះ កុំ​ប្រកាន់​ដោយ​ការ​អាង​ក្បួន​តម្រា កុំ​ប្រកាន់​តាម​ហេតុ ​ដែល​ត្រិះ​រិះ ​កុំ​ប្រកាន់ដោយ​កាត់​ដម្រួយ​ផ្សែផ្សំ កុំ​ប្រកាន់​ដោយ​ត្រិះ​រិះ​តាម​អាការ កុំ​ប្រកាន់ដោយ​សេចក្ដី​ពេញ​ចិត្ត​ តាម​កា​រពិនិត្យ​ថា សម​នឹង​សេចក្ដី​យល់​ឃើញ កុំប្រកាន់​ដោយ​យល់​ថា មាន​សភាព​គួរ​ជឿ​ កុំ​ប្រកាន់​ដោយ​គិតថា​ សមណៈ (នេះ)​ ជាគ្រូ​របស់​យើង​ ដូច្នេះ​ឡើយ​ ម្នាល​សាឡ្ហៈ​ និង​រោហនៈ កាល​ណាអ្នកទាំង​ឡាយ ​ដឹង​ដោយ​ខ្លួន​ឯង​ថា ធម៌​ទាំងអម្បាល​នេះ ជា​អកុសល​ធម៌​ទាំងអម្បាល​នេះ​ ប្រកប​ដោយ​ទោស ធម៌​ទាំង​អម្បាល​នេះ ដែល​អ្នក​ប្រាជ្ញ​តិះដៀល​ ធម៌​ទាំង​អម្បាល​នេះ ដែល​បុគ្គល​សមាទាន​ឲ្យ​ពេញ​លេញ​ហើយ តែង​ប្រព្រឹត្ត​ទៅ ដើម្បី​មិនជាប្រយោជន៍ ​និង​សេចក្ដី​ទុក្ខ​ ម្នាល​សាឡ្ហៈ ​និង​រោហនៈ កាល​ណោះ ​អ្នក​ទាំង​ឡាយ ​ត្រូវ​លះចោល​ចេញ ពាក្យ​ណា ដែលយើង​ពោល​ហើយ​ ដូច្នេះ ពាក្យ​នុ៎ះ​ យើង​បាន​ពោល​ហើយ​ ព្រោះ​អាស្រ័យហេតុ​នេះ។ ម្នាល​សាឡ្ហៈ​ និង​រោហនៈ អ្នក​ទាំងឡាយ ​ចូរ​មក ​អ្នក​ទាំងឡាយ កុំប្រកាន់ ​ដោយ​ការ​ឮតៗ​គ្នា កុំ​ប្រកាន់​តាម​ពាក្យ​បរម្បរា កុំ​ប្រកាន់​ដោយបាន​ឮ​ថា​ដូច្នេះ​ កុំ​ប្រកាន់​ដោយ​ការ​អាង​ក្បួន​តម្រា ​កុំ​ប្រកាន់​តាម​ហេតុ ​ដែលត្រិះ​រិះ​ កុំ​ប្រកាន់​ដោយ​កាត់​ដម្រួយ​ផ្សែផ្សំ កុំ​ប្រកាន់​ដោយ​ត្រិះ​រិះ​តាម​អាការ កុំ​ប្រកាន់​ដោយ​សេចក្ដី​ពេញ​ចិត្ត​តាម​កា​រពិនិត្យ​ថា សម​នឹង​សេចក្ដី​យល់ឃើញ កុំ​ប្រកាន់​ដោយ​យល់​ថា មាន​សភាព​គួរ​ជឿ​ កុំ​ប្រកាន់​ដោយគិតថា​ សមណៈ ​(នេះ)​ ជា​គ្រូ​របស់​យើង​ឡើយ ម្នាល​សាឡ្ហៈ និង​រោហនៈ កាល​ណាអ្នក​ទាំងឡាយ​ ដឹង​ដោយ​ខ្លួន​ឯងថា ធម៌​ទាំង​អម្បាល​នេះ​ ជាកុសល​ ធម៌​ទាំង​អម្បាល​នេះ មិន​ប្រកប​ដោយ​ទោស ធម៌​ទាំង​អម្បាល​នេះ ដែល​អ្នក​ប្រាជ្ញ​សរសើរ ធម៌​ទាំង​អម្បាល​នេះ ដែល​បុគ្គល​សមាទាន​ឲ្យពេញ​លេញ​ហើយ តែង​ប្រព្រឹត្ត​ទៅ ដើម្បី​ជាប្រយោជន៍​ និង​សេចក្ដី​សុខ មា្នល​សាឡ្ហៈ​ និង​រោហនៈ កាល​ណោះ ​អ្នក​ទាំង​ឡាយ គួរ​ចូល​ទៅ​សម្រេចសម្រាន្ត​នៅ​ចុះ។ ម្នាល​សាឡ្ហៈ និង​រោហនៈ អ្នក​សំគាល់​សេចក្ដី​នោះ ដូចម្ដេច អលោភៈ ​មាន​ដែរ​ឬ។ មាន​ដែរ​ លោក​ម្ចាស់។ ម្នាល​សាឡ្ហៈ ​និងរោហនៈ​ អាត្មា​ពោល​សេចក្ដី​នុ៎ះ​ថា អលោភៈ ជា​អនភិជ្ឈា ​(សេចក្ដី​មិន​លោភ) ម្នាល​សាឡ្ហៈ​ និង​រោហនៈ បុគ្គល​អ្នក​មិន​ល្មោភ​ មិន​មាន​អភិជ្ឈា​នេះ រមែង​មិន​សម្លាប់​សត្វ មិន​កាន់​យក​នូវ​វត្ថុ​ដែល​គេ​មិន​បាន​ឲ្យ​ មិន​គប់​រក​ នូវភរិយា​របស់អ្នក​ដទៃ មិន​ពោល​ពាក្យ​កុហក ដឹក​នាំ​អ្នក​ដទៃ ​ដើម្បី​អំពើ​ដូច្នោះ ដែល​ជាហេតុ​ប្រព្រឹត្ត​ទៅ​ ដើម្បី​ជាប្រយោជន៍​ និង​សេចក្ដី​សុខ អស់​កាល​ជាយូរ​អង្វែង​ ដល់​បុគ្គល​នោះ​មែន​ឬ។ មែន​ហើយ ​លោក​ម្ចាស់។ ម្នាលសាឡ្ហៈ ​ និង​រោហនៈ​ អ្នក​សំគាល់​សេចក្ដី​នោះ​ ដូច​ម្ដេច​ អទោសៈ មាន​ដែរ​ឬ។ មាន​ដែរ​ លោក​ម្ចាស់​។ ​ ម្នាល​សាឡ្ហៈ​​ និង​រោហនៈ អាត្មា​ពោល​សេចក្ដីនុ៎ះ​ថា អទោសៈ ជា​អព្យាបាទ (​សេចក្ដី​មិន​ប្រទូស្ត)។ ម្នាលសាឡ្ហៈ​ និង​រោហនៈ បុគ្គល​អ្នក​មិន​ប្រទូស្ដ មាន​ចិត្ត​មិន​ព្យាបាទ​នេះ រមែង​មិន​សម្លាប់​សត្វ មិន​កាន់​យក​នូវ​វត្ថុ​ ដែល​គេ​មិន​បាន​ឲ្យ​ មិន​គប់​រកនូវភរិយា ​របស់​អ្នក​ដទៃ មិន​ពោល​ពាក្យ​កុហក ​ដឹក​នាំ​អ្នក​ដទៃ ​ដើម្បី​អំពើ​ដូច្នោះ ដែល​ជា​ហេតុ​ឲ្យ​ប្រព្រឹត្ត​ទៅ ​ដើម្បី​ជា​ប្រយោជន៍​​ និង​សេចក្ដី​សុខ​ អស់​កាល​ជាយូរ​អង្វែង​ ដល់​បុគ្គល​នោះ​មែន​ឬ។ ​ មែន​ហើយ ​លោក​ម្ចាស់​។ ម្នាល​សាឡ្ហៈ​ និងរោហនៈ អ្នក​សំគាល់​សេចក្ដី​នោះ ​ដូច​ម្ដេច អមោហៈ​ មាន​ដែរ​ឬ។ មានដែរ​ លោក​ម្ចាស់​។ ម្នាល​សាឡ្ហៈ​ និង​រោហនៈ អាត្មា​ពោល​សេចក្ដី​នោះថា អមោហៈ ជាវិជ្ជា។ ម្នាល​សាឡ្ហហៈ​ និងរោហនៈ បុគ្គល​អ្នក​មិន​វង្វេង​ ប្រកបដោយ​វិជ្ជានេះ រមែង​មិន​សម្លាប់​សត្វ មិន​កាន់​យក ​នូវ​វត្ថុ​ដែល​គេ​មិន​បានឲ្យ​ មិន​គប់​រក​ នូវ​ភរិយា​របស់​អ្នក​ដទៃ ​មិន​ពោល​ពាក្យ​កុ​ហក​ដឹក​នាំ​អ្នក​ដទៃ ដើម្បី​អំពើ​ដូច្នោះ​ ដែល​ជាហេតុ​ឲ្យ​ប្រព្រឹត្តទៅ​ ដើម្បី​ជា​ប្រយោជន៍​​ និងសេចក្ដី​សុខ​ អស់​កាល​ជា​យូរ​អង្វែង ដល់​បុគ្គល​នោះ​មែន​ឬ។ មែន​ហើយ លោក​ម្ចាស់​។ ម្នាល​សាឡ្ហៈ ​និងរោហនៈ​ អ្នក​សំគាល់​សេចក្ដី​នោះ ​ដូចម្ដេច ធម៌​ទាំង​អម្បាល​នេះ ជាកុសល​ ឬ​ជា​អកុសល។ ជាកុសល​ លោក​ម្ចាស់។ ប្រកប​ដោយ​ទោស​ ឬ​មិន​ប្រកប​ដោយ​ទោស។ មិន​ប្រកប​ដោយទោស​ទេ លោក​ម្ចាស់។ ជាធម៌ ​ដែល​អ្នក​ប្រាជ្ញ​តិះ​ដៀល ឬ​ជាធម៌​ ដែល​អ្នក​ប្រាជ្ញ​សរសើរ។ ជា​ធម៌​ដែល​អ្នក​ប្រាជ្ញ​សរសើរ លោកម្ចាស់​។ ជា​ធម៌ ​ដែល​បុគ្គល​សមាទាន​ឲ្យ​ពេញ​លេញ​ហើយ តែងប្រព្រឹត្តទៅ​ ដើម្បី​ជា​ប្រយោជន៍​ និងសេចក្ដី​សុខ ឬមិន​មែន​ទេ ឬមួយ​ក្នុង​ដំណើរ​នុ៎ះ មាន​ប្រការ​ដូចម្ដេច​ទៅ​វិញ។ បពិត្រ​ព្រះ​ករុណា​ដ៏​ចំរើន ធម៌​ដែល​បុគ្គល​សមាទាន​ឲ្យ​ពេញ​លេញ​ហើយ តែង​ប្រព្រឹត្ត​ទៅ ដើម្បីប្រយោជន៍​​ និង​សេចក្ដី​សុខ យើង​ខ្ញុំ​ក៏​យល់​យ៉ាង​នេះដែរ ក្នុង​ដំណើរនុ៎ះ។ ព្រះ​នន្ទកៈ​ពោល​ថា ម្នាល​សាឡ្ហៈ​​ និងរោហនៈ យើង​បាន​ពោល នូវ​ពាក្យ​ណា​ដូច្នេះថា ម្នាល​សាឡ្ហៈ ​ និង​រោហនៈ អ្នក​ទាំង​ឡាយ ​ចូល​មក អ្នក​ទាំង​ឡាយ​ កុំ​ប្រកាន់​ដោយ​ការ​ឮតៗ​គ្នា កុំ​ប្រកាន់​តាម​ពាក្យ​បរម្បរា កុំ​ប្រកាន់​ដោយ​បាន​ឮ​ថាដូច្នេះ​ កុំ​ប្រកាន់​ដោយ​ការ​អាង​​ក្បួន​តម្រា កុំ​ប្រកាន់តាមហេតុ​ដែល​ត្រិះ​រិះ កុំ​ប្រកាន់​ដោយ​កាត់​ដម្រួយផ្សែផ្សំ កុំ​ប្រកាន់ដោយ​ត្រិះរិះ​តាម​អាការ កុំ​ប្រកាន់​ដោយ​សេចក្ដី​ពេញ​ចិត្ត​ តាម​ការ ពិនិត្យ​ថា សមនឹង​សេចក្ដី​យល់​ឃើញ កុំ​ប្រកាន់​ដោយ​យល់​ថា មា​ន​សភាពគួរ​ជឿ កុំ​ប្រកាន់​ដោយ​គិតថា សមណៈ (នេះ) ជាគ្រូ​របស់​យើង​ ដូច្នេះឡើយ ម្នាល​សាឡ្ហៈ​​ និង​រោហនៈ​ កាល​ណា​អ្នក​ទាំងឡាយ ​ដឹង​ដោយ​ខ្លួន​ឯង​ថា ធម៌​ទាំង​អម្បាល​នេះ ជាកុសល​ ធម៌​ទាំង​អម្បាល​នេះ ប្រកប​ដោយ​ទោស ធម៌​ទាំង​អម្បាល​នេះ ជាធម៌​ដែល​អ្នក​ប្រាជ្ញ​សរសើរ​ ធម៌​ទាំង​អម្បាល​នេះ ដែល​បុគ្គល​សមា​ទាន​ឲ្យ​ពេញ​លេញ​ហើយ តែង​ប្រពឹត្ត​ទៅ ដើម្បីប្រយោជន៍ ​ និង​សេចក្ដី​សុខ ម្នាល​សាឡ្ហៈ​ និង​រោ​ហនៈ​ កាល​ណោះ​ អ្នកទាំងឡាយ គួរ​ចូល​ទៅ​សម្រេច​សម្រាន្ត​នៅ​ចុះ​ ពាក្យ​ណា​ដែល​អាត្មា​បានពោល​ហើយ ​ដូច្នេះ​ ពាក្យ​នុ៎ះ ​​អាត្មា​បាន​ពោល​ទុក​ហើយ ព្រោះ​អាស្រ័យហេតុ​នេះ​ឯង។ ម្នាល​សាឡ្ហៈ​​ និង​រោហនៈ អរិយ​សាវក​នោះ ប្រាសចាកអភិជ្ឈា ប្រាស​ចាក​ព្យាបាទ ជាអ្នក​មិន​វង្វេង មាន​សម្បជញ្ញៈ មាន​សតិដំកល់​ខ្ជាប់​យ៉ាង​នេះ​ហើយ មាន​ចិត្ត​ប្រកប​ដោយ​មេត្តា ផ្សាយ​ទៅ​កាន់​ទិសទី​១ ទោះ​ទិស​ទី​២ ទី៣ ទី៤ ក៏​ដូច​គ្នា ផ្សាយ​ទៅ​កាន់​ទិស​ខាង​លើ ខាងក្រោម​​ និង​ទិស​ទទឹង ផ្សាយ​ទៅ​កាន់​លោក​ទាំង​អស់​ ដោយ​ប្រការ​ទាំង​ពួង ក្នុង​ទី​ទាំង​ពួង… មានចិត្ត​ប្រកប​ដោយ​ករុណា​​។បេ។ មាន​ចិត្ត​ប្រកប​ដោយមុទិតា។បេ។ មាន​ចិត្ត​ប្រកប​ដោយ​ឧបេក្ខា ផ្សាយ​ទៅ​កាន់​ទិស​ទី​១ ទោះ​ទិស​ទី​២ ទី​៣ ទី​៤ ក៏​ដូច​គ្នា មាន​ចិត្ត​ប្រកប​ដោយ​ឧបេក្ខា ជាចិត្ត​ធំទូលាយ​​ ដល់​នូវ​សភាពជា​ធំ រក​ប្រមាណ​មិន​បាន មិន​មាន​ពៀរ មិន​មាន​ព្យាបាទ ផ្សាយ​ទៅ​កាន់​ទិស​ខាង​លើ​ ទិស​ខាង​ក្រោម ​ និងទិស​ទទឹង ផ្សាយ​ទៅ​កាន់​លោក​ទាំង​អស់​ ដោយ​ប្រការ​ទាំង​ពួង ក្នុង​ទីទាំងពួង។ ព្រះ​អរិយសាវក​នោះ ​ដឹង​ច្បាស់​យ៉ាង​នេះថា ទុក្ខ​សច្ច ក៏មាន​ សមុទ​យសច្ច​ក៏​មាន​ មគ្គសច្ច ក៏​មាន​ និរោធ​សច្ច​ ជាគ្រឿង​រលាស់ចេញ​ ដ៏​ក្រៃលែង នូវ​សញ្ញា​ក៏​មាន​។ កាល​ព្រះ​អរិយសាវក​នោះ ​ដឹង​យ៉ាងនេះ​ ឃើញ​យ៉ាងនេះ ​ចិត្តរមែង​រួចចាក​កាមាសវៈ​ផង ចិត្តរមែង​រួចចាកភវាសវៈផង ចិត្ត​រមែង​រួច​ចាក​អវិជ្ជា​សវៈផង កាល​បើចិត្ត​រួច​ស្រឡះ​ហើយ សេចក្ដី​ដឹងច្បាស់​ ក៏​កើត​ឡើង​ថា ចិត្ត​រួច​ផុត​ស្រឡះ​ហើយ ដឹងច្បាស់ថា ជាតិអស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញបាននៅរួចហើយ សោឡសកិច្ច អាត្មា​អញ​ បាន​ធ្វើ​ស្រេច​ហើយ មគ្គ​ភាវ​នាកិច្ច​ដទៃ ​ប្រព្រឹត្ត​ទៅ ដើម្បីសោឡសកិច្ច​នេះ​ទៀត​ មិន​មាន​ឡើយ។ ព្រះ​អរិយ​សាវក​នោះ ​ដឹងច្បាស់​យ៉ាង​នេះ​ថា លោភៈ​ កើត​មាន​ដល់​អាត្មា​អញ​ ក្នុង​កាល​មុន​ ធម្មជាតនោះ​ ​ជាអកុសល ឥឡូវនេះ លោភៈ​នោះ​ មិន​មាន​ឡើយ ធម្មជាត​នោះ ឈ្មោះ​ថា ជាកុសល ទោសៈ កើត​មាន​ដល់​អាត្មា​អញ ក្នុង​កាល​មុន… មោហៈ ​កើត​មាន​ដល់​អាត្មា​អញ ក្នុង​កាល​មុន​ ធម្មជាត​នោះ ជាអកុសល ឥឡូវ​នេះ មោហៈនោះ​ មិន​មាន​ឡើយ ធម្មជាត​នោះ ​ឈ្មោះ​ថា ជាកុសលដូច្នេះ។ ព្រះ​អរិយ​សាវក​នោះ ​អស់​សេចក្ដី​ស្រេក​ឃ្លាន ជាអ្នក​រលត់កិលេស​ មាន​សេចក្ដី​ត្រជាក់​ ជាប្រក្រតី ទទួល​នូវ​សេចក្ដី​សុខ មាន​ខ្លួន​ដ៏ប្រសើរ​ នៅ​ក្នុង​បច្ចុប្បន្ន។

(កថាវត្ថុសូត្រ ទី៧)

(៧. កថាវត្ថុសុត្តំ)

[៦៩] ម្នាល​ភិក្ខុ​ទាំង​ឡាយ កថាវត្ថុ​នេះ ​មាន​៣​យ៉ាង។ កថាវត្ថុ ៣យ៉ាង​ដូចម្ដេច។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ​គឺ​បុគ្គល​ពោល​ពាក្យ​ប្រារព្ធហេតុ​ ជាអតីត​កាល​ថា ហេតុ​ជាអតី​តកាល មាន​មក​ហើយ​យ៉ាង​នេះ ១ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​ពោល​ពាក្យ​ប្រារព្ធ​ហេតុ​ ជាអនា​គត​កាល​ថា ហេតុ​ជាអនាគត​កាល ​នឹង​មាន​យ៉ាង​នេះ ១ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គលពោល​ពាក្យ​ប្រារព្ធហេតុ ​ជាបច្ចុ​ប្បន្ន​កាល ​ក្នុង​កាល​ឥឡូវ​នេះ​ថា ហេតុ​ជាបច្ចុប្បន្នកាល ក្នុង​កាល​ឥ​ឡូវ​នេះ ​យ៉ាង​នេះ​១។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បណ្ឌិត​គប្បី​ដឹង ស្គាល់​បុគ្គល ​ដោយ​ការ​ចួប​ប្រទះ ​ដោយ​ពាក្យ​សំដី​ថា នេះជា​បុគ្គល ​ដែល​គួរ​សាកច្ឆា​ ឬមិន​គួរ​សាកច្ឆា។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បើ​បុគ្គលនេះ​ កាល​ដែល​ត្រូវ​គេ​សួរ​ប្រស្នា​ហើយ មិន​ព្យាករ​ប្រស្នា ​ដែល​គេសួរ ព្យាករ​តែ​មួយ​ចំណែក (​តែម្ដង) មិន​ព្យាករ​ ដោយ​ការ​ចែក​រលែក នូវប្រស្នា​ដែល​គួរ​ព្យាករ​ ដោយ​ការ​ចែក​រលែក មិន​ព្យាករ​ដោយ​ការ​សួរ​តបទៅ​វិញ​ នូវ​ប្រស្នា​ដែល​គួរ​ព្យាករ ដោយ​ការ​សួរ​តបទៅ​វិញ មិន​បញ្ឈប់ នូវ​ប្រស្នា​ដែល​គួរ​បញ្ឈប់​ ម្នាល​ភិក្ខុ​ទាំង​ឡាយ កាល​បើ​យ៉ាងនេះ បុគ្គល​នេះ​ឈ្មោះ​ថា ​ជាបុគ្គល មិន​គួរ​សាកច្ឆា។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ប្រសិន​បើ​បុគ្គល​នេះ កាល​ដែល​ត្រូវ​គេ​សួរ​ប្រ​ស្នា ក៏​ព្យាករ​ប្រស្នា ​ដែលគួរ​ព្យាករ ​ដោយ​ចំណែក​មួយ តែ​មួយ​ចំណែក (​ប៉ុណ្ណោះ) ​ព្យាករ​ដោយការ​ចែក​រលែក​ នូវ​ប្រស្នា​ដែល​គួរ​ព្យាករ ដោយ​ការ​ចែក​រលែក ព្យាករដោយ​ការ​សួរ​តប​ទៅ​វិញ នូវ​ប្រស្នា​ដែល​គួ​រព្យាករដោយ​ការ​សួរ​តបទៅវិញ បញ្ឈប់​នូវ​ប្រស្នា​ ដែល​គួរ​បញ្ឈប់​ ម្នាល​ភិក្ខុ​ទាំង​ឡាយ កាល​បើ​យ៉ាងនេះ បុគ្គល​នេះ ឈ្មោះ​ថា ​ជាបុគ្គល​គួរ​សាកច្ឆា។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បណ្ឌិត​គប្បី​ដឹង ស្គាល់​បុគ្គល ដោយ​ការ​ចួប​ប្រទៈ ដោយ​ពាក្យសំដីថា នេះ​ជា​បុគ្គល ​ដែល​គួរ​សាកច្ឆា ឬ​មិន​គួរ​សាកច្ឆា។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បើបុគ្គល​នេះ​ ដែល​ត្រូវ​គេ​សួរ​ប្រស្នា​ហើយ មិន​តាំង​នៅក្នុង​ឋានៈ (​ហេតុ​ដែលកើតមាន) ​ និង​អដ្ឋានៈ (​ហេតុដែល​មិន​កើត​មាន) មិន​តាំង​នៅ ក្នុង​បរិកប្បៈ (​ការ​កំណត់​សួរ​​ និង​ឆ្លើយ) ​​មិន​តាំង​នៅ ​ក្នុង​វាទៈ​ដែល​ខ្លួន​ចេះ មិន​តាំង​នៅ ក្នុង​បដិបទា ម្នាល​ភិក្ខុ​ទាំង​ឡាយ កាល​បើ​យ៉ាង​នេះ បុគ្គល​នេះ ឈ្មោះ​ថា ជាបុគ្គល មិន​គួរ​សាកច្ឆា។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ប្រសិន​បើ​បុគ្គល​នេះ កាល​ដែល​ត្រូវ​គេ​សួរ​ប្រស្នា​ហើយ​ ក៏​តាំងនៅ​ក្នុងឋានៈ​​ និង​អដ្ឋានៈ តាំង​នៅ​ក្នុង​បរិកប្បៈ តាំង​នៅ​ក្នុង​វាទៈ ដែល​ខ្លួន​ចេះ​ដឹង តាំង​នៅ​ក្នុង​បដិបទា ម្នាល​ភិក្ខុ​ទាំង​ឡាយ កាល​បើ​យ៉ាងនេះ បុគ្គល​នេះ ឈ្មោះថា ជាបុគ្គល​ គួរ​សាកច្ឆា។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បណ្ឌិត​គប្បី​ដឹង ស្គាល់​បុគ្គល ដោយ​ការ​ចួប​ប្រទះ ដោយ​ពាក្យ​សំដី​ថា នេះ​ជា​បុគ្គល​គួរសាកច្ឆា ឬ មិន​គួរ​សាកច្ឆា​ ដូច្នេះ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បើបុគ្គល​នេះ កាល​ដែល​ត្រូវ​គេសួរ​ប្រស្នា​ហើយ ក៏​ពោល​ពាក្យ​បន្លែបន្លប់ ផ្ដេស​ផ្ដាស នាំយក​សំដី​ខាង​ក្រៅ ​មក​ដំណាល ​ធ្វើ​សេចក្ដី​ក្រោធ​ខឹង ​​ និង​សេចក្ដី​តូច​ចិត្ត​ឲ្យប្រាកដ​ឡើង ម្នាល​ភិក្ខុ​ទាំង​ឡាយ កាល​បើយ៉ាង​នេះ បុគ្គល​នេះ​ ឈ្មោះ​ថា ជាបុគ្គល​មិន​គួរ​សាកច្ឆា។ ម្នាលភិក្ខុទាំងឡាយ ប្រសិនបើបុគ្គលនេះ កាលដែល​ត្រូវគេសួរ​ប្រស្នា​ហើយ មិន​ពោល​ពាក្យ​បន្លែបន្លប់ ផ្ដេសផ្ដាស​ មិន​នាំយក​សំដី​ខាង​ក្រៅ​ មក​ដំណាល មិន​ធ្វើ​សេចក្ដី​ក្រោធខឹង ​ និងសេចក្ដី​តូចចិត្ត ឲ្យ​ប្រាកដ​ឡើង ម្នាល​ភិក្ខុ​ទាំង​ឡាយ កាល​បើ​យ៉ាង​នេះ បុគ្គល​នេះ​ ឈ្មោះ​ថា ជាបុគ្គល​ គួរ​សាកច្ឆា។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បណ្ឌិត​គប្បីដឹង ស្គាល់​បុគ្គល ដោយ​ការ​ចួប​ប្រទះ ដោយ​ពាក្យ​សំដី​ថា នេះ​ជាបុគ្គល​ ដែល​គួរ​សាកច្ឆា ឬមិន​គួរ​សាកច្ឆា ដូច្នេះ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ប្រសិន​បើ​បុគ្គល​នេះ កាល​ដែល​ត្រូវ​គេ​សួរ​ប្រស្នា​ហើយ និយាយប៉ប៉ាច់ប៉ប៉ោច និយាយ​សង្កត់​សង្ដិន និយាយ​សើច​លេង ប្រុង​ចាប់ថ្នាក់ ម្នាល​ភិក្ខុ​ទាំង​ឡាយ កាល​បើ​យ៉ាងនេះ បុគ្គល​នេះ​ ឈ្មោះ​ថា ​ជាបុគ្គលមិន​គួរ​សាកច្ឆា។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ប្រសិន​បើបុគ្គល​នេះ កាល​ដែលត្រូវ​គេសួរ​ប្រស្នា​ហើយ មិន​និយាយ​ប៉ប៉ាច់​ប៉ប៉ោច មិន​និយាយ​សង្កត់សង្កិន មិន​និយាយ​សើច​លេង មិន​ប្រុង​ចាប់​ថ្នាក់ ម្នាល​ភិក្ខុ​ទាំង​ឡាយ កាល​បើ​យ៉ាង​នេះ បុគ្គល​នេះ ឈ្មោះ​ថា ជាបុគ្គល​គួរសាកច្ឆា។ ម្នាល​ភិក្ខុទាំង​ឡាយ បណ្ឌិតគប្បី​ដឹង​ ស្គាល់​បុគ្គល​ ដោយ​ការ​ចួប​ប្រទះ ដោយពាក្យ​សំដី​ថា នេះ​ជា​បុគ្គល​មាន​ឧបនិស្ស័យ ឬ​មិន​មាន​ឧបនិស្ស័យ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​ដែល​មិន​ផ្ទៀង​ត្រចៀក​ស្ដាប់ ជាបុគ្គល​មិន​មានឧបនិស្ស័យ បុគ្គល​ដែលផ្ទៀង​ត្រចៀកស្ដាប់ ជាបុគ្គល​មាន​ឧបនិស្ស័យ។ បុគ្គល​ដែល​មាន​ឧបនិស្ស័យ​នោះ​ រមែង​ដឹង​ច្បាស់ នូវ​ធម៌មួយ រមែង​កំណត់ដឹង​ នូវ​ធម៌​មួយ រមែង​លះ​បង់ ​នូវ​ធម៌​មួយ រមែង​ធ្វើ​ឲ្យ​ជាក់​ច្បាស់ ​នូវ​ធម៌មួយ។ កាល​បុគ្គល​នោះ​ ដឹង​ច្បាស់​នូវ​ធម៌​មួយ កំ​ណត់​ដឹង ​នូវ​ធម៌​មួយ លះ​បង់​នូវ​ធម៌​មួយ ធ្វើ​ឲ្យ​ជាក់​ច្បាស់​ នូវ​ធម៌​មួយ រមែងពាល់​ត្រូវ​នូវ​វិមុត្តិ ដោយ​ប្រពៃ​បាន។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ការ​និយាយ​ ការ​ប្រឹក្សាគ្នា ឧបនិស្ស័យ​​ និង​ការ​ផ្ទៀងត្រចៀក​ស្ដាប់ សុទ្ធ​តែមាន​ការ​រួច​ផុត​នៃចិត្ត ព្រោះ​មិន​ប្រកាន់​មាំ នុ៎ះ​ជាប្រយោជន៍។

ជន​ទាំង​ឡាយ​ណា​ និយាយ (​ទាំង​កំហឹង) ជាអ្នកប្រកាន់​ខ្ជាប់ ជាអ្នក​លើក​ដំកើង​ខ្លួន​ ពោល​ទាក់​ទង ដល់អនរិយគុណ ជាអ្នក​ស្វែង​រក​កំហុសគ្នា ទៅ​វិញ​ទៅ​មក តែង​ត្រេក​អរ​ ចំពោះ​ពាក្យ​ទុព្ភាសិត សេចក្ដី​ភ្លាំង​ភ្លាត់ ភាន់​ច្រឡំ​នឹងការ​ផ្ចាញ់​សំដី​នៃ​គ្នា​នឹង​គ្នា ឯ​អរិយ​ជន​ មិនប្រព្រឹត្ត​កា​រនិយាយ​ដូច្នោះ​ឡើយ។ បើអរិយជន មិនបា្រថ្នា​នឹង​និយាយ ក៏​ជាអ្នក​ឈ្លាស ស្គាល់កាល និយាយ​តែ​ពាក្យ​សំដី​ ដែល​ប្រកប​ដោយ​ធម៌ ជាសំដី ដែល​អរិយជន​ ធ្លាប់​ប្រព្រឹត្ត​មក​ហើយ ជាអ្នក​មាន​ប្រាជ្ញា មិន​ក្រោធ មិន​លើក​ខ្លួន មាន​ចិត្ត​ឥត​មាន​មានះគ្របសង្កត់ ជាអ្នក​មិន​លើកកំពស់​ ជាអ្នក​មិន​រួស​រាន់ លោកជា​អ្នក​មិន​មានឫស្យា​​ និង​សេចក្ដី​ប្រកាន់​ខ្លួន ដឹងពិត​ហើយ ​ទើបនិយាយសំដី​ ដែលគេ​និយាយ​ត្រូវ ក៏អនុ​មោទនា កាល​បើ​គេនិយាយ​ខុស ក៏​មិន​ដេញ​ដោល មិន​ប្រុង​ប្រណាំងប្រជែង មិន​អាង​ហេតុ​ចាប់​ខុស​គេ មិន​និយាយ​ប៉ប៉ាច់​ប៉ប៉ោច មិន​និយាយ​សង្កត់​សង្កិនគេ មិន​និយាយ​បាតដៃជាខ្នង​ដៃ។ ការ​ប្រឹក្សា​គ្នា របស់​សប្បុរស​ទាំងឡាយ តែង​ប្រព្រឹត្ត​ទៅ ដើម្បី​ដឹងច្បាស់ ដើម្បី​សេចក្ដី​ជ្រះ​ថ្លា អរិយជនទាំងឡាយ តែង​ប្រឹក្សាគ្នា​ យ៉ាងនេះ នេះ​ជាការ​ប្រឹក្សា​ នៃអរិយជនទាំង​ឡាយ បុគ្គល​អ្នកមាន​បញ្ញា កាល​បើដឹង​សេចក្ដីនុ៎ះ​ច្បាស់​ហើយ មិន​គួរ​និយាយ​ប្រឹក្សា ​លើក​ដំកើងតែខ្លួន​ឯង​ឡើយ។

(អញ្ញតិត្ថិយសូត្រ ទី៨)

(៨. អញ្ញតិត្ថិយសុត្តំ)

[៧០] ម្នាល​ភិក្ខុ​ទាំង​ឡាយ បើបរិព្វា​ជក ជាអន្យតិរ្ថិយ គប្បីសួរ (អ្នក​ទាំងឡាយ) យ៉ាង​នេះ​ថា ម្នាល​អាវុសោទាំង​ឡាយ ធម៌​ទាំងឡាយអម្បាល​នេះ មាន​៣ យ៉ាង។ ធម៌​ទាំង ៣ យ៉ាង​ តើ​ដូចម្ដេច។ គឺរាគៈ១ ទោសៈ​១ មោហៈ១។ ម្នាល​អាវុសោទាំងឡាយ ធម៌ មាន​៣ យ៉ាងនេះឯង។ ម្នាល​អាវុសោទាំងឡាយ ធម៌ទាំង​៣ យ៉ាងនេះ ប្លែកគ្នា ​ដូចម្ដេច មាន​អធិប្បាយ​ដូចម្ដេច មាន​សេចក្ដី​ផ្សេង​គ្នា​ដូចម្ដេច។ ម្នាល​ភិក្ខុទាំងឡាយ អ្នក​ទាំងឡាយ ​កាល​ត្រូវ​គេ​សួរ​ យ៉ាង​នេះ​ហើយ គប្បី​ព្យាករ ដូចម្ដេច ដល់​ពួក​បរិព្វា​ជក ​ជាអន្យតិរ្ថិយ​ទាំង​អម្បាល​នោះ។ បពិត្រ​ព្រះអង្គដ៏​ចំរើន ធម៌​ទាំង​ឡាយ របស់​យើង​ខ្ញុំ​ព្រះអង្គ មាន​ព្រះដ៏​មាន​ព្រះភាគ​ ជាទីតាំង មានព្រះដ៏មានព្រះភាគ ជាអ្នកណែនាំ មានព្រះដ៏មាន​ព្រះភាគ ជាទី​ពឹង។ បពិត្រ​ព្រះ​អង្គ​ដ៏​ចំរើន យើង​ខ្ញុំព្រះ​អង្គ​ សូម​ព្រះ​រាជទាន​ឱកាស​ សូម​ព្រះ​ដ៏​មាន​ព្រះភាគ បំភ្លឺ​សេចក្ដី​ នៃ​ភាសិត​នុ៎ះ ​ឲ្យទាន ភិក្ខុទាំងឡាយ បាន​ស្ដាប់​ព្រះដ៏​មាន​ព្រះភាគហើយ ​នឹង​ចង​ចាំទុក។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បើដូច្នោះ​ អ្នក​ទាំងឡាយ ចូរ​ប្រុង​ស្ដាប់ ចូរ​ធ្វើទុក​ក្នុង​ចិត្ត ​ឲ្យ​ប្រពៃ​ចុះ តថាគត ​នឹង សំដែង​។ ភិក្ខុ​ទាំង​អម្បាល​នោះ ទទួល​ព្រះ​ពុទ្ធដី​កា របស់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ថា ព្រះ​ករុណា​ ព្រះអង្គ។ ព្រះ​ដ៏​មាន​ព្រះ​ភាគ ​ទ្រង់​ត្រាស់​ដូច្នេះថា ម្នាល​ភិក្ខុ​ទាំង​ឡាយ បើ​ពួក​បរិព្វាជក ​ជាអន្យតិរ្ថិយ គប្បី​សួរ​យ៉ាង​នេះ​ថា ម្នាល​អាវុសោ​ទាំង​ឡាយ ធម៌ទាំង​អម្បាល​នេះ មាន​៣​ យ៉ាង។ ធម៌៣ យ៉ាង​ តើ​ដូច​ម្ដេច។ គឺរាគៈ១ ទោសៈ១ មោហៈ១។ មា្នល​អាវុសោ​ទាំងឡាយ ធម៌​មាន​៣យ៉ាង​នេះ​ឯង។ ម្នាល​អាវុសោ​ទាំងឡាយ ធម៌​ទាំង៣​យ៉ាងនេះ​ ប្លែកគ្នា​ដូច​ម្ដេច មាន​អធិប្បាយ​ដូចម្ដេច មាន​សេចក្ដី​ផ្សេង​គ្នា​ ដូចម្ដេច។ ម្នាល​ភិក្ខុ​ទាំង​ឡាយ កាល​អ្នក​ទាំងឡាយ ត្រូវ​គេ​សួរ​យ៉ាង​នេះ​ហើយ ​គប្បីដោះស្រាយ​ ដល់​ពួក​បរិព្វា​ជក ជា​អន្យតិរ្ថិយ​អម្បាល​នោះ​ យ៉ាង​នេះថា ម្នាលអាវុសោ​ទាំងឡាយ រាគៈ មាន​ទោស​តិច ប៉ុន្ដែ​ក្រសាបរលាប ទោសៈមាន​ទោស​ច្រើន ប៉ុន្ដែ​ឆាប់​សាបរលាប មោហៈ​ មាន​ទោស​ច្រើន​ផង ក្រសាបរលាបផង។ ម្នាល​អាវុសោទាំងឡាយ ចុះ​អ្វី​ជាហេតុ អ្វី​ជាបច្ច័យ ដែល​នាំ​ឲ្យ​រាគៈ ដែល​មិន​ទាន់​កើត ឲ្យ​កើតឡើង​ក្ដី រាគៈ​ ដែលកើត​ឡើង​ហើយ ឲ្យ​រឹង​រឹត​តែចំរើន​ច្រើន​ឡើង​ក្ដី​។ គួរ​ដោះស្រាយ​ថា សុភនិមិត្ត (​អារម្មណ៍​ដែល​ល្អ)។ កាល​បុគ្គល​នោះ ធ្វើ​ទុក​ក្នុង​ចិត្ត​ នូវសុភនិមិត្ត ដោយ​មិន​ជា​ឧបាយ​ នៃ​បញ្ញា រាគៈ ដែល​មិន​ទាន់​កើត​ឡើង​ ក៏កើត​ឡើង​ផង រាគៈ​ដែល​កើត​ឡើង​ហើយ ក៏​រឹង​រឹត​តែចំរើន​ច្រើន​ឡើង​ផង។ ម្នាល​អាវុសាទាំងឡាយ នេះ​ជាហេតុ នេះ​ជាបច្ច័យ ដែល​នាំឲ្យ​រាគៈ ដែល​មិន​ទាន់​កើត​ឡើង ឲ្យ​កើត​ឡើង​ផង រាគៈ​ដែល​កើត​ឡើង​ហើយ​ ឲ្យ​រឹងរឹតតែ​ចំរើន​ច្រើន​ឡើង​ផង។ ម្នាល​អាវុសោ​ទាំងឡាយ ចុះ​អ្វី​ជាហេតុ អ្វី​ជា​បច្ច័យ ដែល​នាំ​ឲ្យ​ទោសៈ ដែល​មិន​ទាន់​កើត​ឡើង ឲ្យ​កើត​ឡើង​បានក្ដី ទោសៈ​ដែល​កើត​ឡើង​ហើយ ឲ្យ​រឹង​រឹតតែ​ចំរើន​ច្រើន​ឡើង​ក្ដី។ គួរ​ដោះ​ស្រាយ​ថា បដិឃនិមិត្ត (​អារម្មណ៍​ដែល​ទាស់​ចិត្ត)។ កាលបុគ្គល​នោះ ធ្វើ​ទុក​ក្នុង​ចិត្ត ​នូវ​បដិឃនិមិត្ត ដោយ​មិន​ជាឧបាយ​នៃបញ្ញា ទោសៈ ដែល​មិន​ទាន់​កើត​ឡើង ក៏​កើត​ឡើង​ផង ទោសៈដែលកើត​ឡើង​ហើយ ក៏​រឹង​រឹត​តែចំរើន​ច្រើន​ឡើង​ផង ម្នាល​អាវុសោ​ទាំងឡាយ នេះ​ជា​ហេតុ នេះ​ជាបច្ច័យ ដែល​នាំ​ឲ្យ​ទោសៈ ដែល​មិនទាន់​កើតឡើង​ ឲ្យ​កើត​ឡើង​ផង ទោសៈ ដែល​កើត​ឡើង​ហើយ ឲ្យ​រឹងរឹតតែ​ចំរើនឡើង​ផង។ មា្នល​អាវុសោទាំងឡាយ ចុះអ្វី​ជា​ហេតុ អ្វី​ជាបច្ច័យ ដែល​នាំ​ឲ្យ​មោហៈ ដែល​មិនទាន់​កើត​ឡើង ឲ្យ​កើត​ឡើង​ក្ដី មោហៈ​ដែលកើត​ឡើង​ហើយ ឲ្យ​រឹង​រឹត​តែចំរើន​ច្រើន​ឡើង​ក្ដី។ គួរ​ដោះ​ស្រាយថា អយោនិសោមនសិការៈ (​ការ​មិន​ធ្វើ​ទុកក្នុង​ចិត្ត ​ដោយឧបាយ​នៃប្រាជ្ញា)​។ ​កាល​បុគ្គល​នោះ ​មិន​ធ្វើ​ទុកក្នុង​ចិត្ត​ ដោយ​ជាឧបាយ​នៃបញ្ញា មោហៈ​ ដែល​មិន​ទាន់​កើត​ឡើង ក៏​កើត​ឡើង​ផង មោហៈ​ដែល​កើត​ឡើងហើយ​ ក៏​រឹង​រឹត​តែ​ចំរើន​ច្រើន​ឡើង​ផង។ ម្នាល​អាវុសោ​ទាំង​ឡាយ នេះ​ជាហេតុ នេះ​ជា​បច្ច័យ ​ដែល​នាំ​ឲ្យ​មោហៈ ​ដែល​មិន​ទាន់​កើត​ឡើង​ ឲ្យ​កើត​ឡើងផង​ មោហៈ ​ដែល​កើត​ឡើងហើយ ​ក៏​រឹងរឹត​តែ​ចំរើន​ច្រើន​ឡើង​ផង។ ម្នាលអាវុសោទាំងឡាយ ចុះអ្វី​ជាហេតុ​ អ្វី​ជាបច្ច័យ​ ដែល​នាំឲ្យ​រាគៈ​ ដែល​មិន​ទាន់កើត​ឡើង ​​មិន​ឲ្យ​កើត​ឡើង​បាន​ក្ដី រាគៈ​ដែល​កើត​ឡើង​ហើយ ក៏​លះ​បង់​ចេញបាន​ក្ដី។ គួរ​ដោះ​ស្រាយ​ថា​ អសុភនិមិត្ត​ (អារម្មណ៍​ដែល​មិន​ល្អ)។ កាល​បុគ្គល​នោះ​ ធ្វើ​ទុក​ក្នុង​ចិត្ត​ នូវ​អសុភនិមិត្ត​ ដោយ​ឧ​បាយ​នៃ​បញ្ញា រាគៈដែល​មិន​ទាន់​កើត​ឡើង ក៏​មិន​កើត​ឡើង​ផង​ រាគៈ​ដែល​កើត​ឡើង​ហើយ ក៏​លះ​បង់​ចេញ​បាន​ផង។ ម្នាល​អាវុសោ​ទាំង​ឡាយ នេះ​ជាហេតុ នេះជាបច្ច័យ​ ដែល​នាំ​ឲ្យ​រាគៈ ​ដែល​មិន​ទាន់​កើត​ឡើង មិន​ឲ្យ​កើត​ឡើង​បាន​ផង រាគៈ​ដែល​កើត​ឡើង​ហើយ ក៏​លះ​បង់​ចេញ​បាន​ផង។ ម្នាល​អាវុសោទាំងឡាយ ចុះ​អ្វី​ជាហេតុ​ អ្វី​ជាបច្ច័យ ដែល​នាំឲ្យ​ទោសៈ ដែល​មិនទាន់​កើត​ឡើង មិន​ឲ្យ​កើត​ឡើង​ក្ដី ទោសៈដែល​កើត​ឡើង​ហើយ ក៏​លះបង់​ចេញ​បានក្ដី។ គួរ​ដោះស្រាយ​ថា មេត្តា​ចេតោវិមុត្តិ (​គ្រឿង​រួចផុត​នៃ​ចិត្ត ដោយ​អំណាច​មេត្តា)។ កាល​បុគ្គល​នោះ​ ធ្វើ​ទុក​ក្នុង​ចិត្ត​ នូវ​មេត្តា​ចេតោវិមុត្តិ ដោយ​ឧ​បាយ​នៃបញ្ញា​ ទោសៈ​ ដែល​មិន​ទាន់​កើតឡើង ក៏​មិន​កើត​ឡើង​ផង ទោសៈ​ដែល​កើត​ឡើង​ហើយ ក៏​លះ​បង់​ចេញ​បាន​ផង។ ម្នាល​អាវុសោ​ទាំងឡាយ នេះ​ជា​ហេតុ នេះ​ជាបច្ច័យ ដែល​នាំឲ្យ​ទោសៈ ​ដែល​មិន​ទាន់កើត​ឡើង មិន​ឲ្យកើត​ឡើង​ផង ទោសៈដែល​កើតឡើង​ហើយ ក៏​លះបង់ចេញ​បានផង។ ម្នាល​អាវុសោទាំងឡាយ អ្វី​ជាហេតុ អ្វី​ជាបច្ច័យ ដែល​នាំឲ្យ​មោហៈ ​ដែល​មិន​ទាន់​កើត​ឡើង​ មិន​ឲ្យ​កើត​ឡើង​ក្ដី​ មោហៈ​ដែលកើត​ឡើង​ហើយ ក៏​លះ​បង់​ចេញ​បាន​ក្ដី។ គួរ​ដោះ​ស្រាយ​ថា យោនិសោមនសិការៈ (​ការ​ធ្វើ​ទុក​ក្នុង​ចិត្ត​ ដោយ​ឧបាយនៃ​ប្រាជ្ញា) កាល​បុគ្គល​នោះ ធ្វើ​ទុក​ក្នុង​ចិត្ត​ ដោយ​ឧបាយ​នៃប្រាជ្ញា មោហៈ​ដែល​មិន​ទាន់​កើត​ឡើង ក៏​មិនកើត​ឡើង​ផង មោហៈ ​ដែលកើត​ឡើង​ហើយ ក៏​លះ​បង់​ចេញ​បាន​ផង។ ម្នាល​អាវុសោ​ទាំង​ឡាយ នេះ​ជាហេតុ នេះជាបច្ច័យ ដែល​នាំ​ឲ្យ​មោហៈ ដែល​មិន​ទាន់​កើត​ឡើង មិន​ឲ្យ​កើត​ឡើង​ផង មោហៈ​ដែល​កើត​ឡើងហើយ​ ក៏​លះ​បង់​ចេញ​បាន​ផង។

(អកុសលមូលសូត្រ ទី៩)

(៩. អកុសលមូលសុត្តំ)

[៧១] ម្នាល​ភិក្ខុ​ទាំង​ឡាយ អកុសល​មូល​ (​​ឫស​គល់ ​នៃ​អកុសល) នេះ​ មាន​ ៣ យ៉ាង។ អកុសល​មូល ៣ យ៉ាង​ តើ​ដូច​ម្ដេច។ គឺលោភៈ​ ជាអកុសល​មូល​ ១ ទោសៈ​ ជា​អកុសល​មូល ១ មោហៈ ​ជាអកុសល​មូល​ ១។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ សភាវៈ​ណា ​ជាតួ​លោភៈ សភាវៈនោះ ​ជាអកុសល បុគ្គល​អ្នក​ល្មោភ ​តែង​សន្សំ​នូវ​កម្មណា ដោយ​កាយ វាចា ចិត្ត​ កម្ម​នោះ​ ក៏​ជាអកុសល​ដែរ បុគ្គល​អ្នក​ល្មោភ ​ត្រូវ​លោភៈគ្រប​សង្កត់ មាន​ចិត្ត​ត្រូវ​លោភៈ​រួប​រឹត តែង​រក​រឿង ​បង្ក​ទុក្ខ​ដែល​មិន​មាន​ពិត​ ដល់​អ្នក​ដទៃ ដោយ​ការ​សម្លាប់​ខ្លះ ​ដោយ​ការ​ចាប់​ចង​ខ្លះ ដោយការ​បំផ្លាញ​ខ្លះ​ ដោយ​ការ​តិះ​ដៀល​ខ្លះ ដោយ​ការ​បំបរបង់​ខ្លះ​ ដោយ​អាង​កំ​ឡាំង​ថា អាត្មា​អញ​ជាអ្នកមានកំឡាំង​ខ្លះ​ ដោយ​ហេតុ​ណា ហេតុ​នោះ ហៅថា ​ជាអកុសល។ អកុសល​ធម៌​ទាំង​ឡាយ ដ៏​លាមក​ជាច្រើន​ កើត​អំពី​លោភៈ មាន​លោភៈ​ជាដើមហេតុ មាន​លោភៈ​ជាប្រភព មាន​លោភៈ​ជា​បច្ច័យ​ ទាំង​អម្បាលនេះ រមែង​ប្រជុំ​កើត​ព្រម​ដោយ​ប្រការ​ដូច្នេះ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ សភាវៈ​ណា ​ជាតួ​ទោសៈ សភាវៈ​នោះ ​ក៏​ជាអកុសល បុគ្គល​អ្នក​ប្រទូស្ត ​តែងសន្សំ​នូវ​កម្មណា ដោយ​កាយ​ វាចា ​ចិត្ត កម្មនោះ ​ក៏​ជា​អកុសល​ដែរ ​បុគ្គល​អ្នកប្រទូស្ត​ ត្រូវ​ទោសៈ​គ្រប​សង្កត់​ មាន​ចិត្តត្រូវ​ទោសៈ​រួបរឹត តែង​រក​រឿង​ បង្កទុក្ខ​ដែល​មិន​ពិត ​ដល់​អ្នក​ដទៃ ដោយ​ការ​សម្លាប់​ខ្លះ ដោយ​ការ​ចាប់​ចងខ្លះ ដោយ​ការ​បំផ្លាញ​ខ្លះ ​ដោយ​ការ​តិះ​ដៀល​ខ្លះ ដោយ​ការ​បំបរបង់​ខ្លះ ដោយ​អាង​កំឡាំង​ថា អាត្មា​អញ​ ជាអ្នក​មាន​កំឡាំង​ខ្លះ ដោយ​ហេតុ​ណា ហេតុនោះ​ហៅថា ជាអកុសល។ អកុសល​ធម៌​ទាំង​ឡាយ ដ៏​លាមក​ជាច្រើន ដែល​កើត​អំពី​ទោសៈ​ ​មាន​ទោសៈ​ជាដើម​ហេតុ មាន​ទោសៈ​ជា​ប្រភព (​ជាដែន ​កើត​) មាន​ទោសៈ​ជា​បច្ច័យ ទាំង​អម្បាល​នេះ រមែង​ប្រជុំ​កើត​ព្រម ដោយ​ប្រការ​ដូច្នេះ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ សភាវៈណា​​ ជា​តួ​មោហៈ សភាវៈនោះ ជាអកុសល បុគ្គល​អ្នក​វង្វេង តែង​សន្សំ​នូវ​កម្ម​ណា ដោយ​កាយ​ វាចា ចិត្ត កម្មនោះ ​ហៅ​ថា​ជា​អកុសល បុគ្គល​អ្នក​វង្វេង ត្រូវមោហៈ​គ្របសង្កត់ មានចិត្ត​ត្រូវមោហៈរួបរឹត តែង​រក​រឿង​ បង្ក​ទុក្ខដែល​មិន​មាន​ពិត ដល់​អ្នក​ដទៃ ដោយ​ការ​សម្លាប់​ខ្លះ ដោយ​ការ​ចាប់ចង​ខ្លះ ដោយ​ការ​បំផ្លាញ​ខ្លះ​ ដោយ​ការ​តិះ​ដៀល​ខ្លះ ដោយ​ការ​បំបរ​បង់ចេញ​ខ្លះ ដោយ​អាង​កំឡាំង​ថា អាត្មា​អញ​ ជា​អ្នក​មាន​កំឡាំង​ខ្លះ ដោយហេតុណា ហេតុ​នោះ​ហៅថា ជាអកុសល។ អកុសល​ធម៌​ទាំងឡាយ ដ៏​លាមក​ជាច្រើន ដែល​កើត​អំពី​មោហៈ មាន​មោហៈជាដើម​ហេតុ មាន​មោហៈ​ជាប្រភព មាន​មោហៈ​ជាបច្ច័យ ទាំង​អម្បាល​នេះ រមែង​ប្រជុំកើត​ព្រម ​ដោយ​ប្រការ​ដូច្នេះ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​មានសភាព​ដូច្នេះនេះ ​ហៅថា អកាល​វាទី (​និយាយ​ក្នុង​កាល​មិន​គួរ​)​ ខ្លះ អភូត​វាទី (​និយាយ​ពាក្យ​មិន​ពិត) ​ខ្លះ អនត្ថវាទី (​និយាយ​ពាក្យ ដែល​មិនមាន​ប្រយោជន៍) ​ខ្លះ អធម្មវាទី (​និយាយ​មិន​ត្រូវ​តាម​ធម៌) ខ្លះ អវិនយ​វាទី (និយាយ​មិន​ត្រូវ​តាម​វិន័យ)​ខ្លះ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ព្រោះ​ហេតុ​ដូចម្ដេច បាន​ជាបុគ្គល​មាន​សភាព​យ៉ាងនេះ ហៅថា អកាល​វាទី​ខ្លះ អភូត​វាទីខ្លះ អនត្ថ​វាទី​ខ្លះ អធម្មវាទី​ខ្លះ អវិនយ​វាទី​ខ្លះ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ពិត​ណាស់ ព្រោះ​ថា​ បុគ្គល​នេះ តែង​បង្ក​ទុក្ខ​ ដល់​អ្នក​ដទៃ ដោយ​ការសម្លាប់​ខ្លះ ដោយ​ការចាប់​ចង​ខ្លះ ដោយ​ការ​បំផ្លាញ​ខ្លះ ដោយ​ការ​តិះដៀល​ខ្លះ ដោយ​ការ​បំបរ​បង់​ខ្លះ​ ដោយ​អាង​កំឡាំង​ថា​ អាត្មា​អញ​ជាអ្នកមាន​កំឡាំង​ខ្លះ តែកាល​បើអ្នក​ដទៃ ​ហ៊ាន​និយាយ​ដោយ​សេចក្ដី​ពិត ក៏បដិសេធ មិន​ព្រម​ទទួល​ដឹង កាល​បើគេ​និយាយ ​ដោយ​សេចក្ដី​មិន​ពិត ក៏​មិន​ធ្វើ​ព្យាយាម​ ដើម្បី​ដឹង​ នូវ​សេចក្ដី​មិន​ពិត​នោះ​ថា ពាក្យ​នោះ​ មិន​មែនទេ ​ដូច្នេះ​ក្ដី ពាក្យ​នុ៎ះ​ មិន​ពិត​ទេ​ ដូច្នេះ​ក្ដី ព្រោះ​ហេតុ​នោះ បុគ្គល​មានសភាព​យ៉ាង​នេះ ​ហៅថា អកាល​វាទី​ខ្លះ អភូត​វាទី​ខ្លះ ​អនត្ថវាទី​ខ្លះ ​អធម្មវាទីខ្លះ អវិនយ​វាទី​ខ្លះ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​មាន​សភាព​យ៉ាង​នេះ ត្រូវ​អកុសល​ធម៌​ទាំង​ឡាយ ដ៏​លាមក ​កើត​អំពី​លោភ គ្រប​សង្កត់​ មាន​ចិត្តត្រូវ​អកុសល​ធម៌​រួបរឹត តែង​នៅ​ជាទុក្ខ ប្រកប​ដោយ​សេចក្ដី​ចង្អៀត​ចង្អល់ សេចក្ដី​តាន​តឹង ​ និង​សេចក្ដី​ក្ដៅ​ក្រហាយ ក្នុង​បច្ចុប្បន្ន លុះ​បែក​ធ្លាយ​រាងកាយ ​ស្លាប់​ទៅ មាន​ទុគ្គតិ​ជាទីប្រាកដ។ កើត​អំពី​ទោសៈ។បេ។ ត្រូវ​អកុសល​ធម៌​ទាំង​ឡាយ ​ដ៏​លាមក​ កើត​អំពី​មោហៈ គ្រប​សង្កត់​មាន​ចិត្តត្រូវ​អកុសល​ធម៌​រួប​រឹត តែង​នៅ​ជា​ទុក្ខ ប្រកប​ដោយ​សេចក្ដី​ចង្អៀត​ចង្អល់ សេចក្ដី​តាន​តឹង ​ និង​សេចក្ដី​ក្ដៅ​ក្រហាយ ក្នុង​បច្ចុប្បន្ន លុះ​បែក​ធ្លាយ​រាងកាយ​ស្លាប់​ទៅ មាន​ទុគ្គ​តិ​ជាទីប្រាកដ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ដូច​ដើមសាល​ព្រឹក្ស ដើម​ផ្ចឹក ​ឬ​ដើម​ពង្រ ត្រូវ​ពួរ​ជ្រៃ ៣​ដើម រួប​រឹត​ពី​ខាង​លើ​ ព័ទ្ធព័ន្ធ​ដោយ​ជុំ​វិញ រមែង​ដល់​​នូវ​សេចក្ដី​មិន​ចំរើន ដល់​នូវ​សេចក្ដី​វិនាស ដល់នូវ​ខូច​ខាត​ ​ និង​សេចក្ដី​ហិន​ហោច ​យ៉ាង​ណា​មិញ ម្នាល​ភិក្ខុ​ទាំង​ឡាយ ​បុគ្គលមាន​សភាព​យ៉ាង​នេះ ត្រូវ​អកុសល​ធម៌​ទាំង​ឡាយ ដ៏​លាមក តែងកើត​អំពីលោភៈ គ្រប​សង្កត់​ មាន​ចិត្ត​ត្រូវ​អកុសល​ធម៌រួបរឹត តែង​នៅ​ជាទុក្ខ ​ប្រកបដោយ​សេចក្ដី​ចង្អៀត​ចង្អល់ សេចក្ដី​តាន​តឹង ​ និង​សេចក្ដី​ក្ដៅ​ក្រហាយ ក្នុង​បច្ចុប្បន្ន លុះ​បែក​ធ្លាយ​រាង​កាយ​ ស្លាប់​ទៅ មាន​ទុគ្គតិជាទី​ប្រាកដ។ កើត​អំពីទោ​សៈ។ បេ។ ត្រូវ​អកុសល​ធម៌​ទាំងឡាយ ​ដ៏​លាមក​តែង​កើត​អំពីមោហៈ​ គ្រប​សង្កត់​ មាន​ចិត្ត​ត្រូវ​អកុសល​ធម៌​រួបរឹត តែង​នៅ​ជាទុក្ខ ប្រកបដោយ​សេចក្ដី​ចង្អៀត​ចង្អល់ សេចក្ដី​តានតឹង ​ និង​សេចក្ដី​ក្ដៅ​ក្រហាយ ក្នុងបច្ចុប្បន្ន លុះ​បែក​ធ្លាយ​រាង​កាយ ស្លាប់​ទៅ មាន​ទុគ្គតិជាទី​ប្រាកដ​ ក៏​យ៉ាងនោះ​ឯង។ ម្នាល​ភិក្ខុ​ទាំង​ឡាយ អកុសល​មូល ​មាន​៣ យ៉ាង​នេះ​ឯង។ ម្នាល​ភិក្ខុ​ទាំង​ឡាយ កុសល​មូល​ (​ឫស​គល់​នៃ​កុសល)​ នេះ ​មាន​ ៣យ៉ាង​។ កុសល​មូល ​៣ យ៉ាង ​តើ​ដូច​ម្ដេច។ គឺ​អលោភៈ ជាកុសល​មូល​១ អទោសៈ ជាកុសល​មូល​១ អមោហៈ ជា​កុសល​មូល​១។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ធម្មជាតណា ​ជា​អលោភៈ ធម្ម​ជាត​នោះ ​ជាកុសល បុគ្គល​អ្នក​មិនល្មោភ​ តែង​​សន្សំ​នូវ​កម្ម​ណា ដោយ​កាយ វាចា​ចិត្ត កម្ម​នោះ​ ក៏​ជាកុសល បុគ្គល​អ្នក​មិន​ល្មោភ ត្រូវ​លោភៈមិន​គ្រប​សង្កត់ មាន​ចិត្ត​ត្រូវ​លោភៈ​មិន​រួបរឹត មិន​រក​រឿង​បង្ក​ទុក្ខ ដែល​មិន​មាន​ពិត ​ដល់​អ្នក​ដទៃ ដោយ​ការ​សម្លាប់ខ្លះ ដោយ​ការ​ចាប់​ចង​ខ្លះ ដោយ​ការ​បំផ្លាញខ្លះ ដោយ​ការ​តិះ​ដៀល​ខ្លះ ដោយ​ការ​បំបរបងខ្លះ ដោយ​អាង​កំឡាំង​ថា អាត្មា​អញ ​ជាអ្នក​មាន​កំឡាំងខ្លះ​ដោយ​ហេតុ​ណា ហេតុ​នោះ​ ហៅ​ថា ជាកុសល​។ កុសល​ធម៌​ទាំងឡាយ​ ច្រើន​ប្រការ ដែល​កើត​អំពី អលោភៈ​ មាន​អលោភៈ ជាដើម​ហេតុ មាន​អលោភៈ​ជា​ប្រភព មាន​អលោភៈ​ជាបច្ច័យ ទាំង​អម្បាល​នេះ រមែងកើត​ព្រម ​ដល់​បុគ្គល​នោះ​ដោយ​ប្រការ​ដូច្នេះ​។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ធម្មជាត​ណា ជាអទោសៈ ធម្ម​ជាត​នោះ​ជាកុសល បុគ្គល​អ្នក​មិន​ប្រទូស្ត តែង​សន្សំ​នូវ​កម្ម​ណា ដោយ​កាយ​ វាចា ចិត្ត កម្ម​នោះ​ ក៏​ជាកុសល​ បុគ្គលអ្នក​មិន​ប្រ​ទូស្ត ត្រូវ​ទោ​សៈ មិន​គ្រប​សង្កត់​ មាន​ចិត្តត្រូវ​ទោសៈ​មិន​រួប​រឹត មិន​រក​រឿង​បង្ក​ទុក្ខ ដែល​មិន​មាន​ពិត​ ដល់​អ្នក​ដទៃ ដោយ​ការ​សម្លាប់​ខ្លះ ដោយ​ការ​ចាប់​ចង​ខ្លះ ដោយ​ការ​បំផ្លាញ​ខ្លះ ​ដោយ​ការ​តិះ​ដៀល​ខ្លះ​ ដោយ​ការ​បំបរ​បង់​ខ្លះ ដោយ​អាង​កំឡាំង​ថា អាត្មា​អញ​ ជាអ្នក​មាន​កំឡាំ​ខ្លះ ដោយ​ហេតុ​ណា ហេតុ​នោះ ​ក៏​ជា​អកុសល។ កុសល​ធម៌​ទាំង​ឡាយជាច្រើន ដែល​កើត​អំពី​អទោសៈ មាន​អទោសៈ​ជាដើម​ហេតុ មាន​អទោសៈ ​ជាប្រភព មាន​អទោសៈ​ជា​បច្ច័យ ទាំង​អម្បាល​នេះ រមែង​កើត​ព្រម​ ដល់​បុគ្គល​នោះ ​ដោយ​ប្រការ​ដូច្នេះ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ​ធម្ម​ជាត​ណា​ ជាអមោហៈ ធម្មជាត​នោះ ​ជាកុសល បុគ្គល​អ្នក​មិន​វង្វេង​ តែង​សន្សំ​នូវ​កម្ម​ណា ដោយកាយ វាចា ចិត្ត កម្ម​នោះ​ ក៏​ជាកុសល បុគ្គលអ្នក​មិន​វង្វេង​ ត្រូវ​មោហៈមិន​គ្របសង្កត់ មាន​ចិត្ត​ត្រូវ​មោហៈ​មិន​រួប​រឹត មិន​បាន​រក​រឿង​បង្ក​ទុក្ខ ដែល​មិន​មាន​ពិត​ ដល់​អ្នក​ដទៃ ​ដោយ​ការ​សម្លាប់​ខ្លះ ដោយ​ការ​ចាប់​ចង​ខ្លះ ដោយ​ការ​បំផ្លាញ​ខ្លះ ដោយ​ការ​តិះ​ដៀល​ខ្លះ ដោយ​ការ​បំបរ​បង់​ខ្លះ​ ដោយ​អាង​កំឡាំង​ថា អាត្មា​អញ​ ជាអ្នក​មានកំឡាំង​ខ្លះ ដោយ​ហេតុ​ណា ហេតុនោះ​ ក៏​ជា​កុសល។ កុសល​ធម៌​ទាំង​ឡាយច្រើន ​កើត​អំពី​អមោហៈ មានអមោហៈ ជាដើម​ហេតុ មាន​អមោហៈ​ជា​ប្រភព មា​ន​អមោហៈ​ជាបច្ច័យ ទាំង​អម្បាល​នេះ រមែង​កើត​ព្រម ​ដល់​បុគ្គល​នោះ​ ដោយ​ប្រការ​ដូច្នេះ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​មាន​សភាព​យ៉ាង​នេះ ហៅថា កាល​វាទី (​និយាយ​ក្នុង​កាល​ដែល​គួរ​)​ខ្លះ ភូត​វាទី (​និយាយ​ពាក្យ​ពិត)​ខ្លះ អត្ថវាទី (និយាយ​ពាក្យ​ដែល​ជា​ប្រយោជន៍​)​ខ្លះ ធម្មវាទី (និយាយ​ត្រូវ​តាម​ធម៌​)​ខ្លះ វិនយ​វាទី (​និយាយ​ត្រូវ​តាម​វិន័យ​)​ខ្លះ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ព្រោះហេតុ​ដូច​ម្ដេច បុគ្គល​ដែល​មាន​សភាព​ដូច្នេះ ​ហៅថា កាល​វាទី​ខ្លះ ភូតវាទី​ខ្លះ ​អត្ថវាទីខ្លះ​ ធម្មវាទីខ្លះ​ វិនយ​វាទី​ខ្លះ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ពិតណាស់ ព្រោះ​ថា បុគ្គល​នេះ មិន​បង្កទុក្ខ ដែល​មិន​មាន​ពិត​ ដល់​អ្នក​ដទៃ ដោយ​ការ​សម្លាប់​ខ្លះ ដោយ​ការ​ចាប់​ចង​ខ្លះ ដោយ​ការ​បំផ្លាញ​ខ្លះ ដោយ​ការ​តិះ​ដៀលខ្លះ ដោយ​ការ​បំបរបង់​ខ្លះ ​ដោយ​អាង​កំឡាំង​ថា អាត្មា​អញ ជាអ្នក​មាន​កំឡាំង​ខ្លះ តែកាល​បើ​អ្នក​ដទៃ និយាយ​ដោ​យសេចក្ដី​ពិត ក៏ទទួល​រ៉ាប់​រង​ មិន​បដិសេធ កាល​បើ​គេ​និយាយ​ ដោយ​សេចក្ដី​មិន​ពិត​ ក៏ធ្វើ​សេចក្ដី​ព្យាយាម ដើម្បី​ដឹង​នូវ​​សេចក្ដី​មិន​ពិត​នោះ​ថា ពាក្យ​នុ៎ះ ​មិន​មែនទេ ដូច្នេះ​ក្ដី ពាក្យ​នោះ ​មិន​ពិត​ទេ​ដូច្នេះ​ក្ដី ព្រោះ​ហេតុ​នោះ បុគ្គល​មានសភាព​យ៉ាង​នេះ ហៅថា កាល​វាទី​ខ្លះ ភូត​វាទីខ្លះ អត្ថវាទី​ខ្លះ ធម្មវាទីខ្លះ វិនយ​វាទីខ្លះ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ អកុសលធម៌​ទាំងឡាយ​ ដ៏​លាមក ដែល​កើត​អំពី​លោភៈ ដែល​បុគ្គល​មាន​សភាព​យ៉ាងនេះ ​លះ​បង់​បាន​ហើយ គាស់​រំលើង​ឫសគល់​អស់​ហើយ ធ្វើ​ឲ្យ​ដូច​ជាដើម​ត្នោត​កំបុត​ក ធ្វើ​មិន​ឲ្យមាន​បែប​ភាព មាន​កិរិយា​មិន​កើត​តទៅ​ទៀត​ ជាធម្មតា (​បុគ្គល​មាន​សភាព​យ៉ាងនេះ) ​តែង​នៅ​ជាសុខ ឥត​មាន​សេចក្ដី​ចង្អៀតចង្អល់ ឥត​មានសេចក្ដី​តានតឹង ឥត​មាន​សេចក្ដី​ក្ដៅក្រហាយ ក្នុង​បច្ចុប្បន្ន រមែង​បរិនិព្វាន ក្នុង​បច្ចុប្បន្ន។ ដែល​កើត​អំពី​ទោសៈ។បេ។ អកុសល​ធម៌​ទាំង​ឡាយ ដ៏​លាមក ដែល​កើត​អំពី​មោហៈ បុគ្គល​នោះ​ លះ​បាន​ហើយ គាស់​រំលើងឫស​គល់​អស់​​ហើយ ធ្វើ​ឲ្យ​ដូច​ជា​ដើម​ត្នោត​កំបុត​ក ធ្វើ​មិន​ឲ្យ​មាន​បែបភាព មាន​កិរិយា​មិន​កើត​តទៅ​ទៀត ​ជាធម្មតា បុគ្គល​មាន​សភាព​យ៉ាង​នេះ តែង​នៅ​ជាសុខ ឥត​មាន​សេចក្ដី​ចង្អៀត​ចង្អល់ ឥត​មាន​សេចក្ដីតាន​តឹង ឥ​ត​មាន​សេចក្ដី​ក្ដៅ​ក្រហាយ ក្នុង​បច្ចុប្បន្ន រមែង​បរិនិព្វាន ក្នុងបច្ចុប្បន្ន។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ដូច​ដើម​សាល​ព្រឹក្ស ដើម​ផ្ចឹក ឬ​ដើម​ពង្រត្រូវ​ពួរ​ជ្រៃ​៣ ដើម រួប​រឹត​ព័ទ្វ​ព័ន្ធ ​ដោយ​ជុំវិញ។ កាល​ណោះ ​មានបុរស​កាន់​ចប ​ និង​កញ្ជើ ដើរ​មក​ បុរស​នោះ ក៏​កាប់​ពួរ​ជ្រៃ ត្រង់​គល់ លុះ​កាប់​គល់រួច​ហើយ ​ជីក​គាស់​ លុះ​ជីក​គាស់​ហើយ ក៏​ភើច​យក​ឫសទាំងឡាយ ដោយ​ហោចទៅ សូម្បី​ប៉ុន​លំពង់​ស្បូវ​ភ្លាំង (ក៏មិន​ឲ្យសល់) បុរស​នោះ​ ក៏​កាត់​ពួរ​ជ្រៃ​នោះ ឲ្យ​ជាកំណាត់​តូច​កំណាត់​ធំ លុះ​កាត់​ឲ្យ​ជាកំណាត់​តូច កំណាត់​ធំ​រួច​ហើយ ក៏​ពុះ លុះ​ពុះ​រួច​ហើយ ក៏​ធ្វើ​ឲ្យ​ជាចម្រៀក​ៗ លុះ​ធ្វើ​ឲ្យ​ជាចម្រៀក​ៗរួច​ហើយ ក៏​ហាល​ខ្យល់ ​​ និងកំ​ដៅ​ថ្ងៃឲ្យ​ស្ងួត លុះ​ហាល​ខ្យល់​​ និង​កំដៅ​ថ្ងៃ​រួច​ហើយ ក៏ដុត​ដោយ​ភ្លើង លុះ​ដុត​ដោយ​ភ្លើង​រួច​ហើយ ក៏​ធ្វើ​ឲ្យ​ជាធ្យូង លុះ​ធ្វើ​ឲ្យជាធ្យូង​រួច​ហើយ ក៏​បាច​សាច​ទៅ​តាមខ្យល់​ដ៏​ខ្លាំង​ ឬ​បណ្ដែត​ទៅ​តាម​ខ្សែ​ទឹក​ស្ទឹង ដែលហូរ​ខ្លាំង ម្នាល​ភិក្ខុ​ទាំង​ឡាយ ពួរ​ជ្រៃ​ទាំង​អម្បាល​នោះ ដែល​បុគ្គលនោះ គាស់​រំលើង​ឫស​គល់​អស់​ហើយ ធ្វើ​ឲ្យ​ដូច​ជាដើម​ត្នោត​កំបុតក ធ្វើ​មិន​ឲ្យ​មាន​បែប​ភាព មាន​កិរិយា​មិន​កើត​តទៅ​ទៀត​ ជាធម្មតា​យ៉ាង​នេះ យ៉ាងណាមិញ​ ម្នាល​ភិក្ខុ​ទាំង​ឡាយ អកុសល​ធម៌​ទាំង​ឡាយ ដ៏​លាមក ដែល​កើត​អំពី​លោភៈ ដែល​បុគ្គល​មាន​សភាព​យ៉ាង​នេះ លះ​បាន​ហើយ បាន​គាស់​រំលើង​ឫស​គល់​អស់​ហើយ ធ្វើ​ឲ្យ​ដូច​ជាដើម​ត្នោត​កំបុត​ក ធ្វើមិន​ឲ្យ​មានបែប​ភាព មាន​កិរិយា​មិន​កើត​តទៅទៀត ​ជាធម្មតា បុគ្គលមាន​សភាព​យ៉ាងនេះ តែង​នៅ​ជាសុខ មិន​មាន​សេចក្ដី​ចង្អៀតចង្អល់ មិន​មាន​សេចក្ដី​តាន​តឹង មិន​មាន​សេចក្ដី​ក្ដៅ​ក្រហាយ ក្នុង​បច្ចុប្បន្ន រមែង​បរិនិព្វាន ក្នុង​បច្ចុប្បន្ន។ កើត​អំពី​ទោសៈ។ បេ។ អកុសល​ធម៌ទាំងឡាយ​ ដ៏​លាមក ដែល​កើត​អំពី​មោហៈ បុគ្គល​នោះ លះបានហើយ គាស់​រំលើង​ឫស​គល់​អស់​ហើយ ធ្វើ​ឲ្យ​ដូច​ជា​ដើម​ត្នោត​កំបុតក ធ្វើ​មិន​ឲ្យ​មាន​បែប​ភាព មាន​កិរិយា​មិន​កើត​តទៅ​ទៀត ​ជាធម្មតា បុគ្គលមាន​សភាព​យ៉ាង​នេះ តែង​នៅ​ជាសុខ មិន​មាន​សេចក្ដី​ចង្អៀត​ចង្អល់ មិន​មាន​សេចក្ដី​តានតឹង មិន​មាន​សេចក្ដី​ក្ដៅក្រហាយ ក្នុង​បច្ចុប្បន្ន រមែង​បរិនិព្វាន ក្នុង​បច្ចុប្បន្ន ក៏​យ៉ាង​នេះ​ឯង​។ ម្នាល​ភិក្ខុ​ទាំង​ឡាយ កុសល​មូល ​មាន​៣ យ៉ាង​នេះ​ឯង។

(ឧបោសថសូត្រ ទី១០)

(១០. ឧបោសថសុត្តំ)

[៧២] សម័យ​មួយ ព្រះ​ដ៏​មាន​ព្រះភាគ ទ្រង់​គង់​នៅ​ក្នុង​ប្រាសាទ របស់​មិគារមាតា ក្នុង​វត្តបុព្វា​រាម ទៀប​ក្រុង​សាវត្ថី។ គ្រា​នោះ​ ថ្ងៃ​នោះ ជាថ្ងៃឧបោសថ​សីល នាង​វិសាខា​មិគារ​មាតា ចូល​ទៅ​គាល់​ព្រះ​ដ៏​មានព្រះភាគ លុះ​ចូល​ទៅដល់​ហើយ ក្រាប​ថ្វាយ​បង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ ហើយអង្គុយ​ក្នុង​ទី​សម​គួរ​។ លុះ​នាង​វិសាខាមិគារមាតា អង្គុយ​ក្នុង​ទី​សម​គួរហើយ ព្រះ​ដ៏​មាន​ព្រះភាគ​ បាន​ត្រាស់​ដូច្នេះថា ម្នាល​នាង​វិសាខា ចុះនាងមក​ពី​ណា​ ទាំងថ្ងៃម៉្លេះ។ នាង​វិសាខា​ ក្រាប​បង្គំ​ទូល​ថា ថ្ងៃ​នេះ​ខ្ញុំ​ម្ចាស់​រក្សាឧបោសថៈព្រះ​អង្គ។ ព្រះ​ដ៏មាន​ព្រះភាគ ​ត្រាស់​ថា ម្នាល​នាង​វិសាខា ឧបោសថៈ​នេះ​ មាន​៣ យ៉ាង​។ ឧបោសថៈ ​៣​យ៉ាង​ តើ​ដូច​ម្ដេច។ គឺ គោបាល​កុបោសថៈ (ឧបោសថៈ​របស់​គង្វាល​គោ) ១ និគណ្ឋុបោសថៈ (ឧបោសថៈរបស់​និគ្រណ្ឋ) ១ អរិយុបោសថៈ (​ឧបោសថៈ​ របស់​ព្រះអរិយៈ) ១។ ម្នាល​នាង​វិសាខា ចុះ គោបាល​កុបោសថៈ​ តើ​ដូចម្ដេច។ ម្នាល​នាង​វិសាខា ដូច​គង្វាល​គោ ប្រគល់​គោទាំងឡាយ ដល់​អ្នក​ម្ចាស់​គោ ក្នុង​វេលា​ល្ងាច រួចហើយគិត​រំពឹង​ ដូច្នេះថា ថ្ងៃនេះ គោ​ទាំង​ឡាយ ត្រាច់​រក​ស៊ី​ ក្នុង​ទី​ឯណោះ​ៗ ផឹក​ទឹក​ក្នុង​ទី​ឯណោះ ៗ ស្អែក​នេះ គោ​ទាំង​ឡាយ នឹង​ត្រាច់​ទៅ​រក​ស៊ី​ ក្នុង​ទីឯណោះ ៗ នឹង​ផឹក​ទឹក​ក្នុង​ទី​ឯណោះៗ​ យ៉ាង​ណាមិញ។ ម្នាល​នាងវិសាខា បុគ្គល​ពួក​ខ្លះ ក្នុង​លោក​នេះ ជាអ្នក​រក្សា​ឧបោសថសីល​ហើយ គិតជញ្ជឹង ដូច្នេះ​ថា ក្នុង​ថ្ងៃ​នេះ អាត្មា​អញ​បាន​ទំពាស៊ី​ នូវ​ខាទនីយៈ​នេះផង ៗ អាត្មា​អញ​ បាន​បរិភោគ នូវ​ភោជនីយៈ​នេះ​ផង ៗ ស្អែក​នេះ អាត្មា​អញ នឹង​ទំពា​ស៊ី នូវ​ខាទនីយៈ​នេះ​ផង ៗ នឹង​បរិភោគ​ នូវ​ខាទនីយៈ​នេះផង ៗ បុគ្គល​នោះ មាន​ចិត្ត​ប្រកប​ដោយ​អភិជ្ឈា តែង​ញុំាង​ថ្ងៃ ឲ្យ​ប្រព្រឹត្ត​កន្លង​ទៅ ដោយ​លោភៈនោះ ក៏​យ៉ាង​នោះ​ឯង។ ម្នាល​នាង​វិសាខា យ៉ាង​នេះឯង ឈ្មោះ​ថា គោបាលកុបោសថៈ។ ម្នាល​នាង​វិសាខា ​​គោបាលកុបោសថៈ ដែល​បុគ្គល​រក្សា​យ៉ាងនេះ ជាឧ​បោសថៈ ​​មិន​មាន​ផល​ច្រើន មិន​មាន​អានិសង្ស​ច្រើន មិន​មាន​សេចក្ដី​រុង​រឿង​ច្រើន មិន​ផ្សាយ​ផលច្រើន​ទេ។ ម្នាល​នាង​វិសាខា ចុះ​ និគណ្ឋុបោសថៈ ​តើ​ដូច​ម្ដេច។ ម្នាល​នាងវិសាខា មាន​ពួក​សមណៈ​ ហៅថា​និគណ្ឋៈ​ សមណៈអម្បាល​នោះ ​តែង​ដឹកនាំសាវក ​យ៉ាង​នេះថា នែ​បុរស​ដ៏​ចំរើន អ្នក​ចូរ​មក​អាយ សត្វ​ទាំង​ឡាយណា មាន​នៅ​ក្នុង​ទិស​ខាង​កើត​ ខាង​នាយ ​ពី​១០០​យោជន៍​ទៅ​ អ្នក​ចូរ​ដាក់អាជ្ញា (​សម្លាប់​)​ សត្វ​អម្បាល​នោះ​ចុះ សត្វ​ទាំង​ឡាយ​ណា មាន​នៅក្នុង​ទិស​ខាង​លិច ខាង​នាយ​ពី១០០យោជន៍​ទៅ អ្នក​ចូរ​ដាក់​អាជ្ញា​ ក្នុងសត្វ​អម្បាល​នោះ​ចុះ សត្វ​ទាំងឡាយ​ណា មាន​នៅ​ក្នុង​ទិស​ខាង​ជើង ខាង​នាយ​ពី​១០០ យោជន៍​ទៅ​ អ្នក​ចូរ​ដាក់​អាជ្ញា ​​ក្នុង​សត្វ​អម្បាល​នោះ​ចុះ សត្វ​ទាំងឡាយ​​ណា មាន​នៅ​ក្នុង​ទិស​ខាង​ត្បូង​ ខាង​នាយ​ពី ១០០យោជន៍​ទៅ អ្នក​ចូរ​ដាក់​អាជ្ញា ក្នុង​សត្វ​អម្បាល​​នោះ​ចុះ។ ពួក​និគ្រណ្ឋ តែង​ដឹក​នាំ​សាវក​ ឲ្យ​អាណិត អនុគ្រោះ​ចំពោះ​ពួក​សត្វ​ខ្លះ​ តែង​ដឹក​នាំសាវក មិន​ឲ្យអាណិត មិនឲ្យអនុគ្រោះ ​ចំពោះ​ពួក​សត្វ​ខ្លះ។ ក្នុងថ្ងៃឧបោសថៈ​នោះ គេ​តែង​ដឹក​នាំ​សាវក​ យ៉ាង​នេះថា នែ​បុរស​ដ៏​ចំរើន អ្នក​ចូរ​មក​អាយ អ្នក​ចូរ​ស្រាត​សំពត់ឲ្យអស់ ហើយ​ពោល​យ៉ាង​នេះ​ថា អាត្មាអញ​មិន​ទាក់​ទាម​នឹង​នរណាៗ ក្នុង​ទី​ណា ៗ នឹង​មាន​កង្វល់​ក្នុង​របស់អ្វី​ៗ ក្នុង​ទីណាៗ ក៏​មិន​មាន​ដល់​អាត្មា​អញ​ឡើយ តែ​មាតា​បិតារបស់​គេ​ ក៏ដឹង​ថា នេះ​បុត្រ​របស់​អញ​ទាំង​ខ្លួន​គេ ​ក៏​ដឹងថា នេះ​មាតាបិតា​របស់​អញ បុត្រ​ភរិយា​របស់​គេ​ ក៏ដឹង​ថា នេះ​ជាស្វាមីរបស់​អញ ទាំង​ខ្លួន​គេ​ ក៏​ដឹងថា នេះជាបុត្រភរិយា ​របស់​អញ ពួក​បុរស​ជាទាសកម្ម​ករ​របស់​គេ​ ក៏​ដឹង​ថា នេះជាម្ចាស់​របស់​អញ ទាំង​ខ្លួន​គេ​ ក៏​ដឹង​ថា នេះ​ជាពួក​បុរស​ ដែល​ជាទាសកម្មករ​របស់​អញ (​សាវក​ទាំង​នោះ) ត្រូវ​គេ​ដឹក​នាំក្នុង​សច្ចៈ​ដូច្នេះ ក្នុងសម័យ​ណា (​អ្នក​ដឹក​នាំ) ឈ្មោះថា ដឹក​នាំក្នុង​មុសាវាទ ក្នុងសម័យ​នោះ។ តថាគត​ពោលថា ពាក្យ​ដឹក​នាំនេះ ​ជាពាក្យ​មុសា​វាទ​របស់​គេ។ លុះ​កន្លងរាត្រី​នោះ​ហើយ គេ​បរិភោគ​ភោគៈទាំង​អម្បាល​នោះ ដែល​ម្ចាស់​គេ​មិនបាន​ឲ្យ​។ តថាគត​ពោល​ថា ការ​បរិភោគ​នេះ​ ជាអទិន្នាទាន​របស់​គេ។ ម្នាល​នាង​វិសាខា យ៉ាង​នេះឯង​ ឈ្មោះ​ថា និគណ្ឋុបោសថៈ។ ម្នាលនាងវិសាខា និគណ្ឋុបោសថៈ ​ដែល​គេ​រក្សា​យ៉ាង​នេះ ជាឧ​បោសថៈមិន​មានផល​ច្រើន មិន​មាន​អានិសង្ស​ច្រើន មិន​មាន​សេចក្ដី​រុង​រឿង​ច្រើន មិនផ្សាយផល​ច្រើន​ទេ។ ម្នាល​នាង​វិសាខា​ ចុះអរិយុបោសថៈ តើដូចម្ដេច។ ម្នាល​នាង​វិសាខា ការ​ធ្វើ​ចិត្តដែល​សៅហ្មង​ ឲ្យ​ផូរផង់បាន ដោយ​សេចក្ដីព្យាយាម។ ម្នាល​នាង​វិសាខា ចុះការ​ធ្វើ​ចិត្ត​ដែល​សៅហ្មង ​ឲ្យផូរផង់បាន ដោយ​សេចក្ដី​ព្យាយាម តើដូចម្ដេច​។ ម្នាល​នាង​វិសាខា អរិយ​សាវក ក្នុងធម្មវិន័យ​នេះ តែង​រឭករឿយៗ នូវ​ព្រះតថាគត​ថា ព្រះ​ដ៏​មាន​ព្រះភាគ​អង្គនោះ​ ព្រះ​អង្គឆ្ងាយ​ចាក​សេចក្ដី​សៅហ្មងគ្រប់​យ៉ាង ព្រះ​អង្គ​ត្រាស់​ដឹង ​នូវញេយ្យ​ធម៌​ទាំង​ពួង ដោយ​ប្រពៃ​ ចំពោះ​ព្រះអង្គ ព្រះ​អង្គ​បរិបូណ៌​ដោយ​វិជ្ជា​ និងចរណៈ ព្រះ​អង្គ​មាន​ដំណើរ​ល្អ ព្រះអង្គ​ជ្រាប​ច្បាស់​ នូវ​ត្រៃលោក ព្រះ​អង្គ​ប្រសើរ​ដោយ​សិលា​ទិគុណ ​រក​បុគ្គល​ណា​មួយ​ស្មើ​គ្មាន ព្រះអង្គជាសារថី អ្នក​ទូន្មាន​នូវ​បុរស​ ដែល​គួរ​ទូន្មាន​បាន ព្រះអង្គជា​គ្រូ​នៃ​ទេវតា​​ និងមនុស្ស​ទាំងឡាយ ព្រះអង្គ​បាន​ត្រាស់ដឹង​ នូវ​អរិយ​សច្ចធម៌ ព្រះអង្គ​លែងវិល​ត្រឡប់​មក​កាន់​ភពថ្មី​ទៀត។ កាល​អរិយ​សាវក​នោះ កំពុង​រឭក នូវព្រះ​តថាគត​ ចិត្ត​រមែង​ជ្រះថ្លា សេចក្ដី​រីករាយ រមែងកើត​ឡើង ឧបក្កិលេសទាំងឡាយណា ​របស់​ចិត្ត ឧ​បក្កិលេស​ទាំង​នោះ អរិយសាវក​នោះ ក៏​លះបង់​ចេញ​បាន ម្នាល​នាង​វិសាខា ដូច​កា​រជម្រះ​ក្បាល ​ដែល​មិន​ស្អាត​ ឲ្យស្អាត​បាន ដោយ​សេចក្ដី​ព្យាយាម។ ម្នាល​នាង​វិសាខា ចុះ​ការ​ជម្រះក្បាល ​ដែល​មិន​ស្អាត​ ឲ្យ​ស្អាត​បាន ដោយ​សេចក្ដី​ព្យាយាម​ តើ​ដូចម្ដេច។ ម្នាល​នាង​វិសាខា ការ​អាស្រ័យ​កាក (កន្ទួត​ព្រៃ) ផង អាស្រ័យ​ដីផង អាស្រ័យ​ទឹក​ផង អាស្រ័យ​សេចក្ដី​ព្យាយាម ​ដ៏​សម​គួរ​ ដល់​កិច្ចនោះ របស់បុរស​ផង ទើប​ធ្វើ​ក្បាល​ ដែល​មិន​ស្អាត ឲ្យ​ស្អាត​បាន​ ដោយ​សេចក្ដីព្យាយាម​យ៉ាងនេះ យ៉ាងណាមិញ។ ម្នាល​នាង​វិសាខា ការ​ធ្វើ​ចិត្ត​ ដែលសៅហ្មង ឲ្យ​ផូរផង់​បាន ដោយ​សេចក្ដី​ព្យាយាម ​ក៏​យ៉ាង​នោះ​ដែរ។ ម្នាលនាង​វិសាខា ចុះ​ការ​ធ្វើ​ចិត្ត​ដែល​សៅហ្មង​ ឲ្យ​ផូរ​ផង់​ ដោយ​សេចក្ដី​ព្យាយាម តើ​ដូចម្ដេច។ ម្នាល​នាង​វិសាខា អរិយ​សាវក ក្នុង​ធម្មវិន័យ​នេះ តែង​រឭករឿយៗ នូវ​ព្រះ​តថាគតថា ព្រះ​ដ៏​មាន​ព្រះ​ភាគ​អង្គនោះ។ បេ។ ព្រះអង្គត្រាស់ដឹង ​នូវ​អរិយសច្ចធម៌ ព្រះអង្គលែងវិល​ត្រឡប់​មក​កាន់​ភព​ថ្មី​ទៀត។ កាល​អរិយ​សាវក​នោះ កំពុង​រឭក​រឿយៗ នូវព្រះតថាគត ចិត្ត​រមែង​ជ្រះថ្លា សេចក្ដី​រីករាយ​ រមែង​កើត​ឡើង ឧបក្កិលេស​ទាំងឡាយ​ណា របស់​ចិត្ត ឧបក្កិលេស​ទាំង​ឡាយ​នោះ អរិយសាវក​នោះ​ ក៏​លះ​បង់​ចេញ​បាន។ ម្នាល​នាង​វិសាខា អរិយ​សាវក​នេះ ហៅថា​រក្សា​ ព្រហ្មុ​បោសថៈ (ឧបោសថៈរបស់​ព្រហ្ម) នៅរួម​នឹងព្រហ្ម ចិត្ត​របស់​គេ​ប្រារព្ធ​ចំពោះ​ព្រហ្ម រមែង​ជ្រះ​ថ្លា សេចក្ដី​រីករាយ រមែង​កើត​ឡើង ឧបកិ្ក​លេស​ទាំងឡាយ​ណា របស់​ចិត្ត ឧបក្កិលេស​ទាំង​ឡាយ​នោះ អរិយសាវក​នោះ ក៏​លះបង់​ចេញ​បាន។ ម្នាល​នាងវិសាខា ការ​ធ្វើ​ចិត្ត ​ដែល​សៅ​ហ្មង ឲ្យផូរផង់​បាន ដោយ​សេចក្ដី​ព្យាយាម​ យ៉ាងនេះ។ ម្នាល​នាង​វិសាខា​ ការ​ធ្វើ​ចិត្ត ដែល​សៅ​ហ្មង​ ឲ្យ​ផូរផង់​បាន ដោយសេចក្ដី​ព្យាយាម។ ម្នាល​នាង​វិសាខា ចុះ​ការ​ធ្វើ​ចិត្ត ដែល​សៅហ្មង រមែង​ឲ្យ​ផូរផង់​បាន​ ដោយ​សេចក្ដី​ព្យាយាម តើដូច​ម្ដេច។ ម្នាលនាង​វិសាខា អរិយសាវក ក្នុង​ធម្មវិន័យនេះ តែង​រឭក​រឿយៗ នូវ​ព្រះធម៌ថា ព្រះ​ធម៌​ ដែល​ព្រះដ៏មាន​ព្រះ​ភាគ​ត្រាស់ ​ប្រពៃ​ហើយ ជាធម៌​ដែលបុគ្គល​ប្រតិបត្តិ​ គប្បី​ឃើញ​ចំពោះ​ខ្លួន ជាធម៌​ឲ្យ​ផល​ មិន​រង់​ចាំកាល ជាធម៌គួរហៅអ្នក​ដទៃ​ ឲ្យ​ចូល​មក​មើល​បាន ជាធម៌​គួរ​បង្អោន​ចូល​មក​ក្នុងខ្លួន ជាធម៌ដែល​វិញ្ញូជន គប្បី​ដឹង​ចំពោះ​ខ្លួន។ កាល​អរិយសាវក​នោះ កំពុង​រឭក​នូវព្រះធម៌​ ចិត្ត​រមែង​ជ្រះថ្លា​ សេចក្ដី​រីករាយ​ រមែង​កើត​ឡើង ឧបក្កិលេស​ទាំង​ឡាយណា របស់​ចិត្ត ឧបក្កិលេស​ទាំងឡាយ​នោះ ​អរិយ​សាវក​នោះ ក៏លះបង់​ចេញ​បាន។ ម្នាល​នាង​វិសាខា ដូច​ការ​ជម្រះកាយ ​ដែល​មិន​ស្អាត​ រមែងឲ្យ​ស្អាតបាន ដោយ​សេចក្ដី​ព្យាយាម។ ម្នាល​នាង​វិសាខា ចុះការ​ជម្រះកាយ ​ដែល​មិន​ស្អាត ​រមែង​ឲ្យ​ស្អាត​បាន ​ដោយ​សេចក្ដី​ព្យាយាម ​តើដូចម្ដេច។ ម្នាល​នាង​វិសាខា ការ​អាស្រ័យ​ដុំ​លំអិត​ សម្រាប់​ជម្រះកាយ​ផង អាស្រ័យលំអិត​ សម្រាប់​ងូត​ផង អាស្រ័យ​ទឹក​ផង អាស្រ័យ​សេចក្ដីព្យាយាម ដ៏​សម​គួរ ដល់​កិច្ច​នោះ​ របស់​បុរស​ផង ទើប​ធ្វើ​ការ​ជម្រះ​កាយ ដែល​មិនស្អាត​ ឲ្យ​ស្អាត​បាន ដោយ​សេចក្ដី​ព្យាយាម​ យ៉ាងនេះ យ៉ាងណាមិញ។ ម្នាល​នាង​វិសាខា ការ​ធ្វើ​ចិត្ត ​ដែល​សៅហ្មង ឲ្យ​ផូរផង់​បាន​ ដោយ​សេចក្ដីព្យាយាម​ យ៉ាង​នោះ​ដែរ។ ម្នាល​នាងវិសាខា ចុះការ​ធ្វើចិត្ត​ ដែល​សៅហ្មង ឲ្យ​ផូរផង់​បាន ដោយ​សេចក្ដី​ព្យាយាម​ តើដូចម្ដេច។ ម្នាល​នាង​វិសាខា អរិយសាវក ក្នុង​ធម្មវិន័យ​នេះ ​តែង​រឭក​រឿយ​ៗ នូវ​ព្រះ​ធម៌​ថា ព្រះ​ធម៌​ ដែលព្រះ​ដ៏​មាន​ព្រះភាគ ​ត្រាស់​ទុក​ប្រពៃ​ហើយ។ បេ។ ជាធម៌​ដែល​វិញ្ញូជនទាំង​ឡាយ​ គប្បី​ដឹង​ចំពោះ​ខ្លួន។ កាល​អរិយសាវក​នោះ​ កំពុង​រឭក​នូវព្រះធម៌ ​ចិត្តរមែង​ជ្រះថ្លា សេចក្ដី​រីករាយ រមែង​កើត​ឡើង ឧបក្កិលេស​ទាំងឡាយ​ណា របស់​ចិត្ត ឧបក្កិលេស​ទាំងឡាយ​នោះ អរិយសាវក​នោះ ក៏លះ​បង់​ចេញ​បាន។ ម្នាល​នាង​វិសាខា អរិយសាវក​នេះ ហៅថា រក្សាធម្មុបោសថៈ នៅ​រួម​ដោយធម៌ ចិត្ត​របស់​អរិយសាវក​នោះ ប្រារព្ធចំពោះព្រះ​ធម៌ រមែង​ជ្រះថ្លា សេចក្ដី​រីករាយ ក៏រមែង​កើត​ឡើង ឧបក្កិលេស​ទាំង​ឡាយណា ​របស់​ចិត្ត ឧបក្កិលេស​ទាំង​ឡាយនោះ អរិយសាវក​នោះ ​ក៏​លះបង់​ចេញ​បាន។ ម្នាល​នាង​វិសាខា ការ​ធ្វើ​ចិត្ត​ដែលសៅហ្មង រមែង​ឲ្យ​ផូរផង់​បាន ដោយ​សេចក្ដី​ព្យាយាម ​យ៉ាង​នេះ។ ម្នាលនាង​វិសាខា ការ​ធ្វើ​ចិត្ត ដែល​សៅ​ហ្មង​ រមែង​ឲ្យ​ផូរ​ផង់​បាន​ ដោយ​សេចក្ដីព្យាយាម។ ម្នាល​នាង​វិសាខា ចុះការ​ធ្វើ​ចិត្ត​ ដែល​សៅហ្មង រមែង​ឲ្យផូរ​ផង់​បាន ដោយ​សេចក្ដី​ព្យាយាម តើដូចម្ដេច។ ម្នាល​នាង​វិសាខា អរិយ​សាវក ក្នុង​ធម្មវិន័យ​នេះ តែង​រឭក​រឿង​ៗ នូវ​ព្រះ​សង្ឃ​ថា ពួក​សាវកនៃ​ព្រះ​ដ៏​មាន​ព្រះ​ភាគ ប្រតិបត្តិ​ប្រពៃ​ហើយ ពួក​សាវក ​នៃ​ព្រះ​ដ៏​មានព្រះ​ភាគ ប្រតិបត្តិ​ត្រង់​ហើយ ពួក​សាវក ​នៃ​ព្រះ​ដ៏​មាន​ព្រះ​ភាគ ប្រតិបត្តិសមគួរ​ហើយ គឺប្រតិបត្តិ​គួរ​ដល់​សីល សមាធិ បញ្ញា ពួក​សាវក​ណា បើរាប់​ជាគូ នៃ​បុរស​បាន​៤​ គូ​ បើ​រាប់រៀង​ជាបុរស​បុគ្គល មាន​៨​ពួក សាវកនៃ​ព្រះដ៏​មាន​ព្រះភាគ​នុ៎ះ គួរ​ទទួល​នូវ​ចតុប្បច្ច័យ ដែលបុគ្គលនាំមក អំពីចម្ងាយ ហើយបូជា គួរទទួលនូវអាគន្ដុកទាន គួរ​ទទួល​នូវ​ទក្ខិណា​ទាន គួរ​ដល់​អញ្ជលី​កម្ម ជាបុញ្ញក្ខេត្ត​ នៃ​សត្វ​លោក រក​ខេត្ត​ដទៃ​ក្រៃលែងជាងគ្មាន។ កាល​អរិយ​សាវក​នោះ​ កំពុងរឭករឿង​ៗ នូវ​ព្រះសង្ឃ ចិត្តរមែង​ជ្រះថ្លា សេចក្ដី​រីករាយ រមែង​កើត​ឡើង ឧបក្កិលេស​ទាំង​ឡាយ​ណា របស់​ចិត្ត ឧបក្កិលេស​ទាំងឡាយ​នោះ​ អរិយ សាវក​នោះ​ ក៏​លះបង់​បាន។ ម្នាល​នាង​វិសាខា ដូច​ការ​ធ្វើ​សំពត់​ ដែលមិន​ស្អាត ឲ្យស្អាតបាន ដោយសេចក្ដី​ព្យាយាម។ ម្នាល​នាង​វិសាខា ចុះ​ការ​ធ្វើ​សំពត់ ​ដែល​មិន​ស្អាត ឲ្យស្អាត​បាន​ ដោយ​សេចក្ដី​ព្យាយាម តើដូចម្ដេច។ ម្នាល​នាង​វិសាខា ព្រោះ​អាស្រ័យ​ចំហាយ​ផង អាស្រ័យ​ទឹក​ក្បុង​ផង អាស្រ័យ​អាចម៍​គោផង អាស្រ័យ​ទឹក​ផង អាស្រ័យ​សេចក្ដី​ព្យាយាម​ ដ៏​សមគួរ ដល់​កិច្ច​នោះ ​របស់បុរស​ផង ទើប​ធ្វើ​សំពត់​ ដែល​មិន​ស្អាត​ ឲ្យស្អាត​បាន​ ដោយ​សេចក្ដី​ព្យាយាម យ៉ាង​នេះ យ៉ាង​ណាមិញ។ ម្នាល​នាង​វិសាខា ការ​ធ្វើ​ចិត្ត ដែល​សៅហ្មង​ ឲ្យផូរ​ផង់​បាន ដោយ​សេចក្ដី​ព្យាយាម​ ក៏​យ៉ាង​នោះ​ឯង។ ម្នាល​នាង​វិសាខា ចុះការ​ធ្វើ​ចិត្ត ដែល​សៅហ្មង រមែង​ឲ្យ​ផូរផង់​បាន ដោយ​សេចក្ដី​ព្យាយាម តើដូចម្ដេច។ ម្នាល​នាង​វិសាខា អរិយសាវក ក្នុង​ធម្មវិន័យ​នេះ រមែងរឭក​រឿយៗ នូវ​ព្រះសង្ឃ​ថា ពួក​សាវក​ នៃ​ព្រះ​ដ៏​មាន​ព្រះភាគ លោកប្រតិបត្តិ​ប្រពៃ​ហើយ… ជា​បុញ្ញក្ខេត្ត​នៃ​សត្វ​លោក រក​ខេត្ត​ដទៃក្រៃលែង​ជាង​គ្មាន។ កាល​ព្រះ​អរិយសាវក​នោះ​ កំពុង​រឭក​រឿយៗ នូវ​ព្រះសង្ឃ ចិត្ត​ក៏​ជ្រះថ្លា សេចក្ដី​រីករាយ រមែង​កើត​ឡើង ឧបក្កិលេស​ទាំងឡាយណា​ របស់​ចិត្ត ឧបក្កិលេស​ទាំងឡាយ​នោះ អរិយ​សាវកនោះ ​ក៏​លះបង់​ចេញ​បាន។ ម្នាល​នាង​វិសាខា អរិយសាវក​នេះ ហៅថា រក្សា​សង្ឃុបោសថៈ​ នៅ​រួម​ជាមួយ​នឹង​ព្រះ​សង្ឃ​ ចិត្ត​របស់​អរិយ​សាវក​នោះ ប្រារព្ធ​ចំពោះ​ព្រះ​សង្ឃ រមែង​ជ្រះ​ថ្លា សេចក្ដី​រីករាយ រមែង​កើតឡើង ឧបក្កិលេសទាំងឡាយ​ណា របស់​ចិត្ត ឧបក្កិលេសទាំងឡាយ​នោះ អរិយ​សាវក​នោះ ​ក៏​លះ​បង់​ចេញ​បាន​។ ​​ម្នាល​នាង​វិសាខា ការ​ធ្វើ​ចិត្ត​ ដែលសៅហ្មង រមែង​ឲ្យ​ផូរផង់​បាន​ ដោយ​សេចក្ដី​ព្យាយាម​យ៉ាង​នេះឯង។ ម្នាល​នាង​វិសាខា ការ​ធ្វើ​ចិត្ត ដែល​សៅ​ហ្មង ឲ្យ​ផូរ​ផង់​បាន​ ដោយ​សេចក្ដីព្យាយាម។ ម្នាល​នាង​វិសាខា ចុះការ​ធ្វើ​ចិត្ត​ ដែល​សៅហ្មង ឲ្យ​ផូរផង់​បាន​ ដោយ​សេចក្ដី​ព្យាយាម តើ​ដូចម្ដេច។ ម្នាល​នាង​វិសាខា អរិយ​សាវក ក្នុង​ធម្មវិន័យ​នេះ​ រឭក​រឿយៗ នូវ​សីល​របស់​ខ្លួន ជាសីល​មិន​ដាច់ មិន​ធ្លុះធ្លាយ មិន​ពព្រុស មិន​ពពាល ជា​សីល​អ្នក​ជា ជាសីល ​ដែល​វិញ្ញូ​ជន​សរសើរ​ហើយ ជាសីល​មិន​ប៉ះ​ពាល់​ដោយ​តណ្ហា​​ និងទិដ្ឋិ ជាសីល​ប្រព្រឹត្តទៅ ដើម្បី​សមាធិ។ កាល​អរិយ​សាវក​នោះ កំពុង​រឭករឿយ​ៗ នូវ​សីល ​ចិត្តក៏​ជ្រះ​ថ្លា សេចក្ដី​រីករាយ រមែង​កើត​ឡើង ឧបក្កិលេស​ទាំងឡាយ​ណា របស់​ចិត្ត ឧបក្កិលេសទាំង​ឡាយ​នោះ អរិយ​សាវក​នោះ ក៏​លះ​បង់​ចេញបាន។ ម្នាល​នាង​វិសាខា ដូច​កា​រដុស​ខាត់​កញ្ចក់ ​ដែល​មិន​ស្អាត ឲ្យ​ស្អាតបាន ដោយ​សេចក្ដី​ព្យាយាម។ ម្នាល​នាង​វិសាខា ចុះ​ការដុស​ខាត់កញ្ចក់ ​ដែល​មិន​ស្អាត​ ឲ្យស្អាត​បាន ដោយ​សេចក្ដី​ព្យាយាម តើ​ដូចម្ដេច។ ម្នាល​នាង​វិសាខា ព្រោះ​អាស្រ័យ​ប្រេងផង អាស្រ័យ​ផេះផង អាស្រ័យច្រាស​ផង អាស្រ័យ​សេចក្ដី​ព្យាយាម ​ដ៏​សមគួរ​ ដល់​កិច្ចនោះ ​របស់​បុរស​ផង ទើបដុស​ខាត់​កញ្ចក់​ ដែល​មិន​ស្អាត​ ឲ្យ​ស្អាត​បាន ដោយ​សេចក្ដី​ព្យាយាម យ៉ាងនេះ យ៉ាងណា​មិញ។ ម្នាល​នាង​វិសាខា ការ​ធ្វើ​ចិត្ត​ ដែល​សៅហ្មង ឲ្យ​ផូរផង់​បាន ដោយ​សេចក្ដី​ព្យាយាម​ ក៏​យ៉ាង​នោះឯង។ ម្នាល​នាង​វិសាខា ចុះការ​ធ្វើ​ចិត្ត​ ដែល​សៅហ្មង ឲ្យ​ផូរផង់​បាន ដោយ​សេចក្ដី​ព្យាយាម តើ​ដូចម្ដេច។ ម្នាល​នាង​វិសាខា អរិយសាវក ក្នុង​ធម្មវិន័យ​នេះ រឭក​រឿយៗ នូវ​សីល​របស់​ខ្លួន ដែល​ជាសីល​មិន​ដាច់ មិន​ធ្លុះ​ធ្លាយ… ជា​សីល​ប្រព្រឹត្តទៅ ​ដើម្បី​សមាធិ។ កាល​អរិយសាវក​នោះ កំពុង​រឭក​រឿយ​ៗ​ នូវ​សីល ចិត្ត​ក៏​រមែង​ជ្រះថ្លា សេចក្ដី​រីក​រាយ ក៏​កើត​ឡើង ឧបក្កិលេស​ទាំង​ឡាយ​ណា ​របស់​ចិត្ត ឧបក្កិលេស​ទាំងឡាយ​នោះ អរិយ​សាវក​នោះ ក៏​លះបង់​ចេញ​បាន។ ម្នាល​នាង​វិសាខា អរិយសាវក​នេះ ហៅថា រក្សាសីលុបោសថៈ នៅ​រួម​ដោយ​សីល មួយ​ទៀត ចិត្ត​របស់​អរិយ​សាវក​នោះ ប្រារព្ធ​ចំពោះ​សីល ក៏​ជ្រះថ្លា សេចក្ដី​រីក​រាយ ក៏​រមែង​កើត​ឡើង ឧបក្កិលេស​ទាំង​ឡាយណា ​របស់​ចិត្ត ឧបក្កិលេស​​ទាំងឡាយ​នោះ អរិយសាវក​នោះ ក៏​លះ​បង់​ចេញ​បាន។ ម្នាល​នាង​វិសាខា ការ​ធ្វើ​ចិត្ត ដែល​សៅហ្មង ​ឲ្យ​ផូរផង់​បាន ដោយ​សេចក្ដី​ព្យាយាម យ៉ាង​នេះឯង។ ម្នាល​នាង​វិសាខា ការ​ធ្វើ​ចិត្ត ដែល​សៅហ្មង​ ឲ្យ​ផូរ​ផង់​បាន​ ដោយ​សេចក្ដីព្យាយាម។ ​ ម្នាល​នាង​វិសាខា ចុះ​ការ​ធ្វើ​ចិត្ត ​ដែល​សៅហ្មង ឲ្យ​ផូរផង់បាន ដោយ​សេចក្ដី​ព្យាយាម តើដូចម្ដេច។ ម្នាល​នាង​វិសាខា អរិយ​សាវក ក្នុងធម្មវិន័យ​នេះ​ រឭក​រឿយ​ៗ ​នូវ​ទេវតា​ទាំង​ឡាយ​ថា ពួក​ទេវតាជាន់​ចាតុម្មហា រាជិកៈ​ក៏​មាន ពួក​ទេវតា​ជាន់​តាវត្តឹង្សក៏​មាន ពួក​ទេវតា​ជាន់​យាមៈ​ក៏​មាន ពួក​ទេវតា​ជាន់​តុសិត​ក៏​មាន ពួក​ទេវតា​ជាន់​និម្មានរតី​ក៏​មាន ពួក​ទេវតាជាន់បរ​និម្មិតវសវត្តីក៏​មាន ពួក​ទេវតា​ ដែល​រាប់​បញ្ជូល​ក្នុង​ពួក​ព្រហ្មក៏​មាន ពួក​ទេវតា​ជាន់​ខ្ពស់​ឡើង​ទៅ​ទៀត​ក៏​មាន ទេវតា​ទាំង​អម្បាល​នោះ ប្រកបដោយ​សទ្ធា មាន​សភាព​យ៉ាង​ណា ច្យុត​ចាក​អត្តភាព​នេះហើយ ទើប​បានទៅកើត ក្នុង​ភពនោះ សទ្ធា​មានសភាពដូច្នោះ របស់អាត្មាអញ ក៏មាន ទេវតាទាំងអម្បាលនោះ ប្រកប​ដោយ​សីល មាន​សភាព​យ៉ាង​ណា ច្យុតចាកអត្ត​ភាព​នេះ​ហើយ ទើប​បានទៅកើត ក្នុង​ភព​នោះ សីល​មាន​សភាពដូច្នោះ របស់​អាត្មា​អញ​ ក៏​មាន ទេវតា​ទាំង​អម្បាល​នោះ​ប្រកប​ដោយ​សុតៈ មាន​សភាព​យ៉ាង​ណា ច្យុត​ចាក​អត្តភាព​នេះ​ហើយ ទើប​បាន​មក​កើតក្នុង​ភពនោះ សុតៈ​មាន​សភាព​ដូច្នោះ របស់​អាត្មា​អញ​ក៏​មាន ទេវតាទាំង​អម្បាល​នោះ ប្រកប​ដោយ​ចាគៈ មាន​សភាព​យ៉ាង​ណា ច្យុត​ចាក​អត្តភាព​នេះ​ហើយ ទើប​បាន​ទៅកើត ក្នុង​ភព​នោះ ចាគៈ​មាន​សភាព​ដូច្នោះ របស់​អាត្មា​អញ​ក៏​មាន​ ទេវតា​ទាំង​អម្បាល​នោះ ប្រកប​ដោយ​បញ្ញា មាន​សភាព​យ៉ាង​ណា ច្យុត​ចាក​អត្តភាព​នេះ​ហើយ ទើប​បាន​ទៅ​កើតក្នុងភពនោះ បញ្ញាមាន​សភាព​ដូច្នោះ ​របស់​អាត្មា​អញ​ក៏​មាន។ កាល​អរិយសាវក​នោះ ​រឭក​រឿយៗ ​នូវ​សទ្ធា​ សីលៈ​សុតៈ ចាគៈ បញ្ញា​របស់​ខ្លួន​ ​ និង​របស់ទេវតា​ទាំង​អម្បាល​នោះ​ ចិត្ត​ក៏​ជ្រះ​ថ្លា សេចក្ដី​រីករាយ ក៏​កើត​ឡើង ឧបក្កិលេសទាំង​ឡាយ​ណា របស់​ចិត្ត ឧបក្កិលេស​ទាំង​ឡាយ​នោះ អរិយ​សាវកនោះ ​ក៏​លះ​បង់ចេញ​បាន។ ម្នាល​នាង​វិសាខា ដូច​ការ​ដុស​ខាត់មាស ​ដែលសៅ​ហ្មង ​ឲ្យ​ផូរផង់​បាន​ ដោយ​សេចក្ដី​ព្យាយាម​។ ម្នាល​នាង​វិសាខា ចុះការដុស​ខាត់​មាស ​ដែល​សៅហ្មង ​ឲ្យ​ផូរផង់​បាន ដោយ​សេចក្ដី​ព្យា​យាម​ តើដូចម្ដេច​។ ម្នាល​នាង​វិសាខា ព្រោះអាស្រ័យបាវ​មាស​ផង អាស្រ័យ​ដីប្រៃផង អាស្រ័យ​រង្គផង អាស្រ័យ​ស្នប់​ និង​ដង្កាប់​ផង អាស្រ័យ​សេចក្ដី​ព្យាយាម​ដ៏​សមគួរ​ ដល់​កិច្ច​នោះ ​របស់​បុរស​ផង ទើប​ដុស​ខាត់​មាស ដែល​សៅហ្មង ឲ្យ​ផូរ​ផង់​បាន ដោយ​សេចក្ដី​ព្យាយាម​ យ៉ាង​នេះ យ៉ាងណាមិញ។ ម្នាល​នាង​វិសាខា ការ​ធ្វើ​ចិត្ត​ ដែល​សៅហ្មង ​ឲ្យ​ផូរផង់​បាន ដោយសេចក្ដី​ព្យាយាម ក៏​ដូច្នោះ​ យ៉ាង​នោះ​ឯង។ ម្នាល​នាង​វិសាខា ចុះ​ការ​ធ្វើ​ចិត្ត ដែល​សៅហ្មង ឲ្យ​ផូរ​ផង់​បាន ដោយ​សេចក្ដី​ព្យាយាម តើដូចម្ដេច។ ម្នាល​នាង​វិសាខា អរិយ​សាវក ក្នុង​ធម្មវិន័យនេះ តែង​រឭក​រឿយ​ៗ នូវទេវតាថា ពួក​ទេវតា​ជាន់​ចាតុម្មហារាជិកៈក៏​មាន ពួក​ទេវតា​ជាន់តាវត្តិង្ស​ក៏​មាន​។បេ។ ពួក​ទេវតា ​ដែល​រាប់​បញ្ចូល​ក្នុង​ពួក​ព្រហ្មក៏មាន ពួក​ទេវតាជាន់​ខ្ពស់​ឡើង​ទៅ​ទៀត​ក៏​មាន ទេវតាទាំងអម្បាល​នោះ ប្រកបដោយ​សទ្ធា មាន​សភាព​យ៉ាងណា ច្យុត​ចាក​អត្តភាពនេះ​ហើយ ទើបបាន​ទៅកើតក្នុង​ភពនោះ​សទ្ធា​មាន​សភាព​ដូច្នោះ របស់​អាត្មា​អញក៏មាន​ ទេវតាទាំង​អម្បាល​នោះ ប្រកប​ដោយ​សុតៈ… ដោយ​ចាគៈ… ដោយ​បញ្ញា… មាន​សភាព​យ៉ាង​ណា ច្យុត​ចាក​អត្ត​ភាព​នេះហើយ ទើប​បាន​ទៅ​កើត​ក្នុង​ភពនោះ បញ្ញា​មាន​សភាព​ដូច្នោះ របស់​អាត្មាអញក៏មាន​។ កាល​អរិយ​សាវក​នោះ រឭក​រឿយៗ ​នូវ​សទ្ធា សីលៈ សុតៈ ចាគៈ បញ្ញា របស់​ខ្លួន​​ និង​របស់​ទេវតា​ទាំងនោះ ចិត្ត​ក៏ជ្រះ​ថ្លា សេចក្ដីរីករាយ ក៏កើត​ឡើង ឧបក្កិលេសទាំង​ឡាយ​ណា របស់​ចិត្ត ឧបក្កិលេស​ទាំង​ឡាយ​នោះ អរិយ​សាវក​នោះ ​ក៏​លះ​បង់​ចេញ​បាន។ ម្នាល​នាង​វិសាខា ​អរិយសាវក​នេះ ហៅថា ទេវតូបោសថៈ ​នៅ​រួម​ជាមួយនឹងពួក​ទេវតា មួយ​ទៀត ចិត្ត​របស់​អរិយសាវក​​នោះ ប្រារព្ធ​ទេវតា ក៏​ជ្រះ​ថ្លា សេចក្ដី​រីករាយ ក៏​កើត​ឡើង ឧបក្កិលេសទាំងឡាយ​ណា ​របស់​ចិត្ត ឧបក្កិលេស​ទាំង​ឡាយ​នោះ អរិយ​សាវក​នោះ ​ក៏​លះបង់​ចេញ​បាន។ ម្នាល​នាង​វិសាខា ការ​ធ្វើ​ចិត្ត​ ដែល​សៅហ្មង ​ឲ្យផូរផង់​បាន ដោយ​សេចក្ដីព្យាយាម​ យ៉ាង​នេះ​ឯង។ ម្នាល​នាង​វិសាខា អរិយ​សាវក​នោះ តែង​ពិចារណា​ឃើញ ​ដូច្នេះថា ព្រះអរហន្ដ​ទាំងឡាយ លះ​បង់​បាណាតិបាត វៀរចាក​បាណាតិបាត មាន​អាជ្ញា​ដាក់​ចុះ​ហើយ មាន​គ្រឿង​សស្រ្តាដាក់​ចុះហើយ មាន​សេចក្ដី​ខ្មាស​បាប​​ ប្រកប​ដោយ​សេចក្ដី​អាណិត ជា​អ្នក​អនុគ្រោះ​ដោយ​ប្រយោជន៍ ចំពោះ​សព្វ​សត្វ​ ដែល​មាន​ជីវិត​ ដរាប​ដល់​អស់ជីវិត ឯ​អាត្មា​អញ ​ក្នុង​ថ្ងៃ​នេះ ក៏​លះបង់​បាណាតិបាត រៀរ​ចាក​បាណាតិបាត មាន​អាជ្ញា​ដាក់​ចុះហើយ មាន​សស្រ្តាដាក់​ចុះ​ហើយ មាន​សេចក្ដីខ្មាស​បាប ប្រកប​ដោយ​សេចក្ដី​អាណិត ជាអ្នក​អនុគ្រោះដោយប្រយោជន៍ ចំពោះសព្វ​សត្វ ​ដែល​មាន​ជីវិត អស់​យប់​នេះ​​ និង​ថ្ងៃ​នេះ​ដែរ អាត្មា​អញ​ ឈ្មោះ​ថា​ ធ្វើ​តាម​ព្រះអរហន្ត​ទាំងឡាយ​ផង ឧបោសថៈ​ឈ្មោះថាអាត្មា​អញ​ បាន​រក្សាផង ដោយ​អង្គ​នេះ​ឯង។ ព្រះ​អរហន្ត​ទាំងឡាយ លះ​បង់​អទិន្នាទាន វៀរចាក​អទិន្នាទាន កាន់​យក​តែរបស់​ដែល​គេ​ឲ្យ ប្រាថ្នា​យក​តែ​របស់​ដែល​គេឲ្យ មាន​ខ្លួន​មិន​លួច ស្អាតរហូត​អស់​១ជីវិត អាត្មា​អញ ​ក្នុង​ថ្ងៃ​នេះ ក៏​លះ​បង់​អទិន្នាទាន វៀរចាកអទិន្នាទាន កាន់​យក​តែរបស់​ដែល​គេឲ្យ ប្រាថ្នា​យក​តែរបស់​ ដែល​គេឲ្យ មាន​ខ្លួនមិន​លួច​ ស្អាត​នៅអស់​យប់​នេះ​ និង​ថ្ងៃនេះ​ដែរ អាត្មា​អញ​ឈ្មោះ​ថា ​ធ្វើតាម​ព្រះ​អរហន្ដ​ទាំង​ឡាយ​ផង ឧបោសថៈ​ឈ្មោះ​ថា​ អាត្មា​អញ​បាន​រក្សា​ផង ដោយ​អង្គ​នេះឯង។ ព្រះ​អរហន្ត​ទាំងឡាយ ​លះបង់​អព្រហ្មចរិយៈ​ជាព្រហ្មចារីបុគ្គល ជាអ្នក​ប្រព្រឹត្ត​ឆ្ងាយចាក (អព្រហ្ម​ចរិយៈ)​ វៀរចាកមេថុន ដែលជាធម៌ ​របស់អ្នក​ស្រុក​ អាត្មា​អញ​ក្នុង​ថ្ងៃនេះ ក៏​លះបង់​អព្រហ្មចរិយៈ ជា​ព្រហ្មចារីបុគ្គល ជា​អ្នក​ប្រព្រឹត្ត​ឆ្ងាយ​ចាក (អព្រហ្មចរិយៈ) រៀរចាកមេថុន ដែល​ជាធម៌ ​របស់​អ្នក​ស្រុក អស់​យប់​នេះ​ និង​ថ្ងៃ​នេះ​ដែរ អាត្មាអញ​ឈ្មោះ​ថា ធ្វើ​តាម​ព្រះអរហន្ត​ទាំង​ឡាយ​ផង ឧបោសថៈ​ឈ្មោះថា អាត្មាអញ​ បានរក្សាផង ដោយ​អង្គនេះឯង។ ព្រះអរហន្ត​ទាំងឡាយ លះបង់​នូវ​មុសាវាទ រៀរចាកមុសាវាទ និយាយ​តែពាក្យ​ពិត តភ្ជាប់​តែ​ពាក្យ​ពិត មាន​ពាក្យ​ខ្ជាប់ខ្លួន មាន​ពាក្យ​គួរ​ជឿ មិន​ពោល​បង្កាច់សត្វ​លោក ​រហូត​អស់​មួយ​ជីវិត អាត្មា​អញ​ក្នុង​ថ្ងៃ​នេះ ក៏​លះ​បង់​នូវ​មុសាវាទ វៀរ​ចាកមុសាវាទ និយាយតែពាក្យ​ពិត​ តភ្ជាប់តែ​ពាក្យ​ពិត មាន​ពាក្យ​ខ្ជាប់​​ខ្ជួន មានពាក្យគួរ​ជឿ មិន​ពោល​បង្ដាច់សត្វ​លោក អស់​យប់​នេះ​ និង​ថ្ងៃនេះដែរ អាត្មាអញឈ្មោះថា ធ្វើ​តាម​ព្រះអរហន្ត​ទាំង​ឡាយ​ផង ឧបោសថៈឈ្មោះថា អាត្មាអញ រក្សា​ផង ដោយ​អង្គនេះឯង។ ព្រះអរហន្ត​ទាំងឡាយ លះ​បង់​ការក្រេបផឹក ​នូវ​ទឹក​ស្រវឹង ​គឺសុរា​ និង​មេរ័យ ដែល​ជាទីតាំង​នៃសេចក្ដី​ប្រមាទ រហូត​អស់​មួយ​ជីវិត ឯអាត្មា​អញ​ ក្នុងថ្ងៃ​នេះ ក៏​លះ​បង់​ការ​ក្រេបផឹក ​នូវ​ទឹកស្រវឹង គឺ​សុរា​ និង​មេរ័យ ដែល​ជាទីតាំង​ នៃសេចក្ដី​ប្រមាទ វៀរចាកការក្រេបផឹក​ នូវ​ទឹក​ស្រវឹង ​គឺ​សុរា​ និង​មេរ័យ ដែល​ជាទីតាំង​ នៃសេចក្ដី​ប្រមាទ អស់​យប់​នេះ​ និង​ថ្ងៃនេះ​ដែរ អាត្មា​អញឈ្មោះថា ធ្វើ​តាម​ព្រះអរហន្ត​ទាំងឡាយ​ផង ឧបោសថៈ ​ឈ្មោះ​ថាអាត្មាអញ​ បាន​រក្សា​ផង ដោយ​អង្គនេះឯង។ ព្រះអរហន្ត​ទាំងឡាយ បរិភោគ​ភត្ត​តែម្ដង រៀរចាក​ការបរិភោគក្នុង​រាត្រី វៀរចាក​ការបរិភោគខុស​កាល រហូត​អស់​មួយ​ជីវិត អាត្មាអញ​ក្នុង​ថ្ងៃ​នេះ ក៏​បរិភោគ​ភត្ត​តែម្ដង វៀរ​ចាក​ការ​បរិភោគ​ក្នុង​រាត្រី វៀរចាកការ​បរិភោគ​ខុសកាល អស់​យប់​នេះ​​ និង​ថ្ងៃ​នេះដែរ អាត្មា​អញឈ្មោះថា ធ្វើ​តាម​ព្រះ​អរហន្ត​ទាំងឡាយ​ផង ឧបោសថៈ ឈ្មោះថាអាត្មា​អញ​ បាន​រក្សាផង ដោយ​អង្គនេះឯង។ ព្រះអរហន្តទាំងឡាយ វៀរចាកការ​មើល​នូវ​របាំ ​និងការ​ស្ដាប់​នូវ​ចម្រៀង​ និង​ភ្លេង​ប្រគំ ដែល​ជាសត្រូវ ​ដល់​កុសល​ធម៌ ​ និង​ការ​ទ្រទ្រង់​ប្រដាប់ ស្អិតស្អាង​រាងកាយ ដោយផ្កា​កម្រង ​ និង​គ្រឿង​ក្រអូប គ្រឿង​លាប​ផ្សេងៗ អាត្មា​អញ​ក្នុង​ថ្ងៃនេះ ក៏​វៀរ​ចាក​កា​រមើល​របាំ ​ និង​ការ​ស្ដាប់​ចម្រៀង​ និង​ភ្លេង​ប្រគំ ដែល​ជាសត្រូវ ដល់​កុសល​ធម៌ ​ និងការ​ទ្រទ្រង់​ប្រដាប់​ ស្អិតស្អាង​រាង​កាយ ដោយ​ផ្កាកម្រង​​ និង​គ្រឿង​ក្រអូប គ្រឿង​លាប​ផ្សេង ៗ អស់​យប់​នេះ​​ និង​ថ្ងៃ​នេះដែរ អាត្មាអញ​ឈ្មោះ​ថា ធ្វើ​តាម​ព្រះអរហន្តទាំងឡាយ​ផង ឧបោសថៈ ឈ្មោះថា អាត្មាអញ​ បាន​រក្សា​ផង ដោយ​អង្គ​នេះឯង។ ព្រះ​អរហន្ដ​ទាំងឡាយ លះបង់​ទីដេក​ ទីអង្គុយ​ដ៏​ខ្ពស់​ ​ និង​ទីដេក ទីអង្គុយ​ដ៏​ប្រសើរ វៀរស្រឡះ​ចាក​ទីដេក​ ទី​អង្គុយ​ដ៏​ខ្ពស់ ​ និង​ទីដេក​ ទីអង្គុយ​ដ៏​ប្រសើរ សម្រេច​ទីដេក​ដ៏​ទាប លើគ្រែ​ក្ដី លើកម្រាល​ស្មៅក្ដី រហូត​អស់​មួយ​ជីវិ​ត​ អាត្មាអញ ​ក្នុង​ថ្ងៃ​នេះ​ ក៏​លះ​បង់​ទីដេក ​ទីអង្គុយ​ដ៏​ខ្ពស់ ​ និងទីដេក​ ទីអង្គុយ​ដ៏​ប្រសើរ វៀរស្រឡះ ចាក​ទីដេក ​ទី​អង្គុយ​ដ៏​ខ្ពស់ ​ និង​ទី​ដេក ​ទីអង្គុយ​ដ៏​ប្រសើរ សម្រេច​ទីដេក​ដ៏​ទាប លើ​គ្រែក្ដី​ លើកម្រាល​ស្មៅក្ដី អស់​យប់​នេះ​ និង​ថ្ងៃនេះដែរ អាត្មា​អញ​ឈ្មោះថា ធ្វើ​តាម​ព្រះអរហន្ត​ទាំងឡាយ​ផង ឧបោសថៈ ​ឈ្មោះថាអាត្មា​អញ ​បាន​រក្សាផង ​ដោយ​អង្គនេះឯង។ ម្នាល​នាង​វិសាខា យ៉ាងនេះឈ្មោះថា​ អរិយុបោសថៈ ម្នាល​នាង​វិសាខា អរិយុបោសថៈ ​ដែល​បុគ្គល​រក្សាយ៉ាង​នេះ តែងមាន​ផល​ច្រើន​ មាន​អានិសង្សច្រើន មាន​សេចក្ដី​រុង​រឿង​ច្រើន ផ្សាយ​ផល​ទៅ​ច្រើន។ មាន​ផល​ច្រើន​យ៉ាងណា​ មានអានិសង្សច្រើន​យ៉ាងណា មាន​សេចក្ដី​រុង​រឿង​ច្រើន​យ៉ាង​ណា ផ្សាយ​ផល​ទៅច្រើន​យ៉ាងណា។ ម្នាល​នាង​វិសាខា ប្រៀបដូចបុគ្គល​ណាមួយ គប្បី​គ្រង​រាជសម្បត្តិ ជាឥស្សរិយាធិបតី នៃមហាជន​បទ ទាំង​១៦នេះ ដែល​មាន​រតនៈ​៧ ប្រការ​ដ៏ច្រើន មហាជនបទ ​ទាំង​១៦ ​គឺ អង្គៈ​ មគធៈ កាសី​ កោសលៈ រជ្ជី មល្លៈ ចេតី វង្សៈ កុរុ បញ្ចាលៈ មច្ឆៈ សុរសេនៈ អស្សកៈ អវន្តី គន្ធារៈ កម្ពោជៈ រាជសម្បត្តិ​របស់​បុគ្គល​នុ៎ះ ​មានដំឡៃមិនស្មើចំណិត​ ទី១៦ៗ លើក ​នៃ​ឧបោសថៈ ប្រកប​ដោយ​អង្គ ៨ ឡើយ។ ដំណើរ​នោះ​ ព្រោះ​ហេតុ​អ្វី។ ម្នាល​នាងវិសាខា រាជសម្បត្តិជា​របស់​មនុស្ស ​ប្រៀបធៀប​នឹង​សេចក្ដី​សុខទិព្វ (ឃើញ)​ ស្ដើងស្ដួច​ណាស់។ ម្នាល​នាង​វិសាខា​ ៥០ ឆ្នាំ​របស់​មនុស្ស ​ជាមួយ​យប់ ​មួយ​ថ្ងៃ របស់​ពួក​ទេវតាជាន់​ចាតុម្មហារាជិកៈ​ រាប់​តាម​រាត្រី​នោះ ​៣០រាត្រី​ ជាមួយខែ រាប់​តាម​ខែនោះ​ ១២​ខែ​ ជាមួយ​ឆ្នាំ រាប់​តាម​ឆ្នាំនោះ​ ៥០០​ឆ្នាំទិព្វ ជាប្រមាណ​ នៃ​អាយុ​របស់​ពួក​ទេវតា​ជាន់​ចាតុ​ម្មហារាជិកៈ។ ម្នាល​នាងវិសាខា ហេតុនុ៎ះ រមែង​មាន​ប្រាកដ ​ត្រង់​ពាក្យថា ស្រ្តី ​ឬបុរស​ពួក​ខ្លះ ក្នុង​លោក​នេះ រក្សា​ឧបោសថៈ ប្រកប​ដោយ​អង្គ ៨ ហើយ លុះ​ដល់​រំលាង​កាយ​ ស្លាប់​ទៅ ទៅ​កើត​រួម​ជាមួយនឹង​ពួក​ទេវតា​ជាន់​ចាតុម្មហា​រាជិកៈ។ ម្នាល​នាង​វិសាខា ដែល​ថារាជសម្បត្តិ​ជារបស់​មនុស្ស​ ប្រៀបធៀប​នឹង​សេចក្ដី​សុខ​ទិព្វ (ឃើញ) ស្ដើង​ស្ដួចនេះ​ តថាគត​ពោល​សំដៅ​យក​ត្រង់​ហេតុ​នុ៎ះ​ឯង។ ម្នាល​នាងវិសាខា ១០០​ឆ្នាំ​ របស់​មនុស្ស ​ជាមួយ​យប់​មួយ​ថ្ងៃ​ របស់​ទេវតា​ជាន់​តាវត្តិង្ស រាប់​តាម​រាត្រី​នោះ ​៣០​រាត្រី​ ជា១ខែ រាប់​តាមខែ​នោះ​ ១២​ខែ​ជាមួយឆ្នាំ ​រាប់តាមឆ្នាំនោះ​១០០០ឆ្នាំ​ទិព្វ ​ជាប្រមាណ​នៃអាយុ​របស់​ពួក​ទេវតា​ជាន់​តាវត្តិង្ស។ ម្នាល​នាង​វិសាខា ហេតុ​នុ៎ះ ​រមែង​មាន​ប្រាកដ ត្រង់​ពាក្យថា ស្រ្តី ​ឬបុរស​ពួកខ្លះ​ ក្នុង​លោក​នេះ ​រក្សាឧបោសថៈ ប្រកប​ដោយ​អង្គ ​៨​ហើយ​ លុះ​ដល់​រំលាងកាយ​ ស្លាប់​ទៅ​ ទៅ​កើត​រួម​ជាមួយ​នឹង​ពួក​ទេវតា ​ជាន់​តាវត្តិង្ស។ ម្នាល​នាងវិសាខា ដែលថា​រាជសម្បត្តិ​ ជារបស់​មនុស្ស​ ប្រៀបធៀប​នឹង​សេចក្ដី​សុខ​ទិព្វ (​ឃើញ) ​ស្ដើង​ស្ដួច​នេះ តថា​គត​ពោល​សំដៅ​យក​ត្រង់​ហេតុ​នុ៎ះឯង​។ ម្នាលនាង​វិសាខា ២០០​ឆ្នាំ​របស់​មនុស្ស​ ជាមួយយប់មួយ​ថ្ងៃ របស់​ពួក​ទេវតាជាន់យាមៈ រាប់​តាម​រាត្រី​នោះ ​៣០​រាត្រី​ ជា១ខែ រាប់​តាម​ខែនោះ ​១២​ខែ​​ជា១ឆ្នាំ រាប់​តាម​ឆ្នាំនោះ ​២០០០ឆ្នាំ​ទិព្វ ជាប្រមាណ​នៃ​អាយុ ​របស់​ពួក​ទេវតា​ជាន់យាមៈ។ ម្នាល​នាង​វិសាខា ហេតុ​នុ៎ះ រមែង​មាន​ប្រាកដ ត្រង់​ពាក្យ​ថា ស្រ្តី ឬបុរស​ពួក​ខ្លះ ក្នុង​លោក​នេះ រក្សា​នូវ​ឧបោសថៈ ​ប្រកប​ដោយ​អង្គ៨​ហើយ លុះ​ដល់​រំលាង​កាយ ​ស្លាប់​ទៅ ​ទៅ​កើត​រួម​ជាមួយ​នឹង​ពួក​ទេវតាជាន់​យាមៈ។ ម្នាល​នាង​វិសាខា ដែល​ថារាជសម្បត្តិ​ជារបស់​មនុស្ស ប្រៀប​ធៀប​នឹងសេចក្ដី​សុខ​ទិព្វ (ឃើញ)​ស្ដើង​ស្ដួចនេះ ​តថាគត​ពោល​សំដៅយកត្រង់ហេតុ​នុ៎ះ​ឯង។ ម្នាល​នាង​វិសាខា ៤០០ឆ្នាំ ​របស់​មនុស្ស​​ ជាមួយយប់មួយថ្ងៃ​ របស់​ពួក​ទេវតា​ជាន់តុសិត​ រាប់​តាម​រាត្រី​នោះ ​៣០រាត្រី​ ជា១​ខែ រាប់​តាម​ខែ​នោះ ១២ ខែ​ ជា១ឆ្នាំ រាប់​តាម​ឆ្នាំ​នោះ​៤០០០ឆ្នាំ​ទិព្វ​ ជាប្រមាណ​នៃអាយុ​ របស់​ពួក​ទេវតាជាន់​តុសិត។ ម្នាល​នាង​វិសាខា ហេតុនុ៎ះ រមែង​មាន​ប្រាកដ ត្រង់​ពាក្យ​ថា ​ស្រ្តី ​ឬបុរស​ពួក​ខ្លះ ក្នុង​លោក​នេះ រក្សា​នូវ​ឧបោសថៈ ប្រកប​ដោយ​អង្គ ៨ ហើយ លុះដល់​រំលាង​កាយ ​ស្លាប់ទៅ ទៅកើត​រួម​ជាមួយ​នឹងពួក​ទេវតាជាន់តុសិត។ ម្នាល​នាង​វិសាខា ដែលថា រាជ​សម្បត្តិ​ជារបស់​មនុស្ស ប្រៀបធៀប​នឹង​សេចក្ដី​សុខ​ទិព្វ (ឃើញ)​ ស្ដើង​ស្ដួចនេះ​តថាគត​ពោល​សំដៅ​យក​ត្រង់​ហេតុ​នុ៎ះ​ឯង។ ម្នាល​នាង​វិសាខា ៨០០ឆ្នាំ ​របស់​មនុស្ស​ ជាមួយ​យប់​មួយ​ថ្ងៃ ​របស់​ពួក​ទេវតាជាន់​និម្មានរតី រាប់​តាម​រាត្រី​នោះ ​៣០ រាត្រី ​ជា១ខែ រាប់​តាម​ខែ​នោះ​ ១២​ខែ ជា​១ឆ្នាំ ​រាប់​តាម​ឆ្នាំ​នោះ ​៨០០​ឆ្នាំ​ទិព្វ​ជាប្រមាណ​ នៃ​អាយុរបស់​ពួក​ទេវតាជាន់​និម្មានរតី។ ម្នាល​នាង​វិសាខា ហេតុ​នុ៎ះ​ រមែង​មាន​ប្រាកដ ត្រង់​ពាក្យថា ស្រ្តី​ ឬបុរស​ពួក​ខ្លះ ក្នុង​លោក​នេះ រក្សា​នូវ​ឧបោសថៈ ប្រកប​ដោយ​អង្គ ៨ហើយ លុះ​ដល់​រំលាង​កាយ ​ស្លាប់​ទៅ ទៅ​កើត​រួម​ជាមួយ​នឹង​ពួក​ទេវតាជាន់​និម្មានរតី។ ម្នាល​នាង​វិសាខា ដែល​ថា រាជ​សម្បត្តិជា​របស់​មនុស្ស ប្រៀប​ធៀប​នឹង​សេចក្ដី​សុខ (​ឃើញ) ​ស្ដើង​ស្ដួចនេះ តថាគត​ពោល​សំដៅយក​ត្រង់​ហេតុ​នុ៎ះ​ឯង។ ម្នាល​នាង​វិសាខា ១.៦០០ ឆ្នាំ ​របស់​មនុស្ស ជាមួយយប់​មួយ​ថ្ងៃ ​របស់​ពួក​ទេវតា​ជាន់​បរនិម្មិត​វសវត្តី រាប់​តាម​រាត្រីនោះ ៣០ រាត្រី ​ជា១​ខែ រាប់​តាម​ខែនោះ ​១២ ខែ ជា​​១​ឆ្នាំ រាប់​តាម​ឆ្នាំ​នោះ ១៦០០ ឆ្នាំ​ទិព្វ​ជាប្រមាណ ​នៃ​អាយុ​របស់​ពួក​ទេវតា​ជាន់​បរនិម្មិតវសវត្តី។ ម្នាល​នាង​វិសាខា ហេតុ​នុ៎ះ រមែង​មាន​ប្រាកដ ត្រង់ពាក្យថា ស្រ្តី​ ឬបុរសពួក​ខ្លះ ក្នុង​លោក​នេះ រក្សា​នូវ​ឧបោសថៈ​ ប្រកប​ដោយ​អង្គ​៨ ហើយ​ លុះដល់​រំលាង​កាយ ​ស្លាប់​ទៅ ទៅកើត​រួម​ជាមួយ​នឹង​ពួក​ទេវតា​ជាន់​បរនិម្មិតវសវត្តី។ ម្នាល​នាង​វិសាខា ដែល​ថា រាជ​សម្បត្តិ​ជារបស់​មនុស្ស ប្រៀប​ធៀប​នឹង​សេចក្ដី​សុខ​ទិព្វ (ឃើញ) ស្ដើង​ស្ដួច នេះ​តថាគត ពោល សំដៅយក​ត្រង់​ហេតុ​នុ៎ះឯង។

បុរស​ ឬស្រ្តី​ មិន​គប្បី​សម្លាប់​សត្វ​១ មិនគប្បី​លួច​យកទ្រព្យ ​ដែល​ម្ចាស់​គេមិន​បាន​ឲ្យ​ ១ មិនគប្បី​និយាយកុហក​១ មិន​គប្បី​ក្រេប​ផឹក ​នូវ​ទឹក​ស្រវឹង ១ គប្បីវៀរចាក​មេថុន ដែល​មិន​មែន​ជាសេចក្ដី​ប្រព្រឹត្តិដ៏​ប្រសើរ​១ មិន​គប្បី​បរិភោគ​ភោជន ក្នុង​វេលារាត្រី ​ និង​ភោជន​ ក្នុងវេលា​ខុស​កាល ១ មិន​គប្បី​ទ្រទ្រង់​កម្រងផ្កា មិន​គប្បីប្រើប្រាស់​គ្រឿង​ក្រអូប ១ គប្បីដេក​លើ​គ្រែ (ដែលត្រូវ​ប្រមាណ) ឬកម្រាល ដែល​ក្រាល​ផ្ទាស់​នឹងផែន​ដី ១ (​បណ្ឌិត​​ទាំង​ឡាយ ​ពោល​សរសើរ) ឧបោសថៈ​ ប្រកប​ដោយ​អង្គ ៨​នុ៎ះ ដែល​ព្រះ​ពុទ្ធ​ ទ្រង់ដល់​នូវ​ទី​បំផុត​នៃទុក្ខ ទ្រង់​ប្រកាស​ទុក​ហើយ។ ព្រះ​ចន្រ្ទ​ និង​ព្រះ​អាទិត្យ ទាំង​ពីរ​មាន​រស្មី​ដ៏​រុង​រឿង ភ្លឺឆ្លុះ​ផ្សាយ​ចេញ​ទៅ អស់​ទី​មាន​កំណត់​ត្រឹម​ណា មួយទៀត ព្រះចន្រ្ទ​ និង​ព្រះអាទិត្យ​ ​មាន​នាទី​កំចាត់​បង់ ​នូវងងឹត មាន​ដំណើរ​ទៅ​ក្នុង​អាកាស ចាំង​ពន្លឺ​សព្វ​ទិស តែង​បំ​ភ្លឺក្នុង​ផ្ទៃ​មេឃ ទ្រព្យ​ណាមួយ ដែល​មាន​នៅក្នុងចន្លោះ​នុ៎ះ ​គឺកែវ​មុក្តា កែវ​មណី កែវ​ពៃ​ទូរ្យ​ដ៏​ល្អ មួយ​វិញ​ទៀត ដែល​ហៅថា មាស​សិង្គី មាស​កាញ្ចនៈ មាស​ជាតរូប​ និង​មាស​ហដកៈ ទ្រព្យ​ទាំង​អម្បាល​នោះ (មាន​ដំឡៃ) មិន​ដល់​នូវ​ចំណិត ​ទី​១៦ ៗ លើក នៃឧបោសថៈ​ ប្រកប​ដោយ​អង្គ ៨ ឡើយ ដូច​ពួក​ផ្កាយ​ទាំងអស់​(ភ្លឺ) ​មិន​ដល់​ពន្លឺ​ព្រះចន្រ្ទ​ឡើយ ព្រោះ​ហេតុ​នោះ ស្រ្តី​បុរស ​ដែល​ជាអ្នក​មានសីល​ បានរក្សា​ឧបោសថៈ​ ប្រកបដោយអង្គ ៨ ធ្វើ​បុណ្យ​ទាំង​ឡាយ​ដែល​មានសុខ​ជាកម្រៃ ជាអ្នក​មិន​ត្រូវ​គេ​តិះ​ដៀល តែង​ទៅ​កើត​ក្នុង​ស្ថាន​សួគ៌។

ចប់ មហាវគ្គ ទី២។

ឧទ្ទាន​នៃមហាវគ្គ​នោះគឺ

និយាយ​អំពី​តិត្ថាយ​តនៈ​១ អំពី​អមាតា​បុត្តិកភ័យ ១ ​អំពីអ្នក​ស្រុក​វេនា​គ​បុរៈ ១ អំពី​សរភបរិព្វា​ជក ១ អំពី​អ្នកនិគម​កេសបុត្ត​ ១ អំពី​សាឡ្ហៈ ​ចៅ​របស់​មិគារ​សេដ្ឋី ១ អំពីកថាវត្ថុ ១ អំពី​តិរ្ថិយ​ទាំងឡាយ ​១ អំពី​អកុសល​មូល​ និង​កុសល​មូល​ ១ អំពី​ឧបោសថៈ ១។

អានន្ទវគ្គ ទី៣ (៨)

((៨) ៣. អានន្ទវគ្គោ)

(ឆន្នសូត្រ ទី១)

(១. ឆន្នសុត្តំ)

[៧៣] សម័យ​មួយ ព្រះដ៏​មាន​ព្រះភាគ ទ្រង់​គង់​នៅក្នុង​វត្ត​ជេតពន របស់​អនាថបិណ្ឌិក​សេដ្ឋី ជិត​ក្រុង​សាវត្ថី។ គ្រា​នោះ ឆន្ន​បរិព្វា​ជក ចូលទៅ​រក​ព្រះ​អានន្ទ​ដ៏​មាន​អាយុ លុះចូល​ទៅដល់​ហើយ ក៏​ពោលរាក់​ទាក់ ​ជាមួយ​នឹង​ព្រះ អានន្ទដ៏​មាន​អាយុ​ លុះ​បញ្ចប់​ពាក្យ ​ដែល​គួរ​រាក់​ទាក់ និង​ពាក្យ​គួររលឹក​ហើយ ក៏​អង្គុយ​ក្នុង​ទី​សមគួរ​។ លុះ​ឆន្នបរិព្វាជក អង្គុយ​ក្នុង​ទីសម​គួរ​ហើយ ក៏​និយាយ​នឹង​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ដូច្នេះថា នែអាវុសោអានន្ទ លោក​បញ្ញត្ត​ការ​លះ​បង់​រាគៈ បញ្ញត្តការ​លះបង់​ទោសៈ បញ្ញត្ត​ការ​លះ​បង់​មោហៈ។ ម្នាលអាវុសោ យើង​សោត​ ក៏​បញ្ញត្តការ​លះ​បង់​រាគៈ បញ្ញត្តការ​លះបង់​ទោសៈ បញ្ញត្ត​ការ​លះបង់​មោហៈ​ដែរ។ ម្នាល​អាវុសោ​ តែ​ថាលោក​ឃើញ​ទោស ក្នុង​រាគៈ​ដូចម្ដេច បានជា​បញ្ញត្ត​ការ​លះ​បង់​រាគៈ ឃើញទោស ក្នុងមោហៈ​ដូចម្ដេច បាន​ជាបញ្ញត្ត​ការ​លះបង់​ទោសៈ ឃើញ​ទោស ក្នុង​មោហៈ​ដូចម្ដេច បាន​ជាបញ្ញត្ត​ការ​លះបង់​មោហៈ។ ម្នាល​អាវុសោ បុគ្គល​អ្នក​ត្រេក​ត្រអាល ត្រូវ​រាគៈគ្របសង្កត់​ មានចិត្តត្រូវ​រាគៈ​រួបរឹត រមែង​គិត​ ដើម្បី​បៀត​បៀន​ខ្លួនឯង​ខ្លះ គិត​ដើម្បី​បៀតបៀន​អ្នក​ដទៃ​ខ្លះ គិត​ដើម្បី​បៀតបៀន​ទាំង​ពីរខាងខ្លះ រមែង​ទទួល​ទុក្ខ ទោមនស្ស ប្រព្រឹត្ត​ទៅ​ក្នុង​ចិត្ត​ខ្លះ កាល​លះបង់រាគៈបាន​ហើយ បុគ្គល​រមែង​មិន​គិត ​ដើម្បី​បៀតបៀន​ខ្លួនឯង មិន​គិត​ដើម្បីបៀត​បៀន​អ្នក​ដទៃ មិនគិត​ដើម្បី​បៀតបៀន​ទាំងពីរ​ខាង មិន​ទទួល​ទុក្ខ ទោមនស្ស ​ប្រព្រឹត្ត​ទៅ​ក្នុង​ចិត្ត។ ម្នាល​អាវុសោ បុគ្គល​អ្នក​ត្រេក​ត្រអាល ត្រូវ​រាគៈ​គ្របសង្កត់ មាន​ចិត្ត​ត្រូវ​រាគៈ​រួបរឹត ​រមែង​ប្រព្រឹត្ត​ទុច្ចរិត​ ដោយកាយ ប្រព្រឹត្ត​ទុច្ចរិត​ដោយ​វាចា ប្រព្រឹត្ត​ទុច្ចរិត​ដោយចិត្ត កាល​បើ​លះរាគៈបានហើយ បុគ្គល​រមែង​មិន​ប្រព្រឹត្ត​ទុច្ចរិត​ដោយកាយ មិន​ប្រព្រឹតទុច្ចរិត​ដោយវាចា មិន​ប្រព្រឹត្ត​ទុច្ចរិត​ដោយ​ចិត្ត។ ម្នាល​អាវុសោ បុគ្គល​អ្នក​ត្រេក​ត្រអាល ត្រូវ​រាគៈ​គ្រប​សង្កត់ ​មាន​ចិត្ត​ត្រូវ​រាគៈ​រួបរឹត រមែង​មិន​ដឹង​ច្បាស់ ​នូវ​ប្រយោជន៍របស់​ខ្លួន​ តាម​ពិត​ខ្លះ មិន​ដឹង​ច្បាស់​នូវ​ប្រយោជន៍​ របស់​បុគ្គល​ដទៃ​ តាមពិតខ្លះ មិន​ដឹង​ច្បាស់​ នូវ​ប្រយោជន៍​ទាំង​ពីរ​ខាង តាម​ពិត​ខ្លះ កាល​បើ​លះបង់រាគៈ​បានហើយ បុគ្គល​រមែង​ដឹង​ច្បាស់ ​នូវ​ប្រយោជន៍​របស់​ខ្លួន​ តាមពិត​ផង ដឹង​ច្បាស់​នូវ​ប្រយោជន៍បុគ្គល​ដទៃ ​តាមពិត​ផង ដឹងច្បាស់​នូវ​ប្រយោជន៍ទាំង​ពីរ​ខាង​ តាមពិត​ផង។ ម្នាល​អាវុសោ រាគៈ​ជាគ្រឿង​ធ្វើ​ឲ្យ​ងងឹត ធ្វើ​ឲ្យដូច​ជាគ្មាន​ចក្ខុ ធ្វើ​ឲ្យ​គ្មាន​ញាណ ឲ្យ​រលត់​បញ្ញា ជាប៉ែក​ខាង​សេចក្ដី​ចង្អៀត​ចង្អល់ មិន​ប្រព្រឹត្ត​ទៅ ​ដើម្បី​ព្រះនិព្វាន​ទេ។ ម្នាល​អាវុសោ បុគ្គល​អ្នក​ប្រទូស្ត។ បេ។ ម្នាល​អាវុសោ បុគ្គល​អ្នក​វង្វេង ត្រូវ​សេចក្ដីវង្វេង​គ្រប​សង្កត់ មាន​ចិត្ត​ត្រូវ​សេចក្ដី​វង្វេង​រួប​រឹត រមែង​គិត​ដើម្បី​បៀតបៀនខ្លួនខ្លះ គិត​ដើម្បី​បៀត​បៀន​អ្នក​ដទៃខ្លះ គិត​ដើម្បី​បៀត​បៀន​ទាំង​ពីរ​ខាងខ្លះ តែង​ទទួល​ទុក្ខ​ទោមនស្ស​ប្រព្រឹត្ត​ទៅ​ក្នុង​ចិត្ត​ខ្លះ កាល​បើលះមោហៈបានហើយ បុគ្គល​រមែង​មិនគិត​ ដើម្បី​បៀតបៀន​ខ្លួន មិន​គិត​ដើម្បី​បៀត​បៀនអ្នកដទៃ មិនគិត​ដើម្បី​បៀត​បៀន​ទាំង​ពីរ​ខាង មិន​ទទួល​ទុក្ខ​ ទោមនស្ស ប្រព្រឹត្ត​ទៅ​ក្នុង​ចិត្ត។ ម្នាល​អាវុសោ ​បុគ្គល​អ្នកវង្វេង ត្រូវ​មោហៈ​គ្របសង្កត់ មាន​ចិត្ត​ត្រូវ​មោហៈ​រួបរឹត រមែង​ប្រព្រឹត្ត​ទុច្ចរិត​ដោយ​កាយ ប្រព្រឹត្តទុច្ចរិត​ដោយ​វាចា ប្រព្រឹត្ត​ទុច្ចរិត​ដោយ​ចិត្ត កាល​បើ​លះបង់​មោហៈ​បានហើយ​ បុគ្គល​រមែង​មិន​ប្រព្រឹត្ត​ទុច្ចរិត​ដោយ​កាយ មិន​ប្រព្រឹត្ត​ទុច្ចរិត​ដោយវាចា មិន​ប្រព្រឹត្ត​ទុច្ច​រិត​ដោយ​ចិត្ត។ ម្នាល​អាវុសោ បុគ្គល​អ្នកវង្វេង ត្រូវ​មោហៈ​គ្របស​ង្កត់ មាន​ចិត្ត​ត្រូវ​មោហៈ​រួបរឹត រមែង​មិន​ដឹងច្បាស់ ​នូវ​ប្រយោជន៍ខ្លួន ​តាម​ពិត​ខ្លះ មិន​ដឹង​ច្បាស់ ​នូវ​ប្រយោជន៍​អ្នកដទៃ​​ តាមពិត​ខ្លះ មិន​ដឹង​ច្បាស់​ នូវ​ប្រយោជន៍​ទាំង​ពីរ​ខាង​ តាមពិតខ្លះ កាល​បើ​លះ​មោហៈបាន​ហើយ បុគ្គល​រមែង​ដឹង​ច្បាស់​ នូវ​ប្រយោជន៍​ខ្លួន តាមពិត​ផង ដឹង​ច្បាស់​នូវ​ប្រយោជន៍​អ្នក​ដទៃ​ តាម​ពិត​ផង ដឹង​ច្បាស់​នូវប្រយោជន៍​ទាំង​ពីរ​ខាង តាម​ពិត​ផង។ ម្នាល​អាវុសោ មោហៈ​ជាគ្រឿង​ធ្វើ​ឲ្យ​ងងឹត ធ្វើឲ្យ​ដូច​ជាគ្មាន​ចក្ខុ ធ្វើ​ឲ្យ​គ្មាន​ញាណ ឲ្យ​រលត់​បញ្ញា ជា​ប៉ែក​ខាង​សេចក្ដី​ចង្អៀត​ចង្អល់​ មិន​ប្រព្រឹត្ត​ទៅ​ ដើម្បី​ព្រះនិព្វានទេ។ ម្នាល​អាវុសោ យើង​ឃើញ​ទោស ក្នុង​រាគៈ​នេះ​​ឯង​ហើយ ទើប​បញ្ញត្ត​ នូវការ​លះ​បង់​រាគៈ ឃើញ​ទោស ក្នុងទោសៈ​នេះ​ហើយ ទើបបញ្ញត្ត​នូវការលះទោសៈ ឃើញ​ទោស ក្នុង​មោហៈ​នេះ​ហើយ ទើប​បញ្ញត្ត នូវ​ការ​លះមោហៈ។ ម្នាល​អាវុសោ ចុះផ្លូវ​ប្រតិបត្តិ​ ដើម្បី​លះរាគៈ ​ទោសៈ មោហៈ នុ៎ះ​ មាន​ដែរ​ឬទេ។ ម្នាល​អាវុសោ ផ្លូវ​ប្រតិបត្តិ​ ដើម្បី​លះរាគៈ ទោសៈ ​​មោហៈ នុ៎ះ​មាន។ ម្នាល​អាវុសោ ចុះផ្លូវ​​ប្រតិបត្តិ​ ដើម្បី​លះរាគៈ ទោសៈ ​មោហៈ នុ៎ះ​ តើដូចម្ដេច។ ផ្លូវ​ប្រកប​ដោយ​អង្គ ៨ ដ៏​ប្រសើរនេះ​ឯង គឺ សេចក្ដី​ឃើញ​ត្រូវ ១ សេចក្ដី​ត្រិះរិះ​ត្រូវ​ ១ វាចាត្រូវ ១ការងារ​ត្រូវ​ ១ ការចិញ្ចឹម​ជីវិត​ត្រូវ​ ១ ការ​ព្យាយាម​ត្រូវ​ ១ ការ​រលឹកត្រូវ​ ១ ការ​ដំកល់​ចិត្ត​មាំត្រូវ ១។ ម្នាល​អាវុសោ នេះ​ឯង ជា​ផ្លូវ​ប្រតិបត្តិ ដើម្បី​លះរាគៈ ​ទោសៈ​ មោហៈ​ នុ៎ះ។ ម្នាល​អាវុសោ ផ្លូវ​ប្រតិបត្តិ ដើម្បីលះរាគៈ ទោសៈ ​មោហៈ​នុ៎ះ ជាផ្លូវ​ប្រសើរ​ល្អហើយ។ ម្នាល​អាវុសោអានន្ទ ហេតុ​នោះ គួរ​តែ​កុំ​ធ្វេស​ប្រហែស​ឡើយ។

(អាជីវកសូត្រ ទី២)

(២. អាជីវកសុត្តំ)

[៧៤] សម័យមួយ ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ គង់​នៅ​ក្នុង​ឃោសិតារាម ជិតក្រុង​កោសម្ពី។ គ្រា​នោះ គហបតី ជាសាវក​របស់​អាជី​វក​ម្នាក់​​ ចូលទៅរក​ព្រះអានន្ទ ដ៏​មាន​អាយុ លុះ​ចូល​ទៅ​ដល់​ហើយ ក៏​អង្គុយ​ក្នុង​ទី​សមគួរ​។ លុះ​គហបតី ជា​សាវក​អាជី​វក​នោះ អង្គុយ​ក្នុង​ទី​សម​គួរ​ហើយ សួរព្រះ​អានន្ទ​ដ៏​មាន​អាយុ ​ដូច្នេះ​ថា បពិត្រ​អានន្ទដ៏​ចំរើន (​យើង​ទាំង​ពីរ​នាក់) អ្នក​ណាសំដែង​ធម៌ត្រូវ ពួក​អ្នក​ណា​ ឈ្មោះ​ថា​ ប្រតិបត្តិ​ត្រូវ​ ក្នុងលោក ពួកអ្នក​ណា​ ឈ្មោះថា ដើរ​ត្រូវ​ក្នុង​លោក។ ម្នាល​គហបតី​ បើ​ដូច្នោះ អាត្មានឹង​ត្រឡប់​សួរ​ទៅ​អ្នក​ ក្នុង​ហេតុ​នុ៎ះវិញ បើ​ហេតុ​នោះ ​គួរ​ដល់​អ្នក​យ៉ាង​ណា ត្រូវ​អ្នក​ដោះ​ស្រាយ​ហេតុ​នោះ យ៉ាង​នោះ​ចុះ​។ ម្នាល​គហបតី អ្នក​សំគាល់ហេតុ​នោះ ​ដូចម្ដេច ពួក​បុគ្គល​ណា សំដែង​ធម៌ ​ដើម្បី​លះរាគៈ សំដែង​ធម៌ដើម្បី​លះទោសៈ សំដែង​ធម៌​ដើម្បី​លះមោហៈ អ្នក​ទាំង​នោះ​ឈ្មោះថា សំដែង​ធម៌​ត្រូវ​ឬទេ ឬថា​អ្នក​មាន​សេចក្ដី​យល់​ដូចម្ដេច ក្នុង​ដំណើរ​នុ៎ះ​។ បពិត្រ​អានន្ទដ៏ចំរើន ពួក​បុគ្គល​ណា​ សំដែង​ធម៌​ដើម្បី​លះរាគៈ សំដែង​ធម៌ដើម្បី​លះទោសៈ សំដែង​ធម៌​ដើម្បី​លះមោហៈ បុគ្គល​ទាំង​នោះ ឈ្មោះថាសំដែង​ធម៌​ត្រូវ​ហើយ ខ្ញុំ​មាន​សេចក្ដី​យល់ ក្នុង​ដំណើរ​នុ៎ះ ​យ៉ាង​នេះ​ដែរ។ ម្នាល​គហបតី អ្នក​សំគាល់​ហេតុ​នោះ ដូច​ម្ដេច ពួក​បុគ្គល​ណា ប្រតិបត្តិដើម្បី​លះរាគៈ ប្រតិបត្តិ​ដើម្បីលះ​ទោសៈ ប្រតិបត្តិដើម្បី​លះមោហៈ ពួកបុគ្គល​នោះ​ ឈ្មោះថា ប្រតិបត្តិ​ត្រូវ​​ក្នុង​លោក​ឬទេ ឬ​ថាអ្នក​មាន​សេចក្ដី​យល់​ ក្នុង​ដំណើរ​នុ៎ះ​ ដូចម្ដេច។ បពិត្រ​អានន្ទ​ដ៏​ចំរើន ពួក​បុគ្គល​ណា ប្រតិបត្តិ​ដើម្បី​លះរាគៈ ​ប្រតិបត្តិ​ដើម្បី​លះទោសៈ ប្រតិបត្តិ​ដើម្បី​លះមោហៈ ពួក​បុគ្គល​នោះ​ ឈ្មោះ​ថា​ ប្រតិ​បត្តិ​ត្រូវ​ក្នុង​លោក​ ខ្ញុំ​មានសេចក្ដី​យល់​យ៉ាងនេះ ក្នុង​ដំណើរ​នុ៎ះ។ ម្នាល​គហបតី អ្នកសំគាល់​ហេតុ​នោះ ​ដូចម្ដេច ពួក​បុគ្គល​ណា បាន​លះរាគៈហើយ បាន​រំលើងឫសគល់​ចោល​ហើយ ធ្វើ​មិនឲ្យ​ដុះ​ទៀត​បាន ដូច​ជា​ត្នោត​កំបុត​ក ​ធ្វើ​ឲ្យ​វិនាស​​ មិន​ឲ្យ​កើត​ឡើងតទៅ​​ទៀត​ជាធម្មតា ពួក​បុគ្គល​ណា ​លះទោសៈហើយ។ បេ។ ពួក​បុគ្គលណា​ លះ​មោហៈ​ហើយ បាន​រំលើង​ឫស​គល់​ចោល​ហើយ ធ្វើ​មិន​ឲ្យ​ដុះទៀត​បាន ដូចជា​ត្នោត​កំបុត​ក ​ធ្វើ​ឲ្យ​វិនាស​ មិន​ឲ្យ​កើត​ឡើង​តទៅ​ទៀត ជាធម្មតា ពួក​បុគ្គល​នោះ​ ឈ្មោះ​ថា ដើរ​ត្រូវ​ហើយ​ ក្នុង​លោក​ឬទេ ឬ​ក៏​អ្នកមាន​សេចក្ដី​យល់​ ដូចម្ដេច ក្នុង​ដំណើរ​នុ៎ះ។ បពិត្រ​លោក​ដ៏​ចំរើន ពួកបុគ្គល​ណា ​លះ​រាគៈហើយ បាន​រំលើង​ឫសគល់​ចោល​ហើយ ធ្វើ​មិនឲ្យដុះ​ទៀត​បាន ដូច​ជាត្នោត​កំបុតក ធ្វើ​ឲ្យ​វិនាស​ មិន​ឲ្យ​កើត​ឡើង​តទៅទៀត​ ជាធម្មតា ពួក​បុគ្គល​ណា ​លះទោសៈ ហើយ។ បេ។ ពួក​បុគ្គល​ណា​លះមោហៈហើយ បាន​រំលើង​ឫស​គល់​ចោល​ហើយ ធ្វើមិនឲ្យ​ដុះទៀត​បាន ដូច​ជា​ត្នោត​កំបុត​ក ធ្វើ​ឲ្យ​វិនាស មិន​ឲ្យ​កើតឡើង​តទៅទៀត​ ជាធម្មតា ពួក​បុគ្គល​នោះ​ឈ្មោះ​ថា ដើរ​ត្រូវ ក្នុងលោក​ហើយ ​ខ្ញុំ​មាន​សេចក្ដី​យល់​យ៉ាង​នេះ ក្នុង​ដំណើរ​នុ៎ះ។ ម្នាល​គហបតី អ្នក​បាន​ដោះ​ស្រាយ​ហើយ ​យ៉ាង​នេះ​ថា បពិត្រ​លោកដ៏​ចំរើន ពួកបុគ្គល​ណា សំដែង​ធម៌​ ដើម្បី​លះរាគៈ សំដែង​ធម៌​ដើម្បី​លះទោសៈ សំដែងធម៌​ដើម្បី​លះមោហៈ បុគ្គល​នោះ​ ឈ្មោះ​ថាសំដែង​ត្រូវ​ហើយ។ អ្នក​បាន​ដោះ​ស្រាយ​ហើយ ​យ៉ាង​នេះថា បពិត្រ​លោក​ដ៏​ចំរើន ពួក​បុគ្គល​ណា បាន​ប្រតិបត្តិ​ដើម្បី​លះរាគៈ ប្រតិបត្តិ​ដើម្បី​លះទោសៈ ប្រតិបត្តិ​ដើម្បីលះមោហៈ​ បុគ្គល​ទាំង​នោះ​ឈ្មោះ​ថា ប្រតិបត្តិ​ត្រូវ​ក្នុង​លោក។ អ្នក​បាន​ដោះស្រាយ​ហើយ យ៉ាង​នេះ​ថា បពិត្រ​លោក​ដ៏​ចំរើន ពួក​បុគ្គល​ណា បាន​លះរាគៈ​ហើយ ​បាន​រំលើង​ឫស​គល់​ចោល​ហើយ ធ្វើ​មិន​ឲ្យ​ដុះ​ទៀត​បាន ដូច​ជា​ត្នោត​កំបុតក ធ្វើ​ឲ្យ​វិនាស ធ្វើ​មិន​ឲ្យ​កើត​តទៅ​ទៀត​ ជាធម្មតា ពួកបុគ្គល​ណា ​បាន​លះ​ទោសៈ​ហើយ។ បេ។ ពួក​បុគ្គល​ណា ​បាន​លះ​មោហៈហើយ​ បាន​រំលើង​ឫសគល់​ចោល​ហើយ ​ធ្វើ​មិន​ឲ្យ​ដុះ​ទៀត​បាន​ ដូចជាត្នោតកំបុតក ធ្វើ​ឲ្យ​វិនាស ​មិន​ឲ្យ​កើត​តទៅ​ទៀត​ ជា​ធម្មតា ពួក​បុគ្គល​នោះ​ ឈ្មោះថា ដើរ​ត្រូវ​ក្នុង​លោក។ បពិត្រ​លោក​ដ៏​ចំរើន អស្ចារ្យ​ណាស់​ បពិត្រ​លោកដ៏​ចំរើន​ ចំឡែក​ណាស់​ ឈ្មោះ​ថា មិន​មាន​ការលើកដំកើង​តែ​ធម៌​ខ្លួន​ផង មិនមាន​ការ​បន្ដុះ​បង្អាប់​ធម៌​បុគ្គល​ដទៃផង សំដែង​ធម៌​ត្រង់​ តាម​តែ​ហេតុ និយាយចំពោះតែសេចក្ដី​ ទាំង​មិន​ទាញ​មក​រក​តែ​ប៉ែក​ខាង​ខ្លួន​ផង។ បពិត្រ​អានន្ទដ៏​ចំរើន​ លោក​ (ហ្នឹង​ហើយ) សំដែង​ធម៌​ដើម្បី​លះ​រាគៈ សំដែងធម៌​ដើម្បីលះ​ទោសៈ​ សំដែង​ធម៌​ដើម្បី​លះមោហៈ លោក​សំដែង​ធម៌​ត្រូវ​ហើយ បពិត្រអានន្ទ​ដ៏​ចំរើន លោក​ប្រតិបត្តិ​ដើម្បី​លះ​រាគៈ ​ប្រតិបត្តិ​ដើម្បី​លះ​ទោសៈ ប្រតិបត្តិ​ដើម្បី​លះមោហៈ ប្រតិបត្តិ​ត្រូវ​ហើយ​​ ក្នុង​លោក​​ បពិត្រ​អានន្ទដ៏​ចំរើន លោក​បាន​លះ​រាគៈហើយ បាន​រំលើង​ឫស​គល់​ចោល​ហើយ ធ្វើ​មិន​ឲ្យ​ដុះ​ទៀត​បាន ដូច​ជាត្នោត​កំបុត​ក ធ្វើ​ឲ្យ​វិនាស ធ្វើ​មិន​ឲ្យ​កើតតទៅ​ទៀត​ ជាធម្មតា លោក​បាន​លះ​ទោសៈហើយ។បេ។ លោកបានលះមោហៈហើយ បានរំលើងឫសគល់ចោល​ហើយ ធ្វើ​មិន​ឲ្យ​ដុះទៀត​បាន ដូច​ជាត្នោត​កំបុត​ក ធ្វើ​ឲ្យ​វិនាស​ ធ្វើ​មិន​ឲ្យ​កើត​តទៅ​ទៀត ​ជាធម្មតា លោក​ឈ្មោះថា ដើរ​ត្រូវ​ក្នុង​លោក។ បពិត្រ​លោក​ដ៏​ចំរើន ពីរោះណាស់​ បពិត្រ​លោក​ដ៏​ចំរើន​ ពី​រោះណាស់​។ បពិត្រ​លោក​ដ៏​ចំរើន ដូច​គេ​ផ្ងារ របស់​ដែល​ផ្កាប់​ ឬបើក​បង្ហាញ ​របស់​ដែល​កំបាំង ពុំ​នោះ ​ដូច​គេប្រាប់​ផ្លូវ​ ដល់​មនុស្ស​អ្នកវង្វេង​ ពុំនោះ​សោត​ ដូច​គេ​ទ្រោល​ប្រទីប​ប្រេង ​ក្នុង​ទីងងឹត ដោយ​គិត​ថា មនុស្ស​អ្នក​មាន​ភ្នែក រមែង​មើល​ឃើញ​រូប​ទាំង​ឡាយ យ៉ាង​ណា​មិញ ធម៌​ដែល​លោក​ម្ចាស់​អានន្ទ បាន​សំដែង​ហើយ​ ដោយអនេក​បរិយាយ​ យ៉ាង​នេះ ក៏​យ៉ាង​នោះ​ដែរ។ បពិត្រ​អានន្ទ​ដ៏​ចំរើន ខ្ញុំ​នោះ ដល់​នូវ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ផង ព្រះ​ធម៌​ផង ព្រះ​ភិក្ខុ​សង្ឃផង ជាទី​រលឹក សូម​លោក​ម្ចាស់​អានន្ទ ចាំទុក​នូវ​ខ្ញុំ​ព្រះករុណា ជាឧ​បាសក អ្នក​ដល់​នូវសរណៈ​ ស្មើ​ដោយ​ជីវិត ចាប់​ដើម​ពី​ថ្ងៃ​នេះតទៅ។

(មហានាមសក្កសូត្រ ទី៣)

(៣. មហានាមសក្កសុត្តំ)

[៧៥] សម័យ​មួយ ព្រះ​ដ៏​មាន​ព្រះភាគ ​ទ្រង់​គង់​នៅ​ក្នុង​និគ្រោធារាម ជិត​ក្រុង​កបិល​ព័ស្ដុ ក្នុង​ដែន​សក្កៈ។ សម័យ​នោះ​ឯង ព្រះដ៏​មាន​ព្រះភាគ ទ្រង់​ស្បើយ​អំពី​ជម្ងឺ ទើប​តែនឹង​ស្បើយ​អំពី​ជម្ងឺ មិន​ទាន់​យូរ​ប៉ុន្មាន។ គ្រានោះ មហានាម​សក្កៈ ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះភាគ លុះ​ចូល​ទៅដល់​ហើយ ក៏​ក្រាប​ថ្វាយ​បង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ហើយគង់​ក្នុង​ទី​សម​គួរ។ លុះ​មហានាម​សក្កៈ គង់​ក្នុង​ទី​សមគួរ​ហើយ ក៏​ក្រាប​ថ្វាយ​បង្គំ​ ទូល​ព្រះ​ដ៏​មានព្រះភាគ ​យ៉ាង​នេះ​ថា បពិត្រ​ព្រះអង្គ​ដ៏​ចំរើន ខ្ញុំ​ព្រះ​អង្គ ​ដឹង​ច្បាស់​នូវ​ធម៌ ដែល​ព្រះដ៏​មាន​ព្រះភាគ ​ទ្រង់​សំដែង​អស់​កាល​ជាយូរ​ហើយ យ៉ាង​នេះ​ថា ញាណមាន​ដល់​បុគ្គល ​ដែល​មាន​ចិត្ត​ដំកល់​ខ្ជាប់​ មិន​មាន​ដល់​បុគ្គល ​ដែលមាន​ចិត្តមិនដំកល់​ខ្ជាប់ទេ។ បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ សមាធិ កើត​មុន ញាណ​កើត​ក្រោយ ឬក៏​ញាណ​កើត​មុន សមាធិកើត​ក្រោយ។ លំដាប់ នោះ ព្រះ​អានន្ទ​ដ៏មាន​អាយុ មាន​សេចក្ដី​ត្រិះរិះ ​ដូច្នេះថា ព្រះដ៏​មាន​ព្រះភាគ​ ទ្រង់​ស្បើយ​អំពី​ជម្ងឺ ទើប​តែ​នឹង​ស្បើយ​អំពី​ជម្ងឺ មិន​ទាន់​យូរប៉ុន្មាន ​ស្រាប់​តែមហា​នាម​សក្កៈនេះ សួរ​ប្រស្នា ​ដ៏​ជ្រៅក្រៃ​ពេក ចំពោះ​ព្រះដ៏​មាន​ព្រះភាគ បើដូច្នោះ គួរ​តែអាត្មា​អញ នាំ​មហា​នាម​សក្កៈ ទៅក្នុងទីសម​គួរ​ ហើយសំដែង​ធម៌។ លំដាប់​នោះ ព្រះ​អានន្ទ​ដ៏​មាន​អាយុ ក៏​ចាប់​ព្រះ​ពាហា នៃ​មហា​នាម​សក្កៈ នាំទៅ​ក្នុងទីសម​គួរ ​ហើយនិយាយ​នឹងមហា​នាម​សក្កៈ ​ដូច្នេះ​ថា បពិត្រ​ព្រះ​មហា​នាម​ សេក្ខ​សីល ក៏​ព្រះដ៏​មានព្រះ​ភាគ​ ទ្រង់​សំដែង​ហើយ ​អសេក្ខ​សីល ក៏​ព្រះ​ដ៏​មាន​ព្រះភាគ​ ទ្រង់​សំដែងហើយ សេក្ខ​សមាធិ ក៏​ព្រះ​ដ៏​មាន​ព្រះភាគ ​ទ្រង់​សំដែង​ហើយ អសេក្ខសមាធិ ក៏​ព្រះដ៏​មាន​ព្រះ​ភាគ ​ទ្រង់​សំដែង​ហើយ សេក្ខ​ប្បញ្ញា ក៏​ព្រះដ៏​មានព្រះ ភាគ​ ទ្រង់​សំដែង​ហើយ អសេក្ខ​ប្បញ្ញា ក៏​ព្រះដ៏​មាន​ព្រះ​ភាគ ​ទ្រង់សំដែង​ហើយ​ដែរ។ បពិត្រ​មហា​នាម ចុះ​សេក្ខ​សីល តើដូច​ម្ដេច។ បពិត្រមហានាម ភិក្ខុ​ក្នុង​សាសនា​នេះ​ ជាអ្នក​មាន​សីល​។ ​បេ។ សមាទាន សិក្សាក្នុង​សិក្ខា​បទ​ទាំង​ឡាយ។ បពិត្រ​មហា​នាម នេះ​ហៅ​ថា ​សេក្ខសីល។ បពិត្រ​មហានាម ចុះ​សេក្ខ​សមាធិ តើដូច​ម្ដេច។ បពិត្រ​មហានាម ភិក្ខុ​ក្នុង​សាសនានេះ​ ស្ងាត់​ចាកកាម​ទាំង​ឡាយ​។ ​បេ។ បានដល់​ចតុត្ថ​ជ្ឈាន សម្រេចសម្រាន្ត​នៅ​។ បពិត្រ​មហានាម នេះ​ហៅថា សេក្ខ​សមាធិ។ បពិត្រមហានាម ចុះ​សេក្ខ​ប្បញ្ញា តើដូចម្ដេច។ បពិត្រ​មហា​នាម ភិក្ខុក្នុង​សាសនា​នេះ ដឹង​ច្បាស់​តាមពិត​ថា នេះ​ជា​ទុក្ខ។ បេ។ ដឹង​ច្បាស់​តាមពិត ថា នេះ​ជា​បដិបទា ​ដំណើរ​ទៅកាន់​ទី​រំលត់​ទុក្ខ។ បពិត្រ​មហានាម នេះ​ហៅថា សេក្ខប្បញ្ញា។ បពិត្រ​មហានាម អរិយ​សាវក​នោះ​ អ្នក​បរិបូណ៌​ដោយ​សីល​យ៉ាងនេះ បរិបូណ៌​ដោយ​សមាធិយ៉ាងនេះ បរិបូណ៌​ដោយ​បញ្ញា​យ៉ាងនេះ រមែងធ្វើ​ឲ្យ​ជាក់​ច្បាស់ ​នូវ​ចេតោវិមុត្តិ បញ្ញាវិមុត្តិ មិន​មាន​អាសវៈ ព្រោះអស់អាសវៈ ទាំងឡាយ ដោយ​ប្រាជ្ញា​ ដ៏​ក្រៃ​លែង ​ដោយខ្លួន​ឯង ​ក្នុង​បច្ចុប្បន្ន។ បពិត្រ​មហានាម សេក្ខសីល ក៏​ព្រះ​ដ៏​មាន​ព្រះភាគ ទ្រង់​សំដែង​ហើយ អសេក្ខសីល ក៏​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ទ្រង់​សំដែង​ហើយ ​សេក្ខ​សមាធិ ក៏ព្រះដ៏មាន​ព្រះភាគ ​ទ្រង់​សំដែង​ហើយ អសេក្ខ​សមាធិ​ ក៏​ព្រះ​ដ៏​មាន​ព្រះភាគ ទ្រង់​សំដែង​ហើយ សេក្ខ​ប្បញ្ញា ​ក៏​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ទ្រង់​សំដែង​ហើយ អសេក្ខប្បញ្ញា ក៏​ព្រះ​ដ៏​មាន​ព្រះ​ភាគ ​ទ្រង់​សំដែង​ហើយ យ៉ាង​នេះឯង។

(និគណ្ឋសូត្រ ទី៤)

(៤. និគណ្ឋសុត្តំ)

[៧៦] សម័យ​មួយ ព្រះ​អានន្ទដ៏មាន​អាយុ​ គង់​នៅក្នុង​កូដាគារសាលា នាព្រៃ​មហាវន ជិត​ក្រុង​វេសាលី។ គ្រានោះ ស្ដេច​លិច្ឆវិ នាម​អភ័យ និង​ស្ដេច​លិច្ឆវិ នាម​បណ្ឌិត​កុមារកៈ​ ចូល​ទៅរក​ព្រះ​អានន្ទដ៏មាន​អាយុ លុះ​ចូល​ទៅដល់​ហើយ ក៏​ក្រាប​ថ្វាយ​បង្គំ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ ហើយ​គង់ក្នុង​ទីសម​គួរ។ លុះ​ស្ដេច​លិច្ឆវិ នាម​អភ័យ ​អង្គុយ​ក្នុង​ទី​សមគួរ​ហើយ ក៏សួរ​ព្រះ​អានន្ទដ៏​មាន​អាយុ ​ដូច្នេះថា បពិត្រ​អានន្ទ​ដ៏​ចំរើន និគណ្ឋនាដបុត្រ ជាសព្វញ្ញូ ឃើញ​សព្វ តែង​ប្ដេជ្ញា​នូវ​ញាណទស្សនៈ (សព្វ​ញ្ញុតញ្ញាណ) មិនមាន​សេសសល់ថា អាត្មា​អញ​ ទោះ​ដើរ​ក្ដី ឈរ​ក្ដី ដេក​លក់​ក្ដី​​ ភ្ញាក់ឡើង​ក្ដី ញាណ​ទស្សនៈ​តាំង​ឡើង ​ឥត​ចន្លោះ​រាល់​ពេល។ និគណ្ឋ​នាដបុត្រ​នោះ តែង​បញ្ញត្តនូវ​កិច្ច ធ្វើ​ឲ្យ​អស់​ទៅ​ នៃ​កម្ម​ចាស់​ទាំងឡាយ ដោយ​តបធម៌ បញ្ញត្តនូវ​ការ​សំឡាប់​បច្ច័យ ព្រោះ​មិន​ធ្វើ​កម្ម​ថ្មី​ទាំងឡាយ ការ​អស់​ទុក្ខ ព្រោះ​អស់​កម្ម ការ​អស់វេទនា​ ព្រោះ​អស់ទុក្ខ ទុក្ខ​ទាំង​ពួង​ នឹងសាបរលាបទៅ ព្រោះ​អស់​វេទនា ដោយប្រការដូច្នេះឯង ការ​កន្លង​នូវ (វដ្ដទុក្ខ) ដោយ​វិសុទ្ធិ​ ដែល​ត្រូវ​ឃើញ​ចំពោះខ្លួន ជាគ្រឿង​ធ្វើឲ្យ​កិលេស​សាបរលាប​នុ៎ះ ​យ៉ាង​នេះ។ បពិត្រ​អានន្ទ​ដ៏​ចំរើន ចុះ​ព្រះដ៏មាន​ព្រះភាគ​ ទ្រង់​សំដែង​ដូចម្ដេច ក្នុង​សាសនា​នេះ។ ម្នាលអភ័យ និជ្ជរាវិសុទ្ធិ (វិសុទ្ធិ ជាគ្រឿង​ធ្វើ​កិលេស​ឲ្យ​សាបរលាប) ទាំង៣​នេះ ដែល​ព្រះដ៏មាន​ព្រះភាគ ជា​អរហន្ត សម្មាសម្ពុទ្ធ អង្គ​នោះ ទ្រង់​ជ្រាប​ច្បាស់ ឃើញ​ច្បាស់​​ បាន​សំដែង​ហើយ ដោយ​ប្រពៃ​ ដើម្បី​សេចក្ដី​ស្អាត​ នៃសត្វទាំងឡាយ ដើម្បី​កន្លង នូវ​សោក ​និង​ខ្សឹក​ខ្សួល​ទាំងឡាយ ដើម្បីរលត់​ទៅ នៃ​ទុក្ខ ​និង​ទោម​នស្ស​ទាំង​ឡាយ ដើម្បី​ត្រាស់​ដឹង​ នូវ​មគ្គ​ដែលប្រកប​ដោយ​វិបស្សនា ដើម្បី​ធ្វើ​ឲ្យ​ជាក់​ច្បាស់ ​នូវ​ព្រះនិព្វាន។ និជ្ជរាវិសុទ្ធិ ទាំង​៣ ​តើដូចម្ដេច។ ម្នាល​អភ័យ ភិក្ខុ​ក្នុង​សាសនានេះ ជាអ្នក​មានសីល។ បេ។ សមាទាន​ សិក្សាក្នុង​សិក្ខាបទទាំងឡាយ ភិក្ខុ​នោះ មិន​ធ្វើ​កម្ម​ថ្មី​ផង26) បាន​ពាល់​ត្រូវ​រឿយៗ នូវ​កម្មចាស់27) ​​ហើយ ធ្វើឲ្យ​អស់​ទៅផង ព្រោះ​វិសុទ្ធិ ជាធម្មជាតិ ដែល​បុគ្គលគប្បី​ឃើញ ដោយខ្លួនឯង ជាគ្រឿង​ធ្វើ​កិលេស​ ឲ្យ​សាបរលាប ឲ្យ​នូវ​ផល​មិនរង់​ចាំកាល គួរ​ដើម្បី​បង្ហាញ​ឲ្យ​ចូល​មក​មើល​បាន គួរ​បង្អោន​ចូល​មក​ទុក​ក្នុង​ខ្លួនបាន ជាធម្មជាតិ​ ដែល​អ្នក​ប្រាជ្ញ​ទាំងឡាយ គប្បី​ដឹង​ច្បាស់ ចំពោះខ្លួន។ ម្នាល​អភ័យ ភិក្ខុនោះ បរិបូណ៌​ដោយ​សីល ​យ៉ាងនេះ​ ក៏​ស្ងាត់ចាកកាម​ទាំងឡាយ។ បេ។ បានដល់​ចតុត្ថជ្ឈាន សម្រេចសម្រាន្តនៅ។ ភិក្ខុ​នោះ ​មិន​ធ្វើ​កម្ម​ថ្មីផង ពាល់​ត្រូវ​រឿយៗ នូវ​កម្ម​ចាស់​ហើយ ធ្វើឲ្យអស់​ទៅផង ព្រោះ​វិសុទ្ធិ ជាធម្ម​ជាតិ ​ដែល​បុគ្គល​គប្បី​ឃើញ​ ដោយខ្លួន​ឯង ជាគ្រឿង​ធ្វើ​កិលេស​ ឲ្យ​សាបរលាប ឲ្យ​នូវ​ផល​មិន​រង់​ចាំកាល​ គួរ​ដើម្បីបង្ហាញ​ ឲ្យ​ចូល​មក​មើល​បាន គួរ​បង្អោន​ចូល​មក​ទុក​ក្នុង​ខ្លួន​បាន ជា​ធម្មជាតិ ដែល​អ្នក​ប្រាជ្ញ​ទាំងឡាយ គប្បី​ដឹងច្បាស់ ​ចំពោះខ្លួន។ ម្នាលអ​ភ័យ​ ភិក្ខុនោះ បរិបូណ៌​ដោយ​សីល​យ៉ាង​នេះ បរិបូណ៌​ដោយ​សមាធិយ៉ាង​នេះ រមែងធ្វើ​ឲ្យ​ជាក់​ច្បាស់​ នូវ​ចេតោវិមុត្តិ​ និង​បញ្ញាវិមុត្តិ​ ដែល​មិន​មាន​អាសវៈ ​ព្រោះអស់​អាសវៈ​ទាំងឡាយ ដោយ​ប្រាជ្ញា​ ដ៏​ក្រៃ​លែង ​ដោយខ្លួន​ឯង​ ក្នុង​បច្ចុប្បន្ន។ ភិក្ខុនោះ ​មិន​ធ្វើ​កម្ម​ថ្មីផង ពាល់​ត្រូវ​រឿយ ៗ នូវ​កម្ម​ចាស់​ហើយ ធ្វើ​ឲ្យ​អស់ទៅផង ព្រោះ​វិសុទ្ធិ ជាធម្មជាតិ​ដែល​បុគ្គលគប្បី​ឃើញ ដោយ​ខ្លួន​ឯង ជាគ្រឿង​ធ្វើ​កិលេស​ ឲ្យ​សាបរលាប ឲ្យ​នូវ​ផល ​មិន​រង់​ចាំកាល ​គួរ​ដើម្បី​បង្ហាញ ឲ្យ​ចូល​មក​មើល​បាន គួរ​បង្អោន​ចូល​មក​ទុកក្នុង​ខ្លួន​បាន ជាធម្មជាតិ ដែល​អ្នក​ប្រាជ្ញ​ទាំងឡាយ គប្បី​ដឹង​ច្បាស់ ​ចំពោះ​ខ្លួន។ ម្នាល​អភ័យ​ នេះ​ឯង និជ្ជរាវិសុទ្ធិ ទាំង​៣ ដែល​ព្រះដ៏​មាន​ព្រះ​ភាគ ជាអរហន្ត សម្មា​សម្ពុទ្ធអង្គនោះ ​ទ្រង់​ជ្រាប​ច្បាស់​ ឃើញ​ច្បាស់​ បាន​សំដែង​ហើយ ​ដោយ​ប្រពៃ ដើម្បី​សេចក្ដី​ស្អាត ​របស់​សត្វ​ទាំងឡាយ​ ដើម្បី​កន្លង​នូវ​សោក​ និង​ខ្សឹក​ខ្សួលទាំងឡាយ​ ដើម្បី​រលត់​ទុក្ខ ​និង​ទោមនស្សទាំងឡាយ ​ដើម្បី​ត្រាស់​ដឹង ​នូវ​មគ្គប្រកប​ដោយ​វិបស្សនា ដើម្បី​ធ្វើ​ឲ្យ​ជាក់​ច្បាស់ ​នូវ​ព្រះនិព្វាន។ កាល​បើ​ព្រះអានន្ទ​ ដ៏​មាន​អាយុ ​សំដែង​យ៉ាង​នេះ​ហើយ ស្ដេច​លិច្ឆវិ នាម​បណ្ឌិត​កុមារ​កៈ ក៏​និយាយ​នឹង​ស្ដេច​លិច្ឆវិ នាម​អភ័យ ​ដូច្នេះថា នែ​អភ័យ​ ជាសំឡាញ់ ចុះហេតុ​អ្វី បាន​ជាអ្នក​មិន​អនុមោទ​នា​សុភាសិត របស់​ព្រះអានន្ទ​ដ៏​មាន​អាយុ ដោយ​សុភាសិត។ នែសំឡាញ់​ ថ្វី​ក៏​ខ្ញុំ​មិន​អនុមោទនាសុភាសិត ​របស់​ព្រះអានន្ទ​ដ៏​មាន​អាយុ​ ដោយ​សុភាសិត។ អ្នក​ណាមិន​អនុមោទនា នូវ​សុភាសិតរបស់​ព្រះអនន្ទ​ដ៏​មាន​អាយុ ដោយ​សុភាសិត​ទេ ក្បាល​របស់​អ្នក​នោះ មុខ​ជា​ធ្លាក់​ចុះ​មិន​ខាន។

(និវេសកសូត្រ ទី៥)

(៥. និវេសកសុត្តំ)

[៧៧] គ្រានោះ​ ព្រះ​អានន្ទ​ដ៏​មាន​អាយុ ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះភាគ​ លុះ​ចូល​ទៅ​ដល់​ហើយ ក៏​ក្រាប​ថ្វាយ​បង្គំ ព្រះដ៏​មាន​ព្រះភាគ​ ហើយអង្គុយ​ក្នុង​ទីសម​គួរ​។ លុះព្រះ​អានន្ទ​ដ៏​មាន​អាយុ អង្គុយ​ក្នុង​ទី​សមគួរ​ហើយ ព្រះ​ដ៏​មាន​ព្រះ​ភាគ ទ្រង់​ត្រាស់​សួរ​ ដូច្នេះថា ម្នាល​អានន្ទ អ្នកទាំង​ឡាយ គប្បី​អនុ​គ្រោះ​អ្នក​ណា ឬថា ពួក​ជន​ណា ​ដែល​ជាមិត្រ​ក្ដី​ អាមាត្យ​ក្ដី ញាតិក្ដី សាលោ​ហិតក្ដី គប្បី​សំគាល់​នូវ​ពាក្យ ​ដែល​ត្រូវ​ស្ដាប់ ម្នាល​អានន្ទ ជន​ទាំងនោះ អ្នក​ទាំង​ឡាយ គួរ​ណែនាំ គួរ​ឲ្យ​នៅ គួរ​ឲ្យ​តាំង​នៅ ក្នុង​ឋានៈ ៣ យ៉ាង​។ ឋានៈ៣ យ៉ាង​នេះ តើដូចម្ដេច។ គឺគួរ​ណែនាំ គួរ​ឲ្យ​នៅ​ គួរ​ឲ្យ​តាំង​នៅ ក្នុង​សេចក្ដី​ជ្រះ​ថ្លា​មិន​កម្រើក ក្នុង​ព្រះពុទ្ធថា ព្រះ​ដ៏​មាន​ព្រះភាគ​ អង្គនោះ ជា​អរហន្ត សម្មា​សម្ពុទ្ធ បរិបូណ៌​ដោយវិជ្ជា ​និង​ចរណៈ ជាព្រះសុគត ជ្រាប​ច្បាស់​នូវ​ត្រៃលោក ប្រសើរ​ដោយសីលា​ទិគុណ រក​បុគ្គល​ណាមួយ​ស្មើគ្មាន ជាសារ​ថី​ ទូន្មាន​នូវ​បុរស ជាគ្រូនៃ​ទេវតា និង​មនុស្ស​ទាំង​ឡាយ ទ្រង់​ត្រាស់​ដឹង​ នូវ​អរិយសច្ច ​៤ ទ្រង់ខ្ជាក់​ចោល ​នូវ​ត្រៃ​ភព លែង​វិល​ត្រឡប់​មក​កើត​ទៀត​ ១ គួរ​ណែនាំ គួរ​​ឲ្យ​នៅ គួរ​ឲ្យ​តាំងនៅ ក្នុង​សេចក្ដី​ជ្រះថ្លា មិន​កម្រើក ក្នុង​ព្រះ​ធម៌ថា ធម៌​ ព្រះដ៏​មាន​ព្រះភាគ ទ្រង់​សំដែង​ហើយ ​ដោយ​ប្រពៃ ជាធម៌​ដែលបុគ្គល​គប្បី​ឃើញច្បាស់​ ដោយ​ខ្លួន​ឯង ឲ្យ​នូវ​ផល ​មិន​រង់​ចាំកាល​ គួរនឹង ​ហៅបុគ្គល​ដទៃ ​ឲ្យ​ចូល​មក​មើល​បាន គួរ​បង្អោន​ចូល​មក​ទុក​ក្នុង​ខ្លួន អ្នក​ប្រាជ្ញ​ទាំងឡាយ គប្បី​ដឹង​ច្បាស់ ​ចំពោះ​ខ្លួន ​១ គួរ​ណែនាំ គួរឲ្យ​នៅ គួរ​ឲ្យ​តាំង​នៅ ​ក្នុង​សេចក្ដី​ជ្រះថ្លា​ មិន​កម្រើក ​ក្នុង​ព្រះ​សង្ឃថា ព្រះសង្ឃជាសាវក ​នៃ​ព្រះដ៏​មាន​ព្រះ ភាគ ប្រតិបត្តិ​ដោយ​ប្រពៃ ព្រះ​សង្ឃ​ជាសាវក ​នៃព្រះដ៏​មាន​ព្រះភាគ​ ប្រតិ​បត្តិ​ដោយ​ត្រង់​ ព្រះសង្ឃ​ជាសាវក​ នៃ​ព្រះដ៏​មានព្រះ​ភាគ ប្រតិ​បត្តិ ​ដើម្បី​ត្រាស់​ដឹង ​នូវ​ព្រះនិព្វាន ព្រះសង្ឃ​ជាសាវក​ នៃព្រះដ៏មាន​ព្រះភាគ ប្រតិបត្តិ​គួរ​ដល់​សាមីចិកម្ម ព្រះសង្ឃ​ជាសាវក ​នៃ​ព្រះ​ដ៏មាន​ព្រះ​ភាគនុ៎ះ រាប់​ជាគូ​នៃ​បុរស ​មាន​៤គូ បើ​រាប់​រៀង​ជាបុរស​បុគ្គល ​មាន​៨ពួក ​លោក​គួរ​ទទួល​ នូវរបស់ដែលគេរៀបទទួលភ្ញៀវ គួរទទួលនូវរបស់ ដែលគេនាំមកបូជា គួរទទួលនូវ​ទក្ខិ​ណា​ទាន គួរ​ដល់​អញ្ជលិកម្ម ជាបុញ្ញក្ខេត្ត ​របស់​សត្វ​លោក ​ដ៏​ប្រសើរ​បំផុត។ ម្នាល​អានន្ទ សេចក្ដី​ប្រែប្រួល មាន​ចំពោះតែ​មហា​ភូត​រូប ​៤ គឺបឋវីធាតុ អាបោធាតុ ​តេជោធាតុ វាយោធាតុ ឯ​សេចក្ដី​ប្រែប្រួល ​របស់​អរិយ​សាវក ដែល​ប្រកប​ដោយ​សេចក្ដី​ជ្រះ​ថ្លា​មិនកម្រើក ​ក្នុង​ព្រះពុទ្ធ មិន​មាន​សោះឡើយ។ នេះ​ជាសេចក្ដី​ប្រែប្រួល​ ក្នុងហេតុ​នោះ​។ ​ម្នាល​អានន្ទ ពាក្យថា អរិយ​សាវក​នោះ ប្រកប​ដោយសេចក្ដី​ជ្រះ​ថ្លា មិន​កម្រើក ក្នុង​ព្រះ​ពុទ្ធ​ហើយ មុខ​ជានឹង​ទៅ​កើត​ក្នុង​នរក​ក្ដី កំណើតតិរច្ឆានក្ដី ប្រេត​វិស័យ​ក្ដី ដូច្នេះ​នុ៎ះ មិន​មែន​ជា​ឋានៈ​ទេ។ ម្នាល​អានន្ទ ​​សេចក្ដី​ប្រែប្រួល​ មាន​ចំពោះ​តែ​មហាភូត​រូប​ ៤ គឺបឋវីធាតុ អា​បោធាតុ តេជោធាតុ​ វាយោធាតុ ឯសេចក្ដី​ប្រែ​ប្រួល។ បេ។ ​ក្នុង​ព្រះធម៌ មិន​គប្បី​មាន​ឡើយ សេចក្ដី​ប្រែប្រួល​ មិន​មាន​ដល់​​អរិយ​សាវក ​ដែល​ប្រកបដោយ​សេចក្ដីជ្រះ​ថ្លា មិន​កម្រើក ​ក្នុង​ព្រះសង្ឃ​សោះទេ។ នេះ​ជា​សេចក្ដីប្រែប្រួល ​ក្នុង​ហេតុ​នោះ។ ម្នាល​អានន្ទ ពាក្យ​ថា អរិយ​សាវក ​ដែល​ប្រកបដោ​យសេចក្ដី​ជ្រះ​ថ្លា​ មិន​កម្រើក ​ក្នុង​ព្រះសង្ឃនោះ មុខ​ជានឹង​ទៅកើតក្នុង​នរកក្ដី កំណើត​តិរច្ឆាន​ក្ដី ប្រេត​វិស័យ​ក្ដី ដូច្នេះ​នុ៎ះ មិនមែន​ជាឋានៈទេ។ ម្នាល​អានន្ទ អ្នក​ទាំង​ឡាយ គប្បី​អនុគ្រោះ​អ្នក​ណា ឬថា អ្នកណាជាមិត្រក្ដី អាមាត្យក្ដី ញាតិក្ដី សាលោ​ហិត​ក្ដី គប្បី​សំគាល់​នូវពាក្យ ​ដែល​ត្រូវ​ស្ដាប់​ ម្នាល​អានន្ទ ជនទាំង​នោះ អ្នក​ទាំង​ឡាយ​ គួរណែនាំ គួរ​ឲ្យ​នៅ គួរ​ឲ្យ​តាំង​នៅ ក្នុង​ឋានៈ ៣​យ៉ាងនេះ។

(បឋមភវសូត្រ ទី៦)

(៦. បឋមភវសុត្តំ)

[៧៨] គ្រានោះ ព្រះអានន្ទ​ដ៏​មាន​អាយុ ​ចូល​ទៅ​គាល់​ព្រះដ៏​មាន​ព្រះភាគ លុះ​ចូល​ទៅដល់​ហើយ ក៏​ក្រាប​ថ្វាយ​បង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ហើយអង្គុយ​​ក្នុង​ទីសម​គួរ។ លុះ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ អង្គុយ​ក្នុង​ទីសមគួរហើយ ក៏​ក្រាប​បង្គំ​​ទូល​ព្រះដ៏​មាន​ព្រះ​ភាគ​ ដូច្នេះថា បពិត្រ​ព្រះ​អង្គ​ដ៏​ចំរើន ព្រះ​ដ៏​មាន​ព្រះភាគ ​ទ្រង់​សំដែង​ថា ភព ភព ដូច្នេះ បពិត្រ​ព្រះ​អង្គ​ដ៏​ចំរើន ដែល​ហៅថា​ ភព តើ​ដោយ​ហេតុ​ដូច​ម្ដេច។ ម្នាល​អានន្ទ បើកម្មដែល​ឲ្យផល (​សម្រេច)​ ក្នុង​កាម​ធាតុ​ មិន​មាន​ហើយ កាម​ភព ​គប្បី​មាន​ប្រាកដ​ដែរឬទេ។ បពិត្រ​ព្រះអង្គ​ដ៏​ចំរើន ហេតុ​នុ៎ះ ​មិន​មាន​ទេ។ ម្នាល​អានន្ទ ព្រោះ​ហេតុ​ថា កម្ម​ជាស្រែ វិញ្ញាណជាពូជ តណ្ហាជា​ទឹក​ វិញ្ញាណរបស់​ពួកសត្វ​ ដែល​មាន​អវិជ្ជា ​ជាទំនប់ មាន​តណ្ហាជាគ្រឿង​ព័ន្ធព័ទ្ធ ដំកល់​នៅ​ស៊ប់ហើយ ​ក្នុង​ធាតុ​ដ៏​ថោក​ទាប​ គឺកាម​ធាតុ ការ​កើត​ចំពោះ​ក្នុង​ភព​ថ្មី​តទៅទៀត រមែង​មាន​យ៉ាង​នេះ។ ​ម្នាលអានន្ទ បើកម្មដែល​ឲ្យ​ផល​ ក្នុង​រូប​ធាតុ មិន​មាន​ហើយ រូប​ភព​ គប្បី​មាន​ប្រាកដ​ដែរ​ឬ​ទេ។ បពិត្រ​ព្រះអង្គ​ដ៏​ចំរើន ហេតុ​នុ៎ះ​ មិន​មាន​ទេ។ ម្នាល​អានន្ទ ព្រោះ​ហេតុ​ថា កម្ម​ជាស្រែ វិញ្ញាណ​ជាពូជ តណ្ហា​ជាទឹក អភិសង្ខារ​វិញ្ញាណ ​របស់​ពួក​សត្វ​ ដែល​មាន​អវិជ្ជា​ជាទំនប់ ​មាន​តណ្ហា​ជាគ្រឿង​ព័ន្ធព័ទ្ធ រមែង​ដំកល់​នៅ​ស៊ប់ ​ក្នុង​ធាតុ​ជាន់​កណ្ដាល គឺ​រូប​ធាតុ ការ​កើត​ចំពោះក្នុង​ភព​ថ្មី​តទៅ​ទៀត រមែង​មាន​យ៉ាង​នេះ។ ម្នាលអានន្ទ បើកម្ម ដែល​ឲ្យ​ផល​ ក្នុង​អរូបធាតុ​ មិន​មាន​ហើយ​ អរូប​ភព គប្បី​មាន​ប្រាកដ​ដែរ​ឬទេ។ បពិត្រ​ព្រះអង្គ​ដ៏​ចំរើន ​​ហេតុ​នុ៎ះ ​មិន​មាន​ទេ។ ម្នាល​អានន្ទ ព្រោះ​ហេតុ​ថា​ កម្ម​ជាស្រែ វិញ្ញាណ​ ជាពូជ តណ្ហា​ជាទឹក ទើប​អភិសង្ខារ​វិញ្ញាណ របស់​ពួក​សត្វ​ ដែល​មាន​អវិជ្ជា ជាទំនប់ មាន​តណ្ហា ជាគ្រឿង​ព័ន្ធព័ទ្ធ រមែង​ដំកល់​នៅ ក្នុង​ធាតុ​ជាន់​ខ្ពស់ ​គឺ​អរូបធាតុ ការ​កើត​ចំពោះ​ក្នុង​ភព​ថ្មី​តទៅ​ទៀត​ រមែង​មាន​យ៉ាង​នេះ។ ម្នាល​អានន្ទ ភព​ រមែង​មាន​ យ៉ាង​នេះឯង។

(ទុតិយភវសូត្រ ទី៧)

(៧. ទុតិយភវសុត្តំ)

[៧៩] គ្រានោះ ព្រះអានន្ទ​ដ៏​មាន​អាយុ ចូល​ទៅគាល់​ព្រះមាន​ព្រះភាគ លុះ​ចូល​ទៅដល់​ហើយ ​ក៏​ក្រាប​ថ្វាយ​បង្គំ​ព្រះដ៏​មាន​ព្រះ​ភាគ ហើយអង្គុយ​ក្នុង​ទី​សម​គួរ។ លុះ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ អង្គុយ​ក្នុង​ទី​សម​គួរ​ហើយ ក៏​ក្រាប​បង្គំ​ទូល​សួរ​ព្រះដ៏​មាន​ព្រះភាគ​ ដូច្នេះ​ថា បពិត្រ​ព្រះ​អង្គដ៏​ចំរើន ព្រះដ៏​មាន​ព្រះភាគ ​ទ្រង់​ត្រាស់​ថា ភព ភព ដូច្នេះ បពិត្រ​ព្រះ​អង្គ​ដ៏​ចំរើន​ ដែលហៅថា​ ភព តើ​ដោយ​ហេតុ​ដូច​ម្ដេច។ ម្នាល​អានន្ទ បើកម្មដែល​ឲ្យផល ក្នុង​កាម​ធាតុ​ មិន​មាន​ហើយ កាម​ភព​គប្បី​មាន​ប្រាកដ​ដែរឬទេ។ បពិត្រ​ព្រះអង្គ​ដ៏​ចំរើន ហេតុ​នុ៎ះ ​មិន​មាន​ទេ។ ម្នាល​អានន្ទ ព្រោះ​ហេតុ​ថា កម្ម​ជាស្រែ វិញ្ញាណជាពូជ តណ្ហាជា​ទឹក​ ចេតនា និង​សេចក្ដី​ប្រាថ្នា​ របស់​ពួក​សត្វ​ ដែល​មាន​អវិជ្ជា​ជាទំនប់ មាន​តណ្ហា ជាគ្រឿង​ព័ន្ធព័ទ្ធ រមែងដំកល់​នៅ​ស៊ប់ ក្នុង​ធាតុ​ដ៏​ថោក​ទាប ​គឺកាម​ធាតុ ការ​កើត​ចំពោះ​ក្នុង​ភព​ថ្មី​តទៅទៀត រមែង​មាន ​យ៉ាង​នេះ។ ​ម្នាលអានន្ទ បើកម្មដែល​ឲ្យ​ផល ក្នុង​រូប​ធាតុ មិន​មាន​ហើយ រូប​ភព​ គប្បី​មាន​ប្រាកដ​ដែរ​ឬ​ទេ។ បពិត្រ​ព្រះអង្គ​ដ៏​ចំរើន ហេតុ​នុ៎ះ មិន​មាន​ទេ។ ម្នាល​អានន្ទ ព្រោះ​ហេតុ​ថា កម្ម​ជាស្រែ វិញ្ញាណ​ជាពូជ តណ្ហា​ជាទឹក ចេតនា​ និង​សេចក្ដី​ប្រាថ្នា ​របស់​ពួក​សត្វ​ ដែល​មាន​អវិជ្ជា​ជាទំនប់​ មាន​តណ្ហា​ ជាគ្រឿង​ព័ន្ធព័ទ្ធ រមែង​ដំកល់​នៅ​ស៊ប់​ ក្នុង​ធាតុ​ជាន់​កណ្ដាល គឺ​រូប​ធាតុ ការ​កើត​ចំពោះក្នុង​ភព​ថ្មី​តទៅ​ទៀត រមែង​មាន​យ៉ាង​នេះ។ ម្នាល​អានន្ទ បើកម្មដែល​ឲ្យ​ផល​ ក្នុង​អរូប​ធាតុ មិន​មាន​ហើយ អរូប​ភព គប្បី​មាន​ប្រាកដដែរ​ឬទេ។ បពិត្រ​ព្រះអង្គចំរើន ហេតុ​នុ៎ះ មិនមាន​ទេ ម្នាល​អានន្ទ ព្រោះ​ហេតុ​ថា កម្ម ជាស្រែ វិញ្ញាណ​ ជា​ពូជ តណ្ហា ជា​ទឹក​ ចេត​នា​ និង​សេចក្ដី​ប្រាថ្នា ​របស់​ពួក​សត្វ ដែល​មាន​អវិជ្ជា ជាទំនប់ មាន​តណ្ហា ជាគ្រឿង​ព័ន្ធ​ព័ទ្ធ រមែង​ដំកល់​នៅ​ស៊ប់ ក្នុង​ធាតុ​ជាន់ខ្ពស់​ គឺ​អរូធាតុ ការ​កើត​ចំពោះ​ក្នុង​ភព​ថ្មី​តទៅ​ទៀត រមែង​មានយ៉ាង​នេះ ​ម្នាល​អានន្ទ ភព​ រមែង​មាន​ ​យ៉ាង​នេះ​ឯង។

(សីលព្វតសូត្រ ទី៨)

(៨. សីលព្វតសុត្តំ)

[៨០] ​ គ្រានោះ​ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ ចូល​ទៅ​គាល់​ព្រះ​ដ៏​មានព្រះ​ភាគ លុះ​ចូល​ទៅដល់​ហើយ ក៏ក្រាប​ថ្វាយ​បង្គំ​ព្រះដ៏​មាន​ព្រះភាគ រួចអង្គុយ​ក្នុង​ទីសម​គួរ។ លុះ​ព្រះអានន្ទ​ដ៏​មាន​អាយុ អង្គុយ​ក្នុង​ទី​សម​គួរហើយ ព្រះដ៏​មាន​ព្រះភាគ​ទ្រង់​ត្រាស់​សួរ​ ដូច្នេះថា ម្នាល​អានន្ទ សីល​ និង​វ័ត ជីវិត28) ព្រហ្ម​ចារ្យ និង​ការ​ចំរើន ដោយ​យល់​ថា មានខ្លឹម​ ទាំង​អស់​ សុទ្ធតែមាន​ផល​ឬ។ បពិត្រ​ព្រះអង្គដ៏​ចំរើន ​ក្នុង​សេចក្ដី​នុ៎ះ​មិន​គួរ​ព្យាករ ​ដោយ​ចំណែកតែម្យ៉ាង​ទេ។ ម្នាល​អានន្ទ បើដូច្នោះ ​ចូរ​អ្នក​ចែក​សេចក្ដី​ទៅមើល។ បពិត្រ​ព្រះអង្គដ៏​ចំរើន បុគ្គល​សេព​នូវ​សីល​វ័ត​ ជីវិត ព្រហ្មចារ្យ​ និង​ការចំរើន ដោយ​យល់​ថា មាន​ខ្លឹម​ណា អកុសល​ធម៌​ទាំងឡាយ ចំរើន​ឡើង កុសល​ធម៌​ទាំងឡាយ វិនាស​ទៅ សីល​ វ័ត ​ជីវិត​ ព្រហ្មចារ្យ និង​ការ​បំរើ ដោយ​យល់​ថា មាន​ខ្លឹម​ មាន​សភាពយ៉ាង​នេះ ឈ្មោះថា ឥត​ផល​ទេ បពិត្រ​ព្រះ​អង្គ​ដ៏​ចំរើន បុគ្គល​សេព​នូវ​សីល​វ័ត ជីវិត​ ព្រហ្ម​ចារ្យ និង​ការបំរើ​ ដោយ​យល់​ថា មាន​ខ្លឹម​ណា អកុសល​ធម៌​ទាំងឡាយ ​វិនាស​ទៅ កុសល​ធម៌ទាំងឡាយ ចំរើន​ឡើង សីល​វ័ត​ ជីវិត​ ព្រហ្ម​ចារ្យ​ និងការ​បំរើ ដោយយល់ថា មានខ្លឹម មាន​សភាព​យ៉ាង​នេះ ទើប​ឈ្មោះថា មាន​ផល។ លុះ​ព្រះ​អានន្ទដ៏​មាន​អាយុ ក្រាប​ទូល​ពាក្យ​នេះ​ហើយ ព្រះ​សាស្ដា​ ក៏​ទ្រង់​គាប់​ព្រះទ័យ។ លំដាប់​នោះ ព្រះអានន្ទ​ដ៏​មាន​អាយុ ដឹង​ថា ព្រះសាស្ដារបស់​អាត្មា​អញ គាប់​ព្រះទ័យ​ហើយ ក៏​ក្រោក​ចាក​អាសនៈ​ ក្រាប​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះភាគ ធ្វើ​ប្រទក្សិណ ​រួច​ហើយ​ចេញ​ទៅ។ កាល​ដែលព្រះ​អានន្ទ​ដ៏​មាន​អាយុ ចេញ​ទៅ ​មិន​យូរ​ប៉ុន្មាន ព្រះមាន​ព្រះ​ភាគ ​ត្រាស់ហៅភិក្ខុ​ទាំង​ឡាយ​ថា ម្នាល​ភិក្ខុ​ទាំងឡាយ អានន្ទ​ ជាសេក្ខ​បុគ្គល​ ប៉ុន្ដែបុគ្គល​ដែល​ត្រឹម​ស្មើ​ដោយ​បញ្ញា ​របស់​អានន្ទ​នុ៎ះ មិន​ងាយ​នឹង​រក​បានទេ។

(គន្ធជាតសូត្រ ទី៩)

(៩. គន្ធជាតសុត្តំ)

[៨១] គ្រានោះ ព្រះអានន្ទ​ដ៏​មាន​អាយុ ចូល​ទៅ​គាល់​ព្រះ​ដ៏​មានព្រះ​ភាគ​ លុះ​ចូល​ទៅ​ដល់​ហើយ ក៏​ក្រាប​ថ្វាយ​បង្គំព្រះដ៏​មាន​ព្រះភាគ រួចអង្គុយ​ក្នុង​ទី​សម​គួរ។ លុះ​ព្រះអានន្ទ​ដ៏​មាន​អាយុ អង្គុយ​ក្នុង​ទី​សមគួរហើយ ក៏​ក្រាប​បង្គំ​ទូល​ព្រះដ៏​មាន​ព្រះ​ភាគ ​ដូច្នេះ​ថា បពិត្រ​ព្រះអង្គ​ដ៏​ចំរើន ក្លិន​នៃ​គន្ធ​ជាត​ ដែល​ផ្សាយ​ទៅ​កាន់​ទី​បណ្ដោយ​ខ្យល់​បាន ទៅច្រាស​ខ្យល់​មិន​បាន នេះ​ មាន​៣ យ៉ាង​។ គន្ធ​ជាត ៣​យ៉ាង​ តើដូចម្ដេច។ គឺ​ក្លិន​ឫស​ ១ ក្លិន​ខ្លឹម ​១ ក្លិន​ផ្កា ​១។ បពិត្រ​ព្រះអង្គ​ដ៏​ចំរើន ក្លិន​គន្ធ​ជាត ទាំង​៣ នេះឯង ផ្សាយ​ទៅ​បាន​តែ​ទីបណ្ដោយ​ខ្យល់ ​​ទៅ​ច្រាសខ្យល់​មិន​បាន​ទេ។ បពិត្រព្រះ​អង្គដ៏​ចំរើន ក្រែង​មាន​ក្លិន​គន្ធ​ជាតអ្វី ដែល​ផ្សាយ​ទៅ​បណ្ដោយ​ខ្យល់​ក៏​បាន ផ្សាយ​ទៅ​ច្រាស​ខ្យល់​ក៏​បាន ផ្សាយ​ទៅ​ទាំង​បណ្ដោយ​ខ្យល់​ និងច្រាស​ខ្យល់​ក៏​បាន មាន​ដែរ​ឬទេ។ ម្នាល​អានន្ទ ក្លិន​គន្ធ​ជាត ដែល​ផ្សាយទៅ​បណ្ដោយ​ខ្យល់​ក៏បាន​ ទៅ​ច្រាសខ្យល់​ក៏​បាន ទៅបណ្ដោយ​ខ្យល់​ និងច្រាស​​ខ្យល់​ក៏​បាន​ មាន​ដែរ។ បពិត្រ​ព្រះអង្គ​ដ៏​ចំរើន ចុះគន្ធ​ជាត ដែលផ្សាយ​ទៅ​បណ្ដោយ​ខ្យល់​ក៏​បាន ច្រាសខ្យល់​ក៏​បាន ទាំងបណ្ដោយ​ខ្យល់ និង​ច្រាស​ខ្យល់​ក៏បាន តើដូចម្ដេច។ ម្នាល​អានន្ទ ក្នុងលោក​នេះ ស្រ្តី​ក្ដី​ បុរស​ក្ដី​ ក្នុង​ស្រុក​ ឬនិគម​ណា បាន​ដល់​ព្រះពុទ្ធ​ ជាទីរលឹក បាន​ដល់ព្រះ​ធម៌ ​ជាទីរលឹក បាន​ដល់​ព្រះសង្ឃ​ ជាទី​រលឹក​ វៀរ​ចាក​ការ​សំឡាប់​សត្វ វៀរ​ចាក​ការ​លួច​លាក់​យកវត្ថុ​ ដែល​គេមិន​បាន​ឲ្យ វៀរ​ចាក​ការ​ប្រព្រឹត្តិខុស​ក្នុង​កាម វៀរ​ចាក​ការ​និយាយ​កុហក វៀរ​ចាក​ហេតុ​ជាទីតាំង​ នៃសេចក្ដីប្រមាទ គឺ​ផឹក​នូវ​ទឹក​ស្រវឹង ​គឺ​សុរា និង​មេវ័យ ជា​អ្នក​មានសីល មានធម៌ល្អ មាន​ចិត្ត​ប្រាសចាកសេចក្ដី​កំណាញ់ជា​មន្ទិល នៅ​គ្រប់​គ្រងផ្ទះ ជាអ្នកមានទាន​បរិច្ចាគហើយ មាន​ដៃលាង​ស្អាត​ហើយ ជាអ្នក​ត្រេក​អរ ក្នុងការ​លះ ជាអ្នក​គួរ​គេ​សូម​បាន ត្រេកអរ​ក្នុង​ការ​ឲ្យ​ និងការ​ចែក​រលែក សមណ​ព្រាហ្មណ៍ ក្នុង​ទិស​ទាំង​ឡាយ រមែង​សរសើរ​បុគ្គល​នោះ​ថា ស្រ្ដី​ក្ដី​ បុរសក្ដី​ ក្នុង​ស្រុក​ ឬនិគម​ឈ្មោះ​​ឯណោះ ដល់​ព្រះពុទ្ធ​ ជាទី​រលឹក ដល់​ព្រះ​ធម៌ ជាទីរលឹក ដល់​ព្រះ​សង្ឃ​ ជាទី​រលឹក​ វៀរចាក​ការ​សម្លាប់​សត្វ វៀរ​ចាកការលួច​យក​វត្ថុ ដែ​ល​គេ​មិន​បាន​ឲ្យ វៀរ​ចាក​ការ​ប្រព្រឹត្តិ​ខុស ក្នុងកាម​ទាំងឡាយ វៀរ​ចាក​ការនិយាយ​កុហក វៀរ​ចាក​ហេតុ​ ជាទីតាំង​នៃសេចក្ដី​ប្រមាទ គឺ​ផឹក​នូវ​ទឹក​ស្រវឹង គឺ​សុរា​ និង​មេរ័យ ជាអ្នក​មាន​សីល មាន​ធម៌ល្អ មាន​ចិត្ត​ប្រាស​ចាក​សេចក្ដី​កំណាញ់​ជាមន្ទិល នៅ​គ្រប់​គ្រងផ្ទះ មាន​ទានបរិច្ចាគហើយ មាន​ដៃ​លាង​ស្អាត​ហើយ​ ជាអ្នក​ត្រេក​អរ​ក្នុង​ការលះ គួរ​គេ​សូម​បាន​ ត្រេក​អរ​ក្នុង​ការ​ចែក​រលែក​ទាន។ សូម្បី​ពួកទេវតា ក៏តែង​សរសើរបុគ្គល​នោះថា ស្រ្តីក្ដី បុរស​ក្ដី ក្នុង​ស្រុក​ ឬនិគម​ឈ្មោះ​ឯណោះ ជាអ្នកដល់​ព្រះពុទ្ធ ​ជាទី​រលឹក។ បេ។ គួរ​គេសូមបាន ត្រេក​អរ​ក្នុង​ការចែក​រលែក​ទាន។ ម្នាល​អានន្ទ ក្លិន​នៃគន្ធ​ជាតនេះឯង ទើប​ផ្សាយ​ទៅបណ្ដោយ​ខ្យល់​ក៏​បាន ច្រាស​ខ្យល់​ក៏​បាន ទាំង​បណ្ដោយ​ខ្យល់ ទាំងច្រាស​ខ្យល់ក៏បាន។

ក្លិន​ផ្កា​ផ្សាយ​ទៅ​ច្រាស​ខ្យល់​ មិន​បាន​ទេ ទោះ​ (ក្លិន) ខ្លឹម​ចន្ទន៍ ក្រឹស្នា និងម្លិះលា ក៏​ផ្សាយ​ទៅច្រាស​ខ្យល់មិន​បានដែរ មាន​តែក្លិន​របស់​សប្បុរស​ទាំង​ឡាយ ទើប​ផ្សាយ​ទៅ​ច្រាស​ខ្យល់​បាន សប្បុរស​ រមែង​ផ្សព្វផ្សាយ​ទៅកាន់​ទិស​ទាំង​ពួង។

(ចូឡនិកាសូត្រ ទី១០)

(១០. ចូឡនិកាសុត្តំ)

[៨២] គ្រានោះ ព្រះ​អានន្ទដ៏​មាន​អាយុ ចូល​ទៅគាល់​ព្រះ​មាន​ព្រះភាគ លុះ​ចូល​ទៅ​ដល់​ហើយ ក៏ក្រាបថ្វាយ​បង្គំ​ព្រះ​ដ៏​មាន​ព្រះភាគ ហើយ​អង្គុយក្នុង​ទីសម​គួរ។ លុះ​ព្រះអានន្ទ​ដ៏​មាន​អាយុ អង្គុយ​ក្នុង​ទីសម​គួរ​ហើយ ក៏​ក្រាប​បង្គំ​​ទូល​សួរ​ដូច្នេះថា បពិត្រ​ព្រះអង្គ​ដ៏​ចំរើន ខ្ញុំ​ព្រះអង្គ​ បានស្ដាប់ចំពោះព្រះ​ភក្រ្ត ​នៃព្រះ​ដ៏​មាន​ព្រះភាគ បាន​ទទួល​ចំពោះ​ព្រះភក្រ្ត នៃ​ព្រះដ៏​មាន​ព្រះ​ភាគ​ យ៉ាង​នេះថា ម្នាល​អានន្ទ​ ភិក្ខុ​ឈ្មោះ​ អភិភូ ជាសាវក​របស់ព្រះ​ពុទ្ធ​សិខី​ ស្ថិត​នៅ​ឯព្រហ្ម​លោក បាន​ញុំាង​លោក​ធាតុ​ ទាំង​១០០០ ឲ្យដឹង​ច្បាស់ ​ដោយ​សំឡេង​បាន។ បពិត្រ​ព្រះអង្គដ៏​ចំរើន ចុះ​ព្រះដ៏​មាន​ព្រះភាគ​ ជាអរហន្ត ​សម្មាសម្ពុទ្ធ អាច​ញុំាង​លោក​ធាតុ មាន​ប្រមាណ​ត្រឹម​ណា ឲ្យ​ដឹង​ច្បាស់​ ដោយ​សំឡេង​បាន ម្នាល​អានន្ទ​អភិភូនោះ ​ជាសាវក ឯព្រះតថាគត​ទាំងឡាយ មាន​អានុភាព​ ប្រមាណ​មិនបាន ទេ។ ព្រះ​អានន្ទដ៏មានអាយុ ក្រាប​បង្គំ​ទូល​សួរ​ព្រះដ៏​មាន​ព្រះភាគ ​ជាគំរប់​២ដង ដូច្នេះថា បពិត្រព្រះអង្គ​ដ៏​ចំរើន ខ្ញុំ​ព្រះអង្គ បានស្ដាប់ចំពោះ​ព្រះភក្រ្ត​ព្រះដ៏មាន​ព្រះភាគ យ៉ាងនេះថា ម្នាល​អានន្ទ ភិក្ខុ​ឈ្មោះ ​អភិភូ​ ជាសាវក​របស់​ព្រះ​ពុទ្ធ​សិខី ស្ថិត​នៅឯព្រហ្ម​លោក ញុំាង​លោក​ធាតុ ​១០០០ ឲ្យ​ដឹង​ច្បាស់​ ដោយសំឡេងបាន បពិត្រ​ព្រះអង្គ​ដ៏​ចំរើន ចុះព្រះដ៏​មាន​ព្រះភាគ ជា​អរហន្ត​ សម្មាសម្ពុទ្ធ អាចញុំាង​លោក​ធាតុ​ មាន​ប្រមាណ​ត្រឹម​ណា ឲ្យ​ដឹង​ច្បាស់​ ដោយសំឡេង​បាន។ ម្នាល​អានន្ទ អភិភូនោះ ​ជាសាវក ឯព្រះ​តថាគត​ទាំងឡាយ មាន​អានុភាព ប្រមាណ​មិន​បាន​ទេ។ ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ក្រាប​បង្គំ​ទូល​សួរព្រះដ៏មាន​ព្រះ​ភាគ​ ជាគំរប់​៣ដង ​ដូច្នេះ​ថា បពិត្រ​ព្រះអង្គ​ដ៏​ចំរើន ខ្ញុំ​ព្រះអង្គ បានស្ដាប់​ចំពោះ​ព្រះភក្រ្ត​ព្រះមាន​ព្រះភាគ បាន​ទទួល​ចំពោះ​ព្រះភក្រ្ត​ព្រះមានព្រះភាគ ​យ៉ាងនេះថា ម្នាល​អានន្ទ ភិក្ខុ​ឈ្មោះ​ អភិភូ ជាសាវក​របស់​ព្រះពុទ្ធសិខី ស្ថិត​នៅ​ឯ​ព្រហ្មលោក​ ញុំាង​លោក​ធាតុ​ ១០០០ ឲ្យ​ដឹង​ច្បាស់​ ដោយសំឡេង​បាន បពិត្រ​ព្រះអង្គដ៏ចំរើន ចុះព្រះដ៏​មាន​ព្រះ​ភាគ​ ជាអរហន្ត សម្មាសម្ពុទ្ធ អាច​ញុំាង​លោក​ធាតុ មាន​ប្រមាណ​ត្រឹម​ណា ឲ្យ​ដឹងច្បាស់ ដោយ​សំឡេង​បាន។ ម្នាល​អានន្ទ លោក​ធាតុ​តូច​១០០០ អ្នក​បាន​ស្ដាប់ហើយ។ បពិត្រ​ព្រះ​ដ៏​មាន​ព្រះភាគ ជាកាល​គួរ​នឹង​សំដែង​រឿង​នុ៎ះ​ហើយ។ បពិត្រ​ព្រះសុគត ជាកាល​គួរ​នឹង​សំដែង​រឿង​នុ៎ះហើយ​ ព្រោះ​ថា​ព្រះដ៏មានព្រះភាគ​ សំដែង​ធម៌​ណា ភិក្ខុ​ទាំងឡាយ បាន​ស្ដាប់​ព្រះដ៏​មាន​ព្រះភាគ​ហើយ នឹង​ចាំទុកនូវ​ធម៌​នោះ។ ម្នាល​អានន្ទ បើដូច្នោះ អ្នក​ចូរ​ស្ដាប់​ ចូរធ្វើ​ទុកក្នុង​ចិត្ត​ ឲ្យ​ប្រពៃ​ចុះ តថាគត​នឹង​សំដែង​ប្រាប់។ ព្រះអានន្ទ​ដ៏មានអាយុ បានទទួល​ស្ដាប់​ព្រះដ៏មាន​ព្រះភាគថា ព្រះករុណា​ ព្រះអង្គ។ ព្រះដ៏មាន​ព្រះភាគ ​ទ្រង់​ត្រាស់​ដូច្នេះថា ម្នាល​អានន្ទ ព្រះចន្រ្ទ និង​ព្រះអាទិត្យ ​ដ៏​រុង​រឿង​ គោចរ​ទៅ​ បំភ្លឺ​ទិស​ទាំង ឡាយ បានត្រឹម​ណា ត្រឹម​ណោះ ជាលោក​មួយ ​(ត្រូវ​កំណត់​យក​លោក​នោះ)​១០០០ ក្នុង​លោក​ដែល​កំណត់ ១០០០​ដង​នោះ ​មាន​ព្រះចន្រ្ទ​ ១០០០​ព្រះអាទិត្យ ១០០០ ​សេ្ដច​ភ្នំ​សិនេរុ ១០០០ ជម្ពូទ្វីប ១០០០ ​អបរគោយាន​ទ្វីប ​១០០០​ឧត្ដរកុរុទ្វីប ១០០០​ បុព្វវិទេហទ្វីប ​១០០០ មហាសមុទ្រ ៤០០០ មហារាជ (លោក​បាល) ៤០០០ ស្ថានចាតុម្មហា​រាជិកៈ ១០០០ ស្ថានតាវត្តិង្ស​ ១០០០​ស្ថានយាមៈ ១០០០ ស្ថានតុសិត ១០០០ ​ស្ថាននិម្មានរតី ១០០០​ ស្ថាន​បរនិម្មិត​វសវត្តី ១០០០ ព្រហ្ម​លោក ​១០០០។ ម្នាល​អានន្ទ នេះ​ហៅថា សហស្សីចូឡនិកាលោកធាតុ29) (លោក​ធាតុ​តូច)។ ម្នាល​អានន្ទ​ សហស្សីចូឡ​និកាលោក​ធាតុកំណត់​ត្រឹម​ណា ត្រឹម​ណោះ ទុក​ជាលោក​មួយ (លោក​នោះកំណត់) ១០០០ដង ម្នាល​អានន្ទ នេះ​ហៅថា ទ្វិសហស្សីមជ្ឈិមិកាលោកធាតុ។30) ម្នាល​អានន្ទ ទ្វិសហស្សីមជ្ឈិមិកា​លោក​ធាតុ​ត្រឹម​ណា ត្រឹម​ណោះ ​ជាលោកមួយ (លោក​នោះកំណត់)​ ១០០០​ដង​ ម្នាល​អានន្ទ នេះហៅថា ​តិសហស្សីមហា​​សហស្សី​លោក​ធាតុ​។31) ម្នាល​អានន្ទ កាល​បើ​តថាគត​ប្រាថ្នា​ គប្បីញុំាង​​តិសហស្សីមហា​សហស្សី​លោក​ធាតុ ​ឲ្យ​ដឹង​ច្បាស់​ ដោយ​សំឡេង​បានឬថា​ គប្បី​ប្រាថ្នា​ដល់​ត្រឹម​ណាក៏បាន32) ​។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ​ចុះព្រះដ៏មាន​ព្រះភាគ ​គប្បី​ញុំាង​តិសហស្សីមហា​សហស្សី​លោក​ធាតុ ឲ្យដឹង​ច្បាស់ ដោយ​សំឡេង​បាន ឬថា ​គប្បី​ប្រាថ្នា​ដល់​ត្រឹម​ណា​ក៏​បាន តើ​ដូចម្ដេច។ ម្នាល​អានន្ទ ក្នុងលោក​នេះ​ តថាគត ​ផ្សាយ​រស្មី​ទៅកាន់​តិសហ​ស្សីមហា​សហស្សីលោក​ធាតុ កាល​ណា ​ពួក​សត្វ​ទាំង​នោះ ស្គាល់​ច្បាស់​នូវ​ពន្លឺនោះ​បាន ក្នុង​កាល​នោះ​ តថាគត​គប្បី​ធ្វើ​នូវ​សំឡេង​ឲ្យ​គឹកកង​ ញុំាង​សំឡេង​ឲ្យ​លាន់​ឮ ម្នាល​អានន្ទ តថាគត គប្បី​ញុំាង​តិសហស្សីមហាសហស្សីលោក​ធាតុ ឲ្យ​ដឹង​ច្បាស់​ ដោយ​សំឡេង​បាន ឬ​ថា គប្បី​ប្រាថ្នា​ដល់​ណា ក៏​បាន​យ៉ាង​នេះឯង។ កាល​បើ​ព្រះ​ដ៏​មាន​ព្រះភាគ ​ទ្រង់​ត្រាស់​យ៉ាង​នេះហើយ ព្រះ​អានន្ទដ៏មាន​អាយុ បាន​ក្រាប​ទូល​ យ៉ាង​នេះថា ឱ ជា​លាភរបស់​ខ្ញុំ​ព្រះ​អង្គ​ហើយ ខ្ញុំ​ព្រះ​អង្គ ​ឈ្មោះថា បាន​ល្អ​ហើយ ព្រោះ​ថា ព្រះ​សាស្ដារបស់​ខ្ញុំ​ព្រះ​អង្គ ​មានឫទ្ធិ​ច្រើន ​យ៉ាង​នេះ ​មាន​អានុភាព​ច្រើន ​យ៉ាង​នេះ។ កាល​បើ​ព្រះអានន្ទដ៏មាន​​អាយុ និយាយ​យ៉ាង​នេះហើយ ព្រះ​ឧ​ទាយិដ៏​មាន​អាយុ ក៏​និយាយតប​​នឹង​ព្រះអានន្ទ​ដ៏​មាន​អាយុ​ ដូច្នេះ​ថា ម្នាល​អាវុ​សោ​អានន្ទ ប្រសិន​បើ​ព្រះសាស្ដា​របស់​អ្នក មានឫទ្ធិ​ច្រើន​យ៉ាង​នេះ មាន​អានុភាព​ច្រើន​យ៉ាង​នេះ ​តើអ្នក​នឹង​បាន​អ្វី​ ក្នុង​ដំណើរ​នុ៎ះ។ កាល​បើ​ព្រះ​ឧ​ទាយិ​​ដ៏​មានអាយុ​ និយាយយ៉ាង​នេះ​ហើយ ព្រះដ៏​មាន ព្រះភាគ ទ្រង់​ត្រាស់​នឹង​ព្រះ​ឧទាយិ​ដ៏​មានអាយុ ដូច្នេះថា ម្នាល​ឧទាយិ អ្នក​កុំ​និយាយ​​យ៉ាងនេះឡើយ ម្នាល​ឧទាយិ បើអានន្ទ មិន​ទាន់​ប្រាស​ចាក​រាគៈ ​យ៉ាង​នេះ ហើយ​គប្បី​ធ្វើ​មរណកាល ដោយ​ចិត្ត​ជ្រះថ្លា​នោះ អានន្ទ​គប្បី​សោយទេ​វរជ្ជ​សម្បត្តិ ក្នុង​ទេវលោក ៧ដង សោយ​មហា​រជ្ជ​សម្បត្តិ ក្នុង​ជម្ពូទ្វីប​នេះ ​៧ ដង ម្នាល​ឧទាយិ តែថា អានន្ទ​នឹង​បរិនិព្វាន ក្នុង​អត្ត​ភាពជាបច្ចុប្ប​ន្ននេះ។

ចប់ អានន្ទវគ្គ ទី៣។

ឧទ្ទាននៃអានន្ទវគ្គនោះ គឺ

រឿងឆន្នបរិព្វា​ជក ១សូត្រ អាជីវក​សាវក ​១សូត្រ មហា​នាម​សក្កៈ ១សូត្រ និគ្គ​ណ្ឋ​នាដបុត្រ​ ១សូត្រ​ ការ​ដឹក​នាំ​ឲ្យ​ល្អ​ ១សូត្រ កម្មថ្មី ១​សូត្រ រឿង​ភព​ មាន​ដូចគ្នា​នោះ​ ១សូត្រ សីល​វ័ត ១សូត្រ ​ក្លិន ១សូត្រ ចូឡ​និកាលោក​ធាតុ ​១សូត្រ។

សមណវគ្គ ទី៤ (៩)

((៩) ៤. សមណវគ្គោ)

(សមណសូត្រ ទី១)

(១. សមណសុត្តំ)

[៨៣] ម្នាល​ភិក្ខុ​ទាំង​ឡាយ សមណកិច្ច​របស់​សមណៈនេះ​ មាន​៣យ៉ាង​។ កិច្ច ៣​យ៉ាង​ តើដូចម្ដេច។ គឺ​ការ​សមាទាន​ នូវ​អធិសីល​សិក្ខា​ ១ ការ​​សមាទាន​ នូវ​អធិចិត្ត​សិក្ខា​ ១ ការ​សមាទាន ​នូវ​អធិប្បញ្ញា​សិក្ខា ​១។ ម្នាល​ភិក្ខុ​ទាំង​ឡាយ នេះឯង​ ជា​សមណកិច្ច​ របស់​សមណៈ ៣ យ៉ាង។ ម្នាល​​ភិក្ខុ​ទាំង​ឡាយ ព្រោះ​ហេតុ​នោះ ​ក្នុង​សាសនា​នេះ អ្នក​ទាំងឡាយ គប្បី​​សិក្សាយ៉ាង​នេះថា យើង​នឹង​មាន​សេចក្ដី​ប៉ុន​ប៉ង​ឲ្យ​ណាស់ ក្នុងការសមា​ទាន ​នូវ​អធិសីល​សិក្ខា យើង​នឹងមាន​សេចក្ដី​ប៉ុនប៉ង​ឲ្យ​ណាស់ ក្នុងការ​សមាទាន​ នូវ​អធិចិត្តសិក្ខា យើងនឹងមានសេចក្តីប៉ុនប៉ងឲ្យណាស់ ក្នុងការសមាទាន នូវអធិប្បញ្ញា​សិក្ខា ម្នាល​ភិក្ខុ​ទាំង​ឡាយ អ្នក​ទាំងឡាយ គប្បី​​សិក្សា​​យ៉ាង​នេះចុះ។

(គទ្រភសូត្រ ទី២)

(២. គទ្រភសុត្តំ)

[៨៤] ម្នាល​ភិក្ខុ​ទាំង​ឡាយ ប្រៀប​ដូច​លា ជាប់​តាម​ហ្វូង​គោ អំពី​ក្រោយ​ៗ​ថា អញ​ជា​គោដែរ អញ​ជាគោដែរ។ តែ​សម្បុរលានោះ មិន​មែន​ដូច​ជាសម្បុររបស់​ពួក​គោ​ទេ សម្រែក​បែប​លានោះ ក៏​មិន​ដូច​ពួក​គោ​ទេ ស្នាម​ជើង​បែប​លានោះ ក៏​មិន​ដូច​ពួក​គោទេ។ លា​នោះ ​ជាប់​តាម​ហ្វូង​គោ ​អំពី​ក្រោយ​ៗថា អញ​ជាគោដែរ អញ​ជាគោដែរ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុពួក​ខ្លះ ក្នុង​សាសនា​នេះ ជាប់​តាម​ភិក្ខុសង្ឃ ​អំពី​ក្រោយ​ៗថា អាត្មា​អញ ​ជាភិក្ខុ​ដែរ អាត្មាអញ ជាភិក្ខុដែរ។ តែ​សេចក្ដី​ប៉ុនប៉ង​បែប​នោះ​ របស់​ភិក្ខុ​នោះ មិន​មាន​ក្នុង​ការ​សមាទាន នូវអធិសីល​សិក្ខា ដូច​ជាពួក​ភិក្ខុ​ដទៃ​ទេ សេចក្ដី​ប៉ុនប៉ង​បែប​នោះ មិន​មាន​ក្នុង​​ការ​សមាទាន ​នូវ​អធិចិត្ត​សិក្ខា ដូច​ជាពួក​ភិក្ខុ​ដទៃ​ទេ សេចក្ដី​ប៉ុន​ប៉ងបែប​នោះ​ មិនមាន​ក្នុង​ការ​សមា​ទាន​ នូវ​អធិប្ប​ញ្ញា​សិក្ខា ដូច​ជាពួក​ភិក្ខុដទៃ​ទេ។ ភិក្ខុ​នោះ គ្រាន់​តែ​ជាប់​តាម​ភិក្ខុ​សង្ឃ អំពី​ក្រោយ​ៗ ថា អាត្មាអញ ​ជាភិក្ខុ​ដែរ អាត្មា​អញ ​ជាភិក្ខុ​ដែរប៉ុណ្ណោះ​ ក៏​មាន​ឧបមេយ្យយ៉ាងនោះដែរ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ហេតុ​នោះ​ ក្នុង​សាសនា​នេះ អ្នក​ទាំងឡាយ ​គប្បីសិក្សា ​យ៉ាង​នេះថា យើង​នឹងមាន​សេចក្ដី​ប៉ុនប៉ង​ឲ្យ​ណាស់​ ក្នុងការ​សមាទាន​ នូវ​អធិសីល​សិក្ខា យើង​នឹង​មាន​សេចក្ដី​ប៉ុនប៉ង​ឲ្យ​ណាស់ ក្នុងការ​​សមាទាន ​នូវអធិចិត្តសិក្ខា យើងនឹងមានសេចក្តីប៉ុនប៉ងឲ្យណាស់ ក្នុង​ការ​សមាទាន នូវ​អធិប្បញ្ញាសិក្ខា ម្នាល​ភិក្ខុ​ទាំង​ឡាយ អ្នក​ទាំងឡាយ គប្បី​សិក្សា យ៉ាង​នេះចុះ។

(ខេត្តសូត្រ ទី៣)

(៣. ខេត្តសុត្តំ)

[៨៥] ម្នាល​ភិក្ខុ​ទាំង​ឡាយ កិច្ច​ដែល​ត្រូវ​ធ្វើ​មុន របស់​គហបតី អ្នក​ភ្ជួរ​នេះ​មាន ៣ យ៉ាង។ កិច្ច ៣ យ៉ាង ​តើដូចម្ដេច។ ម្នាល​ភិក្ខុ​ទាំង​ឡាយ គហបតីអ្នក​ភ្ជួរ ក្នុង​លោក​នេះ មុន​ដម្បូង​ ត្រូវ​ភ្ជួរ​រាស់​ស្រែ​ឲ្យ​ល្អ លុះភ្ជួរ​រាស់​ស្រែ​ ឲ្យ​ល្អ​ដំបូង​ហើយ ក៏​សាប​ព្រោះ​ពូជ​ តាម​កាល​ដ៏គួរ លុះសាប​ព្រោះ​ពូជ ក្នុង​កាល​ដ៏​គួរ​ហើយ ក៏​បញ្ចូល​ទឹក​ខ្លះ បញ្ចេញ​ទឹក​ខ្លះ តាម​សម័យ​ដ៏​គួរ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ នេះ​ឯង​ជាកិច្ច​ដែល​ត្រូវ​ធ្វើ​មុន របស់​គហបតី ​អ្នក​ភ្ជួរ​៣​យ៉ាង​។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុព្វ​កិច្ច​របស់​ភិក្ខុនេះ ក៏​មាន​៣​យ៉ាង ​ដូច្នោះដែរ។ ​កិច្ច​៣​យ៉ាង ​តើដូចម្ដេច។ គឺការសមាទាននូវ​អធិសីល​សិក្ខា ១ ការ​សមាទាន​ នូវ​អធិចិត្ត​សិក្ខា ១ ការសមាទាននូវ​អធិប្បញ្ញា​សិក្ខា១។ ម្នាល​ភិក្ខុ​ទាំង​ឡាយ នេះឯង​ជាបុព្វកិច្ច​៣ យ៉ាង​ របស់​ភិក្ខុ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ហេតុ​នោះ ក្នុង​សាសនានេះ​ អ្នក​ទាំង​ឡាយ គប្បី​សិក្សា​យ៉ាង​​នេះថា យើង​នឹង​មាន​សេចក្ដី​ប៉ុនប៉ងឲ្យ​ណាស់​ ក្នុង​ការ​សមាទាន​នូវ​អធិសីល​សិក្ខា យើង​នឹង​មាន​សេចក្ដី​ប៉ុនប៉ង​ឲ្យ​ណាស់ ក្នុង​ការ​សមាទាន នូវ​អធិចិត្ត​សិក្ខា យើង​នឹង​មានសេចក្ដីប៉ុន​ប៉ង​ឲ្យ​ណាស់​ ក្នុង​ការ​សមាទាន ​នូវ​អធិប្ប​ញ្ញា​សិក្ខា ម្នាល​ភិក្ខុ​ទាំង​ឡាយ អ្នក​ទាំង​ឡាយ គប្បី​សិក្សា យ៉ាង​នេះចុះ។

(វជ្ជិបុត្តសូត្រ ទី៤)

(៤. វជ្ជិបុត្តសុត្តំ)

[៨៦] សម័យ​មួយ ព្រះ​ដ៏​មាន​ព្រះភាគ ទ្រង់​គង់​នៅ​ក្នុងកូដាគារ​សាលា នា​ព្រៃ​មហាវន ជិត​ក្រុង​វេសាលី។ គ្រា​នោះ វជ្ជិបុត្ត​កភិក្ខុ មួយ​រូប ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះភាគ លុះ​ចូល​ទៅ​ដល់​ហើយ ក៏ក្រាប​ថ្វាយ​បង្គំ​ព្រះ​ដ៏​មាន​ព្រះភាគ ហើយ​អង្គុយ​ក្នុង​ទីសម​គួរ។ លុះវជ្ជិបុត្ត​កភិក្ខុនោះ អង្គុយ​ក្នុង​ទី​សម​គួរ​ហើយ ក៏​ក្រាប​បង្គំ​ទូល​ព្រះ​មាន​ព្រះភាគ ​ដូច្នេះ​ថា បពិត្រ​ព្រះអង្គដ៏​ចំរើន សិក្ខាបទ ១៥០ ដែល​សម្រេច​ហើយនេះ មក​កាន់​ឧទ្ទេស រាល់​កន្លះ​ខែ បពិត្រ​ព្រះអង្គដ៏​ចំរើន ខ្ញុំ​ព្រះអង្គ​មិន​អាចនឹង​សិក្សា ក្នុង​សិក្ខាបទទាំង​នុ៎ះ​បានទេ។ ម្នាល​ភិក្ខុ ចុះអ្នក​អាច​សិក្សាក្នុងសិក្ខា​៣ គឺ អធិសីល​សិក្ខា​ ១ អធិចិត្ត​សិក្ខា ១ អធិប្បញ្ញា​សិក្ខា ​១ បានឬទេ។ បពិត្រ​ព្រះអង្គ​ដ៏​ចំរើន ខ្ញុំ​ព្រះ​អង្គ​អាចនឹង​សិក្សា ក្នុង​សិក្ខា​៣ គឺ​អធិ​សីល​សិក្ខា​ ១ អធិចិត្ត​សិក្ខា ១ អធិប្បញ្ញាសិក្ខា ១។ ម្នាល​ភិក្ខុ បើដូច្នោះ ក្នុង​សាសនានេះ អ្នក​ចូរ​សិក្សា ក្នុង​សិក្ខា​៣ គឺអធិសីល​សិក្ខា ១ អធិចិត្ត​សិក្ខា ១ អធិប្បញ្ញាសិក្ខា​ ១ ​ចុះ ម្នាល​ភិក្ខុ កាល​ណាបើ​អ្នក ​នឹងសិក្សានូវ​អធិសីល​ផង សិក្សា​នូវ​អធិចិត្ត​ផង សិក្សា​នូវ​អធិប្បញ្ញា​ផង កាល​បើ​អ្នក​កំពុង​សិក្សា ​នូវ​អធិសីល​ផង សិក្សា​នូវ​អធិចិត្ត​ផង​ សិក្សា​នូវអធិប្បញ្ញាផង អ្នក​គង់​នឹង​បាន​លះបង់​រាគៈ លះបង់​ទោសៈ លះបង់​មោហៈ (មិន​ខាន) ​ព្រោះ​តែ​ការ​លះបង់​រាគៈ លះ​បង់​ទោសៈ លះបង់​មោហៈ ​អ្នកនោះ ​នឹង​មិន​ធ្វើ​អំពើ ​ដែល​ជាអកុសល ទាំង​មិន​សេព ​នូវ​អំពើ​ដែល​លាមក។ លុះ​សម័យ​តមក ភិក្ខុនោះ ក៏​សិក្សា​អធិសីល​ផង សិក្សា​អធិចិត្ត​ផង សិក្សា​អធិប្បញ្ញា​ផង។ កាល​ភិក្ខុ​នោះ ​កំពុង​សិក្សា​អធិសីល​ផង សិក្សាអធិចិត្តផង សិក្សា​អធិប្បញ្ញា​ផង ភិក្ខុ​នោះ​ ក៏​បាន​លះ​បង់​រាគៈ លះបង់ទោសៈ លះបង់​មោហៈ ព្រោះ​តែការ​លះបង់​រាគៈ លះបង់​ទោសៈ លះបង់មោហៈ ​ភិក្ខុ​នោះ ​មិន​បាន​ធ្វើ​អំពើ​ដែល​ជាអកុសល ទាំង​មិន​បាន​សេពនូវអំពើ​ដែល​លាមក​ឡើយ។

(សេក្ខសូត្រ ទី៥)

(៥. សេក្ខសុត្តំ)

[៨៧] គ្រានោះ ភិក្ខុ​មួយ​រូប ​ចូល​ទៅ​គាល់​ព្រះដ៏​មាន​ព្រះភាគ លុះចូល​​ទៅដល់​ហើយ ក៏​ក្រាប​ថ្វាយ​បង្គំ​ព្រះ​ដ៏​មាន​ព្រះភាគ ហើយអង្គុយ​ក្នុង​ទីសម​គួរ។ លុះ​ភិក្ខុនោះ អង្គុយ​ក្នុង​ទី​សម​គួរ​ហើយ ក៏​ក្រាប​បង្គំទូល​សួរព្រះដ៏​មាន​ព្រះភាគ​ដូច្នេះ​ថា បពិត្រ​ព្រះអង្គដ៏​ចំរើន ព្រះដ៏​មាន​ព្រះភាគ ​ទ្រង់​សំដែង​ថា ភិក្ខុ​ជា​សេក្ខៈ​សេក្ខៈ ​ដូច្នេះ ​បពិត្រ​ព្រះអង្គដ៏​ចំរើន ភិក្ខុ​ជាសេក្ខៈ តើ​ដោយ​ហេតុ​ដូច​ម្ដេច។ ម្នាល​ភិក្ខុ ព្រោះ​តែភិក្ខុនៅសិក្សា​ ហេតុ​នោះ ​បាន​ជាតថាគត​ហៅថា សេក្ខៈ។ នៅសិក្សា​អ្វី។ ម្នាល​ភិក្ខុ នៅសិក្សា​អធិសីល​ផង នៅសិក្សា​អធិចិត្ត​ផង នៅ​សិក្សា​អធិប្បញ្ញាផង ហេតុ​នោះ​បាន​ជាតថាគត​ហៅថា សេក្ខៈ។

មគ្គញ្ញាណ​ជាបឋម ក្នុង​ការ​អស់​ទៅ​ នៃ​កិលេស រមែងកើត​ឡើង​ ដល់​​សេក្ខ​បុគ្គល​ នៅ​កំពុង​សិក្សា ​ជាអ្នក​ប្រតិបត្តិនូវ​ផ្លូវដ៏​ត្រង់ ​អរហត្តផល តែង​កើត​ឡើង​ជាលំដាប់​ អំពីមគ្គ​ញ្ញាណ​ទី៤​នោះ​ តពី​នោះ​ទៅ បច្ច​វេក្ខ​ណញ្ញាណ ក្នុងការ​អស់​ទៅ ​នៃសំយោជ​នៈក្នុង​ភព រមែង​មាន​ដល់បុគ្គល ​ដែល​មាន​ចិត្តរួច​ស្រឡះ​ហើយ ដោយអរហត្តផល​ វិមុត្តិ ជាតា​ទិបុគ្គល ​(​អ្នក​មិន​ញាប់​ញ័រ ​ដោយ​លោកធម៌​) ថា ការ​រួច​ស្រឡះ ​របស់​អាត្មា​អញ មិន​បានកំរើក​ឡើយ។

(បឋមសិក្ខាសូត្រ ទី៦)

(៦. បឋមសិក្ខាសុត្តំ)

[៨៨] ម្នាល​ភិក្ខុ​ទាំង​ឡាយ សិក្ខា​បទ ១៥០ ដែល​សម្រេចហើយនេះ ​តែង​មក​កាន់​ឧទ្ទេស​ រាល់​កន្លះ​ខែ ដែល​ជាទីសិក្សា​របស់​ពួក​កុល​បុត្រ អ្នក​ប្រាថ្នា​នូវ​ប្រយោជន៍។ ម្នាល​ភិក្ខុ​ទាំង​ឡាយ សិក្ខា​នេះ​មាន​៣ ដែលជាទីប្រជុំ​ចុះ​ របស់​សិក្ខា​បទ​១៥០ ទាំង​អស់​នុ៎ះ។ សិក្ខា​៣ តើដូចម្ដេច។ គឺ​អធិសីល​សិក្ខា​១ ​អធិចិត្ត​សិក្ខា ​១ អធិប្បញ្ញា​សិក្ខា ១។ ម្នាល​ភិក្ខុ​ទាំង​ឡាយ នេះ​ឯង​សិក្ខា​៣ ដែល​ជា​ទីប្រជុំចុះ​ របស់​សិក្ខា​បទ​ទាំងអស់​នុ៎ះ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុក្នុង​សាសនានេះ ជាអ្នក​ធ្វើ​ឲ្យ​បរិបូណ៌​ ក្នុង​សីល​ទាំងឡាយ ធ្វើ​ល្មម​ប្រមាណ​ ក្នុង​សមាធិ ធ្វើ​ល្មម​ប្រមាណ​ក្នុង​បញ្ញា ភិក្ខុ​នោះ​ នៅត្រូវសិក្ខា​បទ​តូច​ និង​តូច​បន្ទាប់33) ទាំង​នោះ​ខ្លះ នៅចេញ​ចាក (អាបត្តិ) ខ្លះ។ ហេតុ​នោះ ​នឹង​ទៅ​ជាអ្វី។ ម្នាល​ភិក្ខុ​ទាំង​ឡាយ តថាគត​នៅ​តែមិន​ឲ្យ​ឈ្មោះថា ជាអភព្វ ​ក្នុងការ​ត្រូវ​អាបត្តិ​ហើយ​ចេញចាក​អាបត្តិនុ៎ះទេ។ ពួក​សិក្ខាបទ​ណា ជាខាង​ដើម ​នៃមគ្គ​ព្រហ្មចារ្យ សម​គួរ​ដល់​មគ្គ​ព្រហ្ម​ចារ្យ​ទី៤ ភិក្ខុ​នោះ ​ជា​អ្នក​មាន​សីល​ជាប់​មិន​ដាច់​ផង មាន​សីល​តាំង​នៅផង សមាទានសិក្សា​ ក្នុង​សិក្ខា​បទ​ទាំង​នោះ។ ភិ​ក្ខុ​នោះ នៅ​តែ​បាន​សោតៈ ព្រោះ​ការ​អស់សំយោជនៈ ៣ មាន​សភាព​ជាអ្នក​មិន​បាន​ធ្លាក់​ចុះ ក្នុង​បាយ ជាអ្នក​ទៀង មាន​ការ​ត្រាស់​ដឹង ​ប្រព្រឹត្ត​ទៅ​ក្នុង​ខាង​មុខ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុក្នុង​សាសនានេះ ធ្វើ​ឲ្យ​បរិបូណ៌​ក្នុង​សីល ធ្វើ​ល្មម​ប្រមាណ​ក្នុង​សមាធិ ធ្វើ​ល្មម​ប្រមាណ​ក្នុង​បញ្ញា ភិក្ខុ​នោះ ​នៅតែត្រូវ​សិក្ខាបទតូច និង​តូចដោយលំដាប់​ខ្លះ ចេញ​ចាក​ខ្លះ។ ហេតុ​នោះ ​តើដូចម្ដេច។ ម្នាល​ភិក្ខុ​ទាំង​ឡាយ តថាគត​នៅតែ​មិន​ឲ្យ​ឈ្មោះថា​ ជាអភព្វ ក្នុងការ​ត្រូវ និង​ការ​ចេញ​នុ៎ះ​ទេ។ ពួក​សិក្ខា​បទ​ណា ជាខាង​ដើម​នៃមគ្គ​ព្រហ្ម​ចារ្យ ​សម​គួរ​ដល់​មគ្គ​ព្រហ្ម​ចារ្យ ឲ្យ​តែភិក្ខុ​នោះ មាន​សីល​ខ្ជាប់​ខ្ជួន​ផង មាន​សីល​ស្ថិតស្ថេរផង សមាទានសិក្សា ក្នុង​សិក្ខា​បទទាំង​នោះ។ ​ ភិក្ខុ​នោះ ​នៅ​តែបាន​ជាសកទា​គាមី ព្រោះអស់​សញ្ញោជនៈ៣ ព្រោះ​តែស្រាល​ស្កើង​រាគៈ ទោសៈ មោហៈ មក​កាន់លោក​នេះម្ដង​ទៀត ​ក៏​ធ្វើ​នូវ​ទី​បំផុត​ទុក្ខ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ មួយ​ទៀត ភិក្ខុ​ក្នុង​សាសនា​នេះ ធ្វើ​ឲ្យ​បរិបូណ៌ក្នុងសីល ធ្វើ​ឲ្យ​បរិបូណ៌​ក្នុង​សមាធិ ធ្វើ​ល្មម​ប្រមាណ ​ក្នុង​បញ្ញា ភិក្ខុ​នោះ ​នៅ​តែត្រូវ​សិក្ខា​បទ​តូច​ និង​តូច​បន្ទាប់នោះ​ខ្លះ ចេញ​ចាក​ខ្លះ។ ហេតុ​នោះ តើ​ដូចម្ដេច។ ​ ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត​នៅ​តែ​មិន​ឲ្យ​ឈ្មោះ​ថា ជា​ អភព្វ ព្រោះ​ការ​ត្រូវ និងការ​ចេញ​ចាកនុ៎ះទេ។ ពួក​សិក្ខា​បទណា ជាខាង​ដើម​នៃមគ្គ​ព្រហ្ម​ចារ្យ សម​គួរ​ដល់​មគ្គ​ព្រហ្ម​ចារ្យ ភិក្ខុ​នោះ ​មាន​សីល​ខ្ជាប់​ខ្ជួនផង មាន​សីល​ស្ថិតស្ថេរ​ផង សមាទាន​សិក្សា ក្នុង​សិក្ខា​បទ​ទាំង​នោះ។ ភិក្ខុ​នោះ​ ជាឱបបាតិកៈ ព្រោះ​អស់​សំយោជនៈ ​ជាចំណែក​ខាង​​ក្រោម ​៥ បរិនិព្វាន ​ក្នុង​ស្ថាន​សុទ្ធាវាសនោះ ទៀង​តែមិន​ត្រឡប់​មក​ពីលោក​នោះ​វិញ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ មួយ​ទៀត ភិក្ខុ​ក្នុង​សាសនា​នេះ ធ្វើ​ឲ្យ​បរិបូណ៌​ក្នុង​សីល ធ្វើ​ឲ្យ​បរិបូណ៌ ក្នុង​សមាធិ ធ្វើ​ឲ្យ​បរិបូណ៌ក្នុង​បញ្ញា ភិក្ខុ​នោះ ​នៅ​តែ​ត្រូវ​សិក្ខាបទ​តូច និងតូច​បន្ទាប់​នោះខ្លះ ចេញចាក​ខ្លះ។ ហេតុ​នោះ​ តើដូច​ម្ដេច។ ម្នាល​ភិក្ខុទាំង​ឡាយ តថាគត​នៅ​តែមិន​ទាន់​ឲ្យ​ឈ្មោះ​ថា ​ជា អភព្វ ព្រោះ​ការ​ត្រូវ​ និងការ​ចេញ​ចាក​នុ៎ះ​ទេ។ ពួក​សិក្ខាបទណា ជាខាង​ដើម​នៃ​មគ្គ​ព្រហ្ម​ចារ្យ សម​គួរ​ដល់​មគ្គ​ព្រហ្ម​ចារ្យ​ ភិក្ខុ​នោះ​ មាន​សីល​ខ្ជាប់​ខ្ជួន​ផង មាន​សីល​ស្ថិតស្ថេរផង សមាទាន​ ​សិក្សា​ក្នុង​សិក្ខាបទ​ទាំង​នោះ។ ភិក្ខុ​នោះ នៅតែ​ធ្វើ​ឲ្យ​ជាក់​ច្បាស់​ នូវ​ចេតោវិមុត្តិ និងបញ្ញាវិមុត្តិ មិន​មាន​អាសវៈ ព្រោះ​អស់​អាសវៈទាំងឡាយ​ ដោយ​ប្រាជ្ញា​ដ៏​ក្រៃ​លែង​ខ្លួន​ឯង ​ក្នុង​បច្ចុប្បន្ន។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​ជាអ្នក​ធ្វើ​បាន​ដោយ​អន្លើ រមែង​សម្រេចមគ្គ​ផល ​ដោយអន្លើ34) បុគ្គល​ជាអ្នក​ធ្វើ​ឲ្យ​បរិបូណ៌ ​រមែង​សម្រេច​មគ្គផល​បរិបូណ៌35) ម្នាលភិក្ខុ​ទាំងឡាយ តថាគត​នៅតែ​សំដែង​ថា សិក្ខា​បទ​ទាំង​ឡាយ​ មិនមែនឥត​អំពើឡើយ។

(ទុតិយសិក្ខាសូត្រ ទី៧)

(៧. ទុតិយសិក្ខាសុត្តំ)

[៨៩] ម្នាល​ភិក្ខុ​ទាំង​ឡាយ សិក្ខាបទ ១៥០ ដែល​សម្រេច​ហើយ​នេះ តែង​មក​កាន់​ឧទ្ទេស រាល់​កន្លះ​ខែ ដែល​ជាទី​សិក្សា​ របស់​ពួក​កុល​បុត្រ ​អ្នក​ប្រាថ្នា​នូវ​ប្រយោជន៍។ ម្នាល​ភិក្ខុ​ទាំង​ឡាយ សិក្ខា​នេះ ​មាន​៣ ដែលជាទីប្រជុំ​ចុះ​ របស់​សិក្ខា​បទទាំង​អស់​នុ៎ះ។ សិក្ខា​៣ ​តើ​អ្វីខ្លះ​។ គឺ​អធិសីល​សិក្ខា ​១ អធិចិត្ត​សិក្ខា ១ អធិប្បញ្ញា​សិក្ខា ​១។ ម្នាល​ភិក្ខុ​ទាំង​ឡាយ នេះ​ឯង​សិក្ខា​៣ ដែល​ជាទី​ប្រជុំ​ចុះ​ នៃ​សិក្ខា​បទទាំង​អស់​នុ៎ះ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុក្នុងសាសនា​នេះ ជាអ្នក​ធ្វើ​ឲ្យ​បរិបូណ៌​ក្នុង​សីល ធ្វើ​ល្មម​ប្រមាណ​ក្នុង​សមាធិ ភិក្ខុ​នោះ ​នៅ​តែ​ត្រូវ​សិក្ខា​បទតូច និង​តូច​បន្ទាប់​នោះខ្លះ ចេញ​ចាកខ្លះ។ ហេតុ​នោះ តើដូចម្ដេច។ ម្នាល​ភិក្ខុ​ទាំង​ឡាយ តថាគត​មិន​ទាន់​ឲ្យ​ឈ្មោះថា ជា អភព្វ​ក្នុង​ហេតុនុ៎ះ​ទេ។ ពួក​សិក្ខា​បទណា ជាខាង​ដើម​នៃមគ្គព្រហ្ម​ចារ្យ សមគួរ​ដល់​មគ្គ​ព្រហ្ម​ចារ្យ ឲ្យ​តែ​ភិក្ខុ​នោះ​ មាន​សីលទៀងទាត់ ស្ថិត​ស្ថេរ សមាទាន​សិក្សា​ ក្នុង​សិក្ខា​ប​ទទាំងនេះ។ ភិក្ខុ​នោះ​គង់​បាន​ជាសត្ត​ក្ខ​ត្តុ​បរមៈ ព្រោះ​ការ​អស់​រលីង ​នៃ​សញ្ញោជនៈ៣ ត្រេចរង្គាត់ ​អន្ទោលទៅក្នុង​ទេវលោក​ និង​មនុស្ស​លោក ​យ៉ាង​ច្រើន​ត្រឹម ៧ ជាតិ ក៏​ធ្វើ​នូវ​ទីបំផុត​ទុក្ខបាន។ ភិក្ខុ​នោះ ​ជា កោលង្កោលៈ ព្រោះ​អស់​សញ្ញោជនៈ ៣ ត្រេច​រង្គាត់ អន្ទោលទៅកាន់​ត្រកូល​២ ឬ36) ៣ ក៏​ធ្វើនូវ​ទី​បំផុត​ទុក្ខបាន។ ភិក្ខុ​នោះ ​ជា​ឯក​ពីជី ព្រោះ​អស់​សញ្ញោជនៈ ៣ កើត​ក្នុង​ភព​ជា​របស់​មនុស្សតែ​ម្ដង​ប៉ុណ្ណោះ​ ក៏​ធ្វើ​នូវ​ទី​បំផុត​ទុក្ខ​បាន។ ភិក្ខុ​នោះ​ ជា​សកទាគាមី ព្រោះអស់​សំយោជនៈ៣ ព្រោះ​ស្រាល​ស្ដើង​រាគៈ ទោសៈ មោហៈ មក​កាន់លោក​នេះ តែម្ដងទៀត ក៏​ធ្វើ​នូវ​ទី​បំផុត​ទុក្ខបាន។ ម្នាល​ភិក្ខុ​ទាំង​ឡាយ មួយ​ទៀត ភិក្ខុ​ក្នុង​សាសនា​នេះ ធ្វើ​ឲ្យបរិបូណ៌​ក្នុង​សីល ធ្វើ​ឲ្យ​បរិបូណ៌ក្នុង​សមាធិ ធ្វើ​ល្មម​ប្រមាណ ​ក្នុង​សញ្ញា ភិក្ខុ​នោះ នៅ​ត្រូវ​បរិក្ខាបទតូច​ និង​តូច​បន្ទាប់​ខ្លះ ចេញ​ចាក​ខ្លះ។ ហេតុ​នោះ តើដូចម្ដេច។ ម្នាល​ភិក្ខុ​ទាំង​ឡាយ តថាគត​មិន​ទាន់​ឲ្យ​ឈ្មោះ​ថា ជា អភព្វ ​ក្នុង​ហេតុ​នុ៎ះទេ។ ពួក​សិក្ខាបទណា ជាខាង​ដើម​នៃ​មគ្គ​ព្រហ្មចារ្យ សមគួរដល់​មគ្គ​ព្រហ្ម​ចារ្យ ភិក្ខុ​នោះ ​មាន​សីល​ទៀង​ទាត់ ស្ថិតស្ថេរ សមាទាន សិក្សា​ក្នុង​សិក្ខា​បទទាំង​នោះ។ ភិក្ខុ​នោះ ជាឧទ្ធំ​សោត​អកនិដ្ឋគាមី ព្រោះ​អស់​សញ្ញោជនៈ ជាចំណែក​ខាងក្រោម ៥។ ភិក្ខុនោះ​ ជា​សសង្ខារ​បរិនិព្វាយី ព្រោះ​អស់​សញ្ញោជនៈ ជាចំណែក​ខាងក្រោម ៥។ ភិក្ខុនោះ ជាអសង្ខារបរិនិព្វាយី ព្រោះ​អស់​សញ្ញោជនៈ ជាចំណែក​ខាងក្រោម ៥។ ភិក្ខុ​នោះ ជាឧបហច្ចបរិនិព្វាយី ព្រោះ​អស់សញ្ញោជនៈ ជា​ចំណែក​ខាងក្រោម​៥។ ភិក្ខុ​នោះ ជាអន្តរាបរិនិព្វាយី ព្រោះ​អស់​សញ្ញោជនៈ ជាចំណែក​ខាងក្រោម​៥។ ម្នាល​ភិក្ខុ​ទាំង​ឡាយ មួយ​ទៀត ភិក្ខុ​ក្នុង​សាសនា​នេះ ធ្វើ​ឲ្យ​បរិបូណ៌​ក្នុងសីល ធ្វើ​ឲ្យបរិបូណ៌​ក្នុង​សមាធិ ធ្វើ​ឲ្យ​បរិបូណ៌​ក្នុង​បញ្ញា ភិក្ខុ​នោះ នៅ​ត្រូវសិក្ខា​បទតូច​ និង​តូច​បន្ទាប់​ទាំង​នោះ​ខ្លះ ចេញ​ចាកខ្លះ។ ហេតុ​នោះ តើដូចម្ដេច។ ម្នាល​ភិក្ខុ​ទាំង​ឡាយ តថាគត​មិន​ទាន់​ឲ្យ​ឈ្មោះ​ថា ជា អភព្វ ក្នុង​ហេតុ​នុ៎ះ​ទេ។ ពួក​សិក្ខា​បទណា ជាខាង​ដើម​នៃមគ្គ​ព្រហ្ម​ចារ្យ សមគួរ​ដល់​មគ្គ​ព្រហ្មចារ្យ ឲ្យ​តែ​ភិក្ខុ​នោះ​មាន​សីល​ខ្ជាប់ខ្ជួន មាន​សីលស្ថិត​ស្ថេរ សមាទាន​សិក្សា​ក្នុង​សិក្ខាបទ​ទាំងនោះ។ ភិក្ខុ​នោះ​ គង់​បានធ្វើ​ឲ្យ​ជាក់​ច្បាស់ ​នូវ​ចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែល​មិន​មាន​អាសវៈ ព្រោះអស់​អាសវៈទាំងឡាយ ដោយ​ប្រាជ្ញា ដ៏​ក្រៃ​លែង​ខ្លួន​ឯង​ក្នុង​បច្ចុប្បន្ន។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​អ្នក​ធ្វើ​បានដោយ​អន្លើ រមែង​ញុំាង​មគ្គផលដោយ​អន្លើ ឲ្យ​សម្រេច បុគ្គល​អ្នក​ធ្វើ​ឲ្យ​បរិបូណ៌ រមែង​ញុំាង​មគ្គផល ឲ្យ​សម្រេច​បាន​បរិបូណ៌ ដោយ​ប្រការ​ដូច្នេះឯង ម្នាល​ភិក្ខុ​ទាំង​ឡាយ តថាគត​នៅតែសំដែង​ថា សិក្ខាបទ ទាំងឡាយ មិនមែន​ឥត​អំពើ​ទេ។

(តតិយសិក្ខាសូត្រ ទី៨)

(៨. តតិយសិក្ខាសុត្តំ)

[៩០] ម្នាល​ភិក្ខុ​ទាំង​ឡាយ សិក្ខា​បទ ១៥០ ដែល​សម្រេចហើយនេះ មក​កាន់​ឧទ្ទេស រាល់​កន្លះ​ខែ ដែល​ជាទី​សិក្សា ​របស់​កុល​បុត្រ អ្នក​ប្រាថ្នា​ប្រយោជន៍។ ម្នាល​ភិក្ខុ​ទាំង​ឡាយ សិក្ខា​នេះ មាន​៣ ដែល​ជាទីប្រជុំ ​របស់​សិក្ខា​បទទាំង​អស់​នុ៎ះ។ សិក្ខា​៣ តើដូចម្ដេចខ្លះ។ គឺ​អធិសីល​សិក្ខា ​១ អធិចិត្ត​សិក្ខា ​១ អធិប្បញ្ញាសិក្ខា ១។ ម្នាលភិក្ខុ​ទាំងឡាយ នេះឯងសិក្ខា​៣ ដែល​ជាទីប្រជុំ​ នៃសិក្ខា​បទ​ទាំងអស់នុ៎ះ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុក្នុង​សាសនា​នេះ ធ្វើ​ឲ្យបរិបូណ៌ក្នុង​សីល​ ធ្វើ​ឲ្យ​បរិបូណ៌​ក្នុង​សមាធិ ធ្វើ​ឲ្យ​បរិបូណ៌​ក្នុង​បញ្ញា ភិក្ខុ​នោះ នៅតែ​ត្រូវ​សិក្ខា​បទតូច និង​តូច​បន្ទាប់​ទាំង​នោះខ្លះ ចេញ​ចាកខ្លះ។ ហេតុ​នោះ តើដូច​ម្ដេច។ ម្នាល​ភិក្ខុ​ទាំង​ឡាយ តថាគត​មិន​ទាន់​ឲ្យ​ឈ្មោះថា ជា​អភព្វ​ ក្នុង​ហេតុ​នុ៎ះ​ទេ។ ពួក​សិក្ខា​បទ​ណា ជាខាង​ដើម ​នៃមគ្គ​ព្រហ្ម​ចារ្យ សម​គួរ​ដល់​មគ្គ​ព្រហ្ម​ចារ្យ ឲ្យ​តែភិក្ខុ​មានសីល​ខ្ជាប់​ខ្ជួន មាន​សីល​ស្ថិតស្ថេរ សមាទាន​ សិក្សាក្នុង​សិក្ខា​បទ​ទាំង​នោះ។ ភិក្ខុ​នោះ គង់​ធ្វើឲ្យ​ជាក់​ច្បាស់ ​នូវ​ចេតោវិមុត្តិ​ និង​បញ្ញាវិមុត្តិ ដែល​មិន​មាន​អាសវៈ ព្រោះ​អស់​អាសវៈទាំងឡាយ ដោយ​ប្រាជ្ញាដ៏​ក្រៃលែង​ខ្លួន​​ឯង ក្នុងបច្ចុប្បន្ន។ ទោះ​បី​មិន​ទាន់​សម្រេច មិន​ទាន់​ចាក់​ធ្លុះ​ នូវ​អរហត្ត​ផលនោះ​ទេ គង់​បានសម្រេច​ភាព​ជាអន្តរាបរិនិព្វាយី ព្រោះអស់​សញ្ញោជនៈ ជាចំណែក​ខាងក្រោម ​៥។ បើ​ទុក​ជា​មិន​ទាន់​សម្រេច មិន​ទាន់​ចាក់​ធ្លុះ នូវ​អន្តរាបរិនិព្វា​យីនោះ​ទេ គង់​បាន​សម្រេច​ភាព​ជាឧបហច្ចបរិនិព្វាយី ព្រោះអស់​សញ្ញោជនៈ​ ជាចំណែក​ខាង​ក្រោម​ ៥។ ឬថា ​បើ​ មិនទាន់សម្រេច មិន​ទាន់​ចាក់​ធ្លុះ នូវ​ឧបហច្ចបរិនិព្វាយីនោះទេ គង់​បាន​​សម្រេច​ភាព​​ជាអសង្ខារ​បរិនិព្វា​យី ព្រោះអស់​សញ្ញោជនៈ ជា​ចំណែក​ខាងក្រោម ​៥។ ពុំ​នោះ​សោត បើ​មិន​ទាន់​សម្រេច មិន​ទាន់​ចាក់​ធ្លុះ នូវ​អសង្ខារបរិនិព្វាយីនោះទេ គង់​បាន​សម្រេច ភាព​ជាសសង្ខារបរិនិព្វាយី ព្រោះអស់​សញ្ញោជនៈ ជាចំណែក​ខាង​ក្រោម​៥។ ទោះបី​មិន​ទាន់​សម្រេច មិន​ទាន់​ចាក់​ធ្លុះ ​នូវ​សសង្ខារ​បរិនិព្វាយីនោះទេ គង់បានសម្រេច ភាពជាឧទ្ធំសោតអក​និដ្ឋគាមី ព្រោះ​អស់​សញ្ញោជនៈ​ ជាចំណែក​ខាង​ក្រោម​៥។ កាល​បើ​មិន​ទាន់​សម្រេច មិន​ទាន់​ចាក់​ធ្លុះ នូវ​ឧទ្ធំសោត​អកនិដ្ឋ​គាមី​នោះទេ គង់​តែបានសម្រេច​ភាព​ជាសក​ទាគាមី ព្រោះ​អស់​សញ្ញោជនៈ ៣ ព្រោះ​ស្រាល​ស្ដើងរាគៈ ទោសៈ​ មោហៈ មក​កាន់​លោក​នេះ ត្រឹម​តែម្ដង ក៏​ធ្វើ​នូវ​ទីបំផុត​ទុក្ខ​បាន។ កាល​បើ​មិន​ទាន់​សម្រេច មិន​ទាន់ចាក់​ធ្លុះ ​នូវ​សកទាគាមិផល​នោះទេ ដោយ​ហោចទៅ គង់​បាន​សម្រេច​ភាពជាឯក​ពីជី​សោតៈ ព្រោះ​អស់​សញ្ញោជនៈ ៣ កើត​ក្នុង​ភព ​ជារបស់​មនុស្សតែម្ដង​ប៉ុណ្ណោះ ក៏​ធ្វើ​នូវ​ទី​បំផុត​ នៃទុក្ខ​បាន។ ឬក៏មិន​ទាន់​សម្រេច មិន​ទាន់ចាក់​ធ្លុះ ​នូវ​ឯក​ពី​ជីនោះ​ទេ គង់​បាន​សម្រេច​ភាព​ជាកោល​ង្កោលៈ ព្រោះអស់សញ្ញោជនៈ៣ ត្រេចរង្គាត់ អន្ទោល​ទៅកាន់​ត្រកូល​២ ឬ៣ ក៏​ធ្វើ​នូវ​ទីបំផុតទុក្ខបាន។ ពុំ​នោះសោត​ កាល​បើមិន​ទាន់​សម្រេច ​មិន​ទាន់​ចាក់​​ធ្លុះ នូវ​កោលង្កោលៈនោះទេ គង់​បាន​សម្រេច​ភាពជាសត្តក្ខត្តុបរមៈ ព្រោះ​អស់​សញ្ញោជនៈ ៣ ត្រេចរង្គាត់​ អន្ទោល​ទៅ ក្នុង​ទេវលោក​ និង​មនុស្ស​លោក​យ៉ាង​​ច្រើន ត្រឹម​៧ជាតិ ​ក៏​ធ្វើ​នូវ​ទីបំផុត​ទុក្ខបាន។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​អ្នក​ធ្វើឲ្យ​បរិបូណ៌ រមែង​សម្រេចមគ្គផល​បរិបូណ៌ បុគ្គល​អ្នកធ្វើបានដោយអន្លើ រមែង​សម្រេច​មគ្គផល​ដោយ​អន្លើ ដោយ​ប្រការ​ដូច្នេះឯង ម្នាលភិក្ខុទាំងឡាយ តថាគត​នៅតែសំដែង​ថា សិក្ខា​បទទាំង​ឡាយ មិន​មែនឥតអំពើទេ។

(បឋមសិក្ខត្តយសូត្រ ទី៩)

(៩. បឋមសិក្ខត្តយសុត្តំ)

[៩១] ម្នាល​ភិក្ខុ​ទាំង​ឡាយ សិក្ខា​នេះ មាន​៣។ សិក្ខា​៣​ តើដូចម្ដេច។ គឺ​អធិសីល​សិក្ខា ​១ អធិចិត្ត​សិក្ខា​ ១ អធិប្បញ្ញាសិក្ខា ១។ ម្នាល​ភិក្ខុទាំងឡាយ អធិសីល​សិក្ខា តើដូចម្ដេច។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុក្នុងសាសនា​នេះ ជាអ្នក​មានសីល។ បេ។ សមាទាន​ សិក្សា​ក្នុង​សិក្ខាបទទាំងឡាយ​។ ម្នាល​ភិក្ខុ​ទាំង​ឡាយ នេះ​ហៅថា អធិសីល​សិក្ខា។ ម្នាល​ភិក្ខុ​ទាំង​ឡាយ អធិ​ចិត្ត​សិក្ខា តើដូចម្ដេច។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុ​ក្នុង​សាសនា​នេះ ស្ងាត់​ចាកកាម។ បេ។ បាន​ដល់​ចតុត្ថជ្ឈាន សម្រេចសម្រាន្តនៅ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ នេះហៅថា អធិចិត្ត​សិក្ខា។ ម្នាល​ភិក្ខុ​ទាំង​ឡាយ អធិប្បញ្ញាសិក្ខា តើដូចម្ដេច។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុ​ក្នុង​សាសនានេះ ដឹង​ច្បាស់​តាម​ពិតថា នេះជាទុក្ខ។ បេ។ ដឹងច្បាស់តាមពិតថា នេះបដិបទា ជាដំណើរ​ទៅកាន់​ទី​រលត់​ទុក្ខ។ ម្នាល​ភិក្ខុទាំង​ឡាយ នេះហៅថា អធិប្បញ្ញាសិក្ខា។ ម្នាល​ភិក្ខុ​ទាំង​ឡាយ នេះឯង​សិក្ខា៣។

(ទុតិយសិក្ខត្តយសូត្រ ទី១០)

(១០. ទុតិយសិក្ខត្តយសុត្តំ)

[៩២] ម្នាល​ភិក្ខុ​ទាំង​ឡាយ​ សិក្ខា​នេះ មាន​៣។ សិក្ខា៣ តើដូចម្ដេច។ គឺ អធិសីល​សិក្ខា ១ អធិចិត្តសិក្ខា ១ អធិប្បញ្ញាសិក្ខា ១។ ម្នាលភិក្ខុ​ទាំងឡាយ អធិសីល​សិក្ខា តើដូចម្ដេច។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុក្នុង​សាសនា​នេះ ជាអ្នក​មាន​សីល។ បេ។ សមាទាន សិក្សា​ក្នុង​សិក្ខាបទទាំងឡាយ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ នេះហៅថា អធិសីល​សិក្ខា។ ម្នាល​ភិក្ខុ​ទាំង​ឡាយ អធិចិត្ត​សិក្ខា តើដូចម្ដេច។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុក្នុងសាសនានេះ ស្ងាត់​ចាកកាម​ទាំងឡាយ។ បេ។ បានដល់​ចតុត្ថជ្ឈាន សម្រេច​សម្រាន្តនៅ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ នេះហៅថា អធិចិត្តសិក្ខា។ ម្នាល​ភិក្ខុ​ទាំង​ឡាយ អធិប្បញ្ញាសិក្ខា តើដូចម្ដេច។ ម្នាល​ភិក្ខុទាំង​ឡាយ ភិក្ខុ​ក្នុង​សាសនានេះ បាន​ធ្វើ​ឲ្យ​ជាក់​ច្បាស់ នូវ​ចេតោវិមុត្តិ បញ្ញាវិមុត្តិ ដែល​មិន​មាន​អាសវៈ ព្រោះ​អស់​អាសវៈទាំងឡាយ ដោយប្រាជ្ញា​ខ្លួន​ឯង​ដ៏ក្រៃ​លែង ក្នុងបច្ចុប្បន្ន។ ម្នាល​ភិក្ខុ​ទាំង​ឡាយ នេះហៅថា អធិប្បញ្ញា​សិក្ខា។ ម្នាល​ភិក្ខុ​ទាំង​ឡាយ នេះឯង​សិក្ខា ​៣។

បុគ្គល​មាន​ព្យាយាម មាន​កំឡាំង​ មាន​ប្រាជ្ញា ជាគ្រឿងទ្រទ្រង់​ មាន​ឈាន មាន​ស្មារតី មានឥន្រ្ទិយ​គ្រប់​គ្រង គួរ​ប្រព្រឹត្ត​នូវ​អធិសីល​ផង អធិចិត្ត​ផង អធិប្បញ្ញាផង បុគ្គល (សិក្សា​ក្នុងសិក្ខា ៣) ក្នុង​កាល​មុន យ៉ាងណា ក្នុង​កាលក្រោយ ​ក៏​យ៉ាងនោះ ក្រោយ​យ៉ាងណា មុនក៏យ៉ាង​នោះ (ឃើញ) កាយ​ខាងក្រោម (ដោយ​អំណាចនៃ​អសុភ) យ៉ាងណា ឃើញកាយ​ខាង​លើ ក៏​យ៉ាងនោះ កាយ​ខាងលើ យ៉ាងណា ខាងក្រោម​ក៏​យ៉ាង​នោះ (សិក្សា​ក្នុង​សិក្ខា៣) ក្នុង​វេលាថ្ងៃយ៉ាងណា ក្នុងវេលាយប់ ក៏យ៉ាង​នោះ ក្នុងវេលាយប់​យ៉ាងណា ក្នុង​វេលា​ថ្ងៃ ក៏យ៉ាងនោះដែរ គប្បីគ្របសង្កត់ (នូវ​អារម្មណ៍​ទាំងឡាយ) គ្រប់​ទិស​ ដោយអប្បមាណ​សមាធិ គឺសមាធិប្រកប​ដោយ​អរហត្តមគ្គ។ ពួក​ព្រះអរិយៈ​ តែង​សរសើរ​បុគ្គល​ជាសេក្ខៈ​ អ្នក​ប្រតិបត្តិ​ ថាជាអ្នក​មាន​សេចក្ដី​ប្រព្រឹត្តិ​ដ៏បរិសុទ្ធ សរសើរបុគ្គលអ្នក​ត្រាស់​ដឹង​អរិយ​សច្ច ៤ ក្នុង​លោក​នេះ ថាជាអ្នក​មាន​ប្រាជ្ញា ដល់​នូវ​ទីបំផុត​ នៃសេចក្ដី​ប្រតិបត្តិ។ ការរួច​ស្រឡះ​ នៃចិត្ត​របស់​បុគ្គល​ ដែល​មាន​សេចក្ដីរួចស្រឡះ​ព្រោះ​អស់​តណ្ហា ដោយសេចក្ដី​រលត់​វិញ្ញាណ ដូចជា​ការ​រលត់​ទៅ នៃ​ប្រទីប​ជាគ្រឿងបំភ្លឺ។

(សង្កវាសូត្រ ទី១១)

(១១. សង្កវាសុត្តំ)

[៩៣] សម័យមួយ ព្រះដ៏​មានព្រះភាគ ទ្រង់​ស្ដេច​ទៅកាន់​ចារិក ក្នុង​ដែន​កោសល ជាមួយ​នឹងភិក្ខុ​សង្ឃច្រើន​រូប បាន​ដល់​និគម​ឈ្មោះ បង្កធា របស់​ដែន​កោសល។ បានឮថា សម័យនោះ ព្រះដ៏​មានព្រះភាគ ទ្រង់​គង់​នៅក្នុងបង្ក​ធា​និគម របស់ដែនកោសល។ សម័យនោះ ភិក្ខុ​ឈ្មោះ ​កស្សបគោត្រ ជាចៅ​អាវាស ក្នុង​បង្កធានិគម។ បានឮថា ក្នុងទីនោះ ព្រះដ៏​មានព្រះភាគ ទ្រង់​ពន្យល់​ពួក​ភិក្ខុ ឲ្យឃើញច្បាស់ ឲ្យ​កាន់​តាម ឲ្យ​អាច​ហាន ឲ្យ​រីករាយ ដោយ​ធម្មីកថា ដ៏ប្រកប​ដោយ​សិក្ខា​បទ។ គ្រាកាល​ដែល​ព្រះដ៏មាន​ព្រះភាគ ទ្រង់ពន្យល់​ពួក​ភិក្ខុ ឲ្យ​ឃើញច្បាស់​ ឲ្យ​កាន់​តាម ឲ្យ​អាច​ហាន ឲ្យ​រីករាយ ដោយ​ធម្មីកថា ដ៏​ប្រកប​ដោយ​សិក្ខា​បទហើយ ភិក្ខុកស្សបគោត្រ មានសេចក្ដី​មិន​អត់ទ្រាំ មិន​ត្រេក​អរថា សមណៈនេះ​ ដូច​ជាដុសខាត់ជ្រុលពេក។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់​គង់​នៅក្នុង​បង្កធានិគម តាម​សមគួរ​ដល់​ពុទ្ធអធ្យាស្រ័យ​ហើយ ក៏​ទ្រង់ត្រេច​ចារិក​ទៅកាន់​ក្រុងរាជគ្រឹះ កាល​ទ្រង់​ត្រេចចារិក ​ដោយលំដាប់ ក៏បាន​ដល់ក្រុង​រាជគ្រឹះ​នោះ។ បាន​ឮថា ក្នុង​ទីនោះ​ ព្រះមាន​ព្រះភាគ ទ្រង់​គង់​នៅ​លើ​ភ្នំ​គិជ្ឈ​កូដ ទៀបក្រុង​រាជ​គ្រឹះ។ កាល​ដែល​ព្រះមាន​ព្រះ​ភាគ ទ្រង់​សេ្ដច​ចេញ​ទៅ មិន​យូរ​ប៉ុន្មាន ភិក្ខុកស្សបគោត្រ មាន​សេចក្ដី​ក្ដៅ​ក្រហាយ ស្ដាយ​ក្រោយ​ថា មិនជាលាភ​របស់​អាត្មា​អញ អាត្មា​អញ​ឈ្មោះ​ថា ឥត​លាភ អាត្មា​អញ​ ឈ្មោះថា​បានទាស់​ហើយ អាត្មា​អញ មិន​មែន​បាន​ស្រួល​ទេ ព្រោះថា កាល​ដែលព្រះដ៏​មាន​ព្រះភាគ ទ្រង់​ពន្យល់​ពួក​ភិក្ខុ ឲ្យ​ឃើញ​ច្បាស់​ ឲ្យ​កាន់​តាម​ ឲ្យអាចហាន ឲ្យ​រីករាយ ដោយ​ធម្មី​កថា ​ដ៏​ប្រកប​ដោយ​សិក្ខាបទ​ហើយ អាត្មាអញ ​មាន​សេចក្ដី​មិន​អត់​ទ្រាំ មិន​ត្រេក​អរ​ថា សមណៈ​នេះ ដូច​ជា​ដុស​ខាត់ជ្រុល​ពេក បើ​ដូច្នោះ​ គួរ​តែ​អាត្មា​អញ​ចូល​ទៅគាល់​ព្រះដ៏​មាន​ព្រះភាគ លុះចូល​ទៅ​ដល់​ហើយ ត្រូវ​សំដែង​ទោស តាម ទោស ក្នុង​សំណាក់​ព្រះដ៏​មានព្រះភាគ។ លំដាប់​នោះ ភិក្ខុ​កស្សប​គោត្រ រៀប​ទុក​ដាក់​សេនាសនៈហើយ ក៏​ប្រដាប់​បាត្រ ​និង​ចីវរ ​រួច​ចេញ​ទៅកាន់​ក្រុង​រាជគ្រឹះ បាន​ចូលទៅគាល់​ព្រះ​ដ៏មាន​ព្រះ​ភាគ​ ឯ​ភ្នំ​គិជ្ឈ​កូដ ទៀបក្រុង​រាជគ្រឹះនោះ ដោយ​លំដាប់​ លុះ​ចូលទៅហើយ ក៏​ក្រាប​ថ្វាយ​បង្គំ​ព្រះដ៏​មាន​ព្រះភាគ ហើយអង្គុយ​​ក្នុង​ទី​សម​គួរ។ លុះ​ភិក្ខុ​កស្សបគោត្រ អង្គុយ​ក្នុង​ទី​សម​គួរ​ហើយ ក៏​ក្រាប​បង្គំ​ទូល​ព្រះដ៏​មាន​ព្រះភាគ ​ដូច្នេះ​ថា បពិត្រ​ព្រះអង្គ​ដ៏​ចំរើន សម័យមួយ ព្រះដ៏​មាន​ព្រះភាគ ទ្រង់​គង់​ក្នុង​បង្ក​ធានិគម របស់​ដែន​កោសល។ ក្នុង​ទីនោះ ព្រះមាន​ព្រះភាគ ទ្រង់​ពន្យល់​ពួក​ភិក្ខុ ​ឲ្យ​ឃើ​ញ​ច្បាស់​ ឲ្យ​កាន់តាម ឲ្យ​អាច​ហាន ឲ្យ​រីករាយ ដោយ​ធម្មី​កថា ដ៏​ប្រកប​ដោយសិក្ខាបទ បពិត្រ​ព្រះអង្គ​ដ៏​ចំរើន កាល​ដែល​ព្រះដ៏​មាន​ព្រះ​ភាគ ទ្រង់​ពន្យល់ពួកភិក្ខុ ឲ្យ​ឃើញ​ច្បាស់​ ឲ្យកាន់​តាម ឲ្យអាច​ហាន ឲ្យរីករាយ ដោយ​ធម្មីកថា ដ៏​ប្រកប​ដោយ​សិក្ខាបទ​ ខ្ញុំ​ព្រះអង្គ​អ្នកមាន​សេចក្ដីមិន​អត់​ទ្រាំ មិន​ត្រេក​អរថា សមណៈនេះ ដូច​ជាដុស​ខាត់​ជ្រុល​ពេក គ្រានោះ ព្រះដ៏​មាន​ព្រះភាគ ទ្រង់​គង់​នៅក្នុង​បង្ក​ធានិគម តាម​សមគួរ ដល់ពុទ្ធអាធ្យាស្រ័យ​ហើយ ទ្រង់​ត្រេច​ចារិក ​មក​កាន់​ក្រុង​រាជគ្រឹះ បពិត្រ​ព្រះអង្គដ៏​ចំរើន កាល​ដែល​ព្រះដ៏​មាន​ព្រះភាគ ទ្រង់​សេ្ដច​ចេញមក មិន​យូរប៉ុន្មាន​ ខ្ញុំ​ព្រះ​អង្គ កើត​សេចក្ដី​ក្ដៅក្រហាយ​ ស្ដាយ​ក្រោយ​ថា មិន​ជា​លាភរបស់​អាត្មា​អញហើយ អាត្មា​អញ​ឈ្មោះថា ឥត​លាភ អាត្មា​អញ​ បាន​ទាស់ហើយ អាត្មា​អញ​ មិន​មែន​បាន​ល្អទេ ព្រោះថា ព្រះដ៏​មាន​ព្រះភាគ ទ្រង់ពន្យល់​ពួកភិក្ខុ ឲ្យ​ឃើញ​ច្បាស់​ ឲ្យ​កាន់​តាម ឲ្យ​អាច​ហាន ឲ្យរីករាយ ដោយ​ធម្មីកថា ដ៏​ប្រកប​ដោយ​សិក្ខាបទ​ហើយ អាត្មា​អញ ​មាន​សេចក្ដី​មិនអត់​ទ្រាំ មិន​ត្រេក​អរថា សមណៈនេះ ​ដូច​ជាដុស​ខាត់​ជ្រុល​ពេក បើ​ដូច្នោះ គួរអាត្មា​អញ ចូល​ទៅ​គាល់​ព្រះដ៏​មាន​ព្រះភាគ លុះចូល​ទៅដល់​ហើយ ត្រូវ​សំដែង​ទោស​ តាមទោស​ក្នុង​សំណាក់​ព្រះ​មានព្រះភាគ បពិត្រ​ព្រះអង្គ​ដ៏​ចំរើន ទោស​បាន​ប្រព្រឹត្ត​កន្លង​ហើយ នូវ​ខ្ញុំ​ព្រះអង្គ ជាមនុស្ស​ពាល យ៉ាងណា វង្វេង​យ៉ាងណា មិនឈ្លាស​វៃ​យ៉ាង​ណា ព្រោះថា ព្រះដ៏​មានព្រះភាគ ទ្រង់​ពន្យល់​ពួក​ភិក្ខុ​ ឲ្យ​ឃើញ​ច្បាស់​ ឲ្យ​កាន់​តាម ​ឲ្យ​អាច​ហាន ឲ្យ​រីករាយ ដោយ​ធម្មីកថា ដ៏​ប្រកប​ដោយ​សិក្ខាបទហើយ ខ្ញុំព្រះអង្គ មានសេចក្ដី​មិនអត់​ទ្រាំ មិន​ត្រេក​អរថា សមណៈ​នេះ ដូច​ជាដុស​ខាត់​ជ្រុលពេក បពិត្រ​ព្រះអង្គ​ដ៏​ចំរើន សូម​ព្រះដ៏​មាន​ព្រះភាគ ​ទ្រង់​ទទួល​អត់​ទោស តាមទោស ដល់​ខ្ញុំ​ព្រះអង្គនោះ ដើម្បី​សេចក្ដី​សង្រួម​តទៅ។ អើ កស្សបៈ ទោស​ប្រព្រឹត្តកន្លងហើយនូវ​អ្នក​ ដែល​ជាមនុស្ស​ពាល​យ៉ាង​ណា វង្វេង​យ៉ាងណា មិនឈ្លាស​វៃយ៉ាង​ណា អ្នក​មិន​មាន​សេចក្ដី​អត់ទ្រាំ មិនមានសេចក្ដី​ត្រេកអរនឹង​តថាគត កាល​ដែល​ពន្យល់​ពួក​ភិក្ខុ ឲ្យ​ឃើញច្បាស់​ ឲ្យកាន់​តាម ឲ្យអាច​ហាន ឲ្យ​រីករាយ ដោយធម្មីកថា ដ៏​ប្រកបដោយសិក្ខាបទថា សមណៈនេះ ដូច​ជាដុសខាត់​ជ្រុលពេក ម្នាលកស្សបៈ កាល​បើ​អ្នក​ឃើញ​ទោស តាមទោស ហើយ​ត្រឡប់​ធ្វើ​សមគួរ​តាមធម៌ តថាគត​ ទទួល​អត់​ទោសនោះ​ដល់​អ្នក ម្នាល​កស្សបៈ បុគ្គល​ណាឃើញ​ទោស​តាមទោស ហើយ​ត្រឡប់​ធ្វើ​សមគួរ​តាមធម៌ ដល់នូវ​សេចក្ដីសង្រួម​​តទៅ នេះ​ជា​សេចក្ដី​ចំរើន ក្នុង​វិន័យរបស់​អរិយៈ។ ម្នាលកស្សបៈ បើទុកជា​ថេរៈ​ មិន​ចូល​ចិត្តនឹង​ការ​សិក្សា មិនសរសើរ​គុណ នៃ​កិរិយាសមាទាន ​នូវការ​សិក្សា​មិនបបួល​ពួក​ភិក្ខុ​ដទៃ ដែល​មិន​ចូល​ចិត្ត​នឹងការសិក្សា​នោះ ឲ្យ​សិក្សា មិនសរសើរ​គុណ​ពួក​ភិក្ខុ​ដទៃ ដែល​ចូល​ចិត្តនឹងការ​សិក្សា​នោះ ឲ្យពិតមែន​តាមកាល ​ម្នាល​កស្សបៈ ​តថាគត​ មិន​សរសើរភិក្ខុ​ជាថេរៈ មាន​សភាពដូច្នេះទេ។ ដំណើរ​នោះ ព្រោះ​ហេតុ​អ្វី។ ព្រោះ​ក្រែង​ពួក​ភិក្ខុ​ដទៃ​សេព​គប់​ ភិក្ខុ​ជាថេរ​នោះ ដោយចូល​ចិត្ត​ថា ព្រះជាគ្រូ ​ទ្រង់​សរសើរ​ភិក្ខុ​ជាថេរៈនោះ ពួក​ភិក្ខុ​ជាអ្នក​សេពគប់​នឹង​ភិក្ខុ​ជា​ថេរៈនោះ រមែង​ប្រព្រឹត្ត​តាម​ទិដ្ឋិ របស់​ភិក្ខុ​ជាថេរៈនោះ អំពើ​នោះ ប្រព្រឹត្ត​ទៅ ដើម្បីមិន​ជាប្រយោជន៍ ដើម្បី​សេចក្ដីទុក្ខ​ អស់​កាល​ដ៏​វែង ដល់ពួកភិក្ខុ ដែល​ប្រព្រឹត្ត​តាម​ទិដ្ឋិនោះ ម្នាល​កស្សបៈ ព្រោះហេតុ​នោះ​ហើយ បានជាតថាគត​មិនសរសើរភិក្ខុ​ជាថេរៈ មាន​សភាព​ដូច្នេះ។ ម្នាល​កស្សបៈ បើទុកជាភិក្ខុ​ជា​កណ្ដាល។ បេ។ ម្នាល​កស្សបៈ បើទុក​ជាភិក្ខុ​ខ្ចី តែ​មិនចូលចិត្ត​នឹង​ការ​សិក្សា មិនសរសើរ​គុណ នៃកិរិយា​សមាទាន​ នូវ​ការសិក្សា មិន​បបួល​ពួក​ភិក្ខុ​ដទៃ ដែល​មិន​ចូលចិត្តនឹង​ការ​សិក្សា​នោះ ឲ្យ​សិក្សា មិនសរសើរ​គុណ ​របស់​ពួក​ភិក្ខុ​ដទៃ ដែល​ចូលចិត្ត​នឹងការ​សិក្សា ​ឲ្យ​ទៀងពិត​ តាម​កាល​គួរ ម្នាល​កស្សបៈ តថាគត​មិន​សរសើរ​ភិក្ខុ​ខ្ចី​បែបនោះទេ។ ដំណើរ​នោះ ព្រោះ​ហេតុ​អ្វី។ ព្រោះ​ថា​ ពួក​ភិក្ខុ​ដទៃ​សេព​គប់​ពួកភិក្ខុ​ខ្ចី​នោះ ​ដោយ​គិតថា ព្រះ​ជាគ្រូ ទ្រង់​សរសើរ​គុណ​ភិក្ខុ​នោះ ពួក​ភិក្ខុ​អ្នក​សេពគប់​ភិក្ខុ​ខ្ចីនោះ ប្រព្រឹត្ត​ទៅតាម​ទិដ្ឋិភិក្ខុ​នោះ អំពើ​នោះ ប្រព្រឹត្ត​ទៅ ដើម្បីមិន​ជា​ប្រយោជន៍ ដើម្បី​សេចក្ដីទុក្ខ អស់​កាល​ដ៏វែង​ ដល់​ពួក​ភិក្ខុ ​ដែល​ប្រព្រឹត្ត​តាមទិដ្ឋិនោះ ម្នាល​កស្សបៈ ព្រោះ​ហេតុ​នោះ ​បាន​ជាតថាគត ​មិន​សរសើរ​គុណ​ របស់​ភិក្ខុ​ខ្ចី​ មានសភាព​ដូច្នេះទេ។ ម្នាល​កស្សបៈ បើភិក្ខុ​ជាថេរៈ​ អ្នក​មាន​ប្រាថ្នា​ នូវ​ការ​សិក្សា សរសើរ​គុណ នៃកិរិយា​សមាទាន​ នូវការ​សិក្សា​ តែង​បបួល​ពួក​ភិក្ខុ​ដទៃ ដែល​មិន​ប្រាថ្នា​នូវការ​សិក្សា​នោះ ឲ្យ​សិក្សា​ សរសើរគុណរបស់​ពួក​ភិក្ខុ​ដទៃ ដែល​ប្រាថ្នា​នូវ​ការ​សិក្សា ពិតមែន​តាមកាល ម្នាល​កស្សបៈ តថាគត​សរសើរ​គុណ​ភិក្ខុ​ជាថេរៈ​មានសភាពដូច្នេះ។ ហេតុ​នោះ តើដូចម្ដេច។ ព្រោះ​ពួក​ភិក្ខុ​ដទៃ សេព​គប់​នូវ​ភិក្ខុ​ជាថេរៈ​នោះ ដោយ​គិតថា ព្រះជា​គ្រូ ទ្រង់​សរសើរ​គុណ​ភិក្ខុ​នោះ ពួក​ភិក្ខុនោះ តែង​ប្រព្រឹត្ត​តាម​ទិដ្ឋិ របស់​ភិក្ខុ​ជាថេរៈ ដែល​ខ្លួន​សេពគប់​នោះ អំពើរបស់ពួក​ភិក្ខុ​ ដែល​ប្រព្រឹត្ត​តាមទិដ្ឋិ របស់​ភិក្ខុ​ជាថេរៈ​នោះ រមែង​ប្រព្រឹត្ត​ទៅ ដើម្បីជាប្រយោជន៍ ដើម្បី​សេចក្ដី​សុខ​ អស់​កាល​ដ៏​វែង ម្នាល​កស្សបៈ ព្រោះហេតុ​នោះ តថាគត ​សរសើរ​គុណ របស់​ភិក្ខុ​ជា​ថេរៈ ​មានស​ភាព​ដូច្នេះ។ ម្នាល​កស្សបៈ បើភិក្ខុ​ជាកណ្ដាល។ បេ។ ម្នាល​កស្សបៈ បើភិក្ខុខ្ចី ជាអ្នក​មាន​ប្រាថ្នា​នូវ​ការ​សិក្សា ជាអ្នក​សរសើរ​គុណ នៃ​កិរិយា​សមាទាន នូវការសិក្សា បបួល​ពួក​ភិក្ខុ​ដទៃ ដែល​មិនមានប្រាថ្នា នូវ​ការសិក្សានោះ ឲ្យសិក្សា​ផង សរសើរគុណ​របស់​ភិក្ខុ​ដទៃ ដែល​ប្រាថ្នា​ការសិក្សា​ពិតមែន តាមកាល​ដ៏​គួរ​ផង ម្នាល​កស្សបៈ តថាគត​សរសើរ​គុណ​ របស់​ភិក្ខុខ្ចី មានសភាព​ដូច្នេះ។ ដំណើរ​នោះ ព្រោះ​ហេតុ​អ្វី។ ព្រោះពួកភិក្ខុ​ដទៃ សេពគប់​នឹង​ភិក្ខុ​ខ្ចី​នោះ​ ដោយ​គិតថា ព្រះជាគ្រូ​ ទ្រង់​សរសើរគុណ របស់​ភិក្ខុនោះ ពួក​ភិក្ខុនោះ រមែង​ប្រព្រឹត្ត​តាម​ទិដ្ឋិ របស់​ភិក្ខុ​ដែល​ខ្លួនសេពគប់​នោះ អំពើ​របស់​ពួក​ភិក្ខុ ​ដែល​ប្រព្រឹត្ត​តាម​ទិដ្ឋិ របស់​ពួក​ភិក្ខុ​ខ្ចីនោះ រមែង​ប្រព្រឹត្ត​ទៅ ដើម្បី​ជាប្រយោជន៍ ដើម្បី​សេចក្ដីសុខ អស់​កាល​ដ៏​វែង ម្នាល​កស្សបៈ ព្រោះ​ហេតុ​នោះ ទើប​តថាគត សរសើរ​គុណ របស់​ភិក្ខុ​ខ្ចី​ មាន​សភាព​ដូច្នេះ។

ចប់ សមណវគ្គ ទី៤។

ឧទ្ទាន​នៃ​សមណវគ្គ​នោះគឺ

សមណកិច្ច ​១សូត្រ សត្វ​លា ១សូត្រ ​ស្រែ ១សូត្រ វជ្ជិបុត្តកៈ ១​សូត្រ សេក្ខបុគ្គល​១សូត្រ ភិក្ខុ​បំពេញសិក្សា ៣សូត្រ សិក្ខា ២សូត្រ រឿងបង្កធានិគម ១ សូត្រ។

លោណផលវគ្គ ទី៥ (១០)

((១០) ៥. លោណកបល្លវគ្គោ)

(អច្ចាយិកសូត្រ ទី១)

(១. អច្ចាយិកសុត្តំ)

[៩៤] ម្នាល​ភិក្ខុទាំងឡាយ ករណីយកិច្ច ប្រព្រឹត្ត​ទៅយ៉ាងរួសរាន់​ របស់​កស្សកគហបតី (គហបតីអ្នកភ្ជួរ​រាស់) នេះ មាន ៣យ៉ាង​។ ករណីយកិច្ច ​៣ យ៉ាង​តើដូច​ម្ដេច។ ម្នាល​ភិក្ខុទាំងឡាយ កស្សកគហបតី ក្នុង​លោក​នេះ ភ្ជួរ​រាស់​ស្រែ​ឲ្យ​រាប ឲ្យ​ល្អិតល្អ យ៉ាង​ប្រញាប់​ ១ លុះភ្ជួរ​រាស់​ស្រែ រាបល្អិតល្អ យ៉ាង​ប្រញាប់​ហើយ ក៏​ព្រោះ​ពូជ​យ៉ាងប្រញាប់​ ១ លុះ​ព្រោះពូជ យ៉ាង​ប្រញាប់​ហើយ ក៏​បញ្ចូលទឹក​ខ្លះ បញ្ចេញទឹក​ខ្លះ​ យ៉ាង​ប្រញាប់ ១។ ម្នាល​ភិក្ខុទាំងឡាយ ករណីយ​កិច្ច យ៉ាង​​រួសរាន់​ របស់​កស្សកគហបតី មាន៣ យ៉ាងនេះឯង។ ម្នាល​ភិក្ខុទាំងឡាយ កស្សក​គហបតីនោះ ​មិនមាន​ឫទ្ធិ មិនមានអានុភាព (បង្គាប់​បញ្ជា) ស្រូវ​នោះថា សូម​ឲ្យ​ស្រូវ​ទាំងឡាយ របស់​អាត្មា​អញ លូត​លាស់​ក្នុងថ្ងៃនេះ មាន​បង្ហើម​ក្នុង​ថ្ងៃស្អែក ទុំ​ក្នុង​ថ្ងៃ​ខាន​ស្អែក​ ដូច្នេះបាន​ឡើយ ម្នាល​ភិក្ខុទាំងឡាយ លុះតែដល់​វេលា ទើបស្រូវ​ទាំងនោះ របស់កស្សកគហបតីនោះ ​ផ្លាស់​រដូវ​ហើយ ក៏លូត​លាស់​មានបង្ហើម​ទុំបាន។ ម្នាល​ភិក្ខុទាំងឡាយ ករណី​យកិច្ច ប្រព្រឹត្ត​ទៅ​ យ៉ាងរួស​រាន់ របស់​ភិក្ខុនេះ ក៏​មាន ៣ យ៉ាង​ យ៉ាង​នោះដែរ។ ករណីយកិច្ច​ ៣ យ៉ាង តើដូចម្ដេច។ គឺ​សមាទាន ​នូវ​អធិសីល​សិក្ខា ១ សមាទាន​ នូវ​អធិចិត្ត​សិក្ខា​១ សមាទាន​ នូវ​អធិប្បញ្ញាសិក្ខា​១។ ម្នាល​ភិក្ខុទាំងឡាយ ករណីយកិច្ច ប្រព្រឹត្ត​ទៅយ៉ាង​រួសរាន់ របស់​ភិក្ខុ​ មាន​៣​យ៉ាង​នេះឯង។ ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុ​នោះ មិន​មាន​ឫទ្ធិ មិន​មាន​អានុភាព (បង្គាប់​បញ្ជា)​ ចិត្ត​នោះថា សូម​ឲ្យ​ចិត្ត​របស់​អាត្មា​អញ ផុត​ស្រឡះ​ចាកអាសវៈ​ទាំងឡាយ ព្រោះមិនប្រកាន់មាំ ក្នុង​ថ្ងៃ​នេះ ​ឬថ្ងៃស្អែក ​ឬក៏​ថ្ងៃ​ខានស្អែក ដូច្នេះបាន​ឡើយ ម្នាល​ភិក្ខុ​ទាំងឡាយ លុះតែ​ដល់​វេលាហើយ ទើបចិត្តរបស់​ភិក្ខុនោះ ដែល​សិក្សា នូវអធិសីល​ផង សិក្សា​នូ​វអធិចិត្ត​ផង សិក្សា​នូវ​អធិប្បញ្ញាផង ផុត​ស្រឡះ​ចាកអាសវៈទាំង​ឡាយ ព្រោះ​មិន​ប្រកាន់​មាំបាន។ ម្នាល​ភិក្ខុទាំងឡាយ ព្រោះហេតុ​នោះ​ ក្នុង​សាសនានេះ អ្នកទាំង​ឡាយ​ ត្រូវ​សិក្សា​យ៉ាង​នេះថា ពួកយើងនឹង​ជាបុគ្គល​មានឆន្ទៈ ​យ៉ាង​ក្លៀវក្លា ​ក្នុង​ការសមាទាន​ នូវ​អធិសីល​សិក្ខា ពួក​យើង​នឹងជាបុគ្គល​មានឆន្ទៈ យ៉ាង​ក្លៀវក្លា ក្នុង​ការសមាទាន ​នូវ​អធិចិត្តសិក្ខា ពួក​យើង​នឹង​ជាបុគ្គល​មានឆន្ទៈ យ៉ាងក្លៀវក្លា ក្នុង​ការ​សមាទាន នូវអធិប្បញ្ញាសិក្ខា ដូច្នេះ ម្នាល​ភិក្ខុទាំងឡាយ អ្នក​ទាំងឡាយ ​ត្រូវ​សិក្សាយ៉ាង​នេះចុះ។

(បវិវេកសូត្រ ទី២)

(២. បវិវេកសុត្តំ)

[៩៥] ម្នាល​ភិក្ខុទាំងឡាយ ពួក​បរិព្វា​ជក ជាអន្យតិរ្ថិយ រមែងបញ្ញាត្តនូវ​សេចក្ដី​ស្ងប់​ស្ងាត់ ​៣​យ៉ាងនេះ។ សេចក្ដី​ស្ងប់​ស្ងាត់​ ៣ យ៉ាង ​តើដូចម្ដេច។ គឺ សេចក្ដី​ស្ងប់​ស្ងាត់ ​ចាកកិលេស ដែលកើត​ឡើង​ ព្រោះ​អាស្រ័យចីវរ ១ សេចក្ដី​ស្ងប់ស្ងាត់​ចាកកិលេស ដែល​កើតឡើង ព្រោះអាស្រ័យបិណ្ឌបាត ១ សេចក្ដី​ស្ងប់​ស្ងាត់​ ចាកកិលេស ដែលកើតឡើង ព្រោះអាស្រ័យ​សេនា​សនៈ១។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ពួក​បរិព្វា​ជក ជាអន្យតិរ្ថិយ តែង​បញ្ញត្តនូវ​ហេតុ​នេះ ក្នុងសេចក្ដីស្ងប់​ស្ងាត់ ចាកកិលេស ដែល​កើតឡើង ព្រោះ​អាស្រ័យ​ចីវរនោះ គឺ ទ្រទ្រង់​សំពត់​សម្បក​ធ្មៃខ្លះ ទ្រទ្រង់​សំពត់ ​ដែលត្បាញ​លាយ​គ្នា​ខ្លះ ទ្រទ្រង់​សំពត់​ ដែល​បក​ចេញ​អំពីសាកសព​ខ្លះ ទ្រទ្រង់​សំពត់​បំសុកូលខ្លះ ទ្រទ្រង់​សំពត់ ​ដែល​ធ្វើដោយ​សម្បក​ឈើខ្លះ ទ្រទ្រង់ស្បែក​ខ្លាឃ្មុំខ្លះ ទ្រទ្រង់​ស្បែកខ្លាទាំង​ក្រចកខ្លះ ទ្រទ្រង់សំពត់ ​ដែល​ក្រង​ដោយ​ស្បូវ​ខ្លះ ទ្រទ្រង់សំពត់ ដែល​ក្រងដោយ​សម្បក​ក្រចៅ​ខ្លះ ទ្រទ្រង់​សំពត់​ដែល​ក្រង​ដោយចំរៀកក្ដារខ្លះ ទ្រទ្រង់​សំពត់កម្ពល ដែល​ត្បាញ​ដោយ​សក់​មនុស្ស​ខ្លះ ទ្រទ្រង់​សំពត់​កម្ពល ​ដែល​ត្បាញ​ដោយ​រោម​កន្ទុយ​សេះ​ខ្លះ ទ្រទ្រង់​សំពត់ ដែល​ក្រង​ដោយ​ស្លាបមៀម​ខ្លះ។ ម្នាលភិក្ខុទាំង ឡាយ ពួកបរិព្វាជក​ ជាអន្យតិរ្ថិយ​តែង​បញ្ញាត្ត​នូវ​ហេតុ​នេះឯង ក្នុង​សេចក្ដី​ស្ងប់ស្ងាត់​ ចាក​កិលេស ​ដែលកើត​ឡើង​ព្រោះ​អាស្រ័យ​ចីវរ។ ម្នាល​ភិក្ខុទាំងឡាយ ពួក​បរិព្វា​ជក ជាអន្យតិរ្ថិយ តែង​បញ្ញត្ត​នូវ​ហេតុ​នេះឯង​ ក្នុង​សេចក្ដី​ស្ងប់​ស្ងាត់ ​ចាកកិលេស ដែល​កើត​ឡើង ​ព្រោះ​អាស្រ័យ​បិណ្ឌបាត​នោះ គឺ​ជាអ្នក​មាន​បន្លែ​ស្រស់​ ជាអាហារ​ខ្លះ​ មាន​អង្ករ​ស្រងែ​ជាអាហារ​ខ្លះ ​មាន​ស្កួយ​ជាអាហារ​ខ្លះ មានកំទេច (ចម្នៀរ) ស្បែក ​ជាអាហារ​ខ្លះ មាន​ស្លែ ឬសារាយ​ជាអាហារ​ខ្លះ មាន​កន្ទក់ ជាអាហារ​ខ្លះ​ មាន​បាយក្ដាំង​ ជាអាហា​រខ្លះ​ មាន​ម្សៅជាអាហារ​ខ្លះ​ មានស្មៅ ជាអាហារ​ខ្លះ មានអាចម៍​គោ ជាអាហារខ្លះ មាន​មើម​ឈើ​ និង​ផ្លែ​ឈើ​ព្រៃ ជាអាហារ​ខ្លះ​ បរិភោគ​តែផ្លែឈើ​ ដែល​ជ្រុះ​ស្រាប់​ចំអែតអាត្មា។ ម្នាល​ភិក្ខុទាំងឡាយ បរិព្វា​ជក ​ជាអន្យតិរិ្ថយ តែង​បញ្ញាត្ត​នូវ​ហេតុ​នេះឯង ​ក្នុង​សេចក្ដី​ស្ងប់ស្ងាត់​ ចាកកិលេស​ ដែលកើត​ឡើង ព្រោះ​អាស្រ័យបិណ្ឌ​បាត។ ម្នាល​ភិក្ខុទាំង​ឡាយ ពួកបរិព្វា​ជក ​ជាអន្យតិរិ្ថយ តែង​បញ្ញត្ត​នូវ​ហេតុ​នេះ ក្នុង​សេចក្ដីស្ងប់ស្ងាត់ ចាកកិលេស ដែល​កើត​ឡើង ព្រោះអាស្រ័យ​សេនា​សនៈ​នោះ គឺ​ព្រៃ​ ម្លប់​ឈើ ព្រៃ​ស្មសាន ព្រៃ​ធំ ទីវាល គំនរ​ចម្បើង រោង​ទីលាន។ ម្នាល​ភិក្ខុទាំងឡាយ ពួកបរិព្វា​ជក ជាអន្យតិរ្ថិយ​ តែង​បញ្ញត្តនូវ​ហេតុ​នេះឯង ក្នុង​សេចក្ដី​ស្ងប់ស្ងាត់​ ចាក​កិលេស ដែល​កើត​ឡើង ព្រោះ​អាស្រ័យ​សេនាសនៈ។ ម្នាល​ភិក្ខុទាំងឡាយ ពួក​បរិព្វាជក ជាអន្យតិរ្ថិយ តែងបញ្ញត្តនូវ​សេចក្ដី​ស្ងប់​ស្ងាត់​ មាន​៣ យ៉ាងនេះឯង។ ម្នាល​ភិក្ខុទាំងឡាយ ចំណែក​សេចក្ដី​ស្ងប់​ស្ងាត់ ​របស់​ភិក្ខុ​ ក្នុង​ធម្មវិន័យ​នេះ ក៏​មាន​៣ យ៉ាងនេះដែរ។ សេចក្ដី​ស្ងប់ស្ងាត់ ៣ យ៉ាង​ តើដូចម្ដេច។ ម្នាល​ភិក្ខុទាំងឡាយ គឺភិក្ខុក្នុងសាសនា​នេះ ជាអ្នក​មាន​សីល លះបង់​ការ​ទ្រុស្តសីល ស្ងប់​ស្ងាត់ ចាក​ការទ្រុស្តសីល ១ ជាអ្នកឃើញត្រូវ លះបង់ការឃើញ​ខុស ស្ងប់​ស្ងាត់​ចាកការ​ឃើញ​ខុសនោះ​ ១ ជាខីណាស្រព លះបង់​អាសវៈ​ ស្ងប់ស្ងាត់​ចាក​អាសវៈ​នោះ ១។ ម្នាល​ភិក្ខុទាំងឡាយ កាល​ណាភិក្ខុ​ជាអ្នក​មានសីល​ លះបង់​ការទ្រុស្តសីល ស្ងប់​ស្ងាត់​ចាកការ​ទ្រុស្តសីល​នោះ ជាអ្នក​ឃើញត្រូវ លះបង់​ការ​ឃើញខុស ស្ងប់​ស្ងាត់​ចាកការឃើញ​ខុសនោះ ជាខីណាស្រព លះបង់​អាសវៈ ស្ងប់ស្ងាត់​ចាក​អាសវៈ​ហើយ ម្នាល​ភិក្ខុទាំងឡាយ តថាគត​ពោលថា ភិក្ខុ​នេះ ​ជាអ្នក​ដល់នូវ​ការ​ប្រសើរបំផុត ដល់នូវ​ខ្លឹមសារ បរិសុទ្ធ តាំង​នៅស៊ប់​ ក្នុង​ធម៌​មានខ្លឹម។ ម្នាល​ភិក្ខុទាំងឡាយ ដូច​ជា​ស្រែស្រូវ​សាលី ដ៏​បរិបូណ៌ ​របស់​កស្សកគហបតី។ កស្សកគហបតី ត្រូវ​ព្រោះ​ស្រូវ​នោះយ៉ាង​ប្រញាប់​ លុះព្រោះរួចយ៉ាង​ប្រញាប់​ហើយ ត្រូវ​ច្រូត​យ៉ាងប្រញាប់ លុះ​ច្រូត​យ៉ាង​ប្រញាប់​ហើយ ត្រូវ​ជញ្ជូន​ដាក់​លាន ​យ៉ាង​ប្រញាប់ លុះជញ្ជូន​ដាក់​លាន ​យ៉ាង​ប្រញាប់ហើយ ត្រូវគរជាគំនរយ៉ាងប្រញាប់ លុះគរជាគំនរយ៉ាងប្រញាប់ហើយ ត្រូវបែន ឬបញ្ជាន់យ៉ាងប្រញាប់ លុះបែន ឬបញ្ជាន់យ៉ាងប្រញាប់ហើយ ត្រូវ​ជជុះ​ចម្បើង​យ៉ាង​ប្រញាប់ លុះជជុះ​ចម្បើង​យ៉ាង​ប្រញាប់ហើយ ត្រូវរាស់​កំទេច​ ឬ កំញ៉ម យ៉ាង​ប្រញាប់ ​លុះ​រាស់​កំទេច ឬ កំញ៉មយ៉ាង​ប្រញាប់​ហើយ ត្រូវ​រោយ​យ៉ាង​ប្រញាប់ លុះ​រោយ​យ៉ាង​ប្រញាប់ហើយ ត្រូវ​ជញ្ជូន​ដាក់​ជង្រុក យ៉ាង​ប្រញាប់ លុះជញ្ជូនដាក់​ជង្រុក យ៉ាង​ប្រញាប់ហើយ ត្រូវ​បុក​យ៉ាង​ប្រញាប់ លុះ​បុក​យ៉ាង​ប្រញាប់ហើយ ត្រូវ​អុំ​យក​អង្កាម​ចេញ​យ៉ាង​ប្រញាប់​ ម្នាល​ភិក្ខុទាំងឡាយ កាល​បើយ៉ាងនេះ ស្រូវ​របស់​កស្សកគហបតីនោះ រមែង​ដល់​នូវ​ការ​ប្រសើរ​បំផុត ដល់​នូវ​ខ្លឹម​សារ ដ៏​បរិសុទ្ធ តាំង​នៅស៊ប់ ក្នុង​ខ្លឹមសារ យ៉ាង​ណាមិញ​។ ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុ​ជាអ្នក​មាន​សីល​ លះបង់​នូវ​ការ​ទ្រុស្ដ​សីល ស្ងប់ស្ងាត់​ចាក​ការទ្រុស្ដសីល​នោះ​ផង ជាអ្នក​ឃើញ​ត្រូវ លះបង់​នូវ​ការ​ឃើញខុស ស្ងប់​ស្ងាត់​ចាក​ការឃើញ​ខុស​នោះផង ជាខីណា​ស្រព លះបង់អាសវៈ ស្ងប់​ស្ងាត់​ចាក​អាសវៈ​នោះផង ម្នាល​ភិក្ខុទាំងឡាយ តថាគត ពោល​ថា ភិក្ខុ​នេះ ​ជា​អ្នកដ​ល់​នូវ​ការ​ប្រសើរ​បំផុត ដល់​នូវ​ខ្លឹម​សារ បរិសុទ្ធ តាំង​នៅស៊ប់ ក្នុង​ធម៌​មានខ្លឹម​សារ​ ក៏​យ៉ាង​នោះដែរ។

(សរទសូត្រ ទី៣)

(៣. សរទសុត្តំ)

[៩៦] ម្នាល​ភិក្ខុទាំងឡាយ ដូច​ជាព្រះអាទិត្យ​ស្វាង​ស្រឡះ​ចាកពពក​ ឰដ៏​អាកាស ដែល​មាន​វលាហកៈប្រាសទៅ​ឆ្ងាយ ក្នុង​សរទសម័យ ហើយ​ក៏​កំចាត់​បង់​នូវ​ងងឹត ដែល​នៅ​ឯអាកាស​ទាំងអស់​ រមែង​ភ្លឺ​ត្រចះត្រចែង យ៉ាងណាមិញ ម្នាល​ភិក្ខុទាំងឡាយ កាល​ណា ធម្មចក្ខុ​ ដែលប្រាសចាកធូលី ប្រាសចាក​មន្ទិល បាន​កើត​ឡើង ​ដល់​អរិយ​សាវកហើយ ម្នាល​ភិក្ខុទាំងឡាយ ទើប​អរិយសាវក លះបង់​នូ​វសញ្ញោជនៈ ៣ ប្រការ គឺ​សក្កាយទិដ្ឋិ ១ វិចិកិច្ឆា ១ សីល​ព្វ​តបរាមាសៈ ១ ជាមួយ​នឹងការ​កើត​ឡើង នៃទស្សនៈ លុះកាល​ជាខាង​ក្រោយ​មក​ទៀត ក៏​រើចេញ​ចាក​ធម៌ ២ យ៉ាង គឺអភិជ្ឈា ១ ព្យាបាទ ១។ អរិយ​សាវក​នោះ​ ស្ងាត់​ចាក​កាម​ទាំងឡាយ ស្ងាត់​ចាក​អកុសល​ធម៌​ទាំងឡាយ ក៏​ដល់​នូវ​បឋម​ជ្ឈាន ប្រកប​ដោយ​វិតក្កៈ និង​វិចារ មាន​បី​តិ និង​សុខៈ​កើត​អំពីសេចក្ដី​ស្ងាត់ សម្រេច​សម្រាន្តនៅ។ ម្នាល​ភិក្ខុទាំងឡាយ បើអរិយសាវក ធ្វើ​កាល​កិរិយា ​ក្នុង​សម័យ​នោះ អរិយសាវក​នោះ រមែង​មិន​ប្រកប​ដោយ​សញ្ញោជនៈ ដែល​នាំ​ឲ្យ​មក​កាន់លោក​នេះ​ទៀត​ឡើយ។

(បរិសាសូត្រ ទី៤)

(៤. បរិសាសុត្តំ)

[៩៧] ម្នាល​ភិក្ខុទាំងឡាយ បរិសទ្យ​នេះ មាន ៣ ពួក។ បរិសទ្យ៣ ពួក​ តើដូចម្ដេច។ គឺ​អគ្គវតីបរិសទ្យ (​បរិសទ្យ​ មាន​គុណ​ប្រសើរ​បំផុត)១​ វគ្គ​បរិសទ្យ (​បរិសទ្យ​ជាពួក)​១ សមគ្គបរិសទ្យ (បរិសទ្យ​ មានសេចក្ដីព្រម​ព្រៀង​គា្ន)១។ ម្នាល​ភិក្ខុទាំងឡាយ អគ្គវតីបរិសទ្យ តើដូចម្ដេច។ ម្នាល​ភិក្ខុទាំងឡាយ ក្នុងសាសនា​នេះ មាន​ពួកភិក្ខុ​ជាថេរៈ ក្នុងបរិសទ្យណា មិន​ល្មោភ (ក្នុងបច្ច័យ) មិន​បន្ធូរបន្ថយ (ក្នុង​ត្រៃ​សិក្ខា) ដាក់​ចុះ​នូវ​ធុរៈ ក្នុង​ទីទាប ​គឺនីវរណៈ ទាំង​៥ មានការ​ស្ទុះទៅ ក្នុង​សេចក្ដី​ស្ងប់ស្ងាត់​ជាប្រធាន ប្រារព្ធ​ព្យាយាម ​ដើម្បី​ដល់​នូវ​ធម៌ ដែលមិន​ទាន់​ដល់ ដើម្បី​បាន​នូវ​ធម៌​ ដែលមិន​ទាន់​បាន ដើម្បីធ្វើ​ឲ្យ​ជាក់​ច្បាស់​ នូវ​ធម៌ដែល​មិនទាន់​ធ្វើឲ្យ​ជាក់​ច្បាស់​ ពួក​ជន​ជាខាង​ក្រោយ រមែង​ដល់នូវ​ទិដ្ឋានុគតិ នៃភិក្ខុជាថេរៈ​ទាំងនោះ ឯពួក​បរិសទ្យ​នោះ ក៏​មិន​បាន​ល្មោភក្នុង​បច្ច័យ មិន​បានបន្ធូរ​បន្ថយ ​ក្នុង​ត្រៃ​សិក្ខា ដាក់​ចុះ​នូវ​ធុរៈ ​ក្នុង​ទីទាប មាន​ការ​ស្ទុះទៅ ក្នុងសេចក្ដី​ស្ងប់​ជាប្រធាន ប្រារព្ធ​ព្យាយាម​ ដើម្បី​ដល់​នូវ​ធម៌​ ដែល​មិន​ទាន់​ដល់ ដើម្បី​បាននូវ​ធម៌​ ដែល​មិន​ទាន់​បាន ដើម្បី​ធ្វើ​ឲ្យ​ជាក់​ច្បាស់ ​នូវ​ធម៌​ដែល​មិនទាន់​ធ្វើ​ឲ្យ​ជាក់​ច្បាស់​ដែរ។ ម្នាល​ភិក្ខុ​ទាំងឡាយ នេះឯង​ហៅថា អគ្គវតីបរិសទ្យ។ ម្នាល​ភិក្ខុទាំងឡាយ វគ្គបរិសទ្យ តើដូចម្ដេច។ ម្នាល​ភិក្ខុទាំងឡាយ ​ ក្នុង​សាសនា​នេះ ពួក​ភិក្ខុ​ក្នុង​បរិសទ្យ​ណា ជាអ្នក​បង្កហេតុ បង្ក​ជម្លោះ ទាស់​ទែងគា្ន ចាក់​ដោត​គ្នា ​ទៅវិញទៅ​មក ដោយ​លំពែង​ គឺមាត់។ ម្នាល​ភិក្ខុទាំងឡាយ នេះឯងហៅថា វគ្គបរិសទ្យ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ សមគ្គបរិសទ្យ តើដូចម្ដេច។ ម្នាល​ភិក្ខុទាំងឡាយ ក្នុង​សាសនានេះ ពួក​ភិក្ខុ​ក្នុង​បរិសទ្យ​ណា ព្រមព្រៀងគ្នា រីករាយ​រកគ្នា មិនវិវាទគ្នា មាន​សភាព​ដូច​ជាទឹក​ដោះ លាយ​ដោយទឹក មើល​គ្នាទៅវិញ​ទៅមក ដោយ​ចក្ខុ​ជាទី​ស្រឡាញ់។ ម្នាល​ភិក្ខុទាំងឡាយ នេះឯង​ហៅថា សមគ្គបរិសទ្យ។ ម្នាល​ភិក្ខុទាំងឡាយ ក្នុង​វេលា​ណា ពួកភិក្ខុមាន​សេចក្ដី​ព្រម​ព្រៀងគ្នា រីករាយ​រក​គ្នា មិនវិវាទគ្នា មាន​សភាព​ដូចទឹកដោះ លាយដោយ​ទឹក​ មើល​គ្នាទៅវិញ​ទៅមក ដោយ​ចក្ខុ​ជាទីស្រឡាញ់ ម្នាល​ភិក្ខុទាំងឡាយ ពួក​ភិក្ខុ​រមែង​បាន​បុណ្យ​ដ៏​ច្រើន ក្នុងវេលានោះ ម្នាល​ភិក្ខុ​ទាំងឡាយ ពួក​ភិក្ខុ​រមែង​នៅដោយ​ព្រហ្មវិហារធម៌ ក្នុងវេលានោះ កាល​បើ​ភិក្ខុ មានចិត្តរីករាយ ដោយ​មុទិតាចេតោវិមុត្តិហើយ បីតិក៏​កើតឡើង កាល​បើ​ភិក្ខុ​មាន​ចិត្ត​​ប្រកប​ដោយ​បីតិ កាយ​ក៏​ស្ងប់​រម្ងាប់ លុះភិក្ខុ​មានកាយ​ស្ងប់​រម្ងាប់​ហើយ ក៏​ទទួល​នូវ​សេចក្ដីសុខ កាល​បើ​ភិក្ខុ បានទទួលនូវសុខហើយ ទើបចិត្ត​តាំងមាំ ក្នុងអារម្មណ៍​បាន។ ម្នាលភិក្ខុទាំងឡាយ ដូច​ជាភ្លៀង ​ដែលមាន​គ្រាប់​ដ៏ធំៗ បង្អុរ​ចុះមកលើ​ភ្នំ ទឹក​ភ្លៀងនោះ រមែង​ហូរ​ទៅកាន់​ទំនាប បំពេញ​ជ្រោះ​ភ្នំ ​អូរ​ និង​ប្រឡាយ លុះជ្រោះភ្នំ​ អូរ​ និង​ប្រឡាយ​ពេញហើយ ក៏​បំពេញ​បឹង​តូចៗ លុះបឹង​តូចៗ ពេញហើយ ក៏​បំពេញ​បឹង​ធំៗ លុះបឹងធំៗពេញហើយ ក៏​បំពេញ​ស្ទឹងតូចៗ លុះស្ទឹង​តូច​ៗ​ពេញហើយ ក៏​បំពេញស្ទឹង​ធំៗ លុះស្ទឹង​ធំៗ ពេញហើយ ក៏​បំពេញ​​សមុទ្រ យ៉ាងណាមិញ ម្នាល​ភិក្ខុទាំងឡាយ ក្នុងវេលា​ណា ពួក​ភិក្ខុ​មាន​សេចក្ដី​ព្រមព្រៀង​គ្នា រីករាយ​រកគា្ន មិន​វិវាទគ្នា មានសភាពដូចជាទឹក​ដោះ លាយ​ដោយ​ទឹក មើល​គ្នាទៅវិញ​ទៅមក ដោយ​ចក្ខុ​ជាទីស្រឡាញ់ ម្នាល​ភិក្ខុទាំងឡាយ ពួក​ភិក្ខុ រមែង​បាន​នូវ​បុណ្យ​ដ៏ច្រើន ក្នុងវេលានោះ ម្នាល​ភិក្ខុទាំងឡាយ ពួក​ភិក្ខុ​រមែង​នៅ​ដោយ​ព្រហ្ម​វិហារធម៌ ក្នុងវេលានោះ កាល​បើ​ភិក្ខុ​មានចិត្ត​រីករាយ ដោយ​មុទិតា​ចេតោវិមុត្តិ​ហើយ បីតិ ក៏​កើត​ឡើង កាល​បើ​ភិក្ខុ​មានចិត្ត​ប្រកប​ដោយ​បីតិ​ហើយ កាយ​ក៏ស្ងប់រម្ងាប់​ លុះភិក្ខុមាន​កាយ​ស្ងប់​រម្ងាប់​ហើយ ក៏​ទទួល​នូវ​សុខ កាល​បើ​ភិក្ខុ​បានទទួល​សុខ​ហើយ ចិត្ត​ក៏តាំងមាំបាន ក៏​យ៉ាង​នោះ​ឯង។ ម្នាល​ភិក្ខុ​ទាំងឡាយ បរិសទ្យ ​មាន៣ ពួក​នេះឯង។

(បឋមអាជានីយសូត្រ ទី៥)

(៥. បឋមអាជានីយសុត្តំ)

[៩៨] ម្នាល​ភិក្ខុទាំងឡាយ សេះ​អាជានេយ្យដ៏ល្អ របស់​ព្រះរាជា ដែល​ប្រកប​​ដោយ​អង្គ ៣ ជាសេះ​គួរ​ដល់​ព្រះរាជា ជាសេះ​ព្រះរាជ​ទ្រព្យ ដល់នូវ​ការរាប់​ថា ជាអង្គ​របស់​ព្រះរាជា​។ ប្រកប​ដោយ​អង្គ​ ៣ តើដូចម្ដេច។ ម្នាល​ភិក្ខុទាំងឡាយ សេះ​អាជានេយ្យ​ដ៏ល្អ របស់​ព្រះរាជា ​ក្នុងលោក​នេះ ជាសេះ​បរិបូណ៌ ដោយសម្បុរ ១ បរិបូណ៌​ដោយ​កម្លាំង ១ បរិបូណ៌ដោយ​សន្ទុះ ១។ ម្នាល​ភិក្ខុទាំងឡាយ សេះ​អាជា​នេយ្យ​ដ៏​ល្អ របស់ព្រះរាជា ដែល​ប្រកប​ដោយអង្គ ៣ នេះឯង ជាសេះ​គួរ​ដល់​ព្រះរាជា ជាសេះ​ព្រះរាជទ្រព្យ ដល់​នូវ​ការ​រាប់ថា ជាអង្គ​របស់​ព្រះរាជា។ ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុ​ដែល​ប្រកប​ដោយ​ធម៌ ​៣ យ៉ាង ជាអ្នក​គួរ​ទទួល នូវ​របស់​ដែល​គេនាំមក​បូជា គួរ​ទទួល​នូវ​របស់​ ដែល​គេបម្រុង​ទទួល​ភ្ញៀវ គួរ​ទទួល​នូវ​ទក្ខិណា​ទាន គួរ​ដល់អញ្ជលិកម្ម ជាបុញ្ញក្ខេត្តដ៏​ប្រសើរ​បំផុត របស់​សត្វ​លោក​ ក៏​យ៉ាង​នោះដែរ។ ប្រកប​ដោយធម៌​ ៣យ៉ាង ​តើដូចម្ដេច។ ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុក្នុង​សាសនានេះ ជាអ្នក​បរិបូណ៌ដោយ​សម្បុរ​១ បរិបូណ៌​ដោយកម្លាំង​១ បរិបូណ៌​ដោយ​សន្ទុះ​១។ ម្នាល​ភិក្ខុទាំងឡាយ ចុះភិក្ខុដែល​បរិបូណ៌​ដោយ​សម្បុរ តើដូច​ម្ដេច។ ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុក្នុង​សាសនានេះ ជា​អ្នកមាន​សីល ​សង្រួម​ក្នុង​បាតិ​មោក្ខ​សំវរៈ បរិបូណ៌ដោយ​អាចារៈ និង​គោចរៈ ជាអ្នក​ឃើញ​នូវ​ភ័យ ក្នុង​ទោស​សូម្បី​យាង​តូច សមាទានសិក្សា ក្នុង​សិក្ខាបទ​ទាំងឡាយ ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុ​ជាអ្នកបរិបូណ៌​ដោយ​សម្បុរ យ៉ាងនេះ​ឯង។ ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុ​ជាអ្នក​បរិបូណ៌​​ដោយកម្លាំង តើដូចម្ដេច។ ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុក្នុង​សាសនានេះ ជាអ្នក​ប្រារព្ធ​ព្យាយាម ដើម្បីលះ​ពួកធម៌​ ជាអកុសល ដើម្បី​ញុំាង​ពួកធម៌​​ ជា​កុសល ​ឲ្យ​បរិបូណ៌ ជាអ្នក​មានកម្លាំង មាន​សេចក្ដី​សង្វាត​យ៉ាង​មាំ មិន​ដាក់​ចុះ នូវ​ធុរៈ​ ក្នុង​កុសល​ធម៌​ទាំងឡាយ ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុជាអ្នក​បរិបូណ៌​ដោយ​កម្លាំង យ៉ាង​នេះឯង។ ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុជាអ្នក​បរិបូណ៌​ដោយ​សន្ទុះ តើដូចម្ដេច។ ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុក្នុង​សាសនា​នេះ ដឹង​ច្បាស់​តាមពិតថា នេះ​ជា​ទុក្ខ ដឹង​ច្បាស់​តាមពិតថា នេះ​ជា​ហេតុ​នាំ​ឲ្យ​កើត​ទុក្ខ ដឹង​ច្បាស់​តាមពិត​ថា នេះជា​ទីរលត់​ទុក្ខ ដឹង​ច្បាស់​តាមពិត​ថា នេះ​បដិបទា ​ជាដំណើរ​ទៅកាន់​ទីរលត់​ទុក្ខ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុ​ជា​អ្នក​បរិបូណ៌​ដោយ​សន្ទុះ ​យ៉ាង​នេះឯង។ ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុ​ប្រកប​ដោយ​ធម៌​ ៣ យ៉ាង​នេះឯង ទើប​ជាអ្នក​គួរ​ទទួលនូវ​របស់ ​ដែល​គេ​នាំមក​បូជា គួរ​ទទួល​នូវរបស់ ​ដែល​គេ​បម្រុង​ទទួល​ភ្ញៀវ គួរ​ទទួល​នូវ​​ទក្ខិណាទាន គួរ​ដល់​អញ្ជលិកម្ម ជាបុញ្ញក្ខេត្តដ៏ប្រសើរបំផុត របស់​សត្វ​លោក។

(ទុតិយអាជានីយសូត្រ ទី៦)

(៦. ទុតិយអាជានីយសុត្តំ)

[៩៩] ម្នាល​ភិក្ខុទាំងឡាយ សេះ​អាជា​នេយ្យ​ដ៏​ល្អ របស់​ព្រះរាជា ដែល​​ប្រកប​ដោយ​អង្គ ៣ ជាសេះ​គួរ​ដល់​ព្រះរាជា ជាសេះ​ព្រះរាជ​ទ្រព្យ ដល់​នូវ​ការ​រាប់​ថា ជា​អង្គនៃ​ព្រះរាជា។ ប្រកប​ដោយ​អង្គ​ ៣ តើដូចម្ដេច។ ម្នាល​ភិក្ខុទាំងឡាយ សេះ​អាជា​នេយ្យ​ដ៏​ល្អ​ របស់​ព្រះរាជា​ ក្នុងលោក​នេះ ជាសេះ​បរិបូណ៌ ដោយ​សម្បុរ ១ បរិបូណ៌​ដោយ​កម្លាំង ១ បរិបូណ៌​ដោយ​សន្ទុះ​ ១​។ ម្នាល​ភិក្ខុទាំងឡាយ សេះ​អាជា​នេយ្យ​ដ៏​ល្អ​ របស់​ព្រះ​រាជា ដែលប្រកប​ដោយ​អង្គ ៣ យ៉ាង​នេះ​ឯង ទើប​ជា​សេះ ​គួរ​ដល់​ព្រះ​រាជា ជាសេះព្រះរាជ​ទ្រព្យ ដល់​នូវ​ការ​រាប់ថា​ ជាអង្គ​នៃព្រះ​រាជា។ ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុ​ដែល​ប្រកប​ដោយ​ធម៌ ​៣ យ៉ាង​ ជាអ្នក​គួ​រទទួល​នូវ​របស់​ដែល​គេនាំមកបូជា។ បេ។ ជាបុញ្ញក្ខេត្ត​ដ៏​ប្រសើរ​បំផុត ​របស់​សត្វ​លោក ក៏​យ៉ាង​នោះដែរ។ ប្រកប​ដោយ​ធម៌ ៣ យ៉ាង ​តើដូចម្ដេច។ ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុ​ក្នុង​សាសនា​នេះ ជាអ្នក​បរិបូណ៌​ដោយ​សម្បុរ ១ បរិបូណ៌​ដោយកម្លាំង ១ បរិបូណ៌​ដោយ​សន្ទុះ​ ១។ ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុ​ជាអ្នកបរិបូណ៌ ដោយ​សម្បុរ​ តើដូចម្ដេច។ ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជា​អ្នក​មាន​សីល​។ បេ។ សមាទាន​សិក្សា ក្នុង​សិក្ខា​បទ​ទាំង​ឡាយ ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុ​ជាអ្នក​បរិបូណ៌​ដោយ​សម្បុរ​ យ៉ាងនេះឯង។ ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុ​ជា​អ្នក​បរិបូណ៌​ដោយកម្លាំង តើដូចម្ដេច។ ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុ​ក្នុង​សាសនា​នេះ ជា​អ្នក​ប្រារព្ធ​ព្យាយាម​។ បេ។ មិន​ដាក់ធុរៈ ក្នុង​កុសល​ធម៌​ទាំងឡាយ ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុ​ជាអ្នក​បរិបូណ៌ ដោយ​កម្លាំង​ យ៉ាងនេះ​ឯង។ ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុ​បរិបូណ៌​ដោយសន្ទុះ តើ​ដូចម្ដេច។ ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុក្នុង​សាសនា​នេះ បាន​ជាឱ​បបាតិកៈ (ក្នុង​សុទ្ធាវាស) ព្រោះ​អស់​សញ្ញោជនៈ ៥ ជាចំណែក​ខាង​ក្រោម ហើយបរិនិព្វាន​ ក្នុង​សុទ្ធា​វាសនោះ មាន​សភាពមិន​ត្រឡប់​ចាកលោកនោះ​វិញ​ឡើយ ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុ​ប្រកប​ដោយ​សន្ទុះ ​យ៉ាង​នេះ​ឯង។ ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុ​ប្រកប​ដោយធម៌ ៣ យ៉ាង​នេះឯង ទើប​ជាអ្នក​គួរទទួល​ នូវ​របស់​ដែល​គេ​នាំមក​បូជា។ បេ។ ជាបុញ្ញក្ខេត្តដ៏​ប្រសើរ​បំផុត របស់​សត្វ​លោក។

(តតិយអាជានីយសូត្រ ទី៧)

(៧. តតិយអាជានីយសុត្តំ)

[១០០] ម្នាល​ភិក្ខុទាំងឡាយ សេះ​អាជានេយ្យ​ដ៏​ល្អ របស់​ព្រះរាជា ដែល​ ប្រកប​​ដោយ​អង្គ​ ៣ ជាសេះ​គួរ​ដល់​ព្រះរាជា ជាសេះព្រះរាជ​ទ្រព្យ ដល់​នូ​វការ​រាប់​ថា​ ជាអង្គ​របស់​ព្រះរាជា។ ប្រកប​ដោយ​អង្គ​ ៣ តើដូចម្ដេច។ ម្នាល​ភិក្ខុទាំងឡាយ សេះ​អាជា​នេយ្យ​ដ៏​ល្អ របស់​ព្រះរាជា ​ក្នុង​លោក​នេះ ជា​សេះ​បរិបូណ៌​ដោយ​សម្បុរ​១ បរិបូណ៌​ដោយកម្លាំង ​១ បរិបូណ៌​ដោយ​សន្ទុះ ១។ ម្នាល​ភិក្ខុទាំងឡាយ សេះ អាជា​នេយ្យ​ដ៏​ល្អ របស់ព្រះរាជា​ ដែល​ប្រកប​ដោយ​អង្គ ៣ នេះឯង ទើប​ជា​សេះ គួរ​ដល់​ព្រះ​រាជា ជាសេះ​ព្រះរាជ​ទ្រព្យ ដល់​នូវ​ការរាប់​ថា ជាអង្គ​របស់​ព្រះរាជា។ ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុ​ដែល​ប្រកប​ដោយ​ធម៌ ​៣​យ៉ាង​ ជា​អ្នក​គួរ​ទទួល​នូវ​របស់​ ដែល​គេ​នាំ​មក​បូជា។ បេ។ ជាបុញ្ញក្ខេត្ត​ដ៏​ប្រសើរ​បំផុត របស់​សត្វលោក ​ក៏​យ៉ាង​នោះ​ដែរ។ ​ប្រកប​ដោយ​ធម៌​ ៣ តើដូចម្ដេច។ ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុ​ក្នុង​សាសនា​នេះ ជាអ្នក​បរិបូណ៌​ដោយ​សម្បុរ​ ១ បរិបូណ៌ដោយ​កម្លាំង​ ១ បរិបូណ៌​ដោយ​សន្ទុះ​ ១។ ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុបរិបូណ៌ដោយ​សម្បុរ​ តើដូចម្ដេច។ ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុ​ក្នុង​សាសនានេះ ជាអ្នក​មាន​សីល។ បេ។ សមាទាន​សិក្សា ក្នុង​សិក្ខា​បទទាំងឡាយ ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុ​ដែល​បរិបូណ៌​ដោយ​សម្បុរ យ៉ាងនេះ​ឯង។ ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុ​បរិបូណ៌ដោយ​កម្លាំង​ តើដូចម្ដេច។ ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុក្នុង​សាសានានេះ ជាអ្នក​ប្រារព្ធ​ព្យាយាម​។ បេ។ មិនដាក់​ធុរៈ ក្នុង​កុសល​ធម៌​ទាំងឡាយ ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុ​ដែល​បរិបូណ៌​ដោយ​កម្លាំង​ យ៉ាងនេះឯង។ ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុ​បរិបូណ៌​ដោយ​សន្ទុះ តើ​ដូចម្ដេច។ ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុ​ក្នុង​សាសនានេះ បាន​ធ្វើ​ឲ្យជាក់​ច្បាស់​ សម្រេច​នូវ​ចេតោវិមុត្តិ​ និង​បញ្ញាវិមុត្តិ ដែល​មិនមាន​អាសវៈ ព្រោះអស់​ទៅនៃ​អាសវៈ​ទាំងឡាយ ដោយ​ប្រាជ្ញា​ដ៏​ឧត្តមខ្លួន​ឯង ក្នុងបច្ចុប្បន្ន សម្រេច​សម្រាន្ត​នៅ ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុ​ដែល​បរិបូណ៌ដោយ​សន្ទុះ​ យ៉ាង​នេះឯង។ ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុ​ដែល​ប្រកប​ដោយធម៌ ៣ យ៉ាងនេះ​ឯង ជាអ្នក​គួរ​ទទួល​នូវ​របស់​ដែល​គេនាំមក​បូជា។ បេ។ ជាបុញ្ញក្ខេត្តដ៏​ប្រសើរ​បំផុត​ របស់​សត្វ​លោក។

(បោត្ថកសូត្រ ទី៨)

(៨. បោត្ថកសុត្តំ)

[១០១] ម្នាល​ភិក្ខុទាំងឡាយ សំពត់​ដែល​ត្បាញ​ដោយ​សម្បក​ឈើ ទោះ​បីថ្មី មាន​ពណ៌​អាក្រក់ មាន​សម្ផស្ស​អាក្រក់​ ទាំង​មាន​តម្លៃ​ក៏​តិច ម្នាល​ភិក្ខុទាំងឡាយ សំពត់​សម្បក​ឈើ ទោះ​បីជំនំ មានពណ៌អាក្រក់ មានសម្ផស្ស​អាក្រក់ ទាំងមាន​តម្លៃ​​ក៏តិច ម្នាល​ភិក្ខុទាំងឡាយ សំពត់សម្បកឈើ ទោះ​បីចាស់ មានពណ៌អាក្រក់ មាន​សម្ផស្ស​អាក្រក់ ទាំង​មានតម្លៃ​ក៏​តិច។ ម្នាល​ភិក្ខុទាំងឡាយ ពួក​ជន​រមែង​ធ្វើ​នូវសំពត់​សម្បក​ឈើ​ ដ៏​ចាស់​នោះ ឲ្យ​ជាសំពត់​សម្រាប់​ជូត​ឆ្នាំង ឬចោល​លើគំនរ​សម្រាម។ ម្នាល​ភិក្ខុទាំងឡាយ ប្រសិន​បើភិក្ខុ​ខ្ចី​វស្សា ជាអ្នកទ្រុស្តសីល មានធម៌​ដ៏លាមក ក៏​យ៉ាង​នោះដែរ បាន​ជាតថាគត ​ពោលយ៉ាងនេះ ព្រោះភិក្ខុនោះ មាន​សម្បុរ គឺ​គុណអាក្រក់ ម្នាល​ភិក្ខុទាំងឡាយ សំពត់​សម្បក​ឈើនោះ មាន​ពណ៌​អាក្រក់​​យ៉ាងណា តថាគត​ ពោលនូវបុគ្គល​នេះ ក៏​យ៉ាង​នោះ​ដែរ។ បើពួក​ជន​ណា សេពគប់​ ចូល​ទៅអង្គុយ​ជិត ក៏​ដល់​នូវ​ទិដ្ឋានុគតិ គឺ យក​បុគ្គល​នោះ ​ជា​បែបយ៉ាង ការ​សេព​គប់ ​ជាដើមនោះ របស់​ជនទាំង​នោះ​ រមែង​ប្រព្រឹត្ត​ទៅ ដើម្បី​មិន​ជា​ប្រយោជន៍ ដើម្បីសេចក្ដី​ទុក្ខ ​អស់​កាល​ជាយូរ​អង្វែង​ បាន​ជាតថាគត​ ពោល​យ៉ាង​នេះ ព្រោះភិក្ខុនោះ​ មាន​សម្ផស្ស​អាក្រក់ ម្នាល​ភិក្ខុទាំងឡាយ សំពត់​សម្បក​ឈើ មានសម្ផស្ស​អាក្រក់​ យ៉ាង​ណាមិញ ម្នាល​ភិក្ខុទាំងឡាយ តថាគតពោល នូវ​បុគ្គល​នេះ ក៏យ៉ាង​នោះដែរ។ បើ​បុគ្គល​នោះ ទទួល​ចីវរ បិណ្ឌ​បាត សេនា​សនៈ និង​គិលាន​ប្ប​ច្ចយភេស​ជ្ជបរិក្ខារ របស់​ពួក​ជនណា ការទទួលនោះ មិនមាន​ផល​ច្រើន មិនមាន​អានិសង្សច្រើន ដល់ពួក​ជននោះឡើយ បានជាតថាគត​ ពោល​យ៉ាងនេះ ព្រោះ​បុគ្គល​នោះ មាន​តម្លៃ​តិច ម្នាល​ភិក្ខុទាំងឡាយ សំ​ពត់​សម្បក​ឈើនោះ មាន​តម្លៃ​តិចយ៉ាង​ណា តថាគត​ពោល​នូវ​បុគ្គលនោះ ក៏​យ៉ាង​នោះ​ដែរ។ ម្នាល​ភិក្ខុទាំងឡាយ ប្រសិន​បើ​ភិក្ខុ​ជាកណ្ដាល។ បេ។ ម្នាល​ភិក្ខុទាំងឡាយ ទោះ​បី​ភិក្ខុ​ជាថេរៈ ជាអ្នក​ទ្រុស្ដ​សីល មានធម៌​លាមក​ (​ក៏​យ៉ាង​នោះ​ដែរ) បានជាតថាគត​ពោល​យ៉ាង​នេះ ព្រោះភិក្ខុ​នោះ​ មាន​សម្បុរ គឺគុណអាក្រក់ ម្នាល​ភិក្ខុទាំងឡាយ សំពត់​សម្បក​ឈើនោះ មាន​ពណ៌​អាក្រក់​យ៉ាងណា ម្នាល​ភិក្ខុទាំងឡាយ តថាគត​ពោល​នូវ​បុគ្គល​នេះ ក៏​យ៉ាង​នោះដែរ។ ​បើ​ពួក​ជន​ណា សេពគប់​ ចូល​ទៅអង្គុយ​ជិត ដល់នូវ​ទិដ្ឋា​នុគតិ គឺ​យក​បុគ្គល​នោះ​ ជាបែបយ៉ាង ​ការសេពគប់​ ជាដើម​នោះ​ របស់​បុគ្គល​ទាំង​នោះ រមែង​ប្រពឹត្ត​ទៅ ដើម្បី​មិន​ជាប្រយោជន៍ ដើម្បី​សេចក្ដី​ទុក្ខ​អស់​កាល​ជាយូរ​អង្វែង បាន​ជាតថាគត​ ពោល​យ៉ាងនេះ ព្រោះ​បុគ្គល​នោះ ​មាន​សម្ផស្សអាក្រក់ ​ម្នាល​ភិក្ខុទាំងឡាយ សំពត់​សម្បក​ឈើនោះ មាន​សម្ផស្ស​អាក្រក់ យ៉ាងណាមិញ តថាគត​ ពោល​នូវ​បុគ្គល​នេះ ក៏​យ៉ាង​នោះ​ដែរ។ បើ​បុគ្គល​នោះ​ ទទួលចីវរ បិណ្ឌ​បាត សេនា​សនៈ និង​គិលាន​ប្បច្ចយ​ភេស​ជ្ជបរិក្ខារ របស់​ពួកជន​ណា ការ​ទទួល​នោះ មិន​មាន​ផល​ច្រើន មិន​មាន​អានិស្ស​ច្រើន ដល់​ពួក​ជន​នោះ​ឡើយ បានជាតថាគត​ ពោល​យ៉ាង​នេះ ព្រោះ​បុគ្គល​នោះ មាន​តម្លៃ​តិច ម្នាល​ភិក្ខុទាំងឡាយ សំពត់​សម្បក​ឈើនោះ មានតម្លៃតិច យ៉ាងណាមិញ ម្នាល​ភិក្ខុទាំងឡាយ តថាគត ​ពោល​នូវ​បុគ្គល​នេះ ក៏​យ៉ាងនោះ​ដែរ។ ម្នាល​ភិក្ខុ​ទាំងឡាយ បើ​ភិក្ខុ​ជាថេរៈនេះ មានសភាព​យ៉ាងនេះ ពោល​ក្នុង​កណ្ដាល​ជំនុំ​សង្ឃ ពួក​ភិក្ខុ​បាន​និយាយ​ទៅនឹងភិក្ខុ​ជាថេរៈនោះ យ៉ាងនេះថា ប្រយោជន៍អ្វី ដោយ​ពាក្យ​ដែល​លោក​ភិក្ខុ​ល្ងង់ ​មិន​ឈ្លាស និយាយ​ហើយ ទាំង​ខ្លួន​លោក ​ក៏​ចេះ​បាន​ត្រឹម​​តែពាក្យ​ ដែល​ខ្លួន​ត្រូវ​និយាយ (ប៉ុណ្ណោះទេ)។ ភិក្ខុ​ជាថេរៈនោះ ក៏​ក្រោធ​ខឹង អាក់​អន់​ចិត្តសង្ឃ​ បោះបង់​ខ្លួន​ចោល​ដោយ​វាចា​យ៉ាងណា ក៏​បញ្ចេញ​វាចា​យ៉ាង​នោះ ដូច​គេចោលសំពត់​សម្បក​ឈើ​នោះ​ លើ​គំនរ​សម្រាម។ ម្នាល​ភិក្ខុទាំងឡាយ សំពត់កាសិក ទោះ​ថ្មី ​មានពណ៌​ល្អ មាន​សម្ផស្ស​ក៏​ស្រួល ទាំង​មាន​តម្លៃ​ក៏​ច្រើន ម្នាល​ភិក្ខុទាំងឡាយ សំពត់​កាសិក ​ទោះជំនំ មានពណ៌​ល្អ​ មានសម្ផស្ស​ក៏ស្រួល​ទាំងមាន​តម្លៃ​ក៏​ច្រើន​ ម្នាល​ភិក្ខុទាំងឡាយ សំពត់​កាសិក​ ទោះចាស់ មាន​ពណ៌​ល្អ មាន​សម្ផស្ស​ក៏​ស្រួល ទាំង​មាន​តម្លៃ​ក៏​ច្រើន។ ម្នាល​ភិក្ខុទាំងឡាយ សំពត់​កាសិក បើ​ទុក​ជាចាស់ ក៏​ពួក​ជន ​រមែង​ធ្វើ​នូ​វសំពត់នោះ ឲ្យ​ជាសំពត់​សម្រាប់​រុំ​កែវ ឬ​ដាក់​ចុះ​ក្នុង​ខួច​ សម្រាប់​ដាក់​គ្រឿង​ក្រអូបដែរ។ ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុ​ខ្ចីវស្សា បើ​ជាអ្នក​មាន​សីល មាន​ធម៌​ដ៏ល្អ ក៏​យ៉ាង​នោះ​ដែរ បានជា​តថាគត​ ពោល​យ៉ាង​នេះ ព្រោះ​ភិក្ខុ​នោះ​ មានសម្បុរ​ គឺគុណ​ដ៏​ល្អ ម្នាល​ភិក្ខុទាំងឡាយ សំពត់កាសិក​នោះ មាន​ពណ៌ល្អ​ យ៉ាង​ណាមិញ ម្នាល​ភិក្ខុទាំងឡាយ តថាគត​ពោល​នូវ​បុគ្គល​នេះ​ក៏យ៉ាង​នោះ​ដែរ។ បើ​ជន​ពួក​ណា សេព​គប់ ​ចូល​ទៅអង្គុយ​ជិត ដល់​នូវ​ទិដ្ឋានុគតិ គឺយក​បុគ្គល​នោះ ​ជា​បែប​យ៉ាង ការ​សេព​គប់​ ជាដើម​នោះ របស់បុគ្គល​នោះ រមែង​ប្រព្រឹត្ត​ទៅ ​ដើម្បី​ជាប្រយោជន៍ ដើម្បី​សេចក្ដី​សុខ ​អស់កាល​ជាយូរ​អង្វែង​ បាន​ជាតថាគត ពោល​យ៉ាង​នេះ ព្រោះ​បុគ្គលនោះ មានសម្ផស្សស្រួល ម្នាល​ភិក្ខុ​ទាំងឡាយ សំពត់​កាសិក​នោះ មាន​សម្ផស្សស្រួល​ យ៉ាងណាមិញ ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត​ ពោល​នូវ​បុគ្គល​នេះ ក៏យ៉ាង​នោះ​ដែរ។ ប្រសិន​បើ​បុគ្គល​នោះ ទទួល​ចីវរ​ បិណ្ឌ​បាត សេនាសនៈ និងគិលាន​ប្បច្ចយភេសជ្ជ​បរិក្ខា​រ របស់​ជន​ពួក​ណា ការ​ទទួល​នោះ រមែងមានផល​ច្រើន មាន​អានិសង្ស​ច្រើន ​ដល់​ពួកជន​ទាំង​នោះ បានជាតថាគត ពោល​យ៉ាង​នេះ ព្រោះបុគ្គល​នោះ មាន​តម្លៃ​ច្រើន ម្នាល​ភិក្ខុ​ទាំងឡាយ សំពត់​កាសិក​នោះ មាន​តម្លៃ​ច្រើន​ យ៉ាងណាមិញ ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត​​ពោល​នូវ​បុគ្គល​នេះ ក៏​យ៉ាង​នោះដែរ។ ម្នាល​ភិក្ខុទាំងឡាយ ទោះ​ភិក្ខុ​ជា​កណ្ដាល។ បេ។ ម្នាល​ភិក្ខុទាំងឡាយ ទោះភិក្ខុ​ជាថេរៈ ជាអ្នក​មានសីល​ មាន​កល្យាណធម៌ (ក៏​យ៉ាង​នោះដែរ) បាន​ជា តថាគតពោល​យ៉ាង​នេះ ព្រោះ​ភិក្ខុ​នោះ​មាន​សម្បុរ​ គឺគុណ​ដ៏​ល្អ ម្នាល​ភិក្ខុទាំងឡាយ សំពត់​កាសិកនោះ មាន​ពណ៌ល្អ យ៉ាង​ណាមិញ តថាគត​ពោល​នូវ​បុគ្គលនេះ ក៏​យ៉ាង​នោះដែរ។ បើ​ជន​ពួក​ណា សេពគប់ ​ចូល​ទៅអង្គុយ​ជិត ដល់​នូវ​ទិដ្ឋានុគតិ គឺ​យក​បុគ្គល​នោះ ​ជាបែប​យ៉ាង ការ​សេព​គប់​ជាដើម​នោះ របស់​បុគ្គល​នោះ រមែង​ប្រព្រឹត្ត​ទៅ ដើម្បី​ប្រយោជន៍ ដើម្បី​សេចក្ដីសុខ អស់​កាល​ជា​យូរ​អង្វែង​ បាន​ជា​តថាគត ​ពោល​យ៉ាង​នេះ ព្រោះ​បុគ្គល​នោះ មាន​សម្ផស្ស​ស្រួល ម្នាល​ភិក្ខុទាំងឡាយ សំពត់​កាសិក​នោះ មាន​សម្ផស្សស្រួល​ យ៉ាង​ណាមិញ ម្នាល​ភិក្ខុទាំងឡាយ តថាគត​ពោល​នូវ​បុគ្គល​នេះ ក៏យ៉ាងនោះ​ដែរ។ ប្រសិន​បើ​បុគ្គល​នោះ ទទួល​ចីវរ​ បិណ្ឌ​បាទ សេនាសនៈ និង​គិលាន​ប្បច្ច​យភេសជ្ជបរិក្ខារ​ របស់​ពួក​ជន​ណា ការ​ទទួល​នោះ រមែងមាន​ផល​ច្រើន មាន​អានិសង្ស​ច្រើន ដល់​ពួក​ជន​នោះ បានជា​តថាគតពោល​យ៉ាង​នេះ ព្រោះ​បុគ្គល​នោះ មាន​តម្លៃ​ច្រើន ម្នាល​ភិក្ខុទាំងឡាយ សំពត់​កាសិក​នោះ មាន​តម្លៃ​ច្រើន យ៉ាង​ណាមិញ ម្នាល​ភិក្ខុទាំងឡាយ តថាគត​ពោល​នូវ​បុគ្គល​នេះ ក៏​យ៉ាង​នោះដែរ។ ម្នាល​ភិក្ខុទាំងឡាយ បើភិក្ខុជា​ថេរៈ​នេះ មានសភាព​យ៉ាងនេះ ពោល​ក្នុង​កណ្ដាល​ជំនុំ​សង្ឃ ពួក​ភិក្ខុ​បាននិយាយ​គ្នា ​ចំពោះ​ព្រះ​ថេរៈនោះ​ យ៉ាង​នេះថា សូម​លោក​ដ៏​មានអាយុ​ទាំង​ឡាយ​ កុំ​មាត់​ខ្លាំង ភិក្ខុ​ជាថេរៈ កំពុង​សំដែង​ធម៌ និងវិន័យ។ ម្នាល​ភិក្ខុទាំងឡាយ ព្រោះ​ហេតុ​នោះ ក្នុង​សាសនានេះ​ អ្នកទាំង​ឡាយ ​ត្រូវសិក្សា យ៉ាង​នេះ​ថា ពួក​យើង​ឧបមាដូច​ជាកាសិក​ពស្រ្ត មិនមែន​ឧបមា​ដូច​ជា​សំពត់​សម្បកឈើ​ទេ ម្នាល​ភិក្ខុទាំងឡាយ អ្នក​ទាំង​ឡាយ​ ត្រូវ​សិក្សា​យ៉ាង​នេះឯង។

(លោណកបល្លសូត្រ ទី៩)

ឬ លោណកផលសូត្រ (៩. លោណកបល្លសុត្តំ)

[១០២] ម្នាលភិក្ខុទាំង ឡាយ បើ​បុគ្គល​ណា និយាយ​យ៉ាងនេះថា បុរស​នេះ​ធ្វើ​អំពើ​យ៉ាងណាៗ រមែង​ទទួលនូវ​ផល ​នៃ​អំពើ​យ៉ាងនោះៗ ម្នាល​ភិក្ខុទាំងឡាយ កាល​បើ​ហេតុ​យ៉ាង​នេះ មានហើយ ការនៅប្រព្រឹត្ត​ព្រហ្ម​ចរិយៈ ក៏​មិន​មាន​ឱកាស ដើម្បី​ធ្វើ​ឲ្យ​ផុត​ទុក្ខ ​ដោយ​ប្រពៃ ​ក៏មិនប្រាកដ។ ម្នាល​ភិក្ខុទាំងឡាយ បើ​បុគ្គល​ណា និយាយ​យ៉ាង​នេះថា បុរស​នេះ ធ្វើ​អំពើ​ដែល​គួរ​ទទួល​ផល​ យ៉ាង​ណាៗ រមែង​ទទួល​នូវ​ផល នៃអំពើ​នោះ​យ៉ាង​នោះៗ ម្នាល​ភិក្ខុទាំងឡាយ កាល​បើ​ហេតុ​យ៉ាង​នេះ មាន ការ​នៅ​ប្រពឹត្តិ​ព្រហ្ម​ចរិយៈ​ ក៏មាន ឱកាស​ដើម្បី​ធ្វើ​ឲ្យ​ផុត​ទុក្ខ ​ដោយ​ប្រពៃ ​ក៏ប្រាកដ។ ម្នាល​ភិក្ខុទាំងឡាយ បុគ្គល​ពួក​ខ្លះ ក្នុង​លោក​នេះ បាន​ធ្វើ​បាបកម្ម សូម្បី​ត្រឹម​តែ​បន្ដិច​បន្តួច​ហើយ (​បាបកម្ម​នោះ) រមែង​នាំបុគ្គល​នោះ ទៅកាន់​នរក។ ​ ម្នាល​ភិក្ខុទាំងឡាយ មួយទៀត បាប​កម្ម​ត្រឹម​តែបន្តិច ប្រហែល​គ្នា​នឹង​បាប​កម្ម​មុន​នោះដែរ ដែល​បុគ្គល​ពួក​ខ្លះ ក្នុង​លោក​នេះ ធ្វើ​ហើយ ជាកម្ម​ត្រូវ​ទទួល​ផល​ ក្នុង​បច្ចុ​ប្បន្ន ឯ​កម្ម​តិច​តួច​ស្ដួចស្ដើង​ មិនប្រាកដ​ គឺថា​មិន​បាន​ឲ្យ​ផល​ក្នុង​អត្តភាព ​ជាគំរប់​ពីរ​ទេ (លុះ​ណា) តែកម្ម​ច្រើន ទើប​ប្រាកដ ​គឺ​ថាឲ្យ​ផល ក្នុង​អត្តភាព​ ជាគំរប់​ពីរបាន​។ ម្នាល​ភិក្ខុទាំងឡាយ បុគ្គល​បែប​ណា ដែល​បាន​ធ្វើ​បាប​កម្ម​ សូម្បីត្រឹម​តែ​បន្ដិច​ហើយ (បាបកម្មនោះ) នាំបុគ្គល​នោះ ចូល​ទៅកាន់​នរក។ ម្នាល​ភិក្ខុទាំងឡាយ បុគ្គលពួក​ខ្លះ ក្នុង​លោក​នេះ ជាអ្នក​មិន​បាន​ចំរើន​កាយ មិន​បាន​ចំរើន​សីល មិនបានចំរើន​សមាធិចិត្ត មិន​បាន​ចំរើន​វិបស្សនាបញ្ញា មាន​គុណដ៏​ស្ដួច​ស្ដើង មានគុណ​ក្នុង​ខ្លួនដ៏​តិច មានការ​នៅ​ជា​ទុក្ខ ព្រោះ​ផល​តិច​ ម្នាល​ភិក្ខុទាំងឡាយ បុគ្គល​បែប​យ៉ាងនេះ ដែល​បាន​ធ្វើ​បាបកម្ម សូម្បី​ត្រឹម​តែបន្ដិច​ហើយ (បាបកម្មនោះ) នាំបុគ្គល​នោះ​ ចូល​​ទៅកាន់​នរក​បាន។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​បែប​ណា ដែល​បាន​ធ្វើ​បាបកម្ម​ សូម្បី​ត្រឹមតែ​បន្ដិច​ ប្រហែលគ្នា​នឹង​បានកម្ម​មុន​នោះ​ដែរ​ ហើយទទួល​ផល​ ក្នុង​បច្ចុប្បន្ន ឯ​កម្មតិច​តួច​ស្ដួចស្ដើង​ មិន​ប្រាកដ គឺថា​មិន​បាន​ឲ្យ​ផល ក្នុង​អត្ត​ភាព​ ជាគំរប់​ពីរ (លុះណា) តែកម្ម​ច្រើន ទើប​ប្រាកដ​ គឺ​ថា​ឲ្យ​ផល​បាន។ ម្នាល​ភិក្ខុទាំងឡាយ បុគ្គល​ពួក​ខ្លះ ក្នុង​លោក​នេះ ជា​អ្នក​បាន​ចំរើន​កាយ បានចំរើន​សីល បាន​ចំរើន​សមាធិចិត្ត បានចំរើន​វិបស្ស​នា​បញ្ញា មាន​គុណ​ដ៏​ច្រើន មានគុណ​ក្នុងខ្លួនច្រើន មានការ​នៅ ដោយ​មិនមាន​រាគា​ទិក្កិលេស ម្នាល​ភិក្ខុទាំងឡាយ បុគ្គល​បែប​យ៉ាងនេះ ដែល​បាន​ធ្វើ​បាប​កម្ម​ត្រឹម​តែបន្តិច ប្រហែល​គ្នា​នឹង​បាប​កម្ម​មុន​នោះហើយ ​ត្រូវ​ទទួល​ផល​ ក្នុង​បច្ចុប្បន្ន ឯ​កម្ម​តិចតួចស្ដួច​ស្ដើង មិន​ប្រាកដ គឺថាមិនឲ្យ​ផល ក្នុង​អត្ត​ភាព​ ជាគំរប់ពីរ (​លុះណា) តែកម្ម​ច្រើន ទើប​ប្រាកដ​ គឺថា​ឲ្យ​ផល​បាន។ ម្នាល​ភិក្ខុទាំងឡាយ ដូច​ជាបុរស​ បង់​ដុំ​អំបិល​មួយ​គ្រាប់​ ក្នុង​ផ្ដឹល​ទឹក​យ៉ាង​តូច។ ម្នាល​ភិក្ខុទាំងឡាយ ចុះ​អ្នក​ទាំងឡាយ សំគាល់​នូវ​ហេតុ​នោះ ដូចម្ដេច ទឹក​ក្នុង​ផ្ដឹល​ យ៉ាង​តូច​នោះ គួរ​ជាទឹក​ប្រៃ​សព្វ ដោយ​អំបិល​មួយ​គ្រាប់ ប៉ុណ្ណោះ​ដែរ​ឬ។ យ៉ាងហ្នឹងហើយ ព្រះអង្គ។ ដំណើរ​នោះ ព្រោះ​ហេតុ​អ្វី។ បពិត្រ​ព្រះអង្គដ៏​ចំរើន ព្រោះ​ទឹក​ក្នុង​ផ្ដឹល​នោះ ​មាន​ប្រមាណតិច ទឹក​នោះ ​ជា​ទឹក​ប្រៃ​សព្វ ដោយ​អំបិល​មួយ​គ្រាប់​ ប៉ុណ្ណោះ​បាន យ៉ាងណាមិញ។ ម្នាល​ភិក្ខុទាំងឡាយ ដូច​ជា​បុរស​បង់​អំបិល​មួយ​គ្រាប់​ ក្នុង​ទន្លេគង្គា។ ម្នាល​ភិក្ខុទាំងឡាយ តើ​អ្នកទាំងឡាយ សំគាល់​នូវ​ហេតុ​នោះ ​ដូចម្ដេច​ ទន្លេ​គង្គា​នោះ​ គួរ​ប្រៃ​សព្វ ដោយ​អំបិល​មួយ​គ្រាប់ ប៉ុណ្ណោះដែរ​ឬ។ មិន​មែនដូច្នោះ​ទេ ព្រះអង្គ។ ដំណើរ​នោះ​ ព្រោះ​ហេតុ​អ្វី។ បពិត្រ​ព្រះអង្គ​ដ៏​ចំរើន ព្រោះ​ក្នុង​ទន្លេ​គង្គាឯណោះ មាន​គំនរ​ទឹក​ច្រើន គំនរ​ទឹក​យ៉ាង​ធំនោះ ​មិន​គួរ​ប្រៃ​សព្វ ដោយអំបិល​មួយ​គ្រាប់​ប៉ុណ្ណោះ​បាន​ យ៉ាងណាមិញ។ ម្នាល​ភិក្ខុ​ទាំងឡាយ​ បុគ្គលពួក​ខ្លះ ក្នុង​លោក​នេះ បាន​ធ្វើ​បាប​កម្ម សូម្បី​ត្រឹម​តែ​បន្ដិច​បន្តួច​ហើយ (បាប​កម្ម​នោះ) នាំ​បុគ្គល​នោះ ​ចូល​ទៅកាន់​នរក ក៏​យ៉ាង​នោះដែរ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ មួយ​ទៀត ​បុគ្គល​ពួក​ខ្លះ ក្នុង​លោក​នេះ បានធ្វើ​បាបកម្ម​ត្រឹម​តែ​បន្តិច​បន្ដួច ប្រហែល​គ្នា​នឹង​បាប​កម្ម​មុន​នោះ​ដែរ ហើយ​ត្រូវ​ទទួលផល ​ក្នុង​បច្ចុប្បន្ន​ ឯកម្ម​មាន​ប្រមាណ​តិច ​មិន​ប្រាកដ ​(លុះ​ណា) តែ​កម្ម​ច្រើន ទើប​ប្រាកដ​ ក៏​យ៉ាង​នោះ​ដែរ។ ម្នាល​ភិក្ខុ​ទាំងឡាយ បុគ្គល​បែប​ណា ដែល​បាន​ធ្វើ​បាប​កម្ម សូម្បី​ត្រឹម​តែ​បន្តិច​បន្តួច​​ហើយ ​(​បាបកម្ម​នោះ) នាំបុគ្គល​នោះ​ ចូល​ទៅ​កាន់​នរក។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​ពួក​ខ្លះ ក្នុង​លោក​នេះ ជា​អ្នក​មិន​បាន​ចំរើន​កាយ មិន​បានចំរើន​សីល​ មិន​បានចំរើន​សមាធិចិត្ត មិន​បាន​ចំរើន​វិបស្សនាបញ្ញា មាន​គុណ​ស្ដួច​ស្ដើង មាន​គុណ​ក្នុង​ខ្លួនតិច មានការ​នៅជាទុក្ខ ព្រោះ​ផល​តិច ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​បែប​នេះឯង ដែល​បាន​ធ្វើ​បាប​កម្ម សូម្បី​ត្រឹម​តែបន្តិច​បន្តួច​ហើយ (បាប​កម្មនោះ) នាំបុគ្គល​នោះ ​​ចូល​ទៅកាន់​នរក។ ម្នាល​ភិក្ខុ​ទាំងឡាយ បុគ្គល​បែប​ណា ដែល​បាន​ធ្វើ​បាប​កម្ម ត្រឹម​តែបន្តិ​បន្ដួច ប្រហែល​គ្នា​នឹង​បាប​កម្ម​មុន​នោះ​ដែរ ហើយ​ត្រូវ​ទទួល​​ផល ក្នុង​បច្ចុ​ប្បន្ន ឯកម្ម​តិច​តួច រមែង​មិន​ប្រាកដ (លុះ​ណា)​ តែកម្ម​ច្រើន​ទើបប្រាកដ។ ម្នាល​ភិក្ខុ​ទាំងឡាយ បុគ្គល​ពួក​ខ្លះ ក្នុង​លោក​នេះ ជាអ្នក​បានចំរើន​កាយ បាន​ចំរើន​សីល​ បាន​ចំរើន​សមាធិចិត្ត បាន​ចំរើន​វិបស្សនាបញ្ញា មានគុណ​ច្រើន មាន​គុណ​ក្នុង​ខ្លួន​ច្រើន មាន​ការ​នៅ ​ដោយ​មិន​មាន​រាគា​ទិក្កិលេស​ទេ ម្នាល​ភិក្ខុ​ទាំងឡាយ បុគ្គល​បែប​យ៉ាងនេះ​ឯង ​បាន​ធ្វើ​បាប​កម្មត្រឹម​តែបន្តិច​បន្តួច​ប្រហែល​គ្នា​នឹង​បាប​កម្ម​មុន​នោះ​ដែរ​ ហើយ​ត្រូវ​ទទួល​ផល ក្នុង​បច្ចុប្បន្ន ឯ​កម្ម​តិច​តួច រមែង​មិន​ប្រាកដ (លុះ​ណា) តែ​កម្ម​ច្រើន ទើបប្រាកដ​ គឺ​ឲ្យ​ផល​បាន។ ម្នាល​ភិក្ខុ​ទាំងឡាយ បុគ្គល​ពួ​កខ្លះ ​ក្នុង​លោក​នេះ ជាប់​ចំណង ព្រោះ​កន្លះ​កហាប​ណៈ ខ្លះ ជាប់​ចំណងព្រោះ​មួយកហាបណៈខ្លះ ជាប់​ចំណង ​ព្រោះ​កហាបណៈ​១០០ ខ្លះ។ ម្នាល​ភិក្ខុ​ទាំងឡាយ មួយ​វិញ​ទៀត​ បុគ្គល​ពួក​ខ្លះ ​ក្នុង​លោក​នេះ មិន​ជាប់​ចំណង ព្រោះ​កន្លះកហាបណៈខ្លះ មិន​ជាប់​ចំណង​ ព្រោះ​កហាបណៈមួយ​ខ្លះ មិន​ជាប់​ចំណង ព្រោះ​កហាបណៈ១០០ ខ្លះ។ ម្នាល​ភិក្ខុ​ទាំងឡាយ បុគ្គល​មានសភាពយ៉ាងណា រមែង​ជាប់​ចំណង ព្រោះកន្លះ​កហាបណៈខ្លះ ជាប់​ចំណង ព្រោះ​កហាបណៈមួយ​ខ្លះ ជាប់​ចំណង​ព្រោះ​កហាបណៈ១០០ខ្លះ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​ពួក​ខ្លះ​ ក្នុង​លោក​នេះ ជាអ្នក​ក្រី​ក្រ​ ឥត​ទីពំនាក់ មានគ្រឿង​ប្រើ​ប្រាស់​តិច ម្នាល​ភិក្ខុ​ទាំងឡាយ បុគ្គល​មានសភាព​យ៉ាង​នេះ រមែង​ជាប់ចំណង ព្រោះ​កន្លះ​កហាបណៈខ្លះ ជាប់​ចំណង ព្រោះ​កហាបណៈមួយ​ខ្លះ ជាប់​ចំណង​ព្រោះ​កហាបណៈ​១០០ខ្លះ។ ​ម្នាល​ភិក្ខុ​ទាំងឡាយ បុគ្គល​មាន​សភាព​យ៉ាងណា មិន​ជាប់​ចំណង ព្រោះ​កន្លះ​កហាបណៈខ្លះ មិន​ជាប់​ចំណង​ ព្រោះ​កហាបណៈ​មួយ​ខ្លះ​ មិន​ជាប់​ចំណង​ ព្រោះ​កហាបណៈ១០០​ខ្លះ។ ម្នាល​ភិក្ខុ​ទាំងឡាយ បុគ្គល​ពួក​ខ្លះ​ ក្នុង​លោក​នេះ ជាអ្នក​ស្ដុកស្តម្ភ មាន​ទ្រព្យ​ច្រើន មានគ្រឿង​ប្រើប្រាស់​ច្រើន ម្នាល​ភិក្ខុ​ទាំងឡាយ បុគ្គ​ល​មាន​សភាព​យ៉ាង​នេះ រមែង​មិន​ជាប់​ចំណង ​ព្រោះ​កន្លះ​កហាបណៈខ្លះ មិន​ជាប់​ចំណង ព្រោះ​កហាប​ណៈមួយ​ខ្លះ ​មិនជាប់​ចំណង​ ព្រោះ​កហាបណៈ១០០ ខ្លះ។ ម្នាល​ភិក្ខុ​ទាំងឡាយ បុគ្គល​ពួកខ្លះ ​ក្នុង​លោក​នេះ​បានធ្វើ​បាប​កម្ម សូម្បី​ត្រឹម​តែ​បន្តិច​បន្តួច​ហើយ (បាប​កម្ម​នោះ) រមែង​នាំបុគ្គល​នោះ​ ចូល​ទៅកាន់​នរក ក៏​យ៉ាង​នោះ​ឯង។ ម្នាល​ភិក្ខុ​ទាំងឡាយ មួយ​ទៀត បុគ្គល​ពួក​ខ្លះ​ ក្នុងលោក​នេះ បាន​ធ្វើបាប​កម្ម ត្រឹម​តែ​បន្តិច​បន្តួច ប្រហែល​នឹង​បាប​កម្ម​មុននោះ​ដែរ ហើយ​គួរ​ទទួល​ផល ​ក្នុង​បច្ចុ​ប្បន្ន ឯកម្មតិច​តួច មិន​ប្រាកដ​ទេ (លុះ​ណា) តែកម្ម​ច្រើន ​ទើប​ប្រាកដ​បាន។ បេ។ ម្នាល​ភិក្ខុ​ទាំងឡាយ ដូច​ជាជន​ពួក​ខ្លះ​ ជាអ្នក​ម្ចាស់​ចៀម ឬ ជាអ្នក​សម្លាប់ចៀម ល្មម​ដើម្បី​សម្លាប់​ក្ដី ចង​ក្ដី ដុត​ក្ដី ធ្វើ​កិច្ច​គួរ​តាម​ការ​ក្ដី នូវ​ជន​អ្នក​យកចៀម​ ដែល​ខ្លួនមិន​បាន​ឲ្យ ជន​ពួក​ខ្លះ មិន​ល្មម​ដើម្បី​សម្លាប់​ក្ដី ចង​ក្ដី ដុត​ក្ដី ធ្វើ​កិច្ច​គួរ​តាម​ការ​ក្ដី​ នូវ​ជន​អ្នក​យក​ចៀម ដែល​ខ្លួន​មិន​បាន​ឲ្យ ម្នាល​ភិក្ខុ​ទាំងឡាយ ជន​មាន​សភាព​យ៉ាង​ណា ដែល​ជាម្ចាស់​ចៀម​ឬជាអ្នកសម្លាប់​ចៀម ល្ម​មដើម្បី​សម្លាប់​ក្ដី ចង​ក្ដី ដុត​ក្ដី ធ្វើ​កិច្ច​គួ​រតាម​ការ​ក្ដី នូវ​ជនអ្នក​យក​ចៀម ដែល​ខ្លួន​មិន​បាន​ឲ្យ។ ម្នាល​ភិក្ខុ​ទាំងឡាយ ជន​ពួក​ខ្លះ ក្នុង​លោក​នេះ ជាអ្នក​ក្រីក្រ ឥត​ទីពឹង​ពំនាក់ មាន​គ្រឿង​ប្រើ​ប្រាស់​តិច ម្នាល​ភិក្ខុ​ទាំងឡាយ ជនមាន​សភាព​យ៉ាង​នេះ ​ដែល​ម្ចាស់​ចៀម​ ឬ​អ្នក​សម្លាប់ចៀម​ ល្មម​ដើម្បី​សម្លាប់​ក្ដី ចង​ក្ដី​ ដុតក្ដី ធ្វើ​កិច្ច​គួរ​តាម​ការ​ក្ដី នូវ​ជន​អ្នក​យកចៀម​ ដែលខ្លួនមិន​បាន​ឲ្យ។ ម្នាល​ភិក្ខុ​ទាំងឡាយ បុគ្គល​មាន​សភាពយ៉ាងណា ដែល​ជាម្ចាស់​ចៀម​ឬជា​អ្នក​សម្លាប់​ចៀម មិន​ល្មម​ដើម្បី​សម្លាប់​ក្ដី ចងក្ដី ដុត​ក្ដី ធ្វើ​កិច្ច​គួរ​ តាម​ការ​ក្ដី នូវ​ជន​អ្នក​យក​ចៀម​ ដែល​ខ្លួន​មិន​បាន​ឲ្យ។ ម្នាល​ភិក្ខុ​ទាំងឡាយ បុគ្គល​ពួក​ខ្លះ ក្នុង​លោក​នេះ ទោះ​ស្ដេច​ក្ដី អមាត្យ​ធំ របស់​ស្ដេច​ក្ដី ជាអ្នក​ស្ដុក​ស្ដម្ភ មាន​ទ្រព្យច្រើន មាន​គ្រឿង​ប្រើ​ប្រាស់​ច្រើន ម្នាល​ភិក្ខុ​ទាំងឡាយ បុគ្គល​មាន​សភាព​យ៉ាង​នេះ​ ដែល​ជាម្ចាស់​ចៀម ឬជាអ្នក​សម្លាប់​ចៀម​ មិន​ល្មម​ដើម្បី​សម្លាប់​ក្ដី ចង​ក្ដី ដុត​ក្ដី ធ្វើ​កិច្ច​គួរ​តាម​ការ​ក្ដី នូ​វជន​អ្នក​យកចៀម ដែល​ខ្លួន​មិន​បានឲ្យ ​ដោយ​ពិត អ្នក​ដែល​គេលួច​ចៀម រមែង​សំពះ​អង្វរ​អ្នក​លួច​ចៀម​នោះថា បពិត្រ​លោក​អ្នក​និរទុក្ខ សូមលោក​ឲ្យ​ចៀម ​ឬ តម្លៃ​ចៀម​មក​ខ្ញុំ​ យ៉ាង​ណាមិញ។ ម្នាល​ភិក្ខុ​ទាំងឡាយ បុគ្គល​ពួក​ខ្លះ ក្នុង​លោក​នេះ បាន​ធ្វើ​បាប​កម្ម សូម្បី​ត្រឹម​តែបន្តិច​បន្តួច​ហើយ (បាបកម្ម​នោះ) នាំ​បុគ្គល​នោះ ​ចូល​ទៅកាន់នរក ក៏យ៉ាង​នោះ​ដែរ។ ម្នាល​ភិក្ខុ​ទាំងឡាយ មួយ​ទៀត​ បុគ្គល​ពួក​ខ្លះ ក្នុង​លោក​នេះ បានធ្វើ​បាបកម្ម ត្រឹម​តែ​បន្តិច​បន្តួច ប្រហែល​គ្នា​នឹង​បាប​កម្ម​មុន​នោះ​ដែរ​ហើយ គួរ​ទទួល​ផល​ ក្នុង​បច្ចុប្បន្ន ឯបាន​កម្ម​តិចតួច មិន​ប្រាកដ (លុះណា) បាបកម្ម​ច្រើន ទើប​ប្រាកដ​បាន។ បេ។ ម្នាល​ភិក្ខុ​ទាំងឡាយ បើបុគ្គល​ណា​ និយាយ​យ៉ាង​នេះ​ថា បុរស​នេះ ធ្វើកម្ម យ៉ាង​ណាៗ រមែង​ទទួល​ផល​កម្ម​នោះ យ៉ាង​នោះ​ៗ ម្នាល​ភិក្ខុ​ទាំងឡាយ កាល​បើ​ហេតុយ៉ាង​នេះ​មាន ការ​ប្រព្រឹត្តិ​ព្រហ្ម​ចរិយៈ ក៏​មិន​មាន ឱកាសដើម្បី​ធ្វើ​ឲ្យ​ផុត​ទុក្ខ​ ដោយ​ប្រពៃ ​ក៏​មិន​ប្រាកដ។ ម្នាល​ភិក្ខុ​ទាំងឡាយ មួយ​ទៀត បើ​បុគ្គល​ណា និយាយ​យ៉ាងនេះថា បុរស​នេះ​ ធ្វើ​កម្មដែល​ខ្លួន​ត្រូវ​ដឹង​បាន យ៉ាង​ណាៗ ក៏​រមែង​ទទួល​យកនូវ​ផល​ របស់កម្ម​នោះ យ៉ាង​នោះៗ​ឯង ម្នាល​ភិក្ខុ​ទាំងឡាយ កាល​បើ​ហេតុ យ៉ាង​នេះមាន ការ​ប្រព្រឹត្ត​ព្រហ្ម​ចរិយៈ មាន ឱកាស​ដើម្បី​ធ្វើ​ឲ្យ​ផុត​ទុក្ខ ដោយប្រពៃ ​ក៏​ប្រាកដ។

(បំសុធោវកសូត្រ ទី១០)

(១០. បំសុធោវកសុត្តំ)

[១០៣] ម្នាល​ភិក្ខុ​ទាំងឡាយ ខ្សាច់​លាយ​ដោយ​អាចម៍ដី ក្បឿងលាយ​ដោយ​ក្រួស ជាឧបក្កិលេស ​យ៉ាង​គ្រោត​គ្រាត របស់​មាស ក៏​មាន មេជាងអ្នក​លាង​អាចម៍​ដីក្ដី កូន​ជាង​អ្នក​លាង​អាចម៍ដី​ក្ដី រោយ​រាយ​មាសនោះ​ចុះ ​ក្នុង​ស្នូក​ហើយ លាង​ជម្រះ​ដេញ​កំចាត់​ចេញ (នូវ​មន្ទិល) ​ត្រាតែធ្វើមាស​នោះ ​ឲ្យ​អស់​មន្ទិល ឲ្យ​បាត់​មន្ទិល​ចេញ​បាន ក្រួស​យ៉ាង​ល្អិតៗ ខ្សាច់យ៉ាង​ធំៗ ជាឧបក្កិលេស (មន្ទិល)​យ៉ាង​កណ្ដាល ​របស់​មាស មេជាង​អ្នកលាង​អាចម៍ដីក្ដី កូន​ជា​អ្នក​លាង​អាចម៍ដីក្ដី រមែង​លាង​ជម្រះ​ ដេញ​កំចាត់ចេញ​ នូវ​មន្ទិល​នោះ​ ត្រាតែ​ធ្វើ​មាស​នោះ​ ឲ្យ​អស់​មន្ទិល ឲ្យ​បាត់​មន្ទិល​ចេញបាន ដីខ្សាច់​យ៉ាង​ល្អិត ជារបស់​មាន​ពណ៌​ខ្មៅ ជាឧបក្កិលេស​ យ៉ាង​ល្អិត របស់​មាស​ ក៏​មាន មេជាង​អ្នកលាង​អាចម៍​ដីក្ដី កូន​ជាង​អ្នកលាង​អាចម៍​ដីក្ដី លាង​ជម្រះ​ ដេញ​កំចាត់​ចេញ​ នូវ​មន្ទិល​នោះ ត្រា​តែធ្វើ​មាស​នោះ ​ឲ្យ​អស់​មន្ទិល​ ឲ្យ​​បាត់​មន្ទិល​ចេញ​បាន តអំពី​នោះ​ នឹង​សល់​នៅតែ​មាស​សុទ្ធ​ ជាងមាស​ក្ដី កូន​ជាងមាស​ក្ដី ដាក់​មាស​នោះ​ចុះ ​ក្នុង​បាវ​ហើយ ទើប​សប់​រំលាយ​ដេញ​សាច់​។ មាស​នោះ ​ដែល​មិន​បាន​សប់​រំលាយ​ដេញ​សាច់ មិន​បានកំចាត់​មន្ទិល​ចេញ មិន​បាន​នាំមន្ទិល​ចេញហើយ មិន​ទៅ​ជាមាស​ទន់​ផង មិន​ទៅ​ជាមាស​គួរ​ដល់​ការងារ​ផង មិន​ទៅ​ជា​មាស​មាន​ពន្លឺ​ផ្លេក​ផង ទៅ​ជាមាស​ស្រួយ មិន​គួរ​ដល់​ការងារ​ដោយ​ប្រពៃ​ផង។ ម្នាល​ភិក្ខុ​ទាំងឡាយ សម័យ​គួរ​នោះ​ គឺ​សម័យ​ដែល​ជាង​មាស​ ឬកូន​ជាងមាស សប់​រំលាយ​ដេញសាច់​ មាស​នោះ​ដែល​បាន​សប់​រំលាយ​ដេញ​សាច់ កំចាត់​មន្ទិលចេញ នាំមន្ទិល​ចេញ​ហើយ រមែង​ទៅ​ជាមាស​ទន់​ផង​ គួរ​ដល់​ការ​ងារ​ផង មានពន្លឺ​ភ្លឺ​ផ្លេក​ផង មិន​ទៅ​ជាមាស​ស្រួយ​ផង គួរ​ដល់​ការ​ងារ​ ដោយ​ប្រពៃ​ផង ជាង​ប្រាថ្នា​គ្រឿង​ប្រដាប់​ប្លែកៗ​ ឯណាៗ ទោះ​ជាដំបារ​មាសក្ដី កណ្ឌលក្ដី ជា​គ្រឿង​ប្រដាប់​កក្ដី កម្រងមាស​ក្ដី រមែង​សម្រេច​តាម​ត្រូវ​ការ​នោះ បានទាំង​អស់។ ម្នាល​ភិក្ខុ​ទាំងឡាយ កាយ​ទុច្ចរិត វចី​ទុច្ច​រិត មនោទុច្ចរិត ជា​ឧបក្កិលេស យ៉ាង​គ្រោតគ្រាត ​របស់​ភិក្ខុ​ដែល​ប្រកបរឿយៗ នូវ​អធិចិត្ត ក៏មាន​យ៉ាងនោះ​ដែរ។ ភិក្ខុ​អ្នក​បរិបូណ៍​ ដោយសមាធិចិត្ត ប្រកបដោយ​ជាតិ​ ជាអ្នក​ប្រាជ្ញ រមែង​លះបង់​ បន្ទោបង់ ​ធ្វើ​ឲ្យវិនាស ​នូ​វឧបក្កិលេស​នោះ​ចេញ ឲ្យ​តាំង​នៅមិន​បាន ត្រាតែ​ធ្វើ​ចិត្ត​នោះ ឲ្យអស់​មន្ទិល​ ឲ្យ​បាត់​មន្ទិល​ចេញ។ កាម​វិតក្កៈ ព្យាបាទវិតក្កៈ វិហឹសាវិតក្កៈ ជាឧបក្កិលេស​ យ៉ាង​កណ្ដាល របស់​ភិក្ខុ​អ្នក​ប្រកប​នូវ​អធិចិត្ត។ ភិក្ខុអ្នក​បរិបូណ៌​ ដោយ​សមាធិចិត្ត ប្រកប​ដោយ​ជាតិ​ ជាអ្នក​ប្រាជ្ញ រមែងលះបង់​ បន្ទោបង់ ធ្វើ​ឲ្យវិនាស​ នូវ​ឧបក្កិលេស​នោះ​ចេញ ឲ្យ​តាំង​នៅមិនបាន ត្រាតែធ្វើ​ចិត្ត​នោះ ឲ្យ​អស់​មន្ទិល ឲ្យ​បាត់​មន្ទិល​ចេញ។ ញាតិ​វិតក្កៈ (សេចក្ដី​ត្រិះរិះ37) ​អំពីញាតិ) ជន​បទ​វិតក្កៈ (​សេចក្ដី​ត្រិះរិះ​38) អំពី​ជនបទ) អនវញ្ញត្តិប្បដិសំយុត្ត​វិតក្កៈ (សេចក្ដី​ត្រិះរិះ39) ​ប្រកប​ដោយការ​មិន​ចង់​ឲ្យគេមើល​ងាយ) ជាឧបក្កិលេស​យ៉ាង​ល្អិត ​របស់​ភិក្ខុ​អ្នក​ប្រកប ​នូវ​អធិចិត្ត។ ភិក្ខុ​អ្នក​បរិបូណ៌​ ដោយ​សមាធិចិត្ត ប្រកប​ដោយ​ជាតិ​ ជាអ្នក​ប្រាជ្ញ រមែង​លះបង់​ បន្ទោបង់​ ធ្វើ​ឲ្យ​វិនាស នូវ​ឧបក្កិលេស​នោះ​ចេញ ឲ្យ​តាំង​នៅមិន​បាន ត្រា​តែធ្វើ​ចិត្តនោះ​ ឲ្យ​អស់​មន្ទិល ឲ្យ​បាត់​មន្ទិល​ចេញ។ លំដាប់​តពីនោះ ​នឹង​នៅសល់​តែ​ធម្មវិតក្កៈ​ (សេចក្ដី​ត្រិះ​រិះ​នូវ​ធម៌)40) ប៉ុណ្ណោះ។ សមាធិនោះ​ មិន​បាន​រម្ងាប់ មិន​បាន​ខ្ពង់​ខ្ពស់ មិន​បាន​នូ​វ​ការ​ស្ងប់​កិលេស មិនបានដល់​នូវ​ភាពជាចិត្ត​ប្រសើរ​ឯក មិន​បាន​សង្កត់​សង្កិន​រារាំង (កិលេសដោយ​ព្យាយាម) ប្រកប​ដោយ​សង្ខារ។ ម្នាលភិក្ខុ​ទាំងឡាយ សម័យ​នោះ ចិត្ត​ក៏​ស្ងប់​ស្ងៀម ​នៅ​ក្នុង​សន្ដាន​ មាន​សភាព​ជាចិត្ត​ប្រសើរ​ឯក ហើយតាំងនៅមាំ។ សមាធិនោះ ​ក៏​បាន​រម្ងាប់​ខ្ពង់​ខ្ពស់ ស្ងប់​កិលេស ដល់​នូវភាព​ជាចិត្ត​ប្រសើរ​ឯក សង្កត់​សង្កិន ​រារាំង (កិលេស​ដោយ​ព្យាយាម) មិន​ប្រកប​ដោយ​សង្ខារ មួយ​ទៀត​បុគ្គល​បង្អោន​ចិត្ត​ទៅ ​ដើម្បី​ធម៌​ដែល​ត្រូវធ្វើឲ្យ​ជាក់​ច្បាស់ ​ដោយ​ប្រាជ្ញាណាៗ កាល​បើ​ហេតុមាន​ រមែង​គួរ​ដល់​ នូវភាព​គួរ​ជាបន្ទាល់​ ក្នុង​ធម៌​នោះ​ៗ ព្រោះ​ធ្វើ​ឲ្យ​ជាក់​ច្បាស់ ដោយ​ប្រាជ្ញា។ បុគ្គល​នោះ បើ​ប្រាថ្នាថា សូម​ឲ្យ​អាត្មា​អញ ទទួល​នូវការ​តាក់​តែងឫទ្ធិ ​ច្រើន​ប្រការ គឺ​អាត្មា​អញ​តែ​ម្នាក់​ឯង ធ្វើ​ឲ្យ​ទៅ​ជាមនុស្ស​ច្រើន​នាក់ គ្នា​ច្រើន​នាក់​ ឲ្យ​ទៅ​ជាម្នាក់ ធ្វើនូ​វទី​កំបាំង ​ឲ្យ​ទៅ​ជាទីវាល ធ្វើ​នូវ​វាល​ឲ្យ​ទៅជាទី​កំបាំង ​ដើរ​ទំលុះ​ទៅ​ក្រៅជញ្ចាំង ក្រៅ​កំពែង ក្រៅ​ភ្នំ​បាន​ មិនមានទើស​ទាល់ ​ដូច​ជាដើរ​ទៅក្នុង​ទីវាល ធ្វើ​នូវ​ការ​មុជចុះ​ និង​ងើប​ឡើង​ ក្នុងផែនដី ដូច​ជាមុជងើប​ក្នុង​ទឹក ដើរ​ទៅ​លើ​ទឹក មិន​បែក​ធ្លាយ​ទឹក ដូចជាដើរ​ទៅ​លើ​ផែន​ដី​ អណ្ដែត​ទៅ​ឯអាកាស​ទាំង​ភ្នែន​បាន ដូច​ជាសត្វ​ស្លាប ចាប់​ស្ទាប​អង្អែល ព្រះ​ចន្រ្ទ​ និង​ព្រះអាទិត្យ​ទាំងនេះ ដែល​មាន​ឫទ្ធិច្រើនយ៉ាង​នេះ មាន​អានុភាព​ច្រើន​យ៉ាងនេះ ​ដោយ​ដៃ ញុំាង​អំណាច ឲ្យប្រព្រឹត្ត​ទៅដោយ​កាយ ដរាប​ដល់​ព្រហ្ម​លោក កាល​បើ​ហេតុ​មាន រមែងដល់​នូវ​ភាព​គួរ​ជាបន្ទាល់ ក្នុង​ការ​តាក់​តែង​ឫទ្ធិ​នោះ​ៗ។ បើ​បុគ្គល​នោះ ប្រាថ្នា​ថា សូម​ឲ្យ​អាត្មាអញ​ មាន​សោត​ធាតុ​ ដូច​ជាទិព្វ ដ៏​បរិសុទ្ធ កន្លងសោត​ធាតុ​ របស់​មនុស្ស​ធម្មតា​ហើយ ឮនូវសំឡេង​ទាំង​ពីរ​ គឺសំឡេង​ទិព្វ១ សំឡេង​របស់​មនុស្ស​១ ដែល​មាន​នៅ​ក្នុង​ទីឆ្ងាយ និង​ទីជិត កាល​បើ​ហេតុ​មាន រមែង​ដល់​នូវ​ភាព​គួរ​ជាបន្ទាល់ ក្នុងការ​ឮ​ នូវសំឡេង​នោះៗ។ បើ​បុគ្គល​នោះ​ប្រាថ្នា​ថា សូម​ឲ្យអាត្មា​អញ កំណត់​ដឹង​ច្បាស់​ នូវ​ចិត្ត​សត្វទាំងឡាយ​ដទៃ បុគ្គល​ទាំងឡាយ​ដទៃ ដោយ​ចិត្ត​ (របស់​ខ្លួន)​ បាន ចិត្ត​ប្រកប​ដោយ​រាគៈ​ក្ដី អាត្មា​អញ ​ក៏​ដឹង​ច្បាស់​ថា ចិត្ត​ប្រកប​ដោយ​រាគៈ ចិត្ត​ដែល​ប្រាសចាករាគៈហើយ​ក្ដី អាត្មា​អញ​ ក៏​ដឹង​ច្បាស់​ថា ចិត្ត​ប្រាសចាក​រាគៈហើយ ចិត្ត​ដែល​ប្រកប​ដោយ​ទោសៈក្ដី​ អាត្មា​អញ ​ក៏​ដឹង​ច្បាស់ថា ចិត្ត​ប្រកប​ដោយ​ទោសៈ​ ចិត្ត​ដែល​ប្រាស​ចាក​ទោសៈ​ហើយ​ក្ដី​អាត្មាអញ​ ក៏ដឹង​ច្បាស់​ថា ចិត្ត​ប្រាស​ចាក​ទោសៈហើយ ចិត្ត​ដែល​ប្រកប​ដោយ​មោហៈក្ដី អាត្មា​ក៏ដឹង​ច្បាស់​ថា ចិត្ត​ប្រកប​ដោយមោហៈ ចិត្តដែល​ប្រាសចាក​មោហៈហើយ​ក្ដី អាត្មា​អញ​ ក៏​ដឹង​ច្បាស់​ថា ចិត្ត​ប្រាសចាក​មោហៈហើយ ចិត្ត​ដែល​រួញ​ថយ​ក្ដី អាត្មា​អញ​ ក៏ដឹង​ច្បាស់​ថា ចិត្ត​រួញថយ ចិត្តដែល​រាយមាយក្ដី អាត្មា​អញ ​ក៏ដឹង​ច្បាស់​ថា ចិត្ត​រាយ​មាយ ចិត្ត​ដែល​ជាមហគ្គតៈ (ចិត្ត​ដល់​នូវ​ភាព​ជាធំ) ក្ដី អាត្មា​អញ​ ក៏​ដឹង​ច្បាស់​ថា ចិត្តជាមហគ្គតៈ ចិត្ត​ដែល​ជាអមហគ្គតៈ (ចិត្តមិន​បាន​ដល់​នូវ​ភាព​ជាធំ) ​ក្ដី អាត្មាអញ​ ដឹង​ច្បាស់​ថា ចិត្ត​ជា​អមហគ្គតៈ ចិត្ត​ដែល​មានចិត្ត​ដទៃ ក្រៃលែង​ជាង (កាមាវចរៈ) ក្ដី អាត្មា​អញ​ ក៏ដឹង​ច្បាស់​ថា ចិត្ត​មាន​ចិត្ត​ដទៃ​ ក្រៃ​លែង​ជាង ចិត្ត​ដែល​មិន​មានចិត្ត​ដទៃ​ ក្រៃលែង​ជាង (​រូបា​វចរៈ​ និង​អរូបាវចរៈ) ក្ដី អាត្មា​អញ ក៏​ដឹង​ច្បាស់​ថា ចិត្ត​មិន​មាន​ចិត្ត​ដទៃ ​ក្រៃ​លែង​ជាង ចិត្ត​ដែល​តាំង​មាំក្ដី អាត្មា​អញ ​ក៏ដឹង​ច្បាស់​ថា ចិត្ត​តាំង​មាំ ចិត្ត​ដែល​មិន​បាន​តាំង​មាំក្ដី អាត្មា​អញ​ក៏​ដឹង​ច្បាស់​ថា ចិត្ត​មិន​បាន​តាំងមាំ ចិត្ត​ដែល​រួច​ស្រឡះ​ហើយ​ក្ដី អាត្មាអញ​ ក៏ដឹង​ច្បាស់​ថា ចិត្ត​រួច​​ស្រឡះហើយ ចិត្ត​ដែលមិន​រួច​ស្រឡះ​ក្ដី អាត្មា​អញ​ ក៏ដឹង​ច្បាស់​ថា ចិត្ត​មិន​ទាន់​រួច​ស្រឡះ កាល​បើ​ហេតុ​មាន​ រមែងដល់​នូ​វភាព​ជាបន្ទាល់ ក្នុង​ការ​ដឹង​នោះៗ​។ ​បើ​បុគ្គល​នោះ ​ប្រាថ្នា​ថា សូម​ឲ្យអាត្មា​អញ​ ឃើញ​នូវ​បុព្វេ​និវាស​ជាច្រើន​ប្រការ គឺ​រឭក​បាន​១​ជាតិ​ខ្លះ​ ២ជាតិខ្លះ​ ៣​ជាតិ​ខ្លះ ៤ជាតិខ្លះ ៥ជាតិ​ខ្លះ ១០ជាតិ​ខ្លះ ២០ជាតិ​ខ្លះ ៣០ជាតិខ្លះ ៤០ជាតិ​ខ្លះ ៥០ជាតិ​ខ្លះ ១០០ជាតិ​ខ្លះ ១ពាន់​ជាតិ​ខ្លះ​ ១សែន​ជាតិខ្លះ សំវដ្ដកប្ប (កប្បវិនាស)ខ្លះ​ វិវដ្ដ​កប្ប (កប្បដែល​ចម្រើន)​ខ្លះ សំវដ្ដ​វិវដ្ដ​កប្ប (កប្ប​វិនាស និង​កប្ប​ចម្រើន) ខ្លះ​ ថា អាត្មា​អញ បាន​កើត​ក្នុង​ភពឯណោះ មាន​ឈ្មោះ​យ៉ាងនេះ មាន​គោត្រយ៉ាង​នេះ មាន​សម្បុរ​យ៉ាងនេះ មាន​អាហារ​យ៉ាងនេះ បានទទួល​សុខ និង​ទុក្ខ​យ៉ាងនេះ មានកំណត់អាយុ ត្រឹម ​ប៉ុណ្ណេះ លុះអាត្មា​អញ ​ច្យុត​ចាកភព​នោះហើយ បានទៅកើត​ក្នុងភព ឯណោះ ដែល​អាត្មា​អញ​ បានកើត​ក្នុងភព​នោះ​ មាន​ឈ្មោះ​យ៉ាងនេះ មាន​គោត្រ​យ៉ាង​នេះ មាន​សម្បុរ​យ៉ាងនេះ មាន​អាហារ​យ៉ាងនេះ​ បានទទួល​សុខ និង​ទុក្ខ​យ៉ាង​នេះ មាន​កំណត់​អាយុ​ត្រឹម​ប៉ុណ្ណោះ លុះ​អាត្មា​អញ បានច្យុត​ចាក​ភព​នោះ​ហើយ ក៏បាន​មក​កើត​ក្នុង​ភព​នេះ​ សូមឲ្យ​អាត្មា​អញ រឭក​ឃើញ ​នូវ​បុព្វេ​និវាស​ជា​ច្រើន​ប្រការ ព្រម​ទាំង​អាការ គឺ សម្បុរ​ និងអាហារ​ជាដើម ព្រម​ទាំង​ឧទ្ទេស គឺឈ្មោះ និង​គោត្រកូល ដោយ​ប្រការដូច្នេះឯង កាល​បើ​ហេតុ​មាន រមែង​ដល់​នូវ​ភាពគួរ​ជា​បន្ទាល់ ​ក្នុង​ការរឭកឃើញនោះៗ។ បើ​បុគ្គល​នោះ​ ប្រាថ្នាថា សូម​ឲ្យ​អាត្មា​អញ​ មាន​ចក្ខុ​ដូច​ជាទិព្វ​ ដ៏​បរិសុទ្ធស្អាត កន្លង​បង់​នូវ​ចក្ខុ​ ជារបស់​មនុស្ស​ធម្មតា បានឃើញ​នូវសត្វ​ទាំងឡាយ ​ដែល​ច្យុត ដែល​កើត​ឡើង ថោក​ទាប​ និង​ឧត្តម មាន​សម្បុរល្អ មាន​សម្បុរ​អាក្រក់ មានគតិល្អ មានគតិ​អាក្រក់​ ដឹង​ច្បាស់​នូវ​ពួក​សត្វ ដែល​ប្រព្រឹត្ត​​ទៅតាម​កម្ម​ របស់​ខ្លួនថា អើហ្ន៎សត្វ​ពួក​នេះ ប្រកប​ដោយ​កាយទុច្ចរិត ប្រកប​ដោយ​វចីទុច្ចរិត​ ប្រកប​ដោយ​មនោទុច្ចរិត ជាអ្នក​តិះដៀល នូវ​ព្រះ​អរិយៈ​ទាំង​ឡាយ ជាមិច្ឆាទិដ្ធិ កាន់យក​នូវ​អំពើ​ជាមិច្ឆាទិដ្ធិ សត្វ​ពួកនោះ លុះទំលាយ​រាង​កាយ ​ស្លាប់​ទៅ រមែង​ទៅកើត​ក្នុង​តិរច្ឆាន ប្រេត អសុរកាយ នរក អើហ្ន៎​ ចំណែក​ឯសត្វ​ពួកនេះ ប្រកប​ដោយ​កាយសុចរិត ប្រកប​ដោយ​វចីសុចរិត ប្រកបដោយ​មនោសុចរិត ជាអ្នក​មិនតិះដៀល នូវព្រះអរិយៈទាំងឡាយ ជាសម្មា​ទិដ្ឋិ កាន់​យក​នូវ​អំពើ​ជាសម្មាទិដ្ឋិ សត្វ​ពួក​នោះ លុះ​ទំលាយ​រាងកាយ ​ស្លាប់​ទៅ រមែង​ចូល​ទៅ​កាន់​លោក គឺសុគតិសួគ៌ សូម​ឲ្យ​អាត្មាអញ មាន​ចក្ខុ​ដូច​ជា​ទិព្វ ​ដ៏​បរិសុទ្ធ កន្លង​បង់ នូវ​ចក្ខុ​ជារបស់​មនុស្ស​ធម្មតា ឃើញនូវ​សត្វ​ទាំងឡាយ ​ដែល​ច្យុត ដែលកើត ជាសត្វ​ថោក​ថយ និង​ឧត្ដម មាន​សម្បុរល្អ មាន​សម្បុរ​អាក្រក់ មានគតិល្អ មាន​គតិ​អាក្រក់ ដឹង​ច្បាស់​នូវ​ពួកសត្វ​ ដែល​ប្រព្រឹត្ត​ទៅ​តាមកម្មរបស់​ខ្លួន​ ដោយ​ប្រការ​ដូច្នេះ កាល​បើ​ហេតុ​មាន រមែង​ដល់​នូវ​ភាព​គួរ​ជាបន្ទាល់ ​ក្នុងការ​ដឹង និងការ​ឃើញ​នោះ ៗ។ បើ​បុគ្គល​នោះ​ ប្រាថ្នា​ថា សូមឲ្យ​អាត្មា​អញ បាន​ធ្វើ​ឲ្យ​ជាក់​ច្បាស់​សម្រេច​នូវ​ចេតោវិមុត្តិ និង​បញ្ញាវិមុត្តិ ដែល​មិន​មាន​អាសវៈ ព្រោះ​អស់​ទៅនៃ​អាសវៈ​​ទាំងឡាយ ដោយប្រាជ្ញា​ដ៏ឧត្ដម​ ដោយ​ខ្លួន​ឯង ក្នុង​បច្ចុប្បន្ន ហើយ​សម្រេច​សម្រាន្ត​នៅ កាលបើ​ហេតុ​មាន រមែង​ដល់​នូវ​ភាព​គួរ​ជា​បន្ទាល់ ក្នុង​ការ​សម្រេច​នោះៗ។

(និមិត្តសូត្រ ទី១១)

(១១. និមិត្តសុត្តំ)

[១០៤] ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុ​អ្នក​ប្រកប​នូវ​អធិចិត្ត​ហើយ ត្រូវ​ធ្វើទុកក្នុង​ចិត្ត ​នូវ​និមិត្ត ​៣​ យ៉ាង ក្នុងកាល​ដ៏​គួរ គឺ​ត្រូវ​ធ្វើ​ទុក​ក្នុង​ចិត្ត​ នូវ​សមាធិនិមិត្ត ក្នុងកាល​ដ៏គួរ ១ ត្រូវ​ធ្វើ​ទុកក្នុងចិត្ត​ នូវ​បគ្គា​ហនិមិត្ត41) ក្នុង​កាល​ដ៏គួរ១ ត្រូវ​ធ្វើ​ទុក​ក្នុង​ចិត្ត នូវ​ឧបេក្ខា​និមិត្ត ក្នុង​កាល​ដ៏គួរ១។ ម្នាល​ភិក្ខុ​ទាំងឡាយ បើ​ភិក្ខុ​អ្នក​ប្រកប​រឿយៗ នូវ​អធិចិត្ត គប្បី​ធ្វើ​ទុកក្នុងចិត្ត ​នូវ​សមាធិនិមិត្ត​ តែមួយចំណែក ហេតុនោះ គប្បី​នាំចិត្ត​ ឲ្យ​ប្រព្រឹត្តទៅ ដើម្បី​សេចក្ដី​ខ្ជិល​ច្រអូស។ ម្នាល​ភិក្ខុ​ទាំងឡាយ បើ​ភិក្ខុ​អ្នក​ប្រកប​រឿយ​ៗ នូវ​អធិចិត្ត គប្បីធ្វើ​ទុកក្នុង​ចិត្ត នូវ​បគ្គា​ហនិមិត្ត​ តែមួយ​ចំណែក ហេតុ​នោះ គប្បី​នាំចិត្ត ​ឲ្យប្រព្រឹត្ត​ទៅ ដើម្បីសេចក្ដីរាយមាយ។ ម្នាល​ភិក្ខុ​ទាំងឡាយ បើ​ភិក្ខុ​អ្នក​ប្រកប​រឿយៗ នូវ​អធិចិត្ត​ គប្បី​ធ្វើ​ទុកក្នុង​ចិត្ត​ នូវ​ឧបេក្ខា​និមិត្ត​ តែ​មួយ​ចំណែក ហេតុ​នោះ គប្បី​នាំចិត្ត ​មិន​ឲ្យ​តាំង​មាំ ដោយ​ប្រពៃ ដើម្បី​ការ​អស់​ទៅ នៃ​អាសវៈ ទាំងឡាយ។ ម្នាល​ភិក្ខុ​ទាំងឡាយ កាល​ណាភិក្ខុ​អ្នក​ប្រកប​ នូវ​អធិចិត្ត រមែង​ធ្វើ​ទុកក្នុងចិត្ត នូវ​សមាធិនិមិត្ត ក្នុងកាល​ដ៏គួរ ធ្វើ​ទុក​ក្នុង​ចិត្ត ​នូវ​បគ្គា​ហនិមិត្ត ​ក្នុង​កាល​ដ៏គួរ ធ្វើ​ទុកក្នុង​ចិត្ត​ នូវ​ឧបេក្ខា​និមិត្ត ក្នុងកាល​ដ៏គួរ ទើប​ចិត្ត​នោះ ក៏​ទន់ គួរ​ដល់ភាវនាកម្ម ជា​ចិត្ត​ភ្លឺ​ផ្លេក មិន​រឹង តាំង​មាំ​ដោយ​ប្រពៃ ដើម្បី​អស់​ទៅ នៃអាសវៈ​ទាំងឡាយបាន។ ម្នាល​ភិក្ខុ​ទាំងឡាយ ដូច​ជាជាង​មាសក្ដី កូនសិស្សជាង​មាស​ក្ដី ចាត់ចែង​បាវ លុះ​ចាត់​ចែង​បាវ​រួច​ហើយ ក៏​ដុត​មាត់​បាវ កាល​ដុត​មាត់​បាវ ក៏យក​ដង្កៀប​ថ្កៀប​មាស ​ដាក់​ក្នុង​មាត់​បាវ ហើយសប់​ក្នុងកាល​ដ៏​គួរ បំព្រំ​ទឹក​ ក្នុង​កាល​ដ៏គួរ សំឡឹង​មើល ​ក្នុងកាល​ដ៏គួរ។ ម្នាល​ភិក្ខុ​ទាំងឡាយ បើ​ជាង​មាស​ក្ដី កូនសិស្ស​ជាង​មាស​ក្ដី គប្បី​សប់​តែមាសនោះ មួយ​ចំណែក នោះ​ជា​ហេតុ​ធ្វើ​ឲ្យ​មាស​ឆេះ​រលួយ​ទៅ។ ម្នាល​ភិក្ខុ​ទាំងឡាយ បើ​ជាង​មាស​ក្ដី កូន​សិស្សជាង​មាស​ក្ដី បំព្រំ​តែ​មាស​នោះ ដោយ​ទឹក​មួយ​ចំណែក នោះ​ជា​ហេតុ​ធ្វើ​មាស​ឲ្យ​ត្រជាក់។ ម្នាល​ភិក្ខុ​ទាំងឡាយ បើ​ជាង​មាស​ក្ដី កូន​សិស្ស​ជាង​មាន​ក្ដី សំឡឹង​មើល​តែមាសនោះ​មួយចំណែក នោះ​ជា​ហេតុ​ ធ្វើមិន​ឲ្យ​មាស​ឆ្អិន​សព្វ​សាច់​បាន។ ម្នាល​ភិក្ខុ​ទាំង​ឡាយ កាល​ណា​ ជាងមាស​ក្ដី​ កូន​សិស្ស​ជាង​មាស​ក្ដី សប់​មាស​នោះ ក្នុង​កាល​ដ៏​គួរ បំព្រំ​ដោយទឹក ក្នុងកាល​ដ៏គួរ សំឡឹង​មើល ក្នុងកាល​ដ៏គួរ​ហើយ ទើប​មាស​នោះ ទៅជាមាស​ទន់ គួរ​ដល់​ការងារ ជាមាស​មាន​សម្បុរ​ភ្លឺផ្លេក មិន​ស្រួយ គួរ​បង្អោន​ទៅ ដើម្បី​ការងារ ដោយប្រពៃ​ផង បើ​គេ​ប្រាថ្នា​គ្រឿង​ប្រដាប់​ប្លែក​ៗ ណាៗ ទោះ​ជាដំបារ​មាស​ក្ដី កណ្ឌល​ក្ដី គ្រឿង​ប្រដាប់​កក្ដី​ កម្រង​មាស​ក្ដី រមែង​សម្រេច​ប្រយោជន៍​​នោះៗបាន (យ៉ាង​ណាមិញ)។ ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុ​អ្នក​ប្រកបរឿយៗ នូវ​អធិចិត្ត​ ត្រូវធ្វើ​ទុក​ក្នុង​ចិត្ត​ នូវ​និមិត្ត ​៣ យ៉ាង​ ក្នុង​កាល​ដ៏គួរ គឺ​ត្រូវ​ធ្វើទុកក្នុង​ចិត្ត​ នូវ​សមាធិនិមិត្ត ក្នុង​កាសដ៏គួរ ១ ត្រូវ​ធ្វើ​ទុកក្នុង​ចិត្ត ​នូវបគ្គា​ហនិមិត្ត​ ក្នុង​កា​លដ៏​គួរ ១ ត្រូវ​ធ្វើ​ទុក​ក្នុង​ចិត្ត​ នូវ​ឧបេក្ខា​និមិត្ត ក្នុងកាល​ដ៏គួរ​១ ក៏យ៉ាង​នោះដែរ។ ម្នាល​ភិក្ខុ​ទាំងឡាយ បើ​ភិក្ខុអ្នក​ប្រកប​នូវ​អធិចិត្ត គប្បី​ធ្វើ​ទុក​ក្នុងចិត្ត ​នូ​វ​សមាធិនិមិត្ត តែមួយ​ចំណែក ហេតុ​នោះ គប្បី​នាំចិត្ត​ឲ្យ​ប្រព្រឹត្តទៅ ដើម្បីសេចក្ដី​ខ្ជិល​ច្រអូស។ ម្នាល​ភិក្ខុ​ទាំង ឡាយ បើ​ភិក្ខុ​ប្រកប​រឿយៗ នូវ​អធិចិត្ត គប្បីធ្វើ​ទុក​ក្នុង​ចិត្ត នូវ​បគ្គា​ហនិមិត្ត​ តែមួយ​ចំណែក ហេតុ​នោះ គប្បី​នាំចិត្ត​ឲ្យ​ប្រព្រឹត្ត​ទៅ ដើម្បីសេចក្ដី​រាយមាយ។ ម្នាល​ភិក្ខុ​ទាំងឡាយ បើ​ភិក្ខុ​អ្នកប្រកប​​រឿយៗ នូវ​អធិចិត្ត គប្បី​ធ្វើ​ទុក​ក្នុង​ចិត្ត ​នូវ​ឧបេក្ខា​និមិត្ត តែមួយចំណែក ហេតុ​នោះ គប្បី​នាំចិត្ត​ មិន​ឲ្យ​តាំង​មាំ​ ដោយ​ប្រពៃ ដើម្បី​អស់​ទៅ ​នៃ​អាសវៈទាំងឡាយ។ ម្នាល​ភិក្ខុ​ទាំងឡាយ លុះណាតែភិក្ខុ​អ្នក​ប្រកម​រឿយៗ​ នូវ​អធិចិត្ត ធ្វើ​ទុកក្នុង​​ចិត្ត ​នូវ​សមា​ធិនិ​មិត្ត ក្នុង​កាលដ៏​គួរ ធ្វើ​ទុក​ក្នុង​ចិត្ត ​នូវ​បគ្គា​ហនិមិត្ត ​ក្នុង​កាល​ដ៏គួរ ធ្វើ​ទុក​ក្នុងចិត្ត​ នូវ​ឧបេក្ខានិមិត្ត ក្នុងកាល​ដ៏គួរ ទើប​ចិត្តនោះ រមែង​ទៅ​ជាចិត្ត​ទន់ គួរ​ដល់​ភាវនាកម្ម ជាចិត្តភ្លឺផ្លេក មិនរឹង តាំង​មាំដោយ​ប្រពៃ ដើម្បី​អស់​ទៅ នៃ​អាសវៈ​ទាំងឡាយ បុគ្គល​បង្អោន​ទៅ ​នូវ​ចិត្ត ដើម្បីធម៌​ដែល​ត្រូវ​ធ្វើ​ឲ្យ​ជាក់​ច្បាស់ ដោយ​ប្រាជ្ញាដ៏​ឧត្ដម​ណា ៗ កាល​បើ​ហេតុ​មាន រមែង​ដល់​នូវ​ភាព គួរជាបន្ទាល់ ​ក្នុង​ធម៌​នោះៗ ដើម្បី​ធ្វើ​ឲ្យជាក់​ច្បាស់​ ដោយ​ប្រាជ្ញា​ដ៏ឧត្ដម។ បើ​បុគ្គល​នោះ ​ប្រាថ្នា​ថា សូម​ឲ្យ​អាត្មា​អញ​ បាន​ចំពោះ​នូវ​ការតាក់​តែងឫទ្ធិ ជាច្រើន​ប្រការ។ បេ។ សូម​ឲ្យ​អាត្មា​អញ​ អស់​អាសវៈ ធ្វើ​ឲ្យជាក់ច្បាស់​ សម្រេច​សម្រាន្តនៅ កាល​បើ​ហេតុ​មាន (បុគ្គល​នោះ) រមែង​ដល់នូវ​ភាព​គួរ​ជា​បន្ទាល់ ក្នុងគុណនោះៗ មិន​ខាន។

ចប់ លោណផលវគ្គ​ ទី៥។

ឧទ្ទាន​នៃលោណផល​វគ្គ​នោះគឺ

និយាយ​ពីកិច្ច​ដែល​ត្រូវ​ធ្វើ​យ៉ាង​រួស​រាន់​ ១ ការ​ស្ងប់​ស្ងាត់​ ១ ធម្ម​ចក្ខុ​កើ​ត​ឡើង​ ដូច​ព្រះអាទិត្យ​ ក្នុង​សរទសម័យ ១ បរិសទ្យ ៣ពួក​ ១ ភិក្ខុ​ប្រកប​ដោយធម៌ ៣ ដូច​សេះ​អាជា​នេយ្យ មាន​៣លើក​ ១ បាបកម្មដូច​ជាអំបិល​ ១ គុណ​សម្បត្តិ​ដ៏​ខ្ពង់ខ្ពស់ ​របស់​ភិក្ខុ​សង្ឃ ១។

ចប់ បណ្ណាសក ទី២។

តតិយបណ្ណាសក

(៣. តតិយបណ្ណាសកំ)

សម្ពោធិវគ្គ ទី១ (១១)

((១១) ១. សម្ពោធវគ្គោ)

(បុព្វេវសម្ពោធសូត្រ ទី១)

(១. បុព្វេវសម្ពោធសុត្តំ)

[១០៥] ម្នាល​ភិក្ខុ​ទាំងឡាយ កាល​មុន​នឹង​ត្រាស់​ដឹង តថាគតនៅជា​ពោធិសត្វ​ មិន​ទាន់​ត្រាស់​ដឹង​នៅឡើយ មាន​សេចក្ដី​ត្រិះរិះ ​ដូច្នេះថា អានិសង្ស​ដូចម្ដេច ទោស​ដូចម្ដេច ការ​រលាស់​ខ្លួន​ចេញ ដូចម្ដេច ក្នុង​លោក។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ តថាគត​នោះ មាន​សេចក្ដី​ត្រិះរិះ​ ដូច្នេះថា សភាវៈ​ណា កើ​តឡើង​ព្រោះ​អាស្រ័យ​សេចក្ដីសុខ សោមនស្ស ក្នុងលោក សភាវៈនេះ​ឈ្មោះថា ជាអានិសង្ស​ក្នុងលោក សភាវៈណា​ មិន​ទៀង ​ជាទុក្ខ មាន​សេចក្ដី​ប្រែប្រួល​ទៅ ជាធម្មតា សភាវៈ​នេះឈ្មោះ​ថា ជាទោសក្នុងលោក សភាវៈណា​ ជាគ្រឿង​បន្ទោបង់​ នូវ​ឆន្ទរាគ ជាគ្រឿង​លះបង់ នូវ​ឆន្ទរាគ ក្នុងលោក សភាវៈនេះ​ឈ្មោះថា ជាការ​រលាស់​​ខ្លួន​ចេញ ក្នុងលោក។ ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត នៅមិន​ទាន់​ត្រាស់​ដឹង តាមពិត ​នូវអានិសង្ស​ ថាជា​អានិសង្សផង នូវ​ទោស ​ថា​ជាទោស​ផង នូវការ​រលាស់ខ្លួន​ចេញ​ចាកលោក ថាជា​ការរលាស់​ខ្លួន​ចេញ​ផង យ៉ាង​នេះ ត្រឹម​ណា ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត ​ក៏មិន​ប្ដេជ្ញា​ថា ​ជាអ្នកត្រាស់​ដឹង​ នូវ​អនុត្ត​រសម្មាសម្ពោធិញ្ញាណក្នុង​លោក ព្រម​ទាំង​ទេវលោក មារ​លោក ព្រហ្ម​លោក ក្នុងពពួក​សត្វ​ ព្រម​ទាំង​សមណ​ព្រាហ្មណ៍ ទាំងមនុស្ស​ជាសម្មតិទេព និងមនុស្ស​​ដ៏សេស​ត្រឹម​ណោះ។ ម្នាល​ភិក្ខុ​ទាំងឡាយ លុះ​តែតថាគតបានត្រាស់ដឹង​តាមពិត​ នូវ​អានិសង្ស ថាជាអានិសង្ស​ផង ​នូវ​ទោស ​ថាជាទោស​ផង នូវការរ​លាស់​ខ្លួន​ចេញ​ចាក​លោក​ ថាជាការរលាស់​ខ្លួន​ចេញផង យ៉ាងនេះ ក្នុងកាល​ណា ម្នាល​ភិក្ខុ​ទាំង​ឡាយ ទើប​តថាគត​ បេ្ដជ្ញា​ថា ជាអ្នក​ត្រាស់ដឹង នូវ​អនុត្តរ សម្មាសម្ពោធិញ្ញាណ ក្នុងលោក ព្រម​ទាំង​ទេវលោក មារលោក ​ព្រហ្ម​លោក ក្នុងពពួក​សត្វ ព្រម​ទាំង​សមណព្រាហ្មណ៍ ទាំងមនុស្ស​ជាសម្មតិទេព​ និងមនុស្ស​ដ៏សេស ក្នុង​កាល​ណោះ។ ទាំងការដឹង និង​ការឃើញ ក៏កើត​ឡើង​ ដល់​តថាគតថា ការរួច​ស្រឡះ​របស់​តថាគត មិនកំរើក​ទេ ជាតិ​នេះ ជាទីបំផុត ឥឡូវ​នេះ ភពថ្មី​ទៀត មិនមាន​ឡើយ។

(បឋមអស្សាទសូត្រ ទី២)

(២. បឋមអស្សាទសុត្តំ)

[១០៦] ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត​ត្រាច់ ស្វែង​រកអានិសង្ស​របស់​លោក សភាវៈណា​ ជាអានិសង្ស ក្នុងលោក តថាគត ក៏បាន​ជួប​ប្រទះ​ នូវ​សភាវៈនោះ អានិសង្ស​ទាំង​អម្បាល​មាណ ក្នុងលោក អានិសង្ស​នោះ តថាគត​ឃើញ​ច្បាស់​ហើយ ដោយ​ប្រាជ្ញា។ ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត​ត្រាច់ ស្វែងរក​ទោស​របស់លោក សភាវៈឯណា ជាទោស​ក្នុងលោក តថាគត​ក៏បាន​ចួបប្រទះ​នូវ​សភាវៈនោះ ទោស​ទាំង​អម្បាលមាណ ក្នុងលោក ទោស​នោះ​ តថាគត​ឃើញ​ច្បាស់ហើយ ​ដោយ​ប្រាជ្ញា។ ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត​ត្រាច់ ស្វែងរកនូវការ​រលាស់​ខ្លួន ចេញ​ចាកលោក​ ធម្ម​ជាតណា ​ជាការ​រលាស់​ខ្លួនចេញក្នុង​លោក តថាគត​ ក៏បានចួប​ប្រទះ​ធម្ម​ជាត​នោះ ការ​រលាស់​ខ្លួនចេញ​ទាំង​អម្បាល​មាណ ក្នុងលោក ការ​រលាស់​ខ្លួនចេញ​នោះ តថាគត ក៏បាន​ឃើញ​ច្បាស់​ហើយ ​ដោយ​ប្រាជ្ញា។ ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត មិន​ទាន់​ត្រាស់​ដឹង​តាម​ពិត ​នូវ​អានិសង្ស​ថាជា​និសង្សផង នូវ​ទោសថាជា​ទោស​ផង នូវ​ការ​រលាស់​ខ្លួន​ ចេញ​ចាកលោក ថា​ជាការ​រលាស់ខ្លួនចេញ​ផង ដរាប​ណា ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត​ ក៏មិនទាន់​ប្ដេជ្ញា​ថា ជា​អ្នក​ត្រាស់​ដឹង​ នូវ​អនុត្តរសម្មា​សម្ពោធិញ្ញាណ ក្នុងលោក ព្រម​ទាំង​ទេវលោក មារលោក ព្រហ្មលោក ក្នុងពពួក​សត្វ ព្រម​ទាំងសមណ​ព្រាហ្ម​ណ៍ ទាំង​មនុស្ស​ជាសម្ម​តិទេព និង​មនុស្ស​ដ៏សេស ដរាបនោះ។ ម្នាល​ភិក្ខុ​ទាំងឡាយ លុះតែតថាគត បានត្រាស់​ដឹង​ តាម​ពិតនូវ​អានិសង្ស​ ថាជា​អានិសង្សផង នូវ​ទោស​ថា​ជាទោសផង នូវ​ការរ​លាស់ខ្លួន​ ចេញ​ចាក​លោក ថាជាការ​រលាស់​ខ្លួន​ចេញ​ផង ក្នុងកាល​ណា ម្នាល​ភិក្ខុ​ទាំងឡាយ ទើបតថាគត​ប្ដេជ្ញា​ថា ជាអ្នក​ត្រាស់​ដឹង​ នូវ​អនុត្តរ សម្មាសម្ពោធិញ្ញាណ ​ក្នុងលោក​ ព្រម​ទាំងទេវលោក មារលោក ​ព្រហ្ម​លោក ក្នុង​ពពួក​សត្វ ព្រម​ទាំង​សមណ​ព្រហ្ម​ណ៍ ទាំងមនុស្ស​ជាសម្មតិទេព​ និងមនុស្ស​ដ៏សេស ​ក្នុង​កាល​នោះ។ ទាំង​ការ​ដឹង​ និង​ការឃើញ ក៏កើតឡើង​ ដល់​តថាគត​ថា ការរួច​ស្រឡះ ​របស់​តថាគត មិន​កំរើក​ទេ ជាតិ​នេះ ជាទី​បំផុត ឥឡូវ​នេះ ភព​ថ្មី​ទៀត មិន​មាន​ឡើយ។

(ទុតិយអស្សាទសូត្រ ទី៣)

(៣. ទុតិយអស្សាទសុត្តំ)

[១០៧] ម្នាល​ភិក្ខុ​ទាំងឡាយ បើ​អានិសង្សនុ៎ះ មិនមាន​ក្នុង​លោក ពួក​សត្វ​ ក៏មិន​គប្បី​ត្រេក​ត្រអាល​​នឹង​អានិសង្សនេះ ក្នុង​លោក​ដែរ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ព្រោះហេតុ​តែអានិសង្ស​ មាននៅ​ក្នុង​លោក ​ពួកសត្វ​ទើប​ត្រេកត្រអាល​​ក្នុងលោក។ ម្នាល​ភិក្ខុ​ទាំងឡាយ បើទោស​ក្នុង​លោកមិន​មានទេ ពួក​សត្វ​ ក៏​​មិន​គប្បី​នឿយណាយ​នឹង​ទោស​នេះ ​ក្នុង​លោក​ដែរ ម្នាល​ភិក្ខុ​ទាំងឡាយ ព្រោះ​ហេតុ​តែទោស​មាន​នៅក្នុង​លោក ទើប​ពួក​សត្វ ​នឿយ​ណាយក្នុងលោក។ ម្នាល​ភិក្ខុ​ទាំងឡាយ បើ​ការ​រលាស់​ខ្លួន​ចេញនុ៎ះ មិនមានក្នុង​លោក​ទេ ពួក​សត្វ​ ក៏​មិន​គប្បី​រលាស់​ខ្លួន​នេះ ចេញ​ចាក​លោក​បាន​ដែរ ម្នាល​ភិក្ខុ​ទាំងឡាយ ព្រោះ​ហេតុ​តែការ​រលាស់ខ្លួន​ចេញ​ មាននៅក្នុង​លោក ទើប​ពួក​សត្វ​រលាស់​ខ្លួន​ ចេញ​ចាក​លោក​បាន។ ម្នាល​ភិក្ខុ​ទាំងឡាយ ពួក​សត្វ​មិន​ទាន់​ដឹង​ច្បាស់ តាម​ពិតនូវ​អានិសង្ស​ថាជា​អានិសង្សផង នូវទោស​ថាជា​ទោស​ផង នូវ​ការរលាស់ខ្លួន​ ចេញ​ចាក​លោក​ថា ជាការរលាស់​ខ្លួន​ចេញ​ផង ដរាប​ណា ម្នាល​ភិក្ខុ​ទាំងឡាយ សត្វ​មិន​ទាន់​ប្រាសចេញ​ មិន​ទាន់​គេចចេញ មិន​ទាន់​រួច​ផុត​ស្រឡះ ​ចាក​លោក​ ព្រម​ទាំង​ទេវលោក​ មារលោក ​ព្រហ្ម​លោក ​ចាក​ពពួក​សត្វ​ ព្រម​ទាំង​សមណ​ព្រហ្ម​ណ៍ ទាំង​​មនុស្ស​ជាសម្មតិទេព​ និង​មនុស្ស​ដ៏​សេស មាន​ចិត្ត​មិន​ទាន់​ប្រាសចាកព្រំដែន​ដរាប​នោះ។ ម្នាល​ភិក្ខុ​ទាំងឡាយ លុះ​តែពួក​សត្វ​ ដឹង​ច្បាស់តាមពិត នូវ​អានិសង្ស ថាជាអានិសង្ស​ផង នូវ​ទោស​ ថាជា​ទោសផង នូវ​ការរលាស់​ខ្លួន​ចេញ ​ចាក​លោក​ថា ជាការ​រលាស់​ខ្លួន​ចេញ​ផង ក្នុង​កាល​ណា ម្នាល​ភិក្ខុ​ទាំងឡាយ ពួក​សត្វ​ទើប​ប្រាស​ចេញ គេច​ចេញ ​រួច​ផុត​ស្រឡះចាក​លោក ​ព្រម​ទាំង​ទេវលោក មារ​លោក ព្រហ្ម​លោក ចាក​ពពួក​សត្វ ព្រម​ទាំង​សមណព្រាហ្មណ៍ ទាំងមនុស្ស​ជា​សម្មតិទេព និង​មនុស្ស​ដ៏​សេស ​មាន​ចិត្ត​ប្រាសចាក​ព្រំដែន​ ក្នុង​កាល​នោះ។

(សមណព្រាហ្មណសូត្រ ទី៤)

(៤. សមណព្រាហ្មណសុត្តំ)

[១០៨] ម្នាល​ភិក្ខុ​ទាំងឡាយ ពួក​សមណៈ ឬ​ព្រាហ្ម​ណ៍​ណាមួយ​ មិនដឹង​ច្បាស់​តាម​ពិត នូវ​អានិសង្ស ថាជាអានិសង្ស​ផង នូវ​ទោស ​ថាជាទោសផង​ នូវការ​រលាស់​ខ្លួន​ ចេញ​ចាក​លោក ​ថាជាការ​រលាស់​ខ្លួន​ចេញ​ផង​ ម្នាល​ភិក្ខុ​ទាំងឡាយ ពួក​សមណៈ​ ឬព្រាហ្មណ៍​ទាំងនោះ តថាគត ​មិន​សន្មតថាជាសមណៈ ក្នុង​ពួក​សមណៈ មិន​សន្មត​ថាជាព្រាហ្មណ៍ ក្នុងពួក​ព្រាហ្មណ៍ទេ ដ្បិតថា អ្នក​ដ៏មាន​អាយុ​ទាំងនោះ មិនទាន់​ធ្វើ​ឲ្យ​ជាក់​ច្បាស់ ​នូវប្រយោជន៍ ជារបស់​សមណៈផង នូវ​ប្រយោជន៍ ជារបស់​ព្រាហ្មណ៍ផង ដោយ​ប្រាជ្ញាដ៏ឧត្ដម ​ដោយ​ខ្លួន​ឯង ក្នុង​បច្ចុប្បន្ន​នេះ។ ម្នាល​ភិក្ខុ​ទាំងឡាយ លុះ​តែពួក​សមណៈ​ ឬ ព្រាហ្មណ៍​ណាមួយ​ ដឹងច្បាស់ តាម​ពិត នូវ​អានិសង្ស​ ថាជាអានិសង្សផង នូវ​ទោស​ថាជា​ទោស​ផង នូវ​ការរលាស់​ខ្លួន​ ចេញ​ចាក​លោក ថាជាការ​រលាស់​ខ្លួន​ចេញផង ម្នាល​ភិក្ខុ​ទាំងឡាយ ពួក​សមណៈ ឬ ព្រាហ្មណ៍ទាំងនោះ តថាគត សន្មតថាជាសមណៈ ក្នុង​ពួក​សមណៈ សន្មត​ថាជា​ព្រាហ្មណ៍ ក្នុងពួក​ព្រាហ្មណ៍ ដ្បិតថា អ្នក​ដ៏​មាន​អាយុ​ទាំង​នោះ ធ្វើ​ឲ្យ​ជាក់​ច្បាស់ ​នូវ​ប្រយោជន៍ ជារបស់​សមណៈផង នូវ​ប្រយោជន៍​ ជារបស់​ព្រាហ្មណ៍ផង ដោយ​ប្រាជ្ញា ដ៏ឧត្ដម​ដោយ​ខ្លួន​ឯង ក្នុងបច្ចុប្បន្ននេះ។

(រុណ្ណសូត្រ ទី៥)

(៥. រុណ្ណសុត្តំ)

[១០៩] ម្នាល​ភិក្ខុ​ទាំងឡាយ ការ​ច្រៀង​ ទុកដូច​ជាការយំ ក្នុងអរិយវិន័យ​ ម្នាល​ភិក្ខុ​ទាំងឡាយ ការ​រាំ ទុក​ដូចជាការ​ឆ្កួត ក្នុង​អរិយវិន័យ ម្នាល​ភិក្ខុ​ទាំងឡាយ ការ​សើច​ក្អាកក្អាយ បញ្ចេញ​ធ្មេញ​ ឲ្យ​កន្លងហួសវេលា ទុក​ដូច​ជាល្បែង​ក្មេង ក្នុង​អរិយវិន័យ។ ម្នាល​ភិក្ខុ​ទាំងឡាយ ព្រោះ​ហេតុ​នោះ អ្នកទាំងឡាយ ចូរ​បំបាក់​ស្ពាន​ក្នុងការ​ច្រៀង ចូរ​បំបាក់ស្ពាន​ ក្នុងការ​រាំចេញ កាលអ្នក​ទាំងឡាយ មានសេចក្ដី​រីករាយ ក្នុងហេតុ (ណាមួយ) គ្រាន់​តែសំដែងអាការញញឹម​ប៉ុណ្ណោះ ល្មម​ហើយ។

(អតិត្តិសូត្រ ទី៦)

(៦. អតិត្តិសុត្តំ)

[១១០] ម្នាល​ភិក្ខុ​ទាំងឡាយ ការ​សេព​ចំពោះ​ធម៌​ ៣​យ៉ាង​ មិនចេះឆ្អែ​តឆ្អន់​ទេ។ ៣ យ៉ាង​ គឺអ្វី​ខ្លះ។ ម្នាល​ភិក្ខុ​ទាំងឡាយ គឺសេព​នូវ​ការ​ដេកលក់​ មិន​ចេះ​ឆ្អែត ១ ម្នាល​ភិក្ខុ​ទាំងឡាយ ការ​សេពគ្រឿង​ផឹក គឺសុរា និងមេរ័យ មិនចេះ​ឆ្អែត ១ ម្នាល​ភិក្ខុ​ទាំងឡាយ ការសេព​ចំពោះ​ការ​ប្រកបដោយ​មេថុន​ធម្ម​ មិនចេះ​ឆ្អែត ១។ ម្នាល​ភិក្ខុ​ទាំងឡាយ ការសេព​ចំពោះធម៌​ ៣ យ៉ាង​នេះ មិន​ចេះ​ឆ្អែតឡើយ។

(អរក្ខិតសូត្រ ទី៧)

(៧. អរក្ខិតសុត្តំ)

[១១១] គ្រានោះ អនាថបិណ្ឌិក​គហបតី ចូល​ទៅគាល់​ព្រះដ៏មានព្រះភាគ លុះ​ចូល​ទៅដល់ ​ថ្វាយ​បង្គំ​ព្រះដ៏​មាន​ព្រះភាគ ហើយ​ក៏​អង្គុយ​ក្នុងទី​សមគួរ។ លុះ​អនា​ថបិណ្ឌិកគហបតី អង្គុយ​ក្នុងទីសមគួរហើយ​ ព្រះដ៏​មាន​ព្រះភាគ ទ្រង់​ត្រាស់​យ៉ាង​នេះថា ម្នាល​គហបតី កាលបើចិត្ត ​ដែល​បុគ្គល​មិន​បាន​រក្សាហើយ កាយ​កម្ម​ក៏​ឈ្មោះ​ថា មិន​បានរក្សាផង រចីកម្ម​ ក៏​ឈ្មោះថា មិន​បាន​រក្សា​ផង ​ មនោកម្ម​ក៏ឈ្មោះថា មិនបានរក្សាផងដែរ។ កាល​បុគ្គល​នោះ មិនរក្សាកាយ​កម្ម មិន​រក្សា​វចីកម្ម មិនរក្សា​មនោកម្ម កាយ​កម្ម​ ឈ្មោះ​ថា ជោក ​វចី​កម្ម ក៏​ឈ្មោះ​ថាជោក មនោកម្ម ក៏ឈ្មោះថាជោក (ដោយ​រាគាទិក្កិលេស)។ កាល​បុគ្គល​នោះ មាន​កាយកម្ម​ជោក មាន​វចីកម្ម​ជោក មាន​មនោកម្ម​ជោក ​ដោយ​រាគាទិក្កិលេស​ហើយ កាយ​កម្ម ​ក៏ឈ្មោះថា ស្អុយ​ផង វចីកម្ម ​ក៏​ឈ្មោះថា ស្អុយ​ផង មនោកម្ម ក៏ឈ្មោះថា ស្អុយ​ផងដែរ។ កាល​បុគ្គល​នោះ មាន​កាយ​កម្មស្អុយ មាន​វចីកម្មស្អុយ ​មាន​មនោកម្ម​ស្អុយ​ ហើយ​មរណៈ (បុគ្គល​នោះ) មិន​ល្អទេ កាល​កិរិយា ក៏មិន​ល្អទេ។ ម្នាល​គហបតី ដូច​ជាផ្ទះ​មាន​កំពូល ដែល​បុគ្គលប្រក់មិនជិត កំពូល​ក៏​រក្សា​ទុក​មិន​បាន បង្កង់​ ក៏រក្សា​ទុក​មិន​បាន ជញ្ជាំង​ ក៏រក្សា​ទុកមិនបាន កំពូល​ ក៏​ទទឹក​ជោក បង្កង់​ ក៏ទទឹក​ជោក ជញ្ជាំង ក៏ទទឹកជោក កំពូលក៏ពុក បង្កង់​ក៏ពុក ជញ្ជាំង​ក៏ពុក យ៉ាងណា ម្នាល​គហបតី កាល​បើ​ចិត្ត​ ដែលបុគ្គល​មិន​រក្សា​ហើយ។ បេ។ មរណៈ ក៏មិន​ល្អទេ កាល​កិរិយា ក៏មិន​ល្អទេ យ៉ាងនោះដែរ។ ម្នាល​គហបតី កាល​បើ​ចិត្ត​ដែលបុគ្គល​រក្សា​ហើយ កាយ​កម្ម ក៏ឈ្មោះ​ថា បាន​រក្សា វចីកម្ម ក៏ឈ្មោះថា បាន​រក្សា ​មនោកម្ម ក៏ឈ្មោះ​ថា បាន​រក្សា​ដែរ កាល​បុគ្គល​នោះ រក្សាកាយ​កម្ម រក្សាវចីកម្ម រក្សាមនោកម្ម​ កាយ​កម្ម ក៏​ឈ្មោះថា មិន​ជោក​ វចី​កម្ម​ ក៏​ឈ្មោះថា មិន​ជោក មនោកម្ម ​ក៏​ឈ្មោះថា មិនជោក ដោយ​រាគាទិក្កិលេស។ កាល​បុគ្គលនោះ មានកាយ​កម្ម​មិន​ជោក មាន​វចី​កម្មមិន​ជោក មាន​មនោកម្មមិនជោក ដោយ​រាគាទិក្កិលេសហើយ កាយ​កម្ម (របស់​បុគ្គល​នោះ)​ ក៏មិនស្អុយ វចី​កម្ម​ ក៏មិន​ស្អុយ មនោកម្ម​ ក៏មិនស្អុយ​ដែរ។ កាល​បុគ្គល​នោះ មានកាយ​កម្មមិន​ស្អុយ មាន​វចីកម្ម​មិនស្អុយ មាន​មនោកម្ម​មិន​ស្អុយ មរណៈ (របស់​បុគ្គល​នោះ) ក៏ល្អ កាល​កិរិយា​ក៏ល្អ។ ម្នាល​គហបតី ដូចជា​ផ្ទះមាន​កំពូល​ ដែល​បុគ្គល​ប្រក់​ជិត​ល្អហើយ កំពូល​ក៏រក្សាទុក​បាន បង្កង់​ក៏រក្សា​ទុក​បាន ជញ្ជាំង​ក៏រក្សា​ទុក​បាន កំពូល​ក៏មិន​ទទឹក​ជោក បង្កង់​ក៏មិនទទឹក​ជោក ជញ្ជាំងក៏មិន​ទទឹក​ជោក កំពូល​ក៏មិន​ពុក បង្កង់​ក៏មិន​ពុក ជញ្ជាំង​ក៏មិន​ពុក យ៉ាងណា ម្នាល​គហបតី កាល​បើ​ចិត្ត​ដែល​បុគ្គល​រក្សា​ហើយ។ បេ។ មរណៈ ក៏ល្អ កាល​កិរិយាក៏ល្អ យ៉ាងនោះដែរ។

(ព្យាបន្នសូត្រ ទី៨)

(៨. ព្យាបន្នសុត្តំ)

[១១២] គ្រានោះ អនាថបិណ្ឌិក​គហបតី​ ចូល​ទៅគាល់​ព្រះ​ដ៏មាន​ព្រះភាគ លុះចូល​ទៅ​ដល់​ ថ្វាយ​បង្គំ​ព្រះដ៏​មាន​ព្រះភាគ ហើយក៏អង្គុយ​ក្នុង​ទី​សម​គួរ។ លុះ​អនាថបិណ្ឌិក​គហបតី អង្គុយ​ក្នុងទីសមគួរហើយ ព្រះ​ដ៏មាន​ព្រះភាគ​ ទ្រង់​ត្រាស់​យ៉ាងនេះថា ម្នាល​គហបតី កាល​បើចិត្ត​ព្យាបាទហើយ កាយ​កម្ម ក៏​ព្យាបាទ​តាមដែរ វចីកម្ម ក៏ព្យាបាទតាមដែរ មនោកម្ម ក៏ព្យាបាទ​តាមដែរ។ កាល​បុគ្គល​នោះ មានកាយ​កម្ម​ ប្រកប​ដោយ​ព្យាបាទ មាន​វចីកម្ម ​ប្រកប​ដោយ​ព្យាបាទ មានមនោកម្ម ​ប្រកប​ដោយ​ព្យាបាទ​ហើយ មរណៈ (របស់​បុគ្គលនោះ) ក៏​មិនល្អទេ កាល​កិរិយា ក៏មិន​ល្អទេ។ ម្នាល​គហបតី​ ដូចជាផ្ទះមាន​កំពូល ដែល​បុគ្គល​ប្រក់​មិន​ជិត កំពូល​ក៏ខូច​ផង បង្កង់​ក៏​ខូច​ផង ជញ្ជាំងក៏​ខូច​ផង ម្នាល​គហបតី កាល​បើចិត្ត​ព្យាបាទ​ហើយ។ បេ។ មរណៈ ​ក៏មិន​ល្អ កាលកិរិយា​ ក៏​មិន​ល្អ ដូច្នោះ​ដែរ។ ​ម្នាល​គហបតី​ កាល​បើ​ចិត្ត​មិន​ព្យា​បាទហើយ​ កាយ​កម្ម​ក៏​មិន​ព្យាបាទ​តាម វចី​កម្ម​ក៏​មិន​ព្យាបាទ​តាម មនោកម្ម ​ក៏​មិនព្យាបាទ​តាម​។ ​កាល​បុគ្គល​នោះ​ មាន​កាយ​កម្ម មិន​ប្រកប​ដោយ​ព្យាបាទ មានវចី​កម្ម មិន​ប្រកប​ដោយ​ព្យាបាទ មាន​មនោកម្ម មិន​ប្រកប​ដោយព្យាបាទ​ហើយ មរណៈ​ក៏​ល្អ កាល​កិរិយា​ក៏ល្អ។ ម្នាល​គហបតី ដូច​ជាផ្ទះមាន​កំពូល ដែល​បុគ្គល​ប្រក់​ជិត កំពូល​ក៏​មិន​ខូច​ផង បង្កង់​ក៏មិន​ខូច​ផង ជញ្ជាំង​ក៏​មិនខូច​ផង ម្នាល​គហបតី កាល​បើ​ចិត្ត​មិន​ព្យាបាទ​ហើយ។ បេ។ មរណៈក៏​ល្អ កាលកិរិយា​ក៏ល្អ ដូច្នោះ​ដែរ។

(បឋមនិទានសូត្រ ទី៩)

(៩. បឋមនិទានសុត្តំ)

[១១៣] ម្នាល​ភិក្ខុទាំងឡាយ ហេតុ​នេះមាន​ ៣យ៉ាង នៃការកើត​ឡើង​នៃកម្ម។ ហេតុ​៣ យ៉ាង ​ដូចម្ដេច​ខ្លះ។ គឺ​លោភៈ ជាហេតុនៃ​ការ​កើត​ឡើង​នៃកម្ម ​១ ទោសៈ ​ជាហេតុ​នៃការ​កើត​ឡើង​នៃកម្ម​ ១ មោហៈ ​ជាហេតុ​នៃការ​កើត​ឡើង​នៃកម្ម ១។ ម្នាល​ភិក្ខុទាំងឡាយ កម្ម​ណា សម្រេច​មក​អំពី​លោភៈ កើត​មក​អំពី​លោភៈ មាន​លោភៈជាហេតុ​ មាន​លោភៈ​ជាដែន​កើត កម្ម​នោះ ​ជាអកុសល កម្ម​នោះ ប្រកប​ដោយ​ទោស កម្ម​នោះ ​មាន​ទុក្ខ​ជាវិបាក កម្ម​នោះ ​ប្រព្រឹត្ត​ទៅ ដើម្បី​កើត​ឡើង​នៃកម្ម កម្ម​នោះ ​មិន​ប្រព្រឹត្ត​ទៅ ដើម្បី​រលត់​ទៅ​នៃកម្ម។ ម្នាល​ភិក្ខុ​ទាំងឡាយ កម្ម​ណា សម្រេច​មកអំពី​ទោសៈ ​កើត​មក​អំពី​ទោសៈ មាន​ទោសៈ​ជាហេតុ មាន​ទោសៈ ​ជាដែនកើត កម្មនោះ​ជា​អកុសល កម្ម​នោះ​ប្រកប​ដោយ​ទោស កម្ម​នោះ​ មាន​ទុក្ខ​ជាវិបាក កម្ម​នោះ ​ប្រព្រឹត្តទៅ ដើម្បី​កើត​ឡើង​នៃកម្ម កម្ម​នោះ ​មិន​ប្រព្រឹត្ត​ទៅ ដើម្បីរលត់​ទៅ​នៃកម្ម។ ម្នាល​ភិក្ខុទាំងឡាយ កម្ម​ណា សម្រេច​មក​អំពី​មោហៈ កើតមក​អំពី​មោហៈ មាន​មោហៈ​ជាហេតុ មាន​មោហៈ​ជាដែនកើត កម្ម​នោះ​ ជាអកុសល កម្ម​នោះ ​ប្រកប​ដោយ​ទោស កម្ម​នោះ​ មាន​ទុក្ខជាវិបាក កម្ម​នោះ ប្រព្រឹត្ត​ទៅ ដើម្បីកើត​ឡើង​នៃកម្ម កម្ម​នោះ មិន​ប្រព្រឹត្ត​ទៅ ដើម្បីរលត់​ទៅ​នៃកម្ម។ ម្នាល​ភិក្ខុទាំងឡាយ ហេតុ​៣ យ៉ាង​នេះឯង ដើម្បី​កើត​ឡើង​នៃកម្ម។ ម្នាល​ភិក្ខុទាំងឡាយ ហេតុ​៣យ៉ាងនេះ ដើម្បី​កើត​ឡើង​នៃកម្ម។ ហេតុ​៣ យ៉ាង​ ដូចម្ដេច​ខ្លះ។ គឺ​អលោភៈ ជា​ហេតុ នៃការ​កើត​ឡើង​នៃ​កម្ម ១ អទោសៈ ជាហេតុ នៃការ​កើត​ឡើង​នៃកម្ម​ ១ អាមោហៈជាហេតុ នៃការ​កើតឡើង​នៃកម្ម ​១។ ម្នាល​ភិក្ខុទាំងឡាយ កម្ម​ណា សម្រេច​មក​អំពី​អលោភៈ កើត​មក​អំពី​អលោភៈ មាន​អលោភៈ​ជាហេតុ មាន​អលោភៈ​ជាដែន​កើត កម្ម​នោះ ជាកុសល កម្ម​នោះ​ ឥត​ទោស កម្ម​នោះ​ មាន​សុខ​ជាវិបាក កម្មនោះ ​ប្រព្រឹត្ត​ទៅ​ ដើម្បី​រលត់​ទៅនៃកម្ម កម្ម​នោះ​ មិន​ប្រព្រឹត្ត​ទៅ ដើម្បី​កើតឡើង​នៃកម្ម​។ ម្នាល​ភិក្ខុទាំងឡាយ កម្ម​ណា ​សម្រេច​មក​អំពី​អទោសៈ កើត​មក​អំពី​អទោសៈ មាន​អទោសៈ​ជាហេតុ មាន​អទោសៈ ជា​ដែនកើត កម្ម​នោះ ជាកុសល កម្ម​នោះ​ ឥត​ទោស កម្ម​នោះ ​មាន​សុខ​ជាវិបាក កម្មនោះ​ ប្រព្រឹត្ត​ទៅ ដើម្បីរលត់​ទៅ​នៃកម្ម កម្ម​នោះ ​មិន​ប្រព្រឹត្ត​ទៅ​ដើម្បី​កើតឡើង​នៃកម្ម។ ម្នាល​ភិក្ខុទាំងឡាយ កម្ម​ណា​ សម្រេច​មក​អំពី​អមោហៈ កើត​មក​អំពី​អមោហៈ មាន​អមោហៈជាហេតុ មាន​អមោហៈ​ ជាដែន​កើត កម្ម​នោះ​ជាកុសល កម្ម​នោះ ​ឥត​ទោស កម្ម​នោះ​ មាន​សុខ​ជាវិបាក កម្ម​នោះ​ ប្រព្រឹត្តទៅ ដើម្បីរលត់​ទៅនៃ​កម្ម កម្ម​នោះ​ មិន​ប្រព្រឹត្ត​ទៅ ដើម្បីកើត​ឡើង​នៃកម្ម។ ម្នាល​ភិក្ខុ​ទាំងឡាយ ហេតុ​៣ យ៉ាង​នេះឯង ដើម្បី​កើត​ឡើងនៃកម្ម។

(ទុតិយនិទានសូត្រ ទី១០)

(១០. ទុតិយនិទានសុត្តំ)

[១១៤] ម្នាល​ភិក្ខុទាំងឡាយ ហេតុ៣ យ៉ាង​នេះ ដើម្បី​កើតឡើង​នៃកម្ម។ ៣ យ៉ាង តើ​ដូច​ម្ដេច​ខ្លះ។ ម្នាល​ភិក្ខុទាំងឡាយ សេចក្ដីគាប់​ចិត្ត​កើត​ឡើង​ព្រោះប្រារព្ធ​នូវ​ធម៌​ ជាទី​តាំង​នៃ​ឆន្ទរាគ ជាអតីត​ ១ ម្នាល​ភិក្ខុទាំងឡាយ សេចក្ដី​គាប់​​ចិត្ត​កើត​ឡើង ព្រោះ​ប្រារព្ធ​នូវ​ធម៌ ជាទី​តាំង​នៃឆន្ទ​រាគ ​ជាអនាគត ១ ម្នាល​ភិក្ខុទាំងឡាយ សេចក្ដី​គាប់​ចិត្ត​កើតឡើង ព្រោះប្រារព្ធនូវ​ធម៌ ជាទីតាំង​នៃ​ឆន្ទ​រាគ ជាបច្ចុប្បន្ន ១។ ម្នាល​ភិក្ខុទាំងឡាយ ចុះសេចក្ដី​គាប់ចិត្ត​ កើត​ឡើង​ព្រោះ​ប្រារព្ធ​ នូវ​ធម៌​ជាទីតាំង ​នៃឆន្ទ​រាគ ជា​អតីត​ ដូចម្ដេច។ ម្នាល​ភិក្ខុទាំងឡាយ បុគ្គល​មាន​ចិត្ត​ត្រិះរិះ​រឿយៗ ពិចារណារឿយៗ ព្រោះ​ប្រារព្ធ​នូវ​ធម៌ ជាទីតាំង​នៃឆន្ទ​រាគ​ជាអតីត។ កាល​បុគ្គល​នោះ មានចិត្ត​ត្រិះរិះ​រឿយៗ ពិចារណា​រឿយៗ ប្រារព្ធ​នូវធម៌ ជាទីតាំង​នៃឆន្ទ​រាគ ជាអតីត សេចក្ដី​គាប់​ចិត្ត​ ក៏​កើត​ឡើង បុគ្គលនោះ លុះ​មាន​សេចក្ដី​គាប់​ចិត្តកើតឡើង​ហើយ តែង​ប្រកប​ដោយ​ធម៌​ទាំងនោះ។ ម្នាល​ភិក្ខុទាំងឡាយ តថាគត​ពោល​នូវ​ចិត្ត ដែល​ប្រកប​ដោយ​រាគៈថា ជា​សញ្ញោជនៈ។ ម្នាល​ភិក្ខុទាំងឡាយ យ៉ាង​នេះឈ្មោះថា សេចក្ដី​គាប់​ចិត្ត​កើតឡើង ព្រោះ​ប្រារព្ធនូវ​ធម៌​ ជាទីតាំង​នៃឆន្ទ​រាគ​ ជាអតីត។ ម្នាល​ភិក្ខុទាំងឡាយ ចុះ​សេចក្ដី​គាប់​ចិត្ត​កើត​ឡើង ព្រោះប្រារព្ធ​នូវ​ធម៌​ ជាទី​តាំង​ នៃឆន្ទ​រាគ ​ជាអនាគត ​ដូចម្ដេច។ ម្នាល​ភិក្ខុទាំងឡាយ បុគ្គល​មានចិត្ត​ត្រិះរិះ​រឿយៗ ពិចារ​ណារឿយៗ ព្រោះប្រារព្ធ​នូវ​ធម៌​ ជាទីតាំង​នៃឆន្ទ​រាគ ជាអនាគត។ កាល​បុគ្គល​នោះ ​មានចិត្តត្រិះរិះ​រឿយៗ ពិចារណារឿយៗ ព្រោះ​ប្រារព្ធនូវ​ធម៌​ ជាទីតាំង​នៃឆន្ទរាគ ជាអនាគត សេចក្ដី​គាប់​ចិត្ត ក៏​កើតឡើង បុគ្គល​នោះ លុះមាន​សេចក្ដី​គាប់ចិត្ត​ កើត​ឡើង​ហើយ តែង​ប្រកប​ដោយ​ធម៌​ទាំងនោះ។ ម្នាល​ភិក្ខុទាំងឡាយ តថាគត​ពោល​នូវ​ចិត្ត​ ដែល​ប្រកប​ដោយ​រាគៈថា ជាសញ្ញា​ជនៈ។ ម្នាល​ភិក្ខុទាំងឡាយ យ៉ាង​នេះឈ្មោះថា សេចក្ដី​​គាប់​ចិត្តកើត​ឡើង ព្រោះ​ប្រារព្ធនូវធម៌​ ជាទីតាំងនៃ​ឆន្ទ​រាគ ជាអនាគត។ ម្នាល​ភិក្ខុទាំងឡាយ ចុះ​សេចក្ដី​គាប់ចិត្ត​កើត​ឡើង ព្រោះ​ប្រារព្ធនូវ​ធម៌​ ជាទីតាំង​នៃឆន្ទរាគ​ ជាបច្ចុប្បន្ន ​ដូចម្ដេច។ ម្នាល​ភិក្ខុទាំងឡាយ កាល​បុគ្គល​ មាន​ចិត្ត​ត្រិះរិះ​រឿយៗ ពិចារណា​រឿយៗ ព្រោះ​ប្រារព្ធ​នូវ​ធម៌ ជាទីតាំង​នៃឆន្ទ​រាគ ជាបច្ចុប្បន្ន។ កាល​បុគ្គល​នោះ មាន​ចិត្ត​ត្រិះរិះ​រឿយៗ ពិចារណារឿយៗ ព្រោះ​ប្រារព្ធនូវធម៌ ជាទីតាំងនៃឆន្ទ​រាគ​ ជាបច្ចុប្បន្ន សេចក្ដី​គាប់​ចិត្ត ​ក៏កើត​ឡើង ​បុគ្គល​នោះ លុះមាន​សេចក្ដីគាប់​ចិត្ត​ កើត​ឡើង​ហើយ តែង​ប្រកប​ដោយ​ធម៌​ទាំង​នោះ។ ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត​ពោល​នូវចិត្ត ដែល​ប្រកប​ដោយ​រាគៈថា ជាសញ្ញោជនៈ។ ម្នាល​​ភិក្ខុទាំងឡាយ យ៉ាង​នេះ​ឈ្មោះ​ថា សេចក្ដី​គាប់​ចិត្តកើត​ឡើង ព្រោះប្រារព្ធ​នូវធម៌ ជាទីតាំង​នៃ​ឆន្ទ​រាគ ​ជាបច្ចុប្បន្ន។ ម្នាល​ភិក្ខុទាំងឡាយ ទាំងនេះ ជាហេតុ ៣យ៉ាង នៃការ​កើត​ឡើង​នៃកម្ម។ ម្នាល​ភិក្ខុទាំងឡាយ ហេតុ​៣ យ៉ាងនេះ ដើម្បី​កើត​ឡើង​នៃ​កម្ម។ ៣ យ៉ាង​ ដូចម្ដេចខ្លះ។ ម្នាល​ភិក្ខុទាំងឡាយ សេចក្ដី​គាប់​ចិត្ត​មិន​កើតឡើង ព្រោះ​ប្រារព្ធធម៌ ជាទីតាំង​នៃឆន្ទ​រាគ ជាអតីត ១ ម្នាល​ភិក្ខុ​ទាំងឡាយ សេចក្ដី​គាប់​ចិត្ត មិនកើត​ឡើង ព្រោះ​ប្រារព្ធធម៌ ជាទីតាំង​នៃឆន្ទរាគ ជាអនាគត ១ ម្នាល​ភិក្ខុទាំងឡាយ សេចក្ដី​គាប់ចិត្ត​ មិន​កើត​ឡើង ព្រោះ​ប្រារព្ធ​ធម៌ ជាទីតាំងនៃ​ឆន្ទរាគ​ ជាបច្ចុប្បន្ន ១។ ម្នាល​ភិក្ខុទាំងឡាយ ចុះ​សេចក្ដី​គាប់ចិត្ត​ មិន​កើត​ឡើង ព្រោះ​ប្រារព្ធ​ធម៌ ជាទីតាំង​នៃឆន្ទ​រាគ ជាអតីត ដូចម្ដេច។ ម្នាល​ភិក្ខុ​ទាំងឡាយ បុគ្គល​ដឹង​ច្បាស់​ នូវ​វិបាក​នៃធម៌​ទាំងឡាយ ជាទីតាំង​នៃឆន្ទ​រាគ ជាអតីត​តទៅ លុះដឹង​នូវ​វិបាក​តទៅ​ហើយ ក៏លះ​បង់​វិបាកនោះ លុះ​លះបង់​វិបាក​នោះហើយ ទើប​មាន​ចិត្តនឿយណាយ ហើយចាក់ធ្លុះ ឃើញច្បាស់​ដោយ​បញ្ញា។ ម្នាល​ភិក្ខុទាំងឡាយ យ៉ាង​នេះឈ្មោះ​ថា សេចក្ដី​គាប់​ចិត្ត​ មិន​កើត​ឡើង ព្រោះ​ប្រារព្ធ​ធម៌ ជាទីតាំងនៃឆន្ទ​រាគ ជាអតីត។ ម្នាល​ភិក្ខុទាំងឡាយ ចុះសេចក្ដី​គាប់​ចិត្ត​មិនកើតឡើង ព្រោះ​ប្រារព្ធ​ធម៌ ជាទីតាំង​នៃ​ឆន្ទ​រាគ ជាអនាគត ដូចម្ដេច។ ម្នាល​ភិក្ខុទាំងឡាយ បុគ្គល​ដឹង​ច្បាស់ ​នូវ​វិបាក​នៃធម៌​ទាំងឡាយ ជាទីតាំងនៃ​ឆន្ទរាគ ជា​អនាគត​តទៅ លុះ​ដឹងច្បាស់​ នូវវិបាក​តទៅហើយ ក៏​លះបង់ នូវ​វិបាកនោះ លុះលះបង់​វិបាក​នោះហើយ ទើប​មាន​ចិត្ត​នឿយណាយ ហើយ​ចាក់​ធ្លុះ​ ឃើញ​ច្បាស់​ដោយ​បញ្ញា។ ម្នាល​ភិក្ខុទាំងឡាយ យ៉ាងនេះឈ្មោះថា សេចក្ដី​គាប់​ចិត្ត​មិនកើត​ឡើង ព្រោះ​ប្រារព្ធ​ធម៌ ជាទីតាំង​នៃ​ឆន្ទ​រាគ ជាអនាគត។ ម្នាល​ភិក្ខុ​ទាំងឡាយ ចុះសេចក្ដី​គាប់​ចិត្ត​ មិន​កើត​ឡើង ព្រោះប្រារព្ធ​ធម៌ ជាទីតាំង​នៃឆន្ទ​រាគ​ជាបច្ចុប្បន្ន​ ដូចម្ដេច។ ម្នាល​ភិក្ខុទាំងឡាយ បុគ្គល​ដឹងច្បាស់ ​នូវ​វិបាក​នៃធម៌​ទាំងឡាយ ជាទីតាំង​នៃឆន្ទ​រាគ​ ជាបច្ចុប្បន្ន តទៅ​ លុះ​ដឹង​ច្បាស់ ​នូវ​វិបាក​តទៅ​ហើយ ក៏លះបង់​ នូវវិបាក​នោះ លុះលះបង់​វិបាក​នោះហើយ ទើប​មានចិត្ត​នឿយ​ណាយ ហើយ​ចាក់​ធ្លុះ ឃើញច្បាស់​ដោយ​បញ្ញា។ ម្នាល​ភិក្ខុទាំងឡាយ យ៉ាង​នេះ​ឈ្មោះថា សេចក្ដីគាប់​ចិត្ត​ មិន​កើត​ឡើង ព្រោះ​ប្រារព្ធ​ធម៌ ជាទីតាំង​នៃឆន្ទរាគ ជាបច្ចុប្បន្ន។ ម្នាល​ភិក្ខុទាំងឡាយ ហេតុ​ទាំង៣ យ៉ាង​នេះឯង ដើម្បីកើត​ឡើង​នៃកម្ម។

ចប់ សម្ពោធិវគ្គ ទី១។

ឧទ្ទាន​នៃសម្ពោធិវគ្គ​នោះគឺ

និយាយ​អំពីកាល​មុន​ត្រាស់ដឹង ១ អំពីអានិសង្ស ជាដើម​ ក្នុងមនុស្ស ​១ អំពីសមណព្រាហ្មណ៍ ១ អំពីសេចក្ដី​យំស្រែក ​មួយ​ទៀត ​ជាគំរប់​ប្រាំ​ ១ អំពីការ​សេពមិន​ចេះឆ្អែត ១ អំពី​ផ្ទះ​មានកំពូល ​មានពីរលើក ១ អំពី​ហេតុ​ដទៃទៀត មានពីរ​លើក ១។

អាបាយិកវគ្គ ទី២ (១២)

((១២) ២. អាបាយិកវគ្គោ)

(អាបាយិកសូត្រ ទី១)

(១. អាបាយិកសុត្តំ)

[១១៥] ម្នាល​ភិក្ខុទាំងឡាយ បុគ្គល ៣ ពួក​នេះ តែង​ទៅកាន់អបាយ ទៅកាន់​នរក ព្រោះមិន​លះបង់​អំពើ​អាក្រក់​នេះ។ បុគ្គល ៣ ពួក ដូច​ម្ដេចខ្លះ។ គឺ​បុគ្គល​ណា មិនមែន​ជាព្រហ្ម​ចារ្យ តែប្ដេជ្ញា​ថា ខ្លួន​ជាព្រហ្ម​ចារ្យ ១ បុគ្គល​ណា ចោទ​បុគ្គល​ជាព្រហ្ម​ចារ្យ បរិសុទ្ធ ជាអ្នក​ប្រព្រឹត្តព្រហ្ម​ចរិយ​ធម៌​ ដ៏បរិសុទ្ធ ដោយ​អព្រហ្ម​ចរិយធម៌​ មិនមាន​មូល ១ បុគ្គលណា មានវាទៈយ៉ាង​នេះ មាន​ទិដ្ឋិ​យ៉ាង​នេះថា ទោស​ក្នុង​កាម​ទាំងឡាយ មិនមាន​ បុគ្គល​នោះ ក៏​ដល់​នូវ​សេចក្ដី​ស្រេក​ឃ្លាន ​ក្នុង​កាម​ទាំងឡាយ ​១។ ម្នាល​ភិក្ខុទាំងឡាយ បុគ្គល​ទាំង៣ ពួក​នេះ តែង​ទៅកាន់​អបាយ ទៅកាន់​នរក ព្រោះមិន​លះបង់​អំពើ​អាក្រក់​នេះ។

(ទុល្លភសូត្រ ទី២)

(២. ទុល្លភសុត្តំ)

[១១៦] ម្នាលភិក្ខុទាំងឡាយ សេចក្ដី​កើត​ប្រាក​ដ នៃបុគ្គល​៣ ពួក រក​បាន​ដោយ​ក្រក្នុង​លោក​។ បុគ្គល​៣ ពួក​ ដូចម្ដេចខ្លះ។ ម្នាល​ភិក្ខុទាំងឡាយ សេចក្ដី​កើត​​ប្រាកដ នៃ​ព្រះតថាគត ​អរហន្ត​សម្មាសម្ពុទ រកបានដោយ​ក្រក្នុង​លោក ​១ បុគ្គល​អ្នក​សំដែង​ធម្មវិន័យ ដែល​ព្រះតថាគតសំដែង​ហើយ រក​បាន​ដោយ​ក្រក្នុង​លោក​ ១ បុគ្គល​ជាកតញ្ញូកតវេទី រកបាន​ដោយ​ក្រក្នុង​លោក​ ១។ ម្នាល​ភិក្ខុទាំង​ឡាយ ការកើត​ប្រាកដនៃ​បុគ្គល​៣ ពួក​នេះ រក​បាន​ដោយ​ក្រក្នុង​លោក។

(អប្បមេយ្យសូត្រ ទី៣)

(៣. អប្បមេយ្យសុត្តំ)

[១១៧] ម្នាល​ភិក្ខុទាំងឡាយ បុគ្គល​៣ ពួក​នេះ រមែង​មាននៅក្នុងលោក។ បុគ្គល​៣ ពួក​ ដូចម្ដេចខ្លះ។ គឺ​សុប្ប​មេយ្យ​បុគ្គល (បុគ្គលដែល​គេប្រមាណ​ដោយ​ងាយ) ១ ទុប្ប​មេយ្យ​បុគ្គល (​បុគ្គល​ដែល​គេប្រមាណ​ដោយក្រ) ១ អប្ប​មេយ្យបុគ្គល ​(បុគ្គល​ដែលគេប្រមាណមិនបាន)​ ១។ ម្នាល​ភិក្ខុទាំងឡាយ ចុះ​សុប្បមេយ្យបុគ្គល ដូចម្ដេច។ ម្នាល​ភិក្ខុទាំងឡាយ បុគ្គល​ពួក​មួយ ក្នុងលោក​នេះ ជាអ្នក​លើក​កំពល់ ឆ្មើង​ឆ្មៃ រពើត រពើង មាត់​រឹង​ និយាយ​ប៉ប៉ាច់ប៉ប៉ោច ភ្លេច​ស្មារតី មិន​ដឹង​ខ្លួន មានចិត្ត​មិននឹង​ធឹង មាន​ចិត្ត​ប្រែប្រួល មាន​ឥន្រ្ទិយបើកចំហ។ ម្នាល​ភិក្ខុទាំងឡាយ នេះហៅថា សុប្ប​មេយ្យ​បុគ្គល។ ម្នាល​ភិក្ខុទាំងឡាយ ចុះ​ទុប្បមេយ្យបុគ្គល ​ដូចម្ដេច។ ម្នាល​ភិក្ខុទាំងឡាយ បុគ្គល​ពួក​មួយ ក្នុង​លោក​នេះ ជាអ្នក​មិនលើកកំពស់ មិន​ឆ្មើង​ឆ្មៃ មិន​រពើតរពើង មិនមានមាត់រឹង មិននិយាយ​ប៉ប៉ាច់ប៉ប៉ោច ដំកល់​ស្មារតី ដឹង​ខ្លួន មានចិត្ត​នឹង​ធឹង មានចិត្ត​មាន​អារម្ម​ណ៍តែ​មួយ សង្រួម​ឥន្រ្ទិយល្អ។ ម្នាល​ភិក្ខុទាំងឡាយ នេះហៅថា ទុប្បមេយ្យបុគ្គល។ ម្នាល​ភិក្ខុទាំងឡាយ ចុះ​អប្ប​មេយ្យ​បុគ្គល​ ដូចម្ដេច។ ម្នាល​ភិក្ខុទាំងឡាយ គឺ​បានដល់​ភិក្ខុ ជាអរហំ ខីណាស្រព ក្នុង​ធម្មវិន័យ​នេះ។ ម្នាល​ភិក្ខុទាំងឡាយ នេះ​ហៅថា អប្បមេយ្យ​បុគ្គល។ ​ម្នាល​ភិក្ខុទាំងឡាយ បុគ្គល ៣ ពួក​នេះឯង រមែង​មាននៅ​ក្នុងលោក។

(អានេញ្ជសូត្រ ទី៤)

(៤. អានេញ្ជសុត្តំ)

[១១៨] ម្នាល​ភិក្ខុទាំងឡាយ បុគ្គល ៣ ពួកនេះ រមែង​មាន​នៅក្នុងលោក។ បុគ្គល​៣​ពួក​ ដូចម្ដេច​ខ្លះ។ ម្នាល​ភិក្ខុទាំងឡាយ បុគ្គល​ពួក​មួយក្នុងលោក​នេះ ព្រោះ​កន្លងបង់ ​នូវរូប​សញ្ញា ដោយ​ប្រការ​ទាំង​ពួង ព្រោះរលត់​ នូវបដិឃសញ្ញា ព្រោះមិន​ធ្វើ​ទុក​ក្នុង​ចិត្ត​ នូវ​នានត្ត​សញ្ញា ចូល​កាន់អាកាសានញ្ចាយ​តនជ្ឈាន ដោយ​បរិកម្មថា អាកាស​មិនមាន​ទីបំផុត ដូច្នេះ។ បុគ្គល​នោះ ត្រេក​អរនឹង​ឈាន​នោះ ប្រាថ្នា​នូវ​ឈាន​នោះ ដល់​នូវ​សេចក្ដី​ត្រេកអរនឹង​ឈាន​នោះ ស្ថិតនៅក្នុង​ឈាន​នោះ​ សម្រាក​ក្នុងឈាននោះ សម្រេច​សម្រាន្តនៅដោយច្រើន​ ក្នុងឈាន​នោះ មិន​សាបសូន្យ (ចាកឈាននោះ) កាល​ធ្វើ​មរណកាល ក៏ទៅ​កើត​ជាមួយ​នឹង​ពួក​ទេវតា ដែល​កើត​ក្នុង​ជាន់​អាកាសានញ្ចាយតនៈ។ ម្នាល​ភិក្ខុទាំងឡាយ ប្រមាណអាយុ របស់​ពួក​ទេវតា ដែល​កើត​ក្នុង​ជាន់​អាកាសាន​ញ្ចាយតនៈ កំណត់​ពីរ​ហ្មឺនកប្ប (២០០០០កប្ប)។ បុថុជ្ជន ដែល​ឋិត​នៅក្នុង​ភព​នោះ​ ដរាបដល់​អស់​អាយុ គឺ​កំណត់​អស់​អាយុ​ទាំងអស់​ ដែល​ជាប្រមាណ​អាយុ​ នៃទេវតា​ទាំង​នោះ​ ហើយ​ក៏ទៅ​កើត​ក្នុង​នរក​ខ្លះ ទៅកើត​ក្នុង​កំណើត​តិរច្ឆានខ្លះ​ ទៅកើត​ក្នុង​បិត្តិ​វិស័យ​ខ្លះ។ ចំណែក​ខាង​សាវក ​របស់​ព្រះដ៏មាន​ព្រះភាគ ដែល​ឋិត​នៅក្នុង​ភព​នោះ ដរាប​ដល់​អស់​អាយុ គឺ​ថា កំណត់​អស់​អាយុទាំង​អស់ ដែល​ជាប្រមាណ​អាយុ ​របស់​ពួក​ទេវតា​ទាំង​នោះ ហើយ​ក៏បរិនិព្វាន ក្នុង​ភពនោះ​ឯង។ ម្នាល​ភិក្ខុទាំងឡាយ នេះជា​សេចក្ដី​ប្លែក នេះជាសេចក្ដី​អធិប្បាយ នេះជាអំពើ​ផ្សេង​ៗគ្នា នៃអរិយ​សាវក អ្នក​ចេះ​ដឹង និងបុថុជ្ជន​អ្នកមិន​ចេះដឹង កាល​បើ​នៅមាន​គតិភព និង​ឧបបត្តិ​ភព​នៅឡើយ។ ម្នាល​ភិក្ខុទាំងឡាយ ​ប្រការ​មួយ​ទៀត បុគ្គល​ពួក​មួយ ក្នុងលោក​នេះ កន្លងបង់​នូវ​អាកាសាន​ញ្ចា​យតនជ្ឈាន ដោយ​ប្រការ​ទាំងពួង ចូល​កាន់វិញ្ញាណញ្ចាយតនជ្ឈាន ដោយបរិកម្មថា វិញ្ញាណមិនមាន​ទីបំផុត​ ដូច្នេះបុគ្គល​នោះ ត្រេកអរនឹង​ឈាន​នោះ ប្រាថ្នានូវ​ឈាននោះ ដល់នូវ​សេចក្ដី​ត្រេក​អរ ដោយឈាន​នោះ ឋិត​នៅក្នុង​ឈាន​នោះ សម្រាក​នៅក្នុង​ឈាន​នោះ សម្រេច​សម្រាន្តនៅដោយ​ច្រើន​ ក្នុង​ឈាននោះ​ មិនសាបសូន្យ (ចាកឈាននោះ) កាល​ធ្វើ​មរណកាល​ទៅ ក៏ទៅកើត​ជាមួយ​នឹងទេវតា ដែលកើតក្នុង​ជាន់វិញ្ញាណញ្ចា​យតនៈ។ ម្នាល​ភិក្ខុទាំងឡាយ ប្រមាណ​អាយុ​នៃពួក​ទេវតា ដែល​កើតក្នុង​ជាន់ វិញ្ញាណ​ញ្ចាយតនៈ កំណត់​បួន​ហ្មឺន​កប្ប (៤០០០០កប្ប)។ បុថុជ្ជន ដែល​ឋិត​នៅក្នុង​ភព​នោះ ដរាប​ដល់​អស់​អាយុ គឺ​ថា កំណត់​អស់​អាយុ​ទាំងអស់ ដែលជា​ប្រមាណ​អាយុ នៃពួក​ទេវតា​ទាំង​នោះហើយ ទៅកើត​ក្នុង​នរកខ្លះ ទៅ​កើត​ក្នុង​កំណើត​តិរច្ឆាន​ខ្លះ ទៅកើត​ក្នុង​បិត្តិវិស័យ​ខ្លះ។ ចំណែកសាវក ​របស់ព្រះដ៏មាន​ព្រះភាគ ឋិតនៅក្នុង​ភពនោះ ដរាប​ដល់​អស់​អាយុ គឺ​កំណត់​អស់​អាយុ​ទាំងអស់ ដែល​ជាប្រមាណ​អាយុ ​នៃ​ពួក​ទេវតាទាំងនោះ ហើយ​ក៏​បរិនិព្វា​ន ​ក្នុង​ភព​នោះ​ឯង។ ម្នាល​ភិក្ខុទាំងឡាយ នេះជា​សេចក្ដី​ប្លែក នេះជា​សេចក្ដី​អធិប្បាយ នេះ​ជា​អំពើ​ផ្សេងៗ គ្នា នៃ​អរិយ​សាវក អ្នក​ចេះដឹង និង​បុថុជ្ជន​អ្នក​មិន​ចេះ​ដឹង​ កាល​បើ​គតិភព និង​ឧបបត្តិ​ភព​មាន​នៅឡើយ។ ម្នាល​ភិក្ខុទាំងឡាយ មួយ​ទៀត បុគ្គល​ពួក​មួយ ក្នុង​លោក​នេះ កន្លងបង់​នូវវិញ្ញាណ​ញ្ចាយតនជ្ឈាន ដោយប្រការទាំង​ពួង ហើយ​ចូល​កាន់អាកិញ្ចញ្ញាយតនជ្ឈាន ​ដោយ​បរិកម្មថា អ្វីតិចតួច​មិន​មាន​ដូច្នេះ។ បុគ្គល​នោះ​ ត្រេក​អរ​នឹង​ឈាន​នោះ ​ប្រាថ្នាឈាន​នោះ ដល់​នូវ​សេចក្ដី​ត្រេក​អរ​ ដោយ​ឈាន​នោះ ឋិ​តនៅ​ក្នុង​ឈាននោះ សម្រាក​នៅក្នុង​ឈាន​នោះ សម្រេច​សម្រាន្តនៅ​ដោយ​ច្រើន ​ក្នុងឈាន​នោះ ​មិន​សាប​សូន្យ​ (ចាក​ឈាននោះ) កាល​ធ្វើ​មរណកាលទៅ រមែង​ទៅកើត​ជាមួយ​នឹង​ពួក​ទេវតា ដែល​កើត​ក្នុង​ជាន់​អាកិញ្ចញ្ញាយតនៈ។ ម្នាល​ភិក្ខុទាំងឡាយ ប្រមាណ​អាយុ​នៃ​ពួក​ទេវតា ដែល​កើតក្នុងជាន់អាកិញ្ចញ្ញាយតនៈ កំណត់​ប្រាំ​មួយ​ហ្មឺនកប្ប (៦០០០០កប្ប)។ បុថុជ្ជន​ ឋិត​នៅក្នុង​ភពនោះ ដរាប​ដល់​អស់​អាយុ គឺថា កំណត់​អស់​អាយុទាំង​អស់ ដែល​ប្រមាណ​អាយុ នៃពួក​ទេវតា​ទាំង​នោះ ហើយ​ក៏​ទៅកើតក្នុងនរកខ្លះ ទៅកើត​ក្នុង​កំណើត​តិរច្ឆានខ្លះ ទៅកើត​ក្នុង​បិត្តិ​វិស័យខ្លះ។ ចំណែក​ខាងសាវក ​របស់​ព្រះ​ដ៏មាន​ព្រះភាគ​វិញ ឋិត​នៅក្នុង​ភព​នោះ ដរាបដល់​អស់​អាយុ គឺថា​ កំណត់​អស់​អាយុ​ទាំងអស់ ដែល​ជាប្រមាណ​អាយុ នៃពួក​ទេវតា​ទាំងនោះ ហើយ​ក៏បរិនិព្វាន​ក្នុងភពនោះឯង។ ម្នាល​ភិក្ខុទាំងឡាយ នេះជាសេចក្ដី​ប្លែក នេះជា​សេចក្ដី​អធិប្បាយ នេះជា​អំពើ​ផ្សេងៗ នៃអរិយសាវក អ្នក​ចេះ​ដឹង និង​បុថុជ្ជន ​អ្នក​មិនចេះ​ដឹង កាល​បើ​គតិភព និង​ឧបបត្តិភព មាន​នៅឡើយ។ ម្នាល​ភិក្ខុទាំងឡាយ បុគ្គល​ទាំង​៣ពួក​នេះ រមែង​មាននៅក្នុង​លោក។

(វិបត្តិសម្បទាសូត្រ ទី៥)

(៥. វិបត្តិសម្បទាសុត្តំ)

[១១៩] ម្នាល​ភិក្ខុទាំងឡាយ វិបត្តិ​ទាំងឡាយ​នេះ មាន​៣យ៉ាង។ វិបត្តិ​៣យ៉ាង​ ដូចម្ដេច​ខ្លះ។ គឺ​ សីល​វិបត្តិ ១ ចិត្តវិបត្តិ ១ ទិដ្ឋិវិបត្តិ ១។ ម្នាល​ភិក្ខុ​ទាំងឡាយ ចុះសីល​វិបត្តិ ដូចម្ដេច។ ម្នាល​ភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ​ ក្នុង​លោក​នេះ ជាអ្នក​សំឡាប់​សត្វ លួច​ទ្រព្យគេ ប្រព្រឹត្ត​ខុសក្នុងកាម ពោល​ពាក្យកុហក ពោល​ពាក្យ​ញុះញង់ ពោល​ពាក្យអាក្រក់ ពោល​ពាក្យឥត​ប្រយោជន៍។ ម្នាល​ភិក្ខុ​ទាំងឡាយ នេះហៅថា សីលវិបត្តិ។ ម្នាល​ភិក្ខុទាំងឡាយ ចុះចិត្តវិបត្តិ ​ដូចម្ដេច។ ម្នាល​ភិក្ខុទាំងឡាយ បុគ្គល​ពួក​ខ្លះ​ ក្នុង​លោក​នេះ ច្រើន​ដោយ​អភិជ្ឈា​ មាន​ចិត្ត​ព្យាបាទ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ចិត្តវិបត្តិ។ ម្នាល​ភិក្ខុទាំងឡាយ ចុះទិដ្ឋិវិបត្តិ ដូចម្ដេច។ ម្នាល​ភិក្ខុទាំងឡាយ បុគ្គល​ពួក​ខ្លះ​ ក្នុង​លោក​នេះ ជា​មិច្ឆាទិដ្ឋិ មានសេចក្ដី​យលវិបរិត​ថា ​ទានដែល​បុគ្គល​ឲ្យ​ហើយ​ មិនមាន​ផល ការបូជាធំ មិនមានផល ការបូជាតូច មិន​មាន​ផល ផលវិបាកនៃ​កម្ម ដែល​បុគ្គល​ធ្វើល្អ និងអាក្រក់មិន​មាន លោក​នេះមិន​មាន ​លោក​ខាងមុខ​មិនមាន មាតា​មិនមាន បិតាមិនមាន ពួក​សត្វជា​ឱបបាតិកៈមិន​មាន ពួក​សមណព្រាហ្មណ៍​ជាអ្នកព្រម​ព្រៀង​គ្នា ​ប្រតិបត្តិ​ប្រពៃ ធ្វើ​ឲ្យ​ជាក់​ច្បាស់​ នូវលោក​នេះ និង​លោក​ខាងមុខ ដោយ​ប្រាជ្ញា ដ៏​ឧត្ដម​ ដោយខ្លួន​ឯង ហើយ​ប្រកាស​ក្នុងលោក ​ក៏មិនមាន។ ម្នាល​ភិក្ខុទាំងឡាយ នេះហៅថា ទិដ្ឋិវិបត្តិ។ ម្នាល​ភិក្ខុទាំងឡាយ ព្រោះហេតុ​តែ​សីល​វិបត្តិ បាន​ជាសត្វ​ទាំងឡាយ លុះបែកធ្លាយ​រាងកាយ បន្ទាប់​អំពីមរណៈ ទៅកើត​ក្នុង​អបាយ ទុគ្គតិ វិនិបាត​ នរក ​ក៏មាន ម្នាល​ភិក្ខុទាំងឡាយ ព្រោះ​ហេតុ​តែចិត្ត​វិបត្តិ បានជាសត្វ​ទាំងឡាយ លុះបែកធ្លាយ​រាងកាយ បន្ទាប់​អំពី​មរណៈ ទៅ​កើតក្នុង​អបាយ ទុគ្គ​តិ វិនិបាត នរកក៏មាន ម្នាល​ភិក្ខុទាំងឡាយ ព្រោះ​ហេតុ​តែទិដ្ឋិវិបត្តិ បានជាសត្វ​ទាំង​ឡាយ លុះ​បែក​ធ្លាយ​រាង​កាយ បន្ទាប់​អំពីមរណៈ​ទៅកើត​ក្នុងអបាយ ទុគ្គតិ វិនិបាត នរក ក៏មាន។ ម្នាល​ភិក្ខុទាំងឡាយ វិបត្តិ​ មាន​៣ យ៉ាង​ប៉ុណ្ណេះ។ ម្នាលភិក្ខុទាំងឡាយ សម្បទានេះ មាន​៣យ៉ាង។ សម្បទា ៣ យ៉ាង ​ដូចម្ដេចខ្លះ។ គឺ​ សីល​សម្បទា​ ១ ចិត្ត​សម្បទា ១ ទិដិ្ឋ​សម្បទា ១។ ម្នាល​ភិក្ខុ​ទាំងឡាយ ចុះសីល​សម្បទា តើដូចម្ដេច។ ម្នាល​ភិក្ខុទាំងឡាយ បុគ្គល​ពួកមួយ​ ក្នុងលោក​នេះ ជាអ្នក​វៀរចាក​បាណាតិបាត ​វៀរចាកអទិន្នាទាន រៀរចាក​កាមេសុមិច្ឆាចារ វៀរចាកមុសាវាទ វៀរចាកបិសុណាវាចា​ វៀរចាកផរុស​វាចា វៀរចាកសម្ជប្បលាបៈ។ ម្នាល​ភិក្ខុទាំងឡាយ នេះហៅថា សីល​សម្បទា។ ម្នាល​ភិក្ខុ​ទាំងឡាយ ចុះចិត្ត​សម្បទា ​តើ​ដូចម្ដេច។ ម្នាល​ភិក្ខុទាំងឡាយ បុគ្គល​ពួកមួយ​ក្នុង​លោក​នេះ មិនច្រើន​ដោយ​អភិជ្ឈា មានចិត្ត​មិន​ព្យាបាទ។ ម្នាល​ភិក្ខុទាំងឡាយ នេះ​ហៅថា ចិត្ត​សម្បទា។ ម្នាល​ភិក្ខុទាំងឡាយ ចុះទិដ្ឋិសម្បទា តើដូចម្ដេច។ ម្នាល​ភិក្ខុទាំងឡាយ បុគ្គល​ពួកមួយ ក្នុងលោក​នេះ ជាសម្មាទិដ្ឋិ មានសេចក្ដី​យល់មិន​វិបរិតថា ទាន​ដែលបុគ្គល​ឲ្យហើយ​ មានផល ការបូជា​ធំ មាន​ផល ការបូជាតូច មានផល ផលវិបាកនៃកម្ម ដែល​សត្វ​ធ្វើ​ល្អ​ និងអាក្រក់​មាន លោកនេះក៏មិន លោក​ខាង​មុខ​ក៏មាន មាតាមាន បិតាមាន ពួក​សត្វ​ជាឱបបាតិកៈមាន ពួកសមណព្រាហ្មណ៍ ជាអ្នក​ព្រមព្រៀង​គ្នា​ ប្រតិបត្តិប្រពៃ ធ្វើ​ឲ្យជាក់​ច្បាស់ ​នូវលោក​​នេះ និង​លោក​ខាង​មុខ ដោយ​ប្រាជ្ញ​ដ៏ឧត្ដម ដោយខ្លួន​ឯង ហើយ​ប្រកាសក្នុង​លោក​ក៏មាន។ ម្នាល​ភិក្ខុទាំងឡាយ នេះហៅថា ទិដ្ឋិសម្បទា។ ម្នាល​ភិក្ខុទាំង​ឡាយ ព្រោះ​ហេតុ​តែ​សីល​សម្បទា បាន​ជាសត្វទាំងឡាយ លុះបែក​ធ្លាយ​រាងកាយ បន្ទាប់​អំពី​មរណៈ ទៅកើត​ក្នុង​លោក ​គឺសុគតិ និងស្ថាន​សួគ៌ ក៏មាន ម្នាល​ភិក្ខុទាំងឡាយ ព្រោះ​ហេតុ​តែចិត្ត​សម្បទា បានជា​សត្វ​ទាំងឡាយ លុះបែក​ធ្លាយ​រាងកាយ បន្ទាប់​អំពី​មរណៈ​ ទៅកើតក្នុង​លោក ​គឺ​សុគតិ​ និង​ស្ថានសួគ៌​ក៏មាន ម្នាល​ភិក្ខុទាំងឡាយ ព្រោះ​ហេតុ​តែទិដ្ឋិសម្បទា បានជាសត្វ​ទាំង​ឡាយ លុះបែក​ធ្លាយ​រាងកាយ បន្ទាប់អំពីមរណៈ ទៅ​កើតក្នុងលោក​ គឺ​សុគតិ​ និង​ស្ថាន​សួគ៌​ក៏មាន។ ម្នាល​ភិក្ខុទាំងឡាយ សម្បទា មាន ៣ យ៉ាង​ប៉ុណ្ណេះ។

(អបណ្ណកសូត្រ ទី៦)

(៦. អបណ្ណកសុត្តំ)

[១២០] ម្នាល​ភិក្ខុទាំងឡាយ វិបត្តិ​នេះ មាន​៣​យ៉ាង​។ វិបត្តិ ​៣យ៉ាង​ដូចម្ដេចខ្លះ។ គឺ​ សីល​វិបត្តិ​ ១ ចិត្តវិបត្តិ ១ ទិដ្ឋិវិបត្តិ​ ១។ ម្នាលភិក្ខុទាំងឡាយ ចុះ​សីលវិបត្តិ តើដូចម្ដេច។ ម្នាល​ភិក្ខុទាំងឡាយ បុគ្គលពួក​មួយ ក្នុងលោក​នេះ ជាអ្នក​សម្លាប់​សត្វ​។ បេ។ ពោល​ពាក្យ​ឥតប្រយោជន៍។ ម្នាល​ភិក្ខុទាំងឡាយ នេះហៅថា​ សីល​វិបត្តិ។ ម្នាល​ភិក្ខុទាំងឡាយ ចុះ​ចិត្ត​វិបត្តិ តើដូចម្ដេច។ ម្នាល​ភិក្ខុទាំងឡាយ បុគ្គលពួក​មួយ ក្នុង​លោក​នេះ ច្រើន​ដោយ​អភិជ្ឈា មានចិត្ត​ប្រកប​ដោយព្យាបាទ។ ម្នាល​ភិក្ខុទាំងឡាយ នេះហៅថា ចិត្ត​វិបត្តិ។ ម្នាលភិក្ខុទាំងឡាយ ចុះ​ទិដ្ឋិវិបត្តិ តើដូចម្ដេច។ ម្នាល​ភិក្ខុទាំងឡាយ បុគ្គលពួក​មួយ ក្នុងលោក​នេះ ជាមិច្ឆាទិដ្ឋិ មានសេចក្ដី​យល់​វិបរិតថា ទានដែល​បុគ្គល​ឲ្យហើយ មិនមានផល ការបូជា​ធំ មិនមាន​ផល។ បេ។ ពួក​សមណព្រាហ្មណ៍ ធ្វើ​ឲ្យ​ជាក់​ច្បាស់​ នូវ​លោក​នេះ និង​លោក​ខាងមុខ ដោយ​ប្រាជ្ញា​ដ៏ឧត្ដម ដោយ​ខ្លួន​ឯង ហើយ​ប្រកាសក្នុង​លោក ​ក៏មិនមាន។ ម្នាល​ភិក្ខុទាំងឡាយ នេះហៅថា ទដ្ឋិវិបត្តិ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ព្រោះហេតុតែ​សីល​វិបត្តិ បាន​ជាសត្វ​ទាំងឡាយ លុះបែក​ធ្លាយរាងកាយ បន្ទាប់​អំពី​មរណៈ ទៅកើត​ក្នុង​អបាយ ទុគ្គតិ​ វិនិបាត នរក ក៏មាន ព្រោះ​ហេតុ​តែចិត្ត​វិបត្តិ… ម្នាល​ភិក្ខុទាំងឡាយ ព្រោះ​ហេតុ​តែទិដ្ឋិវិបត្តិ បានជា​សត្វ​ទាំងឡាយ លុះបែក​ធ្លាយ​រាងកាយ បន្ទាប់​អំពី​មរណៈ ទៅកើត​ក្នុង​អបាយ ទុគ្គតិ វិនិបាត នរក ក៏មាន។ ម្នាល​ភិក្ខុទាំងឡាយ ប្រៀបដូច​កូន​បាសកា មាន​ជ្រុង ​៦ ដែល​បុគ្គល​បោះ​ទៅលើ ​(ធ្លាក់​ចុះមក) តាំង​នៅដោយ​ជ្រុង​ណា ៗ រមែងឋិត​នៅនឹង (ដោយ​ជ្រុង​នោះៗ)​ ម្នាល​ភិក្ខុទាំងឡាយ ព្រោះ​ហេតុ​តែ​សីល​វិបត្តិ បាន​ជាសត្វ​ទាំងឡាយ លុះបែកធ្លាយ​រាងកាយ បន្ទាប់​អំពី​មរណៈ ទៅកើត​ក្នុងអបាយ ទុគ្គតិ វិនិបាត នរក ក៏​មាន ព្រោះហេតុ​តែ​ចិត្ត​វិបត្តិ ក៏មាន… ព្រោះ​ហេតុ​តែទិដ្ឋិវិបត្តិ បានជាសត្វទាំង​ឡាយ លុះបែក​ធ្លាយ​រាងកាយ បន្ទាប់​អំពី​មរណៈ ទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក ក៏មាន យ៉ាង​នោះឯង។ ម្នាល​ភិក្ខុទាំងឡាយ វិបត្តិ​ មាន៣ យ៉ាង​ប៉ុណ្ណេះ។ ម្នាល​ភិក្ខុទាំងឡាយ សម្បទានេះ មាន ៣យ៉ាង​។ សម្បទា ៣យ៉ាង​ដូចម្ដេចខ្លះ។ គឺ​ សីល​សម្បទា ​១ ចិត្ត​សម្បទា ១ ទិដ្ឋិសម្បទា ១។ ម្នាលភិក្ខុទាំង ឡាយ ចុះសីល​សម្បទា តើដូចម្ដេច។ ម្នាល​ភិក្ខុទាំងឡាយ បុគ្គល​ពួក​មួយ ក្នុង​លោក​នេះ​ វៀរ​ចាកបាណាតិបាត។ បេ។ វៀរចាកសម្ផប្បលាបៈ។ ម្នាល​ភិក្ខុ ទាំងឡាយ នេះហៅថា សីល​សម្បទា។ ម្នាល​ភិក្ខុទាំងឡាយ ចុះចិត្ត​សម្បទា តើដូចម្ដេច។ ម្នាល​ភិក្ខុទាំងឡាយ បុគ្គល​ពួក​មួយ ​ក្នុងលោក​នេះ មិនច្រើន​ដោយ​អភិជ្ឈា មានចិត្ត​មិនព្យាបាទ។ ម្នាល​ភិក្ខុទាំងឡាយ នេះហៅថា ចិត្តសម្បទា។ ម្នាល​ភិក្ខុទាំងឡាយ ចុះទិដ្ឋិសម្បទា តើដូចម្ដេច។ ​ម្នាល​ភិក្ខុទាំងឡាយ បុគ្គល​ពួក​មួយ ក្នុងលោក​នេះ ជាសម្មា​ទិដ្ឋិ មានសេចក្ដី​យល់ មិន​វិបរិតថា ទាន​ដែល​បុគ្គល​ឲ្យ មានផល​ ការបូជា​ធំ មានផល។ បេ។ ពួក​សមណព្រាហ្មណ៍ ដែល​ធ្វើ​ឲ្យ​ជាក់​ច្បាស់​ នូវលោក​នេះ និង​លោក​ខាង​មុខ ដោយប្រាជ្ញា​ដ៏ឧត្ដម ដោយ​ខ្លួនឯង ហើយ​ប្រកាសក្នុងលោក ក៏មាន។ ម្នាល​ភិក្ខុទាំងឡាយ នេះហៅថា ទិដ្ឋិសម្បទា។ ម្នាល​ភិក្ខុទាំងឡាយ ព្រោះហេតុ​តែសីល​សម្បទា បានជាសត្វ​ទាំងឡាយ លុះបែកធ្លាយ​រាងកាយ បន្ទាប់​អំពី​មរណៈ ទៅកើត​ក្នុងលោក ​គឺ​សុគតិ​ និង​ស្ថាន​សួគ៌ ក៏មាន ព្រោះហេតុតែចិត្ត​សម្បទា… ម្នាល​ភិក្ខុទាំងឡាយ ព្រោះ​ហេតុតែទិដ្ឋិសម្បទា បានជា​សត្វ​ទាំងឡាយ លុះបែក​ធ្លាយ​រាងកាយ បន្ទាប់​អំពី​មរណៈ ទៅកើត​ក្នុង​លោក ​គឺ​សុគតិ​ និងស្ថាន​សួគ៌ ក៏មាន។ ម្នាល​ភិក្ខុទាំងឡាយ ប្រៀបដូច​កូន​​បាសកា មានជ្រុង​ ៦ ដែល​បុគ្គល​បោះទៅ​លើ (ធ្លាក់​ចុះមក) តាំងនៅដោយ​ជ្រុង​ណាៗ រមែង​ឋិត​នៅនឹង (ដោយជ្រុង​នោះៗ) ម្នាល​ភិក្ខុទាំងឡាយ ព្រោះ​ហេតុ​តែ​សីល​សម្បទា បានជា​សត្វ​ទាំងឡាយ លុះបែក​ធ្លាយ​រាងកាយ បន្ទាប់​អំពី​មរណៈ ទៅកើតក្នុងលោក​ គឺ​សុគតិ​ និងស្ថាន​សួគ៌​ ក៏មាន ព្រោះ​ហេតុ​តែចិត្ត​សម្បទា… ម្នាល​ភិក្ខុទាំងឡាយ ព្រោះ​ហេតុ​តែ​ទិដ្ឋិ​សម្បទា បានជាសត្វ​ទាំងឡាយ លុះ​បែក​ធ្លាយ​រាងកាយ បន្ទាប់​អំពីមរណៈ ទៅកើតក្នុង​លោក​ គឺ​សុគតិ និងស្ថានសួគ៌ ក៏មាន ក៏យ៉ាង​នោះដែរ។ ម្នាល​ភិក្ខុទាំងឡាយ សម្បទា មាន៣ យ៉ាង ប៉ុណ្ណេះ។

(កម្មន្តសូត្រ ទី៧)

(៧. កម្មន្តសុត្តំ)

[១២១] ម្នាល​ភិក្ខុទាំងឡាយ វិបត្តិ​នេះ មាន ៣ យ៉ាង។ ​វិបត្តិ៣យ៉ាង ដូចម្ដេច​ខ្លះ។ គឺ​ កម្មន្តវិបត្តិ ១ អាជីវ​វិបត្តិ ​១ ទិដ្ឋិវិបត្តិ ១។ ម្នាល​ភិក្ខុទាំងឡាយ ចុះកម្មន្តវិបត្តិ តើដូចម្ដេច។ ម្នាល​ភិក្ខុទាំងឡាយ បុគ្គល​ពួកមួយ ក្នុងលោក​​នេះ ជា​អ្នក​សម្លាប់​សត្វ​។ បេ។ ជាអ្នកពោល​ពាក្យឥត​ប្រយោជន៍។ ម្នាល​ភិក្ខុទាំងឡាយ នេះហៅថា កម្មន្ត​វិបត្តិ។ ម្នាល​ភិក្ខុទាំងឡាយ ចុះអាជីវវិបត្តិ​ តើដូចម្ដេច។ ម្នាល​ភិក្ខុ​ទាំងឡាយ បុគ្គល​ពួក​មួយ ​ក្នុងលោក​នេះ​ ជាអ្នកចិញ្ចឹមជីវិត​ខុស សម្រេច​ការរស់​នៅ ដោយ​ការចិញ្ចឹម​ជីវិត​ខុស។ ម្នាល​ភិក្ខុទាំងឡាយ នេះហៅថា អាជីវវិបត្តិ។ ម្នាល​ភិក្ខុទាំងឡាយ ចុះទិដ្ឋិវិបត្តិ តើ​ដូចម្ដេច។ ម្នាល​ភិក្ខុទាំងឡាយ បុគ្គល​ពួក​មួយ ​ក្នុងលោក​នេះ ជាមិច្ឆាទិដ្ឋិ មានសេចក្ដី​យល់​វិបរិតថា ទាន​ដែល​បុគ្គល​ឲ្យហើយ មិនមានផល ការ​បូជា​ធំ មិនមាន​ផល។ បេ។ ពួកសមណ​ព្រាហ្មណ៍ ធ្វើ​ឲ្យជាក់ច្បាស់ ​នូវ​លោក​នេះ និងលោក​ខាងមុខ​ ដោយ​ប្រាជ្ញាដ៏ឧត្ដម ដោយ​ខ្លួន​ឯង ហើយ​ប្រកាស​ក្នុងលោក​ ក៏មិនមាន។ ម្នាល​ភិក្ខុទាំងឡាយ នេះហៅថា ទិដ្ឋិវិបត្តិ។ ម្នាល​ភិក្ខុទាំងឡាយ វិបត្តិ​ មាន៣​យ៉ាង​ប៉ុណ្ណេះ។ ម្នាល​ភិក្ខុទាំងឡាយ សម្បទា​នេះ មាន​៣ យ៉ាង។ សម្បទា ៣យ៉ាង​ ដូចម្ដេចខ្លះ។ គឺ កម្មន្តសម្បទា ១ អាជីវសម្បទា ១ ទិដ្ឋិសម្បទា ១។ ម្នាល​ភិក្ខុទាំងឡាយ កម្មន្តសម្បទា តើដូចម្ដេច។ ម្នាល​ភិក្ខុទាំងឡាយ បុគ្គល​ពួក​មួយ​ ក្នុង​លោកនេះ ជាអ្នក​​វៀរចាក​ការសម្លាប់​សត្វ។ បេ។ ជាអ្នក​វៀរចាក​ការពោល​ពាក្យឥត​ប្រយោជន៍។ ម្នាល​ភិក្ខុទាំងឡាយ នេះហៅថា កម្មន្ត​សម្បទា។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ចុះអាជីវសម្បទា តើ​ដូចម្ដេច។ ម្នាល​ភិក្ខុទាំងឡាយ បុគ្គលពួក​មួយ ក្នុងលោក​នេះ ជាអ្នក​ចិញ្ចឹមជីវិត​ត្រូវ សម្រេចការរស់នៅ ដោយការ​ចិញ្ចឹម​ជីវិត​ត្រូវ​។ ម្នាល​ភិក្ខុទាំងឡាយ នេះហៅថា អាជីវសម្បទា។ ម្នាល​ភិក្ខុទាំងឡាយ ចុះ​ទិដ្ឋិសម្បទា ​តើដូចម្ដេច។ ម្នាល​ភិក្ខុទាំងឡាយ បុគ្គល​ពួក​មួយ ក្នុងលោក​នេះ ជាសម្មាទិដ្ឋិ មានសេចក្ដី​យល់​មិនវិបរិត​ថា ទាន​ដែលបុគ្គល​ឲ្យហើយ មាន​ផល ការបូជា​ធំ មានផល។ បេ។ ពួកសមណព្រហ្មណ៍ ដែល​ធ្វើឲ្យ​ជាក់​ច្បាស់ ​នូវលោក​នេះ និងលោកខាងមុខ ដោយ​ប្រាជ្ញា​ដ៏ឧត្ដម ដោយខ្លួន​ឯង ហើយ​ប្រកាស​ក្នុងលោក​នេះ ក៏មាន។ ម្នាល​ភិក្ខុទាំងឡាយ នេះហៅថា ទិដ្ឋិសម្បទា។ ម្នាល​ភិក្ខុទាំងឡាយ សម្បទា​ មាន ៣ យ៉ាងប៉ុណ្ណេះ។

(បឋមសោចេយ្យសូត្រ ទី៨)

(៨. បឋមសោចេយ្យសុត្តំ)

[១២២] ម្នាល​ភិក្ខុទាំងឡាយ ការស្អាត​នេះ មាន៣ យ៉ាង។ ការស្អាត​៣យ៉ាង​ ដូចម្ដេច​ខ្លះ។ គឺ​ ស្អាត​កាយ ១ ស្អាត​វាចា ១ ស្អាតចិត្ត ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ចុះ​ការស្អាត​កាយ តើដូចម្ដេច។ ម្នាល​ភិក្ខុទាំងឡាយ បុគ្គល​ពួក​មួយ ក្នុងលោក​នេះ ​ជាអ្ន​ក​វៀរចាកការសម្លាប់​សត្វ វៀរចាកការលួចទ្រព្យគេ​ វៀរចាកការ​ប្រព្រឹត្ត​ខុសក្នុងកាម។ ម្នាល​ភិក្ខុទាំងឡាយ នេះហៅថា ការ​ស្អាតកាយ។ ម្នាល​ភិក្ខុទាំងឡាយ ចុះការស្អាតវាចា​ តើដូចម្ដេច។ ម្នាល​ភិក្ខុទាំងឡាយ បុគ្គល​ពួក​មួយ​ ក្នុងលោក​នេះ វៀរចាក​ការពោលពាក្យកុហក វៀរចាកការ​ពោល​ពាក្យញុះញង់ វៀរចាកការពោល​ពាក្យអាក្រក់ វៀរចាក​ការពោល​ពាក្យឥត​ប្រយោជន៍។ ម្នាល​ភិក្ខុទាំងឡាយ នេះហៅថា ការស្អាតវាចា។ ម្នាល​ភិក្ខុទាំងឡាយ ចុះការ​ស្អាត​ចិត្ត តើដូចម្ដេច។ ម្នាល​ភិក្ខុទាំងឡាយ បុគ្គល​ពួកមួយ ក្នុងលោក​នេះ ជាអ្នក​មិនច្រើន ដោអភិជ្ឈា មិនមាន​ចិត្ត​ព្យាបាទ ជា​សម្មាទិដ្ឋិ។ ម្នាល​ភិក្ខុទាំងឡាយ នេះហៅថា ការស្អាតចិត្ត។ ម្នាល​ភិក្ខុទាំងឡាយ ការស្អាត​ មាន៣យ៉ាងប៉ុណ្ណេះ។

(ទុតិយសោចេយ្យសូត្រ ទី៩)

(៩. ទុតិយសោចេយ្យសុត្តំ)

[១២៣] ម្នាល​ភិក្ខុទាំងឡាយ ការស្អាត​នេះ មាន៣ យ៉ាង។ ការស្អាត មាន៣ យ៉ាង ​ដូចម្ដេច​ខ្លះ។ គឺ ការ​ស្អាត​កាយ ១ ស្អាតវាចា ១ ស្អាតចិត្ត ១។ ម្នាល​ភិក្ខុទាំងឡាយ ចុះ​ការស្អាត​កាយ តើ​ដូចម្ដេច។ ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុក្នុង​សាសនានេះ វៀរចាក​ការសម្លាប់​សត្វ វៀរចាកការលួចទ្រព្យ​គេ វៀរចាកកិរិយា​ប្រពឹត្ត​មិន​ប្រសើរ។ ម្នាល​ភិក្ខុទាំងឡាយ នេះ​ហោថា ការស្អាត​កាយ។ ម្នាល​ភិក្ខុទាំងឡាយ ចុះការ​ស្អាតវាចា តើដូចម្ដេច។ ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុ​ក្នុង​សាសនា​នេះ ជាអ្នក​វៀរចាកការពោល​ពាក្យ​កុហក រៀរចាកការ​ពោល​ពាក្យ​ញុះញង់ វៀរចាកការពោល​ពាក្យអាក្រក់​ វៀរចាកការ​ពោល​ពាក្យ​ឥត​ប្រយោជន៍។ ម្នាល​ភិក្ខុទាំងឡាយ នេះហៅថា ការស្អាតវាចា។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ចុះការស្អាតចិត្ត តើដូចម្ដេច។ ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនា​នេះ ទោះកាមច្ឆន្ទៈ មាន​នៅក្នុងខ្លួន ​ក៏ដឹងច្បាស់​ថា កាមច្ឆន្ទៈ មាននៅក្នុងខ្លួន​អាត្មាអញ ទោះកាមច្ឆន្ទៈ មិន​មាននៅក្នុងខ្លួន ក៏ដឹងច្បាស់​ថា កាម​ច្ឆន្ទៈ មិន​មាន​នៅក្នុងខ្លួន​អាត្មាអញ។ មួយទៀត​ កិរិយា​កើត​ឡើងនៃ​កាមច្ឆន្ទៈ ដែល​មិនទាន់កើត​ឡើង ​ដោយ​ហេតុ​ណា ក៏ដឹង​ច្បាស់ ​នូវ​ហេតុ​នោះផង ការលះបង់នូវកាម​ច្ឆន្ទៈ​ដែល​កើតឡើង​ហើយ ដោយ​ហេតុ​ណា ក៏ដឹង​ច្បាស់ ​នូវហេតុនោះផង កិរិយាមិនកើត​​តទៅទៀត​ នៃកាម​ច្ឆន្ទៈ ដែលលះបង់​បានហើយ ដោយ​ហេតុ​ណា ក៏ដឹង​ច្បាស់ ​នូវហេតុ​នោះផង។ ទោះ​ព្យាបាទ មាននៅក្នុងខ្លួន ក៏ដឹង​ច្បាស់​ថា ព្យាបាទ មាន​នៅក្នុង​ខ្លួន​អាត្មា​អញ ទោះ​ព្យាបាទ មិនមាន​នៅក្នុង​ខ្លួន​ ក៏ដឹង​ច្បាស់​ថា ព្យាបាទ​ មិនមាន​នៅក្នុងខ្លួន​អាត្មាអញ។ មួយទៀត កិរិយាកើត​ឡើង​នៃ​ព្យាបាទ ដែល​មិនទាន់កើតឡើង ​ដោយហេតុ​ណា ក៏ដឹង​ច្បាស់នូវ​ហេតុ​នោះផង ការលះបង់ព្យាបាទ ​ដែល​កើត​ឡើង​ហើយ ដោយហេតុ​ណា ក៏ដឹង​ច្បាស់​នូវហេតុនោះផង កិរិយាមិនកើត​តទៅទៀត នៃព្យាបាទ​ ដែលលះបង់​ហើយ ដោយហេតុណា ក៏ដឹងច្បាស់ ​នូវ​ហេតុនោះផង។ ទោះថីនមិទ្ធៈ មាននៅក្នុងខ្លួន​ ក៏ដឹង​ច្បាស់​ថា ថីនមិទ្ធៈ មាននៅក្នុង​ខ្លួន​អាត្មាអញ ទោះ​ថីនមិទ្ធៈ មិនមាន​នៅក្នុង​ខ្លួន ក៏ដឹង​ច្បាស់​ថា ថីនមិទ្ធៈ មិនមាន​នៅក្នុងខ្លួន​អាត្មាអញ។ មួយទៀត កិរិយាកើត​ឡើង​ នៃថីនមិទ្ធៈ ដែលមិន​ទាន់កើត​ឡើង ដោយហេតុ​ណា ក៏ដឹងច្បាស់​ នូវ​ហេតុ​នោះផង ការ​លះបង់​នូវ​ថីនមិទ្ធៈ ដែលកើតឡើង​ហើយ ​ដោយ​​ហេតុ​ណា ក៏ដឹង​ច្បាស់​ នូវ​ហេតុ​នោះផង កិរិយាមិនកើត​តទៅទៀត​នៃថីនមិទ្ធៈ ដែល​លះបង់​ហើយ​ ដោយ​ហេតុ​ណា ក៏ដឹង​ច្បាស់ ​នូវហេតុ​នោះផង។ ទោះ​ឧទ្ធច្ចកុក្កុច្ចៈ ​មាននៅក្នុង​ខ្លួន ក៏ដឹងច្បាស់ថា ឧ​ទ្ធច្ចកុក្កុច្ចៈ មាននៅក្នុងខ្លួន​អាត្មាអញ ទោះ​ឧទ្ធ​ច្ចកុក្កុច្ចៈ មិនមាននៅក្នុងខ្លួន​ ក៏ដឹងច្បាស់​ថា ឧទ្ធច្ចកុក្កុច្ចៈ មិន​មាននៅក្នុង​ខ្លួន​អាត្មា​អញ។ មួយទៀត កិរិយា​កើត​ឡើង ​នៃឧទ្ធច្ចកុក្កុច្ចៈ​ ដែល​មិន​ទាន់​​កើត​ឡើង ដោយហេតុ​ណា ក៏ដឹង​ច្បាស់ ​នូវ​ហេតុ​នោះផង ការលះបង់​នូវ​ឧទ្ធច្ចកុក្កុច្ចៈ ដែលកើត​ឡើង ដោយហេតុ​ណា ក៏ដឹង​ច្បាស់ ​នូវ​ហេតុនោះផង កិរិយាមិនកើត​តទៅទៀត ​នៃឧទ្ធច្ចកុក្កុច្ចៈ ដែលលះបង់​ហើយ ដោយហេតុណា ក៏ដឹង​ច្បាស់ ​នូវហេតុ​នោះផង។ ទោះ​វិចិកិច្ឆា មាននៅក្នុងខ្លួន​ ក៏ដឹងច្បាស់​ថា វិចិកិច្ឆា មាននៅក្នុងខ្លួន​អាត្មាអញ ទោះវិចិកិច្ឆា មិនមាន​នៅក្នុងខ្លួន ក៏ដឹងច្បាស់​ថា វិចិកិច្ឆា មិនមាន​នៅក្នុង​ខ្លួនអាត្មាអញ។ មួយទៀត កិរិយា​កើតឡើង ​នៃវិចិកិច្ឆា ដែល​មិន​ទាន់​កើត​ឡើង ដោយហេតុ​ណា ក៏ដឹង​ច្បាស់ ​នូវ​ហេតុ​នោះផង ការលះបង់​វិចិកិច្ឆា ​ដែលកើត​ឡើង​ហើយ ដោយ​ហេតុ​ណា ក៏ដឹង​ច្បាស់ ​នូវ​ហេតុ​នោះផង កិរិយាមិនកើត​តទៅ​ទៀត នៃ​វិចិកិច្ឆា ដែល​កើត​ឡើង​ហើយ ដោយហេតុ​ណា ក៏ដឹង​ច្បាស់ ​នូវ​ហេតុ​នោះផង កិរិយាមិន​កើត​តទៅ​ទៀត នៃ​វិចិកិច្ឆា ដែលលះ​បង់​ហើយ ដោយ​ហេតុ​ណា ក៏ដឹង​ច្បាស់ ​នូវ​ហេតុនោះផង។ ម្នាលភិក្ខុ​ទាំង​ឡាយ នេះហៅថា​ ការស្អាត​ចិត្ត។ ម្នាលភិក្ខុ​ទាំង​ឡាយ ការ​ស្អាត មាន​៣ យ៉ាង​ ប៉ុណ្ណេះ។

អ្នក​ប្រាជ្ញទាំង​ឡាយ ពោល​ចំពោះ​បុគ្គល​ អ្នក​ស្អាតកាយ ស្អាត​វាចា ស្អាត​ចិត្ត​ មិន​មាន​អាសវៈ ជាអ្នក​ស្អាត បរិបូណ៌​ដោយ​ការ​ស្អាត ថាជាបុគ្គល​មានបាប​លាង​ជ្រះហើយ។

(មោនេយ្យសូត្រ ទី១០)

(១០. មោនេយ្យសុត្តំ)

[១២៤] ម្នាលភិក្ខុ​ទាំង​ឡាយ ភាពជា​អ្នក​ប្រាជ្ញនេះ ​មាន ៣យ៉ាង។ ៣យ៉ាង​គឺអ្វីខ្លះ។ គឺ​ភាព​ជាអ្នក​ប្រាជ្ញផ្លូវ​កាយ ​១ ភាព​ជាអ្នក​ប្រាជ្ញ​ផ្លូវ​វាចា ១ ភាព​ជាអ្នក​ប្រាជ្ញ​ផ្លូវ​ចិត្ត​ ១។ ម្នាលភិក្ខុ​ទាំង​ឡាយ ចុះភាព​ជាអ្នកប្រាជ្ញ​ផ្លូវ​កាយ តើដូចម្ដេច។ ម្នាលភិក្ខុ​ទាំង​ឡាយ ភិក្ខុក្នុង​សាសនានេះ វៀរចាកការសម្លាប់​សត្វ វៀរចាក​ការ​លួច​ទ្រព្យគេ វៀរចាក​ការ​ប្រព្រឹត្តិមិន​ប្រសើរ។ ម្នាលភិក្ខុ​ទាំង​ឡាយ នេះហៅថា ភាព​ជាអ្នក​ប្រាជ្ញ​ផ្លូវកាយ។ ម្នាលភិក្ខុ​ទាំង​ឡាយ ចុះភាព​ជាអ្នក​ប្រាជ្ញ​ផ្លូវ​វាចា តើ​ដូចម្ដេច។ ម្នាលភិក្ខុ​ទាំង​ឡាយ ភិក្ខុ​ក្នុង​សាសនានេះ វៀរ​ចាក​ការពោល​ពាក្យ​កុហក វៀរ​ចាក​ការពោល​ពាក្យញុះញង់ វៀរ​ចាកការ​ពោល​ពាក្យ​អាក្រក់ វៀរចាក ការពោលពាក្យឥត​ប្រយោជន៍។ ម្នាលភិក្ខុ​ទាំង​ឡាយ នេះហៅថា ភាពជាអ្នក​ប្រាជ្ញ​ផ្លូវ​វាចា។ ម្នាលភិក្ខុ​ទាំង​ឡាយ ចុះភាព​ជាអ្នកប្រាជ្ញ​ផ្លូវ​ចិត្ត​ តើដូចម្ដេច។ ម្នាលភិក្ខុ​ទាំង​ឡាយ ភិក្ខុ​ក្នុងសាសនា​នេះ បានធ្វើ​ឲ្យជាក់​ច្បាស់ ​នូវ​ចេតោវិមុត្ដិ​ និង​បញ្ញាវិមុត្តិ ដែល​មិន​មាន​អាសវៈ ព្រោះអស់​ទៅ នៃអាសវៈ​ទាំងឡាយ ដោយ​ប្រាជ្ញា​​ដ៏ឧត្ដម ដោយ​ខ្លួន​ឯង ក្នុងបច្ចុប្បន្ននេះ សម្រេច​សម្រាន្តនៅ។ ម្នាលភិក្ខុ​ទាំង​​ឡាយ នេះហៅថា ភាព​ជាអ្នក​ប្រាជ្ញ​ផ្លូវ​ចិត្ត។ ម្នាលភិក្ខុ​ទាំង​ឡាយ ភាព​ជាអ្នក​ប្រាជ្ញ មាន៣ យ៉ាង​ប៉ុណ្ណេះ។

អ្នកប្រាជ្ញទាំងឡាយ ពោល​ចំពោះ​បុគ្គល ដែលជាអ្នក​ប្រាជ្ញផ្លូវ​កាយ ផ្លូវ​វាចា ផ្លូវ​ចិត្ត មិន​មាន​អាសវៈ ជាអ្នក​ប្រាជ្ញ បរិបូណ៌​ដោយ​ភាពជាអ្នក​ប្រាជ្ញ ថាជាអ្នក​មាន​បាប​លះបង់​អស់​ហើយ។

ចប់ អាបាយិកវគ្គ ​ទី២។

ឧទ្ទាន​នៃអាបាយិកវគ្គ​នោះគឺ

ពោល​អំពី​បុគ្គល​ទៅ​កាន់​អបាយ ១ អំពី​បុគ្គល​រកបានដោយ​ក្រ ១ អំពី​អប្បមេយ្យ​បុគ្គល ​ជាដើម ១ អំពីបុគ្គល​បាន​អរូប​ជ្ឈាន មិន​ញាប់​ញ័រ ១ អំពីវិបត្តិ មានសេចក្ដី​ប្រៀបដោយ​បាសកា មាន​ជ្រុង​ប្រាំ​មួយ ១ អំពី​កម្មន្តវិបត្តិ ជាដើម ១ អំពី​ការ​ស្អាត មាន​ពីរលើក ១ អំពីភាពជាអ្នក​ប្រាជ្ញ ១។

កុសិនារវគ្គ ទី៣ (១៣)

((១៣) ៣. កុសិនារវគ្គោ)

(កុសិនារសូត្រ ទី១)

(១. កុសិនារសុត្តំ)

[១២៥] សម័យមួយ ព្រះដ៏មាន​ព្រះភាគ ទ្រង់​គង់​នៅក្នុង​ដង​ព្រៃឈ្មោះ​ពលិហរណៈ42) ជិត​ក្រុង​កុសិនារា។ ក្នុង​ទីនោះឯង ព្រះដ៏មាន​ព្រះភាគ ​ទ្រង់​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយថា ម្នាលភិក្ខុ​ទាំង​ឡាយ។ ភិក្ខុ​ទាំង​នោះ ទទួល​ព្រះពុទ្ធ​ដីកា ​នៃព្រះ​ដ៏មាន​ព្រះភាគថា ព្រះករុណា ​ព្រះអង្គ។ ទើបព្រះដ៏មាន​ព្រះភាគ ​ទ្រង់​ត្រាស់​ដូច្នេះ​ថា ម្នាលភិក្ខុ​ទាំង​ឡាយ ភិក្ខុ​ក្នុងសាសនា​នេះ ចូល​ទៅនៅ​អាស្រ័យ​នឹង​ស្រុក​ ឬនិគម​ណាមួយ។ ឯគហបតិ ​ឬគហបតិបុត្រ ចូល​ទៅរក​ភិក្ខុ​នោះ និមន្ត​ដោយភត្ត ដើម្បី​ឆាន់​ក្នុង​ថ្ងៃ​ស្អែក ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុ​ដែល​ចង់​ឆាន់ ក៏​ទទួល​និមន្ត។ លុះកន្លង​រាត្រី​នោះទៅ​ ភិក្ខុនោះ ស្លៀកស្បង់ ​ប្រដាប់​បាត្រ និងចីវរ ក្នុង​វេលាព្រឹក រួច​ចូល​ទៅ​កាន់​លំនៅគហបតី ឬគហបតិបុត្រនោះ លុះ​ចូល​ទៅ​ដល់​ហើយ អង្គុយ​លើ​អាសនៈ ដែល​គេក្រាល​បម្រុង​ទុក។ គហបតិ ឬ​គហបតិបុត្រនោះ ក៏និមន្ត​ភិក្ខុ​នោះ ​ឲ្យ​ឆាន់​ឆ្អែតស្កប់​ស្កល់​ ដោយខាទនីយ ភោជនីយាហារ ដ៏ផ្ចិតផ្ចង់​ដោយ​ដៃ​ខ្លួន​ឯង។ ភិក្ខុ​នោះ​ មានសេចក្ដី​ត្រិះរិះ​ យ៉ាង​នេះថា ប្រពៃ​ណាស់​ហ្ន៎ គហបតី ឬគហបតិបុត្រ​នេះ និមន្តអញ​ឲ្យ​ឆាន់​ឆ្អែតស្កប់​ស្កល់ ដោយ​ខាទនីយ​ភោជនី​យាហារ ដ៏​ផ្ចិតផ្ចង់ ដោយ​ដៃ​ខ្លួន​ឯង។ ភិក្ខុ​នោះ ក៏គិតយ៉ាង​នេះ​ទៀតថា ធ្វើ​ម្ដេចហ្ន៎ នឹង​បាន​គហបតី ឬគហបតិបុត្រ​នេះ និមន្តអញ​ ឲ្យ​ឆាន់​ឆ្អែតស្កប់​ស្កល់​ ដោយ​ខាទនីយភោជនីយាហារ ដ៏ផ្ចិតផ្ចង់ មានទំនង​យ៉ាងនេះ ដោយ​ដៃខ្លួន​ឯង តទៅ​ទៀតអេះ។ ភិក្ខុ​នោះ មានចិត្ត​ផ្ដេកផ្ដួល ជ្រុល​ជ្រប់ ​ល្មោភ ជាអ្នក​មិន​ឃើញ​ទោស មិនមាន​បញ្ញាជាគ្រឿងរលាស់​ខ្លួន​ចេញ បរិភោគនូវ​បិណ្ឌ​បាតនោះ។ ភិក្ខុ​នោះ ​រមែង​ត្រិះរិះ នូវកាម​វិតក្កៈផង ត្រិះរិះនូវ​ព្យាបាទវិតក្កៈផង ត្រិះរិះនូវ​វិហឹសាវិតក្កៈផង ​ក្នុងបិណ្ឌ​បាតនោះ។ ម្នាលភិក្ខុ​ទាំង​ឡាយ ទាន​ដែល​ទាយក​ឲ្យ​ហើយ​ ដល់ភិក្ខុមាន​សភាព​យ៉ាងនេះ តថាគត​មិន​ហៅថា ​ជាទាន​មានផល​ច្រើន​ទេ។ ដំណើរ​នោះ​ ព្រោះ​ហេតុអ្វី។ ម្នាលភិក្ខុ​ទាំង​ឡាយ ព្រោះភិក្ខុ​មាន​សេចក្ដី​ប្រមាទ។ ម្នាលភិក្ខុ​ទាំង​ឡាយ មួយទៀត ភិក្ខុ​ក្នុង​សាសនានេះ ចូល​ទៅនៅ​អាស្រ័យ​​នឹង​ស្រុក ​ឬនិគម​ណាមួយ។ ឯគហបតិ ឬគហបតិបុត្រ​ ចូល​ទៅរក​ភិក្ខុ​នោះ និមន្ត​ដោយភត្ត ដើម្បី​ឆាន់​ក្នុង​ថ្ងៃស្អែក ម្នាលភិក្ខុ​ទាំង​ឡាយ ភិក្ខុដែល​ចង់​ឆាន់​ ក៏ទទួល​និមន្ត។ លុះ​កន្លង​រាត្រីនោះទៅ ភិក្ខុ​នោះ ស្លៀក​ស្បង់ ​ប្រដាប់​បាត្រ​និង​ចីវរ ក្នុងវេលាព្រឹក រួច​ចូល​ទៅកាន់​លំនៅ នៃ​គហបតី ឬគហបតិបុត្រ​នោះ លុះ​ចូល​ទៅ​ដល់​ហើយ អង្គុយ​លើ​អាសនៈ ដែល​គេ​ក្រាល​បម្រុង​ទុក។ គហបតី ឬ គហបតិបុត្រនោះ ក៏​និមន្ត​ភិក្ខុ​នោះ​ ឲ្យ​ឆាន់​ឆ្អែត​ស្កប់​ស្កល់ ដោយខាទនីយ​ភោជនីយាហារ ដ៏ផ្ចិតផ្ចង់​ ដោយ​ដៃខ្លួន​ឯង។ ភិក្ខុ​នោះ មិនមាន​សេចក្ដី​ត្រិះរិះ យ៉ាងនេះថា ប្រពៃ​ណាស់​ហ្ន៎ គហបតី ឬគហបតិបុត្រ​នេះ និមន្ត​អញ​ឲ្យឆាន់​ឆ្អែត​ស្កប់ស្កល់ ដោយខាទនីយភោជនីយាហារ ដ៏ផ្ចិតផ្ចង់ ដោយ​ដៃ​ខ្លួន​ឯង។ ទាំង​មិន​មាន​សេចក្ដីត្រិះរិះ យ៉ាងនេះថា ធ្វើ​ម្ដេច​ហ្ន៎ នឹង​បាន​គហបតី ឬគហបតិបុត្រ​នេះ និមន្តអញ ឲ្យ​ឆាន់​ឆ្អែត​ស្កប់ស្កល់ ដោយ​ខាទនីយភោជនីយាហារ ដ៏​ផ្ចិតផ្ចង់ មានទំ​នង​ដូច្នេះ ដោយដៃខ្លួន​ឯង តទៅ​ទៀត​ឡើយ។ ភិក្ខុ​នោះ មិន​ផ្ដេកផ្ដួល មិន​ជ្រុល​ជ្រប់ មិន​ល្មោភ ជាអ្នក​ឃើញ​ទោស មានប្រាជ្ញាជាគ្រឿងរលាស់​ខ្លួនចេញ បរិភោគ​នូវបិណ្ឌ​បាតនោះ។ ភិក្ខុនោះ​ រមែង​ត្រិះរិះ​ នូវនេក្ខម្មវិតក្កៈផង ត្រិះ​រិះនូវ​អព្យា​បាទ​វិតក្កៈផង ត្រិះរិះនូវអវិហឹសាវិតក្កៈផង ក្នុង​បិណ្ឌបាតនោះ។ ម្នាលភិក្ខុ​ទាំង​ឡាយ ទានដែល​ទាយក​ឲ្យហើយ ដល់​ភិក្ខុ​មានសភាព​យ៉ាង​នេះ ទើប​តថាគតហៅថា ជា ទាន​មាន​ផល​ច្រើន។ ដំណើរនោះ ​ព្រោះ​ហេតុអ្វី។ ម្នាលភិក្ខុ​ទាំង​ឡាយ ព្រោះ​ភិក្ខុ​មិនមាន​សេចក្ដីប្រមាទ។

(ភណ្ឌនសូត្រ ទី២)

(២. ភណ្ឌនសុត្តំ)

[១២៦] ម្នាលភិក្ខុ​ទាំង​ឡាយ ក្នុងទិសណា ភិក្ខុទាំងឡាយបង្កហេតុ បង្កជម្លោះ ទាស់​ទែង​គ្នា ចាក់​ដោតគ្នា ទៅវិញ​ទៅមក ដោយលំពែង​គឺមាត់​ ម្នាលភិក្ខុ​ទាំង​ឡាយ ទិស​នោះ​ មិន​ជាទី​សប្បាយ​ដល់​តថាគត ដើម្បី​ធ្វើទុក​ក្នុងចិត្ត មិន​បាច់និយាយ ដល់​ការដើរ​ទៅឡើយ តថាគតចូលចិត្ត​ក្នុងការ​ណ៍នោះថា អ្នក​ដ៏​មានអាយុ​ទាំងឡាយ​នោះ បាន​លះបង់ ​នូវ​ធម៌៣យ៉ាង ​បានធ្វើ​រឿយៗ នូវ​ធម៌​៣​យ៉ាង​ ដោយ​ពិត​ប្រាកដ។ ចុះភិក្ខុ​ទាំងនោះ លះបង់​នូវ​ធម៌ ៣ យ៉ាង​ គឺអ្វីខ្លះ។ គឺ​នេក្ខម្ម​វិតក្កៈ ១ អព្យាបាទវិតក្កៈ ១ អវិហឹសាវិតក្កៈ ១។ ភិក្ខុ​ទាំង​នោះ លះ​បង់​ធម៌​៣ យ៉ាងនេះឯង​។ ចុះភិក្ខុ​ទាំង​នោះ បានធ្វើ​រឿយៗ នូវ​ធម៌​៣យ៉ាង​ គឺអ្វីខ្លះ។ គឺ​កាម​វិតក្កៈ ១ ព្យាបាទ​វិតក្កៈ ១ វិហឹសាវិតក្កៈ ១។ ភិក្ខុ​ទាំងនោះ បាន​ធ្វើរឿយៗ នូវ​ធម៌​៣ យ៉ាង​នេះឯង។ ម្នាលភិក្ខុ​ទាំង​ឡាយ ក្នុង​ទិស​ណា ​ភិក្ខុទាំង​ឡាយបង្ក​ហេតុ បង្ក​ជម្លោះ​ ទាស់​ទែង​គ្នា ចាក់​ដោត​គ្នាទៅវិញ​ទៅមក ដោយលំពែង​ គឺមាត់ ម្នាលភិក្ខុ​ទាំង​ឡាយ ទិស​នេះ​ មិន​ជាទីសប្បាយ ​ដល់តថាគត​ដើម្បី​ធ្វើ​ទុក​ក្នុង​ចិត្ត​ទេ​ មិនចាំ​បាច់​និយាយដល់​ការដើរ​ទៅឡើយ តថាគត​ចូល​ចិត្ត​ក្នុង​ការណ៍នោះថា អ្នក​ដ៏មាន​អាយុ​ទាំង​នោះ បាន​លះបង់ នូវធម៌​៣យ៉ាង​នេះឯង បាន​ធ្វើ​ឲ្យ​រឿយៗ នូវ​ធម៌​៣ យ៉ាង​នេះឯង។ ម្នាលភិក្ខុ​ទាំង​ឡាយ ក្នុង​ទិស​ណា ភិក្ខុ​ទាំង​ឡាយ ព្រមព្រៀង​គ្នា រីករាយនឹងគ្នា មិនទាស់​ទែង​គ្នា ដូចទឹក​ដោះ​ស្រស់ ​លាយដោយ​ទឹក មើល​គ្នា​ត្រង់ ដោយចក្ខុ​ជាទី​ស្រឡាញ់ ម្នាលភិក្ខុ​ទាំង​ឡាយ ទិស​នុ៎ះ ជាទី​សប្បាយ ដល់​តថាគត​ដើម្បីដើរទៅ មិនបាច់​និយាយ​ ដល់​ការធ្វើ​ទុក​ក្នុងចិត្ត​ឡើយ តថាគត​ចូល​ចិត្តក្នុងការណ៍​នោះថា អ្នក​ដ៏មាន​អាយុ​ទាំងនោះ បានលះបង់​ នូវធម៌​៣ យ៉ាង​ បានធ្វើ​ឲ្យ​រឿយៗ នូវធម៌​៣យ៉ាង ​ដោយពិតប្រាកដ។ អ្នក​ដ៏មាន​អាយុ​ទាំងនោះ បានលះបង់​ធម៌ ៣យ៉ាង​ គឺអ្វីខ្លះ។ គឺ​ កាម​វិតក្កៈ ១ ព្យាបាទ​វិតក្កៈ ១ វិហឹសាវិតក្កៈ ១។ ភិក្ខុ​ទាំងនោះ បាន​លះបង់​ធម៌​ ៣ យ៉ាង​នេះឯង។ ចុះភិក្ខុ​ទាំងនោះ បាន​ធ្វើ​ឲ្យរឿយៗ នូវធម៌​៣យ៉ាង​ គឺអ្វីខ្លះ។ គឺ​នេក្ខម្ម​វិតក្កៈ ១ អព្យា​បាទ​វិតក្កៈ ១ អវិហឹសាវិតក្កៈ១។ អ្នក​ទាំងនោះ​ បាន​ធ្វើ​រឿយៗ នូវ​ធម៌​៣ យ៉ាង​នេះឯង។ ម្នាលភិក្ខុ​ទាំង​ឡាយ ក្នុងទិស​ណា ភិក្ខុ​ទាំងឡាយ ព្រម​ព្រៀងគ្នា រីករាយ​នឹងគ្នា មិនទាស់​ទែង​គ្នា ដូចទឹក​ដោះ​ស្រស់ ​លាយដោយ​ទឹក មើល​​គ្នា​ត្រង់​ ដោយចក្ខុ​ជាទី​ស្រឡាញ់​ ម្នាលភិក្ខុ​ទាំង​ឡាយ ទិស​នុ៎ះ ​ជាទីសប្បាយ​ដល់​តថាគត ដើម្បីដើរទៅ មិនបាច់និយាយ​ដល់​ការ​ធ្វើ​ទុក​ក្នុងចិត្តឡើយ តថាគត​ចូលចិត្ត​ក្នុង​ការ​ណ៍នោះថា អ្នកដ៏មាន​អាយុ​ទាំងនោះ បាន​លះបង់​នូវ​ធម៌ ៣ យ៉ាង​នេះ​ឯង បាន​ធ្វើ​ឲ្យ​រឿយៗ នូវ​ធម៌​៣ យ៉ាងនេះឯង ដោយពិត​ប្រាកដ។

(គោតមកចេតិយសូត្រ ទី៣)

(៣. គោតមកចេតិយសុត្តំ)

[១២៧] សម័យ​មួយ ព្រះដ៏មាន​ព្រះភាគ​ ទ្រង់​គង់​នៅក្នុងគោតមក43) ចេតិយ​ ជិត​ក្រុង​វេសាលី។ ក្នុង​ទីនោះឯង ព្រះដ៏មានព្រះភាគ ទ្រង់​ត្រាស់​ហៅភិក្ខុ​ទាំងឡាយថា ម្នាលភិក្ខុ​ទាំង​ឡាយ។ ភិក្ខុ​ទាំងនោះ ​ទទួល​ព្រះពុទ្ធ​ដីកា នៃព្រះដ៏មាន​ព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះដ៏មាន​ព្រះ​ភាគ​ ទ្រង់​ត្រាស់​ដូច្នេះថា ម្នាលភិក្ខុ​ទាំង​ឡាយ តថាគត​សំដែង​ធម៌ ដើម្បីឲ្យចេះដឹង មិនមែន​ដើម្បីមិនឲ្យ​ចេះដឹង​ទេ ម្នាលភិក្ខុ​ទាំង​ឡាយ តថាគត​សំដែង​ធម៌ ​សមតាម​ហេតុ មិនមែន​មិនសមតាម​ហេតុ​ទេ ម្នាលភិក្ខុ​ទាំង​ឡាយ តថាគត​សំដែង​ធម៌ ប្រកប​ដោយសេចក្ដីអស្ចារ្យ មិនមែន​មិនប្រកប​ដោយ​សេចក្ដី​អស្ចារ្យទេ។ ម្នាលភិក្ខុ​ទាំង​ឡាយ កាល​បើ​ តថាគត​នោះ សំដែង​ធម៌​ ដើម្បីឲ្យ​ចេះដឹង មិន​មែន​ដើម្បី​មិន​ឲ្យចេះដឹង សំដែង​ធម៌​ សមតាម​ហេតុ មិនមែន​មិនសម​តាមហេតុ សំដែង​ធម៌ ប្រកបដោយ​សេចក្ដី​អស្ចារ្យ មិនមែន​មិនប្រកប​ដោយសេចក្ដី​អស្ចារ្យ អ្នកទាំងឡាយ គួរ​ធ្វើ​តាម​ឱវាទ គួរ​ធ្វើ​តាម​អនុសាសនី។ ម្នាលភិក្ខុ​ទាំង​ឡាយ មួយ​ទៀត អ្នក​ទាំង​ឡាយ​ គួរ​ត្រេក​អរ គួរ​ពេញ​ចិត្ត ​គួររីករាយ (ចំពោះគុណ​ព្រះ​រតនត្រ័យ) ថា ព្រះ​ដ៏មាន​ព្រះភាគ ជា​ព្រះ​សម្មាសម្ពុទ្ធ ព្រះធម៌ដែល​ព្រះដ៏មាន​ព្រះភាគ ទ្រង់​សំដែង​ហើយ ​ដោយ​ប្រពៃ ព្រះសង្ឃប្រតិបត្តិដោយ​ប្រពៃ។ លុះ​ព្រះដ៏មាន​ព្រះភាគ ទ្រង់ត្រាស់​ព្រះ​សូត្រនេះចប់​ហើយ ភិក្ខុទាំង​នោះ ក៏មាន​ចិត្ត​ត្រេក​អរ រីករាយ ចំពោះ​ភាសិតរបស់​ព្រះដ៏មាន​ព្រះភាគ។ ក៏កាល​ដែល​ព្រះដ៏មាន​ព្រះភាគ សំដែងនូវ​វេយ្យាករណ៍នេះ​ចប់​ហើយ លោក​ធាតុ​ ទាំង​១ពាន់​ ក៏កក្រើករញ្ជួយ។

(ភរណ្ឌុកាលាមសូត្រ ទី៤)

(៤. ភរណ្ឌុកាលាមសុត្តំ)

[១២៨] សម័យ​មួយ ព្រះដ៏មាន​ព្រះភាគ ​ទ្រង់​ស្ដេច​ទៅ​កាន់​ចារិក​ក្នុង​កោសល​ជនបទ ក៏ស្ដេច​ទៅដល់​ក្រុង​កបិល​ព័ស្តុ។ មហានាម​សក្យរាជ បានជ្រាបថា ព្រះ​ដ៏មាន​ព្រះ​ភាគ ​ទ្រង់​ស្ដេច​មក​ដល់​ក្រុង​កបិល​ព័ស្តុហើយ។ លំដាប់​នោះ មហានាម​សក្យរាជ សេ្ដច​ចូល​ទៅគាល់​ព្រះដ៏មាន​ព្រះ​ភាគ លុះចូល​ទៅ​ដល់​ហើយ ថ្វាយ​បង្គំ​ព្រះមាន​ព្រះភាគ​ រួច​ប្រថាប់​ក្នុង​ទីសមគួរ។ លុះ​មហា​នាមសក្យរាជ ប្រថាប់​ក្នុង​ទី​សមគួរ​ហើយ ព្រះ​ដ៏មាន​ព្រះភាគ ទ្រង់​ត្រាស់​ដូច្នេះថា បពិត្រ​មហានាម សូម​ទ្រង់​ស្ដេច​ទៅពិនិត្យ​មើលលំនៅ ក្នុង​ក្រុង​កបិលព័ស្តុ ​ដែល​ជាទី​គួរតថាគត​នៅ អស់​មួយ​យប់ ​ក្នុងថ្ងៃនេះ។ ​មហានាម​សក្យរាជ ទទួល​ព្រះ​តម្រាស់​​ព្រះដ៏មាន​ព្រះភាគថា ព្រះករុណា​ ព្រះអង្គ ហើយ​ស្ដេច​យាង​ក្រឡឹង​មើល​ក្រុង​កបិល​ព័ស្តុ​ទាំងមូល ក៏មិនបាន​ឃើញ​លំនៅ ​ក្នុង​ក្រុង​កបិល​ព័ស្តុ ដែល​ជាទីគួរ​ព្រះដ៏មាន​ព្រះ​ភាគ គង់​នៅ​អស់​មួយ​យប់​បាន។ វេលានោះ​ មហានាម​សក្យរាជ ទ្រង់​ស្ដេច​ត្រឡប់​ចូល​មក​គាល់​ព្រះដ៏មាន​ព្រះភាគ​វិញ លុះចូល​មក​ដល់​ហើយ​បាន​ក្រាបបង្គំទូល​ព្រះដ៏មាន​ព្រះភាគ ដូច្នេះថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន លំនៅ​ក្នុង​ក្រុងកបិលព័ស្តុ ដែល​ជា​ទីគួរ​ព្រះអង្គ​គង់​នៅ អស់​មួយ​យប់​ ក្នុង​ថ្ងៃ​នេះ មិន​មាន​ទេ បពិត្រ​ព្រះអង្គដ៏ចំរើន តាបស​ឈ្មោះ ​ភរណ្ឌុ​កាលាមៈ​នេះ ជាសព្រហ្មចារីបុគ្គល​ជាន់​ចាស់​ របស់​ព្រះអង្គ​ សូម​ព្រះអង្គ ​គង់​នៅក្នុង​អាស្រម ​របស់​តាបសនោះ ​អស់​មួយយប់ ​ក្នុងថ្ងៃនេះចុះ។ ព្រះ​សម្ពុទ្ធ​ត្រាស់​ថា បពិត្រ​មហានាម សូម​ទ្រង់​ស្ដេច​ទៅ​ឲ្យ​ក្រាល​កម្រាល​ចុះ។ មហានាមសក្យរាជ បាន​ទទួលព្រះតម្រាស់​ព្រះ​ដ៏មាន​ព្រះ​ភាគថា ព្រះ​ករុ​ណា ​ព្រះអង្គ ហើយ​ស្ដេច​ចូលទៅឯ​អាស្រម​របស់​ភរណ្ឌុកាលាម​តាបស លុះ​ស្ដេច​ចូល​ទៅ​ដល់​ហើយ​ ក៏ឲ្យ​ក្រាល​កម្រាល​ លើ​គ្រែ​តូច ​ដ៏សមគួរ ហើយ​ឲ្យ​ដំកល់​ទឹក​ទុក​ ដើម្បី​លាងព្រះបាទ រួច​ស្ដេច​ត្រឡប់​ចូល​មក​គាល់​ព្រះដ៏​មាន​ព្រះភាគ​វិញ លុះ​ចូល​មកដល់​ហើយ បាន​ក្រាប​បង្គំ​ទូល​ព្រះដ៏មាន​ព្រះ​ភាគ​ដូច្នេះថា បពិត្រព្រះអង្គ​ដ៏ចំរើន កម្រាល​ក្រាល​ហើយ ទឹក​សម្រាប់​លាង​ព្រះបាទ ដំកល់ទុក​ហើយ បពិត្រ​ព្រះអង្គ​ដ៏ចំរើន សូម​ព្រះអង្គ ​ទ្រង់​ជ្រាប​នូវ​កាល​ដ៏គួរ​នឹងស្ដេច​ ក្នុងកាល​ឥឡូវ​នេះចុះ។ គ្រានោះឯង ព្រះដ៏មាន​ព្រះភាគ ស្ដេចចូល​ទៅឯអាស្រម ​របស់​ភរណ្ឌុកាលាមតាបស លុះស្ដេច​ចូលទៅ​ដល់​ហើយ ក៏គង់​លើ​អាសនៈ ដែល​គេក្រាល​បម្រុង​ទុក លុះ​ព្រះដ៏មាន​ព្រះភាគ គង់​ហើយ ​ក៏លាង​ជូត​ព្រះបាទ​ទាំងគូ។ លំដាប់​នោះ មហានាមសក្យរាជ ទ្រង់​មានព្រះ​រាជ​តម្រិះ ដូច្នេះថា ថ្ងៃនេះ ជាកាល​មិនគួរនឹងចូល​ទៅគាល់​ព្រះដ៏មាន​ព្រះភាគ​ទេ ព្រោះ​ព្រះដ៏មាន​ព្រះភាគ កំពុងនឿយ​ព្រះកាយ ឥឡូវ​អាត្មាអញ ចាំចូល​ទៅគាល់​ព្រះដ៏មាន​ព្រះ​ភាគ ក្នុង​ថ្ងៃ​ស្អែក​វិញ​ចុះ មហានាម​សក្យរាជ ក៏ថ្វាយ​បង្គំ​លា​ព្រះដ៏មាន​ព្រះភាគ ធ្វើ​ប្រទក្សិណ ហើយ​ស្ដេច​ចេញ​ទៅ។ លំដាប់​នោះ មហានាម​សក្យរាជ លុះ​កន្លង​រាត្រីនោះទៅ ក៏ស្ដេច​ចូល​ទៅគាល់​ព្រះដ៏មានព្រះភាគ លុះ​ស្ដេច​ចូល​ទៅ​ដល់​ហើយ ក៏ថ្វាយ​បង្គំ​ព្រះដ៏មាន​ព្រះភាគ ​រួច​ប្រថាប់​ក្នុង​ទីសមគួរ។ លុះមហានាម​សក្យរាជ ប្រថាប់​ក្នុងទី​សមគួរ​ហើយ ទើបព្រះដ៏មាន​ព្រះភាគ ទ្រង់​ត្រាស់​ដូច្នេះថា បពិត្រ​មហានាម សាស្ដា​ ៣ ពួក​នេះ រមែង​មានប្រាកដ​ក្នុង​លោក។ សាស្ដា​៣​ពួក​ ដូចម្ដេចខ្លះ។ បពិត្រ​មហានាម សាស្ដា​ពួក​ខ្លះ ក្នុង​លោក​នេះ បញ្ញត្តការ​កន្លង​នូវកាម គឺបឋម​ជ្ឈាន មិន​បញ្ញត្តការ​កន្លង​នូវ​រូប ​គឺ​អរូបាវចរសមាបត្តិ មិនបញ្ញត្តការកន្លង​នូវ​វេទនា​ គឺនិព្វាន។ បពិត្រ​មហានាម មួយ​ទៀត សាស្ដា​ពួកខ្លះ ក្នុងលោក​នេះ បញ្ញត្ត​ការ​កន្លងនូវ​កាម​ផង បញ្ញត្ត​ការ​កន្លង​នូវ​រូបផង តែ​មិនបញ្ញត្ត​ការកន្លង​នូវ​វេទនា។ បពិត្រ​មហានាម មួយវិញ​ទៀត សាស្ដាពួក​ខ្លះ ក្នុងលោក​នេះ បញ្ញត្តការកន្លង នូវកាម​ផង បញ្ញត្តការ​កន្លង​នូវ​រូប​ផង បញ្ញត្តការ​កន្លង ​នូវវេទនាផង។ បពិត្រមហានាម សាស្ដា​៣ ពួក​នេះ​ឯង រមែង​មាន​ប្រាកដ​ក្នុងលោក​។ បពិត្រ​មហានាម ចុះសាស្ដា ៣ ពួកនេះ មានសេចក្ដី​យល់​ដូចគ្នា​ ឬមានសេចក្ដីយល់​ផ្សេងគ្នា។ កាល​ព្រះដ៏មាន​ព្រះភាគ ទ្រង់​ត្រាស់​សួរយ៉ាង​នេះ ភរណ្ឌុកាលាមតាបស បាន​បង្គាប់​មហានាម​សក្យរាជ​ ដូច្នេះថា បពិត្រមហានាម សូម​មហាពិត្រ​មាន​ព្រះរាជ​ឱង្ការថា មានសេចក្ដី​យល់​ដូចគ្នា។ កាល​ភរណ្ឌុកាលាមតាបស និយាយ​យ៉ាង​នេះ​ ព្រះដ៏មានព្រះភាគ ​ទ្រង់ត្រាស់​​នឹង​មហា​នាមសក្យរាជ ដូច្នេះថា បពិត្រ​មហានាម សូម​ទ្រង់​មានព្រះរាជ​ឱង្ការថា មានសេចក្ដី​យល់​ផ្សេង​គ្នា ​ដូច្នេះវិញ។ ភរណ្ឌុកាលាមតាបស បាន​បង្គាប់​មហានាម​សក្យ​រាជ ​អស់​២ដង​ថា បពិត្រ​មហានាម សូម​មហាបពិត្រ​ មាន​ព្រះរាជឱង្ការ​ថា មានសេចក្ដី​យល់​ដូច​គ្នា។ ព្រះ​ដ៏មាន​ព្រះភាគ ទ្រង់​ត្រាស់​នឹង​មហានាម​សក្យ​រាជ អស់​២ ដង​ទៀតថា បពិត្រ​មហានាម​ សូម​ទ្រង់​មាន​ព្រះ​រាជឱង្ការ​ថា មានសេចក្ដី​យល់ផ្សេង​គ្នា​ ដូច្នេះវិញ។ ភរណ្ឌុកាលាមតាបស បាន​បង្គាប់​មហានាមសក្យរាជ អស់​ ៣​ដងថា បពិត្រ​មហានាម សូម​មហាបពិត្រ មានព្រះរាជ​ឱង្ការថា មានសេចក្ដី​យល់​ដូចគ្នា។ ព្រះដ៏មាន​ព្រះភាគ បានត្រាស់​នឹង​មហានាម​សក្យ​រាជ អស់​៣ ដង​ទៀត​ថា បពិត្រ​មហានាម សូម​ទ្រង់​មាន​ព្រះរាជ​ឱង្ការ​ថា មាន​សេចក្ដី​យល់​ផ្សេង​គ្នា​ ដូច្នេះវិញ។ លំដាប់​នោះ ភរណ្ឌុកាលាម តាបស មានសេចក្ដី​ត្រិះរិះ​ ដូច្នេះថា មិនសមបើ​ព្រះសមណគោតម មិន​ជ្រះ​ថ្លា​នឹង​អញ អស់​ ៣ដង ក្នុង​ទីចំពោះ​ព្រះភក្រ្ត​មហានាម​សក្យរាជ ដែល​មាន​សក្ដិធំសោះ​ បើ​ដូច្នោះ អញគួរដើរ​ចេញ ​អំពី​ក្រុង​កបិល​ព័ស្ដុ។ លំដាប់​នោះ ភរណ្ឌុកាលាម​តាបស ក៏ចេញអំពីកបិល​ព័ស្តុ គឺ​ចេញ​ទៅតែម្ដង មិន​បាន​ត្រឡប់​មកក្រោយ​វិញឡើយ។

(ហត្ថកសូត្រ ទី៥)

(៥. ហត្ថកសុត្តំ)

[១២៩] សម័យ​មួយ ព្រះដ៏មាន​ព្រះភាគ ទ្រង់​គង់​ក្នុង​វត្ត​ជេតពន របស់​អនាថបិណ្ឌិក​សេដ្ឋី ជិតក្រុង​សាវត្ថី។ គ្រា​កាល​រាត្រីកន្លង​បឋម​យាម ទេវ​បុត្រ​ឈ្មោះ​ ហត្ថកៈ មាន​សម្បុរល្អ ធ្វើ​វត្ត​ជេតពន​ទាំង​មូល ​ឲ្យភ្លឺច្បាស់ ចូល​ទៅ​គាល់​ព្រះ​ដ៏មាន​ព្រះភាគ លុះ​ចូល​ទៅ​ដល់​ហើយ ក៏គិតថា អញ​នឹង​ឈរ ក្នុង​ទី​ចំពោះ​ព្រះ​ភក្រ្តព្រះ​ដ៏មាន​ព្រះ​ភាគ​ ដូច្នេះ ហើយត្រឡប់​អង្គុយ​ស្រពាប អង្គុយ​រាបវិញ មិន​អាច​នឹង​ឈរ​នៅបាន​ឡើយ។ ទឹក​ដោះ​ថ្លា ​ឬប្រេង ដែល​គេចាក់​ស្រោច ទៅក្នុង​ដីខ្សាច់ រមែង​ជ្រួតជ្រាប លិចចុះ​បាត់​ទៅ មិនដក់​នៅ យ៉ាងណាមិញ ហត្ថ​ក​ទេវបុត្រ​ គិតថា អញនឹង​ឈរ ក្នុង​ទី​ចំពោះ​ព្រះភក្រ្ត​ព្រះដ៏មាន​ព្រះភាគ​ ដូច្នេះ ហើយ​ត្រឡប់អង្គុយ​ស្រពាប​ អង្គុយ​រាបវិញ មិនអាច​ឈរ​នៅបាន ក៏យ៉ាង​នោះ​ឯង។ វេលានោះ ព្រះដ៏មាន​ព្រះភាគ​ ត្រាស់​បង្គាប់​ហត្ថ​កទេវបុត្រ ​ដូច្នេះថា ម្នាលហត្ថកៈ អ្នក​ចូរ​និមិត្ត ​នូវ​អត្តភាពឲ្យធំសំបើម។ ហត្ថ​កទេវបុត្រ ​បាន​ទទួលព្រះតម្រាស់​ព្រះដ៏មាន​ព្រះភាគថា ព្រះករុណា​ ព្រះ​អង្គ​ ដូច្នេះហើយ និមិត្តអត្តភាព ឲ្យ​ធំសំបើម ថ្វាយ​បង្គំ​ព្រះមាន​ព្រះ​ភាគ រួច​ឈរ​ក្នុងទី​ដ៏សម​គួរ។ លុះ​ហត្ថ​កទេ​វបុត្រ ឈរក្នុង​ទីសម​គួរ​ហើយ ព្រះ​ដ៏មាន​ព្រះ​ភាគ​ ត្រាស់សួរ​ដូច្នេះថា ម្នាល​ហត្ថកៈ ធម៌​ណា ដែល​អ្នក​កាល​កើតជាមនុស្ស ក្នុងភពមុន បាន​ប្រព្រឹត្ត​ហើយ តើ​ធម៌​ទាំង​នោះ អ្នក​បាន​ប្រព្រឹត្ត ក្នុងកាល​ឥឡូវ​នេះដែរ​ឬទេ។ ហត្ថ​កទេវ​បុត្រ ក្រាប​បង្គំ​ទូលថា បពិត្រព្រះអង្គ​ដ៏ចំរើន ធម៌​ណា​ ដែល​ខ្ញុំ​ព្រះអង្គ​កាល​កើតជាមនុស្ស ក្នុងភពមុន បាន​ប្រព្រឹត្ត​ហើយ ធម៌​ទាំងនោះ ខ្ញុំព្រះ​អង្គ​ បាន​ប្រព្រឹត្ត ក្នុង​កាល​ឥឡូវនេះដែរ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ធម៌​ណា ដែល​ខ្ញុំ​ព្រះអង្គ កាល​កើត​ជាមនុស្ស ​ក្នុង​ភព​មុន មិនបាន​ប្រព្រឹត្ត​ទេ ធម៌​ទាំងនោះ ក៏ខ្ញុំ​ព្រះអង្គ​ប្រព្រឹត្តក្នុងកាល​ឥឡូវ​នេះដែរ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ព្រះដ៏មាន​ព្រះភាគ ​ទ្រង់​គង់ច្រឡូក​ច្រឡំ ដោយ​ភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា ស្ដេច អាមាត្យធំ របស់​ស្ដេច តិរ្ថិយ ​និង​សាវក នៃតិរ្ថិយទាំងឡាយ ក្នុងកាល​ឥឡូវនេះ យ៉ាងណាមិញ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ខ្ញុំ​ព្រះអង្គ​ ក៏យ៉ាង​នោះដែរ តែងនៅច្រឡូក​ច្រឡំ ដោយទេវបុត្រ​ទាំងឡាយ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ទេវបុត្រទាំងឡាយ តែង​មក​អំពី​ទីឆ្ងាយ ដោយ​បំណងថា យើង​នឹង​ស្ដាប់ធម៌​ ក្នុង​សំណាក់​ហត្ថ​កទេវ​បុត្រ​ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ខ្ញុំព្រះអង្គ​ មិន​ឆ្អែត មិនរួញ​រានឹង​ធម៌​ ទាំង​៣ ត្រាតែធ្វើ​មរណកាល។ ធម៌​៣ ដូចម្ដេច​ខ្លះ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ខ្ញុំ​ព្រះអង្គ មិន​ឆ្អែត មិនរួញ​រានឹង​កាល​រមិល​មើលព្រះដ៏មានព្រះភាគ ត្រាតែធ្វើ​មរណកាល ១ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ខ្ញុំព្រះអង្គ មិន​ឆ្អែត មិនរួញ​រានឹង​ការ​ស្ដាប់​ព្រះសទ្ធម្ម ត្រា​តែ​ធ្វើ​មរណកាល ​១ បពិត្រ​ព្រះអង្គ​ដ៏​ចំរើន ខ្ញុំ​ព្រះអង្គ​ មិន​ឆ្អែត​ មិន​រួញ​រា​នឹង​ការបម្រើ​សង្ឃ​ ត្រាតែ​ធ្វើ​មរណ​កាល​ ១ បពិត្រ​ព្រះអង្គដ៏ចំរើន ខ្ញុំ​ព្រះអង្គមិនឆ្អែត មិន​រួញ​រានឹង​ធម៌​ ទាំង៣ នេះ​ឯង ត្រាតែ​ធ្វើ​មរណកាល។

(ការ​ឆ្អែត ៣ យ៉ាង) គឺ ឆ្អែតនឹង​ការ​មើល​ព្រះដ៏មានព្រះភាគ ១ ឆ្អែត​នឹង​ការបម្រើ​ព្រះសង្ឃ ១ ឆ្អែតនឹង​ការស្ដាប់​ព្រះ​សទ្ធម្ម​ ១ មាន​ក្នុង​កាល​ម្ដង​ៗ​តែ​ប៉ុណ្ណោះ។ ហត្ថ​កទេវបុត្រ កាល​សិក្សា​នូវ​អធិសីល ត្រេក​អរក្នុងការស្ដាប់​ព្រះសទ្ធម្ម មិន​ឆ្អែត​នឹង​ធម៌​៣ ប្រការ ក៏បាន​ទៅកើត ​ក្នុង​អវិហាព្រហ្ម​លោក។

(កដុវិយសូត្រ ទី៦)

(៦. កដុវិយសុត្តំ)

[១៣០] សម័យ​មួយ ព្រះដ៏មាន​ព្រះភាគ ទ្រង់​គង់​ក្នុងឥ​សិបតនមិគទាយ​វន ជិត​ក្រុង​ពារាណសី។ គ្រានោះ​ឯង ព្រះ​ដ៏មាន​ព្រះ​ភាគ ទ្រង់​ស្បង់ ​ប្រដាប់​បាត្រ​និង​ចីវរ ក្នុងវេលា​បុព្វ​ណ្ហ​សម័យ ទ្រង់​ចូល​ទៅកាន់​ក្រុង​ពារាណសី ដើម្បី​បិណ្ឌបាត។ កាល​ព្រះដ៏មាន​ព្រះភាគ ទ្រង់ស្ដេច​ទៅ​បិណ្ឌ​បាត ក្នុង​សំណាក់​នៃ​មិល​ក្ខជន អ្នក​លក់​គោ ទ្រង់​បានឃើញ​ភិក្ខុ​មួយ​រូប មានសេចក្ដី​ត្រេក​អរតិច មានសេចក្ដី​ត្រេកអរ​ខាង​ក្រៅ ប្រាសចាក​សតិ មិន​មាន​ប្រាជ្ញា មានចិត្ត​មិន​តាំង​មាំ មានចិត្ត​រវើ​រវាយ មានឥន្រ្ទិយជាប្រក្រតី (មិន​រក្សា​ឥន្រ្ទិយ) លុះ​ទតឃើញ​ហើយ ទ្រង់មាន​ព្រះ​វាចា​នឹង​ភិក្ខុ​នោះ ដូច្នេះថា ម្នាលភិក្ខុ​ អ្នក​កុំ​ធ្វើ​ខ្លួន​ឲ្យ​ស្អុយ​ឡើយ ម្នាល​ភិក្ខុ​ ពួក​រុយ44) នឹង​មិនចោម​ហើរ​តាម នឹង​មិន​តាម​ចោម​ស៊ី​ នូវ​ខ្លួនដែល​ធ្វើ​ឲ្យ​ស្អុយ ដែល​ប្រឡាក់​វត្ថុមាន​ក្លិន​ឆ្អេះឆ្អាប​នោះ45) ​ហេតុនុ៎ះ ​មិនមានទេ។ លំដាប់​នោះឯង ភិក្ខុ​នោះ លុះ​ព្រះដ៏មាន​ព្រះភាគ ទូន្មានដោយ​ឱវាទនេះហើយ ក៏ដល់​នូវសេចក្ដីសំវេគ (បាន​ជាសោតាបន្នបុគ្គល)។ លំដាប់​នោះ ព្រះដ៏មាន​ព្រះ​ភាគ ​ទ្រង់​ស្ដេច​ទៅដើម្បី​បិណ្ឌបាត ​ក្នុង​ក្រុង​ពារាណសី លុះស្ដេច​ត្រឡប់​មក អំពី​បិណ្ឌបាត ក្នុងវេលា​ខាង​ក្រោយ​ភត្ត ទ្រង់​ត្រាស់​នឹ​ងភិក្ខុ​ទាំងឡាយ​ថា ម្នាល​ភិក្ខុទាំងឡាយ ក្នុងទីឯណោះ​តថាគត ​បានស្លៀក​ស្បង់ ​ប្រដាប់​បាត្រ​ និង​ចីវរ ក្នុង​បុព្វ​ណ្ហសម័យ​ ហើយ​ចូល​ទៅ​កាន់​ក្រុង​ពារាណសី ដើម្បី​បិណ្ឌ​បាត ម្នាល​ភិក្ខុទាំងឡាយ​ កាល​តថាគត​ត្រាច់​ទៅ ដើម្បី​បិណ្ឌបាត ក្នុងសំណាក់នៃមិលក្ខជន អ្នក​លក់​គោ​ ក៏បាន​ឃើញ​ភិក្ខុ​មួយ​រូប​ មាន​សេចក្ដី​ត្រេក​អរតិច មានសេចក្ដី​ត្រេក​អរ​ខាងក្រៅ ប្រាសចាក​សតិ មិនមាន​ប្រាជ្ញា មានចិត្តមិន​តាំងមាំ មានចិត្ត​រវើរវាយ មាន​ឥន្រ្ទិយ​ជាប្រក្រតី លុះបាន​ឃើញហើយ និយាយ​នឹង​ភិក្ខុ​នោះ ​ដូច្នេះថា ម្នាល​ភិក្ខុ​ អ្នក​កុំ​ធ្វើ​ខ្លួន​ឲ្យ​ស្អុយ​ឡើយ ម្នាល​ភិក្ខុ ពួក​រុយ​នឹងមិនចោម​ហើរ​តាម មិនតាម​រោម​ស៊ីនូវ​ខ្លួន ដែល​ធ្វើឲ្យស្អុយ ដែល​ប្រឡាក់​វត្ថុមានក្លិន​ឆ្អេះឆ្អាបនោះ ហេតុ​នុ៎ះ​ មិនមានទេ ម្នាល​ភិក្ខុទាំងឡាយ លំដាប់​នោះ​ ភិក្ខុ​នោះ លុះតថាគត​ទូន្មាន​ដោយឱវាទ​នេះ​ហើយ ក៏ដល់​នូវ​សេចក្ដី​សំវេគ។ កាល​ព្រះដ៏មាន​ព្រះ​ភាគ ទ្រង់​ត្រាស់​យ៉ាង​នេះហើយ ភិក្ខុ​មួយ​រូប ​បាន​ក្រាប​បង្គំទូល​សួរ​ព្រះ​ដ៏មាន​ព្រះភាគ ដូច្នេះថា បពិត្រ​ព្រះអង្គដ៏ចំរើន អ្វីហ្ន៎​ជារបស់ស្អុយ​ អ្វី​ជារបស់​មានក្លិនឆ្អេះឆ្អាប អ្វី​ជារុយ។ ម្នាល​ភិក្ខុ អភិជ្ឈា ជា​របស់​ស្អុយ ព្យាបាទ​ជារបស់​មានក្លិន​ឆ្អេះឆ្អាប អកុសល​វិតក្កៈ​ ដ៏លាមក​ ជាតួរុយ។ ម្នាល​ភិក្ខុ​ ពួក​រុយ​នឹង​មិនចោម​ហើរ​តាម នឹង​មិន​តាម​ចោម​ស៊ី នូវ​ខ្លួនដែល​ធ្វើ​ឲ្យ​ស្អុយ​ ដែល​ប្រឡាក់វត្ថុមាន​ក្លិន​ឆ្អេះឆ្អាបនោះ ហេតុ​នុ៎ះ មិន​មាន​ទេ។

ពួក​រុយ​ គឺ​សេចក្ដីត្រិះរិះ​ ដែល​អាស្រ័យ​នូវរាគៈ នឹងតាមរោម​នូវ​បុគ្គល​ដែល​មិន​គ្រប់​គ្រង​ក្នុងចក្ខុ​ទ្វារ​ និង​សោតទ្វារ​​ មិនសង្រួម​ក្នុងឥន្រ្ទិយ។ ភិក្ខុ​ដែល​ធ្វើ​ខ្លួន​ឲ្យ​ស្អុយ ប្រឡាក់​វត្ថុមានក្លិន​ឆ្អេះឆ្អាប ជាអ្នក​ឆ្ងាយ​អំពី​ព្រះ​និព្វាន មានចំណែក​នៃ​សេចក្ដី​ចង្អៀតចង្អល់​ចិត្តតែម្យ៉ាង។ បុគ្គលពាល អប្ប​ឥត​ប្រាជ្ញា ដែល​ពួករុយ ​តាមរោម (នោះ) ​មិនបាន​ប្រព្រឹត្ត​នូវ​ធម៌ ដ៏ស្មោះស្មើ​ដើម្បី​ខ្លួន​ ក្នុងស្រុក​ ឬក្នុងព្រៃ​ឡើយ។ ចំណែក​ខាង​ជន​ណា បរិបូណ៌ដោយ​សីល​ និងបញ្ញា ត្រេក​អរ​ក្នុងធម៌ ​ជាគ្រឿង​រម្ងាប់​នូវកិលេស ជាអ្នក​ស្ងប់​ស្ងាត់ ​ជននោះ រមែង​ដេក​ជាសុខ ទាំងពួក​រុយ ​ក៏​មិនបាន​ហើរ​តាម​​ស៊ី​ជន​នោះ​ឡើយ។

(បឋមអនុរុទ្ធសូត្រ ទី៧)

(៧. បឋមអនុរុទ្ធសុត្តំ)

[១៣១] គ្រានោះ ព្រះ​អនុរុទ្ធដ៏មាន​អាយុ ចូល​ទៅ​គាល់​ព្រះ​ដ៏មាន​ព្រះភាគ ហើយ​អង្គុយក្នុង​ទីសមគួរ។ លុះ​ព្រះអនុរុទ្ធដ៏មានអាយុ គង់ក្នុង​ទីសម​គួរ​ហើយ បាន​ក្រាបបង្គំ​ទូល​ព្រះដ៏មាន​ព្រះ​ភាគ ដូច្នេះថា បពិត្រ​ព្រះ​អង្គ​ដ៏ចំរើន ក្នុង​ទីឯណោះ ​ខ្ញុំ​ព្រះអង្គ ​មានចក្ខុ​ដូចជា​ទិព្វ​ ដ៏បរិសុទ្ធ កន្លងបង់​ចក្ខុ​ ជា​របស់​មនុស្ស​ធម្មតា ឃើញមាតុគ្រាម ​ដែល​បែកធ្លាយរាងកាយ​ ស្លាប់​ទៅ ច្រើន​តែទៅកើត ឯ​អបាយ ទុគ្គតិ វិនិបាត នរក។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន មាតុ​គ្រាម​ប្រកប​ដោយធម៌​ប៉ុន្មាន​យ៉ាង លុះបែកធ្លាយ​រាងកាយ​ ស្លាប់ទៅ ទៅកើតឯអបាយ ទុគ្គតិ វិនិបាត នរក។ ព្រះ​ដ៏មាន​ព្រះភាគ​ ត្រាស់​តបថា ម្នាល​អនុរុទ្ធ មាតុ​គ្រាម​ប្រកប​ដោយ​ធម៌៣ យ៉ាង​ លុះ​បែក​ធ្លាយ​រាង​កាយ ស្លាប់​ទៅ​ តែងទៅ​កើត​ឯអបាយ ទុគ្គ​តិ វិនិបាត នរក។ ​ប្រកប​ដោយ​ធម៌​៣ យ៉ាង​ ដូចម្ដេច​ខ្លះ។ ម្នាល​អនុរុទ្ធ ក្នុងលោក​នេះ មាតុ​គ្រាម រមែង​មានចិត្ត​ត្រូវ​មន្ទិល ​គឺសេចក្ដី​កំណាញ់រួបរឹត នៅគ្រប់គ្រង​ផ្ទះ ក្នុង​បុព្វ​ណ្ហ​សម័យ ​១ រមែង​មានចិត្ត​ត្រូវ​ឥស្យារួប​រឹត នៅគ្រប់​គ្រង​ផ្ទះ ក្នុង​មជ្ឈន្ដិក​សម័យ ១ រមែង​មាន​ចិត្ត​ត្រូវ​កាម​រាគរួប​រឹត នៅ​គ្រប់​គ្រង​ផ្ទះ ​ក្នុង​សាយណ្ហ​សម័យ​១។ ម្នាល​អនុរុទ្ធ មាតុ​គ្រាម ប្រកប​ដោយ​ធម៌៣ យ៉ាងនេះឯង លុះបែក​ធ្លាយ​រាងកាយ ស្លាប់​ទៅ តែងទៅកើត​ឯ​អបាយ ទុគ្គតិ​ វិនិ​បាត នរក។

(ទុតិយអនុរុទ្ធសូត្រ ទី៨)

(៨. ទុតិយអនុរុទ្ធសុត្តំ)

[១៣២] គ្រានោះ​ ព្រះ​អនុរុទ្ធដ៏មាន​អាយុ ចូល​ទៅរក​ព្រះ​សារីបុត្រដ៏មាន​អាយុ លុះចូល​ទៅដល់​ហើយ ក៏ធ្វើ​សេចក្ដី​រីករាយ​ ជាមួយ​នឹង​ព្រះសារីបុត្រ​ដ៏មាន​អាយុ​ លុះបញ្ចប់​ពាក្យ​គួររីករាយ និង​ពាក្យ​គួរ​រឭកហើយ ​គង់ក្នុង​ទីសមគួរ។ លុះ​ព្រះអនុរុទ្ធ​ដ៏មាន​អាយុ គង់​ក្នុង​ទីសម​គួរ​ហើយ ក៏ពោលទៅនឹង​ព្រះ​សារីបុត្រ​ដ៏មានអាយុ ​ដូច្នេះថា ម្នាល​អាវុសា សារីបុត្រ ​ខ្ញុំ​តែងឃើញ​សត្វ​លោក​ជាច្រើន ដោយ​ចក្ខុ​ ដូច​ជាទិព្វ ​ដ៏បរិសុទ្ធ កន្លងបង់​នូវចក្ខុ ជារបស់​មនុស្ស​ធម្មតា មួយ​ទៀត សេចក្ដី​ព្យាយាម ​ដែល​ខ្ញុំ​ប្រារព្ធ​ហើយ មិន​បានរួញរាឡើយ សតិដែល​ខ្ញុំ​បាន​តាំង​ស៊ប់​ហើយ ក៏មិន​បានវង្វេង​ភ្លេច កាយ​របស់​ខ្ញុំ​ ដែល​ស្ងប់​រម្ងាប់​ហើយ ក៏មិន​បាន​ក្រវល់​ក្រវាយ ចិត្ត​ដែល​ខ្ញុំ​ដំកល់​ខ្ជាប់​ហើយ ក៏​ជាចិត្ត​មានអារម្មណ៍​មូល​តែមួយ​ កាល​បើដូច្នេះ ចិត្ត​របស់​ខ្ញុំ​ ក៏មិន​រួចចាកអាសវៈ​ទាំងឡាយ ព្រោះ​មិន​ប្រកាន់​មាំ។ ព្រះ​សារីបុត្រតបថា ម្នាល​អាវុសោអនុរុទ្ធ ត្រង់​ពាក្យ​ដែល​អ្នក​និយាយ យ៉ាងនេះថា ខ្ញុំ​តែងឃើញ​សត្វ​លោក​ជាច្រើន ដោយចក្ខុ​ដូច​ជាទិព្វ ​ដ៏បរិសុទ្ធ កន្លងបង់​ចក្ខុ​ ជា​របស់​មនុស្ស​ធម្មតា ​ដូច្នេះ នេះ​ជាមានះ​ របស់​អ្នក ម្នាល​អាវុសោ​អនុរុទ្ធ មួយទៀត ត្រង់​ពាក្យដែល​អ្នក​និយាយ ​យ៉ាងនេះ​ថា សេចក្ដីព្យាយាម​ ដែល​ខ្ញុំ​ប្រារព្ធហើយ មិន​បាន​រួញ​រាឡើយ សតិដែល​ខ្ញុំ​បានតាំងស៊ប់​ហើយ ក៏មិន​បានវង្វេង​ភ្លេច កាយ​របស់ខ្ញុំ ​ដែល​ស្ងប់​រម្ងាប់​ហើយ ក៏មិន​បាន​ក្រវល់​ក្រវាយ ចិត្ត​ដែល​ខ្ញុំ​ដំកល់​ខ្ជាប់​ហើយ ក៏ជាចិត្ត​មាន​អារម្មណ៍មូល​តែ​មួយ ​ដូច្នេះ នេះជាឧទ្ធច្ចៈ​របស់​អ្នក​ទេ ម្នាល​អាវុសោ​អនុ​រុទ្ធ មួយ​ទៀត ត្រង់​ពាក្យដែល​អ្នក​និយាយ​ យ៉ាង​នេះ​ថា កាល​បើ​ដូច្នេះ ចិត្តរបស់​ខ្ញុំ​ ក៏មិន​រួចចាក​អាសវៈទាំងឡាយ ព្រោះ​មិន​ប្រកាន់​មាំ នេះ​ជា​កុក្កុច្ចៈរបស់​អ្នក​ ខ្ញុំ​សូមរំលឹក សូម​អនុរុទ្ធ​ដ៏មាន​អាយុ លះ​បង់​ធម៌​ទាំង​៣នេះចេញ កុំ​ធ្វើ​ទុក​ក្នុងចិត្ត​ នូវ​ធម៌​ទាំង៣​នេះ សូម​ប្រមូល​ចិត្ត​មក​ក្នុង​អមតធាតុ​វិញ។ សម័​យតមក ព្រះ​អនុរុទ្ធដ៏មាន​អាយុ បានលះ​បង់​ធម៌​ ទាំ​ង៣នេះ ហើយមិនធ្វើ​ទុក​ក្នុងចិត្ត នូវ​ធម៌​ទាំង​៣​នេះ ហើយ​ប្រមូល​ចិត្ត ក្នុង​អមតធាតុ។ លំដាប់​នោះ ព្រះ​អនុរុទ្ធដ៏មាន​អាយុ​ តែ​មួយអង្គឯង ចៀសចេញ​ចាកពួក មិនមាន​សេចក្ដីប្រមាទ មានព្យាយាម ​ជាគ្រឿង​ដុត​កំដៅកិលេស មានចិត្តបញ្ជូន​ទៅកាន់​ព្រះនិព្វាន ពួក​កុល​បុត្ត​ ចេញ​ចាកផ្ទះ ចូល​កាន់​ផ្នួស ​ដោយ​ប្រពៃ ដើម្បី​អនុត្តរធម៌​​ណា មិនយូរ​ប៉ុន្មាន លោក​ក៏បាន​ធ្វើ​ឲ្យជាក់​ច្បាស់ សម្រេចនូវអនុត្តរធម៌នោះ ដែល​មានព្រហ្មចរិយៈ ជាទីបំផុត ដោយបញ្ញាដ៏ឧត្ដម​ ដោយ​ខ្លួនឯង ក្នុងបច្ចុប្បន្ន បានដឹងច្បាស់​ថា ជាតិ​អស់​ហើយ មគ្គព្រហ្ម​ចរិយធម៌ អញបាន​ប្រព្រឹត្តគ្រប់​គ្រាន់​ហើយ សោឡសកិច្ច​ អញបានធ្វើរួចហើយ មគ្គ​ភាវនាកិច្ច​ដទៃ ប្រព្រឹត្ត​ទៅ ដើម្បី​សោឡ​សកិច្ច​នេះទៀត មិនមាន​ឡើយ។ បណ្ដាព្រះ​អរហន្តទាំងឡាយ ព្រះ​អនុរុទ្ធ​ដ៏មាន​អាយុ ក៏ជាព្រះអរហន្តមួយ​អង្គដែរ។

(បដិច្ឆន្នសូត្រ ទី៩)

(៩. បដិច្ឆន្នសុត្តំ)

[១៣៣] ម្នាល​ភិក្ខុទាំងឡាយ វត្ថុ៣​យ៉ាងនេះ ​បិទបាំង​ ទើបប្រសើរ46) បើក​ផ្សាយ​ មិនប្រសើរ។ វត្ថុ៣ យ៉ាង ​គឺអ្វីខ្លះ។ ម្នាល​ភិក្ខុទាំងឡាយ គឺមាតុ​គ្រាម បិទបាំង​ទើប​ប្រសើរ បើ​ក​ផ្សាយ មិន​ប្រសើរ47) ១ ម្នាលភិក្ខុ​ទាំងឡាយ មន្ត​របស់​ពួក​ព្រាហ្មណ៍ លាក់​ទើបប្រសើរ បើកផ្សាយ មិន​ប្រសើរ ១ ម្នាលភិក្ខុ​ទាំង​ឡាយ មិច្ឆា​ទិដ្ឋិ បិទបាំង ទើបប្រសើរ ​បើក​ផ្សាយ មិន​ប្រសើរ ១។ ម្នាល​ភិក្ខុ​ទាំង​ឡាយ វត្ថុ​៣យ៉ាងនេះ​ឯង​ បិទ​បាំង ទើប​ប្រសើរ បើក​ផ្សាយ មិន​ប្រសើរ​ទេ។ ម្នាលភិក្ខុទាំងឡាយ វត្ថុ​៣ យ៉ាង​នេះ បើក​ទើប​រុង​រឿង បិទមិន​រុង​រឿងទេ។ វត្ថុ ៣ យ៉ាង​ គឺអ្វី​ខ្លះ។ ម្នាល​ភិក្ខុទាំងឡាយ គឺមណ្ឌល​ព្រះចន្រ្ទ បើក​ទើប​រុង​រឿង បិទ​មិន​រុង​រឿង ​១ ម្នាល​ភិក្ខុ​ទាំងឡាយ មណ្ឌល​ព្រះអាទិត្យ បើក​ទើប​រុង​រឿង បិទមិន​រុង​រឿង ១ ម្នាល​ភិក្ខុ​ទាំងឡាយ ធម្ម​វិន័យ ដែល​តថាគត​សំដែង​ហើយ បើក​ទើប​រុង​រឿង បិទមិនរុង​រឿង​ ១។ ម្នាល​ភិក្ខុទាំង​ឡាយ វត្ថុ​៣ យ៉ាងនេះឯង បើក​ទើប​រុង​រឿង បិទមិនរុង​រឿង​ទេ។

(លេខសូត្រ ទី១០)

(១០. លេខសុត្តំ)

[១៣៤] ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​៣ ពួក​នេះ មាន​ប្រាកដក្នុងលោក។ បុគ្គល ៣ពួក​ ដូចម្ដេច​ខ្លះ។ គឺ​បុគ្គល​ប្រៀបដូច​គំនូស​ថ្ម ១ បុគ្គល​ប្រៀបដូច​គំនូស​ផែន​ដី ១ បុគ្គល​ប្រៀប​ដូច​គំនូស​ទឹក ១។ ម្នាល​ភិក្ខុ​ទាំងឡាយ ចុះបុគ្គល​ប្រៀប​ដូច​គំនូស​ថ្ម តើដូចម្ដេច។ ម្នាល​ភិក្ខុ​ទាំងឡាយ បុគ្គល​ពួក​ខ្លះ ក្នុងលោក​នេះ រមែង​ក្រោធ​​រឿយៗ ឯ​សេចក្តីក្រោធរបស់​គេ​នោះ រមែង​ដេក​ត្រាំ​នៅ​ អស់​កាល​យូរ​អង្វែង។ ម្នាលភិក្ខុទាំងឡាយ គំនូសថ្ម រមែងមិនឆាប់រលុបដោយខ្យល់ ឬដោយ​ទឹក​ទេ ជាគំនូសតាំងនៅ អស់កាលយូរ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ បុគ្គល​​ពួកខ្លះ ក្នុងលោកនេះ រមែងក្រោធរឿយៗ ឯសេចក្តីក្រោធ ​របស់គេនោះ រមែង​​ដេកត្រាំ​នៅ អស់កាលយូរអង្វែង ក៏យ៉ាងនោះ​ដែរ​។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ​នេះ​ហៅ​ថា បុគ្គល​ប្រៀប​ដូច​គំនូស​ថ្ម​។ ម្នាល​ភិក្ខុទាំង​ឡាយ ​ចុះ​បុគ្គល​ប្រៀប​ដូច​គំនូស​​ផែន​ដី តើដូច​ម្តេច​។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ​បុគ្គល​ពួក​ខ្វះ ក្នុង​លោក​នេះ រមែង​ក្រោធ​រឿយ​ៗ តែ​សេច​ក្តី​ក្រោធរបស់​គេ​នោះ មិន​បាន​ដេក​ត្រាំ​នៅ ​អស់កាល​យូរ​អង្វែង។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ​គំនូស​ផែន​ដី រមែង​ឆាប់​រលុប ​ដោយ​ខ្យល់ ឬ ដោយទឹក ជា​គំនូស​មិន​តាំង​នៅ ​អស់​កាល​យូរ យ៉ាង​ណាមិញ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​ពួក​ខ្វះ ក្នុង​លោកនេះ រមែង​ក្រោធ​រឿយ​ៗ តែ​សេច​ក្តី​ក្រោធ​ របស់​គេ​នោះ មិន​បាន​ដេក​ត្រាំនៅ ​អស់​កាល​យូរ​អង្វែង ក៏​យ៉ាង​នោះ​ដែរ​។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ​នេះ​ហៅ​ថា បុគ្គល​ប្រៀប​ដូច​ស្នាម​គំនូស​ផែន​ដី​។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ចុះ​បុគ្គល​ប្រៀប​ដូចគំនូសទឹក តើ​ដូច​ម្តេច​។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​ពួក​ខ្វះ ក្នុង​លោក​នេះ ដែល​គេ​និយាយ​ពាក្យ​រឹង​រូស​ក្តី និយាយ​ពាក្យ​អាក្រក់​ក្តី និយាយ​ពាក្យ​មិន​ជា​ទី​គាប់​ចិត្ត​ក្តី តែង​ឆាប់​និយាយ​តប​ត​ទៅ​វិញ ឆ្លើយ​ឆ្លង​ស្រួល​វិញ រីក​រាយ​ទៅ​រក​វិញ​។ ម្នាល​ភិក្ខុ​ទាំង​ឡាយ គំនូស​ទឹក រមែង​រលុប​ឆាប់ មិន​តាំង​នៅ​អស់​កាល​យូរ យ៉ាង​ណា​មិញ ម្នាល​ភិក្ខុទាំង​ឡាយ ​បុគ្គល​ពួក​ខ្វះ ក្នុង​លោក​នេះ ដែល​គេ​និយាយ​ពាក្យ​រឹង​រូស​ក្តី និយាយ​ពាក្យ​អាក្រក់​ក្តី និយាយ​ពាក្យ​មិន​ជា​ទី​គាប់​ចិត្ត​ក្តី រមែង​ឆាប់​និយាយ​តប​ត​ទៅវិញ ​ឆ្លើយ​ឆ្លង​ស្រួល​វិញ រីក​រាយ​ទៅ​រក​វិញ ក៏​យ៉ាងនោះ​ដែរ​។ ម្នាល​ភិក្ខុទាំង​ឡាយ នេះ​ហៅ​ថា បុគ្គល​ប្រៀប​ដូច​គំនូស​ទឹក​។ ម្នាល​ភិក្ខុ​ទាំង​ឡាយ​​ បុគ្គល ៣ ពួក​នេះ​ឯង មាន​ប្រាកដ​ក្នុង​លោក​។

ចប់ កុសិនារវគ្គ ទី៣។

ឧទ្ទាន​នៃ​កុសិនារ​វគ្គ​នោះ​គឺ​

និយាយ​អំពីព្រះ​ដ៏​មាន​ព្រះ​ភាគ គង់​ជិត​ក្រុង​កុសិ​នារា ១ អំពី​ពួក​ភិក្ខុ​បង្ក​ហេតុ ទាស់​ទែង​គ្នា ១ អំពី​ព្រះដ៏​មាន​ព្រះ​ភាគ គង់​នៅ​ក្នុង​គោត​មក​ចេតិយ ១ អំពី​ភរណ្ខុ​កា​លាមតាបស ១ អំពី​ហត្ថក​ទេវ​បុត្ត ១ អំពី​ភិក្ខុធ្វើ​ខ្លួន​ឲ្យស្អុយ ១ អំពី​ព្រះ​អនុរុទ្ធ ២ លើក អំពី​វត្ថុ​ដែល​បិទ​បាំង ១ អំពី​គំនូស ១ រួប​រួម​ត្រូវ​ជា ១០។

យោធាជីវវគ្គ ទី៤ (១៤)

((១៤) ៤. យោធាជីវវគ្គោ)

(យោធាជីវសូត្រ ទី១)

(១. យោធាជីវសុត្តំ)

[១៣៥] ម្នាល​ភិក្ខុ​ទាំង​ឡាយ យោ​ធា​ជីវៈ (អ្នក​រស់​នៅ​ដោយ​ឋានៈជា​ទា​ហាន) ប្រកប​ដោយ​អង្គ ៣ ទើប​គួរ​ជា​យោ​ធា​ជីវៈ ​របស់​ព្រះ​រា​ជា ​អ្នក​បម្រើ​របស់​ព្រះ​រា​ជា ដល់​នូវ​ការ​រាប់ថា​ ជា​អង្គ​48) របស់​ព្រះ​រា​ជា​។ ប្រកប​ដោយ​អង្គ ៣ តើ​ដូច​ម្តេច​ខ្លះ។ ម្នាល​ភិ​ក្ខុ​ទាំង​ឡាយ យោ​ធា​ជីវៈ​ ក្នុង​លោក​នេះ ជា​អ្នក​បាញ់​បាន​ឆ្ងាយ ១​ ជា​អ្នក​បាញ់​មិន​ខុស ១ ជាអ្នក​ទំលាយ​គំនរ​ធំៗ49) បាន ១​។ ម្នាលភិក្ខុ​ទាំង​ឡាយ យោ​ធា​ជីវៈ ​ប្រកប​ដោយ​អង្គ ៣ នេះ​ឯង​ ទើប​គួរ​ជា​របស់​ព្រះ​រា​ជា ជា​អ្នក​បម្រី​នៃ​ព្រះ​រា​ជា ដល់​នូវ​ការ​រាប់​ថា ​ជា​អង្គ​របស់​ព្រះរា​ជា​។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ចំណែក​ភិក្ខុ​ ប្រកបដោយ​ធម៌៣ យ៉ាង ទើប​ជា​អ្នក​គួរ​ទទួល​នូវ​ទាន ​ដែលគេ​នាំមកបូជា​។ បេ​។ ជា​ស្រែ​បុណ្យ​ដ៏​ប្រសើរ ​របស់​សត្វ​លោក ក៏យ៉ាង​នោះ​ដែរ​។ ប្រកប​ដោយ​ធម៌​ ៣ យ៉ាង តើ​ដូច​ម្តេចខ្លះ​។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុ​ក្នុង​សាសនា​នេះ ជាអ្នកបាញ់​បាន​ឆ្ងាយ ១ ជា​អ្នក​បាញ់​មិន​ខុស ១ ជា​អ្នក​ទំលាយ​គំនរ​ធំ​ៗបាន​១​។ ម្នាល​ភិក្ខុ​ទាំង​​ឡាយ ចុះភិក្ខុ ជា​អ្នក​បាញ់​បាន​ឆ្ងាយ តើ​ដូច​ម្តេច​។ ម្នាល​ភិក្ខុ​ទាំង​ឡាយ រូប​ណា​មួយ ជាអតីត អនាគត បច្ចុប្បន្ន​ ខាង​ក្នុង​ក្តី ខាង​ក្រៅក្តី គ្រោត​គ្រាតក្តី ល្អិត​ក្តី ថោក​ទាប​ក្តី ឧត្តម​ក្តី ​រូប​ណា ជិត​ក្តី ឆ្ងាយ​ក្តី ភិក្ខុ​ក្នុង​សាសនា​នេះ ពិចារណា​ឃើញ នូវ​រូប​ទាំង​អស់​នុ៎ះ ដោយ​បញ្ញា​ដ៏​ប្រ​ពៃ តាម​សេច​ក្តី​ពិត​ យ៉ាង​នេះ​ថា នុ៎ះ​មិន​មែន​របស់​អញ នុ៎ះ​មិន​មែន​ជា​អញ នុ៎ះមិន​មែន​ជា​ខ្លួន​របស់​អញ​។ ​វេទ​នា​ណា​មួយ ជាអតីត អនាគត បច្ចុប្បន្ន ខាង​ក្នុង​ក្តី ខាង​ក្រៅ​ក្តី គ្រោត​គ្រាត​ក្តី ល្អិត​ក្តី ថោក​ទាប​ក្តី ឧត្តម​ក្តី វេទនា​ណា ជិត​ក្តី ​ឆ្ងាយ​ក្តី ភិក្ខុ​ពិចារណា​ឃើញ ​នូវ​វេទនាទាំង​អស់​នុ៎ះ ដោយ​បញ្ញា​ដ៏​ប្រពៃ តាម​សេច​ក្តី​ពិត​ យ៉ាង​នេះ​ថា នុ៎ះ​មិន​មែន​របស់​អញ នុ៎ះ​មិន​មែន​ជា​​អញ នុ៎ះ​មិន​មែន​ជា​ខ្លួន​របស់​អញ​។ សញ្ញា​ណា​មួយ ជាអតីត អនាគត បច្ចុប្បន្ន ខាង​ក្នុង​ក្តី ខាង​ក្រៅ​ក្តី គ្រោត​គ្រាត​ក្តី ល្អិត​ក្តី​ ថោក​ទាប​ក្តី ឧត្តម​ក្តី សញ្ញា​ណា ជិត​ក្តី ឆ្ងាយ​ក្តី ភិក្ខុ​ពិចារណា​ឃើញ ​នូវ​សញ្ញា​ទាំង​អស់​នុ៎ះ ដោយ​បញ្ញា​ដ៏​ប្រ​ពៃ តាម​ពិត​យ៉ាង​នេះ​ថា នុ៎ះ​មិន​មែន​របស់​អញ នុ៎ះមិន​មែន​ជា​អញ នុ៎ះ​មិន​មែន​ជា​ខ្លួន​របស់​អញ​។ សង្ខារ​ទាំង​ឡាយ​ណា​មួយ ជា​អតីត អនាគត បច្ចុប្បន្ន ខាង​ក្នុង​ក្តី ខាង​ក្រៅ​ក្តី គ្រោត​គ្រាត​ក្តី ល្អិត​ក្តី ថោក​ទាប​ក្តី ឧត្តម​ក្តី សង្ខារ​ទាំង​ឡាយ​ណា ជិត​ក្តី ឆ្ងាយ​ក្តី ភិក្ខុ​ពិចារណា​ឃើញ​ នូវ​សង្ខារ​ទាំង​អស់​នុ៎ះ ដោយ​បញ្ញាដ៏​ប្រ​ពៃ តាម​សេចក្តី​​ពិត​ យ៉ាង​នេះ​ថា នុ៎ះមិន​មែន​របស់​អញ នុ៎ះ​មិន​មែន​ជា​អញ នុ៎ះ​មិន​មែន​ជា​ខ្លួន​របស់​អញ។ វិញ្ញាណ​ណា​មួយ ​ជា​អតីត អនាគត បច្ចុប្បន្ន ខាង​ក្នុង​ក្តី ខាង​ក្រៅ​ក្តី គ្រោត​គ្រាត​ក្តី ល្អិត​ក្តី ថោក​ទាប​ក្តី ឧត្តម​ក្តី វិញ្ញាណ​ណា ជិត​ក្តី ឆ្ងាយ​ក្តី ភិក្ខុ​ពិចារណា​ឃើញ ​នូវ​វិញ្ញាណ​ទាំង​អស់​នុ៎ះ ដោយ​បញ្ញា​ដ៏​ប្រពៃ តាម​សេច​ក្តី​ពិត​យ៉ាង​នេះ​ថា នុ៎ះ​មិន​មែន​របស់​អញ នុ៎ះ​មិន​មែន​ជា​អញ នុ៎ះ​មិនមែន​ជា​ខ្លួន​របស់​អញ​។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុ​ជា​អ្នក​បាញ់​បាន​ឆ្ងាយ ​យ៉ាង​នេះ​ឯង​។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ចុះ​ភិក្ខុ ជា​អ្នក​បាញ់​មិន​ខុស តើ​ដូច​ម្តេច​។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុ​ក្នុង​សាសនា​នេះ ដឹង​ច្បាស់​តាមសេច​ក្តី​ពិត​ថា នេះ​ជា​ទុក្ខ ដឹង​ច្បាស់​តាម​សេច​ក្តី​ពិត​ថា នេះ​ជា​ហេតុ​ នាំ​ឲ្យ​កើត​ទុក្ខ ដឹង​ច្បាស់​តាម​សេច​ក្តី​ពិត​ថា នេះ​ជា​សេច​ក្តី​រលត់​ទុក្ខ​ ដឹង​ច្បាស់​តាម​សេច​ក្តី​ពិត​ថា នេះ​ជា​សេច​ក្តីប្រតិប័ទ ជា​ដំណើរ​ទៅ​កាន់​ទី​រលត់​ទុក្ខ​។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុ​ជា​អ្នក​បាញ់​មិន​ខុស​ យ៉ាង​នេះ​ឯង​។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ចុះ​ភិក្ខុ ជា​អ្នក​ទំលាយ​គំនរ​ធំ​ៗ តើ​ដូច​ម្តេច​។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុ​ក្នុង​សាសនា​នេះ ទំ​លាយ​គំនរ ​នៃ​អវិជ្ជាដ៏​ធំ​បាន។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុ​ជា​អ្នក​ទំ​លាយ​គំនរ​ធំ​ៗ យ៉ាង​នេះ​ឯង​។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុ​ប្រកប​ដោយ​ធម៌ ៣ យ៉ាង​នេះ​ឯង ទើប​ជា​អ្នក​គួរ​ទទួល​នូវទាន ​ដែល​បុគ្គល​នាំ​មក​បូជា​។ បេ​។ ជា​ស្រែ​បុណ្យ​ដ៏​ប្រសើរ​ របស់​សត្វ​លោក​។

(បរិសាសូត្រ ទី២)

(២. បរិសាសុត្តំ)

[១៣៦] ម្នាល​ភិក្ខុ​ទាំង​ឡាយ បរិសទ្យ​នេះ មាន ៣ ពួក។ បរិសទ្យ ៣ ពួក ​គឺ​អ្វី​ខ្លះ​។ គឺ​បរិសទ្យ ដែល​សិក្សា​ផ្តេស​ផ្តាស50) ១​ បរិសទ្យ ដែល​សាក​សួរ​រួច ​ទើប​សិក្សា ១​ បរិសទ្យ ដែល​សិក្សា​តាម​កំណត់51) ១​។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បរិសទ្យ​ មាន ៣ ពួក​នេះ​ឯង​។ ​

(មិត្តសូត្រ ទី៣)

(៣. មិត្តសុត្តំ)

[១៣៧] ម្នាល​ភិក្ខុ​ទាំង​ឡាយ មិត្ត​ប្រកប​ដោយ​អង្គ ៣ គួរ​សេព​គប់​។ ​ប្រកប​ដោយ​អង្គ ៣ គឺអ្វី​ខ្លះ។ គឺ​មិត្ត​ឲ្យ​វត្ថុ​ ដែល​គេ​ឲ្យ​បាន​ដោយ​ក្រ ១​ ធ្វើ​នូវ​អំពើ​ ដែល​គេ​​ធ្វើ​បាន​ដោយ​ក្រ ១ អត់​ធន់​នូវ​ហេតុ​ ដែល​គេ​អត់​ធន់បាន​ដោយ​ក្រ ១។ ម្នាល​ភិក្ខុ​ទាំង​ឡាយ មិត្ត​ប្រកប​ដោយ​អង្គ ៣នេះ​ឯង គួរ​សេព​គប់។

(ឧប្បាទាសូត្រ ទី៤)

(៤. ឧប្បាទាសុត្តំ)

[១៣៨] ម្នាល​ភិក្ខុ​ទាំង​ឡាយ កាល​ព្រះ​តថា​គត​ទាំង​ឡាយ​ កើត​ឡើង​ក្តី ព្រះតថា​គត​ទាំង​ឡាយ មិន​ទាន់​កើត​ឡើង​ក្តី ធាតុ​នោះ ធម្ម​ដ្ឋិតិ​នោះ ​ធម្ម​និយាម​នោះ តែង​ស្ថិត​នៅ​ជា​ធម្មតា គឺ​ថា ​សង្ខារ​ទាំង​ឡាយ​ ទាំង​ពួង​មិន​ទៀង។ ព្រះ​តថាគត​​ត្រាស់​ដឹង យល់​ច្បាស់​នូវ​ធាតុ​ ជា​ដើម​នោះ លុះ​ត្រាស់ដឹង​ យល់​ច្បាស់​ហើយ ក៏​ប្រាប់ សំដែង បញ្ញត្ត តាំង​ផ្តើម បើក​បង្ហើប ចែក​រលែក ធ្វើ​ឲ្យ​រាក់ថា សង្ខារ​ទាំង​ពួង ​មិន​ទៀង។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ​កាល​ព្រះ​តថា​គត​ទាំង​ឡាយ កើត​ឡើង​ក្តី ព្រះ​តថា​គត​ទាំង​ឡាយ ​មិន​ទាន់​កើត​ឡើង​ក្តី ធាតុ​នោះ ធម្ម​ដ្ឋិតិ​នោះ ធម្ម​និយាម​នោះ តែង​ស្ថិត​នៅ​ជា​ធម្ម​តា គឺ​ថា ​សង្ខារ​ទាំង​ពួង​ជា​ទុក្ខ។ ព្រះ​តថា​គត រមែង​ត្រាស់​ដឹង យល់ច្បាស់នូវ​ធាតុ​ ជា​ដើម​នោះ លុះ​ត្រាស់​ដឹង យល់​ច្បាស់​ហើយ ក៏ប្រាប់ សំដែង បញ្ញត្ត តាំង​ផ្តើម បើក​បង្ហើប ចែករលែក ធ្វើ​ឲ្យរាក់​ថា សង្ខារ​ទាំង​ពួង​ជា​ទុក្ខ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ កាល​ព្រះ​តថា​គត​ទាំង​ឡាយ​ កើត​ឡើង​ក្តី ព្រះ​តថា​គត​ទាំង​ឡាយ មិន​ទាន់​កើត​ឡើង​ក្តី ធាតុ​នោះ ធម្មដ្ឋិតិ​នោះ ធម្ម​និយាម​នោះ តែង​ស្ថិត​នៅ​ជា​ធម្មតា គឺ​ថា ​ធម៌​ទាំង​ឡាយ​ ទាំង​ពួង​ជា​អនត្តា។ ព្រះ​តថា​គត ត្រាស់​ដឹង យល់​ច្បាស់​នូវ​ធាតុ ​ជា​ដើម​នោះ​ លុះ​ត្រាស់​ដឹង យល់​ច្បាស់​ហើយ ក៏​ប្រាប់ សំដែង បញ្ញត្ត តាំង​ផ្តើម បើក​បង្ហើប ចែក​រលែក ធ្វើ​ឲ្យ​រាក់​ថា ធម៌​ទាំង​ឡាយ​ ទាំង​ពួង​ជា​អនត្តា។

(កេសកម្ពលសូត្រ ទី៥)

(៥. កេសកម្ពលសុត្តំ)

[១៣៩] ម្នាល​ភិក្ខុ​ទាំង​ឡាយ សំពត់​ទាំង​ឡាយ​ណា​មួយ ដែល​គេ​ត្បាញ​ដោយ​តម្បាញ សំពត់​កម្ពល ​ដែល​គេ​ត្បាញ​ដោយ​សក់​មនុស្ស ​ប្រាកដ​ជា​អាក្រក់​បំផុត​ ជាង​សំពត់​ទាំង​នោះ ម្នាល​ភិក្ខុ​ទាំង​ឡាយ សំពត់​កម្ពល ​ដែល​គេ​ត្បាញ​ដោយ​សក់​មនុស្ស ត្រជាក់​ក្នុង​ពេល​ត្រជាក់ ក្តៅ​ក្នុង​ពេល​ក្តៅ មាន​សម្បុរ​អាក្រក់ មាន​ក្លិន​អាក្រក់ មាន​សម្ជស្ស​អាក្រក់​​ យ៉ាង​ណា​មិញ ម្នាល​ភិក្ខុ​ទាំ​ង​ឡាយ វាទៈ​នៃ​សមណៈច្រើន​នាក់ណា​មួយ វា​ទៈនៃ​គ្រូ​ឈ្មោះ​ មក្ខលិ ប្រាកដ​ជា​អាក្រក់​ជាង​វា​ទៈ នៃ​​សមណៈទាំង​នោះ ក៏​យ៉ាង​នោះ​ដែរ ម្នាល​ភិក្ខុ​ទាំង​ឡាយ មក្ខលិ ជា​មោឃ​បុរស​មាន​សេច​ក្តី​​ប្រ​កាន់​យ៉ាង​នេះ មាន​ការ​យល់​ឃើញ​ យ៉ាង​នេះ​ថា កម្ម​មិន​មាន អំ​ពើ​ដែល​ត្រូវ​ធ្វើ​ មិន​មាន សេច​ក្តី​ព្យា​យាម​ មិន​មាន។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ព្រះ​អរហន្ត ​សម្មា​សម្ពុទ្ធទាំង​ឡាយ​ណា ក្នុង​អតីត​កាល ព្រះអរហន្ត​ សម្មា​សម្ពុទ្ធ​ ដ៏​មាន​ព្រះ​ភាគ​ទាំង​នោះ ជា​កម្ម​វាទ​ផង ជាកិរិយវាទ​ផង​ ជា​វីរិយ​វាទ​ផង។ ម្នាល​ភិក្ខុ​ទាំង​ឡាយ មក្ខលិ ជា​មោឃ​បុរស ហាម​ឃាត់​នូវ​ព្រះ​អរ​ហន្ត ​សម្មា​សម្ពុទ្ធ​នោះ​ថា កម្មមិន​មាន អំពើ​ដែល​ត្រូវ​ធ្វើ​ មិន​មាន​ សេច​ក្តី​ព្យាយាម ​មិន​មាន។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ព្រះ​អរ​ហន្ត​ សម្មា​សម្ពុទ្ធទាំង​ឡាយ​ណា ក្នុង​អនាគត​កាល ព្រះ​អរ​ហន្ត​សម្មា​សម្ពុទ្ធ​ ដ៏​មាន​ព្រះ​ភាគ​ទាំង​នោះ ជា​កម្ម​វាទ​ផង ជា​កិរិយ​វាទ​ផង ជា​វីរិយ​វាទ​ផង។ ម្នាល​ភិក្ខុ​ទាំង​ឡាយ មក្ខលិ ជា​មោឃ​បុរស​ ឈ្មោះ​ថា​ហាម​ឃាត់ ​នូវ​ព្រះអរហន្ត ​សម្មា​សម្ពុទ្ធ​ទាំង​នោះ​ថា កម្ម​មិន​មាន អំ​ពើដែល​ត្រូវ​ធ្វើ ​មិន​មាន ​​សេចក្តី​ព្យា​យាម​ មិន​មាន។ ម្នាល​ភិក្ខុ​ទាំង​ឡាយ សូម្បី​ត​ថា​គត ​ដែល​ជា​អរ​ហន្ត​សម្មា​សម្ពុទ្ធ ​ក្នុង​កាល​ឥឡូវ​នេះ ជាកម្ម​វាទ ជាកិរិយ​វាទ ជា​វីរិយ​វាទ​ដែរ។ ​ ម្នាល​ភិក្ខុ​ទាំង​ឡាយ មក្ខលិ ជា​មោឃ​បុរស ហាម​ឃាត់​នូវ​ត​ថា​គត​ដែរ​ថា កម្ម​មិន​មាន អំ​ពើ​ដែល​ត្រូវ​ធ្វើ​ មិន​មាន សេច​ក្តី​ព្យា​យាម​ មិន​មាន​។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​ដាក់​លប​ ក្នុង​មាត់​ស្ទឹង ដើម្បី​មិន​ជា​ប្រយោជន៍ ដើម្បី​សេច​ក្តី​ទុក្ខ ដើម្បី​សេច​ក្តី​មិន​ចំរើន ដើម្បី​សេច​ក្តី​វិនាស​ ដល់ត្រី​ជា​ច្រើន​ យ៉ាង​ណា​មិញ ម្នាល​ភិក្ខុ​ទាំង​ឡាយ មក្ខលិ ជា​មោឃ​បុរស កើត​ឡើង​ក្នុង​លោក ដូច​ជា​លប សម្រាប់​ដាក់​មនុស្ស ដើម្បី​មិន​ជា​ប្រយោជន៍​ ដើម្បី​សេច​ក្តី​ទុក្ខ ដើម្បី​សេច​ក្តី​មិន​ចំ​រើន ដើម្បី​សេច​ក្តី​វិនាស ​ដល់​សត្វ​មាន​ប្រមាណ​ច្រើន ក៏​យ៉ាង​នោះ​ដែរ។

(សម្បទាសូត្រ ទី៦)

(៦. សម្បទាសុត្តំ)

[១៤០] ម្នាល​ភិក្ខុ​ទាំង​ឡាយ​ សម្បទា​នេះ មាន ៣ យ៉ាង។ សម្បទា ៣ យ៉ាង​ ដូច​ម្តេច​ខ្លះ។ គឺ​សទ្ធា​សម្បទា ១ សីល​សម្បទា ១​ បញ្ញា​សម្បទា ១។ ម្នាល​ភិក្ខុ​ទាំង​ឡាយ សម្បទា​ មាន ៣ យ៉ាង​នេះ​ឯង។

(វុទ្ធិសូត្រ ទី៧)

ឬ វុឌ្ឍិសូត្រ
(៧. វុទ្ធិសុត្តំ)

[១៤១] ម្នាល​​ភិក្ខុ​ទាំង​ឡាយ វុឌ្ឍិ ​(សេច​ក្តី​ចំ​រើន) នេះ​ មាន ៣ យ៉ាង។ វុឌ្ឍិ ៣ យ៉ាង​ ដូច​ម្តេច​ខ្លះ។ គឺ ​សទ្ធា​វុឌ្ឍិ ១ សីល​វុឌ្ឍិ ១ បញ្ញ​វុឌ្ឍិ ១។ ម្នាល​ភិក្ខុ​ទាំង​ឡាយ វុឌ្ឍិ​ មាន ៣ យ៉ាង​នេះ​ឯង។ ​

(អស្សខលុង្កេសូត្រ ទី៨)

ឬ អស្សខឡុង្កសូត្រ
(៨. អស្សខឡុង្កសុត្តំ)

[១៤២] ម្នាល​ភិក្ខុ​ទាំង​ឡាយ តថា​គត​នឹង​សំដែង នូវ​គោត្រនៃ​សេះ ​៣ យ៉ាង នូវ​គោត្រ​នៃ​បុរស ៣ យ៉ាង ចូរអ្នក​ទាំង​ឡាយ ស្តាប់​នូវ​ធម៌​នោះ ចូរ​ធ្វើ​ទុក​ក្នុង​ចិត្ត​ដោយ​ប្រពៃ​ចុះ តថា​គត​នឹង​សំដែង។ ​ ភិក្ខុ​ទាំង​នោះ ​ក៏​ទទួល​ព្រះ​តម្រាស់​ នៃ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ថា ព្រះ​ករុណា ​ព្រះ​អង្គ។ ព្រះ​ដ៏​មាន​ព្រះ​ភាគ ​ទ្រង់​ត្រាស់​ដូច្នេះ​ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ ចុះ​គោត្រ​នៃ​សេះ ​៣ យ៉ាង តើ​ដូច​ម្តេច។ ម្នាល​ភិក្ខុ​ទាំង​ឡាយ គោត្រ​នៃ​សេះ​ខ្លះ ក្នុង​លោកនេះ ជា​វា​ហនៈ បរិបូណ៌​ដោយ​ល្បឿន តែ​មិន​បរិបូណ៌​ដោយ​សម្បុរ មិន​បរិបូណ៌​ដោយ​កំពស់​ និង​មាឌ ១ ម្នាល​ភិក្ខុ​ទាំង​ឡាយ គោត្រ​នៃ​សេះ​ខ្លះ ​ក្នុង​លោក​នេះ ជា​វា​ហនៈ បរិបូណ៌​ដោយ​ល្បឿន​ផង បរិ​បូណ៌​ដោយ​សម្បុរ​ផង តែ​មិន​បរិបូណ៌​ដោយ​កំពស់ និង​មាឌ ១ ម្នាល​ភិក្ខុ​ទាំង​ឡាយ​គោត្រ​នៃ​សេះ​ខ្លះ ក្នុង​លោក​នេះ ជា​វា​ហនៈ បរិបូណ៌​ដោយ​ល្បឿន​ផង​ បរិបូណ៌​ដោយ​​សម្បុរ​ផង បរិបូណ៌​ដោយ​កំពស់​ និង​មាឌ​ផង ១។ ម្នាល​ភិក្ខុ​​ទាំង​ឡាយ​ គោត្រ​នៃ​សេះ​ មាន ៣ យ៉ាង​នេះ​ឯង។ ម្នាល​ភិក្ខុ​ទាំងឡាយ ចុះ​គោត្រ​នៃ​បុរស ៣ យ៉ាង ​តើ​ដូច​ម្តេច។ ម្នាល​ភិក្ខុ​ទាំង​ឡាយ គោត្រនៃ​បុរស​ខ្លះ ក្នុង​លោក​នេះ ជា​អ្នក​បរិបូណ៌​ដោយ​ល្បឿន តែ​មិន​បរិបូណ៌ដោយ​សម្បុរ មិន​បរិបូណ៌​ដោយ​កំពស់​ និង​មាឌ ១ ម្នាល​ភិក្ខុ​ទាំង​ឡាយ គោត្រ​នៃ​បុរស​ខ្លះ ក្នុង​លោក​នេះ ជា​អ្នក​បរិបូណ៌​ដោយ​ល្បឿន​ផង បរិបូណ៌ដោយ​សម្បុរ​ផង តែមិន​បរិបូណ៌​ដោយ​កំពស់​ និង​មាឌ ១ ម្នាល​ភិក្ខុ​ទាំង​ឡាយ គោត្រ​នៃ​បុរស​ខ្លះ ក្នុង​លោក​នេះ ជាអ្នក​បរិបូណ៌​ដោយល្បឿន​ផង បរិបូណ៌​ដោយ​សម្បុរ​ផង បរិបូណ៌​ដោយ​កំពស់ និង​មាឌផង ១។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ចុះ​គោត្រ​នៃ​បុរស ជា​អ្នក​បរិបូណ៌ដោយ​ល្បឿន តែ​មិន​បរិបូណ៌​​ដោយ​សម្បុរ មិន​បរិបូណ៌​ដោយ​កំពស់ និង​មាឌ តើ​ដូច​ម្តេច។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុ​ក្នុង​សាសនានេះ ដឹង​ច្បាស់​តាម​សេច​ក្តី​ពិត​ថា នេះ​ជា​ទុក្ខ។ បេ។ ដឹង​ច្បាស់តាម​សេច​ក្តី​ពិត​ថា នេះ​ជា​បដិបទា​ ជា​ដំណើរ​ទៅ​កាន់​សេច​ក្តី​រលត់​ទុក្ខ។ តថា​គត​ហៅថា នេះ​ជា​ល្បឿន ​របស់​ភិក្ខុ​នោះ។ តែ​បើ​ភិក្ខុ​នោះ ​ត្រូវ​គេសាក​សួរ​ប្រ​ស្នា ​ក្នុង​អភិធម្ម ក្នុង​អភិ​វិន័យ រមែង​ស្ងៀម​ស្ងាត់ ដោះ​ស្រាយមិន​រួច។ តថា​គត​ហៅថា នេះ​មិន​មែន​ជា​សម្បុរ​ របស់​ភិក្ខុ​នោះ​។ ទាំង​ភិក្ខុ​នោះ ​ក៏​ជា​អ្នក​ឆ្នែង​លាភ ចំពោះចីវរ បិណ្ឌ​បាត សេនា​សនៈ និងបរិក្ខារ គឺថ្នាំ ​ជា​បច្ច័យ​ដល់​អ្នក​ជម្ងឺ។ តថាគត​ហៅថា នេះ​មិន​មែន​ជាកំពស់ និង​មាឌ​ របស់​ភិក្ខុ​នោះ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ គោត្រ​នៃ​បុរស ជា​អ្នក​បរិបូណ៌​ដោយ​ល្បឿន តែ​មិន​បរិបូណ៌​ដោយ​សម្បុរ មិន​បរិ​បូណ៌ដោយ​កំពស់ និង​មាឌ ​យ៉ាង​នេះ​ឯង។ ​ ម្នាល​ភិក្ខុ​ទាំង​ឡាយ ចុះ​គោត្រ​នៃ​បុរស ជា​អ្នក​បរិបូណ៌​ដោយ​ល្បឿន​ផង បរិបូណ៌ដោយ​សម្បុរ​ផង តែ​មិន​បរិបូណ៌​ដោយ​កំពស់ ​និង​មាឌ តើ​ដូច​ម្តេច។ ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុ​ក្នុងសាសនា​​នេះ ដឹង​ច្បាស់​តាមសេច​ក្តី​ពិត​​ថា នេះ​ជាទុក្ខ។ បេ។ ដឹង​ច្បាស់​តាម​សេច​ក្តី​ពិត​ថា នេះ​ជា​បដិបទា ជាដំណើរ​ទៅ​កាន់​ទី​រលត់​ទុក្ខ។ តថា​គត​ហៅថា នេះ​ជា​ល្បឿន​របស់ភិក្ខុ​នោះ។ ភិក្ខុ​នោះ​ កាល​បើ​គេ​សាក​សួរ​ប្រស្នា ក្នុង​អភិធម្ម ក្នុង​អភិវិន័យ រមែង​ដោះ​ស្រាយ​រួច មិន​ស្ងៀមស្ងាត់​។ តថា​គត​ហៅថា នេះ​ជា​សម្បុរ ​របស់​ភិក្ខុ​នោះ។ តែ​ភិក្ខុ​នោះ​ ជា​អ្នក​ឆ្នែង​លាភ ចំពោះចីវរ ​បិណ្ឌ​បាត សេនាសនៈ ​និង​បរិក្ខារ គឺ​ថ្នាំ ​ជា​បច្ច័យ​ដល់​អ្នក​ជម្ងឺ។ តថា​គត​ហៅថា នេះ​មិន​មែន​ជា​កំពស់​ និង​មាឌ​ របស់​ភិក្ខុ​នោះ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ គោត្រ​នៃ​បុរស ជា​អ្នក​បរិបូណ៌​ដោយ​ល្បឿន​ផង បរិបូណ៌​ដោយ​សម្បុរ​ផង តែ​មិន​បរិបូណ៌​ដោយ​កំពស់​ និង​មាឌ​ យ៉ាង​នេះឯង។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ចុះ​គោត្រ​នៃ​បុរស ជា​អ្នក​បរិបូណ៌​ដោយល្បឿន​ផង បរិបូណ៌​ដោយ​សម្បុរ​ផង បរិបូណ៌​ដោយកំពស់​ និង​មាឌផង តើ​ដូច​ម្តេច។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុ​ក្នុង​សាសនា​នេះ ដឹងច្បាស់​តាម​សេចក្តី​ពិត​ថា នេះ​ជា​ទុក្ខ។ បេ។ ដឹង​ច្បាស់​តាម​សេចក្តីពិត​ថា នេះ​ជា​បដិបទា ជា​ដំណើរ​ទៅ​កាន់​ទី​រលត់​ទុក្ខ។ តថា​គតហៅថា នេះ​ជា​ល្បឿន ​របស់​ភិក្ខុ​នោះ។ ភិក្ខុ​នោះ ​កាល​បើ​គេ​សាក​សួរប្រស្នា ក្នុង​អភិធម្ម ក្នុង​អភិវិន័យ រមែង​ដោះស្រាយ​រួច មិន​ស្ងៀម​ស្ងាត់។ តថា​គត​ហៅថា នេះ​ជា​សម្បុរ ​របស់​ភិក្ខុ​នោះ។ ទាំង​ភិក្ខុនោះ ក៏​ជាអ្នក​ស្វាក់​លាភ ​ចំពោះ​ចីវរ បិណ្ឌ​បាត សេនាសនៈ និង​បរិក្ខារ គឺ​ថ្នាំ​ ជា​បច្ច័យ​ដល់​អ្នក​ជម្ងឺ។ តថា​គត​ហៅថា ​នេះ​ជា​កំពស់​ និង​មាឌ របស់​ភិក្ខុ​នោះ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ គោត្រ​នៃ​បុរស ជា​អ្នក​បរិបូណ៌ដោយ​ល្បឿន​ផង បរិបូណ៌​ដោយ​សម្បុរ​ផង បរិបូណ៌​ដោយ​កំពស់​ និង​មាឌ​ផង យ៉ាង​នេះ​ឯង។ ម្នាល​ភិក្ខុ​ទាំង​ឡាយ គោត្រ​នៃ​បុរស មាន ៣ យ៉ាង​នេះ​ឯង។

(អស្សបរស្សសូត្រ ទី៩)

(៩. អស្សបរស្សសុត្តំ)

[១៤៣] ម្នាល​ភិក្ខុ​ទាំង​ឡាយ តថា​គត​នឹង​សំដែង​នូវ​សេះរាប​សា​ ៣​ពួក​ផង នូវ​បុរស​រាប​សា​ ៣​ពួក​ផង ចូរ​អ្នក​ទាំង​ឡាយ ​ស្តាប់​នូវ​ធម៌នោះ ចូរ​ធ្វើ​ទុក​ក្នុង​ចិត្ត​ដោយ​ប្រពៃ​ចុះ តថា​គត​នឹង​សំដែង។ ភិក្ខុ​ទាំងនោះ ទទួល​ព្រះ​តម្រាស់ នៃ​ព្រះដ៏​មាន​ព្រះភាគ​ថា ព្រះករុណា​ ព្រះអង្គ​។ ទើប​ព្រះ​ដ៏​មាន​ព្រះ​ភាគ ​ទ្រង់​ត្រាស់​ដូច្នេះ​ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ ចុះ​សេះរាប​សា ​៣​ពួក តើ​ដូច​ម្តេច។ ម្នាល​ភិក្ខុ​ទាំង​ឡាយ សេះ​រាប​សា​ខ្លះ ក្នុងលោក​នេះ បរិបូណ៌​ដោយ​ល្បឿន តែ​មិន​បរិ​បូណ៌​ដោយ​សម្បុរ មិន​បរិបូណ៌ដោយ​កំពស់​ និង​មាឌ ១ ម្នាល​ភិក្ខុ​ទាំង​ឡាយ សេះ​រាប​សា​ខ្លះ ក្នុង​លោកនេះ បរិបូណ៌​ដោយ​ល្បឿន​ផង បរិបូណ៌​ដោយ​សម្បុរ​ផង តែ​មិន​បរិបូណ៌ដោយ​កំពស់ និង​មាឌ ១ ម្នាល​ភិក្ខុ​ទាំង​ឡាយ សេះ​រាប​សា​ខ្លះ ​ក្នុង​លោក​នេះ បរិបូណ៌​ដោយ​ល្បឿន​ផង បរិបូណ៌​ដោយ​សម្បុរ​ផង បរិបូណ៌​ដោយ​កំពស់ និង​មាឌ​ផង ១។ ម្នាល​ភិក្ខុ​ទាំង​ឡាយ សេះ​រាប​សា​ មាន ៣ ពួក​នេះ​ឯង។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ចុះ​បុរស​រាប​សា ​៣ពួក តើ​ដូច​ម្តេច។ ម្នាលភិក្ខុ​ទាំង​ឡាយ បុរស​រាប​សា​ខ្លះ ក្នុង​លោក​នេះ ជា​អ្នក​បរិបូណ៌​​ដោយល្បឿន តែ​មិន​បរិបូណ៌​ដោយ​សម្បុរ មិន​បរិបូណ៌ ដោយ​កំពស់​ និង​មាឌ ១ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុរស​រាប​សា​ខ្លះ ក្នុង​លោក​នេះ បរិបូណ៌​ដោយល្បឿន​ផង បរិបូណ៌​ដោយ​សម្បុរ​ផង តែ​ទាស់​មិន​បរិបូណ៌​ដោយ​កំពស់​ និងមាឌ ១ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុរស​រាប​សា​ខ្លះ ក្នុង​លោក​នេះ បរិបូណ៌ដោយ​ល្បឿន​ផង បរិបូណ៌​ដោយ​សម្បុរ​ផង បរិបូណ៌​ដោយ​កំពស់​ និងមាឌ​ផង ១។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ចុះ​បុរស​រាប​សា ជា​អ្នក​បរិបូណ៌​ដោយ​ល្បឿន តែ​មិន​បរិបូណ៌​ដោយ​សម្បុរ មិន​បរិបូណ៌​ដោយ​កំពស់​ និង​មាឌ ​តើដូច​ម្តេច។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុ​ក្នុង​សាសនា​នេះ ជា​ឱបបាតិកៈ​កំណើត (កើត​ក្នុង​សុទ្ធា​វាស) បរិនិព្វាន​ក្នុង​សុទ្ធា​វាស​នោះ មាន​សភាព​មិន​ត្រឡប់ចាក​លោក​នោះ​មក​វិញ​ឡើយ ព្រោះ​អស់​ទៅ ​នៃ​ឱរម្ភាគិយ​សញ្ញោ​ជនៈ ៥ តថា​គត​ហៅថា នេះជា​ល្បឿន​ របស់​ភិក្ខុ​នោះ។ តែបើភិក្ខុ​នោះ ត្រូវ​គេ​សាក​សួរ​ប្រស្នា ​ក្នុង​អភិធម្ម ក្នុង​អភិវិន័យ រមែង​ស្ងៀម​ស្ងាត់ ដោះស្រាយ​មិន​រួច។ តថា​គត​ហៅថា នេះ​មិន​មែន​ជា​សម្បុរ​ របស់​ភិក្ខុ​នោះ​។ ទាំងភិក្ខុ​នោះ ជា​អ្នក​ឆ្នែង​លាភ ​ចំពោះ​ចីវរ​ បិណ្ឌ​បាត​សេនា​សនៈ ​និង​បរិក្ខារ ​គឺ​ថ្នាំ ជា​បច្ច័យ​ដល់​អ្នក​ជម្ងឺ។ តថា​គត​ហៅថា នេះ​មិន​មែន​កំពស់​ និង​មាឌ ​របស់ភិក្ខុ​នោះ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុរស​រាប​សា ជា​អ្នក​បរិបូណ៌​​ដោយ​ល្បឿន តែ​មិន​បរិបូណ៌​ដោយ​សម្បុរ​ មិន​បរិបូណ៌​ដោយ​កំពស់​ និង​មាឌ ​យ៉ាង​នេះ​ឯង។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ចុះ​បុរស​រាប​សា ជា​អ្នក​បរិបូណ៌​ដោយ​ល្បឿន​ផង បរិបូណ៌​ដោយ​សម្បុរ​ផង តែមិន​បរិបូណ៌​ដោយ​កំពស់ ​និង​មាឌ តើ​ដូច​ម្តេច។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុ​ក្នុង​សាសនា​នេះ ជាឱបបាតិកៈ​កំណើត (កើត​ក្នុងសុទ្ធា​វាស) បរិនិព្វាន​ក្នុង​សុទ្ធា​វាស​នោះ មាន​សភាព​មិន​ត្រឡប់​ចាក​លោក​នោះ​​មក​វិញ​ឡើយ ព្រោះ​អស់​ទៅ នៃ​​ឱរម្ភាគិយ​សញ្ញោ​ជនៈ ៥។ តថា​គតហៅថា នេះ​ជា​ល្បឿន​ របស់​ភិក្ខុ​នោះ។ ភិក្ខុ​នោះ ​បើ​ត្រូវ​គេ​សាក​សួរ​ប្រស្នា ក្នុង​អភិធម្ម ក្នុង​អភិវិន័យ រមែង​ដោះស្រាយ​រួច​ មិន​ស្ងៀម​ស្ងាត់។ តថា​គត​ហៅថា នេះ​ជា​សម្បុរ​របស់​ភិក្ខុ​នោះ។ តែ​ភិក្ខុ​នោះ​ឯង ជា​អ្នក​ឆ្នែងលាភ ​ចំពោះ​ចីវរ បណ្ឌិ​បាត សេនាសនៈ និង​បរិក្ខារ ​គឺ​ថ្នាំ ​ជា​បច្ច័យ​​ដល់អ្នក​ជម្ងឺ។ តថា​គត​ហៅថា នេះ​មិន​មែន​ជា​កំពស់​ និង​មាឌ​ របស់​ភិក្ខុ​នោះ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុរស​រាប​សា ជា​អ្នក​បរិបូណ៌​ដោយ​ល្បឿនផង បរិបូណ៌​ដោយ​សម្បុរ​ផង តែ​ទាស់​មិន​បរិបូណ៌​ដោយ​កំពស់​ និង​មាឌ​ យ៉ាងនេះ​ឯង​។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ចុះ​បុរស​រាប​សា ​ជា​អ្នក​បរិបូណ៌​ដោយ​ល្បឿនផង បរិបូណ៌​ដោយ​សម្បុរ​ផង បរិបូណ៌​ដោយ​កំពស់ ​និង​មាឌ​ផង តើ​ដូចម្តេច។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុ​ក្នុង​សាសនា​នេះ ជា​ឱបបាតិកៈ​កំណើត (កើត​ក្នុង​សុទ្ធា​វាស) បរិនិព្វាន​ក្នុង​សុទ្ធា​វាស​នោះ មាន​សភាព​មិន​ត្រឡប់ ចាក​លោក​នោះ​មក​វិញ​ឡើយ ព្រោះ​អស់​ទៅ ​នៃ​ឱរម្ភាគិយ​សញ្ញោជនៈ ៥។ តថាគត​ហៅថា នេះ​ជា​ល្បឿន ​របស់​ភិក្ខុ​នោះ។ ភិក្ខុ​នោះ បើ​ត្រូវគេ​សាក​សួរ​ប្រស្នា ក្នុង​អភិធម្ម ក្នុង​អភិវិន័យ រមែង​ដោះស្រាយ​រួច មិន​ស្ងៀម​ស្ងាត់។ តថា​គត​ហៅថា នេះ​ជា​គុណ ​របស់​ភិក្ខុ​នោះ។ ទាំង​ភិក្ខុ​នោះ ជា​អ្នក​ស្វាក់​លាភ​ ចំពោះ​ចីវរ បិណ្ឌបាត សេនាសនៈ និងបរិក្ខារ​ គឺ​ថ្នាំ​ ជា​បច្ច័យ​ដល់​អ្នក​ជម្ងឺ។ តថា​គត​ហៅថា នេះ​ជា​កំពស់​ និង​មាឌ របស់​ភិក្ខុ​នោះ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុរស​រាប​សា ជា​អ្នក​បរិបូណ៌​ដោយល្បឿន​ផង បរិបូណ៌​ដោយ​សម្បុរ​ផង បរិបូណ៌​ដោយ​កំពស់ ​និង​មាឌ​ផង យ៉ាង​នេះ​​​​​ឯង។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុរស​រាប​សា មាន ៣ ពួក​នេះ​ឯង។

(អស្សាជានីយសូត្រ ទី១០)

(១០. អស្សាជានីយសុត្តំ)

[១៤៤] ម្នាល​ភិក្ខុ​ទាំង​ឡាយ តថា​គត​នឹង​សំដែង ​នូវ​សេះ​អា​ជានេយ្យ​ដ៏​ល្អ ៣ ពួក​ផង នូវ​បុរស​អាជានេយ្យ​ដ៏​ល្អ ៣ ពួក​ផង ចូរ​អ្នក​ទាំងឡាយ ស្តាប់​ធម៌​នោះ ចូរ​ធ្វើ​ទុក​ក្នុង​ចិត្ត ដោយ​ប្រពៃ​ចុះ តថា​គត​នឹងសំដែង។ ភិក្ខុ​ទាំង​នោះ ​ទទួល​ព្រះតម្រាស់ ​នៃ​ព្រះ​ដ៏មាន​ព្រះភាគ​ថា ព្រះករុណា ​ព្រះអង្គ។ ​ ព្រះដ៏​មាន​ព្រះ​ភាគ ទ្រង់​ត្រាស់​ដូច្នេះ​ថា ចុះ​សេះអាជានេយ្យ​ដ៏​ល្អ ៣​ ពួក តើ​ដូច​ម្តេច។ ម្នាល​ភិក្ខុ​ទាំង​ឡាយ សេះ​អាជា​នេយ្យ​ដ៏​ល្អ​ខ្លះ ក្នុង​លោក​នេះ។ បេ។ ​ ជា​វា​ហនៈ ​បរិបូណ៌​ដោយ​ល្បឿនផង បរិបូណ៌​ដោយ​សម្បុរ​ផង បរិបូណ៌​ដោយ​កំពស់ ​និង​មាឌ​ផង ១។ ម្នាល​ភិក្ខុ​ទាំង​ឡាយ សេះ​អា​ជា​នេយ្យ​ដ៏​ល្អ​ មាន ៣ ពួក​នេះ​ឯង។ ម្នាលភិក្ខុ​ទាំង​ឡាយ ចុះ​បុរស​អា​ជា​នេយ្យ ៣ ពួក តើដូច​ម្តេច។ ម្នាល​ភិក្ខុទាំង​ឡាយ បុរស​អា​ជា​នេយ្យ​ដ៏​ល្អ​ខ្លះ ក្នុង​លោក​នេះ។ បេ។ បរិបូណ៌ដោយ​ល្បឿន​ផង បរិបូណ៌​ដោយ​សម្បុរ​ផង បរិបូណ៌ដោយ​កំពស់​ និងមាឌ​ផង ១។ បេ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ចុះ​បុរស​អា​ជា​នេយ្យ​ដ៏​ល្អ ជា​អ្នកបរិបូណ៌​ដោយ​ល្បឿន​ផង បរិបូណ៌​ដោយ​សម្បុរ​​ផង បរិបូណ៌​ដោយ​កំពស់ និង​មាឌ​ផង តើ​ដូច​ម្តេច។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុ​ក្នុង​សាសនា​នេះ ធ្វើឲ្យ​ជាក់​ច្បាស់ ​សម្រេច​នូវ​ចេតោវិមុត្តិ បញ្ញា​វិមុត្តិ​ ដែល​មិន​មាន​អាសវៈ ព្រោះ​អស់​អា​សវៈ ​ដោយ​បញ្ញា​ដ៏​ឧត្តម ដោយ​ខ្លួន​ឯង ក្នុង​បច្ចុប្បន្ន​ សម្រេចសម្រាន្ត​នៅ​។ តថា​គត​ហៅថា នេះ​ជា​ល្បឿន ​របស់​ភិក្ខុ​នោះ​។ ភិក្ខុ​នោះ ​បើ​គេសាក​សួរ​ប្រស្នា ​ក្នុង​អភិធម្ម ក្នុង​អភិវិន័យ រមែង​ដោះស្រាយ​រួច មិន​ស្ងៀមស្ងាត់។ តថា​គត​ហៅថា នេះ​ជា​សម្បុរ​ របស់​ភិក្ខុ​នោះ​។ ទាំង​ភិក្ខុ​នោះ ជាអ្នក​ស្វាក់​លាភ​ ចំពោះ​ចីវរ បិណ្ឌបាត សេនាសនៈ និង​បរិក្ខារ​ គឺ​ថ្នាំ​ ជា​បច្ច័យដល់​អ្នក​ជម្ងឺ។ តថា​គត​ហៅថា នេះ ជាកំពស់​ និង​មាឌ ​របស់​ភិក្ខុ​នោះ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុរស​អា​ជា​នេយ្យ​ដ៏​ល្អ ជា​អ្នក​បរិបូណ៌​ដោយល្បឿន​ផង បរិបូណ៌​ដោយ​សម្បុរ​ផង បរិបូណ៌​ដោយ​កំពស់​ និង​មាឌ​ផង យ៉ាង​នេះ​ឯង​។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុរស​អា​ជា​នេយ្យ​ដ៏​ល្អ​មាន ៣ ពួកនេះ​ឯង។

(បឋមមោរនិវាបសូត្រ ទី១១)

(១១. បឋមមោរនិវាបសុត្តំ)

[១៤៥] សម័យ​មួយ ព្រះ​ដ៏​មាន​ព្រះ​ភាគ ទ្រង់​គង់​ក្នុង​បរិព្វាជ​ការាម ជា​មោរ​និវាបស្ថាន​ ជិត​ក្រុងរាជ​គ្រឹះ​។ ក្នុង​ទី​នោះ​ឯង ព្រះ​ដ៏​មាន​ព្រះភាគ ​ទ្រង់​ត្រាស់​ហៅ​ភិក្ខុ​ទាំង​ឡាយ​ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ​។ ភិក្ខុ​ទាំង​នោះ ទទួល​ព្រះ​តម្រាស់ ​នៃ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ថា ព្រះ​ករុណា​ ព្រះអង្គ។ ព្រះដ៏​មាន​ព្រះ​ភាគ​ ទ្រង់​ត្រាស់​ដូច្នេះ​ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុ​ប្រកប​ដោយធម៌ ៣ យ៉ាង ឈ្មោះ​ថា ​ជា​អ្នក​មាន​សេចក្តី​ចូល​ចិត្ត​ដាច់​ស្រេច មាន​សេចក្តីក្សេម ​ចាក​យោគៈ​ដាច់​ស្រេច មាន​ព្រហ្មចរិយៈ​ដាច់​ស្រេច មាន​ទី​បំផុត​ដាច់ស្រេច ​ប្រសើរ​បំផុត​ ជាង​ទេវតា ​និង​មនុស្ស​ទាំង​ឡាយ។ ប្រកប​ដោយធម៌ ៣ យ៉ាង គឺអ្វីខ្លះ​។ គឺ​ប្រកប​ដោយ​អសេក្ខ​សីល​ក្ខន្ធ ១ អសេក្ខសមា​​ធិក្ខន្ធ ១ អសេក្ខ​បញ្ញា​ខន្ធ ១​។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុ​ប្រកប​ដោយ​ធម៌ ៣ យ៉ាង​នេះ​ឯង ឈ្មោះ​ថា ​ជា​អ្នក​មាន​សេចក្តី​ចូល​ចិត្ត​ដាច់​ស្រេច មានសេចក្តី​​ក្សេម​ ចាក​យោគៈ​ដាច់​ស្រេច មាន​ព្រហ្មចរិយៈ​ដាច់​ស្រេច មាន​ទីបំផុត​ដាច់​ស្រេច ជា​អ្នក​ប្រសើរ​បំផុត​ ជាង​ទេវតា ​និង​មនុស្ស​ទាំង​ឡាយ។

(ទុតិយមោរនិវាបសូត្រ ទី១២)

(១២. ទុតិយមោរនិវាបសុត្តំ)

[១៤៦] ម្នាល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុ​ប្រកប​ដោយ​ធម៌ ៣ យ៉ាង ឈ្មោះ​ថា ជា​អ្នក​មាន​សេចក្តី​ចូល​ចិត្ត​ដាច់​ស្រេច មាន​សេចក្តី​ក្សេម ​ចាកយោគៈ​ដាច់​ស្រេច មាន​ព្រហ្មចរិយៈ​ដាច់​ស្រេច មាន​ទី​បំផុត​ដាច់​ស្រេច ជា​អ្នក​ប្រសើរ​បំផុត ជាង​ទេវតា​ និង​មនុស្ស​ទាំង​ឡាយ។ ប្រកប​ដោយ​ធម៌៣ យ៉ាង ​គឺ​អ្វី​ខ្លះ។ គឺ​ប្រកប​ដោយ​ឥទ្ធិប្បាដិហារ្យ​ ១​ អា​ទេសនា​បាដិហារ្យ ១ អនុ​សាសនី​បាដិហារ្យ ១។ ម្នាល​ភិក្ខុ​ទាំង​​ឡាយ ភិក្ខុ​ប្រកបដោយ​ធម៌ ៣ យ៉ាង​នេះ​ឯង ឈ្មោះ​ថា​ ជា​អ្នក​មាន​សេចក្តី​ចូល​ចិត្ត​ដាច់​ស្រេច មាន​ព្រហ្ម​ចរិយៈ​ដាច់​ស្រេច មាន​ទី​បំផុត​ដាច់​ស្រេច ជា​អ្នក​ប្រសើរ​បំផុត ជាង​ទេវតា ​និង​មនុស្ស​ទាំង​ឡាយ។

(តតិយមោរនិវាបសូត្រ ទី១៣)

(១៣. តតិយមោរនិវាបសុត្តំ)

[១៤៧] ម្នាល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុ​ប្រកប​ដោយ​ធម៌ ៣ យ៉ាងឈ្មោះ​ថា ជា​អ្នក​មាន​សេចក្តី​ចូល​ចិត្ត​ដាច់​ស្រេច មាន​សេចក្តី​ក្សេម ចាក​យោគៈ​ដាច់​ស្រេច មាន​ព្រហ្ម​ចរិយៈ​ដាច់​ស្រេច មាន​ទី​បំផុត​ដាច់ស្រេច ជា​អ្នក​ប្រសើរ​បំផុត ជាង​ទេវតា ​និង​មនុស្ស​ទាំង​ឡាយ។ ប្រកប​ដោយ​ធម៌ ៣ យ៉ាង​ គឺ​អ្វី​ខ្លះ។ គឺ​ប្រកប​ដោយ​សម្មាទិដ្ឋិ (ការ​យល់ប្រពៃ) ១ សម្មា​ញាណ (ការ​ដឹង​ប្រពៃ) ១ សម្មា​វិមុត្តិ (ការ​រួច​ចាក​កិលេស ដោយ​ប្រពៃ) ១​។ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ភិក្ខុ​ប្រកប​ដោយ​ធម៌ ៣ យ៉ាងនេះ​ឯង ឈ្មោះ​ថា​ ជា​អ្នក​មាន​សេចក្តី​ចូល​ចិត្ត​ដាច់​ស្រេច មាន​សេចក្តី​ក្សេម ចាក​យោគៈ​ដាច់​ស្រេច មាន​ព្រហ្មចរិយៈ​ដាច់​ស្រេច មាន​ទី​បំផុត​ដាច់ស្រេច ជា​អ្នក​ប្រសើរ​បំផុត ជាង​ទេវតា​ និង​មនុស្ស​ទាំង​ឡាយ។

ចប់ យោធាជីវវគ្គ ទី៤។

ឧទ្ទាន​នៃ​យោធា​ជីវវគ្គ​នោះ​គឺ

និយាយ​អំពី​យោធា​ជីវៈ ១ អំពី​បរិស័ទ្យ ១ អំពី​មិត្ត ១ អំពី​ព្រះ​តថា​គត​កើត​ឡើង ១ អំពី​សំពត់​កម្តល ដែលត្បាញ​ដោយ​សក់​មនុស្ស ១ អំពី​សម្បទា​ មាន​សទ្ធា​ជាដើម ១ អំពី​វុឌ្ឍិ ១ អំពី​សេះ​ មាន៣លើក ១ អំពី​ព្រះដ៏​មាន​បុណ្យ​នៅ​ក្នុង​បរិព្វាជ​ការាម ជា​មោរ​និវាបស្ថាន មាន៣លើក ១។

មង្គល​វគ្គ ទី៥ (១៥)

((១៥) ៥. មង្គលវគ្គោ)

(អកុសលសូត្រ ទី១)

(១. អកុសលសុត្តំ)

[១៤៨] ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​ប្រកប​ដោយ​ធម៌ ៣ យ៉ាង រមែង​ទៅ​កើត​​ក្នុង​នរក ដូច​ជា​គេ​នាំ​យក​ទៅ​ទំលាក់។ ប្រកប​ដោយ​ធម៌៣ យ៉ាង ​គឺ​អ្វី​ខ្លះ។ គឺ​ប្រកប​ដោយ​កាយ​កម្ម ជាអកុសល​ ១ វចីកម្ម​ ជាអកុសល​ ១ មនោ​កម្ម​ ជា​អកុសល​១។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គលប្រកប​ដោយ​ធម៌ ៣ យ៉ាង​នេះ​ឯង រមែង​ទៅ​កើត​ក្នុង​នរក ដូច​ជា​គេ​នាំយក​ទៅ​ទំលាក់​។ ម្នាល​ភិក្ខុ​ទំាង​ឡាយ បុគ្គល​ប្រកប​ដោយ​ធម៌ ៣ យ៉ាង រមែង​ទៅ​កើត​ក្នុង​ស្ថាន​សួគ៌ ដូច​ជា​គេ​នាំ​យក​ទៅ​ដំកល់​ទុក។ ប្រកប​ដោយ​ធម៌ ៣ យ៉ាង ​គឺ​អ្វី​ខ្លះ។ គឺ​ប្រកប​ដោយ​កាយ​កម្ម ជា​កុសល​ ១ វចីកម្ម​ ជាកុសល​ ១ មនោកម្ម​ ជាកុសល​ ១។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​ប្រកប​ដោយ​ធម៌​ ៣ យ៉ាង​នេះ​ឯង រមែង​ទៅ​​កើត​ក្នុង​ស្ថាន​សួគ៌ ដូច​ជា​គេ​នាំ​យក​ទៅ​ដំកល់​ទុក។

(សាវជ្ជសូត្រ ទី២)

(២. សាវជ្ជសុត្តំ)

[១៤៩] ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​ប្រកប​ដោយ​ធម៌​៣ យ៉ាង។ បេ​។ គឺ​កាយ​កម្ម​​ ប្រកប​ដោយ​ទោស ១ វចីកម្ម ​ប្រកប​ដោយ​ទោស​ ១ មនោកម្ម​ ប្រកប​ដោយ​ទោស ១។ បេ​។ គឺ ​កាយ​កម្ម​ មិន​មាន​ទោស ១ វចីកម្ម​ មិន​មានទោស​ ១ មនោកម្ម​ មិន​មាន​ទោស​ ១។បេ​។

(វិសមសូត្រ ទី៣)

(៣. វិសមសុត្តំ)

[១៥០] ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​ប្រកប​ដោយ​ធម៌​ ៣ យ៉ាង​។ បេ​។ គឺ​កាយ​កម្ម​ មិន​រាប​សា ១ វចីកម្ម ​មិន​រាប​សា​ ១ មនោកម្ម ​មិន​រាប​សា ១។ បេ​។

(អសុចិសូត្រ ទី៤)

(៤. អសុចិសុត្តំ)

[១៥១] ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​ប្រកប​ដោយ​ធម៌​ ៣ យ៉ាង​។ បេ​។ គឺ​កាយ​កម្ម​មិន​ស្អាត ១ វចីកម្ម​មិន​ស្អាត ១ មនោកម្ម​មិន​ស្អាត ១។ បេ​។ គឺ​កាយ​កម្ម​ស្អាត ១ វចីកម្ម​ស្អាត ១ មនោកម្ម​ស្អាត​ ១។ ម្នាល​ភិក្ខុ​ទាំងឡាយ បុគ្គល​ប្រកប​ដោយ​ធម៌​៣ យ៉ាង​នេះ​ឯង រមែង​ទៅ​​​កើត​ក្នុង​ស្ថាន​សួគ៌ ​ដូច​ជា​គេ​នាំ​យក​ទៅ​ដំកល់​ទុក។

(បឋមខតសូត្រ ទី៥)

(៥. បឋមខតសុត្តំ)

[១៥២] ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​ពាល ជា​អ្នក​មិន​ឆ្លៀវ​ឆ្លាស ជា​អសប្បុរស​ ប្រកប​ដោយ​ធម៌​៣ យ៉ាង រមែង​រក្សា​ខ្លួន​ ដែល​ខ្លួន​គាស់​រំលើងផ្តាច់​ផ្តិល (នូវ​គុណ) ជា​អ្នក​ប្រកប​ដោយ​ទោស​ផង ប្រកប​ដោយ​ដំនៀល​ របស់​អ្នក​ប្រាជ្ញ​ផង រមែង​បាន​នូវ​បាប​ជា​ច្រើន​ផង។ ប្រកប​ដោយ​ធម៌៣ យ៉ាង ​គឺ​អ្វី​ខ្លះ។ គឺ​ប្រកប​ដោយ​កាយ​កម្ម ជា​អកុសល ១ វចីកម្ម ជា​អកុសល ១ មនោកម្ម ជា​អកុ​សល ១។ ម្នាលភិក្ខុ​ទាំង​ឡាយ​ បុគ្គល​ពាល ​ជា​អ្នក​មិន​ឆ្លៀវ​ឆ្លាស ជា​អសប្បុរស​ ប្រកប​ដោយ​ធម៌ ៣ យ៉ាង​នេះ​ឯង រមែង​រក្សា​ខ្លួន ដែល​ខ្លួន​គាស់​រំលើង​ ផ្តាច់​ផ្តិល (នូវ​គុណ) ជា​អ្នក​ប្រកប​ដោយ​ទោស​ផង ប្រកប​ដោយ​ដំនៀល​ របស់​អ្នក​ប្រាជ្ញផង រមែង​បាននូវ​បាប​ជា​ច្រើន​ផង។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បណ្ឌិត​ជា​អ្នក​ឆ្លៀវ​ឆ្លាស​ជាសប្បុរស ប្រកប​ដោយ​ធម៌ ៣ យ៉ាង រមែង​រក្សា​ខ្លួន​ ដែល​មិន​គាស់​រំលើង ​មិន​ផ្តាច់​ផ្តិល (នូវ​គុណ) ជា​អ្នក​មិន​មាន​ទោស​ផង មិន​មាន​ដំនៀល ​របស់​អ្នក​ប្រាជ្ញផង រមែង​បាន​នូវ​បុណ្យ​ជា​ច្រើន​ផង។ ប្រកប​ដោយ​ធម៌ ៣ យ៉ាង​ គឺ​អ្វី​ខ្លះ។ គឺ​ប្រកប​ដោយ​កាយ​កម្ម ជា​កុសល ១ វចីកម្មជា​កុសល ១ មនោកម្ម ជា​កុសល​១។ បេ​។ ​

(ទុតិយខតសូត្រ ទី៦)

(៦. ទុតិយខតសុត្តំ)

[១៥៣] ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​ពាល​ប្រកប​ដោយ​ធម៌​ ៣យ៉ាង។ បេ​។ គឺ​កាយ​កម្ម ​ប្រកប​ដោយ​ទោស ១ វចីកម្ម​ ប្រកប​ដោយ​ទោស ១ មនោកម្ម​ ប្រកប​ដោយ​ទោស ១។ បេ​។ គឺ​កាយ​កម្ម​មិន​មាន​ទោស ១ វចីកម្ម​មិន​មាន​ទោស ១ មនោកម្ម​មិន​មាន​ទោស ១។ បេ​។

(តតិយខតសូត្រ ទី៧)

(៧. តតិយខតសុត្តំ)

[១៥៤] ម្នាល​ភិក្ខុ​ទាំង​ឡាយ​ បុគ្គល​ពាល​ប្រកប​ដោយ​ធម៌ ៣ យ៉ាង។ បេ​។ គឺ​​កាយ​កម្ម​មិន​រាប​សា ១ វចីកម្ម​មិន​រាប​សា ១ មនោកម្ម​មិន​រាបសា ១។ បេ​។ គឺ​កាយ​កម្ម​រាប​សា ១ វចីកម្ម​រាប​សា ១ មនោកម្ម​រាប​សា ១។ បេ។

(ចតុត្ថខតសូត្រ ទី៨)

(៨. ចតុត្ថខតសុត្តំ)

[១៥៥] ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​ប្រកបដោយ​ធម៌ ៣ យ៉ាង​។ បេ​។ គឺ​កាយ​កម្ម​មិន​ស្អាត ១ វចីកម្ម​មិន​ស្អាត ១ មនោកម្ម​មិន​ស្អាត ១។ បេ​។ គឺ​កាយ​កម្ម​ស្អាត ១ វចីកម្ម​ស្អាត ១ មនោកម្ម​ស្អាត ១។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បណ្ឌិត​ជា​អ្នក​ឆ្លៀវ​ឆ្លាស ជា​សប្បុរស ​ប្រកប​ដោយ​ធម៌​ ៣​យ៉ាង​នេះ​ឯង រមែង​រក្សា​ខ្លួន​ ដែល​មិន​បាន​​គាស់​រំលើង មិន​ផ្តាច់​ផ្តិល ​(នូវ​គុណ) ជា​អ្នក​មិន​មាន​ទោស​ផង មិន​មាន​ដំនៀល ​របស់​អ្នក​ប្រាជ្ញផង រមែង​បាន​នូវ​បុណ្យ​ជា​ច្រើន​ផង។

(វន្ទនាសូត្រ ទី៩)

(៩. វន្ទនាសុត្តំ)

[១៥៦] ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ការ​ថ្វាយ​បង្គំ​នេះ ​មាន ៣ យ៉ាង។ ការថ្វាយ​បង្គំ ៣ យ៉ាង​ ដូច​ម្តេច​ខ្លះ។ គឺ​ថ្វាយ​បង្គំ​ដោយ​កាយ ១ ដោយ​វា​ចា ១ ដោយ​ចិត្ត​ ១។ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ការ​ថ្វាយ​បង្គំ​ មាន ៣ យ៉ាង​នេះ​ឯង។

(បុព្វណ្ហសូត្រ ទី១០)

(១០. បុព្វណ្ហសុត្តំ)

[១៥៧] ម្នាល​ភិក្ខុ​ទាំង​ឡាយ សត្វ​​ទាំង​ឡាយ​ណា ប្រព្រឹត្ត​សុចរិត​ដោយ​កាយ​ ប្រព្រឹត្ត​សុចរិត​ដោយ​វា​ចា ​ប្រព្រឹត្ត​សុចរិត​ដោយ​ចិត្ត ​ក្នុង​បុព្វណ្ហសម័យ​ម្នាល​​ភិក្ខុ​ទាំង​ឡាយ សត្វ​ទាំង​នេះ ​ឈ្មោះ​ថា​ មាន​បុព្វណ្ហ​សម័យ​ដ៏​ល្អ ម្នាល​ភិក្ខុ​ទាំង​​ឡាយ​ សត្វ​ទាំង​ឡាយ​ណា ប្រព្រឹត្ត​សុចរិត​ដោយ​កាយ ​ប្រព្រឹត្ត​សុចរិត​ដោយ​វា​ចា ប្រព្រឹត្ត​សុចរិត​ដោយ​ចិត្ត ក្នុង​មជ្ឈន្តិក​សម័យ ម្នាល​ភិក្ខុ​ទាំង​ឡាយ សត្វ​ទាំង​នោះ​ ឈ្មោះ​ថា មាន​មជ្ឈន្តិក​សម័យ​ដ៏​ល្អ ម្នាល​ភិក្ខុ​ទាំង​ឡាយ សត្វ​ទាំង​ឡាយ​ណា ប្រព្រឹត្ត​សុចរិត​ដោយ​កាយ ប្រព្រឹត្ត​សុចរិត​ដោយ​វា​ចា ប្រព្រឹត្ត​សុចរិត​ដោយ​ចិត្ត ក្នុង​សាយណ្ហ​សម័យ ម្នាល​ភិក្ខុ​ទាំង​ឡាយ សត្វ​ទាំង​នោះ ​ឈ្មោះ​ថា មាន​សាយណ្ហ​សម័យ​ដ៏​ល្អ។

ពេល​ណា​ដែលសត្វ​ទាំង​ឡាយ ​ប្រព្រឹត្ត​ល្អ​ដោយ​កាយ វា​ចា​ ចិត្ត ពេល​នោះ​ឈ្មោះ​ថា នក្ខត្តឫក្ស​ល្អ មង្គល​ល្អ ពេល​ភ្លឺ​ស្វាង​ល្អ​ ពេល​នៃ​អរុណរះ​ឡើង​​ល្អ ខណៈល្អ ​យាម​ល្អ (ទាន​ដែល​បុគ្គល​បូជា) ដល់​ព្រហ្មចារី​បុគ្គលទាំង​ឡាយ (ក្នុង​ពេល​នោះ) ឈ្មោះ​ថា​ជា​គ្រឿង​បូជា​ល្អ (ក្នុង​ថ្ងៃ​នោះ) កាយ​កម្ម​ឈ្មោះ​ថា នាំ​ឲ្យ​មាន​សេចក្តី​ចំរើន វចីកម្ម ក៏​ឈ្មោះ​ថា នាំឲ្យ​មាន​សេចក្តី​ចំរើន​ មនោកម្ម ក៏ឈ្មោះ​ថា នាំឲ្យ​មាន​សេចក្តី​ចំរើន​ សេចក្តី​ប្រាថ្នា​ទាំង​ឡាយ របស់​អ្នក​ទាំង​នោះ ក៏ឈ្មោះ​ថា នាំឲ្យ​មានសេចក្តី​ចំរើន បុគ្គល​ដែល​បាន​ធ្វើ​នូវ​កាយ​កម្ម វចីកម្ម មនោកម្ម គួរ​ដល់​សេចក្តី​ចំរើន​ហើយ រមែង​បាន​នូវ​ប្រយោជន៍​ ដ៏​ចំរើន​ទាំង​ឡាយ​។ អ្នក​ទាំង​ឡាយ​នោះ ចូរ​បាន​នូវ​ប្រយោជន៍​ បាន​នូវសេចក្តី​សុខ​ ចូរ​ចំរើន​ក្នុង​ព្រះ​ពុទ្ធ​សាសនា ចូរ​កុំ​ឲ្យ​មានរោគ ឲ្យបាន​នូវ​សេចក្តី​សុខ ព្រម​ទាំង​ញាតិ​ទាំងឡាយ​គ្រប់​គ្នា។

ចប់ មង្គលវគ្គ ទី៥។

ឧទ្ទាន​នៃ​មង្គល​វគ្គ​នោះ​គឺ​

និយាយ​អំពី​បុគ្គល​ដែល​ប្រកប​ដោយ​កម្ម​ជា​អកុសល ១ អំពី​កម្ម​ប្រកប​ដោយ​ទោស ​១ ​ព្រម​ទាំង​កម្ម​មិន​រាប​សា ១ កម្ម​មិន​ស្អាត ១ អំពី​បុគ្គល​រក្សា​ខ្លួន ដែល​គាស់​រំលើង (គុណ) ៤លើក ១ អំពី​ការ​ថ្វាយ​បង្គំ ១ អំពីបុព្វណ្ហ​សម័យ​ល្អ ១ ត្រូវ​ជា ១០។ ចប់ តតិយបណ្ណាសក។

សូត្រ​មិន​សង្រ្គោះ​ចូល​ក្នុង​បណ្ណា​សក

អចេលកវគ្គ ទី១ (១៦)

((១៦) ៦. អចេលកវគ្គោ)

(សូត្រ ទី១-៧)

(១៥៧-១៦៣.)

[១៥៨] ម្នាល​ភិក្ខុ​ទាំង​ឡាយ​ បដិបទា​នេះ ​មាន ៣ យ៉ាង។ បដិបទា​ ៣ យ៉ាង ​គឺ​អ្វី​ខ្លះ។ គឺ​ អាគា​ឡ្ហប្បដិបទា​ (ប្រតិប័ទ​គ្រោត​គ្រាត) ១ និជ្ឈាម​ប្បដិបទា​ (ប្រតិប័ទ​ដុត​កំដៅ​ខ្លួន​ហួស​ហេតុ) ១ មជ្ឈិម​ប្បដិបទា (ប្រតិប័ទ​យ៉ាង​កណ្តាល) ១។ ម្នាល​​ភិក្ខុ​ទាំង​ឡាយ ចុះ​អាគា​ឡ្ហប្បដិបទា តើ​ដូច​ម្តេច​។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​ខ្លះ​ ក្នុង​លោក​នេះ ជា​អ្នក​មាន​សេចក្តី​ប្រកាន់​យ៉ាង​នេះ មាន​សេចក្តី​យល់​ឃើញ​ យ៉ាង​នេះ​ថា ទោស​ក្នុង​កាម​ទាំង​ឡាយមិន​មាន ​ដូច្នេះ បុគ្គល​នោះ រមែង​ដល់​នូវ​សភាពជា​អ្នក​ធ្លាក់​ចុះ ​ក្នុង​កាម​ទាំង​ឡាយ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ នេះ​ហៅថា​ ​អាគាឡ្ហ​ប្បដិបទា​។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ចុះ​និជ្ឈាម​ប្បដិបទា តើ​ដូច​ម្តេច​។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​ខ្លះ ​ក្នុង​លោក​នេះ គ្មាន​សំពត់​ (អាក្រាត) លះបង់​ មារយាទ​ល្អ ស៊ី​លិទ្ធ​ដៃ​ ឬ​ជំរះ​ឧច្ចារៈ ដោយ​ម្រាម​ដៃ បើ​គេ​អញ្ជើញថា ចូល​មក ក៏​មិន​មក គេ​ឃាត់​ថា​ឈប់ ក៏មិន​ឈប់ មិន​ត្រេកអរ​នឹង​ភត្ត ដែល​គេ​នាំ​មក​មុន មិន​ត្រេក​អរ​នឹង​ភត្ត​ ដែល​គេ​នាំ​មក​ចំពោះ​ខ្លួន​ មិនត្រេកអរ​នឹង​ការ​និមន្តន៍​ បុគ្គល​នោះ​ មិន​ទទួល​ភត្ត ​អំពី​មាត់​ឆ្នាំង មិនទទួល​ភត្ត​ អំពី​មាត់​កញ្ជើ មិន​ទទួល​ភត្ត ​ដែល​គេ​នាំ​មកកន្លង​ធរណីទ្វារ មិន​ទទួល​ភត្ត ដែល​គេ​នាំ​មកកន្លង​កំណាត់​ឈើ មិន​ទទួល​ភត្ត ​ដែល​គេ​នាំមក​កន្លង​អង្រែ មិន​ទទួល​ភត្ត​របស់​មនុស្ស​ពីរ​នាក់ ដែល​កំពុង​បរិភោគ ​មិន​ទទួល​ភត្ត​របស់​ស្ត្រី​មាន​គភ៌ មិន​ទទួល​ភត្ត​របស់​ស្ត្រី​ ដែល​កំពុង​បំបៅ​កូន មិន​ទទួល​ភត្ត​របស់​ស្ត្រី​ ដែល​កំពុង​នៅ​រួម​នឹង​បុរស មិន​ទទួល​ភត្ត ​ក្នុង​ទីដែលពួក​គ្នា​ឯង​ណែ​នាំ មិន​ទទួល​ភត្ត ​ក្នុង​ទី​ដែល​មាន​ឆ្កែ​នៅ​ចាំ មិន​ទទួល​ភត្ត ក្នុង​ទី​ដែល​មាន​រុយ​រោម មិន​ស៊ី​ត្រី មិន​ស៊ី​សាច់ មិន​ផឹក​សុរា មិន​ផឹកមេរ័យ មិន​ផឹក​ទឹក​​ត្រាំ​ថ្នាំ បុគ្គល​នោះ ​ទទួល​ភត្ត​ចំ​ពោះ​តែ​ក្នុង​ផ្ទះ​មួយ ញុំាងអត្តភាព ​ឲ្យ​ប្រព្រឹត្ត​ទៅ​ ដោយ​ដុំ​បាយ​មួយ​ពំនូត​ខ្លះ ​ទទួល​ភត្ត​ចំពោះ​តែ​ក្នុង​ផ្ទះពីរ ញុំាង​អត្ត​ភាព​ ឲ្យ​ប្រពឹត្ត​ទៅ​ ដោយ​ដុំ​បាយ​ពីរ​ពំនូត​ខ្លះ ទទួល​ភត្ត​ចំពោះតែក្នុង​ផ្ទះ ៧ ញុំាង​អត្តភាព​ឲ្យ​ប្រព្រឹត្ត​ទៅ​ ដោយ​ដុំ​បាយ ៧ ពំនូត​ខ្លះ ញុំាងអត្តភាព​ ឲ្យ​ប្រព្រឹត្ត​ទៅ​ ដោយ​ភត្ត​ក្នុង​ភាជន៍ ១ ខ្លះ​ ញុំាង​អត្តភាព ​ឲ្យ​ប្រព្រឹត្តទៅ​ ដោយ​ភត្ត​ក្នុង​ភាជន៍ ២ ខ្លះ​… ញុំាង​អត្តភាព ​ឲ្យ​ប្រព្រឹត្ត​ទៅ​ ដោយ​ភត្ត​ក្នុង​ភាជន៍ ៧ ខ្លះ… ស៊ី​អាហារ​រំលង ១ ថ្ងៃ​ខ្លះ ស៊ី​អាហារ​រំលង ២ ថ្ងៃ​ខ្លះ… ស៊ី​អាហារ​រំលង ៧ ថ្ងៃ​​ខ្លះ បុគ្គល​នោះ​ ប្រកប​ដោយ​សេចក្តី​​ព្យាយាម ក្នុងការ​ផ្លាស់​ប្តូរ​ នូវ​ការ​បរិភោគ​ភត្ត ​រំលង​កន្លះ​ខែ មាន​សភាព ដូច្នេះ​ឯង។ បុគ្គល​នោះ ​មាន​បន្លែ​ស្រស់​ ជា​អាហារ​ខ្លះ មាន​អង្ករ​ស្រងែ​ ជា​អាហារ​ខ្លះ មានស្កួយ​ ជា​អាហារ​ខ្លះ មាន​កំទេច​ស្បែក​ ជា​អាហារ​ខ្លះ​ មាន​ជ័រ​ជា​អាហារ​ខ្លះមាន​ស្លែ​ ឬ​សារាយ​ ជា​អាហារ​ខ្លះ មាន​កន្ទក់​ជា​អាហារ​ខ្លះ មាន​បាយ​ក្តាំង​ជាអាហារ​ខ្លះ មាន​ម្សៅ​ជា​អាហារ​ខ្លះ មាន​ស្មៅ​ជា​អាហារ​ខ្លះ មាន​អាចម៍​គោ ជា​អាហារ​ខ្លះ មាន​មើម​ឈើ​ និង​ផ្លែឈើក្នុង​ព្រៃ ​ជា​អាហារ​ខ្លះ បរិភោគតែ​ផ្លែឈើ​ដែល​ជ្រុះ​ស្រាប់​ខ្លះ បុគ្គល​នោះ ​ស្លៀក​ដណ្តប់​សំពត់​សម្បក​ឆ្មៃខ្លះ ស្លៀក​ដណ្តប់​សំពត់​ដែល​គេ​ត្បាញ​លាយ​គ្នា​ខ្លះ​ ស្លៀក​ដណ្តប់​សំពត់ ​ដែលបក​ចេញ​អំពី​សាក​សព​ខ្លះ ស្លៀក​ដណ្តប់​សំពត់​បង្សុកូល​ខ្លះ ​ស្លៀក​ដណ្តប់សំបក​ឈើ​ខ្លះ​ ស្លៀក​ដណ្តប់​ស្បែក​ខ្លា​ខ្លះ ស្លៀក​ដណ្តប់​ស្បែក​ខ្លា​ទាំងក្រចក​ខ្លះ ស្លៀក​ដណ្តប់​ស្បូវ​ភ្លាំង​ខ្លះ ស្លៀក​ដណ្តប់​សំពត់​ត្បាញដោយ​សម្បក​ក្រចៅ​ខ្លះ ស្លៀក​ដណ្តប់​ចំរៀក​ក្តារ​ខ្លះ ស្លៀក​ដណ្តប់​សំពត់កម្ពល​ ដែល​ត្បាញ​ដោយ​សក់​មនុស្ស​ខ្លះ​ ស្លៀក​ដណ្តប់​សំពត់​កម្ពល ​ដែលត្បាញ​ដោយ​រោម​កន្ទុយ​សត្វ​ខ្លះ ស្លៀក​ដណ្តប់​សំពត់​ ដែល​ត្បាញ​ដោយស្លាប​មៀម​ខ្លះ ទុក​សក់​ និង​ពុក​មាត់​ ប្រព្រឹត្ត​កាន់​វត្ត ក្នុង​ការ​ព្យាយាមទុក​សក់​ និង​ពុក​មាត់​ខ្លះ ឈរ​សម្រឹង​ហាម​ឃាត់​នូវ​អាសនៈ​ខ្លះ អង្គុយច្រហោង​ ប្រព្រឹត្ត​កាន់​វត្ត ​ក្នុង​ការ​ព្យាយាម​អង្គុយ​ច្រហោង​ខ្លះ ដេក​លើ​បន្លា​ សម្រេច​ការ​ដេក​លើ​បន្លា​ខ្លះ​ ប្រព្រឹត្ត​កាន់​វត្ត​ចុះ​ត្រាំ​ទឹក ១ ថ្ងៃ ៣ ដង​ គឺ​ព្រឹក ថ្ងៃ​ត្រង់​ ល្ងាច​ខ្លះ បុគ្គល​នោះ ប្រព្រឹត្ត​កាន់​វត្ត​ កំដៅ​កាយ​ជា​ច្រើន មានសភាព​យ៉ាង​នេះ ដោយ​ប្រការ​ដូច្នេះ​ឯង ម្នាល​ភិក្ខុ​ទាំង​ឡាយ នេះ​ហៅថា ​និជ្ឈាមប្បដិបទា​។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ចុះ​មជ្ឈិម​ប្បដិបទា​ តើ​ដូច​ម្តេច។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុ​ក្នុង​សាសនា​នេះ ពិចារណា​នូវ​កាយ​ក្នុង​កាយ មាន​ព្យាយាម​ ជា​គ្រឿង​ដុត​កំដៅកិលេស មាន​ប្រាជ្ញាស្មារតី បន្ទោបង់ ​នូវអភិជ្ឈា ​និង​ទោមនស្ស ក្នុង​លោក ក្នុង​វេទនា​ទាំង​ឡាយ​… ក្នុង​ចិត្ត​… ពិចារណា​នូវ​ធម៌​ក្នុង​ធម៌​ទាំង​ឡាយ មាន​ព្យាយាម ​ជា​គ្រឿង​ដុត​កំដៅ​នូវកិលេស មាន​ប្រាជ្ញាស្មារតី បន្ទោបង់​នូវ​អភិជ្ឈា​ និង​ទោម​នស្ស​ក្នុង​លោក។ ម្នាល​ភិក្ខុ​ទាំង​ឡាយ នេះ​ហៅថា​ មជ្ឈិម​ប្បដិបទា​។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បដិបទា​មាន ៣ យ៉ាង​នេះ​ឯង។

[១៥៩] ម្នាល​ភិក្ខុ​ទាំង​ឡាយ បដិបទា​នេះ​ មាន ៣ យ៉ាង​។ បដិបទា​ ៣ យ៉ាង​ គឺ​អ្វី​ខ្លះ។ គឺ​អាគា​ឡ្ហ​ប្បដិបទា ១ និជ្ឈាម​ប្បដិបទា ១ មជ្ឈិម​ប្បដិបទា​ ១​។ ម្នាល​ភិក្ខុ​ទាំងឡាយ ចុះ​អាគាឡ្ហ​ប្បដិបទា​ ដូច​ម្តេច​។ បេ​។ ម្នាល​ភិក្ខុ​ទាំង​ឡាយ នេះ​ហៅថា​ អាគាឡ្ហ​ប្បដិបទា។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ចុះ​និជ្ឈាម​ប្បដិបទា​ តើ​ដូចម្តេច​។ បេ​។ ម្នាល​ភិក្ខុ​ទាំង​ឡាយ នេះហៅថា ​និជ្ឈាម​ប្បដិបទា​។ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ចុះ​មជ្ឈិម​ប្បដិបទា​ តើ​ដូចម្តេច​។ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ភិក្ខុ​ក្នុង​សាសនា​នេះ​ បណ្តុះ​ឆន្ទះ​ឲ្យ​កើត ព្យាយាម ​ប្រារព្ធ​សេចក្តី​ព្យាយាម ផ្គង​ដំកល់​ចិត្ត​ទុក ដើម្បី​ញុំាង​អកុសល​ធម៌​ ដ៏​លា​មក​ ដែល​មិន​ទាន់​កើត មិន​ឲ្យ​កើត​ឡើង បណ្តុះ​ឆន្ទះ​ឲ្យ​កើត ព្យាយាម​ ប្រារព្ធ​សេចក្តី​ព្យាយាម ផ្គង​ដំកល់​ចិត្ត​ទុក ដើម្បី​លះបង់​អកុសល​ធម៌​ ដ៏លាមក​ ដែល​កើត​ឡើង​ហើយ បណ្តុះ​ឆន្ទះ​ឲ្យ​កើត ព្យាយាម ប្រារព្ធសេចក្តី​ព្យាយាម ផ្គងដំកល់​ចិត្ត​ទុក ដើម្បី​ញុំាង​កុសល​ធម៌​ ដែល​មិន​ទាន់កើត ឲ្យ​កើត​ឡើង​ បណ្តុះ​ឆន្ទះឲ្យ​កើត​ឡើង ព្យាយាម ប្រារព្ធ​សេចក្តី​ព្យាយាម ផ្គង​កំដល់​ចិត្ត​ទុក ដើម្បី​ឋិត​ថេរ ដើម្បី​មិន​វិនាស ដើម្បី លូត​លាស់ ដើម្បី​ធំ​ទូលាយ​ ដើម្បី​ចំរើន​ឡើង ដើម្បី​បរិបូណ៌​ នៃ​កុសល​ធម៌​ ដែល​កើត​ឡើង​ហើយ​…​ ចំរើន​ឥទ្ធិបាទ​ ដែល​ប្រកប​ដោយ​ឆន្ទះ​សមាធិ និងបធាន​សង្ខារ ចំរើន​ឥទ្ធិបាទ ​ដែល​ប្រកប​ដោយ​វីរិយ​សមាធិ និង​បធាន​សង្ខារ ចំរើន​ឥទ្ធិបាទ ​ដែល​ប្រកប​ដោយ​ចិត្ត​សមាធិ​ និង​បធាន​សង្ខារ ចំរើន​ឥទ្ធិបាទ ដែល​ប្រកប​ដោយ​វីមំ​សាសមាធិ ​និង​បធាន​សង្ខារ​…​ ចំរើន​សទ្ធិ​ន្រ្ទិយ ចំរើន​វីរិយិន្រ្ទិយ​ ចំរើន​សតិន្រ្ទិយ ចំរើន​សមាធិន្រ្ទិយ​ ចំរើន​បញ្ញិន្រ្ទិយ​…​ ចំរើនសទ្ធា​ពលៈ ចំរើន​វីរិយ​ពលៈ ​ចំរើន​សតិ​ពលៈ ចំរើន​សមាធិ​ពលៈ ​ចំរើន​បញ្ញាពលៈ…​ ចំរើន​សតិ​សម្ពោជ្ឈង្គ ​ចំរើន​ធម្ម​វិចយ​សម្ពោជ្ឈង្គ ចំរើន​វីរិយ​សម្ពោជ្ឈង្គ ចំរើន​បីតិសម្ពោជ្ឈង្គ​ ចំរើន​បស្សទ្ធិ​សម្ពោជ្ឈង្គ​ ចំរើន​សមាធិ​សម្ពោ​ជ្ឈង្គ ចំរើន​ឧបេក្ខា​សម្ពោជ្ឈង្គ​… ​ចំរើន​សម្មា​ទិដ្ធិ ចំរើន​សម្មាសង្កប្បៈ​ ចំរើនសម្មា​វា​ចា ចំរើន​សម្មាកម្មន្តៈ ចំរើន​សម្មា​អាជីវៈ ចំរើន​សម្មា​វា​យាមៈ ចំរើន​សម្មា​សតិ ចំរើន​សម្មា​សមាធិ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ នេះ​ហៅថា មជ្ឈិម​ប្បដិបទា។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បដិបទា ​មាន ៣ យ៉ាង​នេះ​ឯង។

52)

កម្មបថបេយ្យាល ទី២ (១៧)

((១៧) ៧. កម្មបថបេយ្យាលំ)

(សូត្រ ទី១-២០)

(១៦៤-១៨២.)

[១៦០] ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​ប្រកប​ដោយ​ធម៌ ៣ យ៉ាង រមែង​ទៅកើត​ក្នុង​នរក ដូច​ជា​គេ​នាំ​យក​ទៅ​ទំលាក់។ ប្រកប​ដោយ​ធម៌៣ យ៉ាង ​គឺ​អ្វី​ខ្លះ។ គឺ​បុគ្គល ជា​អ្នក​សម្លាប់​សត្វ​ដោយ​ខ្លួន​ឯង ១ ដឹក​នាំបុគ្គល​ដទៃ ក្នុង​ការ​សម្លាប់​​សត្វ ១ ពេញ​ចិត្ត​ក្នុង​ការ​សម្លាប់​សត្វ ១។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​ប្រកប​ដោយ​ធម៌ ៣ យ៉ាង​នេះ​ឯង រមែង​ទៅកើត​ក្នុង​នរក ដូច​ជា​គេ​នាំ​យក​ទៅ​ទំលាក់។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គលប្រកប​ដោយ​ធម៌ ៣ យ៉ាង រមែង​ទៅ​កើត​ក្នុង​ស្ថាន​សួគ៌ ដូច​ជា​គេ​នាំយក​ទៅ​ដំកល់​ទុក។ ប្រកប​ដោយ​ធម៌ ៣ យ៉ាង ​គឺ​អ្វី​ខ្លះ។ គឺ​បុគ្គលវៀរ​ចាក​ការ​សម្លាប់​សត្វ​ដោយ​ខ្លួន​ឯង ១ ដឹក​នាំ​បុគ្គល​ដទៃ ​ក្នុង​ការ​វៀរ​ចាកការ​សម្លាប់​សត្វ ១ ពេញ​ចិត្ត​ក្នុង​ការ​វៀរ​ចាក​ការ​សម្លាប់​សត្វ ១។ បេ។ កាន់​យក​ទ្រព្យ​ ដែល​គេ​មិន​បាន​ឲ្យ​ដោយ​ខ្លួន​ឯង ១ ដឹក​នាំ​បុគ្គល​ដទៃ​ ក្នុងការ​កាន់​យក​ទ្រព្យ​ ដែល​គេ​មិន​បាន​ឲ្យ ១ ពេញ​ចិត្ត​ក្នុង​ការ​កាន់​យក​ទ្រព្យ ដែល​គេមិន​បាន​ឲ្យ​ ១ …​ ជា​អ្នក​វៀរ​ចាក​ការ​កាន់​យក​ទ្រព្យ ​ដែល​គេ​មិនបាន​ឲ្យ​ដោយ​ខ្លួន​ឯង ១ ដឹក​នាំ​បុគ្គល​ដទៃ​ក្នុង​ការ​វៀរ​ចាក​ការ​កាន់​យក​ទ្រព្យ ដែល​គេ​មិន​បាន​ឲ្យ ១ ពេញ​ចិត្ត​ក្នុង​ការ​វៀរ​ចាក​ការ​កាន់​យក​ទ្រព្យ ​ដែលគេ​មិន​បាន​ឲ្យ ១ … ជា​អ្នក​ប្រព្រឹត្ត​ខុស​ ក្នុង​កាម​ទាំង​ឡាយ ​ដោយ​ខ្លួន​ឯង ១ ដឹក​នាំ​បុគ្គល​ដទៃ ​ក្នុង​ការ​ប្រព្រឹត្ត​ខុស ​ក្នុង​កាម​ទាំង​ឡាយ ១ ជា​អ្នក​ពេញចិត្ត ​ក្នុង​ការ​ប្រព្រឹត្ត​ខុស​ ក្នុង​កាម​ទាំង​ឡាយ ១ ​… ជា​អ្នក​វៀរ​ចាក​ការ​ប្រព្រឹត្ត​ខុស ​ក្នុង​កាម​ទាំង​ឡាយ ​ដោយ​ខ្លួន​ឯង ១ ដឹក​នាំ​បុគ្គល​ដទៃ ​ក្នុង​ការ​វៀរ​ចាកការ​ប្រព្រឹត្ត​ខុស ​ក្នុង​កាម​ទាំង​ឡាយ ១ ជា​អ្នក​ត្រេក​អរ​ ក្នុង​ការ​វៀរ​ចាក​ការប្រព្រឹត្ត​ខុស ​ក្នុង​កាម​ទាំង​ឡាយ ១ … ជា​អ្នក​ពោល​ពាក្យ​កុហក ​ដោយ​ខ្លួនឯង ១ ដឹក​នាំ​បុគ្គល​ដទៃ ​ក្នុង​ការ​ពោល​ពាក្យ​កុហក ១ ជា​អ្នក​ពេញ​ចិត្ត ក្នុង​ការ​ពោល​ពាក្យ​កុហក ១ … ជា​អ្នក​វៀរ​ចាក​ការ​ពោល​ពាក្យ​កុហក ដោយ​ខ្លួន​ឯង ១ ដឹក​នាំ​បុគ្គល​ដទៃ ក្នុង​ការ​វៀរ​ចាកការពោល​ពាក្យកុហក ១ ជា​អ្នក​ពេញចិត្ត ក្នុង​ការ​វៀរចាក​ការ​ពោល​ពាក្យ​កុហក ១… ជា​អ្នក​ពោល​ពាក្យ​ញុះញង់ ដោយ​ខ្លួន​ឯង ១ ដឹក​នាំ​បុគ្គល​ដទៃ ​ក្នុង​ការ​ពោល​ពាក្យ​ញុះញង់ ១ ជា​អ្នក​ពេញចិត្ត ​ក្នុង​ការ​ពោល​ពាក្យ​ញុះញង់ ១… ជា​អ្នក​វៀរចាក​ការ​ពោល​ពាក្យ​ញុះញង់ ​ដោយ​ខ្លួន​ឯង ១ ដឹកនាំ​បុគ្គលដទៃ ​ក្នុង​ការ​វៀរ​ចាក​ការ​ពោល​ពាក្យ​ញុះញង់ ១ ជា​អ្នក​ពេញចិត្ត​ ក្នុងការវៀរចាក​ការ​ពោល​ពាក្យ​ញុះញង់ ១ … ជា​អ្នក​ពោល​ពាក្យ​អាក្រក់ ដោយ​ខ្លួន​ឯង ១ ដឹក​នាំ​បុគ្គល​ដទៃ ក្នុង​ការ​ពោល​ពាក្យ​អាក្រក់ ១ ជា​អ្នក​ពេញចិត្ត​ ក្នុង​ការ​ពោល​ពាក្យ​អាក្រក់ ១ … ជា​អ្នក​វៀរចាក​ការនិយាយ​ពាក្យ​អាក្រក់ ១ ដឹក​នាំ​បុគ្គល​ដទៃ ក្នុង​ការ​វៀរ​ចាក​ការ​និយាយពាក្យ​អាក្រក់​ ១ ជា​អ្នក​ពេញ​ចិត្ត ក្នុង​ការ​វៀរចាក​ការ​និយាយ​ពាក្យអាក្រក់​ ១ … ​ជា​អ្នក​និយាយ​ពាក្យ​ឥត​ប្រយោជន៍ ​ដោយ​ខ្លួន​ឯង ១ ជា​អ្នក​ដឹក​នាំ​បុគ្គល​ដទៃ ​ក្នុង​ការ​និយាយ​ពាក្យ​ឥត​ប្រយោជន៍ ១ ជា​អ្នក​ពេញចិត្ត​ ក្នុង​ការ​និយាយ​ពាក្យ​ឥត​ប្រយោជន៍​ ១ …​ ជា​អ្នក​វៀរចាក​ការ​និយាយ​ពាក្យ​ឥត​ប្រយោជន៍​ ដោយ​ខ្លួង​ឯង ១ ដឹក​នាំ​បុគ្គល​ក្នុង​ដទៃ ​ក្នុង​ការ​វៀរចាកការ​និយាយ​ពាក្យ​ឥត​ប្រយោជន៍​ ១ ជា​អ្នក​ពេញ​ចិត្ត​ ក្នុង​ការ​វៀរ​ចាក​ការនិយាយ​​ពាក្យ​ឥត​ប្រយោជន៍ ១ … ​ជា​អ្នក​សំឡឹង​រំពៃ ​នូវ​ទ្រព្យ​បុគ្គល​ដទៃ ដោយ​ខ្លួន​ឯង ១ ដឹក​នាំ​បុគ្គល​ដទៃ​ ក្នុង​ការ​សំឡឹង​រំពៃ ​នូវ​ទ្រព្យ​បុគ្គលដទៃ ១ ជា​អ្នក​ពេញចិត្ត​ ក្នុង​ការ​សំឡឹង​រំពៃ ​នូវ​ទ្រព្យ​បុគ្គល​ដទៃ ១ … ជា​អ្នក​មិន​សំឡឹង​រំពៃ​ នូវ​ទ្រព្យ​បុគ្គល​ដទៃ​ដោយ​ខ្លួន​ឯង ១ ដឹក​នាំ​បុគ្គលដទៃ​ ក្នុង​ការ​មិន​សំឡឹង​រំពៃ​ទ្រព្យ​បុគ្គល​ដទៃ ១ ជា​អ្នក​ពេញចិត្ត​ ក្នុង​ការ​មិនសំឡឹង​រំពៃ​ទ្រព្យ​បុគ្គល​ដទៃ ១ … ​ជា​អ្នក​មាន​ចិត្ត​គុំ​គួន​ដោយ​ខ្លួន​ឯង ១ ដឹក​នាំ​បុគ្គល​ដទៃ ​ក្នុង​ការ​គុំគួន​ ១ ជា​អ្នក​ពេញចិត្ត ​ក្នុង​ការ​គុំគួន ១… ជា​អ្នក​មិន​មាន​ចិត្ត​គុំគួន​ ដោយ​ខ្លួន​ឯង ១ ដឹក​នាំ​បុគ្គល​ដទៃ ក្នុង​ការ​មិន​គុំគួន​ ១ ជា​អ្នក​ពេញចិត្ត ​ក្នុង​ការ​មិន​គុំគួន ១… ជា​អ្នក​មាន​សេចក្តី​យល់​ខុស​ ដោយខ្លួន​ឯង ១ ដឹក​នាំ​បុគ្គល​ដទៃ ​ក្នុង​ការ​យល់​ខុស ១ ជា​អ្នក​ពេញចិត្ត​ ក្នុង​ការយល់​​ខុស ១… ជា​អ្នក​មាន​សេចក្តី​យល់​​ត្រូវ​ ដោយ​​ខ្លួន​ឯង ១ ដឹក​នាំ​បុគ្គលដទៃ ​ក្នុង​សេចក្តី​យល់​ត្រូវ ១ ជា​អ្នក​ពេញចិត្ត ក្នុង​សេចក្តី​យល់​ត្រូវ ១។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​ប្រកប​ដោយ​ធម៌ ៣ យ៉ាង​នេះ​ឯង រមែងទៅ​កើត​ក្នុង​ស្ថាន​សួគ៌ ដូច​ជា​គេ​នាំ​យក​ទៅ​ដំកល់​ទុក។

53)

រាគបេយ្យាល ទី៣ (១៨)

((១៨) ៨. រាគបេយ្យាលំ)

(សូត្រ ទី១)

(១៨៤.)

[១៦១] ម្នាល​ភិក្ខុ​ទាំង​ឡាយ ធម៌ ៣ យ៉ាង​ បុគ្គល​គប្បី​ចំរើន ដើម្បី​ដឹង​ច្បាស់​​នូវ​រាគៈ។ ធម៌ ៣ យ៉ាង ដូច​ម្តេច។ គឺ​ សុញ្ញត​សមាធិ​ ១ អនិមិត្ត​សមាធិ ១ អប្បណិហិត​សមាធិ ​១។ ម្នាលភិក្ខុ​ទាំង​ឡាយ ធម៌ ៣ យ៉ាង​នេះ​ឯង បុគ្គល​គប្បី​ចំរើន ដើម្បី​ដឹង​ច្បាស់ ​នូវ​រាគៈ ម្នាល​ភិក្ខុ​ទាំងឡាយ ធម៌ ៣ យ៉ាង​នេះ បុគ្គល​គប្បី​ចំរើន ដើម្បី​កំណត់​ដឹង។ បេ។ ដើម្បី​អស់​រលីង ដើម្បី​លះបង់ ដើម្បី​អស់​ទៅ ដើម្បី​សូន្យ​ទៅ ដើម្បីវិនាស ដើម្បី​រលត់ ដើម្បី​ផ្តាច់​បង់ ដើម្បី​រលាស់​ចោល នូវរាគៈ​។ ធម៌ ៣ យ៉ាង​នេះ​ បុគ្គល​គប្បីចំរើន ដើម្បី​ដឹង​ច្បាស់​ ដើម្បី​កំណត់​ដឹង ដើម្បីអស់រលីង ដើម្បី​លះបង់​ ដើម្បី​អស់​ទៅ​ ដើម្បី​សូន្យ​ទៅ ដើម្បីវិនាស ដើម្បី​រលត់​ ដើម្បីផ្តាច់​បង់​ ដើម្បី​រលាស់​ចោល ​នូវ​ទោសៈ មោហៈ កោធៈ ឧបនាហៈ​ មក្ខៈ បឡាសៈ​ ឥស្សា​ មច្ឆរិយៈ មាយា សាថេយ្យៈ ថម្ភៈ សារម្ភៈ មានៈ អតិមានៈ មទៈ​ បមាទៈ​។

ចប់ ពួកសូត្រដែលមិនសង្គ្រោះក្នុងបណ្ណាសក។

ឧទ្ទាន​នៃ​រាគ​បេយ្យាល​នោះ​គឺ​54) និយាយ​អំពី​ធម៌​ដែល​អាស្រ័យ​នៅក្នុង​រាគ​បេយ្យាល ​ដែល​លោក​ពោល​ហើយ ថា មាន ១៧ គឺ​រាគៈ ១ ទោសៈ ១ មោហៈ ១ កោធៈ ១ ឧបនាហៈ ​១ ជា​គំរប់ ៥ មក្ខៈ ១ បឡាសៈ ១ ឥស្សា​ ១ មច្ឆរិយៈ ១ មាយា ១ សាថេយ្យៈ ១ ថម្ភៈ ១ សារម្ភៈ ១ មានៈ ១ អតិមានៈ ១ មទៈ​ បមាទៈ ១។ អំពី​សមាធិ ៣ យ៉ាង​គឺ​សុញ្ញតសមាធិ ១ អនិមិត្ត​សមាធិ ១ អប្បណិ​ហិត​សមាធិ ១ ដែល​លោក​កំណត់​ទុក ក្នុង​សមាធិ​មូល​កាបេយ្យាល ដោយ​ហេតុ​ជា​ជំនួយ​ ដែល​ប្រកប​ដោយ​សេចក្តី​ឧបមា​ ដើម្បី​ដឹង​ច្បាស់ ១ ដើម្បី​កំណត់ដឹង​ ១ ដើម្បី​អស់រលីង ១ ដើម្បី​លះបង់ ១ ដើម្បី​អស់​ទៅ ១ ដើម្បីសូន្យ​ទៅ ១ ដើម្បី​វិនាស ១ ដើម្បី​រលត់​ ១ ដើម្បី​ផ្តាច់បង់ ១ ដើម្បី​រលាស់​ចោល ១ រួម​ត្រូវ​ជា ១០។

ចប់ តិកនិបាត។

ចប់ ភាគ៤១។

មាតិកា

លេខ ទំព័រ លេខ​សម្គាល់
សុត្តន្តបិដក sut
អង្គុត្តរនិកាយ sut.an
តិកនិបាត ទុតិយភាគ sut.an.03
បឋមបណ្ណាសក
ពាលវគ្គ sut.an.03.v01
រថការវគ្គ ១៣ sut.an.03.v02
បុគ្គលវគ្គ ៤១ sut.an.03.v03
ទេវទូតវគ្គ ៧៧ sut.an.03.v04
ចូឡវគ្គ ១២០ sut.an.03.v05
ទុតិយបណ្ណាសក
ព្រាហ្មណវគ្គ ១៣២ sut.an.03.v06
មហាវគ្គ ១៧៩ sut.an.03.v07
អានន្ទវគ្គ ២៨៥ sut.an.03.v08
សមណវគ្គ ៣១៨ sut.an.03.v09
លោណផលវគ្គ ៣៤៦ sut.an.03.v10
តតិយបណ្ណាសក
សម្ពោធិវគ្គ ៣៩០ sut.an.03.v11
អាបាយិកវគ្គ ៤០៨ sut.an.03.v12
កុសិនារវគ្គ ៤២៩ sut.an.03.v13
យោធាជីវវគ្គ ៤៥៣ sut.an.03.v14
មង្គលវគ្គ ៤៧២ sut.an.03.v15
ពួកសូត្រមិនសង្រ្គោះចូល ក្នុងបណ្ណាសក ៤៧៨ sut.an.03.v16-18

1)
គ្រឿងសំគាល់របស់​បុគ្គលពាល។
2)
ហេតុរបស់បុគ្គលពាល។
3)
ចរិតរបស់បុគ្គលពាល។
4)
គ្រឿងសំគាល់ របស់បុគ្គលជាបណ្ឌិត។
5)
ហេតុរបស់បុគ្គលជា​បណ្ឌិត។
6)
ចរិតរបស់បុគ្គលជាបណ្ឌិត។
7)
សំដៅយកមនោកម្ម។ (អដ្ឋកថា)។
8)
ប្រកប​ដោយកុសលកម្មបថ ទាំង១០។
9)
ញុំាងមហាជន ឲ្យត្រេកអរ ដោយកុសលកម្មបថ ១០។
10)
សំដៅយកកុសលកម្មបថ។ អដ្ឋកថា។
11)
ប្រកបដោយនវលោកុត្តរធម៌។
12)
ព្រះអង្គញុំាងមហាជន ឲ្យរីករាយ ដោយនវលោកុត្តរធម៌។ អដ្ឋកថា។
13)
វេមានិកប្រេត។ (អដ្ឋកថា)។
14)
សំឡេងផ្ទុះប្រែះៗ ព្រួសរងើកចេញ។
15)
អំពើកៀចក្រាញ ឬអំពើកោង។
16)
ឈ្មោះ​កម្រាលទាំងអស់នេះ បានប្រែក្នុងសៀវភៅ ទី១៤ ទំព័រ ១៦ រួចហើយ។
17)
សំដៅយករបស់​ដែលល្អិតល្អប្រសើរបំផុត។ អដ្ឋកថា។
18)
សំដៅយករបស់ដែលថ្លៃថ្លាយ៉ាងល្មម និងថ្លៃថ្លាយ៉ាងវិសេស។ អដ្ឋកថា។
19)
សំដៅយក​ទាំងនាមកាយ ទាំងករជកាយ។ អដ្ឋកថា។
20)
របស់ដែលបច្ច័យប្រជុំតាក់តែង​ឡើង រមែងមាន៣យ៉ាង។ អដ្ឋកថា។
21)
របស់ដែលបច្ច័យប្រជុំតាក់​តែង​​ឡើង រមែងមាន៣យ៉ាង។ អដ្ឋកថា។
22)
សត្វលោកដែលជាតិបញ្ជូនទៅឲ្យជរា ៗបញ្ជូនទៅឲ្យព្យាធិ ៗបញ្ជូន​ទៅ​ឲ្យ​មរណៈ ៗបញ្ជូនទៅឲ្យជាតិវិញ។
23)
សំដៅយកត្រើយ ៦ គឺ ត្រើយគឺអភិញ្ញា១ បហានៈ១ ឈាន១ ភាវនា១ សច្ឆិកិរិយា១ សមាបត្តិ១។
24)
សំដៅយកខន្ធ៥ អាយតនៈ១២ ធាតុ១៨។ អដ្ឋកថា។
25)
ពួកចោរ ដែលនៅក្នុងដងព្រៃ លបចាំប្លន់អ្នកស្រុក (អដ្ឋកថា)។
26)
១.២.អដ្ឋកថា ថា មិនសន្សំ មិនកសាងកម្មថ្មីទេ ឯផល​កម្មចាស់នោះ នៅខ្សោយ តែលោកធ្វើឲ្យអស់ផលកម្មនោះ មិនឲ្យមានសល់​តទៅទៀត។
27)
28)
ព្យាយាមប្រកបដោយ​អំពើដែលគេធ្វើបានដោយកម្រ (អដ្ឋកថា)។
29)
អដ្ឋកថាន័យ សេចក្តីថា ភពផែនដី ដែលកំណត់ដោយព្រះអាទិត្យ១ ព្រះចន្ទ្រ១ អាច​ផ្សាយរស្មីភ្លឺបានត្រឹមណា ទីត្រឹមណោះ ទុកជាលោកធាតុ១ ឬចក្រវាឡ១។
30)
កំណត់យកលោកធាតុ ឬចក្រវាឡមួយៗ​នោះ មួយពាន់ដង ហៅថា មួយសហស្សីចូឡនិកាលោកធាតុ។ កំណត់យក​សហស្សីចូឡនិកាលោកធាតុនោះ មួយពាន់ដង ហៅថា មួយ​ទ្វិសហស្សីមជ្ឈិមិកា​លោកធាតុ។ លោកធាតុទី២នេះ ហួសវិស័យសាវកហើយ ជាវិស័យ​របស់​ព្រះពុទ្ធប៉ុណ្ណោះ។ ដែលហៅថា ជាតិក្ខេត្តរបស់ព្រះពុទ្ធនោះ សំដៅយក​លោកធាតុទី២នេះឯង គឺក្នុងថ្ងៃ ដែលព្រះពោធិសត្វ ច្យុតចាកទេវលោក មកចាប់បដិសន្ធិ ក្នុងបច្ឆិមភពក្តី ថ្ងៃប្រសូតិក្តី ថ្ងៃចេញមហាភិនិស្ក្រមន៍ក្តី ថ្ងៃត្រាស់ដឹងក្តី ថ្ងៃសំដែងធម្មចក្កប្បវតនសូត្រក្តី ថ្ងៃដាក់អាយុសង្ខារក្តី ថ្ងៃបរិនិព្វានក្តី លោកធាតុទាំងប៉ុណ្ណោះ កម្រើកញាប់ញ័រ។
31)
កំណត់យកទ្វិសហស្សីមជ្ឈិមិកាលោកធាតុនោះ មួយពាន់ដង ហៅថា មួយតិសហស្សីមហាសហស្សីលោកធាតុ។ បើព្រះសម្ពុទ្ធ ប្រាថ្នាផ្សាយ​ព្រះ​សរីរោភា កំចាត់បង់ងងឹត ក្នុងទីមានប្រមាណប៉ុណ្ណេះ ព្រះអង្គ ​អាចផ្សាយបាន ឥតមានទើស។ ទីប៉ុណ្ណេះហើយ ដែលហៅថា អាណាខេត្ត គឺអំណាច​អាដានាដិយបរិត្ត ឥសិគិលិបរិត្ត ធជគ្គបរិត្ត ពោជ្ឈង្គបរិត្ត ខន្ធបរិត្ត មោរបរិត្ត មេត្តបរិត្ត និងរតនបរិត្ត ដែលព្រះសម្ពុទ្ធ ទ្រង់សំដែងហើយ អាច​ផ្សាយ​ដល់ទី​ប្រមាណប៉ុណ្ណោះ។
32)
សំដៅយកវិសយក្ខេត្ត ៗរបស់ព្រះពុទ្ធនេះ ប្រមាណមិនបាន ឥតមានទើសទាល់ឡើយ។ ចំនួនចក្រវាឡនោះ ច្រើនហួស​នឹងគណនាបាន ឧបមាដូចជាបុគ្គលវិសេសណាមួយ ចង់ដឹង​ចំនួន​ចក្រវាឡ ហើយយកគ្រាប់ស្ពៃ ដែលពេញពីផែនដី ដល់ព្រហ្មលោក ក្នុង១សែន​កោដិ​ចក្រវាឡ ទៅរកចក្រវាឡ ក្នុងទិសខាងកើត ឃើញចក្រវាឡ១ ហើយដាក់គ្រាប់​ស្ពៃ១គ្រាប់ ឃើញចក្រវាឡប៉ុន្មាន ក៏ដាក់គ្រាប់ស្ពៃប៉ុណ្ណោះ យ៉ាងនេះ គ្រាប់ស្ពៃទាំងឡាយអស់នោះ មិនគ្រាន់អស់មុន ឯចក្រវាឡ នៅតែមាន​ច្រើន​ទៅ​ទៀត។ ចំណែក​ចក្រវាឡ ក្នុងទិសឯទៀត ក៏មានន័យដូចគ្នាដែរ។
33)
បានដល់សិក្ខាបទដ៏សេស​ទាំងឡាយ លើកលែងតែបារាជិក៤ចេញ ហៅថា តូច និងតូចបន្ទាប់ គឺសង្ឃាទិសេស ជាសិក្ខាបទតូច ថុល្លច្ច័យ តូចបន្ទាប់ ថុល្លច្ច័យតូច បាចិត្តិយ​តូចបន្ទាប់ បាចិត្តិយតូច បាដិទេសនីយ ទុក្កដ ទុព្ភាសិត ឈ្មោះថា តូចបន្ទាប់ៗ។ (អដ្ឋកថា)។
34)
បានដល់សោតាបន្នបុគ្គល សកទាគាមិបុគ្គល និងអនាគាមិបុគ្គល។
35)
បានដល់ព្រះអរហន្ត។ អដ្ឋកថា។
36)
កំណត់យកតាំងអំពី២ជាតិ ទៅដល់៦ជាតិ។ អដ្ឋកថា។
37)
សេចក្តីត្រិះរិះ ចំពោះញាតិថា ពួកញាតិរបស់អាត្មាអញ មានបុណ្យច្រើន។
38)
សេចក្តីត្រិះរិះ ចំពោះជនបទថា ជនបទ​ឯណោះ ក្សេមក្សាន្ត បរិបូណ៌ដោយភិក្ខាហារ។
39)
សេចក្តីត្រិះរិះ កើតឡើងថា ពួកជន​ដទៃ មិនគួរមើលងាយអាត្មាអញឡើយ។ អដ្ឋកថា។
40)
សំដៅយកវិបស្សនូបក្កិលេស ទាំង១០។ អដ្ឋកថា។
41)
នេះជាឈ្មោះ នៃសេចក្តីព្យាយាម។ អដ្ឋកថា។
42)
ព្រៃជាកន្លែងដែលមហាជននាំគ្រឿងបូជា ទៅបូជាពួកភូតបិសាច។ អដ្ឋកថា។
43)
ចេតិយនោះ ជាលំនៅនៃយក្ខ ឈ្មោះគោតមកៈ។ អដ្ឋកថា។
44)
បានដល់ពួកកិលេស។
45)
បាន​ដល់សេចក្តីក្រោធ។ អដ្ឋកថា។
46)
វហន្តិ សព្ទនេះ ប្រែថា បានការ គាប់គួរ ប្រសើរ ថ្លៃថ្នូរ។
47)
ស្រីៗ ដែលមិនគោរពកោតក្រែងប្តី ឬប្រព្រឹត្តទុច្ចរិតផ្សេងៗ ដែលជា​អំពើមិនគាប់ចិត្តប្តី ៗត្រូវបិទបាំងទោស របស់ប្រពន្ធនោះ ទើបគួរ បើក​សំញ៉ែង​ មិនគួរទេ ចំណែកស្ត្រីក្រមុំ ដែលប្រព្រឹត្តឆ្គាំឆ្គង ក៏ត្រូវតែមាតាបិតា ជាដើម ជួយ​បិទបាំង ទើបគួរ បើកសំញ៉ែង មិនគួរ។ មតិរបស់យើង។
48)
ទុកដូចជាអវយវៈ គឺព្រះហស្ថ ទាំង២ ព្រះបាទ​ ទាំង២ របស់ស្តេច។
49)
ទំលាយនូវកងទ័ព មានអាវុធ​យុទ្ធភណ្ឌ ច្រើនសង្កាត់ ច្រើនស្រទាប់។ អដ្ឋកថា។
50)
បានដល់បរិសទ្យ ដែល​មិនសាក​សួរជាមុន ស្រាប់តែប្រតិបត្តិតែម្តង។
51)
បានដល់បរិសទ្យ ដែលដឹងប្រមាណ ហើយ​ប្រតិបត្តិ។ អដ្ឋកថា។
52)
ម. ចប់ អចេលកវគ្គ ទី៦។ ឧទ្ទាននៃអចេលកវគ្គនោះគឺ និយាយអំពីសតិប្បដ្ឋាន១ ឥទ្ធិបាទ១ ឥន្ទ្រិយ១ ពលៈ១ ពោជ្ឈង្គ១ មគ្គ១ ដែលលោកប្រកបហៅថា បដិបទា (ផ្លូវប្រតិប័ទ)។
53)
ម. ចប់ កម្មបថបេយ្យាល។ ឧទ្ទាននៃកម្មបថបេយ្យាលនោះគឺ និយាយអំពីការសម្លាប់សត្វ១ កាន់យកទ្រព្យដែលគេមិនឲ្យ១ ប្រព្រឹត្តខុសក្នុង​កាម១ និយាយកុហក១ និយាយញុះញង់១ និយាយអាក្រក់១ និយាយពាក្យ​ឥត​ប្រយោជន៍១ សំឡឹងរំពៃ ចំពោះទ្រព្យបុគ្គលដទៃ១ សេចក្តីគុំគួន១ សេចក្តីយល់​ខុស១ បណ្ឌិតគប្បីបញ្ចូលកម្មបថទាំងឡាយ ឲ្យគ្រប់ជា៣ ត្រង់បេយ្យាល​ផងចុះ
54)
ឧទ្ទាននេះ មានតែងក្នុងច្បាប់អក្សរភូមា។
km/tipitaka/book_041.txt · ពេលកែចុងក្រោយ: 2023/03/28 08:57 និពន្ឋដោយ Johann