User Tools

Site Tools


Translations of this page?:
km:tipitaka:book_043

មាតិកា

-Namo tassa bhagavato arahato sammā-
ព្រះត្រៃបិដកភាសាខ្មែរ - Tipiṭaka Khmer language
ភាគ ៤៣ - Book 43

Ven. Members of the Sangha, Ven. Theras Valued Upasaka, valued Upasika This is a Work Edition! 1.Edition 20170426 Do not share it further except for editing and working purposes within the transcription project on sangham.net. Only for personal use. If you find any mistake or like to join the merits please feel invited to join here: sangham.net or Upasika Norum on sangham.net Anumodana!

សូម​ថ្វាយបង្គំ​ចំពោះ​ព្រះសង្ឃ, ជំរាបសួរ​ឧបាសក និង​ឧបាសិកា​ទាំង​អស់ នេះ​គឺ​ជា​សេចក្តី​ព្រាងច្បាប់​ការ​បោះ​ពុម្ព​ផ្សាយ! 1.Edition 20170426 សូម​កុំ​ចែក​រំលែក​បន្ថែម​ទៀត ប្រសិន​បើ​មិន​មែន​សម្រាប់​ការ​កែសម្រួល​នៅ sangham.net និង​កិច្ច​ការ​នេះ។ សូម​គិត​ថា​លោក​អ្នក​ត្រូវ​បាន​អញ្ជើញ​ដើម្បី​ចូល​រួម​បុណ្យកុសល​នេះ និង​​សូមប្រាប់​ពួក​យើង​អំពី​កំហុស និង​ប្រើវេទិកា​នេះ: sangham.net ឬ​ប្រាប់​ឧបាសិកា Norum នៅ​លើ sangham.net សូម​អនុមោទនា!

A topic about progress and feedback can be found here: ព្រះត្រៃបិដក ភាគ ០៤៣ - Tipitaka Book 043, for change log on ati.eu see here: រាយការណ៍ ភាគ ០៤៣



book_043.jpg

លេខសម្គាល់
លេខទំព៍រ

ព្រះត្រៃបិដក ភាគ ទី ៤៣

ទ. 1

សុត្តន្តបិដក

អង្គុត្តរនិកាយ

ចតុក្កនិបាត

(ចតុក្កនិបាត)

ចតុត្ថបណ្ណាសក ទី៤

(៤. ចតុត្ថបណ្ណាសកំ)

ឥន្រ្ទិយវគ្គ ទី១ (១៦)

((១៦) ១. ឥន្ទ្រិយវគ្គោ)

(ឥន្ទ្រិយសូត្រ ទី១)

(១. ឥន្ទ្រិយសុត្តំ)

[១]ម្នាលភិក្ខុទាំងឡាយ ឥន្រ្ទិយនេះមាន ៤។ ឥន្រ្ទិយ ៤ គឺអ្វីខ្លះ។ ឥន្រ្ទិយគឺសទ្ធា ១ ឥន្រ្ទិយគឺវីរិយៈ ១ ឥន្រ្ទិយគឺសមាធិ ១ ឥន្រ្ទិយគឺបញ្ញា ១។ ម្នាលភិក្ខុទាំងឡាយ ឥន្រ្ទិយ មាន ៤ នេះឯង។

(សទ្ធាពលសូត្រ ទី២)

(២. សទ្ធាពលសុត្តំ)

[២] ម្នាលភិក្ខុទាំងឡាយ កម្លាំងនេះ មាន ៤។ កម្លាំង ៤ គឺអ្វីខ្លះ។ កម្លាំងគឺសទ្ធា ១ កម្លាំងគឺវីរិយៈ ១ កម្លាំងគឺសមាធិ ១ កម្លាំងគឺបញ្ញា ១។ ម្នាលភិក្ខុទាំងឡាយ កម្លាំងមាន ៤ យ៉ាងនេះឯង។

(បញ្ញាពលសូត្រ ទី៣)

(៣. បញ្ញាពលសុត្តំ)

[៣] ម្នាលភិក្ខុទាំងឡាយ កម្លាំងនេះ មាន ៤។ កម្លាំង ៤ គឺអ្វីខ្លះ។ កម្លាំងគឺបញ្ញា ១ កម្លាំងគឺវីរិយៈ ១ កម្លាំងគឺកម្ម ដែលមិនមានទោស ១ កម្លាំងគឺការសង្គ្រោះ ១។ ម្នាលភិក្ខុទាំងឡាយ កម្លាំងមាន ៤ យ៉ាងនេះឯង។

(សតិពលសូត្រ ទី៤)

(៤. សតិពលសុត្តំ)

[៤] ម្នាលភិក្ខុទាំងឡាយ កម្លាំងនេះ មាន ៤។ កម្លាំង ៤ គឺអ្វីខ្លះ។ កម្លាំងគឺសតិ ១ កម្លាំងគឺសមាធិ ១ កម្លាំងគឺកម្ម ដែលមិនមានទោស ១ កម្លាំងគឺការសង្គ្រោះ ១។ ម្នាលភិក្ខុទាំងឡាយ កម្លាំងមាន ៤ យ៉ាងនេះឯង។

(បដិសង្ខានពលសូត្រ ទី៥)

(៥. បដិសង្ខានពលសុត្តំ)

[៥] ម្នាលភិក្ខុទាំងឡាយ កម្លាំងនេះ មាន ៤។ កម្លាំង ៤ គឺអ្វីខ្លះ។ កម្លាំង គឺការ ពិចារណាមុន ហើយទើបធ្វើ ១ កម្លាំងគឺការចំរើនកុសល ដែលមិនទាន់មាន ឲ្យមានឡើង ១ កម្លាំងគឺកម្ម ដែលមិនមានទោស ១ កម្លាំងគឺការសង្គ្រោះ ១។ ម្នាលភិក្ខុទាំងឡាយ កម្លាំងមាន ៤ យ៉ាងនេះឯង។

(កប្បសូត្រ ទី៦)

(៦. កប្បសុត្តំ)

[៦] ម្នាលភិក្ខុទាំងឡាយ អសង្ខេយ្យ (កាលដែលយូររាប់មិនបាន) នៃកប្បនេះ មាន ៤។ អសង្ខេយ្យ ៤ គឺអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ កាលកប្បសូន្យទៅ តាំងមានឡើង កម្រនឹងរាប់ថា ប៉ុណ្ណេះឆ្នាំ ប៉ុណ្ណេះរយឆ្នាំ ប៉ុណ្ណេះពាន់ឆ្នាំ ឬប៉ុណ្ណេះសែនឆ្នាំ ១។ ម្នាលភិក្ខុទាំងឡាយ កាលកប្បតាំងនៅក្នុងចន្លោះវិនាសទៅ តាំងមានឡើង ក៏កម្រនឹងរាប់ថា ប៉ុណ្ណេះឆ្នាំ ប៉ុណ្ណេះរយឆ្នាំ ប៉ុណ្ណេះពាន់ឆ្នាំ ឬប៉ុណ្ណេះសែនឆ្នាំ ១។ ម្នាលភិក្ខុទាំងឡាយ កាលកប្បត្រឡប់ចំរើន តាំងមានឡើងវិញ ក៏កម្រនឹងរាប់ថា ប៉ុណ្ណេះឆ្នាំ ប៉ុណ្ណេះរយឆ្នាំ ប៉ុណ្ណេះពាន់ឆ្នាំ ឬប៉ុណ្ណេះសែនឆ្នាំ ១។ ម្នាលភិក្ខុទាំឡាយ កាលកប្បតាំងនៅក្នុងចន្លោះ ចំរើន តាំងមានឡើង ក៏កម្រនឹងរាប់ថា ប៉ុណ្ណេះឆ្នាំ ប៉ុណ្ណេះរយឆ្នាំ ប៉ុណ្ណេះពាន់ឆ្នាំ ឬប៉ុណ្ណេះសែនឆ្នាំ ១។ ម្នាលភិក្ខុទាំងឡាយ អសង្ខេយ្យ នៃកប្ប មាន ៤ យ៉ាងនេះឯង។

(រោគសូត្រ ទី៧)

(៧. រោគសុត្តំ)

[៧] ម្នាលភិក្ខុទាំងឡាយ រោគនេះ មាន ២ យ៉ាង។ រោគ ២យ៉ាង គឺអ្វីខ្លះ។ គឺកាយិករោគ (រោគកាយ) ១ ចេតសិករោគ (រោគចិត្ត) ១។ ម្នាលភិក្ខុទាំងឡាយ សត្វទាំងឡាយ រមែងប្រាកដដោយកាយិករោគ តែងប្តេជ្ញាថា មិនមានរោគអស់ ១ឆ្នាំ ក៏មាន តែងប្តេជ្ញាថា មិនមានរោគ អស់ ២ឆ្នាំ ក៏មាន តែងប្តេជ្ញាថា មិនមានរោគអស់ ៣ឆ្នាំ ក៏មាន តែងប្តេជ្ញាថា មិនមានរោគ អស់៤ឆ្នាំក៏មាន តែងប្តេជ្ញាថា មិនមានរោគអស់ ៥ ឆ្នាំក៏មាន តែងប្តេជ្ញាថា មិនមានរោគ អស់ ១០ឆ្នាំក៏មាន តែងប្តេជ្ញាថា មិនមានរោគ អស់ ២០ ឆ្នាំក៏មាន តែងប្តេជ្ញាថា មិនមានរោគ អស់ ៣០ឆ្នាំក៏មាន តែងប្តេជ្ញាថា មិនមានរោគ អស់ ៤០ឆ្នាំក៏មាន តែងប្តេជ្ញាថា មិនមានរោគ អស់ ៥០ឆ្នាំក៏មាន តែងប្តេជ្ញាថា មិនមានរោគលើសជាង ១០០ឆ្នាំក៏មាន។ ម្នាលភិក្ខុទាំងឡាយ តែថាសត្វទាំងនោះ ដែលប្តេជ្ញាថា មិនមានរោគ ដោយចេតសិក សូម្បីត្រឹមតែវេលាមួយស្របក់ប៉ុណ្ណោះ ក៏រកបានដោយកម្រក្នុងលោក វៀរលែងតែព្រះខីណាស្រព។ ម្នាលភិក្ខុទាំងឡាយ រោគរបស់បព្វជិតនេះ មាន ៤ យ៉ាង។ រោគ ៤យ៉ាង គឺអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ មានសេចក្តីប្រាថ្នាច្រើន មានសេចក្តីចង្អៀតចង្អល់ចិត្តនៅជានិច្ច មិនសន្ដោសដោយចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ តាមមានតាមបាន ១។ កាលភិក្ខុនោះ មានសេចក្ដីបា្រថ្នាច្រើន មានសេចក្ដីចង្អៀតចង្អល់ចិត្តនៅជានិច្ច មិនសន្ដោសដោយចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ តាមមានតាមបានហើយ រមែងតាំងសេចក្ដីបា្រថ្នាលាមក ដើម្បីបាននូវសេចក្ដីថ្កុំថ្កើង ដើម្បីបានលាភសក្ការៈ និងសេចក្ដីសរសើរ ១។ ភិក្ខុនោះ តែងប្រឹងប្រែង ខ្នះខ្នែង ព្យាយាម ដើម្បីបាននូវសេចក្ដីថ្កុំថ្កើង ដើម្បីបាននូវលាភសក្ការៈ និងសេចក្ដីសរសើរ ១។ ភិក្ខុនោះ តែងចូលទៅកាន់ត្រកូល ដើម្បីអោយគេរាប់អាន អង្គុយនៅ (ក្នុងត្រកូល) ដើម្បីអោយគេរាប់អាន ពោលធម៌ (ក្នុងត្រកូល) ដើមី្បអោយគេរាប់អាន អត់ទ្រាំឧច្ចារៈ បស្សាវៈ (ក្នុងត្រកូល) ដើម្បីអោយគេរាប់អាន ១។ ម្នាលភិក្ខុទាំងឡាយ រោគរបស់បព្វជិត មាន ៤ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ក្នុងសាសនានេះ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះថា យើងទាំងឡាយ នឹងមិនជាអ្នកបា្រថ្នាច្រើន មានសេចក្ដីចង្អៀតចង្អល់ចិត្តនៅជានិច្ច មិនសន្ដោសដោយចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិកា្ខរ តាមមានតាមបាន នឹងមិនតាំងសេចក្ដីបា្រថ្នាលាមក ដើម្បីបាននូវសេចក្ដីថ្កុំថ្កើង ដើម្បីបាននូវលាភសក្ការៈ និងសេចក្តីសរសើរ នឹងមិនប្រឹងប្រែង ខ្នះខ្នែង ព្យាយាម ដើម្បីបាននូវសេចក្តីថ្កុំថ្កើង ដើម្បីបានលាភសក្ការៈ និងសេចក្ដីសរសើរ នឹងជាអ្នកចេះអត់ទ្រាំ ចំពោះត្រជាក់ ក្ដៅ សេចក្តីឃ្លាន ស្រេក សម្ផស្សនៃរបោម មូស ខ្យល់ កំដៅថ្ងៃ និងពស់តូច ពស់ធំ ចំពោះពាក្យសំដី ដែលអាក្រក់ ជួជាតិ ជាអ្នកអត់ធ្មត់ ចំពោះវេទនា ដែលកើតឡើង ក្នុងសរីរៈរាងកាយ ដែលជាទុក្ខក្លៀវក្លា ក្រហល់ក្រហាយ ខ្លោចផ្សា មិនត្រជាក់ចិត្ត មិនគាប់ចិត្ត ដែលអាចនឹងឆក់យកជីវិតទៅបាន។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនេះ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះចុះ។

(បរិហានិសូត្រ ទី៨)

(៨. បរិហានិសុត្តំ)

[៨] ក្នុងទីនោះ ព្រះសារីបុត្តដ៏មានអាយុ បានហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុដ៏មានអាយុទាំងឡាយ។ ភិក្ខុទាំងនោះ បានទទួលស្ដាប់ពាក្យព្រះសារីបុត្តដ៏មានអាយុថា ម្នាលអាវុសោ។ ព្រះសារីបុត្តដ៏មានអាយុ បានពោលដូច្នេះថា ម្នាលអាវុសោទាំងឡាយ សហធម្មិកឯណាមួយ ជាភិក្ខុក្ដី ភិក្ខុនីក្ដី ពិចារណាឃើញធម៌ ៤ ប្រការ ដែលមាននៅក្នុងខ្លួន គប្បីចូលចិត្តបានថា អាត្មាអញ សាបសូន្យ ចាកកុសលធម៌ទាំងឡាយ ព្រោះការដែលមានធម៌ ៤ ប្រការនេះ នៅក្នុងខ្លួននុ៎ះ ព្រះដ៏មានព្រះភាគ ត្រាស់ហៅថា ជាសេចក្តីសាបសូន្យ។ ធម៌ ៤ ប្រការ គឺអ្វីខ្លះ។ គឺការដុះដាលរាគៈ ១ ការដុះដាលទោសៈ ការដុះដាលមោហៈ ១ និងមិនមានបញ្ញាចក្ខុ ប្រព្រឹត្តទៅក្នុងឋានៈ និងអដ្ឋានៈដ៏ជ្រាលជ្រៅ ១។ ម្នាលភិក្ខុទាំងឡាយ សហធម្មិកឯណាមួយ ជាភិក្ខុក្តី ភិក្ខុនីក្តី ពិចារណាឃើញធម៌ ៤ ប្រការនេះ មាននៅក្នុងខ្លួន គប្បីចូលចិត្តថា អាត្មាអញ សាបសូន្យ ចាកកុសលធម៌ ព្រោះការដែលមានធម៌ ៤ ប្រការនេះ នៅក្នុងខ្លួននុ៎ះ ព្រះដ៏មានព្រះភាគ ត្រាស់ហៅថា ជាសេចក្តីសាបសូន្យ។ ម្នាលអាវុសោទាំងឡាយ សហធម្មិកឯណាមួយ ជាភិក្ខុក្តី ភិក្ខុនីក្តី ពិចារណាឃើញធម៌ ៤ ប្រការ ដែលមានក្នុងខ្លួន គប្បីចូលចិត្តថា អាត្មាអញ មិនសាបសូន្យ ចាកកុសលធម៌ទាំងឡាយ ព្រោះការដែលមានធម៌ ៤ ប្រការនេះ នៅក្នុងខ្លួននុ៎ះ ព្រះដ៏មានព្រះភាគ ត្រាស់ហៅថា ជាសេចក្តីមិនសាបសូន្យ។ ធម៌ ៤ ប្រការ គឺអ្វីខ្លះ។ គឺការស្រាលស្តើងរាគៈ ១ ការស្រាលស្តើងទោសៈ ១ ការស្រាលស្តើងមោហៈ ១ មានបញ្ញាចក្ខុ ប្រព្រឹត្តទៅក្នុងឋានៈ និងអដា្ឋនៈដ៏ជ្រាលជ្រៅ ១។ ម្នាលអាវុសោទាំងឡាយ សហធម្មិកឯណាមួយ ជាភិក្ខុក្ដី ភិក្ខុនីក្ដី ពិចារណាឃើញធម៌ទាំង ៤ ប្រការនេះ ដែលមាននៅក្នុងខ្លួន គប្បីចូលចិត្តថា អាត្មាអញ មិនសាបសូន្យ ចាកកុសលធម៌ទាំងឡាយឡើយ ព្រោះការដែលមានធម៌ ៤ ប្រការនេះ នៅក្នុងខ្លួននុ៎ះ ព្រះដ៏មានព្រះភាគ ត្រាស់ហៅថា ជាសេចក្ដីមិនសាបសូន្យ។

(ភិក្ខុនីសូត្រ ទី៩)

(៩. ភិក្ខុនីសុត្តំ)

[៩] សម័យមួយ ព្រះអានន្ទដ៏មានអាយុ គង់នៅក្នុងឃោសិតារាម ជិតក្រុងកោសម្ពី។ គ្រានោះ ភិក្ខុនី ១រូប បានហៅបុរសម្នាក់ មកបង្គាប់ថា នែបុរសអើយ ចូរអ្នកមកអាយ ចូរអ្នកចូលរកព្រះអានន្ទជាម្ចាស់ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះបាទា ព្រះអានន្ទជាម្ចាស់ ដោយត្បូង តាមពាក្យរបស់យើងថា បពិត្រព្រះករុណាដ៏ចំរើន ភិក្ខុនីឈ្មោះនេះ មានអាពាធ ទទួលទុក្ខវេទនា ឈឺធ្ងន់ នាងក្រាបថ្វាយបង្គំព្រះបាទា ព្រះអានន្ទជាម្ចាស់ ដោយត្បូងដូច្នេះ ហើយចូរទូលយ៉ាងនេះថា សូមព្រះអានន្ទជាម្ចាស់ ករុណាចូលទៅសួរភិក្ខុនីនោះ ក្នុងសំណាក់ភិក្ខុនី ដោយអាស្រយ័សេចក្ដីអនុគ្រោះផងចុះ។ បុរសនោះ ក៏ទទួលពាក្យនាងភិក្ខុនីនោះថា ព្រះករុណានាងម្ចាស់ ហើយក៏ចូលទៅរកព្រះអានន្ទដ៏មានអាយុ លុះចូលទៅដល់ ទើបថ្វាយបង្គំព្រះអានន្ទដ៏មានអាយុ រួចអង្គុយក្នុងទីសមគួរ។ លុះបុរសនោះ អង្គុយក្នុងទីសមគួរហើយ ទើបទូលព្រះអានន្ទដ៏មានអាយុ ដូច្នេះថា បពិត្រព្រះករុណាដ៏ចំរើន ភិក្ខុនីឈ្មោះនេះ មានអាពាធ ទទួលទុក្ខវេទនា ឈឺធ្ងន់ នាងក្រាបថ្វាយបង្គំព្រះបាទាព្រះអានន្ទជាម្ចាស់ដោយត្បូង រួចនាងពោលយ៉ាងនេះថា បពិត្រលោកម្ចាស់ដ៏ចំរើន សូមព្រះអានន្ទជាម្ចាស់ ករុណាចូលទៅសួរភិក្ខុនីនោះ ក្នុងសំណាក់ភិក្ខុនី ដោយអាស្រ័យសេចក្តីអនុគ្រោះផងចុះ។ ព្រះអានន្ទដ៏មានអាយុ ទទួលនិមន្ត ដោយតុណ្ហីភាព។ លំដាប់នោះ ព្រះអានន្ទដ៏មានអាយុ ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសមយ័ ហើយចូលទៅកាន់លំនៅនាងភិក្ខុនី។ ឯភិក្ខុនីនោះ បានឃើញព្រះអានន្ទដ៏មានអាយុ និមន្តមកអំពីចម្ងាយ លុះឃើញហើយ ក៏សិងលើគ្រែ ដណ្តប់ទទូរទាំងក្បាល។ លំដាប់នោះ ព្រះអានន្ទដ៏មានអាយុ ចូលទៅត្រង់ទី ដែលនាងភិក្ខុនីនោះនៅ លុះចូលទៅដល់ហើយ ក៏គង់លើអាសនៈ ដែលគេក្រាលទុក។ លុះព្រះអានន្ទដ៏មានអាយុ គង់ហើយ ទើបនិយាយទៅនឹងនាងភិក្ខុនីនោះ ដូច្នោះថា ម្នាលនាង កាយនេះ កើតមកដោយអាហារ បុគ្គលអាស្រ័យនូវអាហារហើយ គប្បីលះអាហារចេញ ម្នាលនាង កាយនេះ កើតមកដោយតណ្ហា បុគ្គលអាស្រ័យនូវតណ្ហាហើយ គប្បីលះតណ្ហាចេញ ម្នាលនាង កាយនេះ កើតមកដោយមានះ បុគ្គលអាស្រ័យនូវមានះហើយ គប្បីលះមានះចេញ ម្នាលនាង កាយនេះ កើតមកដោយមេថុន បុគ្គលត្រូវលះបង់នូវមេថុនចេញ ព្រោះថា មេថុននោះ ព្រះដ៏មានព្រះភាគ ត្រាស់ថា ជាទោសសម្លាប់នូវហេតុ។ ក៏ពាក្យដែលយើងពោលហើយថា ម្នាលនាង កាយនេះ កើតមកដោយអាហារ បុគ្គលអាស្រ័យនូវអាហារហើយ គប្បីលះអាហារចេញ ដូច្នេះនេះ ពាក្យនុ៎ះ យើងបានពោលហើយ ព្រោះអាស្រ័យហេតុអ្វី។ ម្នាលនាង ភិក្ខុក្នុងសាសនានេះ បរិភោគនូវអាហារ ពិចារណាដោយឧបាយ មិនបរិភោគដើម្បីលេងទេ មិនបរិភោគដើម្បីស្រវឹងទេ មិនបរិភោគដើម្បីប្រដាប់ទេ មិនបរិភោគដើម្បីស្អិតស្អាងទេ បរិភោគគ្រាន់តែដើម្បីតាំងនៅនៃកាយនេះ ដើម្បីញុំាងជីវិតិន្រ្ទិយ ឲ្យប្រព្រឹត្តទៅ ដើម្បីកំចាត់បង់សេចក្តីលំបាក ដើម្បីអនុគ្រោះព្រហ្មចរិយធម៌ គឺបរិភោគដោយគិតថា អាត្មាអញ នឹងកំចាត់បង់នូវវេទនាចាស់ផង ទាំងមិនឲ្យវេទនាថ្មីកើតឡើងផង ការប្រព្រឹត្តទៅនៃឥរិយាបថ ៤ ក្តី ការមិនមានទោស គឺមិនច្រអូសកាយ មិនច្រអូសចិត្តក្តី ការនៅជាសុខក្តី នឹងមានដល់អាត្មាអញ។ លុះសម័យខាងក្រោយមក ភិក្ខុទាំងនោះ ក៏អាស្រ័យអាហារហើយ លះបង់អាហារចេញ។ ពាក្យណាដែលយើងពោលហើយថា ម្នាលនាង កាយនេះ កើតមកដោយអាហារ បុគ្គលអាស្រ័យនូវអាហារហើយ គប្បីលះអាហារចេញ ដូច្នេះ ពាក្យនុ៎ះ ដែលយើងពោលហើយ ព្រោះអាស្រ័យហេតុនេះឯង។ ក៏ពាក្យថា ម្នាលនាង កាយនេះ កើតមកដោយតណ្ហា បុគ្គលអាស្រ័យនូវតណ្ហាហើយ គប្បីលះតណ្ហាចេញ ដូច្នេះនេះ យើងបានពោលហើយ ពាក្យនុ៎ះ ដែលយើងពោលហើយ ព្រោះអាស្រ័យហេតុអ្វី។ ម្នាលនាង ភិក្ខុក្នុងសាសនានេះ បានឮដំណឹងថា ភិក្ខុឈ្មោះនេះ បានធ្វើឲ្យជាក់ច្បាស់ សម្រេចដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់ អាសវៈទាំងឡាយ។ ភិក្ខុនោះ ក៏មានសេចក្តីត្រិះរិះ យ៉ាងនេះថា កាលណាហ្ន៎ អាត្មាអញ នឹងធ្វើឲ្យជាក់ច្បាស់ សម្រេចដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់អាសវៈទាំងឡាយ។ លុះសម័យខាងក្រោយមក ភិក្ខុនោះ ក៏អាស្រ័យនូវតណ្ហា ហើយលះបង់តណ្ហាបាន។ ពាក្យណា ដែលយើងពោលហើយថា ម្នាលនាង កាយនេះ កើតមកដោយតណ្ហា បុគ្គលអាស្រ័យនូវតណ្ហាហើយ គប្បីលះតណ្ហាចេញ ដូច្នេះ ពាក្យនុ៎ះ យើងបានពោល ហើយ ព្រោះអាស្រ័យហេតុនេះឯង។ ពាក្យដែលថា ម្នាលនាង កាយនេះ កើតមកដោយ មានះ បុគ្គលអាស្រ័យនូវមានះហើយ គប្បីលះមានះចេញ ដូច្នេះនេះ យើងបានពោលហើយ ពាក្យនុ៎ះ ដែលយើងពោលហើយ ព្រោះអាស្រ័យហេតុអ្វី។ ម្នាលនាង ភិក្ខុក្នុងសាសនានេះ បានឮដំណឹងថា ភិក្ខុឈ្មោះនេះ បានធ្វើឲ្យជាក់ច្បាស់ សម្រេចដោយ បញ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់អាសវៈទាំងឡាយ។ ភិក្ខុនោះ ក៏មានសេចក្តីត្រិះរិះ យ៉ាងនេះថា អម្បាលយ៉ាងលោកដ៏មានអាយុនោះ បានធ្វើឲ្យជាក់ច្បាស់ សម្រេចដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់អាសវៈទាំងឡាយ ចំណែកអាត្មាអញ ចាំបាច់និយាយធ្វើអ្វី។ លុះសម័យខាងក្រោយមក ភិក្ខុនោះ អាស្រ័យមានះ ហើយលះបង់មានះបាន។ ពាក្យណា ដែលយើងពោលហើយថា ម្នាលនាង កាយនេះ កើតមកដោយមានះ បុគ្គលអាស្រ័យនូវមានះហើយ គប្បីលះមានះចេញ ដូច្នេះ ពាក្យនុ៎ះ យើងបានពោលហើយ ព្រោះអាស្រ័យហេតុនេះឯង។ ម្នាលនាង កាយនេះ កើតមកដោយមេថុន បុគ្គលត្រូវលះបង់ នូវមេថុនចេញ ព្រោះមេថុននោះ ព្រះដ៏មានព្រះភាគ ត្រាស់ថាជាទោស តែងសម្លាប់នូវហេតុ។ លំដាប់នោះ នាងភិក្ខុនីនោះ ក្រោកអំពីគ្រែ ហើយធ្វើឧត្តរាសង្គៈ ឆៀងស្មាម្ខាង ក្រាបចុះទៀបព្រះបាទា នៃព្រះអានន្ទដ៏មានអាយុ ដោយសិរសា ហើយពោលខមាទោស នឹងព្រះអានន្ទដ៏មានអាយុ ដូច្នេះថា បពិត្រលោកម្ចាស់ដ៏ចំរើន ទោសកំហុសត្រូវនូវខ្ញុំម្ចាស់ហើយ ដោយខ្ញុំម្ចាស់ជាស្រ្តីល្ងង់ ជាស្រ្តីវង្វេង ជាស្រ្តីមិនឈ្លាសវៃ យ៉ាងណា ខ្ញុំម្ចាស់ឯណា បានធ្វើអំពើយ៉ាងនេះ បពិត្រលោកម្ចាស់ដ៏ចំរើន សូមព្រះអានន្ទជាម្ចាស់ អត់នូវទោសកំហុស តាមទោសកំហុស ដល់ខ្ញុំម្ចាស់នោះ ដើម្បីនឹងសង្រួមតទៅ។ ព្រះអានន្ទតបថា អើនាង ទោសកំហុស ត្រូវនាងហើយ ដោយសារនាងជាស្រ្តីល្ងង់ ជាស្រ្តីវង្វេង ជាស្រ្តីមិនឈ្លាសវៃ យ៉ាងណា នាងបានធ្វើអំពើយ៉ាងនេះ ម្នាលនាង កាលណាបើនាងឃើញទោសកំហុស តាមទោសកំហុស ហើយសំដែងឲ្យសមគួរតាមធម៌ យើងនឹងទទួលទោសកំហុសនោះ របស់នាង ម្នាលនាង ស្រ្តីឯណា បានឃើញទោសកំហុស តាមទោសកំហុស ហើយសំដែង ឲ្យសមគួរតាមធម៌ ដល់នូវសេចក្តីសង្រួមតទៅ នោះជាសេចក្តីចំរើន របស់ស្រ្តីនោះ ក្នុងវិន័យរបស់ព្រះអរិយៈ។

(សុគតវិនយសូត្រ ទី១០)

(១០. សុគតវិនយសុត្តំ)

[១០] ម្នាលភិក្ខុទាំងឡាយ កាលព្រះសុគតក្តី វិន័យព្រះសុគតក្តី ប្រតិស្ឋាននៅក្នុង លោក ការនោះ ប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ដល់ជនច្រើន ដើម្បីសេចក្តីសុខ ដល់ជនច្រើន ដើម្បីអនុគ្រោះ ដល់សត្វលោក ដើម្បីសេចក្តីចំរើន ដើម្បីជាប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ទេវតា និងមនុស្សទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ ចុះព្រះសុគត ដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ព្រះតថាគត កើតឡើង ក្នុងលោកនេះ ជាអរហន្ត សម្មាសម្ពុទ្ធ ព្រះអង្គបរិបូណ៌ដោយវិជ្ជា និងចរណៈ ព្រះអង្គមានដំណើរល្អ ទ្រង់ជ្រាបច្បាស់ នូវត្រៃលោក ព្រះអង្គប្រសើរដោយសីលាទិគុណ រកបុគ្គលណាមួយស្មើគ្មាន ព្រះអង្គ ជាអ្នកទូន្មាននូវបុរស ដែលគួរទូន្មានបាន ព្រះអង្គ ជាសាស្ដា នៃទេវតា និងមនុស្សទាំងឡាយ ព្រះអង្គទ្រង់ត្រាស់ដឹង នូវចតុរារិយសច្ច ព្រះអង្គលែងវិលមកកាន់ភពថ្មីទៀត។ ម្នាលភិក្ខុទាំងឡាយ នេះជាព្រះសុគត។ ម្នាលភិក្ខុទាំងឡាយ ចុះវិន័យព្រះសុគត ដូចម្ដេច។ ព្រះសុគតនោះ ទ្រង់សំដែងធម៌ ពីរោះបទដើម ពីរោះបទកណ្ដាល ពីរោះបទចុង ប្រកាសនូវព្រហ្មចរិយៈ ប្រកបដោយអត្ថ ប្រកបដោយព្យញ្ជនៈ ដ៏បរិបូណ៌ បរិសុទ្ធទាំងអស់។ ម្នាលភិក្ខុទាំងឡាយ នេះជាវិន័យព្រះសុគត។ ម្នាលភិក្ខុទាំងឡាយ កាលព្រះសុគតក្ដី វិន័យព្រះសុគតក្ដី ប្រតិស្ឋាននៅក្នុងលោកយ៉ាងនេះ ការនោះ ប្រព្រឹត្តទៅ ដើម្បីជាប្រយោជន៍ ដល់ជនច្រើន ដើម្បីសេចក្ដីសុខ ដល់ជនច្រើន ដើម្បីអនុគ្រោះ ដល់សត្វលោក ដើម្បីសេចក្ដីចំរើន ដើម្បីជាប្រយោជន៍ ដើម្បីសេចក្ដីសុខ ដល់ទេវតា និងមនុស្សទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៤ ប្រការនេះ ប្រព្រឹត្តទៅ ដើម្បីសេចក្ដីវិនាស សាបសូន្យ នៃព្រះសទ្ធម្ម។ ធម៌ ៤ ប្រការ គឺអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងឡាយ ក្នុងសាសនានេះ រៀនព្រះសូត្រ ដែលខ្លួនរៀនខុស ដោយបទ និងព្យញ្ជនៈ ដែលរៀបរៀងខុសលំដាប់ ម្នាលភិក្ខុទាំងឡាយ បទ និងព្យញ្ជនៈ ដែលរៀបរៀងខុសលំដាប់ រមែងយល់សេចក្ដីបានដោយលំបាក។ ម្នាលភិក្ខុទាំងឡាយ នេះជាធម៌ទី ១ ដែលប្រព្រឹត្តទៅ ដើម្បីសេចក្ដីវិនាសសាបសូន្យ នៃព្រះសទ្ធម្ម។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុទាំងឡាយ ជាមនុស្សដែលគេប្រដៅបានដោយក្រ ប្រកបដោយធម៌ ដែលធ្វើឲ្យគេប្រដៅក្រ ជាអ្នកមិនចេះអត់ធន់ មិនទទួលពាក្យប្រៀនប្រដៅខាងស្តាំ។ ម្នាលភិក្ខុទាំងឡាយ នេះជាធម៌ទី ២ ដែលប្រព្រឹត្តទៅ ដើម្បីសេចក្ដីវិនាសាបសូន្យ នៃព្រះសទ្ធម្ម។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុទាំងឡាយណា ជាអ្នកមានសេចក្ដីចេះដឹងច្រើន មានអាគម គឺនិកាយដ៏ស្ទាត់ ចងចាំនូវធម៌ ចងចាំនូវវិន័យ ចងចាំនូវមាតិកា ភិក្ខុទាំងនោះ មិនញុំាងបុគ្គលដទៃ ឲ្យរៀនព្រះសូត្រដោយគោរព លុះអំណើះទៅមុខ ព្រះសូត្ររបស់ភិក្ខុទាំងនោះ ក៏ដាច់មូល លែងប្រតិស្ឋាននៅ។ ម្នាលភិក្ខុទាំងឡាយ នេះជាធម៌ទី ៣ ដែលប្រព្រឹត្តទៅ ដើម្បីសេចក្តីវិនាស សាបសូន្យនៃព្រះសទ្ធម្ម។ ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត ភិក្ខុទាំងឡាយ ជាថេរៈ ជាអ្នកប្រតិបត្តិ ដើម្បីឲ្យកើតបច្ច័យច្រើន ប្រតិបត្តិបន្ធូរបន្ថយ ជាប្រធានក្នុងការប្រតិបត្តិបន្ធូរបន្ថយ ជាអ្នកដាក់ធុរៈ ក្នុងវិវេក មិនបា្ររព្ធព្យាយាម ដើម្បីដល់នូវគុណវិសេស ដែលខ្លួនមិនទាន់ដល់ ដើម្បីសម្រេចគុណវិសេស ដែលខ្លួនមិនទាន់បានសម្រេច ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវគុណវិសេស ដែលខ្លួនមិនទាន់ធ្វើឲ្យជាក់ច្បាស់ ប្រជុំនៃជនដែលកើតខាងក្រោយ គឺ សទ្ធិវិហារិក និងអន្តេវាសិក ក៏យកតម្រាប់តាមភិក្ខុជាថេរៈទាំងនោះ ប្រជុំនៃជនទាំងនោះឯង ជាអ្នកប្រតិបត្តិ ដើម្បីឲ្យកើតបច្ច័យច្រើន ប្រតិបត្តិបន្ធូរបន្ថយ ជាប្រធានក្នុងការប្រតិបត្តិបន្ធូរបន្ថយ ជាអ្នកដាក់ធុរៈ ក្នុងវិវេក មិនបា្ររព្ធព្យាយាម ដើម្បីដល់នូវគុណវិសេស ដែលខ្លួនមិនទាន់ដល់ ដើម្បីសម្រេចគុណវិសេស ដែលខ្លួនមិនទាន់បានសម្រេច ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវគុណវិសេស ដែលខ្លួនមិនទាន់ធ្វើឲ្យជាក់ច្បាស់។ ម្នាលភិក្ខុទាំងឡាយ នេះជាធម៌ទី ៤ ដែលប្រព្រឹត្តទៅ ដើម្បីសេចក្តីវិនាស សាបសូន្យនៃព្រះសទ្ធម្ម។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៤ យ៉ាងនេះឯង ដែលប្រព្រឹត្តទៅ ដើម្បីសេចក្តីវិនាស សាបសូន្យនៃព្រះសទ្ធម្ម។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៤ នេះ ប្រព្រឹត្តទៅ ដើម្បីតាំងនៅនៃព្រះសទ្ធម្ម មិនឲ្យវិនាស សាបសូន្យទៅ។ ធម៌ ៤ គឺអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងឡាយ ក្នុងសាសនានេះ រៀនព្រះសូត្រ ដែលខ្លួនរៀនត្រូវ ដោយបទ និងព្យញ្ជនៈ ដែលរៀបរៀងត្រូវ ម្នាលភិក្ខុទាំងឡាយ បទ និងព្យញ្ជនៈ ដែលរៀបរៀងត្រូវ រមែងយល់សេចក្តីបានងាយ។ ម្នាលភិក្ខុទាំងឡាយ នេះជាធម៌ទី ១ ដែលប្រព្រឹត្តទៅ ដើម្បីតាំងនៅ នៃព្រះសទ្ធម្ម មិនឲ្យវិនាស សាបសូន្យទៅ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុទាំងឡាយ ជាអ្នកប្រដៅងាយ ប្រកបដោយធម៌ ធ្វើឲ្យជាអ្នកប្រដៅងាយ ជាអ្នកចេះអត់ធន់ ទទួលនូវពាក្យប្រៀនប្រដៅខាងស្តាំ។ ម្នាលភិក្ខុទាំងឡាយ នេះជាធម៌ទី ២ ដែលប្រព្រឹត្តទៅ ដើម្បីតាំងនៅនៃព្រះសទ្ធម្ម មិនឲ្យវិនាសសាបសូន្យទៅ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុទាំងឡាយណា ជាអ្នកមានសេចក្តីចេះដឹងច្រើន មានអាគម គឺនិកាយដ៏ស្ទាត់ ចងចាំនូវធម៌ ចងចាំនូវវិន័យ ចងចាំនូវមាតិកា ភិក្ខុទាំងនោះ ញុំាងបុគ្គលដទៃ ឲ្យរៀននូវព្រះសូត្រដោយគោរព លុះអំណើះទៅមុខ ព្រះសូត្ររបស់ភិក្ខុទាំងនោះ មិនបានដាច់ឫស តាំងនៅតៗគ្នា។ ម្នាលភិក្ខុទាំងឡាយ នេះជាធម៌ទី ៣ ដែលប្រព្រឹត្តទៅ ដើម្បីតាំងនៅនៃព្រះសទ្ធម្ម មិនឲ្យ វិនាសសាបសូន្យទៅ។ ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត ភិក្ខុទាំងឡាយជាថេរៈ មិនប្រតិបត្តិ ដើម្បីឲ្យកើតបច្ច័យច្រើន មិនប្រតិបត្តិបន្ធូរបន្ថយ ដាក់ធុរៈចុះ ក្នុងការប្រតិបត្តិបន្ធូរបន្ថយចេញ ជាប្រធានក្នុងវិវេក បា្ររព្ធព្យាយាម ដើម្បីដល់នូវគុណវិសេស ដែលខ្លួនមិនទាន់ដល់ ដើម្បីសម្រេចគុណវិសេស ដែលខ្លួនមិនទាន់សម្រេច ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវគុណវិសេស ដែលខ្លួនមិនទាន់ធ្វើឲ្យជាក់ច្បាស់ ប្រជុំជន ដែលកើតខាងក្រោយ គឺ សទ្ធិវិហារិក និងអន្តេវាសិក ក៏យកតម្រាប់តាមភិក្ខុទាំងនោះ ប្រជុំជនទាំងនោះឯង ជាអ្នកមិនប្រតិបត្តិ ឲ្យកើតបច្ច័យច្រើន មិនប្រតិបត្តិបន្ធូរបន្ថយ ជាអ្នកដាក់ធុរៈចុះ ក្នុងការប្រតិបត្តិបន្ធូរបន្ថយ ជាប្រធានក្នុងវិវេក ប្រារព្ធព្យាយាម ដើម្បីដល់នូវគុណវិសេស ដែលខ្លួនមិនទាន់បានដល់ ដើម្បីសម្រេចគុណវិសេស ដែលខ្លួនមិនទាន់បានសម្រេច ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវគុណវិសេស ដែលខ្លួនមិនទាន់ធ្វើឲ្យជាក់ច្បាស់។ ម្នាលភិក្ខុទាំងឡាយ នេះជាធម៌ទី ៤ ដែលប្រព្រឹត្តទៅ ដើម្បីតាំងនៅ នៃព្រះសទ្ធម្ម មិនឲ្យវិនាស សាបសូន្យទៅ។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៤ យ៉ាងនេះឯង ដែលប្រព្រឹត្តទៅ ដើម្បីតាំងនៅនៃព្រះសទ្ធម្ម មិនឲ្យវិនាសសាបសូន្យទៅ។

ចប់ ឥន្រ្ទិយវគ្គ ទី១។

ឧទ្ទាននៃឥន្រ្ទិយវគ្គនោះគឺ

និយាយអំពីឥន្រ្ទិយ ១ អំពីពលៈ ៣ គឺ សទ្ធាពលៈ ១ បញ្ញាពលៈ ១ សតិពលៈ ១ និងបដិសង្ខានពលៈ ១ ជាគំរប់ ៥ អំពីកប្ប ១ អំពីរោគ ១ អំពីការសាបសូន្យ ១ អំពីនាងភិក្ខុនី ១ អំពីព្រះសុគត និងវិន័យរបស់ព្រះសុគត ១ រួមត្រូវជា ១០។

បដិបទាវគ្គ ទី២ (១៧)

((១៧) ២. បដិបទាវគ្គោ)

(សំខិត្តសូត្រ ទី១)

(១. សំខិត្តសុត្តំ)

[១១] ម្នាលភិក្ខុទាំងឡាយ បដិបទា (ការប្រតិប័ទ) នេះ មាន៤។ បដិបទា ៤ គឺអ្វីខ្លះ។ គឺប្រតិប័ទលំបាក ទាំងត្រាស់ដឹងក៏យឺតយូរ ១ ប្រតិប័ទលំបាក តែត្រាស់ដឹងឆាប់ ១ ប្រតិប័ទស្រួល តែត្រាស់ដឹងយឺតយូរ ១ ប្រតិប័ទស្រួល ទាំងត្រាស់ដឹងក៏ឆាប់ ១។ ម្នាលភិក្ខុទាំងឡាយ បដិបទា មាន៤យ៉ាងនេះឯង។

(វិត្ថារសូត្រ ទី២)

(២. វិត្ថារសុត្តំ)

[១២] ម្នាលភិក្ខុទាំងឡាយ បដិបទានេះ មាន ៤។ បដិបទា ៤ គឺអ្វីខ្លះ។ គឺប្រតិប័ទ លំបាក ទាំងត្រាស់ដឹងក៏យឺតយូរ ១ ប្រតិប័ទលំបាក តែត្រាស់ដឹងឆាប់ ១ ប្រតិប័ទស្រួល តែត្រាស់ដឹងយឺតយូរ ១ ប្រតិប័ទស្រួល ទាំងត្រាស់ដឹងក៏ឆាប់ ១។ ម្នាលភិក្ខុទាំងឡាយ ចុះប្រតិប័ទលំបាក ទាំងត្រាស់ដឹងក៏យឺតយូរ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គល ពួកខ្លះ ក្នុងលោកនេះ បើតាមប្រក្រតី ជាអ្នកមានរាគៈក្លៀវក្លា តែងទទួលទុក្ខទោមនស្ស ដែលកើតអំពីរាគៈរឿយ ៗ បើតាមប្រក្រតី ជាអ្នកមានទោសៈក្លៀវក្លា តែងទទួលទុក្ខ ទោមនស្ស ដែលកើតអំពីទោសៈរឿយៗ បើតាមប្រក្រតី ជាអ្នកមានមោហៈក្លៀវក្លា តែងទទួលទុក្ខទោមនស្ស ដែលកើតអំពីមោហៈរឿយៗ។ ឥន្រ្ទិយទាំង ៥ នេះ គឺសទ្ធិន្រ្ទិយ វីរិយិន្រ្ទិយ សតិន្រ្ទិយ សមាធិន្រ្ទិយ បញ្ញិន្រ្ទិយ នៅទន់ខ្សោយ រមែងកើតប្រាកដ ដល់ភិក្ខុនោះ ព្រោះតែឥន្រ្ទិយទាំង៥នេះ ទន់ខ្សោយ បុគ្គលនោះ រមែងសម្រេចអនន្តរិយគុណ (មគ្គសមាធិ ដែលឲ្យផលជាលំដាប់) ដើម្បីអស់អាសវៈទាំងឡាយបាន យឺតយូរ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ប្រតិប័ទលំបាក ទំាងត្រាស់ដឹងក៏យឺតយូរ។ ម្នាលភិក្ខុទាំងឡាយ ចុះប្រតិប័ទលំបាក តែត្រាស់ដឹងឆាប់ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ បើតាមប្រក្រតី ជាអ្នកមានរាគៈក្លៀវក្លា តែងទទួល ទុក្ខទោមនស្ស ដែលកើតអំពីរាគៈរឿយៗ បើតាមប្រក្រតី ជាអ្នកមានទោសៈក្លៀវក្លា តែងទទួលទុក្ខទោមនស្ស ដែលកើតអំពីទោសៈរឿយៗ បើតាមប្រក្រតី ជាអ្នកមាន មោហៈក្លៀវក្លា តែងទទួលទុក្ខទោមនស្ស ដែលកើតអំពីមោហៈរឿយៗ។ ឥន្រ្ទិយទាំង ៥ នេះគឺ សទ្ធិន្រ្ទិយ វីរិយិន្រ្ទិយ សតិន្រ្ទិយ សមាធិន្រ្ទិយ បញ្ញិន្រ្ទិយ របស់បុគ្គលនោះ ក្លៀវក្លា ព្រោះតែឥន្រ្ទិយទាំង៥នេះ ក្លៀវក្លាដែរ បុគ្គលនោះ រមែងសម្រេចអនន្តរិយគុណ ដើម្បីអស់អាសវៈទាំងឡាយ បានឆាប់។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ប្រតិប័ទលំបាក តែត្រាស់ដឹងឆាប់។ ម្នាលភិក្ខុទាំងឡាយ ចុះប្រតិប័ទស្រួល តែត្រាស់ដឹងយឺតយូរ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ បើតាមប្រក្រតី មិនមែនជាអ្នកមានរាគៈក្លៀវក្លា តែងមិនទទួលទុក្ខទោមនស្ស ដែលកើតអំពីរាគៈរឿយៗ បើតាមប្រក្រតី មិនមែនជាអ្នកមានទោសៈក្លៀវក្លា តែងមិនទទួលទុក្ខទោមនស្ស ដែលកើតអំពីទោសៈរឿយៗ បើតាមប្រក្រតី មិនមែនជាអ្នកមានមោហៈក្លៀវក្លា តែងមិនទទួលទុក្ខទោមនស្ស ដែលកើតអំពីមោហៈរឿយៗ។ ឥន្រ្ទិយទាំង ៥ នេះគឺ សទ្ធិន្រ្ទិយ វីរិយិន្រ្ទិយ សតិន្រ្ទិយ សមាធិន្រ្ទិយ បញ្ញិន្រ្ទិយ នៅទន់ខ្សោយ រមែងកើតប្រាកដ ដល់បុគ្គលនោះ ព្រោះតែឥន្ទ្រិយទាំង៥នេះ នៅទន់ខ្សោយដែរ បុគ្គលនោះ ក៏សម្រេចអនន្តរិយគុណ ដើម្បីអស់អាសវៈទាំងឡាយ យឺតយូរ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ប្រតិប័ទស្រួល តែត្រាស់ដឹងយឺតយូរ។ ម្នាលភិក្ខុទាំងឡាយ ចុះប្រតិប័ទស្រួល ទាំងត្រាស់ដឹងក៏ឆាប់ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ បើតាមប្រក្រតី មិនមែនជាអ្នកមានរាគៈក្លៀវក្លា តែងមិនទទួលទុក្ខទោមនស្ស ដែលកើតអំពីរាគៈរឿយៗ បើតាមប្រក្រតី មិនមែនជាអ្នកមានទោសៈក្លៀវក្លា តែងមិនទទួលទុក្ខទោមនស្ស ដែលកើតអំពីទោសៈរឿយៗ បើតាមប្រក្រតី មិនមែនជាអ្នកមានមោហៈក្លៀវក្លា តែងមិនទទួលទុក្ខទោមនស្ស ដែលកើតអំពីមោហៈរឿយៗ។ ឥន្រ្ទិយទាំង ៥ នេះគឺ សទ្ធិន្រ្ធិយ វីរិយិន្រ្ទិយ សតិន្រ្ទិយ សមាធិន្រ្ទិយ បញ្ញិន្រ្ទិយ ក្លៀវក្លា រមែងកើតបា្រកដ ដល់បុគ្គលនោះ ព្រោះតែឥន្រ្ទិយ ទាំង៥នេះ ក្លៀវក្លាដែរ បុគ្គលនោះ រមែងសម្រេចអនន្តរិយគុណ ដើម្បីអស់អាសវៈទាំងឡាយបានឆាប់។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ប្រតិប័ទស្រួល ទាំងត្រាស់ដឹង ក៏បានឆាប់។ ម្នាលភិក្ខុទាំងឡាយ បដិបទា មាន ៤យ៉ាងនេះឯង។

(អសុភសូត្រ ទី៣)

(៣. អសុភសុត្តំ)

[១៣] ម្នាលភិក្ខុទាំងឡាយ បដិបទានេះ មាន ៤។ បដិបទា ៤ គឺអ្វីខ្លះ។ គឺប្រតិប័ទ លំបាក ទាំងត្រាស់ដឹងក៏យឺតយូរ ១ ប្រតិប័ទលំបាក តែត្រាស់ដឹងឆាប់ ១ ប្រតិប័ទស្រួល តែត្រាស់ដឹងយឺតយូរ ១ ប្រតិប័ទស្រួល ទាំងត្រាស់ដឹងក៏ឆាប់ ១។ ម្នាលភិក្ខុទាំងឡាយ ចុះប្រតិប័ទលំបាក ទាំងត្រាស់ដឹងក៏យឺតយូរ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុង សាសនានេះ ជាអ្នកពិចារណាឃើញគ្រឿងមិនស្អាត ក្នុងកាយ កំណត់សេចក្តីបដិកូល ក្នុងអាហារ កំណត់សេចក្តីមិនត្រេកអរ ក្នុងលោកទាំងពួង ឃើញនូវសេចក្តីមិនទៀង ក្នុងសង្ខារទាំងពួង មួយទៀត ភិក្ខុនោះ កំណត់សេចក្តីស្លាប់ ដម្កល់ទុកដោយប្រពៃ ឰដ៏ខាងក្នុង។ ភិក្ខុនោះ តែងអាស្រ័យសេក្ខពល (ធម៌ជាកម្លាំង របស់ព្រះសក្ខៈ) ៥ នេះគឺ សទ្ធាពល ហិរិពល ឱត្តប្បពល វីរិយពល បញ្ញាពល ឥន្រិ្ទយទាំង៥នេះគឺ សទ្ធិន្រ្ទិយ វីរិយិន្រ្ទិយ សតិន្រ្ទិយ សមាធិន្រ្ទិយ បញ្ញិន្រ្ទិយ នៅទន់ខ្សោយ រមែងកើតបា្រកដ ដល់ភិក្ខុនោះ ព្រោះតែឥន្រ្ទិយទាំង ៥ នេះ នៅទន់ខ្សោយដែរ ភិក្ខុនោះ ក៏សម្រេចអនន្តរិយគុណ ដើម្បីអស់អាសវៈទាំងឡាយ បានយឺតយូរ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ប្រតិប័ទលំបាក ទាំងត្រាស់ដឹងក៏យឺតយូរ។ ម្នាលភិក្ខុទាំងឡាយ ចុះប្រតិប័ទលំបាក តែត្រាស់ដឹងបានឆាប់ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណាឃើញគ្រឿងមិនស្អាត ក្នុងកាយ កំណត់សេចក្តីបដិកូលក្នុងអាហារ កំណត់សេចក្តីមិន ត្រេកអរ ក្នុងលោកទាំងពួង ឃើញនូវសេចក្តីមិនទៀង ក្នុងសង្ខារទាំងពួង មួយទៀត ភិក្ខុនោះ កំណត់សេចក្តីស្លាប់ ដម្កល់ទុកដោយប្រពៃ ឰដ៏ខាងក្នុង។ ភិក្ខុនោះ តែងអាស្រ័យនូវសេក្ខពល (ធម៌ជាកម្លាំង របស់ព្រះសេក្ខៈ) ៥ នេះគឺ សទ្ធាពល ហិរិពល ឱត្តប្បពល វីរិយពល បញ្ញាពល ឥន្រិ្ទយ ៥ នេះគឺ សទ្ធិន្រ្ទិយ វីរិយិន្រ្ទិយ សតិន្រ្ទិយ សមាធិន្រ្ទិយ បញ្ញិន្រ្ទិយ ក្លៀវក្លា រមែងកើតបា្រកដ ដល់ភិក្ខុនោះ ព្រោះតែឥន្រ្ទិយទាំង ៥ នេះក្លៀវក្លាដែរ ភិក្ខុនោះ ក៏សម្រេចនូវអនន្តរិយគុណ ដើម្បីអស់អាសវៈទាំងឡាយ បានឆាប់។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ប្រតិប័ទលំបាក តែត្រាស់ដឹងឆាប់។ ម្នាលភិក្ខុទាំងឡាយ ចុះប្រតិប័ទស្រួល តែត្រាស់ដឹងយឺតយូរ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាកអកុសលធម៌ទាំងឡាយ បានដល់នូវបឋមជ្ឈាន ប្រកបដោយវិតក្កៈ និងវិចារៈ មានបីតិ និងសុខៈ ដែល កើតអំពីសេចក្តីស្ងប់ស្ងាត់នោះ ភិក្ខុនោះ ព្រោះស្ងប់ស្ងាត់ ចាកវិតក្កៈ វិចារៈ ក៏បានដល់ ទុតិយជ្ឈាន ជាធម្មជាត កើតមានក្នុងសន្តាននៃខ្លួន ប្រកបដោយសេចក្តីជ្រះថ្លា គឺសទ្ធា មានសភាពជាចិត្តខ្ពស់ឯក មិនមានវិតក្កៈ មិនមានវិចារៈ មានតែបីតិ និងសុខៈ ដែលកើត អំពីសមាធិ គឺបឋមជ្ឈាន ភិក្ខុ ព្រោះនឿយណាយ ចាកបីតិផង ប្រកបដោយឧបេក្ខាផង មានស្មារតី ដឹងខ្លួនដោយប្រពៃផង ទទួលសុខដោយនាមកាយផង ព្រះអរិយៈទាំងឡាយ តែងសរសើរ នូវបុគ្គលដែលបាននូវតតិយជ្ឈាននោះថា បុគ្គលនោះ ប្រកបដោយឧបេក្ខា មានស្មារតី មានធម៌ជាគ្រឿងនៅជាសុខ ដូច្នេះ ព្រោះតតិយជ្ឈានឯណា ក៏បានដល់នូវ តតិយជ្ឈាននោះ ព្រោះលះបង់នូវសុខផង លះបង់នូវទុក្ខផង ព្រោះអស់ទៅនៃ សោមនស្ស និងទោមនស្ស ក្នុងកាលមុន ក៏បានដល់នូវចតុត្ថជ្ឈាន ជាធម្មជាតមានអារម្មណ៍មិនមែនជាទុក្ខ មិនមែនជាសុខ គឺជាឧបេក្ខា មានសតិដ៏បរិសុទ្ធ ដោយឧបេក្ខា។ ភិក្ខុនោះ តែងអាស្រ័យនូវសេក្ខពល ៥ នេះ គឺ សទ្ធាពល ហិរិពល ឱត្តប្បពល វីរិយពល បញ្ញាពល ឥន្រ្ទិយ ៥ នេះ គឺសទ្ធិន្រ្ទិយ វីរិយិន្រ្ទិយ សតិន្រ្ទិយ សមាធិន្រ្ទិយ បញ្ញិន្រ្ទិយ ជាធម្មជាតទន់ខ្សោយ រមែងកើតបា្រកដ ដល់ភិក្ខុនោះ ព្រោះតែឥន្រ្ទិយទាំង ៥ នេះនៅ ទន់ខ្សោយដែរ ភិក្ខុនោះ ក៏សម្រេចអនន្តរិយគុណ ដើម្បីអស់អាសវៈទាំងឡាយ បាន យឺតយូរ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ប្រតិប័ទស្រួល តែត្រាស់ដឹងយឺតយូរ។ ម្នាលភិក្ខុទាំងឡាយ ចុះប្រតិប័ទស្រួល ទាំងត្រាស់ដឹងក៏បានឆាប់ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ស្ងាត់ចាកកាមទាំងឡាយ។បេ។ បានដល់បឋមជ្ឈាន ព្រោះស្ងប់ស្ងាត់វិតក្កៈ និងវិចារៈ។បេ។ ក៏ដល់នូវទុតិយជ្ឈាន ព្រោះនឿយណាយចាក បីតិផង។បេ។ ក៏ដល់នូវតតិយជ្ឈាន ព្រោះលះបង់នូវសុខផង លះបង់នូវទុក្ខផង។បេ។ ក៏ដល់នូវចតុត្ថជ្ឈាន។ ភិក្ខុនោះ តែងអាស្រ័យនូវសេក្ខពល ទាំង ៥ នេះ គឺសទ្ធាពល ហិរិពល ឱត្តប្បពល វីរិយពល បញ្ញាពល ឥន្រ្ទិយទាំង ៥ នេះ គឺសទ្ធិន្រ្ទិយ វីរិយិន្រ្ទិយ សតិន្រ្ទិយ សមាធិន្រ្ទិយ បញ្ញិន្រ្ទិយ ក្លៀវក្លា រមែងកើតបា្រកដ ដល់ភិក្ខុនោះ ព្រោះតែឥន្រ្ទិយទាំង ៥ នេះក្លៀវក្លាដែរ ភិក្ខុនោះ ក៏សម្រេចអនន្តរិយគុណ ដើម្បីអស់អាសវៈទាំងឡាយ បានឆាប់។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ប្រតិប័ទស្រួល ទាំងត្រាស់ដឹងក៏បានឆាប់។ ម្នាលភិក្ខុទាំងឡាយ បដិបទា មាន ៤ យ៉ាងនេះឯង។

(បឋមខមសូត្រ ទី៤)

(៤. បឋមខមសុត្តំ)

[១៤] ម្នាលភិក្ខុទាំងឡាយ បដិបទានេះ មាន ៤យ៉ាង។ បដិបទា ៤ គឺអ្វីខ្លះ។ គឺប្រតិប័ទមិនអត់ធន់ ១ ប្រតិប័ទអត់ធន់ ១ ប្រតិប័ទទូន្មាន (ឥន្រ្ទិយ) ១ ប្រតិប័ទស្ងប់រម្ងាប់ (វិតក្កៈ) ១។ ម្នាលភិក្ខុទាំងឡាយ ចុះប្រតិប័ទមិនអត់ធន់ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជេរតបនឹងបុគ្គលដែលជេរ ខឹងតបនឹងបុគ្គល ដែលខឹង ប្រកួតប្រកាន់តប នឹងបុគ្គលដែលប្រកួតប្រកាន់។ ម្នាលភិក្ខុទាំងឡាយ នេះ ហៅថា ប្រតិប័ទមិនអត់ធន់។ ម្នាលភិក្ខុទាំងឡាយ ចុះប្រតិប័ទអត់ធន់ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ មិនជេរតបនឹងបុគ្គលដែលជេរ មិន ខឹងតបនឹងបុគ្គលដែលខឹង មិនប្រកួតប្រកាន់តបនឹងបុគ្គលដែលប្រកួតប្រកាន់។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ប្រតិប័ទអត់ធន់។ ម្នាលភិក្ខុទាំងឡាយ ចុះប្រតិប័ទ ទូន្មាន (នូវឥន្រ្ទិយ) តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ឃើញរូបដោយចក្ខុ ហើយមិនកាន់យកនូវនិមិត្ត មិនកាន់យកនូវអនុព្យញ្ជនៈ អកុសលធម៌ទាំងឡាយដ៏លាមក គឺអភិជ្ឈាន និងទោមនស្ស គប្បីជាប់តាមភិក្ខុ ដែលមិនសង្រួមចក្ខុន្រ្ទិយនុ៎ះ ព្រោះហេតុតែមិនសង្រួមចក្ខុន្រ្ទិយឯណា ប្រតិប័ទដើម្បីសង្រួមចក្ខុន្រ្ទិយនោះ រក្សាចក្ខុន្រ្ទិយ ដល់នូវការសង្រួមក្នុងចក្ខុន្រ្ទិយ ឮសំឡេងដោយត្រចៀក… ធុំក្លិនដោយច្រមុះ…. ទទួលរសដោយអណ្តាត…. ពាល់ត្រូវផោដ្ឋព្វៈដោយកាយ ដឹងធម្មារម្មណ៍ដោយចិត្ត ហើយមិនកាន់យកនូវនិមិត្ត មិនកាន់យកនូវអនុព្យញ្ជនៈ អកុសលធម៌ទាំងឡាយ ដ៏លាមក គឺអភិជ្ឈា និងទោមនស្ស គប្បីជាប់តាមនូវភិក្ខុ ដែលជាអ្នកមិន សង្រួមមនិន្រ្ទិយនុ៎ះ ព្រោះហេតុតែមិនសង្រួមមនិន្រ្ទិយឯណា ប្រតិបត្តិដើម្បីសង្រួម មនិន្រ្ទិយនោះ រក្សាមនិន្រ្ទិយ ដល់នូវការសង្រួមក្នុងមនិន្រ្ទិយ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ប្រតិប័ទទូន្មាន (នូវឥន្រ្ទិយ)។ ម្នាលភិក្ខុទាំងឡាយ ចុះប្រតិប័ទ ស្ងប់រម្ងាប់ (វិតក្កៈ) តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ មិនបណ្តោយឲ្យ កាមវិតក្កៈ ដែលកើតឡើងហើយ អាស្រ័យនៅបាន គឺលះបង់ បន្ទោបង់ រម្ងាប់ ធ្វើឲ្យ វិនាស មិនឲ្យកើតមាន មិនបណ្ដោយឲ្យព្យាបាទវិតក្កៈ ដែលកើតឡើងហើយ… មិនបណ្ដោយឲ្យវិហឹសាវិតក្កៈ ដែលកើតឡើងហើយ… មិនបណ្ដោយឲ្យ អកុសលធម៌ ទាំងឡាយ ដ៏អាក្រក់ ដែលកើតឡើងហើយរឿយៗ អាស្រ័យនៅបាន គឺលះបង់ បនោ្ទបង់ រម្ងាប់ ធ្វើឲ្យវិនាស មិនឲ្យកើតមាន។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ប្រតិប័ទស្ងប់រម្ងាប់ (វិតក្កៈ)។ ម្នាលភិក្ខុទាំងឡាយ បដិបទា មាន ៤ យ៉ាងនេះឯង។

(ទុតិយខមសូត្រ ទី៥)

(៥. ទុតិយខមសុត្តំ)

[១៥] ម្នាលភិក្ខុទាំងឡាយ បដិបទានេះ មាន៤យ៉ាង។ បដិបទា ៤ គឺអ្វីខ្លះ។ គឺប្រតិប័ទមិនអត់ធន់ ១ ប្រតិប័ទអត់ធន់ ១ ប្រតិប័ទទូន្មាន (នូវឥន្រ្ទិយ) ១ ប្រតិប័ទ ស្ងប់រម្ងាប់ (វិតក្កៈ) ១។ ម្នាលភិក្ខុទាំងឡាយ ចុះប្រតិប័ទមិនអត់ធន់ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកមិនអត់ធន់ ចំពោះត្រជាក់ ក្ដៅ សេចក្ដីឃ្លាន ស្រេក ចំពោះសម្ផស្សនៃរបោម មូស ខ្យល់ កំដៅថ្ងៃ និងពស់តូច ពស់ធំ ចំពោះពាក្យសំដី ដែលអាក្រក់ជួជាតិ ជាអ្នកមិនអត់ធ្មត់ ចំពោះវេទនា ដែលកើតឡើង ក្នុងសរីរៈរាងកាយ ដែលជាទុក្ខក្លៀវក្លា ក្រហល់ក្រហាយ ខ្លោចផ្សា មិនត្រជាក់ចិត្ត មិនគាប់ចិត្ត ដែលអាចនឹងឆក់យកជីវិតទៅបាន។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ប្រតិប័ទ មិនអត់ធន់។ ម្នាលភិក្ខុទាំងឡាយ ចុះប្រតិប័ទអត់ធន់ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកអត់ធន់ ចំពោះត្រជាក់ ក្ដៅ សេចក្ដីឃ្លាន ស្រេក ចំពោះសម្ផស្សនៃរបោម មូស ខ្យល់ កំដៅថ្ងៃ និងពស់តូច ពស់ធំ ចំពោះពាក្យសំដី ដែលអាក្រក់ជួជាតិ ជាអ្នកអត់ធ្មត់ ចំពោះវេទនា ដែលកើតឡើង ក្នុងសរីរៈរាងកាយ ដែលជាទុក្ខក្លៀវក្លា ក្រហល់ក្រហាយ ខ្លោចផ្សា មិនត្រជាក់ចិត្ត មិនគាប់ចិត្ត ដែលអាចនឹងឆក់យកជីវិតទៅបាន។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ប្រតិប័ទអត់ធន់។ ម្នាលភិក្ខុទាំងឡាយ ចុះប្រតិប័ទទូន្មាន (នូវឥន្រ្ទិយ) តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ឃើញរូបដោយចក្ខុហើយ មិនកាន់យកនូវនិមិត្ត មិនកាន់យកនូវអនុព្យញ្ជនៈ អកុសលធម៌ទាំងឡាយ ដ៏លាមក គឺអភិជ្ឈា និងទោមនស្ស គប្បីជាប់តាមនូវភិក្ខុ ដែលមិនសង្រួម នូវចក្ខុន្រ្ទិយនុ៎ះ ព្រោះហេតុតែមិនសង្រួមចក្ខុន្រ្ទិយឯណា ប្រតិប័ទដើម្បីសង្រួមចក្ខុន្រ្ទិយនោះ រក្សាចក្ខុន្ទ្រិយ ដល់នូវការសង្រួមក្នុងចក្ខុន្រ្ទិយ ឮនូវសំឡេងដោយត្រចៀក… ធុំក្លិន ដោយច្រមុះ… ទទួលរសដោយអណ្ដាត… ពាល់ត្រូវផោដ្ឋព្វៈដោយកាយ… ដឹងធម្មារម្មណ៍ដោយចិត្ត ហើយមិនកាន់យកនូវនិមិត្ត មិនកាន់យកនូវអនុព្យញ្ជនៈ អកុសលធម៌ទាំងឡាយ ដ៏លាមក គឺអភិជ្ឈា និងទោមនស្ស គប្បីជាប់តាមនូវភិក្ខុ ដែលមិនសង្រួមមនិន្រ្ទិយនុ៎ះ ព្រោះហេតុតែមិនសង្រួមមនិន្រ្ទិយឯណា ប្រតិប័ទដើម្បីសង្រួមមនិន្រ្ទិយនោះ រក្សាមនិន្រ្ទិយ ដល់នូវការសង្រួម ក្នុងមនិន្រ្ទិយ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ប្រតិប័ទទូន្មាន (នូវឥន្រ្ទិយ)។ ម្នាលភិក្ខុទាំងឡាយ ចុះប្រតិប័ទស្ងប់រម្ងាប់ (វិតក្កៈ) តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ មិនបណ្ដោយឲ្យកាមវិតក្កៈ ដែលកើតឡើងហើយ អាស្រ័យនៅបាន គឺលះបង់ បន្ទោបង់ រម្ងាប់ ធ្វើឲ្យវិនាស មិនឲ្យកើតមាន មិនបណ្ដោយឲ្យព្យាបាទវិតក្កៈ ដែលកើតឡើងហើយ… មិនបណ្ដោយឲ្យវិហឹសាវិតក្កៈ ដែលកើតឡើងហើយ… មិនបណ្ដោយឲ្យអកុសលធម៌ទាំងឡាយ ដ៏អាក្រក់ ដែលកើតឡើងហើយរឿយៗ អាស្រ័យនៅបាន គឺលះបង់ បន្ទោបង់ រម្ងាប់ ធ្វើឲ្យវិនាស មិនឲ្យកើតមាន។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ប្រតិប័ទស្ងប់រម្ងាប់ (វិតក្កៈ)។ ម្នាលភិក្ខុទាំងឡាយ បដិបទា មាន ៤ យ៉ាងនេះឯង។

(ឧភយសូត្រ ទី៦)

(៦. ឧភយសុត្តំ)

[១៦] ម្នាលភិក្ខុទាំងឡាយ បដិបទានេះ មាន៤យ៉ាង។ បដិបទា ៤ គឺអ្វីខ្លះ។ គឺប្រតិប័ទលំបាក ទាំងត្រាស់ដឹង ក៏យឺតយូរ ១ ប្រតិប័ទលំបាក តែត្រាស់ដឹងបានឆាប់ ១ ប្រតិប័ទស្រួល តែត្រាស់ដឹងយឺតយូរ ១ ប្រតិប័ទស្រួល ទាំងត្រាស់ដឹង ក៏បានឆាប់ ១។ ម្នាលភិក្ខុទាំងឡាយ បណ្ដាបដិបទាទាំង ៤យ៉ាងនោះ បដិបទាណា ទាំងមានសេចក្ដី លំបាក ទាំងត្រាស់ដឹងបានក៏យឺតយូរ ម្នាលភិក្ខុទាំងឡាយ បដិបទានេះ ចាត់ជាថោកទាប ដោយហេតុ ២ ស្ថាន គឺថា ប្រតិប័ទលំបាក ចាត់ជាថោកទាប ដោយប្រតិប័ទលំបាក ១ ប្រតិប័ទត្រាស់ដឹងបានយឺតយូរ ចាត់ជាថោកទាប ដោយសេចក្ដីយឺតយូរ ១។ ម្នាលភិក្ខុទាំងឡាយ នេះចាត់ជាបដិបទាថោកទាប ដោយហេតុ ២ ស្ថាន។ ម្នាលភិក្ខុទាំងឡាយ បណ្ដាបដិបទាទាំង ៤យ៉ាងនេះ បដិបទាណា លំបាក ត្រាស់ដឹងបានឆាប់ ម្នាលភិក្ខុទាំងឡាយ បដិបទានេះ ចាត់ជាថោកទាប ព្រោះសេចក្ដីលំបាក។ ម្នាលភិក្ខុ ទាំងឡាយ បណ្ដាបដិបទាទាំង ៤ យ៉ាងនោះ បដិបទាណា ស្រួល តែទាស់ត្រាស់ដឹង យឺតយូរ ម្នាលភិក្ខុទាំងឡាយ បដិបទានេះ ចាត់ជាថោកទាប ព្រោះត្រាស់ដឹងយឺតយូរ។ ម្នាលភិក្ខុទាំងឡាយ បណ្ដាបដិបទាទាំង ៤ នោះ បដិបទាណា ស្រួល ទាំងត្រាស់ដឹងក៏ឆាប់ ម្នាលភិក្ខុទាំងឡាយ បដិបទានេះ ចាត់ជាថ្លៃថ្លា ដោយហេតុ ២ ស្ថាន គឺថាប្រតិប័ទស្រួល ចាត់ជាថ្លៃថ្លា ដោយប្រតិប័ទ ១ បដិបទាណា ត្រាស់ដឹងបានឆាប់ ចាត់ជាថ្លៃថ្លា ដោយការត្រាស់ដឹងបានឆាប់ ១។ ម្នាលភិក្ខុទាំងឡាយ នេះចាត់ជាបដិបទាថ្លៃថ្លា ដោយហេតុ ២ ស្ថាន។ ម្នាលភិក្ខុទាំងឡាយ បដិបទា មាន៤យ៉ាងនេះឯង។

(មហាមោគ្គល្លានសូត្រ ទី៧)

(៧. មហាមោគ្គល្លានសុត្តំ)

[១៧] គ្រានោះ ព្រះសារីបុត្តមានអាយុ ចូលទៅរកព្រះមហាមោគ្គល្លានមានអាយុ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្ដីរីករាយ ជាមួយនឹងព្រះមហាមោគ្គល្លានមានអាយុ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យដែលគួររឭកហើយ ក៏គង់ក្នុងទីដ៏សមគួរ។ លុះព្រះសារីបុត្តមានអាយុ គង់នៅក្នុងទីដ៏សមគួរហើយ ក៏បានពោលនឹងព្រះមហា មោគ្គល្លានមានអាយុថា ម្នាលអាវុសោមោគ្គល្លាន បដិបទានេះ មាន ៤។ បដិបទា ៤ គឺអ្វីខ្លះ។ គឺប្រតិប័ទលំបាក ទាំងត្រាស់ដឹងយឺតយូរ ១ ប្រតិប័ទលំបាក តែត្រាស់ដឹងបាន ឆាប់ ១ ប្រតិប័ទស្រួល តែទាស់ត្រាស់ដឹងយឺតយូរ ១ ប្រតិប័ទស្រួល ទាំងត្រាស់ដឹង ក៏បានឆាប់ ១។ ម្នាលអាវុសោ បដិបទា មាន ៤ យ៉ាងនេះឯង។ ម្នាលអាវុសោ បណ្ដា បដិបទា ទាំង៤នេះ ចិត្តអ្នកអាស្រ័យនូវបដិបទាណា ទើបរួចចាកអាសវៈទាំងឡាយ ព្រោះមិនប្រកាន់មាំ។ ម្នាលអាវុសោសារីបុត្ត បដិបទានេះ មាន៤។ បដិបទា ៤ គឺអ្វីខ្លះ។ គឺប្រតិប័ទលំបាក ទាំងត្រាស់ដឹងយឺតយូរ ១ ប្រតិប័ទលំបាក តែត្រាស់ដឹងបានឆាប់ ១ ប្រតិប័ទស្រួល តែទាស់ត្រាស់ដឹងយឺតយូរ ១ ប្រតិប័ទស្រួល ទាំងត្រាស់ដឹងក៏បានឆាប់ ១។ ម្នាលអាវុសោ បដិបទា មាន៤យ៉ាងនេះឯង។ ម្នាលអាវុសោ បណ្ដាបដិបទាទាំង ៤ នេះ ចិត្តខ្ញុំអាស្រ័យនូវបដិបទា ដែលជាប្រតិប័ទលំបាក តែត្រាស់ដឹងបានឆាប់នេះ ទើបរួចចាកអាសវៈ ព្រោះមិនប្រកាន់មាំ។

(សារិបុត្តសូត្រ ទី៨)

(៨. សារិបុត្តសុត្តំ)

[១៨] គ្រានោះ ព្រះមហាមោគ្គល្លានដ៏មានអាយុ ចូលទៅរកព្រះសារីបុត្តដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្ដីរីករាយ ជាមួយនឹងព្រះសារីបុត្ត ដ៏មានអាយុ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យគួររឭកហើយ ក៏គង់នៅក្នុងទីដ៏សមគួរ។ លុះព្រះមហាមោគ្គល្លានដ៏មានអាយុ គង់ក្នុងទីដ៏សមគួរហើយ បានពោលនឹងព្រះសារីបុត្តដ៏មានអាយុ ដូច្នេះថា ម្នាលអាវុសោសារីបុត្ត បដិបទានេះ មាន ៤។ បដិបទា ៤ គឺអ្វីខ្លះ។ គឺប្រតិប័ទលំបាក ទាំងត្រាស់ដឹងក៏យឺតយូរ ១ ប្រតិប័ទលំបាក តែត្រាស់ដឹងបានឆាប់ ១ ប្រតិប័ទស្រួល តែត្រាស់ដឹងយឺតយូរ ១ ប្រតិប័ទស្រួល ទាំង ត្រាស់ដឹងក៏បានឆាប់ ១។ ម្នាលអាវុសោ បដិបទា មាន ៤យ៉ាងនេះឯង។ ម្នាលអាវុសោ បណ្ដាបដិបទាទាំង ៤ នេះ ចិត្តអ្នកអាស្រ័យនូវបដិបទាណា ដែលនាំឲ្យរួចចាកអាសវៈ ទាំងឡាយ ព្រោះមិនប្រកាន់មាំ។ ម្នាលអាវុសោមោគ្គល្លាន បដិបទានេះ មាន ៤។ បដិបទា ៤ គឺអ្វីខ្លះ។ គឺប្រតិប័ទលំបាក ទាំងត្រាស់ដឹងក៏យឺតយូរ ១ ប្រតិប័ទលំបាក តែត្រាស់ដឹងបានឆាប់ ១ ប្រតិប័ទស្រួល តែត្រាស់ដឹងយឺតយូរ ១ ប្រតិប័ទស្រួល ទាំង ត្រាស់ដឹងក៏បានឆាប់ ១។ ម្នាលអាវុសោ បដិបទា មាន៤យ៉ាងនេះឯង។ ម្នាលអាវុសោ បណ្ដាបដិបទាទាំង ៤ នេះ ចិត្តខ្ញុំអាស្រ័យនូវបដិបទា ដែលជាប្រតិប័ទស្រួល ទាំងត្រាស់ ដឹងបានឆាប់នេះ ទើបរួចចាកអាសវៈទាំងឡាយ ព្រោះមិនប្រកាន់មាំ។

(សសង្ខារសូត្រ ទី៩)

(៩. សសង្ខារសុត្តំ)

[១៩] ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះ រមែងមានបា្រកដ នៅក្នុងលោក។ បុគ្គល ៤ ពួក ដូចម្ដេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជា សសង្ខារបរិនិព្វាយី1) ក្នុងបច្ចុប្បន្ន។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ លុះបែកធ្លាយរាងកាយទៅ ទើបជាសសង្ខារបរិនិព្វាយី។ ម្នាលភិក្ខុទាំងឡាយ បុគ្គល ពួកខ្លះ ក្នុងលោកនេះ ជាអសង្ខារបរិនិព្វាយី2) ក្នុងបច្ចុប្បន្ន។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ លុះបែកធ្លាយរាងកាយទៅ ទើបជាអសង្ខារបរិនិព្វាយី។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលជាសសង្ខារបរិនិព្វាយី ក្នុងបច្ចុប្បន្ន តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណាឃើញគ្រឿងមិនស្អាតក្នុងកាយ កំណត់សេចក្ដីបដិកូលក្នុងអាហារ កំណត់សេចក្ដីមិនត្រេកអរ ក្នុងលោកទាំងពួង ឃើញនូវសេចក្ដីមិនទៀង ក្នុងសង្ខារទាំងពួង មួយទៀត ភិក្ខុនោះ កំណត់សេចក្ដីស្លាប់ ដម្កល់ទុកដោយប្រពៃឰដ៏ខាងក្នុង។ ភិក្ខុនោះ តែងអាស្រ័យនូវសេក្ខពល (ធម៌ ជាកម្លាំងព្រះសេក្ខៈ) ៥ នេះ គឺសទ្ធាពល ហិរិពល ឱត្តប្បពល វីរិយពល បញ្ញាពល ឥន្ទ្រិយ ៥ នេះ គឺសទ្ធិន្រ្ទិយ វីរិយិន្រ្ទិយ សតិន្រ្ទិយ សមាធិន្រ្ទិយ បញ្ញិន្រ្ទិយ ដ៏ក្លៀវក្លា រមែងកើតបា្រកដ ដល់ភិក្ខុនោះ ព្រោះឥន្រ្ទិយទាំង ៥ នេះក្លៀវក្លាដែរ ភិក្ខុនោះ ក៏ជាសសង្ខារបរិនិព្វាយី ក្នុងបច្ចុប្បន្ន។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាសសង្ខារបរិនិព្វាយី ក្នុងបច្ចុប្បន្នយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គល លុះបែកធ្លាយរាងកាយទៅ ទើបជាសសង្ខារបរិនិព្វាយី តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណាឃើញគ្រឿងមិនស្អាតក្នុងកាយ កំណត់សេចក្ដីបដិកូលក្នុងអាហារ កំណត់សេចក្ដីមិនត្រេកអរ ក្នុងលោកទាំងពួង ឃើញនូវសេចក្ដីមិនទៀង ក្នុងសង្ខារទាំងពួង មួយទៀត ភិក្ខុនោះ កំណត់សេចក្ដីស្លាប់ ដម្កល់ទុកដោយប្រពៃ ឰដ៏ខាងក្នុង។ ភិក្ខុនោះ តែងអាស្រ័យនូវសេក្ខពល ទាំង៥នេះ គឺសទ្ធាពល ហិរិពល ឱត្តប្បពល វីរិយពល បញ្ញាពល ឥន្រ្ទិយ ៥ នេះគឺ សទ្ធិន្រ្ទិយ វីរិយិន្រ្ទិយ សតិន្ទ្រិយ សមាធិន្រ្ទិយ បញ្ញិន្រ្ទិយនៅទន់ខ្សោយ រមែងកើតបា្រកដ ដល់ភិក្ខុនោះ ព្រោះឥន្រ្ទិយទាំង ៥ នេះ នៅទន់ខ្សោយដែរ ភិក្ខុនោះ លុះបែកធ្លាយរាងកាយទៅ ទើបជាសសង្ខារបរិនិព្វាយី។ ម្នាលភិក្ខុទាំងឡាយ បុគ្គលលុះបែកធ្លាយរាងកាយទៅ ទើបជាសសង្ខារបរិនិព្វាយី យ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលជាអសង្ខារបរិនិព្វាយី ក្នុងបច្ចុប្បន្ននេះ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ស្ងាត់ចាកកាមទាំងឡាយ។បេ។ ចូលកាន់បឋមជ្ឈាន ព្រោះរម្ងាប់នូវវិតក្កៈ វិចារៈ។បេ។ ចូលកាន់ទុតិយជ្ឈាន ព្រោះនឿយណាយចាកបីតិផង។បេ។ ចូលកាន់តតិយជ្ឈាន ព្រោះលះបង់នូវសុខផង លះបង់នូវទុក្ខផង។បេ។ ចូលកាន់ចតុត្ថជ្ឈាន។ ភិក្ខុនោះ តែងអាស្រ័យនូវសេក្ខពល ទាំង ៥ នេះ គឺសទ្ធាពល ហិរិពល ឱត្តប្បពល វីរិយពល បញ្ញាពល ឥន្រ្ទិយទាំង៥នេះ គឺសទ្ធិន្រ្ទិយ វីរិយិន្រ្ទិយ សតិន្រ្ទិយ សមាធិន្រ្ទិយ បញ្ញិន្រ្ទិយ ដ៏ក្លៀវក្លា រមែងកើតបា្រកដ ដល់ភិក្ខុនោះ ព្រោះឥន្រ្ទិយទាំង ៥ នេះ ក្លៀវក្លាដែរ ភិក្ខុនោះ ទើបជាអសង្ខារបរិនិព្វាយី ក្នុងបច្ចុប្បន្ន។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាអសង្ខារបរិនិព្វាយី ក្នុងបច្ចុប្បន្ន យ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គល លុះតែបែកធ្លាយរាងកាយទៅ ទើបជាអសង្ខារបរិនិព្វាយី តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ស្ងប់ស្ងាត់ចាកកាមទាំងឡាយ។បេ។ ចូលកាន់បឋមជ្ឈាន ព្រោះរម្ងាប់នូវវិតក្កៈ វិចារៈ។បេ។ ចូលកាន់ទុតិយជ្ឈាន ព្រោះនឿយណាយ ចាកបីតិផង។ បេ។ ចូលកាន់តតិយជ្ឈាន ព្រោះលះបង់នូវសុខផង លះបង់នូវទុក្ខផង។បេ។ ក៏ចូលកាន់ចតុត្ថជ្ឈាន។ ភិក្ខុនោះ តែងអាស្រ័យនូវសេក្ខពល ទាំង ៥ នេះ គឺសទ្ធាពល ហិរិពល ឱត្តប្បពល វីរិយពល បញ្ញាពល ឥន្រ្ទិយទាំង ៥ នេះ គឺសទ្ធិន្រ្ទិយ វីរិយិន្រ្ទិយ សតិន្រ្ទិយ សមាធិន្រ្ទិយ បញ្ញិន្ទ្រិយ នៅទន់ខ្សោយ រមែងកើតបា្រកដ ដល់ភិក្ខុនោះ ព្រោះតែឥន្រ្ទិយទាំង ៥ នេះ នៅទន់ខ្សោយដែរ ភិក្ខុនោះ លុះបែកធ្លាយរាងកាយទៅ ទើបជាអសង្ខារបរិនិព្វាយី។ ម្នាលភិក្ខុទាំងឡាយ បុគ្គលលុះតែបែកធ្លាយរាងកាយទៅ ទើបជាអសង្ខារបរិនិព្វាយី យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ បុគ្គលទាំង ៤ពួកនេះ រមែងមានបា្រកដ នៅក្នុងលោក។

(យុគនទ្ធសូត្រ ទី១០)

(១០. យុគនទ្ធសុត្តំ)

[២០] សម័យមួយ ព្រះអានន្ទដ៏មានអាយុ នៅក្នុងឃោសិតារាម ជិតក្រុងកោសម្ពី។ ក្នុងទីនោះ ព្រះអានន្ទដ៏មានអាយុ បានហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុដ៏មានអាយុ ទាំងឡាយ។ ភិក្ខុទាំងនោះ ទទួលតបថេរវាចា នៃព្រះអានន្ទដ៏មានអាយុថា ករុណាអាវុសោ។ ព្រះអានន្ទដ៏មានអាយុ ក៏បានពោលពាក្យ ដូច្នេះថា ម្នាលអាវុសោទាំងឡាយ សហធម្មិកឯណាមួយ ជាភិក្ខុក្ដី ភិក្ខុនីក្ដី ព្យាករនូវការដល់ព្រះអរហត្ត ក្នុងសំណាក់ខ្ញុំ ដោយមគ្គទាំង ៤ ឬបណ្ដាមគ្គទាំង ៤ នុ៎ះ មគ្គណាមួយ ដោយអាការទាំងពួង។ មគ្គទាំង ៤ គឺអ្វីខ្លះ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើនវិបស្សនា មានសមថៈ ជាប្រធាន កាលលោកចំរើនវិបស្សនា មានសមថៈជាប្រធាន មគ្គក៏កើតឡើង។ លោកក៏បន្ទុំ ចំរើន ធ្វើឲ្យច្រើននូវមគ្គនោះ កាលបើលោកបន្ទុំ ចំរើន ធ្វើឲ្យច្រើនឡើង នូវមគ្គនោះ លោកក៏អាចលះបង់សញ្ញោជនៈទាំងឡាយបាន ទាំងអនុស័យក៏អស់ទៅ។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុចំរើនសមថៈ មានវិបស្សនា ជាប្រធាន កាលលោកចំរើនសមថៈ មានវិបស្សនា ជាប្រធាន មគ្គក៏កើតឡើង។ លោកក៏បន្ទុំ ចំរើន ធ្វើឲ្យច្រើននូវមគ្គនោះ កាលបើលោកបន្ទុំ ចំរើន ធ្វើឲ្យច្រើននូវមគ្គនោះ លោកក៏អាចលះបង់សញ្ញោជនៈបាន ទាំងអនុស័យក៏អស់ទៅ។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុចំរើនសមថៈ និងវិបស្សនា ជាគូនឹងគ្នា កាលលោកចំរើនសមថៈ និងវិបស្សនា ជាគូនឹងគ្នា មគ្គក៏កើតឡើង។ លោកក៏បន្ទុំ ចំរើន ធ្វើឲ្យច្រើននូវមគ្គនោះ កាលបើលោកបន្ទុំ ចំរើន ធ្វើឲ្យច្រើននូវមគ្គនោះ លោកក៏អាចលះបង់សញ្ញោជនៈបាន ទាំងអនុស័យក៏អស់ទៅ។ ម្នាលអាវុសោទាំងឡាយ មួយទៀត ចិត្តរបស់ភិក្ខុ ដែលឧទ្ធច្ច (វិបស្សនូបក្កិលេស ១០) ក្នុងសមថៈ និងវិបស្សនាធម៌ កួចកាន់មាំ ម្នាលអាវុសោទាំងឡាយ ដល់សម័យដែលចិត្តឈប់នឹង ស្ងប់ស្ងៀម មានអារម្មណ៍ខ្ពស់ឯក នៅខាងក្នុង ជាសមាធិ មគ្គរមែងកើតឡើង ដល់ភិក្ខុនោះ។ លោកក៏បន្ទុំ ចំរើន ធ្វើឲ្យច្រើន នូវមគ្គនោះ កាលបើលោកបន្ទុំ ចំរើន ធ្វើឲ្យច្រើន នូវមគ្គនោះ លោកក៏អាចលះបង់សញ្ញោជនៈទាំងឡាយបាន ទាំងអនុស័យ ក៏អស់ទៅ។ ម្នាលអាវុសោទាំងឡាយ សហធម្មិកឯណាមួយ ជាភិក្ខុក្ដី ជាភិក្ខុនីក្ដី ព្យាករនូវការដល់ព្រះអរហត្ត ក្នុងសំណាក់ខ្ញុំ ដោយមគ្គទាំង ៤ នេះ ឬក៏បណ្ដាមគ្គទាំង ៤ នោះ ដោយមគ្គណាមួយ ដោយអាការទាំងពួងបាន។

ចប់ បដិបទាវគ្គ ទី២។

ឧទ្ទាននៃបដិបទាវគ្គនោះគឺ

និយាយអំពីបដិបទា ៤យ៉ាង ដោយសង្ខេប ១ អំពីបដិបទា ៤យ៉ាង ដោយពិស្ដារ ១ អំពីបដិបទា ៤យ៉ាង មានភិក្ខុពិចារណាឃើញថា មិនស្អាត ជាដើម ១ អំពីបដិបទា ៤ យ៉ាង មានសេចក្ដីអត់ធន់ ជាដើម ២លើក អំពីបដិបទារួមគ្នាដោយចំណែកពីរ ១ អំពីរឿងព្រះមោគ្គល្លាន ១ អំពីព្រះសារីបុត្ត ១ អំពីសសង្ខារបរិនិព្វាយី ជាដើម ១ អំពីការចំរើនសមថៈ និងវិបស្សនា ជាគូនឹងគ្នា១។

សញ្ចេតនិយវគ្គ ទី៣ (១៨)

((១៨) ៣. សញ្ចេតនិយវគ្គោ)

(ចេតនាសូត្រ ទី១)

(១. ចេតនាសុត្តំ)

[២១] ម្នាលភិក្ខុទាំងឡាយ កាលបើកាយទ្វារ3) មាន សុខទុក្ខជាខាងក្នុង រមែងកើតឡើង ព្រោះកាយសញ្ចេតនា4) ជាហេតុ ម្នាលភិក្ខុទាំងឡាយ កាលបើវចីទ្វារ មាន សុខទុក្ខជាខាងក្នុង រមែងកើតឡើង ព្រោះវចីសញ្ចេតនាជាហេតុ ម្នាលភិក្ខុទាំងឡាយ កាលបើមនោទ្វារ មាន សុខទុក្ខជាខាងក្នុង រមែងកើតឡើង ព្រោះមនោសញ្ចេតនាជាហេតុ ឬព្រោះអវិជ្ជាជាបច្ច័យ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលតាក់តែងកាយសង្ខារ ដោយខ្លួនឯង ដែលជាបច្ច័យ នាំឲ្យសុខទុក្ខជាខាងក្នុង កើតឡើង ក៏មាន ម្នាលភិក្ខុទាំងឡាយ បុគ្គលដទៃតាក់តែងកាយសង្ខារ ដែលជាបច្ច័យ នាំឲ្យសុខទុក្ខ ជាខាងក្នុង កើតឡើងក៏មាន ម្នាលភិក្ខុទាំងឡាយ បុគ្គលមានសេចក្ដីដឹងច្បាស់5) តាក់តែងកាយសង្ខារ ដែលជាបច្ច័យ នាំឲ្យសុខទុក្ខជាខាងក្នុង កើតឡើងក៏មាន ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលមិនមានសេចក្ដីដឹងច្បាស់ តាក់តែងកាយសង្ខារ ដែលជាបច្ច័យ នាំឲ្យសុខទុក្ខជាខាងក្នុង កើតឡើងក៏មាន។ ម្នាលភិក្ខុទាំងឡាយ បុគ្គល តាក់តែងវចីសង្ខារ ដោយខ្លួនឯង ដែលជាបច្ច័យនាំឲ្យសុខទុក្ខ ជាខាងក្នុង កើតឡើង ក៏មាន ម្នាលភិក្ខុទាំងឡាយ បុគ្គលដទៃតាក់តែងវចីសង្ខារ ដែលជាបច្ច័យនាំឲ្យសុខទុក្ខ ជាខាងក្នុង កើតឡើងក៏មាន ម្នាលភិក្ខុទាំងឡាយ បុគ្គលមានសេចក្ដីដឹងច្បាស់ តាក់តែងវចីសង្ខារ ដែលជាបច្ច័យ នាំឲ្យសុខទុក្ខជាខាងក្នុង កើតឡើងក៏មាន។ ម្នាលភិក្ខុទាំងឡាយ បុគ្គលតាក់តែងមនោសង្ខារ ដោយខ្លួនឯង ដែលជាបច្ច័យ នាំឲ្យសុខទុក្ខជាខាងក្នុង កើតឡើងក៏មាន ម្នាលភិក្ខុទាំងឡាយ បុគ្គលដទៃតាក់តែងមនោសង្ខារ ដែលជាបច្ច័យ នាំឲ្យសុខទុក្ខជាខាងក្នុង កើតឡើងក៏មាន ម្នាលភិក្ខុទាំងឡាយ បុគ្គលមានសេចក្ដីដឹងច្បាស់ តាក់តែងមនោសង្ខារ ដែលជាបច្ច័យ នាំឲ្យសុខទុក្ខ ជាខាងក្នុង កើតឡើងក៏មាន ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលមិនមានសេចក្ដីដឹងច្បាស់ តាក់តែងមនោសង្ខារ ដែលជាបច្ច័យ នាំឲ្យសុខទុក្ខ ជាខាងក្នុង កើតឡើងក៏មាន។ ម្នាលភិក្ខុទាំងឡាយ អវិជ្ជា តែងជាប់តាមទៅ ក្នុងធម៌ទាំងនេះ ព្រោះអវិជ្ជាវិនាស រលត់មិនមានសេសសល់ កាយនោះ រមែងមិនជាបច្ច័យ នាំឲ្យសុខទុក្ខ ជាខាងក្នុង កើតឡើងបាន វាចានោះ រមែងមិនជាបច្ច័យ នាំឲ្យសុខទុក្ខ ជាខាងក្នុង កើតឡើងបាន ចិត្តនោះ រមែងមិនជាបច្ច័យ នាំឲ្យសុខទុក្ខ ជាខាងក្នុង កើតឡើងបាន ខេត្តរមែងមិនមាន… វត្ថុរមែងមិនមាន… អាយតនៈ រមែងមិនមាន… អធិករណ៍ រមែងមិនជាបច្ច័យ នាំឲ្យសុខទុក្ខ ជាខាងក្នុង កើតឡើងបាន។ ម្នាលភិក្ខុទាំងឡាយ ការបានអត្តភាពនេះ មាន៤យ៉ាង។ ការបានអត្តភាព ៤យ៉ាង ដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ការបានអត្តភាព ដែលសញ្ចេតនា របស់ខ្លួននាំទៅ មិនមែនជាសញ្ចេតនា របស់បុគ្គលដទៃនាំទៅ ក៏មាន។ ម្នាលភិក្ខុទាំងឡាយ ការបានអត្តភាព ដែលសញ្ចេតនា របស់បុគ្គលដទៃនាំទៅ មិនមែនជាសញ្ចេតនា របស់ខ្លួននាំទៅក៏មាន។ ម្នាលភិក្ខុទាំងឡាយ ការបានអត្តភាព ដែលសញ្ចេតនា របស់ខ្លួននាំទៅផង សញ្ចេតនា របស់បុគ្គលដទៃ នាំទៅផងក៏មាន។ ម្នាលភិក្ខុទាំងឡាយ ការបានអត្តភាព ដែលសញ្ចេតនា របស់ខ្លួននាំទៅ ក៏មិនមែន សញ្ចេតនារបស់បុគ្គលដទៃនាំទៅ ក៏មិនមែន ក៏មាន។ ម្នាលភិក្ខុទាំងឡាយ ការបានអត្តភាព មាន ៤យ៉ាងនេះឯង។ លុះព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ព្រះសារីបុត្តដ៏មានអាយុ បានក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ភាសិត ដែលព្រះអង្គសំដែងសង្ខេបនេះ ខ្ញុំព្រះអង្គ អាចយល់សេចក្ដីដោយពិស្ដារបានយ៉ាងនេះ។ បពិត្រព្រះអង្គដ៏ចំរើន បណ្ដាការបានអត្តភាពទាំង៤នោះ ការបានអត្តភាព ដែល សញ្ចេតនារបស់ខ្លួននាំទៅ មិនមែនជាសញ្ចេតនា របស់បុគ្គលដទៃនាំទៅ ការច្យុតិចាក កាយនោះ របស់ពួកសត្វទាំងនោះ រមែងមាន ព្រោះសញ្ចេតនារបស់ខ្លួនជាហេតុ។ បពិត្រព្រះអង្គដ៏ចំរើន បណ្ដាការបានអត្តភាពទាំង ៤ នោះ ការបានអត្តភាព ដែលសញ្ចេតនា របស់បុគ្គលដទៃនាំទៅ មិនមែនសញ្ចេតនា របស់ខ្លួននាំទៅ ការច្យុតិចាកកាយនោះ របស់ពួកសត្វទាំងនោះ រមែងមាន ព្រោះសញ្ចេតនារបស់បុគ្គលដទៃជាហេតុ។ បពិត្រព្រះអង្គដ៏ចំរើន បណ្ដាការបានអត្តភាពទាំង ៤ នោះ ការបានអត្តភាព ដែលសញ្ចេតនា របស់ខ្លួននាំទៅផង សញ្ចេតនា របស់បុគ្គលដទៃនាំទៅផង ការច្យុតិចាកកាយនោះ របស់ពួកសត្វទាំងនោះ រមែងមាន ព្រោះសញ្ចេតនា របស់ខ្លួនជាហេតុផង ព្រោះសញ្ចេតនា របស់បុគ្គលដទៃ ជាហេតុផង។ បពិត្រព្រះអង្គដ៏ចំរើន បណ្ដាការបាន អត្តភាពទាំង ៤ នោះ ការបានអត្តភាព ដែលសញ្ចេតនា របស់ខ្លួននាំទៅ ក៏មិនមែន សញ្ចេតនា របស់បុគ្គលដទៃនាំទៅ ក៏មិនមែន គេគប្បីឃើញថា បានដល់ទេវតាពួកណា។ ម្នាលសារីបុត្ត គេឃើញថា បានដល់ទេវតា ដែលកើតក្នុងនេវសញ្ញានាសញ្ញាយតនៈ។ បពិត្រព្រះអង្គដ៏ចំរើន ចុះហេតុដូចម្ដេច បច្ច័យដូចម្ដេច ដែលនាំឲ្យសត្វពួកខ្លះ ក្នុង លោកនេះ ច្យុតចាកកាយ (នេវសញ្ញានាសញ្ញាយតនៈ) នោះហើយ ជាអាគាមិបុគ្គល មកកាន់អត្តភាពនេះទៀត។ បពិត្រព្រះអង្គដ៏ចំរើន ចុះហេតុដូចម្ដេច បច្ច័យដូចម្ដេច ដែលនាំឲ្យសត្វពួកខ្លះ ក្នុងលោកនេះ ច្យុតចាកកាយនោះហើយ ជាអនាគាមិបុគ្គល មិនមកកាន់អត្តភាពនេះទៀត។ ម្នាលសារីបុត្ត បុគ្គលពួកខ្លះ ក្នុងលោកនេះ មិនបាន លះបង់ឱរម្ភាគិយសញ្ញោជនៈ តែបុគ្គលនោះ ក៏បានសម្រេចនេវសញ្ញានាសញ្ញាយតនៈ ក្នុងបច្ចុប្បន្ន បុគ្គលនោះ ក៏ត្រេកអរនឹងឈាននោះ ពេញចិត្តនឹងឈាននោះ ដល់នូវសេចក្ដីរីករាយ នឹងឈាននោះ កាលលោកតាំងនៅក្នុងឈាននោះ ចុះចិត្តស៊ប់ ក្នុងឈាននោះ សម្រេចសម្រាន្ដ ដោយឈាននោះយ៉ាងច្រើន មិនបានឲ្យសាបសូន្យ ចាកឈាននោះទៅវិញ លុះដល់ធ្វើមរណកាលទៅ តែងទៅកើតជាមួយនឹងពួកទេវតា ដែលកើតក្នុងនេវសញ្ញានាសញ្ញាយតនៈ កាលបុគ្គលនោះ ច្យុតចាកភពនោះ ក៏ជាអាគាមិបុគ្គល មកកាន់អត្តភាពនេះទៀត។ ម្នាលសារីបុត្ត ចំណែកបុគ្គលពួកខ្លះ ក្នុងលោកនេះ លះបង់ឱរម្ភាគិយសញ្ញោជនៈ បុគ្គលនោះ បានសម្រេចនេវសញ្ញានាសញ្ញាយតនៈ ក្នុងបច្ចុប្បន្ន បុគ្គលនោះ ក៏ត្រេកអរនឹងឈាននោះ ពេញចិត្តនឹងឈាននោះ ដល់នូវសេចក្តីរីករាយ ដោយឈាននោះ កាលលោកតាំងនៅក្នុងឈាននោះ ចុះចិត្តស៊ប់ ក្នុងឈាននោះ សម្រេចសម្រាន្ដ ដោយឈាននោះយ៉ាងច្រើន មិនបានសាបសូន្យ ចាកឈាននោះទៅវិញ លុះដល់ធ្វើមរណកាលទៅ តែងទៅកើតជាមួយនឹងពួកទេវតា ដែលកើតក្នុងនេវសញ្ញានាសញ្ញាយតនៈ កាលបុគ្គលនោះច្យុត ចាកភពនោះ ក៏ជាអនាគាមិបុគ្គល មិនមកកាន់អត្តភាពនេះទៀត។ ម្នាលសារីបុត្ត នេះឯងជាហេតុ នេះឯងជាបច្ច័យ ដែលនាំឲ្យសត្វពួកខ្លះ ក្នុងលោកនេះ ច្យុតចាកកាយនោះ បានជាអាគាមិបុគ្គល មកកាន់អត្តភាពនេះទៀត ម្នាលសារីបុត្ត នេះឯង ជាហេតុ នេះឯងជាបច្ច័យ ដែលនាំឲ្យសត្វពួកខ្លះ ក្នុងលោកនេះ ច្យុតចាកកាយនោះ បានជាអនាគាមិបុគ្គល មិនមកកាន់អត្តភាពនេះទៀត។

(វិភត្តិសូត្រ ទី២)

(២. វិភត្តិសុត្តំ)

[២២] ក្នុងទីនោះ ព្រះសារីបុត្តដ៏មានអាយុ បានហៅពួកភិក្ខុមកថា ម្នាលអាវុសោ ភិក្ខុទាំងឡាយ។ ពួកភិក្ខុទាំងនោះ ទទួលតបថេរវាចា នៃព្រះសារីបុត្តដ៏មានអាយុថា ព្រះករុណា អាវុសោ។ ទើបព្រះសារីបុត្តដ៏មានអាយុ មានថេរវាចា ដូច្នេះថា ម្នាលអាវុសោទាំងឡាយ ខ្ញុំទើបនឹងទទួលឧបសម្បទា បានកន្លះខែ ក៏អាចធ្វើឲ្យជាក់ច្បាស់ នូវអត្ថប្បដិសម្ភិទា ដោយចំណែក ដោយព្យញ្ជនៈបាន ខ្ញុំនឹងប្រាប់ នឹងសំដែង នឹងធ្វើឲ្យ យល់ច្បាស់ នឹងតាំងផ្ដើម នឹងបើក នឹងចែក នឹងធ្វើឲ្យរាក់ នូវអត្ថប្បដិសម្ភិទានោះ ដោយ អនេកបរិយាយបាន។ បើអ្នកណា មានសេចក្ដីសង្ស័យ ងឿងឆ្ងល់ អ្នកនោះ ចូរសួរប្រស្នានឹងខ្ញុំចុះ ខ្ញុំនឹងអាចឆ្លើយដោះស្រាយ ទាន់ព្រះសាស្ដា ទ្រង់ឆ្លៀវឆ្លាសលើសលុប ក្នុងធម៌ទាំងឡាយ គង់នៅចំពោះមុខយើងទាំងឡាយស្រាប់ហើយ។ ម្នាលអាវុសោ ទាំងឡាយ ខ្ញុំទើបនឹងទទួលឧបសម្បទា បានកន្លះខែ ក៏អាចធ្វើឲ្យជាក់ច្បាស់ នូវធម្មប្បដិសម្ភិទា ដោយចំណែក ដោយព្យញ្ជនៈបាន ខ្ញុំនឹងបា្រប់ នឹងសំដែង នឹងធ្វើឲ្យយល់ច្បាស់ នឹងតាំងផ្ដើម នឹងបើក នឹងចែក នឹងធ្វើឲ្យរាក់ នូវធម្មប្បដិសម្ភិទានេះ ដោយអនេកបរិយាយបាន។ បើអ្នកណា មានសេចក្តីសង្ស័យ ឬងឿងឆ្ងល់ អ្នកនោះ ចូរសួរប្រស្នានឹងខ្ញុំចុះ ខ្ញុំនឹងអាចឆ្លើយដោះស្រាយ ទាន់ព្រះសាស្តា ទ្រង់ឆ្លៀវឆ្លាសលើសលុប ក្នុងធម៌ទាំងឡាយ គង់នៅចំពោះមុខយើងទាំងឡាយស្រាប់ហើយ។ ម្នាលអាវុសោទាំងឡាយ ខ្ញុំទើបនឹងទទួលឧបសម្បទា បានកន្លះខែ អាចធ្វើឲ្យជាក់ច្បាស់ នូវនិរុត្តិប្បដិសម្ភិទា ដោយចំណែក ដោយព្យពា្ជនៈបាន ខ្ញុំនឹងប្រាប់ នឹងសំដែង នឹងធ្វើឲ្យយល់ច្បាស់ នឹងតាំងផ្តើម នឹងបើក នឹងចែក នឹងធ្វើឲ្យរាក់ នូវនិរុត្តិប្បដិសម្ភិទានោះ ដោយអនេកបរិយាយបាន។ បើអ្នកណា មានសេចក្តីសង្ស័យ ឬងឿងឆ្ងល់ អ្នកនោះ ចូរសួរប្រស្នានឹងខ្ញុំចុះ ខ្ញុំនឹងអាចឆ្លើយដោះស្រាយ ទាន់ព្រះសាស្តា ទ្រង់ឆ្លៀវឆ្លាសលើសលុប ក្នុងធម៌ទាំងឡាយ គង់នៅចំពោះមុខយើងទាំងឡាយស្រាប់ហើយ។ ម្នាលអាវុសោទាំងឡាយ ខ្ញុំទើបនឹងទទួលឧបសម្បទា បានកន្លះខែ អាចធ្វើឲ្យជាក់ច្បាស់ នូវបដិភាណប្បដិសម្ភិទា ដោយចំណែក ដោយព្យពា្ជនៈបាន ខ្ញុំនឹងប្រាប់ នឹងសំដែង នឹងធ្វើឲ្យយល់ច្បាស់ នឹងតាំងផ្តើម នឹងបើក នឹងចែក នឹងធ្វើឲ្យរាក់ នូវបដិភាណប្បដិសម្ភិទានោះ ដោយអនេកបរិយាយបាន។ បើអ្នកឯណា មានសេចក្តីសង្ស័យ ឬងឿងឆ្ងល់ អ្នកនោះចូរសួរប្រស្នានឹងខ្ញុំចុះ ខ្ញុំនឹងឆ្លើយដោះស្រាយ ទាន់ព្រះសាស្តា ទ្រង់ឆ្លៀវឆ្លាសលើសលុប ក្នុងធម៌ទាំងឡាយ គង់នៅចំពោះមុខយើងទាំងឡាយស្រាប់ហើយ។

(មហាកោដ្ឋិកសូត្រ ទី៣)

(៣. មហាកោដ្ឋិកសុត្តំ)

[២៣] គ្រានោះ ព្រះមហាកោដិ្ឋតៈដ៏មានអាយុ ចូលទៅរកព្រះសារីបុត្តដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះសារីបុត្តដ៏មានអាយុ លុះ បពា្ចប់ពាក្យ ដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ទើបអង្គុយក្នុងទីដ៏សមគួរ។ លុះព្រះមហាកោដ្ឋិតៈដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ បានសួរព្រះសារីបុត្ត ដ៏មានអាយុ ដូច្នេះថា ម្នាលអាវុសោ ព្រោះផស្សាយតនៈទាំង៦ វិនាសរលត់មិនមាន សេសសល់ អ្វីដទៃតិចតួច នៅមានដែរឬ។ ម្នាលអាវុសោ អ្នកកុំសួរយ៉ាងនេះឡើយ។ ម្នាលអាវុសោ ព្រោះផស្សាយតនៈទាំង ៦ វិនាស រលត់មិនមានសេសសល់ អ្វីដទៃ តិចតួច មិនមានទេឬ។ ម្នាលអាវុសោ អ្នកកុំសួរយ៉ាងនេះឡើយ។ ម្នាលអាវុសោ ព្រោះផស្សាយតនៈទាំង ៦ វិនាស រលត់មិនមានសេសសល់ អ្វីដទៃតិចតួច មានខ្លះ មិនមានខ្លះឬ។ ម្នាលអាវុសោ អ្នកកុំសួរយ៉ាងនេះឡើយ។ ម្នាលអាវុសោ ព្រោះ ផស្សាយតនៈទាំង ៦ វិនាស រលត់មិនមានសេសសល់ អ្វីដទៃតិចតួច មានក៏មិនមែន មិនមានក៏មិនមែនឬ។ ម្នាលអាវុសោ អ្នកកុំសួរយ៉ាងនេះឡើយ។ កាលខ្ញុំសួរថា ម្នាលអាវុសោ ព្រោះផស្សាយតនៈទាំង ៦ វិនាស រលត់មិនមានសេសសល់ អ្វីដទៃ តិចតួច នៅមានដែរឬ អ្នកពោលថា ម្នាលអាវុសោ អ្នកកុំសួរយ៉ាងនេះឡើយ។ កាល ខ្ញុំសួរថា ម្នាលអាវុសោ ព្រោះផស្សាយតនៈទាំង ៦ វិនាសរលត់ មិនមានសេសសល់ អ្វីដទៃតិចតួច មិនមានឬ អ្នកពោលថា ម្នាលអាវុសោ អ្នកកុំសួរយ៉ាងនេះឡើយ។ កាលខ្ញុំសួរថា ម្នាលអាវុសោ ព្រោះផស្សាយតនៈទាំង ៦ វិនាស រលត់មិនមានសេស សល់ អ្វីដទៃតិចតួច មានខ្លះ មិនមានខ្លះឬ អ្នកពោលថា ម្នាលអាវុសោ អ្នកកុំសួរ យ៉ាងនេះឡើយ។ កាលខ្ញុំសួរថា ម្នាលអាវុសោ ព្រោះផស្សាយតនៈទាំង ៦ វិនាសរលត់ មិនមានសេសសល់ អ្វីដទៃតិចតួច មានក៏មិនមែន មិនមានក៏មិនមែនឬ អ្នកពោលថា ម្នាលអាវុសោ អ្នកកុំសួរយ៉ាងនេះឡើយ។ ម្នាលអាវុសោ ចុះសេចក្ដីនៃភាសិតនេះ គប្បីយល់បាន ដោយប្រការដូចម្តេច។ កាលបើពោលថា ម្នាលអាវុសោ ព្រោះ ផស្សាយតនៈទាំង ៦ វិនាសរលត់ មិនមានសេសសល់ អ្វីដទៃតិចតួចនៅមាន ឈ្មោះថាធ្វើធម៌មិនបានយឺតយូរ ឲ្យយឺតយូរ កាលបើពោលថា ម្នាលអាវុសោ ព្រោះ ផស្សាយតនៈទាំង ៦ វិនាស រលត់មិនមានសេសសល់ អ្វីដទៃតិចតួចមិនមាន ឈ្មោះថា ធ្វើធម៌ មិនបានយឺតយូរ ឲ្យយឺតយូរ កាលបើពោលថា ម្នាលអាវុសោ ព្រោះផស្សាយតនៈ ទាំង៦ វិនាស រលត់មិនមានសេសសល់ អ្វីដទៃតិចតួច មានខ្លះ មិនមានខ្លះ ឈ្មោះថា ធ្វើធម៌ មិនបានយឺតយូរ ឲ្យយឺតយូរ កាលបើពោលថា ម្នាលអាវុសោ ព្រោះផស្សាយតនៈ ទាំង ៦ វិនាស រលត់មិនមានសេសសល់ អ្វីដទៃតិចតួច មានក៏មិនមែន មិនមានក៏មិនមែន ឈ្មោះថា ធ្វើធម៌មិនបានយឺតយូរ ឲ្យយឺតយូរ។ ម្នាលអាវុសោ ផស្សាយតនៈ ទាំង៦ នៅប្រព្រឹត្តទៅបានដរាបណា បបញ្ចធម៌ (ធម៌ជាគ្រឿងយឺតយូរ) ក៏មាននៅដរាបនោះ បបញ្ចធម៌ នៅប្រព្រឹត្តទៅបានដរាបណា ផស្សាយតនៈទាំង ៦ ក៏ប្រព្រឹត្តទៅបាន ដរាបនោះ។ ម្នាលអាវុសោ ព្រោះផស្សាយតនៈ ទាំង៦ វិនាស រលត់មិនមានសេសសល់ បបញ្ចធម៌ ក៏រលត់ទៅ បបញ្ចធម៌ ក៏ស្ងប់ទៅ។

(អានន្ទសូត្រ ទី៤)

(៤. អានន្ទសុត្តំ)

[២៤] គ្រានោះ ព្រះអានន្ទដ៏មានអាយុ ចូលទៅរកព្រះមហាកោដ្ឋិតៈដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះមហាកោដ្ឋិតៈដ៏មានអាយុ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ក៏អង្គុយក្នុងទីសមគួរ។ លុះព្រះអានន្ទដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ ក៏បានសួរព្រះមហាកោដ្ឋិតៈ ដ៏មានអាយុ ដូច្នេះថា ម្នាលអាវុសោ ព្រោះផស្សាយតនៈ ទាំង ៦ វិនាស រលត់មិនមានសេសសល់ អ្វីដទៃតិចតួច នៅមានដែរឬ។ ម្នាលអាវុសោ អ្នកកុំសួរយ៉ាងនេះឡើយ។ ម្នាលអាវុសោ ព្រោះផស្សាយតនៈ ទាំង ៦ វិនាស រលត់ មិនមានសេសសល់ អ្វីដទៃតិចតួច មិនមានឬ។ ម្នាលអាវុសោ អ្នកកុំសួរយ៉ាងនេះឡើយ។ ម្នាលអាវុសោ ព្រោះ ផស្សាយតនៈ ទាំង ៦ វិនាស រលត់មិនមានសេសសល់ អ្វីដទៃតិចតួច មានខ្លះ មិនមានខ្លះ ដែរឬ។ ម្នាលអាវុសោ អ្នកកុំសួរយ៉ាងនេះឡើយ។ ម្នាលអាវុសោ ព្រោះផស្សាយតនៈ ទាំង ៦ វិនាស រលត់ មិនមានសេសសល់ អ្វីដទៃតិចតួច មានក៏មិនមែន មិនមាន ក៏មិនមែនឬ។ ម្នាលអាវុសោ អ្នកកុំសួរយ៉ាងនេះឡើយ។ កាលខ្ញុំសួរថា ម្នាលអាវុសោ ព្រោះផស្សាយតនៈ ទាំង ៦ វិនាសរលត់ មិនមានសេសសល់ អ្វីដទៃតិចតួច នៅមានដែរឬ លោកពោលថា ម្នាលអាវុសោ អ្នកកុំសួរយ៉ាងនេះឡើយ កាលខ្ញុំសួរថា ម្នាលអាវុសោ ព្រោះផស្សាយតនៈ ទាំង ៦ វិនាស រលត់ មិនមានសេសសល់ អ្វីដទៃតិចតួច មិនមានឬ លោកពោលថា ម្នាលអាវុសោ អ្នកកុំសួរយ៉ាងនេះឡើយ កាលខ្ញុំសួរថា ម្នាលអាវុសោ ព្រោះផស្សាយតនៈ ទាំង ៦ វិនាស រលត់ មិនមានសេសសល់ អ្វីដទៃតិចតួច មានខ្លះ មិនមានខ្លះឬ លោកពោលថា ម្នាលអាវុសោ អ្នកកុំសួរយ៉ាងនេះឡើយ កាលខ្ញុំសួរថា ម្នាលអាវុសោ ព្រោះផស្សាយតនៈ ទាំង ៦ វិនាស រលត់ មិនមានសេសសល់ អ្វីដទៃតិចតួច មានក៏មិនមែន មិនមានក៏មិនមែនឬ លោកពោលថា ម្នាលអាវុសោ អ្នកកុំសួរយ៉ាងនេះឡើយ។ ម្នាលអាវុសោ ចុះសេចក្ដីនៃភាសិតនេះ គប្បីយល់បាន ដោយប្រការដូចម្ដេច។ កាលបើពោលថា ម្នាលអាវុសោ ព្រោះផស្សាយតនៈ ទាំង ៦ វិនាស រលត់មិនមានសេសសល់ អ្វីដទៃតិចតួច មាន ឈ្មោះថា ធ្វើធម៌ ដែលមិនបានយឺតយូរ ឲ្យយឺតយូរ កាលពោលថា ម្នាលអាវុសោ ព្រោះផស្សាយតនៈ ទាំង ៦ វិនាស រលត់មិនមានសេសសល់ អ្វីដទៃតិចតួច មិនមាន ឈ្មោះថា ធ្វើធម៌មិនបានយឺតយូរ ឲ្យយឺតយូរ កាលបើពោលថា ម្នាលអាវុសោ ព្រោះផស្សាយតនៈ ទាំង ៦ វិនាស រលត់ មិនមានសេសសល់ អ្វីដទៃតិចតួច មានខ្លះ មិនមានខ្លះ ឈ្មោះថា ធ្វើធម៌មិនបានយឺតយូរ ឲ្យយឺតយូរ កាលបើពោលថា ម្នាលអាវុសោ ព្រោះផស្សាយតនៈ ទាំង ៦ វិនាស រលត់ មិនមានសេសសល់ អ្វីដទៃតិចតួច មានក៏មិនមែន មិនមានក៏មិនមែន ឈ្មោះថា ធ្វើធម៌មិនបានយឺតយូរ ឲ្យយឺតយូរ។ ម្នាលអាវុសោ ផស្សាយតនៈ ទាំង ៦ នៅប្រព្រឹត្តទៅបាន ដរាបណា បបញ្ចធម៌ ក៏ប្រព្រឹត្តទៅបានដរាបនោះ បបញ្ចធម៌ នៅប្រព្រឹត្តទៅបានដរាបណា ផស្សាយតនៈ ទាំង ៦ ក៏នៅប្រព្រឹត្តទៅបាន ដរាបនោះ ម្នាលអាវុសោ ព្រោះផស្សាយតនៈ ទាំង ៦ វិនាស រលត់មិនមានសេសសល់ បបញ្ចធម៌ ក៏រលត់ទៅ បបញ្ចធម៌ ក៏ស្ងប់រម្ងាប់ទៅ។

(ឧបវាណសូត្រ ទី៥)

(៥. ឧបវាណសុត្តំ)

[២៥] គ្រានោះ ព្រះឧបវានៈ ដ៏មានអាយុ ចូលទៅរកព្រះសារីបុត្តដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្ដីរីករាយ ជាមួយនឹងព្រះសារីបុត្តដ៏មានអាយុ លុះ បញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ក៏អង្គុយក្នុងទីសមគួរ។ លុះព្រះឧបវានៈដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ ក៏បានសួរព្រះសារីបុត្តដ៏មាន អាយុថា ម្នាលអាវុសោ ចុះបុគ្គលធ្វើនូវទីបំផុតទុក្ខបាន ដោយវិជ្ជាឬ។ ម្នាលអាវុសោ ដំណើរនេះ មិនដូច្នោះទេ។ ម្នាលអាវុសោ ចុះបុគ្គលធ្វើនូវទីបំផុតទុក្ខបាន ដោយចរណៈឬ។ ម្នាលអាវុសោ ដំណើរនេះ មិនដូច្នោះទេ។ ម្នាលអាវុសោ ចុះបុគ្គលធ្វើនូវទីបំផុតទុក្ខបាន ដោយវិជ្ជា និងចរណៈឬ។ ម្នាលអាវុសោ ដំណើរនេះ មិនដូច្នោះទេ។ ម្នាលអាវុសោ ចុះបុគ្គលធ្វើនូវទីបំផុតទុក្ខបាន ព្រោះវៀរចាកវិជ្ជា និងចរណៈឬ។ ម្នាលអាវុសោ ដំណើរនេះ មិនដូច្នោះទេ។ កាលខ្ញុំសួរថា ម្នាលអាវុសោ ចុះបុគ្គលធ្វើនូវទីបំផុតទុក្ខបាន ដោយវិជ្ជា អ្នកក៏ពោលថា ម្នាលអាវុសោ ដំណើរនេះ មិនដូច្នោះទេ កាលខ្ញុំសួរថា ម្នាលអាវុសោ ចុះបុគ្គលធ្វើនូវទីបំផុតទុក្ខបាន ដោយចរណៈឬ អ្នកពោលថា ម្នាលអាវុសោ ដំណើរនេះ មិនដូច្នោះទេ កាលខ្ញុំសួរថា ម្នាលអាវុសោ ចុះបុគ្គលធ្វើនូវទីបំផុតទុក្ខបាន ដោយវិជ្ជា និងចរណៈឬ អ្នកពោលថា ម្នាលអាវុសោ ដំណើរនេះ មិនដូច្នោះទេ កាលខ្ញុំសួរថា ម្នាលអាវុសោ ចុះបុគ្គលធ្វើនូវទីបំផុតទុក្ខបាន ព្រោះវៀរចាកវិជ្ជា និងចរណៈឬ អ្នកពោលថា ម្នាលអាវុសោ ដំណើរនេះ មិនដូច្នោះទេ។ ម្នាលអាវុសោ ចុះបុគ្គលធ្វើនូវទីបំផុតទុក្ខបាន ដោយប្រការដូចម្ដេច។ ម្នាលអាវុសោ បើបុគ្គលនឹងធ្វើនូវទីបំផុតទុក្ខបាន ដោយវិជ្ជាហើយ បុគ្គលប្រកបដោយឧបាទាន ក៏ឈ្មោះថា ធ្វើនូវទីបំផុតទុក្ខបាន ម្នាលអាវុសោ បើបុគ្គលធ្វើនូវទីបំផុតទុក្ខបាន ដោយចរណៈហើយ បុគ្គលប្រកបដោយឧបាទាន ក៏ឈ្មោះថា ធ្វើនូវទីបំផុតទុក្ខបាន ម្នាលអាវុសោ បើបុគ្គលធ្វើនូវទីបំផុតទុក្ខបាន ដោយវិជ្ជា និងចរណៈហើយ បុគ្គលប្រកបដោយឧបាទាន ក៏ឈ្មោះថា នឹងធ្វើនូវទីបំផុតទុក្ខបាន ម្នាលអាវុសោ បើបុគ្គលធ្វើនូវទីបំផុតទុក្ខបាន ព្រោះវៀរចាកវិជ្ជា និងចរណៈហើយ បុថុជ្ជន ក៏ឈ្មោះថា នឹងធ្វើនូវទីបំផុតទុក្ខបាន ម្នាលអាវុសោ ព្រោះបុថុជ្ជនវៀរចាកវិជ្ជា និងចរណៈ ម្នាលអាវុសោ បុគ្គលបា្រសចាកចរណៈហើយ រមែងមិនដឹង មិនឃើញ តាមសេចក្ដីពិតបាន បុគ្គលប្រកបដោយចរណៈហើយ រមែងដឹង រមែងឃើញ តាមសេចក្ដីពិតបាន កាលបុគ្គលដឹង ឃើញតាមសេចក្ដីពិត ក៏រមែងធ្វើនូវទីបំផុតទុក្ខបាន។

(អាយាចនសូត្រ ទី៦)

(៦. អាយាចនសុត្តំ)

[២៦] ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកមានសទ្ធា កាលបើប្រាថ្នា (ធ្វើខ្លួន) ឲ្យត្រឹមត្រូវ គួរបា្រថ្នា យ៉ាងនេះថា សូមឲ្យអាត្មាអញ មានគុណសម្បត្តិ ដូចជាព្រះសារីបុត្ត និង ព្រះមោគ្គល្លាន។ ម្នាលភិក្ខុទាំងឡាយ ព្រោះសារីបុត្ត និងមោគ្គល្លាននុ៎ះ ទុកជាជញ្ជីង ជាបែបផែន ដល់ពួកភិក្ខុជាសាវក របស់តថាគត។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីអ្នកមានសទ្ធា កាលបើបា្រថ្នាឲ្យត្រូវ គួរបា្រថ្នា យ៉ាងនេះថា សូមឲ្យអាត្មាអញ មានគុណសម្បត្តិ ដូចជា ខេមាភិក្ខុនី និងឧប្បលវណ្ណាភិក្ខុនី។ ម្នាលភិក្ខុទាំងឡាយ ព្រោះខេមាភិក្ខុនី និង ឧប្បលវណ្ណាភិក្ខុនីនុ៎ះ ទុកជាជញ្ជីង ជាបែបផែន ដល់ពួកភិក្ខុនីជាសាវិកា របស់តថាគត។ ម្នាលភិក្ខុទាំងឡាយ ឧបាសកអ្នកមានសទ្ធា កាលបើប្រាថ្នាឲ្យត្រូវ គួរបា្រថ្នាយ៉ាងនេះថា សូមឲ្យអាត្មាអញ មានគុណសម្បត្តិ ដូចជាចិត្តគហបតី និងហត្ថកអាឡវកៈ។ ម្នាលភិក្ខុទាំងឡាយ ព្រោះចិត្តគហបតី និងហត្ថកអាឡវកនុ៎ះ ទុកជាជញ្ជីង ជាបែបផែន ដល់ពួក ឧបាសក ជាសាវករបស់តថាគត។ ម្នាលភិក្ខុទាំងឡាយ ឧបាសិកាអ្នកមានសទ្ធា កាលបើបា្រថ្នាឲ្យត្រូវ គួរបា្រថ្នា យ៉ាងនេះថា សូមឲ្យអាត្មាអញ មានគុណសម្បត្តិ ដូចជាឧបាសិកាឈ្មោះ ខុជ្ជុត្តរា និងវេឡុកណ្តកិយានន្ទមាតា។ ម្នាលភិក្ខុទាំងឡាយ ព្រោះខុជ្ជុត្តរាឧបាសិកា និងវេឡុកណ្តកិយានន្ទមាតានុ៎ះ ទុកជាជញ្ជីង ជាបែបផែន ដល់ពួក ឧបាសិកា ជាសាវិការបស់តថាគត។

(រាហុលសូត្រ ទី៧)

(៧. រាហុលសុត្តំ)

[២៧] គ្រានោះឯង ព្រះរាហុលដ៏មានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ រួចហើយគង់ក្នុងទីដ៏សមគួរ។ លុះព្រះរាហុលមានអាយុ គង់ក្នុងទីដ៏សមគួរហើយ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា នែរាហុល បឋវីធាតុ ដែលជាខាងក្នុងខ្លួន និងបឋវីធាតុជាខាងក្រៅនុ៎ះ ក៏ជាបឋវីធាតុ ដូចគ្នាទេ ភិក្ខុត្រូវឃើញបឋវីធាតុនោះ គួរតាមពិតដោយបា្រជ្ញាដ៏ប្រពៃ យ៉ាងនេះថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនខ្លួនអញទេ លុះភិក្ខុឃើញបឋវីធាតុនុ៎ះ តាមពិតដោយបា្រជ្ញាដ៏ប្រពៃ យ៉ាងនេះហើយ រមែងធុញទ្រាន់ ក្នុងបឋវីធាតុ រមែងញុំាងចិត្តឲ្យនឿយណាយ ក្នុងបឋវីធាតុ។ នែរាហុល អាបោធាតុ ដែលជាខាងក្នុង និង អាបោធាតុជាខាងក្រៅនុ៎ះ ក៏ជាអាបោធាតុដូចគ្នាទេ ភិក្ខុត្រូវឃើញអាបោធាតុនោះ គួរតាមពិត ដោយប្រាជ្ញាដ៏ប្រពៃ យ៉ាងនេះថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនខ្លួនអញទេ លុះភិក្ខុឃើញអាបោធាតុនុ៎ះ តាមពិតដោយបា្រជ្ញាដ៏ប្រពៃ យ៉ាងនេះហើយ រមែងធុញទ្រាន់ ក្នុងអាបោធាតុ រមែងញុំាងចិត្ត ឲ្យនឿយណាយ ក្នុងអាបោធាតុ។ នែរាហុល តេជោធាតុ ដែលជាខាងក្នុង និងតេជោធាតុជាខាងក្រៅនុ៎ះ ក៏ជាតេជោធាតុ ដូចគ្នាទេ ភិក្ខុត្រូវឃើញតេជោធាតុ តាមពិតដោយប្រាជ្ញាដ៏ប្រពៃ យ៉ាងនេះថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនខ្លួនអញទេ លុះភិក្ខុឃើញតេជោធាតុនុ៎ះ តាមពិតដោយបា្រជ្ញា ដ៏ប្រពៃយ៉ាងនេះហើយ រមែងធុញទ្រាន់ ក្នុងតេជោធាតុ រមែងញុំាងចិត្ត ឲ្យនឿយណាយ ក្នុងតេជោធាតុ។ នែរាហុល វាយោធាតុ ដែលជាខាងក្នុង និងវាយោធាតុជាខាងក្រៅនុ៎ះ ក៏ជាវាយោធាតុ ដូចគ្នាទេ ភិក្ខុត្រូវឃើញវាយោធាតុនុ៎ះ គួរតាមពិត ដោយបា្រជា្ញដ៏ប្រពៃ យ៉ាងនេះថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនខ្លួនអញទេ លុះភិក្ខុឃើញវាយោធាតុនុ៎ះ តាមពិតដោយបា្រជ្ញាដ៏ប្រពៃ តាមហេតុយ៉ាងនេះហើយ រមែងធុញទ្រាន់ ក្នុងវាយោធាតុ រមែងញុំាងចិត្ត ឲ្យនឿយណាយ ក្នុងវាយោធាតុ។ នែរាហុល ភិក្ខុពិចារណាឃើញច្បាស់ នូវធាតុទាំង ៤ នេះថា មិនមែនខ្លួន មិនមែនកើតក្នុងខ្លួន ក្នុងកាលណា នែរាហុល ភិក្ខុនេះ តថាគតហៅថា បានផ្តាច់ផ្តិលតណ្ហា គាស់រំលើងសញ្ញោជនៈ ធ្វើទីបំផុតទុក្ខបានហើយ ព្រោះត្រាស់ដឹង នូវការលះសេចក្តីប្រកាន់តាមហេតុ។

(ជម្ពាលីសូត្រ ទី៨)

(៨. ជម្ពាលីសុត្តំ)

[២៨] ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះឯង តែងមានក្នុងលោក។ បុគ្គល ៤ ពួក ដូចម្ដេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងធម្មវិន័យនេះ បានចេតោវិមុត្តិ6) ដ៏ល្អិតណាមួយ ភិក្ខុនោះ ធ្វើទុកក្នុងចិត្ត នូវការរំលត់សក្កាយ កាលភិក្ខុនោះ កំពុងធ្វើទុកក្នុងចិត្ត នូវការរំលត់សក្កាយ ចិត្តមិនស្ទុះទៅ មិនជ្រះថា្ល មិនតាំងនៅ មិនស្លុងចុះ ក្នុងការរំលត់សក្កាយ ម្នាលភិក្ខុទាំងឡាយ ការរំលត់សក្កាយនុ៎ះ របស់ភិក្ខុនោះ មិនគប្បីបានតាមបា្រថ្នា។ ម្នាលភិក្ខុទាំងឡាយ ប្រៀបដូចបុរស មានដៃប្រឡាក់ជ័រស្អិត ចាប់មែកឈើ ដៃបុរសនោះ ស្អិតថ្ពក់ជាប់ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ បានចេតោវិមុត្តិ ដ៏ល្អិតណាមួយ ភិក្ខុនោះ ធ្វើទុកក្នុងចិត្ត នូវសក្កាយនិរោធ (ការរំលត់សក្កាយ) កាលបើលោកធ្វើទុកក្នុងចិត្ត នូវសក្កាយនិរោធ ចិត្តរមែងមិនស្ទុះទៅ មិនជ្រះថា្ល មិនតាំងនៅ មិនចុះស៊ប់ ក្នុងសក្កាយនិរោធ ម្នាលភិក្ខុទាំងឡាយ សក្កាយនិរោធនុ៎ះ របស់ភិក្ខុនោះឯង មិនគប្បីបានតាមបា្រថ្នា ក៏យ៉ាងនោះដែរ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុក្នុងធម្មវិន័យនេះ បានចេតោវិមុត្តិ ដ៏ល្អិតណាមួយ ភិក្ខុនោះ ធ្វើទុកក្នុងចិត្ត នូវសក្កាយនិរោធ កាលបើលោកធ្វើទុកក្នុងចិត្ត នូវសក្កាយនិរោធ ចិត្តរមែងស្ទុះទៅ ជ្រះថ្លា តាំងនៅ ចុះស៊ប់ ក្នុងសក្កាយនិរោធ ម្នាលភិក្ខុទាំងឡាយ សក្កាយនិរោធនុ៎ះ របស់ភិក្ខុនោះឯង គប្បីបានតាមបា្រថ្នា។ ម្នាលភិក្ខុទាំងឡាយ ប្រៀបដូចបុរស មានដៃស្អាត ចាប់មែកឈើ ដៃរបស់បុរសនោះ មិនស្អិត មិនកាន់ មិនជាប់ទេ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុបានចេតោវិមុត្តិ ដ៏ល្អិតណាមួយ ភិក្ខុនោះ ធើ្វទុកក្នុងចិត្ត នូវសក្កាយនិរោធ កាលបើលោកធ្វើទុកក្នុងចិត្ត នូវសក្កាយនិរោធ ចិត្តរមែងស្ទុះទៅ ជ្រះថ្លា តាំងនៅ ចុះស៊ប់ ក្នុងសក្កាយនិរោធ ម្នាលភិក្ខុទាំងឡាយ សក្កាយនិរោធនុ៎ះ របស់ភិក្ខុនោះឯង គប្បីបានតាមបា្រថ្នា ក៏យ៉ាងនោះដែរ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុក្នុងធម្មវិន័យនេះ បានចេតោវិមុត្តិ ដ៏ល្អិតណាមួយ ភិក្ខុនោះ ធើ្វទុកក្នុងចិត្ត នូវការទំលាយអវិជ្ជា កាលបើលោកធើ្វទុកក្នុងចិត្ត នូវការទំលាយអវិជ្ជា ចិត្តរមែងមិនស្ទុះទៅ មិនជ្រះថ្លា មិនតាំងនៅ មិនចុះស៊ប់ ក្នុងការទំលាយអវិជ្ជា ម្នាលភិក្ខុទាំងឡាយ ការទំលាយអវិជ្ជានុ៎ះ របស់ភិក្ខុនោះឯង មិនគប្បីបានតាមបា្រថ្នា។ ម្នាលភិក្ខុទាំងឡាយ ប្រៀបដូចត្រពាំង ដ៏ស្មោកគ្រោក ដែលកើតឡើង រាប់ដោយឆ្នាំដ៏ច្រើន បុរសបិទមាត់រង្វះ សម្រាប់បង្ហូរចូលរបស់ត្រពាំងនោះ បើកមាត់រង្វះសម្រាប់បង្ហូរចេញ ភ្លៀងសោត ក៏មិនគប្បីបង្អុរធារទឹក ដោយប្រពៃ ម្នាលភិក្ខុទាំងឡាយ កាលបើយ៉ាងនេះ ការធ្លាយភ្លឺត្រពាំងនុ៎ះ ក៏មិនសម្រចបាន យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុបានចេតោវិមុត្តិ ដ៏ល្អិតណាមួយ ភិក្ខុនោះ ធ្វើទុកក្នុងចិត្ត នូវការទំលាយ អវិជ្ជា កាលបើលោកធ្វើទុកក្នុងចិត្ត នូវការទំលាយអវិជ្ជា ចិត្តរមែងមិនស្ទុះទៅ មិនជ្រះថ្លា មិនតាំងនៅ មិនចុះស៊ប់ ក្នុងការទំលាយអវិជ្ជា ការទំលាយអវិជ្ជានុ៎ះ របស់ភិក្ខុនោះឯង មិនគប្បីបានតាមបា្រថ្នា ក៏យ៉ាងនោះដែរ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុក្នុងធម្មវិន័យនេះ បានចេតោវិមុត្តិ ដ៏ល្អិតណាមួយ ភិក្ខុនោះ ធ្វើទុកក្នុងចិត្ត នូវការទំលាយអវិជ្ជា កាលបើលោកធ្វើទុកក្នុងចិត្ត នូវការទំលាយអវិជ្ជា ចិត្តរមែងស្ទុះទៅ ជ្រះថ្លា តាំងនៅ ចុះស៊ប់ ក្នុងការទំលាយអវិជ្ជា ម្នាលភិក្ខុទំាងឡាយ ការទំលាយអវិជ្ជានុ៎ះ របស់ភិក្ខុនោះឯង គប្បីបានតាមប្រាថ្នា។ ម្នាលភិក្ខុទាំងឡាយ ប្រៀបដូចត្រពាំងស្មោកគ្រោក ដែលកើតឡើង រាប់ដោយឆ្នាំដ៏ច្រើន បុរសបើកមាត់រង្វះ សម្រាប់បង្ហូរចូល របស់ត្រពាំងនោះ បិទមាត់រង្វះសម្រាប់បង្ហូរចេញ ភ្លៀងសោត ក៏បង្អុរនូវធារទឹក ដោយប្រពៃ ម្នាលភិក្ខុទាំងឡាយ កាលបើយ៉ាងនេះ ការធ្លាយភ្លឺត្រពាំងនោះ ក៏សម្រេចបាន យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុបានចេតោវិមុត្តិ ដ៏ល្អិតណាមួយ ភិក្ខុនោះ ធ្វើទុកក្នុងចិត្ត នូវការទំលាយអវិជ្ជា កាលបើលោក ធ្វើទុកក្នុងចិត្ត នូវការទំលាយអវិជ្ជា ចិត្តរមែងស្ទុះទៅ ជ្រះថ្លា តាំងនៅ ចុះស៊ប់ ក្នុងការទំលាយអវិជ្ជា ម្នាលភិក្ខុទាំងឡាយ ការទំលាយអវិជ្ជានុ៎ះ របស់ភិក្ខុនោះឯង គប្បីបានតាមប្រាថ្នា ក៏យ៉ាងនោះដែរ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលទាំង ៤ ពួកនេះឯង តែងមានក្នុងលោក។

(និព្វានសូត្រ ទី៩)

(៩. និព្វានសុត្តំ)

[២៩] គ្រានោះឯង ព្រះអានន្ទដ៏មានអាយុ ចូលទៅរកព្រះសារីបុត្តដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះសារីបុត្តដ៏មានអាយុ លុះ បញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យដែលគួររឭកហើយ ក៏គង់ក្នុងទីដ៏សមគួរ។ លុះ ព្រះអានន្ទដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ ក៏សួរព្រះសារីបុត្តដ៏មានអាយុ ដូច្នេះថា ម្នាលអាវុសោ សារីបុត្ត ហេតុអ្វី បច្ច័យអ្វី ដែលនាំឲ្យសត្វពួកខ្លះ ក្នុងលោកនេះ មិន បរិនិព្វាន ក្នុងបច្ចុប្បន្នភពនេះ។ ម្នាលអាវុសោ អានន្ទ សត្វទាំងឡាយ ក្នុងលោកនេះ មិនដឹងតាមពិតថា នេះជា ហានភាគិយសញ្ញា (សញ្ញាជាចំណែកវិនាស) មិនដឹងតាម ពិតថា នេះជា ឋិតិភាគិយសញ្ញា (សញ្ញាជាចំណែកតាំងនៅ គឺស្មើដើម) មិនដឹងតាមពិតថា នេះជា វិសេសភាគិយសញ្ញា (សញ្ញាជាចំណែកវិសេសឡើង គឺបានចំណេញ) មិនដឹងតាមពិតថា នេះជា និព្វេធភាគិយសញ្ញា (សញ្ញាជាចំណែកត្រាស់ដឹង)។ ម្នាលអាវុសោ អានន្ទ នេះជាហេតុ នេះជាបច្ច័យ ដែលនាំឲ្យសត្វពួកខ្លះ ក្នុងលោកនេះ មិនបរិនិព្វាន ក្នុងបច្ចុប្បន្នភពនេះ។ ម្នាលអាវុសោ សារីបុត្ត ចុះហេតុអ្វី បច្ច័យអ្វី ដែលនាំឲ្យសត្វពួកខ្លះ ក្នុងលោកនេះ បរិនិព្វាន ក្នុងបច្ចុប្បន្នភពនេះ។ ម្នាលអាវុសោ អានន្ទ សត្វទាំងឡាយ ក្នុងលោកនេះ បានដឹងច្បាស់ពិតថា នេះជាហានភាគិយសញ្ញា បានដឹងច្បាស់តាមពិតថា នេះជាឋិតិភាគិយសញ្ញា បានដឹងច្បាស់តាមពិតថា នេះជាវិសេសភាគិយសញ្ញា បានដឹងច្បាស់ តាមពិតថា នេះជានិព្វេធភាគិយសញ្ញា។ ម្នាលអាវុសោ អានន្ទ នេះឯង ជាហេតុ នេះជាបច្ច័យ ដែលនាំឲ្យសត្វពួកខ្លះ ក្នុងលោកនេះ បរិនិព្វាន ក្នុងបច្ចុប្បន្នភពនេះឯង។

(មហាបទេសសូត្រ ទី១០)

(១០. មហាបទេសសុត្តំ)

[៣០] សម័យមួយ ព្រះដ៏មានព្រះភាគ គង់នៅក្នុងអានន្ទចេតិយ7) ក្បែរភោគនគរ។ ក្នុងទីនោះឯង ព្រះដ៏មានព្រះភាគ ត្រាស់ហៅភិក្ខុទំាងឡាយថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទំាងនោះ ទទួលស្តាប់ព្រះពុទ្ធដីកា របស់ព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែង មហាបទេស (គ្រឿងសម្រាប់អាងយ៉ាងធំ) ៤ យ៉ាងនេះ អ្នកទាំងឡាយ ចូរស្តាប់ភាសិតនោះ ចូរធ្វើទុកក្នុងចិត្តឲ្យល្អចុះ តថាគត នឹងសំដែងប្រាប់។ ភិក្ខុទាំងនោះ ទទួលស្តាប់ព្រះពុទ្ធដីកា នៃព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ទើបព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ចុះមហាបទេស ៤ ដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ គប្បីនិយាយ យ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ពាក្យនុ៎ះ ខ្ញុំបានស្តាប់ បានទទួលចំពោះព្រះភក្រ្តព្រះដ៏មានព្រះភាគថា នេះជាធម៌ នេះជាវិន័យ នេះជាពាក្យប្រៀនប្រដៅ របស់ព្រះសាស្តា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ កុំអាលត្រេកអរ កុំអាលឃាត់ភាសិត របស់ភិក្ខុនោះឡើយ លុះអ្នកទាំងឡាយ មិនត្រកអរ មិនឃាត់ហើយ ត្រូវរៀនបទ និងព្យញ្ជនៈទាំងនោះ ឲ្យចាំល្អ ហើយស្ទង់មើល ក្នុងសូត្រ ប្រៀបធៀបក្នុងវិន័យ។ បទ និងព្យញ្ជនៈទាំងនោះ កាលបើអ្នកទាំងឡាយ ស្ទង់មើលក្នុងសូត្រ ប្រៀបធៀបមើល ក្នុងវិន័យទៅហើយ មិនប្រជុំចុះ គឺមិនមានក្នុងសូត្រ ទាំងមិនឃើញប្រាកដ ក្នុងវិន័យផងទេ អ្នកទាំងឡាយ គប្បីដល់នូវសេចក្តីចូលចិត្ត ក្នុងពាក្យនុ៎ះថា នេះមិនមែនជាព្រះពុទ្ធដីកា របស់ព្រះដ៏មានព្រះភាគ អរហន្តសម្មាសម្ពុទ្ធនោះ ជាប្រាកដ ទំនងជាភិក្ខុនេះ រៀនខុសទេ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ត្រូវចោលពាក្យនេះ ដោយទំនងដូច្នេះចេញ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុក្នុងសាសនានេះ គប្បីពោលយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ពាក្យនុ៎ះ ខ្ញុំបានស្តាប់ បានទទួលចំពោះព្រះភក្ត្រព្រះដ៏មានព្រះភាគថា នេះជាធម៌ នេះជាវិន័យ នេះជាពាក្យប្រៀនប្រដៅ របស់ព្រះសាស្តា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ កុំអាលត្រេកអរ កុំអាលឃាត់ភាសិត របស់ភិក្ខុនោះឡើយ លុះអ្នកទាំងឡាយ មិនត្រេកអរ មិនឃាត់ហើយ ត្រូវរៀននូវបទ និងព្យញ្ជនៈទាំងនោះ ឲ្យចាំល្អ ហើយស្ទង់មើល ក្នុងសូត្រ ប្រៀបធៀបមើលក្នុងវិន័យ បទ និងព្យញ្ជនៈទាំនោះ កាលបើអ្នកទាំងឡាយ ស្ទង់មើលក្នុងសូត្រ ប្រៀបធៀបមើល ក្នុងវិន័យទៅហើយ បើប្រជុំចុះ ក្នុងសូត្រផង ឃើញសមក្នុងវិន័យផង អ្នកទាំងឡាយ គប្បីដល់នូវសេចក្តីចូលចិត្ត ក្នុងពាក្យនុ៎ះថា នេះជាព្រះពុទ្ធដីកា របស់ព្រះដ៏មានព្រះភាគ អរហន្ត សម្មាសម្ពុទ្ធនោះ ដោយពិត ជាពាក្យដែលភិក្ខុនេះ រៀនត្រូវល្អហើយ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីចាំទុក នូវមហាបទេស ជាបឋមនេះចុះ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុក្នុងសាសនានេះ គប្បីពោលយ៉ាងនេះថា ព្រះសង្ឃនៅក្នុងអាវាសឯណោះ មានទាំងភិក្ខុជាថេរៈ មានទាំងភិក្ខុជាប្រធាន ខ្ញុំបានស្តាប់ បានទទួល ចំពោះមុខព្រះសង្ឃនោះថា នេះជាធម៌ នេះជាវិន័យ នេះជាពាក្យប្រៀនប្រដៅ របស់ព្រះសាស្តា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ កុំអាលត្រេកអរ កុំអាលឃាត់ នូវភាសិតរបស់ភិក្ខុនោះឡើយ លុះអ្នកទាំងឡាយ មិនត្រេកអរ មិនឃាត់ហើយ ត្រូវរៀននូវបទ និងព្យញ្ជនៈទាំងនោះ ឲ្យចំាល្អ ហើយស្ទង់មើលក្នុងសូត្រ ប្រៀបធៀបមើលក្នុងវិន័យ។ បទ និងព្យញ្ជនៈទាំងនោះ កាលបើអ្នកទាំងឡាយ ស្ទង់មើលក្នុងសូត្រ ប្រៀបធៀបមើលក្នុងវិន័យទៅហើយ បើមិនប្រជុំចុះ ក្នុងសូត្រ ទាំងមិនឃើញមានប្រាកដ ក្នុងវិន័យផងទេ អ្នកទាំងឡាយ គប្បីដល់នូវសេចក្តីចូលចិត្ត ក្នុងពាក្យនុ៎ះថា នេះមិនមែនជាព្រះពុទ្ធដីកា របស់ព្រះដ៏មានព្រះភាគ អរហន្ត សម្មាសម្ពុទ្ធនោះ ដោយពិត ទំនងជាសង្ឃនោះ រៀនខុសហើយ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីចោលពាក្យនេះ ដោយទំនងដូច្នេះចេញ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុក្នុងសាសនានេះ គប្បីពោលយ៉ាងនេះថា ព្រះសង្ឃនៅក្នុងអាវាសឯណោះ មានទាំងភិក្ខុជាថេរៈ មានទាំងភិក្ខុជាប្រធាន ខ្ញុំបានស្តាប់ បានទទួល ចំពោះមុខព្រះសង្ឃនោះថា នេះជាធម៌ នេះជាវិន័យ នេះជាពាក្យប្រៀនប្រដៅ របស់ព្រះសាស្តា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ កុំអាលត្រេកអរ កុំអាលឃាត់ភាសិត របស់ភិក្ខុនោះឡើយ លុះអ្នកទាំងឡាយ មិនត្រេកអរ មិនឃាត់ហើយ ត្រូវរៀនបទ និងព្យញ្ជនៈទាំងនោះ ឲ្យចាំល្អ ហើយស្ទង់មើលក្នុងសូត្រ ប្រៀបធៀបមើលក្នុងវិន័យ។ បទ និងព្យញ្ជនៈទាំងនោះ កាលបើអ្នកទាំងឡាយ ស្ទង់មើលក្នុងសូត្រ ប្រៀបធៀបមើល ក្នុងវិន័យទៅហើយ បើប្រជុំចុះក្នុងសូត្រផង ឃើញសម ក្នុងវិន័យផង អ្នកទាំងឡាយ គប្បីដល់នូវសេចក្តីចូលចិត្ត ក្នុងពាក្យនុ៎ះថា នេះជាព្រះពុទ្ធដីកា របស់ព្រះដ៏មានព្រះភាគ អរហន្ត សម្មាសម្ពុទ្ធនោះមែន ជាពាក្យដែលព្រះសង្ឃនោះ រៀនត្រូវល្អហើយ ដោយពិត ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីចាំទុកនូវមហាបទេស ជាគំរប់ពីរនេះចុះ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុក្នុងសាសនានេះ គប្បីពោលយ៉ាងនេះថា ភិក្ខុទាំងឡាយ ជាថេរៈច្រើនអង្គ នៅក្នុងអាវាសឯណោះ សុទ្ធតែជាពហុស្សូត ចេះចាំក្នុងគម្ពីរនិកាយ ទ្រទ្រង់ធម៌ ទ្រទ្រង់វិន័យ ទ្រទ្រង់មាតិកា ខ្ញុំបានស្តាប់ បានទទួល ចំពោះមុខព្រះថេរៈទាំងនោះថា នេះជាធម៌ នេះជាវិន័យ នេះជាពាក្យប្រៀនប្រដៅ របស់ព្រះសាសា្ត ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ កុំអាលត្រេកអរ កុំអាលឃាត់ភាសិត របស់ភិក្ខុនោះឡើយ លុះអ្នកទាំងឡាយ មិនត្រេកអរ មិនឃាត់ហើយ ត្រូវរៀននូវបទ និងព្យញ្ជនៈទាំងនោះ ឲ្យចំាល្អ ហើយស្ទង់មើលក្នុងសូត្រ ប្រៀបធៀបមើលក្នុងវិន័យ។ បទ និងព្យញ្ជនៈទាំងនោះ កាលបើអ្នកទាំងឡាយ ស្ទង់មើលក្នុងសូត្រ ប្រៀបធៀបមើលក្នុងវិន័យទៅហើយ បើមិនប្រជុំចុះក្នុងសូត្រ ទាំងមិនឃើញសម ក្នុងវិន័យផងទេ អ្នកទាំងឡាយ គប្បីដល់នូវសេចក្តីចូលចិត្ត ក្នុងពាក្យនុ៎ះថា នេះមិនមែនជាព្រះពុទ្ធដីកា របស់ព្រះដ៏មានព្រះភាគ អរហន្ត សម្មាសម្ពុទ្ធនោះ ដោយពិត ទំនងជាព្រះថេរៈទាំងនោះ រៀនខុសហើយ ម្នាលភិក្ខុទាំងឡាយ ត្រូវអ្នកទាំងឡាយ ចោលពាក្យនេះ ដោយទំនង ដូច្នេះចុះ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុក្នុងសាសនានេះ គប្បីពោលយ៉ាងនេះថា ពួកភិក្ខុជាថេរៈច្រើនអង្គ នៅក្នុងអាវាសឯណោះ សុទ្ធតែជាពហុស្សូត ចេះចាំក្នុងគម្ពីរនិកាយ ទ្រទ្រង់ធម៌ ទ្រទ្រង់វិន័យ ទ្រទ្រង់មាតិកា ខ្ញុំបានស្តាប់ បានទទួលចំពោះមុខព្រះថេរៈទាំងនោះថា នេះជាធម៌ នេះជាវិន័យ នេះជាពាក្យប្រៀនប្រដៅ របស់ព្រះសាសា្ត ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ កុំអាលត្រេកអរ កុំអាលឃាត់ភាសិត របស់ភិក្ខុនោះឡើយ លុះអ្នកទាំងឡាយ មិនត្រេកអរ មិនឃាត់ហើយ ត្រូវរៀននូវបទ និងព្យញ្ជនៈទាំងនោះ ឲ្យចាំល្អ ហើយស្ទង់មើលក្នុងសូត្រ ប្រៀបធៀបមើលក្នុងវិន័យ។ បទ និងព្យញ្ជនៈទាំងនោះ កាលបើអ្នកទាំងឡាយ ស្ទង់មើលក្នុងសូត្រ ប្រៀបធៀបមើល ក្នុងវិន័យទៅហើយ បើប្រជុំចុះក្នុងសូត្រផង ឃើញសម ក្នុងវិន័យផង អ្នកទាំងឡាយ គប្បីដល់នូវសេចក្តីចូលចិត្ត ក្នុងពាក្យនុ៎ះថា នេះជាព្រះពុទ្ធដីកា របស់ព្រះដ៏មានព្រះភាគ អរហន្ត សម្មាសម្ពុទ្ធនោះ ដោយពិត ជាពាក្យ ដែលព្រះថេរៈទាំងនោះ រៀនត្រូវហើយ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីចាំទុក នូវមហាបទេស ជាគំរប់បីនេះចុះ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុក្នុងសាសនានេះ គប្បីពោលយ៉ាងនេះថា ភិក្ខុជាថេរៈ ១ អង្គ នៅក្នុងអាវាសឯណោះ ជាពហុស្សូត ចេះចាំ ក្នុងគម្ពីរនិកាយ ទ្រទ្រង់ធម៌ ទ្រទ្រង់វិន័យ ទ្រទ្រង់មាតិកា ខ្ញុំបានស្តាប់ បានទទួលចំពោះ មុខព្រះថេរៈអង្គនោះថា នេះជាធម៌ នេះជាវិន័យ នេះជាពាក្យប្រៀនប្រដៅ របស់ព្រះសាសា្ត ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ កុំអាលត្រេកអរ កុំអាលឃាត់ភាសិត របស់ភិក្ខុនោះឡើយ លុះអ្នកទាំងឡាយ មិនត្រកអរ មិនឃាត់ហើយ គប្បីរៀននូវបទ និងព្យញ្ជនៈទាំងនោះ ឲ្យចាំល្អ ហើយស្ទង់មើលក្នុងសូត្រ ប្រៀបធៀបមើលក្នុងវិន័យ។ បទ និងព្យញ្ជនៈទាំងនោះ កាលបើអ្នកទាំងឡាយ ស្ទង់មើលក្នុងសូត្រ ប្រៀបធៀបមើលក្នុង វិន័យទៅហើយ បើមិនប្រជុំចុះក្នុងសូត្រ ទាំងមិនឃើញសម ក្នុងវិន័យផងទេ អ្នកទាំងឡាយ គប្បីដល់នូវសេចក្តីចូលចិត្ត ក្នុងពាក្យនុ៎ះថា នេះមិនមែនជាព្រះពុទ្ធដីកា របស់ ព្រះដ៏មានព្រះភាគ អរហន្ត សម្មាសម្ពុទ្ធនោះ ដោយពិត ទំនងជាព្រះថេរៈនោះ រៀនខុស ហើយ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីចោលពាក្យនេះ ដោយទំនងដូច្នេះចុះ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុក្នុងសាសនានេះ គប្បីនិយាយយ៉ាងនេះថា ភិក្ខុជាថេរៈ ១ អង្គ នៅក្នុងអាវាសឯណោះ ជាពហុស្សូត ចេះចាំគម្ពីរនិកាយ ទ្រទ្រង់ធម៌ ទ្រទ្រង់វិន័យ ទ្រទ្រង់មាតិកា ខ្ញុំបានស្តាប់ បានទទួលចំពោះមុខព្រះថេរៈអង្គនោះថា នេះជាធម៌ នេះជាវិន័យ នេះជាពាក្យប្រៀនប្រដៅ របស់ព្រះសាសា្ត ម្នាលភិក្ខុទំាងឡាយ អ្នកទាំងឡាយ កុំអាលត្រេកអរ កុំអាលឃាត់ភាសិត របស់ភិក្ខុនោះឡើយ លុះអ្នកទាំងឡាយ មិនត្រេកអរ មិនឃាត់ហើយ គប្បីរៀននូវបទ និងព្យញ្ជនៈទាំងនោះ ឲ្យចាំល្អ ហើយស្ទង់មើលក្នុងសូត្រ ប្រៀបធៀបមើលក្នុងវិន័យ។ បទ និងព្យញ្ជនៈទាំងនោះ កាលបើអ្នកទាំងឡាយ ស្ទង់មើលក្នុងសូត្រ ប្រៀបធៀបមើល ក្នុងវិន័យទៅហើយ បើប្រជុំចុះក្នុងសូត្រផង ឃើញសមក្នុងវិន័យផង អ្នកទាំងឡាយ គប្បីដល់នូវសេចក្តីចូលចិត្ត ក្នុងពាក្យនុ៎ះថា នេះជាព្រះពុទ្ធដីកា របស់ព្រះដ៏មានព្រះភាគ អរហន្ត សម្មាសម្ពុទ្ធនោះ ដោយពិត ជាពាក្យដែលព្រះថេរៈនោះ រៀនត្រូវហើយ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីចាំទុក នូវមហាបទេស ជាគំរប់បួននេះចុះ។ ម្នាលភិក្ខុទំាងឡាយ នេះឯង ជាមហាបទេសទាំងបួន។

ចប់ សញ្ចេតនិយវគ្គ ទី៣។

ឧទ្ទាននៃសញ្ចេតនិយវគ្គនោះគឺ

សំដែងពីសញ្ចេតនា ១ ការចែកបដិសម្ភិទា ១ រឿងព្រះកោដិ្ឋតត្ថេរ ១ ព្រះអានន្ទត្ថេរ ១ ព្រះឧបវានត្ថេរ ១ ជាគំរប់ ៥ ការប្រាថ្នាយកតម្រាប់ ១ រឿងព្រះរាហុលត្ថេរ ១ ការប្រៀបធៀបនឹងត្រពាំង ១ ព្រះនិព្វាន ១ មហាបទេស ១ ក្នុងវគ្គ។

យោធាជីវវគ្គ ទី៤ (១៩)

((១៩) ៤. ព្រាហ្មណវគ្គោ)

(យោធាជីវសូត្រ ទី១)

(១. យោធាជីវសុត្តំ)

[៣១] ម្នាលភិក្ខុទាំងឡាយ យោធាជីវៈ (អ្នករស់នៅដោយឋានៈជាទាហាន) ប្រកប ដោយអង្គ ៤ ទើបគួរជារាជបុរស ជារាជបម្រើ រាប់ថាជាអង្គ (អវយវៈ) របស់ព្រះរាជា បាន។ អង្គ ៤ គឺអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ យោធាជីវៈ ក្នុងលោកនេះ ជាអ្នកឈ្លាសវៃ ក្នុងជយភូមិ ១ ជាអ្នកបាញ់បានឆ្ងាយ ១ ជាអ្នកបាញ់ត្រង់ ១ ជាអ្នកអាចទំលាយ នូវកងទ័ពដ៏ធំបាន ១។ ម្នាលភិក្ខុទាំងឡាយ យោធាជីវៈ ប្រកបដោយអង្គ ៤ នេះឯង ទើបគួរជារាជបុរស ជារាជបម្រើ រាប់ថាជាអង្គ របស់ព្រះរាជាបាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៤ ប្រការ ទើបជាអ្នកគួរទទួលគ្រឿង ដែលគេនាំមកបូជា គួរទទួលរបស់ ដែលគេទទួលភ្ញៀវ គួរទទួលទក្ខិណាទាន គួរគេធ្វើអញ្ជលិកម្ម ជាបុញ្ញកេ្ខត្ត ដ៏ប្រសើរបំផុត របស់សត្វលោក ក៏ដូច្នោះដែរ។ ប្រកបដោយអង្គ ៤ តើអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកឈ្លាស ក្នុងជយភូមិ ១ ជាអ្នកបាញ់បានឆ្ងាយ ១ ជាអ្នកបាញ់ត្រង់ ១ ជាអ្នកទំលាយ នូវកងទ័ពដ៏ធំបាន ១។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុជាអ្នកឈ្លាស ក្នុងជយភូមិ តើដូចម្ដេច។ ម្នាលភិក្នុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមានសីល។បេ។ សមាទាន សិក្សាក្នុងសិក្ខាបទទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកឈ្លាស ក្នុងជយភូមិយ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុជាអ្នកបាញ់បានឆ្ងាយ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ឃើញដោយបញ្ញា ដ៏ប្រពៃតាមពិត នូវរូបណានីមួយ ជាអតីត អនាគត បច្ចុប្បន្ន ជារូបក្នុងខ្លួនក្ដី ក្រៅខ្លួនក្ដី គ្រោតគ្រាតក្ដី ល្អិតក្ដី អាក្រក់ក្ដី ល្អក្ដី នៅឆ្ងាយក្ដី នៅជិតក្ដី ទាំងអស់នុ៎ះ យ៉ាងនេះដូច្នេះថា នុ៎ះមិនមែន របស់អញ នុ៎ះមិនមែនអញ នុ៎ះមិនមែនខ្លួនអញ វេទនាណានីមួយ… សញ្ញាណានីមួយ… សង្ខារទាំងឡាយណានីមួយ… ភិក្ខុឃើញដោយបញ្ញាដ៏ប្រពៃតាមពិត នូវវិញ្ញាណណានីមួយ ជាអតីត អនាគត បច្ចុប្បន្ន ជាវិញ្ញាណក្នុងខ្លួនក្ដី ក្រៅខ្លួនក្ដី គ្រោតគ្រាតក្ដី ល្អិតក្ដី អាក្រក់ក្ដី ល្អក្ដី នៅឆ្ងាយក្ដី នៅជិតក្ដី ទាំងអស់នុ៎ះ យ៉ាងនេះដូច្នេះថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនអញ នុ៎ះមិនមែនខ្លួនអញ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកបាញ់បានឆ្ងាយ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុជាអ្នកបាញ់ត្រង់ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ដឹងច្បាស់តាមពិតថា នេះជាទុក្ខ។បេ។ ដឹងច្បាស់តាមពិតថា នេះជាបដិបទា ប្រព្រឹត្តទៅ ដើម្បីរលត់ទុក្ខ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកបាញ់ត្រង់ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុជាអ្នកទំលាយកងទ័ពធំ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ទំលាយគំនរអវិជ្ជាដ៏ធំបាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកទំលាយកងទ័ពធំបាន យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកប្រកបដោយធម៌ ៤ យ៉ាងនេះឯង ទើបគួរទទួលគ្រឿងបូជា។បេ។ ជាបុញ្ញក្ខេត្ត ដ៏ប្រសើរបំផុត របស់សត្វលោក។

(បាដិភោគសូត្រ ទី២)

(២. បាដិភោគសុត្តំ)

[៣២] ម្នាលភិក្ខុទាំងឡាយ មិនមានសមណៈក្ដី ព្រាហ្មណ៍ក្ដី ទេវតាក្ដី មារក្ដី ព្រហ្មក្ដី ឬអ្នកណាក្នុងលោក ជាអ្នកធានាធម៌ ទាំង ៤ យ៉ាងបានទេ។ ធម៌ទាំង ៤ យ៉ាង តើអ្វីខ្លះ។ មិនមានសមណៈក្ដី ព្រាហ្មណ៍ក្ដី ទេវតាក្ដី មារក្ដី ព្រហ្មក្ដី ឬអ្នកណាមួយ ក្នុងលោក ជាអ្នកធានាថា របស់ដែលមានសេចក្ដីគ្រាំគ្រាជាធម្មតា កុំគ្រាំគ្រាឡើយ ដូច្នេះ។ មិនមានសមណៈក្ដី ព្រាហ្មណ៍ក្ដី ទេវតាក្ដី មារក្ដី ព្រហ្មក្ដី ឬអ្នកណាមួយ ក្នុងលោក ជាអ្នកធានាថា របស់ដែលមានសេចក្ដីឈឺចាប់ ជាធម្មតា កុំឈឺចាប់ឡើយ ដូច្នេះ។ មិនមានសមណៈក្ដី ព្រាហ្មណ៍ក្ដី ទេវតាក្ដី មារក្ដី ព្រហ្មក្ដី ឬអ្នកណាមួយ ក្នុងលោក ជាអ្នកធានាថា របស់ដែលមានសេចក្ដីស្លាប់ ជាធម្មតា កុំស្លាប់ឡើយ ដូច្នេះ។ មិនមានសមណៈក្ដី ព្រាហ្មណ៍ក្ដី ទេវតាក្ដី មារក្ដី ព្រហ្មក្ដី ឬអ្នកណាមួយ ក្នុងលោក ជាអ្នកធានាថា បាបកម្មទាំងឡាយណា ដែលប្រកបដោយសេចក្ដីសៅហ្មង ធ្វើឲ្យមានភពថ្មី ប្រព្រឹត្តទៅ មួយអន្លើដោយសេចក្ដីក្រវល់ក្រវាយ មានទុក្ខជាផល នាំឲ្យមានជាតិ ជរា មរណៈតទៅ វិបាករបស់កម្មទាំងនោះ កុំកើតឡើយ ដូច្នេះ។ ម្នាលភិក្ខុទាំងឡាយ មិនមានសមណៈក្ដី ព្រាហ្មណ៍ក្ដី ទេវតាក្ដី មារក្ដី ព្រហ្មក្ដី ឬអ្នកណាមួយ ក្នុងលោក ជាអ្នកធានាធម៌ ទាំង ៤ យ៉ាងនេះឯងបានឡើយ។

(សុតសូត្រ ទី៣)

(៣. សុតសុត្តំ)

[៣៣] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់ក្នុងវត្តវេឡុវន ជាកលន្ទកនិវាបស្ថាន ទៀបក្រុងរាជគ្រឹះ។ គ្រានោះ វស្សការព្រាហ្មណ៍ ជាមហាមាត្យក្នុងដែនមគធៈ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្ដីរីករាយ ជាមួយនឹងព្រះដ៏មានព្រះភាគ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យដែលគួររឭកហើយ ទើបអង្គុយក្នុងទីដ៏សមគួរ។ លុះវស្សការព្រាហ្មណ៍ ជាមហាមាត្យក្នុងដែនមគធៈ អង្គុយ ក្នុងទីដ៏សមគួរហើយ បានក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតម ដ៏ចំរើន យើងខ្ញុំតែងនិយាយយ៉ាងនេះ តែងយល់យ៉ាងនេះថា អ្នកណាមួយ និយាយ ចំពោះរូប ដែលខ្លួនឃើញហើយថា ខ្ញុំបានឃើញយ៉ាងនេះ ឥតមានទោស អំពីអ្នកនោះ អ្នកណាមួយ និយាយចំពោះសំឡេង ដែលខ្លួនឮហើយថា ខ្ញុំបានឮយ៉ាងនេះ ឥតមាន ទោស អំពីអ្នកនោះ អ្នកណាមួយ និយាយចំពោះវត្ថុ ដែលខ្លួនបានហិត ភ្លក់ ពាល់ត្រូវថា ខ្ញុំបានហិត ភ្លក់ ពាល់ត្រូវយ៉ាងនេះ ឥតមានទោស អំពីអ្នកនោះ អ្នកណាមួយ និយាយចំពោះវត្ថុ ដែលខ្លួនបានដឹងច្បាស់ (ដោយចិត្ត) ថា ខ្ញុំបានដឹងច្បាស់ យ៉ាងនេះ ឥតមានទោស អំពីអ្នកនោះទេ។ ម្នាលព្រាហ្មណ៍ តថាគត មិនពោលថា បុគ្គលត្រូវតែនិយាយចំពោះរូបទាំងអស់ ដែលខ្លួនឃើញហើយទេ ម្នាលព្រាហ្មណ៍ តែថាតថាគត មិនពោលថា បុគ្គលមិនត្រូវនិយាយ ចំពោះរូបទាំងអស់ ដែលខ្លួនឃើញហើយទេ ម្នាលព្រាហ្មណ៍ តថាគត មិនពោលថា បុគ្គលមិនត្រូវនិយាយ ចំពោះសំឡេងទាំងអស់ ដែលខ្លួនឮហើយទេ ម្នាលព្រាហ្មណ៍ តែថាតថាគត មិនពោលថា បុគ្គលមិនត្រូវនិយាយ ចំពោះសំឡេង ដែលខ្លួនឮហើយទេ ម្នាលព្រាហ្មណ៍ តថាគត មិនពោលថា បុគ្គលត្រូវនិយាយ ចំពោះក្លិន រស ផោដ្ឋព្វៈទាំងអស់ ដែលខ្លួនហិត ភ្លក់ ពាល់ត្រូវហើយទេ ម្នាលព្រាហ្មណ៍ តែថា តថាគតពោលថា បុគ្គលមិនត្រូវនិយាយចំពោះក្លិន រស ផោដ្ឋព្វៈទាំងអស់ ដែលខ្លួនហិត ភ្លក់ ពាល់ត្រូវហើយទេ ម្នាលព្រាហ្មណ៍ តថាគត មិនពោលថា បុគ្គលត្រូវនិយាយចំពោះធម្មារម្មណ៍ទាំងអស់ ដែលខ្លួនដឹងច្បាស់ហើយទេ ម្នាលព្រាហ្មណ៍ តែថាតថាគត មិនពោលថា បុគ្គលមិនត្រូវនិយាយចំពោះធម្មារម្មណ៍ទាំងអស់ ដែលខ្លួនដឹងច្បាស់ហើយទេ។ ម្នាលព្រាហ្មណ៍ តែថាតថាគត ពោលថា កាលបើបុគ្គលពោលចំពោះរូបណា ដែលបានឃើញហើយ អកុសលធម៌ទាំងឡាយ ចំរើនឡើង កុសលធម៌ទាំងឡាយ សាបសូន្យទៅវិញ បុគ្គលមិនត្រូវនិយាយចំពោះរូប ដែលខ្លួនឃើញហើយបែបនេះទេ ម្នាលព្រាហ្មណ៍ តថាគត ពោលថា កាលបើបុគ្គលនោះ ពោលចំពោះរូបណា ដែលខ្លួនបានឃើញហើយ អកុសលធម៌ទាំងឡាយ សាបសូន្យទៅ កុសលធម៌ទាំងឡាយ ចំរើនឡើង បុគ្គលគួរនិយាយចំពោះរូប ដែលខ្លួនបានឃើញបែបនេះ ម្នាលព្រាហ្មណ៍ តថាគត ពោលថា កាលបើបុគ្គលពោលចំពោះសំឡេងណា ដែលខ្លួនបានឮហើយ អកុសលធម៌ទាំងឡាយ ចំរើនឡើង កុសលធម៌ទាំងឡាយ សាបសូន្យទៅ បុគ្គលមិនគួរនិយាយចំពោះសំឡេង ដែលខ្លួនបានឮបែបនេះ ម្នាលព្រាហ្មណ៍ តថាគត ពោលថា កាលបើបុគ្គលនោះ ពោលចំពោះសំឡេងណា ដែលខ្លួនបានឮហើយ អកុសលធម៌ទាំងឡាយ សាបសូន្យទៅ កុសលធម៌ទាំងឡាយ ចំរើនឡើង បុគ្គលគួរនិយាយចំពោះសំឡេងបែបនេះ ម្នាលព្រាហ្មណ៍ តថាគតពោលថា កាលបើបុគ្គលពោលចំពោះក្លិន រស ផោដ្ឋព្វៈណា ដែលខ្លួនបានហិត ភ្លក់ ពាល់ត្រូវហើយ អកុសលធម៌ទាំងឡាយ ចំរើនឡើង កុសលធម៌ទាំងឡាយ សាបសូន្យទៅ បុគ្គលមិនត្រូវនិយាយចំពោះក្លិន រស ផោដ្ឋព្វៈ ដែលខ្លួនបានហិត ភ្លក់ ពាល់ត្រូវបែបនេះ ម្នាលព្រាហ្មណ៍ តថាគតពោលថា កាលបើបុគ្គលនោះ ពោលចំពោះ ក្លិន រស ផោដ្ឋព្វៈណា ដែលខ្លួនបានហិត ភ្លក់ ពាល់ត្រូវហើយ អកុសលធម៌ទាំងឡាយ សាបសូន្យទៅ កុសលធម៌ទាំងឡាយ ចំរើនឡើង បុគ្គលត្រូវនិយាយចំពោះក្លិន រស ផោដ្ឋព្វៈ ដែលខ្លួនបានហិត ភ្លក់ ពាល់ត្រូវបែបនេះ ម្នាលព្រាហ្មណ៍ តថាគត ពោលថា កាលបើបុគ្គលពោលចំពោះធម្មារម្មណ៍ណា ដែលខ្លួនដឹងច្បាស់ហើយ អកុសលធម៌ទាំងឡាយ ចំរើនឡើង កុសលធម៌ទាំងឡាយ សាបសូន្យទៅ បុគ្គលមិនត្រូវនិយាយ ចំពោះធម្មារម្មណ៍ ដែលខ្លួនបានដឹងច្បាស់បែបនេះទេ ម្នាលព្រាហ្មណ៍ តថាគត ពោលថា កាលបើបុគ្គលនោះ ពោលចំពោះធម្មារម្មណ៍ណា ដែលខ្លួនបានដឹងច្បាស់ហើយ អកុសលធម៌ទាំងឡាយ សាបសូន្យទៅ កុសលធម៌ទាំងឡាយ ចំរើនឡើង បុគ្គលត្រូវនិយាយចំពោះធម្មារម្មណ៍ ដែលខ្លួនបានដឹងច្បាស់បែបនេះ។ លំដាប់នោះ វស្សការព្រាហ្មណ៍ ជាមហាមាត្យ ក្នុងដែនមគធៈ ត្រេកអរ រីករាយ នឹងភាសិតរបស់ព្រះដ៏មានព្រះភាគ ហើយក៏ក្រោកចាកអាសនៈ ថយចេញទៅ។

(អភយសូត្រ ទី៤)

(៤. អភយសុត្តំ)

[៣៤] គ្រានោះ ជានុស្សោណិព្រាហ្មណ៍ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្ដីរីករាយ ជាមួយនឹងព្រះដ៏មានព្រះភាគ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យដែលគួររឭកហើយ ក៏អង្គុយក្នុងទីដ៏សមគួរ។ លុះជានុស្សោណិ ព្រាហ្មណ៍ អង្គុយក្នុងទីដ៏សមគួរហើយ បានក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន ពួកយើងខ្ញុំ តែងនិយាយយ៉ាងនេះ តែងយល់យ៉ាងនេះថា បុគ្គលអ្នកមានសេចក្ដីស្លាប់ជាធម្មតា មិនខ្លាច មិនតក់ស្លុត នឹងសេចក្ដីស្លាប់ មិនដែល មានឡើយ។ ម្នាលព្រាហ្មណ៍ បុគ្គលអ្នកមានសេចក្ដីស្លាប់ជាធម្មតា ខ្លាច តក់ស្លុត នឹងសេចក្ដីស្លាប់ក៏មាន ម្នាលព្រាហ្មណ៍ មួយទៀត បុគ្គលអ្នកមានសេចក្ដីស្លាប់ ជាធម្មតា មិនខ្លាច មិនតក់ស្លុតនឹងសេចក្ដីស្លាប់ក៏មាន។ ម្នាលព្រាហ្មណ៍ ចុះបុគ្គល អ្នកមានសេចក្ដីស្លាប់ ជាធម្មតា ខ្លាច តក់ស្លុតនឹងសេចក្ដីស្លាប់ តើដូចម្ដេច។ ម្នាលព្រាហ្មណ៍ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកមិនទាន់បា្រសចាកតម្រេក មិនទាន់បា្រសចាកសេចក្ដីពេញចិត្ត មិនទាន់បា្រសចាកសេចក្ដីស្រឡាញ់ មិនទាន់បា្រសចាកសេចក្ដីស្រេកឃ្លាន មិនទាន់បា្រសចាកសេចក្ដីក្ដៅក្រហាយ មិនទាន់បា្រសចាកចំណង់ ក្នុងកាមទាំងឡាយ បុគ្គលនោះ កើតរោគធ្ងន់ណាមួយ កាលបើបុគ្គលនោះ កើតរោគធ្ងន់ណាមួយហើយ តែងត្រិះរិះ យ៉ាងនេះថា កាមទាំងឡាយ ដែលជាទីស្រឡាញ់ នឹងលះបង់អាត្មាអញ អាត្មាអញ មុខជានឹងលះបង់កាមទាំងឡាយ ជាទីស្រឡាញ់ដែរ។ បុគ្គលនោះ ក៏សោក ស្ដាយ លំបាក ខ្សឹកខ្សួល គក់ទ្រូង យំទួញ ដល់នូវសេចក្ដីវង្វេង។ ម្នាលព្រាហ្មណ៍ បុគ្គលអ្នកមានសេចក្ដីស្លាប់ ជាធម្មតានេះឯង តែងខ្លាច តក់ស្លុត នឹងសេចក្ដីស្លាប់។ ម្នាលព្រាហ្មណ៍ មួយទៀត បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកមិនទាន់បា្រសចាកតម្រេក មិនទាន់បា្រសចាកសេចក្ដីពេញចិត្ត មិនទាន់បា្រសចាកសេចក្ដីស្រឡាញ់ មិនទាន់បា្រស ចាកសេចក្ដីស្រេកឃ្លាន មិនទាន់បា្រសចាកសេចក្ដីក្ដៅក្រហាយ មិនទាន់បា្រសចាក ចំណងក្នុងកាយ បុគ្គលនោះ កើតរោគធ្ងន់ណាមួយ កាលបើបុគ្គលនោះ កើតរោគធ្ងន់ណាមួយហើយ តែងត្រិះរិះ យ៉ាងនេះថា រាងកាយជាទីស្រឡាញ់ នឹងលះបង់អាត្មាអញ អាត្មាអញ នឹងលះបង់រាងកាយជាទីស្រឡាញ់ដែរ។ បុគ្គលនោះ ក៏សោកស្ដាយ លំបាក ខ្សឹកខ្សួល គក់ទ្រូង យំទួញ ដល់នូវសេចក្ដីវង្វេង។ ម្នាលព្រាហ្មណ៍ បុគ្គលអ្នកមានសេចក្ដីស្លាប់ ជាធម្មតានេះឯង តែងខ្លាច តក់ស្លុត នឹងសេចក្ដីស្លាប់។ ម្នាលព្រាហ្មណ៍ មួយទៀត បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកមិនបានធ្វើអំពើល្អ មិនបានធ្វើកុសល មិនបានធ្វើអំពើជាទីការពារភ័យ ធ្វើតែបាប ធ្វើតែអំពើអាក្រក់ ធ្វើតែអំពើលាមក ហើយបុគ្គលនោះ ក៏កើតរោគធ្ងន់ណាមួយ កាលបើបុគ្គលនោះ កើតរោគធ្ងន់ណាមួយហើយ តែងត្រិះរិះ យ៉ាងនេះថា ឱ អាត្មាអញ មិនបានធ្វើអំពើល្អ មិនបានធ្វើកុសល មិនបានធ្វើអំពើជាទីការពារភ័យ ធ្វើតែបាប ធ្វើតែអំពើអាក្រក់ ធ្វើតែអំពើលាមក អើហ្ន៎ គតិរបស់បុគ្គល ដែលមិនបានធ្វើអំពើល្អ មិនបានធ្វើកុសល មិនបានធ្វើអំពើជាទីការពារភ័យ ធ្វើតែបាប ធ្វើតែអំពើអាក្រក់ ធ្វើតែអំពើលាមក ត្រឹមណា អាត្មាអញ លះលោកនេះហើយ នឹងទៅកាន់គតិនោះ។ បុគ្គលនោះ ក៏សោកស្ដាយ លំបាក ខ្សឹកខ្សួល គក់ទ្រូង យំទួញ ដល់នូវសេចក្ដីវង្វេង។ ម្នាលព្រាហ្មណ៍ បុគ្គលអ្នកមានសេចក្ដីស្លាប់ ជាធម្មតានេះឯង តែងខ្លាច តក់ស្លុត នឹងសេចក្ដីស្លាប់។ ម្នាលព្រាហ្មណ៍ មួយទៀត បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកមានសេចក្ដីសន្ទិះ សង្ស័យ មិនជឿស៊ប់ ក្នុងព្រះសទ្ធម្ម បុគ្គលនោះ កើតរោគធ្ងន់ណាមួយ កាលបើបុគ្គលនោះ កើតរោគធ្ងន់ណាមួយហើយ តែងត្រិះរិះ យ៉ាងនេះថា ឱ អាត្មាអញ មានសេចក្ដីសន្ទិះ សង្ស័យ មិនជឿស៊ប់ក្នុងព្រះសទ្ធម្ម។ បុគ្គលនោះ ក៏សោកស្ដាយ លំបាក ខ្សឹកខ្សួល គក់ទ្រូង យំទួញ ដល់នូវសេចក្ដីវង្វេង។ ម្នាលព្រាហ្មណ៍ បុគ្គលអ្នកមានសេចក្ដីស្លាប់ ជាធម្មតានេះឯង តែងខ្លាច តក់ស្លុតនឹងសេចក្ដីស្លាប់។ ម្នាលព្រាហ្មណ៍ បុគ្គលអ្នកមានសេចក្ដីស្លាប់ ជាធម្មតា ៤ ពួកនេះឯង តែងខ្លាច តក់ស្លុតនឹងសេចក្ដីស្លាប់។ ម្នាលព្រាហ្មណ៍ ចុះបុគ្គលអ្នកមានសេចក្ដីស្លាប់ ជាធម្មតា មិនខ្លាច មិនតក់ស្លុត នឹងសេចក្ដីស្លាប់ តើដូចម្ដេច។ ម្នាលព្រាហ្មណ៍ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកបា្រសចាកតម្រេក បា្រសចាកសេចក្ដីពេញចិត្ត បា្រសចាកសេចក្ដីស្រឡាញ់ បា្រសចាកសេចក្ដីស្រេកឃ្លាន បា្រសចាកសេចក្ដីក្ដៅក្រហាយ បា្រសចាកចំណង់ ក្នុងកាមទាំងឡាយ បុគ្គលនោះ កើតរោគធ្ងន់ណាមួយ កាលបើបុគ្គលនោះ កើតរោគធ្ងន់ណាមួយហើយ មិនដែលត្រិះរិះ យ៉ាងនេះថា កាមទាំងឡាយ ដែលជាទីស្រឡាញ់ នឹងលះបង់ អាត្មាអញ អាត្មាអញ មុខជានឹងលះបង់កាមទាំងឡាយ ជាទីស្រឡាញ់ដែរ។ បុគ្គលនោះ មិនសោកស្ដាយ មិនលំបាក មិនខ្សឹកខ្សួល មិនគក់ទ្រូង យំទួញ មិនដល់នូវសេចក្ដីវង្វេង។ ម្នាលព្រាហ្មណ៍ បុគ្គលអ្នកមានសេចក្ដីស្លាប់ ជាធម្មតានេះឯង តែងមិនខ្លាច មិនតក់ស្លុតនឹងសេចក្ដីស្លាប់។ ម្នាលព្រាហ្មណ៍ មួយទៀត បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកបា្រសចាកតម្រេក បា្រសចាកសេចក្ដីពេញចិត្ត បា្រសចាកសេចក្ដីស្រឡាញ់ បា្រសចាកសេចក្ដីស្រេកឃ្លាន បា្រសចាកសេចក្ដីក្ដៅក្រហាយ បា្រសចាកចំណង់ ក្នុងកាយ បុគ្គលនោះ កើតរោគធ្ងន់ណាមួយ កាលបើបុគ្គលនោះ កើតរោគធ្ងន់ណាមួយហើយ មិនដែលត្រិះរិះ យ៉ាងនេះថា ឱរាងកាយ ដែលជាទីស្រឡាញ់ នឹងលះបង់អាត្មាអញ អាត្មាអញ មុខជានឹងលះបង់រាងកាយជាទីស្រឡាញ់ដែរ។ បុគ្គលនោះ មិនសោកស្ដាយ មិនលំបាក មិនខ្សឹកខ្សួល មិនគក់ទ្រូងយំទួញ មិនដល់នូវសេចក្ដីវង្វេង។ ម្នាលព្រាហ្មណ៍ បុគ្គល អ្នកមានសេចក្ដីស្លាប់ ជាធម្មតានេះឯង តែងមិនខ្លាច មិនតក់ស្លុតនឹងសេចក្ដីស្លាប់។ ម្នាលព្រាហ្មណ៍ មួយទៀត បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកមិនធ្វើបាប មិនធ្វើអំពើអាក្រក់ មិនធ្វើអំពើលាមក ធ្វើតែអំពើល្អ ធ្វើតែកុសល ធ្វើតែអំពើជាទីការពារភ័យ បុគ្គលនោះ កើតរោគធ្ងន់ណាមួយ កាលបើបុគ្គលនោះ កើតរោគធ្ងន់ណាមួយហើយ តែងត្រិះរិះ យ៉ាងនេះថា ឱ អាត្មាអញ មិនដែលធ្វើអំពើបាប មិនធ្វើអំពើអាក្រក់ មិនធ្វើអំពើលាមកទេ ធ្វើតែអំពើល្អ ធ្វើតែកុសល ធ្វើតែអំពើជាទីការពារភ័យ អើហ្ន៎ គតិរបស់បុគ្គល ដែលមិនបានធ្វើបាប មិនបានធ្វើអំពើអាក្រក់ មិនបានធ្វើអំពើលាមក ធ្វើតែអំពើល្អ ធ្វើតែកុសល ធ្វើតែអំពើជាទីការពារភ័យ ត្រឹមណា អាត្មាអញ លះលោកនេះហើយ នឹងទៅកាន់គតិនោះ។ បុគ្គលនោះ ក៏មិនសោកស្ដាយ មិនលំបាក មិនខ្សឹកខ្សួល មិនគក់ទ្រូងយំទួញ មិនដល់នូវសេចក្ដីវង្វេង។ ម្នាលព្រាហ្មណ៍ បុគ្គលអ្នកមានសេចក្ដីស្លាប់ ជាធម្មតានេះឯង តែងមិនខ្លាច មិនតក់ស្លុតនឹងសេចក្ដីស្លាប់។ ម្នាលព្រាហ្មណ៍ មួយទៀត បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកមិនមានសេចក្ដីសន្ទិះ សង្ស័យ ជាបុគ្គលជឿស៊ប់ ក្នុងព្រះសទ្ធម្ម បុគ្គលនោះ កើតរោគធ្ងន់ណាមួយ កាលបើ បុគ្គលនោះ កើតរោគធ្ងន់ណាមួយហើយ តែងត្រិះរិះ យ៉ាងនេះថា ឱ អាត្មាអញ លែងសន្ទិះ សង្ស័យ បានជឿស៊ប់ ក្នុងព្រះសទ្ធម្មហើយ។ បុគ្គលនោះ មិនសោកស្ដាយ មិនលំបាក មិនខ្សឹកខ្សួល មិនគក់ទ្រូង យំទួញ មិនដល់នូវសេចក្ដីវង្វេង។ ម្នាលព្រាហ្មណ៍ បុគ្គលអ្នកមានសេចក្ដីស្លាប់ ជាធម្មតានេះឯង តែងមិនខ្លាច មិនតក់ស្លុតនឹងសេចក្ដីស្លាប់។ ម្នាលព្រាហ្មណ៍ បុគ្គលអ្នកមានសេចក្ដីស្លាប់ ជាធម្មតា ៤ ពួកនេះឯង តែងមិនខ្លាច មិនតក់ស្លុតនឹងសេចក្ដីស្លាប់។ បពិត្រព្រះគោតមដ៏ចំរើន ភ្លឺច្បាស់ណាស់។ បេ។ សូមព្រះគោតមដ៏ចំរើន ចាំទុកនូវខ្ញុំព្រះអង្គ ថាជាឧបាសក អ្នកដល់សរណៈ ស្មើជីវិត តាំងពីថ្ងៃនេះទៅ។

(ព្រាហ្មណសច្ចសូត្រ ទី៥)

(៥. ព្រាហ្មណសច្ចសុត្តំ)

[៣៥] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅលើភ្នំគិជ្ឈកូដ ទៀបក្រុង រាជគ្រឹះ។ សម័យនោះឯង បរិព្វាជកច្រើននាក់ សុទ្ធតែជាអ្នកល្បីឈ្មោះ អាស្រ័យនៅ ក្នុងបរិព្វាជការាម ក្បែរឆ្នេរស្ទឹងសប្បិនី គឺបរិព្វាជកឈ្មោះ អន្នភារៈ ១ វធរៈ ១ សកុលុទាយី ១ និងបរិព្វាជកឯទៀត ដែលមានឈ្មោះល្បីល្បាញ។ គ្រានោះ ព្រះដ៏មានព្រះភាគ ស្ដេចចេញចាកទីសម្ងំ ក្នុងសាយណ្ហសម័យ ហើយទ្រង់ស្ដេចចូលទៅឯបរិព្វាជការាម ក្បែរឆ្នេរស្ទឹងសប្បិនីនោះ។ កាលដែលពួកបរិព្វាជក ជាអន្យតិរិ្ថយ ទាំងនោះ អង្គុយប្រជុំសន្និបាត ក្នុងសម័យនោះឯង អន្តរាកថានេះ កើតឡើងថា សច្ចៈ របស់ពួកព្រាហ្មណ៍ ដូច្នេះខ្លះ សច្ចៈរបស់ពួកព្រាហ្មណ៍ ដូច្នេះខ្លះ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ស្ដេចចូលទៅរកពួកបរិព្វាជកទាំងនោះ លុះចូលទៅដល់ហើយ ក៏គង់លើអាសនៈ ដែលគេក្រាលថ្វាយ។ លុះព្រះដ៏មានព្រះភាគ គង់ហើយ ទើបត្រាស់សួរបរិព្វាជកទាំងនោះ ដូច្នេះថា ម្នាលបរិព្វាជកទាំងឡាយ អម្បាញ់មិញ អ្នកទាំងឡាយ អង្គុយប្រជុំ និយាយគ្នាអំពីរឿងអ្វី មួយទៀត អន្តរាកថា របស់អ្នកទាំងឡាយ ដូចម្ដេច ដែលបញ្ឈប់ដាច់ទៅ។ បពិត្រព្រះគោតមដ៏ចំរើន កាលដែលយើងខ្ញុំអង្គុយប្រជុំគ្នា ក្នុងទីនេះ អន្តរាកថានេះ កើតឡើងថា សច្ចៈរបស់ពួកព្រាហ្មណ៍ ដូច្នេះខ្លះ សច្ចៈរបស់ ពួកព្រាហ្មណ៍ ដូច្នេះខ្លះ។ ម្នាលបរិព្វាជកទាំងឡាយ សច្ចៈរបស់ពួកព្រាហ្មណ៍នេះ មាន ៤ ដែលតថាគត បានធ្វើឲ្យជាក់ច្បាស់ ដោយបា្រជ្ញា ដ៏ក្រៃលែង ដោយខ្លួនឯងហើយ ទើបប្រកាសឲ្យដឹងច្បាស់។ សច្ចៈរបស់ពួកព្រាហ្មណ៍ ៤ តើដូចម្ដេច។ ម្នាលបរិព្វាជក ទាំងឡាយ ព្រាហ្មណ៍8) ក្នុងលោកនេះ ពោលយ៉ាងនេះថា សត្វទាំងពួង មិនគួរសម្លាប់ ព្រាហ្មណ៍ កាលពោលដូច្នេះ ឈ្មោះថា ពោលពាក្យសច្ចៈ មិនមែនពោលមុសា ព្រាហ្មណ៍នោះ មិនប្រកាន់ថា ជាសមណៈ មិនប្រកាន់ថា ជាព្រាហ្មណ៍ មិនប្រកាន់ថា អញ ប្រសើរជាងគេ មិនប្រកាន់ថា អញស្មើនឹងគេ មិនប្រកាន់ថា អញថោកទាបជាងគេ ព្រោះតែការសម្លាប់នោះ គ្រាន់តែប្រតិបត្តិដើម្បីអាណិត អនុគ្រោះ ចំពោះសត្វទាំងឡាយ ព្រោះការត្រាស់ដឹងសច្ចៈនោះ ក្នុងការមិនសម្លាប់នោះប៉ុណ្ណោះ។ ម្នាលបរិព្វាជកទាំងឡាយ មួយទៀត ព្រាហ្មណ៍ពោលយ៉ាងនេះថា កាមទាំងពួង មិនទៀង ជាទុក្ខ មានសេចក្ដីប្រែប្រួលជាធម្មតា ព្រាហ្មណ៍ កាលពោលដូច្នេះ ឈ្មោះថា ពោលពាក្យសច្ចៈ មិនមែនពោលមុសា ព្រាហ្មណ៍នោះ មិនប្រកាន់ថាជាសមណៈ មិនប្រកាន់ថាជាព្រាហ្មណ៍ មិនប្រកាន់ថា អញប្រសើរជាងគេ មិនប្រកាន់ថា អញស្មើនឹងគេ មិនប្រកាន់ថា អញថោកទាបជាងគេ ព្រោះតែសេចក្ដីយល់នោះ គ្រាន់តែប្រតិបត្តិ ដើម្បីនឿយណាយ ធុញទ្រាន់ រំលត់កាមទាំងឡាយ ព្រោះការត្រាស់ដឹង នូវសច្ចៈនោះ ក្នុងដំណើរនោះប៉ុណ្ណោះ។ ម្នាលបរិព្វាជកទាំងឡាយ មួយទៀត ព្រាហ្មណ៍ពោលយ៉ាងនេះថា ភពទាំងពួង មិនទៀង ជាទុក្ខ មានសេចក្ដីប្រែប្រួល ជាធម្មតា ពា្រហ្មណ៍កាលពោលដូច្នេះ ឈ្មោះថា ពោលពាក្យសច្ចៈ មិនមែនពោលមុសា ពា្រហ្មណ៍នោះ មិនប្រកាន់ថា ជាសមណៈ មិនប្រកាន់ថា ជាព្រាហ្មណ៍ មិនប្រកាន់ថា អញប្រសើរជាងគេ មិនប្រកាន់ថា អញស្មើនឹងគេ មិនប្រកាន់ថា អញថោកទាបជាងគេ ព្រោះសេចក្ដីយល់នោះ គ្រាន់តែប្រតិបត្តិ ដើម្បីនឿយណាយ ធុញទ្រាន់ រំលត់ភពទាំងឡាយ ព្រោះការត្រាស់ដឹងសច្ចៈនោះ ក្នុងដំណើរនោះប៉ុណ្ណោះ។ ម្នាលបរិព្វាជកទាំងឡាយ មួយទៀត ព្រាហ្មណ៍ពោលយ៉ាងនេះថា អាត្មាអញ មិនមានក្នុងវត្ថុនីមួយ មិនមានក្នុងកង្វល់អ្នកណាមួយ អ្នកដទៃក៏មិនមានក្នុងវត្ថុនីមួយ ទាំងវត្ថុនីមួយ របស់អ្នកដទៃ ក៏មិនមានក្នុងកង្វល់នីមួយរបស់អញ ព្រាហ្មណ៍កាលពោលយ៉ាងនេះ ឈ្មោះថា ពោលពាក្យសច្ចៈ មិនមែនពោលមុសាទេ ព្រាហ្មណ៍នោះ មិនប្រកាន់ថា ជាសមណៈ មិនប្រកាន់ថា ជាព្រាហ្មណ៍ មិនប្រកាន់ថា អញប្រសើរជាងគេ មិនប្រកាន់ថា អញស្មើនឹងគេ មិនប្រកាន់ថា អញថោកទាបជាងគេ ព្រោះសេចក្ដីយល់នោះ គ្រាន់តែប្រតិបត្តិ អាកិញ្ចញ្ញប្បដិបទា (ផ្លូវដែលឥតកង្វល់) ព្រោះការត្រាស់ដឹង នូវសច្ចៈនោះ ក្នុងដំណើរនោះប៉ុណ្ណោះ។ ម្នាលបរិព្វាជកទាំងឡាយ សច្ចៈរបស់ពួកព្រាហ្មណ៍ ទាំង ៤ នេះឯង តថាគត បានធ្វើឲ្យជាក់ច្បាស់ ដោយបា្រជ្ញា ដ៏ក្រៃលែង ដោយខ្លួនឯងហើយ ទើបប្រកាសឲ្យដឹងច្បាស់។

(ឧម្មគ្គសូត្រ ទី៦)

(៦. ឧម្មគ្គសុត្តំ)

[៣៦] គ្រានោះ ភិក្ខុមួយរូប ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ហើយ ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ រួចអង្គុយក្នុងទីដ៏សមគួរ។ លុះភិក្ខុនោះ អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គ ដ៏ចំរើន អ្វីដឹកនាំសត្វលោកទៅ អ្វីទង់ទាញសត្វលោកទៅ មួយទៀត សត្វលោក លុះអំណាចរបស់អ្វី ដែលកើតឡើង។ ម្នាលភិក្ខុ ប្រពៃហើយ ប្រពៃហើយ សេចក្ដីឆ្លាស របស់អ្នកស្រួលហើយ សេចក្ដីវាងវៃរបស់អ្នកស្រួលហើយ សេចក្ដីសាកសួរល្អហើយ ម្នាលភិក្ខុ ដ្បិតថា អ្នកបានសួរយ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន អ្វីដឹកនាំសត្វលោកទៅ អ្វីទង់ទាញសត្វលោកទៅ មួយទៀត សត្វលោក លុះអំណាចរបស់អ្វី ដែលកើតឡើង។ បពិត្រព្រះអង្គដ៏ចំរើន យ៉ាងនោះមែន។ ម្នាលភិក្ខុ ចិត្ត ដឹកនាំសត្វលោកទៅ ចិត្ត ទង់ទាញសត្វលោកទៅ សត្វលោក លុះអំណាចចិត្ត ដែលកើតឡើង។ ភិក្ខុនោះ ត្រេកអរ រីករាយនឹងភាសិត របស់ព្រះដ៏មានព្រះភាគថា សាធុ ព្រះអង្គ ហើយក៏បានសួរប្រស្នា នឹងព្រះដ៏មានព្រះភាគ តទៅទៀតថា បពិត្រព្រះអង្គដ៏ចំរើន បុគ្គលដែលព្រះអង្គត្រាស់ថា ជាពហុស្សូត អ្នកទ្រទ្រង់ធម៌ ជាពហុស្សូត អ្នកទ្រទ្រង់ធម៌ ដូច្នេះ បពិត្រព្រះអង្គដ៏ចំរើន បុគ្គលជាពហុស្សូត អ្នកទ្រទ្រង់ធម៌ តើដោយហេតុដូចម្ដេច។ ម្នាលភិក្ខុ ប្រពៃហើយ ប្រពៃហើយ សេចក្ដីឆ្លាសរបស់អ្នក ស្រួលហើយ សេចក្ដីវាងវៃ ស្រួលហើយ សេចក្ដីសាកសួរល្អហើយ ម្នាលភិក្ខុ ដ្បិតអ្នកបានសួរយ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន បុគ្គលដែលព្រះអង្គត្រាស់ថា ជាពហុស្សូត អ្នកទ្រទ្រង់ធម៌ ជាពហុស្សូត អ្នកទ្រទ្រង់ធម៌ ដូច្នេះ បពិត្រព្រះអង្គដ៏ចំរើន បុគ្គលជាពហុស្សូត អ្នកទ្រទ្រង់ធម៌ តើដោយហេតុដូចម្ដេច។ បពិត្រព្រះអង្គដ៏ចំរើន យ៉ាងនោះមែន។ ម្នាលភិក្ខុ ធម៌ទាំងឡាយ ដែលតថាគត សំដែងទុកច្រើនយ៉ាង គឺសុត្តៈ គេយ្យៈ វេយ្យាករណៈ គាថា ឧទានៈ ឥតិវុត្តកៈ ជាតកៈ អព្ភូតធម្មៈ វេទល្លៈ បើភិក្ខុដឹងអត្ថ និងធម៌របស់គាថា ត្រឹមតែ៤បាទ ហើយជាអ្នកប្រតិបត្តិធម៌ សមគួរដល់ធម៌ ក៏គួរហៅថា ជាពហុស្សូត អ្នកទ្រទ្រង់ធម៌បាន។ ភិក្ខុនោះ ត្រេកអរ រីករាយនឹងភាសិត របស់ព្រះដ៏មានព្រះភាគថា សាធុ ព្រះអង្គ ហើយក៏សួរប្រសា្ននឹងព្រះដ៏មានព្រះភាគ តទៅទៀតថា បពិត្រព្រះអង្គដ៏ចំរើន បុគ្គលដែល ព្រះអង្គត្រាស់ថា បុគ្គលអ្នកចេះដឹង មានបា្រជ្ញាចាក់ធ្លុះ បុគ្គលអ្នកចេះដឹង មានបា្រជ្ញាចាក់ធ្លុះ ដូច្នេះ បពិត្រព្រះអង្គដ៏ចំរើន បុគ្គលអ្នកចេះដឹង មានបា្រជ្ញាចាក់ធ្លុះ តើដោយហេតុដូចម្ដេច។ ម្នាលភិក្ខុ ប្រពៃហើយ ប្រពៃហើយ ម្នាលភិក្ខុ សេចក្ដីឆ្លាសរបស់អ្នកស្រួលហើយ សេចក្ដីវាងវៃរបស់អ្នក ស្រួលហើយ សេចក្ដីសាកសួររបស់អ្នក ល្អហើយ ដ្បិតអ្នកបានសួរ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន បុគ្គលដែលព្រះអង្គត្រាស់ថា បុគ្គលអ្នកចេះដឹង មានបា្រជ្ញាចាក់ធ្លុះ បុគ្គលអ្នកចេះដឹង មានបា្រជ្ញាចាក់ធ្លុះ បពិត្រព្រះអង្គដ៏ចំរើន បុគ្គលអ្នកបានស្ដាប់ មានប្រាជ្ញាចាក់ធ្លុះ ដោយហេតុដូចម្ដេច។ បពិត្រ ព្រះអង្គដ៏ចំរើន យ៉ាងនោះមែន។ ម្នាលភិក្ខុ ភិក្ខុក្នុងសាសនានេះ បានឮថា នេះទុក្ខ ក៏ចាក់ធ្លុះ យល់សេចក្ដីនៃធម៌នោះ ដោយបា្រជ្ញា បានឮថា នេះទុក្ខសមុទ័យ ក៏ចាក់ធ្លុះ យល់សេចក្ដីនៃធម៌នោះ ដោយបា្រជ្ញា បានឮថា នេះទុក្ខនិរោធ ក៏ចាក់ធ្លុះ យល់សេចក្ដី នៃធម៌នោះ ដោយបា្រជ្ញា បានឮថា នេះទុក្ខនិរោធគាមិនិបដិបទា ក៏ចាក់ធ្លុះ យល់សេចក្ដី នៃធម៌នោះ ដោយបា្រជ្ញា ម្នាលភិក្ខុ បុគ្គលអ្នកចេះដឹង មានបា្រជ្ញាចាក់ធ្លុះ យ៉ាងនេះឯង។ ភិក្ខុនោះ ត្រេកអរ រីករាយនឹងភាសិត របស់ព្រះដ៏មានព្រះភាគថា សាធុ ព្រះអង្គ ហើយក៏ក្រាបទូលសួរប្រស្នានឹងព្រះដ៏មានព្រះភាគ តទៅទៀតថា បពិត្រព្រះអង្គដ៏ចំរើន បុគ្គលដែលព្រះអង្គត្រាស់ថា បណ្ឌិត អ្នកមានបា្រជ្ញាច្រើន បណ្ឌិតអ្នកមានបា្រជ្ញាច្រើន ដូច្នេះ បពិត្រព្រះអង្គដ៏ចំរើន បុគ្គលជាបណ្ឌិត អ្នកមានបា្រជ្ញាច្រើន តើដោយហេតុដូចម្ដេច។ ម្នាលភិក្ខុ ប្រពៃហើយ ប្រពៃហើយ ម្នាលភិក្ខុ សេចក្ដីឆ្លាសរបស់អ្នក ស្រួលហើយ សេចក្ដីវាងវៃរបស់អ្នក ស្រួលហើយ សេចក្ដីសាកសួររបស់អ្នក ល្អហើយ ដ្បិតអ្នកបានសួរ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន បុគ្គលដែលព្រះអង្គត្រាស់ថា បណ្ឌិតអ្នកមានបា្រជ្ញាច្រើន បណ្ឌិតអ្នកមានបា្រជ្ញាច្រើន ដូច្នេះ បពិត្រព្រះអង្គដ៏ចំរើន បុគ្គលជាបណ្ឌិតអ្នកមានបា្រជ្ញាច្រើន តើដោយហេតុដូចម្ដេច។ បពិត្រព្រះអង្គដ៏ចំរើន យ៉ាងនោះមែន។ ម្នាលភិក្ខុ ភិក្ខុជាបណ្ឌិត អ្នកមានបា្រជ្ញាច្រើន ក្នុងសាសនានេះ មិនគិតដើម្បីបៀតបៀនខ្លួន មិនគិតដើម្បីបៀតបៀនអ្នកដទៃ មិនគិតដើម្បីបៀតបៀន ទាំងពីរខាង កាលបើគិត ក៏គិតតែប្រយោជន៍ខ្លួន ប្រយោជន៍អ្នកដទៃ ប្រយោជន៍ទាំងពីរខាង និងប្រយោជន៍ដល់លោកទាំងមូល ម្នាលភិក្ខុ ភិក្ខុជាបណ្ឌិតអ្នកមានបា្រជ្ញាច្រើន យ៉ាងនេះឯង។

(វស្សការសូត្រ ទី៧)

(៧. វស្សការសុត្តំ)

[៣៧] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវន ជាកលន្ទកនិវាបស្ថាន ទៀបក្រុងរាជគ្រឹះ។ គ្រានោះ វស្សការព្រាហ្មណ៍ ជាមហាមាត្យ ក្នុងដែន មគធៈ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្ដីរីករាយ នឹងព្រះដ៏មានព្រះភាគ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យដែលគួររឭករួចហើយ ក៏អង្គុយក្នុងទីសមគួរ។ លុះវស្សការព្រាហ្មណ៍ ជាមហាមាត្យ ក្នុងដែនមគធៈ អង្គុយ ក្នុងទីសមគួរហើយ បានទូលសួរព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន អសប្បុរស គប្បីស្គាល់អសប្បុរសដូចគ្នាថា អ្នកនេះជាអសប្បុរស បានដែរឬ ម្នាល ព្រាហ្មណ៍ ការណ៍នុ៎ះ មិនសមហេតុ មិនសមផលទេ ដែលអសប្បុរស គប្បីស្គាល់ អសប្បុរសថា អ្នកនេះ ជាអសប្បុរស ដូច្នេះ។ បពិត្រព្រះគោតមដ៏ចំរើន ចុះអសប្បុរស គប្បីស្គាល់សប្បុរសថា អ្នកនេះ ជាសប្បុរស បានដែរឬ។ ម្នាលព្រាហ្មណ៍ ការណ៍នុ៎ះ ក៏មិនសមហេតុ មិនសមផលដែរ ដែលថា អសប្បុរស គប្បីស្គាល់សប្បុរសថា អ្នកនេះ ជាសប្បុរស ដូច្នេះ។ បពិត្រព្រះគោតមដ៏ចំរើន សប្បុរស គប្បីស្គាល់សប្បុរស ដូចគ្នាថា អ្នកនេះ ជាសប្បុរស បានដែរឬ។ ម្នាលព្រាហ្មណ៍ ការណ៍នុ៎ះ ទើបមានទំនង ដែលថា សប្បុរស គប្បីស្គាល់សប្បុរសដូចគ្នាថា អ្នកនេះ ជាសប្បុរស ដូច្នេះ។ បពិត្រព្រះគោតមដ៏ចំរើន ចុះសប្បុរស គប្បីស្គាល់អសប្បុរសថា អ្នកនេះ ជាអសប្បុរស បានដែរឬ។ ម្នាលព្រាហ្មណ៍ ការណ៍នុ៎ះ ក៏មានទំនងដែរ ដែលសប្បុរស គប្បីស្គាល់អសប្បុរសថា អ្នកនេះ ជាអសប្បុរស ដូច្នេះ។ បពិត្រព្រះគោតមដ៏ចំរើន អស្ចារ្យណាស់ បពិត្រព្រះគោតមដ៏ចំរើន ចំឡែកណាស់ ព្រោះពាក្យនេះ ព្រះគោតមដ៏ចំរើន ត្រាស់ត្រូវហើយថា ម្នាលព្រាហ្មណ៍ ការណ៍នុ៎ះ មិនសមហេតុ មិនសមផលទេ ដែលថា អសប្បុរស គប្បីស្គាល់អសប្បុរសថា អ្នកនេះ ជាអសប្បុរស ដូច្នេះ។ ម្នាលព្រាហ្មណ៍ ការណ៍នុ៎ះ មិនសមហេតុ មិនសមផលដែរ ដែលថា អសប្បុរស គប្បីស្គាល់សប្បុរសថា អ្នកនេះ ជាសប្បុរស ដូច្នេះ។ ម្នាលព្រាហ្មណ៍ ការណ៍នុ៎ះ ទើបមានទំនងពិត ដែលថា សប្បុរស គប្បីស្គាល់សប្បុរសបានថា អ្នកនេះ ជាសប្បុរស ដូច្នេះ។ ម្នាលព្រាហ្មណ៍ ការណ៍នុ៎ះ ក៏មានទំនងដែរ ដែលថាសប្បុរស គប្បីស្គាល់អសប្បុរសបានថា អ្នកនេះ ជាអសប្បុរស ដូច្នេះ។ បពិត្រព្រះគោតមដ៏ចំរើន សម័យមួយ ក្នុងបរិសទ្យរបស់តោទេយ្យព្រាហ្មណ៍ ពួកជននិយាយពាក្យជាទីតិះដៀលមនុស្សដទៃថា ស្ដេចឯឡេយ្យនេះល្ងង់ ដែលទ្រង់ជ្រះថ្លាខ្លាំង ក្នុងសមណរាមបុត្រ ថែមទាំងធ្វើសេចក្ដីឱនលំទោនខ្ពស់បំផុត យ៉ាងនេះ គឺថ្វាយបង្គំ ក្រោកទទួល ប្រណម្យដៃ ធ្វើសេចក្ដីគោរព ក្នុងសមណរាមបុត្រ។ ទាំងពួកបរិវារ របស់ស្ដេចឯឡេយ្យទាំងនេះ គឺយមកៈ ១ មោគ្គល្លៈ ១ ឧគ្គៈ ១ នាវិនាកី ១ គន្ធព្វ ១ អគ្គិវេស្ស ១ ក៏ល្ងង់ដែរ ដែលទៅជ្រះថ្លា ក្នុងសមណរាមបុត្រ ហើយនាំគ្នាធ្វើសេចក្តីឱនលំទោនខ្ពស់បំផុត យ៉ាងនេះ គឺថ្វាយបង្គំ ក្រោកទទួល ប្រណម្យដៃ ធ្វើសេចក្ដីគោរព ក្នុងសមណរាមបុត្រ។ ប៉ុន្ដែតោទេយ្យព្រាហ្មណ៍ ត្រឡប់ជាណែនាំពួកជនទាំងនោះ ដោយន័យនេះថា អ្នកដ៏ចំរើនទាំងឡាយ សំគាល់សេចក្ដីនោះ ដូចម្ដេច ស្ដេចឯឡេយ្យជាអ្នកបា្រជ្ញ អាចយល់ប្រយោជន៍គ្រាន់បើ ជាងពួកអ្នកបា្រជ្ញ ដែលអាចយល់ប្រយោជន៍គ្រាន់បើ ក្នុងកិច្ចតូច និងកិច្ចធំ ក្នុងពាក្យសំដីទាបខ្ពស់ទាំងឡាយ។ ម្នាលអ្នកដ៏ចំរើន យ៉ាងហ្នឹងហើយ ស្ដេចឯឡេយ្យ ជាអ្នកបា្រជ្ញ អាចយល់ប្រយោជន៍គ្រាន់បើ ជាងពួកអ្នកបា្រជ្ញ ដែលអាចយល់ប្រយោជន៍គ្រាន់បើ ក្នុងកិច្ចតូច និងកិច្ចធំ ក្នុងពាក្យសំដីទាបខ្ពស់ទាំងឡាយ យ៉ាងនេះ ម្នាលអ្នកដ៏ចំរើន សមណរាមបុត្រ ជាអ្នកបា្រជ្ញ គ្រាន់បើជាងស្ដេចឯឡេយ្យ ដែលជាអ្នកបា្រជ្ញ សមណរាមបុត្រនោះ ជាអ្នកអាចយល់ប្រយោជន៍គ្រាន់បើ ជាងស្ដេចឯឡេយ្យ ដែលជាអ្នកអាចយល់ប្រយោជន៍គ្រាន់បើ ក្នុងកិច្ចតូច និងកិច្ចធំ ក្នុងពាក្យសំដីទាបខ្ពស់ទាំងឡាយ ហេតុនោះ បានជាស្ដេចឯឡេយ្យ ជ្រះថ្លាខ្លាំង ក្នុងសមណរាមបុត្រ ថែមទាំងធ្វើសេចក្ដីឱនលំទោន ខ្ពស់បំផុត យ៉ាងនេះ គឺ ថ្វាយបង្គំ ក្រោកទទួល ប្រណម្យដៃ ធ្វើសេចក្ដីគោរព ក្នុងសមណរាមបុត្រ។ អ្នកដ៏ចំរើនទាំងឡាយ សំគាល់សេចក្ដីនោះ ដូចម្ដេច ពួកបរិវារ របស់ស្ដេចឯឡេយ្យ គឺ យមកៈ មោគ្គល្លៈ ឧគ្គៈ នាវិនាកី គន្ធព្វៈ អគ្គិវេស្សៈ សុទ្ធតែជាអ្នកបា្រជ្ញ អាចយល់ប្រយោជន៍គ្រាន់បើ ជាងពួកអ្នកបា្រជ្ញ ដែលអាចយល់ប្រយោជន៍គ្រាន់បើ ក្នុងកិច្ចតូច និងកិច្ចធំ ក្នុងពាក្យសំដីទាបខ្ពស់ទាំងឡាយ។ នែអ្នកដ៏ចំរើន យ៉ាងហ្នឹងហើយ ពួកបរិវាររបស់ស្ដេចឯឡេយ្យ គឺ យមកៈ មោគ្គល្លៈ ឧគ្គៈ នាវិនាកី គន្ធព្វៈ អគ្គិវេស្សៈ ជាអ្នកបា្រជ្ញ អាចយល់ប្រយោជន៍គ្រាន់បើ ជាងពួកអ្នកបា្រជ្ញ អាចយល់ប្រយោជន៍គ្រាន់បើ ក្នុងកិច្ចតូច និងកិច្ចធំ ក្នុងពាក្យសំដីទាបខ្ពស់ទាំងឡាយ។ នែអ្នកដ៏ចំរើន សមណរាមបុត្រ ជាអ្នកបា្រជ្ញ គ្រាន់បើជាងពួកបរិវារ របស់ស្ដេចឯឡេយ្យ ដែលជាអ្នកបា្រជ្ញ ជាអ្នកយល់ប្រយោជន៍គ្រាន់បើ ជាងពួកបរិវារ ដែលអាចយល់ប្រយោជន៍គ្រាន់បើ ក្នុងកិច្ចតូច និងកិច្ចធំ ក្នុងពាក្យសំដីទាបខ្ពស់ទាំងឡាយ ហេតុនោះ បានជាពួកបរិវារ របស់ស្ដេចឯឡេយ្យ ជ្រះថ្លាខ្លាំង ក្នុងសមណរាមបុត្រ ទាំងធ្វើសេចក្ដីឱនលំទោន ខ្ពស់បំផុត យ៉ាងនេះគឺ ថា្វយបង្គំ ក្រោកទទួល ប្រណម្យដៃ ធ្វើសេចក្ដីគោរព ក្នុងសមណរាមបុត្រ។ បពិត្រព្រះគោតមដ៏ចំរើន អស្ចារ្យណាស់ បពិត្រព្រះគោតមដ៏ចំរើន ចំឡែកណាស់ ព្រោះពាក្យនេះ ព្រះគោតមដ៏ចំរើន បានត្រាស់ត្រូវហើយថា ម្នាលព្រាហ្មណ៍ ការណ៍នុ៎ះ មិនសមហេតុ មិនសមផលទេ ដែលថាអសប្បុរស គប្បីស្គាល់អសប្បុរសថា អ្នកនេះ ជាអសប្បុរស ដូច្នេះ។ ម្នាលពា្រហ្មណ៍ ការណ៍នុ៎ះ ក៏មិនសមហេតុ មិនសមផលដែរ ដែលថា អសប្បុរស គប្បីស្គាល់សប្បុរសថា អ្នកនេះ ជាសប្បុរស ដូច្នេះ ម្នាលព្រាហ្មណ៍ ការណ៍នុ៎ះ ទើបមានទំនង ដែលថា សប្បុរស គប្បីស្គាល់សប្បុរសបានថា អ្នកនេះ ជាសប្បុរស។ ម្នាលព្រាហ្មណ៍ ការណ៍នុ៎ះ ក៏មានទំនងដែរ ដែលថា សប្បុរស គប្បីស្គាល់ អសប្បុរសថា អ្នកនេះ ជាអសប្បុរស។ បពិត្រព្រះគោតមដ៏ចំរើន យើងខ្ញុំនឹងទៅឥឡូវ នេះ ព្រោះយើងខ្ញុំ ជាអ្នកមានកិច្ចច្រើន មានការត្រូវធ្វើច្រើន។ ម្នាលព្រាហ្មណ៍ ឥឡូវនេះ អ្នកសំគាល់នូវកាលគួរចុះ។ លំដាប់នោះ វស្សការព្រាហ្មណ៍ ជាមហាមាត្យ ក្នុងដែនមគធៈ រីករាយ អនុមោទនាភាសិត របស់ព្រះដ៏មានព្រះភាគ ហើយក្រោកចាកទីអង្គុយ ចេញទៅ។

(ឧបកសូត្រ ទី៨)

(៨. ឧបកសុត្តំ)

[៣៨] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅលើភ្នំគិជ្ឈកូដ ទៀបក្រុងរាជគ្រឹះ។ គ្រានោះ ឧបកមណ្ឌិកាបុត្រ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ រួចអង្គុយក្នុងទីដ៏សមគួរ។ លុះឧបកមណ្ឌិកាបុត្រ អង្គុយក្នុងទីដ៏សមគួរហើយ បានក្រាបបង្គំទូលព្រះដ៏មានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ តែងនិយាយយ៉ាងនេះ តែងយល់យ៉ាងនេះថា បុគ្គលណាមួយ និយាយពាក្យតិះដៀលអ្នកដទៃ កាលបើនិយាយពាក្យតិះដៀលអ្នកដទៃ បុគ្គលទាំងអស់នោះ ឈ្មោះថា មិនញុំាងកុសលធម៌ ឲ្យកើតឡើង កាលបើមិនញុំាង កុសលធម៌ ឲ្យកើតឡើងបានទេ ក៏ឈ្មោះថា គួរគេតិះដៀលបាន ឈ្មោះថា ប្រកបដោយ ទោស។ ម្នាលឧបកៈ បើបុគ្គលនិយាយពាក្យតិះដៀលអ្នកដទៃ អ្នកដែលនិយាយពាក្យ តិះដៀលអ្នកដទៃ រមែងមិនញុំាងកុសលធម៌ ឲ្យកើតឡើង កាលបើមិនញុំាងកុសលធម៌ឲ្យកើតឡើងទេ ក៏ឈ្មោះថា គួរគេតិះដៀលបាន ឈ្មោះថា ប្រកបដោយទោស ម្នាល ឧបកៈ អ្នកឯងនិយាយពាក្យតិះដៀលអ្នកដទៃ កាលបើអ្នកឯងនិយាយពាក្យតិះដៀល អ្នកដទៃ រមែងមិនញុំាងកុសលធម៌ឲ្យកើតឡើង កាលបើមិនញុំាងកុសលធម៌ ឲ្យកើត ឡើងបានទេ ក៏ឈ្មោះថា គួរគេតិះដៀលបាន ឈ្មោះថា ប្រកបដោយទោសហើយ។ បពិត្រព្រះអង្គដ៏ចំរើន ប្រៀបដូចបុគ្គលយកអន្ទាក់ដ៏ធំ ទាក់កមនុស្ស ដែលទើបនឹងងើប ឡើង (អំពីទឹក) យ៉ាងណាមិញ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ គ្រាន់តែងើបឡើងភ្លាម ត្រូវព្រះដ៏មានព្រះភាគ ទាក់ដោយអន្ទាក់ គឺសំដីដ៏ធំ ក៏យ៉ាងនោះដែរ។ ម្នាលឧបកៈ គថាគត បញ្ញត្តទុកហើយថា របស់នេះ ជាអកុសល បទ ព្យញ្ជនៈ ធម្មទេសនា របស់ តថាគត ក្នុងរឿងនោះ មានច្រើនប្រមាណមិនបានថា របស់នេះ ជាអកុសល ព្រោះហេតុ ដូច្នេះៗ ម្នាលឧបកៈ រឿងនោះ តថាគត បញ្ញត្តទុកហើយថា របស់នេះ ជាអកុសល គួរតែលះបង់ចេញ បទ ព្យញ្ជនៈ ធម្មទេសនា របស់តថាគត ក្នុងរឿងនោះ មានច្រើន ប្រមាណមិនបានថា អកុសលនេះ គួរលះបង់ចេញ ព្រោះហេតុដូច្នេះៗ ម្នាលឧបកៈ តថាគត បញ្ញត្តទុកហើយថា របស់នេះ ជាកុសល បទ ព្យញ្ជនៈ ធម្មទេសនា របស់តថាគត ក្នុងរឿងនោះ មានច្រើនប្រមាណមិនបានថា របស់នេះ ជាកុសល ព្រោះហេតុដូច្នេះៗ ម្នាលឧបកៈ រឿងនោះ តថាគត បញ្ញត្តទុកហើយថា របស់នេះ ជាកុសល គួរតែចំរើន បទ ព្យញ្ញនៈ ធម្មទេសនា របស់តថាគត ក្នុងរឿងនោះ មានច្រើនប្រមាណមិនបានថា កុសលនេះគួរតែចំរើន ព្រោះហេតុដូច្នេះៗ។ លំដាប់នោះ ឧបកមណ្ឌិកាបុត្រ រីករាយ អនុមោទនាភាសិត របស់ព្រះមានព្រះភាគ ហើយក្រោកចាកទីអង្គុយ ក្រាបថ្វាយបង្គំ ព្រះមានព្រះភាគ ដើរប្រទក្សិណ រួចហើយក៏ចូលទៅគាល់ព្រះបាទអជាតសត្តុវេទេហីបុត្រ ក្នុងដែនមគធៈ លុះចូលទៅដល់ហើយ ក៏ក្រាបទូលរឿងរ៉ាវ ដែលខ្លួនបានទៅគាល់ ចរចាជាមួយនឹងព្រះមានព្រះភាគគ្រប់ប្រការ ចំពោះព្រះបាទអជាតសត្តុវេទេហីបុត្រ ក្នុងដែនមគធៈ។ កាលបើឧបកមណ្ឌិកាបុត្រ ក្រាបទូលយ៉ាងនេះហើយ ព្រះបាទអជាតសត្តុវេទេហីបុត្រ ក្នុងដែនមគធៈ ទ្រង់ខ្ញាល់ តូចព្រះរាជហ្ឫទ័យ ត្រាស់នឹងឧបកមណ្ឌិកាបុត្រ ដូច្នេះថា ឱក្មេងអ្នកស្រុក ធ្វើអម្បិលនេះ លុបលាងគុណអ្វីម្ល៉េះ មាត់រឹងអ្វីម្ល៉េះ គឃ្លើនអ្វីម្ល៉េះ ព្រោះវាហ៊ានសំគាល់ព្រះមានព្រះភាគ ជាអរហន្ដសម្មាសម្ពុទ្ធនោះ ថាជាមនុស្ស ដែលគេមិនគួររាប់អាន នែឧបកៈ អ្នកឯងចូរចេញទៅ ចូរវិនាសទៅ កុំឲ្យអញឃើញឯង។

(សច្ឆិករណីយសូត្រ ទី៩)

(៩. សច្ឆិករណីយសុត្តំ)

[៣៩] ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយ ដែលត្រូវធ្វើឲ្យជាក់ច្បាស់នេះ មាន ៤យ៉ាង។ ធម៌ទាំង ៤ ដូចម្ដេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ធម៌ដែលត្រូវធ្វើឲ្យជាក់ច្បាស់ ដោយនាមកាយក៏មាន ធម៌ដែលត្រូវធ្វើឲ្យជាក់ច្បាស់ ដោយសតិក៏មាន ធម៌ដែលត្រូវធ្វើឲ្យជាក់ច្បាស់ ដោយចក្ខុក៏មាន ធម៌ដែលត្រូវធ្វើឲ្យជាក់ច្បាស់ ដោយបញ្ញា9) ក៏មាន។ ម្នាលភិក្ខុទាំងឡាយ ធម៌ដែលត្រូវធ្វើឲ្យជាក់ច្បាស់ ដោយនាមកាយ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ មោក្ខធម៌ ៨ ជាធម៌ដែលត្រូវធើ្វឲ្យជាក់ច្បាស់ ដោយនាមកាយ។ ម្នាលភិក្ខុទាំងឡាយ ធម៌ដែលត្រូវធ្វើឲ្យជាក់ច្បាស់ ដោយសតិ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុពេ្វនិវាស ជាធម៌ដែលត្រូវធ្វើឲ្យជាក់ច្បាស់ ដោយសតិ។ ម្នាលភិក្ខុទាំងឡាយ ធម៌ដែលត្រូវធ្វើឲ្យជាក់ច្បាស់ ដោយចក្ខុ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ការច្យុតិ និងការកើតឡើង របស់សត្វទាំងឡាយ ត្រូវធ្វើឲ្យជាក់ច្បាស់ ដោយចក្ខុ។ ម្នាលភិក្ខុទាំងឡាយ ធម៌ដែលត្រូវធ្វើឲ្យជាក់ច្បាស់ ដោយបញ្ញា តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ការអស់អាសវៈ ត្រូវធ្វើឲ្យជាក់ច្បាស់ ដោយបញ្ញា។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំង ៤ នេះឯង ដែលត្រូវធ្វើឲ្យជាក់ច្បាស់។

(ឧបោសថសូត្រ ទី១០)

(១០. ឧបោសថសុត្តំ)

[៤០] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងមិគារមាតុប្បាសាទ ក្នុង បុព្វារាម ទៀបក្រុងសាវត្ថី។ សម័យនោះឯង ព្រះដ៏មានព្រះភាគ ទ្រង់មានព្រះភិក្ខុសង្ឃ ចោមរោម គង់នៅក្នុងថ្ងៃឧបោសថនោះ។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ទតឃើញភិក្ខុសង្ឃ នៅស្ងៀមស្ងាត់ ទើបត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ បរិសទ្យនេះ មិនមានការចរចាអ្វី ម្នាលភិក្ខុទាំងឡាយ បរិសទ្យនេះ មិនមានការស្តីនិយាយអ្វី ជាបរិសទ្យស្អាត តាំងនៅក្នុងខ្លឹមធម៌ បរិសទ្យមានសភាពយ៉ាងណា ដែលក្រនឹងបានឃើញក្នុងលោក ម្នាលភិក្ខុទាំងឡាយ ភិក្ខុសង្ឃនេះ ក៏យ៉ាងនោះដែរ ម្នាលភិក្ខុទាំងឡាយ បរិសទ្យនេះ ក៏យ៉ាងនោះដែរ បរិសទ្យមានសភាពយ៉ាងណា ដែលគួរទទួលគ្រឿងបូជា គួរទទួលរបស់ទទួលភ្ញៀវ គួរទទួលទក្ខិណាទាន គួរធ្វើអញ្ជលី ជាបុញ្ញក្ខេត្តដ៏ប្រសើរ បំផុតរបស់សត្វលោក ម្នាលភិក្ខុទាំងឡាយ ភិក្ខុសង្ឃនេះ ក៏យ៉ាងនោះដែរ ម្នាលភិក្ខុទាំងឡាយ បរិសទ្យនេះ ក៏យ៉ាងនោះដែរ ទានមានប្រមាណតិច ដែលគេឲ្យ ដល់បរិសទ្យ មានសភាពយ៉ាងណា ហើយបានផលច្រើន ទានច្រើន ដែលគេឲ្យហើយ រឹងរឹតតែមានផលច្រើនឡើងទៀត ម្នាលភិក្ខុទាំងឡាយ ភិក្ខុសង្ឃនេះ ក៏យ៉ាងនោះដែរ ម្នាលភិក្ខុទាំងឡាយ បរិសទ្យនេះ ក៏យ៉ាងនោះដែរ បរិសទ្យណា ដែលគួរគេស្ពាយស្បៀងទៅមើល សូម្បីអស់ទីរាប់ទាំងយោជន៍ ម្នាលភិក្ខុទាំងឡាយ ភិក្ខុសង្ឃនេះ ក៏យ៉ាងនោះដែរ ម្នាលភិក្ខុទាំងឡាយ បរិសទ្យនេះ ក៏យ៉ាងនោះដែរ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុសង្ឃនេះ មានគុណសម្បត្តិ យ៉ាងនោះឯង។ ម្នាលភិក្ខុទាំងឡាយ ក្នុងភិក្ខុសង្ឃនេះ មានពួកភិក្ខុ ដែលសម្រេចភាពជាទេវតា10) ម្នាលភិក្ខុទាំងឡាយ ក្នុងភិក្ខុសង្ឃនេះ មានពួកភិក្ខុ ដែលសម្រេចភាពជាព្រហ្ម11) ម្នាលភិក្ខុទាំងឡាយ ក្នុងភិក្ខុសង្ឃនេះ មានពួកភិក្ខុ ដែលសម្រេចភាពមិនញាប់ញ័រ12) ម្នាលភិក្ខុទាំងឡាយ ក្នុងភិក្ខុសង្ឃនេះ មានពួកភិក្ខុ ដែលសម្រេចភាពជាអរិយៈ។13) ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលសម្រេចភាពជាទេវតា តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ស្ងាត់ចាកកាមទាំងឡាយ។បេ។ ចូលកាន់បឋមជ្ឈាន ព្រោះរម្ងាប់វិតក្កៈ វិចារៈបាន។បេ។ ចូលកាន់ទុតិយជ្ឈាន ព្រោះបា្រសចាកបីតិ។បេ។ ចូលកាន់តតិយជ្ឈាន ព្រោះលះសុខបានផង លះទុក្ខបានផង។បេ។ ចូលកាន់ចតុត្ថជ្ឈាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលសម្រេចភាពជាទេវតា យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលសម្រេចភាពជាព្រហ្ម តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ មានចិត្តប្រកបដោយមេត្តា ផ្សាយទៅកាន់ទិសទី ១ ទិសទី ២ ក៏ដូចគ្នា ទិសទី៣ ក៏ដូចគ្នា ទិសទី ៤ ក៏ដូចគ្នា ទិសខាងលើ ខាងក្រោម និងទទឹង គឺ ទិសតូចៗ មានចិត្តប្រកបដោយមេត្តា ជាចិត្តធំទូលាយ ប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់លោកទាំងមូល ដោយយកខ្លួន ទៅប្រៀបផ្ទឹមនឹងសត្វទាំងពួង ក្នុងទីទាំងអស់ មានចិត្តប្រកបដោយករុណា… មានចិត្តប្រកបដោយមុទិតា… មានចិត្តប្រកបដោយឧបេក្ខា ផ្សាយទៅកាន់ទិសទី ១ ទិសទី ២ ក៏ដូចគ្នា ទិសទី ៣ ក៏ដូចគ្នា ទិសទី ៤ ក៏ដូចគ្នា ទិសខាងលើ ខាងក្រោម និងទទឹង មានចិត្តប្រកបដោយឧបេក្ខា ជាចិត្តធំទូលាយ ប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់លោកទាំងមូល ដោយយកខ្លួន ទៅប្រៀបផ្ទឹមនឹងសត្វទាំងពួង ក្នុងទីទាំងអស់។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលសម្រេចភាពជាព្រហ្ម យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលសម្រេចភាពមិនញាប់ញ័រ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ព្រោះកន្លងរូបសញ្ញា ដោយអាការទាំងពួង ព្រោះរលត់បដិឃសញ្ញា មិនធ្វើទុកក្នុងចិត្ត នូវនានត្តសញ្ញា ពិចារណាថា អាកាស មិនមានទីបំផុត បានសម្រេចអាកាសានញ្ចាយតនជ្ឈាន កន្លងអាកាសានញ្ចាយតនជ្ឈាន ដោយអាការទាំងពួង ហើយពិចារណាថា វិញ្ញាណ មិនមានទីបំផុត បានសម្រេចវិញ្ញាណញ្ចាយតនជ្ឈាន កន្លងវិញ្ញាណញ្ចាយតនជ្ឈាន ដោយអាការទាំងពួង ហើយពិចារណាថា របស់អ្វីតិចតួច មិនមាន បានសម្រេចអាកិញ្ចញ្ញាយតនជ្ឈាន កន្លងអាកិញ្ចញ្ញាយតនជ្ឈាន ដោយអាការទាំងពួង ហើយបានសម្រេចនេវសញ្ញានាសញ្ញាយតនជ្ឈាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលសម្រេចភាពមិនញាប់ញ័រ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលសម្រេចភាពជាអរិយៈ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ដឹងច្បាស់តាមពិតថា នេះជាទុក្ខ។បេ។ ដឹងច្បាស់តាមពិតថា នេះជាទុក្ខនិរោធគាមិនីបដិបទា។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលសម្រេចភាពជាអរិយៈ យ៉ាងនេះឯង។

ចប់ យោធាជីវវគ្គ ទី៤។

ឧទ្ទាននៃយោធាជីវវគ្គនោះគឺៈ

និយាយអំពីការប្រៀបធៀបនឹងយោធាជីវៈ ១ ការធានាមិនបាន ១ របស់ដែលឮហើយ ១ ការមិនខ្លាចស្លាប់ ១ និងសមណសច្ចៈ ១ ជាគំរប់ប្រាំ រឿងភិក្ខុឆ្លាស ១ វស្សការព្រាហ្មណ៍ ១ រឿងឧបកៈ ១ ធម៌ដែលត្រូវធ្វើឲ្យជាក់ច្បាស់ ១ ព្រះដ៏មានព្រះភាគ ទ្រង់គង់ក្នុងថ្ងៃឧបោសថ ១។

មហាវគ្គ ទី៥ (២០)

((២០) ៥. មហាវគ្គោ)

(សោតានុគតសូត្រ ទី១)

(១. សោតានុគតសុត្តំ)

[៤១] ម្នាលភិក្ខុទាំងឡាយ អានិសង្សទាំងឡាយ ៤ ប្រការ នៃធម៌ដែលចូលទៅ កាន់ត្រចៀករឿយៗ ជាធម៌ដែលបុគ្គលចាំស្ទាត់ រត់មាត់ ចូលចិត្តច្បាស់លាស់ ចាក់ធ្លុះ ដោយទិដ្ឋិ គឺបញ្ញា រមែងកើតបា្រកដ។ អានិសង្ស ៤ ប្រការ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ រៀននូវធម៌ គឺ សុត្តៈ គេយ្យៈ វេយ្យាករណៈ គាថា ឧទានៈ ឥតិវុត្តកៈ ជាតកៈ អព្ភុតធម្មៈ វេទល្លៈ ធម៌ទាំងនោះ ជាសភាវៈ ចូលទៅកាន់ត្រចៀក រឿយៗ នៃភិក្ខុនោះ ដែលបានចាំស្ទាត់ រត់មាត់ ចូលចិត្តច្បាស់លាស់ ចាក់ធ្លុះដោយ ទិដ្ឋិបាន។ ភិក្ខុនោះ ភ្លេចស្មារតី ធ្វើមរណកាលទៅ រមែងចូលទៅកាន់ទេវនិកាយណាមួយ។ ចំណែកធម៌ទាំងឡាយ រមែងបា្រកដច្បាស់ ដល់ភិក្ខុនោះ ដែលមានសេចក្ដីសុខ ក្នុងទេវនិកាយនោះ។ ម្នាលភិក្ខុទាំងឡាយ ការកើតឡើងនៃសតិ ឈ្មោះថាជា ការយឺតយូរ14) ឯសត្វនោះ វេលាដល់នូវគុណវិសេស ក៏ឆាប់រហ័សជាងសតិនោះ។ ម្នាលភិក្ខុទាំងឡាយ នេះជាអានិសង្ស ទី១ នៃធម៌ ដែលចូលទៅកាន់ត្រចៀករឿយៗ ដែលបុគ្គលចាំស្ទាត់ រត់មាត់ ចូលចិត្តច្បាស់លាស់ ចាក់ឆ្លុះដោយទិដ្ឋិ រមែងកើតបា្រកដ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុរៀននូវធម៌ គឺ សុត្តៈ គេយ្យៈ វេយ្យាករណៈ គាថា ឧទានៈ ឥតិវុត្តកៈ ជាតកៈ អព្ភុតធម្មៈ វេទល្លៈ ធម៌ទាំងនោះ ជាសភាវៈ ចូលទៅកាន់ត្រចៀករឿយៗ នៃភិក្ខុនោះ ដែលបានចាំស្ទាត់ រត់មាត់ ចូលចិត្តច្បាស់លាស់ ចាក់ធ្លុះដោយទិដ្ឋិ។ ភិក្ខុនោះ ភ្លេចស្មារតី ធ្វើមរណកាលទៅ រមែងចូលទៅកាន់ទេវនិកាយណាមួយ។ ចំណែកនៃធម៌ទាំងឡាយ មិនសូវបា្រកដច្បាស់ ដល់ភិក្ខុនោះ ដែលមានសេចក្ដីសុខ ក្នុងទេវនិកាយនោះ ប៉ុន្តែជាអ្នកមានឫទ្ធិ ដល់នូវសេចក្ដីស្ទាត់ជំនាញ ខាងផ្លូវចិត្ត សំដែងធម៌ ដល់ទេវបរិសទ្យបាន។ ទេវតានោះ មានសេចក្ដីត្រិះរិះ យ៉ាងនេះថា អាត្មាអញ បានប្រព្រឹត្តព្រហ្មចរិយៈអំពីមុន ក្នុងធម្មវិន័យណា នេះគឺធម្មវិន័យនោះឯង។ ម្នាលភិក្ខុទាំងឡាយ ការកើតឡើង នៃសតិ ឈ្មោះថា យឺតយូរ សត្វនោះ ដល់នូវគុណវិសេស ឆាប់រហ័សជាងសតិនោះ។ ម្នាលភិក្ខុទាំងឡាយ ប្រៀបដូចជាបុរស ជាអ្នកឈ្លាសវៃខាងសំឡេងស្គរ បុរសនោះ ដើរទៅកាន់ផ្លូវឆ្ងាយ បានឮសំឡេងស្គរ បុរសនោះ ក៏មិនមានសេចក្ដីសង្ស័យ ឬងឿងឆ្ងល់ នឹងសំឡេងស្គរនោះថា សំឡេងស្គរមែន ឬមិនមែនសំឡេងស្គរទេ ដូច្នេះឡើយ បុរសនោះ គប្បីដល់នូវសេចក្ដីចូលចិត្តថា សំឡេងស្គរដោយពិត មានឧបមាយ៉ាងណា ម្នាលភិក្ខុទាំងឡាយ ភិក្ខុរៀននូវធម៌ ក៏មានឧបមេយ្យ ដូច្នោះដែរ។បេ។ ជាអ្នកដល់នូវគុណវិសេសឆាប់រហ័ស ម្នាលភិក្ខុទាំងឡាយ នេះជាអានិសង្ស ទី២ នៃធម៌ ដែលចូលទៅកាន់ត្រចៀករឿយៗ ដែលបុគ្គលចាំស្ទាត់ រត់មាត់ ចូលចិត្តច្បាស់លាស់ ចាក់ធ្លុះដោយទិដ្ឋិ រមែងកើតបា្រកដ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុរៀននូវធម៌គឺ សុត្តៈ គេយ្យៈ វេយ្យាករណៈ គាថា ឧទានៈ ឥតិវុត្តកៈ ជាតកៈ អព្ភុតធម្មៈ វេទល្លៈ ធម៌ទាំងនោះ ជាសភាវៈ ចូលទៅកាន់ត្រចៀករឿយៗ នៃភិក្ខុនោះ ដែលបានចាំស្ទាត់ រត់មាត់ ចូលចិត្តច្បាស់លាស់ ចាក់ធ្លុះដោយទិដ្ឋិ។ ភិក្ខុនោះ ភ្លេចស្មារតី ធ្វើមរណកាលទៅ រមែងចូលទៅកាន់ទេវនិកាយណាមួយ។ ចំណែកនៃធម៌ទាំងឡាយ មិនបា្រកដច្បាស់ ដល់ភិក្ខុនោះ ដែលមានសេចក្ដីសុខ ក្នុងទេវនិកាយនោះឡើយ ទាំងមិនមែនជាភិក្ខុមានឫទ្ធិ ដល់នូវសេចក្ដីស្ទាត់ជំនាញខាងផ្លូវចិត្ត ហើយសំដែងធម៌ ដល់ទេវបរិសទ្យបានឡើយ។ គ្រាន់តែថា ទេវបុត្ត អាចសំដែងធម៌ ដល់ទេវបរិសទ្យបានប៉ុណ្ណោះ។ ទេវបុត្តនោះ មានសេចក្ដីត្រិះរិះ យ៉ាងនេះថា អាត្មាអញ បានប្រព្រឹត្តព្រហ្មចរិយៈអំពីមុន ក្នុងធម៌វិន័យណា នេះគឺធម្មវិន័យនោះឯង។ ម្នាលភិក្ខុទាំងឡាយ ការកើតឡើងនៃសតិ ឈ្មោះថា យឺតយូរ សត្វនោះ ដល់នូវគុណវិសេស ឆាប់រហ័សជាងសតិនោះ។ ម្នាលភិក្ខុទាំងឡាយ ប្រៀបដូចបុរស ជាអ្នកឈ្លាសវៃ នឹងសំឡេងស័ង្ខ បុរសនោះ ដើរទៅកាន់ផ្លូវឆ្ងាយ បានឮសំឡេងស័ង្ខ បុរសនោះ ក៏មិនមានសេចក្ដីសង្ស័យ ឬងឿងឆ្ងល់នឹងសំឡេងស័ង្ខនោះថា សំឡេងស័ង្ខមែន ឬមិនមែនសំឡេងស័ង្ខទេ បុរសនោះ គប្បីដល់នូវសេចក្ដីចូលចិត្តថា ជាសំឡេងស័ង្ខដោយពិត មានឧបមាយ៉ាងណា ម្នាលភិក្ខុទាំងឡាយ ភិក្ខុរៀននូវធម៌ ក៏មានឧបមេយ្យ ដូច្នោះដែរ។បេ។ ជាអ្នកដល់នូវគុណវិសេសឆាប់រហ័ស។ ម្នាលភិក្ខុទាំងឡាយ នេះជាអានិសង្ស ទី៣ នៃធម៌ ដែលចូលទៅកាន់ត្រចៀករឿយៗ ដែលបុគ្គលចាំស្ទាត់ រត់មាត់ ចូលចិត្តច្បាស់លាស់ ចាក់ធ្លុះដោយទិដ្ឋិ រមែងកើតបា្រកដ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុរៀននូវធម៌ គឺសុត្តៈ គេយ្យៈ វេយ្យាករណៈ គាថា ឧទានៈ ឥតិវុត្តកៈ ជាតកៈ អព្ភុតធម្មៈ វេទល្លៈ ធម៌ទាំងនោះ ជាសភាវៈ ចូលទៅកាន់ត្រចៀករឿយៗ នៃភិក្ខុនោះ ដែលបានចាំស្ទាត់ រត់មាត់ ចូលចិត្តច្បាស់លាស់ ចាក់ធ្លុះដោយទិដ្ឋិ។ ភិក្ខុនោះ ក៏ភ្លេចស្មារតី ធ្វើមរណកាលទៅ រមែងចូលទៅកាន់ទេវនិកាយណាមួយ។ ចំណែកនៃធម៌ទាំងឡាយ មិនបា្រកដដល់ភិក្ខុនោះ ដែលមានសេចក្ដីសុខ ក្នុងទេវនិកាយនោះ ទាំងមិនមែនជាភិក្ខុមានឫទ្ធិ ដល់នូវការស្ទាត់ជំនាញខាងផ្លូវចិត្ត ហើយសំដែងធម៌ ដល់ទេវបរិសទ្យ ទាំងមិនមែនជាទេវបុត្ត អាចសំដែងធម៌ ដល់ទេវបរិសទ្យបានទេ តែបើមានឱបបាតិកសត្វ រំលឹកនូវឱបបាតិកសត្វថា ម្នាលគ្នាយើង ពួកយើងបានប្រព្រឹត្តព្រហ្មចរិយៈអំពីមុន ក្នុងធម្មវិន័យណា អ្នករលឹកបាន នូវធម្មវិន័យនោះដែរឬ។ ទេវបុត្តនោះ ក៏និយាយយ៉ាងនេះថា ម្នាលគ្នាយើង យើងរលឹកបាន ម្នាលគ្នាយើង យើងរលឹកបាន។ ម្នាលភិក្ខុទាំងឡាយ ការកើតឡើងនៃសតិ ឈ្មោះថា យឺតយូរ សត្វនោះ ដល់នូវគុណវិសេស ឆាប់រហ័សជាងសតិនោះ។ ម្នាលភិក្ខុទាំងឡាយ ប្រៀបដូចសំឡាញ់ពីរនាក់ លេងអាចម៍ដីជាមួយគ្នា សំឡាញ់ទាំងពីរនាក់នោះ មកជួបគ្នា ក្នុងទីណាម្ដងៗ សំឡាញ់ម្នាក់ ក៏និយាយទៅនឹងសំឡាញ់ម្នាក់នោះ យ៉ាងនេះថា នែសំឡាញ់ ឯងរលឹកបាននូវហេតុនេះដែរឬទេ។ សំឡាញ់នោះ គប្បីតបយ៉ាងនេះថា នែសំឡាញ់ អញរលឹកបាន នែសំឡាញ់ អញរលឹកបាន មានឧបមាយ៉ាងណា ម្នាលភិក្ខុទាំងឡាយ ភិក្ខុរៀននូវធម៌ ក៏មានឧបមេយ្យ ដូច្នោះដែរ។បេ។ ជាអ្នកដល់នូវគុណវិសេសឆាប់រហ័ស។ ម្នាលភិក្ខុទាំងឡាយ នេះជាអានិសង្ស ទី៤ នៃធម៌ ដែលចូលទៅកាន់ត្រចៀករឿយៗ ដែលបុគ្គលចាំស្ទាត់ រត់មាត់ ចូលចិត្តច្បាស់លាស់ ចាក់ធ្លុះដោយទិដ្ឋិ រមែងកើតបា្រកដ។ ម្នាលភិក្ខុទាំងឡាយ អានិសង្សទាំង ៤ ប្រការនេះនៃធម៌ ដែលចូលទៅកាន់ត្រចៀករឿយៗ ដែលបុគ្គលចាំស្ទាត់ រត់មាត់ ចូលចិត្តច្បាស់លាស់ ចាក់ឆ្លុះដោយទិដ្ឋិ រមែងកើតបា្រកដ។

(ឋានសូត្រ ទី២)

(២. ឋានសុត្តំ)

[៤២] ម្នាលភិក្ខុទាំងឡាយ ហេតុទាំង ៤ នេះ បុគ្គលគប្បីដឹងច្បាស់ ដោយហេតុ ៤ ប្រការ។ ហេតុ ៤ ប្រការ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ សីល បុគ្គលគប្បីដឹងបាន ដោយការនៅរួមគ្នា តែសីលនោះ បុគ្គលធ្វើទុកក្នុងចិត្តខ្ជីខ្ជា មិនគប្បីដឹងបានទេ បុគ្គល មានបា្រជ្ញា ដោយមិនធ្វើទុកក្នុងចិត្ត ក៏មិនគប្បីដឹងបាន ទាំងបុគ្គលឥតបា្រជ្ញា មិនគប្បីដឹងបាន ដោយកាលជាអង្វែងឡើយ។ ម្នាលភិក្ខុទាំងឡាយ សេចក្ដីស្អាត បុគ្គលគប្បីដឹងបាន ដោយការនិយាយគ្នា តែសេចក្ដីស្អាតនោះ បុគ្គលធ្វើទុកក្នុងចិត្តខ្ជីខ្ជា មិនគប្បីដឹងបានទេ បុគ្គលមានបា្រជ្ញា ដោយមិនធ្វើទុកក្នុងចិត្ត ក៏មិនគប្បីដឹងបាន ទាំងបុគ្គលឥតបា្រជ្ញា មិនគប្បីដឹងបាន ដោយកាលជាអង្វែងឡើយ។ ម្នាលភិក្ខុទាំងឡាយ កំឡាំង បុគ្គលគប្បីដឹងបាន ក្នុងកាលដែលមានសេចក្ដីអន្តរាយ តែកម្លាំងនោះ បុគ្គលធ្វើទុកក្នុងចិត្តខ្ជីខ្ជា មិនគប្បីដឹងបានទេ បុគ្គលមានបា្រជ្ញា ដោយមិនធ្វើទុកក្នុងចិត្ត ក៏មិនគប្បីដឹងបាន ទាំងបុគ្គលឥតបា្រជ្ញា មិនគប្បីដឹងបាន ដោយកាលជាអង្វែងឡើយ។ ម្នាលភិក្ខុទាំងឡាយ បា្រជ្ញា បុគ្គលគប្បីដឹងបាន ដោយការសាកច្ឆា ក៏តែបា្រជ្ញានោះ បុគ្គលធ្វើទុកក្នុងចិត្តខ្ជីខ្ជា មិនគប្បីដឹងបាន បុគ្គលមានបា្រជ្ញា ព្រោះការមិនធ្វើទុកក្នុងចិត្ត ក៏មិនគប្បីដឹងបាន បុគ្គល ឥតបា្រជ្ញា មិនគប្បីដឹងបាន ដោយកាលជាអង្វែង។ ពាក្យដែលតថាគតពោលហើយថា ម្នាលភិក្ខុទាំងឡាយ សីល គឺបុគ្គលដឹងបាន ដោយការនៅរួមគ្នា តែសីលនោះ បុគ្គលធ្វើ ទុកក្នុងចិត្តខ្ជីខ្ជា មិនគប្បីដឹងបាន បុគ្គលមានបា្រជ្ញា ព្រោះមិនធ្វើទុកក្នុងចិត្ត ក៏មិនគប្បី ដឹងបាន បុគ្គលឥតបា្រជ្ញា មិនគប្បីដឹងបាន ដោយកាលជាអង្វែងដូច្នេះនុ៎ះ ពាក្យនុ៎ះ តថាគតពោលហើយ ព្រោះអាស្រ័យហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ បុគ្គលក្នុងលោកនេះ កាលនៅរួមជាមួយនឹងបុគ្គលផងគ្នា តែងដឹងយ៉ាងនេះថា យូរមកហើយ លោកដ៏មាន អាយុនេះ ជាអ្នកធ្វើសីលឲ្យដាច់ ធ្វើសីលឲ្យឆ្លុះ ធ្វើសីលឲ្យពព្រុស ធ្វើសីលឲ្យពពាល មិនមែនជាអ្នកធ្វើសីលឲ្យខ្ជាប់ខ្ជួន មិនមែនជាអ្នកប្រព្រឹត្តខ្ជាប់ខ្ជួន ក្នុងសីលទាំងឡាយ លោកដ៏មានអាយុនេះ ជាអ្នកទ្រុស្តសីល លោកដ៏មានអាយុនេះ មិនមែនជាអ្នកមាន សីលទេ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត បុគ្គលក្នុងលោកនេះ កាលរួមនៅជាមួយ នឹងបុគ្គលផងគ្នា តែងដឹងយ៉ាងនេះថា យូរមកហើយ លោកដ៏មានអាយុនេះ មិនមែនជា អ្នកធ្វើសីលឲ្យដាច់ មិនមែនធ្វើសីលឲ្យឆ្លុះ មិនមែនធ្វើសីលឲ្យពព្រុស មិនមែនធ្វើ សីលឲ្យពពាលទេ ជាអ្នកធ្វើសីលឲ្យខ្ជាប់ខ្ជួន ជាអ្នកប្រព្រឹត្តខ្ជាប់ខ្ជួន ក្នុងសីលទាំងឡាយ លោកដ៏មានអាយុនេះ ជាអ្នកមានសីល លោកដ៏មានអាយុនេះ មិនមែនទ្រុស្តសីល ឡើយ។ ពាក្យណា ដែលតថាគតពោលហើយថា ម្នាលភិក្ខុទាំងឡាយ សីល បុគ្គល គប្បីដឹងបានដោយការនៅរួមគ្នា តែសីលនោះ បុគ្គលធ្វើទុកក្នុងចិត្តខ្ជីខ្ជា មិនគប្បីដឹងបាន បុគ្គលមានបា្រជ្ញា ព្រោះមិនធ្វើទុកក្នុងចិត្ត ក៏មិនគប្បីដឹងបាន បុគ្គលឥតបា្រជ្ញា ក៏មិនគប្បី ដឹងបាន ដោយកាលជាអង្វែង ដូច្នេះនុ៎ះ ពាក្យនុ៎ះ គឺតថាគតពោលហើយ ព្រោះអាស្រ័យ ហេតុនេះឯង។ ពាក្យដែលតថាគតពោលហើយថា ម្នាលភិក្ខុទាំងឡាយ សេចក្ដីស្អាត បុគ្គលគប្បីដឹងបាន ដោយការនិយាយគ្នា តែសេចក្ដីស្អាតនោះ បុគ្គលធ្វើទុកក្នុងចិត្តខ្ជីខ្ជា មិនគប្បីដឹងបាន បុគ្គលមានបា្រជ្ញា ព្រោះការមិនធ្វើទុកក្នុងចិត្ត ក៏មិនគប្បីដឹងបាន បុគ្គល ឥតបា្រជ្ញា ក៏មិនគប្បីដឹងបានដោយកាលជាអង្វែង ដូច្នេះនោះ ពាក្យនុ៎ះ គឺតថាគតពោល ហើយ ព្រោះអាស្រ័យហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ បុគ្គលក្នុងលោកនេះ កាល និយាយជាមួយនឹងបុគ្គលផងគ្នា តែងដឹងយ៉ាងនេះថា លោកដ៏មានអាយុនេះ កាល និយាយជាមួយនឹងមនុស្សម្នាក់ ដោយឡែកផ្សេង លុះនិយាយនឹងមនុស្សពីរនាក់ ដោយ ឡែកផ្សេង និយាយនឹងមនុស្ស ៣ នាក់ ដោយឡែកផ្សេង និយាយនឹងមនុស្សច្រើននាក់ ដោយឡែកផ្សេង មុន លោកដ៏មានអាយុនេះ និយាយពាក្យក្រោយខុសគ្នានឹងពាក្យមុន លោកដ៏មានអាយុនេះ មានសំដីមិនបរិសុទ្ធទេ លោកដ៏មានអាយុនេះ មិនមែនជាអ្នក មានសំដីបរិសុទ្ធទេ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត បុគ្គលក្នុងលោកនេះ កាលនិយាយជាមួយនឹងបុគ្គលផងគ្នា តែងដឹងយ៉ាងនេះថា លោកដ៏មានអាយុនេះ តែម្នាក់ឯង តែងនិយាយនឹងមនុស្សម្នាក់យ៉ាងណា និយាយនឹងមនុស្សពីរនាក់ ក៏យ៉ាងនោះដែរ និយាយនឹងមនុស្ស ៣ នាក់ ក៏យ៉ាងនោះដែរ និយាយនឹងមនុស្សច្រើននាក់ ក៏យ៉ាងនោះដែរ លោកដ៏មានអាយុនេះ និយាយពាក្យក្រោយមិនខុសគ្នានឹងពាក្យមុន លោកដ៏មានអាយុនេះ ជាអ្នកមានសំដីបរិសុទ្ធ លោកដ៏មានអាយុនេះ មិនមែនជាអ្នកមានសំដីមិនបរិសុទ្ធទេ។ ពាក្យណា ដែលតថាគតពោលហើយថា ម្នាលភិក្ខុទាំងឡាយ សេចក្ដីស្អាត បុគ្គលគប្បីដឹងបាន ដោយការនិយាយគ្នា តែសេចក្ដីស្អាតនោះ បុគ្គលធ្វើទុកក្នុងចិត្តខ្ជីខ្ជា មិនគប្បីដឹងបាន បុគ្គលមានបា្រជ្ញា ព្រោះការមិនធ្វើទុកក្នុងចិត្ត ក៏មិនគប្បីដឹងបាន បុគ្គលឥតបា្រជ្ញា ក៏មិនគប្បីដឹងបាន ដោយកាលជាអង្វែង ដូច្នេះនុ៎ះ ពាក្យនុ៎ះ តថាគតពោលហើយ ព្រោះអាស្រ័យហេតុនេះឯង។ ពាក្យដែលតថាគតពោលហើយថា ម្នាលភិក្ខុទាំងឡាយ កម្លាំង បុគ្គលគប្បីដឹងបាន ក្នុងកាលដែលមានអន្តរាយ តែកម្លាំងនុ៎ះ បុគ្គលធ្វើទុកក្នុងចិត្តខ្ជីខ្ជា មិនគប្បីដឹងបាន បុគ្គលមានបា្រជ្ញា ព្រោះការមិនធ្វើទុកក្នុងចិត្ត ក៏មិនគប្បីដឹងបាន បុគ្គលឥតបា្រជ្ញា ក៏មិនគប្បីដឹងបាន ដោយកាលជាអង្វែង ដូច្នេះនុ៎ះ ពាក្យនុ៎ះ តថាគតពោលហើយ ព្រោះអាស្រ័យហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកត្រូវសេចក្ដីវិនាសនៃញាតិ ពាល់ត្រូវក្ដី ត្រូវសេចក្ដីវិនាស នៃភោគសម្ប័ទ ពាល់ត្រូវក្ដី ត្រូវសេចក្តីវិនាសដោយរោគ ពាល់ត្រូវក្តី មិនពិចារណាឲ្យឃើញច្បាស់ថា លោកសន្និវាស និងការបាននូវអត្តភាពនេះ កើតឡើងតាមទំនង ដែលលោកធម៌ទាំង ៨ តែងប្រព្រឹត្តទៅតាមសត្វលោក ក្នុងលោកសន្និវាស និងការបាននូវអត្តភាព (នោះឯង) ទាំងសត្វលោក ក៏រមែងប្រព្រឹត្តទៅតាមលោកធម៌ ទាំង ៨ប្រការ គឺ លាភ ១ អលាភ ១ យស ១ អយស ១ និន្ទា ១ បសំសា ១ សុខ ១ ទុក្ខ ១។ លុះបុគ្គលនោះ ត្រូវសេចក្ដីវិនាសនៃញាតិ ពាល់ត្រូវក្ដី ត្រូវសេចក្ដីវិនាស នៃភោគសម្ប័ទ ពាល់ត្រូវក្ដី ត្រូវសេចក្ដីវិនាសដោយរោគ ពាល់ត្រូវក្ដី ក៏សោកសង្រេង លំបាក ខ្សឹកខ្សួល គក់ទ្រូង ទ្រហោយំ ដល់នូវសេចក្ដីវង្វេងងេងងោង។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះទៀត ក្នុងលោកនេះ ជាអ្នកត្រូវសេចក្ដីវិនាសនៃញាតិ ពាល់ត្រូវក្ដី ត្រូវសេចក្ដីវិនាស នៃភោគសម្ប័ទ ពាល់ត្រូវក្ដី ត្រូវសេចក្ដីវិនាសដោយរោគ ពាល់ត្រូវក្ដី ទើបពិចារណាឃើញច្បាស់ ដូច្នេះថា លោកសន្និវាស និងការបាននូវអត្តភាពនេះ កើតឡើងតាមទំនង ដែលលោកធម៌ ទាំង ៨ រមែងប្រព្រឹត្តទៅតាមសត្វលោក ក្នុងលោកសន្និវាស និងការបាននូវអត្តភាព (នោះឯង) ទាំងសត្វលោក ក៏រមែងប្រព្រឹត្តទៅ តាមលោកធម៌ ទាំង ៨ ប្រការគឺ លាភ ១ អលាភ ១ យស ១ អយស ១ និន្ទា ១ បសំសា ១ សុខ ១ ទុក្ខ ១។ លុះបុគ្គលនោះ កាលត្រូវសេចក្ដីវិនាសនៃញាតិ ពាល់ត្រូវក្ដី ត្រូវសេចក្ដីវិនាស នៃភោគសម្ប័ទពាល់ត្រូវក្ដី ត្រូវសេចក្ដីវិនាស ដោយរោគ ពាល់ត្រូវក្ដី មិនសោកសង្រេង មិនលំបាក មិនខ្សឹកខ្សួល មិនគក់ទ្រូងទ្រហោយំ មិនដល់នូវសេចក្ដីវង្វេងងេងងោង។ ពាក្យណា ដែលតថាគតពោលហើយថា ម្នាលភិក្ខុទាំងឡាយ កម្លាំង បុគ្គលគប្បីដឹងបាន ក្នុងកាលដែលមានសេចក្ដីអន្តរាយ តែកម្លាំងនោះ បុគ្គលធ្វើទុកក្នុងចិត្តខ្ជីខ្ជា មិនគប្បីដឹងបាន បុគ្គលមានបា្រជ្ញា ព្រោះការមិនធ្វើទុកក្នុងចិត្ត ក៏មិនគប្បីដឹងបាន បុគ្គលឥតបា្រជ្ញា ក៏មិនគប្បីដឹងបាន ដោយកាលជាអង្វែង ដូច្នេះនុ៎ះ ពាក្យនុ៎ះ តថាគតពោលហើយ ព្រោះអាស្រ័យហេតុនេះឯង។ ពាក្យដែលតថាគតពោលហើយថា ម្នាលភិក្ខុទាំងឡាយ បា្រជ្ញា បុគ្គលគប្បីដឹងបាន ដោយការសាកច្ឆា ក៏បា្រជ្ញានោះ បុគ្គលធ្វើទុកក្នុងចិត្តខ្ជីខ្ជា មិនគប្បីដឹងបាន បុគ្គលមានបា្រជ្ញា ព្រោះការមិនធ្វើទុកក្នុងចិត្ត ក៏មិនគប្បីដឹងបាន បុគ្គលឥតប្រាជ្ញា ក៏មិនគប្បីដឹងបាន ដោយកាលជាអង្វែង ដូច្នេះនុ៎ះ ពាក្យនុ៎ះ តថាគតពោលហើយ ព្រោះអាស្រ័យហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ បុគ្គលក្នុងលោកនេះ កាលពោលសាកច្ឆា ជាមួយនឹងបុគ្គលផងគ្នា រមែងដឹងយ៉ាងនេះថា សេចក្តីវាងវៃ ក្នុងប្រស្នារបស់លោកដ៏មានអាយុនេះ យ៉ាងណា មួយទៀត អភិនីហារ15) របស់លោកដ៏មានអាយុនេះ យ៉ាងណា ការចោទសួរប្រស្នា របស់លោកដ៏មានអាយុនេះ យ៉ាងណា លោកដ៏មានអាយុនេះ ជាអ្នកឥតប្រាជ្ញា លោកដ៏មានអាយុនេះ មិនមែនជាអ្នកមានប្រាជ្ញាទេ។ ដំណើរនោះ ព្រោះហេតុអ្វី។ ព្រោះថា ដោយសេចក្តីពិត លោកដ៏មានអាយុនេះ មិនសំដែងនូវអត្ថ និងបទ ដ៏ជ្រាលជ្រៅ ដ៏ស្អាត ឧត្តម បុគ្គលមិនគប្បីស្ទង់ ប្រមើលដោយការត្រិះរិះ ជាធម៌ល្អិត មានតែបណ្ឌិត ទើបដឹងបាន មួយទៀត លោកដ៏មានអាយុនេះ ពោលនូវធម៌ឯណា មិនអាចនឹងប្រាប់ សំដែង បញ្ញត្ត តែងតាំង បើកចំហ ចែករលែក ធ្វើឲ្យរាក់ឡើង នូវសេចក្តីអធិប្បាយនៃធម៌នោះ ដោយសង្ខេប ឬដោយពិស្តារឡើយ លោកដ៏មានអាយុនេះ ជាអ្នកឥតប្រាជ្ញា លោកដ៏មានអាយុនេះ មិនមែនជាអ្នកមានប្រាជ្ញាទេ។ ម្នាលភិក្ខុទាំងឡាយ ប្រៀបដូចបុរសមានចក្ខុ ឈរក្បែរមាត់ច្រាំង នៃអន្លង់ទឹក គប្បីឃើញត្រីតូចកំពុងងើបឡើង បុរសនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា ការងើបឡើង នៃត្រីនេះ យ៉ាងណា មួយទៀត ការពន្លៀកនៃត្រីនេះ យ៉ាងណា សន្ទុះនៃត្រីនេះ យ៉ាងណា ត្រីនេះជាត្រីតូច ត្រីនេះ មិនមែនជាត្រីធំទេ មានឧបមាយ៉ាងណា ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលសាកច្ឆា ជាមួយនឹងបុគ្គលផងគ្នា រមែងដឹងច្បាស់ យ៉ាងនេះថា សេចក្តីវាងវៃ ក្នុងប្រស្នា របស់លោកដ៏មានអាយុនេះ យ៉ាងណា។បេ។ លោកដ៏មានអាយុនេះ ជាអ្នកឥតប្រាជ្ញា លោកដ៏មានអាយុនេះ មិនមែនជាអ្នកមានប្រាជ្ញាទេ ក៏យ៉ាងនោះឯង។ ម្នាលភិក្ខុទាំងឡាយ មួយទៀត បុគ្គលក្នុងលោកនេះ កាលសាកច្ឆាជាមួយនឹងបុគ្គលផងគ្នា រមែងដឹងយ៉ាងនេះថា សេចក្តីវាងវៃ ក្នុងប្រស្នារបស់លោកដ៏មានអាយុនេះ យ៉ាងណា មួយទៀត អភិនីហារ នៃលោកដ៏មានអាយុនេះ យ៉ាងណា ការចោទសួរនូវប្រស្នា នៃលោកដ៏មានអាយុនេះ យ៉ាងណា លោកដ៏មានអាយុនេះ ជាអ្នកមានប្រាជ្ញា លោកដ៏មានអាយុនេះ មិនមែនជាអ្នកឥតប្រាជ្ញាទេ។ ដំណើរនោះ ព្រោះហេតុអ្វី។ ព្រោះថា ដោយសេចក្តីពិត លោកដ៏មានអាយុនេះ តែងសំដែងនូវអត្ថ និងបទដ៏ជ្រៅ ដ៏ស្អាត ឧត្តម បុគ្គលមិនគប្បីស្ទង់ ប្រមើលដោយការត្រិះរិះ ជាធម៌ល្អិត មានតែបណ្ឌិតទើបដឹងបាន លោកដ៏មានអាយុនេះ ពោលនូវធម៌ណា ក៏អាចនឹងប្រាប់ សំដែង បញ្ញត្ត តែងតាំង បើកចំហ ចែករលែក ធ្វើឲ្យរាក់ នូវសេចក្ដីអធិប្បាយនៃធម៌នោះ ដោយសេចក្ដីសង្ខេប ឬដោយសេចក្ដីពិស្តារបាន លោកដ៏មានអាយុនេះ ជាអ្នកមានបា្រជ្ញា លោកដ៏មានអាយុនេះ មិនមែនជាអ្នកឥតប្រាជ្ញាទេ។ ម្នាលភិក្ខុទាំងឡាយ ប្រៀបដូចបុរសមានចក្ខុ ឈរក្បែរមាត់ច្រាំង នៃអន្លង់ទឹក គប្បីឃើញត្រីធំ ដែលកំពុងងើបឡើង បុរសនោះ មានសេចក្ដីត្រិះរិះ យ៉ាងនេះថា ការងើបឡើង របស់ត្រីនេះ យ៉ាងណា មួយទៀត ការពន្លៀកនៃត្រីនេះយ៉ាងណា សន្ទុះនៃត្រីនេះ យ៉ាងណា ត្រីនេះជាត្រីធំ ត្រីនេះមិនមែនជាត្រីតូចទេ មានឧបមាយ៉ាងណា ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលសាកច្ឆា ជាមួយនឹងបុគ្គលផងគ្នា តែងដឹងយ៉ាងនេះថា សេចក្ដីវាងវៃ ក្នុងប្រស្នារបស់លោកដ៏មានអាយុនេះ យ៉ាងណា។បេ។ លោកដ៏មានអាយុនេះ ជាអ្នកមានប្រាជ្ញា លោកដ៏មានអាយុនេះ មិនមែនជាអ្នកឥតបា្រជ្ញាទេ ក៏យ៉ាងនោះឯង។ ពាក្យណា ដែលតថាគតពោលហើយថា ម្នាលភិក្ខុទាំងឡាយ បា្រជ្ញា បុគ្គលគប្បីដឹងបាន ដោយការសាកច្ឆា តែបា្រជ្ញានោះ បុគ្គលធ្វើទុកក្នុងចិត្តខ្ជីខ្ជា មិនគប្បីដឹងបាន បុគ្គលមានបា្រជ្ញា មិនគប្បីដឹងបាន ព្រោះការមិនធ្វើទុកក្នុងចិត្ត បុគ្គលឥតបា្រជ្ញា មិនគប្បីដឹងបាន ដោយកាលជាអង្វែង ដូច្នេះនុ៎ះ ពាក្យនុ៎ះ តថាគតពោលហើយ ព្រោះអាស្រ័យហេតុនេះឯង។ ម្នាលភិក្ខុទាំងឡាយ ហេតុទាំង ៤ នេះ បុគ្គលគប្បីដឹងបាន ដោយហេតុទាំង៤នេះ។

(ភទ្ទិយសូត្រ ទី៣)

(៣. ភទ្ទិយសុត្តំ)

[៤៣] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងកូដាគារសាលា ក្នុងមហាវន ទៀបក្រុងវេសាលី។ គ្រានោះឯង ស្ដេចលិច្ឆវី ព្រះនាមភទ្ទិយៈ ចូលទៅគាល់ ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ថា្វយបង្គំព្រះដ៏មានព្រះភាគ ហើយគង់ក្នុង ទីសមគួរ។ កាលស្ដេចភទ្ទិយលិច្ឆវី គង់ក្នុងទីសមគួរហើយ ទើបក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ បានឮពាក្យនេះថា ព្រះសមណគោតម ជាអ្នកមានកិច្ចកល ចេះនូវកិច្ចកលសម្រាប់បោកបា្រស តែងបោកបា្រសពួកសាវករបស់អន្យតិរិ្ថយ។ បពិត្រព្រះអង្គដ៏ចំរើន ជនទាំងឡាយណា បានពោលយ៉ាងនេះថា ព្រះសមណគោតម ព្រះអង្គ ជាអ្នកមានកិច្ចកល ចេះនូវកិច្ចកលសម្រាប់បោកប្រាស តែងបោកប្រាសពួកសាវក របស់អន្យតិរិ្ថយទាំងឡាយ បពិត្រព្រះអង្គដ៏ចំរើន ជនទាំងឡាយនោះ ឈ្មោះថា ពោលពាក្យតាមព្រះដ៏មានព្រះភាគទ្រង់ត្រាស់ហើយ មិនមែនពោលបង្កាច់ព្រះដ៏មានព្រះភាគ ដោយពាក្យមិនពិតផង ពោលនូវធម៌ដ៏សមគួរ ដល់ធម៌ផង ការប្រព្រឹត្តិទៅតាមវាទៈ ដែលប្រកបដោយធម៌ឯណានីមួយ ក៏មិនដល់នូវហេតុ ដែលគួរតិះដៀលផង បពិត្រព្រះអង្គដ៏ចំរើន ព្រោះថា យើងខ្ញុំព្រះអង្គ មិនមែនជាអ្នកចង់ពោលបង្កាច់ព្រះដ៏មានព្រះភាគទេ។ ម្នាលភទ្ទិយៈ អ្នកចូរមក អ្នកចូរកុំជឿប្រកាន់ដោយការឮតៗគ្នា កុំជឿប្រកាន់ដោយការនិយាយតៗគ្នា កុំជឿប្រកាន់ដោយការភ្ញាក់ផ្អើល កុំជឿប្រកាន់ដោយការអាងតម្រា កុំជឿប្រកាន់ ដោយសេចក្ដីត្រិះរិះតាមអាការៈ កុំជឿប្រកាន់ដោយឃើញសមនឹងយោបល់ កុំជឿប្រកាន់ចំពោះបុគ្គល ដែលគួរជឿ កុំជឿប្រកាន់ថា សមណៈជាគ្រូនៃយើង។ ម្នាលភទ្ទិយៈ អ្នកគប្បីដឹងដោយខ្លួនឯងថា ធម៌ទាំងនេះ ជាអកុសល ធម៌ទាំងនេះ ប្រកបដោយទោស ធម៌ទាំងនេះ ដែលអ្នកបា្រជ្ញតិះដៀល ធម៌ទាំងនេះ ដែលបុគ្គលសមាទាន ឲ្យពេញលេញហើយ តែងប្រព្រឹត្តទៅ ដើម្បីមិនជាប្រយោជន៍ និងសេចក្ដីទុក្ខ ដូច្នេះ ក្នុងកាលណា ម្នាលភទ្ទិយៈ អ្នកគប្បីលះបង់ ក្នុងកាលនោះចុះ។ ម្នាលភទ្ទិយៈ អ្នកសំគាល់សេចក្ដីនោះ ដូចម្ដេច កាលសេចក្ដីលោភកើតឡើង ក្នុងសន្ដាននៃបុរស កើតឡើងដើម្បីជាប្រយោជន៍ ឬមិនជាប្រយោជន៍ទេ។ បពិត្រព្រះអង្គដ៏ចំរើន មិនជាប្រយោជន៍ទេ ម្នាលភទ្ទិយៈ បុរសបុគ្គលនេះ ជាអ្នកល្មោភ ដែលលោភៈគ្របសង្កត់ហើយ មានចិត្ត ដែលលោភៈរួបរឹតហើយ តែងសម្លាប់នូវសត្វខ្លះ កាន់យកទ្រព្យ ដែលគេមិនបានឲ្យខ្លះ ប្រព្រឹត្តខុស ក្នុងភរិយាអ្នកដទៃខ្លះ ពោលពាក្យកុហកខ្លះ បបួលអ្នកដទៃ ដោយអំពើនោះខ្លះ ដែលឲ្យប្រព្រឹត្តទៅ ដើម្បីមិនជាប្រយោជន៍ និងសេចក្ដីទុក្ខ អស់កាលជាយូរអង្វែងមែនឬទេ។ បពិត្រព្រះអង្គដ៏ចំរើន មែនហើយ។ ម្នាលភទ្ទិយៈ អ្នកសំគាល់សេចក្ដីនោះ ដូចម្ដេច ទោសៈ… មោហៈ… ការប្រណាំងប្រជែង កាលកើតឡើង ខាងក្នុងសន្ដានចិត្ត របស់បុរស រមែងកើតឡើង ដើម្បីជាប្រយោជន៍ ឬមិនជាប្រយោជន៍ទេ។ បពិត្រព្រះអង្គដ៏ចំរើន មិនជាប្រយោជន៍ទេ។ ម្នាលភទ្ទិយៈ បុរសបុគ្គលនេះ ជាអ្នកប្រណាំងប្រជែង ដែលការប្រណាំងប្រជែង គ្របសង្កត់ហើយ មានចិត្ត ដែលការប្រណាំងប្រជែងរួបរឹតហើយ តែងសម្លាប់សត្វខ្លះ កាន់យកទ្រព្យ ដែលគេមិនបានឲ្យខ្លះ ប្រព្រឹត្តខុស ក្នុងភរិយារបស់បុគ្គលដទៃខ្លះ ពោលពាក្យកុហកខ្លះ បបួលអ្នកដទៃ ដោយអំពើនោះខ្លះ ដែលជាហេតុ ឲ្យប្រព្រឹត្តទៅ ដើម្បីមិនជាប្រយោជន៍ និងសេចក្ដីទុក្ខ អស់កាលជាយូរអង្វែង មែនឬទេ។ បពិត្រព្រះអង្គដ៏ចំរើន មែនហើយ។ ម្នាលភទ្ទិយៈ អ្នកសំគាល់សេចក្ដីនោះ ដូចម្ដេច ធម៌ទាំងនេះ ជាកុសល ឬជាអកុសល។ បពិត្រព្រះអង្គដ៏ចំរើន ជាអកុសល។ ប្រកបដោយទោស ឬមិនប្រកបដោយទោសទេ។ បពិត្រព្រះអង្គដ៏ចំរើន ប្រកបដោយទោស។ វិញ្ញូជនតិះដៀល ឬវិញ្ញូជនសរសើរ។ បពិត្រព្រះអង្គដ៏ចំរើន វិញ្ញូជនតិះដៀល។ ធម៌ទាំងនេះ ដែលបុគ្គលសមាទាន ឲ្យពេញលេញហើយ តែងប្រព្រឹត្តទៅ ដើម្បីមិនជាប្រយោជន៍ និងសេចក្ដីទុក្ខ ឬមួយពុំមែនទេ ឬក៏ក្នុងដំណើរនុ៎ះ មានប្រការដូចម្ដេចទៅវិញ។ បពិត្រព្រះអង្គដ៏ចំរើន ធម៌ទាំងនេះ ដែលបុគ្គលសមាទាន ឲ្យពេញលេញហើយ តែងប្រព្រឹត្តទៅ ដើម្បីមិនជាប្រយោជន៍ និងសេចក្ដីទុក្ខ ក្នុងដំណើរនុ៎ះ យើងខ្ញុំព្រះអង្គ យល់យ៉ាងនេះ។ ម្នាលភទ្ទិយៈ យើងបានពោលពាក្យណា ដូច្នេះថា ម្នាលភទ្ទិយៈ អ្នកកុំជឿប្រកាន់ ដោយការឮតៗគ្នា កុំជឿប្រកាន់ ដោយការនិយាយតៗគ្នា កុំជឿប្រកាន់ ដោយការភ្ញាក់ផ្អើល កុំជឿប្រកាន់ ដោយការអាងតម្រា កុំជឿប្រកាន់ ដោយការគ្នេរគ្នាន់ កុំជឿប្រកាន់ ដោយការនឹកស្មាន កុំជឿប្រកាន់ ដោយការត្រិះរិះតាមអាការៈ កុំជឿប្រកាន់ ដោយការយល់ត្រូវនឹងទិដ្ឋិរបស់ខ្លួន កុំជឿប្រកាន់ ដោយការជឿ ចំពោះបុគ្គល ដែលគួរជឿ កុំជឿប្រកាន់ថា សមណៈ ជាគ្រូរបស់យើង។ ម្នាលភទ្ទិយៈ ក្នុងកាលណា អ្នកគប្បីដឹង ដោយខ្លួនឯងពិតៗថា ធម៌ទាំងនេះ ជាអកុសល ធម៌ទាំងនេះ ប្រកបដោយទោស ធម៌ទាំងនេះ ដែលវិញ្ញូជនតិះដៀល ធម៌ទាំងនេះ ដែលបុគ្គលសមាទាន ឲ្យពេញលេញហើយ រមែងប្រព្រឹត្តទៅ ដើម្បីមិនជាប្រយោជន៍ និងសេចក្ដីទុក្ខ ម្នាលភទ្ទិយៈ ក្នុងកាលនោះ អ្នកត្រូវលះបង់ចេញ ពាក្យណាដែលតថាគត បានពោលទុកហើយ ដូច្នេះ ពាក្យដែលតថាគតពោលទុកហើយនុ៎ះ ព្រោះអាស្រ័យនូវហេតុនេះឯង។ ម្នាលភទ្ទិយៈ អ្នកចូរមក អ្នកកុំជឿ ប្រកាន់ដោយការឮតៗគ្នា កុំជឿប្រកាន់ ដោយការនិយាយតៗគ្នា កុំជឿប្រកាន់ដោយការភ្ញាក់ផ្អើល កុំជឿប្រកាន់ដោយការអាងតម្រា កុំជឿប្រកាន់ ដោយការគ្នេរគ្នាន់ កុំជឿប្រកាន់ ដោយាការនឹកស្មាន កុំជឿប្រកាន់ ដោយការត្រិះរិះតាមអាការៈ កុំជឿប្រកាន់ដោយការយល់ត្រូវនឹងទិដ្ឋិរបស់ខ្លួន កុំជឿប្រកាន់ ដោយការជឿចំពោះបុគ្គល ដែលគួរជឿ កុំជឿប្រកាន់ថា សមណៈជាគ្រូរបស់យើង។ ម្នាលភទ្ទិយៈ ក្នុងកាលណា អ្នកគប្បីដឹងដោយខ្លួនឯងពិតៗថា ធម៌ទាំងនេះ ជាកុសល ធម៌ទាំងនេះ មិនប្រកបដោយទោស ធម៌ទាំងនេះ ដែលវិញ្ញូជនសរសើរ ធម៌ទាំងនេះ ដែលបុគ្គលសមាទាន ឲ្យពេញលេញហើយ រមែងប្រព្រឹត្តទៅ ដើម្បីជាប្រយោជន៍ និងសេចក្ដីសុខ ម្នាលភទ្ទិយៈ ក្នុងកាលនោះ អ្នកគប្បីសម្រេចសម្រាន្ត ដោយឥរិយាបថទាំង ៤ ចុះ។ ម្នាលភទ្ទិយៈ អ្នកសំគាល់សេចក្ដីនោះ ដូចម្ដេច អលោភៈ កាលកើតឡើង ខាងក្នុងសន្ដានចិត្តរបស់បុរស រមែងកើតឡើង ដើម្បីជាប្រយោជន៍ ឬមិនជាប្រយោជន៍ទេ។ បពិត្រព្រះអង្គដ៏ចំរើន ជាប្រយោជន៍មែន។ ម្នាលភទ្ទិយៈ បុរសបុគ្គលនេះ ជាអ្នកមិនល្មោភ មិនត្រូវលោភៈគ្របសង្កត់ហើយ មានចិត្ត ដែលលោភៈមិនរួបរឹតហើយ រមែងមិនសម្លាប់សត្វ មិនកាន់យកទ្រព្យ ដែលគេមិនបានឲ្យ មិនប្រព្រឹត្តខុស ក្នុងភរិយារបស់បុគ្គលដទៃ មិននិយាយកុហក ទាំងបបួលបុគ្គលដទៃ ដើម្បីអំពើនោះ ដែលជាហេតុឲ្យប្រព្រឹត្តទៅ ដើម្បីជាប្រយោជន៍ និងសេចក្ដីសុខ អស់កាលជាយូរអង្វែងឬទេ។ បពិត្រព្រះអង្គដ៏ចំរើន យ៉ាងនេះមែន។ ម្នាលភទ្ទិយៈ អ្នកសំគាល់សេចក្ដីនោះ ដូចម្ដេច អទោសៈ… អមោហៈ… សេចក្ដីមិនប្រណាំងប្រជែង កាលកើតឡើង ខាងក្នុងសន្ដានចិត្តរបស់បុរស រមែងកើតឡើង ដើម្បីជាប្រយោជន៍ ឬមិនជាប្រយោជន៍ទេ។ បពិត្រព្រះអង្គដ៏ចំរើន ជាប្រយោជន៍មែន។ ម្នាលភទ្ទិយៈ បុរសបុគ្គលនេះ ជាអ្នកមិនមានសេចក្ដីប្រណាំងប្រជែង មិនត្រូវសេចក្ដីប្រណាំងប្រជែងគ្របសង្កត់ហើយ មានចិត្ត ដែលសេចក្ដីប្រណាំងប្រជែងមិនរួបរឹតហើយ រមែងមិនសម្លាប់សត្វ មិនកាន់យកទ្រព្យ ដែលគេមិនបានឲ្យ មិនប្រព្រឹត្តខុស ក្នុងភរិយារបស់បុគ្គលដទៃ មិននិយាយកុហក ទាំងបបួលបុគ្គលដទៃ ដើម្បីអំពើនោះ ដែលជាហេតុ ឲ្យប្រព្រឹត្តទៅ ដើម្បីជាប្រយោជន៍ និងសេចក្ដីសុខ អស់កាលជាយូរអង្វែង។ បពិត្រព្រះអង្គដ៏ចំរើន យ៉ាងនេះមែន។ ម្នាលភទ្ទិយៈ អ្នកសំគាល់សេចក្ដីនេះ ដូចម្ដេច ធម៌ទាំងនេះ ជាកុសល ឬជាអកុសល។ បពិត្រព្រះអង្គដ៏ចំរើន ធម៌ទាំងនេះ ជាកុសល។ ប្រកបដោយទោស ឬមិនប្រកបដោយទោសទេ។ បពិត្រព្រះអង្គដ៏ចំរើន មិនប្រកបដោយទោសទេ។ វិញ្ញូជនតិះដៀល ឬវិញ្ញូជនសរសើរ។ បពិត្រព្រះអង្គដ៏ចំរើន វិញ្ញូជនសរសើរ។ ធម៌ទាំងឡាយ ដែលបុគ្គលសមាទាន ឲ្យពេញលេញហើយ តែងប្រព្រឹត្តទៅ ដើម្បីជាប្រយោជន៍ និងសេចក្ដីសុខ ឬមិនមែនទេ ឬមួយក្នុងដំណើរនោះ មានប្រការ ដូចម្ដេចទៅវិញ។ បពិត្រព្រះអង្គដ៏ចំរើន ធម៌ទាំងនេះ ដែលបុគ្គលសមាទាន ឲ្យពេញលេញហើយ តែងប្រព្រឹត្តទៅ ដើម្បីជាប្រយោជន៍ និងសេចក្ដីសុខ ក្នុងដំណើរនោះ យើងខ្ញុំ ព្រះអង្គយល់យ៉ាងនេះ។ ម្នាលភទ្ទិយៈ យើងបានពោលពាក្យណា ដូច្នេះថា ម្នាលភទ្ទិយៈ ក្នុងដំណើរនុ៎ះ អ្នកកុំជឿ ប្រកាន់ដោយការឮតៗគ្នា កុំជឿប្រកាន់ ដោយការនិយាយត ៗគ្នា កុំជឿប្រកាន់ ដោយការភ្ញាក់ផ្អើល កុំជឿប្រកាន់ ដោយការអាងតម្រា កុំជឿប្រកាន់ ដោយការគ្នេរគ្នាន់ កុំជឿប្រកាន់ ដោយការនឹកស្មាន កុំជឿប្រកាន់ ដោយការត្រិះរិះតាម អាការៈ កុំជឿប្រកាន់ ដោយការយល់ត្រូវនឹងទិដ្ឋិរបស់ខ្លួន កុំជឿប្រកាន់ ដោយការជឿ ចំពោះបុគ្គលដែលគួរជឿ កុំជឿប្រកាន់ថា សមណៈជាគ្រូរបស់យើង។ ម្នាលភទ្ទិយៈ ក្នុងកាលណា អ្នកត្រូវដឹងដោយខ្លួនឯងពិតៗថា ធម៌ទាំងនេះ ជាកុសល ធម៌ទាំងនេះ មិនប្រកបដោយទោស ធម៌ទាំងនេះ ដែលវិញ្ញូជនសរសើរ ធម៌ទាំងនេះ ដែលបុគ្គល សមាទានឲ្យពេញលេញហើយ រមែងប្រព្រឹត្តទៅ ដើម្បីជាប្រយោជន៍ និងសេចក្ដីសុខ ម្នាលភទ្ទិយៈ អ្នកគប្បីចូលទៅសម្រេចសម្រាន្ត ក្នុងកាលនោះចុះ ពាក្យណា ដែល តថាគតពោលទុកហើយ ដូច្នេះ ពាក្យដែលតថាគតពោលហើយនុ៎ះ ព្រោះអាស្រ័យសេចក្ដីនេះឯង។ ម្នាលភទ្ទិយៈ សប្បុរសទាំងឡាយណា ដែលជាអ្នកស្ងប់រម្ងាប់ ក្នុងលោក សប្បុរសទាំងនោះ តែងបបួលសាវក យ៉ាងនោះថា ម្នាលបុរសដ៏ចំរើន អ្នកចូរមកនេះ អ្នកចូរបន្ទោបង់ កំចាត់បង់នូវលោភៈ ហើយសម្រេចសម្រាន្ត កាលអ្នកបន្ទោបង់ កំចាត់បង់នូវលោភៈបានហើយ នឹងមិនធ្វើកម្ម ដែលកើតអំពីលោភៈ ដោយកាយ វាចា ចិត្តឡើយ ចូរអ្នកបន្ទោបង់ កំចាត់បង់នូវទោសៈ ហើយសម្រេចសម្រាន្តនៅ កាលអ្នកបន្ទោបង់ កំចាត់បង់នូវទោសហើយ នឹងមិនធ្វើកម្ម ដែលកើតអំពីទោសៈ ដោយកាយ វាចា ចិត្តឡើយ ចូរអ្នកបន្ទោបង់ កំចាត់បង់នូវមោហៈ ហើយសម្រេចសម្រាន្តនៅ កាលបើអ្នកបន្ទោបង់ កំចាត់បង់នូវមោហៈហើយ នឹងមិនធ្វើកម្ម ដែលកើតអំពីមោហៈ ដោយកាយ វាចា ចិត្តឡើយ អ្នកចូរបន្ទោបង់ កំចាត់បង់នូវសេចក្ដីប្រណាំងប្រជែង ហើយសម្រេចសម្រាន្តនៅ កាលអ្នកបន្ទោបង់ កំចាត់បង់នូវសេចក្ដីប្រណាំងប្រជែងហើយ នឹងមិនធ្វើកម្ម ដែលកើតអំពីសេចក្ដីប្រណាំងប្រជែង ដោយកាយ វាចា ចិត្តឡើយ។ កាលដែលព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ស្ដេចភទ្ទិយលិច្ឆវី ក្រាបទូលពាក្យនេះ នឹងព្រះដ៏មានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ពីរោះណាស់។បេ។ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះដ៏មានព្រះភាគ ទ្រង់ចាំទុកនូវខ្ញុំព្រះអង្គថា ជាឧបាសក ដល់នូវសរណៈ ស្មើដោយជីវិត ចាប់ដើមតាំងអំពីថ្ងៃនេះទៅ។ ម្នាលភទ្ទិយៈ តថាគតបានពោលយ៉ាងនេះ ដល់អ្នកថា ម្នាលភទ្ទិយៈ អ្នកចូរចូលមក អ្នកចូរជាសាវករបស់ តថាគតចុះ តថាគតនឹងជាគ្រូរបស់អ្នក ដូច្នេះខ្លះដែរឬ។ មិនមែនដូច្នោះទេ ព្រះអង្គ។ ម្នាលភទ្ទិយៈ សមណៈ និងព្រាហ្មណ៍ពួកមួយ ពោលពាក្យបង្កាច់តថាគត ដែលជាអ្នក មានវាទៈយ៉ាងនេះ បានពោលទុកយ៉ាងនេះ ដោយពាក្យមិនពិត ជាពាក្យទទេ ជាពាក្យកុហក ជាពាក្យមិនមែន ថា ព្រះសមណៈគោតម ជាអ្នកមានកិច្ចកល ចេះនូវកិច្ចកល ជាគ្រឿងបោកប្រាស តែងបោកប្រាសពួកសាវក របស់អន្យតិរិ្ថយទាំងឡាយ។ បពិត្រព្រះអង្គដ៏ចំរើន កិច្ចកលជាគ្រឿងបោកបា្រស ជាកិច្ចកលដ៏ប្រសើរ បពិត្រព្រះអង្គដ៏ចំរើន កិច្ចកលជាគ្រឿងបោកប្រាស (នេះ) ជាកិច្ចដ៏ល្អ។ បពិត្រព្រះអង្គដ៏ចំរើន ពួកញាតិ និងសាលោហិត ជាទីស្រឡាញ់របស់ខ្ញុំព្រះអង្គ ត្រូវចាញ់បោកដោយកល ជាគ្រឿងបោកប្រាសនេះ (អំពើនោះ) មុខជាប្រព្រឹត្តទៅ ដើម្បីជាប្រយោជន៍ និងសេចក្ដីសុខ ដល់ពួកញាតិ និងសាលោហិត ដែលជាទីស្រឡាញ់របស់ខ្ញុំព្រះអង្គ អស់កាលជាយូរ អង្វែង។ បពិត្រព្រះអង្គដ៏ចំរើន ប្រសិនបើក្សត្រិយ៍ទាំងពួង ត្រូវចាញ់បោក ដោយកល ជាគ្រឿងបោកប្រាសនេះ (អំពើនោះ) មុខជាប្រព្រឹត្តទៅ ដើម្បីជាប្រយោជន៍ និងសេចក្ដី សុខ ដល់ពួកក្សត្រិយ៍ទាំងពួង អស់កាលជាយូរអង្វែង។ បពិត្រព្រះអង្គដ៏ចំរើន ប្រសិនបើពួកព្រាហ្មណ៍ទាំងពួង … ពួកវេស្សៈ… ពួកសុទ្ទៈ ត្រូវចាញ់បោក ដោយកលជាគ្រឿងបោកប្រាសនេះ (អំពើនោះ) មុខជាប្រព្រឹត្តទៅ ដើម្បីជាប្រយោជន៍ និងសេចក្ដីសុខ ដល់ពួកសុទ្ទៈទាំងពួង អស់កាលជាយូរអង្វែង។ ម្នាលភទ្ទិយៈ ពាក្យនុ៎ះពិតយ៉ាងនេះមែន ម្នាលភទ្ទិយៈ ពាក្យនុ៎ះពិតយ៉ាងនេះមែន។ ម្នាលភទ្ទិយៈ ប្រសិនបើក្សត្រិយ៍ទាំងពួង ត្រូវចាញ់បោក ដើម្បីឲ្យលះបង់អកុសលធម៌ និងបំពេញកុសលធម៌ (អំពើនោះ) មុខជាប្រព្រឹត្តទៅ ដើម្បីជាប្រយោជន៍ និងសេចក្ដីសុខ ដល់ពួកក្សត្រិយ៍ទាំងពួង អស់ កាលជាយូរអង្វែង។ ម្នាលភទ្ទិយៈ ប្រសិនបើពួកព្រាហ្មណ៍ទាំងពួង… ពួកវេស្សៈ… ពួកសទ្ទៈ ត្រូវចាញ់បោក ដើម្បីឲ្យលះបង់ នូវអកុសលធម៌ និងបំពេញកុសលធម៌ (អំពើនោះ) មុខជាប្រព្រឹត្តទៅ ដើម្បីជាប្រយោជន៍ និងសេចក្ដីសុខ ដល់ពួកសុទ្ទៈទាំងពួង អស់កាលជាយូរអង្វែង។ ម្នាលភិក្ខុទាំងឡាយ ប្រសិនបើសត្វលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក និងពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ទាំងមនុស្ស ជាសម្មតិទេព និងមនុស្សដ៏សេស ត្រូវចាញ់បោក ដើម្បីឲ្យលះបង់ នូវអកុសលធម៌ និងបំពេញកុសលធម៌ (អំពើនោះ) មុខជាប្រព្រឹត្តទៅ ដើម្បីជាប្រយោជន៍ និងសេចក្ដីសុខ ដល់សត្វលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ដល់ពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ទាំងមនុស្ស ជាសម្មតិទេព និងមនុស្សដ៏សេស អស់កាលជាយូរអង្វែង។ ម្នាលភទ្ទិយៈ ប្រសិនបើដើមសាលព្រឹក្សធំៗទាំងនេះ ត្រូវចាញ់បោកប្រាស ដោយកល ជាគ្រឿងបោកប្រាសនេះ ដើម្បីឲ្យលះបង់ នូវអកុសលធម៌ និងបំពេញកុសលធម៌ (អំពើនោះ) មុខជាប្រព្រឹត្តទៅ ដើម្បីជាប្រយោជន៍ និងសេចក្ដីសុខ ដល់ពួកដើមសាល ព្រឹក្សធំៗទាំងនេះ អស់កាលជាយូរអង្វែង ប្រសិនបើដើមសាលព្រឹក្សទាំងនោះ ចេះត្រិះរិះ នឹងបាច់និយាយទៅថ្វី ដល់សត្វដែលជាមនុស្ស។

(សាមុគិយសូត្រ ទី៤)

(៤. សាមុគិយសុត្តំ)

[៤៤] សម័យមួយ ព្រះអានន្ទដ៏មានអាយុ គង់នៅក្នុងនិគមឈ្មោះ សាបុគ របស់ពួកកោឡិយជន ក្នុងដែនកោឡិយៈ។ គ្រានោះឯង ពួកកោឡិយបុត្ត អ្នកសាបុគនិគមជាច្រើន ចូលទៅរកព្រះអានន្ទដ៏មានអាយុ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះអានន្ទ ដ៏មានអាយុ ហើយអង្គុយក្នុងទីសមគួរ។ លុះពួកកោឡិយបុត្ត អ្នកសាបុគនិគម អង្គុយ ក្នុងទីសមគួរហើយ ទើបព្រះអានន្ទដ៏មានអាយុ បានពោលពាក្យនេះថា ម្នាលអ្នកព្យគ្ឃបជ្ជៈទាំងឡាយ អង្គនៃសេចក្ដីព្យាយាម ដើម្បីសេចក្ដីបរិសុទ្ធិនេះ មាន ៤ ដែល ព្រះដ៏មានព្រះភាគ ជាអរហន្ត សម្មាសម្ពុទ្ធអង្គនោះ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ បានត្រាស់ទុកហើយដោយល្អ ដើម្បីសេចក្ដីបរិសុទ្ធិ ដល់ពួកសត្វ ដើម្បីប្រព្រឹត្តកន្លង នូវសេចក្ដីសោក និងសេចក្ដីខ្សឹកខ្សួល ដើម្បីអស់ទៅនៃទុក្ខ និងទោមនស្ស ដើម្បីត្រាស់ដឹង នូវញេយ្យធម៌ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវព្រះនិព្វាន។ អង្គនៃសេចក្ដីព្យាយាម ដើម្បី សេចក្ដីបរិសុទ្ធិ មាន ៤ តើដូចម្ដេច។ គឺអង្គនៃសេចក្ដីព្យាយាម ដើម្បីសេចក្ដីបរិសុទ្ធិ នៃសីល ១ អង្គនៃសេចក្ដីព្យាយាម ដើម្បីសេចក្ដីបរិសុទ្ធិនៃចិត្ត ១ អង្គនៃសេចក្ដីព្យាយាម ដើម្បីសេចក្ដីបរិសុទ្ធិនៃទិដ្ឋិ ១ អង្គនៃសេចក្ដីព្យាយាម ដើម្បីសេចក្ដីបរិសុទ្ធិនៃវិមុត្តិ ១។ ម្នាលអ្នកព្យគ្ឃបជ្ជៈទាំងឡាយ អង្គនៃសេចក្ដីព្យាយាម ដើម្បីសេចក្ដីបរិសុទ្ធិនៃសីល តើដូចម្ដេច។ ម្នាលអ្នកព្យគ្ឃបជ្ជៈទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមានសីល។បេ។ បានសមាទាន សិក្សា ក្នុងសិក្ខាបទទាំងឡាយថា អាត្មាអញ នឹងធ្វើសីលបារិសុទ្ធិ មានសភាពយ៉ាងនេះ ដែលមិនទាន់ពេញលេញ ឲ្យពេញលេញក្ដី នឹងអនុគ្រោះ នូវសីលបារិសុទ្ធិ ដែលពេញលេញហើយ ក្នុងទីនោះៗ ដោយបញ្ញាក្ដី ម្នាលពួកអ្នកព្យគ្ឃបជ្ជៈ នេះឈ្មោះថា សេចក្ដីបរិសុទ្ធិនៃសីល។ សេចក្ដីគាប់ចិត្តក្ដី សេចក្ដីព្យយាមក្ដី សេចក្ដីសង្វាតក្ដី សេចក្ដីខ្មីឃ្មាតក្ដី សេចក្ដីមិនរួញរាក្ដី សតិក្ដី សម្បជញ្ញៈក្ដី ឯណា ដែលមានក្នុងការអនុគ្រោះនោះ ម្នាលពួកអ្នកព្យគ្ឃបជ្ជៈ នេះឈ្មោះថា ជាអង្គនៃសេចក្ដីព្យាយាម ដើម្បីសេចក្ដីបរិសុទ្ធិនៃសីល។ ម្នាលពួកអ្នកព្យគ្ឃបជ្ជៈ ចុះអង្គនៃសេចក្ដីព្យាយាម ដើម្បីសេចក្ដីបរិសុទ្ធិនៃចិត្ត តើដូចម្ដេច។ ម្នាលពួកអ្នកព្យគ្ឃបជ្ជៈ ភិក្ខុក្នុងសាសនានេះ ស្ងាត់ចាកកាមទាំងឡាយ។បេ។ ចូលកាន់ចតុត្ថជ្ឈាន សម្រេចសម្រាន្តនៅ ដោយគិតថា អាត្មាអញ នឹងធ្វើចិត្តបារិសុទ្ធិ មានសភាពយ៉ាងនេះ ដែលមិនទាន់ពេញលេញ ឲ្យពេញលេញឡើងក្ដី នឹងអនុគ្រោះនូវចិត្តបារិសុទ្ធិ ដែលពេញលេញហើយ ក្នុងទីនោះៗ ដោយបញ្ញាក្ដី ម្នាលពួកអ្នកព្យគ្ឃបជ្ជៈ នេះឈ្មោះថា សេចក្ដីបរិសុទ្ធិនៃចិត្ត។ សេចក្ដីគាប់ចិត្តក្ដី សេចក្ដីព្យាយាមក្ដី សេចក្ដីសង្វាតក្ដី សេចក្ដីខ្មីឃ្មាតក្ដី សេចក្ដីមិនរួញរាក្ដី សតិក្ដី សម្បញ្ញៈក្ដីឯណា ដែលមានក្នុងការអនុគ្រោះនោះ ម្នាលពួកអ្នកព្យគ្ឃបជ្ជៈ នេះឈ្មោះថា ជាអង្គនៃសេចក្ដីព្យាយាម ដើម្បីសេចក្ដីបរិសុទ្ធិនៃចិត្ត។ ម្នាលពួកអ្នកព្យគ្ឃបជ្ជៈ ចុះអង្គនៃសេចក្ដីព្យាយាម ដើម្បីសេចក្ដីបរិសុទ្ធិនៃទិដ្ឋិ តើដូចម្ដេច។ ម្នាលពួកអ្នកព្យគ្ឃបជ្ជៈ ភិក្ខុក្នុងសាសនានេះ ដឹងច្បាស់តាមសេចក្ដីពិតថា នេះជាទុក្ខ។បេ។ ដឹងច្បាស់តាមសេចក្តីពិតថា នេះជាទុក្ខនិរោធគាមិនីបដិបទា ដោយត្រិះរិះ ដូច្នេះថា អាត្មាអញ នឹងធ្វើទិដ្ឋិបារិសុទ្ធិ មានសភាពយ៉ាងនេះ ដែលមិនទាន់ពេញលេញ ឲ្យពេញលេញក្តី និងជួយអនុគ្រោះ នូវទិដ្ឋិបារិសុទ្ធិ ដែលពេញលេញហើយ ក្នុងទីនោះៗ ដោយបញ្ញាក្តី ម្នាលពួកអ្នកព្យគ្ឃបជ្ជៈ នេះឈ្មោះថា សេចក្តីបរិសុទ្ធិនៃទិដ្ឋិ។ សេចក្តីគាប់ចិត្តក្តី សេចក្តីព្យាយាមក្តី សេចក្តីសង្វាតក្តី សេចក្តីខ្មីឃ្មាតក្តី សេចក្តីមិនរួញរាក្តី សតិក្តី សម្បជញ្ញៈក្តីឯណា ដែលមាននៅក្នុងអនុគ្រោះនោះ ម្នាលពួកអ្នកព្យគ្ឃបជ្ជៈ នេះឈ្មោះថា ជាអង្គនៃសេចក្តីព្យាយាម ដើម្បីសេចក្តីបរិសុទ្ធិនៃទិដ្ឋិ។ ម្នាលពួកអ្នកព្យគ្ឃបជ្ជៈ ចុះអង្គនៃសេចក្តីព្យាយាម ដើម្បីសេចក្តីបរិសុទ្ធិនៃវិមុត្តិ តើដូចម្តេច។ ម្នាលពួកអ្នកព្យគ្ឃបជ្ជៈ អរិយសាវកនោះ ប្រកបដោយអង្គ នៃសេចក្តីព្យាយាម ដើម្បីសេចក្តីបរិសុទ្ធ នៃសីលនេះផង ប្រកបដោយអង្គ នៃសេចក្តីព្យាយាម ដើម្បីសេចក្តីបរិសុទ្ធ នៃចិត្តនេះផង ប្រកបដោយអង្គ នៃសេចក្តីព្យាយាម ដើម្បីសេចក្តី បរិសុទ្ធ នៃទិដ្ឋិនេះផង ទើបធ្វើចិត្តឲ្យនឿយណាយ ក្នុងធម៌ទាំងឡាយ ដែលជាទីតាំងនៃតម្រេក ធ្វើចិត្តឲ្យផុតស្រឡះ ក្នុងធម៌ទាំងឡាយ ដែលគួរឲ្យរួចផុតស្រឡះ។ លុះអរិយសាវកនោះ ធ្វើចិត្តឲ្យនឿយណាយ ក្នុងធម៌ទាំងឡាយ ដែលជាទីតាំងនៃ តម្រេកហើយ ធ្វើចិត្តឲ្យផុតស្រឡះ ក្នុងធម៌ទាំងឡាយ ដែលគួរឲ្យរួចផុតស្រឡះហើយ ទើបពាល់ត្រូវ នូវវិមុត្តិដោយប្រពៃ ដោយត្រិះរិះថា អាត្មាអញ នឹងធ្វើវិមុត្តិបារិសុទ្ធ ដែល មិនទាន់ពេញលេញ ឲ្យពេញលេញក្តី នឹងអនុគ្រោះ វិមុត្តិបារិសុទ្ធិ ដែលពេញលេញហើយ ក្នុងទីនោះៗ ដោយបញ្ញាក្តី ម្នាលពួកអ្នកព្យគ្ឃបជ្ជៈ នេះឈ្មោះថា សេចក្តីបរិសុទ្ធនៃវិមុត្តិ។ សេចក្តីគាប់ចិត្តក្តី សេចក្តីព្យាយាមក្តី សេចក្តីសង្វាតក្តី សេចក្តីខ្មីឃ្មាតក្តី សេចក្តីមិនរួញរាក្តី សតិក្តី សម្បជញ្ញៈក្តី ឯណា ដែលមាននៅក្នុងសេចក្តីអនុគ្រោះនោះ ម្នាលពួកអ្នកព្យគ្ឃបជ្ជៈ នេះឈ្មោះថា ជាអង្គនៃសេចក្តីព្យាយាម ដើម្បីសេចក្តីបរិសុទ្ធិនៃវិមុត្តិ។ ម្នាលពួកអ្នកព្យគ្ឃបជ្ជៈ អង្គនៃសេចក្តីព្យាយាម ដើម្បីសេចក្តីបរិសុទ្ធិ មាន៤នេះ ដែលព្រះដ៏មានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធអង្គនោះ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ បានត្រាស់ទុកហើយដោយប្រពៃ ដើម្បីសេចក្តីបរិសុទ្ធិ របស់សត្វទាំងឡាយ ដើម្បីកន្លងនូវសេចក្តីសោក និងខ្សឹកខ្សួល ដើម្បីអស់ទៅនៃទុក្ខ និងទោមនស្សទាំងឡាយ ដើម្បីត្រាស់ដឹង នូវញេយ្យធម៌ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវព្រះនិព្វាន។

(វប្បសូត្រ ទី៥)

(៥. វប្បសុត្តំ)

[៤៥] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងនិគ្រោធារាម ជិតក្រុង កបិលព័ស្តុ ក្នុងសក្កជនបទ។ គ្រានោះ វប្បសក្យៈ ជាសាវកនិគ្រន្ថ បានចូលទៅរកព្រះមហាមោគ្គល្លានដ៏មានអាយុ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះមហាមោគ្គល្លាន ដ៏មានអាយុ ហើយអង្គុយក្នុងទីសមគួរ។ លុះវប្បសក្យៈ ជាសាវករបស់និគ្រន្ថ អង្គុយក្នុងទីសមគួរហើយ ទើបព្រះមហាមោគ្គល្លានដ៏មានអាយុ បានពោលដូច្នេះថា ម្នាលវប្បៈ បុគ្គលក្នុងលោកនេះ គប្បីសង្រួមដោយកាយ សង្រួមដោយវាចា សង្រួមដោយចិត្ត ព្រោះបា្រសចាកអវិជ្ជា ព្រោះកើតឡើងនៃវិជ្ជា អាសវៈទាំងឡាយ ដែលជាបច្ច័យនៃទុក្ខវេទនា គប្បីគ្របសង្កត់នូវបុរស ក្នុងលោកខាងមុខបាន ព្រោះហេតុឯណា ម្នាលវប្បៈ ចុះអ្នកឃើញហេតុនោះដែរឬទេ។ បពិត្រព្រះថេរៈដ៏ចំរើន ខ្ញុំព្រះករុណា ឃើញនូវហេតុនោះដែរ បពិត្រព្រះថេរៈដ៏ចំរើន បាបកម្ម ដែលបុគ្គលធ្វើ ក្នុងកាលពីដើម ជាវិបាក ដែលមិនទាន់ឲ្យផល ក្នុងលោកនេះទេ ព្រោះហេតុនោះ បានជាអាសវៈទាំងឡាយ ជាបច្ច័យនៃទុក្ខវេទនា គប្បីគ្របសង្កត់នូវបុរស ក្នុងលោកខាងមុខបាន។ ការនិយាយ ជាមួយនឹងវប្បសក្យៈ ជាសាវករបស់និគ្រន្ថ ព្រះមហាមោគ្គល្លានដ៏មានអាយុ ក៏បានឈប់ ផ្អាកត្រឹមប៉ុណ្ណេះ។ គ្រានោះ ព្រះដ៏មានព្រះភាគ ស្ដេចចេញចាកផលសមាបត្តិ ក្នុងវេលាសាយណ្ហសម័យ ទើបស្ដេចទៅកាន់ឧបដ្ឋានសាលា លុះស្ដេចទៅដល់ហើយ ក៏គង់លើអាសនៈ ដែលគេកា្រលថ្វាយ។ លុះព្រះដ៏មានព្រះភាគ ទ្រង់គង់រួចហើយ ទ្រង់មានព្រះពុទ្ធដីកា នឹងព្រះមហាមោគ្គល្លានដ៏មានអាយុ ដូច្នេះថា ម្នាលមោគ្គល្លាន អ្នកអង្គុយប្រជុំនិយាយគ្នា ដោយរឿងអ្វី អម្បាញ់មិញនេះ ចុះអន្តរាកថា (ពាក្យជាចន្លោះ) ដូចម្ដេច ដែលអ្នកបានពោលផ្អាកទុក។ បពិត្រព្រះអង្គដ៏ចំរើន នៅទីនេះ ខ្ញុំព្រះអង្គ បានពោលពាក្យនេះ នឹងវប្បសក្យៈ ជាសាវករបស់និគ្រន្ថថា ម្នាលវប្បៈ បុគ្គលក្នុងលោកនេះ គប្បីសង្រួមដោយកាយ សង្រួមដោយវាចា សង្រួមដោយចិត្ត ព្រោះបា្រសចាកអវិជ្ជា ព្រោះកើតឡើងនៃវិជ្ជា អាសវៈទាំងឡាយ ជាបច្ច័យនៃទុក្ខវេទនា គប្បីគ្របសង្កត់ នូវបុរស ក្នុងលោកខាងមុខបាន ព្រោះហេតុឯណា ម្នាលវប្បៈ ចុះអ្នកឃើញនូវហេតុនោះ ដែរឬទេ។ បពិត្រព្រះអង្គដ៏ចំរើន កាលខ្ញុំព្រះអង្គ ពោលយ៉ាងនេះហើយ វប្បសក្យៈ ជាសាវករបស់និគ្រន្ថ បានពោលនឹងខ្ញុំព្រះអង្គ ដូច្នេះថា បពិត្រព្រះថេរៈដ៏ចំរើន ខ្ញុំ ព្រះករុណា រមែងឃើញនូវហេតុនោះដែរ បពិត្រព្រះថេរៈដ៏ចំរើន បាបកម្មដែល បុគ្គលធ្វើក្នុងកាលពីមុន ជាវិបាក ដែលមិនទាន់ឲ្យផល ក្នុងលោកនេះ ព្រោះហេតុនោះ បានជាអាសវៈទាំងឡាយ ជាបច្ច័យនៃទុក្ខវេទនា គប្បីគ្របសង្កត់នូវបុរស ក្នុងលោក ខាងមុខបាន បពិត្រព្រះអង្គដ៏ចំរើន នេះគឺការនិយាយជាមួយនឹងវប្បសក្យៈ ជាសាវករបស់និគ្រន្ថ ដែលយើងខ្ញុំព្រះអង្គ បានពោលផ្អាកទុក ក៏ស្រាប់តែព្រះដ៏មានព្រះភាគ ស្ដេចមកដល់។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់នឹងវប្បសក្យៈ ជាសាវករបស់និគ្រន្ថ ដូច្នេះថា ម្នាលវប្បៈ ប្រសិនបើអ្នកយល់ព្រមចំពោះពាក្យ ដែលគួរយល់ព្រមតាមផង គួរហាមឃាត់ចំពោះពាក្យ ដែលគួរហាមឃាត់ផង មួយទៀត អ្នកមិនទាន់ដឹងនូវសេចក្ដីអធិប្បាយ នៃភាសិតណា របស់តថាគត គួរអ្នកសាកសួរនឹងតថាគត ក្នុងសេចក្ដីអធិប្បាយ នៃសុភាសិតនោះ តទៅទៀតចុះថា បពិត្រព្រះអង្គដ៏ចំរើន ពាក្យនេះ ដូចម្ដេច សេចក្ដីអធិប្បាយ នៃភាសិតនេះ ដូចម្ដេច។ ការសន្ទនានៃយើងខ្ញុំព្រះអង្គ គប្បីមានក្នុង ដំណើរនុ៎ះ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ នឹងយល់ព្រមតាមចំពោះពាក្យ ដែល គួរយល់ព្រមតាមផង នឹងហាមឃាត់ចំពោះពាក្យ ដែលគួរហាមឃាត់ផង មួយទៀត ខ្ញុំព្រះអង្គ មិនទាន់ដឹងនូវសេចក្ដីអធិប្បាយ នៃភាសិតណា របស់ព្រះដ៏មានព្រះភាគ ខ្ញុំ ព្រះអង្គ នឹងទូលសាកសួរ ចំពោះព្រះដ៏មានព្រះភាគ ក្នុងសេចក្ដីអធិប្បាយ នៃភាសិតនោះ តទៅទៀតថា បពិត្រព្រះអង្គដ៏ចំរើន ពាក្យនេះ ដូចម្ដេច សេចក្ដីអធិប្បាយ នៃភាសិតនេះ ដូចម្ដេច។ ការសន្ទនានៃយើងខ្ញុំព្រះអង្គ ចូរមានក្នុងដំណើរនុ៎ះ។ ម្នាលវប្បៈ អ្នកសំគាល់សេចក្ដីនោះ ដូចម្ដេច អាសវៈទាំងឡាយឯណា ដែលប្រកបដោយទុក្ខ ក្ដៅក្រហាយ រមែងកើតឡើង ព្រោះកាយកម្មជាបច្ច័យ អាសវៈទាំងឡាយ ដែលប្រកបដោយទុក្ខ ក្ដៅក្រហាយទាំងនោះ រមែងមិនមានដល់បុគ្គល ដែលវៀរស្រឡះ ចាកកាយកម្ម បុគ្គលនោះ រមែងមិនធ្វើនូវកម្មថ្មីផង នូវកម្មចាស់ផង លុះពាល់ត្រូវ (នូវកម្ម) ហើយ រមែងធ្វើឲ្យអស់ទៅ ដោយបដិបទា ដែលបុគ្គលគប្បីឃើញ ដោយខ្លួនឯង ជាបដិបទាគ្មានជរា ឲ្យផលមិនរង់ចាំកាល គួរហៅអ្នកផងចូលមកមើល គួរបង្អោនទុកក្នុងខ្លួន ពួកអ្នកបា្រជ្ញ គប្បីដឹងច្បាស់ចំពោះខ្លួន។ អាសវៈទាំងឡាយ ជាបច្ច័យនៃទុក្ខវេទនា គប្បីគ្របសង្កត់ នូវបុរស ក្នុងលោកខាងមុខបាន ព្រោះហេតុឯណា ម្នាលវប្បៈ ចុះអ្នកឃើញនូវហេតុនោះ ដែរឬទេ។ បពិត្រព្រះអង្គដ៏ចំរើន មិនមែនដូច្នោះទេ។ ម្នាលវប្បៈ អ្នកសំគាល់សេចក្ដីនោះ ដូចម្ដេច អាសវៈទាំងឡាយឯណា ដែលប្រកបដោយទុក្ខ ក្តៅក្រហាយ រមែងកើតឡើង ព្រោះវចីកម្មជាបច្ច័យ អាសវៈ ដែលប្រកបដោយទុក្ខ ក្ដៅក្រហាយទាំងនោះ រមែងមិនមានដល់បុគ្គល ដែលវៀរចាកវចីកម្ម យ៉ាងនេះឡើយ បុគ្គលនោះ មិនធ្វើនូវកម្មថ្មីផង នូវកម្មចាស់ផង លុះពាល់ត្រូវ (នូវកម្ម) ហើយ រមែងធ្វើឲ្យអស់ទៅ ដោយបដិបទា ដែលបុគ្គលគប្បីឃើញច្បាស់ ដោយខ្លួនឯង ជាបដិបទាគ្មានជរា ឲ្យផលមិនរង់ចាំកាល គួរហៅឲ្យអ្នកផងចូលមកមើលបាន គួរបង្អោនទុកក្នុងខ្លួន ដែលអ្នកបា្រជ្ញទាំងឡាយ គប្បីដឹងច្បាស់ចំពោះខ្លួន។ អាសវៈទាំងឡាយ ជាបច្ច័យនៃទុក្ខវេទនា គប្បីគ្របសង្កត់ នូវបុរស ក្នុងលោកខាងមុខបាន ព្រោះហេតុឯណា ម្នាលវប្បៈ ចុះអ្នកឃើញនូវហេតុនោះ ដែរឬទេ។ បពិត្រព្រះអង្គដ៏ចំរើន មិនមែនដូច្នោះទេ។ ម្នាលវប្បៈ អ្នកសំគាល់សេចក្ដីនោះ ដូចម្ដេច អាសវៈទាំងឡាយឯណា ដែលប្រកបដោយទុក្ខ ក្ដៅក្រហាយ រមែងកើតឡើង ព្រោះមនោកម្មជាបច្ច័យ អាសវៈទាំងឡាយ ប្រកបដោយទុក្ខ ក្ដៅក្រហាយទាំងនោះ តែងមិនមានដល់បុគ្គល ដែលវៀរចាកមនោកម្ម យ៉ាងនេះឡើយ បុគ្គលនោះ ក៏មិនធ្វើកម្ម ថ្មីផង កម្មចាស់ផង លុះពាល់ត្រូវ (នូវកម្ម) ហើយ រមែងធ្វើឲ្យអស់ទៅ ដោយបដិបទា ដែលបុគ្គលគប្បីឃើញច្បាស់ ដោយខ្លួនឯង ជាបដិបទាគ្មានជរា ឲ្យផលមិនរង់ចាំកាល គួរហៅអ្នកផង ឲ្យចូលមកមើលបាន គួរបង្អោនមកទុកក្នុងខ្លួន ដែលអ្នកប្រាជ្ញាទាំងឡាយ គប្បីដឹងច្បាស់ចំពោះខ្លួន។ អាសវៈទាំងឡាយ ជាបច្ច័យនៃទុក្ខវេទនា គប្បីគ្របសង្កត់នូវបុរស ក្នុងលោកខាងមុខបាន ព្រោះហេតុឯណា ម្នាលវប្បៈ ចុះអ្នកឃើញ នូវហេតុនោះដែរឬទេ។ បពិត្រព្រះអង្គដ៏ចំរើន មិនមែនដូច្នោះទេ។ ម្នាលវប្បៈ អ្នកសំគាល់សេចក្តីនោះ ដូចម្តេច អាសវៈទាំងឡាយ ដែលប្រកបដោយទុក្ខ ក្តៅក្រហាយ រមែងកើតឡើង ព្រោះអវិជ្ជាជាបច្ច័យ អាសវៈទាំងឡាយ ប្រកបដោយទុក្ខ ក្តៅក្រហាយ ទាំងនោះ រមែងមិនមាន ព្រោះប្រាសចាកអវិជ្ជា ព្រោះកើតឡើង នៃវិជ្ជាយ៉ាងនេះ បុរស នោះ ក៏មិនធ្វើកម្មថ្មីផង កម្មចាស់ផង លុះពាល់ត្រូវ (នូវកម្ម) ហើយ រមែងធ្វើឲ្យអស់ទៅ ដោយបដិបទា ដែលបុគ្គលគប្បីឃើញច្បាស់ ដោយខ្លួនឯង ជាបដិបទាគ្មានជរា ឲ្យផលមិនរង់ចាំកាល គួរហៅអ្នកផង ឲ្យចូលមកមើលបាន គួរបង្អោនមកទុកក្នុងខ្លួន ដែលអ្នកប្រាជ្ញទាំងឡាយ គប្បីដឹងច្បាស់ចំពោះខ្លួន។ អាសវៈទាំងឡាយ ជាបច្ច័យនៃទុក្ខវេទនា គប្បីគ្របសង្កត់នូវបុរស ក្នុងលោកខាងមុខបាន ព្រោះហេតុឯណា ម្នាលវប្បៈ ចុះអ្នក ឃើញនូវហេតុនោះដែរឬទេ។ បពិត្រព្រះអង្គដ៏ចំរើន មិនមែនដូច្នោះទេ។ ម្នាលវប្បៈ ភិក្ខុដែលមានចិត្តផុតស្រឡះហើយ ដោយប្រពៃយ៉ាងនេះ តែងបានសម្រេចនូវធម៌ ៦ ប្រការ ជាគ្រឿងនៅរឿយ ៗ ភិក្ខុនោះ បានឃើញរូបដោយចក្ខុ ក៏មិនជាសោមនស្ស មិនជាទោមនស្សឡើយ តែងព្រងើយកន្តើយ ជាអ្នកមានស្មារតីដឹងខ្លួន ឮសំឡេងដោយ ត្រចៀកហើយ… ធុំក្លិនដោយច្រមុះហើយ… ជញ្ជាបរសដោយអណ្តាតហើយ… ពាល់ត្រូវផោដ្ឋព្វៈ ដោយកាយហើយ… ដឹងធម្មារម្មណ៍ដោយចិត្តហើយ ក៏ជាអ្នកមិនសោមនស្ស មិនទោមនស្សឡើយ តែងនៅព្រងើយកន្តើយ មានស្មារតីដឹងខ្លួន។ ភិក្ខុនោះ កាលទទួលវេទនា កំណត់ដោយកាយ តែងដឹងច្បាស់ថា អាត្មាអញ ទទួលវេទនា កំណត់ ដោយកាយ កាលទទួលវេទនា កំណត់ដោយជីវិត តែងដឹងច្បាស់ថា អាត្មាអញទទួល វេទនា កំណត់ដោយជីវិត លុះបែកធ្លាយរាងកាយ បន្ទាប់អំពីការអស់ជីវិតទៅ ក៏ដឹង ច្បាស់ថា ការទទួលអារម្មណ៍ទាំងអស់ ដែលអាត្មាអញមិនបានត្រេកអរ ក្នុងលោកនេះ នឹងមានសេចក្តីត្រជាក់ទៅខាងមុខ។ ម្នាលវប្បៈ ប្រៀបដូចស្រមោលមានប្រាកដ ព្រោះ អាស្រ័យដើមឈើ កាលនោះ មានបុរសកាន់ចប និងកញ្ជើដើរមក បុរសនោះ ក៏កាប់ ដើមឈើនោះ ត្រង់គល់ លុះកាប់គល់ហើយ ក៏ជីកគាស់ លុះជីកគាស់ហើយ ក៏រំលើង ឫសគល់ ដោយហោចទៅ សូម្បីប៉ុនចម្រៀកស្បូវភ្លាំង (ក៏មិនឲ្យសល់) បុរសនោះ ក៏កាប់ដើមឈើនោះ ឲ្យជាកំណាត់តូចធំ លុះកាត់ឲ្យជាកំណាត់តូចធំបានហើយ ក៏ពុះ លុះពុះហើយ ក៏ធ្វើឲ្យជាចម្រៀកៗ លុះធ្វើឲ្យជាចម្រៀកៗហើយ ក៏ហាលសំដិលក្នុងទីមានខ្យល់ និងកំដៅថ្ងៃ លុះហាលសំដិលក្នុងទីមានខ្យល់ និងកំដៅថ្ងៃហើយ ក៏ដុតដោយភ្លើង លុះដុតដោយភ្លើងហើយ ក៏ធ្វើឲ្យជាធ្យូង លុះធ្វើឲ្យជាធ្យូងហើយ ក៏ជះរោយទៅលើខ្យល់ដ៏ខ្លាំង ឬបណ្តែតទៅតាមខ្សែទឹក ដែលហូរខ្លាំង ក្នុងទន្លេ ម្នាលវប្បៈ ស្រមោលឯណា ដែលអាស្រ័យនឹងដើមឈើ ស្រមោលនោះ មានឫសគល់ដាច់ហើយ ធ្វើឲ្យដូចជាត្នោតកំបុតចុង ធ្វើមិនឲ្យមានបែបភាព មានកិរិយាមិនកើតឡើង តទៅទៀត ជាធម្មតា មានឧបមាយ៉ាងណា។ ម្នាលវប្បៈ ភិក្ខុដែលមានចិត្តផុតស្រឡះហើយ ដោយប្រពៃ យ៉ាងនេះ តែងបានសម្រេចធម៌ ៦ ប្រការ ជាគ្រឿងនៅរឿយ ៗ ក៏មានឧបមេយ្យ ដូច្នោះដែរ។ ភិក្ខុនោះ បានឃើញរូបដោយចក្ខុហើយ ក៏មិនជាសោមនស្ស មិនជាទោមនស្ស រមែងនៅព្រងើយកន្តើយ ជាអ្នកមានស្មារតីដឹងខ្លួន ឮសំឡេងដោយត្រចៀកហើយ … ធុំក្លិនដោយច្រមុះហើយ … ជញ្ជាបរសដោយអណ្តាតហើយ … ពាល់ត្រូវផោដ្ឋព្វៈ ដោយកាយហើយ … ដឹងច្បាស់នូវធម្មារម្មណ៍ ដោយចិត្តហើយ មិនជាសោមនស្ស មិនទោមនស្សឡើយ តែងនៅព្រងើយកន្តើយ ជាអ្នកមានស្មារតីដឹងខ្លួន។ ភិក្ខុនោះ កាលទទួលវេទនា កំណត់ដោយកាយ ក៏ដឹងច្បាស់ថា អាត្មាអញទទួលវេទនា កំណត់ដោយកាយ កាល ទទួលវេទនា កំណត់ដោយជីវិត ក៏ដឹងច្បាស់ថា អាត្មាអញទទួលវេទនា កំណត់ដោយ ជីវិត លុះបែកធ្លាយរាងកាយ បន្ទាប់អំពីការអស់ទៅនៃជីវិត ក៏ដឹងច្បាស់ថា ការទទួល អារម្មណ៍ទាំងពួង ដែលអាត្មាអញ មិនបានត្រេកអរហើយ ក្នុងលោកនេះ នឹងមានសេចក្ដីត្រជាក់ទៅខាងមុខ។ កាលព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ វប្បសក្យៈ ជាសាវករបស់និគ្រន្ថ បានក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ប្រៀបដូចបុរសមានសេចក្ដីត្រូវការដោយសេចក្ដីចំរើន ក៏ចិញ្ចឹមកូនសេះ បុរសនោះ ក៏នៅតែមិនបានសេចក្ដីចំរើន ថែមទាំងបានតែសេចក្ដីលំបាក និងសេចក្ដី ព្រួយលើសឡើងទៅទៀតផង មានឧបមាយ៉ាងណា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ជាអ្នកត្រូវការដោយសេចក្ដីចំរើន ក៏ចូលទៅបម្រើពួកនិគ្រន្ថ ដែលជាមនុស្សល្ងង់ ខ្ញុំព្រះអង្គនោះ ក៏មិនបានទទួលសេចក្ដីចំរើន ថែមទាំងបានតែសេចក្ដីលំបាក សេចក្ដីព្រួយលើសឡើងទៅទៀត ក៏មានឧបមេយ្យដូច្នោះដែរ។ បពិត្រព្រះអង្គដ៏ចំរើន ចាប់តាំងអំពីថ្ងៃនេះ ជាដើមទៅ សេចក្ដីជ្រះថា្ល របស់ខ្ញុំព្រះអង្គឯណា ក្នុងពួកនិគ្រន្ថពាល ខ្ញុំព្រះអង្គ នឹងជះចោលសេចក្ដីជ្រះថា្លនោះ ទៅតាមខ្យល់ដ៏ខ្លាំង ឬនឹងបណ្ដែតសេចក្ដី ជ្រះថ្លានោះ ទៅតាមខ្សែទឹក ដែលហូរខ្លាំងក្នុងទន្លេ។ បពិត្រព្រះអង្គដ៏ចំរើន ភាសិតរបស់ព្រះអង្គ ភ្លឺច្បាស់ណាស់ បពិត្រព្រះអង្គដ៏ចំរើន ភាសិតរបស់ព្រះអង្គ ភ្លឺច្បាស់ណាស់ បពិត្រព្រះអង្គដ៏ចំរើន ប្រៀបដូចបុគ្គលផ្ងារ របស់ដែលផ្កាប់ ឬបើកបង្ហាញ របស់ដែលកំបាំង ឬបា្រប់ផ្លូវ ដល់អ្នកវង្វេងទិស ពុំនោះ ដូចបុគ្គលទ្រោលប្រទីប បំភ្លឺក្នុងទីងងឹត ដោយគិតថា បុរសមានភ្នែកភ្លឺ នឹងមើលឃើញនូវរូបទាំងឡាយបាន យ៉ាងណា ធម៌ដែល ព្រះដ៏មានព្រះភាគ ទ្រង់សំដែង ដោយអនេកបរិយាយ ក៏យ៉ាងនោះដែរ ខ្ញុំព្រះអង្គ សូមដល់ព្រះដ៏មានព្រះភាគផង ព្រះធម៌ផង ព្រះភិក្ខុសង្ឃផង ជាទីពឹង ទីរលឹក បពិត្រព្រះអង្គដ៏ចំរើន សូមព្រះដ៏មានព្រះភាគ ទ្រង់ចាំទុកនូវខ្ញុំព្រះអង្គថា ជាឧបាសក ដល់នូវសរណៈ ស្មើដោយជីវិត តាំងអំពីថ្ងៃនេះ ជាដើមទៅ។

(សាឡ្ហសូត្រ ទី៦)

(៦. សាឡ្ហសុត្តំ)

[៤៦] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងកូដាគារសាលា ក្នុងមហាវន ទៀបក្រុងវេសាលី។ គ្រានោះ ក្សត្រិយ៍លិច្ឆវី ព្រះនាមសាឡ្ហៈ និងក្សត្រិយ៍លិច្ឆវី ព្រះនាម អភយៈ នាំគ្នាចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយគង់ក្នុងទីសមគួរ។ លុះសាឡ្ហលិច្ឆវី គង់ក្នុងទីសមគួរហើយ ក៏បានក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន មានសមណព្រាហ្មណ៍ពួក ១ បញ្ញត្តនូវការរលាស់ខ្លួនចេញចាកឱឃៈ ដោយហេតុពីរប្រការ គឺសីលវិសុទ្ធិ ជាហេតុ ១ តបោជិគុច្ឆា (ការខ្ពើមបាប ដោយប្រព្រឹត្តតបៈ គឺធ្វើទុក្ករកិរិយា) ជាហេតុ ១។ បពិត្រព្រះអង្គដ៏ចំរើន ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូចម្ដេច ក្នុងរឿងនេះ។ ម្នាលសាឡ្ហៈ តថាគតពោលនូវសីលវិសុទ្ធិ ថាជាអង្គនៃសមណធម៌មួយ។ ម្នាលសាឡ្ហៈ ពួកសមណព្រាហ្មណ៍ណា ជាអ្នកពោលនូវតបោជិគុច្ឆា មានតបោជិគុច្ឆាជាខ្លឹមសារ ជាប់ជំពាក់ ក្នុងតបោជិគុច្ឆា ពួកសមណព្រាហ្មណ៍ទាំងនោះ មិនគួរដើម្បីរលាស់ខ្លួនចេញ ចាកឱឃៈបានទេ។ ម្នាលសាឡ្ហៈ មួយទៀត ពួកសមណព្រាហ្មណ៍ណា ដែលមាន កាយសមាចារមិនបរិសុទ្ធ មានវចីសមាចារមិនបរិសុទ្ធ មានមនោសមាចារមិនបរិសុទ្ធ មានអាជីវៈមិនបរិសុទ្ធ សមណព្រាហ្មណ៍ទាំងនោះ ក៏មិនគួរដើម្បីញាណទស្សនៈ ដើម្បី ត្រាស់ដឹង (នូវអរហត្ត) ដ៏ប្រសើរបានឡើយ។ ម្នាលសាឡ្ហៈ ប្រៀបដូចបុរសបា្រថ្នានឹងឆ្លងនូវទន្លេ ក៏កាន់ដឹងដ៏មុត ដើរចូលទៅកាន់ព្រៃ បុរសនោះ បានឃើញដើមសាលព្រឹក្ស មួយដើមដ៏ធំ មានដើមត្រង់សាវ មិនមានសេចក្ដីរង្កៀស (មិនវៀចក្ងិកក្ងក់) ក្នុងព្រៃនោះ ហើយ ក៏កាត់នូវដើមសាលព្រឹក្សនោះ ត្រង់គល់ លុះកាត់គល់ហើយ ក៏កាត់ចុង លុះកាត់ចុងហើយ ក៏លួសមែក និងស្លឹកឲ្យស្អាតល្អ លុះលួសមែក និងស្លឹកឲ្យស្អាតល្អហើយ ក៏ចាំងដោយដឹងទាំងឡាយ លុះចាំងដោយដឹងរួចហើយ ក៏ច្រាស់ដោយកាំបិត លុះច្រាស់ដោយកាំបិតរួចហើយ ក៏លាក់ដោយគ្រឿងលាក់ លុះលាក់ដោយគ្រឿងលាក់រួចហើយ ក៏ដុសដោយដុំថ្ម លុះដុសដោយដុំថ្មហើយ ក៏បណ្ដែតទៅក្នុងទន្លេ។ ម្នាលសាឡ្ហៈ អ្នកសំគាល់សេចក្ដីនោះ ដូចម្ដេច បុរសនោះ អាចឆ្លងទន្លេរួចឬទេ។ បពិត្រព្រះអង្គដ៏ចំរើន មិនអាចឆ្លងបានទេ។ ដំណើរនោះ ព្រោះហេតុអ្វី។ បពិត្រព្រះអង្គដ៏ចំរើន ព្រោះថា ដើមសាលព្រឹក្សឯណោះ គេធ្វើបរិកម្មល្អ តែខាងក្រៅ ខាងក្នុងមិនស្អាតទេ។ ហេតុនុ៎ះ នឹងមានប្រាកដ ដល់បុរសនោះ គឺថា ដើមសាលព្រឹក្សនឹងលិចចុះ ឯបុរស ក៏នឹងដល់នូវសេចក្ដីមិនចំរើន នឹងវិនាសទៅមិនខាន មានឧបមាយ៉ាងណា។ ម្នាលសាឡ្ហៈ ពួកសមណព្រាហ្មណ៍ណា ជាអ្នកពោលនូវតបោជិគុច្ឆា មានតបោជិគុច្ឆា ជាខ្លឹមសារ ជាប់ជំពាក់ក្នុងតបោជិគុច្ឆា សមណព្រាហ្មណ៍ទាំងនោះ ក៏មិនគួរដើម្បីរលាស់ខ្លួនចេញចាកឱឃៈបានឡើយ។ ម្នាលសាឡុ្ហៈ មួយទៀត ពួកសមណព្រាហ្មណ៍ណា ដែលមានកាយសមាចារមិនបរិសុទ្ធ មានវចីសមាចារមិនបរិសុទ្ធ មានមនោសមាចារមិនបរិសុទ្ធ មានអាជីវៈមិនបរិសុទ្ធ សមណព្រាហ្មណ៍ទាំងនោះ ក៏មិនគួរដើម្បីញាណទស្សនៈ ដើម្បីត្រាស់ដឹង (នូវអរហត្ត) ដ៏ប្រសើរបាន មានឧបមេយ្យ ដូច្នោះដែរ។ ម្នាលសាឡ្ហៈ ចំណែកពួកសមណព្រាហ្មណ៍ណា ជាអ្នកមិនពោលនូវតបោជិគុច្ឆា មិនមានតបោជិគុច្ឆា ជាខ្លឹមសារ មិនជាប់ជំពាក់ ក្នុងតបោជិគុច្ឆា សមណព្រាហ្មណ៍ទាំងនោះ ទើបគួរដើម្បីរលាស់ខ្លួន ចេញចាកឱឃៈបាន។ ម្នាលសាឡ្ហៈ មួយទៀត ពួកសមណព្រាហ្មណ៍ណា មានកាយសមាចារបរិសុទ្ធ មានវចីសមាចារបរិសុទ្ធ មានមនោសមាចារបរិសុទ្ធ មានអាជីវៈបរិសុទ្ធ សមណព្រាហ្មណ៍ទាំងនោះ ទើបគួរដើម្បីញាណទស្សនៈ ដើម្បីត្រាស់ដឹង (នូវអរហត្ត) ដ៏ប្រសើរបាន។ ម្នាលសាឡ្ហៈ ប្រៀបដូច បុរសបា្រថ្នានឹងឆ្លងទន្លេ ក៏កាន់ដឹងដ៏មុត ដើរចូលទៅកាន់ព្រៃ បុរសនោះ ក៏ឃើញដើមសាលព្រឹក្ស ដ៏ធំត្រង់សាវ មិនមានសេចក្ដីរង្កៀស ក្នុងព្រៃនោះហើយ ក៏កាត់ដើមសាលព្រឹក្សនោះ ត្រង់គល់ លុះកាត់គល់ហើយ ក៏កាត់ចុង លុះកាត់ចុងហើយ ក៏លួសមែក និងស្លឹកឲ្យស្អាតល្អ លុះលួសមែក និងស្លឹកឲ្យស្អាតល្អហើយ ទើបចាំងដោយដឹងទាំងឡាយ លុះចាំងដោយដឹងរួចហើយ ក៏ច្រាស់ដោយកាំបិត លុះច្រាស់ដោយកាំបិតរួចហើយ ក៏យកពន្លាកដាប់ខាងក្នុង ឲ្យស្អាតល្អ លុះដាប់ខាងក្នុង ឲ្យស្អាតល្អហើយ ក៏លាក់ដោយគ្រឿងលាក់ លុះលាក់ដោយគ្រឿងលាក់រួចហើយ ក៏ដុសដោយដុំថ្ម លុះដុសដោយដុំថ្មរូចហើយ ក៏ធ្វើឲ្យបានជាទូក លុះធ្វើបានជាទូករួចហើយ ក៏ចងច្រវាចែវ លុះចងច្រវាចែវរួចហើយ ក៏បណ្ដែតទៅក្នុងទន្លេ។ ម្នាលសាឡ្ហៈ អ្នកសំគាល់សេចក្ដីនោះ ដូចម្ដេច បុរសនោះ អាចឆ្លងទន្លេរួចបានឬទេ។ បពិត្រព្រះអង្គដ៏ចំរើន អាចឆ្លងបាន។ ដំណើរនោះ ព្រោះហេតុអ្វី។ បពិត្រព្រះអង្គដ៏ចំរើន ព្រោះថា ដើមសាលព្រឹក្សឯណោះ គេធ្វើបរិកម្មល្អ ទាំងខាងក្រៅ ទាំងខាងក្នុងស្អាតល្អ ទាំងទូក គេក៏បានចងច្រវាចែវរួចហើយ។ ហេតុនុ៎ះ នឹងមានប្រាកដ ដល់បុរសនោះ គឺទូកក៏មិនលិច បុរសក៏នឹងឆ្លង ដល់ត្រើយនាយ ដោយសួស្ដីបាន មានឧបមាយ៉ាងណា។ ម្នាលសាឡ្ហៈ ពួកសមណព្រាហ្មណ៍ណា មិនមែនជាអ្នកពោលនូវតបោជិគុច្ឆា មិនមានតបោជិគុច្ឆា ជាខ្លឹមសារ មិនជាប់ជំពាក់ ក្នុងតបោជិគុច្ឆា សមណព្រាហ្មណ៍ទាំងនោះ ទើបគួរដើម្បីរលាស់ខ្លួន ចេញចាកឱឃៈបាន។ ម្នាលសាឡ្ហៈ មួយទៀត ពួកសមណព្រាហ្មណ៍ណា មានកាយសមាចារបរិសុទ្ធ មានវចីសមាចារបរិសុទ្ធ មានមនោសមាចារបរិសុទ្ធ មានអាជីវៈបរិសុទ្ធ សមណព្រាហ្មណ៍ទាំងនោះ ទើបគួរដើម្បីញាណទស្សនៈ ដើម្បីត្រាស់ដឹង (នូវអរហត្ត) ដ៏ប្រសើរបាន មានឧបមេយ្យ ដូច្នោះដែរ។ ម្នាលសាឡ្ហៈ ប្រៀបដូចទាហាន តែងស្គាល់នូវសរ ដ៏វិចិត្រទាំងឡាយដ៏ច្រើន ទាហាននោះ ជាអ្នកគួរដល់ព្រះរាជា ជារាជ បម្រើ ដល់នូវការរាប់ថា ជាអង្គរបស់ស្ដេច ដោយហេតុ ៣ យ៉ាងដោយពិត។ ហេតុ ៣ យ៉ាង តើដូចម្ដេចខ្លះ។ គឺឲ្យធ្លាក់ចុះ ក្នុងទីឆ្ងាយបាន ១ បាញ់ត្រង់ គ្មានខណៈ ១ បាញ់ ទម្លុះទម្លាយពួកធំៗបាន ១។ ម្នាលសាឡ្ហៈ ប្រៀបដូចទាហាន បាញ់សរឲ្យធ្លាក់ចុះ ក្នុងទីឆ្ងាយបាន យ៉ាងណា ម្នាលសាឡ្ហៈ អរិយសាវក មានចិត្តតម្កល់ខ្ជាប់ ដោយប្រពៃ ក៏យ៉ាងនោះដែរ ម្នាលសាឡ្ហៈ អរិយសាវក មានចិត្តតម្កល់ខ្ជាប់ ដោយប្រពៃ តែងពិចារណាឃើញ នូវរូបនុ៎ះ ដោយបា្រជ្ញាដ៏ប្រពៃ តាមសេចក្ដីពិត យ៉ាងនេះថា រូបឯណានីមួយ ជាអតីត អនាគត និងបច្ចុប្បន្ន ទោះខាងក្នុងក្ដី ខាងក្រៅក្ដី គ្រោតគ្រាតក្ដី ល្អិតក្ដី ថោកទាបក្ដី ឧត្តមក្ដី ឬរូបឯណា ដែលមានក្នុងទីឆ្ងាយក្ដី ក្នុងទីជិតក្ដី ក៏ពិចារណាឃើញ នូវរូបទាំងអស់នោះថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញឡើយ។ វេទនាឯណានីមួយ … សញ្ញាឯណានីមួយ … សង្ខារទាំងឡាយឯណានីមួយ … វិញ្ញាណឯណានីមួយ ដែលជាអតីត អនាគត និងបច្ចុប្បន្ន ទោះនៅខាងក្នុងក្ដី ខាងក្រៅក្ដី គ្រោតគ្រាតក្ដី ល្អិតក្ដី ថោកទាបក្ដី ឧត្តមក្ដី វិញ្ញាណឯណា ដែលមានក្នុងទីឆ្ងាយក្ដី ក្នុងទីជិតក្ដី ក៏ពិចារណាឃើញ នូវវិញ្ញាណទាំងអស់នោះ ដោយបា្រជ្ញាដ៏ប្រពៃ តាមពិតយ៉ាងនេះថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញឡើយ។ ម្នាលសាឡ្ហៈ ប្រៀបដូចទាហាន អ្នកបាញ់ត្រង់ គ្មានខណៈយ៉ាងណា ម្នាលសាឡ្ហៈ អរិយសាវក អ្នកឃើញត្រូវ ក៏យ៉ាងនោះដែរ ម្នាលសាឡ្ហៈ អរិយសាវក អ្នកឃើញត្រូវ តែងដឹងច្បាស់ តាមសេចក្ដីពិតថា នេះជាទុក្ខ។បេ។ តែងដឹងច្បាស់ តាមសេចក្ដីពិតថា នេះជាទុក្ខនិរោធគាមិនីបដិបទា។ ម្នាលសាឡ្ហៈ ប្រៀបដូចទាហាន បាញ់ទំលាយកងទ័ពធំៗបានយ៉ាងណា ម្នាលសាឡ្ហៈ អរិយសាវក អ្នកមានចិត្តផុតស្រឡះ ដោយប្រពៃ ក៏យ៉ាងនោះដែរ ម្នាលសាឡ្ហៈ អរិយសាវក ដែលមានចិត្តផុតស្រឡះ ដោយប្រពៃហើយ តែងទំលាយនូវគំនរនៃអវិជ្ជាដ៏ធំបាន។

(មល្លិកាទេវីសូត្រ ទី៧)

(៧. មល្លិកាទេវីសុត្តំ)

[៤៧] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់ អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះ នាងមល្លិកាទេវី ក៏ចូលទៅគាល់ ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះនាងមល្លិកាទេវី អង្គុយក្នុងទីសមគួរហើយ បានក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន អ្វីជាហេតុ អ្វីជាបច្ច័យ ដែលនាំឲ្យមាតុគ្រាមពួកខ្លះ ក្នុងលោកនេះ ជាអ្នកមានព៌ណសម្បុរអាក្រក់ផង មានរូបអាក្រក់ផង អាក្រក់មើលណាស់ផង ជាមនុស្សកំសត់ផង មានទ្រព្យតិចផង មានភោគៈតិចផង មានស័ក្តិតូចផង បពិត្រព្រះអង្គដ៏ចំរើន អ្វីជាហេតុ អ្វីជាបច្ច័យ ដែលនាំឲ្យមាតុគ្រាមពួកខ្លះ ក្នុងលោកនេះ ជាអ្នកមានព៌ណសម្បុរអាក្រក់ផង មានរូបអាក្រក់ផង អាក្រក់មើលណាស់ផង តែជាអ្នកស្តុកស្ដម្ភ មានទ្រព្យច្រើន មានភោគៈច្រើន មានស័ក្ដិធំ។ បពិត្រព្រះអង្គដ៏ចំរើន អ្វីជាហេតុ អ្វីជាបច្ច័យ ដែលនាំឲ្យមាតុគ្រាមពួកខ្លះ ក្នុងលោកនេះ មានរូបល្អផង គួរជាទីពិតពិលរមិលមើលផង គួរជាទីជ្រះថា្លផង ជាអ្នកប្រកបដោយព៌ណសម្បុរ និងទ្រង់ទ្រាយដ៏ឧត្តមផង តែជាអ្នកកំសត់ មានទ្រព្យតិច មានភោគៈតិច មានស័ក្ដិតូច។ បពិត្រព្រះអង្គដ៏ចំរើន អ្វីជាហេតុ អ្វីជាបច្ច័យ ដែលនាំឲ្យមាតុគ្រាមពួកខ្លះ ក្នុងលោកនេះ ជាអ្នកមានរូបល្អផង គួរជាទីពិតពិលរមិលមើលផង គួរជាទីជ្រះថា្លផង ប្រកបដោយព៌ណសម្បុរ និងទ្រង់ទ្រាយដ៏ឧត្តមផង ជាអ្នកស្ដុកស្ដម្ភផង មានទ្រព្យច្រើនផង មានភោគៈច្រើនផង មានស័ក្ដិធំផង។ ម្នាលនាងមល្លិកា មាតុគ្រាមពួកខ្លះ ក្នុងលោកនេះ ជាអ្នកច្រើនក្រោធ មានសេចក្ដីចង្អៀតចង្អល់ច្រើន ទុកជាគេនិយាយបន្ដិចបន្ដួច ក៏ចងចិត្ត ខឹងព្យាបាទ រឹងត្អឹង ធ្វើសេចក្ដីក្រោធ ទោសៈ និងសេចក្ដីមិនត្រេកអរឲ្យបា្រកដឡើង។ មាតុគ្រាមនោះ មិនដែលឲ្យបាយ ទឹក សំពត់ យាន កម្រងផ្កា គ្រឿងក្រអូប គ្រឿងលាប ទីដេក ផ្ទះសំណាក់ គ្រឿងប្រទីប ដល់សមណៈ ឬព្រាហ្មណ៍ឡើយ ជាអ្នកមានចិត្តឫស្យា តែងឫស្យា ប្រទុស្ដ ចងសេចក្ដីឫស្យា ក្នុងលាភសក្ការៈ សេចក្ដីគោរព រាប់អាន សំពះ និងការបូជា របស់ជនទាំងឡាយដទៃ។ ប្រសិនបើ មាតុគ្រាមនោះ ច្យុតអំពីអត្តភាពនោះទៅហើយ មកកាន់អត្តភាពនេះវិញ មាតុគ្រាមនោះ កើតក្នុងត្រកូលឯណានីមួយ ជាអ្នកមានសម្បុរអាក្រក់ផង មានរូបអាក្រក់ផង អាក្រក់ មើលណាស់ផង ជាអ្នកកំសត់ផង មានទ្រព្យតិចផង មានភោគៈតិចផង មានស័ក្ដិតូចផង។ ម្នាលនាងមល្លិកា មួយទៀត មាតុគ្រាមពួកខ្លះ ក្នុងលោកនេះ ជាអ្នកច្រើនក្រោធ មានសេចក្ដីចង្អៀតចង្អល់ច្រើន ទុកជាគេនិយាយបន្ដិចបន្ដួច ក៏ចងចិត្តខឹង ព្យាបាទ រឹងត្អឹង ធ្វើនូវសេចក្ដីក្រោធ ទោសៈ និងសេចក្ដីមិនត្រេកអរ ឲ្យកើតបា្រកដឡើង។ តែមាតុគ្រាមនោះ ធ្លាប់ឲ្យបាយ ទឹក សំពត់ យាន កម្រងផ្កា គ្រឿងក្រអូប គ្រឿងលាប ទីដេក ផ្ទះសំណាក់ និងគ្រឿងប្រទីប ដល់សមណៈ ឬព្រាហ្មណ៍ ទាំងមិនមានចិត្តប្រកបដោយឫស្យា រមែងមិនមានឫស្យា មិនប្រទុស្ដ មិនចងសេចក្ដីឫស្យា ក្នុងលាភសក្ការៈ សេចក្ដីគោរពរាប់អាន សំពះ និងការបូជា របស់បុគ្គលទាំងឡាយដទៃ។ ប្រសិនបើ មាតុគ្រាមនោះ ច្យុតអំពីអត្តភាពនោះទៅហើយ មកកាន់អត្តភាពនេះវិញ មាតុគ្រាមនោះ កើតក្នុងត្រកូលឯណានីមួយ តែងជាអ្នកមានព៌ណសម្បុរអាក្រក់ផង មានរូបអាក្រក់ផង អាក្រក់មើលណាស់ផង ប៉ុន្ដែជាអ្នកស្ដុកស្ដម្ភ មានទ្រព្យច្រើន មានភោគៈច្រើន មានស័ក្ដិធំ។ ម្នាលនាងមល្លិកា មួយទៀត មាតុគ្រាមពួកខ្លះ ក្នុងលោកនេះ ជាអ្នកមិនក្រោធ មិនច្រើនដោយសេចក្ដីចង្អៀតចង្អល់ចិត្ត ទុកជាគេនិយាយច្រើន ក៏មិនចងចិត្ត មិនខឹង មិនព្យាបាទ មិនរឹងត្អឹង មិនធ្វើនូវសេចក្ដីក្រោធ ទោសៈ និងសេចក្ដីមិនត្រេកអរ ឲ្យកើតបា្រកដឡើង។ តែមាតុគ្រាមនោះ មិនដែលឲ្យបាយ ទឹក សំពត់ យាន កម្រងផ្កា គ្រឿងក្រអូប គ្រឿងលាប ទីដេក ផ្ទះសំណាក់ និងគ្រឿងប្រទីប ដល់សមណៈ ឬព្រាហ្មណ៍ឡើយ ទាំងជាអ្នកមានចិត្តប្រកបដោយឫស្យា តែងឫស្យា ប្រទុស្ដ ចងសេចក្ដីឫស្យា ក្នុងលាភសក្ការៈ សេចក្ដីគោរព រាប់អាន សំពះ និងការបូជា របស់បុគ្គលទាំងឡាយដទៃ។ ប្រសិនបើ មាតុគា្រមនោះ ច្យុតអំពីអត្តភាពនោះទៅហើយ មកកាន់អត្តភាពនេះវិញ មាតុគ្រាមនោះ កើតក្នុងត្រកូលឯណានីមួយ តែងជាអ្នកមានរូបល្អផង គួរជាទីពិតពិលរមិលមើលផង គួរជាទីជ្រះថា្លផង ប្រកបដោយព៌ណសម្បុរ និងទ្រង់ទ្រាយ ដ៏ឧត្តមផង ប៉ុន្ដែជាអ្នកខ្សត់ មានទ្រព្យតិច មានភោគៈតិច មានស័ក្ដិតូច។ ម្នាលនាងមល្លិកា មួយទៀត មាតុគ្រាមពួកខ្លះ ក្នុងលោកនេះ ជាអ្នកមិនក្រោធ មិនច្រើនដោយសេចក្ដីចង្អៀតចង្អល់ចិត្ត ទុកជាគេនិយាយច្រើន ក៏មិនចងចិត្ត មិនខឹង មិនព្យាបាទ មិនរឹងត្អឹង មិនធ្វើនូវសេចក្ដីក្រោធ ទោសៈ និងសេចក្ដីមិនត្រេកអរ ឲ្យកើតបា្រកដឡើង។ មាតុគ្រាមនោះ ធ្លាប់ឲ្យបាយ ទឹក សំពត់ យាន កម្រងផ្កា គ្រឿងក្រអូប គ្រឿងលាប ទីដេក ផ្ទះសំណាក់ និងគ្រឿងប្រទីប ដល់សមណៈ ឬព្រាហ្មណ៍ ទាំងជាអ្នកមានចិត្តមិនប្រកបដោយឫស្យា តែងមិនឫស្យា មិនប្រទុស្ដ មិនចងសេចក្ដីឫស្យា ក្នុងលាភសក្ការៈ សេចក្ដីគោរពរាប់អាន សំពះ និងការបូជា របស់បុគ្គលទាំងឡាយដទៃ។ ប្រសិនបើ មាតុគ្រាមនោះ ច្យុតអំពីអត្តភាពនោះទៅហើយ មកកាន់អត្តភាពនេះវិញ មាតុគ្រាមនោះ កើតក្នុងត្រកូលឯណានីមួយ តែងជាអ្នកមានរូបល្អផង គួរជាទីពិតពិល រមិលមើលផង គួរជាទីជ្រះថា្លផង ប្រកបដោយព៌ណសម្បុរ និងទ្រង់ទ្រាយដ៏ឧត្តមផង ទាំងជាអ្នកស្ដុកស្ដម្ភផង មានទ្រព្យច្រើនផង មានភោគៈច្រើនផង មានស័ក្ដិធំផង។ ម្នាលនាងមល្លិកា នេះជាហេតុ នេះជាបច្ច័យ ដែលនាំឲ្យមាតុគ្រាមពួកខ្លះ ក្នុងលោកនេះ មានសម្បុរអាក្រក់ផង អាក្រក់មើលណាស់ផង ជាអ្នកខ្សត់ផង មានទ្រព្យតិចផង មានភោគៈតិចផង មានស័ក្ដិតូចផង។ ម្នាលនាងមល្លិកា នេះជាហេតុ នេះជាបច្ច័យ ដែលនាំឲ្យមាតុគ្រាមពួកខ្លះ ក្នុងលោកនេះ មានព៌ណសម្បុរអាក្រក់ផង មានរូបអាក្រក់ផង អាក្រក់មើលណាស់ផង ប៉ុន្ដែជាអ្នកស្ដុកស្ដម្ភ មានទ្រព្យច្រើន មានភោគៈច្រើន មាន ស័ក្ដិធំផង។ ម្នាលនាងមល្លិកា នេះជាហេតុ នេះជាបច្ច័យ ដែលនាំឲ្យមាតុគ្រាមពួកខ្លះ ក្នុងលោកនេះ ជាអ្នកមានរូបល្អផង គួរជាទីពិតពិលរមិលមើលផង គួរជាទីជ្រះថា្លផង ប្រកបដោយព៌ណសម្បុរ និងទ្រង់ទ្រាយដ៏ឧត្តមផង ប៉ុន្ដែជាអ្នកខ្សត់ មានទ្រព្យតិច មាន ភោគៈតិច មានស័ក្ដិតូចផង។ ម្នាលនាងមល្លិកា នេះជាហេតុ នេះជាបច្ច័យ ដែលនាំ ឲ្យមាតុគ្រាមពួកខ្លះ ក្នុងលោកនេះ មានរូបល្អផង គួរជាទីពិតពិលរមិលមើលផង គួរជាទីជ្រះថា្លផង ប្រកបដោយពណ៌សម្បុរ និងទ្រង់ទ្រាយដ៏ឧត្តមផង ជាអ្នកស្ដុកស្ដម្ភផង មានទ្រព្យច្រើនផង មានភោគៈច្រើនផង មានស័ក្ដិធំផង។ កាលព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ មល្លិកាទេវី ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គជាអ្នកក្រោធ ច្រើនដោយសេចក្ដីចង្អៀតចង្អល់ចិត្ត ទុកជាគេនិយាយបន្ដិចបន្ដួច ក៏ចងចិត្តខឹង ព្យាបាទ រឹងត្អឹង ធ្វើសេចក្ដីក្រោធ ទោសៈ និងសេចក្ដីមិនត្រេកអរ ឲ្យកើតបា្រកដឡើង ក្នុងជាតិមុនដោយពិត បពិត្រព្រះអង្គ ដ៏ចំរើន បានជាឥឡូវនេះ ខ្ញុំព្រះអង្គមានព៌ណសម្បុរអាក្រក់ រូបអាក្រក់ អាក្រក់មើល ណាស់។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គបានឲ្យបាយ ទឹក សំពត់ យាន កម្រងផ្កា គ្រឿងក្រអូប គ្រឿងលាប ទីដេក ផ្ទះសំណាក់ និងគ្រឿងប្រទីប ដល់សមណៈ ឬ ព្រាហ្មណ៍ក្នុងជាតិមុនដោយពិត។ បពិត្រព្រះអង្គដ៏ចំរើន បានជាឥឡូវនេះ ខ្ញុំព្រះអង្គ ជាអ្នកស្ដុកស្ដម្ភ មានទ្រព្យច្រើន មានភោគៈច្រើន។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ជាអ្នកមិនមានចិត្តឫស្យា មិនច្រណែន មិនប្រទូស្ដ មិនចងសេចក្ដីច្រណែន ក្នុង លាភសក្ការៈ សេចក្ដីគោរពរាប់អាន សំពះ និងការបូជារបស់បុគ្គលទាំងឡាយដទៃ អំពីជាតិមុន បពិត្រព្រះអង្គដ៏ចំរើន បានជាឥឡូវនេះ ខ្ញុំព្រះអង្គមានស័ក្ដិធំដោយពិត។ បពិត្រព្រះអង្គដ៏ចំរើន ខត្តិយកញ្ញាខ្លះ ព្រាហ្មណកញ្ញាខ្លះ គហបតិកញ្ញាខ្លះ ដែលមាន ក្នុងរាជត្រកូលនេះ កញ្ញាទាំងនោះ ខ្ញុំព្រះអង្គតែងធ្វើជាធំ ជាអធិបតីលើកញ្ញាទាំងនោះ បពិត្រព្រះអង្គដ៏ចំរើន តាំងអំពីថ្ងៃនេះជាដើមទៅ ខ្ញុំព្រះអង្គ ជាអ្នកមិនក្រោធ មិនច្រើន ដោយសេចក្ដីចង្អៀតចង្អល់ចិត្ត ទុកជាគេនិយាយច្រើន ក៏មិនចងចិត្ត មិនខឹង មិនព្យាបាទ មិនរឹងត្អឹង មិនធ្វើនូវសេចក្ដីក្រោធ ទោសៈ និងសេចក្ដីមិនត្រេកអរ ឲ្យកើតបា្រកដឡើង ខ្ញុំព្រះអង្គនឹងឲ្យបាយ ទឹក សំពត់ យាន កម្រងផ្កា គ្រឿងក្រអូប គ្រឿងលាប ទីដេក ផ្ទះសំណាក់ និងគ្រឿប្រទីប ដល់សមណៈ ឬព្រាហណ៍ ខ្ញុំព្រះអង្គ នឹងមិនមានចិត្តឫស្យា មិនច្រណែន មិនប្រទូស្ដ មិនចងនូវសេចក្ដីច្រណែន ក្នុងលាភសក្ការៈ សេចក្ដីគោរពរាប់អាន សំពះ និងការបូជា របស់បុគ្គលទាំងឡាយដទៃ។ បពិត្រព្រះអង្គដ៏ចំរើន ភ្លឺច្បាស់ណាស់។បេ។ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះដ៏មានព្រះភាគ ទ្រង់ចាំទុកនូវខ្ញុំព្រះអង្គ ថាជាឧបាសិកា អ្នកដល់នូវសរណៈ ស្មើដោយជីវិត តាំងអំពីថ្ងៃនេះតទៅ។

(អត្តន្តបសូត្រ ទី៨)

(៨. អត្តន្តបសុត្តំ)

[៤៨] ម្នាលភិក្ខុទាំងឡាយ បុគ្គលទាំងឡាយ ៤ ពួកនេះ មានបា្រកដក្នុងលោក។ បុគ្គល ៤ ពួក តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកដុត កំដៅខ្លួន ប្រកបការព្យាយាម ជាគ្រឿងដុតកំដៅខ្លួន ១ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកដុតកំដៅបុគ្គលដទៃ ប្រកបការព្យាយាម ជាគ្រឿងដុតកំដៅ បុគ្គលដទៃ ១ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកដុតកំដៅខ្លួន ប្រកប ការព្យាយាម ជាគ្រឿងដុតកំដៅខ្លួនផង ជាអ្នកដុតកំដៅបុគ្គលដទៃ ប្រកបការព្យាយាម ជាគ្រឿងដុតកំដៅបុគ្គលដទៃផង ១ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ មិនជាអ្នកដុតកំដៅខ្លួន មិនប្រកបការព្យាយាម ជាគ្រឿងដុតកំដៅខ្លួន មិនជាអ្នកដុត កំដៅបុគ្គលដទៃ មិនប្រកបការព្យាយាម ជាគ្រឿងដុតកំដៅបុគ្គលដទៃ ១។ ឯបុគ្គល ដែលមិនជាអ្នកដុតកំដៅខ្លួន និងមិនដុតកំដៅបុគ្គលដទៃនោះឯង ជាអ្នកឥតមានតណា្ហ គ្រឿងស្រេកឃ្លាន រលត់កិលេស មានសន្ដានដ៏ត្រជាក់ ទទួលសុខជាប្រក្រតី សម្រេច សម្រាន្ដនៅ ដោយចិត្តដ៏ប្រសើរ ក្នុងកាលជាបច្ចុប្បន្ន។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គល ជាអ្នកដុតកំដៅខ្លួន ប្រកបការព្យាយាម ជាគ្រឿងដុតកំដៅខ្លួន តើដូចម្ដេច។ ម្នាលភិក្ខុ ទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកអាក្រាត លះបង់មារយាទល្អ ស៊ីលិទ្ធដៃ ឬជំរះឧច្ចារៈ ដោយម្រាមដៃ បើគេអញ្ជើញឲ្យចូលមក ក៏មិនមក គេឃាត់ថា ឈប់ ក៏មិនឈប់ មិនត្រេកអរនឹងភត្ត ដែលគេនាំមកមុន មិនត្រេកអរនឹងភត្ត ដែលគេនាំមក ចំពោះខ្លួន មិនត្រេកអរនឹងកិច្ច ដែលគេនិមន្ដ បុគ្គលនោះ មិនទទួលភត្តអំពីមាត់ឆ្នាំង មិនទទួលភត្តអំពីមាត់កញ្ជើ ឬកឡោ មិនទទួលភត្ត ដែលគេនាំមកកន្លងធរណីទ្វារ មិនទទួលភត្ត ដែលគេនាំមកកន្លងកំណាត់ឈើ មិនទទួលភត្ត ដែលគេនាំមកកន្លងអង្រែ មិនទទួលភត្តរបស់មនុស្សពីរនាក់ ដែលកំពុងបរិភោគ មិនទទួលភត្តរបស់ស្ដ្រីមានគភ៌ មិនទទួលភត្តរបស់ស្ដ្រី ដែលកំពុងបំបៅកូន មិនទទួលភត្តរបស់ស្ត្រី ដែលកំពុងនៅរួមនឹង បុរស មិនទទួលភត្ត ក្នុងទីដែលមានពួកគ្នាឯងណែនាំ មិនទទួលភត្ត ក្នុងទីដែលមានឆ្កែ នៅចាំ មិនទទួលភត្ត ក្នុងទីដែលមានរុយរោម មិនស៊ីត្រី មិនស៊ីសាច់ មិនផឹកសុរា មិនផឹកមេរ័យ មិនផឹកទឹកដែលត្រាំ បុគ្គលនោះ ទទួលភត្តចំពោះតែក្នុងផ្ទះ ១ ញុំាង អត្តភាពឲ្យប្រព្រឹត្តទៅ ដោយដុំបាយ ១ពំនូតខ្លះ ទទួលភត្ត ចំពោះតែក្នុងផ្ទះពីរ ញ៉ាំងអត្តភាពឲ្យប្រព្រឹត្តទៅ ដោយដុំបាយពីរពំនូតខ្លះ ទទួលភត្តចំពោះតែក្នុងផ្ទះ ៧ ញុំាង អត្តភាពឲ្យប្រព្រឹត្តទៅ ដោយដុំបាយ ៧ពំនូតខ្លះ ញុំាងអត្តភាពឲ្យប្រព្រឹត្តទៅ ដោយភត្ត ក្នុងភាជន៍ ១ខ្លះ ញុំាងអត្តភាព ឲ្យប្រព្រឹត្តទៅ ដោយភត្តក្នុងភាជន៍ ២ខ្លះ ញុំាងអត្តភាព ឲ្យប្រព្រឹត្តទៅ ដោយភត្តក្នុងភាជន៍ ៧ខ្លះ ស៊ីអាហាររំលង ១ថ្ងៃខ្លះ ស៊ីអាហារ រំលងពីរថ្ងៃខ្លះ ស៊ីអាហាររំលង ៧ថ្ងៃខ្លះ បុគ្គលនោះ ប្រកបដោយសេចក្ដីព្យាយាម ក្នុងការផ្លាស់ប្ដូរ នូវការបរិភោគភត្តរំលងកន្លះខែខ្លះ មានសភាពដូច្នេះឯង បុគ្គលនោះ មានបន្លែស្រស់ជាអាហារខ្លះ មានអង្ករស្រងែជាអាហារខ្លះ មានស្កួយជាអាហារខ្លះ មាន កំទេចស្បែកជាអាហារខ្លះ មានជ័រជាអាហារខ្លះ មានស្លែ ឬសារាយជាអាហារខ្លះ មាន កន្ទក់ជាអាហារខ្លះ មានបាយក្ដាំងជាអាហារខ្លះ មានម្សៅជាអាហារខ្លះ មានស្មៅជា អាហារខ្លះ មានអាចម៍គោជាអាហារខ្លះ មានមើមឈើ និងផ្លែឈើក្នុងព្រៃ ជាអាហារខ្លះ បរិភោគតែផ្លែឈើ ដែលជ្រុះស្រាប់ខ្លះ បុគ្គលនោះ ស្លៀកដណ្ដប់សំពត់សម្បកធ្មៃខ្លះ ស្លៀកដណ្ដប់សំពត់ ដែលគេត្បាញលាយគ្នាខ្លះ ស្លៀកដណ្ដប់សំពត់ ដែលគេបកចេញ អំពីសាកសពខ្លះ ស្លៀកដណ្ដប់សំពត់បង្សុកូលខ្លះ ស្លៀកដណ្ដប់សំពត់សម្បកឈើខ្លះ ស្លៀកដណ្ដប់ស្បែកខ្លាខ្លះ ស្លៀកដណ្ដប់ស្បែកខ្លាទាំងក្រចកខ្លះ ស្លៀកដណ្ដប់សំពត់ ស្បូវភ្លាំងខ្លះ ស្លៀកដណ្ដប់សំពត់ ដែលគេត្បាញដោយសម្បកក្រចៅខ្លះ ស្លៀកដណ្ដប់ សំពត់ចម្រៀកក្ដារខ្លះ ស្លៀកដណ្ដប់សំពត់កម្ពល ដែលគេត្បាញដោយសក់មនុស្សខ្លះ ស្លៀកដណ្ដប់សំពត់កម្ពល ដែលគេត្បាញដោយរោមកន្ទុយសត្វខ្លះ ស្លៀកដណ្ដប់សំពត់ ដែលគេត្បាញដោយស្លាបមៀមខ្លះ ទុកសក់ និងពុកមាត់ ប្រកបរឿយ ៗ នូវសេចក្ដី ព្យាយាម ដោយការទុកសក់ និងពុកមាត់ខ្លះ ឈរជ្រង់សម្រឹង ហាមឃាត់នូវអាសនៈខ្លះ អង្គុយច្រហោងប្រកបរឿយៗ នូវសេចក្ដីព្យាយាមអង្គុយច្រហោងខ្លះ ប្រកបដោយបង្អែក បន្លា16) សម្រេចការដេកលើបង្អែកដ៏ហើយ ដោយបន្លាខ្លះ ប្រកបរឿយ ៗ នូវសេចក្ដីព្យាយាម ដោយការចុះត្រាំទឹក ១ថ្ងៃ ៣ដង គឺព្រឹក ថ្ងៃត្រង់ ល្ងាចខ្លះ (បុគ្គលនោះ) ប្រកបរឿយៗ នូវសេចក្ដីព្យាយាមដុតកំដៅកាយ មានប្រការៈច្រើនយ៉ាង មានសភាព យ៉ាងនេះ ដោយប្រការដូច្នេះឯង។ ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលជាអ្នកដុតកំដៅខ្លួន ប្រកបការព្យាយាម ជាគ្រឿងដុតកំដៅខ្លួន យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលដុតកំដៅបុគ្គលដទៃ ប្រកបការព្យាយាម ជាគ្រឿងដុតកំដៅបុគ្គលដទៃ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកសម្លាប់ចៀម សម្លាប់ជ្រូក សម្លាប់បក្សី សម្លាប់ម្រឹគ ជាព្រាន ជាអ្នកសម្លាប់ត្រី ជាចោរ ជាអ្នកសម្លាប់ចោរ ជានាយគុក ឬពួកជនឯទៀតណាមួយ ដែលមានអំពើអាក្រក់ (បែបនេះដែរ)។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាអ្នកដុតកំដៅបុគ្គលដទៃ ប្រកបព្យាយាម ជាគ្រឿងដុតកំដៅបុគ្គលដទៃ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលជាអ្នកដុតកំដៅខ្លួន ប្រកបព្យាយាម ជាគ្រឿងដុតកំដៅខ្លួនផង ជាអ្នកដុតកំដៅបុគ្គលដទៃ ប្រកបការ ព្យាយាម ជាគ្រឿងដុតកំដៅបុគ្គលដទៃផង តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ជាព្រះរាជា ជាក្សត្រិយ៍បានមុទ្ធាភិសេកហើយក្ដី ជាព្រាហ្មណមហាសាលក្ដី បុគ្គលនោះ បានឲ្យគេសាងរោងយញ្ញថ្មី ខាងកើតនគរ រួចឲ្យគេកោរសក់ ពុកមាត់ ពុកចង្កាឲ្យ ហើយស្លៀកស្បែកខ្លាទាំងក្រចក លាបកាយដោយខ្លាញ់ថា្ល និងប្រេង ហើយយកស្នែងម្រឹគ អេះខ្នងដើរចូលទៅកាន់រោងយញ្ញ ជាមួយនឹងអគ្គ មហេសី និងព្រាហ្មណ៍បុរោហិត បុគ្គលនោះ សម្រេចការដេកលើផែនដី ប្រាសចាកកម្រាល ដែលគេលាបលនដោយព៌ណខៀវ ក្នុងរោងយញ្ញនោះ ព្រះរាជាបានញុំាង អត្តភាពឲ្យប្រព្រឹត្តទៅ ដោយទឹកដោះក្នុងដោះទីមួយ របស់មេគោមួយ ដែលមានកូន មានរូបប្រហែលនឹងមេវា អគ្គមហេសី ញុំាងអត្តភាពឲ្យប្រព្រឹត្តទៅ ដោយទឹកដោះ ក្នុងដោះទីពីរ ព្រាហ្មណ៍បុរោហិត ញុំាងអត្តភាពឲ្យប្រព្រឹត្តទៅ ដោយទឹកដោះ ក្នុងដោះទីបី បានបូជាភ្លើងដោយទឹកដោះ ក្នុងដោះទីបួន កូនគោបានញុំាងអត្តភាព ឲ្យប្រព្រឹត្តទៅ ដោយទឹកដោះដ៏សេសសល់ ព្រះរាជានោះ បានត្រាស់យ៉ាងនេះថា ពួកជនចូរសម្លាប់គោឈ្មោលប៉ុណ្ណេះ ដើម្បីប្រយោជន៍ដល់យញ្ញ ចូរសម្លាប់គោស្ទាវប៉ុណ្ណេះ ដើម្បីប្រយោជន៍ ដល់យញ្ញ ចូរសម្លាប់មេគោជំទង់ប៉ុណ្ណេះ ដើម្បីប្រយោជន៍ដល់យញ្ញ ចូរសម្លាប់ពពែ ប៉ុណ្ណេះ ដើម្បីប្រយោជន៍ដល់យញ្ញ ចូរសម្លាប់ចៀមប៉ុណ្ណេះ ដើម្បីប្រយោជន៍ដល់យញ្ញ ចូរកាប់ឈើប៉ុណ្ណេះ ដើម្បីប្រយោជន៍ជាសសរយញ្ញ ចូរដកស្មៅដំណេកទន្សាយប៉ុណ្ណេះ ដើម្បីប្រយោជន៍ដល់យញ្ញ។ ជនពួកណា ទោះបីជាខ្ញុំក្ដី ជាអ្នកបម្រើក្ដី ជាអ្នកធ្វើការងារ ក្ដី ជនពួកនោះ លុះត្រូវគេគម្រាមដោយអាជ្ញា ត្រូវភ័យគ្របសង្កត់ហើយ ក៏មានមុខជោកដោយទឹកភ្នែក ទួញយំ ធ្វើបរិកម្មផ្សេងៗ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាអ្នកដុតកំដៅខ្លួន ប្រកបព្យាយាម ជាគ្រឿងដុតកំដៅខ្លួនផង ជាអ្នកដុតកំដៅបុគ្គលដទៃ ប្រកបការព្យាយាម ជាគ្រឿងដុតកំដៅបុគ្គលដទៃផង យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមិនជាអ្នកដុតកំដៅខ្លួន មិនប្រកបការព្យាយាម ជាគ្រឿងដុតកំដៅខ្លួន មិនជាអ្នកដុតកំដៅបុគ្គលដទៃ មិនប្រកបការព្យាយាម ជាគ្រឿងដុតកំដៅបុគ្គលដទៃ តើដូចម្ដេច។ ឯបុគ្គលមិនជាអ្នកដុតកំដៅខ្លួន មិនជាអ្នកដុតកំដៅបុគ្គលដទៃនោះឯង ជាអ្នកឥតមានតណ្ហា គ្រឿងស្រេកឃ្លាន រលត់កិលេស មានសន្ដានដ៏ត្រជាក់ ទទួលសុខ ជាប្រក្រតី សម្រេចសម្រាន្ដនៅ ដោយចិត្តដ៏ប្រសើរក្នុងបច្ចុប្បន្ន។ ម្នាលភិក្ខុទាំងឡាយ លុះព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធ ព្រះអង្គបរិបូណ៌ដោយវិជ្ជា និងចរណៈ ជាព្រះសុគត ទ្រង់ជ្រាបច្បាស់នូវត្រៃលោក ព្រះអង្គប្រសើរបំផុត ជាសារថី ទូន្មាននូវបុរស ដែលគួរទូន្មាន ជាសាសា្ដនៃទេវតា និងមនុស្សទាំងឡាយ ទ្រង់បានត្រាស់ដឹង នូវចតុរារិយសច្ច លែងវិលមកកាន់ភពថ្មីទៀត កើតឡើងក្នុងលោកនេះ ព្រះអង្គបាន ធ្វើឲ្យជាក់ច្បាស់ ដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯង នូវលោកនេះ ព្រមទាំងទេវលោក មារលោក ព្រហ្មលោក នូវពពួកសត្វ ព្រមទាំងសមណៈ និងព្រាហ្មណ៍ ទាំងមនុស្សជា សម្មតិទេព និងមនុស្សដ៏ពិសេស ហើយអាចនឹងប្រកាសបាន។ ព្រះអង្គទ្រង់សំដែង ធម៌ ពីរោះបទដើម ពីរោះបទកណ្ដាល ពីរោះបទចុង ទ្រង់ប្រកាសនូវព្រហ្មចរិយធម៌ ព្រមទាំងអត្ថ និងព្យញ្ជនៈ ដ៏ពេញបរិបូណ៌ បរិសុទ្ធទាំងអស់។ គហបតីក្ដី បុត្តនៃគហបតីក្ដី ជនដែលកើតក្នុងត្រកូលណាមួយក្ដី រមែងស្ដាប់នូវធម៌នោះ លុះបានស្ដាប់ នូវធម៌នោះហើយ រមែងបាននូវសទ្ធា ក្នុងព្រះតថាគត បុគ្គលនោះ លុះប្រកបដោយ ការបាននូវសទ្ធានោះហើយ រមែងពិចារណាឃើញ ដូច្នេះថា ឃរាវាសប្រកបដោយ សេចក្ដីចង្អៀតចង្អល់ ជាផ្លូវហូរមកនៃធូលី គឺកិលេស ឯបព្វជ្ជាទើបមានឱកាស កាលបើ អាត្មាអញ នៅគ្រប់គ្រងផ្ទះ មិនងាយនឹងប្រព្រឹត្តព្រហ្មចរិយធម៌ ឲ្យពេញបរិបូណ៌ បរិសុទ្ធ ទាំងអស់ ដូចជាស័ង្ខ ដែលបុគ្គលដុសខាត់បានឡើយ បើដូច្នោះ គួរតែអាត្មាអញ កោរសក់ និងពុកមាត់ ពុកចង្កា ហើយស្លៀកដណ្ដប់សំពត់ជ្រលក់ទឹកអម្ចត់ ចេញចាកផ្ទះ បួសប្រតិបត្តិក្នុងផ្នួស ដែលគ្មានប្រយោជន៍ដោយកិច្ចការក្នុងផ្ទះ។ លុះកាលជាខាង ក្រោយមក បុគ្គលនោះ ក៏បានលះបង់គំនរទ្រព្យតិចខ្លះ លះបង់គំនរទ្រព្យច្រើនខ្លះ លះបង់វង្សញាតិច្រើនខ្លះ លះបង់វង្សញាតិតិចខ្លះ ហើយកោរសក់ និងពុកមាត់ ពុកចង្កា រួចស្លៀកដណ្ដប់សំពត់កាសាយ៍ ជ្រលក់ទឹកអម្ចត់ ចេញចាកផ្ទះ មកបួស ប្រតិបត្តិក្នុងផ្នួស ដែលគ្មានប្រយោជន៍ដោយកិច្ចការក្នុងផ្ទះ។ បុគ្គលនោះ បានបួសយ៉ាងនេះហើយ ក៏ជាអ្នកបរិបូណ៌ដោយសិក្ខា និងសាជីវៈ របស់ភិក្ខុទាំងឡាយ លះបង់បាណាតិបាត វៀរស្រឡះចាកបាណាតិបាត មានអាជ្ញាដាក់ចុះហើយ មានគ្រឿងសស្រា្ដដាក់ចុះហើយ មានសេចក្ដីខ្មាសបាប មានចិត្តអាណិតអាសូរ ជាអ្នកមានសេចក្ដីអនុគ្រោះ ដោយប្រយោជន៍ ដល់សត្វមានជីវិតទាំងពួង លះបង់អទិន្នាទាន វៀរស្រឡះចាកអទិន្នាទាន ជាអ្នកកាន់យកតែរបស់ដែលគេឲ្យ បា្រថ្នាតែរបស់ដែលគេឲ្យ ជាអ្នកមិនលួច មានខ្លួន ដ៏ស្អាត លះបង់អព្រហ្មចរិយៈ ជាអ្នកប្រព្រឹត្តនូវព្រហ្មចរិយៈ ជាអ្នកប្រព្រឹត្តឆ្ងាយ វៀរចាក មេថុនធម្ម ជារបស់អ្នកស្រុក លះបង់មុសាវាទ វៀរស្រឡះចាកមុសាវាទ ជាអ្នកពោល តែពាក្យពិត តពាក្យពិត មានវាចាខ្ជាប់ខ្ជួន គួរអ្នកផងជឿបាន មិនពោលបំភ្លាត់សត្វ លោក លះបង់បិសុណាវាចា វៀរស្រឡះចាកបិសុណាវាចា ជាអ្នកបានឮពាក្យ ក្នុង សំណាក់នៃពួកជនឯណេះហើយ មិននាំទៅប្រាប់ដល់ពួកជនឯណោះ ដើម្បីបំបែក ពួកជននេះឡើយ ឬបានឮពាក្យ ក្នុងសំណាក់នៃពួកជនឯណោះហើយ មិននាំយកមក បា្រប់ដល់ពួកជនឯណេះ ដើម្បីបំបែកពួកជនឯណោះឡើយ ជាអ្នកផ្សះផ្សា នូវពួកជន ដែលបែកគ្នាហើយ ឬបន្ថែមកម្លាំងឲ្យដល់ពួកជន ដែលព្រមព្រៀងគ្នាហើយ ជាអ្នកមានសេចក្ដីព្រមព្រៀង ជាទីត្រេកអរ ត្រេកអរក្នុងសេចក្ដីព្រមព្រៀង រីករាយក្នុងសេចក្ដីព្រមព្រៀង ជាអ្នកពោលវាចាដែលធ្វើឲ្យព្រមព្រៀងគ្នា លះបង់នូវផរុសវាចា វៀរស្រឡះចាកផរុសវាចា វាចាណា ដែលឥតទោស ជាសុខដល់ត្រចៀក គួរឲ្យអ្នកផងស្រឡាញ់ពេញហឫទ័យ ជាសំដីអ្នកក្រុង ជាទីត្រេកអរ ដល់ជនច្រើននាក់ ជាទីពេញចិត្តដល់ជនច្រើននាក់ ក៏ពោលតែវាចាបែបនោះ លះបង់នូវសម្ផប្បលាបៈ វៀរស្រឡះចាកសម្ផប្បលាបៈ ជាអ្នកពោលពាក្យក្នុងការគួរ ពោលតែពាក្យដែលពិតបា្រកដ ពោលតែពាក្យដែលជាអត្ថ ពោលតែពាក្យដែលជាធម៌ ពោលតែពាក្យដែលជាវិន័យ ពោលតែពាក្យមានឱកាសជាទីដំកល់ទុកក្នុងហឫទ័យ ប្រកបដោយគ្រឿងអាង មានគ្រឿងកំណត់ ប្រកបដោយប្រយោជន៍ តាមកាលគួរ។ បុគ្គលនោះ វៀរស្រឡះចាកកិរិយាធ្វើពីជគាម និងភូតគាមឲ្យវិនាស ជាអ្នកបរិភោគភត្តតែមួយពេល វៀរបរិភោគក្នុងរាត្រី វៀរបរិភោគក្នុងកាលខុស វៀរចាកការមើល នូវល្បែងរាំច្រៀង និងភ្លេងប្រគំ ដែលជាសត្រូវដល់កុសលធម៌ វៀរចាកការទ្រទ្រង់ការប្រដាប់ស្អិតស្អាងរាងកាយ ដោយផ្កាកម្រង និងគ្រឿងក្រអូប និងគ្រឿងលាបផ្សេងៗ វៀរចាកទីដេក ទីអង្គុយដ៏ប្រសើរ វៀរចាកការទទួលនូវមាស និងបា្រក់ វៀរចាកការទទួលនូវធញ្ញជាតិស្រស់ វៀរចាកការទទួលសាច់ឆៅ វៀរចាកការទទួលស្រី និងកុមារី វៀរចាកការទទួលខ្ញុំស្រី និងខ្ញុំប្រុស វៀរចាកការទទួលពពែ និងចៀម វៀរចាកការទទួលមាន់ និងជ្រូក វៀរចាកការទទួលដំរី គោ សេះឈ្មោល ញី វៀរចាកការទទួលស្រែ និងចម្ការ វៀរចាកការប្រកបនូវទូតកម្ម គឺការនាំសំបុត្រ ឬពាក្យបណ្តាំដល់គ្រហស្ថ និងទៅដោយគេប្រើអំពីផ្ទះមួយទៅផ្ទះមួយ វៀរចាកការទិញ និងការលក់ដូរ វៀរចាកការបញ្ឆោត ឬបន្លំដោយជញ្ជីង បញ្ឆោតដោយភាជន៍ ក្រឡៃមាស (ជាដើម) បញ្ឆោតដោយរង្វាស់រង្វាល់ វៀរចាកការប្រកបនូវអំពើវៀច បញ្ឆោតបំភាន់ បញ្ឆោតបោកប្រាស បន្លំដោយរបស់ក្លែង វៀរចាកការកាត់ (នូវអវយវៈ មានដៃជាដើម) សម្លាប់ចាប់ចង លាក់ខ្លួនពួនចាំធ្វើអំពើអាក្រក់ និងកំហែងយកទ្រព្យគេ។ បុគ្គនោះ ជាអ្នកសន្តោសដោយចីវរ ជាគ្រឿងរក្សាកាយ និងបិណ្ឌបាត ជាគ្រឿងរក្សាផ្ទៃ កាលបើចេញទៅកាន់ទីណាៗ ក៏កាន់យកតែ (បរិក្ខារ) ប៉ុណ្ណោះចេញទៅ។ ដូចជា សកុណជាតិ មានស្លាប ទោះហើរទៅកាន់ទីណា ៗ ក៏មានតែស្លាបរបស់ខ្លួន ជាភារៈ ប៉ុណ្ណោះ ហើរទៅ យ៉ាងណា ភិក្ខុជាអ្នកសន្តោសដោយចីវរ ជាគ្រឿងរក្សាកាយ និងបណ្ឌិតបាត ជាគ្រឿងរក្សាផ្ទៃ ទោះទៅកាន់ទីណា ក៏កាន់យកតែ (បរិក្ខារ) ប៉ុណ្ណោះ ហើយចេញទៅ យ៉ាងនោះដែរ។ បុគ្គលនោះ ប្រកបដោយសីលក្ខន្ធដ៏ប្រសើរនេះ ហើយទទួលចំពោះនូវសុខ មិនមានទោស ក្នុងសន្តាននៃខ្លួន។ បុគ្គលនោះ បានឃើញរូប ដោយចក្ខុហើយ តែជាអ្នកមិនកាន់យកនូវនិមិត្ត មិនកាន់យកនូវអនុព្យញ្ជនៈ អភិជ្ឈា និងទោមនស្ស ជាអកុសលធម៌ដ៏លាមក គប្បីគ្របសង្កត់នូវបុគ្គល ដែលមិនសង្រួមចក្ខុន្រ្ទិយនុ៎ះ ព្រោះហេតុមិនសង្រួមចក្ខុន្រ្ទិយណា ក៏ប្រតិបត្តិ ដើម្បីសង្រួមចក្ខុន្រ្ទិយនោះ រក្សាចក្ខុន្រ្ទិយ ដល់នូវការសង្រួមក្នុងចក្ខុន្រ្ទិយ។ បានឮសំឡេងដោយត្រចៀក… បានធុំក្លិនដោយច្រមុះ… បានទទួលរសដោយអណ្តាត… បានពាល់ត្រូវផ្សព្វដោយកាយ… បានដឹងច្បាស់ នូវធម្មារម្មណ៍ដោយចិត្តហើយ តែជាអ្នកមិនកាន់នូវនិមិត្ត មិនកាន់យកនូវអនុព្យញ្ជនៈ អភិជ្យា និងទោមនស្ស ជាអកុសលធម៌ដ៏លាមក គប្បីគ្របសង្កត់បុគ្គល ដែលមិនសង្រួមមនិន្រ្ទិយនុ៎ះ ព្រោះហេតុតែមិនសង្រួមមនិន្រ្ទិយណា ក៏ប្រតិបត្តិដើម្បី សង្រួមមនិន្រ្ទិយនោះ រក្សាមនិន្រ្ទិយ ដល់នូវការសង្រួមក្នុងមនិន្រ្ទិយ។ បុគ្គលនោះ ប្រកប ដោយការសង្រួមឥន្រ្ទិយដ៏ប្រសើរនេះ ទទួលសុខ ដែលមិនច្រឡំដោយកិលេស ជាខាង ក្នុង។ បុគ្គលនោះ ជាអ្នកធ្វើនូវការដឹងខ្លួន ក្នុងការឈានទៅមុខ និងការឈានថយក្រោយ ជាអ្នកធ្វើនូវការដឹងខ្លួន ក្នុងការមើលទៅមុខ និងមើលផ្សេងៗ ជាអ្នកធ្វើនូវការដឹងខ្លួន ក្នុងការបត់ចូល និងលាចេញ ជាអ្នកធ្វើនូវការដឹងខ្លួន ក្នុងការទ្រទ្រង់នូវសំឃាដិ បាត្រ និងចីវរ ជាអ្នកធ្វើនូវការដឹងខ្លួន ក្នុងការបរិភោគ ផឹក ទំពាស៊ី និងទទួលរស ជាអ្នកធ្វើនូវការដឹងខ្លួន ក្នុងឧច្ចារប្បស្សាវកម្ម ជាអ្នកធ្វើនូវការដឹងខ្លួន ក្នុងការដើរ ឈរ អង្គុយ លក់ ភ្ញាក់ពីដេក និយាយ នៅស្ងៀម។ បុគ្គលនោះ ប្រកបដោយសីលក្ខន្ធ ដ៏ប្រសើរនេះផង ប្រកបដោយឥន្រ្ទិយសំវរៈ ដ៏ប្រសើរនេះផង ប្រកបដោយសតិ និង សម្បជញ្ញៈ ដ៏ប្រសើរនេះផង សេពគប់នូវសេនាសនៈស្ងាត់ គឺ ព្រៃ ម្លប់ឈើ ភ្នំ ជ្រោះភ្នំ គុហាភ្មំ ព្រៃស្មសាន ដងព្រៃ ទីវាល គំនរចំបើង។ លុះបុគ្គលនោះ ត្រឡប់មកអំពី បិណ្ឌបាត ក្នុងវេលាខាងក្រោយភត្តវិញ ក៏ពត់ភ្នែន តម្រង់កាយឲ្យត្រង់ ប្រុងស្មារតី ឲ្យមានមុខឆ្ពោះ (ទៅរកកម្មដ្ឋាន)។ បុគ្គលនោះ លះបង់នូវអភិជ្ឃាក្នុងលោក មានចិត្ត ប្រាសចាកអភិជ្ឈា ជម្រះចិត្តចាកអភិជ្ឈា លះបង់នូវព្យាបាទ និងសេចក្តីប្រទុស្ត មានចិត្តមិនមានព្យាបាទ មានសេចក្តីអនុគ្រោះ ដោយប្រយោជន៍ ដល់សត្វមានជីវិតទាំងពួង ជម្រះចិត្តចាកព្យាបាទ និងសេចក្តីប្រទុស្ត លះបង់នូវថីនមិទ្ធៈ គឺសេចក្តីងងុយ ងោកងក់ មានថីនមិទ្ធៈទៅប្រាសហើយ មានសេចក្តីសំគាល់នូវពន្លឺ មានស្មារតី មានសេចក្តីដឹងខ្លួន ជម្រះចិត្តចាកថីនមិទ្ធៈ លះបង់នូវឧទ្ធច្ចកុក្កុច្ចៈ គឺសេចក្តីរាយមាយ រសាយចិត្ត មានចិត្តមិនរាយមាយ មានចិត្តស្ងប់រម្ងាប់ ក្នុងសន្តាន ជម្រះចិត្តចាកឧទ្ធច្ចកុក្កុច្ចៈ លះបង់នូវវិចិកិច្ឆា គឺសេចក្តីងឿងឆ្ងល់ មានចិត្តឆ្លងផុតចាកវិចិកិច្ឆា មិនមានសេចក្តីសង្ស័យ ក្នុងកុសលធម៌ ជម្រះចិត្តចាកវិចិកិច្ឆា។ បុគ្គលនោះ លះបង់ នូវនីវរណៈទាំង ៥ នេះ ដែលជាឧបក្កិលេសនៃចិត្ត ជាគ្រឿងធ្វើប្រាជ្ញាឲ្យថយកំឡាំង ស្ងប់ស្ងាត់ចាកកាមទាំងឡាយ។បេ។ ចូលកាន់ចតុត្ថជ្ឈាន សម្រេចសម្រាន្តនៅ ដោយឥរិយាបថទាំង ៤។ បុគ្គលនោះ កាលបើចិត្តដំកល់មាំ បរិសុទ្ធ ផូរផង់ មិនមានទីទួល គឺកិលេស មានឧបក្កិលេសទៅប្រាស មានសភាពជាចិត្តទន់ភ្លន់ គួរដល់ភាវនាកម្ម ជាចិត្តនឹងធឹង មិនដល់នូវការរំភើបទៅតាមអារម្មណ៍យ៉ាងនេះហើយ ក៏បង្អោនចិត្តឆ្ពោះទៅ ដើម្បីបុព្វេនិវាសានុស្សតិញ្ញាណ គឺប្រាជ្ញាជាគ្រឿងរលឹកតាមនូវខន្ធ ដែលសត្វធ្លាប់អាស្រ័យនៅហើយ ក្នុងកាលមុន បុគ្គលនោះ រមែងរលឹកតាម នូវបុព្វេនិវាស គឺខន្ធដែលមនុស្សសត្វធ្លាប់អាស្រ័យនៅហើយ ក្នុងភពមុន ជាច្រើនប្រការ ការរលឹកបាននោះ តើដូចម្តេច គឺរលឹកបាន ១ជាតិខ្លះ ២ជាតិខ្លះ ៣ជាតិខ្លះ ៤ជាតិខ្លះ ៥ជាតិខ្លះ ១០ជាតិខ្លះ ២០ជាតិខ្លះ ៣០ជាតិខ្លះ ៤០ជាតិខ្លះ ៥០ជាតិខ្លះ ១០០ជាតិខ្លះ ១ពាន់ជាតិខ្លះ ១សែនជាតិខ្លះ អស់សំវដ្តកប្ប គឺកប្បដែលវិនាសជាច្រើនខ្លះ អស់វិវដ្តកប្ប គឺកប្បដែលចំរើនជាច្រើនខ្លះ អស់សំវដ្តវិវដ្តកប្ប គឺកប្បវិនាស និងកប្បចំរើនជាច្រើនខ្លះថា អាត្មាអញ បានកើតក្នុងភពឯណោះ មានឈ្មោះយ៉ាងនេះ មានគោត្រយ៉ាងនេះ មានសម្បុរយ៉ាងនេះ មានអាហារយ៉ាងនេះ បានទទួលសុខ និងទុក្ខយ៉ាងនេះ មានកំណត់អាយុត្រឹមប៉ុណ្ណេះ លុះអាត្មាអញ ច្យុតចាកភពនោះហើយ ទៅកើតក្នុងភពឯណោះ ដែលអាត្មាអញ បានទៅកើតក្នុងភពនោះ មានឈ្មោះយ៉ាងនេះ មានគោត្រយ៉ាងនេះ មានសម្បុរយ៉ាងនេះ មានអាហារយ៉ាងនេះ បានទទួលសុខ និងទុក្ខយ៉ាងនេះ មានកំណត់អាយុត្រឹមប៉ុណ្ណេះ លុះអាត្មាអញ ច្យុតចាកភពនោះហើយ ទើបបានមកកើតក្នុងភពនេះ ដូច្នេះ រលឹកតាម នូវបុព្វេនិវាសជាច្រើនប្រការ ព្រមទាំងអាការ គឺសម្បុរ និងអាហារជាដើម ព្រមទាំងឧទ្ទេស គឺឈ្មោះ និងគោត្រកូល ដោយប្រការដូច្នេះឯង បុគ្គលនោះ កាលបើចិត្តដំកល់មាំ បរិសុទ្ធ ផូរផង់ មិនមានទីទួល គឺកិលេស ប្រាសចាកឧបក្កិលេស មានសភាពជាចិត្តទន់ភ្លន់ គួរដល់ភាវនាកម្ម ជាចិត្តនឹងធឹង ដល់នូវការមិនរំភើបទៅតាមអារម្មណ៍ យ៉ាងនេះហើយ ក៏បង្អោនចិត្តទៅ ដើម្បីចុតូបបាតញ្ញាណ គឺបា្រជ្ញាជាគ្រឿងដឹងនូវចុតិ និងបដិសន្ធិ នៃសត្វទាំងឡាយ បុគ្គលនោះ មានចក្ខុដូចជាទិព្វ ដ៏បរិសុទ្ធស្អាត កន្លងបង់នូវចក្ខុ ជារបស់មនុស្សធម្មតា បានឃើញនូវសត្វទាំងឡាយ ដែលច្យុត និងកើតឡើង ថោកទាប និងឧត្តម មានសម្បុរល្អ មានសម្បុរអាក្រក់ មានគតិល្អ មានគតិអាក្រក់ រមែងដឹងច្បាស់ នូវពួកសត្វ ដែលប្រព្រឹត្តទៅតាមកម្មរបស់ខ្លួនថា អើហ៎្ន សត្វពួកនេះ ប្រកបដោយកាយទុច្ចរិត ប្រកបដោយវចីទុច្ចរិត ប្រកបដោយមនោទុច្ចរិត ជាអ្នកតិះដៀល នូវព្រះអរិយៈទាំងឡាយ ជាមិច្ឆាទិដ្ឋិ កាន់យកនូវអំពើជាមិច្ឆាទិដ្ឋិ សត្វពួកនោះ លុះទំលាយរាងកាយស្លាប់ទៅ រមែងទៅកើតក្នុងតិរច្ឆាន ប្រេត អសុរកាយ នរក អើហ៎្ន ចំណែកឯពួកសត្វនេះ ប្រកបដោយកាយសុចរិត ប្រកបដោយវចីសុចរិត ប្រកបដោយមនោសុចរិត ជាអ្នកមិនតិះដៀល នូវព្រះអរិយៈទាំងឡាយ ជាសម្មាទិដ្ឋិ កាន់យកនូវអំពើជាសម្មាទិដ្ឋិ សត្វពួកនោះ លុះទំលាយរាងកាយស្លាប់ទៅ រមែងចូលទៅកាន់លោក គឺមនុស្សសុគតិ និងស្ថានសួគ៌ ដូច្នេះ មានចក្ខុដូចជាទិព្វ ដ៏បរិសុទ្ធ កន្លងបង់នូវចក្ខុជារបស់មនុស្សធម្មតា បានឃើញនូវសត្វទាំងឡាយ ដែលច្យុត ដែលកើតឡើង ជាសត្វថោកទាប និងឧត្តម មានសម្បុរល្អ មានសម្បុរអាក្រក់ មានគតិល្អ មានគតិអាក្រក់ រមែងដឹងច្បាស់ នូវពួកសត្វ ដែលប្រព្រឹត្តទៅតាមកម្មរបស់ខ្លួន ដោយប្រការដូច្នេះ បុគ្គលនោះ កាលបើចិត្តដំកល់មាំ បរិសុទ្ធ ផូរផង់ មិនមានទីទួល គឺកិលេស បា្រសចាកឧបក្កិលេស មានសភាពជាចិត្តទន់ភ្លន់ គួរដល់ភាវនាកម្ម ជាចិត្តនឹងធឹង ដល់នូវការមិនរំភើបទៅតាមអារម្មណ៍ យ៉ាងនេះហើយ ក៏បង្អោនចិត្តទៅ ដើម្បីអាសវក្ខយញ្ញាណ គឺប្រាជ្ញាដឹងនូវធម៌ ជាគ្រឿងអស់ទៅ នៃអាសវៈ បុគ្គលនោះ រមែងដឹងច្បាស់តាមពិតថា នេះជាទុក្ខ ដឹងច្បាស់តាមពិតថា នេះជាហេតុកើតឡើងនៃទុក្ខ ដឹងច្បាស់តាមពិតថា នេះជាទីរលត់ទុក្ខ ដឹងច្បាស់តាមពិតថា នេះជាបដិបទា ជាដំណើរទៅកាន់ទីរលត់ទុក្ខ ដឹងច្បាស់តាមពិតថា នេះជាអាសវៈ ដឹងច្បាស់តាមពិតថា នេះជាហេតុកើតឡើង នៃអាសវៈ ដឹងច្បាស់តាមពិតថា នេះជាទីរលត់ នៃអាសវៈ ដឹងច្បាស់តាមពិតថា នេះជាបដិបទា ជាដំណើរទៅកាន់ទីរលត់ នៃអាសវៈ។ កាលបើបុគ្គលនោះ ដឹងយ៉ាងនេះ ឃើញយ៉ាងនេះ ចិត្តក៏ផុតស្រឡះ ចាកកាមាសវៈផង ចិត្តក៏ផុតស្រឡះ ចាកភវាសវៈផង ចិត្តក៏ផុតស្រឡះ ចាកអវិជ្ជាសវៈផង កាលបើចិត្តផុតស្រឡះហើយ សេចក្ដីដឹង ក៏កើត ឡើងថា ចិត្ត (នៃអាត្មាអញ) ផុតស្រឡះហើយ ដឹងច្បាស់ថា ជាតិអស់ហើយ មគ្គព្រហ្មចរិយៈ ដែលអាត្មាអញប្រព្រឹត្ត គ្រប់គ្រាន់ហើយ សោឡសកិច្ច អាត្មាអញ ក៏បានធ្វើ ស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលមិនជាអ្នកដុតកំដៅខ្លួន ទាំងមិនប្រកបព្យាយាម ជាគ្រឿងដុតកំដៅខ្លួន មិនជាអ្នកដុតកំដៅបុគ្គលដទៃ ទាំងមិនប្រកបព្យាយាម ជាគ្រឿងដុតកំដៅបុគ្គលដទៃ យ៉ាងនេះឯង។ បុគ្គលដែលមិនដុតកំដៅខ្លួន ទាំងមិនដុតកំដៅបុគ្គល ដទៃនោះ ជាបុគ្គលមិនមានតណ្ហាគ្រឿងស្រេកឃ្លាន រលត់ទុក្ខ ជាអ្នកមានសន្ដានចិត្ត ដ៏ត្រជាក់ ទទួលតែសេចក្ដីសុខ សម្រេចសម្រាន្តនៅ ដោយចិត្តដ៏ប្រសើរ ក្នុងកាលជាបច្ចុប្បន្ន។ ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ពួកនេះឯង មានបា្រកដនៅក្នុងលោក។

(តណ្ហាសូត្រ ទី៩)

(៩. តណ្ហាសុត្តំ)

[៤៩] ម្នាលភិក្ខុទាំងឡាយ សត្វលោកនេះ ត្រូវតណ្ហាណា រួបរឹតឲ្យរន្ធត់ហើយ មានសន្ដានសាំញុំា ដូចជាតម្បាញ ស្មុគស្មាញ ដូចជាអំបោះជាងតម្បាញ ដែលជំពាក់ ប្រឡាក់ដោយទឹកបាយ ចាក់កណ្ដាញ់ដូចជាស្មៅយាប្លង និងស្មៅដំណេកទន្សាយ មិនងាយប្រព្រឹត្តកន្លងនូវអបាយ ទុគ្គតិ វិនិបាត និងសង្សារបានឡើយ តថាគតនឹងសំដែងនូវតណ្ហានោះ ដែលជាគ្រឿងចាក់ស្រែះ នាំសត្វឲ្យត្រេចរង្គាត់ផ្សាយទៅ ជាប់នៅក្នុងអារម្មណ៍ផ្សេងៗ ចំពោះអ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្ដាប់នូវពាក្យនោះ ចូរធ្វើទុកក្នុងចិត្ត ដោយប្រពៃចុះ តថាគតនឹងសំដែង។ ភិក្ខុទាំងនោះ ក៏ទទួលព្រះពុទ្ធដីកាព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ពាក្យនេះថា ម្នាលភិក្ខុទាំងឡាយ ចុះសត្វលោក ដែលតណ្ហាណា រួបរឹតឲ្យរន្ធត់ហើយ មានសន្ដានសាំញុំាដូចជាតម្បាញ ស្មុគស្មាញដូចជាអំបោះជាងតម្បាញ ដែលជំពាក់ប្រឡាក់ដោយទឹកបាយ ចាក់កណ្ដាញ់ ដូចជាស្មៅយាប្លង និងស្មៅដំណេកទន្សាយ មិនប្រព្រឹត្តកន្លងនូវអបាយ ទុគ្គតិ វិនិបាត និងសង្សារបានឡើយ តណ្ហាជាគ្រឿងចាក់ស្រែះ នាំសត្វឲ្យត្រេចរង្គាត់ផ្សាយទៅ ជាប់នៅក្នុងអារម្មណ៍ផ្សេងៗនោះ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ តណ្ហាវិចរិត (ការប្រព្រឹត្តិទៅនៃតណ្ហា) ដែលអាស្រ័យ (ខន្ធបញ្ចកៈ) ខាងក្នុងនេះ មាន១៨ តណ្ហាវិចរិត ដែលអាស្រ័យ (ខន្ធបញ្ចកៈ) ខាងក្រៅ ក៏មាន១៨ដែរ។ តណ្ហាវិចរិត ដែលអាស្រ័យ (ខន្ធបញ្ចកៈ) ខាងក្នុង ១៨នោះ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ កាលបើមានសេចក្ដីប្រកាន់ថា អាត្មាអញ មាន ដូច្នេះ សេចក្ដីប្រកាន់ថា អាត្មាអញ មាន ដោយប្រការដូច្នេះ ក៏រមែងមាន សេចក្ដីប្រកាន់ថា អាត្មាអញ មាន យ៉ាងនេះ ក៏រមែងមាន សេចក្ដីប្រកាន់ថា អាត្មាអញ មាន ដោយប្រការដទៃ ដូច្នេះ ក៏រមែងមាន សេចក្ដីប្រកាន់ថា អាត្មាអញ ទៀង ដូច្នេះ ក៏រមែងមាន សេចក្ដីប្រកាន់ថា អាត្មាអញ សូន្យ ដូច្នេះ ក៏រមែងមាន សេចក្ដីប្រកាន់ថា សូមឲ្យអាត្មាអញ មាន ដូច្នេះ ក៏រមែងមាន សេចក្ដីប្រកាន់ថា សូមឲ្យអាត្មាអញ មាន ដោយប្រការៈដូច្នេះ ក៏រមែងមាន សេចក្ដីប្រកាន់ថា សូមឲ្យអាត្មាអញ មាន យ៉ាងនេះ ដូច្នេះ ក៏រមែងមាន សេចក្ដីប្រកាន់ថា សូមឲ្យអាត្មាអញ មាន ដោយប្រការដទៃដូច្នេះ ក៏រមែងមាន សេចក្ដីប្រកាន់ថា សូមឲ្យអាត្មាអញ មានខ្លះ ដូច្នេះ ក៏រមែងមាន សេចក្ដីប្រកាន់ថា សូមឲ្យអាត្មាអញ មាន ដោយប្រការៈដូច្នេះខ្លះ ក៏រមែងមាន សេចក្ដីប្រកាន់ថា សូមឲ្យអាត្មាអញ មាន យ៉ាងនេះខ្លះ ដូច្នេះ ក៏រមែងមាន សេចក្ដីប្រកាន់ថា សូមឲ្យអាត្មាអញ មាន ដោយប្រការៈដទៃខ្លះ ដូច្នេះ ក៏រមែងមាន សេចក្ដីប្រកាន់ថា អាត្មាអញ នឹងមាន ដូច្នេះ ក៏រមែងមាន សេចក្ដីប្រកាន់ថា អាត្មាអញ នឹងមាន ដោយប្រការដូច្នេះ ក៏រមែងមាន សេចក្ដីប្រកាន់ថា អាត្មាអញ នឹងមានយ៉ាងនេះ ដូច្នេះ ក៏រមែង មាន សេចក្ដីប្រកាន់ថា អាត្មាអញ នឹងមាន ដោយប្រការៈដទៃ ដូច្នេះ ក៏រមែងមាន។ ទាំង ១៨ នេះ ជាតណ្ហាវិចរិត ដែលអាស្រ័យ (ខន្ធបញ្ចកៈ) ខាងក្នុង។ តណ្ហាវិចរិត ១៨ ដែលអាស្រ័យ (ខន្ធបញ្ចកៈ) ខាងក្រៅ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ កាលបើមាន សេចក្ដីប្រកាន់ថា អាត្មាអញមាន ដោយខន្ធនេះ ដូច្នេះ សេចក្ដីប្រកាន់ថា អាត្មាអញមាន ដោយប្រការៈនេះ ដោយខន្ធនេះ ដូច្នេះ ក៏រមែងមាន សេចក្ដីប្រកាន់ថា អាត្មាអញមាន យ៉ាងនេះ ដោយខន្ធនេះ ដូច្នេះ ក៏រមែងមាន សេចក្ដីប្រកាន់ថា អាត្មាអញមាន ដោយ ប្រការៈដទៃ ដោយខន្ធនេះ ដូច្នេះ ក៏រមែងមាន សេចក្ដីប្រកាន់ថា អាត្មាអញទៀង ដោយ ខន្ធនេះ ដូច្នេះ ក៏រមែងមាន សេចក្ដីប្រកាន់ថា អាត្មាអញសូន្យ ដោយខន្ធនេះដូច្នេះ ក៏រមែងមាន សេចក្ដីប្រកាន់ថា សូមឲ្យអាត្មាអញមាន ដោយខន្ធនេះដូច្នេះ ក៏រមែងមាន សេចក្ដីប្រកាន់ថា សូមឲ្យអាត្មាអញ មាន ដោយប្រការៈនេះ ដោយខន្ធនេះ ដូច្នេះ ក៏រមែងមាន សេចក្ដីប្រកាន់ថា សូមឲ្យអាត្មាអញមានយ៉ាងនេះ ដោយខន្ធនេះ ដូច្នេះ ក៏រមែងមាន សេចក្ដីប្រកាន់ថា សូមឲ្យអាត្មាអញមាន ដោយប្រការៈដទៃ ដោយខន្ធនេះ ដូច្នេះ ក៏រមែងមាន សេចក្ដីប្រកាន់ថា សូមឲ្យអាត្មាអញមានខ្លះ ដោយខន្ធនេះ ដូច្នេះ ក៏រមែងមាន សេចក្ដីប្រកាន់ថា សូមឲ្យអាត្មាអញមានខ្លះ ដោយប្រការៈនេះ ដោយខន្ធនេះ ដូច្នេះ ក៏រមែងមាន សេចក្ដីប្រកាន់ថា សូមឲ្យអាត្មាអញមាន យ៉ាងនេះខ្លះ ដោយខន្ធនេះ ដូច្នេះ ក៏រមែងមាន សេចក្ដីប្រកាន់ថា សូមឲ្យអាត្មាអញមានខ្លះ ដោយប្រការៈដទៃ ដោយខន្ធនេះ ដូច្នេះ ក៏រមែងមាន សេចក្ដីប្រកាន់ថា អាត្មាអញនឹងមាន ដោយខន្ធនេះ ដូច្នេះ ក៏រមែងមាន សេចក្ដីប្រកាន់ថា អាត្មាអញនឹងមាន ដោយប្រការៈដូច្នេះ ដោយខន្ធនេះ ដូច្នេះ ក៏រមែងមាន សេចក្ដីប្រកាន់ថា អាត្មាអញ នឹងមានយ៉ាងនេះ ដោយខន្ធនេះ ដូច្នេះ ក៏រមែងមាន សេចក្ដីប្រកាន់ថា អាត្មាអញនឹងមាន ដោយប្រការៈដទៃ ដោយខន្ធនេះ ដូច្នេះ ក៏រមែងមាន។ ទាំង ១៨ នេះ ជាតណ្ហាវិចរិត ដែលអាស្រ័យ (ខន្ធបញ្ចកៈ) ខាងក្រៅ។ តណ្ហាវិចរិត ដែលអាស្រ័យ (ខន្ធបញ្ចកៈ) ខាងក្នុង មាន ១៨ និងតណ្ហាវិចរិត ដែលអាស្រ័យ (ខន្ធបញ្ចកៈ) ខាងក្រៅ ១៨ ដោយប្រការដូច្នេះ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា តណ្ហាវិចរិតនេះ មាន ៣៦ មានសភាពយ៉ាងនេះដូច្នេះ គឺតណ្ហាវិចរិត ជាអតីត ៣៦ តណ្ហាវិចរិត ជាអនាគត ៣៦ តណ្ហាវិចរិត ជាបច្ចុប្បន្ន ៣៦ រួមជាតណ្ហាវិចរិត ១០៨។ ម្នាលភិក្ខុទាំងឡាយ សត្វលោកនេះ ត្រូវតណ្ហាណា រួបរឹតឲ្យរន្ធត់ហើយ ជាសត្វមានសន្ដានសាំញុំា ដូចជាតម្បាញ ស្មុគស្មាញដូចជាអំបោះជាងតម្បាញ ដែលជំពាក់ប្រឡាក់ដោយទឹកបាយ ចាក់កណ្ដាញ់ ដូចជាស្មៅយាប្លង និងស្មៅដំណេកទន្សាយ មិនប្រព្រឹត្តកន្លងនូវអបាយ ទុគ្គតិ វិនិបាត និងសង្សារបានឡើយ តណ្ហានេះឯង ជាគ្រឿងចាក់ស្រែះ នាំសត្វឲ្យត្រេចរង្គាត់ ផ្សាយទៅជាប់នៅក្នុងអារម្មណ៍ផ្សេងៗ។

(បេមសូត្រ ទី១០)

(១០. បេមសុត្តំ)

[៥០] ម្នាលភិក្ខុទាំងឡាយ ធម្មជាត ៤យ៉ាង រមែងកើតមាន។ ធម្មជាត ៤យ៉ាង តើដូចម្ដេច។ គឺសេចក្ដីស្រឡាញ់កើត ព្រោះសេចក្ដីស្រឡាញ់ ១ សេចក្ដីប្រទុស្ដកើត ព្រោះសេចក្ដីស្រឡាញ់ ១ សេចក្ដីស្រឡាញ់កើត ព្រោះសេចក្ដីប្រទុស្ដ ១ សេចក្ដីប្រទុស្ដ កើត ព្រោះសេចក្ដីប្រទុស្ដ ១។ ម្នាលភិក្ខុទាំងឡាយ សេចក្ដីស្រឡាញ់កើត ព្រោះសេចក្ដី ស្រឡាញ់ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលក្នុងលោកនេះ ជាទីបា្រថ្នា ជាទី ត្រេកអរ ជាទីពេញចិត្តរបស់បុគ្គល ពួកជនដទៃក៏ហៅរក ចំពោះបុគ្គលនោះ ដោយ សេចក្ដីបា្រថ្នា សេចក្ដីត្រេកអរ សេចក្ដីពេញចិត្ត។ បុគ្គល (អ្នកចូលចិត្ត) នោះ មាន សេចក្ដីត្រិះរិះ យ៉ាងនេះថា បុគ្គលណា ដែលជាទីបា្រថា្ន ជាទីត្រេកអរ ជាទីពេញចិត្តរបស់អាត្មាអញ ពួកជនដទៃក៏ហៅរក ចំពោះបុគ្គលនោះ ដោយសេចក្ដីប្រាថា្ន សេចក្ដីត្រេកអរ សេចក្ដីពេញចិត្តដែរ បុគ្គលនោះ ក៏ធ្វើសេចក្ដីស្រឡាញ់ ឲ្យកើតក្នុងពួកជនដទៃនោះ។ ម្នាលភិក្ខុទាំងឡាយ សេចក្ដីស្រឡាញ់កើត ព្រោះសេចក្ដីស្រឡាញ់ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ សេចក្ដីប្រទុស្ដកើតមាន ព្រោះសេចក្ដីស្រឡាញ់ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលក្នុងលោកនេះ ជាទីបា្រថ្នា ជាទីត្រេកអរ ជាទីពេញចិត្តរបស់បុគ្គល ពួកជនដទៃក៏ហៅរក ចំពោះបុគ្គលនោះ ដោយសេចក្ដីមិនជាទីបា្រថ្នា មិនជាទីត្រេកអរ មិនជាទីពេញចិត្ត។ បុគ្គល (អ្នកចូលចិត្ត) នោះ មានសេចក្ដីត្រិះរិះ យ៉ាងនេះថា បុគ្គលណា ដែលជាទីបា្រថា្ន ជាទីត្រេកអរ ជាទីពេញចិត្តរបស់អាត្មាអញ ពួកជនដទៃ ក៏ហៅរកចំពោះបុគ្គលនោះ ដោយសេចក្ដីមិនជាទីបា្រថា្ន មិនជាទីត្រេកអរ មិនជាទីពេញចិត្តសោះ បុគ្គលនោះ ក៏ធ្វើសេចក្ដីប្រទុស្ដឲ្យកើត ក្នុងពួកជនដទៃនោះ។ ម្នាលភិក្ខុទាំងឡាយ សេចក្ដីប្រទុស្ដកើត ព្រោះសេចក្ដីស្រឡាញ់ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ សេចក្តីស្រលាញ់កើតឡើង ព្រោះសេចក្តីប្រទុស្ត តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលក្នុងលោកនេះ មិនជាទីប្រាថ្នា មិនជាទីត្រេកអរ មិនជាទីពេញចិត្តរបស់បុគ្គល ពួកជនដទៃ ក៏ហៅរកចំពោះបុគ្គលនោះ ដោយសេចក្តីមិនជាទីប្រាថ្នា មិនជាទីត្រេកអរ មិនជាទីពេញចិត្ត។ បុគ្គល (អ្នកមិនពេញចិត្ត) នោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា បុគ្គលណា មិនជាទីប្រាថ្នា មិនជាទីត្រេកអរ មិនជាទីពេញចិត្ត របស់អាត្មាអញ ពួកជនដទៃ ក៏ហៅរកចំពោះបុគ្គនោះ ដោយសេចក្តីមិនជាទីប្រាថ្នា មិនជាទីត្រេកអរ មិនជាទីពេញចិត្តដែរ បុគ្គលនោះ ក៏ធ្វើសេចក្តីស្រឡាញ់ឲ្យកើត ក្នុងពួកជនដទៃនោះ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីស្រឡាញ់កើត ព្រោះសេចក្តីប្រទុស្ត យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ សេចក្តីប្រទុស្តកើត ព្រោះសេចក្តីប្រទុស្ត តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលក្នុងលោកនេះ មិនជាទីប្រាថ្នា មិនជាទីត្រេកអរ មិនជាទីពេញចិត្ត របស់បុគ្គល ពួកជនដទៃ ក៏ហៅរកចំពោះបុគ្គលនោះ ដោយសេចក្តីប្រាថ្នា សេចក្តីត្រេកអរ សេចក្តីពេញចិត្ត។ បុគ្គល (ជាអ្នកមិនពេញចិត្ត) នោះ មានសេចក្ដីត្រិះរិះ យ៉ាងនេះថា បុគ្គលណា មិនជាទីប្រាថ្នា មិនជាទីត្រេកអរ មិនជាទីពេញចិត្តរបស់អាត្មាអញ ពួកជនដទៃ ក៏ហៅរក ចំពោះបុគ្គលនោះ ដោយសេចក្ដីប្រាថ្នា សេចក្ដីត្រេកអរ សេចក្ដីពេញចិត្តទៅវិញ បុគ្គលនោះ ក៏ធ្វើសេចក្ដីប្រទុស្ដឲ្យកើត ក្នុងពួកជនដទៃនោះ។ ម្នាលភិក្ខុទាំងឡាយ សេចក្ដីប្រទុស្ដកើត ព្រោះសេចក្ដីប្រទុស្ដ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ធម្មជាត ៤ យ៉ាងនេះឯង តែងកើតមាន។ ម្នាលភិក្ខុទាំងឡាយ សម័យណា ភិក្ខុស្ងប់ស្ងាត់ ចាកកាមទាំងឡាយ។បេ។ បានដល់បឋមជ្ឈាន សម្រេចសម្រាន្ដនៅ ដោយឥរិយាបថទាំង ៤ សេចក្ដីស្រឡាញ់ឯណា កើតដល់ភិក្ខុនោះ ព្រោះសេចក្ដីស្រឡាញ់ក្ដី សេចក្ដីស្រឡាញ់នោះ ក៏មិនមានដល់ភិក្ខុនោះ ក្នុងសម័យនោះ សេចក្ដីប្រទុស្ដឯណា កើតដល់ភិក្ខុនោះ ព្រោះសេចក្ដីស្រឡាញ់ក្ដី សេចក្ដីប្រទុស្ដនោះ ក៏មិនមានដល់ភិក្ខុនោះ ក្នុងសម័យនោះ សេចក្ដីស្រឡាញ់ឯណា កើតដល់ភិក្ខុនោះ ព្រោះសេចក្ដីប្រទុស្ដក្ដី សេចក្ដីស្រឡាញ់នោះ ក៏មិនមានដល់ភិក្ខុនោះ ក្នុងសម័យនោះ សេចក្ដីប្រទុស្ដឯណា កើតដល់ភិក្ខុនោះ ព្រោះសេចក្ដីប្រទុស្ដក្ដី សេចក្ដីប្រទុស្ដនោះ ក៏មិនមានដល់ភិក្ខុនោះ ក្នុងសម័យនោះ។ ម្នាលភិក្ខុទាំងឡាយ សម័យណា ភិក្ខុព្រោះរម្ងាប់នូវវិតក្កៈ និងវិចារៈទាំងឡាយ។បេ។ បានដល់នូវទុតិយជ្ឈាន។បេ។ នូវតតិយជ្ឈាន។បេ។ បានដល់នូវចតុត្ថជ្ឈាន សម្រេចសម្រាន្ដនៅ ដោយឥរិយាបថទាំង ៤ សេចក្ដីស្រឡាញ់ឯណា កើតដល់ភិក្ខុនោះ ព្រោះសេចក្ដីស្រឡាញ់ក្ដី សេចក្ដីស្រឡាញ់នោះ មិនមានដល់ភិក្ខុនោះ ក្នុងសម័យនោះ សេចក្ដីប្រទុស្ដឯណា កើតដល់ភិក្ខុនោះ ព្រោះសេចក្ដីស្រឡាញ់ក្ដី សេចក្ដីប្រទុស្ដនោះ មិនមានដល់ភិក្ខុនោះ ក្នុងសម័យនោះ សេចក្ដីស្រឡាញ់ឯណា កើតដល់ភិក្ខុនោះ ព្រោះសេចក្ដីប្រទុស្ដក្ដី សេចក្ដីស្រឡាញ់នោះ មិនមានដល់ភិក្ខុនោះ ក្នុងសម័យនោះ សេចក្ដីប្រទុស្ដឯណា កើតដល់ភិក្ខុនោះ ព្រោះសេចក្ដីប្រទុស្ដក្ដី សេចក្ដីប្រទុស្ដនោះ មិនមានដល់ភិក្ខុនោះ ក្នុងសម័យនោះ។ ម្នាលភិក្ខុទាំងឡាយ សម័យណា ភិក្ខុបានធ្វើឲ្យ ជាក់ច្បាស់ បានដល់ដោយបា្រជ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន នូវចេតោវិមុត្តិ និង បញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់ទៅ នៃអាសវៈទាំងឡាយ សេចក្ដីស្រឡាញ់ ឯណា កើតដល់ភិក្ខុនោះ ព្រោះសេចក្ដីស្រឡាញ់ក្ដី សេចក្ដីស្រឡាញ់នោះ ភិក្ខុនោះ ក៏បានលះបង់ បានផ្ដាច់ផ្ដិលឫសគល់អស់ហើយ បានធ្វើឲ្យសល់នៅតែទីកើត ដូចជាទីកើត នៃដើមត្នោត បានធ្វើឲ្យលែងមានបែបភាព លែងមានកំណើតតទៅទៀត ជាធម្មតា សេចក្ដីប្រទុស្ដឯណា កើតដល់ភិក្ខុនោះ ព្រោះសេចក្ដីស្រឡាញ់ក្ដី សេចក្ដីប្រទុស្ដនោះ ភិក្ខុនោះ ក៏បានលះបង់ បានផ្ដាច់ផ្ដិលឫសគល់អស់ហើយ បានធ្វើឲ្យសល់នៅតែទីកើត ដូចជាទីកើតនៃដើមត្នោត បានធ្វើឲ្យលែងមានបែបភាព លែងមានកំណើតតទៅទៀតជាធម្មតា សេចក្ដីស្រឡាញ់ឯណា កើតដល់ភិក្ខុនោះ ព្រោះសេចក្ដីប្រទុស្ដក្ដី សេចក្ដីស្រឡាញ់នោះ ភិក្ខុនោះ ក៏បានលះបង់ បានផ្ដាច់ផ្ដិលឫសគល់អស់ហើយ បានធ្វើឲ្យសល់នៅតែទីកើត ដូចជាទីកើតនៃដើមត្នោត បានធ្វើឲ្យលែងមានបែបភាព លែងមានកំណើតតទៅទៀតជាធម្មតា សេចក្ដីប្រទុស្ដឯណា កើតដល់ភិក្ខុនោះ ព្រោះសេចក្ដីប្រទុស្ដក្ដី សេចក្ដីប្រទុស្ដនោះ ភិក្ខុនោះ ក៏លះបង់ បានផ្ដាច់ផ្ដិលឫសគល់អស់ហើយ បានធ្វើឲ្យសល់នៅតែទីកើត ដូចជាទីកើតនៃដើមត្នោត បានធ្វើឲ្យលែងមានបែបភាព លែងមានកំណើតតទៅ ជាធម្មតា។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះ តថាគត ហៅថា មិនរលោរលាំ មិនតបត មិនរបិញរបុញ មិនឆុរឆេះ មិនសុបសៅ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុរលោរលាំ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណាឃើញនូវរូបថា ជាខ្លួនខ្លះ ពិចារណាឃើញនូវខ្លួនថា មានរូបខ្លះ ពិចារណាឃើញ នូវរូបថា តាំងនៅក្នុងខ្លួនខ្លះ ពិចារណាឃើញនូវខ្លួន ថាតាំងនៅក្នុងរូបខ្លះ ពិចារណាឃើញ នូវវេទនា ថាជាខ្លួនខ្លះ ពិចារណាឃើញនូវខ្លួន ថាមានវេទនាខ្លះ ពិចារណាឃើញនូវវេទនា ថាតាំងនៅក្នុងខ្លួនខ្លះ ពិចារណាឃើញនូវខ្លួន ថាតាំងនៅក្នុងវេទនាខ្លះ ពិចារណាឃើញនូវសញ្ញា ថាជាខ្លួនខ្លះ ពិចារណាឃើញនូវខ្លួន ថាមានសញ្ញាខ្លះ ពិចារណាឃើញនូវសញ្ញា ថាតាំងនៅក្នុងខ្លួនខ្លះ ពិចារណាឃើញនូវខ្លួន ថាតាំងនៅក្នុងសញ្ញាខ្លះ ពិចារណា ឃើញនូវសង្ខារទាំងឡាយ ថាជាខ្លួនខ្លះ ពិចារណាឃើញនូវខ្លួន ថាមានសង្ខារខ្លះ ពិចារណាឃើញនូវសង្ខារ ថាតាំងនៅក្នុងខ្លួនខ្លះ ពិចារណាឃើញនូវខ្លួនថា តាំងនៅក្នុងពួកសង្ខារខ្លះ ពិចារណាឃើញនូវវិញ្ញាណ ថាជាខ្លួនខ្លះ ពិចារណាឃើញនូវខ្លួន ថាមានវិញ្ញាណខ្លះ ពិចារណាឃើញនូវវិញ្ញាណថា តាំងនៅក្នុងខ្លួនខ្លះ ពិចារណាឃើញនូវខ្លួន ថាតាំងនៅក្នុងវិញ្ញាណខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុរលោរលាំ ដោយប្រការយ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនរលោរលាំ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ មិនពិចារណាឃើញនូវរូប ថាជាខ្លួនខ្លះ មិនពិចារណាឃើញនូវខ្លួន ថាមានរូបខ្លះ មិនពិចារណាឃើញនូវរូប ថាតាំងនៅក្នុងខ្លួនខ្លះ មិនពិចារណាឃើញនូវខ្លួន ថាតាំងនៅក្នុងរូបខ្លះ មិនពិចារណាឃើញនូវវេទនា ថាជាខ្លួនខ្លះ មិនពិចារណាឃើញនូវខ្លួន ថាមានវេទនាខ្លះ មិនពិចារណាឃើញនូវវេទនា ថាតាំងនៅក្នុងខ្លួនខ្លះ មិនពិចារណាឃើញនូវខ្លួន ថាតាំងនៅក្នុងវេទនាខ្លះ មិនពិចារណាឃើញនូវសញ្ញា ថាជាខ្លួនខ្លះ មិនពិចារណាឃើញនូវខ្លួន ថាមានសញ្ញាខ្លះ មិនពិចារណាឃើញនូវសញ្ញា ថាតាំងនៅក្នុងខ្លួនខ្លះ មិនពិចារណាឃើញនូវខ្លួន ថាតាំងនៅក្នុងសញ្ញាខ្លះ មិនពិចារណាឃើញនូវពួកសង្ខារ ថាជាខ្លួនខ្លះ មិនពិចារណាឃើញនូវខ្លួន ថាមានសង្ខារខ្លះ មិនពិចារណាឃើញនូវពួកសង្ខារ ថាតាំងនៅក្នុងខ្លួនខ្លះ មិនពិចារណាឃើញនូវខ្លួន ថាតាំងនៅក្នុងពួកសង្ខារខ្លះ មិនពិចារណាឃើញនូវវិញ្ញាណ ថាជាខ្លួនខ្លះ មិនពិចារណាឃើញនូវខ្លួន ថាមានវិញ្ញាណខ្លះ មិនពិចារណាឃើញនូវវិញ្ញាណ ថាតាំងនៅក្នុងខ្លួនខ្លះ មិនពិចារណាឃើញនូវខ្លួន ថាតាំងនៅក្នុងវិញ្ញាណខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនរលោរលាំ ដោយប្រការយ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុតបត តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជេរតប ចំពោះបុគ្គលដែលជេរ ខឹងតបចំពោះបុគ្គលដែលខឹង ឈ្លោះតប ចំពោះបុគ្គលដែលឈ្លោះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកតបត ដោយប្រការយ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនតបត តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ មិនជេរតប ចំពោះបុគ្គលដែលជេរ មិនខឹងតប ចំពោះបុគ្គលដែលខឹង មិនឈ្លោះតប ចំពោះបុគ្គលដែលឈ្លោះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនតបត ដោយប្រការយ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុរបិញរបុញ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ កាលបើមានសេចក្ដីប្រកាន់ថា អាត្មាអញមានដូច្នេះ សេចក្ដីប្រកាន់ថា អាត្មាអញមាន ដោយប្រការដូច្នេះ ក៏រមែងមាន សេចក្ដីប្រកាន់ថា អាត្មាអញមានយ៉ាងនេះដូច្នេះ ក៏រមែងមាន សេចក្ដីប្រកាន់ថា អាត្មាអញមាន ដោយប្រការដទៃដូច្នេះ ក៏រមែងមាន សេចក្ដីប្រកាន់ថា អាត្មាអញទៀងដូច្នេះ ក៏រមែងមាន សេចក្ដីប្រកាន់ថា អាត្មាអញសូន្យដូច្នេះ ក៏រមែងមាន សេចក្ដីប្រកាន់ថា សូមឲ្យអាត្មាអញមានដូច្នេះ ក៏រមែងមាន សេចក្ដីប្រកាន់ថា សូមឲ្យអាត្មាអញមាន ដោយប្រការនេះដូច្នេះ ក៏រមែងមាន សេចក្ដីប្រកាន់ថា សូមឲ្យអាត្មាអញ មាន យ៉ាងនេះដូច្នេះ ក៏រមែងមាន សេចក្ដីប្រកាន់ថា សូមឲ្យអាត្មាអញមាន ដោយប្រការ ដទៃដូច្នេះ ក៏រមែងមាន សេចក្ដីប្រកាន់ថា សូមឲ្យអាត្មាអញមានខ្លះដូច្នេះ ក៏រមែងមាន សេចក្ដីប្រកាន់ថា សូមឲ្យអាត្មាអញមាន ដោយប្រការនេះ ដូច្នេះខ្លះ ក៏រមែងមាន សេចក្ដី ប្រកាន់ថា សូមឲ្យអាត្មាអញមានយ៉ាងនេះខ្លះដូច្នេះ ក៏រមែងមាន សេចក្ដីប្រកាន់ថា សូមឲ្យអាត្មាអញមាន ដោយប្រការដទៃខ្លះដូច្នេះ ក៏រមែងមាន សេចក្ដីប្រកាន់ថា អាត្មាអញនឹងមានដូច្នេះ ក៏រមែងមាន សេចក្ដីប្រកាន់ថា អាត្មាអញនឹងមាន ដោយប្រការនេះដូច្នេះ ក៏រមែងមាន សេចក្ដីប្រកាន់ថា អាត្មាអញនឹងមានយ៉ាងនេះ ដូច្នេះ ក៏រមែងមាន សេចក្ដីប្រកាន់ថា អាត្មាអញនឹងមាន ដោយប្រការដទៃដូច្នេះ ក៏រមែងមាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុរបិញរបុញ ដោយប្រការយ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនរបិញរបុញ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ កាលបើមិនមានសេចក្ដីប្រកាន់ថា អាត្មាអញមានដូច្នេះ សេចក្ដីប្រកាន់ថា អាត្មាអញមាន ដោយប្រការនេះដូច្នេះ ក៏មិនមាន សេចក្ដីប្រកាន់ថា អាត្មាអញមានយ៉ាងនេះដូច្នេះ ក៏មិនមាន សេចក្ដីប្រកាន់ថា អាត្មាអញ មាន ដោយប្រការដទៃដូច្នេះ ក៏មិនមាន សេចក្ដីប្រកាន់ថា អាត្មាអញសូន្យដូច្នេះ ក៏មិនមាន សេចក្ដីប្រកាន់ថា សូមឲ្យអាត្មាអញមានដូច្នេះ ក៏មិនមាន សេចក្ដីប្រកាន់ថា សូមឲ្យអាត្មាអញមាន ដោយប្រការនេះដូច្នេះ ក៏មិនមាន សេចក្តីប្រកាន់ថា សូមឲ្យ អាត្មាអញមាន យ៉ាងនេះដូច្នេះ ក៏មិនមាន សេចក្តីប្រកាន់ថា សូមឲ្យអាត្មាអញមាន យ៉ាងនេះដូច្នេះ ក៏មិនមាន សេចក្តីប្រកាន់ថា សូមឲ្យអាត្មាអញមាន ដោយប្រការដទៃ ដូច្នេះ ក៏មិនមាន សេចក្តីប្រកាន់ថា សូមឲ្យអាត្មាអញមានខ្លះដូច្នេះ ក៏មិនមាន សេចក្តីប្រកាន់ថា សូមឲ្យអាត្មាអញមាន ដោយប្រការនេះដូច្នេះខ្លះ ក៏មិនមាន សេចក្តីប្រកាន់ថា សូមឲ្យអាត្មាអញមាន ដោយប្រការដទៃខ្លះ ដូច្នេះ ក៏មិនមាន សេចក្តីប្រកាន់ថា អាត្មាអញ នឹងមាន ដូច្នេះ ក៏មិនមាន សេចក្តីប្រកាន់ថា អាត្មាអញ នឹងមានដោយប្រការនេះដូច្នេះ ក៏មិនមាន សេចក្តីប្រកាន់ថា អាត្មាអញនឹងមាន យ៉ាងនេះដូច្នេះ ក៏មិនមាន សេចក្តីប្រកាន់ថា អាត្មាអញនឹងមាន ដោយប្រការដទៃដូច្នេះ ក៏មិនមាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនរបិញរបុញ ដោយប្រការយ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុឆុរឆេះ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ កាលបើមានសេចក្តីប្រកាន់ថា អាត្មាអញមាន ដោយខន្ធនេះដូច្នេះ សេចក្តីប្រកាន់ថា អាត្មាអញមាន ដោយប្រការនេះ ដោយខន្ធនេះ ដូច្នេះ ក៏រមែងមាន សេចក្តីប្រកាន់ថា អាត្មាអញមានយ៉ាងនេះ ដោយខន្ធនេះដូច្នេះ ក៏រមែងមាន សេចក្ដីប្រកាន់ថា អាត្មាអញមាន ដោយប្រការដទៃ ដោយខន្ធនេះ ដូច្នេះ ក៏រមែងមាន សេចក្ដីប្រកាន់ថា អាត្មាអញទៀង ដោយខន្ធនេះ ដូច្នេះ ក៏រមែងមាន សេចក្ដីប្រកាន់ថា អាត្មាអញ សូន្យ ដោយខន្ធនេះ ដូច្នេះ ក៏រមែងមាន សេចក្ដីប្រកាន់ថា សូមឲ្យអាត្មាអញមាន ដោយខន្ធនេះ ដូច្នេះ ក៏រមែងមាន សេចក្ដីប្រកាន់ថា សូមឲ្យអាត្មាអញមាន ដោយប្រការនេះ ដោយខន្ធនេះ ដូច្នេះ ក៏រមែងមាន សេចក្ដីប្រកាន់ថា សូមឲ្យអាត្មាអញមាន យ៉ាងនេះ ដោយខន្ធនេះ ដូច្នេះ ក៏រមែងមាន សេចក្ដីប្រកាន់ថា សូមឲ្យអាត្មាអញមាន ដោយប្រការដទៃ ដោយខន្ធនេះ ដូច្នេះ ក៏រមែងមាន សេចក្ដីប្រកាន់ថា សូមឲ្យអាត្មាអញមានខ្លះ ដោយខន្ធនេះដូច្នេះ ក៏រមែងមាន សេក្ដីប្រកាន់ថា សូមឲ្យអាត្មាអញមាន ដោយប្រការនេះខ្លះ ដោយខន្ធនេះ ដូច្នេះ ក៏រមែងមាន សេចក្ដីប្រកាន់ថា សូមឲ្យអាត្មាអញមាន យ៉ាងនេះខ្លះ ដោយខន្ធនេះ ដូច្នេះ ក៏រមែងមាន សេចក្ដីប្រកាន់ថា សូមឲ្យអាត្មាអញមាន ដោយប្រការដទៃខ្លះ ដោយខន្ធនេះដូច្នេះ ក៏រមែងមាន សេចក្ដីប្រកាន់ថា អាត្មាអញនឹងមាន ដោយខន្ធនេះ ដូច្នេះ ក៏រមែងមាន សេចក្ដីប្រកាន់ថា អាត្មាអញនឹងមាន ដោយប្រការនេះ ដោយខន្ធនេះ ដូច្នេះ ក៏រមែងមាន សេចក្ដីប្រកាន់ថា អាត្មាអញនឹងមាន យ៉ាងនេះ ដោយខន្ធនេះ ដូច្នេះ ក៏រមែងមាន សេចក្ដីប្រកាន់ថា អាត្មាអញនឹងមាន ដោយ ប្រការដទៃ ដោយខន្ធនេះ ដូច្នេះ ក៏រមែងមាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុឆុរឆេះ ដោយ ប្រការយ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនឆុរឆេះ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ កាលបើមិនមានសេចក្ដីប្រកាន់ថា អាត្មាអញមាន ដោយខន្ធនេះ ដូច្នេះ សេចក្ដី ប្រកាន់ថា អាត្មាអញមាន ដោយប្រការនេះ ដោយខន្ធនេះ ដូច្នេះ ក៏មិនមាន សេចក្ដីប្រកាន់ថា អាត្មាអញមានយ៉ាងនេះ ដោយខន្ធនេះ ដូច្នេះ ក៏មិនមាន សេចក្ដីប្រកាន់ថា អាត្មាអញ មាន ដោយប្រការដទៃ ដោយខន្ធនេះ ដូច្នេះ ក៏មិនមាន សេចក្ដីប្រកាន់ថា អាត្មាអញទៀង ដោយខន្ធនេះ ដូច្នេះ ក៏មិនមាន សេចក្ដីប្រកាន់ថា អាត្មាអញសូន្យ ដោយខន្ធនេះ ដូច្នេះ ក៏មិនមាន សេចក្ដីប្រកាន់ថា សូមឲ្យអាត្មាអញមាន ដោយខន្ធនេះ ដូច្នេះ ក៏មិនមាន សេចក្ដីប្រកាន់ថា សូមឲ្យអាត្មាអញមាន ដោយប្រការនេះ ដោយខន្ធនេះ ដូច្នេះ ក៏មិនមាន សេចក្ដីប្រកាន់ថា សូមឲ្យអាត្មាអញមានយ៉ាងនេះ ដោយខន្ធនេះដូច្នេះ ក៏មិនមាន សេចក្ដីប្រកាន់ថា សូមឲ្យអាត្មាអញមាន ដោយប្រការដទៃ ដោយខន្ធនេះ ដូច្នេះ ក៏មិនមាន សេចក្ដីប្រកាន់ថា សូមឲ្យអាត្មាអញមានខ្លះ ដោយខន្ធនេះ ដូច្នេះ ក៏មិនមាន សេចក្ដីប្រកាន់ថា សូមឲ្យអាត្មាអញមាន ដោយប្រការនេះខ្លះ ដោយខន្ធនេះដូច្នេះ ក៏មិនមាន សេចក្ដីប្រកាន់ថា សូមឲ្យអាត្មាអញមាន យ៉ាងនេះខ្លះ ដោយខន្ធនេះ ដូច្នេះ ក៏មិនមាន សេចក្ដីប្រកាន់ថា សូមឲ្យអាត្មាអញមាន ដោយប្រការដទៃខ្លះ ដោយខន្ធនេះ ដូច្នេះ ក៏មិនមាន សេចក្ដីប្រកាន់ថា អាត្មាអញនឹងមាន ដោយខន្ធនេះ ដូច្នេះ ក៏មិនមាន សេចក្តីប្រកាន់ថា អាត្មាអញ នឹងមាន ដោយប្រការនេះ ដោយខន្ធនេះ ដូច្នេះ ក៏មិនមាន សេចក្ដីប្រកាន់ថា អាត្មាអញនឹងមានយ៉ាងនេះ ដោយខន្ធនេះ ដូច្នេះ ក៏មិនមាន សេចក្ដីប្រកាន់ថា អាត្មាអញ នឹងមាន ដោយប្រការដទៃ ដោយខន្ធនេះ ដូច្នេះ ក៏មិនមាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនឆុរឆេះ ដោយប្រការយ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុសញ្ជប់សញ្ជឹង តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ អស្មិមានះ ភិក្ខុក្នុងសាសនានេះ មិនបានលះបង់ ទាំងមិនបានផ្ដាច់ផិ្ដលឫសគល់ មិនធ្វើទីកើត ដូចជាទីកើតនៃដើមត្នោត មិនធ្វើឲ្យលែងមានបែបភាព ជាអស្មិមានះ មិនមែនជាមិនមានកំណើតតទៅទៀត ជាធម្មតា។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុសញ្ជប់សញ្ជឹង ដោយប្រការយ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនសញ្ជប់សញ្ជឹង តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ អស្មិមានះ ភិក្ខុក្នុងសាសនានេះ បានលះបង់ ទាំងបានផ្ដាច់ផ្ដិលឫសគល់ ធ្វើទីកើតដូចជាទីកើតនៃដើមត្នោត ធ្វើឲ្យលែងមានបែបភាពជាអស្មិមានះ មិនមានកំណើតទៅទៀត ជាធម្មតា។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនសញ្ជប់សញ្ជឹង ដោយប្រការយ៉ាងនេះឯង។

ចប់ មហាវគ្គ ទី៥។

ចប់ បណ្ណាសក ទី៤។

ឧទ្ទាននៃមហាវគ្គនោះគឺ

និយាយអំពីអានិសង្សនៃធម៌ ដែលបានបញ្ជូនចិត្តស្ដាប់ ១ អំពីហេតុ ៤យ៉ាង ១ អំពីភទ្ទិយលិច្ឆវី ១ អំពីកោឡិយបុត្ត ក្នុងនិគមឈ្មោះសាបុគិយ ១ អំពីវប្បសក្យៈ ១ អំពីសាឡ្ហលិច្ឆវី ១ អំពីមល្លិកាទេវី ១ អំពីបុគ្គលអ្នកព្យាយាមដុតកំដៅនូវខ្លួន ១ អំពីតណ្ហា ១ អំពីសេចក្ដីស្រឡាញ់ ១ រួមជា ១០ ប្រការ។

បណ្ណាសកាសង្គហិតវគ្គ ទី៥

(៥. បញ្ចមបណ្ណាសកំ)

សប្បុរិសវគ្គ ទី១ (២១)

((២១) ១. សប្បុរិសវគ្គោ)

(សិក្ខាបទសូត្រ ទី១)

(១. សិក្ខាបទសុត្តំ)

[៥១] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងនូវអសប្បុរសផង នូវអសប្បុរស ក្រៃលែង ជាងអសប្បុរសផង នូវសប្បុរសផង នូវសប្បុរសក្រៃលែង ជាងសប្បុរសផង ចំពោះអ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្ដាប់នូវពាក្យនោះ ចូរធ្វើទុកក្នុងចិត្ត ដោយប្រពៃ ចុះ តថាគតនឹងសំដែង។ ភិក្ខុទាំងនោះ ក៏ទទួលស្ដាប់ព្រះពុទ្ធដីកា នៃព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ចុះអសប្បុរស តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកសម្លាប់សត្វ កាន់យកទ្រព្យ ដែលគេមិនបានឲ្យ ប្រព្រឹត្តខុស ក្នុងកាមទាំងឡាយ និយាយពាក្យកុហក ផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ ដែលជាទីតាំង នៃសេចក្ដីប្រមាទ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អសប្បុរស។ ម្នាលភិក្ខុទាំងឡាយ ចុះអសប្បុរស ក្រៃលែងជាអសប្បុរស តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកសម្លាប់សត្វ ដោយខ្លួនឯងផង ទាំងបបួលជនដទៃ ក្នុងការសម្លាប់សត្វផង កាន់យកទ្រព្យ ដែលគេមិនបានឲ្យ ដោយខ្លួនឯងផង ទាំងបបួលជនដទៃ ក្នុងការកាន់យកទ្រព្យ ដែលគេមិនបានឲ្យផង ប្រព្រឹត្តខុស ក្នុងកាមទាំងឡាយ ដោយខ្លួនឯងផង ទាំងបបួលជនដទៃ ក្នុងការប្រព្រឹត្តិខុស ក្នុងកាមទាំងឡាយផង និយាយកុហក ដោយខ្លួនឯងផង ទាំងបបួលជនដទៃ ក្នុងការនិយាយកុហកផង ផឹកទឹកស្រវឹង គឺសុរា និងមេរ័យ ជាទីតាំងនៃសេចក្ដីប្រមាទ ដោយខ្លួនឯងផង ទាំងបបួលជនដទៃ ក្នុងការផឹកទឹកស្រវឹង គឺសុរា និងមេរ័យ ជាទីតាំង នៃសេចក្ដីប្រមាទផង។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អសប្បុរសក្រៃលែងជាង អសប្បុរស។ ម្នាលភិក្ខុទាំងឡាយ ចុះសប្បុរស តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកវៀរចាកការសម្លាប់សត្វ វៀរចាកការកាន់យកទ្រព្យ ដែលគេមិនបានឲ្យ វៀរចាកការប្រព្រឹត្តិខុស ក្នុងកាមទាំងឡាយ វៀរចាកការនិយាយកុហក វៀរចាកការផឹកទឹកស្រវឹង គឺសុរា និងមេរ័យ ជាទីតាំងនៃសេចក្ដីប្រមាទ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សប្បុរស។ ម្នាលភិក្ខុទាំងឡាយ ចុះសប្បុរសក្រៃលែង ជាងសប្បុរស តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកវៀរចាកការសម្លាប់សត្វ ដោយខ្លួនឯងផង ទាំងបបួលជនដទៃ ក្នុងការវៀរចាកការសម្លាប់សត្វផង វៀរចាកការកាន់យកទ្រព្យ ដែលគេមិនបានឲ្យ ដោយខ្លួនឯងផង ទាំងបបួលជនដទៃ ក្នុងការវៀរចាកការកាន់យកទ្រព្យ ដែលគេមិនបានឲ្យផង វៀរចាកការប្រព្រឹត្តិខុស ក្នុងកាមទាំងឡាយ ដោយខ្លួនឯងផង ទាំងបបួលជនដទៃ ក្នុងការវៀរចាកការប្រព្រឹត្តិខុស ក្នុងកាមទាំងឡាយផង វៀរចាកការនិយាយកុហក ដោយខ្លួនឯងផង ទាំងបបួលជនដទៃ ក្នុងការវៀរចាកការនិយាយកុហកផង វៀរចាកការផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ ជាទីតាំងនៃសេចក្ដីប្រមាទ ដោយខ្លួនឯងផង ទាំងបបួលជនដទៃ ក្នុងការវៀរចាកការផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ ជាទីតាំងនៃសេចក្ដីប្រមាទផង។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សប្បុរសក្រៃលែងជាងសប្បុរស។

(អស្សទ្ធសូត្រ ទី២)

(២. អស្សទ្ធសុត្តំ)

[៥២] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងនូវអសប្បុរសផង នូវអសប្បុរស ក្រៃលែង ជាងអសប្បុរសផង នូវសប្បុរសផង នូវសប្បុរសក្រៃលែង ជាងសប្បុរសផង ចំពោះអ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្ដាប់នូវពាក្យនោះ ចូរធ្វើទុកក្នុងចិត្ត ដោយប្រពៃចុះ តថាគតនឹងសំដែង។ ភិក្ខុទាំងនោះ ក៏ទទួលស្ដាប់ព្រះពុទ្ធដីកា នៃព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ចុះអសប្បុរស តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកមិនមានសទ្ធា មិនខ្មាសបាប មិនក្ដៅនឹងបាប ជាអ្នកមិនចេះដឹង ខ្ជិលច្រអូស មិនមានស្មារតី មិនមានប្រាជ្ញា។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អសប្បុរស។ ម្នាលភិក្ខុទាំងឡាយ ចុះអសប្បុរស ក្រៃលែងជាងអសប្បុរស តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកមិនមានសទ្ធា ដោយខ្លួនឯងផង ទាំងបបួលជនដទៃ ក្នុងការមិនមានសទ្ធាផង មិនខ្មាសបាប ដោយខ្លួនឯងផង ទាំងបបួលជនដទៃ ក្នុងការមិនខ្មាសបាបផង មិនក្ដៅនឹងបាប ដោយខ្លួនឯងផង ទាំងបបួលជនដទៃ ក្នុងការមិនក្ដៅនឹងបាបផង មិនបានចេះដឹង ដោយខ្លួនឯងផង ទាំងបបួលជនដទៃ ក្នុងការមិនចេះដឹងផង ខ្ជិលច្រអូសដោយខ្លួនឯងផង ទាំងបបួលជនដទៃ ក្នុងការខ្ជិលច្រអូសផង មិនមានស្មារតីដោយខ្លួនឯងផង ទាំងបបួលជនដទៃ ក្នុងការមិនមានស្មារតីផង មិនមានប្រាជ្ញា ដោយខ្លួនឯងផង ទាំងបបួលជនដទៃ ក្នុងការមិនមានប្រាជ្ញាផង។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អសប្បុរស ក្រៃលែងជាងអសប្បុរស។ ម្នាលភិក្ខុទាំងឡាយ ចុះសប្បុរស តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកមានសទ្ធា ខ្មាសបាប ក្ដៅនឹងបាប ចេះដឹងច្រើន ប្រារព្ធព្យាយាម មានស្មារតី មានប្រាជ្ញា។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សប្បុរស។ ម្នាលភិក្ខុទាំងឡាយ ចុះសប្បុរស ក្រៃលែងជាងសប្បុរស តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកបរិបូណ៌ដោយសទ្ធា ដោយខ្លួនឯងផង ទាំងបបួលជនដទៃ ក្នុងការបរិបូណ៌ដោយសទ្ធាផង ខ្មាសបាបដោយខ្លួនឯងផង ទាំង បបួលជនដទៃ ក្នុងការខ្មាសបាបផង ក្ដៅនឹងបាប ដោយខ្លួនឯងផង ទាំងបបួលជនដទៃ ក្នុងការក្ដៅនឹងបាបផង ចេះដឹងច្រើន ដោយខ្លួនឯងផង ទាំងបបួលជនដទៃ ក្នុងការចេះ ដឹងច្រើនផង ប្រារព្ធព្យាយាម ដោយខ្លួនឯងផង ទាំងបបួលជនដទៃ ក្នុងការប្រារព្ធព្យាយាមផង មានស្មារតីដោយខ្លួនឯងផង ទាំងបបួលជនដទៃ ក្នុងការមានស្មារតីផង បរិបូណ៌ដោយប្រាជ្ញា ដោយខ្លួនឯងផង ទាំងបបួលជនដទៃ ក្នុងការបរិបូណ៌ដោយប្រាជ្ញា ផង។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សប្បុរសក្រៃលែងជាងសប្បុរស។

(សត្តកម្មសូត្រ ទី៣)

(៣. សត្តកម្មសុត្តំ)

[៥៣] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងនូវអសប្បុរសផង នូវអសប្បុរស ក្រៃលែងជាងអសប្បុរសផង នូវសប្បុរសផង នូវសប្បុរសក្រៃលែងជាងសប្បុរសផង ចំពោះអ្នកទាំងឡាយ ចូរអ្នកទាំងឡាយ ស្ដាប់នូវពាក្យនោះ។បេ។ ម្នាលភិក្ខុទាំងឡាយ ចុះអសប្បុរស តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកសម្លាប់សត្វ កាន់យកទ្រព្យ ដែលគេមិនបានឲ្យ ប្រព្រឹត្តខុសក្នុងកាមទាំងឡាយ និយាយពាក្យកុហក និយាយពាក្យញុះញង់ និយាយពាក្យទ្រគោះ និយាយពាក្យរោយរាយ ឥតប្រយោជន៍។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អសប្បុរស។ ម្នាលភិក្ខុទាំងឡាយ ចុះអសប្បុរសក្រៃលែងជាងអសប្បុរស តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកសម្លាប់សត្វ ដោយខ្លួនឯងផង ទាំងបបួលជនដទៃ ក្នុងការសម្លាប់សត្វផង កាន់យកទ្រព្យ ដែលគេមិនបានឲ្យ ដោយខ្លួនឯងផង ទាំងបបួលជនដទៃ ក្នុងការកាន់យកទ្រព្យ ដែលគេមិនបានឲ្យផង ប្រព្រឹត្តខុស ក្នុងកាមទាំងឡាយ ដោយខ្លួនឯងផង ទាំងបបួលជនដទៃ ក្នុងការប្រព្រឹត្តិខុស ក្នុងកាមទាំងឡាយផង និយាយពាក្យកុហក ដោយខ្លួនឯងផង ទាំងបបួលជនដទៃ ក្នុងការនិយាយពាក្យកុហកផង និយាយពាក្យញុះញង់ ដោយខ្លួនឯងផង ទាំងបបួលជនដទៃ ក្នុងការនិយាយពាក្យញុះញង់ផង និយាយពាក្យទ្រគោះ ដោយខ្លួនឯងផង ទាំងបបួលជនដទៃ ក្នុងការនិយាយពាក្យទ្រគោះផង និយាយពាក្យរោយរាយ ឥតប្រយោជន៍ ដោយខ្លួនឯងផង ទាំងបបួលជនដទៃ ក្នុងការនិយាយពាក្យរោយរាយ ឥតប្រយោជន៍ផង។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អសប្បុរស ក្រៃលែងជាងអសប្បុរស។ ម្នាលភិក្ខុទាំងឡាយ ចុះសប្បុរស តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកវៀរចាកការសម្លាប់សត្វ វៀរចាកការកាន់យកទ្រព្យ ដែលគេមិនបានឲ្យ វៀរចាកការប្រព្រឹត្តិខុស ក្នុងកាមទាំងឡាយ វៀរចាកការនិយាយពាក្យកុហក វៀរចាកការនិយាយពាក្យញុះញង់ វៀរចាកការនិយាយពាក្យទ្រគោះ វៀរចាកការនិយាយពាក្យរោយរាយឥតប្រយោជន៍។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សប្បុរស។ ម្នាលភិក្ខុទាំងឡាយ ចុះសប្បុរស ក្រៃលែងជាងសប្បុរស តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកវៀរចាកការសម្លាប់សត្វ ដោយខ្លួនឯងផង ទាំងបបួលជនដទៃ ក្នុងការវៀរចាកសម្លាប់សត្វផង វៀរចាកការកាន់យកទ្រព្យ ដែលគេមិនបានឲ្យ ដោយខ្លួនឯងផង ទាំងបបួលអ្នកដទៃ ក្នុងការវៀរចាកកាន់យកទ្រព្យ ដែលគេមិនបានឲ្យផង វៀរចាកការប្រព្រឹត្តិខុស ក្នុងកាមទាំងឡាយ ដោយខ្លួនឯងផង ទាំងបបួលជនដទៃ ក្នុងការវៀរចាកការប្រព្រឹត្តិខុស ក្នុងកាមទាំងឡាយផង វៀរចាកការនិយាយពាក្យកុហក ដោយខ្លួនឯងផង ទាំងបបួលជនដទៃ ក្នុងការវៀរចាកការនិយាយពាក្យកុហកផង វៀរចាកការនិយាយពាក្យញុះញង់ ដោយខ្លួនឯងផង ទាំងបបួលជនដទៃ ក្នុងការវៀរចាកការនិយាយពាក្យញុះញង់ផង វៀរចាកការនិយាយពាក្យទ្រគោះ ដោយខ្លួនឯងផង ទាំងបបួលជនដទៃ ក្នុងការវៀរចាកការនិយាយពាក្យទ្រគោះផង វៀរចាកការនិយាយពាក្យរោយរាយ ឥតប្រយោជន៍ ដោយខ្លួនឯងផង ទាំងបបួលជនដទៃ ក្នុងការវៀរចាកការនិយាយពាក្យរោយរាយ ឥតប្រយោជន៍ផង។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សប្បុរសក្រៃលែងជាងសប្បុរស។

(ទសកម្មសូត្រ ទី៤)

(៤. ទសកម្មសុត្តំ)

[៥៤] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងនូវអសប្បុរសផង នូវអសប្បុរស ក្រៃលែងជាងអសប្បុរសផង នូវសប្បុរសផង នូវសប្បុរសក្រៃលែងជាងសប្បុរសផង ចំពោះអ្នកទាំងឡាយ ចូរអ្នកទាំងឡាយ ស្ដាប់ពាក្យនោះ។បេ។ ម្នាលភិក្ខុទាំងឡាយ ចុះអសប្បុរស តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកសម្លាប់សត្វ។បេ។ ច្រើនដោយអភិជ្ឈា មានចិត្តព្យាបាទ ជាមិច្ឆាទិដ្ឋិ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អសប្បុរស។ ម្នាលភិក្ខុទាំងឡាយ ចុះអសប្បុរសក្រៃលែងជាងអសប្បុរស តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកសម្លាប់សត្វ ដោយខ្លួនឯងផង ទាំងបបួលជនដទៃ ក្នុងការសម្លាប់សត្វផង។បេ។ ច្រើនដោយអភិជ្ឈា ដោយខ្លួនឯងផង ទាំងបបួលជនដទៃ ក្នុងអភិជ្ឈាផង មានចិត្តព្យាបាទ ដោយខ្លួនឯងផង ទាំងបបួលជនដទៃ ក្នុងការព្យាបាទផង ជាមិច្ឆាទិដ្ឋិ ដោយខ្លួនឯងផង ទាំងបបួលជនដទៃ ក្នុងមិច្ឆាទិដ្ឋិផង។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អសប្បុរសក្រៃលែងជាងអសប្បុរស។ ម្នាលភិក្ខុទាំងឡាយ ចុះសប្បុរស តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកវៀរចាកការសម្លាប់សត្វ។បេ។ មិនច្រើនដោយអភិជ្ឈា មិនមានចិត្តព្យាបាទ ជាសម្មាទិដ្ឋិ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សប្បុរស។ ម្នាលភិក្ខុទាំងឡាយ ចុះសប្បុរស ក្រៃលែងជាងសប្បុរស តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកវៀរចាកការសម្លាប់សត្វ ដោយខ្លួនឯងផង ទាំងបបួលជនដទៃ ក្នុងកិរិយាវៀរចាកការសម្លាប់សត្វផង។បេ។ មិនច្រើនដោយអភិជ្ឈា ដោយខ្លួនឯងផង ទាំងបបួលជនដទៃ ក្នុងការមិនមានអភិជ្ឈាផង មិនមានចិត្តព្យាបាទ ដោយខ្លួនឯងផង ទាំងបបួលជនដទៃ ក្នុងការមិនមានព្យាបាទផង ជាសម្មាទិដ្ឋិ ដោយខ្លួនឯងផង ទាំងបបួលជនដទៃ ក្នុងសម្មាទិដ្ឋិផង។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សប្បុរស ក្រៃលែងជាងសប្បុរស។

(អដ្ឋង្គិកសូត្រ ទី៥)

(៥. អដ្ឋង្គិកសុត្តំ)

[៥៥] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងនូវអសប្បុរសផង នូវអសប្បុរស ក្រៃលែងជាងអសប្បុរសផង នូវសប្បុរសផង នូវសប្បុរសក្រៃលែងជាងសប្បុរសផង ចំពោះអ្នកទាំងឡាយ ចូរអ្នកទាំងឡាយ ស្ដាប់នូវពាក្យនោះ។បេ។ ម្នាលភិក្ខុទាំងឡាយ ចុះអសប្បុរស តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកមាន សេចក្ដីឃើញខុស មានសេចក្ដីត្រិះរិះខុស មានវាចាខុស មានការងារខុស មានការចិញ្ចឹមជីវិតខុស មានការព្យាយាមខុស មានសេចក្ដីរលឹកខុស មានការតាំងចិត្តខុស។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អសប្បុរស។ ម្នាលភិក្ខុទាំងឡាយ ចុះអសប្បុរស ក្រៃលែងជាងអសប្បុរស តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកមានសេចក្ដីឃើញខុស ដោយខ្លួនឯងផង ទាំងបបួលជនដទៃ ក្នុងសេចក្ដីឃើញខុសផង មានសេចក្ដីត្រិះរិះខុស ដោយខ្លួនឯងផង ទាំងបបួលជនដទៃ ក្នុងសេចក្ដីត្រិះរិះខុសផង មានវាចាខុស ដោយខ្លួនឯងផង ទាំងបបួលជនដទៃ ក្នុងវាចាខុសផង មានការងារខុស ដោយខ្លួនឯងផង ទាំងបបួលជនដទៃ ក្នុងការងារខុសផង មានការចិញ្ចឹមជីវិតខុស ដោយខ្លួនឯងផង ទាំងបបួលជនដទៃ ក្នុងការចិញ្ចឹមជីវិតខុសផង មានការព្យាយាមខុស ដោយខ្លួនឯងផង ទាំងបបួលជនដទៃ ក្នុងការព្យាយាមខុសផង មានសេចក្ដីរលឹកខុស ដោយខ្លួនឯងផង ទាំងបបួលជនដទៃ ក្នុងសេចក្ដីរលឹកខុសផង មានការតាំងចិត្តខុស ដោយខ្លួនឯងផង ទាំងបបួលជនដទៃ ក្នុងការតាំងចិត្តខុសផង។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អសប្បុរស ក្រៃលែងជាងអសប្បុរស។ ម្នាលភិក្ខុទាំងឡាយ ចុះសប្បុរស តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកមានសេចក្ដីឃើញត្រូវ មានសេចក្ដីត្រិះរិះត្រូវ មានវាចាត្រូវ មានការងារត្រូវ មានការចិញ្ចឹមជីវិតត្រូវ មានការព្យាយាមត្រូវ មានសេចក្ដីរលឹកត្រូវ មានការតាំងចិត្តត្រូវ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សប្បុរស។ ម្នាលភិក្ខុទាំងឡាយ ចុះសប្បុរស ក្រៃលែងជាងសប្បុរស តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកមានសេចក្ដីឃើញត្រូវ ដោយខ្លួនឯងផង ទាំងបបួលជនដទៃ ក្នុងការឃើញត្រូវផង មានសេចក្តីត្រិះរិះត្រូវ ដោយខ្លួនឯងផង ទាំងបបួលជនដទៃ ក្នុងសេចក្តីត្រិះរិះត្រូវផង មានវាចាត្រូវ ដោយខ្លួនឯងផង ទាំងបបួលជនដទៃ ក្នុងវាចាត្រូវផង មានការងារត្រូវ ដោយខ្លួនឯងផង ទាំងបបួលជនដទៃ ក្នុងការងារត្រូវផង មានការចិញ្ចឹមជីវិតត្រូវ ដោយខ្លួនឯងផង ទាំងបបួលជនដទៃ ក្នុងការចិញ្ចឹមជីវិតត្រូវផង មានការព្យាយាមត្រូវ ដោយខ្លួនឯងផង ទាំងបបួលជនដទៃ ក្នុងការព្យាយាមត្រូវផង មានសេចក្តីរលឹកត្រូវ ដោយខ្លួនឯងផង ទាំងបបួលជនដទៃ ក្នុងសេចក្តីរលឹកត្រូវផង មានការតាំងចិត្តត្រូវ ដោយខ្លួនឯងផង ទាំងបបួលជនដទៃ ក្នុងការតាំងចិត្តត្រូវផង។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សប្បុរស ក្រៃលែងជាងសប្បុរស។

(ទសមគ្គសូត្រ ទី៦)

(៦. ទសមគ្គសុត្តំ)

[៥៦] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងនូវអសប្បុរសផង នូវអសប្បុរស ក្រៃលែងជាងអសប្បុរសផង នូវសប្បុរសផង នូវសប្បុរសក្រៃលែងជាងសប្បុរសផង ចំពោះអ្នកទាំងឡាយ ចូរអ្នកទាំងឡាយ ស្តាប់នូវពាក្យនោះ។បេ។ ម្នាលភិក្ខុទាំងឡាយ ចុះអសប្បុរស តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកមាន សេចក្តីឃើញខុស។បេ។ មានញាណខុស មានការរួចខុស។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អសប្បុរស។ ម្នាលភិក្ខុទាំងឡាយ ចុះអសប្បុរស ក្រៃលែងជាងអសប្បុរស តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកមានសេចក្ដីឃើញខុស ដោយខ្លួនឯងផង ទាំងបបួលជនដទៃ ក្នុងសេចក្ដីឃើញខុសផង។បេ។ មានញាណខុស ដោយខ្លួនឯងផង ទាំងបបួលជនដទៃ ក្នុងញាណខុសផង មានការរួចខុស ដោយខ្លួនឯងផង ទាំងបបួលជនដទៃ ក្នុងការរួចខុសផង។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អសប្បុរស ក្រៃលែងជាងអសប្បុរស។ ម្នាលភិក្ខុទាំងឡាយ ចុះសប្បុរស តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកមានសេចក្ដីឃើញត្រូវ។បេ។ មានញាណត្រូវ មានការរួចត្រូវ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សប្បុរស។ ម្នាលភិក្ខុទាំងឡាយ ចុះសប្បុរស ក្រៃលែងជាងសប្បុរស តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកមានសេចក្ដីឃើញត្រូវ ដោយខ្លួនឯងផង ទាំងបបួលជនដទៃ ក្នុងសេចក្ដីឃើញត្រូវផង។បេ។ មានញាណត្រូវដោយខ្លួនឯងផង ទាំងបបួលជនដទៃ ក្នុងញាណត្រូវផង មានការរួចត្រូវ ដោយខ្លួនឯងផង ទាំងបបួលជនដទៃ ក្នុងការរួចត្រូវផង។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សប្បុរស ក្រៃលែងជាងសប្បុរស។

(បឋមបាបធម្មសូត្រ ទី៧)

(៧. បឋមបាបធម្មសុត្តំ)

[៥៧] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងនូវបុគ្គលលាមកផង នូវបុគ្គលលាមក ក្រៃលែងជាងបុគ្គលលាមកផង នូវបុគ្គលល្អផង នូវបុគ្គលល្អ ក្រៃលែងជាងបុគ្គលល្អផង ចំពោះអ្នកទាំងឡាយ ចូរអ្នកទាំងឡាយ ស្ដាប់នូវពាក្យនោះ។បេ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលលាមក តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកសម្លាប់សត្វ។បេ។ មានសេចក្ដីឃើញខុស។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា បុគ្គលលាមក។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលលាមក ក្រៃលែងជាងបុគ្គលលាមក តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកសម្លាប់សត្វ ដោយខ្លួនឯងផង ទាំងបបួលជនដទៃ ក្នុងការសម្លាប់សត្វផង។បេ។ មានសេចក្ដីឃើញខុស ដោយខ្លួនឯងផង ទាំងបបួលជនដទៃ ក្នុងសេចក្ដីឃើញខុសផង។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា បុគ្គលលាមក ក្រៃលែងជាងបុគ្គលលាមក។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលល្អ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកវៀរចាកការសម្លាប់សត្វ។បេ។ មានសេចក្ដីឃើញត្រូវ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា បុគ្គលល្អ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលល្អ ក្រៃលែងជាងបុគ្គលល្អ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកវៀរចាកការសម្លាប់ សត្វ ដោយខ្លួនឯងផង ទាំងបបួលជនដទៃ ក្នុងកិរិយាវៀរចាកការសម្លាប់សត្វផង។បេ។ មានសេចក្ដីឃើញត្រូវ ដោយខ្លួនឯងផង ទាំងបបួលជនដទៃ ក្នុងសេចក្ដីឃើញត្រូវផង។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា បុគ្គលល្អ ក្រៃលែងជាងបុគ្គលល្អ។

(ទុតិយបាបធម្មសូត្រ ទី៨)

(៨. ទុតិយបាបធម្មសុត្តំ)

[៥៨] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងនូវបុគ្គលលាមកផង នូវបុគ្គលលាមកក្រៃលែងជាងបុគ្គលលាមកផង នូវបុគ្គលល្អផង នូវបុគ្គលល្អ ក្រៃលែងជាង បុគ្គលល្អផង ចំពោះអ្នកទាំងឡាយ ចូរអ្នកទាំងឡាយ ស្ដាប់នូវពាក្យនោះ។បេ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលលាមក តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ មានសេចក្ដីឃើញខុស។បេ។ មានញាណខុស មានការរួចខុស។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា បុគ្គលលាមក។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលលាមក ក្រៃលែងជាងបុគ្គលលាមក តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកមានសេចក្ដីឃើញខុស ដោយខ្លួនឯងផង ទាំងបបួលជនដទៃ ក្នុងសេចក្ដីឃើញខុសផង។បេ។ មានញាណខុស ដោយខ្លួនឯងផង ទាំងបបួលជនដទៃ ក្នុងញាណខុសផង មានការរួចខុស ដោយខ្លួនឯងផង ទាំងបបួលជនដទៃ ក្នុងការរួចខុសផង។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា បុគ្គលលាមក ក្រៃលែងជាងបុគ្គលលាមក។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលល្អ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកមានសេចក្ដីឃើញត្រូវ។បេ។ មានញាណត្រូវ មានការរួចត្រូវ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា បុគ្គលល្អ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលល្អ ក្រៃលែងជាងបុគ្គលល្អ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកមានសេចក្ដីឃើញត្រូវ ដោយខ្លួនឯងផង ទាំងបបួលជនដទៃ ក្នុងសេចក្ដីឃើញត្រូវផង។បេ។ មានញាណត្រូវ ដោយខ្លួនឯងផង ទាំងបបួលជនដទៃ ក្នុងញាណត្រូវផង មានការរួចត្រូវ ដោយខ្លួនឯងផង ទាំងបបួលជនដទៃ ក្នុងការរួចត្រូវផង។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា បុគ្គលល្អ ក្រៃលែងជាងបុគ្គលល្អ។

(តតិយបាបធម្មសូត្រ ទី៩)

(៩. តតិយបាបធម្មសុត្តំ)

[៥៩] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងនូវបុគ្គលមានធម៌អាក្រក់ផង នូវ បុគ្គលមានធម៌អាក្រក់ក្រៃលែង ជាងបុគ្គលមានធម៌អាក្រក់ផង នូវបុគ្គលមានធម៌ល្អផង នូវបុគ្គលមានធម៌ល្អ ក្រៃលែងជាងបុគ្គលមានធម៌ល្អផង ចំពោះអ្នកទាំងឡាយ ចូរអ្នកទាំងឡាយ ស្ដាប់នូវពាក្យនោះ។បេ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលមានធម៌អាក្រក់ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកសម្លាប់សត្វ។បេ។ មានសេចក្ដីឃើញខុស ម្នាលភិក្ខុទាំងឡាយ នេះហៅថា បុគ្គលមានធម៌អាក្រក់។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលមានធម៌អាក្រក់ ក្រៃលែងជាងបុគ្គលមានធម៌អាក្រក់ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកសម្លាប់សត្វ ដោយខ្លួនឯងផង ទាំងបបួលជនដទៃ ក្នុងការសម្លាប់សត្វផង។បេ។ មានសេចក្ដីឃើញខុស ដោយខ្លួនឯងផង ទាំងបបួលជនដទៃ ក្នុងសេចក្ដីឃើញខុសផង។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា បុគ្គលមានធម៌អាក្រក់ ក្រៃលែងជាងបុគ្គលមានធម៌អាក្រក់។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលមានធម៌ល្អ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកវៀរចាកបាណាតិបាត។បេ។ មានសេចក្ដីឃើញត្រូវ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា បុគ្គលមានធម៌ល្អ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលមានធម៌ល្អ ក្រៃលែងជាងបុគ្គលមានធម៌ល្អ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកវៀរចាកបាណាតិបាត ដោយខ្លួនឯងផង ទាំងបបួលជនដទៃ ក្នុងកិរិយាវៀរចាកបាណាតិបាតផង។បេ។ មានសេចក្ដីឃើញត្រូវ ដោយខ្លួនឯងផង ទាំងបបួលជនដទៃ ក្នុងសេចក្ដីឃើញត្រូវផង។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា បុគ្គលមានធម៌ល្អ ក្រៃលែងជាងបុគ្គលមានធម៌ល្អ។

(ចតុត្ថបាបធម្មសូត្រ ទី១០)

(១០. ចតុត្ថបាបធម្មសុត្តំ)

[៦០] ម្នាលភិក្ខុទាំឡាយ តថាគតនឹងសំដែងនូវបុគ្គលមានធម៌អាក្រក់ផង នូវបុគ្គលមានធម៌អាក្រក់ ក្រៃលែងជាងបុគ្គលមានធម៌អាក្រក់ផង នូវបុគ្គលមានធម៌ល្អផង នូវបុគ្គលមានធម៌ល្អ ក្រៃលែងជាងបុគ្គលមានធម៌ល្អផង ចំពោះអ្នកទាំងឡាយ ចូរអ្នកទាំងឡាយ ស្ដាប់នូវពាក្យនោះ។បេ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលមានធម៌អាក្រក់ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកមានសេចក្ដីឃើញខុស។បេ។ មានញាណខុស មានការរួចខុស។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា បុគ្គលមានធម៌អាក្រក់។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលមានធម៌អាក្រក់ ក្រៃលែងជាងបុគ្គលមានធម៌អាក្រក់ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកមានសេចក្ដីឃើញខុស ដោយខ្លួនឯងផង ទាំងបបួលជនដទៃ ក្នុងសេចក្ដីឃើញខុសផង។បេ។ មានញាណខុស ដោយខ្លួនឯងផង ទាំងបបួលជនដទៃ ក្នុងញាណខុសផង មានការរួចខុស ដោយខ្លួនឯងផង ទាំងបបួលជនដទៃ ក្នុងការរួចខុសផង។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា បុគ្គលមានធម៌អាក្រក់ ក្រៃលែងជាងបុគ្គលមានធម៌អាក្រក់។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលមានធម៌ល្អ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកឃើញត្រូវ។បេ។ មានញាណត្រូវ មានការរួចត្រូវ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា បុគ្គលមានធម៌ល្អ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលមានធម៌ល្អ ក្រៃលែងជាងបុគ្គលមានធម៌ល្អ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកមានសេចក្ដីឃើញត្រូវ ដោយខ្លួនឯងផង ទាំងបបួលជនដទៃ ក្នុងសេចក្ដីឃើញត្រូវផង។បេ។ មានញាណត្រូវ ដោយខ្លួនឯងផង ទាំងបបួលជនដទៃ ក្នុងញាណត្រូវផង មានការរួចត្រូវ ដោយខ្លួនឯងផង ទាំងបបួលជនដទៃ ក្នុងការរួចត្រូវផង។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា បុគ្គលមានធម៌ល្អ ក្រៃលែងជាងបុគ្គលមានធម៌ល្អ។

ចប់ សប្បុរិសវគ្គ ទី១។

ឧទ្ទាននៃសប្បុរិសវគ្គនោះគឺ

និយាយអំពីសិក្ខាបទ ១ អំពីបុគ្គលមិនមានសទ្ធា ១ អំពីធម៌ ៧ នាំឲ្យវិនាស ១ មួយយ៉ាងទៀត និយាយអំពីកម្មទាំង ១០ ប្រការ ១ អំពីមគ្គប្រកបដោយអង្គ ៨ ប្រការ ១ អំពីមគ្គ ១០ ប្រការ ១ អំពីបាបធម៌ ២ ប្រការ ១ អំពីបាបធម៌ ២ ប្រការដទៃទៀត ១។

សោភនវគ្គ ទី២ (២២)

((២២) ២. បរិសាវគ្គោ)

(បរិសាសូត្រ ទី១)

(១. បរិសាសុត្តំ)

[៦១] ម្នាលភិក្ខុទាំងឡាយ ការទ្រុស្ដបរិសទ្យនេះ មាន ៤យ៉ាង។ ការទ្រុស្ដបរិសទ្យ ៤យ៉ាង តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទ្រុស្ដសីល មានធម៌លាមក ឈ្មោះថា ទ្រុស្ដបរិសទ្យ ១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីទ្រុស្ដសីល មានធម៌លាមក ឈ្មោះថា ទ្រុស្ដបរិសទ្យ ១ ម្នាលភិក្ខុទាំងឡាយ ឧបាសកទ្រុស្ដសីល មានធម៌លាមក ឈ្មោះថា ទ្រុស្ដបរិសទ្យ ១ ម្នាលភិក្ខុទាំងឡាយ ឧបាសិកាទ្រុស្ដសីល មានធម៌លាមក ឈ្មោះថា ទ្រុស្ដបរិសទ្យ ១។ ម្នាលភិក្ខុទាំងឡាយ ការទ្រុស្ដបរិសទ្យ មាន៤យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ការធ្វើបរិសទ្យឲ្យល្អ មាន៤យ៉ាង។ ការធ្វើបរិសទ្យឲ្យល្អ មាន៤យ៉ាង តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមានសីល មានធម៌ល្អ ឈ្មោះថា ធ្វើបរិសទ្យឲ្យល្អ ១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីមានសីល មានធម៌ល្អ ឈ្មោះថា ធ្វើបរិសទ្យឲ្យល្អ ១ ម្នាលភិក្ខុទាំងឡាយ ឧបាសកមានសីល មានធម៌ល្អ ឈ្មោះថា ធ្វើបរិសទ្យឲ្យល្អ ១ ម្នាលភិក្ខុទាំងឡាយ ឧបាសិកាមានសីល មានធម៌ល្អ ឈ្មោះថា ធ្វើបរិសទ្យឲ្យល្អ ១។ ម្នាលភិក្ខុទាំងឡាយ ការធ្វើបរិសទ្យឲ្យល្អ មាន៤យ៉ាងនេះឯង។

(ទិដ្ឋិសូត្រ ទី២)

(២. ទិដ្ឋិសុត្តំ)

[៦២] ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៤ យ៉ាង នឹងធ្លាក់ទៅក្នុងនរក ដូចជាគេនាំយកទៅទំលាក់។ បុគ្គលប្រកបដោយធម៌ ៤យ៉ាង តើដូចម្ដេច។ (គឺប្រកប) ដោយកាយទុច្ចរិត ១ វចីទុច្ចរិត ១ មនោទុច្ចរិត ១ មិច្ឆាទិដ្ឋិ ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៤យ៉ាងនេះ នឹងធ្លាក់ទៅក្នុងនរក ដូចជាគេនាំយកទៅទំលាក់។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៤យ៉ាង នឹងទៅកើតក្នុងស្ថានសួគ៌ ដូចជាគេនាំយកទៅដំកល់ទុក។ បុគ្គលប្រកបដោយធម៌ ៤យ៉ាង តើដូចម្ដេច។ (គឺប្រកប) ដោយកាយសុចរិត ១ វចីសុចរិត ១ មនោសុចរិត ១ សម្មាទិដ្ឋិ ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៤យ៉ាងនេះឯង នឹងទៅកើតក្នុងស្ថានសួគ៌ ដូចជាគេនាំយកទៅដំកល់ទុក។

(អកតញ្ញុតាសូត្រ ទី៣)

(៣. អកតញ្ញុតាសុត្តំ)

[៦៣] ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៤យ៉ាង នឹងធ្លាក់ទៅក្នុងនរក ដូចជាគេនាំយកទៅទំលាក់។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៤ យ៉ាង តើដូចម្ដេច។ (គឺប្រកប) ដោយកាយទុច្ចរិត ១ វចីទុច្ចរិត ១ មនោទុច្ចរិត ១ អកតញ្ញុអកតវេទិតា ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៤ យ៉ាងនេះឯង នឹងធ្លាក់ទៅក្នុងនរក ដូចជាគេនាំយកទៅទំលាក់។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកប ដោយធម៌ ៤យ៉ាង នឹងទៅកើតក្នុងស្ថានសួគ៌ ដូចជាគេនាំយកទៅដំកល់ទុក។ បុគ្គល ប្រកបដោយធម៌ ៤យ៉ាង តើដូចម្ដេច។ (គឺប្រកប) ដោយកាយសុចរិត ១ វចីសុចរិត ១ មនោសុចរិត ១ កតញ្ញុកតវេទិតា ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៤ យ៉ាងនេះឯង នឹងទៅកើតក្នុងស្ថានសួគ៌ ដូចជាគេនាំយកទៅដំកល់ទុក។

(បាណាតិបាតីសូត្រ ទី៤)

(៤. បាណាតិបាតីសុត្តំ)

[៦៤] ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៤យ៉ាង នឹងធ្លាក់ទៅក្នុងនរក ដូចជាគេនាំយកទៅទំលាក់។ បុគ្គលប្រកបដោយធម៌ ៤យ៉ាង តើដូចម្ដេច។ គឺបុគ្គល ជាអ្នកសម្លាប់សត្វ ១ កាន់យកទ្រព្យ ដែលគេមិនបានឲ្យ ១ ប្រព្រឹត្តខុស ក្នុងកាមទាំងឡាយ ១ និយាយពាក្យកុហក ១។បេ។ គឺបុគ្គលជាអ្នកវៀរចាកការសម្លាប់សត្វ ១ វៀរចាកការកាន់យកទ្រព្យ ដែលគេមិនបាឲ្យ ១ វៀរចាកការប្រព្រឹត្តិខុស ក្នុងកាមទាំងឡាយ ១ វៀរចាកការនិយាយពាក្យកុហក ១។បេ។

(បឋមមគ្គសូត្រ ទី៥)

(៥. បឋមមគ្គសុត្តំ)

[៦៥] បុគ្គលមានសេចក្ដីឃើញខុស ១ មានសេចក្ដីត្រិះរិះខុស ១ មានវាចាខុស ១ មានការងារខុស ១។បេ។ បុគ្គលមានសេចក្ដីឃើញត្រូវ ១ មានសេចក្ដីត្រិះរិះត្រូវ ១ មានវាចាត្រូវ ១ មានការងារត្រូវ ១។បេ។

(ទុតិយមគ្គសូត្រ ទី៦)

(៦. ទុតិយមគ្គសុត្តំ)

[៦៦] បុគ្គលជាអ្នកមានការចិញ្ចឹមជីវិតខុស ១ មានសេចក្ដីព្យាយាមខុស ១ មានសេចក្ដីរលឹកខុស ១ មានសេចក្ដីតាំងចិត្តខុស ១។បេ។ បុគ្គលជាអ្នកមានការចិញ្ចឹមជីវិតត្រូវ ១ មានសេចក្ដីព្យាយាមត្រូវ ១ មានសេចក្ដីរលឹកត្រូវ ១ មានសេចក្ដីតាំងចិត្តត្រូវ ១។បេ។

(បឋមវោហារបថសូត្រ ទី៧)

(៧. បឋមវោហារបថសុត្តំ)

[៦៧] បុគ្គលអ្នកពោលថាឃើញ ក្នុងរបស់ដែលមិនបានឃើញ ១ ពោលថាឮ ក្នុងរបស់ដែលមិនបានឮ ១ ពោលថាហឹត ជញ្ជក់ ប៉ះពាល់ ក្នុងរបស់ដែលមិនបានហឹត ជញ្ជក់ ប៉ះពាល់ ១ ពោលថាដឹងច្បាស់ ក្នុងរបស់ដែលមិនបានដឹងច្បាស់ ១។បេ។ បុគ្គលអ្នកពោលថា មិនឃើញ ក្នុងរបស់ដែលមិនបានឃើញ ១ ពោលថាមិនឮ ក្នុងរបស់ដែលមិនបានឮ ១ ពោលថាមិនបានហឹត ជញ្ជក់ ប៉ះពាល់ ក្នុងរបស់ដែលមិនបានហឹត ជញ្ជក់ ប៉ះពាល់ ១ ពោលថាមិនដឹងច្បាស់ ក្នុងរបស់ដែលមិនបានដឹងច្បាស់ ១។បេ។

(ទុតិយវោហារបថសូត្រ ទី៨)

(៨. ទុតិយវោហារបថសុត្តំ)

[៦៨] បុគ្គលអ្នកពោលថា មិនឃើញ ក្នុងរបស់ដែលបានឃើញ ១ ពោលថាមិនឮ ក្នុងរបស់ដែលបានឮ ១ ពោលថា មិនបានហឹត ជញ្ជក់ ប៉ះពាល់ ក្នុងរបស់ដែលបាន ហឹត ជញ្ជក់ ប៉ះពាល់ ១ ពោលថាមិនដឹងច្បាស់ ក្នុងរបស់ដែលបានដឹងច្បាស់ ១។បេ។ បុគ្គលអ្នកពោលថាឃើញ ក្នុងរបស់ដែលបានឃើញ ១ ពោលថាឮ ក្នុងរបស់ដែលបានឮ ១ ពោលថា ហឹត ជញ្ជក់ ប៉ះពាល់ ក្នុងរបស់ដែលបានហឹត ជញ្ជក់ ប៉ះពាល់ ១ ពោលថា ដឹងច្បាស់ ក្នុងរបស់ដែលបានដឹងច្បាស់ ១។បេ។

(អហិរិកសូត្រ ទី៩)

(៩. អហិរិកសុត្តំ)

[៦៩] បុគ្គលជាអ្នកមិនមានសទ្ធា ១ ទ្រុស្ដសីល ១ មិនខ្មាសបាប ១ មិនក្ដៅនឹងបាប ១។បេ។ បុគ្គលជាអ្នកមានសទ្ធា ១ មានសីល ១ ខ្មាសបាប ១ ក្ដៅនឹងបាប ១។បេ។

(ទុស្សីលសូត្រ ទី១០)

(១០. ទុស្សីលសុត្តំ)

[៧០] បុគ្គលជាអ្នកមិនមានសទ្ធា ១ ទ្រុស្ដសីល ១ ខ្ជិលច្រអូស ១ គ្មានបញ្ញា ១។បេ។ បុគ្គលជាអ្នកមានសទ្ធា ១ មានសីល ១ បា្ររព្ធព្យាយាម ១ មានបញ្ញា ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៤យ៉ាងនេះឯង នឹងទៅកើតក្នុងស្ថានសួគ៌ ដូចជាគេនាំយកទៅដំកល់ទុក។

ចប់ សោភនវគ្គ ទី២។

ឧទ្ទាននៃសោភនវគ្គនោះគឺ

និយាយអំពីការទ្រុស្តបរិសទ្យ និងការធ្វើបរិសទ្យឲ្យល្អ ១ អំពីជនអ្នកប្រកប ដោយធម៌ មានមិច្ឆាទិដ្ឋិ ជាដើម ១ អំពីជនអ្នកប្រកបដោយធម៌ មានអកតញ្ញុតា ជាដើម ១ អំពីជនអ្នកប្រកបដោយធម៌ មានបាណាតិបាត ជាដើម ១ អំពីជនអ្នកប្រកបដោយធម៌ ជាផ្លូវពីរប្រការ ១ អំពីគន្លងនៃវោហារពីរយ៉ាង ដែលបុគ្គលពោលហើយ ១ អំពីជនអ្នកប្រកបដោយធម៌ មានហិរិ ជាដើម ១ អំពីជនអ្នកប្រកបដោយធម៌ មានការមិនមានបញ្ញា ជាដើម ១។

ទុច្ចរិតវគ្គ ទី៣ (២៣)

((២៣) ៣. ទុច្ចរិតវគ្គោ)

(ទុច្ចរិតសូត្រ ទី១)

(១. ទុច្ចរិតសុត្តំ)

[៧១] ម្នាលភិក្ខុទាំងឡាយ វចីទុច្ចរិតនេះ មាន ៤យ៉ាង។ វចីទុច្ចរិត ៤យ៉ាង តើដូចម្ដេច។ គឺការនិយាយកុហក ១ និយាយញុះញង់ ១ និយាយពាក្យទ្រគោះ ១ និយាយពាក្យរោយរាយឥតប្រយោជន៍ ១។ ម្នាលភិក្ខុទាំងឡាយ វចីទុច្ចរិត មាន៤យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ វចីសុចរិតនេះ មាន៤យ៉ាង។ វចីសុចរិត ៤យ៉ាង តើដូចម្ដេច។ គឺនិយាយពាក្យពិត ១ មិននិយាយពាក្យញុះញង់ ១ និយាយពាក្យពីរោះ ១ និយាយដោយប្រាជ្ញា ១។ ម្នាលភិក្ខុទាំងឡាយ វចីសុចរិត មាន៤យ៉ាងនេះឯង។

(ទិដ្ឋិសូត្រ ទី២)

(២. ទិដ្ឋិសុត្តំ)

[៧២] ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៤យ៉ាង ឈ្មោះថា ពាល មិនឈ្លាស ជាអសប្បុរស រមែងរក្សានូវខ្លួនឲ្យមានគុណជីកចោល កំចាត់ចោលផង ជាអ្នកប្រកបដោយទោសផង ត្រូវពួកវិញ្ញូជនតិះដៀលផង បានបាបច្រើនផង។ បុគ្គលប្រកបដោយធម៌ ៤យ៉ាង តើដូចម្ដេច។ (គឺប្រកប) ដោយកាយទុច្ចរិត ១ វចីទុច្ចរិត ១ មនោទុច្ចរិត ១ មិច្ឆាទិដ្ឋិ ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៤ យ៉ាងនេះ ឈ្មោះថា ពាល មិនឈ្លាស ជាអសប្បុរស រមែងរក្សានូវខ្លួន ឲ្យមានគុណជីកចោល កំចាត់ចោលផង ជាអ្នកប្រកបដោយទោសផង ត្រូវពួកវិញ្ញូជនតិះដៀលផង បានបាប ច្រើនផង។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៤យ៉ាង ឈ្មោះថា បណ្ឌិត ឈ្លាស ជាសប្បុរស រមែងរក្សានូវខ្លួន មិនឲ្យមានគុណជីកចោល កំចាត់ចោលផង មិនមានទោសផង មិនត្រូវពួកវិញ្ញូជនតិះដៀលផង បានបុណ្យច្រើនផង។ បុគ្គលប្រកប ដោយធម៌ ៤យ៉ាង តើដូចម្ដេច។ (គឺប្រកប) ដោយកាយសុចរិត ១ វចីសុចរិត ១ មនោសុចរិត ១ សម្មាទិដ្ឋិ ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៤យ៉ាងនេះ ឈ្មោះថា បណ្ឌិត ឈ្លាស ជាសប្បុរស រមែងរក្សានូវខ្លួន មិនឲ្យមានគុណជីកចោល កំចាត់ចោលផង ជាអ្នកមិនមានទោសផង មិនត្រូវពួកវិញ្ញូជនតិះដៀលផង បានបុណ្យ ច្រើនផង។

(អកតញ្ញុតាសូត្រ ទី៣)

(៣. អកតញ្ញុតាសុត្តំ)

[៧៣] ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៤យ៉ាង ឈ្មោះថា ពាល មិនឈ្លាស ជាអសប្បុរស រមែងរក្សានូវខ្លួន ឲ្យមានគុណជីកចោល កំចាត់ចោលផង ជាអ្នកប្រកបដោយទោសផង ត្រូវពួកវិញ្ញូជនតិះដៀលផង បានបាបច្រើនផង។ បុគ្គលប្រកបដោយធម៌ ៤យ៉ាង តើដូចម្ដេច។ (គឺប្រកប) ដោយកាយទុច្ចរិត ១ វចីទុច្ចរិត ១ មនោទុច្ចរិត ១ អកតញ្ញុអកតវេទិតា ១។បេ។ (ប្រកប) ដោយកាយសុចរិត ១ វចីសុចរិត ១ មនោសុចរិត ១ កតញ្ញុកតវេទិតា ១។បេ។

(បាណាតិបាតីសូត្រ ទី៤)

(៤. បាណាតិបាតីសុត្តំ)

[៧៤] បុគ្គលជាអ្នកសម្លាប់សត្វ ១ កាន់យកទ្រព្យ ដែលគេមិនបានឲ្យ ១ ប្រព្រឹត្ត ខុស ក្នុងកាមទាំងឡាយ ១ និយាយពាក្យកុហក ១។បេ។ បុគ្គលជាអ្នកវៀរចាកការសម្លាប់សត្វ ១ វៀរចាកការកាន់យកទ្រព្យ ដែលគេមិនបានឲ្យ ១ វៀរចាកការប្រព្រឹត្តិខុស ក្នុងកាមទាំងឡាយ ១ វៀរចាកការនិយាយកុហក ១។បេ។

(បឋមមគ្គសូត្រ ទី៥)

(៥. បឋមមគ្គសុត្តំ)

[៧៥] បុគ្គលជាអ្នកមានសេចក្ដីឃើញខុស ១ មានសេចក្ដីត្រិះរិះខុស ១ មានវាចា ខុស ១ មានការងារខុស ១។បេ។ បុគ្គលជាអ្នកមានសេចក្ដីឃើញត្រូវ ១ មានសេចក្ដី ត្រិះរិះត្រូវ ១ មានវាចាត្រូវ ១ មានការងារត្រូវ ១។បេ។

(ទុតិយមគ្គសូត្រ ទី៦)

(៦. ទុតិយមគ្គសុត្តំ)

[៧៦] បុគ្គលជាអ្នកមានការចិញ្ចឹមជីវិតខុស ១ មានការព្យាយាមខុស ១ មានការ រលឹកខុស ១ មានការតាំងចិត្តខុស ១។បេ។ បុគ្គលជាអ្នកមានការចិញ្ចឹមជីវិតត្រូវ ១ មានការព្យាយាមត្រូវ ១ មានការរលឹកត្រូវ ១ មានការតាំងចិត្តត្រូវ ១។បេ។

(បឋមវោហារបថសូត្រ ទី៧)

(៧. បឋមវោហារបថសុត្តំ)

[៧៧] បុគ្គលអ្នកពោលថាឃើញ ក្នុងរបស់ដែលមិនបានឃើញ ១ ពោលថាឮ ក្នុង របស់ដែលមិនបានឮ ១ ពោលថា ហឹត ជញ្ជក់ ប៉ះពាល់ ក្នុងរបស់ដែលមិនបានហឹត ជញ្ជក់ ប៉ះពាល់ ១ ពោលថា ដឹងច្បាស់ ក្នុងរបស់ដែលមិនបានដឹងច្បាស់ ១។បេ។ បុគ្គលអ្នកពោលថា មិនឃើញ ក្នុងរបស់ដែលមិនបានឃើញ ១ ពោលថាមិនឮ ក្នុងរបស់ ដែលមិនបានឮ ១ ពោលថាមិនបានហឹត ជញ្ជក់ ប៉ះពាល់ ក្នុងរបស់ដែលមិនបានហឹត ជញ្ជក់ ប៉ះពាល់ ១ ពោលថាមិនដឹងច្បាស់ ក្នុងរបស់ដែលមិនបានដឹងច្បាស់ ១។បេ។

(ទុតិយវោហារបថសូត្រ ទី៨)

(៨. ទុតិយវោហារបថសុត្តំ)

[៧៨] បុគ្គលអ្នកពោលថា មិនឃើញ ក្នុងរបស់ដែលបានឃើញ ១ ពោលថាមិនឮ ក្នុងរបស់ដែលបានឮ ១ ពោលថា មិនហឹត ជញ្ជក់ ប៉ះពាល់ ក្នុងរបស់ដែលបានហឹត ជញ្ជក់ ប៉ះពាល់ ១ ពោលថាមិនដឹងច្បាស់ ក្នុងរបស់ដែលបានដឹងច្បាស់ ១។បេ។ បុគ្គល អ្នកពោលថាឃើញ ក្នុងរបស់ដែលបានឃើញ ១ ពោលថាឮ ក្នុងរបស់ដែលបានឮ ១ ពោលថា ហឹត ជញ្ជក់ ប៉ះពាល់ ក្នុងរបស់ដែលបានហឹត ជញ្ជក់ ប៉ះពាល់ ១ ពោលថា ដឹងច្បាស់ ក្នុងរបស់ដែលបានដឹងច្បាស់ ១។បេ។

(អហិរិកសូត្រ ទី៩)

(៩. អហិរិកសុត្តំ)

[៧៩] បុគ្គលអ្នកមិនមានសទ្ធា ១ អ្នកទ្រុស្ដសីល ១ មិនមានសេចក្ដីខ្មាសបាប ១ មិនមានសេចក្ដីក្ដៅនឹងបាប ១។បេ។ បុគ្គលជាអ្នកមានសទ្ធា ១ ជាអ្នកមានសីល ១ មានសេចក្ដីខ្មាសបាប ១ មានសេចក្ដីក្ដៅនឹងបាប ១។បេ។

(ទុប្បញ្ញសូត្រ ទី១០)

(១០. ទុប្បញ្ញសុត្តំ)

[៨០] បុគ្គលអ្នកមិនមានសទ្ធា ១ អ្នកទ្រុស្ដសីល ១ មានសេចក្ដីខ្ជិលច្រអូស ១ មិនមានបញ្ញា ១។បេ។ បុគ្គលអ្នកមានសទ្ធា ១ មានសីល ១ បា្ររព្ធព្យាយាម ១ មានបញ្ញា ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៤យ៉ាងនេះ ឈ្មោះថាបណ្ឌិត ឈ្លាស ជាសប្បុរស រមែងរក្សានូវខ្លួនមិនឲ្យមានគុណជីកចោល កំចាត់ចោលផង ជាអ្នកមិនមានទោសផង មិនត្រូវពួកវិញ្ញូជនតិះដៀលផង បានបុណ្យច្រើនផង។

(កវិសូត្រ ទី១១)

(១១. កវិសុត្តំ)

[៨១] ម្នាលភិក្ខុទាំងឡាយ អ្នកប្រាជ្ញនេះ មាន៤ពួក។ អ្នកប្រាជ្ញ ៤ពួក តើដូចម្ដេច។ គឺអ្នកប្រាជ្ញព្រោះគិត ១ អ្នកប្រាជ្ញព្រោះស្ដាប់ ១ អ្នកប្រាជ្ញព្រោះអាស្រ័យសេចក្ដី ១ អ្នកប្រាជ្ញព្រោះប្រាជ្ញាវាងវៃ ១។ ម្នាលភិក្ខុទាំងឡាយ អ្នកប្រាជ្ញ មាន៤ពួកនេះឯង។

ចប់ ទុច្ចរិតវគ្គ ទី៣។

ឧទ្ទាននៃទុច្ចរិតវគ្គនោះគឺ

និយាយអំពីទុច្ចរិត ១ អំពីមិច្ឆាទិដ្ឋិ ១ អំពីបុគ្គលប្រកបដោយធម៌ មានអកតញ្ញុតា ជាដើម ១ អំពីបុគ្គលប្រកបដោយធម៌ មានបាណាតិបាត ជាដើម ១ អំពីផ្លូវពីរប្រការ ១ អំពីគន្លងពាក្យពោលពីរប្រការដែលពោល ១ អំពីបុគ្គលប្រកបដោយធម៌ មានសេចក្ដី ខ្មាសបាប ជាដើម ១ អំពីបុគ្គលប្រកបដោយធម៌ មានមិនមានប្រាជ្ញា ជាដើម ១ អំពីអ្នក ប្រាជ្ញ ៤ពួក ១។

កម្មវគ្គ ទី៤ (២៤)

((២៤) ៤. កម្មវគ្គោ)

(សំខិត្តសូត្រ ទី១)

(១. សំខិត្តសុត្តំ)

[៨២] ម្នាលភិក្ខុទាំងឡាយ កម្ម ៤យ៉ាងនេះ តថាគតបានធ្វើឲ្យជាក់ច្បាស់ ដោយ ប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯង ហើយប្រកាសបា្រប់។ កម្ម ៤យ៉ាង ដូចម្ដេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ កម្មខ្មៅ17) មានវិបាកខ្មៅ18) ក៏មាន ម្នាលភិក្ខុទាំងឡាយ កម្មស19) មានវិបាកស20) ក៏មាន ម្នាលភិក្ខុទាំងឡាយ កម្មទាំងខ្មៅទាំងស21) មានវិបាកទាំងខ្មៅទាំងស22) ក៏មាន ម្នាលភិក្ខុទាំងឡាយ កម្មមិនខ្មៅមិនស23) មានវិបាកមិនខ្មៅមិនស ប្រព្រឹត្តទៅ ដើម្បីអស់កម្ម ក៏មាន។ ម្នាលភិក្ខុទាំងឡាយ កម្មទាំង ៤ ប្រភេទនេះ តថាគតបានធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯង ហើយប្រកាសប្រាប់។

(វិត្ថារសូត្រ ទី២)

(២. វិត្ថារសុត្តំ)

[៨៣] ម្នាលភិក្ខុទាំងឡាយ កម្ម ៤យ៉ាងនេះ តថាគតបានធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯង ហើយប្រកាសប្រាប់។ កម្ម ៤យ៉ាង ដូចម្ដេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ កម្មខ្មៅ មានវិបាកខ្មៅក៏មាន ម្នាលភិក្ខុទាំងឡាយ កម្មស មានវិបាកស ក៏មាន ម្នាលភិក្ខុទាំងឡាយ កម្មទាំងខ្មៅទាំងស មានវិបាកទាំងខ្មៅទាំងស ក៏មាន ម្នាលភិក្ខុទាំងឡាយ កម្មមិនខ្មៅមិនស មានវិបាកមិនខ្មៅមិនស ប្រព្រឹត្តទៅ ដើម្បីអស់កម្ម ក៏មាន។ ម្នាលភិក្ខុទាំងឡាយ ចុះកម្មខ្មៅ មានវិបាកខ្មៅ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ តាក់តែងកាយសង្ខារ ប្រកបដោយទោស តាក់តែងវចីសង្ខារ ប្រកបដោយទោស តាក់តែងមនោសង្ខារ ប្រកបដោយទោស លុះបុគ្គលនោះ តាក់តែងកាយសង្ខារ ប្រកបដោយទោស តាក់តែងវចីសង្ខារ ប្រកបដោយទោស តាក់តែងមនោសង្ខារ ប្រកបដោយទោសហើយ រមែងចូលទៅកាន់លោក ដែលប្រកបដោយទុក្ខ។ ផស្សៈទាំងឡាយ ប្រកបដោយទុក្ខ រមែងពាល់ត្រូវនូវបុគ្គលនោះ ដែលចូលទៅកាន់លោក ប្រកបដោយទុក្ខ។ បុគ្គលនោះ កាលផស្សៈទាំងឡាយ ប្រកបដោយទុក្ខ ពាល់ត្រូវហើយ រមែងរងវេទនាប្រកបដោយទុក្ខ មានសេចក្ដីលំបាកដោយពិត ដូចពួកសត្វ ដែលកើតក្នុងនរក។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា កម្មខ្មៅ មានវិបាកខ្មៅ។ ម្នាលភិក្ខុទាំងឡាយ ចុះកម្មស មានវិបាកស តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ តាក់តែងកាយសង្ខារ មិនមានទោស តាក់តែងវចីសង្ខារ មិនមានទោស តាក់តែងមនោសង្ខារ មិនមានទោស។ លុះបុគ្គលនោះ តាក់តែងកាយសង្ខារ មិនមានទោស តាក់តែងវចីសង្ខារ មិនមានទោស តាក់តែងមនោសង្ខារ មិនមានទោស រមែងចូលទៅកាន់លោក ដែលមិនមានទុក្ខ។ ផស្សៈទាំងឡាយ ដែលមិនមានទុក្ខ រមែងពាល់ត្រូវនូវបុគ្គលនោះ ដែលចូលទៅកាន់លោកមិនមានទុក្ខ។ បុគ្គលនោះ កាលផស្សៈទាំងឡាយមិនមានទុក្ខ ពាល់ត្រូវហើយ រមែងរងនូវវេទនាមិនមានទុក្ខ មានតែសេចក្ដីសុខដោយពិត ដូចពួកទេវតាជាន់សុភកិណ្ហៈ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា កម្មស មានវិបាកស។ ម្នាលភិក្ខុទាំងឡាយ ចុះកម្មទាំងខ្មៅទាំងស មានវិបាកទាំងខ្មៅទាំងស តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ តាក់តែងកាយសង្ខារ មានទោសខ្លះ មិនមានទោសខ្លះ តាក់តែងវចីសង្ខារ មានទោសខ្លះ មិនមានទោសខ្លះ តាក់តែងមនោសង្ខារ មានទោសខ្លះ មិនមានទោសខ្លះ។ លុះបុគ្គលនោះ តាក់តែងកាយសង្ខារ មានទោសខ្លះ មិនមានទោសខ្លះ តាក់តែងវចីសង្ខារ មានទោសខ្លះ មិនមានទោសខ្លះ តាក់តែងមនោសង្ខារ មានទោសខ្លះ មិនមានទោសខ្លះ រមែងចូលទៅកាន់លោក មានទុក្ខខ្លះ មិនមានទុក្ខខ្លះ។ ផស្សៈទាំងឡាយ មានទុក្ខខ្លះ មិនមានទុក្ខខ្លះ តែងពាល់ត្រូវនូវបុគ្គល ដែលចូលទៅកាន់លោក មានទុក្ខខ្លះ មិនមានទុក្ខខ្លះ។ បុគ្គលនោះ កាលផស្សៈទាំងឡាយ មានទុក្ខខ្លះ មិនមានទុក្ខខ្លះ ពាល់ត្រូវហើយ រមែងរងនូវវេទនា មានទុក្ខខ្លះ មិនមានទុក្ខខ្លះ ជាវេទនាមានសុខ និងទុក្ខលាយគ្នា ដូចមនុស្សពួកខ្លះ ទេវតាពួកខ្លះ វិនិបាតពួកខ្លះ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា កម្មទាំងខ្មៅទាំងស មានវិបាកទាំងខ្មៅទាំងស។ ម្នាលភិក្ខុទាំងឡាយ ចុះកម្មមិនខ្មៅ មិនស មានវិបាកមិនខ្មៅមិនស ប្រព្រឹត្តទៅ ដើម្បីអស់កម្ម តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ បណ្ដាកម្មទាំង ៤នោះ ចេតនាដើម្បីលះកម្មខ្មៅ មានវិបាកខ្មៅឯណា ចេតនាដើម្បីលះកម្មស មានវិបាកសឯណា ចេតនាដើម្បីលះកម្មទាំងខ្មៅទាំងស មានវិបាកទាំងខ្មៅទាំងសឯណា ម្នាលភិក្ខុទាំងឡាយ នេះហៅថា កម្មមិនខ្មៅមិនស មានវិបាកមិនខ្មៅមិនស ប្រព្រឹត្តទៅ ដើម្បីអស់កម្ម ក៏មាន។ ម្នាលភិក្ខុទាំងឡាយ កម្ម ៤ យ៉ាងនេះ ដែលតថាគតបានធ្វើឲ្យជាក់ច្បាស់ ដោយបា្រជ្ញាដ៏ឧត្តម ដោយខ្លួនឯង ហើយប្រកាសប្រាប់។

(សោណកាយនសូត្រ ទី៣)

(៣. សោណកាយនសុត្តំ)

[៨៤] គ្រានោះ ព្រាហ្មណ៍ឈ្មោះ សិខាមោគ្គល្លាន ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្ដីរីករាយ ជាមួយនឹងព្រះដ៏មានព្រះភាគ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ អង្គុយក្នុងទីដ៏សមគួរ។ លុះសិខាមោគ្គល្លានព្រាហ្មណ៍ អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន កាលពីថ្ងៃមុនៗ យូរមកហើយ មាណពឈ្មោះ សោណកាយនៈ ចូលមករកខ្ញុំព្រះអង្គ លុះចូលមកដល់ ក៏និយាយនឹងខ្ញុំព្រះអង្គ ដូច្នេះថា ព្រះសមណគោតម បញ្ញត្តនូវការមិនធ្វើនូវកម្មទាំងពួង កាលព្រះអង្គបញ្ញត្តនូវការមិនធ្វើនូវកម្មទាំងពួង ឈ្មោះថា ពោលឧច្ឆេទ (សេចក្ដីដាច់សូន្យ) នៃលោក បពិត្រព្រះអង្គដ៏ចំរើន លោកនេះជាកម្មសច្ចៈ (មានកម្មជាសភាវៈ) ជាកម្មសមារម្ភដ្ឋាយី (តាំង នៅដោយការធ្វើកម្ម)។ ព្រះដ៏មានព្រះភាគត្រាស់ថា ម្នាលព្រាហ្មណ៍ តថាគតមិនដែលបានឃើញសោណកាយនមាណពសោះ ការចរចាពាក្យ មានសភាពយ៉ាងនោះ នឹងមានមកពីណា។ ម្នាលព្រាហ្មណ៍ កម្មទាំង ៤យ៉ាងនេះ តថាគតបានធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯង ហើយប្រកាសប្រាប់។ កម្ម ៤យ៉ាង តើដូចម្ដេចខ្លះ។ ម្នាលព្រាហ្មណ៍ កម្មខ្មៅ មានវិបាកខ្មៅ ក៏មាន ម្នាលព្រាហ្មណ៍ កម្មស មានវិបាកស ក៏មាន ម្នាលព្រាហ្មណ៍ កម្មទាំងខ្មៅ ទាំងស មានវិបាកទាំងខ្មៅ ទាំងស ក៏មាន ម្នាលព្រាហ្មណ៍ កម្មមិនខ្មៅមិនស មានវិបាកមិនខ្មៅមិនស ប្រព្រឹត្តទៅ ដើម្បីអស់កម្ម ក៏មាន។ ម្នាលព្រាហ្មណ៍ ចុះកម្មខ្មៅ មានវិបាកខ្មៅ តើដូចម្ដេច។ ម្នាលព្រាហ្មណ៍ បុគ្គលពួលខ្លះ ក្នុងលោកនេះ តាក់តែងកាយសង្ខារ ប្រកបដោយទោស តាក់តែងវចីសង្ខារ ប្រកបដោយទោស តាក់តែងមនោសង្ខារ ប្រកបដោយទោស លុះបុគ្គលនោះ តាក់តែងកាយសង្ខារ ប្រកបដោយទោស តាក់តែងវចីសង្ខារ ប្រកបដោយទោស តាក់តែងមនោសង្ខារ ប្រកបដោយទោសហើយ រមែងចូលទៅកាន់លោកប្រកបដោយទុក្ខ។ ផស្សៈទាំងឡាយប្រកបដោយទុក្ខ រមែងពាល់ត្រូវនូវបុគ្គលនោះ ដែលចូលទៅកាន់លោក ប្រកបដោយទុក្ខ។ បុគ្គលនោះ កាលផស្សៈទាំងឡាយ ពាល់ត្រូវហើយ រមែងរងនូវវេទនាប្រកបដោយទុក្ខ មានសេចក្ដីលំបាកដោយពិត ដូចពួកសត្វដែលកើតក្នុងនរក។ ម្នាលព្រាហ្មណ៍ នេះហៅថា កម្មខ្មៅ មានវិបាកខ្មៅ។ ម្នាលព្រាហ្មណ៍ ចុះកម្មស មានវិបាកស តើដូចម្ដេច។ ម្នាលព្រាហ្មណ៍ បុគ្គលពួកខ្លះ ក្នុងលោកនេះ តាក់តែងកាយសង្ខារមិនមានទោស តាក់តែងវចីសង្ខារមិនមានទោស តាក់តែងមនោសង្ខារ មិនមានទោស លុះបុគ្គលនោះ តាក់តែងកាយសង្ខារមិនមានទោស តាក់តែងវចីសង្ខារមិនមានទោស តាក់តែងមនោសង្ខារមិនមានទោសហើយ រមែងចូលទៅកាន់លោក ដែលមិនប្រកបដោយទុក្ខ។ ផស្សៈទាំងឡាយ ដែលមិនប្រកបដោយទុក្ខ រមែងពាល់ត្រូវ នូវបុគ្គលនោះ ដែលចូលទៅកាន់លោក ដែលមិនប្រកបដោយទុក្ខ។ បុគ្គលនោះ កាលផស្សៈទាំងឡាយ មិនប្រកបដោយទុក្ខ ពាល់ត្រូវហើយ រមែងទទួលនូវវេទនាមិនប្រកបដោយទុក្ខ មានតែសេចក្ដីសុខដោយពិត ដូចពួកទេវតាជាន់សុភកិណ្ហៈ។ ម្នាលព្រាហ្មណ៍ នេះហៅថា កម្មស មានវិបាកស។ ម្នាលព្រាហ្មណ៍ ចុះកម្មទាំងខ្មៅ ទាំងស មានវិបាកទាំងខ្មៅទាំងស តើដូចម្ដេច។ ម្នាលព្រាហ្មណ៍ បុគ្គលពួកខ្លះ ក្នុងលោកនេះ តាក់តែងកាយសង្ខារ មានទោសខ្លះ មិនមានទោសខ្លះ តាក់តែងវចីសង្ខារ មានទោសខ្លះ មិនមានទោសខ្លះ តាក់តែងមនោសង្ខារ មានទោសខ្លះ មិនមានទោសខ្លះ លុះបុគ្គលនោះ តាក់តែងកាយសង្ខារ មានទោសខ្លះ មិនមានទោសខ្លះ តាក់តែងវចីសង្ខារ មានទោសខ្លះ មិនមានទោសខ្លះ តាក់តែងមនោសង្ខារ មានទោសខ្លះ មិនមានទោសខ្លះហើយ រមែងចូលទៅកាន់លោក ប្រកបដោយទុក្ខខ្លះ មិនមានទុក្ខខ្លះ ផស្សៈទាំងឡាយ ប្រកបដោយទុក្ខខ្លះ មិនប្រកបដោយទុក្ខខ្លះ រមែងពាល់ត្រូវនូវបុគ្គលនោះ ដែលចូលទៅកាន់លោក ប្រកបដោយទុក្ខខ្លះ មិនមានទុក្ខខ្លះ។ បុគ្គលនោះ កាលផស្សៈទាំងឡាយ ប្រកបដោយទុក្ខខ្លះ មិនមានទុក្ខខ្លះ ពាល់ត្រូវហើយ រមែងទទួលវេទនា ប្រកបដោយទុក្ខខ្លះ មិនមានទុក្ខខ្លះ មានសុខ និងទុក្ខច្រឡំគ្នា ដូចមនុស្សពួកខ្លះ ទេវតាពួកខ្លះ វិនិបាតពួកខ្លះ។ ម្នាលព្រាហ្មណ៍ នេះហៅថា កម្មទាំងខ្មៅ ទាំងស មានវិបាកទាំងខ្មៅ ទាំងស។ ម្នាលព្រាហ្មណ៍ ចុះកម្មមិនខ្មៅមិនស មានវិបាកមិនខ្មៅ មិនស ប្រព្រឹត្តទៅ ដើម្បីអស់កម្ម តើដូចម្ដេច។ ម្នាលព្រាហ្មណ៍ បណ្ដាកម្មទាំង ៤ នោះ ចេតនាដើម្បីលះបង់កម្មខ្មៅ មានវិបាកខ្មៅឯណា ចេតនាដើម្បីលះបង់កម្មស មានវិបាកសឯណា ចេតនាដើម្បីលះបង់កម្មទាំងខ្មៅទាំងស មានវិបាកទាំងខ្មៅ ទាំងសឯណា ម្នាលព្រាហ្មណ៍ នេះហៅថា កម្មមិនខ្មៅមិនស មានវិបាកមិនខ្មៅមិនស ប្រព្រឹត្តទៅ ដើម្បីអស់កម្ម។ ម្នាលព្រាហ្មណ៍ កម្មទាំង ៤ យ៉ាងនេះ តថាគតបានធ្វើឲ្យជាក់ច្បាស់ ដោយបា្រជ្ញាដ៏ឧត្តម ដោយខ្លួនឯង ហើយប្រកាសប្រាប់។

(បឋមសិក្ខាបទសូត្រ ទី៤)

(៤. បឋមសិក្ខាបទសុត្តំ)

[៨៥] ម្នាលភិក្ខុទាំងឡាយ កម្ម ៤ យ៉ាងនេះ តថាគតបានធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯង ហើយប្រកាសប្រាប់។ កម្ម ៤យ៉ាង តើដូចម្ដេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ កម្មខ្មៅ មានវិបាកខ្មៅក៏មាន ម្នាលភិក្ខុទាំងឡាយ កម្មស មានវិបាកស ក៏មាន ម្នាលភិក្ខុទាំងឡាយ កម្មទាំងខ្មៅ ទាំងស មានវិបាកទាំងខ្មៅ ទាំងស ក៏មាន ម្នាលភិក្ខុទាំងឡាយ កម្មមិនខ្មៅមិនស មានវិបាកមិនខ្មៅមិនស ប្រព្រឹត្តទៅ ដើម្បីអស់កម្ម ក៏មាន។ ម្នាលភិក្ខុទាំងឡាយ ចុះកម្មខ្មៅ មានវិបាកខ្មៅ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកសម្លាប់សត្វ ជាអ្នកលួចទ្រព្យគេ ជាអ្នកប្រព្រឹត្តខុស ក្នុងកាមទាំងឡាយ ជាអ្នកនិយាយកុហក ជាអ្នកផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ ដែលជាទីតាំងនៃសេចក្ដីប្រមាទ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា កម្មខ្មៅ មានវិបាកខ្មៅ។ ម្នាលភិក្ខុទាំងឡាយ ចុះកម្មស មានវិបាកស តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកវៀរស្រឡះ ចាកបាណាតិបាត វៀរស្រឡះចាកអទិន្នាទាន វៀរស្រឡះចាកកាមេសុមិច្ឆាចារ វៀរស្រឡះចាកមុសាវាទ វៀរស្រឡះ ចាកការផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ ដែលជាទីតាំង នៃសេចក្ដីប្រមាទ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា កម្មស មានវិបាកស។ ម្នាលភិក្ខុទាំងឡាយ ចុះកម្មទាំងខ្មៅ ទាំងស មានវិបាកទាំងខ្មៅ ទាំងស តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ តាក់តែងកាយសង្ខារមានទោសខ្លះ មិនមានទោសខ្លះ។បេ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា កម្មទាំងខ្មៅ ទាំងស មានវិបាកទាំងខ្មៅទាំងស។ ម្នាលភិក្ខុទាំងឡាយ ចុះកម្មមិនខ្មៅមិនស មានវិបាកមិនខ្មៅមិនស ប្រព្រឹត្តទៅ ដើម្បីអស់កម្ម តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ បណ្ដាកម្មទាំង ៤ នោះ កម្មខ្មៅ មានវិបាកខ្មៅឯណា។បេ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា កម្មមិនខ្មៅមិនស មានវិបាកមិនខ្មៅមិនស ប្រព្រឹត្តទៅ ដើម្បីអស់កម្ម។ ម្នាលភិក្ខុទាំងឡាយ កម្មទាំង ៤យ៉ាងនេះ តថាគតបានធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯង ហើយប្រកាសប្រាប់។

(ទុតិយសិក្ខាបទសូត្រ ទី៥)

(៥. ទុតិយសិក្ខាបទសុត្តំ)

[៨៦] ម្នាលភិក្ខុទាំងឡាយ កម្ម ៤យ៉ាងនេះ តថាគតបានធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯង ហើយប្រកាសប្រាប់។ កម្ម ៤យ៉ាង តើដូចម្ដេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ កម្មខ្មៅ មានវិបាកខ្មៅ ក៏មាន ម្នាលភិក្ខុទាំងឡាយ កម្មស មានវិបាកស ក៏មាន ម្នាលភិក្ខុទាំងឡាយ កម្មទាំងខ្មៅ ទាំងស មានវិបាកទាំងខ្មៅ ទាំងស ក៏មាន ម្នាលភិក្ខុទាំងឡាយ កម្មមិនខ្មៅមិនស មានវិបាកមិនខ្មៅមិនស ប្រព្រឹត្តទៅ ដើម្បីអស់កម្ម ក៏មាន។ ម្នាលភិក្ខុទាំងឡាយ ចុះកម្មខ្មៅ មានវិបាកខ្មៅ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកផ្ដាច់ផ្ដិលជីវិតមាតា ផ្ដាច់ផ្ដិលជីវិតបិតា ផ្ដាច់ផ្ដិលព្រះជន្មាយុព្រះអរហន្ដខីណាស្រព មានចិត្តប្រទុស្ដព្រះតថាគត ញុំាងលោហិត ឲ្យពុរពងឡើង ជាអ្នកបំបែកសង្ឃ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា កម្មខ្មៅ មានវិបាកខ្មៅ។ ម្នាលភិក្ខុទាំងឡាយ ចុះកម្មស មានវិបាកស តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកវៀរស្រឡះចាកបាណាតិបាត វៀរស្រឡះចាក អទិន្នាទាន វៀរស្រឡះចាកកាមេសុមិច្ឆាចារ វៀរស្រឡះចាកមុសាវាទ វៀរស្រឡះចាក បិសុណាវាចា វៀរស្រឡះចាកផរុសវាចា វៀរស្រឡះចាកសម្ផប្បលាបៈ ជាអ្នកមិនរំពៃទ្រព្យអ្នកដទៃ មានចិត្តមិនព្យាបាទ មានសេចក្តីយល់ឃើញត្រូវ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា កម្មស មានវិបាកស។ ម្នាលភិក្ខុទាំងឡាយ ចុះកម្មទាំងខ្មៅ ទាំងស មានវិបាកទាំងខ្មៅ ទាំងស តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ តាក់តែងកាយសង្ខារ មានទោសខ្លះ មិនមានទោសខ្លះ។បេ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា កម្មទាំងខ្មៅ ទាំងស មានវិបាកទាំងខ្មៅ ទាំងស។ ម្នាលភិក្ខុទាំងឡាយ ចុះកម្ម មិនខ្មៅមិនស មានវិបាក មិនខ្មៅមិនស ប្រព្រឹត្តទៅ ដើម្បីអស់កម្ម តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បណ្តាកម្មទាំង ៤នោះ កម្មខ្មៅ មានវិបាកខ្មៅឯណា។បេ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា កម្មមិនខ្មៅមិនស មានវិបាកមិនខ្មៅមិនស ប្រព្រឹត្តទៅ ដើម្បីអស់កម្ម ម្នាលភិក្ខុទាំងឡាយ កម្មទាំង ៤យ៉ាងនេះ តថាគតបានធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯង ហើយប្រកាសប្រាប់។

(អរិយមគ្គសូត្រ ទី៦)

(៦. អរិយមគ្គសុត្តំ)

[៨៧] ម្នាលភិក្ខុទាំងឡាយ កម្ម ៤យ៉ាងនេះ តថាគតបានធ្វើឲ្យជាក់ច្បាស់ ដោយ ប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯង ហើយប្រកាសប្រាប់។ កម្មទាំង ៤យ៉ាង តើដូចម្ដេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ កម្មខ្មៅ មានវិបាកខ្មៅ ក៏មាន ម្នាលភិក្ខុទាំងឡាយ កម្មស មានវិបាកស ក៏មាន ម្នាលភិក្ខុទាំងឡាយ កម្មទាំងខ្មៅ ទាំងស មានវិបាកទាំងខ្មៅ ទាំងស ក៏មាន ម្នាលភិក្ខុទាំងឡាយ កម្មមិនខ្មៅមិនស មានវិបាកមិនខ្មៅមិនស ប្រព្រឹត្តទៅ ដើម្បីអស់កម្ម ក៏មាន។ ម្នាលភិក្ខុទាំងឡាយ ចុះកម្មខ្មៅ មានវិបាកខ្មៅ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ តាក់តែងកាយសង្ខារ ប្រកបដោយទោស។បេ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា កម្មខ្មៅ មានវិបាកខ្មៅ។ ម្នាលភិក្ខុទាំងឡាយ ចុះកម្មស មានវិបាកស តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ តាក់តែងកាយសង្ខារមិនមានទោស។បេ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា កម្មស មានវិបាកស។ ម្នាលភិក្ខុទាំងឡាយ ចុះកម្មទាំងខ្មៅ ទាំងស មានវិបាកទាំងខ្មៅ ទាំងស តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ តាក់តែងកាយសង្ខារ មានទោសខ្លះ មិនមានទោសខ្លះ។បេ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា កម្មទាំងខ្មៅ ទាំងស មានវិបាកទាំងខ្មៅ ទាំងស។ ម្នាលភិក្ខុទាំងឡាយ ចុះកម្មមិនខ្មៅមិនស មានវិបាកមិនខ្មៅ មិនស ប្រព្រឹត្តទៅ ដើម្បីអស់កម្ម តើដូចម្ដេច។ សេចក្ដីយល់ឃើញត្រូវ។បេ។ ការដំកល់ចិត្តត្រូវ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា កម្មមិនខ្មៅ មិនស មានវិបាកមិនខ្មៅ មិនស ប្រព្រឹត្តទៅ ដើម្បីអស់កម្ម។ ម្នាលភិក្ខុទាំងឡាយ កម្មទាំង ៤យ៉ាងនេះ តថាគត បានធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯង ហើយប្រកាសប្រាប់។

(ពោជ្ឈង្គសូត្រ ទី៧)

(៧. ពោជ្ឈង្គសុត្តំ)

[៨៨] ម្នាលភិក្ខុទាំងឡាយ កម្ម ៤យ៉ាងនេះ តថាគតបានធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯង ហើយប្រកាសប្រាប់។ កម្ម ៤យ៉ាង តើដូចម្ដេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ កម្មខ្មៅ មានវិបាកខ្មៅក៏មាន ម្នាលភិក្ខុទាំងឡាយ កម្មស មានវិបាកស ក៏មាន ម្នាលភិក្ខុទាំងឡាយ កម្មទាំងខ្មៅ ទាំងស មានវិបាកទាំងខ្មៅ ទាំងស ក៏មាន ម្នាលភិក្ខុទាំងឡាយ កម្មមិនខ្មៅមិនស មានវិបាកមិនខ្មៅមិនស ប្រព្រឹត្តទៅ ដើម្បីអស់កម្ម ក៏មាន។ ម្នាលភិក្ខុទាំងឡាយ ចុះកម្មខ្មៅ មានវិបាកខ្មៅ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ តាក់តែងកាយសង្ខារ ប្រកបដោយទោស។បេ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា កម្មខ្មៅ មានវិបាកខ្មៅ។ ម្នាលភិក្ខុទាំងឡាយ ចុះកម្មស មានវិបាកស តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ តាក់តែងកាយសង្ខារមិនមានទោស។បេ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា កម្មស មានវិបាកស។ ម្នាលភិក្ខុទាំងឡាយ ចុះកម្មទាំងខ្មៅ ទាំងស មានវិបាកទាំងខ្មៅ ទាំងស តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ តាក់តែងកាយសង្ខារ មានទោសខ្លះ មិនមានទោសខ្លះ។បេ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា កម្មទាំងខ្មៅ ទាំស មានវិបាកទាំងខ្មៅ ទាំងស។ ម្នាលភិក្ខុទាំងឡាយ ចុះកម្មមិនខ្មៅមិនស មានវិបាកមិនខ្មៅមិនស ប្រព្រឹត្តទៅ ដើម្បីអស់កម្ម តើដូចម្ដេច។ សតិសម្ពោជ្ឈង្គ ធម្មវិចយសម្ពោជ្ឈង្គ វីរិយសម្ពោជ្ឈង្គ បីតិសម្ពោជ្ឈង្គ បស្សទ្ធិសម្ពោជ្ឈង្គ សមាធិសម្ពោជ្ឈង្គ ឧបេក្ខាសម្ពោជ្ឈង្គ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា កម្មមិនខ្មៅមិនស មានវិបាកមិនខ្មៅមិនស ប្រព្រឹត្តទៅ ដើម្បីអស់កម្ម។ ម្នាលភិក្ខុទាំងឡាយ កម្មទាំង ៤យ៉ាងនេះ តថាគតបានធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯង ហើយប្រកាសប្រាប់។

(សាវជ្ជសូត្រ ទី៨)

(៨. សាវជ្ជសុត្តំ)

[៨៩] ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៤ប្រការ រមែងកើតក្នុងនរក ដូចគេនាំយកទៅទំលាក់។ ធម៌ ៤ប្រការ តើដូចម្ដេចខ្លះ។ គឺកាយកម្មប្រកបដោយទោស ១ វចីកម្មប្រកបដោយទោស ១ មនោកម្មប្រកបដោយទោស ១ ទិដ្ឋិប្រកបដោយទោស ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៤ប្រការនេះ រមែងទៅកើតក្នុងនរក ដូចជាគេនាំយកទៅទំលាក់។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៤ប្រការ រមែងទៅកើតក្នុងឋានសួគ៌ ដូចគេនាំយកទៅដាក់។ ធម៌ ៤ប្រការ តើដូចម្ដេចខ្លះ។ គឺកាយកម្មមិនមានទោស ១ វចីកម្មមិនមានទោស ១ មនោកម្មមិនមានទោស ១ ទិដ្ឋិមិនមានទោស ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៤នេះ រមែងទៅកើតក្នុងឋានសួគ៌ ដូចគេនាំយកទៅដាក់។

(អព្យាពជ្ឈសូត្រ ទី៩)

(៩. អព្យាពជ្ឈសុត្តំ)

[៩០] ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៤ប្រការ រមែងទៅកើតក្នុងនរក ដូចគេនាំយកទៅទំលាក់។ ធម៌ ៤ប្រការ តើដូចម្ដេចខ្លះ។ គឺកាយកម្ម ប្រកបដោយទោស ១ វចីកម្មប្រកបដោយទោស ១ មនោកម្មប្រកបដោយទោស ១ ទិដ្ឋិប្រកបដោយទោស ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៤ប្រការនេះ រមែងទៅកើតក្នុងនរក ដូចគេនាំយកទៅទំលាក់។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៤ប្រការ រមែងទៅកើតក្នុងឋានសួគ៌ ដូចគេនាំយកទៅដាក់។ ធម៌ ៤ប្រការ តើដូចម្ដេចខ្លះ។ គឺកាយកម្មមិនមានទោស ១ វចីកម្មមិនមានទោស ១ មនោកម្មមិនមានទោស ១ ទិដ្ឋិមិនមានទោស ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៤ប្រការនេះ រមែងទៅកើតក្នុងឋានសួគ៌ ដូចគេនាំយកទៅដាក់។

(សមណសូត្រ ទី១០)

(១០. សមណសុត្តំ)

[៩១] ម្នាលភិក្ខុទាំងឡាយ សមណៈទី១ ក៏មានក្នុងធម្មវិន័យនេះ សមណៈទី២ ក៏មានក្នុងធម្មវិន័យនេះ សមណៈទី៣ ក៏មានក្នុងធម្មវិន័យនេះ សមណៈទី៤ ក៏មានក្នុងធម្មវិន័យនេះ បរប្បវាទ (លទ្ធិ) ទាំងឡាយ សូន្យចាកពួកសមណៈដទៃ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរបន្លឺសីហនាទ ដោយប្រពៃយ៉ាងនេះចុះ។ ម្នាលភិក្ខុទាំងឡាយ ចុះសមណៈទី១ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ព្រោះអស់សំយោជនៈ ៣ ជាសោតាបន្នបុគ្គល មានកិរិយាមិនធា្លក់ចុះជាធម្មតា ជាបុគ្គលទៀង មានកិរិយាត្រាស់ដឹងប្រព្រឹត្តទៅខាងមុខ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សមណៈទី១។ ម្នាលភិក្ខុទាំងឡាយ ចុះសមណៈទី២ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ព្រោះអស់សំយោជនៈ ៣ មានរាគៈ ទោសៈ មោហៈស្រាលស្ដើង ជាសកទាគាមិបុគ្គល នឹងមកកាន់លោកនេះម្ដងទៀត ហើយទើបធ្វើនូវទីបំផុតនៃទុក្ខបាន។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សមណៈទី២។ ម្នាលភិក្ខុទាំងឡាយ ចុះសមណៈទី៣ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ព្រោះអស់ឱរម្ភាគិយសំយោជនៈ ៥ ជាឱបបាតិកកំណើត បរិនិព្វានក្នុងទីនោះ មិនបានវិលត្រឡប់ចាកលោកនោះជាធម្មតា។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សមណៈទី៣។ ម្នាលភិក្ខុទាំងឡាយ ចុះសមណៈទី៤ តើដូចម្ដេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ បានធ្វើឲ្យជាក់ច្បាស់ នូវចេតោវិមុត្តិ នូវបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់អាសវៈទាំងឡាយ ដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សមណៈទី៤។ ម្នាលភិក្ខុទាំងឡាយ សមណៈទី១ ក៏មានក្នុងធម្មវិន័យនេះ សមណៈទី២ ក៏មានក្នុងធម្មវិន័យនេះ សមណៈទី៣ ក៏មានក្នុងធម្មវិន័យនេះ សមណៈទី៤ ក៏មានក្នុងធម្មវិន័យនេះ បរប្បវាទ (លទ្ធិ) ទាំងឡាយ សូន្យចាកពួកសមណៈដទៃ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរបន្លឺនូវសីហនាទ ដោយប្រពៃយ៉ាងនេះចុះ។

(សប្បុរិសានិសំសសូត្រ ទី១១)

(១១. សប្បុរិសានិសំសសុត្តំ)

[៩២] ម្នាលភិក្ខុទាំងឡាយ អានិសង្ស ៤ប្រការ កើតប្រាកដឡើងបាន ព្រោះអាស្រ័យសប្បុរស។ អានិសង្ស ៤ប្រការ តើដូចម្ដេចខ្លះ។ បុគ្គល (អាស្រ័យសប្បុរស) រមែងចំរើនដោយសីលដ៏ប្រសើរ រមែងចំរើនដោយសមាធិដ៏ប្រសើរ រមែងចំរើនដោយបញ្ញាដ៏ប្រសើរ រមែងចំរើនដោយវិមុត្តិដ៏ប្រសើរ ម្នាលភិក្ខុទាំងឡាយ អានិសង្ស ៤ប្រការនេះ កើតឡើងប្រាកដបាន ព្រោះអាស្រ័យសប្បុរស។

ចប់ កម្មវគ្គ ទី៤។

ឧទ្ទាននៃកម្មវគ្គនោះ គឺ

និយាយអំពីកម្ម ៤យ៉ាង ដោយសង្ខេប និងពិស្ដារ អំពីរឿងសោណកាយនមាណព ពោលថា ព្រះដ៏មានព្រះភាគ ទ្រង់បញ្ញត្តកម្មទាំងពួង ថាជាអកិរិយវាទ អំពីកម្ម ទាំងខ្មៅទាំងស ចែកជាសិក្ខាបទ អំពីកម្មមិនខ្មៅមិនស បានដល់អរិយមគ្គ អំពីកម្មមិន ខ្មៅមិនស បានដល់ពោជ្ឈង្គ អំពីកម្មប្រកបដោយទោស ៤យ៉ាង អំពីកម្មមិនមានទោស ៤យ៉ាង អំពីសមណៈ ៤ពួក អំពីអានិសង្សអាស្រ័យសប្បុរស ៤យ៉ាង។

អាបត្តិភយវគ្គ ទី៥ (២៥)

((២៥) ៥. អាបត្តិភយវគ្គោ)

(សង្ឃភេទកសូត្រ ទី១)

(១. សង្ឃភេទកសុត្តំ)

[៩៣] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងឃោសិតារាម ទៀបក្រុងកោសម្ពី។ គ្រានោះ ព្រះអានន្ទដ៏មានអាយុ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ថា្វយបង្គំព្រះដ៏មានព្រះភាគ ហើយគង់ក្នុងទីដ៏សមគួរ។ លុះព្រះអានន្ទដ៏មានអាយុ គង់ក្នុងទីដ៏សមគួរហើយ ព្រះដ៏មានព្រះភាគ បានត្រាស់សួរថា ម្នាលអានន្ទ អធិករណ៍នោះ បានរម្ងាប់ហើយឬ។ ព្រះអានន្ទក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន អធិករណ៍នោះ នឹងរម្ងាប់អំពីណាបាន បពិត្រព្រះអង្គដ៏ចំរើន សទ្ធិវិហារិករបស់អនុរុទ្ធ ដ៏មានអាយុ ឈ្មោះវាហិយៈ នៅតែទទូចដើម្បីបំបែកសង្ឃឥតឈប់ឈរ ក្នុងរឿងនោះ ព្រះអនុរុទ្ធដ៏មានអាយុ ក៏មិនឃើញមានស្ដីថាអ្វី សូមី្បតែ ១ម៉ាត់ក៏គ្មាន។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលអានន្ទ ចុះអនុរុទ្ធធ្លាប់ចូលគំនិត ក្នុងអធិករណ៍ នាកណ្ដាលសង្ឃ ពីកាលណាមក ម្នាលអានន្ទ អធិករណ៍ទាំងឡាយណាមួយ កើតឡើង អធិករណ៍ទាំងនោះ គួរតែអ្នកទាំងឡាយផង សារីបុត្ត និងមោគ្គល្លានផង រម្ងាប់ មិនមែនទេឬ។ ម្នាលអានន្ទ ភិក្ខុបាប កាលបើឃើញច្បាស់ នូវអំណាចប្រយោជន៍ ៤យ៉ាងនេះ រមែងត្រេកអរ ដោយការបំបែកសង្ឃ។ អំណាចប្រយោជន៍ ៤យ៉ាង ដូចម្ដេចខ្លះ។ ម្នាលអានន្ទ ភិក្ខុបាបក្នុងសាសនានេះ ជាអ្នកទ្រុស្ដសីល មានធម៌លាមក មានអំពើមិនស្អាត មានមារយាទគួរឲ្យអ្នកផងរលឹកដោយសេចក្ដីរង្កៀស បិទបាំងអំពើអាក្រក់ទុក មិនមែនជាសមណៈ ប្ដេជ្ញាថាជាសមណៈ មិនមែនជាព្រហ្មចារី ប្ដេជ្ញាថាជាព្រហ្មចារី ស្អុយក្នុង មានចិត្តទទឹក ដោយរាគាទិក្កិលេស ជាមនុស្សជ្រោកជ្រាក ភិក្ខុបាបនោះ មានសេចក្ដីត្រិះរិះ យ៉ាងនេះថា បើពួកភិក្ខុដឹងថា អញជាភិក្ខុទ្រុស្ដសីល មានធម៌លាមក មានអំពើមិនស្អាត មានមារយាទគួរឲ្យអ្នកផងរលឹកដោយសេចក្ដីរង្កៀស បិទបាំងអំពើអាក្រក់ទុក មិនមែនជាសមណៈ ប្ដេជ្ញាថាជាសមណៈ មិនមែនជាព្រហ្មចារី ប្ដេជ្ញាថាជាព្រហ្មចារី ស្អុយក្នុង មានចិត្តទទឹក ដោយរាគាទិក្កិលេស ជាមនុស្សជ្រោកជ្រាក កាលភិក្ខុទាំងឡាយ ព្រមព្រៀងគ្នា មុខជានឹងធ្វើអញឲ្យវិនាស បើបែកគ្នាហើយ នឹងធ្វើអញឲ្យវិនាសមិនបានឡើយ។ ម្នាលអានន្ទ ភិក្ខុបាប កាលឃើញច្បាស់ នូវអំណាចប្រយោជន៍ ទី១នេះ ទើបត្រេកអរ ដោយការបំបែកសង្ឃ។ ម្នាលអានន្ទ មួយទៀត ភិក្ខុបាប មានសេចក្ដីយល់ខុស ប្រកបដោយអន្ដគ្គាហិកទិដ្ឋិ។ ភិក្ខុនោះ មានសេចក្ដីត្រិះរិះ យ៉ាងនេះថា បើពួកភិក្ខុដឹងថា អញជាភិក្ខុមានសេចក្ដីយល់ខុស ប្រកបដោយអន្ដគ្គាហិកទិដ្ឋិ កាលភិក្ខុទាំងឡាយ ព្រមព្រៀងគ្នា មុខជានឹងធ្វើអញឲ្យវិនាស បើបែកគ្នាហើយ នឹងធ្វើអញឲ្យវិនាសមិនបានឡើយ។ ម្នាលអានន្ទ ភិក្ខុបាប កាលឃើញច្បាស់ នូវអំណាចប្រយោជន៍ ទី២នេះ ទើបត្រេកអរ ដោយការបំបែកសង្ឃ។ ម្នាលអានន្ទ មួយទៀត ភិក្ខុបាប មានការចិញ្ចឹមជីវិតខុស សម្រេចជីវិតដោយមិច្ឆាជីវៈ។ ភិក្ខុនោះ មានសេចក្ដីត្រិះរិះ យ៉ាងនេះថា បើពួកភិក្ខុដឹងថា អញជាអ្នកចិញ្ចឹមជីវិតខុស សម្រេចជីវិតដោយមិច្ឆាជីវៈ កាលភិក្ខុទាំងឡាយ ព្រមព្រៀងគ្នា មុខជានឹងធ្វើអញឲ្យវិនាស បើបែកគ្នាហើយ នឹងធ្វើអញឲ្យវិនាសមិនបានឡើយ។ ម្នាលអានន្ទ ភិក្ខុបាប កាលឃើញច្បាស់ នូវអំណាចប្រយោជន៍ ទី៣នេះ ទើបត្រេកអរ ដោយការបំបែកសង្ឃ។ ម្នាលអានន្ទ មួយទៀត ភិក្ខុបាប ជាអ្នកប្រាថា្នលាភ ប្រាថា្នសក្ការៈ ប្រាថា្នមិនឲ្យគេមើលងាយ។ ភិក្ខុនោះ មានសេចក្ដីត្រិះរិះ យ៉ាងនេះថា បើពួកភិក្ខុដឹងថា អញជាអ្នកប្រាថា្នលាភ ប្រាថា្នសក្ការៈ ប្រាថ្នាមិនឲ្យគេមើលងាយ កាលភិក្ខុទាំងឡាយ ព្រមព្រៀងគ្នា មុខជានឹងមិនធ្វើសក្ការៈ មិនគោរព មិនរាប់អាន មិនបូជាអញឡើយ បើបែកគ្នាហើយ នឹងធ្វើសក្ការៈ គោរពរាប់អាន បូជាអញ។ ម្នាលអានន្ទ ភិក្ខុបាប កាលឃើញច្បាស់ នូវអំណាចប្រយោជន៍ ទី៤នេះ ទើបត្រេកអរ ដោយការបំបែកសង្ឃ។ ម្នាលអានន្ទ ភិក្ខុបាប កាលឃើញអំណាចប្រយោជន៍ ទាំង៤នេះ រមែងត្រេកអរ ដោយការបំបែកសង្ឃ។

(អាបត្តិភយសូត្រ ទី២)

(២. អាបត្តិភយសុត្តំ)

[៩៤] ម្នាលភិក្ខុទាំងឡាយ ភ័យកើតព្រោះអាបត្តិនេះ មាន៤យ៉ាង។ ភ័យ ៤ ដូចម្ដេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ប្រៀបដូចរាជបុរស ចាប់ចោរប្រព្រឹត្តអាក្រក់ មកថា្វយព្រះរាជា ហើយក្រាបទូលថា សូមទ្រង់ព្រះមេត្តាប្រោស បុរសនេះ ជាចោរ ប្រព្រឹត្តអាក្រក់ សូមទ្រង់ដាក់ព្រះរាជអាជ្ញាចោរនេះ។ ព្រះរាជាទ្រង់ត្រាស់នឹងរាជបុរសនោះ យ៉ាងនេះថា នែប្រស្ដែង ចូរអ្នកទាំងឡាយ នាំគ្នាទៅចាប់បុរសនេះ ចងស្លាបសេកឲ្យខ្ជាប់ ដោយខ្សែដ៏មាំ ហើយកោរត្រងោល ទួងស្គរជ័យ ដែលមានសំឡេងឮខ្លាំង នាំបណ្ដើរ អាក្រោស សព្វច្រក សព្វផ្លូវត្រឡែងកែង រួចនាំចេញតាមទ្វារខាងត្បូង ហើយកាត់ក្បាលខាងត្បូងព្រះនគរ។ រាជបុរសទាំងឡាយ ក៏ចាប់បុរសនោះ ចងស្លាបសេកឲ្យខ្ជាប់ ដោយខ្សែដ៏មាំ ហើយកោរត្រងោល ទួងស្គរដែលមានសំឡេងឮខ្លាំង នាំបណ្ដើរ អាក្រោស សព្វច្រក សព្វផ្លូវត្រឡែងកែង រួចនាំចេញតាមទ្វារខាងត្បូង ហើយកាត់ក្បាល ខាងត្បូងព្រះនគរ។ ក្នុងទីនោះ មានបុរស ១នាក់ ឈរក្នុងទីខ្ពស់ មានសេចក្ដីត្រិះរិះ យ៉ាងនេះថា បុរសនេះ បានធ្វើអំពើអាក្រក់ ជាអំពើគួរតិះដៀល គួរគេកាត់ក្បាលទៅហើយហ៎្ន មើលចុះហ៎្ន រាជបុរស ចាប់បុរសនោះ ចងស្លាបសេកឲ្យខ្ជាប់ ដោយខ្សែដ៏មាំ ហើយកោរត្រងោល ទួងស្គរជ័យ ដែលមានសំឡេងឮខ្លាំង នាំបណ្ដើរអាក្រោស សព្វច្រក សព្វផ្លូវត្រឡែងកែង រួចនាំចេញតាមទ្វារខាងត្បូង ហើយកាត់ក្បាលខាងត្បូងព្រះនគរ ឱ បុរសនេះ មិនគួរនឹងធ្វើបាបកម្ម ជាអំពើគួរដល់កិរិយាកាត់ក្បាល ដែលមានសភាពយ៉ាងនេះសោះឡើយ។ ម្នាលភិក្ខុទាំងឡាយ រឿងនេះ មានឧបមេយ្យ ដូចសហធម្មិកណាមួយ ជាភិក្ខុក្ដី ភិក្ខុនីក្ដី តាំងភយសញ្ញា (សេចក្ដីសំគាល់ថាគួរខ្លាច) ដ៏ក្លៀវក្លា ក្នុងធម៌ទាំងឡាយ គឺបារាជិក ភយសញ្ញានុ៎ះ ក៏ជាទីសង្ឃឹមបានដល់ភិក្ខុនោះថា មិនទាន់ត្រូវបារាជិកទេ ក៏នឹងមិនហ៊ានឲ្យត្រូវ ឬត្រូវបារាជិកហើយ ក៏នឹងសំដែងឲ្យសមគួរ តាមធម៌ (សឹកចេញ)។ ម្នាលភិក្ខុទាំងឡាយ ប្រៀបដូចបុរសស្លៀកដណ្ដប់សំពត់ខ្មៅ រំសាយសក់ លីអង្រែ ដើរចូលទៅកាន់ទីប្រជុំមហាជន ប្រកាស (សេចក្ដីខុសរបស់ខ្លួន) យ៉ាងនេះថា អ្នកដ៏ចំរើន ខ្ញុំបានធ្វើបាបកម្ម ជាអំពើគួរតិះដៀល គួរលីអង្រែ អ្នកដ៏មានអាយុ ពេញចិត្តឲ្យខ្ញុំធ្វើអំពើយ៉ាងណា ខ្ញុំនឹងធ្វើអំពើយ៉ាងនោះ។ ក្នុងទីនោះ មានបុរសមួយនាក់ ឈរនៅក្នុងទីខ្ពស់ មានសេចក្ដីត្រិះរិះ យ៉ាងនេះថា បុរសនេះ បានធ្វើបាបកម្ម ជាអំពើគួរតិះដៀល គួរឲ្យលីអង្រែទៅហើយហ៎្ន មើលចុះហ៎្ន បុរសនេះ ស្លៀកដណ្ដប់សំពត់ខ្មៅ រំសាយសក់ លីអង្រែ ដើរចូលទៅកាន់ទីប្រជុំមហាជន ស្រែកប្រកាស (សេចក្ដីខុសរបស់ខ្លួន) យ៉ាងនេះថា នែអ្នកដ៏ចំរើន ខ្ញុំបានធ្វើបាបកម្ម ជាអំពើគួរតិះដៀល គួរឲ្យលីអង្រែ អ្នកដ៏មានអាយុ ពេញចិត្តឲ្យខ្ញុំធ្វើអំពើយ៉ាងណា ខ្ញុំនឹងធ្វើអំពើយ៉ាងនោះ ឱ បុរសនេះ មិនគួរនឹងធ្វើបាបកម្ម ដែលគួរតិះដៀល គួរឲ្យលីអង្រែ មានសភាពយ៉ាងនេះឡើយ។ ម្នាលភិក្ខុទាំងឡាយ រឿងនេះ មានឧបមេយ្យ ដូចសហធម្មិកណាមួយ ជាភិក្ខុក្ដី ភិក្ខុនីក្ដី តាំងភយសញ្ញា (សេចក្ដីសំគាល់ថាគួរខ្លាច) ដ៏ក្លៀវក្លា យ៉ាងនេះ ក្នុងធម៌ទាំងឡាយ គឺសង្ឃាទិសេស ភយសញ្ញានោះ ក៏ជាទីសង្ឃឹមបានដល់ភិក្ខុនោះថា មិនទាន់ត្រូវសង្ឃាទិសេសាបត្តិទេ ក៏នឹងមិនហ៊ានឲ្យត្រូវ ឬត្រូវសង្ឃាទិសេសាបត្តិហើយ ក៏នឹងសំដែង ឲ្យសមគួរតាមធម៌។ ម្នាលភិក្ខុទាំងឡាយ ប្រៀបដូចបុរសស្លៀកដណ្ដប់សំពត់ខ្មៅ រំសាយសក់ លីកញ្ចប់ផេះ ដើរចូលទៅកាន់ទីប្រជុំមហាជន ស្រែកប្រកាស (សេចក្ដីខុសរបស់ខ្លួន) យ៉ាងនេះថា នែអ្នកដ៏ចំរើន ខ្ញុំបានធ្វើបាបកម្ម គួរតិះដៀល ជាអំពើគួរឲ្យលីកញ្ចប់ផេះ អ្នកដ៏មានអាយុ ពេញចិត្តឲ្យខ្ញុំធ្វើអំពើយ៉ាងណា ខ្ញុំនឹងធ្វើអំពើយ៉ាងនោះ។ ក្នុងទីនោះ មានបុរសមួយនាក់ ឈរក្នុងទីខ្ពស់ មានសេចក្ដីត្រិះរិះ យ៉ាងនេះថា បុរសនោះ បានធ្វើបាបកម្ម គួរតិះដៀល ជាអំពើគួរឲ្យលីកញ្ចប់ផេះទៅហើយហ៎្ន មើលចុះហ៎្ន បុរសនេះ ស្លៀកដណ្ដប់សំពត់ខ្មៅ រំសាយសក់ លីកញ្ចប់ផេះ ដើរចូលទៅកាន់ទីប្រជុំមហាជន និយាយស្រែកប្រកាស យ៉ាងនេះថា នែអ្នកដ៏ចំរើន ខ្ញុំបានធ្វើបាបកម្ម គួរតិះដៀល ជាអំពើគួរឲ្យលីកញ្ចប់ផេះ លោកដ៏មានអាយុ ពេញចិត្តឲ្យខ្ញុំធ្វើអំពើយ៉ាងណា ខ្ញុំនឹងធ្វើអំពើយ៉ាងនោះ ឱ បុរសនោះ មិនគួរធ្វើបាបកម្មគួរតិះដៀល ជាអំពើគួរឲ្យលីកញ្ចប់ផេះ មានសភាពយ៉ាងនោះសោះឡើយ។ ម្នាលភិក្ខុទាំងឡាយ រឿងនេះ មានឧបមេយ្យ ដូចសហធម្មិកណាមួយ ជាភិក្ខុក្ដី ភិក្ខុនីក្ដី តាំងភយសញ្ញា (សេចក្ដីសំគាល់ថាគួរខ្លាច) ដ៏ក្លៀវក្លា យ៉ាងនេះ ក្នុងធម៌ទាំងឡាយ គឺបាចិត្តិយ ភយសញ្ញានោះ ក៏ជាទីសង្ឃឹមបានដល់ភិក្ខុនោះថា មិនទាន់ត្រូវបាចិត្តិយាបត្តិទេ ក៏នឹងមិនហ៊ានឲ្យត្រូវ ឬត្រូវបាចិត្តិយាបត្តិហើយ ក៏នឹងសំដែងឲ្យសមគួរតាមធម៌។ ម្នាលភិក្ខុទាំងឡាយ ប្រៀបដូចបុរស ស្លៀកដណ្តប់សំពត់ខ្មៅ រំសាយសក់ ដើរចូលទៅកាន់ទីប្រជុំមហាជន ស្រែកប្រកាស (សេចក្ដីខុសរបស់ខ្លួន) យ៉ាងនេះថា នែអ្នកដ៏ចំរើន ខ្ញុំបានធ្វើបាបកម្ម ជាអំពើដែលគួរតិះដៀល គួរស្ដីបន្ទោស អ្នកដ៏មានអាយុ ពេញចិត្តឲ្យខ្ញុំធ្វើអំពើយ៉ាងណា ខ្ញុំនឹងធ្វើយ៉ាងនោះ។ ក្នុងទីនោះ មានបុរសមួយនាក់ ឈរនៅក្នុងទីខ្ពស់ មានសេចក្ដីត្រិះរិះ យ៉ាងនេះថា បុរសនេះ បានធ្វើបាបកម្ម ជាអំពើដែលគួរតិះដៀល គួរស្ដីបន្ទោសទៅហើយហ៎្ន មើលចុះហ៎្ន បុរសនោះ ស្លៀកដណ្ដប់សំពត់ខ្មៅ រំសាយសក់ ដើរចូលទៅកាន់ទីប្រជុំមហាជន ស្រែកប្រកាស យ៉ាងនេះថា នែអ្នកដ៏ចំរើន ខ្ញុំបានធ្វើបាបកម្ម ជាអំពើគួរតិះដៀល គួរស្ដីបន្ទោស អ្នកដ៏មានអាយុ ពេញចិត្តឲ្យខ្ញុំធ្វើយ៉ាងណា ខ្ញុំនឹងធ្វើយ៉ាងនោះ ឱ បុរសនេះ មិនគួរនឹងធ្វើបាបកម្ម ជាអំពើគួរតិះដៀល គួរស្ដីបន្ទោស មានសភាពយ៉ាងនេះឡើយ។ ម្នាលភិក្ខុទាំងឡាយ រឿងនេះ មានឧបមេយ្យ ដូចសហធម្មិកណាមួយ ជាភិក្ខុក្ដី ជាភិក្ខុនីក្ដី តាំងភយសញ្ញា (សេចក្ដីសំគាល់ថាគួរខ្លាច) ដ៏ក្លៀវក្លាយ៉ាងនេះ ក្នុងធម៌ទាំងឡាយ គឺ បាដិទេសនីយ ភយសញ្ញានុ៎ះ ក៏ជាទីសង្ឃឹមបានដល់ភិក្ខុនោះថា មិនទាន់ត្រូវបាដិទេសនីយាបត្តិទេ ក៏នឹងមិនហ៊ានឲ្យត្រូវ ឬបើត្រូវបាដិទេសនីយាបត្តិហើយ ក៏នឹងសំដែង ឲ្យសមគួរតាមធម៌។ ម្នាលភិក្ខុទាំងឡាយ ទាំង៤នេះ ហៅថា ភ័យកើតព្រោះអាបត្តិ។

(សិក្ខានិសំសសូត្រ ទី៣)

(៣. សិក្ខានិសំសសុត្តំ)

[៩៥] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រព្រឹត្តព្រហ្មចរិយៈនេះ មានសិក្ខាជាអានិសង្ស មានបញ្ញាជាកំពូល មានវិមុត្តិជាខ្លឹម មានសតិជាអធិបតី។ ម្នាលភិក្ខុទាំងឡាយ ចុះព្រហ្មចរិយៈ មានសិក្ខាជាអានិសង្ស តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ សិក្ខា24) ជាអភិសមាចារិកា ដែលតថាគតបានបញ្ញត្ត ដល់ពួកសាវក ក្នុងសាសនានេះ ដើម្បីធ្វើពួកជន ដែលមិនទាន់ជ្រះថ្លា ឲ្យជ្រះថា្លឡើង ពួកជនដែលជ្រះថា្លស្រាប់ហើយ ឲ្យរឹងរឹតតែកើតសេចក្ដីជ្រះថា្លឡើង ម្នាលភិក្ខុទាំងឡាយ សិក្ខាជាអភិសមាចារិកា ដែលតថាគតបានបញ្ញត្ត ដល់ពួកសាវក ដើម្បីធ្វើពួកជន ដែលមិនទាន់ជ្រះថា្ល ឲ្យជ្រះថា្លឡើង ពួកជន ដែលជ្រះថា្លស្រាប់ហើយ ឲ្យរឹងរឹតតែកើតសេចក្ដីជ្រះថា្លឡើង ដោយប្រការណាៗ សិក្ខាកាមភិក្ខុនោះ ក៏ធ្វើមិនឲ្យដាច់ ធ្វើមិនឲ្យធ្លុះ ធ្វើមិនឲ្យពពាល ធ្វើមិនឲ្យពព្រុស ក្នុងសិក្ខានោះ សមាទានសិក្សា ក្នុងសិក្ខាបទទាំងឡាយ ដោយប្រការនោះៗ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត សិក្ខា25) ជាអាទិព្រហ្មចរិយកា ដែលតថាគត បានបញ្ញត្តដល់ពួកសាវក ដើម្បីឲ្យអស់ទុក្ខ ដោយប្រពៃ ដោយអាការទាំងពួង ម្នាលភិក្ខុទាំងឡាយ សិក្ខា ជាអាទិព្រហ្មចរិយកា ដែលតថាគតបានបញ្ញត្ត ដល់ពួកសាវក ដើម្បីឲ្យអស់ទុក្ខ ដោយប្រពៃ ដោយអាការទាំងពួង ដោយប្រការណាៗ សិក្ខាកាមភិក្ខុនោះ ក៏ធ្វើមិនឲ្យដាច់ ធ្វើមិនឲ្យធ្លុះ ធ្វើមិនឲ្យពពាល ធ្វើមិនឲ្យពព្រុស ក្នុងសិក្ខានោះ សមាទានសិក្សា ក្នុងសិក្ខាបទទាំងឡាយ ដោយប្រការនោះៗ។ ម្នាលភិក្ខុទាំងឡាយ ព្រហ្មចរិយៈ មានសិក្ខា ជាអានិសង្សយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ ចុះព្រហ្មចរិយៈ មានបញ្ញាជាកំពូល តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ ចតុសច្ចធម៌ ដែលតថាគតសំដែងហើយ ដល់សាវកទាំងឡាយ ក្នុងសាសនានេះ ដើម្បីឲ្យអស់ទុក្ខដោយប្រពៃ ដោយអាការទាំងពួង ម្នាលភិក្ខុទាំងឡាយ ចតុសច្ចធម៌ ដែលតថាគតបានសំដែងហើយ ដល់ពួកសាវក ដើម្បីឲ្យអស់ទុក្ខដោយប្រពៃ ដោយអាការទាំងពួង ដោយប្រការណាៗ បញ្ញាកាមភិក្ខុក៏បានឃើញច្បាស់ នូវចតុសច្ចធម៌ទាំងអស់នោះ ដោយប្រាជ្ញា ដោយប្រការនោះៗ។ ម្នាលភិក្ខុទាំងឡាយ ព្រហ្មចរិយៈ មានបញ្ញាជាកំពូលយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ ចុះព្រហ្មចរិយៈ មានវិមុត្តិជាខ្លឹម តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ ចតុសច្ចធម៌ ដែលតថាគតសំដែងហើយ ដល់ពួកសាវក ក្នុងសាសនានេះ ដើម្បីឲ្យអស់ទុក្ខ ដោយប្រពៃ ដោយអាការទាំងពួង ម្នាលភិក្ខុទាំងឡាយ ចតុសច្ចធម៌ ដែលតថាគតសំដែងហើយ ដល់ពួកសាវក ដើម្បីឲ្យអស់ទុក្ខដោយប្រពៃ ដោយអាការទាំងពួង ដោយប្រការណាៗ ពួកសាវក ក៏បានពាល់ត្រូវចតុសច្ចធម៌ទាំងពួងនោះ ដោយវិមុត្តិ។ ម្នាលភិក្ខុទាំងឡាយ ព្រហ្មចរិយៈ មានវិមុត្តិជាខ្លឹម យ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ ចុះព្រហ្មចរិយៈ មានសតិ ជាអធិបតី តើដូចម្ដេច។ សតិដែលពួកសាវកបានដម្កល់ទុកប្រពៃ ឰដ៏ខាងក្នុងថា អាត្មាអញ នឹងបំពេញអភិសមាចារិកាសិក្ខា ដែលមិនទាន់បរិបូណ៌ និងឲ្យបរិបូណ៌ខ្លះ និងរក្សាទុកអភិសមាចារិកាសិក្ខា ដែលបរិបូណ៌ហើយ ដោយបញ្ញាក្នុងទីនោះៗខ្លះ ដោយប្រការដូច្នេះ។ សតិដែលពួកសាវក បានដម្កល់ទុកប្រពៃហើយ ឰដ៏ខាងក្នុងថា អាត្មាអញ នឹងបំពេញអាទិព្រហ្មចរិយកាសិក្ខា ដែលមិនទាន់បរិបូណ៌ ឲ្យបរិបូណ៌ខ្លះ និងរក្សាទុកនូវអាទិព្រហ្មចរិយកាសិក្ខា ដែលបរិបូណ៌ហើយ ដោយបញ្ញាក្នុងទីនោះៗខ្លះ ដោយប្រការដូច្នេះ។ សតិដែលពួកសាវក បានដម្កល់ទុកប្រពៃហើយ ឰដ៏ខាងក្នុងថា អាត្មាអញ នឹងធ្វើចតុសច្ចធម៌ ដែលមិនទាន់ឃើញច្បាស់ ឲ្យឃើញច្បាស់ ដោយបញ្ញាក្នុងទីនោះៗខ្លះ និងរក្សាទុកចតុសច្ចធម៌ ដែលឃើញច្បាស់ហើយ ដោយបញ្ញាក្នុងទីនោះៗខ្លះ។ សតិដែលពួកសាវក បានដម្កល់ទុកប្រពៃហើយ ឰដ៏ខាងក្នុងថា អាត្មាអញ នឹងពាល់ត្រូវ នូវចតុសច្ចធម៌ ដែលមិនទាន់ប៉ះពាល់ដោយវិមុត្តិខ្លះ និងរក្សាទុកនូវចតុសច្ចធម៌ ដែល ប៉ះពាល់ហើយ ដោយបញ្ញាក្នុងទីនោះៗខ្លះ ដោយប្រការដូច្នេះ។ ម្នាលភិក្ខុទាំងឡាយ ព្រហ្មចរិយៈ មានសតិជាអធិបតី យ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ព្រហ្មចរិយៈ មានសិក្ខាជាអានិសង្ស មានបញ្ញាជាកំពូល មានវិមុត្តិជាខ្លឹម មានសតិជាអធិបតី។ ពាក្យណា ដែលតថាគតបានពោលហើយ ពាក្យនោះ តថាគតពោលព្រោះអាស្រ័យព្រហ្មចរិយៈនេះ។

(សេយ្យាសូត្រ ទី៤)

(៤. សេយ្យាសុត្តំ)

[៩៦] ម្នាលភិក្ខុទាំងឡាយ ដំណេកនេះ មាន៤។ ដំណេក ៤ គឺអ្វីខ្លះ។ គឺដំណេក ដូចមនុស្សស្លាប់26) ១ ដំណេកអ្នកបរិភោគកាម ១ ដំណេកសីហៈ ១ ដំណេកព្រះតថាគត ១។ ម្នាលភិក្ខុទាំងឡាយ ចុះដំណេកដូចមនុស្សស្លាប់ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ មនុស្សស្លាប់ ច្រើនតែដេកផ្ងារ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ដំណេកមនុស្សស្លាប់។ ម្នាលភិក្ខុទាំងឡាយ ចុះដំណេកអ្នកបរិភោគកាម តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ ពួកអ្នកបរិភោគកាម ច្រើនតែដេកផ្អៀងទៅខាងឆ្វេង។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ដំណេកអ្នកបរិភោគកាម។ ម្នាលភិក្ខុទាំងឡាយ ចុះដំណេកសីហៈ តើដូចម្តេច។ ម្នាលភិក្ខុទំាងឡាយ សីហមិគរាជ សម្រេចការដេកដោយខាងៗស្តាំ យកជើងតម្រួតលើជើង ស៊កកន្ទុយក្នុងចន្លោះភ្លៅ សីហមិគរាជនោះ លុះភ្ញាក់ឡើង ងើបកាយខាងមុខ គឺងើបក្បាល សំឡឹងមើលកាយខាងក្រោម។ ម្នាលភិក្ខុទាំងឡាយ បើសីហមិគរាជ ឃើញសេចក្តីភ្លាំងភ្លាត់ ឬការឃ្លៀងឃ្លាតកាយណាមួយសោត ម្នាលភិក្ខុទាំងឡាយ សីហមិគរាជ រមែងតូចចិត្ត ព្រោះការភ្លាំងភ្លាត់ និងឃ្លៀងឃ្លាត នៃកាយនោះ ម្នាលភិក្ខុទាំងឡាយ ប្រសិនបើសីហមិគរាជ មិនឃើញសេចក្តីភ្លាំងភ្លាត់ ឬឃ្លៀងឃ្លាត នៃកាយណាមួយទេ ម្នាលភិក្ខុទាំងឡាយ សីហមិគរាជ រមែងត្រេកអរ ដោយការមិនភ្លាំងភ្លាត់ និងឃ្លៀងឃ្លាត នៃកាយនេះ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ដំណេកសីហៈ។ ម្នាលភិក្ខុទាំងឡាយ ចុះដំណេកព្រះតថាគត តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ស្ងប់ស្ងាត់ចាកកាមទាំងឡាយ។បេ។ ចូលកាន់ចតុត្ថជ្ឈាន។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ដំណេកព្រះតថាគត។ ម្នាលភិក្ខុទាំងឡាយ នេះដំណេក ៤ ប្រការ។

(ថូបារហសូត្រ ទី៥)

(៥. ថូបារហសុត្តំ)

[៩៧] ម្នាលភិក្ខុទាំងឡាយ បុគ្គលគួរបញ្ចុះទុកក្នុងថូបៈនេះ មាន៤ពួក។ បុគ្គល ៤ពួក ដូចម្តេចខ្លះ។ គឺព្រះតថាគតអរហន្តសម្មាសម្ពុទ្ធ គួរបញ្ចុះក្នុងថូបៈ ១ ព្រះបច្ចេកពុទ្ធ គួរបញ្ចុះក្នុងថូបៈ ១ សាវករបស់ព្រះតថាគត គួរបញ្ចុះក្នុងថូបៈ ១ ស្តេចចក្រពត្តិ គួរបញ្ចុះក្នុងថូបៈ ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ពួកនេះ គួរបញ្ចុះទុកក្នុងថូបៈ។

(បញ្ញាវុទ្ធិសូត្រ ទី៦)

(៦. បញ្ញាវុទ្ធិសុត្តំ)

[៩៨] ម្នាលភិក្ខុទាំងឡាយ ធម៌ ៤ប្រការនេះ ប្រព្រឹត្តទៅ ដើម្បីចំរើនបញ្ញា។ ធម៌ ៤ប្រការ គឺអ្វីខ្លះ។ គឺការសេពគប់សប្បុរស ១ ការស្តាប់ធម៌របស់សប្បុរស ១ យកចិត្តទុកដាក់ដោយឧបាយ ១ ប្រតិបត្តិធម៌ ដ៏សមគួរតាមធម៌ ១។ ម្នាលភិក្ខុទំាងឡាយ នេះធម៌ ៤ប្រការ រមែងប្រព្រឹត្តទៅ ដើម្បីចំរើនបញ្ញា។

(ពហុការសូត្រ ទី៧)

(៧. ពហុការសុត្តំ)

[៩៩] ម្នាលភិក្ខុទាំងឡាយ ធម៌ ៤ប្រការនេះ រមែងមានឧបការៈច្រើនដល់មនុស្ស។ ធម៌ ៤ប្រការ គឺអ្វីខ្លះ។ គឺការសេពគប់សប្បុរស ១ ការស្ដាប់ធម៌របស់សប្បុរស ១ ការយកចិត្តទុកដាក់ដោយឧបាយ ១ ប្រតិបត្តិធម៌ ដ៏សមគួរតាមធម៌ ១ ម្នាលភិក្ខុទាំងឡាយ នេះធម៌ ៤ប្រការ រមែងមានឧបការៈច្រើនដល់មនុស្ស។

(បឋមវោហារសូត្រ ទី៨)

(៨. បឋមវោហារសុត្តំ)

[១០០] ម្នាលភិក្ខុទាំងឡាយ វោហារមិនប្រសើរនេះ មាន៤យ៉ាង។ វោហារមិនប្រសើរ ៤ គឺអ្វីខ្លះ។ គឺមិនឃើញ ពោលថាឃើញ ១ មិនឮ ពោលថាឮ ១ មិនធុំក្លិន ពោលថាធុំក្លិន ១ មិនដឹង ពោលថាដឹង ១។ ម្នាលភិក្ខុទាំងឡាយ នេះ វោហារមិនប្រសើរ ៤យ៉ាង។

(ទុតិយវោហារសូត្រ ទី៩)

(៩. ទុតិយវោហារសុត្តំ)

[១០១] ម្នាលភិក្ខុទាំងឡាយ វោហារប្រសើរនេះ មាន៤យ៉ាង។ វោហារប្រសើរ ៤ គឺអ្វីខ្លះ។ គឺមិនឃើញ ពោលថាមិនឃើញ ១ មិនឮ ពោលថាមិនឮ ១ មិនធុំក្លិន ពោលថាមិនធុំក្លិន ១ មិនដឹង ពោលថាមិនដឹង ១។ ម្នាលភិក្ខុទាំងឡាយ នេះជាវោហារប្រសើរ ៤យ៉ាង។

(តតិយវោហារសូត្រ ទី១០)

(១០. តតិយវោហារសុត្តំ)

[១០២] ម្នាលភិក្ខុទាំងឡាយ វោហារមិនប្រសើរនេះ មាន៤យ៉ាង។ វោហារមិនប្រសើរ ៤ គឺអ្វីខ្លះ។ គឺឃើញ ពោលថាមិនឃើញ ១ ឮ ពោលថាមិនឮ ១ ធុំក្លិន27) ពោលថាមិនធុំក្លិន ១ ដឹង ពោលថាមិនដឹង ១។ ម្នាលភិក្ខុទាំងឡាយ នេះជាវោហារមិនប្រសើរ ៤យ៉ាង។

(ចតុត្ថវោហារសូត្រ ទី១១)

(១១. ចតុត្ថវោហារសុត្តំ)

[១០៣ ] ម្នាលភិក្ខុទាំងឡាយ វោហារប្រសើរនេះ មាន៤យ៉ាង។ វោហារប្រសើរ ៤ គឺអ្វីខ្លះ។ គឺឃើញ ពោលថាឃើញ ១ ឮ ពោលថាឮ ១ ធុំក្លិន ពោលថាធុំក្លិន ១ ដឹង ពោលថាដឹង ១។ ម្នាលភិក្ខុទាំងឡាយ នេះជាវោហារប្រសើរ ៤យ៉ាង។

ចប់ អាបត្តិភយវគ្គ ទី៥។

ឧទ្ទាននៃវគ្គនោះគឺ

និយាយអំពីភិក្ខុទំលាយសង្ឃ ៤យ៉ាង អំពីភ័យកើតអំពីអាបត្តិ ៤យ៉ាង អំពីអានិសង្សនៃព្រហ្មចរិយៈ ៤យ៉ាង មានសិក្ខា ជាអានិសង្សជាដើម អំពីដំណេក ៤យ៉ាង អំពីថូបារហបុគ្គល ៤ពួក អំពីហេតុចំរើនបញ្ញា ៤យ៉ាង អំពីធម៌មានឧបការៈច្រើន ដល់មនុស្ស ៤យ៉ាង អំពីវោហារ ៤យ៉ាង ទាំង២ចំណែក។

អភិញ្ញាវគ្គ ទី៦ (២៦)

((២៦) ៦. អភិញ្ញាវគ្គោ)

(អភិញ្ញាសូត្រ ទី១)

(១. អភិញ្ញាសុត្តំ)

[១០៤] ម្នាលភិក្ខុទាំងឡាយ ធម៌នេះមាន ៤យ៉ាង។ ធម៌ ៤យ៉ាង គឺអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ ធម៌គួរកំណត់ដឹងដោយបញ្ញា ក៏មាន ម្នាលភិក្ខុទាំងឡយ ធម៌គួរលះបង់ដោយបញ្ញា ក៏មាន ម្នាលភិក្ខុទាំងឡាយ ធម៌គួរចំរើនដោយបញ្ញា ក៏មាន ម្នាលភិក្ខុទាំងឡាយ ធម៌គួរធ្វើឲ្យជាក់ច្បាស់ដោយបញ្ញា ក៏មាន។ ម្នាលភិក្ខុទាំងឡាយ ចុះធម៌គួរកំណត់ដឹងដោយបញ្ញា តើដូចម្ដេច។ គឺឧបាទានក្ខន្ធ ទាំង៥ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ធម៌គួរកំណត់ដឹងដោយបញ្ញា។ ម្នាលភិក្ខុទាំងឡាយ ចុះធម៌គួរលះបង់ ដោយបញ្ញា តើដូចម្ដេច។ គឺអវិជ្ជា និងភវតណ្ហា ម្នាលភិក្ខុទាំងឡាយ នេះហៅថា ធម៌គួរលះបង់ដោយបញ្ញា។ ម្នាលភិក្ខុទាំងឡាយ ចុះធម៌គួរចំរើនដោយបញ្ញា តើដូចម្ដេច។ គឺសមថៈ និងវិបស្សនា ម្នាលភិក្ខុទាំងឡាយ នេះហៅថា ធម៌គួរចំរើនដោយបញ្ញា។ ម្នាលភិក្ខុទាំងឡាយ ចុះធម៌គួរធ្វើឲ្យជាក់ច្បាស់ដោយបញ្ញា តើដូចម្ដេច។ គឺវិជ្ជា និងវិមុត្តិ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ធម៌គួរធ្វើឲ្យជាក់ច្បាស់ដោយបញ្ញា។ ម្នាលភិក្ខុទាំងឡាយ នេះធម៌ ៤យ៉ាង។

(បរិយេសនាសូត្រ ទី២)

(២. បរិយេសនាសុត្តំ)

[១០៥] ម្នាលភិក្ខុទាំងឡាយ ការស្វែងរកមិនប្រសើរនេះ មាន៤យ៉ាង។ ការស្វែងរកមិនប្រសើរ ៤យ៉ាង គឺអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ខ្លួនឯងជាអ្នកមានជរាជាធម្មតា ក៏ស្វែងរកជរាធម៌ថែមទៀត ខ្លួនឯងជាអ្នកមានព្យាធិជាធម្មតា ក៏ស្វែងរកព្យាធិធម៌ថែមទៀត ខ្លួនឯងជាអ្នកមានមរណៈ ជាធម្មតា ក៏ស្វែងរកមរណៈធម៌ថែមទៀត ខ្លួនឯងជាអ្នកមានសេចក្ដីសៅហ្មងជាធម្មតា ក៏ស្វែងរកសេចក្ដីសៅហ្មងថែមទៀត។ ម្នាលភិក្ខុទាំងឡាយ នេះជាការស្វែងរកមិនប្រសើរ ៤យ៉ាង។ ម្នាលភិក្ខុទាំងឡាយ ការស្វែងរកប្រសើរ មាន៤យ៉ាង។ ការស្វែងរកប្រសើរ ៤យ៉ាង គឺអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ខ្លួនឯងជាអ្នកមានជរាជាធម្មតា ដឹងច្បាស់នូវទោសក្នុងជរាធម៌ ក៏ស្វែងរកនូវធម៌មិនជរា ដ៏ក្សេមចាកយោគៈដ៏ប្រសើរ គឺព្រះនិព្វាន ខ្លួនឯងជាអ្នកមានព្យាធិជាធម្មតា ដឹងច្បាស់នូវទោសក្នុងព្យាធិធម៌ ក៏ស្វែងរកធម៌មិនមានព្យាធិ ក្សេមចាកយោគៈ ដ៏ប្រសើរ គឺព្រះនិព្វាន ខ្លួនឯងជាអ្នកមានមរណៈជាធម្មតា ដឹងច្បាស់នូវទោសក្នុងមរណៈធម៌ ក៏ស្វែងរកធម៌មិនស្លាប់ ក្សេមចាកយោគៈ ដ៏ប្រសើរ គឺព្រះនិព្វាន ខ្លួនឯងជាអ្នកមានសេចក្ដីសៅហ្មងជាធម្មតា ដឹងច្បាស់នូវទោសក្នុងសេចក្ដីសៅហ្មង ក៏ស្វែងរកធម៌មិនសៅហ្មង ក្សេមចាកយោគៈ ដ៏ប្រសើរ គឺព្រះនិព្វាន។ ម្នាលភិក្ខុទាំងឡាយ នេះការស្វែងរកដ៏ប្រសើរ ៤យ៉ាង។

(សង្គហវត្ថុសូត្រ ទី៣)

(៣. សង្គហវត្ថុសុត្តំ)

[១០៦] ម្នាលភិក្ខុទាំងឡាយ សង្គហវត្ថុ (វត្ថុជាគ្រឿងសង្រ្គោះ) នេះ មាន៤យ៉ាង។ សង្គហវត្ថុ ៤យ៉ាង គឺអ្វីខ្លះ។ គឺការឲ្យ ១ ការពោលពាក្យពីរោះ ១ ការប្រព្រឹត្តិជាប្រយោជន៍ ១ ភាពជាអ្នកទុកដាក់ខ្លួនស្មើ ១។ ម្នាលភិក្ខុទាំងឡាយ នេះជាសង្គហវត្ថុ ៤យ៉ាង។

(មាលុក្យបុត្តសូត្រ ទី៤)

(៤. មាលុក្យបុត្តសុត្តំ)

[១០៧] គ្រានោះ ព្រះមាលុង្ក្យបុត្រដ៏មានអាយុ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះដ៏មានព្រះភាគហើយ អង្គុយនៅក្នុងទីដ៏សមគួរ។ លុះព្រះមាលុង្ក្យបុត្រដ៏មានអាយុ អង្គុយនៅក្នុងទីដ៏សមគួរហើយ ក៏ទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះដ៏មានព្រះភាគ សំដែងធម៌ដោយសង្ខេប ដល់ខ្ញុំព្រះអង្គ ជាធម៌ដែលនាំខ្ញុំព្រះអង្គ ឲ្យចៀសចេញទៅតែម្នាក់ឯង មិនមានសេចក្ដីប្រមាទ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន ព្រោះស្ដាប់នូវធម៌របស់ព្រះដ៏មានព្រះភាគ។ ម្នាលមាលុង្ក្យបុត្រ ក្នុងដំណើរនេះ តថាគតនឹងនិយាយ ប្រាប់ភិក្ខុកំលោះដូចម្ដេចបាន បើខ្លួនអ្នកជាមនុស្សចាស់គ្រាំគា្រ មានវ័យចំរើន មកសុំនូវឱវាទ ដោយសង្ខេប ចំពោះតថាគតដូច្នេះ។ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះដ៏មានព្រះភាគ សំដែងធម៌ដោយសង្ខេប ដល់ខ្ញុំព្រះអង្គ សូមព្រះសុគតសំដែងធម៌ ដោយសង្ខេប ដល់ខ្ញុំព្រះអង្គ ធ្វើម្ដេចហ្ន៎ ខ្ញុំព្រះអង្គ គប្បីដឹងសេចក្ដី នៃភាសិតរបស់ព្រះដ៏មានព្រះភាគបាន ធ្វើម្ដេចហ្ន៎ ខ្ញុំព្រះអង្គ គប្បីបានទទួលមត៌កនៃភាសិត របស់ព្រះដ៏មានព្រះភាគបាន។ ម្នាលមាលុង្ក្យបុត្រ តណ្ហារបស់ភិក្ខុ កាលកើតឡើង រមែងកើតឡើង ក្នុងវត្ថុណា ការកើតនៃតណ្ហា (ក្នុងវត្ថុនោះ) មាន៤ប្រការ។ តណ្ហា ៤ប្រការ ដូចម្ដេចខ្លះ។ ម្នាលមាលុង្ក្យបុត្រ តណ្ហារបស់ភិក្ខុ កាលកើតឡើង រមែងកើតឡើងព្រោះហេតុចីវរ ១ ម្នាលមាលុង្ក្យបុត្រ តណ្ហារបស់ភិក្ខុ កាលកើតឡើង រមែងកើតឡើងព្រោះហេតុបិណ្ឌបាត ១ ម្នាលមាលុង្ក្យបុត្រ តណ្ហារបស់ភិក្ខុ កាលកើតឡើង រមែងកើតឡើងព្រោះហេតុសេនាសនៈ ១ ម្នាលមាលុង្ក្យបុត្រ តណ្ហារបស់ភិក្ខុ កាលកើតឡើង រមែងកើតឡើង ព្រោះហេតុភពតូច និងភពធំ ដូច្នេះ ១។ ម្នាលមាលុង្ក្យបុត្រ នេះជាតណ្ហារបស់ភិក្ខុ កាលកើតឡើង រមែងកើតឡើង ក្នុងវត្ថុណា ការកើតនៃតណ្ហា (ក្នុងវត្ថុនោះ) មាន៤យ៉ាង។ ម្នាលមាលុង្ក្យបុត្រ កាលតណ្ហា ដែលភិក្ខុបានលះបង់ បានផ្ដាច់ផ្ដិលឫសគល់ ធ្វើមិនឲ្យមានទីកើត ដូចជាទីកើតនៃដើមត្នោត ធ្វើមិនឲ្យមានបែបភាព ធ្វើមិនឲ្យកើតតទៅទៀតជាធម្មតា។ ម្នាលមាលុង្ក្យបុត្រ ភិក្ខុនេះហៅថា បានផ្តាច់តណ្ហា បានរលាស់ចោលសញ្ញោជនៈ ធ្វើនូវទីបំផុតទុក្ខបាន ព្រោះលះមានះបានដោយប្រពៃ។ លំដាប់នោះ មាលុង្ក្យបុត្រដ៏មានអាយុ បានទទួលពុទ្ធឱវាទនេះ ហើយក៏ក្រោកចាកអាសនៈ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ធ្វើប្រទក្សិណ រួចចេញទៅ។ តមក មាលុង្ក្យបុត្រដ៏មានអាយុ តែម្នាក់ឯង ចេញចាកពួក មិនមានសេចក្តីប្រមាទ មានព្យាយាម ជាគ្រឿងកំចាត់បង់កិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន ពួកកុលបុត្រ ចេញចាកផ្ទះ ចូលកាន់ផ្នួស ដើម្បីប្រយោជន៍ដល់អនុត្តរធម៌ណា មិនយូរប៉ុន្មាន លោកក៏បានធ្វើឲ្យជាក់ច្បាស់ នូវអនុត្តរធម៌នោះ មានព្រហ្មចរិយៈជាទីបំផុត ដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន ដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចរិយធម៌ បានប្រព្រឹត្តគ្រប់គ្រាន់ហើយ សោឡសកិច្ច បានធ្វើស្រេចហើយ កិច្ចដទៃដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ បណ្តាព្រះអរហន្តទាំងឡាយ មាលុង្ក្យបុត្រដ៏មានអាយុ បានជាព្រះអរហន្តមួយអង្គដែរ។

(កុលសូត្រ ទី៥)

(៥. កុលសុត្តំ)

[១០៨] ម្នាលភិក្ខុទាំងឡាយ ត្រកូលទាំងឡាយណាមួយ ដល់នូវភាពស្ដុកស្ដម្ភ ក្នុងភោគៈទាំងឡាយហើយ មិនឋិតថេរនៅបានយូរ ត្រកូលទាំងអស់នោះ សាបសូន្យ ព្រោះហេតុ ៤ប្រការ ឬក៏បណ្ដាហេតុទាំងនោះ ហេតុណាមួយ។ ហេតុ ៤ប្រការ គឺអ្វីខ្លះ។ គឺមិនស្វែងរករបស់ដែលបាត់ទៅ ១ មិនជួសជុលរបស់ដែលចាស់គ្រាំគ្រា ១ មានការផឹក និងការបរិភោគមិនដឹងប្រមាណ ១ តាំងស្រ្តី ឬបុរសទ្រុស្ដសីល ឲ្យជាអធិបតី ១។ ម្នាលភិក្ខុទាំងឡាយ ត្រកូលណាមួយ ដល់នូវភាពស្ដុកស្ដម្ភ ក្នុងភោគៈទាំងឡាយ ហើយមិនឋិតថេរនៅបានយូរ ត្រកូលទាំងអស់នោះ សាបសូន្យព្រោះហេតុ ៤ប្រការនេះ ឬក៏បណ្ដាហេតុទាំងនោះ ហេតុណាមួយ។ ម្នាលភិក្ខុទាំងឡាយ ត្រកូលណាមួយ ដល់នូវភាពស្ដុកស្ដម្ភ ក្នុងភោគៈទាំងឡាយ ហើយឋិតថេរនៅបានយូរ ត្រកូលទាំងអស់នោះ ចំរើនព្រោះហេតុ ៤ប្រការ ឬក៏បណ្ដាហេតុទាំងនោះ ហេតុណាមួយ។ ហេតុ ៤ប្រការ គឺអ្វីខ្លះ។ គឺស្វែងរករបស់ដែលបាត់ទៅ ១ ជួសជុលរបស់ដែលចាស់គ្រាំគ្រា ១ មានការផឹក និងការបរិភោគដឹងប្រមាណ ១ តាំងស្រ្ដី ឬបុរសមានសីល ឲ្យជាអធិបតី ១។ ម្នាលភិក្ខុទាំងឡាយ ត្រកូលណាមួយ ដល់នូវភាពស្ដុកស្ដម្ភ ក្នុងភោគៈទាំងឡាយ ហើយឋិតថេរនៅបានយូរ ត្រកូលទាំងអស់នោះ ចំរើនព្រោះហេតុ ៤ប្រការនេះ ឬក៏បណ្ដាហេតុទាំងនោះ ហេតុណាមួយ។

(បឋមអាជានីយសូត្រ ទី៦)

(៦. បឋមអាជានីយសុត្តំ)

[១០៩] ម្នាលភិក្ខុទាំងឡាយ សេះអាជានេយ្យដ៏ប្រសើរ របស់ព្រះរាជា ប្រកបដោយអង្គ ៤ គួរដល់ព្រះរាជា ជារាជភោគ្គៈ រាប់ថាជាអង្គរបស់ព្រះរាជាបាន។ អង្គ ៤ ដូចម្ដេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ អស្សាជានីយៈដ៏ប្រសើរ របស់ព្រះរាជា ក្នុងលោកនេះ ជាសេះបរិបូណ៌ដោយសម្បុរ ១ បរិបូណ៌ដោយកម្លាំង ១ បរិបូណ៌ដោយល្បឿន ១ បរិបូណ៌ដោយកំពស់ និងទំហំ ១។ ម្នាលភិក្ខុទាំងឡាយ អស្សាជានីយដ៏ប្រសើរ របស់ព្រះរាជា ប្រកបដោយអង្គ ៤នេះ ទើបគួរដល់ព្រះរាជា ជារាជភោគ្គៈ រាប់ថាជាអង្គ របស់ព្រះរាជាបាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៤ប្រការ ក៏យ៉ាងនោះដែរ ទើបជាអ្នកគួរទទួលវត្ថុ ដែលគេបង្អោនចូលមកបូជា។បេ។ ជាបុញ្ញក្ខេត្តដ៏ប្រសើរ របស់សត្វលោក។ ធម៌ ៤ប្រការ ដូចម្ដេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកបរិបូណ៌ដោយសម្បុរ ១ បរិបូណ៌ដោយកម្លាំង ១ បរិបូណ៌ដោយល្បឿន ១ បរិបូណ៌ដោយកំពស់ និងទំហំ ១។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុជាអ្នកបរិបូណ៌ដោយសម្បុរ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមានសីល។បេ។ សមាទាន សិក្សា ក្នុងសិក្ខាបទទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកបរិបូណ៌ដោយសម្បុរ យ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុជាអ្នកបរិបូណ៌ដោយកម្លាំង តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកប្រារព្ធសេចក្ដីព្យាយាម ដើម្បីលះបង់អកុសលធម៌ទាំងឡាយ ឲ្យកុសលធម៌ទាំងឡាយកើតឡើង ខំព្យាយាម ខ្នះខ្នែង មិនលះបង់ធុរៈ ក្នុងកុសលធម៌ទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកបរិបូណ៌ដោយកម្លាំង យ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុជាអ្នកបរិបូណ៌ដោយល្បឿន តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ដឹងច្បាស់តាមពិតថា នេះទុក្ខ។បេ។ ដឹងច្បាស់តាមពិតថា នេះបដិបទា ជាដំណើរទៅកាន់ទីរលត់ទុក្ខ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកបរិបូណ៌ដោយល្បឿន យ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុបរិបូណ៌ដោយកំពស់ និងទំហំ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកស្វាក់លាភ ចំពោះចីវរ បិណ្ឌបាត សេនាសនៈ និងគ្រឿងបរិក្ខារ គឺថ្នាំ ជាបច្ច័យដល់អ្នកមានជំងឺ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកបរិបូណ៌ដោយកំពស់ និងទំហំ យ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៤យ៉ាងនេះ ទើបជាអ្នកគួរទទួលនូវទាន ដែលគេនាំមកបូជា។បេ។ ជាបុញ្ញក្ខេត្តដ៏ប្រសើរ របស់សត្វលោក។

(ទុតិយអាជានីយសូត្រ ទី៧)

(៧. ទុតិយអាជានីយសុត្តំ)

[១១០] ម្នាលភិក្ខុទាំងឡាយ សេះអាជានេយ្យដ៏ប្រសើរ របស់ព្រះរាជា ប្រកបដោយអង្គ ៤ ទើបគួរដល់ព្រះរាជា ជារាជភោគ្គៈ រាប់ថាជាអង្គរបស់ព្រះរាជាបាន។ អង្គ ៤ តើដូចម្ដេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ សេះអាជានេយ្យដ៏ប្រសើរ របស់ព្រះរាជា ក្នុងលោកនេះ បរិបូណ៌ដោយសម្បុរ ១ បរិបូណ៌ដោយកម្លាំង ១ បរិបូណ៌ដោយល្បឿន ១ បរិបូណ៌ដោយកំពស់ និងទំហំ ១។ ម្នាលភិក្ខុទាំងឡាយ សេះអាជានេយ្យដ៏ប្រសើរ របស់ព្រះរាជា ប្រកបដោយអង្គទាំង ៤នេះ ទើបគួរដល់ព្រះរាជា ជារាជភោគ្គៈ រាប់ថាជាអង្គរបស់ព្រះរាជាបាន ម្នាលភិក្ខុទាំងឡាយ ភិក្ខុដ៏ប្រកបដោយធម៌ ៤ប្រការ ក៏យ៉ាងនោះដែរ ទើបជាអ្នកគួរទទួលនូវទាន ដែលគេនាំមកបូជា។បេ។ ជាស្រែបុណ្យ ដ៏ប្រសើរ របស់សត្វលោក។ ធម៌ ៤ តើដូចម្ដេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកបរិបូណ៌ដោយសម្បុរ ១ បរិបូណ៌ដោយកម្លាំង ១ បរិបូណ៌ដោយល្បឿន ១ បរិបូណ៌ដោយកំពស់ និងទំហំ ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមានសីល។បេ។ សមាទានសិក្សា ក្នុងសិក្ខាបទទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកបរិបូណ៌ដោយសម្បុរ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុជាអ្នកបរិបូណ៌ដោយកម្លាំង តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ប្រារព្ធសេចក្ដីព្យាយាម ដើម្បីលះបង់អកុសលធម៌ទាំងឡាយ ឲ្យកុសលធម៌ទាំងឡាយកើតឡើង ជាអ្នកខំព្យាយាម ខ្នះខ្នែង មិនលះបង់ធុរៈ ក្នុងកុសលធម៌ទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកបរិបូណ៌ដោយកម្លាំង យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុជាអ្នកបរិបូណ៌ដោយល្បឿន តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ បានធ្វើឲ្យជាក់ច្បាស់ នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ មិនមានអាសវៈ ព្រោះអស់អាសវៈទាំងឡាយ ដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកបរិបូណ៌ដោយល្បឿន យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុជាអ្នកបរិបូណ៌ដោយកំពស់ និងទំហំ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកស្វាក់លាភ ចំពោះចីវរ បិណ្ឌបាត សេនាសនៈ និងបរិក្ខារ គឺថ្នាំ ជាបច្ច័យដល់អ្នកមានជំងឺ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកបរិបូណ៌ដោយកំពស់ និងទំហំ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ទាំង ៤យ៉ាងនេះ ទើបជាអ្នកគួរទទួលនូវទាន ដែលបុគ្គលនាំមកបូជា។បេ។ ជាស្រែបុណ្យដ៏ប្រសើរ នៃសត្វលោក។

(ពលសូត្រ ទី៨)

(៨. ពលសុត្តំ)

[១១១] ម្នាលភិក្ខុទាំងឡាយ កម្លាំងនេះ មាន៤យ៉ាង។ កម្លាំង ៤យ៉ាង គឺអ្វីខ្លះ។ កម្លាំងគឺវីរិយៈ ១ កម្លាំងគឺសតិ ១ កម្លាំងគឺសមាធិ ១ កម្លាំងគឺបញ្ញា ១។ ម្នាលភិក្ខុទាំងឡាយ នេះកម្លាំង ៤យ៉ាង។

(អរញ្ញសូត្រ ទី៩)

(៩. អរញ្ញសុត្តំ)

[១១២] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៤ប្រការ មិនគួរសេពសេនាសនៈដ៏ស្ងាត់ គឺព្រៃតូច ព្រៃធំបាន។ ធម៌ ៤ប្រការ គឺអ្វីខ្លះ។ គឺភិក្ខុប្រកបដោយកាមវិតក្កៈ ១ ព្យាបាទវិតក្កៈ ១ វិហឹសាវិតក្កៈ ១ ជាអ្នកអ័ប្បឥតប្រាជ្ញា លលា ឆ្កួតទឹកមាត់ ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៤យ៉ាងនេះ មិនគួរសេពសេនាសនៈដ៏ស្ងាត់ គឺព្រៃតូច ព្រៃធំបាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៤ ទើបគួរសេពសេនាសនៈស្ងាត់ គឺព្រៃតូច ព្រៃធំបាន។ ធម៌ ៤ប្រការ គឺអ្វីខ្លះ។ គឺភិក្ខុប្រកបដោយនេក្ខម្មវិតក្កៈ ១ អព្យាបាទវិតក្កៈ ១ អវិហឹសាវិតក្កៈ ១ អ្នកមានប្រាជ្ញា មិនលលា មិនឆ្កួតទឹកមាត់ ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៤យ៉ាងនេះ ទើបគួរសេពសេនាសនៈដ៏ស្ងាត់ គឺព្រៃតូច ព្រៃធំបាន។

(កម្មសូត្រ ទី១០)

(១០. កម្មសុត្តំ)

[១១៣] ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៤ប្រការ ជាមនុស្សពាល មិនឈ្លាស ជាអសប្បុរស រមែងបរិហារខ្លួន ដូចដើមឈើ ដែលគាស់ឫសចោល ងាប់ពាក់កណ្ដាល ជាអ្នកប្រកបដោយទោសផង ដែលពួកវិញ្ញូជនតិះដៀលផង រមែងបាននូវរបស់មិនជាបុណ្យដ៏ច្រើនផង។ ធម៌ ៤យ៉ាង គឺអ្វីខ្លះ។ គឺកាយកម្ម ប្រកបដោយទោស ១ វចីកម្ម ប្រកបដោយទោស ១ មនោកម្ម ប្រកបដោយទោស ១ ទិដ្ឋិប្រកបដោយទោស ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ទាំង ៤យ៉ាងនេះ ជាមនុស្សពាល មិនឈ្លាស ជាអសប្បុរស រមែងបរិហារខ្លួន ដូចជាដើមឈើ ដែលគាស់ឫសចោល ងាប់ពាក់កណ្ដាល ជាអ្នកប្រកបដោយទោសផង ដែលពួកវិញ្ញូជនតិះដៀលផង បាននូវរបស់មិនមែនជាបុណ្យដ៏ច្រើនផង។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៤យ៉ាង ជាបណ្ឌិត ជាអ្នកឈ្លាសវៃ ជាសប្បុរស រមែងបរិហារខ្លួន ដូចដើមឈើ ដែលមិនបានគាស់ឫសចោល មិនងាប់ពាក់កណ្ដាល ជាអ្នកមិនមានទោសផង ដែលពួកវិញ្ញូជន មិនតិះដៀលផង រមែងបាននូវបុណ្យដ៏ច្រើនផង។ ធម៌ ៤យ៉ាង គឺអ្វីខ្លះ។ គឺកាយកម្ម មិនមានទោស ១ វចីកម្មមិនមានទោស ១ មនោកម្មមិនមានទោស ១ ទិដ្ឋិមិនមានទោស ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៤យ៉ាងនេះ ជាបណ្ឌិត ជាអ្នកឈ្លាស ជាសប្បុរស រមែងបរិហារខ្លួន ដូចដើមឈើ ដែលមិនបានគាស់ឫស មិនងាប់ពាក់កណ្ដាល ជាអ្នកមិនមានទោសផង ដែលពួកវិញ្ញូជនមិនតិះដៀលផង រមែងបានបុណ្យដ៏ច្រើនផង។

ចប់ អភិញ្ញាវគ្គ ទី៦។

ឧទ្ទាននៃវគ្គនោះគឺ

និយាយអំពីអភិញ្ញាធម៌ ៤ប្រការ អំពីការស្វែងរក ៤ប្រការ អំពីសង្គហៈ ៤ប្រការ អំពីមាលុង្ក្យបុត្រ អំពីត្រកូលស្ដុកស្ដម្ភ និងមិនស្ដុកស្ដម្ភ ដោយហេតុ ៤ប្រការ ២រឿង អំពីសេះអាជានេយ្យ ប្រកបដោយអង្គ ៤ ជាសេះគួរដល់ព្រះរាជា អំពីពលៈ ៤ប្រការ អំពីភិក្ខុមិនគួរនៅ និងគួរនៅ ក្នុងសេនាសនៈព្រៃបាន និងអំពីកម្ម ដែលឥតទោស និងមានទោស។

កម្មបថវគ្គ ទី៧ (២៧)

((២៧) ៧. កម្មបថវគ្គោ)

(បាណាតិបាតីសូត្រ ទី១)

(១. បាណាតិបាតីសុត្តំ)

[១១៤] ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៤ ប្រការ រមែងកើតក្នុងនរក ដូចជាគេនាំយកទៅទំលាក់។ ធម៌ ៤ប្រការ គឺអ្វីខ្លះ។ គឺបុគ្គលដែលសម្លាប់សត្វ ដោយខ្លួនឯង ១ ដឹកនាំអ្នកដទៃ ក្នុងការសម្លាប់សត្វ ១ ពេញចិត្តក្នុងការសម្លាប់សត្វ ១ ពោលសរសើរការសម្លាប់សត្វ28) ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៤ប្រការនេះ រមែងកើតក្នុងនរក ដូចគេនាំយកទៅទំលាក់។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៤ប្រការ រមែងកើតក្នុងឋានសួគ៌ ដូចគេនាំយកទៅដាក់។ ធម៌ ៤ប្រការ គឺអ្វីខ្លះ។ គឺបុគ្គលវៀរចាកការសម្លាប់សត្វដោយខ្លួនឯង ១ ដឹកនាំអ្នកដទៃ ក្នុងការវៀរចាកការសម្លាប់សត្វ ១ ពេញចិត្តក្នុងការវៀរចាកការសម្លាប់សត្វ ១ ពោលសរសើរការវៀរចាកការសម្លាប់សត្វ ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៤ប្រការនេះ រមែងកើតក្នុងឋានសួគ៌ ដូចគេនាំយកទៅដាក់។

(អទិន្នាទាយីសូត្រ ទី២)

(២. អទិន្នាទាយីសុត្តំ)

[១១៥] ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៤ប្រការ រមែងកើតក្នុងនរក ដូចគេនាំយកទៅទំលាក់។ ធម៌ ៤ប្រការ គឺអ្វីខ្លះ។ គឺបុគ្គលជាអ្នកកាន់យកទ្រព្យ ដែលគេមិនបានឲ្យដោយខ្លួនឯង ១ ដឹកនាំបុគ្គលដទៃ ក្នុងការកាន់យកទ្រព្យ ដែលគេមិនបានឲ្យ ១ ពេញចិត្តក្នុងការកាន់យកទ្រព្យ ដែលគេមិនបានឲ្យ ១ ពោលសរសើរការកាន់យកទ្រព្យ ដែលគេមិនបានឲ្យ ១។ អម្បាលនេះ។បេ។ គឺបុគ្គលជាអ្នកវៀរចាកការកាន់យកទ្រព្យ ដែលគេមិនបានឲ្យដោយខ្លួនឯង ដឹកនាំអ្នកដទៃ ក្នុងការវៀរចាកការកាន់យកទ្រព្យ ដែលគេមិនបានឲ្យ ពេញចិត្តក្នុងការវៀរចាកការកាន់យកទ្រព្យ ដែលគេមិនបានឲ្យ ពោលសរសើរការវៀរចាកការកាន់យកទ្រព្យ ដែលគេមិនបានឲ្យអម្បាលនេះ។បេ។

(មិច្ឆាចារីសូត្រ ទី៣)

(៣. មិច្ឆាចារីសុត្តំ)

[១១៦] ជាអ្នកប្រព្រឹត្តខុស ក្នុងកាមទាំងឡាយដោយខ្លួនឯង ដឹកនាំបុគ្គលដទៃ ក្នុងកាមេសុមិច្ឆាចារ ពេញចិត្ត ក្នុងកាមេសុមិច្ឆាចារ ពោលសរសើរកាមេសុមិច្ឆាចារ អម្បាលនេះ។បេ។ ជាអ្នកវៀរចាកកាមេសុមិច្ឆាចារដោយខ្លួនឯង ដឹកនាំបុគ្គលដទៃ ក្នុងការវៀរចាកកាមេសុមិច្ឆាចារ ពេញចិត្តក្នុងការវៀរចាកកាមេសុមិចា្ឆចារ ពោលសរសើរការវៀរចាកកាមេសុមិច្ឆាចារ។ អម្បាលនេះ។បេ។

(មុសាវាទីសូត្រ ទី៤)

(៤. មុសាវាទីសុត្តំ)

[១១៧] ជាអ្នកនិយាយកុហក ដោយខ្លួនឯង ដឹកនាំបុគ្គលដទៃ ក្នុងមុសាវាទ ពេញចិត្តក្នុងមុសាវាទ ពោលសរសើរមុសាវាទ។ អម្បាលនេះ។បេ។ ជាអ្នកវៀរចាកមុសាវាទ ដោយខ្លួនឯង ដឹកនាំបុគ្គលដទៃ ក្នុងការវៀរចាកមុសាវាទ ពេញចិត្តក្នុងការវៀរចាកមុសាវាទ ពោលសរសើរការវៀរចាកមុសាវាទ។ អម្បាលនេះ។បេ។

(បិសុណវាចាសូត្រ ទី៥)

(៥. បិសុណវាចាសុត្តំ)

[១១៨] ជាអ្នកពោលពាក្យញុះញង់ ដោយខ្លួនឯង ដឹកនាំបុគ្គលដទៃ ក្នុងបិសុណាវាចា ពេញចិត្តក្នុងបិសុណាវាចា ពោលសរសើរបិសុណាវាចា។ អម្បាលនេះ។បេ។ ជាអ្នកវៀរចាកបិសុណាវាចា ដោយខ្លួនឯង ដឹកនាំបុគ្គលដទៃ ក្នុងការវៀរចាកបិសុណាវាចា ពេញចិត្តក្នុងការវៀរចាកបិសុណាវាចា ពោលសរសើរការវៀរចាកបិសុណាវាចា។ អម្បាលនេះ។បេ។

(ផរុសវាចាសូត្រ ទី៦)

(៦. ផរុសវាចាសុត្តំ)

[១១៩] ជាអ្នកនិយាយពាក្យអាក្រក់ ដោយខ្លួនឯង ដឹកនាំបុគ្គលដទៃ ក្នុងផរុសវាចា ពេញចិត្ត ក្នុងផរុសវាចា ពោលសរសើរផរុសវាចា។ អម្បាលនេះ។បេ។ ជាអ្នកវៀរចាកផរុសវាចា ដោយខ្លួនឯង ដឹកនាំបុគ្គលដទៃ ក្នុងការវៀរចាកផរុសវាចា ពេញចិត្ត ក្នុងការវៀរចាកផរុសវាចា ពោលសរសើរការវៀរចាកផរុសវាចា។ អម្បាលនេះ។បេ។

(សម្ផប្បលាបសូត្រ ទី៧)

(៧. សម្ផប្បលាបសុត្តំ)

[១២០] ជាអ្នកពោលពាក្យឥតប្រយោជន៍ ដោយខ្លួនឯង ដឹកនាំបុគ្គលដទៃ ក្នុងសម្ផប្បលាបៈ ពេញចិត្ត ក្នុងសម្ផប្បលាបៈ ពោលសរសើរសម្ផប្បលាបៈ។ អម្បាលនេះ។បេ។ ជាអ្នកវៀរចាកសម្ផប្បលាបៈ ដោយខ្លួនឯង ដឹកនាំបុគ្គលដទៃ ក្នុងការវៀរចាកសម្ផប្បលាបៈ ពេញចិត្តក្នុងការវៀរចាកសម្ផប្បលាបៈ ពោលសរសើរការវៀរចាក សម្ផប្បលាបៈ។ អម្បាលនេះ។បេ។

(អភិជ្ឈាលុសូត្រ ទី៨)

(៨. អភិជ្ឈាលុសុត្តំ)

[១២១] ជាអ្នកមានចិត្តសំឡឹងរំពៃទ្រព្យអ្នកដទៃ ដោយខ្លួនឯង ដឹកនាំបុគ្គលដទៃ ក្នុងអភិជ្ឈា ពេញចិត្ត ក្នុងអភិជ្ឈា ពោលសរសើរអភិជ្ឈា។ អម្បាលនេះ។បេ។ ជាអ្នកមានចិត្តមិនរំពៃ (ទ្រព្យអ្នកដទៃ) ដោយខ្លួនឯង ដឹកនាំបុគ្គលដទៃ ក្នុងអនភិជ្ឈា ពេញចិត្ត ក្នុងអនភិជ្ឈា ពោលសរសើរអនភិជ្ឈា។ អម្បាលនេះ។បេ។

(ព្យាបន្នចិត្តសូត្រ ទី៩)

(៩. ព្យាបន្នចិត្តសុត្តំ)

[១២២] ជាអ្នកមានចិត្តព្យាបាទ ដោយខ្លួនឯង ដឹកនាំបុគ្គលដទៃក្នុងព្យាបាទ ពេញចិត្ត ក្នុងព្យាបាទ ពោលសរសើរព្យាបាទ។ អម្បាលនេះ។បេ។ ជាអ្នកមានចិត្តមិនព្យាបាទ ដោយខ្លួនឯង ដឹកនាំបុគ្គលដទៃ ក្នុងការមិនព្យាបាទ ពេញចិត្ត ក្នុងការមិនព្យាបាទ ពោលសរសើរការមិនព្យាបាទ។ អម្បាលនេះ។បេ។

(មិច្ឆាទិដ្ឋិសូត្រ ទី១០)

(១០. មិច្ឆាទិដ្ឋិសុត្តំ)

[១២៣] ជាអ្នកយល់ខុស ដោយខ្លួនឯង ដឹកនាំបុគ្គលដទៃក្នុងសេចក្ដីយល់ខុស ពេញចិត្ត ក្នុងសេចក្ដីយល់ខុស ពោលសរសើរសេចក្ដីយល់ខុស។ អម្បាលនេះ។បេ។ ជាអ្នកយល់ត្រូវដោយខ្លួនឯង ដឹកនាំបុគ្គលដទៃ ក្នុងសេចក្ដីយល់ត្រូវ ពេញចិត្ត ក្នុងសេចក្ដីយល់ត្រូវ ពោលសរសើរសេចក្ដីយល់ត្រូវ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៤នេះ រមែងកើតក្នុងឋានសួគ៌ ដូចគេនាំទៅដាក់។

ចប់ កម្មបថវគ្គ ទី៧។

(រាគបេយ្យាល ទី៨/២៨)

ពួកសូត្រដែលមិនសង្រ្គោះដោយបណ្ណាសក

((២៨) ៨. រាគបេយ្យាលំ)

(សតិបដ្ឋានសូត្រ ទី១)

(១. សតិបដ្ឋានសុត្តំ)

[១២៤] ម្នាលភិក្ខុទាំងឡាយ ធម៌ ៤ប្រការ គួរចំរើន ដើម្បីដឹងច្បាស់នូវរាគៈ។ ធម៌ ៤ប្រការ តើដូចម្ដេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណារឿយៗ នូវកាយក្នុងកាយ ជាបុគ្គលមានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានសេចក្ដីដឹងល្អ មានស្មារតី កំចាត់បង់អភិជ្ឈា និងទោមនស្សក្នុងលោក ពិចារណារឿយៗ នូវវេទនាក្នុងវេទនាទាំងឡាយ… ពិចារណារឿយៗ នូវចិត្តក្នុងចិត្តទាំងឡាយ … ពិចារណារឿយ ៗ នូវធម៌ក្នុងធម៌ទាំងឡាយ ជាបុគ្គលមានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានសេចក្ដីដឹងល្អ មានស្មារតី កំចាត់បង់អភិជ្ឈា និងទោមនស្ស ក្នុងលោក។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៤នេះ គួរចំរើន ដើម្បីដឹងច្បាស់នូវរាគៈ។

(សម្មប្បធានសូត្រ ទី២)

(២. សម្មប្បធានសុត្តំ)

ម្នាលភិក្ខុទាំងឡាយ ធម៌ ៤ប្រការ គួរចំរើន ដើម្បីដឹងច្បាស់នូវរាគៈ។ ធម៌ ៤ប្រការ តើដូចម្ដេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ញុំាងឆន្ទៈឲ្យកើត សង្វាត ប្រារព្ធព្យាយាម ផ្គងចិត្ត ដម្កល់ចិត្ត ដើម្បីបិទអកុសលធម៌ទាំងឡាយដ៏លាមក ដែលមិនទាន់កើត មិនឲ្យកើតឡើង ដើម្បីលះបង់អកុសលធម៌ទាំងឡាយ ដ៏លាមក ដែលកើតឡើងហើយ… ដើម្បីញុំាងកុសលធម៌ទាំងឡាយ ដែលមិនទាន់កើត ឲ្យកើតឡើង … ញុំាងឆន្ទៈឲ្យកើត សង្វាត ប្រារព្ធព្យាយាម ផ្គងចិត្ត ដម្កល់ចិត្ត ដើម្បីឲ្យកុសលធម៌ទាំងឡាយ ដែលកើតឡើងហើយ ឲ្យឋិតនៅ មិនឲ្យវិនាសទៅ ឲ្យរឹងរឹតតែចំរើនឡើង ធំទូលាយ ចំរើនបរិបូណ៌។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៤នេះ គួរចំរើន ដើម្បីដឹងច្បាស់នូវរាគៈ។

(ឥទ្ធិបាទសូត្រ ទី៣)

(៣. ឥទ្ធិបាទសុត្តំ)

ម្នាលភិក្ខុទាំងឡាយ ធម៌ ៤ប្រការ គួរចំរើន ដើម្បីដឹងច្បាស់នូវរាគៈ។ ធម៌ ៤ប្រការ តើដូចម្ដេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើនឥទ្ធិបាទ ដែលប្រកបដោយឆន្ទសមាធិ និងបធានសង្ខារ វីរិយសមាធិ ចិត្តសមាធិ ចំរើនឥទ្ធិបាទ ដែលប្រកបដោយវីមំសាសមាធិ និងបធានសង្ខារ។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៤នេះ គួរចំរើន ដើម្បីដឹងច្បាស់នូវរាគៈ។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៤ប្រការនេះ គួរចំរើន ដើម្បីកំណត់ដឹងនូវរាគៈ។

(បរិញ្ញាទិសុត្តានិ ទី៤-៣០)

(៤-៣០. បរិញ្ញាទិសុត្តានិ)

។បេ។ ដើម្បីអស់ទៅ ដើម្បីលះបង់ ដើម្បីក្ស័យទៅ ដើម្បីសូន្យទៅ ដើម្បីនឿយណាយ ដើម្បីរលត់ ដើម្បីលះបង់ ដើម្បីរលាស់។

(ទោសអភិញ្ញាទិសុត្តានិ ទី៣១-៥១០)

(៣១-៥១០. ទោសអភិញ្ញាទិសុត្តានិ)

ធម៌ ៤ប្រការនេះ គួរចំរើន ដើម្បីដឹងច្បាស់ ដើម្បីកំណត់ដឹង ដើម្បីអស់ទៅ ដើម្បីលះបង់ ដើម្បីក្ស័យទៅ ដើម្បីសូន្យទៅ ដើម្បីនឿយណាយ ដើម្បីរលត់ ដើម្បីលះបង់ ដើម្បីរលាស់នូវទោសៈ មោហៈ កោធៈ ឧបនាហៈ (ចងក្រោធទុក) មក្ខៈ (រមិលគុណ) បឡាសៈ (លើកខ្លួនផ្ទឹម) ឥស្សា (ឫស្យា) មច្ឆរិយៈ (កំណាញ់) មាយា (បិទបាំងទោស) សាថេយ្យៈ (អួតអាង) ថម្ភៈ (មុខរឹង) សារម្ភៈ (ប្រណាំងវាសនា) មានះ (ប្រកាន់ខ្លួន) អតិមានះ (មើលងាយគេ) មទៈ (ស្រវឹង) បមាទៈ (ប្រាសចាកសតិ)។

ចប់ ចតុក្កនិបាត។

ចប់ ភាគ៤៣។

មាតិកា

លេខ ទំព័រ លេខ​សម្គាល់
សុត្តន្តបិដក sut
អង្គុត្តរនិកាយ sut.an
ចតុក្កនិបាត ចតុត្ថភាគ sut.an.04
ចតុត្ថបណ្ណាសក
ឥន្រ្ទិយវគ្គ ទី១ sut.an.04.v16
បដិបទាវគ្គ ទី២ ១៩ sut.an.04.v17
សញ្ចេតនិយវគ្គ ទី៣ ៤១ sut.an.04.v18
យោធាជីវវគ្គ ទី៤ ៧៣ sut.an.04.v19
មហាវគ្គ ទី៥ ១០៧ sut.an.04.v20
បណ្ណាសកាសង្គហិតវគ្គ
សប្បុរិសវគ្គ ទី១ ១៩៨ sut.an.04.v21
សោភនវគ្គ ទី២ ២១៧ sut.an.04.v23
ទុច្ចរិតវគ្គ ទី៣ ២២៣ sut.an.04.v23
កម្មវគ្គ ទី៤ ២២៩ sut.an.04.v24
អាបត្តិភយវគ្គ ទី៥ ២៤៩ sut.an.04.v25
អភិញ្ញាវគ្គ ទី៦ ២៦៥ sut.an.04.v26
កម្មបថវគ្គ ទី៧ ២៧៨ sut.an.04.v27
ពួកសូត្រដែលមិនសង្រ្គោះដោយបណ្ណាសក ២៨៤

1)
បុគ្គលដែលដល់ព្រះអរហត្ត ប្រកបដោយសេចក្តីព្យាយាម ហៅថា សសង្ខារបរិនិព្វាយី។
2)
បុគ្គលដែលដល់ព្រះអរហត្ត មិនបាច់ប្រកបដោយសេចក្តីព្យាយាម ហៅថា អសង្ខារបរិនិព្វាយី។ អដ្ឋកថា។
3)
នឹងហៅថា កាយវិញ្ញត្តិ ដូច្នេះវិញក៏បាន។
4)
ការសម្រេចនៃចេតនា ក្នុងកាយទ្វារ ហៅថា កាយសញ្ចេតនា ៗនោះ មាន២០ គឺជាកាមាវចរកុសល ៨ ជាអកុសល ១២។ វចីសញ្ចេតនា និងមនោសញ្ចេតនា ក៏ដូចគ្នានឹងកាយសញ្ចេតនាដែរ។
5)
គឺដឹងច្បាស់នូវកុសល ថាកុសលមែន បើជាអកុសល ថាអកុសលមែន ដូច្នេះជាដើម។ អដ្ឋកថា។
6)
សំដៅយកសមាបត្តិ ទាំង៨ សមាបត្តិណាមួយ។ អដ្ឋកថា។
7)
វិហារជាទីនៅ របស់អានន្ទយក្ស។ អដ្ឋកថា។
8)
ព្រាហ្មណ៍ ក្នុងទីនេះ សំដៅយកសមណៈ ក្នុងពុទ្ធសាសនា។
9)
វិបស្សនាបញ្ញា ត្រូវធ្វើឲ្យជាក់ច្បាស់ ដោយឈានប្បញ្ញា ឯមគ្គប្បញ្ញា ត្រូវធ្វើឲ្យជាក់ច្បាស់ ដោយវិបស្សនាបញ្ញា ឯផលប្បញ្ញា សម្រេចដោយមគ្គប្បញ្ញា ឯបច្ចវេក្ខណប្បញ្ញា សម្រេចដោយផលប្បញ្ញា។ អដ្ឋកថា។
10)
បានសម្រេចទិព្វវិហារធម៌ ជាធម៌ឲ្យកើតជាឧបបត្តិទេពផង សម្រេចអរហត្ត ព្រោះទិព្វវិហារធម៌ គឺនៅក្នុងចតុត្ថជ្ឈាន ហើយបានសម្រេចអរហត្តផង។
11)
បានសម្រេចព្រហ្មវិហារធម៌ ជាធម៌ឲ្យបានកើតជាព្រហ្មផង សម្រេចអរហត្ត ព្រោះព្រហ្មវិហារធម៌ គឺនៅក្នុងព្រហ្មវិហារធម៌ ទាំង៤ ហើយសម្រេចអរហត្តផង។
12)
បានសម្រេចឈានមិនញាប់ញ័រ ជាឈានឲ្យសម្រេចភាពមិនញាប់ញ័រផង សម្រេចអរហត្តបាន ព្រោះឈានមិនញាប់ញ័រ គឺនៅក្នុងអរូបជ្ឈាន ទាំង៤ ហើយសម្រេចអរហត្តផង។
13)
កន្លងភាពជាបុថុជ្ជន ហើយសម្រេចភាពជាអរិយៈ គឺបានសម្រេចមគ្គ ៤ ផល៣ ចំពោះតែអរិយសច្ច ទាំង៤។ អដ្ឋកថា។
14)
ស្មារតីដែលកើតឡើង ១ភ្លែត ទុកជាយឺតយូរ ឯសត្វដែលមានអានិសង្សធម៌ក្នុងខ្លួន វេលានឹងសម្រេចមគ្គផល បានឆាប់រហ័សជាងស្មារតី១ភ្លែតនោះឯង។
15)
អដ្ឋកថា ថា ការបង្អោនចិត្តទៅ ដោយការតាក់តែងប្រស្នា។
16)
យកបន្លាដែក ឬបន្លាជាប្រក្រតី ទៅបោះនឹងផែនដី ហើយក្រាលកម្រាលស្បែក លើបន្លានោះ ហើយសម្រេចនូវឥរិយាបថ មានឈរ ដើរ ជាដើម។ អដ្ឋកថា។
17)
បានដល់អកុសលកម្មបថ ១០។
18)
នាំសត្វឲ្យទៅកើតក្នុងអបាយ។
19)
បានដល់កុសលកម្មបថ ១០។
20)
នាំសត្វឲ្យទៅកើតក្នុងឋានសួគ៌។
21)
កម្មដែលលាយគ្នា។
22)
ឲ្យទទួលទុក្ខខ្លះ ទទួលសុខខ្លះ។
23)
សំដៅយកចតុមគ្គញ្ញាណ ដែលជាគុណជាតធ្វើឲ្យអស់កម្ម។
24)
ទំនៀមរបស់ភិក្ខុដែលគួររក្សា។
25)
សិក្ខាបទ ដែលមានក្នុងព្រះបាតិមោក្ខ ដែលជាពុទ្ធអាណា។
26)
ព្រោះស័ព្ទថា បេតៈ ប្រែថា ប្រេតក៏បាន ទើបអដ្ឋកថា អធិប្បាយជា២ន័យ បើសំដៅយកប្រេត លោកអធិប្បាយថា ប្រេតនោះ ជាអ្នកអត់ឃ្លាន ស្គមរំឃឹង មានសាច់ឈាមតិច ឆ្អឹងឡើងរគាម ដូចមនុស្សឈឺធ្ងន់យូរ មិនអាចដេកផ្អៀងបាន បានតែដេកផ្ងារ។
27)
ធុំក្លិន ក្រេបជញ្ជក់រស ពាល់ត្រូវនូវផោដ្ឋព្វៈ។
28)
ការរាប់ ៤ៗនោះ ឲ្យរាប់ក្នុងមួយបទៗ គឺក្នុងមួយបទៗ ចែកការធ្វើជា៤ គឺធ្វើខ្លួនឯង ដឹកនាំអ្នកដទៃ ពេញចិត្ត និយាយសរសើរ។
km/tipitaka/book_043.txt · ពេលកែចុងក្រោយ: 2023/03/28 09:00 និពន្ឋដោយ Johann