User Tools

Site Tools


Translations of this page?:
km:tipitaka:book_048

មាតិកា

-Namo tassa bhagavato arahato sammā-
ព្រះត្រៃបិដកភាសាខ្មែរ - Tipiṭaka Khmer language
ភាគ ៤៨ - Book 48

Ven. Members of the Sangha, Ven. Theras Valued Upasaka, valued Upasika This is a Work Edition! 1.Edition 20170919 Do not share it further except for editing and working purposes within the transcription project on sangham.net. Only for personal use. If you find any mistake or like to join the merits please feel invited to join here: sangham.net or Upasika Norum on sangham.net Anumodana!

សូម​ថ្វាយបង្គំ​ចំពោះ​ព្រះសង្ឃ, ជំរាបសួរ​ឧបាសក និង​ឧបាសិកា​ទាំង​អស់ នេះ​គឺ​ជា​សេចក្តី​ព្រាងច្បាប់​ការ​បោះ​ពុម្ព​ផ្សាយ! 1.Edition 20170919 សូម​កុំ​ចែក​រំលែក​បន្ថែម​ទៀត ប្រសិន​បើ​មិន​មែន​សម្រាប់​ការ​កែសម្រួល​នៅ sangham.net និង​កិច្ច​ការ​នេះ។ សូម​គិត​ថា​លោក​អ្នក​ត្រូវ​បាន​អញ្ជើញ​ដើម្បី​ចូល​រួម​បុណ្យកុសល​នេះ និង​​សូមប្រាប់​ពួក​យើង​អំពី​កំហុស និង​ប្រើវេទិកា​នេះ: sangham.net ឬ​ប្រាប់​ឧបាសិកា Norum នៅ​លើ sangham.net សូម​អនុមោទនា!

A topic about progress and feedback can be found here: ព្រះត្រៃបិដក ភាគ ០៤៨ - Tipitaka Book 048, for change log on ati.eu see here: រាយការណ៍ ភាគ ០៤៨



book_048.jpg

គំរូ ឯកសារ ផ្សេងទៀត ៖
book_048.pdf

លេខសម្គាល់
លេខទំព៍រ

ព្រះត្រៃបិដក ភាគ ទី ៤៨

ទ. 1

សុត្តន្តបិដក

អង្គុត្តរនិកាយ

(អង្គុត្តរនិកាយោ)

នវមភាគ

នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស។

ខ្ញុំ​សូម​នមស្ការ ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ ជា​អរហន្ត​សម្មាសម្ពុទ្ធ ព្រះ​អង្គ​នោះ​។

អដ្ឋកនិបាត

(សត្តកនិបាត)

បឋមបណ្ណាសក (ទី១)

(១. បឋមបណ្ណាសកំ)

មេត្តាវគ្គ ទី១

(១. មេត្តាវគ្គោ)

(មេត្តាសូត្រ ទី១)

(១. មេត្តាសុត្តំ)

[១] ខ្ញុំបានស្ដាប់មកយ៉ាងនេះ។ សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់​ក្នុង​វត្ត​ជេតពន របស់​អនាថបិណ្ឌិកសេដ្ឋី ជិតក្រុង​សាវត្ថី។ ក្នុង​ទីនោះឯង ព្រះដ៏មានព្រះភាគ ទ្រង់​ត្រាស់​នឹង​ភិក្ខុ​ទាំងឡាយ​ថា​ ម្នាលភិក្ខុ​ទាំងឡាយ។ ភិក្ខុទាំងនោះ ទទួល​ព្រះពុទ្ធដីកា​នៃ​ព្រះដ៏មាន​ព្រះភាគ​ថា ព្រះករុណា​ ព្រះអង្គ។ ព្រះដ៏មានព្រះភាគ ទ្រង់​ត្រាស់​ដូច្នេះ​ថា ម្នាល​ភិក្ខុទាំងឡាយ មេត្តាចេតោវិមុត្តិ ដែល​បុគ្គលធ្វើ​ឲ្យថ្នឹក ចំរើនធ្វើឲ្យ​រឿយ​ៗ ធ្វើឲ្យ​ដូចជាយាន ធ្វើឲ្យជាទី​នៅ បានតាំង​ទុករឿយ ៗ បាន​សន្សំ បាន​ប្រារព្ធ​ល្អហើយ មាន​អានិសង្ស ៨ ប្រការ​ជា​ប្រាកដ។ អានិសង្ស ៨ ប្រការ តើ​ដូចម្តេច​ខ្លះ។ គឺដេកលក់​ជាសុខ ១ ភ្ញាក់​ឡើង​ជាសុខ ១ មិនឃើញ​នូវ​​សុបិន​អាក្រក់ ១ ជាទីស្រឡាញ់​នៃពួក​មនុស្ស ១ ជា​ទី​ស្រឡាញ់​នៃពួក​អមនុស្ស ១ ពួក​ទេវតា​តែង​រក្សា ១ ភ្លើងក្តី ថ្នាំពិសក្តី សស្រ្តាវុធក្តី មិន​ប៉ះពាល់​នូវ​បុគ្គល​នោះ ១ កាលបើ​មិនទាន់​បានគុណ​វិសេស​ដ៏ខ្ពង់​ខ្ពស់ទេ រមែង​ទៅកើត​ក្នុង​ព្រហ្ម‌‌លោក ១។ ម្នាល​ភិក្ខុ​ទាំងឡាយ មេត្តាចេតោវិមុត្តិ ដែលបុគ្គល​ធ្វើឲ្យ​ថ្នឹក ចំរើន​ធ្វើ​ឲ្យ​រឿយ ៗ​ ធ្វើឲ្យដូច​ជាយាន ធ្វើឲ្យ​ជាទីនៅ បានតាំង​ទុករឿយ ៗ បាន​សន្សំ​ បាន​ប្រារព្ធ​ល្អ​ហើយ រមែង​មាន​អានិសង្ស ៨ ប្រការនេះឯង​ជាប្រាកដ។

បុគ្គល​ដែលនឹក​រលឹក​ចំពោះ​ ចំរើននូវមេត្តា ប្រមាណ​មិនបាន ពិចារណា​ឃើញ​នូវ​ការ​អស់ទៅ នៃ​ឧបធិក្កិលេស សំយោជនៈ​ទាំងឡាយ ក៏ស្រាលស្តើង (ចាក​ខន្ធសន្ដាន) បើបុគ្គលមានចិត្តមិនបានប្រទុស្ដសត្វណា​មួយ ឈ្មោះថា ជាប់​មេត្តា កុសល​ក៏​រមែង​​កើត​មាន ដោយហេតុ​នោះ ចំណែក​ព្រះអរិយៈ មានចិត្ត​អនុគ្រោះ​​សត្វទាំង​ឡាយ​ទាំង​ពួង តែង​ធ្វើ​បុណ្យ​ច្រើន ពួកស្ដេច​ណា ដែល​ប្រាកដ​ដូចជា​ឥសី បាន​ឈ្នះនូវ​ផែនដី ដែល​ពាសពេញ​ដោយ​មនុស្ស​សត្វ កាល​ឲ្យទាន ប្រព្រឹត្ត​រឿយ ៗ (ដោយសង្គហវត្ថុ ៤ ប្រការ) គឺឈ្លាសវៃ ក្នុងការ​ទំនុក​បម្រុងធញ្ញជាតិ ១ ឈ្លាសវៃ​ក្នុងការ​ទំនុក​បម្រុង​មនុស្ស ១ ការចងចិត្ត​មនុស្ស ១ ពោលពាក្យ​ជាទីស្រឡាញ់ ១ មិនបាច់ប្រើ​រនុក​ទ្វារផ្ទះឡើយ ការ​ឲ្យទាន​ទាំងឡាយ​នោះ ក៏មិនដល់​នូវចំណិត​ក្នុង​ចំណែក ១៦ នៃមេត្តាចិត្ត ដែល​បានអប់រំ​ហើយ ដូចជា​រស្មី​ព្រះចន្ទ្រ និងពួកផ្កាយ​ទាំងពួង បុគ្គល​ណា ជាអ្នក​មាន​ចំណែក​នៃ​មេត្តាសមាធិ​ចិត្ត ចំពោះ​ពួកសត្វ​ទាំងអស់ មិន​បៀតបៀន មិន​សម្លាប់ មិនធ្វើ​សេចក្តី​វិនាស​ដល់សត្វ​ដទៃ​ដោយ​ខ្លួនឯង មិនប្រើ​អ្នកដទៃ ឲ្យធ្វើ​សេចក្តី​វិនាស​ដល់សត្វ​ដទៃ វេរា​របស់​បុគ្គលនោះ មិនមាន​ដោយហេតុ​ណាមួយ​ឡើយ។

បញ្ញាសូត្រ ទី២

(២. បញ្ញាសុត្តំ)

[២] ម្នាលភិក្ខុទាំងឡាយ ហេតុ ៨ យ៉ាង បច្ច័យ ៨ យ៉ាងនេះ ប្រព្រឹត្តទៅ ដើម្បី​បាន​នូវ​បញ្ញា ជាខាងដើម​នៃ​មគ្គព្រហ្មចារ្យ ដែលខ្លួន​មិនធ្លាប់​បាន ដើម្បី​ជាភិយ្យោភាព ដ៏​ធំទូលាយ ចំរើន​​បរិបូណ៌នូវ​បញ្ញា​ដែលខ្លួន​បានហើយ។ ហេតុបច្ច័យ ៨ យ៉ាង តើដូច​ម្ដេច​ខ្លះ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុ​​ក្នុង​សាសនានេះ ចូល​ទៅអាស្រ័យ​នៅ​នឹងគ្រូ ឬ​សព្រហ្មចារី​បុគ្គល​ណាមួយ ជាគរុដ្ឋានិយបុគ្គល (បុគ្គល​តាំងនៅ​ក្នុងស្ថាន​ដែលគួរ​គោរព) ជា​អ្នក​មាន​ហិរិ និង​ឱត្តប្បៈ​ដ៏ក្លៀវក្លា ដម្កល់នូវ​សេចក្តី​ស្រឡាញ់ និង​សេចក្តី​គោរព ចំពោះ​បុគ្គល​ជាគរុដ្ឋានិយៈ ម្នាលភិក្ខុ​ទាំងឡាយ នេះជា​ហេតុ នេះជា​បច្ច័យ ទី១ ដែល​ប្រព្រឹត្ត​ទៅ ដើម្បីបាន​ចំពោះនូវបញ្ញា​ជាខាងដើម​នៃ​មគ្គ​ព្រហ្មចារ្យដែល​ខ្លួន​មិនធ្លាប់​បាន ដើម្បី​​​ជា​ភិយ្យោភាព ដ៏ធំ​ទូលាយ ចំរើន​បរិបូណ៌​នូវ​បញ្ញា​ដែល​ខ្លួន​បាន។ បុគ្គលនោះ ចូល​ទៅ​អាស្រ័យ​នៅ​នឹង​គ្រូ​នោះ ឬ​សព្រហ្មចារី​បុគ្គល​ណាមួយ ​ជា​គរុដ្ឋានិយៈ ជា​អ្នក​មាន​ហិរិ និងឱត្តប្បៈដ៏​ក្លៀវក្លា ដម្កល់​សេចក្តី​ស្រឡាញ់ និង​សេចក្តី​គោរព​ចំពោះ​បុគ្គល​គរុដ្ឋានិយៈ ភិក្ខុនោះ ចូល​ទៅរក (បុគ្គលនោះ) តាម​កាលគួរ ហើយ​សាក​សួរ​ត្រង់​ប្រស្នា​ថា បពិត្រលោក​ដ៏ចំរើន ហេតុនេះ​ដូចម្តេច សេចក្តី​អធិប្បាយ នៃ​ភាសិត​នេះ​ដូចម្តេច។ លោក​ដ៏មានអាយុ​ទាំងឡាយ​នោះ បើក​បង្ហាញ​នូវធម៌​ដែល​កំបាំង​ផង ធ្វើ​ធម៌​ដែល​មាន​ជម្រៅ ឲ្យរាក់​ផង បន្ទោបង់​នូវ​សេចក្តី​សង្ស័យ ក្នុងធម៌​ដែលគួរ​សង្ស័យ​ច្រើន​ប្រការ​ផង ដល់​ភិក្ខុនោះ ម្នាល​ភិក្ខុ​ទាំងឡាយ នេះជា​ហេតុ ទី២ ជាបច្ច័យ ទី២​ ដែល​ប្រព្រឹត្តទៅ ដើម្បី​បាន​ចំពោះ​នូវ​បញ្ញា ជាខាង​ដើម​នៃមគ្គ​ព្រហ្មចារ្យ​ដែលខ្លួន​មិនធ្លាប់​បាន ដើម្បី​ជា​ភិយ្យោភាព ដ៏ធំទូលាយ ចំរើន​បរិបូណ៌​នូវបញ្ញា​ដែល​ខ្លួនបាន។ ភិក្ខុនោះ ​លុះ​បាន​ស្ដាប់ធម៌​នោះហើយ ​ទើបញុំាងសេចក្តីស្ងប់​រម្ងាប់ ២ ប្រការ ឲ្យសម្រេច គឺ​ការ​ស្ងប់​រម្ងាប់​កាយ ១ ស្ងប់រម្ងាប់​ចិត្ត ១ ម្នាល​ភិក្ខុ​ទាំងឡាយ នេះជា​ហេតុ ទី៣ ជាបច្ច័យ ទី៣ ដែល​ប្រព្រឹត្ត​ទៅ ដើម្បីបាន​ចំពោះ​នូវបញ្ញា ជាខាងដើម​នៃ​មគ្គព្រហ្មចារ្យ ដែល​ខ្លួនមិន​ធ្លាប់បាន ដើម្បី​ជាភិយ្យោភាព ដ៏ធំទូលាយ ចំរើន បរិបូណ៌​នូវបញ្ញា​ដែលខ្លួន​បាន។ ភិក្ខុជា​អ្នកមាន​សីល សង្រួមហើយ​ក្នុង​បាតិមោក្ខសំវរៈ បរិបូណ៌​ដោយអាចារៈ និង​គោចរៈ ឃើញភ័យ​ក្នុងទោស​ទាំងឡាយ សូម្បី​បន្តិចបន្តួច សមាទាន សិក្សា​ក្នុង​សិក្ខាបទ​ទាំងឡាយ ម្នាលភិក្ខុ​ទាំងឡាយ នេះជា​ហេតុ ទី៤ ជា​បច្ច័យ ទី៤ ដែល​ប្រព្រឹត្ត​ទៅ ដើម្បី​បាន​ចំពោះនូវ​បញ្ញា ជាខាង​ដើមនៃ​មគ្គព្រហ្មចារ្យ ដែលខ្លួន​មិនធ្លាប់​បាន ដើម្បី​ជា​ភិយ្យោភាព​ដ៏ធំទូលាយ ចំរើន បរិបូណ៌​នូវ​បញ្ញា ដែលខ្លួន​បាន។ ភិក្ខុ​ជា​អ្នករៀន​សូត្រ​ច្រើន ទ្រទ្រង់ព្រះសូត្រ ចេះចាំ​ព្រះសូត្រ ធម៌ទាំង​ឡាយណា មានពីរោះ​បទដើម ពីរោះ​បទកណ្ដាល ពីរោះ​បទចុង​ ប្រកាស​នូវ​ព្រហ្មចរិយ​ធម៌ ព្រមទាំង​អត្ថ ព្រម​ទាំងព្យញ្ជនៈ ដ៏បរិបូណ៌ បរិសុទ្ធទាំងអស់ ធម៌ទាំងឡាយ មានសភាព​ដូច្នោះ ភិក្ខុនោះ​ បានរៀនសូត្រ​ច្រើន ទ្រទ្រង់​ចាំស្ទាត់ រត់មាត់ ជាក់ច្បាស់​ក្នុងចិត្ត​ យល់ច្បាស់​ដោយទិដ្ឋិ ម្នាល​ភិក្ខុ​ទាំង​ឡាយ នេះជាហេតុ ទី៥ ជាបច្ច័យ ទី៥ ដែលប្រព្រឹត្តទៅ ដើម្បីបាន​ចំពោះនូវ​បញ្ញា ជាខាងដើម​នៃមគ្គព្រហ្មចារ្យ ដែលខ្លួន​មិនធ្លាប់​បាន ដើម្បីជា​ភិយ្យោភាព ដ៏ធំទូលាយ ចំរើន បរិបូណ៌​នូវបញ្ញា ដែលខ្លួន​បាន។ ភិក្ខុ​ប្រារព្ធ​សេចក្តី​ព្យាយាម ដើម្បីលះបង់​នូវ​អកុសលធម៌​ទាំងឡាយ ហើយបំពេញ​នូវកុសលធម៌​ទាំងឡាយ មានកំឡាំង មានសេចក្តី​ប្រឹងប្រែង​ដ៏មាំ មិនដាក់ធុរៈ ក្នុងធម៌​ទាំងឡាយ​ជាកុសល ម្នាលភិក្ខុ​ទាំងឡាយ នេះជាហេតុ ទី៦ ជាបច្ច័យ ទី៦ ដែល​ប្រព្រឹត្ត​ទៅ ដើម្បីបាន​ចំពោះនូវ​បញ្ញា ជាខាង​ដើម​នៃមគ្គព្រហ្មចារ្យ ដែលខ្លួន​មិនធ្លាប់​បាន ដើម្បី​ជា​ភិយ្យោភាព​ដ៏ធំទូលាយ ចំរើន បរិបូណ៌​នូវបញ្ញា​ដែលខ្លួន​បាន។ ភិក្ខុ​នៅក្នុង​​សង្ឃ មិនមែន​និយាយ​ផ្តេសផ្ដាស មិនមែន​ជាអ្នក​និយាយ​តិរច្ឆានកថា រមែង​សំដែងធម៌​ដោយ​ខ្លួន​ឯងផង អារាធនា​អ្នកឯទៀត ឲ្យសំដែង​ផង មិនមើល​ងាយ​ព្រះអរិយៈ ដែល​ស្ងប់ស្ងៀម​ផង ម្នាលភិក្ខុ​ទាំងឡាយ នេះជាហេតុ ទី៧ ជាបច្ច័យ ទី៧ ដែលប្រព្រឹត្ត​ទៅ ដើម្បីបាន​ចំពោះនូវ​បញ្ញា ជាខាងដើម​នៃ​មគ្គព្រហ្មចារ្យ ដែលខ្លួន​ធ្លាប់បាន​ ដើម្បីជា​ភិយ្យោភាព ដ៏ធំទូលាយ ចំរើន បរិបូណ៌​នូវបញ្ញា​​ដែលខ្លួន​បាន។ ភិក្ខុ​ពិចារណា​ឃើញរឿយៗ នូវការ​កើតឡើង និង​សូន្យទៅ ក្នុង​ឧបាទានក្ខន្ធ​ទាំងឡាយ ៥ ​ថា រូបដូច្នេះ ការកើតឡើង​នៃរូប​ដូច្នេះ ការវិនាស​នៃរូប​ដូច្នេះ វេទនា​ដូច្នេះ សញ្ញា​ដូច្នេះ សង្ខារទាំងឡាយ​ដូច្នេះ វិញ្ញាណ​ដូច្នេះ ការកើតឡើង​នៃ​វិញ្ញាណ​​ដូច្នេះ ការវិនាស​ទៅ នៃវិញ្ញាណ​ដូច្នេះ។ ម្នាលភិក្ខុ​ទាំងឡាយ នេះជាហេតុ ទី៨ ជាបច្ច័យ ទី៨ ដែល​ប្រព្រឹត្តទៅ ដើម្បីបាន​ចំពោះនូវ​បញ្ញា ជាខាងដើម​នៃមគ្គ​ព្រហ្មចារ្យ​ដែលខ្លួន​មិនធ្លាប់​បាន ដើម្បីជា​ភិយ្យោភាព​ដ៏ធំទូលាយ ចំរើន បរិបូណ៌​នូវ​បញ្ញា ដែល​ខ្លួនបាន​ហើយ។ ពួកសព្រហ្មចារីបុគ្គល តែងនាំគ្នា​សរសើរ​នូវភិក្ខុនោះ យ៉ាងនេះថា លោក​ដ៏មាន​អាយុ (នេះ) បានចូល​ទៅនៅអាស្រ័យ​នៅនឹងគ្រូ ឬសព្រហ្មចារីបុគ្គល​ណាមួយ ជា​គរុដ្ឋានិយៈ ជាអ្នកមានហិរិ និងឱត្តប្បៈ​ ដម្កល់​សេចក្តី​ស្រឡាញ់ និង​សេចក្តី​គោរព ចំពោះបុគ្គលជាគរុដ្ឋានិយៈ ដោយគិតថា លោកដ៏មានអាយុនេះ ដឹងនូវ​ហេតុ​ដែលគួរ​ដឹង ឃើញនូវ​ហេតុ ដែលគួរ​ឃើញ​ដោយពិត ធម៌នេះ​ប្រព្រឹត្តទៅ ដើម្បី​ឲ្យគេ​ស្រឡាញ់ ដើម្បី​ឲ្យគេ​គោរព ដើម្បីញុំាង​គុណ ឲ្យចំរើន ដើម្បីភាព​ជាសមណៈ ដើម្បីសេចក្ដី​ស្ងប់ស្ងាត់។ ចំណែក​លោកដ៏មាន​អាយុនេះ ចូលទៅនៅ​អាស្រ័យ​នឹងគ្រូនោះ ឬសព្រហ្មចារីបុគ្គល​ណា​មួយ ជាគរុដ្ឋានិយៈ ជាអ្នកមានហិរិ និងឱត្តប្បៈ​ ដម្កល់សេចក្តី​ស្រឡាញ់ និងសេចក្តី​គោរព ចំពោះ​បុគ្គល​ជា​គរុដ្ឋានិយៈ លុះលោកដ៏មាន​អាយុនោះ ចូលទៅរក​គ្រូ​នោះតាម​កាល​ដ៏សមគួរហើយ សាកសួរ​ត្រង់ប្រស្នា​ថា បពិត្រលោក​ដ៏ចំរើន ហេតុនេះ​ដូចម្ដេច​ សេចក្ដី​អធិប្បាយ​នៃភាសិតនេះ​ដូចម្ដេច។ លោកដ៏មានអាយុ​ទាំងនោះ ក៏បើក​បង្ហាញ នូវ​ធម៌ដែល​កំបាំងផង ធ្វើធម៌ដែល​មាន​ជម្រៅ ឲ្យរាក់ផង បន្ទោបង់​នូវសេចក្តី​សង្ស័យ ​ក្នុងធម៌​ទាំងឡាយ ដែលគួរសង្ស័យ​ច្រើនប្រការ​ផង ដោយ​គិតថា លោកដ៏មាន​អាយុនេះ រមែងដឹងនូវហេតុ​ដែលគួរដឹង ឃើញ​នូវហេតុ​ដែលគួរឃើញ​ដោយពិត ឯធម៌នេះ ប្រព្រឹត្ត​ទៅ ដើម្បី​ឲ្យគេ​ស្រឡាញ់ ដើម្បីឲ្យ​គេគោរព ដើម្បីញុំាង​គុណ​​ឲ្យចំរើន ដើម្បី​ភាពជា​សមណៈ ដើម្បី​សេចក្ដី​ស្ងប់ស្ងាត់។ លុះ​លោកមាន​អាយុនេះ ស្ដាប់ធម៌នោះ​ហើយ ទើបញុំាង​ការស្ងប់​រម្ងាប់ ២ ប្រការ​ឲ្យសម្រេច គឺការ​ស្ងប់រម្ងាប់​កាយ ១ ស្ងប់រម្ងាប់​ចិត្ត​ ១ ដោយ​គិតថា លោកដ៏មាន​អាយុនេះ រមែងដឹងនូវ​ហេតុដែល​គួរដឹង ឃើញនូវ​ហេតុ ដែល​គួរឃើញ​ដោយពិត ធម៌នេះឯង ប្រព្រឹត្តទៅ ដើម្បីឲ្យគេ​ស្រឡាញ់ ដើម្បីឲ្យគេ​គោរព ដើម្បី​​ញុំាងគុណ​ឲ្យចំរើន ដើម្បីភាព​ជាសមណៈ ដើម្បី​សេចក្ដី​ស្ងប់ស្ងាត់។ ចំណែក​ខាងលោក​ដ៏មានអាយុនេះ ជាអ្នក​មានសីល សង្រួម​ហើយក្នុង​បាតិមោក្ខសំវរៈ បរិបូណ៌​ដោយអាចារៈ និងគោចរៈ ឃើញភ័យ​ក្នុងទោស​ទាំងឡាយ​បន្តិចបន្តួច សមាទាន សិក្សាក្នុង​សិក្ខាបទទាំងឡាយ ក៏គិតថា លោកដ៏មាន​អាយុនេះ រមែង​ដឹងនូវ​ហេតុ ដែល​គួរ​ដឹង ឃើញនូវហេតុ​ដែលគួរ​ឃើញដោយពិត ធម៌នេះឯង​ប្រព្រឹត្តទៅ ដើម្បី​ឲ្យគេ​ស្រឡាញ់ ដើម្បីឲ្យគេ​គោរព ដើម្បី​ញុំាង​គុណឲ្យចំរើន ដើម្បីភាព​ជាសមណៈ ដើម្បី​សេចក្ដី​ស្ងប់ស្ងាត់។ ចំណែកលោកដ៏មានអាយុនេះ​ ជាអ្នករៀនសូត្រ​ច្រើន ទ្រទ្រង់​ព្រះសូត្រ ចេះដឹងព្រះសូត្រ ធម៌ទាំងឡាយណា មានពីរោះ​បទដើម ពីរោះ​បទកណ្ដាល ពីរោះ​បទចុង ប្រកាសនូវ​ព្រហ្មចរិយធម៌ ព្រមទាំង​អត្ថ ព្រមទាំង​ព្យញ្ជនៈ ដ៏បរិបូណ៌ បរិសុទ្ធទាំងអស់ ធម៌ទាំងឡាយ​មានសភាព​ដូច្នោះ ភិក្ខុនោះ ​បានរៀន​សូត្រ​ច្រើន ទ្រទ្រង់ ចាំ​ស្ទាត់​រត់មាត់ ​ជាក់ច្បាស់​ក្នុងចិត្ត​ យល់ច្បាស់​ដោយទិដ្ឋិ ក៏គិតថា​ លោក​ដ៏មាន​អាយុនេះ រមែងដឹង​នូវហេតុ​ដែលគួរ​ដឹង ឃើញនូវហេតុ​ដែលគួរឃើញ​ដោយពិត ធម៌នេះឯង​ ប្រព្រឹត្តទៅ ដើម្បីឲ្យគេស្រឡាញ់ ដើម្បី​ឲ្យគេគោរព ដើម្បី​ញុំាង​គុណឲ្យចំរើន ដើម្បីភាព​ជា​សមណៈ ដើម្បីសេចក្ដី​ស្ងប់ស្ងាត់។ ចំណែកខាង​លោកដ៏មានអាយុ​នេះ ប្រារព្ធ​នូវសេចក្ដី​ព្យាយាម ដើម្បីលះបង់​នូវ​អកុសលធម៌​ទាំងឡាយ ដើម្បីបំពេញ​នូវ​កុសលធម៌​ទាំងឡាយ ជាអ្នកមាន​កំឡាំង មានសេចក្ដី​ប្រឹងប្រែងមាំ មិនដាក់ធុរៈ​ក្នុងធម៌​ជាកុសល ក៏គិតថា លោកដ៏មាន​អាយុនេះ រមែងដឹងនូវ​ហេតុដែលគួរ​ដឹង ឃើញនូវហេតុ​ដែលគួរ​ឃើញដោយ​ពិត ធម៌នេះឯង ប្រព្រឹត្តទៅ ដើម្បីឲ្យ​គេស្រ​ឡាញ់ ដើម្បីឲ្យ​គេគោរព ដើម្បី​​ញុំាងគុណ​ឲ្យចំរើន ដើម្បីភាពជា​សមណៈ ដើម្បីសេចក្ដី​ស្ងប់ស្ងាត់។ ចំណែកខាង​លោក​ដ៏មានអាយុនេះ តាំងនៅក្នុង​សង្ឃ មិនមែន​និយាយពាក្យ​ផ្ដេសផ្ដាស មិនមែន​និយាយ​តិរច្ឆានកថា តែងសំដែង​ធម៌​ដោយខ្លួនឯងផង អារាធនាអ្នកដទៃ​ឲ្យសំដែងផង មិនមើលងាយ​នូវព្រះអរិយៈ​ដែលស្ងប់ស្ងៀម​ផង ដោយគិតថា លោកដ៏មាន​អាយុនេះ រមែងដឹងនូវហេតុ​ដែលគួរ​ដឹង ឃើញនូវហេតុ​ដែលគួរឃើញ​ដោយពិត ធម៌នេះឯង ប្រព្រឹត្ត​ទៅ ដើម្បីឲ្យគេស្រ​ឡាញ់ ដើម្បីឲ្យគេគោរព​ ដើម្បី​ញុំាង​គុណឲ្យចំរើន ដើម្បី​ភាពជា​សមណៈ ដើម្បីសេចក្ដី​ស្ងប់ស្ងាត់។ ក៏ឯលោកដ៏មានអាយុនេះ ពិចារណា​ឃើញ​រឿយ ៗ នូវការ​ចំរើន​ឡើង និង​ការសាបសូន្យ​ទៅ ក្នុង​ឧបាទានក្ខន្ធ​ទាំងឡាយ ៥ ថា រូប​ដូច្នេះ ការកើតឡើង​នៃរូបដូច្នេះ​ ការវិនាសទៅ​នៃរូប​ដូច្នេះ វេទនា​ដូច្នេះ សញ្ញា​ដូច្នេះ សង្ខារ​ទាំងឡាយ​ដូច្នេះ វិញ្ញាណ​ដូច្នេះ ការកើតឡើង​នៃវិញ្ញាណ​ដូច្នេះ ការវិនាស​នៃវិញ្ញាណ​ដូច្នេះ ក៏គិតថា លោកដ៏​មាន​អាយុនេះ រមែងដឹង​នូវហេតុ​ដែលគួរដឹង ឃើញ​នូវហេតុ​ដែលគួរឃើញ​ដោយពិត ធម៌នេះឯង​ប្រព្រឹត្តទៅ ដើម្បី​ឲ្យគេ​ស្រ​ឡាញ់ ដើម្បីឲ្យ​គេគោរព​ ដើម្បី​ញុំាង​គុណឲ្យ​ចំរើន ដើម្បី​ភាពជា​សមណៈ ដើម្បី​សេចក្ដី​ស្ងប់ស្ងាត់។ ម្នាល​ភិក្ខុទាំង​ឡាយ ហេតុទាំង ៨ យ៉ាង បច្ច័យ​ទាំង ៨ យ៉ាង​នេះឯង ប្រព្រឹត្ត​ទៅ ដើម្បី​បានចំពោះ​នូវ​បញ្ញា ជាខាងដើម​នៃមគ្គ​ព្រហ្មចារ្យ ដែលខ្លួន​មិនធ្លាប់​បាន ដើម្បី​ជា​ភិយ្យោភាព ដ៏ធំទូលាយ ចំរើន​បរិបូណ៌​នូវបញ្ញា​ដែលខ្លួន​បាន។

បឋមអប្បិយសូត្រ ទី៣

(៣. បឋមអប្បិយសុត្តំ)

[៣] ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​ប្រកប​ដោយធម៌ ៨ ​យ៉ាង រមែង​មិន​ជាទី​ស្រឡាញ់ មិនជា​ទីពេញចិត្ត ​មិនជា​ទីគោរព មិនជា​ទីសរសើរ​នៃ​សព្រហ្មចារី​បុគ្គល​ទាំងឡាយ។ ធម៌ ៨ យ៉ាង តើ​ដូចម្ដេច​ខ្លះ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុក្នុង​សាសនា​នេះ ជាអ្នក​សរសើរ​ចំពោះ បុគ្គល​មិនជាទី​ស្រឡាញ់ ១ តិះដៀល​នូវជន​ជាទីស្រឡាញ់ ១ ប្រាថ្នាលាភ ១ ប្រាថ្នា​សក្ការៈ ១ មិនខ្មាសបាប ១ មិនខ្លាចបាប ១​ ប្រាថ្នាលាមក ១​ យល់ខុស ១។ ម្នាលភិក្ខុ​ទាំង​ឡាយ ភិក្ខុ​ប្រកប​ដោយធម៌ ៨ យ៉ាង​នេះឯង រមែងមិន​ជាទី​ស្រឡាញ់ មិនជាទី​ពេញចិត្ត មិន​ជាទី​គោរព មិនជា​ទី​សរសើរ នៃ​សព្រហ្មចារី​បុគ្គល​ទាំងឡាយ​ឡើយ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុ​ប្រកប​ដោយធម៌ ៨ ​យ៉ាង រមែង​ជាទី​ស្រឡាញ់ ជាទីពេញ​ចិត្ត ជាទី​គោរព ជាទី​សរសើរ​នៃសព្រហ្មចារី​បុគ្គល​ទាំងឡាយ។ ធម៌ ៨ យ៉ាង តើ​ដូចម្ដេច​ខ្លះ។ ម្នាលភិក្ខុ​ទាំង​ឡាយ ភិក្ខុ​ក្នុង​សាសនា​នេះ ជាអ្នក​មិន​សរសើរ​នូវបុគ្គល​មិនជាទី​ស្រឡាញ់ ១ មិន​តិះដៀល​នូវជន​ជាទី​ស្រឡាញ់ ១ មិន​ប្រាថ្នាលាភ ១ មិនប្រាថ្នា​សក្ការៈ ១ មាន​សេចក្ដី​ខ្មាស​បាប ១ មានសេចក្ដី​ខ្លាចបាប ១​ ប្រាថ្នាតិច ១ មាន​សេចក្ដី​យល់ត្រូវ ១។ ម្នាលភិក្ខុ​ទាំង​ឡាយ ភិក្ខុប្រកប​ដោយធម៌ ៨ ​យ៉ាង​នេះឯង ទើបជា​ទីស្រឡាញ់ ជាទីពេញ​ចិត្ត ជាទី​គោរព ជាទី​សរសើរ នៃ​សព្រហ្មចារី​បុគ្គល​ទាំងឡាយ​។

ទុតិយអប្បិយសូត្រ ទី៤

(៤. ទុតិយអប្បិយសុត្តំ)

[៤] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយ​ធម៌ ៨ ​យ៉ាង រមែងមិន​ជាទី​ស្រឡាញ់ មិនជាទី​ពេញចិត្ត ​មិនជាទី​គោរព មិនជា​ទីសរសើរ នៃ​សព្រហ្មចារីបុគ្គល​ទាំងឡាយ។ ធម៌​ ៨ យ៉ាង តើដូចម្ដេច​ខ្លះ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុក្នុង​សាសនានេះ ជាអ្នក​ប្រាថ្នាលាភ ១ ប្រាថ្នាសក្ការៈ ១ ប្រាថ្នាមិន​ឲ្យគេមើល​ងាយ ១ មិនស្គាល់​កាល​ ១ មិនស្គាល់​ប្រមាណ ១ មានការងារ​មិនស្អាត ១ និយាយ​ច្រើន ១ ជេរ​ប្រទេច​ផ្ដាសា នូវ​សព្រហ្មចារីបុគ្គល​ទាំង​ឡាយ ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកប​ដោយធម៌ ៨ ​យ៉ាង​នេះឯង រមែង​មិនជា​ទី​ស្រឡាញ់ មិនជា​ទីគាប់ចិត្ត មិនជាទី​គោរព មិនជាទី​សរសើរ នៃ​សព្រហ្មចារី​បុគ្គល​ទាំង​ឡាយ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុប្រកប​ដោយធម៌ ៨ យ៉ាង រមែង​ជាទី​ស្រឡាញ់ ជាទី​ពេញ​ចិត្ត ជាទី​គោរព គួរជាទី​សរសើរ នៃ​សព្រហ្មចារីបុគ្គល​ទាំងឡាយ។ ធម៌ ៨ យ៉ាង តើ​ដូចម្ដេច​ខ្លះ។ ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុក្នុងសាសនា​នេះ ជាអ្នក​មិនប្រាថ្នា​លាភ ១ មិនប្រាថ្នា​សក្ការៈ ១ មិនមែន​ជាអ្នក​ប្រាថ្នា​មិនឲ្យអ្នក​ដទៃ​មើលងាយ ១​ ស្គាល់​កាល ​១ ស្គាល់​ប្រមាណ ១ មាន​ការងារ​ស្អាត ១ មិន​និយាយ​ច្រើន ១ មិនជេរ​ប្រទេច​ផ្ដាសា នូវ​សព្រហ្មចារី​បុគ្គល​ទាំងឡាយ ១។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុប្រកប​ដោយធម៌ ៨ យ៉ាង​នេះ​ឯង ទើបជាទី​ស្រឡាញ់ ជាទី​ពេញចិត្ត ជាទី​គោរព ជាទី​សរសើរ ​នៃ​សព្រហ្មចារី​បុគ្គល​ទាំងឡាយ។

បឋមលោកធម្មសូត្រ ទី៥

(៥. បឋមលោកធម្មសុត្តំ)

[៥] ម្នាលភិក្ខុទាំងឡាយ លោកធម៌​ទាំងឡាយ ៨ យ៉ាងនេះ តែងជាប់​តាម​នូវ​សត្វ​លោក ទាំងសត្វ​លោក ក៏វិលទៅ​តាមនូវ​លោកធម៌​ទាំង ៨ ដែរ។ លោកធម៌ ៨ យ៉ាង តើ​ដូចម្ដេច​ខ្លះ។ គឺ លាភ ១ អលាភ ១​ យស ១ អយស ១ និន្ទា ១ បសំសា ១ សុខ ១ ទុក្ខ ១។ ម្នាល​ភិក្ខុទាំងឡាយ លោកធម៌​ទាំង ៨ យ៉ាងនេះ តែងជាប់​តាម​សត្វលោក ទាំង​សត្វ​លោក ក៏វិលទៅតាម​នូវលោកធម៌​ទាំង ៨ យ៉ាងនេះ​ដែរ។

ធម៌ទាំងឡាយនេះគឺ លាភៈ ១ អលាភៈ ១​ យសៈ ១ អយសៈ ១ និន្ទា ១ ​បសំសា ១ សុខ ១ ទុក្ខ ១ ជា​ធម៌​មិនទៀង ក្នុង​មនុស្សជាតិ​ទាំងឡាយ ជាធម៌​មិន​ឋិតថេរ មាន​សេចក្ដី​ប្រែលប្រួល​ជាធម្មតា ចំណែក​បុគ្គលអ្នក​មានប្រាជ្ញា មាន​ស្មារតី លុះដឹង​នូវ​ធម៌​នេះ​ហើយ រមែង​ពិចារណា​នូវធម៌ ដែលមាន​សេចក្ដី​ប្រែលប្រួល​ជាធម្មតា ឥដ្ឋារម្មណ៍​ទាំងឡាយ រមែង​មិនញាំញី​នូវចិត្ត​របស់បុគ្គល​នោះ​បាន ទាំង​អនិដ្ឋារម្មណ៍ ក៏មិនអាច​ប៉ះ​ទង្គិច​បាន សេចក្ដី​ត្រេកអរ ឬ​ថាសេចក្ដី​ថ្នាំថ្នាក់ចិត្ត ក៏បុគ្គលនោះ​បានកំចាត់​បង់ហើយ ដល់នូវ​សេចក្ដី​វិនាស មិនមាន​តទៅទៀត​ឡើយ បុគ្គលអ្នក​ដល់នូវ​ត្រើយ​នៃភព រមែង​ដឹង​ច្បាស់​ដោយ​ប្រពៃ ព្រោះដឹងច្បាស់​នូវបទ គឺព្រះ​និព្វាន ដែលមិនមាន​ធូលី គឺកិលេស មិនមាន​សេចក្ដី​សោក។

ទុតិយលោកធម្មសូត្រ ទី៦

(៦. ទុតិយលោកធម្មសុត្តំ)

[៦] ម្នាលភិក្ខុទាំងឡាយ លោកធម៌ទាំង ៨ យ៉ាងនេះ តែងជាប់​តាម​សត្វលោក ទាំង​សត្វលោក ក៏វិលទៅតាម​នូវលោកធម៌​ទាំង ៨ យ៉ាងដែរ។ លោកធម៌​ ៨ យ៉ាង តើ​ដូចម្តេច​ខ្លះ។ គឺលាភ ១ អលាភ ១​ យស ១ អយស ១ និន្ទា ១ បសំសា ១ សុខ ១ ទុក្ខ ១។ ម្នាលភិក្ខុទាំងឡាយ លោកធម៌​ទាំង ៨ យ៉ាងនេះឯង តែងជាប់តាម​សត្វលោក ទាំងសត្វ​លោក ក៏វិលទៅតាម​នូវលោកធម៌​ទាំង ៨ យ៉ាងដែរ។ ម្នាលភិក្ខុ​ទាំងឡាយ លាភក្ដី អលាភក្ដី យសក្ដី អយសក្ដី និន្ទាក្ដី បសំសាក្ដី សុខក្ដី ទុក្ខក្ដី តែង​កើតឡើង​ដល់​បុថុជ្ជន​អ្នក​មិន​ចេះដឹង ម្នាលភិក្ខុ​ទាំងឡាយ លាភក្ដី អលាភក្ដី យសក្ដី អយសក្ដី និន្ទាក្ដី បសំសា​ក្ដី សុខក្ដី ទុក្ខក្ដី តែងកើត​ឡើងដល់​អរិយសាវក អ្នកចេះ​ដឹងដែរ។ ម្នាលភិក្ខុ​ទាំងឡាយ ចុះក្នុង​លោកធម៌​ទាំងនោះ មានសេចក្ដី​ប្លែកគ្នា​ដូចម្ដេច មាន​អធិប្បាយ​ដូចម្ដេច មាន​ហេតុ​ផ្សេងគ្នា​ដូចម្ដេច របស់​អរិយសាវក អ្នកចេះ​ដឹង និង​បុថុជ្ជន​អ្នកមិន​ចេះដឹង។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ធម៌ទាំង​ឡាយ មានព្រះ​ដ៏មានព្រះភាគ​ជាមូល មានព្រះ​ដ៏មានព្រះភាគ ជា​អ្នក​ណែនាំ មាន​ព្រះដ៏មានព្រះភាគ ជាទីពឹង​របស់យើង​ទាំងឡាយ​ស្រាប់​ហើយ បពិត្រ​ព្រះអង្គ​ដ៏ចំរើន សេចក្ដី​នៃភាសិត​នោះ ជាក់ច្បាស់​ដល់​ព្រះដ៏មាន​ព្រះភាគ​ដោយល្អ​ស្រាប់​ហើយ ភិក្ខុ​ទាំងឡាយ បានស្ដាប់ (ធម៌) របស់​ព្រះដ៏មាន​ព្រះភាគ នឹង​ចង​ចាំទុក​បាន។ ម្នាល​ភិក្ខុទាំងឡាយ បើដូច្នោះ ចូរអ្នក​ទាំងឡាយ ប្រុងស្ដាប់​ ធ្វើទុក​ក្នុង​ចិត្ត​ដោយ​ប្រពៃចុះ តថាគត​នឹង​សំដែង។ ភិក្ខុ​ទាំងនេះ ទទួល​ព្រះពុទ្ធដីកា​ព្រះដ៏មាន​ព្រះភាគ​ថា ​ព្រះករុណា ព្រះអង្គ។ ព្រះដ៏មាន​ព្រះភាគ បាន​ត្រាស់​ដូច្នេះថា ម្នាលភិក្ខុ​ទាំងឡាយ លាភ​តែងកើត​ឡើងដល់​បុថុជ្ជន​អ្នក​មិនចេះដឹង បុថុជ្ជននោះ មិន​ពិចារណា​ មិនដឹង​ច្បាស់​តាម​ពិត​ដូច្នេះ​ថា លាភ​នេះ កើតឡើង​ដល់​អាត្មាអញ​ហើយ លាភ​នោះឯង មិនទៀង ជាទុក្ខ មាន​សេចក្តី​ប្រែប្រួល ជាធម្មតា អលាភ រមែង​កើតឡើង យស​រមែង​កើតឡើង អយស រមែង​កើតឡើង និន្ទា រមែង​កើតឡើង បសំសា រមែង​កើតឡើង សុខ រមែង​កើតឡើង ទុក្ខ រមែង​កើតឡើង (ដល់បុថុជ្ជន​អ្នកមិន​ចេះដឹង) បុថុជ្ជននោះ មិន​ពិចារណា មិន​ដឹងច្បាស់​តាម​ពិតដូច្នេះ​ថា ទុក្ខនេះ កើតឡើង​ដល់អាត្មាអញ​ហើយ ទុក្ខនោះឯង មិនទៀង ជា​របស់​អត់ធន់​បាន​ដោយក្រ មាន​សេចក្ដី​ប្រែប្រួល​ជាធម្មតា។ លាភក្ដី រមែង​គ្របសង្កត់​ចិត្ត របស់​បុថុជ្ជន​នោះ អលាភក្ដី រមែង​គ្របសង្កត់​ចិត្ត យសក្ដី រមែង​គ្របសង្កត់​ចិត្ត អយស​ក្ដី រមែង​គ្របសង្កត់​ចិត្ត និន្ទា​ក្ដី រមែង​គ្របសង្កត់​ចិត្ត បសំសា​ក្ដី រមែង​គ្របសង្កត់​ចិត្ត សុខក្ដី រមែង​គ្របសង្កត់​ចិត្ត ទុក្ខក្ដី រមែង​គ្របសង្កត់​ចិត្ត។ បុថុជ្ជននោះ តែង​ត្រេកអរ នឹងលាភ​ដែល​កើត​ឡើង តូចចិត្ត​ព្រោះអលាភ ត្រេកអរ​នឹង​យស​ដែលកើត​ឡើង តូច​ចិត្ត​ព្រោះអយស ត្រេកអរ​នឹង​បសំសា​ដែលកើត​ឡើង តូចចិត្ត​ព្រោះនិន្ទា ត្រេកអរ​នឹង​សុខ​ដែល​កើតឡើង តូចចិត្ត​ព្រោះទុក្ខ។ បុថុជ្ជននោះ ប្រកប​នូវសេចក្ដី​ត្រេកអរ និង​សេចក្ដី​តូចចិត្ត​យ៉ាងនេះ​ហើយ រមែង​មិនរួច​ចាកជាតិ ជរា មរណៈ សោកៈ បរិទេវៈ ទុក្ខ ទោមនស្ស ឧបាយាសៈ តថាគត​ពោលថា មិនរួច​ចាក​វដ្ដទុក្ខ​ឡើយ។ ម្នាលភិក្ខុទាំងឡាយ លាភកើតឡើង​ដល់​អរិយសាវក​អ្នកចេះដឹង​ អរិយសាវក​នោះ ពិចារណា ដឹង​ច្បាស់​តាម​ពិត​ដូច្នេះ​ថា លាភនេះ​កើតឡើង​ដល់​អាត្មាអញ​ហើយ លាភ​នោះឯង មិនទៀង ជាទុក្ខ មាន​សេចក្ដី​ប្រែប្រួលជា​ធម្មតា ​អលាភ​កើតឡើង យស​កើត​ឡើង អយស​កើតឡើង និន្ទាកើត​ឡើង បសំសា​កើតឡើង សុខ​កើតឡើង ទុក្ខ​កើតឡើង អរិយ​សាវក​នោះ ពិចារណា​ដឹងច្បាស់​តាមពិត​ដូច្នេះថា​ ទុក្ខ​កើតឡើង​ដល់​អាត្មាអញ​ហើយ ទុក្ខ​នោះឯង ក៏មិនទៀង អត់ធន់បាន​ដោយក្រ មាន​សេចក្ដី​ប្រែប្រួល​ជា​ធម្មតា។ អរិយសាវក ដឹងច្បាស់​តាមពិតថា ​នេះជាទុក្ខ ទុក្ខនោះឯង ក៏មិនទៀង អត់ធន់​បាន​ដោយក្រ មានសេចក្ដី​ប្រែប្រួល​ជាធម្មតា លាភក្ដី មិនគ្រប​សង្កត់ចិត្ត​របស់​អរិយសាវក​នោះ អលាភក្ដី ក៏មិន​គ្របសង្កត់​ចិត្ត យសក្ដី ក៏មិនគ្របសង្កត់ចិត្ត អយសក្ដី ក៏មិន​គ្របសង្កត់​ចិត្ត និន្ទា​ក្ដី ក៏មិនគ្រប​សង្កត់​ចិត្ត បសំសាក្ដី ក៏មិនគ្រប​សង្កត់ចិត្ត សុខក្ដី ក៏មិន​គ្រប​សង្កត់​ចិត្ត ទុក្ខក្ដី ក៏មិន​គ្របសង្កត់​ចិត្តបាន។ អរិយសាវក​នោះ មិន​ត្រេកអរ​នឹង​លាភ ដែល​កើតឡើង មិនអាក់អន់​ព្រោះអលាភ មិនត្រេកអរ​នឹងយស ដែល​កើតឡើង មិន​អាក់អន់​ព្រោះអយស មិនត្រេកអរ​នឹង​បសំសា ដែលកើតឡើង មិន​អាក់អន់​ព្រោះនិន្ទា មិន​ត្រេកអរ​នឹងសុខ​ដែលកើត​ឡើង មិនអាក់អន់ ព្រោះ​សេចក្ដី​ទុក្ខ។ អរិយសាវក​នោះ លះបង់​សេចក្ដី​ត្រេកអរ និង​សេចក្ដី​អាក់អន់​យ៉ាងនេះ​ហើយ រមែង​រួចចាក​ជាតិ ជរា មរណៈ សោកៈ បរិទេវៈ ទុក្ខ ទោមនស្ស ឧបាយាសៈ តថាគត​ពោលថា រួចស្រឡះ​ចាក​វដ្ដទុក្ខ ម្នាលភិក្ខុ​ទាំងឡាយ នេះឯង​ជា​សេចក្ដី​ប្លែកគ្នា នេះជា​អធិប្បាយ នេះជា​ហេតុ​ផ្សេងៗ គ្នា នៃ​អរិយសាវក​អ្នកចេះដឹង និង​បុថុជ្ជន​អ្នក​មិនចេះដឹង។

ធម៌ទាំងឡាយនេះ គឺ លាភ ១ អលាភ ១​ យស ១ អយស ១ និន្ទា ១ បសំសា ១ សុខ ១ ទុក្ខ ១ ជាធម៌​មិនទៀង​ក្នុង​មនុស្សជាតិ​ទាំងឡាយ ជាធម៌​មិនឋិតថេរ មាន​សេចក្ដី​ប្រែប្រួល​ជាធម្មតា ចំណែក​បុគ្គល​អ្នកមាន​ប្រាជ្ញា មាន​ស្មារតី លុះដឹង​នូវធម៌​ទាំងនេះ​ហើយ​ រមែង​ពិចារណាឃើញ​ច្បាស់នូវ​ធម៌ដែល​មាន​សេចក្ដី​ប្រែប្រួល​ជាធម្មតា ឥដ្ឋារម្មណ៍ រមែង​មិនញាំញី​ចិត្ត​របស់​បុគ្គល​នោះបាន ទាំង​អនិដ្ឋារម្មណ៍ ក៏​មិន​អាច​ប៉ះទង្គិច​បាន សេចក្ដី​ត្រេកអរ​ ឬថា​សេចក្ដី​ថ្នាំងថ្នាក់ ក៏បុគ្គលនោះ​បាន​កំចាត់​បង់ហើយ ដល់​នូវសេចក្ដី​វិនាស មិន​មានតទៅទៀត​ឡើយ បុគ្គល​អ្នកដល់​នូវត្រើយ​នៃភព រមែង​ដឹង​ច្បាស់​ដោយប្រពៃ ព្រោះ​ដឹងច្បាស់​នូវបទ គឺ ព្រះនិព្វាន ដែល​មិនមាន​ធូលី គឺកិលេស មិន​មាន​សេចក្ដី​សោក។

ទេវទត្តវិបត្តិសូត្រ ទី៧

(៧. ទេវទត្តវិបត្តិសុត្តំ)

[៧] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រងគង់នៅលើភ្នំ​គិជ្ឈកូដ ទៀបក្រុង​រាជគ្រឹះ។ កាលដែល​ទេវទត្តភិក្ខុ ចៀសចេញ​មិនយូរប៉ុន្មាន ក្នុងទី​នោះឯង ព្រះមាន​ព្រះភាគ​ ទ្រង់​ប្រារព្ធ​នូវ​ទេវទត្តភិក្ខុ ហើយត្រាស់​ហៅភិក្ខុ​ទាំងឡាយថា ម្នាល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុជាអ្នក​ពិចារណា​នូវវិបត្តិ​នៃ​ខ្លួនសព្វៗ កាល ជាការ​ប្រពៃ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុ​ជាអ្នក​ពិចារណា នូវវិបត្តិ​របស់បុគ្គល​ដទៃសព្វៗ កាល ជាការ​ប្រពៃ ម្នាលភិក្ខុ​ទាំង​ឡាយ ភិក្ខុជា​អ្នក​ពិចារណា នូវ​សម្បត្តិ​នៃខ្លួន​សព្វៗ កាល ជាការ​ប្រពៃ ម្នាល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុជាអ្នក​ពិចារណា នូវ​សម្បត្តិ​របស់បុគ្គល​ដទៃសព្វៗកាល ជាការ​ប្រពៃ។​ ម្នាល​ភិក្ខុ​ទាំងឡាយ ទេវទត្ត​ត្រូវ​អសទ្ធម្ម​ទាំងឡាយ ៨ ប្រការ​ គ្របសង្កត់​ហើយ មានចិត្ត​ត្រូវ​អសទ្ធម្មរួបរឹតហើយ ទៅកើតក្នុង​អបាយ ទៅកាន់​នរក តាំងនៅ​អស់ ១ កប្ប មិនអាច​អ្នកណា​ស្រោចស្រង់​បាន។ អសទ្ធម្ម ៨ ប្រការ តើ​ដូចម្តេច។ ម្នាល​ភិក្ខុ​ទាំងឡាយ ទេវទត្ត ត្រូវ​លាភ​គ្របសង្កត់ហើយ មានចិត្ត​ដែលលាភ​រួបរឹត​ហើយ ទៅកើត​ក្នុងអបាយ ទៅកាន់​នរក តាំងនៅ​អស់ ១ កប្ប មិនអាចអ្នក​ណា​ស្រោចស្រង់​បាន។ ម្នាលភិក្ខុ​ទាំងឡាយ ត្រូវអលាភ ម្នាលភិក្ខុ​ទាំងឡាយ ត្រូវយស ម្នាលភិក្ខុ​ទាំងឡាយ ត្រូវ​អយស ម្នាលភិក្ខុ​ទាំងឡាយ ត្រូវ​សក្ការៈ ម្នាលភិក្ខុ​ទាំងឡាយ ត្រូវ​អសក្ការៈ ម្នាលភិក្ខុ​ទាំងឡាយ ត្រូវ​សេចក្តីប្រាថ្នា​ដ៏លាមក ម្នាលភិក្ខុ​ទាំងឡាយ ទេវទត្ត​ត្រូវបាបមិត្តគ្របសង្កត់​ហើយ មានចិត្ត​ត្រូវ​បាបមិត្ត​រួបរឹត​ហើយ ទៅកើត​ក្នុងអបាយ ទៅកាន់​នរក តាំងនៅ​អស់ ១ កប្ប មិនអាច​អ្នកណា​ស្រោចស្រង់​បាន។ ម្នាល​ភិក្ខុ​ទាំងឡាយ ទេវទត្ត ត្រូវ​អសទ្ធម្ម​ទាំង ៨ ប្រការ​នេះឯង គ្របសង្កត់ មានចិត្ត​ត្រូវ​អសទ្ធម្ម​រួបរឹត ទៅកើត​ក្នុង​អបាយ ទៅកាន់​នរក តាំង​នៅ​អស់ ១ កប្ប មិនអាច​អ្នកណា​ស្រោចស្រង់​បាន។

ម្នាលភិក្ខុទាំងឡាយ ភិក្ខុគ្របសង្កត់ ញាំញី​នូវលាភ ដែលកើតឡើងហើយ ជាការ​ប្រពៃ នូវអលាភ​ដែលកើត​ឡើងហើយ នូវយស​ដែល​កើតឡើង​ហើយ នូវ​អយស​ដែល​កើតឡើង​ហើយ នូវ​សក្ការៈ​ដែលកើត​ឡើង​ហើយ នូវ​អសក្ការៈ​ដែល​កើតឡើង​ហើយ នូវ​សេចក្ដី​ប្រាថ្នា​លាមក ដែល​កើតឡើង​ហើយ គ្របសង្កត់ ញាំញី​នូវ​បាបមិត្ត ដែល​កើតឡើង​ហើយ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុគ្រប​សង្កត់ ញាំញី​នូវលាភ ដែលកើត​ឡើង​ហើយ តើព្រោះ​អាស្រ័យ​នូវ​អំណាច​ប្រយោជន៍​ដូចម្ដេច។បេ។ ម្នាលភិក្ខុ​ទាំងឡាយ ព្រោះ​ថា​ អាសវៈ​ទាំងឡាយ​ណា ជាសភាវៈ​ចង្អៀត​ចង្អល់រោលរាល កើតឡើង​ដល់​ភិក្ខុនោះ ព្រោះ​មិនបាន​គ្របសង្កត់​នូវលាភ​ ដែលកើត​ឡើងហើយ អាសវៈ​ទាំងឡាយ​នោះ ជា​សភាវៈ​ចង្អៀតចង្អល់ រោលរាល រមែង​មិនមាន​ដល់ភិក្ខុ​នោះយ៉ាងនេះ ម្នាល​ភិក្ខុ​ទាំង​ឡាយ ព្រោះថា ​អាសវៈ​ទាំងឡាយណា ​ជា​សភាវៈ​ចង្អៀតចង្អល់ រោលរាល​កើត​ឡើង​ដល់​ភិក្ខុនោះ កាល​មិនបាន​គ្របសង្កត់​នូវ​អលាភ ដែលកើត​ឡើងហើយ នូវ​យស ដែល​កើត​ឡើង​ហើយ នូវ​អយស ដែលកើត​ឡើងហើយ នូវ​សក្ការៈ ដែលកើត​ឡើង​ហើយ នូវ​អសក្ការៈ ដែល​កើតឡើង​ហើយ នូវ​សេចក្ដី​ប្រាថ្នា​លាមក ដែល​កើតឡើង​ហើយ នូវ​បាបមិត្ត​ដែល​កើតឡើង​ហើយ អាសវៈ​ទាំងឡាយ​នោះ ជា​សភាវៈ​ចង្អៀតចង្អល់ រោល​រាល រមែង​មិនមាន​ដល់ភិក្ខុ កាលគ្រប​សង្កត់ នូវ​បាបមិត្ត​ដែល​កើតឡើងហើយ យ៉ាងនេះឯង។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុគ្របសង្កត់ ញាំញី​នូវលាភ ដែល​កើត​ឡើង​ហើយ នូវ​អលាភ​ដែលកើត​ឡើងហើយ នូវយស​ដែលកើត​ឡើងហើយ នូវ​អយស ដែល​កើត​ឡើង​ហើយ នូវ​សក្ការៈ​ដែលកើត​ឡើងហើយ នូវ​អសក្ការៈ ដែលកើត​ឡើង​ហើយ នូវ​សេចក្ដី​ប្រាថ្នាលាមក ដែលកើត​ឡើងហើយ គ្របសង្កត់ ញាំញី​នូវបាបមិត្ត ដែលកើត​ឡើង​ហើយ ព្រោះ​អាស្រ័យ​នូវ​អំណាច​ប្រយោជន៍នេះឯង ម្នាលភិក្ខុ​ទាំងឡាយ ព្រោះ​ហេតុ​នោះ ភិក្ខុ​ក្នុង​សាសនា​នេះ គប្បី​សិក្សា​យ៉ាងនេះថា យើង​ទាំងឡាយ គួរ​ជាអ្នក​គ្របសង្កត់ ញាំញី​នូវលាភ ដែលកើតឡើង យើង​ទាំងឡាយ​ គួរ​ជាអ្នក​គ្រប​សង្កត់ ញាំញី​នូវ​អលាភ ដែលកើត​ឡើងហើយ នូវ​យស​ដែលកើត​ឡើង​ហើយ នូវ​អយស ដែល​កើត​ឡើង​ហើយ នូវ​សក្ការៈ ដែលកើត​ឡើង​ហើយ​ នូវ​អសក្ការៈ ដែល​កើត​ឡើង​ហើយ នូវ​សេចក្តី​ប្រាថ្នាលាមក ដែលកើត​ឡើងហើយ នូវ​បាបមិត្ត​ដែលកើត​ឡើង​ហើយ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ អ្នក​ទាំងឡាយ ត្រូវ​សិក្សា​យ៉ាងនេះ​ឯង។

ឧត្តរវិបត្តិសូត្រ ទី៨

(៨. ឧត្តរវិបត្តិសុត្តំ)

[៨] សម័យមួយ ព្រះឧត្តរដ៏មានអាយុ គង់ក្នុង​វិហារឈ្មោះ​វដ្តជាលិកា ទៀប​ភ្នំ​ឈ្មោះ​សង្ខេយ្យកៈ ជិត​ស្រុក​មហិសវត្ថុ។ ក្នុងទីនោះ ព្រះឧត្តរ​ដ៏មានអាយុ ហៅ​ភិក្ខុ​ទាំង​ឡាយ​ថា ម្នាល​អាវុសោ​ទាំងឡាយ ភិក្ខុ​ជាអ្នក​ពិចារណា នូវ​វិបត្តិ​នៃខ្លួន​សព្វៗកាល ជា​ការ​ប្រពៃ ម្នាលអាវុសោ​ទាំងឡាយ ភិក្ខុជាអ្នក​ពិចារណា​នូវវិបត្តិ​របស់​បុគ្គល​ដទៃ​សព្វៗកាល ជា​ការ​ប្រពៃ ម្នាល​អាវុសោ​ទាំងឡាយ ភិក្ខុជា​អ្នក​ពិចារណានូវ​សម្បត្តិ​នៃខ្លួន​សព្វៗកាល ជា​ការ​ប្រពៃ ម្នាលអាវុសោ​ទាំងឡាយ ភិក្ខុជាអ្នក​ពិចារណា​នូវ​សម្បត្តិ​របស់​អ្នកដទៃ​សព្វ ៗកាល ជា​ការប្រពៃ។

សម័យនោះឯង មហារាជឈ្មោះ​វេស្សវ័ណ ចេញ​អំពី​ឧត្តរ​ទិស​ ទៅកាន់​ទក្សិណ​ទិស ដោយ​កិច្ចនីមួយ។ មហារាជ​ឈ្មោះ​វេស្សវ័ណ បានឮ​ថេរវាចា​នៃ​ព្រះឧត្តរ​ដ៏មាន​អាយុ កំពុង​សំដែង​ធម៌​ដល់​ភិក្ខុ​ទាំងឡាយ ក្នុង​វិហារ​ឈ្មោះ​វដ្តជាលិកា ទៀបភ្នំ​សង្ខេយ្យកៈ ជិតស្រុកមហិសវត្ថុ យ៉ាង​នេះថា ម្នាល​អាវុសោ​ទាំងឡាយ ភិក្ខុ​ជាអ្នក​ពិចារណា នូវ​វិបត្តិ​នៃខ្លួន​សព្វៗកាល ជា​ការប្រពៃ ម្នាល​អាវុសោ​ទាំងឡាយ ភិក្ខុជា​អ្នក​ពិចារណា នូវវិបត្តិ​របស់​អ្នក​ដទៃសព្វ​ ៗ​កាល ជា​ការប្រពៃ ម្នាល​អាវុសោ​ទាំងឡាយ ភិក្ខុ​ជា​អ្នក​ពិចារណា​នូវ​សម្បត្តិ​នៃខ្លួន​សព្វ ៗកាល ជាការប្រពៃ ម្នាល​អាវុសោ​ទាំងឡាយ ភិក្ខុ​ជា​អ្នក​ពិចារណា​នូវ​សម្បត្តិ​របស់​អ្នកដទៃ​សព្វៗកាល ជា​ការប្រពៃ។ លំដាប់​នោះ មហារាជ​ឈ្មោះ​វេស្សវ័ណ ក៏បាត់​អំពី​វដ្តជាលិកាវិហារ ទៀប​ភ្នំ​សង្ខេយ្យកៈ ជិត​ស្រុក​មហិស​វត្ថុ ទៅប្រាកដ​ក្នុង​តាវត្តឹង្ស​​ទេវលោក ដូច​បុរស​មានកំឡាំង ​លាដៃ​ដែលបត់ចូល ឬ​បត់ចូល​នូវដៃ​ដែល​លាចេញ​យ៉ាងនោះ​ឯង។ លំដាប់​នោះ មហារាជវេស្សវ័ណ ចូល​ទៅ​គាល់​​ព្រះឥន្ទ្រជាធំ​ជាង​ពួក​ទេវតា លុះ​ចូលទៅ​ដល់ហើយ បាន​ទូល​ពាក្យនេះ នឹង​ព្រះឥន្ទ្រ​ជាធំ​ជាង​​ពួក​ទេវតា បពិត្រ​លោកជា​ម្ចាស់​យើង ​សូម​ទ្រង់ជ្រាប ព្រះឧត្តរដ៏​មាន​អាយុនុ៎ះ សំដែងធម៌ដល់​ភិក្ខុទាំង​ឡាយ ក្នុង​វដ្តជាលិកាវិហារ ទៀបភ្នំ​សង្ខេយ្យកៈ ជិត​ស្រុក​មហិសវត្ថុ​យ៉ាងនេះ​ថា ម្នាលអាវុសោទាំងឡាយ ភិក្ខុជាអ្នក​ពិចារណា​នូវវិបត្តិ​របស់​ខ្លួន​សព្វៗកាល ជាការប្រពៃ។បេ។ ជាអ្នកពិចារណា​នូវ​សម្បត្តិ​របស់​អ្នក​ដទៃ។

គ្រានោះ សក្កៈជាធំជាង​ពួកទេវតា ក៏បាត់អំពី​ទេវលោក ទៅប្រាកដ​ក្នុងទី​ចំពោះ​មុខ​ព្រះឧត្តរ​ដ៏មាន​អាយុ ក្នុង​វត្តជាលិកា​វិហារ ទៀប​ភ្នំ​សង្ខេយ្យកៈ ជិតស្រុក​មហិសវត្ថុ ដូច​បុរសមាន​កំឡាំង លាដៃ​ដែលបត់​ចូល ឬបត់ចូល​នូវដៃ​ដែល​លាចេញ​យ៉ាងនោះ​ឯង។ លំដាប់​នោះ សក្កៈ​ជាធំជាង​ពួក​ទេវតា ចូលទៅ​រក​ព្រះឧត្តរដ៏​មានអាយុ ត្រង់​កន្លែង​ដែលលោក​គង់នៅ លុះចូលទៅ​ហើយ ថ្វាយ​បង្គំ​ព្រះឧត្តរ​ដ៏មាន​អាយុ ហើយ​ឋិតនៅ​ក្នុង​ទី​សមគួរ។ លុះ​សក្កៈជាធំ​ជាងពួក​ទេវតា ឋិត​នៅក្នុង​ទីសមគួរ​ហើយ បានដំ​ណាល​ពាក្យនេះ នឹងព្រះឧត្តរ​ដ៏មាន​អាយុ ដូច្នេះថា បានឮថា ព្រះឧត្តរ​ដ៏មានអាយុ សំដែង​ធម៌ដល់ភិក្ខុ​ទាំងឡាយថា ម្នាលអាវុសោ​ទាំងឡាយ ភិក្ខុជា​អ្នក​ពិចារណា​នូវវិបត្តិ​នៃខ្លួន ជា​ការប្រពៃ។បេ។ ជាអ្នក​ពិចារណា​នូវ​សម្បត្តិ​របស់​អ្នកដទៃ​ពិតមែន​ឬ។ ថ្វាយ​ព្រះពរ ទេវានមិន្ទ។ បពិត្រ​លោកដ៏ចំរើន ចុះ​ការសំដែង​តាម​សេចក្តីយល់​​របស់​ខ្លួន​ព្រះឧត្តរ​ដ៏មាន​អាយុឬ ឬក៏​សំដែង​តាម​ព្រះពុទ្ធ​ដីការបស់​ព្រះដ៏មានព្រះភាគ អរហន្ត សម្មាសម្ពុទ្ធ។ ថ្វាយព្រះពរ ទេវានមិន្ទ បើដូច្នោះ អាត្មាភាព នឹងឧបមា​ថ្វាយ​មហាបពិត្រ ពួក​វិញ្ញូបុរស​ក្នុងលោក​នេះ​ គង់ដឹង​នូវ​សេចក្តីអធិប្បាយ​នៃ​ភាសិត​ដោយ​សេចក្តីឧបមា​ ថ្វាយ​ព្រះពរ ទេវានមិន្ទ ដូចជាគំនរ​ស្រូវដ៏ធំ ក្នុងទីជិត​ស្រុកក្តី និគមក្តី ពួក​មហាជន​នាំយក​ស្រូវ​អំពី​គំនរ​នោះ ដោយ​អម្រែកទាំង​ឡាយខ្លះ ដោយល្អី​ទាំងឡាយ​ខ្លះ ដោយ​ថ្នក់​ទាំងឡាយ​ខ្លះ ដោយ​កំបង់ដៃ​ទាំងឡាយ​ខ្លះ ថ្វាយ​ព្រះពរ ទេវានមិន្ទ ពួក​មហា​ជនណា ដែល​មិនបាន​ចូលទៅ (នឹងគេ) គប្បីសួរ​យ៉ាងនេះថា អ្នកទាំងឡាយ នាំ​យក​ស្រូវនេះ​អំពី​ទីណា។ ថ្វាយព្រះពរ ទេវានមិន្ទ ពួកមហាជននោះ កាលនឹងឆ្លើយ​ប្រាប់ គប្បីឆ្លើយ​ប្រាប់​តាម​ទំនង​ដូចម្ដេច។ បពិត្រលោកដ៏ចំរើន ពួកមហាជន​នោះ កាលឆ្លើយ​ប្រាប់ គប្បីឆ្លើយ​ប្រាប់​តាមទំនង​ថា យើងទាំងឡាយ នាំមកអំពី​គំនរស្រូវ​ធំឯណោះ ដូច្នេះ។ ថ្វាយ​ព្រះពរ ទេវានមិន្ទ ពាក្យឯណានីមួយ ជាសុភាសិត សុភាសិត​ទាំង​អស់​នោះ ជា​ព្រះពុទ្ធ​ដីកា នៃ​ព្រះដ៏មាន​ព្រះភាគ អរហន្តសម្មាសម្ពុទ្ធ​អង្គនោះ យើង​ទាំងឡាយ នាំ​ចេញ​មក​អំពី​ព្រះពុទ្ធដីកា​នោះ ទើប​សំដែង​ដូចជា​សូ្រវ យ៉ាង​នោះដែរ។ បពិត្រ​លោក​ដ៏ចំរើន អស្ចារ្យ​ណាស់ បពិត្រលោកដ៏ចំរើន ចំឡែកណាស់ ពាក្យនេះ ព្រះឧត្ដរ​ដ៏មាន​អាយុ ពោល​ហើយ​ដោយ​ប្រពៃ (ព្រោះ) ពាក្យឯណា​នីមួយ​ជា​សុភាសិត ពាក្យទាំង​អស់​នោះ ជា​ព្រះពុទ្ធ​ដីកា របស់​ព្រះដ៏មាន​ព្រះភាគ អរហន្ដ​សម្មាសម្ពុទ្ធ​ព្រះអង្គនោះ យើង​ទាំងឡាយ ក៏ពោល​នូវ​ស្រូវ ប្រៀបធៀប​នឹង​ព្រះពុទ្ធដីកា​នោះដែរ បពិត្រ​ព្រះឧត្ដរ​ដ៏ចំរើន សេចក្ដីនេះ​យ៉ាង​នេះ សម័យមួយ ព្រះដ៏មានព្រះភាគ គង់លើភ្នំ​គិជ្ឈកូដ ជិតក្រុង​រាជគ្រឹះ កាល​ដែល​ព្រះ​ទេវទត្ត ចៀសចេញទៅ​មិន​យូរប៉ុន្មាន ក្នុង​ទីនោះឯង​ ព្រះដ៏មាន​ព្រះភាគ ទ្រង់​ប្រារព្ធ​នូវ​ទេវទត្ត ត្រាស់នឹង​ភិក្ខុ​ទាំងឡាយថា ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុជាអ្នក​ពិចារណា​នូវ​វិបត្តិ​នៃខ្លួន ជាការ​ប្រពៃ ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុ​ជាអ្នក​ពិចារណា​នូវ​វិបត្តិ​​របស់​អ្នក​ដទៃ នូវ​សម្បត្តិ​របស់​ខ្លួន នូវ​សម្បត្តិ​របស់​អ្នកដទៃ។ ម្នាលភិក្ខុ​ទាំងឡាយ ទេវទត្ត ត្រូវ​អសទ្ធម្មទាំង ៨ ប្រការ​គ្របសង្កត់ហើយ មាន​ចិត្តត្រូវ​អសទ្ធម្ម​រួបរឹត​ហើយ ទៅកើត​ក្នុងអបាយ ទៅកាន់​នរក តាំង​នៅអស់ ១ កប្ប មិនអាច​អ្នកណា​ស្រោច​ស្រង់បាន។ អសទ្ធម្ម ៨ ប្រការ តើ​ដូចម្ដេច។ ម្នាលភិក្ខុ​ទាំងឡាយ ទេវទត្ត ត្រូវ​លាភ​គ្រប​សង្កត់​ហើយ មានចិត្ត​ត្រូវលាភរួប​រឹត​ហើយ ទៅកើត​ក្នុងអបាយ ទៅកាន់​នរក តាំងនៅ​អស់ ១ កប្ប មិនអាច​អ្នកណា​ស្រោចស្រង់​បាន។ ម្នាលភិក្ខុ​ទាំងឡាយ ត្រូវអលាភ ម្នាលភិក្ខុ​ទាំងឡាយ ត្រូវយស ម្នាល​ភិក្ខុ​ទាំងឡាយ ត្រូវអយស ម្នាលភិក្ខុ​ទាំងឡាយ ត្រូវ​សក្ការៈ ម្នាលភិក្ខុ​ទាំងឡាយ ត្រូវ​អសក្ការៈ ម្នាល​ភិក្ខុ​ទាំងឡាយ ដែលត្រូវ​សេចក្ដី​ប្រាថ្នា​លាមក ម្នាលភិក្ខុ​ទាំងឡាយ ទេវទត្ត​ត្រូវ​បាបមិត្ត​គ្របសង្កត់​ហើយ មានចិត្ត​ដែលត្រូវ​បាបមិត្ត​រួបរឹត​ហើយ ទៅកើត​ក្នុង​អបាយ ទៅ​កាន់​នរក តាំងនៅ​អស់ ១ កប្ប មិនអាច​អ្នកណា​ស្រោចស្រង់​បាន។ ម្នាលភិក្ខុ​ទាំងឡាយ ទេវទត្ត ត្រូវ​អសទ្ធម្មទាំងឡាយ ៨ ប្រការនេះឯង គ្របសង្កត់​ហើយ មាន​ចិត្ត​ត្រូវ​អសទ្ធម្ម​រួបរឹត​ហើយ ទៅកើត​ក្នុង​អបាយ ទៅកាន់​នរក តាំងនៅ​អស់ ១ កប្ប មិនអាច​អ្នកណា​ស្រោច​ស្រង់​បាន។ ម្នាលភិក្ខុ​ទាំង​ឡាយ ភិក្ខុ​គ្រប​សង្កត់ ញាំញី​នូវលាភ ដែលកើត​ឡើង​ហើយ ជាការប្រពៃ នូវ​អលាភ​ដែលកើត​ឡើងហើយ នូវយស​ដែលកើត​ឡើងហើយ នូវ​អយស ដែលកើត​ឡើងហើយ នូវ​សក្ការៈ​ដែលកើត​ឡើងហើយ នូវ​អសក្ការៈ​ដែល​កើត​ឡើង​ហើយ នូវ​សេចក្ដី​ប្រាថ្នា​លាមក ដែល​កើតឡើង​ហើយ គ្របសង្កត់ ញាំញី​នូវ​បាបមិត្ត ដែល​កើត​ឡើង​ហើយ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុគ្រប​សង្កត់ ញាំញី​នូវលាភ ដែល​កើត​ឡើងហើយ គ្របសង្កត់ ញាំញី​នូវអលាភ ដែលកើត​​ឡើងហើយ នូវយស​ដែលកើត​ឡើង​ហើយ នូវ​អយស​ដែលកើត​ឡើងហើយ នូវ​សក្ការៈ​ដែលកើត​ឡើង​ហើយ នូវ​អសក្ការៈ​ដែល​កើតឡើង​ហើយ នូវសេចក្ដី​ប្រាថ្នា​លាមក ដែលកើត​ឡើងហើយ តើ​ព្រោះ​អាស្រ័យ​អំណាច​ប្រយោជន៍ដូចម្ដេច ម្នាលភិក្ខុ​ទាំងឡាយ ព្រោះថា​ អាសវៈ​ទាំងឡាយណា ជា​សភាវៈ​ចង្អៀត​ចង្អល់ រោលរាល កើតឡើង​ដល់ភិក្ខុ​នោះ កាល​មិនបាន​គ្របសង្កត់​នូវ​លាភ ដែលកើត​ឡើងហើយ អាសវៈ​ទាំងឡាយ​នោះ ជាសភាវៈ​ចង្អៀត​ចង្អល់ រោលរាល រមែង​មិនមាន​ដល់ភិក្ខុ​នោះ កាល​គ្របសង្កត់​នូវលាភ ដែលកើត​ឡើងហើយ យ៉ាង​នេះ​ឯង។ ម្នាលភិក្ខុ​ទាំងឡាយ ព្រោះថា អាសវៈ​ទាំងឡាយ​ណា ជាសភាវៈ​ចង្អៀតចង្អល់ រោលរាល គប្បីកើតឡើង​ដល់ភិក្ខុនោះ កាលមិន​បានគ្រប​សង្កត់ នូវអលាភ ដែលកើត​ឡើង​ហើយ នូវយស ដែលកើតឡើងហើយ នូវអយស ដែលកើត​ឡើងហើយ នូវ​សក្ការៈ ដែល​កើតឡើងហើយ នូវអសក្ការៈ ដែលកើត​ឡើងហើយ នូវ​សេចក្ដី​ប្រាថ្នា​លាមក ដែល​កើត​ឡើង​ហើយ នូវបាបមិត្ត ដែលកើត​ឡើងហើយ អាសវៈ​ទាំងឡាយ​នោះ ជាសភាវៈ​ចង្អៀត​ចង្អល់ រោលរាល រមែងមិនមាន​ដល់​ភិក្ខុនោះ កាល​គ្រប​សង្កត់​នូវ​បាបមិត្ត​ដែលកើតឡើង​បាន​យ៉ាង​នេះ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុគ្រប​សង្កត់ ញាំញីនូវ​លាភ ដែលកើត​ឡើងហើយ គ្រប​សង្កត់ ញាំញី​នូវ​អលាភ ដែលកើត​ឡើង​ហើយ នូវ​យស ដែល​កើតឡើង​ហើយ នូវអយស ដែលកើត​ឡើងហើយ នូវ​សក្ការៈ ដែលកើត​ឡើងហើយ នូវ​អសក្ការៈ​ដែលកើត​ឡើងហើយ នូវ​សេចក្ដី​ប្រាថ្នា​លាមក ដែលកើត​ឡើងហើយ នូវ​បាបមិត្ត ដែលកើត​ឡើងហើយ ព្រោះ​អាស្រ័យ​នូវអំណាច​ប្រយោជន៍នេះ​ឯង។ ម្នាលភិក្ខុ​ទាំង​ឡាយ ព្រោះហេតុនោះ ភិក្ខុក្នុង​សាសនា​នេះ គប្បី​សិក្សា​យ៉ាងនេះ​ថា យើង​ទាំងឡាយ គួរជាអ្នក​គ្របសង្កត់ ញាំញី​នូវលាភ ដែលកើត​ឡើង​ហើយ យើង​ទាំងឡាយ គួរ​ជាអ្នក​គ្របសង្កត់ ញាំញីនូវអលាភ ដែលកើត​​ឡើងហើយ នូវយស ដែលកើត​ឡើង​ហើយ នូវអយស ដែលកើត​ឡើងហើយ នូវសក្ការៈ ដែលកើត​ឡើងហើយ នូវ​អសក្ការៈ ដែល​កើតឡើង​ហើយ នូវ​សេចក្ដី​ប្រាថ្នា​លាមក ដែលកើត​ឡើងហើយ នូវ​បាបមិត្ត​ ដែល​កើត​ឡើង​ហើយ។ ម្នាលភិក្ខុ​ទាំងឡាយ អ្នកទាំងឡាយ ត្រូវសិក្សា​យ៉ាងនេះ​ឯង។ បពិត្រ​ព្រះឧត្ដរ​ដ៏ចំរើន បណ្ដា​បរិសទ្យទាំង ៤ ពួក គឺ ភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា ធម្មបរិយាយ​នេះ មិនទាន់​តាំងនៅ​ក្នុង​បរិសទ្យ​ណាទេ បពិត្រ​លោក​ដ៏ចំរើន សូម​ព្រះឧត្ដរ​ដ៏មាន​អាយុ កាន់យក​នូវ​ធម្មបរិយាយ​នេះ បពិត្រ​លោក​ដ៏ចំរើន សូម​ព្រះឧត្ដរ​ដ៏មានអាយុ រៀន​យក​នូវ​ធម្មបរិយាយ​នេះ បពិត្រលោក​ដ៏ចំរើន សូម​ព្រះឧត្ដរ​ដ៏មានអាយុ ទ្រទ្រង់​នូវ​ធម្មបរិយាយ​នេះ បពិត្រ​លោក​ដ៏ចំរើន ធម្មបរិយាយ​នេះ ប្រកប​ដោយ​ប្រយោជន៍​ជាខាង​ដើម​នៃមគ្គ​ព្រហ្មចរិយធម៌។

នន្ទសូត្រ ទី៩

(៩. នន្ទសុត្តំ)

[៩] ម្នាលភិក្ខុទាំងឡាយ អ្នកផង​កាលបើ​ពោលតាម​ត្រឹមត្រូវ គប្បី​ពោលនូវ​នន្ទភិក្ខុ ថាជា​កុលបុត្ត​ដូច្នេះ ម្នាលភិក្ខុ​ទាំងឡាយ អ្នកផង​កាលបើ​ពោល​តាម​ត្រឹមត្រូវ គប្បី​ពោល​នូវ​នន្ទភិក្ខុថា​ជាអ្នក​មានកម្លាំង​កាយ​ដូច្នេះ ម្នាលភិក្ខុ​ទាំងឡាយ អ្នកផង​កាល​បើ​ពោល​តាម​ត្រឹមត្រូវ គប្បី​ពោល​នូវនន្ទភិក្ខុ ថាជាអ្នក​គួរនាំមក​នូវ​សេចក្ដី​ជ្រះថ្លា​ដូច្នេះ ម្នាល​ភិក្ខុ​ទាំងឡាយ អ្នកផង​កាលបើ​ពោល​តាម​ត្រឹមត្រូវ គប្បី​ពោល​នូវនន្ទភិក្ខុ ថាជា​អ្នក​មាន​រាគៈ​ដ៏ក្លៀវក្លា​ដូច្នេះ។ ម្នាលភិក្ខុ​ទាំងឡាយ ចាំបាច់​ពោលទៅ​ថ្វី ក្នុងទីដទៃ ថានន្ទ​ភិក្ខុ គ្រប់គ្រង​ទ្វារ​ក្នុង​ឥន្ទ្រិយទាំងឡាយ ដឹង​ប្រមាណ​ក្នុង​ភោជន ប្រកប​រឿយៗ នូវការ​ភ្ញាក់​រលឹក​ ប្រកប​ដោយ​សតិ និង​សម្បជញ្ញៈ ទើប​នន្ទភិក្ខុអាច​ដើម្បី​ប្រព្រឹត្ត​នូវ​ព្រហ្មចរិយធម៌ ឲ្យ​បរិបូណ៌ បរិសុទ្ធ​បាន។

ម្នាលភិក្ខុទាំងឡាយ ហេតុដែល​នន្ទភិក្ខុ​មានទ្វារ​គ្រប់គ្រង​ហើយ ក្នុង​ឥន្រ្ទិយ​ទាំង​ឡាយ​នោះ ​យ៉ាងនេះ។ ម្នាលភិក្ខុ​ទាំងឡាយ បើនន្ទភិក្ខុ​រមិលមើល​ទៅទិសខាងកើត លុះតែ​ប្រមូល​នូវហេតុ​ទាំងអស់ ដោយចិត្ត ទើបនន្ទភិក្ខុ រមិលមើល​នូវទិស​ខាងកើត ដោយ​គំនិត​ថា ​អកុសលធម៌​ទាំងឡាយ​ដ៏លាមក គឺ​អភិជ្ឈា និង​ទោមនស្ស នឹង​មិនជាប់​តាម​អាត្មាអញ ដែល​កំពុង​រមិល​មើល​ទិសខាង​កើត​យ៉ាងនេះ។ ព្រោះ​ហេតុនោះ ក្នុង​សាសនា​នេះ នន្ទភិក្ខុ ទើបឈ្មោះថា​ ជាអ្នក​មានសេចក្ដី​ដឹងខ្លួន ក្នុង​ការគ្រប់គ្រង​ទ្វារ​នោះ។ ម្នាល​ភិក្ខុ​ទាំងឡាយ បើនន្ទភិក្ខុ​រមិល​មើលទិស​ខាងលិច រមិល​មើល​ទិសខាង​ជើង រមិល​មើល​ទិស​ខាង​ត្បូង ងើយមើល​ទៅទិស​ខាងលើ ឱន​មើលទិស​ខាងក្រោម ងាកមើល​​ទៅទិស​ជា​លំដាប់ លុះតែ​ប្រមូល​នូវ​​ហេតុទាំង​អស់​ដោយចិត្ត ទើប​នន្ទភិក្ខុ​ងាកមើល​នូវ​ទិស​ជា​លំដាប់​ ដោយ​គំនិត​ថា អកុសល​ធម៌ទាំងឡាយ​ដ៏លាមក គឺ​អភិជ្ឈា និង​ទោមនស្ស នឹង​មិន​ជាប់​តាម​អាត្មាអញ ដែល​កំពុង​ងាកមើល​ទិស​ជាលំដាប់​។​​ ព្រោះ​ហេតុនោះ ក្នុង​សាសនា​នេះ នន្ទភិក្ខុ ទើបឈ្មោះ​ថា ជាអ្នក​មាន​សេចក្ដី​ដឹងខ្លួន ក្នុង​ការគ្រប់​គ្រង​ទ្វារ​យ៉ាង​នេះ។ ម្នាល​ភិក្ខុ​ទាំងឡាយ ហេតុដែល​នន្ទភិក្ខុ មាន​ឥន្រ្ទិយ​គ្រប់គ្រងហើយ យ៉ាងនេះ​ឯង។

ម្នាលភិក្ខុទាំងឡាយ ហេតុដែល​នន្ទភិក្ខុ​ស្គាល់​ប្រមាណ​ក្នុងភោជននោះ យ៉ាងនេះ ម្នាល​ភិក្ខុទាំងឡាយ ក្នុង​សាសនា​នេះ នន្ទភិក្ខុ​ពិចារណា ដោយ​ឧបាយ​ហើយ ទើប​បរិភោគ នូវ​អាហារ មិនមែន​ដើម្បី​លេង​ មិនមែន​ដើម្បី​ស្រវឹង មិនមែន​ដើម្បី​តាក់តែង​រាងកាយ មិនមែន​ដើម្បី​ផូរផង់ គ្រាន់តែឲ្យ​តាំងនៅ​នៃកាយនេះ ដើម្បីញុំាង​ជីវិតិន្ទ្រិយ​ឲ្យ​ប្រព្រឹត្ត​ទៅ ដើម្បី​បំបាត់​បង់​នូវ​សេចក្តី​លំបាក ដើម្បី​អនុគ្រោះ​ដល់​ព្រហ្មចារ្យ អាត្មាអញ នឹង​កំចាត់​បង់​នូវវេទនា​ចាស់ផង ញុំាង​វេទនាថ្មី មិនឲ្យ​កើតឡើង​បានផង ការ​ប្រព្រឹត្តិ​ទៅ​នៃ​ឥរិយាបថ​ក្ដី ការ​មិនមាន​ទោសក្ដី ការនៅ​សប្បាយ​ក្ដី នឹង​មានដល់​អាត្មាអញ។ ម្នាល​ភិក្ខុ​ទាំងឡាយ ហេតុដែល​នន្ទភិក្ខុ​ស្គាល់​ប្រមាណ​ក្នុង​ភោជន យ៉ាងនេះឯង។

ម្នាលភិក្ខុទាំងឡាយ ហេតុដែល​នន្ទភិក្ខុប្រកប​រឿយ ៗ​ ក្នុងការ​ភ្ញាក់រលឹក​នោះ យ៉ាង​នេះ ម្នាលភិក្ខុ​ទាំងឡាយ ក្នុង​សាសនា​នេះ នន្ទភិក្ខុ ជម្រះចិត្ត​ចាក​អាវរណីយធម៌ ដោយ​ការ​ចង្ក្រមន៍ ដោយការ​អង្គុយ​អស់មួយ​ថ្ងៃ ជម្រះចិត្ត​ចាក​អាវរណីយធម៌ ដោយ​ការ​ចង្រ្កមន៍ ដោយ​ការ​អង្គុយ​អស់​បឋមយាម​នៃរាត្រី សម្រេច​នូវ​សីហសេយ្យ ដោយ​ផ្អៀង​ទៅ​ខាង​ស្ដាំ តំរួត​ជើង​ដោយ​ជើង ជាអ្នក​មាន​សតិសម្បជញ្ញៈ ធ្វើទុក​ក្នុង​ចិត្ត​នូវ​ឧដ្ឋាន​សញ្ញា អស់​​មជ្ឈិមយាម​នៃរាត្រី ហើយ​ក្រោកឡើង ជម្រះចិត្ត​ចាក​អាវរណីយ​ធម៌ ដោយ​ការ​ចង្រ្កមន៍ ដោយ​ការអង្គុយ អស់​បច្ឆិមយាម​នៃរាត្រី។ ម្នាលភិក្ខុ​ទាំងឡាយ ហេតុដែល​នន្ទភិក្ខុ​ប្រកប​រឿយ ៗ​ ក្នុង​ការភ្ញាក់​រលឹក​ យ៉ាងនេះ។

ម្នាលភិក្ខុទាំងឡាយ ហេតុដែល​នន្ទភិក្ខុ​មាន​សតិសម្បជញ្ញៈ​នោះ ​យ៉ាងនេះ ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុក្នុង​សាសនា​នេះ វេទនា​កើតឡើង​ដល់​នន្ទភិក្ខុ ក៏ដឹងច្បាស់ វេទនា​ប្រាកដ​ឡើង ក៏ដឹង​ច្បាស់ ដល់​នូវ​សេចក្ដី​វិនាស ក៏ដឹង​ច្បាស់​ សញ្ញា​ដែល​កើតឡើង ក៏ដឹង​ច្បាស់ សញ្ញា​ប្រាកដ​ឡើង ក៏ដឹង​ច្បាស់ សញ្ញា​ដល់នូវ​សេចក្ដី​វិនាស ក៏ដឹង​ច្បាស់ វិតក្កៈ ដែល​កើតឡើង ក៏ដឹង​ច្បាស់ វិតក្កៈ​ដែលប្រាកដ​ឡើង ក៏ដឹង​ច្បាស់ វិតក្កៈ​ដែលដល់​នូវ​សេចក្ដី​វិនាស ក៏ដឹងច្បាស់។ ម្នាលភិក្ខុ​ទាំងឡាយ ហេតុដែល​នន្ទភិក្ខុ មាន​សតិសម្បជញ្ញៈ យ៉ាង​នេះឯង។ ម្នាលភិក្ខុ​ទាំងឡាយ ចាំបាច់​ពោលទៅថ្វី ក្នុង​ទីដទៃ​ថា នន្ទ​ភិក្ខុ​គ្រប់​គ្រង​ទ្វារ ក្នុង​ឥន្ទ្រិយ​ទាំងឡាយ ដឹង​ប្រមាណ ក្នុងភោជន ប្រកប​រឿយៗ នូវ​ការភ្ញាក់​រលឹក​ ប្រកប​​ដោយ​សតិសម្បជញ្ញៈ ទើបនន្ទភិក្ខុ អាចប្រព្រឹត្ត​ព្រហ្មចរិយធម៌ ឲ្យ​បរិបូណ៌ បរិសុទ្ធ បាន។

ការណ្ឌវសូត្រ ទី១០

(១០. ការណ្ឌវសុត្តំ)

[១០] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់​ក្បែរឆ្នេរ​ស្រះបោក្ខរណី​ឈ្មោះ​គគ្គរា ជិតក្រុង​ចម្បា។ សម័យនោះ​ឯង ភិក្ខុទាំងឡាយ ​ចោទ​ភិក្ខុផងគ្នា​ដោយ​អាបត្តិ។ ភិក្ខុ​នោះ កាល​ត្រូវពួក​ភិក្ខុផងគ្នា ចោទដោយ​អាបត្តិ ក៏អាងពាក្យ​ដទៃដោយ​ពាក្យ​ដទៃ បដិសេធ​ពាក្យទៅខាងក្រៅ ធ្វើសេចក្ដី​ក្រោធផង ទោស​ផង សេចក្ដី​មិនពេញចិត្ត​ផង​ ឲ្យ​កើត​ប្រាកដ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់នឹង​ភិក្ខុទាំង​ឡាយថា ម្នាល​ភិក្ខុ​ទាំងឡាយ អ្នកទាំងឡាយ ចូរ​បណ្ដេញនូវ​បុគ្គល​នេះចេញ ម្នាលភិក្ខុ​ទាំងឡាយ អ្នក​ទាំង​ឡាយ ចូរបណ្ដេញ​នូវបុគ្គល​នេះចេញ។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គល (នោះ) ជាបុគ្គល​គួរ​បណ្ដេញ​ចេញ បុគ្គល​ដូចជាកូន​នៃបុគ្គល​ដទៃ រមែង​បៀតបៀន​បានទេ​ដឹង ម្នាលភិក្ខុ​ទាំង​ឡាយ ការឈាន​ទៅមុខ និង​ថយក្រោយ ការមើល​ទួទៅ​ មើលផ្សេងៗ ការបត់​អវយវៈ​ចូល ការលា​អវយវៈ​ចេញ ការទ្រទ្រង់​នូវសង្ឃាដិ បាត្រ ចីវរ របស់​បុគ្គល​ពួកខ្លះ​ក្នុង​សាសនា​នេះ ប្រាកដ​ដូច្នោះ ដូចដំណើរ​នៃពួក​ភិក្ខុ​ដ៏ចំរើន​ដទៃ ពួកភិក្ខុ​មិន​ឃើញនូវ​អាបត្ដិ​របស់​ភិក្ខុ​នោះ លុះកាល​ណាពួក​ភិក្ខុ ឃើញនូវ​អាបត្ដិ ភិក្ខុនោះ ក៏ដឹង​នូវភិក្ខុ​នោះ​យ៉ាង​នេះ​ថា ភិក្ខុនេះ​ជាអ្នក​ប្រទូស្ដ​ដល់​សមណៈ ដូចជា​សំដី ឬអង្កាម​ក្នុង​សមណៈ ជា​សម្រាម​ក្នុង​សមណៈ លុះពួក​ភិក្ខុដឹង​ច្បាស់​នូវភិក្ខុនោះ ដូច្នេះ​ហើយ ក៏ធ្វើឲ្យ​វិនាស ទៅខាង​ក្រៅ (ជំនុំសង្ឃ)។ ដំណើរនោះ ព្រោះហេតុអ្វី។ ព្រោះថា អ្នកកុំ​ប្រទូស្ត​ភិក្ខុល្អ​ទាំងឡាយឯ​ទៀត​ឡើយ។ ម្នាលភិក្ខុ​ទាំងឡាយ ដូចយ៉ាង​ស្មៅ​ដែលបង្ខូច​ស្រូវ ជាសំដី​ក្នុង​ស្រូវ ជា​សម្រាម​ដល់​ស្រូវ ដុះឡើង​ក្នុងស្រែ​នៃស្រូវ​ដ៏ល្អ គល់ស្មៅ​នោះ ក៏ដូច្នោះ​ដែរ ដូចគល់​នៃស្រូវ​ដ៏ចំរើន​ដទៃ ដើម ក៏ដូច្នោះដែរ ដូចជាដើម​នៃស្រូវ​ដ៏ចំរើន​ដទៃ ស្លឹក ក៏ដូច្នោះ​ដែរ ដូចជាស្លឹកនៃស្រូវ ដ៏ចំរើនដទៃ កំណត់ត្រឹម​គួរនៃស្មៅ​នោះ​មិនទាន់​កើត លុះកាលណា​គួរនៃ​ស្មៅនោះ​កើត​ឡើង អ្នកផង​ទើបដឹង​ស្មៅនោះ​យ៉ាងនេះ​ថា នេះជា​ស្មៅបង្ខូច​ស្រូវ ជាសំដី​ក្នុងស្រូវ ជាសម្រាម​ដល់ស្រូវ លុះអ្នកផងដឹងច្បាស់​នូវ​ស្មៅនោះ យ៉ាងនេះ​ហើយ ក៏ដក​រំលើង​ទាំងឫស​ចោល​ទៅ​ខាងក្រៅ​នៃស្រែ​ស្រូវ។ ដំណើរនោះ ព្រោះ​ហេតុអ្វី។ ព្រោះថា​ កុំឲ្យ​បង្ខូច​ស្រូវ​ទាំងឡាយ​ឯទៀត​បានឡើយ សេចក្ដី​នេះ យ៉ាងណា​មិញ។ ម្នាល​ភិក្ខុ​ទាំងឡាយ ការឈាន​ទៅមុខ និង​ការ​ថយក្រោយ​ ការមើល​ទួទៅ​ ការមើល​ផ្សេង ៗ ការបត់​អវយវៈចូល ការលា​អវយវៈ​ចេញ ការទ្រទ្រង់​នូវ​សង្ឃាដិ បាត្រ ចីវរ របស់​បុគ្គល​ពួកខ្លះ ក្នុង​សាសនា​នេះ ប្រាកដ​ដូចយ៉ាង​ដំណើរ នៃពួក​ភិក្ខុល្អ​ដទៃ កំណត់​ត្រឹម​ពួក​ភិក្ខុ​មិនឃើញ​នូវ​អាបត្តិ​របស់ភិក្ខុ​នោះ ក្នុងកាល​ណា​ពួក​ភិក្ខុ​ឃើញនូវ​អាបត្តិ​របស់​ភិក្ខុ​នោះ ក៏ដឹងនូវ​ភិក្ខុនោះ​ យ៉ាងនេះ​ថា ភិក្ខុនេះ ជា​អ្នកប្រទូស្ដ​សមណៈ ដូចជា​សំដី ឬ​អង្កាម​ក្នុង​សមណៈ ជាសម្រាម​ដល់សមណៈ លុះពួក​ភិក្ខុដឹងច្បាស់​នូវ​ភិក្ខុនោះ ​ដូច្នេះហើយ ក៏​ធ្វើឲ្យ​វិនាស​ទៅខាងក្រៅ (ជំនុំសង្ឃ) ក្នុងកាល​នោះ ក៏យ៉ាង​នោះឯង។ ដំណើរនោះ ព្រោះ​ហេតុអ្វី។ ព្រោះថា ​កុំឲ្យ​ប្រទូស្ដ​ភិក្ខុល្អ​ទាំងឡាយ​ឯទៀត​ឡើយ។ ម្នាលភិក្ខុ​ទាំងឡាយ ដូច​យ៉ាងគំនរ​ស្រូវ​ដ៏ធំ ដែលគេ​កំពុង​រោយ ស្រូវណា​ក្នុង​គំនរ​ទាំងនោះ ដែល​ជាស្រូវ​សុទ្ធ ជា​ស្រូវ​មានគ្រាប់ ស្រូវទាំងនោះ ក៏ទៅជា​គំនរ​ដោយ​ឡែក ចំណែក​ស្រូវណា ជាស្រូវ​មាន​កំឡាំង​ថយ ជាសំដី​ស្រូវ ខ្យល់ក៏បក់​ស្រូវ​ទាំងនោះ ទៅជា​គំនរ​ដោយឡែក ពួក​ម្ចាស់​ក៏យកអម្បោស​ទៅបោស​ស្រូវនោះ (ឲ្យស្អាត​ចេញ) ដោយ​ក្រៃលែង។ ដំណើរ​នោះ ព្រោះ​ហេតុអ្វី។ ព្រោះថា កុំឲ្យ​បង្ខូច​ស្រូវល្អ​ទាំងឡាយ​ឯទៀត​បានឡើយ យ៉ាងណា​មិញ។ ម្នាល​ភិក្ខុ​ទាំងឡាយ ដំណើរ​ប្រាកដ​ដូច្នោះ គឺ ការឈាន​ទៅមុខ និង​ការថយ​ក្រោយ ការ​មើល​ទួទៅ ការមើល​ផ្សេង ៗ ការបត់​អវយវៈចូល ការលា​អវយវៈ​ចេញ ការទ្រទ្រង់​នូវ​សង្ឃាដិ បាត្រ ចីវរ របស់​បុគ្គល​ពួកខ្លះ ក្នុងសាសនា​នេះ ប្រាកដ​ដូច​យ៉ាង​ដំណើរ​នៃពួក​ភិក្ខុល្អ​ដទៃ កំណត់​ត្រឹមពួក​ភិក្ខុ​មិនឃើញ​នូវ​អាបត្តិ​របស់ភិក្ខុ​នោះ លុះ​កាលណា​ពួកភិក្ខុ​ឃើញ​នូវ​អាបត្តិ​របស់ភិក្ខុ​នោះ ក៏ដឹង​ភិក្ខុនោះ​យ៉ាងនេះ​ថា ភិក្ខុនេះ​ជាអ្នក​ប្រទូស្ដ​សមណៈ ដូច​ជាសំដី ឬ​អង្កាម​ក្នុង​សមណៈ ជាសម្រាម​ដល់សមណៈ លុះពួក​ភិក្ខុដឹង​ច្បាស់នូវ​ភិក្ខុនោះ​ដូច្នេះហើយ ធ្វើឲ្យ​វិនាស​ទៅ​ខាងក្រៅ (ជំនុំសង្ឃ) ក្នុងកាល​នោះ ក៏យ៉ាង​នោះឯង។ ដំណើរនោះ ព្រោះហេតុអ្វី។ ព្រោះថា កុំឲ្យប្រទូស្ដពួក​ភិក្ខុល្អ​ទាំងឡាយ​ឯទៀតបាន​ឡើយ។ ម្នាលភិក្ខុ​ទាំងឡាយ ដូចយ៉ាង​បុរសត្រូវ​ការថាំង​សម្រាប់ដង​ទឹក​អណ្ដូង ក៏ត្រូវ​កាន់​យក​ដឹង​ដ៏មុត ចូលទៅ​ព្រៃ បុរសនោះ គោះមើល​ឈើនោះ ដោយ​ស្លាប​ដឹង។ ឈើ​ទាំង​នោះ ឈើណា​ជាឈើ​មាំមួន មានខ្លឹម ឈើទាំងនោះ កាលត្រូវ​គេគោះ​ដោយ​ស្លាប​ដឹង​ហើយ ក៏បញេ្ចញ​សូរបែប​រឹងតាន់។ ចំណែក​ឈើ​ទាំងឡាយ​ណា ជាឈើ​ស្អុយក្នុង ជា​ឈើពុក ជាឈើ​ជ្រោកជ្រាក ឈើទាំង​នោះ កាលត្រូវ​គេគោះ​ដោយ​ស្លាបដឹង​ហើយ ក៏​បញេ្ចញ​សូរ​បែបព្រុក ៗ។ បុរសនោះ ក៏កាត់យក​ឈើនោះ​ត្រង់​គល់ លុះកាត់​គល់​ហើយ ទើប​កាត់​ចុង ​លុះកាត់​ចុងហើយ ទើប​សំអាត​ខាងក្នុង​ឲ្យស្អាត លុះសំអាត​ខាង​ក្នុង​ឲ្យ​ស្អាត​ហើយ ទើបធ្វើទៅ​ជាថាំង​សម្រាប់​ដងទឹក​អណ្ដូង យ៉ាងណា។ ម្នាលភិក្ខុ​ទាំងឡាយ ការឈាន​​ទៅមុខ និងការ​ថយក្រោយ ការមើល​ទួទៅ ការមើល​ផ្សេង ៗ ការបត់​អវយវៈ​ចូល ការ​លាអវយវៈ​ចេញ ការ​ទ្រទ្រង់​នូវសង្ឃាដិ បាត្រ ចីវរ តែងមាន​ដល់បុគ្គល​ពួកខ្លះ ក្នុង​សាសនា​នេះ ប្រាកដ​ដូចយ៉ាង​ដំណើរ​នៃ​ពួកភិក្ខុ​ល្អដទៃ កំណត់​ត្រឹមពួក​ភិក្ខុ​​មិនទាន់​ឃើញ​នូវ​អាបត្តិ​របស់ភិក្ខុ​នោះ លុះកាល​ណា ពួកភិក្ខុឃើញ​នូវអាបត្តិ​របស់ភិក្ខុ​នោះ​ហើយ ក៏ដឹងនូវ​ភិក្ខុនោះ យ៉ាងនេះ​ថា ភិក្ខុនេះ ជាអ្នក​ប្រទូស្ដ​សមណៈ ដូចជា​សំដី ឬ​អង្កាម​ក្នុង​សមណៈ ជាសម្រាម​ដល់​សមណៈ លុះពួក​ភិក្ខុ ដឹងច្បាស់​នូវ​ភិក្ខុ​នោះ ដូច្នេះហើយ ធ្វើឲ្យ​វិនាស​ទៅខាងក្រៅ (ជំនុំសង្ឃ) ក្នុង​កាលនោះ ក៏យ៉ាង​នោះដែរ។ ដំណើរ​នោះ ព្រោះ​ហេតុអ្វី។ ព្រោះថា កុំឲ្យ​ប្រទូស្ដ​ពួកភិក្ខុ​ល្អ​ឯទៀត​បាន​ឡើយ។

ដោយ​ការនៅ​រួមគ្នា បុគ្គល​គប្បី​ដឹងថា បុគ្គល​មាន​ប្រាថា្ន​ដ៏លាមក មាន​សេចក្ដី​ក្រោធ ជាអ្នក​លុបគុណ រឹងត្អឹង លើកខ្លួន ច្រណែន មានសេចក្ដី​កំណាញ់ ជាអ្នក​អួតអាង មាន​សំដីទន់ភ្លន់ និយាយ​ក្នុងកណ្ដាល​ប្រជុំជន ដូចជា​សមណៈ តែជាអ្នក​មានទិដ្ឋិ​អាក្រក់ មិនអើពើ (ក្នុងធម៌វិន័យ) ជាបុគ្គល​រឡេម​រឡាម ពោលនូវ​ពាក្យកុហក តែង​ធ្វើ​នូវ​អំពើ (អាក្រក់) ក្នុងទី​ស្ងាត់ យ៉ាងណា អ្នក​ទាំងឡាយ ទាំងអស់គ្នា លុះ​ដឹងច្បាស់​នូវពាក្យ​នោះ យ៉ាង​ណាហើយ គួរជាអ្នក​ព្រមព្រៀង​គ្នា ចូរបណ្ដេញ​នូវបុគ្គលនោះ​ចេញ កំចាត់​បង់​នូវ​បុគ្គល​ដូចជា​សម្រាម កំចាត់បង់​នូវបុគ្គល​ជ្រោកជ្រាក​ចេញ លំដាប់​អំពី​នោះ អ្នក​ទាំងឡាយ ចូរបន្សាត់​នូវបុគ្គល​ទាំងឡាយ ដូចជាសំដី ឬអង្កាម មិនមែន​ជា​សមណៈ​ លើក​ខ្លួនថាជា​សមណៈ​នោះចេញ លុះអ្នក​ទាំងឡាយ កំចាត់បង់​នូវបុគ្គល​ប្រាថ្នា​លាមក​មាន​អាចារៈ និងគោចរៈដ៏លាមកចេញ​ហើយ ជាអ្នក​មាន​ស្មារតី ចូរកំណត់​នូវ​ការនៅរួមគ្នា​ដោយ​បុគ្គល​បរិសុទ្ធ និង​មិនបរិសុទ្ធ គួរជា​អ្នក​ព្រមព្រៀង​គ្នា មាន​ប្រាជ្ញា​ដ៏ខ្ជាប់ខ្ជួន និងធ្វើនូវ​ទីបំផុត​នៃទុក្ខ​បាន។

ចប់ មេត្តាវគ្គ ទី១។

ឧទ្ទានក្នុងមេត្តាវគ្គនោះគឺ

និយាយ​អំពីអានិសង្សមេត្តាចេតោសមាធិ ១ អំពី​ការបាន​បញ្ញា​ ពីរលើក អំពី​បុគ្គល​ជាទី​ស្រឡាញ់​ ពីរលើក អំពី​បុគ្គល​មិនជាទី​ស្រឡាញ់​ ពីរលើក អំពី​លោកធម៌ និង​ការប្រាស​ចាក​លោកធម៌ ១ អំពី​ទេវទត្ត ១ អំពី​ព្រះឧត្ដរៈ ១ អំពីព្រះនន្ទៈ ១ អំពី​សមណៈ​ដូចជា​សម្រាម ១។

មហាវគ្គ ទី២

(២. មហាវគ្គោ)

វេរញ្ជសូត្រ ទី១

(១. វេរញ្ជសុត្តំ)

[១១] ខ្ញុំបានស្ដាប់មកយ៉ាងនេះ។ សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់​នៅក្បែរ​ដើមស្ដៅ ជាលំនៅ​របស់​នឡេរុយក្ស ជិតស្រុកវេរញ្ជា។ គ្រានោះ វេរញ្ជព្រាហ្មណ៍ ចូល​សំដៅ​ទៅត្រង់​ទី ដែល​ព្រះដ៏មានព្រះភាគ​គង់ លុះ​ចូលទៅ​ដល់ហើយ ធ្វើ​សេចក្ដី​រីករាយ ជាមួយនឹង​ព្រះដ៏មានព្រះភាគ​ លុះបញ្ចប់​ពាក្យដែល​គួរ​រីករាយ និង​ពាក្យ​ដែល​គួរ​រលឹក​ហើយ ទើប​អង្គុយ​ក្នុងទី​ដ៏សមគួរ។ កាលដែល​វេរញ្ជព្រាហ្មណ៍ អង្គុយ​ក្នុងទី​ដ៏សមគួរ​ហើយ បានក្រាបទូល​ព្រះដ៏មានព្រះភាគ​យ៉ាងនេះថា បពិត្រ​ព្រះគោតម​ដ៏ចំរើន ខ្ញុំបាន​ឮពាក្យថា ព្រះសមណ​គោតម មិនសំពះ មិនក្រោក​ទទួល​ព្រាហ្មណ៍ទាំង​ឡាយ ដែល​ចាស់ជរា​ ជាព្រឹទ្ធាចារ្យ​មានអាយុ​ច្រើន រស់នៅ​បានយូរ​ឆ្នាំ​មកហើយ មាន​អាយុ​ជ្រុលចូល​ក្នុង​បច្ឆិម​វ័យហើយ ទោះបី​គ្រាន់តែ​អញ្ជើញហៅ​រក​ព្រាហ្មណ៍​ទាំងនោះ ឲ្យ​អង្គុយ​លើអាសនៈ (ព្រះអង្គ​ក៏មិនធ្វើ) បពិត្រ​ព្រះគោតម​ដ៏ចំរើន ពាក្យ​ដែលខ្ញុំបាន​ឮមក​នោះ ជាប្រាកដថា ព្រះគោតម​ដ៏ចំរើន​មិនសំពះ មិនក្រោក​ទទួល​ព្រាហ្មណ៍​ទាំងឡាយ ដែល​ចាស់ជរា ជាព្រឹទ្ធាចារ្យ​មានអាយុ​ច្រើន រស់នៅ​បានយូរ​ឆ្នាំមក​ហើយ មានអាយុ​ជ្រុលចូលមក​ក្នុង​បច្ឆិមវ័យ​ហើយ ថាសូម្បី​ត្រឹមតែអញ្ជើញ​ហៅរក​ព្រាហ្មណ៍​ទាំងនោះ​ដោយ​អាសនៈ (ព្រះអង្គ​ក៏មិនធ្វើ) បពិត្រ​ព្រះគោតម​ដ៏ចំរើន កិច្ច មាន​មិនសំពះ​ជាដើម​នោះ ជា​ទំនង​ពុំសមគួរ​ឡើយ។ ព្រះដ៏មានព្រះភាគ​ត្រាស់ថា ម្នាលព្រាហ្មណ៍ ក្នុង​លោក ព្រមទាំង​ទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំង​សមណព្រាហ្មណ៍ ទាំង​មនុស្ស​ជា​សម្មតិទេព និង​មនុស្សដ៏សេស តថាគត មិនឃើញ​អ្នកណាមួយ ល្មមឲ្យ​តថាគត​សំពះ ឬ​ក្រោកទទួល ឬអញ្ជើញ​ហៅរក​ឲ្យអង្គុយ​លើអាសនៈ​ឡើយ ម្នាលព្រាហ្មណ៍ ព្រោះថា បើ​តថាគត​សំពះអ្នកណា ឬក្រោក​ទទួល​អ្នកណា ឬក៏​អញ្ជើញ​ហៅរក​ដោយ​អាសនៈ ក្បាលរបស់​អ្នកនោះ នឹង​ដាច់​ធ្លាក់ចេញចាក​ក។ វេរញ្ជព្រាហ្មណ៍ ក៏ពោល​ពាក្យ​ច្រឡោះបោះ ទៅរក​ព្រះសាស្ដា​ថា ព្រះគោតម​ដ៏ចំរើន ជា​មនុស្ស​សោះកក្រោះ ឥត​រសជាតិ​ទេតើ។ ព្រះដ៏មានព្រះភាគ​ ត្រាស់​តបថា ម្នាល​ព្រាហ្មណ៍ ពិតមែន មាន​ហេតុ​ជាទំនង​គួរឲ្យ​អ្នកផង​គេថា​ ព្រះសមណ​គោតម ជាមនុស្ស​សោះ​កក្រោះ ឥតរសជាតិ ដែល​គេថា​នោះ ត្រូវហើយ ម្នាល​ព្រាហ្មណ៍ ពីព្រោះ​រសជាតិ គឺ រូប សំឡេង ក្លិន រស ផោដ្ឋព្វ ទាំងប៉ុន្មាន​នោះ តថាគត​បានលះស្រឡះ​ហើយ បាន​ផ្ដាច់ផ្ដិល​ឫស​គល់​អស់​ហើយ បាន​ធ្វើមិនឲ្យមាន​ទីកើត ដូចជា​ដើមត្នោត ដែល​គេគាស់​រំលើង ឲ្យលែងដុះ​តទៅ​ទៀត​ហើយ ជាធម៌​លែងមាន​បែបភាព​តទៅទៀត​ហើយ ជាធម៌​លែងមាន​​កំណើត​តទៅ​មុខ​ទៀត​ហើយ ម្នាល​ព្រាហ្មណ៍ ដែលអ្នក​ផង​គេថា ព្រះសមណ​គោតម ជាមនុស្ស​សោះ​កក្រោះ ឥតមាន​រសជាតិ​នោះ គឺ​ត្រូវត្រង់​ហេតុនេះ​ឯង ប៉ុន្តែ​មិនមែន​ត្រូវត្រង់​ហេតុដែល​ព្រាហ្មណ៍​ឯង និយាយ​ដៅនោះទេ។ ព្រាហ្មណ៍​ពោលថា​ ព្រះគោតម​ដ៏ចំរើន គ្មានគ្រឿង​ប្រើ​ការ​ទេតើ។ ព្រះសម្មាសម្ពុទ្ធ​ទ្រង់ត្រាស់​តបថា ម្នាល​ព្រាហ្មណ៍ ពិតមែន មានហេតុ​ជាទំនង​គួរឲ្យ​អ្នកផង​គេថា ព្រះសមណ​គោតម ជាមនុស្ស​ប្រើការ​មិនកើត ដែលគេថា​នោះ ត្រូវហើយ ម្នាល​ព្រាហ្មណ៍ ពីព្រោះ​គ្រឿង​ប្រើការ គឺរូប សំឡេង ក្លិន រស ផោដ្ឋព្វ ទាំង​ប៉ុន្មាននោះ តថាគត បានលះស្រឡះហើយ បាន​ផ្ដាច់ផ្ដិលឫសគល់អស់​ហើយ បានធ្វើមិនឲ្យមាន​ទី​កើត ដូចជា​ដើមត្នោត​ដែលគេ​គាស់​រំលើង ឲ្យលែងដុះ​តទៅទៀត​ហើយ ជាធម៌​លែង​មាន​បែប​ភាព​តទៅទៀត​ហើយ ជាធម៌​មិនមាន​កំណើត​តទៅខាង​មុខ​ទៀតទេ ម្នាល​ព្រាហ្មណ៍ ដែល​អ្នកផង​គេថា ព្រះសមណ​គោតម ជា​មនុស្ស​ប្រើការ​មិនកើត​នោះ គឺ​ជាសំដីត្រូវ​ត្រង់​ហេតុ​នេះឯង ប៉ុន្តែ​មិនមែន​ត្រូវត្រង់​ហេតុ ដែលអ្នកនិយាយ​សំដៅនោះ​ទេ។ ព្រាហ្មណ៍​ពោល​ថា​ ព្រះ​គោតម​ដ៏ចំរើន ជា​អកិរិយវាទ​ទេតើ។ ព្រះសាស្ដាទ្រង់​ត្រាស់តបថា ម្នាល​ព្រាហ្មណ៍ ពិតមែន ​មានហេតុ​ជា​ទំនង​គួរឲ្យអ្នក​​ផងគេថា ព្រះសមណ​គោតម ជាអកិរិយវាទ ដែល​គេថានោះ​ ត្រូវហើយ ម្នាល​ព្រាហ្មណ៍ ​ពីព្រោះ​តថាគត​ ប្រកាន់​និយាយ​ហាមឃាត់​ថា មិន​ត្រូវ​អ្នកណា​​មួយ ធ្វើកាយទុច្ចរិត​ វចីទុច្ចរិត មនោទុច្ចរិត​ឡើយ តែង​និយាយ​ហាមឃាត់​ថា មិនត្រូវ​អ្នកណាមួយ​ ​ធ្វើនូវធម៌​ទាំងឡាយ ជា​អកុសល​អាក្រក់​ច្រើនប្រការ​នោះ​ឡើយ ម្នាល​ព្រាហ្មណ៍ ​ដែលអ្នកផង​​គេថា ​​ព្រះសមណ​គោតម ​ជាអកិរិយវាទ​នោះ គឺ​ជាសំដី​ត្រូវ​ត្រង់​ហេតុ​​នេះឯង ​ប៉ុន្តែមិន​មែនត្រូវត្រង់​ហេតុ​ដែលអ្នក​និយាយ​សំដៅ​នោះទេ។

ព្រាហ្មណ៍​ពោលថា ​ព្រះគោតម​ដ៏ចំរើន ​ជាឧច្ឆេទវាទទេតើ។ ព្រះសាស្ដា​ទ្រង់​ត្រាស់​តបថា​ ​ម្នាល​ព្រាហ្មណ៍ ពិតមែន មានហេតុ​ជាទំនង​​គួរឲ្យ​អ្នកផង​គេថា​​​ ព្រះសមណ​គោតម ជាឧច្ឆេទវាទ ដែលគេ​ថា​នោះ ត្រូវហើយ ​​ម្នាល​ព្រាហ្មណ៍​ ពីព្រោះ​តថាគត​​ប្រកាន់​និយាយ​ថា​ ឲ្យសត្វ​កាត់ផ្ដាច់ផ្ដិលនូវរាគៈ ទោសៈ មោហៈ តថាគត តែងនិយាយថា ឲ្យ​សត្វ​កាត់ផ្ដាច់ផ្ដិលនូវ​ធម៌ទាំងឡាយ ជា​អកុសល​អាក្រក់​ច្រើនយ៉ាង​នេះចេញ ម្នាល​ព្រាហ្មណ៍ ​ដែលអ្នកផង​គេថា ​ព្រះ​សមណ​គោតម ជា​ឧច្ឆេទវាទ​នោះ គឺត្រូវ​ត្រង់ហេតុ​នេះ​ឯង ​ប៉ុន្តែ​មិនមែន​ត្រូវត្រង់​ហេតុដែល​អ្នក​និយាយសំ​ដៅនោះទេ​។ ​ព្រាហ្មណ៍​ពោលថា​ ​ព្រះ​គោតម​ដ៏ចំរើន ​ជាអ្នក​ខ្ពើមរអើម (ណាស់) ទេតើ។ ព្រះសម្ពុទ្ធទ្រង់​ត្រាស់ថា ម្នាល​ព្រាហ្មណ៍ ពិតមែន ​មានហេតុ​ជា​ទំនង​គួរ​ឲ្យអ្នក​ផង​គេថា ​ព្រះសមណ​គោតម ជាអ្នក​ខ្ពើមរអើម​ ដែល​គេ​ថា​នោះ ត្រូវហើយ ម្នាល​ព្រាហ្មណ៍ ​ពីព្រោះ​តថាគត​​តែងនិយាយ​ថា គួរខ្ពើម​រអើម​សេចក្ដី​ប្រព្រឹត្តិអាក្រក់​ដោយ​កាយ ​វាចា ​ចិត្ត​ តថាគត​តែងនិយាយ​ថា គួរខ្ពើមរអើម​សេចក្ដី​ប្រកប​ចិត្ត ផ្ដេកផ្ដិតទៅរក​អកុសល​ធម៌​ទាំងឡាយដ៏​អាក្រក់​ច្រើន​ប្រការ ​ម្នាល​ព្រាហណ៍ ដែល​អ្នកផង​គេថា​ ព្រះសមណ​គោតម ជាអ្នក​ខ្ពើមរអើម​នោះ គឺត្រូវ​ត្រង់ហេតុ​នេះឯង ប៉ុន្តែ​មិនមែន​ត្រូវត្រង់​ហេតុដែលអ្នក​និយាយ​សំដៅ​នោះទេ​។ ព្រាហ្មណ៍​ពោលថា ​​ព្រះគោតម​ដ៏ចំរើន ជាអ្នក​បំផ្លាញ​ទេតើ។ ​ព្រះលោកនាថ​ជាម្ចាស់ ទ្រង់ត្រាស់ថា ម្នាល​ព្រាហ្មណ៍ ពិតមែន មានហេតុជាទំនង ​គួរឲ្យ​អ្នកផងគេ​ថា​​​ ព្រះសមណ​គោតម ជាអ្នក​បំផ្លាញ ដែលគេថានោះ​ត្រូវហើយ ម្នាល​ព្រាហ្មណ៍ ពីព្រោះ​តថាគត​សំដែងធម៌​ចំពោះ​ផ្លូវ​ប្រតិបត្តិ​ ដែលបំផ្លាញ​បង់នូវរាគៈ ​ទោសៈ មោហៈ​ តថាគត​សំដែងធម៌​ចំពោះផ្លូវ​ប្រតិបត្តិ ដែល​រំលាយ​បង់នូវ​អកុសលធម៌​ទាំងឡាយ​ដ៏អាក្រក់​ច្រើនប្រការ ម្នាល​ព្រាហ្មណ៍ ដែល​អ្នកផង​គេថា ​ព្រះសមណ​គោតម ​ជាអ្នក​បំផ្លាញនោះ គឺត្រូវ​ត្រង់​ហេតុនេះឯង ប៉ុន្តែ​មិន​មែន​ត្រូវត្រង់​ហេតុដែល​អ្នកនិយាយ​សំដៅ​នោះទេ។ ព្រាហ្មណ៍​ពោលថា ព្រះគោតម​ដ៏ចំរើន ជាអ្នក​ដុតកំដៅ​ទេតើ។ ព្រះសព្វញ្ញូ​ទ្រង់ត្រាស់ថា ម្នាល​ព្រាហ្មណ៍ ពិតមែន មាន​ហេតុ​ជាទំនង គួរឲ្យ​អ្នកផង​គេថា​​ ព្រះសមណ​គោតម ជាអ្នកដុត​កំដៅ ដែល​គេថានោះ ត្រូវ​ហើយ ម្នាល​ព្រាហ្មណ៍ ពីព្រោះ​តថាគត​ប្រកាន់​និយាយ​ថា ការប្រព្រឹត្តិអាក្រក់​ដោយ​កាយ វាចា ចិត្ត ជាទីតាំង​នៃសេចក្ដី​ក្ដៅក្រហាយ ជា​អកុសល​ធម៌​ដ៏អាក្រក់ អកុសល​ធម៌​ទាំង​ឡាយ​ដ៏អាក្រក់ ដែល​ជាទីតាំង​នៃសេចក្ដី​ក្ដៅក្រហាយ (នោះ) បើអ្នក​ណា​បាន​លះបង់​ស្រឡះ​ហើយ បានផ្ដាច់ផ្ដិលឫស​គល់អស់​ហើយ បានធ្វើ​មិនឲ្យ​មាន​ទីកើត​ដូចជា​ដើម​ត្នោត ដែល​គេគាស់​រំលើង ឲ្យ​លែងដុះ​តទៅទៀត​ហើយ បានធ្វើ​ឲ្យ​លែង​មាន​បែប​ភាព​តទៅទៀត​ហើយ ឲ្យជាធម៌​លែងមាន​កំណើត​តទៅខាង​មុខ​ទៀត​ហើយ តថាគត​ហៅអ្នកនោះ​ថា អ្នកដុត​កំដៅ ម្នាល​ព្រាហ្មណ៍ អកុសលធម៌​ទាំងឡាយ​ដ៏អាក្រក់ ជា​ទីតាំង​នៃសេចក្ដី​ក្ដៅក្រហាយ តថាគត​បានលះបង់​ស្រឡះ​ហើយ បាន​ផ្ដាច់ផ្ដិល​ឫស​គល់អស់​ហើយ បានធ្វើ​មិនឲ្យ​មានទីកើត ដូចជា​ដើមត្នោត ដែល​គេគាស់​រំលើង ឲ្យ​លែង​ដុះ​តទៅ​ទៀត​ហើយ បានធ្វើឲ្យ​លែងមាន​បែបភាព​តទៅទៀត​ហើយ ឲ្យ​ជាធម៌​លែងមាន​កំណើត​តទៅខាង​មុខទៀតហើយ ម្នាល​ព្រាហ្មណ៍​ ​ដែល​អ្នកផង​គេថា ព្រះ​សមណ​គោតម ជាអ្នក​ដុតកំដៅ​នោះ គឺត្រូវត្រង់​ហេតុនេះឯង ប៉ុន្តែ​មិនមែន​ត្រូវត្រង់​ហេតុ ដែល​អ្នក​និយាយ​សំដៅ​នោះទេ។ ព្រាហ្មណ៍​ពោលថា ព្រះ​គោតម​ដ៏ចំរើន ជា​មនុស្សឥត​​កំណើត​ទេតើ។ ព្រះដ៏មានជោគ​ទ្រង់ត្រាស់​ថា ម្នាល​ព្រាហ្មណ៍ ពិតមែន មាន​ហេតុ​ជា​ទំនងគួរ​ឲ្យអ្នកផង​គេថា​​ ព្រះសមណ​គោតម ជា​មនុស្ស​ឥត​កំណើត ដែល​គេថា​នោះ ត្រូវ​ហើយ ម្នាល​ព្រាហ្មណ៍ ពីព្រោះ​កិរិយាដេក​ក្នុងគភ៌តទៅទៀត​ ដំណើរ​​កើត​ក្នុង​ភពត​ទៅ​ទៀត បើអ្នកណា​បានលះ​បង់ស្រឡះ​ហើយ បានផ្ដាច់​ផ្ដិលឫស​គល់អស់​ហើយ បាន​ធ្វើ​មិនឲ្យ​មាន​ទីកើត ដូចដើមត្នោត​ដែល​គេគាស់​រំលើង​ឲ្យលែងដុះ​តទៅទៀត​ហើយ ​ធ្វើឲ្យ​លែង​មាន​បែបភាព​តទៅទៀត​ហើយ ឲ្យជាធម៌​លែងមាន​កំណើត​តទៅទៀត​ហើយ តថាគតហៅ​អ្នកនោះ​ថា អ្នក​ឥតកំណើត ម្នាល​ព្រាហ្មណ៍ កិរិយាដេក​ក្នុងគភ៌​តទៅទៀត ដំណើរ​កើត​ក្នុងភព​តទៅមុខទៀត តថាគត​បាន​លះបង់ស្រឡះ​ហើយ បានផ្ដាច់ផ្ដិល​ឫស​គល់​អស់ហើយ បានធ្វើ​មិនឲ្យ​មានទីកើត​ ដូចជាដើមត្នោត​ដែលគេ​គាស់​រំលើង ឲ្យ​លែង​ដុះតទៅ​ទៀតហើយ បានធ្វើ​ឲ្យលែង​មានបែប​ភាព​តទៅទៀត​ហើយ ឲ្យជាធម៌​លែងមាន​កំណើត​ទៅខាង​មុខ​ទៀតហើយ ម្នាល​ព្រាហ្មណ៍ ដែលអ្នក​ផងគេថា ព្រះ​សមណគោតម ជា​មនុស្ស​ឥតកំណើត​នោះ គឺត្រូវត្រង់​ហេតុ​នេះឯង ប៉ុន្តែ​មិនមែន​ត្រូវត្រង់​ហេតុ ដែល​អ្នក​និយាយ​សំដៅ​នោះទេ។ ម្នាល​ព្រាហ្មណ៍ ដូចជា​ស៊ុត​មាន់​ទាំងឡាយ ៨ក្ដី ១០ក្ដី ១២ក្ដី ស៊ុត​មាន់ទាំងនោះ គឺ​មេមាន់​ក្រាប​ដោយប្រពៃហើយ ធ្វើឲ្យ​កក់ក្ដៅ ដោយប្រពៃហើយ ឲ្យ​ចាប់​ក្លិនមេ ដោយប្រពៃហើយ (លុះដល់​វេលា​ញាស់) ក៏បណ្ដាកូនមាន់​ទាំងនោះ កូនមាន់​ណា ទំលាយ​សម្បកស៊ុត ដោយចុង​ក្រចកជើង ឬ​ដោយចុង​ចំពុះ ហើយ​ញាស់ចេញមក​ដោយស្រួល​មុនគេ​បំផុត បើដូច្នេះ តើអ្នកផង​គួរហៅកូន​មាន់នោះថា កូនច្បង ឬ​កូន​ពៅហៈ!។ ព្រាហ្មណ៍​ក្រាបទូលថា បពិត្រ​ព្រះគោតម​ដ៏ចំរើន (កូនមាន់នោះ) គេគួរ​ហៅថា កូន​ច្បង បពិត្រ​ព្រះគោតម​ដ៏ចំរើន ពីព្រោះ​វាជា​បងគេ​បំផុត។ ព្រះសាស្ដា​ទ្រង់ត្រាស់​ថា ម្នាល​ព្រាហ្មណ៍ កាលបើ​ពពួកសត្វ ដូចជាស៊ុត (មាន់) មាន​អវិជ្ជា គឺសេចក្ដី​ល្ងង់ ដូចជា​សម្បកស៊ុត កំពុង​រួបរឹត ក្នុងលោក​មានតែ​តថាគត​ម្នាក់ឯង ដែល​ទំលាយ​សម្បក​ស៊ុត គឺ​សេចក្ដី​ល្ងង់ ហើយត្រាស់ដឹង​ខ្លួនឯង ដោយប្រពៃ នូវ​សម្មាសម្ពោធិញ្ញាណ ដែល​មិនមាន​គុណជាត​ឯទៀត​ប្រសើរជាង​ឡើយ ម្នាលព្រាហ្មណ៍ តថាគតឯង ជាចម្បង ជាបុគ្គល​ប្រសើរបំផុត​ជាងសត្វ​លោក ម្នាលព្រាហ្មណ៍ ព្យាយាម តថាគតបានតាំង​ផ្ដើមហើយ មិន​បន្ធូរ​បន្ថយ​ឡើយ ទាំងស្មារតី តថាគត​ក៏ប្រុង​មិនឲ្យមាន​ភ្លាត់ កាយសោត ក៏ស្ងប់​រម្ងាប់ មិនក្រវល់​ក្រវាយ ចិត្តក៏នឹងល្អ ជាចិត្ត​មានអារម្មណ៍​តែមួយ ម្នាល​ព្រាហ្មណ៍ តថាគត​នោះ លុះស្ងាត់​ចាកកាម​ទាំងឡាយ ស្ងាត់ចាកធម៌​ទាំងឡាយ​ជា​អកុសលហើយ ក៏ចូលបឋមជ្ឈាន ដែល​ប្រកបដោយ​វិតក្កវិចារៈ មានបីតិ និង​សុខ ដែលកើត​អំពើ​សេចក្ដី​ស្ងប់ស្ងាត់ ព្រោះ​រម្ងាប់វិតក្កវិចារៈ តថាគត បានចូល​ដល់​ទុតិយជ្ឈាន ជាធម្មជាត​កើតមាន​ក្នុង​​សន្ដាន ចិត្ត​ប្រកបដោយ​សេចក្ដី​ជ្រះថ្លា មាន​សភាព​ជាចិត្ត​ខ្ពស់ឯក មិនមាន​វិតក្កៈ មិនមាន​វិចារៈ មានតែបីតិ និង​សុខ កើតអំពី​សមាធិ ព្រោះ​លះបង់​បីតិ​ចេញ​ហើយ តថាគត ជាបុគ្គល​ព្រងើយផង មានសតិ សម្បជញ្ញៈផង សោយសុខ​ដោយនាមកាយ​ផង ព្រះ​អរិយ​ទាំងឡាយ តែងសរសើរ​នូវបុគ្គល ដែល​បាននូវ​តតិយជ្ឈាន​នោះថា បុគ្គល​អ្នកបាន​តតិយជ្ឈាន មានចិត្ត​ព្រងើយ មានស្មារតី មានប្រក្រតី​នៅជាសុខ ព្រោះ​តតិយជ្ឈាន​ណា តថាគត ក៏បានដល់​នូវ​តតិយជ្ឈាន​នោះ ព្រោះលះបង់​នូវសេចក្ដី​សុខ​ផង ព្រោះលះបង់​នូវសេចក្ដី​ទុក្ខផង ព្រោះ​រំលត់​នូវសោមនស្ស និង​ទោមនស្ស​អំពីមុន​ផង តថាគត​បានចូល​ដល់​ចតុត្ថជ្ឈាន ដែល​ឥតទុក្ខ ឥតសុខ មាន​សតិ​ដ៏ស្អាត ប្រាកដ​ចំពោះ​ត្រង់​ឧបេក្ខា កាលដែលចិត្ត​ខ្ជាប់ខ្ជួន បរិសុទ្ធ​ផូរផង់ មិនមាន​កិលេស ប្រាសចាក​សេចក្ដី​សៅហ្មង ជាចិត្តទន់ សមគួរ​ដល់កម្ម ជាចិត្ត​នឹងធឹង​ មិនញាប់ញ័រ​យ៉ាងនេះហើយ តថាគត ក៏បានបង្អោន​ចិត្តចូលទៅ​ក្នុងបុព្វេនិវាសានុស្សតិញ្ញាណ តថាគត ក៏រលឹក​ជាតិ ដែលបាន​អាស្រ័យ​នៅអំពីមុន ជាអនេកជាតិ គឺ​រលឹកបាន ១ជាតិ ​​២ជាតិ ៣ជាតិ ៤ជាតិ ៥ជាតិ ១០ជាតិ ២០ជាតិ ៣០ជាតិ ៤០ជាតិ ៥០ជាតិ ១០០ជាតិ ១ពាន់ជាតិ ១សែនជាតិ​ក៏បាន រលឹក​បានច្រើន​សំវដ្ដកប្ប ច្រើន​វិវដ្ដកប្ប ច្រើន​សំវដ្ដវិវដ្ដកប្ប​ក៏បាន ដូច្នេះ​ថា​ តថាគត​បានកើត​ក្នុងភព​ឯណោះ មានឈ្មោះ​យ៉ាងនេះ មានគោត្ត​យ៉ាងនេះ មាន​សម្បុរ​យ៉ាងនេះ មានអាហារ​យ៉ាងនេះ សោយសុខ​ទុក្ខយ៉ាងនេះ មានកំណត់​អាយុ​ប៉ុណ្ណេះ តថាគត​ច្យុតចាកអត្តភាព​នោះហើយ បានទៅកើត​ក្នុងភពឯណោះ ដែល​ទៅកើតក្នុង​ភពនោះ តថាគត មានឈ្មោះ​យ៉ាងនេះ មានគោត្ត​យ៉ាងនេះ មានសម្បុរ​យ៉ាងនេះ មាន​អាហារយ៉ាងនេះ បានសោយសុខ ទុក្ខយ៉ាងនេះ មានកំណត់អាយុ​ប៉ុណ្ណេះ តថាគត​ច្យុតចាក​អត្តភាព​នោះហើយ មកកើត​ក្នុងភពនេះ។ តថាគតរលឹក​តាមនូវជាតិ ដែល​អាស្រ័យ​នៅពីមុន​បានច្រើន​ជាតិ ព្រម​ទាំងអាការ ព្រមទាំង​ឧទ្ទេស​យ៉ាងនេះ។ ម្នាល​ព្រាហ្មណ៍ បឋមវិជ្ជា​នេះហើយ ដែល​តថាគត បានក្នុង​យាមជាដំបូង​នៃរាត្រី អវិជ្ជា​ខ្ចាត់បាត់​ទៅ វិជ្ជា​ក៏កើតឡើង ងងឹត​ខ្ចាត់បាត់ទៅ ពន្លឺក៏​កើតឡើង ដល់​តថាគត​ ដូចជា​បុគ្គល​ដែលមិន​ប្រហែសធ្វេស ខំប្រឹងដុត​បំផ្លាញ​កិលេស មានចិត្ត​បញ្ជូនទៅ។ ម្នាល​ព្រាហ្មណ៍ នេះឯង​ជាការ​ញាស់​ចេញជាដំបូង របស់តថាគត ដូចជា​កូនមាន់​ញាស់ចេញ​ចាកសម្បក​ស៊ុត។ កាលដែលចិត្ត​ខ្ជាប់ខ្ជួន បរិសុទ្ធ ផូរផង់ មិនមាន​កិលេស ប្រាសចាក​សេចក្ដី​សៅហ្មង ជាចិត្តទន់​ សមគួរ​ដល់កម្ម ជាចិត្ត​នឹងធឹង មិនញាប់ញ័រ​យ៉ាងនេះ​ហើយ តថាគត ទើបបង្អោនចិត្ត ដើម្បី​ដឹងនូវ​ចុតិ និង​បដិសន្ធិ​នៃសត្វ​ទាំងឡាយ (ចុតូបបាតញ្ញាណ)។ តថាគត​ពិចារណា​មើលនូវសត្វ​ទាំងឡាយ ដែល​ច្យុត និង​ចាប់​បដិសន្ធិ ថោកទាប និងឧត្ដម មានសណ្ឋានល្អ និងអាក្រក់ ទៅកាន់​សុគតិ និង​ទុគ្គតិ ដោយ​ចក្ខុ​ដូចជា​ទិព្វ ដ៏បរិសុទ្ធ ក្រៃលែង​ជាងចក្ខុ​របស់​មនុស្ស​សាមញ្ញ ក៏ដឹងច្បាស់​នូវសត្វ​ទាំងឡាយ ដែលអន្ទោល​ទៅតាមកម្ម​ថា អើហ្ន៎! សត្វទាំងឡាយ​អម្បាល​នេះ ប្រកប​ដោយ​កិរិយា​ប្រព្រឹត្ត​អាក្រក់​ដោយកាយ ដោយវាចា ដោយចិត្ត និយាយ​តិះដៀល​អរិយបុគ្គល​ទាំងឡាយ ជាមិច្ឆាទិដ្ឋិ ប្រកាន់មាំ​នូវកម្ម ជា​មិច្ឆាទិដ្ឋិ សត្វ​ទាំងនោះ លុះ​រំលាង​ខន្ធ បន្ទាប់​អំពី​មរណៈ ក៏ទៅកើត​ឯអបាយ ទុគ្គតិ វិនិបាត នរក មួយសោត ឱហ្ន៎‌! សត្វទាំងឡាយ​នេះ ប្រកប​ដោយកិរិយា​ប្រព្រឹត្តល្អ ដោយកាយ ដោយវាចា ដោយចិត្ត មិនតិះ​ដៀល​អរិយបុគ្គល​ទាំងឡាយ ជាសម្មាទិដ្ឋិ ប្រកាន់មាំ​នូវកម្មជា​សម្មាទិដ្ឋិ សត្វទាំងនោះ លុះ​រំលាង​ខន្ធ បន្ទាប់​អំពីមរណៈ ក៏ទៅកើត​ឯឋាន​សុគតិ សួគ៌ ទេវលោក។ តថាគត​ពិចារណា​មើលសត្វ​ទាំងឡាយ ដែលច្យុត និងចាប់​បដិសន្ធិ ថោកទាប និង​ឧត្ដម មាន​សណ្ឋានល្អ និង​អាក្រក់ ទៅកាន់សុគតិ និងទុគ្គតិ ដោយ​ចក្ខុដូចជា​ទិព្វ ដ៏បរិសុទ្ធ​ក្រៃលែង​ជាង​ចក្ខុរបស់​មនុស្ស​សាមញ្ញ ក៏ដឹងច្បាស់​នូវ​សត្វទាំងឡាយ ដែល​អន្ទោលទៅ​តាមកម្ម ដោយ​ប្រការ​ដូច្នេះ។ ម្នាល​ព្រាហ្មណ៍ វិជ្ជាទី២ នេះហើយ ដែលតថាគត​បានក្នុង​យាម​ជា​កណ្ដាល​នៃរាត្រី អវិជ្ជាខ្ចាត់​បាត់ទៅ វិជ្ជា ក៏កើតឡើង ងងឹត​ខ្ចាត់បាត់ទៅ ពន្លឺ​ក៏កើតឡើង ដល់តថាគត ដូចជាបុគ្គល​មិនប្រហែស​ធ្វេស ខំប្រឹងដុត​បំផ្លាញកិលេស មានចិត្ត​បញ្ជូន​ទៅ។ ម្នាល​ព្រាហ្មណ៍ នេះឯង​ជាការ​ញាស់ចេញ ជាគំរប់ ២ របស់តថាគត ដូចជា​កូនមាន់ ដែលញាស់ចេញ​ចាកសម្បកស៊ុត។ កាលដែលចិត្ត​ខ្ជាប់ខ្ជួន បរិសុទ្ធ ផូរផង់ មិនមាន​កិលេស ប្រាសចាក​សេចក្ដី​សៅហ្មង ជាចិត្តទន់ សមគួរ​ដល់កម្ម ជាចិត្តនឹងធឹង មិន​ញាប់ញ័រ យ៉ាងនេះហើយ តថាគត ទើប​បង្អោនចិត្ត​ទៅ ដើម្បីដឹង​នូវធម៌​ជាគ្រឿង​អស់ទៅ​នៃ​អាសវៈ​ទាំងឡាយ (​អាសវក្ខយញ្ញាណ)។ តថាគត​ដឹងប្រាកដ​តាមពិតថា នេះ​ជា​ទុក្ខ ដឹងប្រាកដ​តាមពិតថា នេះជា​ហេតុនាំឲ្យ​កើតទុក្ខ ដឹង​ប្រាកដ​តាម​ពិតថា នេះ​ជា​សេចក្ដី​រំលត់ទុក្ខ ដឹង​ប្រាកដតាម​ពិតថា នេះ​ជា​ឧបាយឲ្យ​បានដល់​នូវ​សេចក្ដី​រលត់ទុក្ខ ដឹង​ប្រាកដតាម​ពិតថា ធម៌​ប៉ុណ្ណេះ​ជាអាសវៈ ​ដឹង​ប្រាកដ​តាមពិតថា ធម៌នេះ​ជាហេតុ​នាំឲ្យកើត​អាសវៈ ដឹង​ប្រាកដ​តាម​ពិតថា នេះ​ជាសេចក្ដី​រលត់​នៃអាសវៈ ដឹង​ប្រាកដ​តាម​ពិតថា នេះជា​ឧបាយ​ឲ្យបាន​ដល់នូវ​សេចក្ដី​រលត់​នៃអាសវៈ កាល​ដែល​តថាគត​ដឹង​យ៉ាង​នេះ ឃើញ​យ៉ាងនេះ ចិត្ត​នៃ​តថាគត​ក៏ផុត​ចាក​គ្រឿង​ត្រាំង គឺ​កាមផង គឺ​ភពផង គឺ​អវិជ្ជា​ផង កាល​បើចិត្ត​នៃ​តថាគត បាន​រួចផុត​ស្រឡះ​ហើយ សេចក្ដី​ដឹងថា​ចិត្តផុត​ស្រឡះ ក៏កើត​ប្រាកដ​ឡើង តថាគត ដឹងច្បាស់​ថា កំណើត​របស់អញ​អស់ហើយ ព្រហ្មចរិយធម៌ អញ​បាន​ប្រព្រឹត្ត​គ្រប់គ្រាន់​ហើយ សោឡសកិច្ច អញក៏បានធ្វើស្រេច​ហើយ មគ្គភាវនាកិច្ច​ដទៃ ប្រព្រឹត្ត​ទៅ​ដើម្បី​សោឡកិច្ចនេះទៀត​មិនមាន​ឡើយ។ ម្នាល​ព្រាហ្មណ៍ វិជ្ជា​ទី៣ នេះ​ហើយ ដែល​តថាគត​បានក្នុង​យាមជា​បំផុត​នៃរាត្រី អវិជ្ជា​ខ្ចាត់​បាត់ទៅ វិជ្ជា​ក៏កើត​ឡើង ងងឹត​ខ្ចាត់បាត់​ទៅ ពន្លឺ​ក៏កើតឡើង ដល់​តថាគត​ ដូចជា​បុគ្គល​មិន​ប្រហែស​ធ្វេស ខំប្រឹង​ដុត​បំផ្លាញ​កិលេស មាន​ចិត្តបញ្ជូន​ទៅ។ ម្នាល​ព្រាហ្មណ៍ នេះឯង​ជាការ​ញាស់​ជា​គំរប់ ៣ របស់​តថាគត ដូចគ្នា​នឹងការ​ញាស់ចេញ​របស់កូន​មាន់អំពី​សម្បកស៊ុត។ កាលបើ​ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់យ៉ាង​នេះហើយ វេរញ្ជព្រាហ្មណ៍ បាន​ក្រាបទូល​ព្រះ​ដ៏មាន​ព្រះភាគ​វិញថា ព្រះគោតម​ដ៏ចំរើន ព្រះអង្គ​ជាចម្បង​ជាងមនុស្ស ព្រះគោតម​ដ៏ចំរើន ព្រះអង្គ​ប្រសើរ​បំផុត​ជាងមនុស្ស បពិត្រ​ព្រះគោតម​ដ៏ចំរើន ច្បាស់ពេក​ណាស់ បពិត្រ​ព្រះគោតម​ដ៏ចំរើន ច្បាស់ពេក​ណាស់ បពិត្រ​ព្រះគោតម​ដ៏ចំរើន ធម៌​ដែល​ព្រះគោតម​ដ៏ចំរើន​សំដែង​ហើយ ដោយ​អនេកបរិយាយ​យ៉ាងនេះ (ភ្លឺច្បាស់ណាស់) គួរនា​ដូចជា​មនុស្ស​ចាប់របស់​ដែល​គេផ្កាប់ចុះ ឲ្យផ្ងារឡើង ពុំនោះ ដូចមនុស្ស​បើក​បង្ហាញ​របស់​ដែល​គេលាក់​បិទបាំង ពុំនោះសោត ដូចជា​មនុស្ស​ប្រាប់ផ្លូវ​ដល់​អ្នក​វង្វេង​ទិស ឬក៏ដូចជា​មនុស្ស​កាន់ប្រទីប​ទ្រោល​បំភ្លឺក្នុង​ទីងងឹត ដោយគិតថា​ មនុស្ស​អ្នកមាន​ភ្នែក នឹង​ឃើញនូវ​រូប​ទាំងឡាយ​បាន ខ្ញុំព្រះអង្គនុ៎ះ សូមដល់នូវ​ព្រះគោតម​ដ៏ចំរើនផង ព្រះ​ធម៌ផង ព្រះភិក្ខុ​សង្ឃផង ជាទីពឹង​ទីរលឹក ចាប់ដើមតាំង​ពីថ្ងៃនេះ​ទៅ សូម​ព្រះ​គោតម​ដ៏ចំរើន ជ្រាបនូវ​ខ្ញុំព្រះអង្គ ថាជា​ឧបាសក អ្នកដល់​សរណៈ​ស្មើដោយ​ជីវិត។

សីហសូត្រ ទី២

(២. សីហសុត្តំ)

[១២] សម័យមួយ ព្រះដ៏មានព្រះភាគ កាលគង់​ក្នុង​កូដាគារសាលា នា​មហាវន ជិត​ក្រុង​វេសាលី។ សម័យនោះឯង ពួក​លិច្ឆវី​ជន​ច្រើននាក់ ដែល​មាន​កេរ្តិឈ្មោះ ល្បីល្បាញ អង្គុយ​ប្រជុំគា្ន​ក្នុង​សណ្ឋាគារសាលា ពោល​សរសើរ​គុណ​ព្រះពុទ្ធ សរសើរ​គុណ​ព្រះធម៌ សរសើរ​គុណ​ព្រះសង្ឃ ដោយ​អនេក​បរិយាយ។ ជួន​សម័យ​នោះឯង សីហសេនាបតី ជាសាវក​របស់​និគន្ថនាដបុត្រ អង្គុយ​ក្នុង​បរិសទ្យ​នោះដែរ។ គ្រានោះ សីហសេនាបតី មាន​សេចក្ដី​ត្រិះរិះ​ដូច្នេះ​ថា ព្រះដ៏មានព្រះភាគ​អង្គនោះ ជាក់ជា​អរហន្ត សម្មាសម្ពុទ្ធ​ប្រាកដ បានជា​ពួកលិច្ឆវិជន​ច្រើននាក់ ដែលមាន​កេរ្តិឈ្មោះ​ល្បីល្បាញ​ទាំង​នោះ អង្គុយ​ប្រជុំគា្នក្នុង​សណ្ឋាគារសាលា ពោល​សរសើរ​គុណព្រះពុទ្ធ សរសើរ​គុណ​ព្រះធម៌ សរសើរ​គុណ​ព្រះសង្ឃ ដោយ​អនេកបរិយាយ បើដូច្នោះ គួរតែអញ​ចូល​ទៅ​ដើម្បី​ជួបនឹង​ព្រះដ៏មានព្រះភាគ ជា​ព្រះអរហន្ត​សម្មាសម្ពុទ្ធ​អង្គនោះ។ លំដាប់​នោះ សីហសេនាបតី ចូលទៅឯលំនៅ​និគន្ថនាដបុត្រ លុះចូល​ទៅដល់​ហើយ បានស្នើសេចក្ដី​នេះ នឹង​និគន្ថនាដបុត្រ​ថា បពិត្រ​លោកដ៏ចំរើន ខ្ញុំចង់ចូលទៅ​ដើម្បីជួប​នឹង​ព្រះសមណ​គោតម។ និគន្ថនាដបុត្រ​តបថា ម្នាលសីហៈ អ្នកឯង ជាកិរិយវាទ នឹងចូល​ទៅជួប​ព្រះ​សមណគោតម ជាអកិរិយវាទដូចម្ដេចកើត ម្នាលសីហៈ ព្រោះថា សមណគោតម ជាអកិរិយវាទ តែងសំដែងធម៌ ដើម្បី​ឃាត់កិច្ចការថា​មិនត្រូវធ្វើ ទាំង​ទូន្មាន​ពួកសាវក ដោយ​ធម៌នោះ​ដែរ។ លំដាប់នោះ ការប្រុងប្រៀប​ដំណើរដើម្បីទៅ​ជួប​ព្រះដ៏មានព្រះភាគ របស់​សីហសេនាបតី ក៏ត្រឡប់​ជាអាក់ខាន​ទៅវិញ។ ពួកលិច្ឆវីជន​ច្រើននាក់ ដែលមាន​កេរ្តិ​ឈ្មោះ​ល្បីល្បាញ អង្គុយ​ប្រជុំគា្ន​ក្នុង​សណ្ឋាគារសាលា ពោលសរសើរ​គុណព្រះពុទ្ធ សរសើរ​គុណ​ព្រះធម៌ សរសើរ​គុណ​ព្រះសង្ឃ ដោយអនេកបរិយាយ ក្នុងលើក​ទី២ ទៀត។ សីហសេនាបតី មាន​សេចក្ដី​ត្រិះរិះ​ក្នុងលើក​ទី២ ទៀត​ដូច្នេះថា ព្រះដ៏មានព្រះភាគ​អង្គនោះ ជាក់ជា​ព្រះអរហន្ត​សម្មាសម្ពុទ្ធ​ប្រាកដ បានជា​ពួក​លិច្ឆវិជន ច្រើន​នាក់​ដែល​មាន​កេរ្តិឈ្មោះ​ល្បីល្បាញ​ទាំងនេះ អង្គុយ​ប្រជុំគា្ន​ក្នុង​សណ្ឋាគារ​សាលា ពោល​សរសើរ​គុណព្រះពុទ្ធ សរសើរ​គុណព្រះធម៌ សរសើ​គុណ​ព្រះសង្ឃ ដោយ​អនេកបរិយាយ បើដូច្នោះ គួរតែអញ​ចូលទៅ​ដើម្បីជួប​នឹងព្រះដ៏មាន​ព្រះភាគ ជា​ព្រះ​អរហន្ត​សម្មាសម្ពុទ្ធ​អង្គនោះ។ លំដាប់​នោះ សីហសេនាបតី ក៏ចូលទៅ​ឯលំនៅ​របស់​និគន្ថនាដ​បុត្រ លុះ​ចូលទៅ​ដល់ហើយ បានស្នើ​សេចក្ដី​នេះនឹង​និគន្ថនាដបុត្រ​ថា បពិត្រ​លោក​ដ៏ចំរើន ខ្ញុំចង់ចូល​ទៅ​ដើម្បីជួប​ព្រះសមណ​គោតម។ និគន្ថនាដបុត្រ​តបថា ម្នាល​សីហៈ ចំណែក​អ្នកឯង​ជាកិរិយវាទ នឹង​ចូលទៅ​ដើម្បី​ជួប​ព្រះសមណ​គោតម ជា​អកិរិយវាទ​ដូចម្ដេច​កើត ម្នាលសីហៈ ព្រោះថា សមណ​គោតម ជាអកិរិយវាទ តែង​សំដែងធម៌​ដើម្បី​ឃាត់ថា កិច្ចការ មិនត្រូវធ្វើ ទាំងទូន្មាន​ពួក​សាវក​ដោយធម៌​នោះដែរ។ ការ​​ប្រុងប្រៀប​ដំណើរ​ដើម្បី​ទៅជួប​ព្រះដ៏មានព្រះភាគ របស់​សីហសេនាបតី ក៏ត្រឡប់​ជា​អាក់ខានទៅវិញ ក្នុងលើក​ទី២ ទៀត។ ពួក​លិច្ឆវីជន​ច្រើន​នាក់ ដែល​មាន​កេរ្តិឈ្មោះ​ល្បីល្បាញ អង្គុយ​ប្រជុំគា្ន​ក្នុង​សណ្ឋាគារសាលា ពោល​សរសើរ​គុណ​ព្រះពុទ្ធ សរសើរ​គុណ​ព្រះធម៌ សរសើរ​គុណព្រះសង្ឃ ដោយ​អនេកបរិយាយ ក្នុង​លើកទី៣​ទៀត។ សីហសេនាបតី មាន​សេចក្តី​ត្រិះរិះ​ក្នុង​លើក​ទី៣ ដូច្នេះថា ព្រះដ៏​មានព្រះភាគ​អង្គនោះ ជាក់​ជា​ព្រះអរហន្តសម្មាសម្ពុទ្ធ​ប្រាកដ បាន​ជាពួក​លិច្ឆវិជន​ច្រើននាក់ ដែល​មាន​កេរ្តិឈ្មោះ​ល្បីល្បាញ​ទាំងនេះ អង្គុយ​ប្រជុំគា្ន​ក្នុង​សណ្ឋាគារ​សាលា ពោល​សរសើរ​គុណ​ព្រះពុទ្ធ សរសើរ​គុណព្រះធម៌ សរសើរគុណ​ព្រះសង្ឃ ដោយ​អនេកបរិយាយ ក៏​ឯ​និគ្រន្ថ​ទាំង​ឡាយនេះ ទោះបី​អញលាក្ដី មិន​លាក្ដី នឹងហ៊ាន​ធ្វើអ្វី បើដូច្នោះ អញ​មិន​បាច់​លា​និគន្ថនាដបុត្រទេ នឹងចូលទៅ​ដើម្បីជួប​ព្រះដ៏មានព្រះភាគ ជា​ព្រះអរហន្តសម្មាសម្ពុទ្ធ​នោះ​តែ​ម្ដង។ លំដាប់​នោះ សីហសេនាបតី​ចេញ​ទៅអំពីក្រុង​វេសាលី​ពេលជ្រេ​ពី​ត្រង់ ដោយ​រថ​ចំនួន​ប្រាំរយ ដើម្បី​ជួប​ព្រះដ៏មានព្រះភាគ ទី (ទៅ) ដោយ​យានបាន​ត្រឹម​ណា​ ក៏ទៅ​ដោយ​យាន​ត្រឹមនោះ ហើយចុះ​អំពីយាន ដើរដោយ​ជើង ចូលទៅ​កាន់​អារាម។ លំដាប់​នោះ សីហសេនាបតី ក៏ចូល​ទៅគាល់​ព្រះដ៏មានព្រះភាគ លុះចូល​ទៅដល់​ហើយ ថ្វាយ​បង្គំ​ព្រះដ៏មានព្រះភាគ ហើយ​អង្គុយ​ក្នុងទីដ៏​សមគួរ។ លុះ​សីហសេនាបតី អង្គុយ​ក្នុង​ទីដ៏​សមគួរ​ហើយ បាន​ក្រាបទូល​ព្រះដ៏មានព្រះភាគ​ដូច្នេះ​ថា បពិត្រ​ព្រះអង្គដ៏​ចំរើន ខ្ញុំ​ព្រះអង្គ​បាន​ឮពាក្យ​នេះថា ព្រះសមណ​គោតម ជា​អកិរិយវាទ តែង​សំដែង​ធម៌ ដើម្បី​ឃាត់ថា កិច្ចការ​​មិនត្រូវ​ធ្វើ ទាំង​ទូន្មាន​ពួក​សាវក​ដោយធម៌​នោះដែរ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ជនទាំង​ឡាយណា ពោលពាក្យ​យ៉ានេះថា ព្រះសមណ​គោតម ជា​អកិរិយវាទ តែង​សំដែង​ធម៌ ដើម្បី​ឃាត់ថា កិច្ចការ​មិនត្រូវធ្វើ ទាំង​ទូន្មានពួក​សាវក​ដោយធម៌​នោះដែរ បពិត្រ​ព្រះអង្គដ៏ចំរើន ចុះជនទាំងឡាយ​នោះ ឈ្មោះថា​អ្នកពោល​តាមពាក្យ​ដែល​ព្រះដ៏មានព្រះភាគ​ពោល​ហើយផង ឈ្មោះថា​មិនពោល​បង្កាច់​ព្រះដ៏មានព្រះភាគ ដោយ​ពាក្យ​មិនពិតផង ឈ្មោះថា ព្យាករ​នូវធម៌​សមគួរ​ដល់ធម៌​ផង លំអាន​នៃពាក្យ​តូចធំ ប្រកប​ដោយធម៌​តិចតួច រមែង​មិនមក​កាន់ឋានៈ​គួរតិះដៀល​ផងទេឬ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ព្រោះយើងខ្ញុំមិនបាន​ប្រាថ្នា​បង្កាច់​ព្រះដ៏មានព្រះភាគ​ឡើយ។ ព្រះសាស្ដា​ទ្រង់​ត្រាស់​តបថា ម្នាល​សីហៈ ដែលអ្នក​ផងថា ព្រះសមណ​គោតម ជា​អកិរិយវាទ តែង​សំដែង​ធម៌ ដើម្បី​ឃាត់ថា កិច្ចការ​មិនត្រូវធ្វើ ទាំង​ទូន្មាន​ពួកសាវក​ដោយធម៌​នោះដែរ ដែល​គេថានោះ ត្រូវហើយ។ ម្នាល​សីហៈ ដែលអ្នក​ផងថា ព្រះសមណ​គោតម ជា​កិរិយវាទ តែងសំដែងធម៌ ដើម្បីធ្វើដែរ ទាំងទូន្មាន​​ពួកសាវក​ដោយធម៌​នោះ ត្រូវហើយ។ ម្នាល​សីហៈ ដែលអ្នក​ផងថា ព្រះសមណ​គោតម ជាឧច្ឆេទវាទ តែង​សំដែងធម៌ ដើម្បី​កាត់ផ្ដាច់​ផ្ដិល​ដែរ ទាំងទូន្មាន​ពួកសាវក​ដោយធម៌​នោះ ដែលគេថានោះ ត្រូវហើយ។ ម្នាល​សីហៈ ដែលអ្នក​ផងថា ព្រះសមណ​គោតម ជាអ្នក​ខ្ពើម​រអើម តែង​សំដែង​ធម៌ ដើម្បី​សេចក្ដី​ខ្ពើម​រអើម ទាំងទូន្មាន​ពួកសាវក​ដោយធម៌​នោះ ត្រូវហើយ។ ម្នាលសីហៈ ដែល​អ្នកផង​ថា ព្រះសមណ​គោតម ជាអ្នក​បំផ្លាញ តែង​សំដែង​ធម៌ ដើម្បី​បំផ្លាញ ទាំង​ទូន្មាន​ពួកសាវក​ដោយធម៌​នោះ ដែលគេថានោះ ត្រូវហើយ។ ម្នាល​សីហៈ ដែលអ្នក​ផងថា ព្រះ​សមណ​គោតម ជាអ្នក​ដុតកំដៅ តែង​សំដែង​ធម៌ ដើម្បី​ដុតកំដៅ ទាំង​ទូន្មាន​ពួកសាវក​ដោយធម៌​នោះ ដែលគេថានោះ ត្រូវហើយ។ ម្នាលសីហៈ ដែលអ្នក​ផងថា ព្រះសមណ​គោតម ជាមនុស្ស​ឥតកំណើត តែង​សំដែង​ធម៌ ដើម្បីឥត​កំណើត ទាំង​ទូន្មាន​ពួក​សាវក​ដោយ​ធម៌នោះ​ ដែលគេថានោះ ត្រូវហើយ។ ម្នាល​សីហៈ ដែលអ្នក​ផងថា ព្រះសមណ​គោតម ជាអ្នក​លួងលោម ទាំងទូន្មានពួកសាវកដោយធម៌នោះ ដែលគេថានោះ ត្រូវ​ហើយ។ ម្នាល​សីហៈ ចុះបរិយាយ​ដែលអ្នកផង​ថា ព្រះសមណគោតម ជា​អកិរិយវាទ តែង​សំដែង​ធម៌ ដើម្បីឃាត់​ថា កិច្ចការ​មិនត្រូវធ្វើ ទាំង​ទូន្មាន​ពួកសាវក​ដោយធម៌​នោះ តើ​ដូចម្ដេច។ ម្នាលសីហៈ ព្រោះថា តថាគត តែង​និយាយថា មិនគួរធ្វើ​កាយទុច្ចរិត វចីទុច្ចរិត មនោទុច្ចរិត​ទេ តែង​និយាយ​ថា មិនគួរធ្វើ​អកុសល​ទាំងឡាយ​ដ៏អាក្រក់​ច្រើន​ប្រការ​ទេ។ ម្នាល​សីហៈ នេះឯង​ជា​បរិយាយ​ដែលអ្នក​ផងថា ព្រះសមណ​គោតម ជា​អកិរិយវាទ តែង​សំដែង​ធម៌ ដើម្បី​ឃាត់ថា កិច្ចការ​មិនត្រូវធ្វើ ទាំង​ទូន្មាន​ពួកសាវក​ដោយធម៌​នោះ។ ម្នាល​សីហៈ ចុះ​បរិយាយ​ដែលអ្នក​ផងថា ព្រះសមណ​គោតម ជា​កិរិយវាទ តែង​សំដែង​ធម៌ ដើម្បីធ្វើ ទាំង​ទូន្មាន​ពួកសាវក​ដោយធម៌​នោះ តើ​ដូចម្ដេច។ ម្នាល​សីហៈ ព្រោះថា​តថាគត​តែង​និយាយថា គួរធ្វើ​កាយសុចរិត វចីសុចរិត មនោសុចរិត តែង​និយាយ​ថា គួរធ្វើ​កុសល​ធម៌ទាំងឡាយ​ច្រើនប្រការ។ ម្នាល​សីហៈ នេះឯង ជា​បរិយាយ ដែល​អ្នកផង​ថា ព្រះសមណ​គោតម ជាកិរិយវាទ តែងសំដែង​ធម៌ ដើម្បីធ្វើ ទាំង​ទូន្មាន​ពួក​សាវក ដោយធម៌នោះ។ ម្នាល​សីហៈ ចុះ​បរិយាយ​ដែលអ្នក​ផងថា ព្រះសមណ​គោតម ជា​ឧច្ឆេទវាទ តែង​សំដែងធម៌ ដើម្បីកាត់​ផ្ដាច់ផ្ដិល ទាំង​ទូន្មាន​ពួកសាវក​ដោយធម៌​នោះ តើ​ដូចម្ដេច។ ម្នាល​សីហៈ ព្រោះថា តថាគត​តែង​និយាយ ចំពោះ​ការកាត់​ផ្ដាច់ផ្ដិល​រាគៈ ទោសៈ មោហៈ តែងនិយាយ​ចំពោះការកាត់​ផ្ដាច់ផ្ដិល​នូវ​អកុសលធម៌​ទាំងឡាយ​ច្រើន​ប្រការ។ ម្នាល​សីហៈ នេះឯង​ជា​បរិយាយ ដែលអ្នកផង​ថា ព្រះសមណ​គោតម ជា​ឧច្ឆេទវាទ តែង​សំដែង​ធម៌ ដើម្បីកាត់​ផ្ដាច់ផ្ដិល ទាំងទូន្មាន​ពួកសាវក​ដោយធម៌​នោះ។ ម្នាល​សីហៈ ចុះបរិយាយ ដែលអ្នក​ផងថា ព្រះសមណ​គោតម ជាអ្នក​ខ្ពើម​រអើម តែង​សំដែង​ធម៌ ដើម្បី​ខ្ពើមរអើម ទាំង​ទូន្មាន​ពួកសាវក​ដោយធម៌​នោះ តើ​ដូចម្ដេច។ ម្នាល​សីហៈ ព្រោះថា តថាគត​ខ្ពើមរអើម​កាយទុច្ចរិត វចីទុច្ចរិត មនោទុច្ចរិត ខ្ពើម​រអើម ការ​ប្រកប​ចិត្ត ផ្ដេកផ្ដិត​ទៅរកអកុសលធម៌​ទាំងឡាយ​ដ៏អាក្រក់​ច្រើន​ប្រការ។ ម្នាល​សីហៈ នេះឯង​ជា​បរិយាយ​ដែលអ្នកផង​ថា ព្រះសមណ​គោតម ជាអ្នក​ខ្ពើមរអើម តែង​សំដែង​ធម៌ ដើម្បី​ខ្ពើមរអើម ទាំង​ទូន្មាន​ពួកសាវក​ដោយធម៌​នោះ។ ម្នាល​សីហៈ ចុះ​បរិយាយ​ដែល​អ្នកផង​ថា ព្រះសមណ​គោតម ជាអ្នក​បំផ្លាញ តែង​សំដែងធម៌ ដើម្បី​បំផ្លាញ ទាំង​ទូន្មាន​ពួកសាវក​ដោយធម៌​នោះ តើដូចម្ដេច។ ម្នាល​សីហៈ ព្រោះថា តថាគត សំដែង​ធម៌ ដើម្បី​បំផ្លាញ​រាគៈ ទោសៈ មោហៈ សំដែង​ធម៌ ដើម្បីបំផ្លាញ​អកុសលធម៌​ទាំងឡាយ ដ៏​អាក្រក់​ច្រើន​ប្រការ។ ម្នាល​សីហៈ នេះឯង​ជាបរិយាយ​ដែលអ្នកផង​ថា ព្រះសមណ​គោតម ជាអ្នក​បំផ្លាញ តែងសំដែង​ធម៌ ដើម្បី​បំផ្លាញ ទាំង​ទូន្មាន​ពួកសាវក​ដោយ​ធម៌នោះ។ ម្នាល​សីហៈ ចុះបរិយាយ​ដែលអ្នក​ផងថា ព្រះសមណ​គោតម ជាអ្នក​ដុតកំដៅ តែង​សំដែងធម៌ ដើម្បីដុត​កំដៅ ទាំងទូន្មាន​ពួកសាវក​ដោយធម៌​នោះ តើ​ដូចម្ដេច។ ម្នាល​សីហៈ តថាគត តែង​និយាយ​ចំពោះ​កាយទុច្ចរិត វចីទុច្ចរិត មនោទុច្ចរិត ជាទីតាំង​នៃ​សេចក្ដី​ក្ដៅក្រហាយ ជា​អកុសលធម៌​ដ៏អាក្រក់។ ម្នាល​សីហៈ អកុសលធម៌​ទាំងឡាយ​ដ៏អាក្រក់ ដែលជា​ទីតាំង​នៃសេចក្ដី​ក្ដៅក្រហាយ បើអ្នក​ណា បានលះបង់​ស្រឡះ​ហើយ បាន​ផ្ដាច់ផ្ដិល​ឫសគល់​អស់ហើយ បានធ្វើ​មិនឲ្យ​មានទីកើត ដូចជា​ដើមត្នោត ដែល​គេគាស់រំលើង​ ឲ្យលែងដុះ​តទៅទៀត​ហើយ បានធ្វើ​ឲ្យលែង​មានបែប​ភាព តទៅទៀត​ហើយ ឲ្យជាធម៌​លែងមាន​កំណើត​តទៅមុខ​ទៀតហើយ តថាគត ហៅអ្នកនោះ​ថា អ្នក​ដុត​កំដៅ។ ម្នាលសីហៈ អកុសលធម៌ទាំងឡាយ​ដ៏អាក្រក់ ដែលជា​ទី​តាំង​នៃ​សេចក្ដី​ក្ដៅ​ក្រហាយ តថាគត​បានលះបង់​ស្រឡះហើយ បានផ្ដាច់​ផ្ដិល​ឫសគល់ហើយ បានធ្វើ​មិនឲ្យ​មាន​ទីកើត ដូចជា​ដើមត្នោត ដែលគេគាស់​រំលើង ឲ្យលែងដុះ​តទៅ​ទៀត​ហើយ បានធ្វើ​ឲ្យលែង​មានបែប​ភាព តទៅ​ទៀតហើយ ឲ្យជាធម៌​លែង​មាន​កំណើត​តទៅមុខ​ទៀត​ហើយ។ ម្នាល​សីហៈ នេះឯង​ជា​បរិយាយ​ដែលអ្នក​ផងថា ព្រះសមណ​គោតម ជាអ្នក​ដុតកំដៅ តែង​សំដែងធម៌ ដើម្បី​ដុតកំដៅ ទាំង​ទូន្មាន​ពួកសាវក​ដោយធម៌​នោះ។ ម្នាល​សីហៈ បរិយាយ​ដែលអ្នក​ផងថា ព្រះសមណ​គោតម ជាមនុស្ស​មិនមាន​កំណើត តែង​សំដែងធម៌ ដើម្បីមិន​មានកំណើត ទាំងទូន្មាន​ពួកសាវក​ដោយធម៌​នោះ តើ​ដូចម្ដេច។ ម្នាល​សីហៈ កិរិយាដេក​ក្នុងគភ៌​តទៅទៀត ដំណើរ​កើតក្នុង​ភពតទៅ​ទៀត បើអ្នកណា បាន​លះស្រឡះ​ហើយ បានផ្ដាច់ផ្ដិល​ឫសគល់​អស់ហើយ បានធ្វើ​មិនឲ្យមាន​ទីកើត ដូចជា​ដើមត្នោត ដែលគេ​គាល់រំលើង​ ឲ្យលែង​ដុះតទៅ​ទៀតហើយ ឲ្យជាធម៌​លែងមាន​កំណើត​តទៅខាង​មុខទៀត​ហើយ តថាគត ហៅអ្នក​នោះថា ជាអ្នក​មិនមាន​កំណើត។ ម្នាល​សីហៈ កិរិយាដេក​នៅក្នុងគភ៌​តទៅទៀត ដំណើរ​កើតក្នុង​ភពតទៅ​ទៀត តថាគត បាន​លះបង់​ស្រឡះហើយ បានផ្ដាច់ផ្ដិល​អស់​ហើយ បានធ្វើ​មិនឲ្យមាន​ទីកើត ដូចជា​ដើមត្នោត ដែលគេគាស់រំលើង ឲ្យលែងដុះ​តទៅទៀត​ហើយ បានធ្វើឲ្យ​លែងមាន​បែបភាព​តទៅ​ទៀត​ហើយ ឲ្យជាធម៌​លែង​មានកំណើត​តទៅខាង​មុខទៀត​ហើយ។ ម្នាល​សីហៈ នេះឯង​ជាបរិយាយ ដែលអ្នក​ផងថា ព្រះសមណ​គោតម ជាអ្នក​មិនមាន​កំណើត តែង​សំដែង​ធម៌ ដើម្បីមិនមាន​កំណើត ទាំង​ទូន្មានពួក​សាវក​ដោយធម៌​នោះ។ ម្នាល​សីហៈ បរិយាយ​ដែលអ្នក​ផងថា ព្រះសមណ​គោតម ជាអ្នក​លួងលោម តែងសំដែង​ធម៌ ដើម្បី​លួងលោម ទាំង​ទូន្មាន​ពួកសាវក​ដោយធម៌​នោះ តើដូចម្ដេច។ ម្នាល​សីហៈ ព្រោះថា តថាគត ជាអ្នក​លួងលោម តែង​សំដែងធម៌ ដើម្បី​លួងលោម ដោយសេចក្ដី​លួងលោម​យ៉ាង​ក្រៃលែង ទាំង​ទូន្មាន​ពួកសាវក​ដោយធម៌​នោះ។ ម្នាល​សីហៈ នេះឯង​ជា​បរិយាយ ដែល​អ្នកផង​ថា ព្រះសមណ​គោតម ជាអ្នក​លួងលោម តែង​សំដែងធម៌ ដើម្បី​លួងលោម ទាំង​ទូន្មាន​ពួកសាវក​ដោយធម៌​នោះ។ កាលបើ​ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់​យ៉ាង​នេះ​ហើយ សីហសេនាបតី បានក្រាបទូល​ព្រះដ៏មានព្រះភាគ​យ៉ាងនេះថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន ច្បាស់​ពេកណាស់ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ច្បាស់​ពេកណាស់។បេ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ចាប់ដើម​តាំងអំពី​ថ្ងៃនេះទៅ សូម​ព្រះដ៏មានព្រះភាគ ចាំទុក​នូវខ្ញុំ​ព្រះអង្គ ថាជា​ឧបាសក ដល់សរណៈ​ស្មើដោយជីវិត។ ព្រះសាស្ដា​ទ្រង់ត្រាស់ថា ម្នាលសីហៈ អ្នកចូរធ្វើ​នូវ​ការពិចារណា រួចហើយសិមធ្វើ (ព្រោះ) ការពិចារណា​រួចហើយ សិមធ្វើ រមែង​ជាគុណ​គាប់​ប្រសើរ​របស់ពួក​មនុស្ស​អ្នកចេះដឹង​ប្រហែល​នឹង​អ្នក។ សីហសេនាបតី ក្រាបបង្គំ​ទូលថា បពិត្រ​ព្រះអង្គដ៏​ចំរើន ខ្ញុំព្រះអង្គ​មានសេចក្ដី​ពេញចិត្ត ត្រេកអរ​លើសលុប​ហួសប្រមាណ ចំពោះ​ភាសិត​របស់ព្រះអង្គ ដោយ​ហេតុ​ដែល​ព្រះអង្គ សំដែង​នឹង​ខ្ញុំព្រះអង្គ​យ៉ាងនេះថា ម្នាល​សីហៈ អ្នកចូរ​ធ្វើនូវការ​ពិចារណា​រួចហើយសិមធ្វើ (ព្រោះ) ការ​ពិចារណា​រួចហើយ​សិមធ្វើ រមែង​ជាគុណគាប់​ប្រសើរ​របស់ពួក​មនុស្សអ្នក​ចេះដឹង​ប្រហែល​នឹងអ្នក បពិត្រព្រះអង្គ​ដ៏ចំរើន ដ្បិត​ពួក​អន្យតិរិ្ថយ បានខ្ញុំព្រះអង្គ​ជាសាវកហើយ ក៏​ដង្ហែ​ទង់ ចូលទៅកាន់​ក្រុងវេសាលី​ទាំងមូល ហើយ​ប្រកាស​សេចក្តី​ថា សីហសេនាបតី បានចុះចូល​មក​ជាសាវក​របស់​ពួកយើង​ហើយ ចំឡែក​តែព្រះដ៏មាន​ព្រះភាគ ត្រឡប់​ជាទ្រង់ត្រាស់​ចំពោះ​ខ្ញុំព្រះអង្គ​យ៉ាងនេះ​វិញថា ម្នាល​សីហៈ អ្នកចូរធ្វើ​នូវការពិចារណា រួចហើយ​សិមធ្វើ (ព្រោះ) ការ​ពិចារណា​រួចហើយ​សិមធ្វើ រមែង​ជា​គុណគាប់​ប្រសើរ របស់​មនុស្ស​អ្នកចេះដឹង​ប្រហែល​នឹង​អ្នក បពិត្រ​ព្រះអង្គ​ដ៏ចំរើន ខ្ញុំព្រះអង្គ​នេះ សូមដល់​ព្រះដ៏មាន​ព្រះភាគផង ព្រះធម៌​ផង ព្រះសង្ឃ​ផង ជាទី​ពឹង​ ទីរលឹក ចាប់ដើម​តាំងពីថ្ងៃ​នេះទៅ សូម​ព្រះដ៏មានព្រះភាគ ចាំទុក​នូវខ្ញុំព្រះអង្គ​ថាជា​ឧបាសក អ្នកដល់នូវ​សរណៈ​ស្មើដោយ​ជីវិត ជា​គំរប់​ពីរដង​ផង។ ព្រះដ៏មាន​ព្រះភាគ ទ្រង់ត្រាស់ថា ម្នាល​សីហៈ ត្រកូល​របស់អ្នក ដូចជា​អណ្ដូងទឹក​របស់​ពួកនិគ្រន្ថ អស់​កាលយូរ​ណាស់​មកហើយ អ្នកគប្បី​សំគាល់​នូវបិណ្ឌបាត ដែលអ្នក​គួរឲ្យ​ដល់ពួក​និគ្រន្ថ ដែលចូល​មករក​នោះផង។ សីហសេនាបតី ក្រាបទូលថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន ខ្ញុំ​ព្រះអង្គ មាន​សេចក្ដី​ពេញចិត្ត ត្រេកអរ​លើសលុប​ហួសប្រមាណ ចំពោះ​ភាសិត​របស់​ព្រះអង្គ ដោយ​ហេតុដែល​ព្រះអង្គ​បានសំដែង​នឹងខ្ញុំព្រះអង្គ​យ៉ាងនេះថា ម្នាល​សីហៈ ត្រកូល​របស់អ្នក ដូចជា​អណ្ដូងទឹក របស់​ពួកនិគ្រន្ថ អស់កាល​យូរណាស់​មកហើយ អ្នក​គប្បី​សំគាល់ នូវបិណ្ឌបាត ដែលអ្នកគួរ​ឲ្យដល់ពួកនិគ្រន្ថ ដែលចូល​មករកនោះ​ផង បពិត្រ​ព្រះអង្គ​ដ៏ចំរើន ខ្ញុំព្រះអង្គ​ធ្លាប់ឮពាក្យ​នេះថា ព្រះសមណ​គោតម ទ្រង់ត្រាស់​យ៉ាង​នេះថា បុគ្គល​ត្រូវឲ្យទាន​ដល់តថាគត​តែម្យ៉ាង មិនត្រូវឲ្យ​ទានដល់ពួក​សាស្ដាដទៃ​ឡើយ បុគ្គលត្រូវ​ឲ្យទាន​ដល់ពួក​សាវក​របស់តថាគត​តែម្យ៉ាង មិនត្រូវឲ្យ​ទានដល់​ពួកសាវក របស់​ពួក​សាស្ដាដទៃ​ឡើយ បុគ្គលឲ្យ​ទានដល់​តថាគត​តែម្យ៉ាង ទើបមាន​ផលច្រើន ឲ្យដល់​ពួក​សាស្ដា​ដទៃ មិនមាន​ផលច្រើន​ឡើយ បុគ្គលឲ្យទាន​ដល់ពួក​សាវក​របស់តថាគត​តែម្យ៉ាង ទើបមាន​ផលច្រើន ឲ្យទាន​ដល់ពួក​សាវក​របស់ពួក​សាស្ដាដទៃ មិនមាន​ផលច្រើន​ឡើយ តែឥឡូវនេះ ព្រះដ៏មានព្រះភាគ ត្រឡប់​ជាបបួល​ខ្ញុំព្រះអង្គ ឲ្យធ្វើទាន​ក្នុងពួក​និគ្រន្ថ បពិត្រ​ព្រះអង្គដ៏ចំរើន ចំណែកខាង​ខ្ញុំព្រះអង្គ គង់នឹង​ដឹងនូវកាល​គួរ ក្នុង​ទាននុ៎ះ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ខ្ញុំព្រះអង្គ​នេះ សូមដល់​នូវ​ព្រះដ៏មានព្រះភាគ​ផង ព្រះធម៌​ផង ព្រះភិក្ខុ​សង្ឃផង ជាទីពឹង ទីរលឹក បពិត្រ​ព្រះអង្គ​ដ៏ចំរើន ចាប់ដើមតាំង​អំពីថ្ងៃ​នេះទៅ សូម​ព្រះដ៏មាន​ព្រះភាគ ចំាទុកនូវ​ខ្ញុំព្រះអង្គ ថាជា​ឧបាសក អ្នកដល់​នូវសរណៈ ស្មើដោយ​ជីវិត ជាគំរប់​បីដង​ផង។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់​សំដែង​អនុបុព្វីកថា ចំពោះ​សីហសេនាបតី គឺទ្រង់ប្រកាស​នូវទានកថា សីលកថា សគ្គកថា នូវទោស​របស់​កាម​ដ៏លាមក សៅហ្មង និង​អានិសង្សក្នុង​ការចេញ​ចាកកាម។ កាលណា​ព្រះដ៏មាន​ព្រះភាគ​ទ្រង់ជ្រាប​ថា សីហសេនាបតី មានចិត្ត​ស្រួល មានចិត្ត​ទន់ មានចិត្ត​ផុត​ចាក​នីវរណធម៌ មានចិត្ត​ខ្ពស់ មានចិត្ត​ជ្រះថ្លាហើយ ទើបទ្រង់​ប្រកាស​នូវធម្មទេសនា ដែល​ព្រះពុទ្ធ​ទាំងឡាយ តែង​លើកឡើង​សំដែង​ដោយ​ព្រះអង្គឯង គឺ ទុក្ខសច្ច សមុទយសច្ច និរោធសច្ច មគ្គសច្ច។ ធម្មតា សំពត់​សស្អាត មិនដិត​ប្រឡាក់​ដោយវត្ថុ​មាន​ពណ៌ខ្មៅ គួរ​ទទួល​ទឹកជ្រលក់​បានដោយ​ល្អ មានឧបមា​ដូចម្ដេច​មិញ ​ធម្មចក្ខុ គឺ​សោតាបត្តិមគ្គ ដ៏​ប្រាសចាក​ធូលី ប្រាសចាក​មនិ្ទល ក៏កើតឡើង​ដល់​សីហសេនាបតី ក្នុងទី​នោះឯង​ថា ធម្មជាត​ណាមួយ ដែលកើត​ឡើង ធម្មជាត​ទាំងអស់នោះ តែងរលត់​ទៅវិញ​ជាធម្មតា មាន​ឧបមេយ្យ​ដូច្នោះ​ឯង។ គ្រានោះ សីហសេនាបតី បានឃើញ​អរិយសច្ចធម៌​ហើយ បាន​លុះអរិយសច្ចធម៌​ហើយ បានដឹងច្បាស់​អរិយសច្ចធម៌ហើយ បានជឿជាក់​អរិយសច្ចធម៌​ហើយ ឆ្លងផុត​សេចក្ដី​សង្ស័យ មិនមាន​ងឿងឆ្ងល់ ដល់នូវ​ភាពជា​អ្នក​ក្លាហាន មិនជឿ​ស្ដាប់បុគ្គល​ដទៃ ក្នុងសាសនា​នៃព្រះសាស្ដា​ ហើយ​ទើប​ក្រាបបង្គំ​ទូល​ព្រះដ៏មាន​ព្រះភាគថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន សូមព្រះដ៏មាន​ព្រះភាគ ទ្រង់​ទទួល​នូវ​ភត្ត​របស់​ខ្ញុំព្រះអង្គ ជាមួយ​នឹង​ភិក្ខុសង្ឃ ដើម្បីឆាន់ក្នុង​ថ្ងៃស្អែក។ ព្រះដ៏មាន​ព្រះភាគ ទ្រង់​ទទួល​ដោយ​តុណ្ហីភាព។ លំដាប់នោះ សីហសេនាបតី ដឹងច្បាស់​ថា ព្រះដ៏មាន​ព្រះភាគ ទទួល​និមន្ដហើយ ទើប​ក្រោកចាក​ទីអង្គុយ ថ្វាយបង្គំ​ព្រះដ៏មាន​ព្រះភាគ ធ្វើ​ប្រទក្សិណ ហើយ​ដើរចេញ​ទៅ។ លំដាប់​នោះ សីហសេនាបតី បាន​ហៅ​បុរស ១នាក់​មកថា ម្នាលបុរស​ដ៏ចំរើន អ្នក​ចូរទៅ ចូរដឹង​នូវសាច់ ដែលគួរ​ប្រព្រឹត្ត​ទៅតាម​ប្រក្រតី (សាច់ទុកលក់)។ លំដាប់​នោះ សីហសេនាបតី ក៏ចាត់ចែង​ខាទនីយ​ភោជនីយាហារ​ដ៏ផ្ចិតផ្ចង់ ក្នុងផ្ទះ​របស់ខ្លួន ដោយកាល​កន្លងទៅ​នៃរាត្រី​នោះ ទើប​ប្រើបុរស​នោះ ឲ្យទៅក្រាប​ទូល​នូវភត្តកាល​ដល់ព្រះដ៏មាន​ព្រះភាគ​ថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន កាល​គួរ​ហើយ ភត្តក្នុង​ផ្ទះ​របស់​សីហសេនាបតី សម្រេច​ហើយ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់​ស្បង់ ប្រដាប់បាត្រ និង​ចីវរ ក្នុងបុព្វណ្ហសម័យ ស្ដេចចូល​ទៅ​កាន់​លំនៅ​របស់​សីហសេនាបតី លុះចូល​ទៅដល់ហើយ ទ្រង់គង់​លើអាសនៈ ដែល​សីហសេនាបតី​ក្រាល​បម្រុង​ទុក ជាមួយនឹង​ភិក្ខុសង្ឃ។ ក្នុងសម័យ​នោះ ពួកនិគ្រន្ថ ជា​ច្រើន​នាក់ ផ្គងនូវ​ដើមដៃ ស្រែក​កន្ទក់កន្ទេញ សព្វច្រក សព្វផ្លូវ​ត្រឡែងកែង ក្នុងក្រុង​វេសាលី​ថា ថ្ងៃនេះ​សីហសេនាបតី សម្លាប់សត្វ​មានសរីរៈ​ធាត់ធំ ធ្វើភត្ត​ដើម្បី​សមណគោតម ៗ ទុកជា​ដឹង​ គង់ឆាន់​នូវសាច់​ដែលគេ​សម្លាប់​ចំពោះខ្លួន (ព្រះសមណ​គោតមនេះឈ្មោះថាត្រូវ) បដិច្ចកម្ម។1) លំដាប់នោះ បុរស​ម្នាក់ ក៏ចូល​ទៅឯកន្លែង ដែល​សីហសេនាបតី​នៅ លុះ​ចូលទៅ​ដល់ហើយ ក៏ខ្សឹប​ប្រាប់ក្បែរ​ត្រចៀកនៃ​សីហសេនាបតី​ថា សូម​ព្រះតេជ​ព្រះគុណ​ជ្រាប ពួកនិគ្រន្ថ​ជាច្រើន​ទាំង​អម្បាលនេះ ផ្គងដើម​ដៃកន្ទក់​កន្ទេញ សព្វច្រក សព្វផ្លូវ​ត្រឡែង​កែង ​ជិតក្រុង​វេសាលី​ថា ក្នុងថ្ងៃនេះ​ សីហសេនាបតី សម្លាប់​សត្វ​មាន​សរីរៈ​ធាត់ធំ ធ្វើភត្ត​ដើម្បី​ព្រះសមណ​គោតម ៗ ទុកជាដឹង ក៏គង់ឆាន់​នូវសាច់​ដែលគេ​សម្លាប់​ចំពោះ​ខ្លួន​ ព្រះសមណ​គោតមនេះ ឈ្មោះថា ត្រូវ​បដិច្ចកម្ម។ លោកម្ចាស់​ទាំងឡាយ មិន​គួរសោះ ព្រោះថា លោកដ៏មាន​អាយុ​ទាំងនោះ ប្រាថ្នា​រកទោស​ព្រះពុទ្ធ ប្រាថ្នា​រកទោស​ព្រះធម៌ ប្រាថ្នា​រកទោស​ព្រះសង្ឃ អស់កាល​ជាយូរ​ណាស់មក​ហើយ តែលោក​ដ៏មានអាយុ​ទាំងនោះ មិនអៀនសោះ នៅតែ​ពោល​បង្កាច់​ព្រះដ៏មាន​ព្រះភាគ​នោះ ដោយ​ពាក្យ​មិនមាន ពាក្យទទេ ជាពាក្យ​កុហក មិនពិត ទាំងពួង​យើង​ក៏មិនក្លែង​ផ្ដាច់បង់​សត្វ​ចាកជីវិត​ព្រោះហេតុ​តែជីវិត (របស់ខ្លួន​ឡើយ)។ លំដាប់នោះ សីហសេនាបតី ញុំាង​ភិក្ខុសង្ឃ​ មានព្រះពុទ្ធ​ជាប្រធាន ឲ្យឆាន់ឆ្អែត​ស្កប់ស្កល់ ដោយ​ខាទនីយ​ភោជនីយាហារ​ដ៏ឧត្ដម​ដោយដៃ​ខ្លួនឯង។ កាលដែល​ព្រះដ៏មានព្រះភាគ​អង្គនោះ​ឆាន់រួច​ លែងដាក់​ព្រះហស្ដ​ទៅក្នុង​បាត្រទៀត​ហើយ សីហសេនាបតី ក៏អង្គុយ​ក្នុងទី​សមគួរ។ កាលដែល​សីហសេនាបតី អង្គុយ​ក្នុង​ទីសមគួរ​ហើយ ទើប​ព្រះដ៏មានព្រះភាគ ទ្រង់​ពន្យល់​ឲ្យឃើញ​ច្បាស់ ឲ្យកាន់​យក ឲ្យអាច​ហ៊ាន ឲ្យរីករាយ ដោយ​ធម្មីកថា ហើយ​ក្រោកចាក​អាសនៈ សេ្ដច​ចេញទៅ។

អស្សាជានីយសូត្រ ទី៣

(៣. អស្សាជានីយសុត្តំ)

[១៣] ម្នាលភិក្ខុទាំងឡាយ សេះអាជានេយ្យដ៏ល្អ របស់ស្ដេច​ដែលប្រកប​ដោយ​អង្គ ៨យ៉ាង ជាសត្វគួរ​ដល់ព្រះរាជា ជារាជ​បម្រើ ដល់នូវ​ការរាប់ថា​ជាអង្គ​របស់​ព្រះ​រាជា។ អង្គ ៨ យ៉ាង ដូចម្ដេច​ខ្លះ។ ម្នាល​ភិក្ខុទាំងឡាយ ក្នុងលោក​នេះ សេះ​អាជានេយ្យ​ដ៏ល្អ​របស់សេ្ដច​ ជាសត្វមាន​កំណើត​​ដ៏ល្អ​ទាំងពីរខាង គឺទាំង​ខាងមេ និង​ខាង​បា ១ សេះ​អាជានេយ្យ​ទាំងឡាយ ដ៏ល្អ​ដទៃទៀត កើតក្នុង​ទិសណា ក៏កើត​ក្នុង​ទិសនោះ ១ ជន​ទាំងឡាយ ឲ្យស្មៅ​ស្រស់ក្ដី ស្មៅស្ងួត​ក្ដីណា ដល់វា ៗ ក៏ចេះតែ​ស៊ីស្មៅស្រស់ ឬ​ស្មៅស្ងួត​នោះ ដោយ​គោរព មិនឲ្យ​រាត់រាយ ១ ជាសត្វ​ខ្ពើមរអើម​នឹង​ការអង្គុយ​សង្កត់​នូវ​ឧច្ចារៈ និង​បស្សាវៈ ១ វាជាសត្វ​ត្រេកអរ តែង​សប្បាយ មិន​បៀតបៀន​នូវពួក​សេះដទៃ ១ ការ​អួតអាង កោង មិតពត់ និង​ការវៀច​ទាំងឡាយ​ណា​របស់វា ៗ ក៏ធ្វើនូវ​ការអួតអាង​ជាដើម​នោះ ឲ្យជាក់ច្បាស់​គួរតាមពិត ដល់​នាយសារថី ៗ ក៏ព្យាយាម​ដើម្បី​ញាំញី​នូវការ​អួតអាង​ជាដើម​របស់វា ១ ជាសត្វ​តែងនាំទៅ តែងញុំាង​ចិត្ត​ឲ្យ​កើតឡើង​ថា ពួកសេះ​ដទៃ ទោះ​នាំទៅក៏ដោយ មិននាំទៅ​ក៏ដោយ អញនឹង​នាំ​ទៅដោយ​ពិត​ក្នុងទីនោះ កាល​ដែល​ទៅ ក៏រមែង​ទៅតាមផ្លូវ​ត្រង់តែម្យ៉ាង ១ ជាសត្វមាន​កំឡាំងមាំមួន ដែល​នឹង​ថយ​កំឡាំង​ត្រាតែ​សេចក្ដី​ស្លាប់​គ្របសង្កត់​ជីវិត ១។ ម្នាលភិក្ខុ​ទាំងឡាយ សេះអាជានេយ្យ​ដ៏ល្អ​របស់​ស្ដេច ប្រកប​ដោយអង្គ ៨ យ៉ាងនេះឯង ជាសត្វ​គួរដល់​ព្រះរាជា ជារាជ​បម្រើ ដល់នូវ​ការរាប់ថា​ជាអង្គ​របស់​ព្រះរាជា។ ម្នាលភិក្ខុ​ទាំង​ឡាយ ភិក្ខុ​ក៏យ៉ាងនោះ​ដែរ ជាអ្នក​ប្រកប​ដោយធម៌ ៨ យ៉ាង ទើបជា​អ្នកគួរ​ទទួល​នូវ​ចតុប្បច្ច័យ ដែល​បុគ្គល​ឧទ្ទិស​ចំពោះ​អ្នក​មាន​សីល​ ហើយនាំមក​បូជា។បេ។ ជា​បុញ្ញក្ខេត្តដ៏ប្រសើរ​របស់​សត្វលោក។ ធម៌ ៨ យ៉ាង តើ​ដូចម្ដេច​ខ្លះ។ ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុក្នុង​សាសនានេះ ជាអ្នក​មានសីល តែង​សង្រួម​ក្នុង​បាតិមោក្ខ​សំវរសីល ជាអ្នក​បរិបូណ៌​ដោយ​អាចារៈ និងគោចរៈ ១ ឃើញ​ភ័យក្នុង​ទោស​ទាំងឡាយ សូម្បីមាន​ប្រមាណ​តិចតួច សមាទាន​សិក្សា ក្នុងសិក្ខាបទ​ទាំងឡាយ ១ ជន​ប្រគេន​នូវ​ភោជន​ណាមួយ ទោះសៅហ្មង​ក្ដី ឧត្តមក្ដី ដល់លោក ៗ ក៏ចេះតែ​ឆាន់នូវ​ភោជន​នោះ ដោយគោរព មិនរើស​អើង ១ ជាអ្នកខ្ពើម​រអើម​ចំពោះ​កាយទុច្ចរិត វចីទុច្ចរិត មនោទុច្ចរិត ខ្ពើមរអើម ចំពោះការជួប​ប្រសព្វ​នឹង​អកុសលធម៌​ទាំងឡាយ​ដ៏លាមក ១ លោក​ជាអ្នក​រីករាយ មាន​ការនៅ​សប្បាយ មិនបៀតបៀន​ពួកភិក្ខុ​ដទៃ ១ ការអួតអាង កោង មិតពត់ និងការវៀច​ទាំងឡាយ​ណារបស់​លោក ៗ ជាអ្នក​ធ្វើនូវការ​អួតអាង​ជាដើម​នោះ ឲ្យជាក់​ច្បាស់​តាមពិត​ចំពោះ​ព្រះសាស្ដា ឬ​សព្រហ្មចារី​ជាវិញ្ញូជន ព្រះសាស្ដា ឬសព្រហ្មចារី​ជាវិញ្ញូជន តែងព្យាយាម​ដើម្បី​ញាំញីនូវ​ការអួតអាង​ជាដើមនោះ របស់​លោក ១ ជាអ្នក​សិក្សា ញុំាងចិត្ត​ឲ្យកើតឡើង​ថា ពួកភិក្ខុ​ដទៃ ទោះសិក្សា​ក៏ដោយ មិន​សិក្សា​ក៏ដោយ អញនឹង​សិក្សា​ក្នុងធម្មវិន័យ​នេះ​ដោយពិត លោកកាល​នឹង​ទៅ ក៏ទៅ​តាមផ្លូវ​ត្រង់តែ​ម្យ៉ាង បណ្ដាផ្លូវ​ត្រង់ទាំង​នោះ ផ្លូវត្រង់នេះ គឺសម្មាទិដ្ឋិ ១។បេ។ សម្មាសមាធិ ១ ជាអ្នកមាន​សេចក្ដីព្យាយាម​តឹង​តែងថា ស្បែក​ សរសៃ និង​ឆ្អឹង ចូរស្វិត​ក្រៀមចុះ សាច់ ​និង​ឈាម ចូររីងស្ងួត​ក្នុងសរីរៈ​ចុះ កិច្ចណា ដែលអ្នកផង​ត្រូវដល់​ដោយ​កំឡាំង​នៃបុរស ព្យាយាម​នៃបុរស សេចក្ដី​ប្រឹងប្រែង​នៃបុរស បើមិនទាន់​ដល់នូវកិច្ច​នោះទេ ក៏មិន​បញ្ឈប់​សេចក្ដី​ព្យាយាម ១ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុប្រកប​ដោយធម៌ ៨ យ៉ាងនេះឯង ទើប​ជាអ្នក​គួរទទួល​នូវ​ចតុប្បច្ច័យ ដែល​បុគ្គល​ឧទ្ទិស​ចំពោះអ្នក​មានសីល ហើយ​នាំមក​បូជា។បេ។ ជា​បុញ្ញក្ខេត្ត​ដ៏ប្រសើរ​របស់សត្វ​លោក។

អស្សខឡុង្កសូត្រ ទី៤

(៤. អស្សខឡុង្កសុត្តំ)

[១៤] ម្នាលភិក្ខុទាំងឡាយ តថាគតនឹង​សំដែងនូវ​សេះមាន​ពុតត្បុត ៨ យ៉ាង និង ទោស​នៃសេះ ៨យ៉ាង បុរស​មានពុតត្បុត ៨ យ៉ាង និងទោស​នៃបុរស ៨ យ៉ាង ចូរអ្នក​ទាំងឡាយ​ ចាំស្ដាប់​នូវធម៌នោះ​ចុះ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ សេះមានពុត​ត្បុត ៨ យ៉ាង និងទោស​នៃសេះ ៨ យ៉ាង តើដូចម្ដេច។ ម្នាលភិក្ខុ​ទាំងឡាយ សេះមាន​ពុតត្បុត​ពួកខ្លះ ក្នុង​លោកនេះ កាលដែល​នាយសារថី​និយាយ​ថា ឯងចូរ​ដើរទៅ ហើយ​ចាក់ ដាស់តឿន ក៏ត្រឡប់​ថយក្រោយ ញុំាងរថឲ្យ​ត្រឡប់ថយ​ក្រោយ ម្នាលភិក្ខុ​ទាំងឡាយ សេះមាន​ពុតត្បុត ពួកខ្លះ ក្នុងលោកនេះ​បែបនេះឯង ម្នាលភិក្ខុ​ទាំងឡាយ នេះជាទោស​របស់សេះ ទី១។ ម្នាលភិក្ខុ​ទាំងឡាយ មួយទៀត សេះមាន​ពុតត្បុត​ពួកខ្លះ ក្នុងលោកនេះ កាលដែល​នាយ​សារថីនិយាយ​ថា ឯងចូរដើរ​ទៅ ហើយចាក់ ដាស់តឿន ក៏ប្រាយ​ជើងខាងក្រោយ ទង្គិច​ក្បាលនឹងក្បាល​​​ក្រពើរថ បំបាក់ឈើជា ៣ កំណាត់ (ចែរថ) ម្នាលភិក្ខុ​ទាំងឡាយ សេះ​មាន​ពុតត្បុត​ពួកខ្លះ ក្នុងលោកនេះ បែបនេះឯង ម្នាល​ភិក្ខុ​ទាំងឡាយ នេះជាទោស​របស់​សេះ ទី២។ ម្នាលភិក្ខុ​ទាំងឡាយ មួយទៀត សេះមាន​ពុតត្បុត​ពួកខ្លះ ក្នុងលោកនេះ កាល​ដែល​នាយ​សារថី​និយាយថា ឯងចូរ​ដើរទៅ ហើយចាក់ ដាស់តឿន ក៏លើក​នូវជើង ពាក់លើ​ចន្ទោល​នៃរថ ញាំញី​នូវចន្ទោលរថ ឲ្យខ្ទេចខ្ទី ម្នាលភិក្ខុ​ទាំងឡាយ សេះមាន​ពុតត្បុត ពួកខ្លះ ក្នុងលោកនេះ ​បែបនេះឯង ម្នាលភិក្ខុ​ទាំងឡាយ នេះជាទោស​របស់​សេះ ទី៣។ ម្នាលភិក្ខុ​ទាំងឡាយ មួយទៀត សេះមាន​ពុតត្បុត​ពួកខ្លះ ក្នុងលោកនេះ កាលដែល​នាយ​សារថីនិយាយ​ថា ឯងចូរ​ដើរទៅ ហើយចាក់ ដាស់តឿន ក៏ប្រកាន់ខុស​ផ្លូវ ធ្វើរថ​ឲ្យខុស​ផ្លូវ ម្នាលភិក្ខុ​ទាំងឡាយ សេះមាន​ពុតត្បុត​ពួកខ្លះ ក្នុងលោក​នេះ បែបនេះ​ឯង ម្នាលភិក្ខុ​ទាំងឡាយ នេះជាទោស​របស់សេះ ទី៤។ ម្នាលភិក្ខុ​ទាំងឡាយ មួយទៀត សេះមាន​ពុតត្បុត​ពួកខ្លះ ក្នុងលោកនេះ កាលដែល​នាយ​សារថី​និយាយ​ថា ឯងចូរ​ដើរទៅ ហើយចាក់ ដាស់តឿន ក៏លោត​កញ្ជ្រោល​កាយខាងមុខ ផ្គងនូវជើង​ទាំងពីរ​ខាងមុខ ម្នាលភិក្ខុ​ទាំងឡាយ សេះមាន​ពុតត្បុត​ពួកខ្លះ ក្នុងលោក​នេះ​ បែបនេះឯង ម្នាលភិក្ខុ​ទាំងឡាយ នេះជាទោស​របស់សេះ ទី៥។ ម្នាលភិក្ខុ​ទាំងឡាយ មួយទៀត សេះមាន​ពុតត្បុត​ពួកខ្លះ ក្នុងលោកនេះ កាលដែលនាយ​សារថី​និយាយថា ឯងចូរដើរ​ទៅ ហើយ​ចាក់ ដាស់តឿន ក៏មិនអើពើ​នឹង​ដងជន្លួញ ខាំផ្ដាច់​នូវខ្សែ​បង្ហៀរ ដោយធ្មេញ​ទាំងឡាយ ហើយគេច​ចេញទៅ​តាមសេចក្ដី​ប្រាថ្នា ម្នាលភិក្ខុ​ទាំងឡាយ សេះមាន​ពុតត្បុត​ពួកខ្លះ ក្នុងលោកនេះ បែបនេះឯង ម្នាលភិក្ខុ​ទាំងឡាយ នេះជា​ទោស​របស់សេះ ទី៦។ ម្នាល​ភិក្ខុ​ទាំងឡាយ មួយទៀត សេះមាន​ពុតត្បុត​ពួកខ្លះ ក្នុងលោកនេះ កាលដែល​នាយ​សារថី​និយាយ​ថា ឯងចូរ​ដើរទៅ ហើយចាក់ ដាស់តឿន ក៏មិនឈាន​ទៅមុខ មិនឈាន​ថយ​ក្រោយ នៅឈរ​នឹង​ថ្កល់ ដូចជាសសរខឿន​​ក្នុងទី​នោះ​ដដែល ម្នាលភិក្ខុ​ទាំងឡាយ សេះមាន​ពុតត្បុត​ពួកខ្លះ ក្នុងលោកនេះ បែបនេះឯង ម្នាលភិក្ខុ​ទាំងឡាយ នេះជាទោស​របស់​សេះ ទី៧។ ម្នាលភិក្ខុ​ទាំងឡាយ មួយវិញទៀត សេះមាន​ពុតត្បុត​ពួកខ្លះ ក្នុងលោកនេះ កាលដែល​នាយ​សារថី​និយាយថា ឯងចូរ​ដើរទៅ ហើយចាក់ ដាស់តឿន ក៏កង្កុញ​ជើងទាំងពីរ​ខាងមុខ កង្កុញ​ជើងទាំងពីរ​ខាងក្រោយ ហើយក្រាប​សង្កត់​នូវជើង​ទាំង៤ ក្នុង​ទីនោះ​ឯង ម្នាលភិក្ខុ​ទាំងឡាយ សេះមាន​ពុតត្បុត​ពួកខ្លះ ក្នុងលោកនេះ បែបនេះ​ឯង ម្នាលភិក្ខុ​ទាំងឡាយ នេះជាទោស​របស់សេះ ទី៨។ ម្នាលភិក្ខុ​ទាំងឡាយ សេះមាន​ពុតត្បុត ៨ យ៉ាង និងទោស​នៃសេះ ៨ យ៉ាងនេះឯង។ ម្នាលភិក្ខុ​ទាំងឡាយ បុរស​មាន​ពុតត្បុត ៨យ៉ាង និងទោស​នៃបុរស ៨យ៉ាង តើដូចម្ដេច។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុ​ទាំងឡាយ​ក្នុង​សាសនា​នេះ ដាស់តឿន​ភិក្ខុផងគ្នា ដោយអាបតិ្ត​ ភិក្ខុនោះ កាលដែល​ភិក្ខុទាំង​ឡាយ ដាស់តឿនដោយ​អាបត្តិ ក៏បណ្ដោះ​បណ្ដៃ​អំពីអាបត្តិ​ថា ខ្ញុំនឹក​មិនឃើញ​ទេៗ ម្នាលភិក្ខុ​ទាំងឡាយ សេះមាន​ពុតត្បុត​នោះ កាលដែល​នាយ​សារថី​និយាយ​ថា ឯងចូរ​ដើរទៅ ហើយចាក់ ដាស់តឿន ក៏ត្រឡប់​ថយក្រោយ ញុំាងរថឲ្យត្រឡប់ខាង​ក្រោយ​ មានឧបមា​ដូចម្តេចមិញ ម្នាលភិក្ខុ​ទាំងឡាយ តថាគត​ពោលថា បុគ្គលនេះ មាន​ឧបមេយ្យ​ដូច្នោះ​ឯង ម្នាលភិក្ខុ​ទាំងឡាយ បុរសមាន​ពុតត្បុត​ពួកខ្លះ ក្នុង​លោកនេះ បែបនេះ​ឯង ម្នាលភិក្ខុ​ទាំងឡាយ នេះជា​ទោសរបស់​បុរស ទី១។ ម្នាលភិក្ខុ​ទាំងឡាយ មួយទៀត ពួកភិក្ខុ​ដាស់តឿន​ភិក្ខុ​ផងគ្នា ដោយអាបត្តិ ភិក្ខុនោះ កាលដែល​ពួកភិក្ខុ​ដាស់តឿន​ដោយអាបត្តិ ក៏តបតនឹង​ពាក្យចោទ​វិញថា ប្រយោជន៍អ្វី អញនឹង​និយាយ​ជាមួយ​អ្នកឯង ដែលជា​មនុស្សពាល មិនឈ្លាសវៃ អម្បាលយ៉ាងអញ អ្នកឯង​ហ៊ាន​សំគាល់ថា​ជាបុគ្គល​គួរគេស្ដី​ថាបាន​ទៅហើយ ម្នាលភិក្ខុ​ទាំងឡាយ សេះមាន​ពុតត្បុត​នោះ កាលដែល​នាយ​សារថី​និយាយ​ថា ឯងចូរ​ដើរទៅ ហើយចាក់ ដាស់តឿន ក៏ប្រាយជើងខាង​ក្រោយ ទង្គិចក្បាល​នឹងក្បាល​ក្រពើរថ បំបាក់ឈើ​ជា ៣ កំណាត់ (ចែរថ) មានឧបមា​ដូចម្ដេច​មិញ ម្នាលភិក្ខុ​ទាំងឡាយ តថាគត​ពោលថា បុគ្គលនេះ មាន​ឧបមេយ្យ ដូច្នោះឯង ម្នាលភិក្ខុ​ទាំងឡាយ បុរសមាន​ពុតត្បុត​ពួកខ្លះ ក្នុងលោកនេះ បែបនេះ​ឯង ម្នាលភិក្ខុ​ទាំងឡាយ នេះ​ជាទោស​របស់បុរស ទី២។ ម្នាលភិក្ខុ​ទាំងឡាយ មួយទៀត ពួកភិក្ខុ​ដាស់តឿន​ភិក្ខុផងគ្នា​ដោយអាបត្តិ ភិក្ខុនោះ កាលដែល​ពួកភិក្ខុ ដាស់តឿន ដោយ​អាបត្តិ ក៏ត្រឡប់​លើកទោស ដល់ភិក្ខុអ្នក​ដាស់តឿន​វិញថា អ្នកឯងទេ​តើ ដែល​ត្រូវ​អាបត្តិ​ឈ្មោះ​នេះ អ្នកឯង​ចូរសំដែង​អាបត្តិមុន​សិនទៅ ម្នាលភិក្ខុ​ទាំងឡាយ សេះមាន​ពុតត្បុត​នោះ កាលដែល​នាយ​សារថី​និយាយថា ឯងចូរដើរ​ទៅ ហើយចាក់ ដាស់តឿន ក៏លើកនូវជើង​ពាក់លើចន្ទោលរថ ហើយញាំញី​នូវចន្ទោល​រថ ឲ្យខ្ទេចខ្ទី មាន​ឧបមាដូចម្ដេច​មិញ ម្នាលភិក្ខុ​ទាំងឡាយ តថាគត​ពោលថា បុគ្គលនេះ​មាន​ឧបមេយ្យ​ដូច្នោះឯង ម្នាលភិក្ខុ​ទាំងឡាយ បុរសមាន​ពុតត្បុតពួកខ្លះ ក្នុងលោកនេះ បែបនេះឯង ម្នាលភិក្ខុទាំងឡាយ នេះជាទោស​របស់បុរស​ ទី៣។ ម្នាលភិក្ខុ​ទាំងឡាយ មួយទៀត ពួកភិក្ខុ​ដាស់តឿនភិក្ខុផងគ្នា​ដោយអាបត្តិ ភិក្ខុនោះ កាល​ដែល​ពួកភិក្ខុ​ដាស់តឿន​ដោយ​អាបត្តិ ក៏បិទបាំង​នូវហេតុ​ដទៃ​ដោយ​ហេតុដទៃ ទាត់ពាក្យ​សំដី​ចោល​ទៅខាងក្រៅ ធ្វើ​នូវ​សេចក្តីក្រោធ​ផង នូវទោសផង នូវ​សេចក្តី​មិនត្រេកអរផង ឲ្យ​ប្រាកដ ម្នាលភិក្ខុ​ទាំងឡាយ សេះមាន​ពុតត្បុតនោះ កាលដែលនាយ​សារថី​និយាយថា ឯងចូរដើរ​ទៅ ហើយចាក់ ដាស់តឿន ក៏ប្រកាន់ខុសផ្លូវ ធ្វើរថឲ្យ​ខុសផ្លូវ មានឧបមា​ដូចម្ដេច​មិញ ម្នាលភិក្ខុ​ទាំង​ឡាយ តថាគតពោលថា បុគ្គលនេះ​ មាន​ឧបមេយ្យ​ដូច្នោះឯង ម្នាល​ភិក្ខុ​ទាំងឡាយ បុរស​មានពុតត្បុតពួកខ្លះ ក្នុងលោកនេះ បែបនេះឯង ម្នាលភិក្ខុទាំងឡាយ នេះ​ជាទោស​របស់​បុរស​ ទី៤។ ម្នាលភិក្ខុ​ទាំងឡាយ មួយទៀត ពួកភិក្ខុ​ដាស់តឿន ភិក្ខុផងគ្នា​ដោយ​អាបត្តិ ភិក្ខុនោះ កាលដែល​ពួក​ភិក្ខុដាស់តឿន​ដោយអាបត្តិ ក៏និយាយ​ឆ្កាដៃ ក្នុងកណ្ដាល​​ជំនុំសង្ឃ ម្នាលភិក្ខុទាំងឡាយ សេះមានពុត​ត្បុតនោះ កាលដែល​នាយ​សារថី​និយាយថា ឯងចូរដើរទៅ ហើយចាក់ ដាស់តឿន ក៏លោត​កញ្ជ្រោល​កាយខាង​មុខ ផ្គងនូវជើង​ទាំងពីរខាង​មុខ មានឧបមា​ដូច​ម្ដេចមិញ ម្នាលភិក្ខុ​ទាំងឡាយ តថាគត​ពោលថា បុគ្គលនេះ​មានឧបមេយ្យ​ដូច្នោះឯង ម្នាលភិក្ខុ​ទាំងឡាយ បុរសមាន​ពុតត្បុត​ពួកខ្លះ ក្នុងលោកនេះ បែបនេះឯង ម្នាលភិក្ខុ​ទាំងឡាយ នេះ​ជាទោស​របស់បុរស ទី៥។ ម្នាលភិក្ខុ​ទាំងឡាយ មួយទៀត ពួកភិក្ខុដាស់តឿន​ភិក្ខុផងគ្នាដោយ​អាបត្តិ ភិក្ខុនោះ កាលដែល​ភិក្ខុ​ទាំងឡាយ​ដាស់តឿន​​ដោយអាបត្តិ ក៏មិនអើពើនឹងសង្ឃ មិនអើពើនឹង​ភិក្ខុអ្នក​ដាស់តឿន ដើរចេញទៅ​ទាំងអាបត្តិ កាន់ទីតាមសេចក្ដី​ប្រាថា្ន ម្នាលភិក្ខុ​ទាំងឡាយ សេះមាន​ពុតត្បុត​នោះ កាលដែលនាយ​សារថី និយាយថា ឯងចូរដើរ​ទៅ ហើយចាក់ ដាស់តឿន ក៏មិនអើពើនឹងដងជន្លួញ ខាំផ្ដាច់​នូវ​ខ្សែបង្ហៀរ​ដោយធ្មេញ​ទាំងឡាយ ហើយគេច​ចេញទៅ​តាម​សេចក្ដី​ប្រាថា្ន មានឧបមា​ដូចម្ដេចមិញ ម្នាលភិក្ខុ​ទាំងឡាយ តថាគត​ពោលថា បុគ្គលនេះ មាន​ឧបមេយ្យ​ដូច្នោះឯង ម្នាលភិក្ខុ​ទាំងឡាយ បុរសមាន​ពុតត្បុត​ពួកខ្លះ ក្នុងលោកនេះ​ បែបនេះឯង ម្នាលភិក្ខុទាំងឡាយ នេះជាទោសរបស់​បុរស ទី៦។ ម្នាលភិក្ខុ​ទាំងឡាយ មួយទៀត ពួកភិក្ខុ​ដាស់តឿន​ភិក្ខុផងគ្នា​ដោយអាបត្តិ ភិក្ខុនោះ កាល​ដែលពួក​ភិក្ខុដាស់តឿន​ដោយអាបត្តិ ក៏ប្រកែក​ថា ខ្ញុំមិនត្រូវ​អាបតិ្តទេ ៗ ភិក្ខុនោះ រមែង​បៀតបៀន​នូវសង្ឃ​ដោយតុណ្ហីភាព ម្នាល​ភិក្ខុ​ទាំងឡាយ សេះមាន​ពុតត្បុតនោះ កាលដែល​នាយ​សារថី​និយាយ​ថា ឯងចូរ​ដើរទៅ ហើយចាក់ ដាស់តឿន ក៏មិន​ឈាន​ទៅមុខ មិនឈាន​ថយក្រោយ នៅឈរ​នឹង​ថ្កល់ ដូចជា​សសរ​ខឿន ក្នុងទីនោះ​ដដែល មាន​ឧបមា​ដូចម្ដេចមិញ ម្នាលភិក្ខុ​ទាំងឡាយ តថាគតពោលថា បុគ្គលនេះ មាន​ឧបមេយ្យ​ដូច្នោះឯង ម្នាលភិក្ខុទាំងឡាយ បុរស​មានពុតត្បុត​ពួកខ្លះ ក្នុង​លោកនេះ បែបនេះ​ឯង ម្នាលភិក្ខុ​ទាំងឡាយ នេះជា​ទោស​របស់​បុរស ទី៧។ ម្នាលភិក្ខុ​ទាំងឡាយ មួយ​វិញទៀត ពួកភិក្ខុ​ដាស់តឿន​ភិក្ខុផងគ្នា​ដោយអាបត្តិ ភិក្ខុនោះ កាលដែល​ពួកភិក្ខុ​ចោទ​ដោយអាបត្តិ ក៏ពោល​យ៉ាង​នេះថា លោកទាំងឡាយ​ដ៏មានអាយុ ហេតុអ្វី​ក៏បានជា​ខំខ្វល់ខ្វាយ​នឹង​ខ្ញុំ​ខ្លាំងម្ល៉េះ ណ្ហើយចុះ ខ្ញុំនឹង​លាសិក្ខា ត្រឡប់មកកាន់​ភេទថោក​ទាប​វិញ ក្នុងឥឡូវនេះ ភិក្ខុនោះ ក៏លាសិក្ខា ហើយត្រឡប់​មកកាន់​ភេទ​ថោកទាប រួច​ពោល​យ៉ាង​នេះថា ឥឡូវនេះ លោកទាំងឡាយ​ដ៏មានអាយុ ចូរ​មានចិត្ត​ត្រេកអរ​ចុះ ម្នាលភិក្ខុ​ទាំង​ឡាយ សេះមាន​ពុតត្បុត​នោះ កាលដែល​នាយ​សារថី​និយាយ​ថា ឯង​ចូរ​ដើរទៅ ហើយចាក់ ដាស់តឿន ក៏កង្កុញជើង​ទាំងពីរ​ខាងមុខ កង្កុញ​ជើងទាំងពីរ​ខាង​ក្រោយ ក្រាប​សង្កត់​នូវ​ជើងទាំង ៤ ក្នុងទី​នោះឯង មាន​ឧបមា​ដូចម្ដេច​មិញ ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត​ពោលថា បុគ្គល​នេះ មាន​ឧបមេយ្យ​ដូច្នោះឯង ម្នាលភិក្ខុ​ទាំងឡាយ បុរស​មាន​ពុតត្បុត​ពួកខ្លះ ក្នុងលោកនេះ បែបនេះ​ឯង ម្នាលភិក្ខុ​ទាំងឡាយ នេះជា​ទោស​របស់​បុរស ទី៨។ ម្នាលភិក្ខុ​ទាំងឡាយ បុរស​មាន​ពុតត្បុត​ ៨ យ៉ាង និងទោស​នៃបុរស ៨ យ៉ាងនេះឯង។

មលសូត្រ ទី៥

(៥. មលសុត្តំ)

[១៥] ម្នាលភិក្ខុទាំងឡាយ មន្ទិលនេះ មាន ៨ យ៉ាង។ មន្ទិល ៨ យ៉ាង តើ​ដូចម្ដេច​ខ្លះ។ ម្នាលភិក្ខុ​ទាំងឡាយ មន្ត​ទាំងឡាយ មានការ​មិនស្វាធ្យាយ ជាមន្ទិល ១ ម្នាលភិក្ខុ​ទាំងឡាយ ផ្ទះទាំងឡាយ មានការ​មិនថែទាំ​ជាមន្ទិល ១ ម្នាលភិក្ខុ​ទាំងឡាយ ការខ្ជិល​ច្រអូស ជាមន្ទិល​នៃសម្បុរសរីរៈ ១ ម្នាលភិក្ខុ​ទាំងឡាយ ការប្រហែស​ធ្វេស ជាមន្ទិល​នៃអ្នក​ថែរក្សា ១ ម្នាលភិក្ខុ​ទាំងឡាយ ការប្រព្រឹត្តិ​អាក្រក់2) (ចំពោះប្ដី) ជាមន្ទិល​របស់ស្រ្តី ១ ម្នាលភិក្ខុ​ទាំងឡាយ សេចក្ដី​កំណាញ់ ជា​មន្ទិល​របស់​អ្នកឲ្យ ១ ម្នាលភិក្ខុ​ទាំងឡាយ អកុសលធម៌​ដ៏លាមក ជាមន្ទិល​ក្នុងលោកនេះ និង​លោក​ខាងមុខ ១ ម្នាលភិក្ខុ​ទាំងឡាយ មន្ទិល​ដ៏លើស​ជាង​មន្ទិល​ទាំងនោះ គឺអវិជ្ជា ជា​មន្ទិល​យ៉ាងក្រៃលែង ១។ ម្នាលភិក្ខុ​ទាំងឡាយ មន្ទិល ៨ យ៉ាងនេះឯង។

មន្តទាំងឡាយ មានការ​មិនស្វាធ្យាយ​ជាមន្ទិល ផ្ទះ​ទាំងឡាយ មាន​ការមិន​ថែទាំ​ជាមន្ទិល ការខ្ជិលច្រអូស ជាមន្ទិល​នៃពណ៌​សម្បុរ ការ​ប្រហែល​ធ្វេស ជាមន្ទិល​នៃអ្នក​ថែរក្សា ការប្រព្រឹត្តិ​អាក្រក់ (ចំពោះប្ដី) ​ជាមន្ទិល​របស់ស្រ្តី សេចក្ដី​កំណាញ់ ជាមន្ទិល​របស់​អ្នកឲ្យ អកុសលធម៌​ដ៏លាមក ជាមន្ទិល​ក្នុង​លោកនេះ និង​លោក​ខាងមុខ មន្ទិល​ដ៏លើសជាង​មន្ទិល​ទាំងនោះ គឺអវិជ្ជា ជា​មន្ទិល​យ៉ាងក្រៃលែង។

ទូតេយ្យសូត្រ ទី៦

(៦. ទូតេយ្យសុត្តំ)

[១៦] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកប​ដោយធម៌ ៨ យ៉ាង ទើបគួរ​ដើម្បីដល់​នូវ​ទូត​កម្ម3) បាន។ ធម៌ ៨ យ៉ាង តើ​ដូចម្ដេចខ្លះ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុក្នុង​សាសនា​នេះ ជាអ្នក​ស្ដាប់ខ្លួន​ឯង ១ ជាអ្នក​ញុំាង​បុគ្គល​ដទៃឲ្យ​ស្ដាប់ ១ ជាអ្នក​រៀនខ្លួនឯង ១ ជាអ្នក​យល់ច្បាស់​នូវ​សេចក្ដី​មានប្រយោជន៍ និង​មិនមាន​ប្រយោជន៍ ១ ជាអ្នក​ញុំាង​បុគ្គល​ដទៃ ឲ្យយល់ច្បាស់​នូវ​សេចក្ដី​មាន​ប្រយោជន៍ និង​មិនមាន​ប្រយោជន៍ ១ ជាអ្នក​ឈ្លាស​ក្នុងអំពើ​មាន​ប្រយោជន៍ និង​មិនមាន​ប្រយោជន៍ ១ ជាអ្នក​មិនធ្វើនូវ​ការឈ្លោះ​ប្រកែក ១។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុ​ប្រកប​ដោយ​ធម៌ ៨ យ៉ាងនេះ ទើបគួរ​ដើម្បីដល់​នូវ​ទូតកម្ម​បាន។ ម្នាលភិក្ខុ​ទាំងឡាយ សារីបុត្រ​ប្រកប​ដោយធម៌ ៨ យ៉ាង ទើបគួរ​ដើម្បីដល់​នូវ​ទូតកម្ម​បាន។ ធម៌ ៨ យ៉ាង តើ​ដូចម្ដេច​ខ្លះ។ ម្នាលភិក្ខុ​ទាំងឡាយ ក្នុង​ធម្មវិន័យ​នេះ សារីបុត្រ ជា​អ្នកស្តាប់​ខ្លួនឯង ១ ជាអ្នក​ញុំាងបុគ្គល​ដទៃ​ឲ្យស្តាប់ ១ ជាអ្នក​រៀនខ្លួន​ឯង ១ ជាអ្នក​ចងចាំ​ទុក ១ ជាអ្នក​យល់ច្បាស់ (នូវសេចក្ដី​មានប្រយោជន៍ និង​មិនមាន​ប្រយោជន៍) ១ ជាអ្នក​ញុំាង​បុគ្គល​ដទៃ​ឲ្យយល់​ច្បាស់ (នូវសេចក្ដី​មានប្រយោជន៍ និង​មិនមាន​ប្រយោជន៍) ១ ជាអ្នក​ឈ្លាស ក្នុង​អំពើមាន​ប្រយោជន៍ និង​មិនមាន​ប្រយោជន៍ ១ ជាអ្នកមិន​ធ្វើនូវ​ការឈ្លោះ​ប្រកែក ១។ ម្នាល​ភិក្ខុ​ទាំងឡាយ សារីបុត្រ​ប្រកប​ដោយធម៌ ៨ យ៉ាង នេះឯង ទើបគួរ​ដើម្បី​ដល់​នូវ​ទូតកម្ម​បាន។

ភិក្ខុណានិយាយ​ទៅរក​បរិសទ្យ ដែលជា​អ្នកពោល​ពាក្យ​លើកដំកើង ក៏មិនតក់​ស្លុត​ផង មិនឲ្យ​បាត់ពាក្យ​ផង មិនឲ្យ​បាត់ពាក្យ​បណ្ដាំ​ផង ពោលពាក្យ​មិនឲ្យ​គេមាន​សេចក្ដី​សង្ស័យ​ផង គេសួរ​មិនខឹង​ផង​ ភិក្ខុប្រាកដ​ដូច្នោះ​នោះ​ឯង គួរ​ដើម្បី​ដល់​នូវ​ទូតកម្ម​បាន។

បឋមពន្ធនសូត្រ ទី៧

(៧. បឋមពន្ធនសុត្តំ)

[១៧] ម្នាលភិក្ខុទាំងឡាយ ស្រ្តីតែងចង​បុរស​ដោយអាការ ៨ យ៉ាង។ អាការ ៨ យ៉ាង តើដូចម្ដេច​ខ្លះ។ ម្នាលភិក្ខុទាំងឡាយ ស្រ្តីចងបុរស​ដោយរូប ១ ម្នាលភិក្ខុ​ទាំងឡាយ ស្រ្តីចង​បុរស ដោយ​សំណើច ១ ម្នាលភិក្ខុ​ទាំងឡាយ ស្រ្តីចងបុរស ដោយ​និយាយ ១ ម្នាលភិក្ខុ​ទាំងឡាយ ស្រ្តីចងបុរស ដោយចម្រៀង ១ ម្នាលភិក្ខុ​ទាំងឡាយ ស្រ្តីចង​បុរស​ដោយយំ ១ ម្នាលភិក្ខុ​ទាំងឡាយ ស្រ្តីចង​បុរស ដោយការស្អាង (មានវិធី​ស្លៀកពាក់​ជាដើម) ១ ម្នាលភិក្ខុ​ទាំងឡាយ ស្រ្តីចងបុរស ដោយគ្រឿង​បណ្ណាការ មានផ្កា​ឈើ និង​ផ្លែឈើ ដែលខ្លួន​កាច់មក​អំពីព្រៃ ១ ម្នាលភិក្ខុ​ទាំងឡាយ ស្រ្តីចងបុរស ដោយផស្សៈ ១។ ម្នាលភិក្ខុ​ទាំងឡាយ ស្រ្តីចង​បុរស​ដោយ​អាការ ៨យ៉ាងនេះឯង ម្នាលភិក្ខុ​ទាំងឡាយ ពួកសត្វ​ដែលស្ត្រី​ចងក្រៀក ដោយអាការទាំង ៨ យ៉ាងនេះឯង ឈ្មោះថា ជាប់អន្ទាក់។

ទុតិយពន្ធនសូត្រ ទី៨

(៨. ទុតិយពន្ធនសុត្តំ)

[១៨] ម្នាលភិក្ខុទាំងឡាយ បុរសចងស្រ្តី ដោយអាការ ៨យ៉ាង។ អាការ ៨ យ៉ាង តើដូច​ម្ដេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ បុរសចងស្រ្តី ដោយរូប ១ ម្នាលភិក្ខុ​ទាំងឡាយ បុរសចង​ស្រ្តី ដោយសំណើច ១ ម្នាលភិក្ខុ​ទាំងឡាយ បុរសចងស្រ្តី ដោយនិយាយ ១ ម្នាលភិក្ខុទាំងឡាយ បុរសចងស្រ្តី ដោយចម្រៀង ១ ម្នាលភិក្ខុ​ទាំងឡាយ បុរសចងស្រ្តី ដោយយំ ១ ម្នាលភិក្ខុ​ទាំងឡាយ បុរសចងស្រ្តី ដោយការស្អាង ១ ម្នាលភិក្ខុ​ទាំងឡាយ បុរសចងស្រ្តី ដោយគ្រឿង​បណ្ណាការ ដែលខ្លួន​កាច់មក​អំពីព្រៃ ១ ម្នាលភិក្ខុ​ទាំងឡាយ បុរស​ចងស្រ្តី ដោយ​ផស្សៈ ១។ ម្នាលភិក្ខុ​ទាំងឡាយ បុរស​ចងស្រ្តី​ដោយអាការ ៨​យ៉ាង​នេះឯង ម្នាលភិក្ខុ​ទាំងឡាយ ពួកសត្វ​ដែលបុរស​ចងក្រៀក ដោយអាការ​ ៨ យ៉ាងនោះឯង ឈ្មោះថា ជាប់អន្ទាក់។

បហារាទសូត្រ ទី៩

(៩. បហារាទសុត្តំ)

[១៩] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្រោម​ដើមស្ដៅ ជាលំនៅ​នៃ​នឡេរុយក្ខ ទៀប​ស្រុក​វេរញ្ជា។ គ្រានោះ បហារាទ អសុរិន្ទ (សេ្ដច​អសុរ ឈ្មោះ​បហារាទ) ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូល​ទៅដល់ ថ្វាយបង្គំ​ព្រះដ៏មានព្រះភាគ ហើយ​ឋិត​នៅក្នុង​ទីសមគួរ។ លុះ​បហារាទ អសុរិន្ទ ​ឋិតនៅក្នុង​ទីសមគួរ​ហើយ ព្រះដ៏មាន​ព្រះភាគ ទ្រង់ត្រាស់​ដូច្នេះថា ម្នាល​បហារាទ ចុះពួក​អសុរ តែង​រីករាយ ក្នុង​មហាសមុទ្រ​ដែរឬ។ បពិត្រ​ព្រះអង្គដ៏ចំរើន ពួក​អសុរ តែង​រីករាយ ក្នុង​មហាសមុទ្រ​ដែរ។ ម្នាល​បហារាទ ចុះក្នុង​មហាសមុទ្រ មានហេតុ​ជា​អស្ចារ្យចំឡែក​ប៉ុន្មាន​យ៉ាង បានជា​ពួក​អសុរ​ឃើញហើយ ៗ តែងរីករាយ​ក្នុង​មហាសមុទ្រ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ក្នុង​មហាសមុទ្រ មានហេតុ​ជាអស្ចារ្យ​ចំឡែក ៨ យ៉ាង បានជា​ពួក​អសុរ​ឃើញហើយ ៗ តែង​រីករាយ​ក្នុង​មហាសមុទ្រ។ ហេតុជា​អស្ចារ្យ​ចំឡែក ៨ យ៉ាង តើដូចម្ដេច​ខ្លះ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន មហាសមុទ្រ មានទំនាប​ទៅដោយ​លំដាប់ មាន​ទី​ជម្រាល​ទៅ​ដោយ​លំដាប់ មានទីទេរ​ទៅដោយ​លំដាប់ មិនមែន​ចោតជ្រៅ​ទៅ​តែម្ដង ដូចជា​អណ្ដូង​ទេ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន មហាសមុទ្រ មានទំនាប​ទៅដោយ​លំដាប់ មានទី​ជម្រាលទៅ​ដោយ​លំដាប់ មានទីទេរ​ទៅដោយ​លំដាប់ មិន​ចោតជ្រៅ​ទៅតែម្ដង ដូចជា​អណ្ដូង ដោយ​ហេតុណា បពិត្រ​ព្រះអង្គ​ដ៏ចំរើន នេះជា​ហេតុ​អស្ចារ្យ ទី១ ក្នុង​មហាសមុទ្រ ដែល​ពួក​អសុរ​ឃើញហើយ ៗ តែងរីករាយ​ក្នុង​មហាសមុទ្រ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន មួយទៀត មហាសមុទ្រ មានទឹក​តាំងនៅ​នឹង​ជាធម្មតា មិនដែល​ឡើង ឬ​ជោរ​ហួសច្រាំង​ទៅបាន។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន មហាសមុទ្រ មានទឹកតាំង​នៅនឹង​ជាធម្មតា មិនដែល​ឡើង ឬ​ជោរ​ហួស​ច្រាំង​ទៅបាន ដោយហេតុ​ណា បពិត្រ​ព្រះអង្គ​ដ៏ចំរើន នេះជា​ហេតុ​អស្ចារ្យ​ចំឡែក ទី២ ក្នុង​មហាសមុទ្រ ដែលពួក​អសុរ​ឃើញហើយ ៗ តែងរីករាយ​ក្នុង​មហាសមុទ្រ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន មួយទៀត មហាសមុទ្រ មិនដែល​នៅរួម​ដោយ​សាកសព​ស្លាប់ទេ បើ​សាកសព​ស្លាប់ណា មានក្នុង​មហាសមុទ្រ រលកតែង​បន្សាត់​សាកសព​ស្លាប់នោះ ទៅ​រកច្រាំង ផាត់ឡើង​ទៅលើ​គោក​មួយរំពេច។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន មហាសមុទ្រ មិនដែល​នៅរួម​ដោយ​សាកសព​ស្លាប់ បើសាកសព​ស្លាប់ណា មាននៅ​ក្នុង​មហាសមុទ្រ រលក​តែងបន្សាត់​សាកសព​ស្លាប់នោះ​ទៅរក​ច្រាំង ផាត់ឡើង​ទៅលើគោក​មួយរំពេច ដោយ​ហេតុណា បពិត្រ​ព្រះអង្គ​ដ៏ចំរើន នេះជា​ហេតុ​អស្ចារ្យ ចំឡែក​ ទី៣ ក្នុង​មហាសមុទ្រ ដែលពួក​អសុរ​ឃើញហើយ ៗ តែងរីករាយ​ក្នុង​មហាសមុទ្រ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន មួយទៀត ទន្លេធំៗ ទាំងឡាយ​ណាមួយ គឺ​ទន្លេគង្គា យមុនា អចិរវតី សរភូ មហី កាលបើ​ទន្លេ​ទាំងនោះ ហូរទៅដល់​មហាសមុទ្រ​ហើយ រមែង​លះបង់​នាម និង​គោត្រ​ដើម (របស់ខ្លួន) ហើយ​ដល់នូវ​កិរិយា​រាប់​បញ្ចូល​ថា មហាសមុទ្រ​តែម្យ៉ាង។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ទន្លេធំៗ​ទាំងឡាយ​ណាមួយ គឺ ទន្លេគង្គា។បេ។ ដល់នូវ​កិរិយា​រាប់ថា មហាសមុទ្រ​តែម្យ៉ាង ដោយហេតុ​ណា បពិត្រ​ព្រះអង្គ​ដ៏ចំរើន នេះជា​ហេតុអស្ចារ្យ ចំឡែក​ ទី៤ ក្នុង​មហាសមុទ្រ ដែលពួក​អសុរ​ឃើញហើយ ៗ តែងរីករាយ​ក្នុង​មហាសមុទ្រ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន មួយទៀត ទឹកទន្លេ​ទាំង​ឡាយណា​មួយ​ក្នុងលោក ដែលហូរ​ស្រោច​ទៅ​រក​មហាសមុទ្រ​ក្ដី ធារទឹក​ភ្លៀង​ទាំងឡាយ​ណា ដែលហូរ​ធ្លាក់ចុះ​មកអំពី​អាកាស​ក្ដី មហាសមុទ្រ ក៏មិន​ប្រាកដ​ជាស្រក ឬ​ពេញដោយ​ទឹកទន្លេ និងធារទឹកភ្លៀង​នោះឡើយ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ទឹកទន្លេ​ទាំងឡាយ​ណាមួយ​ក្នុងលោក ដែលហូរ​ស្រោច ទៅ​រក​មហាសមុទ្រ​ក្ដី ធារទឹកភ្លៀង​ទាំងឡាយណា ដែលហូរ​ធ្លាក់ចុះ​មកអំពី​អាកាសក្ដី មហាសមុទ្រ ក៏មិន​ប្រាកដ​ជាស្រក ឬ​ពេញដោយ​ទឹកទន្លេ និងធារ​ទឹកភ្លៀង​នោះ ដោយ​ហេតុ​ណា បពិត្រ​ព្រះអង្គ​ដ៏ចំរើន នេះជា​ហេតុអស្ចារ្យ ចំឡែក ទី៥ ក្នុង​មហាសមុទ្រ ដែល​ពួកអសុរ​ឃើញហើយ ៗ តែងរីករាយ​ក្នុង​មហាសមុទ្រ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន មួយទៀត មហាសមុទ្រ មានរស​តែមួយ គឺរសប្រៃ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន មហា​សមុទ្រ មានរស​តែមួយ គឺរសប្រៃ ដោយហេតុណា បពិត្រ​ព្រះអង្គ​ដ៏ចំរើន នេះជា​ហេតុអស្ចារ្យ ចំឡែក ទី៦ ក្នុង​មហាសមុទ្រ ដែលពួក​អសុរឃើញ​ហើយ ៗ តែងរីករាយ​ក្នុង​មហាសមុទ្រ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន មួយទៀត មហាសមុទ្រ មាន​រតនៈ (ទ្រព្យជា​គ្រឿងពេញ​ចិត្ត) ច្រើន​យ៉ាង មិនមែនមាន​តែរតនៈ​ម្យ៉ាងទេ ឯរតនៈ​ទាំងនេះ ដែលមាន​នៅក្នុង​មហាសមុទ្រ​នោះ គឺ កែវមុក្តា កែវមណី កែវពីទូរ្យ សង្ខ សិលា កែវប្រពាឡ ប្រាក់ មាស កែវក្រហម (ត្បូងទទឹម) និងកែវ​មរកត។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន មហាសមុទ្រ មានរតនៈ​ច្រើនយ៉ាង មិនមែន​មានរតនៈ​ម្យ៉ាងទេ ឯរតនៈ​ទាំងនេះ ដែលមាន​នៅក្នុង​មហាសមុទ្រ​នោះ គឺ​កែវមុក្តា កែវមណី កែវពិទូរ្យ សង្ខ សិលា កែវប្រពាឡ ប្រាក់ មាស កែវក្រហម និង​កែវ​មរកត ដោយ​ហេតុណា បពិត្រ​ព្រះអង្គ​ដ៏ចំរើន នេះជា​ហេតុអស្ចារ្យ ចំឡែក ទី៧ ក្នុង​មហាសមុទ្រ ដែល​ពួកអសុរ​ឃើញ​ហើយ ៗ តែងរីករាយ​ក្នុង​មហាសមុទ្រ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន មួយវិញទៀត មហាសមុទ្រ ជាទីនៅ​អាស្រ័យ​នៃពួក​សត្វធំៗ ជាច្រើន ពួកសត្វ​ធំៗ ទាំងនេះ ដែលនៅ​ក្នុង​មហាសមុទ្រ​នោះ គឺ​ត្រីឈ្មោះ​តិមិ ឈ្មោះ​តិមិង្គលៈ ឈ្មោះ​តិមិរមិង្គលៈ និង​ពួកអសុរ នាគ គន្ធព្វ ដែលមាន​ក្នុង​មហាសមុទ្រ មានអត្តភាព ១០០​យោជន៍​ខ្លះ មានអត្តភាព ២០០​យោជន៍ខ្លះ មានអត្តភាព ៣០០​យោជន៍ខ្លះ មាន​អត្តភាព ៤០០​យោជន៍ខ្លះ មានអត្តភាព ៥០០​យោជន៍ខ្លះ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន មហាសមុទ្រ ជាទីនៅ​អាស្រ័យ​នៃពួក​សត្វធំៗ ជាច្រើន ពួកសត្វធំៗ ទាំងនេះ ដែលនៅ​អាស្រ័យក្នុង​មហា​សមុទ្រ​នោះ គឺ​ត្រីឈ្មោះ​តិមិ ឈ្មោះ​តិមិង្គលៈ ឈ្មោះ​តិមិរមិង្គលៈ និងពួក​អសុរ នាគ គន្ធព្វ ដែលមាន​ក្នុង​មហាសមុទ្រ មានអត្តភាព ១០០​យោជន៍ខ្លះ។បេ។ មានអត្តភាព ៣០០​យោជន៍ខ្លះ មានអត្តភាព ៤០០​យោជន៍ខ្លះ មានអត្តភាព ៥០០​យោជន៍ខ្លះ ដោយ​​ហេតុណា បពិត្រ​ព្រះអង្គដ៏​ចំរើន នេះជា​ហេតុអស្ចារ្យ ចំឡែក ទី៨ ក្នុង​មហាសមុទ្រ ដែលពួក​អសុរ​ឃើញហើយ ៗ តែងរីករាយ​ក្នុង​មហាសមុទ្រ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ​ហេតុជា​អស្ចារ្យ​ចំឡែក ក្នុងមហាសមុទ្រ មាន ៨យ៉ាង​នេះឯង ដែល​ពួកអសុរ​ឃើញហើយ ៗ តែងរីករាយ​ក្នុង​មហាសមុទ្រ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ចុះពួក​ភិក្ខុ​ តែងរីករាយ​ក្នុង​ធម្មវិន័យ​នេះដែរឬ។ ម្នាល​បហារាទ ពួកភិក្ខុតែង​រីករាយ ក្នុង​ធម្មវិន័យ​នេះដែរ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ក្នុងធម្មវិន័យ​នេះ មានហេតុ​ជាអស្ចារ្យ​ចំឡែក ប៉ុន្មាន​យ៉ាង ដែលពួកភិក្ខុ​ឃើញហើយ ៗ តែងរីករាយ ក្នុងធម្មវិន័យ​នេះ។ ម្នាល​បហារាទ ក្នុងធម្មវិន័យនេះ មានហេតុ​ជា​អស្ចារ្យ​ចំឡែក ៨ យ៉ាង ដែលពួកភិក្ខុ​​ឃើញហើយ ៗ តែង​រីករាយ ក្នុង​ធម្មវិន័យ​នេះ។ ហេតុជា​អស្ចារ្យ​ចំឡែក ៨ យ៉ាង តើដូចម្ដេច។ ម្នាល​បហារាទ មហាសមុទ្រ​ដែលមាន​ទំនាបទៅ​ដោយ​លំដាប់ មានទី​ជម្រាល​ទៅដោយ​លំដាប់ មានទី​ទេរ​ទៅដោយ​លំដាប់ មិនចោត​ជ្រៅទៅ​តែម្ដង​ដូច​អណ្ដូង​ទេ យ៉ាងណា​មិញ ម្នាល​បហារាទ ក្នុង​ធម្មវិន័យនេះ មានការ​សិក្សា​ដោយ​លំដាប់ មានកិច្ច​ដែលត្រូវ​ធ្វើ​ដោយ​លំដាប់ មានសេចក្ដី​ប្រតិបត្តិ​ដោយលំដាប់ មិនមែន​បានត្រាស់ដឹង​អរហត្តផល​តែម្ដង​ទេ ក៏​យ៉ាងនោះ​ដែរ។ ម្នាល​បហារាទ ក្នុង​ធម្មវិន័យ​នេះ មានការ​សិក្សា​ដោយ​លំដាប់ មានកិច្ច​ដែល​ត្រូវធ្វើ​ដោយ​លំដាប់ មានសេចក្ដី​ប្រតិបត្តិ​ដោយ​លំដាប់ មិនមែន​បានត្រាស់ដឹង​អរហត្តផល​​តែម្ដង​ទេ ដោយ​ហេតុណា ម្នាល​បហារាទ នេះជាហេតុ​អស្ចារ្យចំឡែក ទី១ ក្នុងធម្មវិន័យនេះ ដែល​ពួក​ភិក្ខុ​ឃើញហើយ ៗ តែង​រីករាយ​ក្នុង​ធម្មវិន័យ​នេះ។ ម្នាល​បហារាទ មហាសមុទ្រ ដែលមានទឹក​តាំងនៅ​នឹង​ជាធម្មតា មិនដែលឡើង ឬ​ជោរ​ហួសច្រាំង​ទៅ យ៉ាងណាមិញ ម្នាល​បហារាទ សិក្ខាបទណា ដែល​តថាគត​បាន​បញ្ញត្ត​ដល់​សាវក​ទាំងឡាយ​ហើយ ពួក​សាវក​តថាគត សូម្បី​មានហេតុ​ដល់ជីវិត ក៏មិនហ៊ាន​ប្រព្រឹត្ត​កន្លង​សិក្ខាបទ​នោះឡើយ ក៏យ៉ាង​នោះដែរ។ ម្នាល​បហារាទ សិក្ខាបទ​ណា ដែល​តថាគត​បាន​បញ្ញត្ត​ដល់សាវក​ទាំងឡាយ​ហើយ ពួក​សាវក​តថាគត សូម្បី​មាន​ហេតុ​ដល់​ជីវិត ក៏មិនហ៊ាន​ប្រព្រឹត្ត​កន្លង​សិក្ខាបទ​នោះ ដោយ​ហេតុណា ម្នាល​បហារាទ នេះជា​ហេតុ​អស្ចារ្យ​ចំឡែក ទី២ ក្នុងធម្មវិន័យ​នេះ ដែល​ពួកភិក្ខុ​ឃើញហើយ ៗ តែង​រីករាយ​ក្នុង​ធម្មវិន័យ​នេះ។ ម្នាល​បហារាទ មហាសមុទ្រ ដែលមិន​នៅរួម​ដោយ​សាកសព​ស្លាប់ បើសាកសព​ស្លាប់ណា ដែលមាន​ក្នុង​មហាសមុទ្រ រលក​តែងបន្សាត់​សាកសពនោះ ទៅ​រកច្រាំង ផាត់ឡើង​ទៅលើគោក​មួយរំពេច យ៉ាងណាមិញ ម្នាល​បហារាទ បុគ្គល​ណា ជាអ្នក​ទ្រុស្ដសីល មានធម៌​អាក្រក់ មាន​មារយាទ​មិនស្អាត គួរឲ្យ​គេរង្កៀស បិទបាំង​អំពើ​អាក្រក់​ទុក មិនមែន​ជាសមណៈ ប្ដេជ្ញា​ខ្លួនថាជា​សមណៈ ជាអ្នកប្រព្រឹត្តធម៌​មិនប្រសើរ ប្ដេជ្ញាខ្លួន​ជាអ្នក​ប្រព្រឹត្តធម៌​ដ៏ប្រសើរ ស្អុយក្នុង មានចិត្ត​ជោក​ដោយ​រាគៈ ក្រខ្វក់​ដូច​សម្រាម សង្ឃនៅរួម​ជាមួយនឹង​បុគ្គលនោះ​មិនបាន សង្ឃ​តែងប្រជុំ​គ្នា នាំយកបុគ្គលនោះ​ចេញមួយ​រំពេច បុគ្គលនោះ ទុកជា​អង្គុយ​នៅក្នុង​កណ្ដាល​ជំនុំសង្ឃ​ពិតមែន ប៉ុន្តែ​បុគ្គល​នោះ ឈ្មោះថានៅឆ្ងាយ​អំពីសង្ឃ ចំណែក​ខាងសង្ឃ ក៏ឈ្មោះ​ថា​នៅ​ឆ្ងាយ​អំពី​បុគ្គល​នោះដែរ។ ម្នាល​បហារាទ បុគ្គល​ណា ជាអ្នក​ទ្រុស្ដសីល មានធម៌​អាក្រក់ មានមារយាទ​មិនស្អាត គួរឲ្យ​គេរង្កៀស បិទបាំង​អំពើអាក្រក់​ទុក មិនមែន​ជាសមណៈ ប្ដេជ្ញា​ខ្លួនថា​ជា​សមណៈ ជាអ្នក​ប្រព្រឹត្តធម៌​មិនប្រសើរ ប្ដេជ្ញាខ្លួនថា​ជាអ្នក​ប្រព្រឹត្តធម៌​ដ៏ប្រសើរ ស្អុយក្នុង មានចិត្ត​ជោកដោយ​រាគៈ ក្រខ្វក់​ដូចសម្រាម សង្ឃនៅរួម​ជាមួយនឹង​បុគ្គលនោះ​មិនបាន សង្ឃ​តែងប្រជុំគ្នា នាំយកបុគ្គល​នោះចេញ​មួយ​រំពេច បុគ្គលនោះ ទុកជា​អង្គុយ​នៅក្នុង​កណ្ដាល​ជំនុំសង្ឃ​ពិតមែន ប៉ុន្តែ​បុគ្គលនោះ ឈ្មោះថា​នៅឆ្ងាយ​អំពីសង្ឃ ចំណែក​ខាង​សង្ឃ ក៏ឈ្មោះថា នៅឆ្ងាយ​អំពីបុគ្គល​នោះ ដោយ​ហេតុណា ម្នាលបហារាទ នេះជា​ហេតុ​អស្ចារ្យ​ចំឡែក ទី៣ ក្នុងធម្មវិន័យ​នេះ ដែល​ពួកភិក្ខុ​ឃើញហើយ ៗ តែង​រីករាយ​ក្នុង​ធម្មវិន័យ​នេះ។ ម្នាល​បហារាទ ទន្លេធំៗ ទាំងឡាយណាមួយ គឺ​ទន្លេគង្គា យមុនា អចិរវតី សរភូ មហី កាលបើទន្លេ​ទាំងនោះ ហូរចូលទៅ​ដល់​មហាសមុទ្រ​ហើយ តែង​លះបង់​នាម និង​គោត្រ​ដើម (របស់ខ្លួន) ហើយដល់​នូវ​កិរិយា​រាប់ថា​ជា​មហាសមុទ្រ​តែម្យ៉ាង យ៉ាង​ណា​មិញ ម្នាល​បហារាទ វណ្ណៈ គឺត្រកូល ៤ ពួកនេះ គឺ​ក្សត្រិយ៍ ១ ព្រាហ្មណ៍ ១ វេស្សៈ ១ សុទ្ទៈ ១ បើវណ្ណៈ​ទាំងនោះ​ចេញចាក​ផ្ទះ បួស​ក្នុង​ធម្មវិន័យ ដែលតថាគត​សំដែងហើយ រមែង​លះបង់​នាម និងគោត្រដើម (របស់ខ្លួន) ហើយ​ដល់នូវ​កិរិយា​រាប់ថា​ជា​សមណ​សក្យបុត្រ​តែម្យ៉ាង ក៏យ៉ាង​នោះដែរ។ ម្នាល​បហារាទ វណ្ណៈ ៤ពួកនេះ គឺ​ក្សត្រិយ៍ ១ ព្រាហ្មណ៍ ១ វេស្សៈ ១ សុទ្ទៈ ១ វណ្ណៈ​ទាំងនោះ​ចេញចាកផ្ទះ បួស​ក្នុង​ធម្មវិន័យ ដែល​តថាគត​សំដែងហើយ រមែង​លះ​បង់នាម និងគោត្រដើម (របស់ខ្លួន) ដល់នូវ​កិរិយា​រាប់ថាជា សមណ​សក្យបុត្រ​តែម្យ៉ាង ដោយ​ហេតុណា ម្នាល​បហារាទ នេះជា​ហេតុ​អស្ចារ្យ​ចំឡែក ទី៤ ក្នុងធម្មវិន័យ​នេះ ដែល​ពួកភិក្ខុ​ឃើញហើយ ៗ តែង​រីករាយ​ក្នុង​ធម្មវិន័យ​នេះ។ ម្នាលបហារាទ ទឹកទន្លេ​ទាំងឡាយណា​មួយ​ក្នុង​លោក ដែលហូរ​ស្រោច​ចុះទៅ​កាន់​មហាសមុទ្រ​ក្ដី ធារទឹកភ្លៀង​ទាំងឡាយ​ណា ដែលហូរ​ធ្លាក់ចុះ​មកអំពី​អាកាស​ក្ដី មហាសមុទ្រ​ក៏មិន​ប្រាកដ​ជាស្រក ឬពេញ​ដោយទឹក​នោះ យ៉ាង​ណា​មិញ ម្នាល​បហារាទ ទោះបី​ពួកភិក្ខុ​ច្រើនរូប បរិនិព្វាន​ដោយ​អនុបាទិសេសនិព្វានធាតុ និព្វានធាតុ​ក៏មិន​ប្រាកដ​ជាខ្វះ ឬពេញ​ដោយ​ភិក្ខុទាំងនោះ ក៏យ៉ាង​នោះដែរ។ ម្នាល​បហារាទ ទោះបី​ពួកភិក្ខុ​ច្រើនរូប បរិនិព្វាន​ដោយ​អនុបាទិសេស​និព្វានធាតុ និព្វានធាតុ ក៏មិន​ប្រាកដ​ជាខ្វះ ឬពេញ​ដោយ​ភិក្ខុទាំងនោះ ដោយ​ហេតុណា ម្នាល​បហារាទ នេះជា​ហេតុ​អស្ចារ្យ​ចំឡែក​ ទី៥ ក្នុង​ធម្មវិន័យនេះ ដែលពួក​ភិក្ខុ​ឃើញហើយ ៗ តែងរីករាយ​ក្នុង​ធម្មវិន័យនេះ។ ម្នាល​បហារាទ មហាសមុទ្រ ដែលមាន​រសតែមួយ គឺរសប្រៃ យ៉ាង​ណា​មិញ ម្នាល​បហារាទ ធម្មវិន័យនេះ មានរស​តែមួយ គឺ​វិមុត្តិរស ក៏យ៉ាង​នោះដែរ។ ម្នាល​បហារាទ ធម្មវិន័យនេះ មានរស​តែមួយ គឺ​វិមុត្តិរស ដោយ​ហេតុណា ម្នាល​បហារាទ នេះជា​​ហេតុ​អស្ចារ្យ​ចំឡែក​ ទី៦ ក្នុង​ធម្មវិន័យនេះ ដែលពួក​ភិក្ខុ​ឃើញហើយ ៗ តែងរីករាយ​ក្នុង​ធម្មវិន័យនេះ។ ម្នាល​បហារាទ មហាសមុទ្រ មានរតនៈ​ច្រើនយ៉ាង មិនមែន​មានតែ​មួយទេ រតនៈ​ទាំងនេះ ក្នុង​មហាសមុទ្រ​នោះ គឺ​កែវមុក្តា កែវមណី កែវពិទូរ្យ ស័ង្ខ សិលា កែវប្រពាឡ ប្រាក់ មាស កែវក្រហម (ត្បូងទទឹម) ​កែវ​មរកត យ៉ាង​ណាមិញ ម្នាល​បហារាទ ធម្មវិន័យ​នេះ មានរតនៈ​​ច្រើនយ៉ាង មិនមែន​មានត្រឹម​តែ​មួយទេ រតនៈ​ទាំងនេះ​ ក្នុង​ធម្មវិន័យនោះ គឺ​សតិប្បដ្ឋាន ៤ សម្មប្បធាន ៤ ឥទ្ធិបាទ ៤ ឥន្ទ្រិយ ៥ ពលៈ ៥ ពោជ្ឈង្គ ៧ និង​មគ្គ​ប្រកប​ដោយ​អង្គ ៨ ដ៏ប្រសើរ ក៏យ៉ាង​នោះដែរ។ ម្នាល​បហារាទ ធម្មវិន័យនេះ មាន​រតនៈ​ច្រើនយ៉ាង មិនមែន​មានត្រឹម​តែមួយទេ រតនៈ​ទាំង​នេះ​ ក្នុងធម្មវិន័យ​នោះ​គឺ សតិប្បដ្ឋាន ៤ សម្មប្បធាន ៤ ឥទ្ធិបាទ ៤ ឥន្ទ្រិយ ៥ ពលៈ ៥ ពោជ្ឈង្គ ៧ មគ្គ​ប្រកប​ដោយអង្គ ៨ ដ៏ប្រសើរ ដោយ​ហេតុណា ម្នាល​បហារាទ នេះជា​ហេតុ​អស្ចារ្យ​ចំឡែក​ ទី៧ ក្នុង​ធម្មវិន័យនេះ ដែលពួក​ភិក្ខុ​ឃើញហើយ ៗ តែងរីករាយ​ក្នុង​ធម្មវិន័យនេះ។ ម្នាល​បហារាទ មហាសមុទ្រ​ដែលជាទី​នៅអាស្រ័យ​នៃពួកសត្វ​ធំៗ ជាច្រើន ពួកសត្វ​ធំៗ ទាំងនេះ ដែលនៅ​ក្នុង​មហាសមុទ្រ​នោះ គឺ​ត្រីឈ្មោះ​តិមិ ឈ្មោះ​តិមិង្គលៈ ឈ្មោះ​តិមិរមិង្គលៈ និង​ពួក​អសុរ នាគ គន្ធព្វ ដែលមាន​ក្នុង​មហាសមុទ្រ មាន​អត្តភាព ១០០យោជន៍​ខ្លះ មានអត្តភាព ២០០​យោជន៍​ខ្លះ មានអត្តភាព​ ៣០០​យោជន៍​ខ្លះ មានអត្តភាព ៤០០​យោជន៍​ខ្លះ មានអត្តភាព ៥០០​យោជន៍ខ្លះ យ៉ាងណា​មិញ ម្នាល​បហារាទ ធម្មវិន័យនេះ ជាទីនៅ​អាស្រ័យនៃ​ពួកបុគ្គល​ធំៗ ជាច្រើន បុគ្គល​ទាំងនេះ ក្នុង​ធម្មវិន័យ​នោះ​គឺ សោតាបន្នបុគ្គល និង​បុគ្គល​ដែលកំពុង​ប្រតិបត្តិ ដើម្បីឲ្យជាក់ច្បាស់​នូវ​សោតាបត្តិផល សកទាគាមិបុគ្គល និង​បុគ្គល​ដែលកំពុង​ប្រតិបត្តិ ដើម្បីឲ្យ​ជាក់ច្បាស់​នូវ​សកទាគាមិផល អនាគាមិផល និងបុគ្គល​ដែល​កំពុង​ប្រតិបត្តិ ដើម្បី​ធ្វើ​ឲ្យ​ជាក់ច្បាស់​នូវ​​អនាគាមិផល អរហន្ដ និង​បុគ្គល​ដែលកំពុង​ប្រតិបត្តិ ដើម្បីភាវៈ​នៃខ្លួន​ជាអរហន្ដ ក៏យ៉ាង​នេះ​ដែរ។ ម្នាល​បហារាទ ធម្មវិន័យនេះ ជាទីនៅអាស្រ័យ​នៃពួក​បុគ្គលធំៗ ជាច្រើន បុគ្គល​ទាំងនេះ ក្នុងធម្មវិន័យ​នោះគឺ សោតាបន្នបុគ្គល និង​បុគ្គល​ដែលកំពុង​ប្រតិបត្តិ ដើម្បី​ធ្វើ​ឲ្យជាក់ច្បាស់​នូវ​សោតាបត្តិផល សកទាគាមិបុគ្គល និង​បុគ្គល​ដែល​កំពុង​ប្រតិបត្តិ ដើម្បីធ្វើឲ្យ​ជាក់ច្បាស់​នូវ​សកទាគាមិផល អនាគាមិបុគ្គល និង​បុគ្គល​ដែល​កំពុង​ប្រតិបត្តិ ដើម្បីធ្វើ​​ឲ្យជាក់ច្បាស់​នូវ​អនាគាមិផល អរហន្ដ និង​បុគ្គលដែល​កំពុងប្រតិបត្តិ ដើម្បី​ភាវៈ​នៃខ្លួន​ជាអរហន្ដ ដោយ​ហេតុណា ម្នាល​បហារាទ នេះជា​ហេតុ​អស្ចារ្យ​ចំឡែក​ ទី៨ ក្នុង​ធម្មវិន័យនេះ ដែលពួក​ភិក្ខុ​ឃើញហើយ ៗ តែងរីករាយ​ក្នុង​ធម្មវិន័យនេះ។ ម្នាល​បហារាទ ក្នុងធម្មវិន័យនេះ មានហេតុ​ជាអស្ចារ្យ​ចំឡែក ទាំង ៨ យ៉ាងនេះឯង ដែល​ពួកភិក្ខុ​ឃើញហើយ ៗ តែងរីករាយ ក្នុង​ធម្មវិន័យនេះ។

ឧបោសថសូត្រ ទី១០

(១០. ឧបោសថសុត្តំ)

[២០] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុង​មិគារមាតុប្រាសាទ ក្នុង​បុព្វារាម ទៀប​ក្រុង​សាវត្ថី។ សម័យនោះឯង ព្រះដ៏មានព្រះភាគ មានភិក្ខុសង្ឃ​ចោមរោម ទ្រង់គង់​ក្នុង​ឧបោសថ​ថ្ងៃនោះ។ លុះ​វេលារាត្រី​អស់ហើយ បឋមយាម​កន្លងទៅ​ហើយ ព្រះអានន្ទ​ដ៏មានអាយុ ក៏ក្រោក​ចាក​អាសនៈ ធ្វើ​ឧត្តរាសង្គៈ ឆៀងស្មាម្ខាង លើកអញ្ជលី​ប្រណម្យ ចំពោះ​ព្រះដ៏មានព្រះភាគ ក្រាបបង្គំ​ទូល​ព្រះដ៏មានព្រះភាគ​ថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន វេលារាត្រី​អស់ហើយ បឋមយាម​កន្លង​ទៅហើយ ភិក្ខុសង្ឃ​អង្គុយ​ចាំយូរ​ហើយ បពិត្រ​ព្រះអង្គ​ដ៏ចំរើន សូម​ព្រះដ៏មានព្រះភាគ ទ្រង់សំដែង​បាតិមោក្ខ​ដល់​ភិក្ខុ​ទាំងឡាយ។ កាលដែល​ព្រះអានន្ទ​ដ៏មានអាយុ ក្រាបបង្គំ​ទូល​យ៉ាងនេះហើយ ព្រះ​ដ៏មានព្រះភាគ ក៏គង់ស្ងៀម។ កាលបើ​វេលារាត្រី​អស់ហើយ មជ្ឈិមយាម ​កន្លង​ទៅហើយ ព្រះអានន្ទ​ដ៏​មានអាយុ ក៏ក្រោក​ចាក​អាសនៈ ធ្វើ​ឧត្តរាសង្គៈ ឆៀងស្មាម្ខាង លើក​អញ្ជលី​ប្រណម្យ ចំពោះ​ព្រះដ៏​មានព្រះភាគ ក្រាប​បង្គំ​ទូល​ព្រះដ៏មានព្រះភាគ អស់វារៈ​ជា​គំរប់​ពីរដងទៀតថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន វេលារាត្រី​អស់ហើយ មជ្ឈិមយាម​កន្លង​ទៅហើយ ភិក្ខុសង្ឃ​អង្គុយ​ចាំយូរ​ហើយ បពិត្រ​ព្រះអង្គ​ដ៏ចំរើន សូម​ព្រះដ៏មានព្រះភាគ សំដែង​បាតិមោក្ខ​ដល់​ភិក្ខុ​ទាំងឡាយ។ ព្រះ​ដ៏មានព្រះភាគ ទ្រង់គង់ស្ងៀម អស់វារៈ​ជាគំរប់​ពីរដង។ កាលបើ​វេលារាត្រី​អស់ហើយ បច្ឆិមយាម កន្លងទៅហើយ រាត្រី​ប្រាកដ​ដូចជា​មាន​មុខស្រស់ (បំព្រង) ក្នុងពេលដែល​អរុណរះ​ឡើង ព្រះអានន្ទ​ដ៏មានអាយុ ក៏ក្រោកចាក​អាសនៈ ហើយធ្វើ​ឧត្តរាសង្គៈ ឆៀង​ស្មាម្ខាង លើកអញ្ជលីប្រណម្យ​ចំពោះ​ព្រះ​ដ៏មាន​ព្រះភាគ ក្រាបបង្គំ​ទូល​ព្រះដ៏មានព្រះភាគ អស់វារៈ​ជាគំរប់​ ៣ដង​ទៀត​ដូច្នេះថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន ឥឡូវនេះ រាត្រីអស់ហើយ បច្ឆិមយាម​កន្លង​ទៅហើយ អរុណ​ក៏រះហើយ​ រាត្រី​ក៏ប្រាកដ​ដូចជា​មុខស្រស់​ហើយ ភិក្ខុសង្ឃ​​ក៏អង្គុយ​ចាំយូរហើយ បពិត្រ​ព្រះអង្គ​ដ៏ចំរើន​ សូមព្រះដ៏មាន​ព្រះភាគ​ ទ្រង់សំដែង​បាតិមោក្ខ​ដល់ភិក្ខុ​ទាំង​ឡាយ​។ ព្រះអង្គ​ទ្រង់​ត្រាស់​ថា ម្នាល​អានន្ទ មាន​បរិសទ្យ​មិន​បរិសុទ្ធទេ។ គ្រានោះ ព្រះ​មហាមោគ្គល្លាន​ដ៏មាន​អាយុ​ មាន​សេចក្តី​ត្រិះរិះ​ដូច្នេះថា ព្រះដ៏មានព្រះភាគ ទ្រង់ដៅ​យកបុគ្គលណា​ហ្ន៎​ បាន​ជា​ទ្រង់​ត្រាស់ថា ម្នាល​អានន្ទ បរិសទ្យ មិនបរិសុទ្ធទេ យ៉ាងនេះ។ លំដាប់នោះ ព្រះ​មហាមោគ្គល្លានដ៏​មានអាយុ ស្ទង់មើល​ចិត្ត (របស់ភិក្ខុសង្ឃ) ដោយចិត្ត (របស់លោក) ហើយ​ធ្វើទុកក្នុង​​ចិត្ត​ចំពោះភិក្ខុសង្ឃ​ទាំងអស់នោះ។ ព្រះមហា​មោគ្គល្លាន​ដ៏មាន​អាយុ បានឃើញ​បុគ្គលនោះ​ទ្រុស្តសីល មានធម៌លាមក មានមារយាទ​មិនស្អាត គួរឲ្យរង្កៀស មាន​អំពើអាក្រក់​បិទបាំង​ទុក មិនមែន​ជាសមណៈ ប្តេជ្ញាខ្លួនថាជា​សមណៈ ប្រព្រឹត្តធម៌​មិន​ប្រសើរ ប្តេជ្ញាខ្លួន​ថាជា​អ្នកប្រព្រឹត្ត​ធម៌ដ៏ប្រសើរ ស្អុយក្នុង មានចិត្ត​ជោក​ដោយរាគៈ ក្រខ្វក់​ដូច​សម្រាម អង្គុយ​នៅក្នុង​កណ្តាល​ភិក្ខុសង្ឃ លុះឃើញ​ហើយ ក៏​ក្រោកចាក​អាសនៈ ចូលទៅរក​បុគ្គលនោះ​ លុះចូល​ទៅជិត​ហើយ ក៏ពោល​ចំពោះទៅបុគ្គល​នោះ ដូច្នេះថា នែ​អាវុសោ អ្នកចូរក្រោក​ចេញ ដ្បិត​ព្រះដ៏មានព្រះភាគ ទ្រង់​បានឃើញ​អ្នកច្បាស់​ហើយ អ្នកលែងបាន​នៅរួម​ជាមួយនឹង​ភិក្ខុទាំងឡាយ​ហើយ។ កាលដែល​ព្រះមហាមោគ្គល្លាន ពោលយ៉ាង​នេះហើយ បុគ្គលនោះ​ក៏នៅ​ស្ងៀម។ ព្រះមហាមោគ្គល្លាន​​ដ៏មានអាយុ បាននិយាយ​​នឹងបុគ្គលនោះ ជាគំរប់ពីរដងទៀត ដូច្នេះថា នែអាវុសោ អ្នកចូរក្រោកចេញ ដ្បិតព្រះដ៏មានព្រះភាគ ទ្រង់​បានឃើញ​អ្នក​ច្បាស់​ហើយ អ្នកលែង​បាននៅរួម​ជាមួយ​នឹង​ភិក្ខុ​ទាំងឡាយ​ហើយ។ បុគ្គលនោះ​ក៏​នៅ​ស្ងៀម អស់វារៈ​ពីរដងទៀត។ ព្រះមហាមោគ្គល្លាន​ដ៏មានអាយុ បាននិយាយ​នឹងបុគ្គល​នោះ ជាគំរប់បី​ដងទៀត​ដូច្នេះ​ថា នែ​អាវុសោ អ្នកចូរ​ក្រោកចេញ ដ្បិត​ព្រះដ៏មានព្រះ​ភាគ ទ្រង់​បានឃើញ​អ្នកច្បាស់​ហើយ អ្នកលែងបាន​នៅរួម​ជាមួយនឹង​ភិក្ខុ​ទាំងឡាយ​ទៀត​ហើយ។ បុគ្គល​នោះក៏​នៅស្ងៀម អស់វារៈជាគំរប់​បីដងទៀត។ ទើប​ព្រះមហា​មោគ្គលា្លន​ដ៏មាន​អាយុ ចាប់ដើមដៃ​បុគ្គលនោះ ទាញចេញទៅ​ខាងក្រៅ​ស៊ុំទ្វារ ហើយខ្ទាស់គន្លឹះ និង​រនុក​ទ្វារ រួចចូលទៅ​គាល់ព្រះដ៏មាន​ព្រះភាគ លុះចូល​ទៅដល់​ហើយ ក៏ក្រាបបង្គំ​ទូល​ព្រះដ៏មាន​ព្រះភាគ ដូច្នេះ​ថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន បុគ្គល (ទ្រុស្តសីល) នោះ ខ្ញុំព្រះអង្គ​បាន​បណ្តេញ​ឲ្យដើរ​ចេញហើយ ឥឡូវ​នេះ​ បរិសទ្យ​បរិសុទ្ធ​ហើយ បពិត្រ​ព្រះអង្គ​ដ៏ចំរើន សូម​ព្រះអង្គ​ទ្រង់សំដែង​បាតិមោក្ខ ដល់ភិក្ខុ​ទាំងឡាយ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាល​មោគ្គល្លាន ហេតុនេះ អស្ចារ្យណាស់ ម្នាលមោគ្គលា្លន ហេតុនេះ​ចំឡែក​ណាស់ មោឃបុរស​នោះ មិនសមបើ​នឹង​បង្អង់​ទាល់តែ​ចាប់ទាញដៃ​ចេញសោះ។ លំដាប់​នោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់​ហៅភិក្ខុ​ទាំងឡាយ​ថា ម្នាលភិក្ខុ​ទាំងឡាយ ឥឡូវនេះ អ្នកទាំងឡាយ គប្បី​ធ្វើ​ឧបោសថ គប្បីសំដែង​បាតិមោក្ខចុះ។ ម្នាលភិក្ខុ​ទាំងឡាយ ឥឡូវនេះ តថាគត ឈប់សំដែង​បាតិមោក្ខ ចាប់ដើម​តាំងអំពី​ថ្ងៃ​នេះតទៅ។ ម្នាល​ភិក្ខុ​ទាំងឡាយ ព្រះតថាគត គប្បីសំដែង​នូវបាតិមោក្ខ​ដល់បរិសទ្យ មិនបរិសុទ្ធ ដោយ​ហេតុ​ណា ហេតុនោះ​មិនមែន​ជាឋានៈ មិនមែន​ជាបច្ច័យ​ឡើយ។ ម្នាលភិក្ខុ​ទាំងឡាយ ក្នុង​មហាសមុទ្រ មានហេតុ​ជាអស្ចារ្យ​ចំឡែក ៨ យ៉ាងនេះ ដែលពួក​អសុរ​ឃើញហើយ ៗ តែង​រីករាយ​ក្នុង​មហាសមុទ្រ។ ហេតុជាអស្ចារ្យចំឡែក ៨ យ៉ាង តើ​ដូចម្តេច។ ម្នាលភិក្ខុ​ទាំង​ឡាយ មហាសមុទ្រ មានទំនាបទៅ​ដោយ​លំដាប់ មានទីជម្រាលទៅ​ដោយ​លំដាប់ មាន​ទីទេរ​ទៅដោយ​លំដាប់ មិនមែន​ចោតជ្រៅ​តែម្តង ដូចជា​អណ្តូង​ទេ។ ម្នាលភិក្ខុ​ទាំងឡាយ មហាសមុទ្រ មានទំនាប​ទៅដោយ​លំដាប់ មានទីជម្រាល​ទៅដោយ​លំដាប់ មានទីទេរ​ទៅដោយ​លំដាប់ មិនមែនចោតជ្រៅ​ទៅតែម្តង ដូចជា​អណ្តូង ដោយហេតុ​ណា ម្នាលភិក្ខុ​ទាំងឡាយ នេះជា​ហេតុ​អស្ចារ្យ​ចំឡែក ទី១ ក្នុង​មហាសមុទ្រ​ ដែលពួក​អសុរ​ឃើញហើយៗ តែងរីករាយ​ក្នុងមហាសមុទ្រ។ សេចក្តីពិស្តារ ដូចពាក្យ​ខាងដើមដែរ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ មួយទៀត​ មហាសមុទ្រ ជាទីនៅអាស្រ័យ​​នៃពួកសត្វ​ធំ ៗ ជាច្រើន ពួក​សត្វធំៗ ទាំងនេះ ដែលនៅក្នុង​មហាសមុទ្រ​នោះគឺ ត្រីឈ្មោះ​តិមិ ឈ្មោះ​តិមិង្គលៈ ឈ្មោះ​តិមិរមិង្គលៈ និងពួក​អសុរ នាគ គន្ធព្វ ដែលមាន​អត្តភាព ១០០ យោជន៍ខ្លះ។បេ។ មាន​អត្តភាព ៥០០ យោជន៍ខ្លះ តែងនៅ​ក្នុង​មហាសមុទ្រ។ ម្នាលភិក្ខុទាំងឡាយ មហាសមុទ្រ ជាទីនៅអាស្រ័យ នៃពួកសត្វធំៗ ជាច្រើន ពួកសត្វធំៗ​ទាំងនេះ ដែលនៅ​ក្នុង​មហាសមុទ្រ​នោះ គឺត្រីឈ្មោះ​តិមិ ឈ្មោះ​តិមិង្គលៈ ឈ្មោះ​តិមិរមិង្គលៈ និង​ពួក​អសុរ នាគ គន្ធព្វ ដែលមានអត្តភាព ១០០ យោជន៍ខ្លះ។បេ។ មានអត្តភាព ៥០០ យោជន៍ខ្លះ តែងនៅ​ក្នុង​មហាសមុទ្រ ដោយហេតុណា ម្នាលភិក្ខុ​ទាំងឡាយ នេះជាហេតុ​អស្ចារ្យ​ចំឡែក ទី៨ ក្នុង​មហាសមុទ្រ ដែលពួក​អសុរឃើញ​ហើយ ៗ តែងរីករាយ​ក្នុង​មហាសមុទ្រ។ ម្នាលភិក្ខុ​ទាំងឡាយ ក្នុង​មហាសមុទ្រ មានហេតុ​ជាអស្ចារ្យចំឡែក ៨ យ៉ាង​នេះឯង ដែលពួក​អសុរឃើញហើយ ៗ តែងរីករាយ​ក្នុងមហា​សមុទ្រ។ ម្នាលភិក្ខុ​ទាំង​ឡាយ ក្នុង​ធម្មវិន័យ​នេះ មានហេតុជា​អស្ចារ្យ​ចំឡែក ៨ យ៉ាងនេះ ដែលពួកភិក្ខុ​ឃើញ​ហើយ ៗ តែងរីករាយ​ក្នុងធម្មវិន័យ​នេះ។ ហេតុជា​អស្ចារ្យចំឡែក ៨ យ៉ាង តើ​ដូចម្តេច​ខ្លះ។ ម្នាលភិក្ខុ​ទាំងឡាយ មហាសមុទ្រ ដែលមានទំនាប​ទៅដោយ​លំដាប់ មាន​ទីជម្រាល​ទៅ​ដោយ​លំដាប់ មានទីទេរ​ទៅដោយ​លំដាប់ មិនចោត​ជ្រៅ​ទៅតែ​ម្តង ដូចជា​អណ្តូង យ៉ាង​ណា​មិញ ម្នាលភិក្ខុ​ទាំងឡាយ ក្នុងធម្មវិន័យ​នេះ មាន​ការសិក្សា​ដោយ​លំដាប់ មានកិច្ច​ដែលត្រូវ​ធ្វើ ដោយ​លំដាប់ មានសេចក្តី​ប្រតិបត្តិ​ដោយ​លំដាប់ មិនមែន​បានត្រាស់​ដឹងនូវ​អរហត្តផល​តែម្តង​ទេ ក៏យ៉ាងនោះ​ដែរ។ ម្នាលភិក្ខុ​ទាំងឡាយ ក្នុងធម្មវិន័យ​នេះ មាន​ការសិក្សា​ដោយលំដាប់ មានកិច្ច​ដែល​ត្រូវធ្វើ​ដោយ​លំដាប់ មាន​សេចក្តី​ប្រតិបត្តិ​ដោយ​លំដាប់ មិនមែន​បានត្រាស់​ដឹងនូវ​អរហត្តផល​តែម្តង​ទេ ដោយ​ហេតុណា ម្នាល​ភិក្ខុ​ទាំងឡាយ នេះ​ជាហេតុ​អស្ចារ្យ ចំឡែក​ ទី១ ក្នុង​ធម្មវិន័យនេះ ដែល​ពួកភិក្ខុ​ឃើញ​ហើយ ៗ​ តែង​រីករាយ​ក្នុងធម្មវិន័យ​នេះ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ មហាសមុទ្រ ជាទីអាស្រ័យ​នៃពួក​សត្វធំ ៗ ជាច្រើន ពួកសត្វធំ ៗ ទាំងនេះ ដែលនៅក្នុង​មហាសមុទ្រ​នោះគឺ ត្រីឈ្មោះ​តិមិ ឈ្មោះ​តិមិង្គលៈ ឈ្មោះ​តិមិរមិង្គលៈ និង​ពួកអសុរ នាគ គន្ធព្វ ដែល​មាន​អត្តភាព ១០០ ​យោជន៍​ខ្លះ។បេ។ មានអត្តភាព ៥០០ យោជន៍​ខ្លះ ដែលនៅក្នុង​មហាសមុទ្រ យ៉ាងណាមិញ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ ធម្មវិន័យនេះ ជាទីនៅអាស្រ័យ​នៃពួក​បុគ្គលធំ ៗ ជាច្រើនពួក បុគ្គល​ទាំងនេះ ក្នុងធម្មវិន័យ​នោះ គឺ សោតាបន្នបុគ្គល និង​បុគ្គល​ដែលកំពុង​ប្រតិបត្តិ ដើម្បីធ្វើ​អោយជាក់ច្បាស់​នូវ​សោតាបត្តិផល។បេ។ អរហន្ត និង​បុគ្គល​ដែល​កំពុង​ប្រតិបត្តិ ដើម្បីភាវៈ​នៃខ្លួន​ជាអរហន្ត ក៏យ៉ាងនោះ​ដែរ។ ម្នាលភិក្ខុ​ទាំងឡាយ ​ធម្មវិន័យ​នេះ ជាទីនៅអាស្រ័យនៃពួក​បុគ្គលធំ ៗ ជាច្រើន បុគ្គលទាំងនេះ ក្នុងធម្មវិន័យ​នោះ គឺ សោតាបន្នបុគ្គល និងបុគ្គល​ដែល​កំពុង​ប្រតិបត្តិ ដើម្បី​ធ្វើឲ្យ​ជាក់​ច្បាស់ នូវ​សោតាបត្តិផល។បេ។ អរហន្ត និង​បុគ្គល​ដែល​កំពុង​ប្រតិបត្តិ ដើម្បីភាវៈនៃ​ខ្លួន​ជា​អរហន្ត ដោយហេតុណា ម្នាលភិក្ខុ​ទាំងឡាយ នេះជា​ហេតុអស្ចារ្យ​ចំឡែក ទី៨ ក្នុង​ធម្មវិន័យ​នេះ ដែលពួកភិក្ខុ​ឃើញហើយ ៗ តែងរីករាយ ក្នុងធម្មវិន័យ​នេះ។ ម្នាលភិក្ខុ​ទាំង​ឡាយ ​ក្នុង​ធម្មវិន័យ​នេះ មានហេតុជា​អស្ចារ្យ​ចំឡែក ៨ យ៉ាងនេះឯង ដែលពួកភិក្ខុ​ឃើញ​ហើយ ៗ តែងរីករាយ ក្នុងធម្មវិន័យនេះ។

ចប់ មហាវគ្គ ទី២។

ឧទ្ទាននៃមហាវគ្គនោះគឺ

និយាយអំពី​វេរញ្ជព្រាហ្មណ៍ ១ អំពីសីហសេនាបតី ១ អំពីសេះអាជានេយ្យ ១ អំពី​ពុតត្បុត​របស់សេះ ១ អំពីមន្ទិល ១ អំពីភិក្ខុដែលគួរ​ធ្វើជាទូត ១ អំពីចំណង មាន ២លើក អំពី​បហារាទអសុរ ១ អំពីឧបោសថ ១។

គហបតិវគ្គ ទី៣

(៣. គហបតិវគ្គោ)

បឋមឧគ្គសូត្រ ទី១

(១. បឋមឧគ្គសុត្តំ)

[២១] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុង​កូដាគារសាលា នាព្រៃ​មហាវន ជិត​ក្រុងវេសាលី។ ក្នុងទីនោះឯង ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់​ហៅភិក្ខុ​ទាំងឡាយ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូលចាំទុក​នូវឧគ្គគហបតី អ្នកស្រុក​វេសាលី ថាជាអ្នក​ប្រកប​ដោយធម៌ អស្ចារ្យចំឡែក ៨ យ៉ាង។ ព្រះដ៏មានព្រះភាគ បានត្រាស់​នូវពាក្យនេះ លុះ​ព្រះសុគត ទ្រង់ត្រាស់​នូវពាក្យនេះរួច​ហើយ ទើប​ក្រោកចាក​អាសនៈ ហើយទ្រង់​ស្តេចចូល​ទៅកាន់​វិហារ។ គ្រានោះ មានភិក្ខុ ១ រូប ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុង​បុព្វណ្ហសម័យ ចូលទៅកាន់​លំនៅ របស់​ឧគ្គគហបតី អ្នកស្រុក​វេសាលី លុះចូលទៅ​ដល់ហើយ ក៏អង្គុយ​លើអាសនៈ ដែល​គេក្រាល​ទុក។ ទើប​ឧគ្គគហបតី អ្នកស្រុក​វេសាលី ចូលទៅរក​ភិក្ខុនោះ លុះចូល​ទៅដល់ ថ្វាយបង្គំ​ភិក្ខុនោះ​ដោយគោរព ហើយអង្គុយ​ក្នុងទីសមគួរ។ លុះ​ឧគ្គគហបតី អ្នកស្រុក​វេសាលី អង្គុយក្នុងទី​សមគួរ​ហើយ ភិក្ខុនោះ ក៏បានពោល​ដូច្នេះថា ម្នាល​គហបតី អ្នកប្រកប​ដោយធម៌​អស្ចារ្យ​ចំឡែក ៨ យ៉ាង ដែលព្រះដ៏មាន​ព្រះភាគ ទ្រង់​ព្យាករ​ហើយ។ ម្នាល​គហបតី អ្នកប្រកប​ដោយធម៌អស្ចារ្យ​ចំឡែក​ទាំងឡាយ​​ណា ដែល​ព្រះដ៏មាន​ព្រះភាគ ទ្រង់​ព្យាករ​ហើយ ធម៌អស្ចារ្យ​ចំឡែក​ទាំង ៨ នោះ តើដូចម្តេច។ បពិត្រ​លោកម្ចាស់​ដ៏ចំរើន ខ្ញុំព្រះករុណា​មិនដឹង​សោះថា ខ្ញុំករុណា​ប្រកប​ដោយធម៌អស្ចារ្យចំឡែក ៨ យ៉ាង​ដូចម្តេចខ្លះ ដែលព្រះ​ដ៏មាន​ព្រះភាគ ទ្រង់ព្យាករ​ហើយ បពិត្រ​លោកម្ចាស់​ដ៏ចំរើន ប៉ុន្តែធម៌​អស្ចារ្យ​ចំឡែក ៨យ៉ាងណា ដែលមាន​ដល់ខ្ញុំ​ករុណា លោកម្ចាស់​ចូរប្រុង​ស្តាប់ ចូរធ្វើទុក​ក្នុងចិត្ត​ដោយប្រពៃ​ចុះ ខ្ញុំព្រះករុណា​នឹង​សំដែង​នូវ​ធម៌អស្ចារ្យ​ចំឡែក​ទាំងនោះ។ ភិក្ខុនោះ ទទួលស្តាប់​ពាក្យឧគ្គគហបតី អ្នកស្រុក​វេសាលី​ថា ចំរើន​ពរ​គហបតី។ ឧគ្គគហបតី​អ្នកស្រុកវេសាលី បាន​ពោល​ដូច្នេះ​ថា បពិត្រ​លោកម្ចាស់​ដ៏ចំរើន កាលណា​បើខ្ញុំ​ករុណា​បានឃើញ​ព្រះដ៏មានព្រះភាគ អំពីចម្ងាយ​ជាដំបូងហើយ​ បពិត្រលោកម្ចាស់​​ដ៏ចំរើន ចិត្តខ្ញុំករុណា ក៏ជ្រះថ្លា​ចំពោះ​ព្រះដ៏មានព្រះភាគ ដោយគ្រាន់​តែបានឃើញ​ប៉ុណ្ណោះ។ បពិត្រ​លោកម្ចាស់​ដ៏ចំរើន នោះជាធម៌អស្ចារ្យ​ចំឡែក ទី១ តែងមាន​ដល់ខ្ញុំករុណា។ បពិត្រលោកម្ចាស់ដ៏ចំរើន លុះខ្ញុំករុណា មានចិត្តជ្រះថ្លា​ហើយ ក៏ចូល​ទៅ​អង្គុយ​ជិតព្រះដ៏មានព្រះភាគ ព្រះដ៏មានព្រះភាគ ទ្រង់សំដែង​នូវ​អនុបុព្វីកថា ដល់​ខ្ញុំករុណា គឺទ្រង់​សំដែង​ទានកថា សីលកថា សគ្គកថា ទោស​របស់កាម​ទាំងឡាយ​ដ៏លាមក សៅហ្មង និង​អានិសង្ស​ក្នុងការ​ចេញចាក​កាម។ ព្រះមានព្រះភាគ ទ្រង់ជ្រាបថា ខ្ញុំព្រះករុណា​មានចិត្តស្រួល មានចិត្តទន់ មានចិត្ត​ផុតចាក​នីវរណធម៌ មានចិត្ត​អណ្តែត​ឡើង មានចិត្តជ្រះថ្លា ក្នុងកាលណាហើយ ព្រះដ៏មានព្រះភាគ ក៏ទ្រង់​សំដែងធម៌ទេសនា ដែល​ព្រះពុទ្ធ​ទាំងឡាយ ទ្រង់លើកឡើង​សំដែង​​ដោយ​ព្រះអង្គ​ឯង គឺទ្រង់សំដែង​ទុក្ខសច្ច សមុទយសច្ច និរោធសច្ច មគ្គសច្ច ក្នុងកាលនោះ។ សំពត់សស្អាត មិនប្រឡាក់ពណ៌ខ្មៅ គួរទទួលទឹក​ជ្រលក់បាន ដោយប្រពៃ យ៉ាងណាមិញ ធម្មចក្ខុ គឺសោតាបត្តិមគ្គ ប្រាសចាកធូលី ប្រាសចាកមន្ទិល កើតឡើង​ដល់ខ្ញុំករុណា លើអាសនៈ​នោះឯងថា ធម្មជាត​ណាមួយ ដែលកើត​ឡើង​ជាធម្មតា ធម្មជាត​ទាំងអស់នោះ តែងរលត់​ទៅវិញ​ជា​ធម្មតា ក៏យ៉ាងនោះដែរ។ បពិត្រលោកម្ចាស់ដ៏ចំរើន ខ្ញុំករុណា​បានឃើញ​អរិយសច្ច​ធម៌ បានដល់អរិយសច្ចធម៌ បានដឹងច្បាស់​អរិយសច្ចធម៌ បានចុះចិត្តស៊ប់ ក្នុង​អរិយសច្ចធម៌ បានឆ្លងផុត​សេចក្តី​សង្ស័យ មិនមាន​ងឿងឆ្ងល់ ដល់នូវ​សេចក្តី​ក្លៀវក្លា​ហើយ មិនបាន​ជឿស្តាប់​បុគ្គល​ដទៃ ក្នុងសាសនា​នៃព្រះសាស្តា​ បានដល់​ព្រះពុទ្ធផង ព្រះធម៌​ផង ព្រះសង្ឃ​ផង ជាទីពឹង​ ក្នុងទីនោះ ទាំងបាន​សមាទាន​នូវ​សិក្ខាបទ​ទាំងឡាយ មាន​ព្រហ្មចរិយៈ ជាគំរប់ ៥ បពិត្រលោកម្ចាស់ដ៏ចំរើន នេះជាធម៌​អស្ចារ្យ​ចំឡែក ទី២ តែង​មានដល់​ខ្ញុំព្រះករុណា។ បពិត្រលោកម្ចាស់​ដ៏ចំរើន ខ្ញុំព្រះករុណា មាននាងកុមារី​ជា​ប្រពន្ធ ៤ នាក់ បពិត្រលោកម្ចាស់​ដ៏ចំរើន លំដាប់នោះ ខ្ញុំព្រះករុណា ចូលទៅរក​ប្រពន្ធ​ទាំង​នោះ លុះចូលទៅ​ដល់ហើយ ក៏ពោល​ទៅនឹង​ប្រពន្ធ​ទាំងនោះ ដូច្នេះថា ម្នាលនាង​ទាំងឡាយ យើង​សមាទាន​សិក្ខាបទទាំងឡាយ មាន​ព្រហ្មចរិយៈ ជាគំរប់ ៥ ហើយ (បើ) នាងណា​ប្រាថ្នា នាងនោះ ចូរប្រើប្រាស់​នូវភោគៈ​ទាំងឡាយ​នេះផង ចូរធ្វើ​បុណ្យ​ទាំងឡាយ​ផងចុះ ឬថា ទៅកាន់​ត្រកូលញាតិ ជារបស់​ខ្លួនក៏បាន ពុំនោះ​សោត នាង​ទាំង​ឡាយ ត្រូវការ​បុរសណា យើងនឹង​ឲ្យនាង​ទាំងឡាយ​ទៅបុរស​នោះ។ បពិត្រ​លោកម្ចាស់​ដ៏ចំរើន កាលដែល​ខ្ញុំករុណា និយាយ​យ៉ាងនេះហើយ នាងដែល​ជាប្រពន្ធ​ច្បងនោះ និយាយ​នឹង​ខ្ញុំករុណាថា បពិត្រ​អយ្យបុត្ត ចូរអ្នកឲ្យ​ខ្ញុំទៅបុរស​ឈ្មោះនេះចុះ។ បពិត្រ​លោកម្ចាស់​ដ៏ចំរើន ឯខ្ញុំករុណា ក៏ឲ្យគេហៅ​បុរសនោះមក ហើយដៃឆ្វេង​កាន់ប្រពន្ធ ដៃស្តាំ​កាន់កុណ្ឌី (ច្រួចទឹក) ប្រគល់​ឲ្យដល់​បុរសនោះ បពិត្រ​លោក​ម្ចាស់​ដ៏ចំរើន កាលខ្ញុំ​ករុណា លះបង់​នូវនាង​កុមារី ឲ្យទៅជាទាន​ហើយ ក៏មិនដឹង​ធ្វើចិត្តឲ្យ​ប្រែប្រួល​ឡើយ។ បពិត្រ​លោកម្ចាស់​ដ៏ចំរើន នេះជា​ធម៌អស្ចារ្យ​ចំឡែក ទី៣ តែងមាន​ដល់​ខ្ញុំករុណា។ បពិត្រ​លោកម្ចាស់​ដ៏ចំរើន ភោគៈ​ទាំងឡាយ មានច្រើន​ក្នុងត្រកូល​របស់ខ្ញុំ​ករុណា តែភោគៈ​ទាំងនោះ មិនបាន​ចែកមុខ​អំពី​លោកអ្នក​មានសីល មាន​កល្យាណធម៌​ទាំង​ឡាយ​ទេ។​ បពិត្រ​លោកម្ចាស់​ដ៏ចំរើន នេះជា​ធម៌អស្ចារ្យ​ចំឡែក ទី៤ តែងមាន​ដល់​ខ្ញុំ​ករុណា។​ បពិត្រ​លោកម្ចាស់​ដ៏ចំរើន បើខ្ញុំ​ករុណា​ចូល​ទៅ​អង្គុយ​ជិត​ភិក្ខុណា តែង​ចូលទៅ​អង្គុយ​ជិត ដោយគោរព មិនមែន​ចូលទៅ​អង្គុយជិត ដោយមិនគោរពទេ។ បពិត្រ​លោក​ដ៏ចំរើន នេះជាធម៌​អស្ចារ្យ​ចំឡែក ទី៥ តែងមាន​ដល់​ខ្ញុំករុណា។ បើលោក​ដ៏មាន​អាយុ​នោះ សំដែងធម៌​ដល់ខ្ញុំករុណា ខ្ញុំករុណា​តែងស្តាប់​ដោយគោរព មិនមែនស្តាប់​ដោយ​មិនគោរព​ទេ បើលោកដ៏មាន​អាយុ មិនសំដែងធម៌​ដល់ខ្ញុំ​ករុណា​ទេ ខ្ញុំករុណា តែង​សំដែង​ធម៌​ដល់លោក​ដ៏មាន​អាយុនោះ​វិញ។ បពិត្រលោក​ម្ចាស់ដ៏ចំរើន នេះជា​ធម៌​អស្ចារ្យ​ចំឡែក ទី៦ តែង​មានដល់​ខ្ញុំករុណា។ បពិត្រ​លោកម្ចាស់​ដ៏ចំរើន ពួកទេវតា​តែង​ចូល​មករក​ខ្ញុំករុណា ហើយ​ប្រាប់ថា ម្នាល​គហបតិ ធម៌ដែល​ព្រះដ៏មានព្រះភាគ ​ទ្រង់​សំដែង​ហើយ ដោយ​ប្រពៃ​ដូច្នេះ មិនជា​ទីអស្ចារ្យ​ទេ។​ បពិត្រ​លោកម្ចាស់​ដ៏ចំរើន កាលដែល​ទេវតា និយាយ​យ៉ាងនេះ​ហើយ ខ្ញុំករុណា ក៏និយាយ​ទៅរក​ពួកទេវតា​ទាំងនោះ ​យ៉ាងនេះថា ម្នាល​ទេវតា​ទាំងឡាយ អ្នកទាំងឡាយ គប្បី​ពោលយ៉ាង​នេះក្តី មិនគប្បី​ពោល​យ៉ាងនេះក្តី ឯធម៌​ពិត ព្រះ​ដ៏មានព្រះភាគ ទ្រង់សំដែង​ហើយដោយ​ប្រពៃ​មែន។ បពិត្រ​លោក​ម្ចាស់ដ៏ចំរើន ខ្ញុំមិនដឹង​ថា ចិត្តដែល​ប៉ោងឡើង ព្រោះរឿង​នោះ​ជា​ហេតុ​ទេ ពួកទេវតា​តែងចូលមក​រកខ្ញុំករុណា​ក៏មាន ខ្ញុំករុណា​តែង​ចរចា ជាមួយនឹង​ពួក​ទេវតា​ក៏មាន។ បពិត្រ​លោកម្ចាស់​ដ៏ចំរើន នេះជា​ធម៌អស្ចារ្យ​ចំឡែក ទី៧ តែងមាន​ដល់​ខ្ញុំករុណា។ បពិត្រលោក​ម្ចាស់ដ៏ចំរើន សញ្ញោជនធម៌​ទាំងឡាយ ជាចំណែកខាង​ក្រោម ៥ យ៉ាង​ណា​ ដែលព្រះដ៏មាន​ព្រះភាគ ទ្រង់សំដែង​ហើយ បណ្តា​សញ្ញោជនៈ​ទាំងនោះ ខ្ញុំ​ករុណា​ពិចារណារក​សញ្ញោជនធម៌​បន្តិចបន្តួច ដែលមិនទាន់​លះបង់​ក្នុងខ្លួន​មិនឃើញ​ឡើយ។ បពិត្រលោក​ម្ចាស់ដ៏ចំរើន នេះជាធម៌​អស្ចារ្យ​ចំឡែក ទី៨ តែងមាន​ដល់​ខ្ញុំ​ករុណា។ បពិត្រ​លោកម្ចាស់​ដ៏ចំរើន ធម៌អស្ចារ្យ​ចំឡែកទាំង ៨ នេះឯង តែងមាន (ដល់ខ្ញុំករុណា) ចំណែក​ខ្ញុំករុណា មិនដឹង​សោះថា ខ្ញុំករុណា​ប្រកប​ដោយធម៌​អស្ចារ្យ​ចំឡែក ៨ យ៉ាង ដូចម្តេចខ្លះ ដែលព្រះដ៏​មានព្រះភាគ ទ្រង់បាន​ព្យាករហើយ​។ ​គ្រានោះ ភិក្ខុនោះ ទទួលចង្ហាន់​បិណ្ឌបាត ក្នុងលំនៅ​របស់​ឧគ្គគហបតី អ្នកស្រុក​វេសាលីហើយ ក៏ក្រោក​ចាក​អាសនៈ ចៀស​ចេញទៅ។ លុះភិក្ខុនោះ ត្រឡប់ពី​បិណ្ឌបាត ក្នុង​វេលា​ខាង​ក្រោយ​នៃភត្តហើយ ក៏ចូល​ទៅគាល់​ព្រះដ៏មានព្រះភាគ លុះចូល​ទៅដល់ ថ្វាយ​បង្គំ​ព្រះដ៏មាន​ព្រះភាគ ហើយក៏​អង្គុយ​ក្នុងទី​សមគួរ។ លុះភិក្ខុនោះ អង្គុយ​ក្នុងទី​សមគួរ​ហើយ ក៏ក្រាប​បង្គំទូល​នូវរឿងរ៉ាវ​ទាំងអស់​នោះ ដែលខ្លួន​ចរចា​ទាំង​ប៉ុន្មាន ជាមួយ​នឹងឧគ្គគហបតី អ្នកស្រុក​វេសាលី ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ​ត្រាស់ថា ម្នាល​ភិក្ខុ ប្រពៃហើយ ប្រពៃហើយ ឧគ្គគហបតី អ្នកស្រុក​វេសាលី កាលបើ​ព្យាករ​ឲ្យសម​ហេតុ ឈ្មោះថា​ព្យាករ​តាមពិត ម្នាលភិក្ខុ​ ឧគ្គគហបតី អ្នកស្រុក​វេសាលី ប្រកបដោយ​ធម៌អស្ចារ្យចំឡែក ៨ យ៉ាងនេះឯង ដែលតថាគត​បានព្យាករ​ហើយ ម្នាលភិក្ខុ មួយទៀត អ្នកទាំងឡាយ ចូរចាំទុកនូវ​ឧគ្គគហបតី អ្នកស្រុក​វេសាលី ថាប្រកប​ដោយធម៌​អស្ចារ្យ​ចំឡែកទាំង ៨ យ៉ាងនេះចុះ។

ទុតិយឧគ្គសូត្រ ទី២

(២. ទុតិយឧគ្គសុត្តំ)

[២២] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់​ក្នុង​ហត្ថិគ្រាម ក្នុង​ដែនវជ្ជី។ ក្នុង​ទី​នោះ​ឯង ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់​ហៅ​ភិក្ខុទាំង​ឡាយថា ម្នាលភិក្ខុ​ទាំងឡាយ អ្នក​ទាំងឡាយ ចូរចាំទុក​នូវ​ឧគ្គគហបតី អ្នកស្រុក​ហត្ថិគ្រាម ថាជា​អ្នកប្រកប​ដោយធម៌​អស្ចារ្យ​ចំឡែក ៨ ប្រការ។ ព្រះដ៏មានព្រះភាគ បានត្រាស់​ពាក្យនេះ លុះព្រះសុគត ទ្រង់ត្រាស់​ពាក្យនេះរួច​ហើយ ក៏ក្រោក​ចាក​អាសនៈ ស្តេចចូល​ទៅកាន់​វិហារ។ គ្រានោះ ភិក្ខុ ១រូប ស្លៀកស្បង់ ប្រដាប់​បាត្រ និងចីវរ ក្នុង​បុព្វណ្ហសម័យ ចូលទៅកាន់​លំនៅ​របស់​ឧគ្គគហបតី អ្នក​ស្រុក​ហត្ថិគ្រាម លុះចូលទៅ​ដល់ហើយ ក៏អង្គុយ​លើអាសនៈ ដែលគេ​ក្រាលទុក។ លំដាប់​នោះ ឧគ្គគហបតី អ្នកស្រុក​ហត្ថិគ្រាម ចូលទៅរក​ភិក្ខុនោះ លុះចូល​ទៅដល់​ ថ្វាយ​បង្គំភិក្ខុនោះ ហើយអង្គុយ​ក្នុងទីសមគួរ។ លុះ​ឧគ្គគហបតី អ្នកស្រុក​ហត្ថិគ្រាម អង្គុយ​ក្នុងទី​សមគួរ​ហើយ ភិក្ខុនោះ​ពោល​ដូច្នេះថា ម្នាល​គហបតី អ្នកប្រកប​ដោយធម៌​អស្ចារ្យ​ចំឡែក ៨ យ៉ាង ដែលព្រះ​ដ៏មានព្រះភាគ​ទ្រង់ព្យាករ​ហើយ ម្នាល​គហបតី អ្នកប្រកបដោយ​ធម៌​អស្ចារ្យ​ ៨យ៉ាងណា ដែល​ព្រះដ៏មានព្រះភាគ ទ្រង់​ព្យាករ​ហើយ ធម៌អស្ចារ្យ​ចំឡែក ៨ យ៉ាង​នោះ តើដូចម្តេច។ បពិត្រលោក​ម្ចាស់ដ៏ចំរើន ខ្ញុំករុណា​មិនដឹងសោះថា ខ្ញុំ​ករុណា ប្រកប​ដោយធម៌​អស្ចារ្យ​ចំឡែក ៨ យ៉ាង ដូចម្តេច​ខ្លះ ដែល​ព្រះដ៏មានព្រះភាគ ទ្រង់ព្យាករ​ហើយទេ បពិត្រ​លោកម្ចាស់​ដ៏ចំរើន ក៏ប៉ុន្តែ ធម៌​អស្ចារ្យ​ចំឡែក ៨ យ៉ាងណា ដែល​មានដល់ខ្ញុំ​ករុណា សូមលោកម្ចាស់​ស្តាប់នូវធម៌​អស្ចារ្យ​ចំឡែក​ទាំងនោះ សូមធ្វើ​ទុកក្នុងចិត្ត​ដោយប្រពៃចុះ ខ្ញុំករុណានឹង​សំដែង ភិក្ខុនោះ ទទួលស្តាប់ពាក្យ​ឧគ្គគហបតី អ្នក​ស្រុក​ហត្ថិគ្រាម​ថា ចំរើនពរ គហបតី។ ឧគ្គគហបតី អ្នកស្រុក​ហត្ថិគ្រាម បាន​ពោល​ដូច្នេះថា បពិត្រ​លោកម្ចាស់​ដ៏ចំរើន កាលណា​ខ្ញុំករុណា កំពុង​ត្រាច់​ទៅក្នុង​នាគវន បាន​ឃើញ​ព្រះដ៏មានព្រះភាគ​ជាដំបូង អំពីចម្ងាយ បពិត្រ​លោកដ៏ចំរើន ចិត្តខ្ញុំ​ករុណា​ក៏ជ្រះថ្លា ចំពោះ​ព្រះដ៏មានព្រះភាគ ដោយគ្រាន់តែ​ឃើញ​ប៉ុណ្ណោះ ទាំងការ​ស្រវឹង​សុរា ក៏​ស្វាង​ទៅ។ បពិត្រ​លោកម្ចាស់​ដ៏ចំរើន នេះជាធម៌​អស្ចារ្យ​ចំឡែក ទី១ តែងមាន​ដល់​ខ្ញុំករុណា។ បពិត្រ​លោកម្ចាស់​ដ៏ចំរើន លុះខ្ញុំ​ករុណា​មានចិត្ត​ជ្រះថ្លា​ហើយ ក៏ចូលទៅ​អង្គុយ​ជិត​ព្រះមានព្រះភាគ ព្រះអង្គ​ទ្រង់សំដែង​អនុបុព្វីកថា​ដល់ខ្ញុំ​ករុណា គឺទ្រង់​ប្រកាស​ទានកថា សីលកថា សគ្គកថា ទោសរបស់កាម​ដ៏លាមក​សៅហ្មង និងអានិសង្ស​ក្នុង​ការ​ចេញចាក​កាម។ ព្រះមានព្រះភាគ ទ្រង់ជ្រាបថា ខ្ញុំករុណា​មានចិត្តស្រួល មាន​ចិត្តទន់ មានចិត្តផុត​ចាក​នីវរណធម៌ មានចិត្ត​អណ្តែត​ឡើង មានចិត្ត​ជ្រះថ្លា ក្នុង​កាលណា ព្រះអង្គ​ក៏ទ្រង់​សំដែង​ធម៌ទេសនា​ ដែល​ព្រះពុទ្ធទាំងឡាយ ទ្រង់លើកឡើង​សំដែង ដោយ​ព្រះអង្គ​ឯង គឺទ្រង់សំដែង​ទុក្ខសច្ច សមុទយសច្ច និរោធសច្ច មគ្គសច្ច ក្នុង​កាលនោះ។ សំពត់​សស្អាត មិនប្រឡាក់​ពណ៌ខ្មៅ គួរទទួល​ទឹកជ្រលក់​បាន ដោយប្រពៃ យ៉ាង​ណា​មិញ ធម្មចក្ខុ គឺសោតាបត្តិមគ្គ ដ៏ប្រាសចាក​ធូលី ប្រាសចាក​មន្ទិល កើតឡើង​ដល់ខ្ញុំ​ករុណា លើអាសនៈ​នោះឯង​ថា ធម្មជាត​ណាមួយ ដែលកើតឡើង​ហើយ​ជាធម្មតា ធម្មជាត​ទាំងអស់​នោះ មានការ​រលត់​ទៅវិញ​ជាធម្មតា ក៏យ៉ាង​នោះដែរ។ បពិត្រ​លោក​ម្ចាស់​ដ៏ចំរើន ខ្ញុំករុណា បានឃើញ​អរិយសច្ចធម៌ បានដល់​អរិយសច្ចធម៌ បានដឹងច្បាស់​អរិយសច្ចធម៌ បានចុះចិត្តស៊ប់​ក្នុង​អរិយសច្ច​ធម៌ បានឆ្លងផុត​សេចក្តី​សង្ស័យ មិនមាន​ងឿង​ឆ្ងល់ ដល់នូវសេចក្តី​ក្លៀវក្លា មិនជឿស្តាប់​បុគ្គល​ដទៃ ក្នុងសាសនា​នៃព្រះសស្តា បានដល់​នូវព្រះពុទ្ធ​ផង ព្រះធម៌ផង ព្រះសង្ឃផង ជាទីពឹង​ក្នុងទីនោះ ទាំងបាន​សមាទាន នូវ​សិក្ខាបទ​ទាំងឡាយ មានព្រហ្មចរិយៈ ជាគំរប់ ៥។ បពិត្រ​លោកម្ចាស់ដ៏​ចំរើន នេះជា​ធម៌​អស្ចារ្យ​ចំឡែក ទី២ តែងមាន​ដល់ខ្ញុំករុណា។ បពិត្រ​លោកម្ចាស់​ដ៏ចំរើន ខ្ញុំករុណា មាននាង​កុមារី​ជាប្រពន្ធ ៤ នាក់។ បពិត្រលោក​ម្ចាស់ដ៏ចំរើន លំដាប់នោះ ខ្ញុំករុណា​ចូលទៅរក​ប្រពន្ធ​ទាំងនោះ លុះចូលទៅ​ដល់ហើយ បាននិយាយ​ទៅនឹង​ប្រពន្ធ​ទាំងនោះ ដូច្នេះថា ម្នាល​នាងទាំងឡាយ យើងបានសមាទាន​សិក្ខាបទទាំងឡាយ មាន​ព្រហ្ម​ចរិយៈ ជា​គំរប់​ ៥ ហើយ បើនាង​ណាប្រាថ្នា នាងនោះ​ចូរប្រើប្រាស់​នូវ​ភោគសម្បត្តិ​ទាំងនេះ​ផង ចូរ​ធ្វើបុណ្យ​ទាំងឡាយ​ផងចុះ ឬថា ទៅកាន់​ត្រកូល​ញាតិរបស់ខ្លួន​ក៏បាន ពុំនោះ​សោត នាងទាំងឡាយ ត្រូវការ​បុរសណា យើងនឹង​ឲ្យនាង​ទាំងឡាយ​ទៅបុរស​នោះ។ បពិត្រ​លោកម្ចាស់​ដ៏ចំរើន កាលដែល​ខ្ញុំករុណា​និយាយ​យ៉ាងនេះ​ហើយ នាង​ដែលជា​ប្រពន្ធ​ច្បង​នោះ ក៏និយាយ​នឹងខ្ញុំ​ករុណា ដូច្នេះថា បពិត្រ​អយ្យបុត្គ សូមអ្នក​ឲ្យខ្ញុំ​ទៅបុរស​ឈ្មោះនេះចុះ។ បពិត្រ​លោកម្ចាស់​ដ៏ចំរើន ទើបខ្ញុំករុណា​ ក៏ឲ្យគេហៅ​បុរសនោះ​មក ហើយដៃ​ឆ្វេងកាន់​ប្រពន្ធ ដៃស្តាំ​កាន់​កុណ្ឌី (ច្រួចទឹក) ប្រគល់​ឲ្យទៅបុរស​នោះ។ បពិត្រ​លោកម្ចាស់​ដ៏ចំរើន កាល​​ខ្ញុំករុណា លះបង់​នាងកុមារី​ឲ្យទៅជា​ទានហើយ ក៏មិនដឹង​ធ្វើចិត្ត​ឲ្យប្រែប្រួល​ឡើយ។ បពិត្រ​លោក​ម្ចាស់ដ៏ចំរើន នេះជា​ធម៌អស្ចារ្យ​ចំឡែក ទី៣ តែងមាន​ដល់​ខ្ញុំករុណា។ បពិត្រ​លោកម្ចាស់​ដ៏ចំរើន ភោគសម្បត្តិ​ទាំងឡាយ មានច្រើន​ក្នុងត្រកូល​របស់ខ្ញុំករុណា តែ​ភោគសម្បត្តិ​ទាំងនោះ មិនទាន់បាន​ចែកមុខ អំពីអ្នក​មានសីល មាន​កល្យាណធម៌​ទាំង​ឡាយ​ទេ។ បពិត្រ​លោកម្ចាស់​ដ៏ចំរើន នេះជា​ធម៌អស្ចារ្យ​ចំឡែក ទី៤ តែង​មាន​ដល់​ខ្ញុំ​ករុណា។ បពិត្រ​លោកម្ចាស់​ដ៏ចំរើន បើខ្ញុំករុណា​ចូល​ទៅ​អង្គុយ​​ជិត​ភិក្ខុណា តែចូល​ទៅអង្គុយជិត​ដោយគោរព មិនបាន​ចូលទៅអង្គុយ​ជិតដោយ​​មិនគោរព​ទេ។ បើ​លោកដ៏​មាន​អាយុនោះ សំដែងធម៌​ដល់ខ្ញុំករុណា ខ្ញុំករុណា​តែងស្តាប់​ដោយគោរព មិនបាន​ស្តាប់​ដោយ​មិនគោរពទេ ប្រសិនបើ​លោកដ៏មានអាយុ មិនសំដែងធម៌​ដល់ខ្ញុំ​ករុណា​ទេ ខ្ញុំករុណា​តែងសំដែង​ធម៌​ដល់លោក​ដ៏មាន​អាយុ​នោះវិញ។ បពិត្រ​លោកម្ចាស់​ដ៏ចំរើន នេះជា​ធម៌អស្ចារ្យ​ចំឡែក ទី៥ តែង​មានដល់​ខ្ញុំករុណា។​ បពិត្រ​លោកម្ចាស់​ដ៏ចំរើន កាលដែល​ខ្ញុំករុណា និមន្ត​ព្រះសង្ឃមក​ហើយ ពួកទេវតា ចូលទៅ​ប្រាប់ថា ម្នាល​គហបតី ភិក្ខុ​ឯណោះ ជាឧភតោភាគវិមុត្ត4) ភិក្ខុ​ឯណោះ ជាបញ្ញាវិមុត្ត5) ភិក្ខុ​ឯណោះ ជា​កាយសក្ខី6) ភិក្ខុ​ឯណោះ ជាទិដ្ឋិប្បត្តៈ7) ភិក្ខុ​ឯណោះ ជាសទ្ធាវិមុត្ត8) ភិក្ខុឯណោះ ជាធម្មានុសារី9) ភិក្ខុ​ឯណោះ ជាសទ្ធានុសារី10) ភិក្ខុ​ឯណោះ ជាអ្នកមានសីល មានកល្យាណធម៌ ភិក្ខុ​ឯណោះ ជាអ្នក​ទ្រុស្តសីល មានធម៌​ដ៏លាមក ហេតុនេះ មិនជា​អស្ចារ្យទេ។ បពិត្រ​លោកម្ចាស់​ដ៏ចំរើន កាលខ្ញុំ​ករុណា កំពុងអង្គាស​ព្រះសង្ឃ មិនដឹង​ធ្វើចិត្ត​ឲ្យ​កើតឡើង​យ៉ាងនេះថា អាត្មាអញ ឲ្យវត្ថុតិច ដល់ភិក្ខុ​នេះផង ឲ្យវត្ថុច្រើន​ដល់ភិក្ខុ​នេះផងទេ បពិត្រ​លោកម្ចាស់​ដ៏ចំរើន ខ្ញុំករុណា​ឲ្យទាន​មានចិត្តស្មើ​ដោយពិត។ បពិត្រ​លោកម្ចាស់​ដ៏ចំរើន នេះជា​ធម៌អស្ចារ្យ​ចំឡែក ទី៦ តែងមាន​ដល់ខ្ញុំ​ករុណា។ បពិត្រ​លោកម្ចាស់ដ៏ចំរើន ពួកទេវតា តែង​ចូលមករក​ខ្ញុំករុណា ហើយប្រាប់​ថា ម្នាល​គហបតី ព្រះធម៌ដែល​ព្រះដ៏មានព្រះភាគ ទ្រង់​សំដែងហើយ​ដោយប្រពៃ មិនជា​អស្ចារ្យ​ទេ។ បពិត្រ​លោកម្ចាស់​ដ៏ចំរើន កាលដែល​ពួកទេវតា​ពោល​យ៉ាងនេះហើយ ខ្ញុំករុណា ក៏និយាយ​ទៅរកទេវតា​ទាំងនោះ​យ៉ាងនេះថា ម្នាល​ទេវតា អ្នកទាំងឡាយ គប្បីពោល​យ៉ាងនេះក្តី មិនគប្បីពោល​យ៉ាងនេះក្តី ឯធម៌ពិត ព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយ ដោយប្រពៃមែន។ បពិត្រ​លោកម្ចាស់​ដ៏ចំរើន ខ្ញុំករុណា​មិនដឹងថា ចិត្តដែល​ប៉ោងឡើង ព្រោះរឿងនោះ​ជាហេតុទេ ទោះពួក​ទេវតា ចូល​មករក​ខ្ញុំករុណា​ក្តី ខ្ញុំករុណា​ចរចា ជាមួយ​នឹងពួកទេវតាក្តី។ បពិត្រ​លោកម្ចាស់​ដ៏ចំរើន នេះជា​ធម៌​អស្ចារ្យ​ចំឡែក ទី៧ តែងមានដល់​ខ្ញុំករុណា។ បពិត្រ​លោកម្ចាស់​ដ៏ចំរើន ប្រសិនបើ​ខ្ញុំករុណា គប្បីធ្វើ​មរណកាល​មុន​ព្រះដ៏មានព្រះភាគ ព្រះអង្គ​គប្បីព្យាករ​យ៉ាងនេះ ចំពោះ​ខ្ញុំករុណាថា ឧគ្គគហបតី អ្នកស្រុក​ហត្ថិគ្រាម ប្រកប​ដោយ​សំយោជនៈណាហើយ គប្បីមកកាន់​មនុស្ស​លោកនេះ​ម្តងទៀត សំយោជនៈនោះ​គ្មានទេ ហេតុនុ៎ះ មិនជាអស្ចារ្យទេ។ បពិត្រ​លោកម្ចាស់​ដ៏ចំរើន នេះជាធម៌​អស្ចារ្យ​ចំឡែក ទី៨ តែង​មានដល់​ខ្ញុំករុណា។ បពិត្រ​លោកម្ចាស់​ដ៏ចំរើន ធម៌ជាទី​អស្ចារ្យ​ចំឡែក​ទាំង ៨ នេះ តែង​មាន (ដល់ខ្ញុំករុណា) តែថា ខ្ញុំករុណា​មិនដឹងសោះ​ថា ខ្ញុំករុណា​ប្រកប​ដោយធម៌ ជា​អស្ចារ្យ​ចំឡែក​ ៨ យ៉ាង ដូចម្តេចខ្លះ ដែលព្រះដ៏មានព្រះភាគ ​ទ្រង់ព្យាករ​ហើយទេ។ លំដាប់​នោះ ភិក្ខុនោះ ទទួលចង្ហាន់​បិណ្ឌបាត ក្នុងលំនៅ​របស់ឧគ្គគហបតី អ្នកស្រុក​ហត្ថិគ្រាម ​រួច​ក្រោកចាកអាសនៈ ចៀស​ចេញទៅ។ លុះភិក្ខុនោះ ត្រឡប់​អំពី​បិណ្ឌបាត ក្នុងវេលា​ខាង​ក្រោយ​នៃភត្ត ហើយក៏ចូល​ទៅគាល់​ព្រះដ៏មានព្រះភាគ លុះចូល​ទៅដល់ ក្រាប​ថ្វាយ​បង្គំ​ព្រះដ៏មានព្រះភាគ ហើយអង្គុយ​ក្នុងទីសមគួរ។ លុះភិក្ខុនោះ អង្គុយ​ក្នុងទី​សមគួរ​ហើយ ក៏ក្រាបបង្គំទូល​នូវហេតុ​ទាំងអស់នោះ ដែលខ្លួន​ចរចា​ទាំងប៉ុន្មាន ជាមួយ​នឹង​ឧគ្គគហបតី អ្នកស្រុក​ហត្ថិគ្រាម ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ​ត្រាស់ថា ម្នាល​ភិក្ខុ ប្រពៃហើយ ប្រពៃហើយ ឧគ្គគហបតី អ្នកស្រុក​ហត្ថិគ្រាម កាលបើ​ព្យាករឲ្យ​សមហេតុ ឈ្មោះថា ព្យាករ​តាមពិត ម្នាលភិក្ខុ ឧគ្គគហបតី អ្នកស្រុក​ហត្ថិគ្រាម ប្រកបដោយ​ធម៌​អស្ចារ្យ​ចំឡែក ៨ ប្រការនេះឯង ដែលតថាគត​ព្យាករហើយ ម្នាលភិក្ខុ អ្នកចូរចាំទុក​នូវ​ឧគ្គគហបតី អ្នកស្រុក​ហត្ថិគ្រាមថា ប្រកបដោយ​ធម៌អស្ចារ្យ ចំឡែក ៨ ប្រការនេះចុះ។

បឋមហត្ថកសូត្រ ទី៣

(៣. បឋមហត្ថកសុត្តំ)

[២៣] សម័យមួយ ព្រះដ៏មានព្រះភាគ ​កាលគង់​ក្នុង​អគ្គាឡវចេតិយ ជិត​ស្រុក​អាឡវី។ ក្នុងទីនោះឯង ព្រះដ៏មានព្រះភាគ​​ត្រាស់ហៅ​ភិក្ខុទាំង​ឡាយថា ម្នាលភិក្ខុ​ទាំង​ឡាយ អ្នកទាំងឡាយ ចូរចាំទុក​នូវ​​ហត្ថក​អាឡវក ថាជា​អ្នកប្រកប​ដោយ​ធម៌អស្ចារ្យ ចំឡែក ៧ ប្រការ។ ហត្ថកអាឡវក ប្រកប​ដោយធម៌​អស្ចារ្យ ចំឡែក ៧ ប្រការ តើ​ដូច​ម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ ហត្ថកអាឡវក មានសទ្ធា ១ ម្នាលភិក្ខុ​ទាំងឡាយ ហត្ថកអាឡវក មានសីល ១ ម្នាលភិក្ខុ​ទាំងឡាយ ហត្ថកអាឡវក មានសេចក្តី​ខ្មាសបាប ១ ម្នាល​ភិក្ខុ​ទាំងឡាយ ហត្ថកអាឡវក មានសេចក្តី​ខ្លាចបាប ១ ម្នាលភិក្ខុ​ទាំងឡាយ ហត្ថក​អាឡវក ជាពហុស្សូត ១ ម្នាលភិក្ខុ​ទាំងឡាយ ហត្ថកអាឡវក មាន​ចាគៈ ១ ម្នាលភិក្ខុ​ទាំងឡាយ ហត្ថកអាឡវក មានបញ្ញា​ ១។ ម្នាលភិក្ខុ​ទាំងឡាយ អ្នកទាំងឡាយ ចូរចាំទុក​នូវ​ហត្ថកអាឡវក ថាជា​អ្នកប្រកប​ដោយ​ធម៌ អស្ចារ្យ ចំឡែក ៧ ប្រការ​នេះឯង។ ព្រះដ៏មានព្រះភាគ បានត្រាស់​ពាក្យនេះ លុះព្រះ​សុគត ទ្រង់​ត្រាស់ពាក្យនេះរួចហើយ ទ្រង់ក្រោក​ចាកអាសនៈ ស្តេចចូល​ទៅ​កាន់វិហារ។ គ្រានោះ ភិក្ខុ​១ រូប ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុង​បុព្វណ្ហសម័យ ហើយ​ចូលទៅ​កាន់​លំនៅ​របស់​ហត្ថកអាឡវក លុះចូលទៅ​ដល់ហើយ ​ក៏អង្គុយលើអាសនៈ​ដែល​គេក្រាល​ទុក។ លំដាប់នោះ ហត្ថកអាឡវក ចូលទៅ​រកភិក្ខុនោះ លុះ​ចូលទៅ​ដល់ហើយ ថ្វាយ​បង្គំ​ភិក្ខុនោះ ហើយ​អង្គុយ​ក្នុងទី​សមគួរ។ លុះ​ហត្ថកអាឡវក អង្គុយ​ក្នុងទី​សមគួរ​ហើយ ភិក្ខុ​នោះ បាន​ពោលថា ម្នាល​អាវុសោ អ្នកប្រកប​ដោយធម៌​អស្ចារ្យ ចំឡែក ៧ ប្រការ ដែល​ព្រះដ៏មាន​ព្រះភាគ ទ្រង់​ព្យាករហើយ។ ប្រកប​ដោយធម៌ អស្ចារ្យ ចំឡែក ៧ ប្រការ តើ​ដូច​ម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ ហត្ថកអាឡវក មានសទ្ធា ១ មានសីល ១ មានសេចក្តី​ខ្មាស​បាប ១ មានសេចក្តីខ្លាចបាប ១ ជាពហុស្សូត ១ មានចាគៈ ១ ម្នាល​ភិក្ខុទាំង​ឡាយ ហត្ថក​អាឡវក មាន​បញ្ញា ១។ ម្នាល​អាវុសោ អ្នកប្រកប​ដោយធម៌​អស្ចារ្យ ចំឡែក ៧ ប្រការ​នេះ ដែលព្រះដ៏មាន​ព្រះភាគ ទ្រង់ព្យាករហើយ។ ហត្ថកអាឡវក សួរតបថា បពិត្រ​លោកម្ចាស់​ដ៏ចំរើន ចុះ​គ្រហស្ថ​នីមួយ អ្នកស្លៀកស មិនមាន​ក្នុងហេតុ​ដែល​ព្យាករ​នេះ​ទេឬ។ ម្នាល​អាវុសោ គ្រហស្ថ​នីមួយ អ្នកស្លៀកស មិនមានក្នុង​ហេតុ​​ព្យាករនេះ​ទេ។ បពិត្រ​លោកម្ចាស់​ដ៏ចំរើន បើគ្រហស្ថនីមួយ អ្នកស្លៀកស មិនមាន​ក្នុងហេតុ​ព្យាករនេះ​ទេ នុ៎ះ​ជាការ​ប្រពៃហើយ។ លំដាប់នោះ ភិក្ខុនោះ ទទួល​បិណ្ឌបាត ក្នុងលំនៅ​ហត្ថកអាឡវក​ហើយ ក៏ក្រោក​ចាក​អាសនៈ ចៀសចេញ​ទៅ។ លុះភិក្ខុនោះ ត្រឡប់​​អំពី​បិណ្ឌបាត ក្នុង​វេលាខាង​ក្រោយ​នៃភត្ត ហើយក៏ចូល​ទៅគាល់​ព្រះដ៏មានព្រះភាគ លុះ​ចូលទៅ​ដល់ ក្រាបថ្វាយ​បង្គំ​ព្រះដ៏​មានព្រះភាគ ហើយ​អង្គុយ​ក្នុងទី​សមគួរ។ លុះភិក្ខុនោះ អង្គុយ​ក្នុងទី​សមគួរ​ហើយ ក៏​ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន ក្នុង​ទី​ឯណោះ ខ្ញុំព្រះអង្គ​ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងវេលាបុព្វណ្ហសម័យ ហើយចូល​ទៅកាន់លំនៅ​របស់​ហត្ថកអាឡវក លុះចូល​ទៅដល់​ហើយ ក៏អង្គុយ​លើអាសនៈ​ដែលគេក្រាល​ទុក។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន លំដាប់នោះ ហត្ថកអាឡវក ចូលទៅ​រកខ្ញុំ​ព្រះអង្គ លុះចូល​ទៅដល់​ហើយ ក៏ថ្វាយបង្គំ​ខ្ញុំព្រះអង្គ ហើយ​អង្គុយ​ក្នុងទី​សមគួរ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន​ លុះ​ហត្ថកអាឡវក អង្គុយ​ក្នុងទី​សមគួរ​ហើយ ខ្ញុំព្រះអង្គ​បានពោលទៅ​ដូច្នេះ​ថា ម្នាល​អាវុសោ អ្នកប្រកប​ដោយធម៌​អស្ចារ្យចំឡែក ៧ ប្រការ ដែល​ព្រះដ៏មាន​ព្រះភាគ ទ្រង់​ព្យាករ​ហើយ។ ប្រកប​ដោយ​ធម៌អស្ចារ្យ​ចំឡែក ៧ ប្រការ តើដូចម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ ហត្ថកអាឡវក មានសទ្ធា ១ មានសីល ១ មានសេចក្តី​ខ្មាសបាប ១ មាន​សេចក្តី​ខ្លាចបាប ១ ជា​ពហុស្សូត ១ មាន​ចាគៈ ១ ម្នាលភិក្ខុ​ទាំងឡាយ ហត្ថកអាឡវក មាន​បញ្ញា ១។ ម្នាលអាវុសោ​ អ្នកប្រកប​ដោយធម៌​អស្ចារ្យ​ចំឡែក ៧ ប្រការ​នេះឯង ដែល​ព្រះដ៏មាន​ព្រះភាគ ទ្រង់ព្យាករ​ហើយ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន​ កាល​ដែល​ខ្ញុំព្រះអង្គ​ពោល​​យ៉ាង​នេះហើយ ហត្ថកអាឡវក និយាយ​នឹង​ខ្ញុំព្រះអង្គ​ដូច្នេះ​ថា បពិត្រ​លោកម្ចាស់​ដ៏ចំរើន គ្រហស្ថ​នីមួយ​អ្នកស្លៀក​ស មិនមាន​ក្នុងហេតុ​ព្យាករ​នេះទេឬ។ ម្នាល​អាវុសោ គ្រហស្ថ​នីមួយ​អ្នកស្លៀកស មិនមាន​ក្នុងហេតុ​ព្យាករ​នេះទេ។ បពិត្រ​លោកម្ចាស់​ដ៏ចំរើន បើគ្រហស្ថនីមួយ​អ្នកស្លៀក​ស មិនមាន​ក្នុង​ហេតុព្យាករ​នេះទេ នុ៎ះ​ជាការ​ប្រពៃហើយ។ ព្រះអង្គ​ត្រាស់ថា ម្នាលភិក្ខុ ប្រពៃហើយ ប្រពៃហើយ កុលបុត្រនោះ ជាអ្នក​ប្រាថ្នា​តិច កាលបើ​កុសលធម៌​មាននៅ​ក្នុងខ្លួន​ហើយ រមែង​មិនប្រាថ្នា​ឲ្យអ្នក​ដទៃ​ដឹង​ទេ។ ម្នាលភិក្ខុ បើដូច្នោះ អ្នកចូរ​ចាំទុក​នូវ​ហត្ថកអាឡវក ថាជា​អ្នក​ប្រកប​ដោយ​ធម៌​អស្ចារ្យ​ចំឡែក​នេះគឺ។បេ។ ភាព​ជាអ្នក​ប្រាថ្នាតិច។

ទុតិយហត្ថកសូត្រ ទី៤

(៤. ទុតិយហត្ថកសុត្តំ)

[២៤] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុង​អគ្គាឡវចេតិយ ជិត​ស្រុក​អាឡវី។ គ្រានោះ ហត្ថកអាឡវក មាន​ឧបាសក​ចំនួន ៥០០ នាក់ចោមរោម ចូល​ទៅគាល់​ព្រះដ៏មានព្រះភាគ លុះចូល​ទៅដល់ហើយ ក៏ក្រាបថ្វាយ​បង្គំព្រះដ៏មាន​ព្រះភាគ ហើយ​អង្គុយ​ក្នុង​ទីសមគួរ។ លុះ​ហត្ថកអាឡវក អង្គុយ​ក្នុងទី​សមគួរ​ហើយ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់​ដូច្នេះ​​ថា ម្នាល​ហត្ថកៈ ពួកបរិសទ្យ​របស់​អ្នក​ច្រើនណាស់ ម្នាល​ហត្ថកៈ ចុះអ្នក​សង្គ្រោះ​បរិសទ្យ​ច្រើននេះ​ដូចម្តេចខ្លះ។ បពិត្រព្រះអង្គដ៏ចំរើន សង្គហវត្ថុ​ទាំងឡាយ ៤ ប្រការ​ណា ដែល​ព្រះដ៏មានព្រះភាគ ទ្រង់​សំដែង​ហើយ ខ្ញុំព្រះអង្គ​រមែង​សង្គ្រោះ​បរិសទ្យ​ច្រើននេះ ដោយ​សង្គហវត្ថុ​ទាំងឡាយ​នោះ។ បពិត្រ​ព្រះអង្គដ៏​ចំរើន ខ្ញុំព្រះអង្គ ដឹងនូវ​បុគ្គល​ណាថា បុគ្គលនេះ គួរ​សង្គ្រោះដោយការ​ឲ្យ ខ្ញុំព្រះអង្គក៏​សង្គ្រោះ​បុគ្គលនោះ ដោយ​ការឲ្យ ខ្ញុំ​ព្រះអង្គ​​ដឹងនូវ​បុគ្គល​ណាថា បុគ្គលនេះ គួរសង្គ្រោះ​ដោយសំដី ជាទីស្រឡាញ់ ខ្ញុំព្រះអង្គ ក៏សង្គ្រោះ​បុគ្គលនោះ ដោយសំដី​ជាទីស្រឡាញ់ ខ្ញុំព្រះអង្គ​ដឹងនូវបុគ្គល​ណាថា បុគ្គលនេះ គួរ​សង្គ្រោះ​ដោយ​ការប្រព្រឹត្តិ​នូវប្រយោជន៍ ខ្ញុំ​ព្រះអង្គ ក៏សង្គ្រោះបុគ្គលនោះ ដោយ​ការ​ប្រព្រឹត្តិនូវ​ប្រយោជន៍ ខ្ញុំ​ព្រះអង្គដឹង​នូវបុគ្គលណាថា បុគ្គលនេះ គួរ​សង្គ្រោះ​ដោយ​ការ​តាំងខ្លួន​ឲ្យស្មើៗ ខ្ញុំព្រះអង្គ​ក៏សង្គ្រោះ​បុគ្គលនោះ ដោយការ​តាំងខ្លួនឲ្យ​ស្មើៗ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ភោគសម្បត្តិ​ក្នុងត្រកូល​របស់​ខ្ញុំព្រះអង្គ​ មានច្រើន ពួកមហាជន រមែង​មិន​សំគាល់នូវ​ពាក្យ​របស់ជនអ្នក​កំសត់​ថាជាពាក្យ​គួរស្តាប់ ដូចជា​ពាក្យរបស់​ខ្ញុំ​ព្រះអង្គទេ។ ម្នាល​ហត្ថកៈ ប្រពៃហើយ ប្រពៃហើយ ម្នាលហត្ថកៈ នេះជា​ឧបាយ​របស់​អ្នក ដើម្បីសង្គ្រោះ​នូវ​បរិសទ្យ​ច្រើន។ ម្នាលហត្ថកៈ ព្រោះថា ពួកជនណាមួយ បានសង្គ្រោះ​បរិសទ្យច្រើន ក្នុងកាលកន្លងទៅហើយ ជនទាំងអស់នោះ បានសង្គ្រោះនូវ​បរិសទ្យ​ច្រើន ដោយសង្គហវត្ថុ​ទាំង ៤ នេះឯង។ ម្នាល​ហត្ថកៈ ពួកជនណាមួយ នឹង​សង្គ្រោះ​បរិសទ្យ​ច្រើន ក្នុងកាលជា​អនាគត ជនទាំងអស់​នោះ នឹង​សង្គ្រោះ​បរិសទ្យ​ច្រើន​ ដោយ​សង្គហវត្ថុ​ទាំង ៤ នេះឯង។ ម្នាល​ហត្ថកៈ ពួកជនណាមួយ សង្គ្រោះ​បរិសទ្យ​ច្រើន ក្នុង​កាល​ឥឡូវ​នេះ ជនទាំងអស់​នោះ តែងសង្គ្រោះនូវ​បរិសទ្យ​ច្រើន ដោយសង្គហវត្ថុ​ទាំង ៤ នេះឯង។ លំដាប់​នោះ ហត្ថកអាឡវក កាលដែល​ព្រះដ៏មានព្រះភាគ ទ្រង់​ពន្យល់​ណែនាំ ឲ្យអាច​ហ៊ាន ឲ្យរីករាយ ដោយធម្មីកថាហើយ ក៏ក្រោក​ចាកអាសនៈ ថ្វាយបង្គំ​ព្រះដ៏មានព្រះភាគ ធ្វើប្រទក្សិណ​ចៀសចេញទៅ។ លុះ​ហត្ថកអាឡវក ចៀសចេញទៅ​មិនយូរប៉ុន្មាន ព្រះដ៏មាន​ព្រះភាគ ទ្រង់ត្រាស់​ហៅភិក្ខុ​ទាំងឡាយថា ម្នាលភិក្ខុ​ទាំងឡាយ អ្នកទាំងឡាយ ចូរចាំទុក​នូវ​ហត្ថកអាឡវក​ ថាជាអ្នក​ប្រកប​ដោយធម៌​អស្ចារ្យ​ចំឡែក ៨ ប្រការ។ ហត្ថកអាឡវក ប្រកប​ដោយធម៌​អស្ចារ្យ​ចំឡែក ៨ ប្រការ តើ​ដូចម្តេច។ ម្នាលភិក្ខុ​ទាំង​ឡាយ ហត្ថកអាឡវក មានសទ្ធា ១ មានសីល ១ មានសេចក្តី​ខ្មាសបាប ១ មាន​សេចក្តី​ខ្លាច​បាប ១ ជាពហុស្សូត ១ មានចាគៈ ១ ម្នាលភិក្ខុ​ទាំងឡាយ ហត្ថកអាឡវក មាន​បញ្ញា ១ ម្នាល​ភិក្ខុ​ទាំងឡាយ ហត្ថកអាឡវក មានសេចក្តី​ប្រាថ្នា​តិច ១។ ម្នាល​ភិក្ខុ​ទាំងឡាយ អ្នក​ទាំងឡាយ ចូរចាំទុក​នូវ​ហត្ថកអាឡវក​ ថាជា​អ្នក​ប្រកប​ដោយធម៌​អស្ចារ្យចំឡែក ៨ ប្រការ​នេះចុះ។

មហានាមសូត្រ ទី៥

(៥. មហានាមសុត្តំ)

[២៥] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅ​ក្នុងនិគ្រោធារាម ជិត​ក្រុង​កបិលពស្តុ ក្នុងដែន​សក្កៈ។ គ្រានោះ សក្យមហានាម ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូល​ទៅដល់ហើយ ថ្វាយបង្គំ​ព្រះដ៏មានព្រះភាគ រួចគង់ក្នុង​ទីដ៏សមគួរ។ លុះ​សក្យមហានាម គង់ក្នុង​ទីដ៏សមគួរ​ហើយ ក៏ក្រាបបង្គំទូល​ព្រះដ៏មានព្រះភាគ យ៉ាង​នេះ​ថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន បុគ្គល​បានជា​ឧបាសក តើដោយ​ហេតុ​ដូចម្តេច។ បពិត្រ​មហានាម បុគ្គលអ្នកដល់​នូវព្រះពុទ្ធ​ជាទីពឹង ដល់នូវ​ព្រះធម៌​ជាទីពឹង ដល់​នូវ​ព្រះសង្ឃ​ជាទីពឹង ដោយ​​ហេតុណា បពិត្រ​មហានាម បុគ្គល​បានជា​ឧបាសក ដោយ​ហេតុ​ប៉ុណ្ណេះ​ឯង។

បពិត្រ​ព្រះអង្គ​ដ៏ចំរើន ចុះ​ឧបាសក​អ្នកមាន​សីល តើដោយហេតុ​ដូចម្តេច។ បពិត្រ​មហានាម ឧបាសក​ជាអ្នក​វៀរចាក​បាណាតិបាត វៀរចាក​អទិន្នាទាន វៀរចាក​កាមេសុមិច្ឆាចារ វៀរចាក​មុសាវាទ វៀរចាក​​សុរាមេរយមជ្ជប្បមាទដ្ឋាន ដោយហេតុ​ណា បពិត្រ​មហានាម ឧបាសក​អ្នកមានសីល ដោយ​ហេតុ​ប៉ុណ្ណេះ​ឯង។

បពិត្រព្រះអង្គដ៏ចំរើន ចុះឧបាសក​អ្នកប្រតិបត្តិ​ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន មិន​ប្រតិបត្តិ​​ដើម្បី​ប្រយោជន៍​បុគ្គល​ដទៃ​ទេ តើដោយ​ហេតុ​ដូចម្តេច។ បពិត្រ​មហានាម ឧបាសក​អ្នក​បរិបូណ៌​ដោយ​សទ្ធា ដោយ​ខ្លួនឯង មិនបបួល​បុគ្គល​ដទៃ ឲ្យបរិបូណ៌​ដោយ​សទ្ធា ១ អ្នកបរិបូណ៌​ដោយសីល ដោយខ្លួន​ឯង មិនបបួលបុគ្គលដទៃ ឲ្យបរិបូណ៌​ដោយ​សីល ១ អ្នក​​បរិបូណ៌​ដោយចាគៈ ដោយខ្លួនឯង មិនបបួល​បុគ្គលដទៃ​ឲ្យ​បរិបូណ៌​ដោយ​ចាគៈ ១ អ្នកចង់​ជួប​ប្រទះ​ពួក​ភិក្ខុ​ដោយ​ខ្លួន​ឯង មិន​បបួល​​បុគ្គល​ដទៃ ឲ្យជួប​ប្រទះ​ពួកភិក្ខុ ១ អ្នកចង់ស្តាប់​ព្រះសទ្ធម្ម​ដោយខ្លួនឯង មិនបបួល​បុគ្គលដទៃ ឲ្យបាន​ស្តាប់​ព្រះសទ្ធម្ម ១ អ្នកទ្រទ្រង់​ធម៌ទាំង​ឡាយ ដែលបាន​ស្តាប់ហើយ ដោយខ្លួនឯង មិន​បបួល​បុគ្គល​ដទៃ ឲ្យទ្រទ្រង់​នូវធម៌ ១ អ្នក​ពិចារណានូវអត្ថ​នៃធម៌​ទាំងឡាយ ដែលបាន​ស្តាប់​ហើយ ដោយខ្លួនឯង មិន​បបួល​បុគ្គល​ដទៃ ឲ្យពិចារណា​នូវអត្ថ ១ អ្នកដឹង​នូវអត្ថ​ដឹង​នូវធម៌ ហើយប្រតិបត្តិ​នូវធម៌​ ដ៏សមគួរ​ដល់ធម៌ ដោយខ្លួន​ឯង មិនបបួល​បុគ្គល​ដទៃ ឲ្យ​ប្រតិបត្តិ​នូវធម៌​ ដ៏សមគួរ​ដល់ធម៌ ១ ដោយ​ហេតុណា បពិត្រ​មហានាម ឧបាសក​អ្នក​ប្រតិបត្តិ ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន មិនប្រតិបត្តិ​ដើម្បី​ប្រយោជន៍​បុគ្គលដទៃ ដោយ​ហេតុ​មាន​ប្រមាណ​ប៉ុណ្ណេះឯង។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ចុះ​ឧបាសក អ្នក​ប្រតិបត្តិ ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន​ផង ដើម្បី​ប្រយោជន៍​បុគ្គល​ដទៃផង តើដោយ​ហេតុ​ដូចម្តេច។ បពិត្រ​មហានាម ឧបាសក អ្នកបរិបូណ៌​ដោយសទ្ធា ដោយខ្លួន​ឯង ទាំងបបួល​បុគ្គល​ដទៃ ឲ្យបរិបូណ៌​ដោយ​សទ្ធា ១ អ្នកបរិបូណ៌ដោយសីល ដោយខ្លួនឯង ទាំង​បបួល​​បុគ្គល​​ដទៃ ឲ្យ​បរិបូណ៌ដោយសីល ១ អ្នកបរិបូណ៌ដោយ​ចាគៈដោយខ្លួនឯង ទាំងបបួល​បុគ្គល​ដទៃ ឲ្យបរិបូណ៌​ដោយចាគៈ ១ អ្នកចង់​ជួបប្រទះ​ពួកភិក្ខុ​ដោយខ្លួន​ឯង ទាំងបបួល​បុគ្គល​ដទៃ ឲ្យបាន​ជួបប្រទះ​ពួកភិក្ខុ ១ អ្នកចង់ស្តាប់​ព្រះសទ្ធម្ម​ដោយខ្លួន​ឯង ទាំងបបួល​បុគ្គល​ដទៃ ឲ្យបានស្តាប់​ព្រះសទ្ធម្ម ១ អ្នកទ្រទ្រង់​នូវធម៌​ទាំងឡាយ ដែលបាន​ស្តាប់ហើយ​ដោយ​ខ្លួន​ឯង ទាំង​បបួល​បុគ្គល​ដទៃ ឲ្យទ្រទ្រង់នូវធម៌ ១ អ្នកពិចារណា​នូវអត្ថ​នៃធម៌​ទាំងឡាយ ដែលបាន​ស្តាប់ហើយ​ដោយខ្លួន​ឯង ទាំងបបួល​បុគ្គលដទៃ ឲ្យពិចារណា​នូវអត្ថ ១ អ្នកដឹង​នូវអត្ថ ដឹង​នូវធម៌ ហើយ​ប្រតិបត្តិ​នូវធម៌​ដ៏សមគួរ​ដល់ធម៌ ដោយខ្លួន​ឯង ទាំងបបួល​បុគ្គលដទៃ ឲ្យប្រតិបត្តិ​នូវធម៌​ដ៏សមគួរ​ដល់ធម៌ ១ ដោយ​ហេតុ​ណា បពិត្រ​មហានាម ឧបាសក​អ្នកប្រតិបត្តិ ដើម្បី​ប្រយោជន៍​ខ្លួនផង ដើម្បីប្រយោជន៍​បុគ្គល​ដទៃផង ដោយហេតុ​មានប្រមាណប៉ុណ្ណេះ។

ជីវកសូត្រ ទី៦

(៦. ជីវកសុត្តំ)

[២៦] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅ​ក្នុង​ជីវកម្ពវន ជិត​ក្រុង​រាជគ្រឹះ។ គ្រានោះ ជីវកកោមារភត្យ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះ​ចូលទៅ​ដល់ហើយ ក៏​ក្រាបថ្វាយ​បង្គំព្រះដ៏មាន​ព្រះភាគ រួចអង្គុយ​ក្នុងទី​ដ៏សមគួរ។ លុះ​ជីវក​កោមារភត្យ អង្គុយ​ក្នុងទី​ដ៏សមគួរ​ហើយ ក៏ក្រាប​បង្គំទូល​ព្រះដ៏មាន​ព្រះភាគ​យ៉ាងនេះថា បពិត្រ​ព្រះអង្គ​ដ៏​ចំរើន បុគ្គល​បានជា​ឧបាសក តើដោយ​ហេតុ​ដូចម្តេច។ ម្នាលជីវក បុគ្គល​អ្នកដល់នូវ​ព្រះពុទ្ធ​ជាទីពឹង ដល់នូវ​ព្រះធម៌​ជាទីពឹង ដល់នូវ​ព្រះសង្ឃ​ជាទីពឹង ដោយហេតុ​ណា ម្នាល​ជីវក បុគ្គលនោះ បានជា​ឧបាសក ដោយហេតុ​មាន​ប្រមាណប៉ុណ្ណេះឯង។

បពិត្រព្រះអង្គដ៏ចំរើន ចុះឧបាសក​អ្នកមានសីល តើដោយ​ហេតុដូចម្តេច។ ម្នាល​ជីវក ឧបាសក​ជាអ្នកវៀរចាក​បាណាតិបាត។បេ។ វៀរចាក​សុរាមេរយមជ្ជប្បមាទដ្ឋាន ដោយ​ហេតុណា ម្នាល​ជីវក ឧបាសក​ជា​អ្នក​មានសីល ដោយហេតុ​មាន​ប្រមាណ​ប៉ុណ្ណេះឯង។

បពិត្រព្រះអង្គដ៏ចំរើន ចុះឧបាសក​អ្នកប្រតិបត្តិ ដើម្បីប្រយោជន៍​ផ្ទាល់ខ្លួន មិន​ប្រតិបត្តិ ដើម្បីប្រយោជន៍​បុគ្គល​ដទៃ តើដោយ​ហេតុ​ដូចម្តេច។ ម្នាល​ជីវក ឧបាសក អ្នក​បរិបូណ៌ដោយ​សទ្ធា ដោយ​ខ្លួនឯង តែមិន​បបួល​បុគ្គលដទៃ ឲ្យ​បរិបូណ៌ ដោយ​សទ្ធា ១។បេ។ អ្នកដឹងច្បាស់​នូវអត្ថ ដឹងច្បាស់​នូវធម៌ ហើយប្រតិបត្តិ​នូវធម៌​ដ៏សមគួរ​ដល់ធម៌ ដោយ​ខ្លួនឯង តែមិនបបួល​បុគ្គលដទៃ ឲ្យប្រតិបត្តិ​នូវធម៌ដ៏​សមគួរ​ដល់ធម៌ ១ ដោយ​ហេតុ​ណា ម្នាល​ជីវក ឧបាសក​អ្នកប្រតិបត្តិ​ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន មិន​ប្រតិបត្តិ​ដើម្បីប្រយោជន៍​បុគ្គល​ដទៃ ដោយហេតុ​មាន​ប្រមាណ​ប៉ុណ្ណេះឯង។

បពិត្រព្រះអង្គដ៏ចំរើន ចុះឧបាសក​អ្នក​ប្រតិបត្តិ ដើម្បី​ប្រយោជន៍​ផ្ទាល់​ខ្លួនផង ដើម្បីប្រយោជន៍បុគ្គល​ដទៃ​ផង តើដោយ​ហេតុ​ដូចម្តេច។ ម្នាល​ជីវក ឧបាសក​អ្នក​បរិបូណ៌​ដោយ​សទ្ធា ដោយ​ខ្លួនឯង ទាំង​បបួល​បុគ្គល​ដទៃ ឲ្យ​បរិបូណ៌​ដោយសទ្ធា ១ អ្នកបរិបូណ៌ដោយ​សីល​ដោយ​ខ្លួនឯង ទាំង​បបួល​បុគ្គល​ដទៃ ឲ្យបរិបូណ៌​ដោយសីល ១ អ្នក​បរិបូណ៌​ដោយចាគៈ​ដោយខ្លួនឯង ទាំងបបួល​បុគ្គល​ដទៃ ឲ្យបរិបូណ៌​ដោយចាគៈ ១ អ្នក​ចង់ចួប​ប្រទះ​ពួកភិក្ខុ​ដោយ​ខ្លួនឯង ទាំង​បបួល​បុគ្គល​ដទៃ ឲ្យចួប​ប្រទះ​ពួកភិក្ខុ ១ អ្នកចង់ស្តាប់​ព្រះសទ្ធម្ម​ដោយខ្លួន​ឯង ទាំង​បបួល​បុគ្គល​ដទៃ ឲ្យបានស្តាប់​នូវ​ព្រះសទ្ធម្ម ១ ជាអ្នក​ទ្រទ្រង់​នូវធម៌​ទាំងឡាយ ដែលបាន​ស្តាប់ហើយ​ដោយខ្លួន​ឯង ទាំង​បបួល​បុគ្គល​ដទៃ ឲ្យទ្រទ្រង់​នូវធម៌ ១ អ្នកពិចារណា នូវអត្ថ​នៃធម៌​ទាំងឡាយ ដែល​បានស្តាប់​ហើយ ដោយ​ខ្លួនឯង ទាំង​បបួល​បុគ្គល​ដទៃ ឲ្យពិចារណា​នូវអត្ថ ១ អ្នកដឹងច្បាស់​នូវអត្ថ ដឹងច្បាស់​​នូវធម៌ ហើយប្រតិបត្តិ​នូវធម៌​ដ៏សមគួរ​ដល់ធម៌ ដោយ​ខ្លួនឯង ទាំង​បបួល​បុគ្គល​ដទៃ ឲ្យប្រតិបត្តិ​​នូវធម៌​ដ៏សមគួរ​ដល់ធម៌ ១ ដោយ​ហេតុណា ម្នាលជីវក ឧបាសក​អ្នក​ប្រតិបត្តិ​ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន​ផង ដើម្បីប្រយោជន៍​បុគ្គល​ដទៃផង ដោយ​ហេតុ​មាន​ប្រមាណ​ប៉ុណ្ណេះឯង។

បឋមពលសូត្រ ទី៧

(៧. បឋមពលសុត្តំ)

[២៧] ម្នាលភិក្ខុទាំងឡាយ កំឡាំងនេះ មាន ៨ យ៉ាង។ កំឡាំង ៨ យ៉ាង តើអ្វីខ្លះ។ ម្នាលភិក្ខុ​ទាំងឡាយ ពួកក្មេង​មានការ​យំ​ជាកំឡាំង​ ១ ពួកមាតុគ្រាម​មាន​សេចក្តី​ក្រោធ ជា​កំឡាំង ១ ពួកចោរ​មានគ្រឿង​អាវុធ​ជាកំឡាំង ១ ពួក​ព្រះរាជា​មាន​ឥស្សរិយៈ ជាកំឡាំង ១ ពួកជនពាល​មានការ​លើក​ទោស ជាកំឡាំង ១ ពួក​បណ្ឌិត​មានការ​រំពឹង​គិត ជា​កំឡាំង ១ ពួកពហុស្សូត ​មានការ​ពិចារណា ជាកំឡាំង ១ ពួកសមណ​ព្រាហ្មណ៍ ​មានការ​អត់ធន់ ជា​កំឡាំង ១។ ម្នាលភិក្ខុ​ទាំងឡាយ កំឡាំង​មាន ៨ យ៉ាង​នេះឯង។

ទុតិយពលសូត្រ ទី៨

(៨. ទុតិយពលសុត្តំ)

[២៨] គ្រានោះ ព្រះសារីបុត្រ​ដ៏មានអាយុ បានចូល​ទៅគាល់​ព្រះដ៏មាន​ព្រះភាគ លុះ​ចូលទៅដល់​ហើយ ថ្វាយបង្គំ​ព្រះដ៏មាន​ព្រះភាគ រួចអង្គុយ​ក្នុងទី​ដ៏សមគួរ។ លុះ​ព្រះសារីបុត្រ​ដ៏មានអាយុ អង្គុយក្នុងទី​ដ៏សមគួរ​ហើយ ព្រះដ៏មាន​ព្រះភាគ ទ្រង់ត្រាស់​យ៉ាង​នេះថា ម្នាល​សារីបុត្ត ភិក្ខុជា​ខីណាស្រព ប្រកប​ដោយកំឡាំង​ទាំងឡាយ​ណា រមែង​ប្តេជ្ញា​នូវការ​អស់ទៅ​​នៃអាសវៈ​ទាំងឡាយ​ថា អាសវៈ​ទាំងឡាយ របស់​អាត្មាអញ​អស់ហើយ កំឡាំង​ទាំងនោះ របស់ភិក្ខុ​ជា​ខីណាស្រព​ តើមានប៉ុន្មាន​យ៉ាង។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ភិក្ខុជាខីណាស្រព ប្រកបដោយ​កំឡាំង​ទាំងឡាយ​ណា រមែង​ប្តេជ្ញា​នូវ​ការអស់ទៅ​នៃអាសវៈ​ទាំងឡាយថា អាសវៈ​ទាំងឡាយ របស់​អាត្មាអញ​អស់ហើយ កំឡាំង​ទាំងនោះ របស់​ភិក្ខុ​ជាខីណាស្រព មាន ៨ យ៉ាង។ ៨ យ៉ាង តើដូចម្តេច។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ភិក្ខុជា​ខីណាស្រព ក្នុង​សាសនា​នេះ ឃើញច្បាស់​នូវសង្ខារទាំង​ពួងថា មិន​ទៀង ដោយបញ្ញា​ដ៏ប្រពៃ គួរតាម​ពិត។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ភិក្ខុជា​ខីណាស្រព ឃើញច្បាស់​នូវសង្ខារ​ទាំងពួង​ថា មិនទៀង ដោយបញ្ញា​ដ៏ប្រពៃ គួរតាម​ពិត ដោយ​កំឡាង​ណា បពិត្រ​ព្រះអង្គ​ដ៏ចំរើន (ម្យ៉ាងទៀត) ភិក្ខុជា​ខីណាស្រព ប្តេជ្ញា​នូវ​កិរិយា​អស់ទៅ​នៃអាសវៈ​ទាំងឡាយ​ថា អាសវៈ​ទាំងឡាយ របស់អាត្មាអញ​​អស់ហើយ ព្រោះ​អាស្រ័យ​កំឡាំង​ណា កំឡាំង​នេះ ជាកំឡាំង​របស់ភិក្ខុ​ជា​ខីណាស្រព។ បពិត្រ​ព្រះអង្គ​ដ៏​ចំរើន មួយទៀត ភិក្ខុជាខីណាស្រព​ឃើញច្បាស់​នូវកាម​ទាំងឡាយ មាន​ឧបមា​ដូចជា​រណ្តៅ​ដ៏ពេញ​ដោយ​រងើក​ភ្លើង ដោយបញ្ញា​ដ៏ប្រពៃ គួរតាម​ពិត។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ភិក្ខុ​ជាខីណាស្រព​ឃើញច្បាស់​នូវកាម​ទាំងឡាយ ដែលមាន​ឧបមា​​ដូចជា​រណ្តៅ​ដ៏ពេញ​ដោយ​រងើក​ភ្លើង ដោយបញ្ញា​ដ៏ប្រពៃ គួរតាម​ពិត ដោយ​កំឡាំង​ណា បពិត្រ​ព្រះអង្គ​ដ៏ចំរើន (ម្យ៉ាងទៀត) ភិក្ខុជា​ខីណាស្រព ប្តេជ្ញានូវ​កិរិយាអស់ទៅ​​នៃអាសវៈ​ទាំងឡាយ​ថា អាសវៈ​ទាំងឡាយ របស់អាត្មាអញ​អស់ហើយ ព្រោះអាស្រ័យ​កំឡាំងណា កំឡាំងនេះ ជា​កំឡាំង​របស់ភិក្ខុ​ជាខីណាស្រព។ បពិត្រ​ព្រះអង្គដ៏​ចំរើន មួយទៀត ចិត្ត​របស់​ភិក្ខុជា​ខីណាស្រព តែងឱនទៅរក​វិវេក ឈាន​ទៅរកវិវេក បែរ​ទៅរកវិវេក ដំកល់​នៅក្នុង​វិវេក ត្រេកអរ​​ចំពោះ​ក្នុងការ​ចេញចាកកាម ជាចិត្ត​ប្រាសចាក​​ធម៌ទាំងឡាយ ដែលជា​ទីតាំង​នៃអាសវៈ​ដោយ​ប្រការទាំងពួង។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ចិត្ត​របស់ភិក្ខុ​ជា​ខីណាស្រព តែងឱនទៅរកវិវេក ឈានទៅរកវិវេក បែរទៅរក​វិវេក ដំកល់នៅ​ក្នុងវិវេក ត្រេកអរ​ចំពោះ​ក្នុង​ការ​ចេញចាកកាម ជាចិត្ត​ប្រាស​ចាក​​ធម៌ទាំងឡាយ ដែលជា​ទីតាំង​នៃអាសវៈ ដោយ​ប្រការ​ទាំងពួង ដោយ​កំឡាំងណា បពិត្រ​ព្រះអង្គ​ដ៏ចំរើន មួយទៀត ភិក្ខុជា​ខីណាស្រព ប្តេជ្ញានូវ​ការអស់ទៅ​​នៃអាសវៈ​ទាំងឡាយ​ថា អាសវៈ​ទាំងឡាយ របស់អាត្មាអញ​អស់​ហើយ ព្រោះ​អាស្រ័យ​កំឡាំងណា កំឡាំង​នេះ ជាកំឡាំង​របស់ភិក្ខុ​ជា​ខីណាស្រព។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន មួយទៀត ភិក្ខុជា​ខីណាស្រព​ បានចំរើន អប់រំល្អ​ហើយ នូវ​សតិប្បដ្ឋាន​ទាំង ៤។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ភិក្ខុជា​ខីណាស្រព បាន​ចំរើន អប់រំល្អ​ហើយ នូវ​សតិប្បដ្ឋាន​ ៤ ដោយ​កំឡាំង​ណា បពិត្រ​ព្រះអង្គ​ដ៏ចំរើន មួយទៀត ភិក្ខុជា​ខីណាស្រព ប្តេជ្ញា​នូវការ​អស់ទៅ​នៃអាសវៈ​ទាំងឡាយ​ថា អាសវៈ​ទាំងឡាយ របស់​អាត្មា​អញ​អស់ហើយ ព្រោះអាស្រ័យ​កំឡាំងណា កំឡាំងនេះ ជាកំឡាំង​របស់ភិក្ខុ​ជា​ខីណាស្រព។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន មួយទៀត ភិក្ខុជា​ខីណាស្រព បាន​ចំរើន អប់រំ​ល្អ​ហើយ នូវឥទ្ធិបាទ ៤។បេ។ បានចំរើន អប់រំ​ល្អហើយ នូវ​ឥន្រ្ទិយ ៥ បានចំរើន អប់រំ​ល្អហើយ នូវ​ពោជ្ឈង្គ ៧ បានចំរើន អប់រំ​ល្អហើយ នូវមគ្គ​ប្រកប​ដោយអង្គ ៨ ដ៏ប្រសើរ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ភិក្ខុជាខីណាស្រព​ បាន​ចំរើន អប់រំល្អ​ហើយ នូវ​មគ្គ​ប្រកប​ដោយ​អង្គ ៨ ដ៏ប្រសើរ ដោយកំឡាំង​ណា បពិត្រ​ព្រះអង្គ​ដ៏ចំរើន (ម្យ៉ាងទៀត) ភិក្ខុជា​ខីណាស្រព ប្តេជ្ញា​នូវការ​អស់​ទៅ នៃអាសវៈ​ទាំងឡាយ​ថា អាសវៈ​ទាំងឡាយ​របស់​អាត្មាអញ​អស់ហើយ ព្រោះ​អាស្រ័យ​កំឡាំង​ណា កំឡាំង​នេះ ជាកំឡាំង​របស់​ភិក្ខុជា​ខីណាស្រព។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ភិក្ខុជា​ខីណាស្រព ប្រកបដោយ​កំឡាំង​ទាំងឡាយ​ណា រមែងប្តេជ្ញា​នូវការ​អស់ទៅ​នៃ​អាសវៈ​ទាំងឡាយថា អាសវៈ​ទាំងឡាយ របស់​អាត្មា​អញ​អស់ហើយ កំឡាំង​ទាំងនោះ របស់ភិក្ខុ​ជា​ខីណាស្រព មាន ៨ យ៉ាងនេះ​ឯង។

អក្ខណសូត្រ ទី៩

(៩. អក្ខណសុត្តំ)

[២៩] ម្នាលភិក្ខុទាំងឡាយ បុថុជ្ជន​មិនមានការ​ចេះដឹង រមែង​និយាយ​ថា សត្វ​លោក​មានកិច្ច​ក្នុងខណៈ សត្វលោក​មានកិច្ច​ក្នុង​ខណៈ តែ​បុថុជ្ជន​នោះ មិន​ដឹង​នូវ​ខណៈ ឬ​អក្ខណៈ​ទេ។ ម្នាលភិក្ខុ​ទាំងឡាយ អក្ខណៈ អសម័យ នៃការនៅ​ប្រព្រឹត្ត​ព្រហ្មចារ្យ​នេះ មាន ៨ យ៉ាង។ ៨ យ៉ាង តើអ្វីខ្លះ។ ម្នាលភិក្ខុ​ទាំងឡាយ ព្រះតថាគត ឆ្ងាយចាក​កិលេល ទ្រង់​ត្រាស់ដឹង​នូវ​ញេយ្យធម៌ទាំង​ពួង ដោយប្រពៃ​ចំពោះ​ព្រះអង្គ ទ្រង់​បរិបូណ៌​ដោយ​វិជ្ជា និង​ចរណៈ ទ្រង់​មាន​ដំណើរ​ល្អ ទ្រង់ជ្រាបច្បាស់​នូវ​ត្រៃលោក ទ្រង់​ប្រសើរ​ដោយ​សីលាទិគុណ ឥតមាន​បុគ្គល​ណាស្មើ ទ្រង់ទូន្មាន​នូវបុរស​ដែលគួរទូន្មាន ដូច​នាយ​សារថី ជាសាស្តា​នៃទេវតា និងមនុស្ស​ទាំងឡាយ ទ្រង់ជ្រាបច្បាស់​នូវ​ចតុរារិយសច្ច ទ្រង់មាន​ដំណើរ​ទៅកាន់​ត្រៃភព​ខ្ជាក់ចោល​ហើយ បានកើតឡើង​ក្នុងលោកនេះ ទាំងធម៌​ដែល​ធ្វើកិលេល​ឲ្យស្ងប់រម្ងាប់ ប្រព្រឹត្តទៅ ដើម្បីព្រះនិព្វាន ជាដំណើរ​ដើម្បី​ត្រាស់ដឹង ជាធម៌​ដែល​ព្រះសុគត ទ្រង់ប្រកាស​ទុក ព្រះអង្គ​ក៏បាន​សំដែង​ហើយ តែទាស់​បុគ្គល​នេះ​ទៅ​កើត​ក្នុង​នរក។ ម្នាលភិក្ខុ​ទាំងឡាយ នេះជាអក្ខណៈ អសម័យ នៃការនៅ​ប្រព្រឹត្ត​ព្រហ្មចារ្យ ទី១។ ម្នាលភិក្ខុ​ទាំងឡាយ មួយទៀត ព្រះតថាគត។បេ។ ជាសាស្តា​នៃទេវតា និង​មនុស្ស​ទាំងឡាយ ទ្រង់ជ្រាបច្បាស់​នូវ​ចតុរារិយសច្ច ទ្រង់មាន​ដំណើរ​ទៅកាន់​ត្រៃភព​ខ្ជាក់​ចោល​ហើយ រមែងកើតឡើង​ក្នុងលោក ទាំងធម៌​ដែលធ្វើ​កិលេល​ឲ្យស្ងប់រម្ងាប់ ប្រព្រឹត្តទៅ​ដើម្បី​ព្រះនិព្វាន ជាដំណើរ​ដើម្បី​ត្រាស់ដឹង ជាធម៌​ដែល​ព្រះសុគត​ទ្រង់ប្រកាស​ទុក ព្រះអង្គ​បាន​សំដែង​ហើយ តែទាស់​បុគ្គល​នេះ ទៅកើត​ក្នុង​កំណើត​តិរច្ឆាន។បេ។ តែទាស់​បុគ្គលនេះ ទៅកើត​ក្នុង​បិត្តិវិស័យ។បេ។ តែទាស់​បុគ្គលនេះ ទៅកើត​ក្នុងពួក​ទេវតា​ណាមួយ​មាន​អាយុវែង។បេ។ តែទាស់​បុគ្គលនេះ ជាអ្នក​មកកើត​ក្នុងពួក​បច្ចនិ្តមជនបទ ទាំងជា​អ្នកបាន​កើតក្នុង​ពួក​មិលក្ខជន ដែល​មិនដឹង​ការខុសត្រូវ​ច្បាស់លាស់ ដែលជា​ប្រទេស​គ្មានភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា​ទៅដល់។បេ។ បុគ្គលនេះ បានមកកើត​ក្នុង​ពួក​មជ្ឈិមជនបទហើយ ទាស់តែបុគ្គល​នោះ ជា​មិច្ឆាទិដ្ឋិ មាន​សេចក្តី​ឃើញ​វិបរិត​ថា ទាន​ដែលបុគ្គល​ឲ្យហើយ គ្មានផល ការបូជា​ធំ គ្មានផល ការបូជា​តូច គ្មានផល ផល និង​វិបាក​របស់កម្ម ដែលសត្វ​ធ្វើល្អ និងធ្វើ​អាក្រក់ មិនមាន លោកនេះ ក៏មិនមាន លោកដទៃ ក៏មិនមាន មាតាក៏មិនមាន បិតាក៏មិនមាន ពួកសត្វជាឱបបាតិកៈ ក៏មិនមាន ពួកសមណ​ព្រាហ្មណ៍​ក្នុងលោក ជាអ្នកព្រម​ព្រៀងគ្នា ប្រតិបត្តិ​ដោយល្អ ធ្វើឲ្យជាក់ច្បាស់​នូវ​លោក​នេះ និង​លោកខាង​មុខ ព្រោះដឹងច្បាស់​ដោយខ្លួនឯង ហើយញុំាង​អ្នកដទៃ​ឲ្យត្រាស់​ដឹង​ផង ក៏មិនមាន។បេ។ បុគ្គល​នេះ បានមក​កើតក្នុង​ពួក​មជ្ឈិម​ជនបទ ទាស់តែ​បុគ្គល​នោះ ជាអ្នក​អប្បឥត​ប្រាជ្ញា ល្ងង់ខ្លៅ ជាមនុស្សគ មិនអង់អាច ដើម្បី​ដឹងសេចក្តី​នៃ​សុភាសិត និង​ទុព្ភាសិត​បាន។ ម្នាលភិក្ខុ​ទាំងឡាយ នេះជា​អក្ខណៈ អសម័យ នៃការនៅ​ប្រព្រឹត្ត​ព្រហ្មចារ្យ ទី៧។ ម្នាលភិក្ខុ​ទាំងឡាយ មួយទៀត ព្រះតថាគត ឆ្ងាយ​ចាក​កិលេស ទ្រង់ត្រាស់​ដឹងនូវ​ញេយ្យធម៌​ទាំងពួង ចំពោះ​ព្រះអង្គ។បេ​។ ជា​សាស្តានៃ​ទេវតា និង​មនុស្ស​ទាំងឡាយ ទ្រង់ត្រាស់ដឹង​នូវចតុរារិយសច្ច មានដំណើរទៅ​កាន់​ត្រៃភព​ខ្ជាក់ចោល​ហើយ មិនកើតឡើង​ក្នុងលោក​ ទាំងធម៌​ដែលធ្វើ​កិសេល ឲ្យស្ងប់រម្ងាប់ ប្រព្រឹត្ត​ទៅ ដើម្បី​ព្រះនិព្វាន ជាដំណើរ​ដើម្បី​ត្រាស់ដឹង ជាធម៌​ដែល​ព្រះសុគត ទ្រង់ប្រកាសទុក​ ព្រះអង្គ​ក៏មិន​បានសំដែង បុគ្គលនេះ បានកើតក្នុង​មជ្ឈិម​ជនបទ ក៏ឯ​បុគ្គល​នោះ ជាអ្នក​មានប្រាជ្ញា មិនល្ងង់ខ្លៅ មិនជា​មនុស្សគ អង់អាច ដើម្បីដឹង​សេចក្តី​នៃសុភាសិត និង​ទុព្ភាសិត​បាន។ ម្នាលភិក្ខុ​ទាំងឡាយ នេះជា​អក្ខណៈ អសម័យ នៃការនៅ​ប្រព្រឹត្ត​ព្រហ្មចារ្យ ទី៨។ ម្នាលភិក្ខុ​ទាំងឡាយ អក្ខណៈ អសម័យ នៃការនៅ​ប្រព្រឹត្ត​ព្រហ្មចារ្យ មាន ៨ យ៉ាងនេះឯង។ ម្នាលភិក្ខុ​ទាំងឡាយ ខណៈ និង​សម័យ​នៃការ​នៅ​ប្រព្រឹត្ត​ព្រហ្មចារ្យ មានតែមួយ។ មួយ តើដូចម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ ព្រះតថាគត ឆ្ងាយ​ចាក​កិលេស ទ្រង់ត្រាស់ដឹង​នូវ​ញេយ្យធម៌​ទាំងពួង ដោយប្រពៃ​ចំពោះ​ព្រះអង្គ ទ្រង់​បរិបូរណ៌ ដោយ​វិជ្ជា និង​ចរណៈ ទ្រង់មាន​ដំណើរល្អ ទ្រង់ជ្រាបច្បាស់​នូវ​ត្រៃលោក ទ្រង់​ប្រសើរ​ដោយ​សីលាទិគុណ ឥតមាន​បុគ្គល​ណាស្មើ ទ្រង់ទូន្មាន​នូវបុរស​ដែលគួរ​ទូន្មាន ដូច​នាយ​សារថី ជាសាស្តា​នៃទេវតា និងមនុស្ស​ទាំងឡាយ ទ្រង់ជ្រាបច្បាស់​នូវ​​ចតុរារិយសច្ច ទ្រង់មាន​ដំណើរ​ទៅកាន់​ត្រៃភព​ខ្ជាក់ចោល​ហើយ បានកើតឡើង​​ក្នុងលោកនេះ ទាំងធម៌​ដែល​ធ្វើ​កិលេល​ឲ្យស្ងប់រម្ងាប់ ប្រព្រឹត្តទៅ​ដើម្បី​ព្រះនិព្វាន ជាដំណើរ​ដើម្បី​ត្រាស់ដឹង ជាធម៌​ដែល​ព្រះសុគតទ្រង់​ប្រកាសទុក ព្រះអង្គ​ក៏បានសំដែង​ហើយ ទាំងបុគ្គល​នេះ បាន​កើតក្នុង​ពួក​មជ្ឈិម​ជនបទ ថែមទាំង​បុគ្គលនោះ ជាអ្នកមាន​ប្រាជ្ញា មិនល្ងង់ខ្លៅ មិនជា​មនុស្ស​គ អង់អាច ដើម្បីដឹង​សេចក្តីនៃ​សុភាសិត និង​ទុព្ភាសិត​បាន។ ម្នាលភិក្ខុ​ទាំងឡាយ នេះជា​ខណៈ និង​សម័យ នៃការនៅប្រព្រឹត្ត​ព្រហ្មចារ្យ​តែមួយ។

ពួកជនណា បាននូវ​មនុស្ស​លោក​ហើយ (បានកើត​ជាមនុស្ស) តែមិនចួប​ប្រទះ​នូវ​ខណៈ ក្នុង​ព្រះសទ្ធម្ម ដែល​ព្រះតថាគត​ទ្រង់​សំដែង​ដោយល្អ ជនទាំង​នោះ ឈ្មោះថា​កន្លងបង់​នូវខណៈ អក្ខណៈ​ទាំងឡាយ ដែលអ្នក​ប្រាជ្ញ​ទាំងឡាយ​ជា​ច្រើន បានពោល​ហើយថា ធ្វើនូវ​សេចក្តី​អន្តរាយ​ដល់​បុគ្គល ព្រះតថាគត​ទាំង​ឡាយ ទ្រង់​កើតឡើង ក្នុងលោក​ម្តង ៗ ការកើត​ឡើង នៃ​ព្រះតថាគត​ទាំងឡាយ​ណា ដែលសត្វ​បានដោយ​កម្រក្រៃពេក ក្នុងលោក ការកើតឡើង​នៃ​ព្រះតថាគត​ទាំង​ឡាយ​នោះ ក៏កើត​ចំពោះ​មុខហើយ ការបាន​អត្តភាព​ជា​មនុស្សផង ការសំដែង​នូវ​ព្រះសទ្ធម្មផង (ក៏បាន​កើតចំពោះ​មុខហើយ) ជនអ្នកមាន​សេចក្តី​ប្រាថ្នា​នូវ​ប្រយោជន៍ គួរព្យាយាម​ក្នុង​ព្រះសទ្ធម្ម​នោះ។ បុគ្គល​គប្បីដឹងច្បាស់ នូវ​ព្រះសទ្ធម្ម​ដោយហេតុ​ដូចម្តេច ខណៈ​កុំកន្លង​នូវអ្នក​ទាំងឡាយ​ឡើយ ព្រោះថា ពួកជន​ដែលខណៈ​កន្លងហើយ រមែង​សង្រេង​សង្រៃ​ក្នុងនរក​ត្រៀបត្រា។ បើ​បុគ្គល​ណា ក្នុងលោកនេះ ញុំាង​សេចក្តី​កំណត់​នូវព្រះសទ្ធម្ម គឺ​អរិយមគ្គ មិនឲ្យ​សម្រេច​ទេ បុគ្គលនោះ ជាអ្នក​កន្លងបង់​នូវប្រយោជន៍ រមែង​សង្រេង​សង្រៃ អស់​រាត្រីយូរ ដូចជា​ពាណិជ ដែល​កន្លងបង់​នូវប្រយោជន៍ ដូច្នោះ​ដែរ សត្វដែល​អវិជ្ជា រួបរឹតហើយ មិនញុំាង​ព្រះសទ្ធម្ម​ឲ្យ​សម្រេច​បាន គង់នឹង​ត្រឡប់​មក​កាន់សង្សារ គឺ​ការកើត និង​ការ​ស្លាប់ អស់កាល​ដ៏យូរ មួយទៀត ពួកជនណា បាន​នូវ​អត្តភាព​ជា​មនុស្ស ក្នុង​ព្រះសទ្ធម្ម​ ដែល​ព្រះតថាគត សំដែង​ល្អហើយ បានធ្វើ​ហើយ នឹង​ធ្វើ ឬ​កំពុង​ធ្វើ តាមពាក្យ​នៃ​ព្រះសាស្តា ពួកជនណា ដើរទៅកាន់​ផ្លូវ ដែល​ព្រះតថាគត សំដែង​ទុក​ហើយ ពួក​ជននោះ ឈ្មោះថា ត្រាស់ដឹង​នូវ​ខណៈ និង​ព្រហ្មចារ្យ​ដ៏ប្រសើរ​ក្នុង​លោក សេចក្តី​សង្រួម​ណា ដែល​ព្រះពុទ្ធ​ជាអាទិច្ចពន្ធុ ព្រះអង្គ​មាន​ចក្ខុ បាន​សំដែង​ហើយ បុគ្គល​មានចិត្ត​មិនទទឹក​ដោយ​កិលេស ជាអ្នក​មាន​ស្មារតី​គ្រប់​កាល គប្បី​គ្រប់គ្រង​ក្នុង​សេចក្តី​សង្រួម​ទាំងនោះ ពួក​ជនណា បានដល់​នូវការ​អស់ទៅ​នៃអាសវៈ ជន​ទាំងនោះ បានកាត់​នូវ​អនុស័យ​ទាំងពួង ដែល​ទៅ​កាន់​សង្សារ ជាលំនៅ​នៃមារ ហើយ​ដល់នូវ​ត្រើយ គឺ​ព្រះនិព្វាន ក្នុងលោក។

អនុរុទ្ធមហាវិតក្កសូត្រ ទី១០

(១០. អនុរុទ្ធមហាវិតក្កសុត្តំ)

[៣០] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅ​ក្នុង​ភេសកឡាវន ជាទីឲ្យ​នូវ​អភ័យ​ដល់​សត្វម្រឹគ ជិតក្រុង​សុំសុមារគិរៈ ក្នុង​ភគ្គជនបទ។ ក្នុងសម័យនោះ ព្រះ​អនុរុទ្ធ​ដ៏មាន​អាយុ គង់នៅក្នុង​បាចីនវង្សទាយវន ក្នុង​ដែន​ចេតី។ គ្រានោះ ព្រះអនុរុទ្ធ​ដ៏មាន​អាយុ នៅក្នុង​ទីស្ងាត់ពួនសម្ងំ មានចិត្ត​ត្រិះរិះ​កើតឡើង យ៉ាងនេះថា នេះជាធម៌​របស់​អ្នកប្រាថ្នា​តិច នេះមិនមែន​​ជាធម៌​របស់​អ្នក​ប្រាថ្នា​ច្រើន នេះជាធម៌​របស់អ្នក​សន្តាស នេះមិនមែន​ជាធម៌​របស់អ្នកមិនសន្តាស នេះជាធម៌​របស់អ្នក​ស្ងាត់ នេះ​មិនមែន​ជាធម៌​របស់អ្នក​ត្រេកអរ ក្នុង​ការ​ច្រឡូកច្រឡំ​ដោយពួក នេះជា​ធម៌របស់​អ្នក​ប្រារព្ធ​ព្យាយាម នេះមិនមែន​ជាធម៌​របស់អ្នក​ខ្ជិល​ច្រអូស នេះជាធម៌​របស់អ្នក​មាន​ស្មារតី​ខ្ជាប់ខ្ជួន នេះមិនមែន​ជាធម៌​របស់អ្នក​ភ្លេច​ស្មារតី នេះជាធម៌​របស់អ្នក​មានចិត្ត​តាំងមាំ នេះ​មិនមែន​ជាធម៌​របស់​អ្នកមានចិត្ត​មិន​តាំងមាំ នេះជាធម៌​របស់​អ្នក​មាន​ប្រាជ្ញា នេះ​មិនមែន​ជាធម៌​របស់​អ្នក​ឥតប្រាជ្ញា។ លំដាប់នោះ ព្រះដ៏មាន​ព្រះភាគ ទ្រង់ជ្រាបច្បាស់​នូវសេចក្តី​ត្រិះរិះ​ក្នុងចិត្ត របស់​ព្រះអនុរុទ្ធ​ដ៏មានអាយុ ដោយ​ព្រះហឫទ័យ​នៃ​ព្រះអង្គហើយ ក៏បាត់​អំពី​ភេសកឡាវន ជាទីឲ្យនូវ​អភ័យ​ដល់​សត្វម្រឹគ ជិតក្រុង​សុំសុមារគិរៈ ក្នុង​ភគ្គជនបទ ស្រាប់តែ​មកប្រាកដ ក្នុង​ទីចំពោះ​មុខនៃ​ព្រះអនុរុទ្ធ​ដ៏មាន​អាយុ ក្នុង​បាចីន​វំសទាយវន ក្នុង​ដែន​ចេតី ព្រះអង្គ​ទ្រង់គង់​លើអាសនៈ​ដែលគេ​ក្រាលថ្វាយ ដូចជា​បុរសមាន​កំឡាំង លា​នូវដៃ​ដែលខ្លួន​បត់ចូល ឬបត់ចូល​នូវដៃ ដែលខ្លួន​លាចេញ ដូច្នោះឯង។ ព្រះអនុរុទ្ធ​ដ៏មាន​អាយុ ថ្វាយបង្គំ​ព្រះដ៏មានព្រះភាគ ហើយ​អង្គុយ​ក្នុងទី​ដ៏សមគួរ។ លុះ​ព្រះអនុរុទ្ធ​ដ៏មាន​អាយុ អង្គុយ​ក្នុងទី​ដ៏សមគួរ​ហើយ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់​យ៉ាងនេះថា ម្នាល​អនុរុទ្ធ ប្រពៃហើយ ៗ ម្នាល​អនុរុទ្ធ អ្នកបាន​ត្រិះរិះ​នូវ​មហាបុរិសវិតក្កៈ​ប្រពៃ​ហើយ​ថា នេះ​ជាធម៌​របស់អ្នក​ប្រាថ្នា​តិច នេះ​មិនមែន​ជាធម៌​របស់​អ្នកប្រាថ្នា​ច្រើន នេះជាធម៌​របស់​អ្នក​សន្តោស នេះ​មិនមែន​ជាធម៌​របស់អ្នក​មិនសន្តោស នេះជា​ធម៌​របស់​អ្នក​ស្ងាត់ នេះ​មិនមែន​ជាធម៌​របស់អ្នក​ត្រេកអរ ក្នុងការនៅ​ច្រឡូក​ប្រឡំដោយ​ពួក នេះជាធម៌​របស់អ្នក​ប្រារព្ធ​ព្យាយាម នេះមិនមែន​ជាធម៌ របស់អ្នក​ខ្ជិល​ច្រអូស នេះជាធម៌​របស់អ្នក​មាន​ស្មារតី​ខ្ជាប់ខ្ជួន នេះមិនមែន​ជាធម៌​របស់អ្នក​ភ្លេច​ស្មារតី នេះជាធម៌​របស់​អ្នកមាន​ចិត្ត​តាំងមាំ នេះ​មិនមែន​ជាធម៌​របស់អ្នក​មាន​ចិត្ត​មិនតាំងមាំ នេះជាធម៌​របស់​អ្នកមាន​ប្រាជ្ញា នេះមិនមែន​ជាធម៌​របស់អ្នក​ឥតប្រាជ្ញា។ ម្នាល​អនុរុទ្ធ បើដូច្នោះ អ្នកត្រិះរិះ​នូវ​មហាបុរិសវិតក្កៈ ទី៨ នេះ​ថា នេះជាធម៌​របស់​អ្នកមាន​និប្បបញ្ចធម៌ គឺ​ព្រះនិព្វាន ជាទីត្រេកអរ អ្នកត្រេកអរ​ក្នុង​និប្បបញ្ចធម៌ នេះ​មិនមែន​ជាធម៌​របស់អ្នកមាន​បបញ្ចធម៌11) ជាទី​ត្រេកអរ អ្នកត្រេកអរ​ក្នុង​បបញ្ចធម៌។ ម្នាល​អនុរុទ្ធ កាលណា​អ្នក​នឹងត្រិះរិះ នូវ​មហាបុរិសវិតក្កៈ ទាំង៨ នេះ ម្នាល​អនុរុទ្ធ កាលនោះ អ្នកនឹង​ប្រាថ្នា​ដរាបណា អ្នកនឹង​ស្ងាត់​ចាកកាម​ទាំងឡាយ ស្ងាត់ចាក​អកុសលធម៌​ទាំងឡាយ ដល់​បឋមជ្ឈាន ប្រកប​ដោយ​វិតក្កៈ និងវិចារៈ មានបីតិ និងសុខ កើតអំពី​សេចក្តី​ស្ងប់ស្ងាត់​ដរាប​នោះ។ ម្នាល​អនុរុទ្ធ កាលណា​អ្នកនឹង​ត្រិះរិះ នូវមហាបុរិសវិតក្កៈ​ទាំង ៨ នេះ ម្នាល​អនុរុទ្ធ កាលនោះ អ្នកនឹង​ប្រាថ្នា​ដរាបណា ព្រោះ​រម្ងាប់​នូវវិតក្កៈ និងវិចារៈ អ្នកនឹង​ដល់នូវ​ទុតិយជ្ឈាន ជា​ធម្មជាត កើតមាន​ក្នុងសន្តាន​នៃខ្លួន ប្រកប​ដោយ​សេចក្តី​ជ្រះថ្លា គឺ​សទ្ធា មាន​សភាព​ជា​ចិត្ត​ខ្ពស់ឯក មិនមាន​វិតក្កៈ មិនមាន​វិចារៈ មានតែ​បីតិ និងសុខ ដែលកើត​អំពី​សមាធិ គឺ​បឋមជ្ឈាន (ដរាបនោះ)។ ម្នាលអនុរុទ្ធ កាលណា​អ្នកត្រិះរិះ​នូវ​មហាបុរិសវិតក្កៈ​ទាំង ៨ នេះ ម្នាល​អនុរុទ្ធ កាលនោះ អ្នកនឹង​ប្រាថ្នា ដរាបណា អ្នកនឹង​ប្រកប​ដោយ​ឧបេក្ខា ព្រោះ​មានចិត្ត​នឿយណាយ ចាកបីតិ មានស្មារតី​ ដឹងខ្លួន សោយនូវ​សេចក្តីសុខ ដោយ​នាមកាយ ព្រះអរិយៈ​ទាំងឡាយ តែង​សរសើរ​នូវបុគ្គល ដែលបាន​តតិយជ្ឈាន​នោះថា បុគ្គល​នេះ ប្រកប​ដោយ​ឧបេក្ខា មានស្មារតី មានធម៌​ជាគ្រឿងនៅ​ជាសុខ​ដូច្នេះ ព្រោះ​តតិយជ្ឈាន​ណា អ្នក​នឹងដល់​នូវតតិយជ្ឈាន​នោះ (ដរាបនោះ)។ ម្នាល​អនុរុទ្ធ កាលណា អ្នក​នឹងត្រិះរិះ​​នូវ​មហាបុរិសវិតក្កៈ​ទាំង ៨ នេះ ម្នាល​អនុរុទ្ធ កាលនោះ អ្នកនឹង​ប្រាថ្នា ដរាបណា អ្នក​នឹង​ដល់​នូវ​ចតុត្ថជ្ឈាន ជា​ធម្មជាត មាន​អារម្មណ៍​មិនមែន​ជាទុក្ខ មិនមែន​ជាសុខ គឺ​ឧបេក្ខា មាន​សតិដ៏​បរិសុទ្ធ​ដោយ​ឧបេក្ខា ព្រោះ​លះបង់​នូវ​សុខផង លះបង់​នូវ​ទុក្ខផង អស់ទៅ​នៃសោមនស្ស និង​ទោមនស្សផង (ដរាបនោះ)។ ម្នាល​អនុរុទ្ធ កាលណា អ្នក​នឹងត្រិះរិះ​នូវ​មហាបុរិសវិតក្កៈ​ទាំង ៨ នេះ​ផង ជាអ្នក​បាន​តាមប្រាថ្នា បាន​មិន​លំបាក បាន​ដោយងាយ នូវ​ឈានទាំង ៤ នេះ ប្រព្រឹត្ត​ទៅក្នុង​ចិត្ត​ដ៏ថ្លៃថ្លា​ ជាគ្រឿង​នៅជាសុខ​ក្នុង​បច្ចុប្បន្ន​ផង ម្នាល​អនុរុទ្ធ ដូចជា​ទូ​សម្រាប់​ដាក់សំពត់​​ដ៏ពេញ​ដោយ​សំពត់​ទាំងឡាយ ដែល​គេជ្រលក់​ដោយ​ពណ៌ផ្សេងៗ របស់​គហបតី ឬ​គហបតិបុត្ត យ៉ាងណាមិញ បំសុកូល​ចីវរ ក៏នឹង​ប្រាកដ​ដល់អ្នក​ដែល​សន្តោស ដើម្បី​សេចក្តី​ត្រេកអរ ដើម្បី​មិនតក់​ស្លុត ដើម្បី​នៅសប្បាយ ដើម្បីចុះ​កាន់ព្រះនិព្វាន ក្នុងកាល​នោះ ក៏យ៉ាង​នោះដែរ។ ម្នាល​អនុរុទ្ធ កាលណា​អ្នកនឹងត្រិះរិះ​នូវ​មហា​បុរិសវិតក្កៈ​ទាំង ៨ នេះផង ជាអ្នកបាន​តាមប្រាថ្នា បាន​មិន​លំបាក បាន​ដោយងាយ​នូវឈាន​ទាំង ៤ នេះ ប្រព្រឹត្ត​ទៅក្នុង​ចិត្តដ៏ថ្លៃថ្លា ជាគ្រឿង​នៅ​ជាសុខ ក្នុង​បច្ចុប្បន្ន​ផង ម្នាល​អនុរុទ្ធ ដូចជា​បាយ​នៃស្រូវ​សាលី​របស់​គហបតី ឬ​គហបតិបុត្ត ដែលប្រាស​ចាក​ពណ៌ខ្មៅ មាន​សម្លច្រើន​មុខ មានម្ហូប​ក្រៀម​ច្រើនមុខ យ៉ាង​ណា​មិញ ភោជន​ជាដុំ ជាពំនូត នឹង​ប្រាកដ​ដល់អ្នក​ដែល​សន្តោស ដើម្បី​សេចក្តី​ត្រេកអរ ដើម្បី​មិន​តក់ស្លុត ដើម្បី​នៅ​សប្បាយ ដើម្បី​ចុះកាន់​ព្រះនិព្វាន ក្នុងកាលនោះ​ យ៉ាង​នោះ​ដែរ។ ម្នាល​អនុរុទ្ធ កាលណា​អ្នកនឹងត្រិះរិះ​នូវ​មហាបុរិសវិតក្កៈ​ទាំង ៨ នេះផង ជាអ្នក​បាន​តាម​ប្រាថ្នា បានមិន​លំបាក បានដោយ​ងាយនូវ​ឈាន​ទាំង ៤ នេះ ដែលប្រព្រឹត្តទៅ​ក្នុង​ចិត្ត​ដ៏ថ្លៃថ្លា ជាគ្រឿង​នៅសប្បាយ ក្នុង​បច្ចុប្បន្ន​ផង ម្នាល​អនុរុទ្ធ ដូចជា​ផ្ទះកំពូល របស់​គហបតី ឬគហបតិបុត្ត ដែល​គេលាប​ខាងក្នុង និង​ខាងក្រៅ មិនមាន​ខ្យល់ (ចេញចូល) មាន​គន្លឹះ​ដ៏​ជិត​ស្និទ្ធ មាន​បង្អួច​បិទហើយ យ៉ាង​ណាមិញ រុក្ខមូល​សេនាសនៈ ក៏នឹង​ប្រាកដ​ដល់​អ្នក​ដែល​សន្តោស ដើម្បី​សេចក្តី​ត្រេកអរ ដើម្បី​មិនតក់ស្លុត ដើម្បី​នៅ​សប្បាយ ដើម្បី​ចុះកាន់​ព្រះនិព្វាន ក្នុងកាលនោះ ក៏​យ៉ាងនោះដែរ។ ម្នាល​អនុរុទ្ធ កាលណា​អ្នកនឹង​ត្រិះរិះ​នូវ​មហា​បុរិស​វិតក្កៈ​ទាំង ៨ នេះផង ជាអ្នក​បាន​តាមប្រាថ្នា បានមិន​លំបាក បាន​ដោយ​ងាយ នូវឈាន​ទាំង ៤ នេះ ដែលប្រព្រឹត្ត​ទៅក្នុងចិត្ត​ដ៏ថ្លៃថ្លា ជាគ្រឿង​នៅជាសុខ​ក្នុង​បច្ចុប្បន្ន​ផង ម្នាល​អនុរុទ្ធ ដូចជា​បល្លង្ក (គ្រែ​ដែលមាន​ជើងខ្ពស់ វិចិត្រ​ដោយរូប​សត្វ​សាហាវ) របស់​គហបតី ឬ​គហបតិបុត្ត ដែល​ក្រាល​ដោយព្រំ មានរោមវែង​ជាង ៤ ធ្នាប់ ដែល​ក្រាលដោយ​កម្រាល​មានពណ៌​ស ដែល​ធ្វើដោយ​រោមសត្វ ដែលក្រាល​ដោយកម្រាល​ធ្វើដោយ​រោមសត្វ ជាផ្កា​ចង្កោម មាន​កម្រាល​ដ៏ឧត្តម ដែលគេ​ធ្វើ​ដោយ​ស្បែក​សត្វឈ្មុស មាន​ខ្នើយមាន​ពណ៌​ក្រហម​ទាំង​ពីរខាង គឺ​ខ្នើយក្បាល និងខ្នើយ​ជើង ព្រមទាំង​ពិដាន​មានពណ៌​ក្រហម​ពីខាងលើ យ៉ាងណាមិញ ទីដេក និងទីអង្គុយ​ ដែលធ្វើ​ដោយកម្រាល​ស្មៅ ក៏នឹង​ប្រាកដ​ដល់អ្នក​ដែលសន្តោស ដើម្បីសេចក្តី​ត្រេកអរ ដើម្បី​មិន​តក់ស្លុត ដើម្បីនៅ​សប្បាយ ដើម្បីចុះកាន់​ព្រះនិព្វាន ក្នុងកាលនោះ​ ក៏យ៉ាង​នោះដែរ។ ម្នាល​អនុរុទ្ធ កាលណា​អ្នកនឹងត្រិះរិះ​នូវមហា​បុរិសវិតក្កៈ​ទាំង ៨ នេះផង ជាអ្នក​បាន​តាម​ប្រាថ្នា បានមិនលំបាក បានដោយងាយ ​នូវឈានទាំង ៤ នេះ ប្រព្រឹត្តទៅ​ក្នុងចិត្តដ៏​ថ្លៃថ្លា ជាគ្រឿង​នៅជាសុខ ក្នុងបច្ចុប្បន្ន​ផង ម្នាល​អនុរុទ្ធ ដូចជា​ភេសជ្ជៈផ្សេង ៗ គឺ​ទឹកដោះថ្លា ទឹកដោះ​ខាប់ ប្រេង ទឹកឃ្មុំ ទឹកអំពៅ របស់​គហបតី ឬ​គហបតិបុត្ត យ៉ាងណា​មិញ ថ្នាំដែល​ត្រាំ​ដោយ​ទឹកមូត្រ​ស្អុយ នឹង​ប្រាកដ​ដល់អ្នក​ដែលសន្តោស ដើម្បី​សេចក្តី​ត្រេកអរ ដើម្បី​មិនតក់​ស្លុត ដើម្បីនៅ​សប្បាយ ដើម្បីចុះកាន់​ព្រះនិព្វាន ក្នុង​កាលនោះ ក៏​យ៉ាង​នោះដែរ។ ម្នាល​អនុរុទ្ធ បើដូច្នោះ អ្នកគប្បីនៅ​ចាំវស្សា​តទៅទៀត ក្នុង​បាចីនវំសទាយវន ជិត​ដែន​ចេតីនេះចុះ។ ព្រះអនុរុទ្ធ​ដ៏មានអាយុ ទទួល​ស្តាប់​ព្រះពុទ្ធ​ដីកាថា ព្រះករុណា ព្រះអង្គ។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ទូន្មាន​ព្រះអនុរុទ្ធ​ដ៏មានអាយុ ដោយ​ឱវាទ​នេះ​ហើយ ក៏បាត់អំពី​បាចីនវំសទាយវន ក្នុង​ដែន​ចេតី មកប្រាកដ​ក្នុង​ភេសកឡាវន ជាទីឲ្យ​នូវអភ័យ​ដល់​ពួក​សត្វម្រឹគ ជិតក្រុង​សុំសុមារគិរៈ ក្នុង​ភគ្គជនបទ ព្រះអង្គ​គង់​លើ​អាសនៈ ដែលគេ​ក្រាលថ្វាយ ដូចជា​បុរស​មានកំឡាំង លាដៃ​ដែលខ្លួន​បត់ចូល ឬ​បត់ចូលនូវដៃ ដែលខ្លួន​លាចេញ​ដូច្នោះឯង។ លុះ​ព្រះដ៏មានព្រះភាគ ទ្រង់គង់​ហើយ ត្រាស់ហៅ​ភិក្ខុទាំងឡាយ​មកថា ម្នាលភិក្ខុ​ទាំងឡាយ តថាគត នឹង​សំដែង​នូវ​មហាបុរិសវិតក្កៈ ៨ យ៉ាង ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់​នូវពាក្យ​នោះ​ចុះ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ ចុះ​មហាបុរិសវិតក្កៈ ៨ យ៉ាង តើអ្វីខ្លះ។ ម្នាល​ភិក្ខុ​ទាំងឡាយ នេះជាធម៌​របស់អ្នក​ប្រាថ្នាតិច នេះមិនមែន​ជា​ធម៌របស់​អ្នកប្រាថ្នា​ច្រើន ១ ម្នាល​ភិក្ខុ​ទាំងឡាយ នេះជាធម៌​របស់អ្នក​មាន​សេចក្តី​សន្តោស នេះមិនមែន​ជាធម៌​របស់​អ្នក​មិនមាន​សេចក្តី​សន្តោស ១ ម្នាល​ភិក្ខុ​​ទាំងឡាយ នេះជាធម៌​របស់អ្នក​ស្ងាត់ នេះមិនមែន​ជាធម៌​របស់អ្នក​ត្រេកអរ​ដោយពួក ១ ម្នាលភិក្ខុ​ទាំងឡាយ នេះជាធម៌​របស់អ្នក​ប្រារព្ធ​សេចក្តី​ព្យាយាម នេះមិនមែន​ជាធម៌​របស់​អ្នក​ខ្ជិលច្រអូស ១ ម្នាលភិក្ខុ​ទាំងឡាយ នេះជាធម៌​របស់អ្នកមាន​ស្មារតី​ខ្ជាប់ខ្លួន នេះមិនមែន​ជាធម៌​របស់អ្នក​ភ្លេច​ស្មារតី ១ ម្នាលភិក្ខុ​ទាំងឡាយ នេះជាធម៌​របស់​អ្នកមាន​ចិត្តតាំងមាំ នេះ​មិនមែន​ជាធម៌​របស់​អ្នកមានចិត្ត​មិនតាំងមាំ ១ ម្នាលភិក្ខុ​​ទាំងឡាយ នេះជាធម៌​របស់អ្នក​មានប្រាជ្ញា​ នេះ​មិនមែន​​ជាធម៌​របស់អ្នក​​ឥតប្រាជ្ញា ១ ម្នាលភិក្ខុ​ទាំងឡាយ នេះជាធម៌​របស់​អ្នកមាន​និប្បបញ្ចធម៌ គឺ​ព្រះនិព្វាន ជាទី​ត្រេកអរ អ្នក​ត្រេកអរ​ក្នុង​និប្បបញ្ចធម៌ នេះមិនមែន​ជាធម៌​របស់អ្នកមាន​បបញ្ចធម៌​ជាទី​ត្រេកអរ អ្នកត្រេកអរ​ក្នុងបបញ្ចធម៌ ១។

ឯពាក្យថា ម្នាលភិក្ខុទាំងឡាយ នេះជាធម៌​របស់អ្នក​ប្រាថ្នាតិច នេះមិនមែន​ជាធម៌​របស់អ្នក​ប្រាថ្នាច្រើន ដូច្នេះនេះ ដែលតថាគត​ពោលហើយ ពាក្យនុ៎ះដែលតថាគត​ពោល​ហើយ តើព្រោះ​អាស្រ័យ​​ហេតុ​ដូចម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុក្នុង​សាសនានេះ ជាអ្នក​ប្រាថ្នាតិច រមែងមិន​ប្រាថ្នាថា ពួកជន គប្បីដឹងនូវ​អាត្មាអញ ថាជា​អ្នកប្រាថ្នា​តិច ដូច្នេះ ជាអ្នកមាន​សេចក្តី​សន្តោស រមែង​មិន​ប្រាថ្នាថា ពួកជន គប្បីដឹងនូវ​អាត្មាអញថា ជាអ្នក​​មានសេចក្តី​សន្តោស ដូច្នេះ ជាអ្នក​ស្ងាត់ រមែងមិន​ប្រាថ្នាថា ពួកជនគប្បី​ដឹងនូវ​អាត្មាអញ ថាជា​អ្នកស្ងាត់ ដូច្នេះ ជាអ្នក​ប្រារព្ធ​សេចក្តី​ព្យាយាម រមែង​មិនប្រាថ្នា​ថា ពួក​ជន គប្បីដឹង​នូវអាត្មាអញ ថាជាអ្នក​ប្រារព្ធ​សេចក្តី​ព្យាយាម ដូច្នេះ ជាអ្នក​មានស្មារតី​ខ្ជាប់ខ្ជួន រមែងមិន​ប្រាថ្នាថា ពួកជន គប្បីដឹងនូវ​អាត្មាអញ ថាជាអ្នក​មានស្មារតី​ខ្ជាប់ខ្ជួនដូច្នេះ ជាអ្នកមាន​ចិត្តតាំងមាំ រមែង​មិនប្រាថ្នា​ថា ពួកជន គប្បីដឹងនូវ​អាត្មាអញ ថាជាអ្នក​មានចិត្ត​តាំងមាំ ដូច្នេះ ជាអ្នក​មានប្រាជ្ញា រមែង​មិនប្រាថ្នា​ថា ពួកជន គប្បីដឹង​នូវ​អាត្មាអញ ថាជាអ្នក​មានប្រាជ្ញា ដូច្នេះ ជាអ្នក​មាន​និប្បបញ្ចធម៌ ជាទីត្រេកអរ រមែង​មិន​ប្រាថ្នា​ថា ពួកជន គប្បីដឹងនូវ​អាត្មាអញ ថាជាអ្នក​មាន​និប្បបញ្ចធម៌ ជាទីត្រេកអរ ដូច្នេះ។ ពាក្យណាថា ម្នាលភិក្ខុ​ទាំងឡាយ នេះជាធម៌​របស់​អ្នក​​ប្រាថ្នាតិច នេះមិនមែន​ជាធម៌​របស់អ្នក​ប្រាថ្នា​ច្រើន​ដូច្នេះ ដែលតថាគត​ពោលហើយ ពាក្យនុ៎ះ ​តថាគត​ពោល​ហើយ ព្រោះ​អាស្រ័យ​ហេតុនេះ។

ពាក្យថា ម្នាលភិក្ខុទាំងឡាយ នេះជាធម៌​របស់អ្នក​មានសេចក្តី​សន្តោស នេះមិនមែន​ជាធម៌​របស់​អ្នក​មិនមាន​សេចក្តី​សន្តោស ដូច្នេះនេះ ដែល​តថាគត​ពោល​ហើយ ពាក្យនុ៎ះ ដែល​តថាគត​ពោលហើយ តើ​ព្រោះអាស្រ័យ​ហេតុដូចម្តេច។ ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុក្នុង​សាសនានេះ ជាអ្នក​សន្តោស​ដោយចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារតាមមាន តាមបាន ពាក្យណាថា ម្នាលភិក្ខុ​ទាំងឡាយ នេះ​ជាធម៌​របស់​​អ្នកមាន​សេចក្តី​សន្តោស នេះមិនមែន​ជាធម៌​របស់អ្នក​មិនមាន​សេចក្តីសន្តោស ដូច្នេះ ដែល​តថាគត​ពោលហើយ ពាក្យនុ៎ះ តថាគត​ពោលហើយ ព្រោះ​អាស្រ័យ​ហេតុនេះ។

ពាក្យថា ម្នាលភិក្ខុទាំងឡាយ នេះជាធម៌​របស់អ្នក​ស្ងាត់ នេះមិនមែន​ជាធម៌​របស់​អ្នក​ត្រេកអរ​ដោយពួក ដូច្នេះនេះ ដែល​តថាគត​ពោលហើយ ពាក្យនុ៎ះ តថាគត​ពោល​ហើយ តើ​ព្រោះ​អាស្រ័យ​ហេតុដូចម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុក្នុង​សាសនា​នេះ ជាអ្នក​ស្ងប់ស្ងាត់ នៅមាន​ពួកភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា ព្រះរាជា មហាមាត្យ​របស់​ព្រះរាជា តិរិ្ថយ និងសាវក​របស់​តិរ្ថិយ រមែង​ចូលទៅរក​ភិក្ខុនោះ។ ក្នុង​ទីនោះ ភិក្ខុមានចិត្ត​ឱនទៅរក​វិវេក ឈានទៅ​រកវិវេក បែរទៅ​រកវិវេក ដំកល់​នៅក្នុងវិវេក ត្រេកអរ​ចំពោះក្នុង​ការ​ចេញចាកកាម ជាអ្នកធ្វើ​តាមនូវពាក្យ ដែល​ប្រកប​ចំពោះ​​ដោយពាក្យ ដែលគួរ​បញ្ជូន​ទៅដោយ​ពិត ពាក្យណាថា ម្នាលភិក្ខុ​ទាំងឡាយ នេះជាធម៌​របស់​អ្នកស្ងាត់ នេះមិនមែន​ជាធម៌​របស់​អ្នក​ត្រេកអរ​ដោយពួក ដូច្នេះ ដែល​តថាគត​ពោលហើយ ពាក្យនុ៎ះ តថាគត​ពោល​ហើយ ព្រោះ​អាស្រ័យ​ហេតុនេះ។

ពាក្យថា ម្នាលភិក្ខុទាំងឡាយ នេះជាធម៌​របស់អ្នក​ប្រារព្ធ​ព្យាយាម នេះមិន​មែនជា​ធម៌​របស់​អ្នកខ្ជិល​ច្រអូស ​ដូច្នេះនេះ ដែល​តថាគត​ពោលហើយ ពាក្យនុ៎ះ​តថាគត​ពោល​ហើយ តើ​ព្រោះអាស្រ័យ​ហេតុដូចម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុ​ក្នុង​សាសនា​នេះ ជាអ្នក​ប្រារព្ធ​សេចក្តី​ព្យាយាម ដើម្បីលះបង់​នូវពួក​អកុសលធម៌ ដើម្បី​ញុំាង​ពួក​កុសលធម៌​ឲ្យកើត​ឡើង ជាអ្នក​មានកំឡាំង មានសេចក្តី​ប្រឹងប្រែងមាំ មិន​ទំលាក់​ធុរៈ​ចោល​ក្នុង​កុសលធម៌​ទាំងឡាយ ពាក្យណាថា ម្នាលភិក្ខុ​ទាំងឡាយ នេះជាធម៌​របស់អ្នក​ប្រារព្ធ​ព្យាយាម នេះមិនមែន​ជាធម៌​របស់អ្នក​ខ្ជិលច្រអូស ដូច្នេះ ដែល​តថាគត​ពោល​ហើយ ពាក្យនុ៎ះ តថាគត​ពោលហើយ ព្រោះអាស្រ័យ​ហេតុនេះ។

ពាក្យថា ម្នាល​ភិក្ខុ​ទាំងឡាយ នេះជាធម៌​របស់អ្នក​មានស្មារតី​ខ្ជាប់ខ្ជួន នេះមិនមែន​ជាធម៌​របស់​អ្នក​ភ្លេច​ស្មារតី​ដូច្នេះនេះ ដែល​តថាគត​ពោលហើយ ពាក្យនុ៎ះ​ តថាគត​ពោលហើយ តើ​ព្រោះ​អាស្រ័យ​ហេតុ​ដូចម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុក្នុង​សាសនា​នេះ ជាអ្នក​​មានស្មារតី ប្រកប​ដោយ​​ស្មារតី និង​ភាពជាអ្នក​មានប្រាជ្ញា​​ចាស់ក្លា​ដ៏ខ្ពង់ខ្ពស់ នឹក​ឃើញ រឭក​បាន​រឿយ ៗ នូវអំពើ​ដែលធ្វើរួច​យូរហើយ​ផង នូវសំដី​ដែលនិយាយ​រួច​យូរហើយ​ផង ពាក្យណាថា ម្នាលភិក្ខុ​ទាំងឡាយ នេះជាធម៌​របស់​អ្នក​មានស្មារតី​ខ្ជាប់ខ្ជួន នេះមិនមែន​ជាធម៌របស់អ្នក​ភ្លេច​ស្មារតី ដូច្នេះ ដែល​តថាគត​ពោលហើយ ពាក្យនុ៎ះ តថាគត​ពោលហើយ ព្រោះ​អាស្រ័យ​ហេតុនេះ។

ពាក្យថា ម្នាលភិក្ខុទាំងឡាយ នេះជាធម៌​របស់អ្នក​មានចិត្ត​តាំងមាំ នេះ​មិនមែន​ជាធម៌​របស់អ្នក​មានចិត្ត​មិនតាំងមាំ ដូច្នេះនេះ ដែល​តថាគត​ពោលហើយ ពាក្យ​នុ៎ះ តថាគត​ពោលហើយ តើ​ព្រោះ​អាស្រ័យ​ហេតុដូចម្តេច។

ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុង​សាសនានេះ ស្ងប់ស្ងាត់​ចាកកាម​ទាំងឡាយ។បេ។ ដល់​នូវ​ចតុត្ថជ្ឈាន ពាក្យណាថា ម្នាលភិក្ខុ​ទាំងឡាយ នេះ​ជាធម៌​របស់​អ្នកមានចិត្ត​តាំងមាំ នេះ​មិនមែន​ជាធម៌​របស់អ្នក​មានចិត្ត​មិន​តាំងមាំ​ដូច្នេះ ដែល​តថាគត​ពោលហើយ ពាក្យនុ៎ះ តថាគត​ពោលហើយ ព្រោះអាស្រ័យ​ហេតុនេះ។

ពាក្យថា ម្នាលភិក្ខុ​ទាំងឡាយ នេះជា​ធម៌ របស់អ្នក​មានប្រាជ្ញា នេះមិនមែន​ជាធម៌​របស់អ្នក​ឥតប្រាជ្ញា ដូច្នេះ​នេះ ដែល​តថាគត​ពោលហើយ ពាក្យនុ៎ះ តថាគត​ពោលហើយ តើព្រោះអាស្រ័យ​​ហេតុដូចម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុ​ក្នុងសាសនា​នេះ ជាអ្នក​មាន​ប្រាជ្ញា ប្រកប​ដោយប្រាជ្ញា ជាដំណើរ​ទៅកាន់​សេចក្តី​ចំរើន និងសេចក្តីវិនាស ជាប្រាជ្ញា​ដ៏ប្រសើរ ជាគ្រឿង​ត្រាស់ដឹង ជាដំណើរ​ទៅកាន់​ការអស់ទៅ​នៃទុក្ខ​ដោយប្រពៃ ពាក្យណាថា ម្នាលភិក្ខុ​ទាំងឡាយ នេះជាធម៌​របស់អ្នក​មានប្រាជ្ញា នេះមិនមែន​ជាធម៌ របស់​អ្នកឥត​ប្រាជ្ញា​ដូច្នេះ ដែលតថាគត​ពោលហើយ ពាក្យនុ៎ះ តថាគត​ពោលហើយ ព្រោះ​អាស្រ័យ​ហេតុនេះ។

ពាក្យថា ម្នាលភិក្ខុទាំងឡាយ នេះជាធម៌​របស់អ្នក​មាន​និប្បបញ្ចធម៌​ជាទី​ត្រេកអរ អ្នក​ត្រេកអរ​ក្នុង​និប្បបញ្ចធម៌ នេះមិនមែន​ជាធម៌របស់​អ្នកមាន​បបញ្ចធម៌​ជាទី​ត្រេកអរ អ្នក​ត្រេកអរ ក្នុង​បបញ្ចធម៌ ដូច្នេះនេះ ដែល​តថាគត​ពោលហើយ ពាក្យនុ៎ះ តថាគត​ពោល​ហើយ តើព្រោះ​អាស្រ័យ​ហេតុដូចម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ ចិត្តរបស់ភិក្ខុ​ក្នុង​សាសនា​នេះ រមែងស្ទុះទៅ រមែងជ្រះថ្លា រមែង​តាំងនៅ រមែងបង្អោន​ទៅ ក្នុង​កិរិយារលត់​នៃបបញ្ចធម៌ គឺ​ព្រះនិព្វាន ពាក្យ​ណាថា ម្នាលភិក្ខុ​ទាំងឡាយ នេះជាធម៌​របស់អ្នក​មាន​និប្បបញ្ចធម៌ ជាទី​ត្រេកអរ អ្នកត្រេកអរ​ក្នុង​និប្បបញ្ចធម៌ នេះមិនមែន​ជាធម៌​របស់​អ្នកមាន​បបញ្ចធម៌​ជាទី​ត្រេកអរ អ្នកត្រេកអរ ក្នុង​បបញ្ចធម៌ ដូច្នេះ ដែល​តថាគត​ពោល​ហើយ ពាក្យនុ៎ះ តថាគត​ពោលហើយ ព្រោះអាស្រ័យ​ហេតុនេះ។

គ្រានោះ ព្រះអនុរុទ្ធ​ដ៏មានអាយុ ក៏នៅចាំ​វស្សា​តទៅ ក្នុង​បាចីនវំសទាយវន ក្នុង​ដែន​ចេតីនោះឯង។ លំដាប់នោះ ព្រះអនុរុទ្ធ​ដ៏​មានអាយុ តែម្នាក់ឯង ចៀសចេញ​ចាកពួក មិនមាន​សេចក្តី​ប្រមាទ មានព្យាយាម​ដុត​កំដៅកិលេស មានចិត្ត​បញ្ជូន​ទៅកាន់​ព្រះនិព្វាន ពួកកុលបុត្ត​ចេញចាក​ផ្ទះ ចូលកាន់​ផ្នួស​ដោយប្រពៃ ដើម្បី​ប្រយោជន៍​ដល់​អនុត្តរ​ធម៌ណា មិនយូរប៉ុន្មាន លោកក៏បាន​ធ្វើឲ្យជាក់ច្បាស់ នូវ​អនុត្តរធម៌ ដែល​មាន​ព្រហ្មចរិយៈ​ជាទីបំផុត​នោះ ដោយបញ្ញា​ដ៏ឧត្តម​របស់ខ្លួន​ ក្នុង​បច្ចុប្បន្ន ក៏ដឹង​ច្បាស់ថា ជាតិ​អស់ហើយ ព្រហ្មចរិយធម៌ បាន​នៅរួច​ហើយ សោឡសកិច្ច បានធ្វើ​រួចហើយ មគ្គភាវនាកិច្ច​ដទៃ ប្រព្រឹត្តទៅ ដើម្បី​សោឡសកិច្ច​នេះ មិនមាន​ទៀតឡើយ មាន​សេចក្តី​សរសើរ​ថា បណ្តា​ព្រះអរហន្ត​ទាំងឡាយ ព្រះអនុរុទ្ធ​ដ៏មានអាយុ ជា​ព្រះអរហន្ត​មួយ​អង្គដែរ។ លុះ​ព្រះអនុរុទ្ធ​ដ៏មានអាយុ បានដល់​ព្រះអរហត្តហើយ បានពោល​គាថា​ទាំងឡាយ​នេះ ក្នុង​វេលា​នោះថា

ព្រះសាស្តា ជាបុគ្គលប្រសើរក្នុងលោក ព្រះអង្គ​ទ្រង់​ជ្រាបច្បាស់​នូវសេចក្តី​ត្រិះរិះ របស់​អាត្មាអញ ទ្រង់មាន​កាយ​សម្រេច​ដោយចិត្ត ទ្រង់ស្តេច​ចូលមក​ដោយ​ឫទ្ធិ តម្រិះ​របស់​អាត្មាអញ កើតមាន​យ៉ាងណា ព្រះអង្គ​ក៏ទ្រង់​សំដែង​នូវធម៌​ដ៏លើសលុប​យ៉ាងនោះ ព្រះពុទ្ធ​ទ្រង់ត្រេកអរ​ក្នុង​និប្បបញ្ចធម៌ ក៏ទ្រង់​សំដែង​នូវ​និប្បបញ្ចធម៌ អាត្មាអញ បាន​ដឹងច្បាស់​នូវធម៌​របស់​ព្រះអង្គ ក៏ត្រេកអរ​ក្នុង​សាសនា​ វិជ្ជា​ទាំង ៣ អាត្មាអញ​ក៏បាន​សម្រេច​ហើយ សាសនា​របស់ព្រះពុទ្ធ អាត្មាអញ​ក៏បាន​ធ្វើហើយ។

ចប់ គហបតិវគ្គ ទី៣។

ឧទ្ទាននៃគហបតិវគ្គនោះគឺ

និយាយអំពីឧគ្គគហបតី ពីរលើក ហត្ថកអាឡវក ពីរលើក សក្កមហានាម ១ ជីវកកោមារភត្យ ១ កំឡាំង ពីរលើក អក្ខណៈ ជាគំរប់ ១០ នឹងព្រះអនុរុទ្ធ។

ទានវគ្គ ទី៤

(៤. ទានវគ្គោ)

បឋមទានសូត្រ ទី១

(៤. ខេត្តសុត្តំ)

[៣១] ម្នាលភិក្ខុទាំងឡាយ ទាននេះ​មាន ៨ យ៉ាង។ ទាន ៨ យ៉ាង តើដូចម្តេចខ្លះ។ គឺ​បុគ្គល​ឲ្យទាន ព្រោះបាន​ចាត់ចែង​ទុកស្រេច ១ ឲ្យទានព្រោះភ័យ ១ ឲ្យទាន​ដោយគិត​ថា គេបានឲ្យដល់អញ ១ ឲ្យទានដោយគិត​ថា គេនឹងឲ្យ​ដល់អញ​វិញ ១ ឲ្យទាន​ដោយ​គិតថា ទាន​ជាការប្រពៃ ១ ឲ្យទាន​ដោយ​គិតថា អញចំអិន បុគ្គល​​ទាំងឡាយនេះ មិន​ទាន់​ចំអិន អញ​កាលចំអិន មិនគួរ​ដើម្បី​មិនឲ្យទាន​ដល់បុគ្គល​មិនទាន់ចំអិន ១ ឲ្យទាន​ដោយ​គិតថា កាលបើអញ​ឲ្យនូវទាន​នេះ កិត្តិស័ព្ទ​ដ៏ពីរោះ រមែងខ្ចរខ្ចាយទៅ ១ ឲ្យទាន​ដើម្បីជា​គ្រឿង​​ប្រដាប់​នៃចិត្ត និងជាបរិក្ខារ​​នៃចិត្ត ១។ ម្នាលភិក្ខុ​ទាំងឡាយ ទាន​មាន ៨ យ៉ាង​នេះឯង។

ទុតិយទានសូត្រ ទី២

(២. ទុតិយទានសុត្តំ)

[៣២] សទ្ធាទាន ហិរិទាន កុសលទាន ធម៌ទាំងនេះ ជាធម៌​តាំងនៅ​ក្នុង​ពួក​សប្បុរស សប្បុរសទាំងឡាយ តែង​ពោលនូវធម៌នេះ​ ថាជា​ផ្លូវ​ទៅកាន់​ទេវលោក ព្រោះថា​បុគ្គល​តែងទៅកាន់​ទេវលោក​បានដោយ​ធម៌នេះ។

ទានវត្ថុសូត្រ ទី៣

(៣. ទានវត្ថុសុត្តំ)

[៣៣] ម្នាលភិក្ខុទាំងឡាយ ទានវត្ថុនេះមាន ៨ យ៉ាង។ ទានវត្ថុ ៨ យ៉ាង តើ​ដូចម្តេច​ខ្លះ។ គឺ​បុគ្គល​ឲ្យទាន ព្រោះសេចក្តី​ស្រលាញ់ ១ ឲ្យទាន​ព្រោះសេចក្តី​ខឹង ១ ឲ្យទាន​ព្រោះសេចក្តី​ល្ងង់ ១ ឲ្យទាន​ព្រោះសេចក្តី​ភ័យ ១ ឲ្យទាន​ព្រោះគិតថា ជីដូន​ជីតា​ទាំងឡាយ (របស់អញ) ធ្លាប់ឲ្យ ធ្លាប់ធ្វើមក អញមិនគួរ​ញុំាងវង្សត្រកូល​ពី​បូរាណនុ៎ះ​ឲ្យ​វិនាស ១ ឲ្យទាន​ព្រោះគិតថា អញបាន​ឲ្យទាននេះ លុះបែក​ធ្លាយរាង​កាយ​ស្លាប់ទៅ នឹង​ទៅកើត​ក្នុងសុគតិ សួគ៌ ទេវលោក ១ ឲ្យទានព្រោះគិតថា កាលអញ​​ឲ្យទាននេះ ចិត្ត​រមែង​ជ្រះថ្លា ទាំងសេចក្តី​ពេញចិត្ត និងសោមនស្ស ក៏រមែងកើតឡើង ១ ឲ្យទាន ដើម្បី​ជាគ្រឿង​ប្រដាប់​នៃចិត្ត​ និង​ជាបរិក្ខារ​នៃចិត្ត ១។ ម្នាលភិក្ខុទាំងឡាយ ទានវត្ថុ​មាន ៨យ៉ាង​នេះឯង។

ខេត្តសូត្រ ទី៤

(៤. ខេត្តសុត្តំ)

[៣៤] ម្នាលភិក្ខុទាំងឡាយ ពូជដែលបុគ្គល​សាបព្រោះ​ក្នុងស្រែ​ប្រកប​ដោយអង្គ ៨ ជាពូជ​មិនមាន​ផលច្រើន មិនមាន​សេចក្តី​ត្រេកអរ​ច្រើន មិន​ចំរើន។ ស្រែប្រកប​ដោយអង្គ ៨ តើ​ដូចម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ ស្រែក្នុង​លោកនេះ ជាស្រែមាន​ទីទួលខ្លះ ទីទំនាបខ្លះ ១ មានថ្ម និង​ក្រួស ១ មាន​ទឹកប្រៃ ១ គន្លង​នង្គ័លមិនជ្រៅ ១ មិន​បរិបូណ៌​ដោយ​ផ្លូវ​ទឹក​សម្រាប់​បញ្ចូល ១ មិន​បរិបូណ៌​ដោយផ្លូវ​ទឹក​សម្រាប់​បញ្ចេញ ១ មិន​បរិបូណ៌​ដោយ​ប្រឡាយ​ទឹក ១ មិន​បរិបូណ៌​ដោយភ្លឺ ១។ ម្នាលភិក្ខុ​ទាំងឡាយ ពូជដែល​បុគ្គល​សាបព្រោះ​ក្នុងស្រែ​ប្រកប​​ដោយអង្គ ៨ យ៉ាងនេះ ជាពូជ​មិនមាន​ផលច្រើន មិន​មាន​សេចក្តី​ត្រេកអរច្រើន មិនចំរើន​ទេ។ ម្នាលភិក្ខុ​ទាំងឡាយ ទានដែល​បុគ្គលឲ្យ ចំពោះ​ពួក​សមណព្រាហ្មណ៍ ដែលប្រកប​ដោយអង្គ ៨ ជាទាន​មិនមាន​ផលច្រើន មិនមាន​អានិសង្ស​ច្រើន មិនមាន​សេចក្តី​រុងរឿង​ច្រើន មិនផ្សាយ​ទៅច្រើន ក៏យ៉ាង​នោះដែរ។ សមណព្រាហ្មណ៍ ដែល​ប្រកប​ដោយអង្គ ៨ តើ​ដូចម្តេច​ខ្លះ។ ម្នាលភិក្ខុ​ទាំងឡាយ ពួក​សមណ​ព្រាហ្មណ៍​ក្នុង​លោកនេះ ជាអ្នក​យល់ឃើញ​ខុស ១ ត្រិះរិះ​ខុស ១ និយាយ​ខុស ១ ធ្វើការងារ​ខុស ១ ចិញ្ចឹម​ជីវិតខុស ១ ព្យាយាមខុស ១ នឹក​រលឹកខុស ១ តាំងចិត្ត​ខុស ១។ ម្នាលភិក្ខុ​ទាំងឡាយ ទានដែល​បុគ្គលឲ្យ ចំពោះ​សមណ​ព្រាហ្មណ៍ ដែល​ប្រកប​ដោយអង្គ ៨ យ៉ាងនេះ ជាទាន​មិនមាន​ផលច្រើន មិនមាន​អានិសង្ស​ច្រើន មិនមាន​សេចក្តី​រុងរឿង​ច្រើន មិនផ្សាយ​ទៅច្រើន។

ម្នាលភិក្ខុទាំងឡាយ ចំណែកខាងពូជដែល​បុគ្គល​សាបព្រោះ ក្នុងស្រែ​ប្រកប​ដោយ​អង្គ ៨ ទើបជាពូជ​មានផលច្រើន មានសេចក្តី​ត្រេកអរច្រើន មានសេចក្តី​ចំរើន។ ស្រែ​ប្រកប​ដោយអង្គ ៨ តើដូចម្តេច​ខ្លះ។ ម្នាលភិក្ខុ​ទាំងឡាយ ស្រែក្នុង​លោកនេះ មិនមាន​ទីទួលខ្លះ ឬទីទំនាបខ្លះ ១ មិនមានថ្ម និងក្រួស ១ មិនមានទឹកប្រៃ ១ មាន​គន្លង​នង្គ័ល​ជ្រៅ ១ បរិបូណ៌ដោយ​ផ្លូវទឹក​សម្រាប់​បញ្ចូល ១ បរិបូណ៌​ដោយផ្លូវ​ទឹក​សម្រាប់​បញ្ចេញ ១ បរិបូណ៌​ដោយប្រឡាយ​ទឹក ១ បរិបូណ៌​ដោយភ្លឺ ១។ ម្នាលភិក្ខុ​ទាំងឡាយ ពូជ​ដែលបុគ្គល​សាបព្រោះ ក្នុងស្រែ​ប្រកប​ដោយអង្គ ៨ យ៉ាងនេះ ជាពូជ​មានផល​ច្រើន មាន​សេចក្តី​ត្រេកអរ​ច្រើន មាន​សេចក្តី​ចំរើន។ ម្នាលភិក្ខុ​ទាំងឡាយ ទានដែល​បុគ្គល​​ឲ្យហើយ ចំពោះ​សមណព្រាហ្មណ៍ ដែលប្រកប​​ដោយអង្គ ៨ ជាទាន​មានផលច្រើន មាន​អានិសង្ស​ច្រើន មានសេចក្តី​រុងរឿងច្រើន មានសេចក្តី​ផ្សាយទៅ​ច្រើន ក៏យ៉ាង​​នោះដែរ។ សមណ​ព្រាហ្មណ៍ ប្រកប​ដោយអង្គ ៨ តើ​ដូចម្តេច​ខ្លះ។ ម្នាលភិក្ខុ​ទាំងឡាយ ពួក​សមណ​ព្រាហ្មណ៍ ក្នុងលោកនេះ ជាអ្នក​យល់​ឃើញត្រូវ ១ ត្រិះរិះ​ត្រូវ ១ និយាយ​ត្រូវ ១ ធ្វើការ​ងារត្រូវ ១ ចិញ្ចឹមជីវិតត្រូវ ១ ព្យាយាមត្រូវ ១ នឹករលឹកត្រូវ ១ តាំងចិត្តត្រូវ ១។​ ម្នាល​ភិក្ខុ​ទាំងឡាយ ទានដែល​បុគ្គល​ឲ្យហើយ​ ចំពោះ​ពួកសមណ​ព្រាហ្មណ៍ ដែលប្រកប​​ដោយ​អង្គ ៨ យ៉ាង​នេះ ទើបជា​ទាន​មានផល​ច្រើន មានអានិសង្ស​ច្រើន មានសេចក្តី​រុងរឿង​ច្រើន មាន​សេចក្តី​ផ្សាយទៅច្រើន។

ពូជដ៏បរិបូណ៌ ​ដែលគេ​សាបព្រោះក្នុងស្រែដ៏ល្អ កាលបើ​មានភ្លៀង​ស្រួល ការ​បរិបូណ៌​ដោយ​គ្រាប់ស្រូវ ក៏រមែង​មាន គឺបរិបូណ៌​ដោយការ​មិន​អន្តរាយ ១ ការ​ចំរើន​ឡើង បរិបូណ៌ ១ ការលូតលាស់ បរិបូណ៌ ១ ផ្លែហ្នឹងឯង បរិបូណ៌ ១ មាន​ឧបមា​យ៉ាងណា​មិញ។ ភោជន​ដ៏បរិបូណ៌ ដែល​បុគ្គល​ឲ្យហើយ ចំពោះ​ពួកបុគ្គល​មាន​សីល​បរិបូណ៌ រមែងញុំាង​ចំណែក​កុសល​ឲ្យកើត​ឡើង កុសលកម្ម​ដែល​បុគ្គល​នោះ​ធ្វើហើយ ឈ្មោះថា​កម្ម​ដ៏បរិបូណ៌ មាន​ឧបមេយ្យ​យ៉ាងនោះ​ដែរ ព្រោះ​ហេតុ​នោះ បុគ្គល​​ក្នុងលោក​នេះ ជាអ្នក​បរិបូណ៌ មានប្រាថ្នា​នូវសេចក្តី​បរិបូណ៌ គួរ​សេពគប់​នូវបុគ្គល​​ដែលមាន​បញ្ញា​ដ៏បរិបូណ៌ ការ​បរិបូណ៌ រមែង​សម្រេច​យ៉ាង​នេះ​ឯង។ បុគ្គល​អ្នកបរិបូណ៌​​ដោយ​វិជ្ជា និង​ចរណៈ បាននូវ​សេចក្តី​បរិបូណ៌​នៃចិត្ត រមែង​ធ្វើនូវកម្ម​ដ៏បរិបូណ៌​ផង បាននូវ​ប្រយោជន៍​ក៏បរិបូណ៌។ បុគ្គល​ដឹងច្បាស់​នូវ​សត្វលោក តាម​សេចក្តី​ពិត រមែង​សម្រេច​នូវ​វិបស្សនា​សម្មាទិដ្ឋិ​ដ៏បរិបូណ៌ បុគ្គល​អាស្រ័យ​នូវមគ្គ​ដ៏បរិបូណ៌ មានចិត្ត​ដ៏បរិបូណ៌ រមែងដល់​នូវ (ព្រះអរហត្ត)។ បុគ្គល​កំចាត់​បង់នូវ​មន្ទិល​ទាំងពួង ដល់នូវ​ព្រះនិព្វាន ដ៏បរិបូណ៌ រមែង​រួចចាក​ទុក្ខ​ទាំង​ពួង ការរួចចាក​ទុក្ខនោះឯង ទើបឈ្មោះថា សេចក្តីបរិបូណ៌គ្រប់យ៉ាង។

ទានូបបត្តិសូត្រ ទី៥

(៥. ទានូបបត្តិសុត្តំ)

[៣៥] ម្នាលភិក្ខុទាំងឡាយ ការកើតឡើង​នៃទាននេះ មាន ៨ យ៉ាង។ ការកើតឡើង​នៃទាន ៨ យ៉ាង តើដូចម្តេច​ខ្លះ។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គល​ពួកខ្លះ ក្នុង​លោក​នេះ ឲ្យទាន គឺបាយ ទឹក សំពត់ យានជំនិះ កំរងផ្កា គ្រឿង​ក្រអូប គ្រឿង​លាប ទីដេក ទីអាស្រ័យ​នៅ គ្រឿង​ប្រដាប់ ប្រទីប ជាទាន ដល់​សមណៈ ឬព្រាហ្មណ៍ បុគ្គល​នោះ ឲ្យនូវ​វត្ថុណា ក៏ប្រាថ្នា​នូវវត្ថុនោះ បុគ្គលនោះ​ឃើញ​ពួក​ខត្តិយមហាសាល​ក្តី ព្រាហ្មណមហាសាល​ក្តី គហបតិ​មហាសាល​ក្តី ដែល​កំពុង​ឆ្អែត​ស្កប់ស្កល់ មូលមិត្រ បំរើ​ដោយ​កាមគុណ​ទាំង ៥។ បុគ្គលនោះ មាន​សេចក្តី​ត្រិះរិះ​យ៉ាងនេះថា ឱហ្ន៎ អញ​លុះ​បែក​ធ្លាយ​រាងកាយ ស្លាប់ទៅ សូមឲ្យទៅ​កើត​ជាមួយ​នឹង​​ខត្តិយមហា​សាល​ក្តី ព្រាហ្មណ​មហាសាល​ក្តី គហបតិ​មហាសាល​ក្តី បុគ្គលនោះ ក៏ដម្កល់ចិត្តនោះ អធិដ្ឋាន​ចិត្តនោះ ចំរើន​ចិត្តនោះ ចិត្តរបស់​បុគ្គលនោះ ក៏ស៊ប់​ក្នុងកាមគុណ​ដ៏ថោកទាប មិនបាន​ចំរើន​គុណធម៌​ដ៏លើសលុប​ឡើង​ទៅទៀត លុះបែកធ្លាយ​រាងកាយ​ស្លាប់ទៅ ក៏រមែង​ទៅកើត​ជាមួយ​នឹងពួក​ខត្តិយមហាសាលខ្លះ ព្រាហ្មណមហាសាលខ្លះ គហបតិ​មហាសាល​ខ្លះ ម្នាលភិក្ខុ​ទាំងឡាយ តថាគត​ពោលនូវ​ការសម្រេច​នោះឯង ចំពោះ​បុគ្គល​មានសីល មិន​ចំពោះ​បុគ្គល​ទ្រុស្តសីល​ឡើយ សេចក្តី​ប្រាថ្នា​ដោយចិត្ត​របស់​បុគ្គល​មានសីល រមែង​សម្រេច​ព្រោះចិត្ត​ដ៏បរិសុទ្ធ ១។ ម្នាល​ភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ឲ្យទាន​គឺបាយ ទឹក សំពត់ យានជំនិះ កម្រងផ្កា គ្រឿង​ក្រអូប គ្រឿងលាប ទីដេក ទីអាស្រ័យនៅ គ្រឿង​ប្រដាប់ ប្រទីប ជាទាន​ដល់សមណៈ ឬព្រាហ្មណ៍ បុគ្គលនោះ​ឲ្យ​វត្ថុណា ក៏ប្រាថ្នា​វត្ថុនោះ បុគ្គលនោះ បានឮថា ពួកទេវតា​ចាតុម្មហារាជិកៈ មានអាយុវែង មាន​សម្បុរល្អ មានសេចក្តី​សុខច្រើន បុគ្គលនោះ ​មានសេចក្តី​​​ត្រិះរិះ​យ៉ាងនេះថា ឱហ្ន៎ អាត្មាអញ​លុះបែកធ្លាយ​រាងកាយ ស្លាប់ទៅ ​សូមឲ្យទៅ​កើតជាមួយ​នឹង​ពួក​ទេវតា​ចាតុម្មហារាជិកៈ បុគ្គលនោះ ដម្កល់ចិត្តនោះ អធិដ្ឋានចិត្តនោះ ចំរើនចិត្តនោះ ចិត្ត​របស់​បុគ្គល​នោះ ក៏ចុះស៊ប់ក្នុង​កាមគុណ​ដ៏ថោកទាប មិនចំរើន​គុណធម៌​ដ៏លើសលុប​ឡើង​ទៅ​ទៀត លុះបែកធ្លាយ​រាងកាយ​ស្លាប់ទៅ ក៏រមែងទៅកើត​ជាមួយនឹង​ពួក​ទេវតា​ចាតុម្មហារាជិកៈ ម្នាលភិក្ខុ​ទាំងឡាយ តថាគត​ពោលនូវការ​សម្រេច​នោះឯង ចំពោះ​បុគ្គល​មានសីល មិនចំពោះ​បុគ្គល​​ទ្រុស្តសីល​ឡើយ ម្នាលភិក្ខុ​ទាំងឡាយ សេចក្តី​ប្រាថ្នា​ដោយ​ចិត្តរបស់​បុគ្គល​មាន​សីល រមែង​​សម្រេច​ព្រោះចិត្ត​បរិសុទ្ធ ១។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ឲ្យទាន​គឺបាយ ទឹក សំពត់ យានជំនិះ កម្រងផ្កា គ្រឿងក្រអូប គ្រឿងលាប ទីដេក ទីអាស្រ័យនៅ គ្រឿងប្រដាប់ ប្រទីប ជាទាន ដល់​សមណៈ ឬព្រាហ្មណ៍ បុគ្គល​នោះ ឲ្យវត្ថុណា ក៏ប្រាថ្នា​វត្ថុនោះ បុគ្គលនោះ បានឮថា ពួក​ទេវតា​តាវត្តិង្ស។បេ។ ពួក​ទេវតាយាមៈ . . . ពួក​ទេវតាតុសិត . . . ពួកទេវតានិម្មារតី . . . ពួក​ទេវតា​បរនិម្មិតវសវត្តី មានអាយុវែង មានសម្បុល្អ មានសេចក្តី​សុខច្រើន បុគ្គលនោះ មានសេចក្តី​ត្រិះរិះ​យ៉ាងនេះថា ឱហ្ន៎ អាត្មាអញ លុះបែកធ្លាយ​រាងកាយ ស្លាប់ទៅ ​សូមឲ្យទៅ​កើតជាមួយ​នឹង​​ពួកទេវតា​បរនិម្មិតវសវត្តី បុគ្គលនោះ ដម្កល់ចិត្តនោះ អធិដ្ឋាន​ចិត្តនោះ ចំរើនចិត្ត​នោះ ចិត្តរបស់​បុគ្គលនោះ ក៏ចុះស៊ប់​ក្នុង​កាមគុណ​ដ៏ថោកទាប មិនបាន​ចំរើន​គុណធម៌​ដ៏លើសលុប​ឡើង​ទៅទៀត លុះបែកធ្លាយ​រាងកាយ​ស្លាប់ទៅ ក៏រមែង​ទៅកើត​ជាមួយ​​នឹង​ពួកទេវតា​បរនិម្មិតវសវត្តី ម្នាលភិក្ខុ​ទាំងឡាយ តថាគត​ពោលនូវ​ការសម្រេច​នោះឯង ចំពោះ​បុគ្គល​មានសីល មិន​ចំពោះ​បុគ្គល​ទ្រុស្តសីល​ឡើយ ម្នាលភិក្ខុ​ទាំងឡាយ សេចក្តី​ប្រាថ្នា​ដោយចិត្ត របស់បុគ្គល​មានសីល រមែង​សម្រេច​ព្រោះ​ចិត្ត​បរិសុទ្ធ ១។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ឲ្យទាន​គឺបាយ ទឹក សំពត់ យានជំនិះ កម្រងផ្កា គ្រឿងក្រអូប គ្រឿងលាប ទីដេក ទីអាស្រ័យនៅ គ្រឿងប្រដាប់ ប្រទីប ជាទាន ដល់សមណៈ ឬព្រាហ្មណ៍ បុគ្គលនោះ​ឲ្យវត្ថុណា ក៏ប្រាថ្នាវត្ថុនោះ បុគ្គល​នោះ បានឮថា ពួកទេវតា ព្រហ្មកាយិកៈ មានអាយុវែង មានសម្បុរល្អ មាន​សេចក្តី​សុខ​ច្រើន បុគ្គលនោះ មាន​សេចក្តី​ត្រិះរិះ​យ៉ាងនេះថា ឱហ្ន៎ អាត្មាអញ​លុះបែកធ្លាយ​រាងកាយ ស្លាប់​ទៅ សូមឲ្យ​ទៅកើត​ជាមួយ​នឹង​ពួកទេវតា​ព្រហ្មកាយិកៈ បុគ្គលនោះ ដម្កល់ចិត្ត​នោះ តាំង​ចិត្តនោះ​ ចំរើនចិត្តនោះ ចិត្តរបស់​បុគ្គលនោះ ក៏ចុះស៊ប់​ក្នុងកាមគុណ​ដ៏ថោកទាប មិន​ចំរើន​គុណធម៌​ដ៏លើសលុប​ឡើងទៅ​ទៀត លុះ​បែកធ្លាយ​រាងកាយ​ស្លាប់ទៅ រមែងទៅកើត​ជា​មួយ​​នឹង​ពួកទេវតា​​ព្រហ្មកាយិកៈ តថាគត​ពោលនូវ​ការសម្រេច​នោះឯង ចំពោះ​បុគ្គល​មានសីល មិនចំពោះ​បុគ្គល​ទ្រុស្តសីល​ទេ ទានចំពោះ​បុគ្គលប្រាសចាក​រាគៈ មិន​ចំពោះ​បុគ្គល​ប្រកប​ដោយ​រាគៈ​ទេ ម្នាលភិក្ខុ​ទាំងឡាយ សេចក្តី​ប្រាថ្នា​ដោយ​ចិត្ត​របស់​បុគ្គល​មានសីល រមែង​សម្រេច​ព្រោះ​ប្រាសចាក​រាគៈ ១។ ម្នាលភិក្ខុ​ទាំងឡាយ ការកើត​ឡើង​នៃទាន មាន៨ ប្រការ​នេះឯង។

បុញ្ញកិរិយវត្ថុសូត្រ ទី៦

(៦. បុញ្ញកិរិយវត្ថុសុត្តំ)

[៣៦] ម្នាលភិក្ខុទាំងឡាយ បុញ្ញកិរិយាវត្ថុនេះមាន ៣ យ៉ាង។ បុញ្ញកិរិយាវត្ថុ​ ៣ យ៉ាង តើ​ដូចម្តេច​ខ្លះ។ គឺ​ទានមយបុញ្ញកិរិយាវត្ថុ (វត្ថុជាទីតាំង​នៃការ​បំពេញបុណ្យ សម្រេច​អំពីការឲ្យ) ១ សីលមយបុញ្ញកិរិយាវត្ថុ (វត្ថុជាទីតាំង​នៃការបំពេញ​បុណ្យ សម្រេច​អំពី​ការរក្សាសីល) ១ ភាវនាមយបុញ្ញកិរិយាវត្ថុ (វត្ថុជាទីតាំង​នៃការ​បំពេញ​បុណ្យ​សម្រេច​អំពីការ​ចំរើន) ១។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ធ្វើ​ទាន​មយបុញ្ញកិរិយា​វត្ថុ មានប្រមាណតិច ធ្វើ​សីលមយបុញ្ញកិរិយាវត្ថុ មាន​ប្រមាណ​តិច ប៉ុន្តែ​ភាវនា​មយបុញ្ញកិរិយាវត្ថុ មិនទាន់​សម្រេច​នៅឡើយ។ បុគ្គលនោះ លុះ​បែកធ្លាយ​រាងកាយ​ស្លាប់ទៅ រមែងទៅកើត​ក្នុងត្រកូល​មនុស្ស​ថោកទាប។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គលខ្លះ ក្នុង​លោកនេះ ធ្វើទាន​មយបុញ្ញកិរិយាវត្ថុ​ល្មមប្រមាណ ធ្វើសីល​មយបុញ្ញកិរិយា​វត្ថុ​ក៏ល្មមប្រមាណ ប៉ុន្តែ​ភាវនា​មយបុញ្ញកិរិយា​វត្ថុ មិនទាន់​សម្រេច​នៅ​ឡើយ។ បុគ្គលនោះ លុះបែកធ្លាយ​រាងកាយ​ស្លាប់ទៅ រមែងកើត​ក្នុង​ត្រកូល​មនុស្ស​ដ៏ខ្ពង់ខ្ពស់។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ធ្វើទានមយបុញ្ញកិរិយា​វត្ថុ​ដ៏ច្រើន​ក្រៃលែង ធ្វើសីល​មយបុញ្ញកិរិយា​វត្ថុ​ដ៏ច្រើនក្រៃលែង ប៉ុន្តែ​ភាវនា​មយបុញ្ញកិរិយា​វត្ថុ មិនទាន់សម្រេចនៅឡើយ។ បុគ្គលនោះ លុះបែកធ្លាយ​រាងកាយ​ស្លាប់ទៅ រមែងទៅ​កើតជាមួយ​នឹង​ពួកទេវតា​ចាតុម្មហារាជិកៈ។ ម្នាលភិក្ខុ​ទាំងឡាយ បណ្តា​ទេវតា​ទាំងនោះ មហារាជ​ទាំង ៤ អង្គ បានធ្វើ​ទានមយបុញ្ញកិរិយាវត្ថុ​ច្រើនក្រៃពេក ធ្វើ​សីលមយបុញ្ញកិរិយា​វត្ថុ​ច្រើនក្រៃពេក រមែងខ្ពង់ខ្ពស់​កន្លងនូវ​ពួក​ទេវតា​ចាតុម្មហារាជិកៈ ដោយ​ស្ថាន ១០ យ៉ាងគឺ អាយុជាទិព្យ ១ ពណ៌ជាទិព្យ ១ សុខជាទិព្យ ១ យសជាទិព្យ ១ អធិបតីជាទិព្យ ១ រូបជាទិព្យ ១ សំឡេង​ជាទិព្យ ១ ក្លិនជាទិព្យ ១ រសជាទិព្យ ១ ផោដ្ឋព្វៈ​ជាទិព្យ ១។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ធ្វើ​ទានមយបុញ្ញកិរិយាវត្ថុ​ច្រើន​ក្រៃលែង ធ្វើ​សីលមយបុញ្ញកិរិយាវត្ថុ​ច្រើនក្រែលែង ប៉ុន្តែ​ភាវនា​មយបុញ្ញកិរិយាវត្ថុ មិនទាន់​សម្រេចនៅឡើយ។ បុគ្គលនោះ លុះបែកធ្លាយ​រាងកាយ​ស្លាប់ទៅ រមែង​ទៅកើត​ជាមួយនឹង​ពួក​ទេវតាតាវត្តិង្ស។ ម្នាលភិក្ខុ​ទាំងឡាយ បណ្តា​ទេវតា​ទាំងនោះ សក្កទេវរាជ ជា​ធំជាង​ទេវតា បានធ្វើ​ទានមយបុញ្ញកិរិយាវត្ថុ​ដ៏ច្រើនក្រៃពេក ធ្វើ​សីលមយបុញ្ញកិរិយាវត្ថុ​ដ៏ច្រើនក្រៃពេក រមែង​ខ្ពង់ខ្ពស់​កន្លងទេវតាជាន់​តាវត្តិង្ស ដោយ​ស្ថាន ១០ យ៉ាង គឺ អាយុជាទិព្យ ១។បេ។ ផោដ្ឋព្វៈជាទិព្យ ១។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ធ្វើទានមយបុញ្ញកិរិយាវត្ថុ​ច្រើនក្រៃលែង ធ្វើ​សីល​មយបុញ្ញកិរិយាវត្ថុ​ច្រើន​ក្រៃលែង ប៉ុន្តែ​ភាវនា​មយបុញ្ញកិរិយាវត្ថុ មិនទាន់​សម្រេច​នៅ​ឡើយ។ បុគ្គលនោះ លុះបែកធ្លាយ​រាងកាយ​ស្លាប់ទៅ ក៏រមែងទៅ​កើតជាមួយនឹង​ពួក​ទេវតា​ជាន់យាមៈ។ ម្នាលភិក្ខុ​ទាំងឡាយ បណ្តា​ទេវតា​ទាំងនោះ សុយាមទេវបុត្រ បានធ្វើ​ទានមយបុញ្ញកិរិយាវត្ថុ​ដ៏ច្រើនក្រៃពេក បានធ្វើ​សីលមយបុញ្ញកិរិយាវត្ថុ​ដ៏ច្រើនក្រៃពេក រមែង​ខ្ពង់ខ្ពស់​កន្លង​នូវពួក​ទេវតា​ជាន់​យាមៈ ដោយ​ស្ថាន ១០ យ៉ាង​គឺ អាយុ​ជាទិព្យ ១។បេ។ ផោដ្ឋព្វៈ​ជាទិព្យ ១។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ធ្វើ​ទានមយបុញ្ញកិរិយាវត្ថុ​ច្រើនក្រៃលែង ធ្វើសីល​មយបុញ្ញកិរិយាវត្ថុ​ច្រើនក្រែលែង ប៉ុន្តែ​ភាវនា​មយបុញ្ញកិរិយាវត្ថុ មិនទាន់​សម្រេចនៅឡើយ។ បុគ្គលនោះ លុះបែកធ្លាយ​រាងកាយ​ស្លាប់ទៅ ក៏រមែងទៅកើតជា​មួយនឹងពួក​ទេវតា​ជាន់តុសិត។ ម្នាល​ភិក្ខុ​ទាំងឡាយ បណ្តា​ទេវតា​ទាំងនោះ សន្តុសិតទេវបុត្រ ​បានធ្វើ​ទានមយបុញ្ញកិរិយាវត្ថុ​ដ៏ច្រើន​ក្រៃពេក បានធ្វើ​សីលមយបុញ្ញកិរិយាវត្ថុ​ដ៏ច្រើនក្រៃពេក រមែង​ខ្ពង់ខ្ពស់​កន្លង​នូវ​ពួកទេវតា​ជាន់តុសិត ដោយស្ថាន ១០ យ៉ាង គឺ អាយុជាទិព្យ ១។បេ។ ផោដ្ឋព្វៈជាទិព្យ ១។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ធ្វើ​ទានមយបុញ្ញកិរិយាវត្ថុ​ច្រើន​ក្រៃលែង ធ្វើ​សីលមយបុញ្ញកិរិយាវត្ថុ​ច្រើនក្រៃលែង ប៉ុន្តែ​ភាវនា​មយបុញ្ញកិរិយាវត្ថុ មិន​​សម្រេចនៅឡើយ។ បុគ្គលនោះ លុះបែកធ្លាយ​រាងកាយ​ស្លាប់ទៅ ក៏រមែង​ទៅកើត​ជាមួយ​នឹង​ពួក​ទេវតា​និម្មានរតី។ ម្នាលភិក្ខុ​ទាំងឡាយ បណ្តា​ទេវតា​ទាំងនោះ​ សុនិម្មិតទេវបុត្រ ​បានធ្វើ​ទានមយបុញ្ញកិរិយាវត្ថុ​ដ៏ច្រើនក្រៃពេក បានធ្វើ​សីលមយ​បុញ្ញកិរិយា​វត្ថុ​ដ៏ច្រើន​ក្រៃពេក រមែង​ខ្ពង់ខ្ពស់​កន្លងពួក​ទេវតា​និម្មានរតី ដោយ​ស្ថាន ១០ យ៉ាង​គឺ អាយុជាទិព្យ ១។បេ។ ផោដ្ឋព្វៈ​ជាទិព្យ ១។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ធ្វើ​ទានមយបុញ្ញកិរិយាវត្ថុ​ដ៏ច្រើន​ក្រៃលែង ធ្វើ​សីលមយបុញ្ញកិរិយាវត្ថុ​ដ៏ច្រើន​ក្រៃលែង ប៉ុន្តែ​ភាវនា​មយបុញ្ញកិរិយាវត្ថុ មិនទាន់​សម្រេច​នៅឡើយ។ បុគ្គល​នោះ លុះ​បែកធ្លាយ​រាងកាយ ស្លាប់ទៅ ក៏រមែង​ទៅកើត​ជាមួយនឹង​ពួក​ទេវតា​បរនិម្មិតវសវត្តី។ ម្នាលភិក្ខុ​ទាំងឡាយ បណ្តាទេវតា​ទាំងនោះ បរនិម្មិតវសវត្តីទេវបុត្រ ​បានធ្វើ​ទានមយបុញ្ញកិរិយា​វត្ថុ ដ៏ច្រើន​ក្រៃពេក បានធ្វើ​សីលមយបុញ្ញកិរិយាវត្ថុ​ដ៏ច្រើន​ក្រៃពេក រមែង​ខ្ពង់ខ្ពស់​កន្លង​នូវពួក​ទេវតា​បរនិម្មិតវសវត្តី ដោយស្ថាន ១០ យ៉ាង​គឺ អាយុជាទិព្យ ១ ពណ៌ជាទិព្យ ១ សុខជាទិព្យ ១ យសជាទិព្យ ១ អធិបតីជាទិព្យ ១ រូបជាទិព្យ ១ សំឡេងជាទិព្យ ១ ក្លិនជាទិព្យ ១ រសជាទិព្យ ១ ផោដ្ឋព្វៈជាទិព្យ ១។ ម្នាលភិក្ខុ​ទាំងឡាយ បុញ្ញកិរិយាវត្ថុ មាន ៣ យ៉ាងនេះឯង។

សប្បុរិសទានសូត្រ ទី៧

(៧. សប្បុរិសទានសុត្តំ)

[៣៧] ម្នាលភិក្ខុទាំងឡាយ សប្បុរិសទាន​នេះមាន ៨ យ៉ាង។ សប្បុរិសទាន ៨ យ៉ាង តើដូចម្តេច​ខ្លះ។ គឺ​បុគ្គល​ឲ្យវត្ថុស្អាត ១ ឲ្យវត្ថុថ្លៃថ្លា ១ ឲ្យតាមកាល ១ ឲ្យវត្ថុគួរ ១ ជ្រើសរើស​ហើយទើបឲ្យ ១ ឲ្យទាន​រឿយៗ ១ កំពុងឲ្យ ញុំាំង​ចិត្តឲ្យជ្រះថ្លា ១ លុះឲ្យ​ផុត​ហើយ រមែងមាន​សេចក្តី​ពេញចិត្ត ១។ ម្នាលភិក្ខុ​ទាំងឡាយ សប្បុរិសទាន ៨ យ៉ាង​នេះ​ឯង។

បុគ្គល រមែងឲ្យនូវទានទាំងឡាយគឺ ទឹក និងភោជន​ដ៏ស្អាត ថ្លៃថ្លា តាមកាល វត្ថុ​ដ៏គួរ រឿយ​ ៗ ចំពោះ​ព្រហ្មចារីបុគ្គល​ទាំងឡាយ ដូចជា​ស្រែដ៏ល្អ ពួក​អ្នកប្រាជ្ញ រមែង​សរសើរ នូវទាន​ទាំងឡាយ ដែលបុគ្គល​លះបង់​នូវ​អាមិសៈ​ជាច្រើន ដែល​មិនគួរ​ឲ្យកើត​សេចក្តី​ក្តៅក្រហាយ ហើយឲ្យ​យ៉ាងនេះ អ្នកប្រាជ្ញមាន​បញ្ញា ជាអ្នក​មានសទ្ធា បានបូជា​យ៉ាងនេះហើយ មានចិត្ត​រួចស្រឡះ រមែង​ចូលទៅកាន់​ទេវ​លោក ដែល​មិនមាន​សេចក្តី​ទុក្ខ មានតែ​សេចក្តី​សុខ។

សប្បុរិសសូត្រ ទី៨

(៨. សប្បុរិសសុត្តំ)

[៣៨] ម្នាលភិក្ខុទាំងឡាយ សប្បុរស កាលកើតក្នុង​ត្រកូល រមែងប្រព្រឹត្ត​ទៅ ដើម្បី​ប្រយោជន៍ ដើម្បី​សេចក្តី​ចំរើន ដើម្បី​សេចក្តីសុខ​ដល់ជន​ច្រើន ប្រព្រឹត្តទៅ ដើម្បី​ប្រយោជន៍ ដើម្បី​សេចក្តីចំរើន ដើម្បី​សេចក្តីសុខ​ដល់​មាតាបិតា ប្រព្រឹត្តទៅ ដើម្បី​ប្រយោជន៍ ដើម្បី​សេចក្តី​ចំរើន ដើម្បី​សេចក្តី​សុខដល់​បុត្ត​ភរិយា ប្រព្រឹត្តទៅ ដើម្បី​ប្រយោជន៍ ដើម្បី​សេចក្តី​ចំរើន ដើម្បី​សេចក្តីសុខ​ដល់​បុរស​ជា​ទាសកម្មករ ប្រព្រឹត្តទៅ ដើម្បី​ប្រយោជន៍ ដើម្បី​សេចក្តីចំរើន ដើម្បី​សេចក្តីសុខ ដល់​មិត្ត និង​អាមាត្យ​ទាំងឡាយ ប្រព្រឹត្តទៅ ដើម្បី​ប្រយោជន៍ ដើម្បីសេចក្តី​ចំរើន ដើម្បី​សេចក្តី​សុខ​ដល់ពួក​ញាតិ ដែល​ចែកឋាន​ទៅកាន់​បរលោក ប្រព្រឹត្តទៅ ដើម្បី​ប្រយោជន៍ ដើម្បី​សេចក្តី​ចំរើន ដើម្បី​សេចក្តីសុខ​ដល់​ព្រះរាជា ប្រព្រឹត្តទៅ ដើម្បី​ប្រយោជន៍ ដើម្បី​សេចក្តី​ចំរើន ដើម្បី​សេចក្តី​សុខ​ដល់​ពួកទេវតា ប្រព្រឹត្តទៅ ដើម្បី​ប្រយោជន៍ ដើម្បីសេចក្តី​ចំរើន ដើម្បី​សេចក្តី​សុខ​ដល់​សមណ​ព្រាហ្មណ៍​ទាំងឡាយ។ ម្នាលភិក្ខុ​ទាំងឡាយ មហាមេឃ កាល​ញុំាងសំទូង​ទាំងអស់ ឲ្យ​សម្រេច​ព្រម រមែង​ប្រព្រឹត្តទៅ ដើម្បី​ប្រយោជន៍ ដើម្បី​សេចក្តី​ចំរើន​ដល់​ជន​ច្រើន។បេ។ មាន​ឧបមា​ដូចម្តេច​មិញ ម្នាលភិក្ខុ​ទាំងឡាយ សប្បុរស កាលកើត​ក្នុងត្រកូល រមែង​ប្រព្រឹត្តទៅ ដើម្បី​ប្រយោជន៍ ដើម្បីសេចក្តី​ចំរើន ដើម្បីសេចក្តីសុខ​ដល់ជនច្រើន ប្រព្រឹត្ត​ទៅ ដើម្បី​ប្រយោជន៍ ដើម្បីសេចក្តី​ចំរើន ដើម្បីសេចក្តី​សុខ ដល់​មាតា និង​បិតា​ទាំងឡាយ ប្រព្រឹត្តទៅ ដើម្បី​ប្រយោជន៍ ដើម្បីសេចក្តី​ចំរើន ដើម្បីសេចក្តី​សុខ ដល់​បុត្តភរិយា ប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ដើម្បីសេចក្តី​ចំរើន ដើម្បី​សេចក្តីសុខ ដល់​បុរស​ជា​ទាសកម្មករ ប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ដើម្បីសេចក្តី​ចំរើន ដើម្បីសេចក្តីសុខ ដល់​មិត្ត និង​​អាមាត្យទាំងឡាយ ប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ដើម្បីសេចក្តី​ចំរើន ដើម្បី​សេចក្តីសុខ ដល់ពួក​ញាតិ ដែលចែកឋាន ទៅកាន់បរលោក ប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ដើម្បីសេចក្តី​ចំរើន ដើម្បីសេចក្តីសុខ ដល់ព្រះរាជា ប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ដើម្បី​សេចក្តី​ចំរើន ដើម្បីសេចក្តី​សុខ ដល់​ពួកទេវតា ប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ដើម្បីសេចក្តី​ចំរើន ដើម្បីសេចក្តី​សុខ ដល់​សមណ​ព្រាហ្មណ៍​ទាំងឡាយ ក៏មាន​ឧបមេយ្យ​ដូច្នោះ​ដែរ។

បុគ្គលប្រកបដោយបញ្ញា កាលនៅគ្រប់គ្រងផ្ទះ រមែង​ប្រព្រឹត្ត​ទៅ ដើម្បី​ប្រយោជន៍​ដល់​ពួក​ជនច្រើន ជាអ្នក​មិនខ្ជិលច្រអូស ក្នុង​វេលាយប់ និង​​ថ្ងៃ កាល​នឹករលឹក​ដល់​បុព្វការគុណ​ ដែលមាតា និងបិតាធ្វើហើយ រមែងបូជា​មាតាបិតា​ជាមុន ដោយ​ហេតុ​ប្រកប​ដោធម៌ រមែងកោតក្រែង​ចំពោះ​បព្វជិត ជាអនាគារិកបុគ្គល ជា​ព្រហ្មចារីបុគ្គល មានសទ្ធា​ដម្កល់មាំ មានសីល​ជាទីស្រលាញ់ លុះដឹងច្បាស់​នូវធម៌​ទាំងឡាយ​ហើយ រមែង​បូជា​ បុគ្គលណា​ដែលមាន​ប្រយោជន៍​ដល់ព្រះរាជា មានប្រយោជន៍​ដល់ទេវតា មានប្រយោជន៍​ដល់ពួកញាតិ ដល់មិត្ត​សំឡាញ់ ដម្កល់ស៊ប់​ក្នុង​ព្រះសទ្ធម្ម បុគ្គលនោះ​ឈ្មោះថា​ មាន​ប្រយោជន៍​ដល់បុគ្គល​ទាំងអស់ បុគ្គលណា កំចាត់បង់​នូវមន្ទិល គឺ​សេចក្តីកំណាញ់​ បុគ្គលនោះ រមែង​ជួបប្រទះ​នូវលោក​ក្សេមក្សាន្ត។​

អភិសន្ទសូត្រ ទី៩

(៩. អភិសន្ទសុត្តំ)

[៣៩] ម្នាលភិក្ខុទាំងឡាយ អានិសង្សនៃបុណ្យ អានិសង្ស​នៃកុសល ជា​អាហារនៃ​សេចក្តី​សុខ ជាធម៌ឲ្យនូវ​អារម្មណ៍​ដ៏ល្អលើស ជាផល​នៃសេចក្តី​សុខ ប្រព្រឹត្ត​ទៅ ដើម្បី​សួគ៌ ៨ យ៉ាង​នេះ រមែង​ប្រព្រឹត្តទៅ ដើម្បីសេចក្តី​ត្រេកអរ ដើម្បីសេចក្តី​រីករាយ ដើម្បី​សេចក្តី​ពេញចិត្ត ដើម្បីសេចក្តី​ចំរើន ដើម្បីសេចក្តី​សុខ។ អានិសង្ស​នៃបុណ្យ អានិសង្សនៃ​កុសល ៨ យ៉ាង ដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក ក្នុង​សាសនានេះ ជាអ្នក​ដល់នូវ​ព្រះពុទ្ធ​ជាទីពឹង ម្នាលភិក្ខុ​ទាំងឡាយ នេះជា​អានិសង្ស​នៃបុណ្យ អានិសង្ស​នៃកុសល ជាអាហារនៃ​សេចក្តីសុខ ជាធម៌​ឲ្យនូវ​អារម្មណ៍​ដ៏ល្អលើស ជាផល​នៃ​សេចក្តី​សុខ ប្រព្រឹត្តទៅ ដើម្បី​សួគ៌ ទី១ រមែង​ប្រព្រឹត្តទៅ ដើម្បី​សេចក្តី​ត្រេកអរ ដើម្បី​សេចក្តី​រីករាយ ដើម្បីសេចក្តី​ពេញចិត្ត ដើម្បី​សេចក្តី​ចំរើន ដើម្បី​សេចក្តីសុខ។ ម្នាលភិក្ខុ​ទាំង​ឡាយ មួយទៀត អរិយសាវក ជាអ្នកដល់​នូវព្រះធម៌​ជាទីពឹង ម្នាលភិក្ខុ​ទាំងឡាយ នេះជា​អានិសង្ស​នៃបុណ្យ ទី២។បេ។ រមែង​ប្រព្រឹត្តទៅ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត អរិយសាវក ជាអ្នកដល់​នូវ​ព្រះសង្ឃ​ជាទីពឹង នេះជា​អានិសង្សនៃ​បុណ្យ អានិសង្ស​នៃ​កុសល ជាអាហារនៃ​សេចក្តី​សុខ ជាធម៌​ឲ្យនូវ​អារម្មណ៍​ដ៏ល្អលើស ជាផល​នៃសេចក្តី​សុខ ប្រព្រឹត្តទៅ ដើម្បីសួគ៌ ទី៣ រមែងប្រព្រឹត្តទៅ ដើម្បី​សេចក្តី​ត្រេកអរ ដើម្បីសេចក្តី​រីករាយ ដើម្បី​សេចក្តី​ពេញចិត្ត ដើម្បីសេចក្តី​ចំរើន ដើម្បី​សេចក្តីសុខ។ ម្នាលភិក្ខុ​ទាំងឡាយ ទាន​ទាំង ៥ យ៉ាងនេះ ចាត់ជា​មហាទាន ដែលអ្នក​ប្រាជ្ញ​ដឹងថា ជារបស់​ប្រសើរ ដឹងថា​ជារបស់​ប្រព្រឹត្ត​ទៅ អស់​រាត្រីយូរ ដឹងថា​ជាវង្ស​នៃ (កល្យាណ​ជន) ជារបស់​មានមក​ក្នុងកាល​មុន ជារបស់​មិន​រោយរាយ ជារបស់​មិនធ្លាប់​រោយរាយ​ហើយ រមែង​មិនខ្ចាត់ខ្ចាយ (ក្នុងកាល​ឥឡូវ​នេះ) និង​​មិនខ្ចាត់ខ្ចាយ (ក្នុងអនាគត) ពួក​សមណព្រាហ្មណ៍ ជាវិញ្ញូជន ក៏មិនដែល​តិះដៀល​ឡើយ។ ទាន ៥ យ៉ាង តើដូចម្តេច​ខ្លះ។ ម្នាលភិក្ខុ​ទាំងឡាយ អរិយសាវក ក្នុង​សាសនា​នេះ លះបង់​បាណាតិបាត វៀរចាក​បាណាតិបាត ម្នាលភិក្ខុ​ទាំងឡាយ អរិយសាវក ជាអ្នកវៀរចាក​បាណាតិបាត ឈ្មោះថា​ឲ្យនូវ​អភ័យ ឲ្យនូវអំពើ​មិនមានពៀរ ឲ្យនូវ​អំពើមិនមាន​ទុក្ខ ដល់សត្វទាំងឡាយ មាន​ប្រមាណ​មិនបាន លុះឲ្យនូវ​អភ័យ ឲ្យនូវ​អំពើ​មិនមានពៀរ ឲ្យនូវ​អំពើមិន​មានទុក្ខ ដល់សត្វ​ទាំងឡាយ មាន​ប្រមាណ​មិនបាន​ហើយ រមែងជាអ្នក​មានចំណែក នៃសេចក្តី​មិនមានភ័យ មិនមាន​ពៀរ មិនមាន​ទុក្ខ មាន​ប្រមាណ​មិនបានវិញ។ ម្នាលភិក្ខុ​ទាំងឡាយ នេះជាទាន ទី១ ចាត់ជាមហាទាន ដែលអ្នកប្រាជ្ញ​ដឹងថា​ ជារបស់ប្រសើរ ដឹងថា​ជារបស់​ប្រព្រឹត្តទៅ​អស់រាត្រីយូរ ដឹងថា​ជាវង្ស​នៃ (កល្យាណជន) ជារបស់មាន​មកក្នុង​កាលមុន ជារបស់​មិនរោយរាយ មិនធ្លាប់​រោយរាយ​ហើយ រមែងមិន​ខ្ចាត់ខ្ចាយ នឹង​មិនខ្ចាត់ខ្ចាយ ពួកសមណ​​ព្រាហ្មណ៍ ជាវិញ្ញូជន ក៏មិនដែល​តិះដៀលឡើយ ម្នាលភិក្ខុ​ទាំងឡាយ នេះជា​អានិសង្ស​នៃបុណ្យ អានិសង្ស​នៃកុសល ជាអាហារនៃសេចក្តី​សុខ ជាធម៌ឲ្យ​នូវអារម្មណ៍​ដ៏ល្អលើស ជាផល​នៃសេចក្តី​សុខ ប្រព្រឹត្តទៅ ដើម្បីសួគ៌ ទី៤ រមែងប្រព្រឹត្តទៅ ដើម្បីសេចក្តី​ត្រេកអរ ដើម្បី​សេចក្តី​រីករាយ ដើម្បីសេចក្តី​ពេញចិត្ត ដើម្បីសេចក្តី​ចំរើន ដើម្បី​សេចក្តីសុខ។ ម្នាលភិក្ខុ​ទាំង​ឡាយ មួយទៀត អរិយសាវក លះបង់​អទិន្នាទាន វៀរចាក​អទិន្នាទាន។បេ។ លះបង់​កាមេសុមិច្ឆាចារ វៀរចាក​កាមេសុមិច្ឆាចារ។បេ។ លះបង់​មុសាវាទ វៀរចាក​មុសាវាទ។បេ។ លះបង់​សុរាមេរយមជ្ជប្បមាទដ្ឋាន វៀរចាក​សុរាមេរយមជ្ជប្បមាទដ្ឋាន ម្នាលភិក្ខុ​ទាំង​ឡាយ អរិយសាវក វៀរចាក​សុរាមេរយមជ្ជប្បមាទដ្ឋាន ឈ្មោះថា​ឲ្យនូវអភ័យ ឲ្យនូវ​អំពើមិន​មានពៀរ ឲ្យនូវអំពើ​មិនមានទុក្ខ ដល់សត្វ​ទាំងឡាយ មានប្រមាណ​មិនបាន​ លុះ​ឲ្យ​នូវអភ័យ ឲ្យនូវអំពើ​មិនមានពៀរ ឲ្យនូវអំពើ​មិនមានទុក្ខ ដល់សត្វ​ទាំងឡាយ មាន​ប្រមាណ​មិនបាន​ហើយ រមែងជាអ្នក​មានចំណែក នៃសេចក្តី​មិនមាន​ភ័យ មិនមានពៀរ មិន​មានទុក្ខ មានប្រមាណ​មិនបានវិញ ម្នាលភិក្ខុទាំងឡាយ នេះជាទាន ទី៥ ចាត់ជា​មហាទាន ដែលអ្នកប្រាជ្ញ​ដឹងថា ជារបស់ប្រសើរ ដឹងថា​ជារបស់​ប្រព្រឹត្តទៅ​អស់រាត្រីយូរ ដឹងថា​ជា​វង្សនៃ (កល្យាណជន) ជារបស់​មានមកក្នុង​កាលមុន ​មិនរោយរាយ មិនធ្លាប់​រោយរាយ​ហើយ រមែង​មិនខ្ចាត់​ខ្ចាយ នឹង​មិន​ខ្ចាត់ខ្ចាយ ពួកសមណ​ព្រាហ្មណ៍ ជាវិញ្ញូជន ក៏មិនដែល​តិះដៀលឡើយ ម្នាលភិក្ខុ​ទាំងឡាយ នេះជា​អានិសង្ស​នៃបុណ្យ អានិសង្ស​នៃ​កុសល ជាអាហារនៃ​សេចក្តីសុខ ជាធម៌​ឲ្យនូវ​អារម្មណ៍​ដ៏ល្អលើស ជាផលនៃ​សេចក្តីសុខ ប្រព្រឹត្តទៅ ដើម្បីសួគ៌ ទី៨ រមែង​ប្រព្រឹត្តទៅ ដើម្បីសេចក្តី​ត្រេកអរ ដើម្បីសេចក្តី​រីករាយ ដើម្បី​សេចក្តី​ពេញចិត្ត ដើម្បីសេចក្តី​ចំរើន ដើម្បីសេចក្តី​សុខ។ ម្នាលភិក្ខុ​ទាំងឡាយ អានិសង្ស​នៃបុណ្យ អានិសង្សនៃកុសល ជាអាហារនៃ​សេចក្តីសុខ ជាធម៌​ឲ្យនូវ​អារម្មណ៍​ដ៏ល្អលើស ជាផល​នៃសេចក្តីសុខ ប្រព្រឹត្តទៅ ដើម្បីសួគ៌ ៨ ប្រការ​នេះឯង រមែង​ប្រព្រឹត្ត​ទៅ ដើម្បីសេចក្តី​ត្រេកអរ ដើម្បីសេចក្តី​រីករាយ ដើម្បីសេចក្តី​ពេញចិត្ត ដើម្បីសេចក្តី​ចំរើន ដើម្បី​សេចក្តីសុខ។

ទុច្ចរិតវិបាកសូត្រ ទី១០

(១០. ទុច្ចរិតវិបាកសុត្តំ)

[៤០] ម្នាលភិក្ខុទាំងឡាយ បាណាតិបាត ដែលបុគ្គល​សេព​ថ្នឹកហើយ ចំរើន​ហើយ ធ្វើឲ្យ​ច្រើនហើយ ប្រព្រឹត្តទៅ ដើម្បីនរក ប្រព្រឹត្តទៅ ដើម្បី​កំណើត​តិរច្ឆាន ប្រព្រឹត្តទៅ ដើម្បី​បិត្តិវិស័យ។ ផលនៃ​បាណាតិបាត ដែលស្រាល​ជាងផល​ទាំងអស់ រមែង​ប្រព្រឹត្ត​ទៅ ដើម្បី​មាន​អាយុខ្លី ដល់កើត​ជាមនុស្ស។ ម្នាលភិក្ខុ​ទាំងឡាយ អទិន្នាទាន ដែលបុគ្គល​ថ្នឹកហើយ ចំរើនហើយ ធ្វើឲ្យ​ច្រើនហើយ ប្រព្រឹត្តទៅ ដើម្បីនរក ប្រព្រឹត្តទៅ ដើម្បី​កំណើត​តិរច្ឆាន ប្រព្រឹត្តទៅ ដើម្បីបិត្តិវិស័យ។ ផលនៃអទិន្នាទាន ដែលស្រាល​ជាង​ផល​ទាំងអស់ រមែងប្រព្រឹត្ត​ទៅ ដើម្បីវិនាស​នូវភោគៈ ដល់កើត​ជាមនុស្ស។ ម្នាលភិក្ខុ​ទាំង​ឡាយ កាមេសុមិច្ឆាចារ ដែលបុគ្គល​ថ្នឹកហើយ ចំរើនហើយ ធ្វើឲ្យច្រើន​ហើយ ប្រព្រឹត្តទៅ ដើម្បីនរក ប្រព្រឹត្តទៅ ដើម្បី​កំណើត​តិរច្ឆាន ប្រព្រឹត្តទៅ ដើម្បី​បិត្តិវិស័យ។ ផលនៃ​កាមេសុមិច្ឆាចារ ដែលស្រាលជាងផល​ទាំងអស់ រមែងប្រព្រឹត្ត​ទៅ ដើម្បីសត្រូវ និង​ពៀរ ដល់​កើត​ជាមនុស្ស។ ម្នាលភិក្ខុ​ទាំងឡាយ មុសាវាទ ដែលបុគ្គល​ថ្នឹកហើយ ចំរើនហើយ ធ្វើឲ្យច្រើន​ហើយ ប្រព្រឹត្តទៅ ដើម្បីនរក ប្រព្រឹត្តទៅ ដើម្បី​កំណើត​តិរច្ឆាន ប្រព្រឹត្តទៅ ដើម្បី​បិត្តិវិស័យ។ ផលនៃ​មុសាវាទ ដែលស្រាល​ជាងផល​ទាំងអស់ រមែងប្រព្រឹត្ត​ទៅ ដើម្បី​គេពោល​បង្កាច់ ដោយពាក្យ​មិនពិត ដល់កើត​ជាមនុស្ស។ ម្នាលភិក្ខុ​ទាំងឡាយ បិសុណាវាចា ដែលបុគ្គល​ថ្នឹកហើយ ចំរើន​ហើយ ធ្វើឲ្យច្រើន​ហើយ ប្រព្រឹត្តទៅ ដើម្បីនរក ប្រព្រឹត្តទៅ ដើម្បី​កំណើត​តិរច្ឆាន ប្រព្រឹត្តទៅ ដើម្បី​បិត្តិវិស័យ។ ផលនៃ​បិសុណាវាចា ដែលស្រាលជាង​ផលទាំងអស់ រមែងប្រព្រឹត្តទៅ ដើម្បីបែកបាក់​ចាកមិត្រ ដល់​កើត​ជាមនុស្ស។ ម្នាលភិក្ខុ​ទាំងឡាយ ផរុសវាចា ដែលបុគ្គល​ថ្នឹកហើយ ចំរើនហើយ ធ្វើឲ្យ​ច្រើនហើយ ប្រព្រឹត្តទៅ ដើម្បីនរក ប្រព្រឹត្តទៅ ដើម្បីកំណើត​តិរច្ឆាន ប្រព្រឹត្តទៅ ដើម្បី​បិត្តិវិស័យ។ ផលនៃ​ផរុសវាចា ដែលស្រាល​ជាងផល​ទាំងអស់ រមែងប្រព្រឹត្តទៅ ដើម្បី​សម្លេង​មិនជា​ទីគាប់ចិត្ត ដល់កើត​ជាមនុស្ស។ ម្នាលភិក្ខុ​ទាំងឡាយ សម្ជប្បលាបៈ ដែល​បុគ្គល​ថ្នឹកហើយ ចំរើនហើយ ធ្វើឲ្យច្រើនហើយ ប្រព្រឹត្តទៅ ដើម្បីនរក ប្រព្រឹត្តទៅ ដើម្បី​កំណើត​តិរច្ឆាន ប្រព្រឹត្តទៅ ដើម្បី​បិត្តិវិស័យ។ ផលនៃសម្ជប្បលាបៈ ដែលស្រាល​ជាងផល​ទាំងអស់ រមែងប្រព្រឹត្តទៅ ដើម្បីពាក្យដែល​មិនគួរកាន់យក ដល់​កើត​ជាមនុស្ស។ ម្នាលភិក្ខុ​ទាំងឡាយ កាផឹកនូវ​សុរា និង​​មេរ័យ ដែលបុគ្គល​ថ្នឹកហើយ ចំរើនហើយ ធ្វើឲ្យច្រើនហើយ ប្រព្រឹត្តទៅ ដើម្បីនរក ប្រព្រឹត្តទៅ ដើម្បីកំណើត​តិរច្ឆាន ប្រព្រឹត្តទៅ ដើម្បី​បិត្តិវិស័យ។ ផលនៃការ​ផឹក​នូវសុរាមេរ័យ ដែលស្រាល​ជាងផល​ទាំង​អស់ រមែងប្រព្រឹត្តទៅ ដើម្បី​ភាពជាឆ្កួត ដល់កើត​ជាមនុស្ស។

ចប់ ទានវគ្គ ទី៤។

ឧទ្ទានក្នុងវគ្គនោះ គឺ

និយាយអំពីទាន ពីរលើក អំពីវត្ថុ ១ អំពីបុញ្ញក្ខេត្ត ១ អំពី​ការកើតឡើង​នៃទាន ១ អំពី​បុញ្ញកិរិយាវត្ថុ ១ អំពី​សប្បុរស ពីរលើក អំពីផល​ដ៏ស្រាលជាងផល​ទាំងអស់ ១ អំពី​អានិសង្ស ១។

ឧបោសថវគ្គ ទី៥

(៥. ឧបោសថវគ្គោ)

សង្ខិត្តូបោសថសូត្រ ទី១

(១. សង្ខិត្តូបោសថសុត្តំ)

[៤១] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ​ទ្រង់គង់​នៅក្នុង​វត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុង​សាវត្ថី។ ក្នុងទីនោះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់​ហៅពួកភិក្ខុថា ម្នាលភិក្ខុ​ទាំងឡាយ។ ភិក្ខុទាំងនោះ ទទួល​ស្តាប់​ព្រះពុទ្ធដីកា​ព្រះមានព្រះភាគ​ថា ព្រះករុណា ព្រះអង្គ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់​ដូច្នេះថា ម្នាល​ភិក្ខុ​ទាំងឡាយ ឧបោសថ ប្រកបដោយអង្គ ៨ ប្រការ ដែលបុគ្គល​ចាំរក្សា​ហើយ រមែង​មានផល​ច្រើន មានអានិសង្ស​ច្រើន មានសេចក្តី​រុងរឿងច្រើន មានសេចក្តី​ផ្សាយទៅ​ច្រើន។ ម្នាលភិក្ខុ​ទាំងឡាយ ចុះ​ឧបោសថ ប្រកបដោយអង្គ ៨ ប្រការ ដែល​បុគ្គល​ចាំរក្សាហើយ រមែងមាន​ផលច្រើន មាន​អានិសង្សច្រើន មានសេចក្តី​រុងរឿងច្រើន មាន​សេចក្តី​ផ្សាយទៅច្រើន តើដោយ​ប្រការ​ដូចម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ អរិយសាវក ក្នុង​សាសនា​នេះ ពិចារណាថា ព្រះអរហន្ត​ទាំងឡាយ លះបង់​បាណាតិបាត វៀរចាក​បាណាតិបាត មាន​អាជ្ញា​ដាក់ចុះហើយ មានគ្រឿង​សស្រ្តា​ដាក់ចុះហើយ ជាអ្នក​មាន​សេចក្តី​ខ្មាសបាប មានសេចក្តី​អាណិត មានសេចក្តី​អនុគ្រោះ ដោយ​ប្រយោជន៍​ដល់​សព្វសត្វ ដរាបអស់​ជីវិត ក្នុង​ថ្ងៃនេះ ចំណែកខ្លួន​អញ លះបង់​នូវបាណាតិបាត វៀរចាក​បាណាតិបាត មានអាជ្ញា​ដាក់ចុះហើយ មានគ្រឿង​សស្រ្តា​ដាក់ចុះហើយ មានសេចក្តី​ខ្មាសបាប មាន​សេចក្តី​អាណិត មានសេចក្តី​អនុគ្រោះ ដោយ​ប្រយោជន៍​ដល់សព្វសត្វ អស់យប់​នេះ និង​​ថ្ងៃនេះដែរ យកតម្រាប់​ព្រះអរហន្ត​ទាំងឡាយផង ខ្លួនអញ​នឹងចាំរក្សា​ឧបោសថ​ផង ដោយអង្គនេះឯង។ ឧបោសថ ប្រកប​ដោយអង្គ ទី១ នេះឯង។បេ។ ព្រះអរហន្ត​ទាំងឡាយ លះបង់​អទិន្នាទាន វៀរចាក​អទិន្នាទាន កាន់យក​តែវត្ថុ​ដែលគេឲ្យ ប្រាថ្នាចំពោះ​វត្ថុដែលគេឲ្យ មានខ្លួន​ដ៏ស្អាត មិនមែន​ជាអ្នកលួច​ ដរាបអស់ជីវិត ក្នុង​ថ្ងៃនេះ ចំណែកខ្លួនអញ លះបង់​អទិន្នាទាន វៀរចាក​អទិន្នាទាន កាន់យក​តែវត្ថុ​ដែលគេ​ឲ្យ ប្រាថ្នាចំពោះ​តែវត្ថុដែល​គេឲ្យ មានខ្លួន​ដ៏ស្អាត មិនមែន​ជាអ្នកលួច អស់យប់នេះ និង​ថ្ងៃ​នេះដែរ យកតម្រាប់ព្រះអរហន្ត​ទាំងឡាយផង ខ្លួនអញ​ចាំរក្សា​ឧបោសថ​ផង ដោយ​អង្គនេះឯង។ ឧបោសថ ប្រកបដោយអង្គ ទី២ នេះឯង។បេ។ ព្រះអរហន្ត​ទាំងឡាយ លះបង់​អព្រហ្មចរិយៈ ជាអ្នកមាន​ព្រហ្មចារ្យ ប្រព្រឹត្តឆ្ងាយ វៀរចាក​មេថុន ដែល​ជាធម៌​របស់​អ្នកស្រុក ដរាប​អស់ជីវិត ក្នុងថ្ងៃនេះ ចំណែក​ខ្លួនអញ លះបង់​អព្រហ្មចរិយៈ ជាអ្នក​មាន​ព្រហ្មចារ្យ ប្រព្រឹត្តឆ្ងាយ វៀរចាក​មេថុន ដែលជាធម៌​របស់អ្នកស្រុក អស់យប់​នេះ និង​​ថ្ងៃនេះដែរ យកតម្រាប់ព្រះអរហន្ត​ទាំងឡាយផង ខ្លួនអញ​នឹងចាំរក្សា​ឧបោសថ​ផង ដោយ​អង្គនេះឯង។ ឧបោសថ ប្រកប​ដោយអង្គ ទី៣ នេះឯង។បេ។ ព្រះអរហន្ត​ទាំងឡាយ លះបង់​មុសាវាទ វៀរចាក​មុសាវាទ អ្នកពោលពាក្យពិត ទ្រទ្រង់​ពាក្យពិត ពោលពាក្យ​ខ្ជាប់ខ្ជួន គួរឲ្យគេជឿបាន មិនបាន​ពោលពាក្យ​បង្កាច់លោក ក្នុងថ្ងៃនេះ ចំណែក​ខ្លួនអញ លះបង់​មុសាវាទ វៀរចាក​មុសាវាទ ជាអ្នកពោល​ពាក្យពិត ទ្រទ្រង់​ពាក្យពិត ពោលពាក្យខ្ជាប់ខ្ជួន គួរឲ្យ​គេជឿបាន មិនបាន​ពោលពាក្យ​បង្កាច់លោក អស់​យប់នេះ និង​ថ្ងៃនេះដែរ យកតម្រាប់ព្រះអរហន្ត​ទាំងឡាយផង ខ្លួនអញ​នឹងចាំរក្សា ឧបោសថ​ផង ដោយអង្គ​នេះឯង។ ឧបោសថ ប្រកបដោយអង្គ ទី៤ នេះឯង។បេ។ ព្រះអរហន្ត​ទាំងឡាយ លះបង់ហេតុ​ជាទីតាំង​នៃសេចក្តី​ប្រមាទ គឺផឹក​គ្រឿង​ស្រវឹង គឺ​សុរា និង​មេរ័យ វៀរចាកហេតុ​ជាទីតាំង​នៃសេចក្តី​ប្រមាទ គឺផឹកគ្រឿង​ស្រវឹង គឺសុរា និង​មេរ័យ ដរាប​អស់ជីវិត ក្នុងថ្ងៃនេះ ចំណែកខ្លួនអញ លះបង់ហេតុ​ជាទីតាំង​នៃសេចក្តី​ប្រមាទ គឺ​ផឹក​គ្រឿងស្រវឹង គឺសុរា និង​មេរ័យ វៀរចាកហេតុ​ជាទីតាំង​នៃសេចក្តី​ប្រមាទ គឺផឹក​គ្រឿង​ស្រវឹង គឺសុរា និង​មេរ័យ អស់យប់នេះ និង​ថ្ងៃនេះដែរ យកតម្រាប់​ព្រះអរហន្ត​ទាំង​ឡាយផង ខ្លួនអញ​នឹង​ចាំរក្សា​ឧបោសថ​ផង ដោយអង្គ​នេះឯង។ ឧបោសថ ប្រកប​ដោយអង្គ​ ទី៥នេះឯង។បេ។ ព្រះអរហន្ត​ទាំងឡាយ បរិភោគ​បាយតែម្តង វៀរបរិភោគ​ក្នុង​វេលាយប់ វៀរចាក​ភោជន​ក្នុង​វេលាវិកាល ដរាប​អស់ជីវិត ក្នុងថ្ងៃនេះ ចំណែក​ខ្លួនអញ បរិភោគ​បាយតែម្តង វៀរបរិភោគ​ក្នុងវេលាយប់ វៀរចាក​ភោជន​ក្នុង​វេលាវិកាល អស់យប់នេះ និង​ថ្ងៃនេះ​ដែរ យកតម្រាប់​ព្រះអរហន្ត​ទាំងឡាយ​ផង ខ្លួនអញ​នឹង​ចាំរក្សា​ឧបោសថ​ផង ដោយអង្គ​នេះឯង។ ឧបោសថ ប្រកបដោយអង្គ ទី៦ នេះឯង។បេ។ ព្រះអរហន្ត​ទាំងឡាយ លះបង់​ការរាំ ច្រៀង ប្រគំ មើលល្បែង ដែលជាសត្រូវ​ដល់​កុសលធម៌ និង​ការទ្រទ្រង់ ប្រដាប់​តាក់តែង ស្អិតស្អាង​រាងកាយ ដោយផ្កា​កម្រង គ្រឿង​ក្រអូប គ្រឿងលាប​ផ្សេង ៗ វៀរចាក​ការរាំ ច្រៀង ប្រគំ មើលល្បែង ដែលជា​សត្រូវ​ដល់​កុសលធម៌ និង​​ការទ្រទ្រង់ ប្រដាប់​តាក់តែង ស្អិតស្អាង​រាងកាយ ដោយ​ផ្កាកម្រង គ្រឿង​ក្រអូប គ្រឿងលាប​ផ្សេង ៗ ដរាប​អស់ជីវិត ក្នុងថ្ងៃនេះ ចំណែក​ខ្លួនអញ លះបង់​ការរាំ ច្រៀង ប្រគំ មើលនូវ​ល្បែង ដែលជា​សត្រូវ​​ដល់កុសលធម៌ និង​​ការទ្រទ្រង់ ប្រដាប់​តាក់តែង ស្អិតស្អាង​រាងកាយ ដោយផ្កាកម្រង គ្រឿង​ក្រអូប គ្រឿងលាប​ផ្សេង ៗ វៀរចាក​ការរាំ ច្រៀង ប្រគំ មើលនូវល្បែង ដែលជា​សត្រូវ​ដល់​កុសលធម៌ និង​​ការទ្រទ្រង់ ប្រដាប់​តាក់តែង ស្អិតស្អាង​រាងកាយ ដោយ​ផ្កាកម្រង គ្រឿង​ក្រអូប គ្រឿង​លាបផ្សេង ៗ អស់​យប់នេះ និង​​ថ្ងៃនេះដែរ យកតម្រាប់​ព្រះអរហន្ត​ទាំងឡាយ​ផង ខ្លួនអញ​នឹង​ចាំរក្សា​ឧបោសថ​ផង ដោយអង្គ​នេះឯង។ ឧបោសថ ប្រកប​ដោយអង្គ ទី៧ នេះឯង។បេ។ ព្រះអរហន្ត​ទាំងឡាយ លះបង់​សេនាសនៈ ដ៏ខ្ពស់ហួសប្រមាណ និង​​សេនាសនៈ​ដ៏ប្រសើរ វៀរចាក​​សេនាសនៈ​​ដ៏ខ្ពស់​​ហួសប្រមាណ និង​សេនាសនៈ​ដ៏ប្រសើរ សម្រេច​នូវ​ទីដេក​ដ៏ទាប​លើគ្រែក្តី លើកម្រាល ដែលគេធ្វើ​ដោយ​ស្មៅក្តី ដរាប​អស់ជីវិត ក្នុងថ្ងៃនេះ ចំណែក​ខ្លួនអញ លះបង់​សេនាសនៈ​ដ៏ខ្ពស់​ហួសប្រមាណ និង​​សេនាសនៈ​ដ៏ប្រសើរ វៀរ​ចាក​សេនាសនៈ​​ដ៏ខ្ពស់​ហួសប្រមាណ និង​​សេនាសនៈ​ដ៏ប្រសើរ សម្រេចនូវ​ទីដេក​ដ៏ទាប​លើគ្រែ​ក្តី លើកម្រាល​ដែលគេធ្វើ​ដោយ​ស្មៅក្តី អស់យប់នេះ និង​​ថ្ងៃនេះដែរ យក​តម្រាប់​ព្រះអរហន្ត​​ទាំងឡាយផង ខ្លួនអញ នឹងចាំរក្សា​ឧបោសថផង ដោយ​អង្គនេះឯង។ ឧបោសថ ប្រកបដោយអង្គ ទី៨ នេះឯង។ ម្នាលភិក្ខុ​ទាំងឡាយ ឧបោសថ ប្រកប​ដោយ​អង្គ ៨ ដែលបុគ្គល​ចាំរក្សា​យ៉ាងនេះឯង រមែង​មានផល​ច្រើន មានអានិសង្ស​ច្រើន មាន​សេចក្តី​រុង​រឿង​ច្រើន មានសេចក្តី​ផ្សាយច្រើន។

វិត្ថតូបោសថសូត្រ ទី២

(២. វិត្ថតូបោសថសុត្តំ)

[៤២] ម្នាលភិក្ខុទាំងឡាយ ឧបោសថ​ប្រកបដោយ​អង្គ ៨ ប្រការ ដែលបុគ្គលចាំ​រក្សា​ហើយ រមែងមាន​ផលច្រើន មានអានិសង្សច្រើន មានសេចក្តី​រុងរឿង​ច្រើន មាន​សេចក្តី​ផ្សាយទៅច្រើន។ ម្នាលភិក្ខុទាំងឡាយ ឧបោសថ​ប្រកបដោយអង្គ ៨ ប្រការ ដែលបុគ្គល​ចាំរក្សាហើយ រមែងមាន​ផលច្រើន មានអានិសង្សច្រើន មានសេចក្តី​​រុងរឿង​ច្រើន មានសេចក្តី​ផ្សាយទៅច្រើន តើដោយ​ប្រការ​ដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក ក្នុងសាសនានេះ ពិចារណាថា ព្រះអរហន្តទាំងឡាយ លះបង់​បាណាតិបាត មាន​អាជ្ញាដាក់ចុះហើយ មានគ្រឿងសស្រ្តា​ដាក់ចុះហើយ មានសេចក្តី​ខ្មាសបាប មាន​សេចក្តីអាណិត មានសេចក្តី​អនុគ្រោះ ដោយប្រយោជន៍​ដល់សព្វសត្វ ដរាប​អស់ជីវិត​ក្នុងថ្ងៃនេះ ចំណែក​ខ្លួនអញ លះបង់បាណាតិបាត វៀរចាក​បាណាតិបាត មានអាជ្ញា​ដាក់ចុះ​ហើយ មានគ្រឿងសស្រ្តា​ដាក់ចុះហើយ មានសេចក្តី​ខ្មាសបាប មាន​សេចក្តី​អាណិត មានសេចក្តី​អនុគ្រោះ ដោយ​ប្រយោជន៍​ដល់សព្វសត្វ អស់យប់នេះ និង​ថ្ងៃនេះ​ យក​តម្រាប់​ព្រះអរហន្ត​ទាំងឡាយផង ខ្លួនអញ​នឹងចាំរក្សា​ឧបោសថ​ផង ដោយ​អង្គ​នេះ​ឯង។ ឧបោសថ ប្រកបដោយអង្គ ទី១ នេះឯង។ (សេចក្តីពិស្តារ​ដូចអង្គ ទី១) ព្រះអរហន្ត​ទាំងឡាយ លះបង់​សេនាសនៈ​ដ៏ខ្ពស់​​ហួសប្រមាណ និងសេនាសនៈ​ដ៏ប្រសើរ វៀរចាក​សេនាសនៈដ៏ខ្ពស់​ហួសប្រមាណ និង​សេនាសនៈ​ដ៏ប្រសើរ សម្រេច​នូវទីដេក​ដ៏ទាប​លើគ្រែ​ក្តី លើ​កម្រាល ដែលគេ​ធ្វើ​ដោយ​ស្មៅក្តី ដរាប​អស់ជីវិត ក្នុងថ្ងៃនេះ ចំណែក​ខ្លួន​អញ លះបង់​សេនាសនៈ​ដ៏ខ្ពស់​​ហួសប្រមាណ និងសេនាសនៈ​ដ៏ប្រសើរ វៀរចាក​សេនាសនៈដ៏ខ្ពស់​ហួសប្រមាណ និងសេនាសនៈ​ដ៏ប្រសើរ សម្រេច​នូវទីដេក​ដ៏ទាប​លើ​គ្រែក្តី លើ​កម្រាល​ដែលធ្វើ​ដោយស្មៅ​ក្តី អស់យប់នេះ និង​ថ្ងៃនេះដែរ យកតម្រាប់​ព្រះអរហន្ត​​ទាំងឡាយផង អញនឹងចាំរក្សា​ឧបោសថ​ផង ដោយអង្គ​នេះឯង។ ឧបោសថ ប្រកប​ដោយអង្គ ទី៨ នេះឯង។ ម្នាលភិក្ខុ​ទាំងឡាយ ឧបោសថ ប្រកបដោយ​អង្គ ៨ ប្រការ ដែលបុគ្គល​ចាំរក្សា យ៉ាងនេះឯង រមែង​មានផល​ច្រើន មានអានិសង្ស​ច្រើន មាន​សេចក្តី​រុងរឿងច្រើន មានសេចក្តី​ផ្សាយទៅច្រើន។

ឧបោសថ មានផលច្រើនដូចម្តេច មានអានិសង្សច្រើន ដូចម្តេច មាន​សេចក្តី​រុងរឿង​ច្រើន ដូចម្តេច មានសេចក្តី​ផ្សាយទៅច្រើន ដូចម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ ប្រៀបដូច​បុគ្គល​សោយរាជ្យ ជាឥស្សរាធិបតី​នៃមហាជនបទ ទាំង ១៦ នេះ ដែលជា​ជនបទ​សម្បូរ​ដោយកែវ ៧ ប្រការ គឺ​មហាជនបទ ឈ្មោះ​អង្គៈ ១ មគធៈ ១ កាសី ១ កោសលៈ ១ វជ្ជី ១ មល្លៈ ១ ចេតី ១ វង្សៈ ១ កុរុ ១ បញ្ចាលៈ ១ មច្ឆៈ ១ សូរសេនៈ ១ អស្សកៈ ១ អវន្តី ១ គន្ធារៈ ១ កម្ពោជៈ ១ រាជសម្បត្តិនៃ​មហាជនបទ​ទាំងនុ៎ះ មិនដល់​នូវចំណិត ១ ក្នុងចំណិត ទី១៦ ៗ លើក​នៃឧបោសថ​ប្រកបដោយអង្គ ៨ ប្រការ​ឡើយ។ ដំណើរ​នោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុ​ទាំងឡាយ រាជសម្បត្តិ​​​របស់មនុស្ស ជា​របស់​ស្តួចស្តើង ហើយយក​ទៅប្រៀបធៀបនឹង​សេចក្តី​សុខ​ជា​របស់​ទិព្យ។ ម្នាល​ភិក្ខុ​ទាំងឡាយ ៥០ ឆ្នាំ របស់មនុស្ស ត្រូវ​ជា ១យប់ ១ថ្ងៃ របស់ចាតុម្មហារាជិក​ទេវតា រាប់រាត្រីនោះ បាន ៣០រាត្រី ត្រូវជា ១ខែ រាប់ខែនោះបាន ១២ខែ ត្រូវជា ១ឆ្នាំ រាប់ឆ្នាំនោះបាន ៥០០ឆ្នាំទិព្យ ត្រូវជា​ប្រមាណ​នៃអាយុ​របស់​​ចាតុម្មហារាជិកទេវតា។ ម្នាលភិក្ខុ​ទាំងឡាយ ហេតុនេះ​រមែង​មាន ត្រង់ដែលស្រ្តី ឬ​បុរស​ពួកខ្លះ ក្នុងលោកនេះ ​ចាំរក្សានូវ​ឧបោសថ​ដែល​ប្រកប​ដោយអង្គ ៨ ប្រការ លុះបែកធ្លាយ​រាងកាយស្លាប់​ទៅ រមែងទៅកើត​ជាមួយ​នឹង​ពួក​ចាតុម្មហារាជិកទេវតា។ ម្នាលភិក្ខុ​ទាំងឡាយ រាជសម្បត្តិ​របស់មនុស្ស ជារបស់ស្តួចស្តើង ហើយ​យកទៅ​ប្រៀប​ធៀប​នឹង​សេចក្តីសុខ​ជារបស់ទិព្យ ដែលតថាគត​សំដែងហើយ ព្រោះ​អាស្រ័យ​​ហេតុនេះឯង។ ម្នាលភិក្ខុ​ទាំងឡាយ ១០០ឆ្នាំ របស់មនុស្ស ត្រូវជា ១យប់ ១ថ្ងៃ របស់​តាវត្តិង្សទេវតា រាប់រាត្រីនោះ​បាន ៣០ ត្រូវជា ១ខែ រាប់ខែនោះ​បាន ១២ខែ ត្រូវជា ១ឆ្នាំ រាប់ឆ្នាំនោះបាន ១០០០ឆ្នាំទិព្យ ត្រូវជា​ប្រមាណ​នៃអាយុ​របស់​តាវត្តិង្ស​ទេវតា។ ម្នាលភិក្ខុ​ទាំងឡាយ ហេតុនេះ រមែងមាន ត្រង់ដែលស្រ្តី ឬបុរសពួកខ្លះ ក្នុងលោក​នេះ ចាំរក្សា​នូវឧបោសថ ប្រកប​ដោយអង្គ ៨ ប្រការ លុះបែកធ្លាយ​រាងកាយ​ស្លាប់ទៅ រមែងទៅកើត​ជាមួយ​នឹង​ពួក​តាវត្តិង្សទេវតា។ ម្នាលភិក្ខុ​ទាំងឡាយ រាជសម្បត្តិ​របស់​មនុស្ស​នេះឯង ជារបស់​ស្តួចស្តើង ហើយយក​ទៅប្រៀបធៀប​នឹង​សេចក្តីសុខ​​ជារបស់ទិព្យ ដែលតថាគត​សំដែងហើយ ព្រោះ​អាស្រ័យ​ហេតុនេះឯង។ ម្នាលភិក្ខុ​​ទាំងឡាយ ២០០ឆ្នាំ របស់មនុស្ស ត្រូវជា ១យប់ ១ថ្ងៃ របស់ពួក​យាមទេវតា រាប់​រាត្រីនោះ​បាន ៣០រាត្រី ត្រូវជា ១ខែ រាប់ខែនោះបាន ១២ខែ ត្រូវជា ១ឆ្នាំ រាប់ឆ្នាំ​នោះ​បាន ២០០០ ​ឆ្នាំទិព្យ ត្រូវជាប្រមាណ​នៃអាយុ​របស់​យាមទេវតា។ ម្នាលភិក្ខុ​ទាំងឡាយ ហេតុនេះ រមែងមាន ត្រង់ដែលស្រ្តី ឬបុរសពួកខ្លះ ក្នុងលោកនេះ ចាំរក្សា​នូវឧបោសថ ​ប្រកប​ដោយអង្គ ៨ ប្រការ លុះបែកធ្លាយ​រាងកាយ​ស្លាប់ទៅ រមែងទៅកើត​​ជាមួយ​នឹង​ពួកយាម​ទេវតា។ ម្នាលភិក្ខុទាំងឡាយ រាជសម្បត្តិ​របស់មនុស្ស​នេះឯង ជារបស់​ស្តួចស្តើង ហើយយក​ទៅប្រៀបធៀប​នឹង​សេចក្តីសុខ​ជារបស់ទិព្យ ដែល​តថាគត​សំដែង​ហើយ ព្រោះអាស្រ័យ​ហេតុនេះឯង។ ម្នាលភិក្ខុ​ទាំងឡាយ ៤០០​ឆ្នាំ របស់​មនុស្ស ត្រូវជា ១យប់ ១ថ្ងៃ របស់ពួក​តុសិតទេវតា រាប់រាត្រីនោះបាន ៣០រាត្រី ត្រូវជា ១ខែ រាប់ខែ​នោះបាន ១២ខែ ត្រូវជា ១ឆ្នាំ រាប់ឆ្នាំនោះ​បាន ៤០០០ឆ្នាំទិព្យ ត្រូវជា​ប្រមាណ​នៃអាយុ​របស់ពួក​តុសិតទេវតា។ ម្នាលភិក្ខុទាំងឡាយ ហេតុនេះ រមែងមាន ត្រង់ដែល​ស្រ្តី ឬបុរស​ពួកខ្លះ ក្នុងលោកនេះ ចាំរក្សា​ឧបោសថ ប្រកប​​ដោយអង្គ ៨ ប្រការ លុះបែក​ធ្លាយ​រាងកាយ​ស្លាប់ទៅ រមែងទៅកើត​ជាមួយនឹង​​ពួក​តុសិតទេវតា។ ម្នាលភិក្ខុ​ទាំងឡាយ រាជសម្បត្តិ​របស់មនុស្សនេះឯង ជារបស់​ស្តួចស្តើង ហើយយកទៅ​ប្រៀបធៀប​នឹង​សេចក្តី​សុខ​ជារបស់ទិព្យ ដែល​តថាគត​សំដែងហើយ ព្រោះអាស្រ័យ​ហេតុនេះឯង។ ម្នាលភិក្ខុ​ទាំងឡាយ ៨០០ឆ្នាំ របស់មនុស្ស ត្រូវជា ១យប់ ១ថ្ងៃ របស់ពួក​និម្មានរតីទេវតា រាប់​រាត្រី​នោះបាន ៣០រាត្រី ត្រូវជា ១ខែ រាប់ខែនោះបាន ១២ខែ ត្រូវជា ១ឆ្នាំ រាប់ឆ្នាំ​នោះបាន ៨០០០ឆ្នាំទិព្យ ត្រូវជាប្រមាណ​នៃអាយុរបស់​​ពួក​និម្មានរតី​ទេវតា។ ម្នាលភិក្ខុ​ទាំងឡាយ ហេតុនេះ រមែងមាន ត្រង់ដែលស្រ្តី ឬបុរសពួកខ្លះ ក្នុងលោកនេះ ចាំរក្សានូវ​ឧបោសថ ប្រកប​ដោយអង្គ ៨ ប្រការ លុះបែកធ្លាយ​រាងកាយស្លាប់ទៅ រមែងទៅកើត​ជាមួយ​នឹង​ពួក​និម្មានរតី​ទេវតា។ ម្នាលភិក្ខុទាំងឡាយ រាជសម្បត្តិ​របស់មនុស្សនេះឯង ជារបស់​ស្តួចស្តើង ហើយយក​ទៅ​ប្រៀបធៀប​នឹង​សេចក្តីសុខ​ជារបស់ទិព្យ ដែលតថាគត​សំដែងហើយ ព្រោះអាស្រ័យ​​ហេតុ​នេះឯង។ ម្នាលភិក្ខុ​ទាំងឡាយ ១៦០០ឆ្នាំ របស់មនុស្ស ត្រូវជា ១យប់ ១ថ្ងៃ របស់ពួក​បរនិម្មិតវសវត្តី​ទេវតា រាប់រាត្រីនោះបាន ៣០ ត្រូវជា ១ខែ រាប់ខែ​នោះបាន ១២ខែ ត្រូវជា ១ឆ្នាំ រាប់ឆ្នាំនោះបាន ១៦០០០ឆ្នាំទិព្យ ត្រូវជា​ប្រមាណ​នៃអាយុ​របស់​ពួក​​បរនិម្មិតវសវត្តី​ទេវតា។ ម្នាលភិក្ខុ​ទាំងឡាយ ហេតុនេះ រមែងមាន ត្រង់ដែលស្រ្តី ឬ​បុរសពួកខ្លះ ក្នុងលោកនេះ ចាំរក្សា​នូវឧបោសថ ប្រកប​ដោយអង្គ ៨ ប្រការ លុះបែកធ្លាយ​រាងកាយ​ស្លាប់ទៅ រមែងទៅកើត​ជាមួយ​នឹងពួក​បរនិម្មិត​វសវត្តីទេវតា។ ម្នាលភិក្ខុ​ទាំងឡាយ រាជសម្បត្តិ​របស់មនុស្ស​នេះឯង ជា​របស់​ស្តួចស្តើង ហើយយក​ទៅ​ប្រៀបធៀប​នឹង​សេចក្តីសុខ​ជារបស់ទិព្យ ដែលតថាគត​សំដែងហើយ ព្រោះអាស្រ័យ​ហេតុ​នេះឯង។

បុគ្គលមិនគប្បីសម្លាប់សត្វ ១ មិនគប្បីកាន់​យកវត្ថុ​ដែលគេ​មិនបានឲ្យ ១ មិន​គប្បី​ពោល​ពាក្យ​កុហក ១ មិនគប្បី​ផឹកទឹក​ស្រវឹង ១ គប្បី​វៀរចាក​ការ​ប្រព្រឹត្តិ​មិន​ប្រសើរ គឺ​មេថុន ១ មិនគប្បី​បរិភោគ​ភោជន ក្នុង​វេលារាត្រី​ និង​ក្នុងវេលា​វិកាល ១ មិន​គប្បី​ទ្រទ្រង់​ផ្កាកម្រង មិន​គប្បី​ប្រស់ព្រំ​ដោយ​គ្រឿង​ក្រអូប ១ គប្បី​ដេក​លើគ្រែ លើ​ផែនដី ឬ​លើ​កម្រាល ១ ព្រះពុទ្ធ​ព្រះអង្គ​ដល់​នូវទីបំផុត​នៃទុក្ខ ទ្រង់​ប្រកាសហើយ នូវ​ឧបោសថ ដែល​ប្រកប​ដោយអង្គ ៨ ប្រការ​នេះឯង សភាវៈ​ទាំង​ឡាយ​ពីរ គឺ​ព្រះចន្ទ ១ ព្រះអាទិត្យ ១ ជា​សភាវៈ​ល្អមើល កាលបំភ្លឺលោក រមែង​ចរ​ទៅ​អស់​ទីត្រឹម​ណា ព្រះចន្ទ និង​ព្រះអាទិត្យ​ទាំងនោះ ដែល​កំចាត់បង់​នូវងងឹត ចរទៅ​ក្នុង​អាកាស ញុំាងទិស​ឲ្យរុងរឿង​ភ្លឺច្បាស់​ក្នុង​អាកាស អស់ទី​ត្រឹមនោះ ទ្រព្យ​ណា មានក្នុង​ចន្លោះនេះ គឺ​កែវមុក្តា​ក្តី កែវមណី​ក្តី កែវពិទូរ្យ​ដ៏ល្អក្តី មាស​ឈ្មោះ​សិង្គីក្តី ឈ្មោះ​សុវណ្ណ​ក្តី ឬ​មាសឈ្មោះ​កាញ្ចនៈ​ក្តី ឈ្មោះ​ជាតរូប​ក្តី ឈ្មោះ​ហដកៈ​ក្តី ទ្រព្យ​ទាំង​អម្បាល​នោះ មិនដល់​នូវ​ចំណិត​មួយក្នុង​ចំណែក ១៦ ៗ លើក​នៃឧបោសថ ដែល​ប្រកប​ដោយ​អង្គ៨ ប្រការ​ឡើយ ដូចជា​ពួកផ្កាយ​ទាំង​អស់ មិនដល់​នូវពន្លឺ​នៃព្រះចន្ទ ហេតុដូច្នោះ ស្រ្តីក្តី បុរសក្តី ជាអ្នក​មាន​សីល គួរ​ចាំរក្សា​នូវ​ឧបោសថ​ ប្រកប​ដោយអង្គ ៨ ប្រការ ពួកជន​ដែលមិន​មាន​គេនិន្ទា បំពេញ​នូវបុណ្យ​ទាំងឡាយ ដែលមាន​សេចក្តី​សុខ​ជាកម្រៃ រមែងចូល​ទៅកាន់​ឋានសួគ៌​បាន។

វិសាខាសូត្រ ទី៣

(៣. វិសាខាសុត្តំ)

[៤៣] សម័យមួយ ព្រះដ៏មានព្រះភាគ កាលគង់នៅ​នាប្រាសាទ​មិគារមាតា ក្នុង​បុព្វារាម ជិតក្រុង​សាវត្ថី។ គ្រានោះ នាង​វិសាខា​ជាមិគារមាតា ចូលទៅគាល់​ព្រះដ៏មាន​ព្រះភាគ លុះចូល​ទៅដល់ ក្រាបថ្វាយ​បង្គំ​ព្រះដ៏មានព្រះភាគ ហើយ​អង្គុយ​​ក្នុងទី​សមគួរ។ លុះ​វិសាខា ជាមិគារមាតា អង្គុយក្នុង​ទីសមគួរ​ហើយ ទើប​ព្រះដ៏មាន​ព្រះភាគ ​ទ្រង់ត្រាស់​ដូចនេះ​ថា ម្នាល​វិសាខា ឧបោសថ ប្រកប​ដោយអង្គ ៨ ប្រការ ដែលបុគ្គល​ចាំរក្សា​ហើយ រមែង​មានផល​ច្រើន មានអានិសង្ស​ច្រើន មានសេចក្តី​​រុងរឿងច្រើន មាន​សេចក្តី​ផ្សាយ​ទៅ​ច្រើន។ ម្នាល​វិសាខា ចុះ​ឧបោសថ ​ប្រកប​​ដោយអង្គ ៨ ប្រការ ដែលបុគ្គល​ចាំរក្សា​ហើយ រមែងមាន​ផលច្រើន មាន​អានិសង្ស​ច្រើន មានសេចក្តី​រុងរឿងច្រើន មានសេចក្តី​ផ្សាយ​ទៅច្រើន តើដោយ​ប្រការ​​​​​​ដូចម្តេច។ ម្នាលវិសាខា អរិយសាវក ក្នុងសាសនានេះ ពិចារណា​ថា ព្រះអរហន្តទាំងឡាយ លះបង់​បាណាតិបាត វៀរចាកបាណាតិបាត មានអាជ្ញា​ដាក់ចុះហើយ មាន​គ្រឿង​សស្រ្តា​ដាក់ចុះហើយ មានសេចក្តី​ខ្មាសបាប មានសេចក្តី​អាណិត មាន​សេចក្តី​អនុគ្រោះ ដោយ​ប្រយោជន៍ ដល់​សព្វសត្វ ដរាប​អស់ជីវិត​ ក្នុងថ្ងៃនេះ ចំណែក​ខ្លួនអញ លះបង់​បាណាតិបាត វៀរចាក​បាណាតិបាត មាន​អាជ្ញាដាក់​ចុះហើយ មានគ្រឿង​សស្រ្តា​ដាក់​ចុះហើយ មានសេចក្តី​ខ្មាស​បាប មានសេចក្តី​អាណិត មានសេចក្តី​អនុគ្រោះ​ដោយ​ប្រយោជន៍ ដល់សព្វសត្វ អស់យប់នេះ និង​ថ្ងៃនេះដែរ យក​តម្រាប់​ព្រះអរហន្ត​ទាំងឡាយ​ផង ខ្លួនអញ​នឹងចាំ​រក្សា​ឧបោសថ​ផង ដោយអង្គ​នេះឯង។ ឧបោសថ ប្រកប​ដោយ​អង្គ ទី១ នេះឯង។បេ។ ព្រះអរហន្ត​ទាំងឡាយ លះបង់​នូវសេនាសនៈ​ដ៏ខ្ពស់ និង​សេនាសនៈ​ដ៏ប្រសើរ វៀរចាក​សេនាសនៈ​ដ៏ខ្ពស់ និងសេនាសនៈ​ដ៏ប្រសើរ សម្រេច​នូវទីដេក​ដ៏ទាប លើគ្រែក្តី លើកម្រាល​ដែលគេធ្វើ​ដោយ​ស្មៅក្តី ដរាប​អស់ជីវិត ក្នុង​ថ្ងៃនេះ ចំណែក​ខ្លួនអញ លះបង់​សេនាសនៈ​ដ៏ខ្ពស់ និងសេនាសនៈ​ដ៏ប្រសើរ វៀរចាក​សេនាសនៈ​ដ៏ខ្ពស់ និងសេនាសនៈ​ដ៏ប្រសើរ សម្រេចនូវ​ទីដេកដ៏ទាប លើគ្រែ​ក្តី លើ​កម្រាល ដែលគេធ្វើ​ដោយស្មៅក្តី អស់យប់នេះ និង​ថ្ងៃនេះដែរ យកតម្រាប់​ព្រះអរហន្ត​ទាំងឡាយ​ផង ខ្លួនអញ​នឹងចាំរក្សា​ឧបោសថ​ផង ដោយអង្គ​នេះឯង។ ឧបោសថ ប្រកប​ដោយអង្គ ទី៨ នេះឯង។ ម្នាល​វិសាខា ឧបោសថ ប្រកប​ដោយអង្គ ៨ ប្រការ ដែលបុគ្គល​ចាំរក្សា​យ៉ាង​នេះហើយ រមែង​មានផលច្រើន មាន​អានិសង្ស​ច្រើន មានសេចក្តី​រុង​រឿង​ច្រើន មានសេចក្តី​ផ្សាយទៅច្រើន។

ឧបោសថ មានផលច្រើន​ដូចម្តេច មាន​អានិសង្សច្រើន ដូចម្តេច មាន​សេចក្តី​រុងរឿង​ច្រើន ដូចម្តេច មាន​សេចក្តី​ផ្សាយទៅច្រើន ដូចម្តេច។ ម្នាលវិសាខា ប្រៀប​ដូច​បុគ្គល​សោយរាជ្យ ជាឥស្សរាធិបតី​នៃ​មហាជនបទ ទាំង ១៦ នេះ ដែលជា​ជនបទ​សម្បូរ​ដោយកែវ ៧ ប្រការ គឺ​មហាជនបទ ឈ្មោះ​អង្គៈ ១ មគធៈ ១ កាសី ១ កោសលៈ ១ វជ្ជី ១ មល្លៈ ១ ចេតី ១ វំសៈ ១ កុរុ ១ បញ្ចាលៈ ១ មច្ឆៈ ១ សូរសេនៈ ១ អស្សកៈ ១ អវន្តី ១ គន្ធារៈ ១ កម្ពោជៈ ១ រាជសម្បត្តិនៃ​មហាជនបទ​ទាំងនុ៎ះ មិន​ដល់​នូវចំណិត ១ ក្នុង​ចំណិត​ ទី១៦ ៗ លើក​នៃឧបោសថ​ ដែលប្រកប​ដោយអង្គ ៨ ប្រការ​ឡើយ។ ដំណើរនោះ ព្រោះ​ហេតុអ្វី។ ម្នាល​វិសាខា រាជសម្បត្តិ​របស់មនុស្ស ជារបស់​ស្តួចស្តើង ហើយយកទៅ​ប្រៀបធៀបនឹង​សេចក្តីសុខ​ជា​របស់ទិព្យ។ ម្នាលវិសាខា ៥០​ឆ្នាំរបស់មនុស្ស ត្រូវ​ជា ១យប់ ១ថ្ងៃ របស់​ចាតុម្មហារាជិក​ទេវតា រាប់រាត្រីនោះ​បាន ៣០រាត្រី ត្រូវជា ១ខែ រាប់ខែ​នោះ​បាន ១២ខែ ត្រូវជា ១ឆ្នាំ រាប់ឆ្នាំ​នោះបាន ៥០០ឆ្នាំទិព្យ ត្រូវជា​ប្រមាណ​នៃអាយុ​របស់​ពួក​ចាតុម្មហារាជិក​ទេវតា។ ម្នាលវិសាខា ហេតុនេះ រមែងមាន ត្រង់ដែលស្រ្តី ឬបុរសពួកខ្លះ ក្នុងលោកនេះ ចាំរក្សានូវ​ឧបោសថ ​ប្រកប​ដោយអង្គ ៨ ប្រការ លុះបែកធ្លាយ​រាងកាយ​ស្លាប់ទៅ រមែង​ទៅកើត​​ជាមួយនឹង​​​​ពួកចាតុម្មហារាជិក​ទេវតា។ ម្នាល​វិសាខា រាជសម្បត្តិ​របស់​​​មនុស្ស​​នេះឯង ជារបស់​ស្តួចស្តើង ហើយយក​ទៅប្រៀបធៀប​នឹង​សេចក្តីសុខ​ជា​របស់​ទិព្យ ដែលតថាគត​សំដែងហើយ ព្រោះអាស្រ័យ​ហេតុនេះ។ ម្នាល​វិសាខា ១០០ឆ្នាំ របស់​មនុស្ស ត្រូវជា ១យប់ ១ថ្ងៃ របស់​ពួកតាវត្តិង្ស​ទេវតា រាប់រាត្រី​នោះបាន ៣០រាត្រី ត្រូវជា ១ខែ រាប់ខែនោះ​បាន ១២ខែ ត្រូវជា ១ឆ្នាំ រាប់ឆ្នាំនោះបាន ១០០០ឆ្នាំទិព្យ ត្រូវជា​ប្រមាណ​នៃអាយុ​របស់​តាវត្តិង្ស​ទេវតា។ ម្នាល​វិសាខា ហេតុនេះ រមែងមាន ត្រង់ដែល​ស្រ្តី ឬបុរស​ពួកខ្លះ ក្នុងលោកនេះ ចាំរក្សា​​ឧបោសថ ​ប្រកប​ដោយអង្គ ៨ ប្រការ លុះបែក​ធ្លាយរាង​កាយ​ស្លាប់ទៅ រមែងចូលទៅកើត​ជាមួយនឹង​ពួក​តាវត្តិង្សទេវតា។ ម្នាល​វិសាខា រាជសម្បត្តិ​របស់មនុស្ស​នេះឯង ស្តួចស្តើង ហើយយក​ទៅ​ប្រៀបធៀប​នឹង​សេចក្តី​សុខ ជា​របស់ទិព្យ ដែល​តថាគត​សំដែងហើយ ព្រោះអាស្រ័យ​​ហេតុនេះ។ ម្នាល​វិសាខា ២០០ឆ្នាំ​របស់​មនុស្ស។បេ។ ៤០០ឆ្នាំ។បេ។ ៨០០​ឆ្នាំ។បេ។ ១៦០០ ឆ្នាំ ត្រូវជា ១យប់ ១ថ្ងៃ របស់​ពួក​បរនិម្មិតវសវត្តី​ទេវតា រាប់​រាត្រីនោះបាន ៣០រាត្រី ត្រូវជា ១ខែ រាប់ខែ​នោះបាន ១២ខែ ត្រូវ​ជា ១ឆ្នាំ រាប់ឆ្នាំ​នោះបាន ១៦០០០ (មួយហ្មឺន​ប្រាំមួយពាន់) ឆ្នាំទិព្យ ត្រូវជា​ប្រមាណ​នៃអាយុ របស់ពួក​បរនិម្មិតវសវត្តី​ទេវតា។ ម្នាល​វិសាខា ហេតុនេះ រមែងមាន ត្រង់ដែល​ស្រ្តី ឬបុរស​ពួកខ្លះ ក្នុងលោកនេះ ចាំរក្សា​ឧបោសថ ប្រកប​ដោយអង្គ ៨ ប្រការ លុះ​បែកធ្លាយ​រាងកាយ​ស្លាប់ទៅ រមែងទៅកើត​ជាមួយនឹង​ពួក​បរនិម្មិតវសវត្តី​ទេវតា។ ម្នាល​វិសាខា រាជសម្បត្តិ​​របស់​មនុស្ស​​​នេះឯង ជារបស់​ស្តួចស្តើង ហើយយក​ទៅប្រៀបធៀប​នឹង​សេចក្តី​សុខ ជា​របស់ទិព្យ ដែល​តថាគត​សំដែង​ហើយ ព្រោះអាស្រ័យ​ហេតុនេះ។

បុគ្គលមិនគប្បី​សម្លាប់សត្វ ១ មិនគប្បីកាន់​យកវត្ថុ​ដែលគេ​មិនបានឲ្យ ១ មិនគប្បី​ពោលពាក្យ​កុហក ១ មិនគប្បី​ផឹកទឹកស្រវឹង ១ គប្បី​វៀរចាក​ការ​ប្រព្រឹត្តិ​មិន​ប្រសើរ គឺ​មេថុន ១ មិន​គប្បី​បរិភោគ​ភោជន ក្នុង​វេលារាត្រី​ និង​ក្នុងវេលា​វិកាល ១ មិន​គប្បី​ទ្រទ្រង់​នូវផ្កាកម្រង មិន​គប្បី​ប្រស់ព្រំ​ដោយ​គ្រឿង​ក្រអូប ១ គប្បី​ដេកលើ​គ្រែ លើ​ផែនដី ឬ​លើ​កម្រាល ១ ព្រះពុទ្ធ ព្រះអង្គ​ដល់នូវ​ទីបំផុត​នៃទុក្ខ ទ្រង់ប្រកាស​ហើយ នូវ​ឧបោសថ​​ប្រកប​ដោយ​អង្គ ៨ ប្រការនេះឯង សភាវៈ​ទាំងឡាយ​ពីរ គឺ​ព្រះចន្ទ ១ ព្រះអាទិត្យ ១ ជាសភាវៈ​ល្អមើល កាល​បំភ្លឺលោក រមែង​ចរ​ទៅ​ អស់ទី​ត្រឹមណា ព្រះចន្ទ និង​ព្រះអាទិត្យ​ទាំងនោះ ដែល​កំចាត់​បង់​នូវ​ងងឹត ចរ​ទៅ​ក្នុង​អាកាស ញុំាងទិស​ឲ្យរុងរឿង​ភ្លឺច្បាស់ ក្នុង​អាកាស អស់ទី​ត្រឹមនោះ ទ្រព្យណា មាន​ក្នុង​ចន្លោះ​នេះ គឺ​កែវមុក្តា​ក្តី កែវមណី​ក្តី កែវពិទូរ្យ​ដ៏ល្អក្តី មាសឈ្មោះ​សិង្គី​ក្តី ឈ្មោះ​សុវណ្ណក្តី ឬមាសឈ្មោះ​កាព្ចានៈ​ក្តី ឈ្មោះ​ជាតរូប​ក្តី ឈ្មោះ​ហដកៈ​ក្តី ទ្រព្យ​ទាំង​អម្បាល​នោះ មិនដល់​នូវ​ចំណិត​ ១ ក្នុង​ចំណែក ១៦ ៗ លើក នៃ​ឧបោសថ ដែល​​ប្រកប​ដោយអង្គ ៨ ប្រការ​ឡើយ ដូចជា​ពួកផ្កាយ​ទាំងអស់ មិនដល់​នូវពន្លឺ នៃ​ព្រះចន្ទ ហេតុដូច្នោះ ស្រ្តីក្តី បុរសក្តី ជាអ្នក​មានសីល គួរចាំ​រក្សា​នូវ​ឧបោសថ ប្រកប​ដោយអង្គ ៨ ប្រការ ពួកជន​ដែលមិន​មាន​គេនិន្ទា បំពេញ​នូវ​បុណ្យ ដែល​មាន​សេចក្តីសុខ​ជាកម្រៃ រមែង​ចូលទៅកាន់​ឋានសួគ៌​បាន។

វាសេដ្ឋសូត្រ ទី៤

(៤. វាសេដ្ឋសុត្តំ)

[៤៤] សម័យមួយ ព្រះដ៏មានព្រះភាគ កាលគង់នៅ​ក្នុង​កូដាគារសាលា នា​ព្រៃ​មហាវន ជិតក្រុង​វេសាលី។ គ្រានោះ វាសេដ្ឋឧបាសក (ឧបាសក​ឈ្មោះ​វាសេដ្ឋ) ចូលទៅគាល់​ព្រះដ៏មានព្រះភាគ លុះចូល​ទៅដល់ ក្រាបថ្វាយ​បង្គំ​ព្រះដ៏មានព្រះភាគ ហើយ​ក៏អង្គុយ​​ក្នុងទីសមគួរ។ លុះវាសេដ្ឋ​ឧបាសក អង្គុយក្នុង​ទីសមគួរ​ហើយ ព្រះដ៏មាន​ព្រះភាគ ទ្រង់ត្រាស់​ដូច្នេះ​ថា ម្នាល​វាសេដ្ឋ ឧបោសថ​ប្រកប​ដោយអង្គ ៨ ដែល​បុគ្គល​ចាំ​រក្សា​ហើយ រមែងមាន​ផលច្រើន។បេ។ ពួកជនដែល​គេមិន​និន្ទា តែងទៅកាន់​ឋានសួគ៌។ កាល​ដែល​ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់​យ៉ាងនេះហើយ វាសេដ្ឋឧបាសក បាន​ក្រាបបង្គំទូល​ព្រះដ៏មានព្រះភាគ​ដូច្នេះថា បពិត្រ​ព្រះអង្គ​​ដ៏ចំរើន ពួកញាតិ​សាលោហិត ជាទី​ស្រឡាញ់ របស់ខ្ញុំ​ព្រះអង្គ គប្បីរក្សា​ឧបោសថ​​ប្រកប​ដោយអង្គ ៨ ការ​រក្សា​ឧបោសថ​នោះ គប្បី​ប្រព្រឹត្ត​ទៅ ដើម្បី​ជាប្រយោជន៍ ដើម្បី​សេចក្តីសុខ ដល់​ពួកញាតិ​សាលោហិត ជាទី​ស្រឡាញ់ របស់ខ្ញុំ​ព្រះអង្គ អស់​កាល​យូរ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ប្រសិនបើ​ពួក​ក្សត្រិយ៍​ទាំង​ពួង គប្បី​ចាំរក្សា​ឧបោសថ​​​​ប្រកប​ដោយ​អង្គ ៨ ការរក្សា​ឧបោសថ​នោះ គប្បី​ប្រព្រឹត្តទៅ ដើម្បី​ប្រយោជន៍ ដើម្បី​សេចក្តី​សុខ ដល់​ពួក​ក្សត្រយ៍​ទាំងពួង អស់​កាលយូរ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ប្រសិនបើ​ពួកព្រាហ្មណ៍​ទាំងពួង។បេ។ ពួកវេស្សៈ សុទ្ទៈ គប្បី​ចាំ​រក្សា​ឧបោសថ​​ប្រកបដោយ​អង្គ ៨ ការរក្សា​ឧបោសថ​នោះ គប្បីប្រព្រឹត្ត​ទៅ ដើម្បី​ប្រយោជន៍ ដើម្បី​​សេចក្តីសុខ ដល់​ពួកសុទ្ទៈ​ទាំងពួង អស់​កាលយូរ។ ម្នាលវាសេដ្ឋ ប្រសិនបើ​ពួកក្សត្រិយ៍ទាំងពួង គប្បីចាំ​រក្សា​ឧបោសថ​ប្រកប​ដោយអង្គ ៨ ការរក្សា​ឧបោសថ​នោះ គប្បី​ប្រព្រឹត្តទៅ ដើម្បី​ប្រយោជន៍ ដើម្បី​សេចក្ដីសុខ ដល់ពួក​ក្សត្រិយ៍​ទាំងពួង អស់​កាលយូរ។ ម្នាល​វាសេដ្ឋ ប្រសិនបើ​ពួក​ព្រាហ្មណ៍​ទាំងពួង។បេ។ ពួកវេស្សៈ សុទ្ទៈ គប្បី​ចាំរក្សា​ឧបោសថ ប្រកប​ដោយ​អង្គ ៨ ហើយ ការរក្សា​ឧបោសថ​នោះ គប្បី​ប្រព្រឹត្តទៅ ដើម្បី​ប្រយោជន៍ ដើម្បី​សេចក្តី​សុខ ដល់​ពួក​សុទ្ទៈ​ទាំងពួង អស់​កាល​យូរ។ ម្នាល​វាសេដ្ឋ ប្រសិនបើ​លោក (នេះ) ព្រមទាំង​ទេវលោក មារលោក ព្រហ្មលោក ពពួកសត្វ ព្រមទាំង​សមណ​ព្រាហ្មណ៍​ទាំង​មនុស្ស ជាសម្មតិទេព និងមនុស្ស​ដ៏សេស គប្បីចាំរក្សា​ឧបោសថ​​ប្រកប​ដោយអង្គ ៨ ការ​រក្សា​ឧបោសថ​នោះ គប្បី​ប្រព្រឹត្តទៅ ដើម្បី​ប្រយោជន៍ ដើម្បី​​សេចក្តីសុខ ដល់​លោក ព្រមទាំង​ទេវលោក មារលោក ព្រហ្មលោក ដល់ពពួកសត្វ ព្រមទាំង​សមណ​ព្រាហ្មណ៍​ ទាំង​មនុស្ស ជាសម្មតិទេព និងមនុស្ស​ដ៏សេស អស់​កាលយូរ។ ម្នាល​វាសេដ្ឋ ប្រសិនបើ​ដើម​មហាសាលព្រឹក្ស​ទាំងនេះ គប្បី​ចាំរក្សា​ឧបោសថ​​ប្រកប​ដោយអង្គ ៨ ការ​រក្សា​ឧបោសថ​នោះ គប្បី​ប្រព្រឹត្តទៅ ដើម្បី​ប្រយោជន៍ ដើម្បី​​សេចក្តីសុខ ដល់​ដើម​មហាសាលព្រឹក្ស​ទាំងនេះ អស់កាលយូរ ប្រសិនបើ​ឈើទាំងនេះ ចេះគិត ចាំបាច់​ទៅ​និយាយ​ថ្វី ដល់មនុស្ស។

ពោជ្ឈសូត្រ ទី៥

(៥. ពោជ្ឈសុត្តំ)

[៤៥] សម័យមួយ ព្រះដ៏មានព្រះភាគ កាលគង់នៅក្នុង​វត្តជេតពន របស់​អនាថ​បិណ្ឌិកសេដ្ឋី ជិត​ក្រុង​សាវត្ថី។ គ្រានោះ នាង​ពោជ្ឈាឧបាសិកា (ឧបាសិកា​ឈ្មោះ​ពោជ្ឈា) ចូល​ទៅគាល់​ព្រះដ៏មានព្រះភាគ លុះចូល​ទៅដល់ ក្រាប​ថ្វាយបង្គំ​ព្រះដ៏មានព្រះភាគ​ ហើយ​អង្គុយ​ក្នុងទី​សមគួរ។ លុះនាង​ពោជ្ឈា​ឧបាសិកា អង្គុយ​ក្នុងទី​សមគួរហើយ ព្រះដ៏មាន​ព្រះភាគ ទ្រង់ត្រាស់​ដូច្នេះថា ម្នាល​នាង​ពោជ្ឈា​ ឧបោសថ​ប្រកប​ដោយអង្គ ៨ ដែលបុគ្គល​ចាំរក្សា​ហើយ រមែង​មានផលច្រើន មានអានិសង្ស​ច្រើន មាន​ការ​រុងរឿង​ច្រើន មាន​គុណផ្សាយទៅ​ច្រើន។ ម្នាល​នាង​ពោជ្ឈា ចុះ​ឧបោសថ​ប្រកបដោយ​អង្គ ៨ ដែល​បុគ្គល​ចាំរក្សា​ហើយ រមែង​មាន​ផលច្រើន មានអានិសង្ស​ច្រើន មាន​ការរុង​រឿង​ច្រើន មានការផ្សាយ​ទៅច្រើន តើដូចម្ដេច។ ម្នាល​នាងពោជ្ឈា អរិយសាវក ក្នុង​សាសនា​នេះ ពិចារណា​ថា ព្រះអរហន្ដ​ទាំងឡាយ លះបង់​បាណាតិបាត វៀរចាក​បាណាតិបាត ដាក់ចុះ​នូវអាជ្ញា ដាក់ចុះនូវគ្រឿង​សស្រ្ដា មានសេចក្ដី​អៀនខ្មាស ដល់នូវ​ការ​អាណិត អនុគ្រោះ​ដោយប្រយោជន៍ ដល់សត្វ​ទាំងអស់ ដរាប​ដល់អស់​ជីវិត ក្នុង​ថ្ងៃ​នេះ ចំណែក​អាត្មាអញ បាន​លះបង់​បាណាតិបាត វៀរចាក​បាណាតិបាត ដាក់ចុះ​នូវអាជ្ញា ដាក់ចុះនូវ​គ្រឿងសស្រ្ដា មានសេចក្ដី​អៀនខ្មាស ដល់នូវ​ការអាណិត អនុគ្រោះ​ដោយ​ប្រយោជន៍ ដល់សត្វ​ទាំងអស់ អស់យប់​នេះ និង​ថ្ងៃនេះ​ដែរ ធ្វើតាម​ព្រះអរហន្ដ​ទាំងឡាយ​ផង ឧបោសថ​អាត្មាអញ នឹង​ចាំរក្សា​ហើយផង ដោយ​អង្គនេះ។ អរិយសាវក​ប្រកប​ដោយអង្គ ទី១នេះ។បេ។ ព្រះ​អរហន្ដ​ទាំងឡាយ លះបង់ទីដេក ទីអង្គុយ​ដ៏ខ្ពស់​ហួស​ប្រមាណ និង​ទីដេក​ទីអង្គុយ​ដ៏ប្រសើរ វៀរចាក​ទីដេក ទីអង្គុយ​ដ៏ខ្ពស់​ហួស​ប្រមាណ និងទីដេក​ ទីអង្គុយ​ដ៏ប្រសើរ សម្រេច​ការដេក​លើអាសនៈ​ទាប គឺ​លើគ្រែ ឬ​លើ​កម្រាល​ស្មៅ ដរាប​អស់ជីវិត ក្នុងថ្ងៃនេះ ចំណែក​អាត្មាអញ បាន​លះបង់​ទីដេក ទីអង្គុយ​ដ៏ខ្ពស់​ហួស​ប្រមាណ និង​ទីដេក ទី​អង្គុយ​ដ៏ប្រសើរ វៀរចាក​ទីដេក ទីអង្គុយ​ខ្ពស់​ហួស​ប្រមាណ និង​ទីដេក ទីអង្គុយ​ដ៏ប្រសើរ សម្រេច​ការដេក​លើអាសនៈ​ទាប គឺ​លើគ្រែ ឬ​លើ​កម្រាល​ស្មៅ អស់យប់នេះ និងថ្ងៃនេះដែរ ធ្វើតាម​ព្រះអរហន្ដ​ទាំងឡាយ​នេះផង ឧបោសថ អាត្មាអញ​នឹង​ចាំរក្សា​ហើយផង ដោយ​អង្គនេះឯង។ អរិយសាវក​ប្រកប​ដោយអង្គ ទី៨ នេះ។ ម្នាល​នាង​ពោជ្ឈា ឧបោសថ​ប្រកបដោយ​អង្គ ៨ ដែល​បុគ្គល​ចាំរក្សា​យ៉ាងនេះហើយ រមែង​មានផលច្រើន មាន​អានិសង្ស​ច្រើន មានការ​រុងរឿង​ច្រើន មានគុណ​ផ្សាយទៅច្រើន។ ឧបោសថមាន​ផល​ច្រើន​ប៉ុនណា មាន​អានិសង្ស​ច្រើន​ប៉ុន​ណា មានការរុងរឿង​ច្រើនប៉ុនណា មាន​គុណ​ផ្សាយ​ទៅ​ច្រើន​ប៉ុនណា។ ម្នាលនាង​ពោជ្ឈា ប្រៀបដូចជា​បុគ្គលណា​សោយរាជ្យ ជាឥស្សរាធិបតី​លើមហាជនបទ​ទាំង ១៦ នេះ ដែល​សម្បូណ៌​ដោយរតនៈ (ទ្រព្យជា​គ្រឿងរីករាយ) ទាំង៧ ប្រការ គឺ​មហាជនបទ​ឈ្មោះ​អង្គៈ ១ មគធៈ ១ កាសី ១ កោសលៈ ១ វជ្ជី ១ មល្លៈ ១ ចេតី១ វង្សៈ ១ កុរុ ១ បញ្ចាលៈ ១​មច្ឆៈ ១ សូរសេនៈ ១ អស្សកៈ ១ អវន្ដី ១ គន្ធារៈ ១ កម្ពោជៈ ១ ឯភោគសម្បទ​ទាំងនុ៎ះ មិនដល់នូវ​ចំណិត​នៃចំណែក ១៦ ៗ លើក​នៃឧបោសថ ដែល​ប្រកប​ដោយអង្គ ៨ ឡើយ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាល​នាង​ពោជ្ឈា (ព្រោះថា) រាជសម្បតិ្ត​របស់​មនុស្ស ជារបស់​ស្ដួចស្ដើង ហើយប្រៀបផ្ទឹមនឹង​សុខជាទិព្វ។ ម្នាលនាង​ពោជ្ឈា ព្រោះថា ៥០ឆ្នាំ​របស់មនុស្ស ជា ១យប់ ១ថ្ងៃ​របស់ពួក​ទេវតា​ជាន់​ចាតុម្មហារាជិកៈ រាប់​រាត្រីនោះ​បាន ៣០រាត្រី ត្រូវជា ១ខែ រាប់ខែនោះ​បាន ​១២​ខែ ត្រូវជា ១ឆ្នាំ រាប់ឆ្នាំ​នោះ​បាន ៥០០​ឆ្នាំ​ទិព្វ ត្រូវជា​ប្រមាណ​នៃអាយុ​របស់​ពួក​ទេវតា​ជាន់​ចាតុម្មហារាជិកៈ។ ម្នាល​នាង​ពោជ្ឈា ហេតុនេះ រមែង​មានប្រាកដ ត្រង់ដែល​ស្រ្ដី ឬបុរសពួកខ្លះ ក្នុងលោកនេះ ចាំរក្សា​ឧបោសថ​ប្រកបដោយ​អង្គ ៨ ហើយ លុះទំលាយ​រាងកាយ​ស្លាប់ទៅ គប្បីទៅកើត​ជាមួយ​នឹង​ពួកទេវតា​ជាន់​ចាតុម្មហារាជិកៈ។ ម្នាលនាង​ពោជ្ឈា ពាក្យដែល​តថាគត​សំដែង​ហើយ​ថា រាជសម្បតិ្ត​របស់មនុស្ស ជារបស់​ស្ដួចស្ដើង ប្រៀប​ផ្ទឹមដោយសុខ​ជាទិព្វនេះ ព្រោះ​សំដៅ​នូវហេតុនុ៎ះ។ ម្នាលនាង​ពោជ្ឈា ១០០ឆ្នាំ​របស់មនុស្ស។បេ។ ម្នាលនាង​ពោជ្ឈា ២០០ឆ្នាំ​របស់​មនុស្ស។បេ។ ៤០០ឆ្នាំ។បេ។ ៨០០ឆ្នាំ។បេ។ ១៦០០ឆ្នាំ (របស់មនុស្ស) ត្រូវជា​១យប់ ១ថ្ងៃ​របស់ពួកទេវតា​ជាន់​បរនិមិ្មតវសវត្តី រាប់រាត្រី​នោះបាន ៣០រាត្រី ត្រូវជា ១ខែ រាប់ខែ​នោះបាន ១២ ត្រូវជា ១ឆ្នាំ រាប់ឆ្នាំនោះបាន ១៦០០០ឆ្នាំ​ទិព្វ ត្រូវជា​ប្រមាណ​នៃ​អាយុ​របស់ពួក​ទេវតា​ជាន់​បរនិមិ្មតវសវត្តី។ ម្នាលនាង​ពោជ្ឈា ហេតុនេះ រមែងមាន​ពិត​ប្រាកដ ត្រង់ដែលស្រ្ដី ឬបុរសពួកខ្លះ ក្នុងលោកនេះ ចាំរក្សា​ឧបោសថ​ប្រកបដោយ​អង្គ ៨ហើយ លុះទំលាយ​រាងកាយ​ស្លាប់ទៅ គប្បីទៅកើត​ជាមួយនឹងពួក​ទេវតាជាន់​បរនិមិ្មតវសវត្តី។ ម្នាលនាង​ពោជ្ឈា ពាក្យ​ដែលតថាគត​សំដែង​ហើយថា រាជសម្បតិ្ត របស់​មនុស្ស ជារបស់​ស្ដួចស្ដើង ប្រៀបផ្ទឹម​ដោយសុខ​ជាទិព្យនេះ ព្រោះសំដៅ​នូវ​ហេតុនុ៎ះ។

បុគ្គល​កុំគប្បីសម្លាប់​សត្វ ១ កុំគប្បី​កាន់យកទ្រព្យ​ដែលគេមិនបាន​ឲ្យ ១ កុំគប្បី​ពោលពាក្យ​កុហក ១ កុំគប្បី​ផឹកទឹកស្រវឹង ១ គប្បី​វៀរចាក​អព្រហ្មចរិយៈ គឺមេថុន ១ កុំគប្បីបរិភោគ​ភោជន​ក្នុងវេលារាត្រី និង​វេលា​វិកាល ១ កុំគប្បី​ទ្រទ្រង់​ផ្កា​កម្រង កុំគប្បី​លាបគ្រឿង​ក្រអូប ១ គប្បីដេក​លើគ្រែ លើផែនដី ឬ​លើកម្រាល ១ ព្រោះថា ឧបោសថ​ប្រកបដោយអង្គ ៨នេះ ព្រះពុទ្ធ​ទ្រង់ដល់​នូវទីបំផុត​នៃទុក្ខ ទ្រង់ប្រកាស​ហើយ ព្រះចន្ទ និង​ព្រះ​អាទិត្យ​ទាំង​២ ជារបស់ល្អ​មើល កាលចរទៅ​បំភ្លឺ​ត្រឹមណា ព្រះចន្ទ និង​ព្រះអាទិត្យ​ទាំងពីរនោះ តែងកំចាត់​បង់នូវ​ងងឹត ត្រាច់ទៅក្នុង​អាកាស ភ្លឺ​ក្នុងអាកាស រុងរឿង​សព្វទិស ទ្រព្យណា​ដែលមាន​ក្នុង​ចន្លោះនុ៎ះ គឺ​កែវមុក្ដា កែវមណី កែវពិទូរ្យដ៏ល្អ ម្យ៉ាងទៀត មាសឈ្មោះ​សិង្គី ឈ្មោះ​សុវណ្ណ ឬ​មាស​ ឈ្មោះកាញ្ចនៈ ឈ្មោះ​ជាតរូប ឈ្មោះ​ហដកៈ របស់​ទាំងអស់នោះ ក៏មិន​ដល់នូវ ១ ចំណិត​នៃ​ចំណែក ១៦ ៗ លើក នៃឧបោសថ ប្រកប​ដោយអង្គ ៨ ដូចជា​ពួកផ្កាយ​ទាំងអស់ មិនដល់​នូវពន្លឺ​នៃព្រះចន្ទ ព្រោះ​ហេតុនោះ ជនស្រីប្រុស អ្នក​មានសីល គួររក្សាឧបោសថ ប្រកប​ដោយអង្គ ៨ ពួកជនដែល​គេ​មិននិន្ទា​ហើយ បំពេញបុណ្យ​ដែលជា​កម្រៃ​នៃ​សេចក្ដី​សុខ រមែង​ចូលទៅកាន់​ឋានសួគ៌​បាន។

អនុរុទ្ធសូត្រ ទី៦

(៦. អនុរុទ្ធសុត្តំ)

[៤៦] សម័យមួយ ព្រះដ៏មានព្រះភាគ កាលគង់នៅ​ឃោសិតារាម ទៀបក្រុង​កោសម្ពី។ សម័យនោះឯង ព្រះអនុរុទ្ធ​ដ៏មានអាយុ ចូលទៅកាន់​ទីនៅ ក្នុងវេលាថ្ងៃ សម្ងំ​នៅ។ គ្រានោះ ពួក​ទេវតា​ឈ្មោះ​មនាបកាយិកា ជាច្រើនអង្គ នាំគ្នាចូលទៅ​រកព្រះអនុរុទ្ធ លុះ​ចូល​ទៅដល់ ថ្វាយបង្គំ​ព្រះអនុរុទ្ធ ហើយឋិតនៅ​ក្នុងទីសមគួរ។ លុះ​ទេវតា​ទាំងនោះ ឋិតនៅ​ក្នុងទី​សមគួរហើយ ក៏ពោលទៅ​នឹងព្រះអនុរុទ្ធ​ដ៏មានអាយុ ដូច្នេះ​ថា បពិត្រ​ព្រះ​អនុរុទ្ធ​ដ៏ចំរើន យើងខ្ញុំ​ជាពួកទេវតា ឈ្មោះ​មនាបកាយិកា ធ្វើឥស្សរិយភាព ញុំាង​អំណាច​ឲ្យ​ប្រព្រឹត្តទៅ ក្នុងហេតុ​ទាំង ៣ បពិត្រ​ព្រះអនុរុទ្ធ​ដ៏ចំរើន យើងខ្ញុំ​ប្រាថ្នានូវ​វណ្ណៈ​បែប​ណា ក៏បាននូវ​វណ្ណៈ​បែបនោះ​មួយរំពេច ១ ប្រាថ្នានូវ​សំឡេង​បែបណា ក៏បាន​នូវសំឡេង បែបនោះ​មួយរំពេច ១ ប្រាថ្នានូវសុខ​បែបណា ក៏បាន​នូវសុខ​បែបនោះ​មួយរំពេច ១ បពិត្រ​ព្រះអនុរុទ្ធដ៏ចំរើន យើងខ្ញុំ​ជាពួកទេវតា ឈ្មោះ​មនាបកាយិកា ធ្វើនូវ​ឥស្សរិយភាព ញុំាង​អំណាច​ឲ្យប្រព្រឹត្តទៅ ក្នុងហេតុ​ទាំង ៣នេះ។ លំដាប់នោះ ព្រះអនុរុទ្ធ​ដ៏មានអាយុ មាន​សេចក្ដី​ត្រិះរិះថា ធ្វើដូចម្ដេច​ហ្ន៎ នឹងបាន​ទេវតា​ទាំងនេះ ទៅជាខៀវ​ទាំងអស់ គឺ​មាន​សម្បុរ ក៏ខៀវ មានសំពត់ ក៏ខៀវ មានគ្រឿង​អលង្ការ ក៏ខៀវ។ វេលានោះ ទេវតា​ទាំងនោះ បាន​ដឹងចិត្ត​នៃព្រះអនុរុទ្ធ​ដ៏មានអាយុ ហើយក៏ទៅ​ជាខៀវ​ទាំងអស់ គឺ​មានសម្បុរ ក៏ខៀវ មានសំពត់ ក៏ខៀវ មានគ្រឿងអលង្ការ ក៏ខៀវ។ លំដាប់នោះ ព្រះអនុរុទ្ធដ៏មានអាយុ មាន​សេចក្ដី​ត្រិះរិះដូច្នេះថា ធ្វើដូចម្ដេចហ្ន៎ នឹងបាន​ទេវតាទាំងនេះ ទៅជាលឿង​ទាំង​អស់។បេ។ ទៅជា​ក្រហម​ទាំងអស់ ទៅជាស​ទាំងអស់ គឺ​មានសម្បុរ ក៏ស មានសំពត់ ក៏ស មាន​គ្រឿងអលង្ការ ក៏ស។ វេលានោះ ទេវតាទាំងនោះ បានដឹងចិត្ត​នៃព្រះអនុរុទ្ធ​ដ៏មានអាយុ​ហើយ ក៏ទៅជាសទាំងអស់ គឺ​មានសម្បុរ ក៏ស មានសំពត់ ក៏ស មាន​គ្រឿង​អលង្ការ ក៏ស។ លំដាប់នោះ ទេវតាទាំង​នោះ ១ អង្គច្រៀង ១ អង្គរាំ ១ អង្គទះដៃ។ ប្រៀប​ដូចតូរ្យតន្ត្រី​ប្រកបដោយអង្គ ៥ ដែល​បុគ្គលអ្នក​ឈ្លាសវៃ បាន​សិក្សា​ស្ទាត់​ ប្រគំ​ដោយ​ប្រពៃ ដេញដំ​ដោយប្រពៃ មានសំឡេង​ពីរោះផង គួរត្រេកអរ​ផង គួរប្រាថ្នា​ផង គួរ​ស្រឡាញ់​ផង គួររីករាយផង យ៉ាងណាមិញ សំឡេង​នៃគ្រឿងអលង្ការ របស់​ពួកទេវតា​ទាំងនោះ ពីរោះផង គួរត្រេកអរផង គួរប្រាថ្នាផង គួរស្រឡាញ់ផង គួររីករាយផង ក៏​យ៉ាងនោះ​ដែរ។ គ្រានោះ ព្រះអនុរុទ្ធដ៏មានអាយុ ដាក់ចុះនូវ​ឥន្រ្ទិយ​ទាំងឡាយ គឺ​ធ្វើ​ព្រងើយ។ លំដាប់នោះ ទេវតា​ទាំងនោះដឹងថា ព្រះអនុរុទ្ធ​ជាម្ចាស់ មិនត្រេកអរ​ ហើយ​បាត់​ក្នុងទី​នោះទៅ។ គ្រានោះ ព្រះអនុរុទ្ធដ៏មានអាយុ ចេញចាក​ទី​សម្ងំ នៅ​ក្នុង​សាយណ្ហសម័យ ហើយចូលទៅគាល់​ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំ​ព្រះដ៏មានព្រះភាគ ហើយអង្គុយ​ក្នុងទីសមគួរ។ លុះ​ព្រះអនុរុទ្ធដ៏​មានអាយុ អង្គុយ​ក្នុងទី​សមគួរហើយ ក៏ក្រាបបង្គំ​ទូល​ព្រះដ៏មានព្រះភាគ​ដូច្នេះ​ថា បពិត្រ​ព្រះអង្គដ៏ចំរើន ក្នុង​ទី​ឯណោះ ខ្ញុំព្រះអង្គ​ចូលទៅកាន់​ទីនៅ ក្នុងវេលាថ្ងៃ ហើយ​សម្ងំនៅ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន លំដាប់នោះ ពួកទេវតា ឈ្មោះ​មនាបកាយិកា ជាច្រើនអង្គ ចូលទៅរក​ខ្ញុំព្រះអង្គ លុះ​ចូល​ទៅដល់ ថ្វាយបង្គំ​ខ្ញុំព្រះអង្គ ហើយ​ឋិតនៅ​ក្នុង​ទីសមគួរ។ បពិត្រ​ព្រះអង្គដ៏ចំរើន លុះ​ទេវតាទាំងនោះ ឋិតនៅក្នុង​ទីសមគួរ​ហើយ ក៏ពោលទៅ​នឹង​ខ្ញុំព្រះអង្គ​ដូច្នេះថា បពិត្រ​ព្រះអនុរុទ្ធដ៏ចំរើន យើងខ្ញុំ​ជាពួក​ទេវតា ឈ្មោះ​មនាបកាយិកា ធ្វើនូវ​ឥស្សរិយភាព ញុំាង​អំណាចឲ្យ​ប្រព្រឹត្តទៅ ក្នុង​ហេតុ ៣យ៉ាង បពិត្រ​​ព្រះអនុរុទ្ធ​ដ៏ចំរើន យើងខ្ញុំ​ប្រាថ្នានូវ​វណ្ណៈ​បែបណា ក៏បាន​នូវវណ្ណៈ​បែបនោះ មួយរំពេច ១ ប្រាថ្នា​នូវ​សំឡេង​បែបណា ក៏បាននូវ​សំឡេង​បែបនោះ​មួយរំពេច ១ ប្រាថ្នា​នូវសុខ​បែបណា ក៏បាន​នូវ​សុខ​បែបនោះមួយរំពេច ១ បពិត្រព្រះអនុរុទ្ធ​ដ៏ចំរើន យើងខ្ញុំជា​ពួកទេវតា ឈ្មោះ​មនាបកាយិកា ធ្វើនូវ​ឥស្សរិយភាព ញុំាង​អំណាច​ឲ្យប្រព្រឹត្ត​ទៅ ក្នុងហេតុ​ទាំង ៣នេះ។ បពិត្រ​ព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ​មានសេចក្ដី​ត្រិះរិះ​ដូច្នេះ​ថា ធ្វើដូចម្ដេច​ហ្ន៎ នឹង​បានទេវតា​ទាំងនេះ ទៅជា​ខៀវទាំងអស់ គឺ​មានសម្បុរ ក៏ខៀវ មាន​សំពត់ ក៏ខៀវ មានគ្រឿង​អលង្ការ ក៏ខៀវ។ បពិត្រ​ព្រះអង្គដ៏ចំរើន វេលានោះ ទេវតា​ទាំងនោះ បាន​ដឹងចិត្ត​ខ្ញុំព្រះអង្គ​ហើយ ក៏ទៅជា​ខៀវ​ទាំងអស់ គឺ​មានសម្បុរ ក៏ខៀវ មាន​សំពត់ ក៏ខៀវ មាន​គ្រឿងអលង្ការ ក៏ខៀវ បពិត្រ​ព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ​មានសេចក្ដី​ត្រិះរិះ​ដូច្នេះថា ធ្វើដូច​ម្ដេចហ្ន៎ នឹង​បានទេវតា​ទាំងនេះ ទៅជា​លឿង​ទាំងអស់។បេ។ ទៅជា​ក្រហម​ទាំងអស់។បេ។ ទៅជា​សទាំងអស់ គឺ​មានសម្បុរ ក៏ស មានសំពត់ ក៏ស មានគ្រឿងអលង្ការ ក៏ស។ បពិត្រ​ព្រះអង្គដ៏ចំរើន លុះទេវតា​ទាំងនោះ បានដឹងចិត្ត​ខ្ញុំព្រះអង្គ​ហើយ ក៏ទៅជាស​ទាំងអស់ គឺ​មានសម្បុរ ក៏ស មានសំពត់ ក៏ស មានគ្រឿង​អលង្ការ ក៏ស។ បពិត្រ​ព្រះអង្គដ៏ចំរើន វេលានោះ ទេវតាទាំងនោះ ១ អង្គច្រៀង ១ អង្គរាំ ១ អង្គទះដៃ។ ប្រៀបដូច​តូរ្យតន្ត្រី ប្រកបដោយអង្គ​៥ ដែល​គេរៀប​ចំល្អហើយ បុគ្គល​ឈ្លាសវៃ បាន​ប្រគំ​ដោយ​ប្រពៃ បានដេញដំ​ដោយប្រពៃ មានសំឡេង​ពីរោះផង គួរត្រេកអរ​ផង គួរ​ប្រាថ្នា​ផង គួរ​ស្រឡាញ់​ផង គួរ​រីករាយផង យ៉ាងណាមិញ សំឡេង​គ្រឿងអលង្ការ របស់​ពួកទេវតា​ទាំងនោះ ក៏ពីរោះផង គួរត្រេកអរផង គួរប្រាថ្នាផង គួរស្រឡាញ់ផង គួររីករាយផង ក៏យ៉ាងនោះដែរ។ បពិត្រ​ព្រះអង្គដ៏ចំរើន ឯខ្ញុំព្រះអង្គ ក៏​ដាក់ចុះ​នូវ​ឥន្រ្ទិយ​ទាំងឡាយ គឺ​ធ្វើព្រងើយ។ បពិត្រព្រះអង្គដ៏ចំរើន វេលានោះ ទេវតាទាំងនោះ គិតគ្នាថា ព្រះអនុរុទ្ធ​ជាម្ចាស់ មិនត្រេកអរ​ហើយ ក៏បាត់​ក្នុងទីនោះទៅ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ចុះ​មាតុគ្រាម ប្រកប​ដោយធម៌​ប៉ុន្មានយ៉ាង លុះបែកធ្លាយ​រាងកាយ ស្លាប់ទៅ បានទៅកើត​ជាមួយនឹង​ពួកទេវតាឈ្មោះ មនាបកាយិកា។ ព្រះអង្គ​ត្រាស់ថា ម្នាលអនុរុទ្ធ មាតុគ្រាម​ប្រកប​ដោយធម៌ ៨ ប្រការ លុះបែកធ្លាយ​រាងកាយ ស្លាប់ទៅ រមែង​ទៅកើត​ជាមួយ​នឹង​ពួកទេវតា​ឈ្មោះ មនាបកាយិកា។ ប្រកប​ដោយធម៌ ៨ ប្រការ តើដូចម្ដេចខ្លះ។ ម្នាល​អនុរុទ្ធ មាតុគ្រាម ក្នុងលោកនេះ ដែលមាតាបិតា​ប្រាថ្នា​សេចក្ដីចំរើន ស្វែង​រក​ប្រយោជន៍ ជាអ្នក​អនុគ្រោះ អាស្រ័យ​នូវសេចក្ដី​អនុគ្រោះ បានរៀបចំ​ឲ្យដល់​ស្វាមី​ណាហើយ ជាស្រី​ក្រោកមុន ដេកក្រោយ ទទួលស្ដាប់​កិច្ចការអ្វីៗ ប្រព្រឹត្ត​នូវអំពើ​ជាទីគាប់ចិត្ត ពោលពាក្យ​ជាទី​ស្រឡាញ់ ចំពោះ​ស្វាមីនោះ ១ ពួកជនណា​ជាទីគោរព​របស់​ស្វាមី ទោះមាតាក្ដី បិតា​ក្ដី សមណ​ព្រាហ្មណ៍ក្ដី មាតុគ្រាម តែងធ្វើសក្ការៈ គោរព រាប់អាន បូជា​ចំពោះជន​ទាំងនោះ​ផង តែងបូជា​ពួកជន ដែលទើប​មកដល់​ថ្មី ដោយ​អាសនៈ និង​ទឹកផង ១ ការងារ​ទាំងឡាយ​ណា ជាបន្ទុក​របស់ស្វាមី ទោះជា​រោមសត្វ​ក្ដី កប្បាស​ក្ដី ជាស្រី​ប៉ិនប្រសប់​ក្នុងការងារ​ទាំងនោះ មិនខ្ជិល​ច្រអូស ប្រកបដោយ​ការពិចារណា​ដោយ​ឧបាយក្នុង​កិច្ចទាំងនោះ​ថា គួរធ្វើ គួរចាត់ចែង ១ ពួកជនណា​នៅខាងក្នុង​ ជា​បន្ទុក​របស់​ស្វាមី ទោះជាខ្ញុំក្ដី ជាអ្នក​បម្រើក្ដី ជាកម្មករ​ក្ដី មាតុគ្រាម តែងដឹង​នូវអំពើដែល​ជនទាំង​នោះធ្វើថា ធ្វើ ដឹងនូវអំពើ​ដែលជន​ទាំងនោះមិនបានធ្វើ ថាមិនបាន​ធ្វើ ដឹងនូវ​កំឡាំង​តិច និង​កំឡាំងច្រើន​របស់​អ្នកឈឺ ទាំងចេះ​ចាត់ចែង នូវខាទនីយ​ភោជនីយាហារ តាម​ចំណែក​ដែលគួរ​ដល់ជន​ជាខាងក្នុង​បន្ទុក​នោះ ១ ស្វាមី​បាន​នាំមក នូវទ្រព្យណាក្ដី ស្រូវ​ណាក្ដី ប្រាក់ណាក្ដី មាសណាក្ដី មាតុគ្រាមនោះ តែងសម្រេច​ដោយការរក្សា គ្រប់គ្រង​នូវទ្រព្យ​ជាដើមនោះ និងជាអ្នក​មិនលេង មិនលួច មិនខិលខូច មិនធ្វើសម្បតិ្ត​ទាំងនោះ ឲ្យ​វិនាស ១ ជាឧបាសិកា​ដល់នូវព្រះពុទ្ធ​ជាទីពឹង ដល់នូវព្រះធម៌​ជាទីពឹង ដល់នូវ​ព្រះសង្ឃ​ជាទីពឹង ១ ជាស្រ្ដី​មានសីល វៀរចាក​បាណាតិបាត វៀរចាក​អទិន្នាទាន វៀរចាក​កាមេសុមិច្ឆាចារ វៀរចាក​មុសាវាទ វៀរចាក​ការផឹកទឹកស្រវឹង គឺសុរា និងមេរ័យ ដែលជា​ទីតាំង​នៃសេចក្ដី​ប្រមាទ ១ ជាស្រ្ដី​មាន​ចាគៈ មានចិត្តប្រាសចាក​មន្ទិល គឺ​សេចក្ដី​កំណាញ់ នៅ​គ្រប់គ្រងផ្ទះ មានទាន​បរិច្ចាគ ស្រឡះហើយ មានដៃ​លាងហើយ ត្រេកអរ​ក្នុងការ​លះបង់ គួរដល់​ពួកស្មូម ត្រេកអរក្នុង​ការចែក​រលែក​នូវទាន ១​។ ម្នាល​អនុរុទ្ធ មាតុគ្រាម ប្រកប​ដោយ​ធម៌ទាំង ៨ នេះឯង លុះបែក​ធ្លាយ​រាងកាយ ស្លាប់ទៅ តែងទៅកើត​ជាមួយនឹង​ពួកទេវតា​ឈ្មោះ មនាបកាយិកា។

មាតុគ្រាមណា មានព្យាយាម ខ្វល់ខ្វាយចិញ្ចឹមស្វាមីនោះ​សព្វ​កាលជានិច្ច មិន​មើល​ងាយបុរស​ជាស្វាមី ដែលនាំ​មកនូវ​សេចក្ដី​ប្រាថ្នា​គ្រប់យ៉ាង​នោះ ជាស្រ្ដី​ល្អ មិនធ្វើស្វាមី​ឲ្យក្តៅក្រហាយ ដោយ​ពាក្យ​ច្រណែន ជាស្រ្តី​មានបញ្ញា តែង​បូជាស្វាមី​ និង​បុគ្គល​ដែលជាទី​គោរព​ទាំងអស់ ជាស្រ្ដី​មានសេចក្ដី​ខ្នះខ្នែង មិនខ្ជិល​ច្រអូស សង្រ្គោះ​ជនជា​បរិសទ្យ តែង​ប្រព្រឹត្ត​នូវអំពើ​ជាទីគាប់ចិត្ត​នៃស្វាមី ថែទាំ​សម្បតិ្ត​ដែលស្វាមី​រកបាន​មក នារីណា ជាស្ត្រីលុះ​ក្នុង​អំណាច​សេចក្តី​ប្រាថ្នា​របស់​ស្វាមី ហើយប្រព្រឹត្ត​យ៉ាងនេះ នារីនោះ រមែង​ទៅកើតក្នុង​ពួក​ទេវតា ឈ្មោះ មនាបកាយិកា។

ទុតិយវិសាខាសូត្រ ទី៧

(៧. ទុតិយវិសាខាសុត្តំ)

[៤៧] សម័យមួយ ព្រះដ៏មានព្រះភាគ កាលគង់នៅក្នុង​មិគារមាតុប្រាសាទ ក្នុង​វត្តបុព្វារាម ជិតក្រុង​សាវតី្ថ។ គ្រានោះ នាង​វិសាខាមិគារមាតា។បេ។ អង្គុយ​ក្នុង​ទីសមគួរ​។ លុះ​នាងវិសាខាមិគារមាតា អង្គុយ​ក្នុងទី​សម​គួរហើយ​ ព្រះដ៏មានព្រះ​ភាគ ទ្រង់ត្រាស់​ដូច្នេះ​ថា ម្នាលនាងវិសាខា មាតុគ្រាម​ប្រកបដោយ​ធម៌ ៨ ប្រការ លុះបែក​ធ្លាយ​រាងកាយ ស្លាប់ទៅ រមែង​ទៅកើត​ជាមួយនឹង​ពួក​ទេវតា​មនាបកាយិកា។ ប្រកប​ដោយធម៌ ៨ ប្រការ តើ​ដូចម្ដេចខ្លះ។ ម្នាលនាងវិសាខា មាតុគ្រាម ក្នុង​លោកនេះ ដែល​មាតាបិតា មានប្រាថ្នា​សេចក្ដី​ចំរើន ស្វែងរកប្រយោជន៍ ជាអ្នក​អនុគ្រោះ អាស្រ័យ​នូវសេចក្ដី​អនុគ្រោះ បានរៀបចំ​ឲ្យដល់​ស្វាមីណា​ហើយ ជាស្រី​ក្រោកមុន ដេកក្រោយ ទទួលស្ដាប់​កិច្ចការអ្វីៗ ប្រព្រឹត្តនូវ​អំពើជាទី​គាប់ចិត្ត ពោលពាក្យ​ជាទី​ស្រឡាញ់ ចំពោះ​ស្វាមីនោះ ១។បេ។ ជា​ស្ដ្រី​មានចាគៈ មានចិត្តប្រាសចាក​មន្ទិល គឺសេចក្ដី​កំណាញ់ នៅគ្រប់គ្រងផ្ទះ មាន​ទានបរិច្ចាគ​ស្រឡះហើយ មានដៃលាង​ហើយ ត្រេកអរ​ក្នុងការ​លះបង់ គួរដល់​ពួកស្មូម ត្រេកអរ​ក្នុងការ​ចែករលែក​នូវទាន ១​។ ម្នាល​នាងវិសាខា មាតុគ្រាម ប្រកបដោយ​ធម៌ ៨ ប្រការ​នេះឯង លុះបែកធ្លាយ​រាងកាយ​ស្លាប់ទៅ រមែងទៅ​កើតជា​មួយនឹង​ពួក​ទេវតាមនាបកាយិកា។

មាតុគ្រាមណា មានព្យាយាម ខ្វល់ខ្វាយ​ចិញ្ចឹមស្វាមីនោះ​សព្វកាល​ជានិច្ច មិន​មើល​ងាយ​បុរស​ជាស្វាមី ដែលនាំមក​នូវសេចក្ដី​ប្រាថ្នាគ្រប់យ៉ាងនោះ ជាស្រ្ដីល្អ មិនបាន​ធ្វើស្វាមីឲ្យ​ក្ដៅក្រហាយ ដោយពាក្យ​ច្រណែន ជាស្រ្ដី​មានបញ្ញា តែង​បូជា​ស្វាមី និងបុគ្គល​ដែលជាទី​គោរព​ទាំងអស់ ជាស្រ្ដីមាន​សេចក្ដី​ខ្នះខ្នែង មិន​ខ្ជិល​ច្រអូស សង្រ្គោះ​ជនជា​បរិសទ្យ តែងប្រព្រឹត្ត​នូវ​អំពើជាទី​គាប់ចិត្ត​នៃស្វាមី ថែទាំ​សម្បតិ្ត​ដែលស្វាមី​រកបានមក នារីណា ជាស្រ្ដី​លុះក្នុង​អំណាច​សេចក្ដី​ប្រាថ្នា​របស់​ស្វាមី ប្រព្រឹត្ត​យ៉ាងនេះ នារីនោះ រមែង​ទៅកើត​ក្នុងពួកទេវតា ឈ្មោះ មនាបកាយិកា។

នកុលមាតាសូត្រ ទី៨

(៨. នកុលមាតាសុត្តំ)

[៤៨] សម័យមួយ ព្រះដ៏មានព្រះភាគ កាលគង់នៅក្នុង​ភេសកឡាវន ជាទី​ឲ្យអភ័យ ដល់​សត្វម្រឹគ ទៀបក្រុង​សុំសុមារគិរៈ ក្នុង​ដែនភគ្គៈ។ គ្រានោះ នកុលមាតាគហបតានី (នាង​គហបតានី ឈ្មោះ​នកុលមាតា) ចូលទៅគាល់​ព្រះដ៏មាន​ព្រះភាគ លុះចូល​ទៅដល់​ហើយ។បេ។ ក៏អង្គុយនៅ។ លុះ​នកុលមាតា​គហបតានី អង្គុយ​ក្នុងទី​សមគួរហើយ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់​ដូច្នេះថា ម្នាល​នកុលមាតា មាតុគ្រាម​ប្រកប​ដោយធម៌ ៨ ប្រការ លុះបែក​ធ្លាយរាងកាយ​ស្លាប់ទៅ តែងទៅកើត​ជាមួយនឹង​ពួក​ទេវតាមនាបកាយិកា។ ប្រកប​ដោយធម៌ ៨ ប្រការ តើដូចម្ដេចខ្លះ។ ម្នាល​នកុលមាតា មាតុគ្រាម​ក្នុង​លោកនេះ ដែល​មាតាបិតា​ មានប្រាថ្នាសេចក្ដី​ចំរើន ស្វែងរក​ប្រយោជន៍ ជាអ្នក​អនុគ្រោះ អាស្រ័យនូវ​សេចក្ដីអនុគ្រោះ បានរៀបចំ​ឲ្យដល់ស្វាមី​ណាហើយ ជាស្ត្រី​ក្រោក​មុន ដេកក្រោយ ទទួលស្ដាប់​កិច្ចការអ្វីៗ ប្រព្រឹត្តនូវ​អំពើជាទីគាប់​ចិត្ត ពោលពាក្យ​ជា​ទី​ស្រឡាញ់ ចំពោះស្វាមី​នោះ ១។បេ។ ជាស្ដ្រី​មានចាគៈ មានចិត្ត​ប្រាសចាក​មន្ទិល គឺសេចក្ដី​កំណាញ់ នៅគ្រប់គ្រង​ផ្ទះ មានទាន​បរិច្ចាគ​ស្រឡះហើយ មានដៃលាង​ហើយ ត្រេកអរ​ក្នុងការ​លះបង់ គួរដល់​ពួកស្មូម ត្រេកអរ​ក្នុងការចែក​រលែក​នូវទាន ១​។ ម្នាល​នកុលមាតា មាតុគ្រាម ប្រកបដោយ​ធម៌ ៨ ប្រការ​នេះឯង លុះបែក​ធ្លាយរាងកាយ ស្លាប់ទៅ តែងទៅកើត​ជាមួយនឹង​ពួកទេវតាមនាបកាយិកា។

មាតុគ្រាមណា មានព្យាយាម ខ្វល់ខ្វាយចិញ្ចឹម​ស្វាមីនោះ​សព្វកាល​ជានិច្ច មិនមើលងាយ​បុរស​ជាស្វាមី ដែលនាំមកនូវ​សេចក្ដីប្រាថ្នា​គ្រប់​យ៉ាងនោះ ជា​ស្រ្ដីល្អ មិនបាន​ធ្វើស្វាមី​ឲ្យក្ដៅក្រហាយ ដោយពាក្យ​ច្រណែន ជាស្រ្ដី​​មានបញ្ញា តែង​បូជាស្វាមី និងបុគ្គល​ដែលជា​ទីគោរព​ទាំងអស់ ជាស្រ្ដីមាន​សេចក្ដីខ្នះខ្នែង មិន​ខ្ជិលច្រអូស សង្រ្គោះជនជា​បរិសទ្យ ប្រព្រឹត្ត​នូវអំពើ​ជាទីគាប់​ចិត្តនៃស្វាមី ថែទាំ​សម្បតិ្ត ដែលស្វាមី​រកបាន​មក នារីណា ជាស្រ្ដី​លុះក្នុង​អំណាច​សេចក្ដី​ប្រាថ្នា​របស់ស្វាមី ប្រព្រឹត្ត​យ៉ាងនេះ នារីនោះ រមែងទៅ​កើតក្នុង​ពួកទេវតា ឈ្មោះ មនាបកាយិកា។

បឋមឥធលោកិកសូត្រ ទី៩

(៩. បឋមឥធលោកិកសុត្តំ)

[៤៩] សម័យមួយ ព្រះដ៏មានព្រះភាគ កាលគង់នៅ​ក្នុង​វត្តបុព្វារាម ជា​ប្រាសាទ របស់​មិគារមាតា ជិត​ក្រុងសាវត្ថី។ គ្រានោះ នាងវិសាខា​មិគារមាតា ចូលទៅគាល់​ព្រះដ៏មាន​ព្រះភាគ លុះ​ចូលទៅ​ដល់ហើយ។បេ។ ក៏អង្គុយ​នៅ។ លុះនាង​វិសាខា​មិគារមាតា អង្គុយក្នុង​ទីសមគួរ​ហើយ ព្រះដ៏មាន​ព្រះភាគ ទ្រង់ត្រាស់​ដូច្នេះថា ម្នាល​វិសាខា មាតុគ្រាម​ប្រកប​ដោយធម៌ ៤ ប្រការ ឈ្មោះថា​ប្រតិបត្តិ ដើម្បី​ឈ្នះ​នូវ​លោកនេះ លោកនេះ​ក៏ឈ្មោះថា មាតុគ្រាមនោះ ប្រារព្ធហើយ។ ប្រកប​ដោយធម៌ ៤ ប្រការ តើ​ដូចម្ដេច​ខ្លះ។ ម្នាលវិសាខា មាតុគ្រាម ក្នុង​លោកនេះ ជាស្រ្ដី​ចេះចាត់​ចែង​ការងារ ដោយ​ប្រពៃ ១ ចេះសង្រ្គោះពួក​ជនជា​បរិសទ្យ ១ ចេះ​ប្រព្រឹត្ត​នូវអំពើជា​ទីគាប់ចិត្ត​របស់​ស្វាមី ១ ចេះថែទាំ​សម្បតិ្ត​ដែលស្វាមី​រក​បានមក ១។ ម្នាលវិសាខា ចុះមាតុគ្រាម ជាស្រ្ដី​ចេះ​ចាត់​ចែង​ការងារ ដោយប្រពៃ តើ​ដូចម្ដេច។ ម្នាល​វិសាខា មាតុគ្រាម ក្នុង​លោកនេះ ការទាំងឡាយណា ជាបន្ទុក​របស់ស្វាមី ទោះរោមសត្វក្តី កប្បាសក្តី ជាស្រ្ដីឆ្លៀវឆ្លាស មិន​ខ្ជិល​ច្រអូស ក្នុងការងារ​ទាំងនោះ ប្រកប​ដោយ​ការពិចារណា ដោយ​ឧបាយ​ក្នុង​ការងារ​នោះ​ថា គួរធ្វើ គួរ​ចាត់ចែង។ ម្នាល​វិសាខា មាតុគ្រាម ជាស្រ្ដី​ចេះចាត់ចែង​ការងារ ដោយ​ប្រពៃ យ៉ាង​នេះឯង។ ម្នាល​វិសាខា ចុះមាតុគ្រាម ជាស្រ្ដីចេះ​សង្គ្រោះ​ពួកជន​ជាបរិសទ្យ តើ​ដូចម្ដេច។ ម្នាល​វិសាខា មាតុគ្រាម ក្នុងលោកនេះ ពួកជនណា ជាខាងក្នុង ជាបន្ទុក​របស់​ស្វាមី ទោះខ្ញុំក្ដី អ្នកបំរើក្ដី កម្មករក្ដី តែងដឹងនូវ​អំពើ​ដែលជន​ទាំងនោះ​ធ្វើ ថាធ្វើ ដឹងនូវ​អំពើ​ដែល​ជន​ទាំងនោះ​មិនបានធ្វើ ថា​មិនបាន​ធ្វើ ដឹងនូវ​កំឡាំង​តិច និង​កំឡាំង​ច្រើន​នៃពួក​ជនអ្នកឈឺ ចេះចាត់ចែង​ខាទនីយ​ភោជនីយាហារ តាម​ចំណែក​ដែលគួរ ដល់​ពួកជន​ខាងក្នុង​បន្ទុក​នោះ។ ម្នាល​វិសាខា មាតុគ្រាម ជាស្រ្ដីចេះ​សង្គ្រោះពួក​ជន​ជាបរិសទ្យ យ៉ាងនេះឯង។ ម្នាល​វិសាខា ចុះមាតុគ្រាម ចេះ​ប្រព្រឹត្ត​នូវអំពើ​ជាទីគាប់​ចិត្ត​នៃស្វាមី តើដូចម្ដេច។ ម្នាល​វិសាខា មាតុគ្រាម ក្នុងលោកនេះ អំពើណា មិនជាទី​គាប់ចិត្ត​របស់​ស្វាមី បើទុកជា​មានហេតុ​ដល់ជីវិត ក៏មិន​ប្រព្រឹត្ត​កន្លង​នូវអំពើនោះ។ ម្នាល​វិសាខា មាតុគ្រាម ចេះប្រព្រឹត្ត​អំពើ ជាទីគាប់​ចិត្តនៃ​ស្វាមី យ៉ាងនេះឯង។ ម្នាល​វិសាខា ចុះ​មាតុគ្រាម ចេះថែទាំ​សម្បត្តិ ដែលស្វាមី​រកបាន​មក តើ​ដូចម្ដេច។ ម្នាល​វិសាខា ទ្រព្យ​ណា​ក្ដី ស្រូវណាក្ដី ប្រាក់ណាក្ដី មាស​ណាក្ដី ដែលស្វាមី​រកបានមក មាតុគ្រាម ក្នុង​លោកនេះ តែងសម្រេច​ដោយ​ការរក្សា គ្រប់គ្រងនូវ​ទ្រព្យ​ជាដើមនោះ ទាំងជា​ស្រ្ដីអ្នក​មិនលេង មិន​លួច មិនខិលខូច មិនធ្វើ​សម្បត្តិ​ទាំង​នោះ ឲ្យវិនាស។ ម្នាល​វិសាខា មាតុគ្រាម ចេះថែ​ទាំសម្បត្តិ ដែលស្វាមីរក​បានមក យ៉ាងនេះឯង។ ម្នាល​វិសាខា មាតុគ្រាម ប្រកប​ដោយ​ធម៌ ៤ ប្រការ​នេះឯង ឈ្មោះថា​ប្រតិបត្តិ ដើម្បី​ឈ្នះនូវ​លោកនេះ លោកនេះ ក៏ឈ្មោះថា​ មាតុគ្រាមនោះ បាន​ប្រារព្ធ​ហើយ។ ម្នាល​វិសាខា មាតុគ្រាម ប្រកបដោយ​ធម៌ ៤ ប្រការ ឈ្មោះថា​ប្រតិបត្តិ ដើម្បីឈ្នះ​នូវលោក​ខាងមុខ លោកខាងមុខ ក៏ឈ្មោះថា មាតុគ្រាម​នោះ បាន​ប្រារព្ធ​ហើយ។ ប្រកប​ដោយធម៌ ៤ ប្រការ តើ​ដូចម្ដេច​ខ្លះ។ ម្នាល​វិសាខា មាតុគ្រាម ក្នុង​លោកនេះ បរិបូណ៌​ដោយ​សទ្ធា ១ បរិបូណ៌ដោយ​សីល ១ បរិបូណ៌ដោយចាគៈ ១ បរិបូណ៌​ដោយ​បញ្ញា ១។ ម្នាល​វិសាខា ចុះ​មាតុគ្រាម បរិបូណ៌​ដោយ​សទ្ធា តើដូចម្ដេច។ ម្នាល​វិសាខា មាតុគ្រាម ក្នុង​លោកនេះ ជាស្រ្ដី​មានសទ្ធា ជឿ​ការត្រាស់​ដឹង​របស់ព្រះតថាគត​ថា ព្រះដ៏មានព្រះភាគ​អង្គនោះ ជា​អរហន្ដ​សម្មាសម្ពុទ្ធ ទ្រង់​បរិបូណ៌​ដោយវិជ្ជា និងចរណៈ ជាព្រះសុគត ជ្រាបច្បាស់​នូវ​ត្រៃលោក ទ្រង់​ប្រសើរ​បំផុត ទ្រង់​ទូន្មាន​នូវបុរស ដែលគួរ​ទូន្មាន​បាន ជាសាស្ដា​នៃទេវតា និងមនុស្ស​ទាំងឡាយ ទ្រង់ត្រាស់ដឹង​នូវអរិយសច្ច ៤ ទ្រង់ខ្ជាក់ចោល​នូវត្រៃភព គឺលែង​វិល​ត្រឡប់មក​កើតទៀត​ហើយ។ ម្នាល​វិសាខា មាតុគ្រាម បរិបូណ៌​ដោយសទ្ធា យ៉ាង​នេះឯង។ ម្នាល​វិសាខា ចុះមាតុគ្រាម បរិបូណ៌​ដោយសីល តើដូចម្តេច។ ម្នាលវិសាខា មាតុគ្រាម ក្នុង​លោក​នេះ ជាស្រ្ដី​វៀរចាក​បាណាតិបាត។បេ។ វៀរចាក​ហេតុជាទីតាំង​នៃ​សេចក្ដី​ប្រមាទ គឺ​ផឹកនូវទឹក​ស្រវឹង គឺ​សុរា និងមេរ័យ។ ម្នាល​វិសាខា មាតុគ្រាម បរិបូណ៌​ដោយសីល យ៉ាង​នេះឯង។ ម្នាល​វិសាខា ចុះមាតុគ្រាម បរិបូណ៌​ដោយចាគៈ តើដូចម្តេច។ ម្នាលវិសាខា មាតុគ្រាម ក្នុងលោកនេះ មានចិត្ត​ប្រាសចាក​មន្ទិល គឺ​សេចក្ដី​កំណាញ់ នៅគ្រប់​គ្រងផ្ទះ មានទាន​បរិច្ចាគ​រួចស្រឡះ​ហើយ មានដៃ​លាងហើយ ត្រេកអរ​ក្នុង​ការ​លះបង់ គួរដល់​ពួកស្មូម ត្រេកអរ​ក្នុងការចែក​រលែក​នូវទាន។ ម្នាល​វិសាខា មាតុគ្រាម បរិបូណ៌​ដោយ​ចាគៈ យ៉ាងនេះឯង។ ម្នាល​វិសាខា មាតុគ្រាម បរិបូណ៌​ដោយបញ្ញា តើ​ដូចម្ដេច។ ម្នាល​វិសាខា ចុះមាតុគ្រាម ក្នុង​លោកនេះ ជាស្រ្ដី​មានបញ្ញា ប្រកប​ដោយ​បញ្ញា ជា​ដំណើរ​ទៅកាន់​សេចក្ដី​ចំរើន និង​សេចក្ដីវិនាស ជា​បញ្ញា​ដ៏ប្រសើរ​មុះមុត ដល់នូវការ​អស់ទៅ​នៃទុក្ខ​ដោយប្រពៃ។ ម្នាលវិសាខា មាតុគ្រាម បរិបូណ៌​ដោយ​បញ្ញា យ៉ាង​នេះឯង។ ម្នាល​វិសាខា មាតុគ្រាម បរិបូណ៌​ដោយធម៌ ៤ ប្រការនេះ ឈ្មោះថា ប្រតិបត្តិ ដើម្បីឈ្នះ​នូវលោក​ខាងមុខ លោក​ខាងមុខ ក៏ឈ្មោះថា មាតុគ្រាមនោះ បាន​ប្រារព្ធ​ហើយ។

មាតុគ្រាមចាត់ចែងការងារដោយប្រពៃ ១ សង្រ្គោះ​ពួកជន​ជាបរិសទ្យ ១ ប្រព្រឹត្ត​នូវអំពើ​ជាទី​គាប់ចិត្ត​នៃស្វាមី ១ ថែទាំ​សម្បតិ្ត​ដែលស្វាមី​រក​បានមក ១ បរិបូណ៌​ដោយ​សទ្ធា ១ សីល ១ ដឹងនូវ​ពាក្យពោល ១ ប្រាសចាក​សេចក្ដី​កំណាញ់ ១ ជម្រះ​ផ្លូវជាទី​ទៅកាន់​បរលោក ឲ្យស្អាត​ជានិច្ច ១ ធម៌ទាំង ៨ នេះ មាន​ដល់​នារី​ណា អ្នក​ប្រាជ្ញ​ពោលថា នារីនោះមានសីល ឋិតនៅ​ក្នុងធម៌ ពោលនូវ​ពាក្យពិត ជា​ឧបាសិកា ដែល​បរិបូណ៌​ដោយអាការ ១៦12) ប្រកប​ដោយអង្គទាំង ៨ ប្រការ មានសីល​បែបនោះ រមែងទៅកើត​ក្នុង​ទេវលោក ឈ្មោះមនាបកាយិកា។

ទុតិយឥធលោកិកសូត្រ ទី១០

(១០. ទុតិយឥធលោកិកសុត្តំ)

[៥០] ម្នាលភិក្ខុទាំងឡាយ មាតុគ្រាមប្រកបដោយធម៌ ៤ ប្រការ ឈ្មោះថា​​ប្រតិបត្តិ ដើម្បី​ឈ្នះនូវ​លោកនេះ លោកនេះ ក៏ឈ្មោះថា​មាតុគ្រាម​នោះ បានប្រារព្ធ​ហើយ។ ប្រកប​ដោយ​ធម៌ ៤ ប្រការ តើដូច​ម្ដេចខ្លះ។ ម្នាលភិក្ខុ​ទាំងឡាយ មាតុគ្រាម ក្នុងលោកនេះ ជាស្រ្ដីចេះចាត់​ចែងការងារ​ដោយប្រពៃ ១ ចេះសង្រ្គោះ​ពួកជនជា​បរិសទ្យ ១ ចេះប្រព្រឹត្ត​នូវអំពើ​ជាទីគាប់​ចិត្តនៃស្វាមី ១ ​ចេះថែទាំ​សម្បត្តិ​ដែលស្វាមី​រកបានមក ១។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ចុះមាតុគ្រាម ជាស្រ្ដីចេះចាត់​ចែង​ការងារ​ដោយប្រពៃ តើដូចម្ដេច។ ម្នាលភិក្ខុ​ទាំង​ឡាយ មាតុគ្រាម ក្នុង​លោកនេះ ការងារ​ទាំងឡាយ​ណា ជាបន្ទុក​របស់​ស្វាមី។បេ។ ម្នាលភិក្ខុ​ទាំងឡាយ មាតុគ្រាម ជាស្រ្ដី​ចេះចាត់ចែង​ការងារ​ដោយប្រពៃ យ៉ាងនេះឯង។ ម្នាលភិក្ខុ​ទាំងឡាយ ចុះមាតុគ្រាម ចេះសង្រ្គោះ​ពួកជន​ជាបរិសទ្យ តើដូចម្ដេច។ ម្នាលភិក្ខុ​ទាំងឡាយ មាតុគ្រាម ក្នុងលោកនេះ ពួកជនណា​ជាខាងក្នុង ជាបន្ទុក​របស់​ស្វាមី។បេ។ ម្នាល​ភិក្ខុ​ទាំងឡាយ មាតុគ្រាម ចេះសង្គ្រោះ​ពួកជន​ជាបរិសទ្យ យ៉ាងនេះឯង។ ម្នាល​ភិក្ខុ​ទាំងឡាយ ចុះមាតុគ្រាម ចេះប្រព្រឹត្តអំពើ​ជាទីគាប់​ចិត្តរបស់ស្វាមី តើ​ដូចម្ដេច។ ម្នាល​ភិក្ខុ​ទាំងឡាយ មាតុគ្រាម ក្នុងលោកនេះ អំពើណា​ដែលមិនជាទី​គាប់​ចិត្តនៃស្វាមី បើទុក​ជាមាន​ហេតុដល់​ជីវិត ក៏មិនប្រព្រឹត្ត​កន្លង​នូវអំពើនោះ។ ម្នាលភិក្ខុ​ទាំងឡាយ មាតុគ្រាម​ប្រព្រឹត្ត​អំពើជាទី​គាប់ចិត្ត​នៃស្វាមី យ៉ាងនេះឯង។ ម្នាលភិក្ខុ​ទាំងឡាយ ចុះមាតុគ្រាម ចេះថែ​ទាំសម្បតិ្ត ដែល​ស្វាមី​រកបានមក តើដូចម្ដេច។ ម្នាលភិក្ខុ​ទាំងឡាយ មាតុគ្រាម ក្នុង​លោកនេះ ស្វាមី​នាំមក​នូវទ្រព្យណា។បេ។ ម្នាលភិក្ខុ​ទាំងឡាយ មាតុគ្រាម ចេះថែទាំ​សម្បតិ្ត ដែលស្វាមីរក​បានមក យ៉ាងនេះឯង។ ម្នាលភិក្ខុ​ទាំងឡាយ មាតុគ្រាម​ប្រកប​ដោយ​ធម៌ ៤ ប្រការ​នេះឯង ឈ្មោះថា​ប្រតិបត្តិ ដើម្បី​ឈ្នះលោកនេះ លោកនេះ ក៏ឈ្មោះថា មាតុគ្រាម​នោះ បាន​ប្រារព្ធ​ហើយ។ ម្នាលភិក្ខុ​ទាំងឡាយ មាតុគ្រាម ប្រកប​ដោយធម៌ ៤ ប្រការ ឈ្មោះថា​ប្រតិបត្តិ ដើម្បី​ឈ្នះ​លោក​ខាងមុខ លោកខាងមុខ ក៏ឈ្មោះថា​មាតុគ្រាមនោះ បានប្រារព្ធ​ហើយ។ ប្រកប​ដោយធម៌ ៤ ប្រការ តើ​ដូចម្ដេច។ ម្នាល​ភិក្ខុ​ទាំងឡាយ មាតុគ្រាម ក្នុងលោកនេះ បរិបូណ៌​ដោយសទ្ធា ១ បរិបូណ៌​ដោយ​សីល ១ បរិបូណ៌​ដោយចាគៈ ១ បរិបូណ៌​ដោយបញ្ញា ១។ ម្នាលភិក្ខុ​ទាំងឡាយ ចុះ​មាតុគ្រាម បរិបូណ៌​ដោយសទ្ធា តើ​ដូចម្ដេច។ ម្នាលភិក្ខុ​ទាំងឡាយ មាតុគ្រាម​ក្នុង​លោកនេះ មាន​សទ្ធា។បេ។ ម្នាលភិក្ខុ​ទាំងឡាយ មាតុគ្រាម បរិបូណ៌​ដោយ​សទ្ធា យ៉ាង​នេះ​ឯង។ ម្នាលភិក្ខុ​ទាំងឡាយ ចុះមាតុគ្រាម បរិបូណ៌​ដោយសីល តើដូច​ម្ដេច។ ម្នាលភិក្ខុ​ទាំង​ឡាយ មាតុគ្រាម ក្នុងលោកនេះ វៀរចាក​បាណាតិបាត។បេ។ វៀរចាក​ហេតុជាទីតាំង​នៃ​សេចក្ដី​ប្រមាទ គឺផឹកនូវទឹក​ស្រវឹង គឺសុរា និង​មេរ័យ។ ម្នាលភិក្ខុ​ទាំងឡាយ មាតុគ្រាម បរិបូណ៌​ដោយសីល យ៉ាងនេះឯង។ ម្នាលភិក្ខុ​ទាំងឡាយ ចុះមាតុគ្រាម បរិបូណ៌​ដោយ​ចាគៈ តើដូចម្ដេច។ ម្នាលភិក្ខុ​ទាំងឡាយ មាតុគ្រាម ក្នុងលោកនេះ មានចិត្ត​ប្រាសចាក​មន្ទិល គឺសេចក្ដី​កំណាញ់ នៅគ្រប់គ្រងផ្ទះ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ មាតុគ្រាម បរិបូណ៌​ដោយ​ចាគៈ យ៉ាងនេះឯង។ ម្នាលភិក្ខុ​ទាំងឡាយ ចុះ​មាតុគ្រាម បរិបូណ៌​ដោយ​បញ្ញា តើ​ដូចម្ដេច។ ម្នាលភិក្ខុ​ទាំងឡាយ មាតុគ្រាម ក្នុង​លោកនេះ ជាស្រ្ដីមាន​បញ្ញា។បេ។ ម្នាលភិក្ខុ​ទាំង​ឡាយ មាតុគ្រាម បរិបូណ៌​ដោយបញ្ញា យ៉ាងនេះឯង។ ម្នាលភិក្ខុ​ទាំងឡាយ មាតុគ្រាម ប្រកប​ដោយធម៌ ៤ ​ប្រការ​នេះឯង ឈ្មោះថា​ប្រតិបត្តិ ដើម្បីឈ្នះ​លោក​ខាងមុខ លោក​ខាងមុខ ក៏ឈ្មោះថា មាតុគ្រាម​នោះ បានប្រារព្ធ​ហើយ។

មាតុគ្រាមចាត់ចែងការងារដោយប្រពៃ ១ សង្រ្គោះ​ពួកជន​ជាបរិសទ្យ ១ ប្រព្រឹត្ត​អំពើ​ជាទីគាប់ចិត្ត​នៃស្វាមី ១ ថែទាំសម្បតិ្ត​ដែលស្វាមី​រក​បានមក ១ បរិបូណ៌​ដោយ​សទ្ធា ១ សីល ១ ដឹងនូវ​ពាក្យពោល ១ ប្រាសចាក​សេចក្ដី​កំណាញ់ ជម្រះ​ផ្លូវ​ជាទី​ទៅកាន់​បរលោក​ឲ្យស្អាត​ជានិច្ច ១ ធម៌ទាំង ៨ នេះ មានដល់​នារីណា អ្នក​ប្រាជ្ញ​ពោលថា នារីនោះ មានសីល ឋិតនៅ​ក្នុងធម៌ ពោលនូវ​ពាក្យពិត ឧបាសិកា ដែល​បរិបូណ៌​ដោយ​អាការ ១៦ ប្រកប​ដោយអង្គ​ទាំង ៨ មានសីល​បែបនោះ រមែង​ទៅកើត​ក្នុង​ទេវលោក ឈ្មោះ​មនាបកាយិកា។

ចប់ ​ឧបោសថវគ្គ ទី៥​។

ឧទ្ទានក្នុង​ឧបោសថវគ្គនោះគឺ

និយាយអំពីការរក្សាឧបោសថ​យ៉ាងសង្ខេប ១ ពិស្តារ ១ អំពី​នាង​វិសាខា​ ១​អំពីវាសេដ្ឋ​ព្រាហ្មណ៍ ១ ជាគំរប់ ៥ និងនាង​ពោជ្ឈា អំពី​ព្រះអនុរុទ្ធ ១ អំពី​នាង​វិសាខា​ ១ អំពី​នកុលមាតា ១ អំពី​ការឈ្នះលោកនេះ មានពីរលើក។

ចប់ បណ្ណាសក។

បណ្ណាសកាសង្គហិតវគ្គ (ទី២)

(២. ទុតិយបណ្ណាសកំ)

សន្ធានវគ្គ ទី១ (៦)

((៦) ១. គោតមីវគ្គោ)

គោតមីសូត្រ ទី១

(១. គោតមីសុត្តំ)

[៥១] សម័យមួយ ព្រះដ៏មានព្រះភាគ កាលគង់ក្នុង​និគ្រោធារាម ក្បែរក្រុង​កបិលពស្តុ ​ក្នុង​ដែនសក្កៈ។ គ្រានោះ ព្រះនាង​មហាបជាបតិគោតមី ចូលទៅគាល់​ព្រះដ៏​មាន​ព្រះភាគ លុះចូលទៅដល់​ ក្រាបថ្វាយបង្គំ​ព្រះដ៏មានព្រះភាគ ហើយឋិតនៅ​ក្នុងទី​សមគួរ។ លុះ​ព្រះនាង​មហាបជាបតិគោតមី ឋិតនៅ​ក្នុងទី​សមគួរ​ហើយ​ ទើប​ក្រាបបង្គំ​ទូល​ព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន ខ្ញុំម្ចាស់​សូមអង្វរ​ មាតុគ្រាម គួរ​ចេញ​ចាកផ្ទះ បាន​បព្វជ្ជា មិនមាន​ប្រយោជន៍​ដោយផ្ទះ ក្នុង​ធម្មវិន័យ ដែល​ព្រះតថាគត ទ្រង់​សំដែង​ហើយ។ ព្រះសម្ពុទ្ធ​ទ្រង់ត្រាស់​ឃាត់ថា ម្នាលនាង​គោតមី ណ្ហើយនាង កុំគាប់ចិត្ត​ឲ្យមាតុគ្រាម​ចេញចាកផ្ទះ ហើយបព្វជ្ជា មិនមាន​ប្រយោជន៍​ដោយផ្ទះ ក្នុង​ធម្ម​វិន័យ ដែល​តថាគត​បានសំដែង​ឡើយ។ ព្រះនាង​មហាបជាបតិគោតមី ក្រាបថ្វាយបង្គំ​ទូល​ព្រះដ៏មានព្រះភាគ​ដូច្នេះ ជាគំរប់​ពីរ​ដងថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន ខ្ញុំម្ចាស់​សូមអង្វរ មាតុគ្រាម គួរចេញ​ចាកផ្ទះ បាន​បព្វជ្ជា មិនមាន​ប្រយោជន៍​ដោយផ្ទះ ក្នុង​ធម្មវិន័យ ដែល​ព្រះតថាគត​ទ្រង់សំដែង​ហើយ។ ម្នាល​នាងគោតមី ណ្ហើយនាង កុំគាប់ចិត្ត​ឲ្យ​មាតុគ្រាម​ចេញចាក​ផ្ទះ បព្វជ្ជា មិនមាន​ប្រយោជន៍​ដោយផ្ទះ ក្នុង​ធម្មវិន័យ ដែល​តថាគត​បាន​សំដែង​ឡើយ។ ព្រះនាង​មហាបជាបតិគោតមី ក្រាបបង្គំទូល​ព្រះ​មាន​ព្រះភាគ​ដូច្នេះ ជាគំរប់បីដង​ថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន ខ្ញុំម្ចាស់​សូមអង្វរ មាតុគ្រាម គួរចេញ​ចាកផ្ទះ បានបព្វជ្ជា មិនមាន​ប្រយោជន៍​ដោយផ្ទះ ក្នុង​ធម្មវិន័យ ដែល​ព្រះតថាគត សំដែង​ហើយ។ ម្នាលនាង​គោតមី ណ្ហើយនាង កុំគាប់ចិត្ត​ឲ្យមាតុគ្រាម​ចេញចាកផ្ទះ ​បព្វជ្ជា មិនមាន​ប្រយោជន៍​ដោយផ្ទះ ក្នុង​ធម្មវិន័យ ដែល​តថាគត​បានសំដែង​ឡើយ។ លំដាប់​នោះឯង ព្រះនាង​មហាបជាបតិគោតមី បានជ្រាបថា ព្រះដ៏មានព្រះភាគ មិន​ទ្រង់​អនុញ្ញាត​ឲ្យមាតុគ្រាម​ចេញចាកផ្ទះ បព្វជ្ជា មិនមាន​ប្រយោជន៍​ដោយផ្ទះ ក្នុង​ធម្ម​វិន័យ ដែលព្រះតថាគត​សំដែងហើយ ក៏កើតទុក្ខ តូចព្រះទ័យ ស្រក់ទឹក​ព្រះនេត្រ ទ្រង់ព្រះកន្សែង ហើយ​ថ្វាយបង្គំ​ព្រះដ៏មានព្រះភាគ ធ្វើ​ប្រទក្សិណ​ រួចចៀសចេញ​ទៅ។ គ្រានោះឯង ព្រះដ៏មានព្រះភាគ ទ្រង់គង់​សម្រេចសម្រាន្ដ ក្នុង​ក្រុង​កបិលពស្ដុ តាមគួរ​ដល់ពុទ្ធ​អធ្យាស្រ័យ ហើយស្ដេច​ចៀសចេញទៅ​កាន់ចារិក ក្រុង​វេសាលី កាល​ទ្រង់ស្ដេច​ទៅ​កាន់​ចារិក តាម​លំដាប់ ក៏បានទៅដល់ក្រុងវេសាលីនោះឯង។ មានសេចក្ដី​ដំណាល​ថា​ ព្រះដ៏មានព្រះភាគ ទ្រង់គង់​សម្រេចសម្រាន្ដ ក្នុងកូដាគារ​សាលា នាមហាវន ទៀប​ក្រុង​វេសាលីនោះ។ លំដាប់នោះឯង ព្រះនាង​មហាបជាបតិ​គោតមី ឲ្យគេកោរ​ព្រះកេសា ហើយស្លៀក​សំពត់ជ្រលក់​ដោយទឹក​អម្ចត់ ទ្រង់យាងសំដៅទៅ​ក្រុងវេសាលី ជាមួយ​នឹង​ពួកនាង​សាកិយានី​ជាច្រើន យាងចូលទៅកាន់​កូដាគារសាលា នាមហាវន ទៀប​ក្រុង​វេសាលី​នោះ តាមលំដាប់។ វេលានោះ ព្រះនាង​មហាបជាបតិ​គោតមី មានព្រះបាទ​ទាំង​គូ​ពុរពង​ មានព្រះអង្គ​ប្រឡាក់​ដោយធូលី កើតទុក្ខ​តូចព្រះទ័យ ស្រក់ទឹក​ព្រះនេត្រ ឈរ​ទ្រង់​ព្រះ​កន្សែង ទៀបក្លោង​ទ្វារខាងក្រៅ។ ព្រះអានន្ទ​ដ៏មានអាយុ បានឃើញ​ព្រះនាង​មហាបជាបតិ​គោតមី មានព្រះបាទ​ទាំងគូ​ពុរពង មានព្រះអង្គ​ប្រឡាក់ដោយធូលី កើត​ទុក្ខ តូចព្រះទ័យ ស្រក់ទឹកព្រះនេត្រ កំពុងតែឈរទ្រង់ព្រះកន្សែង​ទៀបក្លោងទ្វារ​ខាង​ក្រៅ លុះបាន​ឃើញហើយ ក៏ពោលទៅ​នឹង​ព្រះនាង​មហា​បជាបតិ​គោតមី​ដូច្នេះថា បពិត្រ​ព្រះនាង​គោតមី ហេតុអ្វី​បានជា​ព្រះនាង​មាន​ព្រះបាទ​ទាំងគូ​ពុរពង មានព្រះ​អង្គ​ប្រឡាក់​ដោយធូលី កើតទុក្ខ​តូចព្រះទ័យ ស្រក់ទឹក​ព្រះនេត្រ ឈរទ្រង់ព្រះកន្សែង ទៀបក្លោងទ្វារ​ខាង​ក្រៅ​ដូច្នេះ។ បពិត្រ​ព្រះអានន្ទ​ដ៏ចំរើន បានជាដូច្នោះ ព្រោះតែ​ព្រះដ៏​មានព្រះភាគ មិនទ្រង់​អនុញ្ញាត​ឲ្យមាតុគ្រាម​ចេញចាកផ្ទះ បព្វជ្ជា មិនមាន​ប្រយោជន៍​ដោយផ្ទះ ក្នុង​ធម្មវិន័យ​ដែល​ព្រះតថាគត​ទ្រង់សំដែង​ហើយ​ផងសោះ។ បពិត្រ​ព្រះនាង​គោតមី បើ​ដូច្នោះ សូមព្រះនាង​ទ្រង់រង់ចាំ​ក្នុងទីនេះ​សិនចុះ ទំរាំអាត្មាភាព ទៅក្រាបបង្គំ​ទូល​សុំ​ព្រះដ៏​មាន​ព្រះភាគ ឲ្យមាតុគ្រាម​បានចេញ​ចាកផ្ទះ បព្វជ្ជា មិនមានប្រយោជន៍​ដោយផ្ទះ ក្នុង​ធម្មវិន័យ ដែលព្រះតថាគត​ទ្រង់សំដែងហើយ។ លំដាប់នោះ ព្រះអានន្ទដ៏​មានអាយុ ចូល​ទៅគាល់​ព្រះដ៏មានព្រះភាគ លុះចូលទៅ​ដល់ ក្រាបថ្វាយបង្គំព្រះដ៏​មាន​ព្រះភាគ​ហើយ ក៏អង្គុយ​ក្នុងទីសមគួរ។ លុះ​ព្រះអានន្ទ​ដ៏មានអាយុ អង្គុយក្នុង​ទីសម​គួរហើយ ទើបក្រាប​បង្គំទូល​ព្រះដ៏មានព្រះភាគ​ដូច្នេះថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន ព្រះនាង​មហាបជាបតិ​គោតមី​នុ៎ះ មានព្រះបាទ​ទាំងគូ​ពុរពង មានព្រះអង្គ​ប្រឡាក់ដោយ​ធូលី កើត​ទុក្ខ តូចព្រះទ័យ ស្រក់ទឹកព្រះ​នេត្រ ឈរទ្រង់ព្រះកន្សែង ទៀបក្លោងទ្វារ​ខាង​ក្រៅ​ដោយ​ជ្រាបថា ព្រះដ៏មានព្រះភាគ មិនទ្រង់​អនុញ្ញាត​ឲ្យមាតុគ្រាម​ចេញចាកផ្ទះ បព្វជ្ជា មិនមាន​ប្រយោជន៍​ដោយផ្ទះ ក្នុង​ធម្មវិន័យ ដែល​ព្រះតថាគត​ទ្រង់សំដែងហើយ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន សូមទ្រង់​ព្រះមេត្តាប្រោស ឲ្យមាតុគ្រាម​ចេញចាកផ្ទះ បានបព្វជ្ជា មិនមាន​ប្រយោជន៍​ដោយផ្ទះ ក្នុង​ធម្មវិន័យ ដែលព្រះតថាគត​ទ្រង់សំដែង​ហើយ។ ម្នាល​អានន្ទ ណ្ហើយ អ្នកកុំគាប់​ចិត្តឲ្យមាតុគ្រាម​ចេញចាកផ្ទះ បព្វជ្ជា មិនមានប្រយោជន៍​ដោយ​ផ្ទះ ក្នុងធម្មវិន័យ​ដែលតថាគត​សំដែង​ឡើយ។ ព្រះអានន្ទ​ដ៏មានអាយុ ក្រាប​បង្គំ​ទូល ជាគំរប់ពីរ​ដងផង។បេ។ ព្រះអានន្ទ​ដ៏មានអាយុ ក្រាបបង្គំទូល​ព្រះដ៏មាន​ព្រះភាគ​ដូច្នេះ ជាគំរប់ ៣ដងផងថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន សូមទ្រង់​ព្រះមេត្តាប្រោស ឲ្យមាតុគ្រាម​ចេញចាកផ្ទះ បានបព្វជ្ជា មិនមាន​ប្រយោជន៍​ដោយផ្ទះ ក្នុងធម្មវិន័យ ដែល​ព្រះតថាគត​ទ្រង់សំដែងហើយ​ផង។ ម្នាលអានន្ទ ណ្ហើយ អ្នក​កុំគាប់ចិត្តឲ្យ​មាតុគ្រាម​ចេញចាក​ផ្ទះ បព្វជ្ជា មិនមាន​ប្រយោជន៍​ដោយផ្ទះ ក្នុងធម្មវិន័យ ដែលតថាគត​សំដែងឡើយ។ លំដាប់នោះ ព្រះអានន្ទ​ដ៏មានអាយុ មានសេចក្តីត្រិះរិះដូច្នេះថា ឥឡូវនេះ ព្រះដ៏មានព្រះភាគ មិនទ្រង់​អនុញ្ញាត​ឲ្យមាតុគ្រាម​ចេញចាកផ្ទះ បព្វជ្ជា មិនមាន​​ប្រយោជន៍​ដោយផ្ទះ ក្នុងធម្មវិន័យ ដែលព្រះតថាគត​ទ្រង់សំដែង​ហើយទេ បើដូច្នេះ គួរតែអាត្មាអញ ក្រាបបង្គំទូល​សុំព្រះដ៏មានព្រះភាគ ដោយ​បរិយាយ​ដទៃទៀត ដើម្បីឲ្យ​មាតុគ្រាម​ចេញចាកផ្ទះ បព្វជ្ជា មិនមាន​ប្រយោជន៍​ដោយផ្ទះ ក្នុងធម្មវិន័យ ដែលព្រះតថាគត​ទ្រង់សំដែង​ហើយ។ លំដាប់នោះ ព្រះអានន្ទ​ដ៏មានអាយុ បានក្រាបបង្គំ​ទូលសួរ​ព្រះដ៏មានព្រះភាគ​ដូច្នេះថា ​បពិត្រ​ព្រះអង្គដ៏ចំរើន មាតុគ្រាម បើចេញ​ចាកផ្ទះ បព្វជ្ជា មិនមាន​ប្រយោជន៍​ដោយផ្ទះ ក្នុងធម្មវិន័យ ដែលព្រះតថាគត​ទ្រង់សំដែង​ហើយ គួរធ្វើឲ្យ​ជាក់ច្បាស់​នូវ​សោតាបតិ្តផល​ក្ដី សកទាគាមិផលក្ដី អនាគាមិផលក្ដី អរហត្ត​ផល​ក្ដី បានដែរ​ឬ​។ ម្នាលអានន្ទ មាតុគ្រាម បើចេញចាកផ្ទះ បព្វជ្ជា មិនមាន​ប្រយោជន៍​ដោយផ្ទះ ក្នុងធម្មវិន័យ ដែលតថាគតសំដែង​ហើយ ក៏គួរធ្វើឲ្យ​ជាក់ច្បាស់​នូវ​សោតាបតិ្តផលផង សកទាគាមិផលផង អនាគាមិផលផង អរហត្តផលផង។ ​បពិត្រ​ព្រះអង្គ​ដ៏ចំរើន បើមាតុគ្រាម ចេញចាកផ្ទះ បព្វជ្ជា មិនមាន​ប្រយោជន៍​ដោយផ្ទះ ក្នុង​ធម្មវិន័យ ដែលព្រះតថាគត​សំដែងហើយ គួរធ្វើឲ្យជាក់​ច្បាស់នូវ​សោតាបតិ្ត ផលផង។បេ។ អរហត្តផលផង ​បពិត្រព្រះអង្គដ៏ចំរើន ព្រះនាង​មហាបជាបតិ​គោតមី មាន​ឧបការៈច្រើន ជាព្រះមាតុច្ឆា​របស់ព្រះដ៏មានព្រះភាគ បានបី​បាច់ចិញ្ចឹម កាលព្រះ​មាតា​ទ្រង់ទិវង្គតទៅ បានបំបៅ​ព្រះដ៏មានព្រះភាគ តរៀងមក។ បពិត្រព្រះអង្គ​ដ៏ចំរើន សូមទ្រង់​ព្រះមេត្តា​ប្រោស ឲ្យមាតុគ្រាម​ចេញចាកផ្ទះ បានបព្វជ្ជា មិនមាន​ប្រយោជន៍​ដោយផ្ទះ ក្នុងធម្មវិន័យ ដែលព្រះតថាគត​ទ្រង់សំដែង​ហើយផង។ ម្នាលអានន្ទ បើព្រះ​នាង​មហាបជាបតិ​គោតមី ទទួលប្រតិបត្តិ​តាម​គរុធម៌ ៨ ប្រការ​បាន ឧបសម្បទានោះ ចូរសម្រេច​ដល់ព្រះនាងចុះ។ (ឯ​គរុធម៌ ៨ប្រការ​នោះគឺ) ភិក្ខុនី សូម្បីឧបសម្បទា​បាន មួយរយវស្សា​ហើយ ក៏ត្រូវតែថ្វាយ​បង្គំ ក្រោកទទួល ធ្វើអញ្ជលិកម្ម សាមីចិកម្ម ចំពោះភិក្ខុ ដែលទើប​នឹង​ឧបសម្បទា​ក្នុងថ្ងៃនោះ នេះជាធម៌​ដែលភិក្ខុនី​ត្រូវធ្វើសក្ការៈ គោរពរាប់អាន បូជា កុំគប្បី​ប្រព្រឹត្ត​កន្លង ដរាប​អស់ជីវិត ១។ ភិក្ខុនី​មិនត្រូវ​នៅចាំវស្សា ក្នុងអាវាស​ដែលគ្មាន​ភិក្ខុ​ឡើយ នេះជាធម៌​ដែលភិក្ខុនី​ត្រូវធ្វើសក្ការៈ គោរព រាប់អាន បូជា កុំគប្បីប្រព្រឹត្ត​កន្លង ដរាបអស់​ជីវិត ១។ ភិក្ខុនី ​ត្រូវ​ស្វែងរកសួរ​ឧបោសថផង ចូលទៅស្ដាប់ឱវាទផង អំពីសំណាក់​ភិក្ខុសង្ឃ​រាល់កន្លះខែ នេះជាធម៌​ដែលភិក្ខុនី​ត្រូវធ្វើសក្ការៈ គោរព រាប់អាន បូជា កុំគប្បីប្រព្រឹត្ត​កន្លង ដរាបអស់ជីវិត ១។ ភិក្ខុនី​​នៅចាំវស្សា​រួចហើយ ត្រូវបវារណា ក្នុង​សំណាក់សង្ឃ​ទាំង២ ពួក (គឺភិក្ខុសង្ឃ ១ ភិក្ខុនីសង្ឃ ​១) ដោយឋាន ៣ យ៉ាងគឺ ឃើញ ឮ រង្កៀស នេះជាធម៌ដែលភិក្ខុនី​ត្រូវធ្វើសក្ការៈ គោរព រាប់អាន បូជា កុំគប្បី​ប្រព្រឹត្ត​កន្លង ដរាបអស់​ជីវិត ១។ ភិក្ខុនី​​ត្រូវគរុកាបត្តិ​ហើយ គប្បីប្រព្រឹត្ត​បក្ខមានត្ត ក្នុងសំណាក់​សង្ឃទាំង ២ ពួក នេះជាធម៌​ដែលភិក្ខុនី​ត្រូវធ្វើសក្ការៈ គោរព រាប់អាន បូជា កុំគប្បី​ប្រព្រឹត្ត​កន្លង ដរាបអស់ជីវិត ១។ ភិក្ខុនី​ត្រូវ​ជួយស្វែងរក​ឧបសម្បទា ក្នុងសំណាក់​សង្ឃទាំង ២ ពួក ដល់សិក្ខមានា ដែលបានសិក្សាសិក្ខា​ក្នុងធម៌ ៦13) ប្រការ គ្រប់ ២ ឆ្នាំហើយ នេះជាធម៌​ដែលភិក្ខុនី​ត្រូវធ្វើ​សក្ការៈ គោរព រាប់អាន បូជា កុំគប្បី​ប្រព្រឹត្តកន្លង ដរាបអស់ជីវិត ១។ ភិក្ខុនី​មិន​ត្រូវជេរ មិនត្រូវ​ប្រទេចភិក្ខុ ដោយបរិយាយ​ណាមួយឡើយ នេះជា​ធម៌ដែល​ភិក្ខុនី​ត្រូវធ្វើ​សក្ការៈ គោរព រាប់អាន បូជា កុំគប្បីប្រព្រឹត្ត​កន្លង ដរាបអស់ជីវិត ១។ តាំងពីថ្ងៃ​ដែលបាន​ឧបសម្បទានេះ​ទៅ ភិក្ខុនី​ត្រូវតែស្ដាប់​បង្គាប់ភិក្ខុ ឯភិក្ខុ​មិនត្រូវ​ស្ដាប់បង្គាប់​ភិក្ខុនី​វិញឡើយ នេះជាធម៌​ដែលភិក្ខុនី​ត្រូវធ្វើសក្ការៈ គោរព រាប់អាន បូជា កុំគប្បី​ប្រព្រឹត្ត​កន្លង ដរាប​អស់ជីវិត ១។ ម្នាលអានន្ទ បើព្រះនាង​មហាបជាបតិ​គោតមី ទទួល​ប្រព្រឹត្ត​តាម​គរុធម៌​ទាំង ៨ នេះបាន ឧបសម្បទា​នោះ ចូរសម្រេច​ដល់ព្រះនាងចុះ។ លំដាប់នោះ ព្រះអានន្ទ​ដ៏មានអាយុ បានរៀន​គរុធម៌ ៨ ប្រការ ក្នុងសំណាក់​ព្រះដ៏មានព្រះភាគ (ចាំស្ទាត់ហើយ) ក៏ចូលទៅរក​ព្រះនាង​​មហាបជាបតិ​គោតមី លុះចូល​ទៅដល់​ហើយ ក៏ពោល​ទៅនឹង​ព្រះនាង​មហាបជាបតិ​គោតមី​ដូច្នេះថា បពិត្រ​ព្រះនាង​គោតមី បើព្រះនាង​ទទួលប្រតិបត្តិ​តាម​គរុធម៌ ៨ ប្រការ​បាន ឧបសម្បទានោះ នឹង​សម្រេចដល់​ព្រះនាង។ (ឯគរុធម៌ ៨ ប្រការនោះគឺ) ភិក្ខុនីសូម្បីឧបសម្បទា បានមួយ​រយវស្សា​ហើយ ក៏ត្រូវតែ​ថ្វាយបង្គំ ក្រោកទទូល ធ្វើអញ្ជលិកម្ម សាមីចិកម្ម ចំពោះភិក្ខុ ដែលទើបនឹង​បួស​ហើយ​ក្នុងថ្ងៃនោះ នេះជាធម៌ ដែលភិក្ខុនី​ត្រូវធ្វើសក្ការៈ គោរព រាប់អាន បូជា កុំគប្បីប្រព្រឹត្តកន្លង ដរាបអស់ជីវិត ១។បេ។ ចាប់ដើមតាំងពីថ្ងៃ (ដែលបាន​ឧបសម្បទា) នេះ​ទៅ ភិក្ខុនី​ត្រូវតែស្ដាប់​បង្គាប់ភិក្ខុ ឯភិក្ខុមិនត្រូវ​ស្ដាប់បង្គាប់​ភិក្ខុនីវិញឡើយ នេះជាធម៌​ដែលភិក្ខុនី​ត្រូវធ្វើ​សក្ការៈ គោរព រាប់អាន បូជា កុំគប្បី​ប្រព្រឹត្ត​កន្លង ដរាបអស់ជីវិត ១។ បពិត្រ​ព្រះនាង​គោតមី បើព្រះនាង​ទទួល​ប្រតិបត្តិ​គរុធម៌ ៨ ប្រការ​នេះបាន។ ឧបសម្បទា​នោះ នឹង​សម្រេចដល់​ព្រះនាងបាន។ ព្រះនាង​មហាបជាបតិ​គោតមី ឆ្លើយតបថា បពិត្រ​ព្រះអានន្ទដ៏ចំរើន ស្រ្ដី ឬបុរស​នៅក្រមុំ​កំឡោះ ប្រកប​ដោយ​ជាតិ​ជាអ្នក​ស្អិតស្អាងខ្លួន មានក្បាលលុបលាងហើយ បានកម្រងផ្កា​ឧប្បលក្ដី កម្រងផ្កា​ម្លិះក្ដី កម្រងផ្កា​ដែលមាន​ក្លិនក្រអូប​ណាស់ក្ដី ហើយទទួល​យកដោយ​ដៃ​ទាំងពីរ ដំកល់​ទុក​លើ​អវយវៈ​ដ៏ឧត្តម គឺក្បាល យ៉ាងណាមិញ បពិត្រ​ព្រះអានន្ទ​ដ៏ចំរើន ខ្ញុំនឹង​ទទួល​ប្រតិបត្តិ​តាម​គរុធម៌ ៨ ប្រការនេះ មិនប្រព្រឹត្ត​កន្លង ដរាបអស់​ជីវិត ក៏យ៉ាងនោះដែរ។ លំដាប់​នោះ ព្រះអានន្ទ​ដ៏មានអាយុ ចូលទៅគាល់​ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយ​បង្គំ​ព្រះដ៏មាន​ព្រះភាគ រួច​អង្គុយក្នុង​ទីសមគួរ​។ លុះព្រះអានន្ទ​ដ៏មានអាយុ អង្គុយ​ក្នុងទីសម​គួរហើយ ក៏ក្រាប​បង្គំទូល​ព្រះដ៏មានព្រះភាគ​ដូច្នេះថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន គរុធម៌​ទាំង ៨ ប្រការ ព្រះនាង​មហាបជាបតិ​គោតមី ព្រមទទួលហើយ មិន​ប្រព្រឹត្ត​ឲ្យកន្លង ដរាបអស់​ជីវិតទេ។ ម្នាលអានន្ទ ប្រសិនបើ​មាតុគ្រាម មិនបាន​ចេញ​ចាកផ្ទះ បព្វជ្ជា មិនមាន​ប្រយោជន៍​​ដោយផ្ទះ ក្នុងធម្មវិន័យ ដែល​តថាគត​សំដែង​ហើយ​ទេ ​ម្នាលអានន្ទ ព្រហ្មចរិយធម៌ នឹង​បានតាំង​នៅ​ជា​អង្វែង ព្រះសទ្ធម្ម គឺ​អរហត្តផល នឹង​បានតាំង​នៅអស់ ១ ពាន់ឆ្នាំ។ ម្នាលអានន្ទ តែកាលណា​​មាតុគ្រាម​ចេញចាកផ្ទះ បព្វជ្ជា មិនមាន​ប្រយោជន៍​ដោយផ្ទះ ក្នុងធម្មវិន័យ ដែលតថាគត​សំដែងហើយ ម្នាលអានន្ទ ឥឡូវ​នេះ ព្រហ្មចរិយធម៌ នឹង​មិនតាំងនៅ​យូរអង្វែង​ទេ ម្នាលអានន្ទ ឥឡូវនេះ ព្រះសទ្ធម្មនឹង​ឋិត​នៅ​បានត្រឹមតែ​ប្រាំរយ​ឆ្នាំវិញ ម្នាលអានន្ទ ត្រកូល​ទាំងឡាយណាមួយ ​ដែលមាន​ស្រី​ច្រើន មានប្រុស​តិច ត្រកូលទាំងនោះ ពួកចោរលួច​ឧជប្រទីបក្នុង​ក្អមឆ្នាំង ហើយគន់​មើលទ្រព្យ​ក្នុងផ្ទះ​អ្នក​ដទៃ ​ដោយពន្លឺ​នោះ អាចចូល​មកបំផ្លាញ​បានដោយងាយ យ៉ាង​ណា​មិញ ម្នាលអានន្ទ មាតុគ្រាម​ចេញចាកផ្ទះ បានបព្វជ្ជា មិនមាន​ប្រយោជន៍​ដោយផ្ទះ ក្នុង​ធម្មវិន័យ គឺព្រហ្មចរិយធម៌ណា ព្រហ្មចរិយធម៌​នោះ មិនបានតាំងនៅ​យូរអង្វែងទេ ក៏យ៉ាង​នោះដែរ។ ម្នាលអានន្ទ រោគជាតិឈ្មោះសេតដ្ឋិកា (ក្រា-ស) ធ្លាប់ចុះ​ក្នុងស្រែ​ស្រូវ​ណា ដែលកំពុង​តែលូតលាស់​ល្អ ស្រែស្រូវនោះ មិនបាន​តាំងនៅ​យូរអង្វែង ដោយ​ប្រការ​យ៉ាងនេះ យ៉ាងណា​មិញ ម្នាលអានន្ទ មាតុគ្រាម ចេញចាកផ្ទះ បាន​បព្វជ្ជា មិនមាន​ប្រយោជន៍​ដោយផ្ទះ ក្នុងធម្មវិន័យ គឺ​ព្រហ្មចរិយធម៌​ណា ព្រហ្មចរិយធម៌នោះ មិនបាន​តាំង​នៅ​យូរ​អង្វែងទេ ក៏យ៉ាងនោះដែរ។ ម្នាលអានន្ទ រោគជាតិ​ឈ្មោះ​មញ្ជេដ្ឋិកា (ក្រាក្រហម) ធ្លាក់ចុះ​ក្នុង​ច្បារអំពៅ​ណា ដែលកំពុង​លូតលាស់ល្អ ច្បារអំពៅនោះ មិន​បាន​តាំង​នៅយូរអង្វែង ដោយប្រការ​យ៉ាងនេះ យ៉ាងណាមិញ ម្នាលអានន្ទ មាតុគ្រាម ចេញចាក​ផ្ទះ បាន​បព្វជ្ជា មិនមាន​ប្រយោជន៍​ដោយផ្ទះ ក្នុងធម្មវិន័យ គឺ​ព្រហ្មចរិយធម៌​ណា ព្រហ្មចរិយធម៌នោះ មិនបានតាំងនៅ​យូរអង្វែង​ទេ ក៏យ៉ាងនោះដែរ។ ម្នាលអានន្ទ បុរស ប្រញាប់​លើកទំនប់​ទប់ទឹកស្រះ​ដ៏ធំ​ជាមុន ដើម្បី​មិនឲ្យ​ទឹកហូរ​ចេញទៅជាកំណត់ យ៉ាង​ណាមិញ ម្នាលអានន្ទ គរុធម៌ ៨ ប្រការ ដែលតថាគត បានបញ្ញត្ត​ហើយ ចំពោះ​ភិក្ខុនី​​ជា​ដម្បូង ដើម្បី​មិនឲ្យ (ភិក្ខុនី) ប្រព្រឹត្ត​កន្លង ដរាបដល់អស់ជីវិត ក៏យ៉ាង​នោះដែរ។

ឱវាទសូត្រ ទី២

(២. ឱវាទសុត្តំ)

[៥២] សម័យមួយ ព្រះដ៏មានព្រះភាគ កាលគង់ក្នុង​កូដាគារសាលា នាមហាវន ក្បែរក្រុង​វេសាលី។ គ្រានោះ ព្រះអានន្ទដ៏មានអាយុ ចូលទៅគាល់​ព្រះដ៏មានព្រះភាគ លុះចូល​ទៅដល់ ក្រាបថ្វាយ​បង្គំ​ព្រះដ៏មានព្រះភាគ ហើយអង្គុយ​ក្នុងទីសមគួរ។ លុះព្រះ​អានន្ទ​ដ៏មានអាយុ អង្គុយក្នុង​ទីសមគួរហើយ ទើបក្រាប​បង្គំទូល​ព្រះដ៏មាន​ព្រះភាគ ដូច្នេះថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន ភិក្ខុប្រកប​ដោយធម៌​ប៉ុន្មាន ដែលសង្ឃ​គួរសន្មត ជាអ្នក​ឲ្យឱវាទដល់នាង​ភិក្ខុនីបាន។ ម្នាលអានន្ទ ភិក្ខុប្រកប​ដោយធម៌ ៨ ប្រការ ទើបសង្ឃ​គួរ​សន្មត ជាអ្នក​ឲ្យឱវាទ​ដល់នាង​ភិក្ខុនីបាន។ ប្រកប​ដោយធម៌ទាំង ៨ ប្រការ តើ​ដូចម្ដេច។ ម្នាល​អានន្ទ ភិក្ខុក្នុង​សាសនា​នេះ ជាអ្នក​មានសីល។បេ។ សមាទាន​សិក្សា ​ក្នុងសិក្ខាបទ​ទាំងឡាយ ១ ជាអ្នក​ចេះចាំច្រើន។បេ។ យល់ត្រឹម​ត្រូវដោយទិដ្ឋិ ១​ បាតិមោក្ខទាំងពីរ​ ភិក្ខុនោះ ក៏ចេះចាំ​ដោយសេចក្ដី​ពិស្ដារ ចែកចេញ​ដោយប្រពៃ ចាំស្ទាត់​រត់មាត់ កាត់​សេចក្ដី​បាន​ដោយល្អ តាមសូត្រ តាម​អនុព្យញ្ជនៈ ១ ជាអ្នកមាន​វាចាពីរោះ ពោលពាក្យ​ពីរោះ ប្រកបដោយវាចា​អ្នកក្រុង ជាវាចា​ក្បោះក្បាយ​ មិនមានទោស អាចញុំាង​អ្នកផង ឲ្យដឹងច្បាស់​សេចក្ដី ១ ជាអ្នកអង់អាច ដើម្បីញុំាង​ភិក្ខុនីសង្ឃ ឲ្យយល់ ឲ្យប្រតិបត្តិ​តាម ឲ្យក្លាហាន​ ឲ្យជ្រះថ្លា​ដោយធមី្មកថា ១ ជាទីស្រឡាញ់ ជាទីគាប់ចិត្ត​នៃនាង​ភិក្ខុនីទាំង​ឡាយ​ដោយច្រើន ១ ជាអ្នកមិនធ្លាប់​ត្រូវគរុកាបត្តិ14) ដោយ​នាង​ភិក្ខុនី ដែលស្លៀក​សំពត់​ជ្រលក់​ដោយ​ទឹក​អម្ចត់ បួស​ចំពោះ​ព្រះដ៏មានព្រះភាគ​អង្គនុ៎ះ ១ ជាអ្នក​មានវស្សា ២០ ឬ​មានវស្សា​ច្រើន​ជាង ២០ ឡើង​ទៅ ១។ ម្នាល​អានន្ទ ភិក្ខុប្រកប​ដោយធម៌​ទាំង ៨ ប្រការ​នេះឯង ទើប​សង្ឃ​គួរសន្មត​ជាអ្នកឲ្យឱវាទ​ដល់នាង​ភិក្ខុនី​បាន។

សំខិត្តសូត្រ ទី៣

(៣. សំខិត្តសុត្តំ)

[៥៣] សម័យមួយ ព្រះដ៏មានព្រះភាគ កាលគង់ក្នុង​កូដាគារសាលា នាមហាវន ក្បែរ​ក្រុង​វេសាលី។ គ្រានោះ ព្រះនាង​មហាបជាបតិ​គោតមី ចូលទៅគាល់​ព្រះដ៏មាន​ព្រះ​ភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំ​ព្រះដ៏មានព្រះភាគ រួចហើយ​ក៏ឋិតនៅ​ក្នុងទី​សម​គួរ។ លុះព្រះនាង​មហា​បជាបតិ​គោតមី ឋិតនៅក្នុង​ទីសមគួរ​ហើយ ក៏ក្រាប​បង្គំ​ទូល​ព្រះដ៏​មានព្រះភាគ ដូច្នេះថា បពិត្រ​​ព្រះអង្គ​ដ៏ចំរើន សូម​ព្រះដ៏មាន​ព្រះភាគ សំដែង​ធម៌​ដោយ​សង្ខេប​ដល់​ខ្ញុំព្រះអង្គ ព្រោះថា ខ្ញុំព្រះអង្គ​បានស្ដាប់​ធម៌ព្រះដ៏មាន​ព្រះភាគ​ហើយ គប្បី​ចៀសចេញ​ទៅ​តែម្នាក់ឯង មិនប្រមាទ មានសេចក្ដី​ព្យាយាម ជាគ្រឿងដុត​កំដៅកិលេស មានចិត្ត​បញ្ជូន​​ទៅកាន់​ព្រះនិព្វាន (មិនខាន)។ ម្នាល​នាងគោតមី នាង​គប្បីដឹង​នូវធម៌​ទាំងឡាយ​ណា ធម៌ទាំងនេះ រមែងប្រព្រឹត្ត​ទៅ ដើម្បីប្រកប​ដោយ​តម្រេក មិនប្រព្រឹត្ត​ទៅ ដើម្បី​ប្រាសចាក​តម្រេក ប្រព្រឹត្តទៅ ដើម្បី​ប្រកប​ក្នុងវដ្តៈ មិន​ប្រព្រឹត្តទៅ ដើម្បី​ប្រាសចាក​ការប្រកប​ក្នុងវដ្ដៈ ប្រព្រឹត្តទៅ ដើម្បីការសន្សំ​កិលេសវដ្ដៈ មិនប្រព្រឹត្តទៅ ដើម្បី​មិនមាន​ការសន្សំ​កិលេសវដ្ដៈ ប្រព្រឹត្តទៅ ដើម្បីសេចក្ដី​ប្រាថ្នាច្រើន មិនប្រព្រឹត្តទៅ ដើម្បី​សេចក្ដី​ប្រាថ្នាតិច ប្រព្រឹត្តទៅ ដើម្បី​សេចក្ដី​មិនសន្ដោស មិនប្រព្រឹត្តទៅ ដើម្បីសេចក្ដី​សន្ដោស ប្រព្រឹត្ត​ទៅ ដើម្បី​ច្រឡូកច្រឡំ​ដោយពួក មិនប្រព្រឹត្តទៅ ដើម្បី​ស្ងាត់ចាកពួក ប្រព្រឹត្តទៅ ដើម្បី​សេចក្ដីខ្ជិល​ច្រអូស មិនប្រព្រឹត្តទៅ ដើម្បីប្រារព្ធ​សេចក្ដី​ព្យាយាម ប្រព្រឹត្តទៅ ដើម្បី​ឲ្យគេ​ចិញ្ចឹមក្រ មិនប្រព្រឹត្តទៅ ដើម្បីឲ្យ​គេចិញ្ចឹមងាយ។ ម្នាល​នាងគោតមី នាង​គប្បីចាំទុក​ដោយ​ពិតចុះថា នេះមិនមែន​ជាធម៌ នេះមិនមែន​ជាវិន័យ នេះមិនមែន​ជាពាក្យប្រៀន​ប្រដៅ​របស់ព្រះសាស្ដា​ទេ។ ម្នាលនាង​គោតមី មួយទៀត នាង​គប្បីដឹង​នូវធម៌​ទាំងឡាយណា ធម៌ទាំងនេះ រមែង​ប្រព្រឹត្តទៅ ដើម្បីប្រាស​ចាកតម្រេក មិន​ប្រព្រឹត្ត​ទៅ ដើម្បីប្រកប​ដោយ​តម្រេក ប្រព្រឹត្តទៅ ដើម្បី​ប្រាសចាកការប្រកបក្នុងវដ្តៈ មិនប្រព្រឹត្តទៅ ដើម្បីការប្រកប​ក្នុងវដ្ដៈ ប្រព្រឹត្តទៅ ដើម្បីមិនមាន​ការសន្សំ​កិលេសវដ្ដៈ មិនប្រព្រឹត្តទៅ ដើម្បី​ការ​សន្សំកិលេសវដ្ដៈ ប្រព្រឹត្តទៅ ដើម្បី​សេចក្ដីប្រាថ្នាតិច មិនប្រព្រឹត្ត​ទៅ ដើម្បី​សេចក្ដី​ប្រាថ្នាច្រើន ប្រព្រឹត្តទៅ ដើម្បីសេចក្ដី​សន្ដោស មិនប្រព្រឹត្តទៅ ដើម្បី​មិន​សន្ដោស ប្រព្រឹត្ត​ទៅ ដើម្បីសេចក្ដី​ស្ងាត់ចាកពួក មិនប្រព្រឹត្ត​ទៅ ដើម្បីច្រឡូក​ច្រឡំ​ដោយពួក ប្រព្រឹត្ត​ទៅ ដើម្បីប្រារព្ធ​សេចក្ដីព្យាយាម មិន​ប្រព្រឹត្តទៅ ដើម្បីសេចក្ដី​ខ្ជិលច្រអូស ប្រព្រឹត្ត​ទៅ ដើម្បីឲ្យ​គេចិញ្ចឹម​ងាយ មិនប្រព្រឹត្ត​ទៅ ដើម្បីឲ្យគេ​ចិញ្ចឹមក្រ។ ម្នាលនាង​គោតមី នាង​គប្បី​ចាំទុក ដោយ​ពិតចុះថា នេះជាធម៌ នេះជា​វិន័យ នេះជា​ពាក្យ​ប្រៀនប្រដៅ របស់​ព្រះសាស្ដា​ហើយ។

ទីឃជាណុសូត្រ ទី៤

(៤. ទីឃជាណុសុត្តំ)

[៥៤] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់ក្នុង​និគមឈ្មោះ​កក្ករបត្តៈ របស់​កោឡិយក្សត្រ ក្នុងដែន​កោឡិយៈ។ គ្រានោះ ទីឃជាណុកោឡិយបុត្រ (កោឡិយបុត្រ ឈ្មោះ​ទីឃជាណុ) ចូលទៅគាល់​ព្រះដ៏មានព្រះភាគ លុះចូលទៅ​ដល់ ក្រាបថ្វាយបង្គំ​ព្រះ​ដ៏មានព្រះភាគ​រួចហើយ អង្គុយ​ក្នុង​ទីសមគួរ។ លុះ​ទីឃជាណុកោឡិយបុត្រ អង្គុយ​ក្នុង​ទីសមគួរ​ហើយ ក៏ក្រាបបង្គំ​ទូល​ព្រះដ៏មានព្រះភាគ​ដូច្នេះថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន យើងខ្ញុំ​ព្រះអង្គ​ជាគ្រហស្ថ បរិភោគកាម តែង​គ្រប់គ្រង​ទីដំណេក​ចង្អៀតចង្អល់​ដោយ​កូន ប្រស់​ព្រំនូវ​លំអិត​នៃខ្លឹមចន្ទន៍ ពីដែន​កាសី ទ្រទ្រង់នូវ​ផ្កាកម្រង គ្រឿងក្រអូប គ្រឿង​លាប ត្រេកអរ​នូវមាស និងប្រាក់ បពិត្រ​ព្រះអង្គ​ដ៏ចំរើន សូម​ព្រះដ៏មានព្រះភាគ ទ្រង់​សំដែង​ធម៌​បែបនោះ ដល់យើងខ្ញុំ​ទាំងឡាយ​នោះ ជាធម៌​ប្រពឹត្តទៅ ដើម្បី​ប្រយោជន៍​ក្នុង​បច្ចុប្បន្ន ដើម្បី​សេចក្ដីសុខ​ក្នុងបច្ចុប្បន្ន ដើម្បី​ប្រយោជន៍​ក្នុងបរលោក ដើម្បី​សេចក្ដីសុខ ក្នុង​បរលោក ដល់យើង​ខ្ញុំព្រះអង្គ។ ម្នាល​ព្យគ្ឃបជ្ជៈ15) ធម៌ទាំងឡាយ ៤ ប្រការនេះ ប្រព្រឹត្ត​ទៅ ដើម្បីប្រយោជន៍​ក្នុងបច្ចុប្បន្ន ដើម្បីសេចក្ដី​សុខ​ក្នុងបច្ចុប្បន្ន ដល់​កុលបុត្រ។ ធម៌៤ ប្រការ តើ​ដូចម្ដេច។ គឺ ឧដ្ឋានសម្បទា ១ អារក្ខសម្បទា ១ កល្យាណមិត្តតា ១ សមជីវិតា ១។ ម្នាលព្យគ្ឃបជ្ជៈ ចុះឧដ្ឋានសម្បទា តើដូចម្ដេច។ ម្នាលព្យគ្ឃបជ្ជៈ កុលបុត្រ ក្នុង​លោកនេះ ចិញ្ចឹមជីវិត ដោយការ​ប្រឹងប្រែង ក្នុងការងារ​ណា ទោះភ្ជួររាស់​ក្ដី ជួញ​ប្រែក្ដី រក្សាគោក្ដី ការងាររបស់​ខ្មាន់ធ្នូក្ដី ការងារ​របស់រាជ​បុរសក្ដី សិល្បៈ​ណា​មួយក្ដី ជាអ្នក​ប៉ិន​ប្រសប់ ក្នុងការងារ​ទាំងនោះ មិនខ្ជិលច្រអូស ប្រកបដោយ​ឧបាយ ជាគ្រឿង​ពិចារណា ក្នុងការងារ​ទាំងនោះថា គួរធ្វើ គួរចាត់ចែង ម្នាល​ព្យគ្ឃបជ្ជៈ នេះហៅថា ឧដ្ឋានសម្បទា។ ម្នាល​ព្យគ្ឃបជ្ជៈ ចុះ​អារក្ខសម្បទា តើ​ដូចម្ដេច។ ម្នាល​ព្យគ្ឃបជ្ជៈ ភោគៈ​ទាំងឡាយ ដែល​កុលបុត្រ​ក្នុងលោកនេះ បានមក​ដោយកំឡាំង​ព្យាយាម ប្រឹងប្រែង សន្សំ​ដោយ​កំឡាំងដៃ បែកញើស ហូរញើស ជាភោគៈ​ប្រកបដោយ​ធម៌ បានមក​ដោយ​ធម៌ កុលបុត្រនោះ បានញុំាង​ភោគៈទាំងនោះ ឲ្យសម្រេច​ដោយការ​រក្សា​គ្រប់គ្រង ដោយ​គិត​ថា ធ្វើដូចម្ដេច កុំឲ្យសេ្ដច​ទាំងឡាយ នាំយក​ភោគៈ​ទាំងនេះ របស់អាត្មាអញ​ទៅបាន កុំឲ្យ​ពួកចោរ​លួច​ទៅបាន កុំឲ្យភ្លើង​ឆេះបាន កុំឲ្យ​ទឹកបន្សាត់​ទៅបាន កុំឲ្យ​ពួកទាយាទ មិនជា​ទីស្រឡាញ់ ដណ្ដើម​យកទៅបាន ម្នាល​ព្យគ្ឃបជ្ជៈ នេះហៅថា អារក្ខសម្បទា។ ម្នាល​ព្យគ្ឃបជ្ជៈ ចុះ​កល្យាណមិត្តតា តើដូចម្ដេច។ ម្នាលព្យគ្ឃបជ្ជៈ កុលបុត្រ​ក្នុងលោកនេះ នៅអាស្រ័យ​ក្នុងស្រុក ឬ​និគមណា ពួកជនណា ទោះ​គហបតីក្ដី គហបតិបុត្រក្ដី ក្មេង តែចំរើន​ដោយសីលក្ដី ចាស់ហើយ តែចំរើន​ដោយសីលក្ដី បរិបូណ៌​ដោយ​សទ្ធា បរិបូណ៌​ដោយសីល បរិបូណ៌​ដោយចាគៈ បរិបូណ៌​ដោយបញ្ញា ដែល​នៅ​ក្នុង​ស្រុក ឬ​និគមនោះ កុលបុត្រ​នោះ តែងឈរ ចរចា សាកច្ឆាជាមួយនឹង​ពួក​ជនទាំងនោះ តែង​សិក្សា​នូវ​សទ្ធាសម្បទា​នឹងពួកជន​អ្នកបរិបូណ៌​ដោយសទ្ធា តាមសមគួរ សិក្សា​នូវ​សីលសម្បទា នឹង​ពួកជន​អ្នកបរិបូណ៌​ដោយសីល តាមសមគួរ សិក្សានូវ​ចាគសម្បទា នឹង​ពួកជន​អ្នកបរិបូណ៌​ដោយចាគៈ តាមសមគួរ សិក្សានូវ​បញ្ញាសម្បទា នឹង​ពួកជន​អ្នក​បរិបូណ៌​ដោយបញ្ញា តាមសមគួរ ម្នាល​ព្យគ្ឃបជ្ជៈ នេះហៅថា កល្យាណមិត្តតា។ ម្នាលព្យគ្ឃបជ្ជៈ ចុះសមជីវិតា តើដូចម្តេច។ ម្នាល​ព្យគ្ឃបជ្ជៈ កុលបុត្រ​ក្នុងលោកនេះ ដឹងច្បាស់នូវ​ការចំរើននៃ​ភោគៈទាំងឡាយផង ដឹងច្បាស់​នូវការវិនាស​ទៅ នៃភោគៈ​ទាំងឡាយផង ហើយចិញ្ចឹម​ជីវិតស្មើ មិន​ខ្ជះខ្ជាយពេក មិនក្បិតក្បៀត​ពេក ដោយគិតថា សេចក្ដី​ចំរើន​របស់អាត្មាអញ នឹង​គ្របសង្កត់​សេចក្ដីវិនាស​យ៉ាងនេះ ឯសេចក្ដី​វិនាស​របស់​អាត្មាអញ នឹង​កុំគ្រប​សង្កត់​សេចក្ដីចំរើន​បានឡើយ។ ម្នាល​ព្យគ្ឃបជ្ជៈ ប្រៀបដូច​ជនអ្នក​ថ្លឹង​ជញ្ជីង​ក្ដី កូនសិស្ស​នៃជនអ្នកថ្លឹង​ជញ្ជីងក្ដី លើកនូវ​ជញ្ជីង​ថ្លឹងហើយ ក៏ដឹងថា ទន់​ទៅខាង​ម្ខាងផង បះឡើង​ខាងម្ខាងផង យ៉ាងណាមិញ ម្នាលព្យគ្ឃបជ្ជៈ កុលបុត្រ​អ្នកដឹងច្បាស់​នូវការ​ចំរើន​នៃភោគៈទាំងឡាយ​ផង ដឹងច្បាស់នូវ​ការវិនាសទៅ នៃ​ភោគៈ​ទាំងឡាយផង ហើយចិញ្ចឹម​ជិវិតស្មើ មិនខ្ជះខ្ជាយពេក មិនក្បិតក្បៀត​ពេក ដោយគិតថា សេចក្ដី​ចំរើន របស់អាត្មាអញ នឹង​គ្របសង្កត់​សេចក្ដី​វិនាសយ៉ាងនេះ ឯសេចក្ដី​វិនាស​របស់​អាត្មា​អញ នឹង​កុំគ្របសង្កត់​សេចក្ដីចំរើន​បានឡើយ ក៏យ៉ាងនោះដែរ។ ម្នាល​ព្យគ្ឃបជ្ជៈ ប្រសិនបើ​កុលបុត្រនេះ មានសេចក្ដី​ចំរើនតិច ហើយចិញ្ចឹម​ជីវិតច្រើន​លើស​លុប អ្នកផង​តែងនិយាយ​ដល់កុលបុត្រ​នោះថា កុលបុត្រនេះ បរិភោគ​នូវភោគៈ​ទាំងឡាយ ដូចជាគេ​ស៊ីផ្លែល្វា។16) ម្នាល​ព្យគ្ឃបជ្ជៈ ប្រសិនបើ​កុលបុត្រ​នេះ មានសេចក្ដី​ចំរើនធំ​ហើយ ចិញ្ចឹមជីវិត​ដោយក្បិតក្បៀត អ្នកផង​ទាំងឡាយ រមែងនិយាយ​ដល់កុលបុត្រ​នោះថា កុលបុត្រនេះ មុខជា​នឹងស្លាប់ ៗ ដោយ​ឥតទីពឹង។ ម្នាល​ព្យគ្ឃបជ្ជៈ កាលណា​កុលបុត្រនេះ ដឹងច្បាស់​នូវសេចក្ដីចំរើន នៃភោគៈ​ទាំងឡាយ​ផង ដឹងច្បាស់​នូវសេចក្ដី​វិនាសនៃភោគៈ​ទាំងឡាយ​ផង ហើយចិញ្ចឹម​ជីវិតស្មើ មិន​ខ្ជះខ្ជាយ​ពេក មិនក្បិតក្បៀត​ពេក ដោយគិតថា សេចក្ដី​ចំរើនរបស់​អាត្មាអញ នឹង​គ្របសង្កត់​នូវសេចក្ដី​វិនាសយ៉ាងនេះ ឯសេចក្ដី​វិនាស របស់អាត្មាអញ នឹង​កុំគ្រប​សង្កត់សេចក្ដី​ចំរើនបានឡើយ ម្នាល​ព្យគ្ឃបជ្ជៈ នេះហៅថា សមជីវិតា។ ម្នាល​ព្យគ្ឃបជ្ជៈ កាលដែល​ភោគៈទាំងឡាយ ចំរើនឡើង​យ៉ាងនេះហើយ រមែងមាន​ផ្លូវនៃសេចក្ដី​វិនាស ៤ យ៉ាង​ គឺ ជាអ្នក​លេងស្រី ១ លេងសុរា ១ លេងល្បែងភ្នាល់ ១ មានមិត្រដ៏លាមក មាន​សំឡាញ់​ដ៏លាមក សមគប់​នឹង​បុគ្គល​ដ៏លាមក ១។ ម្នាល​ព្យគ្ឃបជ្ជៈ ដូច​ស្រះទឹកដ៏ធំ មាន​ផ្លូវនៃ​សេចក្ដី​ចំរើន ៤ យ៉ាងផង មាន​ប្រធាន​នៃសេចក្ដី​វិនាស ៤ យ៉ាងផង បុរស​គប្បីបិទ​ខ្ទប់នូវ​ផ្លូវ​នៃសេចក្ដី​វិនាសទាំងនោះ របស់​ស្រះនោះក្ដី គប្បីបើក​បង្ហូរនូវផ្លូវ​នៃសេចក្ដី​វិនាស​ទាំងនោះ របស់ស្រះ​នោះក្ដី ទាំងភ្លៀង ក៏មិនបង្អោរ​នូវធារទឹក​ដោយប្រពៃក្ដី ម្នាល​ព្យគ្ឃបជ្ជៈ កាលបើ​យ៉ាងនេះហើយ ស្រះដ៏ធំ​នោះ នឹង​មានសេចក្ដី​សាបសូន្យ​ជាប្រាកដ មិនមាន​សេចក្ដីចំរើន​ឡើយ​ យ៉ាងណាមិញ ម្នាល​ព្យគ្ឃបជ្ជៈ កាលភោគៈ​ទាំងឡាយ ចំរើនឡើង​យ៉ាងនេះហើយ រមែងមាន​ផ្លូវនៃ​សេចក្ដីវិនាស ៤ យ៉ាងគឺ ជាអ្នកលេងស្រី ១ លេងសុរា ១ លេងល្បែងភ្នាល់ ១ មានមិត្រ​ដ៏លាមក មានសំឡាញ់ដ៏លាមក សមគប់​នឹង​បុគ្គល​ដ៏លាមក ១ ក៏យ៉ាងនោះដែរ។ ម្នាល​ព្យគ្ឃបជ្ជៈ កាលបើភោគៈទាំងឡាយ ចំរើនឡើង​យ៉ាងនេះហើយ ប្រធាននៃ​សេចក្ដី​ចំរើន ៤ យ៉ាងគឺ ជាអ្នក​មិនលេងស្រី ១ មិន​លេងសុរា ១ មិនលេង​ល្បែងភ្នាល់១ មានមិត្រល្អ មានសំឡាញ់ល្អ សមគប់នឹង​បុគ្គលល្អ ១ ក៏មាន​ឡើង។ ម្នាល​ព្យគ្ឃបជ្ជៈ ដូចស្រះ​ទឹកដ៏ធំ មានផ្លូវនៃ​សេចក្ដីចំរើន ៤ យ៉ាងផង មានប្រធាន​នៃសេចក្ដីវិនាស ៤ យ៉ាងផង បុរសគប្បីបើក​បង្ហូរនូវផ្លូវ​នៃសេចក្ដី​ចំរើន​ទាំង​នោះ របស់ស្រះនោះផង គប្បី​បិទនូវផ្លូវ​នៃសេចក្ដី​វិនាស​ទាំងនោះ របស់ស្រះ​នោះផង ទាំងភ្លៀង ក៏បង្អោរ​ចុះនូវធារទឹក ដោយ​ប្រពៃផង ម្នាល​ព្យគ្ឃបជ្ជៈ កាលបើ​យ៉ាង​នេះហើយ សេចក្ដីចំរើន​របស់ស្រះនោះ នឹង​មានប្រាកដ មិនមាន​សេចក្ដី​សាបសូន្យ​ឡើយ យ៉ាង​ណាមិញ ម្នាល​ព្យគ្ឃបជ្ជៈ កាលបើ​ភោគៈ​ទាំងឡាយ ចំរើនឡើង​យ៉ាងនេះហើយ រមែង​មានផ្លូវ នៃសេចក្ដីចំរើន ៤ យ៉ាងគឺ អ្នកមិនលេងស្រី ១ មិនលេងសុរា ១ មិនលេង​ល្បែងភ្នាល់ ១ មានមិត្រល្អ មានសំឡាញ់ល្អ សមគប់នឹង​បុគ្គលល្អ ១ ក៏យ៉ាងនោះដែរ។ ម្នាល​ព្យគ្ឃបជ្ជៈ ធម៌ទាំងឡាយ ៤ ប្រការនេះឯង ប្រព្រឹត្តទៅ ដើម្បី​ប្រយោជន៍​ក្នុងបច្ចុប្បន្ន ដើម្បីសេចក្ដីសុខ​ក្នុងបច្ចុប្បន្ន ដល់កុលបុត្រ។ ម្នាលព្យគ្ឃបជ្ជៈ ធម៌​ទាំង​ឡាយ ៤ ប្រការនេះ ប្រព្រឹត្តទៅ ដើម្បី​ប្រយោជន៍ក្នុងបរលោក ដើម្បី​សេចក្ដីសុខ​ក្នុងបរលោក ដល់កុលបុត្រ។ ធម៌ ៤ ប្រការ តើដូចម្ដេច។ គឺ​សទ្ធាសម្បទា ១ សីលសម្បទា ១ ចាគសម្បទា ១ បញ្ញាសម្បទា ១។ ម្នាល​ព្យគ្ឃបជ្ជៈ ចុះ​សទ្ធាសម្បទា តើដូចម្ដេច។ ម្នាល​ព្យគ្ឃបជ្ជៈ កុលបុត្រ​ក្នុងលោកនេះ ជាអ្នកមានសទ្ធា ជឿការ​ត្រាស់ដឹង​នៃ​ព្រះតថាគត​ថា ព្រះដ៏មានព្រះភាគ​អង្គនោះ។បេ។ ជាសាស្ដា​នៃទេវតា និង​មនុស្ស​ទាំងឡាយ ទ្រង់​ត្រាស់​ដឹង​នូវចតុរារិយសច្ច ទ្រង់លែង​វិលត្រឡប់​មកកាន់​ភពថ្មីទៀត​ហើយ ម្នាល​ព្យគ្ឃបជ្ជៈ នេះហៅថា​សទ្ធាសម្បាទា។ ម្នាល​ព្យគ្ឃបជ្ជៈ ចុះ​សីលសម្បទា តើដូចម្ដេច។ ម្នាល​ព្យគ្ឃបជ្ជៈ កុលបុត្រ​ក្នុងលោកនេះ ជាអ្នក​វៀរចាក​បាណាតិបាត។បេ។ វៀរចាក​សុរាមេរយមជ្ជប្បមាទដ្ឋាន ម្នាល​ព្យគ្ឃបជ្ជៈ នេះ​ហៅថា សីលសម្បទា។ ម្នាល​ព្យគ្ឃបជ្ជៈ ចុះ​ចាគៈសម្បទា តើ​ដូចម្ដេច។ ម្នាល​ព្យគ្ឃបជ្ជៈ កុលបុត្រ​ក្នុងលោកនេះ មាន​ចិត្ត​ប្រាសចាក​មន្ទិល គឺ​សេចក្ដី​កំណាញ់ នៅគ្រប់​គ្រងផ្ទះ មានទាន​បរិច្ចាគ​រួចស្រឡះហើយ មាន​ដៃលាងហើយ ត្រេកអរ​ក្នុងការលះបង់ គួរដល់ស្មូម ត្រេកអរ​ក្នុងការចែក​រលែក​នូវ​ទាន ម្នាល​ព្យគ្ឃបជ្ជៈ នេះហៅថា ចាគសម្បទា។ ម្នាល​ព្យគ្ឃបជ្ជៈ ចុះ​បញ្ញាសម្បទា តើ​ដូចម្ដេច។ ម្នាល​ព្យគ្ឃបជ្ជៈ កុលបុត្រ​ក្នុងលោកនេះ មានប្រាជ្ញា​ ប្រកប​ដោយប្រាជ្ញា ជា​ដំណើរ​យល់ការ​សេចក្ដី​ចំរើន និង​សេចក្ដីវិនាស ជាប្រាជ្ញា​ដ៏ប្រសើរ​មុះមុត ជាដំណើរ​យល់ការ​ដែលអស់​ទៅ នៃ​ទុក្ខ​ដោយប្រពៃ ម្នាល​ព្យគ្ឃបជ្ជៈ នេះហៅថា បញ្ញាសម្បទា។ ម្នាលព្យគ្ឃបជ្ជៈ ធម៌ទាំង៤ យ៉ាងនេះឯង រមែង​ប្រព្រឹត្តទៅ ដើម្បី​ប្រយោជន៍​ក្នុង​បរលោក ដើម្បី​សេចក្ដីសុខ​ក្នុងបរលោក ដល់​កុលបុត្រ។

កុលបុត្រ អ្នកមានព្យាយាម​ប្រឹងប្រែង ក្នុងទី​នៃការងារ​ទាំងឡាយ ១ មិន​ប្រហែស​ធ្វេស​មានការចាត់ចែង ១ ចិញ្ចឹម​ជីវិតស្មើ ១ ចេះ​ថែរក្សាទ្រព្យ ដែល​រកបានមក ១ មានសទ្ធា ១ បរិបូណ៌​ដោយសីល ១ ដឹងនូវ​ពាក្យពេចន៍ ១ ប្រាសចាក​សេចក្ដី​កំណាញ់ រមែងជំរះនូវផ្លូវ​ មានសួស្ដី ជាផ្លូវ​ទៅកាន់​បរលោក​ជានិច្ច ១ ធម៌ទាំង៨ ប្រការនេះ តែងនាំមក​នូវសេចក្ដី​សុខ​ក្នុង​លោក​ទាំងពីរ ដែល​ព្រះដ៏មានព្រះភាគ ព្រះអង្គ​ជាសច្ចនាម ទ្រង់សំដែង​ហើយ ដល់​កុលបុត្រ​អ្នកមានសទ្ធា ស្វែង​រកផ្ទះ ដើម្បី​ប្រយោជន៍ ក្នុង​បច្ចុប្បន្ន​ផង ដើម្បី​សេចក្ដីសុខ​ក្នុង​បរលោក​ផង ដោយ​ប្រការ​ដូច្នេះ ការ​បរិច្ចាគ និងបុណ្យនេះ តែង​ចំរើន​ដល់​គ្រហស្ថទាំង​ឡាយ យ៉ាងនេះឯង។

ឧជ្ជយសូត្រ ទី៥

(៥. ឧជ្ជយសុត្តំ)

[៥៥] លំដាប់នោះ ឧជ្ជយព្រាហ្មណ៍ ចូលទៅគាល់​ព្រះដ៏មានព្រះភាគ លុះចូល​ទៅ​ដល់ហើយ ក៏និយាយរីករាយ​ជាមួយ​នឹងព្រះដ៏មានព្រះភាគ លុះបញ្ចប់​ពាក្យ ដែលគួរ​រីករាយ និង​ពាក្យដែល​គួររលឹក​ហើយ ក៏អង្គុយ​ក្នុងទី​សមគួរ។ លុះ​ឧជ្ជយព្រាហ្មណ៍ អង្គុយ​ក្នុងទី​សមគួរ​ហើយ ក៏ក្រាបបង្គំ​ទូលព្រះដ៏មាន​ព្រះភាគ ដូច្នេះថា បពិត្រ​ព្រះ​គោតម​ដ៏ចំរើន យើងខ្ញុំ​មានប្រាថ្នា ដើម្បីទៅ​ឃ្លាត​ចេញអំពីស្រុក ធម៌​ទាំងឡាយ​ណា ប្រព្រឹត្ត​ទៅ ដើម្បី​ប្រយោជន៍ ក្នុង​បច្ចុប្បន្ន ដើម្បី​សេចក្ដីសុខ ក្នុង​បច្ចុប្បន្ន ដើម្បី​ប្រយោជន៍​ក្នុង​បរលោក ដើម្បីសេចក្តីសុខ ក្នុងបរលោក គប្បីមានដល់​ពួកយើងខ្ញុំ សូម​ព្រះគោតម​ដ៏ចំរើន ទ្រង់សំដែង​នូវ​ធម៌នោះ​ដល់យើងខ្ញុំ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាល​ព្រាហ្មណ៍ ធម៌ទាំងឡាយ ៤ ប្រការនេះ ប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ក្នុងបច្ចុប្បន្ន ដើម្បីសេចក្ដី​សុខ ក្នុង​បច្ចុប្បន្ន ដល់​កុលបុត្រ។ ធម៌៤ ប្រការ តើដូចម្ដេច។ គឺ ឧដ្ឋានសម្បទា ១ អារក្ខសម្បទា ១ កល្យាណមិត្តតា ១ ​សមជីវិតា ១។ ម្នាល​ព្រាហ្មណ៍ ចុះឧដ្ឋានសម្បទា តើ​ដូចម្តេច។ ម្នាល​ព្រាហ្មណ៍ កុលបុត្រ​ក្នុងលោកនេះ ចិញ្ចឹម​ជីវិត​ដោយការ​ប្រឹងប្រែង ក្នុង​ការងារ​ណា ទោះភ្ជួរក្ដី ជួញប្រែក្ដី រក្សាគោក្តី ការងារ​របស់​ខ្មាន់ធ្នូក្ដី ការងារ​របស់​រាជបុរស​ក្ដី សិល្បៈណាមួយ​ក្ដី ជាអ្នកប៉ិន​ប្រសប់​ក្នុងការងារ​ទាំងនោះ មិនខ្ជិល​ច្រអូស ប្រកប​ដោយ​ឧបាយ ជាគ្រឿង​​ពិចារណា ក្នុងការងារ​ទាំងនោះថា គួរធ្វើ គួរ​ចាត់ចែង ម្នាល​ព្រាហ្មណ៍ នេះហៅថា ឧដ្ឋានសម្បទា។ ម្នាល​ព្រាហ្មណ៍ ចុះ​អារក្ខសម្បទា តើដូចម្ដេច។ ម្នាល​ព្រហ្មណ៍ ភោគៈទាំងឡាយ ដែល​កុលបុត្រ​ក្នុង​លោកនេះ បានមក​ដោយ​កំឡាំង​ព្យាយាម ប្រឹងប្រែង សន្សំ ដោយ​កំឡាំងដៃ បែកញើស ហូរញើស ជាភោគៈ ប្រកប​ដោយធម៌ កុលបុត្រនោះ រមែងញុំាង​ភោគៈទាំងនោះ ឲ្យសម្រេច ដោយការ​រក្សា​គ្រប់គ្រង​ ដោយគិតថា ធ្វើដូចម្ដេច កុំឲ្យសេ្ដច​ទាំងឡាយ នាំយក​ភោគៈ​ទាំងនេះ របស់​អាត្មាអញ​ទៅបាន កុំឲ្យពួកចោរ​លួចយក​ទៅបាន កុំឲ្យភ្លើង​ឆេះបាន កុំឲ្យ​ទឹកបន្សាត់​ទៅ​បាន កុំឲ្យពួក​ទាយាទ មិនជាទី​ស្រឡាញ់ ដណ្ដើម​យក​ទៅបាន ម្នាល​ព្រាហ្មណ៍ នេះហៅថា​អារក្ខសម្បទា។ ម្នាល​ព្រាហ្មណ៍ ចុះ​កល្យាណមិត្តតា តើដូចម្ដេច។ ម្នាល​ព្រាហ្មណ៍ កុលបុត្រ​ក្នុងលោកនេះ នៅអាស្រ័យ​ក្នុងស្រុក ឬ​និគម​ណា ពួកជនណា ទោះ​គហបតី​ក្ដី គហបតិ​បុត្រក្ដី ក្មេង​ តែចំរើន​ដោយសីល ចាស់ហើយ​តែ​ចំរើន​ដោយ​សីល បរិបូណ៌​ដោយសទ្ធា បរិបូណ៌​ដោយសីល បរិបូណ៌​ដោយចាគៈ បរិបូណ៌​ដោយបញ្ញា មាន​នៅក្នុង​ស្រុក ឬនិគម​នោះ (កុលបុត្រនោះ) រមែង​ឈរចរចា សាកច្ឆាជាមួយ​នឹង​ពួក​ជន​ទាំងនោះ តែង​សិក្សានូវ​សទ្ធាសម្បទា នឹង​ពួកជន​អ្នកបរិបូណ៌​ដោយសទ្ធា តាម​សមគួរ សិក្សានូវ​សីលសម្បទា​ នឹង​ពួកជន​អ្នកបរិបូណ៌​ដោយសីល តាមសមគួរ សិក្សានូវ​ចាគសម្បទា នឹង​ពួកជន​អ្នកបរិបូណ៌​ដោយចាគៈ តាមសមគួរ សិក្សានូវ​បញ្ញាសម្បទា នឹង​ពួកជន​អ្នកបរិបូណ៌​ដោយបញ្ញា តាមសមគួរ ម្នាល​ព្រាហ្មណ៍ នេះ​ហៅថា កល្យាណមិត្តតា។ ម្នាល​ព្រាហ្មណ៍ ចុះ​សមជីវិតា តើ​ដូចម្ដេច។ ម្នាល​ព្រាហ្មណ៍ កុលបុត្រ​ក្នុង​លោកនេះ ដឹងច្បាស់​នូវការចំរើន​នៃភោគៈ​ទាំងឡាយ​ផង ដឹងច្បាស់​នូវការ​វិនាសទៅ នៃ​ភោគៈ​ទាំងឡាយ​ផង ហើយចិញ្ចឹម​ជីវិតស្មើ មិនខ្ជះខ្ជាយ​ពេក មិនក្បិតក្បៀត​ពេក ដោយ​គិតថា សេចក្ដីចំរើន​របស់អាត្មាអញ នឹង​គ្របសង្កត់​សេចក្ដីវិនាស​យ៉ាងនេះ ឯ​សេចក្ដី​វិនាស របស់អាត្មាអញ នឹង​កុំគ្របសង្កត់​សេចក្ដីចំរើន​បានឡើយ។ ម្នាល​ព្រាហ្មណ៍ ប្រៀប​ដូចជន​អ្នកថ្លឹង​ជញ្ជីង​ក្ដី កូនសិស្ស​នៃជនអ្នក​ថ្លឹងជញ្ជីង​ក្ដី លើកនូវ​ជញ្ជីងថ្លឹង ហើយ​ក៏ដឹង​ថា ទន់ទៅ​ខាងម្ខាង បះឡើង​ខាងម្ខាង​ផង យ៉ាងណាមិញ ម្នាល​ព្រាហ្មណ៍ កុលបុត្រ​អ្នកដឹងច្បាស់​នូវការចំរើន នៃភោគៈ​ទាំង​ឡាយផង ដឹងច្បាស់​នូវការ​វិនាស​ទៅ នៃភោគៈ​ទាំងឡាយផង ហើយ​ចិញ្ចឹម​ជីវិតស្មើ មិនខ្ជះខ្ជាយពេក មិនក្បិត​ក្បៀតពេក ដោយ​គិតថា សេចក្ដី​ចំរើនរបស់​អាត្មាអញ នឹង​គ្របសង្កត់​សេចក្ដី​វិនាស​យ៉ាងនេះ ឯ​សេចក្ដី​វិនាស​របស់​អាត្មាអញ នឹង​កុំគ្របសង្កត់​សេចក្ដីចំរើន​បានឡើយ ក៏យ៉ាង​នោះដែរ។ ម្នាល​ព្រាហ្មណ៍ ប្រសិនបើ​កុលបុត្រនេះ មានសេចក្ដី​ចំរើនតិច តែ​ចិញ្ចឹមជីវិត ច្រើន​លើស​លុប អ្នកផង​ទាំងឡាយ តែង​និយាយ​ដល់កុលបុត្រ​នោះថា កុលបុត្រនេះ បរិភោគ​នូវ​ភោគៈ​ទាំងឡាយ ដូចជាគេ​ស៊ីផ្លែល្វា។ ម្នាល​ព្រាហ្មណ៍ ប្រសិនបើ​កុលបុត្រនេះ មាន​សេចក្ដី​ចំរើនធំ តែ​ចិញ្ចឹម​ជីវិត ដោយ​ក្បិតក្បៀត អ្នកផង​ទាំងឡាយ រមែង​និយាយ​ដល់​កុលបុត្រ​នោះថា កុលបុត្រ​នេះ មុខជានឹង​ស្លាប់ ៗ ដោយ​ឥត​ទីពឹង។ ម្នាល​ព្រាហ្មណ៍ កាលណា​កុលបុត្រ​នេះ ដឹងច្បាស់នូវ​ការចំរើន នៃភោគៈ​ទាំងឡាយផង ដឹងច្បាស់​នូវការ​វិនាស​ទៅ នៃភោគៈ​ទាំង​ឡាយផង ហើយ​ចិញ្ចឹម​ជីវិតស្មើ មិនខ្ជះខ្ជាយ​ពេក មិនក្បិតក្បៀតពេក ដោយ​គិតថា សេចក្ដី​ចំរើន​របស់​អាត្មាអញ នឹង​គ្របសង្កត់​សេចក្ដីវិនាស យ៉ាងនេះ ឯ​សេចក្ដី​វិនាស របស់អាត្មាអញ នឹង​កុំគ្រប​សង្កត់​សេចក្ដីចំរើន​បានឡើយ ម្នាល​ព្រាហ្មណ៍ នេះ​ហៅថា សមជីវិតា។ ម្នាល​ព្រាហ្មណ៍ កាល​ដែលភោគៈ​ទាំងឡាយ ចំរើន​ឡើង​យ៉ាងនេះ​ហើយ រមែងមាន​ផ្លូវ​នៃសេចក្ដី​វិនាស ៤ ប្រការ គឺជាអ្នក​លេងស្រី ១ លេងសុរា ១ លេងល្បែង​ភ្នាល់ ១ មាន​មិត្រលាមក មានសំឡាញ់​លាមក សមគប់​នឹង​បុគ្គលលាមក ១។ ម្នាល​ព្រាហ្មណ៍ ដូចស្រះធំ មានផ្លូវនៃ​សេចក្ដីចំរើន ៤ ផង មានផ្លូវ​នៃសេចក្ដី​វិនាស ៤ ផង បុរស​គប្បី​បិទខ្ទប់​នូវផ្លូវ​នៃសេចក្ដី​ចំរើន​ទាំងនោះ របស់​ស្រះនោះផង គប្បី​បើកបង្ហូរ នូវផ្លូវ​នៃសេចក្ដី​វិនាស​ទាំងនោះ របស់ស្រះ​នោះផង ទាំងភ្លៀង​សោត ក៏មិន​បង្អោរ​នូវ​ធារទឹក ដោយប្រពៃ​ផង ម្នាល​ព្រាហ្មណ៍ កាលបើ​យ៉ាងនេះ ស្រះដ៏ធំនោះ នឹង​មាន​សេចក្ដី​សាបសូន្យ​ជាប្រាកដ មិនមាន​សេចក្ដីចំរើន​ឡើយ យ៉ាងណា​មិញ ម្នាល​ព្រាហ្មណ៍ កាល​ដែល​ភោគៈទាំងឡាយ ចំរើនឡើង យ៉ាងនេះ​ហើយ រមែងមាន​ផ្លូវនៃ​សេចក្ដីវិនាស ៤ យ៉ាងគឺ ជាអ្នកលេងស្រី ១ លេងសុរា ១ លេងល្បែងភ្នាល់ ១ មាន​មិត្រលាមក មាន​សំឡាញ់​លាមក សមគប់នឹង​បុគ្គលលាមក ១ ក៏យ៉ាងនោះ​ដែរ។ ម្នាល​ព្រាហ្មណ៍ កាលដែលភោគៈ​ទាំងឡាយ​ចំរើនឡើង យ៉ាងនេះហើយ រមែងមាន​ផ្លូវ​នៃ​សេចក្ដី​ចំរើន ៤ ប្រការគឺ ជាអ្នក​មិនលេងស្រី ១ មិនលេងសុរា ១ មិនលេង​ល្បែងភ្នាល់ ១ មាន​មិត្រល្អ មានសំឡាញ់ល្អ សមគប់នឹង​បុគ្គលល្អ ១។ ម្នាល​ព្រាហ្មណ៍ ស្រះធំ​មានផ្លូវ​នៃ​សេចក្ដី​ចំរើន ៤ផង មានផ្លូវ​នៃសេចក្ដីវិនាស ៤ផង បុរស​គប្បី​បើកបង្ហូរ​នូវផ្លូវ​នៃ​សេចក្ដី​ចំរើន​ទាំងនោះ របស់​ស្រះនោះផង គប្បីបិទ​នូវផ្លូវ​នៃសេចក្ដី​វិនាស​ទាំងនោះ របស់​ស្រះ​នោះ​ផង ទាំង​ភ្លៀងសោត ក៏បង្អោរ​ចុះនូវធារទឹក​ដោយប្រពៃផង ម្នាល​ព្រាហ្មណ៍ កាលបើ​យ៉ាងនេះហើយ សេចក្ដីចំរើន​របស់ស្រះនោះ​ នឹងមាន​ប្រាកដ មិនមាន​សេចក្ដី​សាបសូន្យ​ឡើយ យ៉ាងណា​មិញ ម្នាល​ព្រាហ្មណ៍ កាលបើ​ភោគៈទាំងឡាយ ចំរើន​ឡើង យ៉ាងនេះហើយ រមែង​មាន​ផ្លូវនៃ​សេចក្ដីចំរើន ៤ ប្រការ គឺ​ជាអ្នក​មិនលេងស្ត្រី ១។បេ។ សមគប់នឹង​បុគ្គលល្អ ១ យ៉ាងនោះ​ដែរ។ ម្នាល​ព្រាហ្មណ៍ ធម៌ទាំង​ឡាយ ៤ ប្រការនេះ​ឯង តែង​ប្រព្រឹត្តទៅ ដើម្បី​ប្រយោជន៍​ក្នុង​បច្ចុប្បន្ន ដើម្បី​សេចក្តីសុខ​ក្នុង​បច្ចុប្បន្ន ដល់​កុលបុត្រ។ ម្នាលព្រាហ្មណ៍ ធម៌ទាំងឡាយ ៤ ប្រការនេះ ប្រព្រឹត្តទៅ ដើម្បី​ប្រយោជន៍​ក្នុង​បរលោក ដើម្បីសេចក្ដី​សុខ ក្នុង​បរលោក ដល់​កុលបុត្រ។ ធម៌ ៤ ប្រការ តើ​ដូចម្ដេច។ គឺ​សទ្ធាសម្បទា ១ សីលសម្បទា ១ ចាគសម្បទា ១ បញ្ញាសម្បទា ១។ ម្នាលព្រាហ្មណ៍ ចុះ​សទ្ធាសម្បទា តើ​ដូចម្ដេច។ ម្នាល​ព្រាហ្មណ៍ កុលបុត្រ​ក្នុងលោកនេះ ជាអ្នក​មានសទ្ធា ជឿ​នូវការ​ត្រាស់ដឹង​នៃព្រះតថាគត​ថា ព្រះដ៏មានព្រះភាគ អង្គនោះ។បេ។ ជា​សាស្ដានៃ​ទេវតា និង​មនុស្សទាំងឡាយ ទ្រង់ត្រាស់ដឹង​នូវ​ចតុរារិយសច្ច ទ្រង់លែងវិល​ត្រឡប់មក​កាន់​ភពថ្មី​ទៀតហើយ ម្នាល​ព្រាហ្មណ៍ នេះហៅថា ​សទ្ធាសម្បាទា។ ម្នាល​ព្រាហ្មណ៍ ចុះ​សីលសម្បទា តើ​ដូចម្ដេច។ ម្នាល​ព្រាហ្មណ៍ កុលបុត្រ​ក្នុងលោកនេះ ជាអ្នកវៀរ​ចាក​បាណាតិបាត។បេ។ វៀរចាក​សុរាមេរយមជ្ជប្បមាទដ្ឋាន ម្នាល​ព្រាហ្មណ៍ នេះ​ហៅថា សីលសម្បទា។ ម្នាល​ព្រាហ្មណ៍ ចុះ​ចាគសម្បទា តើ​ដូចម្ដេច។ ម្នាល​ព្រាហ្មណ៍ កុលបុត្រ​ក្នុង​លោកនេះ មានចិត្តប្រាស​ចាកមន្ទិល គឺ​សេចក្ដី​កំណាញ់ នៅគ្រប់គ្រង​ផ្ទះ មានទាន​បរិច្ចាគ​រួច​ស្រឡះ​​ហើយ មានដៃ​លាងហើយ ត្រេកអរ​ក្នុង​ការលះបង់ ជាអ្នក​គួរដល់ស្មូម ត្រេកអរ​ក្នុង​ការចែក​រលែក​នូវទាន ម្នាល​ព្រាហ្មណ៍ នេះហៅថា ចាគសម្បទា។ ម្នាល​ព្រាហ្មណ៍ ចុះបញ្ញាសម្បទា តើដូចម្ដេច។ ម្នាល​ព្រាហ្មណ៍ កុលបុត្រ​ក្នុងលោកនេះ ជាអ្នកមាន​ប្រាជ្ញា។បេ។ ជាដំណើរ​យល់ការ ដែលអស់ទៅ​នៃទុក្ខ​ដោយប្រពៃ ម្នាល​ព្រាហ្មណ៍ នេះហៅថា បញ្ញាសម្បទា។ ម្នាល​ព្រាហ្មណ៍ ធម៌​ទាំងឡាយ ៤ ប្រការនេះឯង តែង​ប្រព្រឹត្តទៅ ដើម្បីប្រយោជន៍​ក្នុង​បរលោក ដើម្បី​សេចក្ដីសុខ ក្នុង​បរលោក​ ដល់​កុលបុត្រ។

កុលបុត្រអ្នកមានព្យាយាម ប្រឹងប្រែង ក្នុងទីនៃការងារ​ទាំងឡាយ ១ មិន​ប្រហែស​ធ្វេស មានការចាត់ចែង ១ ចិញ្ចឹមជីវិតស្មើ ១ ចេះថែរក្សាទ្រព្យ ដែល​រកបានមក ១ មានសទ្ធា ១ បរិបូណ៌​ដោយសីល ១ ដឹងនូវ​ពាក្យពេចន៍ ១ ប្រាសចាក​សេចក្ដី​កំណាញ់ ជំរះនូវផ្លូវ​ មានសួស្ដី ជាផ្លូវ​ទៅកាន់​បរលោក​ជានិច្ច ១ ធម៌​ទាំង ៨ ប្រការនេះ តែងនាំ​មកនូវ​សេចក្ដីសុខ​ក្នុង​លោក​ទាំង​ពីរ ដែល​ព្រះដ៏មានព្រះភាគ​ ព្រះអង្គ​ជាសច្ចនាម ទ្រង់​សំដែងដល់​កុលបុត្រ​អ្នក​មានសទ្ធា ស្វែងរកផ្ទះ ដើម្បី​ប្រយោជន៍ ក្នុង​បច្ចុប្បន្ន​ផង ដើម្បី​សេចក្ដីសុខ​ក្នុង​បរលោក​ផង ដោយ​ប្រការដូច្នេះ ការ​បរិច្ចាគ និង​បុណ្យនេះ តែង​ចំរើន​ដល់​គ្រហស្ថទាំងឡាយ​ យ៉ាងនេះឯង។

ភយសូត្រ ទី៦

(៦. ភយសុត្តំ)

[៥៦] ម្នាលភិក្ខុទាំងឡាយ ពាក្យថា ភ័យនេះ ជាឈ្មោះ​របស់កាម ម្នាលភិក្ខុ​ទាំង​ឡាយ ពាក្យថា ទុក្ខនេះ ជាឈ្មោះ​របស់កាម ម្នាលភិក្ខុ​ទាំងឡាយ ពាក្យថា រោគនេះ ជា​ឈ្មោះ​របស់កាម ម្នាលភិក្ខុ​ទាំងឡាយ ពាក្យថា ពកនេះ ជាឈ្មោះ​របស់កាម ម្នាលភិក្ខុ​ទាំង​ឡាយ ពាក្យថា ព្រួយនេះ ជាឈ្មោះ​របស់កាម ម្នាលភិក្ខុ​ទាំងឡាយ ពាក្យថា ជាប់​ជំពាក់​នេះ ជាឈ្មោះ​របស់កាម ម្នាលភិក្ខុ​ទាំងឡាយ ពាក្យថា ភក់នេះ ជាឈ្មោះ​របស់​កាម ម្នាលភិក្ខុ​ទាំងឡាយ ពាក្យថា គភ៌នេះ ជាឈ្មោះ​របស់កាម។ ម្នាល​ភិក្ខុ​ទាំងឡាយ ហេតុ​ដូចម្ដេច បានជា​ពាក្យថា ភ័យនេះ ជាឈ្មោះ​របស់កាម។ ម្នាលភិក្ខុ​ទាំងឡាយ កុលបុត្រ​នេះ ត្រេកអរ​ដោយអំណាច​កាមរាគ ជាប់ជំពាក់​ដោយឆន្ទរាគ រមែង​មិនរួច​ចាកភ័យ​ក្នុង​បច្ចុប្បន្ន​ផង មិនរួចចាក​ភ័យក្នុង​បរលោកផង ហេតុនោះ​បានជា​ពាក្យថា ភ័យនេះ ជាឈ្មោះ​របស់កាម។ ម្នាលភិក្ខុ​ទាំងឡាយ ហេតុដូចម្ដេច បានជា​ពាក្យ​ថា​ទុក្ខ។បេ។ ថារោគ ថាពក ថាព្រួយ ថាជាប់ជំពាក់ ថាភក់ (នេះជាឈ្មោះ​របស់កាម)។ ម្នាល​ភិក្ខុទាំងឡាយ ហេតុដូចម្ដេច បានជា​ពាក្យថាគភ៌នេះ ជាឈ្មោះ​របស់កាម។ ម្នាល​ភិក្ខុ​ទាំងឡាយ កុលបុត្រនេះ ត្រេកអរ​ដោយអំណាច​កាមរាគ ជាប់ជំពាក់​ដោយឆន្ទរាគ រមែង​មិនរួច​ចាកគភ៌ ក្នុង​បច្ចុប្បន្នផង មិនរួច​ចាកគភ៌ ក្នុង​បរលោក​ផង ហេតុនោះ​បានជា ពាក្យថា គភ៌នេះ ជាឈ្មោះ​របស់កាម។

បុថុជ្ជនជាប់ជំពាក់ក្នុង​កាមណា កាមទាំងពីរនុ៎ះ លោកហៅថា ភ័យ ថាទុក្ខ ថា​រោគ ថាពក ថាព្រួយ ថាការ​ជាប់ជំពាក់ ថាភក់ ថា​គភ៌ បុថុជ្ជន ត្រូវ​សេចក្ដី​សុខ​ក្នុងកាម​គ្របសង្កត់ហើយ រមែងទៅ​កាន់គភ៌​ទៀត លុះតែភិក្ខុ​មាន​ព្យាយាម ដុតកំដៅ​កិលេស ត្រេកអរ​ដោយសម្បជញ្ញៈ​ក្នុង​វេលាណា ភិក្ខុនោះ បែបនោះ កន្លងនូវផ្លូវ​វាងគឺ វដ្ដៈនេះ ដែលគេ​ឆ្លងបាន​ដោយក្រ រមែង​ឃើញ​នូវពួក​សត្វ ដែលចូល​ទៅកាន់ជាតិ និងជរា កំពុង​តែ​ញាប់ញ័រ (ក្នុងភព​ទាំង ៣ ក្នុង​វេលានោះ)។

បឋមអាហុនេយ្យសូត្រ ទី៧

(៧. បឋមអាហុនេយ្យសុត្តំ)

[៥៧] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៨យ៉ាង ជាអ្នក​គួរទទួលនូវ​ចតុប្បច្ច័យ​ដែលគេនាំមក​បូជា គួរទទួល​នូវចតុប្បច្ច័យ​ដែលគេ​តាក់តែង​ដើម្បីភ្ញៀវ គួរទទួល​នូវទក្ខិណាទាន គួរ​ដល់អញ្ជលិកម្ម​ដែលសត្វលោក​គប្បីធ្វើ ជាបុញ្ញកេ្ខត្ត​នៃ​សត្វលោក រកខេត្ត​ដទៃ​ក្រៃលែង​ជាងគ្មាន។ ប្រកប​ដោយធម៌ ទាំង ៨យ៉ាង តើ​ដូចម្ដេច។ ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុក្នុង​សាសនានេះ ជាអ្នក​មានសីល។បេ។ សមាទាន​សិក្សា ក្នុង​សិក្ខាបទ​ទាំងឡាយ ១ ជាអ្នកចេះ​ចាំច្រើន ១។បេ។ យល់ត្រឹមត្រូវ​ដោយទិដ្ឋិ ១ ជាអ្នក​មាន​មិត្រល្អ មានសំឡាញ់ល្អ សមគប់នឹងបុគ្គល​ល្អ ១ ជាអ្នក​សមា្មទិដ្ឋិ ប្រកប​ដោយ​សម្មាទស្សនៈ ១ ជាអ្នកបាន​តាមប្រាថ្នា បានដោយ​មិនលំបាក បានដោយ​ទូលាយ នូវ​ឈាន​ទាំង ៤ ដែលអាស្រ័យ​នូវចិត្តដ៏ប្រសើរ ជាគ្រឿង​នៅសប្បាយ ក្នុងបច្ចុប្បន្ន ១ តែង​រឭក​ឃើញ នូវបុព្វេនិវាស គឺការនៅ​ក្នុងភពមុន មានប្រការ​ដ៏ច្រើនគឺ រឭក​ឃើញ ១ជាតិ​ខ្លះ ២​ជាតិខ្លះ។បេ។ រលឹកឃើញ​នូវបុព្វេនិវាស ព្រមទាំង​អាការៈ ព្រមទាំង​ឧទ្ទេស មាន​ប្រការដ៏ច្រើន ដោយ​ប្រការដូច្នេះ ១ បានដឹងច្បាស់​នូវពួកសត្វ ដែល​អន្ទោល​ទៅតាម​កម្ម។បេ។ ទិព្វចក្ខុ​ដ៏ស្អាត កន្លងបង់​នូវចក្ខុ​របស់មនុស្ស​ធម្មតា។បេ។ ដឹងច្បាស់​នូវពួកសត្វ ដែល​អន្ទោលទៅ​តាមកម្ម ១ បានធ្វើឲ្យ​ជាក់ច្បាស់ បាន​ដល់។បេ។ ព្រោះ​អស់​ទៅ​នៃ​អាសវៈ​ទាំងឡាយ ១។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុប្រកប​ដោយធម៌ ទាំង ៨ យ៉ាង​នេះឯង ជាអ្នក​គួរទទួល​ចតុប្បច្ច័យ ដែលគេ​នាំមកបូជា។បេ។ ជាបុញ្ញកេ្ខត្តនៃ​សត្វលោក រក​ខេត្ត​ដទៃ ក្រៃលែង​ជាងគ្មាន។

ទុតិយអាហុនេយ្យសូត្រ ទី៨

(៨. ទុតិយអាហុនេយ្យសុត្តំ)

[៥៨] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៨យ៉ាង ជាអ្នកគួរ​ទទួល​ចតុប្បច្ច័យ ដែលគេនាំមក​បូជា។បេ។ ជាបុញ្ញកេ្ខត្ត​នៃសត្វលោក រកខេត្ត​ដទៃ​ក្រៃលែង​ជាង​គ្មាន។ ប្រកប​ដោយធម៌ ៨យ៉ាង តើដូចម្ដេច។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុក្នុងសាសនា​នេះ ជាអ្នក​មានសីល។បេ។ សមាទាន​សិក្សា ក្នុងសិក្ខាបទ​ទាំងឡាយ ១ ជាអ្នកចេះ​ចាំ​ច្រើន ១។បេ។ យល់ត្រឹមត្រូវ​ដោយទិដ្ឋិ ១ ជាអ្នកប្រារព្ធ​សេចក្ដីព្យាយាម មានកំឡាំង​ប្រឹង​ប្រែង​ដ៏មាំ មិនដាក់ធុរៈ​ចោល ក្នុងកុសលធម៌​ទាំងឡាយ ១ ជាអ្នកនៅ​ក្នុងព្រៃ មាន​ទីសេនាសនៈ​ស្ងាត់ ១ អត់ទ្រាំនូវ​សេចក្ដីអផ្សុក និង​សេចក្ដីត្រេកអរ តែងគ្រប​សង្កត់ នូវ​សេចក្ដី​អផ្សុក ដែលកើត​ឡើងហើយ ១ ជាអ្នកអត់ទ្រាំ​នូវភ័យ គួរ​ស្ញប់ស្ញែង តែង​គ្រប​សង្កត់​នូវភ័យ គួរស្ញប់ស្ញែង​ដែលកើត​ឡើងហើយ ១ ជាអ្នកបាន​តាមប្រាថ្នា បាន​ដោយ​មិន​លំបាក បានដោយ​ទូលាយ នូវឈាន​ទាំង ៤ ដែលអាស្រ័យ​នូវចិត្ត​ដ៏ប្រសើរ ជាគ្រឿង​នៅ​ជាសុខ ក្នុងបច្ចុប្បន្ន ១ បានធ្វើឲ្យ​ជាក់ច្បាស់ បានដល់។បេ។ ព្រោះ​អស់ទៅនៃ​អាសវៈ​ទាំង​ឡាយ ១។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុប្រកប​ដោយធម៌ ៨យ៉ាងនេះឯង ជាអ្នក​គួរទទួលនូវ​ចតុប្បច្ច័យ​ដែលគេ​នាំមកបូជា។បេ។ ជាបុញ្ញកេ្ខត្ត​នៃសត្វលោក រកខេត្តដទៃ​ក្រៃលែង​ជាង​គ្មាន។

បឋមបុគ្គលសូត្រ ទី៩

(៩. បឋមបុគ្គលសុត្តំ)

[៥៩] ម្នាលភិក្ខុទាំងឡាយ បុគ្គល ៨ ពួកនេះ ជាអ្នកគួរទទួល​នូវ​ចតុប្បច្ច័យ ដែល​គេនាំ​មកបូជា គួរទទួល​នូវចតុប្បច្ច័យ​ដែលគេ​តាក់តែង​ដើម្បីភ្ញៀវ គួរទទួល​នូវ​ទក្ខិណាទាន គួរដល់​អញ្ជលិកម្ម ដែលសត្វលោក​គប្បីធ្វើ ជាបុញ្ញកេ្ខត្ត​នៃសត្វលោក រកខេត្ត​ដទៃក្រៃលែង​ជាងគ្មាន។ បុគ្គល ៨ ពួក ​តើដូចម្ដេច។ គឺ​បុគ្គល​ជា​សោតាបន្ន ១ បុគ្គល​អ្នកប្រតិបត្តិ ដើម្បីធ្វើ​ឲ្យជាក់ច្បាស់​សោតាបត្តិផល ១ បុគ្គល​ជាសកទាគាមី ១ បុគ្គល​អ្នកប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់​ច្បាស់​សកទាគាមិផល ១ បុគ្គល​ជាអនាគាមី ១ បុគ្គល​អ្នក​ប្រតិបត្តិ ដើម្បីធ្វើ​ឲ្យជាក់ច្បាស់​អនាគាមិផល ១ បុគ្គល​ជាអរហន្ដ ១ បុគ្គលជា​អ្នក​ប្រតិបត្តិ ដើម្បីអរហត្ត ១។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គល ទាំង៨ ពួកនេះឯង ជាអ្នកគួរ​ទទួល​នូវចតុប្បច្ច័យ​ដែលគេនាំ​មកបូជា។បេ។ ជាបុញ្ញកេ្ខត្ត​នៃសត្វលោក រក​ខេត្តដទៃ ក្រៃលែង​ជាងគ្មាន។

បុគ្គល ៤ពួក ជាអ្នកប្រតិបត្តិផង ៤ពួក​តាំងនៅក្នុង​ផលផង​ នេះ​ជា​សង្ឃ​មាន​សភាពដ៏ត្រង់ ប្រកបដោយ​បញ្ញា និងសីល រមែងធ្វើ​នូវ​បុណ្យដ៏​ក្រៃលែង​ ដល់ពួកសត្វ គឺ​មនុស្ស កាលស្វែងរកនូវ​បុណ្យ ហើយបូជា ព្រោះទាន​ដែលបុគ្គល​ឲ្យហើយ​ចំពោះសង្ឃ​ រមែងមាន​ផលច្រើន។

ទុតិយបុគ្គលសូត្រ ទី១០

(១០. ទុតិយបុគ្គលសុត្តំ)

[៦០] ម្នាលភិក្ខុទាំងឡាយ បុគ្គល ៨ ពួកនេះ ជាអ្នកគួរ​ទទួលនូវ​ចតុប្បច្ច័យ ដែល​គេនាំ​មកបូជា។បេ។ ជាបុញ្ញកេ្ខត្ត​នៃសត្វលោក រកខេត្តដទៃ​ក្រៃលែងជាងគ្មាន។ បុគ្គល​ទាំង ៨ ពួក តើដូចម្ដេច។ គឺបុគ្គល​ជាសោតាបន្ន ១ បុគ្គលអ្នក​ប្រតិបត្តិ​ដើម្បីធ្វើ​ឲ្យជាក់ច្បាស់​សោតាបត្តិផល ១ បុគ្គល​ជា​សកទាគាមី ១ បុគ្គលអ្នក​ប្រតិបត្តិ ដើម្បីធ្វើ​ឲ្យជាក់ច្បាស់​សកទាគាមិផល ១ បុគ្គល​ជាអនាគាមី ១ បុគ្គលអ្នក​ប្រតិបត្តិ ដើម្បីធ្វើ​ឲ្យជាក់ច្បាស់នូវ​អនាគាមិផល ១ បុគ្គល​ជាអរហន្ដ ១ បុគ្គល​អ្នកប្រតិបត្តិ ដើម្បី​អរហត្ត ១។ ម្នាល​ភិក្ខុ​ទាំងឡាយ បុគ្គលទាំង ៨ ពួកនេះឯង ជាអ្នកគួរទទួល​នូវចតុប្បច្ច័យ​ដែលគេនាំ​មកបូជា។បេ។ ជា​បុញ្ញកេ្ខត្ត​នៃសត្វលោក រកខេត្ត​ដទៃ​ក្រៃលែង​ជាងគ្មាន។

បុគ្គល ៤ពួក ជាអ្នកប្រតិបត្តិផង ៤ពួក ជាអ្នកតាំងនៅក្នុងផល​ផង នេះជា​សង្ឃ​ដ៏ឧត្ដម ជាងសត្វ​ទាំងឡាយ បុគ្គល ៨ ពួក រមែងធ្វើបុណ្យ​ដ៏ក្រៃលែង ដល់​ពួកសត្វ គឺមនុស្ស កាលស្វែង​រកនូវ​បុណ្យហើយបូជា ព្រោះទាន​ដែល​បុគ្គល​ឲ្យហើយ​ចំពោះសង្ឃនុ៎ះ រមែងមាន​ផលច្រើន។

ចប់ សន្ធានវគ្គ ទី១។

ឧទ្ទាននៃសន្ធានវគ្គនោះ គឺ

និយាយអំពីរឿងនាងមហាបជាបតិគោតមី ១ អំពីភិក្ខុគួរ​ឲ្យឱវាទ​ដល់​ភិក្ខុនី ១ អំពី​ធម៌​ដ៏សង្ខេប ១ អំពី​ទីឃជាណុកោឡិយបុត្ត ១ អំពីឧជ្ជយព្រាហ្មណ៍ ១ អំពីភ័យ ១ អំពី​អាហុនេយ្យបុគ្គល មាន ២លើក អំពីបុគ្គល ៨ពួក មាន២លើក។

ចាលវគ្គ ទី២ (៧)

((៧) ២. ភូមិចាលវគ្គោ)

ឥច្ឆាសូត្រ ទី១

(១. ឥច្ឆាសុត្តំ)

[៦១] ម្នាលភិក្ខុទាំងឡាយ បុគ្គល ៨ពួកនេះ រមែងមានប្រាកដ​ក្នុងលោក។ បុគ្គល​ ៨ពួក តើដូចម្ដេច​ខ្លះ​។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុក្នុង​សាសនានេះ ជាអ្នកស្ងាត់ តែ​ប្រព្រឹត្ត​មិនជាប់លាប់ សេចក្ដីប្រាថ្នា​ដើម្បីលាភ ក៏កើតឡើង។ ភិក្ខុនោះ ខំសង្វាត ខ្មីឃ្មាត ព្យាយាម ដើម្បីលាភ។ កាលភិក្ខុនោះ ខំសង្វាត ខ្មីឃ្មាត ព្យាយាម ដើម្បីលាភ លាភ​ក៏​មិនកើត​ឡើង។ ភិក្ខុនោះ រមែងសោកស្ដាយ លំបាក ខ្សឹកខ្សួល គក់ទ្រូង កន្ទក់កន្ទេញ ដល់​នូវ​សេចក្ដីវង្វេង ព្រោះមិនមាន​លាភនោះ។ ម្នាលភិក្ខុ​ទាំងឡាយ នេះហៅថា ភិក្ខុអ្នក​ប្រាថ្នា​ដើម្បីលាភ ខំសង្វាត ខ្មីឃ្មាត ព្យាយាម ដើម្បីលាភ ប៉ុន្តែជាអ្នក​មិនមាន​លាភផង សោក​ស្ដាយផង ខ្សឹកខ្សួលផង ឃ្លាតចាក​ព្រះសទ្ធម្មផង (១)។ ម្នាលភិក្ខុទាំងឡាយ មួយ​ទៀត ភិក្ខុក្នុង​សាសនានេះ ជាអ្នកស្ងាត់ ប្រព្រឹត្ត​មិនជាប់លាប់ សេចក្ដីប្រាថ្នា​ដើម្បី​លាភ ក៏កើតឡើង។ ភិក្ខុនោះ ខំសង្វាត ខ្មីឃ្មាត ព្យាយាម ដើម្បីលាភ។ កាលភិក្ខុនោះ ខំសង្វាត ខ្មីឃ្មាត ព្យាយាម ដើម្បីលាភ លាភក៏​កើតឡើង។ ភិក្ខុនោះ ស្រវឹងជ្រុលជ្រប់ ដល់នូវ​សេចក្ដីប្រមាទ ព្រោះលាភនោះ។ ម្នាលភិក្ខុ​ទាំងឡាយ នេះហៅថា ភិក្ខុអ្នកប្រាថ្នា​ដើម្បី​លាភ ខំសង្វាត ខ្មីឃ្មាត ព្យាយាម ដើម្បីលាភ ជាអ្នកមាន​លាភផង ស្រវឹងផង ប្រមាទ​ផង ឃ្លាតចាក​ព្រះសទ្ធម្មផង (២)។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុក្នុង​សាសនា​នេះ ជាអ្នកស្ងាត់ ប្រព្រឹត្ត​មិនជាប់លាប់ សេចក្ដីប្រាថ្នា​ដើម្បី​លាភ ក៏កើតឡើង។ ភិក្ខុនោះ មិនខំសង្វាត មិនខ្មីឃ្មាត មិនព្យាយាម ដើម្បីលាភទេ។ កាល​ភិក្ខុនោះ មិនខំសង្វាត មិនខ្មីឃ្មាត មិនព្យាយាម ដើម្បីលាភទេ លាភក៏មិនកើតដែរ។ ភិក្ខុនោះ រមែងសោកស្ដាយ លំបាក ខ្សឹកខ្សួល គក់ទ្រូង កន្ទក់កន្ទេញ ដល់នូវសេចក្ដី​វង្វេង ព្រោះមិនមាន​លាភនោះ។ ម្នាលភិក្ខុ​ទាំងឡាយ នេះហៅថា ភិក្ខុអ្នក​ប្រាថ្នា​ដើម្បី​លាភ តែមិនខំសង្វាត មិនខ្មីឃ្មាត មិនព្យាយាម​ដើម្បីលាភ ប៉ុន្តែជាអ្នក​មិនមាន​លាភផង សោកស្ដាយ​ផង ខ្សឹកខ្សួលផង ឃ្លាតចាក​ព្រះសទ្ធម្មផង (៣)។ ម្នាលភិក្ខុ​ទាំងឡាយ មួយទៀត ភិក្ខុក្នុង​សាសនានេះ ជាអ្នកស្ងាត់ ប្រព្រឹត្ត​មិនជាប់លាប់ សេចក្ដី​ប្រាថ្នា​ដើម្បីលាភ ក៏កើតឡើង។ ភិក្ខុនោះ មិនខំសង្វាត មិនខ្មីឃ្មាត មិនព្យាយាម​ដើម្បីលាភទេ។ កាល​ភិក្ខុនោះ មិនសង្វាត មិនខ្មីឃ្មាត មិនព្យាយាម ដើម្បីលាភទេ ប៉ុន្តែ​លាភ​ក៏កើត​ឡើង​បាន។ ភិក្ខុនោះ ស្រវឹង​ជ្រុលជ្រប់ ដល់នូវ​សេចក្ដីប្រមាទ ព្រោះ​លាភនោះ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ នេះហៅថា ភិក្ខុអ្នក​ប្រាថ្នា​ដើម្បីលាភ មិនខំសង្វាត មិនខ្មីឃ្មាត មិនព្យាយាម ដើម្បី​លាភទេ ប៉ុន្តែជា​អ្នកមាន​លាភផង ស្រវឹងផង ប្រមាទផង ឃ្លាតចាក​ព្រះសទ្ធម្មផង (៤)។ ម្នាល​ភិក្ខុ​ទាំងឡាយ មួយទៀត ភិក្ខុក្នុង​សាសនានេះ ជាអ្នកស្ងាត់ ប្រព្រឹត្ត​មិនជាប់លាប់ សេចក្ដីប្រាថ្នា ដើម្បីលាភ ក៏កើតឡើង។ ភិក្ខុនោះ ខំសង្វាត ខ្មីឃ្មាត ព្យាយាម ដើម្បីលាភ ប៉ុន្តែ​លាភ មិនកើតឡើង។ ភិក្ខុនោះ មិនសោកស្ដាយ មិនលំបាក មិនខ្សឹកខ្សួល មិន​គក់ទ្រូង កន្ទក់​កន្ទេញ មិនដល់នូវ​សេចក្ដីវង្វេង ព្រោះ​មិនមាន​លាភ​នោះទេ។ ម្នាល​ភិក្ខុ​ទាំងឡាយ នេះហៅថា ភិក្ខុអ្នកប្រាថ្នា​ដើម្បីលាភ ខំសង្វាត ខ្មីឃ្មាត ព្យាយាម ដើម្បីលាភ ប៉ុន្តែជាអ្នក​មិនមាន​លាភផង មិន​សោកស្ដាយផង មិនខ្សឹក​ខ្សួលផង មិនឃ្លាត​ចាក​ព្រះសទ្ធម្មផង (៥)។ ម្នាលភិក្ខុ​ទាំងឡាយ មួយទៀត ភិក្ខុក្នុង​សាសនានេះ ជាអ្នកស្ងាត់ ប្រព្រឹត្ត​មិនជាប់លាប់ សេចក្ដីប្រាថ្នា​ដើម្បីលាភ ក៏កើតឡើង។ ភិក្ខុនោះ ខំសង្វាត ខ្មីឃ្មាត ព្យាយាម ដើម្បីលាភ។ កាលភិក្ខុនោះ ខំសង្វាត ខ្មីឃ្មាត ព្យាយាម ដើម្បីលាភ លាភ​ក៏កើត​ឡើង។ ភិក្ខុនោះ មិនស្រវឹង មិនជ្រុលជ្រប់ មិនដល់នូវ​សេចក្ដីប្រមាទ ព្រោះលាភ​នោះ។ ម្នាលភិក្ខុ​ទាំងឡាយ នេះហៅថា ភិក្ខុអ្នក​ប្រាថ្នា​ដើម្បីលាភ ខំសង្វាត ខ្មីឃ្មាត ព្យាយាម ដើម្បីលាភ ជាអ្នកមាន​លាភផង មិន​ស្រវឹងផង មិនប្រមាទផង មិនឃ្លាត​ចាក​ព្រះសទ្ធម្មផង (៦)។ ម្នាលភិក្ខុ​ទាំងឡាយ មួយទៀត ភិក្ខុក្នុង​សាសនានេះ ជាអ្នកស្ងាត់ ប្រព្រឹត្ត​មិនជាប់លាប់ សេចក្ដីប្រាថ្នា​ដើម្បីលាភ ក៏កើតឡើង។ ភិក្ខុនោះ មិនខំសង្វាត មិនខ្មីឃ្មាត មិនព្យាយាម ដើម្បីលាភទេ។ កាលភិក្ខុនោះ មិនខំសង្វាត មិនខ្មីឃ្មាត មិនព្យាយាម ដើម្បីលាភទេ លាភក៏មិន​កើតឡើងដែរ។ ភិក្ខុនោះ រមែងមិនសោកស្ដាយ មិន​លំបាក មិនខ្សឹកខ្សួល មិនគក់ទ្រូង កន្ទក់កន្ទេញ មិនដល់នូវសេចក្ដីវង្វេង ព្រោះ​មិនមាន​លាភនោះ។ ម្នាលភិក្ខុ​ទាំងឡាយ នេះហៅថា ភិក្ខុអ្នកប្រាថ្នា​ដើម្បីលាភ មិន​ខំសង្វាត មិនខ្មីឃ្មាត មិនព្យាយាម ដើម្បីលាភ ទាំងជាអ្នក​មិនមានលាភ​ផង មិន​សោកស្ដាយ​ផង មិនខ្សឹកខ្សួលផង មិនឃ្លាតចាក​ព្រះសទ្ធម្មផង (៧)។ ម្នាល​ភិក្ខុ​ទាំងឡាយ មួយទៀត ភិក្ខុក្នុង​សាសនានេះ ជាអ្នកស្ងាត់ ប្រព្រឹត្តមិនជាប់លាប់ សេចក្ដីប្រាថ្នា​ដើម្បីលាភ ក៏កើតឡើង។ ភិក្ខុនោះ មិនខំសង្វាត មិនខ្មីឃ្មាត មិនព្យាយាម ដើម្បី​លាភទេ។ កាលភិក្ខុនោះ មិនខំសង្វាត មិនខ្មីឃ្មាត មិនព្យាយាម ដើម្បីលាភទេ ប៉ុន្តែ​លាភ​កើតឡើងបាន។ ភិក្ខុនោះ មិនស្រវឹង មិនជ្រុលជ្រប់ មិនដល់​នូវសេចក្ដីប្រមាទ ព្រោះលាភនោះ។ ម្នាលភិក្ខុ​ទាំងឡាយ នេះហៅថា ភិក្ខុអ្នក​ប្រាថ្នា ដើម្បីលាភ មិន​ខំសង្វាត មិនខ្មីឃ្មាត មិនព្យាយាម ដើម្បីលាភ ក៏ជាអ្នក​មាន​លាភផង មិន​ស្រវឹងផង មិន​ប្រមាទ​ផង មិនឃ្លាត​ចាក​ព្រះសទ្ធម្ម​ផង (៨)។ ម្នាលភិក្ខុទាំងឡាយ បុគ្គល ៨ ពួកនេះឯង រមែង​មានប្រាកដ​ក្នុងលោក។

អលំសូត្រ ទី២

(២. អលំសុត្តំ)

[៦២] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកប​ដោយធម៌ ៦ យ៉ាង ទើបគួរ​ដល់ខ្លួន គួរដល់​ពួក​ជនដទៃ។ ៦ យ៉ាង តើអ្វីខ្លះ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុក្នុង​សាសនានេះ ជាអ្នកចេះ​ដឹង​ឆាប់ ក្នុងកុសលធម៌​ទាំងឡាយ ១ ជាអ្នក​ទ្រទ្រង់​ធម៌ទាំងឡាយ ដែលខ្លួនស្ដាប់​ហើយ ១ ជាអ្នក​ពិចារណា នូវអត្ថ​នៃធម៌​ទាំងឡាយ ដែលខ្លួន​ទ្រទ្រង់ហើយ ១ ជាអ្នកដឹង​នូវ​អត្ថ ដឹង​នូវធម៌ ហើយ​ប្រតិបត្តិ​ធម៌ដ៏សមគួរ​ដល់ធម៌ ១ ជាអ្នក​មានវាចាល្អ មានពាក្យ​​ពីរោះ ប្រកប​ដោយ​វាចា​អ្នកក្រុង ជាវាចា​ច្បាស់លាស់ ជាវាចា​ឥតទោស ជាគ្រឿងញុំាង​ជន ឲ្យដឹងច្បាស់​នូវសេចក្ដី ១ ជាអ្នកញុំាង​ពួកសព្រហ្មចារី​ឲ្យឃើញច្បាស់ ឲ្យកាន់យក ឲ្យក្លាហាន ឲ្យរីករាយ ១។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុប្រកប​ដោយធម៌ ៦ យ៉ាងនេះឯង ទើបគួរ​ដល់ខ្លួន គួរដល់​ពួកជនដទៃ។

[៦៣] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាង ទើបគួរដល់ខ្លួន គួរដល់​ពួក​ជនដទៃ។ ៥ យ៉ាង តើអ្វីខ្លះ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុក្នុង​សាសនានេះ ជាអ្នក​មិនចេះ​ដឹងឆាប់ ក្នុងកុសលធម៌​ទាំងឡាយទេ តែជាអ្នកទ្រទ្រង់​ធម៌ទាំងឡាយ ដែល​ខ្លួនស្ដាប់ ១ ជាអ្នកពិចារណា​នូវអត្ថនៃធម៌​ដែលខ្លួន​ទ្រទ្រង់ ១ ជាអ្នកដឹងនូវ​អត្ថ ដឹងនូវធម៌ ហើយ​ប្រតិបត្តិធម៌ ដ៏សមគួរ​ដល់ធម៌ ១ ជាអ្នក​មានវាចា​ល្អ។បេ។ ជាគ្រឿងញុំាង​ជនឲ្យ​ដឹងច្បាស់​នូវសេចក្ដី ១ ជាអ្នក​ញុំាងពួក​សព្រហ្មចារី​ឲ្យឃើញច្បាស់ ឲ្យកាន់យក ឲ្យក្លាហាន ឲ្យរីករាយ ១។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុប្រកប​ដោយធម៌ ៥ យ៉ាងនេះឯង ទើបគួរ​ដល់ខ្លួន គួរដល់​ពួកជនដទៃ។

[៦៤] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៤ យ៉ាង រមែងគួរដល់ខ្លួន តែមិនគួរ​ដល់ពួក​ជនដទៃទេ។ ៤ យ៉ាង តើអ្វីខ្លះ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុក្នុង​សាសនានេះ ជាអ្នកចេះ​ដឹងឆាប់ ក្នុងកុសលធម៌​ទាំងឡាយ ១ ជាអ្នក​ទ្រទ្រង់ធម៌​ទាំងឡាយ ដែលខ្លួន​បានស្ដាប់​ហើយ ១ ជាអ្នក​ពិចារណា នូវអត្ថនៃ​ធម៌ទាំងឡាយ ដែលខ្លួន​ទ្រទ្រង់ហើយ ១ ជាអ្នកដឹង​នូវអត្ថ ដឹងនូវធម៌​ហើយ ប្រតិបត្តិ​ធម៌ដ៏សម​គួរដល់ធម៌ តែជាអ្នក​មាន​វាចា​មិនល្អ ជាអ្នកមាន​ពាក្យមិនពីរោះ ជាអ្នកមិន​ប្រកបដោយ​វាចាអ្នកក្រុង ដែលជា​វាចា​ច្បាស់​លាស់ ជាវាចា​ឥតទោស ជាគ្រឿងញុំាង​ជនឲ្យដឹងច្បាស់​នូវសេចក្ដី ទាំងជា​អ្នកមិន​ញុំាងពួក​សព្រហ្មចារី ឲ្យឃើញច្បាស់ ឲ្យកាន់យក ឲ្យក្លាហាន ឲ្យរីករាយ ១។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុប្រកប​ដោយធម៌ ៤ យ៉ាងនេះឯង រមែងគួរ​ដល់ខ្លួន តែមិនគួរដល់​ពួកជន​ដទៃឡើយ។

[៦៥] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៤ យ៉ាង រមែងគួរដល់​ពួកជនដទៃ តែមិនគួរ​ដល់ខ្លួនទេ។ ៤ យ៉ាង តើអ្វីខ្លះ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុក្នុង​សាសនានេះ ជាអ្នកចេះ​ដឹងឆាប់ ក្នុងកុសលធម៌​ទាំងឡាយ ១ ជាអ្នកទ្រទ្រង់​នូវធម៌ទាំងឡាយ ដែលខ្លួន​​ស្ដាប់ហើយ តែជាអ្នក​មិនពិចារណា នូវអត្ថនៃ​ធម៌ទាំងឡាយ ដែលខ្លួន​ទ្រទ្រង់ហើយ ទាំងជាអ្នក​មិនដឹងនូវអត្ថ មិនដឹង​នូវធម៌ ហើយ​ប្រតិបត្តិនូវធម៌​ដ៏សមគួរ​ដល់ធម៌ ១ ជាអ្នកមាន​វាចាល្អ ជាអ្នកមាន​ពាក្យ​ពីរោះ។បេ។ ជាគ្រឿងញុំាង​ជនឲ្យដឹងច្បាស់ នូវសេចក្ដី ១ ជាអ្នកញុំាង​ពួក​សព្រហ្មចារី ឲ្យឃើញ​ច្បាស់១។បេ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុប្រកប​ដោយធម៌ ៤ យ៉ាងនេះឯង រមែងគួរ​ដល់ពួកជនដទៃ តែមិនគួរ​ដល់ខ្លួនឡើយ។

[៦៦] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៣ យ៉ាង រមែងគួរដល់ខ្លួន តែមិនគួរ​ដល់ពួកជនដទៃទេ។ ៣យ៉ាង តើអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុង​សាសនានេះ មិនចេះ​ដឹងឆាប់ ក្នុងកុសលធម៌​ទាំងឡាយទេ តែជាអ្នកទ្រទ្រង់​នូវធម៌ទាំងឡាយ ដែលខ្លួន​ស្ដាប់ហើយ ១ ជាអ្នកពិចារណា​នូវអត្ថនៃធម៌​ទាំងឡាយ ដែលខ្លួន​ទ្រទ្រង់ហើយ ១ ជាអ្នកដឹង​នូវអត្ថ ដឹងនូវធម៌ ហើយ​ប្រតិបត្តិ​នូវធម៌ដ៏សម​គួរដល់ធម៌ តែជា​អ្នកមាន​វាចា​មិនល្អ ជាអ្នកមាន​ពាក្យមិនពីរោះ ជាអ្នកមិន​ប្រកបដោយ​វាចាអ្នកក្រុង ដែលជា​វាចា​ច្បាស់លាស់ ជាវាចា​ឥតទោស ជាគ្រឿង​ញុំាងជន ឲ្យដឹងច្បាស់​នូវសេចក្ដី ទាំង​មិនញុំាង​ពួកសព្រហ្មចារី ឲ្យឃើញ​ច្បាស់ ឲ្យកាន់យក ឲ្យក្លាហាន ឲ្យរីករាយ ១។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុប្រកប​ដោយធម៌ ៣ យ៉ាងនេះឯង រមែងគួរ​ដល់ខ្លួន តែមិនគួរ​ដល់ពួកជន​ដទៃឡើយ។

[៦៧] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកប​ដោយធម៌ ៣ យ៉ាង រមែងគួរដល់​ពួក​ជន​ដទៃ តែមិនគួរ​ដល់ខ្លួនទេ។ ៣ យ៉ាង តើអ្វីខ្លះ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុក្នុង​សាសនានេះ ជាអ្នក​មិនចេះ​ដឹងឆាប់ ក្នុងកុសលធម៌​ទាំងឡាយ​ទេ តែជាអ្នក​ទ្រទ្រង់នូវធម៌​ទាំងឡាយ ដែលខ្លួន​ស្ដាប់​ហើយ ១ ជាអ្នកមិន​ពិចារណា​នូវអត្ថនៃ​ធម៌ទាំងឡាយ ដែលខ្លួន​ទ្រទ្រង់​ហើយ ទាំងជា​អ្នកមិនដឹង​នូវអត្ថ មិនដឹងនូវធម៌ ហើយ​ប្រតិបត្តិ​នូវធម៌​ដ៏សមគួរ​ដល់ធម៌ តែជាអ្នកមាន​វាចាល្អ។បេ។ ជាគ្រឿងញុំាង​ជនឲ្យដឹងច្បាស់​នូវសេចក្ដី ១ ជាអ្នក​ញុំាង​ពួកសព្រហ្មចារី ឲ្យឃើញច្បាស់ ឲ្យកាន់យក ឲ្យក្លាហាន ឲ្យរីករាយ ១។ ម្នាលភិក្ខុ​ទាំង​ឡាយ ភិក្ខុប្រកប​ដោយធម៌ ៣ យ៉ាងនេះ រមែងគួរ​ដល់ពួកជន​ដទៃ តែមិនគួរ​ដល់ខ្លួន​ឡើយ។

[៦៨] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ២ យ៉ាង រមែងគួរដល់​ខ្លួន តែមិនគួរ​ដល់ពួកជន​ដទៃទេ។ ២ យ៉ាង តើអ្វីខ្លះ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុក្នុង​សាសនា​នេះ ជាអ្នកមិន​ចេះដឹងឆាប់ ក្នុងកុសលធម៌​ទាំងឡាយ ថែម​ទាំងមិនជាអ្នក​ទ្រទ្រង់​នូវធម៌​ទាំងឡាយ ដែលខ្លួន​ស្ដាប់​ហើយផង តែជាអ្នក​ពិចារណា នូវអត្ថនៃធម៌​ទាំងឡាយ ដែលខ្លួន​ទ្រទ្រង់ហើយ ១ ជាអ្នក​ដឹងនូវអត្ថ ដឹងនូវធម៌ ហើយ​ប្រតិបត្តិ​នូវធម៌ ដ៏សមគួរ​ដល់ធម៌ តែជាអ្នក​មានវាចា​មិនល្អ។បេ។ ជាគ្រឿង​ញុំាងជន​ឲ្យដឹងច្បាស់​នូវ​សេចក្ដី ជាអ្នក​មិនញុំាង​ពួកសព្រហ្មចារី ឲ្យឃើញ​ច្បាស់១។បេ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុប្រកប​ដោយ​ធម៌ ២ យ៉ាងនេះឯង រមែងគួរ​ដល់ខ្លួន តែមិនគួរ​ដល់ពួកជន​ដទៃឡើយ។

[៦៩] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ២ យ៉ាង រមែងគួរ​ដល់​ពួកជនដទៃ តែមិនគួរ​ដល់ខ្លួន​ទេ។ ២ យ៉ាង តើអ្វីខ្លះ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុក្នុង​សាសនានេះ ជាអ្នកមិន​ចេះដឹងឆាប់ ក្នុងកុសលធម៌​ទាំងឡាយ ថែមទាំង​ជាអ្នកមិនទ្រទ្រង់​ធម៌​ទាំងឡាយ ដែលខ្លួន​ស្ដាប់ហើយ ទាំងជា​អ្នកមិន​ពិចារណា នូវអត្ថ​នៃធម៌​ទាំងឡាយ ដែលខ្លួន​ទ្រទ្រង់​ហើយ ជាអ្នក​មិនដឹងនូវអត្ថ មិនដឹង​នូវធម៌ ហើយ​មិនប្រតិបត្តិ​នូវធម៌ ដ៏សមគួរ​ដល់​ធម៌​ផង តែជា​អ្នកមាន​វាចាល្អ ជាអ្នកមាន​ពាក្យ​ពីរោះ ប្រកប​ដោយវាចា​អ្នកក្រុង ដែលជា​វាចាច្បាស់លាស់ ជាវាចា​ឥតទោស ជាគ្រឿងញុំាង​ជនឲ្យ​ដឹងច្បាស់​នូវសេចក្ដី ១ ជាអ្នកញុំាង​ពួកសព្រហ្មចារី ឲ្យឃើញច្បាស់ ឲ្យកាន់យក ឲ្យក្លាហាន ឲ្យរីករាយ ១។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុប្រកប​ដោយធម៌ ២ យ៉ាងនេះឯង រមែងគួរ​ដល់​ពួកជន​ដទៃ តែមិនគួរ​ដល់ខ្លួន​ឡើយ។

សំខិត្តសូត្រ ទី៣

(៣. សំខិត្តសុត្តំ)

[៧០] គ្រានោះ ភិក្ខុមួយរូប បានចូលទៅគាល់​ព្រះដ៏មានព្រះភាគ។បេ។ លុះភិក្ខុ​នោះ អង្គុយក្នុង​ទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូល​ព្រះដ៏មានព្រះភាគ​យ៉ាង​នេះថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន សូមព្រះដ៏មាន​ព្រះភាគ ទ្រង់សំដែង​ធម៌ដល់ខ្ញុំ​ព្រះអង្គ ដោយសេចក្ដី​បំព្រួញ​ឲ្យទាន ដែលខ្ញុំព្រះអង្គ​បានស្ដាប់ធម៌ របស់​ព្រះដ៏​មានព្រះភាគ​ហើយ ជាបុគ្គល​ម្នាក់​ឯង ចៀសចេញទៅ ជាអ្នកមិន​ធ្វេសប្រហែស មានព្យាយាម​ដុតកំដៅកិលេស មានចិត្ត​បញ្ជូនទៅកាន់​ព្រះនិព្វាន។ មោឃបុរស​ពួកខ្លះ ក្នុងលោកនេះ គ្រាន់តែ​អារាធនា​តថាគត យ៉ាងនេះ កាលធម៌ដែល​តថាគត​សំដែងហើយ សំគាល់​តែត្រង់ដើម​តាម​តថាគត​ប៉ុណ្ណោះ។ បពិត្រព្រះអង្គ​ដ៏ចំរើន សូម​ព្រះដ៏មានព្រះភាគ ទ្រង់សំដែង​ធម៌ដល់​ខ្ញុំព្រះអង្គ ដោយ​សេចក្ដី​បំព្រួញ​ឲ្យទាន សូមព្រះសុគត​ទ្រង់សំដែង​ធម៌ ដោយ​សេចក្ដី​បំព្រួញ​ឲ្យទាន គិតធ្វើ​ដូចម្ដេច សូមឲ្យ​ខ្ញុំព្រះអង្គ បានយល់​នូវអត្ថនៃ​ភាសិត​របស់​ព្រះដ៏មាន​ព្រះភាគ គិតធ្វើដូចម្តេច សូម​ឲ្យខ្ញុំ​ព្រះអង្គ បានទទួល​នូវ​ភាសិត​របស់​ព្រះដ៏​មានព្រះភាគ។ ម្នាលភិក្ខុ ហេតុដូច្នោះ ក្នុង​សាសនានេះ អ្នកគប្បី​សិក្សាយ៉ាង​នេះថា ចិត្ត​របស់​អាត្មាអញ នឹង​តាំងនៅ​ក្នុងសន្ដាន តាំងនៅ​ដោយល្អ ទាំងពួក​អកុសល​ធម៌​ដ៏លាមក ក៏មិនកើត​ឡើង គ្របសង្កត់​ចិត្តបាន​ឡើយ។ ម្នាលភិក្ខុ ​អ្នកគប្បី​សិក្សា​យ៉ាងនេះ​ចុះ។ ម្នាលភិក្ខុ កាលណា ចិត្តរបស់អ្នក​តាំងនៅក្នុង​សន្ដាន តាំងនៅល្អហើយ ទាំងពួក​អកុសលធម៌​​ដ៏លាមក ក៏មិនកើតឡើង គ្របសង្កត់ចិត្ត​បាន ម្នាល​ភិក្ខុ កាលនោះ អ្នកគប្បី​សិក្សា​យ៉ាងនេះថា ចេតោវិមុត្តិ ប្រកបដោយ​មេត្តា អាត្មាអញ បានចំរើន​ហើយ បានធ្វើ​ឲ្យ​ច្រើន​ហើយ បានធ្វើឲ្យ​ដូចជាយាន បានដំកល់​ស៊ប់ បានប្រព្រឹត្ត​រឿយៗ បានសន្សំ​ទុក បាន​ប្រារព្ធ​ល្អហើយ។ ម្នាលភិក្ខុ អ្នកគប្បីសិក្សា​យ៉ាងនេះចុះ។ ម្នាលភិក្ខុ កាលណា សមាធិ​នេះ អ្នកបាន​ចំរើនហើយ បានធ្វើ​ឲ្យច្រើន​ហើយយ៉ាងនេះ ម្នាលភិក្ខុ កាលនោះ អ្នកគួរ​ចំរើននូវ​សមាធិនេះ ដែលប្រកប​ដោយវិតក្កៈ និងវិចារៈផង គួរចំរើន​នូវសមាធិ ដែល​មិនមានវិតក្កៈផង មានតែវិចារៈ​ប៉ុណ្ណោះ គួរចំរើន​នូវសមាធិ ដែលមិន​មានវិតក្កៈ មិនមាន​វិចារៈផង គួរចំរើននូវ​សមាធិ ដែលប្រកប​ដោយបីតិផង គួរចំរើន​នូវសមាធិ ដែលមិនមានបីតិផង គួរចំរើន​នូវសមាធិ ដែល​ប្រកប​ដោយ​សេចក្ដី​សប្បាយផង គួរចំរើន​នូវសមាធិ ដែលប្រកប​ដោយ​ឧបេក្ខាផង។ ម្នាល​ភិក្ខុ កាលណា សមាធិនេះ អ្នកបាន​ចំរើនហើយ បានចំរើនល្អ​ហើយយ៉ាងនេះ ម្នាល​ភិក្ខុ កាលនោះ អ្នកគប្បី​សិក្សាយ៉ាងនេះ​ថា ចេតោវិមុត្តិ​ប្រកបដោយ​ករុណា អាត្មា​អញ។បេ។ ចេតោវិមុត្តិ​ប្រកបដោយមុទិតា អាត្មាអញ។បេ។ ចេតោវិមុត្តិ ប្រកប​ដោយ​ឧបេក្ខា អាត្មាអញ​បានចំរើនហើយ បានធ្វើ​ឲ្យច្រើនហើយ បានធ្វើ​ឲ្យដូចជាយាន បានដំកល់​ស៊ប់ បានប្រព្រឹត្ត​រឿយៗ បានសន្សំទុក បានប្រារព្ធ​ល្អហើយ។ ម្នាលភិក្ខុ អ្នកគប្បី​សិក្សា​យ៉ាងនេះចុះ។ ម្នាលភិក្ខុ កាលណា សមាធិនេះ អ្នកបាន​ចំរើនហើយ ធ្វើឲ្យច្រើន​ហើយយ៉ាងនេះ ម្នាលភិក្ខុ កាលនោះ អ្នកគួរចំរើន​នូវសមាធិនេះ ដែលប្រកប​ដោយ​វិតក្កៈវិចារៈផង អ្នកគួរចំរើនសមាធិ ដែលមិនមាន​វិតក្កៈ មានតែវិចារៈផង អ្នកគួរចំរើន​សមាធិ ដែលមិនមាន​វិតក្កៈ មិនមានវិចារៈ​ផង អ្នកគួរចំរើន​សមាធិ ដែលប្រកប​ដោយ​បីតិ​ផង អ្នកគួរ​ចំរើន​សមាធិ ដែល​​មិនមាន​បីតិផង អ្នកគួរចំរើន​សមាធិ ដែលប្រកបដោយ​សេចក្ដី​សប្បាយ​ផង អ្នកគួរ​ចំរើន​សមាធិ ដែលប្រកប​ដោយ​ឧបេក្ខាផង។ ម្នាលភិក្ខុ កាលណា សមាធិនេះ អ្នក​បានចំរើនហើយ បានចំរើន​ល្អហើយ​យ៉ាងនេះ ម្នាលភិក្ខុ កាលនោះ អ្នកគប្បី​សិក្សា​យ៉ាងនេះ​ថា អាត្មាអញ នឹងពិចារណា​នូវកាយ​ក្នុងកាយ ជាប្រក្រតី មាន​ព្យាយាម ជាគ្រឿង​ដុតកំដៅ​កិលេស ជាអ្នក​ដឹងខ្លួន មាន​ស្មារតី កំចាត់បង់នូវ​អភិជ្ឈាន និង​ទោមនស្ស ក្នុងលោក​ចេញ។ ម្នាលភិក្ខុ អ្នកគប្បី​សិក្សាយ៉ាង​នេះចុះ។ ម្នាលភិក្ខុ កាលណា សមាធិ​នេះ អ្នកបាន​ចំរើន​ហើយ បានធ្វើឲ្យ​ច្រើនហើយ​យ៉ាងនេះ ម្នាលភិក្ខុ កាលនោះ អ្នកគួរចំរើនសមាធិ​នេះ ដែលប្រកប​ដោយវិតក្កៈវិចារៈ​ផង អ្នកគួរចំរើនសមាធិ ដែល​មិន​មាន​វិតក្កៈ មានតែវិចារៈផង អ្នកគួរចំរើនសមាធិ ដែលមិន​មានវិតក្កៈ មិនមាន​វិចារៈ​ផង អ្នកគួរ​ចំរើនសមាធិ ដែលប្រកប​ដោយបីតិផង អ្នកគួរចំរើន​សមាធិ ដែលមិន​មាន​បីតិផង អ្នកគួរ​ចំរើន​សមាធិ ដែលប្រកប​ដោយសេចក្ដី​សប្បាយផង អ្នកគួរ​ចំរើន​សមាធិ ដែល​ប្រកប​ដោយ​ឧបេក្ខាផង។ ម្នាលភិក្ខុ កាលណា សមាធិនេះ អ្នកបាន​ចំរើនហើយ បានចំរើន​ល្អហើយ​យ៉ាងនេះ ម្នាលភិក្ខុ កាលនោះ អ្នកគប្បី​សិក្សាយ៉ាង​នេះថា ក្នុងវេទនា​ទាំងឡាយ។បេ។ ក្នុងចិត្ត។បេ។ អាត្មាអញ នឹង​ពិចារណាឃើញ នូវធម៌ក្នុង​ធម៌ទាំងឡាយ ជាប្រក្រតី មានព្យាយាម ជាគ្រឿងដុត​កំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី កំចាត់បង់​នូវអភិជ្ឈាន និងទោមនស្ស ក្នុងលោកចេញ។ ម្នាលភិក្ខុ អ្នកគប្បីសិក្សា​យ៉ាងនេះ​ចុះ។ ម្នាលភិក្ខុ កាលណា សមាធិនេះ អ្នកបានចំរើន​ហើយ បានធ្វើឲ្យច្រើន​ហើយ​យ៉ាងនេះ ម្នាលភិក្ខុ កាលនោះ អ្នកគួរ​ចំរើន​សមាធិនេះ ដែលប្រកប​ដោយវិតក្កៈ​វិចារៈ​ផង អ្នកគួរចំរើន​សមាធិ ដែល​មិនមាន​វិតក្កៈ មានតែ​វិចារៈផង អ្នកគួរ​ចំរើន​សមាធិ ដែលមិនមានវិតក្កៈ មិនមានវិចារៈផង អ្នកគួរចំរើនសមាធិ ដែលប្រកប​ដោយបីតិ​ផង អ្នកគួរ​ចំរើន​សមាធិ ដែលមិន​មានបីតិផង អ្នកគួរ​ចំរើន​សមាធិ ដែល​ប្រកប​ដោយ​សេចក្ដី​សប្បាយផង អ្នកគួរ​ចំរើន​សមាធិ ដែលប្រកប​ដោយ​ឧបេក្ខា​ផង។ ម្នាលភិក្ខុ កាលណា សមាធិនេះ អ្នកបាន​ចំរើនហើយ បានចំរើន​ល្អហើយ យ៉ាងនេះ ម្នាលភិក្ខុ កាលនោះ អ្នកនឹង​ទៅក្នុង​ទីណា ៗ អ្នកនឹង​នៅសប្បាយ ក្នុងទីនោះ ៗ អ្នកនឹង​ឈរ​នៅក្នុងទីណាៗ អ្នកនឹង​ឈរ​នៅសប្បាយ ក្នុងទី​នោះៗ អ្នកនឹង​អង្គុយ ក្នុងទីណា ៗ អ្នកនឹងអង្គុយ​សប្បាយ​ក្នុងទី​នោះៗ អ្នក​នឹង​សម្រេច​ការដេក ក្នុងទី​ណាៗ អ្នកនឹង​សម្រេច​ការដេកសប្បាយ ក្នុងទីនោះៗ។

គ្រានោះ ភិក្ខុនោះ ដែល​​ព្រះដ៏មានព្រះភាគ ទូន្មានដោយ​ឱវាទនេះ​ហើយ ក៏ក្រោក​ចាកអាសនៈ ហើយក្រាប​ថ្វាយបង្គំ​លា​ព្រះដ៏មានព្រះភាគ ធ្វើប្រទក្សិណ ចៀសចេញ​ទៅ។ លំដាប់នោះ ភិក្ខុនោះ តែម្នាក់ឯង ចៀសចេញទៅ មិនធ្វេស​ប្រហែស មានព្យាយាម ជាគ្រឿង​ដុតកំដៅ​កិលេស មានចិត្ត​បញ្ជូនទៅកាន់​ព្រះនិព្វាន កុលបុត្ត​ចេញចាកផ្ទះ ចូលទៅកាន់​ផ្នួសដោយ​ប្រពៃ ដើម្បី​ប្រយោជន៍ ដល់អនុត្តរ​ធម៌ណា មិនយូរប៉ុន្មាន លោក​ក៏ធ្វើឲ្យជាក់ច្បាស់​នូវ​អនុត្តរធម៌ ដែលមាន​ព្រហ្មចរិយៈ​ជាទីបំផុតនោះ ដោយប្រាជ្ញាដ៏​ប្រសើរ​របស់ខ្លួន​ក្នុង​បច្ចុប្បន្ន​នេះ ដឹងច្បាស់ថា ជាតិរបស់​អាត្មាអញ​អស់ហើយ ព្រហ្មចរិយធម៌​ អាត្មា​អញ បាន​ប្រព្រឹត្ត​គ្រប់គ្រាន់ហើយ សោឡសកិច្ច អាត្មាអញ បានធ្វើ​រួចហើយ មគ្គភាវនាកិច្ច​ដទៃទៀត ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះ មិនមាន​ឡើយ។ មានសេចក្ដី​សរសើរថា បណ្ដា​ព្រះអរហន្ដ​ទាំងឡាយ ភិក្ខុនោះ ក៏ជា​ព្រះអរហន្ដ មួយអង្គដែរ។

គយាសីសសូត្រ ទី៤

(៤. គយាសីសសុត្តំ)

[៧១] សម័យមួយ ព្រះដ៏មានព្រះភាគ កាលគង់នៅ​ក្នុងគយាសីសប្រទេស ទៀប​ស្រុកគយា។ ក្នុងទីនោះឯង ព្រះដ៏មានព្រះភាគ​ ទ្រង់ត្រាស់​ហៅភិក្ខុ​ទាំងឡាយថា ម្នាល​ភិក្ខុ​ទាំងឡាយ។បេ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់​ពាក្យនេះថា ម្នាលភិក្ខុ​ទាំងឡាយ កាលមុន​អំពីការ​ត្រាស់ដឹង តថាគត​នៅជា​ពោធិសត្វ មិនទាន់ត្រាស់​ដឹងនៅឡើយ ស្គាល់​នូវពន្លឺ​ដោយច្បាស់​លាស់ តែមិនឃើញ​នូវរូប​ទាំងឡាយ។ ម្នាលភិក្ខុ​ទាំងឡាយ តថាគត​នោះ ក៏មានសេចក្ដី​ត្រិះរិះ​យ៉ាងនេះថា ប្រសិន​បើតថាគត​ស្គាល់នូវ​ពន្លឺផង ឃើញច្បាស់​នូវរូប​ទាំង​ឡាយផង ញាណទស្សនៈ​របស់តថាគត​នេះ គប្បីបរិសុទ្ធ​យ៉ាង​ក្រៃលែង យ៉ាងនោះ​ដែរ។ ម្នាលភិក្ខុ​ទាំងឡាយ សម័យ​ដទៃទៀត តថាគតនោះ ជាអ្នក​មិនប្រមាទ មានព្យាយាម​ជាគ្រឿង​ដុតកំដៅ​កិលេស មានចិត្ត​បញ្ជូនទៅ​កាន់​ព្រះនិព្វាន ស្គាល់ច្បាស់​នូវ​​ពន្លឺផង ឃើញច្បាស់​នូវរូបទាំង​ឡាយផង តែមិនឋិត​នៅជាមួយ មិន​ចរចា​ជាមួយ មិនដល់​នូវការ​សាកច្ឆា ជាមួយនឹង​ទេវតា​ទាំងឡាយ​នោះ។ ម្នាល​ភិក្ខុទាំងឡាយ តថាគត​នោះ មានសេចក្ដី​ត្រិះរិះ​យ៉ាងនេះថា ប្រសិនបើ​តថាគតស្គាល់​ច្បាស់នូវពន្លឺផង ឃើញ​ច្បាស់នូវ​រូបទាំងឡាយ​ផង គប្បីឋិតនៅ​ជាមួយ គប្បីចរចា​ជាមួយ គប្បីដល់​នូវការ​សាកច្ឆា ជាមួយនឹង​ទេវតាទាំង​ឡាយផង ញាណទស្សនៈ​របស់​តថាគត​នេះ គប្បីបរិសុទ្ធ​​ក្រៃលែង យ៉ាងនោះ​ដែរ។ ម្នាលភិក្ខុ​ទាំងឡាយ សម័យមួយ​ទៀត តថាគតនោះ ជាអ្នក​មិន​ប្រមាទ មានព្យាយាម​ជាគ្រឿង​ដុតកំដៅកិលេស មានចិត្ត​បញ្ជូនទៅ​កាន់ព្រះ​និព្វាន ស្គាល់ច្បាស់​នូវពន្លឺផង ឃើញច្បាស់​នូវរូបទាំង​ឡាយផង ក៏​ឋិតនៅជា​មួយ ចរចា​ជាមួយ ដល់នូវ​ការ​សាកច្ឆា ជាមួយនឹង​ទេវតាទាំង​ឡាយ​នោះផង តែមិនស្គាល់​នូវទេវតា​ទាំងឡាយ​នោះថា ទេវតា​ទាំងឡាយនេះ មកអំពី​ទេវនិកាយ​ឯណោះៗ ដូច្នេះ​ផង។ ម្នាល​ភិក្ខុ​ទាំងឡាយ តថាគតនោះ មានសេចក្ដី​ត្រិះរិះ យ៉ាងនេះថា ប្រសិន​បើ​តថាគត​ស្គាល់ច្បាស់នូវ​ពន្លឺផង ឃើញច្បាស់​នូវរូប​ទាំងឡាយ​ផង ក៏ឋិតនៅ​ជាមួយ ចរចា​ជាមួយ ដល់នូវ​ការសាកច្ឆា ជាមួយនឹង​ទេវតាទាំងឡាយ​នោះផង តថាគត​ស្គាល់នូវ​ទេវតា​ទាំងឡាយនោះ​ថា ទេវតាទាំង​ឡាយនេះ មកអំពី​ទេវនិកាយ​ឯណោះៗ ដូច្នេះផង ញាណទស្សនៈ​របស់​តថាគតនោះ គប្បី​បរិសុទ្ធក្រៃលែង យ៉ាងនេះ។ ម្នាលភិក្ខុ​ទាំង​ឡាយ សម័យ​ខាងក្រោយមក តថាគត​នោះឯង ជាអ្នកមិនមាន​សេចក្ដីប្រមាទ មាន​ព្យាយាម ជាគ្រឿង​ដុតកំដៅ​កិលេស មានចិត្ត​បញ្ជូនទៅ​កាន់ព្រះនិព្វាន ស្គាល់​ច្បាស់នូវ​ពន្លឺផង ឃើញច្បាស់​នូវរូប​ទាំងឡាយផង ក៏ឋិត​នៅជាមួយ ចរចា​ជាមួយ ដល់នូវ​ការ​សាកច្ឆា ជាមួយនឹង​ទេវតាទាំង​នោះផង ស្គាល់នូវ​ទេវតាទាំងនោះថា ទេវតា​ទាំងឡាយ​នេះ មកអំពី​ទេវនិកាយ​ឯណោះៗ ដូច្នេះផង តែមិនស្គាល់​នូវទេវតា​ទាំងនោះ​ថា ទេវតា​ទាំងឡាយនេះ ច្យុត​អំពីទីនេះ ទៅកើត​ក្នុងទីនោះ ដោយផលកម្ម​នេះ​ដូច្នេះ​ផង ស្គាល់​នូវ​ទេវតាទាំងនោះថា ទេវតាទាំងឡាយ​នេះ ច្យុត​អំពីទីនេះ ទៅកើតក្នុង​ទីនោះ ដោយ​ផល​កម្ម​នេះ ដូច្នេះផង តែមិនស្គាល់​ទេវតា​ទាំងនោះថា ទេវតា​ទាំងឡាយនេះ មានអាហារ​យ៉ាងនេះ សោយសុខទុក្ខ​យ៉ាងនេះ ដូច្នេះផង ស្គាល់ទេវតា​ទាំងនោះថា ទេវតា​ទាំងឡាយនេះ មានអាហារ​យ៉ាងនេះ សោយសុខទុក្ខ​យ៉ាងនេះ ដូច្នេះផង តែមិនស្គាល់​ទេវតា​ទាំងនោះថា ទេវតាទាំងនេះ មានអាយុវែង​យ៉ាងនេះ ឋិតនៅអស់​កាល​យូរ​យ៉ាង​នេះ ដូច្នេះផង ស្គាល់​ទេវតា​ទាំងនោះថា ទេវតា​ទាំងឡាយនេះ មានអាយុ​វែងយ៉ាងនេះ ឋិតនៅអស់​កាលយូរ​យ៉ាងនេះ ដូច្នេះផង តែមិនស្គាល់​ទេវតា​ទាំងនោះថា អាត្មាអញ ធ្លាប់នៅ​ជាមួយនឹង​ទេវតាទាំងឡាយ​នេះ ឬថា ​មិនធ្លាប់​នៅជាមួយ ដូច្នេះផង។ ម្នាលភិក្ខុ​ទាំង​ឡាយ តថាគតនោះ មានសេចក្ដី​ត្រិះរិះ យ៉ាងនេះថា ប្រសិនបើ អាត្មាស្គាល់ច្បាស់​នូវ​ពន្លឺផង ឃើញច្បាស់​នូវរូប​ទាំងឡាយផង ឋិតនៅ​ជាមួយ ចរចាជា​មួយ ដល់នូវ​ការ​សាកច្ឆា ជាមួយនឹង​ទេវតាទាំងនោះ​ផង គប្បីស្គាល់​នូវទេវតា​ទាំងនោះថា ទេវតា​ទាំងឡាយ​នេះ មកអំពី​ទេវនិកាយ​ឯណោះ ៗ ដូច្នេះផង គប្បីស្គាល់​ទេវតាទាំង​នោះថា ទេវតា​ទាំងឡាយនេះ ច្យុតអំពីទីនេះ ទៅកើត​ក្នុងទីនោះ ដោយផលកម្មនេះ ដូច្នេះផង គប្បីស្គាល់​ទេវតា​ទាំងនោះថា ទេវតា​ទាំងឡាយនេះ មានអាហារ​យ៉ាងនេះ សោយសុខ​ទុក្ខ​យ៉ាងនេះ ដូច្នេះផង គប្បីស្គាល់​នូវទេវតា​ទាំងនោះថា ទេវតា​ទាំងឡាយនេះ មានអាយុ​វែង​យ៉ាងនេះ ឋិតនៅអស់​កាលយូរ​យ៉ាងនេះ ដូច្នេះផង គប្បីស្គាល់នូវ​ទេវតា​ទាំង​នោះ​ថា អាត្មាអញ ធ្លាប់នៅ​ជាមួយនឹង​ទេវតាទាំងឡាយ ឬថា មិនធ្លាប់​នៅជាមួយ​ទេ ដូច្នេះផង ញាណទស្សនៈ​របស់តថាគត​នេះ គប្បីបរិសុទ្ធ​ក្រៃលែង យ៉ាងនេះ។ ម្នាលភិក្ខុ​ទាំងឡាយ សម័យដទៃទៀត តថាគតនោះ ជាអ្នកមិន​ប្រមាទ មាន​ព្យាយាមជា​គ្រឿងដុត​កំដៅកិលេស មានចិត្ត​បញ្ជូនទៅកាន់​ព្រះនិព្វាន ស្គាល់ច្បាស់​នូវពន្លឺផង ឃើញច្បាស់​នូវរូប​ទាំងឡាយផង ឋិតនៅ​ជាមួយ ចរចាជាមួយ ដល់នូវ​ការសាកច្ឆា ជាមួយនឹង​ទេវតាទាំងឡាយ​នោះផង ស្គាល់ទេវតា​ទាំងនោះថា ទេវតា​ទាំងឡាយនេះ មកអំពី​ទេវនិកាយ​ឯណោះ ៗ ដូច្នេះផង ស្គាល់ទេវតា​ទាំងឡាយនោះថា ទេវតាទាំង​ឡាយ​នេះ ច្យុតអំពីទីនេះ ទៅកើត​ក្នុងទីនោះ ដោយផលកម្មនេះ ដូច្នេះផង ស្គាល់​ទេវតា​ទាំង​នោះថា ទេវតា​ទាំងឡាយនេះ មានអាហារ​យ៉ាងនេះ សោយសុខទុក្ខ​យ៉ាងនេះ ដូច្នេះផង ស្គាល់​ទេវតា​ទាំងនោះថា ទេវតា​ទាំងឡាយនេះ មានអាយុ​វែងយ៉ាងនេះ ឋិតនៅ​អស់កាល​យូរយ៉ាងនេះ ដូច្នេះផង ស្គាល់ទេវតា​ទាំងនោះថា អាត្មាអញ ធ្លាប់នៅជា​មួយ​នឹង​ទេវតា​ទាំងឡាយនោះ ឬថា មិនធ្លាប់​នៅជាមួយទេ ដូច្នេះផង។ ម្នាលភិក្ខុ​ទាំងឡាយ អធិទេវញ្ញាណទស្សនៈ (ការដឹង និងការឃើញ នូវទេវតាដ៏ក្រៃលែង) របស់​តថាគត មាន​បរិវដ្ដ ៨ ប្រការយ៉ាងនេះ មិនបរិសុទ្ធ​ដរាបណា ម្នាលភិក្ខុ​ទាំងឡាយ តថាគត ក៏មិនទាន់​ប្ដេជ្ញា​ខ្លួន ថា​ជាអ្នកត្រាស់​ដឹងនូវ​អនុត្តរសម្មាសម្ពោធិញ្ញាណ ក្នុងលោក ព្រមទាំងទេវ​លោក មារលោក និងព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំង​សមណព្រាហ្មណ៍ ទេវតា និង​មនុស្ស​ដរាប​នោះ។ ម្នាលភិក្ខុ​ទាំងឡាយ មួយទៀត កាលណា អធិទេវញ្ញាណទស្សនៈ របស់​តថាគត មានបរិវដ្ដ ៨ ប្រការយ៉ាងនេះ បរិសុទ្ធ​ហើយ ម្នាលភិក្ខុ​ទាំងឡាយ កាលនោះ តថាគត​ប្ដេជ្ញាខ្លួន ថាជាអ្នក​ត្រាស់ដឹង​នូវ​អនុត្តរសម្មាសម្ពោធិញ្ញាណ ក្នុងលោក ព្រមទាំង​ទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំង​សមណ​ព្រាហ្មណ៍ ទេវតា និងមនុស្ស។ មិនតែ​ប៉ុណ្ណោះសោត ញាណទស្សនៈ ក៏កើតឡើង​ដល់តថាគតថា ចេតោវិមុត្តិ របស់តថាគត​មិនកម្រើក ជាតិនេះ ជាជាតិ​ទីបំផុត​ក្នុង​កាល​ឥឡូវនេះ ភពថ្មីមិន​មានទៀត​ឡើយ។

អភិភាយតនសូត្រ ទី៥

(៥. អភិភាយតនសុត្តំ)

[៧២] ម្នាលភិក្ខុទាំងឡាយ អភិភាយតនៈ (ហេតុជាគ្រឿង​គ្របសង្កត់​នូវធម៌ ជាសត្រូវ​ផង នូវ​អារម្មណ៍ផង)​ នេះមាន ៨ យ៉ាង។ ៨យ៉ាង តើអ្វីខ្លះ។ គឺបុគ្គល​ពួកមួយ មានសេចក្ដី​សំគាល់នូវ​រូបខាង​ក្នុង ឃើញនូវ​រូបខាងក្រៅ ជារូប​មានប្រមាណ​តិច មាន​សម្បុរ​ល្អ ឬសម្បុរ​អាក្រក់ គ្របសង្កត់​នូវរូបទាំងនោះ ហើយមាន​សេចក្ដីសំគាល់​យ៉ាង​នេះថា អាត្មាអញ​ដឹង អាត្មាអញឃើញ ដូច្នេះ នេះជា​អភិភាយតនៈ ទី១។ បុគ្គលពួកមួយ មាន​សេចក្ដី​សំគាល់នូវ​រូបខាងក្នុង ឃើញនូវរូប​ខាងក្រៅ ជារូប​មានប្រមាណ​ច្រើន មាន​សម្បុរល្អ ឬ​សម្បុរអាក្រក់ គ្របសង្កត់​នូវរូប​ទាំងនោះ ហើយ​មានសេចក្ដី​សំគាល់​យ៉ាងនេះ​ថា អាត្មាអញ​ដឹង អាត្មាអញ​ឃើញ ដូច្នេះ នេះជា​អភិភាយតៈ ទី២។ បុគ្គល​ពួកមួយ មិនមាន​សេចក្ដីសំគាល់នូវ​រូបខាងក្នុង ឃើញនូវ​រូបខាងក្រៅ ជារូប​មាន​ប្រមាណ​តិច មាន​សម្បុរល្អ ឬ​សម្បុរអាក្រក់ គ្របសង្កត់នូវ​រូបទាំងនោះ ហើយមាន​សេចក្ដី​សំគាល់​យ៉ាងនេះថា អាត្មាអញដឹង អាត្មាអញឃើញ​ដូច្នេះ នេះជា​អភិភាយតៈ ទី៣។ បុគ្គល​ពួកមួយ មិនមាន​សេចក្ដីសំគាល់នូវ​រូបខាងក្នុង ឃើញនូវ​រូប​ខាងក្រៅ ជារូបមាន​ប្រមាណ​ច្រើន មានសម្បុរល្អ ឬ​សម្បុរអាក្រក់ គ្របសង្កត់​នូវរូប​ទាំងនោះ ហើយមាន​សេចក្ដី​សំគាល់​យ៉ាងនេះថា អាត្មាអញដឹង អាត្មាអញ​ឃើញដូច្នេះ នេះជា​អភិភាយតៈ ទី៤។ បុគ្គលពួកមួយ មិនមាន​សេចក្ដី​សំគាល់នូវរូប​ខាងក្នុង ឃើញនូវ​រូបខាងក្រៅ ជារូបខៀវ មាន​សម្បុរខៀវ ជាទីចង្អុល​ប្រាប់ថា នេះមាន​សម្បុរខៀវ មានពន្លឺខៀវ គ្របសង្កត់​នូវរូប​ទាំងនោះ ហើយមាន​សេចក្ដី​សំគាល់​យ៉ាងនេះថា អាត្មា​អញដឹង អាត្មាអញ​ឃើញដូច្នេះ នេះជា​អភិភាយតៈ ទី៥។ បុគ្គលពួកមួយ មិនមាន​សេចក្ដី​សំគាល់នូវរូប​ខាងក្នុង ឃើញនូវរូប​ខាងក្រៅ ជារូបលឿង មានសម្បុរ​លឿង ជាទី​ចង្អុលប្រាប់ថា នេះមាន​សម្បុរលឿង មាន​ពន្លឺលឿង គ្របសង្កត់នូវ​រូបទាំងនោះ ហើយមាន​សេចក្ដីសំគាល់​យ៉ាងនេះថា អាត្មាអញ​ដឹង អាត្មាអញ​ឃើញដូច្នេះ នេះជា អភិភាយតៈ ទី៦។ បុគ្គលពួកមួយ មិនមាន​សេចក្ដី​សំគាល់នូវ​រូបខាងក្នុង ឃើញនូវ​រូបខាងក្រៅ ជារូបក្រហម មាន​សម្បុរក្រហម ជាទីចង្អុល​ប្រាប់ថា នេះមាន​សម្បុរ​ក្រហម មានពន្លឺ​ក្រហម គ្របសង្កត់​នូវរូប​ទាំងនោះ ហើយមាន​សេចក្ដី​សំគាល់​យ៉ាងនេះថា អាត្មាអញ​ដឹង អាត្មាអញ​ឃើញដូច្នេះ នេះជា​អភិភាយតៈ ទី៧។ បុគ្គលពួកមួយ មិនមានសេចក្ដី​សំគាល់​នូវរូបខាងក្នុង ឃើញនូវ​រូបខាងក្រៅ ជារូបស មាន​សម្បុរស ជាទីចង្អុល​ប្រាប់ថា នេះមាន​សម្បុរស មាន​ពន្លឺស គ្របសង្កត់​នូវរូបទាំង​នោះ ហើយមាន​សេចក្ដី​សំគាល់​យ៉ាងនេះថា អាត្មាអញដឹង អាត្មាអញ​ឃើញដូច្នេះ នេះជា​អភិភាយតៈ ទី៨។ ម្នាលភិក្ខុ​ទាំងឡាយ អភិភាយតនៈ មាន ៨ យ៉ាងនេះឯង។

វិមោក្ខសូត្រ ទី៦

(៦. វិមោក្ខសុត្តំ)

[៧៣] ម្នាលភិក្ខុទាំងឡាយ វិមោក្ខនេះ មាន ៨យ៉ាង។ ៨យ៉ាង តើអ្វីខ្លះ។ គឺបុគ្គល​មាន​រូបជ្ឈាន រមែងឃើញ​នូវរូប គឺកសិណ​ទាំងឡាយ (មាននីលកសិណ ជាដើម) នេះជា​វិមោក្ខ ទី១។ បុគ្គលពួកមួយ មិនមាន​សេចក្ដី​សំគាល់​នូវរូបខាងក្នុង (មានសក់ជាដើម) រមែងឃើញ​នូវរូប​ខាងក្រៅ​ទាំងឡាយ គឺកសិណ (មាននីលកសិណ​ជាដើម) នេះជា​វិមោក្ខ ទី២។ បុគ្គល​មានចិត្តចុះ​ស៊ប់ថា វណ្ណកសិណ​ដ៏បរិសុទ្ធ នេះជា​វិមោក្ខ ទី៣។ ព្រោះកន្លង​នូវ​រូបសញ្ញា ដោយប្រការ​ទាំងពួង ដល់នូវសេចក្ដី​វិនាស​នៃបដិឃសញ្ញា មិនបាន​ធ្វើទុក​ក្នុងចិត្ត​នូវនានត្តសញ្ញា បានដល់​នូវ​អាកាសានញ្ចាយតនជ្ឈាន ដោយ​ការ​ធ្វើទុក​ក្នុងចិត្តថា អាកាស​មិនមាន​ទីបំផុត​ដូច្នេះ នេះជា​វិមោក្ខ ទី៤។ ព្រោះកន្លង​នូវ​អាកាសានញ្ចាយតនជ្ឈាន ដោយប្រការ​ទាំងពួង បានដល់​នូវវិញ្ញាណញ្ចាយតនជ្ឈាន ដោយការ​ធ្វើទុកក្នុង​ចិត្តថា វិញ្ញាណ​មិនមាន​ទីបំផុត​ដូច្នេះ នេះជា​វិមោក្ខ ទី៥។ ព្រោះកន្លងនូវ​វិញ្ញាណញ្ចាយតនជ្ឈាន ដោយប្រការ​ទាំងពួង បានដល់នូវ​អាកិញ្ចញ្ញាយតនជ្ឈាន ដោយការ​ធ្វើទុកក្នុង​ចិត្តថា អ្វីតិចតួច​ក៏មិនមាន​ដូច្នេះ នេះជា​វិមោក្ខ ទី៦។ ព្រោះកន្លង​នូវអាកិញ្ចញ្ញាយតនជ្ឈាន ដោយ​ប្រការ​ទាំងពួង បានដល់​នូវ​នេវសញ្ញានាសញ្ញាយតនជ្ឈាន នេះជា​វិមោក្ខ ទី៧។ ព្រោះកន្លង​នូវ​នេវសញ្ញានាសញ្ញាយតនជ្ឈាន ដោយប្រការ​ទាំងពួង បានដល់​នូវសញ្ញាវេទយិតនិរោធ (សេចក្ដីរលត់​នៃសញ្ញា និងវេទនា) នេះជា​វិមោក្ខ ទី៨។ ម្នាលភិក្ខុ​ទាំងឡាយ វិមោក្ខ មាន៨ យ៉ាងនេះឯង។

អនរិយវោហារសូត្រ ទី៧

(៧. អនរិយវោហារសុត្តំ)

[៧៤] ម្នាលភិក្ខុទាំងឡាយ អនរិយវោហារ (វោហារមិនប្រសើរ) នេះ មាន៨យ៉ាង។ ៨យ៉ាង តើអ្វីខ្លះ។ គឺមិនឃើញ និយាយថា​ឃើញ ១ មិនឮ និយាយថា ឮ ១ មិនបាន​ហិតភ្លក់ និយាយថា បានហិតភ្លក់ ១ មិនដឹង និយាយថា ដឹង ១ ឃើញ និយាយថា មិនឃើញ ១ ឮ និយាយថា មិនឮ ១ បានហិតភ្លក់ និយាយថា មិនបានហិតភ្លក់ ១ ដឹង និយាយថា មិនដឹង ១។ ម្នាលភិក្ខុ​ទាំងឡាយ អនរិយវោហារ មាន៨ យ៉ាងនេះឯង។

អរិយវោហារសូត្រ ទី៨

(៨. អរិយវោហារសុត្តំ)

[៧៥] ម្នាលភិក្ខុទាំងឡាយ អរិយវោហារ (វោហារដ៏ប្រសើរ) នេះ មាន៨យ៉ាង។ ៨យ៉ាង តើអ្វីខ្លះ។ គឺមិនឃើញ និយាយថា មិនឃើញ ១ មិនឮ និយាយថា មិនឮ ១ មិនបាន​ហិតភ្លក់ និយាយថា មិនបាន​ហិតភ្លក់ ១ មិនដឹង និយាយថា មិនដឹង ១ ឃើញ និយាយ​ថា ឃើញ ១ ឮ និយាយថា ឮ ១ បានហិតភ្លក់ និយាយថា បានហិតភ្លក់ ១ ដឹង និយាយថា ដឹង ១។ ម្នាលភិក្ខុ​ទាំងឡាយ អរិយវោហារ មាន៨ យ៉ាងនេះឯង។

បរិសាសូត្រ ទី៩

(៩. បរិសាសុត្តំ)

[៧៦] ម្នាលភិក្ខុទាំងឡាយ បរិសទ្យ មាន ៨ ពួក។ ៨ ពួក តើអ្វីខ្លះ។ គឺ​ខត្តិយបរិសទ្យ ១ ព្រាហ្មណបរិសទ្យ ១ គហបតិបរិសទ្យ ១ សមណបរិសទ្យ ១ ចាតុម្មហារាជិកបរិសទ្យ ១ តាវត្តឹង្សបរិសទ្យ ១ មារបរិសទ្យ ១ ព្រហ្មបរិសទ្យ ១។ ម្នាលភិក្ខុ​ទាំងឡាយ តថាគតធ្លាប់បានចូលទៅរក​ខត្តិយបរិសទ្យ​ជាច្រើន​រយ។ ក្នុង​បរិសទ្យ​នោះ តថាគត​ធ្លាប់អង្គុយ​ជាមួយផង ធ្លាប់ចរចា​ជាមួយផង ធ្លាប់​ដល់នូវ​ការសាកច្ឆាជា​មួយផង សម្បុរ​របស់​ជនទាំង​នោះ ក្នុង​បរិសទ្យនោះ យ៉ាងណា សម្បុរ​របស់​តថាគត ក៏យ៉ាង​នោះដែរ សំឡេង​របស់ជន​ទាំងនោះ យ៉ាងណា សំឡេង​របស់​តថាគត ក៏យ៉ាងនោះដែរ មួយទៀត តថាគត បានញុំាង​ជនទាំងនោះ ឲ្យ​ឃើញច្បាស់​ ឲ្យកាន់យក ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថា កាលដែល​តថាគត កំពុង​និយាយ ជនទាំង​នោះ មិនស្គាល់ថា ជនដែល​កំពុងនិយាយ​នេះ ជាអ្វីហ្ន៎ ជាទេវតា ឬ​មនុស្ស​ដូច្នេះ​ឡើយ លុះតថាគត​ញុំាងជន​ទាំងនោះ ឲ្យឃើញច្បាស់ ឲ្យកាន់យក ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថា​ហើយ ក៏បាត់ទៅ កាល​ដែលតថាគត​បាត់ទៅហើយ ចំណែក​ជនទាំង​នោះ នៅតែ​មិនស្គាល់ថា ជនដែល​បាត់ទៅ​ហើយនេះ ជាអ្វីហ្ន៎ ជាទេវតា ឬ​ជា​មនុស្ស​ដូច្នេះឡើយ។ ម្នាលភិក្ខុ​ទាំងឡាយ តថាគត ធ្លាប់ចូល​ទៅរក​ព្រាហ្មណបរិសទ្យ ជាច្រើនរយ។បេ។ បានចូល​ទៅរក​គហបតិបរិសទ្យ សមណបរិសទ្យ ចាតុម្មហារាជិក​បរិសទ្យ តាវត្តឹង្សបរិសទ្យ មារបរិសទ្យ ព្រហ្មបរិសទ្យ។ ក្នុង​ព្រហ្មបរិសទ្យនោះ តថាគត​ធ្លាប់អង្គុយ​ជាមួយផង ធ្លាប់ចរចា​ជាមួយផង ធ្លាប់ដល់នូវ​ការ​សាកច្ឆាជាមួយ​ផង សម្បុរ​របស់​ព្រហ្មទាំងនោះ ក្នុង​បរិសទ្យ​នោះយ៉ាងណា សម្បុរ​របស់តថាគត ក៏យ៉ាងនោះ​ដែរ សំឡេង​របស់ព្រហ្ម​ទាំងនោះ​យ៉ាងណា សំឡេងរបស់​តថាគត ក៏យ៉ាងនោះដែរ មួយទៀត តថាគត​ បានញុំាង​ព្រហ្មទាំងនោះ​ ឲ្យឃើញច្បាស់ ឲ្យកាន់យក ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយ​ធម្មីកថា កាលដែល​តថាគត​កំពុងនិយាយ ចំណែក​ព្រហ្មទាំងនោះ​មិនស្គាល់ថា ជនដែល​កំពុងនិយាយ​នេះ ជាអ្វីហ្ន៎ ជាទេវតា ឬ​ជាមនុស្ស​ដូច្នេះឡើយ។ លុះតថាគត​ញុំាង​ព្រហ្មទាំងនោះ ឲ្យឃើញច្បាស់ ឲ្យកាន់យក ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថា​ហើយ ក៏បាត់ទៅ កាលដែល​តថាគតបាត់​ទៅហើយ ចំណែក​ព្រហ្មទាំងនោះ នៅតែមិន​ស្គាល់ថា ជនដែល​បាត់ទៅ​ហើយនេះ ជាអ្វីហ្ន៎ ជាទេវតា ឬជាមនុស្ស​ដូច្នេះ​ឡើយ។ ម្នាលភិក្ខុ​ទាំងឡាយ បរិសទ្យ ៨ ពួកនេះឯង។

ភូមិចាលសូត្រ ទី១០

(១០. ភូមិចាលសុត្តំ)

[៧៧] សម័យមួយ ព្រះដ៏មានព្រះភាគ កាលគង់ក្នុង​កូដាគារសាលា នាមហាវន ជិតក្រុង​វេសាលី។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់ស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុង​បុព្វណ្ហសម័យ ហើយចូល​ទៅកាន់ក្រុង​វេសាលី ដើម្បី​បិណ្ឌបាត។ លុះ​ទ្រង់ត្រាច់​ទៅ​បិណ្ឌបាត ក្នុង​ក្រុងវេសាលី​ហើយ ត្រឡប់​អំពីបិណ្ឌបាត ក្នុងវេលា​ខាងក្រោយភត្ត ហើយ​ទ្រង់ត្រាស់​ហៅ​ព្រះអានន្ទ​ដ៏មានអាយុ​ថា ម្នាលអានន្ទ ចូរអ្នក​កាន់យក​និសីទនៈ​ទៅ យើងនឹង​ចូល​ទៅសម្រាក ក្នុងវេលា​ថ្ងៃ ឯបាវាលចេតិយ។ ព្រះអានន្ទដ៏​មានអាយុ បាន​ទទួល​ព្រះពុទ្ធដីកា នៃព្រះដ៏មាន​ព្រះភាគ ដោយពាក្យថា ព្រះករុណា ព្រះអង្គ ហើយក៏​កាន់​និសីទនៈទៅតា​មខាងក្រោយ ៗ ព្រះដ៏មានព្រះភាគទៅ។

គ្រានោះ ព្រះដ៏មានព្រះភាគ កាលស្ដេចចូល​ទៅកាន់​បាវាលចេតិយ លុះចូលទៅ​ដល់ហើយ ក៏គង់លើ​អាសនៈ ដែលព្រះអានន្ទ​ក្រាលថ្វាយ។ លុះ​ព្រះដ៏មានព្រះភាគ គង់​ហើយ ក៏ទ្រង់ត្រាស់​នឹង​ព្រះអានន្ទដ៏មាន​អាយុថា ម្នាលអានន្ទ ក្រុង​វេសាលី ជាទីគួរ​ត្រេកអរ ឧទេនចេតិយ ជាទីគួរត្រេកអរ គោតមកចេតិយ ជាទីគួរត្រកអរ ពហុបុត្តកចេតិយ ជាទី​គួរត្រេកអរ សត្តម្ពចេតិយ ជាទីគួរត្រេកអរ សារន្ទទចេតិយ ជាទីគួរត្រេកអរ បាវាលចេតិយ ជាទីគួរត្រេកអរ។ ម្នាលអានន្ទ ឥទ្ធិបាទ​ទាំង ៤ បើបុគ្គល​ណាមួយ បាន​ចំរើនហើយ បានធ្វើ​ឲ្យច្រើន បានធ្វើ​ឲ្យដូចជាយាន បានដម្កល់ស៊ប់ បានប្រព្រឹត្ត​រឿយ ៗ បាន​សន្សំទុក បានប្រារព្ធ​ល្អហើយ ម្នាល​អានន្ទ បុគ្គលនោះ ទោះបី​ប្រាថ្នា នឹង​គប្បី​ឋិត​នៅ​អស់ ១ អាយុកល្ប ឬ​លើសជាង ១ អាយុកល្បក៏បាន។ ម្នាលអានន្ទ ឯ​ឥទ្ធិបាទទាំង ៤ តថាគត​បានចំរើន​ហើយ បានធ្វើ​ឲ្យច្រើន បានធ្វើ​ឲ្យដូច​ជាយាន បានដម្កល់ស៊ប់ បាន​ប្រព្រឹត្ត​រឿយ ៗ បាន​សន្សំទុក បានប្រារព្ធ​ល្អហើយ ម្នាល​អានន្ទ តថាគត បើ​ប្រាថ្នា ​គប្បីឋិត​នៅអស់ ១ អាយុកល្ប ឬ​លើសជាង ១ អាយុកល្បក៏បាន។ ឯ​ព្រះអានន្ទ​ដ៏មានអាយុ ទុកជា​ព្រះ​ដ៏មានព្រះភាគ ទ្រង់ធ្វើ​និមិត្តជាឱឡារិក ទ្រង់ធ្វើឱភាស​ជាឱឡារិក យ៉ាងនេះ​ហើយ ក៏មិនអាច​នឹង​យល់​សេចក្ដី​ច្បាស់លាស់​បាន មិនបាន​អារាធនា​ព្រះដ៏​មាន​ព្រះភាគថា បពិត្រ​ព្រះអង្គដ៏ចំរើន សូម​ព្រះដ៏មានព្រះភាគ ឋិតនៅ​អស់ ១ អាយុកល្ប បពិត្រ​ព្រះអង្គ​ដ៏ចំរើន សូម​ព្រះសុគត ឋិតនៅ​អស់ ១ អាយុកល្ប ដើម្បី​ប្រយោជន៍​ដល់​ជនច្រើន ដើម្បី​សេចក្ដីសុខ​ដល់ជន​ច្រើន ដើម្បី​អនុគ្រោះ ដល់​សត្វលោក ដើម្បី​សេចក្តី​ចំរើន ដើម្បី​ប្រយោជន៍ ដើម្បី​សេចក្តីសុខ ដល់ពួក​​ទេវតា និង​មនុស្ស​ដូច្នេះ​សោះ ព្រោះ​មារ ចូលមក​ជ្រែកគំនិត។ ព្រះដ៏មាន​ព្រះភាគ ទ្រង់មាន​ព្រះពុទ្ធដីកា ជាគំរប់​ពីរ​ដងផង។ ព្រះដ៏មានព្រះភាគ ទ្រង់មានព្រះពុទ្ធដីកា​នឹងព្រះអានន្ទ​ដ៏មានអាយុ ជាគំរប់​បីដង​ផងថា ម្នាលអានន្ទ ក្រុងវេសាលី ជាទីគួរត្រេកអរ ឧទេនចេតិយ ជាទីគួរត្រេកអរ គោតមកចេតិយ ជាទីគួរត្រកអរ ពហុបុត្តកចេតិយ ជាទីគួរត្រេកអរ សត្តម្ពចេតិយ ជាទី​គួរត្រេកអរ សារន្ទទចេតិយ ជាទីគួរ​ត្រេកអរ បាវាលចេតិយ ជាទី​គួរត្រេកអរ។ ម្នាល​អានន្ទ ឥទ្ធិបាទ​ទាំង ៤ បើបុគ្គល​ណាមួយ បានចំរើន​ហើយ បានធ្វើ​ឲ្យច្រើន បានធ្វើ​ឲ្យដូច​ជាយាន បានដម្កល់​ស៊ប់ បានប្រព្រឹត្ត​រឿយ ៗ បាន​សន្សំទុក បាន​ប្រារព្ធល្អ​ហើយ។បេ។ ម្នាលអានន្ទ តថាគត បើប្រាថ្នា គប្បីឋិត​នៅ អស់១ អាយុកល្ប ឬ​លើស​ជាង ១ អាយុកល្ប​ក៏បាន។ ឯព្រះ​អានន្ទ​ដ៏មានអាយុ ទុកជា​ព្រះដ៏មាន​ព្រះភាគ ទ្រង់​ធ្វើ​និមិត្ត​ជាឱឡារិក​យ៉ាងនេះហើយ ក៏នៅតែមិនអាច​យល់​សេចក្ដី​ច្បាស់លាស់​បានឡើយ ហើយមិន​បាន​អារាធនា​ព្រះដ៏មានព្រះភាគ​ថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន សូមព្រះដ៏មាន​ព្រះភាគ ឋិតនៅ​អស់ ១ អាយុកល្ប បពិត្រព្រះអង្គ​ដ៏ចំរើន សូមព្រះសុគត ឋិតនៅ​អស់ ១ អាយុកល្ប ដើម្បី​ប្រយោជន៍ ដល់ជនច្រើន ដើម្បីសេចក្ដី​សុខ ដល់ជនច្រើន ដើម្បី​អនុគ្រោះ ដល់​សត្វលោក ដើម្បី​សេចក្ដី​ចំរើន ដើម្បី​ប្រយោជន៍ ដើម្បី​សេចក្ដីសុខ ដល់​ទេវតា និង​មនុស្ស​ទាំងឡាយដូច្នេះសោះឡើយ ព្រោះមារ ចូលមក​ជ្រែកគំនិត។ លំដាប់នោះ ព្រះដ៏មាន​ព្រះភាគ ទ្រង់ត្រាស់​នឹង​អានន្ទដ៏មាន​អាយុថា ម្នាលអានន្ទ អ្នកចូរទៅចុះ អ្នកចូរសំគាល់​នូវកាល​ដែលគួរ​នឹងទៅ ក្នុងកាល​ឥឡូវ​នេះចុះ។ ព្រះអានន្ទ​ដ៏មានអាយុ បាន​ទទួល​ព្រះពុទ្ធដីកា​ព្រះមានព្រះភាគ ដោយពាក្យថា ព្រះករុណា ព្រះអង្គ រួចក៏ក្រោក​ចាក​អាសនៈ ហើយថ្វាយបង្គំ​ព្រះដ៏មានព្រះភាគ ធ្វើប្រទក្សិណ រួចអង្គុយ​ទៀបគល់ឈើមួយ ​ជិត​ព្រះដ៏មានព្រះភាគ។

គ្រានោះ កាលបើព្រះអានន្ទ​ដ៏មានអាយុ ចៀសចេញទៅ មិនយូរប៉ុន្មាន មារមាន​ចិត្ត​បាប ក៏បាន​ពោលពាក្យនេះ នឹង​ព្រះដ៏មានព្រះភាគ​ថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន សូម​ព្រះដ៏មាន​ព្រះភាគ បរិនិព្វាន​ក្នុង​កាល​ឥឡូវនេះ សូមព្រះសុគត បរិនិព្វានទៅ បពិត្រ​ព្រះអង្គ​ដ៏​ចំរើន ឥឡូវនេះ ជាកាលគួរនឹង​បរិនិព្វាន​របស់ព្រះ​ដ៏មានព្រះភាគ​ហើយ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ព្រោះថា ព្រះដ៏មានព្រះភាគ បានត្រាស់​វាចានេះ​ហើយថា នែ​មារមាន​ចិត្តបាប ពួកភិក្ខុ ជាសាវក​របស់តថាគត ដែល​ឈ្លាសវាងវៃ ក្លៀវក្លា ដល់នូវ​ការក្សេម ចាក​យោគៈ ជាពហុស្សូត ទ្រទ្រង់ធម៌ ប្រតិបត្តិ​ធម៌​សមគួរដល់​ធម៌ ប្រតិបត្តិ​ដ៏សមគួរ ប្រព្រឹត្ត​តាមធម៌ បានរៀន​នូវវាទៈ​នៃអាចារ្យ​របស់ខ្លួនហើយ ប្រាប់ សំដែង បញ្ញត្ត តាំងទុក បើក ចែក ធ្វើឲ្យ​ងាយបាន បាន​សង្កត់សង្កិន​បរប្បវាទ ដែលកើត​ឡើងហើយ ឲ្យជា​កិច្ច​ដែល​ខ្លួនបាន​សង្កត់សង្កិន​ដោយល្អ​ តាមពាក្យ​ដែល​សមហេតុ ហើយសំដែង​ធម៌ ប្រកប​ដោយ​បាដិហារ្យ នៅ​មិនទាន់​មាន ដរាប​ណាទេ តថាគត​នឹង​មិនទាន់​បរិនិព្វាន​ដរាប​នោះ​ដូច្នេះ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ឥឡូវនេះ ពួកភិក្ខុ ជាសាវក​របស់​ព្រះដ៏មានព្រះភាគ បាន​ឈ្លាសវៃ ក្លៀវក្លា ដល់នូវ​ការក្សេម ចាកយោគៈ ជាពហុស្សូត ទ្រទ្រង់ធម៌ ប្រតិបត្តិ​ធម៌​សមគួរ​ដល់ធម៌ ប្រតិបត្តិ​ដ៏សមគួរ ប្រព្រឹត្តតាមធម៌ ទាំងបានរៀន​នូវវាទៈ​នៃអាចារ្យ​របស់ខ្លួន ហើយប្រាប់ សំដែង បញ្ញត្ត តាំងទុក បើក ចែក ធ្វើឲ្យងាយ​បានហើយ ទាំងសង្កត់សង្កិន​បរប្បវាទ ដែលកើត​ឡើងហើយ ឲ្យជាកិច្ច​ដែលបាន​សង្កត់​សង្កិន​ដោយល្អ តាមពាក្យ ដែល​សមហេតុ ហើយ​សំដែងធម៌ ប្រកប​ដោយ​បាដិហារ្យបានហើយ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ឥឡូវនេះ សូមព្រះដ៏មានព្រះភាគ បរិនិព្វាន​ទៅ សូមព្រះសុគត បរិនិព្វានទៅ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ឥឡូវនេះ ជាកាលគួរនឹង​បរិនិព្វាន របស់ព្រះ​ដ៏មានព្រះភាគ​ហើយ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ព្រោះព្រះដ៏មាន​ព្រះភាគ ត្រាស់​វាចានេះ​ហើយថា ម្នាលមារ​មាន​ចិត្តបាប ពួកភិក្ខុ​នី ជាសាវិកា របស់តថាគត មិនទាន់​មាន​ដរាបណា តថាគត​នឹង​មិនទាន់​បរិនិព្វាន​ដរាប​នោះ។បេ។ ពួកឧបាសក ជាសាវក របស់តថាគត មិនទាន់មាន ដរាបណា។បេ។ ពួកឧបាសិកា ជាសាវិកា របស់តថាគត ដែល​ឈ្លាសវាងវៃ ក្លៀវក្លា ដល់​នូវ​ការក្សេម ចាកយោគៈ ជាពហុស្សូត ទ្រទ្រង់ធម៌ ប្រតិបត្តិធម៌​សម​គួរដល់ធម៌ ប្រតិបត្តិ​ដ៏សមគួរ ប្រព្រឹត្តតាមធម៌ បានរៀន​នូវវាទៈ​នៃអាចារ្យ​របស់ខ្លួនហើយ ប្រាប់ សំដែង បញ្ញត្ត តាំងទុក បើក ចែក ធ្វើឲ្យ​ងាយបាន បានសង្កត់​សង្កិននូវ​បរប្បវាទ ដែលកើត​ឡើង​ហើយ ឲ្យជា​កិច្ចដែលសង្កត់សង្កិនដោយល្អ តាមពាក្យ​ដែលសមហេតុ សំដែងធម៌ ប្រកប​ដោយ​បាដិហារ្យ នៅមិនទាន់​មាន ដរាបណា​ទេ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ឥឡូវនេះ ពួក​ឧបាសិកា ជាសាវិកា របស់​ព្រះដ៏មានព្រះភាគ ដែលឈ្លាស​វាងវៃ ក្លៀវក្លា ដល់​នូវ​ការ​ក្សេម ចាកយោគៈ ជាពហុស្សូត ទ្រទ្រង់ធម៌ ប្រតិបត្តិ​ធម៌​សមគួរ​ដល់ធម៌ ប្រតិបត្តិ​ដ៏សមគួរ ប្រព្រឹត្តតាមធម៌ ទាំងបានរៀន​នូវវាទៈ នៃអាចារ្យ​របស់ខ្លួន​ហើយ ប្រាប់សំដែង បញ្ញត្ត តាំងទុក បើក ចែក ធ្វើឲ្យ​ងាយបានហើយ ទាំងសង្កត់​សង្កិន​នូវបរប្បវាទ ដែល​កើត​ឡើង​ហើយ ឲ្យជា​កិច្ចដែល​សង្កត់សង្កិន​ដោយល្អ តាមពាក្យ ដែលសមហេតុ ហើយ​សំដែង​ធម៌ ប្រកប​ដោយ​បាដិហារ្យ​បានហើយ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ឥឡូវនេះ សូមព្រះដ៏មានព្រះភាគ បរិនិព្វាន​ទៅ សូមព្រះសុគត បរិនិព្វាន​ទៅ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ឥឡូវនេះ ជាកាលគួរ​នឹង​បរិនិព្វាន របស់ព្រះដ៏មាន​ព្រះភាគហើយ បពិត្រ​ព្រះអង្គ​ដ៏ចំរើន មួយទៀត ព្រះដ៏មាន​ព្រះភាគ បានត្រាស់​វាចានេះ​ហើយថា ម្នាលមារ​មានចិត្តបាប ព្រហ្មចារ្យ របស់​តថាគតនេះ នៅមិនទាន់​ខ្ជាប់ខ្ជួន មិនទាន់​ចំរើន មិនទាន់ផ្សាយ​ទៅសព្វទិស គេមិនទាន់​ដឹងច្រើនគ្នា និង​មិនទាន់​ពេញ​បរិបូណ៌​ដរាបណា មួយទៀត ពួក​ទេវតា និងមនុស្ស​មិនទាន់​​ចេះសំដែងបាន ដោយប្រពៃ ដរាបណា តថាគត​នឹងមិនបរិនិព្វាន ដរាបនោះ ដូច្នេះ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ឥឡូវនេះ ព្រហ្មចារ្យ​របស់​ព្រះដ៏មាន​ព្រះភាគ​នេះ បាន​ខ្ជាប់ខ្ជួនហើយ បានចំរើនហើយ បានផ្សាយទៅ​សព្វទិសហើយ គេបាន​ដឹងច្រើន​គ្នាហើយ បានពេញ​បរិបូណ៌ហើយ ពួកទេវតា និងមនុស្ស ចេះ​សំដែង​បាន​ដោយល្អហើយ។ បពិត្រ​ព្រះអង្គដ៏ចំរើន ឥឡូវនេះ សូមព្រះដ៏មានព្រះភាគ បរិនិព្វាន​ទៅ សូមព្រះសុគត បរិនិព្វានទៅ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ឥឡូវនេះ ជាកាល​គួរ​នឹង​បរិនិព្វាន របស់​ព្រះដ៏មានព្រះភាគ​ហើយ។ ម្នាល​មារមានចិត្តបាប ចូរអ្នក​មាន​សេចក្ដី​ខ្វល់ខ្វាយ​តិចចុះ ការ​បរិនិព្វាន របស់តថាគត មិនយូរប៉ុន្មានទេ កន្លង ៣ ខែ អំពី​ថ្ងៃនេះ​ទៅ តថាគតនឹងបរិនិព្វាន​ហើយ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់មាន​សតិសម្បជញ្ញៈ ទ្រង់ដាក់​អាយុសង្ខារ ឰដ៏បាវាលចេតិយ។ លុះ​ព្រះដ៏មានព្រះភាគ ទ្រង់ដាក់​អាយុសង្ខារ​ហើយ ក៏កើតការកក្រើក​ផែនដី​យ៉ាងធំ គួរឲ្យភ្លូក​ភ្លឹក ព្រឺព្រួចរោម ទាំងផ្គរ​ ក៏លាន់ឮឡើង។ គ្រានោះ ព្រះដ៏​មានព្រះភាគ ទ្រង់ជ្រាបច្បាស់​នូវ​សេចក្ដី​នេះ​ហើយ ក៏បន្លឺនូវ​ឧទាននេះ ក្នុងវេលានោះថា

ព្រះពុទ្ធ ជាអ្នកប្រាជ្ញ ទ្រង់ពិចារណាឃើញ​នូវព្រះនិព្វាន ​ដែលមាន​គុណ​ថ្លឹង​មិនបានផង នូវភពផង ទ្រង់លះបង់​នូវសង្ខារ ដែល​នាំសត្វ​ទៅកាន់ភព ទ្រង់ត្រេកអរ​នូវអារម្មណ៍​ខាងក្នុង (ដោយអំណាច​វិបស្សនា) មាន​ព្រះហឫទ័យ​តាំងមាំហើយ (ដោយអំណាច​សមថៈ) ទ្រង់បាន​ទំលាយ​នូវ​បណ្ដាញ គឺកិលេស ដែល​កើតមាន​នៅ​ក្នុង​ព្រះអង្គ​ដូចជា​ក្រោះ។

លំដាប់នោះ ព្រះអានន្ទដ៏មានអាយុ មានសេចក្ដី​ត្រិះរិះយ៉ាង​នេះថា អើហ្ន៎ ការ​កក្រើក​ផែនដី​នេះជាយ៉ាងធំ ការកក្រើក​ផែនដីនេះ​ធំណាស់​តើ គួរឲ្យភ្លូកភ្លឹក ឲ្យព្រឺព្រួច​រោម ទាំងផ្គរ​ក៏លាន់ឮឡើង។ ហេតុ​ដូចម្ដេច បច្ច័យ​ដូចម្ដេចហ្ន៎ ដែលនាំ​ឲ្យការ​កក្រើក​ផែនដី ជា​យ៉ាង​ធំម្ល៉េះ។ ទើបព្រះអានន្ទ​ដ៏មានអាយុ ចូលទៅគាល់​ព្រះដ៏មានព្រះភាគ លុះចូល​ទៅដល់​ហើយ ក៏ក្រាបថ្វាយ​បង្គំ​ព្រះដ៏មានព្រះភាគ ហើយគង់​ក្នុង​ទីដ៏សមគួរ។ លុះ​ព្រះអានន្ទ​ដ៏មាន​អាយុ គង់ក្នុងទី​សមគួរហើយ ក៏ក្រាប​បង្គំទូល​ព្រះដ៏មានព្រះភាគ ដូច្នេះ​ថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន ការកក្រើក​ផែនដីនេះ​ជាយ៉ាងធំ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ការ​កក្រើក​ផែន​ដីនេះ ធំពេក​ណាស់តើ គួរឲ្យ​ភ្លូកភ្លឹក គួរឲ្យ​ព្រឺព្រួចរោម ទាំងផ្គរ​ក៏លាន់​ឮ​ឡើង។ បពិត្រ​ព្រះអង្គដ៏​ចំរើន ហេតុដូចម្ដេច បច្ច័យដូច​ម្ដេចហ្ន៎ ដែលនាំឲ្យកើតការ​កក្រើកផែនដី ជាយ៉ាងធំម្ល៉េះ។

ព្រះអង្គត្រាស់ថា ម្នាលអានន្ទ ហេតុបច្ច័យ​ដែលនាំឲ្យ​កើតការកក្រើក​ផែនដីនេះ​មាន ៨ យ៉ាង។ ហេតុ​បច្ច័យទាំង ៨យ៉ាង តើដូច​ម្ដេចខ្លះ។ ម្នាលអានន្ទ មហាប្រឋពី​នេះ ប្រតិស្ថាន​នៅលើ​ទឹក ឯទឹក​ប្រតិស្ថាន​នៅលើខ្យល់ ខ្យល់​ប្រតិស្ថាន​នៅលើអាកាស ម្នាល​អានន្ទ សម័យ​ដែលមាន​ខ្យល់បក់ ខ្យល់​ធំដែល​បក់នោះ រមែងធ្វើ​ទឹកឲ្យ​កក្រើក ឯទឹកដែល​កក្រើក​មកហើយ ក៏ធ្វើផែនដី​ឲ្យកក្រើក​ដែរ ម្នាល​អានន្ទ នេះជាហេតុ ជាបច្ច័យ​ ទី១ ដែលនាំ​ឲ្យកើតការ​កក្រើក​ផែនដី ជាយ៉ាងធំ។ ម្នាលអានន្ទ មួយទៀត សមណៈ​ក្ដី ព្រាហ្មណ៍ក្ដី ដែលមាន​ឫទ្ធិ ដល់នូវការ​ស្ទាត់ជំនាញ ក្នុងចិត្ត ឬទេវតា​ដែលមានឫទ្ធិធំ មាន​អានុភាព​ធំ បុគ្គលនោះ បានចំរើន​បឋវិសញ្ញា ឲ្យមាន​កំឡាំងតិច ចំរើន​អាបោសញ្ញា ឲ្យ​មាន​កំឡាំង​ច្រើន បុគ្គលនោះ រមែងធ្វើ​ផែនដីនេះ ឲ្យកក្រើក​រំភើប ញាប់ញ័រ​បាន ម្នាល​អានន្ទ នេះជាហេតុ ជាបច្ច័យ ទី២ ដែលនាំឲ្យ​កើតការ​កក្រើក​ផែនដី ជាយ៉ាងធំ។ ម្នាល​អានន្ទ មួយទៀត កាលណា​ដែលព្រះពោធិសត្វ ច្យុតចាក​ពួកទេវតា ដែលឋិតនៅ​ក្នុងឋាន​តុសិត​ មានសតិ និងសម្បជញ្ញៈ យាងចុះ​កាន់ព្រះមាតុឧទរ ក្នុងកាល​នោះ​ ផែនដី​នេះ តែងកក្រើក​រំភើប ញាប់ញ័រ​ ម្នាលអានន្ទ នេះជាហេតុ ជាបច្ច័យ ទី៣ ដែលនាំ​ឲ្យ​កក្រើកផែនដី ជាយ៉ាងធំ។ ម្នាល​អានន្ទ មួយទៀត កាលណា ដែល​ពោធិសត្វ មាន​សតិ និងសម្បជញ្ញៈ ទ្រង់ប្រសូត​ចាកព្រះមាតុឧទរ ក្នុងកាលនោះ ផែនដីនេះ តែងកក្រើក​រំភើប ញាប់ញ័រ ម្នាលអានន្ទ នេះជាហេតុ ជាបច្ច័យ ទី៤ ដែលនាំឲ្យ​កក្រើក​ផែនដី ជាយ៉ាងធំ។ ម្នាលអានន្ទ មួយទៀត កាលណា ដែល​ព្រះតថាគត ត្រាស់ដឹង​នូវអនុត្តរសម្មាសម្ពោធិញ្ញាណ ក្នុងកាលនោះ ផែនដីនេះ តែង​កក្រើក​រំភើប ញាប់ញ័រ ម្នាលអានន្ទ នេះជាហេតុ ជាបច្ច័យ ទី៥ ដែលនាំ​ឲ្យកើត​ការកក្រើក​ផែនដី ជាយ៉ាងធំ។ ម្នាលអានន្ទ មួយទៀត កាលណា ដែល​ព្រះតថាគត ញុំាង​អនុត្តរធម្មចក្រ ឲ្យប្រព្រឹត្តទៅ កាលនោះ ផែនដីនេះ តែងកក្រើក​ រំភើប​ញាប់ញ័រ ម្នាល​អានន្ទ នេះជាហេតុ ជាបច្ច័យ ទី៦ ដែលនាំឲ្យ​កើតការកក្រើក​ផែនដី​ជាយ៉ាងធំ។ ម្នាល​អានន្ទ មួយទៀត កាលណា ដែល​ព្រះតថាគតគត មានសតិ និងសម្បជញ្ញៈ ដាក់​ចុះនូវ​អាយុសង្ខារ ក្នុងកាលនោះ ផែនដីនេះ តែងកក្រើក ​រំភើប​ញាប់ញ័រ ម្នាលអានន្ទ នេះជាហេតុ ជាបច្ច័យ ទី៧ ដែលនាំឲ្យកក្រើក​ផែនដី​ជាយ៉ាងធំ។ ម្នាលអានន្ទ មួយទៀត កាលណា ដែល​ព្រះតថាគត បរិនិព្វាន​ដោយ​អនុបាទិសេសនិព្វានធាតុ ក្នុងកាលនោះ ផែនដីនេះ តែង​កក្រើក​ រំភើបញាប់ញ័រ ម្នាលអានន្ទ នេះជាហេតុ ជាបច្ច័យ ទី៨ ដែលនាំ​ឲ្យ​ការកក្រើក​ផែនដី ជាយ៉ាងធំ។ ម្នាលអានន្ទ ហេតុបច្ច័យ ដែល​នាំឲ្យ​កើតការ​កក្រើក​ផែនដី ជាយ៉ាងធំ មាន ៨ យ៉ាងនេះឯង។

ចប់ ចាលវគ្គ ទី២។

ឧទ្ទានក្នុងចាលវគ្គនោះគឺ

និយាយអំពីសេចក្ដីប្រាថ្នា ១ ភិក្ខុដែលគួរ ១ ព្រះដ៏មានព្រះភាគ​ទ្រង់​សំដែង​ធម៌ ដោយ​សង្ខេប ១ ព្រះដ៏មាន​ព្រះភាគ ទ្រង់គង់​ក្នុងគយាសីស​ប្រទេស ១ អភិភាយតនៈ ១ វិមោក្ខ ១ វោហារ ២លើក បរិសទ្យ ១ ផែនដីកក្រើក ១។

យមកវគ្គ ទី៣ (៨)

((៨) ៣. យមកវគ្គោ)

បឋមសទ្ធាសូត្រ ទី១

(១. បឋមសទ្ធាសុត្តំ)

[៧៨] ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកមានសទ្ធា តែមិនមាន​សីលទេ យ៉ាងនេះ ភិក្ខុនោះ​ឈ្មោះថា មិនបរិបូរ​ដោយអង្គនោះ ភិក្ខុនោះ គួរបំពេញ​អង្គនោះ ដោយ​បំណង​ថា ធ្វើដូចម្ដេចហ្ន៎ ឲ្យអាត្មាអញ​គប្បីជាអ្នក​មានសទ្ធាផង មាន​សីលផង ម្នាលភិក្ខុ​ទាំង​ឡាយ កាលណា ភិក្ខុជាអ្នក​មានសទ្ធាផង មានសីលផង យ៉ាងនេះ ទើបភិក្ខុនោះ ឈ្មោះថា បរិបូរ​ដោយអង្គ​នោះ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុជាអ្នក​មានសទ្ធាផង មាន​សីលផង តែមិនមែន​ជា​ពហុស្សូត​ទេ យ៉ាងនេះ ភិក្ខុនោះ ឈ្មោះថា មិន​បរិបូរ​ដោយ​អង្គនោះ ភិក្ខុនោះ គួរបំពេញ​អង្គនោះ ដោយ​បំណងថា ធ្វើដូចម្ដេចហ្ន៎ ឲ្យអាត្មាអញ​គប្បី​ជាអ្នក​មានសទ្ធាផង មាន​សីលផង ជាពហុស្សូត​ផងហើយ យ៉ាងនេះ ទើប​ភិក្ខុនោះ ឈ្មោះថា បរិបូរ​ដោយអង្គនោះ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុជាអ្នក​មាន​សទ្ធាផង មានសីល​ផង ជាពហុស្សូត​ផង តែមិនមែន​ធម្មកថិក​ទេ។ បេ។ ជាធម្មកថិក​ផង តែមិនមែន​ជាអ្នក​ចូល​ទៅកាន់​បរិសទ្យទេ។បេ។ ជាអ្នកចូល​ទៅ​កាន់បរិសទ្យ​ផង តែមិនមែន​ជាអ្នក​ក្លៀវក្លា​ខាងសំដែង​ធម៌​កណ្ដាល​បរិសទ្យទេ។បេ។ ជាអ្នក​ក្លៀវក្លា​ខាងសំដែង​ធម៌​កណ្ដាល​បរិសទ្យ​ផង តែជាអ្នក​មិនបាន​តាមប្រាថ្នា មិនបាន​ដោយងាយ មិនបាន​ដោយស្រួល នូវឈាន​ទាំង៤ ដែលជាធម៌​អាស្រ័យនៅ​នឹងចិត្តដ៏ថ្លៃថ្លា ជាគ្រឿង​នៅជាសុខ ក្នុង​បច្ចុប្បន្ន​ទេ។បេ។ ជាអ្នក​បានតាម​ប្រាថ្នា បានដោយងាយ បានដោយស្រួល នូវឈាន​ទាំង៤ ដែលជា​ធម៌អាស្រ័យ​នៅនឹងចិត្ត​ដ៏ថ្លៃថ្លា ជាគ្រឿង​នៅជាសុខ ក្នុង​បច្ចុប្បន្នផង តែមិនធ្វើ​ឲ្យជាក់ច្បាស់ សម្រេចនូវ​ចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិន​មានអាសវៈ ព្រោះអស់​អាសវៈ​ទាំងឡាយ ដោយប្រាជ្ញា​ដ៏ឧត្ដម ដោយខ្លួនឯង ក្នុង​បច្ចុប្បន្នទេ យ៉ាងនេះ ទើបភិក្ខុនោះ ឈ្មោះថា មិនបរិបូរ​ដោយអង្គនោះ ភិក្ខុនោះ គួរបំពេញ​អង្គនោះ ដោយ​បំណងថា ធ្វើដូចម្ដេចហ្ន៎ ឲ្យអាត្មាអញ​គប្បីជាអ្នក​មានសទ្ធា​ផង មានសីលផង ជាពហុស្សូត​ផង ជាធម្មកថិក​ផង ជាអ្នកចូល​ទៅកាន់​បរិសទ្យផង ជាអ្នក​ក្លៀវក្លា ខាងសំដែង​ធម៌កណ្ដាល​បរិសទ្យផង ជាអ្នក​បានតាមប្រាថ្នា បានដោយ​ងាយ បានដោយ​ស្រួល នូវឈានទាំង៤ ដែល​ជាធម៌​អាស្រ័យនៅ​នឹងចិត្តដ៏ថ្លៃថ្លា ជាគ្រឿង​នៅជា​សុខ ក្នុងបច្ចុប្បន្នផង ហើយ​ធ្វើឲ្យជាក់​ច្បាស់ សម្រេចនូវ​ចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិន​មានអាសវៈ ព្រោះអស់​អាសវៈ​ទាំងឡាយ ដោយប្រាជ្ញាដ៏ឧត្ដម ដោយខ្លួនឯង ក្នុង​បច្ចុប្បន្នផង ម្នាលភិក្ខុ​ទាំងឡាយ កាលណា ភិក្ខុជាអ្នកមាន​សទ្ធាផង មានសីលផង ជាពហុស្សូតផង ជាធម្មកថិក​ផង ជាអ្នកចូល​ទៅកាន់​បរិសទ្យផង ជាអ្នក​ក្លៀវក្លា ខាងសំដែង​ធម៌​កណ្ដាល​បរិសទ្យផង ជាអ្នក​បានតាមប្រាថ្នា បានដោយ​ងាយ បានដោយ​ស្រួល នូវឈាន​ទាំង៤ ដែលជា​ធម៌អាស្រ័យ​នៅនឹង​ចិត្តដ៏ថ្លៃថ្លា ជាគ្រឿង​នៅជា​សុខ ក្នុងបច្ចុប្បន្ន​ផង ហើយបានធ្វើឲ្យជាក់ច្បាស់ សម្រេចនូវ​ចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិន​មានអាសវៈ ព្រោះអស់​អាសវៈ​ទាំងឡាយ ដោយប្រាជ្ញា​ដ៏ឧត្ដម ដោយខ្លួនឯង ក្នុង​បច្ចុប្បន្នផង យ៉ាងនេះ ទើបភិក្ខុនោះ ឈ្មោះថា បរិបូរ​ដោយអង្គនោះ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុបរិបូរ​ដោយធម៌​ទាំង ៨ យ៉ាងនេះ​ ឈ្មោះថា ជាអ្នក​បណ្ដុះសេចក្ដី​ជ្រះថ្លា ឲ្យកើតដោយ​គ្រប់គ្រាន់ផង ឈ្មោះថា ជាអ្នកបរិបូរ​ដោយអាការៈ គឺចំណែក​នៃ​សមណធម៌​សព្វគ្រប់ផង។

ទុតិយសទ្ធាសូត្រ ទី២

(២. ទុតិយសទ្ធាសុត្តំ)

[៧៩] ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកមានសទ្ធា តែមិនមាន​សីលទេ យ៉ាងនេះ ភិក្ខុនោះ​ឈ្មោះថា មិនបរិបូរ​ដោយអង្គនោះ ភិក្ខុនោះ គួរបំពេញ​អង្គនោះ ដោយបំណង​ថា ធ្វើដូចម្ដេចហ្ន៎ អាត្មាអញ គប្បីជាអ្នក​មានសទ្ធាផង មានសីល​ផង ម្នាលភិក្ខុ​ទាំងឡាយ កាលណា ភិក្ខុជាអ្នក​មានសទ្ធាផង មានសីលផង យ៉ាងនេះ ទើបភិក្ខុនោះ​ឈ្មោះថា បរិបូរ​ដោយ​អង្គនោះ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុជាអ្នក​មានសទ្ធាផង មានសីលផង តែមិន​មែនជា​ពហុស្សូតទេ។បេ។ ជាពហុស្សូត​ផង តែមិនមែន​ជាធម្មកថិក​ទេ។បេ។ ជាធម្មកថិក​ផង តែមិនមែន​ជាអ្នកចូល​ទៅកាន់​បរិសទ្យទេ។បេ។ ជាអ្នក​ចូលទៅកាន់​បរិសទ្យ​ផង តែមិន​មែនជាអ្នក​ក្លៀវក្លា​ខាងសំដែង​ធម៌កណ្ដាល​បរិសទ្យទេ។បេ។ ជាអ្នក​ក្លៀវក្លា ខាងសំដែង​ធម៌កណ្ដាល​បរិសទ្យផង ជាអ្នកពាល់​ត្រូវនូវ​ពួកវិមោក្ខ​ដ៏ល្អិត ជា​អរូបជ្ឈាន​ដែលកន្លង​ផុតនូវ​រូបជ្ឈាន ដោយនាម​កាយផង តែមិន​ទាន់ធ្វើ​ឲ្យជាក់ច្បាស់ សម្រេចនូវ​ចេតោវិមុត្តិ និងបញ្ញាវិមិត្តិ ដែលមិនមាន​អាសវៈ ព្រោះអស់​អាសវៈ​ទាំងឡាយ ដោយ​ប្រាជ្ញា​ដ៏ឧត្ដម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន​នៅឡើយ យ៉ាងនេះ ភិក្ខុនោះ ឈ្មោះថា មិនទាន់បរិបូរ​ដោយអង្គ​នោះ ភិក្ខុនោះ គួរបំពេញ​អង្គនោះ ដោយ​បំណងថា ធ្វើដូចម្ដេចហ្ន៎ ឲ្យអាត្មាអញ គប្បីជាអ្នក​មានសទ្ធាផង មានសីលផង ជាពហុស្សូតផង ជាធម្មកថិក​ផង ជាអ្នកចូល​ទៅកាន់​បរិសទ្យផង ជាអ្នកក្លៀវក្លា ខាងសំដែង​ធម៌កណ្ដាល​បរិសទ្យផង ជាអ្នកពាល់​ត្រូវនូវ​ពួកវិមោក្ខ​ដ៏ល្អិត ជាអរូបជ្ឈាន​ដែលកន្លង​ផុតរូបជ្ឈាន ដោយនាម​កាយ​ផង បានធ្វើ​ឲ្យជាក់ច្បាស់ សម្រេចនូវ​ចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមាន​អាសវៈ ព្រោះអស់អាសវៈ​ទាំងឡាយ ដោយប្រាជ្ញាដ៏ឧត្ដម ដោយខ្លួនឯង ក្នុង​បច្ចុប្បន្ន ម្នាលភិក្ខុ​ទាំងឡាយ កាលណា ភិក្ខុជាអ្នក​មានសទ្ធាផង មានសីលផង ជាពហុស្សូត​ផង ជាធម្មកថិក​ផង ជាអ្នកចូលទៅ​កាន់បរិសទ្យ​ផង ជាអ្នកក្លៀវក្លា ខាងសំដែង​ធម៌​កណ្ដាល​បរិសទ្យ​ផង ជាអ្នកពាល់ត្រូវ​នូវពួក​វិមោក្ខដ៏ល្អិត ជាអរូបជ្ឈាន​ដែលកន្លង​ផុតនូវរូបជ្ឈាន ដោយនាម​កាយផង បានធ្វើ​ឲ្យជាក់ច្បាស់។បេ។ ព្រោះអស់​អាសវៈ​ទាំងឡាយ យ៉ាងនេះ ទើបភិក្ខុនោះ ឈ្មោះថា បរិបូរ​ដោយអង្គនោះ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុបរិបូរ​ដោយ​ធម៌ទាំង ៨ យ៉ាង​នេះ ឈ្មោះថា ជាអ្នកបណ្ដុះ​សេចក្ដីជ្រះថ្លា ឲ្យកើតដោយ​គ្រប់គ្រាន់​ផង ឈ្មោះថា ជាអ្នកបរិបូរ​ដោយអាការៈ គឺចំណែក​នៃសមណធម៌សព្វគ្រប់ផង។

បឋមមរណស្សតិសូត្រ ទី៣

(៣. បឋមមរណស្សតិសុត្តំ)

[៨០] សម័យមួយ ព្រះដ៏មានព្រះភាគ កាលគង់នៅក្នុង​គិញ្ជកាវសថៈ (ប្រាសាទឥដ្ឋ) ជិត​នាទិកគ្រាម។ ក្នុងទីនោះឯង ព្រះដ៏មានព្រះភាគ ទ្រង់​ត្រាស់ហៅ​ពួក​ភិក្ខុថា ម្នាលភិក្ខុ​ទាំងឡាយ។ ភិក្ខុទាំងនោះ ទទួល​ព្រះពុទ្ធដីកា​របស់ព្រះដ៏មាន​ព្រះភាគ​ថា ព្រះករុណា ព្រះអង្គ។ ព្រះដ៏មានព្រះភាគ ទ្រង់​ត្រាស់​យ៉ាងនេះថា ម្នាលភិក្ខុ​ទាំង​ឡាយ មរណស្សតិ ដែលភិក្ខុ​ចំរើនហើយ ធ្វើឲ្យ​ច្រើនហើយ មានផល​ច្រើន មាន​អានិសង្ស​​ច្រើន ឈមចុះ​កាន់អមតៈ មានអមតៈ​ជាទីបំផុត ម្នាលភិក្ខុ​ទាំងឡាយ អ្នកទាំងឡាយ បាន​ចំរើន​មរណស្សតិ​ឬទេ។

កាលព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ភិក្ខុមួយរូប ក្រាបទូលព្រះ​ដ៏មាន​ព្រះភាគ​យ៉ាងនេះថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន ខ្ញុំព្រះអង្គ​ចំរើន​មរណស្សតិ។ ម្នាលភិក្ខុ​ ចុះ​អ្នក​ចំរើន​មរណស្សតិ ដូចម្ដេច។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ឥឡូវនេះ​ ខ្ញុំព្រះអង្គ​មាន​សេចក្ដី​ត្រិះរិះ​យ៉ាងនេះថា ធ្វើដូច​ម្ដេចហ្ន៎ អាត្មាអញ គប្បីរស់នៅ​អស់យប់ និងថ្ងៃ អាត្មាអញ គប្បីធ្វើទុក​ក្នុងចិត្ត​នូវពាក្យ​ប្រៀនប្រដៅ របស់ព្រះដ៏​មានព្រះភាគ អាត្មាអញ គប្បីធ្វើ​កិច្ចការ​ឲ្យបានច្រើន (ក្នុងសាសនា​របស់ព្រះអង្គ) បពិត្រ​ព្រះអង្គ​ដ៏ចំរើន ខ្ញុំព្រះអង្គ ចំរើន​មរណស្សតិ យ៉ាងនេះ។

មានភិក្ខុមួយរូបទៀត ក្រាបទូលព្រះដ៏មានព្រះភាគ យ៉ាងនេះថា បពិត្រព្រះ​អង្គ​ដ៏ចំរើន ខ្ញុំព្រះអង្គ ចំរើន​មរណស្សតិ​ដែរ។ ម្នាលភិក្ខុ ចុះអ្នកចំរើន​មរណស្សតិ​ដូចម្ដេច។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ឥឡូវនេះ ខ្ញុំព្រះអង្គ​មានសេចក្ដី​ត្រិះរិះ​យ៉ាងនេះថា ធ្វើដូចម្ដេចហ្ន៎ អាត្មាអញ គប្បីរស់នៅ​អស់ ១ថ្ងៃ អាត្មាអញ ធ្វើទុកក្នុង​ចិត្តនូវ​ពាក្យប្រៀន​ប្រដៅ របស់​ព្រះដ៏មានព្រះភាគ អាត្មាអញ គប្បីធ្វើ​កិច្ចការ ឲ្យបានច្រើន បពិត្រ​ព្រះអង្គ​ដ៏ចំរើន ខ្ញុំព្រះអង្គ ចំរើន​មរណស្សតិ​យ៉ាងនេះ។

មានភិក្ខុមួយរូបទៀត ក្រាបទូលព្រះដ៏មានព្រះភាគ​យ៉ាងនេះថា បពិត្រព្រះ​អង្គ​ដ៏ចំរើន ខ្ញុំព្រះអង្គ ចំរើន​មរណស្សតិដែរ។ ម្នាលភិក្ខុ ចុះអ្នក​ចំរើន​មរណស្សតិ​ដូចម្ដេច។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ឥឡូវនេះ ខ្ញុំព្រះអង្គ​មានសេចក្ដី​ត្រិះរិះ​យ៉ាងនេះថា ធ្វើដូច​ម្ដេចហ្ន៎ អាត្មាអញ គប្បីរស់នៅ​អស់កន្លះ​ថ្ងៃ អាត្មាអញ គប្បីធ្វើទុក​ក្នុងចិត្ត​នូវពាក្យ​ប្រៀនប្រដៅ របស់​ព្រះដ៏មានព្រះភាគ អាត្មាអញ គប្បីធ្វើ​កិច្ចការ​ឲ្យបានច្រើន បពិត្រ​ព្រះអង្គ​ដ៏ចំរើន ខ្ញុំព្រះអង្គ ចំរើន​មរណស្សតិ​យ៉ាងនេះ។

មានភិក្ខុមួយរូបទៀត ក្រាបទូលព្រះដ៏មានព្រះភាគ​យ៉ាងនេះថា បពិត្រព្រះ​អង្គ​ដ៏ចំរើន ខ្ញុំព្រះអង្គ ចំរើន​មរណស្សតិ​ដែរ។ ម្នាលភិក្ខុ ចុះអ្នក​ចំរើន​មរណស្សតិ ដូចម្ដេច។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ឥឡូវនេះ ខ្ញុំព្រះអង្គ​មាន​សេចក្ដីត្រិះរិះ​យ៉ាងនេះថា ធ្វើដូច​ម្ដេចហ្ន៎ អាត្មាអញ គប្បីរស់​នៅត្រឹម​ខណៈឆាន់​ចង្ហាន់​បិណ្ឌបាតម្ដង អាត្មាអញ គប្បីធ្វើ​ទុកក្នុង​ចិត្ត​នូវពាក្យ​ប្រៀនប្រដៅ របស់ព្រះដ៏​មានព្រះភាគ អាត្មាអញ គប្បីធ្វើ​កិច្ចការ​ឲ្យបានច្រើន បពិត្រ​ព្រះអង្គ​ដ៏ចំរើន ខ្ញុំព្រះអង្គ ចំរើន​មរណស្សតិ​យ៉ាងនេះ។

មានភិក្ខុមួយរូបទៀត ក្រាបទូលព្រះដ៏មានព្រះភាគ យ៉ាងនេះថា បពិត្រព្រះ​អង្គ​ដ៏ចំរើន ខ្ញុំព្រះអង្គ ចំរើន​មរណស្សតិ​ដែរ។ ម្នាលភិក្ខុ ចុះអ្នក​ចំរើនមរណស្សតិ ដូចម្ដេច។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ឥឡូវនេះ ខ្ញុំព្រះអង្គ មានសេចក្ដី​ត្រិះរិះ​យ៉ាងនេះថា ធ្វើដូចម្ដេច​ហ្ន៎ អាត្មាអញ គប្បីរស់​នៅបានត្រឹមខណៈ​ឆាន់ចង្ហាន់​បិណ្ឌបាត​ពាក់កណ្ដាល អាត្មាអញ គប្បីធ្វើ​ទុកក្នុង​ចិត្ត​នូវពាក្យ​ប្រៀនប្រដៅ របស់ព្រះដ៏​មានព្រះភាគ អាត្មាអញ គប្បីធ្វើកិច្ចការ​ឲ្យបាន​ច្រើន បពិត្រ​ព្រះអង្គ​ដ៏ចំរើន ខ្ញុំព្រះអង្គ ចំរើននូវ​មរណស្សតិ​យ៉ាងនេះ។

មានភិក្ខុមួយរូបទៀត ក្រាបទូលព្រះដ៏មានព្រះភាគ យ៉ាងនេះថា បពិត្រព្រះ​អង្គ​ដ៏ចំរើន ខ្ញុំព្រះអង្គ ចំរើន​មរណស្សតិ​ដែរ។ ម្នាលភិក្ខុ ចុះអ្នក​ចំរើនមរណស្សតិ ដូចម្ដេច។ បពិត្រព្រះអង្គ​ដ៏ចំរើន ឥឡូវនេះ ខ្ញុំព្រះអង្គ​មាន​សេចក្ដី​ត្រិះរិះ​យ៉ាងនេះថា ធ្វើដូចម្ដេចហ្ន៎ ឲ្យអាត្មាអញ គប្បីរស់នៅ​បានត្រឹមខណៈ​ ដែលទំពា​ពំនូតបាយ ៤ ឬ ៥ ពំនូត លេបចូលទៅ អាត្មាអញ គប្បីធ្វើទុកក្នុង​ចិត្តនូវ​ពាក្យប្រៀនប្រដៅ របស់ព្រះដ៏​មានព្រះភាគ អាត្មាអញ គប្បីធ្វើ​កិច្ចការ​ឲ្យបានច្រើន បពិត្រ​ព្រះអង្គ​ដ៏ចំរើន ខ្ញុំព្រះអង្គ ចំរើន​មរណស្សតិ​យ៉ាងនេះ។

មានភិក្ខុមួយរូបទៀត ក្រាបទូលព្រះដ៏មានព្រះភាគ យ៉ាងនេះថា បពិត្រព្រះ​អង្គ​ដ៏ចំរើន ខ្ញុំព្រះអង្គ ចំរើន​មរណស្សតិ​ដែរ។ ម្នាលភិក្ខុ ចុះអ្នក​ចំរើន​មរណស្សតិ ដូចម្ដេច។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ឥឡូវនេះ ខ្ញុំព្រះអង្គ មានសេចក្ដី​ត្រិះរិះ​យ៉ាងនេះថា ធ្វើដូចម្ដេចហ្ន៎ អាត្មាអញ គប្បីរស់​នៅត្រឹមខណៈ​ទំពា​លេបអស់ ១ ពំនូត អាត្មាអញ គប្បីធ្វើទុក​ក្នុងចិត្ត​នូវពាក្យ​ប្រៀនប្រដៅ របស់ព្រះដ៏​មានព្រះភាគ អាត្មាអញ គប្បី​ធ្វើកិច្ចការ​ឲ្យបានច្រើន បពិត្រព្រះ​អង្គដ៏ចំរើន ខ្ញុំព្រះអង្គ ចំរើន​មរណស្សតិ​យ៉ាងនេះ។

មានភិក្ខុមួយរូបទៀត ក្រាបទូលព្រះដ៏មានព្រះភាគ យ៉ាងនេះថា បពិត្រព្រះ​អង្គ​ដ៏ចំរើន ខ្ញុំព្រះអង្គ ចំរើន​មរណស្សតិ​ដែរ។ ម្នាលភិក្ខុ ចុះអ្នក​ចំរើន​មរណស្សតិ ដូចម្ដេច។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ឥឡូវនេះ ខ្ញុំព្រះអង្គ​មាន​សេចក្ដី​ត្រិះរិះ​យ៉ាងនេះថា ធ្វើដូចម្ដេចហ្ន៎ អាត្មាអញ គប្បីរស់​នៅត្រឹមខណៈ ដែលដក​ដង្ហើមចូល ហើយចេញ ឬដកដង្ហើមចេញ ហើយចូល អាត្មាអញ គប្បីធ្វើទុកក្នុង​ចិត្តនូវពាក្យ​ប្រៀនប្រដៅ របស់ព្រះដ៏​មានព្រះភាគ អាត្មាអញ គប្បីធ្វើ​កិច្ចការ​ឲ្យបានច្រើន បពិត្រ​ព្រះអង្គ​ដ៏ចំរើន ខ្ញុំព្រះអង្គ ចំរើន​មរណស្សតិ​យ៉ាងនេះ។

កាលបើពួកភិក្ខុទាំងនោះ ក្រាបទូលយ៉ាងនេះហើយ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់​នឹង​ពួកភិក្ខុ​ទាំងនោះ​យ៉ាងនេះថា ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុណា ចំរើន​មរណស្សតិ ដោយ​សេចក្ដីត្រិះរិះ យ៉ាងនេះថា ធ្វើដូចម្ដេចហ្ន៎ ឲ្យអាត្មាអញ គប្បីរស់​នៅ អស់យប់ និងថ្ងៃ អាត្មាអញ គប្បីធ្វើទុក​ក្នុងចិត្តនូវ​ពាក្យប្រៀនប្រដៅ របស់ព្រះដ៏​មាន​ព្រះភាគ អាត្មាអញ គប្បីធ្វើ​កិច្ចការ​ឲ្យបានច្រើន។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុណា ចំរើន​មរណស្សតិ​ដោយសេចក្ដី​ត្រិះរិះ យ៉ាងនេះថា ធ្វើដូចម្ដេចហ្ន៎ ឲ្យអាត្មាអញ គប្បីរស់នៅ​អស់ ១ថ្ងៃ អាត្មាអញ គប្បីធ្វើទុកក្នុង​ចិត្ត នូវពាក្យប្រៀនប្រដៅ របស់​ព្រះដ៏មានព្រះភាគ អាត្មាអញ គប្បី​ធ្វើកិច្ចការ​ឲ្យបានច្រើន។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុណា ចំរើន​មរណស្សតិ​ដោយសេចក្ដី​ត្រិះរិះ យ៉ាងនេះថា ធ្វើដូចម្ដេចហ្ន៎ អាត្មាអញ គប្បីរស់នៅ​អស់កន្លះថ្ងៃ អាត្មាអញ គប្បីធ្វើទុក​ក្នុងចិត្ត​នូវពាក្យ​ប្រៀនប្រដៅ របស់ព្រះដ៏​មានព្រះភាគ អាត្មាអញ គប្បីធ្វើ​កិច្ចការ​ឲ្យបានច្រើន។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុណា ចំរើន​មរណស្សតិ ដោយសេចក្ដី​ត្រិះរិះ​យ៉ាងនេះថា ធ្វើដូចម្ដេចហ្ន៎ ឲ្យអាត្មាអញ គប្បីរស់​នៅត្រឹម​ខណៈ​ឆាន់ចង្ហាន់​បិណ្ឌបាត​ម្ដង អាត្មាអញ គប្បីធ្វើទុក​ក្នុងចិត្ត​នូវពាក្យ​ប្រៀនប្រដៅ របស់​ព្រះដ៏មានព្រះភាគ អាត្មាអញ គប្បីធ្វើ​កិច្ចការ​ឲ្យបានច្រើន។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុណា ចំរើន​មរណស្សតិ ដោយ​សេចក្ដី​ត្រិះរិះ យ៉ាងនេះថា ធ្វើដូច​ម្ដេចហ្ន៎ ឲ្យអាត្មាអញ គប្បីរស់​នៅត្រឹម​ខណៈ​ឆាន់ចង្ហាន់​បិណ្ឌបាត​ពាក់កណ្ដាល អាត្មាអញ គប្បីធ្វើទុក​ក្នុងចិត្ត​នូវពាក្យ​ប្រៀនប្រដៅ របស់ព្រះដ៏​មានព្រះភាគ អាត្មាអញ គប្បីធ្វើ​កិច្ចការ​ឲ្យបានច្រើន។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុណា ចំរើន​មរណស្សតិ​ដោយសេចក្ដី​ត្រិះរិះ យ៉ាងនេះថា ធ្វើដូច​ម្ដេចហ្ន៎ ឲ្យអាត្មាអញ គប្បីរស់​នៅ​ត្រឹមខណៈ ​ទំពាពំនូតបាយ ៤ ឬ ៥ ពំនូត លេប​ចូលទៅ អាត្មាអញ គប្បីធ្វើ​ទុកក្នុង​ចិត្តនូវពាក្យ​ប្រៀនប្រដៅ របស់ព្រះដ៏​មាន​ព្រះភាគ អាត្មាអញ គប្បីធ្វើ​កិច្ចការ​ឲ្យបានច្រើន។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុទាំង​អម្បាល​នេះ ហៅថា មានសេចក្ដី​ប្រមាទ​នៅឡើយ ចំរើន​មរណស្សតិ ដើម្បីធ្វើ​ឲ្យអស់​អាសវៈ​ទាំងឡាយ យឺតយូរទេ។

ម្នាលភិក្ខុទាំងឡាយ ភិក្ខុណា ចំរើន​មរណស្សតិ ដោយសេចក្ដី​ត្រិះរិះ យ៉ាងនេះថា ធ្វើដូច​ម្ដេចហ្ន៎ ឲ្យអាត្មាអញ គប្បីរស់​នៅត្រឹមខណៈ​ទំពាលេប​បាយ ១ ពំនូត អាត្មាអញ គប្បីធ្វើទុក​ក្នុងចិត្តនូវ​ពាក្យប្រៀនប្រដៅ របស់ព្រះដ៏​មានព្រះភាគ អាត្មាអញ គប្បីធ្វើ​កិច្ចការ​ឲ្យបានច្រើន។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុណា ចំរើន​មរណស្សតិ ដោយ​សេចក្ដី​ត្រិះរិះ យ៉ាងនេះថា ធ្វើដូច​ម្ដេចហ្ន៎ អាត្មាអញ គប្បីរស់​នៅត្រឹមខណៈ ដែល​ដក​ដង្ហើម​ចូល ហើយចេញ ឬ​ដកដង្ហើម​ចេញ ហើយចូល អាត្មាអញ គប្បីធ្វើទុក​ក្នុងចិត្តនូវ​ពាក្យ​ប្រៀន​ប្រដៅ របស់ព្រះដ៏​មានព្រះភាគ អាត្មាអញ គប្បី​ធ្វើកិច្ចការ​ឲ្យបានច្រើន។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុ​ទាំង​អម្បាលនេះ ហៅថា មិនមាន​សេចក្ដី​ប្រមាទ ចំរើន​មរណស្សតិ ដើម្បី​ឲ្យអស់​អាសវៈ​ទាំងឡាយ។ ម្នាលភិក្ខុ​ទាំងឡាយ ព្រោះហេតុនោះ ភិក្ខុក្នុង​សាសនានេះ ត្រូវសិក្សា​យ៉ាងនេះថា ពួកយើងនឹង​មិនមាន​សេចក្ដីប្រមាទ និង​ចំរើន​មរណស្សតិ ដើម្បីធ្វើ​ឲ្យអស់​អាសវៈ​ទាំងឡាយ ម្នាលភិក្ខុ​ទាំងឡាយ អ្នកទាំងឡាយ ត្រូវសិក្សា​យ៉ាងនេះ​ណ៎ា។

ទុតិយមរណស្សតិសូត្រ ទី៤

(៤. ទុតិយមរណស្សតិសុត្តំ)

[៨១] សម័យមួយ ព្រះដ៏មានព្រះភាគ កាលគង់នៅ​ក្នុងគិញ្ជកាវសថៈ ជិត​នាទិកគ្រាម។ ក្នុងទីនោះឯង ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់នឹង​ភិក្ខុទាំងឡាយ​ថា។បេ។ ម្នាលភិក្ខុ​ទាំងឡាយ មរណស្សតិ ដែលភិក្ខុ​ចំរើនហើយ សន្សំ​រឿយៗហើយ មានផល​ច្រើន មាន​អានិសង្ស​ច្រើន ឈមចុះ​កាន់អមតៈ មានអមតៈ​ជាទីបំផុត។ ម្នាលភិក្ខុទាំង​ឡាយ ចុះ​មរណស្សតិ ដែលភិក្ខុ​ចំរើនហើយ តើដូចម្ដេច សន្សំរឿយៗហើយ មានផល​ច្រើន មានអានិសង្ស​ច្រើន ឈមចុះកាន់​អមតៈ មានអមតៈ​ជាទីបំផុត តើដូចម្ដេច។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុក្នុង​សាសនានេះ កាលបើថ្ងៃ​កន្លងទៅហើយ យប់មក​ដល់វិញ តែង​ពិចារណា​ដូច្នេះថា ហេតុនៃសេចក្ដី​ស្លាប់ របស់អាត្មាអញ មាន​ច្រើន​ណាស់​តើ (ដូចជា) ពស់ចឹក​អាត្មាអញ​ក្ដី ខ្ទួយទិច​អាត្មាអញក្ដី ក្អែបខាំ​អាត្មាអញ​ក្ដី អាត្មាអញ​នឹង​ស្លាប់ អន្ដរាយ17) នោះ នឹង​មានដល់អាត្មាអញ ព្រោះហេតុ​តែពស់ចឹក​ជាដើម​នោះ អាត្មាអញ ភ្លាត់ដួលក្ដី ភត្តដែល​អាត្មាអញ​បរិភោគ​ហើយ ហល់ក្ដី ប្រមាត់​របស់​អាត្មាអញ កម្រើកក្ដី ស្លេស្មរបស់អាត្មាអញ​កម្រើក​ក្ដី កងខ្យល់​ដូច​សស្រ្ដាវុធ​របស់​អាត្មាអញ កម្រើក​ក្ដី ពួកមនុស្ស​ព្យាយាម​សម្លាប់​អាត្មាអញក្ដី ពួកអមនុស្ស​ព្យាយាម​សម្លាប់​អាត្មា​អញ​ក្ដី អាត្មាអញនឹងស្លាប់ អន្តរាយនោះ នឹងមានដល់​អាត្មាអញ ព្រោះហេតុ​តែភ្លាត់ដួល​ជាដើមនោះ ម្នាលភិក្ខុ​ទាំងឡាយ​ ភិក្ខុនោះ ត្រូវពិចារណា​ថា អកុសលធម៌​ទាំងឡាយ​ដ៏លាមកណា នាំឲ្យ​អន្តរាយ​ដល់​អាត្មាអញ ដែលធ្វើមរណកាល ក្នុងរាត្រី អកុសលធម៌ដ៏លាមកនោះ អាត្មាអញ មិនទាន់​បានលះបង់​នៅឡើយ មាន​ដែរ​ឬទេ ម្នាលភិក្ខុ​ទាំងឡាយ ប្រសិនបើ​ភិក្ខុពិចារណា​ដឹងយ៉ាង​នេះថា អកុសលធម៌​ទាំង​ឡាយ​ដ៏លាមកណា នាំឲ្យអន្តរាយ​ដល់អាត្មាអញ ដែលធ្វើ​មរណកាល ក្នុងរាត្រី អកុសល​ធម៌ដ៏​លាមកទាំង​នោះ អាត្មាអញ​មិនទាន់បាន​លះបង់ហើយ នៅមានមែន ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុនោះ ត្រូវធ្វើ​ឆន្ទៈផង សេចក្ដី​ព្យាយាមផង ឧស្សាហៈផង សេចក្ដី​ខ្នះខ្នែង​ផង សេចក្ដី​មិនរួញរា​ផង សតិផង សម្បជញ្ញៈ​ផង ឲ្យខ្លាំង ដើម្បីលះបង់​នូវអកុសលធម៌​ដ៏លាមក​ទាំងនោះ​ចេញឲ្យឆាប់ ម្នាលភិក្ខុ​ទាំងឡាយ ដូចបុគ្គល​មានសំពត់​ឆេះក្ដី មានក្បាល​ឆេះក្ដី ត្រូវធ្វើ​ឆន្ទៈផង សេចក្ដី​ព្យាយាមផង ឧស្សាហៈផង សេចក្ដី​ខ្នះខ្នែងផង សេចក្ដី​មិនរួញរាផង សតិផង សម្បជញ្ញៈផង ឲ្យខ្លាំង ដើម្បីនឹង​លត់សំពត់​នោះផង លត់​ក្បាល​នោះផង យ៉ាងណាមិញ ម្នាលភិក្ខុ​ទាំងឡាយ ​ភិក្ខុនោះ ត្រូវធ្វើឆន្ទៈ​ផង សេចក្ដី​ព្យាយាមផង ឧស្សាហៈ​ផង សេចក្ដី​ខ្នះខ្នែងផង សេចក្ដី​មិនរួញរាផង សតិផង សម្បជញ្ញៈ​ផង ឲ្យខ្លាំង ដើម្បីនឹង​លះអកុសលធម៌​ដ៏លាមក​ទាំងនោះ​ចេញ ឲ្យឆាប់​យ៉ាងនោះដែរ ម្នាលភិក្ខុ​ទាំងឡាយ ប្រសិនបើ ភិក្ខុពិចារណាដឹង យ៉ាងនេះថា អកុសលធម៌​ទាំងឡាយ ដ៏លាមក​ណា ​នាំឲ្យអន្តរាយ​ដល់អាត្មា​អញ ដែលធ្វើ​មរណកាល ក្នុងរាត្រី អកុសលធម៌​ដ៏លាមកទាំងនោះ អាត្មាអញ​មិនទាន់​បានលះ​ហើយ មិនមានទេ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុនោះ គប្បី​ជាអ្នក​សិក្សារឿយៗ ទាំងថ្ងៃ​ទាំងយប់ ក្នុងកុសលធម៌​ទាំងឡាយ ដោយ​បីតិ និងបាមោជ្ជនោះចុះ។

មួយទៀត ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុង​សាសនានេះ កាលបើយប់​កន្លង​ទៅហើយ ថ្ងៃមក​ដល់វិញ តែងពិចារណា​ដូច្នេះថា ហេតុនៃ​សេចក្ដីស្លាប់ របស់​អាត្មាអញ មាន​ច្រើន ណាស់តើ (ជួនជា) ពស់ចឹក​អាត្មាអញ​ក្ដី ខ្ទួយទិច​អាត្មាអញ​ក្ដី ក្អែបខាំ​អាត្មាអញ​ក្ដី អាត្មាអញ​នឹងស្លាប់ អន្ដរាយនោះ នឹងមានដល់អាត្មា​អញ ព្រោះហេតុ​តែពស់ចឹក​ជាដើម​នោះ (ឬមួយ) អាត្មាអញ ភ្លាត់ដួល​ក្ដី ភត្តដែល​អាត្មាអញ បរិភោគ​ហើយ ហល់ក្ដី ប្រមាត់​របស់​អាត្មាអញ​កម្រើកក្ដី ស្លេស្ម​របស់​អាត្មាអញ កម្រើក​ក្ដី កងខ្យល់​ដូចសស្រ្ដាវុធ​របស់​អាត្មាអញ​កម្រើក​ក្ដី ពួកមនុស្ស​ព្យាយាម​សម្លាប់​អាត្មាអញ​ក្ដី ពួកអមនុស្ស​ព្យាយាម សម្លាប់​អាត្មា​អញក្ដី អាត្មាអញនឹងស្លាប់ អន្តរាយនោះ នឹងមានដល់​អាត្មាអញ ព្រោះហេតុ​តែភ្លាត់​ដួល​ជាដើមនោះ ម្នាលភិក្ខុ​ទាំងឡាយ​ ភិក្ខុនោះ ត្រូវពិចារណាថា អកុសលធម៌ទាំងឡាយ​ដ៏លាមក​ណា នាំឲ្យអន្តរាយ​ដល់អាត្មាអញ ដែលធ្វើ​មរណកាល​ក្នុង​វេលាថ្ងៃ អកុសលធម៌​ដ៏លាមកទាំងនោះ អាត្មាអញ​មិនទាន់​បានលះ​បង់​ហើយ មានដែរ​ឬទេ ម្នាលភិក្ខុ​ទាំងឡាយ ប្រសិនបើ ភិក្ខុ​ពិចារណា​ដឹង យ៉ាងនេះថា អកុសលធម៌​ទាំងឡាយ​ដ៏លាមក​ណា នាំឲ្យអន្តរាយ​ដល់អាត្មាអញ ដែលធ្វើ​មរណកាល ក្នុង​វេលាថ្ងៃ អកុសលធម៌ដ៏​លាមកទាំងនោះ អាត្មាអញ​មិនទាន់​បានលះនៅឡើយ នៅមាន​មែន ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុនោះ ត្រូវធ្វើឆន្ទៈ​ផង សេចក្ដី​ព្យាយាមផង ឧស្សាហៈផង សេចក្ដី​ខ្នះខ្នែងផង សេចក្ដី​មិន​រួញរាផង សតិផង សម្បជញ្ញៈផង ឲ្យខ្លាំង ដើម្បីនឹងលះ​អកុសល​ធម៌ដ៏លាមក​ទាំងនោះ​ចេញ​ឲ្យឆាប់ ម្នាលភិក្ខុ​ទាំងឡាយ ដូចបុគ្គល​មាន​សំពត់​ឆេះក្ដី មានក្បាល​ឆេះក្ដី ត្រូវធ្វើ​ឆន្ទៈផង សេចក្ដី​ព្យាយាមផង ឧស្សាហៈផង សេចក្ដី​ខ្នះខ្នែង​ផង សេចក្ដី​មិនរួញរាផង សតិផង សម្បជញ្ញៈ​ផង ឲ្យខ្លាំង ដើម្បីនឹង​លត់សំពត់ ឬ​ក្បាល​នោះ យ៉ាងណាមិញ ម្នាលភិក្ខុ​ទាំងឡាយ ​ភិក្ខុនោះ ត្រូវធ្វើ​ឆន្ទៈផង សេចក្ដី​ព្យាយាមផង ឧស្សាហៈផង សេចក្ដីខ្នះខ្នែងផង សេចក្ដីមិនរួញរាផង សតិផង សម្បជញ្ញៈ​ផង ឲ្យខ្លាំង ដើម្បីនឹង​លះអកុសល​ធម៌​ដ៏លាមក​ទាំងនោះ​ចេញ​ឲ្យ​ឆាប់​ យ៉ាងនោះដែរ ម្នាលភិក្ខុ​ទាំងឡាយ ប្រសិនបើ ភិក្ខុ​ពិចារណា​ដឹងយ៉ាង​នេះថា អកុសលធម៌​ទាំងឡាយ ដ៏លាមក​ណា ​នាំឲ្យអន្តរាយ​ដល់អាត្មាអញ ដែលធ្វើ​មរណកាល ក្នុងវេលាថ្ងៃ អកុសលធម៌​ដ៏លាមកទាំងនោះ អាត្មាអញ​មិនទាន់បាន​លះហើយ មិនមានទេ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុនោះ គប្បីជាអ្នក​សិក្សារឿយៗ ទាំងថ្ងៃ ទាំងយប់ ក្នុង​កុសលធម៌​ទាំងឡាយ ដោយ​បីតិ និងបាមោជ្ជនោះចុះ។ ម្នាលភិក្ខុ​ទាំងឡាយ មរណស្សតិ ដែល​ភិក្ខុចំរើន​ហើយ​យ៉ាងនេះ សន្សំរឿយៗ​ហើយ​យ៉ាងនេះ មានផលច្រើន មាន​អានិសង្ស​ច្រើន ឈមចុះកាន់​អមតៈ មាន​អមតៈ​ជាទីបំផុត។

បឋមសម្បទាសូត្រ ទី៥

(៥. បឋមសម្បទាសុត្តំ)

[៨២] ម្នាលភិក្ខុទាំងឡាយ សម្បទា​នេះ មាន ៨ យ៉ាង។ ៨យ៉ាង គឺអ្វីខ្លះ។ គឺឧដ្ឋាន​សម្បទា ១ អារក្ខសម្បទា ១ កល្យាណមិត្តតា ១ សមជីវិតា ១ សទ្ធាសម្បទា ១ សីល​សម្បទា ១ ចាគសម្បទា ១ បញ្ញាសម្បទា ១។ ម្នាលភិក្ខុ​ទាំងឡាយ នេះ​សម្បទា ៨ យ៉ាង។

បុគ្គលអ្នកប្រឹងប្រែង មាន​វិធានការ មិនបណ្ដែត​បណ្ដោយ ក្នុង​ការងារ​ទាំងឡាយ​តែងចិញ្ចឹម​ជិវិតស្មើ រក្សាទ្រព្យ​ដែលខ្លួន​រកបានមក មានសទ្ធា បរិបូណ៌​ដោយ​សីល ឈ្លាស​ក្នុង​សំដី លះចោល​សេចក្ដី​កំណាញ់ ជំរះ​នូវផ្លូវ​សម្រាប់ទៅ​កាន់​លោក​ខាងមុខ ឲ្យមាន​សួស្ដីជានិច្ច ធម៌ទាំង ៨ យ៉ាងនេះ នាំមកនូវ​សេចក្ដី​សុខ ក្នុងលោក​ទាំងពីរ ដែល​ព្រះសម្ពុទ្ធ​ទ្រង់ព្រះនាម​ថាសច្ចៈ ទ្រង់សំដែង​ហើយ ដល់កុលបុត្ត​អ្នកមានសទ្ធា នៅគ្រប់​គ្រងផ្ទះ មួយទៀត ការបរិច្ចាគ និងបុណ្យដ៏សេសនេះ តែង​ចម្រើន​ដល់​ពួក​គ្រហស្ថ ដើម្បី​សេចក្ដី​ចម្រើន ​និង​ប្រយោជន៍ ក្នុងបច្ចុប្បន្ន​ផង ដើម្បី​សេចក្ដី​សុខ ក្នុង​លោកខាង​មុខផង យ៉ាងនេះ។

ទុតិយសម្បទាសូត្រ ទី៦

(៦. ទុតិយសម្បទាសុត្តំ)

[៨៣] ម្នាលភិក្ខុទាំងឡាយ សម្បទានេះ មាន៨ យ៉ាង។ ៨ យ៉ាង គឺអ្វីខ្លះ។ គឺ​ឧដ្ឋានសម្បទា ១ អារក្ខសម្បទា ១ កល្យាណមិត្តតា ១ សមជីវិតា ១ សទ្ធាសម្បទា ១ សីលសម្បទា ១ ចាគសម្បទា ១ បញ្ញាសម្បទា ១។

ម្នាលភិក្ខុទាំងឡាយ ចុះ​ឧដ្ឋានសម្បទា តើដូចម្ដេច។ ម្នាលភិក្ខុ​ទាំងឡាយ ​កុលបុត្ត ក្នុង​លោកនេះ ចិញ្ចឹម​ជីវិតដោយ​ខំធ្វើការងារ ទោះបី​ធ្វើស្រែ​ចម្ការក្ដី ជំនួញក្ដី រក្សាគោ​ក្ដី ធ្វើ​សេនាយោធា​ក្ដី ធ្វើជា​រាជបុរស​ក្ដី ចេះសិល្បៈ​ណាមួយក្ដី ជាអ្នក​ឈ្លាស​ក្នុងអំពើ​នោះៗ មិនខ្ជិល​ច្រអូស បរិបូណ៌​ដោយការ​លៃលក មានល្បិច​ក្នុងការ​នោះថា គួរធ្វើ​ គួរចាត់ចែង ម្នាលភិក្ខុ​ទាំងឡាយ នេះហៅថា ឧដ្ឋានសម្បទា។

ម្នាលភិក្ខុទាំងឡាយ ចុះ​អារក្ខសម្បទា តើដូចម្ដេច។ ម្នាលភិក្ខុ​ទាំងឡាយ កុលបុត្ត​ក្នុង​លោកនេះ មានភោគៈ​ច្រើនដែល​ខ្លួនរក​បានមក ដោយការ​ប្រឹងប្រែង ព្យាយាម សន្សំ​ដោយ​កំឡាំង​ដៃ បែកញើស​ហូរញើស ប្រកប​ដោយធម៌ បានមក​ដោយធម៌ ហើយថែទាំ​ភោគៈ​ទាំង​នោះ ដោយ​ការរក្សា គ្រប់គ្រង ដោយ​បំណងថា ធ្វើដូចម្ដេច​ហ្ន៎ កុំឲ្យ​ព្រះរាជា​ទាំងឡាយ រឹបជាន់​យក កុំឲ្យ​ពួកចោរ​លួចយក កុំឲ្យ​ភ្លើង​ឆេះ កុំឲ្យ​ទឹកលិច កុំឲ្យ​ពួកទាយាទ មិនជាទីគាប់​ចិត្តយក​ទៅបាន ម្នាលភិក្ខុ​ទាំងឡាយ នេះ​ហៅថា អារក្ខសម្បទា។

ម្នាលភិក្ខុទាំងឡាយ ចុះ​កល្យាណមិត្តតា តើ​ដូចម្ដេច។ ម្នាលភិក្ខុ​ទាំងឡាយ កុល​បុត្ត​ក្នុង​លោកនេះ នៅក្នុង​ស្រុកណាក្ដី និគម​ណាក្តី ក្នុងស្រុក ឬនិគម​នោះ មាន​ពួក​គហបតី ឬពួក​គហបតិ​បុត្ត ទោះបី​នៅក្មេង តែជាអ្នកចំរើន​ដោយសីល ទោះបីចាស់ ក៏​ចំរើន​​ដោយសីល មានសទ្ធា​បរិបូណ៌ មាន​សីលបរិបូណ៌ មាន​ចាគៈ​បរិបូណ៌ មានបញ្ញា​បរិបូណ៌ កុលបុត្ត​តែង​ឋិតនៅ​ចរចា សាកសួរ ជាមួយនឹង​ពួក​គហបតី​ទាំងនោះ ហើយ​សិក្សា​រឿយៗ​នូវ​សទ្ធាសម្បទា នឹងពួក​បុគ្គល​ដែលជាអ្នក​មានសទ្ធាបរិបូណ៌ តាមសមគួរ​ សិក្សារឿយ ៗ នូវ​សីលសម្បទា នឹងពួកបុគ្គល ជាអ្នកមានសីល​បរិបូណ៌ តាមសមគួរ សិក្សារឿយៗ នូវ​ចាគសម្បទា នឹងពួក​អ្នកមានចាគៈបរិបូណ៌ តាមសម​គួរ សិក្សារឿយៗ នូវបញ្ញាសម្បទា នឹងពួកបុគ្គលអ្នកមាន​បញ្ញាបរិបូណ៌ តាមសមគួរ ម្នាលភិក្ខុ​ទាំងឡាយ នេះហៅថា កល្យាណមិត្តតា។

ម្នាលភិក្ខុទាំងឡាយ ចុះសមជីវិតា តើដូចម្ដេច។ ម្នាលភិក្ខុ​ទាំងឡាយ កុលបុត្ត ក្នុង​លោក​នេះ ស្គាល់​សេចក្ដី​ចំរើនភោគៈ​ទាំងឡាយផង ស្គាល់សេចក្ដី​សាបសូន្យភោគៈ ទាំងឡាយ​ផង ហើយចិញ្ចឹមជីវិត​តាមសមគួរ មិនទូលាយពេក មិនក្បិតក្បៀត​ពេក ដោយ​បំណង​យ៉ាងនេះថា សេចក្ដីចំរើន​របស់អាត្មាអញ នឹង​គ្របសង្កត់​សេចក្ដី​វិនាសបាន ឯសេចក្ដី​វិនាស​របស់អាត្មាអញ នឹង​មិនគ្របសង្កត់​សេចក្ដី​ចំរើន​យ៉ាងនេះ​បានទេ ម្នាល​ភិក្ខុ​ទាំងឡាយ ប្រៀបដូច​អ្នកថ្លឹងក្ដី សិស្ស​របស់អ្នក​ថ្លឹងក្ដី លើក​ជញ្ជីងឡើង​ ហើយដឹង​ថា​ស្រាល ព្រោះ (ខ្វះ) ប៉ុណ្ណេះ ឬធ្ងន់ ព្រោះ (លើស) ប៉ុណ្ណេះ យ៉ាងណាមិញ ម្នាលភិក្ខុ​ទាំង​ឡាយ កុលបុត្ត​ស្គាល់សេចក្ដី​ចំរើន​នូវភោគៈ​ទាំងឡាយ​ផង ស្គាល់សេចក្ដី​សាបសូន្យ​ភោគៈ​ទាំងឡាយ​ផង ហើយ​ចិញ្ចឹមជីវិត តាមសមគួរ មិនទូលាយ​ដៃពេក មិនក្បិត​ក្បៀតពេក ដោយបំណង​យ៉ាងនេះថា សេចក្ដី​ចំរើនរបស់​អាត្មាអញ នឹង​គ្រប​សង្កត់​សេចក្ដី​វិនាសបាន ឯសេចក្ដីវិនាស របស់អាត្មាអញ នឹង​មិនអាច​គ្របសង្កត់​សេចក្ដីចំរើន យ៉ាង​នេះបានទេ ក៏យ៉ាង​នោះដែរ។ ម្នាលភិក្ខុ​ទាំងឡាយ ប្រសិនបើ កុលបុត្តនេះ មានសេចក្ដី​ចំរើនតិច គឺខ្សត់ទ្រព្យ ហើយចិញ្ចឹម​ជីវិតលើសលុប អ្នកផង​តែងតិះដៀល​កុលបុត្ត​នោះថា កុលបុត្តនេះ ស៊ីភោគៈ ដូចគេស៊ី​ផ្លែល្វា។ ម្នាលភិក្ខុ​ទាំងឡាយ ប្រសិនបើ កុលបុត្តនេះ មានសេចក្ដី​ចំរើនច្រើន គឺមានទ្រព្យ ហើយចិញ្ចឹមជីវិត រលីបរលាប អ្នកផង​តែងតិះដៀល​កុលបុត្ត​នោះថា កុលបុត្តនេះ មុខតែនឹង​ស្លាប់ឥត​មានទីពឹង។ ម្នាលភិក្ខុ​ទាំងឡាយ កាលណា​បើកុលបុត្តនេះ ស្គាល់សេចក្ដី​ចំរើនភោគៈ​ទាំងឡាយផង ស្គាល់​សេចក្ដី​វិនាស​ភោគៈទាំងឡាយ​ផង ហើយ​ចិញ្ចឹម​ជីវិតស្មើ មិនទូលាយ​ដៃពេក មិនក្បិត​ក្បៀត​ពេក ដោយ​បំណងថា សេចក្ដីចំរើន​របស់​អាត្មាអញ នឹង​គ្របសង្កត់​សេចក្ដី​វិនាសបាន ឯសេចក្ដី​វិនាស​របស់​អាត្មាអញ នឹង​មិនអាចគ្រប​សង្កត់​សេចក្ដីចំរើន យ៉ាងនេះ​បានទេ ម្នាលភិក្ខុ​ទាំងឡាយ នេះហៅថា សមជីវិតា។

ម្នាលភិក្ខុទាំងឡាយ ចុះ​សទ្ធាសម្បទា តើដូចម្ដេច។ ម្នាលភិក្ខុ​ទាំងឡាយ កុលបុត្ត ក្នុងលោកនេះ ជាអ្នកមានសទ្ធា ជឿការត្រាស់ដឹង​របស់ព្រះតថាគត​ថា ព្រះដ៏មានព្រះ​ភាគអង្គ​នោះ។បេ។ ជាគ្រូនៃ​ទេវតា និងមនុស្សទាំងឡាយ ត្រាស់ដឹង​នូវសច្ចៈ​ទាំង៤ លែង​វិល​ត្រឡប់​មកកាន់​ភពថ្មីទៀត ម្នាលភិក្ខុ​ទាំងឡាយ នេះហៅថា សទ្ធាសម្បទា។

ម្នាលភិក្ខុទាំងឡាយ ចុះសីលសម្បទា តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ កុលបុត្ត​ក្នុង​លោកនេះ ជាអ្នកវៀរ​ចាក​កិរិយា​សម្លាប់សត្វ។បេ។ ជាអ្នកវៀរចាក​ហេតុ​ជាទីតាំង​នៃ​សេចក្តីប្រមាទ គឺការផឹក​នូវទឹក​ស្រវឹង បានខាង​ឯសុរា និងមេរ័យ ម្នាលភិក្ខុ​ទាំងឡាយ នេះហៅថា សីលសម្បទា។

ម្នាលភិក្ខុទាំងឡាយ ចុះ​ចាគសម្បទា តើដូចម្ដេច។ ម្នាលភិក្ខុ​ទាំងឡាយ កុលបុត្ត ក្នុងលោកនេះ មានចិត្ត​ប្រាសចាកមន្ទិល គឺសេចក្ដី​កំណាញ់ ហើយនៅ​គ្រប់គ្រង​ផ្ទះ។បេ។ ជាអ្នកគួរ​ឲ្យគេសូម​បាន ត្រេកអរ​ក្នុងការ​ឲ្យ និងការចែក​រលែក ម្នាលភិក្ខុ​ទាំង​ឡាយ នេះហៅថា ចាគសម្បទា។

ម្នាលភិក្ខុទាំងឡាយ ចុះ​បញ្ញាសម្បទា តើដូចម្ដេច។ ម្នាលភិក្ខុ​ទាំងឡាយ កុលបុត្ត ក្នុងលោកនេះ ជាអ្នកមាន​បញ្ញា។បេ។ ជាដំណើរ​អាចយល់​សេចក្ដី​អស់ទៅ​នៃ​ទុក្ខ​ដោយប្រពៃ ម្នាលភិក្ខុ​ទាំងឡាយ នេះហៅថា បញ្ញាសម្បទា។ ម្នាលភិក្ខុ​ទាំងឡាយ​នេះ​សម្បទា ទាំង ៨ យ៉ាង។

បុគ្គលអ្នកប្រឹងប្រែង មានវិធានការ មិនបណ្ដែត​បណ្ដោយ​ក្នុង​ការងារ​ទាំងឡាយ តែងចិញ្ចឹម​ជីវិតស្មើ រក្សាទ្រព្យដែល​ខ្លួនរក​បាន​មក មានសទ្ធា បរិបូណ៌​ដោយសីល ឈ្លាស​ក្នុងសំដី លះ​ចោល​សេចក្ដី​កំណាញ់ ជំរះនូវ​ផ្លូវ​សម្រាប់ទៅ​កាន់លោក​ខាងមុខ ឲ្យមាន​សួស្ដី​ជានិច្ច ធម៌ទាំង​ ៨ យ៉ាងនេះ នាំមក​នូវ​សេចក្ដីសុខ ក្នុង​លោក​ទាំង​ពីរ ដែល​ព្រះសម្ពុទ្ធ​ទ្រង់​ព្រះនាម​ថាសច្ចៈ ទ្រង់សំដែង​ហើយ ដល់​កុលបុត្ត​អ្នកមាន​សទ្ធា នៅគ្រប់​គ្រងផ្ទះ មួយទៀត ការ​បរិច្ចាគ និង​បុណ្យ​ដ៏សេសនេះ តែង​ចម្រើន​ដល់ពួក​គ្រហស្ថ ដើម្បី​សេចក្ដី​ចម្រើន និង​ប្រយោជន៍ ក្នុងបច្ចុប្បន្ន​ផង ដើម្បី​សេចក្ដីសុខ​ក្នុង​លោក​ខាង​មុខផង យ៉ាងនេះ។

ឥច្ឆាសូត្រ ទី៧

(៧. ឥច្ឆាសុត្តំ)

[៨៤] ក្នុងទីនោះ ព្រះសារីបុត្តដ៏មានអាយុ មានថេរវាចានឹង​ពួកភិក្ខុថា ម្នាល​ភិក្ខុ​ទាំងឡាយ​ដ៏មានអាយុ។ ពួកភិក្ខុ​ទាំងនោះ ទទួលថេរវាចា របស់​ព្រះសារីបុត្ត​ដ៏មាន​អាយុ​ថា បពិត្រ​លោក​ដ៏មានអាយុ។ ព្រះសារីបុត្ត​ដ៏មានអាយុ មានថេរវាចា​ដូច្នេះថា ម្នាល​លោក​ដ៏​មាន​អាយុទាំងឡាយ បុគ្គល ៨ ពួកនេះ មាន​ពាស​ក្នុងលោក។ ៨ ពួក តើ​ដូចម្ដេច​ខ្លះ។

ម្នាលលោកដ៏មានអាយុទាំងឡាយ ក្នុងសាសនានេះ ភិក្ខុជាអ្នកស្ងាត់កាយ តែ​ប្រព្រឹត្ត​មិនជាប់លាប់ សេចក្ដីប្រាថ្នា​ដើម្បីលាភ​កើតឡើង ភិក្ខុនោះ ប្រឹងប្រែង ខ្វល់ខ្វាយ ព្យាយាម ដើម្បីលាភ កាលភិក្ខុនោះ ប្រឹងប្រែង ខ្វល់ខ្វាយ ព្យាយាម ដើម្បីលាភហើយ លាភ​ក៏មិនកើតឡើង ភិក្ខុនោះ ក៏ក្រៀមក្រំ លំបាក ខ្សឹកខ្សួល គក់ទ្រូង យំ កន្ទក់កន្ទេញ ដល់នូវ​សេចក្ដី​វង្វេង ព្រោះតែ​ឥតលាភនោះ ម្នាលលោក​ដ៏មានអាយុ​ទាំងឡាយ ភិក្ខុនេះ​ហៅថា អ្នកមាន​សេចក្ដីប្រាថ្នា​ដើម្បីលាភ ប្រឹងប្រែង ខ្វល់ខ្វាយ ព្យាយាម ដើម្បីលាភ តែជា​អ្នកឥតលាភផង ក្រៀមក្រំផង ខ្សឹកខ្សួលផង ឃ្លាតចាក​ព្រះសទ្ធម្ម​ផង។

ម្នាលលោកដ៏មានអាយុទាំងឡាយ ក្នុងសាសនានេះ ភិក្ខុជា​អ្នកស្ងាត់​កាយ តែប្រព្រឹត្ត​មិនជាប់លាប់ សេចក្ដី​ប្រាថ្នា​ដើម្បីលាភ​កើតឡើង ភិក្ខុនោះ ប្រឹងប្រែង ខ្វល់​ខ្វាយ ព្យាយាម ដើម្បីលាភ កាលភិក្ខុនោះ ប្រឹងប្រែង ខ្វល់ខ្វាយ ព្យាយាម ដើម្បីលាភ​ហើយ លាភក៏​កើតឡើង ភិក្ខុនោះ ក៏ស្រវឹង ងេងងោង ដល់នូវ​សេចក្ដីប្រមាទ ព្រោះ​តែ​លាភនោះ ម្នាលលោក​ដ៏មាន​អាយុទាំងឡាយ ភិក្ខុនេះ​ហៅថា អ្នកមាន​សេចក្ដី​ប្រាថ្នា ដើម្បីលាភ ប្រឹងប្រែង ខ្វល់ខ្វាយ ព្យាយាម ដើម្បីលាភ ជាអ្នកមានលាភផង ស្រវឹងផង ងេងងោង​ផង ឃ្លាតចាក​ព្រះសទ្ធម្មផង។

ម្នាលលោកដ៏មានអាយុទាំងឡាយ ក្នុងសាសនានេះ ភិក្ខុជាអ្នក​ស្ងាត់កាយ តែ​ប្រព្រឹត្ត​មិនជាប់លាប់ សេចក្ដីប្រាថ្នា​ដើម្បីលាភ កើតឡើង ភិក្ខុនោះ មិនប្រឹងប្រែង មិនខ្វល់ខ្វាយ មិនព្យាយាម ដើម្បីលាភទេ កាលភិក្ខុនោះ មិនប្រឹងប្រែង មិនខ្វល់ខ្វាយ មិនព្យាយាម ដើម្បីលាភហើយ លាភក៏មិនកើតឡើង ភិក្ខុនោះ ក៏ក្រៀមក្រំ លំបាក ខ្សឹកខ្សួល គក់ទ្រូង យំ កន្ទក់កន្ទេញ ដល់នូវ​សេចក្ដីវង្វេង ព្រោះតែ​ឥតលាភនោះ ម្នាលលោកដ៏មានអាយុ​ទាំងឡាយ ភិក្ខុនេះហៅថា អ្នកមាន​សេចក្ដីប្រាថ្នា ដើម្បីលាភ តែមិនប្រឹងប្រែង មិនខ្វល់ខ្វាយ មិនព្យាយាម ដើម្បីលាភទេ ជាអ្នកឥតលាភផង ក្រៀមក្រំផង ខ្សឹកខ្សួលផង ឃ្លាតចាក​ព្រះសទ្ធម្មផង។

ម្នាលលោកដ៏មានអាយុទាំងឡាយ ក្នុងសាសនានេះ ភិក្ខុជាអ្នក​ស្ងាត់កាយ តែ​ប្រព្រឹត្ត​មិនជាប់លាប់ សេចក្ដីប្រាថ្នា​ដើម្បីលាភ កើតឡើង​ ភិក្ខុនោះ មិនប្រឹងប្រែង មិនខ្វល់ខ្វាយ មិនព្យាយាម ដើម្បីលាភទេ ភិក្ខុនោះ មិនប្រឹងប្រែង មិនខ្វល់ខ្វាយ មិនព្យាយាម ដើម្បីលាភ​ហើយ លាភក៏​កើតឡើង ភិក្ខុនោះ ក៏ស្រវឹង ងេងងោង ដល់នូវ​សេចក្ដីប្រមាទ ព្រោះតែលាភនោះ ម្នាលលោក​ដ៏មាន​អាយុទាំងឡាយ ភិក្ខុនេះ​ហៅថា អ្នកមាន​សេចក្ដី​ប្រាថ្នា ដើម្បីលាភ តែមិនប្រឹងប្រែង មិនខ្វល់ខ្វាយ មិនព្យាយាម ដើម្បីលាភ ជាអ្នក​មានលាភផង ស្រវឹងផង ងេងងោងផង ឃ្លាតចាក​ព្រះសទ្ធម្ម​ផង។

ម្នាលលោកដ៏មានអាយុទាំងឡាយ ក្នុងសាសនានេះ ភិក្ខុជាអ្នក​ស្ងាត់កាយ តែប្រព្រឹត្ត​មិនជាប់លាប់ សេចក្ដីប្រាថ្នា​ដើម្បីលាភ កើតឡើង​ ភិក្ខុនោះ ប្រឹងប្រែង ខ្វល់​ខ្វាយ ព្យាយាម ដើម្បីលាភ កាលភិក្ខុនោះ ប្រឹងប្រែង ខ្វល់ខ្វាយ ព្យាយាម ដើម្បី​លាភ​ហើយ លាភ​ក៏មិនកើត​ឡើង ភិក្ខុនោះ ក៏មិន​ក្រៀមក្រំ មិនលំបាក មិនខ្សឹកខ្សួល មិន​គក់ទ្រូងយំ កន្ទក់កន្ទេញ មិនដល់នូវ​សេចក្ដីវង្វេង ព្រោះតែ​ឥតលាភ​នោះទេ ម្នាលលោក​ដ៏មាន​អាយុ​ទាំងឡាយ ភិក្ខុនេះ​ហៅថា អ្នកមាន​សេចក្ដីប្រាថ្នា ដើម្បីលាភ ប្រឹងប្រែង ខ្វល់ខ្វាយ ព្យាយាម ដើម្បីលាភ ជាអ្នកឥតលាភផង មិនក្រៀមក្រំផង មិនខ្សឹកខ្សួលផង មិន​ឃ្លាត​ចាក​ព្រះសទ្ធម្ម​ផង។

ម្នាលលោកដ៏មានអាយុទាំងឡាយ ក្នុងសាសនានេះ ភិក្ខុជាអ្នកស្ងាត់កាយ តែប្រព្រឹត្ត​មិនជាប់លាប់ សេចក្ដីប្រាថ្នា​ដើម្បីលាភ កើតឡើង ភិក្ខុនោះ ប្រឹងប្រែង ខ្វល់​ខ្វាយ ព្យាយាម ដើម្បីលាភ កាលភិក្ខុនោះ ប្រឹងប្រែង ខ្វល់ខ្វាយ ព្យាយាម ដើម្បីលាភ​ហើយ លាភក៏កើត​ឡើង តែភិក្ខុនោះ មិនស្រវឹង មិនងេងងោង មិនដល់នូវ​សេចក្ដី​ប្រមាទ ព្រោះ​តែលាភ​នោះទេ ម្នាលលោក​ដ៏មានអាយុ​ទាំងឡាយ ភិក្ខុនេះ​ហៅថា អ្នកមាន​សេចក្ដី​ប្រាថ្នា ដើម្បីលាភ ប្រឹងប្រែង ខ្វល់ខ្វាយ ព្យាយាម ដើម្បីលាភ ជាអ្នកមានលាភផង ជាអ្នក​មិនស្រវឹង​ផង មិនងេងងោង​ផង មិនឃ្លាត​ចាក​ព្រះសទ្ធម្មផង។

ម្នាលលោកដ៏មានអាយុទាំងឡាយ ក្នុងសាសនានេះ ភិក្ខុជាអ្នក​ស្ងាត់កាយ តែប្រព្រឹត្ត​មិនជាប់លាប់ សេចក្ដីប្រាថ្នា​ដើម្បីលាភ កើតឡើង ភិក្ខុនោះ មិនប្រឹងប្រែង មិនខ្វល់ខ្វាយ មិនព្យាយាម ដើម្បីលាភទេ កាលភិក្ខុនោះ មិនប្រឹងប្រែង មិនខ្វល់ខ្វាយ មិនព្យាយាម ដើម្បី​លាភហើយ លាភក៏មិន​កើតឡើងដែរ ភិក្ខុនោះ មិនក្រៀមក្រំ មិនលំបាក មិនខ្សឹកខ្សួល មិនគក់ទ្រូង យំ កន្ទក់កន្ទេញ មិនដល់​នូវសេចក្ដី​វង្វេង ព្រោះតែ​ឥត​លាភនោះ​ឡើយ ម្នាលលោក​ដ៏មានអាយុ​ទាំងឡាយ ភិក្ខុនេះ​ហៅថា អ្នកមាន​សេចក្ដី​ប្រាថ្នា​ដើម្បីលាភ តែមិន​ប្រឹងប្រែង មិនខ្វល់ខ្វាយ មិនព្យាយាម ដើម្បីលាភ ជាអ្នកមិនមានលាភផង មិនក្រៀមក្រំផង មិនខ្សឹកខ្សួលផង មិនឃ្លាតចាក​ព្រះសទ្ធម្មផង។

ម្នាលលោកដ៏មានអាយុទាំងឡាយ ក្នុងសាសនានេះ ភិក្ខុជាអ្នក​ស្ងាត់កាយ តែប្រព្រឹត្ត​មិនជាប់លាប់ សេចក្ដីប្រាថ្នា​ដើម្បីលាភ កើតឡើង ភិក្ខុនោះ មិនប្រឹងប្រែង មិនខ្វល់ខ្វាយ មិនព្យាយាម ដើម្បីលាភទេ កាលភិក្ខុនោះ មិនប្រឹងប្រែង មិនខ្វល់ខ្វាយ មិនព្យាយាម ដើម្បីលាភហើយ លាភក៏កើតឡើង តែភិក្ខុនោះ មិនស្រវឹង មិនងេងងោង មិនដល់នូវ​សេចក្ដី​ប្រមាទ ព្រោះតែ​លាភនោះទេ ម្នាលលោក​ដ៏មានអាយុ​ទាំងឡាយ ភិក្ខុនេះ ហៅថា អ្នកមាន​សេចក្ដីប្រាថ្នា ដើម្បីលាភ មិនប្រឹងប្រែង មិនខ្វល់ខ្វាយ មិនព្យាយាម ដើម្បីលាភ ជាអ្នកមានលាភផង មិនស្រវឹងផង មិន​ងេងងោងផង មិន​ឃ្លាតចាក​ព្រះសទ្ធម្មផង។ ម្នាល​លោកដ៏​មាន​អាយុទាំងឡាយ បុគ្គល​ទាំង៨ ពួកនេះ មាន​ពាស​ក្នុងលោក។

អលំសូត្រ ទី៨

(៨. អលំសុត្តំ)

[៨៥] ក្នុងទីនោះ ព្រះសារីបុត្តដ៏មានអាយុ មាន​ថេរវាចា​នឹងពួក​ភិក្ខុថា។បេ។ ម្នាលអាវុសោ​ទាំងឡាយ ភិក្ខុបរិបូណ៌​ដោយធម៌ ៦ យ៉ាង គួរដល់ខ្លួន (ផង) គួរដល់ពួក ជនដទៃ (ផង)។ ៦ យ៉ាង តើដូចម្ដេច​ខ្លះ​។ ម្នាល​អាវុសោ​ទាំងឡាយ​ ភិក្ខុក្នុង​សាសនានេះ ជាអ្នកចុះចិត្ត​ក្នុងកងធម៌ ជាកុសល​ដោយឆាប់ ១ ជាអ្នក​ចាំកងធម៌ ដែលខ្លួន​ស្ដាប់ហើយ ១ ជាអ្នក​រំពឹងនូវ​សេចក្ដី​នៃកងធម៌ ដែលខ្លួន​ចាំហើយ ​១ ជាអ្នកយល់​អត្ថ យល់ធម៌ ហើយ​ប្រតិបត្តិធម៌​សមគួរ​តាមធម៌ ១ ជាអ្នកមាន​សំដីពីរោះ មានសំឡេង​ពីរោះ ប្រកប​ដោយ​វាចា របស់អ្នក​ក្រុង ជាវាចា​ក្បោះក្បាយ មិន​រអាក់អួល អាចបំភ្លឺ​សេចក្ដី​ឲ្យបុគ្គល​ដទៃ​ដឹងច្បាស់ ១ ជាអ្នក​សំដែងធម៌ ពន្យល់ ណែនាំ ឲ្យពួក​សព្រហ្មចារី យល់​ប្រយោជន៍ ក្នុង​បច្ចុប្បន្ន និងបរលោក ឲ្យជឿជាក់​ក្នុងកុសលធម៌ ឲ្យរីករាយ ១។ ម្នាលអាវុសោ​ទាំងឡាយ ភិក្ខុ​បរិបូណ៌​ដោយធម៌​ទាំង ៦យ៉ាងនេះ គួរដល់​ខ្លួនឯង (ផង) គួរដល់​ពួកជនដទៃ (ផង)។

[៨៦] ម្នាលអាវុសោទាំងឡាយ ភិក្ខុបរិបូណ៌ដោយធម៌ ៥ យ៉ាង គួរដល់ខ្លួនឯង (ផង) គួរដល់​ពួកជនដទៃ (ផង)។ ៥ យ៉ាង តើដូចម្ដេច​ខ្លះ​។ ម្នាលអាវុសោ​ទាំងឡាយ​ ភិក្ខុក្នុង​សាសនា​នេះ មិនជាអ្នក​ចុះចិត្ត​ក្នុងកងកុសលធម៌ដោយឆាប់ តែជា​អ្នកចាំ​កងធម៌ ដែលខ្លួន​ស្ដាប់ហើយ ១ ជាអ្នករំពឹងសេចក្ដី​នៃកងធម៌ ដែលខ្លួន​ចាំហើយ ​១ ជាអ្នក​យល់​អត្ថ យល់ធម៌ ហើយប្រតិបត្តិ​ធម៌​សមគួរ​តាមធម៌ ១ ជាអ្នកមាន​សំដីពីរោះ ១។បេ។ ជាអ្នក​សំដែងធម៌ ពន្យល់ ណែនាំ ឲ្យពួក។បេ។ របស់​សព្រហ្មចារី​ទាំងឡាយ ១។ ម្នាលអាវុសោ​ទាំងឡាយ ភិក្ខុបរិបូណ៌​ដោយធម៌​ទាំង ៥យ៉ាងនេះ គួរដល់ខ្លួន​ឯង (ផង) គួរដល់ពួកជនដទៃ (ផង)។

[៨៧] ម្នាលអាវុសោទាំងឡាយ ភិក្ខុបរិបូណ៌ដោយធម៌ ៤ យ៉ាង គួរដល់​ខ្លួនឯង តែមិនគួរ​ដល់ពួក​ជនដទៃឡើយ។ ៤ យ៉ាង តើដូចម្ដេចខ្លះ​។ ម្នាលអាវុសោ​ទាំងឡាយ​ ភិក្ខុក្នុង​សាសនានេះ ជាអ្នកចុះចិត្ត​ក្នុងកងកុសលធម៌ ដោយឆាប់ផង ចាំកងធម៌ ដែលខ្លួន​ស្ដាប់ហើយ​ផង ១ ជាអ្នករំពឹង​សេចក្ដី​នៃកងធម៌ ដែលខ្លួន​ចាំហើយ​ផង យល់អត្ថ យល់ធម៌ ហើយ​ប្រតិបត្តិធម៌​សមគួរតាម​ធម៌ផង ១ តែជាអ្នក​មិនមាន​សំដីពីរោះ ១។បេ។ ជាអ្នកមិន​សំដែងធម៌ ពន្យល់ ណែនាំ។បេ។ របស់​សព្រហ្មចារី​ ១។ ម្នាលអាវុសោ​ទាំងឡាយ ភិក្ខុបរិបូណ៌​ដោយធម៌ ៤យ៉ាងនេះ គួរដល់​ខ្លួនឯង តែ​មិនគួរ​ដល់​ជនដទៃឡើយ។

[៨៨] ម្នាលអាវុសោទាំងឡាយ ភិក្ខុបរិបូណ៌ដោយធម៌ ៤ យ៉ាង គួរដល់ពួកជន​ដទៃ តែមិនគួរ​ដល់ខ្លួន​ឯងឡើយ។ ៤ យ៉ាង តើដូចម្ដេចខ្លះ​។ ម្នាលអាវុសោ​ទាំងឡាយ​ ភិក្ខុក្នុង​សាសនានេះ ជាអ្នកចុះចិត្ត​ក្នុងកងកុសលធម៌ ដោយឆាប់ផង ចាំកងធម៌ ដែលខ្លួន​ស្ដាប់​ហើយផង ១ មិនរំពឹងសេចក្ដី​នៃកងធម៌ ដែលខ្លួន​ចាំហើយ​ផង យល់អត្ថ យល់ធម៌​ ហើយមិនប្រតិបត្តិ​ធម៌សមគួរ​តាមធម៌ផង ១ មាន​សំដី​ពីរោះ ១។បេ។ ​សំដែងធម៌ ពន្យល់ ណែនាំ។បេ។ របស់​ពួកសព្រហ្មចារី​ ១។ ម្នាល​អាវុសោ​ទាំងឡាយ ភិក្ខុបរិបូណ៌​ដោយ​ធម៌ទាំង ៤យ៉ាងនេះ គួរដល់​ពួក​ជន​ដទៃ តែមិនគួរដល់ខ្លួនឯងឡើយ។

[៨៩] ម្នាលអាវុសោទាំងឡាយ ភិក្ខុបរិបូណ៌ ដោយធម៌ ៣ យ៉ាង គួរដល់ខ្លួនឯង តែមិនគួរ​ដល់ពួកជន​ដទៃឡើយ។ ៣ យ៉ាង តើដូចម្ដេចខ្លះ​។ ម្នាលអាវុសោ​ទាំងឡាយ​ ភិក្ខុក្នុង​សាសនានេះ ជាអ្នកមិន​ចុះចិត្តក្នុង​កងកុសលធម៌ ដោយឆាប់​ផង ជាអ្នកចាំកងធម៌ ដែលខ្លួន​ស្ដាប់ហើយ​ផង ជាអ្នករំពឹង​សេចក្ដី​កងធម៌ ដែលខ្លួន​ចាំហើយ​ផង ជាអ្នក​យល់​អត្ថ យល់ធម៌ ហើយ​ប្រតិបត្តិធម៌ សមគួរតាម​ធម៌ផង ១ ជាអ្នក​មិនមានសំដី​ពីរោះ ១។បេ។ ជាអ្នកមិន​សំដែងធម៌ ពន្យល់ ណែនាំ។បេ។ របស់​ពួកសព្រហ្មចារី​ ១។ ម្នាលអាវុសោ​ទាំងឡាយ ភិក្ខុបរិបូណ៌​ដោយធម៌​ទាំង ៣ យ៉ាងនេះ គួរដល់​ខ្លួនឯង តែមិនគួរ​ដល់ពួក​ជនដទៃឡើយ។

[៩០] ម្នាលអាវុសោទាំងឡាយ ភិក្ខុបរិបូណ៌ ដោយធម៌ ៣ យ៉ាង គួរដល់​ជនដទៃ តែមិនគួរ​ដល់ខ្លួនឯងឡើយ។ ៣ យ៉ាង តើដូចម្ដេចខ្លះ​។ ម្នាលអាវុសោ​ទាំងឡាយ​ ភិក្ខុក្នុង​សាសនានេះ ជាអ្នក​មិនចុះចិត្ត​ក្នុង​កងកុសលធម៌ ដោយ​ឆាប់ផង ជាអ្នកចាំ​កងធម៌ ដែលខ្លួន​ស្ដាប់​ហើយផង តែជាអ្នក​មិនរំពឹង​នូវសេចក្ដី​នៃកងធម៌ ដែល​ខ្លួនចាំ​ហើយ​ផង យល់អត្ថ យល់ធម៌ ហើយ​មិនប្រតិបត្តិធម៌ សមគួរ​តាមធម៌​ផង ១ ជាអ្នកមានសំដី​ពីរោះ ១។បេ។ ជាវាចាបំភ្លឺ​នូវសេចក្ដី​ឲ្យអ្នកដទៃ​ដឹងច្បាស់ ១ ជាអ្នក​សំដែងធម៌ ពន្យល់ ណែនាំ។បេ។ របស់ពួកសព្រហ្មចារី​ ១។ ម្នាល​អាវុសោ​ទាំងឡាយ ភិក្ខុបរិបូណ៌ ដោយ​ធម៌ ៣ យ៉ាងនេះ គួរដល់​ពួកជនដទៃ តែមិនគួរ​ដល់ខ្លួនឯងឡើយ។

[៩១] ម្នាលអាវុសោទាំងឡាយ ភិក្ខុបរិបូណ៌​ដោយធម៌ពីរ យ៉ាង គួរដល់ខ្លួនឯង តែមិនគួរ​ដល់ពួកជនដទៃ​ឡើយ។ ២ យ៉ាង តើដូច​ម្ដេចខ្លះ​។ ម្នាលអាវុសោ​ទាំងឡាយ​ ភិក្ខុ​ក្នុង​សាសនានេះ ជាអ្នកមិនទាន់ចុះចិត្ត​ក្នុងកុសលធម៌​ដោយឆាប់ផង ជាអ្នកចាំ​កង​ធម៌ ដែលខ្លួន​ស្ដាប់​ហើយផង រំពឹង​សេចក្ដីនៃ​កងធម៌ ដែលខ្លួន​ចាំហើយ​ផង យល់អត្ថ យល់​ធម៌ ហើយ​ប្រតិបត្តិធម៌​សមគួរ​តាមធម៌​ផង ១ ជាអ្នកមិនមាន​សំដី​ពីរោះ។បេ។ ផង ជាអ្នក​មិន​សំដែង​ធម៌ ពន្យល់ ណែនាំ។បេ។ របស់ពួកសព្រហ្មចារី ១។ ម្នាលអាវុសោ​ទាំងឡាយ ភិក្ខុ​បរិបូណ៌​ដោយធម៌​ទាំងពីរយ៉ាងនេះ គួរដល់ខ្លួនឯង តែ​មិនគួរ​ដល់​ពួក​ជនដទៃ​ឡើយ។

[៩២] ម្នាលអាវុសោទាំងឡាយ ភិក្ខុបរិបូណ៌​ដោយធម៌ពីរ​យ៉ាង គួរដល់​ពួកជន​ដទៃ តែមិនគួរ​ដល់ខ្លួនឯងឡើយ។ ២ យ៉ាង តើដូចម្ដេច​ខ្លះ​។ ម្នាលអាវុសោ​ទាំងឡាយ​ ភិក្ខុ​ក្នុង​សាសនានេះ ជាអ្នក​មិនទាន់ចុះចិត្ត​ក្នុងកង​កុសលធម៌ ដោយឆាប់ផង មិនចាំកង​ធម៌​ដែលខ្លួន​ស្ដាប់ហើយផង មិនបាន​រំពឹងសេចក្ដីនៃ​កង​ធម៌ ដែលខ្លួន​ចាំ​ហើយ​ផង យល់​អត្ថ យល់ធម៌ ហើយមិន​ប្រតិបត្តិធម៌​សមគួរ​តាមធម៌ផង ១ ជាអ្នក​មានសំដីពីរោះ មាន​សំឡេង​ពីរោះ ប្រកប​ដោយ​វាចា​របស់​អ្នកក្រុង ជាវាចាក្បោះក្បាយ មិន​រអាក់រអួល ជាវាចា​បំភ្លឺសេចក្ដី​ឲ្យអ្នក​ដទៃ​ដឹងច្បាស់​ផង ជាអ្នក​ពន្យល់ ណែនាំ ពួកសព្រហ្មចារី ឲ្យ​ជឿជាក់ ក្នុង​កុសលធម៌ ឲ្យរីករាយ ១។ ម្នាលអាវុសោទាំងឡាយ ភិក្ខុបរិបូណ៌​ដោយ​ធម៌​ទាំងពីរ​យ៉ាង​នេះ គួរដល់ពួក​ជនដទៃ តែមិនគួរ​ដល់ខ្លួនឯងឡើយ។

បរិហានសូត្រ ទី៩

(៩. បរិហានសុត្តំ)

[៩៣] ម្នាលភិក្ខុទាំងឡាយ ធម៌៨ យ៉ាងនេះ តែងប្រព្រឹត្ត​ទៅ ដើម្បីសេចក្ដីសាប​សូន្យ ដល់​សេក្ខភិក្ខុ។ ៨យ៉ាង តើដូចម្ដេចខ្លះ។ គឺ សេចក្ដីត្រេកអរ ក្នុងការងារ ១ សេចក្ដីត្រេកអរ ក្នុង​តិរច្ឆានកថា ១ សេចក្ដីត្រេកអរ​ក្នុងការដេក ១ សេចក្ដីត្រេកអរ​ក្នុង​ពួក ១ សេចក្ដី​មិនគ្រប់​គ្រងទ្វារ​ក្នុងពួកឥន្រ្ទិយ ១ សេចក្ដី​មិនស្គាល់​ប្រមាណ​ក្នុង​ភោជន ១ សេចក្ដី​ត្រេកអរ​ក្នុងការ​ជាប់ជំពាក់18) ១ សេចក្ដីត្រេកអរ​ក្នុងធម៌ជា​គ្រឿង​យឺត​យូរ ១។ ម្នាលភិក្ខុ​ទាំងឡាយ ធម៌ទាំង៨ យ៉ាងនេះ តែងប្រព្រឹត្តទៅ ដើម្បីសេចក្ដី​សាបសូន្យ ដល់សេក្ខភិក្ខុ។

[៩៤] ម្នាលភិក្ខុទាំងឡាយ ធម៌៨ យ៉ាងនេះ តែងប្រព្រឹត្តទៅ ដើម្បីសេចក្ដី​មិន​សាបសូន្យ ដល់សេក្ខភិក្ខុ។ ៨យ៉ាង តើដូចម្ដេចខ្លះ។ គឺ សេចក្ដី​មិនត្រេកអរ​ក្នុងការងារ ១ សេចក្ដី​មិនត្រេកអរ​ក្នុង​តិរច្ឆានកថា ១ សេចក្ដី​មិនត្រេកអរ​ក្នុងការដេក ១ សេចក្ដី​មិន​ត្រេកអរ​ក្នុងពួកគណៈ ១ សេចក្ដី​គ្រប់គ្រងទ្វារ​ក្នុងពួកឥន្រ្ទិយ ១ សេចក្ដីស្គាល់​ប្រមាណ​ក្នុង​ភោជន ១ សេចក្ដី​មិន​ត្រេកអរ​ក្នុងការជាប់​ជំពាក់១ សេចក្ដី​មិនត្រេកអរ​ក្នុង​ធម៌​ជា​គ្រឿង​យឺតយូរ ១។ ម្នាលភិក្ខុ​ទាំងឡាយ ធម៌ទាំង៨ យ៉ាងនេះ តែងប្រព្រឹត្តទៅ ដើម្បី​សេចក្ដី​មិន​សាបសូន្យ ដល់សេក្ខភិក្ខុ។

កុសីតារម្ភវត្ថុសូត្រ ទី១០

(១០. កុសីតារម្ភវត្ថុសុត្តំ)

[៩៥] ម្នាលភិក្ខុទាំងឡាយ កុសីតវត្ថុ​នេះ មាន៨ យ៉ាង។ ៨ យ៉ាង តើដូចម្ដេចខ្លះ។ ម្នាល​ភិក្ខុ​ទាំងឡាយ អំពើ គឺការលៃលក​វាស់កាត់​ចីវរ​ជាដើម ដែលភិក្ខុ​ក្នុង​សាសនានេះ គួរធ្វើ ក៏មាន ភិក្ខុនោះ មាន​សេចក្ដី​ត្រិះរិះ​យ៉ាងនេះថា អំពើ​ដែល​អាត្មាអញ គួរធ្វើ គង់នឹង​មាន តែបើ​អាត្មាអញ​ធ្វើអំពើ (នោះហើយ) កាយ​ក៏នឹង​លំបាក បើដូច្នោះ អាត្មាអញ​ដេក​សិន ភិក្ខុនោះ ក៏ដេក មិនផ្គង​ព្យាយាម ដើម្បីឲ្យដល់​នូវគុណ គឺឈាន វិបស្សនា មគ្គ ផល​ដែលខ្លួន​មិនទាន់​ដល់ ដើម្បីដឹង​នូវគុណ​ដែលខ្លួន​មិនទាន់បានដឹង ដើម្បីធ្វើឲ្យ​ច្បាស់លាស់ នូវគុណ​ដែលខ្លួន​មិនទាន់បាន​ធ្វើឲ្យច្បាស់​លាស់ទេ ម្នាលភិក្ខុ​ទាំងឡាយ នេះជា​កុសីតវត្ថុ ទី១។

ម្នាលភិក្ខុទាំងឡាយ មួយទៀត អំពើដែល​ភិក្ខុធ្វើរួច​ហើយ ក៏មាន ភិក្ខុនោះ មាន​សេចក្ដី​ត្រិះរិះ​យ៉ាងនេះថា អាត្មាអញ បានធ្វើ​អំពើ (នោះ) រួចហើយ តែកាល​ដែល​អាត្មា​អញ ធ្វើអំពើ​នោះ រាងកាយ​លំបាកហើយ បើដូច្នោះ អាត្មាអញ ដេកសិន ភិក្ខុនោះ ក៏ដេក មិនផ្គង​ព្យាយាម ដើម្បីឲ្យ​ដល់នូវគុណ ដែលខ្លួន​មិនទាន់​បានដល់ ដើម្បីឲ្យដឹង​នូវគុណ ដែលខ្លួន​មិនទាន់​បានដឹង ដើម្បីធ្វើ​ឲ្យច្បាស់លាស់ នូវគុណ​ដែលខ្លួន​មិនទាន់​បានធ្វើឲ្យ ច្បាស់​លាស់ទេ ម្នាលភិក្ខុ​ទាំងឡាយ នេះជា​កុសីតវត្ថុ ទី២។

ម្នាលភិក្ខុទាំងឡាយ មួយទៀត ផ្លូវដែលភិក្ខុ​គួរដើរ​ទៅ ក៏មាន ភិក្ខុនោះ មាន​សេចក្ដី​ត្រិះរិះ​យ៉ាងនេះថា ផ្លូវដែល​អាត្មាអញ គួរដើរទៅ គង់នឹង​មាន តែថា​ កាល​បើ​អាត្មាអញ ដើរទៅ​កាន់ផ្លូវ (នោះហើយ) រាងកាយនឹងលំបាក​ បើដូច្នោះ អាត្មាអញ​ដេកសិន ភិក្ខុនោះ ក៏ដេក មិនផ្គង​ព្យាយាម ដើម្បីឲ្យ​ដល់នូវគុណ ដែលខ្លួន​មិនទាន់​បានដល់ ដើម្បី​ឲ្យដឹងនូវគុណ ដែលខ្លួន​មិនទាន់​បានដឹង ដើម្បីធ្វើ​ឲ្យ​ច្បាស់លាស់​នូវគុណ ដែលខ្លួន​មិនទាន់បានធ្វើឲ្យ​ច្បាស់លាស់ទេ ម្នាលភិក្ខុ​ទាំងឡាយ នេះជា​កុសីតវត្ថុ ទី៣។

ម្នាលភិក្ខុទាំងឡាយ មួយទៀត ផ្លូវដែលភិក្ខុ​ដើរទៅហើយ ក៏មាន ភិក្ខុនោះ មាន​សេចក្ដី​ត្រិះរិះ​យ៉ាងនេះថា អាត្មាអញ បានដើរទៅកាន់ផ្លូវ (នោះ) រួចហើយ តែថា កាល​អាត្មាអញ ដើរទៅកាន់​ផ្លូវ រាងកាយ​លំបាកហើយ​ បើដូច្នោះ អាត្មាអញ ដេកសិន ភិក្ខុនោះ ក៏ដេក មិនផ្គង​ព្យាយាម ដើម្បីឲ្យ​ដល់នូវគុណ ដែលខ្លួន​មិនទាន់​បានដល់ ដើម្បី​ឲ្យដឹង​នូវគុណ ដែលខ្លួន​មិនទាន់​បានដឹង ដើម្បីធ្វើ​ឲ្យច្បាស់​លាស់នូវគុណ ដែលខ្លួន​មិនទាន់​បានធ្វើឲ្យ​ច្បាស់លាស់​ទេ ម្នាលភិក្ខុ​ទាំងឡាយ នេះជា​កុសីតវត្ថុ ទី៤។

ម្នាលភិក្ខុទាំងឡាយ មួយទៀត កាលភិក្ខុត្រាច់ទៅ​កាន់ស្រុក ឬនិគម ដើម្បី​បិណ្ឌបាត ក៏មិនបាន​នូវភោជន​ថោកទាប ឬថ្លៃថ្លា គ្រាន់តែ ១ ចំអែត​ឡើយ ភិក្ខុនោះ មាន​សេចក្ដី​ត្រិះរិះ​យ៉ាងនេះថា កាលអាត្មាអញ​ត្រាច់ទៅ​កាន់ស្រុក ឬនិគម ដើម្បី​បិណ្ឌបាត ក៏មិនបានភោជន​ថោកទាប ឬថ្លៃថ្លា គ្រាន់តែ ១ ចំអែត​សោះ អាត្មាអញ​នោះ មាន​រាងកាយ​លំបាក​ហើយ មិនគួរ​ដល់​សមណកម្ម បើដូច្នោះ អាត្មាអញ​ដេកសិន ភិក្ខុនោះ ក៏ដេក មិនផ្គង​ព្យាយាម​ឡើយ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ នេះជា​កុសីតវត្ថុ ទី៥។

ម្នាលភិក្ខុទាំងឡាយ មួយទៀត កាលភិក្ខុ​ត្រាច់ទៅកាន់ស្រុក ឬនិគម ដើម្បី​បិណ្ឌបាត ក៏បាន​នូវភោជន​ថោកទាប ឬថ្លៃថ្លា ល្មម ១ ចំអែត​​ ភិក្ខុនោះ មានសេចក្ដី​ត្រិះរិះ​យ៉ាង​នេះថា កាលអាត្មាអញ​ត្រាច់ទៅ​កាន់ស្រុក ឬនិគម ដើម្បី​បិណ្ឌបាត ហើយបាន​ភោជន​ថោកទាប ឬថ្លៃថ្លា ល្មម ១ ចំអែតដែរ អាត្មាអញនោះ មាន​កាយធ្ងន់ ដូច​សណ្ដែក​រាជមាស​ទទឹក មិនគួរដល់​សមណកម្ម បើដូច្នោះ អាត្មាអញ​ដេកសិន ភិក្ខុនោះ ក៏ដេក មិនផ្គង​ព្យាយាម​ឡើយ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ នេះជា​កុសីតវត្ថុ ទី៦។

ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុមាន​អាពាធតិចតួច​កើតឡើង ភិក្ខុនោះ មានសេចក្ដី​ត្រិះរិះ​យ៉ាងនេះថា អាត្មាអញ មានអាពាធ​តិចតួច​នេះ​កើតឡើង​ហើយ គួរតែ​ដេកសិន បើដូច្នោះ អាត្មាអញ​ដេកសិន ភិក្ខុនោះ ក៏ដេក មិនផ្គង​ព្យាយាម​ឡើយ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ នេះជា​កុសីតវត្ថុ ទី៧។

ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុចេញ​ចាកជម្ងឺ ទើបតែ​ស្បើយជម្ងឺថ្មីៗ ភិក្ខុនោះ មាន​សេចក្ដី​ត្រិះរិះ​យ៉ាងនេះថា អាត្មាអញ ចេញចាកជម្ងឺ ទើបតែ​ស្បើយ​ជម្ងឺថ្មី ៗ អាត្មាអញ​នោះ មានរាងកាយ​ថមថយ​កំឡាំង មិនគួរដល់​សមណកម្ម បើដូច្នោះ អាត្មាអញ​ដេកសិន ភិក្ខុនោះ ក៏ដេក មិនផ្គង​ព្យាយាម ដើម្បី​ឲ្យដល់​នូវគុណ ដែលខ្លួន​មិន​ទាន់​បានដល់ ដើម្បីឲ្យដឹង​នូវគុណ ដែលខ្លួន​មិនទាន់បានដឹង ដើម្បី​ធ្វើឲ្យ​ច្បាស់លាស់​នូវគុណ ដែលខ្លួន​មិនទាន់បាន​ធ្វើឲ្យច្បាស់​លាស់ទេ ម្នាលភិក្ខុ​ទាំងឡាយ នេះជា​កុសីតវត្ថុ ទី៨។ ម្នាលភិក្ខុ​ទាំងឡាយ នេះឯង ​កុសីតវត្ថុ ៨យ៉ាង។

[៩៦] ម្នាលភិក្ខុទាំងឡាយ អារព្ភវត្ថុ​នេះ មាន៨ យ៉ាង។ ៨ យ៉ាង តើដូចម្ដេចខ្លះ។ ម្នាលភិក្ខុ​ទាំងឡាយ អំពើដែល​ភិក្ខុក្នុង​សាសនានេះ​គួរធ្វើ ក៏មាន ភិក្ខុនោះ មានសេចក្ដី​ត្រិះរិះ​យ៉ាងនេះថា អំពើ​ដែលអាត្មាអញ​គួរធ្វើ គង់នឹងមាន តែថា កាល​អាត្មាអញធ្វើ អំពើ (នោះហើយ) មិនងាយ​នឹង​ធ្វើ​ពុទ្ធសាសនា ឲ្យតាំងនៅ​ក្នុងចិត្ត​បានឡើយ បើដូច្នោះ អាត្មាអញ​ ​ផ្គងព្យាយាម​មុនសិន ដើម្បី​ឲ្យដល់​នូវគុណ គឺឈាន វិបស្សនា មគ្គ ផលដែល​អាត្មាអញ​មិនទាន់​បានដល់ ដើម្បីឲ្យ​ដឹងនូវគុណ ដែលអាត្មាអញ​មិនទាន់​បានដឹង ដើម្បី​ធ្វើឲ្យ​ច្បាស់លាស់​នូវគុណ ដែលអាត្មាអញ​មិនទាន់បាន​ធ្វើឲ្យច្បាស់លាស់​ ភិក្ខុនោះ ក៏ផ្គងព្យាយាម ដើម្បី​ឲ្យដល់​នូវគុណ ដែលខ្លួន​មិនទាន់​បានដល់ ដើម្បីឲ្យ​ដឹងនូវគុណ ដែល​ខ្លួនមិន​ទាន់​បានដឹង ដើម្បីធ្វើ​ឲ្យច្បាស់លាស់​នូវគុណ ដែលខ្លួន​មិនទាន់បាន​ធ្វើឲ្យច្បាស់​លាស់ ម្នាល​ភិក្ខុ​ទាំងឡាយ នេះជា​អារព្ភវត្ថុ ទី១។

ម្នាលភិក្ខុទាំងឡាយ មួយទៀត អំពើដែល​ភិក្ខុធ្វើរួច​ហើយ ក៏មាន ភិក្ខុនោះ មាន​សេចក្ដីត្រិះរិះ​យ៉ាងនេះថា អាត្មាអញ បានធ្វើ​អំពើរួចហើយ តែថា កាល​អាត្មាអញ ធ្វើអំពើ (នោះ) មិនអាចនឹង​ធ្វើពុទ្ធសាសនា​ឲ្យតាំងនៅ​ក្នុងចិត្ត​បានឡើយ បើដូច្នោះ អាត្មាអញ ផ្គងព្យាយាម ដើម្បីឲ្យ​ដល់នូវគុណ​ ​​ដែលអាត្មា​អញ​មិនទាន់​បានដល់ ដើម្បី​ឲ្យ​ដឹងនូវ​គុណ ដែលខ្លួន​មិនទាន់​បានដឹង ដើម្បី​ធ្វើឲ្យ​ច្បាស់លាស់​នូវគុណ ដែល​អាត្មាអញ មិនទាន់​បានធ្វើឲ្យច្បាស់លាស់​ ភិក្ខុនោះ ក៏ផ្គង​ព្យាយាម។បេ។ ម្នាលភិក្ខុ​ទាំងឡាយ នេះជា​អារព្ភវត្ថុ ទី២។

ម្នាលភិក្ខុទាំងឡាយ មួយទៀត ផ្លូវដែលភិក្ខុគួរដើរទៅ ក៏មាន ភិក្ខុនោះ មាន​សេចក្ដី​ត្រិះរិះ​យ៉ាងនេះថា ផ្លូវដែល​អាត្មាអញ គួរដើរទៅ​ គង់នឹងមាន តែថា អាត្មាអញ​ដើរទៅ​កាន់ផ្លូវ (នោះ) មិនងាយនឹងធ្វើ​ពុទ្ធសាសនា​ឲ្យតាំង​នៅក្នុងចិត្ត​បានឡើយ បើ​ដូច្នោះ អាត្មាអញ ផ្គង​ព្យាយាម។បេ។ ម្នាលភិក្ខុ​ទាំង​ឡាយ នេះជា​អារព្ភវត្ថុ ទី៣។

ម្នាលភិក្ខុទាំងឡាយ មួយទៀត ផ្លូវដែលភិក្ខុដើរទៅហើយ ក៏មាន ភិក្ខុនោះ មាន​សេចក្ដី​ត្រិះរិះយ៉ាង​នេះថា​ អាត្មាអញ បានដើរ​ទៅ​កាន់ផ្លូវ​ហើយ តែថា កាលណា​អាត្មាអញ ដើរទៅ​កាន់ផ្លូវ មិនអាច​ធ្វើពុទ្ធសាសនា​ឲ្យតាំងនៅ​ក្នុងចិត្តបាន​ឡើយ បើ​ដូច្នោះ អាត្មាអញ ផ្គង​ព្យាយាម។បេ។ ម្នាលភិក្ខុ​ទាំងឡាយ នេះជា​អារព្ភវត្ថុ ទី៤។

ម្នាលភិក្ខុទាំងឡាយ មួយទៀត កាលភិក្ខុ​ត្រាច់ទៅ​កាន់ស្រុក ឬនិគម ដើម្បី​បិណ្ឌបាត ក៏មិនបាន​នូវភោជន​ថោកទាប ឬថ្លៃថ្លា ល្មម ១ ចំអែតទេ​​ ភិក្ខុនោះ មានសេចក្ដី​ត្រិះរិះ​យ៉ាងនេះថា កាលអាត្មាអញ​ត្រាច់ទៅ​កាន់ស្រុក ឬនិគម ដើម្បី​បិណ្ឌបាត ក៏មិនបាន​នូវភោជន​ថោកទាប ឬថ្លៃថ្លា ល្មម ១ ចំអែត​ឡើយ អាត្មាអញនោះ មាន​រាងកាយស្រាល គួរដល់​សមណកម្ម បើដូច្នោះ អាត្មាអញ ផ្គង​ព្យាយាម។បេ។ ម្នាលភិក្ខុ​ទាំងឡាយ នេះជា​អារព្ភវត្ថុ ទី៥។

ម្នាលភិក្ខុទាំងឡាយ មួយទៀត កាលភិក្ខុ​ត្រាច់ទៅ​កាន់ស្រុក ឬនិគម ដើម្បី​បិណ្ឌបាត ក៏បាននូវ​ភោជន​ថោកទាប ឬថ្លៃថ្លា ល្មម ១ ចំអែត​​ ភិក្ខុនោះ មានសេចក្ដី​ត្រិះរិះ​យ៉ាងនេះ​ថា កាលអាត្មាអញ ត្រាច់ទៅ​កាន់ស្រុក ឬនិគម ដើម្បី​បិណ្ឌបាត ក៏បាននូវ​ភោជន​ថោកទាប ឬថ្លៃថ្លា ល្មម ១ ចំអែតហើយ អាត្មាអញ​នោះ មានរាង​កាយស្រាល គួរដល់​សមណកម្ម បើដូច្នោះ អាត្មាអញ ផ្គង​ព្យាយាម។បេ។ ម្នាលភិក្ខុ​ទាំងឡាយ នេះជា​អារព្ភវត្ថុ ទី៦។

ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុមានអាពាធ​តិចតួច​កើតឡើង ភិក្ខុនោះ មានសេចក្ដី​ត្រិះរិះយ៉ាងនេះថា អាត្មាអញ កើត​អាពាធតិចតួច​នេះហើយ អាពាធ​ចំរើន ដល់​អាត្មាអញ ដោយហេតុ​ណា ហេតុនុ៎ះ ជាហេតុ​តែងមាន​ជា​ធម្មតាទេ បើដូច្នោះ អាត្មាអញ ផ្គង​ព្យាយាមឲ្យបានមុនសិន។បេ។ ម្នាលភិក្ខុ​ទាំងឡាយ នេះជា​អារព្ភវត្ថុ ទី៧។

ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត ភិក្ខុចេញ​ចាកជម្ងឺ ទើបតែ​ស្បើយជម្ងឺថ្មី ៗ ភិក្ខុនោះ មានសេចក្ដី​ត្រិះរិះ​យ៉ាងនេះថា អាត្មាអញ ចេញចាកជម្ងឺ ទើបតែ​ស្បើយជម្ងឺថ្មី ៗ អាពាធ​របស់​អាត្មាអញ រើឡើងវិញ ដោយ​ហេតុណា ហេតុនុ៎ះ ជាហេតុ​តែងមាន​ជាធម្មតាទេ បើដូច្នោះ អាត្មាអញ ផ្គង​ព្យាយាមឲ្យបានមុន ដើម្បីឲ្យដល់​នូវគុណ​ដែលអាត្មា​អញមិន​ទាន់​បានដល់ ដើម្បីឲ្យ​ដឹងនូវគុណ ដែលអាត្មាអញ​មិនទាន់​បានដឹង ដើម្បី​ធ្វើឲ្យ​ច្បាស់លាស់​នូវគុណ ដែលអាត្មាអញ​មិនទាន់បាន​ធ្វើឲ្យច្បាស់​លាស់សិន ភិក្ខុនោះ ក៏ផ្គង​ព្យាយាម ដើម្បីឲ្យដល់​នូវគុណ ដែលខ្លួន​មិនទាន់​បានដល់ ដើម្បីឲ្យដឹង​នូវគុណដែល​ខ្លួន​មិនទាន់​បានដឹង ដើម្បីធ្វើឲ្យ​ច្បាស់លាស់​នូវគុណ ដែលខ្លួន​មិនទាន់បាន​ធ្វើឲ្យច្បាស់​លាស់ ម្នាលភិក្ខុ​ទាំងឡាយ នេះជា​អារព្ភវត្ថុ ទី៨។ ម្នាលភិក្ខុ​ទាំងឡាយ នេះឯង​អារព្ភវត្ថុ ទាំង ៨ យ៉ាង។

ចប់ យមកវគ្គ ទី៣។

ឧទ្ទានក្នុងយមកវគ្គនោះគឺ

និយាយពីភិក្ខុបរិបូរ​ដោយ​អង្គ ពីរលើក សម្បទា ១ ភិក្ខុចំរើន​មរណស្សតិ ដទៃ​ទៀត ១ សេចក្ដីប្រាថ្នាលាភ ១ គួរដល់​ខ្លួន និងអ្នកដទៃ ១ សេចក្ដី​សាបសូន្យ របស់​សេក្ខភិក្ខុ ១ កុសីតវត្ថុ ១ អារព្ភវត្ថុ ១។

សតិវគ្គ ទី៤ (៩)

((៩) ៤. សតិវគ្គោ)

សតិសម្បជញ្ញសូត្រ ទី១

(១. សតិសម្បជញ្ញសុត្តំ)

[៩៧] ម្នាលភិក្ខុទាំងឡាយ កាលបើ​សតិ និងសម្បជញ្ញៈ មិនមាន ហិរិ និងឱត្តប្បៈ របស់​បុគ្គល​វិបត្តិ​ចាក​សតិ និងសម្បជញ្ញៈ ឈ្មោះថា មាន​ឧបនិស្ស័យ​សាបសូន្យ កាលបើ​ហិរិ និងឱត្តប្បៈ មិនមាន ឥន្រ្ទិយសំវរៈ របស់បុគ្គល​វិបត្តិចាក​ហិរិ និងឱត្តប្បៈ ឈ្មោះថា មាន​ឧបនិស្ស័យ​សាបសូន្យ កាលបើ​ឥន្រ្ទិយសំវរៈ មិនមាន សីលរបស់​បុគ្គល​វិបត្តិចាក​ឥន្រ្ទិយ​សំវរៈ ឈ្មោះថា មាន​ឧបនិស្ស័យ សាបសូន្យ កាលបើ​សីល មិនមាន សម្មាសមាធិ របស់​បុគ្គល​វិបត្តិ​ចាកសីល ឈ្មោះថា មាន​ឧបនិស្ស័យ​សាបសូន្យ កាលបើ សម្មាសមាធិ មិនមាន យថាភូតញ្ញាណទស្សនៈ របស់​បុគ្គល​វិបត្តិចាក​សម្មាសមាធិ ឈ្មោះថា មាន​ឧបនិស្ស័យ​សាបសូន្យ កាលបើ​យថាភូតញ្ញាណទស្សនៈ មិនមាន និព្វិទាវិរាគៈ របស់​បុគ្គល​វិបត្តិ​ចាក​យថាភូតញ្ញាណទស្សនៈ ឈ្មោះថា មាន​ឧបនិស្ស័យ​សាបសូន្យ កាលបើ​និព្វិទាវិរាគៈ មិនមាន វិមុត្តិញ្ញាណទស្សនៈ របស់​បុគ្គល​វិបត្តិចាក​និព្វិទាវិរាគៈ ឈ្មោះថា មាន​ឧបនិស្ស័យ​សាបសូន្យ។ ម្នាលភិក្ខុ​ទាំងឡាយ ដើមឈើ ដែល​មិនមាន​មែក និង​ស្លឹកហើយ ក្រមរ​ឈើនោះ​ក្ដី មិនដល់នូវ​ការពេញ​លេញទេ សម្បក ស្រាយ​ក្ដី ខ្លឹមក្ដី ក៏មិន​ដល់នូវ​ការ​ពេញលេញ មានឧបមា​យ៉ាងណាមិញ ម្នាលភិក្ខុ​ទាំងឡាយ កាលបើ​សតិ និង​សម្បជញ្ញៈ មិនមាន ហិរិ និងឱត្តប្បៈ របស់បុគ្គល​វិបត្តិចាក​សតិ និងសម្បជញ្ញៈ ឈ្មោះថា មាន​ឧបនិស្ស័យ សាបសូន្យ កាលបើហិរិ និងឱត្តប្បៈ មិនមាន (ឥន្រ្ទិយសំវរៈ) របស់​បុគ្គល​វិបត្តិ​ចាកហិរិ និងឱត្តប្បៈ ឈ្មោះថា មាន​ឧបនិស្ស័យ​សាបសូន្យ។បេ។ វិមុត្តិញ្ញាណ​ទស្សនៈ មាន​ឧបមេយ្យ​យ៉ាង​នោះដែរ។ ម្នាលភិក្ខុ​ទាំងឡាយ កាលបើ​សតិ និងសម្បជញ្ញៈ មាន ហិរិ និងឱត្តប្បៈ របស់បុគ្គល​បរិបូណ៌​ដោយសតិ និង​សម្បជញ្ញៈ ឈ្មោះថា មាន​ឧបនិស្ស័យ​បរិបូណ៌ កាលបើ​ហិរិ និងឱត្តប្បៈ មាន ឥន្រ្ទិយសំវរៈ របស់បុគ្គល​បរិបូណ៌​ដោយ​ហិរិ និង​ឱត្តប្បៈ ឈ្មោះថា មាន​ឧបនិស្ស័យបរិបូណ៌ កាលបើ​ឥន្រ្ទិយសំវរៈ​មាន សីលរបស់​បុគ្គល​បរិបូណ៌​ដោយ​ឥន្រ្ទិយសំវរៈ ឈ្មោះថា មាន​ឧបនិស្ស័យ​បរិបូណ៌ កាលបើ​សីលមាន សម្មាសមាធិ​របស់បុគ្គល​បរិបូណ៌​ដោយសីល ឈ្មោះថា មាន​ឧបនិស្ស័យ​បរិបូណ៌ កាលបើ​សម្មាសមាធិ មាន យថាភូតញ្ញាណទស្សនៈ របស់​បុគ្គល​បរិបូណ៌​ដោយ​សម្មាសមាធិ ឈ្មោះថា មាន​ឧបនិស្ស័យ​បរិបូណ៌ កាលបើ​យថាភូតញ្ញាណទស្សនៈ​មាន និព្វិទាវិរាគៈ របស់បុគ្គល​បរិបូណ៌​ដោយ​យថាភូតញ្ញាណទស្សនៈ ឈ្មោះថា មាន​ឧបនិស្ស័យ​បរិបូណ៌ កាលបើ​និព្វិទាវិរាគៈ មាន វិមុត្តិញ្ញាណទស្សនៈ របស់បុគ្គល​បរិបូណ៌​ដោយ​និព្វិទាវិរាគៈ ឈ្មោះថា មាន​ឧបនិស្ស័យ​បរិបូណ៌។ ម្នាលភិក្ខុ​ទាំងឡាយ ដើមឈើ ដែល​បរិបូណ៌​ដោយមែក និង​ស្លឹកហើយ ក្រមរ​ឈើនោះ ក៏ដល់​នូវ​ការ​ពេញលេញ សម្បកក្ដី ស្រាយក្ដី ខ្លឹមក្ដី (របស់ឈើនោះ) ក៏ដល់​នូវការ​ពេញលេញ មានឧបមា​យ៉ាងណាមិញ ម្នាលភិក្ខុ​ទាំងឡាយ កាល​បើសតិ និង​សម្បជញ្ញៈ មាន ហិរិ និងឱត្តប្បៈ របស់បុគ្គល​បរិបូណ៌ដោយសតិ និងសម្បជញ្ញៈ ឈ្មោះថា មាន​ឧបនិស្ស័យ​បរិបូណ៌ កាលបើ​ហិរិ និងឱត្តប្បៈ មាន (ឥន្រ្ទិយសំវរៈ) របស់​បុគ្គល​បរិបូណ៌​ដោយហិរិ និងឱត្តប្បៈ ឈ្មោះថា មាន​ឧបនិស្ស័យ​បរិបូណ៌។បេ។ វិមុត្តិញ្ញាណទស្សនៈ មាន​ឧបមេយ្យ​យ៉ាងនោះដែរ។

បុណ្ណិយសូត្រ ទី២

(២. បុណ្ណិយសុត្តំ)

[៩៨] គ្រានោះ ព្រះបុណ្ណិយៈដ៏មានអាយុ ចូលទៅគាល់​​ព្រះដ៏មានព្រះភាគ លុះ​ចូល​ទៅដល់ ក្រាបថ្វាយ​បង្គំ​ព្រះដ៏មានព្រះភាគ ហើយក៏​អង្គុយក្នុង​ទីសមគួរ។ លុះព្រះបុណ្ណិយៈ​ដ៏​មានអាយុ អង្គុយ​ក្នុងទីសមគួរ​ហើយ​ ទើបក្រាបបង្គំទូលសួរ ព្រះដ៏មាន​ព្រះភាគដូច្នេះថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន ហេតុអ្វី បច្ច័យអ្វី បានជាក្នុង​កាលខ្លះ ព្រះតថាគត​ទ្រង់​សំដែង​ធម្មទេសនា ក្នុង​កាលខ្លះ ក៏មិន​សំដែង។ ព្រះអង្គ​ត្រាស់​តបថា ម្នាល​បុណ្ណិយៈ ភិក្ខុមាន​សទ្ធាហើយ តែមិន​ចូលមក​រកទេ តថាគតក៏​មិន​ទាន់​សំដែង​ធម្មទេសនា ម្នាល​បុណ្ណិយៈ កាលបើភិក្ខុ​មាន​សទ្ធាផង បានចូល​មករកផង យ៉ាងនេះ ទើប​តថាគត​សំដែង​ធម្មទេសនា ម្នាល​បុណ្ណិយៈ ភិក្ខុមាន​សទ្ធាផង បានចូល​មករកផង តែមិន​បាន​ចូល​មកអង្គុយ​ជិត។បេ។ បានចូល​មក​អង្គុយ​ជិតហើយ តែមិនបានសាកសួរ បាន​សាក​សួរហើយ តែមិនបាន​ផ្ទៀង​ត្រចៀក​ស្ដាប់ធម៌ ផ្ទៀងត្រចៀក​ស្ដាប់ហើយ តែមិន​ស្ដាប់​ឲ្យចាំធម៌ ស្ដាប់ចាំ​ធម៌​ហើយ តែមិន​ពិចារណា​នូវសេចក្ដី​នៃធម៌ ដែលខ្លួន​ចងចាំហើយ ពិចារណា​នូវ​សេចក្ដីនៃធម៌ ដែលខ្លួន​ចងចាំហើយ តែមិនដឹង​នូវអត្ថ មិនដឹងនូវធម៌ ហើយ​ប្រតិបតិ្ត​នូវធម៌​ដ៏សមគួរ​ដល់​ធម៌ទេ តថាគត ក៏មិន​សំដែងធម្មទេសនាឡើយ។ ម្នាល​បុណ្ណិយៈ កាលបើ​ភិក្ខុមាន​សទ្ធាផង បានចូល​មករកផង បាន​ចូលមក​អង្គុយជិតផង បានសាក​សួរផង បាន​ផ្ទៀង​ត្រចៀកស្ដាប់​ធម៌ផង ស្ដាប់ឲ្យ​ចាំធម៌ផង ពិចារណា​នូវសេចក្ដី​នៃធម៌​ដែលខ្លួន​ចងចាំផង ដឹងនូវ​អត្ថ ដឹងនូវ​ធម៌ ហើយ​ប្រតិបតិ្ត​ធម៌ ដ៏សមគួរ​ដល់ធម៌ផង យ៉ាងនេះ ទើប​តថាគត សំដែង​ធម្មទេសនា។ ម្នាល​បុណ្ណិយៈ ភិក្ខុប្រកប​ដោយធម៌ (៨យ៉ាង) នេះឯង ទើបតថាគត សំដែងនូវ​ធម្មទេសនា​យ៉ាងច្បាស់លាស់។

មូលកសូត្រ ទី៣

(៣. មូលកសុត្តំ)

[៩៩] ម្នាលភិក្ខុទាំងឡាយ ​បើពួកបរិព្វាជក ជាអន្យតិរិ្ថយ​សួរយ៉ាងនេះថា ម្នាល​អាវុសោ ធម៌ទាំងអស់ គឺបព្ចាក្ខន្ធ មានអ្វី​ជាមូល ធម៌ទាំងអស់​កើតអំពីអ្វី ធម៌ទាំងអស់​ប្រជុំកើត​អំពីអ្វី ធម៌ទាំងអស់​ប្រជុំចុះ​ក្នុងអ្វី ធម៌ទាំងអស់​មានអ្វីជា​ប្រធាន ធម៌ទាំងអស់​មាន​អ្វីជា​អធិបតី ធម៌ទាំងអស់​មានអ្វី​ជាវិសេស ធម៌ទាំងអស់ មានអ្វីជាខ្លឹម ម្នាល​ភិក្ខុ​ទាំងឡាយ បើពួក​បរិព្វាជកជាអន្យតិរិ្ថយ សួរយ៉ាងនេះ តើអ្នកទាំង​ឡាយ គប្បីដោះ​ស្រាយ​ដូចម្ដេច ដល់ពួកបរិព្វាជក ជាអន្យតិរិ្ថយនោះ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ធម៌ទាំងឡាយ មានព្រះដ៏មានព្រះភាគ​ជាមូល មានព្រះដ៏​មានព្រះភាគ ជាអ្នក​ណែនាំ មាន​ព្រះដ៏មានព្រះភាគ​ជាទីពឹង​របស់យើង​ខ្ញុំព្រះអង្គ​ស្រាប់ហើយ បពិត្រ​ព្រះអង្គ​ដ៏ចំរើន សូម​ព្រះដ៏មានព្រះភាគ សំដែង​នូវ​សេចក្ដី​នៃភាសិត​នេះ​ឲ្យទាន ពួកភិក្ខុ បានស្ដាប់​ភាសិត​របស់​ព្រះអង្គហើយ នឹងចង​ចាំទុក។ ម្នាលភិក្ខុ​ទាំងឡាយ បើដូច្នោះ អ្នកទាំងឡាយ ចូរ​ប្រុង​ស្ដាប់ ចូរធ្វើ​ទុកក្នុង​ចិត្ត​ដោយប្រពៃចុះ តថាគត​នឹង​សំដែង។ ភិក្ខុទាំងនោះ បាន​ទទួល​តបថា ព្រះករុណា ព្រះអង្គ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ បើ​ពួកបរិព្វាជក ជាអន្យតិរិ្ថយ សួរយ៉ាងនេះថា ម្នាលអាវុសោ ធម៌ទាំងអស់ មានអ្វីជាមូល ធម៌ទាំងអស់​កើតអំពីអ្វី ធម៌ទាំងអស់​ប្រជុំកើត​អំពីអ្វី ធម៌ទាំង​អស់​ប្រជុំចុះក្នុងអ្វី ធម៌ទាំងអស់​មានអ្វី​ជាប្រធាន ធម៌ទាំងអស់​មានអ្វីជា​អធិបតី ធម៌ទាំង​អស់មាន​អ្វី​ជាវិសេស ធម៌ទាំងអស់​មាន​អ្វីជាខ្លឹម ម្នាលភិក្ខុ​ទាំងឡាយ កាលបើពួក​បរិព្វាជក​អន្យតិរិ្ថយ សួរ​យ៉ាងនេះ អ្នកទាំងឡាយ គប្បីដោះ​ស្រាយ ដល់បរិព្វាជក​អន្យតិរិ្ថយទាំងនោះ យ៉ាង​នេះ​ថា ម្នាល​អាវុសោ ធម៌ទាំងអស់ មានឆន្ទៈជាមូល ធម៌ទាំងអស់ កើតអំពី​មនសិការៈ ធម៌ទាំងអស់ ប្រជុំកើត​អំពី​ផស្សៈ ធម៌ទាំងអស់ ប្រជុំចុះក្នុង​វេទនា ធម៌ទាំង​អស់ មាន​សមាធិ​ជាប្រធាន ធម៌ទាំងអស់ មាន​សតិជាអធិបតី ធម៌ទាំងអស់ មានបញ្ញា​ជា​វិសេស ធម៌ទាំងអស់ មាន​វិមុត្តិជាខ្លឹម ម្នាលភិក្ខុ​ទាំងឡាយ កាលបើពួក​បរិព្វាជកអន្យតិរិ្ថយ សួរ​យ៉ាង​នេះហើយ អ្នកទាំងឡាយ គប្បីដោះស្រាយ ដល់បរិព្វាជកអន្យតិរិ្ថយទាំងនោះ យ៉ាងនេះឯង។

ចោរសូត្រ ទី៤

(៤. ចោរសុត្តំ)

[១០០] ម្នាលភិក្ខុទាំងឡាយ មហាចោរ​ប្រកបដោយអង្គ ៨ប្រការ រមែង​វិនាសឆាប់ មិនតាំង​នៅយូរឡើយ។ ប្រកប​ដោយអង្គ ៨ ប្រការ តើដូចម្ដេច។ គឺប្រហារ​នូវបុគ្គល​ដែល​មិន​ប្រហារតប19) ១ កាន់យកទ្រព្យ​របស់គេ មិនឲ្យមាន​សេសសល់ ១ នាំ​យកស្រ្ដី ១ ប្រទូស្ដនឹង​ក្មេងស្រ្ដី ១ ប្លន់​បព្វជិត ១ ប្លន់ព្រះរាជឃ្លាំង ១ ធ្វើចោរកម្ម​ក្នុងទីជិត (ស្រុក ឬនិគម រាជធានី​ជាដើម) ១ ជាអ្នក​មិនឈ្លាសវៃ ក្នុងការ​កប់ទ្រព្យទុក (ក្នុង​ទក្ខិណេយ្យ​បុគ្គល) ១។ ម្នាលភិក្ខុ​ទាំងឡាយ មហាចោរ​ប្រកប​ដោយអង្គ ៨ ប្រការនេះឯង រមែង​វិនាស​ឆាប់ មិនតាំង​នៅយូរឡើយ។

[១០១] ម្នាលភិក្ខុទាំងឡាយ មហាចោរ ប្រកប​ដោយអង្គ ៨ ប្រការ រមែង​មិនវិនាស​ឆាប់ ជាអ្នកតាំង​នៅយូរបាន។ ប្រកបដោយ​អង្គ ៨ ប្រការ តើដូចម្ដេចខ្លះ។ គឺមិន​ប្រហារ​នូវបុគ្គល​ដែល​មិន​ប្រហារតប ១ មិនកាន់​យកទ្រព្យ​របស់គេ មិនឲ្យ​មាន​សេសសល់ ១ មិន​នាំយកស្រ្ដី ១ មិនប្រទូស្ដ​ក្មេងស្រ្ដី ១ មិនប្លន់​បព្វជិត១ មិនប្លន់​ព្រះរាជឃ្លាំង ១ មិន​ធ្វើចោរកម្ម​ក្នុងទីជិត ១ ជាអ្នកឈ្លាសវៃ ក្នុងការ​កប់​ទ្រព្យ​ទុក (ក្នុងទក្ខិណេយ្យបុគ្គល) ១។ ម្នាលភិក្ខុ​ទាំងឡាយ មហាចោរ ប្រកប​ដោយអង្គ ៨ ប្រការ​នេះឯង រមែង​មិនវិនាស​ឆាប់ ជាអ្នកតាំង​នៅយូរបាន។

សមណសូត្រ ទី៥

(៥. សមណសុត្តំ)

[១០២] ម្នាលភិក្ខុទាំងឡាយ ពាក្យថា សមណៈ (អ្នកស្ងប់រម្ងាប់) នេះ ជាឈ្មោះ​របស់​តថាគត ជាអរហន្ដសម្មាសម្ពុទ្ធ ម្នាលភិក្ខុ​ទាំងឡាយ ពាក្យថា ព្រាហ្មណ៍ (អ្នកបន្សាត់បង់​នូវបាប) នេះ ជាឈ្មោះ​របស់តថាគត ជាអរហន្ដ​សម្មាសម្ពុទ្ធ ម្នាល​ភិក្ខុ​ទាំងឡាយ ពាក្យថា វេទគូ (អ្នកចេះចប់ត្រៃវេទ) នេះ ជាឈ្មោះ​របស់តថាគត ជា​អរហន្ដ​សម្មាសម្ពុទ្ធ ម្នាលភិក្ខុ​ទាំងឡាយ ពាក្យថា ភិសក្កៈ (គ្រូពេទ្យ​វះកាត់) នេះ ជាឈ្មោះ​របស់​តថាគត ជាអរហន្ដ​សម្មាសម្ពុទ្ធ ម្នាលភិក្ខុ​ទាំងឡាយ ពាក្យថា និម្មលៈ (អ្នកគ្មាន​មន្ទិល) នេះ ជាឈ្មោះ​របស់តថាគត ជាអរហន្ដ​សម្មាសម្ពុទ្ធ ម្នាលភិក្ខុ​ទាំងឡាយ ពាក្យថា វិមលៈ (អ្នក​ប្រាសចាក​មន្ទិល) នេះ ជាឈ្មោះរបស់​តថាគត ជាអរហន្ត​សម្មាសម្ពុទ្ធ ម្នាល​ភិក្ខុ​ទាំងឡាយ ពាក្យថា ញាណី (អ្នកមានញាណ) នេះ ជាឈ្មោះ​របស់តថាគត ជា​អរហន្ដ​សម្មាសម្ពុទ្ធ ម្នាលភិក្ខុ​ទាំងឡាយ ពាក្យថា វិមុត្ត (អ្នកផុតស្រឡះ) នេះ ជាឈ្មោះ​របស់​តថាគត ជាអរហន្ដ​សម្មាសម្ពុទ្ធ។

គុណជាតណា ដែលតថាគត​ជាសមណៈ ជាព្រាហ្មណ៍ មានព្រហ្ម​ចរិយៈ​នៅ​រួច​ហើយ គប្បីសម្រេច​ក្ដី គុណជាតណា ដែលតថាគត អ្នកចេះ​ចប់​ត្រៃវេទ ​ជាគ្រូពេទ្យវះកាត់ គប្បី​សម្រេចក្ដី គុណជាតនោះ ប្រសើរ​បំផុត គុណជាត​ណា​ ដែលតថាគត​គ្មានមន្ទិល ប្រាសចាកមន្ទិល មាន​ព្រហ្មចរិយៈ នៅរួចហើយ គប្បី​សម្រេច​ក្ដី គុណជាត​ណា ដែល​តថាគត មាន​ញាណ អ្នក​រួចស្រឡះ គប្បី​សម្រេចក្ដី គុណជាត​នោះ ប្រសើរ​បំផុត តថាគត​នោះ ជាអ្នក​ឈ្នះសង្រ្គាម រួចចាក​ចំណង ទាំង​ស្រាយ​មហាជន ឲ្យ​រួច​ចាក​ចំណង ជាបុគ្គល​ប្រសើរ មាន​ខ្លួន​ទូន្មាន​ហើយ ដោយប្រពៃ ជា​អសេក្ខបុគ្គល បរិនិព្វាន​ហើយ។

យសសូត្រ ទី៦

(៦. យសសុត្តំ)

[១០៣] សម័យមួយ ព្រះដ៏មានព្រះភាគ ព្រមដោយ​ភិក្ខុសង្ឃ​ច្រើនរូប ទ្រង់ពុទ្ធ​ដំណើរ​ទៅកាន់​ចារិក ក្នុងក្រុង​កោសម្ពី បានសេ្ដច​ទៅដល់​ព្រាហ្មណគ្រាម ឈ្មោះ​ឥច្ឆានង្គលៈ របស់ពួកអ្នក​ដែនកោសល។ បានឮថា ព្រះដ៏មាន​ព្រះភាគ ទ្រង់គង់​នៅក្នុង​ដងព្រៃ​ឥច្ឆានង្គលៈ ជិតស្រុក​ឥច្ឆានង្គលៈ​នោះ។ ពួកព្រាហ្មណ៍ និងគហបតី អ្នក​ស្រុក​ឥច្ឆានង្គលៈ បានឮ​ដំណឹង (ប្រកាសប្រាប់គ្នា) ថា ម្នាលគ្នាយើង ឮថា ព្រះសមណ​គោតម ជាសក្យបុត្ត ចេញចាក​សក្យ​ត្រកូល ទៅទ្រង់​ព្រះផ្នួស ឥឡូ​វបាន​សេ្ដច​មកដល់​ស្រុក​ឥច្ឆានង្គលៈ​ហើយ ទ្រង់​គង់នៅក្នុង​ដងព្រៃ​ឥច្ឆានង្គលៈ ជិតស្រុក​ឥច្ឆានង្គលៈ។ កិត្តិសព្ទ​ដ៏ពីរោះ​យ៉ាងនេះ របស់​ព្រះគោតម​ដ៏ចំរើន​អង្គនោះ ល្បីឮ​សុះសាយ​ទៅថា ព្រះដ៏មាន​ព្រះភាគ អង្គនោះ ជាអរហន្ដ​សម្មាសម្ពុទ្ធ។បេ។ ក៏ការ​ដែលបាន​ជួប​ប្រទះ​នឹង​ព្រះអរហន្ដ​ទាំងឡាយ មានសភាព​ដូច្នោះ ជាការប្រពៃពេកណាស់។ គ្រានោះ ពួកព្រាហ្មណ៍ និង​គហបតី អ្នកស្រុក​ឥច្ឆានង្គលៈ កាលកន្លង​រាត្រី​នោះទៅហើយ ក៏នាំយក​ខាទនីយ​ភោជនីយាហារ​ដ៏ក្រាស់ក្រែល នាំគ្នាដើរ​ចូលសំដៅទៅ​រកដងព្រៃ​ឥច្ឆានង្គលៈ លុះចូល​ទៅដល់​ហើយ ក៏ឈរ​ស្រែកហ៊ោ និយាយខ្លាំង ទៀបក្លោងទ្វារ​ខាងក្រៅ។

សម័យនោះឯង ព្រះនាគិតៈ​ដ៏មានអាយុ ជាឧបដ្ឋាក​ព្រះដ៏មាន​ព្រះភាគ។ វេលា​នោះ ព្រះដ៏មាន​ព្រះភាគ ទ្រង់ត្រាស់​សួរ​ព្រះនាគិតៈ​ដ៏មានអាយុ​ថា ម្នាល​នាគិតៈ ចុះពួកណា​ស្រែកហ៊ោ និយាយ​ឮខ្លាំងម្ល៉េះ ហាក់ដូចជា​ព្រានសំណាញ់​ដណ្ដើម​ត្រីគ្នា។ ព្រះនាគិតៈ​ដ៏មានអាយុ ក្រាបបង្គំ​ទូលថា សូមទ្រង់ព្រះ​មេត្តាប្រោស អ្នកទាំងនុ៎ះ ជាព្រាហ្មណ៍ និង​គហបតី នៅក្នុងស្រុក​ឥច្ឆានង្គលៈ នាំយក​ខាទនីយ​ភោជនីយាហារ ដ៏ក្រាស់​ក្រែល ឧទ្ទិសចំពោះ​ព្រះដ៏មានព្រះភាគ​ផង ព្រះភិក្ខុ​សង្ឃផង ហើយឈរ​ទៀប​ក្លោងទ្វារ​ខាងក្រៅ។ ម្នាល​នាគិតៈ តថាគត សូមកុំឲ្យ​ជួបប្រសព្វ​នឹង​យសបរិវារ​ ទាំង​យស​បរិវារ ក៏​សូមកុំឲ្យ​ជួបប្រសព្វ​នឹង​តថាគត​ឡើយ ម្នាល​នាគិតៈ បុគ្គលណា មិនបាន​ដូច​ប្រាថ្នា មិនបាន​ដោយងាយ មិនបាន​ដោយស្រួល នូវ​នេក្ខម្មសុខ បវិវេក​សុខ ឧបសមសុខ​ សម្ដោធសុខនេះ ដូច​ជានេក្ខម្មសុខ បវិវេកសុខ ឧបសមសុខ សម្ពោធសុខ ដែល​តថាគត​បានដូច​ប្រាថ្នា បាន​ដោយងាយ បានដោយ​ស្រួលទេ បុគ្គលនោះ​ឯង គប្បី​ត្រេកអរ​ចំពោះ​សេចក្ដីសុខមិនស្អាត សុខក្នុង​ការដេកលក់ សុខ​កើតអំពី​លាភ​សក្ការៈ និង​ពាក្យ​សរសើរ។ ព្រះនាគិតៈ​ក្រាបបង្គំ​ទូលថា បពិត្រ​ព្រះអង្គដ៏​ចំរើន ឥឡូវនេះ សូមព្រះដ៏មាន​ព្រះភាគ​ទទួលនិមន្ដ សូម​ព្រះសុគត​ទទួលនិមន្ដ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ឥឡូវនេះ កាលនេះ ជាកាលគួរ​ព្រះដ៏មាន​ព្រះភាគ​ទទួលនិមន្ដ​ហើយ បពិត្រ​ព្រះអង្គ​ដ៏ចំរើន បើ​ព្រះ​ដ៏មានព្រះភាគ​នឹង​ស្តេច​ទៅក្នុងទីណាៗ ក្នុងកាលឥឡូវនេះ ក៏គង់ពួក​ព្រាហ្មណ៍ និងគហបតី ជាអ្នក​និគមក្ដី អ្នក​ជនបទ​ក្ដី នឹង​តាមទៅ​ក្នុងទីនោះៗមិនខាន។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន កាល​បើភ្លៀងមាន​ដំណក់ទឹក​ថ្លោសៗ​បង្អុរចុះ​មក ទឹកទាំង​ឡាយ តែង​ហូរធ្លាក់​ទៅកាន់​ទីទាប ដូចម្ដេច​មិញ បពិត្រ​ព្រះអង្គ​ដ៏ចំរើន បើព្រះដ៏មាន​ព្រះភាគ​នឹង​ស្ដេច​ទៅ​ ក្នុងទីណាៗ ក្នុងកាល​ឥឡូវនេះ ក៏គង់ពួក​ព្រាហ្មណ៍ និង​គហបតី ជាអ្នក​និគមក្ដី អ្នកជនបទ​ក្ដី នឹង​តាមទៅ ក្នុងទីនោះៗ មិនខាន ដូច្នោះ​ឯង។ ដំណើរនោះ ព្រោះហេតុអ្វី។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ព្រោះព្រះ​ដ៏មាន​ព្រះភាគ​ ព្រះអង្គ មានសីល និងប្រាជ្ញា។ ម្នាល​នាគិតៈ តថាគត សូមកុំឲ្យ​ជួបប្រសព្វនឹង​យសបរិវារ ទាំង​យសបរិវារ ក៏​សូមកុំ​ឲ្យជួប​ប្រសព្វ​នឹង​តថាគតឡើយ ម្នាល​នាគិតៈ បុគ្គល​ណា មិនបាន​ដូចប្រាថ្នា មិនបាន​ដោយ​ងាយ មិនបាន​ដោយស្រួល នូវ​នេក្ខម្មសុខ បវិវេកសុខ ឧបសមសុខ សម្តោធសុខ​នេះ ដូចជា​នេក្ខម្មសុខ បវិវេកសុខ ឧបសមសុខ សម្តោធសុខ ដែល​តថាគត​បាន​ដូចប្រាថ្នា បាន​ដោយងាយ បានដោយ​ស្រួលទេ បុគ្គលនោះ គប្បី​ត្រេកអរ​ចំពោះ​សេចក្ដី​សុខ​មិនស្អាត សុខក្នុង​ការដេកលក់ សុខដែលកើត​អំពីលាភ​សក្ការៈ និង​ពាក្យសរសើរ។ ម្នាល​នាគិតៈ សូម្បីទេវតា​ពួកខ្លះ ក៏មិន​បានដូច​ប្រាថ្នា មិនបាន​ដោយងាយ មិនបាន​ដោយស្រួល នូវ​នេក្ខម្មសុខ បវិវេកសុខ ឧបសមសុខ​ សម្ដោធសុខនេះ ដូចជានេក្ខម្មសុខ​ បវិវេកសុខ ឧបសមសុខ​ សម្ដោធសុខ ដែល​តថាគត​បាន​ដូចប្រាថ្នា បានដោយ​ងាយ បានដោយ​ស្រួលដែរ ម្នាលនាគិតៈ អ្នកទាំងឡាយ កាលមក​ប្រជុំ សមាគមគ្នា ខ្វល់ខ្វាយ​ខាងការ​នៅ​ច្រឡូកច្រឡំ​ដោយពួក​ហើយ រមែងមាន​សេចក្ដីត្រិះរិះ​យ៉ាងនេះថា លោក​ទាំងឡាយ​នេះ មុខជាមិន​បាន​ដូចប្រាថ្នា មិនបាន​ដោយងាយ មិនបាន​ដោយស្រួល នូវ​នេក្ខម្មសុខ បវិវេកសុខ ឧបសមសុខ​ សម្ដោធសុខនេះ ដូចជា​នេក្ខម្មសុខ បវិវេកសុខ ឧបសមសុខ សម្តោធសុខ ដែល​តថាគត​បានដូចប្រាថ្នា បាន​ដោយងាយ បានដោយ​ស្រួល ដោយពិត ព្រោះថា លោកដ៏មានអាយុ​ទាំងនេះ មកប្រជុំ​សមាគមគ្នា ប្រកប​រឿយៗ​ខាងការនៅ​ច្រឡូក​ច្រឡំ​ដោយពួក។ ម្នាលនាគិតៈ ក្នុងទីឯណោះ តថាគត​ឃើញពួក​ភិក្ខុ កំពុង​សើចក្អាកក្អាយ សើចប្រឡែងគ្នា ដោយការចាក់​ដោយ​ជន្លួញ គឺ​ម្រាមដៃ ទៅវិញ​ទៅមក ម្នាលនាគិតៈ តថាគត មានសេចក្ដី​ត្រិះរិះ​យ៉ាងនេះថា លោក​ដ៏មាន​​អាយុទាំងនេះ មុខជា​មិនបាន​ដូចប្រាថ្នា មិនបាន​ដោយងាយ មិនបាន​ដោយស្រួល នូវនេក្ខម្មសុខ បវិវេកសុខ ឧបសមសុខ​ សម្ដោធសុខ​នេះ ដូចជា​នេក្ខម្មសុខ​ បវិវេកសុខ ឧបសមសុខ​ សម្ដោធសុខ ដែល​តថាគត​បានដូចប្រាថ្នា បានដោយងាយ បានដោយ​ស្រួល ដោយពិត ព្រោះថា លោក​ដ៏មាន​អាយុ​ទាំងនេះ សើចក្អាកក្អាយ សើចប្រឡែង​គ្នា ដោយការចាក់​ដោយជន្លួញ គឺម្រាមដៃ ទៅវិញទៅមក។ ម្នាលនាគិតៈ មួយទៀត ក្នុងទី​ឯណោះ តថាគត​ឃើញពួក​ភិក្ខុ បរិភោគដរាប​ទាល់ឆ្អែត​ពេញពោះ ហើយខ្វល់ខ្វាយ​ខាងសេចក្ដី​សុខនឹង​ដំណេក សុខនឹង​បង្អែក សុខនឹង​ការដេកលក់ ម្នាលនាគិតៈ តថាគតនោះ មានសេចក្ដីត្រិះរិះ​យ៉ាងនេះថា លោកទាំងឡាយនេះ មុខជា​មិនបាន​ដូចប្រាថ្នា មិនបាន​ដោយងាយ មិនបាន​ដោយ​ស្រួល នូវនេក្ខម្មសុខ បវិវេកសុខ ឧបសមសុខ​ សម្ដោធសុខ​នេះ ដូចជា​នេក្ខម្ម​សុខ បវិវេកសុខ ឧបសមសុខ សម្តោធសុខ ដែលតថាគត​បានដូចប្រាថ្នា បាន​ដោយងាយ បាន​ដោយស្រួល ដោយពិត ព្រោះថា លោកទាំង​ឡាយនេះ បរិភោគ​ដរាប​ទាល់ឆ្អែត​ពេញពោះ ខ្វល់ខ្វាយ​ខាងសេចក្ដី​សុខ​នឹងដំណេក សុខនឹងបង្អែក សុខនឹងការដេក​លក់។ ម្នាលនាគិតៈ ក្នុងទីឯណោះ តថាគត ឃើញភិក្ខុ​មានចិត្ត​ដម្កល់​នៅនឹង អង្គុយក្នុង​វិហារ ជិតស្រុក តថាគតនោះ មាន​សេចក្ដី​ត្រិះរិះ​យ៉ាងនេះថា ឥឡូវនេះ អារាមិកជន ឬក៏​សមណុទ្ទេស នឹង​មក​បម្រើ​លោក​នេះ ឯការ​បម្រើនោះ នឹង​ញុំាង​លោកនេះ ឲ្យឃ្លាត​ចាក​សមាធិនោះពុំខាន ម្នាល​នាគតិៈ ព្រោះហេតុ​នោះ តថាគត មិនត្រេកអរ​នឹង​ភិក្ខុនោះ ដោយការ​នៅ​ក្នុង​ទីជិតស្រុក។ ម្នាល​នាគិតៈ មួយទៀត ក្នុង​ទីឯណោះ តថាគត​ឃើញ​ភិក្ខុ រត់ចេញទៅ​អង្គុយនៅ​ក្នុងព្រៃ ម្នាល​នាគិតៈ តថាគតនោះ មានសេចក្ដី​ត្រិះរិះ​យ៉ាងនេះថា ឥឡូវនេះ លោកនេះ មុខជា​នឹងកំចាត់​បង់នូវ​សេចក្តី​ងោកងក់ និង​សេចក្តី​លំបាកនេះ ហើយនឹង​ធ្វើទុកក្នុងចិត្ត នូវអរញ្ញសញ្ញា ជាធម្មជាត​មានចិត្តមូល​តែមួយពុំខាន ម្នាលនាគិតៈ ព្រោះ​ហេតុនោះ តថាគត​ត្រេកអរ​នឹងភិក្ខុនោះ ដោយការនៅ​ក្នុងព្រៃ។ ម្នាលនាគិតៈ មួយទៀត ក្នុងទី​ឯណោះ តថាគត​ឃើញភិក្ខុ មានចិត្ត​មិនទាន់​ដម្កល់នៅ​នឹងទេ អង្គុយនៅ​ក្នុងព្រៃ ម្នាល​នាគិតៈ តថាគតនោះ មានសេចក្ដី​ត្រិះរិះ​យ៉ាងនេះថា ឥឡូវនេះ លោកនេះ នឹង​ដម្កល់​ចិត្ត​ដែល​មិនទាន់​ដម្កល់ ឬ​នឹង​រក្សាចិត្ត​ដែលខ្លួន​បាន​ដម្កល់​ហើយពុំខាន ម្នាលនាគិតៈ ព្រោះ​ហេតុនោះ តថាគត​មានចិត្ត​ត្រេកអរ​នឹង​ភិក្ខុនោះ ដោយការ​នៅក្នុងព្រៃ។ ម្នាលនាគិតៈ មួយ​វិញទៀត ក្នុងទីឯណោះ តថាគត ឃើញភិក្ខុ​មួយរូប អ្នកនៅក្នុងព្រៃ មានចិត្ត​ដម្កល់ នៅ​នឹង កំពុង​អង្គុយ ម្នាល​នាគិតៈ តថាគតនោះ មានសេចក្ដី​ត្រិះរិះ​យ៉ាងនេះថា ឥឡូវនេះ លោកនេះ នឹងធ្វើ​ចិត្ត​ដែលមិនទាន់​រួច ឲ្យរួចស្រឡះ ឬនឹង​រក្សាចិត្ត​ដែល​រួចស្រឡះ​ហើយពុំខាន ម្នាលនាគិតៈ ព្រោះហេតុនោះ តថាគត​មានចិត្ត​ត្រេកអរ​នឹង​ភិក្ខុនោះ ដោយការ​នៅក្នុងព្រៃ។ ម្នាលនាគិតៈ សម័យណា ដែលតថាគត​ដើរទៅកាន់​ផ្លូវឆ្ងាយ មិនបាន​ជួបប្រទះ​អ្វីតិចតួច ក្នុងខាងមុខក្ដី ខាង​ក្រោយក្ដី ម្នាលនាគិតៈ សម័យ​នោះ តថាគត​មានតែសេចក្ដី​សប្បាយ ​ដោយហោចទៅ សូម្បី​ការធ្វើ​ឧច្ចារៈ ឬបស្សាវៈ​ក៏ស្រួល។

បត្តនិកុជ្ជនសូត្រ ទី៧

(៧. បត្តនិកុជ្ជនសុត្តំ)

[១០៤] ម្នាលភិក្ខុទាំងឡាយ ឧបាសក ប្រកបដោយ​អង្គ ៨ ប្រការ សង្ឃ កាល​ប្រាថ្នា គប្បីផ្កាប់​បាត្រ​បាន។ អង្គ ៨ ប្រការ តើដូចម្ដេចខ្លះ។ គឺឧបាសក ព្យាយាម ដើម្បីមិនឲ្យ​ភិក្ខុទាំងឡាយ​​បានលាភ ១ ព្យាយាម ដើម្បីមិនឲ្យ​ភិក្ខុទាំង​ឡាយបាន ប្រយោជន៍ ១ ព្យាយាម ដើម្បីមិនឲ្យ​ភិក្ខុទាំងឡាយ​​បានទីលំនៅ ១ ជេរប្រទេច​ភិក្ខុ​ទាំងឡាយ ១ បំបែកភិក្ខុ​ទាំងឡាយ ឲ្យបែក​ចាកភិក្ខុ​ទាំងឡាយ​ ១ តិះដៀល​ព្រះពុទ្ធ ១ តិះដៀល​ព្រះធម៌ ១ តិះដៀល​ព្រះសង្ឃ ១​។ ម្នាលភិក្ខុទាំង​ឡាយ ឧបាសក​ប្រកប​ដោយ​អង្គ ៨ ប្រការនេះឯង សង្ឃ កាលប្រាថ្នា គប្បីផ្កាប់​បាត្របាន។

[១០៥] ម្នាលភិក្ខុទាំងឡាយ ឧបាសក​ប្រកបដោយ​អង្គ ៨ ប្រការ សង្ឃកាល​ប្រាថ្នា គប្បីផ្ងារ​បាត្របាន។ ដោយអង្គ ៨ ប្រការ តើដូច​ម្ដេចខ្លះ។ គឺឧបាសក មិនព្យាយាម ដើម្បីមិន​ឲ្យភិក្ខុ​ទាំងឡាយ​​បានលាភ ១ មិនព្យាយាម ដើម្បីមិនឲ្យ​ភិក្ខុទាំងឡាយ​បាន ប្រយោជន៍ ១ មិនព្យាយាម ដើម្បីមិន​ឲ្យភិក្ខុទាំងឡាយ​​បានទីលំនៅ ១ មិនជេរប្រទេច​ភិក្ខុ​ទាំងឡាយ ១ មិនបំបែក​ភិក្ខុទាំងឡាយ ឲ្យបែក​ចាកភិក្ខុ​ទាំងឡាយ ​១ ពោល​សរសើរ ព្រះពុទ្ធ ១ ពោល​សរសើរ​ព្រះធម៌ ១ ពោលសរសើរ​ព្រះសង្ឃ ១​។ ម្នាលភិក្ខុ​ទាំងឡាយ ឧបាសក​ប្រកប​ដោយអង្គ ៨ ប្រការនេះឯង សង្ឃកាល​ប្រាថ្នា គប្បីផ្ងារបាត្របាន។

អប្បសាទបវេទនីយសូត្រ ទី៨

(៨. អប្បសាទបវេទនីយសុត្តំ)

[១០៦] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកប​ដោយធម៌ ៨ ប្រការ ពួកឧបាសក កាល​ប្រាថ្នា គប្បីសំដែង​សេចក្ដី​មិនជ្រះថ្លា​បាន។ ប្រកបដោយធម៌ ៨ ប្រការ តើដូចម្ដេចខ្លះ។ គឺភិក្ខុ​ព្យាយាម ដើម្បីមិនឲ្យ​ពួកគ្រហស្ថ​បានលាភ ១ ព្យាយាម ដើម្បីមិនឲ្យ​ពួកគ្រហស្ថ បាន​ប្រយោជន៍ ១ ជេរប្រទេច​ពួកគ្រហស្ថ ១ បំបែក​ពួកគ្រហស្ថ​ឲ្យបែកចាកពួក​គ្រហស្ថ​១ តិះដៀល​ព្រះពុទ្ធ ១ តិះដៀល​ព្រះធម៌ ១ តិះដៀល​ព្រះសង្ឃ ១​ ទាំងពួក​ទេវតា ក៏ឃើញ​នូវភិក្ខុនោះ​ដោយហេតុ​នោះ ១។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុប្រកប​ដោយធម៌ ៨ ប្រការ នេះឯង ពួកឧបាសក កាលប្រាថ្នា គប្បីសំដែង​សេចក្ដី​មិនជ្រះថ្លា​បាន។

[១០៧] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកប​ដោយធម៌ ៨ ប្រការ ពួកឧបាសក កាល​ប្រាថ្នា គប្បីសំដែង​សេចក្ដី​ជ្រះថ្លាបាន។ ប្រកបដោយ​ធម៌ ៨ ប្រការ តើដូចម្ដេចខ្លះ។ គឺភិក្ខុ​មិនព្យាយាម ដើម្បីមិន​ឲ្យពួក​គ្រហស្ថបាន​លាភ ១ មិនព្យាយាម ដើម្បី​មិនឲ្យពួក​គ្រហស្ថ​បានប្រយោជន៍ ១ មិនជេរ​ប្រទេចពួក​គ្រហស្ថ ១ មិនបំបែក​ពួកគ្រហស្ថ ឲ្យបែកចាក​ពួកគ្រហស្ថ​ ១ ពោល​សរសើរ​ព្រះពុទ្ធ ១ ពោលសរសើរ​ព្រះធម៌ ១ ពោលសរសើរ​ព្រះសង្ឃ ១​ ពួកទេវតា ឃើញភិក្ខុនោះ ដោយហេតុនោះ ១។ ម្នាលភិក្ខុ​​ទាំងឡាយ ភិក្ខុប្រកប​ដោយធម៌ ៨ ប្រការនេះឯង ពួក​ឧបាសក កាលប្រាថ្នា គប្បីសំដែង​នូវសេចក្ដី​ជ្រះថ្លា​បាន។

បដិសារណីយសូត្រ ទី៩

(៩. បដិសារណីយសុត្តំ)

[១០៨] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកប​ដោយធម៌ ៨ ប្រការ សង្ឃកាល​ប្រាថ្នា គប្បីធ្វើ​បដិសារណីយកម្ម​បាន។ ប្រកប​ដោយធម៌ ៨ ប្រការ តើដូចម្ដេច​ខ្លះ។ គឺភិក្ខុ​ព្យាយាម ដើម្បីមិន​ឲ្យពួក​គ្រហស្ថ​បានលាភ ១ ព្យាយាម ដើម្បីមិនឲ្យ​ពួកគ្រហស្ថ បាន​ប្រយោជន៍ ១ ជេរប្រទេច​ពួកគ្រហស្ថ ១ បំបែកពួកគ្រហស្ថ ឲ្យបែក​ចាកពួក​គ្រហស្ថ​ ១ តិះដៀល​ព្រះពុទ្ធ ១ តិះដៀល​ព្រះធម៌ ១ តិះដៀល​ព្រះសង្ឃ ១ ញុំាងពាក្យ​និមន្ត​របស់គ្រហស្ថ​ប្រកប​ដោយធម៌ ឲ្យឃ្លៀងឃ្លាត ១។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុប្រកប​ដោយ​ធម៌ ៨ ប្រការនេះឯង សង្ឃ​កាលប្រាថ្នា គប្បីធ្វើ​បដិសារណីយកម្ម​បាន។

[១០៩] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៨ ប្រការ សង្ឃកាល​ប្រាថ្នា គប្បីរម្ងាប់​នូវ​បដិសារណីយកម្ម​បាន។ ប្រកប​ដោយធម៌ ៨ ប្រការ តើដូច​ម្ដេចខ្លះ។ គឺភិក្ខុមិនព្យាយាម ដើម្បីមិន​ឲ្យពួក​គ្រហស្ថ​បានលាភ ១ មិនព្យាយាម ដើម្បីមិន​ឲ្យពួក​គ្រហស្ថ​បាន​ប្រយោជន៍ ១ មិនជេរ​ប្រទេច​ពួកគ្រហស្ថ ១ មិនបំបែក​ពួកគ្រហស្ថ ឲ្យបែកចាក​ពួកគ្រហស្ថ​ ១ ពោលសរសើរព្រះពុទ្ធ ១ ពោលសរសើរ​ព្រះធម៌ ១ ពោលសរសើរ​ព្រះសង្ឃ ១​ ញុំាងពាក្យ​និមន្ត​របស់​ពួកគ្រហស្ថ ប្រកប​ដោយធម៌ ឲ្យទៀង​ទាត់ ១។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុប្រកប​ដោយធម៌ ៨ ប្រការនេះឯង សង្ឃកាល​ប្រាថ្នា គប្បីរម្ងាប់​នូវ​បដិសារណីយកម្ម​បាន។

សម្មាវត្តនសូត្រ ទី១០

(១០. សម្មាវត្តនសុត្តំ)

[១១០] ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលសង្ឃធ្វើ​តស្សបាបិយសិកាកម្ម​រួចហើយ ត្រូវ​ប្រព្រឹត្ត​ឲ្យល្អ ក្នុងធម៌ ៨ ប្រការគឺ មិនត្រូវ​ឲ្យឧបសម្បទា ១ មិនត្រូវឲ្យ​និស្ស័យ ១ មិនត្រូវឲ្យ​សាមណេរ​បម្រើ ១ មិនត្រូវ​ត្រេកអរ​នឹងការសន្មតិ​ជាអ្នក​ឲ្យឱវាទ​ដល់ភិក្ខុនី ១ បើទុក​ជាសង្ឃ​សន្មតហើយ ក៏មិនត្រូវ​ឲ្យឱវាទ​ពួកភិក្ខុនី ១ មិនត្រូវ​ត្រេកអរ​នឹង​សង្ឃសម្មតិ​ណាមួយ ១ មិនត្រូវ​និយម​ខ្លួន ក្នុងទី​ជា​អធិបតី​ណាមួយ ១ មិនត្រូវ​ឲ្យ (ភិក្ខុ) ចេញចាក​អាបត្តិ​ដោយមូល​នោះ ១។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុដែល​សង្ឃធ្វើ​តស្សបាបិយសិកាកម្ម​រួចហើយ ត្រូវប្រព្រឹត្ត​ឲ្យល្អ ក្នុងធម៌ ៨ ប្រការនេះឯង។

ចប់ សតិវគ្គ។

ឧទ្ទានក្នុងសតិវគ្គនោះគឺ

និយាយអំពី​សតិសម្បជញ្ញៈ ១ អំពីរឿង​បុណ្ណិយភិក្ខុ ១ អំពីធម៌​ជា​មូល ១ អំពី​មហាចោរ ១ អំពី​ព្រះនាម​ព្រះតថាគត មាន​ព្រះនាម​ថា សមណៈ​ជាដើម ១ ត្រូវជា ៥ អំពី​ព្រះអង្គ​មិនចង់ជួប​នឹង​​យសបរិវារ ១ អំពីការ​ផ្កាប់បាត្រ និងផ្ងារបាត្រ ១ អំពី​សេចក្ដី​ជ្រះថ្លា និង​មិនជ្រះថ្លា ១ អំពី​បដិសារណីយកម្ម ១ អំពី​ភិក្ខុ​ប្រព្រឹត្ត​ល្អ ១។

សាមញ្ញវគ្គ ទី៥ (១០)

((១០) ៥. សាមញ្ញវគ្គោ)

សូត្រ ទី១-ទី២៦

(៩១-១១៦.)

រឿងក្រៅពីនេះទៅ ដែលព្រះសម្មាសម្ពុទ្ធ​ទ្រង់សំដែង​ឧបោសថកម្ម​ប្រកបដោយ​អង្គ ៨ ប្រការ ដល់ពួក​ឧបាសិកា​ទាំងអម្បាល​នេះ គឺ​ពោជ្ឈាឧបាសិកា សិរិមា​ឧបាសិកា បទុមា​ឧបាសិកា សុធម្មាឧបាសិកា មណុជាឧបាសិកា ឧត្តរា​ឧបាសិកា មុត្តាឧបាសិកា ខេមាឧបាសិកា រុចីឧបាសិកា ចុន្ទីរាជកុមារី ពិម្ពី​ឧបាសិកា សុមនារាជកុមារី មល្លិកាទេវី តិស្សមាតា​ឧបាសិកា សោណមាតា​ឧបាសិកា កាណមាតា​ឧបាសិកា ឧត្តរានន្ទមាតា​ឧបាសិកា វិសាខាមិគារមាតា​ឧបាសិកា ​ខុជ្ជុត្តរាឧបាសិកា សមាវតី​ឧបាសិកា សុប្បវាសាកោឡិយធីតា​ឧបាសិកា សុប្បិយា​ឧបាសិកា នកុលមាតា​គហបតានី​ឧបាសិកា។

រាគបេយ្យាល (ទី១១)

((១១). រាគបេយ្យាលំ)

សូត្រ ទី១-ទី៣០

(១១៧-១៤៦.)

[១១១] ម្នាលភិក្ខុទាំងឡាយ ធម៌ ៨ ប្រការ បុគ្គលត្រូវចំរើន ដើម្បីដឹង​ច្បាស់​នូវ​រាគៈ។ ធម៌ ៨ ប្រការ តើដូច​ម្ដេចខ្លះ។ គឺ​សម្មាទិដ្ឋិ ១ សម្មាសង្កប្បៈ ១ សម្មាវាចា ១ សម្មាកម្មន្តៈ ១ សម្មាអាជីវៈ ១ សម្មាវាយាមៈ ១ សម្មាសតិ ១ សម្មាសមាធិ ១។ ម្នាលភិក្ខុ​ទាំងឡាយ ធម៌ ៨ ប្រការនេះ បុគ្គល​ត្រូវចំរើន ដើម្បីដឹង​ច្បាស់នូវរាគៈ។

[១១២] ម្នាលភិក្ខុទាំងឡាយ ធម៌ ៨ ប្រការ បុគ្គលគប្បីចំរើន ដើម្បីដឹង​ច្បាស់នូវ​រាគៈ។ ធម៌ ៨ ប្រការ តើដូចម្ដេចខ្លះ។ គឺបុគ្គល​មានសេចក្ដី​សំគាល់​ក្នុងរូបខាងក្នុង (មានសក់​ជាដើម​របស់ខ្លួន) ឃើញរូប​ខាងក្រៅ គឺ​កសិណ មាន​នីលកសិណ​ជាដើម ជារូប​មាន​ប្រមាណតិច មាន​សម្បុរល្អ ឬសម្បុរ​អាក្រក់ ក៏គ្របសង្កត់​នូវរូប​ទាំងនោះ ហើយមាន​សេចក្ដី​សំគាល់​យ៉ាងនេះថា អាត្មាអញ ដឹង អាត្មាអញ​ឃើញ ១។ បុគ្គល មានសេចក្ដី​សំគាល់​ក្នុងរូប​ខាងក្នុង តែង​ឃើញ​នូវរូបខាងក្រៅ ជារូប​ប្រមាណ​មិនបាន មានសម្បុរល្អ ឬសម្បុរ​អាក្រក់ ក៏គ្របសង្កត់​នូវរូបទាំងនោះ ហើយមាន​សេចក្ដី​សំគាល់​យ៉ាងនេះថា អាត្មាអញ ដឹង អាត្មាអញ​ឃើញ ១។ បុគ្គលមិន​មាន​សេចក្ដី​សំគាល់ ក្នុងរូប​ខាងក្នុង តែង​ឃើញនូវ​រូបខាងក្រៅ ជារូបមាន​ប្រមាណតិច មានសម្បុរល្អ ឬសម្បុរអាក្រក់ ក៏គ្របសង្កត់​នូវរូបទាំងនោះ ហើយមានសេចក្ដី​សំគាល់​យ៉ាងនេះថា អាត្មាអញ ដឹង អាត្មាអញ​ឃើញ ១។ បុគ្គល​មិនមាន​សេចក្ដីសំគាល់ ក្នុងរូប​ខាងក្នុង តែង​ឃើញរូប​ខាងក្រៅ ជារូប​ប្រមាណ​មិនបាន មានសម្បុរល្អ ឬសម្បុរអាក្រក់ ក៏គ្រប​សង្កត់​នូវរូប​ទាំងនោះ ហើយមានសេចក្ដី​សំគាល់​យ៉ាងនេះថា អាត្មាអញ​ដឹង អាត្មាអញ​ឃើញ ១។ បុគ្គល មិនមាន​សេចក្ដី​សំគាល់ ក្នុងរូប​ខាងក្នុង តែងឃើញ​នូវរូប​ខាងក្រៅ ជារូបខៀវ មាន​សម្បុរខៀវ ឆ្លុះចេញ​នូវពណ៌ខៀវ មានពន្លឺ​ខៀវ ១។បេ។ ជារូបលឿង មានសម្បុរ​លឿង ឆ្លុះ​ចេញនូវ​ពណ៌លឿង មានពន្លឺ​លឿង ១។បេ។ ជារូប​ក្រហម មានសម្បុរក្រហម ឆ្លុះចេញ​នូវពណ៌​ក្រហម មានពន្លឺ​ក្រហម ១។បេ។ ជារូប​ស មានសម្បុរស ឆ្លុះ​ចេញ​នូវ​ពណ៌ស មានពន្លឺស ក៏គ្របសង្កត់​នូវរូប​ទាំងនោះ ហើយមាន​សេចក្ដី​សំគាល់​យ៉ាងនេះថា អាត្មាអញ​ដឹង អាត្មាអញ​ឃើញ ១។ ម្នាលភិក្ខុ​ទាំងឡាយ ធម៌ ៨ ប្រការនេះ បុគ្គល​ត្រូវ​ពិចារណា ដើម្បីដឹង​ច្បាស់​នូវរាគៈ។

[១១៣] ម្នាលភិក្ខុទាំងឡាយ ធម៌ ៨ ប្រការ បុគ្គល​ត្រូវចំរើន ដើម្បីដឹង​ច្បាស់​នូវរាគៈ។ ធម៌ ៨ ប្រការ តើដូចម្ដេចខ្លះ។ បុគ្គល​មានរូបជ្ឈាន តែង​ឃើញរូប គឺ​កសិណ​ទាំងឡាយ មាន​នីលកសិណ​ជាដើម មិនមាន​សេចក្ដីសំគាល់​ក្នុង​រូបខាង​ក្នុង (មានសក់​ជាដើម​របស់ខ្លួន) តែងឃើញ​រូប​ខាងក្រៅ គឺកសិណ មាន​នីលកសិណ​ជាដើម ជាអ្នក​មានចិត្ត​ចុះស៊ប់​ថា វណ្ណកសិណ​បរិសុទ្ធ ១។ ព្រោះកន្លងបង់​នូវរូបសញ្ញា​ ដោយ​ប្រការ​ទាំងពួង វិនាសទៅ​នៃបដិឃសញ្ញា មិនបាន​ធ្វើទុក​ក្នុងចិត្ត​នូវនានត្តសញ្ញា ក៏ចូលកាន់​អាកាសានញ្ចាយតនជ្ឈាន ដោយធ្វើ​ទុកក្នុង​ចិត្តថា អាកាស​មិនមាន​ទីបំផុត ១។ ព្រោះកន្លង​នូវ​អាកាសានញ្ចាយតនជ្ឈាន ដោយ​ប្រការ​ទាំងពួង ក៏ចូលកាន់​វិញ្ញាណញ្ចាយតនជ្ឈាន ដោយការធ្វើ​ទុក​ក្នុងចិត្ត​ថា វិញ្ញាណ​មិនមាន​ទីបំផុត ១។ ព្រោះ​កន្លង​នូវវិញ្ញាណញ្ចាយតនជ្ឈាន ដោយប្រការ​ទាំងពួង ក៏ចូល​កាន់​អាកិញ្ចញ្ញា​យតនជ្ឈាន ដោយការធ្វើទុក​ក្នុងចិត្តថា អ្វីតិចតួច​មិនមាន ១។ ព្រោះ​កន្លង​នូវ​អាកិញ្ចញ្ញាយតនជ្ឈាន ដោយ​ប្រការទាំងពួង ក៏ចូល​កាន់​នេវសញ្ញានាសញ្ញា​យតនជ្ឈាន ១។ ព្រោះ​កន្លងនូវ​នេវសញ្ញានាសញ្ញាយតនជ្ឈាន ដោយ​ប្រការ​ទាំងពួង ក៏ចូល​កាន់​សញ្ញាវេទយិតនិរោធ (សេចក្ដីរលត់​នៃសញ្ញា និងវេទនា) ១។ ម្នាលភិក្ខុ​ទាំងឡាយ ធម៌៨ ប្រការ​នេះ បុគ្គល​គប្បីចំរើន ដើម្បីដឹង​ច្បាស់នូវរាគៈ។

[១១៤] ម្នាលភិក្ខុទាំងឡាយ ធម៌ ៨ ប្រការនេះ បុគ្គល​គប្បីចំរើន ដើម្បីកំណត់​ដឹង ដើម្បី​អស់រលីង ដើម្បីលះបង់ ដើម្បីអស់ទៅ ដើម្បីសូន្យទៅ ដើម្បីវិនាសទៅ ដើម្បីរលត់ ដើម្បី​លះលែង ដើម្បី​រលាស់​ចេញ​នូវរាគៈ។ ធម៌ ៨ ប្រការនេះ បុគ្គល​គប្បីចំរើន ដើម្បីដឹងច្បាស់ ដើម្បី​កំណត់​ដឹង ដើម្បីអស់រលីង ដើម្បីលះបង់ ដើម្បីអស់ទៅ ដើម្បីសូន្យទៅ ដើម្បីវិនាសទៅ ដើម្បីរលត់ ដើម្បីលះលែង ដើម្បីរលាស់​ចេញ​នូវទោសៈ មោហៈ កោធៈ ឧបនាហៈ មក្ខៈ បលាសៈ ឥស្សា មច្ឆរិយៈ មាយា សាថេយ្យៈ ថម្ភៈ សារម្ភៈ មានៈ អតិមានៈ មទៈ បមាទៈ។

ចប់ អដ្ឋកនិបាត។

ចប់ ភាគ៤៨។

មាតិកា

លេខ ទំព័រ លេខ​សម្គាល់
សុត្តន្តបិដក sut
អង្គុត្តរនិកាយ sut.an
អដ្ឋកនិបាត អនវមភាគ sut.an.08
បឋមបណ្ណាសក
មេត្តាវគ្គ ទី១ sut.an.08.v01
មហាវគ្គ ទី ២ ៤១ sut.an.08.v02
គហបតិវគ្គ ទី៣ ១០៨ sut.an.08.v03
ទានវគ្គ ទី៤ ១៦០ sut.an.08.v04
ឧបោសថវគ្គ ទី៥ ១៨៣ sut.an.08.v05
បណ្ណាសកាសង្គហិតវគ្គ
សន្ធានវគ្គ ទី១ ២២៩ sut.an.08.v06
ចាលវគ្គ ទី២ ២៦៦ sut.an.08.v07
យមកវគ្គ ទី៣ ៣០៥ sut.an.08.v08
សតិវគ្គ ទី៤ ៣៤៨ sut.an.08.v09
វគ្គ ទី៥ ៣៦៩ sut.an.08.v10-11

1)
ពាក្យថា បដិច្ចកម្មនេះ ជាឈ្មោះអំពើ​របស់​អ្នកដែល​គ្រាន់តែ​បរិភោគសាច់ ក៏​បាននាមថា​សម្លាប់សត្វដែរ ឬជាឈ្មោះ​អំពើ​ដែល​គេសម្លាប់​ព្រោះ​អាស្រ័យ​ខ្លួន ពុំ​នោះ​សោត ពាក្យថា បដិច្ចកម្មនេះ ជាឈ្មោះ​របស់​និមិត្តកម្ម។ លទ្ធិពួក​និគ្រន្ថ​ប្រកាន់​ថា បដិច្ចកម្មនោះ ជា​អកុសល ត្រូវបាន​ដល់អ្នក​ឲ្យ​ពាក់កណ្តាល អ្នកទទួល​ពាក់កណ្តាល។ អដ្ឋកថា។
2)
សំដៅ​យកការ​ប្រព្រឹត្តិ​ក្បត់ចិត្ត​ប្តី។
3)
បាន​សេច​ក្តី​ថា គួរ​ធ្វើជាទូត គឺ​ជាអ្នក​ទទួល​ពាក្យ​បណ្តាំ។
4)
បាន​ដល់បុគ្គល​ដែល​ផុតស្រឡះ​ចាក​ចំណែក​ទាំងពីរ គឺ​ផុតស្រឡះ​ចាករូបកាយ ដោយអរូបសមាបត្តិ ១ ផុតស្រឡះ​ចាក​នាមកាយ ដោយមគ្គ ១។
5)
បានដល់បុគ្គល​ជា​សុក្ខវិបស្សកៈ។
6)
បានដល់បុគ្គល​ដែលបាននូវឈានសម្ផស្ស​ជាដំបូង ទើបធ្វើ​ឲ្យជាក់ច្បាស់​នូវ​ព្រះនិព្វាន​ជាខាងក្រោយ។
7)
បានដល់​បុគ្គល​ដែល​ដឹងច្បាស់ ឃើញ​ច្បាស់ ធ្វើឲ្យជាក់ច្បាស់ ដោយបញ្ញា​ថា សង្ខារទាំងឡាយ​ រមែង​នាំមក​នូវ​ទុក្ខ មានតែ​ព្រះនិព្វាន ទើបបានសុខ គឺថា ឃើញច្បាស់នូវ​អរិយសច្ចទាំង ៤ ដោយបញ្ញា។
8)
បានដល់បុគ្គល​ដែល​ផុតស្រឡះ​ ចាកកិលេស​ដោយសទ្ធា សេចក្តី​ដូចគ្នានឹង​ទិដ្ឋិប្បត្តបុគ្គល ប្លែកគ្នាតែត្រង់​សេចក្តី​ជឿស៊ប់សួន ក្នុងខណៈ​ដែល​បាន​នូវមគ្គ​ជាចំណែក​ខាងដើម។
9)
បានដល់បុគ្គលដែល​ចំរើន​នូវមគ្គ មានធម៌ គឺបញ្ញាជាប្រធាន។
10)
ប្រហែលគ្នានឹង​ធម្មានុសារីបុគ្គល។
11)
តណ្ហា ទិដ្ឋិ មានះ។ អដ្ឋកថា។
12)
អាការ ១៦ នោះ សំដៅយក​ បបួល​អ្នកដទៃ ៨ ចូល​មកទៀតផង។ អដ្ឋកថា។
13)
សំដៅយកសិក្ខាបទ ៦ ពីបាណាតិបាត ដល់វិកាលភោជនៈ។
14)
សំដៅយក​កាយសំសគ្គៈ ការចាប់​ពាល់​ត្រូវ​កាយភិក្ខុនី។ អដ្ឋកថា។
15)
ហៅតាម​បវេណី ព្រោះបុព្វបុរស គឺ​ត្រកូលរបស់​បុរសនោះ កើតក្បែរផ្លូវខ្លាធំ។ អដ្ឋកថា។
16)
អ្នកចង់ស៊ីផ្លែល្វា មិនបេះឲ្យល្មម​តែបរិភោគឆ្អែត ទៅចាប់​ដើម​អង្រន់ ឲ្យជ្រុះ​ផ្លែទាំង​អស់នោះតែម្តង ហើយរើសយក​តែផ្លែណាដែល​គួរស៊ីបាន ផ្លែ​ក្រៅពីនោះ នៅសល់ចោលជាច្រើន។ អដ្ឋកថា។
17)
អន្តរាយ មាន ៣ យ៉ាងគឺ ជីវិតន្តរាយ ១ សមណធម្មន្តរាយ ១ សគ្គមគ្គន្តរាយ ១។ អដ្ឋកថា។
18)
ធម៌​សម្រាប់ជាប់​ជំពាក់ មាន៥យ៉ាងគឺ សវនសំសគ្គៈ ជាប់​ជំពាក់​ដោយ​ការឮ​សំឡេង ១ ទស្សនសំសគ្គៈ ជាប់​ជំពាក់​ដោយ​ការឃើញ​រូប ១ សមុល្លាបសំសគ្គៈ ជាប់ជំពាក់​ដោយពាក្យសំដី ១ សម្ភោគសំសគ្គៈ ជាប់ជំពាក់​ដោយ​ការប្រើ​របស់ភិក្ខុ-ភិក្ខុនី ១ កាយសំសគ្គៈ ជាប់ជំពាក់​ដោយ​កាយសម្ផស្ស ១។ អដ្ឋកថា មជ្ឈិមនិកាយ មូលបណ្ណាសក ត្រង់​រថវនីតសូត្រ។
19)
បុគ្គលដែល​មិនចងពៀរ​នឹងខ្លួន សម្បូណ៌​ដោយគុណធម៌ មនុស្សចាស់ កូនក្មេងតូច។ អដ្ឋកថា។
km/tipitaka/book_048.txt · ពេលកែចុងក្រោយ: 2023/03/28 09:19 និពន្ឋដោយ Johann