User Tools

Site Tools


Translations of this page?:
km:tipitaka:book_057

មាតិកា

-Namo tassa bhagavato arahato sammā-
ព្រះ​ត្រៃបិដកភាសាខ្មែរ - Tipiṭaka Khmer language
ភាគ ០៥៧ - Book 057

Ven. Members of the Sangha, Ven. Theras Valued Upasaka, valued Upasika This is a Work Edition! 1.Edition 20180607 Do not share it further except for editing and working purposes within the transcription project on sangham.net. Only for personal use. If you find any mistake or like to join the merits please feel invited to join here: sangham.net or Upasika Norum on sangham.net Anumodana!

សូម​ថ្វាយ​បង្គំ​ចំពោះ​ព្រះ​សង្ឃ, ជំរាបសួរ​ឧបាសក និង​ឧបាសិកា​ទាំង​អស់ នេះ​គឺ​ជា​សេចក្តី​ព្រាងច្បាប់​ការ​បោះ​ពុម្ព​ផ្សាយ! 1.Edition 20180607 សូម​កុំ​ចែក​រំលែក​បន្ថែម​ទៀត ប្រសិន​បើ​មិន​មែន​សម្រាប់​ការ​កែសម្រួល​នៅ sangham.net និង​កិច្ច​ការ​នេះ។ សូម​គិត​ថា​លោក​អ្នក​ត្រូវ​បាន​អញ្ជើញ​ដើម្បី​ចូល​រួម​បុណ្យកុសល​នេះ និង​សូមប្រាប់​ពួក​យើង​អំពី​កំហុស និង​ប្រើវេទិកា​នេះ: sangham.net ឬ​ប្រាប់​ឧបាសិកា Norum នៅ​លើ sangham.net សូម​អនុមោទនា!

A topic about progress and feedback can be found here: ព្រះ​ត្រៃបិដក ភាគ ០៥៧ - Tipitaka Book 057, for change log on ati.eu see here: រាយការណ៍ ភាគ ០៥៧



book_057.jpg

លេខសម្គាល់
លេខទំព៍រ

ព្រះ​ត្រៃបិដក ភាគ ទី ៥៧

ទ. ១

សុត្តន្តបិដក

ខុទ្ទកនិកាយគ

sut.kn | book_057

ថេរគាថា | ថេរីគាថា

ឆដ្ឋភាគ ភាគ ៥៧

នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស។

ខ្ញុំ​សូម​នមស្ការ ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ ជា​អរហន្ត​សម្មាសម្ពុទ្ធ ព្រះ​អង្គ​នោះ។

ថេរគាថា

សត្តកនិបាត

sut.kn.tha.07 | book_057

(៧. សត្តកនិបាតោ)

សុន្ទរសមុទ្ទត្ថេរ

sut.kn.tha.07.01 | book_057

(១. សុន្ទរសមុទ្ទត្ថេរគាថា)

[២២៥] ស្រីផ្កាមាស​តាក់​តែង ស្លៀក​ពាក់​ល្អ ទ្រទ្រង់​កម្រងផ្កា ស្អិតស្អាង​ហើយ មាន​ជើង​ស្រឡាប​ដោយ​ទឹក​ល័ខ ពាក់​ស្បែក​ជើង លុះ​ដោះ​ស្បែក​ជើង​ចេញ​ហើយ ក៏​ធ្វើ​អញ្ជលី​ចំពោះ​មុខ ស្រីផ្កាមាស​នោះ និយាយ​នូវ​ពាក្យ​ជា​ប្រធាន​នៃ​មិត្ត1) នឹង​ខ្ញុំ ដោយ​សំដី​ដ៏​ទន់​ពីរោះ​ថា លោក​នៅ​កំឡោះ​ហើយ​បួស លោក​ចូរ​ឋិត​នៅ​ក្នុង​ពាក្យ​ប្រដៅ​របស់​ខ្ញុំ លោក​ចូរ​បរិភោគ​កាម​ជា​របស់​មនុស្ស​ចុះ ខ្ញុំ​នឹង​ឲ្យ​សម្បត្តិ​ដ៏​ពេញ​ចិត្ត​ដល់​លោក។ ខ្ញុំ​បេ្តជ្ញា​ពាក្យ​ពិត​ដល់​លោក ឬ​នឹង​នាំ​ភ្លើង​ដល់​លោក។2) កាល​ណា​យើង​ទាំង​ពីរ​នាក់ ជា​មនុស្សចាស់​កាន់​ឈើច្រត់​ហើយ យើង​នឹង​បួស​ទាំង​ពីរ​នាក់ នឹង​កាន់​យក​នូវ​ជ័យជំនះ​ក្នុង​លោក​ទាំង​ពីរ។ ខ្ញុំ​បាន​ឃើញ​ស្រីផ្កាមាស​នោះ មក​ធ្វើ​អញ្ជលី តាក់​តែង ស្លៀក​ពាក់​ល្អ ដូច​ជា​ជាប់​អន្ទាក់​មច្ចុ លំដាប់​នុ៎ះ ខ្ញុំ​ក៏​បាន​ធ្វើ​ទុក​ក្នុង​ចិត្ត​ដោយ​ឧបាយ​​នៃ​បញ្ញា។បេ។3)

សុន្ទរសមុទ្ទត្ថេរ។

លកុណ្តកត្ថេរ

sut.kn.tha.07.02 | book_057

(២. លកុណ្ឌកភទ្ទិយត្ថេរគាថា)

[២២៦] ព្រះ​ភទ្ទិយត្ថេរ នៅ​ក្នុង​អម្ពាដការាម​ដ៏​ប្រសើរ ក្បែរ​ដង​ព្រៃ បាន​ដក​តណ្ហា ព្រម​ទាំង​ឫស​ចោល​អស់​ហើយ ជា​អ្នក​ប្រសើរ ចំរើន​ឈាន​ក្នុង​អារាម​នោះ។ទ. ២

ជនពួក​ខ្លះ ត្រេកអរ​ដោយ​សម្ភោរ ដោយ​ពិណ ដោយ​ស្គរជ័យ​ក៏​មាន ចំណែក​ខ្ញុំ​នៅ​ទៀប​គល់​ឈើ ត្រេកអរ​តែ​ក្នុង​ពុទ្ធសាសនា។ មួយ​ទៀត ព្រះ​ពុទ្ធ​ទ្រង់​ប្រទាន​ពរ​ដល់​ខ្ញុំ ៗ បាន​នូវ​ពរ​នោះ ខ្ញុំ​កាន់​យក​នូវ​កាយគតាសតិ​ជា​និច្ច ដើម្បី​លោក​ទាំង​អស់។ ពួក​ជន​ណា មើល​ងាយ​ខ្ញុំ​ដោយ​រូប​ក្តី ពួក​ជន​ណា តាម​ខ្ញុំ​ទៅ​ដោយ​សំឡេង4) ក្តី ពួក​ជន​ទាំង​នុ៎ះ សុទ្ធ​តែ​លុះ​អំណាច​នៃ​ឆន្ទ​រាគ មិន​ស្គាល់​ខ្ញុំ​ទេ។ បុគ្គល​ណា មិន​ដឹង​ធម៌​ខាង​ក្នុង ទាំង​មិន​ឃើញ​ធម៌​ខាង​ក្រៅ បុគ្គល​នោះ​ឯង ជា​មនុស្ស​ពាល មាន​ធម៌​ជា​គ្រឿង​រាំងរា​ជុំវិញ តែង​ត្រូវ​សំឡេង​នាំ​បន្សាត់​ទៅ។ បុគ្គល​ណា មិន​ដឹង​ធម៌​ខាង​ក្នុង ប៉ុន្តែ​ឃើញ​ច្បាស់​នូវ​ធម៌​ខាង​ក្រៅ បុគ្គល​នោះ ឈ្មោះ​ថា ឃើញ​ផល​ខាង​ក្រៅ ក៏​ត្រូវ​សំឡេង​បន្សាត់​ទៅ​ដែរ។ បុគ្គល​ណា ដឹង​ច្បាស់​នូវ​ធម៌​ខាង​ក្នុង ទាំង​ឃើញ​ច្បាស់​នូវ​ធម៌​ខាង​ក្រៅ បុគ្គល​នោះ ឈ្មោះ​ថា ជា​អ្នក​ឃើញ​ធម៌​ដែល​គ្មាន​អ្វី​រាំងរា តែង​មិន​ត្រូវ​សំឡេង​បន្សាត់​ទៅ​ឡើយ។

លកុណ្តកត្ថេរ។

ភទ្ទត្ថេរ

sut.kn.tha.07.03 | book_057

(៣. ភទ្ទត្ថេរគាថា)

[២២៧] ខ្ញុំ​ជា​កូន​ប្រុស​តែ​មួយ ជា​ទី​ស្រឡាញ់​របស់​មាតា ជា​ទី​ស្រឡាញ់​របស់​បិតា ដែល​មាតាបិតា​បាន​ហើយ ដោយ​ការ​ប្រព្រឹត្តិ​វត្ត​ដ៏​ច្រើន​ផង ដោយ​ការ​បន់​ស្រន់​ផង។ទ. ៣ ឯ​មាតា និង​បិតា​ទាំង​ពីរ​នោះ ជា​អ្នក​ប្រាថ្នា​សេចក្តី​ចំរើន ស្វែង​រក​ប្រយោជន៍ ទើប​នាំ​ខ្ញុំ​ទៅ​ថ្វាយ​ព្រះ​ពុទ្ធ ព្រោះ​សេចក្តី​អនុគ្រោះ (ដោយ​ពាក្យ​ថា) កូន​នេះ ធ្លាប់​សុខ ចំរើន​ដោយ​សេចក្តី​សុខ ខ្ញុំ​ព្រះ​អង្គ​បាន​ដោយ​លំបាក បពិត្រ​ព្រះ​លោកនាថ យើង​ខ្ញុំ​សូម​ថ្វាយ​កូន​នេះ ឲ្យ​ជា​អ្នក​បំរើ​ព្រះ​អង្គ អ្នក​ទ្រង់​ឈ្នះ​មារ។ ទើប​ព្រះ​សាស្តា​ទទួល​ខ្ញុំ ហើយ​ត្រាស់​ពាក្យ​នេះ​នឹង​ព្រះ​អានន្ទ​ថា អ្នក​ចូរ​បំបួស​កុមារ​នេះ​ឲ្យ​ឆាប់ កុមារ​នេះ​នឹង​បាន​ជា​បុរស​អាជានេយ្យ។ លុះ​ព្រះ​សាស្តា​អ្នក​ឈ្នះ​មារ ទ្រង់​ឲ្យ​បំបួស​ខ្ញុំ​រួច​ហើយ ក៏​ស្តេច​ចូល​ទៅ​កាន់​វិហារ នា​កាល​ព្រះ​អាទិត្យ​មិន​ទាន់​លិច លំដាប់​នោះ ចិត្ត​របស់​ខ្ញុំ​ក៏​ផុត​ចាក​អាសវៈ។ ត​ពី​នោះ​មក ព្រះ​សាស្តា ទ្រង់​ចេញ​ចាក​ទី​សម្ងំ លះ​បង់​ហើយ ត្រាស់​នឹង​ខ្ញុំ​ថា ម្នាល​ភទ្ទៈ អ្នក​ចូរ​មក ព្រះ​វាចា​នោះ បាន​ជា​ឧបសម្បទា​របស់​ខ្ញុំ។ ខ្ញុំ​បាន​ឧបសម្បទា ក្នុង​អាយុ ៧ ឆ្នាំ អំពី​កំណើត ខ្ញុំ​បាន​សម្រេច​វិជ្ជា ៣ ហើយ ឱ! ព្រះ​ធម៌​ល្អ​ណាស់​តើ។​

ភទ្ទត្ថេរ។

សោបាកត្ថេរ

sut.kn.tha.07.04 | book_057

(៤. សោបាកត្ថេរគាថា)

[២២៨] ខ្ញុំ​បាន​ឃើញ​ព្រះ​សាស្តា ព្រះ​អង្គ​ឧត្តម​ជាង​ជន ដែល​កំពុង​ចង្ក្រម ឰ​ដ៏​ម្លប់​ប្រាសាទ គឺគន្ធកុដិ ក៏​បាន​ចូល​ទៅ​គាល់​ព្រះ​សាស្តា​នោះ​ក្នុង​ទី​នោះ ហើយ​ថ្វាយ​បង្គំ​នូវ​ព្រះ​អង្គ​ជា​បុរស​ដ៏​ឧត្តម។ទ. ៤ ខ្ញុំ​ធ្វើ​នូវ​ចីវរ​ឆៀង​ស្មា​ម្ខាង ហើយ​ផ្គុំដៃ បាន​ដើរ​ចង្ក្រម​តាម​ព្រះ​ពុទ្ធ ព្រះ​អង្គ​ប្រាស​ចាក​ធូលី គឺ​រាគៈ ឧត្តម​ជាង​សព្វ​សត្វ។ លំដាប់​នោះ ព្រះ​សាស្តា ព្រះ​អង្គ​ទ្រង់​ឈ្លាសវៃ ជ្រាប​នូវ​ប្រស្នា បាន​សួរ​ប្រស្នា​ចំពោះ​ខ្ញុំ ៗ ក៏​មិន​តក់​ស្លុត មិន​ភិត​ភ័យ បាន​ឆ្លើយ​ប្រស្នា​ថ្វាយ​ព្រះ​សាស្តា។ កាល​ដែល​ខ្ញុំ​ឆ្លើយ​ប្រស្នា​ចប់​ហើយ ព្រះ​តថាគត ក៏​ទ្រង់​អនុមោទនា ហើយ​ទ្រង់​ទត​មើល​ភិក្ខុ​សង្ឃ បាន​ត្រាស់​សេចក្តី​នេះ​ថា។ សោបាកៈ​នេះ ប្រើប្រាស់​បច្ច័យ គឺ​ចីវរ បិណ្ឌបាត ទី​ដេក និង​ទី​អង្គុយ របស់​ពួក​អ្នក​ដែន​អង្គៈ​មគធៈ​ណា ពួក​ជន​អ្នក​ដែន​អង្គៈ​មគធៈ​នោះ ហៅ​ពេញ​ជា​មាន​លាភ។ មួយ​ទៀត ព្រះ​សាស្តា ត្រាស់​នូវ​ការ​ក្រោក​ទទួល និង​ការ​ប្រព្រឹត្តិ​សម​គួរ ថា​ជាលាភ​របស់​ពួក​ជន​អ្នក​ដែន​អង្គៈ​មគធៈ​នោះ។ (ព្រះ​សាស្តា​ត្រាស់​ថា) ម្នាល​សោបាកៈ តាំង​ពី​ថ្ងៃ​នេះ​ជា​ដើម​ទៅ អ្នក​ចូរ​មក​ចួប​នឹង​តថាគត​ចុះ ម្នាល​សោបាកៈ ការ​ដោះ​ស្រាយ​ប្រស្នា​នេះ​ឯង ចូរ​ជា​ឧបសម្បទា​ទ. ៥របស់​អ្នក​ចុះ។ ខ្ញុំ​មាន​អាយុ ៧ ឆ្នាំ អំពី​កំណើត ក៏​បាន​ឧបសម្បទា ទ្រទ្រង់​រាង​កាយ​ជា​ទី​បំផុត ឱ! ព្រះ​ធម៌​ល្អ​ណាស់​តើ។

សោបាកត្ថេរ។

សរភង្គត្ថេរ

sut.kn.tha.07.05 | book_057

(៥. សរភង្គត្ថេរគាថា)

[២២៩] ខ្ញុំ (កាល​នៅ​ជា​តាបស) បាន​ច្រូត​ស្បូវ​ដោយ​ដៃ​ឯង ធ្វើ​កុដិ​សម្រាប់​នៅ ព្រោះ​ហេតុ​នោះ បាន​ជា​ឈ្មោះ​របស់​ខ្ញុំ​ថា សរភង្គ ដោយ​សម្មតិ។ ការ​ច្រូត​ស្បូវ​ដោយ​ដៃ មិន​គួរ​ដល់​ខ្ញុំ​ក្នុង​ថ្ងៃ​នេះ​ទេ ព្រោះ​សិក្ខាបទ​ទាំង​ឡាយ ព្រះ​គោតម​ដ៏​មាន​យស បាន​បញ្ញត្ត​ហើយ​ដល់​យើង។ ខ្ញុំ​ឈ្មោះ​សរភង្គ មិន​បាន​ឃើញ​រោគ ដែល​ពេញ​ពោរ​ទាំង​អស់ ក្នុង​កាល​មុន រោគ​នោះ ដែល​សរភង្គ អ្នក​ធ្វើ​តាម​ឱវាទ​នៃ​ព្រះ​សម្មាសម្ពុទ្ធ ជា​ទេវតា​ដ៏​ប្រសើរ បាន​ឃើញ​ហើយ។

ព្រះ​វិបស្សី ទ្រង់​យាង​ទៅ​ហើយ​តាមផ្លូវ​ណា ព្រះ​សិខី ព្រះ​វេស្សភូ ព្រះ​កកុសន្ធៈ ព្រះ​កោនាគមនៈ និង​ព្រះ​កស្សបៈ ទ្រង់​យាង​ទៅ​តាម​ផ្លូវ​ណា ព្រះ​គោតម ទ្រង់​យាង​ទៅ​តាម​ផ្លូវ​នោះ​ដែរ។

ព្រះ​ពុទ្ធ​ទាំង​ឡាយ ៧ ព្រះ​អង្គ ប្រាស​ចាក​តណ្ហា មិន​មាន​សេចក្តី​ប្រកាន់ យាង​ចុះ​កាន់​ព្រះ​និព្វាន ព្រះ​អង្គ​មាន​ធម្មកាយ​កើត​ហើយ ប្រកប​ដោយ​តាទិគុណ ទ្រង់​សំដែង​នូវ​ធម៌​នេះ គឺ​អរិយសច្ចៈ ៤ បាន​ដល់​ទុក្ខ សមុទ័យ មគ្គ និរោធ ជា​ទី​អស់​ទៅ​នៃ​ទុក្ខ ដើម្បី​អនុគ្រោះ​ដល់​ពួក​សត្វ។ទ. ៦ ទុក្ខ​ក្នុង​សង្សារ មិន​មាន​ទី​បំផុត ប្រព្រឹត្ត​ទៅ​ក្នុង​កាយ​ណា អំពី​ការ​បែកធ្លាយ​នៃ​កាយ​នេះ​ក្តី ការ​អស់​ទៅ​នៃ​ជីវិត​ក្តី ភព​ថ្មី​ដទៃ​ទៀត​មិន​មាន ខ្ញុំ​ផុត​ស្រឡះ​ហើយ​ចាក​កិលេស​ទាំង​អស់។

សរភង្គត្ថេរ។

ឧទ្ទាន

ព្រះ​ថេរៈ ៥ អង្គ គឺ​សុន្ទរសមុទ្ទត្ថេរ ១ លកុណ្តកភទ្ទិយត្ថេរ ១ ភទ្ទត្ថេរ ១ សោបាកត្ថេរ ១ សរភង្គមហាឥសី ១ ពោល​នូវ​គាថា ៣៥ ក្នុង​សត្តកនិបាត។

ចប់ សត្តកនិបាត។

អដ្ឋកនិបាត

sut.kn.tha.08 | book_057
ទ. ៧

(៨. អដ្ឋកនិបាតោ)

មហាកច្ចាយនត្ថេរ

sut.kn.tha.08.01 | book_057

(១. មហាកច្ចាយនត្ថេរគាថា)

[២៣០] បព្វជិត​មិន​គប្បី​ធ្វើ​នូវ​កម្ម​ច្រើន​ទេ គប្បី​លះ​បង់​ជន (បាបមិត្ត) មិន​គប្បី​ខ្វល់​ខ្វាយ (ដើម្បី​លាភ​ទេ) ព្រោះ​បព្វជិត​អ្នក​ខ្វល់​ខ្វាយ ជាប់​ចិត្ត​ក្នុង​រស រមែង​លះ​បង់​ប្រយោជន៍​ដែល​នាំ​មក​នូវ​សេចក្តី​សុខ។ ការ​ថ្វាយ​បង្គំ និង​ការ​បូជា​ណា ក្នុង​ត្រកូល​ទាំង​ឡាយ ពួក​ព្រះ​អរិយៈ ដឹង​ច្បាស់​នូវ​ការ​ថ្វាយ​បង្គំ និង​ការ​បូជា​នោះ​ថា ដូច​ជា​ភក់ ទាំង​ដឹង​ថា ជា​សរ​ដ៏​ឆ្មារ គេ​កម្រ​ដក​បាន ជា​គ្រឿង​សក្ការៈ​ដែល​បុរស​អាក្រក់ លះ​បង់​បាន​ដោយ​កម្រ។

បុគ្គល​មិន​គប្បី​សេព​នូវ​អំពើ​អាក្រក់​ដោយ​ខ្លួន​ឯង ព្រោះ​បំពេញ (ទុក្ខ) ដល់​សត្វ​ដទៃ (ទាំង​មិន​ញ៉ាំង​បុគ្គល​ដទៃ ឲ្យ​សេព​នូវ​អំពើ​អាក្រក់​នោះ​) ព្រោះ​ថា សត្វ​ទាំង​ឡាយ មាន​កម្ម​ជា​ផៅពង្ស។ បុគ្គល​ជា​ចោរ ព្រោះ​ពាក្យ​អ្នក​ដទៃ​ក៏​ទេ បុគ្គល​ជា​អ្នក​ប្រាជ្ញ ព្រោះ​ពាក្យ​អ្នក​ដទៃ​ក៏​ទេ បុគ្គល​ដឹង​ខ្លួន​ឯង​យ៉ាង​ណា សូម្បី​ពួក​ទេវតា ក៏​ដឹង​បុគ្គល​នោះ ដូច្នោះ​ដែរ។ ពួក​ជន​ផ្តេសផ្តាស រមែង​មិន​ដឹង​ច្បាស់​ថា យើង​ទាំង​ឡាយ​នឹង​លំបាក​ក្នុង​លោក​នេះ តែ​ពួក​ជន​ណា ដឹង​ច្បាស់​ក្នុង​ដំណើរ​នោះ ការ​ជំលោះ តែង​ស្ងប់​រម្ងាប់​ទៅ អំពី​សំណាក់​ពួក​ជន​នោះ។ បុគ្គល​ប្រកប​ដោយ​បញ្ញា បើ​ទុក​ជា​អស់​សម្បត្តិ​រលីង​ធេង ក៏​ឈ្មោះ​ថា​រស់​នៅ ឯ​បុគ្គល​មាន​សម្បត្តិ ឈ្មោះ​ថា​មិន​រស់​នៅ ព្រោះ​ការ​មិន​បាន​នូវ​បញ្ញា។ទ. ៨ បុគ្គល​រមែង​ស្តាប់​នូវ​សំឡេង​ទាំង​អស់​បាន​ដោយ​សារ​ត្រចៀក បុគ្គល​មាន​ចក្ខុ រមែង​ឃើញ​រូប​គ្រប់​យ៉ាង ចំណែក​អ្នក​ប្រាជ្ញ មិន​គួរ​លះ​ចោល (ឬ​ប្រកាន់) នូវ​អារម្មណ៍​ទាំង​ពួង ដែល​ខ្លួន​ឃើញ​ហើយ ឮ​ហើយ​ឡើយ។ បុគ្គល​អ្នក​មាន​ភ្នែក គប្បី​ធ្វើ​ដូច​ជា​ខ្វាក់ បុគ្គល​អ្នក​មាន​ត្រចៀក គប្បី​ធ្វើ​ដូច​ជា​ថ្លង់ បុគ្គល​អ្នក​មាន​បញ្ញា គប្បី​ធ្វើ​ដូច​ជា​គ បុគ្គល​អ្នក​មាន​កំឡាំង គប្បី​ធ្វើ​ដូច​ជា​អ្នក​ខ្សោយ​កំឡាំង តែ​កាល​បើហេតុ (មិន​គួរ​ធ្វើ) កើត​ឡើង​ហើយ ត្រូវ​ដេក​ដូច​ជា​ដេក​ស្លាប់។

មហាកច្ចាយនត្ថេរ។

សិរិមិត្តត្ថេរ

sut.kn.tha.08.02 | book_057

(២. សិរិមិត្តត្ថេរគាថា)

[២៣១] ភិក្ខុ​ណា គ្មាន​សេចក្តី​ក្រោធ មិន​ចង​សេចក្តី​ក្រោធ​ទុក មិន​មាន​មាយា ប្រាស​ចាក​សេចក្តី​ញុះញង់ ភិក្ខុ​មាន​សភាព​ដូច្នោះ​នោះ​ឯង រមែង​មិន​សោយ​សោក​ក្នុង​ខាង​មុខ ដោយ​សេចក្តី​ប្រតិបត្តិ​យ៉ាង​នេះ។ ភិក្ខុ​ណា គ្មាន​សេចក្តី​ក្រោធ មិន​ចង​សេចក្តី​ក្រោធ​ទុក មិន​មាន​មាយា ប្រាស​ចាក​សេចក្តី​ញុះញង់ មាន​ទ្វារ​រក្សា​ហើយ​គ្រប់​កាល ភិក្ខុ​នោះ រមែង​មិន​សោយ​សោក​ក្នុង​ខាង​មុខ ដោយ​សេចក្តី​ប្រតិបត្តិ​យ៉ាង​នេះ។ ភិក្ខុ​ណា គ្មាន​សេចក្តី​ក្រោធ មិន​ចង​សេចក្តី​ក្រោធ​ទុក មិន​មាន​មាយា ប្រាស​ចាក​សេចក្តី​ញុះញង់ មាន​សីល​ល្អ ភិក្ខុ​នោះ រមែង​មិន​សោយ​សោក​ក្នុង​ខាង​មុខ ដោយ​សេចក្តី​ប្រតិបត្តិ​យ៉ាង​នេះ។ ភិក្ខុ​ណា គ្មាន​សេចក្តី​ក្រោធ មិន​ចង​សេចក្តី​ក្រោធ​ទុក មិន​មាន​មាយា ប្រាស​ចាក​សេចក្តី​ញុះញង់ មាន​មិត្ត​ល្អ ភិក្ខុ​នោះ រមែង​មិន​សោក​ស្តាយ ក្នុង​កាល​ខាង​មុខ ដោយ​សេចក្តី​ប្រតិបត្តិ​យ៉ាង​នេះ។ទ. ៩ ភិក្ខុ​ណា គ្មាន​សេចក្តី​ក្រោធ មិន​ចង​សេចក្តី​ក្រោធ​ទុក មិន​មាន​មាយា ប្រាស​ចាក​សេចក្តី​ញុះញង់ មាន​បញ្ញា​ល្អ ភិក្ខុ​នោះ រមែង​មិន​សោក​ស្តាយ ក្នុង​កាល​ខាង​មុខ ដោយ​សេចក្តី​ប្រតិបត្តិ​យ៉ាង​នេះ។ បុគ្គល​ណា មាន​សទ្ធា​មិន​ញាប់​ញ័រ បាន​ដំ​កល់​ស៊ប់​ក្នុង​ព្រះ​តថាគត​ផង បុគ្គល​ណា មាន​សីល​ល្អ ជា​ទី​ត្រេកអរ​នៃ​ព្រះ​អរិយៈ ដែល​ព្រះ​អរិយៈ​សរសើរ​ហើយ​ផង បុគ្គល​ណា មាន​សេចក្តី​ជ្រះ​ថ្លា​ក្នុង​សង្ឃ​ផង បុគ្គល​ណា មាន​ការ​យល់​ឃើញ​ត្រង់​ផង អ្នក​ប្រាជ្ញ​ទាំង​ឡាយ ហៅ​បុគ្គល​នោះ ថា​ជា​អ្នក​មិន​ខ្សត់ ជីវិត​របស់​បុគ្គល​នោះ មិន​មែន​ជា​មោឃៈ​ទេ។ ព្រោះ​ហេតុ​នោះ មេធាវី​បុគ្គល កាល​រលឹក​នូវ​ពាក្យ​ប្រដៅ​របស់​ព្រះ​ពុទ្ធ​ទាំង​ឡាយ គួរ​ប្រកប​រឿយ ៗ នូវ​សទ្ធា​ផង សីល​ផង សេចក្តី​ជ្រះ​ថ្លា​ផង ការ​យល់​ធម៌​ផង។

សិរិមិត្តត្ថេរ។

មហាបន្ថកត្ថេរ

sut.kn.tha.08.03 | book_057

(៣. មហាបន្ថកត្ថេរគាថា)

[២៣២] កាល​ណា​ខ្ញុំ​ឃើញ​ព្រះ​សាស្តា ព្រះ​អង្គ​គ្មាន​ភ័យ​អំពី​ទី​ណា​ជា​ដំបូង ក្នុង​កាល​នោះ សេចក្តី​សង្វេគ​ក៏​មាន​ដល់​ខ្ញុំ ព្រោះ​ឃើញ​ព្រះ​សាស្តា​ជា​ឧត្តម​បុរស។ អ្នក​ណា ច្រាន​សិរី​ដែល​មក (រក​ខ្លួន​) ដោយ​ដៃ ឬ​ជើងទ. ១០ អ្នក​នោះ ឈ្មោះ​ថា ញ៉ាំង​ព្រះ​សាស្តា​បែប​នេះ ឲ្យ​ត្រេកអរ ហើយ​ឲ្យ​ប្រាស​ចាក​សេចក្តី​ត្រេកអរ​វិញ។ ក្នុង​កាល​នោះ ខ្ញុំ​លះ​ចោល​កូន និង​ប្រពន្ធ​ផង ទ្រព្យ និង​ស្រូវ​ផង កោរសក់ និងពុកចង្កា ហើយ​ចូល​ទៅ​កាន់​ផ្នួស។ ខ្ញុំ​បរិបូណ៌​ដោយ​សិក្ខា និង​សាជីវៈ សង្រួម​នូវ​ឥន្ទ្រិយ​ទាំង​ឡាយ ជា​អ្នក​មិន​ចាលចាញ់​កិលេស តែង​នមស្ការ​ព្រះ​សម្ពុទ្ធ សម្រាន្ត​នៅ។ ខណៈ​នោះ សេចក្តី​តាំង​ចិត្ត ខ្ញុំ​បាន​តម្កល់​ហើយ​ថា កាល​បើ​ខ្ញុំ​មិន​ទាន់​ដក​សរ គឺ​តណ្ហា​បាន​ទេ ខ្ញុំ​មិន​អង្គុយ​សូម្បី​មួយ​រំពេច។ អ្នក​ចូរ​មើល​សេចក្តី​ព្យាយាម និង​ការ​ប្រឹងប្រែង​របស់​ខ្ញុំ​នោះ​យ៉ាង​នេះ វិជ្ជា ៣ ខ្ញុំ​បាន​សម្រេច​ហើយ ពុទ្ធសាសនា ខ្ញុំ​បាន​ធ្វើ​ហើយ។ ខ្ញុំ​ដឹង​នូវ​បុព្វេ​និវាស ទិព្វចក្ខុ ខ្ញុំ​ក៏​បាន​ជម្រះ​ហើយ ខ្ញុំ​ជា​ព្រះ​អរហន្ត គួរ​ទទួល​នូវ​ទក្ខិណាទាន មាន​ចិត្ត​រួច​ស្រឡះ​ហើយ មិន​មាន​ឧបធិ។ លំដាប់​នោះ ក្នុង​កាល​រាត្រី​អស់​ទៅ ព្រះ​អាទិត្យ​ក៏​រះ​ឡើង ខ្ញុំ​បាន​ធ្វើ​តណ្ហា​ទាំង​អស់​ឲ្យ​រីងស្ងួត ហើយ​អង្គុយ​ដោយ​ភ្នែន។

មហាបន្ថកត្ថេរ។

ឧទ្ទាន

ព្រះ​ថេរៈ ៣ អង្គ គឺ​មហាកច្ចាយនត្ថេរ ១ សិរីមិត្តត្ថេរ ១ មហាបន្ថកត្ថេរ ១ បាន​សំដែង​គាថា​ទាំង​ឡាយ ២៤ ក្នុង​អដ្ឋកនិបាត។

ចប់ អដ្ឋកនិបាត។

នវកនិបាត

sut.kn.tha.09 | book_057

(៩. នវកនិបាតោ)

ភូតត្ថេរ

sut.kn.tha.09.01 | book_057
ទ. ១១

(១. ភូតត្ថេរគាថា)

[២៣៣] ពួក​បុថុជ្ជន មិន​ដឹង​ថា ជរា មរណៈ​ជា​ទុក្ខ ហើយ​ជាប់​ចំពាក់​ក្នុង​ឧបាទានក្ខន្ធ​ណា អ្នក​ប្រាជ្ញ​មាន​ស្មារតី បាន​កំណត់​ដឹង (នូវ​ឧបាទានក្ខន្ធ​នោះ​) ថា​ជា​ទុក្ខ ហើយ​ចំរើន​ឈាន ក្នុង​កាល​ណា កាល​នោះ រមែង​មិន​បាន​នូវ​សេចក្តី​ត្រេកអរ លើ​ស​លុប​ជាង​ឈាន​នោះ​ឡើយ។ បណ្ឌិត លុះ​លះ​បង់​នូវ​តណ្ហា ដែល​នាំ​មក​នូវ​សេចក្តី​ទុក្ខ ជា​ធម្មជាតិ​ផ្សាយ​ទៅ​ក្នុង​អារម្មណ៍​ផ្សេង ៗ នាំ​មក​នូវ​កិលេស ជា​គ្រឿង​នាំ​សត្វ​ឲ្យ​យឺតយូរ និង​សេចក្តី​ទុក្ខ ដូច​ជា​ឃ្នាប មាន​ស្មារតី​ចំរើន​ឈាន ក្នុង​កាល​ណា កាល​នោះ រមែង​មិន​បាន​នូវ​សេចក្តី​ត្រេកអរ​ដ៏​លើសលុប​ជាង​ឈាន​នោះ​ឡើយ។ បុគ្គល​ពាល់​ត្រូវ​មគ្គ​ដ៏​ឧត្តម ប្រកប​ដោយ​អង្គ ៤ ពី​រដង​ដ៏​ក្សេម ជា​គ្រឿង​ជម្រះ​នូវ​កិលេស​ទាំង​អស់​ដោយ​បញ្ញា ជា​អ្នក​មាន​ស្មារតី ចំរើន​ឈាន ក្នុង​កាល​ណា កាល​នោះ រមែង​មិន​បាន​នូវ​សេចក្តី​ត្រេកអរ​ដ៏​ក្រៃលែង​ជាង​ឈាន​នោះ​ឡើយ។ បុគ្គល​ចំរើន​នូវ​សន្តបទ ដែល​ឥត​មាន​សោក ប្រាស​ចាក​ធូលី គឺ​កិលេស ឥតមាន​បច្ច័យ​តាក់​តែង ជា​គ្រឿង​ជម្រះ​នូវ​កិលេស​ទាំង​អស់ ផ្តាច់​នូវ​ចំណង គឺ​សញ្ញោជនៈ ក្នុង​កាល​ណា កាល​នោះ រមែង​មិន​បាន​នូវ​សេចក្តី​ត្រេកអរ​ដ៏​ក្រៃលែង ជាង​ការ​ចំរើន​នូវ​សន្តបទ​នោះ​ឡើយ។ទ. ១២ ផ្គរលាន់​ក្នុង​អាកាស ទទឹក​ភ្លៀង​ពាស​ពេញ​​ដោយ​ជុំវិញ​ឰ​ដ៏​អាកាស ក្នុង​កាល​ណា កាល​នោះ ភិក្ខុ​ចូល​ទៅ​នៅ​ក្នុង​ញកភ្នំ ចំរើន​ឈាន រមែង​មិន​បាន​នូវ​សេចក្តី​ត្រេកអរ​ជាង​ឈាន​នោះ​ឡើយ។ ភិក្ខុ​អង្គុយ​ក្បែរ​ឆ្នេរ​ស្ទឹង​ទាំង​ឡាយ ដ៏​ដេរដាស​ដោយ​ផ្កា មាន​ផ្កាឈើ​ក្នុង​ព្រៃ​ដ៏​វិចិត្រ ជា​គ្រឿង​ប្រដាប់ មាន​ចិត្ត​ល្អ ចំរើន​ឈាន ក្នុង​កាល​ណា កាល​នោះ រមែង​មិន​បាន​នូវ​សេចក្តី​ត្រេកអរ​ដ៏​លើសលុប​ជាង​ឈាន​នោះ​ឡើយ។ កាល​បើ​ភ្លៀង​ធ្លាក់​ចុះ​ក្នុង​ព្រៃ​ស្ងាត់ ពេល​យប់ ពួក​សត្វ​មាន​ចង្កូម បន្លឺ​ឡើង ចំណែក​ភិក្ខុ​ចូល​ទៅ​កាន់​ញកភ្នំ ហើយ​ចំរើន​ឈាន ក្នុង​កាល​ណា កាល​នោះ រមែង​មិន​បាន​នូវ​សេចក្តី​ត្រេកអរ​ដ៏​លើសលុប ជាង​ឈាន​នោះ​ឡើយ។ ភិក្ខុ​អាស្រ័យ​នៅ​ចន្លោះ​ភ្នំ ក្នុង​កណ្តាល​នៃ​ភ្នំ បិទ​នូវ​វិតក្កៈ​ទាំង​ឡាយ​​របស់​ខ្លួន ប្រាស​ចាក​សេចក្តី​ខ្វល់ ប្រាស​ចាក​​សេចក្តី​រឹងត្អឹង​នៃ​ចិត្ត ហើយ​ចំរើន​ឈាន ក្នុង​កាល​ណា កាល​នោះ រមែង​មិន​បាន​នូវ​សេចក្តី​ត្រេកអរ​ដ៏​លើសលុប​ជាង​ឈាន​នោះ​ឡើយ។ទ. ១៣

(ភិក្ខុ​) ជា​អ្នក​មាន​សេចក្តី​សុខ ជា​អ្នក​ធ្វើ​សេចក្តី​រឹងត្អឹង​ជា​មន្ទិល និង​សេចក្តី​សោក​ឲ្យ​វិនាស ជា​អ្នក​គ្មាន​សន្ទះ​ទ្វារ គឺ​អវិជ្ជា គ្មានតណ្ហា ប្រាស​ចាក​សរ គឺ​រាគាទិក្កិលេស ធ្វើ​នូវ​អាសវៈ​ទាំង​អស់​ឲ្យ​វិនាស ចំរើន​ឈាន ក្នុង​កាល​ណា កាល​នោះ រមែង​មិន​បាន​នូវ​សេចក្តី​ត្រេកអរ​ដ៏​លើសលុប ជាង​ឈាន​នោះ​ឡើយ។

ភូតត្ថេរ។

ឧទ្ទាន

ព្រះ​ភូតត្ថេរ តែ​មួយ​អង្គ​ឯង ដូច​ជា​កុយរមាស ជា​អ្នក​ឃើញ​ពិត បាន​សំដែង​គាថា ៩ ដែល​មក​ក្នុង​នវកនិបាត។

ចប់ នវកនិបាត។

ទសកនិបាត

sut.kn.tha.10 | book_057
ទ. ១៤

(១០. ទសកនិបាតោ)

កាឡុទាយិត្ថេរ

sut.kn.tha.10.01 | book_057

(១. កាឡុទាយិត្ថេរគាថា)

[២៣៤] បពិត្រ​ព្រះ​អង្គ​ដ៏​ចំរើន ឥឡូវ​នេះ ពួក​ឈើ​មាន​ពណ៌​ដូច​រងើក​ភ្លើង ជិត​ផ្លែ​ហើយ ជម្រុះ​ស្លឹក​ចាស់​ចោល ឈើ​ទាំង​នោះ​រុងរឿង ដូច​ជា​អណ្តាត​ភ្លើង បពិត្រ​ព្រះ​អង្គ​មាន​ព្យាយាម​ធំ កាល​នេះ ជា​កាល​គួរ​បាន​ចំណែក​ធម្មរស​ហើយ។ ឈើ​ទាំង​ឡាយ ជា​ទី​រីករាយ​នៃ​ចិត្ត មាន​ផ្លែ ផ្សាយ​ក្លិន​សព្វ​ទិស​ដោយ​ជុំវិញ ជម្រុះ​ស្លឹក​ចាស់​ចោល ប្រុង​នឹង​ចេញ​ផ្លែ​ថ្មីទៀត បពិត្រ​ព្រះ​អង្គ​មាន​ព្យាយាម កាល​នេះ ជា​កាល​គួរ​ដើម្បី​ចេញ​ទៅ​អំពី​ទីនេះ។ បពិត្រ​ព្រះ​អង្គ​ដ៏​ចំរើន រដូវ​ដែល​មិន​ត្រជាក់​ពេក មិន​ក្តៅ​ពេក ជា​សុខ​ស្រួល គួរ​ដើរ​ទៅ​កាន់​ផ្លូវ​ឆ្ងាយ​បាន ពួក​សក្យៈ និង​ពួក​កោឡិយៈ សូម​ជួប​ព្រះ​អង្គ ដែល​មាន​ព្រះ​ភក្រ្ត​បែរត្រឡប់​មក​ខាង​ក្រោយ កំពុង​ឆ្លង​ស្ទឹង​រោហិណី។

អ្នក​ស្រែ ភ្ជួរស្រែ​ដោយ​សេចក្តី​ប្រាថ្នា ក៏​ព្រោះ​ពូជ​ដោយ​សេចក្តី​ប្រាថ្នា ពួក​ឈ្មួញ អ្នក​រក​ទ្រព្យ ឆ្លង​សមុទ្រ​ដោយ​សេចក្តី​ប្រាថ្នា។ ខ្ញុំ​ព្រះ​អង្គ ឋិត​នៅ​ដោយ​សេចក្តី​ប្រាថ្នា​ណា សេចក្តី​ប្រាថ្នា​របស់​ខ្ញុំ​ព្រះ​អង្គ​នោះ សូម​ឲ្យ​សម្រេច។ទ. ១៥

អ្នក​ស្រែ​ទាំង​ឡាយ ព្រោះ​ពូជ​រឿយ ៗ5) ទេវរាជ បង្អុរ​ភ្លៀង​ក៏​រឿយៗ ពួក​អ្នក​ស្រែ​ភ្ជួរស្រែ​រឿយ ៗ ពួក​អ្នក​ស្រែ​នោះ នាំ​ស្រូវ​ចូល​ទៅ​កាន់​ដែន​ក៏​រឿយ ៗ។ ពួក​ស្មូម​ត្រាច់​សូម​រឿយ ៗ អ្នក​ម្ចាស់​ទាន តែង​ឲ្យ​ក៏​រឿយៗ ពួក​ម្ចាស់​ទាន លុះ​ឲ្យ​រឿយ ៗ ហើយ តែង​ទៅ​កាន់​ឋានសួគ៌​ក៏​រឿយ ៗ ដែរ។ អ្នក​ប្រាជ្ញ​មាន​បញ្ញា​ដូច​ផែនដី កើត​ក្នុង​ត្រកូល​ណា រមែង​ញ៉ាំង​គូ​នៃ​បុរស ៧ ជួរ ក្នុង​ត្រកូល​នោះ ឲ្យ​ស្អាត ខ្ញុំ​ព្រះ​អង្គ​សំគាល់​ថា (ព្រះ​មាន​ព្រះ​ភាគ) ជា​ទេវតា​ប្រសើរ​ជាង​ទេវតា អាច (ធ្វើ​សត្វ​ដទៃ​ឲ្យ​ស្អាត​បាន​) ព្រោះ​អ្នក​ប្រាជ្ញ មាន​ព្រះ​នាម​ដ៏​ពិត កើត​ហើយ​អំពី​ព្រះ​អង្គ។ ព្រះ​បាទ​សុទ្ធោទនៈ ជា​បិតា​របស់​ព្រះ​ពុទ្ធ ព្រះ​អង្គ​ស្វែង​រក​នូវ​គុណ​ដ៏​ធំ ឯ​ព្រះ​មហេសី ព្រះ​នាម​មាយា ជា​ពុទ្ធមាតា ដែល​រក្សា​ព្រះ​ពោធិសត្វ​ដោយ​ផ្ទៃ លុះ​រំលាយ​ខន្ធ​ទៅ ត្រេកអរ​ក្នុង​តុសិត​ទេវ​លោក។ទ. ១៦

ព្រះ​នាង​ទេវី​នោះ ជាគោតមគោត្រ លុះ​ទិវង្គត​ច្យុត​ចាក​លោក​នេះ​ទៅ បាន​ស្កប់​ស្កល់​ដោយ​កាម​ជា​ទិព្វ​ទាំង​ឡាយ ព្រះ​នាង​ទ្រង់​រីករាយ​ដោយ​កាមគុណ​ទាំង ៥ មាន​ពពួក​ទេវតា​ទាំង​នោះ ចោមរោម​ហើយ។ ខ្ញុំ​ព្រះ​អង្គ​ជា​បុត្រ​នៃ​ព្រះ​ពុទ្ធ ព្រះ​អង្គ​មិន​មាន​បុគ្គល​ដទៃ​គ្រប​សង្កត់​បាន ព្រះ​នាម​អង្គីរសៈ មិន​មាន​បុគ្គល​ដទៃ​ប្រៀប​បាន ប្រកប​ដោយ​តាទិគុណ បពិត្រ​ព្រះ​អង្គ​ជា​សក្យៈ ព្រះ​អង្គ​ជា​បិតា​នៃ​បិតា​របស់​ខ្ញុំ​ព្រះ​អង្គ បពិត្រ​ព្រះ​គោតម ព្រះ​អង្គ​ជា​ជីតា​របស់​ខ្ញុំ​ព្រះ​អង្គ​ដោយ​ធម៌។

កាឡុទាយិត្ថេរ។

ឯកវិហារិយត្ថេរ

sut.kn.tha.10.02 | book_057

(២. ឯកវិហារិយត្ថេរគាថា)

[២៣៥] បើ​បុគ្គល​ដទៃ​មិន​មាន​អំពី​មុខ​ក្តី ក្រោយ​ក្តី សេចក្តី​សប្បាយ​ក្រៃពេក រមែង​មាន​ដល់​បុគ្គល​ម្នាក់​ឯង​នៅ​ក្នុង​ព្រៃ។ បើ​ដូច្នោះ អាត្មា​អញ​តែម្នាក់​ឯង នឹង​ទៅ​កាន់​ព្រៃ ដែល​ព្រះ​ពុទ្ធ​ទ្រង់​សរសើរ​ហើយ ជា​ទី​សប្បាយ​របស់​ភិក្ខុ​អ្នក​មាន​ចិត្ត​បញ្ជូន​ទៅ​កាន់​ព្រះ​និព្វាន ជា​អ្នក​នៅ​តែម្នាក់​ឯង។ អាត្មា​អញ​តែម្នាក់​ឯង ជា​អ្នក​ស្ទាត់​ក្នុង​ប្រយោជន៍ នឹង​ចូល​យ៉ាង​ឆាប់​ទៅ​កាន់​ព្រៃ ជា​ទី​ធ្វើ​ឲ្យ​កើត​បីតិ​ដល់​យោគាវចរ ជា​ទី​រីក​រាយ​ដែល​ដំរី​ចុះ​ប្រេង​សេពគប់​ហើយ។ អាត្មា​អញ ម្នាក់​ឯង នឹង​ស្រោច​ស្រប់​ខ្លួន ហើយ​ចង្ក្រម​ក្នុង​ព្រៃ​ត្រជាក់ មាន​ផ្ការីក​ស្គុះស្គាយ ក្បែរ​ជ្រោះ​ភ្នំ​ដ៏​ត្រជាក់។ទ. ១៧ អង្កាល់​ណា អាត្មា​អញ​នឹង​ទៅ​ជា​បុគ្គល​ម្នាក់​ឯង មិន​មាន​បុគ្គល​ជា​គំរប់​ពីរ មាន​សោឡស​កិច្ច​ធ្វើ​ហើយ ជា​អ្នក​មិន​មាន​អាសវៈ នៅ​ក្នុង​ព្រៃធំ ដែល​គួរ​រីករាយ។ សូម​សេចក្តី​ប៉ុនប៉ង​របស់​អាត្មា​អញ ដែល​ប្រាថ្នា​ដើម្បី​ធ្វើ​សេចក្តី​ព្យាយាម​យ៉ាង​នេះ បាន​សម្រេច អាត្មា​អញ​នឹង​ធ្វើ​ឲ្យ​សម្រេច (ព្រោះ​ថា) អ្នក​ដទៃ​ធ្វើ​ជួស​អ្នក​ដទៃ​ពុំបាន​ទេ។ ឥឡូវ​នេះ អាត្មា​អញ​នោះ នឹង​ចង​ក្រោះ គឺ​ព្យាយាម ហើយ​ចូល​ទៅ​កាន់​ព្រៃ បើ​អាត្មា​អញ មិន​ទាន់​សម្រេច​នូវ​ធម៌​ជា​គ្រឿង​អស់​អាសវៈ​ទេ នឹង​មិន​ចេញ​ពី​ព្រៃ​នោះ​ឡើយ។ កាល​បើ​ខ្យល់​ត្រជាក់ មាន​ក្លិន​ក្រអូប​បក់​ផ្សាយ​ទៅ អាត្មា​អញ​នឹង​អង្គុយ​លើ​កំពូល​ភ្នំ ហើយ​ទំលាយ​អវិជ្ជា​ឲ្យ​បាន។ អាត្មា​អញ​ទទួល​សេចក្តី​សុខ ដោយ​វិមុត្តិសុខ​ក្នុង​ព្រៃ មាន​ផ្កា​ដេរដាស ក្បែរ​ញកភ្នំ​ដ៏​ត្រជាក់ រួច​ហើយ​នឹង​ត្រេកអរ​ក្នុង​ក្រុង​រាជគ្រឹះ មាន​ភ្នំ​ព័ទ្ធជុំវិញ​ដូច​ក្រោល​គោ។ អាត្មា​អញ​នោះ មាន​តម្រិះ​គ្រប់​គ្រាន់ ដូច​ព្រះ​ចន្ទ​ក្នុង​ថ្ងៃ ១៥ កើត អស់​អាសវៈ​ទាំង​ពួង​ហើយ ឥឡូវ​នេះ ភព​ថ្មី​មិន​មាន​ទេ។

ឯកវិហារិយត្ថេរ។

មហាកប្បិនត្ថេរ។

sut.kn.tha.10.03 | book_057

(៣. មហាកប្បិនត្ថេរគាថា)

[២៣៦] បុគ្គល​ណា ពិចារណា​ឃើញ​នូវ​កិច្ច​ជា​ប្រយោជន៍ និង​មិន​ជា​ប្រយោជន៍​ទាំង​ពីរ​នោះ ដែល​មិន​ទាន់​មក​ដល់ ទុក​ជា​មុន ជន​ទាំង​ឡាយ ជា​សត្រូវ​ក្តី ជា​អ្នក​ស្វែង​រក​ប្រយោជន៍​ក្តី កាល​គយ​គន់​មើល រមែង​មិន​ឃើញ​នូវ​ទោស​នៃ​បុគ្គល​នោះ​ឡើយ។

ទ. ១៨ អានាបានស្សតិ ដែល​ព្រះ​យោគាវចរ​ណា បាន​ចំរើន​ល្អ​គ្រប់​គ្រាន់​ហើយ បាន​សន្សំ​ហើយ តាម​លំដាប់ ដូច​ព្រះ​ពុទ្ធ​ទ្រង់​សំដែង​មក ព្រះ​យោគាវចរ​នោះ រមែង​ញ៉ាំង​លោក​នេះ ឲ្យ​ភ្លឺ​ច្បាស់ ដូច​ព្រះ​ចន្ទ​ផុត​ចាក​ពពក។ ឱ ចិត្ត​របស់​អញ ស រក​ប្រមាណ​មិន​បាន អាត្មា​អញ បាន​អប់​រំ​ល្អ​ហើយ​ផង បាន​ផ្គង​ជា​និច្ច​ផង ញ៉ាំង​ទិស​ទាំង​ពួង​ឲ្យ​ភ្លឺ​ផង។ បុគ្គល​ប្រកប​ដោយ​ប្រាជ្ញា បើ​ទុក​ជា​អស់​ទ្រព្យ​រលីង ក៏​ឈ្មោះ​ថា រស់​នៅ ឯ​បុគ្គល​អ្នក​មាន​ទ្រព្យ មិន​ឈ្មោះ​ថា រស់​នៅ ព្រោះ​កិរិយា​មិន​បាន​នូវ​ប្រាជ្ញា។ ប្រាជ្ញា​ជា​គ្រឿង​វិនិច្ឆ័យ​នូវ​សុតៈ ប្រាជ្ញា​ជា​គ្រឿង​ញ៉ាំង​កិត្តិសព្ទ និង​សេចក្តី​សរសើរ​ឲ្យ​ចំរើន នរ​ជន​ប្រកប​ដោយ​ប្រាជ្ញា រមែង​បាន​នូវ​សេចក្តី​សុខ សូម្បី​ក្នុង​សភាវៈ​ដែល​ជា​ទុក្ខ។ ធម៌​នេះ មិន​មែន​ជា​ធម៌​ទើប​នឹង​មាន​ក្នុង​ថ្ងៃ​នេះ​ទេ ជា​ធម៌​មិន​អស្ចារ្យ មិន​មែន​ជា​ធម៌​ចំឡែក​ទេ សត្វ​កើត​ស្លាប់ ក្នុង​លោក​ណា ហេតុ​តិចតួច​ក៏​មិន​ចំឡែក​ក្នុង​លោក​នោះ។ សេចក្តី​ពិត​ថា បន្ទាប់​អំពី​ការ​កើតមក មាន​សេចក្តី​ស្លាប់​ចាក​ជីវិត ជា​ធម្មជាត​ទៀង​ទាត់ សត្វ​ទាំង​ឡាយ ដែល​កើត​ហើយ ៗ រមែង​ស្លាប់​ក្នុង​លោក​នេះ ព្រោះ​ថា សត្វ​ទាំង​ឡាយ មាន​សភាព​យ៉ាង​នេះ​ឯង។ទ. ១៩

សេចក្តី​សោក​ស្តាយ​ណា របស់​បុរស​បុគ្គល​ទាំង​ឡាយ​ដទៃ ដើម្បី​ជីវិត សេចក្តី​សោក​ស្តាយ​នុ៎ះ មិន​មែន​ដើម្បី​ប្រយោជន៍​ដល់​សត្វ​ដែល​ស្លាប់​ទៅ​ហើយ​ទេ ការ​យំ​ចំពោះ​សត្វ ដែល​ស្លាប់​ហើយ មិន​មែន​ជាយស មិន​មែន​ជា​ការ​ល្អ​ទេ សមណ​ព្រាហ្មណ៍​ទាំង​ឡាយ មិន​សរសើរ​ការ​យំ​ឡើយ។ ការ​យំ រមែង​បៀត​បៀន​នូវ​ចក្ខុ និង​សរីរៈ (របស់​បុគ្គល​អ្នក​យំ) ពណ៌​សម្បុរ​ក្តី កំឡាំង​ក្តី ប្រាជ្ញា​ក្តី នៃ​អ្នក​យំ រមែង​សាបសូន្យ ពួក​សត្រូវ​របស់​បុគ្គល​អ្នក​យំ​នោះ ក៏​មាន​សេចក្តី​ត្រេកអរ ពួក​បុគ្គល​អ្នក​ស្វែង​រក​ប្រយោជន៍​ឲ្យ​បុគ្គល​អ្នក​យំ​នោះ បាន​នូវ​សេចក្តី​ទុក្ខ។ ព្រោះ​ហេតុ​នោះ ពួក​ជន​ឆ្លង​នូវ​កិច្ច (របស់​ខ្លួន​) ដោយ​កំឡាំង​ប្រាជ្ញា របស់​អ្នក​ប្រាជ្ញ​ទាំង​ឡាយ​ណា ដូច​ពួក​ជន​ឆ្លង​នូវ​ទន្លេ​មាន​ទឹក​ពេញ​ដោយ​ទូក បុគ្គល​គប្បី​ប្រាថ្នា​នូវ​អ្នក​ប្រាជ្ញ ជា​ពហុស្សូត​នោះ ឲ្យ​នៅ​ក្នុង​ត្រកូល (របស់​ខ្លួន​)។

មហាកប្បិនត្ថេរ។

ចូឡបន្ថកត្ថេរ

sut.kn.tha.10.04 | book_057

(៤. ចូឡបន្ថកត្ថេរគាថា)

[២៣៧] ញាណ​គតិ​របស់​អាត្មា​អញ​ទន់​ខ្សោយ​ក្នុង​កាល​មុន អាត្មា​អញ​ភ្លេច​ភ្លាំង​ស្មារតី ថែម​ទាំង​បង​ប្រុស ក៏​បណ្តេញ​អាត្មា​អញ​ថា ឥឡូវ​នេះ អ្នក​ចូរ​ទៅ​ផ្ទះ​ចុះ។ អាត្មា​អញ​នោះ ត្រូវ​បង​បណ្ដេញ​ហើយ ក៏​តូចចិត្ត តែ​នៅ​មាន​អាឡោះ​អាល័យ ក្នុង​សាសនា ក៏​ឈរ​នៅ​ជិត​ក្លោង​ទ្វារ​នៃ​អារាម​របស់​សង្ឃ​នោះ។ទ. ២០ ព្រះ​មាន​ព្រះ​ភាគ ទ្រង់​យាង​មក​ក្នុង​ទីនោះ បាន​ស្ទាប​អង្អែល​ក្បាល​របស់​អាត្មា​អញ ហើយក៏​ចាប់​អាត្មា​អញ​ត្រង់​ដើមដៃ ឲ្យ​ចូល​ទៅ​កាន់​អារាម​នៃ​សង្ឃ។ ព្រះ​សាស្តា​ទ្រង់​ប្រទាន​នូវ​សំពត់​សម្រាប់​ជូត​ជើង ដោយ​សេចក្តី​អនុគ្រោះ ដល់​អាត្មា​អញ​ថា អ្នក​ចូរ​អធិដ្ឋាន​នូវ​សំពត់​ស្អាត​នេះ ធ្វើ​ឲ្យ​ជា​សំពត់​ដែល​ខ្លួន​អធិដ្ឋាន​ល្អ​ហើយ ក្នុង​ទី​ដ៏​សម​គួរ​ចុះ។ លុះ​អាត្មា​អញ​បាន​ស្ដាប់​ព្រះ​បន្ទូល​របស់​ព្រះ​មាន​ព្រះ​ភាគ​នោះ​ហើយ ក៏​ត្រេកអរ​ក្នុង​សាសនា បាន​ញ៉ាំង​សមាធិ​ឲ្យ​សម្រេច ដើម្បី​បាន​នូវ​ប្រយោជន៍​ដ៏​ឧត្តម អាត្មា​អញ​ដឹង​នូវ​បុព្វេ​និវាស ទិព្វចក្ខុ អាត្មា​អញ​បាន​ជម្រះ​ហើយ ត្រៃវិជ្ជា អាត្មា​អញ​បាន​ដល់​ដោយ​លំដាប់​ហើយ ព្រះ​ពុទ្ធសាសនា អាត្មា​អញ​បាន​ធ្វើ​ហើយ។ បន្ថកភិក្ខុ និម្មិត​ខ្លួន​ជា​មួយ​ពាន់ ហើយ​អង្គុយ​ក្នុង​អម្ពវ័ន ជា​ទី​រីករាយ ដរាបដល់​ការ​ប្រាប់​នូវ​ភត្តកាល។ លំដាប់​នោះ ព្រះ​សាស្តា​ទ្រង់​ប្រើ​ទូត​ឲ្យ​ទៅ​ប្រាប់​ភត្តកាល​ដល់​អាត្មា​អញ កាល​ទូត​មក​ប្រាប់​ភត្តកាល អាត្មា​អញ​ក៏​មក​តាម​អាកាស។ អាត្មា​អញ​ថ្វាយ​បង្គំ​ព្រះ​បាទា​នៃ​ព្រះ​សាស្តា រួច​ហើយ​អង្គុយ​ក្នុង​ទី​សម​គួរ គ្រា​នោះ ព្រះ​សាស្តា​ទ្រង់​ជ្រាប​ថា អាត្មា​អញ​អង្គុយ​ហើយ ទើប​បាន​ទ្រង់​ទទួល (ទក្ខិណោទក)។ ព្រះ​អង្គ ជា​ទី​បូជា​របស់​សត្វ​លោក ជាបដិគ្គាហកៈ​របស់​បុគ្គល​អ្នក​បូជា​ទាំង​ឡាយ ជា​បុញ្ញក្ខេត្ត​របស់​មនុស្ស​ទាំង​ឡាយ ទ្រង់​ទទួល​នូវ​ទក្ខិណាទាន។

ចូឡបន្ថកត្ថេរ។

កប្បត្ថេរ

sut.kn.tha.10.05 | book_057
ទ. ២១

(៥. កប្បត្ថេរគាថា)

[២៣៨] កាយ​ដ៏​ពេញ​ដោយ​មន្ទិល មាន​ចំណែក​ផ្សេង ៗ កើត​ក្នុង​រណ្ដៅ​លាមក​ធំ គឺ​ផ្ទៃ​មាតា ដូច​ជ្រាំ​ចាស់​ដែល​អាប់​អួ​យូរ ឬ​ដូច​បូសធំ ដំបៅ​ធំ ជា​កាយ​ដ៏​ពេញ​ដោយ​ខ្ទុះ និង​ឈាម ពេញ​ព្រៀប​ក្នុង​រណ្តៅ​លាមក ជា​ទី​ហូរ​ចេញ​នៃ​ទឹក រមែង​ហូរចេញ​នូវ​វត្ថុ​មិន​ស្អាត​សព្វ ៗ កាល។ កាយ​ដែល​ចង​ភ្ជាប់​ដោយ​សរសៃ​ធំ ៦០ លាប​ដោយ​គ្រឿង​លាប គឺ​សាច់ ប្រដាប់​ដោយ​អាវ គឺ​ស្បែក ជា​កាយ​ស្អុយ រក​ប្រយោជន៍​គ្មាន តភ្ជាប់​គ្នា​ដោយ​រាង​ឆ្អឹង ចង​ស្រាក់​ដោយ​ចេស គឺ​សរសៃ សម្រេច​ឥរិយាបថ​បាន ព្រោះ​ប្រជុំ​នៃ​អាការ​មិន​តែ​មួយ។ កាយ​មាន​ដំណើរ​ទៅ​រក​សេចក្តី​ស្លាប់​ដ៏​ទៀង​ទាត់ (ឋិត​នៅ​) ក្នុង​សំណាក់​នៃ​មច្ចុរាជ ឯ​នរ​ជន​តែង​ទំលាក់​ចោល​នូវ​កាយ​ក្នុង​លោក​នេះ ហើយ​ទៅ​តាម​យថាកម្ម។ កាយ​ត្រូវ​អវិជ្ជា​ដោត​ក្រង​ហើយ ត្រូវ​គ្រឿង​ចាក់​ស្រែះ ៤ យ៉ាង ចាក់​ស្រែះ​ហើយ កាយ​ក៏​លិច​ចុះ​ក្នុង​ឱឃៈ ត្រូវ​បណ្ដាញ​នៃ​អនុស័យ​គ្រប​សង្កត់​ហើយ ប្រកប​ក្នុង​នីវរណៈ ៥ ពេញ​ដោយ​មិច្ឆាវិតក្កៈ ជាប់​ដោយ​មូល​នៃ​ភព គឺ​តណ្ហា ត្រូវ​ដំបូល គឺ​មោហៈ​បិទ​បាំង​ហើយ កាយ​នេះ​រមែង​ប្រព្រឹត្ត​ទៅ​ដូច​ពោល​មក​នេះ អន្ទោល​ទៅ​តាម​យន្ត គឺ​កម្ម។ ធម្មតា​សម្បត្តិ តែង​មាន​វិបត្តិ​ជា​ទីបំផុត ការ​កើត​ផ្សេង ៗ រមែង​វិនាស​ទៅ​វិញ។ទ. ២២ ពួក​ជន​ណា ជា​អន្ធពាល​បុថុជ្ជន រាប់​អាន​កាយ​នេះ ពួក​ជន​នោះ រមែង​ញ៉ាំង​សង្សារ​ដ៏​ពន្លឹក​ឲ្យ​ចំរើន តែង​កាន់​យក​នូវ​ភព​ថ្មីទៀត។ ពួក​ជន​ណា វៀរ​បង់​នូវ​កាយ​នេះ ដូច​បុគ្គល​វៀរបង់​នូវ​អាសិរពិស ដែល​ប្រឡាក់​ដោយ​លាមក ពួក​ជន​នោះ រមែង​ខ្ជាក់​ចោល​នូវ​អវិជ្ជា និង​តណ្ហា ដែល​ជា​មូល​នៃ​ភព ជា​អ្នក​មិន​មាន​អាសវៈ នឹង​បរិនិព្វាន។

កប្បត្ថេរ។

ឧបសេនវង្គន្ដបុត្តត្ថេរ

sut.kn.tha.10.06 | book_057

(៦. វង្គន្តបុត្តឧបសេនត្ថេរគាថា)

[២៣៩] ភិក្ខុ​គប្បី​សេព​នូវ​សេនាសនៈ​ស្ងាត់ ដែល​មាន​សំឡេង​គឹក​កង​តិច ដែល​ម្រឹគ​សាហាវ​អាស្រ័យ​នៅ​ហើយ ព្រោះ​ហេតុ​នៃ​ការ​ពួន​សម្ងំ។ ភិក្ខុ​គប្បី​នាំ​មក (នូវ​កំណាត់​សំពត់) អំពី​គំនរ​នៃ​សំរាម ឬ​ព្រៃ​ស្មសាន ឬ​ចន្លោះ​នៃ​ថ្នល់ ធ្វើ​ជា​សង្ឃាដី ដោយ​កំណាត់​សំពត់​ដែល​ខ្លួន​នាំ​មក​នោះ ហើយ​ទ្រទ្រង់​នូវ​ចីវរ​ដ៏​សៅហ្មង។ ភិក្ខុ​គប្បី​ធ្វើ​ចិត្ត​ឲ្យ​ទាប គ្រប់​គ្រង​នូវ​ទ្វារ សង្រួម​ដោយ​ប្រពៃ ហើយ​ត្រាច់​ទៅ​កាន់​ផ្ទះ​ជា​លំដាប់ គឺ​ចេញ​អំពី​ត្រកូល ១ ទៅ​កាន់​ត្រកូល ១ ដើម្បី​បិណ្ឌបាត។ ម្យ៉ាង​ទៀត ភិក្ខុ​ត្រូវ​សន្ដោស​ដោយ​វត្ថុ​សៅហ្មង មិន​គប្បី​ប្រាថ្នា​នូវ​រស​ឯ​ទៀត​ឲ្យ​ច្រើន​ទេ ចិត្ត​របស់​ភិក្ខុ​អ្នក​ជាប់​ញ៉ាម​ក្នុង​រស​ទាំង​ឡាយ រមែង​មិន​ត្រេកអរ​ក្នុង​ឈាន។ មុនី​គប្បី​ជា​អ្នក​មាន​សេចក្តី​ប្រាថ្នា​តិច ជា​អ្នក​សន្ដោស ជា​អ្នក​ស្ងប់​ស្ងាត់ នៅ​មិន​ច្រឡូក​ច្រឡំ​ដោយ​បុគ្គល​ពីរ​ពួក គឺ​គ្រហស្ថ និង​បព្វជិត។ទ. ២៣ មនុស្ស​ល្ងេល្ងើ និង​មនុស្ស​គ យ៉ាង​ណា បណ្ឌិត​គប្បី​សំដែង​ខ្លួន​យ៉ាង​នោះ មិន​គប្បី​ពោល​ឲ្យ​ហួស​ប្រមាណ​ក្នុង​កណ្ដាល​សង្ឃ។ បណ្ឌិត​នោះ មិន​គប្បី​តិះ​ដៀល​បុគ្គល​ណា​មួយ គប្បី​វៀរ​បង់​នូវ​ការ​បៀត​បៀន​ផង សង្រួម​ក្នុង​បាតិមោក្ខ​ផង ដឹង​ប្រមាណ​ក្នុង​ភោជន​ផង។ បណ្ឌិត​គប្បី​ជា​អ្នក​ឈ្លាសវៃ ក្នុង​ការ​កើត​ឡើង​នៃ​ចិត្ត ដែល​មាន​និមិត្ត​កំណត់​ល្អ​ហើយ គប្បី​ប្រកប​រឿយ ៗ នូវ​សមថៈ និងវិបស្សនា តាម​កាល​គួរ គប្បី​ជា​អ្នក​បរិបូណ៌​ដោយ​ព្យាយាម ប្រព្រឹត្ត​ទៅ​រឿយ ៗ ប្រកប​ក្នុង​ធម៌​ដ៏​គួរ​សព្វ ៗ កាល បើ​មិន​ទាន់​ដល់​នូវ​ព្រះ​និព្វាន ជា​ទីបំផុត​នៃ​ទុក្ខ​ក្នុង​វដ្តៈ​ទេ កុំ​អាល​ដល់​នូវ​សេចក្តី​ទុកចិត្ត​ឡើយ។ កាល​ភិក្ខុ​ប្រាថ្នា​នូវ​សេចក្តី​បរិសុទ្ធ សម្រាន្ត​នៅ​យ៉ាង​នេះ អាសវៈ​ទាំង​ពួង​រមែង​អស់​ទៅ ភិក្ខុ​នោះ រមែង​ដល់​នូវ​ការ​រលត់​ទុក្ខ។

ឧបសេនវង្គន្ដបុត្តត្ថេរ។

គោតមត្ថេរ

sut.kn.tha.10.07 | book_057

(៧. (អបរ)-គោតមត្ថេរគាថា)

[២៤០] បុរស​គប្បី​ដឹង​ច្បាស់​នូវ​ប្រយោជន៍​របស់​ខ្លួន គប្បី​រមិល​មើល​នូវ​ពាក្យ​ជា​ប្រធាន គឺ​សាសនា មួយ​ទៀត អំពើ​ណា របស់​កុលបុត្រ​អ្នក​ចូល​កាន់​ផ្នួស​ជា​សមណភាព ជា​អំពើ​មាន​សភាព​ដ៏​សម​គួរ ក្នុង​សាសនា​នេះ (បុគ្គល​គប្បី​រមិល​មើល​នូវ​អំពើ​នោះ​ផង)។ ក្នុង​សាសនា​នេះ (ការ​សេពគប់) នូវ​កល្យាណមិត្រ ១ ការ​សមាទាន​នូវ​សិក្ខា​ដ៏​ធំ​ទូលាយ ១ទ. ២៤ ការ​ប្រុង​ស្ដាប់ (នូវ​ឱវាទ) នៃ​គ្រូ​ទាំង​ឡាយ ១ ទាំង ៣ យ៉ាង​នេះ ជា​អំពើ​សម​គួរ​ដល់​សមណៈ។ សេចក្តី​គោរព​ក្នុង​ព្រះ​ពុទ្ធ​ទាំង​ឡាយ ១ ការ​កោត​ក្រែង​ក្នុង​ព្រះ​ធម៌​គួរ​តាមពិត ១ ការ​កោត​ក្រែង​ក្នុង​ព្រះ​សង្ឃ ១ ទាំង ៣ យ៉ាង​នេះ ជា​អំពើ​សម​គួរ​ដល់​សមណៈ។ ភិក្ខុ​ប្រកប​ក្នុង​អាចារៈ និង​គោចរៈ ១ មាន​អាជីវៈ​ដ៏​បរិសុទ្ធ ដែល​អ្នក​ប្រាជ្ញ​មិន​គប្បី​តិះ​ដៀល​បាន ១ ការ​តំកល់​ចិត្ត​ទុក​ដោយ​ប្រពៃ ១ ទាំង ៣ យ៉ាង​នេះ ជា​អំពើ​សម​គួរ​ដល់​សមណៈ។ ចារិតសីល ឬ​វារិតសីល ១ សម្បជញ្ញៈ ដែល​អាស្រ័យ​នឹង​ឥរិយាបថ​ជា​ទី​នាំ​មក​នូវ​សេចក្តី​ជ្រះ​ថ្លា ១ ការ​ប្រកប​រឿយ ៗ ក្នុង​អធិចិត្ត ១ ទាំង ៣ យ៉ាង​នេះ ជា​អំពើ​សម​គួរ​ដល់​សមណៈ។ សេនាសនៈ​តាំង​នៅ​ក្នុង​ព្រៃ​ស្ងាត់ មាន​សំឡេង​តិច ដែល​អ្នក​ប្រាជ្ញ​គប្បី​គប់​រក នេះ​ជា​ទី​សម​គួរ​ដល់​សមណៈ។ សីល ១ ភាព​ជា​ពហុស្សូត ១ ការ​ពិចារណា​នូវ​ធម៌​ទាំង​ឡាយ​គួរ​តាមពិត ១ ការ​ត្រាស់​ដឹង​នូវ​សច្ចៈ​ទាំង​ឡាយ ១ ទាំង ៤ យ៉ាង​នេះ ជា​អំពើ​សម​គួរ​ដល់​សមណៈ។ ភិក្ខុ​គប្បី​ចំរើន​នូវ​អនិច្ចសញ្ញា​ផង អនត្តសញ្ញា​ផង អសុភសញ្ញា​ផង អនភិរតិសញ្ញា​ក្នុង​លោក​នេះ​ផង ទាំង ៤ យ៉ាង​នេះ ជា​អំពើ​សម​គួរ​ដល់​សមណៈ។ ភិក្ខុ​គប្បី​ចំរើន​នូវ​ពោជ្ឈង្គ​ទាំង​ឡាយ​ផង ឥទ្ធិបាទ​ទាំង​ឡាយ​ផង ឥន្ទ្រិយ និង​ពលៈ​ទាំង​ឡាយ​ផង អរិយមគ្គ​មាន​អង្គ ៨ ផង ទាំង ៥ យ៉ាង​នេះ ជា​អំពើ​សម​គួរ​ដល់​សមណៈ។ទ. ២៥ មុនី​គប្បី​លះ​បង់​នូវ​តណ្ហា គប្បី​ទំលុះ​ទំលាយ​នូវ​អាសវៈ​ទាំង​ឡាយ ព្រម​ទាំង​ឫសគល់ គប្បី​ជា​អ្នក​រួច​ស្រឡះ (ចាក​កិលេស​ទាំង​ពួង) ហើយ​​សម្រេច​សម្រាន្ត​នៅ នេះ​ជា​អំពើ​ដ៏​សម​គួរ​ដល់​សមណៈ។

គោតមត្ថេរ។

ឧទ្ទាន

ព្រះ​ថេរៈ​ទាំង​ឡាយ ៧ អង្គ​នេះ គឺ​កាឡុទាយិត្ថេរ ១ ឯកវិហារិត្ថេរ ១ មហាកប្បិនត្ថេរ ១ ចូឡបន្ថកត្ថេរ ១ កប្បត្ថេរ ១ ឧបសេនវង្គន្តបុត្តត្ថេរ ១ គោតមត្ថេរ ១ (បាន​ពោល) នូវ​គាថា​ទាំង​ឡាយ ៧០ ក្នុង​ទសកនិបាត​នេះ។

ចប់ ទសកនិបាត។

ឯកាទសកនិបាត

sut.kn.tha.11 | book_057
ទ. ២៦

(១១. ឯកាទសនិបាតោ)

សង្កិច្ចត្ថេរ

sut.kn.tha.11.01 | book_057

(១. សំកិច្ចត្ថេរគាថា)

[២៤១] ម្នាល​សាមណេរ ប្រយោជន៍​អ្វី​ដល់​អ្នក (ដែល​នៅ​) ក្នុង​ព្រៃ​ភ្នំ​ឈ្មោះ​ឧជ្ជុហានៈ (មិន​ជា​ទី​សប្បាយ) ក្នុង​រដូវ​ភ្លៀង ខ្យល់​ឈ្មោះ​វេរម្ពៈ (ខ្យល់​ព្យុះ) ជា​ទី​រីករាយ​ដល់​អ្នក​ឬ ព្រោះ​ថា​សេចក្តី​ស្ងប់​ស្ងាត់ រមែង​មាន​ដល់​បុគ្គល​ទាំង​ឡាយ​អ្នក​មាន​ឈាន។ ខ្យល់​ឈ្មោះ​វេរម្ពៈ រមែង​បក់​ផាត់​នូវ​ពពក​ទាំង​ឡាយ​ក្នុង​រដូវ​ភ្លៀង​យ៉ាង​ណា សញ្ញា​របស់​ខ្ញុំ ដែល​ប្រកប​ដោយ​វិវេក ក៏​រមែង​រាយមាយ​យ៉ាង​នោះ​ដែរ។ សត្វ​ដែល​កើត​អំពី​ពង មាន​សម្បុរ​ខ្មៅ (ក្អែក) ត្រាច់​ទៅ​កាន់​លំនៅ​ក្នុង​ទី​ស្មសាន ក៏​ញ៉ាំង​សតិ​នៃ​ខ្ញុំ ដែល​អាស្រ័យ​នូវ​ការ​ប្រាស​ចាក​តម្រេក​ក្នុង​រាង​កាយ ឲ្យ​កើត​ឡើង។ ជន​ទាំង​ឡាយ​ដទៃ មិន​រក្សា​នូវ​ភិក្ខុ​ណា ភិក្ខុ​ណា មិន​រក្សា​នូវ​ជន​ទាំង​ឡាយ​ដទៃ ភិក្ខុ​នោះ ជា​អ្នក​មិន​មាន​សេចក្តី​អាឡោះ​អាល័យ​ក្នុង​កាម​ទាំង​ឡាយ រមែង​ដេក​ជា​សុខ។ ភ្នំ​ថ្ម​ទាំង​ឡាយ​នោះ មាន​ទឹកថ្លា មាន​ថ្ម​ក្រាស់ ប្រកប​ដោយ​សត្វ​មាន​កន្ទុយ​ដូច​គោ មាន​ទឹក​ដេរដាស​ដោយ​សារាយ រមែង​ញ៉ាំង​អាត្មា​ឲ្យ​រីករាយ។ អាត្មា​ក៏​ធ្លាប់​នៅ​ក្នុង​ព្រៃ​ទាំង​ឡាយ​ផង ក្នុង​ច្រកភ្នំ​ទាំង​ឡាយ​ផង ក្នុង​គុហា​ទាំង​ឡាយ​ផង ក្នុង​សេនាសនៈ​ទាំង​ឡាយ​ដ៏​ស្ងាត់​ផង ក្នុង​ព្រៃ​ដែល​សត្វ​ម្រឹគ​សាហាវ​អាស្រ័យ​នៅ​ផង។ទ. ២៧ អាត្មា​មិន​ធ្លាប់​ដឹង​នូវ​សេចក្តី​ត្រិះ​រិះ​មិន​ប្រសើរ ប្រកប​ដោយ​ទោស​យ៉ាង​នេះ​ថា ពួក​សត្វ​ទាំង​នេះ ចូរ​លំបាក ចូរ​ស្លាប់ ចូរ​ដល់​នូវ​សេចក្តី​ទុក្ខ (ដូច្នេះ​ឡើយ)។ ព្រះ​សាស្តា អាត្មា​បាន​បម្រើ​ហើយ ព្រះ​ពុទ្ធ​សាសនា អាត្មា​បាន​ធ្វើ​ហើយ ភារៈ​ដ៏​ធ្ងន់ គឺ​ខន្ធ អាត្មា​បាន​ដាក់​ចុះ​ហើយ តណ្ហា ជា​គ្រឿង​នាំទៅ​កាន់​ភព អាត្មា​ក៏​បាន​ដក​ចោល​ហើយ។ បព្វជិត​ចេញ​ចាក​ផ្ទះ ចូល​កាន់​ផ្នួស ដើម្បី​ប្រយោជន៍​ណា ប្រយោជន៍​ជា​គ្រឿង​អស់​ទៅ​នៃ​សំយោជនៈ​ទាំង​ពួង​នោះ អាត្មា​ក៏​បាន​ដល់​ហើយ។ អាត្មា​មិន​ត្រេកអរ​នឹង​សេចក្តី​ស្លាប់ មិន​ត្រេកអរ​នឹង​ការ​រស់​នៅ អាត្មា​រង់​ចាំ​តែ​កាល​នឹង​បរិនិព្វាន ដូច​ជា​អ្នក​ស៊ីឈ្នួល ទន្ទឹង​តែ​អស់​ថ្ងៃ។ អាត្មា​មិន​ត្រេកអរ​នឹង​សេចក្តី​ស្លាប់ មិន​ត្រេកអរ​នឹង​ការ​រស់​នៅ អាត្មា​ជា​អ្នក​ដឹង​ខ្លួន មាន​ស្មារតី​តាំង​មាំ រង់​ចាំ​តែ​កាល​នឹង​បរិនិព្វាន។

សង្កិច្ចត្ថេរ។

ឧទ្ទាន

អំពី​សង្កិច្ចត្ថេរ តែ​មួយ​អង្គ​ឯង លោក​មាន​កិច្ច​ធ្វើ​ស្រេច​ហើយ មិន​មាន​អាសវៈ ពោល​នូវ​គាថា ១១ នោះ ក្នុង​ឯកាទសកនិបាត។

ចប់ ឯកាទសកនិបាត។

ទ្វាទសកនិបាត

sut.kn.tha.12 | book_057
ទ. ២៨

(១២. ទ្វាទសកនិបាតោ)

សីលវត្ថេរ

sut.kn.tha.12.01 | book_057

(១. សីលវត្ថេរគាថា)

[២៤២] បុគ្គល​គប្បី​សិក្សា​នូវ​សីល ឲ្យ​ជា​សីល​ដែល​ខ្លួន​សិក្សា​ល្អ​ហើយ ក្នុង​លោក​នេះ ព្រោះ​ថា សីល​ដែល​បុគ្គល​សេព​ហើយ រមែង​បង្អោន​មក​នូវ​សម្បត្តិ​ទាំង​ពួង។ ជន​អ្នក​មាន​ប្រាជ្ញា កាល​ចង់​បាន​នូវ​សេចក្តី​សុខ ៣ យ៉ាង គឺ​សេចក្តី​សរសើរ ១ ការ​បាន​នូវ​សេចក្តី​ត្រេកអរ​មួយ ១ ការ​លះ​លោក​នេះ​ទៅ​ហើយ រីករាយ​ក្នុង​ឋានសួគ៌ ១ គប្បី​រក្សា​នូវ​សីល។ ពិត​ណាស់ បុគ្គល​អ្នក​មាន​សីល រមែង​បាន​នូវ​មិត្ត​ទាំង​ឡាយ​ច្រើន ដោយ​ការ​សង្រួម ចំណែក​បុគ្គល​ទ្រុស្ត​សីល កាល​ប្រព្រឹត្ត​អាក្រក់ រមែង​ឃ្លាត​ចាក​មិត្ត​ទាំង​ឡាយ។ ជន​ទ្រុស្ត​សីល រមែង​បាន​នូវ​ទោស​ផង នូវ​ដំណេះ​ដំណៀល​ផង ឯ​ជន​អ្នក​មាន​សីល រមែង​បាន​នូវ​គុណ​ផង នូវ​កិត្តិសព្ទ​ផង នូវ​សេចក្តី​សរសើរ​ផង សព្វ ៗ កាល។ សីល ជា​ខាង​ដើម ជា​ទី​តាំង ជា​មេ​នៃ​កល្យាណ​ធម៌ និង​ជា​ប្រធាន​នៃ​ធម៌​ទាំង​ពួង ព្រោះ​ហេតុ​នោះ បុគ្គល​គប្បី​ជម្រះ​សីល។ សីល​ជា​ច្រាំង ជា​ទំនប់ ជា​គ្រឿង​ញ៉ាំង​ចិត្ត​ឲ្យ​រីករាយ ទាំង​ជា​កំពង់​របស់​ព្រះ​ពុទ្ធ​គ្រប់​ព្រះ​អង្គ ព្រោះ​ហេតុ​នោះ បុគ្គល​គប្បី​ជម្រះ​នូវ​សីល។ សីល​ជា​កំឡាំង​រក​អ្វី​ប្រៀប​ផ្ទឹម​មិន​បាន សីល​ជា​អាវុធ​ដ៏​ឧត្តម សីល​ជា​គ្រឿង​អាភរណៈ​ដ៏​ប្រសើរ សីល​ជា​គ្រឿង​ក្រោះ​យ៉ាង​អស្ចារ្យ។ទ. ២៩ សីល​ជា​ស្ពាន​មាន​សក្តិ​ធំ សីល​ជា​គ្រឿង​ក្រអូប​ដ៏​ប្រសើរ សីល​ជា​គ្រឿង​លាប​ដ៏​ប្រសើរ តែង​បក់​ទៅ​សព្វ ៗ ទិស។ សីល​ជា​កញ្ចប់​បាយ​ដ៏​ប្រសើរ សីល​ជា​ស្បៀង​ដ៏​ឧត្តម សីល​ជា​វាហនៈ​ដ៏​ប្រសើរ សម្រាប់​ទៅ​កាន់​ទិស​ទាំង​ពួង។ បុគ្គល​ពាល មាន​ចិត្ត​អាក្រក់​ក្នុង​ទី​ទាំង​ពួង មិន​តាំង​មាំ​ក្នុង​សីល​ទាំង​ឡាយ រមែង​បាន​នូវ​សេចក្តី​និន្ទា​ក្នុង​លោក​នេះ​ផង លុះ​លះ​លោក​នេះ​ទៅ​ហើយ រមែង​មាន​ចិត្ត​ជា​ទុក្ខ​ក្នុង​អបាយ​ផង។ អ្នក​ប្រាជ្ញ​មាន​ចិត្ត​ល្អ ក្នុង​ទី​ទាំង​ពួង តាំង​មាំ​ក្នុង​សីល​ទាំង​ឡាយ រមែង​បាន​នូវ​កិត្តិសព្ទ​ក្នុង​លោក​នេះ​ផង លុះ​លះ​លោក​នេះ​ទៅ រមែង​មាន​ចិត្ត​រីករាយ​ក្នុង​ឋានសួគ៌​ផង។ សីល​ជា​កំពូល​ក្នុង​លោក​នេះ ចំណែក​បុគ្គល​មាន​ប្រាជ្ញា ក៏​ឧត្តម​ដែរ ជ័យជំនះ​ក្នុង​មនុស្ស​លោក និង​ទេវ​លោក ព្រោះ​សីល និង​បញ្ញា។

សីលវត្ថេរ។

សុនីតត្ថេរ

sut.kn.tha.12.02 | book_057

(២. សុនីតត្ថេរគាថា)

[២៤៣] ខ្ញុំ​កើត​ក្នុង​ត្រកូល​ទាប ជា​អ្នក​ក្រីក្រ មាន​ភោជន​តិច ការ​ងារ​របស់​ខ្ញុំ ក៏​ថោកទាប ខ្ញុំ​ជា​អ្នក​ចាក់​ចោល​នូវ​ផ្កា គឺ​លាមក។ មនុស្ស​ទាំង​ឡាយ​ស្អប់​ខ្ពើម មើល​ងាយ បន្តុះ​បង្អាប់​ខ្ញុំ ៗ បាន​ធ្វើ​ចិត្ត​ឲ្យ​ទាប សំពះ​នូវ​ជន​ជា​ច្រើន។ គ្រា​នោះ ខ្ញុំ​បាន​ឃើញ​នូវ​ព្រះ​សម្ពុទ្ធ មាន​ភិក្ខុ​សង្ឃ​ហែហម​ហើយ ព្រះ​អង្គ​មាន​ព្យាយាមធំ កំពុង​យាង​ចូល​ទៅ​កាន់​បូរី​ដ៏​ឧត្តម​របស់​ជន​អ្នក​មគធៈ។ទ. ៣០ ខ្ញុំ​ក៏​ដាក់​នូវ​អម្រែក ចូល​ទៅ​ដើម្បី​ថ្វាយ​បង្គំ​ព្រះ​សម្ពុទ្ធ​ជា​បុរស​ដ៏​ខ្ពង់​ខ្ពស់ ទ្រង់​ឋិត​នៅ​ដើម្បី​អនុគ្រោះ​ខ្ញុំ។ ខ្ញុំ​ថ្វាយ​បង្គំ​ព្រះ​បាទ​ទាំង​គូ​របស់​ព្រះ​សាស្តា ហើយ​ឋិត​នៅ​ក្នុង​ទី​សម​គួរ គ្រា​នោះ ខ្ញុំ​សូម​បព្វជ្ជា​នឹង​ព្រះ​សម្ពុទ្ធ ព្រះ​អង្គ​ឧត្តម​ជាង​សព្វ​សត្វ​ទាំង​ឡាយ។ លំដាប់​នោះ ព្រះ​សាស្តា ព្រះ​អង្គ​ប្រកប​ដោយ​សេចក្តី​ករុណា ទ្រង់​អនុគ្រោះ​ដល់​លោក​ទាំង​មូល ត្រាស់​ហៅ​ខ្ញុំ​ថា អ្នក​ចូរ​ចូល​មក​ជា​ភិក្ខុ​ចុះ ដូច្នេះ ព្រះ​វាចា​នោះ ជា​ឧបសម្បទា​របស់​ខ្ញុំ។ ព្រះ​ជិនស្រី ទ្រង់​ទូន្មាន​ខ្ញុំ​យ៉ាង​ណា ខ្ញុំ​នោះ ជា​បុគ្គល​ម្នាក់​ឯង នៅ​ក្នុង​ព្រៃ មិន​ខ្ជិលច្រអូស ក៏​បាន​ធ្វើ​តាម​ព្រះ​ពុទ្ធ​ដីកា​នៃ​ព្រះ​សាស្តា​យ៉ាង​នោះ។ ខ្ញុំ​រលឹក​ឃើញ​នូវ​បុព្វជាតិ ក្នុង​បឋមយាម​នៃ​រាត្រី ជម្រះ​នូវ​ទិព្វចក្ខុ ក្នុង​មជ្ឈិម​យាម​​នៃ​រាត្រី បាន​ទំលាយ​នូវ​គំនរ​នៃ​ងងឹត គឺ​អវិជ្ជា ក្នុង​បច្ឆិមយាម​នៃ​រាត្រី។ លំដាប់​នោះ កាល​ដែល​រាត្រី​អស់​ទៅ ព្រះ​អាទិត្យ​ជិត​រះ​ឡើង ព្រះ​ឥន្ទ្រ និង​ព្រះ​ព្រហ្ម មក​ផ្គង​អញ្ជលី នមស្ការ​ចំពោះ​ខ្ញុំ​ថា បពិត្រ​លោក​ជា​បុរស​អាជានេយ្យ ខ្ញុំ​សូម​ថ្វាយ​បង្គំ​ចំពោះ​លោក បពិត្រ​លោក​ជា​បុរស​ដ៏​ខ្ពង់​ខ្ពស់ ខ្ញុំ​សូម​ថ្វាយ​បង្គំ​ចំពោះ​លោក បពិត្រ​លោក​និទ៌ុក្ខ អាសវៈ​ទាំង​ឡាយ​របស់​លោក​ណា​អស់​ហើយ លោក​នោះ ជា​ទក្ខិណេយ្យ​បុគ្គល។ទ. ៣១ លំដាប់​នោះ ព្រះ​សាស្តា ទ្រង់​ទត​ឃើញ​ខ្ញុំ ដែល​មាន​ពួក​ទេវតា​ហែហម ទ្រង់​ក៏​ធ្វើ​នូវ​ការ​ញញឹម​ឲ្យ​ប្រាកដ ហើយ​ទ្រង់​ត្រាស់​សេចក្តី​នេះ​ថា បុគ្គល​ឈ្មោះ​ថា ព្រាហ្មណ៍ ព្រោះ​ធម៌ ៤ ប្រការ​នេះ គឺ​តបៈ ១ ព្រហ្មចរិយៈ ១ សញ្ញមៈ ១ ទមៈ ១ នេះ​ជា​ព្រាហ្មណវត្ត​ដ៏​ឧត្តម។

សុនីតត្ថេរ។

ឧទ្ទាន

ព្រះ​ថេរៈ​ទាំង​ឡាយ​ពីរ​អង្គ​នេះ គឺ​សីលវត្ថេរ ១ សុនីតត្ថេរ ១ សុទ្ធ​តែ​មាន​ឫទ្ធិ​ច្រើន បាន​ពោល​នូវ​គាថា ២៤ ក្នុង​ទ្វាទសកនិបាត។

ចប់ ទ្វាទសកនិបាត។

តេរសកនិបាត

sut.kn.tha.13 | book_057
ទ. ៣២

(១៣. តេរសនិបាតោ)

សោណកោឡិវិសត្ថេរ

sut.kn.tha.13.01 | book_057

(១. សោណកោឡិវិសត្ថេរគាថា)

[២៤៤] ព្រះ​សោណៈ​ណា ជា​អ្នក​ប្រសើរ ល្បី​ក្នុង​ដែន​អង្គៈ ព្រះ​សោណៈ​នោះ ជា​អ្នក​ប្រសើរ ក្នុង​ធម៌​ទាំង​ឡាយ បាន​ដល់​នូវ​ត្រើយ​នៃ​ទុក្ខ ក្នុង​ថ្ងៃ​នេះ។ ភិក្ខុ​កាត់ នូវ​សំយោជនៈ (ខាងក្រោម) ៥​ផង លះ​បង់​នូវ​សំយោជនៈ (ខាងលើ) ៥​ផង ចំរើន​នូវ​ឥន្ទ្រិយ ៥ តទៅ​ទៀត​ផង ជា​អ្នក​កន្លង​នូវ​ធម៌ ជា​គ្រឿង​ជាប់​ចំពាក់ ៥ យ៉ាង​ផង ទើប​ហៅ​ថា អ្នក​ឆ្លង​នូវ​អន្លង់​បាន។ សីល សមាធិ និង​បញ្ញា នៃ​ភិក្ខុ​អ្នក​មាន​មានះ ដូច​បបុស ជា​អ្នក​ប្រមាទ មាន​សេចក្តី​ប្រាថ្នា​ខាង​ក្រៅ រមែង​មិនដល់​នូវ​ការ​ពេញ​លេញ​ឡើយ។ ព្រោះ​ថា អំពើ​ណា​ដែល​ត្រូវ​ធ្វើ អំពើ​នោះ ពួក​ភិក្ខុ​ណា​បោះ​បង់​ចោល ត្រឡប់​ធ្វើ​អំពើ​ដែល​មិន​ត្រូវ​ធ្វើ​វិញ អាសវៈ​ទាំង​ឡាយ នៃ​ពួក​ភិក្ខុ​ទាំង​នោះ ដែល​ជា​អ្នក​មាន​មានះ ដូច​បបុស ជា​អ្នក​ប្រមាទ រមែង​ចំរើន​ឡើង។ លុះ​តែ​កាយគតាសតិ ភិក្ខុ​ទាំង​ឡាយ​ណា ប្រារព្ធ​ល្អ​ជា​និច្ច ភិក្ខុ​ទាំង​ឡាយ​នោះ ជា​អ្នក​មាន​កិរិយា​ធ្វើ​រឿយ ៗ ក្នុង​អំពើ​ដែល​ត្រូវ​ធ្វើ មិន​សេព​នូវ​អំពើ ដែល​មិន​ត្រូវ​ធ្វើ អាសវៈ​ទាំង​ឡាយ នៃ​ភិក្ខុ​ទាំង​ឡាយ​មាន​ស្មារតី ជា​អ្នក​ដឹង​ខ្លួន រមែង​ដល់​នូវ​សេចក្តី​វិនាស​ទៅ។ ផ្លូវត្រង់ ព្រះ​សាស្តា​បាន​ប្រាប់​ហើយ អ្នក​ទាំង​ឡាយ ចូរ​ដើរ​ទៅ​ចុះ កុំ​ត្រឡប់​វិញ​ឡើយ កុលបុត្រ​គប្បី​ដាស់​តឿន​ខ្លួន​ដោយ​ខ្លួន​ឯង គប្បី (នាំ​ខ្លួន) ទៅ​កាន់​ព្រះ​និព្វាន។ទ. ៣៣ កាល​ខ្ញុំ​ប្រារព្ធ​សេចក្តី​ព្យាយាម​យ៉ាង​តឹង​រឹង ព្រះ​សាស្តា ជា​បុគ្គល​ប្រសើរ​ក្នុង​លោក ព្រះ​អង្គ​មាន​ចក្ខុ ទ្រង់​បាន​សំដែង​ធម៌ ធ្វើ​នូវ​សេចក្តី​ឧបមា​ដោយ​ពិណ។ ខ្ញុំ​បាន​ស្តាប់​ព្រះ​ពុទ្ធដីកា​នៃ​ព្រះ​មាន​ព្រះ​ភាគ​នោះ ក៏​ត្រេកអរ​​ក្នុង​ព្រះ​ពុទ្ធ​សាសនា បាន​ញ៉ាំង​សមថៈ​ឲ្យ​សម្រេច ដើម្បី​បាន​នូវ​ប្រយោជន៍​ដ៏​ឧត្តម វិជ្ជា​ទាំង ៣ ខ្ញុំ​បាន​ដល់​ហើយ ដោយ​លំដាប់ ព្រះ​ពុទ្ធសាសនា ខ្ញុំ​បាន​ធ្វើ​ហើយ។ ព្រោះ​ឃើញ​នូវ​សេចក្តី​ស្ងាត់​របស់​ចិត្ត ដែល​បង្អោន​ទៅ​ក្នុង​ការ​ចេញ​ចាក​កាម​ផង នូវ​ការ​មិន​វង្វេង​ព្រម​របស់​ចិត្ត ដែល​បង្អោន​ទៅ​ក្នុង​ការ​មិន​ព្យាបាទ ទាំង​បង្អោន​ទៅ ក្នុង​ការ​អស់​ទៅ​នៃ​តណ្ហា ព្រោះ​ការ​អស់​ទៅ​នៃ​ឧបាទាន​ផង នូវ​ការ​កើត​ឡើង​នៃ​អាយតនៈ​ផង ចិត្ត​ក៏​រួច​ស្រឡះ​ដោយ​ប្រពៃ។ កាល​ភិក្ខុ​នោះ មាន​ចិត្ត​រួច​ដោយ​ប្រពៃ មាន​ចិត្ត​ស្ងប់​រម្ងាប់​ហើយ ការ​សន្សំ​កុសល ឬ​អកុសល ដែល​ធ្វើ​រួច​ហើយ មិន​មាន​ទេ កិច្ច​ដែល​ត្រូវ​ធ្វើ ក៏​មិន​មាន។ ភ្នំ​ថ្មតាន់​មួយដុំ មិន​រំភើប​ដោយ​ខ្យល់​យ៉ាង​ណា រូប រស សំឡេង ក្លិន សម្ផស្ស ទាំង​អស់​នេះ ទាំង​ពួក​ធម្មារម្មណ៍​ដែល​គួរ​ប្រាថ្នា និង​មិន​គួរ​ប្រាថ្នា ក៏​ញ៉ាំង​ចិត្ត​ភិក្ខុ ជាតា​ទិ​បុគ្គល ឲ្យ​ញាប់​ញ័រ​មិន​បាន យ៉ាង​នោះ​ដែរទ. ៣៤ ចិត្ត​ដែល​តាំង​នៅ​នឹង ទាំង​ប្រាស​ចាក​សំយោជនៈ រមែង​ឃើញច្បាស់ នូវ​ការ​សូន្យ​ទៅ​នៃ​អារម្មណ៍​នោះ។

សោណកោឡិវិសត្ថេរ។

ឧទ្ទាន

ព្រះ​សោណកោឡិវិសត្ថេរ តែម្នាក់​ឯង ជា​អ្នក​មាន​ឫទ្ធិច្រើន ពោល​នូវ​គាថា ១៣ ដែល​មក​ក្នុង​តេរសកនិបាត​នេះ។

ចប់ តេរសកនិបាត។

ចុទ្ទសកនិបាត

sut.kn.tha.14 | book_057
ទ. ៣៥

(១៤. ចុទ្ទសកនិបាតោ)

សោណកោឡិវិសត្ថេរ

sut.kn.tha.14.01 | book_057

(១. ខទិរវនិយរេវតត្ថេរគាថា)

[២៤៥] ខ្ញុំ​ចេញ​ចាក​ផ្ទះ​ចូល​កាន់​ផ្នួស ក្នុង​កាល​ណា កាលណោះ ខ្ញុំ​មិន​ដែល​នឹក​នូវ​សេចក្តី​ត្រិះ​រិះ​មិន​ប្រសើរ ដែល​ប្រកប​ដោយ​ទោស​ទេ។ ក្នុង​ចន្លោះ​កាល​ដ៏​វែង​នេះ ខ្ញុំ​មិន​ដែល​នឹក​នូវ​សេចក្តី​ត្រិះ​រិះ​ថា ពួក​សត្វ​ទាំង​នេះ ចូរ​លំបាក​ចុះ ចូរ​ស្លាប់​ចុះ ចូរ​ដល់​នូវ​សេចក្តី​ទុក្ខ​ចុះ ដូច្នេះ​ទេ។ ប៉ុន្តែ​ខ្ញុំ​ធ្លាប់​នឹក​នូវ​មេត្តា​រក​ប្រមាណ​មិន​បាន ដែល​បាន​ចំរើន​ល្អ​ហើយ បាន​សន្សំ​ហើយ តាមលំដាប់ ដូច​ព្រះ​ពុទ្ធ​ទ្រង់​សំដែង​ហើយ។ ខ្ញុំ​មាន​សត្វ​ទាំង​ពួង​ជា​មិត្រ មាន​សត្វ​ទាំង​ពួង​ជា​សំឡាញ់ ជា​អ្នក​អនុគ្រោះ​ដល់​សត្វ​ទាំង​ពួង បាន​ចំរើន​នូវ​មេត្តាចិត្ត ត្រេកអរ​ក្នុង​ការ​មិន​បៀត​បៀន​សព្វ​កាល។ ខ្ញុំ​ត្រេកអរ​ចំពោះ​ចិត្ត​ដែល​មិន​ងីកងាក មិន​កម្រើក ខ្ញុំ​ចំរើន​ព្រហ្មវិហារ​ធម៌ ដែល​ព្រះ​អរិយៈ​ជា​បុរស​មិន​ថោកទាប គប់​រក​ហើយ។ សាវ័ក​របស់​ព្រះ​សម្មាសម្ពុទ្ធ ដល់​នូវ​ឈាន មិន​មាន​វិតក្កៈ រមែង​ជា​អ្នក​ប្រកប​ដោយ​តុណ្ហីភាព​ដ៏​ប្រសើរ ក្នុង​ខណៈ​នោះ។ ភ្នំ​ថ្មមិន​កំរើក តាំង​នៅ​ស៊ប់ យ៉ាង​ណា​មិញ ភិក្ខុ​រមែង​មិន​ញាប់​ញ័រ ដូច​ជា​ភ្នំ ព្រោះ​អស់​ទៅ​នៃ​មោហៈ ក៏​យ៉ាង​នោះ​ដែរ។ សប្បុរស មិន​មាន​ទីទួល គឺ​កិលេស អ្នក​ស្វែង​រក​នូវ​សេចក្តី​ស្អាត​ជា​និច្ច ទុក​ជា​មាន​បាប​បន្តិច​បន្តួច​ប៉ុន​ចុង​រោម​កន្ទុយ​សត្វ ក៏​ប្រាកដ​ដូច​ជា​ប៉ុន​មេឃ។ទ. ៣៦ នគរ​ជា​ទីបំផុត​នៃ​ដែន ដែល​គេ​គ្រប់​គ្រង​ហើយ ទាំង​ខាង​ក្នុង​ខាង​ក្រៅ យ៉ាង​ណា​មិញ អ្នក​ទាំង​ឡាយ ចូរ​គ្រប់​គ្រង​ខ្លួន យ៉ាង​នោះ ខណៈ​កុំ​កន្លង​នូវ​អ្នក​ទាំង​ឡាយ​ឡើយ។ ខ្ញុំ​មិន​ត្រេកអរ​នឹង​សេចក្តី​ស្លាប់ ខ្ញុំ​មិន​ត្រេកអរ​នឹង​ការ​រស់​នៅ​ទេ ខ្ញុំ​រង់​ចាំ​តែ​កាល (បរិនិព្វាន) ប៉ុណ្ណោះ ដូច​អ្នក​ស៊ីឈ្នួល ទន្ទឹង​តែ​អស់​ថ្ងៃ។ ខ្ញុំ​មិន​ត្រេកអរ​នឹង​សេចក្តី​ស្លាប់ ខ្ញុំ​មិន​ត្រេកអរ​នឹង​ការ​រស់​នៅ ខ្ញុំ​ជា​អ្នក​ដឹង​ខ្លួន មាន​ស្មារតី​តាំង​មាំ រង់​ចាំ​តែ​កាល (បរិនិព្វាន) ប៉ុណ្ណោះ។ ព្រះ​សាស្តា ខ្ញុំ​បាន​បម្រើ​ហើយ ព្រះ​ពុទ្ធសាសនា ខ្ញុំ​បាន​ធ្វើ​ហើយ ភារៈ​ធ្ងន់ ខ្ញុំ​បាន​ដាក់​ចុះ​ហើយ តណ្ហា​គ្រឿង​នាំ​សត្វ​ទៅ​កាន់​ភព ខ្ញុំ​បាន​ដក​ចោល​ហើយ។ ខ្ញុំ​ចេញ​ចាក​ផ្ទះ ចូល​កាន់​ផ្នួស ដើម្បី​ប្រយោជន៍​ណា ប្រយោជន៍ គឺ​ការ​អស់​ទៅ​នៃ​សំយោជនៈ​ទាំង​ពួង​នោះ ខ្ញុំ​បាន​ដល់​ហើយ។ អ្នក​ទាំង​ឡាយ ចូរ​ឲ្យ​ដល់​ព្រម ដោយ​សេចក្តី​មិន​ប្រមាទ​ចុះ នេះ​ជា​ពាក្យ​ប្រៀនប្រដៅ​របស់​ខ្ញុំ ណ្ហើយ​ចុះ ខ្ញុំ​នឹង​បរិនិព្វាន ខ្ញុំ​ជា​អ្នក​មាន​ចិត្ត​រួច​ស្រឡះ​ហើយ ចាក​កិលេស​ទាំង​ពួង។

រេវតត្ថេរ។

គោទត្តត្ថេរ

sut.kn.tha.14.02 | book_057

(២. គោទត្តត្ថេរគាថា)

[២៤៦] គោ​អាជានេយ្យ​ដ៏​ចំរើន ដែល​បុគ្គល​ទឹម​ហើយ​ក្នុង​នឹម ជា​សត្វ​នាំ​ទៅ​នូវ​ធុរៈ ទុក​ជាម្ចាស់​ញាំញី​ដោយ​ភារៈ​ដ៏​លើស​លុប​ក៏​ដោយ ក៏​មិន​រលាស់​ចោល​នូវ​នឹម​ដែល​ម្ចាស់​ទឹម​ឡើយ យ៉ាង​ណា​មិញទ. ៣៧ បុគ្គល​ទាំង​ឡាយ​ណា ឆ្អែត​ហើយ​ដោយ​ប្រាជ្ញា ដូច​ជា​សមុទ្រ ដែល​ឆ្អែត​ហើយ​ដោយ​ទឹក បុគ្គល​ទាំង​ឡាយ​នោះ រមែង​មិន​មើល​ងាយ​នូវ​ពួក​ជន​ដទៃ ដូច​ជា​បុគ្គល​មាន​ធម៌​ដ៏​ប្រសើរ មិន​មើល​ងាយ​នូវ​សត្វ​ទាំង​ឡាយ ក៏​យ៉ាង​នោះ​ដែរ។ មាណព​ទាំង​ឡាយ អ្នក​លុះ​នូវ​អំណាច​នៃ​កាល (លោកធម៌ មាន​លាភ​ជាដើម) ក្នុង​កាល (ដែល​បរិបូណ៌​ដោយ​លោក​ធម៌ មាន​លាភ​ជាដើម) លុះអំណាច​នៃ​សេចក្តី​ចំរើន និង​សេចក្តី​វិនាស រមែង​ដល់​នូវ​សេចក្តី​ទុក្ខ មាណព​ទាំង​ឡាយ​នោះ រមែង​សោកសៅ។ បុគ្គល​ពាល​ទាំង​ឡាយ ជា​អ្នក​មិន​ឃើញ​តាមពិត ប៉ោង​ឡើង ដោយ​ហេតុ​នៃ​សេចក្តី​សុខ ទ្រោម​ចុះ​ដោយ​ហេតុ​នៃ​សេចក្តី​ទុក្ខ រមែង​លំបាក ដោយ​ហេតុ​ទាំង​ពីរ។ ចំណែក​បុគ្គល​ទាំង​ឡាយ​ណា បាន​កន្លង​នូវ​តណ្ហា​ជា​គ្រឿង​ចាក់​ស្រែះ ព្រោះ​សុខ​ទុក្ខ និង​ឧបេក្ខា បុគ្គល​ទាំង​ឡាយ​នោះ ឈ្មោះ​ថា តាំង​នៅ​នឹង ដូច​ជា​សសរ​ខឿន មិន​ប៉ោង​ឡើង ទាំង​មិន​ទ្រោម​ចុះ។ អ្នក​ប្រាជ្ញ​ទាំង​ឡាយ មិន​បាន​ជាប់​ចំពាក់​ក្នុង​លាភ មិន​ជាប់​ចំពាក់​ក្នុង​អលាភ មិន​ជាប់​ចំពាក់​ក្នុង​អយ​ស មិន​ជាប់​ចំពាក់​ក្នុង​កិត្តិយស មិន​ជាប់​ចំពាក់​ក្នុង​និន្ទា និង​សេចក្តី​សរសើរ មិន​ជាប់​ចំពាក់​ក្នុង​ទុក្ខ និង​សុខ អ្នក​ប្រាជ្ញ​ទាំង​ឡាយ​នោះ មិន​ជាប់​ចំពាក់​ក្នុង​ទី​ទាំង​ពួង ដូច​ជាដំណក់​នៃ​ទឹក ដែល​មិន​ជាប់​នឹង​ស្លឹក​ឈូកទ. ៣៨ បាន​សេចក្តី​សុខ​ក្នុង​ទី​ទាំង​ពួង មិន​ចាលចាញ់​ក្នុង​ទី​ទាំង​ពួង។ ការ​មិន​មាន​លាភ (ប្រកប) ដោយ​ធម៌​ណា ហើយ​នឹង​លាភ​មិន​ប្រកប​ដោយ​ធម៌​ណា ការ​មិន​មាន​លាភ​ដែល​ប្រកប​ដោយ​ធម៌​នោះ ប្រសើរ ឯលាភ​មិន​ប្រកប​ដោយ​ធម៌ ពុំប្រ​សើរ​ឡើយ។ យស​របស់​បុគ្គល​មិន​មាន​ប្រាជ្ញា​ទាំង​ឡាយ​ណា និង​ការ​មិន​មាន​យស របស់​អ្នក​ប្រាជ្ញ​ទាំង​ឡាយ​ណា ការ​មិន​មានយស របស់​អ្នកប្រាជ្ញ​ទាំង​ឡាយ​នោះ ប្រសើរ ឯ​យស​របស់​អ្នក​មិន​មាន​ប្រាជ្ញា​ទាំង​ឡាយ ពុំប្រសើរ​ឡើយ។ ការ​សរសើរ អំពី​បុគ្គល​មិន​មាន​បញ្ញា​ទាំង​ឡាយ​ណា និង​សេចក្តី​តិះ​ដៀល អំពី​បុគ្គល​មាន​បញ្ញា​ទាំង​ឡាយ​ណា សេចក្តី​តិះ​ដៀល​អំពី​បុគ្គល​មាន​បញ្ញា​ទាំង​ឡាយ​នោះ ប្រសើរ ឯ​ការ​សរសើរ​របស់​បុគ្គល​ពាល ពុំប្រសើរ​ឡើយ។ សេចក្តី​សុខ​កើត​ឡើង ព្រោះ​អាស្រ័យ​កាម និង​សេចក្តី​ទុក្ខ​កើត​ឡើង អំពី​សេចក្តី​ស្ងប់​ស្ងាត់ សេចក្តី​ទុក្ខ​ដែល​កើត​អំពី​សេចក្តី​ស្ងប់​ស្ងាត់ ប្រសើរ ឯ​សេចក្តី​សុខ ដែល​កើត​អំពី​កាម ពុំប្រសើរ​ឡើយ។ ការ​រស់​នៅ​មិន (ប្រកប) ដោយ​ធម៌​ណា និង​សេចក្តី​ស្លាប់​ប្រកប​ដោយ​ធម៌​ណា សេចក្តី​ស្លាប់​ប្រកប​ដោយ​ធម៌​នោះ ប្រសើរ ឯ​បុគ្គល​រស់​នៅ​មិន​ប្រកប​ដោយ​ធម៌ ពុំប្រសើរ​សោះ​ឡើយ។ទ. ៣៩ បុគ្គល​ទាំង​ឡាយ​ណា មាន​កាម និង​សេចក្តី​ក្រោធ លះ​បង់​ហើយ មាន​ចិត្តស្ងប់​រម្ងាប់​ហើយ រមែង​ត្រាច់​ទៅ​ក្នុង​ភព​តូច និង​ភព​ធំ មិន​អាស្រ័យ​នឹង​លោក (មាន​ខន្ធលោក​ជា​ដើម) សេចក្តី​ស្រឡាញ់ ឬមិនស្រឡាញ់ របស់​ជន​ទាំង​ឡាយ​នោះ មិន​មាន​សោះ​ឡើយ។ បុគ្គល​ទាំង​ឡាយ បាន​ចំរើន​ពោជ្ឈង្គ​ទាំង​ឡាយ​ផង ឥន្ទ្រិយ​ទាំង​ឡាយ​ផង ពលៈ​ទាំង​ឡាយ​ផង រមែង​ដល់​នូវ​សេចក្តី​ស្ងប់ យ៉ាង​ក្រៃ​លែង ជា​អ្នក​មិន​មាន​អាសវៈ នឹង​បរិនិព្វាន។

គោទត្តត្ថេរ។

ឧទ្ទាន

ព្រះ​ថេរៈ​ពីរ​អង្គ​នេះ គឺរេវត ១ គោទត្ត ១ ជា​អ្នក​មានឫទ្ធិច្រើន បាន​ពោល​នូវ​គាថា ២៨ ដែល​មក​ក្នុង​ចុទ្ទសកនិបាត។

ចប់ ចុទ្ទសកនិបាត។

សោឡសកនិបាត

sut.kn.tha.15 | book_057
ទ. ៤០

(១៥. សោឡសកនិបាតោ)

អញ្ញាកោណ្ឌញ្ញត្ថេរ

sut.kn.tha.15.01 | book_057

(១. អញ្ញាសិកោណ្ឌញ្ញត្ថេរគាថា)

[២៤៧] ខ្ញុំ​នេះ បាន​ស្តាប់​ធម៌​មាន​រស​ច្រើន ជ្រះ​ថ្លា​ក្រៃលែង វិរាគធម៌​ដែល​លោក​សំដែង​ហើយ មិន​កាន់​យក (ធម៌​ណា​មួយ) ដោយ​ប្រការ​ទាំង​ពួង។ អារម្មណ៍​ទាំង​ឡាយ​ច្រើន ដ៏​វិចិត្រ​ក្នុង​លោក លើ​មណ្ឌល​នៃ​ផែនដី​នេះ ទំនង​ជា​ញាំញី​នូវ​សេចក្តី​ត្រិះ​រិះ​ថា ល្អ ដែល​ប្រកប​ដោយ​រាគៈ។ អរិយសាវ័ក ពិចារណា​ឃើញ ដោយ​ប្រាជ្ញា​ក្នុង​កាល​ណា សេចក្តី​ត្រិះ​រិះ​ទាំង​ឡាយ ក៏​ស្ងប់​រម្ងាប់​ក្នុង​កាលណោះ ដូច​ជា​ភ្លៀង​រម្ងាប់​នូវ​ធូលី ដែល​ហុយ​ឡើង​ដោយ​ខ្យល់។ អរិយសាវ័ក ពិចារណា​ឃើញ​ដោយ​ប្រាជ្ញា​ថា សង្ខារ​ទាំង​ពួង​មិន​ទៀង ក្នុង​កាល​ណា រមែង​នឿយណាយ​ក្នុង​សេចក្តី​ទុក្ខ ក្នុង​កាល​ណោះ នេះ​ជា​ផ្លូវ​នៃ​សេចក្តី​បរិសុទ្ធិ។ អរិយសាវ័ក ពិចារណា​ឃើញ​ដោយ​ប្រាជ្ញា​ថា សង្ខារ​ទាំង​ពួង​ជា​ទុក្ខ ក្នុង​កាល​ណា រមែង​នឿយណាយ​ក្នុង​ទុក្ខ ក្នុង​កាលណោះ នេះ​ជា​ផ្លូវ​នៃ​សេចក្តី​បរិសុទ្ធិ។ អរិយសាវ័ក ពិចារណា​ឃើញ​ដោយប្រាជ្ញា​ថា ធម៌​ទាំង​ពួង មិន​មែន​ជា​របស់​ខ្លួន ក្នុង​កាល​ណា រមែង​នឿយណាយ​ក្នុង​ទុក្ខ ក្នុង​កាល​ណោះ នេះ​ជា​ផ្លូវ​នៃ​សេចក្តី​បរិសុទ្ធិ។ ព្រះ​ថេរៈ​ឈ្មោះ​កោណ្ឌញ្ញ ត្រាស់​ដឹង​តាម​ព្រះ​ពុទ្ធ ដែល​មាន​សេចក្តី​ព្យាយាម​ដ៏​ក្លៀវក្លា មាន​ជាតិ និង​មរណៈ លះ​បង់​ហើយ បរិបូណ៌​ដោយ​ព្រហ្មចរិយធម៌។ទ. ៤១ អន្ទាក់ គឺ​ឱឃៈ​ក្តី ចិត្ត​រឹង​រូស​ដ៏​មាំ​ក្តី មោហៈ​ដូច​ភ្នំ​ដែល​ទំលាយ​បាន​ដោយ​កម្រ​ក្តី ព្រះ​អញ្ញាកោណ្ឌញ្ញ​នោះ បាន​កាត់​នូវ​ចិត្ត​ដ៏​រឹង​រូស​ផង នូវ​អន្ទាក់ គឺ​ឱឃៈ​ផង នូវ​ភ្នំ គឺ​មោហៈ​ដែល​បុគ្គល​បំបែក​បាន​ដោយ​កម្រ​ផង បាន​ឆ្លង​ទៅ​ដល់​ត្រើយ ជា​អ្នក​មាន​ឈាន រួចចាក​ចំណង​នៃ​មារ។ ភិក្ខុ​អ្នក​មាន​ចិត្តរាយមាយ ឃ្លេងឃ្លោង អាស្រ័យ​នឹង​ពួក​បាបមិត្រ រមែង​ត្រូវ​រលក គឺ​ឧបាយ​នៃ​សេចក្តី​ក្រោធ​ជ្រមុច ហើយ​លិច​ចុះ​ក្នុង​អន្លង់​ធំ។ ឯ​ភិក្ខុ​មាន​ប្រាជ្ញា មាន​ចិត្ត​មិន​រាយមាយ មិន​ឃ្លេងឃ្លោង មាន​ប្រាជ្ញាល្អិត សង្រួមឥន្ទ្រិយល្អ មាន​កល្យាណមិត្រ តែង​ធ្វើ​នូវ​ទីបំផុត​នៃ​ទុក្ខ​បាន។ ជន​អ្នក​មាន​អវយវៈ​ប្រាកដស្មើ​ដោយ​ថ្នាំងវល្លិ៍ ស្គម រវីមរវាម​ដោយ​សរសៃ ជា​អ្នក​ដឹង​ប្រមាណ​ក្នុង​បាយ និងទឹក មាន​ចិត្តមិនរួញរា ត្រូវរបោម និង​មូស​ទាំង​ឡាយ ខាំ​ហើយ ក្នុង​ព្រៃតូច និងព្រៃធំ ជា​អ្នក​មាន​ស្មារតី គង់​អត់​ទ្រាំនៅ​ក្នុង​ព្រៃនោះ​បាន ដូចដំរី​ដ៏​ប្រសើរ (អត់​ទ្រាំ) ក្នុង​ប្រធាន​នៃសង្រ្គាម។ ខ្ញុំ​មិន​ត្រេកអរ​នឹង​សេចក្តី​ស្លាប់ មិន​ត្រេក​អរ​នឹង​ការ​រស់​នៅ ខ្ញុំ​រង់​ចាំ​តែ​កាល (បរិនិព្វាន​) ដូច​អ្នក​ធ្វើ​ការ​ឈ្នួលទន្ទឹង​តែ​អស់​ថ្ងៃ។ ខ្ញុំ​មិន​ត្រេកអរ​នឹង​សេចក្តី​ស្លាប់ មិន​ត្រេកអរ​នឹង​ការ​រស់​នៅ ខ្ញុំ​ជា​អ្នក​ដឹង​ខ្លួន មាន​ស្មារតី រង់​ចាំ​តែបរិនិព្វាន​កាល។ ព្រះ​សាស្តា ខ្ញុំ​បាន​បម្រើ​ហើយ ព្រះ​ពុទ្ធសាសនា ខ្ញុំ​ក៏​បាន​ធ្វើ​ហើយទ. ៤២ ភារៈ​ដ៏​ធ្ងន់ ខ្ញុំ​បាន​ដាក់​ចុះ​ហើយ តណ្ហាជា​គ្រឿង​នាំទៅ​កាន់​ភព ខ្ញុំ​ដក​ចោល​ហើយ។ កុលបុត្រ​អ្នក​ចេញ​ចាក​ផ្ទះ ចូល​កាន់​ផ្នួស ដើម្បី​ប្រយោជន៍​ណា ប្រយោជន៍​នោះ ខ្ញុំ​បាន​ដល់​ហើយ ខ្ញុំ​មាន​ប្រយោជន៍អ្វី ដោយ​សទ្ធិវិហារិក។

អញ្ញាកោណ្ឌញ្ញត្ថេរ។

ឧទាយិត្ថេរ

sut.kn.tha.15.02 | book_057

(២. ឧទាយិត្ថេរគាថា)

[២៤៨] មនុស្ស​ទាំង​ឡាយ តែងនមស្ការ​នូវ​ព្រះ​សម្ពុទ្ធ ដែល​ទ្រង់​មាន​ព្រះ​ជាតិ ជា​មនុស្ស ទ្រង់​បាន​បង្វឹកព្រះ​អង្គត្រឹមត្រូវ ឥតមាន​ឆ្គង មាន​ព្រះ​ទ័យ​ខ្ជាប់​ខ្ជួន ទ្រង់​ប្រព្រឹត្ត​ក្នុង​គន្លង​ដ៏​ប្រសើរ ទ្រង់​ពេញ​ព្រះ​ទ័យ ចំពោះ​ឈានជា​គ្រឿង​ស្ងប់​ចិត្ត ព្រះ​អង្គ​បាន​ដល់​នូវ​ត្រើយ​នៃធម៌​ទាំង​ពួង ទ្រង់​ឆ្លងរំលងនូវ​សំយោជនៈ​ទាំង​ពួង​ហើយ ទ្រង់ (ចេញ​ផុត) ចាក​ព្រៃ គឺ​កិលេស ស្ដេចមក​ដល់​ព្រះ​និព្វាន​ហើយ ទ្រង់​ពេញ​ព្រះ​ទ័យ​ក្នុង​ការ​ចេញ​ចាក​កាម​ទាំង​ឡាយ ដូចមាសចេញ​ផុត​ចាក​ធាតុថ្ម​ហើយ ទោះបី​ពួក​ទេវតាក៏​នមស្ការ​ព្រះ​អង្គ​ដែរ ពាក្យ​ដូច្នេះ​នេះ ខ្ញុំ​ព្រះ​អង្គបាន​ស្ដាប់ (ក្នុង​សំណាក់) នៃ​ព្រះ​អរហន្ដ ឯ​ព្រះ​សម្ពុទ្ធ ទ្រង់​ព្រះ​នាម​ថា នាគនោះ​ឯង ព្រះ​អង្គ​រុងរឿង​ក្រៃពេក ដូចភ្នំ​ហិមពាន្ដ ដែល​រុងរឿងកន្លង​នូវ​ពួក​ភ្នំឯ​ទៀត ព្រះ​អង្គ​មាន​ព្រះ​នាម​ពិតប្រាកដ ប្រសើរ​បំផុត​ជាង​ជន​ទាំង​ពួង ដែល​មាន​នាម​ថា នាគដែរ ខ្ញុំ​នឹងថ្លែងនូវ​ពុទ្ធនាគដល់​អ្នក​ទាំង​ឡាយ ព្រះ​ពុទ្ធនាគនោះ មិន​ធ្វើ​នូវ​អំពើ​អាក្រក់​ឡើយ។ទ. ៤៣ សោរច្ចៈ និងអវិហឹសា ទាំង​ពីរ​នោះ ជាបាទា (ខាង​មុខ) របស់​ព្រះ​ពុទ្ធនាគ។ សតិ និងសម្បជញ្ញៈ​ទាំង​ពីរ​នោះ ជា​បាទា​ខាង​ក្រោយ​របស់​ព្រះ​ពុទ្ធនាគ។ ព្រះ​សម្ពុទ្ធ ជាមហានាគ ទ្រង់​មាន​សទ្ធាជាប្រមោយ មាន​ឧបេក្ខាជាភ្លុកស។ ព្រះ​ពុទ្ធនាគ​នោះ មាន​សតិជាក បញ្ញាជាសិរ​ប្រទេស គំនិតសម្រាប់​គិតគូធម៌ ជាចុង​ប្រមោយ ធម៌​ជា​ផ្ទៃ​សម្រាប់​ដាក់​នូវ​គ្រឿង​ចម្អែត វិវេកជាកន្ទុយ។ ព្រះ​ពុទ្ធនាគ​នោះ មាន​ឈាន ទ្រង់​រីក​រាយចំពោះ​ខ្យល់​ដកដង្ហើម គឺព្រះ​និព្វាន មាន​ព្រះ​ទ័យ​តាំង​មាំខាង​ក្នុង ព្រះ​ពុទ្ធនាគ កាល​បើទ្រង់​ស្ដេចយាត្រា ក៏​មាន​ព្រះ​ទ័យខ្ជាប់​ខ្ជួន ព្រះ​ពុទ្ធនាគ​ទ្រង់​ឋិត ក៏​មាន​ព្រះ​ទ័យ​ខ្ជាប់​ខ្ជួន ព្រះ​ពុទ្ធនាគទ្រង់​ផ្ទំ ក៏​មាន​ព្រះ​ទ័យ​ខ្ជាប់​ខ្ជួន ទ្រង់​គង់ ក៏​មានព្រះ​ទ័យ​ខ្ជាប់​ខ្ជួន ព្រះ​ពុទ្ធ​នាគ​ទ្រង់​សង្រួមរក្សាទ្វារ​ទាំង​អស់ នេះ​ជាសម្បទា​របស់​ព្រះ​ពុទ្ធ​នាគ។ ព្រះ​ពុទ្ធ​នាគ ទ្រង់​សោយ​តែភោជន​ដែល​ឥតទោស មិន​សោយនូវ​ភោជន ដែល​ប្រកប​ដោយ​ទោស (កាល​បើ) ទ្រង់​បាន​នូវ​ចង្ហាន់ និង​គ្រឿង​ស្លៀកដណ្ដប់ ទ្រង់​វៀរនូវ​ការ​សន្សំទុក ទ្រង់​កាត់​នូវ​សំយោជនៈ ដែល​ជាចំណង​តូចធំ​ទាំង​អស់ ហើយ​ទ្រង់​យាង​ទៅ​ណា ៗ ក៏ស្ដេច​ទៅ​ដោយ​ឥតមាន​ព្រះ​ទ័យ​អាឡោះ​អាល័យ។ ឈូកស ដុះចំរើន​ឡើង​ក្នុង​ទឹក មិន​ជាប់​ប្រឡាក់​ដោយ​ទឹក មាន​ក្លិន​ក្រអូប ជា​ទី​រីករាយចិត្ត យ៉ាង​ណា​មិញទ. ៤៤ ព្រះ​ពុទ្ធ ទ្រង់​កើត​ក្នុង​លោក គង់​នៅ​ក្នុង​លោក មិន​ប្រឡាក់​ដោយ​លោក ដូច​ជាឈូក មិន​ជាប់​ប្រឡាក់​ដោយ​ទឹកដូច្នោះឯង។ គំនរ​ភ្លើង​ធំ ដែល​ឆេះសន្ធោ មិន​មាន​ចំណី រមែង​រលត់ បើ​ទុក​ជា​រងើក​ទាំង​ឡាយ មាន​នៅ ក៏គេ​និយាយថា ភ្លើងរលត់​ហើយ។ ពាក្យ​ឧបមានេះ ជា​គ្រឿង​បញ្ជាក់​នូវ​សេចក្តី ដែល​ពួក​វិញ្ញូជន​បាន​សំដែង​ហើយ មហានាគ គឺព្រះ​ខីណាស្រព​ទាំង​ឡាយ គង់​ដឹង​ច្បាស់​នូវ​ព្រះ​ពុទ្ធនាគ ដែល​ខ្ញុំ​ជានាគ​សំដែងរួច​មក​ហើយនេះ ថា ព្រះ​ពុទ្ធនាគ ទ្រង់​ប្រាស​ចាក​រាគៈ ទោស​ៈ មោហៈ​ហើយ អស់​អាសវៈ​ហើយ លះ​បង់​សរីរៈ មិន​មាន​អាសវៈ នឹង​បរិនិព្វាន។

ឧទាយិត្ថេរ

ឧទ្ទាន មានក្នុង​សោឡសកនិបាតនោះ

ព្រះ​ថេរៈ​ពីរ​អង្គ អ្នកមានឫទ្ធិ​ច្រើននោះ គឺ​ព្រះ​កោណ្ឌញ្ញ ១ ព្រះឧទាយី ១ ពោល​នូវ​គាថា ៣២ ក្នុង​សោឡសកនិបាត។

ចប់ សោឡសកនិបាត។

វីសតិនិបាត

sut.kn.tha.16 | book_057
ទ. ៤៥

(១៦. វីសតិនិបាតោ)

អធិមុត្តត្ថេរ

sut.kn.tha.16.01 | book_057

(១. អធិមុត្តត្ថេរគាថា)

[២៤៩] (ចោរពោលថា) ក្នុង​កាល​មុន យើង​ខ្ញុំ​ទាំង​ឡាយ សម្លាប់​សត្វ​ពួក​ណា ដើម្បី​យញ្ញ ឬដើម្បី​ទ្រព្យ ភ័យក៏កើតមាន (ដល់​សត្វពួក​នោះ) ឥតមាន​សេស​សល់ សត្វ​ទាំង​នោះ រមែង​ញាប់​ញ័រផង សោកសៅផង។ សេចក្តី​ភិតភ័យ​នៃ​លោក​មិន​មាន ទាំង​សម្បុរ (មុខលោក) ក៏ស្រស់​បស់​ក្រៃពេក ហេតុអ្វីក៏លោក​មិនខ្សឹកខ្សួល ព្រោះភ័យ​ធំ មាន​សភាព​យ៉ាង​នេះ។

(ព្រះ​អធិមុត្តត្ថេរ​ពោលថា) ម្នាលចោរជាធំ សេចក្តី​ទុក្ខប្រព្រឹត្ត​ទៅ​ក្នុង​ចិត្ត​នៃ​បុគ្គល​អ្នក​មិន​មាន​សេចក្តី​អាឡោះអាល័យ មិន​មាន​ទេ បុគ្គល​អ្នក​មាន​សំយោជនៈ​អស់​ហើយ បាន​​កន្លងផុតនូវ​ភ័យ​ទាំង​ពួង។ កាល​បើតណ្ហា ជា​គ្រឿង​នាំ​សត្វ​ទៅ​កាន់​ភព ក្នុង​បច្ចុប្បន្ន​អស់​ហើយ ដោយ​ហេតុ​ណា​មួយ ភ័យចំពោះ​សេចក្តី​ស្លាប់ ក៏​មិន​មាន​ឡើយ ដូចការ​មិន​មាន​ភ័យ ក្នុង​កិរិយាដាក់​ចុះនូវ​ភារៈ​ចេញ (អំពីក្បាល)។ ព្រហ្មចរិយធម៌ អាត្មា​បាន​សន្សំ​ល្អ​ហើយ ទាំង​មគ្គ អាត្មា​ក៏​បាន​ចំរើន​ល្អ​ហើយ ភ័យចំពោះ​សេចក្តី​ស្លាប់​នៃអាត្មា​មិន​មាន​ទេ ដូចការ​មិន​មាន​ភ័យ​ក្នុង​កិរិយាអស់​ទៅ​នៃរោគ​ទាំង​ឡាយ។ ព្រហ្មចរិយធម៌ អាត្មា​បាន​សន្សំ​ល្អ​ហើយ ទាំង​មគ្គ អាត្មា​ក៏​បាន​ចំរើន​ល្អ​ហើយ ភព​ទាំង​ឡាយ ដែល​មិន​មាន​សេចក្តី​ត្រេកអរ អាត្មា​ក៏​បាន​ឃើញ​ហើយ ដូច​បុគ្គល​ផឹកនូវ​ថ្នាំពិស ហើយខ្ជាក់​ចោលវិញ។ទ. ៤៦ បុគ្គល​អ្នក​ដល់​នូវ​ត្រើយ គឺព្រះ​និព្វាន មិន​មាន​សេចក្តី​ប្រកាន់ មាន​សោឡស​កិច្ច​ធ្វើ​ហើយ មិន​មាន​អាសវៈ រមែង​ជា​អ្នក​ត្រេកអរ ក្នុង​កិរិយា​អស់​ទៅ​នៃអាយុ ដូច​បុគ្គល​រួច​ហើយចាក​ការ​សម្លាប់។ បុគ្គល​បាន​ដល់​នូវ​ធម៌​ដ៏​ឧត្តម ជា​អ្នក​មិន​ត្រូវការ​ក្នុង​លោក​ទាំង​អស់ រមែង​មិន​សោកសៅ​ព្រោះ​សេចក្តី​ស្លាប់ ដូច​បុគ្គល​ស្ទុះផុត​ចាក​ផ្ទះ​ដែល​ភ្លើងឆេះ។ ការ​ជួបជុំ​ដោយ​សត្វ និងសង្ខារឯណានីមួយក្តី ការ​កើតមាន​ក្នុង​ពួក​សត្វឯណាក្តី ទាំង​អស់​នុ៎ះ មិន​មែន​ជាធំឡើយ ពាក្យ​នេះ ព្រះ​សម្មា​សម្ពុទ្ធ អ្នក​ស្វែង​រក​នូវ​គុណធំ បាន​សំដែង​ហើយ។ បុគ្គល​ណា បាន​ដឹង​ច្បាស់​នូវ​ព្រះ​ពុទ្ធដីកា តាម​ដែល​ព្រះ​ពុទ្ធ​ទ្រង់​សំដែង​ហើយ​នោះ បុគ្គល​នោះ មិន​ប្រកាន់​នូវ​ភព​នីមួយឡើយ ដូចបុរសមិន​កាន់​ដុំដែក​ដែល​ក្ដៅសព្វ។ អាត្មា​មិន​មាន​សេចក្តី​ត្រិះ​រិះ​ថា ខ្លួន​អញ​បាន​មាន​ហើយទេ អាត្មា​មិន​មាន​គិតថា ខ្លួន​អញ​នឹង​មាន​តទៅ​ទេ (ព្រោះ​ថា) សង្ខារ​ទាំង​ឡាយ ទៀង​តែវិនាស​ទៅ​វិញ ហេតុ​នោះ សេចក្តី​ខ្សឹកខ្សួល​ក្នុង​សង្ខារ​ទាំង​នោះ ដូច​ម្ដេច​កើត។ ម្នាល​ចោរ​ជាធំ បុគ្គល​ដែល​ឃើញ​ច្បាស់​តាម​សេចក្តី​ពិត​នូវ​ការ​ប្រជុំកើត​នៃធម៌​ដ៏​បរិសុទ្ធ និងតំណ​នៃសង្ខារ​ដ៏​បរិសុទ្ធ ភ័យមិន​មាន​ឡើយ។ បុគ្គល​ដែល​ឃើញ​ច្បាស់​ដោយ​បញ្ញា​នូវ​លោក ប្រាកដ​ស្មើ​ដោយ​ស្មៅ និង​កំណាត់​ឈើ ក្នុង​កាល​ណាទ. ៤៧ ក្នុង​កាល​នោះ បុគ្គល​នោះ ក៏​មិន​បាន​នូវ​សេចក្តី​ប្រកាន់​ថា របស់​អញ រមែង​មិន​សោកសៅ​ថា ភ័យមិន​មាន​ដល់​អាត្មាឡើយ។ អាត្មាធុញ​ទ្រាន់​នឹង​សរីរៈ ជា​អ្នក​មិន​ត្រូវការ​ដោយ​ភព ព្រោះ​ថាកាយ​នេះ នឹងបែក​ធ្លាយទៅ ទាំង​កាយ​ដទៃ​ទៀត ក៏​នឹងមិន​មាន​ដែរ។ កិច្ចណាដោយ​សរីរៈ មាន​ដល់​ពួក​អ្នក ពួក​អ្នក​ប្រាថ្នា​នូវ​កិច្ច​ណា ចូរធ្វើ​នូវ​កិច្ច​នោះ​ចុះ សេចក្តី​ទោមនស្សក្តី សេចក្តី​ស្រឡាញ់​ក្តី​នៃអាត្មា នឹងមិន​មាន​ក្នុង​អំពើ​ទាំង​នោះ ព្រោះ​បច្ច័យ​នៃកិច្ចនោះ។

ពួក​ចោរ បាន​ស្ដាប់​ពាក្យ​នៃ​ព្រះ​អធិមុត្តត្ថេរ​នោះ ជា​ពាក្យ​ចម្លែកអស្ចារ្យ គួរ​ឲ្យ​ព្រឺរោម ហើយក៏ទម្លាក់​ចោល​នូវ​គ្រឿង​សាស្រ្ដា​ទាំង​ឡាយ បាន​ពោលពាក្យ​នេះ​ថា បពិត្រ​លោក​ដ៏​ចំរើន លោកបាន​ធ្វើ​តបោកម្ម​ដូចម្ដេច ឬ​អ្នក​ណាជា​អាចារ្យ​របស់​លោក សេចក្តី​មិន​សោកសៅ លោក​បាន​ព្រោះ​អាស្រ័យពាក្យ​ប្រដៅ​របស់​អ្នក​ណា។

ព្រះ​ថេរៈ​ឆ្លើយថា ព្រះ​ជិនស្រី ព្រះ​អង្គជាសព្វញ្ញូ ទ្រង់​ឃើញ​នូវ​ធម៌​ទាំង​ពួង ជា​សាស្ដា​ប្រកប​ដោយ​ករុណា​ដ៏​ធំ ទ្រង់​រក្សានូវ​សត្វលោក​ទាំង​អស់ ជាអាចារ្យ​របស់​អាត្មា។ ព្រះ​ធម៌​នេះ ជា​ធម៌ដល់​នូវ​កិរិយាអស់​ទៅ​នៃកិលេស ជា​ធម៌​ដ៏​ប្រសើរ ព្រះ​ជិនស្រី​នោះ បាន​សំដែង​ហើយ សេចក្តី​មិន​សោកសៅ ដែល​អាត្មា​បាន​ព្រោះ​អាស្រ័យនូវ​ធម៌​ជា​ពាក្យ​ប្រៀន​ប្រដៅ​របស់​ព្រះ​ជិនស្រីនោះ។ទ. ៤៨

ចោរ​ទាំង​ឡាយ បាន​ស្ដាប់​នូវ​សុភាសិត​នៃឥសី (អធិមុត្តត្ថេរ) ក៏ទម្លាក់​ចោល​នូវ​គ្រឿង​សស្រ្តា​ទាំង​ឡាយ​ផង នូវ​អាវុធ​ទាំង​ឡាយ​ផង ពួក​ខ្លះ​ក៏វៀរចាក​ចោរកម្មនោះ ពួក​ខ្លះ​ក៏ពេញ​ចិត្ត​នឹងបព្វជ្ជា។ ចោរ​ទាំង​នោះ ក៏ចូល​ទៅ​បួស​ក្នុង​សាសនា​នៃ​ព្រះ​សុគត ចំរើន​នូវ​ពោជ្ឈង្គ និង​ពលៈ​ទាំង​ឡាយ ជាបណ្ឌិត មាន​ចិត្ត​ខ្ពស់​ឡើង មាន​ចិត្ត​ល្អ មាន​ឥន្រ្ទិយចំរើន​ហើយ ក៏​បាន​ពាល់​ត្រូវនូវ​និព្វាន​បទ ជា​អសង្ខតធម៌។

អធិមុត្តត្ថេរ។

បារាសរិយត្ថេរ

sut.kn.tha.16.02 | book_057

(២. បារាបរិយត្ថេរគាថា)

[២៥០] ភិក្ខុឈ្មោះ​បារាសរិយៈ ជា​សមណៈ អង្គុយ​តែម្នាក់​ឯង ជា​អ្នក​ស្ងប់​ស្ងាត់ ចំរើន​ឈាន មាន​គំនិតថា បុរស​គប្បី​ប្រតិបត្តិ​ដោយ​លំដាប់​ដូចម្ដេច គប្បី​ប្រព្រឹត្តនូវ​វត្ត​ដូចម្ដេច នូវ​សមាចារៈ​ដូចម្តេច ទើបឈ្មោះថា ជា​អ្នក​ធ្វើ​នូវ​កិច្ច​របស់​ខ្លួន ទាំង​មិនបៀត​បៀន​នូវ​អ្វីណា​មួយ។ ឥន្រ្ទិយ​ទាំង​ឡាយ​របស់​ពួក​មនុស្ស មាន​ដើម្បី​ជា​ប្រយោជន៍​ផង មិន​ជា​ប្រយោជន៍​ផង ឥន្ទ្រិយ​ទាំង​ឡាយ​ដែល​គេ​មិន​រក្សា ប្រព្រឹត្ត​ទៅ​ដើម្បី​មិន​ជា​ប្រយោជន៍ ដែល​គេ​រក្សា​ហើយ ប្រព្រឹត្ត​ទៅ​ដើម្បី​ជា​ប្រយោជន៍។ បុគ្គល​កាល​រក្សា​នូវ​ឥន្ទ្រិយ​ទាំង​ឡាយ​ផង គ្រប់​គ្រង​នូវឥន្ទ្រិយ​ទាំង​ឡាយ​ផង ឈ្មោះ​ថា ជា​អ្នក​ធ្វើ​នូវ​កិច្ច​របស់​ខ្លួន ទាំង​មិន​បៀត​បៀន​នូវអ្វី​ណា​មួយ។ទ. ៤៩ បើ​បុគ្គល​ណា មិន​ឃាត់​នូវ​ចក្ខុន្រ្ទិយ​ដែល​ប្រព្រឹត្ត​ទៅ ក្នុង​រូប​ទាំង​ឡាយ ជា​អ្នក​មិន​ឃើញ​នូវ​ទោស​ទេ បុគ្គល​នោះ មិន​រួច​ចាក​ទុក្ខឡើយ។ មួយ​ទៀត បុគ្គល​ណា មិន​ឃាត់​នូវ​សោតិន្ទ្រិយ ដែល​ប្រព្រឹត្ត​ទៅ​ក្នុង​សំឡេង​ទាំង​ឡាយ ជា​អ្នក​មិន​ឃើញ​នូវ​ទោស​ទេ បុគ្គល​នោះ មិន​រួច​ចាក​ទុក្ខឡើយ។ បើ​បុគ្គល​ណា មិន​ឃើញ​នូវ​ការ​រលាស់​ចេញ ជា​អ្នក​ជ្រប់​នៅ​ក្នុង​ក្លិន​ទាំង​ឡាយ ហើយ​សេព​ចំពោះ​នូវ​ក្លិន​ទាំង​ឡាយ បុគ្គល​នោះ មិន​រួច​ចាក​ទុក្ខទេ។ បុគ្គល​ណា រលឹករឿយ ៗ នូវ​រស​ជូរ និង​ចំណែក​នៃរសផ្អែមផង នូវ​ចំណែក​នៃរសល្វីងផង ជា​អ្នក​ជាប់​នៅ​ក្នុង​រសតណ្ហា បុគ្គល​នោះ រមែង​មិន​ដឹង​ច្បាស់​នូវ​បេះដូង​នៃសាសនា។ បុគ្គល​កាលរលឹករឿយ ៗ នូវ​ផោដ្ឋព្វៈ​ទាំង​ឡាយ​ដែល​ស្អាត មិន​គួរ​ខ្ពើម ជា​អ្នក​ត្រេកអរ (ក្នុង​ផ្សព្វនោះ​) រមែង​បាន​នូវ​សេចក្តី​ទុក្ខផ្សេង ៗ ដែល​មាន​រាគៈ​ជាហេតុ។ បុគ្គល​ណា មិន​អាចរក្សានូវ​ចិត្ត ដោយ​ធម៌​ទាំង​ឡាយ​នេះ ព្រោះ​ហេតុ​តែមិន​បាន​រក្សានោះ​ឯង ទុក្ខ​រមែង​ជាប់​តាមបុគ្គល​នោះ ដោយ​ខ្សែ​ទាំង​ពួង មាន​ប្រមាណ ៥ គឺ​អារម្មណ៍​ទាំង ៥។ សរីរៈ​នេះ ពេញ​ដោយ​ខ្ទុះ និង​ឈាមផង ពេញ​ដោយ​សាក​សព​ដ៏​ច្រើន​ផង ដូចស្មុគ្រ​ដែល​បុគ្គល​មាន​ព្យាយាម ធ្វើ​ឲ្យ​រលីង វិចិត្រ​ហើយ។ទ. ៥០ បុគ្គល​រមែង​មិន​ដឹង​នូវ​សេចក្តី​ទុក្ខ​ក្តៅ​ក្រហាយ តែ​មាន​រស​ផ្អែម​ឆ្ងាញ់​ពិសា ដែល​មាន​សេចក្តី​ស្រឡាញ់​ជាចំណង ដូច​កាំបិតកោរ ដែល​គេ​លាបប្រឡាក់​ដោយ​ទឹក​ឃ្មុំ។ បុគ្គល​អ្នក​ត្រេកអរ​ក្រៃពេក ក្នុង​រូបស្រ្តី​ផង ក្នុង​រស​នៃស្រ្តីផង ក្នុង​ការ​ប៉ះ​ពាល់​នូវ​កាយ​នៃស្រ្តីផង ក្នុង​ក្លិន​នៃស្រីផង រមែង​បាន​នូវ​សេចក្តី​ទុក្ខផ្សេង ៗ។ ខ្សែ​នៃ​តណ្ហា​ទាំង ៥ របស់​ស្រ្តី​ទាំង​អស់ រមែង​ហូរ​ទៅ​ក្នុង​ទ្វារ​នៃ​បុរស​ទាំង ៥ ដែរ បុគ្គល​ណា មាន​ការ​ព្យាយាម អាចធ្វើ​នូវ​ការ​បិទរាំងនូវ​ខ្សែតណ្ហា​ទាំង​នោះ (មិនឲ្យ​កើត​ឡើងបាន) បុគ្គល​នោះ ឈ្មោះ​ថា ជា​អ្នក​មាន​ប្រយោជន៍ ជា​អ្នក​ឋិត​នៅ​ក្នុង​ធម៌ ជា​អ្នក​ឈ្លាសវៃ ជា​អ្នក​មាន​បញ្ញាជា​គ្រឿង​ពិចារណា បុគ្គល​នោះ គប្បី​ត្រេកអរ ធ្វើ​នូវ​កិច្ចប្រកប​ដោយ​ធម៌ និងអត្ថ។ ម៉្យាងទៀត កិច្ច​ដែល​ប្រកប​ដោយ​សេចក្តី​ត្រេកអរ រមែង​លិច​ចុះ បុគ្គល​គប្បី​វៀរនូវ​កិច្ច​ដែល​មិន​មាន​ប្រយោជន៍ អ្នក​ប្រាជ្ញ​មិន​មាន​សេចក្តី​ប្រមាទ តែងសំគាល់​នូវ​កិច្ចនោះ​ថា ជា​អំពើ​មិន​គួរ​ធ្វើ។ មួយ​ទៀត កិច្ចណា ប្រកប​ដោយ​ប្រយោជន៍ក្តី សេចក្តី​ត្រេកអរ​ណា ប្រព្រឹត្ត​ទៅ​ក្នុង​ធម៌ក្តី បុគ្គល​គប្បី​ប្រព្រឹត្តកាន់​យក​នូវ​ប្រយោជន៍ និង​សេចក្តី​ត្រេកអរនោះ ព្រោះ​ថា សេចក្តី​ត្រេកអរនោះ ជាគុណជាតិ​ដ៏​ឧត្តម។ បុគ្គល​ណា​សម្លាប់ វាយ ឬធ្វើ​ឲ្យ​អ្នក​ដទៃសោក​សៅ ហើយប្លន់​ដណ្ដើម (យក​ទ្រព្យ) នៃ​ពួក​ជន​ដទៃ ដោយ​ការ​កំហែង បុគ្គល​នោះ រមែង​នាំទៅ​នូវ​ទ្រព្យជា​របស់​ពួក​ជន​ដទៃ ដោយ​ឧបាយ​ទាំង​តូច​ទាំង​ធំបាន។ទ. ៥១ ជន​អ្នក​មាន​កំឡាំង កាលចាំងឈើ រមែង​នាំចេញ​នូវ​ដែកគោល ដោយ​ដែកគោល យ៉ាង​ណា​មិញ ពួក​ជន​អ្នក​ឈ្លាស រមែង​រម្ងាប់​នូវ​ឥន្ទ្រិយ​ទាំង​ឡាយ ដោយ​ឥន្ទ្រិយ​ទាំង​ឡាយ ក៏​យ៉ាង​នោះ​ដែរ។ បុគ្គល​ណា ចំរើន​នូវ​សទ្ធា វីរិយៈ សមាធិ សតិ និង​បញ្ញា សម្លាប់​នូវ​ឥន្ទ្រិយ ៥ (មាន​ចក្ខុន្ទ្រិយជាដើម) ដោយ​ឥន្ទ្រិយ ៥ បុគ្គល​នោះ ឈ្មោះ​ថាព្រាហ្មណ៍ ជា​អ្នក​មិន​មាន​ទុក្ខ​ប្រព្រឹត្ត​ទៅ។ បុគ្គល​ណា ធ្វើ​តាមពាក្យ​ប្រៀន​ប្រដៅ​របស់​ព្រះ​ពុទ្ធ ដោយ​សព្វគ្រប់ បុគ្គល​នោះ ឈ្មោះ​ថា​ជា​អ្នក​មាន​ប្រយោជន៍ ជា​អ្នក​តាំង​នៅ​ក្នុង​ធម៌ នរ​ជន​នោះ តែងដល់​នូវ​សេចក្តី​សុខ។

បារាសរិយត្ថេរ។

តេលុកានិត្ថេរ

sut.kn.tha.16.03 | book_057

(៣. តេលកានិត្ថេរគាថា)

[២៥១] ខ្ញុំ​មានព្យាយាម ជា​គ្រឿង​ដុត​កំដៅនូវ​កិលេស កាលគិត​រក​នូវ​ធម៌ អស់​កាល​មាន​រាត្រី​ដ៏យូរណាស់ តែមិន​បាន​នូវ​ការ​ស្ងប់​រម្ងាប់​នៃ​ចិត្ត ទើបសួរនូវ​សមណ​ព្រាហ្មណ៍​ទាំង​ឡាយ​ថា បុគ្គល​ណាសោត ដែល​បាន​ដល់​នូវត្រើយ​ក្នុង​លោក អ្នក​ណា​ដែល​បាន​ដល់​នូវ​ព្រះ​និព្វាន​ឈ្មោះ​អមតៈ ខ្ញុំ​នឹងប្រតិបត្តិនូវ​ធម៌ ជា​គ្រឿង​ដឹង​ច្បាស់​នូវ​ប្រយោជន៍​ដ៏​ឧត្តម​របស់​សមណព្រាហ្មណ៍ណា។ ខ្ញុំ​លុះ​ក្នុង​កិលេស​ជា​គ្រឿង​វៀច​ខាង​ក្នុង ដូចត្រីស៊ីនុយ ឬ​ដូចអសុរឈ្មោះ​វេបចិត្តិ​ជាប់​ចំណង​ព្រះ​ឥន្រ្ទ។ទ. ៥២ ខ្ញុំ​ទាញដកអន្ទាក់ គឺ​កិលេស​នោះ តែមិនរួច​ចាក​សេចក្តី​សោក និង​ការ​ខ្សឹកខ្សួល​នេះ​ទេ អ្នក​ណា​អាច​ស្រាយ​នូវ​ចំណង​នៃ​ខ្ញុំ ក្នុង​លោក រួច​ប្រាប់​នូវ​ធម៌​ជា​គ្រឿង​ត្រាស់​ដឹងដល់​ខ្ញុំ​បាន។ ខ្ញុំ (គប្បី​បាន​) នូវ​សមណៈ ឬព្រាហ្មណ៍ណា ដែល​អាច​ប្រាប់​ធម៌ ជា​គ្រឿង​កំចាត់​បង់​កិលេសបាន ខ្ញុំ​នឹងទទួលនូវ​ធម៌​ជា​គ្រឿង​បន្សាត់​បង់​នូវ​ជរា និងមច្ចុ អំពី​សំណាក់​នៃបុគ្គល​ណា។ (សរ គឺទិដ្ឋិណា) ដែល​មាន​និស្ស័យ​ជាប់​ក្នុង​ទ្រូង អាច​ទំលាយយ៉ាង​ខ្លាំង ហើយ​ឋិត​នៅ​ក្នុង​ហឫទ័យ អ្នក​ចូរមើល​នូវ​សរ គឺទិដិ្ឋនោះ ដែល​ធ្លាក់​ចុះ​ក្នុង​សេចក្តី​សង្ស័យ និង​សេចក្តី​ងឿងឆ្ងល់ ប្រកប​ដោយ​កម្លាំង​នៃ​សេចក្តី​ប្រណាំងប្រជែង មាន​សេចក្តី​រឹងត្អឹង​នៃ​ចិត្ត ដែល​ផ្សំ​ដោយ​សេចក្តី​ក្រោធ មាន​តណ្ហាជា​គ្រឿង​ទំលាយ កើតព្រម​អំពីធ្នូ គឺ​តណ្ហា មាន​ប្រភេទ ១៥ ពី​រដង។6) ការ​ដែល​មិន​បាន​លះ​បង់​នូវ​ទិដិ្ឋបន្ទាប់​បន្សំ​ទាំង​ឡាយ ត្រូវសរ គឺ​សេចក្តី​ត្រិះ​រិះ​ខុស ឲ្យ​ក្លាហាន​ហើយ អាត្មា​អញ​ឈ្មោះ​ថា ត្រូវសរ គឺទិដិ្ឋនោះ​មុត​ហើយ រមែង​ញាប់​ញ័រ​ដូច​ស្លឹកឈើ​ដែល​ត្រូវខ្យល់​បក់​ដូច្នោះ។ កាយប្រកប​ដោយ​ផស្សាយតនៈ ៦ តាំងឡើង​ក្នុង​សន្តាន​របស់​អាត្មា​អញ ហើយក៏ដុត​យ៉ាង​ឆាប់​នូវ​អត្តភាព ដែល​គេ​រាប់​ថា ជា​របស់​នៃខ្លួន (កាយនោះ​) កើត​ឡើង​ក្នុង​ភពណា ក៏ប្រព្រឹត្ត​ទៅ​ក្នុង​ភពនោះ​សព្វកាល។ទ. ៥៣ អាត្មា​អញ រកមិន​ឃើញ​នូវ​ពេទ្យ ដែល​គប្បី​ដកឡើង​នូវ​សរ គឺ​សេចក្តី​សង្ស័យនោះ របស់​អាត្មា​អញ ដោយ​ដង្កាប់​សម្រាប់​ដកផ្សេង ៗ ឬ​ដោយ​កាំបិត មិន​មែន​ដោយ​មន្ដដទៃឡើយ។ បុគ្គល​ណាហ្ន៎ មិន​មាន​កាំបិត (កាត់) នូវ​សរ មិន​ឲ្យ​មាន​ដំបៅដល់​អាត្មា​អញ មិន​បាន​បៀត​បៀន​នូវ​ខ្លួន​ទាំង​មូល ហើយដកនូវ​សរ គឺ​កិលេស ដែល​អាស្រ័យនូវ​ហឫទ័យ​របស់​អាត្មា​អញ​បាន។ ព្រោះ​ថា កាល​បើអាត្មា​អញ ធ្លាក់​ចុះ​ក្នុង​សង្សារ​ដ៏ជ្រៅ​ហើយ (បុគ្គល​ណា) គប្បី​បង្ហាញនូវ​ដៃ ដែល​ញ៉ាំង​អាត្មា​អញឲ្យ​ដល់​ទីគោក គឺព្រះ​និព្វាន​បាន បុគ្គល​នោះ ឈ្មោះ​ថា​ជាធំ ហេតុធម៌ ជា​អ្នក​ប្រសើរ ជា​អ្នក​បន្សាត់​បង់​នូវ​ពិស គឺទោស​ៈ។ អាត្មា​អញ ជា​អ្នក​លិច​ចុះ​ក្នុង​អន្លង់ គឺសង្សារវដ្ដ មាន​ធូលី គឺ​កិលេសនៅខាង​ក្នុង ដែល​គេ​មិនអាច​នឹង​នាំចេញ​បាន ជា​ទីផ្សាយ​ទៅ​ដោយ​មាយា ដោយ​សេចក្តី​ច្រណែន ដោយ​ការ​ប្រណាំងប្រជែង និងថីនមិទ្ធៈ។ សេចក្តី​ត្រិះ​រិះ​ទាំង​ឡាយ ដែល​អាស្រ័យនូវ​រាគៈ បា្រកដ​ស្មើ​ដោយ​ទឹក​ដែល​ហូរ​ទៅ តែងបន្សាត់​ទៅ​នូវ​បុគ្គល​អ្នក​មាន​ទិដ្ឋិអាក្រក់ ដែល​មាន​ឧទ្ធច្ចៈ​ជា​មេឃ​គ្រហឹម មាន​សំយោជនៈ​ជាភ្លៀង។ ខ្សែតណ្ហា រមែង​ហូរទៅ​​ក្នុង​អារម្មណ៍​ទាំង​ពួង តណ្ហា​ដូច​ជាវល្លិ៍ រមែង​ដុះបែកខ្នែង តើបុគ្គល​ណា ឃាត់​នូវ​ខ្សែ​តណ្ហា​នោះ​បាន ចុះ​បុគ្គល​ណាកាត់​ផ្ដាច់​នូវ​តណ្ហា ដូច​ជាវល្លិ៍នោះ​បាន។ទ. ៥៤ បពិត្រ​អ្នក​ទាំង​ឡាយ​ដ៏​ចំរើន អ្នក​ទាំង​ឡាយ ចូរធ្វើ​នូវ​ទំនប់ ជា​គ្រឿង​ទប់​នូវ​ខ្សែតណ្ហា​ទាំង​ឡាយ។ ខ្សែ​តណ្ហា ដែល​សម្រេច​អំពីចិត្ត កុំគប្បី​ញ៉ាំង​អ្នក​ឲ្យ​វិនាស​ដោយ​រហ័ស ដូច​ជាខ្សែទឹក (ច្រោះ) នូវ​ដើមឈើ (ឲ្យ​រលំ) ដូច្នោះឡើយ។ កាលអាត្មា​អញ​មាន​ភ័យកើត​ហើយ កំពុង​ស្វែង​រក​ត្រើយខាង​នាយ គឺព្រះ​និព្វាន ចាក​ត្រើយខាង​អាយ គឺសង្សារវដ្ដយ៉ាង​នេះ ព្រះ​សាស្ដា មាន​បញ្ញា​ជា​អាវុធ ជា​ទីពឹង​នៃសត្វ​លោក ព្រះ​អង្គត្រូវពួក​នៃបុគ្គល​អ្នក​ស្វែង​រក​នូវ​គុណ សេពគប់​ហើយ ទ្រង់​ប្រទាន (ដល់​ខ្ញុំ) នូវ​ជណ្ដើរ គឺវិបស្សនា ដែល​ទេសនាញាណ ធ្វើ​ល្អ​ហើយ ជា​ជណ្ដើរ​ដ៏ស្អាត សម្រេច​អំពី​ធម៌​មាន​ខ្លឹម​ដ៏មាំ កាល​ខ្ញុំ​កំពុងត្រូវ​ជំនន់​ធំគួចទៅ ព្រះ​អង្គក៏​បាន​ត្រាស់​ថា អ្នក​កុំភ័យឡើយ។ ខ្ញុំ​បាន​ឡើង​កាន់​ប្រាសាទ គឺសតិប្បដ្ឋាន ហើយ​ក្រឡេក​មើល ក៏សំគាល់​នូវ​សត្វ​ដែល​ត្រេកអរ​ក្នុង​សក្កាយ​ក្នុង​កាល​មុន។ អាត្មា​អញ បាន​ឃើញ​នូវ​ផ្លូវ គឺវិបស្សនា ជា​ទីឡើង​កាន់​ទូក គឺ​អរិយមគ្គ ក្នុង​កាល​ណា កាល​នោះ អាត្មា​អញ​មិន​បាន​តាំង​ចិត្ត ក៏​បាន​ឃើញ​នូវ​អរិយ​មគ្គ​ដ៏​ឧត្តម ជា​កំពង់ (នៃនិព្វាន​)។ សរ គឺទិដ្ឋិ មានះជាដើម ដែល​មាន​ខ្លួន​ជាសមុដ្ឋាន មាន​តណ្ហាជា​គ្រឿង​នាំ​សត្វ​ទៅ​កាន់​ភព ជា​ដែនកើត ព្រះ​សាស្ដាទ្រង់​សំដែងមគ្គ​ដ៏​ឧត្តម ដើម្បី​មិនឲ្យ​ប្រព្រឹត្ត​ទៅ​នៃបាបធម៌​ទាំង​ឡាយ​នុ៎ះ។ ព្រះ​ពុទ្ធ បន្សាត់​បង់​នូវ​ទោស​ៈ​ជាពិស ទ្រង់​បន្ទោបង់​នូវ​កិលេស ជា​គ្រឿង​ចាក់​ស្រេះ​របស់​អញ ដែល​ត្រាំ​នៅ​ក្នុង​ចិត្ត អស់​រាត្រី​ដ៏​វែង ដែល​តាំងស៊ប់​ហើយ​ក្នុង​សន្ដាន អស់​កាល​ដ៏យូរ។

តេលុកានិត្ថេរ។

រដ្ឋបាលត្ថេរ

sut.kn.tha.16.04 | book_057

(៤. រដ្ឋបាលត្ថេរគាថា)

[២៥២] អ្នកចូរមើល​នូវអត្តភាព ដែល​ធ្វើ​ឲ្យ​វិចិត្រ ជា​ទីប្រជុំ​នៃដំបៅ​ដែល​តាំងឡើង​ព្រម​ហើយ (ដោយ​ឆ្អឹង ៣០០ កំណាត់) ជាអត្តភាពក្ដៅក្រហាយ ដែល​ជន​ពាលត្រិះ​រិះ​ដោយ​ច្រើន ជាអត្តភាពមិនទៀង​ទាត់​ឋិតថេរ។ អ្នក​ចូរ​មើល​នូវ​រូប ដែល​ធ្វើ​ឲ្យ​វិចិត្រ​ដោយ​កែវមណី និងកណ្ឌល ដែល​ឆ្អឹង និងស្បែក​រួបរឹត​ហើយ (រូបនោះ) រមែង​ល្អ​ដោយ​សារ​សំពត់​ទាំង​ឡាយ។ ជើង​ទាំង​ឡាយ លាប​ដោយ​ល័ខស្រស់ មុខ​លាប​ដោយ​គ្រឿង​លំអិត អាចញ៉ាំង​ជនពាលឲ្យ​វង្វេង តែ​មិនអាចញ៉ាំង​បុគ្គល​អ្នក​ស្វែង​រក​នូវ​ត្រើយ គឺព្រះ​និព្វាន​ឲ្យ​វង្វេងបាន​ទេ។ សក់​ទាំង​ឡាយ ដែល​គេ​រចនា​ដូច​ជាក្រឡាចតុរង្គ ភ្នែក​ទាំង​ឡាយ លាប​ដោយ​ថ្នាំ​សម្រាប់​បន្តក់​ភ្នែក អាចញ៉ាំង​ជនពាលឲ្យ​វង្វេង តែ​មិន​អាច​ញ៉ាំង​បុគ្គល​អ្នក​ស្វែង​រក​នូវ​ត្រើយ គឺព្រះ​និព្វាន​ឲ្យ​វង្វេងបាន​ឡើយ។ កាយ​ស្អុយ​ដែល​គេ​តាក់​តែង​ហើយ ដូច​ជានាឡិសម្រាប់​ដាក់​ថ្នាំបន្តក់ ដែល​គេ​វិចិត្រ​ហើយ​ថ្មី ៗ អាច​ញ៉ាំង​ជន​ពាល​ឲ្យ​វង្វេង តែមិនអាចញ៉ាំង​បុគ្គល​អ្នក​ស្វែង​រក​នូវ​ត្រើយ គឺព្រះ​និពា្វន​ឲ្យ​វង្វេង​បាន​ឡើយ។ទ. ៥៦ ព្រានម្រឹគដាក់​នូវ​អន្ទាក់ ម្រឹគក៏​មិន​បាន​ប៉ះពាល់​នូវ​អន្ទាក់ ហើយស៊ី​នូវ​ចំណី កាល​ដែល​ព្រានម្រឹគកំពុងកន្ទក់​កន្ទេញ (ក៏បោល​ចេញ​ទៅ យ៉ាង​ណា​មិញ) ពួក​យើងក៏ដើរចេញ​ទៅ (យ៉ាង​នោះ​ដែរ)។ អន្ទាក់​របស់​ព្រានម្រឹគ​ដាច់​ហើយ ម្រឹគក៏​មិនប៉ះពាល់​នូវ​អន្ទាក់ ហើយស៊ីនូវ​ចំណី កាលព្រាន​ម្រឹគ​កំពុង​សោក​ស្ដាយ (ក៏បោលចេញ​ទៅ យ៉ាង​ណា​មិញ) ពួក​យើង​ក៏ដើរ​ចេញ​ទៅ (យ៉ាង​នោះ​ដែរ)។

អាត្មា​បានឃើញ​នូវមនុស្សទាំង​ឡាយ បរិបូណ៌​ដោយ​ទ្រព្យសម្បត្តិ​ក្នុង​លោក (ពួក​មនុស្ស​ទាំង​នោះ​) លុះបាន​ទ្រព្យគាប់​ចិត្ត​ហើយ មិន​ឲ្យ (ដល់​បុគ្គល​ណា​មួយ​ឡើយ) ព្រោះ​តែសេចក្តី​វង្វេង។ ពួក​មនុស្សបាន​ទ្រព្យ​ហើយ ក៏​ធ្វើ​នូវ​ការ​សន្សំ​ទុក ទាំង​ប្រាថ្នា​ក្នុង​កាម​ដ៏​លើសលុប។ ព្រះ​រាជាឈ្នះនូវ​ផែនដី ដែល​ព្រះ​អង្គ​រឹប​ជាន់​បាន​ហើយ នៅ​គ្រប់​គ្រង​ផែនដី មាន​សាគរជា​ទីបំផុត មាន​សភាពមិនឆ្អែត​នឹងត្រើយសមុទ្រខាង​អាយ ក៏ប្រាថ្នា​នូវ​ត្រើយសមុទ្រខាងនាយ។ ព្រះ​រាជាក្តី ពួក​មនុស្សដទៃច្រើននាក់​ក្តី មិន​ទាន់​ប្រាស​ចាក​តណ្ហា រមែង​ដល់​នូវ​សេចក្តី​ស្លាប់ គឺថា​ជា​អ្នក​មាន​សេចក្តី​ខ្វះខាត លះ​បង់​រាង​កាយ ព្រោះ​ថា​សេចក្តី​ឆ្អែត​ដោយ​កាម​ទាំង​ឡាយ​ក្នុង​លោកមិន​មាន។ទ. ៥៧ ពួក​ញាតិរំសាយ​សក់ កន្ទក់​កន្ទេញ ចំពោះ​បុគ្គល​ដែល​ស្លាប់​ហើយនោះ ទាំង​បាន​និយាយថា ធ្វើ​ម្ដេចហ្ន៎ ញាតិ​របស់​យើង​ទាំង​ឡាយ កុំស្លាប់​វិញ ក៏នាំខ្មោចនោះ ដែល​រុំ​ដោយ​សំពត់ ទៅ​កាន់​ជើងថ្ករ ប្រជុំគ្នា​ដុត​ក្នុង​ទីនោះ។ បុគ្គល​ដែល​ស្លាប់​នោះ ត្រូវពួក​អ្នក​ដុតចាក់​ដោយ​ឈើសូល ដុតបុគ្គល​នោះ លះ​បង់​នូវ​ភោគៈ​ទាំង​ឡាយ មាន​តែសំពត់​មួយស្លាប់​ទៅ ញាតិ​ទាំង​ឡាយ​ក្តី មិត្រ​ទាំង​ឡាយ​ក្តី ឬសម្លាញ់​ទាំង​ឡាយ​ក្តី ជា​ទីពឹងមិន​មាន​ទេ។ ពួក​ទាយាទ (អ្នក​ត្រូវទទួលមត៌ក) រមែង​នាំទៅ​នូវ​ទ្រព្យ​របស់​សត្វ​ដែល​ស្លាប់​នោះ ចំណែក​សត្វ​ដែល​ស្លាប់​នោះ ក៏ទៅ​តាមយថាកម្ម ទ្រព្យតិចតួច កូនប្រពន្ធ មាសប្រាក់ និងដែន ក៏​មិន​មែន​ជាប់​តាមសត្វ​ដែល​ស្លាប់​នោះ​ទេ។ បុគ្គល​មិន​មែន​បាន​នូវ​អាយុ​វែង ដោយ​សារទ្រព្យទេ ទាំង​មិន​មែន​កំចាត់​បង់​នូវ​ជរា ដោយ​សារទ្រព្យបាន​ទេ ព្រោះ​ថា អ្នក​ប្រាជ្ញ​ទាំង​ឡាយ បាន​ពោល​នូវ​ជីវិតនោះ​ថា តិច មិន​ទៀង មាន​ការ​ប្រែប្រួល​ទៅ​ជាធម្មតា។ ជន​ទាំង​ឡាយ អ្នក​ស្ដុកស្ដម្ភ និង​អ្នក​ទាល់​ក្រ រមែង​ប៉ះពាល់​នូវ​ផស្សៈ (មិន​ជា​ទីប្រាថ្នា)ទ. ៥៨ បុគ្គល​ពាល និង​អ្នក​ប្រាជ្ញ រមែង​ប៉ះពាល់​ដូចគ្នា ប៉ុន្តែបុគ្គល​ពាល បើ​មាន​សេចក្តី​ទុក្ខបៀត​បៀន​ហើយ រមែង​ដេក (សោកស្ដាយ) ព្រោះភាវៈ​នៃខ្លួន​ពាល ឯ​អ្នក​ប្រាជ្ញ បើ​ទុក​ជាប៉ះពាល់​នូវ​ផស្សៈ​ក៏​មិន​បាន​ញាប់​ញ័រ។ ព្រោះ​ហេតុ​នោះ បុគ្គល​បាន​នូវ​ព្រះ​និព្វាន ជា​ទីបំផុត​នៃ​ភព ក្នុង​លោក​នេះ ដោយ​បញ្ញាណា បញ្ញានោះ ជាធម្មជាតិ​ប្រសើរជាទ្រព្យ ដ្បិតបុគ្គល​ទាំង​ឡាយ មិន​ទាន់​បាន​សម្រេច​ប្រយោជន៍ រមែង​ធ្វើ​នូវ​បាប​កម្ម​ទាំង​ឡាយ ក្នុង​ភព​តូច និងភពធំ ព្រោះ​តែមោហៈ។ បុគ្គល​ណា (បាន​ធ្វើ​បាបកម្ម) ក៏ដល់​នូវ​ការ​អន្ទោលទៅ​មក រមែង​ចូល​ទៅ​កាន់​គភ៌ និងបរលោក បុគ្គល​អ្នក​អប្ប​ប្រាជ្ញា (ឯ​ទៀត) កាល​បើជឿ​បុគ្គល​អ្នក​ធ្វើ​បាបកម្មនោះ ក៏ទៅ​កាន់​គភ៌ និង​បរលោក។ ចោរ​អ្នក​មាន​ធម៌​ដ៏លាមក ដែល​គេ​ចាប់​បាន​ត្រង់​មុខតំណ7) (នៃផ្ទះ) រមែង​ក្តៅ​ក្រហាយ​ដោយ​កម្ម​របស់​ខ្លួន យ៉ាង​ណា​មិញ សត្វ​អ្នក​មាន​ធម៌​ដ៏លាមក លុះស្លាប់​ទៅ រមែង​ក្តៅ​ក្រហាយ​ក្នុង​លោកខាង​មុខ ដោយ​កម្ម​របស់​ខ្លួន ក៏​យ៉ាង​នោះ​ដែរ។ កាម​ទាំង​ឡាយ​ដ៏​វិចិត្រ មាន​រសឆ្ងាញ់ ជា​ទី​រីករាយ​នៃ​ចិត្ត តែងញាំញីចិត្ត​ដោយ​សភាព​ផ្សេង ៗទ. ៥៩ បពិត្រ​មហារាជ ហេតុ​នោះ អាត្មាភាព ឃើញទោស​ក្នុង​កាមគុណ​ទាំង​ឡាយ​ ទើបចេញ​ទៅ​បួស។ សត្វ​ទាំង​ឡាយ ទោះក្មេងក្តី ចាស់​ក្តី តែងបែក​ធ្លាយ​នូវ​សរីរៈ ដូច​ជាផ្លែឈើជ្រុះ (ចាកដើម) បពិត្រ​មហារាជ អាត្មាភាព បាន​ឃើញ​នូវ​របស់​មិនទៀងនេះ​ឯង បាន​ជាចេញ​បួស ភាពជា​សមណៈ មិន​សូវខុស​ភ្លាត់ ជា​របស់​ប្រសើរលើសលុប។

អាត្មាភាពបួសដោយ​សទ្ធា បានប្រកប​សេចក្តី​ប្រតិបត្តិ ក្នុង​សាសនា​នៃ​ព្រះ​ជិនស្រី បព្វជ្ជា​របស់​អាត្មាភាព មិន​មាន​ទោស អាត្មាភាព​បរិភោគភោជន មិន​មាន​បំណុលទេ។ អាត្មាភាព ឃើញ​នូវ​កាម​ទាំង​ឡាយ ហាក់​ដូច​ជាភ្លើង​ឆេះ​សព្វ​ហើយ ឃើញ​នូវ​ជាតរូប ហាក់​ដូច​ជា​គ្រឿង​សស្រ្ដាវុធ ឃើញហេតុ​នាំ​មក​នូវ​ទុក្ខ តាំង​តែ​អំពី​ការ​ចុះចាប់​បដិសន្ធិ​ក្នុង​គភ៌ ឃើញ​នូវ​ភ័យធំ​ក្នុង​នរក​ទាំង​ឡាយ។ អាត្មាភាព ឃើញ​នូវ​ទោស​នេះ​ឯង ក៏​បាន​នូវ​សេចក្តី​សំវេគ ក្នុង​កាល​នោះ អាត្មាភាពហ្នឹងឯង ជា​អ្នក​ត្រូវសរមុត​ហើយ ក្នុង​កាល​នោះ (ឥឡូវ​នេះ​) បាន​ដល់​ហើយនូវ​ការ​អស់​ទៅ​នៃអាសវៈ។ ព្រះ​សាស្តា អាត្មាភាព បាន​បម្រើ​ហើយ ព្រះ​ពុទ្ធសាសនា អាត្មាភាពក៏​បាន​ធ្វើ​ហើយ ភារៈ​ដ៏​ធ្ងន់ អាត្មាភាព​បាន​ដាក់​ចុះ​ហើយ តណ្ហាជា​គ្រឿង​នាំ​សត្វ​ទៅ​កាន់​ភព អាត្មា​ភាព​បាន​ដក​ចោល​ហើយ។ទ. ៦០ កុលបុត្រ​បាន​ចេញ​ចាក​ផ្ទះ ចូលមកកាន់​ផ្នួស ដើម្បី​ប្រយោជន៍​ណា ប្រយោជន៍​នោះ គឺ​ការ​អស់​ទៅ​នៃ​សំយោជនៈ​ទាំង​ពួង អាត្មាភាពបាន​ដល់​ហើយ។

រដ្ឋបាលត្ថេរ។

មាលុង្ក្យបុត្តត្ថេរ

sut.kn.tha.16.05 | book_057

(៥. មាលុក្យបុត្តត្ថេរគាថា)

[២៥៣] បុគ្គល​កាលឃើញរូប​ហើយ ធ្វើ​ទុក​ក្នុង​ចិត្តនូវ​និមិត្តជា​ទី​ស្រឡាញ់ ស្មារតី​រមែង​ភ្លាំងភ្លាត់ បុគ្គល​នោះ រមែង​មាន​ចិត្តត្រេកអរ ទទួលយក លេបយក​នូវ​អារម្មណ៍​នោះ។ វេទនា​ទាំង​ឡាយ​ជា​ច្រើន មាន​រូបជាដែនកើត រមែង​ចំរើន​ដល់​បុគ្គល​នោះ ចិត្ត​របស់​បុគ្គល​នោះ រមែង​ចង្អៀតចង្អល់ ព្រោះអភិជ្ឈា (ការ​សំឡឹងរំពៃ) ផង ព្រោះវិហេសា (ការ​បៀត​បៀន) ផង កាលបុគ្គល​សន្សំ​យ៉ាង​នេះ ទុក្ខ (រមែង​ប្រព្រឹត្ត​ទៅ​) បុគ្គល​នោះ លោក​ពោលថា ឆ្ងាយ​អំពីព្រះ​និព្វាន។ បុគ្គល​កាលឮសំឡេង​ហើយ ធ្វើ​ទុក​ក្នុង​ចិត្តនូវ​និមិត្ត​ជា​ទី​ស្រឡាញ់ ស្មារតី​រមែង​ភ្លាំងភ្លាត់ បុគ្គល​នោះ រមែង​មាន​ចិត្ត​ត្រេកអរ​ទទួល​យក លេបយក​នូវ​អារម្មណ៍​នោះ។ វេទនា​ទាំង​ឡាយ​ជា​ច្រើន មាន​សំឡេង​ជាដែនកើត រមែង​ចំរើន​ដល់​បុគ្គល​នោះ ចិត្ត​របស់​បុគ្គល​នោះ រមែង​ចង្អៀត​ចង្អល់ ព្រោះអភិជ្ឈាផង ព្រោះ វិហេសាផង បុគ្គល​កាលសន្សំយ៉ាង​នេះ ទុក្ខ (រមែង​ប្រព្រឹត្ត​ទៅ​) បុគ្គល​នោះ លោក​ពោលថា ឆ្ងាយ​អំពីព្រះ​និព្វាន។ទ. ៦១ បុគ្គល​កាលធុំក្លិន​ហើយ ធ្វើ​ទុក​ក្នុង​ចិត្ត​នូវ​និមិត្ត​ជា​ទី​ស្រឡាញ់ ស្មារតី​រមែង​ភ្លាំងភ្លាត់ បុគ្គល​នោះ រមែង​មាន​ចិត្តត្រេកអរ ទទួលយក លេប​យក​នូវ​អារម្មណ៍​នោះ។ វេទនា​ទាំង​ឡាយ​ជា​ច្រើន មាន​ក្លិនជា​ដែនកើត រមែង​ចំរើន​ដល់​បុគ្គល​នោះ ចិត្ត​របស់​បុគ្គល​នោះ រមែង​ចង្អៀត​ចង្អល់ ព្រោះអភិជ្ឈាផង ព្រោះវិហេសាផង បុគ្គល​កាលសន្សំ​យ៉ាង​នេះ ទុក្ខ (រមែង​ប្រព្រឹត្ត​ទៅ) បុគ្គល​នោះ លោក​ពោលថា ឆ្ងាយ​អំពី​ព្រះ​និព្វាន។ បុគ្គល​កាល​បរិភោគ​រស​ហើយ ធ្វើ​ទុក​ក្នុង​ចិត្តនូវ​និមិត្តជា​ទី​ស្រឡាញ់ ស្មារតី​រមែង​ភ្លាំងភ្លាត់ បុគ្គល​នោះ រមែង​មាន​ចិត្តត្រេកអរ ទទួលយក និងលេប​យក​នូវ​អារម្មណ៍​នោះ។ វេទនា​ទាំង​ឡាយ​ជា​ច្រើន មាន​រសជាដែនកើត រមែង​ចំរើន​ដល់​បុគ្គល​នោះ ចិត្ត​របស់​បុគ្គល​នោះ រមែង​ចង្អៀតចង្អល់ ព្រោះអភិជ្ឈាផង ព្រោះវិហេសា​ផង បុគ្គល​កាល​សន្សំយ៉ាង​នេះ ទុក្ខ (រមែង​ប្រព្រឹត្ត​ទៅ) បុគ្គល​នោះ លោក​ពោលថា ឆ្ងាយ​អំពី​ព្រះ​និព្វាន។ បុគ្គល​កាលប៉ះពាល់​នូវ​ផស្សៈ ហើយធ្វើ​ទុក​ក្នុង​ចិត្តនូវ​និមិត្ត​ជា​ទី​ស្រឡាញ់ ស្មារតី​រមែង​ភ្លាំងភ្លាត់ បុគ្គល​នោះ រមែង​មាន​ចិត្តត្រេកអរ ទទួល​យក លេបយក​នូវ​អារម្មណ៍​នោះ។ វេទនា​ទាំង​ឡាយ​ជា​ច្រើន មាន​ផស្សៈ​ជាដែនកើត រមែង​ចំរើន​ដល់​បុគ្គល​នោះ ចិត្ត​របស់​បុគ្គល​នោះ រមែង​ចង្អៀតចង្អល់ ព្រោះ​អភិជ្ឈាផង ព្រោះវិហេសាផងទ. ៦២ បុគ្គល​កាលសន្សំ​យ៉ាង​នេះ​ទុក (រមែងប្រព្រឹត្ត​ទៅ) បុគ្គល​នោះ លោក​ពោលថា ឆ្ងាយ​អំពីព្រះ​និព្វាន។ បុគ្គល​កាល​ដឹង​នូវ​ធម្មារម្មណ៍8) ហើយ ធ្វើ​ទុក​ក្នុង​ចិត្តនូវ​និមិត្តជា​ទី​ស្រឡាញ់ ស្មារតី​រមែង​ភ្លាំង​ភ្លាត់ បុគ្គល​នោះ រមែង​មាន​ចិត្តត្រេកអរ​ទទួលយក លេបយក​អារម្មណ៍​នោះ។ វេទនា​ទាំង​ឡាយ​ជា​ច្រើន មាន​ធម្មារម្មណ៍​ជាដែនកើត រមែង​ចំរើន​ដល់​បុគ្គល​នោះ ចិត្ត​របស់​បុគ្គល​នោះ រមែង​ចង្អៀតចង្អល់ ព្រោះអភិជ្ឈាផង ព្រោះវិហេសា​ផង បុគ្គល​កាលសន្សំ​យ៉ាង​នេះ ទុក្ខ (រមែង​ប្រព្រឹត្ត​ទៅ​) បុគ្គល​នោះ លោក​ពោល​ថា ឆ្ងាយ​អំពីព្រះ​និព្វាន។ បុគ្គល​នោះ ឃើញរូប​ហើយ មាន​ស្មារតីខ្ជាប់​ខ្ជួន មិន​ត្រេកអរ​ក្នុង​រូប​ទាំង​ឡាយ រមែង​មាន​ចិត្តប្រាស​ចាក​តម្រេក គ្រាន់​តែទទួលដឹង​តែមិនលេប​យក​នូវ​អារម្មណ៍​នោះ។ បុគ្គល​នោះ កាលឃើញរូប ទទួលវេទនា (កិលេសវដ្ដៈ) រមែង​អស់​ទៅ មិន​ចំរើន​ឡើង​ដោយ​ប្រការ​ណា បុគ្គល​នោះ ជា​អ្នក​មាន​ស្មារតី ប្រព្រឹត្ត​ទៅ​ដោយ​ប្រការ​នោះ បុគ្គល​កាល​មិនសន្សំ​យ៉ាង​នេះ ទុក្ខ (រមែង​មិនប្រព្រឹត្ត​ទៅ) បុគ្គល​នោះ លោក​ពោលថា ជិតព្រះ​និព្វាន។ បុគ្គល​នោះ ឮសំឡេង មាន​ស្មារតីខ្ជាប់​ខ្ជួន រមែង​មិន​ត្រេកអរ ក្នុង​សំឡេង​ទាំង​ឡាយ រមែង​មាន​ចិត្តប្រាស​ចាក​តម្រេក គ្រាន់​តែទទួលដឹង មិន​លេបយក​នូវ​អារម្មណ៍​នោះ។ទ. ៦៣ បុគ្គល​នោះ កាលឮនូវ​សំឡេង ទទួលវេទនា (កិលេសវដ្ដៈ) រមែង​អស់​ទៅ មិន​ចំរើន​ឡើង ដោយ​ប្រការ​ណា បុគ្គល​នោះ ជា​អ្នក​មាន​ស្មារតី ប្រព្រឹត្ត​ដោយ​ប្រការ​នោះ បុគ្គល​កាល​មិនសន្សំ​យ៉ាង​នេះ ទុក្ខ (រមែង​មិនប្រព្រឹត្ត​ទៅ) បុគ្គល​នោះ លោក​ពោលថា ជិតព្រះ​និព្វាន។ បុគ្គល​ធុំក្លិន​ហើយ មាន​ស្មារតី​ខ្ជាប់​ខ្ជួន មិន​ត្រេកអរ ក្នុង​ក្លិន​ទាំង​ឡាយ រមែង​មាន​ចិត្តប្រាស​ចាក​តម្រេក គ្រាន់​តែ​ទទួលដឹង តែមិនលេប​យក​នូវ​អារម្មណ៍​នោះ។ បុគ្គល​នោះ កាលធុំក្លិន ទទួល​វេទនា (កិលេសវដ្ដៈ) រមែង​អស់​ទៅ មិន​ចំរើន​ឡើង ដោយ​ប្រការ​ណា បុគ្គល​នោះ ជា​អ្នក​មាន​ស្មារតី ប្រព្រឹត្ត​ដោយ​ប្រការ​នោះ បុគ្គល​កាលមិនសន្សំ​យ៉ាង​នេះ ទុក្ខ (រមែង​មិនប្រព្រឹត្ត​ទៅ​) បុគ្គល​នោះ លោក​ពោល​ថា ជិតព្រះ​និព្វាន។ បុគ្គល​នោះ បរិភោគនូវ​រស​ហើយ មាន​ស្មារតីខ្ជាប់​ខ្ជួន មិន​ត្រេកអរ​ក្នុង​រស​ទាំង​ឡាយ រមែង​មាន​ចិត្តប្រាស​ចាក​តម្រេក គ្រាន់​តែទទួលដឹង តែមិនលេបយក នូវ​អារម្មណ៍​នោះ។ បុគ្គល​នោះ កាលភ្លក់​នូវ​រស ទទួលវេទនា (កិលេសវដ្ដៈ) រមែង​អស់​ទៅ មិន​ចំរើន​ឡើង ដោយ​ប្រការ​ណា បុគ្គល​នោះ ជា​អ្នក​មាន​ស្មារតី ប្រព្រឹត្ត​ទៅ​ដោយ​ប្រការ​នោះ បុគ្គល​កាល​មិនសន្សំ​យ៉ាង​នេះ ទុក្ខ (រមែង​មិន​ប្រព្រឹត្ត​ទៅ​) បុគ្គល​នោះ លោក​ពោលថា ជិតព្រះ​និព្វាន។ទ. ៦៤ បុគ្គល​នោះ ប៉ះពាល់​នូវ​ផស្សៈ​ហើយ មាន​ស្មារតីខ្ជាប់​ខ្ជួន មិន​ត្រេកអរ ក្នុង​ផស្សៈ​ទាំង​ឡាយ រមែង​មាន​ចិត្តប្រាស​ចាក​តម្រេក គ្រាន់​តែទទួលដឹង តែមិន​លេបយក​នូវ​អារម្មណ៍​នោះ។ បុគ្គល​នោះ កាលប៉ះ​ពាល់​នូវ​ផស្សៈ ទទួលវេទនា (កិលេសវដ្ដៈ) រមែង​អស់​ទៅ មិន​ចំរើន​ឡើង ដោយ​ប្រការ​ណា បុគ្គល​នោះ ជា​អ្នក​មាន​ស្មារតី ប្រព្រឹត្ត​ដោយ​ប្រការ​នោះ បុគ្គល​កាល​មិនសន្សំ​យ៉ាង​នេះ ទុក្ខ (រមែង​មិនប្រព្រឹត្ត​ទៅ​) បុគ្គល​នោះ លោក​ពោលថា ជិតព្រះ​និព្វាន។ បុគ្គល​នោះ ដឹង​នូវ​ធម្មារម្មណ៍ មាន​ស្មារតីខ្ជាប់​ខ្ជួន មិន​ត្រេក​អរ ក្នុង​ធម្មារម្មណ៍​ទាំង​ឡាយ រមែង​មាន​ចិត្តប្រាស​ចាក​តម្រេក គ្រាន់​តែទទួលដឹង តែ​មិនលេបយក​នូវ​អារម្មណ៍​នោះ។ បុគ្គល​នោះ កាលដឹង​ច្បាស់​នូវ​ធម្មារម្មណ៍ ទទួល​វេទនា (កិលេសវដ្ដៈ) រមែង​អស់​ទៅ​មិនចំរើន​ឡើង ដោយ​ប្រការ​ណា បុគ្គល​នោះ ជា​អ្នក​មាន​ស្មារតី ប្រព្រឹត្ត​ទៅ​ដោយ​ប្រការ​នោះ បុគ្គល​កាល​មិនសន្សំ​យ៉ាង​នេះ ទុក្ខ (រមែង​មិនប្រព្រឹត្ត​ទៅ​) បុគ្គល​នោះ លោក​ពោល​ថា ជិតព្រះ​និព្វាន។

មាលុង្ក្យបុត្តត្ថេរ។

សេលត្ថេរ

sut.kn.tha.16.06 | book_057

(៦. សេលត្ថេរគាថា)

[២៥៤] បពិត្រ​ព្រះ​មាន​ព្រះ​ភាគ ព្រះ​អង្គ​មាន​ព្រះ​កាយ​ដ៏បរិបូណ៌ ជា​ទីគាប់​ចិត្ត​ក្រៃលែង មាន​ព្រះ​ជាតិ​ដ៏ល្អ មាន​ព្រះ​នេត្រ​ដ៏ល្អ មាន​សម្បុរ​ដូច​ជាសម្បុរ​នៃមាស មាន​ព្រះ​ទាឋ឵​ដ៏សក្បុស ទ្រង់​មាន​ព្យាយាម។​ទ. ៦៥ ព្យញ្ជនៈ​ណារបស់​ជនមាន​ជាតិល្អ ព្យញ្ជនៈ (និងអនុព្យញ្ជនៈ) ទាំង​អស់​នោះ ជាមហាបុរិសលក្ខណៈ មាន​ក្នុង​ព្រះ​កាយ​របស់​ព្រះ​អង្គ។ ព្រះ​អង្គ​មាន​ព្រះ​នេត្រថ្លា មាន​ព្រះ​ភក្រ្តល្អ មាន​ទំហំ និងកម្ពស់​សមសួន មាន​ព្រះ​កាយត្រង់ មាន​រស្មីរុងរឿង ក្នុង​កណ្ដាល​នៃ​ពួក​សមណៈ ដូច​ព្រះ​អាទិត្យ។ បពិត្រ​ភិក្ខុ ព្រះ​អង្គ​មាន​រូបល្អ គួរ​ជា​ទីរមិលមើល មាន​ស្បែក​ដ៏ភ្លឺថ្លា​ដូចមាស ព្រះ​អង្គ​មាន​សម្បុរ​ដ៏​ឧត្តម​យ៉ាង​នេះ តើមាន​ប្រយោជន៍​អ្វី​ដោយ​សមណភាព។ ព្រះ​អង្គគួរ​បាន​ជាស្ដេច​ចក្រពត្តិ ដូច​គោឧសភៈ​ក្នុង​រថ ជាធំ (លើ​ផែនដី) មាន​សមុទ្រ​ទាំង​បួន ជា​ទីបំផុត មាន​ជ័យជម្នះ ជាឥស្សរៈ​របស់​អ្នក​ជម្ពូទ្វីប។ បពិត្រ​ព្រះ​គោតម ពួក​ក្សត្រិយ៍ជា​ស្ដេចចំណុះ តែងចុះចូល​នឹង​ព្រះ​អង្គ សូមព្រះ​អង្គ​សោយរាជ្យ ជារាជាធិរាជ ដ៏​ធំជាងពួក​មនុស្ស​ចុះ។

(ព្រះ​មាន​ព្រះ​ភាគត្រាស់​ថា) ម្នាលសេលៈ តថាគត ជាធម្មរាជ ជាស្ដេច​ប្រសើរ អាចញ៉ាំង​ចក្រឲ្យ​ប្រព្រឹត្ត​ទៅ​តាមធម៌ ជាចក្រ​ដែល​អ្នក​ណា​មួយមិនអាចឲ្យ​ប្រព្រឹត្ត​ទៅ​បាន។

(សេលព្រាហ្មណ៍ ក្រាបទូលថា) បពិត្រ​ព្រះ​គោតម ព្រះ​អង្គទ្រង់​ប្ដេជ្ញាថា ព្រះ​អង្គ​ជា​អ្នក​ត្រាស់​ដឹង ទ្រង់​ត្រាស់​ថា តថាគត​ជាធម្មរាជ ជាស្ដេចប្រសើរ អាច​ញ៉ាំង​ចក្រ​ឲ្យ​ប្រព្រឹត្ត​ទៅ​តាមធម៌បាន។ទ. ៦៦ ចុះភិក្ខុ​ណា ជាសេនាបតី​របស់​ព្រះ​អង្គ ជាសាវ័ក​ប្រព្រឹត្ត​តាម​ព្រះ​សាស្ដា ភិក្ខុ​ណា ញ៉ាំង​ធម្មចក្កនេះ ដែល​ព្រះ​អង្គឲ្យ​ប្រព្រឹត្ត​ទៅ​ហើយ ឲ្យ​ប្រព្រឹត្ត​ទៅ​បាន។

(ព្រះ​មាន​ព្រះ​ភាគទ្រង់​ត្រាស់​ថា ម្នាលសេលៈ) ភិក្ខុ​សារីបុត្ត ជាអនុជាត​របស់​តថាគត ញ៉ាំង​ធម្មចក្ក​ដ៏​ប្រសើរ ដែល​តថាគត​ឲ្យ​ប្រព្រឹត្ត​ទៅ​ហើយ ឲ្យ​ប្រព្រឹត្ត​ទៅ​បាន។ ម្នាលព្រាហ្មណ៍ ទុក្ខសច្ច​ដែល​គួរ​ដឹង​ច្បាស់ តថាគត​បាន​ដឹង​ច្បាស់​ហើយ មគ្គ​សច្ច​ដែល​គួរ​ចំរើន តថាគត​បាន​ចំរើន​ហើយ សមុទយសច្ច ដែល​គួរ​លះ តថាគត​ក៏​បាន​លះ​ហើយ ព្រោះ​ហេតុ​នោះ ទើបតថាគត ជា​ព្រះ​ពុទ្ធ។ ម្នាល​ព្រាហ្មណ៍ អ្នក​ចូរ​កម្ចាត់​បង់​នូវ​សេចក្តី​សង្ស័យ​ក្នុង​តថាគត​ចេញ អ្នក​ចូរជឿស៊ប់​ចុះ (ព្រោះ​ថា) ការ​ចួបប្រទះ​នឹង​ព្រះ​សម្មាសម្ពុទ្ធ​ទាំង​ឡាយ​រឿយ ៗ ជា​ការ​រក​បាន​កម្រ។ ម្នាលព្រាហ្មណ៍ ការ​កើត​ប្រាកដ​ឡើង​រឿយ ៗ នៃ​ព្រះ​សម្មាសម្ពុទ្ធ​ណា ដែល​រកបាន​ដោយ​ក្រ​ក្នុង​លោក តថាគត​នោះ ជា​ព្រះ​ពុទ្ធ ដូច​ពេទ្យ​វះ ជា​បុគ្គល​ប្រសើរបំផុត មាន​សភាព​ដូចព្រហ្ម មាន​តម្លៃ​ដ៏​លើសលុប ជា​អ្នក​ញាំញី​នូវ​មារ និងសេនា​នៃ​មារ ធ្វើ​នូវ​បច្ចាមិត្ត​ទាំង​អស់ ឲ្យ​នៅ​ក្នុង​អំណាច ហើយ​រីករាយ ឥតមាន​ភ័យ​អំពី​ទីណាឡើយ។ទ. ៦៧

(សេលព្រាហ្មណ៍ ពោលថា) ម្នាល​អ្នក​ទាំង​ឡាយ​ដ៏​ចំរើន អ្នក​ទាំង​ឡាយ ចូរផ្ទៀង​ស្តាប់​នូវ​ពាក្យ តាម​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ ព្រះ​អង្គ​មាន​ចក្ខុ សម្ដែងនេះ​ចុះ ដ្បិត​ព្រះ​មាន​ព្រះ​ភាគ ដូច​ជាពេទ្យវះ ជាមហាវីរបុរស បន្លឺសីហទាន​ដូច​ជាសត្វសីហៈ​ក្នុង​ព្រៃ។ ទោះ​បីនរណា ជា​កណ្ហា​ភិជាតិ (អ្នក​មាន​ជាតិខ្មៅ) បាន​ឃើញ​ព្រះ​មាន​ព្រះ​ភាគ ព្រះ​អង្គ​មាន​សភាព​ដូច​ជាព្រហ្ម មាន​តម្លៃ​ដ៏​លើសលុប ទ្រង់​ញាំញីនូវ​មារ និងសេនា​នៃ​មារ​ហើយ តើ​នឹងមិនជ្រះ​ថ្លា​ដូចម្ដេចបាន។ បុគ្គល​ណាចង់​មក ចូរតាមយើងមក បុគ្គល​ណា​មិនចង់​ទេ ចូរ​ទៅ​វិញ​ចុះ ខ្ញុំ​នឹង​បួស​ក្នុង​សម្នាក់​ព្រះ​ពុទ្ធ ព្រះ​អង្គ​មាន​ប្រាជ្ញា​ដ៏​ប្រសើរ​ក្នុង​ទី​នេះ។

(ពួក​មាណពនោះ ពោលថា) បើលោកពេញ​ចិត្ត​នឹងសាសនាព្រះ​សម្មាសម្ពុទ្ធនុ៎ះ ពួក​យើងក៏​នឹង​បួស​ក្នុង​សំណាក់​ព្រះ​ពុទ្ធ មាន​ប្រាជ្ញា​ដ៏​ប្រសើរដែរ។ ពួក​ព្រាហ្មណ៍​ទាំង ៣០០ នេះ ក៏ផ្គងអញ្ជលី​សុំផ្នួសថា បពិត្រ​ព្រះ​មានព្រះ​ភាគ ពួក​យើង​សូមប្រព្រឹត្ត​ព្រហ្មចរិយធម៌ ក្នុង​សម្នាក់​ព្រះ​អង្គ។

ព្រះ​មានព្រះ​ភាគ ទ្រង់​ត្រាស់​ថា ម្នាលសេលៈ ព្រហ្មចរិយធម៌ តថាគត​សំដែង​ទុក​ប្រពៃ​ហើយ ជា​ធម៌​ដែល​គួរ​ឃើញជាក់​ដោយ​ខ្លួន​ឯង ជា​ធម៌ឲ្យ​ផលមិនរង់​ចាំកាល បព្វជ្ជា​របស់​បុគ្គល​អ្នក​មិន​ប្រមាទ ជា​អ្នក​សិក្សា​ក្នុង​ព្រហ្មចរិយធម៌​នោះ មិន​ឥតអំពើ​ឡើយ។​ទ. ៦៨

(សេលព្រាហ្មណ៍ ក្រាបទូលថា) បពិត្រ​ព្រះ​មាន​ព្រះ​ភាគ​មាន​ចក្ខុ ពួក​ខ្ញុំ​ព្រះ​អង្គ បាន​ដល់​នូវ​ទីពឹងណា ក្នុង​ថ្ងៃទី ៨ អំពី​ថ្ងៃ​នេះ​ទៅ (ពួក​ខ្ញុំ​ព្រះ​អង្គ) ជា​បុគ្គល​បាន​ទូន្មាន​ខ្លួន ក្នុង​សាសនា​របស់​ព្រះ​អង្គ ដោយ​ទីពឹងនោះ អស់ ៧ រាត្រី។ ព្រះ​អង្គជា​ព្រះ​ពុទ្ធ ព្រះ​អង្គ​ជាសាស្ដា ព្រះ​អង្គជាមុនី គ្រប​សង្កត់​នូវ​មារ ព្រះ​អង្គបាន​កាត់​បង់​នូវ​អនុស័យ ឆ្លង​រួច​ហើយ ទើបចម្លងពពួក​សត្វនេះ។ ព្រះ​អង្គ បាន​កន្លង​នូវ​ឧបធិ​ទាំង​ឡាយ​ហើយ ព្រះ​អង្គ​បាន​ទម្លាយនូវ​កិលេស ព្រម​ទាំង​អាសវៈ​ហើយ ព្រះ​អង្គ​ជា​បុគ្គល​មិន​មាន​សេចក្តី​ប្រកាន់ បាន​លះ​បង់​នូវ​ភ័យ​ដ៏​ពន្លឹក ដូច​ជាសត្វសីហៈ។ ពួក​ភិក្ខុ​ទាំង ៣០០ នេះ ឈរផ្គង​អញ្ជលីថា បពិត្រ​ព្រះ​វីរបុរស សូមព្រះ​អង្គ​លាតនូវ​ព្រះ​បាទ​ទាំង​ឡាយ ពួក​ភិក្ខុ​ជានាគ សូម​ថ្វាយ​បង្គំនូវ​ព្រះ​បាទ​នៃ​ព្រះ​សាស្ដា។

សេលត្ថេរ។

ព្រះ​ភទ្ទិយត្ថេរ ជា​បុត្រ​នៃសក្យានី ឈ្មោះ​កាលិគោធា

sut.kn.tha.16.07 | book_057

(៧. កាឡិគោធាបុត្តភទ្ទិយត្ថេរគាថា)

[២៥៥] ខ្ញុំ​ព្រះ​អង្គយាត្រា​ដោយ​កដំរី ធ្លាប់​ស្លៀកដណ្ដប់​សំពត់​សាច់​មដ្ឋ បរិភោគ​បាយ​អង្ករ​នៃស្រូវសាលី លាយ​ដោយ​សាច់​ដ៏ស្អាត។ ថ្ងៃ​នេះ ព្រះ​ភទ្ទិយៈ​ជា​បុត្រ​នៃ​សាក្យានី ឈ្មោះ​គោធានោះ ជា​អ្នក​ចំរើន​ដោយ​គុណ ព្យាយាម​ជាប់​មិនដាច់ ត្រេកអរ​ចំពោះ​​អាហារ ដែល​មក​ដល់​បាត្រ ដោយ​ការ​ស្វែង​រក មិន​មាន​សេចក្តី​ប្រកាន់ ចំរើន​ឈាន។ទ. ៦៩ ព្រះ​ភទ្ទិយៈ​ជា​បុត្រ​នៃសាក្យានី ឈ្មោះ​គោធា ជា​អ្នក​សមាទាន​បំសុកូលិកង្គធុតង្គ ព្យាយាមជាប់​មិនដាច់ ត្រេកអរចំពោះ​អាហារ​ដែល​មក​ដល់​បាត្រ​ដោយ​ការ​ស្វែង​រក មិន​មាន​សេចក្តី​ប្រកាន់ ចំរើន​ឈាន។

ជា​អ្នកសមាទាន​បិណ្ឌបាតិកង្គធុតង្គ ព្យាយាមជាប់​មិនដាច់…

ជា​អ្នកសមាទាន​តេចីវរិកង្គធុតង្គ ព្យាយាមជាប់​មិនដាច់…

ជា​អ្នកសមាទាន​សបទានចារិកង្គធុតង្គ ព្យាយាមជាប់​មិនដាច់…

ជា​អ្នកសមាទាន​ឯកាសនិកង្គធុតង្គ ព្យាយាមជាប់​មិនដាច់…

ជា​អ្នកសមាទាន​បត្តបិណ្ឌិកង្គធុតង្គ ព្យាយាមជាប់​មិនដាច់…

ជា​អ្នកសមាទាន​ខលុបច្ឆាភត្តិកង្គធុតង្គ ព្យាយាមជាប់​មិនដាច់…

ជា​អ្នកសមាទាន​អារញ្ញិកង្គធុតង្គ ព្យាយាមជាប់​មិនដាច់…

ជា​អ្នកសមាទាន​រុក្ខមូលិកង្គធុតង្គ ព្យាយាមជាប់​មិនដាច់…

ជា​អ្នកសមាទាន​អព្ភោកាសិកង្គធុតង្គ ព្យាយាមជាប់​មិនដាច់…

ជា​អ្នកសមាទាន​សោសានិកង្គធុតង្គ ព្យាយាមជាប់​មិនដាច់…

ជា​អ្នកសមាទាន​យថាសន្តតិកង្គធុតង្គ ព្យាយាមជាប់​មិនដាច់…

ជា​អ្នកសមាទាន​នេសជ្ជិកង្គធុតង្គ ព្យាយាមជាប់​មិនដាច់…

ជា​អ្នកប្រាថ្នាតិច ព្យាយាមជាប់​មិនដាច់…

ជា​អ្នកសន្ដោស ព្យាយាមជាប់​មិនដាច់…

ជា​អ្នកស្ងាត់ ព្យាយាមជាប់​មិនដាច់…

ជា​អ្នកមិនច្រឡំ (ដោយ​ពួក) ព្យាយាមជាប់​មិនដាច់…ទ. ៧០

ព្រះ​ភទ្ទិយៈ​ជា​បុត្រ​នៃសក្យានី ឈ្មោះ​គោធា ព្យាយាមជាប់​មិនដាច់ ជា​អ្នក​មាន​ព្យាយាម​មុតមាំ ព្យាយាមជាប់​មិនដាច់ ត្រេកអរចំពោះ​បិណ្ឌបាត ដែល​មក​ដល់​បាត្រ ដោយ​ការ​ស្វែង​រក មិន​មាន​សេចក្តី​ប្រកាន់ ចំរើន​ឈាន។ ខ្ញុំ​ព្រះ​អង្គលះ​បង់​នូវ​ភាជនៈ មាន​ទម្ងន់​ជា​ច្រើនបលៈ ជាវិការ​នៃមាស មាន​ក្បាច់​ដ៏​ច្រើនស្រទាប់ ហើយកាន់​យក​នូវ​បាត្រដីនេះ ចាត់​ជា​ការ​អភិសេកទី ២។ ក្នុង​កាល​មុន ខ្ញុំ​ព្រះ​អង្គ មាន​ពួក​ជនដៃកាន់​ព្រះ​ខាន់​រក្សា​ហើយ ក្នុង​ទីខ្ពស់ មាន​កំពែង​ដ៏មូល មាន​ប៉ម និងក្លោងទ្វារ​យ៉ាង​មាំ គង់​នៅ​រន្ធត់។ ថ្ងៃ​នេះ​ព្រះ​ភទ្ទិយៈ​ដ៏​ចំរើន ជា​បុត្រ​នៃសក្យានី ឈ្មោះ​គោធានោះ មិន​មាន​សេចក្តី​តក់​ស្លត់ បាន​លះ​បង់​នូវ​ភ័យ​ដ៏​ពន្លឹក ចូល​កាន់​ព្រៃ ចំរើន​ឈាន។ ខ្ញុំ​ព្រះ​អង្គបាន​តម្កល់​ខ្លួន​ក្នុង​សីលក្ខន្ធ ចំរើន​នូវ​សតិ និង​បញ្ញា ក៏​បាន​ដល់​នូវ​ការ​អស់​ទៅ​នៃ​សំយោជនៈ​ទាំង​ពួង​តាម​លំដាប់។

ព្រះ​ភទ្ទិយត្ថេរ ជា​បុត្រ​នៃសក្យានី ឈ្មោះ​កាលិគោធា។

អង្គុលិមាលត្ថេរ

sut.kn.tha.16.08 | book_057

(៨. អង្គុលិមាលត្ថេរគាថា)

[២៥៦] បពិត្រព្រះ​សមណៈ ព្រះ​អង្គកំពុងស្ដេចយាង តែ​ពោលថា តថាគត​ឈប់ ទាំង​ពោលចំពោះ​ខ្ញុំ​ដែល​ឈប់ ថា​ជា​បុគ្គល​មិនទាល់​ឈប់​ដូច្នេះ​វិញ បពិត្រ​ព្រះ​សមណៈ ខ្ញុំ​សូមសួរសេចក្តី​នុ៎ះ​នឹង​ព្រះ​អង្គ ព្រោះ​ហេតុអ្វី បាន​ជា​ព្រះ​អង្គ ឈ្មោះ​ថាឈប់ ខ្ញុំ​ព្រះ​អង្គ​ឈ្មោះ​ថា មិន​ឈប់។ទ. ៧១

(ព្រះ​មាន​ព្រះ​ភាគ ត្រាស់​ថា) ម្នាលអង្គុលីមាល តថាគត​ឈ្មោះ​ថា ឈប់ ព្រោះ​ដាក់​បង់​នូវ​អាជ្ញា ចំពោះ​ពួក​សត្វ​ទាំង​ពួង​គ្រប់​កាល​ហើយ ចំណែកខាងអ្នក ជា​បុគ្គល​មិន​សង្រួម​ក្នុង​ពួក​សត្វ ព្រោះ​ហេតុ​នោះ តថាគត​ទើបឈ្មោះ​ថា ឈប់ ឯ​អ្នក​ឈ្មោះ​ថា មិន​ឈប់​ទេ។

(អង្គុលិមាលចោរ ពោលថា) យូរ​ណាស់​មក​ហើយ ព្រះ​សមណៈ​អ្នក​ស្វែង​រក​នូវ​គុណ​ដ៏​ធំ ដែល​គេ​បូជា ទើប​តែ​នឹងយាង​មកកាន់​ព្រៃធំ (ដើម្បី​អនុគ្រោះ) ដល់​ខ្ញុំ​ព្រះ​អង្គ ខ្ញុំ​ព្រះ​អង្គនោះ នឹងលះ​បង់​នូវ​បាប​ដ៏​ច្រើន ព្រោះបាន​ស្ដាប់​ព្រះ​គាថា​ដែល​ប្រកប​ដោយ​ធម៌​របស់​ព្រះ​អង្គ។ អង្គុលិមាលចោរ​ពោលដូច្នេះ​ហើយ ក៏​ទំលាក់​ចោល​នូវ​ដាវ និងអាវុធ ទៅ​ក្នុង​ត្រពាំង ក្នុង​ជ្រោះ ក្នុង​រណ្ដៅ អង្គុលិមាលចោរ បាន​ថ្វាយ​បង្គំនូវ​ព្រះ​បាទ​ទាំង​ឡាយ នៃ​ព្រះ​សុគត ហើយសុំ​ផ្នួស​នឹង ព្រះ​ពុទ្ធ ក្នុង​ទី​នោះ​ឯង។

ព្រះ​មាន​ព្រះ​ភាគអង្គណា ជា​ព្រះ​ពុទ្ធប្រកប​ដោយ​ករុណា ទ្រង់​ស្វែង​រក​នូវ​គុណ​ដ៏​ធំ ជាសាស្ដា​នៃមនុស្ស​លោក ព្រម​ទាំង​ទេវ​លោក ព្រះ​មាន​ព្រះ​ភាគអង្គនោះ ទ្រង់​បាន​ត្រាស់​នឹងអង្គុលិមាលចោរ ក្នុង​កាល​នោះ​ថា អ្នក​ចូរ​មកជា​ភិក្ខុ​ចុះ ភិក្ខុ​ភាពនុ៎ះឯង ក៏​សម្រេច​ដល់​អង្គុលិមាលចោរនោះ។

ទ. ៧២

(ព្រះ​អង្គុលិមាលត្ថេរ ពោលថា) បុគ្គល​ណា ប្រមាទ​ក្នុង​កាល​មុន ហើយមិន​ប្រមាទ​ក្នុង​កាលខាងក្រោយ បុគ្គល​នោះ រមែង​ញ៉ាំង​លោក​នេះ ឲ្យ​រុងរឿង ដូច​ព្រះ​ចន្ទ​ផុតស្រឡះ​ចាក​ពពក។ បុគ្គល​ណាបាន​ធ្វើ​អំពើ​បាប ហើយបិទ (អំពើ​បាប​នោះ​) ដោយ​កុសល បុគ្គល​នោះ រមែង​ញ៉ាំង​លោក​នេះ ឲ្យ​រុងរឿង ដូច​ព្រះ​ចន្ទ​ផុតស្រឡះ​ចាក​ពពក។ ភិក្ខុ​ណា នៅ​ក្មេង តែខ្មីឃ្មាត​ក្នុង​ពុទ្ធសាសនា ភិក្ខុ​នោះ រមែង​ញ៉ាំង​លោក​នេះ ឲ្យ​រុងរឿង ដូច​ព្រះ​ចន្ទផុតស្រឡះ​ចាក​ពពក។

សូមពួក​ជន​ជា​សត្រូវ​នឹងយើង ស្ដាប់​នូវ​ធម្មកថា សូមពួក​ជន​ជា​សត្រូវ​នឹង​យើង ខ្មីឃ្មាត​ក្នុង​ពុទ្ធសាសនាចុះ ពួក​មនុស្សណា ដែល​ជាសប្បុរស តែងដឹកនាំ​ក្នុង​ធម៌​តែម្យ៉ាង សូមពួក​ជន​ជា​សត្រូវ​នឹងយើង គប់​រក​នូវ​មនុស្ស​ទាំង​នោះ​ចុះ។

សូមពួក​ជន​ជា​សត្រូវ​នឹងយើង ស្ដាប់​ធម៌​របស់​ពួក​សប្បុរស ដែល​ជា​អ្នក​ពោល​នូវ​ខន្តី ជា​អ្នក​សរសើរនូវ​សេចក្តី​មិនក្រោធ តាមកាល​គួរ​ផង ចូរធ្វើ​តាមនូវ​ធម៌​នោះ​ផង។ បើជន​នោះ មិន​បៀត​បៀនយើង ឬសត្វ​ដទៃណា​មួយទេ ជន​នោះ គប្បី​ដល់​នូវ​សេចក្តី​ស្ងប់​យ៉ាង​ឧត្តម គប្បី​រក្សានូវ​ជន​ដែល​មាន​ចិត្តតក់​ស្លុត និងមាន​ចិត្ត​មាំមួន។

ពួក​អ្នក​បង្ហូរទឹក តែងបង្ហូរទឹក ពួក​ជាងព្រួញ តែងពត់​ព្រួញ ពួក​ជាងចាំង តែង​ចាំងពត់​ឈើ ពួក​អ្នក​ប្រាជ្ញ តែងទូន្មានខ្លួន។

ទ. ៧៣ ជនពួក​ខ្លះ តែងទូន្មាន (នូវ​សត្វ​ពាហនៈ មាន​ដំរីជាដើម) ដោយ​ដំបង កង្វេរ និងរំពាត់​ផ្ដៅ ព្រះ​មាន​ព្រះ​ភាគ ជាតាទិបុគ្គល ទ្រង់​ទូន្មាន​ខ្ញុំ ដោយ​មិនបាច់​ប្រើដំបង និងគ្រឿង​សស្រ្តាទេ។ ក្នុង​កាល​មុន ខ្ញុំ​ជា​អ្នក​បៀត​បៀនគេ តែ​មាន​នាម​ថា អហឹសកៈ9) ក្នុង​ថ្ងៃ​នេះ ខ្ញុំ​មាន​នាម​ត្រូវតាមដំណើរ​ពិត​ហើយ ព្រោះ​ខ្ញុំ​មិនបៀត​បៀនជន​ណា​មួយ​ឡើយ។ ក្នុង​កាល​មុន ខ្ញុំ​ជា​ចោរល្បីឈ្មោះ ថាអង្គុលិមាល ដែល​ជំនន់​ធំកួចនាំទៅ​ហើយ (ឥឡូវ) ខ្ញុំ​បាន​ដល់​នូវ​ព្រះ​ពុទ្ធ ជា​ទី​ពឹង​ហើយ។ ក្នុង​កាល​មុន ខ្ញុំ​ជា​អ្នក​មាន​ដៃ​ប្រឡាក់​ឈាម ល្បីឈ្មោះ ថាអង្គុលិមាល អ្នក​ចូរមើល​នូវ​ដំណើរ​មកកាន់​សរណៈ (របស់​ខ្ញុំ) ចុះ ខ្ញុំ​បាន​ដកនូវ​តណ្ហា ដែល​នាំទៅ​កាន់​ភព​ហើយ។ ខ្ញុំ​បាន​ធ្វើ​កម្ម ដែល​ជាដំណើរទៅ​កាន់​ទុគ្តតិបែបនោះ​ជា​ច្រើន ត្រូវផល​នៃ​កម្ម​ប៉ះពាល់ (ឥឡូវ) ជា​អ្នក​មិន​មាន​បំណុល បរិភោគនូវ​ភោជន។ ពួក​ជន​ពាល​ឥត​ប្រាជ្ញា តែង​ប្រកប​រឿយ ៗ នូវ​សេចក្តី​ប្រមាទ ចំណែក​អ្នក​ប្រាជ្ញ តែងរក្សាទុកនូវ​សេចក្តី​មិន​ប្រមាទ ដូចគេ​រក្សា​ទ្រព្យយ៉ាង​ប្រសើរ។ អ្នក​ទាំង​ឡាយ​កុំប្រកប​រឿយ ៗ នូវ​សេចក្តី​ប្រមាទ កុំ​ធ្វើ​នូវ​សេចក្តី​ស្និទ្ធស្នាល ដោយ​តម្រេក​ក្នុង​កាមឡើយ ដ្បិតថា បុគ្គល​អ្នក​មិន​ប្រមាទ ប្រឹងចំរើន​ឈាន រមែង​បាន​នូវ​សេចក្តី​សុខ​យ៉ាង​ក្រៃលែង។ទ. ៧៤ ដំណើរ​មក​របស់​ខ្ញុំ ជាដំណើរ​ល្អ មិន​មែន​ជាដំណើរ​ប្រាស​ចាក (ប្រយោជន៍) គំនិត​របស់​ខ្ញុំ​នុ៎ះ មិន​មែន​ជាគំនិតខុសទេ ព្រោះ​ខ្ញុំ​បាន​សម្រេច​ធម៌​ដ៏​ប្រសើរបំផុត ក្នុង​ពួក​ធម៌​ដែល​ព្រះ​មាន​ព្រះ​ភាគ ចែកទុក​ដោយ​ប្រពៃ។ ដំណើរ​មក​របស់​ខ្ញុំ ជាដំណើរល្អ មិន​មែន​ជាដំណើរប្រាស​ចាក (ប្រយោជន៍) គំនិត​របស់​ខ្ញុំ​នុ៎ះ មិន​មែន​ជាគំនិតខុសទេ វិជ្ជា ៣ ខ្ញុំ​បាន​សម្រេច​ហើយ ពុទ្ធសាសនា ខ្ញុំ​ក៏​បាន​ធ្វើ​ហើយ។ (ក្នុង​កាល​មុន) ខ្ញុំ​ឋិត​ក្នុង​ទី​ទាំង​ឡាយ​នោះ ៗ គឺព្រៃក្តី ម្លប់​ឈើក្តី ភ្នំក្តី គុហាក្តី ខ្ញុំ​ក៏​មាន​ចិត្តតក់​ស្លុត ក្នុង​កាល​នោះ។ ឥឡូវ​នេះ ខ្ញុំ​ដេកជា​សុខ ឈរជា​សុខ ចិញ្ចឹម​ជីវិតជា​សុខ ជា​បុគ្គល​មិននៅ​ក្នុង​អន្ទាក់​ដៃ​របស់​មារ ឱ ! ព្រះ​សាស្តា ទ្រង់​អនុគ្រោះ​ខ្ញុំ។ ក្នុង​កាល​មុន ខ្ញុំ​បាន​កើតជាព្រាហ្មណ៍ មាន​ត្រកូលខ្ពស់​ទាំង​ពីរខាង គឺ ខាងមាតា និងខាងបិតា ថ្ងៃ​នេះ ខ្ញុំ​បាន​ជា​បុត្រ​នៃ​ព្រះ​សុគត ជាសាស្តា​ធម្មរាជ។ ខ្ញុំ​ជា​បុគ្គល​ប្រាស​ចាក​តណ្ហា មិន​មាន​សេចក្តី​ប្រកាន់ បាន​គ្រប់​គ្រង​ទ្វារ សង្រួម​ដោយ​ប្រពៃ​ហើយ ការ​អស់​ទៅ​នៃអាសវៈ ខ្ញុំ​បាន​ដល់​ហើយ ព្រោះបាន​សម្លាប់​ឫសគល់​នៃ​ទុក្ខ។ ព្រះ​សាស្តា ខ្ញុំ​បាន​ប្រណិប័តន៍​ហើយ ពុទ្ធសាសនា ខ្ញុំ​បាន​ធ្វើ​ហើយ ភារៈ​ដ៏​ធ្ងន់ ខ្ញុំ​បាន​ដាក់​ចោល​ហើយ តណ្ហាជា​គ្រឿង​នាំទៅ​កាន់​ភព ខ្ញុំ​ក៏ដក​ចោល​ហើយ។

អង្គុលិមាលត្ថេរ។

អនុរុទ្ធត្ថេរ

sut.kn.tha.16.09 | book_057
ទ. ៧៥

(៩. អនុរុទ្ធត្ថេរគាថា)

[២៥៧] អនុរុទ្ធ បានលះ​បង់​នូវមាតា បិតា បងប្អូនស្រី ញាតិ និងបង​ប្អូនប្រុស​ទាំង​ឡាយ លះ​បង់​នូវ​កាមគុណ ៥ ហើយ​ចំរើន​នូវ​ឈាន។ (ក្នុង​កាល​មុន) អនុរុទ្ធ ជា​អ្នក​បរិបូណ៌​ដោយ​របាំ និងចម្រៀង ភ្ញាក់​រលឹក​ដោយ​គ្រឿង​ប្រគំ ជា​អ្នក​ត្រេកអរ​តែ​ក្នុង​វិស័យ​របស់​មារ ក៏​មិន​បាន​ដល់​នូវ​សេចក្តី​បរិសុទ្ធិ ដោយ​ហេតុ​នោះ។ (ឥឡូវ​នេះ) អនុរុទ្ធ បាន​កន្លង​នូវ​វិស័យ​របស់​មារនុ៎ះ​ហើយ ត្រេកអរ​ក្នុង​សាសនា​របស់​ព្រះ​ពុទ្ធ បាន​ឆ្លងផុតនូវ​ឱឃៈ​ទាំង​ពួង ចំរើន​ឈាន។ អនុរុទ្ធ បាន​កន្លង​នូវ​រូប សំឡេង ក្លិន រស ផ្សព្វ ជា​ទីគាប់​ចិត្ត​ទាំង​នុ៎ះ ចំរើន​ឈាន។ អនុរុទ្ធ ជា​បុគ្គល​ម្នាក់​ឯង មិន​មាន​តណ្ហា​ជា​គំរប់​ពីរ ជា​អ្នក​ប្រាជ្ញ​មិន​មាន​អាសវៈ ត្រឡប់​អំពីបិណ្ឌបាត ស្វែង​រក​នូវ​ចីវរបង្សុកូល​ទាំង​ឡាយ។ អនុរុទ្ធ ជា​អ្នក​ប្រាជ្ញ មាន​យោបល់​មិន​មាន​អាសវៈ រើសកាន់​យក គក់​លាង ជ្រលក់ ប្រើប្រាស់ នូវ​ចីវរបង្សុកូល​ទាំង​ឡាយ។ បុគ្គល​ណា មាន​សេចក្តី​ប្រាថ្នា​ច្រើន មិន​មាន​សន្តោស ជា​អ្នក​ច្រឡំ​ដោយ​ពួក មាន​ចិត្តរាយមាយ ធម៌​ដ៏លាមក ជា​គ្រឿង​សៅហ្មង​ទាំង​នេះ តែង​កើត​មាន​ដល់​បុគ្គល​នោះ។ បុគ្គល​ណា ជា​អ្នក​មាន​ស្មារតី មាន​សេចក្តី​ប្រាថ្នា​តិច ជា​អ្នក​សន្តោស មិន​មាន​ចិត្តចង្អៀតចង្អល់ ត្រេកអរ​ក្នុង​ទីស្ងាត់ ជា​អ្នក​ស្ងាត់ មាន​ការ​ព្យាយាម​តឹង​តែងជា​និច្ចទ. ៧៦ ធម៌​ជាកុសល ជាចំណែក​នៃ​ការ​ត្រាស់​ដឹង​ទាំង​នេះ តែង​កើតមាន​ដល់​បុគ្គល​នោះ ព្រះ​ពុទ្ធជា​មហេសី ទ្រង់​ត្រាស់​ថា បុគ្គល​នោះ ជា​អ្នក​មិន​មាន​អាសវៈ។ ព្រះ​សាស្តា ជា​បុគ្គល​ប្រសើរ​ក្នុង​លោក ទ្រង់​ជ្រាប​នូវ​សេចក្តី​ត្រិះ​រិះ​របស់​ខ្ញុំ ក៏យាង​មក​ដោយ​ឫទ្ធិ៍ ដោយ​ព្រះ​កាយ​ដែល​សម្រេច​អំពី​ចិត្ត។ ខ្ញុំ​មាន​សេចក្តី​ត្រិះ​រិះ ក្នុង​កាល​ណា ព្រះ​សាស្តា​ទ្រង់​បាន​សំដែង​នូវ​ធម៌ (មហាបុរិសវិតក្កៈ) ដ៏​លើសលុប​ក្នុង​កាល​នោះ ព្រះ​ពុទ្ធ ទ្រង់​ត្រេកអរ​ក្នុង​ធម៌ ដែល​មិន​មាន​ដំណើរយឺតយូរ សំដែងនូវ​ធម៌​ដែល​មិន​មាន​ដំណើរ​យឺតយូរ។ ខ្ញុំ​ដឹង​នូវ​ធម្មទេសនា​របស់​ព្រះ​សាស្តា​នោះ​ហើយ ត្រេកអរ​ក្នុង​សាសនា វិជ្ជា ៣ ខ្ញុំ​បាន​សម្រេច​ហើយ ពុទ្ធសាសនា ខ្ញុំ​បាន​ធ្វើ​ហើយ។ ខ្ញុំ​បាន​សមាទាន​នេសជ្ជិកង្គធុតង្គ អស់ ៥៥ ឆ្នាំ ខ្ញុំ​បាន​ដករំលើ​ង​នូវ​កិរិយាងោកងុយ​អស់ ២៥ ឆ្នាំ​ហើយ។ ព្រះ​ពុទ្ធ ព្រះ​អង្គជា​បុគ្គល​នឹងធឹង មាន​ព្រះ​ទ័យខ្ជាប់​ខ្ជួន មិន​មាន​ខ្យល់​អស្សាស​បស្សាសៈ​ហើយ ព្រះ​ពុទ្ធ​មាន​ចក្ខុ មិន​មាន​កិលេសជា​គ្រឿង​ញាប់​ញ័រ ទ្រង់​ប្រារព្ធនូវ​សេចក្តី​ស្ងប់ បរិនិព្វាន​ហើយ។ ព្រះ​ពុទ្ធ ទ្រង់​អត់​សង្កត់​នូវ​វេទនា ដោយ​ព្រះ​ទ័យ​មិនរួញរា ការ​ផុតស្រឡះ​នៃ​ចិត្ត (របស់​ព្រះ​អង្គ) ដូច​ជាកិរិយារលត់​នៃប្រទីប។ សភាវៈ មាន​ផស្សៈ​ជា​គំរប់ ៥ របស់​ព្រះ​ពុទ្ធ ជា​អ្នក​ប្រាជ្ញ​នុ៎ះ មាន​ក្នុង​ទីបំផុត ក្នុង​កាល​ឥឡូវ​នេះ​ហើយទ. ៧៧ នា​កាលព្រះ​សម្ពុទ្ធ​ទ្រង់​បរិនិព្វាន​ហើយ ធម៌​ដទៃ គឺចិត្ត និងចេតសិក មិន​មាន​ទៀត​ទេ។ ម្នាលទេវតា ឈ្មោះ​ជាលិនី ឥឡូវ​នេះ (អាត្មា) មិន​មាន​ការ​អាស្រ័យនៅ​ក្នុង​ពួក​ទេវតាទៀត​ឡើយ ជាតិសង្សារ របស់​អាត្មា​ក៏អស់​ហើយ ឥឡូវ​នេះ ភព​ថ្មីមិន​មាន​ទេ។

ភិក្ខុ​ណា អាចដឹង​ច្បាស់​នូវ​លោក មាន​ចំណែកមួយពាន់ ព្រម​ទាំង​ព្រហ្មលោក ក្នុង​មួយរំពេចបាន ភិក្ខុ​នោះ ជា​អ្នក​ស្ទាត់​ក្នុង​ឥទ្ធិគុណ ក្នុង​ចុតូបបាតញ្ញាណ រមែង​ឃើញ​ពួក​ទេវតា ក្នុង​កាល​គួរ។

​ក្នុង​កាល​មុន ខ្ញុំ​បាន​កើតជា​បុរសកំសត់ ឈ្មោះ​អន្នភារៈ ជា​អ្នក​ធ្វើ​ការ​ឈ្នួល ដើម្បី​អាហារ បាន​ផ្គត់​ផ្គង់​សមណៈ (ព្រះ​បច្ចេកពុទ្ធ) ឈ្មោះ​ឧបរិដ្ឋៈ ជា​អ្នក​មាន​យស។ ពួក​ជន​អ្នក​ចេះដឹង តែងស្គាល់​ខ្ញុំ​ថា ខ្ញុំ​នោះ​ឈ្មោះ​អនុរុទ្ធ កើត​ក្នុង​សក្យត្រកូល ជា​អ្នក​បរិបូណ៌​ដោយ​របាំ និងចំរៀង ភ្ញាក់​រលឹក​ដោយ​គ្រឿង​ប្រគំ។ ខ្ញុំ​បាន​ឃើញ​ព្រះ​សម្ពុទ្ធ ជាសាស្តា មិន​មាន​ភ័យ​អំពី​ទីណា ក៏​ញ៉ាំង​ចិត្ត​ឲ្យ​ជ្រះ​ថ្លា​ក្នុង​ព្រះ​សម្ពុទ្ធ​នោះ ហើយ​ចូល​ទៅ​កាន់​ផ្នួស។ ខ្ញុំ​ដឹង​នូវ​បុព្វេ​និវាស ដែល​ជាលំ​នៅ​របស់​អាត្មា​ធ្លាប់​នៅ​ក្នុង​កាល​មុន ក្នុង​ទេវ​លោក​ឈ្មោះ​តាវត្តិង្ស បាន​ឋិត​នៅ​ក្នុង​ជាតិជាសក្កៈ (ព្រះ​ឥន្ទ្រ)។ អាត្មា​បាន​ជាធំ​ក្នុង​មនុស្ស សោយរាជ្យអស់ ៧ ជាតិ ជាធំ​លើ​ផែនដី មាន​សមុទ្រ​ទាំង​បួន ជា​ទីបំផុត មាន​ជ័យជំនះ ជាឥស្សរៈ​ក្នុង​ជម្ពូទ្វីបទ. ៧៨ ប្រៀន​ប្រដៅ (ប្រជាជន) ដោយ​ធម៌ មិន​ប្រើដំបង និងគ្រឿង​សស្រ្តា។ កាល​នោះ ខ្ញុំ​បាន​ឋិត​នៅ​ក្នុង​ទេវ​លោក ដឹង​ច្បាស់​នូវ​ខន្ធ ដែល​ធ្លាប់​អាស្រ័យនៅ​ក្នុង​កាល​មុន អស់ ១៤ សង្សារវដ្ដ (១៤ ជាតិ) គឺខាង​ទេវ​លោក​នេះ ៧ ជាតិ ខាងមនុស្ស​លោក​នេះ ៧ ជាតិ។

កាលសមាធិប្រកបដោយ​អង្គ10) ៥ ខ្ញុំ​បាន​ចំរើន​ឲ្យ​មាន​អារម្មណ៍មូល​តែ​មួយ​ហើយ ខ្ញុំ​ក៏​បាន​សេចក្តី​ស្ងប់​រម្ងាប់ ទិព្វចក្ខុ​របស់​ខ្ញុំ​ក៏បរិសុទ្ធ។ ខ្ញុំ​លុះបាន​ឋិត​នៅ​ក្នុង​ឈាន​ប្រកប​ដោយ​អង្គ ៥ ហើយ ក៏​ដឹង​នូវ​ការ​ច្យុតិ និង​ការ​កើត គឺដំណើរមក និងដំណើរទៅ (ព្រម​ទាំង) ការ​កើត​ឡើង​យ៉ាង​នេះ និង​ការ​ប្រែប្រួល​ទៅ​ជាយ៉ាង​ដទៃ​របស់​សត្វ​ទាំង​ឡាយ។ ព្រះ​សាស្ដា ខ្ញុំ​បាន​បំរើ​ហើយ។បេ។ តណ្ហា​ជា​គ្រឿង​នាំទៅ​កាន់​ភព ខ្ញុំ​បាន​ដក​ចោល​ហើយ។ ខ្ញុំ​ជា​បុគ្គល​មិន​មាន​អាសវៈ លុះអស់​ជីវិត ខ្ញុំ​នឹងនិព្វាន​ក្រោម​គុម្ព​ឫស្សី ក្នុង​វេឡុវនគ្រាម របស់​ពួក​ជន​អ្នក​នៅ​ក្នុង​ដែនវជ្ជី។

អនុរុទ្ធត្ថេរ។

បារាសរិយត្ថេរ

sut.kn.tha.16.10 | book_057

(១០. បារាបរិយត្ថេរគាថា)

[២៥៨] ចិន្ដា​របស់​សមណៈ អ្នក​មាន​អារម្មណ៍មូល​តែ​មួយ អង្គុយ​ក្នុង​ព្រៃធំ​មាន​ផ្ការីក ជា​អ្នក​មាន​សេចក្តី​ស្ងប់​ស្ងាត់ មាន​ឈានបាន​កើតមាន​ហើយ។ទ. ៧៩ កាល​ដែល​ព្រះ​លោកនាថ​ជាឧត្តមបុរស មាន​ព្រះ​ជន្មនៅ​ឡើយ ការ​ប្រព្រឹត្តិ​របស់​ពួក​ភិក្ខុ មាន​ដោយ​ឡែក ឥឡូវ​នេះ (ការ​ប្រព្រឹត្តិ) ក៏​ប្រាកដ​ដោយ​ឡែក។ ពួក​ភិក្ខុ​ជា​អ្នក​សន្ដោស​ក្នុង​បច្ច័យតាមមាន​តាមបាន បាន​ប្រើប្រាស់​នូវ​ចីវរ គ្រាន់​តែ​ជា​គ្រឿង​ការ​ពារនូវ​ត្រជាក់ និងខ្យល់ គ្រាន់​តែជា​គ្រឿង​បិទបាំងនូវ​កេរ្ដិ៍ខ្មាស។ ពួក​ភិក្ខុ​ជា​អ្នក​មិន​ជាប់ មិន​ជ្រប់ បាន​បរិភោគ​របស់​ថ្លៃថ្លាក្តី សៅហ្មងក្ដី តិចក្តី ច្រើនក្ដី ដើម្បី​ញ៉ាំង​អត្តភាព ឲ្យ​ប្រព្រឹត្ត​ទៅ​ប៉ុណ្ណោះ។ ពួក​ភិក្ខុ​មិន​បាន​ខ្វល់​ខ្វាយ​ក្នុង​ភេសជ្ជបច្ច័យ ជាបរិក្ខារ​នៃជីវិតខ្លាំងពេក ដូច​ជាខ្វល់​ខ្វាយ​ក្នុង​ធម៌​ជា​ទី​អស់​នៃអាសវៈ​ទេ។ ពួក​ភិក្ខុ​ចំរើន​រឿយ ៗ នូវ​វិវេកធម៌ ប្រព្រឹត្តឈមទៅ​រកវិវេក នៅ​ក្នុង​ព្រៃទៀប​គល់​នៃឈើ​ក្នុង​ជ្រោះ និង​ក្នុង​គុហា​ទាំង​ឡាយ។ ពួក​ភិក្ខុ​ជា​អ្នក​ប្រព្រឹត្ត​បន្ទាបខ្លួន តាំង​មាំ (ក្នុង​សាសនា) ជា​អ្នក​ចិញ្ចឹមងាយ ជា​អ្នក​មាន​ចិត្តទន់ មាន​ចិត្តមិនរឹងត្អឹង មិន​ច្របូកច្របល់​ដោយ​កិលេស មិន​មាន​មាត់​រឹង ជា​អ្នក​លុះ​ក្នុង​អំណាច​នៃ​ការ​គិតរកប្រយោជន៍ (ខ្លួន និង​អ្នក​ដទៃ)។ ព្រោះ​ហេតុ​នោះ ដំណើរ​ទៅ និង​ការ​បរិភោគ ការ​សេព (របស់​ពួក​ភិក្ខុ​) គួរ​ជា​ទីជ្រះ​ថ្លា ទាំង​មាន​ឥរិយាបថ ដូចធារ​នៃប្រេង​ដ៏ស្និទ្ធល្អ។ ព្រះ​ថេរៈ​ទាំង​នោះ មាន​អាសវៈ​ទាំង​ពួង​អស់​ហើយ មាន​ឈានច្រើន មាន​ប្រយោជន៍ច្រើន ឥឡូវ​នេះ បរិនិព្វាន​ហើយ ឥឡូវ​នេះ ពួក​ភិក្ខុ​បែបនោះ មាន​តិច។ទ. ៨០ សាសនា​នៃ​ព្រះ​ជិនស្រី ប្រកប​ដោយ​អាការ​ដ៏​ប្រសើរគ្រប់​យ៉ាង រមែង​សាបសូន្យ​ទៅ ព្រោះ​ការ​អស់​ទៅ​នៃ​កុសលធម៌​ផង នៃ​បញ្ញាផង។ កាលជារដូវ​នៃបាបធម៌ និងកិលេស (កំពុង​ប្រព្រឹត្ត​ទៅ​) ពួក​ភិក្ខុ​ណាខ្នះខ្នែង ដើម្បី​វិវេក ពួក​ភិក្ខុ​នោះ ឈ្មោះ​ថា មាន​ព្រះ​សទ្ធម្មសល់​នៅ។11) កិលេស​ទាំង​នោះ កាលចំរើន​ឡើង រមែង​ជ្រៀតជ្រែកនូវ​ជន​ជា​ច្រើន ទំនងហាក់​ប្រឡែងលេង​នឹង​ពួក​ជនពាល ដូច​ពួក​អារក្សទឹក ប្រឡែងលេង​នឹង​មនុស្សឆ្កួត។ ពួក​នរ​ជន​ទាំង​នោះ លុះត្រូវកិលេសគ្រប​សង្កត់​ហើយ តែងស្ទុះទៅ​តាម​ចំណែក​នៃកិច្ចនោះ ៗ ព្រោះកិលេសវត្ថុ​ទាំង​ឡាយ ក្នុង​កាលជា​ទីចាប់​យក​ដោយ​ខ្លួន​ឯង ដែល​ពួក​កិលេសឃោសនា​ហើយ។ ពួក​ជន​នោះ លះ​បង់​នូវ​ព្រះ​សទ្ធម្ម ហើយ​ឈ្លោះ​ប្រកែកគ្នា​នឹងគ្នា លុះ​ក្នុង​អំណាចទិដ្ឋិ សំគាល់​ថា វត្ថុនេះ ប្រសើរ​បំផុត ដូច្នេះ។ ពួក​ជន ដែល​លះ​បង់​នូវ​ទ្រព្យ និងកូនប្រពន្ធ ហើយចេញ​ទៅ (អំពីផ្ទះ) រមែង​សេព​នូវ​អំពើ​ដែល​មិន​គួរ​ធ្វើ​ ព្រោះ​ហេតុ សូម្បីត្រឹម​តែចង្ហាន់​មួយវែក។ទ. ៨១ (ពួក​ភិក្ខុ​នោះ​) បរិភោគ​អាហារពេញ​ពោះ ហើយដេកផ្ងារ ភ្ញាក់​ឡើង​ហើយ​ក៏នាំគ្នា​និយាយពាក្យ ដែល​ព្រះ​សាស្ដា​ទ្រង់​តិះ​ដៀល។ ពួក​ភិក្ខុ ហាត់​ធ្វើ​យ៉ាង​ផ្ចិតផ្ចង់​នូវ​សិល្បៈ ដូច​ជាង​ទាំង​ពួង មិន​រម្ងាប់​នូវ​សន្ដានចិត្តខាង​ក្នុង គុណវិសេស គឺប្រយោជន៍​នៃសមណធម៌ (របស់​ពួក​ភិក្ខុ​នោះ) ក៏អាក់​ខាន។ ពួក​ភិក្ខុ កាល​ប្រាថ្នា​នូវ​ចតុប្បច្ច័យ​ច្រើនលើសលុប រមែង​បង្អោននូវ​ដីស្អិត ប្រេង គ្រឿង​លំអិត ទឹក អាសនៈ និងភោជន ដល់​ពួក​គ្រហស្ថ។ ឲ្យ​នូវ​ឈើស្ទន់ ផ្លែក្វិដ្ឋ ផ្កាឈើ វត្ថុ​សម្រាប់​ទំពាស៊ី បិណ្ឌបាត​ដ៏ល្អ ៗ ផ្លែស្វាយ និងផ្លែកន្ទួតព្រៃ​ទាំង​ឡាយ ខ្វល់​ខ្វាយ​ក្នុង​ភេសជ្ជៈ ដូច​ពួក​ពេទ្យ ខ្វល់​ខ្វាយ​ក្នុង​កិច្ចតូចធំ (នៃជម្ងឺ) ដូច​ពួក​គ្រហស្ថ​ប្រកប​ក្នុង​ការ​ស្អិតស្អាង ដូចស្រីពេស្យា ឬ​ដូច​ពួក​ក្សត្រយ៍ ខ្វល់​ខ្វាយ​ក្នុង​ឥស្សរភាព ជា​អ្នក​បោកប្រាសបញ្ឆោត ធ្វើ​ជាសក្សីវៀច ជា​អ្នក​កោងកាច បរិភោគអាមិសៈ ដោយ​អាការ​ជាមិច្ឆាជីវៈ​ច្រើនយ៉ាង។ ពួក​ភិក្ខុ​ជា​អ្នក​រវះរវាម (ដោយ​បាបធម៌) ក្នុង​លេស​ដ៏គួរ ក្នុង​របិចវាសវាង ត្រូវការ​ចិញ្ចឹមជីវិត ប្រមូល​មក​នូវ​ទ្រព្យ​ដ៏​ច្រើន ដោយ​ឧបាយ។ទ. ៨២ ពួក​ភិក្ខុ​ញ៉ាំង​បរិស័ទ ឲ្យ​ផ្គត់​ផ្គង់ ព្រោះ​ការ​ងារ មិន​មែន​ព្រោះ​ធម៌ សំដែងធម៌ដល់​ជន​ដទៃ ព្រោះ​តែលាភ មិន​សំដែងព្រោះ (ប្រាថ្នា) ប្រយោជន៍ (សាធារណៈ)។ ពួក​ភិក្ខុ​ឈ្លោះប្រកែក ព្រោះ​តែ​សង្ឃ​លាភ ជា​ខាង​ក្រៅ​អំពី​សង្ឃ ចិញ្ចឹមជីវិត​ដោយ​លាភ​របស់​ជន​ដទៃ ជា​បុគ្គល​មិន​ខ្មាសអៀន។ មួយ​ទៀត ពួក​ភិក្ខុ​ខ្លះ ជា​អ្នក​មិនប្រកប (សមណធម៌) ជា​បុគ្គល​មាន​ក្បាល​ត្រងោល ដណ្ដប់​សង្ឃាដិ ជា​អ្នក​ល្មោភ​ដោយ​លាភសក្ការៈ ប្រាថ្នា​តែសេចក្តី សរសើរ។ កាល​បើកិលេសធម៌ ប្រព្រឹត្ត​ទៅ​ដោយ​ប្រការ​ផ្សេង ៗ យ៉ាង​នេះ ឥឡូវ​នេះ ភិក្ខុ​មិន​អាច​នឹង​ប៉ះពាល់​នូវ​គុណវិសេស​ដែល​មិន​ទាន់​បាន​ប៉ះពាល់ ឬមិនអាច​នឹងរក្សានូវ​គុណ​វិសេស ដែល​បាន​ប៉ះពាល់​ដូច្នោះបាន​ឡើយ។ ជន មិន​មាន​ស្បែកជើង ត្រាច់​ទៅ​ក្នុង​ទី​មាន​បន្លា​យ៉ាង​ណា អ្នក​ប្រាជ្ញគួរ​ប្រុងស្មារតី ត្រាច់​ទៅ​ក្នុង​ស្រុកយ៉ាង​នោះ។ យោគី កាល​រលឹក​ឃើញ​ពួក​លោក​អ្នក​មាន​ព្យាយាម​ក្នុង​កាលពីដើម រលឹក​ឃើញ​នូវ​វត្តប្រតិបត្តិ របស់​ពួក​លោក​ទាំង​នោះ ទោះបីកាលជា​ខាងក្រោយ (អំពីកាល​ដែល​ព្រះ​សាស្ដាគង់​នៅ​) ក៏​ដោយ គង់​បាន​ប៉ះពាល់​នូវ​ផ្លូវអមតៈ។ទ. ៨៣

សមណៈ បាន​ចំរើន​នូវ​ឥន្រ្ទិយ ជា​អ្នក​បណ្ដែត​ចោល​នូវ​បាប ជា​អ្នក​ស្វែង​រក​នូវ​គុណ មាន​ភព​ថ្មីអស់​ហើយ លុះ​ពោលយ៉ាង​នេះ​ហើយ ក៏បរិនិព្វាន ក្នុង​សាលវ័ន។

បារាសរិយត្ថេរ។

ឧទ្ទាន

ព្រះ​ថេរៈ ១០ នេះ គឺ​អធិមុត្តត្ថេរ ១ បារាសរិយត្ថេរ ១ តេលុកានិត្ថេរ ១ រដ្ឋបាលត្ថេរ ១ មាលុង្ក្យបុត្តត្ថេរ ១ សេលត្ថេរ ១ ភទ្ទិយត្ថេរ ១ អង្គុលិមាលត្ថេរ ១ អនុរុទ្ធត្ថេរ មាន​ទិព្វចក្ខុ ១ បារាសរិយត្ថេរ ១ បាន​សំដែងគាថា ២០០ លើ​ស ៤៥ ដែល​មក​ក្នុង​វីសតិនិបាត។

ចប់ វីសតិនិបាត។

តឹសនិបាត

sut.kn.tha.17 | book_057
ទ. ៨៤

(១៧. តិំសនិបាតោ)

បុស្សត្ថេរ

sut.kn.tha.17.01 | book_057

(១. ផុស្សត្ថេរគាថា)

[២៥៩] ឥសីឈ្មោះ​បណ្ឌរសគោត្រ ឃើញពួក​ភិក្ខុ​ជា​ច្រើន ដែល​គួរ​នាំ​មក​នូវ​សេចក្តី​ជ្រះ​ថ្លា មាន​ចិត្តអប់​រំ​ហើយ សង្រួមល្អ​ហើយ ក៏​បាន​សួរនូវ​ព្រះ​ថេរៈ​ឈ្មោះ បុស្សៈ​ថា។ ពួក​ភិក្ខុ​នឹងមាន​ប្រាថ្នា​ដូចម្ដេច មាន​បំណង​ដូចម្ដេច មាន​អាកប្បកិរិយា​ដូចម្ដេច ក្នុង​កាល​អនាគត លោក​ដែល​ខ្ញុំ​សួរ​ហើយ សូមប្រាប់​នូវ​ដំណើរ​នោះ​ឲ្យ​ទាន។

(ព្រះ​បុស្សត្ថេរ ពោលថា) ម្នាលឥសីឈ្មោះ​បណ្ឌរស អ្នក​ចូរស្ដាប់​ពាក្យ​អាត្មា ចូរចាំ​ទុក​ដោយ​គោរព អាត្មា​នឹងប្រាប់​នូវ​កាលជាអនាគត។ ពួក​ភិក្ខុ​ច្រើនរូប ជា​បុគ្គល​មាន​សេចក្តី​ក្រោធ ចង​សេចក្តី​ក្រោធ​ទុក ជា​អ្នក​លុបគុណគេ ជា​បុគ្គល​របឹង ជា​អ្នក​បោកប្រាស ជា​អ្នក​ច្រណែន ជា​អ្នក​មាន​វាទៈ​ផ្សេង ៗ គ្នា នឹងមាន​ក្នុង​អនាគត។ ភិក្ខុ​មាន​សេចក្តី​ប្រកាន់​ថាខ្លួន ដឹង​ធម៌​ដ៏ជ្រាលជ្រៅ មាន​អារម្មណ៍​ក្នុង​ត្រើយ (ខាងអាយ​អំពី​ធម៌​នោះ​) មាន​ចិត្ត​ស្រាល មិន​ធ្ងន់​ក្នុង​ព្រះ​សទ្ធម្ម រមែង​ជា​អ្នក​មិន​មាន​សេចក្តី​គោរព​គ្នា​នឹងគ្នា។ ទោស​ទាំង​ឡាយ​ជា​ច្រើន នឹង​កើត​ឡើង​ក្នុង​លោក ក្នុង​កាល​ជាអនាគត គឺពួក​ភិក្ខុ​អប្បប្រាជ្ញា​នឹង​ញ៉ាំង​ធម៌​ដែល​ព្រះ​មាន​ព្រះ​ភាគ​សំដែង​ហើយ​ដោយ​ប្រពៃនេះ ឲ្យ​សៅ​ហ្មង។ ពួក​ភិក្ខុ​សាប​សូន្យ​ចាក​គុណ កាលចរចា​ក្នុង​សង្ឃ នឹងជា​អ្នក​ក្លៀវក្លា មាន​កំឡាំង មាន​មាត់​រឹង តែជា​អ្នក​មិន​មាន​ការ​ចេះដឹង។ទ. ៨៥ ឯពួក​ភិក្ខុ​មាន​គុណ មាន​ហិរិ មិន​មាន​សេចក្តី​ត្រូវការ (របស់​អ្វី) កាល​ពោល​ពាក្យ​ក្នុង​សង្ឃ​តាមសេចក្តី​ពិត នឹង​ជា​អ្នក​មាន​កំឡាំងថយ។ ក្នុង​អនាគតកាល ពួក​ភិក្ខុ​ដែល​ឥតប្រាជ្ញា នឹងត្រេក​ត្រអាលចំពោះ​ប្រាក់​មាស ស្រែចម្ការ ពពែ ចៀម ខ្ញុំ​ស្រី និង​ខ្ញុំ​ប្រុស។ ពួក​ភិក្ខុ​ពាល ជា​អ្នក​សំគាល់​ក្នុង​ការ​លើ​កទោស មិន​តាំង​មាំ​ក្នុង​សីល​ទាំង​ឡាយ ជា​អ្នក​ក្រអឺតក្រអោង ត្រេកត្រអាល​ក្នុង​ជម្លោះ នឹងត្រាច់​ទៅ​ផ្សេង ៗ ដូចម្រឹគ មួយ​ទៀត នឹងមាន​ពួក​ភិក្ខុ​ជា​អ្នក​រាយមាយ ស្លៀក​ដណ្ដប់​ចីវរមាន​ពណ៌ខៀវ ជា​មនុស្ស​កុហក ជា​បុគ្គល​រឹងត្អឹង ជា​អ្នក​ចរចារួសរាយ មាន​កិលេស​ដូចស្នែង នឹង​ប្រព្រឹត្ត​ដូច​ព្រះ​អរិយៈ។ ពួក​ភិក្ខុ ដែល​មាន​សក់​រលើ​ប​ដោយ​ប្រេង ជា​អ្នក​ឃ្លេងឃ្លោង មាន​ភ្នែក​លាបថ្នាំ ដណ្ដប់​សំពត់​មាន​​សម្បុរ​ដូច​ភ្លុក នឹងដើរ​តាមច្រក។ ភិក្ខុ​ពាល​ទាំង​នោះ នឹងខ្ពើម​នូវ​សំពត់​កាសាវៈ ដែល​ពួក​ព្រះ​អរិយៈ​មាន​ចិត្ត​ផុតស្រឡះ​មិនខ្ពើម ជាសំពត់​ជ្រលក់​ត្រឹមត្រូវ ជា​ទង់​ជ័យ​នៃ​ព្រះ​អរិយៈ ហើយជា​អ្នក​ជ្រប់​នៅ​តែ​ក្នុង​សំពត់​មាន​ពណ៌​ស។ នឹងមាន​ពួក​ភិក្ខុ​ជា​អ្នក​ប្រាថ្នា​លាភ ជា​បុគ្គល​ខ្ជិល មាន​ព្យាយាមទន់ ទាំង​ជា​បុគ្គល​ធុញ​ទ្រាន់​នឹងព្រៃធំ ៗ ទាំង​ឡាយ ហើយនៅ​តែ​ក្នុង​សេនាសនៈ​ជិត ៗ ស្រុក។ ពួក​ភិក្ខុ​ណា ៗ ត្រេកអរ​ក្នុង​មិច្ឆាជីវៈ នឹង​បាន​លាភ​គ្រប់​កាល​ទាំង​ពួង ពួក​ភិក្ខុ​​ដែល​សិក្សា​តាមភិក្ខុ​ទាំង​នោះ ៗ ក៏​នឹង​ទៅ​ជា​អ្នក​មិនសង្រួម។ទ. ៨៦ ពួក​ភិក្ខុ​ណា ៗ ជា​អ្នក​មិន​បាន​លាភ ពួក​ភិក្ខុ​ទាំង​នោះ នឹងមិន​មាន​គេ​បូជា ពួក​ភិក្ខុ​ទាំង​នោះ នឹងមិនគប់​រក​នូវ​អ្នក​ប្រាជ្ញ ដែល​មាន​សីល​ជា​ទី​ស្រឡាញ់ ក្នុង​កាល​នោះ។ ពួក​ភិក្ខុ​ខ្លះ នឹងតិះ​ដៀលនូវ​សំពត់​កាសាវៈ ជាទង់​ជ័យ​របស់​ខ្លួន ហើយ​ទៅ​ស្លៀក​ដណ្ដប់​សំពត់ ជាទង់​ជ័យពួក​តិរ្ថិយ ដែល​ជ្រលក់​ដោយ​មក្លឿ​ក៏​មាន ជាសំពត់​សក៏​មាន។ សេចក្ដី​មិនគោរព​ក្នុង​សំពត់​កាសាវៈ​នៃ​ពួក​ភិក្ខុ​ទាំង​នោះ នឹង​មាន​ក្នុង​កាល​នោះ ទាំង​ការ​ពិចារណា ក្នុង​សំពត់​កាសាវៈ នៃ​ពួក​ភិក្ខុ ក៏​នឹងមិន​មាន​ដែរ។ ដំរី​ដ៏​ប្រសើរ កាលត្រូវ​សេចក្ដីទុក្ខគ្រប​សង្កត់ ត្រូវសរមុត ញ័រកាយ​ចំប្រប់ ក៏​មាន​ការ​គិត​ពិចារណា​ដ៏ខ្លាំង​ក្រៃលែង ជាគំនិត​ដែល​មិន​ធ្លាប់​គិតមក។ ព្រោះ​ថា គ្រា​នោះ ដំរី​ឆទ្ទន្ត បាន​ឃើញសំពត់​កាសាវៈ ជាទង់​ជ័យព្រះ​អរហន្ត ដែល​ជ្រលក់​យ៉ាង​ល្អ ហើយ​បាន​ពោល​នូវ​គាថា​ទាំង​ឡាយ ដែល​ប្រកប​ដោយ​ប្រយោជន៍ ក្នុង​ខណៈ​នោះ​ឯង។ បុគ្គល​ណា មិន​ទាន់​ប្រាស​ចាក​ទឹកចត់ គឺរាគាទិក្កិលេស ជា​អ្នក​ប្រាស​ចាក​ទមៈ និង​សច្ចៈ ស្លៀក​ដណ្ដប់​នូវ​សំពត់​កាសាវៈ បុគ្គល​នោះ មិន​គួរ (ស្លៀកដណ្ដប់) នូវ​សំពត់​កាសាវៈ​ឡើយ។ លុះ​តែបុគ្គល​ណា បាន​ខ្ជាក់​ចោល​នូវ​ទឹកចត់ គឺរាគាទិក្កិលេស តាំង​មាំល្អ​ក្នុង​សីល​ទាំង​ឡាយ ប្រកប​ដោយ​ទមៈ និងសច្ចៈ បុគ្គល​នោះ​ឯង ទើបគួរ (ស្លៀកដណ្ដប់) នូវ​សំពត់​កាសាវៈ។ទ. ៨៧ បុគ្គល​ណា ជា​អ្នក​វិបត្តិសីល មាន​គំនិតអាក្រក់ ប្រាកដ​ជា​អ្នក​ទ្រុស្ដ​សីល ធ្វើ​តាម​តែប្រាថ្នា មាន​ចិត្តរាយមាយ មិន​មាន​ធម៌ស បុគ្គល​នោះ មិន​គួរ (ស្លៀកដណ្ដប់) នូវ​សំពត់​កាសាវៈ​ឡើយ។ លុះ​តែបុគ្គល​ណា បរិបូណ៌​ដោយ​សីល ប្រាស​ចាក​ឆន្ទរាគៈ មាន​ចិត្តតាំង​មាំ មាន​សេចក្តី​ត្រិះ​រិះ​ក្នុង​ចិត្ត​ដ៏ស បុគ្គល​នោះ​ឯង ទើប​គួរ (ស្លៀកដណ្ដប់) នូវ​សំពត់​កាសាវៈ។ សីល​របស់​បុគ្គល​ណាមិន​មាន បុគ្គល​នោះ ជា​អ្នក​រវើរវាយ ក្រអឺត​ក្រអោង ជា​បុគ្គល​ពាល គួរ​តែ (ស្លៀកដណ្ដប់) នូវ​សំពត់​មាន​ពណ៌ស និងស្លៀក​ដណ្ដប់​នូវ​សំពត់​កាសាវៈ​ដូចម្ដេច​កើត។ ក្នុង​កាលជាអនាគត ពួក​ភិក្ខុ ភិក្ខុនី ជា​អ្នក​មាន​ចិត្ត​ប្រទូស្ត ជា​អ្នក​ឃ្នើសឃ្នង នឹងសង្កត់​សង្កិន​នូវ​ពួក​លោក​ដែល​ប្រកប​ដោយ​តាទិគុណ មាន​ចិត្ត​ប្រកប​ដោយ​មេត្តា។ ពួក​ភិក្ខុ​ពាល ដែល​មាន​គំនិតអាក្រក់ ប្រាកដ​ជា​អ្នក​ទ្រុស្ត​សីល ធ្វើ​តាម​តែប្រាថ្នា កាល​បើពួក​ព្រះ​ថេរៈ បង្ហាត់​នូវ​ការ​ស្លៀក​ដណ្ដប់​ចីវរ នឹង​មិនព្រម​ស្ដាប់។ ពួក​ភិក្ខុ​ពាល​ទាំង​នោះ ដែល​ឧបជ្ឈា​យា​ចារ្យ ឲ្យ​សិក្សាយ៉ាង​នោះ​ហើយ ក៏ជា​បុគ្គល​មិន​មាន​ការ​គោរពគ្នា​នឹងគ្នា នឹងមិនអើ​ពើ​ចំពោះ​ឧបជ្ឈាយាចារ្យ ដូចសេះមាន​ពុតត្បុត មិន​អើពើ​នឹងនាយសារថី។ ក្នុង​កាល​ជាអនាគត ពួក​ភិក្ខុ ភិក្ខុ​នី នឹងមាន​សេចក្តី​ប្រតិបត្តិ​យ៉ាង​នេះ ក្នុង​បច្ឆិមកាល​ដែល​មក​ដល់ទ. ៨៨។ ភ័យ​ដ៏​ធំនេះ ដែល​មិន​ទាន់​មក​ដល់ ក៏​រមែង​មក​ដល់​មុនមិនខាន អ្នក​ទាំង​ឡាយ ចូរ​ជា​បុគ្គល​ប្រដៅ​ងាយ មាន​ចិត្ត​ដ៏ទន់ ប្រកប​ដោយ​សេចក្តី​គោរព​ដល់​គ្នា​នឹងគ្នាចុះ។ អ្នក​ទាំង​ឡាយ ចូរ​ជា​បុគ្គល​មានចិត្តមេត្តា ករុណា សង្រួម​ក្នុង​សីល​ទាំង​ឡាយ មាន​ការ​ព្យាយាមតឹង​តែង មាន​ចិត្តស្លុងទៅ​កាន់​និព្វាន មាន​សេចក្តី​សង្វាតមាំ អស់​កាល​ជា​និច្ចចុះ។ អ្នក​ទាំង​ឡាយ បើឃើញសេចក្តី​ប្រមាទ ថា​ជាភ័យ ទាំង​ឃើញ​នូវ​សេចក្តី​មិន​ប្រមាទ ថា​ជា​ទីក្សេម​ហើយ ចូរចំរើន​នូវ​មគ្គមាន​អង្គ ៨ (កាល​បើយ៉ាង​នេះ​) ពួក​ភិក្ខុ ក៏​រមែង​បាន​នូវ​អមតបទ គឺព្រះ​និព្វាន។

បុស្សត្ថេរ។

សារីបុត្តត្ថេរ

sut.kn.tha.17.02 | book_057

(២. សារិបុត្តត្ថេរគាថា)

[២៦០] បុគ្គល​ណា ជា​អ្នក​ប្រព្រឹត្តសម​គួរ ជា​អ្នក​ស្ងប់​សម​គួរ មាន​ស្មារតី ជា​អ្នក​មិនធ្វេសប្រហែស​ក្នុង​ការ​ត្រិះ​រិះ និង​ការ​ប្រព្រឹត្តិសម​គួរ ត្រេកអរ​ដោយ​ភាវនា​ក្នុង​សន្ដាន មាន​ចិត្ត​តាំង​មាំ ជា​បុគ្គល​ម្នាក់​ឯង មាន​សេចក្តី​សន្ដោស អ្នក​ប្រាជ្ញ​ទាំង​ឡាយ ហៅ​បុគ្គល​នោះ​ថា​ជា​ភិក្ខុ។

ភិក្ខុ​កាលបរិភោគ នូវ​អាហារ​ស្រស់ ឬក្រៀម មិន​គប្បី​ឲ្យ​ឆ្អែតជ្រុលទេ គប្បី​ជា​អ្នក​មាន​ពោះធូរ មាន​អាហារ​ដ៏ល្មម មាន​ស្មារតីវៀរចេញ។ ភិក្ខុ​ឈប់​បរិភោគ ៤ ឬ ៥ ពំនូត (ក្នុង​កាលជិតឆ្អែត) ហើយគប្បី​ផឹកទឹក នេះ​ជា​ការ​ល្មម​ដល់​កិរិយានៅ​ជា​សុខ នៃ​ភិក្ខុ​អ្នក​មាន​ចិត្តស្លុងទៅ​រក (ព្រះ​និព្វាន)។ទ. ៨៩

ភិក្ខុស្លៀកដណ្ដប់​នូវចីវរជាកប្បិយៈ ប្រយោជន៍ (ត្រឹម​តែការ​ពារត្រជាក់​ជាដើម) នេះ​ជា​ការ​គួរ​ដល់​កិរិយានៅ​ជា​សុខ​នៃ​ភិក្ខុ​អ្នក​មាន​ចិត្តស្លុងទៅ​រក (ព្រះ​និព្វាន​)។ កាល​ភិក្ខុ​អង្គុយ​ដោយ​ភ្នែន ភ្លៀងមិនស្រក់​ត្រូវត្រង់​ជង្គង់​ទាំង​ពីរ នេះ​ជា​ការ​គួរ​ដល់​កិរិយា​នៅ​ជា​សុខ នៃ​ភិក្ខុ​អ្នក​មាន​ចិត្តស្លុងទៅ​រក (ព្រះ​និព្វាន​)។ បុគ្គល​ណាបាន​ឃើញសុខ ថា​ជា​ទុក្ខ បាន​ឃើញទុក្ខ ថា​ជា​គ្រឿង​ចាក់​ដោត ដូចកូនសរ ការ​ជាប់​ជំពាក់​មិន​មាន​ក្នុង​ចន្លោះ​នៃសុខ និងទុក្ខ​ទាំង​ពីរ បុគ្គល​នោះ គប្បី​ជាប់​ក្នុង​លោក​ដូចម្ដេច គប្បី​មាន​ដោយ​កិលេស ដូចម្ដេចបាន។ បុគ្គល​មាន​សេចក្តី​ប្រាថ្នា​អាក្រក់ ជា​អ្នក​ខ្ជិលច្រអូស មាន​ការ​ព្យាយាម​ថោកទាប ជា​អ្នក​រៀនសូត្រ​តិច មិន​អើពើ (ចំពោះ​ធម៌ និងវិន័យ) សូម​កុំ​មាន​ក្នុង​សម្នាក់​ខ្ញុំ ក្នុង​កាល​ណា ៗ ឡើយ ប្រយោជន៍អ្វី ដោយ​ឱវាទ​ក្នុង​លោក គប្បី​មាន (ដល់​បុគ្គល​នោះ​) ដោយ​បការៈ ដូចម្ដេច។ មួយ​ទៀត បុគ្គល​អ្នក​ចេះដឹងច្រើន មាន​ប្រាជ្ញា ជា​គ្រឿង​ទំលាយ​កិលេស តាំង​មាំ​ក្នុង​សីល ប្រកប​រឿយ ៗ នូវ​ចេតោសមថៈ សូមឋិត​នៅ​សូម្បី​លើ​ក្បាល។ បុគ្គល​ណាមាន​ចិត្តប្រកប​រឿយ ៗ នូវ​ធម៌​ជា​គ្រឿង​យឺតយូរ ត្រេកអរចំពោះ​ធម៌​ជា​គ្រឿង​យឺត​យូរ បុគ្គល​នោះ ឈ្មោះ​ថា ឃ្លាតចាក​ព្រះ​និព្វាន ជា​ទីក្សេមចាក​យោគៈ​ដ៏​ប្រសើរ។ទ. ៩០ បុគ្គល​ណាលះ​បង់​នូវ​ធម៌​ជា​គ្រឿង​យឺត​យូរ ត្រេកអរ​ក្នុង​ធម៌​ជា​ផ្លូវមិនយឺតយូរ បុគ្គល​នោះ ឈ្មោះ​ថា ត្រេកអរ​នឹង​ព្រះ​និព្វាន ជា​ទីក្សេមចាក​យោគៈ​ដ៏​ប្រសើរ។ ព្រះ​អរហន្ដ​ទាំង​ឡាយ នៅ​ក្នុង​ទីណា ទោះបី​ស្រុក ឬ​ព្រៃ ទោះបីទំនាប ឬទួល ទីនោះ​ឯង ជា​ទីគួរ​ត្រេកអរ។ ជន​អ្នក (ស្វែង​រក​កាម) រមែង​មិន​ត្រេកអរ​ក្នុង​ព្រៃ ជា​ទីគួរ​ត្រេកអរទេ ពួក​បុគ្គល​អ្នក​ប្រាស​ចាក​រាគៈ ទើបត្រេកអរ ព្រោះពួក​លោក​ទាំង​នោះ មិន​មែន​ជា​អ្នក​ស្វែង​រកកាម។ បុគ្គល​ឃើញ​អ្នក​ប្រាជ្ញណា ជា​អ្នក​ពោលសង្កត់​សង្កិន ជា​អ្នក​បង្ហាញទោស ដូច​គេ​បង្ហាញនូវ​កំណប់​ទ្រព្យ គួរ​គប់​រក​អ្នក​ប្រាជ្ញ មាន​សភាព​ដូច្នោះ។ កាល​បើ​បុគ្គល​គប់​រក​អ្នក​ប្រាជ្ញប្រាកដដូច្នោះ សេចក្តី​ប្រសើររមែង​មាន សេចក្តី​អាក្រក់​ពុំមាន​ទេ។ បុគ្គល​ណាទូន្មានប្រៀនប្រដៅ ហាមឃាត់ (គេ​) ចាក​អសប្បុរិសធម៌ បុគ្គល​នោះ រមែង​ជា​ទី​ស្រឡាញ់​របស់​ពួក​សប្បុរស តែមិន​ជា​ទី​ស្រឡាញ់​របស់​ពួក​អសប្បុរស​ទេ។ ព្រះ​ពុទ្ធ​មាន​ព្រះ​ភាគ មាន​ចក្ខុ បាន​សំដែងធម៌ដល់​បុគ្គល​ដទៃ នា​កាលធម៌​ដែល​ព្រះ​អង្គ​សំដែង ខ្ញុំ​មាន​សេចក្តី​ត្រូវការ​ផ្ចង់​សោតប្បសាទ។ ការ​ស្ដាប់​របស់​ខ្ញុំ​នោះ មិន​ឥតអំពើ​ទេ (ព្រោះ) ខ្ញុំ​ជា​អ្នក​មិន​មាន​អាសវៈ រួច​ស្រឡះ​ហើយ ខ្ញុំ​មិន​មាន​ការ​តាំង​ចិត្ត ចំពោះ​បុព្វេនិវាសានុស្សតិវិជ្ជា ឬទិព្វចក្ខុវិជ្ជាឡើយ។ទ. ៩១ ខ្ញុំ​មិន​មាន​ការ​តាំង​ចិត្ត ចំពោះ​ចេតោ​បរិយវិជ្ជា ឥទ្ធិវិធវិជ្ជា ចុតូបបាតវិជ្ជា និង​សេចក្តី​បរិសុទ្ធ​នៃសោតធាតុឡើយ។ ព្រះ​ថេរៈ​ឈ្មោះ​ឧបតិស្សៈ ខ្ពង់​ខ្ពស់​ដោយ​ប្រាជ្ញា ទើប​កោរថ្មី ៗ ដណ្ដប់​សង្ឃាដិ អាស្រ័យនៅ​ក្រោមម្លប់​ឈើ ចំរើន​ឈាន។ សាវ័ក​របស់​ព្រះ​សម្មាសម្ពុទ្ធ ចូល​កាន់​ឈាន មិន​មាន​វិតក្កៈ ប្រកប​ដោយ​តុណ្ហីភាព​ដ៏​ប្រសើរ ក្នុង​ខណៈ​នោះ​ឯង។ ភ្នំ​ថ្ម មិន​កក្រើក ឋិត​នឹងថ្កល់ យ៉ាង​ណា ភិក្ខុ​ព្រោះ​អស់​ទៅ​នៃ​មោហៈ ក៏​មិន​ញាប់​ញ័រ​ដូចភ្នំ យ៉ាង​នោះ​ដែរ។ បុគ្គល​អ្នក​មិន​មាន​ទីទួល គឺ​កិលេស ស្វែង​រក​នូវ​ធម៌​ដ៏ស្អាតអស់​កាលជា​និច្ច សូម្បីបាប​ប្រមាណ​ប៉ុន​ចុង​រោមកន្ទុយ​សត្វ រមែង​ប្រាកដ​ដូច (ព្រះ​ចន្ទ) ដែល​ផុត​ចាក​ពពក។ ខ្ញុំ​មិន​ត្រេកអរ​នឹង​សេចក្តី​ស្លាប់ មិន​ត្រេកអរ​នឹង​ការ​រស់​នៅ ខ្ញុំ​ជា​បុគ្គល​ដឹង​ខ្លួន មាន​ស្មារតីខ្ជាប់​ខ្ជួន ទំលាយ​ចោល​នូវ​រាង​កាយ​នេះ។ ខ្ញុំ​មិន​ត្រេកអរ​នឹងសេចក្ដីស្លាប់​ទេ។ បេ។ ដូច​អ្នក​ស៊ីឈ្នួល ទន្ទឹង​តែការ​អស់​ទៅ​នៃថ្ងៃ។

មរណៈ​នេះ​ឯង រមែង​មាន​ក្នុង​កាល​ទាំង​ពីរ មរណៈ​មិន​មែន​មាន​តែ​ក្នុង​កាល​ខាង​ក្រោយ ឬខាង​មុខទេ អ្នក​ទាំង​ឡាយ ចូរប្រតិបត្តិ អ្នក​ទាំង​ឡាយ ចូរ​កុំវិនាស កុំឲ្យ​ខណៈ​ប្រព្រឹត្ត​កន្លង។

អ្នក​ទាំង​ឡាយ ចូរគ្រប់​គ្រង​ខ្លួន ឲ្យ​ដូច​ជានគរត្រង់​ទី​ប្រទល់​ដែន ដែល​គេ គ្រប់​គ្រង​ទាំង​ខាង​ក្នុង​ទាំង​ខាង​ក្រៅ កុំឲ្យ​ខណៈ​ប្រព្រឹត្ត​កន្លង។ទ. ៩២ ព្រោះ​ថា ពួក​បុគ្គល​ដែល​មាន​ខណៈ​កន្លងហួស​ហើយ រមែង​សោកស្ដាយ​ដេរដាស​ក្នុង​នរក។ បុគ្គល​អ្នក​ស្ងប់ វៀរ​ចាក​បាប ពោលពាក្យ​ដោយ​យោបល់ ជា​បុគ្គល​មិនរាយមាយ រមែង​កំចាត់​បង់​នូវ​ធម៌​ដ៏លាមកបាន ដូចខ្យល់​កំចាត់​បង់​នូវ​ស្លឹកឈើ។ បុគ្គល​អ្នក​ស្ងប់ វៀរចាក​បាប ពោលពាក្យ​ដោយ​យោបល់ ជា​បុគ្គល​មិន​រាយមាយ រមែង​ដកភើច​នូវ​ពួក​ធម៌​ដ៏លាមកចេញ​បាន ដូចខ្យល់​បក់​ផ្ដាច់​នូវ​ស្លឹកឈើ។ បុគ្គល​អ្នក​ស្ងប់ មិន​មាន​សេចក្តី​ក្រវល់​ក្រវាយ មាន​ចិត្តថ្លា​មិន​ល្អក់ មាន​កល្យាណសីល មាន​ប្រាជ្ញា​ជា​គ្រឿង​ទំលាយបង់​នូវ​កិលេស គប្បី​ធ្វើ​នូវ​ទីបំផុត​នៃ​ទុក្ខបាន។

បុគ្គល​មិន​គប្បី​ស្និទ្ធស្នាល ចំពោះ​បុថុជ្ជនពួក​ខ្លះ ទាំង​គ្រហស្ថ ទាំង​បព្វជិត ព្រោះ​ថា ពួក​ជន​សូម្បីជា​បុគ្គល​ល្អ​ហើយ បែរទៅ​ជាមិនល្អវិញ​ក៏​មាន ជា​បុគ្គល​មិនល្អ​ហើយ បែរ​ទៅ​ជាល្អវិញ​ក៏​មាន។

កាមច្ឆន្ទៈ ១ ព្យាបាទៈ ១ ថីនមិទ្ធៈ ១ ឧទ្ធច្ចៈ ១ វិចិកិច្ឆា ១ ទាំង ៥ នោះ ជា​គ្រឿង សៅហ្មងចិត្ត របស់​ភិក្ខុ។ ភិក្ខុ​ណា កាលគេ​ធ្វើ​សក្ការៈ ឬមិនធ្វើ​សក្ការៈ​ទាំង​ពីរ (មិន​ត្រេកអរ មិន​ទោមនស្ស) សមាធិ​របស់​ភិក្ខុ​អ្នក​នៅ​ដោយ​សេចក្តី​មិន​ប្រមាណ​នោះ រមែង​មិន​ញាប់​ញ័រ។ទ. ៩៣ អ្នក​ប្រាជ្ញ​ទាំង​ឡាយ សរសើរនូវ​ភិក្ខុ​អ្នកមាន​ឈាន មាន​ព្យាយាម​ទៀង​ទាត់ មាន​ការ​ឃើញច្បាស់​ដោយ​សុខុមទិដ្ឋិ ត្រេកអរ​ក្នុង​ធម៌​ជា​ទី​អស់​ទៅ​នៃឧបាទាននោះ ថា​ជាសប្បុរស។ មហាសមុទ្រ ប្រឹថពី ភ្នំ និងខ្យល់ មិន​គួរ​ឧបមា​នឹងវិមុត្តិ​ដ៏​ប្រសើរ របស់​ព្រះ​សាស្ដាទេ។ ព្រះ​ថេរៈ​អ្នក​ញ៉ាំង​ចក្ក គឺធម៌ឲ្យ​ប្រព្រឹត្ត​ទៅ​តាម (ព្រះ​សារីបុត្ត) លោក​មាន​ប្រាជ្ញាច្រើន មាន​ចិត្ត​ខ្ជាប់​ខ្ជួន ស្មើ​ដោយ​ដី ទឹក ភ្លើង មិន​ត្រេកអរ មិន​ប្រទូស្ត។ ព្រះ​ថេរៈ សម្រេច​នូវ​បញ្ញាបារមី មាន​ប្រាជ្ញាច្រើន ជាមហាមុនិ ជា​បុគ្គល​មិនគ តែ​មាន​សភាព​ដូច​ជាគ មាន​ចិត្ត​ដ៏​ត្រជាក់​គ្រប់​កាល។ ព្រះ​សាស្ដា ខ្ញុំ​បាន​បំរើ​ហើយ។បេ។ តណ្ហា​ជា​គ្រឿង​នាំទៅ​កាន់​ភព ខ្ញុំ​ក៏​បាន​ដកចេញ​ហើយ។ អ្នក​ទាំង​ឡាយ ចូរញ៉ាំង​សេចក្តី​មិន​ប្រមាទ ឲ្យ​បរិបូណ៌ នេះ​ជា​ពាក្យ​ប្រៀនប្រដៅ​របស់​ខ្ញុំ ឥឡូវ​នេះ ខ្ញុំ​នឹង​បរិនិព្វាន ខ្ញុំ​ជា​បុគ្គល​ផុតស្រឡះ​ចាក​កិលេសកាម​ទាំង​អស់។

សារីបុត្តត្ថេរ។

==== អានន្ទត្ថេរ ==== sut.kn.tha.17.03 | book_057

(៣. អានន្ទត្ថេរគាថា)

[២៦១] បណ្ឌិតមិន​គួរ​ធ្វើ​សខិភាព គឺភាពជាសម្លាញ់​នឹងបុគ្គល​អ្នក​ញុះញង់ អ្នក​ក្រេវក្រោធ អ្នក​កំណាញ់ ទាំង​ជា​អ្នក​ត្រេកអរ​នឹងសេចក្ដីវិនាសទេ (ព្រោះ​ថា) ការ​សេពគប់​នឹងបុរសអាក្រក់ ជា​អំពើ​ដ៏លាមក។ទ. ៩៤ បណ្ឌិតគួរ​ធ្វើ​សខិភាព នឹង​បុគ្គល​អ្នក​មាន​សទ្ធា មាន​សីល​ជា​ទី​ស្រឡាញ់ អ្នក​មាន​ប្រាជ្ញា មាន​ការ​ចេះដឹង​ច្រើន (ព្រោះ​ថា) ការ​សេពគប់​នឹង​ពួក​សប្បុរស ជា​ការ​ចំរើន។

អ្នក​ចូរមើល​នូវ​ពុម្ព គឺអត្តភាព​ដែល​ធ្វើ​ឲ្យ​វិចិត្រ ជា​ទីប្រជុំ​នៃដំបៅ ផ្ដុំឡើង (ដោយ​ឆ្អឹង ៣០០ កំណាត់) ជា​គ្រឿង​រោលរាល ជា​ទីប្រាថ្នា​នៃជនច្រើន ជា​កាយឥតទៀង​ទាត់​ឋិត​ថេរ ព្រះ​អានន្ទត្ថេរ ជាគោតមគោត្ត ជា​អ្នក​ចេះ​ដឹងច្រើន មាន​វាចា​ដ៏​វិចិត្រ ជា​អ្នក​បំរើនូវ​ព្រះ​ពុទ្ធ បាន​ដាក់​ចុះនូវ​ភារៈ ជា​អ្នក​ប្រាស​ចាក​កិលេស ជា​គ្រឿង​ប្រកប សម្រេច​នូវ​ការ​សិង។ ព្រះ​អានន្ទត្ថេរ ជាខីណាស្រព ប្រាស​ចាក​កិលេស ជា​គ្រឿង​ប្រកប កន្លង​នូវ​កិលេស​ជា​គ្រឿង​ជាប់​ជំពាក់ មាន​ចិត្តត្រជាក់​ល្អ ដល់​នូវ​ត្រើយ​នៃជាតិ និង​មរណៈ ទ្រទ្រង់​ទុក​នូវ​អត្តភាព ជាបំផុត។ សាសនធម៌​ទាំង​ឡាយ របស់​ព្រះ​ពុទ្ធ ជាអាទិច្ចពន្ធុ ប្រតិស្ឋាន​ក្នុង​ព្រះ​អានន្ទត្ថេរណា ព្រះ​អានន្ទត្ថេរ​នោះ ជា​គោតមគោត្ត ឋិត​នៅ​ក្នុង​ផ្លូវ​ជា​ទីទៅ​កាន់​ព្រះ​និព្វាន។ សាសនធម៌​ទាំង​ឡាយ​ណា ដែល​ប្រព្រឹត្ត​ទៅ (ក្នុង​ហឫទ័យ) របស់​ខ្ញុំ សាសនធម៌​ទាំង​ឡាយ​នោះ មាន ៨ ម៉ឺន ៤ ពាន់​ធម្មក្ខន្ធ ខ្ញុំ​បាន​រៀន​អំពីព្រះ​ពុទ្ធ ៨ ម៉ឺន ២ ពាន់​ធម្មក្ខន្ធ អំពីពួក​ភិក្ខុ ២ ពាន់​ធម្មក្ខន្ធ។ទ. ៩៥ បុរសនេះ មិន​បាន​រៀនសូត្រ រមែង​ចាស់ (ឥតអំពើ) ដូច​គោបំរើ ចំរើន​តែសាច់ ត្រង់​ប្រាជ្ញា​របស់​វា មិន​ចំរើន​ឡើយ។ បុគ្គល​ណា ជា​អ្នក​រៀនសូត្រច្រើន ហើយមើល​ងាយ​បុគ្គល​អ្នក​មិន​បាន​រៀនសូត្រ ដោយ​ការ​រៀនសូត្រ (របស់​ខ្លួន​) បុគ្គល​នោះ ដូចមនុស្សខ្វាក់ កាន់​ប្រទីប រមែង​ភ្លឺ​ច្បាស់​ដល់​ខ្ញុំ​យ៉ាង​នេះ​ឯង។ បុគ្គល​គួរ​ចូល​ទៅ​អង្គុយជិត​នឹង​អ្នក​រៀន​សូត្រ​ច្រើន​ផង មិន​គប្បី​ញ៉ាំង​ការ​រៀន​សូត្រឲ្យ​វិនាសផង (ព្រោះ​ថា) ការ​រៀនសូត្រនោះ ជាឫសគល់​នៃព្រហ្មចរិយធម៌ ហេតុ​នោះ បុគ្គល​គួរ​ជា​អ្នក​ទ្រទ្រង់​ធម៌។ បុគ្គល​អ្នក​ចេះដឹង នូវ​ខាង​ដើម និងខាង​ចុង (នៃភាសិត) ជា​អ្នក​ដឹងអត្ថ ឈ្លាសវៃ​ក្នុង​និរុត្តិ (ភាសា) និងបទ (ដ៏សេស) រមែង​កាន់​យក​នូវ​ធម៌ឲ្យ​ជា​ធម៌ ដែល​កាន់​យកល្អ​ហើយ​ផង ពិចារណា​នូវ​សេចក្តី​ផង។ បុគ្គល​អ្នក​មាន​សេចក្ដីប្រាថ្នា (ក្នុង​ធម៌) ដោយ​សេចក្ដីអត់​ធន់ រមែង​ខ្មី​ឃ្មាត ពិចារណា​នូវ​នាម​រូបនោះ បុគ្គល​នោះ មាន​ចិត្តតាំង​មាំល្អខាង​ក្នុង​សន្ដាន រមែង​ផ្គងចិត្ត​ទុក​ក្នុង​សម័យ​ដ៏​គួរ។ បុគ្គល​កាលប្រាថ្នា​នូវ​ការ​ដឹង​ធម៌ គប្បី​គប់​រក​អ្នក​រៀន​សូត្រច្រើន អ្នក​ចងចាំនូវ​ធម៌ អ្នក​មាន​ប្រាជ្ញា ជាសាវ័ក​របស់​ព្រះ​ពុទ្ធ បែប​ដូច្នោះនោះ។ បុគ្គល​អ្នក​រៀនសូត្រ​ច្រើន រមែង​អ្នក​ចងចាំនូវ​ធម៌ អ្នក​រក្សាទុកនូវ​ឃ្លាំងធម៌​របស់​ព្រះ​ពុទ្ធ ទ្រង់​ស្វែង​រក​នូវ​គុណ​ដ៏​ធំ ឯ​បុគ្គល​អ្នក​រៀនសូត្រច្រើននោះ​ឈ្មោះ​ថា ជាចក្ខុ​របស់​សត្វ​លោក​ទាំង​ពួង ជា​បុគ្គល​គួរ​គេ​បូជា។ទ. ៩៦ ភិក្ខុ​មាន​ធម៌​ជា​ទី​ត្រេកអរ ត្រេកអរ​ក្នុង​ធម៌ កាល​គិតរឿយ ៗ នូវ​ធម៌ រលឹករឿយ ៗ នូវ​ធម៌ រមែង​មិនសាបសូន្យចាក​ព្រះ​សទ្ធម្ម។ បុគ្គល​អ្នក​ធ្ងន់​ដោយ​សេចក្ដី​កំណាញ់ (ថ្នម) កាយ (កាល​បើកាយ និងជីវិត) សាបសូន្យ​ទៅ ក៏​មិន​ខ្មីឃ្មាត (ចំពោះ​កិច្ចគួរ​ធ្វើ​) បុគ្គល​អ្នក​ជាប់​ចំពាក់​ដោយ​សេចក្ដីសុខ​ក្នុង​សរីរៈ តើសេចក្ដី​សប្បាយ ដោយ​សមណភាព (នឹងមាន​មក) អំពី​ទីណា។ ទិស​ទាំង​អស់ រមែង​មិនប្រាកដ ធម៌មិនភ្លឺ​ច្បាស់​ដល់​ខ្ញុំ កាល​បើព្រះ​សារីបុត្ត ជាកល្យាណមិត្ត (ទៅ​កាន់​និព្វាន) ហើយ សត្វលោក ប្រាកដ​ដូច​ជា​ទីងងឹត។ បុគ្គល​ដែល​មាន​សម្លាញ់​ព្រាត់​ប្រាស​ហើយ មាន​សាស្ដាកន្លងទៅ​ហើយ រមែង​មិន​មាន​មិត្តបែបនុ៎ះ ដូច​ជា​កាយគតាសតិឡើយ។ ពួក​ព្រះ​ថេរៈ​ណាចាស់ ៗ ពួក​ព្រះ​ថេរៈ​នោះ កន្លង​ទៅ​ហើយ ចិត្ត​របស់​ខ្ញុំ​មិនល្មម​នឹងភិក្ខុ​ថ្មី ៗ ថ្ងៃ​នេះ ខ្ញុំ​ចំរើន​ឈាន​តែម្នាក់​ឯង ដូចសត្វបក្សីចូល​ទៅ​សម្ងំ​ក្នុង​សម្បុក ក្នុង​រដូវភ្លៀង។ អ្នក​កុំឃាត់​ពួក​ជនច្រើន​នៅ​ក្នុង​ប្រទេសផ្សេង ៗ ដែល​ពុំទាន់​បាន​ចួប ឯពួក​អ្នក​ស្ដាប់ ចូរ​មកចួបចុះ ព្រោះ​ថា​ជាសម័យ (គួរ​ចួប) នឹង​ខ្ញុំ​ហើយ។ ព្រះ​សាស្ដាមានចក្ខុ ទ្រង់​ប្រទានឱកាស មិន​ហាមឃាត់​ពួក​ជនច្រើន នៅ​ក្នុង​ប្រទេស​ផ្សេង ៗ ដែល​ពុំទាន់​បាន​ចួប។ កាល​ខ្ញុំ​នៅ​ជាសេក្ខបុគ្គល អស់ ២៥ ឆ្នាំ កាមសញ្ញាមិនកើត​ឡើង​ទេ អ្នក​ចូរមើល​នូវ​សភាពល្អ​របស់​ធម៌ចុះ។ទ. ៩៧ កាល​ខ្ញុំ​នៅ​ជាសេក្ខបុគ្គល អស់ ២៥ ឆ្នាំ ទោស​សញ្ញា​មិនកើត​ឡើង​ទេ អ្នក​ចូរមើល​នូវ​ភាពល្អ​របស់​ធម៌ចុះ។ ខ្ញុំ​បាន​បំរើព្រះ​មាន​ព្រះ​ភាគ ដោយ​កាយកម្ម ប្រកប​ដោយ​មេត្តា អស់ ២៥ ឆ្នាំ ដូច​ជា​ស្រមោលជាប់​តាមរូប។ ខ្ញុំ​បាន​បំរើព្រះ​មាន​ព្រះ​ភាគ ដោយ​វចីកម្ម ប្រកប​ដោយ​មេត្តា អស់ ២៥ ឆ្នាំ ដូច​ជា​ស្រមោល​ជាប់​តាមរូប។ ខ្ញុំ​បាន​បំរើព្រះ​មាន​ព្រះ​ភាគ ដោយ​មនោកម្ម​ប្រកប​ដោយ​មេត្តា អស់ ២៥ ឆ្នាំ ដូច​ជា​ស្រមោល​ជាប់​តាមរូប។ កាលព្រះ​ពុទ្ធម្ចាស់ ទ្រង់​ចង្ក្រម ខ្ញុំ​បាន​ចង្ក្រម​តាម​ក្រោយ​ព្រះ​អង្គ នា​កាលធម៌​ដែល​ព្រះ​អង្គសំដែង ញាណ​របស់​ខ្ញុំ​ក៏កើត​ឡើង។ ខ្ញុំ​ជា​សេក្ខបុគ្គល ប្រកប​ដោយ​កិច្ច មាន​សេចក្ដីប្រាថ្នា​ក្នុង​ចិត្តមិន​ទាន់​សម្រេច (អរហត្តផល) ព្រះ​សាស្ដា ព្រះ​អង្គ​អនុគ្រោះ​ខ្ញុំ ទ្រង់​បរិនិព្វាន។ កាល​ព្រះ​សម្ពុទ្ធ ប្រកប​ដោយ​អាការ​ដ៏​ប្រសើរ​គ្រប់​យ៉ាង ទ្រង់​បរិនិព្វាន​ហើយ សេចក្ដី​ស្ញប់​ស្ញែង​នៃ​ខ្ញុំ​ក៏កើតមាន សេចក្ដីព្រឺរោម​នៃ​ខ្ញុំ​ក៏កើតមាន។ ព្រះ​អានន្ទ ជា​ពហុស្សូត អ្នកចងចាំនូវ​ធម៌ រក្សាទុកនូវ​ឃ្លាំងធម៌​នៃ​ព្រះ​ពុទ្ធ ទ្រង់​ស្វែង​រក​នូវ​គុណ​ដ៏​ប្រសើរ លោក​ជាចក្ខុ​នៃសត្វ​លោក​ទាំង​អស់ បរិនិព្វាន​ហើយ។ ព្រះ​អានន្ទ ជា​ពហុស្សូត អ្នក​ចងចាំនូវ​ធម៌ ជាឃ្លាំងរក្សាទុកនូវ​ធម៌​នៃ​ព្រះ​ពុទ្ធ ទ្រង់​ស្វែង​រក​នូវ​គុណ​ដ៏​ប្រសើរ លោក​ជាចក្ខុ​នៃសត្វលោក​ទាំង​អស់ ជា​អ្នក​បន្ទោបង់​នូវ​ងងឹត ក្នុង​ទី​ដ៏ងងឹត។ទ. ៩៨ ព្រះ​អានន្ទត្ថេរ មាន​ញាណ​គតិ មាន​ស្មារតី មាន​ប្រាជ្ញា ជា​គ្រឿង​ទ្រទ្រង់ ជា​អ្នក​ស្វែង​រក​នូវ​គុណ ទ្រទ្រង់​ទុក​នូវ​ព្រះ​សទ្ធម្ម ជា​អណ្ដូង​នៃធម្មរតនៈ។ ព្រះ​សាស្ដា ខ្ញុំ​បាន​បំរើ​ហើយ។បេ។ តណ្ហា ជា​គ្រឿង​នាំទៅ​កាន់​ភព ខ្ញុំ​ក៏​បាន​ដកចេញ​ហើយ។

អានន្ទត្ថេរ។

ឧទ្ទាន

ព្រះ​ថេរៈ ៣ អង្គ​នេះ គឺ ព្រះ​បុស្សៈ ១ ព្រះ​ឧបតិស្សៈ ១ ព្រះ​អានន្ទ ១ លោកបាន​សំដែង​គាថា ដែល​បាន​ពោល​ទុក​ក្នុង​ទី​នោះ ១០៥ គាថា។

ចប់ តឹសនិបាត។

ចត្តាឡីសនិបាត

sut.kn.tha.18 | book_057
ទ. ៩៩

(១៨. ចត្តាលីសនិបាតោ)

ព្រះ​មហាកស្សបត្ថេរ

sut.kn.tha.18.01 | book_057

(១. មហាកស្សបត្ថេរគាថា)

[២៦២] ភិក្ខុមិន​គប្បីប្រព្រឹត្ត មានគណៈ​ចោមរោម (ព្រោះ) រមែង​មាន​ចិត្តក្ដៅ ក្រហាយ បាន​សមាធិ ដោយ​លំបាក ការ​សង្គ្រោះជននានា នាំ​មក​នូវ​សេចក្ដីទុក្ខ ភិក្ខុ ឃើញ​ដូច្នេះ​ហើយ មិន​គប្បី​ត្រេកអរ​នឹងគណៈ​ឡើយ។ អ្នក​ប្រាជ្ញ មិន​គប្បី​ចូល​ទៅ អែប​អប​នឹងត្រកូល​ទាំង​ឡាយ​ទេ (ព្រោះ) រមែង​មាន​ចិត្តក្ដៅក្រហាយ បាន​សមាធិ​ដោយ​លំបាក ភិក្ខុ​ណាជា​អ្នក​ល្មោភ​ក្នុង​រស​មាន​ចម្ងាញ់ ភិក្ខុ​នោះ​ជា​អ្នក​រនះរនាត ជាប់​ចិត្ត​ក្នុង​រស រមែង​ខូចបង់​ប្រយោជន៍។ មែន​ពិត អ្នក​ប្រាជ្ញ​ទាំង​ឡាយ បាន​ដឹង​នូវ​ការ​ថ្វាយ​បង្គំ និង​ការ​បូជា ក្នុង​ត្រកូល​ទាំង​ឡាយ​ថា ដូច​ជាភក់ (ព្រោះ​ថា) សរ គឺ​កិលេស​ល្អិត ៗ ភិក្ខុ​កន្លងបង់​បាន​ដោយ​លំបាក គ្រឿង​សក្ការៈ បុរសលាមក លះ​បង់​បាន​ដោយ​ក្រ។ ខ្ញុំ​ចុះ​ចាក​សេនាសនៈ (លើ​ភ្នំ) ចូល​ទៅ​កាន់​នគរ ដើម្បី​បិណ្ឌបាត។

ខ្ញុំ​បាន​យកចិត្ត​ទុកដាក់ ចូល​ទៅ​ឈរជិត បុរសឃ្លង់ ដែល​កំពុង​តែបរិភោគ។ បុរសនោះ បាន​បង្អោនពំនូតបាយ ដល់​ខ្ញុំ​ដោយ​ដៃ ដែល​មាន​រោគឃ្លង់​ទុំផេរ ៗ ហើយ កាលបុរសនោះ កំពុងដាក់​ពំនូត​បាយ ម្រាមដៃក៏ដាច់​ធ្លាក់​ទៅ​ក្នុង​បាតនុ៎ះ។ទ. ១០០ ខ្ញុំ​ផ្អែក​នឹងជញ្ជាំងផ្ទះ ហើយក៏​បាន​ឆាន់​នូវ​ពំនូតបាយនោះ កាលពំនូតបាយ​ដែល​ខ្ញុំ​កំពុងបរិភោគក្ដី បរិភោគរួច​ហើយក្ដី ខ្ញុំ​មិន​មាន​សេចក្ដីខ្ពើមរអើមឡើយ។ ដុំបាយ​ដែល​ភិក្ខុ​ទៅ​ឈរទៀបទ្វារផ្ទះ​នៃជន​ដទៃ ហើយបាន​មកជាអាហារ ១ សម៉​ដែល​ត្រាំ​ដោយ​ទឹកមូត្រគោស្អុយ ជាឱសថ ១ ម្លប់​ឈើ​ជា​សេនាសនៈ ១ សំពត់​បង្សុកូលចីវរ ១ ភិក្ខុ​ណាបាន​បរិភោគ​នូវ​របស់​ទាំង​នេះ​ហើយ ភិក្ខុ​នោះ អាចនៅ​ក្នុង​ទិស​ទាំង ៤ បាន។ ពួក​មនុស្សខ្លះ កាល​ឡើង​ភ្នំ តែង​តែ​លំបាកចិត្ត ក្នុង​បច្ឆិមវ័យណា កស្សបៈ ជាទាយាទ​របស់​ព្រះ​ពុទ្ធ ជា​អ្នក​ដឹង​ខ្លួន មាន​ស្មារតីមាំ រឹងប៉ឹង​ដោយ​កម្លាំងឫទ្ធិ ឡើង (ភ្នំ) ក្នុង​បច្ឆិមវ័យ​នោះ​បាន។ កស្សបៈ តែឆាន់​រួច​ហើយ ឡើង​ទៅ​លើ​ភ្នំ ហើយ​ចំរើន​ឈាន ជា​អ្នក​មិន​មាន​សេចក្ដីប្រកាន់ មាន​ភ័យ​ដ៏​ពន្លឹក​លះ​ចោល​ហើយ។ កស្សបៈ តែឆាន់​រួច​ហើយ ឡើង​ទៅ​លើ​ភ្នំ ហើយ​ចំរើន​ឈាន ជា​អ្នក​មិន​មាន​សេចក្ដី​ប្រកាន់ កាល​ពួក​សត្វក្ដៅក្រហាយ លោកក៏ជា​បុគ្គល​ត្រជាក់។ កស្សបៈ តែឆាន់​រួច​ហើយ ឡើង​ទៅ​លើ​ភ្នំ ហើយ​ចំរើន​ឈាន ជា​អ្នក​មិន​មាន​សេចក្ដីប្រកាន់ មាន​កិច្ច​ធ្វើ​ហើយ មិន​មាន​អាសវៈ។ ចំណែកផែនដី ដែល​ផ្សាយ​ទៅ​ដោយ​ក្លិន នៃផ្កាក្ទម្ព ជា​ទី​ត្រេកអរ​នៃ​ចិត្ត សម្រែក​នៃដំរីជា​ទី​ត្រេកអរ ភ្នំ​ទាំង​ឡាយ​នោះ រមែង​ញ៉ាំង​ខ្ញុំ​ឲ្យ​ត្រេកអរ។ ភ្នំ​ទាំង​នោះ មាន​ពណ៌​ដូចពពកខៀវ​ដ៏រុងរឿង មាន​ទឹកត្រជាក់ ទ្រទ្រង់​នូវ​វត្ថុ​ដ៏ស្អាត ដេរដាស​ដោយ​ភ្លៀង តែងញ៉ាំង​ខ្ញុំ​ឲ្យ​ត្រេកអរ។ទ. ១០១ ភ្នំ​ទាំង​នោះ ប្រាកដ​ស្មើ​ដោយ​កំពូលពពក​ដ៏ខៀវ ឧបមា​ដូចផ្ទះ​មាន​កំពូល​ដ៏​ប្រសើរ មាន​សម្រែក​នៃដំរី ជា​ទី​ត្រេកអរ តែងញ៉ាំង​ខ្ញុំ​ឲ្យ​ត្រេកអរ។ ភ្នំ​ថ្ម​ទាំង​នោះ ដែល​ភ្លៀង​បន្ទរ​ហើយ មាន​ផ្ទៃ​ជា​ទី​ត្រេកអរ ដែល​ឥសី​ទាំង​ឡាយ ធ្លាប់​អាស្រ័យនៅ​ហើយ ដែល​ពួក​សត្វ​ក្ងោកស្រែកយំ​ហើយ តែងញ៉ាំង​ខ្ញុំ​ឲ្យ​ត្រេកអរ។ (ភ្នំ​ទាំង​ឡាយ) គួរ​ដល់​ខ្ញុំ ដែល​ប្រាថ្នា​ដើម្បី​ចំរើន​ឈាន មាន​ចិត្តស្លុងទៅ​រកព្រះ​និព្វាន គួរ​ដល់​ខ្ញុំ​ដែល​ប្រាថ្នា​ប្រយោជន៍ ជា​ភិក្ខុ​មាន​ចិត្តស្លុងទៅ​រកព្រះ​និព្វាន គួរ​ដល់​ខ្ញុំ​ដែល​ប្រាថ្នា​រកសេចក្ដី​ស្រួល មាន​ចិត្តស្លុងទៅ​រកព្រះ​និព្វាន ជា​អ្នក​សិក្សា គួរ​ដល់​ខ្ញុំ​ដែល​ប្រាថ្នា​ព្យាយាម មាន​ចិត្តស្លុងទៅ​រកព្រះ​និព្វាន ជាតាទិបុគ្គល។ ភ្នំ​ទាំង​នោះ​ដ៏​ដេរដាស ដោយ​ផ្កា​កណិការ រីកព្រោងព្រាត ដូចផ្ទៃមេឃ ដេរដាស​ដោយ​ពួក​បក្សី​ផ្សេង ៗ តែងញ៉ាំង​ខ្ញុំ​ឲ្យ​ត្រេកអរ។ ភ្នំ​ទាំង​ឡាយ​នោះ មិន​ច្រឡូក​ច្រឡំ​ដោយ​ពួក​គ្រហស្ថ មាន​តែ​ពួក​ម្រឹគនៅ​អាស្រ័យ ដេរដាស​ដោយ​ពួក​បក្សីផ្សេង ៗ តែងញ៉ាំង​ខ្ញុំ​ឲ្យ​ត្រេកអរ។ ភ្នំ​ទាំង​នោះ មាន​ទឹកថ្លា មាន​ថ្មក្រាស់ ប្រកប​ដោយ​ពួក​ម្រឹគ មាន​កន្ទុយ​ដូច​គោ ដេរដាស​ដោយ​ទឹក និងសារាយ តែងញ៉ាំង​ខ្ញុំ​ឲ្យ​ត្រេកអរ។ទ. ១០២ សេចក្ដីត្រេកអរ (នៃ​ខ្ញុំ) ដោយ​សារតូរ្យតន្រ្ដី​ប្រកប​ដោយ​អង្គ ៥ ប្រាកដដូច្នោះ មិន​មាន​ឡើយ ដូច (ការ​មិន​មាន​សេចក្ដី​ត្រេកអរ) នៃ​ព្រះ​យោគី ដែល​មាន​ចិត្ត មាន​អារម្មណ៍​មូល​តែ​មួយ ឃើញច្បាស់​នូវ​ធម៌​ដោយ​ប្រពៃ។

បុគ្គល​មិន​ត្រូវ​ធ្វើ​ការ​ងារ​ឲ្យ​ច្រើន ត្រូវ​វៀរជន (មិន​មែន​ជាកល្យាណមិត្ត) មិន​ត្រូវ​ខ្នះខ្នែង (ដើម្បី​បច្ច័យ) បុគ្គល​ណាជា​អ្នក​ល្មោភ​ក្នុង​រសមាន​ចម្ងាញ់ បុគ្គល​នោះ ជា​អ្នក​ខ្នះខ្នែង​ជាប់​ចិត្ត​ក្នុង​រស រមែង​ខូចបង់​ប្រយោជន៍ បុគ្គល​មិន​ត្រូវ​ធ្វើ​ការ​ងារឲ្យ​ច្រើន ត្រូវ​វៀរចាក​ជន (មិន​មែន​ជាកល្យាណមិត្ត ព្រោះ) ការ​ងារនុ៎ះ មិន​មែនជា​ប្រយោជន៍ កាយ​រមែង​លំបាកនឿយព្រួយ បុគ្គល​អ្នក​ដល់​នូវ​សេចក្ដីនឿយ​ព្រួយ​នោះ រមែង​មិន​បាន​នូវ​សេចក្ដី​ស្ងប់​រម្ងាប់​ឡើយ។

បុគ្គល​មិន​ពិចារណា​ឃើញខ្លួន​ឯង ដោយ​ត្រឹម​តែ​រលាស់​បបូរ​មាត់ (ស្វាធ្យាយ​ពុទ្ធវចនៈ) បុគ្គល​ប្រព្រឹត្តរឹងរូស តែង​សំគាល់​ថា អាត្មា​អញ​ប្រសើរ។ បុគ្គល​ពាល មិន​ប្រសើរ តែងសំគាល់​ខ្លួន ថាស្មើ​នឹងបុគ្គល​ប្រសើរ អ្នក​ប្រាជ្ញ​ទាំង​ឡាយ មិន​សរសើរ​ជន​អ្នក​មាន​ចិត្ត​រឹងរូស​នោះ​ឡើយ។ បុគ្គល​ណា មិន​ញាប់​ញ័រ​ក្នុង​មានះ (ទាំង ៩ ណា​មួយ) ដោយ​ចិត្តកើត​ឡើង​ថា អញជា​មនុស្ស​ប្រសើរ ឬថាអញជា​មនុស្សមិន​ប្រសើរ អញ​ជា​មនុស្សថោក ឬថាអញជា​មនុស្ស​ប្រហែល​នឹងគេ។ទ. ១០៣ អ្នក​ប្រាជ្ញ​ទាំង​ឡាយ តែង​សរសើរ​បុគ្គល​នោះ ថា​ជា​អ្នក​មាន​ប្រាជ្ញា អ្នក​និយាយទៀង​ទាត់ អ្នក​មាន​ចិត្ត​តម្កល់​មាំ ក្នុង​សីល​ទាំង​ឡាយ អ្នក​ប្រកប​រឿយ ៗ នូវ​ការ​ស្ងប់​ស្ងាត់​ចិត្ត។ បុគ្គល​ណា មិន​បាន​គោរព​សព្រហ្មចារី​បុគ្គល​ទាំង​ឡាយ​ទេ បុគ្គល​នោះ រមែង​ឆ្ងាយ​ចាក​ព្រះ​សទ្ធម្ម ដូច​ផែនដី (ឆ្ងាយ) ពីមេឃ។ បុគ្គល​ទាំង​ឡាយ​ណា មាន​ហិរិ និងឱត្តប្បៈ តម្កល់​នៅ​ដោយ​ប្រពៃ​គ្រប់​ពេល បុគ្គល​ទាំង​នោះ មាន​ព្រហ្មចារ្យដុះ​ចំរើន​ហើយ មាន​ភព​ថ្មីអស់​ហើយ។ ភិក្ខុ​ណា​មាន​ចិត្តរវើរវាយ ឃ្លេងឃ្លោង ស្លៀកដណ្ដប់​សំពត់​បង្សុកូល ភិក្ខុ​នោះ មិន​សម​នឹង​សំពត់​បង្សុកូលនោះ​ឡើយ ដូច​ស្វាដណ្ដប់​ស្បែកសីហៈ។ ភិក្ខុ​ណាមាន​ចិត្តមិនរវើរវាយ មិន​ឃ្លេងឃ្លោង ជា​អ្នក​មាន​ប្រាជ្ញាចាស់ សង្រួម​ឥន្រ្ទីយ៍ ទើបសម​នឹងសំពត់​បង្សុកូល ដូចសីហៈ​ក្នុង​ច្រកភ្នំ។ ពួក​ទេវតា​ដ៏​ច្រើន មាន​ឫទ្ធិ៍ មាន​យសស័ក្តិ ទេវតាមួយម៉ឺន ទាំង​អស់​នុ៎ះ ជាពួក​ព្រហ្ម ឈរនមស្ការ​ប្រណម្យអញ្ជលី ចំពោះ​ព្រះ​សារីបុត្ត ជាធម្មសេនាបតី ជា​អ្នក​ប្រាជ្ញ មាន​ឈាន​ច្រើន មាន​ចិត្តតម្កល់​មាំថា បពិត្រ​បុរស​អាជានេយ្យ ខ្ញុំ​សូម​ក្រាបថ្វាយ​បង្គំ​លោក​ម្ចាស់ បពិត្រ​បុរស​ដ៏​ឧត្តម ខ្ញុំ​សូមក្រាប​ថ្វាយ​បង្គំលោកម្ចាស់ លោកម្ចាស់​ចំរើន​ឈាន អាស្រ័យអារម្មណ៍ណា ពួក​យើង​ខ្ញុំ​មិន​បាន​ដឹង​នូវ​អារម្មណ៍​នោះ របស់​លោកម្ចាស់​ទេ។ទ. ១០៤ អស្ចារ្យហ្ន៎ អារម្មណ៍​របស់​ពួក​លោក​អ្នក​ត្រាស់​ដឹង​នូវ​សច្ចៈ​ទាំង ៤ ជាអារម្មណ៍​ដ៏ជ្រាលជ្រៅ (ពិបាកដឹងណាស់) ពួក​យើង​ដូច​ពួក​ខ្មាន់​ធ្នូ បាញ់​នូវ​រោម​កន្ទុយ​សត្វ មកប្រជុំគ្នា (ពិចារណា) នៅ​តែមិន​ដឹង។ ព្រះ​កប្បិនត្ថេរ បាន​ញញឹម ព្រោះ​ឃើញ​ព្រះ​សារីបុត្តត្ថេរ​នោះ គួរ​ជា​ទី​បូជា ដែល​ពពួក​ទេវតា​បូជា​ហើយ ដោយ​ប្រការ​ដូច្នោះ។ ក្នុង​ពុទ្ធខេត្ត​ទាំង​មូល ខ្ញុំ​ជា​មនុស្ស​វិសេសខាង​ធុតង្គគុណ គ្មានលោក​ណាស្មើ​នឹង​ខ្ញុំ​ទេ លើ​កលែង​តែព្រះ​មហាមុនីចេញ។ ព្រះ​សាស្ដា ខ្ញុំ​បាន​បំរើ​ហើយ ពាក្យ​ប្រៀន​ប្រដៅ​របស់​ព្រះ​ពុទ្ធ ខ្ញុំ​បាន​ធ្វើ​ហើយ ភារៈ​ធ្ងន់​ខ្ញុំ​ដាក់​ចោល​ហើយ តណ្ហាជា​គ្រឿង​នាំ​សត្វ​ទៅ​កាន់​ភពទៀត ខ្ញុំ​ក៏ដក​ចោល​ហើយ។ ព្រះ​គោតម​មាន​គុណ​ប្រមាណ​មិន​បាន មាន​ព្រះ​ហឫទ័យ​ឱនទៅ​រក​នេក្ខម្មៈ រលាស់​ចោល​នូវ​ភព​ទាំង ៣ មិន​ជាប់​ចំពាក់​ក្នុង​ចីវរ មិន​ជាប់​ចំពាក់​ក្នុង​សានាសនៈ មិន​ជាប់​ចំពាក់​ក្នុង​ភោជនាហារ ដូចផ្កាឈូក​មិន​មាន​មន្ទិល​សៅហ្មង មិន​ជាប់​ដោយ​ទឹក។ ព្រះ​មហាមុនីនោះ មាន​សតិប្បដ្ឋាន ជា​ព្រះ​សូរង្គ មាន​សទ្ធាជា​ព្រះ​ហស្ដ មាន​ប្រាជ្ញា​ជា​ព្រះ​សីរ្សៈ មាន​ព្រះ​ញាណធំ ព្រះ​អង្គ​ប្រព្រឹត្ត​រំលត់​ទុក្ខគ្រប់​ពេល។

ព្រះ​មហាកស្សបត្ថេរ។

ទ. ១០៥

ឧទ្ទាន

ក្នុង​ចត្តាឡីសនិបាត (នេះ) ព្រះ​ថេរៈ ព្រះ​នាម​មហាកស្សប​តែ​មួយ​អង្គ​ឯង បាន​សំដែង​នូវ​គាថា​ទាំង​ឡាយ ៤២។

ចប់ ចត្តាឡីសនិបាត។

បញ្ញាសនិបាត

sut.kn.tha.19 | book_057

(១៩. បញ្ញាសនិបាតោ)

ព្រះ​តាលបុដត្ថេរ

sut.kn.tha.19.01 | book_057
ទ. ១០៦

(១. តាលបុដត្ថេរគាថា)

[២៦៣] កាល​ណាហ្ន៎ អាត្មា​អញ​នឹង​បាន​ជា​បុគ្គល​ម្នាក់​ឯង មិន​មាន​តណ្ហា​ជា​គំរប់​ពីរ នឹងឃើញ​នូវ​ភព​ទាំង​អស់ ថា​ជា​របស់​មិនទៀង នៅ​ក្នុង​ជ្រោះភ្នំ​ទាំង​ឡាយ គំនិត​នោះ អាត្មា​អញ​បាន​ត្រិះ​រិះ​ហើយ​ថា កាល​ណាហ្ន៎ បំណងនេះ​នឹង​សម្រេច។ កាល​ណាហ្ន៎ អាត្មា​អញ​បាន​បួស ទ្រទ្រង់​នូវ​ផ្ទាំង​សំពត់​ដែល​កាត់​ដាច់ ស្លៀកសំពត់​ជ្រលក់​ដោយ​ទឹកចត់ ហើយជា​អ្នក​មិន​មាន​សេចក្ដី​ប្រកាន់​ខ្លួន​ថា របស់​អញ ជា​បុគ្គល​មិន​មាន​សេចក្ដី​ប្រាថ្នា ហើយបាន​លះនូវ​រាគៈ ទោស​ៈ មោហៈ ដោយ​ប្រការ​ដូច្នោះ ជា​បុគ្គល​ដល់​នូវ​សេចក្ដីសុខ ហើយ​ចូល​ទៅ​នៅ​ក្នុង​ព្រៃធំ។ កាល​ណាហ្ន៎ អាត្មា​អញ​នឹងពិចារណា​ឃើញ​នូវ​កាយមិនទៀងនេះ ជាសម្បុក​របស់​មរណៈ និងរោគ ដែល​មច្ចុ​បៀត​បៀន​ហើយ ជា​បុគ្គល​ប្រាស​ចាក​ភ័យ នៅ​ម្នាក់​ឯង​ក្នុង​ព្រៃ គំនិតនោះ កាល​ណា​នឹង​សម្រេច។ កាល​ណា​ហ្ន៎ អាត្មា​អញ​នឹង​បាន​កាន់​ដាវ​ដ៏មុត គឺមគ្គប្បញ្ញា ហើយ​ក្របែលនូវ​វល្លិ៍ គឺ​តណ្ហា ដែល​ជា​ធម្មជាតិញ៉ាំង​ភ័យឲ្យ​កើត ជា​គ្រឿង​នាំ​មក​នូវ​សេចក្ដីទុក្ខ ប្រព្រឹត្តតាម​អារម្មណ៍​ដ៏​ច្រើន ឲ្យ​លុះ​ក្នុង​អំណាច (របស់​ខ្លួន​បាន​) គំនិតនោះ កាល​ណា​នឹងសម្រេច។ទ. ១០៧ កាល​ណាហ្ន៎ អាត្មា​អញ​នឹង​បាន​កាន់​យក​នូវ​សស្រ្តា​ដ៏មុតថ្លា គឺ​ប្រាជ្ញា​របស់​ឥសី​ទាំង​ឡាយ ហើយ​នឹងបំបាក់​នូវ​មារ ព្រម​ទាំង​សេនាមារ​ដោយ​ឆាប់​រហ័ស លើ​សីហាសនៈ (ថេរាសនៈ) ចំណង​នោះ កាល​ណានឹងសម្រេច។ កាល​ណាហ្ន៎ ពួក​លោក​អ្នក​សប្បុរស ជា​អ្នក​គោរព​ក្នុង​ធម៌ ប្រកប​ដោយ​តាទិគុណ អ្នក​ឃើញតាមពិត មាន​ឥន្រ្ទិយឈ្នះ​ហើយ មើល​ឃើញ​អញ ថា​ជា​អ្នក​មាន​ព្យាយាម​ក្នុង​សមាគម​ទាំង​ឡាយ បំណងនោះ កាល​ណានឹងសម្រច។ កាល​ណាហ្ន៎ សេចក្ដីខ្ជិល ការ​ឃ្លាន ការ​ស្រេក ខ្យល់ កំដៅថ្ងៃ ស្រាំង ស្រួយ ពស់​តូច ពស់​ធំ នឹងមិន​បៀត​បៀន​នូវ​អាត្មា​អញ​នោះ អ្នក​មាន​ប្រយោជន៍ចំពោះ​ខ្លួន ក្នុង​ភ្នំ ឬ​ច្រក​ភ្នំ បំណងនោះ កាល​ណានឹងសម្រេច។ សច្ចៈ ៤ យ៉ាង​ណា ដែល​ឃើញបាន​ដោយ​ក្រ ដែល​ព្រះ​មហេសីសម្មាសម្ពុទ្ធ បាន​ត្រាស់​ដឹង​ហើយ កាល​ណាហ្ន៎ អាត្មា​អញ​នឹង​បាន​ជា​អ្នក​មាន​ចិត្តតម្កល់​មាំ មាន​ស្មារតី បាន​ត្រាស់​ដឹង​នូវ​សច្ចៈ​ទាំង ៤ នោះ​ដោយ​បញ្ញា បំណងនោះ កាល​ណា​នឹងសម្រេច។ កាល​ណាហ្ន៎ អាត្មា​អញ​នឹង​បាន​ប្រកប​ដោយ​សមថៈ​ទាំង​ឡាយ ហើយបាន​ឃើញ​ដោយ​បញ្ញា នូវ​រូប សំឡេង ក្លិន រស ផោដ្ឋព្វៈ និង​ធម្មារម្មណ៍​ទាំង​ឡាយ កំណត់​មិន​បាន ថា​ជា​របស់​ដែល​ភ្លើងឆេះ​ហើយ បំណង​របស់​អាត្មា​អញ​នោះ កាល​ណា​នឹងសម្រេច។ទ. ១០៨ កាល​ណាហ្ន៎ អាត្មា​អញត្រូវគេ​ពោលពាក្យ​អាក្រក់​មករក មិន​គប្បី​ទោមនស្ស​ព្រោះសម្ដីនោះ​ជាហេតុ ឬថាទោះ​បីគេ​សរសើរ ក៏​មិន​ត្រេកអរ​ព្រោះ​ការ​សរសើរនោះ​ជាហេតុ បំណង​របស់​អាត្មា​អញ​នោះ កាល​ណា​នឹង​សម្រេច។ កាល​ណាហ្ន៎ អាត្មា​អញ​នឹង​ពិចារណា​ឃើញ​នូវ​កំណាត់​ឈើ​ទាំង​ឡាយ​ផង ស្មៅ​ទាំង​ឡាយ​ផង វល្លិ៍​ទាំង​ឡាយ​ផង ខន្ធ ៥ ទាំង​ឡាយ​នេះ​ផង ធម៌​ទាំង​ឡាយ ទាំង​ខាង​ក្នុង ខាង​ក្រៅ មាន​ប្រមាណមិន​បាន​ផង ឲ្យ​ស្មើ ៗ គ្នា (ដោយ​សេចក្ដីមិនទៀងជាដើម និង​មិន​មាន​ខ្លឹមសារ) បំណង​របស់​អាត្មា​អញ​នោះ កាល​ណានឹងសម្រេច។ កាល​ណាហ្ន៎ ភ្លៀងពុំជួកាល មាន​ទឹក​ថ្មីត្រជាក់ បង្អុរធ្លាក់​មក​ត្រូវលើ​អាត្មា​អញ ព្រម​ទាំង​ចីវរ ដែល​កំពុង​ដើរ​ក្នុង​ផ្លូវ ដែល​ពួក​លោក​អ្នក​ស្វែង​រកគុណធំ (មាន​ព្រះ​ពុទ្ធជាដើម) ត្រាច់​ទៅ​ក្នុង​ព្រៃ បំណង​របស់​អាត្មា​អញ​នោះ កាល​ណានឹងសម្រេច។ទ. ១០៩ កាល​ណាហ្ន៎ អាត្មា​អញ​នឹង​បាន​ឮសូរសំឡេង​ក្ងោក ជាសត្វមាន​កំប៉ោយ កើត​អំពី​អណ្ឌៈ ជាសត្វ​កើតពីរ​ដង យំ​ក្នុង​ច្រកភ្នំ​ក្នុង​ព្រៃ ហើយក្រោកឡើង​ធ្វើ​ទុក​ក្នុង​ចិត្ត (ដោយ​លក្ខណៈ មាន​អនិច្ចលក្ខណៈ​ជាដើម) ដើម្បី​ឲ្យ​បាន​សម្រេច​ដល់​ព្រះ​និព្វាន បំណងនោះ កាល​ណា​នឹងសម្រេច។ កាល​ណាហ្ន៎ អាត្មា​អញគប្បី​ឆ្លង​នូវ​ទន្លេ​គង្គា យមុនា សរស្សតី និងមហាសមុទ្រ​ដ៏​ជ្រៅ ដូច​ជាធ្លាក់​ទៅ​ក្នុង​បាតាល ជា​គ្រឿង​ញ៉ាំង​ភ័យឲ្យ​កើត ដោយ​ឫទ្ធិ៍មិនទើសទាក់ បំណង​នោះ កាល​ណា​នឹង​សម្រេច។ កាល​ណាហ្ន៎ អាត្មា​អញគប្បី​វៀរនូវ​សុភនិមិត្ត​ទាំង​អស់ ប្រកប​ក្នុង​ឈាន ហើយ​ទំលាយ​នូវ​សេចក្ដីប្រាថ្នា ក្នុង​កាមគុណ​ទាំង​ឡាយ ដូច​ជាដំរីត្រាច់​ទៅ​ក្នុង​សង្រ្គាម បំណងនោះ កាល​ណានឹងសម្រេច។ កាល​ណាហ្ន៎ អាត្មា​អញ​បាន​ដឹង​សាសនា​ព្រះ​ពុទ្ធ អ្នក​ស្វែង​រកគុណ​ដ៏​ធំ ហើយត្រេកអរ ដូច​ជា​បុរសកំសត់ ចំពាក់​បំណុល​គេ ដែល​ពួក​ម្ចាស់​ទ្រព្យមកតឹងទារ ក៏​បាន​នូវ​កំណប់​ទ្រព្យ ហើយត្រេកអរ បំណង​នោះ កាល​ណានឹងសម្រេច។ អ្នក​អង្វរយើងច្រើន​ឆ្នាំ​ហើយទ. ១១០ នេះ​ជា​ការ​គួរ​នៅ​គ្រប់​គ្រង​ផ្ទះ​របស់​អ្នក​ឬ ម្នាលចិត្ត ឥឡូវ​នេះ ហេតុ​អ្វីក៏​អ្នក​នៅ​តែប្រកប​យើង​ដែល​ជា​អ្នក​បួស​ហើយនោះ។ ម្នាលចិត្ត ក្រែង​អ្នក​អង្វរ​យើងឬ ពួក​ក្ងោកជាសត្វបក្សីមាន​ស្លាប​ដ៏​វិចិត្រ ទៅ​តាមអាកាស ជាសត្វ​ស្រែកយំរំពងកក្រើកដី ក្នុង​ញកភ្នំ ពួក​ក្ងោក​ទាំង​នោះ នឹងត្រេកអរចំពោះ​អ្នក ជា​អ្នក​ចំរើន​ឈាន​ក្នុង​ព្រៃ។ ម្នាលចិត្ត អ្នក​លះ​បង់​ត្រកូលផង ពួក​មិត្តផង ពួក​ញាតិជា​ទីស្រឡាញ់​ផង សេចក្ដីត្រេកអរ និងល្បែងផង កាមគុណ​ទាំង​អស់​ក្នុង​លោកផង ហើយ​ចូល​មក​នៅ​ក្នុង​ព្រៃនេះ ម្ល៉ឹង​ហើយ អ្នក​នៅ​តែមិន​ត្រេកអរ​នឹងយើង។ ចិត្ត​របស់​យើងនេះ មិន​មែន​ជា​ប្រយោជន៍​ដល់​ជន​ទាំង​ឡាយ​ដទៃ​ឡើយ ប្រយោជន៍អ្វី​ដោយ​ការ​ខ្សឹកខ្សួល ក្នុង​កាល​ដែល​ខ្លួន​ប្រុងប្រៀប (ដើម្បី​ច្បាំង​នឹងកិលេសមារ) យើង​សំឡឹង​មើល​នូវ​ភពបី​ទាំង​អស់​នេះ ថា​ជា​របស់​នាំ​ឲ្យ​ញាប់​ញ័រ ទើបចេញ​មកស្វែង​រក​អមតបទ។ ព្រះ​សម្មាសម្ពុទ្ធ ព្រះ​អង្គជា​បុគ្គល​ប្រសើរជាងសត្វជើង ២ ជាមហាពេទ្យ ជាធម្មសារថី របស់​សត្វ អ្នក​ពោល​នូវ​ពាក្យ​សុភាសិតទ. ១១១ ចិត្ត​ជាធម្មជាតិ​ញាប់​ញ័រ ដូចស្វា បុគ្គល​មិន​ទាន់​ប្រាស​ចាក​រាគៈ មិន​ងាយ​នឹងរារាំងបាន។ ក៏កាម​ទាំង​ឡាយ ជា​របស់​ដ៏​វិចិត្រ ជា​របស់​ផ្អែម ជា​ទី​រីករាយ​នៃ​ចិត្ត ជា​របស់​ដែល​ពួក​បុថុជ្ជន អ្នក​ល្ងង់​ខ្លៅ​ជាប់​ចំពាក់ ពួក​បុថុជ្ជន​នោះ ជា​អ្នក​ស្វែង​រកភព​ថ្មី តែងប្រាថ្នា​នូវ​សេចក្ដីទុក្ខ (បុថុជ្ជន​ទាំង​នោះ​) ត្រូវចិត្ត​របស់​ខ្លួន​ឯងដឹកនាំទៅ​ទម្លាក់​ក្នុង​នរក ធ្វើ​ឲ្យ​ឃ្លាតចាក​សេចក្ដីសុខ។ អ្នក​កាល​នៅ​ក្នុង​ព្រៃ ជាកន្លែង​ឮ​សូរសព្ទក្ងោក និងគ្រៀលយំ មាន​ទាំង​ខ្លាដំបង ខ្លាធំ ចោម​រោម ចូរ​អ្នក​លះ​បង់​នូវ​សេចក្ដីអាឡោះអាល័យ ក្នុង​កាយចេញ ចូរ​កុំឲ្យ (ខណៈ) ឃ្លាតទៅ​បាន ម្នាល​ចិត្ត អ្នក​គួរ​តែ​ប្រកប​យើង (ក្នុង​សម្មាប្រតិបត្តិ) ក្នុង​កាល​មុន ដោយ​ប្រការ​ដូច្នោះវិញ។ អ្នក​ចូរចំរើន​ឈាន ឥន្រ្ទិយ ពលៈ ពោជ្ឈង្គ និងសមាធិ​ភាវនា ចូរសម្រេច​នូវ​វិជ្ជា ៣ ក្នុង​សាសនា​របស់​ព្រះ​ពុទ្ធ ម្នាលចិត្ត អ្នក​ប្រកប​យើង​ក្នុង​កាល​មុន ដោយ​ប្រការ​ដូច្នេះ។ អ្នក​ចូរ​ចំរើន​នូវ​មគ្គ ជាមគ្គនាំ​សត្វ​ឲ្យ​រួច​ចាក​វដ្ដទុក្ខ ជាហេតុចុះកាន់​ការ​អស់​ទុក្ខ​ទាំង​ពួង ប្រកប​ដោយ​អង្គ ៨ ប្រការ ជា​គ្រឿង​ជំរះនូវ​កិលេស​ទាំង​ពួង ដើម្បី​ដល់​នូវ​ព្រះ​និព្វានទ. ១១២ ម្នាលចិត្ត អ្នក​ប្រកប​យើង​ក្នុង​កាល​មុន ដោយ​ប្រការ​ដូច្នេះ។ អ្នក​ចូរ​មើលឧបាទានក្ខន្ធ ថា​ជា​ទុក្ខ ដោយ​ឧបាយ​នៃ​បញ្ញា កាល​ណា តណ្ហាញ៉ាំង​ទុក្ខ​ឲ្យ​កើត​ឡើង អ្នក​ចូរលះ​បង់​នូវ​តណ្ហា​នោះ​ចោលចេញ ចូរធ្វើ​នូវ​ទីបំផុត​នៃ​ទុក្ខ ក្នុង​អត្តភាពនេះ​ឲ្យ​បាន ម្នាលចិត្ត អ្នក​ប្រកប​យើង​ក្នុង​កាល​មុន ដោយ​ប្រការ​ដូច្នេះ។ អ្នក​ចូរឃើញឲ្យ​ច្បាស់ ដោយ​ឧបាយ​នៃប្រាជ្ញា ថា​ជា​របស់​មិនទៀងផង ជា​ទុក្ខផង ថា​ជា​របស់​សោះសូន្យ មិន​មែន​ខ្លួន​ប្រាណផង ថា​ជា​របស់​លាមក ជា​គ្រឿង​សម្លាប់​ផង ហើយចូរបិទនូវ​ការ​ពិចារណា​ក្នុង​ចិត្ត ដោយ​ចិត្ត​របស់​ខ្លួន ម្នាលចិត្ត អ្នក​ប្រកប​យើង​ក្នុង​កាល​មុន ដោយ​ប្រការ​ដូច្នេះ។ អ្នកជា​ស្រមណ៍​កំណោរ មាន​ភេទប្លែកពីគ្រហស្ថ​ហើយ ជា​អ្នក​ត្រាច់​ទៅ​ដើម្បី​អាហារ មាន​អំបែង​ក្នុង​ដៃ សុំគេ​ក្នុង​ត្រកូល​ទាំង​ឡាយ ចូរ​អ្នក​ប្រកប​តាម​ព្រះ​ពុទ្ធដីកា​របស់​ព្រះ​សាស្ដា អ្នក​ស្វែង​រកគុណ​ដ៏​ធំវិញ ម្នាលចិត្ត អ្នក​ប្រកប​យើង​ក្នុង​កាល​មុន ដោយ​ប្រការ​ដូច្នេះ។ អ្នក​ចូរសង្រួមឲ្យ​ល្អ ដើរ​ទៅ​ក្នុង​ចន្លោះច្រក មិន​មាន​ចិត្ត​ជាប់​ចំពាក់​ក្នុង​ត្រកូល ក្នុង​កាម​ទាំង​ឡាយ ដូច​ព្រះ​ចន្ទ​ពេញ​បូណ៌មី មិន​មាន​មន្ទិលសៅហ្មង ម្នាលចិត្ត អ្នក​ប្រកប​យើង​ក្នុង​កាល​មុន ដោយ​ប្រការ​ដូច្នេះ។ទ. ១១៣ អ្នក​ចូរ​ជា​បុគ្គល​ប្រព្រឹត្តនៅ​ក្នុង​ព្រៃ ប្រព្រឹត្តបិណ្ឌបាត ប្រព្រឹត្ត​នៅ​ក្នុង​ព្រៃ​ស្មសាន ទ្រទ្រង់​សំពត់​បង្សុកូល ប្រព្រឹត្តអង្គុយ (មិនដេក) ត្រេកអរ​ក្នុង​ធុតង្គគុណ សព្វកាល ម្នាលចិត្ត អ្នក​ប្រកប​យើង​ក្នុង​កាលជាដំបូង ដោយ​ប្រការ​ដូច្នេះ។ បុរស​អ្នក​ស្វែង​រកផ្លែឈើ ដាំដើមឈើ​ទាំង​ឡាយ​ ហើយប្រាថ្នា​ដើម្បី​កាប់​នូវ​ដើមឈើនោះ ត្រង់​គល់ មាន​ឧបមា​ដូចម្ដេចមិញ ម្នាលចិត្ត អ្នក​ធ្វើ​ហេតុនេះ ក៏​មាន​ឧបមេយ្យ​ដូច្នោះ អ្នក​ប្រកប​យើង​ក្នុង​សេចក្ដីញាប់​ញ័រ មិន​ទៀង​ទាត់។ ម្នាលអរូប (ចិត្ត) ទៅ​កាន់​ទីឆ្ងាយ ត្រាច់​ទៅ​តែម្នាក់​ឯង ឥឡូវ​នេះ យើងលែងធ្វើ​តាមសំដី​អ្នក​ហើយ ព្រោះ​ថាកាម​ទាំង​ឡាយ ជា​ទុក្ខ ក្ដៅផ្សា មាន​ភ័យធំ យើង​នឹងមាន​ចិត្ត​ឧទ្ទិស​ទៅ​រកព្រះ​និព្វាន​ហើយ។ យើងមិន​មែន​ចេញ​បួស ព្រោះ​តែ​ឥតបុណ្យ ព្រោះ​តែឥតសេចក្ដីអៀនខ្មាស ព្រោះ​ហេតុ​តែ​លុះ​ក្នុង​អំណាច​របស់​ចិត្ត ព្រោះ​ហេតុ​តែដើរផ្លូវឆ្ងាយ ឬព្រោះ​ហេតុ​តែការ​ចិញ្ចឹមជីវិតទេ ម្នាលចិត្ត ការ​ប្ដេជ្ញា យើងបាន​ធ្វើ​ដល់​អ្នក​ហើយ។ ភាពជា​បុគ្គល​ប្រាថ្នា​តិច ការ​លះ​បង់​នូវ​សេចក្ដី​លុបគុណគេ ការ​រម្ងាប់​នូវ​ទុក្ខ (ទាំង​នេះ​) សប្បុរស​ទាំង​ឡាយ (មានព្រះ​ពុទ្ធ​ជាដើម) សរសើរ​ហើយទ. ១១៤ ម្នាលចិត្ត អ្នក​បាន​ប្រកប​យើង​ក្នុង​កាល​នោះ ដោយ​ប្រការ​ដូច្នេះ ឥឡូវ​នេះ អ្នក​ដល់​នូវ (សេចក្ដីប្រាថ្នា​ធំ) ដែល​ខ្លួន​ធ្លាប់​ប្រព្រឹត្ត​មក​ហើយ។ តណ្ហា អវិជ្ជា សេចក្ដី​ស្រឡាញ់ សេចក្ដី​មិនស្រឡាញ់ រូប​ទាំង​ឡាយ​ដ៏ល្អ សុខវេទនា​ទាំង​ឡាយ និង​កាមគុណ​ទាំង​ឡាយ ជា​ទី​ពេញ​ចិត្ត (ទាំង​នេះ​) យើង​លះ​បង់​អស់​ហើយ យើងមិនអាចនៅ​គ្រប់​គ្រង​កិលេសធម៌ ដែល​យើងលះ​បង់​អស់​ហើយ​ទេ។ ម្នាលចិត្ត យើងបាន​ធ្វើ​តាមពាក្យ​អ្នក​គ្រប់​ជាតិ​ទាំង​ឡាយ​ច្រើន​ហើយ អ្នក​តាមយើង​មិន​ទាន់​ទេ ការ​ច្រឡូក​ច្រឡំខាង​ក្នុង អ្នក​បាន​ធ្វើ​ឲ្យ​កក្រើក ព្រោះ​តែ​អ្នក​ដឹងគុណ ដែល​អ្នក​ដទៃធ្វើ​ហើយ អ្នក​ធ្វើ​ឲ្យ​យើងត្រាច់​ទៅ​ក្នុង​សង្សារទុក្ខ អស់​កាលយូរ​ហើយ។ ម្នាលចិត្ត អ្នក​ធ្វើ​យើងឲ្យ​ជាព្រាហ្មណ៍ អ្នក​ធ្វើ​យើងឲ្យ​ជាខត្តិយៈ ជាស្ដេច ជាឥសី ជួនណាយើងកើត​ជាវេស្សៈ ឬជាសុទ្ទៈ មួយ​ទៀត អ្នក​ធ្វើ​នូវ​ភាពជា​ទេវតា (ដល់​យើង) ព្រោះ​ហេតុ​តែអ្នក។ យើងជាអសុរ ព្រោះ​ហេតុ​តែអ្នក យើង​ជា​សត្វនរក ក៏​ព្រោះ​អ្នក​ជាហេតុ មួយវិញ​ទៀត ជួនកាលយើងកើតជាតិរច្ឆានទ. ១១៥ កើតជាប្រេត ព្រោះ​ហេតុ​តែ​អ្នក។ អ្នក​នឹងប្រទូស្ដយើង​រឿយ ៗ មិន​បាន​ទេ អ្នក​ធ្លាប់​ប្រលោមយើង ដូច​ជា​បុគ្គល​ឆ្កួត ឬ​ដូច​ជា​បុរស បង្ហាញនូវ​ហេតុ​នៃលោក​រឿយ ៗ ម្នាលចិត្ត យើងបាន​កំចាត់​បង់​អ្នក​ជ្រះស្រឡះ​ហើយ។ កាលពីដើម ចិត្តនេះ បាន​ត្រាច់​ទៅ​កាន់​ចារិក តាម​ចំណង់ តាមប្រាថ្នា តាមសប្បាយ ថ្ងៃ​នេះ យើង​នឹងផ្ទញ់​ផ្ទាល់​ចិត្តនោះ ដោយ​ឧបាយ​នៃប្រាជ្ញា ដូចហ្ម​ដំរីកាន់​កង្វេរ បង្វឹកដំរីចុះ​ប្រេង។ (ព្រះ​សម្មាសម្ពុទ្ធ) ជាគ្រូ​នៃយើង ទ្រង់​តាំង​ទុកនូវ​លោក​នេះ ថា​ជា​របស់​មិនទៀង ជា​របស់​មិនមាំមួន ជា​របស់​រកខ្លឹមសារគ្មាន ម្នាលចិត្ត អ្នក​ចូរញ៉ាំង​យើងឲ្យ​ស្ទុះទៅ​ក្នុង​សាសនា​នៃ​ព្រះ​ជិនស្រីវិញ អ្នក​ចូរ​ញ៉ាំង​យើង ឲ្យ​ឆ្លងផុត​ចាក​ជំនន់​ដ៏​ធំ ដែល​គេ​ឆ្លងបាន​ដោយ​កម្រវិញ។ ម្នាលចិត្ត ផ្ទះ គឺអត្តភាពនេះ ដូច​ជា​របស់​ចាស់ មិន​មាន​ដល់​អ្នក​ទៀត​ទេ យើងមិន​គួរ​នឹង​ប្រព្រឹត្ត​ទៅ​ក្នុង​អំណាច​របស់​អ្នក​ឡើយ យើងជា​អ្នក​បួស​ក្នុង​សាសនា​នៃ​ព្រះ​មាន​ព្រះ​ភាគ ព្រះ​អង្គស្វែង​រក​នូវ​គុណ​ដ៏​ធំទ. ១១៦ ពួក​បុគ្គល​ដូច​យើង មិន​មែន​ជា​អ្នក​ទ្រទ្រង់​នូវ​សេចក្ដីវិនាសឡើយ។ ភ្នំ សមុទ្រ ស្ទឹង ផែនដី ទិសធំ​ទាំង ៤ ទិសតូច ទិសខាងក្រោម ភព ៣ ទាំង​អស់ ជា​របស់​មិនទៀង ត្រូវ រាគាទិក្កិលេស​បៀត​បៀន​ហើយ ម្នាលចិត្ត អ្នក​ទៅ​ក្នុង​ទីណា នឹងត្រេកអរ​សប្បាយ​បាន។ ម្នាល​ចិត្ត ថ្វឺយ ៗ អ្នក​នឹង​ធ្វើ​អំពើ​អ្វីដទៃ​ទៀត​ដល់​យើង ម្នាលចិត្ត យើងមិន​គួរ​ប្រព្រឹត្ត​ទៅ​តាមអំណាច​អ្នក​ឡើយ (ដូច) បុគ្គល​មិនហ៊ានពាល់​ទៃ ដែល​មាន​មាត់​ទាំង​ពីរខាង ថ្វឺយ (រូបនេះ​) សឹងពេញ (ដោយ​របស់​មិនស្អាត) សម្រាប់​ហូរ​ចេញ​នូវ​វត្ថុមិនស្អាត តាម​មុខ​ដំបៅ​ទាំង ៩។ អ្នក​នៅ​ក្នុង​ផ្ទះ គឺគុហា ត្រេកអរ​ក្នុង​ញកភ្នំ កំពូលភ្នំ ជា​ទី​ដ៏ល្អតាមប្រក្រតី មាន​ព្រៃ​ដែល​ទឹកភ្លៀងថ្មីធ្លាក់​ចុះ ជា​ទី​ដែល​ពួក​ជ្រូក និងទ្រាយ ចុះឡើង​អាស្រ័យនៅ​ហើយ​នោះ។ ហ្វូងបក្សី (ក្ងោក) មាន​កខៀវល្អ មាន​សិរល្អ មាន​តួស្លាបល្អ មាន​រោមស្លាប​ដ៏​វិចិត្រល្អ មាន​សំឡេង​ស្រែកយំឮសូរពីរោះ​ក្រៃលែងនោះ នឹងត្រេកអរ​ចំពោះ​អ្នក​ចំរើន​ឈាន​ក្នុង​ព្រៃ (នោះឯង)។ទ. ១១៧ កាលភ្លៀង​បង្អុរចុះមក​ហើយ កាលស្មៅដុះ​ឡើង​ប្រវែង ៤ ធ្នាប់ កាលព្រៃមាន​សម្បុរ​ដូចមេឃ មាន​ផ្ការីក​ស្គុះស្គាយ​ហើយ យើង​ក៏ប្រហែល​នឹង​ដើម​ឈើ នឹងដេកត្រង់​ចន្លោះ​នៃព្រៃភ្នំ ឯកន្លែងដេក​របស់​យើងនោះ នឹងមាន​សម្ផ័ស្ស​ទន់​ដូច​ជាសំឡី។ បុរសជាឥស្សរៈ (ធ្វើ​ទាសកម្មករ ឲ្យ​លុះ​ក្នុង​អំណាច​ខ្លួន) យ៉ាង​ណា​មិញ (ម្នាល​ចិត្ត) យើង​នឹង​ធ្វើ​ (អ្នក​ឲ្យ​លុះ​ក្នុង​អំណាច) យ៉ាង​នោះ យើងបាន​បច្ច័យណា បច្ច័យនោះ សូម​ឲ្យ​ល្មមដល់​យើង (ម្នាលចិត្ត) ព្រោះ​ហេតុ​នោះ បុគ្គល​មិន​ខ្ជិលយ៉ាង​ណា យើង​នឹង​ធ្វើ​អ្នក​យ៉ាង​នោះ ឲ្យ​ដូច​ស្បែក​សំពោច ដែល​គេ​សម្លាប់​ល្អ​ហើយ។ បុរស​ជាឥស្សរៈ (ធ្វើ​ទាសកម្មករ ឲ្យ​លុះ​ក្នុង​អំណាចខ្លួន) យ៉ាង​ណា​មិញ យើង​នឹង​ធ្វើ​ (អ្នក​ឲ្យ​លុះ​ក្នុង​អំណាចខ្លួន​) ក៏​យ៉ាង​នោះ​ដែរ យើងបាន​បច្ច័យណា បច្ច័យនោះ សូម​ឲ្យ​ល្មម​ដល់​យើង (ម្នាល​ចិត្ត) យើង​នឹងដឹកនាំ​អ្នក​ឲ្យ​លុះ​ក្នុង​អំណាច​របស់​យើង ដោយ​សេចក្ដី​ព្យាយាម ដូចហ្មដំរី​ដ៏ប៉ិនប៉ៅ កាន់​កង្វេរ​ពង្រាប​ដំរីចុះ​ប្រេង។ យើងអាចដើរ​ទៅ​កាន់​ផ្លូវ​ដ៏​ក្សេម ដែល​ពួក​លោក​អ្នក​រក្សាចិត្ត ធ្លាប់​សេព​ហើយ​សព្វកាល ដោយ​សារអ្នក ដែល​ទូន្មាន​ល្អ​ហើយ តាំង​មាំ​ហើយ ដូចហ្មសេះ បង្ហាត់​សេះ (ឲ្យ​ទៅ​កាន់​ទីតាម​បំណង) ដោយ​សារ​សេះស្លូតត្រង់។ទ. ១១៨ (ហ្មដំរីចងក្រៀក) ដំរី​នឹងសសរ ដោយ​ខ្សែ​ដ៏មាំយ៉ាង​ណា យើង​នឹង​ចង​អ្នក​ទុក​ក្នុង​កម្មដ្ឋានារម្មណ៍ ដោយ​កំឡាំងភាវនា​យ៉ាង​នោះ​ដែរ (ម្នាលចិត្ត) អ្នក​នោះ ដែល​យើងគ្រប់​គ្រង​ហើយ ចំរើន​ល្អ​ហើយ ដោយ​សតិ នឹង​ទៅ​ជា​អ្នក​មាន​តណ្ហានិស្ស័យ​ជាដើម មិន​អាស្រ័យ​ក្នុង​ភព​ទាំង​ពួង​ឡើយ។ អ្នក​បើបាន​ផ្ដាច់​ដំណើរ​ទៅ​កាន់​ផ្លូវខុស ដោយ​ប្រាជ្ញា រួច​ផ្ទញ់​ផ្ទាល់​ដោយ​ព្យាយាម ឲ្យ​តម្កល់​នៅ​ក្នុង​ផ្លូវវិបស្សនាវិញ ហើយ​ឃើញ​នូវ​សេចក្ដីកើត សេចក្ដី​វិនាស និងសេចក្ដីចំរើន​នោះ នឹង​បាន​ជាទាយាទ នៃ​ព្រះ​សម្មាសម្ពុទ្ធ ព្រះ​អង្គ​ពោល​ពាក្យ​ដ៏​ប្រសើរ។ ម្នាលចិត្ត អ្នក​ទង់​ទាញយើង ឲ្យ​លុះ​អំណាច​នៃ​វិបល្លាស ៤12) ដូច​ជា​កូនក្មេង​អ្នក​ស្រុក ក្រែង​អ្នក​បាន​សេពគប់​នឹង​ព្រះ​មហាមុនី ប្រកប​ដោយ​សេចក្ដីករុណា ជា​អ្នក​ផ្ដាច់​នូវ​ចំណង គឺ​សំយោជនៈ​ហើយឬ។ ម្រឹគ​មាន​សេរី ចូល​ទៅ​កាន់​ភ្នំ ជា​ទី​ត្រេកអរ ដេរដាស​ដោយ​របៀបពពក ក្នុង​ព្រៃ​ដ៏​វិចិត្រ​ល្អ យ៉ាង​ណា អ្នក​នឹងត្រេកអរ​ក្នុង​ភ្នំនោះ ដែល​មិនវឹកវរ ក៏​យ៉ាង​នោះ​ដែរ ម្នាល​ចិត្ត អ្នក​នឹង​វិនាសឥតមាន​សង្ស័យឡើយ។ទ. ១១៩ ម្នាលចិត្ត ជនប្រុសស្រី​ទាំង​ឡាយ​ណា ជា​អ្នក​ប្រព្រឹត្ត​ទៅ​តាម​សេចក្ដីប្រាថ្នា ទៅ​តាមអំណាច​របស់​អ្នក រមែង​ទទួលសេចក្ដីសុខណា ជនប្រុស​ស្រី​ទាំង​នោះ ជា​អ្នក​ល្ងង់​ខ្លៅ ប្រព្រឹត្ត​ទៅ​តាមអំណាច​នៃ​មារ ជា​អ្នក​ត្រេកអរ​នឹងភព ជា​សេវកៈ​របស់​អ្នក (រមែង​បាន​នូវ​សេចក្ដីសុខនោះ គឺសាមិសសុខ)។

ព្រះ​តាលបុដត្ថេរ។

ឧទ្ទាន

ក្នុង​បញ្ញាសនិបាតនោះ ព្រះ​តាលបុដត្ថេរ អ្នក​បរិសុទ្ធ ១ អង្គ ពោល​នូវ​គាថា​ទាំង​ឡាយ ៥៥។

ចប់ បញ្ញាសនិបាត។

សដ្ឋិកនិបាត

sut.kn.tha.20 | book_057
ទ. ១២០

(២០. សដ្ឋិនិបាតោ)

ព្រះ​មហាមោគ្គល្លានត្ថេរមាន​អាយុ បាន​សំដែង​គាថា

sut.kn.tha.20.01 | book_057

(១. មហាមោគ្គល្លានត្ថេរគាថា)

[២៦៤] ពួក​យើង ជា​អ្នក​ប្រព្រឹត្តនៅ​ក្នុង​ព្រៃ ប្រព្រឹត្តបិណ្ឌបាត ត្រេកអរ​ក្នុង​វត្ថុ ដែល​មាន​នៅ​ក្នុង​បាត្រ ដោយ​ការ​ស្វែង​រក ជា​អ្នក​មាន​ចិត្តតាំង​មាំល្អខាង​ក្នុង ចូរ​ទំលាយ​នូវ​សេនា​របស់​មច្ចុ (កិលេស)។ ពួក​យើង ជា​អ្នក​ប្រព្រឹត្តនៅ​ក្នុង​ព្រៃ ប្រព្រឹត្តបិណ្ឌបាត ត្រេកអរ​ក្នុង​វត្ថុ​ដែល​មាន​នៅ​ក្នុង​បាត្រ ដោយ​ការ​ស្វែង​រក ចូរ​កំចាត់​បង់​នូវ​សេនា​របស់​មច្ចុ ដូចដំរី​កំចាត់​កំចាយ​នូវ​ផ្ទះ​បបុស។ ពួក​យើង​ជា​អ្នក​ប្រព្រឹត្តនៅ​ក្រោមម្លប់​ឈើ មាន​ព្យាយាមប្រព្រឹត្ត​ទៅ​រឿយ ៗ ត្រេកអរ​ក្នុង​វត្ថុ​ដែល​មាន​នៅ​ក្នុង​បាត្រ ដោយ​ការ​ស្វែង​រក ជា​អ្នក​មាន​ចិត្តតាំង​មាំល្អខាង​ក្នុង ចូរ​ទំលាយនូវ​សេនា​របស់​មច្ចុ។ ពួក​យើងជា​អ្នក​ប្រព្រឹត្តនៅ​ក្រោមម្លប់​ឈើ មាន​ព្យាយាម​ប្រព្រឹត្ត​ទៅ​រឿយ ៗ ត្រេកអរ ក្នុង​វត្ថុ​ដែល​មាន​នៅ​ក្នុង​បាត្រ ដោយ​ការ​ស្វែង​រក ចូរកំចាត់​បង់​នូវ​សេនា​របស់​មច្ចុ ដូចដំរីកំចាត់​បង់​នូវ​ផ្ទះ​បបុស។ (នែ​ស្រី​ផ្កា​មាស) ថ្វឺយ នាងរាប់​អានខ្លួន​អ្នក​ដទៃ ដែល​ជាខ្ទម គឺ​រាង​ឆ្អឹង​បែប​ចំអឹង ៗ មាន​សាច់ និងសរសៃរួបរឹត​ហើយ ពេញ (ដោយ​គ្រឿង​មិនស្អាត) មាន​ក្លិនស្អុយ។ ម្នាលនាងមាន​ពកឰ​ដ៏ទ្រូង​ដូចបិសាច ក្នុង​កាយ​របស់​នាង ដែល​ពេញ​ដោយ​លាមក ស្រោប​ដោយ​ស្បែក (នេះ​) មាន​ទ្វារសម្រាប់​បង្ហូរចេញ ៩ តែងហៀរហូរ​គ្រប់​ពេល។ទ. ១២១ ភិក្ខុ​គប្បី​វៀរបង់​នូវ​សរីរៈ​នាង ដែល​មាន​មុខហូរ ៩ មាន​ក្លិនអាក្រក់ បុគ្គល​អ្នក​ចង់​ស្អាត ដើរវាងគូថៈ យ៉ាង​ណា​មិញ ភិក្ខុ​ចៀស​វាងនូវ​សរីរៈ​របស់​នាង ក៏​យ៉ាង​នោះ​ដែរ។ អាត្មា​ដឹង​នូវ​សរីរៈ​នោះ យ៉ាង​ណា បើមហា​ជនដឹង​នូវ​សរីរៈ​នោះ យ៉ាង​នោះ គប្បី​តែចៀស​វាង​សរីរៈ​នោះ អំពីចម្ងាយ ដូចគេ​ចៀសវាង​កន្លែងគូថៈ ក្នុង​កាល​ដែល​ភ្លៀងបង្អុរចុះ។

បពិត្រ​សមណៈ លោក​មាន​ថេរវាចា​យ៉ាង​ណា បពិត្រ​លោក​អ្នក​មាន​ព្យាយាម​ច្រើន ហេតុនុ៎ះ ក៏​យ៉ាង​នឹងមែន​ហើយ តែគង់​មាន​ជនពួក​ខ្លះ លិចនៅ​ក្នុង​សរីរៈ​នុ៎ះដែរ ដូច​គោចាស់​លិចនៅ​ក្នុង​ភក់។

នរណាសំគាល់​ដើម្បី​ជ្រលក់​នូវ​អាកាស​ដោយ​រមៀត ឬ​ដោយ​គ្រឿង​ជ្រលក់​ឯ​ទៀត ការ​ងារ​របស់​បុគ្គល​នោះ នាំឲ្យ​តែកើត​សេចក្ដី​លំបាកទេ។ ចិត្ត​ដែល​តម្កល់​នៅ​ល្អ​ក្នុង​សន្ដាននោះ ក៏ស្មើគ្នា​នឹងអាកាស នាង​កុំត្រេកអរ (នឹងយើង) ដោយ​ចិត្ត​លាមក ដូច​សត្វ​ស្លាប (មមាច) ត្រេកអរ​នឹងគំនរភ្លើង​ឡើយ។ នាង​ចូរ​មើលរាង​កាយ​ដែល​ធ្វើ​ឲ្យ​វិចិត្រ​ហើយ ជា​ទីប្រជុំ​នៃដំបៅ ដែល​ឆ្អឹង ៣០០ កំណាត់ ផ្គុំគ្នា​ហើយ ឈឺជា​និច្ច ដែល​ពួក​ជន​ពាល​ប្រាថ្នា​ដោយ​ច្រើន សេចក្ដី​ទៀង​ទាត់ និង​ការ​មាំមួន​របស់​រាង​កាយ​នេះ មិន​មាន​ឡើយ។

កាលព្រះ​សារីបុត្ត បរិបូណ៌​ដោយ​អាការ​ដ៏​ច្រើន បរិនិព្វាន​ហើយ សេចក្ដីស្ញប់​ស្ញែង សេចក្ដី​ព្រឺរោម ក៏កើតមាន​ឡើង​ថា។ទ. ១២២ ឱហ្ន៎ សង្ខារ​ទាំង​ឡាយ មិន​ទៀងទេ មាន​ការ​កើត​ឡើង និង​ការ​វិនាស​ទៅ​ជាធម្មតា កើត​ឡើង​ហើយ​តែងរលត់​វិញ ការ​រម្ងាប់​នូវ​សង្ខារ​ទាំង​នោះ ទើបនាំ​មក​នូវ​សុខ។ ពួក​ព្រះ​យោគីណា ពិចារណា​ឃើញច្បាស់​នូវ​ខន្ធ​ទាំង ៥ ថា​ជា​របស់​ដទៃ ទាំង​មិន​មែន​ជា​របស់​ខ្លួន ពួក​ព្រះ​យោគី​នោះ តែងចាក់​ធ្លុះ​នូវ​ធម៌​ដ៏សុខុមបាន ដូច​បុគ្គល​បាញ់​ចុង​រោមកន្ទុយ​ដោយ​ព្រួញ។ មួយ​ទៀត ពួក​ព្រះ​យោ​គីណា ពិចារណា​ឃើញច្បាស់​នូវ​សង្ខារ​ទាំង​ឡាយ ថា​ជា​របស់​ដទៃ ទាំង​មិន​មែន​ជា​របស់​ខ្លួន ពួក​ព្រះ​យោគីនោះ ឈ្មោះ​ថា បាន​ចាក់​ធ្លុះ​នូវ​ធម៌​ដ៏ល្អិត ដូច​បុគ្គល​បាញ់​ចុង​រោមកន្ទុយ ដោយ​ព្រួញ។

(ភិក្ខុ​អ្នក​មាន​ស្មារតី គប្បី​វៀរ ដើម្បី​លះ​បង់​នូវ​កាមរាគៈ ដូច​ជាគេ​បោះ ឬពួយ​នឹងលំពែង ទំលុះពីលើ​មកក្រោម ពុំនោះ​សោត ដូច​ជាគេ​លត់​ភ្លើង កំពុងឆេះឰ​ដ៏ក្បាល)។ ភិក្ខុ​អ្នក​មាន​ស្មារតី គប្បី​វៀរ ដើម្បី​លះ​បង់​នូវ​ភវរាគៈ ដូច​ជាគេ​បោះ ឬពួយ​នឹង​លំពែង ទំលុះពីលើ​មកក្រោម ពុំនោះ​សោត ដូច​ជាគេ​លត់​ភ្លើង ដែល​កំពុងឆេះ​ឰ​ដ៏ក្បាល។

ខ្ញុំ​លុះព្រះ​សាស្ដាចារ្យ ព្រះ​អង្គ​មាន​ព្រះ​កាយអប់​រំ​ហើយ ព្រះ​អង្គ​ទ្រទ្រង់​នូវ​សរីរៈ​ជា​ទីបំផុត ទ្រង់​បាន​ដាស់​តឿន​ហើយ ក៏​ញ៉ាំង​មិគារមាតុប្រាសាទ ឲ្យ​កក្រើកបាន ដោយ​ចុង​មេជើង។ទ. ១២៣ បុគ្គល​ប្រារព្ធការ​ងារណា​មួយ ធូរ ៗ ឬ​ដោយ​កំឡាំង​ព្យាយាម​ស្ដួចស្ដើង មិន​ងាយ​បាន​ដល់​ព្រះ​និព្វាន ដែល​ជា​គ្រឿង​រួច​ចាក​គន្ថធម៌​ទាំង​ពួង​ទេ។ ភិក្ខុ​កំលោះនេះ​ក្ដី បុរស​ដ៏​ឧត្តមនេះ​ក្ដី បាន​ឈ្នះនូវ​មារ ព្រម​ទាំង​សេនា​នៃ​មារ ហើយ​ទ្រទ្រង់​នូវ​រាង​កាយជា​ទីបំផុតបាន។

ផ្លេកបន្ទោរ​ទាំង​ឡាយ រមែង​ធ្លាក់​ក្នុង​ចន្លោះ​នៃ​ភ្នំ​ឈ្មោះ​វេភារៈ និងភ្នំ​ឈ្មោះ​បណ្ឌវៈ ឯបុត្រ​នៃ​ព្រះ​ពុទ្ធ ជាតាទិបុគ្គល រកបុគ្គល​ប្រៀបស្មើ​មិន​បាន លោក​នៅ​ក្នុង​ចន្លោះភ្នំ រមែង​ដុត (នូវ​ធម៌​ជា​សត្រូវ)។ មហាព្រហ្ម ថ្វាយ​បង្គំ​ហើយ នូវ​មុនិ​អ្នក​ស្ងប់​ស្ងាត់ ត្រេកអរ​នឹង​ការ​ស្ងប់​រម្ងាប់ នៅ​ក្នុង​សេនាសនៈ​ដ៏​ស្ងាត់ ជាទាយាទ​របស់​ព្រះ​ពុទ្ធ​ដ៏​ប្រសើរ។ ម្នាលព្រាហ្មណ៍ អ្នក​ចូរថ្វាយ​បង្គំ​ព្រះ​កស្សបៈ ជាមុនិ អ្នក​ស្ងប់​ស្ងាត់ ត្រេកអរ​នឹង​ការ​ស្ងប់​ស្ងាត់ នៅ​ក្នុង​សេនាសនៈ​ដ៏​ស្ងាត់ ជាទាយាទ​របស់​ព្រះ​ពុទ្ធ​ដ៏​ប្រសើរចុះ។ បើ​បុគ្គល​ណា ទៅ​យកកំណើតជាព្រាហ្មណ៍គ្រប់ ៗ ជាតិ អស់ ១០០ ជាតិ បុគ្គល​នោះ ឈ្មោះ​ថាព្រាហ្មណ៍ បរិបូណ៌​ដោយ​វេទ ក្នុង​ពួក​មនុស្ស​រឿយ ៗ។ តែ​បើ​ទុក​ជាព្រាហ្មណ៍នោះ ជា​អ្នក​ចេះចាំមន្ដ ដល់​នូវ​ត្រើយ​នៃវេទ​ទាំង ៣ ក៏​ដោយ​ចុះ ក៏នៅ​តែមិនដល់​មួយចំណិត​នៃចំណែក ដែល​គេ​ចែក ១៦ ៗ ដង នៃ​ការ​ថ្វាយ​បង្គំ​ចំពោះ​ព្រះ​មហាកស្សបត្ថេរនុ៎ះឡើយ។ទ. ១២៤

ភិក្ខុ​ណាបាន​វិមោក្ខ ៨ ក្នុង​វេលាមុនភត្ត ជាអនុលោមបដិលោម លុះចេញ​ចាក​និរោធសមាបត្តិនោះ​ហើយ ទើបទៅ​ដើម្បី​បិណ្ឌបាត ម្នាលព្រាហ្មណ៍ អ្នក​ចូរត្រេកអរ​នឹងភិក្ខុ​បែបនោះ អ្នក​កុំ​គាស់​រំលើង​ខ្លួន​ឡើយ អ្នក​ចូរធ្វើ​ចិត្ត​ឲ្យ​ត្រេកអរចំពោះ​ព្រះ​អរហន្ដ ជាតាទិបុគ្គល ចូរ​ប្រណម្យ​អញ្ជលី ថ្វាយ​បង្គំឲ្យ​ឆាប់ កុំឲ្យ​ក្បាល​អ្នក​បែកជា ៧ ភាគឡើយ។ បោដិ្ឋលភិក្ខុ​នោះ ត្រូវចំណង គឺសង្សារវដ្ដរួបរឹត​ហើយ មិន​បាន​ឃើញ​នូវ​ព្រះ​សទ្ធម្ម ស្ទុះទៅ​រក​មិច្ឆាជីវៈ ជា​ផ្លូវ​ដែល​មិន​គួរ​ទៅ ជា​ផ្លូវវៀច ផ្លូវអាក្រក់។ តុច្ឆបោដ្ឋិលភិក្ខុ ងប់​ចុះ​ក្នុង​សង្ខារ (ដែល​ច្រឡំ​ដោយ​កិលេស ជា​គ្រឿង​មិនស្អាត) លិច​ចុះ​ក្នុង​លាភៈ និងសក្ការៈ ដូច​ជាដង្កូវប្រឡាក់​ដោយ​លាមក។

អ្នកចូរមើលព្រះ​សារីបុត្ត​ដ៏​មាន​អាយុនេះ លោក​ជា​អ្នក​ឃើញ​ដោយ​ប្រពៃ ជា​អ្នក​ផុត​ចាក​ចំណែក​ទាំង​ពីរ13) ជា​អ្នក​មាន​ចិត្តតម្កល់​មាំ​ក្នុង​សន្តាន មិន​មាន​សរ គឺ​រាគៈ​ជាដើម មាន​សំយោជនៈ​អស់​ហើយ បាន​សម្រេច​វិជ្ជា ៣ ញ៉ាំង​មច្ចុរាជឲ្យ​វិនាស ជា​ទក្ខិណេយ្យ​បុគ្គល ជា​បុញ្ញក្ខេត្ត​ដ៏​ប្រសើរ របស់​មនុស្ស​ទាំង​ឡាយ។

ពួក​ទេវតាជា​ច្រើន ចំនួនមួយម៉ឺនអង្គ មាន​ឫទ្ធិ៍ មាន​យស ទេវតា​ទាំង​អស់​នុ៎ះ ទាំង​ពួក​ព្រហ្មបុរោហិត ឈរប្រណម្យនមស្ការ​ព្រះ​មោគ្គល្លានទ. ១២៥ថា បពិត្រ​លោក​ជា​បុរស​អាជានេយ្យ យើង​ខ្ញុំ​សូមនមស្ការ​ចំពោះ​លោក បពិត្រ​លោក​ជា​បុរស​ដ៏​ឧត្តម យើង​ខ្ញុំ​សូម​នមស្ការ​ចំពោះ​លោក បពិត្រ​លោកនិទ៌ុក្ខ លោក​មាន​អាសវៈ​អស់​ហើយ លោក​ជា​ទក្ខិណេយ្យបុគ្គល។

(ព្រះ​មោគ្គល្លាន) ដែល​នរ​ជន និង​ទេវតា បូជា​ហើយ លោកកើត (ដោយ​អរិយ​ជាតិ) ជា​អ្នក​គ្រប​សង្កត់​នូវ​សេចក្ដីស្លាប់​បាន មិន​ជាប់​ចំពាក់​ក្នុង​សង្ខារ ដូច​ជាផ្កាឈូកស មិន​ប្រឡាក់​ដោយ​ទឹក។

ព្រះ​មោគ្គល្លានណា ជ្រាប​នូវ​ឱកាសលោកមួយពាន់ ក្នុង​កាលមួយរំពេច ព្រះ មោគ្គល្លាននោះ ស្មើ​នឹងមហាព្រហ្ម ជា​អ្នក​ស្ទាត់​ក្នុង​ឥទ្ធិគុណ និងចុតូបបាតៈ លោក​ជា​ភិក្ខុ​ឃើញពួក​ទេវតា​ក្នុង​កាល​គួរ។

ព្រះ​សារីបុត្តត្ថេរ (ប្រសើរ) ដោយ​ប្រាជ្ញា ដោយ​សីល ដោយ​ឧបសមៈ ទុក​ជា​ភិក្ខុ​ណា ជា​អ្នក​ដល់​នូវ​ត្រើយ ភិក្ខុ​នោះ គប្បី​ជា​អ្នក​មាន​គុណយ៉ាង​ក្រៃលែង ដូច្នេះ​ឯង។

ចំណែកអាត្មា អាច​និមិ្មត​នូវ​អត្តភាព​មួយសែនកោដិ​បាន ដោយ​មួយរំពេច ជា​អ្នក​ឈ្លាសវៃ​ក្នុង​ឫទ្ធិ៍ គឺ​ការ​ធ្វើ​ផ្សេង ៗ ជា​អ្នក​ស្ទាត់​ជំនាញ​ក្នុង​ឫទ្ធិ៍។ អាត្មា​ជាមោគ្គល្លានគោត្រ ដល់​នូវ​ទីបំផុត​ដោយ​សមាធិ និងភាវៈ ស្ទាត់​ក្នុង​វិជ្ជា ជា​អ្នក​ប្រាជ្ញ មាន​ឥន្រ្ទិយតាំង​មាំ ក្នុង​សាសនា (នៃ​ព្រះ​សាស្ដា) ប្រាស​ចាក​តណ្ហានិស្ស័យជាដើម បាន​កាត់​នូវ​ចំណង គឺ​កិលេស ដូចដំរីផ្ដាច់​ទន្លីង ដែល​គេ​ធ្វើ​ដោយ​វល្លិ៍ស្អុយ។

ទ. ១២៦

ព្រះ​សាស្ដា ខ្ញុំ​បំរើ​ហើយ។បេ។ តណ្ហា ដែល​ជាធម្មជាតិនាំសត្វ​ទៅ​កាន់​ភព ខ្ញុំ​បាន​ដក​ហើយ។ កុលបុត្រ ចេញ​ចាក​ផ្ទះ​ហើយ​ទៅ​បួស ក្នុង​សំណាក់​បុគ្គល​មិន​មា​នផ្ទះ ដើម្បី​ប្រយោជន៍​ណា ប្រយោជន៍ជា​គ្រឿង​អស់​សំយោជនៈ​គ្រប់​យ៉ាង​នោះ ក៏​ខ្ញុំ​បាន​សម្រេច​ហើយ។ ទុស្សីមារ បៀត​បៀន​នូវ​ព្រាហ្មណ៍ គឺអគ្គសាវ័កឈ្មោះ វិធូរៈ​ផង នូវ​ព្រះ​សម្មាសម្ពុទ្ធ ទ្រង់​ព្រះ​នាម​កក្កុសន្ធៈ​ផង ហើយឆេះនៅ​ក្នុង​នរក​ណា នរកនោះ ដូចម្ដេចទៅ។ ទុស្សីមារ បៀត​បៀន​នូវ​ព្រាហ្មណ៍ គឺសាវ័កឈ្មោះ វិធូរៈ​ផង នូវ​ព្រះ​សម្មាសម្ពុទ្ធ ទ្រង់​ព្រះ​នាម​កក្កុសន្ធៈ​ផង ហើយឆេះនៅ​ក្នុង​នរក​ណា នរក​នោះ ប្រាកដដូច្នេះ គឺកង្វារដែក ១០០ កើតវេទនាផ្សេង ៗ គ្នា គ្រប់​យ៉ាង។ ភិក្ខុ​ណាជាសាវ័ក​របស់​ព្រះ​ពុទ្ធ ដឹងជាក់​លាក់​នូវ​ផល​នៃកម្មនោះ ម្នាល​មារ​មាន​ចិត្តខ្មៅ អ្នក​បៀត​បៀន​នូវ​ភិក្ខុ​បែបនោះ​ហើយ នឹងដល់​នូវ​សេចក្ដី​ទុក្ខ​មិន​ខាន។ វិមាន​ទាំង​ឡាយ​ណា តាំង​នៅ​អស់​មួយកប្ប ឋិត​នៅ​ក្នុង​កណ្ដាល​សាគរ មាន​ពណ៌​ដូច​ជាកែវពិទូរ្យ​ដ៏រុង​រឿង មាន​ពន្លឺភ្លឺផ្លេក មាន​ពួក​ស្រីអប្សរ​ដ៏​ច្រើនមាន​វណ្ណៈ​ផ្សេង ៗ រាំ​ក្នុង​វិមាន​ទាំង​នោះ ភិក្ខុ​ណាដឹងជាក់​លាក់​នូវ​ផល​នៃ​កម្ម​នោះ។បេ។ ម្នាលមារមាន​ចិត្តខ្មៅ អ្នក​នឹងដល់​នូវ​សេចក្ដីទុក្ខ។ទ. ១២៧

មួយ​ទៀត ភិក្ខុ​ណាដែល​ព្រះ​ពុទ្ធ​ជាម្ចាស់ ទ្រង់​ដាស់​តឿន​ហើយ កាល​ភិក្ខុ​សង្ឃកំពុងមើល (ភិក្ខុ​នោះ​) បាន​ធ្វើ​មិគារមាតុប្រាសាទ ឲ្យ​កក្រើកញាប់​ញ័រ ដោយ​ចុង​មេជើង។ ភិក្ខុ​ណាដឹងជាក់​លាក់​នូវ​ផល​នៃកម្មនោះ​បាន។បេ។ ម្នាលមារមាន​ចិត្ត​ខ្មៅ អ្នក​នឹងដល់​នូវ​សេចក្ដីទុក្ខ។ ភិក្ខុ​ណាធ្វើ​វេជយន្ដប្រាសាទ ឲ្យ​កក្រើកញាប់​ញ័រ ដោយ​ចុង​មេជើង ភិក្ខុ​នោះ ជា​អ្នក​អង់​អាច​ដោយ​កំឡាំងឫទ្ធិ៍ ធ្វើ​ពួក​ទេវតាឲ្យ​សង្វេគ​ហើយ។ ភិក្ខុ​ណាដឹងជាក់​លាក់​នូវ​ផល​នៃកម្មនុ៎ះបាន។បេ។ ម្នាលមារ​មាន​ចិត្ត​ខ្មៅ អ្នក​នឹងដល់​នូវ​សេចក្ដីទុក្ខ។ ភិក្ខុ​ណា (គង់​លើ​) វេជយន្ដប្រាសាទ ភិក្ខុ​នោះ ក៏សួរសក្ក​ទេវរាជថា ម្នាលអាវុសោ អ្នក​ដឹង​នូវ​ការអស់ និង​ការ​ផុត​ស្រឡះ​ចាក​តណ្ហាដែរឬទេ សក្កទេវរាជ លុះព្រះ​ថេរៈ​សួរប្រស្នា​ហើយ ក៏ឆ្លើយ​ដោះ​ស្រាយ​តាមសេចក្ដីពិតដល់​លោក ភិក្ខុ​ណា​ដឹង​ជាក់​លាក់​នូវ​ផល​នៃកម្មនុ៎ះ។បេ។ ម្នាលមារ មាន​ចិត្តខ្មៅ អ្នក​នឹង​ដល់​នូវ​សេចក្ដីទុក្ខ។ ភិក្ខុ​ណាជា​បុគ្គល​ក្លៀវក្លា សួរប្រស្នា​នឹងព្រហ្ម​ក្នុង​សភាឈ្មោះ​សុធម្មាថា ម្នាលអាវុសោ សេចក្ដីយល់​ណា​របស់​អ្នក ដែល​មាន​ហើយ ក្នុង​កាលពី​ដើម សេចក្ដីយល់​របស់​អ្នក​នោះ នៅ​ដូច​ថ្ងៃ​នេះ​ឬ អ្នក​ឃើញពន្លឺរស្មី (នៃ​ព្រះ​មាន​បុណ្យ និងសាវ័ក) គ្រប​សង្កត់​ក្នុង​ព្រហ្មលោកដែរឬទេ ព្រហ្ម លុះព្រះ​ថេរៈ​សួរប្រស្នា​ហើយ ក៏ឆ្លើយដោះសារ តាម​សេចក្ដីពិតដល់​លោកថាទ. ១២៨

បពិត្រ​លោកនិទ៌ុក្ខ សេចក្ដីយល់​ណារបស់​ខ្ញុំ ដែល​មាន​ហើយ ក្នុង​កាលពីដើម សេចក្ដីយល់​របស់​ខ្ញុំ​នោះ មិន​មាន​ទេ។ ខ្ញុំ​ឃើញ​ពន្លឺរស្មី (របស់​ព្រះ​មាន​បុណ្យ និងសាវ័ក) គ្រប​សង្កត់​ក្នុង​ព្រហ្ម​លោក ខ្ញុំ​នោះ​នឹងលះ​បង់​នូវ​ពាក្យ​របស់​ខ្ញុំ ដែល​យល់​ឃើញថា អាត្មា​អញជា​បុគ្គល​ទៀង​ទាត់ (នោះ​) ក្នុង​ថ្ងៃ​នេះ​ហើយ។ ភិក្ខុ​ណាដឹងជាក់​លាក់​នូវ​ផល​នៃកម្មនោះ។បេ។ ម្នាលមារ​មាន​ចិត្តខ្មៅ អ្នក​នឹងដល់​នូវ​សេចក្ដីទុក្ខ។ ភិក្ខុ​ណាបាន​ឃើញកំពូល​ភ្នំមហា​សិនេរុផង ឃើញជម្ពូទ្វីបផង ឃើញបុព្វវិទេហទ្វីបផង ឃើញពួក​មនុស្ស​ដេក​លើ​ផែន​ដី (នៅ​ក្នុង​អបរគោយានទ្វីប និងឧត្តរកុរុទ្វីប) ផង ដោយ​ឈានវិមោក្ខ ភិក្ខុ​ណាដឹង​ជាក់​លាក់​នូវ​ផល​នៃកម្មនោះ។បេ។ ម្នាលមារ​មាន​ចិត្តខ្មៅ អ្នក​នឹងដល់​នូវ​សេចក្ដីទុក្ខ។ ធម្មតាភ្លើងមិន​ដែល​គិតថា អញ​នឹងឆេះរលាក​មនុស្សពាលទេ តែប្រសិន​ជា​មនុស្ស​ពាលពាល់​ភ្លើង​ដែល​ឆេះ​ហើយ (ភ្លើង) ក៏ឆេះរលាកនូវ​បុគ្គល​ពាល​នោះ​ឯង ម្នាលមារ អ្នក​បៀត​បៀន​នូវ​ព្រះ​តថាគត​នោះ មុខជានឹងឆេះរលាកខ្លួន​ឯងវិញ ដូច​មនុស្ស​ពាល​ពាល់​ភ្លើង យ៉ាង​នោះ​ដែរ។ ម្នាល​មារមាន​ចិត្តបាប មារ​ឯង បៀត​បៀន​នូវ​ព្រះ​តថាគត​នោះ មុខជានឹង​បាន​សោយបាប អ្នក​សំគាល់​ថា បាប​នឹងមិនឲ្យ​ផលដល់​អញឬអ្វី។ទ. ១២៩

ម្នាលមារ​មាន​ចិត្ត​លាមក បាប​របស់​អ្នក​កាល​ធ្វើ រមែង​ប្រព្រឹត្ត​ទៅ (មិន​ជា​ប្រយោជន៍) អស់​កាល​ដ៏យូរ ម្នាលមារ អ្នក​ចូរនឿយណាយចាក​បុគ្គល​អ្នក​ត្រាស់​ដឹង នូវ​សច្ចៈ​ទាំង ៤ ប្រការ អ្នក​កុំ​ធ្វើ​នូវ​សេចក្ដីប៉ុនប៉ង ដើម្បី​បៀត​បៀនភិក្ខុ​ឡើយ។

ភិក្ខុ (មោគ្គល្លានត្ថេរ) បាន​គំរាមមារ ក្នុង​ភេសកឡាវ័ន​ដោយ​ប្រការ​ដូច្នេះ​ហើយ មារ ជាយក្ខនោះ ក៏អាក់​អន់​ចិត្ត ហើយបាត់​ទៅ​ក្នុង​ទី​នោះ​ឯង ព្រោះ​ហេតុ​តែ​សេចក្ដី​គំរាម (នៃ​ព្រះ​មោគ្គល្លាន)។

ឮថា ព្រះ​មហាមោគ្គល្លានត្ថេរមាន​អាយុ បាន​សំដែងនូវ​គាថា​ទាំង​ឡាយ ដោយ​ប្រការ​ដូច្នេះ​ឯង។

ឧទ្ទាន

ព្រះ​មោគ្គល្លានត្ថេរ មាន​ឫទ្ធិច្រើន តែ​មួយ​អង្គ​ឯង សំដែងនូវ​គាថា​ទាំង​ឡាយ ក្នុង​សដ្ឋិកនិបាត គាថា​ទាំង​នោះ មាន​ចំនួន ៦៨ គាថា។

ចប់ សដ្ឋិកនិបាត។

មហានិបាត

sut.kn.tha.21 | book_057
ទ. ១៣០

(២១. មហានិបាតោ)

វង្គីសត្ថេរមាន​អាយុ បាន​សំដែង​គាថា

sut.kn.tha.21.01 | book_057

(១. វង្គីសត្ថេរគាថា)

[២៦៥] វិតក្កៈ​ទាំង​ឡាយ​នេះ ជាសភាវៈ​ឃ្នើសឃ្នង ព្រោះជា​របស់​លាមក តែង​គ្រប​សង្កត់​អាត្មា​អញ ដែល​ចេញ​ចាក​ផ្ទះ បួស​ក្នុង​ព្រះ​ពុទ្ធសាសនា (ដូច) ពួក​ខ្មាន់​ធ្នូ​ដ៏​ប្រសើរ ជា​កូន​អ្នក​ខ្ពង់​ខ្ពស់ សិក្សាស្ទាត់​ហើយ មាន​ធ្នូ​ដ៏មាំ គប្បី​បាញ់​ប្រសាច​នូវ​ព្រួញ ទាំង​ពាន់​ជុំវិញ​ខ្លួន (សត្រូវ) មិន​ឲ្យ​រត់​រួច​បាន។ បើពួក​ស្រី​ប៉ុណ្ណេះ (ឬ) លើ​សជាងនេះ នឹងមក ក៏គង់​បៀត​បៀនអាត្មា​អញមិន​បាន (ព្រោះ) អាត្មា​អញ​បាន​តាំង​មាំនៅ​ក្នុង​ធម៌​ទាំង​ឡាយ​ហើយ។ ព្រះ​ពុទ្ធដីកា​របស់​ព្រះ​ពុទ្ធ ជាអាទិច្ចពន្ធុ អាត្មា​អញ​បាន​ស្ដាប់​ម្ដង​ហើយ ចិត្ត​របស់​អាត្មា​អញត្រេកអរ​ក្នុង​ផ្លូវ​ជា​ទីទៅ​កាន់​ព្រះ​និព្វាន​នោះ​ហើយ។ ម្នាល​មារលាមក បើ​អ្នក​ចូលមក​បំបាក់​យើង ដែល​កំពុងចុះចិត្តស៊ប់​ក្នុង​វិបស្សនា​យ៉ាង​នេះ អ្នក​មិន​បាន​ឃើញផ្លូវ​របស់​យើង យ៉ាង​ណា យើង​នឹង​ធ្វើ​អ្នក​ឲ្យ​ដល់​នូវ​សេចក្ដី​ស្លាប់ យ៉ាង​នោះ​ដែរ។

បុគ្គល​ណា លះ​បង់​នូវ​សេចក្ដីអផ្សុក នូវ​សេចក្ដីត្រេកអរ នូវ​សេចក្ដីត្រិះ​រិះ ដែល​អាស្រ័យ​នូវ​ផ្ទះ ដោយ​ប្រការ​ទាំង​ពួង មិន​ធ្វើ​នូវ​សេចក្ដីប្រាថ្នា​ក្នុង​វត្ថុណា​មួយ ជា​អ្នក​មិន​មាន​សេចក្ដីប្រាថ្នា ព្រោះមិន​មាន​សេចក្ដីប្រាថ្នា បុគ្គល​នោះ ឈ្មោះ​ថាភិក្ខុ។ទ. ១៣១ ក្នុង​លោក​នេះ វត្ថុណា​មួយ នៅ​លើ​ផែនដីក្ដី លើ​អាកាសក្ដី ដែល​រាប់​ចូល​ក្នុង​ភព ៣ មាន​សភាវៈ​វិនាស​ទៅ វត្ថុ​ទាំង​អស់​នោះ ជា​របស់​មិនទៀង រមែង​ទ្រុឌ​ទ្រោមទៅ អ្នក​ប្រាជ្ញ​ទាំង​ឡាយ រមែង​យល់​ច្បាស់​យ៉ាង​នេះ។ ពួក​ជនរមែង​ជាប់​ចំពាក់​ក្នុង​ឧបធិ គឺរូប និង​សំឡេង ដែល​ឃើញ​ហើយ ឮ​ហើយ​ផង គឺក្លិន រស និងផោដ្ឋព្វៈ ដែល​ទង្គិច​ហើយ ប៉ះពាល់​ហើយ​ផង អ្នក​ចូរ​ជា​បុគ្គល​មិន​មាន​សេចក្ដីញាប់​ញ័រ បន្ទោ​បង់​នូវ​សេចក្ដីប្រាថ្នា ក្នុង​កាម​ទាំង​នោះ​ចេញ ព្រោះបុគ្គល​ណា មិន​ជាប់​ក្នុង​កាមគុណ​នុ៎ះ ពួក​អ្នក​ប្រាជ្ញទើបហៅ​បុគ្គល​នោះ ថា​ជាមុនី។ បុគ្គល​អន្ធពាល មាន​វិតក្កៈ អាស្រ័យ​នូវ​ទិដ្ឋិ ៦៨ រមែង​ជា​អ្នក​តាំង​នៅ​មាំ​ហើយ​ក្នុង​អធម៌ ព្រោះ​តែខ្លួន​ជាបុថុជ្ជន បុគ្គល​ណាមិនលុះ​ក្នុង​ពួក​នៃមិច្ឆាទិដ្ឋិ ក្នុង​វត្ថុ​ណា​មួយ ទាំង​ជា​អ្នក​មិន​និយាយអាក្រក់ បុគ្គល​នោះ ឈ្មោះ​ថាភិក្ខុ។ អ្នក​ប្រាជ្ញ​មាន​ចិត្តតម្កល់​មាំ អស់​កាល​យូរ​ហើយ ជា​អ្នក​មិនកុហក មាន​ប្រាជ្ញាល្អិត មិន​មាន​តណ្ហា ជា​អ្នក​បរិបូណ៌​ដោយ​មោនេយ្យធម៌ រំលត់​កិលេស ហើយបាន​សម្រេច​នូវ​សន្ដបទ ព្រោះ​អាស្រ័យ (ព្រះ​និព្វាន​) រង់​ចាំ​តែបរិនិព្វាន​កាល។ទ. ១៣២ ម្នាល​អ្នក​ជាគោត្រ​នៃ​ព្រះ​គោតម អ្នក​ចូរ​លះ​បង់​នូវ​មានះផង ចូរលះ​បង់​នូវ​ផ្លូវ​នៃ​មានះ កុំឲ្យ​មាន​សេសសល់​ផង (ព្រោះ) បុគ្គល​ជ្រប់​នៅ​ក្នុង​ផ្លូវ​នៃមានះ​ហើយ រមែង​មាន​សេចក្ដីក្ដៅ​ក្រហាយ អស់​កាល​យូរ។ ពួក​សត្វ​ដែល​ត្រូវសេចក្ដី​លុប​គុណ​គ្រប​សង្កត់ ត្រូវមានះ​បៀត​បៀន​ហើយ រមែង​ធ្លាក់​ទៅ​ក្នុង​នរក ពួក​ជន​ដែល​មានះបៀត​បៀន​ហើយ រមែង​ទៅ​កើត​ក្នុង​នរក សោក​សៅ​អស់​កាលយូរ។ ភិក្ខុ​អ្នក​ឈ្នះកិលេស​ដោយ​មគ្គ អ្នក​ប្រតិបត្តិ​ដោយ​ប្រពៃ រមែង​មិន​សោកសៅ​ក្នុង​កាល​ណាម្ដងឡើយ ភិក្ខុ​ណាបាន​នូវ​កិត្តិយស​ផង បាន​នូវ​សេចក្ដីសុខផង ពួក​បណ្ឌិត​តែងហៅភិក្ខុ​នោះ ថា​ជា​អ្នក​ឃើញធម៌​ដោយ​ពិត។ ហេតុ​នោះ ភិក្ខុ​អ្នក​មិនរឹងរូស មាន​ព្យាយាម​ក្នុង​សាសនា​នេះ លះ​បង់​នូវ​នីវរណៈ​ទាំង​ឡាយ ជា​អ្នក​បរិសុទ្ធ លះ​បង់​នូវ​មានះ មិន​ឲ្យ​មាន​សេសសល់ រមែង​ជា​អ្នក​ធ្វើ​នូវ​ទីបំផុត​នៃវិជ្ជា ជា​អ្នក​ស្ងប់​រម្ងាប់​កិលេស។

ទ. ១៣៣

ខ្ញុំ​ក្ដៅក្រហាយ ចិត្ត​របស់​ខ្ញុំ​អន្ទះអន្ទែង ព្រោះ​តែកាមរាគៈ បពិត្រ​ព្រះ​អានន្ទ ជាគោតមគោត្រ សូមលោកមេត្តាសំដែងនូវ​ធម៌ ជា​គ្រឿង​ញ៉ាំង​កាមរាគៈ​នោះ ឲ្យ​រលត់ ដោយ​សេចក្ដីអនុគ្រោះចុះ។

ចិត្ត​របស់​លោកអន្ទះអន្ទែង ព្រោះ​តែវិបល្លាស​នៃសញ្ញា លោក​ចូរលះ​បង់​នូវ​សុភនិមិត្ត ដែល​ប្រកប​ដោយ​កាមរាគៈ​ចោលចេញ។ លោក​ចូរចំរើន​ឯកគ្គតា​ចិត្ត ឲ្យ​តម្កល់​មាំល្អ ក្នុង​អសុភសញ្ញា ទាំង​កាយគតាសតិ ក៏ចូរ​ឲ្យ​មាន​ដល់​លោក លោក​ចូរមាន​សេចក្ដីនឿយណាយឲ្យ​ច្រើនចុះ។ ចូរចំរើន​អនិមិត្ត គឺ អនិច្ចានុបស្សនា ចូរ​ផ្ដាច់​នូវ​មានានុស័យ តទៅ លោក​នឹង​បាន​ស្ងប់​រម្ងាប់ ព្រោះ​លះ​បង់​មានះ។ បុគ្គល​មិន​គប្បី​ញ៉ាំង​ខ្លួន​ឲ្យ​ក្ដៅក្រហាយ ដោយ​វាចាណា គប្បី​ពោល​តែវាចា​នោះ បុគ្គល​មិន​គប្បី​បៀត​បៀន​ពួក​បុគ្គល​ដទៃ​ដោយ​វាចាណា វាចា​នោះ​ឯង ជាសុភាសិត។ វាចា​ណា ដែល​គេ​ទទួលត្រេកអរ បុគ្គល​គប្បី​ពោល​តែវាចាជា​ទី​ស្រឡាញ់​នោះ​ឯង បុគ្គល​កុំកាន់​យកពាក្យ​អាក្រក់ ពោល​តែ​ពាក្យ​ដែល​ជា​ទីពេញ​ចិត្ត​នៃ​ពួក​ជន​ដទៃ។ ពាក្យ​ពិត ជា​ពាក្យ​មិនស្លាប់ នេះ​ជា​ធម៌​មាន​មកពីបុរាណ ពួក​សប្បុរស តាំង​មាំ​ក្នុង​សច្ចៈ​ផង ក្នុង​អត្ថៈ​ផង ក្នុង​ធម្មៈ​ផង។ ព្រះ​ពុទ្ធ​ទ្រង់​ពោលវាចាណា ជាវាចាក្សេម ដើម្បី​ដល់​នូវ​ព្រះ​និព្វាន ដើម្បី​ធ្វើ​នូវ​ទី​បំផុត​នៃ​ទុក្ខ វាចា​នោះ​ឯង ជាវាចាឧត្តម ជាងវាចា​ទាំង​ឡាយ។ទ. ១៣៤

សារីបុត្រ ជា​បុគ្គល​មាន​ប្រាជ្ញាជ្រាលជ្រៅ ជា​អ្នក​ប្រាជ្ញ យល់​ផ្លូវ និង​មិន​មែន​ផ្លូវ មាន​ប្រាជ្ញាច្រើន រមែង​សំដែងធម៌ដល់​ពួក​ភិក្ខុ។ សារីបុត្រសំដែងធម៌ ដោយ​សង្ខេប​ក៏​បាន សំដែង​ដោយ​ពិស្ដារក៏​បាន លោក​មាន​សំឡេង​គឹកកងពីរោះ ដូច​សំឡេង​សាលិកា ទាំង​មាន​បដិភាណ​ផុសផុល។ កាលសារីបុត្រកំពុងសំដែង​ធម៌​នោះ ពួក​ភិក្ខុ​កំពុងស្ដាប់​សំឡេង​ដ៏ពីរោះ ក៏​មាន​ចិត្តអណ្ដែតអណ្ដូង ត្រេកអរ ផ្ចង់​សោតប្រសាទ ទៅ​រកសំឡេង ដែល​គួរ​ត្រេកអរ គួរ​ចង់​ស្ដាប់ គួរ​ប្រាថ្នា។

ពួក​ភិក្ខុ ៥០០ រូប ជា​អ្នក​ផ្ដាច់​បង់​នូវ​ចំណង គឺសំយោជនៈ ជា​អ្នក​មិន​មាន​ទុក្ខ មាន​ភព​ថ្មីអស់​ហើយ ជា​អ្នក​ស្វែង​រកគុណ បាន​មកជួបជុំគ្នា ដើម្បី​វិសុទ្ធិ បវារណា​ក្នុង​ថ្ងៃ ១៥ នេះ។ ព្រះ​រាជាចក្រពត្តិ មាន​អាមាត្យចោមរោម យាង​ប្រទក្សិណ​ផែនដី​ដែល​មាន​សាគរជា​ទីបំផុតនេះ ដោយ​ជុំវិញ យ៉ាង​ណា។ ពួក​សាវ័កមាន វិជ្ជា ៣ អ្នក​បំផ្លាញនូវ​មច្ចុរាជ រមែង​អង្គុយជិត (ព្រះ​សាស្ដា) ព្រះ​អង្គជា​បុគ្គល​ប្រសើរលើសលុប ឈ្នះសង្គា្រម គឺ​កិលេស អ្នក​ដឹកនាំនូវ​ពួក​ក្រុម ក៏​យ៉ាង​នោះ​ដែរ។ ពួក​សាវ័ក​ទាំង​អស់ ជា​បុត្រ​នៃ​ព្រះ​មាន​ព្រះ​ភាគ សភាវៈ​សោះសូន្យ ក្នុង​ពួក​នោះ មិន​មាន​ឡើយ ខ្ញុំ​ព្រះ​ករុណា សូមក្រាបថ្វាយ​បង្គំ ចំពោះ​ព្រះ​សាស្ដា ជា​ផៅពង្ស​នៃ​ព្រះ​អាទិត្យ ព្រះ​អង្គជា​អ្នក​បំផ្លាញនូវ​សរ គឺ​តណ្ហា។ទ. ១៣៥

ពួក​ភិក្ខុ​ច្រើនជាងពាន់ អង្គុយជិតព្រះ​សុគត ដែល​កំពុងសំដែងធម៌ ជា​គ្រឿង​ប្រាស​ចាក​រាគៈ គឺព្រះ​និព្វាន ឥតមាន​ភ័យ​អំពី​ទីណា។ ពួក​សាវ័កស្ដាប់​ធម៌​ដ៏​ធំ​ទូលាយ ដែល​ព្រះ​សម្មា​សម្ពុទ្ធ ទ្រង់​សំដែង​ហើយ ឱហ្ន៎ ព្រះ​សម្ពុទ្ធ មាន​ភិក្ខុ​ចោម​រោម​ហើយ ល្អ​ណាស់​តើ។ បពិត្រ​ព្រះ​មាន​ព្រះ​ភាគ ព្រះ​អង្គ​មាន​ព្រះ​នាម ថានាគ ជាឥសីគំរប់ ៧14) នៃឥសី​ទាំង​ឡាយ ព្រះ​អង្គជា​អ្នក​បង្អុរនូវ​ធម៌ ស្រោច​ពួក​សាវ័ក មាន​សភាព​ដូច​ជាមហា​មេឃបង្អុរនូវ​ភ្លៀង។ បពិត្រ​ព្រះ​អង្គ​មាន​ព្យាយាម​ធំ វង្គីសៈ ជាសាវ័ក ចេញ​ចាក​ទីនៅ​ក្នុង​វេលាថ្ងៃ ព្រោះមាន​សេចក្ដីប្រាថ្នា​ចង់​គាល់​ព្រះ​សាស្ដា ថ្វាយ​បង្គំ​ព្រះ​បាទា​របស់​ព្រះ​អង្គ។

ព្រះ​មាន​ព្រះ​ភាគ ទ្រង់​គ្រប​សង្កត់​ផ្លូវ​ខុស គឺ​កិលេសមារ បាន​ប្រព្រឹត្ត​ទំលាយ​បង្គោល គឺ​កិលេស អ្នក​ទាំង​ឡាយ ចូរ​មើលព្រះ​ពុទ្ធនោះ ព្រះ​អង្គធ្វើ​ឲ្យ​រួច​ចាក​បំណង មិន​អាស្រ័យតណ្ហា ទ្រង់​ចែក​រំលែក​ធម៌ តាម​ចំណែក។ ព្រោះ​ថា ព្រះ​អង្គបាន​ប្រាប់​ផ្លូវ​ច្រើនប្រការ ដើម្បី​ជា​គ្រឿង​រលាស់​ឱឃៈ​ចោល កាលទ្រង់​សំដែង​ប្រាប់​អមតមហានិព្វាន​នោះ​ហើយ ពួក​ជនក៏​បាន​ឃើញច្បាស់​នូវ​ធម៌ តម្កល់​នៅ​នឹង មិន​មាន​អ្នក​ណាដឹកនាំទៅ​បាន។ទ. ១៣៦ ព្រះ​ពុទ្ធនោះ អ្នក​ធ្វើ​នូវ​ពន្លឺ ទ្រង់​ឆ្លុះរកវិញ្ញាណដ្ឋិតិ​របស់​សត្វ​ទាំង​អស់ បាន​ត្រាស់​ដឹង​ផង ធ្វើ​ឲ្យ​ជាក់​ច្បាស់​ផង ទ្រង់​យាង​កន្លងផ្លូវឆ្ងាយ​បាន ហើយសំដែងធម៌​ដ៏​ប្រសើរដល់​ពួក​បញ្ចវគ្គិយភិក្ខុ អ្នក​មាន​សទ្ធា ត្រាស់​ដឹង​ធម៌មុនគេ​បង្អស់។ កាល​បើធម៌​ដែល​ព្រះ​តថាគត​សំដែង​ល្អ​យ៉ាង​នេះ​ហើយ សេចក្ដីប្រមាទ​ដូចម្ដេច នឹង​មាន​ដល់​ពួក​ជន ដែល​ជា​អ្នក​ដឹង​ច្បាស់​នូវ​ធម៌បាន ព្រោះ​ហេតុ​នោះ បុគ្គល​មិន​គប្បី​ជា​អ្នក​ប្រមាទ ក្នុង​សាសនា​របស់​ព្រះ​មាន​ព្រះ​ភាគនោះ​ឡើយ គប្បី​នមស្ការ សិក្សា​តាម សព្វ ៗ កាល។

អញ្ញាកោណ្ឌញ្ញត្ថេរ ជា​អ្នក​ត្រាស់​ដឹងតាម​ព្រះ​ពុទ្ធ មាន​សេចក្ដីព្យាយាម​មាំមួន ជា​អ្នក​បាន​នូវ​វិវេក ជា​គ្រឿង​នៅ​ជា​សុខរឿយ ៗ។ កិច្ចណាដែល​សាវ័ក អ្នក​ធ្វើ​តាម​សាសនា​នៃ​ព្រះ​សាស្ដា គប្បី​សម្រេច កិច្ចនោះ ព្រះ​អញ្ញាកោណ្ឌញ្ញត្ថេរ អ្នក​មិន​ប្រហែស​ធ្វេស សិក្សាបាន​សម្រេច​ទាំង​អស់​ហើយ។ អញ្ញាកោណ្ឌញ្ញត្ថេរ មាន​អនុភាពច្រើន បាន​សម្រេច​វិជ្ជា ៣ ស្ទាត់​ក្នុង​ចេតោបរិយញ្ញាណ ជាពុទ្ធទា​យាទ ថ្វាយ​បង្គំ​ព្រះ​បាទា​នៃ​ព្រះ​សាស្ដា។

ពួក​សាវ័ក បាន​សម្រេច​វិជ្ជា ៣ ជា​អ្នក​សាបសូន្យចាក​មច្ចុរាជ នាំគ្នា​អង្គុយ​ជិត​ព្រះ​មុនី ព្រះ​អង្គជា​អ្នក​ដល់​នូវ​ត្រើយ​នៃ​ទុក្ខ ទ្រង់​គង់​នៅ (ដោយ​ចេតោបរិយញ្ញាណ) ខាងភ្នំឥសិគិលិ។ទ. ១៣៧ ព្រះ​មោគ្គល្លានត្ថេរ មាន​ឫទ្ធិ៍ច្រើន យកចិត្ត​ទុក​ដាក់​ស្វះ​ស្វែង​រកចិត្ត ដែល​ផុត​ចាក​កិលេស ជាចិត្តមិន​មាន​ឧបធិ របស់​ព្រះ​ខីណាសវ​ភិក្ខុ​ទាំង​ឡាយ​នុ៎ះ។ បពិត្រ​ព្រះ​គោតម ពួក​សាវ័ក តែងអង្គុយជិតព្រះ​អង្គ ជា​ព្រះ​មុនី បរិបូណ៌​ដោយ​អវយវៈ​គ្រប់​យ៉ាង ព្រះ​អង្គដល់​នូវត្រើយ​នៃ​ទុក្ខ ព្រះ​អង្គបរិបូណ៌​ដោយ​អាការ​ច្រើនប្រការ យ៉ាង​នេះ។

ព្រះ​ចន្ទរុងរឿង ឰដ៏នភាល័យ ដែល​ប្រាស​ចាក​ពពក ព្រះ​អាទិត្យ ប្រាស​ចាក​មន្ទិល យ៉ាង​ណា​មិញ បពិត្រ​ព្រះ​មហាមុនី ព្រះ​នាម​អង្គីរសៈ ព្រះ​អង្គរុងរឿង ផ្សាយ​ទៅ​កាន់​លោក​ទាំង​មូល ដោយ​យសបរិវារ ក៏​យ៉ាង​នោះ​ដែរ។

កាលពីដើម យើង​ខ្ញុំ​ពួក​កវី​រាប់​អាន បាន​ដើរចេញ​ពីស្រុកមួយ ទៅ​ស្រុកមួយ ពីបុរីមួយ ទៅ​បុរីមួយ វេលានោះ យើង​ខ្ញុំ​បាន​ឃើញ​ព្រះ​សម្ពុទ្ធ ព្រះ​អង្គបាន​ដល់​នូវ​ត្រើយ​នៃធម៌​ទាំង​ពួង។ ព្រះ​មុនីនោះ ព្រះ​អង្គជា​អ្នក​ដល់​នូវ​ត្រើយ​នៃ​ទុក្ខ បាន​សំដែងធម៌ដល់​ខ្ញុំ យើង​ខ្ញុំ លុះបាន​ស្ដាប់​ធម៌​ហើយ ក៏​មាន​ចិត្តជ្រះ​ថ្លា មាន​សទ្ធា​កើត​ឡើង។ ខ្ញុំ​បាន​ស្ដាប់​ព្រះ​ពុទ្ធដីកា​នៃ​ព្រះ​មុនីនោះ​ហើយ ក៏​បាន​ដឹង​ច្បាស់​នូវ​ខន្ធ អាយតនៈ និងធាតុ​ទាំង​ឡាយ ហើយចេញ​ចាក​ផ្ទះ បួស​ក្នុង​សំណាក់​នៃបុគ្គល​មិន​មាន​ផ្ទះ។ទ. ១៣៨ ឱហ្ន៎ ព្រះ​តថាគត​ទាំង​ឡាយ​កើត​ឡើង ដើម្បី​ប្រយោជន៍ដល់​ស្រី និង​ប្រុស​ដ៏​ច្រើន ដែល​ជា​អ្នក​ធ្វើ​តាមពាក្យ​ប្រៀនប្រដៅ។ ពួក​ភិក្ខុ និង​ពួក​ភិក្ខុ​នីណា បាន​ឃើញ​នូវ​កំណត់ ដែល​គេ​កត់​ទុក​ហើយ ព្រះ​មុនីបាន​ត្រាស់​ដឹងពោធិញ្ញាណ ដើម្បី​ប្រយោជន៍​ដល់​ពួក​ភិក្ខុ និង​ពួក​ភិក្ខុ​នី​ទាំង​នោះ​ឯង។ អរិយសច្ច​ទាំង ៤ ប្រការ គឺទុក្ខ ១ ការ​កើត​នៃ​ទុក្ខ ១ ការ​កន្លងផុតនូវ​ទុក្ខ ១ មគ្គប្រកប​ដោយ​អង្គ ៨ ប្រការ​ដ៏​ប្រសើរ ជាដំណើរទៅ​កាន់​សេចក្ដី​រលត់​ទុក្ខ ១ ព្រះ​ពុទ្ធ ជាវង្ស​នៃ​ព្រះ​អាទិត្យ មាន​ចក្ខុ គឺប្រាជ្ញា ទ្រង់​បាន​សំដែង​ទុក​ល្អ​ហើយ ដើម្បី​អនុគ្រោះដល់​សត្វ​ទាំង​ឡាយ។ ធម៌ គឺអរិយសច្ច​ទាំង​ឡាយ​នេះ ជា​ធម៌​ពិត ព្រះ​ពុទ្ធ​ទ្រង់​សំដែង​ហើយ យ៉ាង​នេះ អរិយ​សច្ច​ទាំង​នោះ ខ្ញុំ​បាន​ឃើញតាមពិត ប្រយោជន៍ខ្លួន ខ្ញុំ​បាន​សម្រេច​ហើយ ទាំង​ពាក្យ​ប្រៀនប្រដៅ​របស់​ព្រះ​ពុទ្ធ ខ្ញុំ​ក៏​បាន​ធ្វើ​ហើយ។ ខ្ញុំ​មកល្អ​ហើយ ក្នុង​សំណាក់​នៃ​ព្រះ​ពុទ្ធ​របស់​ខ្ញុំ កិច្ចណាដ៏​ប្រសើរ​ក្នុង​ធម៌​ទាំង​ឡាយ ដែល​ព្រះ​ពុទ្ធ​ទ្រង់​សំដែងវែកញែក​ហើយ​ដោយ​ប្រពៃ ខ្ញុំ​ក៏​បាន​សម្រេច​កិច្ច​នោះ​ហើយ។ ខ្ញុំ​បាន​សម្រេច​អភិញ្ញាបារមី បាន​ជំរះនូវ​សោតធាតុ បាន​នូវ​វិជ្ជា ៣ បាន​សម្រេច​ឫទ្ធិ៍ ជា​អ្នក​ឈ្លាសវៃ ក្នុង​ចេតោបរិយញ្ញាណ។ទ. ១៣៩

ខ្ញុំ​ព្រះ​អង្គសូមទូលសួរព្រះ​សាស្ដា ជា​បុគ្គល​មាន​ប្រាជ្ញាមិនថោកថយ ភិក្ខុ​ណា បាន​ផ្ដាច់​បង់​វិចិកិច្ឆា ក្នុង​អត្តភាពនេះ មាន​កេរ្ដិ៍ឈ្មោះ​ល្បីល្បាញ សម្បូរ​ដោយ​យស មាន​ចិត្ត​រំលត់​ក្ដៅក្រហាយ បាន​ធ្វើ​មរណកាល ក្នុង​អគាឡវចេតិយ។ បពិត្រ​ព្រះ​មាន​ព្រះ​ភាគ នាម​នៃ​ភិក្ខុ​ជាព្រាហ្មណ៍នោះ ព្រះ​អង្គឲ្យ​ឈ្មោះ​ថា និគ្រោធកប្បៈ លោក​នោះ មាន​ព្យាយាម​តឹង​តែង ជា​អ្នក​យល់​ឃើញធម៌មុតមាំ ប្រាថ្នា​នូវ​ព្រះ​និព្វាន បាន​ប្រព្រឹត្ត​នមស្ការ​ព្រះ​អង្គ។ បពិត្រ​ព្រះ​អង្គជាសក្កៈ មាន​ចក្ខុ​ជុំវិញ យើង​ខ្ញុំ​ទាំង​អស់​គ្នា ប្រាថ្នា​ចង់​ដឹង​សាវ័ក​នោះ យើង​ខ្ញុំ​ប្រុងសោតៈ​ដើម្បី​ស្ដាប់ ព្រះ​អង្គជាសាស្ដា​របស់​យើង​ខ្ញុំ ព្រះ​អង្គ​ជា​បុគ្គល​ប្រសើរ​បំផុត។ សូម​ព្រះ​អង្គ ទ្រង់​កាត់​សេចក្ដីសង្ស័យ​របស់​យើង​ខ្ញុំ សូមព្រះ​អង្គ​ប្រាប់​នូវ​សាវ័កនោះ បពិត្រ​ព្រះ​អង្គ​មាន​បញ្ញា​ដូច​ផែនដី មាន​ចក្ខុជុំវិញ ព្រះ​អង្គទ្រង់​ជា្របនូវ​ព្រាហ្មណ៍​ដែល​បរិនិព្វាន​ហើយ សូមសំដែង​ក្នុង​កណ្តាល​នៃ​ពួក​យើង​ខ្ញុំ ដូច​ជា​សក្កទេវរាជ មាន​ព្រះ​នេត្រមួយពាន់ (សំដែង​ក្នុង​កណ្ដាល) នៃទេវតា​ទាំង​ឡាយ។ទ. ១៤០ គន្ថៈ​ទាំង​ឡាយ (មាន​អភិជ្ឈាគន្ថៈ​ជាដើម) ណា​មួយ ជា​ផ្លូវនាំឲ្យ​វង្វេង ជាបក្ខពួក​នៃ​ការ​មិន​ដឹង ជា​ទីតាំង​នៃសេចក្ដីសង្ស័យ ក្នុង​លោក​នេះ គន្ថៈ​ទាំង​នោះ មកប៉ះ​នឹង​ព្រះ​តថាគត​ហើយ រមែង​មិនកើតឡើយ ព្រោះបញ្ញាចក្ខុ​របស់​ព្រះ​អង្គនុ៎ះ ឧត្តម​ជាង​ជន​ទាំង​ឡាយ។ ប្រសិនបើបុរស (ព្រះ​មាន​ព្រះ​ភាគ) មិន​កំចាត់​បង់​នូវ​កិលេស​ទាំង​ឡាយ ដូច​ជា​ខ្យល់​កំចាត់​នូវ​ដុំ​នៃពពកទេ លោក​ទាំង​មូល ដែល​អវិជ្ជា​រួបរឹត​ហើយ សម​នឹងងងឹត​ដោយ​ពិត សូម្បី​អ្នក​មាន​ពន្លឺ គឺបញ្ញាក៏​មិនអាចបំភ្លឺបាន។ អ្នក​ប្រាជ្ញ​ទាំង​ឡាយ ជា​អ្នក​ធ្វើ​ពន្លឺ ខ្ញុំ​ព្រះ​អង្គ​សំគាល់​ព្រះ​អង្គនោះ ថា​ជា​អ្នក​ប្រាជ្ញ យ៉ាង​នោះ​ដែរ យើង​ខ្ញុំ​ដឹង (នូវ​ធម៌​ទាំង​អស់) របស់​ជន​អ្នក​ចេះដឹង​ទាំង​ឡាយ ទើប​បាន​ចូលមក​ជិត សូមព្រះ​អង្គ​សំដែង​ប្រាប់​នូវ​និគ្រោធកប្បត្ថេរ (ជាឧបជ្ឈាយ) ឲ្យ​ច្បាស់​លាស់ ដល់​យើង​ខ្ញុំ ក្នុង​កណ្ដាល​បរិស័ទ។ បពិត្រ​ព្រះ​អង្គ​មាន​ព្រះ​សូរសៀងពីរោះ សូមព្រះ​អង្គបញ្ចេញឆាប់ ៗ នូវ​ព្រះ​ពុទ្ធដីកា​ដ៏ពីរោះ ដោយ​ព្រះ​សូរសៀងមូល ដែល​បច្ច័យ​តាក់​តែងល្អ​ហើយ ដូចហង្ស​ដកក ហើយ​ស្រែកតិច ៗ ពួក​យើង​ខ្ញុំ​ទាំង​អស់​គ្នានោះ មាន​ចិត្ត​ត្រង់ ប្រុងចាំស្ដាប់។ទ. ១៤១

តថាគត បាន​ផ្ទញ់​ផ្ទាល់​នូវ​ជាតិ និង​មរណៈ ឲ្យ​សាបសូន្យ មិន​ឲ្យ​មាន​សេសសល់ នឹង​សំដែង​នូវ​ធម៌ ជា​គ្រឿង​កំចាត់​បង់​នូវ​បាប មែន​ពិត បុថុជ្ជន​ទាំង​ឡាយ មិន​មាន​ការ​ធ្វើ​បាន​តាមប្រាថ្នា​ទេ ព្រះ​តថាគត​ទាំង​ឡាយ មាន​ការ​ធ្វើ​បាន​តាម​បញ្ញា។

វេយ្យាករណ៍​ដ៏បរិបូណនេះ ព្រះ​អង្គជា​បុគ្គល​មាន​ប្រាជ្ញាត្រង់​ល្អ ផ្គូរផ្គង​ហើយ​ដោយ​ប្រពៃ ការ​ធ្វើ​អញ្ជលីជា​ទីបំផុតនេះ ខ្ញុំ​ព្រះ​អង្គបាន​ប្រណម្យ​ហើយ​ដោយ​ល្អ បពិត្រ​ព្រះ​អង្គ ជា​បុគ្គល​មាន​ប្រាជ្ញាធំ​ទូលាយ កាល​បើព្រះ​អង្គជ្រាប សូម​កុំធ្វើ​ឲ្យ​ខ្ញុំ​ព្រះ​អង្គ​វង្វេង​ឡើយ។ បពិត្រ​ព្រះ​អង្គ ជា​បុគ្គល​មាន​ព្យាយាមមាំ ព្រះ​អង្គ​ជ្រាប​ច្បាស់​នូវ​អរិយ​ធម៌ គឺសច្ច​ទាំង ៤ ដ៏ល្អ (ដោយ​អំណាចលោកិយធម៌) កាល​បើទ្រង់​ជ្រាបច្បាស់​ហើយ សូម​កុំធ្វើ​ឲ្យ​ខ្ញុំ​ព្រះ​អង្គវង្វេងឡើយ ខ្ញុំ​ព្រះ​អង្គ ប្រាថ្នា​ចង់​ស្ដាប់​ព្រះ​ពុទ្ធដីកា ដូច​ជា​បុរស​មាន​ខ្លួន​ក្ដៅអន្ទះអន្ទែង ក្នុង​កាលក្ដៅ ប្រាថ្នា​ចង់​បាន​ទឹក សូមព្រះ​អង្គបង្អុរនូវ​សុតៈ គឺ​ធម្មទេសនា។ និគ្រោធកប្បត្ថេរ បាន​ប្រព្រឹត្តនូវ​ព្រហ្មចារ្យ ប្រកប​ដោយ​ប្រយោជន៍​ណា ការ​ប្រព្រឹត្តិ​ព្រហ្មចារ្យ របស់​លោក​នោះ មិន​សាបសូន្យទេឬ និគ្រោធកប្បត្ថេរនោះ និព្វាន​ហើយ ដូចអសេក្ខវិមុត្តិ ឬសឧបាទិសេសទេ យើង​ខ្ញុំ​ចង់​ស្ដាប់​រឿងនោះ។

ទ. ១៤២

(ព្រះ​មានព្រះ​ភាគ ទ្រង់​ត្រាស់​ថា) និគ្រោធកប្បភិក្ខុ​ បាន​ផ្ដាច់​បង់​នូវ​សេចក្ដី​ប្រាថ្នា ក្នុង​នាម​រូបនេះ​អស់​ហើយ បាន​ផ្ដាច់​បង់​នូវ​ខ្សែ​នៃសេចក្ដីប្រាថ្នា ជា​ទី​ដេកនៅ​រឿយ ៗ ក្នុង​សន្ដាន អស់​រាត្រីកាល​ដ៏​វែង ទាំង​បាន​ឆ្លងចាក​ជាតិ និង​មរណៈ ឥត​មាន​សេស​សល់ ព្រះ​មាន​ព្រះ​ភាគ ប្រសើរ​ដោយ​ឥន្ទ្រិយ ៥ (មាន​សទ្ធិន្រ្ទិយ​ជាដើម) បាន​ត្រាស់​ហើយ​យ៉ាង​នេះ។

បពិត្រ​ព្រះ​អង្គជាឥសីគំរប់ ៧ ខ្ញុំ​ព្រះ​អង្គ​នេះ បាន​ឮព្រះ​ពុទ្ធដីកា​របស់​ព្រះ​អង្គ​ហើយ ក៏ជ្រះ​ថ្លា ឯកិច្ចការ​ដែល​ខ្ញុំ​ព្រះ​អង្គសួរ​ហើយ មិន​សោះសូន្យទេ ព្រះ​ខីណាសវ​ព្រាហ្មណ៍ មិន​បញ្ឆោត​ខ្ញុំ​ព្រះ​អង្គ។ សាវ័ក​របស់​ព្រះ​ពុទ្ធ ពោលយ៉ាង​ណា ធ្វើ​យ៉ាង​នោះ បាន​ផ្ដាច់​នូវ​សំណាញ់​ដ៏មាំ ដែល​មច្ចុ​អ្នក​មាន​មាយាផ្សាយ​ទៅ​ហើយ។ ព្រះ​មាន​ព្រះ​ភាគ ទ្រង់​គួរ​បាន​ទត​ឃើញ​ច្បាស់ នូវ​ខាង​ដើម​នៃឧបាទាន កប្បត្ថេរ​បាន​កន្លង​នូវ​លំ​នៅ​នៃ​មច្ចុរាជ ដែល​គេ​ឆ្លងបាន​ដោយ​កម្រ។ បពិត្រ​ព្រះ​អង្គ​ឧត្តម​ជាង​សត្វជើងពីរ ខ្ញុំ​ព្រះ​អង្គ​សូមក្រាប​ថ្វាយ​បង្គំ​និគ្រោធកប្បត្ថេរនោះ ជា​បុត្រ​របស់​ព្រះ​អង្គ ដែល​ទុក​ដូច​ជា​ទេវតា ឧត្តម​ជាង​ទេវតា ជាអនុជាតបុត្ត មាន​ព្យាយាមធំ ជា​បុគ្គល​មិនធ្វើ​បាប ជាឱរស​នៃ​ព្រះ​ពុទ្ធនាគ។

ឮថា វង្គីសត្ថេរមាន​អាយុ បាន​សំដែង​គាថា​ទាំង​ឡាយ ដោយ​ប្រការ​ដូច្នេះ។

ចប់ មហានិបាត។

ទ. ១៤៣

ក្នុង​សត្តតិនិបាត ព្រះ​វង្គីសត្ថេរ អ្នក​មានបដិភាណ​តែ ១ អង្គឯង ឥតមាន​ព្រះ​ថេរៈ​ឯ​ទៀត​ឡើយ (បាន​សំដែង) នូវគាថា​ទាំង​ឡាយ ៧១។ គាថា​ទាំង​នោះ មាន ១.៣៦០ ព្រះ​ថេរៈ​ទាំង​អស់ ២៦៤ អង្គ ជា​បុត្រ​របស់​ព្រះ​ពុទ្ធ មិន​មាន​អាសវៈ បាន​បន្លឺសីហនាទ សំដែង​ហើយ បាន​ដល់​នូវ​ទីបំផុត​ដ៏​ក្សេមក្សាន្ដ និព្វាន​ហើយ ដូច​ជាគំនរភ្លើងរលត់​ហើយ។

ចប់ ថេរគាថា។

សុត្តន្ដបិដក ខុទ្ទកនិកាយ ថេរីគាថា

សូមនមស្ការ ចំពោះព្រះ​មានព្រះ​ភាគ អរហន្ដសម្មាសម្ពុទ្ធ អង្គនោះ។

ថេរីគាថា

sut.kn.thi | book_057
ទ. ១៤៤

(ថេរីគាថា)

ឯកនិបាត

sut.kn.thi.01 | book_057

(១. ឯកកនិបាតោ)

អញ្ញតរាថេរីគាថា

sut.kn.thi.01.01 | book_057

(១. អញ្ញតរាថេរីគាថា)

[២៦៦] ម្នាលថេរី នាងចូរដេកលក់​ស្រួល នាងចូរធ្វើ (ចីវរបី) ដោយ​សំពត់ (បង្សុកូល) ហើយស្លៀក​ដណ្ដប់​ចុះ ព្រោះរាគៈ​របស់​នាងស្ងប់​រម្ងាប់​ហើយ ដូច​ជាបន្លែ​ស្ងួត​ក្នុង​ឆ្នាំង។

ឮថា ភិក្ខុ​នីមួយរូបជាថេរី មិន​ប្រាកដ (ដោយ​នាម និងគោត្រ​ជាដើម) បាន​ពោលគាថា មាន​បការៈ​ដូច្នេះ។

មុត្តាថេរីគាថា

sut.kn.thi.01.02 | book_057

(២. មុត្តាថេរីគាថា)

[២៦៧] ម្នាលនាងមុត្តា នាងចូររួច​ចាក​យោគៈ​ទាំង​ឡាយ ដូច​ជា​ព្រះ​ចន្ទ​ដែល​រាហូ​ចាប់ (ហើយរួច​អំពីដៃ) នាងមាន​ចិត្ត​រួច​ស្រឡះ មិន​មាន​បំណុលទេ ចូរ​បរិភោគ​ដុំ​បាយ​ចុះ។

ឮថា ព្រះ​មាន​ព្រះ​ភាគ ទ្រង់​ទូន្មានរឿយ ៗ នូវ​សិក្ខមានា ឈ្មោះ​មុត្តា ដោយ​គាថា មាន​បការៈ​ដូច្នេះ។

បុណ្ណាថេរី

sut.kn.thi.01.03 | book_057
ទ. ១៤៥

(៣. បុណ្ណាថេរីគាថា)

[២៦៨] ម្នាលនាងបុណ្ណា នាងចូរពេញ​ដោយ​ពោធិបក្ខិយធម៌​ទាំង​ឡាយ ដូច​ជា ព្រះ​ចន្ទ ក្នុង​ថ្ងៃ ១៥ កើត នាងចូរទំលាយនូវ​គំនរងងឹត គឺ​មោហៈ ដោយ​បញ្ញា​ដ៏​បរិបូណ៌។

បុណ្ណាថេរី។

តិស្សាថេរី

sut.kn.thi.01.04 | book_057

(៤. តិស្សាថេរីគាថា)

[២៦៩] ម្នាលនាងតិស្សា ចូរនាងសិក្សាតាមសិក្ខា កុំឲ្យ​យោគៈ​ទាំង​ឡាយ​គ្រប​សង្កត់​នាងបាន នាងចូរ​ជាស្រីប្រាស​ចាក​យោគៈ​ទាំង​អស់ មិន​មាន​អាសវៈ ប្រព្រឹត្ត​នៅ​ក្នុង​លោក។

តិស្សាថេរី។

តិស្សាថេរីមួយរូប

sut.kn.thi.01.05 | book_057

(៥. អញ្ញតរាតិស្សាថេរីគាថា)

[២៧០] ម្នាលនាងតិស្សា ចូរនាងប្រកប​ដោយ​ធម៌​ទាំង​ឡាយ ខណៈ​កុំ​កន្លងនាង​ឡើយ ព្រោះពួក​ជន​ដែល​ខណៈ​កន្លង​ហើយ រមែង​សោកស្ដាយពេញ​ប្រៀប​ក្នុង​នរក។

តិស្សាថេរីមួយរូប។

ធីរាថេរី

sut.kn.thi.01.06 | book_057

(៦. ធីរាថេរីគាថា)

[២៧១] ម្នាលនាងធីរា នាងចូរពាល់​ត្រូវនូវ​និរោធជា​សុខ ជា​ទីរម្ងាប់​នូវ​សញ្ញា នាង​ចូរត្រេកអរ​នឹង​ព្រះ​និព្វាន​ដ៏​ក្សេមចាក​យោគៈ​ប្រសើរបំផុត។

ធីរាថេរី។

ធីរាថេរីមួយរូប

sut.kn.thi.01.07 | book_057

(៧. វីរាថេរីគាថា)

[២៧២] ធីរាភិក្ខុ​នី មាន​ឥន្រ្ទិយអប់​រំ​ហើយ​ដោយ​ធម៌​ទាំង​ឡាយ ជា​ប្រធាន​នៃ​ព្យាយាម នាងចូរផ្ចាញ់​នូវ​មារ ព្រម​ទាំង​វាហនៈ ហើយ​ទ្រទ្រង់​នូវ​រាង​កាយ​ជា​ទី​បំផុត។

ធីរាថេរីមួយរូប។

មិត្តាថេរី

sut.kn.thi.01.08 | book_057
ទ. ១៤៦

(៨. មិត្តាថេរីគាថា)

[២៧៣] ម្នាលនាងមិត្តា នាងបួស​ដោយ​សទ្ធា​ហើយ ចូរ​ជា​អ្នក​ត្រេកអរ​ក្នុង​កល្យាណមិត្ត ចូរចំរើន​នូវ​កុសលធម៌​ទាំង​ឡាយ ដើម្បី​ដល់​នូវ​ព្រះ​និព្វាន ជា​ទី​ក្សេម​ចាក​យោគៈ។

មិត្តាថេរី។

ភទ្រាថេរី

sut.kn.thi.01.09 | book_057

(៩. ភទ្រាថេរីគាថា)

[២៧៤] ម្នាលនាងភទ្រា នាងបួស​ដោយ​សទ្ធា​ហើយ ចូរ​ជា​អ្នក​ត្រេកអរ​ក្នុង​ធម៌​ដ៏​ចំរើន (មាន​សីល​ជាដើម) នាងចូរចំរើន​នូវ​កុសលធម៌​ទាំង​ឡាយ (ដើម្បី​ដល់​) នូវ​ព្រះ​និព្វាន ជា​ទីក្សេមចាក​យោគៈ​ដ៏​ប្រសើរបំផុត។

ភទ្រាថេរី។

ឧបសមាថេរី

sut.kn.thi.01.10 | book_057

(១០. ឧបសមាថេរីគាថា)

[២៧៥] ម្នាលនាងឧបសមា នាងគប្បី​ឆ្លងអន្លង់ គឺសង្សារ ជា​ទីនៅ​នៃម្រឹត្យុ ដែល​ពួក​សត្វឆ្លងបាន​ដោយ​កម្រ​ក្រៃពេក ចូរនាងផ្ចាញ់​នូវ​មារ ព្រម​ទាំង​វាហនៈ ហើយ​ទ្រទ្រង់​នូវ​រាង​កាយជា​ទីបំផុត។

ឧបសមាថេរី។

មុត្តាថេរី

sut.kn.thi.01.11 | book_057

(១១. មុត្តាថេរីគាថា)

[២៧៦] ខ្ញុំ​ជា​អ្នក​រួច​ដោយ​ល្អ រួច​ដោយ​ប្រពៃ ព្រោះ​ការ​រួច​ចាក​អាការ​គម បី​យ៉ាង គឺត្បាល់15) ១ អង្រែ16) ១ ប្ដីគម17) ១ ខ្ញុំ​ជា​អ្នក​រួច​ចាក​ជាតិ និង​មរណៈ​ហើយ តណ្ហា​ជា​គ្រឿង​នាំ​ទៅ​កាន់​ភព ខ្ញុំ​ដកចេញ​ហើយ។

មុត្តាថេរី។

ធម្មទិន្នាថេរី

sut.kn.thi.01.12 | book_057
ទ. ១៤៧

(១២. ធម្មទិន្នាថេរីគាថា)

[២៧៧] នាងថេរីណា មាន​ចំណង់​កើត​ហើយ (ដើម្បី​ផល​ដ៏​ប្រសើរ) ញ៉ាំង​សមណកិច្ច​ឲ្យ​សម្រេច​ហើយ គប្បី​ជា​អ្នក​ពាល់​ត្រូវ (នូវ​ព្រះ​និព្វាន​) ដោយ​មគ្គ​ចិត្ត (បី​ខាង​ក្រោម) មាន​ចិត្តមិន​ជាប់​ទាក់​ទង​ក្នុង​កាម​ទាំង​ឡាយ (នាងថេរី​នោះ​) បណ្ឌិត​តែង​ហៅ​ថា ឧទ្ធំសោតា (អ្នក​មាន​ខ្សែ គឺមគ្គ និងខ្សែ គឺសង្សារ ក្នុង​ខាងលើ​)។

ធម្មទិន្នាថេរី។

វិសាខាថេរី

sut.kn.thi.01.13 | book_057

(១៣.វិសាខាថេរីគាថា)

[២៧៨] អ្នក​ទាំង​ឡាយ ចូរធ្វើ​តាម​ព្រះ​ពុទ្ធសាសនា ដែល​គេ​ធ្វើ​ហើយ មិន​ក្ដៅ​ក្រហាយតាមក្រោយ ចូរលាងជើង​ទាំង​ឡាយ​ឲ្យ​ឆាប់ ហើយ​អង្គុយ​ក្នុង​ទី​សម​គួរ។

វិសាខាថេរី។

សុមនាថេរី

sut.kn.thi.01.14 | book_057

(១៤.សុមនាថេរីគាថា)

[២៧៩] នាងឃើញធាតុ​ទាំង​ឡាយ ថា​ជា​ទុក្ខ កុំមកកាន់​កំណើតថ្មីទៀត​ឡើយ នាងរំសាយចំណង់​ក្នុង​ភពចេញ ទើបស្ងប់​រម្ងាប់​បាន។

សុមនាថេរី។

ឧត្តរាថេរី

sut.kn.thi.01.15 | book_057

(១៥. ឧត្តរាថេរីគាថា)

[២៨០] ខ្ញុំ​ជា​អ្នក​សង្រួម​ដោយ​កាយ ដោយ​វាចា ដោយ​ចិត្ត បាន​ដកតណ្ហា ព្រម​ទាំង​ឫស (ឬព្រម​ទាំង​អវិជ្ជា) ជា​អ្នក​មាន​ចិត្តត្រជាក់ សម្រេច​អនុបាទិសេស​និព្វាន​ធាតុ។

ឧត្តរាថេរី។

សុមនាថេរីបួសឯចាស់

sut.kn.thi.01.16 | book_057
ទ. ១៤៨

(១៦. វុឌ្ឍបព្ពជិតសុមនាថេរីគាថា)

[២៨១] ម្នាលនាងចំរើន​ដោយ​សីលាទិគុណ នាងចូរដេកស្រួល នាងចូរធ្វើ (ចីវរ) ដោយ​សំពត់ (បង្សុកូល) ស្លៀកដណ្ដប់ ព្រោះ​ថា បើរាគៈ​របស់​នាង​ស្ងប់​រម្ងាប់​ហើយ នាង​នឹងជាស្រ្ដីមាន​ចិត្តត្រជាក់ រលត់​កិលេស។

សុមនាថេរីបួសឯចាស់។

ធម្មាថេរី

sut.kn.thi.01.17 | book_057
ទ. ១៤៩

(១៧. ធម្មាថេរីគាថា)

[២៨២] ខ្ញុំ​មាន​កំឡាំងថយ កាន់​ឈើច្រត់ ដើរ​ទៅ​បិណ្ឌបាត មាន​ខ្លួន​ធេងធោង ដួល​លើ​ផែនដី​ក្នុង​ទី​នោះ​ឯង លំដាប់​នោះ ចិត្ត​របស់​ខ្ញុំ​ក៏​រួច​ស្រឡះ (ចាក​កិលេស) ព្រោះ​ឃើញ​ទោស​ក្នុង​កាយ។

ធម្មាថេរី។

សង្ឃាថេរី

sut.kn.thi.01.18 | book_057

(១៨. សង្ឃាថេរីគាថា)

[២៨៣] ខ្ញុំ​បាន​លះ​បង់​ផ្ទះ លះកូនជា​ទី​ស្រឡាញ់ និងសត្វចិញ្ចឹម ហើយមកបួស បាន​លះរាគៈ និងទោស​ៈ រំសាយអវិជ្ជា គឺ​មោហៈ បាន​ដកតណ្ហា ព្រម​ទាំង​ឫស ជា​ស្រីស្ងប់​រម្ងាប់ ហើយបាន​សម្រេច​អនុបាទិសេសនិព្វាន​ធាតុ។

សង្ឃាថេរី។

ចប់ ឯកនិបាត។

ទុកនិបាត

sut.kn.thi.02 | book_057

(២. ទុកនិបាតោ)

នន្ទាថេរី

sut.kn.thi.02.01 | book_057

(១. អភិរូបនន្ទាថេរីគាថា)

[២៨៤] ម្នាលនាងនន្ទា នាងចូរមើល (រាង​កាយ​នេះ​) មាន​ជំងឺជា​និច្ច មិន​ស្អាត ជា​របស់​ស្អុយ ដែល​ឆ្អឹង ៣០០ កំណាត់ ផ្គុំឡើង​ហើយ ចូរនាងអប់​រំចិត្ត​ដោយ​អសុភសញ្ញា ឲ្យ​ជាចិត្តមាន​អារម្មណ៍​តែ​មួយ តាំង​នៅ​មាំល្អ។ ចូរនាងចំរើន​នូវ​អនិមិត្ត ចូរលះ​ចោល​នូវ​មានានុស័យ នាង​នឹង​បាន​ស្ងប់​រម្ងាប់ ព្រោះបាន​លះនូវ​មានះនោះ។

ឮថា ព្រះ​មាន​ព្រះ​ភាគ ទ្រង់​ទូន្មានរឿយ ៗ នូវ​សិក្ខមានា ឈ្មោះ​នន្ទា ដោយ​គាថា​ទាំង​នេះ ដោយ​ប្រការ​ដូច្នេះ។

នន្ទាថេរី។

ជន្ដាថេរី

sut.kn.thi.02.02 | book_057

(២. ជេន្តាថេរីគាថា)

[២៨៥] ពោជ្ឈង្គប្រាំពីរនេះ​ណា ជាឧបាយ​ដើម្បី​ដល់​នូវ​ព្រះ​និព្វាន ពោជ្ឈង្គ​ទាំង​អស់​នោះ ខ្ញុំ​បាន​ចំរើន​តាមលំអាន ដែល​ព្រះ​ពុទ្ធ​ទ្រង់​សំដែង​ហើយ។ ព្រោះ​ថា ព្រះ​មាន​ព្រះ​ភាគអង្គនោះ ខ្ញុំ​បាន​ឃើញ​ហើយ រាង​កាយ​នេះ មាន​ក្នុង​ទីបំផុត ជាតិសង្សារ (នៃ​ខ្ញុំ) អស់​រលីង​ហើយ ឥឡូវ​នេះ ភព​ថ្មីមិន​មាន​ទៀត​ឡើយ។

ជន្ដាថេរី។

ថេរីភិក្ខុ​នីមួយរូប មាន​នាម និងគោត្រ មិន​ប្រាកដ

sut.kn.thi.02.03 | book_057

(៣. សុមង្គលមាតាថេរីគាថា)

[២៨៦] អញរួច​ស្រឡះ ផុតស្រឡះ រួច​ល្អ​ហើយចាក​អង្រែ (ប្ដី​របស់​អញ) មិន​មាន​សេចក្ដីអៀនខ្មាស (អញមិនគាប់​ចិត្ត) ទាំង​ឆត្រ (ក៏​មិនគាប់​ចិត្ត) អញដែរ អញ (ផុត​ស្រឡះ​) ចាក​ឆ្នាំង ចាក​ភាពជា​អ្នក​កំសត់។ទ. ១៥០ អញ​បាន​ផ្ដាច់​ផ្ដិលរាគៈ និងទោស​ៈ​ហើយ អញ​នោះ ចូល​ទៅ​រកគល់​ឈើ ហើយ​ចំរើន​ឈានជា​សុខថា ឱ សុខណាស់​តើ។

ថេរីភិក្ខុ​នីមួយរូប មាន​នាម និងគោត្រ មិន​ប្រាកដ។

អឌ្ឍកាសីថេរី

sut.kn.thi.02.04 | book_057

(៤. អឌ្ឍកាសិថេរីគាថា)

[២៨៧] សួយ​ក្នុង​ជនបទឈ្មោះ​កាសី មាន​ចំនួនប៉ុន្មាន សួយ​របស់​ខ្ញុំ ក៏​មាន​ចំនួន​ប៉ុណ្ណោះដែរ អ្នក​និគម បាន​ធ្វើ​ (ទ្រព្យចំនួន ៥០០) នោះ ឲ្យ​ជាថ្លៃ ហើយតាំងទុក​នូវ​ខ្ញុំ (ដោយ​ឈ្មោះ​ថាអឌ្ឍកាសី) ដែល​មាន​ថ្លៃ​ដោយ​ថ្លៃ។ ក្នុង​កាលជា​ខាង​ក្រោយ​មក ខ្ញុំ​ក៏​បាន​នឿយណាយ​ក្នុង​រូប កាល​បើនឿយណាយ ក៏រសាយចិត្តថា សូម​កុំឲ្យ​ខ្ញុំ​អន្ទោល​ទៅ​កាន់​ជាតិសង្សាររឿយ ៗ ទៀត វិជ្ជា ៣ ខ្ញុំ​បាន​ធ្វើ​ឲ្យ​ជាក់​ច្បាស់​ហើយ សាសនាព្រះ​ពុទ្ធ ខ្ញុំ​បាន​ធ្វើ​ហើយ។

អឌ្ឍកាសីថេរី។

ចិត្តាថេរី

sut.kn.thi.02.05 | book_057

(៥. ចិត្តាថេរីគាថា)

[២៨៨] ពិតមែន​តែ​ខ្ញុំ​ជាស្រីស្គម មាន​ជំងឺ មាន​កំឡាំងថយខ្លាំង ច្រត់​ដម្បងឡើង​ទៅ​លើ​ភ្នំ។ ដាក់​នូវ​សង្ឃាដី ផ្កាប់​នូវ​បាត្រទុក (អង្គុយ) លើ​ភ្នំ អាចទំលាយនូវ​គំនរងងឹត គឺ​មោហៈ​បាន ហើយសង្កត់​សង្កិននូវ​ខ្លួន (ដោយ​ការ​ទំលាយនូវ​គំនរ​ងងឹត គឺ​មោហៈ​នោះ​ឯង)។

ចិត្តាថេរី។

មេត្តិកាថេរី

sut.kn.thi.02.06 | book_057

(៦. មេត្តិកាថេរីគាថា)

[២៨៩] ពិតមែន​ហើយ​តែ​ខ្ញុំ​ជា​អ្នក​រងទុក្ខ មាន​កំឡាំងថមថយ មាន​វ័យកន្លង​ជ្រុល​ហើយ ច្រត់​ដំបងឡើង​ទៅ​លើ​ភ្នំ។ទ. ១៥១ ដាក់​នូវ​សង្ឃាដី ផ្កាប់​នូវ​បាត្រ អង្គុយលើ​ភ្នំ លំ​ដាប់​នោះ ចិត្ត​របស់​ខ្ញុំ​រួច​ស្រឡះ​ហើយ វិជ្ជា ៣ ខ្ញុំ​បាន​សម្រេច​ហើយ សាសនា​ព្រះ​ពុទ្ធ ខ្ញុំ​ក៏​បាន​ធ្វើ​ហើយ។

មេត្តិកាថេរី។

មិត្តាថេរី

sut.kn.thi.02.07 | book_057

(៧. មិត្តាថេរីគាថា)

[២៩០] ខ្ញុំ​ជា​អ្នក​ត្រេកអរ​នឹង​ពួក​ទេវតា (ក្នុង​ឋនចាតុម្មហារាជិកា) បាន​រក្សា​ឧបោសថប្រកប​ដោយ​អង្គ ៨ អស់​តិថីទី ១៤ តិថីទី ១៥ និងតិថីទី ៨ នៃបក្សផង និង​បាដិហារិកបក្ខៈ​ផង ថ្ងៃ​នេះ ខ្ញុំ​នោះ មាន​ភត្ត​តែម្ដង កោរសក់ ដណ្ដប់​សង្ឃាដី មិន​គប្បី​ប្រាថ្នា​នូវ​ពួក​ទេវតា (ណា​មួយ) ទេ គប្បី​បន្ទោបង់​នូវ​សេចក្ដី​ក្រវល់​ក្រវាយ ក្នុង​ហ្ឫទ័យ (តែប៉ុណ្ណោះ)។

មិត្តាថេរី។

អភយមាតាថេរី

sut.kn.thi.02.08 | book_057

(៨. អភយមាតុថេរីគាថា)

[២៩១] បពិត្រ​មាតា សូមលោកពិចារណារាង​កាយ​នេះ ជា​របស់​មិនស្អាត មាន​ក្លិនស្អុយ ខាងលើ​អំពីបាទជើង ខាងក្រោម​អំពីចុង​សក់។ កាល​ខ្ញុំ​ប្រព្រឹត្តយ៉ាង​នេះ បាន​ដករាគៈ​ទាំង​ពួង​ហើយ បាន​ផ្ដាច់​សេចក្ដីក្រវល់​ក្រវាយអស់​ហើយ ជា​អ្នក​មាន​ចិត្ត​ត្រជាក់ រលត់​ទុក្ខ​ហើយ។

អភយមាតាថេរី។

អភយាថេរី

sut.kn.thi.02.09 | book_057

(៩. អភយាថេរីគាថា)

[២៩២] ម្នាលនាងអភយា ពួក​បុថុជ្ជន​ជាប់​ចំពាក់​ក្នុង​រាង​កាយ​ណា រាង​កាយ (នោះ) ជាសភាពបែកធ្លាយ អាត្មា​អញជា​អ្នក​ដឹង​ខ្លួន មាន​ស្មារតីតាំងស៊ប់ នឹង​ដាក់​ចុះ​នូវ​រាង​កាយ​នេះ​ចោលចេញ។ទ. ១៥២ អាត្មា​អញត្រូវទុក្ខធម៌​ជា​ច្រើនពាល់​ត្រូវ​ហើយ ជា​អ្នក​ត្រេកអរ​ក្នុង​សេចក្ដីមិន​ប្រមាទ បាន​សម្រេច​នូវ​ការ​អស់​ទៅ​នៃ​តណ្ហា សាសនា​របស់​ព្រះ​ពុទ្ធ អាត្មា​អញ​បាន​ធ្វើ​ហើយ។

អភយាថេរី។

សាមាថេរី

sut.kn.thi.02.10 | book_057

(១០. សាមាថេរីគាថា)

[២៩៣] អាត្មា​អញមិន​ទាន់​បាន​សេចក្ដីស្ងប់​រម្ងាប់​នៃ​ចិត្ត មិន​លុះអំណាច​ក្នុង​ភាវនា​ចិត្ត បាន​ចេញ​ទៅ​ខាង​ក្រៅ​អំពីលំនៅ ៤ ដង ៥ ដង។ អាត្មា​អញ​នោះ ត្រូវ​ទុក្ខ​ធម៌​ជា​ច្រើនពាល់​ត្រូវ​ហើយ បាន​ដកតណ្ហា​ហើយ​ក្នុង​រាត្រីទី ៨ អាត្មា​អញជា​អ្នក​ត្រេកអរ​ក្នុង​សេចក្ដីមិន​ប្រមាទ បាន​សម្រេច​នូវ​ការ​អស់​ទៅ​នៃតណ្ហា សាសនា​របស់​ព្រះ​ពុទ្ធ អាត្មា​អញ​បាន​ធ្វើ​ហើយ។

សាមាថេរី។

ចប់ ទុកនិបាត។

តិកនិបាត

sut.kn.thi.03 | book_057
ទ. ១៥៣

(៣. តិកនិបាតោ)

សាមាថេរីដទៃ​ទៀត

sut.kn.thi.03.01 | book_057

(១. អបរាសាមាថេរីគាថា)

[២៩៤] តាំង​ពីកាលអាត្មា​អញបួសមក បាន ២៥ ឆ្នាំ​ហើយ អាត្មា​អញមិន​ទាន់​បាន​ស្គាល់​នូវ​សេចក្ដីស្ងប់​ចិត្តម្ដងទេ។ អាត្មា​អញមិន​បាន​សេចក្ដីស្ងប់​ចិត្ត មិន​លុះ​អំ​ណាច​ក្នុង​ភាវនាចិត្ត តែតមក អាត្មា​អញរឭកដល់​សាសនា​នៃ​ព្រះ​ជិនស្រី ក៏​បាន​ដល់​នូវ​សេចក្ដី​សំវេគ។ អាត្មា​អញត្រូវទុក្ខធម៌​ជា​ច្រើនពាល់​ត្រូវ​ហើយ ជា​អ្នក​ត្រេកអរ​ក្នុង​សេចក្ដី​មិន​ប្រមាទ បាន​សម្រេច​នូវ​ការអស់​ទៅ​នៃតណ្ហា សាសនា​របស់​ព្រះ​ពុទ្ធ អាត្មា​អញ​បាន​ធ្វើ​ហើយ ថ្ងៃ​នេះ​ជារាត្រី ទី ៧ របស់​អាត្មា​អញ ជារាត្រី​ដែល​តណ្ហារីង​ស្ងួត។

សាមាថេរីដទៃ​ទៀត។

ឧត្តមាថេរី

sut.kn.thi.03.02 | book_057

(២. ឧត្តមាថេរីគាថា)

[២៩៥] អាត្មា​អញ មិន​បាន​សេចក្ដីស្ងប់​រម្ងាប់​ចិត្ត មិន​លុះ​ក្នុង​អំណាចភាវនា​ចិត្ត បាន​ចេញ​ទៅ​ខាង​ក្រៅ​អំពីលំនៅ ៤ ដង ៥ ដង។ អាត្មា​អញ​នោះ បាន​ចូល​ទៅ​រកភិក្ខុ​នី ដែល​អាត្មា​អញគួរ​ជឿ (បដាចារាថេរី) ភិក្ខុ​នីនោះ បាន​សំដែងធម៌ គឺ ខន្ធ អាយ​តនៈ ធាតុ ដល់​អាត្មា​អញ។ លុះ​អាត្មា​អញ បាន​ស្ដាប់​ធម៌​របស់​លោក តាមទំនង​ដែល​លោកបាន​ប្រៀនប្រដៅ អាត្មា​អញក៏ឆ្អែត​ដោយ​បីតិ និងសុខៈ អង្គុយលើ​បល្ល័ង្ក​មួយ អស់ ៧ ថ្ងៃ។ ក្នុង​ថ្ងៃទី ៨ អាត្មា​អញ​បាន​ទំលាយគំនរងងឹត គឺ​មោហៈ ហើយ​សណ្ដូកជើង​ទាំង​គូ។

ឧត្តមាថេរី។

ឧត្តមាថេរី មួយរូប

sut.kn.thi.03.03 | book_057
ទ. ១៥៤

(៣. អបរាឧត្តមាថេរីគាថា)

[២៩៦] ពោជ្ឈង្គ​ទាំង ៧ ណា ជាឧបាយ​ដើម្បី​ដល់​នូវ​ព្រះ​និព្វាន ពោជ្ឈង្គ​ទាំង​អស់​នោះ អាត្មា​អញ​បាន​ចំរើន​ហើយ តាមលំអាន​ដែល​ព្រះ​ពុទ្ធសំដែង​ហើយ។ អាត្មា​អញ​ជាឱរសធីតា​របស់​ព្រះ​ពុទ្ធ ជា​អ្នក​ត្រេកអរចំពោះ​ព្រះ​និព្វាន ក្នុង​កាល​ទាំង​ពួង ជា​អ្នក​បាន​សុញ្ញសមាបត្តិ និងអនិមិត្តសមាបត្តិ តាមប្រាថ្នា។ កាម​ទាំង​អស់ ទោះជា​ទិព្វក្ដី ជា​របស់​មនុស្សក្ដី អាត្មា​អញ​បាន​កាត់​ផ្ដាច់​ផ្ដិល​ហើយ ជាតិ​សង្សារ​របស់​អាត្មា​អញ អស់​រលីង​ហើយ ឥឡូវ​នេះ ភព​ថ្មីមិន​មាន​ទេ។

ឧត្តមាថេរី មួយរូប។

ទន្ដិកាថេរី

sut.kn.thi.03.04 | book_057

(៤. ទន្តិកាថេរីគាថា)

[២៩៧] អាត្មា​អញ​បាន​ចេញ​ទៅ អំពី​ទី​សម្រាក ក្នុង​វេលាថ្ងៃ លើ​ភ្នំ​ឈ្មោះ គិជ្ឈកូដ ហើយបាន​ឃើញដំរី​ដែល​ចុះឡើង ក្បែរឆ្នេរ​ស្ទឹង (ឈ្មោះ​ចន្ទភាគា)។ បុរស​កាន់​កង្វេរ បង្គាប់​ថា ឯងចូរជូនជើងមក ដំរីក៏ជូនជើង ហើយបុរសក៏ឡើងជិះដំរី។ អាត្មា​អញ​បាន​ឃើញដំរី ដែល​គេ​មិន​ទាន់​ទូន្មាន គេ​អាចទូន្មាន ឲ្យ​លុះ​ក្នុង​អំណាច​របស់​ពួក​មនុស្សបាន ហើយក៏ទៅ​កាន់​ព្រៃ តាមកិរិយា​របស់​ដំរីនោះ ក៏​បាន​ធ្វើ​ចិត្ត​ឲ្យ​នឹងធឹង ព្រោះ​ឃើញ​ដំរីនោះ។

ទន្ដិកាថេរី។

ឧព្វិរីថេរី

sut.kn.thi.03.05 | book_057
ទ. ១៥៥

(៥. ឧព្ពិរិថេរីគាថា)

[២៩៨] ម្នាលនាងឧព្វិរី នាងកន្ទក់​កន្ទេញ​ក្នុង​ព្រៃថា ម្នាលជីវៈ​មាសម្ដាយ ដូច្នេះ នាងចូរដឹង​ខ្លួន កូនស្រី​របស់​នាង​ទាំង​អស់ ៨៤.០០០ មាន​ឈ្មោះ​ថាជីវៈ​ដូចគ្នា ត្រូវគេ​ដុត​ក្នុង​ឈាបនដ្ឋាននេះ បណ្ដាកូនស្រី​ទាំង​នោះ តើនាងសោកចំពោះ​កូនស្រី​ណា។

សរ គឺសេចក្ដីសោក អាស្រ័យនូវ​ហ្ឫទ័យ​របស់​ខ្ញុំ​ព្រះ​អង្គ ជា​របស់​ដែល​គេ​ឃើញ​បាន​​ដោយ​ក្រ បាន​ដកចេញ​ហើយ ព្រះ​អង្គបាន​បន្ទោបង់​នូវ​សេចក្ដីសោក ព្រោះ​កូនស្រី​របស់​ខ្ញុំ​ព្រះ​អង្គ ដែល​ត្រូវសេចក្ដីសោកគ្រប​សង្កត់​ហើយ។ ក្នុង​ថ្ងៃ​នេះ ខ្ញុំ​ព្រះ​អង្គនោះ មាន​សរដក​ហើយ ជា​អ្នក​មិន​មាន​សេចក្ដីស្រេកឃ្លាន បាន​រំលត់​ទុក្ខ​ហើយ ខ្ញុំ​ព្រះ​អង្គ សូមដល់​ព្រះ​ពុទ្ធជា​អ្នក​ប្រាជ្ញផង ព្រះ​ធម៌ផង ព្រះ​សង្ឃ​ផង ជា​សរណៈ។

ឧព្វិរីថេរី។

សុក្កាថេរី

sut.kn.thi.03.06 | book_057

(៦. សុក្កាថេរីគាថា)

[២៩៩] ពួក​មនុស្ស ក្នុង​ក្រុង​រាជគ្រឹះនេះ សម្ងំធ្វើ​កិច្ចអ្វី ដូច​ជា​បុគ្គល​សម្ងំផឹក​ទឹកឃ្មុំ ក៏​មិននាំគ្នាចូល​ទៅ​រកនាងសុក្កាថេរី ដែល​កំពុងប្រកាសព្រះ​ពុទ្ធសាសនា។ ពួក​បណ្ឌិត​បុរស ប្រកប​ដោយ​ប្រាជ្ញា ទំនងជាបាន​ក្រេបផឹកនូវ​ធម៌​នោះ ជា​ធម៌មិន​គប្បី​ដឹក​នាំ​បុគ្គល​ឲ្យ​ត្រឡប់​ថយ ជា​ធម៌មិនលាយឡំ មាន​ឱជារស ដូច​ជាពួក​អ្នក​ដើរផ្លូវ​ឆ្ងាយ បាន​ក្រេប​ផឹក​នូវ​ទឹកភ្លៀង។ទ. ១៥៦

ព្រះ​នាងសុក្កាថេរី មាន​លោកុត្តរ​ធម៌​ដ៏​បរិសុទ្ធល្អ ជាស្រីប្រាស​ចាក​រាគៈ​ហើយ ជា​អ្នក​នឹងធឹង ឈ្នះ​មារ ព្រម​ទាំង​វាហនៈ ហើយ​ទ្រទ្រង់​រាង​កាយ មាន​ក្នុង​ទីបំផុត។

សុក្កាថេរី។

សេលាថេរី

sut.kn.thi.03.07 | book_057

(៧. សេលាថេរីគាថា)

[៣០០] ការ​រលាស់​ខ្លួន​ចេញ (ចាក​ភព) ក្នុង​លោក របស់​នាង មិន​មាន​ទេ នាង​នឹង​ធ្វើ​អ្វី​ដោយ​វិវេក នាងចូរបរិភោគនូវ​តម្រេក​ដែល​អាស្រ័យនូវ​កាម​ទាំង​ឡាយ កុំឲ្យ​ក្ដៅ​ក្រហាយ ក្នុង​កាលជា​ខាងក្រោយឡើយ។

កាម​ទាំង​ឡាយ​មាន​ឧបមា​ដោយ​លំពែង និងដែក​សូល ជា​គ្រឿង​កាប់​ចិញ្រ្ចាំនូវ​ឧបាទានក្ខន្ធ​ទាំង​ឡាយ អ្នក​ឯង​ពោល (សំដៅ) តម្រេក​ក្នុង​កាមណា ឥឡូវ​នេះ តម្រេក​ក្នុង​កាមនោះ ជា​ទី​អផ្សុក​ដល់​អាត្មា​ទេ​តើ។ សេចក្ដីរីករាយ​ក្នុង​អារម្មណ៍​ទាំង​ពួង យើងបាន​កំចាត់​ចេញ​ហើយ គំនរងងឹត យើងបាន​ទំលុះ​ទំលាយ​ហើយ ម្នាលមារមាន​ចិត្តបាប អ្នក​ឯង​ចូរដឹងយ៉ាង​នេះ​ចុះ ម្នាល​មារថោកទាប អ្នក​ឯងយើងកំចាត់​ចេញ​បាន​ហើយ។

សេលាថេរី។

សោមាថេរី

sut.kn.thi.03.08 | book_057

(៨. សោមាថេរីគាថា)

[៣០១] ពួក​ឥសី (មាន​ព្រះ​ពុទ្ធជាដើម) គប្បី​ដល់​នូវ​ឋនៈ​ណា ដែល​បុគ្គល​ដទៃ​មិនងាយ​នឹង​បាន​សម្ភព ស្រ្តីមិនអាច​នឹងដល់​នូវ​ឋនៈ​នោះ ដោយ​ប្រាជ្ញាប្រវែងពីរធ្នាប់​បាន​ទេ។ទ. ១៥៧

កាល​បើចិត្ត​របស់​បុគ្គល អ្នក​ឃើញច្បាស់​នូវ​ធម៌ដោយ​ប្រពៃ បាន​តម្កល់​មាំ​ហើយ កាល​បើញាណកំពុង​តែប្រព្រឹត្ត​ទៅ តើស្រ្តីភាព ហេតុម្ដេចមិន​គប្បី​ធ្វើ​នូវ​ឋនៈ​នោះ​បាន។ សេចក្ដីរីករាយ​ក្នុង​អារម្មណ៍​ទាំង​ពួង យើងបាន​កំចាត់​ចេញ​ហើយ គំនរ​ងងឹត យើងបាន​ទំលុះ​ទំលាយ​ហើយ ម្នាលមារមាន​ចិត្តបាប អ្នក​ឯងចូរដឹងយ៉ាង​នេះ​ចុះ ម្នាល​មារ​ថោក​ទាប អ្នក​ឯង យើងកំចាត់​ចេញ​បាន​ហើយ។

សោមាថេរី។

ចប់ តិកនិបាត។

ចតុក្កនិបាត

sut.kn.thi.04 | book_057
ទ. ១៥៨

(៤. ចតុក្កនិបាតោ)

ភទ្ទកាបិលានីថេរី

sut.kn.thi.04.01 | book_057

(១. ភទ្ទាកាបិលានីថេរីគាថា)

[៣០២] ព្រះ​ថេរៈ​ឈ្មោះ​កស្សប ជាបុត្តពុទ្ធទាយាទ មាន​ចិត្តតម្កល់​មាំល្អ លោក​បាន​ដឹង​នូវ​បុព្វេ​និវាស ទាំង​ឃើញឋនសួគ៌ និងអបាយ លំដាប់​អំពីនោះ​មក លោក​បាន​ដល់​នូវ​ធម៌​ជា​ទី​អស់​ទៅ​នៃជាតិ បាន​សម្រេច​នូវ​អភិញ្ញា ជា​អ្នក​ប្រាជ្ញ ជាព្រាហ្មណ៍ បាន​សម្រេច​វិជ្ជា ៣ ដោយ​វិជ្ជា ៣ នេះ។ ព្រះ​ថេរីឈ្មោះ ភទ្ទកាបិលានី ក៏​យ៉ាង​នោះ​ដែរ បាន​សម្រេច​វិជ្ជា ៣ ញ៉ាំង​មច្ចុឲ្យ​សាបសូន្យ ឈ្នះ​មារ ព្រម​ទាំង​វាហនៈ ហើយ​ទ្រទ្រង់​រាង​កាយ ជា​ទីបំផុត។ យើង​ទាំង​ពីររូប បាន​ឃើញទោស​ក្នុង​លោក ហើយមកបួស យើង​ទាំង​នោះ ជា​ព្រះ​ខីណាស្រព បាន​ទូន្មានខ្លួន​ហើយ ជា​អ្នក​មាន​ចិត្តត្រជាក់ បាន​និព្វាន​ហើយ។

ភទ្ទកាបិលានីថេរី។

ចប់ ចតុក្កនិបាត។

បញ្ចកនិបាត

sut.kn.thi.05 | book_057
ទ. ១៥៩

(៥. បញ្ចកនិបាតោ)

ភិក្ខុនីមួយរូប មាននាម និងគោត្រមិនប្រាកដ

sut.kn.thi.05.01 | book_057

(១. អញ្ញតរាថេរីគាថា)

[៣០៣] តាំង​ពីកាលអាត្មា​អញបួសមក បាន ២៥ វស្សា​ហើយ មិន​បាន​សេចក្ដី​ស្ងប់​ចិត្ត សូម្បីត្រឹមមួយផ្ទាត់​ម្រាមដៃ។ អាត្មា​អញមាន​ចិត្តទទឹក​ដោយ​កាមរាគៈ មិន​បាន​សេចក្ដីស្ងប់​ចិត្ត ផ្គងដើមដៃកន្ទក់​កន្ទេញ ហើយ​ចូល​ទៅ​កាន់​លំនៅ។ អាត្មា​អញ​នោះ ចូល​ទៅ​រកភិក្ខុ​នី (ធម្មទិន្នាថេរី) ជាស្រ្តី​ដែល​អាត្មា​អញគួរ​ជឿ លោកបាន​សំដែង​ធម៌ គឺ​ខន្ធ អាយតនៈ ធាតុ ដល់​អាត្មា​អញ។ លុះ​អាត្មា​អញ​បាន​ស្ដាប់​ធម៌​របស់​លោក​ហើយ បាន​ចូល​ទៅ​ក្នុង​ទី​សម​គួរ ដឹង​នូវ​បុព្វេ​និវាស បាន​ជម្រះទិព្វចក្ខុ។ ចេតោបរិយញ្ញាណ និងសោតធាតុ អាត្មា​អញ​បាន​ជម្រះ​ហើយ ឫទ្ធិ៍អាត្មា​អញ​បាន​ធ្វើ​ឲ្យ​ជាក់​ច្បាស់​ហើយ ការ​អស់​ទៅ​នៃអាសវៈ អាត្មា​អញ​បាន​សម្រេច​ហើយ អភិញ្ញា ៦ អាត្មា​អញ​បាន​ធ្វើ​ឲ្យ​ច្បាស់​ហើយ ព្រះ​ពុទ្ធសាសនា អាត្មា​អញក៏​បាន​ធ្វើ​ហើយ។

ភិក្ខុនីមួយរូប មាននាម និងគោត្រមិនប្រាកដ។

វិមលាថេរី ជាស្រីពេស្យាពីដើម

sut.kn.thi.05.02 | book_057

(២. វិមលាថេរីគាថា)

[៣០៤] អាត្មា​អញស្រវឹង រឹងត្អឹង ដោយ​ការ​សរសើរគុណ​ផង ដោយ​រូប​សម្បត្តិ​ផង ដោយ​លំអ​ដ៏​លើ​សផង ដោយ​យសផង ដោយ​វ័យផង បាន​មើល​ងាយ​ពួក​ស្រីដទៃ។ អាត្មា​អញ​ស្អិតស្អាង​រាង​កាយ​នេះ ឲ្យ​វិចិត្រល្អ ឲ្យ​ជា​ទីរាក់​ទាក់​នៃជន​ពាល ហើយឈរ​ក្បែរទ្វារ​ផ្ទះ​នៃស្រីពេស្យា ដូច​ជាព្រានម្រឹគដាក់​អន្ទាក់។ទ. ១៦០ អាត្មា​អញ​សំដែង​គ្រឿង​ប្រដាប់ និង​អវយវៈ​ដ៏កំបាំង ឲ្យ​ជាក់​ច្បាស់​ជា​ច្រើន សើច​ក្អាក​ក្អាយ បាន​ធ្វើ​មាយាច្រើនយ៉ាង (ដើម្បី​) ញ៉ាំង​ជនពាលជា​ច្រើន (ឲ្យ​ស្រើប​ស្រាល)។ ក្នុង​ថ្ងៃ​នេះ អាត្មា​អញ​នោះ បាន​កោរសក់ ដណ្ដប់​សង្ឃាដី ដើរ​ទៅ​បិណ្ឌបាត រួច​អង្គុយក្រោមម្លប់​ឈើ ជា​អ្នក​បាន​នូវ​ធម៌​ដែល​មិន​មាន​វិតក្កៈ។ គ្រឿង​ប្រកប​ទាំង​ពួង ទោះជា​ទិព្វក្ដី ជា​របស់​មនុស្សក្ដី អាត្មា​អញ​បាន​ផ្ដាច់​ផ្ដិល​ហើយ អាត្មា​អញ​បាន​ញ៉ាំង​អាសវៈ​ទាំង​ពួង ឲ្យ​អស់​ហើយ ជា​អ្នក​មាន​ចិត្តត្រជាក់ រំលត់​ទុក្ខ​ហើយ។

វិមលាថេរី ជាស្រីពេស្យាពីដើម។

សីហាថេរី

sut.kn.thi.05.03 | book_057

(៣. សីហាថេរីគាថា)

[៣០៥] កាលពីដើម អាត្មា​អញត្រូវកាមរាគៈ​បៀត​បៀន ជា​អ្នក​មាន​ចិត្ត​រវើរវាយ មិន​លុះ​ក្នុង​អំណាចភាវនាចិត្ត ព្រោះធ្វើ​ទុក​ក្នុង​ចិត្ត​មិន​ជាឧបាយ​នៃប្រាជ្ញា។ អាត្មា​អញ លុះត្រូវកិលេស​ទាំង​ឡាយ​រួបរឹត​ហើយ ជា​អ្នក​ប្រព្រឹត្តតាមសេចក្ដី​សំគាល់​ក្នុង​កាម ថា​ជា​សុខ ជា​អ្នក​លុះ​ក្នុង​អំណាច​នៃ​ចិត្ត​ដែល​ប្រកប​ដោយ​រាគៈ ក៏​មិន​បាន​នូវ​សេចក្ដីស្ងប់​ចិត្តឡើយ។ អាត្មា​អញទៅ​ជាស្គម ស្លេកស្លាំង ស្អាប់​សម្បុរ ប្រព្រឹត្តមក​អស់ ៧ ឆ្នាំ​ហើយ អាត្មា​អញដល់​នូវ​សេចក្ដីទុក្ខ​ក្រៃពេក មិន​បាន​សេចក្ដីសុខ ទាំង​ថ្ងៃ​ទាំង​យប់។ ព្រោះមិន​មាន​សេចក្ដីសុខនោះ អាត្មា​អញ​ក៏​បាន​កាន់​ខ្សែចូល​ទៅ​ក្នុង​ចន្លោះព្រៃ (ដោយ​គិតថា)ទ. ១៦១ អាត្មា​អញ ចងក​ក្នុង​ទីនេះ​ប្រសើរ ត្រង់​វិលទៅ​កាន់​ភេទថោកទាបវិញ មិន​ប្រសើរ​ឡើយ។ អាត្មា​អញ​បាន​ធ្វើ​អន្ទាក់​យ៉ាង​មាំ ចង​នឹងមែកឈើ ដាក់​អន្ទាក់​ត្រង់​ក ក៏ស្រាប់​តែចិត្ត​របស់​អាត្មា​អញ​រួច​ស្រឡះ។

សីហាថេរី។

នន្ទាថេរី

sut.kn.thi.05.04 | book_057

(៤. សុន្ទរីនន្ទាថេរីគាថា)

[៣០៦] ម្នាលនាងនន្ទា នាងចូរមើលរាង​កាយ ដែល​មាន​ជំងឺជា​និច្ច មិន​ស្អាត ជា​របស់​ពុករលួយ ដែល​ឆ្អឹង ៣០០ កំណាត់​ផ្គុំឡើង​ហើយ (នេះ​) នាងចូរអប់​រំ​ចិត្ត​ដោយ​អសុភសញ្ញា ឲ្យ​ជាចិត្តមាន​អារម្មណ៍​តែ​មួយ តាំង​នៅ​មាំល្អ។ សរីរៈ​នេះ​យ៉ាង​ណា សរីរៈ​របស់​នាងហ្នឹង ក៏​យ៉ាង​នោះ​ដែរ សរីរៈ​របស់​នាងហ្នឹងយ៉ាង​ណា សរីរៈ​នេះ ក៏​យ៉ាង​នោះ​ដែរ នាង​កុំខ្ជិលច្រអូស ខំពិចារណារាង​កាយនុ៎ះ ទាំង​យប់ ទាំង​ថ្ងៃ យ៉ាង​នេះ​ឯងថា សរីរៈ (នេះ​) ដែល​ពួក​ជនពាលរីករាយ ជា​របស់​ពុក​រលួយ មាន​ក្លិនអាក្រក់។ លំដាប់​អំពីនោះ ខ្ញុំ​ក៏​បាន​ពិនិត្យឃើញ​ដោយ​ប្រាជ្ញា​របស់​ខ្លួន។ ខ្ញុំ​នោះ​មិនធ្វេសប្រហែស ខំ​ពិចារណា​ដោយ​ឧបាយ​នៃប្រាជ្ញា ក៏​បាន​ឃើញ​កាយ​នេះ ទាំង​ខាង​ក្នុង ទាំង​ខាង​ក្រៅ តាមពិត។ ខាងក្រោយមក ខ្ញុំ​នឿយ​ណាយ​ក្នុង​កាយ រសាយ​ក្នុង​សន្ដាន ជា​អ្នក​មិន​ធ្វេសប្រហែស ក៏​បាន​ប្រាស​ចាក​យោគៈ មាន​ចិត្តស្ងប់ មាន​ទុក្ខរលត់​ហើយ។

នន្ទាថេរី។

នន្ទុត្តរាថេរី

sut.kn.thi.05.05 | book_057
ទ. ១៦២

(៥. នន្ទុត្តរាថេរីគាថា)

[៣០៧] អាត្មា​អញ​បាន​ថ្វាយ​បង្គំភ្លើងផង ព្រះ​ចន្ទផង ព្រះ​អាទិត្យផង ពួក​ទេវតា​ផង រួច​ហើយអាត្មា​អញទៅ​កាន់​កំពង់​នៃស្ទឹង​ទាំង​ឡាយ ហើយចុះទៅ​ក្នុង​ទឹក អាត្មា​អញ សមាទាននូវ​វត្តច្រើនយ៉ាង គឺកោរក្បាលពាក់​កណ្ដាល សម្រេច​ការ​ដេកលើ​ផែនដី មិន​បាន​បរិភោគបាយ​ក្នុង​វេលាយប់។ អាត្មា​អញ​ត្រេកអរ​ក្នុង​ការ​ស្អិតស្អាង និង​ការ​ប្រដាប់ លុះកាមរាគៈ​បៀត​បៀន​ហើយ ក៏​បាន​ទំនុក​បំរុងកាយ​នេះ ដោយ​គ្រឿង​ងូត និង​គ្រឿង​អប់។ ក្នុង​កាលខាង​ក្រោយ​មក ខ្ញុំ​បាន​នូវ​សទ្ធា (ក្នុង​សំណាក់​នៃ​ព្រះ​មហា​មោគ្គល្លាន​ត្ថេរ) ហើយ​បួស​ក្នុង​ធម្មវិន័យ កាមរាគៈ ខ្ញុំ​បាន​ដកចេញ​ហើយ ព្រោះបាន​ឃើញ​នូវ​រាង​កាយ តាម​ពិត។ ភព​ទាំង​អស់​ផង សេចក្ដី​ប្រាថ្នា​ផង សេចក្ដីតាំង​ចិត្ត​ទុកផង អាត្មា​អញ​បាន​ផ្ដាច់​ផ្ដិល​ហើយ អាត្មា​អញ​បាន​ប្រាស​ចាក​យោគៈ​ទាំង​ពួង​ហើយ បាន​ដល់​នូវ​សេចក្ដី​ស្ងប់​ចិត្ត។

នន្ទុត្តរាថេរី។

មិត្តកាលីថេរី

sut.kn.thi.05.06 | book_057

(៦. មិត្តាកាឡីថេរីគាថា)

[៣០៨] អាត្មា​អញចេញ​អំពីផ្ទះ ហើយមកបួស​ក្នុង​ធម្មវិន័យ ដោយ​សទ្ធា ខ្វល់​ខ្វាយ​ក្នុង​លាភៈ និងសក្ការៈ ប្រព្រឹត្ត​ដោយ​ហេតុ (ដែល​ញ៉ាំង​លាភឲ្យ​កើត​ឡើង មាន​ពាហុសច្ចៈ និងធម្មកថា​ជាដើម) នោះ ៗ។ទ. ១៦៣ អាត្មា​អញ​បាន​លះប្រយោជន៍​ដ៏​ឧត្តម​ចោល ហើយសេព​នូវ​ប្រយោជន៍ថោកទាប លុះ​ក្នុង​អំណាច​នៃកិលេស​ទាំង​ឡាយ មិន​ត្រេកអរ​នឹងប្រយោជន៍​នៃសមណៈ។ សេចក្ដីសង្វេគ ក៏​មាន​ដល់​អាត្មា​អញ​នោះ ដែល​អង្គុយ​ក្នុង​លំនៅ​ថា អាត្មា​អញដើរផ្លូវខុស លុះ​ក្នុង​អំណាច​តណ្ហា។ ជីវិត​របស់​អាត្មា​អញ​មាន​ប្រមាណតិច ជរា និងព្យាធិ​តែងញាំញី មុន​កាយ​នេះ​នឹងបែកធ្លាយ មិន​មែន​ជា​កាល​គួរ អាត្មា​អញធ្វេសប្រហែសឡើយ។ អាត្មា​អញកាលពិចារណា​នូវ​ការ​កើត​ឡើង និង​ការ​សូន្យ​ទៅ​នៃខន្ធ​ទាំង​ឡាយ​តាម​ពិត ក៏​មាន​ចិត្ត​រួច​ស្រឡះ ហើយចេញ (ចាក​កិលេស​ទាំង​ពួង) ពុទ្ធសាសនា អាត្មា​អញ​បាន​ធ្វើ​ហើយ។

មិត្តកាលីថេរី។

សកុលាថេរី

sut.kn.thi.05.07 | book_057

(៧. សកុលាថេរីគាថា)

[៣០៩] អាត្មា​អញកាល​នៅ​ក្នុង​ផ្ទះ បាន​ស្ដាប់​ធម៌​របស់​ភិក្ខុ​ហើយ ឃើញធម៌ ប្រាស​ចាក​ធូលី គឺ​កិលេស ជា​ធម៌នាំ​សត្វ​ឲ្យ​ចេញ​ចាក​តណ្ហា ជាហេតុនាំឲ្យ​បាន​សេចក្ដី​សុខ មិន​ឃ្លាត។ អាត្មា​អញ​នោះ បាន​បោះ​បង់​ចោល​នូវ​កូន​ប្រុសផង កូន​ស្រីផង ទ្រព្យ និង​ស្រូវ​ផង បាន​ឲ្យ​គេ​កោរសក់ ហើយមកបួស​ក្នុង​ធម្មវិន័យ។ អាត្មា​អញ​កាល​នៅ​ជា​សិក្ខមានា បាន​ញ៉ាំង​មគ្គខាងលើ​ឲ្យ​កើត បាន​លះរាគៈ និង​ទោស​ៈ​ផង អាសវៈ​ទាំង​ឡាយ​ដែល​តាំង​នៅ​ជាមួយគ្នា​នឹងរាគៈ​ទោស​ៈ​នោះ​ផងទ. ១៦៤។ លុះ​អាត្មា​អញ​បាន​ឧបសម្បទាជា​ភិក្ខុនី​ហើយ ក៏រលឹក​ឃើញ​នូវ​បុព្វជាតិ ទាំង​ទិព្វចក្ខុ​មិន​មាន​មន្ទិល ដែល​ពួក​សប្បុរស​ចំរើន​ហើយ ក៏អាត្មា​អញ​បាន​ជម្រះ​ហើយ អាត្មា​អញ​បាន​ឃើញ​សង្ខារ​ទាំង​ឡាយ ដែល​កើត​អំពីហេតុ មាន​សភាពទ្រុឌទ្រោម ថា​ជា​របស់​ដទៃ ហើយបាន​លះអាសវៈ​ទាំង​អស់ ជា​អ្នក​មាន​ចិត្ត​ត្រជាក់ បាន​រលត់​ទុក្ខ​ហើយ។

សកុលាថេរី។

សោណាថេរី

sut.kn.thi.05.08 | book_057

(៨. សោណាថេរីគាថា)

[៣១០] អាត្មា​អញ​បាន​សម្រាលកូនដប់ ក្នុង​សរីរៈ គឺរូបនេះ ព្រោះ​ហេតុ​នោះ អាត្មា​អញ​មាន​កំឡាំងថយ គ្រាំគ្រា បាន​ចូល​ទៅ​រកភិក្ខុ​នីមួយរូប។ លោកបាន​សំដែងធម៌ គឺ​ខន្ធ អាយតនៈ ធាតុ ដល់​អាត្មា​អញ លុះ​អាត្មា​អញ​បាន​ស្ដាប់​ធម៌​របស់​លោក​ហើយ ក៏​បាន​កោរសក់​បួស អាត្មា​អញ​នោះ កំពុងសិក្សា (សិក្ខាបី) បាន​ជម្រះ​ទិព្វ​ចក្ខុ ដឹង​នូវ​បុព្វេ​និវាស ដែល​អាត្មា​អញ​បាន​អាស្រ័យនៅ​ហើយ​ក្នុង​កាល​មុន។ អាត្មា​អញមាន​អារម្មណ៍​តែ​មួយ មាន​ចិត្តតម្កល់​មាំ ចំរើន​អនិមិត្ត​វិមោក្ខ ជា​អ្នក​បាន​វិមោក្ខ​ក្នុង​លំដាប់ (នៃមគ្គ​ដ៏​ប្រសើរ) រលត់​កិលេស​ហើយ ព្រោះ​មិនប្រកាន់។ បញ្ចក្ខន្ធ អាត្មា​អញ​បាន​កំណត់​ហើយ មាន​ឫស​ផ្ដាច់​ផ្ដិល​ហើយ អាត្មា​អញមិន​មាន​តណ្ហា ដែល​កើត​អំពីវត្ថុ​ដែល​តាំង​នៅ ឥឡូវ​នេះ ភព​ថ្មី​មិន​មាន។

សោណាថេរី។

ភទ្ទាកុណ្ឌលាថេរី

sut.kn.thi.05.09 | book_057
ទ. ១៦៥

(៩. ភទ្ទាកុណ្ឌលកេសាថេរីគាថា)

[៣១១] អាត្មា​អញមាន​សក់​ដក​ហើយ (ដោយ​បន្លាត្នោត) ទ្រទ្រង់​ភក់ មាន​សំពត់​សាដក​តែ​មួយ ប្រព្រឹត្ត​ក្នុង​កាល​មុន មាន​សេចក្ដីសំគាល់​ថាទោស ក្នុង​របស់​ដែល​មិន​មាន​ទោស ទាំង​មាន​សេចក្ដីយល់​ឃើញថា មិន​មាន​ទោស​ក្នុង​របស់​ដែល​មាន​ទោស ចេញ​ទៅ​អំពី​ទី​សម្រាក​ក្នុង​វេលាថ្ងៃ បាន​ឃើញ​ព្រះ​ពុទ្ធ ទ្រង់​ប្រាស​ចាក​ធូលី គឺ​រាគាទិក្កិលេស មាន​ភិក្ខុ​សង្ឃហែហម លើ​ភ្នំគិជ្ឈកូដ ក៏លុត​ជង្គង់​ថ្វាយ​បង្គំ ប្រណម្យអញ្ជលី​ក្នុង​ទីចំពោះ​ព្រះ​ភក្រ្ដ។ ព្រះ​មាន​ព្រះ​ភាគ បាន​ត្រាស់​ថា ម្នាលនាង នាងចូរ​មក​ចុះ ឧបសម្បទានោះ ក៏សម្រេច​ដល់​ខ្ញុំ។ អាត្មា​អញ​បាន​ដើរ​ទៅ​កាន់​ជនបទឈ្មោះ​អង្គៈ​មគធៈ វជ្ជី កាសី និងកោសល ជា​អ្នក​មិន​មាន​បំណុល បាន​បរិភោគដុំបាយ​របស់​ជន​អ្នក​នៅ​ក្នុង​ដែន (នោះ ៗ) អស់ ៥០ ឆ្នាំ។ ឧបាសកណា បាន​ឲ្យ​ចីវរដល់​នាងភទ្ទា ដែល​រួច​ចាក​គន្ថៈ​ទាំង​ពួង ឧបាសក​នោះ ប្រកប​ដោយ​បញ្ញា បាន​សោយបុណ្យច្រើន។

ភទ្ទាកុណ្ឌលាថេរី។

បដាចារាថេរី

sut.kn.thi.05.10 | book_057

(១០. បដាចារាថេរីគាថា)

[៣១២] ពួក​មាណព ភ្ជួរស្រែ​ដោយ​នង្គ័ល​ទាំង​ឡាយ ហើយព្រោះ​ពូជ​ទាំង​ឡាយ​លើ​ផែនដី តែងបាន​នូវ​ទ្រព្យចិញ្ចឹមកូន និង​ប្រពន្ធ​ទាំង​ឡាយ។ទ. ១៦៦ អាត្មា​អញបរិបូណ៌​ដោយ​សីល មិន​ខ្ជិល មិន​រវើរវាយ ធ្វើ​តាមសាសនា​របស់​ព្រះ​សាស្ដា ដូចម្ដេចក៏​មិន​បាន​ព្រះ​និព្វាន។ អាត្មា​អញលាងជើង​ក្នុង​ទឹក ឃើញទឹកសម្រាប់​លាង​ជើង​ហូរ​អំពី​ទីទួល មក​កាន់​ទីទាប ហើយធ្វើ​ (ឲ្យ​ជានិមិត្ត) ក្នុង​ទឹក​ទាំង​ឡាយ លំដាប់​ពីនោះ​មក អាត្មា​អញ​ក៏​បាន​តម្កល់​ចិត្តមាំ ដូចសេះអាជានេយ្យ​ដ៏​ចំរើន។ លំដាប់​នោះ អាត្មា​អញកាន់​ប្រទីប​ចូល​ទៅ​កាន់​លំនៅ រមិលមើលដំណេក ហើយ​អង្គុយ​លើ​គ្រែតូច។ ក្នុង​កាល​នោះ អាត្មា​អញ​កាន់​រនុកទ្វារ ហើយពន្លឹមចុះនូវ​ប្រឆេះ (នៃប្រទីប) ចិត្ត​ក៏​បាន​រួច​ស្រឡះ​ចាក​កិលេស ដូច​ជា​ការ​រលត់​នៃប្រទីប។

បដាចារាថេរី។

តិំសមត្តាថេរីគាថា

sut.kn.thi.05.11 | book_057

(១១. តិំសមត្តាថេរីគាថា)

[៣១៣] ពួក​មាណព កាន់​អង្រែ​ទាំង​ឡាយ​បុកស្រូវ តែងបាន​នូវ​ទ្រព្យ​ទាំង​ឡាយ ចិញ្ចឹមកូន និង​ប្រពន្ធ។ ពួក​នាង ចូរធ្វើ​នូវ​ពុទ្ធសាសនា ដែល​គេ​ធ្វើ​ហើយ មិន​ក្ដៅ​ក្រហាយ​តាមក្រោយ ចូរលាងជើង​ទាំង​ឡាយ​ឲ្យ​ឆាប់ ហើយ​អង្គុយ​ក្នុង​ទី​សម​គួរ ប្រកប​រឿយ ៗ នូវ​សេចក្ដីស្ងប់​ចិត្ត ហើយចូរធ្វើ​នូវ​ពុទ្ធសាសនាចុះ។ទ. ១៦៧

ភិក្ខុ​នី​ទាំង​នោះ បាន​ស្ដាប់​ពាក្យ​ប្រៀនប្រដៅ របស់​បដាចារាថេរីនោះ​ហើយ ក៏លាងជើង ហើយ​ចូល​ទៅ​ក្នុង​ទី​សម​គួរ ប្រកប​រឿយ ៗ នូវ​សមថធម៌ បាន​ធ្វើ​នូវ (កិច្ច​ក្នុង) ពុទ្ធសាសនា។ ក្នុង​បឋមយាម​នៃ​រាត្រី ពួក​ព្រះ​ថេរី ក៏​បាន​រឭកឃើញ​នូវ​បុព្វជាតិ ក្នុង​មជ្ឈិមយាម​នៃ​រាត្រី បាន​ជម្រះ​នូវ​ទិព្វចក្ខុ ក្នុង​បច្ឆិមយាម​នៃ​រាត្រី ក៏​បាន​ទំលាយ​នូវ​គំនរងងឹត។ ពួក​ព្រះ​ថេរី​ទាំង​នោះ ក្រោកឡើង​ថ្វាយ​បង្គំបាទា (នៃបដាចារាថេរី ហើយ​ពោលថា) ពាក្យ​ប្រៀនប្រដៅ​របស់​នាង យើងបាន​ធ្វើ​តាម​ហើយ ពួក​ទេវតា​នៅ​ក្នុង​ឋន​ត្រៃត្រឹង្ស (ហែហម) ព្រះ​ឥន្រ្ទ ដែល​បាន​ឈ្នះ​ក្នុង​សង្គ្រាម​យ៉ាង​ណា ពួក​យើងជា​អ្នក​មាន​វិជ្ជា ៣ មិន​មាន​អាសវៈ នឹងនៅ​ហែហម (នាង​យ៉ាង​នោះ​)។

ពួក​ភិក្ខុ​នីជាថេរី ចំនួន ៣០ រូបនេះ បាន​ធ្វើ​ឲ្យ​ច្បាស់​លាស់ នូវ​ព្រះ​អរហត្ត ក្នុង​សំណាក់​នៃបដាចារាថេរី។

ចន្ទាថេរី

sut.kn.thi.05.12 | book_057

(១២. ចន្ទាថេរីគាថា)

[៣១៤] កាលពីដើម អាត្មា​អញជាស្រីទុគ៌ត ជាស្រីមេម៉ាយ មិន​មាន​កូន ព្រាត់​ប្រាស​ចាក​មិត្រ ចាក​ញាតិ​ទាំង​ឡាយ មិន​ដែល​បាន​បាយ និងសំពត់ (បរិភោគប្រើ​ប្រាស់​គ្រប់​គ្រាន់) ទេ។ទ. ១៦៨ អាត្មា​អញកាន់​ភាជន៍ដី និងឈើច្រត់ ដើរសូម​អំពី​ត្រកូលមួយ​ទៅកាន់​ត្រកូលមួយ ត្រូវត្រជាក់ និងក្ដៅបៀត​បៀន ដើរ​ទៅ​អស់ ៧ ឆ្នាំ។ លុះ​កាលជា​ខាង​ក្រោយមក អាត្មា​អញ​បាន​ឃើញភិក្ខុ​នី (បដាចារាថេរី) ជាស្រី​បាន​បាយ និងទឹក ហើយ​ចូល​ទៅ​និយាយ សូមបួស​ក្នុង​ធម្មវិន័យ។ ឯ​បដាចារា​ភិក្ខុ​នីនោះ បាន​បំបួស​អាត្មា​អញ ដោយ​សេចក្ដីអនុគ្រោះ ខាងក្រោយ​អំពី​នោះ​មក លោកបាន​ទូន្មាន​អាត្មា​អញ ដឹកនាំ​ក្នុង​ប្រយោជន៍យ៉ាង​សំខាន់។ អាត្មា​អញ​បាន​ស្ដាប់​ពាក្យ​របស់​លោក ក៏​បាន​ធ្វើ​តាមពាក្យ​ប្រៀនប្រដៅ ឯឱវាទ​របស់​ព្រះ​ថេរីជាម្ចាស់ មិន​ឥតអំពើ​ឡើយ ខ្ញុំ​ជា​អ្នក​មាន​វិជ្ជា ៣ មិន​មាន​អាសវៈ។

ចន្ទាថេរី។

ចប់ បញ្ចកនិបាត។

ឆក្កនិបាត

sut.kn.thi.06 | book_057
ទ. ១៦៩

(៦. ឆក្កនិបាតោ)

បដាចារាថេរី ៥០០

sut.kn.thi.06.01 | book_057

(១. បញ្ចសតមត្តាថេរីគាថា)

[៣១៥] នាងមិន​ដឹងផ្លូវ​របស់​សត្វណា ដែល​មក ឬទៅ​ទេ ហើយយំរកកូន ដែល (មិន​ដឹងជា) មក​អំពី​ទីណានោះ​ថា ឱកូនអាត្មា​អញអើយ។ ទុក​ជានាងដឹងផ្លូវ​របស់​កូន​នោះ ដែល​មក ឬទៅ ក៏​មិន​គប្បី​សោករកកូននោះ​ឡើយ ព្រោះសត្វមាន​យ៉ាង​នេះ​ជា​ធម្មតា។ (សត្វនោះ​) មិន​មាន​អ្នក​ណា​មួយអង្វរ​ឲ្យ​មក​អំពី​បរលោក​នោះ ទាំង​មិន​មាន​អ្នក​ណា​មួយ អនុញ្ញាតឲ្យ​ទៅ​អំពីលោក​នេះ​ឡើយ ទំនងជាមក​អំពី​ទីណា​មួយ (មាន​នរក​ជាដើម) មកអាស្រ័យនៅ (ក្នុង​ទីនេះ​) អស់​ពីរបីថ្ងៃ។ សត្វសូម្បីទៅ​អំពីភពនេះ មកកាន់​ភពដទៃ ទៅ​អំពីភពនោះ ទៅ​កាន់​ភពដទៃ ចែកឋនទៅ​ហើយ ដោយ​សភាពជា​មនុស្ស នឹងអន្ទោលទៅ បើមក​យ៉ាង​ណា ក៏ទៅ​យ៉ាង​នោះ ការ​ខ្សឹកខ្សួល ព្រោះ​តែសត្វនោះ មាន​ប្រយោជន៍អ្វី។

លោកម្ចាស់​បានដកព្រួញ គឺសេចក្ដីសោក ដែល​ឃើញ​ដោយ​កម្រ អាស្រ័យ​នូវ​ហ្ឫទ័យ​របស់​ខ្ញុំ លោកម្ចាស់​បាន​បន្ទោបង់​សេចក្ដីសោកព្រោះកូន​របស់​ខ្ញុំ ដែល​ត្រូវ​សេចក្ដីសោក​គ្រប​សង្កត់​ហើយ។ទ. ១៧០ ក្នុង​ថ្ងៃ​នេះ ខ្ញុំ​នោះ​មាន​ព្រួញដក​ហើយ មិន​មាន​សម្រេកគំលាន មាន​ទុក្ខរលត់​ហើយ ខ្ញុំ​សូមដល់​នូវ​ព្រះ​ពុទ្ធ ជា​អ្នក​ប្រាជ្ញផង ព្រះ​ធម៌ផង ព្រះ​សង្ឃ​ផង ជា​សរណៈ។

បដាចារាថេរី ៥០០។18)

វាសិដ្ឋីថេរី

sut.kn.thi.06.02 | book_057

(២. វាសេដ្ឋីថេរីគាថា)

[៣១៦] អាត្មា​អញត្រូវសេចក្ដីសោកព្រោះកូនបៀត​បៀន​ហើយ មាន​ចិត្តរាយ​មាយ ប្រាស​ចាក​សញ្ញា មាន​កាយអាក្រាត មាន​សក់​រាត់​រាយ អាត្មា​អញ​ដើរ​ទ្រហោ​យំ។ អាត្មា​អញពោរពេញ​ដោយ​សេចក្ដីស្រេកឃ្លាន បាន​ដើរ​ទៅ​លើ​គំនរ​សំរាម​ក្បែរថ្នល់​ផង ក្នុង​ព្រៃ​ស្មសានផង ក្នុង​ច្រករហកផង អស់​បីឆ្នាំ។ ក្នុង​កាល​ជា​ខាង​ក្រោយមក អាត្មា​អញ​បាន​ជួបប្រទះ​នឹង​ព្រះ​សុគត ព្រះ​អង្គទូន្មាននូវ​ពួក​សត្វ​ដែល​មាន​ខ្លួន​មិន​ទាន់​បាន​ទូន្មាន ទ្រង់​ត្រាស់​ដឹង​ដោយ​ព្រះ​អង្គ​ឯង មិន​មាន​ភ័យ​អំពី​ទីណា កំពុង​ស្ដេចទៅ​កាន់​ក្រុង​មិថិលា។ អាត្មា​អញ ត្រឡប់​បាន​នូវ​ចិត្ត​ជាប្រក្រតី ហើយក៏ចូល​ទៅ​ជិតថ្វាយ​បង្គំ ឯ​ព្រះ​គោតម​នោះ បាន​សំដែងធម៌ដល់​អាត្មា​អញ ដោយ​សេចក្ដី​អនុគ្រោះ។ លុះ​អាត្មា​អញ​បាន​ស្ដាប់​ធម៌​របស់​ព្រះ​អង្គ​ហើយ ក៏​បាន​បួស​ក្នុង​ធម្មវិន័យ ប្រកប​ព្យាយាម​ក្នុង​សាសនា​នៃ​ព្រះ​សាស្ដា បាន​ធ្វើ​ឲ្យ​ជាក់​ច្បាស់​នូវ​ព្រះ​និព្វាន​បទ​ដ៏ជា​ទី​ក្សេម។ទ. ១៧១ សេចក្ដី​សោក​ទាំង​ឡាយ​ទាំង​ពួង អាត្មា​អញផ្ដាច់​ផ្ដិល​ហើយ បាន​លះ​បង់​ហើយ ឲ្យ​មាន​ទីបំផុត​ត្រឹម​ព្រះ​អរហត្ត​នេះ ព្រោះ​ថា វត្ថុ​ទាំង​ឡាយ ដែល​ជាដែនកើត​នៃ​សេចក្ដីសោក អាត្មា​អញ​កំណត់​ហើយ។

វាសិដ្ឋីថេរី។

ខេមាថេរី

sut.kn.thi.06.03 | book_057

(៣. ខេមាថេរីគាថា)

[៣១៧] ហៃនាងខេមា នាងនៅ​ក្មេង ជាស្រីមាន​រូប យើងសោតក៏នៅ​ក្មេងកំឡោះ នាង​ចូរ​មក យើង​នឹងត្រេកត្រអាល​ដោយ​តូរ្យតន្រ្តី​ប្រកប​ដោយ​អង្គ ៥។

អាត្មានឿយណាយ ធុញទ្រាន់ ដោយ​កាយ​ស្អុយ ដែល​មាន​ជំងឺជា​និច្ច ពុកផុយ​នេះ កាមតណ្ហា អាត្មា​អញ​បាន​ដកចេញ​ហើយ។ កាម​ទាំង​ឡាយ មាន​ឧបមា​ដោយ​លំពែង និងអណ្ដោត ជា​ទីកាប់​ចិញ្ច្រាំនូវ​ខន្ធ​ទាំង​ឡាយ អ្នក​និយាយ​ចំពោះ​តម្រេក​ក្នុង​កាមណា ឥឡូវ​នេះ តម្រេក​ក្នុង​កាមនោះ មិន​ជា​ទី​ត្រេកអរ​នៃ​អាត្មាទេ។ សេចក្ដី​រីក​រាយ​ក្នុង​អារម្មណ៍​ទាំង​ពួង អាត្មា​បាន​កំចាត់​ចេញ​ហើយ គំនរ​ងងឹត អាត្មា​ក៏​បាន​ទំលាយ​ហើយ ម្នាលមារមាន​ចិត្តបាប អ្នក​ចូរដឹង​យ៉ាង​នេះ​ចុះ ម្នាលមារលាមក អ្នក​ឯង អាត្មា​បាន​កំចាត់​ចេញ​ហើយ។ ពួក​ជន​ពាល មិន​ដឹងតាមពិត សំពះនក្ខត្តឫក្ស​ទាំង​ឡាយ បូជាភ្លើង​ក្នុង​ព្រៃ ហើយ​សំគាល់​ថា​ជា​ការ​បរិសុទ្ធ។ទ. ១៧២ ចំណែកខាងអាត្មា នមស្ការព្រះ​សម្ពុទ្ធ ជា​បុរស​ខ្ពង់​ខ្ពស់ ជា​អ្នក​ធ្វើ​តាមសាសនា​របស់​ព្រះ​សាស្ដា បាន​រួច​ស្រឡះ​ហើយ ចាក​ទុក្ខ​ទាំង​ពួង។

ខេមាថេរី។

សុជាតាថេរី

sut.kn.thi.06.04 | book_057

(៤. សុជាតាថេរីគាថា)

[៣១៨] អាត្មា​អញមាន​ខ្លួន​ស្អិតស្អាង មាន​គ្រឿង​ស្លៀក​ពាក់​ល្អ ទ្រទ្រង់​ផ្កា​កម្រង លាបស្រឡាប​ដោយ​ខ្លឹមចន្ទន៍ បិទបាំងជិត​ដោយ​គ្រឿង​អាភរណៈ​គ្រប់​យ៉ាង មាន​ពួក​ទាសី​ហែហម​ហើយ។ អាត្មា​អញ បាន​យកបាយ ទឹក បង្អែម និងចំអាប​ដ៏​ច្រើន ចេញ​ទៅ​អំពីគ្រឹហា នាំចូល​ទៅ​កាន់​ឧទ្យាន។ អាត្មា​អញត្រេកអរ លេង​ក្នុង​ឧទ្យាន​នោះ រួច​ហើយ​ក៏​មកកាន់​ផ្ទះ​របស់​ខ្លួន បាន​ឃើញវិហារ ហើយក៏​ចូល​ទៅ​កាន់​វិហារ ក្នុង​ព្រៃ​អញ្ជ័ន ជិត​ក្រុង​សាកេត។ អាត្មា​អញ​បាន​ឃើញ​ព្រះ​ពុទ្ធ ជាប្រទីប​នៃ​លោក ហើយ​ចូល​ទៅ​ថ្វាយ​បង្គំ ឯ​ព្រះ​អង្គ ជា​បុគ្គល​មាន​ចក្ខុ បាន​សំដែងធម៌ដល់​អាត្មា​អញ ដោយ​សេចក្ដីអនុគ្រោះ។ លុះ​អាត្មា​អញ​បាន​ស្ដាប់​ធម៌​របស់​ព្រះ​មហេសី​ហើយ ក៏​បាន​ចាក់​ធ្លុះ​នូវ​សច្ចៈ បាន​សម្រេច​នូវ​និព្វាន​បទ ឈ្មោះ​អមតៈ ជា​ធម៌មិន​មាន​ធូលី គឺ​កិលេស ក្នុង​វិហារនោះ​ឯង។ទ. ១៧៣ លំដាប់​ពីនោះ អាត្មា​អញ​បាន​ដឹង​ច្បាស់​នូវ​ព្រះ​សទ្ធម្ម ហើយ​បួស​ក្នុង​ធម្មវិន័យ បាន​សម្រេច​ត្រៃវិជ្ជា ព្រះ​ពុទ្ធ​សាសនា មិន​ឥតអំពើ​ឡើយ។

សុជាតាថេរី។

អនោបមាថេរី

sut.kn.thi.06.05 | book_057

(៥. អនោបមាថេរីគាថា)

[៣១៩] អាត្មា​អញ កើត​ក្នុង​ត្រកូលខ្ពង់​ខ្ពស់ ដែល​មាន​គ្រឿង​ឧបករណ៍ជា​ទី​រីក​រាយច្រើន មាន​ទ្រព្យច្រើន ជាស្រីបរិបូណ៌​ដោយ​សម្បុរ និងរូប ជាធីតាបង្កើត​នៃសេដ្ឋី​ឈ្មោះ​មេឃិ។ ពួក​ព្រះ​រាជបុត្រក៏ចង់​បាន ពួក​សេដ្ឋីបុត្រក៏ជាប់​ចិត្ត ទើប​ប្រើ​ទូតទៅ (ក្នុង​សំណាក់) បិតា​របស់​អាត្មា​អញ (ថា) សូម​អ្នក​ឲ្យ​នាង​អនោបមាដល់​ខ្ញុំ។ ធីតា​របស់​អ្នក​ឈ្មោះ​អនោបមានុ៎ះ (លក្ខណញ្ញូជន) កាត់​ថ្លៃ​ចំនួនទ្រព្យប៉ុន្មាន ខ្ញុំ​សូមជូនប្រាក់ និងកែវជា ៨ គុណ អំពីទ្រព្យនោះ។ អាត្មា​អញ​នោះ បាន​ឃើញ​ព្រះ​សម្ពុទ្ធ ជាចម្បង​នៃលោក ព្រះ​អង្គប្រសើរបំផុត ក៏​ចូល​ទៅ​ក្នុង​ទី​សម​គួរ ថ្វាយ​បង្គំ​ព្រះ​បាទា​របស់​ព្រះ​អង្គ។ ព្រះ​គោតមនោះ បាន​សំដែង​ធម៌​ដល់​អាត្មា​អញ ដោយ​សេចក្ដីអនុគ្រោះ អាត្មា​អញ​អង្គុយ​លើ​អាសនៈ​នោះ ហើយ​បាន​សម្រេច​នូវ​ផលទី ៣។ទ. ១៧៤ លំដាប់​ពីនោះ​មក អាត្មា​អញ​បាន​កោរសក់​ទាំង​ឡាយ ហើយ​បួស​ក្នុង​ធម្មវិន័យ រាត្រីគំរប់ ៧ របស់​អាត្មា​អញ ក្នុង​ថ្ងៃ​នេះ ជារាត្រី​ដែល​តណ្ហារីងស្ងួត។

អនោបមាថេរី។

មហាបជាបតិគោតមីថេរី

sut.kn.thi.06.06 | book_057

(៦. មហាបជាបតិគោតមីថេរីគាថា)

[៣២០] បពិត្រ​ព្រះ​ពុទ្ធ មាន​ព្យាយាម អ្នក​ខ្ពង់​ខ្ពស់​ជាងសព្វ​សត្វ​ទាំង​ឡាយ ខ្ញុំ​សូម​ថ្វាយ​បង្គំ​ព្រះ​អង្គ ដែល​ទ្រង់​បាន​ប្រោស​ខ្ញុំ​ព្រះ​អង្គ និងជន​ដទៃច្រើនគ្នា ឲ្យ​រួច​ចាក​ទុក្ខ។ សេចក្ដីទុក្ខ​ទាំង​ពួង ខ្ញុំ​ព្រះ​អង្គបាន​កំណត់​ដឹង​ហើយ តណ្ហាជាដើម​ចម (នៃ​ទុក្ខ) ខ្ញុំ​ព្រះ​អង្គបាន​ធ្វើ​ឲ្យ​រីងស្ងួត​ហើយ មគ្គប្រកប​ដោយ​អង្គ ៨ ខ្ញុំ​ព្រះ​អង្គ​បាន​ចំរើន​ហើយ និរោធធម៌ ខ្ញុំ​ព្រះ​អង្គបាន​សម្រេច​ហើយ។ មាតាបិតា បុត្រ បង​ប្អូន និង​ជីដូនជីតា ដែល​មាន​ក្នុង​កាល​មុន ខ្ញុំ​ព្រះ​អង្គក៏​មិន​ដឹងតាមពិត មិន​បាន (នូវ​ទី​ពឹង​ក្នុង​សមុទ្រ គឺសង្សារ) បាន​អន្ទោលទៅ (យកកំណើត​ផ្សេង ៗ) ព្រះ​មាន​ព្រះ​ភាគ​អង្គនោះ ខ្ញុំ​ព្រះ​អង្គបាន​ឃើញ​ហើយ រាង​កាយ (របស់​ខ្ញុំ​ព្រះ​អង្គ) នេះ ជា​ទីបំផុត​ហើយ ជាតិសង្សារអស់​រលីង​ហើយ ឥឡូវ​នេះ ភព​ថ្មីមិន​មាន។ សូមព្រះ​អង្គទតនូវ​ពួក​សាវ័ក អ្នក​មាន​ព្យាយាមតឹង​តែង មាន​ចិត្ត​ស្លុងទៅ​រកព្រះ​និព្វាន មាន​ព្យាយាមមាំជា​និច្ច ជា​អ្នក​ព្រមព្រៀងគ្នា នេះ​ជា​ការ​ថ្វាយ​បង្គំ​ចំពោះ​ព្រះ​ពុទ្ធ​ទាំង​ឡាយ។ទ. ១៧៥ ឱហ្ន៎ ព្រះ​នាងមាយា បាន​បង្កើត​ព្រះ​គោតម ដើម្បី​ជា​ប្រយោជន៍ដល់​ពួក​ជនច្រើនគ្នា (ព្រោះ​ថា) ព្រះ​គោតម​បាន​បន្ទោបង់​នូវ​គំនរទុក្ខ នៃ​ពួក​ជន​ដែល​ត្រូ​វព្យាធិ និង​មរណៈ​ចាក់​ដោត។

មហាបជាបតិគោតមីថេរី។

គុត្តាថេរី

sut.kn.thi.06.07 | book_057

(៧. គុត្តាថេរីគាថា)

[៣២១] ម្នាលនាងគុត្តា ការ​ដែល​នាងលះ​បង់​កូន និងគំនរទ្រព្យ ហើយ​បួស ដើម្បី​ប្រយោជន៍​ណា នាងចូរចំរើន​ឲ្យ​រឿយ ៗ នូវ​ប្រយោជន៍នោះ​ឯង នាង​កុំ​លុះ​អំណាច​នៃ​ចិត្តឡើយ។ ពួក​សត្វ ត្រូវចិត្តបញ្ឆោត​ហើយ ត្រេកអរ​ក្នុង​វិស័យ​នៃ​មារ មិន​ដឹង​ថា អាត្មា​អញ​ត្រាច់​រង្គាត់​ទៅ​កាន់​សង្សារអស់​ជាតិ​មិន​តែ​មួយ។ កាមច្ឆន្ទៈ ព្យាបាទៈ សក្កាយទិដ្ឋិ សីលព្វតបរាមាសៈ និងវិចិកិច្ឆា ជា​គំរប់ ៥។ ម្នាលភិក្ខុ​នី លុះនាងលះនូវ​សំយោជនៈ ជាចំណែកខាងក្រោយម​ទាំង​នោះ​ហើយ ទើបលែងវិលមកកាន់​កាមភពនេះ​ទៀត។ នាងបើខំសង្កត់​សង្កិន​កាត់​ផ្ដាច់​នូវ​សំយោជនៈ​ទាំង​ឡាយ គឺរូបរាគៈ អរូបរាគៈ មានះ អវិជ្ជា ឧទ្ធច្ចៈ​ហើយ នឹង​ធ្វើ​នូវ​ព្រះ​និព្វាន​ជា​ទីបំផុត​នៃ​ទុក្ខបាន។ នាងបើ​ញ៉ាំង​ជាតិសង្សារឲ្យ​អស់ ហើយ​កំណត់​ដឹង​នូវ​ភព​ថ្មី នឹង​ទៅ​ជា​អ្នក​មិន​មាន​តណ្ហា ប្រព្រឹត្តស្ងប់​រម្ងាប់ ក្នុង​បច្ចុប្បន្ន ពិតប្រាកដបាន។

គុត្តាថេរី។

វិជហាថេរី

sut.kn.thi.06.08 | book_057
ទ. ១៧៦

(៨. វិជយាថេរីគាថា)

[៣២២] អាត្មា​អញមិនលុះអំណាច​ក្នុង​ភាវនាចិត្ត មិន​បាន​សេចក្ដីស្ងប់​ចិត្ត បាន​ចេញ​អំពីលំនៅ ៤ លើ​ក ៥ លើ​ក។ អាត្មា​អញ​បាន​ចូល​ទៅ​រកភិក្ខុ​នី (ព្រះ​ថេរី​ឈ្មោះ​ខេមា) ហើយសាកសួរ​ដោយ​គោរព លោកបាន​សំដែងធម៌ គឺធាតុ អាយតនៈ អរិយសច្ច ៤ ឥន្រ្ទិយ ពលៈ ពោជ្ឈង្គ អដ្ឋង្គិកមគ្គ ដល់​អាត្មា​អញ ដើម្បី​ដល់​នូវ​ប្រយោជន៍​ដ៏​ឧត្តម។ លុះ​អាត្មា​អញ បាន​ស្ដាប់​ពាក្យ​របស់​ភិក្ខុ​នី​នោះ​ហើយ ក៏​បាន​ធ្វើ​តាមពាក្យ​ប្រៀនប្រដៅ​របស់​លោក ក្នុង​បុរិមយាម​នៃ​រាត្រី បាន​រឭកឃើញ​នូវ​បុព្វជាតិ ក្នុង​មជ្ឈិមយាម​នៃ​រាត្រី បាន​ជម្រះ​នូវ​ទិព្វចក្ខុ ក្នុង​បច្ឆិមយាម​នៃ​រាត្រី បាន​ទំលាយនូវ​គំនរងងឹត វេលានោះ អាត្មា​អញ​បាន​ជ្រួត​ជ្រាបកាយ​ដោយ​បីតិ និងសុខៈ ទំលាយនូវ​គំនរងងឹត ហើយលាង​ជើង​ទាំង​គូ ក្នុង​រាត្រីទី ៧។

វិជហាថេរី។

ចប់ ឆក្កនិបាត។

សត្តកនិបាត

sut.kn.thi.07 | book_057
ទ. ១៧៧

(៧. សត្តកនិបាតោ)

ឧត្តរាថេរី

sut.kn.thi.07.01 | book_057

(១. ឧត្តរាថេរីគាថា)

[៣២៣] ពួក​មាណព កាន់​អង្រែ​ទាំង​ឡាយ​បុកស្រូវ ពួក​មាណព រមែង​បាន​នូវ​ទ្រព្យ ចិញ្ចឹមកូន និង​ប្រពន្ធ​ទាំង​ឡាយ។ នាង​ទាំង​ឡាយ ចូរព្យាយាមធ្វើ​អំពើ​ដែល​ធ្វើ​ហើយ មិន​ក្ដៅក្រហាយតាមក្រោយ ក្នុង​ព្រះ​ពុទ្ធសាសនា ចូរលាងជើង​ទាំង​ឡាយ​ឲ្យ​ឆាប់ ហើយ​អង្គុយ​ក្នុង​ទី​សម​គួរ។ នាង​ទាំង​ឡាយ ចូរតាំង​ចិត្ត តម្កល់​ឲ្យ​មាំ ឲ្យ​មាន​អារម្មណ៍​តែ​មួយ ហើយពិចារណា​នូវ​សង្ខារ​ទាំង​ឡាយ ថា​ជា​របស់​ដទៃ ទាំង​មិន​មែន​ជា​របស់​ខ្លួន។

អាត្មា​បាន​ស្ដាប់​ពាក្យ​របស់​ព្រះ​ថេរី​នោះ គឺ​ជា​ពាក្យ​ប្រៀនប្រដៅ​របស់​ព្រះ​ថេរី​ឈ្មោះ​បដាចារា ហើយបាន​លាង​ជើង រួច​ចូល​ទៅ​អង្គុយ​ក្នុង​ទី​សម​គួរ។ ក្នុង​បុរិមយាម​នៃ​រាត្រី អាត្មា​បាន​រឭក​ឃើញ​នូវ​បុព្វជាតិ ក្នុង​មជ្ឈិមយាម​នៃ​រាត្រី អាត្មា​បាន​ជម្រះ​នូវ​ទិព្វចក្ខុ។ ក្នុង​បច្ឆិម​យាម​នៃ​រាត្រី អាត្មា​បាន​ទំលាយនូវ​គំនរងងឹត ជាស្រីបាន​នូវ​ត្រៃវិជ្ជា បាន​ក្រោកចេញ (អំពីអាសនៈ) ក្នុង​កាលជា​ខាងក្រោយ ពាក្យ​ប្រៀនប្រដៅ​របស់​លោក​ម្ចាស់ ខ្ញុំ​បាន​ប្រព្រឹត្ត​ហើយ។ ពួក​ទេវតា​ក្នុង​ឋនត្រៃត្រឹង្ស (ហែ​ហម) នូវ​សក្កទេវរាជ ដែល​ឈ្នះ​ក្នុង​សង្រ្គាមយ៉ាង​ណា ខ្ញុំ​បាន​នូវ​ត្រៃវិជ្ជា មិន​មាន​អាសវៈ ក៏ហែហម (លោកម្ចាស់) យ៉ាង​នោះ​ដែរ។

ឧត្តរាថេរី។

ចាលាថេរី

sut.kn.thi.07.02 | book_057
ទ. ១៧៨

(២. ចាលាថេរីគាថា)

[៣២៤] អាត្មា​ជា​ភិក្ខុ​នី បាន​ចំរើន​នូវ​ឥន្រ្ទិយ ផ្ចង់​ស្មារតី បាន​ចាក់​ធ្លុះ​នូវ​ព្រះ​និព្វាន ជា​ទីស្ងប់​រម្ងាប់​នូវ​សង្ខារ ជា​សុខ​ក្រៃលែង។

នាងជាស្ត្រីកំណោរ ប្រាកដ​ដូច​ជា​សមណី តើឧទ្ទិសចំពោះ​លទ្ធិណា នាង​មិន​គាប់​ចិត្ត​នឹង​លទ្ធិ​ទាំង​ឡាយ ហេតុអ្វីក៏​នាងជា​ស្ត្រីវង្វេង​ប្រព្រឹត្ត​បែបនេះ។

លទ្ធិ​ទាំង​ឡាយ ខាង​ក្រៅ​អំពីសាសនា​នេះ អាស្រ័យ​នូវ​ទិដ្ឋិ​ទាំង​ឡាយ ពួក​ជន (ប្រកាន់​លទ្ធិ) នោះ មិន​ដឹង​ច្បាស់​នូវ​ធម៌ ពួក​ជន​នោះ មិន​វាងវៃ​ក្នុង​ធម៌។ មាន (ព្រះ​រាជបុត្រ​មួយអង្គ) កើត​ក្នុង​សក្យ​ត្រកូល បាន​ត្រាស់​ជា​ព្រះ​ពុទ្ធ មិន​មាន​បុគ្គល​ផ្ទឹម​បាន ព្រះ​អង្គបាន​សំដែងប្រាប់​អាត្មានូវ​អរិយសច្ចធម៌ ជា​ធម៌​ប្រព្រឹត្តកន្លង​នូវ​ទិដ្ឋិ គឺទុក្ខ ១ ហេតុ​នាំឲ្យ​កើតទុក្ខ ១ ទី​ដែល​ប្រព្រឹត្តកន្លង​នូវ​ទុក្ខ ១ មគ្គ​ប្រកប​ដោយ​អង្គ ៨ ដ៏​ប្រសើរ​ជាដំណើរទៅ​កាន់​ទីរំលត់​ទុក្ខ ១។ អាត្មា​បាន​ស្ដាប់​ព្រះ​ពុទ្ធដីកា​របស់​ព្រះ​អង្គ​ហើយ ក៏​ត្រេកអរ​ក្នុង​សាសនា ត្រៃវិជ្ជា អាត្មា​បាន​សម្រេច​ហើយ សាសនា​របស់​ព្រះ​ពុទ្ធ អាត្មា​បាន​ធ្វើ​ហើយ។ សេចក្ដីរីករាយ​ក្នុង​អារម្មណ៍​ទាំង​ពួង អាត្មា​បាន​កំចាត់​ហើយ គំនរ​ងងឹត អាត្មា​បាន​ទំលាយ​ហើយ ម្នាលមារកំបាប អ្នក​ចូរ​ដឹងយ៉ាង​នេះ​ចុះ ម្នាលមារ​លាមក អ្នក​ឯង យើងកំចាត់​ចេញ​ហើយ។

ចាលាថេរី។

ឧបចាលាថេរី

sut.kn.thi.07.03 | book_057
ទ. ១៧៩

(៣. ឧបចាលាថេរីគាថា)

[៣២៥] អាត្មា​ជា​ភិក្ខុ​នី មាន​ស្មារតី មាន​ចក្ខុ គឺបញ្ញា មាន​ឥន្រ្ទិយចំរើន​ហើយ បាន​ចាក់​ធ្លុះ​នូវ​ព្រះ​និព្វាន​ជា​ទីស្ងប់ ដែល​បុរសថោកទាបមិន​ដែល​បាន​សេព​ហើយ។

នាងមិនគាប់​ចិត្ត​នឹងជាតិទេឬ សត្វ​ដែល​កើត​ហើយ តែងបរិភោគ​កាម​ទាំង​ឡាយ នាងចូរបរិភោគនូវ​តម្រេក​ក្នុង​កាម​ទាំង​ឡាយ កុំឲ្យ​មាន​សេចក្ដីស្ដាយ​ក្រោយ។

សេចក្ដី​ស្លាប់ និង​ការ​កាត់​នូវ​ដៃជើង រមែង​មាន​ដល់​សត្វ​ដែល​កើត​ហើយ សត្វ​ដែល​កើត​ហើយ រមែង​ដល់​នូវ​សេចក្ដីទុក្ខ មាន​ការ​សម្លាប់ និង​ការ​ចង​ជាកំណត់។ មាន (ព្រះ​រាជបុត្រ​មួយព្រះ​អង្គ) កើត​ក្នុង​សក្យត្រកូល បាន​ត្រាស់​ជា​ព្រះ​ពុទ្ធ ព្រះ​អង្គ​ផ្ចាញ់​នូវ​មារ មាន​កិលេសមារ​ជាដើម ព្រះ​អង្គ​បាន​សំដែង​ប្រាប់​អាត្មានូវ​អរិយ​សច្ចធម៌ ជា​ធម៌​កន្លង​នូវ​ជាតិ គឺទុក្ខ ១ ហេតុនាំឲ្យ​កើតទុក្ខ​មួយ ១ ទី​ដែល​ប្រព្រឹត្តកន្លង​នូវ​ទុក្ខ ១ មគ្គ​ប្រកប​ដោយ​អង្គ ៨ ដ៏​ប្រសើរ ជាដំណើរ​ទៅ​កាន់​ទី​រំលត់​ទុក្ខ ១។ អាត្មា​បាន​ស្ដាប់​ព្រះ​ពុទ្ធដីការ​បស់​ព្រះ​អង្គ​ហើយ ក៏​ត្រេកអរ​ក្នុង​សាសនា ត្រៃវិជ្ជា អាត្មា​បាន​សម្រេច​ហើយ សាសនា​របស់​ព្រះ​ពុទ្ធ អាត្មា​បាន​ធ្វើ​ហើយ។ទ. ១៨០ សេចក្ដីរីករាយ ក្នុង​អារម្មណ៍​ទាំង​ពួង អាត្មា​បាន​កំចាត់​ចេញ​ហើយ គំនរងងឹត អាត្មា​បាន​ទំលាយចេញ​ហើយ ម្នាល​មារកំបាប អ្នក​ចូរដឹងយ៉ាង​នេះ​ចុះ ម្នាលមារលាមក អ្នក​ឯង យើងកំចាត់​ចេញ​ហើយ។

ឧបចាលាថេរី។

ចប់ សត្តកនិបាត។

អដ្ឋកនិបាត

sut.kn.thi.08 | book_057
ទ. ១៨១

(៨. អដ្ឋកនិបាតោ)

សីសូបចាលាថេរី

sut.kn.thi.08.01 | book_057

(១. សីសូបចាលាថេរីគាថា)

[៣២៦] ភិក្ខុ​នី បរិបូណ៌​ដោយ​សីល សង្រួម​ដោយ​ប្រពៃ ក្នុង​ឥន្រ្ទិយ​ទាំង​ឡាយ គប្បី​បាន​នូវ​ព្រះ​និព្វាន​ជា​ទីស្ងប់ មាន​ឱជៈ​មិនច្របូកច្របល់​ដោយ​វត្ថុអ្វីមួយ។

ពួក​ទេវតាណា នៅ​ក្នុង​ឋនតាវត្តិង្សក្ដី នៅ​ក្នុង​ឋនយាមៈ​ក្ដី នៅ​ក្នុង​ឋន​តុសិតក្ដី ពួក​ទេវតានៅ​ក្នុង​ឋននិម្មានរតីក្ដី ពួក​ទេវតានៅ​ក្នុង​ឋន​បរនិម្មិតវសវត្តី​ក្ដី នាង​ចូរតាំង​ចិត្តទៅ​រកពួក​ទេវតា​ទាំង​នោះ ដែល​នាងធ្លាប់​នៅ​ហើយ ក្នុង​កាល​មុន។

ពួក​ទេវតាណា នៅ​ក្នុង​ឋនតាវត្តិង្សក្ដី នៅ​ក្នុង​ឋនយាមៈ​ក្ដី នៅ​ក្នុង​ឋន​តុសិតក្ដី ពួក​ទេវតានៅ​ក្នុង​ឋននិម្មានរតីក្ដី ពួក​ទេវតានៅ​ក្នុង​ឋនបរនិម្មិតវសវត្តីក្ដី (ទេវតា​ទាំង​នោះ ចេញ​) អំពីភពទៅ​កាន់​ភព សព្វ ៗ កាល តម្កល់​នៅ​ក្នុង​សក្កាយ គឺ​ខន្ធ​បញ្ចកៈ មិន​ប្រព្រឹត្តកន្លង​នូវ​សក្កាយ ជា​អ្នក​អន្ទោលទៅ​កាន់​ជាតិ និង​មរណៈ។ លោក​ទាំង​មូល​ឆេះ លោក​ទាំង​មូលច្រានរន្ទាល លោក​ទាំង​មូលសន្ធោសន្ធៅ លោក​ទាំង​មូលញាប់​ញ័រ (ដោយ​ភ្លើង ១១ មាន​រាគៈ​ជាដើម) ព្រះ​ពុទ្ធបាន​សំដែង​ធម៌ប្រាប់​អាត្មា ជា​ធម៌​ដែល​មិន​កម្រើក មិន​មានអ្វី​ផ្ទឹម​បាន ដែល​បុថុជ្ជនសេពមិន​បាន ហើយចិត្ត​របស់​អាត្មាត្រេអរចំពោះ​ក្នុង​ធម៌​នោះ។ទ. ១៨២ អាត្មា​បាន​ស្ដាប់​ព្រះ​ពុទ្ធ​ដីកា​របស់​ព្រះ​អង្គ​ហើយ ក៏​ត្រេកអរ​ក្នុង​សាសនា ត្រៃវិជ្ជា អាត្មា​បាន​សម្រេច​ហើយ សាសនា​របស់​ព្រះ​ពុទ្ធ អាត្មា​បាន​ធ្វើ​ហើយ។ សេចក្ដីរីករាយ​ក្នុង​អារម្មណ៍​ទាំង​ពួង អាត្មា​បាន​កំចាត់​ចេញ​ហើយ គំនរងងឹត អាត្មា​បាន​ទំលាយ​ចេញ​ហើយ ម្នាលមារ​កំបាប អ្នក​ចូរដឹងយ៉ាង​នេះ​ចុះ ម្នាលមារលាមក អ្នក​ឯង យើងកំចាត់​ចេញ​ហើយ។

សីសូបចាលាថេរី។

ចប់ អដ្ឋកនិបាត។

នវកនិបាត

sut.kn.thi.09 | book_057
ទ. ១៨៣

(៩. នវកនិបាតោ)

វឌ្ឍមាតាថេរី

sut.kn.thi.09.01 | book_057

(១. វឌ្ឍមាតុថេរីគាថា)

[៣២៧] ហៃវឌ្ឍៈ ព្រៃ គឺ​កិលេស កុំមាន​ដល់​លោក ក្នុង​កាល​ណា ៗ ឡើយ ហៃ​កូន លោក​កុំមាន​ចំណែក​នៃសេចក្ដីទុក្ខរឿយ ៗ ឡើយ។ ហៃវឌ្ឍៈ ព្រោះ​ថា អ្នក​ប្រាជ្ញ​ទាំង​ឡាយ លោកមិន​មាន​តណ្ហា កាត់​សេចក្ដីសង្ស័យ ជា​អ្នក​ត្រជាក់​ត្រជំ ដល់​នូវ​សេចក្ដីរាបសា មិន​មាន​អាសវៈ តែងនៅ​ជា​សុខ។ ហៃវឌ្ឍៈ ចូរ​លោក​ចំរើន​ឲ្យ​រឿយ ៗ ដើម្បី​ដល់​នូវ​ការ​ឃើញមគ្គ ដែល​ពួក​ឥសីនោះ ធ្លាប់​សន្សំមក​ហើយ ដើម្បី​ធ្វើ​នូវ​ព្រះ​និព្វាន​ជា​ទីបំផុតទុក្ខ។

បពិត្រមាតា លោកក្លៀវក្លា ប្រាប់​សេចក្ដីនេះ​ដល់​ខ្ញុំ បពិត្រ​មាតា ខ្ញុំ​សំគាល់​ថា ព្រៃ គឺ​កិលេស​របស់​លោក មិន​មាន​ដោយ​ពិត។

ហៃវឌ្ឍៈ សង្ខារ​ទាំង​ឡាយ ឯណានី​មួយ​ដ៏ថោកទាប ឧត្តម និងកណ្ដាល ព្រៃ គឺ​កិលេស សូម្បីតូចឆ្មារក្ដី សូម្បី​បន្តិចបន្តួចក្ដី នៃ​ខ្ញុំ​មិន​មាន​ឡើយ។ ខ្ញុំ​ជា​អ្នក​មិន​ប្រមាទ បាន​ចំរើន​ឈាន មាន​អាសវៈ​ទាំង​ពួង​អស់​ហើយ ត្រៃវិជ្ជា ខ្ញុំ​បាន​សម្រេច​ហើយ សាសនា​របស់​ព្រះ​ពុទ្ធ ខ្ញុំ​បាន​ធ្វើ​ហើយ។ទ. ១៨៤

មាតា​របស់​ខ្ញុំ បាន​ចាក់​ជន្លួញ​ដ៏​លើសលុប គឺគាថាប្រកប​ដោយ​ប្រយោជន៍​យ៉ាង​សំខាន់ ៗ ដោយ​ពិត ដូច​ជាពួក​ជន​អ្នក​អនុគ្រោះ។ ខ្ញុំ​បាន​ស្ដាប់​ពាក្យ​ប្រៀន​ប្រដៅ​របស់​លោក ដែល​ជាមាតាបង្កើត ហើយក៏ដល់​នូវ​ធម្មសង្វេគ ដើម្បី​ដល់​នូវ​ព្រះ​និព្វាន​ជា​ទីក្សេម​ចាក​យោគៈ។ ខ្ញុំ​នោះ មាន​ចិត្តស្លុងទៅ​រកព្រះ​និព្វាន ដោយ​សម្មប្បធាន មិន​ខ្ជិលច្រអូស​ទាំង​យប់​ទាំង​ថ្ងៃ ជា​អ្នក​ដែល​មាតាដាស់​តឿន​ហើយ ក៏ស្ងប់​រម្ងាប់ បាន​សម្រេច​នូវ​ព្រះ​និព្វាន​ដ៏​ខ្ពង់​ខ្ពស់។

វឌ្ឍមាតាថេរី។

ចប់ នវកនិបាត។

ឯកាទសកនិបាត

sut.kn.thi.10 | book_057

(១០. ឯកាទសនិបាតោ)

កីសាគោតមីថេរី

sut.kn.thi.10.01 | book_057

(១. កិសាគោតមីថេរីគាថា)

[៣២៨] ភាព​នៃ​កល្យាណមិត្តចំពោះ​សត្វលោក ព្រះ​មុនីទ្រង់​សរសើរ​ហើយ បុគ្គល​កាលគប់​រក​នូវ​ពួក​កល្យាណមិត្ត សូម្បីខ្លួន​ជា​បុគ្គល​ពាល ក៏គង់​បាន​ទៅ​ជា​បណ្ឌិត។ បុគ្គល​គួរ​គប់​រក​នូវ​ពួក​សប្បុរស ប្រាជ្ញា​នៃ​ពួក​បុគ្គល​ដែល​រាប់​រក (នូវ​សប្បុរស) រមែង​ចំរើន​ដោយ​ពិត បុគ្គល​ឯណានីមួយ មាន​ក្សត្រជាដើម កាល​គប់​រក​នូវ​ពួក​សប្បុរស គប្បី​រួច​ចាក​ទុក្ខ​ទាំង​អស់​ផង គប្បី​ដឹង​នូវ​អរិយ​សច្ច​ទាំង ៤ ផង គឺទុក្ខសច្ច ១ ទុក្ខសមុទយសច្ច ១ ទុក្ខនិរោធសច្ច ១ មគ្គសច្ច ប្រកប​ដោយ​អង្គ ៨ ប្រការ ១។ ព្រះ​មាន​ព្រះ​ភាគ ជាសារថីទូន្មាននូវ​បុរស ទ្រង់​ត្រាស់​ថា ឥត្ថីភាព នាំ​មក​នូវ​សេចក្ដីទុក្ខ។ មែន​ពិត ការ​នៅ​រួមជាមួយ​នឹងស្វាមី នាំ​មក​នូវ​ទុក្ខ ស្រីពួក​ខ្លះ សម្រាលបុត្រ​តែម្ដង ដាច់​បំពង់​ស្បូន (ស្លាប់) ក៏​មាន (ស្រីពួក​ខ្លះ) ជាសុខុមាលជាតិ មាន​គភ៌រវាងពាក់​កណ្ដាល ប្រាថ្នា​សម្លាប់​កូន​ក្នុង​គភ៌ ស៊ីថ្នាំពិស ដល់​នូវ​សេចក្ដីវិនាស ទាំង​ពីរ​នាក់ (កូន និងម្ដាយ) ក៏​មាន។

ខ្ញុំ​កាលទៅ​រកទី​សម្រាល (កូន) បាន​ឃើញប្ដី​ស្លាប់ ខ្ញុំ​ទៅ​មិន​ទាន់​ដល់​ផ្ទះ​របស់​ខ្លួន ក៏សម្រាល (កូន) កណ្ដាលផ្លូវ។ទ. ១៨៦ កូន​ទាំង​ពីរ ក៏​ធ្វើ​មរណកាល ប្ដីរបស់​ខ្ញុំ​ក៏ស្លាប់​ក្នុង​ផ្លូវ ខ្ញុំ​ជា​ស្រី​កំព្រា ឯមាតាបិតា និងបងប្អូនប្រុស ក៏​ត្រូវគេ​ដុត​ក្នុង​ជើងថ្ករ​ជាមួយគ្នា។ នាង​រងទុក្ខ​ប្រមាណមិន​បាន ក្នុង​ត្រកូល​ដែល​អស់​ភោគ​សម្បត្តិ ជាត្រកូលកំព្រា ទឹកភ្នែក​របស់​នាងប្រព្រឹត្ត​ទៅ​អស់​ពាន់​ជាតិជា​ច្រើន។ ខ្ញុំ​ឃើញនាង (កើតជា) ចចកញី ស៊ីសាច់​មនុស្ស​ក្នុង​កណ្ដាលព្រៃ​ស្មសាន មួយ​ទៀត សាច់​កូន ក៏នាងបាន​ស៊ី​ហើយ (ក្នុង​អត្តភាពនេះ​) ខ្ញុំ​មាន​វង្សត្រកូល​សាប​សូន្យ ត្រូវ​អ្នក​ផងតិះ​ដៀល មាន​ប្ដីក៏ស្លាប់ តែបាន​ត្រាស់​ដឹង​នូវ​អមតៈ។ អរិយមគ្គ​ប្រកប​ដោយ​អង្គ​៨ ជាដំណើរទៅ​កាន់​ព្រះ​និព្វាន ឈ្មោះ​អមតៈ​នេះ ខ្ញុំ​បាន​ចំរើន​ហើយ ទាំង​ព្រះ​និព្វាន ខ្ញុំ​ក៏​បាន​ធ្វើ​ឲ្យ​ជាក់​ច្បាស់​ហើយដែរ ខ្ញុំ​បាន​ឃើញ​ហើយ​នូវ​កញ្ចក់ គឺធម៌។ ខ្ញុំ​មាន​សរ គឺរាគាទិ​ក្កិលេសកាត់​ហើយ មាន​ភារៈ​ដាក់​ចុះ​ហើយ កិច្ច​ដែល​គួរ​ធ្វើ​ ខ្ញុំ​បាន​ធ្វើ​រួច​ស្រេច​ហើយ នាងកីសាគោតមី​ថេរី មាន​ចិត្តផុតស្រឡះ​ហើយ (ចាក​កិលេស) បាន​ពោល​នូវ​សេចក្ដី​នេះ។

កីសាគោតមីថេរី។

ចប់ ឯកាទសកនិបាត។

ទ្វាទសកនិបាត

sut.kn.thi.11 | book_057
ទ. ១៨៧

(១១. ទ្វាទសកនិបាតោ)

ឧប្បលវណ្ណាថេរី

sut.kn.thi.11.01 | book_057

(១. ឧប្បលវណ្ណាថេរីគាថា)

[៣២៩] យើងទាំង​ពីរ​នាក់ គឺមាតា និងធីតា មាន​ប្ដីជាមួយគ្នា (ភរិយារួមប្ដី) សេចក្ដី​តក់​ស្លុត សេចក្ដីព្រឺរោម អស្ចារ្យចំឡែក កើតមាន​ដល់​ខ្ញុំ​នោះ។ ថ្វឺយ កាម​ទាំង​ឡាយ ជា​របស់​មិនស្អាត មាន​ក្លិនអាក្រក់ ដូច​ជាបន្លាច្រើនយ៉ាង ដែល​នាំយើង​ទាំង​ពីរ​នាក់ គឺមាតា និងធីតា ឲ្យ​ជាភរិយាជាមួយគ្នា។ លុះ​ខ្ញុំ​ឃើញ​ទោស​ក្នុង​កាម​ទាំង​ឡាយ​ហើយ ឃើញនេក្ខម្មៈ ថា​ជា​របស់​ក្សេម ទើបចេញ​ចាក​ផ្ទះ​ក្នុង​ក្រុង​រាជគ្រឹះ ចូល​កាន់​ផ្នួស។ ខ្ញុំ​ដឹង​នូវ​បុព្វេ​និវាស ឯទិព្វចក្ខុ និង​ចេតោបរិយញ្ញាណ ខ្ញុំ​ជម្រះ​ហើយ ទិព្វសោត​ធាតុ ខ្ញុំ​ជម្រះ​ហើយដែរ។ ទាំង​ឫទ្ធិ ខ្ញុំ​បាន​ធ្វើ​ឲ្យ​ជាក់​ច្បាស់​ហើយ ការ​អស់​ទៅ​នៃ​អាសវៈ ខ្ញុំ​បាន​ដល់​ហើយ អភិញ្ញា ៦ ខ្ញុំ​បាន​ធ្វើ​ឲ្យ​ជាក់​ច្បាស់​ហើយ ពុទ្ធសាសនា ខ្ញុំ​បាន​ធ្វើ​ហើយ។ ខ្ញុំ​និមិ្មតនូវ​រថ​ទឹមសេះ ៤ ដោយ​ឫទ្ធិ ហើយថ្វាយ​បង្គំ​ព្រះ​បាទ​ទាំង​គូ​នៃ​ព្រះ​ពុទ្ធ​ដ៏​មាន​សិរី ជា​ទីពឹង​នៃសត្វលោក។

នាងជាស្រីម្នាក់​ឯង ចូលមកកាន់​ដើមរាំងភ្នំ ដែល​នៅ​ចុង​មាន​ផ្ការីកស្គុះស្គាយ ហើយ​ឈរនៅ​ទៀប​គល់​ឈើ បុគ្គល​ណា​មួយជា​គំរប់​ពីរ​របស់​នាងក៏​មិន​មាន នែស្រ្តីពាល នាងមិនខ្លាចពួក​អ្នក​លេងទេឬ។ទ. ១៨៨ បើ​ទុក​ជា​អ្នក​លេង​ទាំង​ឡាយ​មួយ​រយ ឬមួយពាន់ ជា​បុគ្គល​មាន​សភាពយ៉ាង​នេះ មកជួបជុំគ្នា ក៏រោម (របស់​យើង) មិន​ព្រឺព្រួច មិន​ញាប់​ញ័រ នែមារ អ្នក​ម្នាក់​ឯង នឹង​ធ្វើ​នូវ​អ្វីដល់​យើងកើត។

យើងនេះ​នឹងបាត់​ទៅ ឬ​នឹងចូល​ទៅ​កាន់​ផ្ទៃ​របស់​អ្នក​ក៏​បាន ឬបើ​ទុក​ជាឈរ​នៅ​ក្បែរចន្លោះចិញ្ចើម​របស់​អ្នក ក៏​អ្នក​មើលមិន​ឃើញយើងឈរដែរ។ យើងជាស្រ្តី​ស្ទាត់​ក្នុង​អធិចិត្ត ឥទ្ធិបាទ​ទាំង​ឡាយ យើងបាន​ចំរើន​ហើយ​ដោយ​ប្រពៃ អភិញ្ញា ៦ យើងបាន​ធ្វើ​ឲ្យ​ជាក់​ច្បាស់​ហើយ ពុទ្ធសាសនា យើងបាន​ធ្វើ​ហើយ។ កាម​ទាំង​ឡាយ ប្រៀប​ដោយ​លំពែង និងឈើស្រួច សម្រាប់​ចិញ្ច្រាំ​នូវ​ខន្ធ​ទាំង​ឡាយ អ្នក​ពោល​នូវ​តម្រេក​ក្នុង​កាម​ណា ឥឡូវ​នេះ តម្រេក​ក្នុង​កាមនោះ មិន​មែន​ជាតម្រេក​របស់​យើង​ឡើយ។ សេចក្ដីរីករាយ​ក្នុង​កាម​ទាំង​អស់ យើងបាន​កំចាត់​ចេញ​ហើយ គំនរ​នៃ​ងងឹត

(អវិជ្ជា) យើងបាន​ទំលាយ​ចោល​ហើយ នែមារ​មាន​ចិត្តបាប អ្នក​ចូរដឹងយ៉ាង​នេះ​ចុះ នែ​មារថោកទាប អ្នក យើងកំចាត់​ចេញ​ហើយ។

ឧប្បលវណ្ណាថេរី។

ចប់ ទ្វាទសកនិបាត។

សោឡសកនិបាត

sut.kn.thi.12 | book_057
ទ. ១៨៩

(១២. សោឡសនិបាតោ)

បុណ្ណិកាថេរី

sut.kn.thi.12.01 | book_057

(១. បុណ្ណាថេរីគាថា)

[៣៣០] ខ្ញុំ​ជាស្រ្តី​អ្នក​ដងទឹក មាន​ការ​ខ្លាចទណ្ឌភ័យ​នៃជន​ជាម្ចាស់​ទាំង​ឡាយ ត្រូវភ័យ​អំពីវាចា និងទោស​បៀត​បៀន ហើយចុះទឹករាល់​ពេល​ក្នុង​កាល​ត្រជាក់​រងារ។ ម្នាលព្រាហ្មណ៍ អ្នក​ខា្លច​អ្នក​ណា ទើបចុះទឹករាល់​ពេល មាន​ខ្លួន​ញាប់​ញ័រ ទទួលរងរងារ​ដ៏​ក្រៃលែង។

ម្នាលនាងបុណ្ណិកា​ដ៏​ចំរើន នាងដឹង (ថា​ខ្ញុំ) កំពុង​ធ្វើ​កុសលកម្ម ជា​គ្រឿង​បិទនូវ​បាបកម្មដែរ ម្ដេចក៏សួរ​ដេញដោល។ បុគ្គល​ណា ទោះចាស់​ក្ដី ក្មេងក្ដី ធ្វើ​បាបកម្ម បុគ្គល​នោះ រមែង​រួច​ចាក​បាបកម្ម ព្រោះ​ការ​ស្រោចស្រប់​ដោយ​ទឹក។

អ្នក​ល្ងង់​ណាហ្ន៎ បាន​និយាយ​ពាក្យ​នេះ ទៅ​រក​អ្នក​ដែល​ល្ងង់​ដែរ (ថាបុគ្គល) រមែង​រួច​ចាក​បាបកម្ម ព្រោះ​ការ​ស្រោចស្រប់​ដោយ​ទឹក (បើ​ដូច្នោះ) កង្កែប អណ្ដើក នាគ ក្រពើ ឬសត្វ​ដទៃ​ណា​មួយ ដែល​ត្រាច់​ទៅ​ក្នុង​ទឹក​ទាំង​អស់ នឹង​ទៅ​កាន់​ឋនសួគ៌​ដោយ​ពិត។ ពួក​ជន​អ្នក​សម្លាប់​ទ្រាយ សម្លាប់​ជ្រូក នេសាទត្រី អ្នក​ចាប់​ម្រឹគ ពួក​ចោរ ពួក​ពេជ្ឈ​ឃាត ឬពួក​ជនឯ​ទៀត ដែល​មាន​កម្ម​ដ៏លាមក ពួក​ជន​ទាំង​នោះ ក៏​រួច​ចាកបាបកម្ម ព្រោះ​ការ​ស្រោច​ស្រប់​ដោយ​ទឹក។ ប្រសិនបើ​ស្ទឹង​ទាំង​នោះ អាចបន្សាត់​ចោល​នូវ​បាប ដែល​អ្នក​ធ្វើ​ក្នុង​កាល​មុនបានទ. ១៩០ ស្ទឹង​ទាំង​នោះ ក៏អាចបន្សាត់​ចោល​នូវ​បុណ្យ​របស់​អ្នក​បាន​ដែរ ព្រោះ​ហេតុ​នោះ ខ្លួន​អ្នក​នឹង​ទៅ​ជា​បុគ្គល​ក្រៅស្រឡះ។ ម្នាលព្រាហ្មណ៍ អ្នក​ខ្លាចចំពោះ​បាបកម្មណា ហើយ​ចុះត្រាំទឹក​គ្រប់ ៗ ពេល ម្នាលព្រាហ្មណ៍ អ្នក​កុំធ្វើ​នូវ​បាបនោះ​វិញ កុំ (ចុះត្រាំទឹក) ឲ្យ​រងារ បៀត​បៀន​នូវ​សម្បុរសរីរៈ​របស់​អ្នក​ឡើយ។

នាងដឹកនាំ​ខ្ញុំ ដែល​ដើរផ្លូវខុស ឲ្យ​ដើរ​ទៅ​តាមផ្លូវ​ដ៏​ប្រសើរ ម្នាលនាង​ដ៏​ចំរើន ខ្ញុំ​សូមជូនសាដកសម្រាប់​ស្រោចស្រប់​ទឹកនេះ ដល់​នាង។

សំពត់​សាដក ចូរ​នៅ​ជា​របស់​អ្នក​ដ​ដែល​ចុះ ខ្ញុំ​មិន​ត្រូវការ​សំពត់​សាដក (របស់​អ្នក) ទេ។ បើ​អ្នក​ខ្លាច​សេចក្ដីទុក្ខ បើ​សេចក្ដីទុក្ខ​មិន​ជា​ទី​ស្រឡាញ់​នៃ​អ្នក​ទេ អ្នក​កុំធ្វើ​បាបកម្ម ទោះបី​ក្នុង​ទីវាលក្ដី ក្នុង​ទី​កំបាំងក្ដី។ បើ​អ្នក​នឹង​ធ្វើ​ ឬកំពុងធ្វើ​នូវ​បាបកម្ម សូម្បី​អ្នក​ហោះ​រត់​ទៅ ក៏​មិនរួច​ចាក​ទុក្ខ។ បើ​អ្នក​ខ្លាច​សេចក្ដីទុក្ខ បើសេចក្ដី​ទុក្ខមិន​ជា​ទី​ស្រឡាញ់​របស់​អ្នក​ទេ អ្នក​ចូរ​ដល់​នូវ​ព្រះ​ពុទ្ធ​ជាតាទិបុគ្គល​ផង នូវ​ព្រះ​ធម៌ផង នូវ​ព្រះ​សង្ឃ​ផង ជា​ទី​ពឹងចុះ ចូរសមាទាសីល​ទាំង​ឡាយ​ចុះ ការ​ដល់​នូវ​ទីពឹង និង​ការ​សមាទាន​សីលនោះ នឹងញ៉ាំង​អ្នក​ឲ្យ​រួច​ចាក (ទុក្ខ)។

ពីដើម ខ្ញុំ​ជាព្រាហ្មណ៍​តែពូជ ថ្ងៃ​នេះ​ខ្ញុំ​ជាព្រាហ្មណ៍ពិត មាន​ត្រៃវិជ្ជា បរិបូណ៌​ដោយ​វេទ ជា​អ្នក​មាន​សួស្ដី ជា​អ្នក​លាងបាប។

បុណ្ណិកាថេរី។

ចប់ សោឡសកនិបាត។

វីសតិនិបាត

sut.kn.thi.13 | book_057
ទ. ១៩១

(១៣. វីសតិនិបាតោ)

អម្ពបាលីថេរី

sut.kn.thi.13.01 | book_057

(១. អម្ពបាលីថេរីគាថា)

[៣៣១] កាលពីដើម សក់​របស់​ខ្ញុំ​មាន​ចុង​ង មាន​ពណ៌ខ្មៅ ប្រាកដស្មើ​ដោយ​ពណ៌​នៃស្លាបកន្លង់ ឥឡូវ​នេះ សក់​ទាំង​ឡាយ​នោះ ប្រាកដស្មើ​ដោយ​សម្បកធ្មៃ និង​សម្បកក្រចៅ ព្រោះ​តែជរា ព្រះ​ពុទ្ធដីការ​បស់​ព្រះ​សម្មាសម្ពុទ្ធ ព្រះ​អង្គ​ពោល​នូវ​ពាក្យ​ពិត មិន​ប្រែប្រួល។ (កាលពីដើម) សំណុំសក់​របស់​ខ្ញុំ ពេញ​ដោយ​ផ្កា ហាក់​ដូច​ជាប្រអប់​ដាក់​គ្រឿង​ក្រអូប ដែល​គេ​អប់ (ឥឡូវ​នេះ​) សំណុំសក់​នោះ មាន​ក្លិន ដូច​ជាក្លិន​នៃរោម​ទន្សាយ ព្រោះ​តែជរា ព្រះ​ពុទ្ធដីការ​បស់​ព្រះ​សម្មាសម្ពុទ្ធ ព្រះ​អង្គ​ពោល​នូវ​ពាក្យ​ពិត មិន​ប្រែប្រួល។ (កាលពីដើម) សក់​របស់​ខ្ញុំ​វិចិត្រ​ដោយ​ក្រាស និងស្នៀតសក់ ល្អលើ​ស​លុប ដូច​ជាព្រៃឫស្សី​ដុះស្នាប់​ល្អ (ឥឡូវ​នេះ​) សក់​នោះ ល្បោះរង្វើល ក្នុង​សីសប្រទេស​នោះ ៗ ព្រោះ​តែជរា ព្រះ​ពុទ្ធដីការ​បស់​ព្រះ​សម្មាសម្ពុទ្ធ ព្រះ​អង្គ​ពោល​នូវពាក្យ​ពិត មិន​ប្រែ​ប្រួល។ (កាលពីដើម​សក់​របស់​ខ្ញុំ) ល្អិត មាន​ក្លិនក្រអូប ស្អិតស្អាង​ដោយ​ក្រាសមាស ប្រដាប់​ដោយ​ផ្នួង​ទាំង​ឡាយ​ដ៏ល្អត្រកាល (ឥឡូវ​នេះ​) សក់​នោះ​ថ្ពែក ព្រោះ​តែជរាទ. ១៩២ ព្រះ​ពុទ្ធដីការ​បស់​ព្រះ​សម្មាសម្ពុទ្ធ ព្រះ​អង្គ​ពោល​នូវ​ពាក្យ​ពិត មិន​ប្រែ​ប្រួល។ (កាលពី​ដើម) ចិញ្ចើម​ទាំង​ឡាយ​របស់​ខ្ញុំ​ស្អាតល្អ ដូច​ជាគំនូស​ដែល​ជាង​រចនាល្អ (ឥឡូវ​នេះ​) ចិញ្ចើម​ទាំង​នោះ យុរយារ ដោយ​អាការ​ជ្រួញជ្រីវ ព្រោះ​តែជរា ព្រះ​ពុទ្ធដីការ​បស់​ព្រះ​សម្មាសម្ពុទ្ធ ព្រះ​អង្គ​ពោល​នូវ​ពាក្យ​ពិត មិន​ប្រែប្រួល។ (កាលពីដើម) ភ្នែក​ទាំង​ឡាយ មាន​សម្បុរថ្លា ខៀវស្រងាត់ រុង​រឿងល្អក្រឡង់ ដូច​ជាកែវមណី (ឥឡូវ​នេះ​) ភ្នែក​ទាំង​នោះ ត្រូវជរាញាំញី ក៏បែរជាមិនល្អ ព្រះ​ពុទ្ធដីការ​បស់​ព្រះ​សម្មាសម្ពុទ្ធ ព្រះ​អង្គ​ពោល​នូវ​ពាក្យ​ពិត មិន​ប្រែប្រួល។ ច្រមុះ (របស់​ខ្ញុំ) ប្រាកដស្មើ​ដោយ​ដំបារមាស ដែល​គេ​មូរ​ដ៏ល្អ ល្អ​ក្នុង​កាល​នៃខ្លួន​នៅ​ក្រមុំ (ឥឡូវ​នេះ​) ច្រមុះនោះ ហាក់​ដូច​ជាទ្រុឌទ្រោម ព្រោះ​តែជរា ព្រះ​ពុទ្ធដីការ​បស់​ព្រះ​សម្មាសម្ពុទ្ធ ព្រះ​អង្គ​ពោល​នូវ​ពាក្យ​ពិត មិន​ប្រែប្រួល។ កាលពី​ដើម ស្លឹក​ត្រចៀក​ទាំង​ឡាយ​របស់​ខ្ញុំ​ល្អ ហាក់​ដូច​ជាដំបារ​មាស ដែល​ជាងធ្វើ​ល្អ​ហើយ ដែល​សម្រេច​ហើយ​ដោយ​ប្រពៃ (ឥឡូវ​នេះ​) ស្លឹក​ត្រចៀក​ទាំង​នោះ យុរយារ ដោយ​អា​ការ​ជ្រួញជ្រីវ ព្រោះ​តែជរាទ. ១៩៣ ព្រះ​ពុទ្ធដីកា របស់​ព្រះ​សម្មាសម្ពុទ្ធ ព្រះ​អង្គ​ពោល​នូវ​ពាក្យ​ពិត មិន​ប្រែប្រួល។ កាលពីដើម ធ្មេញ​ទាំង​ឡាយ​របស់​ខ្ញុំ​ល្អ​ណាស់ ប្រាកដ​ស្មើ​ដោយ​ពណ៌​នៃផ្កាច្រនៀងក្រពុំ (ឥឡូវ​នេះ​) ធ្មេញ​ទាំង​នោះ​បាក់ មាន​ពណ៌​លឿង ដូច​ជាស្រូវ​ដំណើប ព្រោះ​តែ​ជរា ព្រះ​ពុទ្ធដីការ​បស់​ព្រះ​សម្មា​សម្ពុទ្ធ ព្រះ​អង្គ​ពោល​នូវ​ពាក្យ​ពិត មិន​ប្រែ

ប្រួល។ (កាលពីដើម) សំដី​ដែល​ខ្ញុំ​និយាយពីរោះ ដូច​ជាសំដីមេតាវៅ ដែល​ហើរ​ទៅ​កាន់​ព្រៃស្រោង​ក្នុង​ព្រៃ (ឥឡូវ​នេះ​) សំដីនោះ​ស្អកស្អា ព្រោះ​តែជរា ព្រះ​ពុទ្ធដីកា​របស់​ព្រះ​សម្មា​សម្ពុទ្ធ ព្រះ​អង្គ​ពោល​នូវ​ពាក្យ​ពិត មិន​ប្រែប្រួល។ កាល​ពីដើម ក របស់​ខ្ញុំ​ល្អ ដូច​ជាស័ង្ខ​មាស ដែល​ជាង​ខាត់​ហើយ​ដោយ​ល្អ (ឥឡូវ​នេះ​) កនោះ​បាក់​ឱន ព្រោះ​តែជរា ព្រះ​ពុទ្ធដីការ​បស់​ព្រះ​សម្មាសម្ពុទ្ធ ព្រះ​អង្គ​ពោល​នូវ​ពាក្យ​ពិត មិន​ប្រែប្រួល។ កាល​ពីដើម ដើមដៃ​ទាំង​ពីរ​របស់​ខ្ញុំ ល្អ​ដូច​ជាសសរខឿន ដែល​ជាងលញ់​ហើយទ. ១៩៤ (ឥឡូវ​នេះ​) ដើម​ដៃ​ទាំង​នោះ ដូច​ជាស័ង្ខបែក​ហើយ ព្រោះ​តែជរា ព្រះ​ពុទ្ធដីកា របស់​ព្រះ​សម្មា​សម្ពុទ្ធ ព្រះ​អង្គ​ពោល​នូវ​ពាក្យ​ពិត មិន​ប្រែប្រួល។ កាលពីដើម ដៃ​ទាំង​ឡាយ​របស់​ខ្ញុំ មាន​ចិញ្ចៀន​ល្អ ប្រដាប់​ដោយ​មាស សមរម្យល្អ (ឥឡូវ​នេះ​) ដៃ​ទាំង​នោះ ដូច​ជាមើម​ដំឡូងយារ ព្រោះ​តែជរា ព្រះ​ពុទ្ធដីការ​បស់​ព្រះ​សម្មា​សម្ពុទ្ធ ព្រះ​អង្គ​ពោល​នូវ​ពាក្យ​ពិត មិន​ប្រែប្រួល។ កាលពីដើម ដោះ​ទាំង​ពីរ​របស់​ខ្ញុំ ពេញ​លេញ មូល​ក្បំកៀកគ្នា មាន​សណ្ដង់​ដ៏ត្រង់​ល្អ​ណាស់ (ឥឡូវ​នេះ ដោះ​ទាំង​នោះ​) មិន​មាន​ទឹក (ជ្រាយ) បាក់​សំ​យុងចុះ ដូច​ជាបំពង់​ទឹក ព្រះ​ពុទ្ធដីការ​បស់​ព្រះ​សម្មាសម្ពុទ្ធ ព្រះ​អង្គ​ពោល​នូវ​ពាក្យ​ពិត មិន​ប្រែប្រួល។ កាលពីដើម កាយ​របស់​ខ្ញុំ​ល្អស្រស់ ដូច​ជាផែនក្ដារ​មាស ដែល​គេ​ខាត់​ហើយ​ដោយ​ប្រពៃ (ឥឡូវ​នេះ​) កាយនោះ​ប្រែប្រួល ដោយ​អាការ​ជ្រួញជ្រីវ​ដ៏ល្អិត ព្រះ​ពុទ្ធដីកា របស់​ព្រះ​សម្មាសម្ពុទ្ធ ព្រះ​អង្គ​ពោល​នូវ​ពាក្យ​ពិត មិន​ប្រែប្រួល។ កាលពី​ដើម ភ្លៅ​ទាំង​ពីរ​របស់​ខ្ញុំ ល្អ​ល្អះ ដូច​ជាប្រមោយ​នៃ​ដំរី​ដ៏​ប្រសើរ (ឥឡូវ​នេះ​) ភ្លៅ​ទាំង​នោះ ដូច​ជាថ្នាំងឫស្សី ព្រោះ​តែជរាទ. ១៩៥ ព្រះ​ពុទ្ធដីការ​បស់​ព្រះ​សម្មាសម្ពុទ្ធ ព្រះ​អង្គ​ពោល​នូវ​ពាក្យ​ពិត មិន​ប្រែប្រួល។ កាលពីដើម ស្មង​ទាំង​ឡាយ​របស់​ខ្ញុំ ប្រដាប់​ដោយ​ស្រោម ជាវិការៈ​នៃមាស ដែល​គេ​ប៉ាក់​ជិត​ស្និទ្ធ​ល្អ​ណាស់ (ឥឡូវ​នេះ​) ស្មង​ទាំង​នោះ ដូច​ជាដើមល្ង ព្រោះ​តែជរា ព្រះ​ពុទ្ធ​ដីការ​បស់​ព្រះ​សម្មាសម្ពុទ្ធ ព្រះ​អង្គ​ពោល​នូវ​ពាក្យ​ពិត មិន​ប្រែ​ប្រួល។ កាលពី​ដើម ជើង​ទាំង​ពីរ​របស់​ខ្ញុំ​ល្អ ដូច​ជាទ្រនាប់​ជើង ដែល​គេ​ញាត់​ហើយ​ប៉ុយរកា (ឥឡូវ​នេះ​) ជើង​ទាំង​នោះ ប្រេះបែកជ្រួញជ្រីវ ព្រោះ​តែជរា ព្រះ​ពុទ្ធដីការ​បស់​ព្រះ​សម្មាសម្ពុទ្ធ ព្រះ​អង្គ​ពោល​នូវ​ពាក្យ​ពិត មិន​ប្រែប្រួល។ គ្រោងកាយ មាន​សភាព​ដូច្នេះ​នេះ គ្រាំគ្រា ជាលំនៅ​នៃសេចក្ដីទុក្ខ​ច្រើនប្រការ គ្រោងកាយ​នោះ ដូច​ជាផ្ទះ​ចាស់​ដែល​មាន​គ្រឿង​បូកលាបជ្រុះចុះ ព្រះ​ពុទ្ធដីការ​បស់​ព្រះ​សម្មា​សម្ពុទ្ធ ព្រះ​អង្គ​ពោល​នូវ​ពាក្យ​ពិត មិន​ប្រែប្រួល។

អម្ពបាលីថេរី។

រោហិណីថេរី

sut.kn.thi.13.02 | book_057

(២. រោហិនីថេរីគាថា)

[៣៣២] (បិតាសួរនាងរោហិណីថា) នែនាង​ដ៏​ចំរើន នាងជួប​នឹង​ខ្ញុំ​ពោលថា​សមណៈ នាងភ្ញាក់​ឡើង ក៏​ពោលថា សមណៈ នាងសរសើរចំពោះ​ពួក​សមណៈ​តែ​ម៉្យាង នាង​នឹងជា​សមណី​ដោយ​ពិត។ នាង​តែងផ្គត់​ផ្គង់​បាយ ទឹក ដ៏​ច្រើន ចំពោះ​ពួក​សមណៈទ. ១៩៦ នែ​នាងរោហិណី ឥឡូវ​នេះ យើងសួរនាង ចុះនាងមាន​សេចក្ដី​ស្រឡាញ់​ពួក​សមណៈ តើ​ដោយ​ហេតុ​ដូចម្ដេច។ ពួក​សមណៈ ជា​អ្នក​មិន​ប្រាថ្នា​ក្នុង​ការ​ងារ ខ្ជិល​ច្រអូស រស់​នៅ​ដោយ​សារទាន​ដែល​បុគ្គល​ដទៃឲ្យ ជា​អ្នក​ប៉ុនប៉ង​ប្រាថ្នា​តែ​អាហារមាន​រសឆ្ងាញ់​ទេ ចុះ​នាង​មាន​សេចក្ដីស្រឡាញ់​ពួក​សមណៈ តើ​ដោយ​ហេតុ​ដូចម្ដេច។

(នាងរោហិណីតបថា) បពិត្រ​បិតា អ្នក​ដេញដោលសួរ​ខ្ញុំ អំពីពួក​សមណៈ​អស់​កាលយូរណាស់​ហើយ ខ្ញុំ​នឹងសំដែងនូវ​បញ្ញា សីល និងសេចក្ដីខ្មីឃ្មាត របស់​សមណៈ​ទាំង​នោះ ដល់​អ្នក។ ពួក​សមណៈ ជា​អ្នក​ប្រាថ្នា​នូវ​ការ​ងារ មិន​ខ្ជិល​ច្រអូស ធ្វើ​ចំពោះ​តែ​ការ​ងារ​ដ៏​ប្រសើរ រមែង​លះ​បង់​នូវ​រាគៈ និងទោស​ៈ ខ្ញុំ​មាន​សេចក្ដី​ស្រឡាញ់​ពួក​សមណៈ ដោយ​ហេតុនុ៎ះឯង។ ពួក​សមណៈ ជា​អ្នក​ធ្វើ​នូវ​កម្មស្អាត រមែង​កំចាត់​បង់​នូវ​ឫស​នៃបាប19) ទាំង​បី សមណៈ​ទាំង​នុ៎ះ បាន​លះ​បង់​នូវ​បាប​ទាំង​អស់ ខ្ញុំ​មាន​សេចក្ដីស្រឡាញ់​ពួក​សមណៈ​ដោយ​ហេតុ​នុ៎ះ​ឯង។ កាយ​កម្ម​របស់​សមណៈ​ទាំង​នោះ​ស្អាត វចីកម្មស្អាត​ដូចគ្នា ទាំង​មនោកម្ម​របស់​សមណៈ​ទាំង​នោះ ក៏ស្អាត ខ្ញុំ​មាន​សេចក្ដី​ស្រឡាញ់​ពួក​សមណៈ​ដោយ​ហេតុនុ៎ះឯង។ ពួក​សមណៈ​ប្រាស​ចាក​មន្ទិល ស្អាត​ទាំង​ខាង​ក្នុង​ទាំង​ខាង​ក្រៅ ដូច​ជាស័ង្ខ​ដែល​ខាត់​ហើយទ. ១៩៧ ពេញ​ដោយ​ធម៌ស​ទាំង​ឡាយ ខ្ញុំ​មាន​សេចក្ដី​ស្រឡាញ់​ពួក​សមណៈ​ដោយ​ហេតុនុ៎ះឯង។ ពួក​សមណៈ ជា​ពហុស្សូត ទ្រទ្រង់​នូវ​ធម៌ ជាអរិយៈ រស់​នៅ​ដោយ​ធម៌ តែងសំដែងនូវ​អត្ថ និងធម៌ ខ្ញុំ​មាន​សេចក្ដី​ស្រឡាញ់​ពួក​សមណៈ​ដោយ​ហេតុ​នោះ​ឯង។ ពួក​សមណៈ ជា​ពហុស្សូត ទ្រទ្រង់​នូវ​ធម៌ ជាអរិយៈ រស់​នៅ​ដោយ​ធម៌ មាន​ចិត្តប្រសើរ មាន​អារម្មណ៍​តែ​មួយ មាន​ស្មារតី ខ្ញុំ​មាន​សេចក្ដី​ស្រឡាញ់​ពួក​សមណៈ​ដោយ​ហេតុ​នុ៎ះឯង។ ពួក​សមណៈ ទៅ​កាន់​ទី​ឆ្ងាយ​បាន (តាមសេចក្ដីពេញ​ចិត្ត) មាន​ស្មារតី ពោល​ដោយ​ឧបាយ​ប្រាជ្ញា មិន​រាយមាយ តែងដឹង​នូវ​ព្រះ​និព្វាន ជា​ទី​បំផុត​នៃ​ទុក្ខ ខ្ញុំ​មាន​សេចក្ដីស្រឡាញ់​ពួក​សមណៈ​ដោយ​ហេតុនុ៎ះឯង។ ពួក​សមណៈ ចៀសចេញ​ទៅ​អំពីស្រុកណា រមែង​មិន​រមិល​អ្វីមួយ (ក្នុង​ស្រុកនោះ​) ចេញ​ទៅ​ឥតអាល័យ ខ្ញុំ​មាន​សេចក្ដី​ស្រឡាញ់​ពួក​សមណៈ ដោយ​ហេតុ​នោះ​ឯង។ សមណៈ​ទាំង​នោះ មិន​ទុកដាក់ (សម្បត្តិ) ក្នុង​ជង្រុក មិន​ទុកដាក់​ឆ្នាំង​អំបែង មិន​ទុកដាក់​ល្អីកញ្ជើ ស្វែង​រកចំពោះ​តែភោជន ដែល​សម្រេច​ហើយ ខ្ញុំ​មាន​សេចក្ដីស្រឡាញ់​ពួក​សមណៈ​ដោយ​ហេតុ​នោះ​ឯង។ សមណៈ​ទាំង​នោះ មិន​ទទួលនូវ​ហិរញ្ញវត្ថុ (កហាបណៈ) មិន​ទទួលនូវ​មាស មិន​ទទួលនូវ​ប្រាក់ទ. ១៩៨ ញ៉ាំង​អត្តភាពឲ្យ​ប្រព្រឹត្ត​ទៅ ដោយ​វត្ថុ​ដែល​កើត​ឡើង​ចំពោះ​មុខ ខ្ញុំ​មាន​សេចក្ដី​ស្រឡាញ់​ពួក​សមណៈ​ដោយ​ហេតុ​នោះ​ឯង។ ពួក​សមណៈ ចេញ​អំពី​ត្រកូល​ផ្សេង ៗ អំពីជនបទផ្សេង ៗ ទៅ​បួស រមែង​រាប់​រកគ្នា ទៅ​វិញ​ទៅ​មក ខ្ញុំ​មាន​សេចក្ដីស្រឡាញ់​ពួក​សមណៈ​ដោយ​ហេតុ​នោះ​ឯង។

(បិតានិយាយ​ថា) ម្នាល​នាងរោហិណី​ដ៏​ចំរើន នាងកើត​ក្នុង​ត្រកូល​នៃយើង ដើម្បី​ប្រយោជន៍​ពិត នាង​ជាស្រ្តីមាន​សទ្ធា មាន​សេចក្ដីគោរព​ដ៏មុតមាំ ក្នុង​ព្រះ​ពុទ្ធផង ព្រះ​ធម៌​ផង ព្រះ​សង្ឃ​ផង។ ដ្បិតនាងស្គាល់​នូវ​បុញ្ញក្ខេត្តនុ៎ះ ជា​បុញ្ញក្ខេត្តឧត្តមពិតមែន បើបាន​សមណៈ​ទាំង​នុ៎ះ ទទួលទក្ខិណាទាន​របស់​ខ្ញុំ ប្រហែលគ្រឿង​បូជា ដែល​ខ្ញុំ​តម្កល់​ហើយ ចំពោះ​សមណៈ​ទាំង​នុ៎ះ នឹងមាន​ផលបរិបូណ៌។

(នាងរោហិណី​ពោលថា) បើ​អ្នក​ខ្លាចទុក្ខ បើទុក្ខមិន​ជា​ទី​ស្រឡាញ់​របស់​អ្នក​ទេ អ្នក​ចូរ​ដល់​នូវ​ព្រះ​ពុទ្ធជាតាទិបុគ្គល​ផង ព្រះ​ធម៌ផង ព្រះ​សង្ឃ​ផង ជា​ទីពឹង ចូរ​សមាទាន​សីល​ទាំង​ឡាយ​ចុះ ការ​ដល់​នូវ​ទីពឹង និង​ការ​សមាទាន​សីលនោះ នឹង​មាន​ប្រយោជន៍​ដល់​អ្នក។

(បិតា​ពោលថា) ខ្ញុំ​សូមដល់​នូវ​ព្រះ​ពុទ្ធ ជាតាទិបុគ្គល​ផង ព្រះ​ធម៌ផង ព្រះ​សង្ឃ​ផង ជា​ទីពឹង សូមសមាទានសីល​ទាំង​ឡាយ ការ​ដល់​ទីពឹង និងសមា​ទានសីលនុ៎ះ នឹងមាន​ប្រយោជន៍ដល់​ខ្ញុំ។ទ. ១៩៩ ក្នុង​កាល​មុន ខ្ញុំ​ជាព្រាហ្មណ៍​តែ​ផៅពង្ស ឥឡូវ​នេះ ខ្ញុំ​ជាព្រាហ្មណ៍ពិត (មាន​បាបបន្សាត់​ចោល​ហើយ) ផង មាន​ត្រៃវិជ្ជាផង មាន​សួស្ដីផង ដល់​នូវ​វេទផង ជា​អ្នក​ងូតលាងបាប​ផង។

រោហិណីថេរី។

ចាបាថេរី

sut.kn.thi.13.03 | book_057

(៣. ចាបាថេរីគាថា)

[៣៣៣] (ឧបកៈ​ពោលថា) កាលពីដើម ខ្ញុំ​មាន​ដៃកាន់​ដំបង ឥឡូវ​នេះ ខ្ញុំ​នោះ​ជាព្រានម្រឹគ មិន​អាចបាន​ដល់​នូវ​ត្រើយ គឺព្រះ​និព្វាន ព្រោះសេចក្ដីប្រាថ្នា គឺ​តណ្ហា ព្រោះ ភក់ គឺ​កាម និងទិដិ្ឋ​ដ៏ខ្លាំងក្លា។ នាងចាបា ស្មាននូវ​ខ្ញុំ ថា​ជា​មនុស្ស​ស្រវឹង​ជ្រប់ ទើប​លួងកូន20) ខ្ញុំ​កាត់​ចំណង គឺ​កិលេស របស់​នាងចាបា ហើយ​ទៅ​បួស​ម្ដងទៀត។

(នាង​ចាបា​ពោល​ថា) បពិត្រ​មហាវីរបុរស សូម​អ្នក​កុំខឹង​នឹង​ខ្ញុំ បពិត្រ​មហាមុនី សូម​អ្នក​កុំខឹង​នឹង​ខ្ញុំ សេចក្ដីស្អាតមិន​មាន​ដល់​បុគ្គល​ដែល​មាន​សេចក្ដីក្រោធ គ្រប​សង្កត់​ទេ តបធម៌​នឹង​មាន​មកពីណា។

(ឧបកៈ​ពោលថា) ខ្ញុំ​នឹងគេ​ចចេញ​អំពី​ស្រុកនាលៈ អ្នក​ណានឹងនៅ​ក្នុង​ស្រុកនាលៈ​នេះ​បាន បើពួក​ស្រី ៗ ចងនូវ​សមណៈ​ទាំង​ឡាយ ដែល​រស់​នៅ​ដោយ​ធម៌ ដោយ​រូប​នៃស្រ្តី។

(នាងចាបា​ពោល​ថា) ម្នាលបុរសខ្មៅ សូម​អ្នក​អញ្ជើញមកសិន សឹមត្រឡប់​វិញ សូម​បរិភោគ​នូវ​កាម​ទាំង​ឡាយ ដូច​ក្នុង​កាល​មុនចុះទ. ២០០ ជន​ទាំង​ឡាយ​ណា ជាញាតិ​របស់​ខ្ញុំ ខ្ញុំ​នឹង​ធ្វើ​ជន​ទាំង​នោះ ឲ្យ​លុះ​ក្នុង​អំណាច​នៃ​អ្នក។

ម្នាលនាងចាបា នាង​ពោល​នូវ​ពាក្យ​នោះ ឲ្យ​មាន​ភាគ ៤ អំពីពាក្យ​នេះ​ក៏​ដោយ ពាក្យ​នោះ គប្បី​ជា​ពាក្យ​ឆើតឆាយ ចំពោះ​តែបុរស​ដែល​ត្រេកអរ​នឹងនាង​ប៉ុណ្ណោះ​ទេ។

ម្នាលបុរសខ្មៅ ហេតុអ្វីទើប​អ្នក​លះ​បង់​ចោល​ខ្ញុំ ជាស្រ្តីមាន​រូបឆោម លាប​ស្រឡាបអវយវៈ​ដោយ​ខ្លឹមចន្ទន៍ក្រហម ទ្រទ្រង់​នូវ​កាសិកពស្រ្ត​ដ៏​ឧត្តម (សំពត់​ដែល​គេ​នាំ​មក​អំពីដែនកាសី) ជាស្រ្តីមាន​អវយវៈ​ល្អ ដូច​ជាត្នោតសាវ ដែល​រីកលើ​កំពូលភ្នំ ឬ​ដូច​ជាវល្លិ៍កេសរីក​ហើយ ឬក៏​ដូច​ជាឈើជ្រនៀង (រីក​ហើយ) ខាង​ក្នុង​ទ្វីប។

ព្រាន​សត្វ​ស្លាប ប្រាថ្នា​ចាប់​សត្វស្លាបយ៉ាង​ណា នាង​នឹង​បៀត​បៀន​អញ ដោយ​រូប​ដែល​ស្អិត​ស្អាង (យ៉ាង​នោះ​) ពុំបាន​ទេ។

នែបុរសខ្មៅ ហេតុអ្វី​ទើប​អ្នក​លះ​បង់​ចោល​នូវ​ផ្លែ គឺកូន​ខ្ញុំ ដែល​អ្នក​បង្កើតនេះ​ផង លះ​បង់​ខ្ញុំ​ដែល​ជាស្រ្តី​មាន​កូនប្រាកដដូច្នោះផង។

មហាវីរបុរស​ទាំង​ឡាយ ដែល​មាន​ប្រាជ្ញា តែងលះ​បង់​នូវ​កូន​ទាំង​ឡាយ ទាំង​ពួក​ញាតិ ទាំង​ទ្រព្យ ហើយ​បួស ដូច​ជាដំរី​ដ៏​ប្រសើរ ផ្ដាច់​នូវ​ចំណង (ហើយគេ​ច​ចេញ​ទៅ​)។ទ. ២០១

ឥឡូវ ខ្ញុំ​នឹងបៀត​បៀនកូន​អ្នក​នេះ ដោយ​ដំបង ឬក្ដិច​ដោយ​ក្រចក ឬ (បោក) លើ​ផែនដី អ្នក​មិនដល់​នូវ​ការ​យំស្ដាយចំពោះ​កូនទេឬ។

នែ​ស្រ្តីលាមក មាន​កូនតូច បើ​ទុក​ជានាងឲ្យ​កូនទៅ​សត្វចចក និង​ពួក​ឆ្កែ ក៏នាង​ញ៉ាំង​អញឲ្យ​ត្រឡប់​វិញ​ពុំបាន​ឡើយ។

នែបុរសខ្មៅ ណ្​ហើយចុះ ឥឡូវ​នេះ បើ​អ្នក​នឹង​ទៅ​ក្នុង​ទីណា គឺស្រុកណា និគមណា នគរណា រាជធានីណា (ក៏ទៅ​ចុះ)។

កាលពីដើម យើង​ជា​អ្នក​មាន​ពួក មិន​មែន​ជា​សមណៈ សំគាល់​ថា​ជា​សមណៈ ហើយចេញ​ពីស្រុក​ទៅ​កាន់​ស្រុក កាន់​នគរ រាជធានី។ មែន​ពិត ព្រះ​សម្ពុទ្ធ ទ្រង់​មាន​ជោគអង្គនោះ តែងសំដែងធម៌ប្រោសពួក​សត្វ ដើម្បី​លះ​បង់​សេចក្ដី​ទុក្ខ​ទាំង​ពួង ក្នុង​ទីជិត​ស្ទឹង​នេរញ្ជរា ខ្ញុំ​នឹង​ទៅ​ក្នុង​សំណាក់​នៃ​ព្រះ​សម្ពុទ្ធនោះ ព្រះ​អង្គ​នឹងជាគ្រូ​នៃ​ខ្ញុំ។

ឥឡូវ​នេះ អ្នក​គប្បី​ទូលរៀបរាប់​អំពីកិច្ចថ្វាយ​បង្គំ (របស់​ខ្ញុំ) ចំពោះ​ព្រះ​លោកនាថ ជា​បុគ្គល​ប្រសើរ រួច​ហើយធ្វើ​ប្រទក្សិណ ឧទ្ទិសនូវ​ទក្ខិណាទាន។

ម្នាលនាងចាបា នាង​ពោល​នូវ​ពាក្យ​នោះ​យ៉ាង​ណា យើងគប្បី​បាន (អាចឲ្យ) នូវ​ចំណែក​បុណ្យ​នោះ ឥឡូវ​នេះ ខ្ញុំ​នឹងទូលរៀបរាប់​នូវ​កិច្ចថ្វាយ​បង្គំ​របស់​នាង ចំពោះ​ព្រះ​លោកនាថ ជា​បុគ្គល​ប្រសើរ និងធ្វើ​ប្រទក្សិណ ឧទ្ទិសនូវ​ទក្ខិណាទាន (បុណ្យ)។ទ. ២០២

លំដាប់​នោះ​ឯង បុរសខ្មៅចៀសចេញ​អំពី​ទីនោះ​ទៅ បុរសខ្មៅនោះ ក៏​បានចួប​នឹង​ព្រះ​សម្ពុទ្ធ ក្បែរស្ទឹងនេរញ្ជរា កំពុងសំដែងនូវ​ឧបាយ​នៃ​ព្រះ​និព្វាន ឈ្មោះ​អមតៈ គឺ​ទុក្ខ ១ ហេតុកើត​ឡើង​នៃ​ទុក្ខ ១ ការ​កន្លង​នូវ​ទុក្ខ ១ មគ្គប្រកប​ដោយ​អង្គ ៨ ដ៏​ប្រសើរ​ជាដំណើរទៅ​កាន់​ទីរលត់​ទុក្ខ ១។ បុរសខ្មៅ ថ្វាយ​បង្គំ​នូវ​ព្រះ​បាទ​ទាំង​ឡាយ របស់​ព្រះ​សម្ពុទ្ធ​នោះ ហើយធ្វើ​ប្រទក្សិណចំពោះ​ព្រះ​អង្គ ឧទ្ទិសដល់​នាងចាបា ហើយ​ចូល​កាន់​ផ្នួស។ វិជ្ជាបី ខ្ញុំ​បាន​ហើយ ពុទ្ធសាសនា ខ្ញុំ​បាន​ធ្វើ​ហើយ។

ចាបាថេរី។

សុន្ទរីថេរី

sut.kn.thi.13.04 | book_057

(៤. សុន្ទរីថេរីគាថា)

[៣៣៤] (ព្រាហ្មណ៍ជា​បិតាសួរថា) នែនាង​ដ៏​ចំរើន ក្នុង​កាល​មុន នាងកាលស៊ី​កូន​21) ទាំង​ឡាយ​ដែល​ស្លាប់​ហើយ នាងក្ដៅក្រហាយ​ក្រៃពេក ទាំង​ថ្ងៃ​ទាំង​យប់។ ម្នាល​ព្រាហ្មណី ជាវាសិដ្ឋគោត្រ ថ្ងៃ​នេះ នាងស៊ីកូន​ទាំង​អស់ ៧ នាក់ ព្រោះ​ហេតុ​អ្វី នាងមិន​ក្ដៅក្រហាយខ្លាំង។

(វាសិដ្ឋថេរី​ពោលថា) ម្នាលព្រាហ្មណ៍ កូន​ទាំង​រយ ពួក​ញាតិ​ទាំង​រយ ជា​ច្រើន របស់​ខ្ញុំ គឺ​ខ្ញុំ​នឹងអ្នក ស៊ី​ហើយ ក្នុង​ចំណែកកន្លង​ទៅ​ហើយ។ ខ្ញុំ​នោះ​ដឹង​នូវ​ព្រះ​និព្វាន ជា​គ្រឿង​រលាស់​ជាតិ និង​មរណៈ ទើបមិន​សោក មិន​យំ ទាំង​មិនក្ដៅ​ក្រហាយ។ទ. ២០៣

ឱនាងជាវាសិដ្ឋគោត្រ នាងនិយាយសំដី​បែបនេះ អស្ចារ្យណាស់ នាងដឹង​ច្បាស់​នូវ​ធម៌​របស់​អ្នក​ណា ទើបនិយាយសំដី​បែបនេះ។

ម្នាលព្រាហ្មណ៍ ព្រះ​សម្ពុទ្ធ​អង្គនោះ សំដែងធម៌ដល់​សត្វ​ទាំង​ឡាយ ដើម្បី​លះ​បង់​នូវ​ទុក្ខ​ទាំង​ពួង ជិតនគរមិថិលា។ ម្នាលព្រាហ្មណ៍ ខ្ញុំ​បាន​ស្ដាប់​ធម៌​របស់​ព្រះ​អរហន្ដ​អង្គ​នោះ ដែល​ជា​ធម៌មិន​មាន​ឧបធិ​ក្កិលេស បាន​ដឹង​ច្បាស់​នូវ​សច្ចធម៌​ហើយ​ក្នុង​ទី​នោះ ទើប​បន្ទោបង់​នូវ​សេចក្ដីសោក​ព្រោះកូនបាន។

ខ្ញុំ​នោះ​នឹង​ទៅ​ក្នុង​ទីជិតក្រុងមិថិលាដែរ ធ្វើ​ដូចម្ដេចហ្ន៎ ព្រះ​មាន​ជោគ​អង្គនោះ គប្បី​ដោះ​ខ្ញុំ​ចាក​ទុក្ខ​ទាំង​ពួង​បាន។

ព្រាហ្មណ៍បានចួប​នឹង​ព្រះ​ពុទ្ធ ព្រះ​អង្គផុតស្រឡះ​ចាក (កិលេស) មិន​មាន​ឧបធិកិលេស ព្រះ​មុនី ទ្រង់​ដល់​នូវ​ត្រើយ​នៃ​ទុក្ខ បាន​សំដែងប្រាប់​ព្រាហ្មណ៍នោះ​នូវ​សច្ចធម៌ គឺ​ទុក្ខ ១ ហេតុកើត​ឡើង​នៃ​ទុក្ខ ១ ការ​កន្លង​នូវ​ទុក្ខ ១ មគ្គប្រកប​ដោយ​អង្គ​ប្រាំបី​ដ៏​ប្រសើរ ជាដំណើរ​ទៅ​កាន់​ទីរំលត់​ទុក្ខ ១។ សុជាតព្រាហ្មណ៍​មាន​សច្ចធម៌​ដឹង​ច្បាស់​ហើយ​ក្នុង​ទី​នោះ ពេញ​ចិត្ត​នឹងបព្វជ្ជា បាន​សម្រេច​វិជ្ជា​បី​ដោយ​រាត្រីបី។

ព្រាហ្មណ៍​ពោលថា ម្នាលសារថី អ្នក​ចូរ​មក អ្នក​ចូរ​ទៅ ចូរនាំរថ​នេះ​ទៅ​វិញ​ចុះ រួច​ចូរប្រាប់​ព្រាហ្ម​ណី កុំឲ្យ​មាន​មោះមៃថា ឥឡូវ​នេះ សុជាត​ព្រាហ្មណ៍​បួស​ហើយ បាន​សម្រេច​វិជ្ជា​បី ដោយ​រាត្រីបី។ទ. ២០៤

(លំដាប់​នោះ សារថី នាំយក​រថ​ផង កហាបណៈ​មួយពាន់​ផង ហើយ​ប្រាប់​នាង​ព្រាហ្មណី មិន​ឲ្យ​មោះមៃ​ថា ឥឡូវ​នេះ សុជាតព្រាហ្មណ៍បួស​ហើយ បាន​សម្រេច​វិជ្ជាបី ដោយ​រាត្រីបី​ហើយ)។

(ព្រាហ្មណី​ពោលថា) ម្នាលសារថី ខ្ញុំ​សូម​ឲ្យ​រថ​ដែល​ទឹម​ដោយ​សេះនេះ និង​កហាបណៈ​មួយពាន់​នេះ ជាអំណោយដល់​អ្នក ព្រោះ​បាន​ឮថា ព្រាហ្មណ៍​បាន​ត្រៃវិជ្ជា។

(សារថី​ពោលថា) ម្នាលព្រាហ្មណី រថ​ដែល​ទឹម​ដោយ​សេះ និង​កហាបណៈ មួយពាន់​នេះ ចូរនៅ​ជា​របស់​នាងដ​ដែល​ចុះ ខ្ញុំ​នឹង​បួស​ក្នុង​សំណាក់​នៃ​ព្រះ​សាស្ដា ព្រះ​អង្គ​មាន​ប្រាជ្ញា​ដ៏​ប្រសើរដែរ។

(ព្រាហ្មណី​ពោល​នឹងនាង​សុន្ទរីថា) នែនាងសុន្ទរី បិតា​របស់​នាងលះ​បង់​នូវ​ដំរី គោ សេះ កែវមណី និងកុណ្ឌល ទ្រព្យសម្បត្តិ​ដ៏ស្ដុកស្ដម្ភ​នៅ​ក្នុង​ផ្ទះ​នេះ​ ទៅ​បួស​ហើយ នាង​ចូរប្រើប្រាស់​នូវ​ភោគៈ​ទាំង​ឡាយ​ចុះ (ព្រោះ​ថា) នាងជាទាយាទ​ក្នុង​ត្រកូល។

(នាងសុន្ទរី​ពោលថា) បិតា​របស់​ខ្ញុំ​លះ​បង់​នូវ​ដំរី គោ សេះ កែវមណី កុណ្ឌល និង​ទ្រព្យសម្បត្តិ​ដែល​មាន​​ក្នុង​ផ្ទះ​នេះ ទៅ​បួស ព្រោះត្រូវសេចក្ដីសោក​នឹងកូន​គ្រប​សង្កត់ ចំណែកខាង​ខ្ញុំ ក៏​នឹង​បួសដែរ ព្រោះត្រូវ​សេចក្ដីសោក​នឹងបង​គ្រប​សង្កត់។ទ. ២០៥

(ព្រាហ្មណី​ពោលថា) ហៃ​នាងសុន្ទរី នាងប្រាថ្នា​នូវ​តម្រិះ​ណា សូម​ឲ្យ​នាង​បាន​សម្រេច​នូវ​តម្រិះ​នោះ ដុំបាយតាមលំដាប់​ផ្ទះ​ក្ដី អាហារ​ចំណីក្ដី បំសុកូលចីវរក្ដី (ដែល​នាង​ត្រូវស្វែង​រក) កាល​បើនាងជំរះនូវ​វត្ថុ​ទាំង​នេះ នឹង​បាន​ជាស្រីមិន​មាន​អាសវៈ​ក្នុង​បរលោក។

(នាងសុន្ទរីនិយាយ​នឹងឧបជ្ឈាយ៍ថា) បពិត្រ​ព្រះ​នាងជាម្ចាស់ ខ្ញុំ​នៅ​ជាសិក្ខមានា បាន​ជំរះទិព្វចក្ខុ​ហើយ កាលពីដើម ខ្ញុំ​ធ្លាប់​នៅ​អាស្រ័យ​ក្នុង​ទីណា ខ្ញុំ​ដឹង​នូវ​បុព្វេ​និវាស ក្នុង​ទី​នោះ។ បពិត្រ​ព្រះ​នាងជាកល្យាណី​ដ៏ល្អ របស់​ថេរី​សង្ឃ វិជ្ជាបី ខ្ញុំ​បាន​ដល់​ហើយ ពុទ្ធសាសនា ខ្ញុំ​បាន​ធ្វើ​ហើយ ព្រោះ​តែ​អាស្រ័យ​នូវ​ព្រះ​នាង។ បពិត្រ​ព្រះ​នាងជាម្ចាស់ ខ្ញុំ​ចង់​ទៅ​កាន់​ក្រុងសាវត្ថី សូមព្រះ​នាង​អនុញ្ញាតដល់​ខ្ញុំ​ឲ្យ​ទាន ខ្ញុំ​នឹងបន្លឺនូវ​សីហនាទ ក្នុង​សំណាក់​នៃ​ព្រះ​ពុទ្ធ​ដ៏​ប្រសើរ។

ម្នាលនាងសុន្ទរី នាងចូរមើលព្រះ​សាស្ដា ព្រះ​អង្គ​មាន​សម្បុរ​ដូចមាស មាន​ព្រះ​តចៈ​ពណ៌​ដូចមាស ទ្រង់​ទូន្មានពួក​សត្វ ដែល​គេ​មិន​ទាន់​ទូន្មាន ព្រះ​អង្គជា​អ្នក​ត្រាស់​ដឹងឯង ឥតមាន​ភ័យ​អំពីណាឡើយ។ សូមព្រះ​អង្គនិមន្តទត នាងសុន្ទរី​ដែល​កំពុងដើរមក ជាស្ត្រីផុតស្រឡះ (ចាក​កិលេស) ឥតមាន​ឧបធិ ប្រាស​ចាក​តម្រេក ប្រាស​ចាក​គ្រឿង​ប្រកប មាន​សោឡស​កិច្ច​ធ្វើ​រួច​ហើយ មិន​មាន​អាសវៈ។ បពិត្រ​ព្រះ​អង្គ​ជាមហា​វីរបុរស នាងសុន្ទរី ជាសាវិការ​បស់​ព្រះ​អង្គ ចេញ​អំពីក្រុងពារាណសី មកកាន់​សំណាក់​ព្រះ​អង្គ ថ្វាយ​បង្គំនូវ​ព្រះ​បាទ​ទាំង​ឡាយ។ បពិត្រ​ព្រះ​មាន​ព្រះ​ភាគ ជា​ខីណាសវព្រាហ្មណ៍ ព្រះ​អង្គជា​ព្រះ​ពុទ្ធ ព្រះ​អង្គជាគ្រូ (របស់​ខ្ញុំ) ខ្ញុំ​ព្រះ​អង្គ​ជាធីតា​របស់​ព្រះ​អង្គ ជាឱរសកើត​អំពី​ព្រះ​ឱស្ឋ មាន​កិច្ច​ធ្វើ​រួច​ហើយ ឥតមាន​អាសវៈ។ទ. ២០៦

ម្នាលនាងដ៏​ចំរើន​ ដំណើរ​របស់​នាងមកល្អ​ហើយ ដំណើររបស់​នាងមក​អំពី​ទីនោះ មិន​ឆ្ងាយទេ ព្រោះ​ពួក​អ្នក​មាន​ឥន្រ្ទិយទូន្មាន​ហើយ ប្រាស​ចាក​តម្រេក ប្រាស​ចាក​គ្រឿង​ប្រកប មាន​កិច្ច​ធ្វើ​ហើយ ឥតមាន​អាសវៈ រមែង​មកថ្វាយ​បង្គំ​ព្រះ​បាទា​ព្រះ​សាស្ដា​ដូចនាង​ដែរ។

សុន្ទរីថេរី។

សុភាកម្មារធីតាថេរី

sut.kn.thi.13.05 | book_057

(៥. សុភាកម្មារធីតុថេរីគាថា)

[៣៣៥] កាលពីដើម ខ្ញុំ​នៅ​ក្រមុំ មាន​គ្រឿង​ស្លៀក​ពាក់​ដ៏ស្អាត បាន​ស្ដាប់​ធម៌ ការ​ត្រាស់​ដឹងសច្ចធម៌ ក៏កើតមាន​ដល់​ខ្ញុំ​នោះ ជាស្រ្តីមិនប្រហែសធ្វេស។ ហេតុ​នោះ ខ្ញុំ​មិន​ត្រេកអរ​ក្រៃពេក ក្នុង​កាមារម្មណ៍​ទាំង​អស់ ឃើញភ័យ​ក្នុង​សក្កាយ ហើយពេញ​ចិត្ត​នឹង​ការ​ចេញ​សាងផ្នួស​តែម្យ៉ាង។ ខ្ញុំ​លះ​បង់​ពួក​ញាតិ ទាស​កម្មករ ស្រុកស្រែ​ទាំង​ឡាយ ដ៏​ស្ដុកស្ដម្ភ (និងគំនរ​នៃភោគ​ទាំង​ឡាយ​) ដែល​គួរ​ត្រេកអរ គួរ​រីករាយ ខ្ញុំ​លះ​បង់​នូវ​សម្បត្តិ​ដ៏​ច្រើន ហើយ​បួស។ទ. ២០៧ ខ្ញុំ​ចេញ (ចាក​ផ្ទះ) ដោយ​សទ្ធាយ៉ាង​នេះ​ហើយ (បួស) ក្នុង​ព្រះ​សទ្ធម្ម ដែល​ព្រះ​សម្មាសម្ពុទ្ធ ត្រាស់​សំដែង​ហើយ​ដោយ​ប្រពៃ ខ្ញុំ​ប្រាថ្នា​នូវ​សេចក្ដីមិនកង្វល់ ព្រោះ​ការ​ត្រឡប់​មករកកាមនោះ មិន​សម​គួរ​ដល់​ខ្ញុំ​ទេ អ្នក​ណាលះ​ចោល​មាស និង​ប្រាក់ ហើយគប្បី​ត្រឡប់​មកយកវិញ។ ប្រាក់​ក្ដី មាសក្ដី​របស់​បុគ្គល​នុ៎ះ មិន​មែន​មាន​ដើម្បី​ព្រះ​និព្វាន​ជា​ទីស្ងប់​ទេ ការ​ទទួលមាស និងប្រាក់​នុ៎ះ មិន​សម​គួរ​ដល់​សមណៈ​ទេ ការ​ទទួលនូវ​ប្រាក់ និងមាសនុ៎ះ មិន​មែន​ជាទ្រព្យប្រសើរ​ទេ។ ការ​ទទួលនូវ​ប្រាក់ និងមាសនុ៎ះ សុទ្ធ​តែជា​គ្រឿង​ឲ្យ​កើតលោភ ជា​គ្រឿង​ស្រវឹង ជា​គ្រឿង​វង្វេង ជា​គ្រឿង​ព័ន្ធព័ទ្ធ​ដោយ​ធុលី គឺ​កិលេស ប្រកប​ដោយ​សេចក្ដី​រង្កៀស មាន​សេចក្ដី​ចង្អៀត​ចង្អល់​ច្រើន សេចក្ដីទៀង​ទាត់​ឋិតថេរ​ក្នុង​ទ្រព្យនេះ មិន​មាន​ទេ។ ពួក​នរ​ជន (ដែល​ត្រេកអរ) ដោយ​ទ្រព្យប៉ុណ្ណេះ ឈ្មោះ​ថា​ជា​អ្នក​ប្រហែស​ធ្វេស ជា​អ្នក​មាន​ចិត្តសៅហ្មង ជា​អ្នក​អាក់​អន់ រមែង​ធ្វើ​នូវ​ជំលោះ​ជា​ច្រើន ទៅ​វិញ​ទៅ​មក។ សេចក្ដី​វិនាសច្រើនប្រការ គឺ​ការ​សម្លាប់ ការ​ចង ការ​សៅហ្មង សេចក្ដីវិនាស សេចក្ដីសោក ខ្សឹកខ្សួល រមែង​កើត​ប្រាកដ​ដល់​ពួក​ជន ដែល​ដេកត្រាំ​ក្នុង​កាម​ទាំង​ឡាយ។ អ្នក​ទាំង​ឡាយ ជាញាតិ​មែន តែហាក់​ដូច​ជា​សត្រូវ ល្បួង​ខ្ញុំ​នោះ​ក្នុង​កាម​ទាំង​ឡាយ​ធ្វើ​អ្វី (ព្រោះ) អ្នក​ទាំង​ឡាយ ជ្រាប​នូវ​ខ្ញុំ​ថា​ជា​អ្នក​បួស ជាស្រ្តីឃើញ​នូវ​ភ័យ​ក្នុង​កាម​ទាំង​ឡាយ។ទ. ២០៨ អាសវៈ​ទាំង​ឡាយ មិន​មែន​អស់​ទៅ​ព្រោះប្រាក់ និងមាស កាម​ទាំង​ឡាយ មិន​មែន​ជា​មិត្រ ជាសភាវៈ​សម្លាប់ (នូវ​ប្រយោជន៍) ជា​សត្រូវ ជា​គ្រឿង​ចងទុក​នូវ​សរ គឺ​កិលេស។ អ្នក​ទាំង​ឡាយ ជាញាតិមែន តែហាក់​ដូច​ជា​សត្រូវ ល្បួង​ខ្ញុំ​នោះ ក្នុង​កាម​ទាំង​ឡាយ​ធ្វើ​អ្វី (ព្រោះ) អ្នក​ទាំង​ឡាយ ជ្រាប​នូវ​ខ្ញុំ ថា​ជា​អ្នក​បួស មាន​ក្បាលត្រងោល ដណ្ដប់​នូវ​សង្ឃា​ដី។ ដុំបាយតាម​លំដាប់​ផ្ទះ​ក្ដី អាហារ​ចំណី​ក្ដី បង្សុកូលចីវរក្ដី នេះ​ឯងជា​អំពើ​ដ៏​សម​គួរ​ដល់​ខ្ញុំ ជាបរិក្ខារ ជា​ទីអាស្រ័យ​របស់​អ្នក​បួស។ លោក​អ្នក​ស្វែង​រក​នូវ​គុណ​ដ៏​ធំ​ទាំង​ឡាយ ខ្ជាក់​ចោល​នូវ​កាម​ទាំង​ឡាយ ដែល​ជា​ទិព្វ និង​ជា​របស់​មនុស្ស បុគ្គល​អ្នក​ស្វែង​រក​នូវ​គុណធំ​ទាំង​នោះ មាន​ចិត្តឱនទៅក្នុង​ព្រះ​និពា្វន​ជា​ទី​ដ៏​ក្សេម បុគ្គល​អ្នក​ស្វែង​រក​នូវ​គុណធំ​ទាំង​នោះ បាន​ដល់​នូវ​សេចក្ដីសុខ ឥត​កំរើក។ ទីជំរករមែង​មិន​មាន ក្នុង​កាម​ទាំង​ឡាយ​ណា ខ្ញុំ​មិនសេពគប់​ដោយ​កាម​ទាំង​ឡាយ​នោះ​ទៀត​ទេ កាម​ទាំង​ឡាយ​មិន​មែន​ជា​មិត្រ ដូច​ជា​អ្នក​សម្លាប់ ឬ​ដូច​ជាគំនរភ្លើង នាំ​មក​នូវ​សេចក្ដី​ព្រួយ។ កាម​នោះ មិន​ស្អាត ប្រកប​ដោយ​ភ័យ ប្រកប​ដោយ​សេចក្ដីចង្អៀត​ចង្អល់ ដូច​ជាបន្លា កាមនុ៎ះ ជា​គ្រឿង​ញ៉ាម ជា​គ្រឿង​កង្វល់​ក្រៃលែង មាន​មុខឈមទៅ​រកសេចក្ដីវង្វេង​ដ៏​ធំ។ទ. ២០៩ កាមគុណ​ជាឧបសគ្គៈ​ផង មាន​សភាព​គួរ​ខ្លាចផង កាមារម្មណ៍​ទាំង​ឡាយ មាន​ឧបមា​ដូចក្បាលពស់ ពួក​បុថុជ្ជនល្ងង់​ខ្លៅ ដូច​ជា​បុគ្គល​ខ្វាក់ តែង​ត្រេកត្រអាល។ ព្រោះ​ថា ពួក​ជន​ច្រើនរូប ដែល​ចំពាក់​ដោយ​គ្រឿង​ចំពាក់ គឺកាម រមែង​បាន (សេចក្ដីទុក្ខ) ក្នុង​លោក រមែង​មិន​ដឹង​ច្បាស់​នូវ​ទីបំផុត​នៃជាតិ និង​មរណៈ។ មនុស្ស​ទាំង​ឡាយ​ជា​ច្រើន តែងដើរ​ទៅ​កាន់​ផ្លូវ ជា​ទីទៅ​កាន់​ទុគ្គតិ មាន​កាមជាហេតុ ជា​គ្រឿង​នាំ​មក​នូវ​រោគដល់​ខ្លួន។ កាម​ទាំង​ឡាយ ជា​គ្រឿង​ញ៉ាំង​សត្រូវ​ឲ្យ​កើតយ៉ាង​នេះ ជាហេតុ​ញ៉ាំង​សត្វ​ឲ្យ​ក្ដៅ​ក្រហាយ នាំ​មក​នូវ​សេចក្ដីសៅហ្មង ជានុយ​របស់​សត្វលោក ជា​ទីតាំង​នៃ​គ្រឿង​ចង ជា​ចំណង​នៃសេចក្ដីស្លាប់។ កាម​ទាំង​ឡាយ ជា​គ្រឿង​ញ៉ាំង​សត្វឲ្យ​ឆ្កួត ឲ្យ​និយាយ​ប៉ប៉ាច់​ប៉ប៉ោច ញ៉ាំង​ចិត្ត​ឲ្យ​ភ្លាំងភ្លាត់ មារ គឺកាម​របស់​ពួក​សត្វ តែងរួបរឹត​ដោយ​សេចក្ដី​សៅហ្មង យ៉ាង​ឆាប់​រហ័ស។ កាម​ទាំង​ឡាយ មាន​ទោស​រកទីបំផុតគ្មាន មាន​ទុក្ខ​ច្រើនយ៉ាង មាន​ពិស​ដ៏ខ្លាំងក្លា មាន​រសឆ្ងាញ់​តិច ជា​គ្រឿង​ធ្វើ​នូវ​ចម្បាំង ញ៉ាំង​ចំណែក​នៃ​ធម៌ស ឲ្យ​សាប​សូន្យ​ទៅ។ ខ្ញុំ​នោះ លះ​បង់​នូវ​សេចក្ដីវិនាស ដែល​មាន​កាម​ជា​ហេតុបែបនេះ ត្រេកអរ​ចំពោះ​ព្រះ​និព្វាន​សព្វ ៗ កាល មិន​ត្រឡប់​មកកាន់​កាម​នោះ​វិញ​ទេ។ ខ្ញុំ​ជាស្រ្តីប្រាថ្នា​នូវ​ភាព​ដ៏​ត្រជាក់ (ព្រះ​អរហត្ត) ធ្វើ​នូវ​ចម្បាំង​ចំពោះ​កាម​ទាំង​ឡាយ​ទ. ២១០ ជា​អ្នក​មិន​ប្រមាទ ត្រេកអរ​ចំពោះ​ព្រះ​និព្វាន ជា​ទី​អស់​ទៅ​នៃ​សំយោជនៈ។ បុគ្គល​អ្នក​ស្វែង​រក​នូវ​គុណ​ដ៏​ធំ​ទាំង​ឡាយ ឆ្លង​ហើយ​តាម​ផ្លូវ​ណា ខ្ញុំ​នឹងដើរ​ទៅ​តាម​ផ្លូវនោះ ជា​ផ្លូវ​ឥតសោក មាន​ធូលីទៅ​ប្រាស​ហើយ ជា​ផ្លូវក្សេម​ដ៏ត្រង់ ប្រកប​ដោយ​អង្គ ៨ ដ៏​ប្រសើរ។

(ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​ថា) អ្នក​ទាំង​ឡាយ ចូរមើល​នូវ​នាងសុភាកម្មារ​ធីតានេះ ជាស្រ្តីឋិត​នៅ​ក្នុង​ធម៌ នាងបាន​ចូល​ទៅ​កាន់​ឈាន ឥតមាន​សេចក្ដី​ញាប់​ញ័រ ហើយ​ស្មឹងស្មាធិទៀប​គល់​ឈើ។ នាងសុភាកម្មារធីតា បួសបាន ៨ ថ្ងៃ​នឹងថ្ងៃ​នេះ​ហើយ ជា​ភិក្ខុនី​មាន​សទ្ធា ល្អ​ក្នុង​ព្រះ​សទ្ធម្ម ដែល​នាង​ឧប្បលវណ្ណា​ទូន្មាន​ហើយ ជាស្រ្តី​មាន​វិជ្ជា ៣ លះ​បង់​នូវ​មច្ចុបាន។ ភិក្ខុ​នីនេះ ជា​អ្នក​នៅ​ឥត​មាន​បំណុល មាន​ឥន្រ្ទិយ​ចំរើន​ហើយ។ ប្រាស​ចាក​កិលេស​គ្រឿង​ប្រកប​ទាំង​ពួង មាន​កិច្ច​ធ្វើ​រួច​ហើយ មិន​មាន​អាសវៈ។ ទេវរាជ ឈ្មោះ​សក្កៈ ជាម្ចាស់​នៃ​ពួក​សត្វ ព្រម​ទាំង​ពួក​ទេវតា ចូល​ទៅ​នមស្ការចំពោះ​ភិក្ខុនី ឈ្មោះ​សុភាកម្មារធីតានោះ ដោយ​ឫទ្ធិ (របស់​ខ្លួន)។

សុភាកម្មារធីតាថេរី។

ចប់ វីសតិនិបាត។

តឹសនិបាត

sut.kn.thi.14 | book_057
ទ. ២១១

(១៤. តិំសនិបាតោ)

សុភាថេរី នៅ​ក្នុង​ជីវកម្ពវ័ន

sut.kn.thi.14.01 | book_057

(១. សុភាជីវកម្ពវនិកាថេរីគាថា)

[៣៣៦] (សុវណ្ណការ​បុត្ត) ជា​អ្នក​លេង រារាំងភិក្ខុ​នី ឈ្មោះ​សុភា កំពុងដើរ​ទៅ​កាន់​ជីវកម្ពវ័ន ជា​ទី​រីករាយ ភិក្ខុ​នីឈ្មោះ​សុភា ក៏​បាន​ពោល​នឹងសុវណ្ណការ​បុត្ត​នោះ​ថា។ កំហុស​ដូចម្ដេច ដែល​អាត្មាប្រទូស្ដដល់​អ្នក បាន​ជា​អ្នក​ឈររាំង​អាត្មា នែ​អា​វុសោ បុរស​មិន​គួរ​ប៉ះពាល់​នូវ​ស្រ្តី ជាបព្វជិតទេ។ សិក្ខា​ទាំង​ឡាយ​​ក្នុង​សាសនា របស់​ព្រះ​សាស្ដា ជាសិក្ខា​គួរ​គោរព ព្រះ​សុគតបាន​សំដែង​ហើយដល់​អាត្មា ហេតុ​ដូចម្ដេច ក៏​អ្នក​មក​ឈរ​រាំងអាត្មា ដែល​ជាស្រីមាន​ចំណែក​នៃធម៌​ដ៏​បរិសុទ្ធ មិន​មាន​ទីទួល គឺ​កិលេស។ អ្នក​ជា​បុគ្គល​មាន​ចិត្ត​ល្អក់ ប្រកប​ដោយ​ធូលី គឺ​រាគៈ ហេតុ​ដូចម្ដេច ក៏​អ្នក​មក​ឈររាំងអាត្មា ដែល​ជា​ស្រី​មាន​ចិត្តថ្លាស្អាត ប្រាស​ចាក​ធូលី គឺ​រាគៈ មិន​មាន​ទីទួល គឺ​កិលេស មាន​ចិត្ត​ផុត​ស្រឡះ​ហើយ (ចាក​ខន្ធបញ្ចកៈ) ទាំង​អស់។

(អ្នក​លេង​ពោលថា) នាងជាស្រ្តីនៅ​ក្រមុំផង មិន​អាក្រក់​ផង បព្វជ្ជា​នឹង​ធ្វើ​ប្រយោជន៍​អ្វីដល់​នាង ចូរនាងបោះចោលកាសាយចីវរចេញ​ទៅ ហើយចូរ​មក យើង​នឹង​បាន​ត្រេកត្រអាល ក្នុង​ព្រៃ​ដែល​មាន​ផ្ការីកល្អ។ ដើមឈើ​ទាំង​ឡាយ ហាក់​ដូច​ជា​តាំង​ឡើង​ដោយ​លំអងផ្កា បក់​ផ្សព្វផ្សាយនូវ​ក្លិន​ដ៏ក្រអូប​សព្វ​ទិសទ. ២១២ (នេះ​) ជា​វសន្ដរដូវ ជាដំបូង ជារដូវនាំ​មក​នូវ​សុខ នាងចូរ​មក យើង​នឹងត្រេក​ត្រអាល​ក្នុង​ព្រៃ ដែល​មាន​ផ្ការីក​ល្អ។ ដើមឈើ​ទាំង​ឡាយ មាន​ចុង​ស្គុះស្គាយ​ដោយ​ផ្កា លុះត្រូវ​ខ្យល់​បក់​មក ក៏ហាក់​ដូច​ជា​បន្លឺ​សំឡេងឡើង ប្រសិនបើ​នាង​នឹងចូល​ទៅ​ក្នុង​ព្រៃម្នាក់​ឯង នាង​នឹងត្រេក​ត្រអាល​ដូចម្ដេច​កើត។ នាងជាស្រ្តីឥតមិត្រ​សំឡាញ់ ចង់​ទៅ​កាន់​ព្រៃធំ ដែល​ប្រាស​ចាក (មនុស្ស) គួរ​ឲ្យ​ស្ញប់​ស្ញែង ជាព្រៃ​ដែល​ហ្វូងម្រឹគសាហាវនៅ​អាស្រ័យ ជាព្រៃ​ដែល​ដំរីចុះ​ប្រេង និងមេដំរី​បុក​បែន។ នាងប្រៀប​ដូចរូបតុក្កតា ដែល​សូន​ដោយ​មាសឆ្អិន ឬ​ដូច​ជាស្ត្រីទេពអប្សរ ត្រាច់​​ទៅ​ក្នុង​ឧទ្យានឈ្មោះ​ចិត្តរថ ម្នាលនាងជាស្ត្រីល្អ​ឥត​ឧបមា នាងល្អ​ដោយ​សំពត់​សម្រាប់​ស្លៀកដណ្ដប់ មាន​សាច់​ដ៏ល្អិតសុខុម ដែល​កើត​ក្នុង​ដែន​កាសី។ បើនាង​នៅ​ក្នុង​ចន្លោះព្រៃ ខ្ញុំ​នឹងលុះ​ក្នុង​អំណាច​នៃនាង ម្នាលនាងជាស្រ្តីមាន​ភ្នែក​ស្រទន់ ដូច​កិន្នរី ជីវិត (របស់​ខ្ញុំ) ជា​ទី​ស្រឡាញ់​ក្រៃលែង​ជាងនាង មិន​មាន​ទេ។ បើនាង​នឹង​ធ្វើ​តាមពាក្យ​ខ្ញុំ នាង​ចូរ​មក ចូរនៅ​គ្រប់​គ្រង​ផ្ទះ​ជា​សុខចុះទ. ២១៣ នាង​នឹងនៅ​ក្នុង​ប្រាសាទ​មិន​មាន​ខ្យល់ ពួក​នាងនារី ចូរធ្វើ​នូវ​ការ​ខ្វល់​ខ្វាយបម្រើដល់​នាង។ ចូរ​នាង​ទ្រទ្រង់​នូវ​សំពត់​មាន​សាច់ម៉ដ្ឋ​ ដែល​នាំ​មក​អំពី​ដែនកាសី ចូរនាង​តែងខ្លួន​ដោយ​ផ្កា​កម្រង និង​គ្រឿង​លាបចុះ ខ្ញុំ​នឹង​ផ្គត់​ផ្គង់​គ្រឿង​អាភរណៈ​ផ្សេង ៗ ច្រើន​យ៉ាង ដែល​រចនា​ហើយ​ដោយ​មាស កែវមណី និង​កែវមុក្តា ដល់​នាង។ ចូរនាង​ឡើង​កាន់​ដំណេកថ្មីល្អ ដែល​ស្អាតគ្មានធូលី ព្រោះ​ជំរះ​លាង​ប្រពៃ ដែល​ក្រាល​ដោយ​កម្រាលរោមចៀម ញាត់​ដោយ​សំឡីមាន​តម្លៃច្រើន ប្រដាប់​ដោយ​ខ្លឹមចន្ទន៍ មាន​ក្លិនក្រអូប។ នាង​ជាស្រ្តីប្រព្រឹត្ត​ព្រហ្មចារ្យ នាង​នឹងដល់​នូវ​ការ​ចាស់​គ្រាំគ្រា ត្រង់​អវយវៈ​ទាំង​ឡាយ​របស់​ខ្លួន ដូច​ជាផ្កា​ឧប្បលលូតផុតទឹក ដែល​អមនុស្ស​ហួង​ហែងរក្សា (នឹងជាវត្ថុឥតមាន​អ្នក​ណាប្រើ​ប្រាស់​កើត)។

(នាងថេរី​ពោលថា) ហេតុ​ដូចម្ដេច ក៏​អ្នក​មាន​គំនិតខុស សំឡឹងមើល (អាត្មា) ព្រោះ​ឃើញ​នូវ​អារម្មណ៍ ដែល​សន្មតថាមាន​ខ្លឹម ក្នុង​រាង​កាយ​នេះ ដ៏​ពេញ​ដោយ​សាកសព គ្រាន់​តែការ​ចំរើន​របស់​ព្រៃ​ស្មសាន ជារាង​កាយបែកធ្លាយជាធម្មតា។

(អ្នកលេង​ពោលថា) ភ្នែក​ទាំង​ឡាយ (របស់​នាង) ដូច​ជាភ្នែកកូនម្រឹគញី ឬ​ដូច​ជា​ភ្នែក​នៃកិន្នរី ក្នុង​ចន្លោះ​នៃ​ភ្នំ តម្រេក​ក្នុង​កាម​របស់​ខ្ញុំ រមែង​ចំរើន​ក្រៃលែង ព្រោះ​ឃើញ​នូវ​ភ្នែក​របស់​នាង។ទ. ២១៤ កាមគុណ​របស់​ខ្ញុំ រមែង​ចំរើន​ឡើង​ក្រៃលែង ព្រោះ​ឃើញភ្នែក​របស់​នាង ដែល​ប្រៀប​ដោយ​ត្របក​នៃផ្កា​ឧប្បល ត្រង់​មុខ ប្រាស​ចាក​មន្ទិល ប្រាកដស្មើ​ដោយ​មាស។ នែ​នាងមាន​រូប​ស្រស់​ស្រោង មាន​ភ្នែកថ្លាស្អាត បើ​ទុក​ជាយើងទៅ​កាន់​ទី​ឆ្ងាយ ក៏នៅ​តែ​រលឹក​ឃើញ ម្នាលនាងមាន​ភ្នែកថ្លា​ដូច​ភ្នែកកិន្នរី ឥត​មាន​អ្វីមួយ ជា​ទី​ស្រឡាញ់​នៃ​ខ្ញុំ ជាង​ភ្នែក​របស់​នាងទេ។

(នាងថេរី​ពោលថា) អ្នក​ប្រាថ្នា​នូវ​ធីតា ជាឱរស​របស់​ព្រះ​ពុទ្ធ (នេះ​) ឈ្មោះ​ថា​ប្រាថ្នា​ដើម្បី​ដើរ​ទៅ​តាមផ្លូវខុស ឈ្មោះ​ថាស្វែង​រកព្រះ​ចន្ទមកធ្វើ​ជាល្បែង ឈ្មោះ​ថា​ប្រាថ្នា​ដើម្បី​លោត​ឡើង​កាន់​ភ្នំសិនេរុ។ ឥឡូវ​នេះ ប្រសិន​បើ​រាគៈ គប្បី​មាន​ដល់​អាត្មា​ក្នុង​អារម្មណ៍ណា អារម្មណ៍​នោះ មិន​មាន​ក្នុង​លោក ព្រម​ទាំង​ទេវ​លោក អាត្មា​មិន​ដឹង​នូវ​ដំណើរ​នោះ​ថា មាន​ភាវៈ​អ្វីស្មើ (ដោយ​រាគៈ) ទេ បាន​ជា (រាគៈ​នោះ​) អាត្មាដក​ចោល​ទាំង​ឫស ដោយ​អរិយមគ្គ​ហើយ។ (រាគៈ​នោះ​) អាត្មា​បាន​កំចាត់​ចេញ​ហើយ ដូច​ជា​ភាជនៈ​ដាក់​​នូវ​ថ្នាំពិស ដែល​បុគ្គល​បោះ​ចោល​ក្នុង​រងើក​ភ្លើង​ហើយ អាត្មា​មិន​ឃើញ​នូវ​ដំណើរ​នោះ​ថា មាន​សភាវៈ​អ្វីស្មើ (ដោយ​រាគៈ) ទេ បាន​ជា (រាគៈ​នោះ​) អាត្មា​ដក​ចោល​ទាំង​ឫស ដោយ​អរិយមគ្គ​ហើយ។ទ. ២១៥ ខន្ធបញ្ចកៈ​ដែល​ស្រ្តីណា មិន​បាន​ពិចារណា​ឃើញ ឬថា​ស្រ្តីណា​ដែល​មិន​បាន​ចូល​ទៅ​អង្គុយជិតព្រះ​សាស្ដា អ្នក​ចូរប្រឡោមនូវ​ស្រ្តីប្រាកដដូច្នោះចុះ អ្នក​នោះ​នឹងចង្អៀត​ចង្អល់ (ព្រោះ​អាស្រ័យ) ភិក្ខុ​នីនេះ ជា​អ្នក​ដឹង (អរិយសច្ច)។ ព្រោះ​ថា ស្មារតី​របស់​អាត្មា បាន​តម្កល់​ខ្ជាប់​ហើយ ក្នុង​បុគ្គល​អ្នក​ជេរ និង​អ្នក​ថ្វាយ​បង្គំ ក្នុង​សុខ និងទុក្ខ ចិត្ត​របស់​អាត្មា មិន​ជាប់​ក្នុង​អារម្មណ៍​ទាំង​អស់​នោះ ព្រោះដឹង​ច្បាស់​ថា សង្ខតារម្មណ៍​ ជា​របស់​មិនស្អាត។ អាត្មា​ជាសាវិកា​របស់​ព្រះ​សុគត ជា​អ្នក​ដើរ​ទៅ​ដោយ​យាន គឺ​អដ្ឋង្គិកមគ្គ មាន​សរ គឺ​កិលេសដក​ចោល​ហើយ ឥតមាន​អាសវៈ ជា​អ្នក​ត្រេកអរ​ក្នុង​ផ្ទះ​ស្ងាត់។ ព្រោះ​ថាអាត្មា​បាន​ឃើញរូបយន្ដឈើ ជាគ្រោង​ថ្មី ដែល​តាក់​តែង​ដ៏​វិចិត្រ ចងរឹត​ដោយ​ខ្សែសរសៃ​ទាំង​ឡាយ និងឈើកន្លាស់​ទាំង​ឡាយ ដូច​ជាគេ​រាំ​ដោយ​អាការ​ផ្សេង ៗ។ កាល​បើ​ខ្សែ​សរសៃ និងឈើ​កន្លាស់​នោះ ដាច់​រដកចេញ​រាត់​រាយ រលុងរង្គោះ​បាក់​បែកខ្ចាត់​ខ្ចាយ កាល​បើ​រូបយន្ដ​រង្គោះ ដាច់​ខ្ចាត់​ខ្ចាយ​ហើយ បុគ្គល​មិន​គប្បី​បាន (រូប​យន្ដនោះ​) ទេ បុគ្គល​គប្បី​តម្កល់​ចិត្ត​ក្នុង​រូបនោះ ដូចម្ដេចកើត។ រាង​កាយ​ទាំង​ឡាយ​របស់​ខ្ញុំ ដូច​គ្នា​នឹងរូបយន្ដដែរ បើវៀរចាក​រូបធម៌ មាន​ចក្ខុជាដើមនោះ​ហើយ រមែង​ប្រព្រឹត្ត​ទៅ​មិន​បាន រាង​កាយ បើវៀរចាក​រូបធម៌​ហើយ ប្រព្រឹត្ត​ទៅ​មិន​បាន​ទេ បុគ្គល​គប្បី​តំកល់​ចិត្ត​ក្នុង​រាង​កាយនោះ ដូចម្ដេចកើត។ទ. ២១៦ បុគ្គល​ឃើញរូបស្រ្តី ដែល​គេ​គូរ​នឹង​ជញ្ជាំង លាបលន​ដោយ​ថ្នាំ​ដ៏ស្រស់ យ៉ាង​ណា​មិញ អ្នក​មាន​ការ​ឃើញវិបរិត ក្នុង​រូបនោះ ក៏​យ៉ាង​នោះ​ដែរ បញ្ញាជា​របស់​មនុស្ស ឥត​ប្រយោជន៍ទេឬ។ នែបុគ្គល​អន្ធពាល អ្នក​ស្ទុះចូលមកជិតនូវ​អត្តភាព​ដ៏ទទេ ដែល​ប្រៀប​ដូច​ជាថ្ងៃបណ្ដើរ​កូន តាំង​នៅ​ក្នុង​ខាង​មុខ ឬ​ដូច​ជា​យល់​សប្ដិ​ឃើញ​ដើមឈើមាស ពុំនោះ ដូច​ជារូប​យន្ដគ្រាំគ្រា ក្នុង​កណ្ដាល​នៃជន។ ពពុះបាំងស្បែកកណ្ដាលភ្នែក ឬព្រៀកទឹក​ភ្នែក ឬក៏ពកបាយភ្នែក តែងកើត​ក្នុង​មណ្ឌល​នៃភ្នែកនោះ ដូច​ជាពពុះទឹកល័ក្ខ ដែល​បុគ្គល​ប្រស់​លើ​កម្រាល​ចៀម​ស្ងួត ព្រោះ​ថាសណ្ឋាន​របស់​ភ្នែក មាន​ពណ៌​ផ្សេង ៗ ដែល​សង្ខារតាក់​តែង​ហើយ។

នាងសុភាភិក្ខុនី មាន​ចិត្តឥតជាប់​ចំពាក់ បាន​ឆ្កៀលភ្នែកជា​ទី​ស្រឡាញ់ មិន​ជាប់​ចំពាក់ ហើយក៏ឲ្យ​ដល់​បុរសនោះ ក្នុង​ពេល​នោះ ដោយ​ពាក្យ​ថា ហ៎ អាត្មា​ឲ្យ​ភ្នែកដល់​អ្នក ចូរ​អ្នក​យកភ្នែកនោះ​ទៅ​ចុះ។ រាគៈ​របស់​បុរសនោះ ក៏ប្រាស​ចេញ​ក្នុង​ខណៈ​នោះ​ផង បុរសនោះ បាន​ញ៉ាំង​ភិក្ខុ​នី​នោះ ឲ្យ​អត់​ទោស​ក្នុង​ទីនោះ​ផង ដោយ​ពាក្យ​ថា ម្នាល​នាងជាព្រហ្មចារិនី សួស្ដីចូរ​មាន (ដល់​នាង) ការ​ប្រព្រឹត្តិអនាចារបែបនេះ នឹងមិន​មាន​ដល់​ខ្ញុំ​ទេ។ទ. ២១៧

បើ​ខ្ញុំ​បៀត​បៀនជន (ដែល​គ្មាន​រាគៈ) យ៉ាង​នេះ ក៏ហាក់​ដូច​ជា​ខ្ញុំ​ឱបភ្លើង​កំពុង​ឆេះសន្ធោ​សន្ធៅ ឬចាប់​នូវ​អាសិរិ្ពស បើ​ដូច្នោះ សូមសួស្ដីកើតមាន​ដល់​នាង សូមនាង​អត់​ទោស​ដល់​ខ្ញុំ។

ភិក្ខុនីនោះ លុះរួច​អំពីបុរសជា​អ្នក​លេងនោះ​ហើយ ក៏​បាន​ទៅ​កាន់​សំណាក់​នៃ​ព្រះ​ពុទ្ធ​ដ៏​ប្រសើរ ចក្ខុក៏កើត​ឡើង​ដូចពីដើម ព្រោះបាន​ឃើញ​នូវ​មហាបុរិស​លក្ខណៈ ដែល​កើត​អំពីបុញ្ញសម្ភារ​ដ៏​ប្រសើរ។

សុភាថេរី នៅ​ក្នុង​ជីវកម្ពវ័ន។

ចប់ តឹសនិបាត។

ចត្តាឡីសនិបាត

sut.kn.thi.15 | book_057
ទ. ២១៨

(១៥. ចត្តាលីសនិបាតោ)

ឥសិទាសីថេរី

sut.kn.thi.15.01 | book_057

(១. ឥសិទាសីថេរីគាថា)

[៣៣៧] ភិក្ខុ​នីពីររូប ជាកុលធីតា​ក្នុង​សាក្យត្រកូល ជា​អ្នក​មាន​គុណសម្បត្តិ ក្នុង​នគរកុសុមបាដលិបុត្ត ដែល​ជាមណ្ឌល​នៃដែនដី។ បណ្ដាភិក្ខុ​នី​ទាំង​ពីររូបនោះ ភិក្ខុ​នី ១ រូប ឈ្មោះ​ឥសិទាសី ភិក្ខុ​នីទី ២ ឈ្មោះ​ពោធិ ជា​អ្នក​បរិបូណ៌​ដោយ​សីល ជា​អ្នក​ត្រេក​អរ​ដោយ​ការ​រំពឹង​ក្នុង​ឈាន ជា​ពហុស្សូត មាន​កិលេសកំចាត់​បង់​ហើយ។ ភិក្ខុ​នី​ទាំង​ពីររូបនោះ ត្រាច់​ទៅ​បិណ្ឌបាត ហើយធ្វើ​នូវ​ភត្តកិច្ច លុះ​លាង​បាត្រ​ហើយ អង្គុយជា​សុខ ក្នុង​ទីស្ងាត់ ទើបផ្ដើមនិយាយសំដី​ទាំង​ឡាយ​នេះ​ថា។ ម្នាលនាងម្ចាស់ ឈ្មោះ​ឥសិទាសី នាងជាស្រីគួរ​ជ្រះ​ថ្លា ទាំង​វ័យ​របស់​នាង​ក៏​មិន​ទាន់​សាបសូន្យ អើ ចុះនាង​ឃើញទោស​ដូចម្ដេច ទើបមកប្រកប​ខ្លួន​ក្នុង​បព្វជ្ជា។ទ. ២១៩

ឥសិទាសីភិក្ខុ​នីនោះ ជា​អ្នក​ឈ្លាសវៃ​ក្នុង​ធម្មទេសនា កាល​បើ​ពោធិ​ភិក្ខុ​នីសាក​សួរ ក្នុង​ហេតុជា​ប្រយោជន៍ យ៉ាង​នេះ​ហើយ ក៏​បាន​ពោល​នូវ​ពាក្យ​នេះ​ថា ម្នាលនាងពោធិ នាងចូរស្ដាប់​តាមដំណើរ ដែល​ខ្ញុំ​បួសចុះ។

លំដាប់​អំពីនេះ​ទៅ គឺជា​ពាក្យ​វិសជ្ជនា

សេដ្ឋី​អ្នក​សង្រួម​ក្នុង​សីល ជា​បិតា​របស់​ខ្ញុំ ក្នុង​បុរី​ដ៏​ប្រសើរ​ឈ្មោះ​ឧជ្ជេនី (ក្នុង​ដែនអវន្ដិ) ខ្ញុំ​ជាធីតាម្នាក់ ជា​ទី​ស្រឡាញ់​ពេញ​ចិត្ត ជា​អ្នក​គួរ​ទទួលសេចក្ដីអនុគ្រោះ​របស់​បិតានោះ។ លុះ​ចំណេរមក​ខាង​ក្រោយ សេដ្ឋីមាន​ត្រកូល​ដ៏​ឧត្តម មាន​ទ្រព្យច្រើន មក​អំពី​នគរ​សាកេត ដណ្ដឹង​ខ្ញុំ បិតា​ក៏​បាន​ឲ្យ​ខ្ញុំ​ជា​កូន​ប្រសា​របស់​សេដ្ឋីនោះ។ ខ្ញុំ​ចូល​ទៅ​ក្រាប​ក្បាលថ្វាយ​បង្គំនូវ​ជើងម្ដាយ​ក្មេក និងឪពុកក្មេក រាល់​ល្ងាចព្រឹក តាម​ដំណើរ ដែល​មាតា​បិតាប្រៀនប្រដៅ។ ខ្ញុំ​ឃើញ​នូវ​អ្នក​ដណ្ដឹងសូម្បីម្នាក់ ដែល​ជាបងប្អូនស្រី បងប្អូនប្រុស ឬជាបរិវារ​របស់​ស្វាមី ខ្ញុំ​ក៏រលះរលាំង ក្រាល​អាសនៈ។ ខ្ញុំ​អង្គាសផ្គត់​ផ្គង់ ឲ្យ​បាយ ទឹក និង​បង្អែម ដែល​មាន​ក្នុង​លំនៅ​នោះ តាមសម​គួរ​ដល់​វត្ថុ​ដែល​គេ​ត្រូវការ។ទ. ២២០ ខ្ញុំ​ក្រោក​ឡើង​តាមកាល​គួរ ហើយ​ចូល​ទៅ​កាន់​ផ្ទះ​របស់​ប្ដី ជូតសំអាតនូវ​ធរណីទ្វារ (ជាដើម) នឹងដៃ​ជើង ផ្គងអញ្ជលីចូល​ទៅ​រកប្ដី។ ខ្ញុំ​យកស្និតសក់ ម្សៅសម្រាប់​លាបមុខ ថ្នាំសម្រាប់​បន្ដក់​ភ្នែក និងកញ្ចក់ ស្អិតស្អាងឲ្យ​ប្ដី​ដោយ​ខ្លួន​ឯង ហាក់​ដូច​ជា (វណ្ណទាសី) អ្នក​ធ្វើ​នូវ​ការ​បំរើ។ ខ្ញុំ​ដាំបាយខ្លួន​ឯង លាងភាជន៍ខ្លួន​ឯង បំរើភស្ដា ដូច​ជាមាតាថ្នមកូនខ្ចី។ តែភស្ដា​តែងខឹងសម្បារ​នឹង​ខ្ញុំ ដែល​ជាស្ត្រី​បំរើបាយ គ្មាន​ស្រ្តីណាលើ​ស ជាស្រ្តីធ្វើ​ការ (គ្រប់​យ៉ាង) ជាស្ត្រីមិន​មាន​សេចក្ដីប្រកាន់ មាន​សេចក្ដីព្យាយាម មិន​ខ្ជិលច្រអូស មាន​មារយាទ​យ៉ាង​នេះ។ ស្វាមីនោះ និយាយ​នឹងមាតាបិតា​របស់​គេ​ថា ខ្ញុំ​សូមលា (អ្នក​ម្ដាយលោកឪពុក) ទៅ (ក្នុង​ទីណា​មួយ) (ព្រោះ) ខ្ញុំ​មិនអាចនៅ​រួមគ្នា​ក្នុង​ផ្ទះ​មួយ ជាមួយ​នឹងនាង​ឥសិទាសី​ឡើយ។

(មាតាបិតា​ពោលថា) នែកូន កុំ​ពោលយ៉ាង​នេះ​ឡើយ នាង​ឥសិទាសី ជា​បណ្ឌិត​ឈ្លាសវៃ ជាស្រ្តីមាន​សេចក្ដីព្យាយាម មិន​ខ្ជិលច្រអូស​ទេ ម្នាលកូន ហេតុអ្វីក៏​កូនឯង​មិន​ពេញ​ចិត្ត។

(កូន​ពោលថា) នាងឥសិទាសី មិន​បៀត​បៀនអ្វី ៗ ដល់​ខ្ញុំ​ទេ ប៉ុន្តែ​ខ្ញុំ​មិនអាច​នៅ​ជា​មួយ​នឹងនាងឥសិទាសី ព្រោះ​ថា នាង​ឥសិទា​សី ជាស្រីសំអប់​របស់​ខ្ញុំ ខ្ញុំ​មិន​គួរ​នឹងនៅ​រួមទេ ខ្ញុំ​សូមលាទៅ​ហើយ។

ម្ដាយ​ក្មេក និង​ឪពុកក្មេក បាន​ស្ដាប់​ពាក្យ​កូននោះ​ហើយ សួរ​ខ្ញុំ​ថា​ទ. ២២១ នាងធ្វើ​ខុសអ្វីទេ នាងចូរប្រាប់​កំហុស​ដែល​នាងធ្វើ​ហើយ នាងចូរដោះ​ស្រាយ តាម​សេចក្ដី​ពិត​មកចុះ។

(ខ្ញុំ​ក៏ឆ្លើយថា) ខ្ញុំ​មិន​បាន​ប្រទូស្តអ្វី ៗ ទេ ខ្ញុំ​មិន​បៀត​បៀន មិន​ពោល​ពាក្យ​អាក្រក់ (ដល់​គាត់​ទេ) ភស្ដា​ស្អប់​ខ្ញុំ ឲ្យ​ខ្ញុំ​អាចធ្វើ​អ្វីកើត។

ម្ដាយក្មេក និងឪពុកក្មេក​ទាំង​ឡាយ​នោះ ក៏អាក់​អន់​ចិត្ត ត្រូវសេចក្ដី​ព្រួយ​គ្រប​សង្កត់ ក៏នាំ​ខ្ញុំ​ត្រឡប់​ទៅ​កាន់​ផ្ទះ​បិតាវិញ រក្សានូវ​កូន (ដោយ​គិតថា) យើង​នឹងរក​ឲ្យ​បាន​នូវ​ស្រ្តីមាន​រូបឆោម​ដ៏​មាន​សិរី។ គ្រាក្រោយមក បិតាបាន​ឲ្យ​ខ្ញុំ ក្នុង​ផ្ទះ​នៃ​ត្រកូលទី ២ ជា​អ្នក​ស្ដុកស្ដម្ភ ដោយ​ជំនូនពាក់​កណ្ដាល អំពីជំនូន​ដែល​សេដ្ឋី​បាន​ជូន​មក​ខ្ញុំ​មុននោះ។ ខ្ញុំ​បាន​នៅ​ក្នុង​ផ្ទះ​នៃប្ដីទី ២ នោះ អស់ ១ ខែ គ្រា​នោះ គាត់​ក៏បណ្ដេញ​ខ្ញុំ ដែល​ជាស្រ្តី​ខ្នះខ្នែងបំរើ​ដូច​ជាទាសី ជាស្រីមិនប្រទូស្ត មាន​មារយាទល្អ។ បិតា​របស់​ខ្ញុំ និយាយ​នឹងបុរស​អ្នក​ទូន្មាន (ចិត្ត) អ្នក​ទូន្មាន (កាយ និងវាចា) ដែល​កំពុងត្រាច់​ទៅ​ដើម្បី​ភិក្ខាថា អ្នក​ចូរ​ជា​កូនប្រសា​របស់​ខ្ញុំ អ្នក​ចូរបោះ​ចោល​នូវ​កំណាត់​សំពត់ និង​ឆ្នាំង។ ស្វាមីទី ៣ នោះ បាន​នៅ (ជាមួយ​នឹង​ខ្ញុំ) អស់​បក្ខ ១ (កន្លះខែ) ក៏និយាយ​នឹងបិតា​ខ្ញុំ​ថា អ្នក​ចូរ​ឲ្យ​កំណាត់​សំពត់ ឆ្នាំង និងអំបែងមក​ខ្ញុំ​វិញ ខ្ញុំ​នឹងត្រាច់​ទៅ​ដើម្បី​ភិក្ខាទៀត។ គ្រា​នោះ បិតាមាតា និងពពួក​ញាតិ​ទាំង​អស់​របស់​ខ្ញុំ និយាយ​នឹងបុរសនោះ​ថាទ. ២២២ អ្នក​ណាមិនធ្វើ​តាម​អ្នក​ក្នុង​ទីនេះ​ឬ អ្នក​ចូរប្រាប់​ហេតុ​ដែល​គេ​ធ្វើ​ដល់​អ្នក​ឲ្យ​ឆាប់។ បុរស​នោះ កាល​បើគេ​ពោល​យ៉ាង​នេះ​ហើយ ក៏​ពោល​តបថា បើខ្លួន​របស់​ខ្ញុំ​អាច​នៅ​បាន (ក៏​នាងឥសិទាសី) មិន​គួរ​ដល់​ខ្ញុំ (ព្រោះ​ហេតុ​នោះ​) ខ្ញុំ​មិននៅ​ជាមួយ​នាងឥសិទាសី ក្នុង​ផ្ទះ​មួយជាមួយគ្នាទេ។ បុរស​នោះ កាល​បើ (បិតា​របស់​ខ្ញុំ) លះ​បង់​ហើយ ក៏ទៅ​បាត់​ទៅ ចំណែកខាង​ខ្ញុំ​ជាស្រ្តីនៅ​តែម្នាក់​ឯង គិតថា​អាត្មា​អញ​នឹងលាមាតាបិតាទៅ​ស្លាប់ ឬ​ទៅ​បួស។ គ្រា​នោះ នាងថេរី​ជាម្ចាស់​ឈ្មោះ​ជិនទត្តា ជា​អ្នក​ទ្រទ្រង់​នូវ​វិន័យ ជា​ពហុស្សូត បរិបូណ៌​ដោយ​សីល កាល​ត្រាច់​ទៅ​ដើម្បី​ភិក្ខាហារ ក៏​បាន​និមន្ដមកកាន់​ត្រកូល​នៃ​បិតា (ខ្ញុំ)។ ខ្ញុំ​ឃើញ​នាង​ជិនទត្តា​ថេរីនោះ ក៏ក្រោកឡើង ក្រាលអាសនៈ​របស់​យើង ប្រគេ​ន​នាងថេរីនោះ លុះ​ព្រះ​នាង​គង់​ហើយ ខ្ញុំ​ក៏ថ្វាយ​បង្គំនូវ​ព្រះ​បាទា ហើយ​ប្រគេ​ន​ភោជន។ ខ្ញុំ​ញ៉ាំង​ជិនទត្តាថេរី ឲ្យ​ឆ្អែត​ស្កប់​ស្កល់ ដោយ​បាយ និង​បង្អែម ដែល​មាន​ក្នុង​លំនៅ​នោះ ហើយ​ពោលថា បពិត្រ​ព្រះ​នាង​ជាម្ចាស់ ខ្ញុំ​ចង់​បួស។ គ្រា​នោះ បិតា​ពោល​នឹង​ខ្ញុំ​ថា ម្នាលកូនស្រីតូច នាងចូរប្រព្រឹត្តធម៌​នោះ​​ក្នុង​ផ្ទះ​នេះ​ទៅ​ចុះ ចូរញ៉ាំង​សមណៈ​ទាំង​ឡាយ​ផង ព្រាហ្មណ៍​ទាំង​ឡាយ​ផង ឲ្យ​ឆ្អែត​ស្កប់​ស្កល់​ដោយ​បាយ និងទឹក​ចុះ។ទ. ២២៣ លំដាប់​នោះ ខ្ញុំ​ក៏ប្រណម្យ​អញ្ជលី យំ​ពោល​នឹង​បិតាថា បពិត្រ​បិតា សូមលោក​អនុញ្ញាត​ខ្ញុំ ខ្ញុំ​នឹងញ៉ាំង​បាបកម្ម​ដែល​ខ្ញុំ​ធ្វើ​ហើយ​នោះ ឲ្យ​វិនាស។ គ្រា​នោះ បិតា​ពោល​នឹង​ខ្ញុំ​ថា (ព្រះ​សម្មាសម្ពុទ្ធ) ព្រះ​អង្គ​ប្រសើរជាងសត្វ​ជើងពីរ ទ្រង់​ធ្វើ​ឲ្យ​ជាក់​ច្បាស់​នូវ​លោកុត្តរធម៌​ណា នាង​ចូរ​បាន​លុះ​នូវ​ពោធិញ្ញាណ និងអគ្គធម៌ និងព្រះ​និព្វាន​នោះ​ចុះ។ ខ្ញុំ​ថ្វាយ​បង្គំ​លា​បិតាមាតា និងពពួក​នៃញាតិ​ទាំង​អស់ ហើយ​បួសបាន ៧ ថ្ងៃ ក៏សម្រេច​វិជ្ជាបី។ ខ្ញុំ​ដឹងជាតិ​របស់​ខ្លួន បាន ៧ ជាតិ ផលវិបាកនេះ​របស់​កម្មណា ខ្ញុំ​នឹងប្រាប់​នូវកម្ម​នោះ​ដល់​នាង នាងចូរមាន​ចិត្ត​តែ​មួយ ចាំផ្ទៀងស្ដាប់​នូវ​កម្មនោះ ដូចតទៅ​នេះ ខ្ញុំ​ជាជាង​មាសមាន​ទ្រព្យច្រើន ក្នុង​នគរឈ្មោះ​ឯកកច្ឆៈ ខ្ញុំ​នោះ​ជា​មនុស្សស្រវឹង ព្រោះ​ការ​ស្រវឹង​វ័យ បាន​ប្រព្រឹត្តសេពសំភព​នឹងប្រពន្ធបុគ្គល​ដទៃ។ ខ្ញុំ​នោះ​លុះ​ឃ្លាត​ចាក​អត្តភាពនោះ​ហើយ ក៏ឆេះរោលរាល​ក្នុង​នរកអស់​កាលយូរ លុះ​រួច​ចាក​នរកនោះ​ហើយ មកចាប់​បដិសន្ធិ​ក្នុង​ផ្ទៃ​នៃមេស្វា។ ស្វាឈ្មោលធំជាម្ចាស់​នៃហ្វូង ខាំផ្ដាច់​នូវ​ជាតកម្ម គឺអង្គ​ជាត (របស់​ខ្ញុំ) ដែល​ទើប​នឹងកើតបាន ៧ ថ្ងៃ នុ៎ះជាផល​នៃកម្ម​របស់​ខ្ញុំ​នុ៎ះ ដែល​គប់​រក​នូវ​ប្រពន្ធ​នៃបុគ្គល​ដទៃ។ ខ្ញុំ​នោះ​ធ្វើ​មរណកាល ច្យុត​ចាក​កំណើត​នៃស្វានោះ​ហើយ ក៏ចាប់​បដិសន្ធិ​ក្នុង​ផ្ទៃ​នៃ​មេ​ពពែខ្វាក់​ផង ខ្ចកផង ក្នុង​ដែន​នៃ​ស្ដេច​សិន្ធវៈ។ទ. ២២៤ ខ្ញុំ​ត្រូវគេ​ព្រនាក់​កូនក្មេងអស់ ១២ ឆ្នាំ ត្រូវគេ​គ្រៀវ ត្រូវដង្កូវបៀត​បៀន ឈឺចាប់ ព្រោះ​តែ​អំពើ​ដែល​ខ្ញុំ​សេព​នូវ​ប្រពន្ធ​របស់​បុគ្គល​ដទៃ។ ខ្ញុំ​នោះ​ច្យុត​ចាក​កំណើត​នៃពពែ​នោះ​ហើយ ក៏កើត​ជា​កូនគោ អំពីមេគោ​របស់​ឈ្មួញគោ បាន ១២ ខែ មាន​រោម​ក្រហម​ដូច​ជា​ជ្រលក់​ល័ក្ត ហើយត្រូវគេ​គ្រៀវ។ ខ្ញុំ​តែងទាញនូវ​នង្គ័ល និង​រទេះ ខ្វាក់ ខ្ចក ឈឺ ព្រោះ​តែ​ខ្ញុំ​សេព​នូវ​ប្រពន្ធ​របស់​បុគ្គល​ដទៃ។ ខ្ញុំ​នោះ​ជាសត្វច្យុត​ចាក​កំណើត នៃគោនោះ​ហើយ ក៏កើត​ក្នុង​ផ្ទៃ​នៃទាសី​ក្នុង​ផ្ទះ​ក្បែរថ្នល់ មិន​ប្រាកដ​ជាស្រី មិន​ប្រាកដជាប្រុស (ខ្ទើយ) ព្រោះ​តែ​ខ្ញុំ​សេព​នូវ​ប្រពន្ធ​នៃបុគ្គល​ដទៃ។ ខ្ញុំ​ស្លាប់​ក្នុង​អាយុ ៣០ ឆ្នាំ ហើយក៏កើតជាទារិកា ក្នុង​ត្រកូល​នៃ​អ្នក​រទេះ ដែល​ជាត្រកូល​កំព្រា គ្មានភោគសម្បត្តិ ត្រូវបុរសជាម្ចាស់​ទ្រព្យរឹបជាន់​ច្រើន។ កាល​ការ​ប្រាក់​ចំរើន​ច្រើន​ឡើង​ហើយ នាយ​ឈ្មួញរទេះ ក៏អូសទាញ​ខ្ញុំ អំពីផ្ទះ​នៃ​ត្រកូល ដែល​កំពុងយំខ្សឹកខ្សួល។ទ. ២២៥ គ្រា​នោះ បុត្រ​របស់​ឈ្មួញរទេះនោះ ឈ្មោះ​គិរិទាសៈ បាន​ឃើញ​ខ្ញុំ​ជាស្រ្តីនៅ​ក្រមុំ មាន​វ័យចំរើន ក្នុង​ឆ្នាំជា​គំរប់ ១៦ ក៏ហួងហែងទុក (ក្នុង​ផ្ទះ​របស់​ខ្លួន​)។ ប្រពន្ធដទៃ​របស់​គិរិទាសៈ ជាស្រ្ដីមាន​សីល​ផង មាន​គុណ​ផង ជាស្រ្តីប្រព្រឹត្តតាមភស្ដា ខ្ញុំ​ក៏​បាន​ធ្វើ​ការ​ស្អប់​នូវ​ប្រពន្ធ​របស់​គាត់។ ប្ដី​ទាំង​ឡាយ លះលែង​ខ្ញុំ ដែល​ជា​អ្នក​ខ្នះខ្នែងបំរើដូច​ជាទាសី ព្រោះផល​នៃ​កម្មណា នុ៎ះជាផលកម្ម (របស់​ខ្ញុំ) នោះ ទីបំផុត​នៃបាបកម្មនោះ​ឯង ខ្ញុំ​បាន​ធ្វើ​ហើយ។

ឥសិទាសីថេរី។

ចប់ ចត្តាឡីសនិបាត។

មហានិបាត

sut.kn.thi.16 | book_057
ទ. ២២៦

(១៦. មហានិបាតោ)

សុមេធាថេរី

sut.kn.thi.16.01 | book_057

(១. សុមេធាថេរីគាថា)

[៣៣៨] នាងសុមេធា ជាធីតា​នៃអគ្គមហេសី​របស់​ព្រះ​រាជា ទ្រង់​ព្រះ​នាម​កោញ្ចៈ ក្នុង​នគរឈ្មោះ​មន្ដាវតី ជាស្រ្តី​ដែល​ព្រះ​អរិយៈ អ្នក​ធ្វើ​សាសនា​ឲ្យ​ជ្រះ​ថ្លា​ហើយ។ នាង​សុមេធា ជាស្រីមាន​សីល ជាធម្មកថិកា​ដ៏​វិចិត្រ ជា​ពហុស្សូត ជាស្រីបាន​បទ​ក្នុង​ព្រះ​ពុទ្ធសាសនា ចូល​ទៅ​ជិតព្រះ​មាតាបិតា ហើយទូលថា សូមទ្រង់​ទាំង​ពីរ​ស្ដាប់ (ពាក្យ​ខ្ញុំ​ម្ចាស់)។ ខ្ញុំ​ម្ចាស់​ជា​អ្នក​ត្រេកអរ ចំពោះ​ព្រះ​និព្វាន ភពសូម្បី​ជា​ទិព្វ ក៏ជា​របស់​មិន​ទៀង​ទាត់ នឹងចាំបាច់​ពោលទៅ​ថ្វី​ដល់​កាម​ទាំង​ឡាយ ដែល​ជា​របស់​សោះសូន្យ មាន​ការ​ត្រេកអរ​តិច មាន​សេចក្ដី​ចង្អៀតចង្អល់​ច្រើន។ ពួក​ជនពាល ឈ្លក់​ក្នុង​កាម​ទាំង​ឡាយ​ណា កាម​ទាំង​ឡាយ​នោះ ជាសភាវៈ​ខ្លោចផ្សា ឧបមា​ដូច​ជាអាសិរពិស ពួក​ជនពាល​ទាំង​នោះ សឹងពេញ​ណែនត្រៀបត្រា​ក្នុង​នរក រងទុក្ខលំបាកអស់​កាល​ដ៏​អង្វែង។ ពួក​ជន​ពាលមាន​កម្ម​ដ៏លាមក មាន​គំនិតអាក្រក់ មិន​សង្រួមកាយ វាចា ចិត្ត រមែង​សង្រេងសង្រៃ ក្នុង​វិនិបាត (អបាយ) សព្វ ៗ កាល។ ជនពាល​ទាំង​នោះ ជា​អ្នក​ឥតប្រាជ្ញា ឥតចេតនា ត្រូវតណ្ហាជាហេតុ​នៃ​ទុក្ខរួបរឹត មិន​ដឹង (នូវ​ចតុសច្ច​ធម៌) ដែល​ព្រះ​សម្ពុទ្ធ​ទ្រង់​សំដែង រមែង​មិនត្រាស់​ដឹង​នូវ​អរិយសច្ច​ទាំង​ឡាយ។ទ. ២២៧ បពិត្រ​ព្រះ​មាតា ជន​ទាំង​ឡាយ​ជា​ច្រើន​នាក់​ណាស់ ដែល​មិន​ដឹង​នូវ​សច្ចធម៌ ដ៏ជា​ធម៌ គឺព្រះ​ពុទ្ធ​ដ៏​ប្រសើរ ទ្រង់​សំដែង ហើយ​ត្រេកអរ​តែ​នឹងភព ពេញ​ចិត្ត​តែ​នឹង​ការ​កើត​ក្នុង​ពួក​ទេវតា។ សូម្បីការ​កើត​ក្នុង​ពួក​ទេវតា ក៏​មិនទៀង កាល​បើ​ភពមិន​ទៀង ពួក​ជន​ពាល​ក៏នៅ​តែ​មិនតក់​ស្លុត​នឹងភព​ដែល​សត្វ​ត្រូវកើតញយ ៗ។ វិនិបាត22) ៤ និងគតិ ២ បុគ្គល​គប្បី​បាន​ដូចម្ដេចកើត បព្វជ្ជា​របស់​ពួក សត្វ​វិនិបាត​ក្នុង​នរក មិន​មាន​ឡើយ។ សូមទ្រង់​ទាំង​ពីរអនុញ្ញាត​ឲ្យ​ខ្ញុំ​ម្ចាស់ ទៅ​បួស​ក្នុង​សាសនា​នៃ​ព្រះ​ទស​ពល ខ្ញុំ​ម្ចាស់​នឹងជាស្រ្តីមាន​សេចក្ដីខ្វល់​ខ្វាយ​តិច ប្រឹងប្រែងដើម្បី​លះ​បង់​នូវ​ជាតិ និង​មរណៈ។ ប្រយោជន៍អ្វី​ដោយ​ភព ដែល​អ្នក​ផង​ត្រេកត្រអាល ប្រយោជន៍អ្វី​ដោយ​កាយជាទោស ឥតខ្លឹមសារ សូមទ្រង់​អនុញ្ញាត ខ្ញុំ​ម្ចាស់​នឹង​បួស ដើម្បី​រំលត់​នូវ​ភវតណ្ហា។ ការ​កើត​ឡើង​នៃ​ព្រះ​ពុទ្ធ​ទាំង​ឡាយ (ខ្ញុំ​ម្ចាស់​បាន​ចួបប្រទះ​ហើយ) កាល​មិន​មែន​ជាខណៈ ខ្ញុំ​ម្ចាស់​វៀរ​ស្រឡះ​ហើយ ខណៈ ខ្ញុំ​ម្ចាស់​បាន​ហើយ ខ្ញុំ​ម្ចាស់​មិនប្រទូស្ដនូវ​សីល និង​ព្រហ្មចរិយៈ រហូត​អស់​មួយជីវិត។

លុះនាងសុមេធា ក្រាប​ទូល​យ៉ាង​នេះ គ្រា​នោះ ព្រះ​មាតាបិតា បាន​មាន​បន្ទូល​នឹង​នាងថា យើង​ទាំង​ឡាយ​ជាគ្រហស្ថ សុទ្ធ​តែ​លុះ​ក្នុង​អំណាច​នៃសេចក្ដីស្លាប់ និងលះ​បង់​មិន​បាន​ទេ។ទ. ២២៨

មាតាជា​ទុក្ខស្រែកយំ បិតាក៏ជា​ទុក្ខ ត្រូវសេចក្ដីសោកស្ដាយ​គ្រប​សង្កត់​ដូចគ្នា ប្រឹងប្រែងសង្រួប​សង្រួមធីតានោះ ដែល​ដួលចុះលើ​ផែនដី នាផ្ទៃ​ប្រាសាទថា។

ម្នាល​កូនស្រី ចូរនាងក្រោកឡើង ប្រយោជន៍អ្វី​ដោយ​ការ​សោក (ដើម្បី​ចង់​បួស) យើងបាន​ថ្វាយនាងដល់​ស្ដេច ទ្រង់​ព្រះ​នាម​អនិករត្តៈ ជាស្ដេចមាន​រូប​ល្អ ក្នុង​នគរឈ្មោះ​វារណវតី​ហើយ។ នាង​នឹង​បាន​ជាអគ្គមហេសី នឹង​បាន​ជាភរិយា របស់​ស្ដេចអនិករត្តៈ នែកូនស្រី សីល ព្រហ្មចរិយធម៌ និងបព្វជ្ជា គេ​ធ្វើ​បាន​កម្រ​ណាស់។ អាណាចក្រ​ក្នុង​រាជ (នៃស្ដេចអនិករត្តៈ) ទ្រព្យ និងឥស្សរិយយស (ក៏​មាន​ច្រើន) ភោគ​សម្បត្តិ​ទាំង​ឡាយ នាំ​មក​នូវ​សេចក្ដីសុខ ទាំង​ខ្លួន​នាង ក៏នៅ​ក្រមុំ ព្រោះ​ហេតុ​នោះ នាង​ចូរ​ប្រើប្រាស់​ភោគសម្បត្តិ តាម​ប្រាថ្នា​ចុះ។ ម្នាលកូនស្រី កិច្ច​ដែល​គេ​ត្រូវដណ្ដឹង ចូរ​មាន​ដល់​នាង។

គ្រា​នោះ នាងសុមេធា ក្រាបទូលមាតាបិតា​នោះ​ថា សម្បត្តិ​ទាំង​ឡាយ​ប្រាកដ​ដូច្នេះ ចូរ​កុំមាន (ដល់​ខ្ញុំ​ម្ចាស់) ភពជា​របស់​គ្មានខ្លឹមសារ បព្វជ្ជា ឬមរណៈ ចូរមាន​ដល់​ខ្ញុំ​ម្ចាស់ ព្រោះ​ហេតុ​នោះ កិច្ច​ដែល​គេ​ត្រូវដណ្ដឹង (ចូរ​កុំមាន​ដល់​ខ្ញុំ​ម្ចាស់​ឡើយ)។ (សរីរៈ​នេះ​) ដូច​ជាដង្កូវ ជា​កាយ​ស្អុយ មិន​ស្អាត មាន​ក្លិន​ផ្សាយ​ទៅ​គួរ​ឲ្យ​ខ្លាចទ. ២២៩ ដូច​ជា​ការុងជាវិការ​នៃស្បែក ពេញ​ដោយ​សាកសព ពេញ​ដោយ​របស់​មិនស្អាត ដែល​ហូរចេញ​ក្នុង​កាលម្ដង ៗ។ ខ្ញុំ​ម្ចាស់​ដឹង​នូវ​សរីរៈ​នោះ​ថា ដូច​ជាអ្វីមួយ ដែល​បូកលាប​ដោយ​សាច់ និង​ឈាម ជា​របស់​គួរ​ខ្ពើម​ក្រៃពេក ជាលំនៅ​នៃហ្វូងដង្កូវ ជាចំណី​នៃសត្វ​ស្លាប ជា​សាកសព (គេ​) នឹង​ឲ្យ​ដល់​អ្នក​ណាម្ដេចបាន។ កាយ​ដែល​មាន​វិញ្ញាណ​ប្រាសចេញ​ហើយ មិន​យូរប៉ុន្មាន គេ​តែងដុត​ក្នុង​ព្រៃ​ស្មសាន ពួក​ញាតិ​ដែល​ខ្ពើមរអើម ក៏បោះ​បង់​ចោល ដូច​ជាអង្កត់​អុស។ មាតាបិតា​របស់​ខ្លួន ចោលសាកសពនោះ ឲ្យ​ជាចំណីសត្វ​ដទៃ​ក្នុង​ព្រៃ​ស្មសាន ខ្ពើមរអើម ងូតលាង (ខ្លួន​ដើរចេញ​ទៅ​) ចំណង់​បើ​សាធារណជន (នឹងមិនខ្ពើម) ដូចម្ដេចកើត។ សត្វ​ទាំង​ឡាយ តែងជ្រុលជ្រប់​ក្នុង​គ្រោង​កាយ ជា​សាកសពឥតខ្លឹមសារ ដែល​សង្ខារផ្សំផ្គុំ​ដោយ​ឆ្អឹង និងសរសៃ ជា​កាយ​ស្អុយ ពេញ​ដោយ​ទឹកមាត់ ទឹកភ្នែក ទឹកសម្បោរ និងទឹករងៃ។ បើ​បុគ្គល​ពន្លាត់​រាង​កាយ​នោះ ធ្វើ​អាការ​ខាង​ក្នុង​នៃវា ឲ្យ​ត្រឡប់​មក​ខាង​ក្រៅវិញ សូម្បី​មាតា​របស់​ខ្លួន ក៏ខ្ពើម​រអើមអត់​ទ្រាំ​នឹង​ក្លិនពុំបាន។ ខ្ញុំ​ម្ចាស់​និយាយ​ដោយ​ឧបាយ​នៃ​ប្រាជ្ញា នូវ​ខន្ធ ធាតុ អាយតនៈ ដែល​សង្ខារ​តាក់​តែង ថាមាន​ជាតិជាឫសគល់ នាំ​មក​នូវ​ទុក្ខ មិន​ជា​ទីពេញ​ចិត្ត នឹងប្រាថ្នា​នូវ​កិច្ច​ដែល​គេ​ត្រូវដណ្ដឹងដើម្បី​អ្វី។ លំ​ពែង ៣០០ ដែល​សំលៀងថ្មី ៗ គប្បី​ធ្លាក់​ចុះលើ​កាយ​រាល់ ៗ ថ្ងៃទ. ២៣០ ប្រសិនបើ ការ​អស់​ទៅ​នៃ​ទុក្ខ សូម្បីមាន​ការ​លំបាក (យ៉ាង​នេះ​) អស់​រយឆ្នាំ ជា​ការ​ប្រសើរ។ បុគ្គល​ណា ដឹងព្រះ​ពុទ្ធដីការ​បស់​ព្រះ​សាស្ដា​យ៉ាង​នេះ ហើយបាន​ទទួល​នូវ​សេចក្ដីលំបាក (ការ​អស់​ទៅ​នៃ​ទុក្ខ តែង​មាន​ដល់​បុគ្គល​នោះ​) សង្សារ (ការ​អន្ទោលទៅ​) របស់​បុគ្គល​ពាល​ទាំង​ឡាយ ដែល​លំបាករឿយ ៗ ជាសង្សារ​វែងឆ្ងាយ។ ការ​លំបាក​តានតឹង​មិន​មាន​ប្រមាណ រមែង​ប្រាកដ​ក្នុង​ពួក​ទេវតា ពួក​មនុស្ស ក្នុង​កំណើតតិរច្ឆាន ក្នុង​ពួក​អសុរកាយ ក្នុង​ពួក​ប្រេត និង​ក្នុង​ពួក​នរក។ ក្នុង​នរក មាន​សេចក្ដីលំបាកច្រើន សត្វ​ដែល​កើត​ក្នុង​វិនិបាត ក៏លំបាក សូម្បី​ក្នុង​ពួក​ទេវតា ក៏​មិន​មាន​ទីពឹង សេចក្ដី​សុខ​ដទៃ​ក្រៃលែង ជាងសេចក្ដីសុខ​ក្នុង​ព្រះ​និព្វាន មិន​មាន​ទេ។ បុគ្គល​ពួក​ណា ខំប្រឹងប្រែង​ក្នុង​សាសនា​របស់​ព្រះ​ទសពល ជា​អ្នក​មាន​សេចក្ដីខ្វល់​ខ្វាយតិច ខំព្យាយាមលះ​បង់​ជាតិ និង​មរណៈ បុគ្គល​ពួក​នោះ ឈ្មោះ​ថាបាន​ព្រះ​និព្វាន។ បពិត្រ​ព្រះ​បិតា ខ្ញុំ​ម្ចាស់​នឹងចេញ​បួស​ក្នុង​ថ្ងៃ​នេះ ប្រយោជន៍អ្វី​ដោយ​ភោគៈ​ទាំង​ឡាយ ដែល​ឥត​ខ្លឹមសារ កាម​ទាំង​ឡាយ ទុក​ស្មើវត្ថុ​ដែល​គេ​ខ្ជាក់​ចោល ខ្ញុំ​ម្ចាស់​នឿយណាយ​ហើយ ធ្វើ​ឲ្យ​ដូចដើមត្នោតមិន​មាន​ទីកើត (ដែល​បុគ្គល​ដក​ចោល​ហើយ)។ទ. ២៣១

នាងសុមេធានោះ កំពុងនិយាយ​នឹងបិតាយ៉ាង​នេះ ស្រាប់​តែ​ព្រះ​បាទ​អនិករត្តៈ ដែល​បិតាបានថ្វាយនាងដល់​ទ្រង់ សេ្ដចព្រះ​រាជដំណើរចូល​ទៅ​ដល់ ដោយ​មាន​ពួក​កំលោះ​ហែហម (ព្រោះ) ការ​ត្រូវដណ្ដឹង មាន​ក្នុង​កាល​ប្រាកដ​ហើយ។ ក្នុង​កាល​នោះ នាងសុមេធា កាត់​នូវ​សក់​ទាំង​ឡាយ ដែល​មាន​ពណ៌ខ្មៅ​រលើ​ប ស្លូតទន់ ដោយ​ព្រះ​ខាន់ ហើយបិទទ្វារប្រាសាទ រួច​ចូលបឋមជ្ឈាន។ នាង​សុមេធា កំពុង​តែចូល​សមាបត្តិ ចំរើន​នូវ​អនិច្ចសញ្ញាលើ​ប្រាសាទ គាប់​ចួនស្ដេចអនិករត្តៈ ក៏យាង​មក​ដល់​នគរ។ នាង​សុមេធានោះ កំពុង​តែធ្វើ​ទុក​ក្នុង​ចិត្ត (នូវ​អនិច្ចសញ្ញា) ស្ដេចអនិករត្តៈ ដែល​ស្អិតស្អាង​ព្រះ​អង្គ ដោយ​គ្រឿង​អលង្ការ ជាវិការៈ​កែវមណី និងមាស ក៏ឡើង​មក​ដោយ​រួសរាន់ ហើយធ្វើ​អញ្ជលី អង្វរនាង​សុមេធាថា។ អាជ្ញា​ក្នុង​រាជ​របស់​យើង ទ្រព្យ និង​ឥស្សរិយយស (ក៏​មាន​ច្រើន) ភោគសម្ប័ទទាំង​ឡាយ នាំ​មក​នូវ​សេចក្ដីសុខ ទាំង​ខ្លួន​នាងសោត ក៏នៅ​ក្រមុំ នាងចូរប្រើប្រាស់​ភោគសម្ប័ទ តាមប្រាថ្នា​ចុះ (ព្រោះ​ថា) កាមសុខ​ក្នុង​លោក គេ​រកបាន​ដោយ​កម្រណាស់។ រាជសម្បត្តិ យើងប្រគល់​ផ្ដាច់​ឲ្យ​នាង នាងចូរ​ប្រើប្រាស់​នូវ​ភោគសម្ប័ទ​ទាំង​ឡាយ ចូរ​ឲ្យ​នូវ​ទានចុះ នាង​កុំតូចចិត្ត​ឡើយ មាតា​បិតា​របស់​នាង ជា​ទុក្ខ។ទ. ២៣២

នាងសុមេធា ជាស្រ្តី​មិន​ត្រូវការ​ដោយ​កាម មាន​មោហៈ​ទៅ​ប្រាស​ហើយ ក៏ទូល​តប​ស្ដេច​អនិករត្តៈ​នោះ​ថា ព្រះ​អង្គ​កុំត្រេកត្រអាល​ចំពោះ​កាម​ទាំង​ឡាយ ព្រះ​អង្គ​ចូរ​ឃើញ​ទោស​ក្នុង​កាម​ទាំង​ឡាយ​វិញ។ ព្រះ​រាជាទ្រង់​ព្រះ​នាម​មន្ធាតុ ជាធំលើ​ទ្វីប​ទាំង​បួន ជា​បុគ្គល​ប្រសើរផុតជាងពួក​ជន​អ្នក​បរិភោគ​កាម ទ្រង់​មិនឆ្អែតឆ្អន់ (ដោយ​កាម​ទាំង​ឡាយ​) ទ្រង់​ទិវង្គតទៅ សេចក្ដី​ប្រាថ្នា​របស់​ស្ដេចនោះ នៅ​តែមិនពេញ​គ្រប់​គ្រាន់​នៅ​ឡើយ។ ភ្លៀង​គប្បី​បង្អុរចុះ​នូវ​រតនៈ​ទាំង​ឡាយ ៧ ប្រការ ជុំវិញ គ្រប់​ទិស​ទាំង ១០ សេចក្ដីឆ្អែតចំពោះ​កាម​ទាំង​ឡាយ ក៏នៅ​តែ​មិនល្មម ពួក​នរ​ជន រមែង​ស្លាប់​ទៅ​ទាំង​មិនឆ្អែត។ កាម​ទាំង​ឡាយ ប្រៀប​ដូចដាវ និង​ឈើ​ស្រួច កាម​ទាំង​ឡាយ ប្រៀប​ដូច​ជាក្បាល​នៃពស់ ឬប្រៀប​ដូច​ជាគប់​ភ្លើង ក្រៀម​ក្រោះ​ដូច​ជារាង​ឆ្អឹង តែងដុត​កំដៅរឿយ ៗ។ កាម​ទាំង​ឡាយ មិន​ទៀង​ទាត់ មិន​ឋិត​ថេរ មាន​ទុក្ខច្រើន មាន​ពិសខ្លាំង មាន​សេចក្ដី​តានតឹង ជាឫសគល់ មាន​សេចក្ដីទុក្ខជាផល ដូច​ជាដុំដែក​ដែល​កំពុង​ឆេះ។ កាម​ទាំង​ឡាយ ប្រៀប​ដូច​ជាផ្លែឈើ ឬប្រៀប​ដូច​ដុំសាច់ នាំ​មក​នូវ​ទុក្ខ កាម​ទាំង​ឡាយ ដូច​ជា​ការ​យល់​សប្ដិ ជា​គ្រឿង​បញ្ឆោត ដូច​ជា​របស់​ខ្ចីគេ។ កាម​ទាំង​ឡាយ ដូច​ជាលំពែង និងដែកស្រួច ដូច​ជារោគ ឬ​ដូច​ជាបូស ជា​គ្រឿង​តាន​តឹង ចង្អៀតចង្អល់ទ. ២៣៣ កាម​ទាំង​ឡាយ ប្រាកដស្មើ​ដោយ​រណ្ដៅ​នៃរងើក​ភ្លើង មាន​សេចក្ដី​តានតឹង​ជាឫស ជាភ័យ ជាខ្មាំង។ កាម​ទាំង​ឡាយ មាន​សេចក្ដីទុក្ខ​ច្រើនយ៉ាង​នេះ ព្រះ​មាន​ព្រះ​ភាគ ទ្រង់​ត្រាស់​ថា ជាសភាវៈ​ធ្វើ​នូវ​សេចក្ដី​អន្ដរាយ សូម​ព្រះ​អង្គ​យាង​ទៅ​វិញ​ចុះ សេចក្ដីស្និទ្ធស្នាល​ក្នុង​ភព​របស់​ខ្ញុំ​ម្ចាស់ មិន​មាន​ទេ។ បុគ្គល​ដទៃ​នឹង​ធ្វើ​នូវ​ប្រយោជន៍​ដូចម្ដេច ដល់​ខ្ញុំ​ម្ចាស់​កើត កាល​បើក្បាល​របស់​ខ្លួន​ត្រូវភ្លើងឆេះ កាល​បើជរា មរណៈ​កំពុងជាប់​តាម ខ្ញុំ​ម្ចាស់​ត្រូវប្រឹងប្រែង ដើម្បី​កំចាត់​បង់​នូវ​ជរា មរណៈ​នោះ។

នាងសុមេធានេះ លុះឃើញមាតាបិតា និងស្ដេចអនិករត្តៈ ដែល​មក​មិន​ទាន់​ដល់​ទ្វារ កំពុងគង់​យំលើ​ផែនដី ក៏ទូលនូវ​ពាក្យ​នេះ​ថា សង្សារ របស់​បុគ្គល​អន្ធពាល​ដែល​យំទួញញយ ៗ ចំពោះ​សេចក្ដីស្លាប់​របស់​បិតា សេចក្ដីស្លាប់​របស់​បងប្អូន និង​សេចក្ដីស្លាប់​របស់​ខ្លួន ក្នុង​សង្សារវដ្ដ ដែល​គេ​មិន​អាច​ដឹងទីបំផុតបាន ជាសង្សារវែង​ឆ្ងាយ។ សូមទ្រង់​ទាំង​ឡាយ រលឹកនូវ​ទឹកភ្នែក ទឹកដោះ និង​ឈាម កាលទ្រង់​អន្ទោល​ទៅ ព្រោះសង្សារ ដែល​គេ​មិនអាច​ដឹងទី​បំផុតបាន សូមទ្រង់​រលឹកនូវ​គំនរឆ្អឹង​ទាំង​ឡាយ របស់​ពួក​សត្វ​ដែល​អន្ទោល​ទៅ​មក ៗ។ សូមទ្រង់​រលឹកដល់​ទឹកភ្នែក ទឹកដោះ និង​ឈាម ដែល​ប្រៀប​ធៀប​នឹង​សមុទ្រធំ​ទាំង ៤ សូមទ្រង់​រលឹកនូវ​គំនរ​នៃឆ្អឹង​ទាំង​ឡាយ ក្នុង​កប្បមួយ ៗ ដែល​ស្មើ​នឹងភ្នំវេបុល្លៈ។ទ. ២៣៤ ដុំដីប៉ុនគ្រាប់​ក្របៅ ដែល​បុគ្គល​លញ់​ដីអស់​ទាំង​ជម្ពូទ្វីប ក៏​មិនល្មម គឺតិចជាង​មាតាបិតា​ទាំង​ឡាយ​របស់​សត្វ កាល​អន្ទោលទៅ​ក្នុង​សង្សារ ដែល​គេ​មិនអាច​ដឹងទីបំផុតបាន។ សូមទ្រង់​រលឹកនូវ​ស្មៅ កំណាត់​ឈើ មែកឈើ និង​ស្លឹក​ឈើ ដែល​គេ​នាំ​មកប្រៀបធៀប ខ្នាច់​ទាំង​ឡាយ (របស់​ស្មៅជាដើមនោះ​) ប្រមាណបួនធ្នាប់ ៗ ក៏​មិនល្មមស្មើ​នឹងបិតា និងជីតា​ទាំង​ឡាយ ព្រោះសង្សារ មាន​ទីបំផុតគេ​មិនអាចដឹង​បាន។ សូមទ្រង់​នឹកមើល​នូវ​អណ្ដើក​ខ្វាក់ និង​ប្រហោងនឹម (ដែល​ខ្យល់​បក់​បង្វិល) ទៅ​ក្នុង​សមុទ្រ អំពីត្រើយខាងកើត ទៅ​ត្រើយ​ដទៃ​ទៀត និងក្បាលអណ្ដើកនោះ ដែល​ចូល​ទៅ (ក្នុង​ប្រហោងនឹម) នេះ ជាសេចក្ដី​ឧបមា​ក្នុង​ការ​បាន​អត្តភាពជា​មនុស្ស។ សូមទ្រង់​រលឹកនូវ​រូប របស់​គ្រោង​កាយ ជាទោស ឥតខ្លឹមសារ មាន​ឧបមា​ដូចដុំ​នៃ​ពពុះទឹក សូមទ្រង់​ឃើញ​នូវ​ខន្ធ​ទាំង​ឡាយ ថា​ជាសភាវៈ​មិនទៀង​ទាត់ សូមទ្រង់​រលឹកនូវ​នរក​ទាំង​ឡាយ ដែល​មាន​សេចក្ដីទុក្ខ ក្ដួលក្ដៅ​ជា​ច្រើន។ សូមទ្រង់​រលឹកនូវ​សត្វ​ទាំង​ឡាយ ដែល​ញ៉ាំង​ទី​ស្មសានឲ្យ​ចំរើន​រឿយ ៗ ក្នុង​ជាតិ​ទាំង​ឡាយ​នោះ ៗ សូមរលឹកនូវ​ភ័យ​ក្នុង​ការ​ចិញ្ចឹមពោះផង សូមរលឹកនូវ​អរិយ​សច្ច​ទាំង ៤ ផង។ទ. ២៣៥

កាល​បើ​អមតធម៌​មាន ប្រយោជន៍អ្វី ដោយ​ហេតុក្ដៅផ្សា [ហេតុ​ដ៏ក្តៅផ្សា របស់​កាមគុណ មាន៥យ៉ាង បដ្ឋនា ការប្រាថ្នា ១ បរិយេសនា ការស្វែង​រក ១ បរិគ្គហោ ការ​ហួងហែង​ទុក ១ អារក្ខា ការរក្សា​ទួទៅ​មិនដាច់ ១ បរិភោគោ ការប្រើប្រាស់​លៃលក ១។ អដ្ឋកថា។] ៥ យ៉ាង ដែល​ទ្រង់​សោយ​ហើយ ដ្បិត​តម្រេក​ក្នុង​កាម​ទាំង​អស់ ក្ដៅផ្សា​ក្រៃពេក ព្រោះ​ហេតុ​ក្ដៅផ្សា ៥ យ៉ាង។

កាល​បើអមតធម៌ មាន ទ្រង់​មាន​ប្រយោជន៍អ្វី ដោយ​កាម​ទាំង​ឡាយ ដែល​ជា​របស់​ក្ដៅក្រហាយ ដ្បិតតម្រេក​ក្នុង​កាម​ទាំង​អស់ (ត្រូវភ្លើង ១១ កង) ឆេះ​ពុះឡើង ញាប់​ញ័រ​ក្ដៅសព្វ។ កាល​បើធម៌​ដែល​ឥតសត្រូវ (នេក្ខម្មៈ) មាន ទ្រង់​មាន​ប្រយោជន៍អ្វី ដោយ​កាម​ទាំង​ឡាយ ដែល​មាន​សត្រូវច្រើន កាម​ទាំង​ឡាយ ជាសា​ធារណៈ មាន​សត្រូវច្រើន គឺសត្រូវ​អំពីស្ដេច ភ្លើង ចោរ ទឹក និងបុគ្គល​មិន​ជា​ទី​ស្រឡាញ់។

កាល​បើព្រះ​និព្វាន​មាន ទ្រង់​មាន​ប្រយោជន៍អ្វី ដោយ​កាម​ទាំង​ឡាយ ដែល​ជា​គ្រឿង​សម្លាប់ ជា​គ្រឿង​ចង ព្រោះ​ថាកាម​ទាំង​ឡាយ តែង​មាន​គ្រឿង​សម្លាប់​និង​គ្រឿង​ចង ពួក​សត្វនេះ តែងទទួល​សេចក្ដី​ទុក្ខ​ទាំង​ឡាយ ព្រោះ​តែការ​ប្រាថ្នា​កាម។ គប់​ស្មៅ ដែល​ភ្លើងកំពុងឆេះ តែងឆេះ​នូវ​បុគ្គល​អ្នក​កាន់ មិន​លែងចេញ ព្រោះ​ថាកាម​ទាំង​ឡាយ ប្រៀប​ដូច​ជាគប់​ភ្លើង តែងឆេះនូវ​ពួក​សត្វ ដែល​មិនលែងចេញ។ទ. ២៣៦ សូមទ្រង់​កុំ​លះ​បង់​នូវ​សេចក្ដីសុខ​ដ៏​ធំ​ទូលាយ ព្រោះ​ហេតុ​តែសុខ​ក្នុង​កាមបន្តិចបន្តួច​ឡើយ សូមទ្រង់​កុំក្ដៅក្រហាយ​ក្នុង​កាល​ជា​ខាងក្រោយ ដូច​ជាត្រីលេបនូវ​សន្ទូច។ សូមទ្រង់​កុំច្រាស់​ច្រាល់ ព្រោះ​តែកាម​ទាំង​ឡាយ ដូចសុនខ ដែល​គេ​ចងភ្ជាប់​នឹង​បង្គោល ឱ សត្វ​ទាំង​ឡាយ ជា​អ្នក​ស្រេកឃ្លាន តែងធ្វើ​តាមសេចក្ដីប្រាថ្នា ដូច​ជាពួក​ចណ្ឌាល (ព្រាន​បណ្ដើរ​ឆ្កែ ដល់​នូវ​សេចក្ដីវិនាស ព្រោះបាន​) នូវ​ឆ្កែ។ បើទ្រង់​ប្រកប​ខ្លួន​ក្នុង​កាម នឹងរង​ទុក្ខ មិន​មាន​ប្រមាណផង រងទោមនស្ស​ក្នុង​ចិត្ត​ដ៏​ច្រើន​ផង សូមទ្រង់​លះ​បង់​កាម​ទាំង​ឡាយ ជា​របស់​មិនទៀងចេញ។ កាល​បើព្រះ​និព្វាន ជាធម្មជាតមិន​ចេះ​ចាស់ មាន ទ្រង់​មាន​ប្រយោជន៍អ្វី ដោយ​កាម​ទាំង​ឡាយ​ជា​របស់​ចាស់ កំណើត​ទាំង​អស់ ក្នុង​ភព​ទាំង​ពួង (សុទ្ធ​តែ) ត្រូវ​មរណៈ និងព្យាធិរឹបជាន់។ ព្រះ​និព្វាន​នេះ មិន​ចាស់ មិន​ស្លាប់ ព្រះ​និព្វាន​នេះ ទាំង​មិនចាស់​មិនស្លាប់ មិន​មាន​សោក មិន​មានសត្រូវ មិន​ចង្អៀត មិន​ភ្លាំងភ្លាត់ មិន​មាន​ភ័យ មិន​ក្ដៅរោលរាល។ អមត​និព្វាន​នេះ ព្រះ​អរិយៈ​ទាំង​ឡាយ មាន​ព្រះ​ពុទ្ធជាដើមច្រើនរូប បាន​ហើយ មិន​តែ​ប៉ុណ្ណោះទេ ព្រះ​និព្វាន​នេះ គេ​គប្បី​បាន​ក្នុង​កាលសព្វថ្ងៃ​នេះ បុគ្គល​ណា ព្យាយាម​ដោយ​ឧបាយ​ប្រាជ្ញា (បុគ្គល​នោះ រមែង​បាន​នូវ​ព្រះ​និព្វាន​) តែបុគ្គល​ដែល​មិន​មាន​សេចក្ដី​ប្រឹងប្រែង មិន​អាចបាន​នូវ​ព្រះ​និព្វាន​ឡើយ។ទ. ២៣៧ នាងសុមេធា មិន​បាន​នូវ​សេចក្ដី​ត្រេកអរ​ក្នុង​សង្ខារ ពោលយ៉ាង​នេះ នាងសុមេធា កាលពន្យល់​ស្ដេច​អនិករត្តៈ​ហើយ ក៏បោះសក់​ទាំង​ឡាយ​ចោលលើ​ផែនដី។ ស្ដេច​អនិករត្តៈ​នោះ ក្រោក​ឡើង​ផ្គងអញ្ជលី អង្វរបិតា​របស់​នាងសុមេធានោះ​ថា សូមព្រះ​អង្គ​អនុញ្ញាតបើក​រាជបុត្រី ឈ្មោះ​នាងសុមេធា ឲ្យ​បួសចុះ ដើម្បី​ឲ្យ​នាង​ឃើញ​នូវ​ព្រះ​និព្វាន ដែល​ជាគុណជាតទៀង​ទាត់។

នាងសុមេធានោះ ដែល​ជាស្រ្តីតក់​ស្លុតចំពោះ​សោក និងភ័យ លុះមាតាបិតា​បើកឲ្យ ក៏បួស ហើយសិក្សា​នូវ​អគ្គផល បាន​ធ្វើ​ឲ្យ​ជាក់​ច្បាស់​នូវ​អភិញ្ញា ៦។ ព្រះ​និព្វាន​នោះ ជាគុណជាតអស្ចារ្យ ចំឡែក បាន​កើត​មាន​ដល់​រាជកញ្ញា លុះ​ក្នុង​កាលជា​ទីបំផុត (ទៀប​នឹង​បរិនិព្វាន​) នាងបាន​សំដែងនូវ​បុព្វេ​និវាសចរិតថា។ កាលព្រះ​មាន​ព្រះ​ភាគ ទ្រង់​ព្រះ​នាម​កោនាគមនៈ (ត្រាស់​ឡើង​ក្នុង​លោក) យើងជាសំឡាញ់​នឹងគ្នា​ទាំង​បីនាក់ (គឺនាងធនញ្ជានី ១ នាងខេមា ១ ខ្ញុំ ១) បាន​ថ្វាយវិហារទាន ក្នុង​អារាម​នៃ​សង្ឃ ជា​និវេសន៍​ដ៏ថ្មី។ (ដោយ​អានិសង្ស​នៃវិហារ​ទាននេះ​) យើង​ទាំង​ឡាយ បាន​ទៅ​កើត​ក្នុង​ពួក​ទេវតា ១០ ដង ១០០ ដង ១០០០ ដង ១០.០០០ ដង នឹងបាច់​និយាយទៅ​ថ្វី ក្នុង​ពួក​មនុស្ស។ទ. ២៣៨ យើងជា​អ្នក​មាន​ឫទ្ធិច្រើន ក្នុង​ពួក​ទេវតា នឹងបាច់​និយាយទៅ​ថ្វី​ក្នុង​ពួក​មនុស្ស ខ្ញុំ​បាន​កើតជាស្ត្រី​កែវ ជាអគ្គមហេសី​នៃស្ដេច​ដែល​មាន​រតនៈ ទាំង ៧ ប្រការ។ អានិសង្ស​នៃវិហារទាននោះ ជាហេតុ អានិសង្សនោះ ជាប្រភព (ដែល​កើត) អំណោយទាននោះ ជាឫសគល់​ដ៏​ពេញ​ចិត្ត​ក្នុង​សាសនា អំណោយទាននោះ ជា​ការ​ជួប​ជុំមុនដំបូង អំណោយទាននោះ ជាហេតុឲ្យ​រលត់​កិលេស (ព្រះ​និព្វាន​) របស់​ខ្ញុំ ដែល​ជា​អ្នក​ត្រេកអរ​ក្នុង​ធម៌។ ពួក​ជន​ណា ជឿនូវ​ព្រះ​ពុទ្ធដីការ​បស់​ព្រះ​សម្មាសម្ពុទ្ធ ព្រះ​អង្គ​មាន​ប្រាជ្ញាមិនថោកថយ ពួក​ជន​នោះ រមែង​ពោល​យ៉ាង​នេះ​ថា ពួក​ជន​នឿយ​ណាយ​ក្នុង​ភព គឺសង្សារវដ្ដ លុះនឿយណាយ​ហើយ ប្រាស​ចាក​តម្រេក។

សុមេធាថេរី។

ចប់ មហានិបាត។

ថេរីគាថានេះ មានគាថា ៤៨០ និង ១៤ គាថាទៀត ថេរី​ទាំង​អស់​នោះ ៧១ អង្គ ជា​ភិក្ខុនី​អស់​អាសវៈ។

ចប់ ថេរីគាថា។

ទ. ២៣៩ (Page missing in print edition)

មាតិកា

ទ. ២៤០

លេខ ទំព័រ លេខ​សម្គាល់
ថេរគាថា sut.kn.tha
សត្តកនិបាត sut.kn.tha.07
គាថាព្រះ​សុន្ទរសមុទ្ទត្ថេរ sut.kn.tha.07.01
គាថាព្រះ​លកុណ្តកត្ថេរ sut.kn.tha.07.02
គាថាព្រះ​ភទ្ទត្ថេរ sut.kn.tha.07.03
គាថាព្រះ​សោបាកត្ថេរ sut.kn.tha.07.04
គាថា ព្រះ​សរភង្គត្ថេរ sut.kn.tha.07.05
អដ្ឋកនិបាត sut.kn.tha.08
គាថា ព្រះ​មហាកច្ចាយនត្ថេរ sut.kn.tha.08.01
គាថា ព្រះ​សិរីមិត្តត្ថេរ sut.kn.tha.08.02
គាថា ព្រះ​មហាបន្ថកត្ថេរ sut.kn.tha.08.03
នវកនិបាត ១១ sut.kn.tha.09
គាថា ព្រះ​ភូតត្ថេរ ១១ sut.kn.tha.09.01ទ. ២៤១
ទសកនិបាត ១៤ sut.kn.tha10
គាថា ព្រះ​កាឡុទាយិត្ថេរ ១៤ sut.kn.tha10.01
គាថា ព្រះ​ឯកវិហារិយត្ថេរ ១៦ sut.kn.tha10.02
គាថា ព្រះ​មហាកប្បិនត្ថេរ ១៧ sut.kn.tha10.03
គាថា ព្រះ​ចូឡបន្ថកត្ថេរ ១៩ sut.kn.tha10.04
គាថា ព្រះ​កប្បត្ថេរ ២១ sut.kn.tha10.05
គាថា ព្រះ​ឧបសេនវង្គន្តបុត្តត្ថេរ ២២ sut.kn.tha10.06
គាថា ព្រះ​គោតមត្ថេរ ២៣ sut.kn.tha10.07
ឯកាទសកនិបាត ២៦ sut.kn.tha11
គាថា ព្រះ​សង្កិច្ចត្ថេរ ២៦ sut.kn.tha11.01
ទ្វាទសកនិបាត ២៨ sut.kn.tha12
គាថា ព្រះ​សីលវត្ថេរ ២៨ sut.kn.tha12.01
គាថា ព្រះ​សុនីតត្ថេរ ២៩ sut.kn.tha12.02ទ. ២៤២
តេរសកនិបាត ៣២ sut.kn.tha13
គាថា ព្រះ​សោណកោឡិវិសត្ថេរ ៣២ sut.kn.tha13.01
ចុទ្ទសកនិបាត ៣៥ sut.kn.tha14
គាថា ព្រះ​រេវតត្ថេរ ៣៥ sut.kn.tha14.01
គាថា ព្រះ​គោទត្តត្ថេរ ៣៦ sut.kn.tha14.02
សោឡសកនិបាត ៤០ sut.kn.tha15
សោឡសកនិបាត គាថា ព្រះ​អញ្ញាកោណ្ឌញ្ញត្ថេរ ៤០ sut.kn.tha15.01
គាថា ព្រះ​ឧទាយិត្ថេរ ៤២ sut.kn.tha15.02
វីសតិនិបាត ៤៥ sut.kn.tha16
គាថា ព្រះ​អធិមុត្តត្ថេរ ៤៥ sut.kn.tha16.01
គាថា ព្រះ​បារាសរិយត្ថេរ ៤៨ sut.kn.tha16.02
គាថា ព្រះ​តេលុកានិត្ថេរ ៥១ sut.kn.tha16.03
គាថា ព្រះ​រដ្ឋបាលត្ថេរ ៥៥ sut.kn.tha16.04ទ. ២៤៣
គាថា ព្រះ​មាលុង្ក្យបុត្តត្ថេរ ៦០ sut.kn.tha16.05
គាថា ព្រះ​សេលត្ថេរ ៦៤ sut.kn.tha16.06
គាថា ព្រះ​ភទ្ទិយកាលិគោធាបុត្តត្ថេរ ៦៨ sut.kn.tha16.07
គាថា ព្រះ​អង្គុលិមាលត្ថេរ ៧០ sut.kn.tha16.08
គាថា ព្រះ​អនុរុទ្ធត្ថេរ ៧៥ sut.kn.tha16.09
គាថា ព្រះ​បារាសរិយត្ថេរ ៧៨ sut.kn.tha16.10
តឹសនិបាត ៨៤ sut.kn.tha.17
គាថា ព្រះ​បុស្សត្ថេរ ៨៤ sut.kn.tha.17.01
គាថា ព្រះ​សារីបុត្តត្ថេរ ៨៨ sut.kn.tha.17.02
គាថា ព្រះ​អានន្ទត្ថេរ ៩៣ sut.kn.tha.17.03
ចត្តាឡីសនិបាត ៩៩

^

គាថា ព្រះ​មហាកស្សបត្ថេរ ៩៩ sut.kn.tha.18.01
បញ្ញាសនិបាត ១០៦ sut.kn.tha.19
គាថា ព្រះ​តាលបុដត្ថេរ ១០៦ sut.kn.tha.19.01ទ. ២៤៤
សដ្ឋិកនិបាត ១២០ sut.kn.tha.20
គាថា ព្រះ​មហាមោគ្គល្លានត្ថេរ ១២០ sut.kn.tha.20.01
មហានិបាត ១៣០ sut.kn.tha.21
គាថា ព្រះ​វង្គីសត្ថេរ ១៣០ sut.kn.tha.21.01ទ. ២៤៥
ថេរីគាថា sut.kn.thi
ឯកនិបាត ១៤៤ sut.kn.thi.01
គាថា អញ្ញតរាថេរី ១៤៤ sut.kn.thi.01.01
គាថា មុត្តាថេរី ១៤៤ sut.kn.thi.01.02
គាថា បុណ្ណាថេរី ១៤៥ sut.kn.thi.01.03
គាថា តិស្សាថេរី ១៤៥ sut.kn.thi.01.04
គាថា អញ្ញតរា តិស្សាថេរី ១៤៥ sut.kn.thi.01.05
គាថា ធីរាថេរី ១៤៥ sut.kn.thi.01.06
គាថា អញ្ញតរា ធីរាថេរី ១៤៥ sut.kn.thi.01.07
(គាថា តិស្សាថេរី ឃ្លាលើ​ស) ១៤៦ sut.kn.thi.01.08
គាថា មិត្តាថេរី ១៤៦ sut.kn.thi.01.09
គាថា ភទ្រាថេរី ១៤៦ sut.kn.thi.01.10
គាថា ឧបសមាថេរី ១៤៦ sut.kn.thi.01.11
គាថា មុត្តាថេរី ១៤៦ sut.kn.thi.01.12
គាថា ធម្មទិន្នាថេរី ១៤៧ sut.kn.thi.01.13ទ. ២៤៦
គាថា វិសាខាថេរី ១៤៧ sut.kn.thi.01.14
គាថា សុមនាថេរី ១៤៧ sut.kn.thi.01.15
គាថា ឧត្តរាថេរី ១៤៧ sut.kn.thi.01.16
គាថា សុមនា វុឌ្ឍបព្វជិតាថេរី ១៤៨ sut.kn.thi.01.17
គាថា ធម្មាថេរី ១៤៨ sut.kn.thi.01.18
គាថា សង្ឃាថេរី ១៤៨ sut.kn.thi.01.19
ទុកនិបាត ១៤៩ sut.kn.thi.02
ទុកនិបាត គាថា នន្ទាថេរី ១៤៩ sut.kn.thi.02.01
គាថា ជន្តាថេរី ១៤៩ sut.kn.thi.02.02
គាថា អញ្ញតរាថេរី ភិក្ខុ​នី មិន​ប្រាកដនាម​គោត្រ ១៥០ sut.kn.thi.02.03
គាថា អឌ្ឍកាសីថេរី ១៥០ sut.kn.thi.02.04
គាថា ចិត្តាថេរី ១៥០ sut.kn.thi.02.05
គាថា មេត្តិកាថេរី ១៥០ sut.kn.thi.02.06
គាថា មិត្តាថេរី ១៥១ sut.kn.thi.02.07
គាថា អភយមាតុថេរី ១៥១ sut.kn.thi.02.08ទ. ២៤៧
(ទុកនិបាត មាន​ខាងលើ​រួច​ហើយ)
(ទុកនិបាត មាន​រួច​ហើយ) គាថា អភយាថេរី ១៥១ sut.kn.thi.02.09
គាថា សាមាថេរី ១៥២ sut.kn.thi.02.10
តិកនិបាត ១៥៣ sut.kn.thi.03
តិកនិបាត គាថា អញ្ញតរា សាមាថេរី ១៥៣ sut.kn.thi.03.01
គាថា ឧត្តមាថេរី ១៥៣ sut.kn.thi.03.02
គាថា អញ្ញតរាថេរី ១៥៤ sut.kn.thi.03.03
គាថា ទន្តិកាថេរី ១៥៤ sut.kn.thi.03.04
គាថា ឧព្វិរិត្ថេរី ១៥៥ sut.kn.thi.03.05
គាថា សុក្កាថេរី ១៥៥ sut.kn.thi.03.06
គាថា សេលាថេរី ១៥៦ sut.kn.thi.03.07
គាថា សោមាថេរី ១៥៦ sut.kn.thi.03.08
ចតុក្កនិបាត ១៥៨ sut.kn.thi.04
គាថា ភទ្ទកាបិលានីថេរី ១៥៨ sut.kn.thi.04.01ទ. ២៤៨
បញ្ចកនិបាត ១៥៩ sut.kn.thi.05
គាថា អញ្ញតរាភិក្ខុ​នី មិន​ប្រាកដនាម​គោត្រ ១៥៩ sut.kn.thi.05.01
គាថា វិមលាបុរាណគណិកាថេរី ១៥៩ sut.kn.thi.05.02
គាថា សីហាថេរី ១៦០ sut.kn.thi.05.03
គាថា នន្ទាថេរី ១៦១ sut.kn.thi.05.04
គាថា នន្ទុត្តរាថេរី ១៦២ sut.kn.thi.05.05
គាថា មិត្តកាលីថេរី ១៦២ sut.kn.thi.05.06
គាថា សកុលាថេរី ១៦៣ sut.kn.thi.05.07
គាថា សោណាថេរី ១៦៤ sut.kn.thi.05.08
គាថា ភទ្ទាកុណ្ឌលាថេរី ១៦៥ sut.kn.thi.05.09
គាថា បដាចារាថេរី ១៦៥ sut.kn.thi.05.10
គាថា នាងភិក្ខុ​នីថេរី ៣០ រូប ១៦៦ sut.kn.thi.05.11
គាថា ចន្ទាថេរី ១៦៧ sut.kn.thi.05.12ទ. ២៤៩
ឆក្កនិបាត ១៦៩ sut.kn.thi.06
គាថា បដាចារាថេរី ៥០០ ១៦៩ sut.kn.thi.06.01
គាថា វាសិដ្ឋីថេរី ១៧០ sut.kn.thi.06.02
គាថា ខេមាថេរី ១៧១ sut.kn.thi.06.03
គាថា សុជាតាថេរី ១៧២ sut.kn.thi.06.04
គាថា អនោបមាថេរី ១៧៣ sut.kn.thi.06.05
គាថា មហាបជាបតីគោតមីថេរី ១៧៤ sut.kn.thi.06.06
គាថា គុត្តាថេរី ១៧៥ sut.kn.thi.06.07
គាថា វិជយាថេរី ១៧៦ sut.kn.thi.06.08
សត្តកនិបាត ១៧៧ sut.kn.thi.07
គាថា ឧត្តរាថេរី ១៧៧ sut.kn.thi.07.01
គាថា ចាលាថេរី ១៧៨ sut.kn.thi.07.02
គាថា ឧបចាលាថេរី ១៧៩ sut.kn.thi.07.03
អដ្ឋកនិបាត ១៨១ sut.kn.thi.08
គាថា សីសូបចាលាថេរី ១៨១ sut.kn.thi.08.01ទ. ២៥០
នវកនិបាត ១៨៣ sut.kn.thi.09
គាថា វឌ្ឍមាតុត្ថេរី ១៨៣ sut.kn.thi.09.01
ឯកាទសកនិបាត ១៨៥ sut.kn.thi.10
គាថា កីសាគោតមីថេរី ១៨៥ sut.kn.thi.10.01
ទ្វាទសកនិបាត ១៨៧ sut.kn.thi.11
គាថា ឧប្បលវណ្ណាថេរី ១៨៧ sut.kn.thi.11.01
សោឡសកនិបាត ១៨៩ sut.kn.thi.12
គាថា បុណ្ណិកាថេរី ១៨៩ sut.kn.thi.12.02
វីសតិនិបាត ១៩១ sut.kn.thi.13
គាថា អម្ពបាលីថេរី ១៩១ sut.kn.thi.13.01
គាថា រោហិណីថេរី ១៩៥ sut.kn.thi.13.02
គាថា ចាបាថេរី ១៩៩ sut.kn.thi.13.03
គាថា សុន្ទរីថេរី ២០២ sut.kn.thi.13.04
គាថា សុភាកម្មារធីតាត្ថេរី ២០៦ sut.kn.thi.13.05ទ. ២៥១
តឹសនិបាត ២១១ sut.kn.thi.14
គាថា សុភាជីវកម្ពវនិកាថេរី ២១១ sut.kn.thi.14.01
ចត្តាឡីសនិបាត ២១៨ sut.kn.thi.15
គាថា ឥសិទាសីថេរី ២១៨ sut.kn.thi.15.01
មហានិបាត ២២៦ sut.kn.thi.16
គាថា សុមេធាថេរី ២២៦ sut.kn.thi.16.01

ទ. ២៥២ (Page missing in print version)
ទ. ២៥៤ (List of errors)
ទ. ២៥៥ (List of errors)
ទ. ២៥៦ (List of errors)
ទ. ២៥៧ (List of errors)


1)
ពាក្យ​ចែចង់។
2)
ស្បថ​នឹង​ភ្លើង
3)
គប្បី​មើល​ក្នុង​ចតុក្កនិបាត។
4)
ឃោសនា។
5)
បាលី​ថា បុនប្បុនំ ប្រែថា រឿយៗ ញយៗ ដដែល​ៗ ញឹកញាប់ ប៉ុកបុឺន។
6)
ប្រភេទ ១៥ ពី​រដង គឺ សក្កាយទិដ្ឋិ ២០ មិច្ឆាទិដ្ឋិ ១០ (អដ្ឋកថា)
7)
គេចាប់​បាន​ត្រង់​កន្លែងជញ្ជាំង​ដែល​ខ្លួន​បោះ ឬកាត់​នោះ។
8)
ពាក្យថាធម៌ក្នុង​ទីនេះ សំដៅយកចិត្ត​ដែល​ប្រកប​ដោយ​តម្រេក។ អដ្ឋកថា។
9)
អ្នកមិន​បៀត​បៀនគេ។
10)
សមាធិប្រកប​ដោយ​អង្គ ៥ គឺបីតិផរណតា ការផ្សាយ​ទៅ​នៃបីតិ ១ ចេតោផរណតា ការផ្សាយ​ទៅនៃ​ចិត្ត ១ អាលោកផរណតា ការ​ផ្សាយ​ទៅ​នៃពន្លឺ ១ បច្ចវេក្ខណា ការពិចារណា​ស្ទាត់ ១ និមិត្តំ ការប្រកប​ដោយ​និមិត្ត មាន​បរិកម្ម​ជានិមិត្ត ១។ អដ្ឋកថា។
11)
កាលរដូវដែល​ពួក​បុថុជ្ជន​កំពុង​សម្បូរ​ដោយ​បាបធម៌ និងកិលេស ទោះបី​ភិក្ខុពួក​ខ្លះ ប្រកប​ព្យាយាម​ក្នុង​វិធីនៃ​កម្មដ្ឋាន ដោយ​សេចក្តី​ប្រតិបត្តិ​យ៉ាង​ឧក្រិដ្ឋ ក៏​មិនអាច​នឹងញុំាង​សេចក្តី​ប្រតិបត្តិ​ឲ្យ​សម្រេច​បានដោយ​ងាយ ព្រោះ​ព្រះ​សទ្ធម្ម​ដែល​សល់​នៅក្រៅអំពី​សេចក្តី​ប្រតិបត្តិ​នោះជា​ច្រើន ដោយ​បាបធម៌ និងកិលេស​ចូល​ជ្រៀតជ្រែក។ អដ្ឋកថា។
12)
វិបល្លាស ៤ គឺ សំគាល់​ថាទៀង ក្នុង​របស់​មិនទៀង ១ សំគាល់​ថាល្អ ក្នុង​របស់​មិនល្អ ១ សំគាល់​ថា​សុខ ក្នុង​របស់​មិន​មែន​សុខ ១ សំគាល់​ថាខ្លួន ក្នុង​សភាព​មិន​មែន​ខ្លួន ១។ អដ្ឋកថា។
13)
គឺរួចចាក​រូបកាយ​ដោយ​អរូបសមាបត្តិ ១ ចាកនាមកាយ​ដោយ​មគ្គ ១។
14)
រាប់​តាំង​ពី ព្រះ​វិបស្សិសម្មាសម្ពុទ្ធឥសី​មក។
15)
ស្ត្រីកាលលូកដៃ​ផាត់​ប្រមូល​គ្រាប់​ស្រូវក្នុង​ត្បាល់ ត្រូវ​បង្អោនខ្នង​ឲ្យ​កោង ដូចមនុស្ស​គម។
16)
លើកអង្រែ​បុកស្រូវ ក៏​ត្រូវ​បង្អោនខ្នង​ដូចគ្នា។
17)
ចំណែក​ស្វាមី​ជា​មនុស្ស​គមដែរ។
18)
បានជាហៅ​បដាចារាដែរ ព្រោះបានស្តាប់​ឱវាទ​របស់​នាងបដាចារាថេរី។
19)
ឫសគល់​នៃបាប ៣យ៉ាង​គឺ លោភៈ​១ ទោស​ៈ​១ មោហៈ​១។ អដ្ឋកថា។
20)
ដោយ​ពាក្យ​ថា នាងចាបា​ជា​កូនព្រានម្រឹគ ឯង​ជា​កូន​ឧបកាជីវក។ អដ្ឋកថា។
21)
ពាក្យថា ស៊ីកូន ក្នុង​ទីនេះ មិន​មែន​សំដៅ​យកការ​ស៊ី​ពិតមែន​នោះទេ សំដៅយក​មនុស្ស​ដែល​មានកូន​ស្លាប់ ជា​ពាក្យ​សម្រាប់​ជេរគ្នា​ដោយ​អំណាច​សេចក្តី​ខឹង។ អដ្ឋកថា។
22)
វិនិបាត ៤ គឺ នរក តិរច្ឆាន ប្រេត អសុរកាយ។ អដ្ឋកថា។
km/tipitaka/book_057.txt · ពេលកែចុងក្រោយ: 2019/04/01 11:59 និពន្ឋដោយ Johann