km:tipitaka:book_057

Differences

This shows you the differences between two versions of the page.

Link to this comparison view

Both sides previous revisionPrevious revision
Next revisionBoth sides next revision
km:tipitaka:book_057 [2019/03/16 07:32] Johannkm:tipitaka:book_057 [2019/03/16 08:01] – delete white spaces at begin of strings, single to double linebreaks Johann
ខ្សែ 1: ខ្សែ 1:
-<WRAP box fill ><WRAP centeralign>[[-Namo tassa bhagavato arahato sammā-]]\\ 
- [[sangham.net/index.php?action=forum|{{cs-rm:sangham_19x17.gif}}]]  **ព្រះត្រៃបិដកភាសាខ្មែរ - Tipiṭaka Khmer language**  [[sangham.net/index.php?action=forum|{{cs-rm:sangham_19x17.gif}}]]\\ 
-ភាគ ០៥៧ - Book 057</WRAP>Ven. Members of the Sangha, Ven. Theras Valued Upasaka, valued Upasika  This is a Work Edition! 1.Edition 20180607 
-Do not share it further except for editing and working purposes within the transcription project on sangham.net. Only for personal use. If you find any mistake or like to join the merits please feel invited to join here: [[http://sangham.net/index.php/board,85.0.html|sangham.net]] or Upasika Norum on sangham.net **Anumodana!** 
- 
-សូមថ្វាយបង្គំចំពោះព្រះសង្ឃ,  ជំរាបសួរឧបាសក និងឧបាសិកាទាំងអស់  នេះគឺជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ! 1.Edition 20180607 
-សូមកុំចែករំលែកបន្ថែមទៀត ប្រសិនបើមិនមែនសម្រាប់ការកែសម្រួលនៅ sangham.net និងកិច្ចការនេះ។ សូមគិតថាលោកអ្នកត្រូវបានអញ្ជើញដើម្បីចូលរួមបុណ្យកុសលនេះ និងសូមប្រាប់ពួកយើងអំពីកំហុស និងប្រើវេទិកានេះ: [[http://sangham.net/index.php/board,85.0.html|sangham.net]]  ឬប្រាប់ឧបាសិកា  Norum នៅលើ sangham.net **សូមអនុមោទនា**! 
- 
-A topic about progress and feedback can be found here: [[sang>9200.0.html|ព្រះត្រៃបិដក ភាគ ០៥៧ - Tipitaka Book 057]], for change log on ati.eu see here: [[km:tipitaka:book_057_log|រាយការណ៍ ភាគ ០៥៧]]</WRAP> 
- 
----- 
-<div centeralign>[[book_056|{{en:img:left.png }}]] [[book_056|ភាគ ទី ០៥៦]] | **[[book_index|មាតិកា]]** | [[book_058|ភាគ ទី ០៥៨]] [[book_058|{{ en:img:right.png}}]]</div> 
----- 
- 
-{{ book_057.jpg?250 }} 
- 
-<div centeralign>គំរូ ឯកសារ ផ្សេងទៀត ៖\\ {{ :km:tipitaka:tipitaka_vol.057_kh_1.edition_07062018_ati.pdf |}}\\ {{ :km:tipitaka:tipitaka_vol.057_kh_1.edition_07062018_ati.odt |}}</div> 
- 
-<span sang_id>លេខសម្គាល់</span>\\ 
-<span page_kmt>លេខទំព៍រ</span> 
-====== ព្រះត្រៃបិដក ភាគ ទី ៥៧ ====== 
-<span page_kmt #p_1>ទ. ១</span> 
- 
-សុត្តន្តបិដក ខុទ្ទកនិកាយ ថេរគាថា ថេរីគាថា 
- 
-ឆដ្ឋភាគ 
- 
-ភាគ ៥៧ 
- 
-ថេរគាថា សត្តកនិបាត 
- 
-[២២៥] ស្រីផ្កាមាសតាក់តែង ស្លៀកពាក់ល្អ ទ្រទ្រង់កម្រងផ្កា ស្អិតស្អាងហើយ មានជើងស្រឡាបដោយទឹកល័ខ ពាក់ស្បែកជើង លុះដោះស្បែកជើងចេញហើយ ក៏ធ្វើអព្ជាលីចំពោះមុខ ស្រីផ្កាមាសនោះ និយាយនូវពាក្យជាប្រធាននៃមិត្ត [ពាក្យចែចង់។] នឹងខ្ញុំ ដោយសំដីដ៏ទន់ពីរោះថា លោកនៅកំឡោះហើយបួស លោកចូរឋិតនៅក្នុងពាក្យប្រដៅរបស់ខ្ញុំ លោកចូរបរិភោគកាមជារបស់មនុស្សចុះ ខ្ញុំនឹងឲ្យសម្បត្តិដ៏ពេញចិត្តដល់លោក។ ខ្ញុំប្តេជ្ញាពាក្យពិតដល់លោក ឬនឹងនាំភ្លើងដល់លោក [ស្បថនឹងភ្លើង]។ កាលណាយើងទាំងពីរនាក់ ជាមនុស្សចាស់កាន់ឈើច្រត់ហើយ យើងនឹងបួសទាំងពីរនាក់ នឹងកាន់យកនូវជ័យជំនះក្នុងលោកទាំងពីរ។ ខ្ញុំបានឃើញស្រីផ្កាមាសនោះ មកធើ្វអព្ជាលី តាក់តែង ស្លៀកពាក់ល្អ ដូចជាជាប់អន្ទាក់មច្ចុ លំដាប់នុ៎ះ ខ្ញុំក៏បានធើ្វទុកក្នុងចិត្តដោយឧបាយនៃបញ្ញា។បេ។ [គប្បីមើលក្នុងចតុក្កនិបាត។] 
- 
-សុន្ទរសមុទ្ទត្ថេរ។ 
- 
-[២២៦] ព្រះភទ្ទិយត្ថេរ នៅក្នុងអម្ពាដការាមដ៏ប្រសើរ ក្បែរដងព្រៃ បានដកតណ្ហា ព្រមទាំងឫសចោលអស់ហើយ ជាអ្នកប្រសើរ ចំរើនឈានក្នុងអារាមនោះ។  
- 
-ជនពួកខ្លះ ត្រេកអរដោយសម្ភោរ ដោយពិណ ដោយស្គរជ័យក៏មាន ចំណែកខ្ញុំនៅទៀបគល់ឈើ ត្រេកអរតែក្នុងពុទ្ធសាសនា។ មួយទៀត ព្រះពុទ្ធទ្រង់ប្រទានពរដល់ខ្ញុំ ៗ បាននូវពរនោះ ខ្ញុំកាន់យកនូវកាយគតាសតិជានិច្ច ដើម្បីលោកទាំងអស់។ ពួកជនណា មើលងាយខ្ញុំដោយរូបក្តី ពួកជនណា តាមខ្ញុំទៅដោយសំឡេង [ឃោសនា។] ក្តី ពួកជនទាំងនុ៎ះ សុទ្ធតែលុះអំណាចនៃឆន្ទរាគ មិនស្គាល់ខ្ញុំទេ។ បុគ្គលណា មិនដឹងធម៌ខាងក្នុង ទាំងមិនឃើញធម៌ខាងក្រៅ បុគ្គលនោះឯង ជាមនុស្សពាល មានធម៌ជាគ្រឿងរាំងរាជុំវិញ តែងត្រូវសំឡេងនាំបន្សាត់ទៅ។ បុគ្គលណា មិនដឹងធម៌ខាងក្នុង ប៉ុន្តែឃើញច្បាស់នូវធម៌ខាងក្រៅ បុគ្គលនោះ ឈ្មោះថា ឃើញផលខាងក្រៅ ក៏ត្រូវសំឡេងបន្សាត់ទៅដែរ។ បុគ្គលណា ដឹងច្បាស់នូវធម៌ខាងក្នុង ទាំងឃើញច្បាស់នូវធម៌ខាងក្រៅ បុគ្គលនោះ ឈ្មោះថា ជាអ្នកឃើញធម៌ដែលគ្មានអ្វីរាំងរា តែងមិនត្រូវសំឡេងបន្សាត់ទៅឡើយ។ 
- 
-លកុណ្តកត្ថេរ។ 
- 
-[២២៧] ខ្ញុំជាកូនប្រុសតែមួយ ជាទីស្រឡាញ់របស់មាតា ជាទីស្រឡាញ់របស់បិតា ដែលមាតាបិតាបានហើយ ដោយការប្រព្រឹត្តិវ័តដ៏ច្រើនផង ដោយការបន់ស្រន់ផង។ ឯមាតា និងបិតាទាំងពីរនោះ ជាអ្នកប្រាថ្នាសេចក្តីចំរើន ស្វែងរកប្រយោជន៍ ទើបនាំខ្ញុំទៅថ្វាយព្រះពុទ្ធ ព្រោះសេចក្តីអនុគ្រោះ (ដោយពាក្យថា) កូននេះ ធ្លាប់សុខ ចំរើនដោយសេចក្តីសុខ ខ្ញុំព្រះអង្គបានដោយលំបាក បពិត្រព្រះលោកនាថ យើងខ្ញុំសូមថ្វាយកូននេះ ឲ្យជាអ្នកបំរើព្រះអង្គ អ្នកទ្រង់ឈ្នះមារ។ ទើបព្រះសាស្តាទទួលខ្ញុំ ហើយត្រាស់ពាក្យនេះនឹងព្រះអានន្ទថា អ្នកចូរបំបួសកុមារនេះឲ្យឆាប់ កុមារនេះនឹងបានជាបុរសអាជានេយ្យ។ លុះព្រះសាស្តាអ្នកឈ្នះមារ ទ្រង់ឲ្យបំបួសខ្ញុំរួចហើយ ក៏ស្តេចចូលទៅកាន់វិហារ នាកាលព្រះអាទិត្យមិនទាន់លិច លំដាប់នោះ ចិត្តរបស់ខ្ញុំក៏ផុតចាកអាសវៈ។ តពីនោះមក ព្រះសាស្តា ទ្រង់ចេញចាកទីសម្ងំ លះបង់ហើយ ត្រាស់នឹងខ្ញុំថា ម្នាលភទ្ទៈ អ្នកចូរមក ព្រះវាចានោះ បានជាឧបសម្បទារបស់ខ្ញុំ។ ខ្ញុំបានឧបសម្បទា ក្នុងអាយុ ៧ ឆ្នាំ អំពីកំណើត ខ្ញុំបានសម្រេចវិជ្ជា ៣ ហើយ ឱ! ព្រះធម៌ល្អណាស់តើ។ 
- 
-ភទ្ទត្ថេរ។ 
- 
-[២២៨] ខ្ញុំបានឃើញព្រះសាស្តា ព្រះអង្គឧត្តមជាងជន ដែលកំពុងចង្ក្រម ឰដ៏ម្លប់ប្រាសាទ គឺគន្ធកុដិ ក៏បានចូលទៅគាល់ព្រះសាស្តានោះក្នុងទីនោះ ហើយថ្វាយបង្គំនូវព្រះអង្គជាបុរសដ៏ឧត្តម។ ខ្ញុំធើ្វនូវចីវរឆៀងស្មាម្ខាង ហើយផ្គុំដៃ បានដើរចង្ក្រមតាមព្រះពុទ្ធ ព្រះអង្គប្រាសចាកធូលី គឺរាគៈ ឧត្តមជាងសព្វសត្វ។ លំដាប់នោះ ព្រះសាស្តា ព្រះអង្គទ្រង់ឈ្លាសវៃ ជ្រាបនូវប្រស្នា បានសួរប្រស្នាចំពោះខ្ញុំ ៗ ក៏មិនតក់ស្លុត មិនភិតភ័យ បានឆ្លើយប្រស្នាថ្វាយព្រះសាស្តា។ កាលដែលខ្ញុំឆ្លើយប្រស្នាចប់ហើយ ព្រះតថាគត ក៏ទ្រង់អនុមោទនា ហើយទ្រង់ទតមើលភិក្ខុសង្ឃ បានត្រាស់សេចក្តីនេះថា។ សោបាកៈនេះ ប្រើប្រាស់បច្ច័យ គឺចីវរ បិណ្ឌបាត ទីដេក និងទីអង្គុយ របស់ពួកអ្នកដែនអង្គៈ មគធៈណា ពួកជនអ្នកដែនអង្គៈ មគធៈនោះ ហៅពេញជាមានលាភ។ មួយទៀត ព្រះសាស្តា ត្រាស់នូវការក្រោកទទួល និងការប្រព្រឹត្តិសមគួរ ថាជាលាភរបស់ពួកជនអ្នកដែនអង្គៈ មគធៈនោះ។ (ព្រះសាស្តាត្រាស់ថា) ម្នាលសោបាកៈ តាំងពីថ្ងៃនេះជាដើមទៅ អ្នកចូរមកចួបនឹងតថាគតចុះ ម្នាលសោបាកៈ ការដោះស្រាយប្រស្នានេះឯង ចូរជាឧបសម្បទារបស់អ្នកចុះ។ ខ្ញុំមានអាយុ ៧ ឆ្នាំ អំពីកំណើត ក៏បានឧបសម្បទា ទ្រទ្រង់រាងកាយជាទីបំផុត ឱ! ព្រះធម៌ល្អណាស់តើ។ 
- 
-សោបាកត្ថេរ។ 
- 
-[២២៩] ខ្ញុំ (កាលនៅជាតាបស) បានច្រូតស្បូវដោយដៃឯង ធើ្វកុដិសម្រាប់នៅ ព្រោះហេតុនោះ បានជាឈ្មោះរបស់ខ្ញុំថា សរភង្គ ដោយសម្មតិ។ ការច្រូតស្បូវដោយដៃ មិនគួរដល់ខ្ញុំក្នុងថ្ងៃនេះទេ ព្រោះសិក្ខាបទទាំងឡាយ ព្រះគោតមដ៏មានយស បានបញ្ញត្តហើយដល់យើង។ ខ្ញុំឈ្មោះសរភង្គ មិនបានឃើញរោគ ដែលពេញពោរទាំងអស់ ក្នុងកាលមុន រោគនោះ ដែលសរភង្គ អ្នកធើ្វតាមឱវាទនៃព្រះសម្មាសម្ពុទ្ធ ជាទេវតាដ៏ប្រសើរ បានឃើញហើយ។  
- 
-ព្រះវិបស្សី ទ្រង់យាងទៅហើយតាមផ្លូវណា ព្រះសិខី ព្រះវេស្សភូ ព្រះកកុសន្ធៈ ព្រះកោនាគមនៈ និងព្រះកស្សបៈ ទ្រង់យាងទៅតាមផ្លូវណា ព្រះគោតម ទ្រង់យាងទៅតាមផ្លូវនោះដែរ។  
- 
-ព្រះពុទ្ធទាំងឡាយ ៧ ព្រះអង្គ ប្រាសចាកតណ្ហា មិនមានសេចក្តីប្រកាន់ យាងចុះកាន់ព្រះនិព្វាន ព្រះអង្គមានធម្មកាយកើតហើយ ប្រកបដោយតាទិគុណ ទ្រង់សំដែងនូវធម៌នេះ គឺអរិយសច្ចៈ ៤ បានដល់ទុក្ខ សមុទ័យ មគ្គ និរោធ ជាទីអស់ទៅនៃទុក្ខ ដើម្បីអនុគ្រោះដល់ពួកសត្វ។ ទុក្ខក្នុងសង្សារ មិនមានទីបំផុត ប្រព្រឹត្តទៅក្នុងកាយណា អំពីការបែកធ្លាយនៃកាយនេះក្តី ការអស់ទៅនៃជីវិតក្តី ភពថ្មីដទៃទៀតមិនមាន ខ្ញុំផុតស្រឡះហើយចាកកិលេសទាំងអស់។ 
- 
-សរភង្គត្ថេរ។ 
- 
-ឧទ្ទាន 
- 
-ព្រះថេរៈ ៥ អង្គ គឺសុន្ទរសមុទ្ទត្ថេរ ១ លកុណ្តកភទ្ទិយត្ថេរ ១ ភទ្ទត្ថេរ ១ សោបាកត្ថេរ ១ សរភង្គមហាឥសី ១ ពោលនូវគាថា ៣៥ ក្នុងសត្តកនិបាត។ 
- 
-ចប់ សត្តកនិបាត។ 
- 
-ថេរគាថា អដ្ឋកនិបាត 
- 
-[២៣០] បព្វជិតមិនគប្បីធើ្វនូវកម្មច្រើនទេ គប្បីលះបង់ជន (បាបមិត្ត) មិនគប្បីខ្វល់ខ្វាយ (ដើម្បីលាភទេ) ព្រោះបព្វជិតអ្នកខ្វល់ខ្វាយ ជាប់ចិត្តក្នុងរស រមែងលះបង់ប្រយោជន៍ដែលនាំមកនូវសេចក្តីសុខ។ ការថ្វាយបង្គំ និងការបូជាណា ក្នុងត្រកូលទាំងឡាយ ពួកព្រះអរិយៈ ដឹងច្បាស់នូវការថ្វាយបង្គំ និងការបូជានោះថា ដូចជាភក់ ទាំងដឹងថា ជាសរដ៏ឆ្មារ គេកម្រដកបាន ជាគ្រឿងសកា្ករៈដែលបុរសអាក្រក់ លះបង់បានដោយកម្រ។ 
- 
-បុគ្គលមិនគប្បីសេពនូវអំពើអាក្រក់ដោយខ្លួនឯង ព្រោះបំពេញ (ទុក្ខ) ដល់សត្វដទៃ (ទាំងមិនញ៉ាំងបុគ្គលដទៃ ឲ្យសេពនូវអំពើអាក្រក់នោះ) ព្រោះថា សត្វទាំងឡាយ មានកម្មជាផៅពង្ស។ បុគ្គលជាចោរ ព្រោះពាក្យអ្នកដទៃក៏ទេ បុគ្គលជាអ្នកប្រាជ្ញ ព្រោះពាក្យអ្នកដទៃក៏ទេ បុគ្គលដឹងខ្លួនឯងយ៉ាងណា សូម្បីពួកទេវតា ក៏ដឹងបុគ្គលនោះ ដូច្នោះដែរ។ ពួកជនផ្តេសផ្តាស រមែងមិនដឹងច្បាស់ថា យើងទាំងឡាយនឹងលំបាកក្នុងលោកនេះ តែពួកជនណា ដឹងច្បាស់ក្នុងដំណើរនោះ ការជំលោះ តែងស្ងប់រម្ងាប់ទៅ អំពីសំណាក់ពួកជននោះ។ បុគ្គលប្រកបដោយបញ្ញា បើទុកជាអស់សម្បត្តិរលីងធេង ក៏ឈ្មោះថារស់នៅ ឯបុគ្គលមានសម្បត្តិ ឈ្មោះថាមិនរស់នៅ ព្រោះការមិនបាននូវបញ្ញា។ បុគ្គលរមែងស្តាប់នូវសំឡេងទាំងអស់បានដោយសារត្រចៀក បុគ្គលមានចក្ខុ រមែងឃើញរូបគ្រប់យ៉ាង ចំណែកអ្នកប្រាជ្ញ មិនគួរលះចោល (ឬប្រកាន់) នូវអារម្មណ៍ទាំងពួង ដែលខ្លួនឃើញហើយ ឮហើយឡើយ។ បុគ្គលអ្នកមានភ្នែក គប្បីធើ្វដូចជាខ្វាក់ បុគ្គលអ្នកមានត្រចៀក គប្បីធើ្វដូចជាថ្លង់ បុគ្គលអ្នកមានបញ្ញា គប្បីធើ្វដូចជាគ បុគ្គលអ្នកមានកំឡាំង គប្បីធើ្វដូចជាអ្នកខ្សោយកំឡាំង តែកាលបើហេតុ (មិនគួរធើ្វ) កើតឡើងហើយ ត្រូវដេកដូចជាដេកស្លាប់។ 
- 
-មហាកច្ចាយនត្ថេរ។ 
- 
-[២៣១] ភិក្ខុណា គ្មានសេចក្តីក្រោធ មិនចងសេចក្តីក្រោធទុក មិនមានមាយា ប្រាសចាកសេចក្តីញុះញង់ ភិក្ខុមានសភាពដូច្នោះនោះឯង រមែងមិនសោយសោកក្នុងខាងមុខ ដោយសេចក្តីប្រតិបត្តិយ៉ាងនេះ។ ភិក្ខុណា គ្មានសេចក្តីក្រោធ មិនចងសេចក្តីក្រោធទុក មិនមានមាយា ប្រាសចាកសេចក្តីញុះញង់ មានទ្វាររក្សាហើយគ្រប់កាល ភិក្ខុនោះ រមែងមិនសោយសោកក្នុងខាងមុខ ដោយសេចក្តីប្រតិបត្តិយ៉ាងនេះ។ ភិក្ខុណា គ្មានសេចក្តីក្រោធ មិនចងសេចក្តីក្រោធទុក មិនមានមាយា ប្រាសចាកសេចក្តីញុះញង់ មានសីលល្អ ភិក្ខុនោះ រមែងមិនសោយសោកក្នុងខាងមុខ ដោយសេចក្តីប្រតិបត្តិយ៉ាងនេះ។ ភិក្ខុណា គ្មានសេចក្តីក្រោធ មិនចងសេចក្តីក្រោធទុក មិនមានមាយា ប្រាសចាកសេចក្តីញុះញង់ មានមិត្តល្អ ភិក្ខុនោះ រមែងមិនសោកស្តាយ ក្នុងកាលខាងមុខ ដោយសេចក្តីប្រតិបត្តិយ៉ាងនេះ។ ភិក្ខុណា គ្មានសេចក្តីក្រោធ មិនចងសេចក្តីក្រោធទុក មិនមានមាយា ប្រាសចាកសេចក្តីញុះញង់ មានបញ្ញាល្អ ភិក្ខុនោះ រមែងមិនសោកស្តាយ ក្នុងកាលខាងមុខ ដោយសេចក្តីប្រតិបត្តិយ៉ាងនេះ។ បុគ្គលណា មានសទ្ធាមិនញាប់ញ័រ បានដំកល់ស៊ប់ក្នុងព្រះតថាគតផង បុគ្គលណា មានសីលល្អ ជាទីត្រេកអរនៃព្រះអរិយៈ ដែលព្រះអរិយៈសរសើរហើយផង បុគ្គលណា មានសេចក្តីជ្រះថ្លាក្នុងសង្ឃផង បុគ្គលណា មានការយល់ឃើញត្រង់ផង អ្នកប្រាជ្ញទាំងឡាយ ហៅបុគ្គលនោះ ថាជាអ្នកមិនខ្សត់ ជីវិតរបស់បុគ្គលនោះ មិនមែនជាមោឃៈទេ។ ព្រោះហេតុនោះ មេធាវីបុគ្គល កាលរលឹកនូវពាក្យប្រដៅរបស់ព្រះពុទ្ធទាំងឡាយ គួរប្រកបរឿយ ៗ នូវសទ្ធាផង សីលផង សេចក្តីជ្រះថ្លាផង ការយល់ធម៌ផង។ 
- 
-សិរិមិត្តត្ថេរ។ 
- 
-[២៣២] កាលណាខ្ញុំឃើញព្រះសាស្តា ព្រះអង្គគ្មានភ័យអំពីទីណាជាដំបូង ក្នុងកាលនោះ សេចក្តីសង្វេគក៏មានដល់ខ្ញុំ ព្រោះឃើញព្រះសាស្តាជាឧត្តមបុរស។ អ្នកណា ច្រានសិរីដែលមក (រកខ្លួន) ដោយដៃ ឬជើង អ្នកនោះ ឈ្មោះថា ញ៉ាំងព្រះសាស្តាបែបនេះ ឲ្យត្រេកអរ ហើយឲ្យប្រាសចាកសេចក្តីត្រេកអរវិញ។ ក្នុងកាលនោះ ខ្ញុំលះចោលកូន និងប្រពន្ធផង ទ្រព្យ និងស្រូវផង កោរសក់ និងពុកចង្កា ហើយចូលទៅកាន់ផ្នួស។ ខ្ញុំបរិបូណ៌ដោយសិក្ខា និងសាជីវៈ សង្រួមនូវឥន្រ្ទិយទាំងឡាយ ជាអ្នកមិនចាលចាញ់កិលេស តែងនមស្ការព្រះសម្ពុទ្ធ សម្រាន្តនៅ។ ខណៈនោះ សេចក្តីតាំងចិត្ត ខ្ញុំបានតម្កល់ហើយថា កាលបើខ្ញុំមិនទាន់ដកសរ គឺតណ្ហាបានទេ ខ្ញុំមិនអង្គុយសូម្បីមួយរំពេច។ អ្នកចូរមើលសេចក្តីព្យាយាម និងការប្រឹងប្រែងរបស់ខ្ញុំនោះយ៉ាងនេះ វិជ្ជា ៣ ខ្ញុំបានសម្រេចហើយ ពុទ្ធសាសនា ខ្ញុំបានធើ្វហើយ។ ខ្ញុំដឹងនូវបុព្វេនិវាស ទិព្វចក្ខុ ខ្ញុំក៏បានជម្រះហើយ ខ្ញុំជាព្រះអរហន្ត គួរទទួលនូវទក្ខិណាទាន មានចិត្តរួចស្រឡះហើយ មិនមានឧបធិ។ លំដាប់នោះ ក្នុងកាលរាត្រីអស់ទៅ ព្រះអាទិត្យក៏រះឡើង ខ្ញុំបានធើ្វតណ្ហាទាំងអស់ឲ្យរីងស្ងួត ហើយអង្គុយដោយភ្នែន។  
- 
-មហាបន្ថកត្ថេរ។ 
- 
-ឧទ្ទាន 
- 
-ព្រះថេរៈ ៣ អង្គ គឺមហាកច្ចាយនត្ថេរ ១ សិរីមិត្តត្ថេរ ១ មហាបន្ថកត្ថេរ ១ បានសំដែងគាថាទាំងឡាយ ២៤ ក្នុងអដ្ឋកនិបាត។ 
- 
-ចប់ អដ្ឋកនិបាត។ 
- 
-ថេរគាថា នវកនិបាត 
- 
-[២៣៣] ពួកបុថុជ្ជន មិនដឹងថា ជរា មរណៈជាទុក្ខ ហើយជាប់ចំពាក់ក្នុងឧបាទានក្ខន្ធណា អ្នកប្រាជ្ញមានស្មារតី បានកំណត់ដឹង (នូវឧបាទានក្ខន្ធនោះ) ថាជាទុក្ខ ហើយចំរើនឈាន ក្នុងកាលណា កាលនោះ រមែងមិនបាននូវសេចក្តីត្រេកអរ លើសលុបជាងឈាននោះឡើយ។ បណ្ឌិត លុះលះបង់នូវតណ្ហា ដែលនាំមកនូវសេចក្តីទុក្ខ ជាធម្មជាតិផ្សាយទៅក្នុងអារម្មណ៍ផ្សេង ៗ នាំមកនូវកិលេស ជាគ្រឿងនាំសត្វឲ្យយឺតយូរ និងសេចក្តីទុក្ខ ដូចជាឃ្នាប មានស្មារតីចំរើនឈាន ក្នុងកាលណា កាលនោះ រមែងមិនបាននូវសេចក្តីត្រេកអរដ៏លើសលុបជាងឈាននោះឡើយ។ បុគ្គលពាល់ត្រូវមគ្គដ៏ឧត្តម ប្រកបដោយអង្គ ៤ ពីរដងដ៏ក្សេម ជាគ្រឿងជម្រះនូវកិលេសទាំងអស់ដោយបញ្ញា ជាអ្នកមានស្មារតី ចំរើនឈាន ក្នុងកាលណា កាលនោះ រមែងមិនបាននូវសេចក្តីត្រេកអរដ៏ក្រៃលែងជាងឈាននោះឡើយ។ បុគ្គលចំរើននូវសន្តបទ ដែលឥតមានសោក ប្រាសចាកធូលី គឺកិលេស ឥតមានបច្ច័យតាក់តែង ជាគ្រឿងជម្រះនូវកិលេសទាំងអស់ ផ្តាច់នូវចំណង គឺសញ្ញោជនៈ ក្នុងកាលណា កាលនោះ រមែងមិនបាននូវសេចក្តីត្រេកអរដ៏ក្រៃលែង ជាងការចំរើននូវសន្តបទនោះឡើយ។ ផ្គរលាន់ក្នុងអាកាស ទទឹកភ្លៀងពាសពេញដោយជុំវិញឰដ៏អាកាស ក្នុងកាលណា កាលនោះ ភិក្ខុចូលទៅនៅក្នុងញកភ្នំ ចំរើនឈាន រមែងមិនបាននូវសេចក្តីត្រេកអរជាងឈាននោះឡើយ។ ភិក្ខុអង្គុយក្បែរឆ្នេរស្ទឹងទាំងឡាយ ដ៏ដេរដាសដោយផ្កា មានផ្កាឈើក្នុងព្រៃដ៏វិចិត្រ ជាគ្រឿងប្រដាប់ មានចិត្តល្អ ចំរើនឈាន ក្នុងកាលណា កាលនោះ រមែងមិនបាននូវសេចក្តីត្រេកអរដ៏លើសលុបជាងឈាននោះឡើយ។ កាលបើភ្លៀងធ្លាក់ចុះក្នុងព្រៃស្ងាត់ ពេលយប់ ពួកសត្វមានចង្កូម បន្លឺឡើង ចំណែកភិក្ខុចូលទៅកាន់ញកភ្នំ ហើយចំរើនឈាន ក្នុងកាលណា កាលនោះ រមែងមិនបាននូវសេចក្តីត្រេកអរដ៏លើសលុប ជាងឈាននោះឡើយ។ ភិក្ខុអាស្រ័យនៅចន្លោះភ្នំ ក្នុងកណ្តាលនៃភ្នំ បិទនូវវិតក្កៈទាំងឡាយរបស់ខ្លួន ប្រាសចាកសេចក្តីខ្វល់ ប្រាសចាកសេចក្តីរឹងត្អឹងនៃចិត្ត ហើយចំរើនឈាន ក្នុងកាលណា កាលនោះ រមែងមិនបាននូវសេចក្តីត្រេកអរដ៏លើសលុបជាងឈាននោះឡើយ។  
- 
-(ភិក្ខុ) ជាអ្នកមានសេចក្តីសុខ ជាអ្នកធើ្វសេចក្តីរឹងត្អឹងជាមន្ទិល និងសេចក្តីសោកឲ្យវិនាស ជាអ្នកគ្មានសន្ទះទ្វារ គឺអវិជ្ជា គ្មានតណ្ហា ប្រាសចាកសរ គឺរាគាទិក្កិលេស ធើ្វនូវអាសវៈទាំងអស់ឲ្យវិនាស ចំរើនឈាន ក្នុងកាលណា កាលនោះ រមែងមិនបាននូវសេចក្តីត្រេកអរដ៏លើសលុប ជាងឈាននោះឡើយ។ 
- 
-ភូតត្ថេរ។ 
- 
-ឧទ្ទាន 
- 
-ព្រះភូតត្ថេរ តែមួយអង្គឯង ដូចជាកុយរមាស ជាអ្នកឃើញពិត បានសំដែងគាថា ៩ ដែលមកក្នុងនវកនិបាត។  
- 
-ចប់ នវកនិបាត។ 
- 
-ថេរគាថា ទសកនិបាត 
- 
-[២៣៤] បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ ពួកឈើមានពណ៌ដូចរងើកភ្លើង ជិតផ្លែហើយ ជម្រុះស្លឹកចាស់ចោល ឈើទាំងនោះរុងរឿង ដូចជាអណ្តាតភ្លើង បពិត្រព្រះអង្គមានព្យាយាមធំ កាលនេះ ជាកាលគួរបានចំណែកធម្មរសហើយ។ ឈើទាំងឡាយ ជាទីរីករាយនៃចិត្ត មានផ្លែ ផ្សាយក្លិនសព្វទិសដោយជុំវិញ ជម្រុះស្លឹកចាស់ចោល ប្រុងនឹងចេញផ្លែថ្មីទៀត បពិត្រព្រះអង្គមានព្យាយាម កាលនេះ ជាកាលគួរដើម្បីចេញទៅអំពីទីនេះ។ បពិត្រព្រះអង្គដ៏ចំរើន រដូវដែលមិនត្រជាក់ពេក មិនក្តៅពេក ជាសុខស្រួល គួរដើរទៅកាន់ផ្លូវឆ្ងាយបាន ពួកសក្យៈ និងពួកកោឡិយៈ សូមជួបព្រះអង្គ ដែលមានព្រះភក្រ្តបែរត្រឡប់មកខាងក្រោយ កំពុងឆ្លងស្ទឹងរោហិណី។  
- 
-អ្នកស្រែ ភ្ជួរស្រែដោយសេចក្តីប្រាថ្នា ក៏ព្រោះពូជដោយសេចក្តីប្រាថ្នា ពួកឈ្មួញ អ្នករកទ្រព្យ ឆ្លងសមុទ្រដោយសេចក្តីប្រាថ្នា។ ខ្ញុំព្រះអង្គ ឋិតនៅដោយសេចក្តីប្រាថ្នាណា សេចក្តីប្រាថ្នារបស់ខ្ញុំព្រះអង្គនោះ សូមឲ្យសម្រេច។ 
- 
-អ្នកស្រែទាំងឡាយ ព្រោះពូជរឿយ ៗ [បាលីថា បុនប្បុនំ ប្រែថា រឿយៗ ញយៗ ដដែលៗ ញឹកញាប់ ប៉ុកប៉ុន។] ទេវរាជ បង្អុរភ្លៀងក៏រឿយៗ ពួកអ្នកស្រែភ្ជួរស្រែរឿយ ៗ ពួកអ្នកស្រែនោះ នាំស្រូវចូលទៅកាន់ដែនក៏រឿយ ៗ។ ពួកស្មូមត្រាច់សូមរឿយ ៗ អ្នកម្ចាស់ទាន តែងឲ្យក៏រឿយៗ ពួកម្ចាស់ទាន លុះឲ្យរឿយ ៗ ហើយ តែងទៅកាន់ឋានសួគ៌ក៏រឿយ ៗ ដែរ។ អ្នកប្រាជ្ញមានបញ្ញាដូចផែនដី កើតក្នុងត្រកូលណា រមែងញ៉ាំងគូនៃបុរស ៧ ជួរ ក្នុងត្រកូលនោះ ឲ្យស្អាត ខ្ញុំព្រះអង្គសំគាល់ថា (ព្រះមានព្រះភាគ) ជាទេវតាប្រសើរជាងទេវតា អាច (ធើ្វសត្វដទៃឲ្យស្អាតបាន) ព្រោះអ្នកប្រាជ្ញ មានព្រះនាមដ៏ពិត កើតហើយអំពីព្រះអង្គ។ ព្រះបាទសុទោ្ធទនៈ ជាបិតារបស់ព្រះពុទ្ធ ព្រះអង្គស្វែងរកនូវគុណដ៏ធំ ឯព្រះមហេសី ព្រះនាមមាយា ជាពុទ្ធមាតា ដែលរក្សាព្រះពោធិសត្វដោយផ្ទៃ លុះរំលាយខន្ធទៅ ត្រេកអរក្នុងតុសិតទេវលោក។ 
- 
-ព្រះនាងទេវីនោះ ជាគោតមគោត្រ លុះទិវង្គតច្យុតចាកលោកនេះទៅ បានស្កប់ស្កល់ដោយកាមជាទិព្វទាំងឡាយ ព្រះនាងទ្រង់រីករាយដោយកាមគុណទាំង ៥ មានពពួកទេវតាទាំងនោះ ចោមរោមហើយ។ ខ្ញុំព្រះអង្គជាបុត្រនៃព្រះពុទ្ធ ព្រះអង្គមិនមានបុគ្គលដទៃគ្របសង្កត់បាន ព្រះនាមអង្គីរសៈ មិនមានបុគ្គលដទៃប្រៀបបាន ប្រកបដោយតាទិគុណ បពិត្រព្រះអង្គជាសក្យៈ ព្រះអង្គជាបិតានៃបិតារបស់ខ្ញុំព្រះអង្គ បពិត្រព្រះគោតម ព្រះអង្គជាជីតារបស់ខ្ញុំព្រះអង្គដោយធម៌។  
- 
-កាឡុទាយិត្ថេរ។ 
- 
-[២៣៥] បើបុគ្គលដទៃមិនមានអំពីមុខក្តី ក្រោយក្តី សេចក្តីសប្បាយក្រៃពេក រមែងមានដល់បុគ្គលម្នាក់ឯងនៅក្នុងព្រៃ។ បើដូច្នោះ អាត្មាអញតែម្នាក់ឯង 
- 
- នឹងទៅកាន់ព្រៃ ដែលព្រះពុទ្ធទ្រង់សរសើរហើយ ជាទីសប្បាយរបស់ភិក្ខុអ្នកមានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន ជាអ្នកនៅតែម្នាក់ឯង។ អាត្មាអញតែម្នាក់ឯង ជាអ្នកស្ទាត់ក្នុងប្រយោជន៍ នឹងចូលយ៉ាងឆាប់ទៅកាន់ព្រៃ ជាទីធើ្វឲ្យកើតបីតិដល់យោគាវចរ ជាទីរីករាយដែលដំរីចុះប្រេងសេពគប់ហើយ។ អាត្មាអញ ម្នាក់ឯង នឹងស្រោចស្រប់ខ្លួន ហើយចង្ក្រមក្នុងព្រៃត្រជាក់ មានផ្ការីកស្គុះស្គាយ ក្បែរជ្រោះភ្នំដ៏ត្រជាក់។ អង្កាល់ណា អាត្មាអញនឹងទៅជាបុគ្គលម្នាក់ឯង មិនមានបុគ្គលជាគំរប់ពីរ មានសោឡសកិច្ចធើ្វហើយ ជាអ្នកមិនមានអាសវៈ នៅក្នុងព្រៃធំ ដែលគួររីករាយ។ សូមសេចក្តីប៉ុនប៉ងរបស់អាត្មាអញ ដែលប្រាថ្នាដើម្បីធើ្វសេចក្តីព្យាយាមយ៉ាងនេះ បានសម្រេច អាត្មាអញនឹងធើ្វឲ្យសម្រេច (ព្រោះថា) អ្នកដទៃធើ្វជួសអ្នកដទៃពុំបានទេ។ ឥឡូវនេះ អាត្មាអញនោះ នឹងចងក្រោះ គឺព្យាយាម ហើយចូលទៅកាន់ព្រៃ បើអាត្មាអញ មិនទាន់សម្រេចនូវធម៌ជាគ្រឿងអស់អាសវៈទេ នឹងមិនចេញពីព្រៃនោះឡើយ។ កាលបើខ្យល់ត្រជាក់ មានក្លិនក្រអូបបក់ផ្សាយទៅ អាត្មាអញនឹងអង្គុយលើកំពូលភ្នំ ហើយទំលាយអវិជ្ជាឲ្យបាន។ អាត្មាអញទទួលសេចក្តីសុខ ដោយវិមុត្តិសុខក្នុងព្រៃ មានផ្កាដេរដាស ក្បែរញកភ្នំដ៏ត្រជាក់ រួចហើយនឹងត្រេកអរក្នុងក្រុងរាជគ្រឹះ មានភ្នំព័ទ្ធជុំវិញដូចក្រោលគោ។ អាត្មាអញនោះ មានតម្រិះគ្រប់គ្រាន់ ដូចព្រះចន្ទក្នុងថ្ងៃ ១៥ កើត អស់អាសវៈទាំងពួងហើយ ឥឡូវនេះ ភពថ្មីមិនមានទេ។ 
- 
-ឯកវិហារិយត្ថេរ។ 
- 
-[២៣៦] បុគ្គលណា ពិចារណាឃើញនូវកិច្ចជាប្រយោជន៍ និងមិនជាប្រយោជន៍ទាំងពីរនោះ ដែលមិនទាន់មកដល់ ទុកជាមុន ជនទាំងឡាយ ជាសត្រូវក្តី ជាអ្នកស្វែងរកប្រយោជន៍ក្តី កាលគយគន់មើល រមែងមិនឃើញនូវទោសនៃបុគ្គលនោះឡើយ។ អានាបានស្សតិ ដែលព្រះយោគាវចរណា បានចំរើនល្អគ្រប់គ្រាន់ហើយ បានសន្សំហើយ តាមលំដាប់ ដូចព្រះពុទ្ធទ្រង់សំដែងមក ព្រះយោគាវចរនោះ រមែងញ៉ាំងលោកនេះ ឲ្យភ្លឺច្បាស់ ដូចព្រះចន្ទផុតចាកពពក។ ឱ ចិត្តរបស់អញ ស រកប្រមាណមិនបាន អាត្មាអញ បានអប់រំល្អហើយផង បានផ្គងជានិច្ចផង ញ៉ាំងទិសទាំងពួងឲ្យភ្លឺផង។ បុគ្គលប្រកបដោយប្រាជ្ញា បើទុកជាអស់ទ្រព្យរលីង ក៏ឈ្មោះថា រស់នៅ ឯបុគ្គលអ្នកមានទ្រព្យ មិនឈ្មោះថា រស់នៅ ព្រោះកិរិយាមិនបាននូវប្រាជ្ញា។ ប្រាជ្ញាជាគ្រឿងវិនិច្ឆ័យនូវសុតៈ ប្រាជ្ញាជាគ្រឿងញ៉ាំងកិត្តិសព្ទ និងសេចក្តីសរសើរឲ្យចំរើន នរជនប្រកបដោយប្រាជ្ញា រមែងបាននូវសេចក្តីសុខ សូម្បីក្នុងសភាវៈដែលជាទុក្ខ។ ធម៌នេះ មិនមែនជាធម៌ទើបនឹងមានក្នុងថ្ងៃនេះទេ ជាធម៌មិនអស្ចារ្យ មិនមែនជាធម៌ចំឡែកទេ សត្វកើតស្លាប់ ក្នុងលោកណា ហេតុតិចតួចក៏មិនចំឡែកក្នុងលោកនោះ។ សេចក្តីពិតថា បន្ទាប់អំពីការកើតមក មានសេចក្តីស្លាប់ចាកជីវិត ជាធម្មជាតទៀងទាត់ សត្វទាំងឡាយ ដែលកើតហើយ ៗ រមែងស្លាប់ក្នុងលោកនេះ ព្រោះថា សត្វទាំងឡាយ មានសភាពយ៉ាងនេះឯង។ សេចក្តីសោកស្តាយណា របស់បុរសបុគ្គលទាំងឡាយដទៃ ដើម្បីជីវិត សេចក្តីសោកស្តាយនុ៎ះ មិនមែនដើម្បីប្រយោជន៍ដល់សត្វដែលស្លាប់ទៅហើយទេ ការយំចំពោះសត្វ ដែលស្លាប់ហើយ មិនមែនជាយស មិនមែនជាការល្អទេ សមណព្រាហ្មណ៍ទាំងឡាយ មិនសរសើរការយំឡើយ។ ការយំ រមែងបៀតបៀននូវចក្ខុ និងសរីរៈ (របស់បុគ្គលអ្នកយំ) ពណ៌សម្បុរក្តី កំឡាំងក្តី ប្រាជ្ញាក្តី នៃអ្នកយំ រមែងសាបសូន្យ ពួកសត្រូវរបស់បុគ្គលអ្នកយំនោះ ក៏មានសេចក្តីត្រេកអរ ពួកបុគ្គលអ្នកស្វែងរកប្រយោជន៍ឲ្យបុគ្គលអ្នកយំនោះ បាននូវសេចក្តីទុក្ខ។ ព្រោះហេតុនោះ ពួកជនឆ្លងនូវកិច្ច (របស់ខ្លួន) ដោយកំឡាំងប្រាជ្ញា របស់អ្នកប្រាជ្ញទាំងឡាយណា ដូចពួកជនឆ្លងនូវទន្លេមានទឹកពេញដោយទូក បុគ្គលគប្បីប្រាថ្នានូវអ្នកប្រាជ្ញ ជាពហុស្សូតនោះ ឲ្យនៅក្នុងត្រកូល (របស់ខ្លួន)។  
- 
-មហាកប្បិនត្ថេរ។ 
- 
-[២៣៧] ញាណគតិរបស់អាត្មាអញទន់ខ្សោយក្នុងកាលមុន អាត្មាអញភ្លេចភ្លាំងស្មារតី ថែមទាំងបងប្រុស ក៏បណ្តេញអាត្មាអញថា ឥឡូវនេះ អ្នកចូរទៅផ្ទះចុះ។ អាត្មាអញនោះ ត្រូវបងបណ្ដេញហើយ ក៏តូចចិត្ត តែនៅមានអាឡោះអាល័យ ក្នុងសាសនា ក៏ឈរនៅជិតក្លោងទ្វារនៃអារាមរបស់សង្ឃនោះ។ ព្រះមានព្រះភាគ ទ្រង់យាងមកក្នុងទីនោះ បានស្ទាបអង្អែលក្បាលរបស់អាត្មាអញ ហើយក៏ចាប់អាត្មាអញត្រង់ដើមដៃ ឲ្យចូលទៅកាន់អារាមនៃសង្ឃ។ ព្រះសាស្តាទ្រង់ប្រទាននូវសំពត់សម្រាប់ជូតជើង ដោយសេចក្តីអនុគ្រោះ ដល់អាត្មាអញថា អ្នកចូរអធិដ្ឋាននូវសំពត់ស្អាតនេះ ធើ្វឲ្យជាសំពត់ដែលខ្លួនអធិដ្ឋានល្អហើយ ក្នុងទីដ៏សមគួរចុះ។ លុះអាត្មាអញបានស្ដាប់ព្រះបន្ទូលរបស់ព្រះមានព្រះភាគនោះហើយ ក៏ត្រេកអរក្នុងសាសនា បានញ៉ាំងសមាធិឲ្យសម្រេច ដើម្បីបាននូវប្រយោជន៍ដ៏ឧត្តម អាត្មាអញដឹងនូវបុព្វេនិវាស ទិព្វចក្ខុ អាត្មាអញបានជម្រះហើយ ត្រៃវិជ្ជា អាត្មាអញបានដល់ដោយលំដាប់ហើយ ព្រះពុទ្ធសាសនា អាត្មាអញបានធើ្វហើយ។ បន្ថកភិក្ខុ និម្មិតខ្លួនជាមួយពាន់ ហើយអង្គុយក្នុងអម្ពវ័ន ជាទីរីករាយ ដរាបដល់ការប្រាប់នូវភត្តកាល។ លំដាប់នោះ ព្រះសាស្តាទ្រង់ប្រើទូតឲ្យទៅប្រាប់ភត្តកាលដល់អាត្មាអញ កាលទូតមកប្រាប់ភត្តកាល អាត្មាអញក៏មកតាមអាកាស។ អាត្មាអញថ្វាយបង្គំព្រះបាទានៃព្រះសាស្តា រួចហើយអង្គុយក្នុងទីសមគួរ គ្រានោះ ព្រះសាស្តាទ្រង់ជ្រាបថា អាត្មាអញអង្គុយហើយ ទើបបានទ្រង់ទទួល (ទក្ខិណោទក)។ ព្រះអង្គ ជាទីបូជារបស់សត្វលោក ជាបដិគ្គាហកៈរបស់បុគ្គលអ្នកបូជាទាំងឡាយ ជាបុញ្ញក្ខេត្តរបស់មនុស្សទាំងឡាយ ទ្រង់ទទួលនូវទក្ខិណាទាន។  
- 
-ចូឡបន្ថកត្ថេរ។ 
- 
-[២៣៨] កាយដ៏ពេញដោយមន្ទិល មានចំណែកផ្សេង ៗ កើតក្នុងរណ្ដៅលាមកធំ គឺផ្ទៃមាតា ដូចជ្រាំចាស់ដែលអាប់អួយូរ ឬដូចបូសធំ ដំបៅធំ ជាកាយដ៏ពេញដោយខ្ទុះ និងឈាម ពេញព្រៀបក្នុងរណ្តៅលាមក ជាទីហូរចេញនៃទឹក រមែងហូរចេញនូវវត្ថុមិនស្អាតសព្វ ៗ កាល។ កាយដែលចងភ្ជាប់ដោយសរសៃធំ ៦០ លាបដោយគ្រឿងលាប គឺសាច់ ប្រដាប់ដោយអាវ គឺស្បែក ជាកាយស្អុយ រកប្រយោជន៍គ្មាន តភ្ជាប់គ្នាដោយរាងឆ្អឹង ចងស្រាក់ដោយចេស គឺសរសៃ សម្រេចឥរិយាបថបាន ព្រោះប្រជុំនៃអាការមិនតែមួយ។ កាយមានដំណើរទៅរកសេចក្តីស្លាប់ដ៏ទៀងទាត់ (ឋិតនៅ) ក្នុងសំណាក់នៃមច្ចុរាជ ឯនរជនតែងទំលាក់ចោលនូវកាយក្នុងលោកនេះ ហើយទៅតាមយថាកម្ម។ កាយត្រូវអវិជ្ជាដោតក្រងហើយ ត្រូវគ្រឿងចាក់ស្រែះ ៤ យ៉ាង ចាក់ស្រែះហើយ កាយក៏លិចចុះក្នុងឱឃៈ ត្រូវបណ្ដាញនៃអនុសយៈគ្របសង្កត់ហើយ ប្រកបក្នុងនីវរណៈ ៥ ពេញដោយមិច្ឆាវិតក្កៈ ជាប់ដោយមូលនៃភព គឺតណ្ហា ត្រូវដំបូល គឺមោហៈបិទបាំងហើយ កាយនេះរមែងប្រព្រឹត្តទៅដូចពោលមកនេះ អន្ទោលទៅតាមយន្ដ គឺកម្ម។ ធម្មតាសម្បត្តិ តែងមានវិបត្តិជាទីបំផុត ការកើតផ្សេង ៗ រមែងវិនាសទៅវិញ។ ពួកជនណា ជាអន្ធពាលបុថុជ្ជន រាប់អានកាយនេះ ពួកជននោះ រមែងញ៉ាំងសង្សារដ៏ពន្លឹកឲ្យចំរើន តែងកាន់យកនូវភពថ្មីទៀត។ ពួកជនណា វៀរបង់នូវកាយនេះ ដូចបុគ្គលវៀរបង់នូវអាសិរពិស ដែលប្រឡាក់ដោយលាមក ពួកជននោះ រមែងខ្ជាក់ចោលនូវអវិជ្ជា និងតណ្ហា ដែលជាមូលនៃភព ជាអ្នកមិនមានអាសវៈ នឹងបរិនិព្វាន។  
- 
-កប្បត្ថេរ។ 
- 
-[២៣៩] ភិក្ខុគប្បីសេពនូវសេនាសនៈស្ងាត់ ដែលមានសំឡេងគឹកកងតិច ដែលម្រឹគសាហាវអាស្រ័យនៅហើយ ព្រោះហេតុនៃការពួនសម្ងំ។ ភិក្ខុគប្បីនាំមក (នូវកំណាត់សំពត់) អំពីគំនរនៃសំរាម ឬព្រៃស្មសាន ឬចន្លោះនៃថ្នល់ ធ្វើជាសង្ឃាដី ដោយកំណាត់សំពត់ដែលខ្លួននាំមកនោះ ហើយទ្រទ្រង់នូវចីវរដ៏សៅហ្មង។ ភិក្ខុគប្បីធើ្វចិត្តឲ្យទាប គ្រប់គ្រងនូវទ្វារ សង្រួមដោយប្រពៃ ហើយត្រាច់ទៅកាន់ផ្ទះជាលំដាប់ គឺចេញអំពីត្រកូល ១ ទៅកាន់ត្រកូល ១ ដើម្បីបិណ្ឌបាត។ ម្យ៉ាងទៀត ភិក្ខុត្រូវសន្ដោសដោយវត្ថុសៅហ្មង មិនគប្បីប្រាថ្នានូវរសឯទៀតឲ្យច្រើនទេ ចិត្តរបស់ភិក្ខុអ្នកជាប់ញ៉ាមក្នុងរសទាំងឡាយ រមែងមិនត្រេកអរក្នុងឈាន។ មុនីគប្បីជាអ្នកមានសេចក្តីប្រាថ្នាតិច ជាអ្នកសន្ដោស ជាអ្នកស្ងប់ស្ងាត់ នៅមិនច្រឡូកច្រឡំដោយបុគ្គលពីរពួក គឺគ្រហស្ថ និងបព្វជិត។ មនុស្សល្ងេល្ងើ និងមនុស្សគ យ៉ាងណា បណ្ឌិតគប្បីសំដែងខ្លួនយ៉ាងនោះ មិនគប្បីពោលឲ្យហួសប្រមាណក្នុងកណ្ដាលសង្ឃ។ បណ្ឌិតនោះ មិនគប្បីតិះដៀលបុគ្គលណាមួយ គប្បីវៀរបង់នូវការបៀតបៀនផង សង្រួមក្នុងបាតិមោក្ខផង ដឹងប្រមាណក្នុងភោជនផង។ បណ្ឌិតគប្បីជាអ្នកឈ្លាសវៃ ក្នុងការកើតឡើងនៃចិត្ត ដែលមាននិមិត្តកំណត់ល្អហើយ គប្បីប្រកបរឿយ ៗ នូវសមថៈ និងវិបស្សនា តាមកាលគួរ គប្បីជាអ្នកបរិបូណ៌ដោយព្យាយាម ប្រព្រឹត្តទៅរឿយ ៗ ប្រកបក្នុងធម៌ដ៏គួរសព្វ ៗ កាល បើមិនទាន់ដល់នូវព្រះនិព្វាន ជាទីបំផុតនៃទុក្ខក្នុងវដ្តៈទេ កុំអាលដល់នូវសេចក្តីទុកចិត្តឡើយ។ កាលភិក្ខុប្រាថ្នានូវសេចក្តីបរិសុទ្ធ សម្រាន្តនៅយ៉ាងនេះ អាសវៈទាំងពួងរមែងអស់ទៅ ភិក្ខុនោះ រមែងដល់នូវការរលត់ទុក្ខ។ 
- 
-ឧបសេនវង្គន្ដបុត្តត្ថេរ។ 
- 
-[២៤០] បុរសគប្បីដឹងច្បាស់នូវប្រយោជន៍របស់ខ្លួន គប្បីរមិលមើលនូវពាក្យជាប្រធាន គឺសាសនា មួយទៀត អំពើណា របស់កុលបុត្រអ្នកចូលកាន់ផ្នួសជាសមណភាព ជាអំពើមានសភាពដ៏សមគួរ ក្នុងសាសនានេះ (បុគ្គលគប្បីរមិលមើលនូវអំពើនោះផង)។ ក្នុងសាសនានេះ (ការសេពគប់) នូវកល្យាណមិត្រ ១ ការសមាទាននូវសិក្ខាដ៏ធំទូលាយ ១ ការប្រុងស្ដាប់ (នូវឱវាទ) នៃគ្រូទាំងឡាយ ១ ទាំង ៣ យ៉ាងនេះ ជាអំពើសមគួរដល់សមណៈ។ សេចក្តីគោរពក្នុងព្រះពុទ្ធទាំងឡាយ ១ ការកោតក្រែងក្នុងព្រះធម៌គួរតាមពិត ១ ការកោតក្រែងក្នុងព្រះសង្ឃ ១ ទាំង ៣ យ៉ាងនេះ ជាអំពើសមគួរដល់សមណៈ។ ភិក្ខុប្រកបក្នុងអាចារៈ និងគោចរៈ ១ មានអាជីវៈដ៏បរិសុទ្ធ ដែលអ្នកប្រាជ្ញមិនគប្បីតិះដៀលបាន ១ ការតំកល់ចិត្តទុកដោយប្រពៃ ១ ទាំង ៣ យ៉ាងនេះ ជាអំពើសមគួរដល់សមណៈ។ ចារិតសីល ឬវារិតសីល ១ សម្បជញ្ញៈ ដែលអាស្រ័យនឹងឥរិយាបថជាទីនាំមកនូវសេចក្តីជ្រះថ្លា ១ ការប្រកបរឿយ ៗ ក្នុងអធិចិត្ត ១ ទាំង ៣ យ៉ាងនេះ ជាអំពើសមគួរដល់សមណៈ។ សេនាសនៈតាំងនៅក្នុងព្រៃស្ងាត់ មានសំឡេងតិច ដែលអ្នកប្រាជ្ញគប្បីគប់រក នេះជាទីសមគួរដល់សមណៈ។ សីល ១ ភាពជាពហុស្សូត ១ ការពិចារណានូវធម៌ទាំងឡាយគួរតាមពិត ១ ការត្រាស់ដឹងនូវសច្ចៈទាំងឡាយ ១ ទាំង ៤ យ៉ាងនេះ ជាអំពើសមគួរដល់សមណៈ។ ភិក្ខុគប្បីចំរើននូវអនិច្ចសញ្ញាផង អនត្តសញ្ញាផង អសុភសញ្ញាផង អនភិរតិសញ្ញាក្នុងលោកនេះផង ទាំង ៤ យ៉ាងនេះ ជាអំពើសមគួរដល់សមណៈ។ ភិក្ខុគប្បីចំរើននូវពោជ្ឈង្គទាំងឡាយផង ឥទ្ធិបាទទាំងឡាយផង ឥន្រ្ទិយ និងពលៈទាំងឡាយផង អរិយមគ្គមានអង្គ ៨ ផង ទាំង ៥ យ៉ាងនេះ ជាអំពើសមគួរដល់សមណៈ។ មុនីគប្បីលះបង់នូវតណ្ហា គប្បីទំលុះទំលាយនូវអាសវៈទាំងឡាយ ព្រមទាំងឫសគល់ គប្បីជាអ្នករួចស្រឡះ (ចាកកិលេសទាំងពួង) ហើយសម្រេចសម្រាន្ដនៅ នេះជាអំពើដ៏សមគួរដល់សមណៈ។ 
- 
-គោតមត្ថេរ។ 
- 
-ឧទ្ទាន 
- 
-ព្រះថេរៈទាំងឡាយ ៧ អង្គនេះ គឺកាឡុទាយិត្ថេរ ១ ឯកវិហារិត្ថេរ ១ មហាកប្បិនត្ថេរ ១ ចូឡបន្ថកត្ថេរ ១ កប្បត្ថេរ ១ ឧបសេនវង្គន្តបុត្តត្ថេរ ១ គោតមត្ថេរ ១ (បានពោល) នូវគាថាទាំងឡាយ ៧០ ក្នុងទសកនិបាតនេះ។ 
- 
-ចប់ ទសកនិបាត។ 
- 
-ថេរគាថា ឯកាទសកនិបាត 
- 
-[២៤១] ម្នាលសាមណេរ ប្រយោជន៍អី្វដល់អ្នក (ដែលនៅ) ក្នុងព្រៃភ្នំឈ្មោះឧជ្ជុហានៈ (មិនជាទីសប្បាយ) ក្នុងរដូវភ្លៀង ខ្យល់ឈ្មោះវេរម្ពៈ (ខ្យល់ព្យុះ) ជាទីរីករាយដល់អ្នកឬ ព្រោះថាសេចក្តីស្ងប់ស្ងាត់ រមែងមានដល់បុគ្គលទាំងឡាយអ្នកមានឈាន។ ខ្យល់ឈ្មោះវេរម្ពៈ រមែងបក់ផាត់នូវពពកទាំងឡាយក្នុងរដូវភ្លៀងយ៉ាងណា សញ្ញារបស់ខ្ញុំ ដែលប្រកបដោយវិវេក ក៏រមែងរាយមាយយ៉ាងនោះដែរ។ សត្វដែលកើតអំពីពង មានសម្បុរខ្មៅ (ក្អែក) ត្រាច់ទៅកាន់លំនៅក្នុងទីស្មសាន ក៏ញ៉ាំងសតិនៃខ្ញុំ ដែលអាស្រ័យនូវការប្រាសចាកតម្រេកក្នុងរាងកាយ ឲ្យកើតឡើង។ ជនទាំងឡាយដទៃ មិនរក្សានូវភិក្ខុណា ភិក្ខុណា មិនរក្សានូវជនទាំងឡាយដទៃ ភិក្ខុនោះ ជាអ្នកមិនមានសេចក្តីអាឡោះអាល័យក្នុងកាមទាំងឡាយ រមែងដេកជាសុខ។ ភ្នំថ្មទាំងឡាយនោះ មានទឹកថ្លា មានថ្មក្រាស់ ប្រកបដោយសត្វមានកន្ទុយដូចគោ មានទឹកដេរដាសដោយសារាយ រមែងញ៉ាំងអាត្មាឲ្យរីករាយ។ អាត្មាក៏ធ្លាប់នៅក្នុងព្រៃទាំងឡាយផង ក្នុងច្រកភ្នំទាំងឡាយផង ក្នុងគុហាទាំងឡាយផង ក្នុងសេនាសនៈទាំងឡាយដ៏ស្ងាត់ផង ក្នុងព្រៃដែលសត្វម្រឹគសាហាវអាស្រ័យនៅផង។ អាត្មាមិនធ្លាប់ដឹងនូវសេចក្តីត្រិះរិះមិនប្រសើរ ប្រកបដោយទោសយ៉ាងនេះថា ពួកសត្វទាំងនេះ ចូរលំបាក ចូរស្លាប់ ចូរដល់នូវសេចក្តីទុក្ខ (ដូច្នេះឡើយ)។ ព្រះសាស្តា អាត្មាបានបម្រើហើយ ព្រះពុទ្ធសាសនា អាត្មាបានធើ្វហើយ ភារៈដ៏ធ្ងន់ គឺខន្ធ អាត្មាបានដាក់ចុះហើយ តណ្ហា ជាគ្រឿងនាំទៅកាន់ភព អាត្មាក៏បានដកចោលហើយ។ បព្វជិតចេញចាកផ្ទះ ចូលកាន់ផ្នួស ដើម្បីប្រយោជន៍ណា ប្រយោជន៍ជាគ្រឿងអស់ទៅនៃសំយោជនៈទាំងពួងនោះ អាត្មាក៏បានដល់ហើយ។ អាត្មាមិនត្រេកអរនឹងសេចក្តីស្លាប់ មិនត្រេកអរនឹងការរស់នៅ អាត្មារង់ចាំតែកាលនឹងបរិនិព្វាន ដូចជាអ្នកស៊ីឈ្នួល ទន្ទឹងតែអស់ថ្ងៃ។ អាត្មាមិនត្រេកអរនឹងសេចក្តីស្លាប់ មិនត្រេកអរនឹងការរស់នៅ អាត្មាជាអ្នកដឹងខ្លួន មានស្មារតីតាំងមាំ រង់ចាំតែកាលនឹងបរិនិព្វាន។  
- 
-សង្កិច្ចត្ថេរ។ 
- 
-ឧទ្ទាន 
- 
-អំពីសង្កិច្ចត្ថេរ តែមួយអង្គឯង លោកមានកិច្ចធើ្វស្រេចហើយ មិនមានអាសវៈ ពោលនូវគាថា ១១ នោះ ក្នុងឯកាទសកនិបាត។  
- 
-ចប់ ឯកាទសកនិបាត។ 
- 
-ថេរគាថា ទ្វាទសកនិបាត 
- 
-[២៤២] បុគ្គលគប្បីសិក្សានូវសីល ឲ្យជាសីលដែលខ្លួនសិក្សាល្អហើយ ក្នុងលោកនេះ ព្រោះថា សីលដែលបុគ្គលសេពហើយ រមែងបង្អោនមកនូវសម្បត្តិទាំងពួង។ ជនអ្នកមានប្រាជ្ញា កាលចង់បាននូវសេចក្តីសុខ ៣ យ៉ាង គឺសេចក្តីសរសើរ ១ ការបាននូវសេចក្តីត្រេកអរមួយ ១ ការលះលោកនេះទៅហើយ រីករាយក្នុងឋានសួគ៌ ១ គប្បីរក្សានូវសីល។ ពិតណាស់ បុគ្គលអ្នកមានសីល រមែងបាននូវមិត្តទាំងឡាយច្រើន ដោយការសង្រួម ចំណែកបុគ្គលទ្រុស្តសីល កាលប្រព្រឹត្តអាក្រក់ រមែងឃ្លាតចាកមិត្តទាំងឡាយ។ ជនទ្រុស្តសីល រមែងបាននូវទោសផង នូវដំណេះដំណៀលផង ឯជនអ្នកមានសីល រមែងបាននូវគុណផង នូវកិត្តិសព្ទផង នូវសេចក្តីសរសើរផង សព្វ ៗ កាល។ សីល ជាខាងដើម ជាទីតាំង ជាមេនៃកល្យាណធម៌ និងជាប្រធាននៃធម៌ទាំងពួង ព្រោះហេតុនោះ បុគ្គលគប្បីជម្រះសីល។ សីលជាច្រាំង ជាទំនប់ ជាគ្រឿងញ៉ាំងចិត្តឲ្យរីករាយ ទាំងជាកំពង់របស់ព្រះពុទ្ធគ្រប់ព្រះអង្គ ព្រោះហេតុនោះ បុគ្គលគប្បីជម្រះនូវសីល។ សីលជាកំឡាំងរកអ្វីប្រៀបផ្ទឹមមិនបាន សីលជាអាវុធដ៏ឧត្តម សីលជាគ្រឿងអាភរណៈដ៏ប្រសើរ សីលជាគ្រឿងក្រោះយ៉ាងអស្ចារ្យ។ សីលជាស្ពានមានសក្តិធំ សីលជាគ្រឿងក្រអូបដ៏ប្រសើរ សីលជាគ្រឿងលាបដ៏ប្រសើរ តែងបក់ទៅសព្វ ៗ ទិស។ សីលជាកញ្ចប់បាយដ៏ប្រសើរ សីលជាស្បៀងដ៏ឧត្តម សីលជាវាហនៈដ៏ប្រសើរ សម្រាប់ទៅកាន់ទិសទាំងពួង។ បុគ្គលពាល មានចិត្តអាក្រក់ក្នុងទីទាំងពួង មិនតាំងមាំក្នុងសីលទាំងឡាយ រមែងបាននូវសេចក្តីនិន្ទាក្នុងលោកនេះផង លុះលះលោកនេះទៅហើយ រមែងមានចិត្តជាទុក្ខក្នុងអបាយផង។ អ្នកប្រាជ្ញមានចិត្តល្អ ក្នុងទីទាំងពួង តាំងមាំក្នុងសីលទាំងឡាយ រមែងបាននូវកិត្តិសព្ទក្នុងលោកនេះផង លុះលះលោកនេះទៅ រមែងមានចិត្តរីករាយក្នុងឋានសួគ៌ផង។ សីលជាកំពូលក្នុងលោកនេះ ចំណែកបុគ្គលមានប្រាជ្ញា ក៏ឧត្តមដែរ ជ័យជំនះក្នុងមនុស្សលោក និងទេវលោក ព្រោះសីល និងបញ្ញា។  
- 
-សីលវត្ថេរ។ 
- 
-[២៤៣] ខ្ញុំកើតក្នុងត្រកូលទាប ជាអ្នកក្រីក្រ មានភោជនតិច ការងាររបស់ខ្ញុំ ក៏ថោកទាប ខ្ញុំជាអ្នកចាក់ចោលនូវផ្កា គឺលាមក។ មនុស្សទាំងឡាយស្អប់ខ្ពើម មើលងាយ បន្តុះបង្អាប់ខ្ញុំ ៗ បានធើ្វចិត្តឲ្យទាប សំពះនូវជនជាច្រើន។ គ្រានោះ ខ្ញុំបានឃើញនូវព្រះសម្ពុទ្ធ មានភិក្ខុសង្ឃហែហមហើយ ព្រះអង្គមានព្យាយាមធំ កំពុងយាងចូលទៅកាន់បូរីដ៏ឧត្តមរបស់ជនអ្នកមគធៈ។ ខ្ញុំក៏ដាក់នូវអម្រែក ចូលទៅដើម្បីថ្វាយបង្គំព្រះសម្ពុទ្ធជាបុរសដ៏ខ្ពង់ខ្ពស់ ទ្រង់ឋិតនៅដើម្បីអនុគ្រោះខ្ញុំ។ ខ្ញុំថ្វាយបង្គំព្រះបាទទាំងគូរបស់ព្រះសាស្តា ហើយឋិតនៅក្នុងទីសមគួរ គ្រានោះ ខ្ញុំសូមបព្វជ្ជានឹងព្រះសម្ពុទ្ធ ព្រះអង្គឧត្តមជាងសព្វសត្វទាំងឡាយ។ លំដាប់នោះ ព្រះសាស្តា ព្រះអង្គប្រកបដោយសេចក្តីករុណា ទ្រង់អនុគ្រោះដល់លោកទាំងមូល ត្រាស់ហៅខ្ញុំថា អ្នកចូរចូលមកជាភិក្ខុចុះ ដូច្នេះ ព្រះវាចានោះ ជាឧបសម្បទារបស់ខ្ញុំ។ ព្រះជិនស្រី ទ្រង់ទូន្មានខ្ញុំយ៉ាងណា ខ្ញុំនោះ ជាបុគ្គលម្នាក់ឯង នៅក្នុងព្រៃ មិនខ្ជិលច្រអូស ក៏បានធើ្វតាមព្រះពុទ្ធដីកានៃព្រះសាស្តាយ៉ាងនោះ។ ខ្ញុំរលឹកឃើញនូវបុព្វជាតិ ក្នុងបឋមយាមនៃរាត្រី ជម្រះនូវទិព្វចក្ខុ ក្នុងមជ្ឈិមយាមនៃរាត្រី បានទំលាយនូវគំនរនៃងងឹត គឺអវិជ្ជា ក្នុងបច្ឆិមយាមនៃរាត្រី។ លំដាប់នោះ កាលដែលរាត្រីអស់ទៅ ព្រះអាទិត្យជិតរះឡើង ព្រះឥន្ទ្រ និងព្រះព្រហ្ម មកផ្គងអញ្ជលី នមស្ការចំពោះខ្ញុំថា បពិត្រលោកជាបុរសអាជានេយ្យ ខ្ញុំសូមថ្វាយបង្គំចំពោះលោក បពិត្រលោកជាបុរសដ៏ខ្ពង់ខ្ពស់ ខ្ញុំសូមថ្វាយបង្គំចំពោះលោក បពិត្រលោកនិទ៌ុក្ខ អាសវៈទាំងឡាយរបស់លោកណាអស់ហើយ លោកនោះ ជាទក្ខិណេយ្យបុគ្គល។ លំដាប់នោះ ព្រះសាស្តា ទ្រង់ទតឃើញខ្ញុំ ដែលមានពួកទេវតាហែហម ទ្រង់ក៏ធើ្វនូវការញញឹមឲ្យប្រាកដ ហើយទ្រង់ត្រាស់សេចក្តីនេះថា បុគ្គលឈ្មោះថា ព្រាហ្មណ៍ ព្រោះធម៌ ៤ ប្រការនេះ គឺតបៈ ១ ព្រហ្មចរិយៈ ១ សញ្ញមៈ ១ ទមៈ ១ នេះជាព្រាហ្មណវត្តដ៏ឧត្តម។ 
- 
-សុនីតត្ថេរ។ 
- 
-ឧទ្ទាន 
- 
-ព្រះថេរៈទាំងឡាយពីរអង្គនេះ គឺសីលវត្ថេរ ១ សុនីតត្ថេរ ១ សុទ្ធតែមានឫទិ្ធច្រើន បានពោលនូវគាថា ២៤ ក្នុងទ្វាទសកនិបាត។ 
- 
-ចប់ ទ្វាទសកនិបាត។ 
- 
-ថេរគាថា តេរសកនិបាត  
- 
-[២៤៤] ព្រះសោណៈណា ជាអ្នកប្រសើរ ល្បីក្នុងដែនអង្គៈ ព្រះសោណៈនោះ ជាអ្នកប្រសើរ ក្នុងធម៌ទាំងឡាយ បានដល់នូវត្រើយនៃទុក្ខ ក្នុងថ្ងៃនេះ។ ភិក្ខុកាត់ នូវសំយោជនៈ (ខាងក្រោម) ៥ផង លះបង់នូវសំយោជនៈ (ខាងលើ) ៥ផង ចំរើននូវឥន្ទ្រិយ ៥ តទៅទៀតផង ជាអ្នកកន្លងនូវធម៌ ជាគ្រឿងជាប់ចំពាក់ ៥ យ៉ាងផង ទើបហៅថា អ្នកឆ្លងនូវអន្លង់បាន។ សីល សមាធិ និងបញ្ញា នៃភិក្ខុអ្នកមានមានះ ដូចបបុស ជាអ្នកប្រមាទ មានសេចក្តីប្រាថ្នាខាងក្រៅ រមែងមិនដល់នូវការពេញលេញឡើយ។ ព្រោះថា អំពើណាដែលត្រូវធើ្វ អំពើនោះ ពួកភិក្ខុណាបោះបង់ចោល ត្រឡប់ធើ្វអំពើដែលមិនត្រូវធើ្វវិញ អាសវៈទាំងឡាយ នៃពួកភិក្ខុទាំងនោះ ដែលជាអ្នកមានមានះ ដូចបបុស ជាអ្នកប្រមាទ រមែងចំរើនឡើង។ លុះតែកាយគតាសតិ ភិក្ខុទាំងឡាយណា ប្រារព្ធល្អជានិច្ច ភិក្ខុទាំងឡាយនោះ ជាអ្នកមានកិរិយាធើ្វរឿយ ៗ ក្នុងអំពើដែលត្រូវធើ្វ មិនសេពនូវអំពើ ដែលមិនត្រូវធើ្វ អាសវៈទាំងឡាយ នៃភិក្ខុទាំងឡាយមានស្មារតី ជាអ្នកដឹងខ្លួន រមែងដល់នូវសេចក្តីវិនាសទៅ។ ផ្លូវត្រង់ ព្រះសាស្តាបានប្រាប់ហើយ អ្នកទាំងឡាយ ចូរដើរទៅចុះ កុំត្រឡប់វិញឡើយ កុលបុត្រគប្បីដាស់តឿនខ្លួនដោយខ្លួនឯង គប្បី (នាំខ្លួន) ទៅកាន់ព្រះនិព្វាន។ កាលខ្ញុំប្រារព្ធសេចក្តីព្យាយាមយ៉ាងតឹងរឹង ព្រះសាស្តា ជាបុគ្គលប្រសើរក្នុងលោក ព្រះអង្គមានចក្ខុ ទ្រង់បានសំដែងធម៌ ធើ្វនូវសេចក្តីឧបមាដោយពិណ។ ខ្ញុំបានស្តាប់ព្រះពុទ្ធដីកានៃព្រះមានព្រះភាគនោះ ក៏ត្រេកអរក្នុងព្រះពុទ្ធសាសនា បានញ៉ាំងសមថៈឲ្យសម្រេច ដើម្បីបាននូវប្រយោជន៍ដ៏ឧត្តម វិជ្ជាទាំង ៣ ខ្ញុំបានដល់ហើយ ដោយលំដាប់ ព្រះពុទ្ធសាសនា ខ្ញុំបានធើ្វហើយ។ ព្រោះឃើញនូវសេចក្តីស្ងាត់របស់ចិត្ត ដែលបង្អោនទៅក្នុងការចេញចាកកាមផង នូវការមិនវង្វេងព្រមរបស់ចិត្ត ដែលបង្អោនទៅក្នុងការមិនព្យាបាទ ទាំងបង្អោនទៅ ក្នុងការអស់ទៅនៃតណ្ហា ព្រោះការអស់ទៅនៃឧបាទានផង នូវការកើតឡើងនៃអាយតនៈផង ចិត្តក៏រួចស្រឡះដោយប្រពៃ។ កាលភិក្ខុនោះ មានចិត្តរួចដោយប្រពៃ មានចិត្តស្ងប់រម្ងាប់ហើយ ការសន្សំកុសល ឬអកុសល ដែលធើ្វរួចហើយ មិនមានទេ កិច្ចដែលត្រូវធើ្វ ក៏មិនមាន។ 
- 
-ភ្នំថ្មតាន់មួយដុំ មិនរំភើបដោយខ្យល់យ៉ាងណា រូប រស សំឡេង ក្លិន សម្ផស្ស ទាំងអស់នេះ ទាំងពួកធម្មារម្មណ៍ដែលគួរប្រាថ្នា និងមិនគួរប្រាថ្នា ក៏ញ៉ាំងចិត្តភិក្ខុ ជាតាទិបុគ្គល ឲ្យញាប់ញ័រមិនបាន យ៉ាងនោះដែរ ចិត្តដែលតាំងនៅនឹង ទាំងប្រាសចាកសំយោជនៈ រមែងឃើញច្បាស់ នូវការសូន្យទៅនៃអារម្មណ៍នោះ។  
- 
-សោណកោឡិវិសត្ថេរ។ 
- 
-ឧទ្ទាន 
- 
-ព្រះសោណកោឡិវិសត្ថេរ តែម្នាក់ឯង ជាអ្នកមានឫទ្ធិច្រើន ពោលនូវគាថា ១៣ ដែលមកក្នុងតេរសកនិបាតនេះ។  
- 
-ចប់ តេរសកនិបាត។ 
- 
-ថេរគាថា ចុទ្ទសកនិបាត 
- 
-[២៤៥] ខ្ញុំចេញចាកផ្ទះចូលកាន់ផ្នួស ក្នុងកាលណា កាលណោះ ខ្ញុំមិនដែលនឹកនូវសេចក្តីត្រិះរិះមិនប្រសើរ ដែលប្រកបដោយទោសទេ។ ក្នុងចន្លោះកាលដ៏វែងនេះ ខ្ញុំមិនដែលនឹកនូវសេចក្តីត្រិះរិះថា ពួកសត្វទាំងនេះ ចូរលំបាកចុះ ចូរស្លាប់ចុះ ចូរដល់នូវសេចក្តីទុក្ខចុះ ដូច្នេះទេ។ ប៉ុន្តែខ្ញុំធ្លាប់នឹកនូវមេត្តារកប្រមាណមិនបាន ដែលបានចំរើនល្អហើយ បានសន្សំហើយ តាមលំដាប់ ដូចព្រះពុទ្ធទ្រង់សំដែងហើយ។ ខ្ញុំមានសត្វទាំងពួងជាមិត្រ មានសត្វទាំងពួងជាសំឡាញ់ ជាអ្នកអនុគ្រោះដល់សត្វទាំងពួង បានចំរើននូវមេត្តាចិត្ត ត្រេកអររក្នុងការមិនបៀតបៀនសព្វកាល។ ខ្ញុំត្រេកអរចំពោះចិត្តដែលមិនងីកងាក មិនកម្រើក ខ្ញុំចំរើនព្រហ្មវិហារធម៌ ដែលព្រះអរិយៈជាបុរសមិនថោកទាប គប់រកហើយ។ សាវ័ករបស់ព្រះសម្មាសម្ពុទ្ធ ដល់នូវឈាន មិនមានវិតក្កៈ រមែងជាអ្នកប្រកបដោយតុណ្ហីភាពដ៏ប្រសើរ ក្នុងខណៈនោះ។ ភ្នំថ្មមិនកំរើក តាំងនៅស៊ប់ យ៉ាងណាមិញ ភិក្ខុរមែងមិនញាប់ញ័រ ដូចជាភ្នំ ព្រោះអស់ទៅនៃមោហៈ ក៏យ៉ាងនោះដែរ។ សប្បុរស មិនមានទីទួល គឺកិលេស អ្នកស្វែងរកនូវសេចក្តីស្អាតជានិច្ច ទុកជាមានបាបបន្តិចបន្តួចប៉ុនចុងរោមកន្ទុយសត្វ ក៏ប្រាកដដូចជាប៉ុនមេឃ។ នគរជាទីបំផុតនៃដែន ដែលគេគ្រប់គ្រងហើយ ទាំងខាងក្នុងខាងក្រៅ យ៉ាងណាមិញ អ្នកទាំងឡាយ ចូរគ្រប់គ្រងខ្លួន យ៉ាងនោះ ខណៈកុំកន្លងនូវអ្នកទាំងឡាយឡើយ។ ខ្ញុំមិនត្រេកអរនឹងសេចក្តីស្លាប់ ខ្ញុំមិនត្រេកអរនឹងការរស់នៅទេ ខ្ញុំរង់ចាំតែកាល (បរិនិព្វាន) ប៉ុណ្ណោះ ដូចអ្នកស៊ីឈ្នួល ទន្ទឹងតែអស់ថ្ងៃ។ ខ្ញុំមិនត្រេកអរនឹងសេចក្តីស្លាប់ ខ្ញុំមិនត្រេកអរនឹងការរស់នៅ ខ្ញុំជាអ្នកដឹងខ្លួន មានស្មារតីតាំងមាំ រង់ចាំតែកាល (បរិនិព្វាន) ប៉ុណ្ណោះ។ ព្រះសាស្តា ខ្ញុំបានបម្រើហើយ ព្រះពុទ្ធសាសនា ខ្ញុំបានធើ្វហើយ ភារៈធ្ងន់ ខ្ញុំបានដាក់ចុះហើយ តណ្ហាគ្រឿងនាំសត្វទៅកាន់ភព ខ្ញុំបានដកចោលហើយ។ ខ្ញុំចេញចាកផ្ទះ ចូលកាន់ផ្នួស ដើម្បីប្រយោជន៍ណា ប្រយោជន៍ គឺការអស់ទៅនៃសំយោជនៈទាំងពួងនោះ ខ្ញុំបានដល់ហើយ។ អ្នកទាំងឡាយ ចូរឲ្យដល់ព្រម ដោយសេចក្តីមិនប្រមាទចុះ នេះជាពាក្យប្រៀនប្រដៅរបស់ខ្ញុំ ណ្ហើយចុះ ខ្ញុំនឹងបរិនិព្វាន ខ្ញុំជាអ្នកមានចិត្តរួចស្រឡះហើយ ចាកកិលេសទាំងពួង។ 
- 
-រេវតត្ថេរ។ 
- 
-[២៤៦] គោអាជានេយ្យដ៏ចំរើន ដែលបុគ្គលទឹមហើយក្នុងនឹម ជាសត្វនាំទៅនូវធុរៈ ទុកជាម្ចាស់ញាំញីដោយភារៈដ៏លើសលុបក៏ដោយ ក៏មិនរលាស់ចោលនូវនឹមដែលម្ចាស់ទឹមឡើយ យ៉ាងណាមិញ បុគ្គលទាំងឡាយណា ឆ្អែតហើយដោយប្រាជ្ញា ដូចជាសមុទ្រ ដែលឆ្អែតហើយដោយទឹក បុគ្គលទាំងឡាយនោះ រមែងមិនមើលងាយនូវពួកជនដទៃ ដូចជាបុគ្គលមានធម៌ដ៏ប្រសើរ មិនមើលងាយនូវសត្វទាំងឡាយ ក៏យ៉ាងនោះដែរ។ មាណពទាំងឡាយ អ្នកលុះនូវអំណាចនៃកាល (លោកធម៌ មានលាភជាដើម) ក្នុងកាល (ដែលបរិបូណ៌ដោយលោកធម៌ មានលាភជាដើម) លុះអំណាចនៃសេចក្តីចំរើន និងសេចក្តីវិនាស រមែងដល់នូវសេចក្តីទុក្ខ មាណពទាំងឡាយនោះ រមែងសោកសៅ។ បុគ្គលពាលទាំងឡាយ ជាអ្នកមិនឃើញតាមពិត ប៉ោងឡើង ដោយហេតុនៃសេចក្តីសុខ ទ្រោមចុះដោយហេតុនៃសេចក្តីទុក្ខ រមែងលំបាក ដោយហេតុទាំងពីរ។ ចំណែកបុគ្គលទាំងឡាយណា បានកន្លងនូវតណ្ហាជាគ្រឿងចាក់ស្រែះ ព្រោះសុខទុក្ខ និងឧបេក្ខា បុគ្គលទាំងឡាយនោះ ឈ្មោះថា តាំងនៅនឹង ដូចជាសសរខឿន មិនប៉ោងឡើង ទាំងមិនទ្រោមចុះ។ អ្នកប្រាជ្ញទាំងឡាយ មិនបានជាប់ចំពាក់ក្នុងលាភ មិនជាប់ចំពាក់ក្នុងអលាភ មិនជាប់ចំពាក់ក្នុងអយស មិនជាប់ចំពាក់ក្នុងកិត្តិយស មិនជាប់ចំពាក់ក្នុងនិន្ទា និងសេចក្តីសរសើរ មិនជាប់ចំពាក់ក្នុងទុក្ខ និងសុខ អ្នកប្រាជ្ញទាំងឡាយនោះ មិនជាប់ចំពាក់ក្នុងទីទាំងពួង ដូចជាដំណក់នៃទឹក ដែលមិនជាប់នឹងស្លឹកឈូក បានសេចក្តីសុខក្នុងទីទាំងពួង មិនចាលចាញ់ក្នុងទីទាំងពួង។ ការមិនមានលាភ (ប្រកប) ដោយធម៌ណា ហើយនឹងលាភមិនប្រកបដោយធម៌ណា ការមិនមានលាភដែលប្រកបដោយធម៌នោះ ប្រសើរ ឯលាភមិនប្រកបដោយធម៌ ពុំប្រសើរឡើយ។ យសរបស់បុគ្គលមិនមានប្រាជ្ញាទាំងឡាយណា និងការមិនមានយស របស់អ្នកប្រាជ្ញទាំងឡាយណា ការមិនមានយស របស់អ្នកប្រាជ្ញទាំងឡាយនោះ ប្រសើរ ឯយសរបស់អ្នកមិនមានប្រាជ្ញាទាំងឡាយ ពុំប្រសើរឡើយ។ ការសរសើរ អំពីបុគ្គលមិនមានបញ្ញាទាំងឡាយណា និងសេចក្តីតិះដៀល អំពីបុគ្គលមានបញ្ញាទាំងឡាយណា សេចក្តីតិះដៀលអំពីបុគ្គលមានបញ្ញាទាំងឡាយនោះ ប្រសើរ ឯការសរសើររបស់បុគ្គលពាល ពុំប្រសើរឡើយ។ សេចក្តីសុខកើតឡើង ព្រោះអាស្រ័យកាម និងសេចក្តីទុក្ខកើតឡើង អំពីសេចក្តីស្ងប់ស្ងាត់ សេចក្តីទុក្ខដែលកើតអំពីសេចក្តីស្ងប់ស្ងាត់ ប្រសើរ ឯសេចក្តីសុខ ដែលកើតអំពីកាម ពុំប្រសើរឡើយ។ ការរស់នៅមិន (ប្រកប) ដោយធម៌ណា និងសេចក្តីស្លាប់ប្រកបដោយធម៌ណា សេចក្តីស្លាប់ប្រកបដោយធម៌នោះ ប្រសើរ ឯបុគ្គលរស់នៅមិនប្រកបដោយធម៌ ពុំប្រសើរសោះឡើយ។ បុគ្គលទាំងឡាយណា មានកាម និងសេចក្តីក្រោធ លះបង់ហើយ មានចិត្តស្ងប់រម្ងាប់ហើយ រមែងត្រាច់ទៅក្នុងភពតូច និងភពធំ មិនអាស្រ័យនឹងលោក (មានខន្ធលោកជាដើម) សេចក្តីស្រឡាញ់ ឬមិនស្រឡាញ់ របស់ជនទាំងឡាយនោះ មិនមានសោះឡើយ។ បុគ្គលទាំងឡាយ បានចំរើនពោជ្ឈង្គទាំងឡាយផង ឥន្ទ្រិយទាំងឡាយផង ពលៈទាំងឡាយផង រមែងដល់នូវសេចក្តីស្ងប់ យ៉ាងក្រៃលែង ជាអ្នកមិនមានអាសវៈ នឹងបរិនិព្វាន។ 
- 
-គោទត្តត្ថេរ។ 
- 
-ឧទ្ទាន 
- 
-ព្រះថេរៈពីរអង្គនេះ គឺរេវត ១ គោទត្ត ១ ជាអ្នកមានឫទ្ធិច្រើន បានពោលនូវគាថា ២៨ ដែលមកក្នុងចុទ្ទសកនិបាត។ 
- 
-ចប់ ចុទ្ទសកនិបាត។ 
- 
-ថេរគាថា សោឡសកនិបាត 
- 
-[២៤៧] ខ្ញុំនេះ បានស្តាប់ធម៌មានរសច្រើន ជ្រះថ្លាក្រៃលែង វិរាគធម៌ដែលលោកសំដែងហើយ មិនកាន់យក (ធម៌ណាមួយ) ដោយប្រការទាំងពួង។ អារម្មណ៍ទាំងឡាយច្រើន ដ៏វិចិត្រក្នុងលោក លើមណ្ឌលនៃផែនដីនេះ ទំនងជាញាំញីនូវសេចក្តីត្រិះរិះថា ល្អ ដែលប្រកបដោយរាគៈ។ អរិយសាវ័ក ពិចារណាឃើញ ដោយប្រាជ្ញាក្នុងកាលណា សេចក្តីត្រិះរិះទាំងឡាយ ក៏ស្ងប់រម្ងាប់ក្នុងកាលណោះ ដូចជាភ្លៀងរម្ងាប់នូវធូលី ដែលហុយឡើងដោយខ្យល់។ អរិយសាវ័ក ពិចារណាឃើញដោយប្រាជ្ញាថា សង្ខារទាំងពួងមិនទៀង ក្នុងកាលណា រមែងនឿយណាយក្នុងសេចក្តីទុក្ខ ក្នុងកាលណោះ នេះជាផ្លូវនៃសេចក្តីបរិសុទ្ធិ។ អរិយសាវ័ក ពិចារណាឃើញដោយប្រាជ្ញាថា សង្ខារទាំងពួងជាទុក្ខ ក្នុងកាលណា រមែងនឿយណាយក្នុងទុក្ខ ក្នុងកាលណោះ នេះជាផ្លូវនៃសេចក្តីបរិសុទ្ធិ។ អរិយសាវ័ក ពិចារណាឃើញដោយ<span trans_edit>ប្រាជ្ញា</span>ថា ធម៌ទាំងពួង មិនមែនជារបស់ខ្លួន ក្នុងកាលណា រមែងនឿយណាយក្នុងទុក្ខ ក្នុងកាលណោះ នេះជាផ្លូវនៃសេចក្តីបរិសុទ្ធិ។ ព្រះថេរៈឈ្មោះកោណ្ឌញ្ញ ត្រាស់ដឹងតាមព្រះពុទ្ធ ដែលមានសេចក្តីព្យាយាមដ៏ក្លៀវក្លា មានជាតិ និងមរណៈ លះបង់ហើយ បរិបូណ៌ដោយព្រហ្មចរិយធម៌។ អន្ទាក់ គឺឱឃៈក្តី ចិត្តរឹងរូសដ៏មាំក្តី មោហៈដូចភ្នំដែលទំលាយបានដោយកម្រក្តី ព្រះអញ្ញាកោណ្ឌញ្ញនោះ បានកាត់នូវចិត្តដ៏រឹងរូសផង នូវអន្ទាក់ គឺឱឃៈផង នូវភ្នំ គឺមោហៈដែលបុគ្គលបំបែកបានដោយកម្រផង បានឆ្លងទៅដល់ត្រើយ ជាអ្នកមានឈាន រួចចាកចំណងនៃមារ។ ភិក្ខុអ្នកមានចិត្តរាយមាយ ឃ្លេងឃ្លោង អាស្រ័យនឹងពួកបាបមិត្រ រមែងត្រូវរលក គឺឧបាយនៃសេចក្តីក្រោធជ្រមុច ហើយលិចចុះក្នុងអន្លង់ធំ។ ឯភិក្ខុមានប្រាជ្ញា មានចិត្តមិនរាយមាយ មិនឃ្លេងឃ្លោង មានប្រាជ្ញាល្អិត សង្រួមឥន្ទ្រិយល្អ មានកល្យាណមិត្រ តែងធើ្វនូវទីបំផុតនៃទុក្ខបាន។ ជនអ្នកមានអវយវៈប្រាកដស្មើដោយថ្នាំងវល្លិ៍ ស្គម រវីមរវាមដោយសរសៃ ជាអ្នកដឹងប្រមាណក្នុងបាយ និងទឹក មានចិត្តមិនរួញរា ត្រូវរបោម និងមូសទាំងឡាយ ខាំហើយ ក្នុងព្រៃតូច និងព្រៃធំ ជាអ្នកមានស្មារតី គង់អត់ទ្រាំនៅក្នុងព្រៃនោះបាន ដូចដំរីដ៏ប្រសើរ (អត់ទ្រាំ) ក្នុងប្រធាននៃសង្រ្គាម។ ខ្ញុំមិនត្រេកអរនឹងសេចក្តីស្លាប់ មិនត្រេកអរនឹងការរស់នៅ ខ្ញុំរង់ចាំតែកាល (បរិនិព្វាន) ដូចអ្នកធើ្វការឈ្នួលទន្ទឹងតែអស់ថ្ងៃ។ ខ្ញុំមិនត្រេកអរនឹងសេចក្តីស្លាប់ មិនត្រេកអរនឹងការរស់នៅ ខ្ញុំជាអ្នកដឹងខ្លួន មានស្មារតី រង់ចាំតែបរិនិព្វានកាល។ ព្រះសាស្តា ខ្ញុំបានបម្រើហើយ ព្រះពុទ្ធសាសនា ខ្ញុំក៏បានធើ្វហើយ ភារៈដ៏ធ្ងន់ ខ្ញុំបានដាក់ចុះហើយ តណ្ហាជាគ្រឿងនាំទៅកាន់ភព ខ្ញុំដកចោលហើយ។ កុលបុត្រអ្នកចេញចាកផ្ទះ ចូលកាន់ផ្នួស ដើម្បីប្រយោជន៍ណា ប្រយោជន៍នោះ ខ្ញុំបានដល់ហើយ ខ្ញុំមានប្រយោជន៍អ្វី ដោយសទ្ធិវិហារិក។ 
- 
-អញ្ញាកោណ្ឌញ្ញត្ថេរ។ 
- 
-[២៤៨] មនុស្សទាំងឡាយ តែងនមស្ការនូវព្រះសម្ពុទ្ធ ដែលទ្រង់មានព្រះជាតិ ជាមនុស្ស ទ្រង់បានបង្វឹកព្រះអង្គត្រឹមត្រូវ ឥតមានឆ្គង មានព្រះទ័យខ្ជាប់ខ្ជួន ទ្រង់ប្រព្រឹត្តក្នុងគន្លងដ៏ប្រសើរ ទ្រង់ពេញព្រះទ័យ ចំពោះឈានជាគ្រឿងស្ងប់ចិត្ត ព្រះអង្គបានដល់នូវត្រើយនៃធម៌ទាំងពួង ទ្រង់ឆ្លងរំលងនូវសំយោជនៈទាំងពួងហើយ ទ្រង់ (ចេញផុត) ចាកព្រៃ គឺកិលេស ស្ដេចមកដល់ព្រះនិព្វានហើយ ទ្រង់ពេញព្រះទ័យក្នុងការចេញចាកកាមទាំងឡាយ ដូចមាសចេញផុតចាកធាតុថ្មហើយ ទោះបីពួកទេវតាក៏នមស្ការព្រះអង្គដែរ ពាក្យដូច្នេះនេះ ខ្ញុំព្រះអង្គបានស្ដាប់ (ក្នុងសំណាក់) នៃព្រះអរហន្ដ ឯព្រះសម្ពុទ្ធ ទ្រង់ព្រះនាមថា នាគនោះឯង ព្រះអង្គរុងរឿងក្រៃពេក ដូចភ្នំហិមពាន្ដ ដែលរុងរឿងកន្លងនូវពួកភ្នំឯទៀត ព្រះអង្គមានព្រះនាមពិតប្រាកដ ប្រសើរបំផុតជាងជនទាំងពួង ដែលមាននាមថា នាគដែរ ខ្ញុំនឹងថ្លែងនូវពុទ្ធនាគដល់អ្នកទាំងឡាយ ព្រះពុទ្ធនាគនោះ មិនធើ្វនូវអំពើអាក្រក់ឡើយ។ សោរច្ចៈ និងអវិហឹសា ទាំងពីរនោះ ជាបាទា (ខាងមុខ) របស់ព្រះពុទ្ធនាគ។ សតិ និងសម្បជញ្ញៈទាំងពីរនោះ ជាបាទាខាងក្រោយរបស់ព្រះពុទ្ធនាគ។ ព្រះសម្ពុទ្ធ ជាមហានាគ ទ្រង់មានសទ្ធាជាប្រមោយ មានឧបេក្ខាជាភ្លុកស។ ព្រះពុទ្ធនាគនោះ មានសតិជាក បញ្ញាជាសិរប្រទេស គំនិតសម្រាប់គិតគូធម៌ ជាចុងប្រមោយ ធម៌ជាផ្ទៃសម្រាប់ដាក់នូវគ្រឿងចម្អែត វិវេកជាកន្ទុយ។ ព្រះពុទ្ធនាគនោះ មានឈាន ទ្រង់រីករាយចំពោះខ្យល់ដកដង្ហើម គឺព្រះនិព្វាន មានព្រះទ័យតាំងមាំខាងក្នុង ព្រះពុទ្ធនាគ កាលបើទ្រង់ស្ដេចយាត្រា ក៏មានព្រះទ័យខ្ជាប់ខ្ជួន ព្រះពុទ្ធនាគទ្រង់ឋិត ក៏មានព្រះទ័យខ្ជាប់ខ្ជួន ព្រះពុទ្ធនាគទ្រង់ផ្ទំ ក៏មានព្រះទ័យខ្ជាប់ខ្ជួន ទ្រង់គង់ ក៏មានព្រះទ័យខ្ជាប់ខ្ជួន ព្រះពុទ្ធនាគទ្រង់សង្រួមរក្សាទ្វារទាំងអស់ នេះជាសម្បទារបស់ព្រះពុទ្ធនាគ។ ព្រះពុទ្ធនាគ ទ្រង់សោយតែភោជនដែលឥតទោស មិនសោយនូវភោជន ដែលប្រកបដោយទោស (កាលបើ) ទ្រង់បាននូវចង្ហាន់ និងគ្រឿងស្លៀកដណ្ដប់ ទ្រង់វៀរនូវការសន្សំទុក ទ្រង់កាត់នូវសំយោជនៈ ដែលជាចំណងតូចធំទាំងអស់ ហើយទ្រង់យាងទៅណា ៗ ក៏ស្ដេចទៅដោយឥតមានព្រះទ័យអាឡោះអាល័យ។ ឈូកស ដុះចំរើនឡើងក្នុងទឹក មិនជាប់ប្រឡាក់ដោយទឹក មានក្លិនក្រអូប ជាទីរីករាយចិត្ត យ៉ាងណាមិញ ព្រះពុទ្ធ ទ្រង់កើតក្នុងលោក គង់នៅក្នុងលោក មិនប្រឡាក់ដោយលោក ដូចជាឈូក មិនជាប់ប្រឡាក់ដោយទឹកដូច្នោះឯង។ គំនរភ្លើងធំ ដែលឆេះសន្ធោ មិនមានចំណី រមែងរលត់ បើទុកជារងើកទាំងឡាយ មាននៅ ក៏គេនិយាយថា ភ្លើងរលត់ហើយ។ ពាក្យឧបមានេះ ជាគ្រឿងបញ្ជាក់នូវសេចក្តី ដែលពួកវិញ្ញូជនបានសំដែងហើយ មហានាគ គឺព្រះខីណាស្រពទាំងឡាយ គង់ដឹងច្បាស់នូវព្រះពុទ្ធនាគ ដែលខ្ញុំជានាគសំដែងរួចមកហើយនេះ ថា ព្រះពុទ្ធនាគ ទ្រង់ប្រាសចាករាគៈ ទោសៈ មោហៈហើយ អស់អាសវៈហើយ លះបង់សរីរៈ មិនមានអាសវៈ នឹងបរិនិព្វាន។ 
- 
-<span trans_edit>ឧទាយិត្ថេរ</span> 
- 
-ឧទ្ទាន មានក្នុងសោឡសកនិបាតនោះ 
- 
-ព្រះថេរៈពីរអង្គ អ្នកមានឫទ្ធិច្រើននោះ គឺព្រះកោណ្ឌញ្ញ ១ ព្រះ<span trans_edit>ឧទាយី</span> ១ ពោលនូវគាថា ៣២ ក្នុងសោឡសកនិបាត។  
- 
-ចប់ សោឡសកនិបាត។ 
- 
-ថេរគាថា វីសតិនិបាត 
- 
-[២៤៩] (ចោរពោលថា) ក្នុងកាលមុន យើងខ្ញុំទាំងឡាយ សម្លាប់សត្វពួកណា ដើម្បីយញ្ញ ឬដើម្បីទ្រព្យ ភ័យក៏កើតមាន (ដល់សត្វពួកនោះ) ឥតមានសេសសល់ សត្វទាំងនោះ រមែងញាប់ញ័រផង សោកសៅផង។ សេចក្តីភិតភ័យនៃលោកមិនមាន ទាំងសម្បុរ (មុខលោក) ក៏ស្រស់បស់ក្រៃពេក ហេតុអ្វីក៏លោកមិនខ្សឹកខ្សួល ព្រោះភ័យធំ មានសភាពយ៉ាងនេះ។ 
- 
-(ព្រះអធិមុត្តត្ថេរពោលថា) ម្នាលចោរជាធំ សេចក្តីទុក្ខប្រព្រឹត្តទៅក្នុងចិត្តនៃបុគ្គលអ្នកមិនមានសេចក្តីអាឡោះអាល័យ មិនមានទេ បុគ្គលអ្នកមានសំយោជនៈអស់ហើយ បានកន្លងផុតនូវភ័យទាំងពួង។ កាលបើតណ្ហា ជាគ្រឿងនាំសត្វទៅកាន់ភព ក្នុងបច្ចុប្បន្នអស់ហើយ ដោយហេតុណាមួយ ភ័យចំពោះសេចក្តីស្លាប់ ក៏មិនមានឡើយ ដូចការមិនមានភ័យ ក្នុងកិរិយាដាក់ចុះនូវភារៈចេញ (អំពីក្បាល)។ ព្រហ្មចរិយធម៌ អាត្មាបានសន្សំល្អហើយ ទាំងមគ្គ អាត្មាក៏បានចំរើនល្អហើយ ភ័យចំពោះសេចក្តីស្លាប់នៃអាត្មាមិនមានទេ ដូចការមិនមានភ័យក្នុងកិរិយាអស់ទៅនៃរោគទាំងឡាយ។ ព្រហ្មចរិយធម៌ អាត្មាបានសន្សំល្អហើយ ទាំងមគ្គ អាត្មាក៏បានចំរើនល្អហើយ ភពទាំងឡាយ ដែលមិនមានសេចក្តីត្រេកអរ អាត្មាក៏បានឃើញហើយ ដូចបុគ្គលផឹកនូវថ្នាំពិស ហើយខ្ជាក់ចោលវិញ។ បុគ្គលអ្នកដល់នូវត្រើយ គឺព្រះនិព្វាន មិនមានសេចក្តីប្រកាន់ មានសោឡសកិច្ចធ្វើហើយ មិនមានអាសវៈ រមែងជាអ្នកត្រេកអរ ក្នុងកិរិយាអស់ទៅនៃអាយុ ដូចបុគ្គលរួចហើយចាកការសម្លាប់។ បុគ្គលបានដល់នូវធម៌ដ៏ឧត្តម ជាអ្នកមិនត្រូវការក្នុងលោកទាំងអស់ រមែងមិនសោកសៅព្រោះសេចក្តីស្លាប់ ដូចបុគ្គលស្ទុះផុតចាកផ្ទះដែលភ្លើងឆេះ។ ការជួបជុំដោយសត្វ និងសង្ខារឯណានីមួយក្តី ការកើតមានក្នុងពួកសត្វឯណាក្តី ទាំងអស់នុ៎ះ មិនមែនជាធំឡើយ ពាក្យនេះ ព្រះសម្មាសម្ពុទ្ធ អ្នកស្វែងរកនូវគុណធំ បានសំដែងហើយ។ បុគ្គលណា បានដឹងច្បាស់នូវព្រះពុទ្ធដីកា តាមដែលព្រះពុទ្ធទ្រង់សំដែងហើយនោះ បុគ្គលនោះ មិនប្រកាន់នូវភពនីមួយឡើយ ដូចបុរសមិនកាន់ដុំដែកដែលក្ដៅសព្វ។ អាត្មាមិនមានសេចក្តីត្រិះរិះថា ខ្លួនអញបានមានហើយទេ អាត្មាមិនមានគិតថា ខ្លួនអញនឹងមានតទៅទេ (ព្រោះថា) សង្ខារទាំងឡាយ ទៀងតែវិនាសទៅវិញ ហេតុនោះ សេចក្តីខ្សឹកខ្សួលក្នុងសង្ខារទាំងនោះ ដូចម្ដេចកើត។ ម្នាលចោរជាធំ បុគ្គលដែលឃើញច្បាស់តាមសេចក្តីពិតនូវការប្រជុំកើតនៃធម៌ដ៏បរិសុទ្ធ និងតំណនៃសង្ខារដ៏បរិសុទ្ធ ភ័យមិនមានឡើយ។ បុគ្គលដែលឃើញច្បាស់ដោយបញ្ញានូវលោក ប្រាកដស្មើដោយស្មៅ និងកំណាត់ឈើ ក្នុងកាលណា ក្នុងកាលនោះ បុគ្គលនោះ ក៏មិនបាននូវសេចក្តីប្រកាន់ថា របស់អញ រមែងមិនសោកសៅថា ភ័យមិនមានដល់អាត្មាឡើយ។ អាត្មាធុញទ្រាន់នឹងសរីរៈ ជាអ្នកមិនត្រូវការដោយភព ព្រោះថាកាយនេះ នឹងបែកធ្លាយទៅ ទាំងកាយដទៃទៀត ក៏នឹងមិនមានដែរ។ កិច្ចណាដោយសរីរៈ មានដល់ពួកអ្នក ពួកអ្នកប្រាថ្នានូវកិច្ចណា ចូរធើ្វនូវកិច្ចនោះចុះ សេចក្តីទោមនស្សក្តី សេចក្តីស្រឡាញ់ក្តីនៃអាត្មា នឹងមិនមានក្នុងអំពើទាំងនោះ ព្រោះបច្ច័យនៃកិច្ចនោះ។  
- 
-ពួកចោរ បានស្ដាប់ពាក្យនៃព្រះអធិមុត្តត្ថេរនោះ ជាពាក្យចម្លែកអស្ចារ្យ គួរឲ្យព្រឺរោម ហើយក៏ទម្លាក់ចោលនូវគ្រឿងសាស្រ្ដាទាំងឡាយ បានពោលពាក្យនេះថា បពិត្រលោកដ៏ចំរើន លោកបានធើ្វតបោកម្មដូចម្ដេច ឬអ្នកណាជាអាចារ្យរបស់លោក សេចក្តីមិនសោកសៅ លោកបានព្រោះអាស្រ័យពាក្យប្រដៅរបស់អ្នកណា។  
- 
-ព្រះថេរៈឆ្លើយថា ព្រះជិនស្រី ព្រះអង្គជាសព្វញ្ញូ ទ្រង់ឃើញនូវធម៌ទាំងពួង ជាសាស្ដាប្រកបដោយករុណាដ៏ធំ ទ្រង់រក្សានូវសត្វលោកទាំងអស់ ជាអាចារ្យរបស់អាត្មា។ ព្រះធម៌នេះ ជាធម៌ដល់នូវកិរិយាអស់ទៅនៃកិលេស ជាធម៌ដ៏ប្រសើរ ព្រះជិនស្រីនោះ បានសំដែងហើយ សេចក្តីមិនសោកសៅ ដែលអាត្មាបានព្រោះអាស្រ័យនូវធម៌ជាពាក្យប្រៀនប្រដៅរបស់ព្រះជិនស្រីនោះ។  
- 
-ចោរទាំងឡាយ បានស្ដាប់នូវសុភាសិតនៃឥសី (អធិមុត្តត្ថេរ) ក៏ទម្លាក់ចោលនូវគ្រឿងសស្រ្តាទាំងឡាយផង នូវអាវុធទាំងឡាយផង ពួកខ្លះក៏វៀរចាកចោរកម្មនោះ ពួកខ្លះក៏ពេញចិត្តនឹងបព្វជ្ជា។ ចោរទាំងនោះ ក៏ចូលទៅបួសក្នុងសាសនានៃព្រះសុគត ចំរើននូវពោជ្ឈង្គ និងពលៈទាំងឡាយ ជាបណ្ឌិត មានចិត្តខ្ពស់ឡើង មានចិត្តល្អ មានឥន្រ្ទិយចំរើនហើយ ក៏បានពាល់ត្រូវនូវនិព្វានបទ ជាអសង្ខតធម៌។ 
- 
-អធិមុត្តត្ថេរ។ 
- 
-[២៥០] ភិក្ខុឈ្មោះបារាសរិយៈ ជាសមណៈ អង្គុយតែម្នាក់ឯង ជាអ្នកស្ងប់ស្ងាត់ ចំរើនឈាន មានគំនិតថា បុរសគប្បីប្រតិបត្តិដោយលំដាប់ដូចម្ដេច គប្បីប្រព្រឹត្តនូវវត្តដូចម្ដេច នូវសមាចារៈដូចម្តេច ទើបឈ្មោះថា ជាអ្នកធ្វើនូវកិច្ចរបស់ខ្លួន ទាំងមិនបៀតបៀននូវអ្វីណាមួយ។ ឥន្រ្ទិយទាំងឡាយរបស់ពួកមនុស្ស មានដើម្បីជាប្រយោជន៍ផង មិនជាប្រយោជន៍ផង ឥន្ទ្រិយទាំងឡាយដែលគេមិនរក្សា ប្រព្រឹត្តទៅដើម្បីមិនជាប្រយោជន៍ ដែលគេរក្សាហើយ ប្រព្រឹត្តទៅដើម្បីជាប្រយោជន៍។ បុគ្គលកាលរក្សានូវឥន្ទ្រិយទាំងឡាយផង គ្រប់គ្រងនូវឥន្ទ្រិយទាំងឡាយផង ឈ្មោះថា ជាអ្នកធ្វើនូវកិច្ចរបស់ខ្លួន ទាំងមិនបៀតបៀននូវអ្វីណាមួយ។ បើបុគ្គលណា មិនឃាត់នូវចក្ខុន្រ្ទិយដែលប្រព្រឹត្តទៅ ក្នុងរូបទាំងឡាយ ជាអ្នកមិនឃើញនូវទោសទេ បុគ្គលនោះ មិនរួចចាកទុក្ខឡើយ។ មួយទៀត បុគ្គលណា មិនឃាត់នូវសោតិន្ទ្រិយ ដែលប្រព្រឹត្តទៅក្នុងសំឡេងទាំងឡាយ ជាអ្នកមិនឃើញនូវទោសទេ បុគ្គលនោះ មិនរួចចាកទុក្ខឡើយ។ បើបុគ្គលណា មិនឃើញនូវការរលាស់ចេញ ជាអ្នកជ្រប់នៅក្នុងក្លិនទាំងឡាយ ហើយសេពចំពោះនូវក្លិនទាំងឡាយ បុគ្គលនោះ មិនរួចចាកទុក្ខទេ។ បុគ្គលណា រលឹករឿយ ៗ នូវរសជូរ និងចំណែកនៃរសផ្អែមផង នូវចំណែកនៃរសល្វីងផង ជាអ្នកជាប់នៅក្នុងរសតណ្ហា បុគ្គលនោះ រមែងមិនដឹងច្បាស់នូវបេះដូងនៃសាសនា។ បុគ្គលកាលរលឹករឿយ ៗ នូវផោដ្ឋព្វៈទាំងឡាយដែលស្អាត មិនគួរខ្ពើម ជាអ្នកត្រេកអរ (ក្នុងផ្សព្វនោះ) រមែងបាននូវសេចក្តីទុក្ខផ្សេង ៗ ដែលមានរាគៈជាហេតុ។ បុគ្គលណា មិនអាចរក្សានូវចិត្ត ដោយធម៌ទាំងឡាយនេះ ព្រោះហេតុតែមិនបានរក្សានោះឯង ទុក្ខរមែងជាប់តាមបុគ្គលនោះ ដោយខ្សែទាំងពួង មានប្រមាណ ៥ គឺអារម្មណ៍ទាំង ៥។ សរីរៈនេះ ពេញដោយខ្ទុះ និងឈាមផង ពេញដោយសាកសពដ៏ច្រើនផង ដូចស្មុគ្រដែលបុគ្គលមានព្យាយាម ធើ្វឲ្យរលីង វិចិត្រហើយ។ បុគ្គលរមែងមិនដឹងនូវសេចក្តីទុក្ខក្តៅក្រហាយ តែមានរសផ្អែមឆ្ងាញ់ពិសា ដែលមានសេចក្តីស្រឡាញ់ជាចំណង ដូចកាំបិតកោរ ដែលគេលាបប្រឡាក់ដោយទឹកឃ្មុំ។ បុគ្គលអ្នកត្រេកអរក្រៃពេក ក្នុងរូបស្រ្តីផង ក្នុងរសនៃស្រ្តីផង ក្នុងការប៉ះពាល់នូវកាយនៃស្រ្តីផង ក្នុងក្លិននៃស្រីផង រមែងបាននូវសេចក្តីទុក្ខផ្សេង ៗ។ ខ្សែនៃតណ្ហាទាំង ៥ របស់ស្រ្តីទាំងអស់ រមែងហូរទៅក្នុងទ្វារនៃបុរសទាំង ៥ ដែរ បុគ្គលណា មានការព្យាយាម អាចធើ្វនូវការបិទរាំងនូវខ្សែតណ្ហាទាំងនោះ (មិនឲ្យកើតឡើងបាន) បុគ្គលនោះ ឈ្មោះថា ជាអ្នកមានប្រយោជន៍ ជាអ្នកឋិតនៅក្នុងធម៌ ជាអ្នកឈ្លាសវៃ ជាអ្នកមានបញ្ញាជាគ្រឿងពិចារណា បុគ្គលនោះ គប្បីត្រេកអរ ធើ្វនូវកិច្ចប្រកបដោយធម៌ និងអត្ថ។ ម៉្យាងទៀត កិច្ចដែលប្រកបដោយសេចក្តីត្រេកអរ រមែងលិចចុះ បុគ្គលគប្បីវៀរនូវកិច្ចដែលមិនមានប្រយោជន៍ អ្នកប្រាជ្ញមិនមានសេចក្តីប្រមាទ តែងសំគាល់នូវកិច្ចនោះថា ជាអំពើមិនគួរធើ្វ។ មួយទៀត កិច្ចណា ប្រកបដោយប្រយោជន៍ក្តី សេចក្តីត្រេកអរណា ប្រព្រឹត្តទៅក្នុងធម៌ក្តី បុគ្គលគប្បីប្រព្រឹត្តកាន់យកនូវប្រយោជន៍ និងសេចក្តីត្រេកអរនោះ ព្រោះថា សេចក្តីត្រេកអរនោះ ជាគុណជាតិដ៏ឧត្តម។ បុគ្គលណាសម្លាប់ វាយ ឬធើ្វឲ្យអ្នកដទៃសោកសៅ ហើយប្លន់ដណ្ដើម (យកទ្រព្យ) នៃពួកជនដទៃ ដោយការកំហែង បុគ្គលនោះ រមែងនាំទៅនូវទ្រព្យជារបស់ពួកជនដទៃ ដោយឧបាយទាំងតូចទាំងធំបាន។ ជនអ្នកមានកំឡាំង កាលចាំងឈើ រមែងនាំចេញនូវដែកគោល ដោយដែកគោល យ៉ាងណាមិញ ពួកជនអ្នកឈ្លាស រមែងរម្ងាប់នូវឥន្ទ្រិយទាំងឡាយ ដោយឥន្ទ្រិយទាំងឡាយ ក៏យ៉ាងនោះដែរ។ បុគ្គលណា ចំរើននូវសទ្ធា វីរិយៈ សមាធិ សតិ និងបញ្ញា សម្លាប់នូវឥន្ទ្រិយ ៥ (មានចក្ខុន្ទ្រិយជាដើម) ដោយឥន្ទ្រិយ ៥ បុគ្គលនោះ ឈ្មោះថាព្រាហ្មណ៍ ជាអ្នកមិនមានទុក្ខប្រព្រឹត្តទៅ។ បុគ្គលណា ធើ្វតាមពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធ ដោយសព្វគ្រប់ បុគ្គលនោះ ឈ្មោះថាជាអ្នកមានប្រយោជន៍ ជាអ្នកតាំងនៅក្នុងធម៌ នរជននោះ តែងដល់នូវសេចក្តីសុខ។ 
- 
-បារាសរិយត្ថេរ។ 
- 
-[២៥១] ខ្ញុំមានព្យាយាម ជាគ្រឿងដុតកំដៅនូវកិលេស កាលគិតរកនូវធម៌ អស់កាលមានរាត្រីដ៏យូរណាស់ តែមិនបាននូវការស្ងប់រម្ងាប់នៃចិត្ត ទើបសួរនូវសមណព្រាហ្មណ៍ទាំងឡាយថា បុគ្គលណាសោត ដែលបានដល់នូវត្រើយក្នុងលោក អ្នកណាដែលបានដល់នូវព្រះនិព្វានឈ្មោះអមតៈ ខ្ញុំនឹងប្រតិបត្តិនូវធម៌ ជាគ្រឿងដឹងច្បាស់នូវប្រយោជន៍ដ៏ឧត្តមរបស់សមណព្រាហ្មណ៍ណា។ ខ្ញុំលុះក្នុងកិលេសជាគ្រឿងវៀចខាងក្នុង ដូចត្រីស៊ីនុយ ឬដូចអសុរឈ្មោះវេបចិត្តិជាប់ចំណងព្រះឥន្រ្ទ។ ខ្ញុំទាញដកអន្ទាក់ គឺកិលេសនោះ តែមិនរួចចាកសេចក្តីសោក និងការខ្សឹកខ្សួលនេះទេ អ្នកណាអាចស្រាយនូវចំណងនៃខ្ញុំ ក្នុងលោក រួចប្រាប់នូវធម៌ជាគ្រឿងត្រាស់ដឹងដល់ខ្ញុំបាន។ ខ្ញុំ (គប្បីបាន) នូវសមណៈ ឬព្រាហ្មណ៍ណា ដែលអាចប្រាប់ធម៌ ជាគ្រឿងកំចាត់បង់កិលេសបាន ខ្ញុំនឹងទទួលនូវធម៌ជាគ្រឿងបន្សាត់បង់នូវជរា និងមច្ចុ អំពីសំណាក់នៃបុគ្គលណា។ (សរ គឺទិដ្ឋិណា) ដែលមាននិស្ស័យជាប់ក្នុងទ្រូង អាចទំលាយយ៉ាងខ្លាំង ហើយឋិតនៅក្នុងហឫទ័យ អ្នកចូរមើលនូវសរ គឺទិដិ្ឋនោះ ដែលធ្លាក់ចុះក្នុងសេចក្តីសង្ស័យ និងសេចក្តីងឿងឆ្ងល់ ប្រកបដោយកម្លាំងនៃសេចក្តីប្រណាំងប្រជែង មានសេចក្តីរឹងត្អឹងនៃចិត្ត ដែលផ្សំដោយសេចក្តីក្រោធ មានតណ្ហាជាគ្រឿងទំលាយ កើតព្រមអំពីធ្នូ គឺតណ្ហា មានប្រភេទ ១៥ ពីរដង [ប្រភេទ ១៥ ពីរដង គឺ សក្កាយទិដ្ឋិ ២០ មិច្ឆាទិដ្ឋិ ១០ (អដ្ឋកថា)] ។ ការដែលមិនបានលះបង់នូវទិដិ្ឋបន្ទាប់បន្សំទាំងឡាយ ត្រូវសរ គឺសេចក្តីត្រិះរិះខុស ឲ្យក្លាហានហើយ អាត្មាអញឈ្មោះថា ត្រូវសរ គឺទិដិ្ឋនោះមុតហើយ រមែងញាប់ញ័រដូចស្លឹកឈើដែលត្រូវខ្យល់បក់ដូច្នោះ។ កាយប្រកបដោយផស្សាយតនៈ ៦ តាំងឡើងក្នុងសន្តានរបស់អាត្មាអញ ហើយក៏ដុតយ៉ាងឆាប់នូវអត្តភាព ដែលគេរាប់ថា ជារបស់នៃខ្លួន (កាយនោះ) កើតឡើងក្នុងភពណា ក៏ប្រព្រឹត្តទៅក្នុងភពនោះសព្វកាល។ អាត្មាអញ រកមិនឃើញនូវពេទ្យ ដែលគប្បីដកឡើងនូវសរ គឺសេចក្តីសង្ស័យនោះ របស់អាត្មាអញ ដោយដង្កាប់សម្រាប់ដកផ្សេង ៗ ឬដោយកាំបិត មិនមែនដោយមន្ដដទៃឡើយ។ បុគ្គលណាហ្ន៎ មិនមានកាំបិត (កាត់) នូវសរ មិនឲ្យមានដំបៅដល់អាត្មាអញ មិនបានបៀតបៀននូវខ្លួនទាំងមូល ហើយដកនូវសរ គឺកិលេស ដែលអាស្រ័យនូវហឫទ័យរបស់អាត្មាអញបាន។ ព្រោះថា កាលបើអាត្មាអញ ធ្លាក់ចុះក្នុងសង្សារដ៏ជ្រៅហើយ (បុគ្គលណា) គប្បីបង្ហាញនូវដៃ ដែលញ៉ាំងអាត្មាអញឲ្យដល់ទីគោក គឺព្រះនិព្វានបាន បុគ្គលនោះ ឈ្មោះថាជាធំ ហេតុធម៌ ជាអ្នកប្រសើរ ជាអ្នកបន្សាត់បង់នូវពិស គឺទោសៈ។ អាត្មាអញ ជាអ្នកលិចចុះក្នុងអន្លង់ គឺសង្សារវដ្ដ មានធូលី គឺកិលេសនៅខាងក្នុង ដែលគេមិនអាចនឹងនាំចេញបាន ជាទីផ្សាយទៅដោយមាយា ដោយសេចក្តីច្រណែន ដោយការប្រណាំងប្រជែង និងថីនមិទ្ធៈ។ សេចក្តីត្រិះរិះទាំងឡាយ ដែលអាស្រ័យនូវរាគៈ បា្រកដស្មើដោយទឹកដែលហូរទៅ តែងបន្សាត់ទៅនូវបុគ្គលអ្នកមានទិដ្ឋិអាក្រក់ ដែលមានឧទ្ធច្ចៈជាមេឃគ្រហឹម មានសំយោជនៈជាភ្លៀង។ ខ្សែតណ្ហា រមែងហូរទៅក្នុងអារម្មណ៍ទាំងពួង តណ្ហាដូចជាវល្លិ៍ រមែងដុះបែកខ្នែង តើបុគ្គលណា ឃាត់នូវខ្សែតណ្ហានោះបាន ចុះបុគ្គលណាកាត់ផ្ដាច់នូវតណ្ហា ដូចជាវល្លិ៍នោះបាន។ បពិត្រអ្នកទាំងឡាយដ៏ចំរើន អ្នកទាំងឡាយ ចូរធើ្វនូវទំនប់ ជាគ្រឿងទប់នូវខ្សែតណ្ហាទាំងឡាយ។ ខ្សែតណ្ហា ដែលសម្រេចអំពីចិត្ត កុំគប្បីញ៉ាំងអ្នកឲ្យវិនាសដោយរហ័ស ដូចជាខ្សែទឹក (ច្រោះ) នូវដើមឈើ (ឲ្យរលំ) ដូច្នោះឡើយ។ កាលអាត្មាអញមានភ័យកើតហើយ កំពុងស្វែងរកត្រើយខាងនាយ គឺព្រះនិព្វាន ចាកត្រើយខាងអាយ គឺសង្សារវដ្ដយ៉ាងនេះ ព្រះសាស្ដា មានបញ្ញាជាអាវុធ ជាទីពឹងនៃសត្វលោក ព្រះអង្គត្រូវពួកនៃបុគ្គលអ្នកស្វែងរកនូវគុណ សេពគប់ហើយ ទ្រង់ប្រទាន (ដល់ខ្ញុំ) នូវជណ្ដើរ គឺវិបស្សនា ដែលទេសនាញាណ ធើ្វល្អហើយ ជាជណ្ដើរដ៏ស្អាត សម្រេចអំពីធម៌មានខ្លឹមដ៏មាំ កាលខ្ញុំកំពុងត្រូវជំនន់ធំគួចទៅ ព្រះអង្គក៏បានត្រាស់ថា អ្នកកុំភ័យឡើយ។ ខ្ញុំបានឡើងកាន់ប្រាសាទ គឺសតិប្បដ្ឋាន ហើយក្រឡេកមើល ក៏សំគាល់នូវសត្វដែលត្រេកអរក្នុងសក្កាយក្នុងកាលមុន។ អាត្មាអញ បានឃើញនូវផ្លូវ គឺវិបស្សនា ជាទីឡើងកាន់ទូក គឺអរិយមគ្គ ក្នុងកាលណា កាលនោះ អាត្មាអញមិនបានតាំងចិត្ត ក៏បានឃើញនូវអរិយមគ្គដ៏ឧត្តម ជាកំពង់ (នៃនិព្វាន)។ សរ គឺទិដ្ឋិ មានះជាដើម ដែលមានខ្លួនជាសមុដ្ឋាន មានតណ្ហាជាគ្រឿងនាំសត្វទៅកាន់ភព ជាដែនកើត ព្រះសាស្ដាទ្រង់សំដែងមគ្គដ៏ឧត្តម ដើម្បីមិនឲ្យប្រព្រឹត្តទៅនៃបាបធម៌ទាំងឡាយនុ៎ះ។ ព្រះពុទ្ធ បន្សាត់បង់នូវទោសៈជាពិស ទ្រង់បន្ទោបង់នូវកិលេស ជាគ្រឿងចាក់ស្រេះរបស់អញ ដែលត្រាំនៅក្នុងចិត្ត អស់រាត្រីដ៏វែង ដែលតាំងស៊ប់ហើយក្នុងសន្ដាន អស់កាលដ៏យូរ។  
- 
-តេលុកានិត្ថេរ។  
- 
-[២៥២] អ្នកចូរមើលនូវអត្តភាព ដែលធើ្វឲ្យវិចិត្រ ជាទីប្រជុំនៃដំបៅដែលតាំងឡើងព្រមហើយ (ដោយឆ្អឹង ៣០០ កំណាត់) ជាអត្តភាពក្ដៅក្រហាយ ដែលជនពាលត្រិះរិះដោយច្រើន ជាអត្តភាពមិនទៀងទាត់ឋិតថេរ។ អ្នកចូរមើលនូវរូប ដែលធើ្វឲ្យវិចិត្រដោយកែវមណី និងកណ្ឌល ដែលឆ្អឹង និងស្បែករួបរឹតហើយ (រូបនោះ) រមែងល្អដោយសារសំពត់ទាំងឡាយ។ ជើងទាំងឡាយ លាបដោយល័ខស្រស់ មុខលាបដោយគ្រឿងលំអិត អាចញ៉ាំងជនពាលឲ្យវង្វេង តែមិនអាចញ៉ាំងបុគ្គលអ្នកស្វែងរកនូវត្រើយ គឺព្រះនិព្វានឲ្យវង្វេងបានទេ។ សក់ទាំងឡាយ ដែលគេរចនាដូចជាក្រឡាចតុរង្គ ភ្នែកទាំងឡាយ លាបដោយថ្នាំសម្រាប់បន្តក់ភ្នែក អាចញ៉ាំងជនពាលឲ្យវង្វេង តែមិនអាចញ៉ាំងបុគ្គលអ្នកស្វែងរកនូវត្រើយ គឺព្រះនិព្វានឲ្យវង្វេងបានឡើយ។ កាយស្អុយដែលគេតាក់តែងហើយ ដូចជានាឡិសម្រាប់ដាក់ថ្នាំបន្តក់ ដែលគេវិចិត្រហើយថ្មី ៗ អាចញ៉ាំងជនពាលឲ្យវង្វេង តែមិនអាចញ៉ាំងបុគ្គលអ្នកស្វែងរកនូវត្រើយ គឺព្រះនិពា្វនឲ្យវង្វេងបានឡើយ។ ព្រានម្រឹគដាក់នូវអន្ទាក់ ម្រឹគក៏មិនបានប៉ះពាល់នូវអន្ទាក់ ហើយស៊ីនូវចំណី កាលដែលព្រានម្រឹគកំពុងកន្ទក់កន្ទេញ (ក៏បោលចេញទៅ យ៉ាងណាមិញ) ពួកយើងក៏ដើរចេញទៅ (យ៉ាងនោះដែរ)។ អន្ទាក់របស់ព្រានម្រឹគដាច់ហើយ ម្រឹគក៏មិនប៉ះពាល់នូវអន្ទាក់ ហើយស៊ីនូវចំណី កាលព្រានម្រឹគកំពុងសោកស្ដាយ (ក៏បោលចេញទៅ យ៉ាងណាមិញ) ពួកយើងក៏ដើរចេញទៅ (យ៉ាងនោះដែរ)។  
- 
-អាត្មាបានឃើញនូវមនុស្សទាំងឡាយ បរិបូណ៌ដោយទ្រព្យសម្បត្តិក្នុងលោក (ពួកមនុស្សទាំងនោះ) លុះបានទ្រព្យគាប់ចិត្តហើយ មិនឲ្យ (ដល់បុគ្គលណាមួយឡើយ) ព្រោះតែសេចក្តីវង្វេង។ ពួកមនុស្សបានទ្រព្យហើយ ក៏ធើ្វនូវការសន្សំទុក ទាំងប្រាថ្នាក្នុងកាមដ៏លើសលុប។ ព្រះរាជាឈ្នះនូវផែនដី ដែលព្រះអង្គរឹបជាន់បានហើយ នៅគ្រប់គ្រងផែនដី មានសាគរជាទីបំផុត មានសភាពមិនឆ្អែតនឹងត្រើយសមុទ្រខាងអាយ ក៏ប្រាថ្នានូវត្រើយសមុទ្រខាងនាយ។ ព្រះរាជាក្តី ពួកមនុស្សដទៃច្រើននាក់ក្តី មិនទាន់ប្រាសចាកតណ្ហា រមែងដល់នូវសេចក្តីស្លាប់ គឺថាជាអ្នកមានសេចក្តីខ្វះខាត លះបង់រាងកាយ ព្រោះថាសេចក្តីឆ្អែតដោយកាមទាំងឡាយក្នុងលោកមិនមាន។ ពួកញាតិរំសាយសក់ កន្ទក់កន្ទេញ ចំពោះបុគ្គលដែលស្លាប់ហើយនោះ ទាំងបាននិយាយថា ធើ្វម្ដេចហ្ន៎ ញាតិរបស់យើងទាំងឡាយ កុំស្លាប់វិញ ក៏នាំខ្មោចនោះ ដែលរុំដោយសំពត់ ទៅកាន់ជើងថ្ករ ប្រជុំគ្នាដុតក្នុងទីនោះ។ បុគ្គលដែលស្លាប់នោះ ត្រូវពួកអ្នកដុតចាក់ដោយឈើសូល ដុតបុគ្គលនោះ លះបង់នូវភោគៈទាំងឡាយ មានតែសំពត់មួយស្លាប់ទៅ ញាតិទាំងឡាយក្តី មិត្រទាំងឡាយក្តី ឬសម្លាញ់ទាំងឡាយក្តី ជាទីពឹងមិនមានទេ។ ពួកទាយាទ (អ្នកត្រូវទទួលមត៌ក) រមែងនាំទៅនូវទ្រព្យរបស់សត្វដែលស្លាប់នោះ ចំណែកសត្វដែលស្លាប់នោះ ក៏ទៅតាមយថាកម្ម ទ្រព្យតិចតួច កូនប្រពន្ធ មាសប្រាក់ និងដែន ក៏មិនមែនជាប់តាមសត្វដែលស្លាប់នោះទេ។ បុគ្គលមិនមែនបាននូវអាយុវែង ដោយសារទ្រព្យទេ ទាំងមិនមែនកំចាត់បង់នូវជរា ដោយសារទ្រព្យបានទេ ព្រោះថា អ្នកប្រាជ្ញទាំងឡាយ បានពោលនូវជីវិតនោះថា តិច មិនទៀង មានការប្រែប្រួលទៅជាធម្មតា។ ជនទាំងឡាយ អ្នកស្ដុកស្ដម្ភ និងអ្នកទាល់ក្រ រមែងប៉ះពាល់នូវផស្សៈ (មិនជាទីប្រាថ្នា) បុគ្គលពាល និងអ្នកប្រាជ្ញ រមែងប៉ះពាល់ដូចគ្នា ប៉ុន្តែបុគ្គលពាល បើមានសេចក្តីទុក្ខបៀតបៀនហើយ រមែងដេក (សោកស្ដាយ) ព្រោះភាវៈនៃខ្លួនពាល ឯអ្នកប្រាជ្ញ បើទុកជាប៉ះពាល់នូវផស្សៈក៏មិនបានញាប់ញ័រ។ ព្រោះហេតុនោះ បុគ្គលបាននូវព្រះនិព្វាន ជាទីបំផុតនៃភព ក្នុងលោកនេះ ដោយបញ្ញាណា បញ្ញានោះ ជាធម្មជាតិប្រសើរជាទ្រព្យ ដ្បិតបុគ្គលទាំងឡាយ មិនទាន់បានសម្រេចប្រយោជន៍ រមែងធើ្វនូវបាបកម្មទាំងឡាយ ក្នុងភពតូច និងភពធំ ព្រោះតែមោហៈ។ បុគ្គលណា (បានធើ្វបាបកម្ម) ក៏ដល់នូវការអន្ទោលទៅមក រមែងចូលទៅកាន់គភ៌ និងបរលោក បុគ្គលអ្នកអប្បប្រាជ្ញា (ឯទៀត) កាលបើជឿបុគ្គលអ្នកធើ្វបាបកម្មនោះ ក៏ទៅកាន់គភ៌ និងបរលោក។ ចោរអ្នកមានធម៌ដ៏លាមក ដែលគេចាប់បានត្រង់មុខតំណ [គេចាប់បានត្រង់កន្លែងជញ្ជាំងដែលខ្លួនបោះ ឬកាត់នោះ។] (នៃផ្ទះ) រមែងក្តៅក្រហាយដោយកម្មរបស់ខ្លួន យ៉ាងណាមិញ សត្វអ្នកមានធម៌ដ៏លាមក លុះស្លាប់ទៅ រមែងក្តៅក្រហាយក្នុងលោកខាងមុខ ដោយកម្មរបស់ខ្លួន ក៏យ៉ាងនោះដែរ។ កាមទាំងឡាយដ៏វិចិត្រ មានរសឆ្ងាញ់ ជាទីរីករាយនៃចិត្ត តែងញាំញីចិត្តដោយសភាពផ្សេង ៗ បពិត្រមហារាជ ហេតុនោះ អាត្មាភាព ឃើញទោសក្នុងកាមគុណទាំងឡាយ ទើបចេញទៅបួស។ សត្វទាំងឡាយ ទោះក្មេងក្តី ចាស់ក្តី តែងបែកធ្លាយនូវសរីរៈ ដូចជាផ្លែឈើជ្រុះ (ចាកដើម) បពិត្រមហារាជ អាត្មាភាព បានឃើញនូវរបស់មិនទៀងនេះឯង បានជាចេញបួស ភាពជាសមណៈ មិនសូវខុសភ្លាត់ ជារបស់ប្រសើរលើសលុប។  
- 
-អាត្មាភាពបួសដោយសទ្ធា បានប្រកបសេចក្តីប្រតិបត្តិ ក្នុងសាសនានៃព្រះជិនស្រី បព្វជ្ជារបស់អាត្មាភាព មិនមានទោស អាត្មាភាពបរិភោគភោជន មិនមានបំណុលទេ។ អាត្មាភាព ឃើញនូវកាមទាំងឡាយ ហាក់ដូចជាភ្លើងឆេះសព្វហើយ ឃើញនូវជាតរូប ហាក់ដូចជាគ្រឿងសស្រ្ដាវុធ ឃើញហេតុនាំមកនូវទុក្ខ តាំងតែអំពីការចុះចាប់បដិសន្ធិក្នុងគភ៌ ឃើញនូវភ័យធំក្នុងនរកទាំងឡាយ។ អាត្មាភាព ឃើញនូវទោសនេះឯង ក៏បាននូវសេចក្តីសំវេគ ក្នុងកាលនោះ អាត្មាភាពហ្នឹងឯង ជាអ្នកត្រូវសរមុតហើយ ក្នុងកាលនោះ (ឥឡូវនេះ) បានដល់ហើយនូវការអស់ទៅនៃអាសវៈ។ ព្រះសាស្តា អាត្មាភាព បានបម្រើហើយ ព្រះពុទ្ធសាសនា អាត្មាភាពក៏បានធើ្វហើយ ភារៈដ៏ធ្ងន់ អាត្មាភាពបានដាក់ចុះហើយ តណ្ហាជាគ្រឿងនាំសត្វទៅកាន់ភព អាត្មាភាពបានដកចោលហើយ។ កុលបុត្របានចេញចាកផ្ទះ ចូលមកកាន់ផ្នួស ដើម្បីប្រយោជន៍ណា ប្រយោជន៍នោះ គឺការអស់ទៅនៃសំយោជនៈទាំងពួង អាត្មាភាពបានដល់ហើយ។  
- 
-រដ្ឋបាលត្ថេរ។ 
- 
-[២៥៣] បុគ្គលកាលឃើញរូបហើយ ធើ្វទុកក្នុងចិត្តនូវនិមិត្តជាទីស្រឡាញ់ ស្មារតីរមែងភ្លាំងភ្លាត់ បុគ្គលនោះ រមែងមានចិត្តត្រេកអរ ទទួលយក លេបយកនូវអារម្មណ៍នោះ។ វេទនាទាំងឡាយជាច្រើន មានរូបជាដែនកើត រមែងចំរើនដល់បុគ្គលនោះ ចិត្តរបស់បុគ្គលនោះ រមែងចង្អៀតចង្អល់ ព្រោះអភិជ្ឈា (ការសំឡឹងរំពៃ) ផង ព្រោះវិហេសា (ការបៀតបៀន) ផង កាលបុគ្គលសន្សំយ៉ាងនេះ ទុក្ខ (រមែងប្រព្រឹត្តទៅ) បុគ្គលនោះ លោកពោលថា ឆ្ងាយអំពីព្រះនិព្វាន។ បុគ្គលកាលឮសំឡេងហើយ ធើ្វទុកក្នុងចិត្តនូវនិមិត្តជាទីស្រឡាញ់ ស្មារតីរមែងភ្លាំងភ្លាត់ បុគ្គលនោះ រមែងមានចិត្តត្រេកអរទទួលយក លេបយកនូវអារម្មណ៍នោះ។ វេទនាទាំងឡាយជាច្រើន មានសំឡេងជាដែនកើត រមែងចំរើនដល់បុគ្គលនោះ ចិត្តរបស់បុគ្គលនោះ រមែងចង្អៀតចង្អល់ ព្រោះអភិជ្ឈាផង ព្រោះ វិហេសាផង បុគ្គលកាលសន្សំយ៉ាងនេះ ទុក្ខ (រមែងប្រព្រឹត្តទៅ) បុគ្គលនោះ លោកពោលថា ឆ្ងាយអំពីព្រះនិព្វាន។ បុគ្គលកាលធុំក្លិនហើយ ធើ្វទុកក្នុងចិត្តនូវនិមិត្តជាទីស្រឡាញ់ ស្មារតីរមែងភ្លាំងភ្លាត់ បុគ្គលនោះ រមែងមានចិត្តត្រេកអរ ទទួលយក លេបយកនូវអារម្មណ៍នោះ។ វេទនាទាំងឡាយជាច្រើន មានក្លិនជាដែនកើត រមែងចំរើនដល់បុគ្គលនោះ ចិត្តរបស់បុគ្គលនោះ រមែងចង្អៀតចង្អល់ ព្រោះអភិជ្ឈាផង ព្រោះវិហេសាផង បុគ្គលកាលសន្សំយ៉ាងនេះ ទុក្ខ (រមែងប្រព្រឹត្តទៅ) បុគ្គលនោះ លោកពោលថា ឆ្ងាយអំពីព្រះនិព្វាន។ បុគ្គលកាលបរិភោគរសហើយ ធើ្វទុកក្នុងចិត្តនូវនិមិត្តជាទីស្រឡាញ់ ស្មារតីរមែងភ្លាំងភ្លាត់ បុគ្គលនោះ រមែងមានចិត្តត្រេកអរ ទទួលយក និងលេបយកនូវអារម្មណ៍នោះ។ វេទនាទាំងឡាយជាច្រើន មានរសជាដែនកើត រមែងចំរើនដល់បុគ្គលនោះ ចិត្តរបស់បុគ្គលនោះ រមែងចង្អៀតចង្អល់ ព្រោះអភិជ្ឈាផង ព្រោះវិហេសាផង បុគ្គលកាលសន្សំយ៉ាងនេះ ទុក្ខ (រមែងប្រព្រឹត្តទៅ) បុគ្គលនោះ លោកពោលថា ឆ្ងាយអំពីព្រះនិព្វាន។ បុគ្គលកាលប៉ះពាល់នូវផស្សៈ ហើយធ្វើទុកក្នុងចិត្តនូវនិមិត្តជាទីស្រឡាញ់ ស្មារតីរមែងភ្លាំងភ្លាត់ បុគ្គលនោះ រមែងមានចិត្តត្រេកអរ ទទួលយក លេបយកនូវអារម្មណ៍នោះ។ វេទនាទាំងឡាយជាច្រើន មានផស្សៈជាដែនកើត រមែងចំរើនដល់បុគ្គលនោះ ចិត្តរបស់បុគ្គលនោះ រមែងចង្អៀតចង្អល់ ព្រោះអភិជ្ឈាផង ព្រោះវិហេសាផង បុគ្គលកាលសន្សំយ៉ាងនេះទុក (រមែងប្រព្រឹត្តទៅ) បុគ្គលនោះ លោកពោលថា ឆ្ងាយអំពីព្រះនិព្វាន។ បុគ្គលកាលដឹងនូវធម្មារម្មណ៍ [ពាក្យថាធម៌ក្នុងទីនេះ សំដៅយកចិត្តដែលប្រកបដោយតម្រេក។ អដ្ឋកថា។] ហើយ ធើ្វទុកក្នុងចិត្តនូវនិមិត្តជាទីស្រឡាញ់ ស្មារតីរមែងភ្លាំងភ្លាត់ បុគ្គលនោះ រមែងមានចិត្តត្រេកអរទទួលយក លេបយកអារម្មណ៍នោះ។ វេទនាទាំងឡាយជាច្រើន មានធម្មារម្មណ៍ជាដែនកើត រមែងចំរើនដល់បុគ្គលនោះ ចិត្តរបស់បុគ្គលនោះ រមែងចង្អៀតចង្អល់ ព្រោះអភិជ្ឈាផង ព្រោះវិហេសាផង បុគ្គលកាលសន្សំយ៉ាងនេះ ទុក្ខ (រមែងប្រព្រឹត្តទៅ) បុគ្គលនោះ លោកពោលថា ឆ្ងាយអំពីព្រះនិព្វាន។ បុគ្គលនោះ ឃើញរូបហើយ មានស្មារតីខ្ជាប់ខ្ជួន មិនត្រេកអរក្នុងរូបទាំងឡាយ រមែងមានចិត្តប្រាសចាកតម្រេក គ្រាន់តែទទួលដឹងតែមិនលេបយកនូវអារម្មណ៍នោះ។ បុគ្គលនោះ កាលឃើញរូប ទទួលវេទនា (កិលេសវដ្ដៈ) រមែងអស់ទៅ មិនចំរើនឡើងដោយប្រការណា បុគ្គលនោះ ជាអ្នកមានស្មារតី ប្រព្រឹត្តទៅដោយប្រការនោះ បុគ្គលកាលមិនសន្សំយ៉ាងនេះ ទុក្ខ (រមែងមិនប្រព្រឹត្តទៅ) បុគ្គលនោះ លោកពោលថា ជិតព្រះនិព្វាន។ បុគ្គលនោះ ឮសំឡេង មានស្មារតីខ្ជាប់ខ្ជួន រមែងមិនត្រេកអរ ក្នុងសំឡេងទាំងឡាយ រមែងមានចិត្តប្រាសចាកតម្រេក គ្រាន់តែទទួលដឹង មិនលេបយកនូវអារម្មណ៍នោះ។ បុគ្គលនោះ កាលឮនូវសំឡេង ទទួលវេទនា (កិលេសវដ្ដៈ) រមែងអស់ទៅ មិនចំរើនឡើង ដោយប្រការណា បុគ្គលនោះ ជាអ្នកមានស្មារតី ប្រព្រឹត្តដោយប្រការនោះ បុគ្គលកាលមិនសន្សំយ៉ាងនេះ ទុក្ខ (រមែងមិនប្រព្រឹត្តទៅ) បុគ្គលនោះ លោកពោលថា ជិតព្រះនិព្វាន។ បុគ្គលធុំក្លិនហើយ មានស្មារតីខ្ជាប់ខ្ជួន មិនត្រេកអរ ក្នុងក្លិនទាំងឡាយ រមែងមានចិត្តប្រាសចាកតម្រេក គ្រាន់តែទទួលដឹង តែមិនលេបយកនូវអារម្មណ៍នោះ។ បុគ្គលនោះ កាលធុំក្លិន ទទួលវេទនា (កិលេសវដ្ដៈ) រមែងអស់ទៅ មិនចំរើនឡើង ដោយប្រការណា បុគ្គលនោះ ជាអ្នកមានស្មារតី ប្រព្រឹត្តដោយប្រការនោះ បុគ្គលកាលមិនសន្សំយ៉ាងនេះ ទុក្ខ (រមែងមិនប្រព្រឹត្តទៅ) បុគ្គលនោះ លោកពោលថា ជិតព្រះនិព្វាន។ បុគ្គលនោះ បរិភោគនូវរសហើយ មានស្មារតីខ្ជាប់ខ្ជួន មិនត្រេកអរក្នុងរសទាំងឡាយ រមែងមានចិត្តប្រាសចាកតម្រេក គ្រាន់តែទទួលដឹង តែមិនលេបយក នូវអារម្មណ៍នោះ។ បុគ្គលនោះ កាលភ្លក់នូវរស ទទួលវេទនា (កិលេសវដ្ដៈ) រមែងអស់ទៅ មិនចំរើនឡើង ដោយប្រការណា បុគ្គលនោះ ជាអ្នកមានស្មារតី ប្រព្រឹត្តទៅដោយប្រការនោះ បុគ្គលកាលមិនសន្សំយ៉ាងនេះ ទុក្ខ (រមែងមិនប្រព្រឹត្តទៅ) បុគ្គលនោះ លោកពោលថា ជិតព្រះនិព្វាន។ បុគ្គលនោះ ប៉ះពាល់នូវផស្សៈហើយ មានស្មារតីខ្ជាប់ខ្ជួន មិនត្រេកអរ ក្នុងផស្សៈទាំងឡាយ រមែងមានចិត្តប្រាសចាកតម្រេក គ្រាន់តែទទួលដឹង តែមិនលេបយកនូវអារម្មណ៍នោះ។ បុគ្គលនោះ កាលប៉ះពាល់នូវផស្សៈ ទទួលវេទនា (កិលេសវដ្ដៈ) រមែងអស់ទៅ មិនចំរើនឡើង ដោយប្រការណា បុគ្គលនោះ ជាអ្នកមានស្មារតី ប្រព្រឹត្តដោយប្រការនោះ បុគ្គលកាលមិនសន្សំយ៉ាងនេះ ទុក្ខ (រមែងមិនប្រព្រឹត្តទៅ) បុគ្គលនោះ លោកពោលថា ជិតព្រះនិព្វាន។ បុគ្គលនោះ ដឹងនូវធម្មារម្មណ៍ មានស្មារតីខ្ជាប់ខ្ជួន មិនត្រេកអរ ក្នុងធម្មារម្មណ៍ទាំងឡាយ រមែងមានចិត្តប្រាសចាកតម្រេក គ្រាន់តែទទួលដឹង តែមិនលេបយកនូវអារម្មណ៍នោះ។ បុគ្គលនោះ កាលដឹងច្បាស់នូវធម្មារម្មណ៍ ទទួលវេទនា (កិលេសវដ្ដៈ) រមែងអស់ទៅមិនចំរើនឡើង ដោយប្រការណា បុគ្គលនោះ ជាអ្នកមានស្មារតី ប្រព្រឹត្តទៅដោយប្រការនោះ បុគ្គលកាលមិនសន្សំយ៉ាងនេះ ទុក្ខ (រមែងមិនប្រព្រឹត្តទៅ) បុគ្គលនោះ លោកពោលថា ជិតព្រះនិព្វាន។ 
- 
-មាលុង្ក្យបុត្តត្ថេរ។  
- 
-[២៥៤] បពិត្រព្រះមានព្រះភាគ ព្រះអង្គមានព្រះកាយដ៏បរិបូណ៌ ជាទីគាប់ចិត្តក្រៃលែង មានព្រះជាតិដ៏ល្អ មានព្រះនេត្រដ៏ល្អ មានសម្បុរដូចជាសម្បុរនៃមាស មានព្រះទាឋ឵ដ៏សក្បុស ទ្រង់មានព្យាយាម។ ព្យញ្ជនៈណារបស់ជនមានជាតិល្អ ព្យញ្ជនៈ (និងអនុព្យញ្ជនៈ) ទាំងអស់នោះ ជាមហាបុរិសលក្ខណៈ មានក្នុងព្រះកាយរបស់ព្រះអង្គ។ ព្រះអង្គមានព្រះនេត្រថ្លា មានព្រះភក្រ្តល្អ មានទំហំ និងកម្ពស់សមសួន មានព្រះកាយត្រង់ មានរស្មីរុងរឿង ក្នុងកណ្ដាលនៃពួកសមណៈ ដូចព្រះអាទិត្យ។ បពិត្រភិក្ខុ ព្រះអង្គមានរូបល្អ គួរជាទីរមិលមើល មានស្បែកដ៏ភ្លឺថ្លាដូចមាស ព្រះអង្គមានសម្បុរដ៏ឧត្តមយ៉ាងនេះ តើមានប្រយោជន៍អ្វីដោយសមណភាព។ ព្រះអង្គគួរបានជាស្ដេចចក្រពត្តិ ដូចគោឧសភៈក្នុងរថ ជាធំ (លើផែនដី) មានសមុទ្រទាំងបួន ជាទីបំផុត មានជ័យជម្នះ ជាឥស្សរៈរបស់អ្នកជម្ពូទ្វីប។ បពិត្រព្រះគោតម ពួកក្សត្រិយ៍ជាស្ដេចចំណុះ តែងចុះចូលនឹងព្រះអង្គ សូមព្រះអង្គសោយរាជ្យ ជារាជាធិរាជ ដ៏ធំជាងពួកមនុស្សចុះ។  
- 
-(ព្រះមានព្រះភាគត្រាស់ថា) ម្នាលសេលៈ តថាគត ជាធម្មរាជ ជាស្ដេចប្រសើរ អាចញ៉ាំងចក្រឲ្យប្រព្រឹត្តទៅតាមធម៌ ជាចក្រដែលអ្នកណាមួយមិនអាចឲ្យប្រព្រឹត្តទៅបាន។ 
- 
-(សេលព្រាហ្មណ៍ ក្រាបទូលថា) បពិត្រព្រះគោតម ព្រះអង្គទ្រង់ប្ដេជ្ញាថា ព្រះអង្គជាអ្នកត្រាស់ដឹង ទ្រង់ត្រាស់ថា តថាគតជាធម្មរាជ ជាស្ដេចប្រសើរ អាចញ៉ាំងចក្រឲ្យប្រព្រឹត្តទៅតាមធម៌បាន។ ចុះភិក្ខុណា ជាសេនាបតីរបស់ព្រះអង្គ ជាសាវ័កប្រព្រឹត្តតាមព្រះសាស្ដា ភិក្ខុណា ញ៉ាំងធម្មចក្កនេះ ដែលព្រះអង្គឲ្យប្រព្រឹត្តទៅហើយ ឲ្យប្រព្រឹត្តទៅបាន។ 
- 
-(ព្រះមានព្រះភាគទ្រង់ត្រាស់ថា ម្នាលសេលៈ) ភិក្ខុសារីបុត្ត ជាអនុជាតរបស់តថាគត ញ៉ាំងធម្មចក្កដ៏ប្រសើរ ដែលតថាគតឲ្យប្រព្រឹត្តទៅហើយ ឲ្យប្រព្រឹត្តទៅបាន។ ម្នាលព្រាហ្មណ៍ ទុក្ខសច្ចដែលគួរដឹងច្បាស់ តថាគតបានដឹងច្បាស់ហើយ មគ្គសច្ចដែលគួរចំរើន តថាគតបានចំរើនហើយ សមុទយសច្ច ដែលគួរលះ តថាគតក៏បានលះហើយ ព្រោះហេតុនោះ ទើបតថាគត ជាព្រះពុទ្ធ។ ម្នាលព្រាហ្មណ៍ អ្នកចូរកម្ចាត់បង់នូវសេចក្តីសង្ស័យក្នុងតថាគតចេញ អ្នកចូរជឿស៊ប់ចុះ (ព្រោះថា) ការចួបប្រទះនឹងព្រះសម្មាសម្ពុទ្ធទាំងឡាយរឿយ ៗ ជាការរកបានកម្រ។ ម្នាលព្រាហ្មណ៍ ការកើតប្រាកដឡើងរឿយ ៗ នៃព្រះសម្មាសម្ពុទ្ធណា ដែលរកបានដោយក្រក្នុងលោក តថាគតនោះ ជាព្រះពុទ្ធ ដូចពេទ្យវះ ជាបុគ្គលប្រសើរបំផុត មានសភាពដូចព្រហ្ម មានតម្លៃដ៏លើសលុប ជាអ្នកញាំញីនូវមារ និងសេនានៃមារ ធើ្វនូវបច្ចាមិត្តទាំងអស់ ឲ្យនៅក្នុងអំណាច ហើយរីករាយ ឥតមានភ័យអំពីទីណាឡើយ។  
- 
-(សេលព្រាហ្មណ៍ ពោលថា) ម្នាលអ្នកទាំងឡាយដ៏ចំរើន អ្នកទាំងឡាយ ចូរផ្ទៀងស្តាប់នូវពាក្យ តាមដែលព្រះដ៏មានព្រះភាគ ព្រះអង្គមានចក្ខុ សម្ដែងនេះចុះ ដ្បិតព្រះមានព្រះភាគ ដូចជាពេទ្យវះ ជាមហាវីរបុរស បន្លឺសីហទានដូចជាសត្វសីហៈក្នុងព្រៃ។ ទោះបីនរណា ជាកណ្ហាភិជាតិ (អ្នកមានជាតិខ្មៅ) បានឃើញព្រះមានព្រះភាគ ព្រះអង្គមានសភាពដូចជាព្រហ្ម មានតម្លៃដ៏លើសលុប ទ្រង់ញាំញីនូវមារ និងសេនានៃមារហើយ តើនឹងមិនជ្រះថ្លាដូចម្ដេចបាន។ បុគ្គលណាចង់មក ចូរតាមយើងមក បុគ្គលណាមិនចង់ទេ ចូរទៅវិញចុះ ខ្ញុំនឹងបួសក្នុងសម្នាក់ព្រះពុទ្ធ ព្រះអង្គមានប្រាជ្ញាដ៏ប្រសើរក្នុងទីនេះ។  
- 
-(ពួកមាណពនោះ ពោលថា) បើលោកពេញចិត្តនឹងសាសនាព្រះសម្មាសម្ពុទ្ធនុ៎ះ ពួកយើងក៏នឹងបួសក្នុងសំណាក់ព្រះពុទ្ធ មានប្រាជ្ញាដ៏ប្រសើរដែរ។ ពួកព្រាហ្មណ៍ទាំង ៣០០ នេះ ក៏ផ្គងអញ្ជលីសុំផ្នួសថា បពិត្រព្រះមានព្រះភាគ ពួកយើងសូមប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសម្នាក់ព្រះអង្គ។  
- 
-ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលសេលៈ ព្រហ្មចរិយធម៌ តថាគតសំដែងទុកប្រពៃហើយ ជាធម៌ដែលគួរឃើញជាក់ដោយខ្លួនឯង ជាធម៌ឲ្យផលមិនរង់ចាំកាល បព្វជ្ជារបស់បុគ្គលអ្នកមិនប្រមាទ ជាអ្នកសិក្សាក្នុងព្រហ្មចរិយធម៌នោះ មិនឥតអំពើឡើយ។  
- 
-(សេលព្រាហ្មណ៍ ក្រាបទូលថា) បពិត្រព្រះមានព្រះភាគមានចក្ខុ ពួកខ្ញុំព្រះអង្គ បានដល់នូវទីពឹងណា ក្នុងថ្ងៃទី ៨ អំពីថ្ងៃនេះទៅ (ពួកខ្ញុំព្រះអង្គ) ជាបុគ្គលបានទូន្មានខ្លួន ក្នុងសាសនារបស់ព្រះអង្គ ដោយទីពឹងនោះ អស់ ៧ រាត្រី។ ព្រះអង្គជាព្រះពុទ្ធ ព្រះអង្គជាសាស្ដា ព្រះអង្គជាមុនី គ្របសង្កត់នូវមារ ព្រះអង្គបានកាត់បង់នូវអនុស័យ ឆ្លងរួចហើយ ទើបចម្លងពពួកសត្វនេះ។ ព្រះអង្គ បានកន្លងនូវឧបធិទាំងឡាយហើយ ព្រះអង្គបានទម្លាយនូវកិលេស ព្រមទាំងអាសវៈហើយ ព្រះអង្គជាបុគ្គលមិនមានសេចក្តីប្រកាន់ បានលះបង់នូវភ័យដ៏ពន្លឹក ដូចជាសត្វសីហៈ។ ពួកភិក្ខុទាំង ៣០០ នេះ ឈរផ្គងអញ្ជលីថា បពិត្រព្រះវីរបុរស សូមព្រះអង្គលាតនូវព្រះបាទទាំងឡាយ ពួកភិក្ខុជានាគ សូមថ្វាយបង្គំនូវព្រះបាទនៃព្រះសាស្ដា។  
- 
-សេលត្ថេរ។ 
- 
-[២៥៥] ខ្ញុំព្រះអង្គយាត្រាដោយកដំរី ធ្លាប់ស្លៀកដណ្ដប់សំពត់សាច់មដ្ឋ បរិភោគបាយអង្ករនៃស្រូវសាលី លាយដោយសាច់ដ៏ស្អាត។ ថ្ងៃនេះ ព្រះភទ្ទិយៈជាបុត្រនៃសាក្យានី ឈ្មោះគោធានោះ ជាអ្នកចំរើនដោយគុណ ព្យាយាមជាប់មិនដាច់ ត្រេកអរចំពោះអាហារ ដែលមកដល់បាត្រ ដោយការស្វែងរក មិនមានសេចក្តីប្រកាន់ ចំរើនឈាន។ ព្រះភទ្ទិយៈជាបុត្រនៃសាក្យានី ឈ្មោះគោធា ជាអ្នកសមាទានបំសុកូលិកង្គធុតង្គ ព្យាយាមជាប់មិនដាច់ ត្រេកអរចំពោះអាហារដែលមកដល់បាត្រដោយការស្វែងរក មិនមានសេចក្តីប្រកាន់ ចំរើនឈាន។ 
- 
-ជាអ្នកសមាទានបិណ្ឌបាតិកង្គធុតង្គ ព្យាយាមជាប់មិនដាច់... 
- 
-ជាអ្នកសមាទានតេចីវរិកង្គធុតង្គ ព្យាយាមជាប់មិនដាច់... 
- 
-ជាអ្នកសមាទានសបទានចារិកង្គធុតង្គ ព្យាយាមជាប់មិនដាច់... 
- 
-ជាអ្នកសមាទានឯកាសនិកង្គធុតង្គ ព្យាយាមជាប់មិនដាច់... 
- 
-ជាអ្នកសមាទានបត្តបិណ្ឌិកង្គធុតង្គ ព្យាយាមជាប់មិនដាច់...  
- 
-ជាអ្នកសមាទានខលុបច្ឆាភត្តិកង្គធុតង្គ ព្យាយាមជាប់មិនដាច់... 
- 
-ជាអ្នកសមាទានអារញ្ញិកង្គធុតង្គ ព្យាយាមជាប់មិនដាច់... 
- 
-ជាអ្នកសមាទានរុក្ខមូលិកង្គធុតង្គ ព្យាយាមជាប់មិនដាច់... 
- 
-ជាអ្នកសមាទានអព្ភោកាសិកង្គធុតង្គ ព្យាយាមជាប់មិនដាច់... 
- 
-ជាអ្នកសមាទានសោសានិកង្គធុតង្គ ព្យាយាមជាប់មិនដាច់... 
- 
-ជាអ្នកសមាទានយថាសន្តតិកង្គធុតង្គ ព្យាយាមជាប់មិនដាច់... 
- 
-ជាអ្នកសមាទាននេសជ្ជិកង្គធុតង្គ ព្យាយាមជាប់មិនដាច់... 
- 
-ជាអ្នកប្រាថ្នាតិច ព្យាយាមជាប់មិនដាច់...... 
- 
-ជាអ្នកសន្ដោស ព្យាយាមជាប់មិនដាច់...... 
- 
-ជាអ្នកស្ងាត់ ព្យាយាមជាប់មិនដាច់...... 
- 
-ជាអ្នកមិនច្រឡំ (ដោយពួក) ព្យាយាមជាប់មិនដាច់ 
- 
-ព្រះភទ្ទិយៈជាបុត្រនៃសក្យានី ឈ្មោះគោធា ព្យាយាមជាប់មិនដាច់ ជាអ្នកមានព្យាយាមមុតមាំ ព្យាយាមជាប់មិនដាច់ ត្រេកអរចំពោះបិណ្ឌបាត ដែលមកដល់បាត្រ ដោយការស្វែងរក មិនមានសេចក្តីប្រកាន់ ចំរើនឈាន។  
- 
-ខ្ញុំព្រះអង្គលះបង់នូវភាជនៈ មានទម្ងន់ជាច្រើនបលៈ ជាវិការនៃមាស មានក្បាច់ដ៏ច្រើនស្រទាប់ ហើយកាន់យកនូវបាត្រដីនេះ ចាត់ជាការអភិសេកទី ២។ ក្នុងកាលមុន ខ្ញុំព្រះអង្គ មានពួកជនដៃកាន់ព្រះខាន់រក្សាហើយ ក្នុងទីខ្ពស់ មានកំពែងដ៏មូល មានប៉ម និងក្លោងទ្វារយ៉ាងមាំ គង់នៅរន្ធត់។ ថ្ងៃនេះព្រះភទ្ទិយៈដ៏ចំរើន ជាបុត្រនៃសក្យានី ឈ្មោះគោធានោះ មិនមានសេចក្តីតក់ស្លត់ បានលះបង់នូវភ័យដ៏ពន្លឹក ចូលកាន់ព្រៃ ចំរើនឈាន។ ខ្ញុំព្រះអង្គបានតម្កល់ខ្លួនក្នុងសីលក្ខន្ធ ចំរើននូវសតិ និងបញ្ញា ក៏បានដល់នូវការអស់ទៅនៃសំយោជនៈទាំងពួងតាមលំដាប់។  
- 
-ព្រះភទ្ទិយត្ថេរ ជាបុត្រនៃសក្យានី ឈ្មោះកាលិគោធា។ 
- 
-[២៥៦] បពិត្រព្រះសមណៈ ព្រះអង្គកំពុងស្ដេចយាង តែពោលថា តថាគតឈប់ ទាំងពោលចំពោះខ្ញុំដែលឈប់ ថាជាបុគ្គលមិនទាល់ឈប់ដូច្នេះវិញ បពិត្រព្រះសមណៈ ខ្ញុំសូមសួរសេចក្តីនុ៎ះនឹងព្រះអង្គ ព្រោះហេតុអ្វី បានជាព្រះអង្គ ឈ្មោះថាឈប់ ខ្ញុំព្រះអង្គឈ្មោះថា មិនឈប់។  
- 
-(ព្រះមានព្រះភាគ ត្រាស់ថា) ម្នាលអង្គុលីមាល តថាគតឈ្មោះថា ឈប់ ព្រោះដាក់បង់នូវអាជ្ញា ចំពោះពួកសត្វទាំងពួងគ្រប់កាលហើយ ចំណែកខាងអ្នក ជាបុគ្គលមិនសង្រួមក្នុងពួកសត្វ ព្រោះហេតុនោះ តថាគតទើបឈ្មោះថា ឈប់ ឯអ្នកឈ្មោះថា មិនឈប់ទេ។  
- 
-(អង្គុលិមាលចោរ ពោលថា) យូរណាស់មកហើយ ព្រះសមណៈអ្នកស្វែងរកនូវគុណដ៏ធំ ដែលគេបូជា ទើបតែនឹងយាងមកកាន់ព្រៃធំ (ដើម្បីអនុគ្រោះ) ដល់ខ្ញុំព្រះអង្គ ខ្ញុំព្រះអង្គនោះ នឹងលះបង់នូវបាបដ៏ច្រើន ព្រោះបានស្ដាប់ព្រះគាថាដែលប្រកបដោយធម៌របស់ព្រះអង្គ។ អង្គុលិមាលចោរពោលដូច្នេះហើយ ក៏ទំលាក់ចោលនូវដាវ និងអាវុធ ទៅក្នុងត្រពាំង ក្នុងជ្រោះ ក្នុងរណ្ដៅ អង្គុលិមាលចោរ បានថ្វាយបង្គំនូវព្រះបាទទាំងឡាយ នៃព្រះសុគត ហើយសុំផ្នួសនឹង ព្រះពុទ្ធ ក្នុងទីនោះឯង។  
- 
-ព្រះមានព្រះភាគអង្គណា ជាព្រះពុទ្ធប្រកបដោយករុណា ទ្រង់ស្វែងរកនូវគុណដ៏ធំ ជាសាស្ដានៃមនុស្សលោក ព្រមទាំងទេវលោក ព្រះមានព្រះភាគអង្គនោះ ទ្រង់បានត្រាស់នឹងអង្គុលិមាលចោរ ក្នុងកាលនោះថា អ្នកចូរមកជាភិក្ខុចុះ ភិក្ខុភាពនុ៎ះឯង ក៏សម្រេចដល់អង្គុលិមាលចោរនោះ។ 
- 
-(ព្រះអង្គុលិមាលត្ថេរ ពោលថា) បុគ្គលណា ប្រមាទក្នុងកាលមុន ហើយមិនប្រមាទក្នុងកាលខាងក្រោយ បុគ្គលនោះ រមែងញ៉ាំងលោកនេះ ឲ្យរុងរឿង ដូចព្រះចន្ទផុតស្រឡះចាកពពក។ បុគ្គលណាបានធើ្វអំពើបាប ហើយបិទ (អំពើបាបនោះ) ដោយកុសល បុគ្គលនោះ រមែងញ៉ាំងលោកនេះ ឲ្យរុងរឿង ដូចព្រះចន្ទផុតស្រឡះចាកពពក។ ភិក្ខុណា នៅក្មេង តែខ្មីឃ្មាតក្នុងពុទ្ធសាសនា ភិក្ខុនោះ រមែងញ៉ាំងលោកនេះ ឲ្យរុងរឿង ដូចព្រះចន្ទផុតស្រឡះចាកពពក។  
- 
-សូមពួកជនជាសត្រូវនឹងយើង ស្ដាប់នូវធម្មកថា សូមពួកជនជាសត្រូវនឹងយើង ខ្មីឃ្មាតក្នុងពុទ្ធសាសនាចុះ ពួកមនុស្សណា ដែលជាសប្បុរស តែងដឹកនាំក្នុងធម៌តែម្យ៉ាង សូមពួកជនជាសត្រូវនឹងយើង គប់រកនូវមនុស្សទាំងនោះចុះ។ 
- 
-សូមពួកជនជាសត្រូវនឹងយើង ស្ដាប់ធម៌របស់ពួកសប្បុរស ដែលជាអ្នកពោលនូវខន្តី ជាអ្នកសរសើរនូវសេចក្តីមិនក្រោធ តាមកាលគួរផង ចូរធ្វើតាមនូវធម៌នោះផង។ បើជននោះ មិនបៀតបៀនយើង ឬសត្វដទៃណាមួយទេ ជននោះ គប្បីដល់នូវសេចក្តីស្ងប់យ៉ាងឧត្តម គប្បីរក្សានូវជនដែលមានចិត្តតក់ស្លុត និងមានចិត្តមាំមួន។  
- 
-ពួកអ្នកបង្ហូរទឹក តែងបង្ហូរទឹក ពួកជាងព្រួញ តែងពត់ព្រួញ ពួកជាងចាំង តែងចាំងពត់ឈើ ពួកអ្នកប្រាជ្ញ តែងទូន្មានខ្លួន។ ជនពួកខ្លះ តែងទូន្មាន (នូវសត្វពាហនៈ មានដំរីជាដើម) ដោយដំបង កង្វេរ និងរំពាត់ផ្ដៅ ព្រះមានព្រះភាគ ជាតាទិបុគ្គល ទ្រង់ទូន្មានខ្ញុំ ដោយមិនបាច់ប្រើដំបង និងគ្រឿងសស្រ្តាទេ។ ក្នុងកាលមុន ខ្ញុំជាអ្នកបៀតបៀនគេ តែមាននាមថា អហឹសកៈ [អ្នកមិនបៀតបៀនគេ។] ក្នុងថ្ងៃនេះ ខ្ញុំមាននាមត្រូវតាមដំណើរពិតហើយ ព្រោះខ្ញុំមិនបៀតបៀនជនណាមួយឡើយ។ ក្នុងកាលមុន ខ្ញុំជាចោរល្បីឈ្មោះ ថាអង្គុលិមាល ដែលជំនន់ធំកួចនាំទៅហើយ (ឥឡូវ) ខ្ញុំបានដល់នូវព្រះពុទ្ធ ជាទីពឹងហើយ។ ក្នុងកាលមុន ខ្ញុំជាអ្នកមានដៃប្រឡាក់ឈាម ល្បីឈ្មោះ ថាអង្គុលិមាល អ្នកចូរមើលនូវដំណើរមកកាន់សរណៈ (របស់ខ្ញុំ) ចុះ ខ្ញុំបានដកនូវតណ្ហា ដែលនាំទៅកាន់ភពហើយ។ ខ្ញុំបានធ្វើកម្ម ដែលជាដំណើរទៅកាន់ទុគ្តតិបែបនោះជាច្រើន ត្រូវផលនៃកម្មប៉ះពាល់ (ឥឡូវ) ជាអ្នកមិនមានបំណុល បរិភោគនូវភោជន។ ពួកជនពាលឥតប្រាជ្ញា តែងប្រកបរឿយ ៗ នូវសេចក្តីប្រមាទ ចំណែកអ្នកប្រាជ្ញ តែងរក្សាទុកនូវសេចក្តីមិនប្រមាទ ដូចគេរក្សាទ្រព្យយ៉ាងប្រសើរ។ អ្នកទាំងឡាយកុំប្រកបរឿយ ៗ នូវសេចក្តីប្រមាទ កុំធ្វើនូវសេចក្តីស្និទ្ធស្នាល ដោយតម្រេកក្នុងកាមឡើយ ដ្បិតថា បុគ្គលអ្នកមិនប្រមាទ ប្រឹងចំរើនឈាន រមែងបាននូវសេចក្តីសុខយ៉ាងក្រៃលែង។ ដំណើរមករបស់ខ្ញុំ ជាដំណើរល្អ មិនមែនជាដំណើរប្រាសចាក (ប្រយោជន៍) គំនិតរបស់ខ្ញុំនុ៎ះ មិនមែនជាគំនិតខុសទេ ព្រោះខ្ញុំបានសម្រេចធម៌ដ៏ប្រសើរបំផុត ក្នុងពួកធម៌ដែលព្រះមានព្រះភាគ ចែកទុកដោយប្រពៃ។ ដំណើរមករបស់ខ្ញុំ ជាដំណើរល្អ មិនមែនជាដំណើរប្រាសចាក (ប្រយោជន៍) គំនិតរបស់ខ្ញុំនុ៎ះ មិនមែនជាគំនិតខុសទេ វិជ្ជា ៣ ខ្ញុំបានសម្រេចហើយ ពុទ្ធសាសនា ខ្ញុំក៏បានធ្វើហើយ។ (ក្នុងកាលមុន) ខ្ញុំឋិតក្នុងទីទាំងឡាយនោះ ៗ គឺព្រៃក្តី ម្លប់ឈើក្តី ភ្នំក្តី គុហាក្តី ខ្ញុំក៏មានចិត្តតក់ស្លុត ក្នុងកាលនោះ។ ឥឡូវនេះ ខ្ញុំដេកជាសុខ ឈរជាសុខ ចិញ្ចឹមជីវិតជាសុខ ជាបុគ្គលមិននៅក្នុងអន្ទាក់ដៃរបស់មារ ឱ ! ព្រះសាស្តា ទ្រង់អនុគ្រោះខ្ញុំ។ ក្នុងកាលមុន ខ្ញុំបានកើតជាព្រាហ្មណ៍ មានត្រកូលខ្ពស់ទាំងពីរខាង គឺ ខាងមាតា និងខាងបិតា ថ្ងៃនេះ ខ្ញុំបានជាបុត្រនៃព្រះសុគត ជាសាស្តាធម្មរាជ។ ខ្ញុំជាបុគ្គលប្រាសចាកតណ្ហា មិនមានសេចក្តីប្រកាន់ បានគ្រប់គ្រងទ្វារ សង្រួមដោយប្រពៃហើយ ការអស់ទៅនៃអាសវៈ ខ្ញុំបានដល់ហើយ ព្រោះបានសម្លាប់ឫសគល់នៃទុក្ខ។ ព្រះសាស្តា ខ្ញុំបានប្រណិប័តន៍ហើយ ពុទ្ធសាសនា ខ្ញុំបានធ្វើហើយ ភារៈដ៏ធ្ងន់ ខ្ញុំបានដាក់ចោលហើយ តណ្ហាជាគ្រឿងនាំទៅកាន់ភព ខ្ញុំក៏ដកចោលហើយ។  
- 
-អង្គុលិមាលត្ថេរ។ 
- 
-[២៥៧] អនុរុទ្ធ បានលះបង់នូវមាតា បិតា បងប្អូនស្រី ញាតិ និងបងប្អូនប្រុសទាំងឡាយ លះបង់នូវកាមគុណ ៥ ហើយចំរើននូវឈាន។ (ក្នុងកាលមុន) អនុរុទ្ធ ជាអ្នកបរិបូណ៌ដោយរបាំ និងចម្រៀង ភ្ញាក់រលឹកដោយគ្រឿងប្រគំ ជាអ្នកត្រេកអរតែក្នុងវិស័យរបស់មារ ក៏មិនបានដល់នូវសេចក្តីបរិសុទ្ធិ ដោយហេតុនោះ។ (ឥឡូវនេះ) អនុរុទ្ធ បានកន្លងនូវវិស័យរបស់មារនុ៎ះហើយ ត្រេកអរក្នុងសាសនារបស់ព្រះពុទ្ធ បានឆ្លងផុតនូវឱឃៈទាំងពួង ចំរើនឈាន។ អនុរុទ្ធ បានកន្លងនូវរូប សំឡេង ក្លិន រស ផ្សព្វ ជាទីគាប់ចិត្តទាំងនុ៎ះ ចំរើនឈាន។ អនុរុទ្ធ ជាបុគ្គលម្នាក់ឯង មិនមានតណ្ហាជាគំរប់ពីរ ជាអ្នកប្រាជ្ញមិនមានអាសវៈ ត្រឡប់អំពីបិណ្ឌបាត ស្វែងរកនូវចីវរបង្សុកូលទាំងឡាយ។ អនុរុទ្ធ ជាអ្នកប្រាជ្ញ មានយោបល់មិនមានអាសវៈ រើសកាន់យក គក់លាង ជ្រលក់ ប្រើប្រាស់ នូវចីវរបង្សុកូលទាំងឡាយ។ បុគ្គលណា មានសេចក្តីប្រាថ្នាច្រើន មិនមានសន្តោស ជាអ្នកច្រឡំដោយពួក មានចិត្តរាយមាយ ធម៌ដ៏លាមក ជាគ្រឿងសៅហ្មងទាំងនេះ តែងកើតមានដល់បុគ្គលនោះ។ បុគ្គលណា ជាអ្នកមានស្មារតី មានសេចក្តីប្រាថ្នាតិច ជាអ្នកសន្តោស មិនមានចិត្តចង្អៀតចង្អល់ ត្រេកអរក្នុងទីស្ងាត់ ជាអ្នកស្ងាត់ មានការព្យាយាមតឹងតែងជានិច្ច ធម៌ជាកុសល ជាចំណែកនៃការត្រាស់ដឹងទាំងនេះ តែងកើតមានដល់បុគ្គលនោះ ព្រះពុទ្ធជាមហេសី ទ្រង់ត្រាស់ថា បុគ្គលនោះ ជាអ្នកមិនមានអាសវៈ។ ព្រះសាស្តា ជាបុគ្គលប្រសើរក្នុងលោក ទ្រង់ជ្រាបនូវសេចក្តីត្រិះរិះរបស់ខ្ញុំ ក៏យាងមកដោយឫទ្ធិ៍ ដោយព្រះកាយដែលសម្រេចអំពីចិត្ត។ ខ្ញុំមានសេចក្តីត្រិះរិះ ក្នុងកាលណា ព្រះសាស្តាទ្រង់បានសំដែងនូវធម៌ (មហាបុរិសវិតក្កៈ) ដ៏លើសលុបក្នុងកាលនោះ ព្រះពុទ្ធ ទ្រង់ត្រេកអរក្នុងធម៌ ដែលមិនមានដំណើរយឺតយូរ សំដែងនូវធម៌ដែលមិនមានដំណើរយឺតយូរ។ ខ្ញុំដឹងនូវធម្មទេសនារបស់ព្រះសាស្តានោះហើយ ត្រេកអរក្នុងសាសនា វិជ្ជា ៣ ខ្ញុំបានសម្រេចហើយ ពុទ្ធសាសនា ខ្ញុំបានធ្វើហើយ។ ខ្ញុំបានសមាទាននេសជ្ជិកង្គធុតង្គ អស់ ៥៥ ឆ្នាំ ខ្ញុំបានដករំលើងនូវកិរិយាងោកងុយអស់ ២៥ ឆ្នាំហើយ។ ព្រះពុទ្ធ ព្រះអង្គជាបុគ្គលនឹងធឹង មានព្រះទ័យខ្ជាប់ខ្ជួន មិនមានខ្យល់អស្សាសបស្សាសៈហើយ ព្រះពុទ្ធមានចក្ខុ មិនមានកិលេសជាគ្រឿងញាប់ញ័រ ទ្រង់ប្រារព្ធនូវសេចក្តីស្ងប់ បរិនិព្វានហើយ។ ព្រះពុទ្ធ ទ្រង់អត់សង្កត់នូវវេទនា ដោយព្រះទ័យមិនរួញរា ការផុតស្រឡះនៃចិត្ត (របស់ព្រះអង្គ) ដូចជាកិរិយារលត់នៃប្រទីប។ សភាវៈ មានផស្សៈជាគំរប់ ៥ របស់ព្រះពុទ្ធ ជាអ្នកប្រាជ្ញនុ៎ះ មានក្នុងទីបំផុត ក្នុងកាលឥឡូវនេះហើយ នាកាលព្រះសម្ពុទ្ធទ្រង់បរិនិព្វានហើយ ធម៌ដទៃ គឺចិត្ត និងចេតសិក មិនមានទៀតទេ។ ម្នាលទេវតា ឈ្មោះជាលិនី ឥឡូវនេះ (អាត្មា) មិនមានការអាស្រ័យនៅក្នុងពួកទេវតាទៀតឡើយ ជាតិសង្សារ របស់អាត្មាក៏អស់ហើយ ឥឡូវនេះ ភពថ្មីមិនមានទេ។  
- 
-ភិក្ខុណា អាចដឹងច្បាស់នូវលោក មានចំណែកមួយពាន់ ព្រមទាំងព្រហ្មលោក ក្នុងមួយរំពេចបាន ភិក្ខុនោះ ជាអ្នកស្ទាត់ក្នុងឥទ្ធិគុណ ក្នុងចុតូបបាតញ្ញាណ រមែងឃើញពួកទេវតា ក្នុងកាលគួរ។ ក្នុងកាលមុន ខ្ញុំបានកើតជាបុរសកំសត់ ឈ្មោះអន្នភារៈ ជាអ្នកធ្វើការឈ្នួល ដើម្បីអាហារ បានផ្គត់ផ្គង់សមណៈ (ព្រះបច្ចេកពុទ្ធ) ឈ្មោះឧបរិដ្ឋៈ ជាអ្នកមានយស។ ពួកជនអ្នកចេះដឹង តែងស្គាល់ខ្ញុំថា ខ្ញុំនោះឈ្មោះអនុរុទ្ធ កើតក្នុងសក្យត្រកូល ជាអ្នកបរិបូណ៌ដោយរបាំ និងចំរៀង ភ្ញាក់រលឹកដោយគ្រឿងប្រគំ។ ខ្ញុំបានឃើញព្រះសម្ពុទ្ធ ជាសាស្តា មិនមានភ័យអំពីទីណា ក៏ញ៉ាំងចិត្តឲ្យជ្រះថ្លាក្នុងព្រះសម្ពុទ្ធនោះ ហើយចូលទៅកាន់ផ្នួស។ ខ្ញុំដឹងនូវបុព្វេនិវាស ដែលជាលំនៅរបស់អាត្មាធ្លាប់នៅក្នុងកាលមុន ក្នុងទេវលោកឈ្មោះតាវត្តិង្ស បានឋិតនៅក្នុងជាតិជាសក្កៈ (ព្រះឥន្ទ្រ)។ អាត្មាបានជាធំក្នុងមនុស្ស សោយរាជ្យអស់ ៧ ជាតិ ជាធំលើផែនដី មានសមុទ្រទាំងបួន ជាទីបំផុត មានជ័យជំនះ ជាឥស្សរៈក្នុងជម្ពូទ្វីប ប្រៀនប្រដៅ (ប្រជាជន) ដោយធម៌ មិនប្រើដំបង និងគ្រឿងសស្រ្តា។ កាលនោះ ខ្ញុំបានឋិតនៅក្នុងទេវលោក ដឹងច្បាស់នូវខន្ធ ដែលធ្លាប់អាស្រ័យនៅក្នុងកាលមុន អស់ ១៤ សង្សារវដ្ដ (១៤ ជាតិ) គឺខាងទេវលោកនេះ ៧ ជាតិ ខាងមនុស្សលោកនេះ ៧ ជាតិ។  
- 
-កាលសមាធិប្រកបដោយអង្គ [សមាធិប្រកបដោយអង្គ ៥ គឺបីតិផរណតា ការផ្សាយទៅនៃបីតិ ១ ចេតោផរណតា ការផ្សាយទៅនៃចិត្ត ១ អាលោកផរណតា ការផ្សាយទៅនៃពន្លឺ ១ បច្ចវេក្ខណា ការពិចារណាស្ទាត់ ១ និមិត្តំ ការប្រកបដោយនិមិត្ត មានបរិកម្មជានិមិត្ត ១។ អដ្ឋកថា។] ៥ ខ្ញុំបានចំរើនឲ្យមានអារម្មណ៍មូលតែមួយហើយ ខ្ញុំក៏បានសេចក្តីស្ងប់រម្ងាប់ ទិព្វចក្ខុរបស់ខ្ញុំក៏បរិសុទ្ធ។ ខ្ញុំលុះបានឋិតនៅក្នុងឈានប្រកបដោយអង្គ ៥ ហើយ ក៏ដឹងនូវការច្យុតិ និងការកើត គឺដំណើរមក និងដំណើរទៅ (ព្រមទាំង) ការកើតឡើងយ៉ាងនេះ និងការប្រែប្រួលទៅជាយ៉ាងដទៃរបស់សត្វទាំងឡាយ។ ព្រះសាស្ដា ខ្ញុំបានបំរើហើយ។បេ។ តណ្ហាជាគ្រឿងនាំទៅកាន់ភព ខ្ញុំបានដកចោលហើយ។ ខ្ញុំជាបុគ្គលមិនមានអាសវៈ លុះអស់ជីវិត ខ្ញុំនឹងនិព្វានក្រោមគុម្ពឫស្សី ក្នុងវេឡុវនគ្រាម របស់ពួកជនអ្នកនៅក្នុងដែនវជ្ជី។  
- 
-អនុរុទ្ធត្ថេរ។ 
- 
-[២៥៨] ចិន្ដារបស់សមណៈ អ្នកមានអារម្មណ៍មូលតែមួយ អង្គុយក្នុងព្រៃធំមានផ្ការីក ជាអ្នកមានសេចក្តីស្ងប់ស្ងាត់ មានឈានបានកើតមានហើយ។ កាលដែលព្រះលោកនាថជាឧត្តមបុរស មានព្រះជន្មនៅឡើយ ការប្រព្រឹត្តិរបស់ពួកភិក្ខុ មានដោយឡែក ឥឡូវនេះ (ការប្រព្រឹត្តិ) ក៏ប្រាកដដោយឡែក។ ពួកភិក្ខុជាអ្នកសន្ដោសក្នុងបច្ច័យតាមមានតាមបាន បានប្រើប្រាស់នូវចីវរ គ្រាន់តែជាគ្រឿងការពារនូវត្រជាក់ និងខ្យល់ គ្រាន់តែជាគ្រឿងបិទបាំងនូវកេរ្ដិ៍ខ្មាស។ ពួកភិក្ខុជាអ្នកមិនជាប់ មិនជ្រប់ បានបរិភោគរបស់ថ្លៃថ្លាក្តី សៅហ្មងក្ដី តិចក្តី ច្រើនក្ដី ដើម្បីញ៉ាំងអត្តភាព ឲ្យប្រព្រឹត្តទៅប៉ុណ្ណោះ។ ពួកភិក្ខុមិនបានខ្វល់ខ្វាយក្នុងភេសជ្ជបច្ច័យ ជាបរិក្ខារនៃជីវិតខ្លាំងពេក ដូចជាខ្វល់ខ្វាយក្នុងធម៌ជាទីអស់នៃអាសវៈទេ។ ពួកភិក្ខុចំរើនរឿយ ៗ នូវវិវេកធម៌ ប្រព្រឹត្តឈមទៅរកវិវេក នៅក្នុងព្រៃទៀបគល់នៃឈើក្នុងជ្រោះ និងក្នុងគុហាទាំងឡាយ។ ពួកភិក្ខុជាអ្នកប្រព្រឹត្តបន្ទាបខ្លួន តាំងមាំ (ក្នុងសាសនា) ជាអ្នកចិញ្ចឹមងាយ ជាអ្នកមានចិត្តទន់ មានចិត្តមិនរឹងត្អឹង មិនច្របូកច្របល់ដោយកិលេស មិនមានមាត់រឹង ជាអ្នកលុះក្នុងអំណាចនៃការគិតរកប្រយោជន៍ (ខ្លួន និងអ្នកដទៃ)។ ព្រោះហេតុនោះ ដំណើរទៅ និងការបរិភោគ ការសេព (របស់ពួកភិក្ខុ) គួរជាទីជ្រះថ្លា ទាំងមានឥរិយាបថ ដូចធារនៃប្រេងដ៏ស្និទ្ធល្អ។ ព្រះថេរៈទាំងនោះ មានអាសវៈទាំងពួងអស់ហើយ មានឈានច្រើន មានប្រយោជន៍ច្រើន ឥឡូវនេះ បរិនិព្វានហើយ ឥឡូវនេះ ពួកភិក្ខុបែបនោះ មានតិច។ សាសនានៃព្រះជិនស្រី ប្រកបដោយអាការដ៏ប្រសើរគ្រប់យ៉ាង រមែងសាបសូន្យទៅ ព្រោះការអស់ទៅនៃកុសលធម៌ផង នៃបញ្ញាផង។ កាលជារដូវនៃបាបធម៌ និងកិលេស (កំពុងប្រព្រឹត្តទៅ) ពួកភិក្ខុណាខ្នះខ្នែង ដើម្បីវិវេក ពួកភិក្ខុនោះ ឈ្មោះថា មានព្រះសទ្ធម្មសល់នៅ [កាលរដូវដែលពួកបុថុជ្ជនកំពុងសម្បូរដោយបាបធម៌ និងកិលេស ទោះបីភិក្ខុពួកខ្លះ ប្រកបព្យាយាមក្នុងវិធីនៃកម្មដ្ឋាន ដោយសេចក្តីប្រតិបត្តិយ៉ាងឧក្រិដ្ឋ ក៏មិនអាចនឹងញុំាងសេចក្តីប្រតិបត្តិឲ្យសម្រេចបានដោយងាយ ព្រោះព្រះសទ្ធម្មដែលសល់នៅក្រៅអំពីសេចក្តីប្រតិបត្តិនោះជាច្រើន ដោយបាបធម៌ និងកិលេសចូលជ្រៀតជ្រែក។ អដ្ឋកថា។] ។ កិលេសទាំងនោះ កាលចំរើនឡើង រមែងជ្រៀតជ្រែកនូវជនជាច្រើន ទំនងហាក់ប្រឡែងលេងនឹងពួកជនពាល ដូចពួកអារក្សទឹក ប្រឡែងលេងនឹងមនុស្សឆ្កួត។ ពួកនរជនទាំងនោះ លុះត្រូវកិលេសគ្របសង្កត់ហើយ តែងស្ទុះទៅតាមចំណែកនៃកិច្ចនោះ ៗ ព្រោះកិលេសវត្ថុទាំងឡាយ ក្នុងកាលជាទីចាប់យកដោយខ្លួនឯង ដែលពួកកិលេសឃោសនាហើយ។ ពួកជននោះ លះបង់នូវព្រះសទ្ធម្ម ហើយឈ្លោះប្រកែកគ្នានឹងគ្នា លុះក្នុងអំណាចទិដ្ឋិ សំគាល់ថា វត្ថុនេះ ប្រសើរបំផុត ដូច្នេះ។ ពួកជន ដែលលះបង់នូវទ្រព្យ និងកូនប្រពន្ធ ហើយចេញទៅ (អំពីផ្ទះ) រមែងសេពនូវអំពើដែលមិនគួរធ្វើ ព្រោះហេតុ សូម្បីត្រឹមតែចង្ហាន់មួយវែក។ (ពួកភិក្ខុនោះ) បរិភោគអាហារពេញពោះ ហើយដេកផ្ងារ ភ្ញាក់ឡើងហើយក៏នាំគ្នានិយាយពាក្យ ដែលព្រះសាស្ដាទ្រង់តិះដៀល។ ពួកភិក្ខុ ហាត់ធ្វើយ៉ាងផ្ចិតផ្ចង់នូវសិល្បៈ ដូចជាងទាំងពួង មិនរម្ងាប់នូវសន្ដានចិត្តខាងក្នុង គុណវិសេស គឺប្រយោជន៍នៃសមណធម៌ (របស់ពួកភិក្ខុនោះ) ក៏អាក់ខាន។ ពួកភិក្ខុ កាលប្រាថ្នានូវចតុប្បច្ច័យច្រើនលើសលុប រមែងបង្អោននូវដីស្អិត ប្រេង គ្រឿងលំអិត ទឹក អាសនៈ និងភោជន ដល់ពួកគ្រហស្ថ។ ឲ្យនូវឈើស្ទន់ ផ្លែក្វិដ្ឋ ផ្កាឈើ វត្ថុសម្រាប់ទំពាស៊ី បិណ្ឌបាតដ៏ល្អ ៗ ផ្លែស្វាយ និងផ្លែកន្ទួតព្រៃទាំងឡាយ ខ្វល់ខ្វាយក្នុងភេសជ្ជៈ ដូចពួកពេទ្យ ខ្វល់ខ្វាយក្នុងកិច្ចតូចធំ (នៃជម្ងឺ) ដូចពួកគ្រហស្ថប្រកបក្នុងការស្អិតស្អាង ដូចស្រីពេស្យា ឬដូចពួកក្សត្រយ៍ ខ្វល់ខ្វាយក្នុងឥស្សរភាព ជាអ្នកបោកប្រាសបញ្ឆោត ធ្វើជាសក្សីវៀច ជាអ្នកកោងកាច បរិភោគអាមិសៈ ដោយអាការជាមិច្ឆាជីវៈច្រើនយ៉ាង។ ពួកភិក្ខុជាអ្នករវះរវាម (ដោយបាបធម៌) ក្នុងលេសដ៏គួរ ក្នុងរបិចវាសវាង ត្រូវការចិញ្ចឹមជីវិត ប្រមូលមកនូវទ្រព្យដ៏ច្រើន ដោយឧបាយ។ ពួកភិក្ខុញ៉ាំងបរិស័ទ ឲ្យផ្គត់ផ្គង់ ព្រោះការងារ មិនមែនព្រោះធម៌ សំដែងធម៌ដល់ជនដទៃ ព្រោះតែលាភ មិនសំដែងព្រោះ (ប្រាថ្នា) ប្រយោជន៍ (សាធារណៈ)។ ពួកភិក្ខុឈ្លោះប្រកែក ព្រោះតែសង្ឃលាភ ជាខាងក្រៅអំពីសង្ឃ ចិញ្ចឹមជីវិតដោយលាភរបស់ជនដទៃ ជាបុគ្គលមិនខ្មាសអៀន។ មួយទៀត ពួកភិក្ខុខ្លះ ជាអ្នកមិនប្រកប (សមណធម៌) ជាបុគ្គលមានក្បាលត្រងោល ដណ្ដប់សង្ឃាដិ ជាអ្នកល្មោភដោយលាភសក្ការៈ ប្រាថ្នាតែសេចក្តី សរសើរ។ កាលបើកិលេសធម៌ ប្រព្រឹត្តទៅដោយប្រការផ្សេង ៗ យ៉ាងនេះ ឥឡូវនេះ ភិក្ខុមិនអាចនឹងប៉ះពាល់នូវគុណវិសេសដែលមិនទាន់បានប៉ះពាល់ ឬមិនអាចនឹងរក្សានូវគុណវិសេស ដែលបានប៉ះពាល់ដូច្នោះបានឡើយ។ ជន មិនមានស្បែកជើង ត្រាច់ទៅក្នុងទីមានបន្លាយ៉ាងណា អ្នកប្រាជ្ញគួរប្រុងស្មារតី ត្រាច់ទៅក្នុងស្រុកយ៉ាងនោះ។ យោគី កាលរលឹកឃើញពួកលោកអ្នកមានព្យាយាមក្នុងកាលពីដើម រលឹកឃើញនូវវត្តប្រតិបត្តិ របស់ពួកលោកទាំងនោះ ទោះបីកាលជាខាងក្រោយ (អំពីកាលដែលព្រះសាស្ដាគង់នៅ) ក៏ដោយ គង់បានប៉ះពាល់នូវផ្លូវអមតៈ។ 
- 
-សមណៈ បានចំរើននូវឥន្រ្ទិយ ជាអ្នកបណ្ដែតចោលនូវបាប ជាអ្នកស្វែងរកនូវគុណ មានភពថ្មីអស់ហើយ លុះពោលយ៉ាងនេះហើយ ក៏បរិនិព្វាន ក្នុងសាលវ័ន។ 
- 
-បារាសរិយត្ថេរ។ 
- 
-ឧទ្ទាន 
- 
-ព្រះថេរៈ ១០ នេះ គឺអធិមុត្តត្ថេរ ១ បារាសរិយត្ថេរ ១ តេលុកានិត្ថេរ ១ រដ្ឋបាលត្ថេរ ១ មាលុង្ក្យបុត្តត្ថេរ ១ សេលត្ថេរ ១ ភទ្ទិយត្ថេរ ១ អង្គុលិមាលត្ថេរ ១ អនុរុទ្ធត្ថេរ មានទិព្វចក្ខុ ១ បារាសរិយត្ថេរ ១ បានសំដែងគាថា ២០០ លើស ៤៥ ដែលមកក្នុងវីសតិនិបាត។  
- 
-ចប់ វីសតិនិបាត។ 
- 
-ថេរគាថា តឹសនិបាត 
- 
-[២៥៩] ឥសីឈ្មោះបណ្ឌរសគោត្រ ឃើញពួកភិក្ខុជាច្រើន ដែលគួរនាំមកនូវសេចក្តីជ្រះថ្លា មានចិត្តអប់រំហើយ សង្រួមល្អហើយ ក៏បានសួរនូវព្រះថេរៈឈ្មោះ បុស្សៈថា។ ពួកភិក្ខុនឹងមានប្រាថ្នាដូចម្ដេច មានបំណងដូចម្ដេច មានអាកប្បកិរិយាដូចម្ដេច ក្នុងកាលអនាគត លោកដែលខ្ញុំសួរហើយ សូមប្រាប់នូវដំណើរនោះឲ្យទាន។  
- 
-(ព្រះបុស្សត្ថេរ ពោលថា) ម្នាលឥសីឈ្មោះបណ្ឌរស អ្នកចូរស្ដាប់ពាក្យអាត្មា ចូរចាំទុកដោយគោរព អាត្មានឹងប្រាប់នូវកាលជាអនាគត។ ពួកភិក្ខុច្រើនរូប ជាបុគ្គលមានសេចក្តីក្រោធ ចងសេចក្តីក្រោធទុក ជាអ្នកលុបគុណគេ ជាបុគ្គលរបឹង ជាអ្នកបោកប្រាស ជាអ្នកច្រណែន ជាអ្នកមានវាទៈផ្សេង ៗ គ្នា នឹងមានក្នុងអនាគត។ ភិក្ខុមានសេចក្តីប្រកាន់ថាខ្លួន ដឹងធម៌ដ៏ជ្រាលជ្រៅ មានអារម្មណ៍ក្នុងត្រើយ (ខាងអាយអំពីធម៌នោះ) មានចិត្តស្រាល មិនធ្ងន់ក្នុងព្រះសទ្ធម្ម រមែងជាអ្នកមិនមានសេចក្តីគោរពគ្នានឹងគ្នា។ ទោសទាំងឡាយជាច្រើន នឹងកើតឡើងក្នុងលោក ក្នុងកាលជាអនាគត គឺពួកភិក្ខុអប្បប្រាជ្ញានឹងញ៉ាំងធម៌ដែលព្រះមានព្រះភាគសំដែងហើយដោយប្រពៃនេះ ឲ្យសៅហ្មង។ ពួកភិក្ខុសាបសូន្យចាកគុណ កាលចរចាក្នុងសង្ឃ នឹងជាអ្នកក្លៀវក្លា មានកំឡាំង មានមាត់រឹង តែជាអ្នកមិនមានការចេះដឹង។ ឯពួកភិក្ខុមានគុណ មានហិរិ មិនមានសេចក្តីត្រូវការ (របស់អ្វី) កាលពោលពាក្យក្នុងសង្ឃតាមសេចក្តីពិត នឹងជាអ្នកមានកំឡាំងថយ។ ក្នុងអនាគតកាល ពួកភិក្ខុដែលឥតប្រាជ្ញា នឹងត្រេកត្រអាលចំពោះប្រាក់មាស ស្រែចម្ការ ពពែ ចៀម ខ្ញុំស្រី និងខ្ញុំប្រុស។ ពួកភិក្ខុពាល ជាអ្នកសំគាល់ក្នុងការលើកទោស មិនតាំងមាំក្នុងសីលទាំងឡាយ ជាអ្នកក្រអឺតក្រអោង ត្រេកត្រអាលក្នុងជម្លោះ នឹងត្រាច់ទៅផ្សេង ៗ ដូចម្រឹគ មួយទៀត នឹងមានពួកភិក្ខុជាអ្នករាយមាយ ស្លៀកដណ្ដប់ចីវរមានពណ៌ខៀវ ជាមនុស្សកុហក ជាបុគ្គលរឹងត្អឹង ជាអ្នកចរចារួសរាយ មានកិលេសដូចស្នែង នឹងប្រព្រឹត្តដូចព្រះអរិយៈ។ ពួកភិក្ខុ ដែលមានសក់រលើបដោយប្រេង ជាអ្នកឃ្លេងឃ្លោង មានភ្នែកលាបថ្នាំ ដណ្ដប់សំពត់មានសម្បុរដូចភ្លុក នឹងដើរតាមច្រក។ ភិក្ខុពាលទាំងនោះ នឹងខ្ពើមនូវសំពត់កាសាវៈ ដែលពួកព្រះអរិយៈមានចិត្តផុតស្រឡះមិនខ្ពើម ជាសំពត់ជ្រលក់ត្រឹមត្រូវ ជាទង់ជ័យនៃព្រះអរិយៈ ហើយជាអ្នកជ្រប់នៅតែក្នុងសំពត់មានពណ៌ស។ នឹងមានពួកភិក្ខុជាអ្នកប្រាថ្នាលាភ ជាបុគ្គលខ្ជិល មានព្យាយាមទន់ ទាំងជាបុគ្គលធុញទ្រាន់នឹងព្រៃធំ ៗ ទាំងឡាយ ហើយនៅតែក្នុងសេនាសនៈជិត ៗ ស្រុក។ ពួកភិក្ខុណា ៗ ត្រេកអរក្នុងមិច្ឆាជីវៈ នឹងបានលាភគ្រប់កាលទាំងពួង ពួកភិក្ខុដែលសិក្សាតាមភិក្ខុទាំងនោះ ៗ ក៏នឹងទៅជាអ្នកមិនសង្រួម។ ពួកភិក្ខុណា ៗ ជាអ្នកមិនបានលាភ ពួកភិក្ខុទាំងនោះ នឹងមិនមានគេបូជា ពួកភិក្ខុទាំងនោះ នឹងមិនគប់រកនូវអ្នកប្រាជ្ញ ដែលមានសីលជាទីស្រឡាញ់ ក្នុងកាលនោះ។ ពួកភិក្ខុខ្លះ នឹងតិះដៀលនូវសំពត់កាសាវៈ ជាទង់ជ័យរបស់ខ្លួន ហើយទៅស្លៀកដណ្ដប់សំពត់ ជាទង់ជ័យពួកតិរ្ថិយ ដែលជ្រលក់ដោយមក្លឿក៏មាន ជាសំពត់សក៏មាន។ សេចក្ដីមិនគោរពក្នុងសំពត់កាសាវៈនៃពួកភិក្ខុទាំងនោះ នឹងមានក្នុងកាលនោះ ទាំងការពិចារណា ក្នុងសំពត់កាសាវៈ នៃពួកភិក្ខុ ក៏នឹងមិនមានដែរ។ ដំរីដ៏ប្រសើរ កាលត្រូវសេចក្ដីទុក្ខគ្របសង្កត់ ត្រូវសរមុត ញ័រកាយចំប្រប់ ក៏មានការគិតពិចារណាដ៏ខ្លាំងក្រៃលែង ជាគំនិតដែលមិនធ្លាប់គិតមក។ ព្រោះថា គ្រានោះ ដំរីឆទ្ទន្ត បានឃើញសំពត់កាសាវៈ ជាទង់ជ័យព្រះអរហន្ត ដែលជ្រលក់យ៉ាងល្អ ហើយបានពោលនូវគាថាទាំងឡាយ ដែលប្រកបដោយប្រយោជន៍ ក្នុងខណៈនោះឯង។ បុគ្គលណា មិនទាន់ប្រាសចាកទឹកចត់ គឺរាគាទិក្កិលេស ជាអ្នកប្រាសចាកទមៈ និងសច្ចៈ ស្លៀកដណ្ដប់នូវសំពត់កាសាវៈ បុគ្គលនោះ មិនគួរ (ស្លៀកដណ្ដប់) នូវសំពត់កាសាវៈឡើយ។ លុះតែបុគ្គលណា បានខ្ជាក់ចោលនូវទឹកចត់ គឺរាគាទិក្កិលេស តាំងមាំល្អក្នុងសីលទាំងឡាយ ប្រកបដោយទមៈ និងសច្ចៈ បុគ្គលនោះឯង ទើបគួរ (ស្លៀកដណ្ដប់) នូវសំពត់កាសាវៈ។ បុគ្គលណា ជាអ្នកវិបត្តិសីល មានគំនិតអាក្រក់ ប្រាកដជាអ្នកទ្រុស្ដសីល ធ្វើតាមតែប្រាថ្នា មានចិត្តរាយមាយ មិនមានធម៌ស បុគ្គលនោះ មិនគួរ (ស្លៀកដណ្ដប់) នូវសំពត់កាសាវៈឡើយ។ លុះតែបុគ្គលណា បរិបូណ៌ដោយសីល ប្រាសចាកឆន្ទរាគៈ មានចិត្តតាំងមាំ មានសេចក្តីត្រិះរិះក្នុងចិត្តដ៏ស បុគ្គលនោះឯង ទើបគួរ (ស្លៀកដណ្ដប់) នូវសំពត់កាសាវៈ។ សីលរបស់បុគ្គលណាមិនមាន បុគ្គលនោះ ជាអ្នករវើរវាយ ក្រអឺតក្រអោង ជាបុគ្គលពាល គួរតែ (ស្លៀកដណ្ដប់) នូវសំពត់មានពណ៌ស និងស្លៀកដណ្ដប់នូវសំពត់កាសាវៈដូចម្ដេចកើត។ ក្នុងកាលជាអនាគត ពួកភិក្ខុ ភិក្ខុនី ជាអ្នកមានចិត្តប្រទូស្ត ជាអ្នកឃ្នើសឃ្នង នឹងសង្កត់សង្កិននូវពួកលោកដែលប្រកបដោយតាទិគុណ មានចិត្តប្រកបដោយមេត្តា។ ពួកភិក្ខុពាល ដែលមានគំនិតអាក្រក់ ប្រាកដជាអ្នកទ្រុស្តសីល ធ្វើតាមតែប្រាថ្នា កាលបើពួកព្រះថេរៈ បង្ហាត់នូវការស្លៀកដណ្ដប់ចីវរ នឹងមិនព្រមស្ដាប់។ ពួកភិក្ខុពាលទាំងនោះ ដែលឧបជ្ឈាយាចារ្យ ឲ្យសិក្សាយ៉ាងនោះហើយ ក៏ជាបុគ្គលមិនមានការគោរពគ្នានឹងគ្នា នឹងមិនអើពើចំពោះឧបជ្ឈាយាចារ្យ ដូចសេះមានពុតត្បុត មិនអើពើនឹងនាយសារថី។ ក្នុងកាលជាអនាគត ពួកភិក្ខុ ភិក្ខុនី នឹងមានសេចក្តីប្រតិបត្តិយ៉ាងនេះ ក្នុងបច្ឆិមកាលដែលមកដល់។ ភ័យដ៏ធំនេះ ដែលមិនទាន់មកដល់ ក៏រមែងមកដល់មុនមិនខាន អ្នកទាំងឡាយ ចូរជាបុគ្គលប្រដៅងាយ មានចិត្តដ៏ទន់ ប្រកបដោយសេចក្តីគោរពដល់គ្នានឹងគ្នាចុះ។  
- 
-អ្នកទាំងឡាយ ចូរជាបុគ្គលមានចិត្តមេត្តា ករុណា សង្រួមក្នុងសីលទាំងឡាយ មានការព្យាយាមតឹងតែង មានចិត្តស្លុងទៅកាន់និព្វាន មានសេចក្តីសង្វាតមាំ អស់កាលជានិច្ចចុះ។ អ្នកទាំងឡាយ បើឃើញសេចក្តីប្រមាទ ថាជាភ័យ ទាំងឃើញនូវសេចក្តីមិនប្រមាទ ថាជាទីក្សេមហើយ ចូរចំរើននូវមគ្គមានអង្គ ៨ (កាលបើយ៉ាងនេះ) ពួកភិក្ខុ ក៏រមែងបាននូវអមតបទ គឺព្រះនិព្វាន។ 
- 
-បុស្សត្ថេរ។ 
- 
-[២៦០] បុគ្គលណា ជាអ្នកប្រព្រឹត្តសមគួរ ជាអ្នកស្ងប់សមគួរ មានស្មារតី ជាអ្នកមិនធ្វេសប្រហែសក្នុងការត្រិះរិះ និងការប្រព្រឹត្តិសមគួរ ត្រេកអរដោយភាវនាក្នុងសន្ដាន មានចិត្តតាំងមាំ ជាបុគ្គលម្នាក់ឯង មានសេចក្តីសន្ដោស អ្នកប្រាជ្ញទាំងឡាយ ហៅបុគ្គលនោះថាជាភិក្ខុ។ ភិក្ខុកាលបរិភោគ នូវអាហារស្រស់ ឬក្រៀម មិនគប្បីឲ្យឆ្អែតជ្រុលទេ គប្បីជាអ្នកមានពោះធូរ មានអាហារដ៏ល្មម មានស្មារតីវៀរចេញ។ ភិក្ខុឈប់បរិភោគ ៤ ឬ ៥ ពំនូត (ក្នុងកាលជិតឆ្អែត) ហើយគប្បីផឹកទឹក នេះជាការល្មមដល់កិរិយានៅជាសុខ នៃភិក្ខុអ្នកមានចិត្តស្លុងទៅរក (ព្រះនិព្វាន)។ 
- 
-ភិក្ខុស្លៀកដណ្ដប់នូវចីវរជាកប្បិយៈ ប្រយោជន៍ (ត្រឹមតែការពារត្រជាក់ជាដើម) នេះជាការគួរដល់កិរិយានៅជាសុខនៃភិក្ខុអ្នកមានចិត្តស្លុងទៅរក (ព្រះនិព្វាន)។ កាលភិក្ខុអង្គុយដោយភ្នែន ភ្លៀងមិនស្រក់ត្រូវត្រង់ជង្គង់ទាំងពីរ នេះជាការគួរដល់កិរិយានៅជាសុខ នៃភិក្ខុអ្នកមានចិត្តស្លុងទៅរក (ព្រះនិព្វាន)។ បុគ្គលណាបានឃើញសុខ ថាជាទុក្ខ បានឃើញទុក្ខ ថាជាគ្រឿងចាក់ដោត ដូចកូនសរ ការជាប់ជំពាក់មិនមានក្នុងចន្លោះនៃសុខ និងទុក្ខទាំងពីរ បុគ្គលនោះ គប្បីជាប់ក្នុងលោកដូចម្ដេច គប្បីមានដោយកិលេស ដូចម្ដេចបាន។ បុគ្គលមានសេចក្តីប្រាថ្នាអាក្រក់ ជាអ្នកខ្ជិលច្រអូស មានការព្យាយាមថោកទាប ជាអ្នករៀនសូត្រតិច មិនអើពើ (ចំពោះធម៌ និងវិន័យ) សូមកុំមានក្នុងសម្នាក់ខ្ញុំ ក្នុងកាលណា ៗ ឡើយ ប្រយោជន៍អ្វី ដោយឱវាទក្នុងលោក គប្បីមាន (ដល់បុគ្គលនោះ) ដោយបការៈ ដូចម្ដេច។ មួយទៀត បុគ្គលអ្នកចេះដឹងច្រើន មានប្រាជ្ញា ជាគ្រឿងទំលាយកិលេស តាំងមាំក្នុងសីល ប្រកបរឿយ ៗ នូវចេតោសមថៈ សូមឋិតនៅសូម្បីលើក្បាល។ បុគ្គលណាមានចិត្តប្រកបរឿយ ៗ នូវធម៌ជាគ្រឿងយឺតយូរ ត្រេកអរចំពោះធម៌ជាគ្រឿងយឺតយូរ បុគ្គលនោះ ឈ្មោះថា ឃ្លាតចាកព្រះនិព្វាន ជាទីក្សេមចាកយោគៈដ៏ប្រសើរ។ បុគ្គលណាលះបង់នូវធម៌ជាគ្រឿងយឺតយូរ ត្រេកអរក្នុងធម៌ជាផ្លូវមិនយឺតយូរ បុគ្គលនោះ ឈ្មោះថា ត្រេកអរនឹងព្រះនិព្វាន ជាទីក្សេមចាកយោគៈដ៏ប្រសើរ។ ព្រះអរហន្ដទាំងឡាយ នៅក្នុងទីណា ទោះបីស្រុក ឬព្រៃ ទោះបីទំនាប ឬទួល ទីនោះឯង ជាទីគួរត្រេកអរ។ ជនអ្នក (ស្វែងរកកាម) រមែងមិនត្រេកអរក្នុងព្រៃ ជាទីគួរត្រេកអរទេ ពួកបុគ្គលអ្នកប្រាសចាករាគៈ ទើបត្រេកអរ ព្រោះពួកលោកទាំងនោះ មិនមែនជាអ្នកស្វែងរកកាម។ បុគ្គលឃើញអ្នកប្រាជ្ញណា ជាអ្នកពោលសង្កត់សង្កិន ជាអ្នកបង្ហាញទោស ដូចគេបង្ហាញនូវកំណប់ទ្រព្យ គួរគប់រកអ្នកប្រាជ្ញ មានសភាពដូច្នោះ។ កាលបើបុគ្គលគប់រកអ្នកប្រាជ្ញប្រាកដដូច្នោះ សេចក្តីប្រសើររមែងមាន សេចក្តីអាក្រក់ពុំមានទេ។ 
- 
-បុគ្គលណាទូន្មានប្រៀនប្រដៅ ហាមឃាត់ (គេ) ចាកអសប្បុរិសធម៌ បុគ្គលនោះ រមែងជាទីស្រឡាញ់របស់ពួកសប្បុរស តែមិនជាទីស្រឡាញ់របស់ពួកអសប្បុរសទេ។ ព្រះពុទ្ធមានព្រះភាគ មានចក្ខុ បានសំដែងធម៌ដល់បុគ្គលដទៃ នាកាលធម៌ដែលព្រះអង្គសំដែង ខ្ញុំមានសេចក្តីត្រូវការផ្ចង់សោតប្បសាទ។ ការស្ដាប់របស់ខ្ញុំនោះ មិនឥតអំពើទេ (ព្រោះ) ខ្ញុំជាអ្នកមិនមានអាសវៈ រួចស្រឡះហើយ ខ្ញុំមិនមានការតាំងចិត្ត ចំពោះបុព្វេនិវាសានុស្សតិវិជ្ជា ឬទិព្វចក្ខុវិជ្ជាឡើយ។ ខ្ញុំមិនមានការតាំងចិត្ត ចំពោះចេតោបរិយវិជ្ជា ឥទ្ធិវិធវិជ្ជា ចុតូបបាតវិជ្ជា និងសេចក្តីបរិសុទ្ធនៃសោតធាតុឡើយ។ ព្រះថេរៈឈ្មោះឧបតិស្សៈ ខ្ពង់ខ្ពស់ដោយប្រាជ្ញា ទើបកោរថ្មី ៗ ដណ្ដប់សង្ឃាដិ អាស្រ័យនៅក្រោមម្លប់ឈើ ចំរើនឈាន។ សាវ័ករបស់ព្រះសម្មាសម្ពុទ្ធ ចូលកាន់ឈាន មិនមានវិតក្កៈ ប្រកបដោយតុណ្ហីភាពដ៏ប្រសើរ ក្នុងខណៈនោះឯង។ ភ្នំថ្ម មិនកក្រើក ឋិតនឹងថ្កល់ យ៉ាងណា ភិក្ខុព្រោះអស់ទៅនៃមោហៈ ក៏មិនញាប់ញ័រដូចភ្នំ យ៉ាងនោះដែរ។ បុគ្គលអ្នកមិនមានទីទួល គឺកិលេស ស្វែងរកនូវធម៌ដ៏ស្អាតអស់កាលជានិច្ច សូម្បីបាបប្រមាណប៉ុនចុងរោមកន្ទុយសត្វ រមែងប្រាកដដូច (ព្រះចន្ទ) ដែលផុតចាកពពក។ ខ្ញុំមិនត្រេកអរនឹងសេចក្តីស្លាប់ មិនត្រេកអរនឹងការរស់នៅ ខ្ញុំជាបុគ្គលដឹងខ្លួន មានស្មារតីខ្ជាប់ខ្ជួន ទំលាយចោលនូវរាងកាយនេះ។ ខ្ញុំមិនត្រេកអរនឹងសេចក្ដីស្លាប់ទេ។ បេ។ ដូចអ្នកស៊ីឈ្នួល ទន្ទឹងតែការអស់ទៅនៃថ្ងៃ។  
- 
-មរណៈនេះឯង រមែងមានក្នុងកាលទាំងពីរ មរណៈមិនមែនមានតែក្នុងកាលខាងក្រោយ ឬខាងមុខទេ អ្នកទាំងឡាយ ចូរប្រតិបត្តិ អ្នកទាំងឡាយ ចូរកុំវិនាស កុំឲ្យខណៈប្រព្រឹត្តកន្លង។  
- 
-អ្នកទាំងឡាយ ចូរគ្រប់គ្រងខ្លួន ឲ្យដូចជានគរត្រង់ទីប្រទល់ដែន ដែលគេ គ្រប់គ្រងទាំងខាងក្នុងទាំងខាងក្រៅ កុំឲ្យខណៈប្រព្រឹត្តកន្លង។ ព្រោះថា ពួកបុគ្គលដែលមានខណៈកន្លងហួសហើយ រមែងសោកស្ដាយដេរដាសក្នុងនរក។ បុគ្គលអ្នកស្ងប់ វៀរចាកបាប ពោលពាក្យដោយយោបល់ ជាបុគ្គលមិនរាយមាយ រមែងកំចាត់បង់នូវធម៌ដ៏លាមកបាន ដូចខ្យល់កំចាត់បង់នូវស្លឹកឈើ។ បុគ្គលអ្នកស្ងប់ វៀរចាកបាប ពោលពាក្យដោយយោបល់ ជាបុគ្គលមិនរាយមាយ រមែងដកភើចនូវពួកធម៌ដ៏លាមកចេញបាន ដូចខ្យល់បក់ផ្ដាច់នូវស្លឹកឈើ។ បុគ្គលអ្នកស្ងប់ មិនមានសេចក្តីក្រវល់ក្រវាយ មានចិត្តថ្លាមិនល្អក់ មានកល្យាណសីល មានប្រាជ្ញាជាគ្រឿងទំលាយបង់នូវកិលេស គប្បីធ្វើនូវទីបំផុតនៃទុក្ខបាន។  
- 
-បុគ្គលមិនគប្បីស្និទ្ធស្នាល ចំពោះបុថុជ្ជនពួកខ្លះ ទាំងគ្រហស្ថ ទាំងបព្វជិត ព្រោះថា ពួកជនសូម្បីជាបុគ្គលល្អហើយ បែរទៅជាមិនល្អវិញក៏មាន ជាបុគ្គលមិនល្អហើយ បែរទៅជាល្អវិញក៏មាន។  
- 
-កាមច្ឆន្ទៈ ១ ព្យាបាទៈ ១ ថីនមិទ្ធៈ ១ ឧទ្ធច្ចៈ ១ វិចិកិច្ឆា ១ ទាំង ៥ នោះ ជាគ្រឿង សៅហ្មងចិត្ត របស់ភិក្ខុ។ ភិក្ខុណា កាលគេធ្វើសក្ការៈ ឬមិនធ្វើសក្ការៈទាំងពីរ (មិនត្រេកអរ មិនទោមនស្ស) សមាធិរបស់ភិក្ខុអ្នកនៅដោយសេចក្តីមិនប្រមាណនោះ រមែងមិនញាប់ញ័រ។ អ្នកប្រាជ្ញទាំងឡាយ សរសើរនូវភិក្ខុអ្នកមានឈាន មានព្យាយាមទៀងទាត់ មានការឃើញច្បាស់ដោយសុខុមទិដ្ឋិ ត្រេកអរក្នុងធម៌ជាទីអស់ទៅនៃឧបាទាននោះ ថាជាសប្បុរស។ មហាសមុទ្រ ប្រឹថពី ភ្នំ និងខ្យល់ មិនគួរឧបមានឹងវិមុត្តិដ៏ប្រសើរ របស់ព្រះសាស្ដាទេ។ ព្រះថេរៈអ្នកញ៉ាំងចក្ក គឺធម៌ឲ្យប្រព្រឹត្តទៅតាម (ព្រះសារីបុត្ត) លោកមានប្រាជ្ញាច្រើន មានចិត្តខ្ជាប់ខ្ជួន ស្មើដោយដី ទឹក ភ្លើង មិនត្រេកអរ មិនប្រទូស្ត។ ព្រះថេរៈ សម្រេចនូវបញ្ញាបារមី មានប្រាជ្ញាច្រើន ជាមហាមុនិ ជាបុគ្គលមិនគ តែមានសភាពដូចជាគ មានចិត្តដ៏ត្រជាក់គ្រប់កាល។ ព្រះសាស្ដា ខ្ញុំបានបំរើហើយ។បេ។ តណ្ហាជាគ្រឿងនាំទៅកាន់ភព ខ្ញុំក៏បានដកចេញហើយ។ អ្នកទាំងឡាយ ចូរញ៉ាំងសេចក្តីមិនប្រមាទ ឲ្យបរិបូណ៌ នេះជាពាក្យប្រៀនប្រដៅរបស់ខ្ញុំ ឥឡូវនេះ ខ្ញុំនឹងបរិនិព្វាន ខ្ញុំជាបុគ្គលផុតស្រឡះចាកកិលេសកាមទាំងអស់។  
- 
-សារីបុត្តត្ថេរ។ 
- 
-[២៦១] បណ្ឌិតមិនគួរធ្វើសខិភាព គឺភាពជាសម្លាញ់នឹងបុគ្គលអ្នកញុះញង់ អ្នកក្រេវក្រោធ អ្នកកំណាញ់ ទាំងជាអ្នកត្រេកអរនឹងសេចក្ដីវិនាសទេ (ព្រោះថា) ការសេពគប់នឹងបុរសអាក្រក់ ជាអំពើដ៏លាមក។ បណ្ឌិតគួរធ្វើសខិភាព នឹងបុគ្គលអ្នកមានសទ្ធា មានសីលជាទីស្រឡាញ់ អ្នកមានប្រាជ្ញា មានការចេះដឹងច្រើន (ព្រោះថា) ការសេពគប់នឹងពួកសប្បុរស ជាការចំរើន។  
- 
-អ្នកចូរមើលនូវពុម្ព គឺអត្តភាពដែលធ្វើឲ្យវិចិត្រ ជាទីប្រជុំនៃដំបៅ ផ្ដុំឡើង (ដោយឆ្អឹង ៣០០ កំណាត់) ជាគ្រឿងរោលរាល ជាទីប្រាថ្នានៃជនច្រើន ជាកាយឥតទៀងទាត់ឋិតថេរ ព្រះអានន្ទត្ថេរ ជាគោតមគោត្ត ជាអ្នកចេះដឹងច្រើន មានវាចាដ៏វិចិត្រ ជាអ្នកបំរើនូវព្រះពុទ្ធ បានដាក់ចុះនូវភារៈ ជាអ្នកប្រាសចាកកិលេស ជាគ្រឿងប្រកប សម្រេចនូវការសិង។ ព្រះអានន្ទត្ថេរ ជាខីណាស្រព ប្រាសចាកកិលេស ជាគ្រឿងប្រកប កន្លងនូវកិលេសជាគ្រឿងជាប់ជំពាក់ មានចិត្តត្រជាក់ល្អ ដល់នូវត្រើយនៃជាតិ និងមរណៈ ទ្រទ្រង់ទុកនូវអត្តភាព ជាបំផុត។ សាសនធម៌ទាំងឡាយ របស់ព្រះពុទ្ធ ជាអាទិច្ចពន្ធុ ប្រតិស្ឋានក្នុងព្រះអានន្ទត្ថេរណា ព្រះអានន្ទត្ថេរនោះ ជាគោតមគោត្ត ឋិតនៅក្នុងផ្លូវជាទីទៅកាន់ព្រះនិព្វាន។ សាសនធម៌ទាំងឡាយណា ដែលប្រព្រឹត្តទៅ (ក្នុងហឫទ័យ) របស់ខ្ញុំ សាសនធម៌ទាំងឡាយនោះ មាន ៨ ម៉ឺន ៤ ពាន់ធម្មក្ខន្ធ ខ្ញុំបានរៀនអំពីព្រះពុទ្ធ ៨ ម៉ឺន ២ ពាន់ធម្មក្ខន្ធ អំពីពួកភិក្ខុ ២ ពាន់ធម្មក្ខន្ធ។ បុរសនេះ មិនបានរៀនសូត្រ រមែងចាស់ (ឥតអំពើ) ដូចគោបំរើ ចំរើនតែសាច់ ត្រង់ប្រាជ្ញារបស់វា មិនចំរើនឡើយ។ បុគ្គលណា ជាអ្នករៀនសូត្រច្រើន ហើយមើលងាយបុគ្គលអ្នកមិនបានរៀនសូត្រ ដោយការរៀនសូត្រ (របស់ខ្លួន) បុគ្គលនោះ ដូចមនុស្សខ្វាក់ កាន់ប្រទីប រមែងភ្លឺច្បាស់ដល់ខ្ញុំយ៉ាងនេះឯង។ បុគ្គលគួរចូលទៅអង្គុយជិតនឹងអ្នករៀនសូត្រច្រើនផង មិនគប្បីញ៉ាំងការរៀនសូត្រឲ្យវិនាសផង (ព្រោះថា) ការរៀនសូត្រនោះ ជាឫសគល់នៃព្រហ្មចរិយធម៌ ហេតុនោះ បុគ្គលគួរជាអ្នកទ្រទ្រង់ធម៌។ បុគ្គលអ្នកចេះដឹង នូវខាងដើម និងខាងចុង (នៃភាសិត) ជាអ្នកដឹងអត្ថ ឈ្លាសវៃក្នុងនិរុត្តិ (ភាសា) និងបទ (ដ៏សេស) រមែងកាន់យកនូវធម៌ឲ្យជាធម៌ ដែលកាន់យកល្អហើយផង ពិចារណានូវសេចក្តីផង។ បុគ្គលអ្នកមានសេចក្ដីប្រាថ្នា (ក្នុងធម៌) ដោយសេចក្ដីអត់ធន់ រមែងខ្មីឃ្មាត ពិចារណានូវនាមរូបនោះ បុគ្គលនោះ មានចិត្តតាំងមាំល្អខាងក្នុងសន្ដាន រមែងផ្គងចិត្តទុកក្នុងសម័យដ៏គួរ។ បុគ្គលកាលប្រាថ្នានូវការដឹងធម៌ គប្បីគប់រកអ្នករៀនសូត្រច្រើន អ្នកចងចាំនូវធម៌ អ្នកមានប្រាជ្ញា ជាសាវ័ករបស់ព្រះពុទ្ធ បែបដូច្នោះនោះ។ បុគ្គលអ្នករៀនសូត្រច្រើន រមែងអ្នកចងចាំនូវធម៌ អ្នករក្សាទុកនូវឃ្លាំងធម៌របស់ព្រះពុទ្ធ ទ្រង់ស្វែងរកនូវគុណដ៏ធំ ឯបុគ្គលអ្នករៀនសូត្រច្រើននោះឈ្មោះថា ជាចក្ខុរបស់សត្វលោកទាំងពួង ជាបុគ្គលគួរគេបូជា។ ភិក្ខុមានធម៌ជាទីត្រេកអរ ត្រេកអរក្នុងធម៌ កាលគិតរឿយ ៗ នូវធម៌ រលឹករឿយ ៗ នូវធម៌ រមែងមិនសាបសូន្យចាកព្រះសទ្ធម្ម។ បុគ្គលអ្នកធ្ងន់ដោយសេចក្ដីកំណាញ់ (ថ្នម) កាយ (កាលបើកាយ និងជីវិត) សាបសូន្យទៅ ក៏មិនខ្មីឃ្មាត (ចំពោះកិច្ចគួរធ្វើ) បុគ្គលអ្នកជាប់ចំពាក់ដោយសេចក្ដីសុខក្នុងសរីរៈ តើសេចក្ដីសប្បាយ ដោយសមណភាព (នឹងមានមក) អំពីទីណា។ ទិសទាំងអស់ រមែងមិនប្រាកដ ធម៌មិនភ្លឺច្បាស់ដល់ខ្ញុំ កាលបើព្រះសារីបុត្ត ជាកល្យាណមិត្ត (ទៅកាន់និព្វាន) ហើយ សត្វលោក ប្រាកដដូចជាទីងងឹត។ បុគ្គលដែលមានសម្លាញ់ព្រាត់ប្រាសហើយ មានសាស្ដាកន្លងទៅហើយ រមែងមិនមានមិត្តបែបនុ៎ះ ដូចជាកាយគតាសតិឡើយ។ ពួកព្រះថេរៈណាចាស់ ៗ ពួកព្រះថេរៈនោះ កន្លងទៅហើយ ចិត្តរបស់ខ្ញុំមិនល្មមនឹងភិក្ខុថ្មី ៗ ថ្ងៃនេះ ខ្ញុំចំរើនឈានតែម្នាក់ឯង ដូចសត្វបក្សីចូលទៅសម្ងំក្នុងសម្បុក ក្នុងរដូវភ្លៀង។ អ្នកកុំឃាត់ពួកជនច្រើននៅក្នុងប្រទេសផ្សេង ៗ ដែលពុំទាន់បានចួប ឯពួកអ្នកស្ដាប់ ចូរមកចួបចុះ ព្រោះថាជាសម័យ (គួរចួប) នឹងខ្ញុំហើយ។ ព្រះសាស្ដាមានចក្ខុ ទ្រង់ប្រទានឱកាស មិនហាមឃាត់ពួកជនច្រើន នៅក្នុងប្រទេសផ្សេង ៗ ដែលពុំទាន់បានចួប។ កាលខ្ញុំនៅជាសេក្ខបុគ្គល អស់ ២៥ ឆ្នាំ កាមសញ្ញាមិនកើតឡើងទេ អ្នកចូរមើលនូវសភាពល្អរបស់ធម៌ចុះ។ កាលខ្ញុំនៅជាសេក្ខបុគ្គល អស់ ២៥ ឆ្នាំ ទោសសញ្ញាមិនកើតឡើងទេ អ្នកចូរមើលនូវភាពល្អរបស់ធម៌ចុះ។ ខ្ញុំបានបំរើព្រះមានព្រះភាគ ដោយកាយកម្ម ប្រកបដោយមេត្តា អស់ ២៥ ឆ្នាំ ដូចជាស្រមោលជាប់តាមរូប។ ខ្ញុំបានបំរើព្រះមានព្រះភាគ ដោយវចីកម្ម ប្រកបដោយមេត្តា អស់ ២៥ ឆ្នាំ ដូចជាស្រមោលជាប់តាមរូប។ ខ្ញុំបានបំរើព្រះមានព្រះភាគ ដោយមនោកម្មប្រកបដោយមេត្តា អស់ ២៥ ឆ្នាំ ដូចជាស្រមោលជាប់តាមរូប។ កាលព្រះពុទ្ធម្ចាស់ ទ្រង់ចង្ក្រម ខ្ញុំបានចង្ក្រមតាមក្រោយព្រះអង្គ នាកាលធម៌ដែលព្រះអង្គសំដែង ញាណរបស់ខ្ញុំក៏កើតឡើង។ ខ្ញុំជាសេក្ខបុគ្គល ប្រកបដោយកិច្ច មានសេចក្ដីប្រាថ្នាក្នុងចិត្តមិនទាន់សម្រេច (អរហត្តផល) ព្រះសាស្ដា ព្រះអង្គអនុគ្រោះខ្ញុំ ទ្រង់បរិនិព្វាន។ កាលព្រះសម្ពុទ្ធ ប្រកបដោយអាការដ៏ប្រសើរគ្រប់យ៉ាង ទ្រង់បរិនិព្វានហើយ សេចក្ដីស្ញប់ស្ញែងនៃខ្ញុំក៏កើតមាន សេចក្ដីព្រឺរោមនៃខ្ញុំក៏កើតមាន។ ព្រះអានន្ទ ជាពហុស្សូត អ្នកចងចាំនូវធម៌ រក្សាទុកនូវឃ្លាំងធម៌នៃព្រះពុទ្ធ ទ្រង់ស្វែងរកនូវគុណដ៏ប្រសើរ លោកជាចក្ខុនៃសត្វលោកទាំងអស់ បរិនិព្វានហើយ។ ព្រះអានន្ទ ជាពហុស្សូត អ្នកចងចាំនូវធម៌ ជាឃ្លាំងរក្សាទុកនូវធម៌នៃព្រះពុទ្ធ ទ្រង់ស្វែងរកនូវគុណដ៏ប្រសើរ លោកជាចក្ខុនៃសត្វលោកទាំងអស់ ជាអ្នកបន្ទោបង់នូវងងឹត ក្នុងទីដ៏ងងឹត។ ព្រះអានន្ទត្ថេរ មានញាណគតិ មានស្មារតី មានប្រាជ្ញា ជាគ្រឿងទ្រទ្រង់ ជាអ្នកស្វែងរកនូវគុណ ទ្រទ្រង់ទុកនូវព្រះសទ្ធម្ម ជាអណ្ដូងនៃធម្មរតនៈ។ ព្រះសាស្ដា ខ្ញុំបានបំរើហើយ។បេ។ តណ្ហា ជាគ្រឿងនាំទៅកាន់ភព ខ្ញុំក៏បានដកចេញហើយ។  
- 
-អានន្ទត្ថេរ។ 
- 
-ឧទ្ទាន 
- 
-ព្រះថេរៈ ៣ អង្គនេះ គឺ ព្រះបុស្សៈ ១ ព្រះឧបតិស្សៈ ១ ព្រះអានន្ទ ១ លោកបានសំដែងគាថា ដែលបានពោលទុកក្នុងទីនោះ ១០៥ គាថា។  
- 
-ចប់ តឹសនិបាត។ 
- 
-ថេរគាថា ចត្តាឡីសនិបាត 
- 
-[២៦២] ភិក្ខុមិនគប្បីប្រព្រឹត្ត មានគណៈចោមរោម (ព្រោះ) រមែងមានចិត្តក្ដៅ ក្រហាយ បានសមាធិ ដោយលំបាក ការសង្គ្រោះជននានា នាំមកនូវសេចក្ដីទុក្ខ ភិក្ខុ ឃើញដូច្នេះហើយ មិនគប្បីត្រេកអរនឹងគណៈឡើយ។ អ្នកប្រាជ្ញ មិនគប្បីចូលទៅ អែបអបនឹងត្រកូលទាំងឡាយទេ (ព្រោះ) រមែងមានចិត្តក្ដៅក្រហាយ បានសមាធិដោយលំបាក ភិក្ខុណាជាអ្នកល្មោភក្នុងរសមានចម្ងាញ់ ភិក្ខុនោះជាអ្នករនះរនាត ជាប់ចិត្តក្នុងរស រមែងខូចបង់ប្រយោជន៍។ មែនពិត អ្នកប្រាជ្ញទាំងឡាយ បានដឹងនូវការថ្វាយបង្គំ និងការបូជា ក្នុងត្រកូលទាំងឡាយថា ដូចជាភក់ (ព្រោះថា) សរ គឺកិលេសល្អិត ៗ ភិក្ខុកន្លងបង់បានដោយលំបាក គ្រឿងសក្ការៈ បុរសលាមក លះបង់បានដោយក្រ។ ខ្ញុំចុះចាកសេនាសនៈ (លើភ្នំ) ចូលទៅកាន់នគរ ដើម្បីបិណ្ឌបាត។ ខ្ញុំបានយកចិត្តទុកដាក់ ចូលទៅឈរជិត បុរសឃ្លង់ ដែលកំពុងតែបរិភោគ។ បុរសនោះ បានបង្អោនពំនូតបាយ ដល់ខ្ញុំដោយដៃ ដែលមានរោគឃ្លង់ទុំផេរ ៗ ហើយ កាលបុរសនោះ កំពុងដាក់ពំនូតបាយ ម្រាមដៃក៏ដាច់ធ្លាក់ទៅក្នុងបាតនុ៎ះ។ ខ្ញុំផ្អែកនឹងជញ្ជាំងផ្ទះ ហើយក៏បានឆាន់នូវពំនូតបាយនោះ កាលពំនូតបាយដែលខ្ញុំកំពុងបរិភោគក្ដី បរិភោគរួចហើយក្ដី ខ្ញុំមិនមានសេចក្ដីខ្ពើមរអើមឡើយ។ ដុំបាយដែលភិក្ខុទៅឈរទៀបទ្វារផ្ទះនៃជនដទៃ ហើយបានមកជាអាហារ ១ សម៉ដែលត្រាំដោយទឹកមូត្រគោស្អុយ ជាឱសថ ១ ម្លប់ឈើជាសេនាសនៈ ១ សំពត់បង្សុកូលចីវរ ១ ភិក្ខុណាបានបរិភោគនូវរបស់ទាំងនេះហើយ ភិក្ខុនោះ អាចនៅក្នុងទិសទាំង ៤ បាន។ ពួកមនុស្សខ្លះ កាលឡើងភ្នំ តែងតែលំបាកចិត្ត ក្នុងបច្ឆិមវ័យណា កស្សបៈ ជាទាយាទរបស់ព្រះពុទ្ធ ជាអ្នកដឹងខ្លួន មានស្មារតីមាំ រឹងប៉ឹងដោយកម្លាំងឫទ្ធិ ឡើង (ភ្នំ) ក្នុងបច្ឆិមវ័យនោះបាន។ កស្សបៈ តែឆាន់រួចហើយ ឡើងទៅលើភ្នំ ហើយចំរើនឈាន ជាអ្នកមិនមានសេចក្ដីប្រកាន់ មានភ័យដ៏ពន្លឹកលះចោលហើយ។ កស្សបៈ តែឆាន់រួចហើយ ឡើងទៅលើភ្នំ ហើយចំរើនឈាន ជាអ្នកមិនមានសេចក្ដីប្រកាន់ កាលពួកសត្វក្ដៅក្រហាយ លោកក៏ជាបុគ្គលត្រជាក់។ កស្សបៈ តែឆាន់រួចហើយ ឡើងទៅលើភ្នំ ហើយចំរើនឈាន ជាអ្នកមិនមានសេចក្ដីប្រកាន់ មានកិច្ចធ្វើហើយ មិនមានអាសវៈ។ ចំណែកផែនដី ដែលផ្សាយទៅដោយក្លិន នៃផ្កាក្ទម្ព ជាទីត្រេកអរនៃចិត្ត សម្រែកនៃដំរីជាទីត្រេកអរ ភ្នំទាំងឡាយនោះ រមែងញ៉ាំងខ្ញុំឲ្យត្រេកអរ។ ភ្នំទាំងនោះ មានពណ៌ដូចពពកខៀវដ៏រុងរឿង មានទឹកត្រជាក់ ទ្រទ្រង់នូវវត្ថុដ៏ស្អាត ដេរដាសដោយភ្លៀង តែងញ៉ាំងខ្ញុំឲ្យត្រេកអរ។ ភ្នំទាំងនោះ ប្រាកដស្មើដោយកំពូលពពកដ៏ខៀវ ឧបមាដូចផ្ទះមានកំពូលដ៏ប្រសើរ មានសម្រែកនៃដំរី ជាទីត្រេកអរ តែងញ៉ាំងខ្ញុំឲ្យត្រេកអរ។ ភ្នំថ្មទាំងនោះ ដែលភ្លៀងបន្ទរហើយ មានផ្ទៃជាទីត្រេកអរ ដែលឥសីទាំងឡាយ ធ្លាប់អាស្រ័យនៅហើយ ដែលពួកសត្វក្ងោកស្រែកយំហើយ តែងញ៉ាំងខ្ញុំឲ្យត្រេកអរ។ (ភ្នំទាំងឡាយ) គួរដល់ខ្ញុំ ដែលប្រាថ្នាដើម្បីចំរើនឈាន មានចិត្តស្លុងទៅរកព្រះនិព្វាន គួរដល់ខ្ញុំដែលប្រាថ្នាប្រយោជន៍ ជាភិក្ខុមានចិត្តស្លុងទៅរកព្រះនិព្វាន គួរដល់ខ្ញុំដែលប្រាថ្នារកសេចក្ដីស្រួល មានចិត្តស្លុងទៅរកព្រះនិព្វាន ជាអ្នកសិក្សា គួរដល់ខ្ញុំដែលប្រាថ្នាព្យាយាម មានចិត្តស្លុងទៅរកព្រះនិព្វាន ជាតាទិបុគ្គល។ ភ្នំទាំងនោះដ៏ដេរដាស ដោយផ្កាកណិការ រីកព្រោងព្រាត ដូចផ្ទៃមេឃ ដេរដាសដោយពួកបក្សីផ្សេង ៗ តែងញ៉ាំងខ្ញុំឲ្យត្រេកអរ។ ភ្នំទាំងឡាយនោះ មិនច្រឡូកច្រឡំដោយពួកគ្រហស្ថ មានតែពួកម្រឹគនៅអាស្រ័យ ដេរដាសដោយពួកបក្សីផ្សេង ៗ តែងញ៉ាំងខ្ញុំឲ្យត្រេកអរ។ ភ្នំទាំងនោះ មានទឹកថ្លា មានថ្មក្រាស់ ប្រកបដោយពួកម្រឹគ មានកន្ទុយដូចគោ ដេរដាសដោយទឹក និងសារាយ តែងញ៉ាំងខ្ញុំឲ្យត្រេកអរ។ សេចក្ដីត្រេកអរ (នៃខ្ញុំ) ដោយសារតូរ្យតន្រ្ដីប្រកបដោយអង្គ ៥ ប្រាកដដូច្នោះ មិនមានឡើយ ដូច (ការមិនមានសេចក្ដីត្រេកអរ) នៃព្រះយោគី ដែលមានចិត្ត មានអារម្មណ៍មូលតែមួយ ឃើញច្បាស់នូវធម៌ដោយប្រពៃ។  
- 
-បុគ្គលមិនត្រូវធ្វើការងារឲ្យច្រើន ត្រូវវៀរជន (មិនមែនជាកល្យាណមិត្ត) មិនត្រូវខ្នះខ្នែង (ដើម្បីបច្ច័យ) បុគ្គលណាជាអ្នកល្មោភក្នុងរសមានចម្ងាញ់ បុគ្គលនោះ ជាអ្នកខ្នះខ្នែងជាប់ចិត្តក្នុងរស រមែងខូចបង់ប្រយោជន៍ បុគ្គលមិនត្រូវធ្វើការងារឲ្យច្រើន ត្រូវវៀរចាកជន (មិនមែនជាកល្យាណមិត្ត ព្រោះ) ការងារនុ៎ះ មិនមែនជាប្រយោជន៍ កាយរមែងលំបាកនឿយព្រួយ បុគ្គលអ្នកដល់នូវសេចក្ដីនឿយព្រួយនោះ រមែងមិនបាននូវសេចក្ដីស្ងប់រម្ងាប់ឡើយ។  
- 
-បុគ្គលមិនពិចារណាឃើញខ្លួនឯង ដោយត្រឹមតែរលាស់បបូរមាត់ (ស្វាធ្យាយពុទ្ធវចនៈ) បុគ្គលប្រព្រឹត្តរឹងរូស តែងសំគាល់ថា អាត្មាអញប្រសើរ។ បុគ្គលពាល មិនប្រសើរ តែងសំគាល់ខ្លួន ថាស្មើនឹងបុគ្គលប្រសើរ អ្នកប្រាជ្ញទាំងឡាយ មិនសរសើរជនអ្នកមានចិត្តរឹងរូសនោះឡើយ។ បុគ្គលណា មិនញាប់ញ័រក្នុងមានះ (ទាំង ៩ ណាមួយ) ដោយចិត្តកើតឡើងថា អញជាមនុស្សប្រសើរ ឬថាអញជាមនុស្សមិនប្រសើរ អញជាមនុស្សថោក ឬថាអញជាមនុស្សប្រហែលនឹងគេ។ អ្នកប្រាជ្ញទាំងឡាយ តែងសរសើរបុគ្គលនោះ ថាជាអ្នកមានប្រាជ្ញា អ្នកនិយាយទៀងទាត់ អ្នកមានចិត្តតម្កល់មាំ ក្នុងសីលទាំងឡាយ អ្នកប្រកបរឿយ ៗ នូវការស្ងប់ស្ងាត់ចិត្ត។ បុគ្គលណា មិនបានគោរពសព្រហ្មចារីបុគ្គលទាំងឡាយទេ បុគ្គលនោះ រមែងឆ្ងាយចាកព្រះសទ្ធម្ម ដូចផែនដី (ឆ្ងាយ) ពីមេឃ។ បុគ្គលទាំងឡាយណា មានហិរិ និងឱត្តប្បៈ តម្កល់នៅដោយប្រពៃគ្រប់ពេល បុគ្គលទាំងនោះ មានព្រហ្មចារ្យដុះចំរើនហើយ មានភពថ្មីអស់ហើយ។ ភិក្ខុណាមានចិត្តរវើរវាយ ឃ្លេងឃ្លោង ស្លៀកដណ្ដប់សំពត់បង្សុកូល ភិក្ខុនោះ មិនសមនឹងសំពត់បង្សុកូលនោះឡើយ ដូចស្វាដណ្ដប់ស្បែកសីហៈ។ ភិក្ខុណាមានចិត្តមិនរវើរវាយ មិនឃ្លេងឃ្លោង ជាអ្នកមានប្រាជ្ញាចាស់ សង្រួមឥន្រ្ទីយ៍ ទើបសមនឹងសំពត់បង្សុកូល ដូចសីហៈក្នុងច្រកភ្នំ។ ពួកទេវតាដ៏ច្រើន មានឫទ្ធិ៍ មានយសស័ក្តិ ទេវតាមួយម៉ឺន ទាំងអស់នុ៎ះ ជាពួកព្រហ្ម ឈរនមស្ការប្រណម្យអញ្ជលី ចំពោះព្រះសារីបុត្ត ជាធម្មសេនាបតី ជាអ្នកប្រាជ្ញ មានឈានច្រើន មានចិត្តតម្កល់មាំថា បពិត្របុរសអាជានេយ្យ ខ្ញុំសូមក្រាបថ្វាយបង្គំលោកម្ចាស់ បពិត្របុរសដ៏ឧត្តម ខ្ញុំសូមក្រាបថ្វាយបង្គំលោកម្ចាស់ លោកម្ចាស់ចំរើនឈាន អាស្រ័យអារម្មណ៍ណា ពួកយើងខ្ញុំមិនបានដឹងនូវអារម្មណ៍នោះ របស់លោកម្ចាស់ទេ។ អស្ចារ្យហ្ន៎ អារម្មណ៍របស់ពួកលោកអ្នកត្រាស់ដឹងនូវសច្ចៈទាំង ៤ ជាអារម្មណ៍ដ៏ជ្រាលជ្រៅ (ពិបាកដឹងណាស់) ពួកយើងដូចពួកខ្មាន់ធ្នូ បាញ់នូវរោមកន្ទុយសត្វ មកប្រជុំគ្នា (ពិចារណា) នៅតែមិនដឹង។ ព្រះកប្បិនត្ថេរ បានញញឹម ព្រោះឃើញព្រះសារីបុត្តត្ថេរនោះ គួរជាទីបូជា ដែលពពួកទេវតាបូជាហើយ ដោយប្រការដូច្នោះ។ ក្នុងពុទ្ធខេត្តទាំងមូល ខ្ញុំជាមនុស្សវិសេសខាងធុតង្គគុណ គ្មានលោកណាស្មើនឹងខ្ញុំទេ លើកលែងតែព្រះមហាមុនីចេញ។ ព្រះសាស្ដា ខ្ញុំបានបំរើហើយ ពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ ភារៈធ្ងន់ខ្ញុំដាក់ចោលហើយ តណ្ហាជាគ្រឿងនាំសត្វទៅកាន់ភពទៀត ខ្ញុំក៏ដកចោលហើយ។ ព្រះគោតមមានគុណប្រមាណមិនបាន មានព្រះហឫទ័យឱនទៅរកនេក្ខម្មៈ រលាស់ចោលនូវភពទាំង ៣ មិនជាប់ចំពាក់ក្នុងចីវរ មិនជាប់ចំពាក់ក្នុងសានាសនៈ មិនជាប់ចំពាក់ក្នុងភោជនាហារ ដូចផ្កាឈូកមិនមានមន្ទិលសៅហ្មង មិនជាប់ដោយទឹក។ ព្រះមហាមុនីនោះ មានសតិប្បដ្ឋាន ជាព្រះសូរង្គ មានសទ្ធាជាព្រះហស្ដ មានប្រាជ្ញាជាព្រះសីរ្សៈ មានព្រះញាណធំ ព្រះអង្គប្រព្រឹត្តរំលត់ទុក្ខគ្រប់ពេល។  
- 
-ព្រះមហាកស្សបត្ថេរ។ 
- 
-ឧទ្ទាន 
- 
-ក្នុងចត្តាឡីសនិបាត (នេះ) ព្រះថេរៈ ព្រះនាមមហាកស្សបតែមួយអង្គឯង បានសំដែងនូវគាថាទាំងឡាយ ៤២។  
- 
-ចប់ ចត្តាឡីសនិបាត។ 
- 
-ថេរគាថា បញ្ញាសនិបាត 
- 
-[២៦៣] កាលណាហ្ន៎ អាត្មាអញនឹងបានជាបុគ្គលម្នាក់ឯង មិនមានតណ្ហាជាគំរប់ពីរ នឹងឃើញនូវភពទាំងអស់ ថាជារបស់មិនទៀង នៅក្នុងជ្រោះភ្នំទាំងឡាយ គំនិតនោះ អាត្មាអញបានត្រិះរិះហើយថា កាលណាហ្ន៎ បំណងនេះនឹងសម្រេច។ កាលណាហ្ន៎ អាត្មាអញបានបួស ទ្រទ្រង់នូវផ្ទាំងសំពត់ដែលកាត់ដាច់ ស្លៀកសំពត់ជ្រលក់ដោយទឹកចត់ ហើយជាអ្នកមិនមានសេចក្ដីប្រកាន់ខ្លួនថា របស់អញ ជាបុគ្គលមិនមានសេចក្ដីប្រាថ្នា ហើយបានលះនូវរាគៈ ទោសៈ មោហៈ ដោយប្រការដូច្នោះ ជាបុគ្គលដល់នូវសេចក្ដីសុខ ហើយចូលទៅនៅក្នុងព្រៃធំ។ កាលណាហ្ន៎ អាត្មាអញនឹងពិចារណាឃើញនូវកាយមិនទៀងនេះ ជាសម្បុករបស់មរណៈ និងរោគ ដែលមច្ចុបៀតបៀនហើយ ជាបុគ្គលប្រាសចាកភ័យ នៅម្នាក់ឯងក្នុងព្រៃ គំនិតនោះ កាលណានឹងសម្រេច។ កាលណាហ្ន៎ អាត្មាអញនឹងបានកាន់ដាវដ៏មុត គឺមគ្គប្បញ្ញា ហើយក្របែលនូវវល្លិ៍ គឺតណ្ហា ដែលជាធម្មជាតិញ៉ាំងភ័យឲ្យកើត ជាគ្រឿងនាំមកនូវសេចក្ដីទុក្ខ ប្រព្រឹត្តតាមអារម្មណ៍ដ៏ច្រើន ឲ្យលុះក្នុងអំណាច (របស់ខ្លួនបាន) គំនិតនោះ កាលណានឹងសម្រេច។ កាលណាហ្ន៎ អាត្មាអញនឹងបានកាន់យកនូវសស្រ្តាដ៏មុតថ្លា គឺប្រាជ្ញារបស់ឥសីទាំងឡាយ ហើយនឹងបំបាក់នូវមារ ព្រមទាំងសេនាមារដោយឆាប់រហ័ស លើសីហាសនៈ (ថេរាសនៈ) ចំណងនោះ កាលណានឹងសម្រេច។ កាលណាហ្ន៎ ពួកលោកអ្នកសប្បុរស ជាអ្នកគោរពក្នុងធម៌ ប្រកបដោយតាទិគុណ អ្នកឃើញតាមពិត មានឥន្រ្ទិយឈ្នះហើយ មើលឃើញអញ ថាជាអ្នកមានព្យាយាមក្នុងសមាគមទាំងឡាយ បំណងនោះ កាលណានឹងសម្រច។ កាលណាហ្ន៎ សេចក្ដីខ្ជិល ការឃ្លាន ការស្រេក ខ្យល់ កំដៅថ្ងៃ ស្រាំង ស្រួយ ពស់តូច ពស់ធំ នឹងមិនបៀតបៀននូវអាត្មាអញនោះ អ្នកមានប្រយោជន៍ចំពោះខ្លួន ក្នុងភ្នំ ឬច្រកភ្នំ បំណងនោះ កាលណានឹងសម្រេច។ សច្ចៈ ៤ យ៉ាងណា ដែលឃើញបានដោយក្រ ដែលព្រះមហេសីសម្មាសម្ពុទ្ធ បានត្រាស់ដឹងហើយ កាលណាហ្ន៎ អាត្មាអញនឹងបានជាអ្នកមានចិត្តតម្កល់មាំ មានស្មារតី បានត្រាស់ដឹងនូវសច្ចៈទាំង ៤ នោះដោយបញ្ញា បំណងនោះ កាលណានឹងសម្រេច។ កាលណាហ្ន៎ អាត្មាអញនឹងបានប្រកបដោយសមថៈទាំងឡាយ ហើយបានឃើញដោយបញ្ញា នូវរូប សំឡេង ក្លិន រស ផោដ្ឋព្វៈ និងធម្មារម្មណ៍ទាំងឡាយ កំណត់មិនបាន ថាជារបស់ដែលភ្លើងឆេះហើយ បំណងរបស់អាត្មាអញនោះ កាលណានឹងសម្រេច។ កាលណាហ្ន៎ អាត្មាអញត្រូវគេពោលពាក្យអាក្រក់មករក មិនគប្បីទោមនស្សព្រោះសម្ដីនោះជាហេតុ ឬថាទោះបីគេសរសើរ ក៏មិនត្រេកអរព្រោះការសរសើរនោះជាហេតុ បំណងរបស់អាត្មាអញនោះ កាលណានឹងសម្រេច។ កាលណាហ្ន៎ អាត្មាអញនឹងពិចារណាឃើញនូវកំណាត់ឈើទាំងឡាយផង ស្មៅទាំងឡាយផង វល្លិ៍ទាំងឡាយផង ខន្ធ ៥ ទាំងឡាយនេះផង ធម៌ទាំងឡាយ ទាំងខាងក្នុង ខាងក្រៅ មានប្រមាណមិនបានផង ឲ្យស្មើ ៗ គ្នា (ដោយសេចក្ដីមិនទៀងជាដើម និងមិនមានខ្លឹមសារ) បំណងរបស់អាត្មាអញនោះ កាលណានឹងសម្រេច។ កាលណាហ្ន៎ ភ្លៀងពុំជួកាល មានទឹកថ្មីត្រជាក់ បង្អុរធ្លាក់មកត្រូវលើអាត្មាអញ ព្រមទាំងចីវរ ដែលកំពុងដើរក្នុងផ្លូវ ដែលពួកលោកអ្នកស្វែងរកគុណធំ (មានព្រះពុទ្ធជាដើម) ត្រាច់ទៅក្នុងព្រៃ បំណងរបស់អាត្មាអញនោះ កាលណានឹងសម្រេច។ កាលណាហ្ន៎ អាត្មាអញនឹងបានឮសូរសំឡេងក្ងោក ជាសត្វមានកំប៉ោយ កើតអំពីអណ្ឌៈ ជាសត្វកើតពីរដង យំក្នុងច្រកភ្នំក្នុងព្រៃ ហើយក្រោកឡើងធ្វើទុកក្នុងចិត្ត (ដោយលក្ខណៈ មានអនិច្ចលក្ខណៈជាដើម) ដើម្បីឲ្យបានសម្រេចដល់ព្រះនិព្វាន បំណងនោះ កាលណានឹងសម្រេច។ កាលណាហ្ន៎ អាត្មាអញគប្បីឆ្លងនូវទន្លេគង្គា យមុនា សរស្សតី និងមហាសមុទ្រដ៏ជ្រៅ ដូចជាធ្លាក់ទៅក្នុងបាតាល ជាគ្រឿងញ៉ាំងភ័យឲ្យកើត ដោយឫទ្ធិ៍មិនទើសទាក់ បំណងនោះ កាលណានឹងសម្រេច។ កាលណាហ្ន៎ អាត្មាអញគប្បីវៀរនូវសុភនិមិត្តទាំងអស់ ប្រកបក្នុងឈាន ហើយទំលាយនូវសេចក្ដីប្រាថ្នា ក្នុងកាមគុណទាំងឡាយ ដូចជាដំរីត្រាច់ទៅក្នុងសង្រ្គាម បំណងនោះ កាលណានឹងសម្រេច។ កាលណាហ្ន៎ អាត្មាអញបានដឹងសាសនាព្រះពុទ្ធ អ្នកស្វែងរកគុណដ៏ធំ ហើយត្រេកអរ ដូចជាបុរសកំសត់ ចំពាក់បំណុលគេ ដែលពួកម្ចាស់ទ្រព្យមកតឹងទារ ក៏បាននូវកំណប់ទ្រព្យ ហើយត្រេកអរ បំណងនោះ កាលណានឹងសម្រេច។ អ្នកអង្វរយើងច្រើនឆ្នាំហើយ នេះជាការគួរនៅគ្រប់គ្រងផ្ទះរបស់អ្នកឬ ម្នាលចិត្ត ឥឡូវនេះ ហេតុអ្វីក៏អ្នកនៅតែប្រកបយើងដែលជាអ្នកបួសហើយនោះ។ ម្នាលចិត្ត ក្រែងអ្នកអង្វរយើងឬ ពួកក្ងោកជាសត្វបក្សីមានស្លាបដ៏វិចិត្រ ទៅតាមអាកាស ជាសត្វស្រែកយំរំពងកក្រើកដី ក្នុងញកភ្នំ ពួកក្ងោកទាំងនោះ នឹងត្រេកអរចំពោះអ្នក ជាអ្នកចំរើនឈានក្នុងព្រៃ។ ម្នាលចិត្ត អ្នកលះបង់ត្រកូលផង ពួកមិត្តផង ពួកញាតិជាទីស្រឡាញ់ផង សេចក្ដីត្រេកអរ និងល្បែងផង កាមគុណទាំងអស់ក្នុងលោកផង ហើយចូលមកនៅក្នុងព្រៃនេះ ម្ល៉ឹងហើយ អ្នកនៅតែមិនត្រេកអរនឹងយើង។ ចិត្តរបស់យើងនេះ មិនមែនជាប្រយោជន៍ដល់ជនទាំងឡាយដទៃឡើយ ប្រយោជន៍អ្វីដោយការខ្សឹកខ្សួល ក្នុងកាលដែលខ្លួនប្រុងប្រៀប (ដើម្បីច្បាំងនឹងកិលេសមារ) យើងសំឡឹងមើលនូវភពបីទាំងអស់នេះ ថាជារបស់នាំឲ្យញាប់ញ័រ ទើបចេញមកស្វែងរកអមតបទ។ ព្រះសម្មាសម្ពុទ្ធ ព្រះអង្គជាបុគ្គលប្រសើរជាងសត្វជើង ២ ជាមហាពេទ្យ ជាធម្មសារថី របស់សត្វ អ្នកពោលនូវពាក្យសុភាសិត ចិត្តជាធម្មជាតិញាប់ញ័រ ដូចស្វា បុគ្គលមិនទាន់ប្រាសចាករាគៈ មិនងាយនឹងរារាំងបាន។ ក៏កាមទាំងឡាយ ជារបស់ដ៏វិចិត្រ ជារបស់ផ្អែម ជាទីរីករាយនៃចិត្ត ជារបស់ដែលពួកបុថុជ្ជន អ្នកល្ងង់ខ្លៅជាប់ចំពាក់ ពួកបុថុជ្ជននោះ ជាអ្នកស្វែងរកភពថ្មី តែងប្រាថ្នានូវសេចក្ដីទុក្ខ (បុថុជ្ជនទាំងនោះ) ត្រូវចិត្តរបស់ខ្លួនឯងដឹកនាំទៅទម្លាក់ក្នុងនរក ធ្វើឲ្យឃ្លាតចាកសេចក្ដីសុខ។ អ្នកកាលនៅក្នុងព្រៃ ជាកន្លែងឮសូរសព្ទក្ងោក និងគ្រៀលយំ មានទាំងខ្លាដំបង ខ្លាធំ ចោមរោម ចូរអ្នកលះបង់នូវសេចក្ដីអាឡោះអាល័យ ក្នុងកាយចេញ ចូរកុំឲ្យ (ខណៈ) ឃ្លាតទៅបាន ម្នាលចិត្ត អ្នកគួរតែប្រកបយើង (ក្នុងសម្មាប្រតិបត្តិ) ក្នុងកាលមុន ដោយប្រការដូច្នោះវិញ។ អ្នកចូរចំរើនឈាន ឥន្រ្ទិយ ពលៈ ពោជ្ឈង្គ និងសមាធិភាវនា ចូរសម្រេចនូវវិជ្ជា ៣ ក្នុងសាសនារបស់ព្រះពុទ្ធ ម្នាលចិត្ត អ្នកប្រកបយើងក្នុងកាលមុន ដោយប្រការដូច្នេះ។ អ្នកចូរចំរើននូវមគ្គ ជាមគ្គនាំសត្វឲ្យរួចចាកវដ្ដទុក្ខ ជាហេតុចុះកាន់ការអស់ទុក្ខទាំងពួង ប្រកបដោយអង្គ ៨ ប្រការ ជាគ្រឿងជំរះនូវកិលេសទាំងពួង ដើម្បីដល់នូវព្រះនិព្វាន ម្នាលចិត្ត អ្នកប្រកបយើងក្នុងកាលមុន ដោយប្រការដូច្នេះ។ អ្នកចូរមើលឧបាទានក្ខន្ធ ថាជាទុក្ខ ដោយឧបាយនៃបញ្ញា កាលណា តណ្ហាញ៉ាំងទុក្ខឲ្យកើតឡើង អ្នកចូរលះបង់នូវតណ្ហានោះចោលចេញ ចូរធ្វើនូវទីបំផុតនៃទុក្ខ ក្នុងអត្តភាពនេះឲ្យបាន ម្នាលចិត្ត អ្នកប្រកបយើងក្នុងកាលមុន ដោយប្រការដូច្នេះ។ អ្នកចូរឃើញឲ្យច្បាស់ ដោយឧបាយនៃប្រាជ្ញា ថាជារបស់មិនទៀងផង ជាទុក្ខផង ថាជារបស់សោះសូន្យ មិនមែនខ្លួនប្រាណផង ថាជារបស់លាមក ជាគ្រឿងសម្លាប់ផង ហើយចូរបិទនូវការពិចារណាក្នុងចិត្ត ដោយចិត្តរបស់ខ្លួន ម្នាលចិត្ត អ្នកប្រកបយើងក្នុងកាលមុន ដោយប្រការដូច្នេះ។ អ្នកជាស្រមណ៍កំណោរ មានភេទប្លែកពីគ្រហស្ថហើយ ជាអ្នកត្រាច់ទៅដើម្បីអាហារ មានអំបែងក្នុងដៃ សុំគេក្នុងត្រកូលទាំងឡាយ ចូរអ្នកប្រកបតាមព្រះពុទ្ធដីការបស់ព្រះសាស្ដា អ្នកស្វែងរកគុណដ៏ធំវិញ ម្នាលចិត្ត អ្នកប្រកបយើងក្នុងកាលមុន ដោយប្រការដូច្នេះ។ អ្នកចូរសង្រួមឲ្យល្អ ដើរទៅក្នុងចន្លោះច្រក មិនមានចិត្តជាប់ចំពាក់ក្នុងត្រកូល ក្នុងកាមទាំងឡាយ ដូចព្រះចន្ទពេញបូណ៌មី មិនមានមន្ទិលសៅហ្មង ម្នាលចិត្ត អ្នកប្រកបយើងក្នុងកាលមុន ដោយប្រការដូច្នេះ។ អ្នកចូរជាបុគ្គលប្រព្រឹត្តនៅក្នុងព្រៃ ប្រព្រឹត្តបិណ្ឌបាត ប្រព្រឹត្តនៅក្នុងព្រៃស្មសាន ទ្រទ្រង់សំពត់បង្សុកូល ប្រព្រឹត្តអង្គុយ (មិនដេក) ត្រេកអរក្នុងធុតង្គគុណ សព្វកាល ម្នាលចិត្ត អ្នកប្រកបយើងក្នុងកាលជាដំបូង ដោយប្រការដូច្នេះ។ បុរសអ្នកស្វែងរកផ្លែឈើ ដាំដើមឈើទាំងឡាយ ហើយប្រាថ្នាដើម្បីកាប់នូវដើមឈើនោះ ត្រង់គល់ មានឧបមាដូចម្ដេចមិញ ម្នាលចិត្ត អ្នកធ្វើហេតុនេះ ក៏មានឧបមេយ្យដូច្នោះ អ្នកប្រកបយើងក្នុងសេចក្ដីញាប់ញ័រ មិនទៀងទាត់។ ម្នាលអរូប (ចិត្ត) ទៅកាន់ទីឆ្ងាយ ត្រាច់ទៅតែម្នាក់ឯង ឥឡូវនេះ យើងលែងធ្វើតាមសំដីអ្នកហើយ ព្រោះថាកាមទាំងឡាយ ជាទុក្ខ ក្ដៅផ្សា មានភ័យធំ យើងនឹងមានចិត្តឧទ្ទិសទៅរកព្រះនិព្វានហើយ។ យើងមិនមែនចេញបួស ព្រោះតែឥតបុណ្យ ព្រោះតែឥតសេចក្ដីអៀនខ្មាស ព្រោះហេតុតែលុះក្នុងអំណាចរបស់ចិត្ត ព្រោះហេតុតែដើរផ្លូវឆ្ងាយ ឬព្រោះហេតុតែការចិញ្ចឹមជីវិតទេ ម្នាលចិត្ត ការប្ដេជ្ញា យើងបានធ្វើដល់អ្នកហើយ។ ភាពជាបុគ្គលប្រាថ្នាតិច ការលះបង់នូវសេចក្ដីលុបគុណគេ ការរម្ងាប់នូវទុក្ខ (ទាំងនេះ) សប្បុរសទាំងឡាយ (មានព្រះពុទ្ធជាដើម) សរសើរហើយ ម្នាលចិត្ត អ្នកបានប្រកបយើងក្នុងកាលនោះ ដោយប្រការដូច្នេះ ឥឡូវនេះ អ្នកដល់នូវ (សេចក្ដីប្រាថ្នាធំ) ដែលខ្លួនធ្លាប់ប្រព្រឹត្តមកហើយ។ តណ្ហា អវិជ្ជា សេចក្ដីស្រឡាញ់ សេចក្ដីមិនស្រឡាញ់ រូបទាំងឡាយដ៏ល្អ សុខវេទនាទាំងឡាយ និងកាមគុណទាំងឡាយ ជាទីពេញចិត្ត (ទាំងនេះ) យើងលះបង់អស់ហើយ យើងមិនអាចនៅគ្រប់គ្រងកិលេសធម៌ ដែលយើងលះបង់អស់ហើយទេ។ ម្នាលចិត្ត យើងបានធ្វើតាមពាក្យអ្នកគ្រប់ជាតិទាំងឡាយច្រើនហើយ អ្នកតាមយើងមិនទាន់ទេ ការច្រឡូកច្រឡំខាងក្នុង អ្នកបានធ្វើឲ្យកក្រើក ព្រោះតែអ្នកដឹងគុណ ដែលអ្នកដទៃធ្វើហើយ អ្នកធ្វើឲ្យយើងត្រាច់ទៅក្នុងសង្សារទុក្ខ អស់កាលយូរហើយ។ ម្នាលចិត្ត អ្នកធ្វើយើងឲ្យជាព្រាហ្មណ៍ អ្នកធ្វើយើងឲ្យជាខត្តិយៈ ជាស្ដេច ជាឥសី ជួនណាយើងកើតជាវេស្សៈ ឬជាសុទ្ទៈ មួយទៀត អ្នកធ្វើនូវភាពជាទេវតា (ដល់យើង) ព្រោះហេតុតែអ្នក។ យើងជាអសុរ ព្រោះហេតុតែអ្នក យើងជាសត្វនរក ក៏ព្រោះអ្នកជាហេតុ មួយវិញទៀត ជួនកាលយើងកើតជាតិរច្ឆាន កើតជាប្រេត ព្រោះហេតុតែអ្នក។ អ្នកនឹងប្រទូស្ដយើងរឿយ ៗ មិនបានទេ អ្នកធ្លាប់ប្រលោមយើង ដូចជាបុគ្គលឆ្កួត ឬដូចជាបុរស បង្ហាញនូវហេតុនៃលោករឿយ ៗ ម្នាលចិត្ត យើងបានកំចាត់បង់អ្នកជ្រះស្រឡះហើយ។ កាលពីដើម ចិត្តនេះ បានត្រាច់ទៅកាន់ចារិក តាមចំណង់ តាមប្រាថ្នា តាមសប្បាយ ថ្ងៃនេះ យើងនឹងផ្ទញ់ផ្ទាល់ចិត្តនោះ ដោយឧបាយនៃប្រាជ្ញា ដូចហ្មដំរីកាន់កង្វេរ បង្វឹកដំរីចុះប្រេង។ (ព្រះសម្មាសម្ពុទ្ធ) ជាគ្រូនៃយើង ទ្រង់តាំងទុកនូវលោកនេះ ថាជារបស់មិនទៀង ជារបស់មិនមាំមួន ជារបស់រកខ្លឹមសារគ្មាន ម្នាលចិត្ត អ្នកចូរញ៉ាំងយើងឲ្យស្ទុះទៅក្នុងសាសនានៃព្រះជិនស្រីវិញ អ្នកចូរញ៉ាំងយើង ឲ្យឆ្លងផុតចាកជំនន់ដ៏ធំ ដែលគេឆ្លងបានដោយកម្រវិញ។ ម្នាលចិត្ត ផ្ទះ គឺអត្តភាពនេះ ដូចជារបស់ចាស់ មិនមានដល់អ្នកទៀតទេ យើងមិនគួរនឹងប្រព្រឹត្តទៅក្នុងអំណាចរបស់អ្នកឡើយ យើងជាអ្នកបួសក្នុងសាសនានៃព្រះមានព្រះភាគ ព្រះអង្គស្វែងរកនូវគុណដ៏ធំ ពួកបុគ្គលដូចយើង មិនមែនជាអ្នកទ្រទ្រង់នូវសេចក្ដីវិនាសឡើយ។ ភ្នំ សមុទ្រ ស្ទឹង ផែនដី ទិសធំទាំង ៤ ទិសតូច ទិសខាងក្រោម ភព ៣ ទាំងអស់ ជារបស់មិនទៀង ត្រូវ រាគាទិក្កិលេសបៀតបៀនហើយ ម្នាលចិត្ត អ្នកទៅក្នុងទីណា នឹងត្រេកអរសប្បាយបាន។ ម្នាលចិត្ត ថ្វឺយ ៗ អ្នកនឹងធ្វើអំពើអ្វីដទៃទៀតដល់យើង ម្នាលចិត្ត យើងមិនគួរប្រព្រឹត្តទៅតាមអំណាចអ្នកឡើយ (ដូច) បុគ្គលមិនហ៊ានពាល់ទៃ ដែលមានមាត់ទាំងពីរខាង ថ្វឺយ (រូបនេះ) សឹងពេញ (ដោយរបស់មិនស្អាត) សម្រាប់ហូរចេញនូវវត្ថុមិនស្អាត តាមមុខដំបៅទាំង ៩។ អ្នកនៅក្នុងផ្ទះ គឺគុហា ត្រេកអរក្នុងញកភ្នំ កំពូលភ្នំ ជាទីដ៏ល្អតាមប្រក្រតី មានព្រៃដែលទឹកភ្លៀងថ្មីធ្លាក់ចុះ ជាទីដែលពួកជ្រូក និងទ្រាយ ចុះឡើងអាស្រ័យនៅហើយនោះ។ ហ្វូងបក្សី (ក្ងោក) មានកខៀវល្អ មានសិរល្អ មានតួស្លាបល្អ មានរោមស្លាបដ៏វិចិត្រល្អ មានសំឡេងស្រែកយំឮសូរពីរោះក្រៃលែងនោះ នឹងត្រេកអរចំពោះអ្នកចំរើនឈានក្នុងព្រៃ (នោះឯង)។ កាលភ្លៀងបង្អុរចុះមកហើយ កាលស្មៅដុះឡើងប្រវែង ៤ ធ្នាប់ កាលព្រៃមានសម្បុរដូចមេឃ មានផ្ការីកស្គុះស្គាយហើយ យើងក៏ប្រហែលនឹងដើមឈើ នឹងដេកត្រង់ចន្លោះនៃព្រៃភ្នំ ឯកន្លែងដេករបស់យើងនោះ នឹងមានសម្ផ័ស្សទន់ដូចជាសំឡី។ បុរសជាឥស្សរៈ (ធ្វើទាសកម្មករ ឲ្យលុះក្នុងអំណាចខ្លួន) យ៉ាងណាមិញ (ម្នាលចិត្ត) យើងនឹងធ្វើ (អ្នកឲ្យលុះក្នុងអំណាច) យ៉ាងនោះ យើងបានបច្ច័យណា បច្ច័យនោះ សូមឲ្យល្មមដល់យើង (ម្នាលចិត្ត) ព្រោះហេតុនោះ បុគ្គលមិនខ្ជិលយ៉ាងណា យើងនឹងធ្វើអ្នកយ៉ាងនោះ ឲ្យដូចស្បែកសំពោច ដែលគេសម្លាប់ល្អហើយ។ បុរសជាឥស្សរៈ (ធ្វើទាសកម្មករ ឲ្យលុះក្នុងអំណាចខ្លួន) យ៉ាងណាមិញ យើងនឹងធ្វើ (អ្នកឲ្យលុះក្នុងអំណាចខ្លួន) ក៏យ៉ាងនោះដែរ យើងបានបច្ច័យណា បច្ច័យនោះ សូមឲ្យល្មមដល់យើង (ម្នាលចិត្ត) យើងនឹងដឹកនាំអ្នកឲ្យលុះក្នុងអំណាចរបស់យើង ដោយសេចក្ដីព្យាយាម ដូចហ្មដំរីដ៏ប៉ិនប៉ៅ កាន់កង្វេរពង្រាបដំរីចុះប្រេង។ យើងអាចដើរទៅកាន់ផ្លូវដ៏ក្សេម ដែលពួកលោកអ្នករក្សាចិត្ត ធ្លាប់សេពហើយសព្វកាល ដោយសារអ្នក ដែលទូន្មានល្អហើយ តាំងមាំហើយ ដូចហ្មសេះ បង្ហាត់សេះ (ឲ្យទៅកាន់ទីតាមបំណង) ដោយសារសេះស្លូតត្រង់។ (ហ្មដំរីចងក្រៀក) ដំរីនឹងសសរ ដោយខ្សែដ៏មាំយ៉ាងណា យើងនឹងចងអ្នកទុកក្នុងកម្មដ្ឋានារម្មណ៍ ដោយកំឡាំងភាវនាយ៉ាងនោះដែរ (ម្នាលចិត្ត) អ្នកនោះ ដែលយើងគ្រប់គ្រងហើយ ចំរើនល្អហើយ ដោយសតិ នឹងទៅជាអ្នកមានតណ្ហានិស្ស័យជាដើម មិនអាស្រ័យក្នុងភពទាំងពួងឡើយ។ អ្នកបើបានផ្ដាច់ដំណើរទៅកាន់ផ្លូវខុស ដោយប្រាជ្ញា រួចផ្ទញ់ផ្ទាល់ដោយព្យាយាម ឲ្យតម្កល់នៅក្នុងផ្លូវវិបស្សនាវិញ ហើយឃើញនូវសេចក្ដីកើត សេចក្ដីវិនាស និងសេចក្ដីចំរើននោះ នឹងបានជាទាយាទ នៃព្រះសម្មាសម្ពុទ្ធ ព្រះអង្គពោលពាក្យដ៏ប្រសើរ។ ម្នាលចិត្ត អ្នកទង់ទាញយើង ឲ្យលុះអំណាចនៃវិបល្លាស ៤ [វិបល្លាស ៤ គឺ សំគាល់ថាទៀង ក្នុងរបស់មិនទៀង ១ សំគាល់ថាល្អ ក្នុងរបស់មិនល្អ ១ សំគាល់ថាសុខ ក្នុងរបស់មិនមែនសុខ ១ សំគាល់ថាខ្លួន ក្នុងសភាពមិនមែនខ្លួន ១។ អដ្ឋកថា។] ដូចជាកូនក្មេងអ្នកស្រុក ក្រែងអ្នកបានសេពគប់នឹងព្រះមហាមុនី ប្រកបដោយសេចក្ដីករុណា ជាអ្នកផ្ដាច់នូវចំណង គឺសំយោជនៈហើយឬ។ ម្រឹគមានសេរី ចូលទៅកាន់ភ្នំ ជាទីត្រេកអរ ដេរដាសដោយរបៀបពពក ក្នុងព្រៃដ៏វិចិត្រល្អ យ៉ាងណា អ្នកនឹងត្រេកអរក្នុងភ្នំនោះ ដែលមិនវឹកវរ ក៏យ៉ាងនោះដែរ ម្នាលចិត្ត អ្នកនឹងវិនាសឥតមានសង្ស័យឡើយ។ ម្នាលចិត្ត ជនប្រុសស្រីទាំងឡាយណា ជាអ្នកប្រព្រឹត្តទៅតាមសេចក្ដីប្រាថ្នា ទៅតាមអំណាចរបស់អ្នក រមែងទទួលសេចក្ដីសុខណា ជនប្រុសស្រីទាំងនោះ ជាអ្នកល្ងង់ខ្លៅ ប្រព្រឹត្តទៅតាមអំណាចនៃមារ ជាអ្នកត្រេកអរនឹងភព ជាសេវកៈរបស់អ្នក (រមែងបាននូវសេចក្ដីសុខនោះ គឺសាមិសសុខ)។  
- 
-ព្រះតាលបុដត្ថេរ។ 
- 
-ឧទ្ទាន 
- 
-ក្នុងបញ្ញាសនិបាតនោះ ព្រះតាលបុដត្ថេរ អ្នកបរិសុទ្ធ ១ អង្គ ពោលនូវគាថាទាំងឡាយ ៥៥។  
- 
-ចប់ បញ្ញាសនិបាត។ 
- 
-ថេរគាថា សដ្ឋិកនិបាត 
- 
-[២៦៤] ពួកយើង ជាអ្នកប្រព្រឹត្តនៅក្នុងព្រៃ ប្រព្រឹត្តបិណ្ឌបាត ត្រេកអរក្នុងវត្ថុ ដែលមាននៅក្នុងបាត្រ ដោយការស្វែងរក ជាអ្នកមានចិត្តតាំងមាំល្អខាងក្នុង ចូរទំលាយនូវសេនារបស់មច្ចុ (កិលេស)។ ពួកយើង ជាអ្នកប្រព្រឹត្តនៅក្នុងព្រៃ ប្រព្រឹត្តបិណ្ឌបាត ត្រេកអរក្នុងវត្ថុដែលមាននៅក្នុងបាត្រ ដោយការស្វែងរក ចូរកំចាត់បង់នូវសេនារបស់មច្ចុ ដូចដំរីកំចាត់កំចាយនូវផ្ទះបបុស។ ពួកយើងជាអ្នកប្រព្រឹត្តនៅក្រោមម្លប់ឈើ មានព្យាយាមប្រព្រឹត្តទៅរឿយ ៗ ត្រេកអរក្នុងវត្ថុដែលមាននៅក្នុងបាត្រ ដោយការស្វែងរក ជាអ្នកមានចិត្តតាំងមាំល្អខាងក្នុង ចូរទំលាយនូវសេនារបស់មច្ចុ។ ពួកយើងជាអ្នកប្រព្រឹត្តនៅក្រោមម្លប់ឈើ មានព្យាយាមប្រព្រឹត្តទៅរឿយ ៗ ត្រេកអរ ក្នុងវត្ថុដែលមាននៅក្នុងបាត្រ ដោយការស្វែងរក ចូរកំចាត់បង់នូវសេនារបស់មច្ចុ ដូចដំរីកំចាត់បង់នូវផ្ទះបបុស។ (នែស្រីផ្កាមាស) ថ្វឺយ នាងរាប់អានខ្លួនអ្នកដទៃ ដែលជាខ្ទម គឺរាងឆ្អឹងបែបចំអឹង ៗ មានសាច់ និងសរសៃរួបរឹតហើយ ពេញ (ដោយគ្រឿងមិនស្អាត) មានក្លិនស្អុយ។ ម្នាលនាងមានពកឰដ៏ទ្រូងដូចបិសាច ក្នុងកាយរបស់នាង ដែលពេញដោយលាមក ស្រោបដោយស្បែក (នេះ) មានទ្វារសម្រាប់បង្ហូរចេញ ៩ តែងហៀរហូរគ្រប់ពេល។ ភិក្ខុគប្បីវៀរបង់នូវសរីរៈនាង ដែលមានមុខហូរ ៩ មានក្លិនអាក្រក់ បុគ្គលអ្នកចង់ស្អាត ដើរវាងគូថៈ យ៉ាងណាមិញ ភិក្ខុចៀសវាងនូវសរីរៈរបស់នាង ក៏យ៉ាងនោះដែរ។ អាត្មាដឹងនូវសរីរៈនោះ យ៉ាងណា បើមហាជនដឹងនូវសរីរៈនោះ យ៉ាងនោះ គប្បីតែចៀសវាងសរីរៈនោះ អំពីចម្ងាយ ដូចគេចៀសវាងកន្លែងគូថៈ ក្នុងកាលដែលភ្លៀងបង្អុរចុះ។  
- 
-បពិត្រសមណៈ លោកមានថេរវាចាយ៉ាងណា បពិត្រលោកអ្នកមានព្យាយាមច្រើន ហេតុនុ៎ះ ក៏យ៉ាងនឹងមែនហើយ តែគង់មានជនពួកខ្លះ លិចនៅក្នុងសរីរៈនុ៎ះដែរ ដូចគោចាស់លិចនៅក្នុងភក់។  
- 
-នរណាសំគាល់ដើម្បីជ្រលក់នូវអាកាសដោយរមៀត ឬដោយគ្រឿងជ្រលក់ឯទៀត ការងាររបស់បុគ្គលនោះ នាំឲ្យតែកើតសេចក្ដីលំបាកទេ។ ចិត្តដែលតម្កល់នៅល្អក្នុងសន្ដាននោះ ក៏ស្មើគ្នានឹងអាកាស នាងកុំត្រេកអរ (នឹងយើង) ដោយចិត្តលាមក ដូចសត្វស្លាប (មមាច) ត្រេកអរនឹងគំនរភ្លើងឡើយ។ នាងចូរមើលរាងកាយដែលធ្វើឲ្យវិចិត្រហើយ ជាទីប្រជុំនៃដំបៅ ដែលឆ្អឹង ៣០០ កំណាត់ ផ្គុំគ្នាហើយ ឈឺជានិច្ច ដែលពួកជនពាលប្រាថ្នាដោយច្រើន សេចក្ដីទៀងទាត់ និងការមាំមួនរបស់រាងកាយនេះ មិនមានឡើយ។  
- 
-កាលព្រះសារីបុត្ត បរិបូណ៌ដោយអាការដ៏ច្រើន បរិនិព្វានហើយ សេចក្ដីស្ញប់ស្ញែង សេចក្ដីព្រឺរោម ក៏កើតមានឡើងថា។ ឱហ្ន៎ សង្ខារទាំងឡាយ មិនទៀងទេ មានការកើតឡើង និងការវិនាសទៅជាធម្មតា កើតឡើងហើយតែងរលត់វិញ ការរម្ងាប់នូវសង្ខារទាំងនោះ ទើបនាំមកនូវសុខ។ ពួកព្រះយោគីណា ពិចារណាឃើញច្បាស់នូវខន្ធទាំង ៥ ថាជារបស់ដទៃ ទាំងមិនមែនជារបស់ខ្លួន ពួកព្រះយោគីនោះ តែងចាក់ធ្លុះនូវធម៌ដ៏សុខុមបាន ដូចបុគ្គលបាញ់ចុងរោមកន្ទុយដោយព្រួញ។ មួយទៀត ពួកព្រះយោគីណា ពិចារណាឃើញច្បាស់នូវសង្ខារទាំងឡាយ ថាជារបស់ដទៃ ទាំងមិនមែនជារបស់ខ្លួន ពួកព្រះយោគីនោះ ឈ្មោះថា បានចាក់ធ្លុះនូវធម៌ដ៏ល្អិត ដូចបុគ្គលបាញ់ចុងរោមកន្ទុយ ដោយព្រួញ។  
- 
-(ភិក្ខុអ្នកមានស្មារតី គប្បីវៀរ ដើម្បីលះបង់នូវកាមរាគៈ ដូចជាគេបោះ ឬពួយនឹងលំពែង ទំលុះពីលើមកក្រោម ពុំនោះសោត ដូចជាគេលត់ភ្លើង កំពុងឆេះឰដ៏ក្បាល)។ ភិក្ខុអ្នកមានស្មារតី គប្បីវៀរ ដើម្បីលះបង់នូវភវរាគៈ ដូចជាគេបោះ ឬពួយនឹងលំពែង ទំលុះពីលើមកក្រោម ពុំនោះសោត ដូចជាគេលត់ភ្លើង ដែលកំពុងឆេះឰដ៏ក្បាល។  
- 
-ខ្ញុំលុះព្រះសាស្ដាចារ្យ ព្រះអង្គមានព្រះកាយអប់រំហើយ ព្រះអង្គទ្រទ្រង់នូវសរីរៈជាទីបំផុត ទ្រង់បានដាស់តឿនហើយ ក៏ញ៉ាំងមិគារមាតុប្រាសាទ ឲ្យកក្រើកបាន ដោយចុងមេជើង។ បុគ្គលប្រារព្ធការងារណាមួយ ធូរ ៗ ឬដោយកំឡាំងព្យាយាមស្ដួចស្ដើង មិនងាយបានដល់ព្រះនិព្វាន ដែលជាគ្រឿងរួចចាកគន្ថធម៌ទាំងពួងទេ។ ភិក្ខុកំលោះនេះក្ដី បុរសដ៏ឧត្តមនេះក្ដី បានឈ្នះនូវមារ ព្រមទាំងសេនានៃមារ ហើយទ្រទ្រង់នូវរាងកាយជាទីបំផុតបាន។  
- 
-ផ្លេកបន្ទោរទាំងឡាយ រមែងធ្លាក់ក្នុងចន្លោះនៃភ្នំឈ្មោះវេភារៈ និងភ្នំឈ្មោះបណ្ឌវៈ ឯបុត្រនៃព្រះពុទ្ធ ជាតាទិបុគ្គល រកបុគ្គលប្រៀបស្មើមិនបាន លោកនៅក្នុងចន្លោះភ្នំ រមែងដុត (នូវធម៌ជាសត្រូវ)។ មហាព្រហ្ម ថ្វាយបង្គំហើយ នូវមុនិអ្នកស្ងប់ស្ងាត់ ត្រេកអរនឹងការស្ងប់រម្ងាប់ នៅក្នុងសេនាសនៈដ៏ស្ងាត់ ជាទាយាទរបស់ព្រះពុទ្ធដ៏ប្រសើរ។ ម្នាលព្រាហ្មណ៍ អ្នកចូរថ្វាយបង្គំព្រះកស្សបៈ ជាមុនិ អ្នកស្ងប់ស្ងាត់ ត្រេកអរនឹងការស្ងប់ស្ងាត់ នៅក្នុងសេនាសនៈដ៏ស្ងាត់ ជាទាយាទរបស់ព្រះពុទ្ធដ៏ប្រសើរចុះ។ បើបុគ្គលណា ទៅយកកំណើតជាព្រាហ្មណ៍គ្រប់ ៗ ជាតិ អស់ ១០០ ជាតិ បុគ្គលនោះ ឈ្មោះថាព្រាហ្មណ៍ បរិបូណ៌ដោយវេទ ក្នុងពួកមនុស្សរឿយ ៗ។ តែបើទុកជាព្រាហ្មណ៍នោះ ជាអ្នកចេះចាំមន្ដ ដល់នូវត្រើយនៃវេទទាំង ៣ ក៏ដោយចុះ ក៏នៅតែមិនដល់មួយចំណិតនៃចំណែក ដែលគេចែក ១៦ ៗ ដង នៃការថ្វាយបង្គំចំពោះព្រះមហាកស្សបត្ថេរនុ៎ះឡើយ។  
- 
-ភិក្ខុណាបានវិមោក្ខ ៨ ក្នុងវេលាមុនភត្ត ជាអនុលោមបដិលោម លុះចេញចាកនិរោធសមាបត្តិនោះហើយ ទើបទៅដើម្បីបិណ្ឌបាត ម្នាលព្រាហ្មណ៍ អ្នកចូរត្រេកអរនឹងភិក្ខុបែបនោះ អ្នកកុំគាស់រំលើងខ្លួនឡើយ អ្នកចូរធ្វើចិត្តឲ្យត្រេកអរចំពោះព្រះអរហន្ដ ជាតាទិបុគ្គល ចូរប្រណម្យអញ្ជលី ថ្វាយបង្គំឲ្យឆាប់ កុំឲ្យក្បាលអ្នកបែកជា ៧ ភាគឡើយ។ បោដិ្ឋលភិក្ខុនោះ ត្រូវចំណង គឺសង្សារវដ្ដរួបរឹតហើយ មិនបានឃើញនូវព្រះសទ្ធម្ម ស្ទុះទៅរកមិច្ឆាជីវៈ ជាផ្លូវដែលមិនគួរទៅ ជាផ្លូវវៀច ផ្លូវអាក្រក់។ តុច្ឆបោដ្ឋិលភិក្ខុ ងប់ចុះក្នុងសង្ខារ (ដែលច្រឡំដោយកិលេស ជាគ្រឿងមិនស្អាត) លិចចុះក្នុងលាភៈ និងសក្ការៈ ដូចជាដង្កូវប្រឡាក់ដោយលាមក។ 
- 
-អ្នកចូរមើលព្រះសារីបុត្តដ៏មានអាយុនេះ លោកជាអ្នកឃើញដោយប្រពៃ ជាអ្នកផុតចាកចំណែកទាំងពីរ [គឺរួចចាករូបកាយដោយអរូបសមាបត្តិ ១ ចាកនាមកាយដោយមគ្គ ១។] ជាអ្នកមានចិត្តតម្កល់មាំក្នុងសន្តាន មិនមានសរ គឺរាគៈជាដើម មានសំយោជនៈអស់ហើយ បានសម្រេចវិជ្ជា ៣ ញ៉ាំងមច្ចុរាជឲ្យវិនាស ជាទក្ខិណេយ្យបុគ្គល ជាបុញ្ញក្ខេត្តដ៏ប្រសើរ របស់មនុស្សទាំងឡាយ។  
- 
-ពួកទេវតាជាច្រើន ចំនួនមួយម៉ឺនអង្គ មានឫទ្ធិ៍ មានយស ទេវតាទាំងអស់នុ៎ះ ទាំងពួកព្រហ្មបុរោហិត ឈរប្រណម្យនមស្ការព្រះមោគ្គល្លានថា បពិត្រលោកជាបុរសអាជានេយ្យ យើងខ្ញុំសូមនមស្ការចំពោះលោក បពិត្រលោកជាបុរសដ៏ឧត្តម យើងខ្ញុំសូមនមស្ការចំពោះលោក បពិត្រលោកនិទ៌ុក្ខ លោកមានអាសវៈអស់ហើយ លោកជាទក្ខិណេយ្យបុគ្គល។  
- 
-(ព្រះមោគ្គល្លាន) ដែលនរជន និងទេវតា បូជាហើយ លោកកើត (ដោយអរិយជាតិ) ជាអ្នកគ្របសង្កត់នូវសេចក្ដីស្លាប់បាន មិនជាប់ចំពាក់ក្នុងសង្ខារ ដូចជាផ្កាឈូកស មិនប្រឡាក់ដោយទឹក។  
- 
-ព្រះមោគ្គល្លានណា ជ្រាបនូវឱកាសលោកមួយពាន់ ក្នុងកាលមួយរំពេច ព្រះ មោគ្គល្លាននោះ ស្មើនឹងមហាព្រហ្ម ជាអ្នកស្ទាត់ក្នុងឥទ្ធិគុណ និងចុតូបបាតៈ លោកជាភិក្ខុឃើញពួកទេវតាក្នុងកាលគួរ។  
- 
-ព្រះសារីបុត្តត្ថេរ (ប្រសើរ) ដោយប្រាជ្ញា ដោយសីល ដោយឧបសមៈ ទុកជាភិក្ខុណា ជាអ្នកដល់នូវត្រើយ ភិក្ខុនោះ គប្បីជាអ្នកមានគុណយ៉ាងក្រៃលែង ដូច្នេះឯង។  
- 
-ចំណែកអាត្មា អាចនិមិ្មតនូវអត្តភាពមួយសែនកោដិបាន ដោយមួយរំពេច ជាអ្នកឈ្លាសវៃក្នុងឫទ្ធិ៍ គឺការធ្វើផ្សេង ៗ ជាអ្នកស្ទាត់ជំនាញក្នុងឫទ្ធិ៍។ អាត្មាជាមោគ្គល្លានគោត្រ ដល់នូវទីបំផុតដោយសមាធិ និងភាវៈ ស្ទាត់ក្នុងវិជ្ជា ជាអ្នកប្រាជ្ញ មានឥន្រ្ទិយតាំងមាំ ក្នុងសាសនា (នៃព្រះសាស្ដា) ប្រាសចាកតណ្ហានិស្ស័យជាដើម បានកាត់នូវចំណង គឺកិលេស ដូចដំរីផ្ដាច់ទន្លីង ដែលគេធ្វើដោយវល្លិ៍ស្អុយ។  
- 
-ព្រះសាស្ដា ខ្ញុំបំរើហើយ។បេ។ តណ្ហា ដែលជាធម្មជាតិនាំសត្វទៅកាន់ភព ខ្ញុំបានដកហើយ។ កុលបុត្រ ចេញចាកផ្ទះហើយទៅបួស ក្នុងសំណាក់បុគ្គលមិនមានផ្ទះ ដើម្បីប្រយោជន៍ណា ប្រយោជន៍ជាគ្រឿងអស់សំយោជនៈគ្រប់យ៉ាងនោះ ក៏ខ្ញុំបានសម្រេចហើយ។ ទុស្សីមារ បៀតបៀននូវព្រាហ្មណ៍ គឺអគ្គសាវ័កឈ្មោះ វិធូរៈផង នូវព្រះសម្មាសម្ពុទ្ធ ទ្រង់ព្រះនាមកក្កុសន្ធៈផង ហើយឆេះនៅក្នុងនរកណា នរកនោះ ដូចម្ដេចទៅ។ ទុស្សីមារ បៀតបៀននូវព្រាហ្មណ៍ គឺសាវ័កឈ្មោះ វិធូរៈផង នូវព្រះសម្មាសម្ពុទ្ធ ទ្រង់ព្រះនាមកក្កុសន្ធៈផង ហើយឆេះនៅក្នុងនរកណា នរកនោះ ប្រាកដដូច្នេះ គឺកង្វារដែក ១០០ កើតវេទនាផ្សេង ៗ គ្នា គ្រប់យ៉ាង។ ភិក្ខុណាជាសាវ័ករបស់ព្រះពុទ្ធ ដឹងជាក់លាក់នូវផលនៃកម្មនោះ ម្នាលមារមានចិត្តខ្មៅ អ្នកបៀតបៀននូវភិក្ខុបែបនោះហើយ នឹងដល់នូវសេចក្ដីទុក្ខមិនខាន។ វិមានទាំងឡាយណា តាំងនៅអស់មួយកប្ប ឋិតនៅក្នុងកណ្ដាលសាគរ មានពណ៌ដូចជាកែវពិទូរ្យដ៏រុងរឿង មានពន្លឺភ្លឺផ្លេក មានពួកស្រីអប្សរដ៏ច្រើនមានវណ្ណៈផ្សេង ៗ រាំក្នុងវិមានទាំងនោះ ភិក្ខុណាដឹងជាក់លាក់នូវផលនៃកម្មនោះ។បេ។ ម្នាលមារមានចិត្តខ្មៅ អ្នកនឹងដល់នូវសេចក្ដីទុក្ខ។  
- 
-មួយទៀត ភិក្ខុណាដែលព្រះពុទ្ធជាម្ចាស់ ទ្រង់ដាស់តឿនហើយ កាលភិក្ខុសង្ឃកំពុងមើល (ភិក្ខុនោះ) បានធ្វើមិគារមាតុប្រាសាទ ឲ្យកក្រើកញាប់ញ័រ ដោយចុងមេជើង។ ភិក្ខុណាដឹងជាក់លាក់នូវផលនៃកម្មនោះបាន។បេ។ ម្នាលមារមានចិត្តខ្មៅ អ្នកនឹងដល់នូវសេចក្ដីទុក្ខ។ ភិក្ខុណាធ្វើវេជយន្ដប្រាសាទ ឲ្យកក្រើកញាប់ញ័រ ដោយចុងមេជើង ភិក្ខុនោះ ជាអ្នកអង់អាចដោយកំឡាំងឫទ្ធិ៍ ធ្វើពួកទេវតាឲ្យសង្វេគហើយ។ ភិក្ខុណាដឹងជាក់លាក់នូវផលនៃកម្មនុ៎ះបាន។បេ។ ម្នាលមារមានចិត្តខ្មៅ អ្នកនឹងដល់នូវសេចក្ដីទុក្ខ។ ភិក្ខុណា (គង់លើ) វេជយន្ដប្រាសាទ ភិក្ខុនោះ ក៏សួរសក្កទេវរាជថា ម្នាលអាវុសោ អ្នកដឹងនូវការអស់ និងការផុតស្រឡះចាកតណ្ហាដែរឬទេ សក្កទេវរាជ លុះព្រះថេរៈសួរប្រស្នាហើយ ក៏ឆ្លើយដោះស្រាយតាមសេចក្ដីពិតដល់លោក ភិក្ខុណាដឹងជាក់លាក់នូវផលនៃកម្មនុ៎ះ។បេ។ ម្នាលមារ មានចិត្តខ្មៅ អ្នកនឹងដល់នូវសេចក្ដីទុក្ខ។ ភិក្ខុណាជាបុគ្គលក្លៀវក្លា សួរប្រស្នានឹងព្រហ្មក្នុងសភាឈ្មោះសុធម្មាថា ម្នាលអាវុសោ សេចក្ដីយល់ណារបស់អ្នក ដែលមានហើយ ក្នុងកាលពីដើម សេចក្ដីយល់របស់អ្នកនោះ នៅដូចថ្ងៃនេះឬ អ្នកឃើញពន្លឺរស្មី (នៃព្រះមានបុណ្យ និងសាវ័ក) គ្របសង្កត់ក្នុងព្រហ្មលោកដែរឬទេ ព្រហ្ម លុះព្រះថេរៈសួរប្រស្នាហើយ ក៏ឆ្លើយដោះសារ តាមសេចក្ដីពិតដល់លោកថា  
- 
-បពិត្រលោកនិទ៌ុក្ខ សេចក្ដីយល់ណារបស់ខ្ញុំ ដែលមានហើយ ក្នុងកាលពីដើម សេចក្ដីយល់របស់ខ្ញុំនោះ មិនមានទេ។ ខ្ញុំឃើញពន្លឺរស្មី (របស់ព្រះមានបុណ្យ និងសាវ័ក) គ្របសង្កត់ក្នុងព្រហ្មលោក ខ្ញុំនោះនឹងលះបង់នូវពាក្យរបស់ខ្ញុំ ដែលយល់ឃើញថា អាត្មាអញជាបុគ្គលទៀងទាត់ (នោះ) ក្នុងថ្ងៃនេះហើយ។ ភិក្ខុណាដឹងជាក់លាក់នូវផលនៃកម្មនោះ។បេ។ ម្នាលមារមានចិត្តខ្មៅ អ្នកនឹងដល់នូវសេចក្ដីទុក្ខ។ ភិក្ខុណាបានឃើញកំពូលភ្នំមហាសិនេរុផង ឃើញជម្ពូទ្វីបផង ឃើញបុព្វវិទេហទ្វីបផង ឃើញពួកមនុស្សដេកលើផែនដី (នៅក្នុងអបរគោយានទ្វីប និងឧត្តរកុរុទ្វីប) ផង ដោយឈានវិមោក្ខ ភិក្ខុណាដឹងជាក់លាក់នូវផលនៃកម្មនោះ។បេ។ ម្នាលមារមានចិត្តខ្មៅ អ្នកនឹងដល់នូវសេចក្ដីទុក្ខ។ ធម្មតាភ្លើងមិនដែលគិតថា អញនឹងឆេះរលាកមនុស្សពាលទេ តែប្រសិនជាមនុស្សពាលពាល់ភ្លើងដែលឆេះហើយ (ភ្លើង) ក៏ឆេះរលាកនូវបុគ្គលពាលនោះឯង ម្នាលមារ អ្នកបៀតបៀននូវព្រះតថាគតនោះ មុខជានឹងឆេះរលាកខ្លួនឯងវិញ ដូចមនុស្សពាលពាល់ភ្លើង យ៉ាងនោះដែរ។ ម្នាលមារមានចិត្តបាប មារឯង បៀតបៀននូវព្រះតថាគតនោះ មុខជានឹងបានសោយបាប អ្នកសំគាល់ថា បាបនឹងមិនឲ្យផលដល់អញឬអ្វី។  
- 
-ម្នាលមារមានចិត្តលាមក បាបរបស់អ្នកកាលធ្វើ រមែងប្រព្រឹត្តទៅ (មិនជាប្រយោជន៍) អស់កាលដ៏យូរ ម្នាលមារ អ្នកចូរនឿយណាយចាកបុគ្គលអ្នកត្រាស់ដឹង នូវសច្ចៈទាំង ៤ ប្រការ អ្នកកុំធ្វើនូវសេចក្ដីប៉ុនប៉ង ដើម្បីបៀតបៀនភិក្ខុឡើយ។  
- 
-ភិក្ខុ (មោគ្គល្លានត្ថេរ) បានគំរាមមារ ក្នុងភេសកឡាវ័នដោយប្រការដូច្នេះហើយ មារ ជាយក្ខនោះ ក៏អាក់អន់ចិត្ត ហើយបាត់ទៅក្នុងទីនោះឯង ព្រោះហេតុតែសេចក្ដីគំរាម (នៃព្រះមោគ្គល្លាន)។  
- 
-ឮថា ព្រះមហាមោគ្គល្លានត្ថេរមានអាយុ បានសំដែងនូវគាថាទាំងឡាយ ដោយប្រការដូច្នេះឯង។  
- 
-ឧទ្ទាន 
- 
-ព្រះមោគ្គល្លានត្ថេរ មានឫទ្ធិច្រើន តែមួយអង្គឯង សំដែងនូវគាថាទាំងឡាយ ក្នុងសដ្ឋិកនិបាត គាថាទាំងនោះ មានចំនួន ៦៨ គាថា។ 
- 
-ចប់ សដ្ឋិកនិបាត។ 
- 
-ថេរគាថា មហានិបាត 
- 
-[២៦៥] វិតក្កៈទាំងឡាយនេះ ជាសភាវៈឃ្នើសឃ្នង ព្រោះជារបស់លាមក តែងគ្របសង្កត់អាត្មាអញ ដែលចេញចាកផ្ទះ បួសក្នុងព្រះពុទ្ធសាសនា (ដូច) ពួកខ្មាន់ធ្នូដ៏ប្រសើរ ជាកូនអ្នកខ្ពង់ខ្ពស់ សិក្សាស្ទាត់ហើយ មានធ្នូដ៏មាំ គប្បីបាញ់ប្រសាចនូវព្រួញ ទាំងពាន់ជុំវិញខ្លួន (សត្រូវ) មិនឲ្យរត់រួចបាន។ បើពួកស្រីប៉ុណ្ណេះ (ឬ) លើសជាងនេះ នឹងមក ក៏គង់បៀតបៀនអាត្មាអញមិនបាន (ព្រោះ) អាត្មាអញបានតាំងមាំនៅក្នុងធម៌ទាំងឡាយហើយ។ ព្រះពុទ្ធដីការបស់ព្រះពុទ្ធ ជាអាទិច្ចពន្ធុ អាត្មាអញបានស្ដាប់ម្ដងហើយ ចិត្តរបស់អាត្មាអញត្រេកអរក្នុងផ្លូវជាទីទៅកាន់ព្រះនិព្វាននោះហើយ។ ម្នាលមារលាមក បើអ្នកចូលមកបំបាក់យើង ដែលកំពុងចុះចិត្តស៊ប់ក្នុងវិបស្សនាយ៉ាងនេះ អ្នកមិនបានឃើញផ្លូវរបស់យើង យ៉ាងណា យើងនឹងធ្វើអ្នកឲ្យដល់នូវសេចក្ដីស្លាប់ យ៉ាងនោះដែរ។  
- 
-បុគ្គលណា លះបង់នូវសេចក្ដីអផ្សុក នូវសេចក្ដីត្រេកអរ នូវសេចក្ដីត្រិះរិះ ដែលអាស្រ័យនូវផ្ទះ ដោយប្រការទាំងពួង មិនធ្វើនូវសេចក្ដីប្រាថ្នាក្នុងវត្ថុណាមួយ ជាអ្នកមិនមានសេចក្ដីប្រាថ្នា ព្រោះមិនមានសេចក្ដីប្រាថ្នា បុគ្គលនោះ ឈ្មោះថាភិក្ខុ។ ក្នុងលោកនេះ វត្ថុណាមួយ នៅលើផែនដីក្ដី លើអាកាសក្ដី ដែលរាប់ចូលក្នុងភព ៣ មានសភាវៈវិនាសទៅ វត្ថុទាំងអស់នោះ ជារបស់មិនទៀង រមែងទ្រុឌទ្រោមទៅ អ្នកប្រាជ្ញទាំងឡាយ រមែងយល់ច្បាស់យ៉ាងនេះ។ ពួកជនរមែងជាប់ចំពាក់ក្នុងឧបធិ គឺរូប និងសំឡេង ដែលឃើញហើយ ឮហើយផង គឺក្លិន រស និងផោដ្ឋព្វៈ ដែលទង្គិចហើយ ប៉ះពាល់ហើយផង អ្នកចូរជាបុគ្គលមិនមានសេចក្ដីញាប់ញ័រ បន្ទោបង់នូវសេចក្ដីប្រាថ្នា ក្នុងកាមទាំងនោះចេញ ព្រោះបុគ្គលណា មិនជាប់ក្នុងកាមគុណនុ៎ះ ពួកអ្នកប្រាជ្ញទើបហៅបុគ្គលនោះ ថាជាមុនី។ បុគ្គលអន្ធពាល មានវិតក្កៈ អាស្រ័យនូវទិដ្ឋិ ៦៨ រមែងជាអ្នកតាំងនៅមាំហើយក្នុងអធម៌ ព្រោះតែខ្លួនជាបុថុជ្ជន បុគ្គលណាមិនលុះក្នុងពួកនៃមិច្ឆាទិដ្ឋិ ក្នុងវត្ថុណាមួយ ទាំងជាអ្នកមិននិយាយអាក្រក់ បុគ្គលនោះ ឈ្មោះថាភិក្ខុ។ អ្នកប្រាជ្ញមានចិត្តតម្កល់មាំ អស់កាលយូរហើយ ជាអ្នកមិនកុហក មានប្រាជ្ញាល្អិត មិនមានតណ្ហា ជាអ្នកបរិបូណ៌ដោយមោនេយ្យធម៌ រំលត់កិលេស ហើយបានសម្រេចនូវសន្ដបទ ព្រោះអាស្រ័យ (ព្រះនិព្វាន) រង់ចាំតែបរិនិព្វានកាល។ ម្នាលអ្នកជាគោត្រនៃព្រះគោតម អ្នកចូរលះបង់នូវមានះផង ចូរលះបង់នូវផ្លូវនៃមានះ កុំឲ្យមានសេសសល់ផង (ព្រោះ) បុគ្គលជ្រប់នៅក្នុងផ្លូវនៃមានះហើយ រមែងមានសេចក្ដីក្ដៅក្រហាយ អស់កាលយូរ។ ពួកសត្វដែលត្រូវសេចក្ដីលុបគុណគ្របសង្កត់ ត្រូវមានះបៀតបៀនហើយ រមែងធ្លាក់ទៅក្នុងនរក ពួកជនដែលមានះបៀតបៀនហើយ រមែងទៅកើតក្នុងនរក សោកសៅអស់កាលយូរ។ ភិក្ខុអ្នកឈ្នះកិលេសដោយមគ្គ អ្នកប្រតិបត្តិដោយប្រពៃ រមែងមិនសោកសៅក្នុងកាលណាម្ដងឡើយ ភិក្ខុណាបាននូវកិត្តិយសផង បាននូវសេចក្ដីសុខផង ពួកបណ្ឌិតតែងហៅភិក្ខុនោះ ថាជាអ្នកឃើញធម៌ដោយពិត។ ហេតុនោះ ភិក្ខុអ្នកមិនរឹងរូស មានព្យាយាមក្នុងសាសនានេះ លះបង់នូវនីវរណៈទាំងឡាយ ជាអ្នកបរិសុទ្ធ លះបង់នូវមានះ មិនឲ្យមានសេសសល់ រមែងជាអ្នកធ្វើនូវទីបំផុតនៃវិជ្ជា ជាអ្នកស្ងប់រម្ងាប់កិលេស។  
- 
-ខ្ញុំក្ដៅក្រហាយ ចិត្តរបស់ខ្ញុំអន្ទះអន្ទែង ព្រោះតែកាមរាគៈ បពិត្រព្រះអានន្ទ ជាគោតមគោត្រ សូមលោកមេត្តាសំដែងនូវធម៌ ជាគ្រឿងញ៉ាំងកាមរាគៈនោះ ឲ្យរលត់ ដោយសេចក្ដីអនុគ្រោះចុះ។  
- 
-ចិត្តរបស់លោកអន្ទះអន្ទែង ព្រោះតែវិបល្លាសនៃសញ្ញា លោកចូរលះបង់នូវសុភនិមិត្ត ដែលប្រកបដោយកាមរាគៈចោលចេញ។ លោកចូរចំរើនឯកគ្គតាចិត្ត ឲ្យតម្កល់មាំល្អ ក្នុងអសុភសញ្ញា ទាំងកាយគតាសតិ ក៏ចូរឲ្យមានដល់លោក លោកចូរមានសេចក្ដីនឿយណាយឲ្យច្រើនចុះ។ ចូរចំរើនអនិមិត្ត គឺ អនិច្ចានុបស្សនា ចូរផ្ដាច់នូវមានានុស័យ តទៅ លោកនឹងបានស្ងប់រម្ងាប់ ព្រោះលះបង់មានះ។ បុគ្គលមិនគប្បីញ៉ាំងខ្លួនឲ្យក្ដៅក្រហាយ ដោយវាចាណា គប្បីពោលតែវាចានោះ បុគ្គលមិនគប្បីបៀតបៀនពួកបុគ្គលដទៃដោយវាចាណា វាចានោះឯង ជាសុភាសិត។ វាចាណា ដែលគេទទួលត្រេកអរ បុគ្គលគប្បីពោលតែវាចាជាទីស្រឡាញ់នោះឯង បុគ្គលកុំកាន់យកពាក្យអាក្រក់ ពោលតែពាក្យដែលជាទីពេញចិត្តនៃពួកជនដទៃ។ ពាក្យពិត ជាពាក្យមិនស្លាប់ នេះជាធម៌មានមកពីបុរាណ ពួកសប្បុរស តាំងមាំក្នុងសច្ចៈផង ក្នុងអត្ថៈផង ក្នុងធម្មៈផង។ ព្រះពុទ្ធទ្រង់ពោលវាចាណា ជាវាចាក្សេម ដើម្បីដល់នូវព្រះនិព្វាន ដើម្បីធ្វើនូវទីបំផុតនៃទុក្ខ វាចានោះឯង ជាវាចាឧត្តម ជាងវាចាទាំងឡាយ។  
- 
-សារីបុត្រ ជាបុគ្គលមានប្រាជ្ញាជ្រាលជ្រៅ ជាអ្នកប្រាជ្ញ យល់ផ្លូវ និងមិនមែនផ្លូវ មានប្រាជ្ញាច្រើន រមែងសំដែងធម៌ដល់ពួកភិក្ខុ។ សារីបុត្រសំដែងធម៌ ដោយសង្ខេបក៏បាន សំដែងដោយពិស្ដារក៏បាន លោកមានសំឡេងគឹកកងពីរោះ ដូចសំឡេងសាលិកា ទាំងមានបដិភាណផុសផុល។ កាលសារីបុត្រកំពុងសំដែងធម៌នោះ ពួកភិក្ខុកំពុងស្ដាប់សំឡេងដ៏ពីរោះ ក៏មានចិត្តអណ្ដែតអណ្ដូង ត្រេកអរ ផ្ចង់សោតប្រសាទ ទៅរកសំឡេង ដែលគួរត្រេកអរ គួរចង់ស្ដាប់ គួរប្រាថ្នា។  
- 
-ពួកភិក្ខុ ៥០០ រូប ជាអ្នកផ្ដាច់បង់នូវចំណង គឺសំយោជនៈ ជាអ្នកមិនមានទុក្ខ មានភពថ្មីអស់ហើយ ជាអ្នកស្វែងរកគុណ បានមកជួបជុំគ្នា ដើម្បីវិសុទ្ធិ បវារណាក្នុងថ្ងៃ ១៥ នេះ។ ព្រះរាជាចក្រពត្តិ មានអាមាត្យចោមរោម យាងប្រទក្សិណផែនដីដែលមានសាគរជាទីបំផុតនេះ ដោយជុំវិញ យ៉ាងណា។ ពួកសាវ័កមាន វិជ្ជា ៣ អ្នកបំផ្លាញនូវមច្ចុរាជ រមែងអង្គុយជិត (ព្រះសាស្ដា) ព្រះអង្គជាបុគ្គលប្រសើរលើសលុប ឈ្នះសង្គា្រម គឺកិលេស អ្នកដឹកនាំនូវពួកក្រុម ក៏យ៉ាងនោះដែរ។ ពួកសាវ័កទាំងអស់ ជាបុត្រនៃព្រះមានព្រះភាគ សភាវៈសោះសូន្យ ក្នុងពួកនោះ មិនមានឡើយ ខ្ញុំព្រះករុណា សូមក្រាបថ្វាយបង្គំ ចំពោះព្រះសាស្ដា ជាផៅពង្សនៃព្រះអាទិត្យ ព្រះអង្គជាអ្នកបំផ្លាញនូវសរ គឺតណ្ហា។  
- 
-ពួកភិក្ខុច្រើនជាងពាន់ អង្គុយជិតព្រះសុគត ដែលកំពុងសំដែងធម៌ ជាគ្រឿងប្រាសចាករាគៈ គឺព្រះនិព្វាន ឥតមានភ័យអំពីទីណា។ ពួកសាវ័កស្ដាប់ធម៌ដ៏ធំទូលាយ ដែលព្រះសម្មាសម្ពុទ្ធ ទ្រង់សំដែងហើយ ឱហ្ន៎ ព្រះសម្ពុទ្ធ មានភិក្ខុចោមរោមហើយ ល្អណាស់តើ។ បពិត្រព្រះមានព្រះភាគ ព្រះអង្គមានព្រះនាម ថានាគ ជាឥសីគំរប់ ៧ [រាប់តាំងពី ព្រះវិបស្សិសម្មាសម្ពុទ្ធឥសីមក។] នៃឥសីទាំងឡាយ ព្រះអង្គជាអ្នកបង្អុរនូវធម៌ ស្រោចពួកសាវ័ក មានសភាពដូចជាមហាមេឃបង្អុរនូវភ្លៀង។ បពិត្រព្រះអង្គមានព្យាយាមធំ វង្គីសៈ ជាសាវ័ក ចេញចាកទីនៅក្នុងវេលាថ្ងៃ ព្រោះមានសេចក្ដីប្រាថ្នាចង់គាល់ព្រះសាស្ដា ថ្វាយបង្គំព្រះបាទារបស់ព្រះអង្គ។  
- 
-ព្រះមានព្រះភាគ ទ្រង់គ្របសង្កត់ផ្លូវខុស គឺកិលេសមារ បានប្រព្រឹត្តទំលាយបង្គោល គឺកិលេស អ្នកទាំងឡាយ ចូរមើលព្រះពុទ្ធនោះ ព្រះអង្គធ្វើឲ្យរួចចាកបំណង មិនអាស្រ័យតណ្ហា ទ្រង់ចែករំលែកធម៌ តាមចំណែក។ ព្រោះថា ព្រះអង្គបានប្រាប់ផ្លូវច្រើនប្រការ ដើម្បីជាគ្រឿងរលាស់ឱឃៈចោល កាលទ្រង់សំដែងប្រាប់អមតមហានិព្វាននោះហើយ ពួកជនក៏បានឃើញច្បាស់នូវធម៌ តម្កល់នៅនឹង មិនមានអ្នកណាដឹកនាំទៅបាន។ ព្រះពុទ្ធនោះ អ្នកធ្វើនូវពន្លឺ ទ្រង់ឆ្លុះរកវិញ្ញាណដ្ឋិតិរបស់សត្វទាំងអស់ បានត្រាស់ដឹងផង ធ្វើឲ្យជាក់ច្បាស់ផង ទ្រង់យាងកន្លងផ្លូវឆ្ងាយបាន ហើយសំដែងធម៌ដ៏ប្រសើរដល់ពួកបញ្ចវគ្គិយភិក្ខុ អ្នកមានសទ្ធា ត្រាស់ដឹងធម៌មុនគេបង្អស់។ កាលបើធម៌ដែលព្រះតថាគតសំដែងល្អយ៉ាងនេះហើយ សេចក្ដីប្រមាទដូចម្ដេច នឹងមានដល់ពួកជន ដែលជាអ្នកដឹងច្បាស់នូវធម៌បាន ព្រោះហេតុនោះ បុគ្គលមិនគប្បីជាអ្នកប្រមាទ ក្នុងសាសនារបស់ព្រះមានព្រះភាគនោះឡើយ គប្បីនមស្ការ សិក្សាតាម សព្វ ៗ កាល។  
- 
- អញ្ញាកោណ្ឌញ្ញត្ថេរ ជាអ្នកត្រាស់ដឹងតាមព្រះពុទ្ធ មានសេចក្ដីព្យាយាមមាំមួន ជាអ្នកបាននូវវិវេក ជាគ្រឿងនៅជាសុខរឿយ ៗ។ កិច្ចណាដែលសាវ័ក អ្នកធ្វើតាមសាសនានៃព្រះសាស្ដា គប្បីសម្រេច កិច្ចនោះ ព្រះអញ្ញាកោណ្ឌញ្ញត្ថេរ អ្នកមិនប្រហែសធ្វេស សិក្សាបានសម្រេចទាំងអស់ហើយ។ អញ្ញាកោណ្ឌញ្ញត្ថេរ មានអនុភាពច្រើន បានសម្រេចវិជ្ជា ៣ ស្ទាត់ក្នុងចេតោបរិយញ្ញាណ ជាពុទ្ធទាយាទ ថ្វាយបង្គំព្រះបាទានៃព្រះសាស្ដា។  
- 
-ពួកសាវ័ក បានសម្រេចវិជ្ជា ៣ ជាអ្នកសាបសូន្យចាកមច្ចុរាជ នាំគ្នាអង្គុយជិតព្រះមុនី ព្រះអង្គជាអ្នកដល់នូវត្រើយនៃទុក្ខ ទ្រង់គង់នៅ (ដោយចេតោបរិយញ្ញាណ) ខាងភ្នំឥសិគិលិ។ ព្រះមោគ្គល្លានត្ថេរ មានឫទ្ធិ៍ច្រើន យកចិត្តទុកដាក់ស្វះស្វែងរកចិត្ត ដែលផុតចាកកិលេស ជាចិត្តមិនមានឧបធិ របស់ព្រះខីណាសវភិក្ខុទាំងឡាយនុ៎ះ។ បពិត្រព្រះគោតម ពួកសាវ័ក តែងអង្គុយជិតព្រះអង្គ ជាព្រះមុនី បរិបូណ៌ដោយអវយវៈគ្រប់យ៉ាង ព្រះអង្គដល់នូវត្រើយនៃទុក្ខ ព្រះអង្គបរិបូណ៌ដោយអាការច្រើនប្រការ យ៉ាងនេះ។ 
- 
-ព្រះចន្ទរុងរឿង ឰដ៏នភាល័យ ដែលប្រាសចាកពពក ព្រះអាទិត្យ ប្រាសចាកមន្ទិល យ៉ាងណាមិញ បពិត្រព្រះមហាមុនី ព្រះនាមអង្គីរសៈ ព្រះអង្គរុងរឿង ផ្សាយទៅកាន់លោកទាំងមូល ដោយយសបរិវារ ក៏យ៉ាងនោះដែរ។  
- 
-កាលពីដើម យើងខ្ញុំពួកកវីរាប់អាន បានដើរចេញពីស្រុកមួយ ទៅស្រុកមួយ ពីបុរីមួយ ទៅបុរីមួយ វេលានោះ យើងខ្ញុំបានឃើញព្រះសម្ពុទ្ធ ព្រះអង្គបានដល់នូវត្រើយនៃធម៌ទាំងពួង។ ព្រះមុនីនោះ ព្រះអង្គជាអ្នកដល់នូវត្រើយនៃទុក្ខ បានសំដែងធម៌ដល់ខ្ញុំ យើងខ្ញុំ លុះបានស្ដាប់ធម៌ហើយ ក៏មានចិត្តជ្រះថ្លា មានសទ្ធាកើតឡើង។ ខ្ញុំបានស្ដាប់ព្រះពុទ្ធដីកានៃព្រះមុនីនោះហើយ ក៏បានដឹងច្បាស់នូវខន្ធ អាយតនៈ និងធាតុទាំងឡាយ ហើយចេញចាកផ្ទះ បួសក្នុងសំណាក់នៃបុគ្គលមិនមានផ្ទះ។ ឱហ្ន៎ ព្រះតថាគតទាំងឡាយកើតឡើង ដើម្បីប្រយោជន៍ដល់ស្រី និងប្រុសដ៏ច្រើន ដែលជាអ្នកធ្វើតាមពាក្យប្រៀនប្រដៅ។ ពួកភិក្ខុ និងពួកភិក្ខុនីណា បានឃើញនូវកំណត់ ដែលគេកត់ទុកហើយ ព្រះមុនីបានត្រាស់ដឹងពោធិញ្ញាណ ដើម្បីប្រយោជន៍ដល់ពួកភិក្ខុ និងពួកភិក្ខុនីទាំងនោះឯង។ អរិយសច្ចទាំង ៤ ប្រការ គឺទុក្ខ ១ ការកើតនៃទុក្ខ ១ ការកន្លងផុតនូវទុក្ខ ១ មគ្គប្រកបដោយអង្គ ៨ ប្រការដ៏ប្រសើរ ជាដំណើរទៅកាន់សេចក្ដីរលត់ទុក្ខ ១ ព្រះពុទ្ធ ជាវង្សនៃព្រះអាទិត្យ មានចក្ខុ គឺប្រាជ្ញា ទ្រង់បានសំដែងទុកល្អហើយ ដើម្បីអនុគ្រោះដល់សត្វទាំងឡាយ។ ធម៌ គឺអរិយសច្ចទាំងឡាយនេះ ជាធម៌ពិត ព្រះពុទ្ធទ្រង់សំដែងហើយ យ៉ាងនេះ អរិយសច្ចទាំងនោះ ខ្ញុំបានឃើញតាមពិត ប្រយោជន៍ខ្លួន ខ្ញុំបានសម្រេចហើយ ទាំងពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធ ខ្ញុំក៏បានធ្វើហើយ។ ខ្ញុំមកល្អហើយ ក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ កិច្ចណាដ៏ប្រសើរក្នុងធម៌ទាំងឡាយ ដែលព្រះពុទ្ធទ្រង់សំដែងវែកញែកហើយដោយប្រពៃ ខ្ញុំក៏បានសម្រេចកិច្ចនោះហើយ។ ខ្ញុំបានសម្រេចអភិញ្ញាបារមី បានជំរះនូវសោតធាតុ បាននូវវិជ្ជា ៣ បានសម្រេចឫទ្ធិ៍ ជាអ្នកឈ្លាសវៃ ក្នុងចេតោបរិយញ្ញាណ។ 
- 
-ខ្ញុំព្រះអង្គសូមទូលសួរព្រះសាស្ដា ជាបុគ្គលមានប្រាជ្ញាមិនថោកថយ ភិក្ខុណា បានផ្ដាច់បង់វិចិកិច្ឆា ក្នុងអត្តភាពនេះ មានកេរ្ដិ៍ឈ្មោះល្បីល្បាញ សម្បូរដោយយស មានចិត្តរំលត់ក្ដៅក្រហាយ បានធ្វើមរណកាល ក្នុងអគាឡវចេតិយ។ បពិត្រព្រះមានព្រះភាគ នាមនៃភិក្ខុជាព្រាហ្មណ៍នោះ ព្រះអង្គឲ្យឈ្មោះថា និគ្រោធកប្បៈ លោកនោះ មានព្យាយាមតឹងតែង ជាអ្នកយល់ឃើញធម៌មុតមាំ ប្រាថ្នានូវព្រះនិព្វាន បានប្រព្រឹត្តនមស្ការព្រះអង្គ។ បពិត្រព្រះអង្គជាសក្កៈ មានចក្ខុជុំវិញ យើងខ្ញុំទាំងអស់គ្នា ប្រាថ្នាចង់ដឹងសាវ័កនោះ យើងខ្ញុំប្រុងសោតៈដើម្បីស្ដាប់ ព្រះអង្គជាសាស្ដារបស់យើងខ្ញុំ ព្រះអង្គជាបុគ្គលប្រសើរបំផុត។ សូមព្រះអង្គ ទ្រង់កាត់សេចក្ដីសង្ស័យរបស់យើងខ្ញុំ សូមព្រះអង្គប្រាប់នូវសាវ័កនោះ បពិត្រព្រះអង្គមានបញ្ញាដូចផែនដី មានចក្ខុជុំវិញ ព្រះអង្គទ្រង់ជា្របនូវព្រាហ្មណ៍ដែលបរិនិព្វានហើយ សូមសំដែងក្នុងកណ្តាលនៃពួកយើងខ្ញុំ ដូចជាសក្កទេវរាជ មានព្រះនេត្រមួយពាន់ (សំដែងក្នុងកណ្ដាល) នៃទេវតាទាំងឡាយ។ គន្ថៈទាំងឡាយ (មានអភិជ្ឈាគន្ថៈជាដើម) ណាមួយ ជាផ្លូវនាំឲ្យវង្វេង ជាបក្ខពួកនៃការមិនដឹង ជាទីតាំងនៃសេចក្ដីសង្ស័យ ក្នុងលោកនេះ គន្ថៈទាំងនោះ មកប៉ះនឹងព្រះតថាគតហើយ រមែងមិនកើតឡើយ ព្រោះបញ្ញាចក្ខុរបស់ព្រះអង្គនុ៎ះ ឧត្តមជាងជនទាំងឡាយ។ ប្រសិនបើបុរស (ព្រះមានព្រះភាគ) មិនកំចាត់បង់នូវកិលេសទាំងឡាយ ដូចជាខ្យល់កំចាត់នូវដុំនៃពពកទេ លោកទាំងមូល ដែលអវិជ្ជារួបរឹតហើយ សមនឹងងងឹតដោយពិត សូម្បីអ្នកមានពន្លឺ គឺបញ្ញាក៏មិនអាចបំភ្លឺបាន។ អ្នកប្រាជ្ញទាំងឡាយ ជាអ្នកធ្វើពន្លឺ ខ្ញុំព្រះអង្គសំគាល់ព្រះអង្គនោះ ថាជាអ្នកប្រាជ្ញ យ៉ាងនោះដែរ យើងខ្ញុំដឹង (នូវធម៌ទាំងអស់) របស់ជនអ្នកចេះដឹងទាំងឡាយ ទើបបានចូលមកជិត សូមព្រះអង្គសំដែងប្រាប់នូវនិគ្រោធកប្បត្ថេរ (ជាឧបជ្ឈាយ) ឲ្យច្បាស់លាស់ ដល់យើងខ្ញុំ ក្នុងកណ្ដាលបរិស័ទ។ បពិត្រព្រះអង្គមានព្រះសូរសៀងពីរោះ សូមព្រះអង្គបញ្ចេញឆាប់ ៗ នូវព្រះពុទ្ធដីកាដ៏ពីរោះ ដោយព្រះសូរសៀងមូល ដែលបច្ច័យតាក់តែងល្អហើយ ដូចហង្សដកក ហើយស្រែកតិច ៗ ពួកយើងខ្ញុំទាំងអស់គ្នានោះ មានចិត្តត្រង់ ប្រុងចាំស្ដាប់។  
- 
-តថាគត បានផ្ទញ់ផ្ទាល់នូវជាតិ និងមរណៈ ឲ្យសាបសូន្យ មិនឲ្យមានសេសសល់ នឹងសំដែងនូវធម៌ ជាគ្រឿងកំចាត់បង់នូវបាប មែនពិត បុថុជ្ជនទាំងឡាយ មិនមានការធ្វើបានតាមប្រាថ្នាទេ ព្រះតថាគតទាំងឡាយ មានការធ្វើបានតាមបញ្ញា។  
- 
-វេយ្យាករណ៍ដ៏បរិបូណនេះ ព្រះអង្គជាបុគ្គលមានប្រាជ្ញាត្រង់ល្អ ផ្គូរផ្គងហើយដោយប្រពៃ ការធ្វើអញ្ជលីជាទីបំផុតនេះ ខ្ញុំព្រះអង្គបានប្រណម្យហើយដោយល្អ បពិត្រព្រះអង្គ ជាបុគ្គលមានប្រាជ្ញាធំទូលាយ កាលបើព្រះអង្គជ្រាប សូមកុំធ្វើឲ្យខ្ញុំព្រះអង្គវង្វេងឡើយ។ បពិត្រព្រះអង្គ ជាបុគ្គលមានព្យាយាមមាំ ព្រះអង្គជ្រាបច្បាស់នូវអរិយធម៌ គឺសច្ចទាំង ៤ ដ៏ល្អ (ដោយអំណាចលោកិយធម៌) កាលបើទ្រង់ជ្រាបច្បាស់ហើយ សូមកុំធ្វើឲ្យខ្ញុំព្រះអង្គវង្វេងឡើយ ខ្ញុំព្រះអង្គ ប្រាថ្នាចង់ស្ដាប់ព្រះពុទ្ធដីកា ដូចជាបុរសមានខ្លួនក្ដៅអន្ទះអន្ទែង ក្នុងកាលក្ដៅ ប្រាថ្នាចង់បានទឹក សូមព្រះអង្គបង្អុរនូវសុតៈ គឺធម្មទេសនា។ និគ្រោធកប្បត្ថេរ បានប្រព្រឹត្តនូវព្រហ្មចារ្យ ប្រកបដោយប្រយោជន៍ណា ការប្រព្រឹត្តិព្រហ្មចារ្យ របស់លោកនោះ មិនសាបសូន្យទេឬ និគ្រោធកប្បត្ថេរនោះ និព្វានហើយ ដូចអសេក្ខវិមុត្តិ ឬសឧបាទិសេសទេ យើងខ្ញុំចង់ស្ដាប់រឿងនោះ។  
- 
-(ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា) និគ្រោធកប្បភិក្ខុ បានផ្ដាច់បង់នូវសេចក្ដីប្រាថ្នា ក្នុងនាមរូបនេះអស់ហើយ បានផ្ដាច់បង់នូវខ្សែនៃសេចក្ដីប្រាថ្នា ជាទីដេកនៅរឿយ ៗ ក្នុងសន្ដាន អស់រាត្រីកាលដ៏វែង ទាំងបានឆ្លងចាកជាតិ និងមរណៈ ឥតមានសេសសល់ ព្រះមានព្រះភាគ ប្រសើរដោយឥន្ទ្រិយ ៥ (មានសទ្ធិន្រ្ទិយជាដើម) បានត្រាស់ហើយយ៉ាងនេះ។  
- 
-បពិត្រព្រះអង្គជាឥសីគំរប់ ៧ ខ្ញុំព្រះអង្គនេះ បានឮព្រះពុទ្ធដីការបស់ព្រះអង្គហើយ ក៏ជ្រះថ្លា ឯកិច្ចការដែលខ្ញុំព្រះអង្គសួរហើយ មិនសោះសូន្យទេ ព្រះខីណាសវព្រាហ្មណ៍ មិនបញ្ឆោតខ្ញុំព្រះអង្គ។ សាវ័ករបស់ព្រះពុទ្ធ ពោលយ៉ាងណា ធ្វើយ៉ាងនោះ បានផ្ដាច់នូវសំណាញ់ដ៏មាំ ដែលមច្ចុអ្នកមានមាយាផ្សាយទៅហើយ។ ព្រះមានព្រះភាគ ទ្រង់គួរបានទតឃើញច្បាស់ នូវខាងដើមនៃឧបាទាន កប្បត្ថេរបានកន្លងនូវលំនៅនៃមច្ចុរាជ ដែលគេឆ្លងបានដោយកម្រ។ បពិត្រព្រះអង្គឧត្តមជាងសត្វជើងពីរ ខ្ញុំព្រះអង្គសូមក្រាបថ្វាយបង្គំនិគ្រោធកប្បត្ថេរនោះ ជាបុត្ររបស់ព្រះអង្គ ដែលទុកដូចជាទេវតា ឧត្តមជាងទេវតា ជាអនុជាតបុត្ត មានព្យាយាមធំ ជាបុគ្គលមិនធ្វើបាប ជាឱរសនៃព្រះពុទ្ធនាគ។ ឮថា វង្គីសត្ថេរមានអាយុ បានសំដែងគាថាទាំងឡាយ ដោយប្រការដូច្នេះ។ 
- 
-ចប់ មហានិបាត។ 
- 
-ក្នុងសត្តតិនិបាត ព្រះវង្គីសត្ថេរ អ្នកមានបដិភាណតែ ១ អង្គឯង ឥតមានព្រះថេរៈឯទៀតឡើយ (បានសំដែង) នូវគាថាទាំងឡាយ ៧១។ គាថាទាំងនោះ មាន ១.៣៦០ ព្រះថេរៈទាំងអស់ ២៦៤ អង្គ ជាបុត្ររបស់ព្រះពុទ្ធ មិនមានអាសវៈ បានបន្លឺសីហនាទ សំដែងហើយ បានដល់នូវទីបំផុតដ៏ក្សេមក្សាន្ដ និព្វានហើយ ដូចជាគំនរភ្លើងរលត់ហើយ។ 
- 
-ចប់ ថេរគាថា។ 
- 
-សុត្តន្ដបិដក 
- 
-ខុទ្ទកនិកាយ ថេរីគាថា 
- 
-សូមនមស្ការ ចំពោះព្រះមានព្រះភាគ អរហន្ដសម្មាសម្ពុទ្ធ អង្គនោះ។ 
- 
-ថេរីគាថា ឯកនិបាត 
- 
-[២៦៦] ម្នាលថេរី នាងចូរដេកលក់ស្រួល នាងចូរធ្វើ (ចីវរបី) ដោយសំពត់ (បង្សុកូល) ហើយស្លៀកដណ្ដប់ចុះ ព្រោះរាគៈរបស់នាងស្ងប់រម្ងាប់ហើយ ដូចជាបន្លែស្ងួតក្នុងឆ្នាំង។  
- 
-ឮថា ភិក្ខុនីមួយរូបជាថេរី មិនប្រាកដ (ដោយនាម និងគោត្រជាដើម) បានពោលគាថា មានបការៈដូច្នេះ។  
- 
-[២៦៧] ម្នាលនាងមុត្តា នាងចូររួចចាកយោគៈទាំងឡាយ ដូចជាព្រះចន្ទដែលរាហូចាប់ (ហើយរួចអំពីដៃ) នាងមានចិត្តរួចស្រឡះ មិនមានបំណុលទេ ចូរបរិភោគដុំបាយចុះ។  
- 
-ឮថា ព្រះមានព្រះភាគ ទ្រង់ទូន្មានរឿយ ៗ នូវសិក្ខមានា ឈ្មោះមុត្តា ដោយគាថា មានបការៈដូច្នេះ។  
- 
-[២៦៨] ម្នាលនាងបុណ្ណា នាងចូរពេញដោយពោធិបក្ខិយធម៌ទាំងឡាយ ដូចជា ព្រះចន្ទ ក្នុងថ្ងៃ ១៥ កើត នាងចូរទំលាយនូវគំនរងងឹត គឺមោហៈ ដោយបញ្ញាដ៏បរិបូណ៌។ 
- 
-បុណ្ណាថេរី។ 
- 
-[២៦៩] ម្នាលនាងតិស្សា ចូរនាងសិក្សាតាមសិក្ខា កុំឲ្យយោគៈទាំងឡាយគ្របសង្កត់នាងបាន នាងចូរជាស្រីប្រាសចាកយោគៈទាំងអស់ មិនមានអាសវៈ ប្រព្រឹត្តនៅក្នុងលោក។  
- 
-តិស្សាថេរី។ 
- 
-[២៧០] ម្នាលនាងតិស្សា ចូរនាងប្រកបដោយធម៌ទាំងឡាយ ខណៈកុំកន្លងនាងឡើយ ព្រោះពួកជនដែលខណៈកន្លងហើយ រមែងសោកស្ដាយពេញប្រៀបក្នុងនរក។ 
- 
-តិស្សាថេរីមួយរូប។ 
- 
-[២៧១] ម្នាលនាងធីរា នាងចូរពាល់ត្រូវនូវនិរោធជាសុខ ជាទីរម្ងាប់នូវសញ្ញា នាងចូរត្រេកអរនឹងព្រះនិព្វានដ៏ក្សេមចាកយោគៈប្រសើរបំផុត។ 
- 
-ធីរាថេរី។ 
- 
-[២៧២] ធីរាភិក្ខុនី មានឥន្រ្ទិយអប់រំហើយដោយធម៌ទាំងឡាយ ជាប្រធាននៃព្យាយាម នាងចូរផ្ចាញ់នូវមារ ព្រមទាំងវាហនៈ ហើយទ្រទ្រង់នូវរាងកាយជាទីបំផុត។ 
- 
-ធីរាថេរីមួយរូប។ 
- 
-[២៧៣] ម្នាលនាងមិត្តា នាងបួសដោយសទ្ធាហើយ ចូរជាអ្នកត្រេកអរក្នុងកល្យាណមិត្ត ចូរចំរើននូវកុសលធម៌ទាំងឡាយ ដើម្បីដល់នូវព្រះនិព្វាន ជាទីក្សេមចាកយោគៈ។ 
- 
-មិត្តាថេរី។ 
- 
-[២៧៤] ម្នាលនាងភទ្រា នាងបួសដោយសទ្ធាហើយ ចូរជាអ្នកត្រេកអរក្នុងធម៌ដ៏ចំរើន (មានសីលជាដើម) នាងចូរចំរើននូវកុសលធម៌ទាំងឡាយ (ដើម្បីដល់) នូវព្រះនិព្វាន ជាទីក្សេមចាកយោគៈដ៏ប្រសើរបំផុត។  
- 
-ភទ្រាថេរី។ 
- 
-[២៧៥] ម្នាលនាងឧបសមា នាងគប្បីឆ្លងអន្លង់ គឺសង្សារ ជាទីនៅនៃម្រឹត្យុ ដែលពួកសត្វឆ្លងបានដោយកម្រក្រៃពេក ចូរនាងផ្ចាញ់នូវមារ ព្រមទាំងវាហនៈ ហើយទ្រទ្រង់នូវរាងកាយជាទីបំផុត។ 
- 
-ឧបសមាថេរី។ 
- 
-[២៧៦] ខ្ញុំជាអ្នករួចដោយល្អ រួចដោយប្រពៃ ព្រោះការរួចចាកអាការគម បីយ៉ាង គឺត្បាល់ [ស្ត្រីកាលលូកដៃផាត់ប្រមូលគ្រាប់ស្រូវក្នុងត្បាល់ ត្រូវបង្អោនខ្នងឲ្យកោង ដូចមនុស្សគម។] ១ អង្រែ [លើកអង្រែបុកស្រូវ ក៏ត្រូវបង្អោនខ្នងដូចគ្នា។] ១ ប្ដីគម [ចំណែកស្វាមីជាមនុស្សគមដែរ។] ១ ខ្ញុំជាអ្នករួចចាកជាតិ និងមរណៈហើយ តណ្ហាជាគ្រឿងនាំទៅកាន់ភព ខ្ញុំដកចេញហើយ។ 
- 
-មុត្តាថេរី។ 
- 
-[២៧៧] នាងថេរីណា មានចំណង់កើតហើយ (ដើម្បីផលដ៏ប្រសើរ) ញ៉ាំងសមណកិច្ចឲ្យសម្រេចហើយ គប្បីជាអ្នកពាល់ត្រូវ (នូវព្រះនិព្វាន) ដោយមគ្គចិត្ត (បីខាងក្រោម) មានចិត្តមិនជាប់ទាក់ទងក្នុងកាមទាំងឡាយ (នាងថេរីនោះ) បណ្ឌិតតែងហៅថា ឧទ្ធំសោតា (អ្នកមានខ្សែ គឺមគ្គ និងខ្សែ គឺសង្សារ ក្នុងខាងលើ)។ 
- 
-ធម្មទិន្នាថេរី។ 
- 
-[២៧៨] អ្នកទាំងឡាយ ចូរធ្វើតាមព្រះពុទ្ធសាសនា ដែលគេធ្វើហើយ មិនក្ដៅក្រហាយតាមក្រោយ ចូរលាងជើងទាំងឡាយឲ្យឆាប់ ហើយអង្គុយក្នុងទីសមគួរ។  
- 
-វិសាខាថេរី។ 
- 
-[២៧៩] នាងឃើញធាតុទាំងឡាយ ថាជាទុក្ខ កុំមកកាន់កំណើតថ្មីទៀតឡើយ នាងរំសាយចំណង់ក្នុងភពចេញ ទើបស្ងប់រម្ងាប់បាន។ 
- 
-សុមនាថេរី។ 
- 
-[២៨០] ខ្ញុំជាអ្នកសង្រួមដោយកាយ ដោយវាចា ដោយចិត្ត បានដកតណ្ហា ព្រមទាំងឫស (ឬព្រមទាំងអវិជ្ជា) ជាអ្នកមានចិត្តត្រជាក់ សម្រេចអនុបាទិសេសនិព្វានធាតុ។ 
- 
-ឧត្តរាថេរី។ 
- 
-[២៨១] ម្នាលនាងចំរើនដោយសីលាទិគុណ នាងចូរដេកស្រួល នាងចូរធ្វើ (ចីវរ) ដោយសំពត់ (បង្សុកូល) ស្លៀកដណ្ដប់ ព្រោះថា បើរាគៈរបស់នាងស្ងប់រម្ងាប់ហើយ នាងនឹងជាស្រ្ដីមានចិត្តត្រជាក់ រលត់កិលេស។  
- 
-សុមនាថេរីបួសឯចាស់។ 
- 
-[២៨២] ខ្ញុំមានកំឡាំងថយ កាន់ឈើច្រត់ ដើរទៅបិណ្ឌបាត មានខ្លួនធេងធោង ដួលលើផែនដីក្នុងទីនោះឯង លំដាប់នោះ ចិត្តរបស់ខ្ញុំក៏រួចស្រឡះ (ចាកកិលេស) ព្រោះឃើញទោសក្នុងកាយ។  
- 
-ធម្មាថេរី។ 
- 
-[២៨៣] ខ្ញុំបានលះបង់ផ្ទះ លះកូនជាទីស្រឡាញ់ និងសត្វចិញ្ចឹម ហើយមកបួស បានលះរាគៈ និងទោសៈ រំសាយអវិជ្ជា គឺមោហៈ បានដកតណ្ហា ព្រមទាំងឫស ជាស្រីស្ងប់រម្ងាប់ ហើយបានសម្រេចអនុបាទិសេសនិព្វានធាតុ។  
- 
-សង្ឃាថេរី។ 
- 
-ចប់ ឯកនិបាត។ 
- 
-ថេរីគាថា ទុកនិបាត 
- 
-[២៨៤] ម្នាលនាងនន្ទា នាងចូរមើល (រាងកាយនេះ) មានជំងឺជានិច្ច មិនស្អាត ជារបស់ស្អុយ ដែលឆ្អឹង ៣០០ កំណាត់ ផ្គុំឡើងហើយ ចូរនាងអប់រំចិត្តដោយអសុភសញ្ញា ឲ្យជាចិត្តមានអារម្មណ៍តែមួយ តាំងនៅមាំល្អ។ ចូរនាងចំរើននូវអនិមិត្ត ចូរលះចោលនូវមានានុស័យ នាងនឹងបានស្ងប់រម្ងាប់ ព្រោះបានលះនូវមានះនោះ។  
- 
-ឮថា ព្រះមានព្រះភាគ ទ្រង់ទូន្មានរឿយ ៗ នូវសិក្ខមានា ឈ្មោះនន្ទា ដោយគាថាទាំងនេះ ដោយប្រការដូច្នេះ។ 
- 
-នន្ទាថេរី។ 
- 
-[២៨៥] ពោជ្ឈង្គប្រាំពីរនេះណា ជាឧបាយដើម្បីដល់នូវព្រះនិព្វាន ពោជ្ឈង្គទាំងអស់នោះ ខ្ញុំបានចំរើនតាមលំអាន ដែលព្រះពុទ្ធទ្រង់សំដែងហើយ។ ព្រោះថា ព្រះមានព្រះភាគអង្គនោះ ខ្ញុំបានឃើញហើយ រាងកាយនេះ មានក្នុងទីបំផុត ជាតិសង្សារ (នៃខ្ញុំ) អស់រលីងហើយ ឥឡូវនេះ ភពថ្មីមិនមានទៀតឡើយ។ 
- 
-ជន្ដាថេរី។ 
- 
-[២៨៦] អញរួចស្រឡះ ផុតស្រឡះ រួចល្អហើយចាកអង្រែ (ប្ដីរបស់អញ) មិនមានសេចក្ដីអៀនខ្មាស (អញមិនគាប់ចិត្ត) ទាំងឆត្រ (ក៏មិនគាប់ចិត្ត) អញដែរ អញ (ផុតស្រឡះ) ចាកឆ្នាំង ចាកភាពជាអ្នកកំសត់។ អញបានផ្ដាច់ផ្ដិលរាគៈ និងទោសៈហើយ អញនោះ ចូលទៅរកគល់ឈើ ហើយចំរើនឈានជាសុខថា ឱ សុខណាស់តើ។ 
- 
-ថេរីភិក្ខុនីមួយរូប មាននាម និងគោត្រ មិនប្រាកដ។ 
- 
-[២៨៧] សួយក្នុងជនបទឈ្មោះកាសី មានចំនួនប៉ុន្មាន សួយរបស់ខ្ញុំ ក៏មានចំនួនប៉ុណ្ណោះដែរ អ្នកនិគម បានធ្វើ (ទ្រព្យចំនួន ៥០០) នោះ ឲ្យជាថ្លៃ ហើយតាំងទុកនូវខ្ញុំ (ដោយឈ្មោះថាអឌ្ឍកាសី) ដែលមានថ្លៃដោយថ្លៃ។ ក្នុងកាលជាខាងក្រោយមក ខ្ញុំក៏បាននឿយណាយក្នុងរូប កាលបើនឿយណាយ ក៏រសាយចិត្តថា សូមកុំឲ្យខ្ញុំអន្ទោលទៅកាន់ជាតិសង្សាររឿយ ៗ ទៀត វិជ្ជា ៣ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ សាសនាព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ 
- 
-អឌ្ឍកាសីថេរី។ 
- 
-[២៨៨] ពិតមែនតែខ្ញុំជាស្រីស្គម មានជំងឺ មានកំឡាំងថយខ្លាំង ច្រត់ដម្បងឡើងទៅលើភ្នំ។ ដាក់នូវសង្ឃាដី ផ្កាប់នូវបាត្រទុក (អង្គុយ) លើភ្នំ អាចទំលាយនូវគំនរងងឹត គឺមោហៈបាន ហើយសង្កត់សង្កិននូវខ្លួន (ដោយការទំលាយនូវគំនរងងឹត គឺមោហៈនោះឯង)។ 
- 
-ចិត្តាថេរី។ 
- 
-[២៨៩] ពិតមែនហើយតែខ្ញុំជាអ្នករងទុក្ខ មានកំឡាំងថមថយ មានវ័យកន្លងជ្រុលហើយ ច្រត់ដំបងឡើងទៅលើភ្នំ។ ដាក់នូវសង្ឃាដី ផ្កាប់នូវបាត្រ អង្គុយលើភ្នំ លំដាប់នោះ ចិត្តរបស់ខ្ញុំរួចស្រឡះហើយ វិជ្ជា ៣ ខ្ញុំបានសម្រេចហើយ សាសនាព្រះពុទ្ធ ខ្ញុំក៏បានធ្វើហើយ។  
- 
-មេត្តិកាថេរី។ 
- 
-[២៩០] ខ្ញុំជាអ្នកត្រេកអរនឹងពួកទេវតា (ក្នុងឋនចាតុម្មហារាជិកា) បានរក្សាឧបោសថប្រកបដោយអង្គ ៨ អស់តិថីទី ១៤ តិថីទី ១៥ និងតិថីទី ៨ នៃបក្សផង និងបាដិហារិកបក្ខៈផង ថ្ងៃនេះ ខ្ញុំនោះ មានភត្តតែម្ដង កោរសក់ ដណ្ដប់សង្ឃាដី មិនគប្បីប្រាថ្នានូវពួកទេវតា (ណាមួយ) ទេ គប្បីបន្ទោបង់នូវសេចក្ដីក្រវល់ក្រវាយ ក្នុងហ្ឫទ័យ (តែប៉ុណ្ណោះ)។ 
- 
-មិត្តាថេរី។ 
- 
-[២៩១] បពិត្រមាតា សូមលោកពិចារណារាងកាយនេះ ជារបស់មិនស្អាត មានក្លិនស្អុយ ខាងលើអំពីបាទជើង ខាងក្រោមអំពីចុងសក់។ កាលខ្ញុំប្រព្រឹត្តយ៉ាងនេះ បានដករាគៈទាំងពួងហើយ បានផ្ដាច់សេចក្ដីក្រវល់ក្រវាយអស់ហើយ ជាអ្នកមានចិត្តត្រជាក់ រលត់ទុក្ខហើយ។  
- 
-អភយមាតាថេរី។ 
- 
-[២៩២] ម្នាលនាងអភយា ពួកបុថុជ្ជនជាប់ចំពាក់ក្នុងរាងកាយណា រាងកាយ (នោះ) ជាសភាពបែកធ្លាយ អាត្មាអញជាអ្នកដឹងខ្លួន មានស្មារតីតាំងស៊ប់ នឹងដាក់ចុះនូវរាងកាយនេះចោលចេញ។ អាត្មាអញត្រូវទុក្ខធម៌ជាច្រើនពាល់ត្រូវហើយ ជាអ្នកត្រេកអរក្នុងសេចក្ដីមិនប្រមាទ បានសម្រេចនូវការអស់ទៅនៃតណ្ហា សាសនារបស់ព្រះពុទ្ធ អាត្មាអញបានធ្វើហើយ។ 
- 
-អភយាថេរី។ 
- 
-[២៩៣] អាត្មាអញមិនទាន់បានសេចក្ដីស្ងប់រម្ងាប់នៃចិត្ត មិនលុះអំណាចក្នុងភាវនាចិត្ត បានចេញទៅខាងក្រៅអំពីលំនៅ ៤ ដង ៥ ដង។ អាត្មាអញនោះ ត្រូវទុក្ខធម៌ជាច្រើនពាល់ត្រូវហើយ បានដកតណ្ហាហើយក្នុងរាត្រីទី ៨ អាត្មាអញជាអ្នកត្រេកអរក្នុងសេចក្ដីមិនប្រមាទ បានសម្រេចនូវការអស់ទៅនៃតណ្ហា សាសនារបស់ព្រះពុទ្ធ អាត្មាអញបានធ្វើហើយ។ 
- 
-សាមាថេរី។ 
- 
-ចប់ ទុកនិបាត។ 
- 
-ថេរីគាថា តិកនិបាត 
- 
-[២៩៤] តាំងពីកាលអាត្មាអញបួសមក បាន ២៥ ឆ្នាំហើយ អាត្មាអញមិនទាន់បានស្គាល់នូវសេចក្ដីស្ងប់ចិត្តម្ដងទេ។ អាត្មាអញមិនបានសេចក្ដីស្ងប់ចិត្ត មិនលុះអំណាចក្នុងភាវនាចិត្ត តែតមក អាត្មាអញរឭកដល់សាសនានៃព្រះជិនស្រី ក៏បានដល់នូវសេចក្ដីសំវេគ។ អាត្មាអញត្រូវទុក្ខធម៌ជាច្រើនពាល់ត្រូវហើយ ជាអ្នកត្រេកអរក្នុងសេចក្ដីមិនប្រមាទ បានសម្រេចនូវការអស់ទៅនៃតណ្ហា សាសនារបស់ព្រះពុទ្ធ អាត្មាអញបានធ្វើហើយ ថ្ងៃនេះជារាត្រី ទី ៧ របស់អាត្មាអញ ជារាត្រីដែលតណ្ហារីងស្ងួត។ 
- 
-សាមាថេរីដទៃទៀត។ 
- 
-[២៩៥] អាត្មាអញ មិនបានសេចក្ដីស្ងប់រម្ងាប់ចិត្ត មិនលុះក្នុងអំណាចភាវនាចិត្ត បានចេញទៅខាងក្រៅអំពីលំនៅ ៤ ដង ៥ ដង។ អាត្មាអញនោះ បានចូលទៅរកភិក្ខុនី ដែលអាត្មាអញគួរជឿ (បដាចារាថេរី) ភិក្ខុនីនោះ បានសំដែងធម៌ គឺ ខន្ធ អាយតនៈ ធាតុ ដល់អាត្មាអញ។ លុះអាត្មាអញ បានស្ដាប់ធម៌របស់លោក តាមទំនងដែលលោកបានប្រៀនប្រដៅ អាត្មាអញក៏ឆ្អែតដោយបីតិ និងសុខៈ អង្គុយលើបល្ល័ង្កមួយ អស់ ៧ ថ្ងៃ។ ក្នុងថ្ងៃទី ៨ អាត្មាអញបានទំលាយគំនរងងឹត គឺមោហៈ ហើយសណ្ដូកជើងទាំងគូ។  
- 
-ឧត្តមាថេរី។ 
- 
-[២៩៦] ពោជ្ឈង្គទាំង ៧ ណា ជាឧបាយដើម្បីដល់នូវព្រះនិព្វាន ពោជ្ឈង្គទាំងអស់នោះ អាត្មាអញបានចំរើនហើយ តាមលំអានដែលព្រះពុទ្ធសំដែងហើយ។ អាត្មាអញជាឱរសធីតារបស់ព្រះពុទ្ធ ជាអ្នកត្រេកអរចំពោះព្រះនិព្វាន ក្នុងកាលទាំងពួង ជាអ្នកបានសុញ្ញសមាបត្តិ និងអនិមិត្តសមាបត្តិ តាមប្រាថ្នា។ កាមទាំងអស់ ទោះជាទិព្វក្ដី ជារបស់មនុស្សក្ដី អាត្មាអញបានកាត់ផ្ដាច់ផ្ដិលហើយ ជាតិសង្សាររបស់អាត្មាអញ អស់រលីងហើយ ឥឡូវនេះ ភពថ្មីមិនមានទេ។  
- 
-ឧត្តមាថេរី មួយរូប។ 
- 
-[២៩៧] អាត្មាអញបានចេញទៅ អំពីទីសម្រាក ក្នុងវេលាថ្ងៃ លើភ្នំឈ្មោះ គិជ្ឈកូដ ហើយបានឃើញដំរីដែលចុះឡើង ក្បែរឆ្នេរស្ទឹង (ឈ្មោះចន្ទភាគា)។ បុរសកាន់កង្វេរ បង្គាប់ថា ឯងចូរជូនជើងមក ដំរីក៏ជូនជើង ហើយបុរសក៏ឡើងជិះដំរី។ អាត្មាអញបានឃើញដំរី ដែលគេមិនទាន់ទូន្មាន គេអាចទូន្មាន ឲ្យលុះក្នុងអំណាចរបស់ពួកមនុស្សបាន ហើយក៏ទៅកាន់ព្រៃ តាមកិរិយារបស់ដំរីនោះ ក៏បានធ្វើចិត្តឲ្យនឹងធឹង ព្រោះឃើញដំរីនោះ។  
- 
-ទន្ដិកាថេរី។ 
- 
-[២៩៨] ម្នាលនាងឧព្វិរី នាងកន្ទក់កន្ទេញក្នុងព្រៃថា ម្នាលជីវៈមាសម្ដាយ ដូច្នេះ នាងចូរដឹងខ្លួន កូនស្រីរបស់នាងទាំងអស់ ៨៤.០០០ មានឈ្មោះថាជីវៈដូចគ្នា ត្រូវគេដុតក្នុងឈាបនដ្ឋាននេះ បណ្ដាកូនស្រីទាំងនោះ តើនាងសោកចំពោះកូនស្រីណា។  
- 
-សរ គឺសេចក្ដីសោក អាស្រ័យនូវហ្ឫទ័យរបស់ខ្ញុំព្រះអង្គ ជារបស់ដែលគេឃើញបានដោយក្រ បានដកចេញហើយ ព្រះអង្គបានបន្ទោបង់នូវសេចក្ដីសោក ព្រោះកូនស្រីរបស់ខ្ញុំព្រះអង្គ ដែលត្រូវសេចក្ដីសោកគ្របសង្កត់ហើយ។ ក្នុងថ្ងៃនេះ ខ្ញុំព្រះអង្គនោះ មានសរដកហើយ ជាអ្នកមិនមានសេចក្ដីស្រេកឃ្លាន បានរំលត់ទុក្ខហើយ ខ្ញុំព្រះអង្គ សូមដល់ព្រះពុទ្ធជាអ្នកប្រាជ្ញផង ព្រះធម៌ផង ព្រះសង្ឃផង ជាសរណៈ។ 
- 
-ឧព្វិរីថេរី។  
- 
-[២៩៩] ពួកមនុស្ស ក្នុងក្រុងរាជគ្រឹះនេះ សម្ងំធ្វើកិច្ចអ្វី ដូចជាបុគ្គលសម្ងំផឹកទឹកឃ្មុំ ក៏មិននាំគ្នាចូលទៅរកនាងសុក្កាថេរី ដែលកំពុងប្រកាសព្រះពុទ្ធសាសនា។ ពួកបណ្ឌិតបុរស ប្រកបដោយប្រាជ្ញា ទំនងជាបានក្រេបផឹកនូវធម៌នោះ ជាធម៌មិនគប្បីដឹកនាំបុគ្គលឲ្យត្រឡប់ថយ ជាធម៌មិនលាយឡំ មានឱជារស ដូចជាពួកអ្នកដើរផ្លូវឆ្ងាយ បានក្រេបផឹកនូវទឹកភ្លៀង។  
- 
-ព្រះនាងសុក្កាថេរី មានលោកុត្តរធម៌ដ៏បរិសុទ្ធល្អ ជាស្រីប្រាសចាករាគៈហើយ ជាអ្នកនឹងធឹង ឈ្នះមារ ព្រមទាំងវាហនៈ ហើយទ្រទ្រង់រាងកាយ មានក្នុងទីបំផុត។  
- 
-សុក្កាថេរី។ 
- 
-[៣០០] ការរលាស់ខ្លួនចេញ (ចាកភព) ក្នុងលោក របស់នាង មិនមានទេ នាងនឹងធ្វើអ្វីដោយវិវេក នាងចូរបរិភោគនូវតម្រេកដែលអាស្រ័យនូវកាមទាំងឡាយ កុំឲ្យក្ដៅក្រហាយ ក្នុងកាលជាខាងក្រោយឡើយ។  
- 
-កាមទាំងឡាយមានឧបមាដោយលំពែង និងដែកសូល ជាគ្រឿងកាប់ចិញ្រ្ចាំនូវឧបាទានក្ខន្ធទាំងឡាយ អ្នកឯងពោល (សំដៅ) តម្រេកក្នុងកាមណា ឥឡូវនេះ តម្រេកក្នុងកាមនោះ ជាទីអផ្សុកដល់អាត្មាទេតើ។ សេចក្ដីរីករាយក្នុងអារម្មណ៍ទាំងពួង យើងបានកំចាត់ចេញហើយ គំនរងងឹត យើងបានទំលុះទំលាយហើយ ម្នាលមារមានចិត្តបាប អ្នកឯងចូរដឹងយ៉ាងនេះចុះ ម្នាលមារថោកទាប អ្នកឯងយើងកំចាត់ចេញបានហើយ។ 
- 
-សេលាថេរី។  
- 
-[៣០១] ពួកឥសី (មានព្រះពុទ្ធជាដើម) គប្បីដល់នូវឋនៈណា ដែលបុគ្គលដទៃមិនងាយនឹងបានសម្ភព ស្រ្តីមិនអាចនឹងដល់នូវឋនៈនោះ ដោយប្រាជ្ញាប្រវែងពីរធ្នាប់បានទេ។  
- 
-កាលបើចិត្តរបស់បុគ្គល អ្នកឃើញច្បាស់នូវធម៌ដោយប្រពៃ បានតម្កល់មាំហើយ កាលបើញាណកំពុងតែប្រព្រឹត្តទៅ តើស្រ្តីភាព ហេតុម្ដេចមិនគប្បីធ្វើនូវឋនៈនោះបាន។ សេចក្ដីរីករាយក្នុងអារម្មណ៍ទាំងពួង យើងបានកំចាត់ចេញហើយ គំនរងងឹត យើងបានទំលុះទំលាយហើយ ម្នាលមារមានចិត្តបាប អ្នកឯងចូរដឹងយ៉ាងនេះចុះ ម្នាលមារថោកទាប អ្នកឯង យើងកំចាត់ចេញបានហើយ។ 
- 
-សោមាថេរី។ 
- 
-ចប់ តិកនិបាត។ 
- 
-ថេរីគាថា ចតុក្កនិបាត 
- 
-[៣០២] ព្រះថេរៈឈ្មោះកស្សប ជាបុត្តពុទ្ធទាយាទ មានចិត្តតម្កល់មាំល្អ លោកបានដឹងនូវបុព្វេនិវាស ទាំងឃើញឋនសួគ៌ និងអបាយ លំដាប់អំពីនោះមក លោកបានដល់នូវធម៌ជាទីអស់ទៅនៃជាតិ បានសម្រេចនូវអភិញ្ញា ជាអ្នកប្រាជ្ញ ជាព្រាហ្មណ៍ បានសម្រេចវិជ្ជា ៣ ដោយវិជ្ជា ៣ នេះ។ ព្រះថេរីឈ្មោះ ភទ្ទកាបិលានី ក៏យ៉ាងនោះដែរ បានសម្រេចវិជ្ជា ៣ ញ៉ាំងមច្ចុឲ្យសាបសូន្យ ឈ្នះមារ ព្រមទាំងវាហនៈ ហើយទ្រទ្រង់រាងកាយ ជាទីបំផុត។ យើងទាំងពីររូប បានឃើញទោសក្នុងលោក ហើយមកបួស យើងទាំងនោះ ជាព្រះខីណាស្រព បានទូន្មានខ្លួនហើយ ជាអ្នកមានចិត្តត្រជាក់ បាននិព្វានហើយ។ 
- 
-ភទ្ទកាបិលានីថេរី។ 
- 
-ចប់ ចតុក្កនិបាត។ 
- 
-ថេរីគាថា បញ្ចកនិបាត 
- 
-[៣០៣] តាំងពីកាលអាត្មាអញបួសមក បាន ២៥ វស្សាហើយ មិនបានសេចក្ដីស្ងប់ចិត្ត សូម្បីត្រឹមមួយផ្ទាត់ម្រាមដៃ។ អាត្មាអញមានចិត្តទទឹកដោយកាមរាគៈ មិនបានសេចក្ដីស្ងប់ចិត្ត ផ្គងដើមដៃកន្ទក់កន្ទេញ ហើយចូលទៅកាន់លំនៅ។ អាត្មាអញនោះ ចូលទៅរកភិក្ខុនី (ធម្មទិន្នាថេរី) ជាស្រ្តីដែលអាត្មាអញគួរជឿ លោកបានសំដែងធម៌ គឺខន្ធ អាយតនៈ ធាតុ ដល់អាត្មាអញ។ លុះអាត្មាអញបានស្ដាប់ធម៌របស់លោកហើយ បានចូលទៅក្នុងទីសមគួរ ដឹងនូវបុព្វេនិវាស បានជម្រះទិព្វចក្ខុ។ ចេតោបរិយញ្ញាណ និងសោតធាតុ អាត្មាអញបានជម្រះហើយ ឫទ្ធិ៍អាត្មាអញបានធ្វើឲ្យជាក់ច្បាស់ហើយ ការអស់ទៅនៃអាសវៈ អាត្មាអញបានសម្រេចហើយ អភិញ្ញា ៦ អាត្មាអញបានធ្វើឲ្យច្បាស់ហើយ ព្រះពុទ្ធសាសនា អាត្មាអញក៏បានធ្វើហើយ។  
- 
-ភិក្ខុនីមួយរូប មាននាម និងគោត្រមិនប្រាកដ។ 
- 
-[៣០៤] អាត្មាអញស្រវឹង រឹងត្អឹង ដោយការសរសើរគុណផង ដោយរូបសម្បត្តិផង ដោយលំអដ៏លើសផង ដោយយសផង ដោយវ័យផង បានមើលងាយពួកស្រីដទៃ។ អាត្មាអញស្អិតស្អាងរាងកាយនេះ ឲ្យវិចិត្រល្អ ឲ្យជាទីរាក់ទាក់នៃជនពាល ហើយឈរក្បែរទ្វារផ្ទះនៃស្រីពេស្យា ដូចជាព្រានម្រឹគដាក់អន្ទាក់។ អាត្មាអញសំដែងគ្រឿងប្រដាប់ និងអវយវៈដ៏កំបាំង ឲ្យជាក់ច្បាស់ជាច្រើន សើចក្អាកក្អាយ បានធ្វើមាយាច្រើនយ៉ាង (ដើម្បី) ញ៉ាំងជនពាលជាច្រើន (ឲ្យស្រើបស្រាល)។ ក្នុងថ្ងៃនេះ អាត្មាអញនោះ បានកោរសក់ ដណ្ដប់សង្ឃាដី ដើរទៅបិណ្ឌបាត រួចអង្គុយក្រោមម្លប់ឈើ ជាអ្នកបាននូវធម៌ដែលមិនមានវិតក្កៈ។ គ្រឿងប្រកបទាំងពួង ទោះជាទិព្វក្ដី ជារបស់មនុស្សក្ដី អាត្មាអញបានផ្ដាច់ផ្ដិលហើយ អាត្មាអញបានញ៉ាំងអាសវៈទាំងពួង ឲ្យអស់ហើយ ជាអ្នកមានចិត្តត្រជាក់ រំលត់ទុក្ខហើយ។  
- 
-វិមលាថេរី ជាស្រីពេស្យាពីដើម។  
- 
-[៣០៥] កាលពីដើម អាត្មាអញត្រូវកាមរាគៈបៀតបៀន ជាអ្នកមានចិត្តរវើរវាយ មិនលុះក្នុងអំណាចភាវនាចិត្ត ព្រោះធ្វើទុកក្នុងចិត្តមិនជាឧបាយនៃប្រាជ្ញា។ អាត្មាអញ លុះត្រូវកិលេសទាំងឡាយរួបរឹតហើយ ជាអ្នកប្រព្រឹត្តតាមសេចក្ដីសំគាល់ក្នុងកាម ថាជាសុខ ជាអ្នកលុះក្នុងអំណាចនៃចិត្តដែលប្រកបដោយរាគៈ ក៏មិនបាននូវសេចក្ដីស្ងប់ចិត្តឡើយ។ អាត្មាអញទៅជាស្គម ស្លេកស្លាំង ស្អាប់សម្បុរ ប្រព្រឹត្តមកអស់ ៧ ឆ្នាំហើយ អាត្មាអញដល់នូវសេចក្ដីទុក្ខក្រៃពេក មិនបានសេចក្ដីសុខ ទាំងថ្ងៃទាំងយប់។ ព្រោះមិនមានសេចក្ដីសុខនោះ អាត្មាអញក៏បានកាន់ខ្សែចូលទៅក្នុងចន្លោះព្រៃ (ដោយគិតថា) អាត្មាអញ ចងកក្នុងទីនេះប្រសើរ ត្រង់វិលទៅកាន់ភេទថោកទាបវិញ មិនប្រសើរឡើយ។ អាត្មាអញបានធ្វើអន្ទាក់យ៉ាងមាំ ចងនឹងមែកឈើ ដាក់អន្ទាក់ត្រង់ក ក៏ស្រាប់តែចិត្តរបស់អាត្មាអញរួចស្រឡះ។  
- 
-សីហាថេរី។ 
- 
-[៣០៦] ម្នាលនាងនន្ទា នាងចូរមើលរាងកាយ ដែលមានជំងឺជានិច្ច មិនស្អាត ជារបស់ពុករលួយ ដែលឆ្អឹង ៣០០ កំណាត់ផ្គុំឡើងហើយ (នេះ) នាងចូរអប់រំចិត្តដោយអសុភសញ្ញា ឲ្យជាចិត្តមានអារម្មណ៍តែមួយ តាំងនៅមាំល្អ។ សរីរៈនេះយ៉ាងណា សរីរៈរបស់នាងហ្នឹង ក៏យ៉ាងនោះដែរ សរីរៈរបស់នាងហ្នឹងយ៉ាងណា សរីរៈនេះ ក៏យ៉ាងនោះដែរ នាងកុំខ្ជិលច្រអូស ខំពិចារណារាងកាយនុ៎ះ ទាំងយប់ ទាំងថ្ងៃ យ៉ាងនេះឯងថា សរីរៈ (នេះ) ដែលពួកជនពាលរីករាយ ជារបស់ពុករលួយ មានក្លិនអាក្រក់។ លំដាប់អំពីនោះ ខ្ញុំក៏បានពិនិត្យឃើញដោយប្រាជ្ញារបស់ខ្លួន។ ខ្ញុំនោះមិនធ្វេសប្រហែស ខំពិចារណាដោយឧបាយនៃប្រាជ្ញា ក៏បានឃើញកាយនេះ ទាំងខាងក្នុង ទាំងខាងក្រៅ តាមពិត។ ខាងក្រោយមក ខ្ញុំនឿយណាយក្នុងកាយ រសាយក្នុងសន្ដាន ជាអ្នកមិនធ្វេសប្រហែស ក៏បានប្រាសចាកយោគៈ មានចិត្តស្ងប់ មានទុក្ខរលត់ហើយ។ 
- 
-នន្ទាថេរី។ 
- 
-[៣០៧] អាត្មាអញបានថ្វាយបង្គំភ្លើងផង ព្រះចន្ទផង ព្រះអាទិត្យផង ពួកទេវតាផង រួចហើយអាត្មាអញទៅកាន់កំពង់នៃស្ទឹងទាំងឡាយ ហើយចុះទៅក្នុងទឹក អាត្មាអញ សមាទាននូវវត្តច្រើនយ៉ាង គឺកោរក្បាលពាក់កណ្ដាល សម្រេចការដេកលើផែនដី មិនបានបរិភោគបាយក្នុងវេលាយប់។ អាត្មាអញត្រេកអរក្នុងការស្អិតស្អាង និងការប្រដាប់ លុះកាមរាគៈបៀតបៀនហើយ ក៏បានទំនុកបំរុងកាយនេះ ដោយគ្រឿងងូត និងគ្រឿងអប់។ ក្នុងកាលខាងក្រោយមក ខ្ញុំបាននូវសទ្ធា (ក្នុងសំណាក់នៃព្រះមហាមោគ្គល្លានត្ថេរ) ហើយបួសក្នុងធម្មវិន័យ កាមរាគៈ ខ្ញុំបានដកចេញហើយ ព្រោះបានឃើញនូវរាងកាយ តាមពិត។ ភពទាំងអស់ផង សេចក្ដីប្រាថ្នាផង សេចក្ដីតាំងចិត្តទុកផង អាត្មាអញបានផ្ដាច់ផ្ដិលហើយ អាត្មាអញបានប្រាសចាកយោគៈទាំងពួងហើយ បានដល់នូវសេចក្ដីស្ងប់ចិត្ត។  
- 
-នន្ទុត្តរាថេរី។ 
- 
-[៣០៨] អាត្មាអញចេញអំពីផ្ទះ ហើយមកបួសក្នុងធម្មវិន័យ ដោយសទ្ធា ខ្វល់ខ្វាយក្នុងលាភៈ និងសក្ការៈ ប្រព្រឹត្តដោយហេតុ (ដែលញ៉ាំងលាភឲ្យកើតឡើង មានពាហុសច្ចៈ និងធម្មកថាជាដើម) នោះ ៗ។ អាត្មាអញបានលះប្រយោជន៍ដ៏ឧត្តមចោល ហើយសេពនូវប្រយោជន៍ថោកទាប លុះក្នុងអំណាចនៃកិលេសទាំងឡាយ មិនត្រេកអរនឹងប្រយោជន៍នៃសមណៈ។ សេចក្ដីសង្វេគ ក៏មានដល់អាត្មាអញនោះ ដែលអង្គុយក្នុងលំនៅថា អាត្មាអញដើរផ្លូវខុស លុះក្នុងអំណាចតណ្ហា។ ជីវិតរបស់អាត្មាអញមានប្រមាណតិច ជរា និងព្យាធិតែងញាំញី មុនកាយនេះនឹងបែកធ្លាយ មិនមែនជាកាលគួរ អាត្មាអញធ្វេសប្រហែសឡើយ។ អាត្មាអញកាលពិចារណានូវការកើតឡើង និងការសូន្យទៅនៃខន្ធទាំងឡាយតាមពិត ក៏មានចិត្តរួចស្រឡះ ហើយចេញ (ចាកកិលេសទាំងពួង) ពុទ្ធសាសនា អាត្មាអញបានធ្វើហើយ។ 
- 
-មិត្តកាលីថេរី។ 
- 
-[៣០៩] អាត្មាអញកាលនៅក្នុងផ្ទះ បានស្ដាប់ធម៌របស់ភិក្ខុហើយ ឃើញធម៌ ប្រាសចាកធូលី គឺកិលេស ជាធម៌នាំសត្វឲ្យចេញចាកតណ្ហា ជាហេតុនាំឲ្យបានសេចក្ដីសុខ មិនឃ្លាត។ អាត្មាអញនោះ បានបោះបង់ចោលនូវកូនប្រុសផង កូនស្រីផង ទ្រព្យ និងស្រូវផង បានឲ្យគេកោរសក់ ហើយមកបួសក្នុងធម្មវិន័យ។ អាត្មាអញកាលនៅជាសិក្ខមានា បានញ៉ាំងមគ្គខាងលើឲ្យកើត បានលះរាគៈ និងទោសៈផង អាសវៈទាំងឡាយដែលតាំងនៅជាមួយគ្នានឹងរាគៈទោសៈនោះផង។ លុះអាត្មាអញបានឧបសម្បទាជាភិក្ខុនីហើយ ក៏រលឹកឃើញនូវបុព្វជាតិ ទាំងទិព្វចក្ខុមិនមានមន្ទិល ដែលពួកសប្បុរសចំរើនហើយ ក៏អាត្មាអញបានជម្រះហើយ អាត្មាអញបានឃើញសង្ខារទាំងឡាយ ដែលកើតអំពីហេតុ មានសភាពទ្រុឌទ្រោម ថាជារបស់ដទៃ ហើយបានលះអាសវៈទាំងអស់ ជាអ្នកមានចិត្តត្រជាក់ បានរលត់ទុក្ខហើយ។  
- 
-សកុលាថេរី។ 
- 
-[៣១០] អាត្មាអញបានសម្រាលកូនដប់ ក្នុងសរីរៈ គឺរូបនេះ ព្រោះហេតុនោះ អាត្មាអញមានកំឡាំងថយ គ្រាំគ្រា បានចូលទៅរកភិក្ខុនីមួយរូប។ លោកបានសំដែងធម៌ គឺខន្ធ អាយតនៈ ធាតុ ដល់អាត្មាអញ លុះអាត្មាអញបានស្ដាប់ធម៌របស់លោកហើយ ក៏បានកោរសក់បួស អាត្មាអញនោះ កំពុងសិក្សា (សិក្ខាបី) បានជម្រះទិព្វចក្ខុ ដឹងនូវបុព្វេនិវាស ដែលអាត្មាអញបានអាស្រ័យនៅហើយក្នុងកាលមុន។ អាត្មាអញមានអារម្មណ៍តែមួយ មានចិត្តតម្កល់មាំ ចំរើនអនិមិត្តវិមោក្ខ ជាអ្នកបានវិមោក្ខក្នុងលំដាប់ (នៃមគ្គដ៏ប្រសើរ) រលត់កិលេសហើយ ព្រោះមិនប្រកាន់។ បញ្ចក្ខន្ធ អាត្មាអញបានកំណត់ហើយ មានឫសផ្ដាច់ផ្ដិលហើយ អាត្មាអញមិនមានតណ្ហា ដែលកើតអំពីវត្ថុដែលតាំងនៅ ឥឡូវនេះ ភពថ្មីមិនមាន។ 
- 
-សោណាថេរី។ 
- 
-[៣១១] អាត្មាអញមានសក់ដកហើយ (ដោយបន្លាត្នោត) ទ្រទ្រង់ភក់ មានសំពត់សាដកតែមួយ ប្រព្រឹត្តក្នុងកាលមុន មានសេចក្ដីសំគាល់ថាទោស ក្នុងរបស់ដែលមិនមានទោស ទាំងមានសេចក្ដីយល់ឃើញថា មិនមានទោសក្នុងរបស់ដែលមានទោស ចេញទៅអំពីទីសម្រាកក្នុងវេលាថ្ងៃ បានឃើញព្រះពុទ្ធ ទ្រង់ប្រាសចាកធូលី គឺរាគាទិក្កិលេស មានភិក្ខុសង្ឃហែហម លើភ្នំគិជ្ឈកូដ ក៏លុតជង្គង់ថ្វាយបង្គំ ប្រណម្យអញ្ជលីក្នុងទីចំពោះព្រះភក្រ្ដ។ ព្រះមានព្រះភាគ បានត្រាស់ថា ម្នាលនាង នាងចូរមកចុះ ឧបសម្បទានោះ ក៏សម្រេចដល់ខ្ញុំ។ អាត្មាអញបានដើរទៅកាន់ជនបទឈ្មោះអង្គៈ មគធៈ វជ្ជី កាសី និងកោសល ជាអ្នកមិនមានបំណុល បានបរិភោគដុំបាយរបស់ជនអ្នកនៅក្នុងដែន (នោះ ៗ) អស់ ៥០ ឆ្នាំ។ ឧបាសកណា បានឲ្យចីវរដល់នាងភទ្ទា ដែលរួចចាកគន្ថៈទាំងពួង ឧបាសកនោះ ប្រកបដោយបញ្ញា បានសោយបុណ្យច្រើន។  
- 
-ភទ្ទាកុណ្ឌលាថេរី។ 
- 
-[៣១២] ពួកមាណព ភ្ជួរស្រែដោយនង្គ័លទាំងឡាយ ហើយព្រោះពូជទាំងឡាយលើផែនដី តែងបាននូវទ្រព្យចិញ្ចឹមកូន និងប្រពន្ធទាំងឡាយ។ អាត្មាអញបរិបូណ៌ដោយសីល មិនខ្ជិល មិនរវើរវាយ ធ្វើតាមសាសនារបស់ព្រះសាស្ដា ដូចម្ដេចក៏មិនបានព្រះនិព្វាន។ អាត្មាអញលាងជើងក្នុងទឹក ឃើញទឹកសម្រាប់លាងជើងហូរអំពីទីទួល មកកាន់ទីទាប ហើយធ្វើ (ឲ្យជានិមិត្ត) ក្នុងទឹកទាំងឡាយ លំដាប់ពីនោះមក អាត្មាអញក៏បានតម្កល់ចិត្តមាំ ដូចសេះអាជានេយ្យដ៏ចំរើន។ លំដាប់នោះ អាត្មាអញកាន់ប្រទីបចូលទៅកាន់លំនៅ រមិលមើលដំណេក ហើយអង្គុយលើគ្រែតូច។ ក្នុងកាលនោះ អាត្មាអញកាន់រនុកទ្វារ ហើយពន្លឹមចុះនូវប្រឆេះ (នៃប្រទីប) ចិត្តក៏បានរួចស្រឡះចាកកិលេស ដូចជាការរលត់នៃប្រទីប។  
- 
-បដាចារាថេរី។ 
- 
-[៣១៣] ពួកមាណព កាន់អង្រែទាំងឡាយបុកស្រូវ តែងបាននូវទ្រព្យទាំងឡាយ ចិញ្ចឹមកូន និងប្រពន្ធ។ ពួកនាង ចូរធ្វើនូវពុទ្ធសាសនា ដែលគេធ្វើហើយ មិនក្ដៅក្រហាយតាមក្រោយ ចូរលាងជើងទាំងឡាយឲ្យឆាប់ ហើយអង្គុយក្នុងទីសមគួរ ប្រកបរឿយ ៗ នូវសេចក្ដីស្ងប់ចិត្ត ហើយចូរធ្វើនូវពុទ្ធសាសនាចុះ។  
- 
-ភិក្ខុនីទាំងនោះ បានស្ដាប់ពាក្យប្រៀនប្រដៅ របស់បដាចារាថេរីនោះហើយ ក៏លាងជើង ហើយចូលទៅក្នុងទីសមគួរ ប្រកបរឿយ ៗ នូវសមថធម៌ បានធ្វើនូវ (កិច្ចក្នុង) ពុទ្ធសាសនា។ ក្នុងបឋមយាមនៃរាត្រី ពួកព្រះថេរី ក៏បានរឭកឃើញនូវបុព្វជាតិ ក្នុងមជ្ឈិមយាមនៃរាត្រី បានជម្រះនូវទិព្វចក្ខុ ក្នុងបច្ឆិមយាមនៃរាត្រី ក៏បានទំលាយនូវគំនរងងឹត។ ពួកព្រះថេរីទាំងនោះ ក្រោកឡើងថ្វាយបង្គំបាទា (នៃបដាចារាថេរី ហើយពោលថា) ពាក្យប្រៀនប្រដៅរបស់នាង យើងបានធ្វើតាមហើយ ពួកទេវតានៅក្នុងឋនត្រៃត្រឹង្ស (ហែហម) ព្រះឥន្រ្ទ ដែលបានឈ្នះក្នុងសង្គ្រាមយ៉ាងណា ពួកយើងជាអ្នកមានវិជ្ជា ៣ មិនមានអាសវៈ នឹងនៅហែហម (នាងយ៉ាងនោះ)។ ពួកភិក្ខុនីជាថេរី ចំនួន ៣០ រូបនេះ បានធ្វើឲ្យច្បាស់លាស់ នូវព្រះអរហត្ត ក្នុងសំណាក់នៃបដាចារាថេរី។  
- 
-[៣១៤] កាលពីដើម អាត្មាអញជាស្រីទុគ៌ត ជាស្រីមេម៉ាយ មិនមានកូន ព្រាត់ប្រាសចាកមិត្រ ចាកញាតិទាំងឡាយ មិនដែលបានបាយ និងសំពត់ (បរិភោគប្រើប្រាស់គ្រប់គ្រាន់) ទេ។ អាត្មាអញកាន់ភាជន៍ដី និងឈើច្រត់ ដើរសូមអំពីត្រកូលមួយទៅកាន់ត្រកូលមួយ ត្រូវត្រជាក់ និងក្ដៅបៀតបៀន ដើរទៅអស់ ៧ ឆ្នាំ។ លុះកាលជាខាងក្រោយមក អាត្មាអញបានឃើញភិក្ខុនី (បដាចារាថេរី) ជាស្រីបានបាយ និងទឹក ហើយចូលទៅនិយាយ សូមបួសក្នុងធម្មវិន័យ។ ឯបដាចារាភិក្ខុនីនោះ បានបំបួសអាត្មាអញ ដោយសេចក្ដីអនុគ្រោះ ខាងក្រោយអំពីនោះមក លោកបានទូន្មានអាត្មាអញ ដឹកនាំក្នុងប្រយោជន៍យ៉ាងសំខាន់។ អាត្មាអញបានស្ដាប់ពាក្យរបស់លោក ក៏បានធ្វើតាមពាក្យប្រៀនប្រដៅ ឯឱវាទរបស់ព្រះថេរីជាម្ចាស់ មិនឥតអំពើឡើយ ខ្ញុំជាអ្នកមានវិជ្ជា ៣ មិនមានអាសវៈ។ 
- 
-ចន្ទាថេរី។ 
- 
-ចប់ បញ្ចកនិបាត។ 
- 
-ថេរីគាថា ឆក្កនិបាត 
- 
-[៣១៥] នាងមិនដឹងផ្លូវរបស់សត្វណា ដែលមក ឬទៅទេ ហើយយំរកកូន ដែល (មិនដឹងជា) មកអំពីទីណានោះថា ឱកូនអាត្មាអញអើយ។ ទុកជានាងដឹងផ្លូវរបស់កូននោះ ដែលមក ឬទៅ ក៏មិនគប្បីសោករកកូននោះឡើយ ព្រោះសត្វមានយ៉ាងនេះជាធម្មតា។ (សត្វនោះ) មិនមានអ្នកណាមួយអង្វរឲ្យមកអំពីបរលោកនោះ ទាំងមិនមានអ្នកណាមួយ អនុញ្ញាតឲ្យទៅអំពីលោកនេះឡើយ ទំនងជាមកអំពីទីណាមួយ (មាននរកជាដើម) មកអាស្រ័យនៅ (ក្នុងទីនេះ) អស់ពីរបីថ្ងៃ។ សត្វសូម្បីទៅអំពីភពនេះ មកកាន់ភពដទៃ ទៅអំពីភពនោះ ទៅកាន់ភពដទៃ ចែកឋនទៅហើយ ដោយសភាពជាមនុស្ស នឹងអន្ទោលទៅ បើមកយ៉ាងណា ក៏ទៅយ៉ាងនោះ ការខ្សឹកខ្សួល ព្រោះតែសត្វនោះ មានប្រយោជន៍អ្វី។  
- 
-លោកម្ចាស់បានដកព្រួញ គឺសេចក្ដីសោក ដែលឃើញដោយកម្រ អាស្រ័យនូវហ្ឫទ័យរបស់ខ្ញុំ លោកម្ចាស់បានបន្ទោបង់សេចក្ដីសោកព្រោះកូនរបស់ខ្ញុំ ដែលត្រូវសេចក្ដីសោកគ្របសង្កត់ហើយ។ ក្នុងថ្ងៃនេះ ខ្ញុំនោះមានព្រួញដកហើយ មិនមានសម្រេកគំលាន មានទុក្ខរលត់ហើយ ខ្ញុំសូមដល់នូវព្រះពុទ្ធ ជាអ្នកប្រាជ្ញផង ព្រះធម៌ផង ព្រះសង្ឃផង ជាសរណៈ។ 
- 
-បដាចារាថេរី ៥០០ [បានជាហៅបដាចារាដែរ ព្រោះបានស្តាប់ឱវាទរបស់នាងបដាចារាថេរី។]។ 
- 
-[៣១៦] អាត្មាអញត្រូវសេចក្ដីសោកព្រោះកូនបៀតបៀនហើយ មានចិត្តរាយមាយ ប្រាសចាកសញ្ញា មានកាយអាក្រាត មានសក់រាត់រាយ អាត្មាអញដើរទ្រហោយំ។ អាត្មាអញពោរពេញដោយសេចក្ដីស្រេកឃ្លាន បានដើរទៅលើគំនរសំរាមក្បែរថ្នល់ផង ក្នុងព្រៃស្មសានផង ក្នុងច្រករហកផង អស់បីឆ្នាំ។ ក្នុងកាលជាខាងក្រោយមក អាត្មាអញបានជួបប្រទះនឹងព្រះសុគត ព្រះអង្គទូន្មាននូវពួកសត្វដែលមានខ្លួនមិនទាន់បានទូន្មាន ទ្រង់ត្រាស់ដឹងដោយព្រះអង្គឯង មិនមានភ័យអំពីទីណា កំពុងស្ដេចទៅកាន់ក្រុងមិថិលា។ អាត្មាអញ ត្រឡប់បាននូវចិត្តជាប្រក្រតី ហើយក៏ចូលទៅជិតថ្វាយបង្គំ ឯព្រះគោតមនោះ បានសំដែងធម៌ដល់អាត្មាអញ ដោយសេចក្ដីអនុគ្រោះ។ លុះអាត្មាអញបានស្ដាប់ធម៌របស់ព្រះអង្គហើយ ក៏បានបួសក្នុងធម្មវិន័យ ប្រកបព្យាយាមក្នុងសាសនានៃព្រះសាស្ដា បានធ្វើឲ្យជាក់ច្បាស់នូវព្រះនិព្វានបទដ៏ជាទីក្សេម។ សេចក្ដីសោកទាំងឡាយទាំងពួង អាត្មាអញផ្ដាច់ផ្ដិលហើយ បានលះបង់ហើយ ឲ្យមានទីបំផុតត្រឹមព្រះអរហត្តនេះ ព្រោះថា វត្ថុទាំងឡាយ ដែលជាដែនកើតនៃសេចក្ដីសោក អាត្មាអញកំណត់ហើយ។  
- 
-វាសិដ្ឋីថេរី។  
- 
-[៣១៧] ហៃនាងខេមា នាងនៅក្មេង ជាស្រីមានរូប យើងសោតក៏នៅក្មេងកំឡោះ នាងចូរមក យើងនឹងត្រេកត្រអាលដោយតូរ្យតន្រ្តីប្រកបដោយអង្គ ៥។  
- 
-អាត្មានឿយណាយ ធុញទ្រាន់ ដោយកាយស្អុយ ដែលមានជំងឺជានិច្ច ពុកផុយនេះ កាមតណ្ហា អាត្មាអញបានដកចេញហើយ។ កាមទាំងឡាយ មានឧបមាដោយលំពែង និងអណ្ដោត ជាទីកាប់ចិញ្ច្រាំនូវខន្ធទាំងឡាយ អ្នកនិយាយចំពោះតម្រេកក្នុងកាមណា ឥឡូវនេះ តម្រេកក្នុងកាមនោះ មិនជាទីត្រេកអរនៃអាត្មាទេ។ សេចក្ដីរីករាយក្នុងអារម្មណ៍ទាំងពួង អាត្មាបានកំចាត់ចេញហើយ គំនរងងឹត អាត្មាក៏បានទំលាយហើយ ម្នាលមារមានចិត្តបាប អ្នកចូរដឹងយ៉ាងនេះចុះ ម្នាលមារលាមក អ្នកឯង អាត្មាបានកំចាត់ចេញហើយ។ ពួកជនពាល មិនដឹងតាមពិត សំពះនក្ខត្តឫក្សទាំងឡាយ បូជាភ្លើងក្នុងព្រៃ ហើយសំគាល់ថាជាការបរិសុទ្ធ។ ចំណែកខាងអាត្មា នមស្ការព្រះសម្ពុទ្ធ ជាបុរសខ្ពង់ខ្ពស់ ជាអ្នកធ្វើតាមសាសនារបស់ព្រះសាស្ដា បានរួចស្រឡះហើយ ចាកទុក្ខទាំងពួង។ 
- 
-ខេមាថេរី។ 
- 
-[៣១៨] អាត្មាអញមានខ្លួនស្អិតស្អាង មានគ្រឿងស្លៀកពាក់ល្អ ទ្រទ្រង់ផ្កាកម្រង លាបស្រឡាបដោយខ្លឹមចន្ទន៍ បិទបាំងជិតដោយគ្រឿងអាភរណៈគ្រប់យ៉ាង មានពួកទាសីហែហមហើយ។ អាត្មាអញ បានយកបាយ ទឹក បង្អែម និងចំអាបដ៏ច្រើន ចេញទៅអំពីគ្រឹហា នាំចូលទៅកាន់ឧទ្យាន។ អាត្មាអញត្រេកអរ លេងក្នុងឧទ្យាននោះ រួចហើយក៏មកកាន់ផ្ទះរបស់ខ្លួន បានឃើញវិហារ ហើយក៏ចូលទៅកាន់វិហារ ក្នុងព្រៃអញ្ជ័ន ជិតក្រុងសាកេត។ អាត្មាអញបានឃើញព្រះពុទ្ធ ជាប្រទីបនៃលោក ហើយចូលទៅថ្វាយបង្គំ ឯព្រះអង្គ ជាបុគ្គលមានចក្ខុ បានសំដែងធម៌ដល់អាត្មាអញ ដោយសេចក្ដីអនុគ្រោះ។ លុះអាត្មាអញបានស្ដាប់ធម៌របស់ព្រះមហេសីហើយ ក៏បានចាក់ធ្លុះនូវសច្ចៈ បានសម្រេចនូវនិព្វានបទ ឈ្មោះអមតៈ ជាធម៌មិនមានធូលី គឺកិលេស ក្នុងវិហារនោះឯង។ លំដាប់ពីនោះ អាត្មាអញបានដឹងច្បាស់នូវព្រះសទ្ធម្ម ហើយបួសក្នុងធម្មវិន័យ បានសម្រេចត្រៃវិជ្ជា ព្រះពុទ្ធសាសនា មិនឥតអំពើឡើយ។  
- 
-សុជាតាថេរី។ 
- 
-[៣១៩] អាត្មាអញ កើតក្នុងត្រកូលខ្ពង់ខ្ពស់ ដែលមានគ្រឿងឧបករណ៍ជាទីរីករាយច្រើន មានទ្រព្យច្រើន ជាស្រីបរិបូណ៌ដោយសម្បុរ និងរូប ជាធីតាបង្កើតនៃសេដ្ឋីឈ្មោះមេឃិ។ ពួកព្រះរាជបុត្រក៏ចង់បាន ពួកសេដ្ឋីបុត្រក៏ជាប់ចិត្ត ទើបប្រើទូតទៅ (ក្នុងសំណាក់) បិតារបស់អាត្មាអញ (ថា) សូមអ្នកឲ្យនាងអនោបមាដល់ខ្ញុំ។ ធីតារបស់អ្នកឈ្មោះអនោបមានុ៎ះ (លក្ខណញ្ញូជន) កាត់ថ្លៃចំនួនទ្រព្យប៉ុន្មាន ខ្ញុំសូមជូនប្រាក់ និងកែវជា ៨ គុណ អំពីទ្រព្យនោះ។ អាត្មាអញនោះ បានឃើញព្រះសម្ពុទ្ធ ជាចម្បងនៃលោក ព្រះអង្គប្រសើរបំផុត ក៏ចូលទៅក្នុងទីសមគួរ ថ្វាយបង្គំព្រះបាទារបស់ព្រះអង្គ។ ព្រះគោតមនោះ បានសំដែងធម៌ដល់អាត្មាអញ ដោយសេចក្ដីអនុគ្រោះ អាត្មាអញអង្គុយលើអាសនៈនោះ ហើយបានសម្រេចនូវផលទី ៣។ លំដាប់ពីនោះមក អាត្មាអញបានកោរសក់ទាំងឡាយ ហើយបួសក្នុងធម្មវិន័យ រាត្រីគំរប់ ៧ របស់អាត្មាអញ ក្នុងថ្ងៃនេះ ជារាត្រីដែលតណ្ហារីងស្ងួត។  
- 
-អនោបមាថេរី។ 
- 
-[៣២០] បពិត្រព្រះពុទ្ធ មានព្យាយាម អ្នកខ្ពង់ខ្ពស់ជាងសព្វសត្វទាំងឡាយ ខ្ញុំសូមថ្វាយបង្គំព្រះអង្គ ដែលទ្រង់បានប្រោសខ្ញុំព្រះអង្គ និងជនដទៃច្រើនគ្នា ឲ្យរួចចាកទុក្ខ។ សេចក្ដីទុក្ខទាំងពួង ខ្ញុំព្រះអង្គបានកំណត់ដឹងហើយ តណ្ហាជាដើមចម (នៃទុក្ខ) ខ្ញុំព្រះអង្គបានធ្វើឲ្យរីងស្ងួតហើយ មគ្គប្រកបដោយអង្គ ៨ ខ្ញុំព្រះអង្គបានចំរើនហើយ និរោធធម៌ ខ្ញុំព្រះអង្គបានសម្រេចហើយ។ មាតាបិតា បុត្រ បងប្អូន និងជីដូនជីតា ដែលមានក្នុងកាលមុន ខ្ញុំព្រះអង្គក៏មិនដឹងតាមពិត មិនបាន (នូវទីពឹងក្នុងសមុទ្រ គឺសង្សារ) បានអន្ទោលទៅ (យកកំណើតផ្សេង ៗ) ព្រះមានព្រះភាគអង្គនោះ ខ្ញុំព្រះអង្គបានឃើញហើយ រាងកាយ (របស់ខ្ញុំព្រះអង្គ) នេះ ជាទីបំផុតហើយ ជាតិសង្សារអស់រលីងហើយ ឥឡូវនេះ ភពថ្មីមិនមាន។ សូមព្រះអង្គទតនូវពួកសាវ័ក អ្នកមានព្យាយាមតឹងតែង មានចិត្តស្លុងទៅរកព្រះនិព្វាន មានព្យាយាមមាំជានិច្ច ជាអ្នកព្រមព្រៀងគ្នា នេះជាការថ្វាយបង្គំចំពោះព្រះពុទ្ធទាំងឡាយ។ ឱហ្ន៎ ព្រះនាងមាយា បានបង្កើតព្រះគោតម ដើម្បីជាប្រយោជន៍ដល់ពួកជនច្រើនគ្នា (ព្រោះថា) ព្រះគោតមបានបន្ទោបង់នូវគំនរទុក្ខ នៃពួកជនដែលត្រូវព្យាធិ និងមរណៈចាក់ដោត។  
- 
-មហាបជាបតិគោតមីថេរី។ 
- 
-[៣២១] ម្នាលនាងគុត្តា ការដែលនាងលះបង់កូន និងគំនរទ្រព្យ ហើយបួស ដើម្បីប្រយោជន៍ណា នាងចូរចំរើនឲ្យរឿយ ៗ នូវប្រយោជន៍នោះឯង នាងកុំលុះអំណាចនៃចិត្តឡើយ។ ពួកសត្វ ត្រូវចិត្តបញ្ឆោតហើយ ត្រេកអរក្នុងវិស័យនៃមារ មិនដឹងថា អាត្មាអញត្រាច់រង្គាត់ទៅកាន់សង្សារអស់ជាតិមិនតែមួយ។ កាមច្ឆន្ទៈ ព្យាបាទៈ សក្កាយទិដ្ឋិ សីលព្វតបរាមាសៈ និងវិចិកិច្ឆា ជាគំរប់ ៥។ ម្នាលភិក្ខុនី លុះនាងលះនូវសំយោជនៈ ជាចំណែកខាងក្រោយមទាំងនោះហើយ ទើបលែងវិលមកកាន់កាមភពនេះទៀត។ នាងបើខំសង្កត់សង្កិនកាត់ផ្ដាច់នូវសំយោជនៈទាំងឡាយ គឺរូបរាគៈ អរូបរាគៈ មានះ អវិជ្ជា ឧទ្ធច្ចៈហើយ នឹងធ្វើនូវព្រះនិព្វានជាទីបំផុតនៃទុក្ខបាន។ នាងបើញ៉ាំងជាតិសង្សារឲ្យអស់ ហើយកំណត់ដឹងនូវភពថ្មី នឹងទៅជាអ្នកមិនមានតណ្ហា ប្រព្រឹត្តស្ងប់រម្ងាប់ ក្នុងបច្ចុប្បន្ន ពិតប្រាកដបាន។  
- 
-គុត្តាថេរី។ 
- 
-[៣២២] អាត្មាអញមិនលុះអំណាចក្នុងភាវនាចិត្ត មិនបានសេចក្ដីស្ងប់ចិត្ត បានចេញអំពីលំនៅ ៤ លើក ៥ លើក។ អាត្មាអញបានចូលទៅរកភិក្ខុនី (ព្រះថេរីឈ្មោះខេមា) ហើយសាកសួរដោយគោរព លោកបានសំដែងធម៌ គឺធាតុ អាយតនៈ អរិយសច្ច ៤ ឥន្រ្ទិយ ពលៈ ពោជ្ឈង្គ អដ្ឋង្គិកមគ្គ ដល់អាត្មាអញ ដើម្បីដល់នូវប្រយោជន៍ដ៏ឧត្តម។ លុះអាត្មាអញ បានស្ដាប់ពាក្យរបស់ភិក្ខុនីនោះហើយ ក៏បានធ្វើតាមពាក្យប្រៀនប្រដៅរបស់លោក ក្នុងបុរិមយាមនៃរាត្រី បានរឭកឃើញនូវបុព្វជាតិ ក្នុងមជ្ឈិមយាមនៃរាត្រី បានជម្រះនូវទិព្វចក្ខុ ក្នុងបច្ឆិមយាមនៃរាត្រី បានទំលាយនូវគំនរងងឹត វេលានោះ អាត្មាអញបានជ្រួតជ្រាបកាយដោយបីតិ និងសុខៈ ទំលាយនូវគំនរងងឹត ហើយលាងជើងទាំងគូ ក្នុងរាត្រីទី ៧។ 
- 
-វិជហាថេរី។ 
- 
-ចប់ ឆក្កនិបាត។ 
- 
-ថេរីគាថា សត្តកនិបាត 
- 
-[៣២៣] ពួកមាណព កាន់អង្រែទាំងឡាយបុកស្រូវ ពួកមាណព រមែងបាននូវទ្រព្យ ចិញ្ចឹមកូន និងប្រពន្ធទាំងឡាយ។ នាងទាំងឡាយ ចូរព្យាយាមធ្វើអំពើដែលធ្វើហើយ មិនក្ដៅក្រហាយតាមក្រោយ ក្នុងព្រះពុទ្ធសាសនា ចូរលាងជើងទាំងឡាយឲ្យឆាប់ ហើយអង្គុយក្នុងទីសមគួរ។ នាងទាំងឡាយ ចូរតាំងចិត្ត តម្កល់ឲ្យមាំ ឲ្យមានអារម្មណ៍តែមួយ ហើយពិចារណានូវសង្ខារទាំងឡាយ ថាជារបស់ដទៃ ទាំងមិនមែនជារបស់ខ្លួន។  
- 
-អាត្មាបានស្ដាប់ពាក្យរបស់ព្រះថេរីនោះ គឺជាពាក្យប្រៀនប្រដៅរបស់ព្រះថេរីឈ្មោះបដាចារា ហើយបានលាងជើង រួចចូលទៅអង្គុយក្នុងទីសមគួរ។ ក្នុងបុរិមយាមនៃរាត្រី អាត្មាបានរឭកឃើញនូវបុព្វជាតិ ក្នុងមជ្ឈិមយាមនៃរាត្រី អាត្មាបានជម្រះនូវទិព្វចក្ខុ។ ក្នុងបច្ឆិមយាមនៃរាត្រី អាត្មាបានទំលាយនូវគំនរងងឹត ជាស្រីបាននូវត្រៃវិជ្ជា បានក្រោកចេញ (អំពីអាសនៈ) ក្នុងកាលជាខាងក្រោយ ពាក្យប្រៀនប្រដៅរបស់លោកម្ចាស់ ខ្ញុំបានប្រព្រឹត្តហើយ។ ពួកទេវតាក្នុងឋនត្រៃត្រឹង្ស (ហែហម) នូវសក្កទេវរាជ ដែលឈ្នះក្នុងសង្រ្គាមយ៉ាងណា ខ្ញុំបាននូវត្រៃវិជ្ជា មិនមានអាសវៈ ក៏ហែហម (លោកម្ចាស់) យ៉ាងនោះដែរ។  
- 
-ឧត្តរាថេរី។ 
- 
-[៣២៤] អាត្មាជាភិក្ខុនី បានចំរើននូវឥន្រ្ទិយ ផ្ចង់ស្មារតី បានចាក់ធ្លុះនូវព្រះនិព្វាន ជាទីស្ងប់រម្ងាប់នូវសង្ខារ ជាសុខក្រៃលែង។  
- 
-នាងជាស្ត្រីកំណោរ ប្រាកដដូចជាសមណី តើឧទ្ទិសចំពោះលទ្ធិណា នាងមិនគាប់ចិត្តនឹងលទ្ធិទាំងឡាយ ហេតុអ្វីក៏នាងជាស្ត្រីវង្វេងប្រព្រឹត្តបែបនេះ។  
- 
-លទ្ធិទាំងឡាយ ខាងក្រៅអំពីសាសនានេះ អាស្រ័យនូវទិដ្ឋិទាំងឡាយ ពួកជន (ប្រកាន់លទ្ធិ) នោះ មិនដឹងច្បាស់នូវធម៌ ពួកជននោះ មិនវាងវៃក្នុងធម៌។ មាន (ព្រះរាជបុត្រមួយអង្គ) កើតក្នុងសក្យត្រកូល បានត្រាស់ជាព្រះពុទ្ធ មិនមានបុគ្គលផ្ទឹមបាន ព្រះអង្គបានសំដែងប្រាប់អាត្មានូវអរិយសច្ចធម៌ ជាធម៌ប្រព្រឹត្តកន្លងនូវទិដ្ឋិ គឺទុក្ខ ១ ហេតុនាំឲ្យកើតទុក្ខ ១ ទីដែលប្រព្រឹត្តកន្លងនូវទុក្ខ ១ មគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរជាដំណើរទៅកាន់ទីរំលត់ទុក្ខ ១។ អាត្មាបានស្ដាប់ព្រះពុទ្ធដីការបស់ព្រះអង្គហើយ ក៏ត្រេកអរក្នុងសាសនា ត្រៃវិជ្ជា អាត្មាបានសម្រេចហើយ សាសនារបស់ព្រះពុទ្ធ អាត្មាបានធ្វើហើយ។ សេចក្ដីរីករាយក្នុងអារម្មណ៍ទាំងពួង អាត្មាបានកំចាត់ហើយ គំនរងងឹត អាត្មាបានទំលាយហើយ ម្នាលមារកំបាប អ្នកចូរដឹងយ៉ាងនេះចុះ ម្នាលមារលាមក អ្នកឯង យើងកំចាត់ចេញហើយ។ 
- 
-ចាលាថេរី។ 
- 
-[៣២៥] អាត្មាជាភិក្ខុនី មានស្មារតី មានចក្ខុ គឺបញ្ញា មានឥន្រ្ទិយចំរើនហើយ បានចាក់ធ្លុះនូវព្រះនិព្វានជាទីស្ងប់ ដែលបុរសថោកទាបមិនដែលបានសេពហើយ។  
- 
-នាងមិនគាប់ចិត្តនឹងជាតិទេឬ សត្វដែលកើតហើយ តែងបរិភោគកាមទាំងឡាយ នាងចូរបរិភោគនូវតម្រេកក្នុងកាមទាំងឡាយ កុំឲ្យមានសេចក្ដីស្ដាយក្រោយ។  
- 
-សេចក្ដីស្លាប់ និងការកាត់នូវដៃជើង រមែងមានដល់សត្វដែលកើតហើយ សត្វដែលកើតហើយ រមែងដល់នូវសេចក្ដីទុក្ខ មានការសម្លាប់ និងការចងជាកំណត់។ មាន (ព្រះរាជបុត្រមួយព្រះអង្គ) កើតក្នុងសក្យត្រកូល បានត្រាស់ជាព្រះពុទ្ធ ព្រះអង្គផ្ចាញ់នូវមារ មានកិលេសមារជាដើម ព្រះអង្គបានសំដែងប្រាប់អាត្មានូវអរិយសច្ចធម៌ ជាធម៌កន្លងនូវជាតិ គឺទុក្ខ ១ ហេតុនាំឲ្យកើតទុក្ខមួយ ១ ទីដែលប្រព្រឹត្តកន្លងនូវទុក្ខ ១ មគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរ ជាដំណើរទៅកាន់ទីរំលត់ទុក្ខ ១។ អាត្មាបានស្ដាប់ព្រះពុទ្ធដីការបស់ព្រះអង្គហើយ ក៏ត្រេកអរក្នុងសាសនា ត្រៃវិជ្ជា អាត្មាបានសម្រេចហើយ សាសនារបស់ព្រះពុទ្ធ អាត្មាបានធ្វើហើយ។ សេចក្ដីរីករាយ ក្នុងអារម្មណ៍ទាំងពួង អាត្មាបានកំចាត់ចេញហើយ គំនរងងឹត អាត្មាបានទំលាយចេញហើយ ម្នាលមារកំបាប អ្នកចូរដឹងយ៉ាងនេះចុះ ម្នាលមារលាមក អ្នកឯង យើងកំចាត់ចេញហើយ។ 
- 
-ឧបចាលាថេរី។ 
- 
-ចប់ សត្តកនិបាត។ 
- 
-ថេរីគាថា អដ្ឋកនិបាត 
- 
-[៣២៦] ភិក្ខុនី បរិបូណ៌ដោយសីល សង្រួមដោយប្រពៃ ក្នុងឥន្រ្ទិយទាំងឡាយ គប្បីបាននូវព្រះនិព្វានជាទីស្ងប់ មានឱជៈមិនច្របូកច្របល់ដោយវត្ថុអ្វីមួយ។  
- 
-ពួកទេវតាណា នៅក្នុងឋនតាវត្តិង្សក្ដី នៅក្នុងឋនយាមៈក្ដី នៅក្នុងឋនតុសិតក្ដី ពួកទេវតានៅក្នុងឋននិម្មានរតីក្ដី ពួកទេវតានៅក្នុងឋនបរនិម្មិតវសវត្តីក្ដី នាងចូរតាំងចិត្តទៅរកពួកទេវតាទាំងនោះ ដែលនាងធ្លាប់នៅហើយ ក្នុងកាលមុន។ 
- 
-ពួកទេវតាណា នៅក្នុងឋនតាវត្តិង្សក្ដី នៅក្នុងឋនយាមៈក្ដី នៅក្នុងឋនតុសិតក្ដី ពួកទេវតានៅក្នុងឋននិម្មានរតីក្ដី ពួកទេវតានៅក្នុងឋនបរនិម្មិតវសវត្តីក្ដី (ទេវតាទាំងនោះ ចេញ) អំពីភពទៅកាន់ភព សព្វ ៗ កាល តម្កល់នៅក្នុងសក្កាយ គឺខន្ធបញ្ចកៈ មិនប្រព្រឹត្តកន្លងនូវសក្កាយ ជាអ្នកអន្ទោលទៅកាន់ជាតិ និងមរណៈ។ លោកទាំងមូលឆេះ លោកទាំងមូលច្រានរន្ទាល លោកទាំងមូលសន្ធោសន្ធៅ លោកទាំងមូលញាប់ញ័រ (ដោយភ្លើង ១១ មានរាគៈជាដើម) ព្រះពុទ្ធបានសំដែងធម៌ប្រាប់អាត្មា ជាធម៌ដែលមិនកម្រើក មិនមានអ្វីផ្ទឹមបាន ដែលបុថុជ្ជនសេពមិនបាន ហើយចិត្តរបស់អាត្មាត្រេអរចំពោះក្នុងធម៌នោះ។ អាត្មាបានស្ដាប់ព្រះពុទ្ធដីការបស់ព្រះអង្គហើយ ក៏ត្រេកអរក្នុងសាសនា ត្រៃវិជ្ជា អាត្មាបានសម្រេចហើយ សាសនារបស់ព្រះពុទ្ធ អាត្មាបានធ្វើហើយ។ សេចក្ដីរីករាយក្នុងអារម្មណ៍ទាំងពួង អាត្មាបានកំចាត់ចេញហើយ គំនរងងឹត អាត្មាបានទំលាយចេញហើយ ម្នាលមារកំបាប អ្នកចូរដឹងយ៉ាងនេះចុះ ម្នាលមារលាមក អ្នកឯង យើងកំចាត់ចេញហើយ។ 
- 
-សីសូបចាលាថេរី។ 
- 
-ចប់ អដ្ឋកនិបាត។ 
- 
-ថេរីគាថា នវកនិបាត 
- 
-[៣២៧] ហៃវឌ្ឍៈ ព្រៃ គឺកិលេស កុំមានដល់លោក ក្នុងកាលណា ៗ ឡើយ ហៃកូន លោកកុំមានចំណែកនៃសេចក្ដីទុក្ខរឿយ ៗ ឡើយ។ ហៃវឌ្ឍៈ ព្រោះថា អ្នកប្រាជ្ញទាំងឡាយ លោកមិនមានតណ្ហា កាត់សេចក្ដីសង្ស័យ ជាអ្នកត្រជាក់ត្រជំ ដល់នូវសេចក្ដីរាបសា មិនមានអាសវៈ តែងនៅជាសុខ។ ហៃវឌ្ឍៈ ចូរលោកចំរើនឲ្យរឿយ ៗ ដើម្បីដល់នូវការឃើញមគ្គ ដែលពួកឥសីនោះ ធ្លាប់សន្សំមកហើយ ដើម្បីធ្វើនូវព្រះនិព្វានជាទីបំផុតទុក្ខ។  
- 
-បពិត្រមាតា លោកក្លៀវក្លា ប្រាប់សេចក្ដីនេះដល់ខ្ញុំ បពិត្រមាតា ខ្ញុំសំគាល់ថា ព្រៃ គឺកិលេសរបស់លោក មិនមានដោយពិត។  
- 
-ហៃវឌ្ឍៈ សង្ខារទាំងឡាយ ឯណានីមួយដ៏ថោកទាប ឧត្តម និងកណ្ដាល ព្រៃ គឺកិលេស សូម្បីតូចឆ្មារក្ដី សូម្បីបន្តិចបន្តួចក្ដី នៃខ្ញុំមិនមានឡើយ។ ខ្ញុំជាអ្នកមិនប្រមាទ បានចំរើនឈាន មានអាសវៈទាំងពួងអស់ហើយ ត្រៃវិជ្ជា ខ្ញុំបានសម្រេចហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ 
- 
-មាតារបស់ខ្ញុំ បានចាក់ជន្លួញដ៏លើសលុប គឺគាថាប្រកបដោយប្រយោជន៍យ៉ាងសំខាន់ ៗ ដោយពិត ដូចជាពួកជនអ្នកអនុគ្រោះ។ ខ្ញុំបានស្ដាប់ពាក្យប្រៀនប្រដៅរបស់លោក ដែលជាមាតាបង្កើត ហើយក៏ដល់នូវធម្មសង្វេគ ដើម្បីដល់នូវព្រះនិព្វានជាទីក្សេមចាកយោគៈ។ ខ្ញុំនោះ មានចិត្តស្លុងទៅរកព្រះនិព្វាន ដោយសម្មប្បធាន មិនខ្ជិលច្រអូសទាំងយប់ទាំងថ្ងៃ ជាអ្នកដែលមាតាដាស់តឿនហើយ ក៏ស្ងប់រម្ងាប់ បានសម្រេចនូវព្រះនិព្វានដ៏ខ្ពង់ខ្ពស់។  
- 
-វឌ្ឍមាតាថេរី។ 
- 
-ចប់ នវកនិបាត។ 
- 
-ថេរីគាថា ឯកាទសកនិបាត 
- 
-[៣២៨] ភាពនៃកល្យាណមិត្តចំពោះសត្វលោក ព្រះមុនីទ្រង់សរសើរហើយ បុគ្គលកាលគប់រកនូវពួកកល្យាណមិត្ត សូម្បីខ្លួនជាបុគ្គលពាល ក៏គង់បានទៅជាបណ្ឌិត។ បុគ្គលគួរគប់រកនូវពួកសប្បុរស ប្រាជ្ញានៃពួកបុគ្គលដែលរាប់រក (នូវសប្បុរស) រមែងចំរើនដោយពិត បុគ្គលឯណានីមួយ មានក្សត្រជាដើម កាលគប់រកនូវពួកសប្បុរស គប្បីរួចចាកទុក្ខទាំងអស់ផង គប្បីដឹងនូវអរិយសច្ចទាំង ៤ ផង គឺទុក្ខសច្ច ១ ទុក្ខសមុទយសច្ច ១ ទុក្ខនិរោធសច្ច ១ មគ្គសច្ច ប្រកបដោយអង្គ ៨ ប្រការ ១។ ព្រះមានព្រះភាគ ជាសារថីទូន្មាននូវបុរស ទ្រង់ត្រាស់ថា ឥត្ថីភាព នាំមកនូវសេចក្ដីទុក្ខ។ មែនពិត ការនៅរួមជាមួយនឹងស្វាមី នាំមកនូវទុក្ខ ស្រីពួកខ្លះ សម្រាលបុត្រតែម្ដង ដាច់បំពង់ស្បូន (ស្លាប់) ក៏មាន (ស្រីពួកខ្លះ) ជាសុខុមាលជាតិ មានគភ៌រវាងពាក់កណ្ដាល ប្រាថ្នាសម្លាប់កូនក្នុងគភ៌ ស៊ីថ្នាំពិស ដល់នូវសេចក្ដីវិនាស ទាំងពីរនាក់ (កូន និងម្ដាយ) ក៏មាន។  
- 
-ខ្ញុំកាលទៅរកទីសម្រាល (កូន) បានឃើញប្ដីស្លាប់ ខ្ញុំទៅមិនទាន់ដល់ផ្ទះរបស់ខ្លួន ក៏សម្រាល (កូន) កណ្ដាលផ្លូវ។ កូនទាំងពីរ ក៏ធ្វើមរណកាល ប្ដីរបស់ខ្ញុំក៏ស្លាប់ក្នុងផ្លូវ ខ្ញុំជាស្រីកំព្រា ឯមាតាបិតា និងបងប្អូនប្រុស ក៏ត្រូវគេដុតក្នុងជើងថ្ករជាមួយគ្នា។ នាងរងទុក្ខប្រមាណមិនបាន ក្នុងត្រកូលដែលអស់ភោគសម្បត្តិ ជាត្រកូលកំព្រា ទឹកភ្នែករបស់នាងប្រព្រឹត្តទៅអស់ពាន់ជាតិជាច្រើន។ ខ្ញុំឃើញនាង (កើតជា) ចចកញី ស៊ីសាច់មនុស្សក្នុងកណ្ដាលព្រៃស្មសាន មួយទៀត សាច់កូន ក៏នាងបានស៊ីហើយ (ក្នុងអត្តភាពនេះ) ខ្ញុំមានវង្សត្រកូលសាបសូន្យ ត្រូវអ្នកផងតិះដៀល មានប្ដីក៏ស្លាប់ តែបានត្រាស់ដឹងនូវអមតៈ។ អរិយមគ្គប្រកបដោយអង្គ៨ ជាដំណើរទៅកាន់ព្រះនិព្វាន ឈ្មោះអមតៈនេះ ខ្ញុំបានចំរើនហើយ ទាំងព្រះនិព្វាន ខ្ញុំក៏បានធ្វើឲ្យជាក់ច្បាស់ហើយដែរ ខ្ញុំបានឃើញហើយនូវកញ្ចក់ គឺធម៌។ ខ្ញុំមានសរ គឺរាគាទិក្កិលេសកាត់ហើយ មានភារៈដាក់ចុះហើយ កិច្ចដែលគួរធ្វើ ខ្ញុំបានធ្វើរួចស្រេចហើយ នាងកីសាគោតមីថេរី មានចិត្តផុតស្រឡះហើយ (ចាកកិលេស) បានពោលនូវសេចក្ដីនេះ។ 
- 
-កីសាគោតមីថេរី។ 
- 
-ចប់ ឯកាទសកនិបាត។ 
- 
-ថេរីគាថា ទ្វាទសកនិបាត 
- 
-[៣២៩] យើងទាំងពីរនាក់ គឺមាតា និងធីតា មានប្ដីជាមួយគ្នា (ភរិយារួមប្ដី) សេចក្ដីតក់ស្លុត សេចក្ដីព្រឺរោម អស្ចារ្យចំឡែក កើតមានដល់ខ្ញុំនោះ។ ថ្វឺយ កាមទាំងឡាយ ជារបស់មិនស្អាត មានក្លិនអាក្រក់ ដូចជាបន្លាច្រើនយ៉ាង ដែលនាំយើងទាំងពីរនាក់ គឺមាតា និងធីតា ឲ្យជាភរិយាជាមួយគ្នា។ លុះខ្ញុំឃើញទោសក្នុងកាមទាំងឡាយហើយ ឃើញនេក្ខម្មៈ ថាជារបស់ក្សេម ទើបចេញចាកផ្ទះក្នុងក្រុងរាជគ្រឹះ ចូលកាន់ផ្នួស។ ខ្ញុំដឹងនូវបុព្វេនិវាស ឯទិព្វចក្ខុ និងចេតោបរិយញ្ញាណ ខ្ញុំជម្រះហើយ ទិព្វសោតធាតុ ខ្ញុំជម្រះហើយដែរ។ ទាំងឫទ្ធិ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ការអស់ទៅនៃអាសវៈ ខ្ញុំបានដល់ហើយ អភិញ្ញា ៦ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ពុទ្ធសាសនា ខ្ញុំបានធ្វើហើយ។ ខ្ញុំនិមិ្មតនូវរថទឹមសេះ ៤ ដោយឫទ្ធិ ហើយថ្វាយបង្គំព្រះបាទទាំងគូនៃព្រះពុទ្ធដ៏មានសិរី ជាទីពឹងនៃសត្វលោក។  
- 
-នាងជាស្រីម្នាក់ឯង ចូលមកកាន់ដើមរាំងភ្នំ ដែលនៅចុងមានផ្ការីកស្គុះស្គាយ ហើយឈរនៅទៀបគល់ឈើ បុគ្គលណាមួយជាគំរប់ពីររបស់នាងក៏មិនមាន នែស្រ្តីពាល នាងមិនខ្លាចពួកអ្នកលេងទេឬ។  
- 
-បើទុកជាអ្នកលេងទាំងឡាយមួយរយ ឬមួយពាន់ ជាបុគ្គលមានសភាពយ៉ាងនេះ មកជួបជុំគ្នា ក៏រោម (របស់យើង) មិនព្រឺព្រួច មិនញាប់ញ័រ នែមារ អ្នកម្នាក់ឯង នឹងធ្វើនូវអ្វីដល់យើងកើត។ យើងនេះនឹងបាត់ទៅ ឬនឹងចូលទៅកាន់ផ្ទៃរបស់អ្នកក៏បាន ឬបើទុកជាឈរនៅក្បែរចន្លោះចិញ្ចើមរបស់អ្នក ក៏អ្នកមើលមិនឃើញយើងឈរដែរ។ យើងជាស្រ្តីស្ទាត់ក្នុងអធិចិត្ត ឥទ្ធិបាទទាំងឡាយ យើងបានចំរើនហើយដោយប្រពៃ អភិញ្ញា ៦ យើងបានធ្វើឲ្យជាក់ច្បាស់ហើយ ពុទ្ធសាសនា យើងបានធ្វើហើយ។ កាមទាំងឡាយ ប្រៀបដោយលំពែង និងឈើស្រួច សម្រាប់ចិញ្ច្រាំនូវខន្ធទាំងឡាយ អ្នកពោលនូវតម្រេកក្នុងកាមណា ឥឡូវនេះ តម្រេកក្នុងកាមនោះ មិនមែនជាតម្រេករបស់យើងឡើយ។ សេចក្ដីរីករាយក្នុងកាមទាំងអស់ យើងបានកំចាត់ចេញហើយ គំនរនៃងងឹត 
- (អវិជ្ជា) យើងបានទំលាយចោលហើយ នែមារមានចិត្តបាប អ្នកចូរដឹងយ៉ាងនេះចុះ នែមារថោកទាប អ្នក យើងកំចាត់ចេញហើយ។  
- 
-ឧប្បលវណ្ណាថេរី។ 
- 
-ចប់ ទ្វាទសកនិបាត។ 
- 
-ថេរីគាថា សោឡសកនិបាត 
- 
-[៣៣០] ខ្ញុំជាស្រ្តីអ្នកដងទឹក មានការខ្លាចទណ្ឌភ័យនៃជនជាម្ចាស់ទាំងឡាយ ត្រូវភ័យអំពីវាចា និងទោសបៀតបៀន ហើយចុះទឹករាល់ពេលក្នុងកាលត្រជាក់រងារ។ ម្នាលព្រាហ្មណ៍ អ្នកខា្លចអ្នកណា ទើបចុះទឹករាល់ពេល មានខ្លួនញាប់ញ័រ ទទួលរងរងារដ៏ក្រៃលែង។  
- 
-ម្នាលនាងបុណ្ណិកាដ៏ចំរើន នាងដឹង (ថាខ្ញុំ) កំពុងធ្វើកុសលកម្ម ជាគ្រឿងបិទនូវបាបកម្មដែរ ម្ដេចក៏សួរដេញដោល។ បុគ្គលណា ទោះចាស់ក្ដី ក្មេងក្ដី ធ្វើបាបកម្ម បុគ្គលនោះ រមែងរួចចាកបាបកម្ម ព្រោះការស្រោចស្រប់ដោយទឹក។  
- 
-អ្នកល្ងង់ណាហ្ន៎ បាននិយាយពាក្យនេះ ទៅរកអ្នកដែលល្ងង់ដែរ (ថាបុគ្គល) រមែងរួចចាកបាបកម្ម ព្រោះការស្រោចស្រប់ដោយទឹក (បើដូច្នោះ) កង្កែប អណ្ដើក នាគ ក្រពើ ឬសត្វដទៃណាមួយ ដែលត្រាច់ទៅក្នុងទឹកទាំងអស់ នឹងទៅកាន់ឋនសួគ៌ដោយពិត។ ពួកជនអ្នកសម្លាប់ទ្រាយ សម្លាប់ជ្រូក នេសាទត្រី អ្នកចាប់ម្រឹគ ពួកចោរ ពួកពេជ្ឈឃាត ឬពួកជនឯទៀត ដែលមានកម្មដ៏លាមក ពួកជនទាំងនោះ ក៏រួចចាកបាបកម្ម ព្រោះការស្រោចស្រប់ដោយទឹក។ ប្រសិនបើស្ទឹងទាំងនោះ អាចបន្សាត់ចោលនូវបាប ដែលអ្នកធ្វើក្នុងកាលមុនបាន ស្ទឹងទាំងនោះ ក៏អាចបន្សាត់ចោលនូវបុណ្យរបស់អ្នកបានដែរ ព្រោះហេតុនោះ ខ្លួនអ្នកនឹងទៅជាបុគ្គលក្រៅស្រឡះ។ ម្នាលព្រាហ្មណ៍ អ្នកខ្លាចចំពោះបាបកម្មណា ហើយចុះត្រាំទឹកគ្រប់ ៗ ពេល ម្នាលព្រាហ្មណ៍ អ្នកកុំធ្វើនូវបាបនោះវិញ កុំ (ចុះត្រាំទឹក) ឲ្យរងារ បៀតបៀននូវសម្បុរសរីរៈរបស់អ្នកឡើយ។  
- 
-នាងដឹកនាំខ្ញុំ ដែលដើរផ្លូវខុស ឲ្យដើរទៅតាមផ្លូវដ៏ប្រសើរ ម្នាលនាងដ៏ចំរើន ខ្ញុំសូមជូនសាដកសម្រាប់ស្រោចស្រប់ទឹកនេះ ដល់នាង។  
- 
-សំពត់សាដក ចូរនៅជារបស់អ្នកដដែលចុះ ខ្ញុំមិនត្រូវការសំពត់សាដក (របស់អ្នក) ទេ។ បើអ្នកខ្លាចសេចក្ដីទុក្ខ បើសេចក្ដីទុក្ខមិនជាទីស្រឡាញ់នៃអ្នកទេ អ្នកកុំធ្វើបាបកម្ម ទោះបីក្នុងទីវាលក្ដី ក្នុងទីកំបាំងក្ដី។ បើអ្នកនឹងធ្វើ ឬកំពុងធ្វើនូវបាបកម្ម សូម្បីអ្នកហោះរត់ទៅ ក៏មិនរួចចាកទុក្ខ។ បើអ្នកខ្លាចសេចក្ដីទុក្ខ បើសេចក្ដីទុក្ខមិនជាទីស្រឡាញ់របស់អ្នកទេ អ្នកចូរដល់នូវព្រះពុទ្ធជាតាទិបុគ្គលផង នូវព្រះធម៌ផង នូវព្រះសង្ឃផង ជាទីពឹងចុះ ចូរសមាទាសីលទាំងឡាយចុះ ការដល់នូវទីពឹង និងការសមាទានសីលនោះ នឹងញ៉ាំងអ្នកឲ្យរួចចាក (ទុក្ខ)។  
- 
-ពីដើម ខ្ញុំជាព្រាហ្មណ៍តែពូជ ថ្ងៃនេះខ្ញុំជាព្រាហ្មណ៍ពិត មានត្រៃវិជ្ជា បរិបូណ៌ដោយវេទ ជាអ្នកមានសួស្ដី ជាអ្នកលាងបាប។  
- 
-បុណ្ណិកាថេរី។ 
- 
-ចប់ សោឡសកនិបាត។ 
- 
-ថេរីគាថា វីសតិនិបាត 
- 
-[៣៣១] កាលពីដើម សក់របស់ខ្ញុំមានចុងង មានពណ៌ខ្មៅ ប្រាកដស្មើដោយពណ៌នៃស្លាបកន្លង់ ឥឡូវនេះ សក់ទាំងឡាយនោះ ប្រាកដស្មើដោយសម្បកធ្មៃ និងសម្បកក្រចៅ ព្រោះតែជរា ព្រះពុទ្ធដីការបស់ព្រះសម្មាសម្ពុទ្ធ ព្រះអង្គពោលនូវពាក្យពិត មិនប្រែប្រួល។ (កាលពីដើម) សំណុំសក់របស់ខ្ញុំ ពេញដោយផ្កា ហាក់ដូចជាប្រអប់ដាក់គ្រឿងក្រអូប ដែលគេអប់ (ឥឡូវនេះ) សំណុំសក់នោះ មានក្លិន ដូចជាក្លិននៃរោមទន្សាយ ព្រោះតែជរា ព្រះពុទ្ធដីការបស់ព្រះសម្មាសម្ពុទ្ធ ព្រះអង្គពោលនូវពាក្យពិត មិនប្រែប្រួល។ (កាលពីដើម) សក់របស់ខ្ញុំវិចិត្រដោយក្រាស និងស្នៀតសក់ ល្អលើសលុប ដូចជាព្រៃឫស្សីដុះស្នាប់ល្អ (ឥឡូវនេះ) សក់នោះ ល្បោះរង្វើល ក្នុងសីសប្រទេសនោះ ៗ ព្រោះតែជរា ព្រះពុទ្ធដីការបស់ព្រះសម្មាសម្ពុទ្ធ ព្រះអង្គពោលនូវពាក្យពិត មិនប្រែប្រួល។ (កាលពីដើមសក់របស់ខ្ញុំ) ល្អិត មានក្លិនក្រអូប ស្អិតស្អាងដោយក្រាសមាស ប្រដាប់ដោយផ្នួងទាំងឡាយដ៏ល្អត្រកាល (ឥឡូវនេះ) សក់នោះថ្ពែក ព្រោះតែជរា ព្រះពុទ្ធដីការបស់ព្រះសម្មាសម្ពុទ្ធ ព្រះអង្គពោលនូវពាក្យពិត មិនប្រែប្រួល។ (កាលពីដើម) ចិញ្ចើមទាំងឡាយរបស់ខ្ញុំស្អាតល្អ ដូចជាគំនូសដែលជាងរចនាល្អ (ឥឡូវនេះ) ចិញ្ចើមទាំងនោះ យុរយារ ដោយអាការជ្រួញជ្រីវ ព្រោះតែជរា ព្រះពុទ្ធដីការបស់ព្រះសម្មាសម្ពុទ្ធ ព្រះអង្គពោលនូវពាក្យពិត មិនប្រែប្រួល។ (កាលពីដើម) ភ្នែកទាំងឡាយ មានសម្បុរថ្លា ខៀវស្រងាត់ រុងរឿងល្អក្រឡង់ ដូចជាកែវមណី (ឥឡូវនេះ) ភ្នែកទាំងនោះ ត្រូវជរាញាំញី ក៏បែរជាមិនល្អ ព្រះពុទ្ធដីការបស់ព្រះសម្មាសម្ពុទ្ធ ព្រះអង្គពោលនូវពាក្យពិត មិនប្រែប្រួល។ ច្រមុះ (របស់ខ្ញុំ) ប្រាកដស្មើដោយដំបារមាស ដែលគេមូរដ៏ល្អ ល្អក្នុងកាលនៃខ្លួននៅក្រមុំ (ឥឡូវនេះ) ច្រមុះនោះ ហាក់ដូចជាទ្រុឌទ្រោម ព្រោះតែជរា ព្រះពុទ្ធដីការបស់ព្រះសម្មាសម្ពុទ្ធ ព្រះអង្គពោលនូវពាក្យពិត មិនប្រែប្រួល។ កាលពីដើម ស្លឹកត្រចៀកទាំងឡាយរបស់ខ្ញុំល្អ ហាក់ដូចជាដំបារមាស ដែលជាងធ្វើល្អហើយ ដែលសម្រេចហើយដោយប្រពៃ (ឥឡូវនេះ) ស្លឹកត្រចៀកទាំងនោះ យុរយារ ដោយអាការជ្រួញជ្រីវ ព្រោះតែជរា ព្រះពុទ្ធដីកា របស់ព្រះសម្មាសម្ពុទ្ធ ព្រះអង្គពោលនូវពាក្យពិត មិនប្រែប្រួល។ កាលពីដើម ធ្មេញទាំងឡាយរបស់ខ្ញុំល្អណាស់ ប្រាកដស្មើដោយពណ៌នៃផ្កាច្រនៀងក្រពុំ (ឥឡូវនេះ) ធ្មេញទាំងនោះបាក់ មានពណ៌លឿង ដូចជាស្រូវដំណើប ព្រោះតែជរា ព្រះពុទ្ធដីការបស់ព្រះសម្មាសម្ពុទ្ធ ព្រះអង្គពោលនូវពាក្យពិត មិនប្រែ 
-ប្រួល។ (កាលពីដើម) សំដីដែលខ្ញុំនិយាយពីរោះ ដូចជាសំដីមេតាវៅ ដែលហើរទៅកាន់ព្រៃស្រោងក្នុងព្រៃ (ឥឡូវនេះ) សំដីនោះស្អកស្អា ព្រោះតែជរា ព្រះពុទ្ធដីការបស់ព្រះសម្មាសម្ពុទ្ធ ព្រះអង្គពោលនូវពាក្យពិត មិនប្រែប្រួល។ កាលពីដើម ក របស់ខ្ញុំល្អ ដូចជាស័ង្ខមាស ដែលជាងខាត់ហើយដោយល្អ (ឥឡូវនេះ) កនោះបាក់ឱន ព្រោះតែជរា ព្រះពុទ្ធដីការបស់ព្រះសម្មាសម្ពុទ្ធ ព្រះអង្គពោលនូវពាក្យពិត មិនប្រែប្រួល។ កាលពីដើម ដើមដៃទាំងពីររបស់ខ្ញុំ ល្អដូចជាសសរខឿន ដែលជាងលញ់ហើយ (ឥឡូវនេះ) ដើមដៃទាំងនោះ ដូចជាស័ង្ខបែកហើយ ព្រោះតែជរា ព្រះពុទ្ធដីកា របស់ព្រះសម្មាសម្ពុទ្ធ ព្រះអង្គពោលនូវពាក្យពិត មិនប្រែប្រួល។ កាលពីដើម ដៃទាំងឡាយរបស់ខ្ញុំ មានចិញ្ចៀនល្អ ប្រដាប់ដោយមាស សមរម្យល្អ (ឥឡូវនេះ) ដៃទាំងនោះ ដូចជាមើមដំឡូងយារ ព្រោះតែជរា ព្រះពុទ្ធដីការបស់ព្រះសម្មាសម្ពុទ្ធ ព្រះអង្គពោលនូវពាក្យពិត មិនប្រែប្រួល។ កាលពីដើម ដោះទាំងពីររបស់ខ្ញុំ ពេញលេញ មូលក្បំកៀកគ្នា មានសណ្ដង់ដ៏ត្រង់ល្អណាស់ (ឥឡូវនេះ ដោះទាំងនោះ) មិនមានទឹក (ជ្រាយ) បាក់សំយុងចុះ ដូចជាបំពង់ទឹក ព្រះពុទ្ធដីការបស់ព្រះសម្មាសម្ពុទ្ធ ព្រះអង្គពោលនូវពាក្យពិត មិនប្រែប្រួល។ កាលពីដើម កាយរបស់ខ្ញុំល្អស្រស់ ដូចជាផែនក្ដារមាស ដែលគេខាត់ហើយដោយប្រពៃ (ឥឡូវនេះ) កាយនោះប្រែប្រួល ដោយអាការជ្រួញជ្រីវដ៏ល្អិត ព្រះពុទ្ធដីកា របស់ព្រះសម្មាសម្ពុទ្ធ ព្រះអង្គពោលនូវពាក្យពិត មិនប្រែប្រួល។ កាលពីដើម ភ្លៅទាំងពីររបស់ខ្ញុំ ល្អល្អះ ដូចជាប្រមោយនៃដំរីដ៏ប្រសើរ (ឥឡូវនេះ) ភ្លៅទាំងនោះ ដូចជាថ្នាំងឫស្សី ព្រោះតែជរា ព្រះពុទ្ធដីការបស់ព្រះសម្មាសម្ពុទ្ធ ព្រះអង្គពោលនូវពាក្យពិត មិនប្រែប្រួល។ កាលពីដើម ស្មងទាំងឡាយរបស់ខ្ញុំ ប្រដាប់ដោយស្រោម ជាវិការៈនៃមាស ដែលគេប៉ាក់ជិតស្និទ្ធល្អណាស់ (ឥឡូវនេះ) ស្មងទាំងនោះ ដូចជាដើមល្ង ព្រោះតែជរា ព្រះពុទ្ធដីការបស់ព្រះសម្មាសម្ពុទ្ធ ព្រះអង្គពោលនូវពាក្យពិត មិនប្រែប្រួល។ កាលពីដើម ជើងទាំងពីររបស់ខ្ញុំល្អ ដូចជាទ្រនាប់ជើង ដែលគេញាត់ហើយប៉ុយរកា (ឥឡូវនេះ) ជើងទាំងនោះ ប្រេះបែកជ្រួញជ្រីវ ព្រោះតែជរា ព្រះពុទ្ធដីការបស់ព្រះសម្មាសម្ពុទ្ធ ព្រះអង្គពោលនូវពាក្យពិត មិនប្រែប្រួល។ គ្រោងកាយ មានសភាពដូច្នេះនេះ គ្រាំគ្រា ជាលំនៅនៃសេចក្ដីទុក្ខច្រើនប្រការ គ្រោងកាយនោះ ដូចជាផ្ទះចាស់ដែលមានគ្រឿងបូកលាបជ្រុះចុះ ព្រះពុទ្ធដីការបស់ព្រះសម្មាសម្ពុទ្ធ ព្រះអង្គពោលនូវពាក្យពិត មិនប្រែប្រួល។  
- 
-អម្ពបាលីថេរី។ 
- 
-[៣៣២] (បិតាសួរនាងរោហិណីថា) នែនាងដ៏ចំរើន នាងជួបនឹងខ្ញុំពោលថាសមណៈ នាងភ្ញាក់ឡើង ក៏ពោលថា សមណៈ នាងសរសើរចំពោះពួកសមណៈតែម៉្យាង នាងនឹងជាសមណីដោយពិត។ នាងតែងផ្គត់ផ្គង់បាយ ទឹក ដ៏ច្រើន ចំពោះពួកសមណៈ នែនាងរោហិណី ឥឡូវនេះ យើងសួរនាង ចុះនាងមានសេចក្ដីស្រឡាញ់ពួកសមណៈ តើដោយហេតុដូចម្ដេច។ ពួកសមណៈ ជាអ្នកមិនប្រាថ្នាក្នុងការងារ ខ្ជិលច្រអូស រស់នៅដោយសារទានដែលបុគ្គលដទៃឲ្យ ជាអ្នកប៉ុនប៉ងប្រាថ្នាតែអាហារមានរសឆ្ងាញ់ទេ ចុះនាងមានសេចក្ដីស្រឡាញ់ពួកសមណៈ តើដោយហេតុដូចម្ដេច។  
- 
-(នាងរោហិណីតបថា) បពិត្របិតា អ្នកដេញដោលសួរខ្ញុំ អំពីពួកសមណៈអស់កាលយូរណាស់ហើយ ខ្ញុំនឹងសំដែងនូវបញ្ញា សីល និងសេចក្ដីខ្មីឃ្មាត របស់សមណៈទាំងនោះ ដល់អ្នក។ ពួកសមណៈ ជាអ្នកប្រាថ្នានូវការងារ មិនខ្ជិលច្រអូស ធ្វើចំពោះតែការងារដ៏ប្រសើរ រមែងលះបង់នូវរាគៈ និងទោសៈ ខ្ញុំមានសេចក្ដីស្រឡាញ់ពួកសមណៈ ដោយហេតុនុ៎ះឯង។ ពួកសមណៈ ជាអ្នកធ្វើនូវកម្មស្អាត រមែងកំចាត់បង់នូវឫសនៃបាប [ឫសគល់នៃបាប ៣យ៉ាងគឺ លោភៈ១ ទោសៈ១ មោហៈ១។ អដ្ឋកថា។] ទាំងបី សមណៈទាំងនុ៎ះ បានលះបង់នូវបាបទាំងអស់ ខ្ញុំមានសេចក្ដីស្រឡាញ់ពួកសមណៈដោយហេតុនុ៎ះឯង។ កាយកម្មរបស់សមណៈទាំងនោះស្អាត វចីកម្មស្អាតដូចគ្នា ទាំងមនោកម្មរបស់សមណៈទាំងនោះ ក៏ស្អាត ខ្ញុំមានសេចក្ដីស្រឡាញ់ពួកសមណៈដោយហេតុនុ៎ះឯង។ ពួកសមណៈប្រាសចាកមន្ទិល ស្អាតទាំងខាងក្នុងទាំងខាងក្រៅ ដូចជាស័ង្ខដែលខាត់ហើយ ពេញដោយធម៌សទាំងឡាយ ខ្ញុំមានសេចក្ដីស្រឡាញ់ពួកសមណៈដោយហេតុនុ៎ះឯង។ ពួកសមណៈ ជាពហុស្សូត ទ្រទ្រង់នូវធម៌ ជាអរិយៈ រស់នៅដោយធម៌ តែងសំដែងនូវអត្ថ និងធម៌ ខ្ញុំមានសេចក្ដីស្រឡាញ់ពួកសមណៈដោយហេតុនោះឯង។ ពួកសមណៈ ជាពហុស្សូត ទ្រទ្រង់នូវធម៌ ជាអរិយៈ រស់នៅដោយធម៌ មានចិត្តប្រសើរ មានអារម្មណ៍តែមួយ មានស្មារតី ខ្ញុំមានសេចក្ដីស្រឡាញ់ពួកសមណៈដោយហេតុនុ៎ះឯង។ ពួកសមណៈ ទៅកាន់ទីឆ្ងាយបាន (តាមសេចក្ដីពេញចិត្ត) មានស្មារតី ពោលដោយឧបាយប្រាជ្ញា មិនរាយមាយ តែងដឹងនូវព្រះនិព្វាន ជាទីបំផុតនៃទុក្ខ ខ្ញុំមានសេចក្ដីស្រឡាញ់ពួកសមណៈដោយហេតុនុ៎ះឯង។ ពួកសមណៈ ចៀសចេញទៅអំពីស្រុកណា រមែងមិនរមិលអ្វីមួយ (ក្នុងស្រុកនោះ) ចេញទៅឥតអាល័យ ខ្ញុំមានសេចក្ដីស្រឡាញ់ពួកសមណៈ ដោយហេតុនោះឯង។ សមណៈទាំងនោះ មិនទុកដាក់ (សម្បត្តិ) ក្នុងជង្រុក មិនទុកដាក់ឆ្នាំងអំបែង មិនទុកដាក់ល្អីកញ្ជើ ស្វែងរកចំពោះតែភោជន ដែលសម្រេចហើយ ខ្ញុំមានសេចក្ដីស្រឡាញ់ពួកសមណៈដោយហេតុនោះឯង។ សមណៈទាំងនោះ មិនទទួលនូវហិរញ្ញវត្ថុ (កហាបណៈ) មិនទទួលនូវមាស មិនទទួលនូវប្រាក់ ញ៉ាំងអត្តភាពឲ្យប្រព្រឹត្តទៅ ដោយវត្ថុដែលកើតឡើងចំពោះមុខ ខ្ញុំមានសេចក្ដីស្រឡាញ់ពួកសមណៈដោយហេតុនោះឯង។ ពួកសមណៈ ចេញអំពីត្រកូលផ្សេង ៗ អំពីជនបទផ្សេង ៗ ទៅបួស រមែងរាប់រកគ្នា ទៅវិញទៅមក ខ្ញុំមានសេចក្ដីស្រឡាញ់ពួកសមណៈដោយហេតុនោះឯង។  
- 
-(បិតានិយាយថា) ម្នាលនាងរោហិណីដ៏ចំរើន នាងកើតក្នុងត្រកូលនៃយើង ដើម្បីប្រយោជន៍ពិត នាងជាស្រ្តីមានសទ្ធា មានសេចក្ដីគោរពដ៏មុតមាំ ក្នុងព្រះពុទ្ធផង ព្រះធម៌ផង ព្រះសង្ឃផង។ ដ្បិតនាងស្គាល់នូវបុញ្ញក្ខេត្តនុ៎ះ ជាបុញ្ញក្ខេត្តឧត្តមពិតមែន បើបានសមណៈទាំងនុ៎ះ ទទួលទក្ខិណាទានរបស់ខ្ញុំ ប្រហែលគ្រឿងបូជា ដែលខ្ញុំតម្កល់ហើយ ចំពោះសមណៈទាំងនុ៎ះ នឹងមានផលបរិបូណ៌។  
- 
-(នាងរោហិណីពោលថា) បើអ្នកខ្លាចទុក្ខ បើទុក្ខមិនជាទីស្រឡាញ់របស់អ្នកទេ អ្នកចូរដល់នូវព្រះពុទ្ធជាតាទិបុគ្គលផង ព្រះធម៌ផង ព្រះសង្ឃផង ជាទីពឹង ចូរសមាទានសីលទាំងឡាយចុះ ការដល់នូវទីពឹង និងការសមាទានសីលនោះ នឹងមានប្រយោជន៍ដល់អ្នក។  
- 
-(បិតាពោលថា) ខ្ញុំសូមដល់នូវព្រះពុទ្ធ ជាតាទិបុគ្គលផង ព្រះធម៌ផង ព្រះសង្ឃផង ជាទីពឹង សូមសមាទានសីលទាំងឡាយ ការដល់ទីពឹង និងសមាទានសីលនុ៎ះ នឹងមានប្រយោជន៍ដល់ខ្ញុំ។ ក្នុងកាលមុន ខ្ញុំជាព្រាហ្មណ៍តែផៅពង្ស ឥឡូវនេះ ខ្ញុំជាព្រាហ្មណ៍ពិត (មានបាបបន្សាត់ចោលហើយ) ផង មានត្រៃវិជ្ជាផង មានសួស្ដីផង ដល់នូវវេទផង ជាអ្នកងូតលាងបាបផង។ 
- 
-រោហិណីថេរី។ 
- 
-[៣៣៣] (ឧបកៈពោលថា) កាលពីដើម ខ្ញុំមានដៃកាន់ដំបង ឥឡូវនេះ ខ្ញុំនោះជាព្រានម្រឹគ មិនអាចបានដល់នូវត្រើយ គឺព្រះនិព្វាន ព្រោះសេចក្ដីប្រាថ្នា គឺតណ្ហា ព្រោះ ភក់ គឺកាម និងទិដិ្ឋដ៏ខ្លាំងក្លា។ នាងចាបា ស្មាននូវខ្ញុំ ថាជាមនុស្សស្រវឹងជ្រប់ ទើបលួងកូន [ដោយពាក្យថា នាងចាបាជាកូនព្រានម្រឹគ ឯងជាកូនឧបកាជីវក។ អដ្ឋកថា។] ខ្ញុំកាត់ចំណង គឺកិលេស របស់នាងចាបា ហើយទៅបួសម្ដងទៀត។  
- 
-(នាងចាបាពោលថា) បពិត្រមហាវីរបុរស សូមអ្នកកុំខឹងនឹងខ្ញុំ បពិត្រមហាមុនី សូមអ្នកកុំខឹងនឹងខ្ញុំ សេចក្ដីស្អាតមិនមានដល់បុគ្គលដែលមានសេចក្ដីក្រោធ គ្របសង្កត់ទេ តបធម៌នឹងមានមកពីណា។  
- 
-(ឧបកៈពោលថា) ខ្ញុំនឹងគេចចេញអំពីស្រុកនាលៈ អ្នកណានឹងនៅក្នុងស្រុកនាលៈនេះបាន បើពួកស្រី ៗ ចងនូវសមណៈទាំងឡាយ ដែលរស់នៅដោយធម៌ ដោយរូបនៃស្រ្តី។ 
- 
-(នាងចាបាពោលថា) ម្នាលបុរសខ្មៅ សូមអ្នកអញ្ជើញមកសិន សឹមត្រឡប់វិញ សូមបរិភោគនូវកាមទាំងឡាយ ដូចក្នុងកាលមុនចុះ ជនទាំងឡាយណា ជាញាតិរបស់ខ្ញុំ ខ្ញុំនឹងធ្វើជនទាំងនោះ ឲ្យលុះក្នុងអំណាចនៃអ្នក។  
- 
-ម្នាលនាងចាបា នាងពោលនូវពាក្យនោះ ឲ្យមានភាគ ៤ អំពីពាក្យនេះក៏ដោយ ពាក្យនោះ គប្បីជាពាក្យឆើតឆាយ ចំពោះតែបុរសដែលត្រេកអរនឹងនាងប៉ុណ្ណោះទេ។  
- 
-ម្នាលបុរសខ្មៅ ហេតុអ្វីទើបអ្នកលះបង់ចោលខ្ញុំ ជាស្រ្តីមានរូបឆោម លាបស្រឡាបអវយវៈដោយខ្លឹមចន្ទន៍ក្រហម ទ្រទ្រង់នូវកាសិកពស្រ្តដ៏ឧត្តម (សំពត់ដែលគេនាំមកអំពីដែនកាសី) ជាស្រ្តីមានអវយវៈល្អ ដូចជាត្នោតសាវ ដែលរីកលើកំពូលភ្នំ ឬដូចជាវល្លិ៍កេសរីកហើយ ឬក៏ដូចជាឈើជ្រនៀង (រីកហើយ) ខាងក្នុងទ្វីប។  
- 
-ព្រានសត្វស្លាប ប្រាថ្នាចាប់សត្វស្លាបយ៉ាងណា នាងនឹងបៀតបៀនអញ ដោយរូបដែលស្អិតស្អាង (យ៉ាងនោះ) ពុំបានទេ។  
- 
-នែបុរសខ្មៅ ហេតុអ្វីទើបអ្នកលះបង់ចោលនូវផ្លែ គឺកូនខ្ញុំ ដែលអ្នកបង្កើតនេះផង លះបង់ខ្ញុំដែលជាស្រ្តីមានកូនប្រាកដដូច្នោះផង។  
- 
-មហាវីរបុរសទាំងឡាយ ដែលមានប្រាជ្ញា តែងលះបង់នូវកូនទាំងឡាយ ទាំងពួកញាតិ ទាំងទ្រព្យ ហើយបួស ដូចជាដំរីដ៏ប្រសើរ ផ្ដាច់នូវចំណង (ហើយគេចចេញទៅ)។  
- 
-ឥឡូវ ខ្ញុំនឹងបៀតបៀនកូនអ្នកនេះ ដោយដំបង ឬក្ដិចដោយក្រចក ឬ (បោក) លើផែនដី អ្នកមិនដល់នូវការយំស្ដាយចំពោះកូនទេឬ។  
- 
-នែស្រ្តីលាមក មានកូនតូច បើទុកជានាងឲ្យកូនទៅសត្វចចក និងពួកឆ្កែ ក៏នាងញ៉ាំងអញឲ្យត្រឡប់វិញពុំបានឡើយ។  
- 
-នែបុរសខ្មៅ ណ្ហើយចុះ ឥឡូវនេះ បើអ្នកនឹងទៅក្នុងទីណា គឺស្រុកណា និគមណា នគរណា រាជធានីណា (ក៏ទៅចុះ)។  
- 
-កាលពីដើម យើងជាអ្នកមានពួក មិនមែនជាសមណៈ សំគាល់ថាជាសមណៈ ហើយចេញពីស្រុកទៅកាន់ស្រុក កាន់នគរ រាជធានី។ មែនពិត ព្រះសម្ពុទ្ធ ទ្រង់មានជោគអង្គនោះ តែងសំដែងធម៌ប្រោសពួកសត្វ ដើម្បីលះបង់សេចក្ដីទុក្ខទាំងពួង ក្នុងទីជិតស្ទឹងនេរញ្ជរា ខ្ញុំនឹងទៅក្នុងសំណាក់នៃព្រះសម្ពុទ្ធនោះ ព្រះអង្គនឹងជាគ្រូនៃខ្ញុំ។  
- 
-ឥឡូវនេះ អ្នកគប្បីទូលរៀបរាប់អំពីកិច្ចថ្វាយបង្គំ (របស់ខ្ញុំ) ចំពោះព្រះលោកនាថ ជាបុគ្គលប្រសើរ រួចហើយធ្វើប្រទក្សិណ ឧទ្ទិសនូវទក្ខិណាទាន។  
- 
-ម្នាលនាងចាបា នាងពោលនូវពាក្យនោះយ៉ាងណា យើងគប្បីបាន (អាចឲ្យ) នូវចំណែកបុណ្យនោះ ឥឡូវនេះ ខ្ញុំនឹងទូលរៀបរាប់នូវកិច្ចថ្វាយបង្គំរបស់នាង ចំពោះព្រះលោកនាថ ជាបុគ្គលប្រសើរ និងធ្វើប្រទក្សិណ ឧទ្ទិសនូវទក្ខិណាទាន (បុណ្យ)។  
- 
-លំដាប់នោះឯង បុរសខ្មៅចៀសចេញអំពីទីនោះទៅ បុរសខ្មៅនោះ ក៏បានចួបនឹងព្រះសម្ពុទ្ធ ក្បែរស្ទឹងនេរញ្ជរា កំពុងសំដែងនូវឧបាយនៃព្រះនិព្វាន ឈ្មោះអមតៈ គឺទុក្ខ ១ ហេតុកើតឡើងនៃទុក្ខ ១ ការកន្លងនូវទុក្ខ ១ មគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរជាដំណើរទៅកាន់ទីរលត់ទុក្ខ ១។ បុរសខ្មៅ ថ្វាយបង្គំនូវព្រះបាទទាំងឡាយ របស់ព្រះសម្ពុទ្ធនោះ ហើយធ្វើប្រទក្សិណចំពោះព្រះអង្គ ឧទ្ទិសដល់នាងចាបា ហើយចូលកាន់ផ្នួស។ វិជ្ជាបី ខ្ញុំបានហើយ ពុទ្ធសាសនា ខ្ញុំបានធ្វើហើយ។  
- 
-ចាបាថេរី។ 
- 
-[៣៣៤] (ព្រាហ្មណ៍ជាបិតាសួរថា) នែនាងដ៏ចំរើន ក្នុងកាលមុន នាងកាលស៊ីកូន [ពាក្យថា ស៊ីកូន ក្នុងទីនេះ មិនមែនសំដៅយកការស៊ីពិតមែននោះទេ សំដៅយកមនុស្សដែលមានកូនស្លាប់ ជាពាក្យសម្រាប់ជេរគ្នាដោយអំណាចសេចក្តីខឹង។ អដ្ឋកថា។] ទាំងឡាយដែលស្លាប់ហើយ នាងក្ដៅក្រហាយក្រៃពេក ទាំងថ្ងៃទាំងយប់។ ម្នាលព្រាហ្មណី ជាវាសិដ្ឋគោត្រ ថ្ងៃនេះ នាងស៊ីកូនទាំងអស់ ៧ នាក់ ព្រោះហេតុអ្វី នាងមិនក្ដៅក្រហាយខ្លាំង។  
- 
-(វាសិដ្ឋថេរីពោលថា) ម្នាលព្រាហ្មណ៍ កូនទាំងរយ ពួកញាតិទាំងរយ ជាច្រើន របស់ខ្ញុំ គឺខ្ញុំនឹងអ្នក ស៊ីហើយ ក្នុងចំណែកកន្លងទៅហើយ។ ខ្ញុំនោះដឹងនូវព្រះនិព្វាន ជាគ្រឿងរលាស់ជាតិ និងមរណៈ ទើបមិនសោក មិនយំ ទាំងមិនក្ដៅក្រហាយ។  
- 
-ឱនាងជាវាសិដ្ឋគោត្រ នាងនិយាយសំដីបែបនេះ អស្ចារ្យណាស់ នាងដឹងច្បាស់នូវធម៌របស់អ្នកណា ទើបនិយាយសំដីបែបនេះ។ 
- 
-ម្នាលព្រាហ្មណ៍ ព្រះសម្ពុទ្ធអង្គនោះ សំដែងធម៌ដល់សត្វទាំងឡាយ ដើម្បីលះបង់នូវទុក្ខទាំងពួង ជិតនគរមិថិលា។ ម្នាលព្រាហ្មណ៍ ខ្ញុំបានស្ដាប់ធម៌របស់ព្រះអរហន្ដអង្គនោះ ដែលជាធម៌មិនមានឧបធិក្កិលេស បានដឹងច្បាស់នូវសច្ចធម៌ហើយក្នុងទីនោះ ទើបបន្ទោបង់នូវសេចក្ដីសោកព្រោះកូនបាន។  
- 
-ខ្ញុំនោះនឹងទៅក្នុងទីជិតក្រុងមិថិលាដែរ ធ្វើដូចម្ដេចហ្ន៎ ព្រះមានជោគអង្គនោះ គប្បីដោះខ្ញុំចាកទុក្ខទាំងពួងបាន។  
- 
-ព្រាហ្មណ៍បានចួបនឹងព្រះពុទ្ធ ព្រះអង្គផុតស្រឡះចាក (កិលេស) មិនមានឧបធិកិលេស ព្រះមុនី ទ្រង់ដល់នូវត្រើយនៃទុក្ខ បានសំដែងប្រាប់ព្រាហ្មណ៍នោះនូវសច្ចធម៌ គឺទុក្ខ ១ ហេតុកើតឡើងនៃទុក្ខ ១ ការកន្លងនូវទុក្ខ ១ មគ្គប្រកបដោយអង្គប្រាំបីដ៏ប្រសើរ ជាដំណើរទៅកាន់ទីរំលត់ទុក្ខ ១។ សុជាតព្រាហ្មណ៍មានសច្ចធម៌ដឹងច្បាស់ហើយក្នុងទីនោះ ពេញចិត្តនឹងបព្វជ្ជា បានសម្រេចវិជ្ជាបីដោយរាត្រីបី។  
- 
-ព្រាហ្មណ៍ពោលថា ម្នាលសារថី អ្នកចូរមក អ្នកចូរទៅ ចូរនាំរថនេះទៅវិញចុះ រួចចូរប្រាប់ព្រាហ្មណី កុំឲ្យមានមោះមៃថា ឥឡូវនេះ សុជាតព្រាហ្មណ៍បួសហើយ បានសម្រេចវិជ្ជាបី ដោយរាត្រីបី។  
- 
-(លំដាប់នោះ សារថី នាំយករថផង កហាបណៈមួយពាន់ផង ហើយប្រាប់នាងព្រាហ្មណី មិនឲ្យមោះមៃថា ឥឡូវនេះ សុជាតព្រាហ្មណ៍បួសហើយ បានសម្រេចវិជ្ជាបី ដោយរាត្រីបីហើយ)។  
- 
-(ព្រាហ្មណីពោលថា) ម្នាលសារថី ខ្ញុំសូមឲ្យរថដែលទឹមដោយសេះនេះ និងកហាបណៈមួយពាន់នេះ ជាអំណោយដល់អ្នក ព្រោះបានឮថា ព្រាហ្មណ៍បានត្រៃវិជ្ជា។  
- 
-(សារថីពោលថា) ម្នាលព្រាហ្មណី រថដែលទឹមដោយសេះ និងកហាបណៈ មួយពាន់នេះ ចូរនៅជារបស់នាងដដែលចុះ ខ្ញុំនឹងបួសក្នុងសំណាក់នៃព្រះសាស្ដា ព្រះអង្គមានប្រាជ្ញាដ៏ប្រសើរដែរ។  
- 
-(ព្រាហ្មណីពោលនឹងនាងសុន្ទរីថា) នែនាងសុន្ទរី បិតារបស់នាងលះបង់នូវដំរី គោ សេះ កែវមណី និងកុណ្ឌល ទ្រព្យសម្បត្តិដ៏ស្ដុកស្ដម្ភនៅក្នុងផ្ទះនេះ ទៅបួសហើយ នាងចូរប្រើប្រាស់នូវភោគៈទាំងឡាយចុះ (ព្រោះថា) នាងជាទាយាទក្នុងត្រកូល។  
- 
-(នាងសុន្ទរីពោលថា) បិតារបស់ខ្ញុំលះបង់នូវដំរី គោ សេះ កែវមណី កុណ្ឌល និងទ្រព្យសម្បត្តិដែលមានក្នុងផ្ទះនេះ ទៅបួស ព្រោះត្រូវសេចក្ដីសោកនឹងកូនគ្របសង្កត់ ចំណែកខាងខ្ញុំ ក៏នឹងបួសដែរ ព្រោះត្រូវសេចក្ដីសោកនឹងបងគ្របសង្កត់។  
- 
-(ព្រាហ្មណីពោលថា) ហៃនាងសុន្ទរី នាងប្រាថ្នានូវតម្រិះណា សូមឲ្យនាងបានសម្រេចនូវតម្រិះនោះ ដុំបាយតាមលំដាប់ផ្ទះក្ដី អាហារចំណីក្ដី បំសុកូលចីវរក្ដី (ដែលនាងត្រូវស្វែងរក) កាលបើនាងជំរះនូវវត្ថុទាំងនេះ នឹងបានជាស្រីមិនមានអាសវៈក្នុងបរលោក។  
- 
-(នាងសុន្ទរីនិយាយនឹងឧបជ្ឈាយ៍ថា) បពិត្រព្រះនាងជាម្ចាស់ ខ្ញុំនៅជាសិក្ខមានា បានជំរះទិព្វចក្ខុហើយ កាលពីដើម ខ្ញុំធ្លាប់នៅអាស្រ័យក្នុងទីណា ខ្ញុំដឹងនូវបុព្វេនិវាស ក្នុងទីនោះ។ បពិត្រព្រះនាងជាកល្យាណីដ៏ល្អ របស់ថេរីសង្ឃ វិជ្ជាបី ខ្ញុំបានដល់ហើយ ពុទ្ធសាសនា ខ្ញុំបានធ្វើហើយ ព្រោះតែអាស្រ័យនូវព្រះនាង។ បពិត្រព្រះនាងជាម្ចាស់ ខ្ញុំចង់ទៅកាន់ក្រុងសាវត្ថី សូមព្រះនាងអនុញ្ញាតដល់ខ្ញុំឲ្យទាន ខ្ញុំនឹងបន្លឺនូវសីហនាទ ក្នុងសំណាក់នៃព្រះពុទ្ធដ៏ប្រសើរ។ 
- 
-ម្នាលនាងសុន្ទរី នាងចូរមើលព្រះសាស្ដា ព្រះអង្គមានសម្បុរដូចមាស មានព្រះតចៈពណ៌ដូចមាស ទ្រង់ទូន្មានពួកសត្វ ដែលគេមិនទាន់ទូន្មាន ព្រះអង្គជាអ្នកត្រាស់ដឹងឯង ឥតមានភ័យអំពីណាឡើយ។ សូមព្រះអង្គនិមន្តទត នាងសុន្ទរីដែលកំពុងដើរមក ជាស្ត្រីផុតស្រឡះ (ចាកកិលេស) ឥតមានឧបធិ ប្រាសចាកតម្រេក ប្រាសចាកគ្រឿងប្រកប មានសោឡសកិច្ចធ្វើរួចហើយ មិនមានអាសវៈ។ បពិត្រព្រះអង្គជាមហាវីរបុរស នាងសុន្ទរី ជាសាវិការបស់ព្រះអង្គ ចេញអំពីក្រុងពារាណសី មកកាន់សំណាក់ព្រះអង្គ ថ្វាយបង្គំនូវព្រះបាទទាំងឡាយ។ បពិត្រព្រះមានព្រះភាគ ជាខីណាសវព្រាហ្មណ៍ ព្រះអង្គជាព្រះពុទ្ធ ព្រះអង្គជាគ្រូ (របស់ខ្ញុំ) ខ្ញុំព្រះអង្គជាធីតារបស់ព្រះអង្គ ជាឱរសកើតអំពីព្រះឱស្ឋ មានកិច្ចធ្វើរួចហើយ ឥតមានអាសវៈ។  
- 
-ម្នាលនាងដ៏ចំរើន ដំណើររបស់នាងមកល្អហើយ ដំណើររបស់នាងមកអំពីទីនោះ មិនឆ្ងាយទេ ព្រោះពួកអ្នកមានឥន្រ្ទិយទូន្មានហើយ ប្រាសចាកតម្រេក ប្រាសចាកគ្រឿងប្រកប មានកិច្ចធ្វើហើយ ឥតមានអាសវៈ រមែងមកថ្វាយបង្គំព្រះបាទាព្រះសាស្ដាដូចនាងដែរ។  
- 
-សុន្ទរីថេរី។ 
- 
-[៣៣៥] កាលពីដើម ខ្ញុំនៅក្រមុំ មានគ្រឿងស្លៀកពាក់ដ៏ស្អាត បានស្ដាប់ធម៌ ការត្រាស់ដឹងសច្ចធម៌ ក៏កើតមានដល់ខ្ញុំនោះ ជាស្រ្តីមិនប្រហែសធ្វេស។ ហេតុនោះ ខ្ញុំមិនត្រេកអរក្រៃពេក ក្នុងកាមារម្មណ៍ទាំងអស់ ឃើញភ័យក្នុងសក្កាយ ហើយពេញចិត្តនឹងការចេញសាងផ្នួសតែម្យ៉ាង។ ខ្ញុំលះបង់ពួកញាតិ ទាសកម្មករ ស្រុកស្រែទាំងឡាយ ដ៏ស្ដុកស្ដម្ភ (និងគំនរនៃភោគទាំងឡាយ) ដែលគួរត្រេកអរ គួររីករាយ ខ្ញុំលះបង់នូវសម្បត្តិដ៏ច្រើន ហើយបួស។ ខ្ញុំចេញ (ចាកផ្ទះ) ដោយសទ្ធាយ៉ាងនេះហើយ (បួស) ក្នុងព្រះសទ្ធម្ម ដែលព្រះសម្មាសម្ពុទ្ធ ត្រាស់សំដែងហើយដោយប្រពៃ ខ្ញុំប្រាថ្នានូវសេចក្ដីមិនកង្វល់ ព្រោះការត្រឡប់មករកកាមនោះ មិនសមគួរដល់ខ្ញុំទេ អ្នកណាលះចោលមាស និងប្រាក់ ហើយគប្បីត្រឡប់មកយកវិញ។ ប្រាក់ក្ដី មាសក្ដីរបស់បុគ្គលនុ៎ះ មិនមែនមានដើម្បីព្រះនិព្វានជាទីស្ងប់ទេ ការទទួលមាស និងប្រាក់នុ៎ះ មិនសមគួរដល់សមណៈទេ ការទទួលនូវប្រាក់ និងមាសនុ៎ះ មិនមែនជាទ្រព្យប្រសើរទេ។ ការទទួលនូវប្រាក់ និងមាសនុ៎ះ សុទ្ធតែជាគ្រឿងឲ្យកើតលោភ ជាគ្រឿងស្រវឹង ជាគ្រឿងវង្វេង ជាគ្រឿងព័ន្ធព័ទ្ធដោយធុលី គឺកិលេស ប្រកបដោយសេចក្ដីរង្កៀស មានសេចក្ដីចង្អៀតចង្អល់ច្រើន សេចក្ដីទៀងទាត់ឋិតថេរក្នុងទ្រព្យនេះ មិនមានទេ។ ពួកនរជន (ដែលត្រេកអរ) ដោយទ្រព្យប៉ុណ្ណេះ ឈ្មោះថាជាអ្នកប្រហែសធ្វេស ជាអ្នកមានចិត្តសៅហ្មង ជាអ្នកអាក់អន់ រមែងធ្វើនូវជំលោះជាច្រើន ទៅវិញទៅមក។ សេចក្ដីវិនាសច្រើនប្រការ គឺការសម្លាប់ ការចង ការសៅហ្មង សេចក្ដីវិនាស សេចក្ដីសោក ខ្សឹកខ្សួល រមែងកើតប្រាកដដល់ពួកជន ដែលដេកត្រាំក្នុងកាមទាំងឡាយ។ អ្នកទាំងឡាយ ជាញាតិមែន តែហាក់ដូចជាសត្រូវ ល្បួងខ្ញុំនោះក្នុងកាមទាំងឡាយធ្វើអ្វី (ព្រោះ) អ្នកទាំងឡាយ ជ្រាបនូវខ្ញុំថាជាអ្នកបួស ជាស្រ្តីឃើញនូវភ័យក្នុងកាមទាំងឡាយ។ អាសវៈទាំងឡាយ មិនមែនអស់ទៅព្រោះប្រាក់ និងមាស កាមទាំងឡាយ មិនមែនជាមិត្រ ជាសភាវៈសម្លាប់ (នូវប្រយោជន៍) ជាសត្រូវ ជាគ្រឿងចងទុកនូវសរ គឺកិលេស។ អ្នកទាំងឡាយ ជាញាតិមែន តែហាក់ដូចជាសត្រូវ ល្បួងខ្ញុំនោះ ក្នុងកាមទាំងឡាយធ្វើអ្វី (ព្រោះ) អ្នកទាំងឡាយ ជ្រាបនូវខ្ញុំ ថាជាអ្នកបួស មានក្បាលត្រងោល ដណ្ដប់នូវសង្ឃាដី។ ដុំបាយតាមលំដាប់ផ្ទះក្ដី អាហារចំណីក្ដី បង្សុកូលចីវរក្ដី នេះឯងជាអំពើដ៏សមគួរដល់ខ្ញុំ ជាបរិក្ខារ ជាទីអាស្រ័យរបស់អ្នកបួស។ លោកអ្នកស្វែងរកនូវគុណដ៏ធំទាំងឡាយ ខ្ជាក់ចោលនូវកាមទាំងឡាយ ដែលជាទិព្វ និងជារបស់មនុស្ស បុគ្គលអ្នកស្វែងរកនូវគុណធំទាំងនោះ មានចិត្តឱនទៅក្នុងព្រះនិពា្វនជាទីដ៏ក្សេម បុគ្គលអ្នកស្វែងរកនូវគុណធំទាំងនោះ បានដល់នូវសេចក្ដីសុខ ឥតកំរើក។ ទីជំរករមែងមិនមាន ក្នុងកាមទាំងឡាយណា ខ្ញុំមិនសេពគប់ដោយកាមទាំងឡាយនោះទៀតទេ កាមទាំងឡាយមិនមែនជាមិត្រ ដូចជាអ្នកសម្លាប់ ឬដូចជាគំនរភ្លើង នាំមកនូវសេចក្ដីព្រួយ។ កាមនោះ មិនស្អាត ប្រកបដោយភ័យ ប្រកបដោយសេចក្ដីចង្អៀតចង្អល់ ដូចជាបន្លា កាមនុ៎ះ ជាគ្រឿងញ៉ាម ជាគ្រឿងកង្វល់ក្រៃលែង មានមុខឈមទៅរកសេចក្ដីវង្វេងដ៏ធំ។ កាមគុណជាឧបសគ្គៈផង មានសភាពគួរខ្លាចផង កាមារម្មណ៍ទាំងឡាយ មានឧបមាដូចក្បាលពស់ ពួកបុថុជ្ជនល្ងង់ខ្លៅ ដូចជាបុគ្គលខ្វាក់ តែងត្រេកត្រអាល។ ព្រោះថា ពួកជនច្រើនរូប ដែលចំពាក់ដោយគ្រឿងចំពាក់ គឺកាម រមែងបាន (សេចក្ដីទុក្ខ) ក្នុងលោក រមែងមិនដឹងច្បាស់នូវទីបំផុតនៃជាតិ និងមរណៈ។ មនុស្សទាំងឡាយជាច្រើន តែងដើរទៅកាន់ផ្លូវ ជាទីទៅកាន់ទុគ្គតិ មានកាមជាហេតុ ជាគ្រឿងនាំមកនូវរោគដល់ខ្លួន។ កាមទាំងឡាយ ជាគ្រឿងញ៉ាំងសត្រូវឲ្យកើតយ៉ាងនេះ ជាហេតុញ៉ាំងសត្វឲ្យក្ដៅក្រហាយ នាំមកនូវសេចក្ដីសៅហ្មង ជានុយរបស់សត្វលោក ជាទីតាំងនៃគ្រឿងចង ជាចំណងនៃសេចក្ដីស្លាប់។ កាមទាំងឡាយ ជាគ្រឿងញ៉ាំងសត្វឲ្យឆ្កួត ឲ្យនិយាយប៉ប៉ាច់ប៉ប៉ោច ញ៉ាំងចិត្តឲ្យភ្លាំងភ្លាត់ មារ គឺកាមរបស់ពួកសត្វ តែងរួបរឹតដោយសេចក្ដីសៅហ្មង យ៉ាងឆាប់រហ័ស។ កាមទាំងឡាយ មានទោសរកទីបំផុតគ្មាន មានទុក្ខច្រើនយ៉ាង មានពិសដ៏ខ្លាំងក្លា មានរសឆ្ងាញ់តិច ជាគ្រឿងធ្វើនូវចម្បាំង ញ៉ាំងចំណែកនៃធម៌ស ឲ្យសាបសូន្យទៅ។ ខ្ញុំនោះ លះបង់នូវសេចក្ដីវិនាស ដែលមានកាមជាហេតុបែបនេះ ត្រេកអរចំពោះព្រះនិព្វានសព្វ ៗ កាល មិនត្រឡប់មកកាន់កាមនោះវិញទេ។ ខ្ញុំជាស្រ្តីប្រាថ្នានូវភាពដ៏ត្រជាក់ (ព្រះអរហត្ត) ធ្វើនូវចម្បាំងចំពោះកាមទាំងឡាយ ជាអ្នកមិនប្រមាទ ត្រេកអរចំពោះព្រះនិព្វាន ជាទីអស់ទៅនៃសំយោជនៈ។ បុគ្គលអ្នកស្វែងរកនូវគុណដ៏ធំទាំងឡាយ ឆ្លងហើយតាមផ្លូវណា ខ្ញុំនឹងដើរទៅតាមផ្លូវនោះ ជាផ្លូវឥតសោក មានធូលីទៅប្រាសហើយ ជាផ្លូវក្សេមដ៏ត្រង់ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ។  
- 
-(ព្រះមានព្រះភាគត្រាស់ថា) អ្នកទាំងឡាយ ចូរមើលនូវនាងសុភាកម្មារធីតានេះ ជាស្រ្តីឋិតនៅក្នុងធម៌ នាងបានចូលទៅកាន់ឈាន ឥតមានសេចក្ដីញាប់ញ័រ ហើយស្មឹងស្មាធិទៀបគល់ឈើ។ នាងសុភាកម្មារធីតា បួសបាន ៨ ថ្ងៃនឹងថ្ងៃនេះហើយ ជាភិក្ខុនីមានសទ្ធា ល្អក្នុងព្រះសទ្ធម្ម ដែលនាងឧប្បលវណ្ណាទូន្មានហើយ ជាស្រ្តីមានវិជ្ជា ៣ លះបង់នូវមច្ចុបាន។ ភិក្ខុនីនេះ ជាអ្នកនៅឥតមានបំណុល មានឥន្រ្ទិយចំរើនហើយ។ ប្រាសចាកកិលេសគ្រឿងប្រកបទាំងពួង មានកិច្ចធ្វើរួចហើយ មិនមានអាសវៈ។ ទេវរាជ ឈ្មោះសក្កៈ ជាម្ចាស់នៃពួកសត្វ ព្រមទាំងពួកទេវតា ចូលទៅនមស្ការចំពោះភិក្ខុនី ឈ្មោះសុភាកម្មារធីតានោះ ដោយឫទ្ធិ (របស់ខ្លួន)។ 
- 
-សុភាកម្មារធីតាថេរី។ 
- 
-ចប់ វីសតិនិបាត។ 
- 
-ថេរីគាថា តឹសនិបាត  
- 
-[៣៣៦] (សុវណ្ណការបុត្ត) ជាអ្នកលេង រារាំងភិក្ខុនី ឈ្មោះសុភា កំពុងដើរទៅកាន់ជីវកម្ពវ័ន ជាទីរីករាយ ភិក្ខុនីឈ្មោះសុភា ក៏បានពោលនឹងសុវណ្ណការបុត្តនោះថា។ កំហុសដូចម្ដេច ដែលអាត្មាប្រទូស្ដដល់អ្នក បានជាអ្នកឈររាំងអាត្មា នែអាវុសោ បុរសមិនគួរប៉ះពាល់នូវស្រ្តី ជាបព្វជិតទេ។ សិក្ខាទាំងឡាយក្នុងសាសនា របស់ព្រះសាស្ដា ជាសិក្ខាគួរគោរព ព្រះសុគតបានសំដែងហើយដល់អាត្មា ហេតុដូចម្ដេច ក៏អ្នកមកឈររាំងអាត្មា ដែលជាស្រីមានចំណែកនៃធម៌ដ៏បរិសុទ្ធ មិនមានទីទួល គឺកិលេស។ អ្នកជាបុគ្គលមានចិត្តល្អក់ ប្រកបដោយធូលី គឺរាគៈ ហេតុដូចម្ដេច ក៏អ្នកមកឈររាំងអាត្មា ដែលជាស្រីមានចិត្តថ្លាស្អាត ប្រាសចាកធូលី គឺរាគៈ មិនមានទីទួល គឺកិលេស មានចិត្តផុតស្រឡះហើយ (ចាកខន្ធបញ្ចកៈ) ទាំងអស់។   
- 
-(អ្នកលេងពោលថា) នាងជាស្រ្តីនៅក្រមុំផង មិនអាក្រក់ផង បព្វជ្ជានឹងធ្វើប្រយោជន៍អ្វីដល់នាង ចូរនាងបោះចោលកាសាយចីវរចេញទៅ ហើយចូរមក យើងនឹងបានត្រេកត្រអាល ក្នុងព្រៃដែលមានផ្ការីកល្អ។ ដើមឈើទាំងឡាយ ហាក់ដូចជាតាំងឡើងដោយលំអងផ្កា បក់ផ្សព្វផ្សាយនូវក្លិនដ៏ក្រអូបសព្វទិស (នេះ) ជាវសន្ដរដូវ ជាដំបូង ជារដូវនាំមកនូវសុខ នាងចូរមក យើងនឹងត្រេកត្រអាលក្នុងព្រៃ ដែលមានផ្ការីកល្អ។ ដើមឈើទាំងឡាយ មានចុងស្គុះស្គាយដោយផ្កា លុះត្រូវខ្យល់បក់មក ក៏ហាក់ដូចជាបន្លឺសំឡេងឡើង ប្រសិនបើនាងនឹងចូលទៅក្នុងព្រៃម្នាក់ឯង នាងនឹងត្រេកត្រអាលដូចម្ដេចកើត។ នាងជាស្រ្តីឥតមិត្រសំឡាញ់ ចង់ទៅកាន់ព្រៃធំ ដែលប្រាសចាក (មនុស្ស) គួរឲ្យស្ញប់ស្ញែង ជាព្រៃដែលហ្វូងម្រឹគសាហាវនៅអាស្រ័យ ជាព្រៃដែលដំរីចុះប្រេង និងមេដំរីបុកបែន។ នាងប្រៀបដូចរូបតុក្កតា ដែលសូនដោយមាសឆ្អិន ឬដូចជាស្ត្រីទេពអប្សរ ត្រាច់ទៅក្នុងឧទ្យានឈ្មោះចិត្តរថ ម្នាលនាងជាស្ត្រីល្អឥតឧបមា នាងល្អដោយសំពត់សម្រាប់ស្លៀកដណ្ដប់ មានសាច់ដ៏ល្អិតសុខុម ដែលកើតក្នុងដែនកាសី។ បើនាងនៅក្នុងចន្លោះព្រៃ ខ្ញុំនឹងលុះក្នុងអំណាចនៃនាង ម្នាលនាងជាស្រ្តីមានភ្នែកស្រទន់ ដូចកិន្នរី ជីវិត (របស់ខ្ញុំ) ជាទីស្រឡាញ់ក្រៃលែងជាងនាង មិនមានទេ។ បើនាងនឹងធ្វើតាមពាក្យខ្ញុំ នាងចូរមក ចូរនៅគ្រប់គ្រងផ្ទះជាសុខចុះ នាងនឹងនៅក្នុងប្រាសាទមិនមានខ្យល់ ពួកនាងនារី ចូរធ្វើនូវការខ្វល់ខ្វាយបម្រើដល់នាង។ ចូរនាងទ្រទ្រង់នូវសំពត់មានសាច់<span trans_edit>ម៉ដ្ឋ</span> ដែលនាំមកអំពីដែនកាសី ចូរនាងតែងខ្លួនដោយផ្កាកម្រង និងគ្រឿងលាបចុះ ខ្ញុំនឹងផ្គត់ផ្គង់គ្រឿងអាភរណៈផ្សេង ៗ ច្រើនយ៉ាង ដែលរចនាហើយដោយមាស កែវមណី និងកែវមុក្តា ដល់នាង។ ចូរនាងឡើងកាន់ដំណេកថ្មីល្អ ដែលស្អាតគ្មានធូលី ព្រោះជំរះលាងប្រពៃ ដែលក្រាលដោយកម្រាលរោមចៀម ញាត់ដោយសំឡីមានតម្លៃច្រើន ប្រដាប់ដោយខ្លឹមចន្ទន៍ មានក្លិនក្រអូប។ នាងជាស្រ្តីប្រព្រឹត្តព្រហ្មចារ្យ នាងនឹងដល់នូវការចាស់គ្រាំគ្រា ត្រង់អវយវៈទាំងឡាយរបស់ខ្លួន ដូចជាផ្កាឧប្បលលូតផុតទឹក ដែលអមនុស្សហួងហែងរក្សា (នឹងជាវត្ថុឥតមានអ្នកណាប្រើប្រាស់កើត)។  
- 
-(នាងថេរីពោលថា) ហេតុដូចម្ដេច ក៏អ្នកមានគំនិតខុស សំឡឹងមើល (អាត្មា) ព្រោះឃើញនូវអារម្មណ៍ ដែលសន្មតថាមានខ្លឹម ក្នុងរាងកាយនេះ ដ៏ពេញដោយសាកសព គ្រាន់តែការចំរើនរបស់ព្រៃស្មសាន ជារាងកាយបែកធ្លាយជាធម្មតា។  
- 
-(អ្នកលេងពោលថា) ភ្នែកទាំងឡាយ (របស់នាង) ដូចជាភ្នែកកូនម្រឹគញី ឬដូចជាភ្នែកនៃកិន្នរី ក្នុងចន្លោះនៃភ្នំ តម្រេកក្នុងកាមរបស់ខ្ញុំ រមែងចំរើនក្រៃលែង ព្រោះឃើញនូវភ្នែករបស់នាង។ កាមគុណរបស់ខ្ញុំ រមែងចំរើនឡើងក្រៃលែង ព្រោះឃើញភ្នែករបស់នាង ដែលប្រៀបដោយត្របកនៃផ្កាឧប្បល ត្រង់មុខ ប្រាសចាកមន្ទិល ប្រាកដស្មើដោយមាស។ នែនាងមានរូបស្រស់ស្រោង មានភ្នែកថ្លាស្អាត បើទុកជាយើងទៅកាន់ទីឆ្ងាយ ក៏នៅតែរលឹកឃើញ ម្នាលនាងមានភ្នែកថ្លាដូចភ្នែកកិន្នរី ឥតមានអ្វីមួយ ជាទីស្រឡាញ់នៃខ្ញុំ ជាងភ្នែករបស់នាងទេ។  
- 
-(នាងថេរីពោលថា) អ្នកប្រាថ្នានូវធីតា ជាឱរសរបស់ព្រះពុទ្ធ (នេះ) ឈ្មោះថាប្រាថ្នាដើម្បីដើរទៅតាមផ្លូវខុស ឈ្មោះថាស្វែងរកព្រះចន្ទមកធ្វើជាល្បែង ឈ្មោះថាប្រាថ្នាដើម្បីលោតឡើងកាន់ភ្នំសិនេរុ។ ឥឡូវនេះ ប្រសិនបើរាគៈ គប្បីមានដល់អាត្មាក្នុងអារម្មណ៍ណា អារម្មណ៍នោះ មិនមានក្នុងលោក ព្រមទាំងទេវលោក អាត្មាមិនដឹងនូវដំណើរនោះថា មានភាវៈអ្វីស្មើ (ដោយរាគៈ) ទេ បានជា (រាគៈនោះ) អាត្មាដកចោលទាំងឫស ដោយអរិយមគ្គហើយ។ (រាគៈនោះ) អាត្មាបានកំចាត់ចេញហើយ ដូចជាភាជនៈដាក់នូវថ្នាំពិស ដែលបុគ្គលបោះចោលក្នុងរងើកភ្លើងហើយ អាត្មាមិនឃើញនូវដំណើរនោះថា មានសភាវៈអ្វីស្មើ (ដោយរាគៈ) ទេ បានជា (រាគៈនោះ) អាត្មាដកចោលទាំងឫស ដោយអរិយមគ្គហើយ។ ខន្ធបញ្ចកៈដែលស្រ្តីណា មិនបានពិចារណាឃើញ ឬថាស្រ្តីណាដែលមិនបានចូលទៅអង្គុយជិតព្រះសាស្ដា អ្នកចូរប្រឡោមនូវស្រ្តីប្រាកដដូច្នោះចុះ អ្នកនោះនឹងចង្អៀតចង្អល់ (ព្រោះអាស្រ័យ) ភិក្ខុនីនេះ ជាអ្នកដឹង (អរិយសច្ច)។ ព្រោះថា ស្មារតីរបស់អាត្មា បានតម្កល់ខ្ជាប់ហើយ ក្នុងបុគ្គលអ្នកជេរ និងអ្នកថ្វាយបង្គំ ក្នុងសុខ និងទុក្ខ ចិត្តរបស់អាត្មា មិនជាប់ក្នុងអារម្មណ៍ទាំងអស់នោះ ព្រោះដឹងច្បាស់ថា សង្ខតារម្មណ៍ ជារបស់មិនស្អាត។ អាត្មាជាសាវិការបស់ព្រះសុគត ជាអ្នកដើរទៅដោយយាន គឺអដ្ឋង្គិកមគ្គ មានសរ គឺកិលេសដកចោលហើយ ឥតមានអាសវៈ ជាអ្នកត្រេកអរក្នុងផ្ទះស្ងាត់។ ព្រោះថាអាត្មាបានឃើញរូបយន្ដឈើ ជាគ្រោងថ្មី ដែលតាក់តែងដ៏វិចិត្រ ចងរឹតដោយខ្សែសរសៃទាំងឡាយ និងឈើកន្លាស់ទាំងឡាយ ដូចជាគេរាំដោយអាការផ្សេង ៗ។ កាលបើខ្សែសរសៃ និងឈើកន្លាស់នោះ ដាច់រដកចេញរាត់រាយ រលុងរង្គោះបាក់បែកខ្ចាត់ខ្ចាយ កាលបើរូបយន្ដរង្គោះ ដាច់ខ្ចាត់ខ្ចាយហើយ បុគ្គលមិនគប្បីបាន (រូបយន្ដនោះ) ទេ បុគ្គលគប្បីតម្កល់ចិត្តក្នុងរូបនោះ ដូចម្ដេចកើត។ រាងកាយទាំងឡាយរបស់ខ្ញុំ ដូចគ្នានឹងរូបយន្ដដែរ បើវៀរចាករូបធម៌ មានចក្ខុជាដើមនោះហើយ រមែងប្រព្រឹត្តទៅមិនបាន រាងកាយ បើវៀរចាករូបធម៌ហើយ ប្រព្រឹត្តទៅមិនបានទេ បុគ្គលគប្បីតំកល់ចិត្តក្នុងរាងកាយនោះ ដូចម្ដេចកើត។ បុគ្គលឃើញរូបស្រ្តី ដែលគេគូរនឹងជញ្ជាំង លាបលនដោយថ្នាំដ៏ស្រស់ យ៉ាងណាមិញ អ្នកមានការឃើញវិបរិត ក្នុងរូបនោះ ក៏យ៉ាងនោះដែរ បញ្ញាជារបស់មនុស្ស ឥតប្រយោជន៍ទេឬ។ នែបុគ្គលអន្ធពាល អ្នកស្ទុះចូលមកជិតនូវអត្តភាពដ៏ទទេ ដែលប្រៀបដូចជាថ្ងៃបណ្ដើរកូន តាំងនៅក្នុងខាងមុខ ឬដូចជាយល់សប្ដិឃើញដើមឈើមាស ពុំនោះ ដូចជារូបយន្ដគ្រាំគ្រា ក្នុងកណ្ដាលនៃជន។ ពពុះបាំងស្បែកកណ្ដាលភ្នែក ឬព្រៀកទឹកភ្នែក ឬក៏ពកបាយភ្នែក តែងកើតក្នុងមណ្ឌលនៃភ្នែកនោះ ដូចជាពពុះទឹកល័ក្ខ ដែលបុគ្គលប្រស់លើកម្រាលចៀមស្ងួត ព្រោះថាសណ្ឋានរបស់ភ្នែក មានពណ៌ផ្សេង ៗ ដែលសង្ខារតាក់តែងហើយ។  
- 
-នាងសុភាភិក្ខុនី មានចិត្តឥតជាប់ចំពាក់ បានឆ្កៀលភ្នែកជាទីស្រឡាញ់ មិនជាប់ចំពាក់ ហើយក៏ឲ្យដល់បុរសនោះ ក្នុងពេលនោះ ដោយពាក្យថា ហ៎ អាត្មាឲ្យភ្នែកដល់អ្នក ចូរអ្នកយកភ្នែកនោះទៅចុះ។ រាគៈរបស់បុរសនោះ ក៏ប្រាសចេញក្នុងខណៈនោះផង បុរសនោះ បានញ៉ាំងភិក្ខុនីនោះ ឲ្យអត់ទោសក្នុងទីនោះផង ដោយពាក្យថា ម្នាលនាងជាព្រហ្មចារិនី សួស្ដីចូរមាន (ដល់នាង) ការប្រព្រឹត្តិអនាចារបែបនេះ នឹងមិនមានដល់ខ្ញុំទេ។  
- 
-បើខ្ញុំបៀតបៀនជន (ដែលគ្មានរាគៈ) យ៉ាងនេះ ក៏ហាក់ដូចជាខ្ញុំឱបភ្លើងកំពុងឆេះសន្ធោសន្ធៅ ឬចាប់នូវអាសិរិ្ពស បើដូច្នោះ សូមសួស្ដីកើតមានដល់នាង សូមនាងអត់ទោសដល់ខ្ញុំ។ 
- 
-ភិក្ខុនីនោះ លុះរួចអំពីបុរសជាអ្នកលេងនោះហើយ ក៏បានទៅកាន់សំណាក់នៃព្រះពុទ្ធដ៏ប្រសើរ ចក្ខុក៏កើតឡើងដូចពីដើម ព្រោះបានឃើញនូវមហាបុរិសលក្ខណៈ ដែលកើតអំពីបុញ្ញសម្ភារដ៏ប្រសើរ។  
- 
-សុភាថេរី នៅក្នុងជីវកម្ពវ័ន។ 
- 
-ចប់ តឹសនិបាត។ 
- 
-ថេរីគាថា ចត្តាឡីសនិបាត 
- 
-[៣៣៧] ភិក្ខុនីពីររូប ជាកុលធីតាក្នុងសាក្យត្រកូល ជាអ្នកមានគុណសម្បត្តិ ក្នុងនគរកុសុមបាដលិបុត្ត ដែលជាមណ្ឌលនៃដែនដី។ បណ្ដាភិក្ខុនីទាំងពីររូបនោះ ភិក្ខុនី ១ រូប ឈ្មោះឥសិទាសី ភិក្ខុនីទី ២ ឈ្មោះពោធិ ជាអ្នកបរិបូណ៌ដោយសីល ជាអ្នកត្រេកអរដោយការរំពឹងក្នុងឈាន ជាពហុស្សូត មានកិលេសកំចាត់បង់ហើយ។ ភិក្ខុនីទាំងពីររូបនោះ ត្រាច់ទៅបិណ្ឌបាត ហើយធ្វើនូវភត្តកិច្ច លុះលាងបាត្រហើយ អង្គុយជាសុខ ក្នុងទីស្ងាត់ ទើបផ្ដើមនិយាយសំដីទាំងឡាយនេះថា។ ម្នាលនាងម្ចាស់ ឈ្មោះឥសិទាសី នាងជាស្រីគួរជ្រះថ្លា ទាំងវ័យរបស់នាងក៏មិនទាន់សាបសូន្យ អើ ចុះនាងឃើញទោសដូចម្ដេច ទើបមកប្រកបខ្លួនក្នុងបព្វជ្ជា។  
- 
-ឥសិទាសីភិក្ខុនីនោះ ជាអ្នកឈ្លាសវៃក្នុងធម្មទេសនា កាលបើពោធិភិក្ខុនីសាកសួរ ក្នុងហេតុជាប្រយោជន៍ យ៉ាងនេះហើយ ក៏បានពោលនូវពាក្យនេះថា ម្នាលនាងពោធិ នាងចូរស្ដាប់តាមដំណើរ ដែលខ្ញុំបួសចុះ។  
- 
-លំដាប់អំពីនេះទៅ គឺជាពាក្យវិសជ្ជនា  
- 
-សេដ្ឋីអ្នកសង្រួមក្នុងសីល ជាបិតារបស់ខ្ញុំ ក្នុងបុរីដ៏ប្រសើរឈ្មោះឧជ្ជេនី (ក្នុងដែនអវន្ដិ) ខ្ញុំជាធីតាម្នាក់ ជាទីស្រឡាញ់ពេញចិត្ត ជាអ្នកគួរទទួលសេចក្ដីអនុគ្រោះរបស់បិតានោះ។ លុះចំណេរមកខាងក្រោយ សេដ្ឋីមានត្រកូលដ៏ឧត្តម មានទ្រព្យច្រើន មកអំពីនគរសាកេត ដណ្ដឹងខ្ញុំ បិតាក៏បានឲ្យខ្ញុំជាកូនប្រសារបស់សេដ្ឋីនោះ។ ខ្ញុំចូលទៅក្រាបក្បាលថ្វាយបង្គំនូវជើងម្ដាយក្មេក និងឪពុកក្មេក រាល់ល្ងាចព្រឹក តាមដំណើរ ដែលមាតាបិតាប្រៀនប្រដៅ។ ខ្ញុំឃើញនូវអ្នកដណ្ដឹងសូម្បីម្នាក់ ដែលជាបងប្អូនស្រី បងប្អូនប្រុស ឬជាបរិវាររបស់ស្វាមី ខ្ញុំក៏រលះរលាំង ក្រាលអាសនៈ។ ខ្ញុំអង្គាសផ្គត់ផ្គង់ ឲ្យបាយ ទឹក និងបង្អែម ដែលមានក្នុងលំនៅនោះ តាមសមគួរដល់វត្ថុដែលគេត្រូវការ។ ខ្ញុំក្រោកឡើងតាមកាលគួរ ហើយចូលទៅកាន់ផ្ទះរបស់ប្ដី ជូតសំអាតនូវធរណីទ្វារ (ជាដើម) នឹងដៃជើង ផ្គងអញ្ជលីចូលទៅរកប្ដី។ ខ្ញុំយកស្និតសក់ ម្សៅសម្រាប់លាបមុខ ថ្នាំសម្រាប់បន្ដក់ភ្នែក និងកញ្ចក់ ស្អិតស្អាងឲ្យប្ដីដោយខ្លួនឯង ហាក់ដូចជា (វណ្ណទាសី) អ្នកធ្វើនូវការបំរើ។ ខ្ញុំដាំបាយខ្លួនឯង លាងភាជន៍ខ្លួនឯង បំរើភស្ដា ដូចជាមាតាថ្នមកូនខ្ចី។ តែភស្ដាតែងខឹងសម្បារនឹងខ្ញុំ ដែលជាស្ត្រីបំរើបាយ គ្មានស្រ្តីណាលើស ជាស្រ្តីធ្វើការ (គ្រប់យ៉ាង) ជាស្ត្រីមិនមានសេចក្ដីប្រកាន់ មានសេចក្ដីព្យាយាម មិនខ្ជិលច្រអូស មានមារយាទយ៉ាងនេះ។ ស្វាមីនោះ និយាយនឹងមាតាបិតារបស់គេថា ខ្ញុំសូមលា (អ្នកម្ដាយលោកឪពុក) ទៅ (ក្នុងទីណាមួយ) (ព្រោះ) ខ្ញុំមិនអាចនៅរួមគ្នាក្នុងផ្ទះមួយ ជាមួយនឹងនាងឥសិទាសីឡើយ។  
- 
-(មាតាបិតាពោលថា) នែកូន កុំពោលយ៉ាងនេះឡើយ នាងឥសិទាសី ជាបណ្ឌិតឈ្លាសវៃ ជាស្រ្តីមានសេចក្ដីព្យាយាម មិនខ្ជិលច្រអូសទេ ម្នាលកូន ហេតុអ្វីក៏កូនឯងមិនពេញចិត្ត។  
- 
-(កូនពោលថា) នាងឥសិទាសី មិនបៀតបៀនអ្វី ៗ ដល់ខ្ញុំទេ ប៉ុន្តែខ្ញុំមិនអាចនៅជាមួយនឹងនាងឥសិទាសី ព្រោះថា នាងឥសិទាសី ជាស្រីសំអប់របស់ខ្ញុំ ខ្ញុំមិនគួរនឹងនៅរួមទេ ខ្ញុំសូមលាទៅហើយ។  
- 
-ម្ដាយក្មេក និងឪពុកក្មេក បានស្ដាប់ពាក្យកូននោះហើយ សួរខ្ញុំថា នាងធ្វើខុសអ្វីទេ នាងចូរប្រាប់កំហុសដែលនាងធ្វើហើយ នាងចូរដោះស្រាយ តាមសេចក្ដីពិតមកចុះ។  
- 
-(ខ្ញុំក៏ឆ្លើយថា) ខ្ញុំមិនបានប្រទូស្តអ្វី ៗ ទេ ខ្ញុំមិនបៀតបៀន មិនពោលពាក្យអាក្រក់ (ដល់គាត់ទេ) ភស្ដាស្អប់ខ្ញុំ ឲ្យខ្ញុំអាចធ្វើអ្វីកើត។  
- 
-ម្ដាយក្មេក និងឪពុកក្មេកទាំងឡាយនោះ ក៏អាក់អន់ចិត្ត ត្រូវសេចក្ដីព្រួយគ្របសង្កត់ ក៏នាំខ្ញុំត្រឡប់ទៅកាន់ផ្ទះបិតាវិញ រក្សានូវកូន (ដោយគិតថា) យើងនឹងរកឲ្យបាននូវស្រ្តីមានរូបឆោមដ៏មានសិរី។ គ្រាក្រោយមក បិតាបានឲ្យខ្ញុំ ក្នុងផ្ទះនៃត្រកូលទី ២ ជាអ្នកស្ដុកស្ដម្ភ ដោយជំនូនពាក់កណ្ដាល អំពីជំនូនដែលសេដ្ឋីបានជូនមកខ្ញុំមុននោះ។ ខ្ញុំបាននៅក្នុងផ្ទះនៃប្ដីទី ២ នោះ អស់ ១ ខែ គ្រានោះ គាត់ក៏បណ្ដេញខ្ញុំ ដែលជាស្រ្តីខ្នះខ្នែងបំរើដូចជាទាសី ជាស្រីមិនប្រទូស្ត មានមារយាទល្អ។ បិតារបស់ខ្ញុំ និយាយនឹងបុរសអ្នកទូន្មាន (ចិត្ត) អ្នកទូន្មាន (កាយ និងវាចា) ដែលកំពុងត្រាច់ទៅដើម្បីភិក្ខាថា អ្នកចូរជាកូនប្រសារបស់ខ្ញុំ អ្នកចូរបោះចោលនូវកំណាត់សំពត់ និងឆ្នាំង។ ស្វាមីទី ៣ នោះ បាននៅ (ជាមួយនឹងខ្ញុំ) អស់បក្ខ ១ (កន្លះខែ) ក៏និយាយនឹងបិតាខ្ញុំថា អ្នកចូរឲ្យកំណាត់សំពត់ ឆ្នាំង និងអំបែងមកខ្ញុំវិញ ខ្ញុំនឹងត្រាច់ទៅដើម្បីភិក្ខាទៀត។ គ្រានោះ បិតាមាតា និងពពួកញាតិទាំងអស់របស់ខ្ញុំ និយាយនឹងបុរសនោះថា អ្នកណាមិនធ្វើតាមអ្នកក្នុងទីនេះឬ អ្នកចូរប្រាប់ហេតុដែលគេធ្វើដល់អ្នកឲ្យឆាប់។ បុរសនោះ កាលបើគេពោលយ៉ាងនេះហើយ ក៏ពោលតបថា បើខ្លួនរបស់ខ្ញុំអាចនៅបាន (ក៏នាងឥសិទាសី) មិនគួរដល់ខ្ញុំ (ព្រោះហេតុនោះ) ខ្ញុំមិននៅជាមួយនាងឥសិទាសី ក្នុងផ្ទះមួយជាមួយគ្នាទេ។ បុរសនោះ កាលបើ (បិតារបស់ខ្ញុំ) លះបង់ហើយ ក៏ទៅបាត់ទៅ ចំណែកខាងខ្ញុំជាស្រ្តីនៅតែម្នាក់ឯង គិតថាអាត្មាអញនឹងលាមាតាបិតាទៅស្លាប់ ឬទៅបួស។ គ្រានោះ នាងថេរីជាម្ចាស់ឈ្មោះជិនទត្តា ជាអ្នកទ្រទ្រង់នូវវិន័យ ជាពហុស្សូត បរិបូណ៌ដោយសីល កាលត្រាច់ទៅដើម្បីភិក្ខាហារ ក៏បាននិមន្ដមកកាន់ត្រកូលនៃបិតា (ខ្ញុំ)។ ខ្ញុំឃើញនាងជិនទត្តាថេរីនោះ ក៏ក្រោកឡើង ក្រាលអាសនៈរបស់យើង ប្រគេននាងថេរីនោះ លុះព្រះនាងគង់ហើយ ខ្ញុំក៏ថ្វាយបង្គំនូវព្រះបាទា ហើយប្រគេនភោជន។ ខ្ញុំញ៉ាំងជិនទត្តាថេរី ឲ្យឆ្អែតស្កប់ស្កល់ ដោយបាយ និងបង្អែម ដែលមានក្នុងលំនៅនោះ ហើយពោលថា បពិត្រព្រះនាងជាម្ចាស់ ខ្ញុំចង់បួស។ គ្រានោះ បិតាពោលនឹងខ្ញុំថា ម្នាលកូនស្រីតូច នាងចូរប្រព្រឹត្តធម៌នោះក្នុងផ្ទះនេះទៅចុះ ចូរញ៉ាំងសមណៈទាំងឡាយផង ព្រាហ្មណ៍ទាំងឡាយផង ឲ្យឆ្អែតស្កប់ស្កល់ដោយបាយ និងទឹកចុះ។ លំដាប់នោះ ខ្ញុំក៏ប្រណម្យអញ្ជលី យំពោលនឹងបិតាថា បពិត្របិតា សូមលោកអនុញ្ញាតខ្ញុំ ខ្ញុំនឹងញ៉ាំងបាបកម្មដែលខ្ញុំធ្វើហើយនោះ ឲ្យវិនាស។ គ្រានោះ បិតាពោលនឹងខ្ញុំថា (ព្រះសម្មាសម្ពុទ្ធ) ព្រះអង្គប្រសើរជាងសត្វជើងពីរ ទ្រង់ធ្វើឲ្យជាក់ច្បាស់នូវលោកុត្តរធម៌ណា នាងចូរបានលុះនូវពោធិញ្ញាណ និងអគ្គធម៌ និងព្រះនិព្វាននោះចុះ។ ខ្ញុំថ្វាយបង្គំលាបិតាមាតា និងពពួកនៃញាតិទាំងអស់ ហើយបួសបាន ៧ ថ្ងៃ ក៏សម្រេចវិជ្ជាបី។ ខ្ញុំដឹងជាតិរបស់ខ្លួន បាន ៧ ជាតិ ផលវិបាកនេះរបស់កម្មណា ខ្ញុំនឹងប្រាប់នូវកម្មនោះដល់នាង នាងចូរមានចិត្តតែមួយ ចាំផ្ទៀងស្ដាប់នូវកម្មនោះ ដូចតទៅនេះ ខ្ញុំជាជាងមាសមានទ្រព្យច្រើន ក្នុងនគរឈ្មោះឯកកច្ឆៈ ខ្ញុំនោះជាមនុស្សស្រវឹង ព្រោះការស្រវឹងវ័យ បានប្រព្រឹត្តសេពសំភពនឹងប្រពន្ធបុគ្គលដទៃ។ ខ្ញុំនោះលុះឃ្លាតចាកអត្តភាពនោះហើយ ក៏ឆេះរោលរាលក្នុងនរកអស់កាលយូរ លុះរួចចាកនរកនោះហើយ មកចាប់បដិសន្ធិក្នុងផ្ទៃនៃមេស្វា។ ស្វាឈ្មោលធំជាម្ចាស់នៃហ្វូង ខាំផ្ដាច់នូវជាតកម្ម គឺអង្គជាត (របស់ខ្ញុំ) ដែលទើបនឹងកើតបាន ៧ ថ្ងៃ នុ៎ះជាផលនៃកម្មរបស់ខ្ញុំនុ៎ះ ដែលគប់រកនូវប្រពន្ធនៃបុគ្គលដទៃ។ ខ្ញុំនោះធ្វើមរណកាល ច្យុតចាកកំណើតនៃស្វានោះហើយ ក៏ចាប់បដិសន្ធិក្នុងផ្ទៃនៃមេពពែខ្វាក់ផង ខ្ចកផង ក្នុងដែននៃស្ដេចសិន្ធវៈ។ ខ្ញុំត្រូវគេព្រនាក់កូនក្មេងអស់ ១២ ឆ្នាំ ត្រូវគេគ្រៀវ ត្រូវដង្កូវបៀតបៀន ឈឺចាប់ ព្រោះតែអំពើដែលខ្ញុំសេពនូវប្រពន្ធរបស់បុគ្គលដទៃ។ ខ្ញុំនោះច្យុតចាកកំណើតនៃពពែនោះហើយ ក៏កើតជាកូនគោ អំពីមេគោរបស់ឈ្មួញគោ បាន ១២ ខែ មានរោមក្រហមដូចជាជ្រលក់ល័ក្ត ហើយត្រូវគេគ្រៀវ។ ខ្ញុំតែងទាញនូវនង្គ័ល និងរទេះ ខ្វាក់ ខ្ចក ឈឺ ព្រោះតែខ្ញុំសេពនូវប្រពន្ធរបស់បុគ្គលដទៃ។ ខ្ញុំនោះជាសត្វច្យុតចាកកំណើត នៃគោនោះហើយ ក៏កើតក្នុងផ្ទៃនៃទាសីក្នុងផ្ទះក្បែរថ្នល់ មិនប្រាកដជាស្រី មិនប្រាកដជាប្រុស (ខ្ទើយ) ព្រោះតែខ្ញុំសេពនូវប្រពន្ធនៃបុគ្គលដទៃ។ ខ្ញុំស្លាប់ក្នុងអាយុ ៣០ ឆ្នាំ ហើយក៏កើតជាទារិកា ក្នុងត្រកូលនៃអ្នករទេះ ដែលជាត្រកូលកំព្រា គ្មានភោគសម្បត្តិ ត្រូវបុរសជាម្ចាស់ទ្រព្យរឹបជាន់ច្រើន។ កាលការប្រាក់ចំរើនច្រើនឡើងហើយ នាយឈ្មួញរទេះ ក៏អូសទាញខ្ញុំ អំពីផ្ទះនៃត្រកូល ដែលកំពុងយំខ្សឹកខ្សួល។ គ្រានោះ បុត្ររបស់ឈ្មួញរទេះនោះ ឈ្មោះគិរិទាសៈ បានឃើញខ្ញុំជាស្រ្តីនៅក្រមុំ មានវ័យចំរើន ក្នុងឆ្នាំជាគំរប់ ១៦ ក៏ហួងហែងទុក (ក្នុងផ្ទះរបស់ខ្លួន)។ ប្រពន្ធដទៃរបស់គិរិទាសៈ ជាស្រ្ដីមានសីលផង មានគុណផង ជាស្រ្តីប្រព្រឹត្តតាមភស្ដា ខ្ញុំក៏បានធ្វើការស្អប់នូវប្រពន្ធរបស់គាត់។ ប្ដីទាំងឡាយ លះលែងខ្ញុំ ដែលជាអ្នកខ្នះខ្នែងបំរើដូចជាទាសី ព្រោះផលនៃកម្មណា នុ៎ះជាផលកម្ម (របស់ខ្ញុំ) នោះ ទីបំផុតនៃបាបកម្មនោះឯង ខ្ញុំបានធ្វើហើយ។  
- 
-ឥសិទាសីថេរី។ 
- 
-ចប់ ចត្តាឡីសនិបាត។ 
- 
-ថេរីគាថា មហានិបាត 
- 
-[៣៣៨] នាងសុមេធា ជាធីតានៃអគ្គមហេសីរបស់ព្រះរាជា ទ្រង់ព្រះនាមកោញ្ចៈ ក្នុងនគរឈ្មោះមន្ដាវតី ជាស្រ្តីដែលព្រះអរិយៈ អ្នកធ្វើសាសនាឲ្យជ្រះថ្លាហើយ។ នាងសុមេធា ជាស្រីមានសីល ជាធម្មកថិកាដ៏វិចិត្រ ជាពហុស្សូត ជាស្រីបានបទក្នុងព្រះពុទ្ធសាសនា ចូលទៅជិតព្រះមាតាបិតា ហើយទូលថា សូមទ្រង់ទាំងពីរស្ដាប់ (ពាក្យខ្ញុំម្ចាស់)។ ខ្ញុំម្ចាស់ជាអ្នកត្រេកអរ ចំពោះព្រះនិព្វាន ភពសូម្បីជាទិព្វ ក៏ជារបស់មិនទៀងទាត់ នឹងចាំបាច់ពោលទៅថ្វីដល់កាមទាំងឡាយ ដែលជារបស់សោះសូន្យ មានការត្រេកអរតិច មានសេចក្ដីចង្អៀតចង្អល់ច្រើន។ ពួកជនពាល ឈ្លក់ក្នុងកាមទាំងឡាយណា កាមទាំងឡាយនោះ ជាសភាវៈខ្លោចផ្សា ឧបមាដូចជាអាសិរពិស ពួកជនពាលទាំងនោះ សឹងពេញណែនត្រៀបត្រាក្នុងនរក រងទុក្ខលំបាកអស់កាលដ៏អង្វែង។ ពួកជនពាលមានកម្មដ៏លាមក មានគំនិតអាក្រក់ មិនសង្រួមកាយ វាចា ចិត្ត រមែងសង្រេងសង្រៃ ក្នុងវិនិបាត (អបាយ) សព្វ ៗ កាល។ ជនពាលទាំងនោះ ជាអ្នកឥតប្រាជ្ញា ឥតចេតនា ត្រូវតណ្ហាជាហេតុនៃទុក្ខរួបរឹត មិនដឹង (នូវចតុសច្ចធម៌) ដែលព្រះសម្ពុទ្ធទ្រង់សំដែង រមែងមិនត្រាស់ដឹងនូវអរិយសច្ចទាំងឡាយ។ បពិត្រព្រះមាតា ជនទាំងឡាយជាច្រើននាក់ណាស់ ដែលមិនដឹងនូវសច្ចធម៌ ដ៏ជាធម៌ គឺព្រះពុទ្ធដ៏ប្រសើរ ទ្រង់សំដែង ហើយត្រេកអរតែនឹងភព ពេញចិត្តតែនឹងការកើតក្នុងពួកទេវតា។ សូម្បីការកើតក្នុងពួកទេវតា ក៏មិនទៀង កាលបើភពមិនទៀង ពួកជនពាលក៏នៅតែមិនតក់ស្លុតនឹងភពដែលសត្វត្រូវកើតញយ ៗ។ វិនិបាត [វិនិបាត ៤ គឺ នរក តិរច្ឆាន ប្រេត អសុរកាយ។ អដ្ឋកថា។] ៤ និងគតិ ២ បុគ្គលគប្បីបានដូចម្ដេចកើត បព្វជ្ជារបស់ពួក សត្វវិនិបាតក្នុងនរក មិនមានឡើយ។ សូមទ្រង់ទាំងពីរអនុញ្ញាតឲ្យខ្ញុំម្ចាស់ ទៅបួសក្នុងសាសនានៃព្រះទសពល ខ្ញុំម្ចាស់នឹងជាស្រ្តីមានសេចក្ដីខ្វល់ខ្វាយតិច ប្រឹងប្រែងដើម្បីលះបង់នូវជាតិ និងមរណៈ។ ប្រយោជន៍អ្វីដោយភព ដែលអ្នកផងត្រេកត្រអាល ប្រយោជន៍អ្វីដោយកាយជាទោស ឥតខ្លឹមសារ សូមទ្រង់អនុញ្ញាត ខ្ញុំម្ចាស់នឹងបួស ដើម្បីរំលត់នូវភវតណ្ហា។ ការកើតឡើងនៃព្រះពុទ្ធទាំងឡាយ (ខ្ញុំម្ចាស់បានចួបប្រទះហើយ) កាលមិនមែនជាខណៈ ខ្ញុំម្ចាស់វៀរស្រឡះហើយ ខណៈ ខ្ញុំម្ចាស់បានហើយ ខ្ញុំម្ចាស់មិនប្រទូស្ដនូវសីល និងព្រហ្មចរិយៈ រហូតអស់មួយជីវិត។  
- 
-លុះនាងសុមេធា ក្រាបទូលយ៉ាងនេះ គ្រានោះ ព្រះមាតាបិតា បានមានបន្ទូលនឹងនាងថា យើងទាំងឡាយជាគ្រហស្ថ សុទ្ធតែលុះក្នុងអំណាចនៃសេចក្ដីស្លាប់ និងលះបង់មិនបានទេ។  
- 
-មាតាជាទុក្ខស្រែកយំ បិតាក៏ជាទុក្ខ ត្រូវសេចក្ដីសោកស្ដាយគ្របសង្កត់ដូចគ្នា ប្រឹងប្រែងសង្រួបសង្រួមធីតានោះ ដែលដួលចុះលើផែនដី នាផ្ទៃប្រាសាទថា។  
- 
-ម្នាលកូនស្រី ចូរនាងក្រោកឡើង ប្រយោជន៍អ្វីដោយការសោក (ដើម្បីចង់បួស) យើងបានថ្វាយនាងដល់ស្ដេច ទ្រង់ព្រះនាមអនិករត្តៈ ជាស្ដេចមានរូបល្អ ក្នុងនគរឈ្មោះវារណវតីហើយ។ នាងនឹងបានជាអគ្គមហេសី នឹងបានជាភរិយា របស់ស្ដេចអនិករត្តៈ នែកូនស្រី សីល ព្រហ្មចរិយធម៌ និងបព្វជ្ជា គេធ្វើបានកម្រណាស់។ អាណាចក្រក្នុងរាជ (នៃស្ដេចអនិករត្តៈ) ទ្រព្យ និងឥស្សរិយយស (ក៏មានច្រើន) ភោគសម្បត្តិទាំងឡាយ នាំមកនូវសេចក្ដីសុខ ទាំងខ្លួននាង ក៏នៅក្រមុំ ព្រោះហេតុនោះ នាងចូរប្រើប្រាស់ភោគសម្បត្តិ តាមប្រាថ្នាចុះ។ ម្នាលកូនស្រី កិច្ចដែលគេត្រូវដណ្ដឹង ចូរមានដល់នាង។  
- 
-គ្រានោះ នាងសុមេធា ក្រាបទូលមាតាបិតានោះថា សម្បត្តិទាំងឡាយប្រាកដដូច្នេះ ចូរកុំមាន (ដល់ខ្ញុំម្ចាស់) ភពជារបស់គ្មានខ្លឹមសារ បព្វជ្ជា ឬមរណៈ ចូរមានដល់ខ្ញុំម្ចាស់ ព្រោះហេតុនោះ កិច្ចដែលគេត្រូវដណ្ដឹង (ចូរកុំមានដល់ខ្ញុំម្ចាស់ឡើយ)។ (សរីរៈនេះ) ដូចជាដង្កូវ ជាកាយស្អុយ មិនស្អាត មានក្លិនផ្សាយទៅគួរឲ្យខ្លាច ដូចជាការុងជាវិការនៃស្បែក ពេញដោយសាកសព ពេញដោយរបស់មិនស្អាត ដែលហូរចេញក្នុងកាលម្ដង ៗ។ ខ្ញុំម្ចាស់ដឹងនូវសរីរៈនោះថា ដូចជាអ្វីមួយ ដែលបូកលាបដោយសាច់ និងឈាម ជារបស់គួរខ្ពើមក្រៃពេក ជាលំនៅនៃហ្វូងដង្កូវ ជាចំណីនៃសត្វស្លាប ជាសាកសព (គេ) នឹងឲ្យដល់អ្នកណាម្ដេចបាន។ កាយដែលមានវិញ្ញាណប្រាសចេញហើយ មិនយូរប៉ុន្មាន គេតែងដុតក្នុងព្រៃស្មសាន ពួកញាតិដែលខ្ពើមរអើម ក៏បោះបង់ចោល ដូចជាអង្កត់អុស។ មាតាបិតារបស់ខ្លួន ចោលសាកសពនោះ ឲ្យជាចំណីសត្វដទៃក្នុងព្រៃស្មសាន ខ្ពើមរអើម ងូតលាង (ខ្លួនដើរចេញទៅ) ចំណង់បើសាធារណជន (នឹងមិនខ្ពើម) ដូចម្ដេចកើត។ សត្វទាំងឡាយ តែងជ្រុលជ្រប់ក្នុងគ្រោងកាយ ជាសាកសពឥតខ្លឹមសារ ដែលសង្ខារផ្សំផ្គុំដោយឆ្អឹង និងសរសៃ ជាកាយស្អុយ ពេញដោយទឹកមាត់ ទឹកភ្នែក ទឹកសម្បោរ និងទឹករងៃ។ បើបុគ្គលពន្លាត់រាងកាយនោះ ធ្វើអាការខាងក្នុងនៃវា ឲ្យត្រឡប់មកខាងក្រៅវិញ សូម្បីមាតារបស់ខ្លួន ក៏ខ្ពើមរអើមអត់ទ្រាំនឹងក្លិនពុំបាន។ ខ្ញុំម្ចាស់និយាយដោយឧបាយនៃប្រាជ្ញា នូវខន្ធ ធាតុ អាយតនៈ ដែលសង្ខារតាក់តែង ថាមានជាតិជាឫសគល់ នាំមកនូវទុក្ខ មិនជាទីពេញចិត្ត នឹងប្រាថ្នានូវកិច្ចដែលគេត្រូវដណ្ដឹងដើម្បីអ្វី។ លំពែង ៣០០ ដែលសំលៀងថ្មី ៗ គប្បីធ្លាក់ចុះលើកាយរាល់ ៗ ថ្ងៃ ប្រសិនបើ ការអស់ទៅនៃទុក្ខ សូម្បីមានការលំបាក (យ៉ាងនេះ) អស់រយឆ្នាំ ជាការប្រសើរ។ បុគ្គលណា ដឹងព្រះពុទ្ធដីការបស់ព្រះសាស្ដាយ៉ាងនេះ ហើយបានទទួលនូវសេចក្ដីលំបាក (ការអស់ទៅនៃទុក្ខ តែងមានដល់បុគ្គលនោះ) សង្សារ (ការអន្ទោលទៅ) របស់បុគ្គលពាលទាំងឡាយ ដែលលំបាករឿយ ៗ ជាសង្សារវែងឆ្ងាយ។ ការលំបាកតានតឹងមិនមានប្រមាណ រមែងប្រាកដក្នុងពួកទេវតា ពួកមនុស្ស ក្នុងកំណើតតិរច្ឆាន ក្នុងពួកអសុរកាយ ក្នុងពួកប្រេត និងក្នុងពួកនរក។ ក្នុងនរក មានសេចក្ដីលំបាកច្រើន សត្វដែលកើតក្នុងវិនិបាត ក៏លំបាក សូម្បីក្នុងពួកទេវតា ក៏មិនមានទីពឹង សេចក្ដីសុខដទៃក្រៃលែង ជាងសេចក្ដីសុខក្នុងព្រះនិព្វាន មិនមានទេ។ បុគ្គលពួកណា ខំប្រឹងប្រែងក្នុងសាសនារបស់ព្រះទសពល ជាអ្នកមានសេចក្ដីខ្វល់ខ្វាយតិច ខំព្យាយាមលះបង់ជាតិ និងមរណៈ បុគ្គលពួកនោះ ឈ្មោះថាបានព្រះនិព្វាន។ បពិត្រព្រះបិតា ខ្ញុំម្ចាស់នឹងចេញបួសក្នុងថ្ងៃនេះ ប្រយោជន៍អ្វីដោយភោគៈទាំងឡាយ ដែលឥតខ្លឹមសារ កាមទាំងឡាយ ទុកស្មើវត្ថុដែលគេខ្ជាក់ចោល ខ្ញុំម្ចាស់នឿយណាយហើយ ធ្វើឲ្យដូចដើមត្នោតមិនមានទីកើត (ដែលបុគ្គលដកចោលហើយ)។ 
- 
-នាងសុមេធានោះ កំពុងនិយាយនឹងបិតាយ៉ាងនេះ ស្រាប់តែព្រះបាទអនិករត្តៈ ដែលបិតាបានថ្វាយនាងដល់ទ្រង់ សេ្ដចព្រះរាជដំណើរចូលទៅដល់ ដោយមានពួកកំលោះហែហម (ព្រោះ) ការត្រូវដណ្ដឹង មានក្នុងកាលប្រាកដហើយ។ ក្នុងកាលនោះ នាងសុមេធា កាត់នូវសក់ទាំងឡាយ ដែលមានពណ៌ខ្មៅរលើប ស្លូតទន់ ដោយព្រះខាន់ ហើយបិទទ្វារប្រាសាទ រួចចូលបឋមជ្ឈាន។ នាងសុមេធា កំពុងតែចូលសមាបត្តិ ចំរើននូវអនិច្ចសញ្ញាលើប្រាសាទ គាប់ចួនស្ដេចអនិករត្តៈ ក៏យាងមកដល់នគរ។ នាងសុមេធានោះ កំពុងតែធ្វើទុកក្នុងចិត្ត (នូវអនិច្ចសញ្ញា) ស្ដេចអនិករត្តៈ ដែលស្អិតស្អាងព្រះអង្គ ដោយគ្រឿងអលង្ការ ជាវិការៈកែវមណី និងមាស ក៏ឡើងមកដោយរួសរាន់ ហើយធ្វើអញ្ជលី អង្វរនាងសុមេធាថា។ អាជ្ញាក្នុងរាជរបស់យើង ទ្រព្យ និងឥស្សរិយយស (ក៏មានច្រើន) ភោគសម្ប័ទទាំងឡាយ នាំមកនូវសេចក្ដីសុខ ទាំងខ្លួននាងសោត ក៏នៅក្រមុំ នាងចូរប្រើប្រាស់ភោគសម្ប័ទ តាមប្រាថ្នាចុះ (ព្រោះថា) កាមសុខក្នុងលោក គេរកបានដោយកម្រណាស់។ រាជសម្បត្តិ យើងប្រគល់ផ្ដាច់ឲ្យនាង នាងចូរប្រើប្រាស់នូវភោគសម្ប័ទទាំងឡាយ ចូរឲ្យនូវទានចុះ នាងកុំតូចចិត្តឡើយ មាតាបិតារបស់នាង ជាទុក្ខ។  
- 
-នាងសុមេធា ជាស្រ្តីមិនត្រូវការដោយកាម មានមោហៈទៅប្រាសហើយ ក៏ទូលតបស្ដេចអនិករត្តៈនោះថា ព្រះអង្គកុំត្រេកត្រអាលចំពោះកាមទាំងឡាយ ព្រះអង្គចូរឃើញទោសក្នុងកាមទាំងឡាយវិញ។ ព្រះរាជាទ្រង់ព្រះនាមមន្ធាតុ ជាធំលើទ្វីបទាំងបួន ជាបុគ្គលប្រសើរផុតជាងពួកជនអ្នកបរិភោគកាម ទ្រង់មិនឆ្អែតឆ្អន់ (ដោយកាមទាំងឡាយ) ទ្រង់ទិវង្គតទៅ សេចក្ដីប្រាថ្នារបស់ស្ដេចនោះ នៅតែមិនពេញគ្រប់គ្រាន់នៅឡើយ។ ភ្លៀងគប្បីបង្អុរចុះនូវរតនៈទាំងឡាយ ៧ ប្រការ ជុំវិញ គ្រប់ទិសទាំង ១០ សេចក្ដីឆ្អែតចំពោះកាមទាំងឡាយ ក៏នៅតែមិនល្មម ពួកនរជន រមែងស្លាប់ទៅទាំងមិនឆ្អែត។ កាមទាំងឡាយ ប្រៀបដូចដាវ និងឈើស្រួច កាមទាំងឡាយ ប្រៀបដូចជាក្បាលនៃពស់ ឬប្រៀបដូចជាគប់ភ្លើង ក្រៀមក្រោះដូចជារាងឆ្អឹង តែងដុតកំដៅរឿយ ៗ។ កាមទាំងឡាយ មិនទៀងទាត់ មិនឋិតថេរ មានទុក្ខច្រើន មានពិសខ្លាំង មានសេចក្ដីតានតឹង ជាឫសគល់ មានសេចក្ដីទុក្ខជាផល ដូចជាដុំដែកដែលកំពុងឆេះ។ កាមទាំងឡាយ ប្រៀបដូចជាផ្លែឈើ ឬប្រៀបដូចដុំសាច់ នាំមកនូវទុក្ខ កាមទាំងឡាយ ដូចជាការយល់សប្ដិ ជាគ្រឿងបញ្ឆោត ដូចជារបស់ខ្ចីគេ។ កាមទាំងឡាយ ដូចជាលំពែង និងដែកស្រួច ដូចជារោគ ឬដូចជាបូស ជាគ្រឿងតានតឹង ចង្អៀតចង្អល់ កាមទាំងឡាយ ប្រាកដស្មើដោយរណ្ដៅនៃរងើកភ្លើង មានសេចក្ដីតានតឹងជាឫស ជាភ័យ ជាខ្មាំង។ កាមទាំងឡាយ មានសេចក្ដីទុក្ខច្រើនយ៉ាងនេះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ជាសភាវៈធ្វើនូវសេចក្ដីអន្ដរាយ សូមព្រះអង្គយាងទៅវិញចុះ សេចក្ដីស្និទ្ធស្នាលក្នុងភពរបស់ខ្ញុំម្ចាស់ មិនមានទេ។ បុគ្គលដទៃនឹងធ្វើនូវប្រយោជន៍ដូចម្ដេច ដល់ខ្ញុំម្ចាស់កើត កាលបើក្បាលរបស់ខ្លួនត្រូវភ្លើងឆេះ កាលបើជរា មរណៈកំពុងជាប់តាម ខ្ញុំម្ចាស់ត្រូវប្រឹងប្រែង ដើម្បីកំចាត់បង់នូវជរា មរណៈនោះ។  
- 
-នាងសុមេធានេះ លុះឃើញមាតាបិតា និងស្ដេចអនិករត្តៈ ដែលមកមិនទាន់ដល់ទ្វារ កំពុងគង់យំលើផែនដី ក៏ទូលនូវពាក្យនេះថា សង្សារ របស់បុគ្គលអន្ធពាលដែលយំទួញញយ ៗ ចំពោះសេចក្ដីស្លាប់របស់បិតា សេចក្ដីស្លាប់របស់បងប្អូន និងសេចក្ដីស្លាប់របស់ខ្លួន ក្នុងសង្សារវដ្ដ ដែលគេមិនអាចដឹងទីបំផុតបាន ជាសង្សារវែងឆ្ងាយ។ សូមទ្រង់ទាំងឡាយ រលឹកនូវទឹកភ្នែក ទឹកដោះ និងឈាម កាលទ្រង់អន្ទោលទៅ ព្រោះសង្សារ ដែលគេមិនអាចដឹងទីបំផុតបាន សូមទ្រង់រលឹកនូវគំនរឆ្អឹងទាំងឡាយ របស់ពួកសត្វដែលអន្ទោលទៅមក ៗ។ សូមទ្រង់រលឹកដល់ទឹកភ្នែក ទឹកដោះ និងឈាម ដែលប្រៀបធៀបនឹងសមុទ្រធំទាំង ៤ សូមទ្រង់រលឹកនូវគំនរនៃឆ្អឹងទាំងឡាយ ក្នុងកប្បមួយ ៗ ដែលស្មើនឹងភ្នំវេបុល្លៈ។ ដុំដីប៉ុនគ្រាប់ក្របៅ ដែលបុគ្គលលញ់ដីអស់ទាំងជម្ពូទ្វីប ក៏មិនល្មម គឺតិចជាងមាតាបិតាទាំងឡាយរបស់សត្វ កាលអន្ទោលទៅក្នុងសង្សារ ដែលគេមិនអាចដឹងទីបំផុតបាន។ សូមទ្រង់រលឹកនូវស្មៅ កំណាត់ឈើ មែកឈើ និងស្លឹកឈើ ដែលគេនាំមកប្រៀបធៀប ខ្នាច់ទាំងឡាយ (របស់ស្មៅជាដើមនោះ) ប្រមាណបួនធ្នាប់ ៗ ក៏មិនល្មមស្មើនឹងបិតា និងជីតាទាំងឡាយ ព្រោះសង្សារ មានទីបំផុតគេមិនអាចដឹងបាន។ សូមទ្រង់នឹកមើលនូវអណ្ដើកខ្វាក់ និងប្រហោងនឹម (ដែលខ្យល់បក់បង្វិល) ទៅក្នុងសមុទ្រ អំពីត្រើយខាងកើត ទៅត្រើយដទៃទៀត និងក្បាលអណ្ដើកនោះ ដែលចូលទៅ (ក្នុងប្រហោងនឹម) នេះ ជាសេចក្ដីឧបមាក្នុងការបានអត្តភាពជាមនុស្ស។ សូមទ្រង់រលឹកនូវរូប របស់គ្រោងកាយ ជាទោស ឥតខ្លឹមសារ មានឧបមាដូចដុំនៃពពុះទឹក សូមទ្រង់ឃើញនូវខន្ធទាំងឡាយ ថាជាសភាវៈមិនទៀងទាត់ សូមទ្រង់រលឹកនូវនរកទាំងឡាយ ដែលមានសេចក្ដីទុក្ខ ក្ដួលក្ដៅជាច្រើន។ សូមទ្រង់រលឹកនូវសត្វទាំងឡាយ ដែលញ៉ាំងទីស្មសានឲ្យចំរើនរឿយ ៗ ក្នុងជាតិទាំងឡាយនោះ ៗ សូមរលឹកនូវភ័យក្នុងការចិញ្ចឹមពោះផង សូមរលឹកនូវអរិយសច្ចទាំង ៤ ផង។  
- 
-កាលបើអមតធម៌មាន ប្រយោជន៍អ្វី ដោយហេតុក្ដៅផ្សា [ហេតុដ៏ក្តៅផ្សា របស់កាមគុណ មាន៥យ៉ាង បដ្ឋនា ការប្រាថ្នា ១ បរិយេសនា ការស្វែងរក ១ បរិគ្គហោ ការហួងហែងទុក ១ អារក្ខា ការរក្សាទួទៅមិនដាច់ ១ បរិភោគោ ការប្រើប្រាស់លៃលក ១។ អដ្ឋកថា។] ៥ យ៉ាង ដែលទ្រង់សោយហើយ ដ្បិតតម្រេកក្នុងកាមទាំងអស់ ក្ដៅផ្សាក្រៃពេក ព្រោះហេតុក្ដៅផ្សា ៥ យ៉ាង។  
- 
-កាលបើអមតធម៌ មាន ទ្រង់មានប្រយោជន៍អ្វី ដោយកាមទាំងឡាយ ដែលជារបស់ក្ដៅក្រហាយ ដ្បិតតម្រេកក្នុងកាមទាំងអស់ (ត្រូវភ្លើង ១១ កង) ឆេះពុះឡើង ញាប់ញ័រក្ដៅសព្វ។ កាលបើធម៌ដែលឥតសត្រូវ (នេក្ខម្មៈ) មាន ទ្រង់មានប្រយោជន៍អ្វី ដោយកាមទាំងឡាយ ដែលមានសត្រូវច្រើន កាមទាំងឡាយ ជាសាធារណៈ មានសត្រូវច្រើន គឺសត្រូវអំពីស្ដេច ភ្លើង ចោរ ទឹក និងបុគ្គលមិនជាទីស្រឡាញ់។  
- 
-កាលបើព្រះនិព្វានមាន ទ្រង់មានប្រយោជន៍អ្វី ដោយកាមទាំងឡាយ ដែលជាគ្រឿងសម្លាប់ ជាគ្រឿងចង ព្រោះថាកាមទាំងឡាយ តែងមានគ្រឿងសម្លាប់និងគ្រឿងចង ពួកសត្វនេះ តែងទទួលសេចក្ដីទុក្ខទាំងឡាយ ព្រោះតែការប្រាថ្នាកាម។ គប់ស្មៅ ដែលភ្លើងកំពុងឆេះ តែងឆេះនូវបុគ្គលអ្នកកាន់ មិនលែងចេញ ព្រោះថាកាមទាំងឡាយ ប្រៀបដូចជាគប់ភ្លើង តែងឆេះនូវពួកសត្វ ដែលមិនលែងចេញ។ សូមទ្រង់កុំលះបង់នូវសេចក្ដីសុខដ៏ធំទូលាយ ព្រោះហេតុតែសុខក្នុងកាមបន្តិចបន្តួចឡើយ សូមទ្រង់កុំក្ដៅក្រហាយក្នុងកាលជាខាងក្រោយ ដូចជាត្រីលេបនូវសន្ទូច។ សូមទ្រង់កុំច្រាស់ច្រាល់ ព្រោះតែកាមទាំងឡាយ ដូចសុនខ ដែលគេចងភ្ជាប់នឹងបង្គោល ឱ សត្វទាំងឡាយ ជាអ្នកស្រេកឃ្លាន តែងធ្វើតាមសេចក្ដីប្រាថ្នា ដូចជាពួកចណ្ឌាល (ព្រានបណ្ដើរឆ្កែ ដល់នូវសេចក្ដីវិនាស ព្រោះបាន) នូវឆ្កែ។ បើទ្រង់ប្រកបខ្លួនក្នុងកាម នឹងរងទុក្ខ មិនមានប្រមាណផង រងទោមនស្សក្នុងចិត្តដ៏ច្រើនផង សូមទ្រង់លះបង់កាមទាំងឡាយ ជារបស់មិនទៀងចេញ។ កាលបើព្រះនិព្វាន ជាធម្មជាតមិនចេះចាស់ មាន ទ្រង់មានប្រយោជន៍អ្វី ដោយកាមទាំងឡាយជារបស់ចាស់ កំណើតទាំងអស់ ក្នុងភពទាំងពួង (សុទ្ធតែ) ត្រូវមរណៈ និងព្យាធិរឹបជាន់។ ព្រះនិព្វាននេះ មិនចាស់ មិនស្លាប់ ព្រះនិព្វាននេះ ទាំងមិនចាស់មិនស្លាប់ មិនមានសោក មិនមានសត្រូវ មិនចង្អៀត មិនភ្លាំងភ្លាត់ មិនមានភ័យ មិនក្ដៅរោលរាល។ អមតនិព្វាននេះ ព្រះអរិយៈទាំងឡាយ មានព្រះពុទ្ធជាដើមច្រើនរូប បានហើយ មិនតែប៉ុណ្ណោះទេ ព្រះនិព្វាននេះ គេគប្បីបានក្នុងកាលសព្វថ្ងៃនេះ បុគ្គលណា ព្យាយាមដោយឧបាយប្រាជ្ញា (បុគ្គលនោះ រមែងបាននូវព្រះនិព្វាន) តែបុគ្គលដែលមិនមានសេចក្ដីប្រឹងប្រែង មិនអាចបាននូវព្រះនិព្វានឡើយ។ នាងសុមេធា មិនបាននូវសេចក្ដីត្រេកអរក្នុងសង្ខារ ពោលយ៉ាងនេះ នាងសុមេធា កាលពន្យល់ស្ដេចអនិករត្តៈហើយ ក៏បោះសក់ទាំងឡាយចោលលើផែនដី។ ស្ដេចអនិករត្តៈនោះ ក្រោកឡើងផ្គងអញ្ជលី អង្វរបិតារបស់នាងសុមេធានោះថា សូមព្រះអង្គអនុញ្ញាតបើករាជបុត្រី ឈ្មោះនាងសុមេធា ឲ្យបួសចុះ ដើម្បីឲ្យនាងឃើញនូវព្រះនិព្វាន ដែលជាគុណជាតទៀងទាត់។  
- 
-នាងសុមេធានោះ ដែលជាស្រ្តីតក់ស្លុតចំពោះសោក និងភ័យ លុះមាតាបិតាបើកឲ្យ ក៏បួស ហើយសិក្សានូវអគ្គផល បានធ្វើឲ្យជាក់ច្បាស់នូវអភិញ្ញា ៦។ ព្រះនិព្វាននោះ ជាគុណជាតអស្ចារ្យ ចំឡែក បានកើតមានដល់រាជកញ្ញា លុះក្នុងកាលជាទីបំផុត (ទៀបនឹងបរិនិព្វាន) នាងបានសំដែងនូវបុព្វេនិវាសចរិតថា។ កាលព្រះមានព្រះភាគ ទ្រង់ព្រះនាមកោនាគមនៈ (ត្រាស់ឡើងក្នុងលោក) យើងជាសំឡាញ់នឹងគ្នាទាំងបីនាក់ (គឺនាងធនញ្ជានី ១ នាងខេមា ១ ខ្ញុំ ១) បានថ្វាយវិហារទាន ក្នុងអារាមនៃសង្ឃ ជានិវេសន៍ដ៏ថ្មី។ (ដោយអានិសង្សនៃវិហារទាននេះ) យើងទាំងឡាយ បានទៅកើតក្នុងពួកទេវតា ១០ ដង ១០០ ដង ១០០០ ដង ១០.០០០ ដង នឹងបាច់និយាយទៅថ្វី ក្នុងពួកមនុស្ស។ យើងជាអ្នកមានឫទ្ធិច្រើន ក្នុងពួកទេវតា នឹងបាច់និយាយទៅថ្វីក្នុងពួកមនុស្ស ខ្ញុំបានកើតជាស្ត្រីកែវ ជាអគ្គមហេសីនៃស្ដេចដែលមានរតនៈ ទាំង ៧ ប្រការ។ អានិសង្សនៃវិហារទាននោះ ជាហេតុ អានិសង្សនោះ ជាប្រភព (ដែលកើត) អំណោយទាននោះ ជាឫសគល់ដ៏ពេញចិត្តក្នុងសាសនា អំណោយទាននោះ ជាការជួបជុំមុនដំបូង អំណោយទាននោះ ជាហេតុឲ្យរលត់កិលេស (ព្រះនិព្វាន) របស់ខ្ញុំ ដែលជាអ្នកត្រេកអរក្នុងធម៌។ ពួកជនណា ជឿនូវព្រះពុទ្ធដីការបស់ព្រះសម្មាសម្ពុទ្ធ ព្រះអង្គមានប្រាជ្ញាមិនថោកថយ ពួកជននោះ រមែងពោលយ៉ាងនេះថា ពួកជននឿយណាយក្នុងភព គឺសង្សារវដ្ដ លុះនឿយណាយហើយ ប្រាសចាកតម្រេក។  
- 
-សុមេធាថេរី។ 
- 
-ចប់ មហានិបាត។ 
- 
-ថេរីគាថានេះ មានគាថា ៤៨០ និង ១៤ គាថាទៀត ថេរីទាំងអស់នោះ ៧១ អង្គ ជាភិក្ខុនីអស់អាសវៈ។ 
- 
-ចប់ ថេរីគាថា។ 
- 
-មាតិកា 
- 
-សុត្តន្តបិដក 
- 
-ខុទ្ទកនិកាយ ថេរគាថា 
- 
-ឆដ្ឋភាគ 
- 
-ថេរគាថា 
- 
-សត្តកនិបាត 
- 
-គាថាព្រះសុន្ទរសមុទ្ទត្ថេរ ១ 
- 
- គាថាព្រះលកុណ្តកត្ថេរ ១ 
- 
- គាថាព្រះភទ្ទត្ថេរ ២ 
- 
- គាថាព្រះសោបាកត្ថេរ ៣ 
- 
- គាថា ព្រះសរភង្គត្ថេរ ៥ 
- 
-អដ្ឋកនិបាត 
- 
-គាថា ព្រះមហាកច្ចាយនត្ថេរ ៧ 
- 
- គាថា ព្រះសិរីមិត្តត្ថេរ ៨ 
- 
- គាថា ព្រះមហាបន្ថកត្ថេរ ៩ 
- 
-នវកនិបាត 
- 
-គាថា ព្រះភូតត្ថេរ ១១ 
- 
-ទសកនិបាត 
- 
-គាថា ព្រះកាឡុទាយិត្ថេរ ១៤ 
- 
- គាថា ព្រះឯកវិហារិយត្ថេរ ១៦ 
- 
- គាថា ព្រះមហាកប្បិនត្ថេរ ១៧ 
- 
- គាថា ព្រះចូឡបន្ថកត្ថេរ ១៩ 
- 
- គាថា ព្រះកប្បត្ថេរ ២១ 
- 
- គាថា ព្រះឧបសេនវង្គន្តបុត្តត្ថេរ ២២ 
- 
- គាថា ព្រះគោតមត្ថេរ ២៣ 
- 
-ឯកាទសកនិបាត 
- 
-គាថា ព្រះសង្កិច្ចត្ថេរ ២៦ 
- 
-ទ្វាទសកនិបាត 
- 
-គាថា ព្រះសីលវត្ថេរ ២៨ 
- 
- គាថា ព្រះសុនីតត្ថេរ ២៩ 
- 
-តេរសកនិបាត 
- 
-គាថា ព្រះសោណកោឡិវិសត្ថេរ ៣២ 
- 
-ចុទ្ទសកនិបាត 
- 
-គាថា ព្រះរេវតត្ថេរ ៣៥ 
- 
- គាថា ព្រះគោទត្តត្ថេរ ៣៦ 
- 
-សោឡសកនិបាត 
- 
-សោឡសកនិបាត គាថា ព្រះអញ្ញាកោណ្ឌញ្ញត្ថេរ ៤០ 
- 
-គាថា ព្រះឧទាយិត្ថេរ ៤២ 
- 
-វីសតិនិបាត 
- 
-គាថា ព្រះអធិមុត្តត្ថេរ ៤៥ 
- 
- គាថា ព្រះបារាសរិយត្ថេរ ៤៨ 
- 
- គាថា ព្រះតេលុកានិត្ថេរ ៥១ 
- 
- គាថា ព្រះរដ្ឋបាលត្ថេរ ៥៥ 
- 
- គាថា ព្រះមាលុង្ក្យបុត្តត្ថេរ ៦០ 
- 
- គាថា ព្រះសេលត្ថេរ ៦៤ 
- 
- គាថា ព្រះភទ្ទិយកាលិគោធាបុត្តត្ថេរ ៦៨ 
- 
- គាថា ព្រះអង្គុលិមាលត្ថេរ ៧០ 
- 
- គាថា ព្រះអនុរុទ្ធត្ថេរ ៧៥ 
- 
- គាថា ព្រះបារាសរិយត្ថេរ ៧៨ 
- 
-តឹសនិបាត 
- 
-គាថា ព្រះបុស្សត្ថេរ ៨៤ 
- 
- គាថា ព្រះសារីបុត្តត្ថេរ ៨៨ 
- 
- គាថា ព្រះអានន្ទត្ថេរ ៩៣ 
- 
-ចត្តាឡីសនិបាត 
- 
-គាថា ព្រះមហាកស្សបត្ថេរ ៩៩ 
- 
-បញ្ញាសនិបាត 
- 
-គាថា ព្រះតាលបុដត្ថេរ ១០៦ 
- 
-សដ្ឋិកនិបាត 
- 
-គាថា ព្រះមហាមោគ្គល្លានត្ថេរ ១២០ 
- 
-មហានិបាត 
- 
-គាថា ព្រះវង្គីសត្ថេរ ១៣០ 
- 
-សុត្តន្តបិដក 
- 
-ខុទ្ទកនិកាយ ថេរីគាថា 
- 
-ថេរីគាថា 
- 
-ឯកនិបាត 
- 
-គាថា អញ្ញតរាថេរី ១៤៤ 
- 
- គាថា មុត្តាថេរី ១៤៤ 
- 
- គាថា បុណ្ណាថេរី ១៤៥ 
- 
- គាថា តិស្សាថេរី ១៤៥ 
- 
- គាថា អញ្ញតរា តិស្សាថេរី ១៤៥ 
- 
- គាថា ធីរាថេរី ១៤៥ 
- 
- គាថា អញ្ញតរា ធីរាថេរី ១៤៥ 
- 
- (គាថា តិស្សាថេរី ១៤៦ ឃ្លាលើស) 
- 
- គាថា មិត្តាថេរី ១៤៦ 
- 
- គាថា ភទ្រាថេរី ១៤៦ 
- 
- គាថា ឧបសមាថេរី ១៤៦ 
- 
- គាថា មុត្តាថេរី ១៤៦ 
- 
-គាថា ធម្មទិន្នាថេរី ១៤៧ 
- 
- គាថា វិសាខាថេរី ១៤៧ 
- 
- គាថា សុមនាថេរី ១៤៧ 
- 
- គាថា ឧត្តរាថេរី ១៤៧ 
- 
- គាថា សុមនា វុឌ្ឍបព្វជិតាថេរី ១៤៨ 
- 
- គាថា ធម្មាថេរី ១៤៨ 
- 
- គាថា សង្ឃាថេរី ១៤៨ 
- 
-ទុកនិបាត 
- 
-ទុកនិបាត គាថា នន្ទាថេរី ១៤៩ 
- 
- គាថា ជន្តាថេរី ១៤៩ 
- 
- គាថា អញ្ញតរាថេរី ភិក្ខុនី មិនប្រាកដនាមគោត្រ ១៥០ 
- 
- គាថា អឌ្ឍកាសីថេរី ១៥០ 
- 
- គាថា ចិត្តាថេរី ១៥០ 
- 
- គាថា មេត្តិកាថេរី ១៥០ 
- 
- គាថា មិត្តាថេរី ១៥១ 
- 
- គាថា អភយមាតុថេរី ១៥១ 
- 
-(ទុកនិបាត មានខាងលើរួចហើយ) 
- 
-(ទុកនិបាត មានរួចហើយ) គាថា អភយាថេរី ១៥១ 
- 
- គាថា សាមាថេរី ១៥២ 
- 
-តិកនិបាត 
- 
-តិកនិបាត គាថា អញ្ញតរា សាមាថេរី ១៥៣ 
- 
- គាថា ឧត្តមាថេរី ១៥៣ 
- 
- គាថា អញ្ញតរាថេរី ១៥៤ 
- 
- គាថា ទន្តិកាថេរី ១៥៤ 
- 
- គាថា <span trans_edit>ឧព្វិរិត្ថេរី</span> ១៥៥ 
- 
- គាថា សុក្កាថេរី ១៥៥ 
- 
- គាថា សេលាថេរី ១៥៦ 
- 
- គាថា សោមាថេរី ១៥៦ 
- 
-ចតុក្កនិបាត 
- 
-ចតុក្កនិបាត គាថា ភទ្ទកាបិលានីថេរី ១៥៨ 
- 
-បញ្ចកនិបាត 
- 
-គាថា អញ្ញតរាភិក្ខុនី មិនប្រាកដនាមគោត្រ ១៥៩ 
- 
- គាថា វិមលាបុរាណគណិកាថេរី ១៥៩ 
- 
- គាថា សីហាថេរី ១៦០ 
- 
- គាថា នន្ទាថេរី ១៦១ 
- 
- គាថា នន្ទុត្តរាថេរី ១៦២ 
- 
- គាថា មិត្តកាលីថេរី ១៦២ 
- 
- គាថា សកុលាថេរី ១៦៣ 
- 
- គាថា សោណាថេរី ១៦៤ 
- 
- គាថា ភទ្ទាកុណ្ឌលាថេរី ១៦៥ 
- 
- គាថា បដាចារាថេរី ១៦៥ 
- 
- គាថា នាងភិក្ខុនីថេរី ៣០ រូប ១៦៦ 
- 
- គាថា ចន្ទាថេរី ១៦៧ 
- 
-ឆក្កនិបាត 
- 
-គាថា បដាចារាថេរី ៥០០ ១៦៩ 
- 
- គាថា វាសិដ្ឋីថេរី ១៧០ 
- 
- គាថា ខេមាថេរី ១៧១ 
- 
- គាថា សុជាតាថេរី ១៧២ 
- 
- គាថា អនោបមាថេរី ១៧៣ 
- 
- គាថា មហាបជាបតីគោតមីថេរី ១៧៤ 
- 
- គាថា គុត្តាថេរី ១៧៥ 
- 
- គាថា វិជយាថេរី ១៧៦ 
- 
-សត្តកនិបាត 
- 
-គាថា ឧត្តរាថេរី ១៧៧ 
- 
- គាថា ចាលាថេរី ១៧៨ 
- 
- គាថា ឧបចាលាថេរី ១៧៩ 
- 
-អដ្ឋកនិបាត 
- 
-គាថា សីសូបចាលាថេរី ១៨១ 
- 
-នវកនិបាត 
- 
-គាថា វឌ្ឍមាតុត្ថេរី ១៨៣ 
- 
-ឯកាទសកនិបាត 
- 
-គាថា កីសាគោតមីថេរី ១៨៥ 
- 
-ទ្វាទសកនិបាត 
- 
-គាថា ឧប្បលវណ្ណាថេរី ១៨៧ 
- 
-សោឡសកនិបាត 
- 
-គាថា បុណ្ណិកាថេរី ១៨៩ 
- 
-វីសតិនិបាត 
- 
-គាថា អម្ពបាលីថេរី ១៩១ 
- 
- គាថា រោហិណីថេរី ១៩៥ 
- 
- គាថា ចាបាថេរី ១៩៩ 
- 
- គាថា សុន្ទរីថេរី ២០២ 
- 
- គាថា សុភាកម្មារធីតាត្ថេរី ២០៦ 
- 
-តឹសនិបាត 
- 
-គាថា សុភាជីវកម្ពវនិកាថេរី ២១១ 
- 
-ចត្តាឡីសនិបាត 
- 
-គាថា ឥសិទាសីថេរី ២១៨ 
- 
-មហានិបាត 
- 
-គាថា សុមេធាថេរី ២២៦ 
- 
----- 
-<div centeralign>[[book_056|{{en:img:left.png }}]] [[book_056|ភាគ ទី ០៥៦]] | **[[book_index|មាតិកា]]** | [[book_058|ភាគ ទី ០៥៨]] [[book_058|{{ en:img:right.png}}]]</div> 
  
km/tipitaka/book_057.txt · ពេលកែចុងក្រោយ: 2023/03/18 05:56 និពន្ឋដោយ Johann