User Tools

Site Tools


Translations of this page?:
km:tipitaka:book_058

មាតិកា

-Namo tassa bhagavato arahato sammā-
ព្រះត្រៃបិដកភាសាខ្មែរ - Tipiṭaka Khmer language
ភាគ ៥៨ - Book 58

Ven. Members of the Sangha, Ven. Theras Valued Upasaka, valued Upasika This is a Work Edition! 1.Edition 20181201 Do not share it further except for editing and working purposes within the transcription project on sangham.net. Only for personal use. If you find any mistake or like to join the merits please feel invited to join here: sangham.net or Upasika Norum on sangham.net Anumodana!

សូម​ថ្វាយបង្គំ​ចំពោះ​ព្រះសង្ឃ, ជំរាបសួរ​ឧបាសក និង​ឧបាសិកា​ទាំង​អស់ នេះ​គឺ​ជា​សេចក្តី​ព្រាងច្បាប់​ការ​បោះ​ពុម្ព​ផ្សាយ! 1.Edition 20181201 សូម​កុំ​ចែក​រំលែក​បន្ថែម​ទៀត ប្រសិន​បើ​មិន​មែន​សម្រាប់​ការ​កែសម្រួល​នៅ sangham.net និង​កិច្ច​ការ​នេះ។ សូម​គិត​ថា​លោក​អ្នក​ត្រូវ​បាន​អញ្ជើញ​ដើម្បី​ចូល​រួម​បុណ្យកុសល​នេះ និង​​សូមប្រាប់​ពួក​យើង​អំពី​កំហុស និង​ប្រើវេទិកា​នេះ: sangham.net ឬ​ប្រាប់​ឧបាសិកា Norum នៅ​លើ sangham.net សូម​អនុមោទនា!

A topic about progress and feedback can be found here: ព្រះត្រៃបិដក ភាគ ០៥៨ - Tipitaka Book 058, for change log on ati.eu see here: រាយការណ៍ ភាគ ០៥៨



book_058.jpg

គំរូ ឯកសារ ផ្សេងទៀត ៖
book_058.pdf

លេខសម្គាល់
លេខទំព៍រ

ព្រះត្រៃបិដក ភាគ ទី ៥៨

ទ. ១

សុត្តន្តបិដក

ខុទ្ទកនិកាយគ

​ជាតក

ឯកនិបាតជាតក | ទុកនិបាតជាតក | តិកនិបាតជាតក | ចតុក្កនិបាតជាតក

ភាគទី ៥៨

នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស។

ខ្ញុំ​សូម​នមស្ការ ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ ជា​អរហន្ត​សម្មាសម្ពុទ្ធ ព្រះ​អង្គ​នោះ​។

ឯកនិបាតជាតក

(បឋមោ ភាគោ) ១. ឯកកនិបាតោ

អបណ្ណកវគ្គ ទី១

(១. អបណ្ណកវគ្គោ)

អបណ្ណកជាតក ទី១

(១. អបណ្ណកជាតកំ)

[១] (ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា) បុគ្គលពួកខ្លះជាបណ្ឌិត រមែង​ប្រកាន់ហេតុ​ដែល​មិនខុស បុគ្គលពួកខ្លះ​ ត្រិះរិះយកឯង រមែងប្រកាន់​ហេតុទី ២ ​(ហេតុខុស) មេធាវី​បុគ្គល បានដឹង​នូវហេតុ​ដែលខុស ​និងហេតុ​ដែលមិន​ខុសនេះ​ហើយ គប្បី​កាន់យក​នូវហេតុ​ដែលមិន​ខុសនោះ។

ចប់ អបណ្ណកជាតក ទី១។

វណ្ណុបថជាតក ទី២

(២. វណ្ណុបថជាតកំ)

[២] (ព្រះសម្ពុទ្ធត្រាស់ថា) ពួកជនមិនខ្ជិលច្រអូស កាលជីក (ផែនដី) ត្រង់ផ្លូវខ្សាច់ ឬក្នុង​ទីទួល បាននូវទឹកត្រង់​ផ្លូវនោះ (យ៉ាងណា) អ្នកប្រាជ្ញ បរិបូណ៌​ដោយព្យាយាម និង​កំឡាំង​កាយ មិនខ្ជិល​ច្រអូស ក៏បាននូវ​សេចក្តី​ស្ងប់រម្ងាប់​នៃហឫទ័យ​យ៉ាងនោះដែរ។

ចប់ វណ្ណុបថជាតក ទី២។

សេរិវវាណិជជាតក ទី៣

(៣. សេរិវវាណិជជាតកំ)

[៣] (ព្រះសម្ពុទ្ធត្រាស់ថា) បើអ្នកធ្វើ​នូវ​សោតាបត្តិមគ្គ ជាគ្រឿង​កំណត់​នូវ​ព្រះសទ្ធម្ម​នោះ ឲ្យឃ្លាត​ចាកសាសនា​នេះហើយ អ្នករមែង​ក្តៅក្រហាយ​រឿយ ៗ អស់​កាលយូរ ដូចជា​ពាណិជ​ឈ្មោះសេរិវៈ​នេះ។

ចប់ សេរិវវាណិជជាតក ទី៣។

ចុល្លកសេដ្ឋិជាតក ទី៤

(៤. ចូឡសេដ្ឋិជាតកំ)

[៤] (ព្រះសាស្ដា ត្រាស់ថា)​ អ្នកបា្រជ្ញ ឈ្លាសវៃ រមែងតាំងខ្លួនបាន​ដោយទ្រព្យ​ជាដើមទុន សូម្បីមាន​ប្រមាណ​តិច ដូច​បុគ្គលបង្កាត់​ភ្លើងដ៏តូច។

ចប់ ចុល្លកសេដ្ឋិជាតក ទី៤។

តណ្ឌុលនាឡិជាតក ទី៥

(៥. តណ្ឌុលនាឡិជាតកំ)

[៥] (អាមាត្យពោធិសត្វ សួរថា)​ អង្ករមួយនាឡិ ថ្លៃ (ស្មើនឹង) ក្រុងពារាណសី ទាំង​ខាងក្នុង ទាំងខាង​ក្រៅ ឬសេះ ៥០០ នេះ ថ្លៃត្រឹម​តែអង្ករ ១ នាឡិទេ​ឬ។

ចប់ តណ្ឌុលនាឡិជាតក ទី៥។

ទេវធម្មជាតក ទី៦

(៦. ទេវធម្មជាតកំ)

[៦] (ព្រះមហិស្សាសរាជ​កុមារពោធិសត្វ ពោលថា) ពួកសប្បុរស អ្នកមាន​ចិត្តស្ងប់​រម្ងាប់ បរិបូណ៌​ដោយហិរិ និង​ឱត្តប្បៈ តាំងមាំ​ហើយក្នុង​ធម៌ស លោក​ពោលថា​មាន​ទេវធម៌​ក្នុងលោក។

ចប់ ទេវធម្មជាតក ទី៦។

កដ្ឋហារិជាតក ទី៧

(៧. កដ្ឋហារិជាតកំ)

[៧] (ព្រះរាជកុមារពោធិសត្វ ពោលថា) បពិត្រមហារាជ ខ្ញុំជា​បុត្ររបស់​ព្រះអង្គ បពិត្រ​ព្រះអង្គ​ជាធំជាង​ពួកជន សូម​ព្រះអង្គ​ចិញ្ចឹមខ្ញុំ​ផង ព្រះសម្មតិទេព​ទ្រង់​ចិញ្ចឹម​ពួកជន​ដទៃបាន ម្តេច​ព្រះសម្មតិទេព​ក៏មិនចិញ្ចឹម​សត្វដែលជា​បុត្ររបស់​ព្រះអង្គ​ផង។

ចប់ កដ្ឋហារិជាតក ទី៧។

គាមណិជាតក ទី៨

(៨. គាមណិជាតកំ)

[៨] (គាមណិកុមារ ពោលថា) ការបា្រថ្នានូវផល តែងសមេ្រចព្រម ដល់ពួកជន​អ្នកមិន​រួសរាន់ អញជា​អ្នកមាន​ព្រហ្មចារ្យ​ចាស់ក្លាហើយ ម្នាលគាមណិ អ្នកចូរ​ដឹងយ៉ាង​នេះចុះ។

ចប់ គាមណិជាតក ទី៨។

មឃទេវជាតក ទី៩

(៩. មឃទេវជាតកំ)

[៩] (ព្រះរាជាពោធិសត្វ ទ្រង់ត្រាស់ថា) សក់ទាំងឡាយ​នេះ នាំទៅនូវ​វ័យ (ស្កូវ) កើតដល់​អញហើយ ទេវទូត កើតបា្រកដ​ហើយ (នេះ) ជាសម័យ​នៃផ្នួស​របស់អញ។

ចប់ មឃទេវជាតក ទី៩។

សុខវិហារិជាតក ទី១០

(១០. សុខវិហារិជាតកំ)

[១០] (ឥសីពោធិសត្វ ពោលថា) ពួកជនដទៃ មិនរក្សា​ជនណា ម្យ៉ាងទៀត ជន​ណា​មិនរក្សា​ពួកជនដទៃ បពិត្រ​ព្រះរាជា ជននោះឯង មិនមាន​សេចក្តី​អាឡោះអាល័យ​ក្នុងកាម​ទាំងឡាយ​ទេ រមែងដេក​ជាសុខ។

ចប់ សុខវិហារិជាតក ទី១០។

ចប់ អបណ្ណកវគ្គ ទី១។

ឧទ្ទាននៃអបណ្ណកវគ្គនោះគឺ

និយាយអំពីបុគ្គលខ្លះប្រកាន់ហេតុមិនខុសដ៏ប្រសើរ ក្នុង​អបណ្ណកជាតក ១ វណ្ណុបថជាតក ១ សេរិវវាណិជជាតក ១ បុគ្គលមាន​បា្រជ្ញា​ជាគ្រឿង​ពិចារណា ក្នុង​ចុល្លកសេដ្ឋិជាតក ១ តណ្ឌុលនាឡិជាតក ១ បុគ្គល​មានហិរិ ក្នុងទេវធម្មជាតក ១ ព្រះរាជបុត្ត ក្នុង​កដ្ឋហារិជាតក ១ គាមណិជាតក ១ មឃទេវជាតក ១ ជនណា​មិនរក្សា​ជនដទៃ ក្នុងសុខវិហារិជាតក ១ ត្រូវជា ១០ ជាតក។

សីលវគ្គ ទី២

(២. សីលវគ្គោ)

លក្ខណជាតក ទី១

(១១. លក្ខណមិគជាតកំ)

[១១] (ម្រឹគពោធិសត្វ ពោលថា) សេចក្តី​ចំរើន តែងមាន​ដល់ពួកជន​អ្នកមានសីល អ្នក​ប្រព្រឹត្ត​បដិសន្ថារៈ នាងចូរមើល​ម្រឹគឈ្មោះ​លក្ខណៈ កំពុងដើរ​មក ដែលពួក​ញាតិ​ហែហម​ហើយ នាងឃើញ​ម្រឹគឈ្មោះ​កាឡៈនេះ ដែលសាបសូន្យ​ចាកពួកញាតិ (កំពុង​ដើរមក) ឬទេ។

ចប់ លក្ខណជាតក ទី១។

និគ្រោធមិគជាតក ទី២

(១២. និគ្រោធមិគជាតកំ)

[១២] (មេម្រឹគ ពោលថា) បុគ្គលគប្បីសេព​នូវម្រឹគឈ្មោះ​និគ្រោធៈ​តែម្យ៉ាង កុំគប្បី​សេពនូវ​ម្រឹគ​ឈ្មោះសាខៈ​ឡើយ ការស្លាប់​ក្នុង​សំណាក់នៃ​ម្រឹគឈ្មោះ​និគ្រោធៈ ជាការ​ប្រសើរ ការរស់​នៅក្នុង​សំណាក់នៃ​ម្រឹគ​ឈ្មោះសាខៈ ពុំប្រសើរ​ឡើយ។

ចប់ និគ្រោធមិគជាតក ទី២។

កណ្ឌិនជាតក ទី៣

(១៣. កណ្ឌិជាតកំ)

[១៣] (រុក្ខទេវតាពោធិសត្វ ពោលថា) ចូរតិះដៀល​នូវបុរស​អ្នកមាន​សរមុត​ចូល​ទៅ ដែលមាន​របួសយ៉ាង​ខ្លាំង ស្រីជា​បរិណាយិកា (អ្នកត្រួតត្រា) នៅក្នុង​ជនបទ​ណា ចូរតិះដៀល​នូវជនបទ​នោះ ម្យ៉ាងទៀត សត្វទាំងឡាយ​ណា លុះអំណាច​ពួកស្រី សត្វ​ទាំងឡាយ​នោះ ក៏បណ្ឌិត​តិះដៀល​ហើយ។

ចប់ កណ្ឌិនជាតក ទី៣។

វាតមិគជាតក ទី៤

(១៤. វាតមិគជាតកំ)

[១៤] (ព្រះរាជាទ្រង់មានព្រះឱង្ការ​ថា ឆន្ទរាគ) ដោយ​អាវាសៈ​ទាំងឡាយ ឬ​ដោយការ​សិ្នទ្ធស្នាល​ទាំងឡាយ ជាសភាវៈ​លាមក​ជាង​ឆន្ទរាគ ដោយរស​ទាំងឡាយ​មិនមាន​ទេ ឧយ្យានបាល​ឈ្មោះ សញ្ជ័យ បាននាំសត្វ​ឈ្លូសដែលអាស្រ័យ​នូវព្រៃស្បាត មកកាន់​អំណាច (របស់ខ្លួន) បាន ព្រោះតែ​រសទាំងឡាយ។

ចប់ វាតមិគជាតក ទី៤។

ខរាទិយជាតក ទី៥

(១៥. ខរាទិយជាតកំ)

[១៥] (ម្រឹគពោធិសត្វ ពោលថា) ម្នាលនាង​ខរាទិយា យើង​មិនអាច​ទូន្មានម្រឹគ មាន​ក្រចក ៨ មានស្នែង​វៀចគល់ និង​ស្រួចចុង​ដ៏ក្រៃលែង ជាសត្វ​កន្លងនូវ​កាលនៃ​ដម្បូន្មាន ៧ នោះបាន​ឡើយ។

ចប់ ខរាទិយជាតក ទី៥។

តិបល្លត្ថមិគជាតក ទី៦

(១៦. តិបល្លត្ថមិគជាតកំ)

[១៦] (ម្រឹគពោធិសត្វ ពោលថា) អញបានញុំាងម្រឹគ មាន​ដំណេក ៣ មានក្រចក ៨ ជាសត្វផឹកទឹក​ក្នុងពេល​អធ្រាត្រ ឲ្យរៀន​មាយា​ច្រើនហើយ ម្រឹគជា​ក្មួយ​បានដក​ដង្ហើម​ខ្ទប់នឹង​ផែនដី ដោយ​រន្ធច្រមុះម្ខាង បញ្ឆោត (ព្រានព្រៃ) ដោយ​កល់ ៦ យ៉ាង។

ចប់ តិបល្លត្ថមិគជាតក ទី៦។

មាលុតជាតក ទី៧

(១៧. មាលុតជាតកំ)

[១៧] (ឥសីពោធិសត្វ ពោលថា) កាលណា​ខ្យល់បក់ ទោះខាង​រនោចក្តី ខាង​ខ្នើតក្តី កាលនោះ ត្រជាក់​ទាំងឡាយ ក៏កើតអំពី​ខ្យល់ អ្នកទាំងពីរ មិនចាលចាញ់ ក្នុង​ប្រស្នានេះ​ឡើយ។

ចប់ មាលុតជាតក ទី៧។

មតកភត្តជាតក ទី៨

(១៨. មតកភត្តជាតកំ)

[១៨] (រុក្ខទេវតាពោធិសត្វ ពោលថា) បើពួកសត្វគប្បី​ដឹងយ៉ាងនេះ​ថា ការកើតនៃ​ជាតិនេះ រមែងនាំ​មកនូវ​ទុក្ខ សត្វមិន​ត្រូវសម្លាប់សត្វ ព្រោះថា បុគ្គលអ្នកសម្លាប់​សត្វ រមែង​សោយសោក។

ចប់ មតកភត្តជាតក ទី៨។

អាយាចិតភត្តជាតក ទី៩

(១៩. អាយាចិតភត្តជាតកំ)

[១៩] (រុក្ខទេវតា ពោលថា) បើអ្នកចង់រួច ត្រូវរួច​ក្នុងលោក​ខាង​នាយ ព្រោះថា អ្នករួច​ឥឡូវនេះ គង់ជាប់ (ដោយបាបកម្ម) អ្នកបា្រជ្ញ​ទាំងឡាយ មិនធ្លាប់​រួចយ៉ាង​នេះ​ឡើយ ការរួច​របស់​ជនពាល ឈ្មោះថា​ចំណង​វិញទេ។

ចប់ អាយាចិតភត្តជាតក ទី៩។

នឡបានជាតក ទី១០

(២០. នឡបានជាតកំ)

[២០] (ស្វាពោធិសត្វ ពោលថា) យើងឃើញស្នាមជើង​ដែលមិន​ឡើង ឃើញ​តែស្នាមជើង​ដែលចុះ យើងផឹក​ទឹកដោយ​ដើមបបុស អ្នកនឹង​សម្លាប់យើង​មិនបាន​ឡើយ។

ចប់ នឡបានជាតក ទី១០។

ចប់ សីលវគ្គ ទី២។

ឧទ្ទាននៃសីលវគ្គនោះគឺ

និយាយអំពីលក្ខណជាតក ១ ម្រឹគឈ្មោះ​សាខៈ (ក្នុង​និគ្រោធមិគជាតក) ១ ចូរ​តិះដៀល (ក្នុង​កណ្ឌិនជាតក) ១ មិន​លាមក​ជាង​រស​ទាំងឡាយ (ក្នុង​វាតមិគជាតក) ១ ខរាទិយជាតក ១ ម្រឹគ​បញ្ឆោត​ព្រានព្រៃ (ក្នុង​តិបល្លត្ថមិគជាតក) ១ មាលុតជាតក ១ បុគ្គល​មិនត្រូវ​សម្លាប់​សត្វដទៃ (ក្នុង​មតកភត្តជាតក) ១ ការរួច (ក្នុង​អាយាចិតភត្តជាតក) ១ នឡបានជាតក ១ ត្រូវជា ១០។

កុរុង្គវគ្គ ទី៣

(៣. កុរុង្គវគ្គោ)

កុរុង្គមិគជាតក ទី១

(២១. កុរុង្គមិគជាតកំ)

[២១] (ប្រើសពោធិសត្វ ពោលថា) ម្នាល​ដើមចម្បក់ អ្នក​ជម្រុះផ្លែ​មកដោយ​ហេតុ​ណា ហេតុនុ៎ះ អញជាប្រើស​បានដឹង​ហើយ អញ​នឹងទៅកាន់​ដើមចម្បក់​ឯទៀត ផ្លែរបស់​អ្នក អញមិន​ពេញចិត្តទេ។

ចប់ កុរុង្គមិគជាតក ទី១។

កុក្កុរជាតក ទី២

(២២. កុក្កុរជាតកំ)

[២២] (សុនខពោធិសត្វ ពោលថា) ពួកឆ្កែណា​កើតក្នុង​រាជត្រកូល បរិបូណ៌​ដោយ​សម្បុរ និង​កំឡាំង ចំរើនហើយ​ក្នុងរាជ​ត្រកូល ឆ្កែ​ទាំងនោះ គេមិន​សម្លាប់ទេ យើងទាំង​ឡាយ​ត្រូវគេ​សម្លាប់ នេះមិន​ឈ្មោះថា​សម្លាប់ដោយ​ត្រឹមត្រូវ​ឡើយ នេះឈ្មោះថា​សម្លាប់តែ​ឆ្កែ​ដែលមាន​កំឡាំងខ្សោយ។

ចប់ កុក្កុរជាតក ទី២។

ភោជាជានីយជាតក ទី៣

(២៣. គោជានីយជាតកំ)

[២៣] (សេះអាជានេយ្យពោធិសត្វ ពោលថា) សេះភោជាជានីយ សូម្បី​ត្រូវសរ​ទាំងឡាយ​មុតហើយ ដេកផ្អៀង គង់ប្រសើរ​ជាងសេះ​សាម័ញ្ញ នែសារថី អ្នកចូរទឹម​ខ្ញុំដោយ​គ្រឿង​ក្រឹស​ទាំងឡាយ​ចុះ។

ចប់ ភោជាជានីយជាតក ទី៣។

អាជញ្ញជាតក ទី៤

(២៤. អាជញ្ញជាតកំ)

[២៤] (សេះអាជានេយ្យពោធិសត្វ ពោលថា) សេះអាជានេយ្យ ធ្វើ​នូវសន្ទុះ​ក្នុងទីណា ក្នុងកាល​ណាម្តង‌ ៗ ឬក្នុង​ខណៈណា ក្នុង​មណ្ឌល​ចំបាំងណា ក្នុងកាល​ណាម្តង ៗ សេះ​សាម័ញ្ញទាំងឡាយ តែងសាប​សូន្យ ក្នុងកាល​នោះ ក្នុងទីនោះ។

ចប់ អាជញ្ញជាតក ទី៤។

តិត្ថជាតក ទី៥

(២៥. តិត្ថជាតកំ)

[២៥] (អាមាត្យពោធិសត្វ ពោលថា) ម្នាលសារថី អ្នកចូរ​ញុំាងសេះ​ឲ្យផឹក (ទឹក) តាមកំពង់​ទឹកទាំង​ឡាយដទៃ ៗ ចុះ ឯសេះ​ឆ្អែត​ដោយ​បាយាស ដោយការស៊ី​ជ្រុលហើយ (រមែង​មិនត្រូវ​ការបរិភោគ​ទៀតទេ)។

ចប់ តិត្ថជាតក ទី៥។

មហិឡាមុខជាតក ទី៦

(២៦. មហិឡាមុខជាតកំ)

[២៦] (អាមាត្យពោធិសត្វ ពោលថា) ដំរីដ៏ឧត្តម​ឈ្មោះ​មហិឡាមុខៈ បាន​ស្តាប់​ពាក្យរបស់​ចោរទាំងឡាយ​មុនហើយ ក៏ប្រព្រឹត្ត​តាម បានបោកសម្លាប់ (ហ្មដំរី) លុះបាន​ស្តាប់ពាក្យ​ពួកលោក​អ្នកមាន​ខ្លួន​សង្រួមល្អហើយ ក៏បានតាំង​នៅក្នុងគុណ​គ្រប់យ៉ាង។

ចប់ មហិឡាមុខជាតក ទី៦។

អភិណ្ហជាតក ទី៧

(២៧. អភិណ្ហជាតកំ)

[២៧] (អាមាត្យពោធិសត្វ ពោលថា) (ដំរី) មិនអាច​កាន់យកនូវ​ពំនូតបាយ មិនអាច​កាន់យកនូវ​ដុំបាយ មិន​អាចកាន់​យកនូវ​ស្មៅ​ទាំងឡាយ មិនអាច​ត្រដុស (សរីរៈ) ទេ ខ្ញុំសំគាល់​ថា​ដំរី​បានធ្វើ​សេចក្តី​ស្រឡាញ់​ស្មោះចំពោះឆ្កែ ព្រោះការ​ឃើញរឿយ ៗ។

ចប់ អភិណ្ហជាតក ទី៧។

នន្ទិវិសាលជាតក ទី៨

(២៨. នន្ទិវិសាលជាតកំ)

[២៨] (ព្រះសាស្តា ទ្រង់ត្រាស់ថា) បុគ្គលគប្បីនិយាយ​ពាក្យជាទី​គាប់ចិត្ត​តែម្យ៉ាង មិន​គប្បី​និយាយ​ពាក្យមិន​ជាទីគាប់​ចិត្តក្នុង​កាលណា​ឡើយ កាល​ព្រាហ្មណ៍​និយាយ​ពាក្យ​ជា​ទីគាប់​ចិត្ត (គោនន្ទិវិសាល) បាន​ទាញភារៈ​ដ៏ធ្ងន់រួច ញុំាង​ព្រាហ្មណ៍នោះ​ឲ្យបាន​ទ្រព្យ​ផង ជាសត្វ​មានចិត្ត​រីករាយ​ដោយការ​ញុំាងព្រាហ្មណ៍​នោះឲ្យបាន​ទ្រព្យនោះ​ផង។

ចប់ នន្ទិវិសាលជាតក ទី៨។

កណ្ហជាតក ទី៩

(២៩. កណ្ហជាតកំ)

[២៩] (ព្រះសាស្តា ទ្រង់ត្រាស់ថា) ធុរៈធ្ងន់ ក្នុងទីណា ៗ ផ្លូវដ៏ជ្រៅ ក្នុងទីណា កាល​នោះឯង ពួកជន​នាំគ្នាទឹមគោ​ឈ្មោះ​កណ្ហៈ គោឈ្មោះ​កណ្ហៈនោះ ក៏អូស​នូវធុរៈ​ដ៏ធ្ងន់​នោះ​ទៅបាន។

ចប់ កណ្ហជាតក ទី៩។

មុណិកជាតក ទី១០

(៣០. មុនិកជាតកំ)

[៣០] (គោពោធិសត្វ ឈ្មោះ​មហាលោហិតៈ ពោលថា) អ្នកកុំចូល​ចិត្ត (ភោជន) របស់​ជ្រូកឈ្មោះ​មុណិកៈ (ព្រោះ) ជ្រូក​មុណិកៈ​ស៊ី​ភោជន​ក្តៅក្រហាយ អ្នកចូរ​មានសេចក្តី​ខ្វល់ខ្វាយ​តិច ហើយស៊ី​តែចំបើង​ចុះ នេះជា​លក្ខណៈ​នៃអាយុ​វែង។

ចប់ មុណិកជាតក ទី១០។

ចប់ កុរុង្គវគ្គ ទី៣។

ឧទ្ទាននៃកុរុង្គវគ្គ​គឺ

និយាយអំពីកុរុង្គមិគជាតក ១ កុក្កុរជាតក ១ ភោជាជានីយជាតក ១ សេះ​ដ៏ប្រសើរ (ក្នុង​អាជញ្ញជាតក) ១ សេះ​សាម័ញ្ញ និង​សេះដ៏​ប្រសើរ (ក្នុង​តិត្ថជាតក) ១ មហិឡាមុខជាតក ១ អភិណ្ហជាតក ១ បុគ្គលមិនត្រូវ​ពោលពាក្យ​មិនគាប់​ចិត្ត (ក្នុង​នន្ទិវិសាលជាតក) ១ គោកណ្ហ​អូសនូវធុរៈ (ក្នុង​កណ្ហជាតក) ១ មុណិកជាតក ១ ត្រូវជា ១០។

កុលាវកវគ្គ ទី៤

(៤. កុលាវកវគ្គោ)

កុលាវកជាតក ទី១

(៣១. កុលាវកជាតកំ)

[៣១] (ព្រះឥន្ទពោធិសត្វ ពោលថា) ម្នាល​មាតលិ ពួកកូនគ្រុឌ (ទំ) នៅដើមរកា អ្នកចូរ​ចៀសវាង (កុំឲ្យពួក​វាលំបាក) ដោយមុខ​ចន្ទោលរថ​ឡើយ តាមពិត យើងស៊ូ​លះជីវិត ចំពោះ​ពួកអាសុរវិញ កុំឲ្យតែ​កូនគ្រុឌ​ទាំងនេះ មានសំបុក​ខ្ចាត់ខ្ចាយ។

ចប់ កុលាវកជាតក ទី១។

នច្ចជាតក ទី២

(៣២. នច្ចជាតកំ)

[៣២] (ស្តេចហង្សមាស ពោលថា) សំឡេងយំ (របស់អ្នក) ក៏ពីរោះ ខ្នងក៏រុងរឿង ក មានសម្បុរ​ប្រហែលគ្នា​នឹងពណ៌​នៃកែវពិទូរ្យ ស្លាប​ទាំងឡាយ ប្រមាណ​មួយព្យាម អញមិន​ឲ្យកូនស្រី​ដល់អ្នក ព្រោះតែ​ការរាំឡើយ។

ចប់ នច្ចជាតក ទី២។

សម្មោទមានជាតក ទី៣

(៣៣. សម្មោទមានជាតកំ)

[៣៣] (ព្រានសត្វស្លាប ពោលថា) ពួកបក្សីស្រុះស្រួល​គ្នា នាំយកលប់​ទៅបាន តែបើពួក​បក្សីទាំងនោះ ជជែក​ទាស់គ្នា​ក្នុងកាល​ណា ពួក​បក្សីទាំងនោះ នឹង​លុះអំណាច​អញ​ក្នុងកាលនោះ​មិនខាន​ឡើយ។

ចប់ សម្មោទមានជាតក ទី៣។

មច្ឆជាតក ទី៤

(៣៤. មច្ឆជាតកំ)

[៣៤] (ត្រីឈ្មោល ពោលថា) ត្រជាក់មិន (បៀតបៀន) អញទេ ក្តៅក៏មិន (បៀតបៀន) អញដែរ ការបៀតបៀន​អញព្រោះ​លប មិនមាន​ឡើយ (អញ) ព្រួយតែ​ត្រង់ត្រីញី​សំគាល់​អញថា ត្រី​ឈ្មោលនោះ ទៅរក​ត្រីញីដទៃ ដោយ​តម្រេក។

ចប់ មច្ឆជាតក ទី៤។

វដ្តកជាតក ទី៥

(៣៥. វដ្ដកជាតកំ)

[៣៥] (កូនចាបពោធិសត្វ ពោលថា) ស្លាបទាំងឡាយ​មាន តែហើរ​មិនរួច ជើងទាំង​ឡាយមាន តែដើរ​មិនបាន មេ និង​បា (របស់យើង) ចេញបាត់​ទៅហើយ ​នែ​ភ្លើងព្រៃ អ្នកចូរ​ថយទៅ​ចុះ។

ចប់ វដ្តកជាតក ទី៥។

សកុណជាតក ទី៦

(៣៦. សកុណជាតកំ)

[៣៦] (សត្វស្លាបពោធិសត្វ ពោលថា ពួកសត្វស្លាប) អាស្រ័យ​នឹងដើម​ឈើណា ដែលដុះ​លើផែនដី ដើមឈើនោះ ក៏បញ្ចេញ​ភ្លើង ម្នាលអ្នក​មានអវយវៈ (ក្បាល និង​ក) វៀច​ទាំងឡាយ អ្នកទាំងឡាយ ចូរគប់ទិស (ទាំង៤) ចុះ ភ័យ​កើតអំពី​ដើមឈើ​ជាទីពឹង​ហើយ។

ចប់ សកុណជាតក ទី៦។

តិត្តិរជាតក ទី៧

(៣៧. តិត្តិរជាតកំ)

[៣៧] (ព្រះសាស្តា ទ្រង់ត្រាស់ថា) ពួកជនណា ជាអ្នក​ឈ្លាសក្នុងធម៌ ប្រព្រឹត្ត​កោតក្រែង​ចំពោះ​បុគ្គល​ដែលចំរើន​ហើយ ពួកជននោះ អ្នកផង​គប្បីសរសើរ ក្នុង​បច្ចុប្បន្ន​ផង សម្បរលោក គឺសុគតិ ក៏កើត (ដល់ពួក​ជននោះ) ផង។

ចប់ តិត្តិរជាតក ទី៧។

ពកជាតក ទី៨

(៣៨. ពកជាតកំ)

[៣៨] (រុក្ខទេវតាពោធិសត្វ ពោលថា) បុគ្គល​មានបា្រជ្ញា​ជាគ្រឿង​បញ្ឆោត រមែង​មិនដល់​សេចក្តីសុខ អស់កាល​ជានិច្ច ព្រោះបញ្ញា​ជាគ្រឿង​បញ្ឆោត​ឡើយ បុគ្គល​មាន​បា្រជ្ញា​ជាគ្រឿង​បញ្ឆោត (នោះ) រមែង​បាន (នូវលទ្ធផល​អាក្រក់) ដូច​សត្វកុក (បាន​នូវការ​ដាច់ក) អំពី​ក្តាម។

ចប់ ពកជាតក ទី៨។

នន្ទជាតក ទី៩

(៣៩. នន្ទជាតកំ)

[៣៩] (កុដុម្ពិកពោធិសត្វ ពោលថា) យើងសំគាល់​ថា គំនរមាស និង​កម្រងមាស មាន​ក្នុងទីដែល​ខ្ញុំប្រុស​ឈ្មោះ​នន្ទកៈ ជាកូន​របស់ខ្ញុំស្រី ឈ្មោះអាមា ឈរពោល​នូវពាក្យ​អាក្រក់​នោះ។

ចប់ នន្ទជាតក ទី៩។

ខទិរង្គារជាតក ទី១០

(៤០. ខទិរង្គារជាតកំ)

[៤០] (សេដ្ឋីពោធិសត្វ ពោលថា) តាមពិត ខ្ញុំព្រះអង្គ ស៊ូមាន​ជើងឡើង​លើ មានក្បាល​ចុះក្រោម ហើយធ្លាក់​ទៅកាន់នរក ខ្ញុំនឹងពុំ​ធ្វើអំពើមិន​ប្រសើរទេ បើដូច្នោះ សូម​ព្រះអង្គ ទទួល​នូវចង្ហាន់​បិណ្ឌបាត​ចុះ។

ចប់ ខទិរង្គារជាតក ទី១០។

ចប់ កុលាវកវគ្គ ទី៤។

ឧទ្ទាននៃកុលាវកវគ្គនោះគឺ

និយាយអំពីមាតលី (ក្នុងកុលាវកជាតក) ១ ធីតា (ក្នុង​នច្ចជាតក) ១ ពួកបក្សី​ដ៏ប្រសើរ (ក្នុង​សម្មោទមានជាតក) ១ ត្រីឈ្មោល​ទៅដោយ​តម្រេក (ក្នុង​មច្ឆជាតក) ១ មេបា (ក្នុង​វដ្តកជាតក) ១ ដើមឈើដុះ​លើផែនដី (ក្នុង​សកុណជាតក) ១ បុគ្គល​ចំរើន (ក្នុង​តិត្តិរជាតក) ១ ក្តាមឈ្លាសវៃ​ក្នុង​ពកជាតក ១ នន្ទជាតក ១ ដុំបាយ​ដ៏ប្រសើរ ក្នុង​ខទិរង្គារជាតក ១ ត្រូវជា ១០។

អត្ថកាមវគ្គ ទី៥

(៥. អត្ថកាមវគ្គោ)

លោសកជាតក ទី១

(៤១. លោសកជាតកំ)

[៤១] (អាចារ្យទិសាបាមោក្ខពោធិសត្វ ពោលថា) បុគ្គល​ណា កាល​លោកអ្នក​បា្រថ្នា​សេចក្តី​ចំរើន អនុគ្រោះ​ដោយ​ប្រយោជន៍ ទូន្មាន មិនធ្វើ​តាមពាក្យ​ប្រៀនប្រដៅ បុគ្គល​នោះ រមែង​សោកសៅ ដូចជា​មិត្តវិន្ទុកៈប្រតោងជើង​នៃមេពពែ​សោកសៅ។

ចប់ លោសកជាតក ទី១។

កបោតកជាតក ទី២

(៤២. កបោតជាតកំ)

[៤២] (ព្រាបពោធិសត្វ ពោលថា) បុគ្គលណា កាលលោកអ្នក​ប្រាថ្នា​សេចក្តី​ចំរើន អនុគ្រោះ​ដោយប្រយោជន៍ ទូន្មាន មិនធ្វើ​តាមពាក្យ​ប្រៀនប្រដៅ បុគ្គលនោះ តែង​ដេក​សោកសៅ ដូច​ក្អែកតាំងនៅ​ក្នុងកណ្តាប់ដៃ​នៃបុគ្គល​ជាសត្រូវ ព្រោះ​មិនធ្វើ​តាមពាក្យ​នៃសត្វព្រាប។

ចប់ កបោតកជាតក ទី២។

វេឡុកជាតក ទី៣

(៤៣. វេឡុកជាតកំ)

[៤៣] (ឥសីពោធិសត្វ ពោលថា) បុគ្គលណា កាលលោកអ្នក​ប្រាថ្នាសេចក្តី​ចំរើន អនុគ្រោះ​ដោយប្រយោជន៍ ទូន្មាន មិនធ្វើ​តាមពាក្យប្រៀន​ប្រដៅ បុគ្គលនោះ រមែង​ដេកស្លាប់ ដូច​ឥសីជា​បិតានៃពស់​ឈ្មោះ​វេឡុកៈ។

ចប់ វេឡុកជាតក ទី៣។

មកសជាតក ទី៤

(៤៤. មកសជាតកំ)

[៤៤] (ឈ្មួញពោធិសត្វ ពោលថា) បុគ្គលជាសត្រូវ តែប្រកបដោយ​ប្រាជ្ញា ប្រសើរ​ជាង ឯបុគ្គល​ជាមិត្ត ដែលប្រាស​ចាកប្រាជ្ញា មិន​ប្រសើរឡើយ ដូចយ៉ាង​កូនបង្កើត​ដែលល្ងង់ខ្លៅ គិតថាអញ​នឹង​សម្លាប់មូស ត្រឡប់​ជាបំបែក​ក្បាលបិតា​វិញ។

ចប់ មកសជាតក ទី៤។

រោហិណីជាតក ទី៥

(៤៥. រោហិណិជាតកំ)

[៤៥] (សេដ្ឋីពោធិសត្វ ពោលថា) បុគ្គលជា​សត្រូវ តែជាអ្នកបា្រជ្ញ ប្រសើរជាង ឯបុគ្គល​ពាល ជាអ្នក​ទំនុកបម្រុង ​មិនប្រសើរ​ឡើយ អ្នកចូរមើល​ទាសីឈ្មោះ​រោហិណី ជាស្រី​អាក្រក់ សម្លាប់​ម្តាយ ហើយសោកសៅ។

ចប់ រោហិណីជាតក ទី៥។

អារាមទូសកជាតក ទី៦

(៤៦. អារាមទូសកជាតកំ)

[៤៦] (បណិ្ឌតបុរសពោធិសត្វ ពោលថា) ការប្រព្រឹត្តិនូវ​សេចក្តី​ចំរើន របស់​អ្នកមិន​ឈ្លាសក្នុង​ហេតុចំរើន រមែង​មិននាំមក​នូវសេចក្តី​សុខ​ទេ បុគ្គលឥត​ប្រាជ្ញា តែងធ្វើ​ប្រយោជន៍​ឲ្យសាបសូន្យ ដូចស្វារក្សាសួន (បានធ្វើ​ប្រយោជន៍​ឲ្យវិនាស)។

ចប់ អារាមទូសកជាតក ទី៦។

វារណិទូសកជាតក ទី៧

(៤៧. វារុណិទូសកជាតកំ)

[៤៧] (សេដ្ឋីពោធិសត្វ ពោលថា) ការប្រព្រឹត្តិនូវ​សេចក្តី​ចំរើន​របស់អ្នក​មិនឈ្លាស​ក្នុងហេតុ​ចំរើន រមែងមិន​នាំមកនូវ​សេចក្តីសុខ​ទេ បុគ្គលឥត​ប្រាជ្ញា តែងធ្វើ​ប្រយោជន៍​ឲ្យសាបសូន្យ ដូចកោណ្ឌញ្ញៈ​បានញុំាង​សុរាឲ្យ​វិនាស។

ចប់ វារណិទូសកជាតក ទី៧។

វេទព្វជាតក ទី៨

(៤៨. វេទព្វជាតកំ)

[៤៨] (កូនសិស្សពោធិសត្វ ពោលថា) បុគ្គលណា ប្រាថ្នាសេចក្តី​ចំរើន​ដោយ​ខុស​ឧបាយ បុគ្គលនោះ រមែង​លំបាក ដូចពួក​ចោរនៅ​ក្នុងដែន​ចេតៈ បាន​សម្លាប់នូវ​វេទព្វព្រាហ្មណ៍ ចោរទាំង​អស់នោះ ក៏ដល់នូវ​សេចក្តី​វិនាស។

ចប់ វេទព្វជាតក ទី៨។

នក្ខត្តជាតក ទី៩

(៤៩. នក្ខត្តជាតកំ)

[៤៩] (បណ្ឌិតបុរសពោធិសត្វ ពោលថា) ប្រយោជន៍​រមែងកន្លង​បង់នូវ​មនុស្សល្ងង់ ដែល​រាប់អាន​នក្ខត្តឫក្ស (ព្រោះ) សេចក្តី​ចំរើន​នៃ​ប្រយោជន៍ ឈ្មោះថា​នក្ខត្តឫក្ស ឯផ្កាយ​ទាំងឡាយ នឹងធ្វើអ្វី​បាន។

ចប់ នក្ខត្តជាតក ទី៩។

ទុម្មេធជាតក ទី១០

(៥០. ទុម្មេធជាតកំ)

[៥០] (ព្រះរាជាពោធិសត្វ ពោលថា) ការបូជា អញបាន​បួងសួង​ហើយ​ដោយសារ​មនុស្ស​អាប់ឥត​ប្រាជ្ញា​រាប់ពាន់​នាក់ ឥឡូវនេះ អញនឹង​បូជា (ព្រោះ) ជនមិន​ប្រកប​ដោយធម៌​ច្រើននាក់។

ចប់ ទុម្មេធជាតក ទី១០។

ចប់ អត្ថកាមវគ្គ ទី៥។

ចប់ បឋមបណ្ណាសក។

ឧទ្ទាននៃអត្ថកាមវគ្គនោះគឺ

និយាយអំពីមិត្តវិន្ទុកៈ (ក្នុង​លោសកជាតក) ១ កបោតកជាតក ១ វេឡុកជាតក ១ បុគ្គល​ល្ងង់ខ្លៅ (ក្នុង​មកសជាតក) ១ រោហិណីជាតក ១ ស្វា (ក្នុង​អារាមទូសកជាតក) ១ វារុណិទូសកជាតក ១ ចោរនៅក្នុងដែនចេតៈ (ក្នុង​វេទព្វជាតក) ១ ផ្កាយ (ក្នុង​នក្ខត្តជាតក) ១ ការបូជា (ក្នុង​ទុម្មេធជាតក) ១ ត្រូវជា ១០។

អាសឹសវគ្គ ទី៦

(៦. អាសីសវគ្គោ)

មហាសីលវជាតក ទី១

(៥១.មហាសីលវជាតកំ)

[៥១] (ព្រះរាជាសីលវៈពោធិសត្វ ពោលថា) បុរស​ជាបណ្ឌិត គប្បី​ប៉ុនប៉ង​ឲ្យមុតមាំ មិន​គប្បីនឿយ​ណាយឡើយ យើង​ឃើញខ្លួន​យើងស្រាប់​ហើយ យើងបា្រថ្នា​យ៉ាងណា បាន​យ៉ាងនោះ។

ចប់ មហាសីលវជាតក ទី១។

ចូឡជនកជាតក ទី២

(៥២. ចូឡជនកជាតកំ)

[៥២] (ព្រះបាទជនកពោធិសត្វ ពោលថា) បុរសជា​បណ្ឌិត ត្រូវតែ​ប្រឹងប្រែង មិនត្រូវ​នឿយណាយ​ឡើយ យើងឃើញ​ខ្លួនយើង​ដែល​ឡើងអំពី​ទឹក កាន់​គោកស្រាប់​ហើយ។

ចប់ ចូឡជនកជាតក ទី២។

បុណ្ណបាតិជាតក ទី៣

(៥៣. បុណ្ណបាតិជាតកំ)

[៥៣] (សេដ្ឋីពោធិសត្វ ពោលថា) ភាជន៍សុរា​នៅពេញ​ដដែល តែ​សំដីចេញ​ទៅដោយ​ឡែក យើងដឹងបាន​ដោយហេតុ (នេះ) សុរានេះ​មិនមែន​ស្រួលទេ។

ចប់ បុណ្ណបាតិជាតក ទី៣។

ផលជាតក ទី៤

(៥៤. កិំផលជាតកំ)

[៥៤] (ឈ្មួញរទេះពោធិសត្វ ពោលថា) ឈើនេះ មិនមែនលំបាក​ឡើង ទាំងមិន​ឋិតនៅ​ឆ្ងាយអំពី​ស្រុក ខ្ញុំដឹងបាន​ដោយហេតុ (នេះ) ឈើនេះ មិនមែនមាន​ផ្លែស្រួលទេ។

ចប់ ផលជាតក ទី៤។

បញ្ចាវុធជាតក ទី៥

(៥៥. បញ្ចាវុធជាតកំ)

[៥៥] (ព្រះសាស្តា ទ្រង់ត្រាស់ថា) បុរសណា មានចិត្ត​មិនរួញរា ចំរើនកុសលធម៌ ដើម្បីដល់​នូវ​ព្រះនិព្វាន ជាទីក្សេម​ចាកយោគៈ ដោយចិត្ត​មិនរួញរា បុរសនោះ គប្បីដល់​នូវធម៌ជា​គ្រឿងអស់​ទៅ​នៃសំយោជនៈ​ទាំងពួង តាម​លំដាប់។

ចប់ បញ្ចាវុធជាតក ទី៥។

កញ្ចនក្ខន្ធជាតក ទី៦

(៥៦. កញ្ចនក្ខន្ធជាតកំ)

[៥៦] (ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា) បុរសណា មានចិត្ត​រីករាយ ចំរើន​កុសលធម៌ ដើម្បីដល់​នូវព្រះនិព្វាន ជាទីក្សេម​ចាកយោគៈ ដោយចិត្ត​ដែលរីករាយ បុរសនោះ គប្បីដល់នូវ​ធម៌ជាគ្រឿង​អស់ទៅ​នៃ​សំយោជនៈ​ទាំងពួង តាម​លំដាប់។

ចប់ កញ្ចនក្ខន្ធជាតក ទី៦។

វានរិន្ទជាតក ទី៧

(៥៧. វានរិន្ទជាតកំ)

[៥៧] (ក្រពើ ពោលថា) បពិត្រវានរិន្ទ បុគ្គលណា មានធម៌ ៤ ដូចអ្នក គឺសេចក្តី​ទៀងទាត់ ១ ធម៌ គឺប្រាជា្ញ​ជាគ្រឿង​ពិចារណា ១ ព្យាយាម​មិនដាច់ ១ ការលះ ១ បុគ្គល​នោះ រមែង​កន្លងបង់​នូវសត្រូវ​បាន។

ចប់ វានរិន្ទជាតក ទី៧។

តយោធម្មជាតក ទី៨

(៥៨. តយោធម្មជាតកំ)

[៥៨] (អារក្សទឹក ពោលថា) បពិត្រវានរិន្ទ បុគ្គល​ណា មានធម៌ ៣ ដូចអ្នក គឺសេចក្ដី​សង្វាត ១ សេចក្ដី​ក្លៀវក្លា ១ បញ្ញា ១ បុគ្គល​នោះ រមែង​កន្លងបង់​នូវ​សត្រូវ​បាន។

ចប់ តយោធម្មជាតក ទី៨។

ភេរិវាទជាតក ទី៩

(៥៩. ភេរិវាទកជាតកំ)

[៥៩] (អ្នកវាយស្គរពោធិសត្វ ពោលថា) បុគ្គលគប្បី​វាយ (ស្គរ) ចុះ ប៉ុនែ្តកុំវាយ​ឲ្យជ្រុល ព្រោះការ​វាយស្គរ​ជ្រុល ជាការ​អាក្រក់ កហាបណៈមួយរយ ដែលបាន​ហើយ​ដោយការ​វាយស្គរ (កូនវាឲ្យ) វិនាសហើយ ដោយការ​វាយស្គរ​ជ្រុល។

ចប់ ភេរិវាទជាតក ទី៩។

សង្ខធមនជាតក ទី១០

(៦០. សង្ខធមជាតកំ)

[៦០] (អ្នកផ្លុំស័ង្ខពោធិសត្វ ពោលថា) បុគ្គលគប្បីផ្លុំ (ស័ង្ខ) ចុះ ប៉ុនែ្តកុំ​គប្បីផ្លុំ​ឲ្យជ្រុល ព្រោះការ​ផ្លុំជ្រុល ជាការ​អាក្រក់ ភោគៈ​ទាំងឡាយ ដែលបាន​ហើយ​ដោយការផ្លុំ បិតា​ផ្លុំបំផ្លាញភោគៈ​ទាំងនោះ។

ចប់ សង្ខធមនជាតក ទី១០។

ចប់ អាសឹសវគ្គ ទី៦។

ឧទ្ទាននៃអាសឹសវគ្គ​នោះគឺ

និយាយអំពីអ្នកប្រាជ្ញប្រាថ្នាយ៉ាងណា ប្រយោជន៍​ក៏កើត​យ៉ាងនោះ (ក្នុង​មហាសីលវជាតក) ១ ការឡើង​អំពីទឹក​មកកាន់​គោក (ក្នុង​ចូឡជនកជាតក) ១ សុរា (ក្នុង​បុណ្ណបាតិជាតក) ១ ឈើ​មានផ្លែ​មិនស្រួល (ក្នុង​ផលជាតក) ១ បុរស​មានចិត្ត​មិនរួញរា (ក្នុង​បញ្ចាវុធជាតក) ១ បុរស​មានចិត្ត​រីករាយ (ក្នុង​កញ្ចនក្ខន្ធជាតក) ១ ធម៌ ៤ (ក្នុង​វានរិន្ទជាតក) ១ ធម៌ ៣ (ក្នុង​តយោធម្មជាតក) ១ ការបាន​កហាបណៈ​មួយរយ (ក្នុង​ភេរិវាទជាតក) ១ ផ្លុំស័ង្ខ​បានភោគៈ (ក្នុង​សង្ខធមនជាតក) ១ ត្រូវជា ១០។

ឥត្ថីវគ្គ ទី៧

(៧. ឥត្ថិវគ្គោ)

អសាតមន្តជាតក ទី១

(៦១. អសាតមន្តជាតកំ)

[៦១] (មាណព ពោលថា) ធម្មតាពួកស្រ្តី​ក្នុងលោក តែងមាន​សេចក្តី​បា្រថ្នា (ចំពោះ​បុរសដែល​មានចិត្ត​ជាប់ចំពាក់​នឹងខ្លួន) វេលា (ឬកម្រិត) របស់​ស្រ្តីទាំងនោះ មិនមាន​ឡើយ (ស្ត្រីទាំងនោះ) ត្រេកត្រអាល​ផង រលោរលាំ​ផង ដូចភ្លើង​ដែលឆេះ​វត្ថុគ្រប់​យ៉ាង (មិនរើសមុខ) ខ្ញុំនឹង​លះបង់ស្រ្តី​ទាំងនោះ ហើយបួស ចំរើន​នូវវិវេកធម៌។

ចប់ អសាតមន្តជាតក ទី១។

អណ្ឌភូតជាតក ទី២

(៦២. អណ្ឌភូតជាតកំ)

[៦២] (ព្រះរាជាពោធិសត្វ ទ្រង់ត្រាស់ថា) ព្រាហ្មណ៍ បានរុំមុខ​របស់ខ្លួន ហើយ​ដេញ​ពិណដោយ​ហេតុណា (មិនដឹង​ហេតុនោះទេ) ប្រពន្ធ​ដែលខ្លួន​ចិញ្ចឹម​តាំងពីនៅ​ជាអណ្ឌៈ (កូននៅ​ក្នុងគភ៌) អ្នកណា​គប្បី​ទុកចិត្ត​ចំពោះប្រពន្ធ​ទាំងនោះ ដោយ​ដាច់ខាត​បាន។

ចប់ អណ្ឌភូតជាតក ទី២។

តក្កជាតក ទី៣

(៦៣. តក្កបណ្ឌិតជាតកំ)

[៦៣] (ព្រះសាស្តា ទ្រង់ត្រាស់ថា) (ធម្មតាស្រ្តី) ច្រើនខឹង មិនដឹង​ឧបការៈ​ដែលគេ​ធ្វើដល់​ខ្លួន ជាអ្នក​ញុះញង់ បំបែក​បំបាក់មិត្ត ម្នាលភិក្ខុ អ្នកចូរប្រព្រឹត្ត​ព្រហ្មចរិយៈ​ចុះ អ្នកនោះ​នឹងមិន​វិនាស​សេចក្តី​សុខ។

ចប់ តក្កជាតក ទី៣។

ទុរាជានជាតក ទី៤

(៦៤. ទុរាជានជាតកំ)

[៦៤] (អាចារ្យទិសាបាមោក្ខពោធិសត្វ ពោលថា) អ្នកកុំត្រេកអរ (ថាស្ត្រីនេះ) បា្រថ្នា​អញ កុំសោកសៅ (ថាស្ត្រីនេះ) មិន​ប្រាថ្នាអញ ភាពរបស់​ស្រ្តីទាំងឡាយ ដឹងបាន​ដោយក្រ ដូច​ជាដំណើរ​ទៅនៃត្រី​ក្នុងទឹក។

ចប់ ទុរាជានជាតក ទី៤។

អនភិរតិជាតក ទី៥

(៦៥. អនភិរតិជាតកំ)

[៦៥] (អាចារ្យទិសាបាមោក្ខពោធិសត្វ ពោលថា) ទនេ្លក្តី ផ្លូវក្តី តៀមស្រា​ក្តី សាលា​សំណាក់ក្តី អណ្តូង​ទឹកក្តី (ជារបស់​សាធារណៈ) យ៉ាងណា ធម្មតាស្រ្តី​ទាំងឡាយ​ក្នុងលោក ក៏យ៉ាង​នោះដែរ បណ្ឌិតទាំងឡាយ មិនខឹងនឹង​ស្ត្រីទាំងនោះ​ទេ។

ចប់ អនភិរតិជាតក ទី៥។

មុទុលក្ខណជាតក ទី៦

(៦៦. មុទុលក្ខណជាតកំ)

[៦៦] (ឥសីពោធិសត្វ ពោលថា) មុនអំពីពេល​ដែលមិនទាន់​បាន​នូវនាង​មុទុលក្ខណា សេចក្តី​ប្រាថ្នាមាន​តែមួយ កាលណា​អាត្មា​ភាពបាននាង​មុទុលក្ខណា ជាស្ត្រី​មានភ្នែកល្អ​ហើយ សេចក្តី​ប្រាថ្នារឹត​តែញុំាង​សេចក្តី​ប្រាថ្នា (ផ្សេងៗ) ឲ្យកើត​ឡើង​ទៀត។

ចប់ មុទុលក្ខណជាតក ទី៦។

ឧច្ឆង្គជាតក ទី៧

(៦៧. ឧច្ឆង្គជាតកំ)

[៦៧] (ស្រ្តីម្នាក់ ពោលថា) បពិត្រព្រះសម្មតិទេព កូនរបស់​ខ្ញុំព្រះអង្គ (ដូចជា​អន្លក់​ដែលដក់) ក្នុងថ្នក់ (បាន​ដោយងាយ) ស្ត្រីដែល​ដើរទៅ​តាមផ្លូវ រកប្តី (បានដោយ​ងាយ) ឯខ្ញុំព្រះអង្គ​មិនឃើញ​ប្រទេស គឺផ្ទៃ​នៃមាតា​នោះ ដែលខ្ញុំ​ព្រះអង្គ​គួរនាំយក​បងប្អូន​ប្រុសបង្កើត​មកបាន។

ចប់ ឧច្ឆង្គជាតក ទី៧។

សាកេតជាតក ទី៨

(៦៨. សាកេតជាតកំ)

[៦៨] (ព្រះសាស្តា ទ្រង់ត្រាស់ថា) ចិត្តតាំងនៅស៊ប់ ឬក៏ចិត្ត​ជ្រះថ្លា ក្នុង​បុគ្គលណា ដែល​ខ្លួនមិនធ្លាប់​ឃើញហើយ ជនតែង​ស្និទ្ធស្នាល​ចំពោះ​បុគ្គលនោះ ដោយពិត។

ចប់ សាកេតជាតក ទី៨។

វិសវន្តជាតក​ ទី៩

(៦៩. វិសវន្តជាតកំ)

[៦៩] (ពស់ ពោលថា) អញនឹងស្រូប​យកពិសណា​វិញ ដែលអញ​បាន​ខ្ជាក់ចោល​ហើយ ព្រោះហេតុ​នៃជីវិត ចូរតិះដៀល​នូវពិសដែល​អញខ្ជាក់​ចោលហើយ​នោះចុះ អញស្លាប់ ប្រសើរជាង​រស់នៅ។

ចប់ វិសវន្តជាតក ទី៩។

កុទ្ទាលជាតក ទី១០

(៧០. កុទ្ទាលជាតកំ)

[៧០] (កុទ្ទាលកបណ្ឌិតពោធិសត្វ ពោលថា) សេចក្តី​ឈ្នះណា ត្រឡប់​ចាញ់​វិញបាន សេចក្តី​ឈ្នះនោះ មិនឈ្មោះថា ឈ្នះប្រពៃទេ សេចក្តី​ឈ្នះណា មិន​ត្រឡប់ចាញ់​វិញបាន សេចក្តី​ឈ្នះនោះ ទើបឈ្មោះថា ឈ្នះប្រពៃ​មែនពិត។

ចប់ កុទ្ទាលជាតក ទី១០។

ចប់ ឥត្ថីវគ្គ ទី៧។

ឧទ្ទាននៃឥត្ថីវគ្គនោះគឺ

និយាយអំពីភ្លើងឆេះវត្ថុគ្រប់យ៉ាង (ក្នុងអសាតមន្តជាតក) ១ ពិណ​ដ៏ប្រសើរ (ក្នុង​អណ្ឌភូតជាតក) ១ ស្ត្រីជាអ្នក​ញុះញង់ និង​បំបែកបំបាក់​មិត្រ (ក្នុង​តក្កជាតក) ១ ការ​ត្រេកអរ (ក្នុង​ទុរាជានជាតក) ១ ស្ទឹង (ក្នុង​អនភិរតិជាតក) ១ នាង​មុទុលក្ខណា (ក្នុង​មុទុលក្ខណជាតក) ១ បងប្អូន (ក្នុង​ឧច្ឆង្គជាតក) ១ ចិត្ត (ក្នុង​សាកេតជាតក) ១ ពិស (ក្នុង​វិសវន្តជាតក) ១ សេចក្តី​ឈ្នះប្រពៃ (ក្នុង​កុទ្ទាលជាតក) ១ ត្រូវជា ១០។

វរុណវគ្គ ទី៨

(៨. វរុណវគ្គោ)

វរុណជាតក ទី១

(៧១. វរុណជាតកំ)

[៧១] (អាចារ្យទិសាបាមោក្ខពោធិសត្វ ពោលថា) អំពើ​ទាំងឡាយ ដែលគេ​ត្រូវធ្វើក្នុង​កាលមុន នរៈណា បា្រថ្នាធ្វើ​ខាងក្រោយ​វិញ នរៈនោះ រមែងក្តៅ​ក្រហាយ​រឿយៗ ក្នុងកាល​ជាខាង​ក្រោយ ដូចជា​មាណព ដែលកាច់​ឧសឈើថ្លាន់។

ចប់ វរុណជាតក ទី១។

សីលវនាគជាតក ទី២

(៧២. សីលវហត្ថិជាតកំ)

[៧២] (រុក្ខទេវតា ពោលថា) ប្រសិនបើគេឲ្យ​ផែនដីទាំងមូល​ដល់បុរស​អកតញ្ញូ ជាអ្នកឃើញ​ទោសជានិច្ច ក៏មិន​គប្បីញុំាង​បុរស​អកតញ្ញូ​នោះ​ឲ្យត្រេកអរ​បានឡើយ។

ចប់ សីលវនាគជាតក ទី២។

សច្ចង្កិរជាតក ​ទី៣

(៧៣. សច្ចំកិរជាតកំ)

[៧៣] (តាបសពោធិសត្វ ពោលថា) បានឮថា នរៈពួកខ្លះ ក្នុង​លោកនេះ បាននិយាយ​ពិតយ៉ាង​នេះថា ឧសដែល​គេស្រង់ឡើង​អំពីទឹក ប្រសើរជាង នរៈ​ពួកខ្លះ​ដែលគេ​ស្រង់ឡើង (អំពីទឹក) មិនប្រសើរ​ឡើយ។

ចប់ សច្ចង្កិរជាតក ទី៣។

រុក្ខធម្មជាតក ទី៤

(៧៤. រុក្ខធម្មជាតកំ)

[៧៤] (រុក្ខទេវតាពោធិសត្វ ពោលថា) មានពួកញាតិ​ច្រើននាក់ ប្រពៃ សូម្បី​ពួកឈើ ដែលដុះ​ក្នុងព្រៃច្រើន​ដើម ក៏ប្រពៃ​ដែរ ឯខ្យល់ រមែងរំលំ​នូវឈើជា​ធំក្នុងព្រៃ បរិបូណ៌​ដោយមែក និង​ប្រគាប ដែលតាំង​នៅតែឯង។

ចប់ រុក្ខធម្មជាតក ទី៤។

មច្ឆជាតក ទី៥

(៧៥. មច្ឆជាតកំ)

[៧៥] (ត្រីពោធិសត្វ ពោលថា) បពិត្រមេឃ សូមអ្នក​ញុំាងផ្គរឲ្យ​លាន់ឡើង សូមបំផ្លាញ​កំណប់​របស់ក្អែក​ឲ្យវិនាស សូមធ្វើ​ទុក្ខក្អែក​ឲ្យ​សោកសៅ សូមញុំាង​ខ្ញុំ (និង​ពួកញាតិខ្ញុំ) ឲ្យរួចចាក​សេចក្តីសោក។

ចប់ មច្ឆជាតក ទី៥។

អសង្កិយជាតក ទី៦

(៧៦. អសង្កិយជាតកំ)

[៧៦] (តាបសពោធិសត្វ ពោលថា) យើងជាអ្នក​មិនមាន​សេចក្តី​រង្កៀស​ក្នុងស្រុក យើងជា​អ្នកមិនមាន​ភ័យ​ក្នុងព្រៃ បានឡើងកាន់​ផ្លូវត្រង់ ដោយមេត្តា និងករុណា​ហើយ។

ចប់ អសង្កិយជាតក ទី៦។

មហាសុបិនជាតក ទី៧

(៧៧. មហាសុបិនជាតកំ)

[៧៧] (ព្រះរាជា ទ្រង់ត្រាស់ថា មហាសុបិន ១៦ គឺ) គោឡើងក​ទាំងឡាយ ១ ឈើ​ទាំងឡាយ ១ មេគោ​ទាំងឡាយ ១ គោឈោ្មល​ទាំងឡាយ ១ សេះ ១ ភាជន៍ (មាស) ១ មេចចក ១ ក្អម ១ ស្រះបោក្ខរណី ១ បាយឆៅ ១ ខ្លឹមចន្ទន៏ ១ ផែ្លឃោ្លក​ទាំងឡាយ​លិច ១ ថ្មទាំងឡាយ​អណែ្ដត ១ មេកង្កែប​ទាំងឡាយ​ខាំពស់វែក​ទាំងឡាយ ១ រាជហង្សមាស​ទាំងឡាយ​ចោមរោម​កែ្អក ១ ខា្លដំបង​ទាំងឡាយ (រត់ទៅ) ព្រោះភ្ញាក់​ផើ្អល ដោយ​សេចកី្ដ​ខា្លចអំពី​ពពែទាំង​ឡាយ ១ បរិយាយ​ចំឡែក​ប្រព្រឹត្ត​ទៅ ន័យទាំងឡាយ​មានក្នុង​សុបិន​ទាំងនេះ។

ចប់ មហាសុបិនជាតក ទី៧។

ឥលិ្លសជាតក ទី៨

(៧៨. ឥល្លិសជាតកំ)

[៧៨] (ជាងកោរកាត់ពោធិសត្វ ពោលថា) ជនទាំងពីរនាក់​ខ្ចក ជនទាំង​ពីរនាក់​ក្ងែង ជនទាំងពីរនាក់​មានភែ្នក​ស្រលៀង ពកកើត (លើក្បាល) របស់ជន​ទាំងពីរនាក់ ខ្ញុំព្រះអង្គ​មិនសា្គល់ (អ្នកណា) ជា​ឥលិ្លសសេដ្ឋីទេ។

ចប់ ឥលិ្លសជាតក ទី៨។

ខរស្សរជាតក ទី៩

(៧៩. ខរស្សរជាតកំ)

[៧៩] (ពាណិជពោធិសត្វ ពោលថា) កាលណា (ពួកចោរ) ប្លន់​សម្លាប់​គោ​ទាំងឡាយ ដុតផ្ទះ​ទាំងឡាយ និង​នាំជនយក​ទៅហើយ ក្នុងកាលនោះ កូនរបស់​ស្ត្រីដែល​មានកូន​ស្លាប់ហើយ (គឺ​ចៅហ្វាយស្រុក​ឥតមាន​សេចក្តី​អៀនខ្មាស) វាយស្គរ​ឲ្យមាន​សំឡេងខ្លាំង ដើរមក។

ចប់ ខរស្សរជាតក ទី៩។

ភីមសេនជាតក ទី១០

(៨០. ភីមសេនជាតកំ)

[៨០] (ចូឡធនុគ្គហបណ្ឌិតពោធិសត្វ ពោលថា) ម្នាល​ភីមសេន ក្នុង​កាលមុន ឯងបាន​អួតហើយ ក្នុងកាល​ក្រោយ ស្រាប់តែ​គ្រឿង​សំអុយ​សម្រាប់​ហូរចេញ (អាចម៍) របស់ឯង ហូរចេញមក ហេតុ​ទាំងពីរ​មិនសមគ្នា គឺការ​និយាយ​អំពីចំបាំង និង​ការចង្អៀត​ចង្អល់​ចិត្តរបស់​ឯងនេះ។

ចប់ ភីមសេនជាតក ទី១០។

ចប់ វរុណវគ្គ ទី៨។

ឧទ្ទាននៃវរុណវគ្គនោះគឺ

និយាយអំពីវរុណជាតក ១ អកតញ្ញូ (ក្នុង​សីលវនាគជាតក) ១ ពាក្យ​ពិតដ៏ប្រសើរ (ក្នុង​សច្ចង្កិរជាតក) ១ ឈើម្ចាស់ព្រៃ (ក្នុង​រុក្ខធម្មជាតក) ១ ការធ្វើឲ្យផ្គរ​ឲ្យលាន់ (ក្នុង​មច្ឆជាតក) ១ ករុណា (ក្នុង​អសង្កិយជាតក) ១ ថ្មអណ្តែត (ក្នុង​មហាសុបិនជាតក) ១ ឥល្លិសសេដ្ឋី (ក្នុង​ឥល្លិសជាតក) ១ ស្គរ (ក្នុង​ខរស្សរជាតក) ១ គ្រឿង​សំអុយ​សម្រាប់​ហូរចេញ (ក្នុង​ភីមសេនជាតក) ១ ត្រូវជា ១០។

អបាយិម្ហវគ្គ ទី៩

(៩. អបាយិម្ហវគ្គោ)

សុរាបានជាតក ទី១

(៨១. សុរាបានជាតកំ)

[៨១] (ពួកតាបស ពោលថា) ពួកយើងបាន​ផឹកសុរា បានរាំ បានច្រៀង បាន​យំហើយ ពួកយើង មិនមែន​ជាពានរ ព្រោះតែ​ផឹកសុរា ដែលធ្វើឲ្យ​ខូចសញ្ញា ទើបឃើញ (អាក្រក់ជាល្អ)។

ចប់ សុរាបានជាតក ទី១។

មិត្តវិន្ទជាតក ទី២

(៨២. មិត្តវិន្ទកជាតកំ)

[៨២] (ទេវរាជពោធិសត្វ ពោលថា) អ្នកនោះ កន្លងនូវ​បា្រសាទកែវ​ផ្លេកផង បា្រសាទ​បា្រក់ផង បា្រសាទ​កែវមណី​ផង ជាអ្នកត្រូវ​ថ្ម (គឺចក្រ​មានមុខ​មុតដូច​កាំបិតកោរ) គ្របសង្កត់​ហើយ អ្នកកាល​រស់នៅ មិន​រួចអំពី​ចក្រនោះ​ទេ។

ចប់ មិត្តវិន្ទជាតក ទី២។

កាឡកណ្ណិជាតក ទី៣

(៨៣. កាលកណ្ណិជាតកំ)

[៨៣] (មហាយសសេដ្ឋីពោធិសត្វ ពោលថា) បុគ្គលដែលជា​មិត្តបាន ដោយ (ហេតុត្រឹមតែ​ដើរជាមួយគា្ន) ប្រាំពីរជំហាន បុគ្គលជា​សម្លាញ់​បាន ដោយ (ហេតុត្រឹម​តែដើរ​ជាមួយគ្នា) ដប់ពីរជំហាន បុគ្គលដែល​ជាញាតិបាន ដោយ (ការនៅ​ជាមួយគ្នា) មួយខែ ឬកន្លះខែ បុគ្គលដែល​ទុកសើ្មនឹងខ្លួន ព្រោះនៅលើស​អំពីកាល​នោះ​ទៅទៀត ខ្ញុំនោះនឹង​លះបង់​នូវសំឡាញ់​ឈ្មោះ​កាឡកណ្ណី ដែល​ធ្លាប់ស្និទ្ធស្នាល​អស់កាលយូរ ព្រោះហេតុ​នៃសេចក្តី​សុខរបស់​ខ្លួន​ដូចម្ដេចបាន។

ចប់ កាឡកណ្ណិជាតក ទី៣។

អត្ថស្សទា្វរជាតក ទី៤

(៨៤. អត្ថស្សទ្វារជាតកំ)

[៨៤] (សេដ្ឋីពោធិសត្វជាបិតា ពោលថា) បុគ្គលគប្បី​បា្រថ្នា​លាភដ៏​ឧត្តម គឺការ​មិនមាន​រោគ ១ សីល (គឺមារយាទ) ១ ការយល់ឃើញ​តាមបណ្ឌិត​អ្នកដឹង ១ ការ​ឧស្សាហ៍​ស្តាប់ ១ ការអនុវត្តន៍នូវសុចរិតធម៌ ១ ការមិន​រួញរា​នៃចិត្ត ១ ធម៌ទាំង ៦ នេះ ជាទា្វរ ទាំងជា​ប្រធាន​នៃសេចកី្ដ​ចំរើន។

ចប់ អត្ថស្ស ទា្វរជាតក ទី៤។

កិម្បក្កជាតក ទី៥

(៨៥. កិំបក្កជាតកំ)

[៨៥] (ព្រះសាស្ដា ទ្រង់ត្រាស់ថា) បុគ្គលណា មិនយល់ទោស​ក្នុងអនាគត ហើយ​សេពកាម​ទាំងឡាយ (កាម​ទាំងនោះ) តែង​សមា្លប់បុគ្គល​នោះ ក្នុងទីបំផុត​នៃផល ដូច​បុគ្គល​ស៊ីផែ្លឈើ​កិម្បក្កៈ (ឈើពុល)។

ចប់ កិម្បក្កជាតក ទី៥។

សីលវីមំសនជាតក ទី៦

(៨៦. សីលវីមំសកជាតកំ)

[៨៦] (ព្រាហ្មណ៍បុរោហិតពោធិសត្វ ពោលថា) បានឮថា សីលជា​គុណជាត​ល្អ សីលជា​គុណជាត​ដ៏លើសលុប​ក្នុងលោក សូម​ព្រះអង្គទតចុះ ពស់មានពិស​ដ៏ពន្លឹក មិន​បៀតបៀន​គេ ឈោ្មះថាជា​សត្វមាន​សីល។

ចប់ សីលវីមំសនជាតក ទី៦។

មង្គលជាតក ទី៧

(៨៧. មង្គលជាតកំ)

[៨៧] [៨៧] (ព្រះសាស្ដា ទ្រង់ត្រាស់ថា) មង្គលទាំងឡាយក្ដី ឧត្បាតទាំងឡាយក្ដី សុបិនទាំងឡាយក្តី លក្ខណៈទាំងឡាយក្ដី ដែលបុគ្គលណា បានផ្ដាច់បង់ហើយ បុគ្គលនោះ ឈ្មោះថាអ្នកកន្លងផុតនូវទោសនៃមង្គល (ភា្ញក់ផ្អើល) ជាអ្នកគ្របសង្កត់នូវយុគក្កិលេស 1) និងយោគក្កិលេស 2) រមែងមិនមកកើតទៀត។

ចប់ មង្គលជាតក ទី៧។

សារម្ភជាតក ទី៨

(៨៨. សារម្ភជាតកំ)

[៨៨] (ព្រះសាស្តា ទ្រង់ត្រាស់ថា) បុគ្គលគប្បី​បញ្ចេញ​វាចាល្អ​តែម្យ៉ាង មិន​គប្បី​បញ្ចេញ​វាចា​អាក្រក់​ឡើយ ការបញ្ចេញ​វាចាល្អ ជាការ​ប្រពៃ ព្រោះ​បុគ្គល​បញ្ចេញ​វាចា​អាក្រក់ រមែងក្ដៅ​ក្រហាយ។

ចប់ សារម្ភជាតក ទី៨។

កុហកជាតក ទី៩

(៨៩. កុហកជាតកំ)

[៨៩] (ឈ្មួញពោធិសត្វ ពោលថា) បានឮថា វាចារបស់​អ្នកដែល​ពោលទន់ភ្លន់ ជាវាចា​ពីរោះ អ្នកបាន​ជាប់ក្នុង​វត្ថុត្រឹម​តែស្មៅ ត្រង់នាំឆ្តោរមាស ១០០ យកទៅ មិន​ជាប់​សោះ។

ចប់ កុហកជាតក ទី៩។

អកតញ្ញូជាតក ទី១០

(៩០. អកតញ្ញុជាតកំ)

[៩០] (សេដ្ឋីពោធិសត្វ ពោលថា) បុគ្គលណា មិនដឹង​នូវអំពើល្អ ដែលគេ​ធ្វើហើយ នូវ​ប្រយោជន៍​ដែលគេធ្វើ​ហើយ ក្នុងកាល​មុនទេ បុគ្គលនោះ កាលបើ​កិច្ចកើត​ព្រមហើយ ក្នុងកាល​ខាងក្រោយ រមែងមិន​បាននូវ​បុគ្គល​អ្នកធ្វើ (ឧបការគុណ​មុននោះ​ជាគ្នា) ឡើយ។

ចប់ អកតញ្ញូជាតក ទី១០។

ចប់ អបាយិម្ហវគ្គ ទី៩។

ឧទ្ទាននៃអបាយិម្ហវគ្គនោះគឺ

យើងបានផឹកសុរា (ក្នុង​សុរាបានជាតក) ១ ប្រាសាទ​កែវមណី (ក្នុង​មិត្តវិន្ទជាតក) ១ ៧ជំហាន (ក្នុង​កាឡកណ្ណិជាតក) ១ ធម៌ ៦ (ក្នុង​អត្ថស្សទ្វារជាតក) ១ ទោស​ក្នុង​អនាគត (ក្នុង​កិម្បកជាតក) ១ ពស់មានសីល (ក្នុង​សីលវីមំសជាតក) ១ ការប្រកាន់​មង្គល (ក្នុង​មង្គលជាតក) ១ វាចាលាមក (ក្នុង​សារម្ភជាតក) ១ ឆ្តោរមាស ១០០ (ក្នុង​កុហកជាតក) ១ ប្រយោជន៍ ដែលគេ​ធ្វើតប​វិញ (ក្នុង​អកតញ្ញូជាតក) ១ ត្រូវជា ១០។

លិត្តវគ្គ ទី១០

(១០. លិត្តវគ្គោ)

លិត្តជាតក ទី១

(៩១. លិត្តជាតកំ)

[៩១] (អ្នកលេងស្កាពោធិសត្វ ពោលថា) បុរសកាល​លេបនូវ​កូនសា្ក​ប្រឡាក់​ដោយ​ថ្នាំពិស មានតេជះ​ដ៏ខាំ្លង ក៏មិន​ដឹងខ្លួន ម្នាលអ្នក​ចង្រៃ អ្នកចូរ​លេប​ទៅ នែអ្នក​លេងអាក្រក់ អ្នកចូរ​លេបទៅ ពិសដ៏ផ្សាក្ដៅ នឹងមាន​ដល់អ្នក ក្នុងកាល​ជាខាង​ក្រោយ។

ចប់ លិត្តជាតក ទី១។

មហាសារជាតក ទី២

(៩២. មហាសារជាតកំ)

[៩២] (ព្រះរាជា ទ្រង់ត្រាស់ថា) ក្នុងកាលសង្គ្រាម​កើតឡើង ពួកជន​រមែង​ប្រាថ្នានូវ​បុរស​អ្នកក្លៀវក្លា ក្នុងពួក​អ្នក​ប្រឹក្សា​ការ គេប្រាថ្នា​នូវបុរស​អ្នកមាន​វាចា​មិន​រោយរាយ ក្នុងកាល​មានបាយ​ទឹកឆ្ងាញ់ គេ​ប្រាថ្នានូវ​បុរសជា​ទីស្រឡាញ់ ក្នុង​កាលអាថ៌ (កំបាំង) កើតឡើង គេប្រាថ្នានូវ​បណ្ឌិត។

ចប់ មហាសារជាតក ទី២។

វិស្សាសភោជនជាតក ទី៣

(៩៣. វិសាសភោជនជាតកំ)

[៩៣] (សេដ្ឋីពោធិសត្វ ពោលថា) បុគ្គលមិន​គប្បីស្និទ្ធស្នាល​ក្នុងបុគ្គល​ដែល​មិនធ្លាប់​ស្និទ្ធស្នាល មិនគប្បី​ស្និទ្ធស្នាល​ក្នុងបុគ្គល សូម្បី​ធ្លាប់ស្និទ្ធស្នាល​ហើយ ភ័យ​រមែងទៅ​តាមបុគ្គល​នោះ ព្រោះសេចក្ដី​ស្និទ្ធស្នាល ដូចជា​ភ័យដែលជាប់​តាមនូវ​សត្វសីហៈ ព្រោះមេម្រឹគ។

ចប់ វិស្សាសភោជនជាតក ទី៣។

លោមហំសជាតក ទី៤

(៩៤. លោមហំសជាតកំ)

[៩៤] (អាជីវកពោធិសត្វ ពោលថា) អាត្មាអញ ក្ដៅណាស់ហើយ ត្រជាក់​ណាស់​ហើយ នៅតែម្នាក់​ឯង ក្នុង​ព្រៃគួរខ្លាច ជាមនុស្ស​អាក្រាត ទាំងមិន​អាំងភ្លើង ជាអ្នក​ខ្វល់ខ្វាយ​ក្នុងការ​ស្វែងរក (នូវ​ព្រហ្មចរិយធម៌) ប្រតិបត្តិ ដើម្បីមោនៈ។

ចប់ លោមហំសជាតក ទី៤។

មហាសុទស្សនជាតក ទី៥

(៩៥. មហាសុទស្សនជាតកំ)

[៩៥] (ព្រះពោធិសត្វ ពោលថា) សង្ខារទាំងឡាយ​មិនទៀងទេ មានការ​កើតឡើង និង​សូន្យ​ទៅជាធម្មតា (ព្រោះ) កើតឡើងហើយ តែងរលត់​ទៅវិញ ការ​រម្ងាប់​សង្ខារ​ទាំងនោះ​បាន ទើបនាំ​មកនូវ​សេចក្ដីសុខ។

ចប់ មហាសុទស្សនជាតក ទី៥។

តេលបត្តជាតក ទី៦

(៩៦. តេលបត្តជាតកំ)

[៩៦] (ព្រះសាស្ដា ទ្រង់ត្រាស់ថា) បុគ្គលគប្បីនាំទៅ​នូវភាជន៍ប្រេង ដែលពេញ​ត្រឹម​កណ្ដាប់មាត់ មិនឲ្យ​ស្រក់ទៅបាន យ៉ាងណាមិញ (ព្រះយោគាវចរ) កាល​ប្រាថ្នានូវ​ទិសដែល​ខ្លួនមិនធ្លាប់​ទៅ គឺព្រះនិព្វាន គប្បីរក្សា​នូវចិត្ត​របស់ខ្លួន (ដោយសតិ) យ៉ាងនោះ​ដែរ។

ចប់ តេលបត្តជាតក ទី៦។

នាមសិទិ្ធជាតក ទី៧

(៩៧. នាមសិទ្ធិជាតកំ)

[៩៧] (អាចារ្យទិសាបាមោក្ខពោធិសត្វ ពោលថា) មាណពឈ្មោះ​បាបកៈ បានឃើញ​បុរសរស់ ហើយស្លាប់ផង ឃើញ​ទាសីឈ្មោះ​នាង​រក្សាទ្រព្យ ហើយ​ខ្សត់​ទ្រព្យផង ឃើញ​បុរសអ្នក​ដើរផ្លូវ ហើយវង្វេង​ក្នុងព្រៃផង មកវិញ​ហើយ។

ចប់ នាមសិទ្ធិជាតក ទី៧។

កូដវាណិជជាតក ទី៨

(៩៨. កូដវាណិជជាតកំ)

[៩៨] (បិតារបស់អតិបណ្ឌិតពាណិជ ពោលថា) បុគ្គលដែល​ឈ្មោះថា​បណ្ឌិត ជាអ្នក​ប្រពៃពិត​ ឯបុគ្គល​ឈ្មោះថា​អតិបណ្ឌិត មិនប្រពៃ​ទេ អាត្មាអញ ត្រូវភ្លើងរោល ព្រោះ​តែកូន​ឈ្មោះ​អតិបណ្ឌិត។

ចប់ កូដវាណិជជាតក ទី៨។

បរោសហស្សជាតក ទី៩

(៩៩. បរោសហស្សជាតកំ)

[៩៩] (មហាព្រហ្មពោធិសត្វ ពោលថា) ជនទាំងឡាយ​មកប្រជុំគ្នា​ហើយ សូម្បីជាង​ពាន់នាក់ ជនទាំងនោះ​ឥតប្រាជា្ញ គប្បីកន្ទក់​កន្ទេញអស់ ១០០ ឆ្នាំ បុរសណា ប្រកប​ដោយ​ប្រាជ្ញា បានដឹងច្បាស់​នូវអត្ថនៃ​ភាសិត បុរសនោះ នៅតែម្នាក់ឯង ប្រសើរជាង។

ចប់ បរោសហស្សជាតក ទី៩។

អសាតរូបជាតក ទី១០

(១០០. អសាតរូបជាតកំ)

[១០០] (ព្រះសាស្ដា ទ្រង់ត្រាស់ថា) របស់មិនឆ្ងាញ់ រមែងគ្របសង្កត់​នូវ​បុគ្គល​ប្រមាទ ដោយសភាព​នៃរបស់ឆ្ងាញ់ របស់មិន​គួរស្រឡាញ់ រមែងគ្រប​សង្កត់​នូវ​បុគ្គល​ប្រមាទ ដោយ​សភាពនៃ​របស់គួរ​ស្រឡាញ់ សេចក្ដីទុក្ខ រមែងគ្រប​សង្កត់នូវ​បុគ្គលប្រមាទ ដោយ​សភាពនៃ​សេចក្ដីសុខ។

ចប់ អសាតរូបជាតក ទី១០។

ចប់ លិត្តវគ្គ ទី១០។

ចប់ មជ្ឈិមបណ្ណាសកៈ។

ឧទ្ទាននៃលិត្តវគ្គនោះគឺ

និយាយអំពីការលេបកូនស្កា (ក្នុង​លិត្តជាតក) ១ បុរស​មានវាចាមិន​រោយរាយ (ក្នុង​មហាសារជាតក) ១ មេម្រឹគ (ក្នុង​វិស្សាសភោជនជាតក) ១ ប្រតិបត្តិ​ដើម្បីមោនៈ (ក្នុង​លោមហំសជាតក) ១ សង្ខារ​មិនទៀង (ក្នុង​មហាសុទស្សនជាតក) ១ ភាជន៍ប្រេង (ក្នុង​តេលបត្តជាតក) ១ ទាសីឈ្មោះ​នាងរក្សាទ្រព្យ (ក្នុង​នាមសិទ្ធិជាតក) ១ អតិបណ្ឌិតពាណិជ (ក្នុង​កូដវាណិជជាតក) ១ ជនជាង​ពាន់នាក់ (ក្នុង​បរោសហស្សជាតក) ១ របស់​មិនឆ្ងាញ់ (ក្នុង​អសាតរូបជាតក) ១ ត្រូវជា ១០។

បរោសតវគ្គ ទី១១

(១១. បរោសតវគ្គោ)

បរោសតជាតក ទី១

(១០១. បរោសតជាតកំ)

[១០១] ជនទាំងឡាយមកប្រជុំគ្នាហើយ សូម្បីជាងរយនាក់ ជនទាំង​នោះ​ឥតបា្រជ្ញា គប្បី​ពិចារណា (នូវអត្ថ​នៃភាសិត) អស់ ១០០ ឆ្នាំ បុរសណា ប្រកប​ដោយ​បា្រជ្ញា ដឹងច្បាស់​នូវអត្ថនៃ​ភាសិត បុរសនោះ នៅតែម្នាក់​ឯងប្រសើរវិញ។

ចប់ បរោសតជាតក ទី១។

បណ្ណិកជាតក ទី២

(១០២. បណ្ណិកជាតកំ)

[១០២] (កូនស្រីរបស់ឧបាសក ពោលថា) បុគ្គលណា គប្បីជាទីពឹង​របស់ខ្ញុំ ដែល​មានទុក្ខ​ពាល់ត្រូវហើយ បុគ្គលនោះ​ឈ្មោះថា​ជាបិតា​របស់ខ្ញុំ នឹងធ្វើនូវ​ការប្រទូស្ត​ក្នុងព្រៃ ខ្ញុំនោះ​កន្ទក់កន្ទេញ ក្នុង​កណ្ដាលព្រៃ ដើម្បី​បុគ្គលដូចម្ដេច បុគ្គលណា ជាអ្នករក្សា បុគ្គល​នោះ​នឹងធ្វើនូវ​កម្មដ៏ខ្លាំងក្លា (មេថុន)។

ចប់ បណ្ណិកជាតក ទី២។

វេរិជាតក ទី៣

(១០៣. វេរិជាតកំ)

[១០៣] (សេដ្ឋីពោធិសត្វ ពោលថា) បុគ្គលមានពៀរ អាស្រ័យ​នៅក្នុង​ទីណា អ្នកបា្រជ្ញ​មិនគប្បីនៅ​ក្នុងទីនោះ បុគ្គលនៅ​ក្នុងសំណាក់​នៃ​បុគ្គលមាន​ពៀរអស់​មួយរាត្រី ឬពីរ​រាត្រី ក៏នាំមក​នូវសេចក្ដីទុក្ខ។

ចប់ វេរិជាតក ទី៣។

មិត្តវិន្ទជាតក ទី៤

(១០៤. មិត្តវិន្ទកជាតកំ)

[១០៤] (ទេវបុត្រពោធិសត្វ ពោលថា) អ្នក (ចេញ) អំពីវិមានិកប្រេត ៤ បាន​វិមានិកប្រេត ៨ (ចេញ) អំពី​វិមានិកប្រេត ៨ បាន​វិមានិកប្រេត ១៦ (ចេញ) អំពី​វិមានិកប្រេត ១៦ បាន​វិមានិកប្រេត ៣២ (ក៏នៅតែ​មិនស្កប់ស្កល់) ចក្រ​ក៏វិលលើ​ក្បាលនៃ​បុរស កាលប្រាថ្នា ក្នុងទីនោះ ៗ ទើបមកដល់​កង់ចក្រ កង់ចក្រ រមែងវិល​លើក្បាល​បុគ្គល​ដែល​មានសេចក្ដី​ប្រាថ្នា​គ្របសង្កត់។

ចប់ មិត្តវិន្ទជាតក ទី៤។

ទុព្វលកដ្ឋជាតក ទី៥

(១០៥. ទុព្វលកដ្ឋជាតកំ)

[១០៥] (រុក្ខទេវតាពោធិសត្វ ពោលថា) ឈើគ្រាំគ្រា ដែលខ្យល់​កាច់​បំបាក់​បានក្នុង​ព្រៃនោះ មានច្រើន ម្នាលដំរី ប្រសិន​បើអ្នកខ្លាច​ឈើនោះ អ្នកមុខជា​នឹងស្គម​មិនខាន។

ចប់ ទុព្វលកដ្ឋជាតក ទី៥។

ឧទញ្ជនីជាតក ទី៦

(១០៦. ឧទញ្ចនីជាតកំ)

[១០៦] (កូនតាបសពោធិសត្វ ពោលថា) មេចោរដុតចំអិន ល្មោភស៊ី ដូចជា​ភាជន៍​ដងនូវ​ទឹក រមែងសូម​នូវប្រេងផង នូវ​អំបិលផង នឹងខ្ញុំដែល​ធ្លាប់រស់នៅ​ជាសុខ ដោយ​សំដីហាក់​ដូចជាប្រពន្ធ។

ចប់ ឧទញ្ជនីជាតក ទី៦។

សាលិត្តកជាតក ទី៧

(១០៧. សាលិត្តកជាតកំ)

[១០៧] (អាមាត្យពោធិសត្វ ពោលថា) ធម្មតា សិល្បសាស្រ្ត​យ៉ាងណា​ក៏ដោយ សុទ្ធតែ​សំរេច​ប្រយោជន៍ សូមព្រះអង្គ​ទត ស្រុកសួយ​ទាំង ៤ ទិស ដែល​បុរសខ្វិន​បានហើយ ដោយការផ្ទាត់ (អាចម៍ពពែ) នៃបុរសខ្វិន។

ចប់ សាលិត្តកជាតក ទី៧។

ពាហិយជាតក ទី៨

(១០៨. ពាហិយជាតកំ)

[១០៨] (អាមាត្យពោធិសត្វ ពោលថា) ជនគប្បីសិក្សា​នូវកិច្ចដែល​ត្រូវ​សិក្សា ពួកជន រមែងមាន​សេចក្ដី​ពេញចិត្ត​ក្នុងកិច្ចនោះ ចំណែក​ស្រីអ្នក​ស្រុកពាហិយៈ បាន​ញ៉ាំងព្រះរាជា​ឲ្យត្រេកអរ ដោយការ​ខ្មាសអៀន (របស់ខ្លួន)។

ចប់ ពាហិយៈជាតក ទី៨។

កណ្ឌកបូវជាតក ទី៩

(១០៩. កុណ្ឌបូវជាតកំ)

[១០៩] (រុក្ខទេវតាពោធិសត្វ ពោលថា) បុរសស៊ីយ៉ាងណា ទេវតារបស់​បុរសនោះ ក៏ស៊ី​យ៉ាងនោះ​ដែរ អ្នកចូរនាំ​យកនូវនំ​កុណ្ឌកនុ៎ះមក អ្នកកុំញ៉ាំង​នំកុណ្ឌក ជាចំណែក​របស់ខ្ញុំ​ឲ្យវិនាសទៅ។

ចប់ កុណ្ឌកបូវជាតក ទី៩។

សព្វសំហារកបញ្ហា ទី១០

(១១០. សព្វសំហារកបញ្ហជាតកំ)

[១១០] គ្រឿងអប់ទាំងពួងគ្មានទេ សុទ្ធតែផ្កាប្រយង្គុទេតើ បក់ផ្សាយទៅ (នោះ) ឯស្ត្រីអ្នកលេង រមែងពោល​ពាក្យមិនពិត ស្ត្រីចាស់​ទើបបាន​ពោលពាក្យ​ពិត។

ចប់ សព្វសំហារកបញ្ហា ទី១០។

ចប់ បរោសតវគ្គ ទី១១។

ឧទ្ទាននៃបរោសតវគ្គនោះគឺ

និយាយអំពីបុគ្គលជាងមួយរយ ១ បុគ្គលជាទីពឹង ១ បុគ្គលមាន​ពៀរ ១ ចក្រវិល ១ ដំរីប្រសើរ ១ រស់នៅជាសុខ ១ សិល្បៈ ១ ស្រីអ្នកស្រុកពាហិយៈ ១ នំកុណ្ឌក ១ ស្រីចាស់ ១ ត្រូវជា ១០។

ហំសិវគ្គ ទី១២

(១២. ហំចិវគ្គោ)

គទ្រភបញ្ហា​ ទី១

(១១១. គទ្រភបញ្ហជាតកំ)

[១១១] បពិត្រព្រះរាជាដ៏ប្រសើរ ព្រះអង្គរីករាយ រមែងសំគាល់ថា បិតា​ប្រសើរ​ជាងកូន​យ៉ាងនេះ បើដូច្នោះ មានតែ​សត្វលា​របស់ព្រះអង្គ​នេះ ប្រសើរ​ជាង​សេះអស្សតរ ព្រោះ​សត្វលា​ជាបា​នៃ​សេះអស្សតរ។

ចប់ គទ្រភបញ្ហា ទី១។

អមរាទេវិបញ្ហា ទី២

(១១២. អមរាទេវីបញ្ហជាតកំ)

[១១២] (បពិត្រអ្នកម្ចាស់) រានផ្សារដែលគេលក់សដូវ និងម្ជូរ និងដើម​រលួស​មានស្លឹក​ពីរជាន់ មាននៅក្នុង​ទិសាភាគ​ណា ខ្ញុំកាន់​បបរ​ដោយដៃណា ខ្ញុំម្ចាស់​ប្រាប់ផ្លូវ​ដោយដៃនោះ ខ្ញុំមិនបាន​កាន់បបរ​ដោយដៃណា ខ្ញុំមិនប្រាប់​ផ្លូវដោយដៃ​នោះទេ ទិសាភាគ​នុ៎ះឯង​ហើយ ជាផ្លូវនៃ​យាវមជ្ឈគ្រាម អ្នកចូរដឹង​ផ្លូវដ៏កំបាំង​នុ៎ះចុះ។

ចប់ អមរាទេវិបញ្ហា ទី២។

សិគាលជាតក ទី៣

(១១៣. សិង្គាលជាតកំ)

[១១៣] (រុក្ខទេវតាពោធិសត្វ ពោលថា) ម្នាលព្រាហ្មណ៍ អ្នកជឿពាក្យ​ចចក​ដែលផឹក​សុរា​ដូចម្ដេចបាន (សូម្បី​សម្បក) ខ្យងចំនួន​មួយរយ មិនមានទេ ​តើ​កហាបណៈ ពីររយ នឹងមាន​មកអំពី​ទីណា។

ចប់ សិគាលជាតក ទី៣។

មិតចិន្តិជាតក ទី៤

(១១៤. មិតចិន្តិជាតកំ)

[១១៤] (ព្រះសាស្ដា ត្រាស់ថា) ត្រីឈ្មោះពហុចិន្តី និងអប្បចិន្តី 3) ទាំងពីរ បានជាប់នៅក្នុងសំណាញ់ ត្រីឈ្មោះមិតចិន្តី បានដោះឲ្យរួចខ្លួន ត្រីទាំងពីរ បានជួបគ្នាក្នុងទឹកនោះ។

ចប់ មិតចិន្តិជាតក ទី៤។

អនុសាសិកជាតក ទី៥

(១១៥. អនុសាសិកជាតកំ)

[១១៥] (បក្សីជាធំពោធិសត្វ ពោលថា) មេបក្សីណា ប្រៀនប្រដៅ​នូវ​បក្សីដទៃ តែជាអ្នក​ប្រព្រឹត្តលោភ​ដោយខ្លួនឯង មេបក្សីនោះ​ដេកបាក់ស្លាប ដូចជាសត្វសាលិកា ដែល​កង់កិន​ហើយ។

ចប់ អនុសាសិកជាតក ទី៥។

ទុព្វចជាតក ទី៦

(១១៦. ទុព្វចជាតកំ)

[១១៦] (កូនសិស្សពោធិសត្វ ពោលថា) បពិត្រលោកអាចារ្យ អំពើ​ដែល​ធ្វើជ្រុល​នេះ មិនគាប់ចិត្តខ្ញុំទេ លោកលោតបាន​តែផ្លែលំពែង ទី៤ ហើយត្រូវ​លំពែងទី ៥ មុតហើយ។

ចប់ ទុព្វចជាតក ទី៦។

តិត្តិរជាតក ទី៧

(១១៧. តិត្តិរជាតកំ)

[១១៧] (តាបសពោធិសត្វ ពោលថា) វាចាដែលខ្ពស់ហួស ខ្លាំងហួស ពោល​ហួសកាល​វេលា រមែងសម្លាប់​បុគ្គលពាល អ្នកឥតបញ្ញា ដូចជាវាចា​ដែលសម្លាប់​នូវ​សត្វទទា​ដែលរងាវ​ហួស។

ចប់ តិត្តិរជាតក ទី៧។

វដ្តកជាតក ទី៨

(១១៨. វដ្ដកជាតកំ)

[១១៨] (ចាបពោធិសត្វ ពោលថា) បុរសកាលមិនបាន​រិះគិត រមែង​មិនបាន​សម្រេច​នូវគុណវិសេស​ឡើយ អ្នកចូរឃើញ​ផលនៃ​ឧបាយដែល​ខ្ញុំគិតហើយ ព្រោះខ្ញុំ រួចអំពី​សេចក្តីស្លាប់​នឹងចំណង។

ចប់ វដ្តកជាតក ទី៨។

អកាលរាវិជាតក ទី៩

(១១៩. អកាលរាវិជាតកំ)

[១១៩] (អាចារ្យទិសាបាមោក្ខពោធិសត្វ ពោលថា) មាន់នេះ ចំរើន​នៅក្នុង​សំណាក់​នៃបុគ្គល​មិនមែនជា​មាតាបិតា កាលនៅក្នុង​ត្រកូលនៃ​បុគ្គល​មិនមែន​ជាអាចារ្យ រមែង​មិនដឹងច្បាស់​នូវកាល​គួររងាវ ឬកាលមិនគួរ​រងាវ។

ចប់ អកាលរាវិជាតក ទី៩។

ពន្ធនមោក្ខជាតក ទី១០

(១២០. ពន្ធនមោក្ខជាតកំ)

[១២០] (បុរោហិតពោធិសត្វ ពោលថា) ជនពាលទាំងឡាយ ពោលក្នុង​ទីណា ពួកជន​ដែលមិន​ទាន់ជាប់ រមែងជាប់នៅ​ក្នុងទីនោះ អ្នក​ប្រាជ្ញទាំងឡាយ ពោល​ក្នុងទីណា ពួកជន​សូម្បីជាប់​ហើយ រមែងរួច​ក្នុងទីនោះ។

ចប់ ពន្ធនមោក្ខជាតក ទី១០។

ចប់ ហំសិវគ្គ ទី១២។

ឧទ្ទាននៃហំសិវគ្គនោះគឺ

និយាយអំពីគទ្រភបញ្ហា ១ សដូវ ១ រយកហាបណៈ ១ ត្រីឈ្មោះ​ពហុចិន្តិ ១ មេបក្សី ១ អំពើដែល​ធ្វើជ្រុល ១ ហួសវេលា ១ គុណវិសេស ១ មាន់គ្មានអាចារ្យ ១ អ្នកប្រាជ្ញ​ពោល ១ ត្រូវជា ១០។

កុសនាឡិវគ្គ ទី១៣

(១៣. កុសនាឡិវគ្គោ)

កុសនាឡិជាតក ទី១

(១២១. កុសនាឡិជាតកំ)

[១២១] (រុក្ខទេវតា ពោលថា) ជនស្មើគ្នាក្តី ទាំងជនប្រសើរ​ជាងក្តី គប្បី​ធ្វើ (នូវ​មិត្តធម៌) សូម្បីជនម្នាក់​ជាអ្នក​ថោកទាប ក៏គប្បីធ្វើ (នូវ​មិត្តធម៌​ដែរ) ព្រោះមិត្ត​ទាំងនោះ គប្បីធ្វើនូវ​ប្រយោជន៍​ដ៏ឧត្តម​ក្នុងកាលដែល​មានសេចក្តី​វិនាស ដូចជា​ខ្ញុំជាទេវតា ឈ្មោះ​កុសនាឡិ និង​ទេវតា​ឈ្មោះរុចា ធ្វើនូវ​ប្រយោជន៍​ដ៏ឧត្តម (ក្នុង​កាលដែល​មានសេចក្តី​វិនាស)។

ចប់ កុសនាឡិជាតក ទី១។

ទុម្មេធជាតក ទី២

(១២២. ទុម្មេធជាតកំ)

[១២២] (ទ្រម័កដំរី ពោលថា) បុគ្គលឥតប្រាជ្ញា បានយស​បរិវារហើយ តែង​ប្រព្រឹត្ត​នូវកម្ម​មិនជា​ប្រយោជន៍​ដល់ខ្លួន ទំាង​ប្រតិបត្តិ ដើម្បី​បៀតបៀន​ដល់ខ្លួន​ឯងផង ដល់ជន​ទំាងឡាយ​ដទៃផង។

ចប់ ទុម្មេធជាតក ទី២។

នង្គលីសជាតក ទី៣

(១២៣. នង្គលីសជាតកំ)

[១២៣] (អាចារ្យទិសាបាមោក្ខពោធិសត្វ ពោលថា) បុគ្គលពាល រមែង​ពោលនូវ​វាចា​ដែលមិនទួទៅ​ក្នុងវត្ថុ​ទំាងពួង ក្នុងទីទំាង​ពួង មាណពនេះ មិនស្គាល់​ទឹកដោះជូរ មិនស្គាល់​ចន្ទោលនង្គ័ល​ឡើយ ទើបសំគាល់​នូវ​ទឹកដោះជូរ និង​ទឹកដោះស្រស់ ថាជា​ចន្ទោល​នៃនង្គ័ល​ទៅវិញ។

ចប់ នង្គលីសជាតក ទី៣។

អម្ពជាតក ទី៤

(១២៤. អម្ពជាតកំ)

[១២៤] (តាបសពោធិសត្វ ពោលថា) បុរសជាបណ្ឌិត គប្បីប្រឹងប្រែង មិនគប្បី​ធុញទ្រាន់​ឡើយ អ្នកចូរឃើញ​ផលនៃសេចក្ដី​ព្យាយាម​ដ៏ជាក់ស្ដែង (ព្រោះ) ផ្លែស្វាយ​ទំាងឡាយ​ជាដើម ដែលពួក​ឥសីបរិភោគ​ហើយ។

ចប់ អម្ពជាតក ទី៤។

កដាហកជាតក ទី៥

(១២៥. កដាហកជាតកំ)

[១២៥] (ធីតានៃសេដ្ឋី ពោលថា) ទាសៈឈ្មោះ​កដាហកៈ​នោះ ទៅកាន់​ជនបទដទៃ ពោល​អួតនូវ​ពាក្យច្រើន សេដ្ឋីជាម្ចាស់​មកតាម (ម្ដងទៀត) គប្បីប្រទូស្ត​មិនខាន ម្នាល​កដាហកៈ អ្នកចូរបរិភោគ​នូវភោគៈ​ទាំងឡាយ​ទៅ។

ចប់ កដាហកជាតក ទី៥។

អសិលក្ខណជាតក ទី៦

(១២៦. អសិលក្ខណជាតកំ)

[១២៦] (ព្រះរាជាពោធិសត្វ ពោលថា) ការកណ្ដាស់នោះ របស់បុគ្គល​ខ្លះល្អ ការកណ្ដាស់​នោះ របស់បុគ្គល​ខ្លះអាក្រក់ ហេតុនោះ ការ​កណ្ដាស់ មិនមែនល្អ​ទំាងអស់ មិនមែន​អាក្រក់​ទំាងអស់ទេ។

ចប់ អសិលក្ខណជាតក ទី៦។

កលណ្ឌុកជាតក ទី៧

(១២៧. កលណ្ឌុកជាតកំ)

[១២៧] (កូនសេក ពោលថា) នោះជាប្រទេស នោះជា​ទីកន្លែង (គឺផ្ទៃ​នៃទាសី) សូម្បីខ្ញុំ​ជាសត្វគោចរ​ក្នុងព្រៃ (គង់ដឹង​ដំណើរនុ៎ះ ម្ចាស់ទាំងឡាយ​របស់អ្នក) រកឃើញ​ហើយ ចាប់អ្នកមិនខាន ម្នាល​កលណ្ឌុកៈ អ្នកចូរផឹក​នូវទឹកដោះ។

ចប់ កលណ្ឌុកជាតក ទី៧។

មូសិកជាតក ទី៨

(១២៨. ពិឡារវតជាតកំ)

[១២៨] (កណ្ដុរពោធិសត្វ ពោលថា) បុគ្គលអ្នកបិទបាំង​ទោសណា ធ្វើនូវ​ធម៌ឲ្យជា​ទង់ជ័យ ញ៉ាំងសត្វ​ទាំងឡាយ​ឲ្យទុកចិត្ត ហើយ​ប្រព្រឹត្តនូវ​អំពើអាក្រក់ វត្ត​របស់​បុគ្គល​នោះ ឈ្មោះថា​ពិឡារវត្ត (វត្តឆ្មា)។

ចប់ មូសិកជាតក ទី៨។

អគ្គិកជាតក ទី៩

(១២៩. អគ្គិកភារទ្វាជជាតកំ)

[១២៩] (កណ្ដុរពោធិសត្វ ពោលថា) កំប៉ោយនេះ មិនមែនមាន ព្រោះ​ហេតុនៃ​បុណ្យទេ កំប៉ោយនេះ​មាន ព្រោះហេតុ​តែគ្រឿង​បរិភោគ ការរាប់​ដោយ​កន្ទុយ រមែង​ប្រព្រឹត្ត​ទៅ​ នែ​អគ្គិកៈ ការនៅរួមគ្នា ​គួរដល់អ្នក​ហើយ។

ចប់ អគ្គិកជាតក ទី៩។

កោសិយជាតក ទី១០

(១៣០. កោសិយជាតកំ)

[១៣០] (ព្រាហ្មណ៍ជាប្ដី ពោលថា) នាងចូរបរិភោគ​ឲ្យដូចជា​សំដី ចូរលេប (ថ្នាំ) ឲ្យដូចជា​បាយ​ដែលនាងស៊ី​ហើយ ម្នាលព្រាហ្មណី​ជាកោសិយគោត្រ (ព្រោះ) វាចា និង​ភត្ត​ដែលនាង​បរិភោគ​ហើយ​ទាំងពីរ (នេះ) មិនស្មើ​គ្នាទេ។

ចប់ កោសិយជាតក ទី១០។

ចប់ កុសនាឡិវគ្គ ទី១៣។

ឧទ្ទាននៃកុសនាឡិវគ្គនោះគឺ

និយាយអំពីកុសនាឡិជាតក ១ យស ១ ទឹកដោះជូរ ១ ស្វាយ ១ ទាសៈ​ឈ្មោះ​កដាហកៈ ជាគំរប់ប្រាំ ១ ទឹកដោះស្រស់ ១ វិឡារវត្ត ១ ចចកមានកំប៉ោយ ១ កណ្ដាស់អាក្រក់ ១ ព្រាហ្មណី​ជាកោសិយគោត្រ ១ ត្រូវជា ១០។

អសម្បទានវគ្គ ទី១៤

(១៤. អសម្បទានវគ្គោ)

អសម្បទានជាតក ទី១

(១៣១. អសម្បទានជាតកំ)

[១៣១] (សេដ្ឋីពោធិសត្វ ពោលថា) ការរាប់អាន​ទាំងឡាយ របស់ជន​ពាល រមែង​ទៅជា​ទោស ព្រោះតែ​មិនទទួល​នូវវត្តុ តាមមាន​តាមបាន ព្រោះហេតុ​នោះ បានជា​យើងខ្ញុំ​នាំយក​សំដីស្រូវ​កន្លះ មានៈ (៤ នាឡិ) មក កុំឲ្យការ​មេត្រីរាប់អាន​របស់យើង បែក​បាក់ទៅ​ឡើយ សូមឲ្យការ​មេត្រីរាប់​អាននេះ នៅទៀងទាត់។

ចប់ អសម្បទានជាតក ទី១។

បញ្ចភិរុកជាតក ទី២

(១៣២. ភីរុកជាតកំ)

[១៣២] (ព្រះរាជាពោធិសត្វ ពោលថា) យើងមិនបាន​លុះក្នុងអំណាច​នៃពួក​យក្ខិនីឡើយ ព្រោះមាន​សេចក្ដី​ព្យាយាមដ៏មាំ ក្នុងឧបាយ គ្រឿង​ណែនាំ​របស់​ព្រះបច្ចេកពុទ្ធ ជាអ្នក​ឈ្លាសផង ព្រោះភាព​ជាអ្នកគ្រប​សង្កត់​សេចក្ដីខ្លាច និង​សេចក្ដី​តក់ស្លុត​ផង សុវត្ថិភាព​ចាកភ័យ​ដ៏ធំនោះ មានដល់ខ្ញុំ។

ចប់ បញ្ចភិរុកជាតក ទី២។

ឃតាសនជាតក ទី៣

(១៣៣. ឃតាសនជាតកំ)

[១៣៣] (ស្ដេចបក្សីពោធិសត្វ ពោលថា) សេចក្ដីក្សេមក្សាន្ត មាន​នៅ​លើ​ខ្នង​ទឹកណា លើខ្នង​ទឹកនោះ មានសត្រូវ​កើតហើយ ព្រោះភ្លើង​ឆេះត្រង់ពាក់​កណ្ដាល​នៃទឹក ទីអាស្រ័យ​នៅ (នៃពួកយើង) លើដើមឈើ (ដែលដុះ) លើផែនដីធំ ក្នុងថ្ងៃ​នេះគ្មានទេ អ្នក​ទាំងឡាយ ចូរទៅកាន់​ទិសឯទៀត​ទៅ ថ្ងៃនេះ​ភ័យកើត​ឡើង​ដល់យើង​ទាំងឡាយ អំពី​ឈើជា​ទីពឹង​ហើយ។

ចប់ ឃតាសនជាតក ទី៣។

ឈានសោធនជាតក ទី៤

(១៣៤. ឈានសោធនជាតកំ)

[១៣៤] (មហាព្រហ្មពោធិសត្វ ពោលថា) ពួកសត្វណា មានសញ្ញា ពួកសត្វនោះ ក៏ទុគ៌ត (មិនបាន​សមាបត្តិ) ពួកសត្វណា មិនមាន​សញ្ញា ពួកសត្វនោះ​ក៏ទុគ៌ត អ្នកចូរវៀរ​នូវសត្វ​ទាំងពីរ​ពួកនោះចេញ សុខដែលកើត​អំពី​សមាបត្តិ​នោះ ឈ្មោះថា មិនមាន​ទីទួល គឺ​កិលេស​ឡើយ។

ចប់ ឈានសោធនជាតក ទី៤។

ចន្ទាភជាតក ទី៥

(១៣៥. ចន្ទាភជាតកំ)

[១៣៥] (មហាព្រហ្មពោធិសត្វ ពោលថា) បុគ្គលណា ក្នុងលោកនេះ បាន​នូវ​កសិណ មានពន្លឺ​ដូចព្រះចន្ទ (ឱទាតកសិណ) មានពន្លឺ​ដូចព្រះអាទិត្យ (បីតកសិណ) ដោយ​បញ្ញា បុគ្គលនោះ រមែងទៅ​កើតក្នុង​អាភស្សរព្រហ្មលោក ដោយឈាន​មិនមាន​វិតក្កៈ (ទុតិយជ្ឈាន)។

ចប់ ចន្ទាភជាតក ទី៥។

សុវណ្ណហំសជាតក ទី៦

(១៣៦. សុវណ្ណហំសជាតកំ)

[១៣៦] (ព្រះសាស្ដា ត្រាស់ថា) ទ្រព្យណា ដែលបុគ្គល​បានមកហើយ បុគ្គល​គប្បីត្រេកអរ​ដោយទ្រព្យនោះ ព្រោះថា​សេចក្តី​ល្មោភហួស ជារបស់​លាមក (ដូចនាង​ព្រាហ្មណី) ក៏សាបសូន្យ ចាកមាស ព្រោះចាប់​ស្ដេចហង្ស។

ចប់ សុវណ្ណហំសជាតក ទី៦។

ពព្វុជាតក ទី៧

(១៣៧. ពព្វុជាតកំ)

[១៣៧] (ព្រះសាស្ដា ត្រាស់ថា) ឆ្មា ១ បានកណ្ដុរ​ក្នុងទីណា ឆ្មាជា​គំរប់​ពីរ គំរប់បី គំរប់បួន រមែងកើត​ក្នុងទីនោះ ឆ្មាទាំងនោះ (ប្រហារ) នូវរន្ធនេះ ហើយដល់​នូវសេចក្ដី​ស្លាប់។

ចប់ ពព្វុជាតក ទី៧។

គោធជាតក ទី៨

(១៣៨. គោធជាតកំ)

[១៣៨] (ទន្សងពោធិសត្វ ពោលថា) ម្នាលតាបស​ឥតបញ្ញា ប្រយោជន៍​អ្វីដោយ​ជដា​របស់អ្នក ប្រយោជន៍​អ្វីដោយស្បែក​ខ្លាឃ្មុំរបស់អ្នក ព្រោះគ្រឿង​សាំញាំដោយ (រាគាទិក្កិលេស) មាន​ខាងក្នុង​របស់អ្នក អ្នកខំ​ដុះខាត់​តែខាងក្រៅទេ។

ចប់ គោធជាតក ទី៨។

ឧភតោភដ្ឋជាតក ទី៩

(១៣៩. ឧភតោភដ្ឋជាតកំ)

[១៣៩] (រុក្ខទេវតាពោធិសត្វ ពោលថា) ភ្នែកទាំងឡាយ​បែកធ្លាយហើយ សំពត់​បាត់ហើយ ការឈ្លោះ ក៏មានក្នុងផ្ទះ​នៃស្រ្តីជាសំឡាញ់ ការងារ​ទាំងឡាយ​ខូចទាំង​សងខាង គឺក្នុង​ទឹកផង លើគោកផង។

ចប់ ឧភតោភដ្ឋជាតក ទី៩។

កាកជាតក ទី១០

(១៤០. កាកជាតកំ)

[១៤០] (ក្អែកពោធិសត្វ ពោលថា) ក្អែកទាំងឡាយ ជាសត្វមាន​ហឫទ័យ​ភ្ញាក់ផ្អើល​ជានិច្ច ជាសត្វ​បៀតបៀន​មនុស្ស​លោកទាំងពួង ព្រោះហេតុនោះ បានជា​ខ្លាញ់រាវ​នៃពួកក្អែក ជាញាតិ​របស់យើង​ទាំងនោះ មិនចេះ​មានឡើយ។

ចប់ កាកជាតក ទី១០។

ចប់ អសម្បទានវគ្គ ទី១៤។

ឧទ្ទាននៃអសម្បទានវគ្គនោះគឺ

និយាយអំពីវត្ថុតាមមាន​តាមបាន ១ យក្ខិនី ១ ទីក្សេម ១ អាភស្សរមហាព្រហ្ម​ដូចក្នុង​បរោសតបញ្ហា ១ អាភស្សរមហាព្រហ្ម ១ ទៀត ហង្សឧត្តមប្រសើរ ១ ឆ្មា ១ ជដា ១ ព្រានបាត់​សំពត់ ១ ក្អែក ១ ត្រូវជា ១០។

កកណ្ដកវគ្គ ទី១៥

(១៥. កកណ្ដកវគ្គោ)

គោធជាតក ទី១

(១៤១. គោធជាតកំ)

[១៤១] (ស្ដេចទន្សងពោធិសត្វ ពោលថា) បុគ្គលអ្នកសេពគប់​នូវជនបាប រមែង​មិនដល់​នូវសេចក្ដី​សុខពិតទេ ដូចជា​ត្រកូល​ទន្សង មិនបាន​សេចក្ដីសុខ ព្រោះត្រគួត រមែង​ញុំាងខ្លួន​ឲ្យដល់​នូវសេចក្ដី​វិនាស។

ចប់ គោធជាតក ទី១។

សិង្គាលជាតក ទី២

(១៤២. សិង្គាលជាតកំ)

[១៤២] (សេ្តចចចកពោធិសត្វ ពោលថា) អ្នកដេកធ្វើពុតជាស្លាប់ ដោយហេតុណា ហេតុរបស់​អ្នកនុ៎ះ ដឹងបាន​ដោយក្រ តែដំបង​មិនរបូត​អំពីដៃ​របស់អ្នក កំពុង​ចាប់កាន់​នោះ។

ចប់ សិង្គាលជាតក ទី២។

វិរោចនជាតក ទី៣

(១៤៣. វិរោចជាតកំ)

[១៤៣] (កេសរសីហពោធិសត្វ ពោលថា) ខួរក្បាលរបស់អ្នកធ្លាយ​ចេញផង រលាក្បាល​របស់អ្នក​បែកធ្លាយផង ឆ្អឹងជំនីរ​ទាំងអស់​របស់អ្នក ដំរីបំបាក់​ហើយផង ក្នុងថ្ងៃ​នេះ អ្នកនៅ​រុងរឿង​អ្វីទៀត។

ចប់ វិរោចនជាតក ទី៣។

នង្គុដ្ឋជាតក ទី៤

(១៤៤. នង្គុដ្ឋជាតកំ)

[១៤៤] (តាបសពោធិសត្វ ពោលថា) ម្នាលភ្លើង ជាអសប្បុរស យើង​នឹង​បូជាអ្នក​ដោយ​កន្ទុយណា កន្ទុយប៉ុណ្ណេះ​ច្រើនហើយ ក្នុងថ្ងៃនេះ សាច់មិនមាន​ដល់អ្នក​ដ៏គួរ​ដល់​សាច់ទេ អ្នកដ៏ចំរើន ចូរ​ទទួលយក​តែកន្ទុយចុះ។

ចប់ នង្គុដ្ឋជាតក ទី៤។

រាធជាតក ទី៥

(១៤៥. រាធជាតកំ)

[១៤៥] (សេកពោធិសត្វ ពោលថា) ម្នាលរាធៈ អ្នករមែង​មិនដឹងច្បាស់​ថា ពួកមនុស្ស​ប៉ុណ្ណេះ ក្នុងពេលពាក់​កណ្ដាល​អធ្រាត្រ​មិនទាន់​មកដល់ ពោល​ចរចា​នូវពាក្យ​មិនប្រាកដ​នឹងនាង​ព្រាហ្មណី ជាកោសិយគោត្រ​អ្នកមិនមាន​តម្រេក (នឹងស្វាមីខ្លួន)។

ចប់ រាធជាតក ទី៥។

កាកជាតក ទី៦

(១៤៦. សមុទ្ទកាកជាតកំ)

[១៤៦] (ពួកក្អែក ពោលថា) អើ ចង្កាយើងក៏រោយ ទាំងមាត់ក៏ស្ងួត​ក្រៀមក្រោះ យើង​មិនអាច​បាចទឹក ក្នុងសមុទ្រ​ឲ្យរីងបានទេ ព្រោះមហាសមុទ្រ​នៅតែពេញ​ដដែល។

ចប់ កាកជាតក ទី៦។

បុប្ផរត្តជាតក ទី៧

(១៤៧. បុប្ផរត្តជាតកំ)

[១៤៧] (មនុស្សទុគ៌ត ពោលថា) ក្អែកចោះអញ ដោយហេតុណា ហេតុនេះ មិនជា​ទុក្ខទេ សេចក្ដី​ទុក្ខនោះ ក៏មិនមាន​ដល់យើង​ឡើយ ទុក្ខមាន​ដល់យើងនោះ ត្រង់​ភរិយាឈ្មោះ​សាមា មិនស្លៀក​សណ្ដប់សំពត់ ដែល​ជ្រលក់ដោយ​ទឹក​ដកគាំ ដើរមើល​មហោស្រព ក្នុង​ខែកត្តិក។

ចប់ បុប្ផរត្តជាតក ទី៧។

សិង្គាលជាតក ទី៨

(១៤៨. សិង្គាលជាតកំ)

[១៤៨] (ចចកពោធិសត្វ ពោលថា) យើង​នឹងមិនចូលកាន់​ពោះដំរី​ទៀត យើងនឹង​មិនចូល​កាន់ពោះ​ដំរីទៀត យើងនឹង​មិនចូលកាន់​ពោះដំរី​ញយ ៗ ទេ ព្រោះយើង​ត្រូវភ័យ​គម្រាម​ហើយ ដូច្នោះ។

ចប់ សិង្គាលជាតក ទី៨។

ឯកបណ្ណជាតក ទី៩

(១៤៩. ឯកបណ្ណជាតកំ)

[១៤៩] (ឥសីពោធិសត្វ ពោលថា) ឈើនេះ ទើបតែនឹងមាន​ស្លឹកតែមួយ ៗ ដុះអំពី​ផែនដី មិនទាន់​ដល់ ៤ធ្នាប់ មានផ្លែ​ដូចជា​ថ្នាំពិសទៅ​ហើយ ចំណង់ឈើ​នេះធំឡើង នឹង​ដូចម្ដេច​ទៅទៀត។

ចប់ ឯកបណ្ណជាតក ទី៩។

សញ្ជីវជាតក ទី១០

(១៥០. សញ្ជីវជាតកំ)

[១៥០] (អាចារ្យទិសាបាមោក្ខពោធិសត្វ ពោលថា) បុគ្គលណា លើកដំកើង​នូវជន ជា​អសប្បុរស​ផង ចូលទៅ​សេពគប់​នូវជន​ជា​អសប្បុរស​ផង ជនជា​អសប្បុរស​នោះ រមែង​ធ្វើនូវ​បុគ្គល​នោះឯង ឲ្យទៅជា​អាហារ ដូចខ្លា​និង​សញ្ជីវមាណព។

ចប់ សញ្ជីវជាតក ទី១០។

ចប់ កកណ្តកវគ្គ ទី១៥។

ឧទា្ទននៃកកណ្តកវគ្គនោះគឺ

និយាយអំពីបុគ្គលដល់នូវសេចក្តីសុខ ១ ដំបងប្រសើរ ១ ខួរក្បាល ១ កន្ទុយ ១ សេកឈ្មោះ​រាធៈ ដ៏ប្រសើរ ជាគំរប់ប្រាំ ១ សមុទ្ទ ១ មហោស្រព​ខែកត្តិក ១ ពោះដំរី ១ ឈើដុះ ៤ ធ្នាប់ ១ ខ្លាដ៏ប្រសើរ ១ ត្រូវជា ១០។

ឧទ្ទាននៃវគ្គមានក្នុងឯកនិបាតនោះគឺ

អបណ្ណកវគ្គ ១ សីលវគ្គ ១ កុរុង្គវគ្គ ១ កុលាវកវគ្គ ១ អត្ថកាមវគ្គ ជាគំរប់ប្រាំ ១ អសឹសវគ្គ ១ ឥត្ថីវគ្គ ១ វរុណវគ្គ ១ អបាយិម្ហវគ្គ ១ លិត្តវគ្គ ១ ត្រូវជា ១០ បរោសតវគ្គ ១ ហំសិវគ្គ ១ កុសនាឡិវគ្គ ១ អសម្បទានវគ្គ ១ កកណ្តកវគ្គ ១ ក្នុង​ឯកនិបាតប្រដាប់ (ដោយ​វគ្គដូច្នេះឯង)។

ចប់ ឯកនិបាត។

ទុកនិបាតជាតក

(២. ទុកនិបាតោ)

ទឡ្ហវគ្គ ទី១

(១. ទឡ្ហវគ្គោ)

រាជោវាទជាតក ទី១

(១៥១. រាជោវាទជាតកំ (២-១-១))

[១៥១] (សារថីរបស់ព្រះបាទរាជាពល្លិកៈ ពោលថា) ព្រះបាទពល្លិកៈ រមែង​បោះនូវ​របស់​មាំដល់​បុគ្គល​អ្នកមាំ ឈ្នះនូវ​បុគ្គលទន់​ដោយ​កិរិយាទន់ ឈ្នះនូវ​សប្បុរស ដោយ​សប្បុរស ឈ្នះនូវ​អសប្បុរស ដោយអសប្បុរស ព្រះរាជានេះ (មាន​សីល និង​អាចារៈ) ប្រាកដដូច្នេះ ម្នាលសារថី អ្នកចូរចៀស​ចេញអំពី​ផ្លូវទៅ។

[១៥២] (សារថីរបស់ព្រះបាទពារាណសី ពោលថា) ព្រះរាជាគប្បី​ឈ្នះបុគ្គល​អ្នកក្រោធ ដោយសេចក្ដី​មិនក្រោធ គប្បីឈ្នះ​អសប្បុរស ដោយ​សប្បុរស គប្បី​ឈ្នះ​បុគ្គល​កំណាញ់ ដោយ​ការឲ្យ គប្បីឈ្នះ​បុគ្គលអ្នក​ពោលពាក្យ​កុហក ដោយការ​ពោលពាក្យពិត ព្រះរាជានេះ (មានសីល និង​អាចារៈ) ប្រាកដ​ដូច្នេះ ម្នាលសារថី អ្នកចូរ​ចៀស​ចេញ​អំពីផ្លូវ​ទៅ។

ចប់ រាជោវាទជាតក ទី១។

សិគាលជាតក ទី២

(១៥២. សិគាលជាតកំ)

[១៥៣] (រាជសីហ៍ពោធិសត្វ ពោលថា) ការងារទាំងឡាយនោះ ញុំាង​បុគ្គល​អ្នកមាន​ការងារ​មិនបាន​ពិចារណា​ដោយត្រឹមត្រូវ ឲ្យ​សំរេច​ដោយរួសរាន់​ឲ្យក្ដៅក្រហាយ ដូចជា​វត្ថុក្ដៅ​ដែលបុគ្គល​ពមចូលទៅ​ក្នុងមាត់។

[១៥៤] (ព្រះសាស្ដា ត្រាស់ថា) សីហៈញុំាងភ្នំប្រាក់ឲ្យលាន់ឮខ្លាំង ដោយ​សីហនាទ ចចក​នៅក្នុង​ភ្នំប្រាក់ បានឮសំលេង​គឹកកង​នៃសត្វសីហៈ​ហើយ ក៏ភ័យ​តក់ស្លុត​បែក​ហ្ឫទ័យ​ស្លាប់។

ចប់ សិគាលជាតក ទី២។

សូករជាតក ទី៣

(១៥៣. សូករជាតកំ (២-១-៣))

[១៥៥] (សូករៈ ពោលថា) ម្នាលសំឡាញ់អ្នកមានធុរៈស្មើ ខ្ញុំមានជើង ៤ ម្នាល​សំឡាញ់ អ្នកឯង​ក៏មានជើង ៤ ដែរ ម្នាលសំឡាញ់ អ្នកចូរត្រឡប់មក អ្នកខ្លាចឬ បានជា​រត់ចេញ។

[១៥៦] (សីហៈពោធិសត្វ ពោលថា) ម្នាលសូករៈ អ្នកមានកាយ​មិនស្អាត មានរោម​ប្រឡាក់​ដោយវត្ថុ​ស្អុយ មានក្លិន​អាក្រក់​បក់ទៅ បើអ្នកចង់​ច្បាំងគ្នា ម្នាល​សំឡាញ់ យើងឲ្យ​ជ័យដល់​អ្នកឯង។

ចប់ សូករជាតក ទី៣។

ឧរគជាតក ទី៤

(១៥៤. ឧរគជាតក (២-១-៤))

[១៥៧] (គ្រុឌ ពោលថា) ស្ដេចនាគដ៏ប្រសើរជាងពស់ទាំងឡាយ មាន​ភេទដូច​ជាកែវ​ដែលកើត​អំពីថ្ម ប្រាថ្នាដើម្បីរួច បានចូលទៅ​ក្នុងសំពត់​ស្លៀកនេះ ខ្ញុំកោត​ក្រែងនូវ​បុគ្គល​មានភេទ​ដ៏ប្រសើរ ខ្ញុំប្រាថ្នា​នឹងបរិភោគ តែមិនអាច​នឹងបរិភោគ​បាន។

[១៥៨] (តាបសពោធិសត្វ ពោលថា) អ្នកមានបុគ្គលដ៏ប្រសើរគ្រប់គ្រង​ហើយ ចូររស់​នៅអស់កាល​យូរ អាហារ​ជាទិព្វ​ទាំងឡាយ ចូរកើតប្រាកដ​ដល់អ្នក (ព្រោះថា) អ្នកកោត​ក្រែងនូវបុគ្គល​មានភេទ​ដ៏ប្រសើរ អ្នកប្រាថ្នា​នឹងបិភោគ តែមិន​អាចបរិភោគ​បាន។

ចប់ ឧរគជាតក ទី៤។

ភគ្គជាតក ទី៥

(១៥៥. ភគ្គជាតកំ (២-១-៥))

[១៥៩] (មាណពពោធិសត្វ ពោលថា) បពិត្រភគ្គៈ សូមលោករស់​នៅអស់ ១២០ ឆ្នាំ បិសាចទាំងឡាយ ចូរកុំទំពា​ស៊ីនូវខ្ញុំឡើយ សូមលោក​រស់នៅអស់ ១២០ ឆ្នាំ។

[១៦០] (បិតារបស់ពោធិសត្វ ពោលថា) ចូរអ្នករស់នៅអស់ ១២០ ឆ្នាំដែរ បិសាច​ទាំង​ឡាយ ចូរទំពាស៊ី​នូវថ្នាំពិស អ្នកចូររស់នៅ​អស់ ១២០ ឆ្នាំ។

ចប់ ភគ្គជាតក ទី៥។

អលីនចិត្តជាតក ទី៦

(១៥៦. អលីនចិត្តជាតកំ (២-១-៦))

[១៦១] (ព្រះសាស្ដា ត្រាស់ថា) សេនាដ៏ច្រើន មានចិត្តរីករាយ ព្រោះ​អាស្រ័យ​នូវ​អលីនចិត្ត​រាជកុមារ បានញុំាង​ដំរីឲ្យចាប់​យកព្រះ​បាទកោសល​ទាំងរស់​ដែល​មិន​ត្រេកអរ​ហើយ ដោយ​រាជសម្បត្តិ​របស់ខ្លួន​យ៉ាងណា​មិញ។

[១៦២] ភិក្ខុអ្នកបរិបូណ៌ដោយនិស្ស័យ មានសេចក្តីព្យាយាម​ប្រារព្ធហើយ កាល​ចំរើន​នូវ​កុសលធម៌ ដើម្បីសម្រេច​នូវព្រះនិពា្វន​ជាទីក្សេម​ចាកយោគៈ គប្បី​ដល់នូវ​ការអស់ទៅ​នៃ​សំយោជនៈ​ទាំងពួង​ដោយលំដាប់ ក៏យ៉ាងនោះដែរ។

ចប់ អលីនចិត្តជាតក ទី៦។

គុណជាតក ទី៧

(១៥៧. គុណជាតកំ (២-១-៧))

[១៦៣] (ចចក ពោលថា) អ្នកមានកំឡាំង បណ្ដេញ (នូវបុគ្គលអ្នកសេព​គប់នឹង​ខ្លួន) តាមសេចក្ដី​ប្រាថ្នាបាន បពិត្រ​ស្ដេចម្រឹគ (នេះ) ជា​ធម្មតានៃ​អ្នកមាន​កំឡាំង បពិត្រ​ស្ដេចម្រឹគ អ្នកមាន​ចង្កូមស្រួច លោកចូរ​ដឹងចុះ មរណភ័យ​កើតហើយ​អំពីទីជា​ទីពឹង (របស់​យើង)។

[១៦៤] (សីហៈពោធិសត្វ ពោលថា) ប្រសិនបើមិត្រមាន​កំឡាំងខ្សោយ តែតាំង​នៅក្នុង​មិត្រធម៌​ទាំងឡាយ បុគ្គលនោះ ហៅថាជា​ញាតិផង ជា​ផៅពង្សផង បុគ្គល​នោះ​ហៅថា មិត្រផង បុគ្គលនោះ​ហៅថា សំឡាញ់​របស់យើង​ផង ម្នាល​មេម្រឹគ​មានចង្កូម នាង​កុំមើល​ងាយ​ចចកឈ្មោល និង​ចចកញី​ជាសំឡាញ់​យើងឡើយ ព្រោះចចក ជាអ្នក​ឲ្យជីវិត​ដល់យើង។

ចប់ គុណជាតក ទី៧។

សុហនុជាតក ទី៨

(១៥៨. សុហនុជាតកំ (២-១-៨))

[១៦៥] (អមាត្យពោធិសត្វ ពោលថា) សេះឈ្មោះ​សុហនុ ធ្វើនូវ​សេចក្ដី​ស្រឡាញ់​នេះ ជាមួយ​នឹងសេះ​ឈ្មោះ​សោណៈ មិនមែន​ដោយ​មារយាទ​មិនស្មើគ្នាទេ សេចក្ដី​ប្រព្រឹត្ត​របស់សេះ​ឈ្មោះ​សោណៈ​យ៉ាងណា សេះឈ្មោះ​សុហនុ ក៏ប្រាកដ​យ៉ាងនោះដែរ។

[១៦៦] អំពើរមែងស្មើគ្នាដោយការស្ទុះទៅ និង​ការឃ្នើសឃ្នង និងការខាំ​កាត់នូវ​ខ្សែ​ជានិច្ច អំពើ​អាក្រក់ស្មើគ្នា ដោយអំពើ​អាក្រក់ ការ​មិនរៀប​រយស្មើគ្នា ​ដោយ​ការមិន​រៀបរយ។

ចប់ សុហនុជាតក ទី៨។

មោរជាតក ទី៩

(១៥៩. មោរជាតកំ (២-១-៩))

[១៦៧] (ក្ងោកពោធិសត្វ ពោលថា) សុរិយទេវបុត្រណា ជាឯករាជ មានចក្ខុ មានសម្បុរ​ដូចជាមាស មានពន្លឺ​ផ្សាយទៅ​លើផែនដី កំពុង​រះឡើង ខ្ញុំសូម​នមស្ការ​នូវ​សុរិយទេវបុត្រ​នោះ អ្នកមាន​សម្បុរ​ដូចជាមាស មានពន្លឺ​ផ្សាយទៅ​លើផែនដី ខ្ញុំសូម​ឲ្យ​លោកគ្រប់​គ្រងរក្សា អស់វេលា​ថ្ងៃក្នុង​ថ្ងៃនេះ ពា្រហ្មណ៍​ទាំង​ឡាយណា សំរេច​នូវវេទ ក្នុងធម៌​ទាំងពួង សូមព្រាហ្មណ៍​ទាំងឡាយ​នោះ ទទួលនូវ​ការនមស្ការ​របស់ខ្ញុំ សូម​ព្រាហ្មណ៍​ទាំងឡាយ​នោះ រក្សានូវខ្ញុំ ការនមស្ការ ចូរមាន​ដល់លោក​អ្នកត្រាស់​ដឹងទាំង​ឡាយ ការនមស្ការ ចូរមាន​ដល់សេចក្ដី​ត្រាស់ដឹង ការនមស្ការ ចូរមាន​ដល់លោក​អ្នករួច​ទាំងឡាយ ការនមស្ការ ចូរមាន​ដល់វិមុត្តិ ក្ងោកពោធិសត្វ​នោះ ធ្វើបរិត្ត​នេះរួចហើយ ទើបត្រាច់​ទៅស្វែងរក​អាហារ។

[១៦៨] (សុរិយទេវបុត្រណា) ជាឯករាជ មានចក្ខុ មានសម្បុរ​ដូចជាមាស មានពន្លឺ​ផ្សាយទៅ​លើផែនដី កំពុង​អស្ដង្គតទៅ ខ្ញុំសូម​នមស្ការ នូវ​សុរិយទេវបុត្រ​នោះ អ្នកមាន​សម្បុរ​ដូចមាស មានពន្លឺ​ផ្សាយទៅ​លើផែនដី ខ្ញុំសូមឲ្យ​លោកគ្រប់​គ្រងរក្សា អស់រាត្រី​ក្នុងថ្ងៃនេះ ពា្រហ្មណ៍​ទាំងឡាយ​ណា សំរេច​នូវវេទ ក្នុងធម៌​ទាំងពួង សូម​ព្រាហ្មណ៍​ទាំង​នោះ ទទួលនូវ​ការនមស្កា​របស់ខ្ញុំ សូម​ព្រាហ្មណ៍​ទាំងនោះ រក្សានូវ​ខ្ញុំ ការនមស្ការ ចូរមាន​ដល់លោក​អ្នកត្រាស់ដឹង​ទាំងឡាយ ការនមស្ការ ចូរមាន​ដល់​សេចក្ដី​ត្រាស់ដឹង ការ​នមស្ការ ចូរមាន​ដល់លោក​អ្នករួច​ទាំងឡាយ ការ​នមស្ការ ចូរមាន​ដល់វិមុត្តិ ក្ងោក​ពោធិសត្វ ធ្វើបរិត្ត​នេះរួច​ហើយ ទើបបាន​សម្រេច​ការនៅ។

ចប់ មោរជាតក ទី៩។

វិនីលកជាតក ទី១០

(១៦០. វិនីលជាតកំ (២-១-១០))

[១៦៩] (កូនក្អែកកាត់ហង្ស ពោលថា) ហង្សទាំងឡាយ (រមែងនាំយើង) ឈ្មោះ​វិនីលកៈ​ទៅបាន​យ៉ាងណាមិញ សេះអាជានេយ្យ​ទាំងឡាយ នាំនូវ​ព្រះបាទវិទេហៈ​អ្នក​គ្រប់គ្រងក្រុង​មិថិលា ក៏យ៉ាង​នោះដែរ។

[១៧០] (ហង្សពោធិសត្វជាបិតា ពោលថា) ម្នាលចៅ​វិនីលៈ អ្នកគប់រក​នូវព្រៃភ្នំ​មាន​ច្រកចង្អៀត ម្នាលកូន អ្នកសេព​នូវកន្លែង​មិនមែន​ជាទី​របស់​អ្នក ៗ ចូរសេព​នូវកន្លែង​ជាទីបំផុត​នៃស្រុក​ចុះ ទីនោះ​ជាលំនៅ​របស់មាតា​អ្នកហើយ។

ចប់ វិនីលកជាតក ទី១០។

ចប់ ទឡ្ហវគ្គ ទី១។

ឧទ្ទាននៃទឡ្ហវគ្គនោះគឺ

និយាយអំពីព្រះបាទពលិ្លកៈដ៏ប្រសើរ ១ ភ្នំប្រាក់ ១ សូករៈ ១ នាគប្រសើរជាងពស់ ១ បិតាឈ្មោះភគ្តៈ ១ ជាគំរប់ ៥ សេនាធំ ១ ចចកប្រសើរ ១ សេះឈ្មោះ​សុហនុ​ដ៏ឧត្តម ១ ក្ងោក ១ វិនីលកៈ ១ ត្រូវជា ១០។

សន្ថវវគ្គ ទី២

(២. សន្ថវវគ្គោ)

ឥន្ទសមានគោត្តជាតក ទី១

(១៦១. ឥន្ទសមានគោត្តជាតកំ (២-២-១))

[១៧១] (តាបសពោធិសត្វ ពោលថា) បុគ្គលកុំគប្បី​ធ្វើសេចក្តី​ស្និទ្ធស្នាល​ជាមួយ​នឹង​បុរសលាមក អរិយបុគ្គល ដឹងច្បាស់​នូវប្រយោជន៍ (ក៏មិន​គប្បីធ្វើ​នូវសេចក្ដី​ស្និទ្ធស្នាល ជាមួយ​នឹងបុគ្គល​មិនមែន​ជា​អរិយៈ (បុគ្គល​មិនមែន​ជាអរិយៈ) សូម្បីនៅ​ជាមួយ​គ្នា​អស់​កាល​យូរ រមែងធ្វើ​អំពើអាក្រក់ ដូចជា​ដំរីកាល​ព្រេចនូវ​តាបស​ឈ្មោះ​ឥន្ទសមានគោត្រ។

[១៧២] បុគ្គលគប្បីដឹងនូវជនណាថា បុគ្គលនេះស្មើគ្នា ដោយសីលផង បញ្ញាផង សុតៈផង របស់អញ គប្បីធ្វើនូវ​មេត្រី​ជាមួយ​នឹង​ជននោះចុះ (ព្រោះ) ការគប់រក​ដោយ​សប្បុរស តែងនាំ​មកនូវ​សេចក្ដីសុខ​ដោយពិត។

ចប់ ឥន្ទសមានគោត្តជាតក ទី១។

សន្ថវជាតក ទី២

(១៦២. សន្ថវជាតកំ (២-២-២))

[១៧៣] (តាបសពោធិសត្វ ពោលថា) ការស្និទ្ធស្នាលណា ជាមួយ​នឹង​បុរសលាមក របស់​ដទៃលាមក​ក្រៃលែង​ជាងការ​ស្និទ្ធស្នាល (នោះ) មិនមានទេ ដូចជា​ភ្លើងដែល​យើង​ឲ្យឆ្អែត​ដោយសប្បិ និងបាយាស នៅតែឆេះខ្ទមស្លឹក​ដែលយើង​ធ្វើហើយ​ដោយ​លំបាក។

[១៧៤] ការស្និទ្ធស្នាលណា ជាមួយនឹងសប្បុរស របស់ដទៃ​ប្រសើរ​ក្រៃលែង​ជាង​ការស្និទ្ធស្នាល (នោះ) មិនមានទេ ដូចជា​មេម្រឹគ​ឈ្មោះ​សាមា លិទ្ធមាត់​នៃស្ដេច​រាជសីហ៍​ផង ខ្លាធំ​ផង ខ្លាដម្បង​ផង ព្រោះការ​ស្និទ្ធស្នាល។

ចប់ សន្ថវជាតក ទី២។

សុសីមជាតក ទី៣

(១៦៣. សុសីមជាតកំ (២-២-៣))

[១៧៥] (ពោធិសត្វ ពោលថា) បពិត្រព្រះរាជា ទ្រង់​ព្រះនាម​សុសីមៈ ម្រឹគខ្មៅ មាន​ភ្លុកស (ដំរី) នេះ របស់ព្រះអង្គ​ច្រើនជាង​រយ បិទបាំង​ដោយ​បណ្ដាញមាស ព្រះអង្គ​ទ្រង់​រឭកនូវ​ព្រះបិតា និងធីតា (របស់ខ្ញុំ​ព្រះអង្គ) ទើបត្រាស់ថា អញនឹង​ឲ្យដំរី​ទាំងឡាយ​នោះ ដល់​ព្រាហ្មណ៍​ទាំងនោះ​មែនឬ។

[១៧៦] (ព្រះរាជា ត្រាស់ថា) ម្នាលមាណព ម្រឹគខ្មៅមាន​ភ្លុកសនេះ របស់ខ្ញុំ​ច្រើន​ជាងរយ បិទបាំង​ដោយ​បណ្ដាញមាស ខ្ញុំកាល​រឭកនូវ​បិតា និងធីតា ទើប​ពោលថា ខ្ញុំនឹង​ឲ្យនូវដំរី​ទាំងឡាយ​នោះ ដល់ព្រាហ្មណ៍​ទាំងនោះ​មែន។

ចប់ សុសីមជាតក ទី៣។

គិជ្ឈជាតក ទី៤

(១៦៤. គិជ្ឈជាតកំ (២-២-៤))

[១៧៧] (ព្រះរាជាពារាណសី ត្រាស់ថា) ត្មាតរមែងក្រឡេកមើល​ឃើញ​សាកសព​ចម្ងាយ ១០០ យោជន៍បាន ចុះហេតុអ្វី បានជា​អ្នកហើរ​មកដល់​បណ្ដាញ​ និងអន្ទាក់​ហើយ ក៏នៅតែ​មិនភ្ញាក់​ខ្លួន។

[១៧៨] (ត្មាតពោធិសត្វ ពោលថា) សេចក្ដីវិនាស មានក្នុងវេលាណា សត្វមក​ដល់បណ្ដាញ​ និងអន្ទាក់ រមែងមិន​បានភ្ញាក់​ខ្លួនក្នុងការ​អស់ទៅ​នៃជីវិត ក្នុងវេលានោះ។

ចប់ គិជ្ឈជាតក ទី៤។

នកុលជាតក ទី៥

(១៦៥. នកុលជាតកំ (២-២-៥))

[១៧៩] (តាបសពោធិសត្វ ពោលថា) ម្នាល​ស្កា​ជា​ជលាពុជៈ អ្នកធ្វើនូវ​មិត្តភាព​ដោយ​សត្រូវ​ដែលជា​អណ្ឌជៈ​កំណើត​ហើយ មកដេក​បញ្ចេញ​ចង្កូម តើសេចក្ដី​ភ័យ មាន​មកដល់​អ្នកអំពី​ទីណា។

[១៨០] (ស្កា ពោលថា) បុគ្គលគប្បីរង្កៀសក្នុងសត្រូវ មិនគប្បី​ស្និទ្ធស្នាល សូម្បី​ក្នុង​មិត្រ ភ័យដែល​កើតឡើង​អំពីជន​ដែលមិន​គួរភ័យ រមែង​កាត់នូវ​ឫសគល់​ទាំងឡាយ​បាន។

ចប់ នកុលជាតក ទី៥។

ឧបសាឡ្ហកជាតក ទី៦

(១៦៦. ឧបសាឡកជាតកំ (២-២-៦))

[១៨១] (តាបសពោធិសត្វ ពោលថា) ពួកញាតិឈ្មោះ​ឧបសាឡ្ហកៈ ចំនួន ១៤០០០ នាក់ គេដុតហើយ ក្នុង​ប្រទេសនេះ ក្នុងលោក​រកទីដែល​មិនមាន​គេស្លាប់ មិនមាន​ឡើយ។

[១៨២] សច្ចៈ ១ ធម្មៈ ១ អហឹសា ១ សញ្ញមៈ ១ ទមៈ ១ មាននៅ​ក្នុងបគ្គល​ណា ព្រះអរិយៈ​ទាំងឡាយ រមែង​សេពគប់​នូវបុគ្គល​នុ៎ះ គុណជាត​នុ៎ះ​ឈ្មោះថា មិនចេះស្លាប់ ក្នុងលោក។

ចប់ ឧបសាឡ្ហកជាតក ទី៦។

សមិទ្ធិជាតក ទី៧

(១៦៧. សមិទ្ធិជាតកំ (២-២-៧))

[១៨៣] (នាងទេពធីតា ពោលប្រលោមថា) បពិត្រភិក្ខុ លោកមិនទាន់​បរិភោគ​កាមសិន ហើយត្រាច់ទៅ ដើម្បីភិក្ខុភាព បើលោក​បរិភោគកាម​រួចហើយ សឹមត្រាច់​ទៅ ដើម្បី​ភិក្ខា មិន​បានឬ បពិត្រ​ភិក្ខុ សូមលោក​បរិភោគកាម​សិន ហើយសឹម​ត្រាច់ទៅ ដើម្បី​ភិក្ខា​ចុះ កុំឲ្យកាល (ជាទី​បរិភោគកាម) កន្លងនូវ​លោកបាន​ឡើយ។

[១៨៤] (តាបសពោធិសត្វ ពោលថា) យើងមិនបានដឹងនូវ​មរណកាល​ដោយពិត មរណកាល​កំបាំង​មិនប្រាកដ ព្រោះហេតុនោះ បានជាយើង​មិនបរិភោគកាម ហើយ​ត្រាច់ទៅ​ដើម្បី​ភិក្ខា កុំឲ្យកាល (ធ្វើសមណធម៌) កន្លងនូវ​យើងបានឡើយ។

ចប់ សមិទ្ធិជាតក ទី៧។

សកុណគ្ឃិជាតក ទី៨

(១៦៨. សកុណគ្ឃិជាតកំ (២-២-៨))

[១៨៥] (ព្រះសាស្ដា ត្រាស់ថា) សត្វខ្លែងបោះពួយចុះមក​ ដោយកំឡាំង​រហ័ស ឆាបនូវ​សត្វប្រចៀច​ដែលទំ​នៅលើ (អាចម៍បំណះ) ជាទី​គោចរ (របស់ខ្លួន) ក៏ដល់​នូវ​សេចក្ដី​ស្លាប់ ដោយហេតុ​នោះទៅ។

[១៨៦] (ប្រចៀច ពោលថា) ខ្ញុំនោះ ជាអ្នកបរិបូណ៌​ដោយឧបាយ ត្រេកអរ​ក្នុង​ទី​គោចរ​ជារបស់បិតា ឃើញនូវ​ប្រយោជន៍​របស់ខ្លួន ហើយប្រាស​ចាកសត្រូវ នៅរីករាយ។

ចប់ សកុណគ្ឃិជាតក ទី៨។

អរកជាតក ទី៩

(១៦៩. អរកជាតកំ (២-២-៩))

[១៨៧] (អរកសាស្ដា ពោលថា) បុគ្គលណាសង្គ្រោះដល់សត្វលោក​ទាំងមូល ដោយ​មេត្តាចិត្ត​ក្នុងទិសខាង​លើផង ទិសខាង​ក្រោមផង ទិសទទឹងផង ដោយ​អាការ​ទាំងពួង រកប្រមាណ​មិនបាន។

[១៨៨] ចិត្តដែលប្រកបដោយប្រយោជន៍ រកប្រមាណ​មិនបាន ឈ្មោះថា​បុគ្គល​បានចំរើន​បរិបូណ៌​ហើយ អំពើណា ដែលបុគ្គល​បានធ្វើ​ល្មមប្រមាណ អំពើនោះ រមែង​មិនសល់​នៅក្នុង​ចិត្តរបស់​បុគ្គល​អ្នកបាន​ចំរើននោះ​ឡើយ។

ចប់ អរកជាតក ទី៩។

កកណ្ឋកជាតក ទី១០

(១៧០. កកណ្ដកជាតកំ (២-២-១០))

[១៨៩] (ព្រះបាទវិទេហៈ ត្រាស់ថា) កាលពីដើម បង្កួយនេះ​នៅលើ​ក្លោងទ្វារ​ មិន​ក្រអឺតក្រអោង​ទេ ម្នាល​មហោសថ អ្នកចូរដឹង ព្រោះហេតុអ្វី បានជា​បង្កួយ​ត្រឡប់ទៅ​ជា​របឹង​រឹងរូស​វិញ។

[១៩០] (មហោសថពោធិសត្វ ពោលថា) បង្កួយបាន​របស់ដែល​មិនធ្លាប់​បាន ចំនួន​កន្លះមាសកៈ រមែងមើល​ងាយ​ព្រះបាទវិទេហៈ ដែល​សោយរាជ្យ​ក្នុង​នគរមិថិលា។

ចប់ កកណ្ឋកជាតក ទី១០។

ចប់ សន្ថវវគ្គ ទី២។

ឧទ្ទាននៃសន្ថវវគ្គនោះគឺ

និយាយអំពីឥន្ទសមានតាបស ១ ខ្ទមស្លឹក ១ ព្រះរាជាសុសីមៈ ១ ត្មាត ១ ស្កាជា​ជលាពុជ ១ ឧបសាឡ្ហកព្រាហ្មណ៍ ១ ភិក្ខុ ១ ប្រចៀចដ៏​ប្រសើរ ១ មេត្តាដ៏ប្រសើរ ១ បង្កួយ​ក្រអើតក្រអោង ១ ត្រូវជា ១០។

កល្យាណធម្មវគ្គ ទី៣

(៣. កល្យាណវគ្គោ)

កល្យាណធម្មជាតក ទី១

(១៧១. កល្យាណធម្មជាតកំ (២-៣-១))

[១៩១] (សេដ្ឋីពោធិសត្វ ពោលថា) បពិត្រព្រះអង្គជាធំជាងជន កាល​ណា នរជន​ប្រកប​ដោយ​បញ្ញា ដល់នូវ​សមញ្ញា (ឈ្មោះ) ថាជា​អ្នកមាន​កល្យាណធម៌​ក្នុងលោក (កាលនោះ) មិន​គប្បីឲ្យ​សាបសូន្យ​ចាក​សមញ្ញានោះ សប្បុរស​ទាំងឡាយ តែងកាន់​យកនូវ​បព្វជ្ជាធុរៈ​ដោយហិរិ និងឱត្តប្បៈ។

[១៩២] បពិត្រព្រះអង្គជាធំជាងជន សមញ្ញានោះឯង ថាជាអ្នកមាន​កល្យាណធម៌​ក្នុង​លោក មកដល់ខ្ញុំ​ក្នុងថ្ងៃនេះ ហើយខ្ញុំ​ព្រះអង្គ​ពិចារណា​ឃើញនូវ​សមញ្ញា​នោះ នឹងបួសក្នុង​ថ្ងៃនេះ សេចក្ដី​ពេញចិត្ត​ក្នុងការ​បរិភោគកាម​ក្នុងលោកនេះ មិនមាន​ដល់​ខ្ញុំទេ។

ចប់ កល្យាណធម្មជាតក ទី១។

ទទ្ទរជាតក ទី២

(១៧២. ទទ្ទរជាតកំ (២-៣-២))

[១៩៣] (កូនសីហៈ សួរថា) បពិត្រសីហរាជ ជាធំជាងម្រឹគ នរណាហ្ន៎ មាន​សំឡេង​ខ្លាំង ញ៉ាំងភ្នំ​ទទ្ទរៈ​ឲ្យលាន់ឮ ពួកសីហៈ មិនបន្លឺ​តបទៅនឹង​វាឡើយ សត្វដែល​បន្លឺសំឡេង​គឹកកង​បាននុ៎ះ ជាសត្វ​ឈ្មោះអ្វី។

[១៩៤] (សីហៈពោធិសត្វ ពោលថា) ម្នាលកូន ចចក ជាសត្វថោកទាប​ជាង​ម្រឹគ​ទាំងឡាយ វាបន្លឺឡើង ពួកសីហៈ កាលខ្ពើមរអើម​នូវជាតិ​របស់វា រមែងនាំ​គ្នាអង្គុយ​នៅ​ស្ងៀម។

ចប់ ទទ្ទរជាតក ទី២។

មក្កដជាតក ទី៣

(១៧៣. មក្កដជាតកំ (២-៣-៣))

[១៩៥] (តាបសជាកូន ពោលថា) បពិត្របិតា មាណពនុ៎ះ បានឈរ​ផ្អែកនឹង​គល់ត្នោត រោងរបស់​យើងនេះមាន បើដូច្នោះ យើង​នឹងប្រគល់​រោងឲ្យទៅ​មាណព​នោះចុះ។

[១៩៦] (តាបសពោធិសត្វ ពោលថា) ម្នាលកូន អ្នកកុំហៅ​វាឡើយ វាគប្បី​ប្រទូស្ត​នូវរោង​របស់យើង​មិនខាន មុខព្រាហ្មណ៍​ដែល​មានសីលធម៌​ល្អ មិនមែន​បែបយ៉ាង​នេះទេ។

ចប់ មក្កដជាតក ទី៣។

ទុព្ភិយមក្កដជាតក ទី៤

(១៧៤. ទុព្ភិយមក្កដជាតកំ (២-៣-៤))

[១៩៧] (ព្រាហ្មណ៍ពោធិសត្វ ពោលថា) យើងបានឲ្យ​ទឹកច្រើនដល់ឯង ដែលត្រូវ​កំដៅថ្ងៃ​បៀតបៀន​ស្រេកហើយ ឥឡូវនេះ ឯងផឹកហើយ ធ្វើសំឡេង​គំហកថា កិកិ ដូច្នេះ ការសេពគប់​ដោយជន​អាក្រក់ មិនប្រសើរ​ឡើយ។

[១៩៨] (ស្វាទេវទត្ត ពោលថា) អ្នកឯងដែលបានឮ ឬបានឃើញថា ស្វាណា​មាន​សីលធម៌ ឥឡូវនេះ យើងនឹង​បន្ទោបង់​វច្ចៈលើក្បាល​របស់អ្នកឯង នេះជាធម្មតា​របស់​ពួក​យើង។

ចប់ ទុព្ភិយមក្កដជាតក ទី៤។

អាទិច្ទុបដ្ឋានជាតក ទី៥

(១៧៥. អាទិច្ចុបដ្ឋានជាតកំ (២-៣-៥))

[១៩៩] (ពួកមនុស្ស ពោលថា) បានឮថា បណ្ដាពួកសត្វទាំងអស់ (មានពួក​សត្វខ្លះ) ប្រកបដោយ​សីលធម៌ អ្នកចូរ​មើលស្វាដ៏​លាមក​ដែលកំពុង​ឈរនមស្ការ​ព្រះអាទិត្យ។

[២០០] (តាបសពោធិសត្វ ពោលថា) អ្នកទាំងឡាយ មិនបានដឹងច្បាស់​នូវ​មារយាទ​របស់ស្វា​នេះទេ អ្នកទំាងឡាយ ពោលសរសើរ​ស្វា ព្រោះមិនដឹង​ស្វានោះ ដុតនូវរោង​បូជាភ្លើង​ផង ទំលាយ​នូវក្អមទឹក​ពីរផង។

ចប់ អាទិច្ទុបដ្ឋានជាតក ទី៥។

កឡាយមុដ្ឋិជាតក ទី៦

(១៧៦. កឡាយមុដ្ឋិជាតកំ (២-៣-៦))

[២០១] (អមាត្យពោធិសត្វ ក្រាបទូលថា) បពិត្រព្រះអង្គជាធំជាងជន ស្វានេះល្ងង់ ប្រាជ្ញារបស់វា​មិនមានទេ វាបាន​បាចសណ្ដែក​មួយកំបង់​ចោលអស់ ទើបទៅ​ស្វែងរក​សណ្ដែក​មួយគ្រាប់​ដែលជ្រុះទៅ។

[២០២] បពិត្រព្រះរាជា យើងខ្ញុំទាំងឡាយក្ដី ជនទាំងឡាយ​ដទៃដែល​ល្មោភ​ក្រៃលែងក្ដី គប្បីលះបង់​របស់ច្រើន​ព្រោះរបស់តិច ដូចជា​ស្វាកាលលះបង់​សណ្ដែកច្រើន ព្រោះ​សណ្ដែក​តិចដូច្នោះ​ឯង។

ចប់ កឡាយមុដ្ឋិជាតក ទី៦។

តិន្ទុកជាតក ទី៧

(១៧៧. តិន្ទុកជាតកំ (២-៣-៧))

[២០៣] (ពួកស្វា ពោលថា) យើងត្រូវពួកមនុស្សមានធ្នូ និងបំពង់ព្រួញ​ក្នុងដៃ កាន់ដាវ​ដ៏មុត ព័ទ្ធជុំវិញហើយ ធ្វើម្ដេចនឹង​រួចខ្លួនបាន។

[២០៤] (ស្វាពោធិសត្វ ពោលថា) សេចក្ដីត្រូវការ​នីមួយ គប្បីកើត​ឡើងដល់ពួក​មនុស្ស​ដែលមាន​កិច្ចច្រើន​ដោយពិត ផ្លែឈើ​ច្រើន យើងរើស​ប្រមូល​មកហើយ អ្នក​ទាំងឡាយ ចូរនាំគ្នា​ស៊ីនូវផ្លែ​ទន្លាប់នោះចុះ។

ចប់ តិន្ទុកជាតក ទី៧។

កច្ឆបជាតក ទី៨

(១៧៨. កច្ឆបជាតកំ (២-៣-៨))

[២០៥] (អណ្ដើក និយាយថា) ខ្ញុំនៅក្នុងភក់ដោយគិតថា ខ្ញុំកើត​ហើយ ខ្ញុំចំរើន​ហើយ (ក្នុងទីនេះ) ភក់បាន​កប់សង្កត់​ខ្ញុំនោះ ធ្វើឲ្យទុព្វលភាព បពិត្រភត្តវៈ ខ្ញុំសូម​ពោលនូវ​ហេតុនោះ​នឹងអ្នក អ្នកចូរស្ដាប់​នូវពាក្យខ្ញុំចុះ។

[២០៦] បុគ្គលបានសេចក្ដីសុខក្នុងទីណា ទោះក្នុងស្រុក ឬក្នុងព្រៃ ទីនោះហើយ ជាទីកើត ជាទីចំរើន​របស់បុរស​ជាអ្នកដឹង (នូវប្រយោជន៍ និង​មិនមែន​ប្រយោជន៍ ) បុគ្គល​គប្បីរស់​នៅក្នុងទីណា គប្បីទៅក្នុង​ទីនោះចុះ កុំគប្បីឲ្យ​ទីដែល​ធ្លាប់នៅ សម្លាប់ខ្លួន​បាន​ឡើយ។

ចប់ កច្ឆបជាតក ទី៨។

សតធម្មជាតក ទី៩

(១៧៩. សតធម្មជាតកំ (២-៣-៩))

[២០៧] (មាណពឈ្មោះសតធម្ម ពោលថា) (អាហារណា ដែលបាន​បរិភោគ​ហើយ) បាយនោះ​ជារបស់​តិចផង សល់ដែល​ផង បុរសចណ្ឌាល បានឲ្យ​បាយនោះ​ដល់យើង​ដោយសេចក្ដី​លំបាក យើងប្រកប​ដោយជាតិ​ជាព្រាហ្មណ៍ អាហារ​ណាដែល​យើង​បានបរិភោគ​ហើយ អាហារ​នោះឯង ក៏ក្អួត​ចេញមក។

[២០៨] (ព្រះសាស្ដា ត្រាស់ថា) ភិក្ខុណាលះបង់នូវធម៌ គឺ​អាជីវបារិសុទ្ធិសីល ហើយ​ចិញ្ចឹមជីវិត​ដោយខុសធម៌​យ៉ាងនេះ ភិក្ខុនោះមិន​ត្រេកអរ ដោយលាភ​ដែលខ្លួន​បាន​ហើយ ដូចជា​សតធម្មមាណព។

ចប់ សតធម្មជាតក ទី៩។

ទុទ្ទទជាតក ទី១០

(១៨០. ទុទ្ទទជាតកំ (២-៣-១០))

[២០៩] (តាបសពោធិសត្វ ពោលថា) ពួកសប្បុរស កាលឲ្យនូវទាន ដែលគេ​ឲ្យបាន​ដោយកម្រ ធ្វើនូវអំពើ​ដែលគេធើ្វបាន​ដោយកម្រ ពួក​អសប្បុរស​ធ្វើតាម (នូវអំពើនោះ) មិនបាន​សភាព​នៃសប្បុរស​ទាំងឡាយ គេដឹងបាន​ដោយកម្រ។

[២១០] (ព្រោះហេតុនោះ ដំណើរអំពីលោកនេះ​របស់សប្បុរស និង​អសប្បុរស រមែង​បែកផ្សេង ៗ គ្នា ពួក​អសប្បុរស រមែងទៅ​កាន់នរក ពួក​សប្បុរស រមែង​ទៅកាន់​ឋានសួគ៌។

ចប់ ទុទ្ទទជាតក ទី១០។

ចប់ កល្យាណធម្មវគ្គ ទី៣។

ឧទ្ទាននៃកល្យាណធម្មវគ្គនោះគឺ

និយាយអំពីសមញ្ញាល្អ ១ មិគាធិភូ ឬសីហៈ​ជាធំជាងម្រឹគ ១ មាណព ១ ទឹកច្រើន ១ សំពះព្រះអាទិត្យ ១ សណ្ដែក ១ ផ្លែទន្លាប់ ១ ភក់ ១ មាណពឈ្មោះ​សតធម្ម ១ ទាន​ដែលឲ្យ​បានដោយ​ក្រពេក ១ ត្រូវជា ១០។

អសទិសវគ្គ ទី៤

(៤. អសទិសវគ្គោ)

អសទិសជាតក ទី១

(១៨១. អសទិសជាតកំ (២-៤-១))

[២១១] (ព្រះសាស្ដា ត្រាស់ថា) ព្រះរាជបុត្រទ្រង់ព្រះនាម​អសទិសៈ ជា​ខ្មាន់ធ្នូ​មានកំឡាំង​ច្រើន បាញ់ធ្នូទៅ​ក្នុងទីឆ្ងាយ បាញ់ត្រង់ ទំលាយនូវ​កងទ័ព​ធំបាន។

[២១២] ព្រះរាជកុមារទ្រង់ច្បាំងនឹងសត្រូវទាំងពួងបាន តែមិនបាន​បៀតបៀន​នូវជន​ណាមួយ​ឡើយ ធ្វើ​ព្រះអនុជ​ឲ្យសួស្ដី ហើយដល់​នូវសេចក្ដី​សង្រួម គឺចូល​ទៅកាន់​ផ្នួស។

ចប់ អសទិសជាតក ទី១។

សង្គាមាវចរជាតក ទី២

(១៨២. សង្គាមាវចរជាតកំ (២-៤-២))

[២១៣] (ទម័កដំរីពោធិសត្វ ពោលថា) ម្នាលដំរី អ្នកល្បីថា​ជាសត្វ​ចូលសង្គ្រាម មានកំឡាំង​ក្លៀវក្លា ហេតុអ្វី មកដល់​ក្លោងទ្វារហើយ ក៏ថយក្រោយ​ទៅវិញ។

[២១៤] ម្នាលដំរី អ្នកចូរញាំញីទំលាយនូវសន្ទះទ្វារ ហើយ​ដកភើច​សសរ​ខឿនចេញ​ឲ្យឆាប់ ចូរញាំញី​នូវក្លោងទារ ហើយចូល​ទៅយ៉ាងឆាប់។

ចប់ សង្គាមាវចរជាតក ទី២។

វាលោទកជាតក ទី៣

(១៨៣. វាលោទកជាតកំ (២-៤-៣))

[២១៥] (ព្រះរាជាពារាណសី ត្រាស់ថា) សេចក្ដីស្រវឹងកើតឡើងដល់​ពួកលា ព្រោះផឹកទឹក​ដែលច្រស់​ដោយសម្បក​ក្រចៅ មាន​រសតិច ជារបស់​ថោកទាប សេចក្ដី​ស្រវឹង​មិនកើតដល់​ពួកសេះ​សិន្ធវៈ ព្រោះផឹកទឹក​មានរស​ដ៏ឧត្តម​នេះទេ។

[២១៦] (អមាត្យពោធិសត្វ ក្រាបទូលថា) បពិត្រព្រះអង្គ​ជាធំជាងជន សត្វដែល​មានជាតិ​ថោកទាប ផឹកទឹកមាន​រសតិចហើយ សត្វនោះ ត្រូវទឹកមាន​រសតិច​ពាល់​ត្រូវហើយ រមែងស្រវឹង ចំណែក​សត្វអ្នកនាំនូវធុរៈ និង​មានមារយាទ កើតក្នុង​ត្រកូល (ដ៏ខ្ពស់) បានផឹកទឹក​មានរសដ៏​ប្រសើរ រមែង​មិនស្រវឹង​ទេ។

ចប់ វាលោទកជាតក ទី៣។

គិរិទត្តជាតក ទី៤

(១៨៤. គិរិទត្តជាតកំ (២-៤-៤))

[២១៧] (អមាត្យពោធិសត្វ ក្រាបទូលថា) សេះឈ្មោះ​បណ្ឌវៈ​របស់ព្រះ​រាជា​ទ្រង់​ព្រះនាម​សាមៈ ដែលគង្វាល​ឈ្មោះ​គិរិទត្ត​ប្រទូស្តរ៉ាយ​ហើយ បានលះ​ប្រក្រតី​របស់ខ្លួន​ពីដើម​ចេញ ហើយ​ប្រព្រឹត្តតាម​នាយគង្វាល​នោះ។

[២១៨] ថាបើបុរសមានជាតិដ៏សមគួរដល់សេះនោះ កាត់កោរសក់ និង​ពុកមាត់​ដោយ​អាការដ៏ល្អ គប្បីកាន់សេះ​នោះត្រង់​បង្ហៀរ ហើយ​ដឹកក្រឡឹង​ក្នុងមណ្ឌល​ក្រោល សេះនោះ នឹងលះបង់​នូវ (អាការ​ខ្ចកចេញ) ហើយធ្វើតាម​បុរសនោះ​វិញដោយឆាប់។

ចប់ គិរិទត្តជាតក ទី៤។

អនភិរតិជាតក ទី៥

(១៨៥. អនភិរតិជាតកំ (២-៤-៥))

[២១៩] (អាចារ្យទិសាបាមោក្ខ ពោលថា) កាលបើទឹកល្អក់មិនថ្លា បុគ្គល​រមែងមើល​មិនឃើញ​នូវខ្ចងខ្ចៅ និងគ្រួស ដីខ្សាច់ ហ្វូងត្រី យ៉ាង​ណាមិញ កាលបើ​ចិត្តល្អក់​ហើយ បុគ្គលនោះ ក៏មើលមិនឃើញ​នូវប្រយោជន៍​ខ្លួន និង​ប្រយោជន៍​អ្នកដទៃ យ៉ាងនោះ​ដែរ។

[២២០] កាលបើទឹកថ្លាស្អាត បុគ្គលរមែង​មើលឃើញ​នូវខ្ចងខ្ចៅ និង​ក្រួស ខ្សាច់ ហ្វូងត្រីបាន យ៉ាងណាមិញ កាលបើ​ចិត្តមិនល្អក់​ហើយ បុគ្គលនោះ ក៏មើលឃើញ​នូវ​ប្រយោជន៍​របស់ខ្លួន និង​ប្រយោជន៍​អ្នកដទៃ​បាន យ៉ាងនោះ​ដែរ។

ចប់ អនភិរតិជាតក ទី៥។

ទធិវាហនជាតក ទី៦

(១៨៦. ទធិវាហនជាតកំ (២-៤-៦))

[២២១] (ព្រះបាទទធិវាហនៈ ត្រាស់សួរថា) ក្នុងកាលមុន ដើមស្វាយ​នេះ ប្រកប​ដោយពណ៌ ក្លិន និងរស បាននូវគ្រឿង​សក្ការៈ​បូជានោះ​ដដែល ហេតុអ្វីស្វាយ ក៏មានផ្លែ​ល្វីងទៅវិញ។

[២២២] (អមាត្យពោធិសត្វ ពោលថា) បពិត្រព្រះរាជា​ទ្រង់ព្រះនាម​ទធិវាហនៈ ស្វាយ​របស់ព្រះអង្គ មានដើមស្ដៅ​ដុះរួបរិត​ជុំវិញ ឫស​ច្រឡំគ្នា​ដោយឫស មែកពាក់​ព័ន្ធគ្នា​នឹងមែក ដោយការ​នៅ​ជាមួយ​នឹងដើមស្ដៅ​មិនមាន​រសផ្អែម ព្រោះហេតុនោះ បានជា​ស្វាយត្រឡប់​ជាមាន​ផ្លែល្វីង​ទៅវិញ។

ចប់ ទធិវាហនជាតក ទី៦។

ចតុមដ្ឋជាតក ទី៧

(១៨៧. ចតុមដ្ឋជាតកំ (២-៤-៧))

[២២៣] (ចចក ពោលថា) អ្នកទាំងឡាយ ឡើងទៅលើប្រគាប​ឈើដ៏ខ្ពស់ ហើយ​និយាយ​គ្នាក្នុង​ទីស្ងាត់ អ្នកទាំងឡាយ ចូរចុះ​មកខាង​ក្រោម និយាយ​គ្នាវិញ ស្ដេចម្រឹគ​នឹងស្ដាប់​ផង។

[២២៤] (រុក្ខទេវតាពោធិសត្វ ពោលថា) ហង្សនិយាយគ្នានឹងហង្ស ទេវតានិយាយគ្នានឹងទេវតា ប្រយោជន៍អ្វីដល់ចចកជាសត្វទទេ ស្អាតចាកសម្បត្តិ ៤ 4) ក្នុងរឿងនោះ ម្នាលសត្វលាមក ឯងចូរទៅកាន់រូងវិញទៅ។

ចប់ ចតុមដ្ឋជាតក ទី៧។

សីហកោត្ថុកជាតក ទី៨

(១៨៨. សីហកោត្ថុជាតកំ (២-៤-៨))

[២២៥] (កូនសីហៈ ពោលថា) សីហៈ ១ នោះ មានម្រាមជើង​ជាសីហៈ មាន​ក្រចក​ជាសីហៈ ឈរដោយជើង​ជាសីហៈ តែបន្លឺឡើង​ប្លែកម្នាក់ឯងក្នុង​ហ្វូងសីហៈ។

[២២៦] (សីហពោធិសត្វ ពោលថា) ម្នាលកូនស្ដេចសីហៈ អ្នកកុំបន្លឺ​ឡើយ អ្នកចូរ​មានសម្លេង​តិចនៅក្នុងព្រៃ ហ្វូងសត្វ​គប្បីស្គាល់​អ្នកដោយ​សម្លេង ព្រោះ​សម្លេង​អ្នកមិនមែន​កាត់បាន​មកខាង​ឪពុក​ឡើយ។

ចប់ សីហកោត្ថុកជាតក ទី៨។

សីហធម្មជាតក ទី៩

(១៨៩. សីហចម្មជាតកំ (២-៤-៩))

[២២៧] (អ្នកស្រែពោធិសត្វ ពោលថា) នុ៎ះមិនមែនសម្រែកសីហៈ មិនមែន​សម្រែក​ខ្លាធំ មិនមែនសម្រែក​ខ្លាដម្បងទេ លាដ៏លាមក គេដណ្ដប់​គ្របដោយ​ស្បែកសីហៈ ស្រែក​ទេតើ។

[២២៨] (ពាណិជ ពោលថា) លាដណ្ដប់ដោយស្បែកសីហៈ ស៊ីស្រូវ​សំទូងនោះ អស់កាល​ជាយូរណាស់​ហើយ ទាល់តែ​ស្រែក (ឲ្យ​គេដឹង) បានជា​ប្រទូស្ដ​ខ្លួន។

ចប់ សីហធម្មជាតក ទី៩។

សីលានិសំសជាតក ទី១០

(១៩០. សីលានិសំសជាតកំ (២-៤-១០))

[២២៩] (សមុទ្ទទេវតាពោធិសត្វ ពោលថា) អ្នកចូរឃើញ​ផលនៃសទ្ធា សីល ចាគៈ នាគនេះ មានភេទ​ដូចជាសំពៅ នាំឧបាសក​មានសទ្ធា។

[២៣០] បុគ្គលគប្បីសេពគប់ជាមួយនឹងពួកសប្បុរស គប្បីធ្វើ​នូវសេចក្ដី​ស្និទ្ធស្នាល​ជាមួយ​នឹង​ពួកសប្បុរស ដូចជាងផ្ងូតទឹក ដល់នូវសួស្ដី ព្រោះនៅរួម​ជាមួយនឹង​ពួក​សប្បុរស។

ចប់ សីលានិសំសជាតក ទី១០។

ចប់ អសទិសវគ្គ ទី៤។

ឧទ្ទាននៃអសទិសវគ្គនោះគឺ

និយាយអំពីខ្មាន់ធ្នូ ១ កុញ្ជរ ១ មានរសតិច ១ គង្វាលសេះ ឈ្មោះ​គិរិទត្ត ១ ចិត្តថ្លា​ជាចិត្តប្រសើរ ១ ព្រះរាជា​ទធិវាហនៈ ១ ចចកជម្ពុកៈ ១ សត្វមាន​ក្រចក​ជាសីហៈ ១ ស្រូវសំទូង ១ នាគ​ដ៏ប្រសើរ ១ ត្រូវជា ១០។

រុហកវគ្គ ទី៥

(៥. រុហកវគ្គោ)

រុហកជាតក ទី១

(១៩១. រុហកជាតកំ (២-៥-១))

[២៣១] (ព្រះរាជាពោធិសត្វ ត្រាស់ថា) ម្នាលរុហកព្រាហ្មណ៍​ដ៏ចំរើន ខ្សែបន្លោះធ្នូ​សូម្បីដាច់​ហើយ គេតឲ្យជាប់វិញ អ្នកចូរតភ្ជាប់​ជាមួយនឹង​នាងបូរាណី​វិញចុះ កុំលុះ​ក្នុងអំណាច​នៃសេចក្ដី​ក្រោធ​ឡើយ។

[២៣២] (រុហកបុរោហិត ក្រាបទូលថា) កាលបើសំបកក្រចៅ​ដែល (ទន់) មាន ទាំង​ជនអ្នក​ធ្វើក៏មាន ទូលព្រះបង្គំ នឹងធ្វើនូវ​ខ្សែបន្លោះធ្នូដទៃ មិនគួរ​ឡើយនឹង​តភ្ជាប់​ជាមួយ​នឹងនាង​បូរាណី​ទេ។

ចប់ រុហកជាតក ទី១។

សិរីកាឡកណ្ណិជាតក ទី២

(១៩២. សិរិកាឡកណ្ណិជាតកំ (២-៥-២))

[២៣៣] (ព្រះបាទវិទេហរាជ ត្រាស់ថា) ម្នាលមហោសធ ស្រ្តីដែលមាន​រូបល្អ តែស្រ្តី​នោះមានសីល បុរសមិនគប្បី​ប្រាថ្នាស្រ្តីនោះ អ្នកជឿឬទេ។

[២៣៤] (មហោសធ ក្រាបទូលថា) បពិត្រមហារាជ ទូលព្រះបង្គំ​ជឿ ​បុរស​ដែល​ថោកទាប (មិនត្រូវ​ការនឹង​ស្រ្តីនោះទេ) (ព្រោះ) សិរី និង​កាឡកណ្ណី រមែង​មិនចួប​ប្រសព្វ​គ្នាក្នុង​កាលណា​ម្ដងឡើយ។

ចប់ សិរីកាឡកណ្ណិជាតក ទី២។

ចុល្លបទុមជាតក ទី៣

(១៩៣. ចូឡបទុមជាតកំ (២-៥-៣))

[២៣៥] (ព្រះរាជាពោធិសត្វ ត្រាស់ថា) ស្រ្តីទ្រុស្តសីលនោះ គឺមេនេះឯង បទុមកុមារ​នោះ មិនមែន​អ្នកដទៃឡើយ គឺអញ​នេះឯង (ស្រ្តីនោះ) និយាយ​ចំពោះ​បុរសណា​ថា ជាប្ដីអំពី​ក្មេងរបស់​អញ បុរសនោះ មានដៃកំបុត មិនមែន​អ្នកដទៃ​ឡើយ គឺ​អាកំបុត​នេះឯង ស្ត្រីទាំងឡាយ​ត្រូវគេ​សម្លាប់ចោល ព្រោះស្រ្តី​ទាំងឡាយ មិនមានពាក្យ​សច្ចៈ។

[២៣៦] អ្នកទាំងឡាយ ចូរសំពងបុរសលាមកអាក្រក់ ប្រាកដ​ស្មើដោយ​សាកសព ដែលសេព​នូវប្រពន្ធ​នៃបុគ្គល​ដទៃនេះ ដោយ​អង្រែផង ហើយកាត់​ត្រចៀក និងច្រមុះ​នៃស្រ្តី​ដែលរស់នៅ គោរព​ប្ដីអាក្រក់​នេះផង។

ចប់ ចុល្លបទុមជាតក ទី៣។

មណិចោរជាតក ទី៤

(១៩៤. មណិចោរជាតកំ (២-៥-៤))

[២៣៧] (នាងសុជាតា ពោលថា) ពួកទេវតា (ជាអ្នករមិលមើល​ពួកជន​អ្នក​មានសីល​ក្នុងលោកនេះ) មិនមាន រមែងប្រាស​ខ្ចាត់ខ្ចាយ​ដោយពិត (ពួក​សមណ​ព្រាហ្មណ៍) ដែលគេ​សន្មតថា​ជាលោកបាល​ក្នុងលោកនេះ ក៏មិនមាន​ដោយពិត ទាំង​ពួកជន​អ្នកហាម​ឃាត់​នូវជន​ទាំងឡាយ​អ្នកមិន​សង្រួម ធ្វើតែអំពើ​ដ៏សហ័ស (អាក្រក់) ក៏មិនមាន​ដោយពិត។

[២៣៨] (ព្រះឥន្រ្ទ ត្រាស់ថា) ក្នុងរាជ្យនៃស្ដេច​មិនប្រកប​ដោយធម៌​នោះ ភ្លៀង​រមែងបង្អុរ​ចុះក្នុង​កាលមិនគួរ មិនបង្អុរចុះ​ក្នុងកាល​ដែលគួរ ឯស្ដេច​មិនប្រកប​ដោយធម៌​នោះ រមែងច្យុត​ចាក​ឋានសួគ៌ ត្រូវគេសម្លាប់​ចោលដោយ​ហេតុត្រឹម​ប៉ុណ្ណេះ​ដោយពិត។

ចប់ មណិចោរជាតក ទី៤។

បព្វតូបត្ថរជាតក ទី៥

(១៩៥. បព្វតូបត្ថរជាតកំ (២-៥-៥))

[២៣៩] (ព្រះបាទព្រហ្មទត្ត ត្រាស់ថា) ស្រះបោក្ខរណី​ដ៏ត្រជាក់ កើត​ហើយ​ក្បែរ​ជើងភ្នំ ជាទី​រីករាយ ចចក​កាលដឹងថា ស្រះបោក្ខរណី​នោះ សីហៈ​រក្សាហើយ ក៏នៅ​តែផឹក (ទឹកក្នុង​ស្រះនោះ)។

[២៤០] (អមាត្យពោធិសត្វ ពោលថា) បពិត្រមហារាជ (មិនត្រឹមតែ​ចចក​ប៉ុណ្ណេះ​ទេ) ពួកសត្វ​ដែលមាន​ជើង រមែងនាំ​គ្នាចុះផឹកទឹក​ស្ទឹងធំដែរ (តែស្ទឹង​ធំនោះ) នឹងក្លាយ​ទៅជា​មិនមែន​ស្ទឹងដោយ​ហេតុនោះក៏ទេ បើ (ស្រ្ដីនោះ) ជាទីស្រឡាញ់​របស់ព្រះអង្គ​ហើយ សូមព្រះអង្គ​អត់ទោសចុះ។

ចប់ បព្វតូបត្ថរជាតក ទី៥។

វលាហកជាតក ទី៦

(១៩៦. វលាហកស្សជាតកំ (២-៥-៦))

[២៤១] (ព្រះសាស្ដា ត្រាស់ថា) ពួកនរជន​ណា មិនធ្វើ​តាមឱវាទ​ដែល​ព្រះពុទ្ធ​សំដែង​ហើយ ពួក​នរជន​នោះ នឹងដល់​នូវសេចក្ដី​វិនាស ដូចពួក​ឈ្មួញដែល​អារក្សទឹក​ទាំងឡាយ (លួងលោម​ហើយ)។

[២៤២] (ម្យ៉ាងទៀត ពួកនរជនណា ធ្វើតាមឱវាទ​ដែលព្រះពុទ្ធ​សំដែង​ហើយ ពួក​នរជននោះ នឹងដល់នូវ​ត្រើយ គឺព្រះនិព្វាន​ដោយ​សួស្ដី ដូចពួក​ឈ្មួញ (ធ្វើតាមពាក្យ) ដែល​ស្ដេច​វលាហក (ពោលហើយ)។

ចប់ វលាហកជាតក ទី៦។

មិត្តាមិត្តជាតក ទី៧

(១៩៧. មិត្តាមិត្តជាតកំ (២-៥-៧))

[២៤៣] (ព្រះពោធិសត្វ ពោលថា) បុគ្គលឃើញបុគ្គល​នោះហើយ មិនញញឹមផង មិន​រីករាយ​តបនឹងបុគ្គល​នោះផង មិនឲ្យ​ភ្នែក​ចំពោះ​បុគ្គលនោះ គឺ​មិនសំឡឹង​ចំភ្នែក​នឹងភ្នែក​ផង ប្រព្រឹត្ត​ខ្មាំងសត្រូវ (ចំពោះ​បុគ្គលនោះ​ផង)។

[២៤៤] បុគ្គលជាបណ្ឌិត ឃើញហើយ ឮហើយ គប្បីស្គាល់នូវ​បុគ្គល​មិនមែន​ជាមិត្ត ដោយ​អាការៈ​ទាំងឡាយ​ណា អាការៈ​ទាំងឡាយនុ៎ះ រមែងមាន​តាំងនៅ​ក្នុងបុគ្គល​មិនមែន​ជាមិត្ត។

ចប់ មិត្តាមិត្តជាតក ទី៧។

រាធជាតក ទី៨

(១៩៨. រាធជាតកំ (២-៥-៨))

[២៤៥] (ព្រាហ្មណ៍ ពោលថា) ម្នាលអ្នក អញមកអំពី​ទីព្រាត់ប្រាស​ហើយ ទើបនឹង​មកដល់​ក្នុងកាល​អម្បាញ់មិញ​នេះ ម្នាលអ្នក ចុះមាតា​របស់អ្នក មិនចូល​ទៅសេព​នឹងបុរស​ដទៃខ្លះទេ​ឬ។

[២៤៦] (សេកឈ្មោះរាធៈ ពោលថា) បុគ្គលកាលពោល​វាចា ដែល​ប្រកប​ដោយ​សច្ចៈនេះ តែមិនល្អ គប្បីដេកដូច​ជាសេកឈ្មោះ​បោដ្ឋបាទ ត្រូវនាង​ព្រាហ្មណីដុត ក្នុង​ជើងក្រាន​ដូច្នោះ។

ចប់ រាធជាតក ទី៨។

គហបតិជាតក ទី៩

(១៩៩. គហបតិជាតកំ (២-៥-៩))

[២៤៧] (គហបតីពោធិសត្វ ពោលថា) ហេតុទាំងពីរយ៉ាង មិនគួរដល់​យើង ហេតុទាំង​ពីរយ៉ាង យើងមិន​ពេញចិត្តទេ ស្រីនេះ​ចុះកាន់ជង្រុក ហើយនិយាយថា ខ្ញុំមិន​សងដូច្នេះ។

[២៤៨] ម្នាលម្ចាស់ស្រុក ព្រោះហេតុនោះ បានជាយើង​និយាយនឹង​អ្នក កាល​បើ​ជីវិត​លំបាកតិច (ប្រព្រឹត្តទៅ​យ៉ាងនេះ កាលយើង​កាន់យក) នូវសាច់ អ្នក (បានឲ្យ) នូវគោចាស់​ស្គម ហើយធ្វើនូវ​ការកំណត់​ពីរខែ ឥឡូវនេះ មកទឿន​ទារក្នុង​កាលដែល​មិនទាន់​ដល់កំណត់ ក៏អំពើនោះ យើងមិនពេញ​ចិត្តឡើយ។

ចប់ គហបតិជាតក ទី៩។

សាធុសីលជាតក ទី១០

(២០០. សាធុសីលជាតកំ (២-៥-១០))

[២៤៩] (ព្រាហ្មណ៍ សួរថា) ភាពនៃបុគ្គលមានសរីរៈល្អ ភាពនៃបុគ្គល​ចាស់ ភាពនៃ​បុគ្គលមាន​ជាតិល្អ ភាពនៃ​បុគ្គលមាន​សីលល្អ យើងសូម​សួរអ្នកជា​ព្រាហ្មណ៍ថា បណ្ដា​បុគ្គលទាំង​បួននាក់​នោះ តើយើងប្រាថ្នា​នូវបុគ្គលណា។

[២៥០] (អាចារ្យពោធិសត្វ ពោលថា) សេចក្ដីចំរើនរមែង​មានក្នុង​បុគ្គល​មាន​សរីរៈ​ល្អ យើងសូមធ្វើនមស្ការ​ចំពោះ​បុគ្គលចាស់ សេចក្ដី​ចំរើន រមែង​មានក្នុង​បុគ្គល​ដែលមាន​ជាតិល្អ តែសីល​រមែង​ពេញចិត្ត​ដល់យើង​ទាំងឡាយ។

ចប់ សាធុសីលជាតក ទី១០។

ប់ រុហកវគ្គ ទី៥។

ឧទ្ទាននៃរុហកវគ្គនោះគឺ

និយាយអំពីរុហកព្រាហ្មណ៍ ១ ស្រីមានរូបល្អ ១ បុរសដែល​គេប្រហារ​ដោយអង្រែ ១ ទេវតា​ព្រាត់ប្រាស ១ ស្រះបោក្ខរណី ១ ជាគំរប់ ៥ តពីនោះ​មក ពួកឈ្មួញ​រួចពី​អារក្សទឹក ១ ញញឹម ១ ការមកអស់​កាលដ៏យូរ ១ ជង្រុក ១ សរីរៈ ១ ត្រូវជា ១០ ជាតក។

នតំទឡ្ហវគ្គ ទី៦

(៦. នតំទឡ្ហវគ្គោ)

ពន្ធនាគារជាតក ទី១

(២០១. ពន្ធនាគារជាតកំ (២-៦-១))

[២៥១] (តាបសពោធិសត្វ ពោលថា) ចំណងណា កើតអំពីដែក​ក្ដី កើតអំពីឈើក្ដី កើតអំពី​ស្មៅដំណេកទន្សាយ​ក្ដី ចំណងនោះ អ្នក​ប្រាជ្ញទាំងឡាយ​មិនហៅ​ថាចំណង​មាំឡើយ ជនទាំងឡាយ​មាន​សេចក្ដីត្រេកអរ​ដ៏ក្រៃលែង ក្នុង​កែវមណី និង​កុណ្ឌល​ទាំងឡាយ​ផង សេចក្ដី​អាឡោះអាល័យ ក្នុងកូន និង​ប្រពន្ធ​ទាំងឡាយផង។

[២៥២] អ្នកប្រាជ្ញទាំងឡាយ ពោលថា ចំណងនុ៎ះមាំ អាចទាញសត្វ​ទំលាក់​ចុះក្នុង​អបាយ ជាចំណង​ដ៏ធូរ តែបុគ្គល​ស្រាយបាន​ដោយក្រ ចំណែកខាង​អ្នកប្រាជ្ញ​ទាំងឡាយ បានកាត់​នូវ​ចំណង គឺកិលេស​នេះ ហើយមិន​មានសេចក្ដី​អាឡោះអាល័យ បាន​លះបង់​នូវសេចក្ដីសុខ​ក្នុងកាម ចៀសចេញ​ទៅ។

ចប់ ពន្ធនាគារជាតក ទី១។

កេឡិសីលជាតក ទី២

(២០២. កេឡិសីលជាតកំ (២-៦-២))

[២៥៣] (ព្រះសាស្ដា ត្រាស់ថា) ហង្សទាំងឡាយក្ដី ក្រៀលទាំងឡាយក្ដី ក្ងោក​ទាំងឡាយ​ក្ដី ដំរីទាំង​ឡាយក្ដី ពួកម្រឹគ​ពិសេសក្ដី សត្វទាំង​អស់ រមែងខ្លាច​សត្វសីហៈ (ព្រោះ) ការ​ប្រៀបផ្ទឹម​ក្នុងកាយ​មិនមាន​ឡើយ។

[២៥៤] បណ្ដាមនុស្សទាំងឡាយ (មនុស្សណា) បើទុកជា​ខ្លួននៅក្មេង តែមាន​ប្រាជ្ញា​វាងវៃ មនុស្សនោះ ទើបឈ្មោះថា ធំក្នុងពួក​មនុស្សនោះ មនុស្ស​ល្ងង់ខ្លៅ សូម្បីមាន​សរីរៈ (ធាត់ធំ) ក៏​មិនឈ្មោះថា​ធំឡើយ។

ចប់ កេឡិសីលជាតក ទី២។

ខន្ធបរិត្តជាតក ទី៣

(២០៣. ខណ្ឌជាតកំ (២-៦-៣))

[២៥៥] (តាបសពោធិសត្វ ពោលថា) ភាវៈជាមិត្រ​របស់អាត្មាអញ (ចូរមាន​ជាមួយ) នឹងត្រកូល​ស្ដេចនាគឈ្មោះ​វិរូបក្ខៈ​ទាំងឡាយ​ផង ភាវៈជាមិត្រ​របស់អាត្មាអញ (ចូរមាន​ជាមួយ) នឹងត្រកូល​ស្ដេចនាគ​ឈ្មោះ​ឯរាបថៈ​ទាំងឡាយ​ផង ភាវៈជា​មិត្ររបស់​អាត្មាអញ (ចូរមាន​ជាមួយ) នឹងត្រកូល​ស្ដេចនាគ​ឈ្មោះ​ឆព្យាបុត្តៈ​ទាំងឡាយ​ផង ភាវៈជាមិត្រ​របស់អាត្មាអញ (ចូរមាន​ជាមួយ) នឹង​ត្រកូល​ស្ដេចនាគ​ឈ្មោះ​កណ្ហាគោតមកៈ​ទាំងឡាយ​ផង ភាវៈជាមិត្រ​របស់អាត្មាអញ (ចូរមាន​ជាមួយ) នឹង​សត្វឥត​ជើងទាំង​ឡាយផង ភាវៈជាមិត្រ​របស់អាត្មាអញ (ចូរមាន​ជាមួយ) នឹង​សត្វជើង​ពីរទាំងឡាយ​ផង ភាវៈជាមិត្រ​របស់​អាត្មាអញ (ចូរ​មានជាមួយ) នឹងសត្វ​ជើង ៤ ទាំងឡាយ​ផង ភាវៈជា​មិត្ររបស់​អាត្មាអញ (ចូរមាន​ជាមួយ) នឹង​សត្វជើង​ច្រើនទាំង​ឡាយផង សត្វឥតជើង​កុំបៀតបៀន​អាត្មាអញ​ឡើយ សត្វជើង​ពីរកុំបៀត​បៀន​អាត្មាអញ​ឡើយ សត្វជើង ៤ កុំបៀតបៀន​អាត្មាអញ​ឡើយ សត្វជើង​ច្រើន​កុំបៀតបៀន​អាត្មាអញ​ឡើយ សព្វសត្វ​ទាំងឡាយ​ផង សព្វប្រាណ​ទាំងឡាយផង សព្វភូត​ទាំងឡាយ​ផង ទាំង​អស់គ្នា សូមសព្វសត្វ (ទាំងនោះ) ឃើញនូវ​សេចក្ដី​ចំរើន​ទាំងឡាយ សេចក្ដី​លាមក​អាក្រក់​តិចតួច កុំមក​ដល់​ឡើយ គឺថា​ កុំកើតមាន​ដល់សត្វទាំង​នោះឡើយ។

[២៥៦] ព្រះពុទ្ធមានគុណប្រមាណមិនបាន ព្រះធម៌មាន​គុណប្រមាណ​មិនបាន ព្រះសង្ឃ​មានគុណ​ប្រមាណ​មិនបាន សត្វលូន ឬ​សត្វវារ​ទាំងឡាយ គឺ​ពស់ ខ្ទួយ ក្អែប ពីងពាង តុកកែ និង​កណ្ដុរ សុទ្ធតែ​មានប្រមាណ (មិនច្រើន​ដូចគុណ​ព្រះរតនត្រ័យ) កិរិយារក្សា អាត្មាអញ​បានធ្វើហើយ កិរិយា​ការពារ អាត្មាអញ​បានធ្វើហើយ ពួកសត្វ (កាច) ទាំងឡាយ ចូរចៀស​ចេញទៅ អាត្មាអញ (ធ្វើ) នូវនមស្ការ ចំពោះ​ព្រះមានព្រះភាគ នមស្ការ​ចំពោះ​ព្រះសម្មាសម្ពុទ្ធ​ទាំងឡាយ ៧ ព្រះអង្គ។

ចប់ ខន្ធបរិត្តជាតក ទី៣។

វីរកជាតក ទី៤

(២០៤. វីរកជាតកំ (២-៦-៤))

[២៥៧] (ប្រពន្ធរបស់ក្អែកគោក សួរថា) នែ​ក្អែកទឹក​ឈ្មោះ​វីរកៈ អ្នក​ឃើញ​សត្វស្លាប​ដែលពោល​ពាក្យពីរោះ មានភ្នួតកដូចជា​ភ្នួតក​នៃក្ងោក ជា​ក្អែកគោក​ឈ្មោះ​សវិដ្ឋកៈ ជាប្ដី​របស់ខ្ញុំ​ដែរឬ។

[២៥៨] (ក្អែកទឹកពោធិសត្វ ពោលថា) ក្អែកសវិដ្ឋកៈ កាលធ្វើតាម​សត្វស្លាប អ្នកត្រាច់​ទៅក្នុងទឹក និង​លើគោក បាន​បរិភោគត្រី​ស្រស់ជានិច្ច​នោះ ត្រូវសារាយ​ព័ន្ធព័ទ្ធ​ស្លាប់ទៅ​ហើយ។

ចប់ វីរកជាតក ទី៤។

គង្គេយ្យជាតក ទី៥

(២០៥. គង្គេយ្យជាតកំ (២-៦-៥))

[២៥៩] (អណ្ដើក ពោលថា) ត្រីទាំងឡាយ នៅក្នុងទន្លេគង្គាក៏ល្អ ត្រីទាំងឡាយនៅក្នុងទន្លេយមុនាក៏ល្អ តែបុរសមានជើង ៤ នេះ 5) មានបរិមណ្ឌលដូចដើមជ្រៃផង មានកវែងដូចចន្ទោលនៃរថផង ល្អរុងរឿងលើសអ្នកទាំងឡាយរាល់គ្នាទៅទៀត។

[២៦០] (ត្រីទាំងឡាយ ពោលថា) យើងសួរហេតុណា មិនប្រាប់​ហេតុនោះ យើង​សួរហើយ​ត្រឡប់ប្រាប់​ហេតុដទៃវិញ សត្វសរសើរ​តែខ្លួនឯងនេះ មិនគាប់​ចិត្តយើងទេ។

ចប់ គង្គេយ្យជាតក ទី៥។

កុរុង្គមិគជាតក ទី៦

(២០៦. កុរុង្គមិគជាតកំ (២-៦-៦))

[២៦១] (សត្វចចាត ពោលថា) ម្នាលអណ្ដើក សូមអ្នកកាត់​នូវ​អន្ទាក់ព្រ័ត្រ ដោយ​ធ្មេញ​ចុះ យើងនឹងធ្វើ​ព្រានមិនឲ្យ​មកបាន។

[២៦២] (ព្រះសាស្ដា ត្រាស់ថា) អណ្ដើកចូល​ទៅកាន់ទឹក សត្វប្រើស​ក៏ចូលទៅព្រៃ ឯសត្វ​ចចាត បាននាំកូន​ទាំងឡាយ​អំពី​ចុងឈើ ទៅក្នុងទីឆ្ងាយ។

ចប់ កុរុង្គមិគជាតក ទី៦។

អស្សកជាតក ទី៧

(២០៧. អស្សកជាតកំ (២-៦-៧))

[២៦៣] (សត្វកំពោងញី ពោលថា កាលពីដើម) ឧយ្យាន​ប្រទេស​នេះ ខ្ញុំបានត្រាច់​ទៅជាមួយ​នឹង​ស្ដេចអស្សកៈ ជាប្ដី ជាទី​ស្រឡាញ់​ដែលខ្ញុំ​ប្រាថ្នាគេ ៗ ប្រាថ្នា​នូវខ្ញុំ។

[២៦៤] សេចក្ដីសុខ និងទុក្ខថ្មី តែងបិទបាំង​នូវសុខ និង​ទុក្ខចាស់ ព្រោះ​ហេតុនោះ សត្វកំពោង​ឈ្មោល ជាទីស្រឡាញ់​របស់ខ្ញុំ​ជាង​ស្ដេចអស្សកៈ​ទៅទៀត។

ចប់ អស្សកជាតក ទី៧។

សុំសុមារជាតក ទី៨

(២០៨. សុសុមារជាតកំ (២-៦-៨))

[២៦៥] (ស្វាពោធិសត្វ ពោលថា) ផ្លែឈើទាំងឡាយណា (ដែល​អ្នកឃើញ​ហើយ) នាត្រើយ​សមុទ្រ​ខាងនាយ ផ្លែឈើ​ទាំងនោះ គឺផ្លែស្វាយក្ដី ផ្លែព្រីងក្ដី ផ្លែខ្នុរក្ដី មិនគួរ​ដល់យើង​ឡើយ ដើមល្វា (នេះឯង) ជាឈើដ៏​ប្រសើរ​របស់យើង។

[២៦៦] សរីរៈរបស់អ្នក ធំមែន ប៉ុន្តែប្រាជ្ញា​សមគួរ​នឹងសរីរៈនោះ​មិនមាន នែក្រពើ ឯងត្រូវ​អញបញ្ឆោត​ហើយ ឥឡូវ ចូរឯងទៅតាម​ស្រួលចុះ។

ចប់ សុំសុមារជាតក ទី៨។

កក្ករជាតក ទី៩

(២០៩. កុក្កុដជាតកំ (២-៦-៩))

[២៦៧] (មាន់ព្រៃ ពោលថា) ដើមត្រចៀកប្រើស និង​ដើម​ស្រម៉ពិភេទ​ទាំងឡាយ​ដុះក្នុង​ព្រៃ យើងធ្លាប់​ឃើញហើយ អ្នកអាច​ឈានដើរ​ទៅកាន់​ដើមឈើ​បានយ៉ាងណា ឯឈើទាំង​នោះ មិនអាច​ឈានដើរ​ទៅបានយ៉ាង​នោះទេ។

[២៦៨] (ព្រាន ពោលថា) មាន់ព្រៃចាស់នេះ ទំលាយនូវ​ទ្រុងចេញ​មកហើយ ជាសត្វ​ឈ្លាសក្នុង​អន្ទាក់ ដែលធ្វើ​ដោយ​រោមកន្ទុយ ក៏បានចេញ​ទៅផង និយាយ​ផង។

ចប់ កក្ករជាតក ទី៩។

កន្ទគលកជាតក ទី១០

(២១០. កន្ទគលកជាតកំ (២-៦-១០))

[២៦៩] (សត្វសសេះឈ្មោះកន្ទគលកៈ ពោលថា) ម្នាល​សសេះឈ្មោះ​ខទិរវនិយៈ​ដ៏ចំរើន អំបែងក្បាល​បែកហើយ ដោយការ​ប្រហារ​តែម្ដង ឰដ៏ដើមឈើ​ណា ដើមឈើនេះ មានស្លឹក​ល្អិតប្រកប​ដោយបន្លា តើជា​ឈើឈ្មោះអ្វី។

[២៧០] (ខទិរនិវយបក្សី ពោលថា) ឱហ្ន៎ សសេះនេះ កាលចោះ​នូវឈើ​ក្នុងព្រៃ​ទាំងឡាយ បានហើរទៅ​ក្នុងពួកឈើ​មិនមានខ្លឹម ជា​ចំណែក​នៃឈើស្ងួត ក្នុងកាល​ជាខាង​ក្រោយមក សសេះ (នេះ) បានហើរមក​ទំលាយ​អំបែងក្បាល (របស់ខ្លួន) នឹង​ដើមសង្កែ ជាឈើន័យដោយច្រើន គេប្រែថា ដើមគគី។ មានខ្លឹមអំពី​កំណើត។

ចប់ កន្ទគលកជាតក ទី១០។

ចប់ នតំទឡ្ហវគ្គ ទី៦។

ឧទ្ទាននៃនតំទឡ្ហវគ្គនោះគឺ

និយាយអំពីចំណងមាំ ១ ហង្សប្រសើរ ១ ស្ដេចនាគឈ្មោះ​វិរូបក្ខៈ ១ ក្អែកគោក​ឈ្មោះ​សវិដ្ឋកៈ ១ ត្រីដ៏ប្រសើរ ១ ប្រើស ១ ស្ដេចឈ្មោះ​អស្សកៈ ១ ផ្លែស្វាយ​ដ៏ប្រសើរ ១ មាន់ ១ សសេះ ១ ត្រូវជា ១០។

ពីរណត្ថម្ភកវគ្គ ទី៧

(៧. ពីរណថម្ភវគ្គោ)

សោមទត្តជាតក ទី១

(២១១. សោមទត្តជាតកំ (២-៧-១))

[២៧១] (ពោធិសត្វ ពោលថា បពិត្រលោកអាពុក) លោកមិន​មាន​សេចក្តី​ធ្វេសប្រហែស​ជានិច្ច បានធ្វើសេចក្ដី​ព្យាយាម ក្នុង​ព្រៃស្មសាន ដ៏ដេរដាស​ដោយ​គុម្ពនៃស្បូវ​អណ្ដាស អស់ ១ ឆ្នំា (កាលបើដូច្នេះ) លោកចូរ​ទៅកាន់​បរិសទ្យ ហើយធ្វើ (នូវហេតុ​នោះ) ឲ្យទៅជា​ហេតុដទៃវិញ សេចក្ដី​ព្យាយាម រមែងមិន​រក្សានូវបុគ្គល​ដែលឥត​ប្រាជ្ញាឡើយ។

[២៧២] (ព្រាហ្មណ៍ ពោលថា) ម្នាល​សោមទត្ត​ជាកូន ធម្មតា​ជនអ្នក​សូមគេ រមែង​ដល់នូវហេតុ​ពីរយ៉ាង គឺមិនបាន​នូវទ្រព្យ ១ បាន​នូវទ្រព្យ ១ ព្រោះថា ការសូម​គេ រមែង​មានសភាព​យ៉ាងនេះ​ជាធម្មតា។

ចប់ សោមទត្តជាតក ទី១។

ឧច្ឆិដ្ឋភត្តជាតក ទី២

(២១២. ឧច្ឆិដ្ឋភត្តជាតកំ (២-៧-២))

[២៧៣] (ព្រាហ្មណ៍ ពោលថា) អាការខាងលើដទៃ អាការខាងក្រោម​ដទៃ ម្នាល​នាង​ព្រាហ្មណី អញសួរ​ចំពោះ​នាងថា បាយ​ខាងក្រោម តើដូចម្ដេច បាយខាង​លើ តើដូចម្ដេច។

[២៧៤] (កូនអ្នករបាំពោធិសត្វ ពោលថា) ម្នាលអ្នក​ដ៏ចំរើន ខ្ញុំអ្នករបាំ ជាអ្នកសូម មកដល់​ក្នុងទីនេះ ឯសហាយ​របស់នាង​ព្រាហ្មណី​នេះ ចុះទៅហើយ​កាន់ជង្រុក អ្នកស្វែង​រកនូវ​បុរសណា បុរស​នោះ នេះឯង។

ចប់ ឧច្ឆិដ្ឋភត្តជាតក ទី២។

ភរុរាជជាតក ទី៣

(២១៣. ភរុជាតកំ (២-៧-៣))

[២៧៥] (ព្រះសាស្ដា ត្រាស់ថា) តថាគតបានឮដូច្នេះថា ស្ដេចនៅ​ក្នុងដែន​ភរុ បានធ្វើនូវ​ទោសដល់ពួក​ឥសី ស្ដេចនោះ (ដល់នូវ​ឆន្ទាគតិ) ក៏ដាច់សូន្យ​ព្រមទាំង​ដែន ដល់នូវ​សេចក្ដី​វិនាស។

[២៧៦] ព្រោះហេតុនោះ អ្នកប្រាជ្ញទាំងឡាយ តែងមិន​សសើរនូវការ​លុះក្នុង​ឆន្ទាគតិ (បុគ្គល) មានចិត្ត គឺកិលេស​មិនប្រទូស្តហើយ គប្បីពោល​នូវវាចា​ដែល​ប្រកប​ដោយ​សច្ចៈ។

ចប់ ភរុរាជជាតក ទី៣។

បុណ្ណនទីជាតក ទី៤

(២១៤. បុណ្ណនទីជាតកំ (២-៧-៤))

[២៧៧] (ព្រះរាជាទ្រង់លិខិតក្នុងព្រះរាជសាសន៍ថា) ជនទាំងឡាយ​ពោលនូវស្ទឹង ដែលល្មម​សត្វណា​ផឹកបាន ថាជា​ស្ទឹងពេញ​ហើយផង ជនទាំងឡាយ​ពោលនូវ​សន្ទូង ដែលល្មម​សត្វណា​ពួនបាន ថាជា​សន្ទូងកើត​ហើយផង ជនទាំងឡាយ​ហៅរក​នូវ​បុគ្គល​ដែលទៅ​ហើយកាន់​ទីឆ្ងាយ​ដោយសត្វ​ណាផង សត្វនោះ​ យើងនាំមក​ហើយ​ដើម្បីអ្នក ម្នាល​ព្រាហ្មណ៍ ចូរអ្នក​បរិភោគ (នូវសាច់ក្អែក​នេះ) ចុះ។

[២៧៨] (ពោធិសត្វ ពោលថា) កាលណាស្ដេចរឭកអញ សូម្បីតែ​សាច់ក្អែក​ក៏ផ្ញើមក (កាលស្ដេចបាន) ហង្សក្ដី ក្រៀលក្ដី ក្ងោកក្ដី (ហេតុអ្វី​ក៏មិនរឭក) ការមិន​រឭកនេះ​ឯង ជាសេចក្ដី​លាមក​បំផុត (ក្នុងលោក)។

ចប់ បុណ្ណនទីជាតក ទី៤។

កច្ឆបជាតក ទី៥

(២១៥. កច្ឆបជាតកំ (២-៧-៥))

[២៧៩] (អាមាត្យពោធិសត្វ ពោលថា) អណ្ដើក កាលបើឈើ ​ខ្លួនពាំ​ស៊ប់ហើយ ហានិយាយ​សម្លាប់នូវ​ខ្លួនឯង ឈ្មោះថា​សម្លាប់​ដោយវាចា​របស់ខ្លួន។

[២៨០] បពិត្រព្រះអង្គមានព្យាយាមប្រសើរជាងជន (ឯបណ្ឌិតបុរស) ឃើញនូវ​ហេតុនេះ​ហើយ មិនគប្បី​បញ្ចេញ​វាចាជា​កុសល ឲ្យ​ហួសវេលា ព្រះអង្គ​គង់នឹង​ទតឃើញ​អណ្ដើក ដែលដល់​នូវ​សេចក្ដី​វិនាស ព្រោះតែ​និយាយ​ច្រើន។

ចប់ កច្ឆបជាតក ទី៥។

មច្ឆជាតក ទី៦

(២១៦. មច្ឆជាតកំ (២-៧-៦))

[២៨១] (ត្រីឈ្មោល ពោលថា) ភ្លើងនេះអញមិនក្ដៅ ឈើស្រួច​ដែលគេ​បិតសំរួច​ល្អហើយ ក៏អញ​មិនឈឺ អញឈឺ​តែត្រង់​មេត្រី​សំគាល់អញ ថាទៅ​ត្រេកអរ​នឹងមេត្រី​ដទៃ​នោះ។

[២៨២] ភ្លើង គឺរាគៈនោះ រលាកនូវ​អញផង ចិត្ត (ដ៏សម្បយុត្ត​ដោយ​រាគៈ) ក៏ញ៉ាំង​អញឲ្យ​ក្ដៅផង បពិត្រ​ព្រានសំណាញ់​ទាំងឡាយ សូមអ្នក​ទាំងឡាយ​លែងខ្ញុំ​ទៅ (សត្វ​ដែល​ឋិតនៅ) ក្នុងកាម អ្នកទាំងឡាយ​កុំបៀតបៀន​ក្នុងហេតុ​នីមួយ។

ចប់ មច្ឆជាតក ទី៦។

សេគ្គុជាតក ទី៧

(២១៧. សេគ្គុជាតកំ (២-៧-៧))

[២៨៣] (បិតា ពោលថា) សត្វលោកទាំងអស់ ជាអ្នកមាន​ចិត្តរីករាយ (ដោយ​ការ​សេពកាម) នាង​សេគ្គុ ជាស្រីមិន​ឈ្លាសក្នុង​ធម៌របស់​អ្នកស្រុក នាងដែល​យើងចាប់​ហើយ យំក្នុងព្រៃ ដោយធម្មតា​ណា ធម្មតានោះ​របស់នាង ឈ្មោះថា នៅក្មេង​ទេឬ។

[២៨៤] (នាងសេគ្គុកុមារិកា ពោលថា) ជនណាគប្បី​ជាទីពឹងរបស់​ខ្ញុំ ដែលទុក្ខ​ពាល់ត្រូវ​ហើយ ជននោះ​ជាបិតារបស់​ខ្ញុំ បាន​ប្រទូស្ត​ក្នុងព្រៃ ខ្ញុំនោះ​កន្ទក់កន្ទេញ​ចំពោះ​អ្នកណា ក្នុងកណ្ដាល​ព្រៃ បិតាណា ជាអ្នកការពារ បិតានោះ​ធ្វើនូវកម្ម​ដ៏សហ័ស។

ចប់ សេគ្គុជាតក ទី៧។

កូដវាណិជជាតក ទី៨ (២១៨)

(២១៨. កូដវាណិជជាតកំ (២-៧-៨))

[២៨៥] (វិនិច្ឆយាមាត្យពោធិសត្វ ពោលថា) កលបញ្ឆោត​តបចំពោះ​បុគ្គល​អ្នក​មាន​កលបញ្ឆោត អ្នកគិតល្អហើយ ការកោង​តប​ចំពោះបុគ្គល​អ្នកកោង អ្នកបាន​តទល់ (ល្អ) ហើយ ថាបើ​កណ្តុរ​ទាំងឡាយ គប្បីស៊ី​នូវផាល​មែន ហេតុអ្វី​ក៏សត្វខ្លែង​ទាំងឡាយ នាំក្មេង​ទៅមិនបាន។

[២៨៦] ព្រោះថា បុគ្គលកោងតបទាំងឡាយ រមែងមាន​ចំពោះបុគ្គល​អ្នកកោង បុគ្គល​អ្នកបោកប្រាស ដទៃអំពីបុគ្គល​អ្នកបោកប្រាស រមែងមាន (ដល់) បុគ្គល​អ្នកបោកប្រាស ម្នាលបុរស​អ្នកបាត់កូន អ្នកចូរឲ្យនូវ​ផាលដល់បុរស​អ្នកបាត់ផាល កុំឲ្យអ្នក​បាត់ផាល​លួច​កូនអ្នកទៅ​ឡើយ។

ចប់ កូដវាណិជជាតក ទី៨។

គរហិតជាតក ទី៩

(២១៩. គរហិតជាតកំ (២-៧-៩))

[២៨៧] (ពានរពោធិសត្វ ពោលថា) វាចាដែលពោលថា ប្រាក់របស់​អញ មាស​របស់​អញ អស់យប់ និង​ថ្ងៃនេះ ជាវាចា​របស់​មនុស្ស​ទាំងឡាយ​អ្នកឥតប្រាជ្ញា មិនឃើញ​អរិយធម៌។

[២៨៨] កក្នុងផ្ទះមួយ មានម្ចាស់ផ្ទះពីរ ៗ នាក់ បណ្ដាម្ចាស់ផ្ទះពីរនាក់នោះ ម្ចាស់ផ្ទះម្នាក់ 6) មិនមានពុកមាត់ មានដោះយារចុះ មានផ្នួងសក់បួងហើយ មានត្រចៀកចោះប្រដាប់ហើយ ដែលគេទិញដោយទ្រព្យដ៏ច្រើន ម្ចាស់ផ្ទះនោះ តែងពោលចាក់ដោតនូវជននោះ។

ចប់ គរហិតជាតក ទី៩។

ធម្មទ្ធជជាតក ទី១០

(២២០. ធម្មធជជាតកំ (២-៧-១០))

[២៨៩] (សក្កទេវរាជ ពោលថា) អ្នកមានសភាពរស់នៅ​ជាសុខ ចេញចាកដែន ហើយ​មកកាន់ព្រៃ​ដ៏ស្ងាត់ អ្នកនោះ​តែម្នាក់ឯង អង្គុយ​សញ្ជប់សញ្ជឹង​នៅ​ជិតគល់​ឈើ (ក្នុងព្រៃ) ដូចជា​មនុស្សកំព្រា។

[២៩០] (បុរោហិតពោធិសត្វ ពោលថា) ខ្ញុំមានសភាព​រស់នៅ​ជាសុខ ចេញចាក​ដែន ហើយមកកាន់​ព្រៃស្ងាត់ ខ្ញុំនោះ​តែម្នាក់ឯង ការរឭក​ធម៌របស់​សប្បុរស អង្គុយ​សញ្ជប់​សញ្ជឹង ជិតគល់ឈើ (ក្នុងព្រៃ) ដូចជា​មនុស្សកំព្រា។

ចប់ ធម្មទ្ធជជាតក ទី១០។

ចប់ ពីរណត្ថម្ភកវគ្គ ទី៧។

ឧទ្ទាននៃពីរណត្ថម្ភកវគ្គនោះគឺ

និយាយអំពីគុម្ពស្មៅរណ្ដាសដ៏ប្រសើរ ១ អ្នករបាំ ១ ស្ដេចភុរុ​ដ៏ឧត្តម​ប្រសើរ ១ ស្ទឹងពេញ​ដោយទឹក ១ បុគ្គល​និយាយច្រើន ១ ភ្លើង ១ ព្រៃធំ ១ សត្វកណ្ដុរ ១ មនុស្ស​ដោះយារ ១ មនុស្សកំព្រា ១ ត្រូវជា ១០។

កាសាវវគ្គ ទី៨

(៨. កាសាវវគ្គោ)

កាសាវជាតក ទី១

(២២១. កាសាវជាតកំ (២-៨-១))

[២៩១] (ដំរីពោធិសត្វ ពោលថា) បុគ្គលណា មានទឹកចត់ គឺកិលេស​មិនទាន់​លះចេញ​ហើយ ជាអ្នក​ប្រាសចាក​ទមៈ (ការទូន្មាន​នូវឥន្រ្ទិយ) និងសច្ចៈ និង​ស្លៀកដណ្ដប់​នូវសំពត់ ដែល​ជ្រលក់​ដោយ​ទឹកចត់ បុគ្គលនោះ មិនគួរ​នឹងស្លៀក​ដណ្ដប់​នូវសំពត់​ជ្រលក់​ដោយទឹក​ចត់ឡើយ។

[២៩២] ចំណែកខាង​បុគ្គលណា មានទឹកចត់ គឺកិលេស​ខ្ជាក់ចោលហើយ មានចិត្តតាំង​មាំល្អ​ក្នុងសីលទាំងឡាយ ជាអ្នក​ប្រកប​ដោយ​ទមៈ និងសច្ចៈ បុគ្គលនោះឯង ទើបគួរ​នឹងស្លៀក​ដណ្ដប់នូវ​សំពត់​ជ្រលក់​ដោយ​ទឹកចត់បាន។

ចប់ កាសាវជាតក ទី១។

ចុល្លននិ្ទយជាតក ទី២

(២២២. ចូឡនន្ទិយជាតកំ (២-៨-២))

[២៩៣] (នាយព្រាន ពោលថា) បារាសរិយព្រាហ្មណ៍ បានពោល​នូវពាក្យណា​ថា បាបកម្ម​ណា ដែលធ្វើហើយ ញ៉ាំងអ្នក​ឲ្យក្ដៅ​ក្រហាយ ក្នុងកាល​ជាខាងក្រោយ អ្នក​កុំធ្វើបាបកម្ម​នោះឡើយ នេះជាពាក្យ​របស់អាចារ្យ។

[២៩៤] បុរសធ្វើនូវអំពើទាំងឡាយណា រមែងឃើញនូវ​អំពើទាំងឡាយ​នោះ ចំពោះ​ខ្លួន បុរសអ្នក​ធ្វើអំពើល្អ រមែង​ទទួល​ផលល្អ ចំណែក​ខាងបុរស​អ្នកធ្វើ​អំពើអាក្រក់ រមែង​ទទួលផល​អាក្រក់ បុគ្គលសាប​ព្រោះនូវ​ពូជណា រមែង​បាននូវ​ផ្លែបែបនោះ។

ចប់ ចុល្លននិ្ទយជាតក ទី២។

បុដភត្តជាតក ទី៣

(២២៣. បុដភត្តជាតកំ (២-៨-៣))

[២៩៥] (អាមាត្យពោធិសត្វ ពោលថា) បុគ្គលគប្បី​ឱនលំទោន​តប​ចំពោះ​បុគ្គល​អ្នក​ឱន​លំទោន​ខ្លួន គប្បីគប់​រកនូវបុគ្គល​អ្នកគប់រក​ខ្លួន គប្បីធ្វើ​កិច្ច​តបចំពោះ​បុគ្គល​អ្នកធ្វើនូវ​កិច្ចដល់​ខ្លួន កុំគប្បី​ធ្វើ​ប្រយោជន៍​ដល់បុគ្គល​អ្នកប្រាថ្នា​នូវសេចក្ដី​វិនាសដល់​ខ្លួន មិន​គប្បីរាប់រក​នូវបុគ្គល​អ្នកមិនរាប់​រកខ្លួន។

[២៩៦] បុគ្គលគប្បីលះនូវបុគ្គលអ្នកលះបង់នូវខ្លួន មិនគប្បី​ធ្វើនូវឈើ​ដែល​តាំងនៅក្នុង​ព្រៃ គឺសេចក្ដី​ប៉ុនប៉ង​ក្នុងបុគ្គល​នោះ មិនគប្បី​សមាគម​ជាមួយ​នឹងបុគ្គល​ដែលមាន​ចិត្តវិប្បលាស សត្វស្លាប​ដឹងនូវឈើ​ដែលមាន​ផ្លែអស់ហើយ រមែង​សំឡឹង​រកនូវដើម​ឈើឯទៀត ដែលមាន​ផ្លែយ៉ាងណា (បុគ្គល​គប្បីគប់រក​បុគ្គលដទៃ យ៉ាងនោះ​ដែរ) ព្រោះថា លោកសន្និវាស​នៅធំទូលាយ​ណាស់។

ចប់ បុដភត្តជាតក ទី៣។

កុម្ភីលជាតក ទី៤

(២២៤. កុម្ភិលជាតកំ (២-៨-៤))

[២៩៧] (ក្រពើ បាននិយាយថា) បុគ្គលណា​មានធម៌ ៤ យ៉ាង គឺ​សច្ចៈ ១ សុចរិតធម៌ ១ សេចក្ដី​ព្យាយាម ១ ចាគៈ ១ ជា​គុណ​ដ៏ចំរើន​ក្រៃលែង បុគ្គលនោះ រមែង​កន្លងនូវ​សត្រូវបាន។

[២៩៨] ចំណែកបុគ្គលណា មិនមានធម៌ ៤ យ៉ាងនេះ គឺសច្ចៈ ១ សុចរិតធម៌ ១ សេចក្ដី​ព្យាយាម ១ ចាគៈ ១ ជាគុណ​ដ៏ចំរើន​ក្រៃលែង បុគ្គលនោះ រមែងមិន​កន្លងនូវ​សត្រូវ​បានទេ។

ចប់ កុម្ភីលជាតក ទី៤។

ខន្តិវណ្ណនជាតក ទី៥

(២២៥. ខន្តិវណ្ណជាតកំ (២-៨-៥))

[២៩៩] (អាមាត្យ បានក្រាបទូលថា) បពិត្រព្រះសម្មតិទេព មានបុរស​របស់​ទូល​ព្រះបង្គំ​ម្នាក់ ជាអ្នកខ្វល់ខ្វាយ​ក្នុងកិច្ចការ​ទាំងពួង តែ​បុរសនោះ មាន​កំហុសមួយ ព្រះអង្គ​ទ្រង់សំគាល់​ក្នុងកំហុស​របស់​បុរសនោះ​ថា គួរនឹងធ្វើ​ដូចម្ដេច។

[៣០០] (ព្រះរាជាពោធិសត្វ មានព្រះបន្ទូលថា) បុរស (ជាអ្នក​ប្រទូស្ត) ក្នុងផ្ទះ​របស់យើង​មានដែរ ឯបុរស​បែបនេះ (ឥឡូវនេះ) មាន​ក្នុងទីនេះ តែបុរស​អ្នកប្រកប​ដោយចំណែក​នៃគុណ គេរក​បាន​ដោយកម្រ បានជា​យើងចូល​ចិត្តអត់ធន់។

ចប់ ខន្តិវណ្ណនជាតក ទី៥។

កោសិយជាតក ទី៦

(២២៦. កោសិយជាតកំ (២-៨-៦))

[៣០១] (អាមាត្យពោធិសត្វ ពោលថា) ការចេញទៅក្នុង​កាលគួរ ជា​ការប្រពៃ ការចេញ​ទៅក្នុងកាល​មិនគួរ មិនជា​ការប្រពៃទេ ព្រោះថា (ជនណាមួយ) ចេញទៅ​ក្នុងកាលមិនគួរ រមែងមិន​ញ៉ាំងប្រយោជ៍​តិចតួចឲ្យ​កើតបាន ជនជា​សត្រូវដ៏​ច្រើន នឹង​ចោមចាប់​នូវបុរស​តែម្នាក់ឯង (ដែលចេញ​ទៅក្នុងកាល​មិនគួរ ហើយឲ្យដល់​នូវ​សេចក្ដី​វិនាស​ដ៏ធំ) ដូច​សេនាក្អែក (ចោមចឹក) នូវសត្វមៀម (ដែលចេញ​ទៅក្នុង​កាលមិនគួរ)។

[៣០២] អ្នកប្រាជ្ញដឹង​នូវរបៀប និង​ការចាត់ចែង ដឹងនូវ​ទោសរបស់​ជន​ទាំងឡាយ​ដទៃ បានធ្វើនូវ​មិត្រទាំងអស់​ឲ្យលុះ​ក្នុងអំណាច​របស់ខ្លួន គប្បី​បាននូវ​សេចក្ដី​សុខ​ដូច​សត្វមៀម (មានប្រាជ្ញា​ចឹក​ក្បាលក្អែក​ឲ្យដាច់ស្លាប់) បាន​សេចក្ដីសុខ​ដូច្នោះ។

ចប់ កោសិយជាតក ទី៦។

គូថបាណកជាតក ទី៧

(២២៧. គូថបាណជាតកំ (២-៨-៧))

[៣០៣] (សត្វកំពោង ពោលថា) អ្នកជាសត្វក្លៀវក្លា មកចួបប្រទះ​នឹង​យើងជា​អ្នក​ក្លៀវក្លា មានសេចក្ដី​ប្រឹងប្រែង អាច​ប្រហារគ្នា​បាន នែដំរី អ្នកចូរមក អ្នកចូរ​ត្រឡប់មក អ្នកខ្លាច​ឬ បានជារត់​ទៅ អ្នកស្រុកអង្គៈ និង​មគធៈទាំងឡាយ ចូរមើល​សេចក្ដី​ព្យាយាម របស់​យើង និងអ្នក។

[៣០៤] (ដំរី ពោលថា) យើងនឹងមិនសម្លាប់អ្នក​ដោយជើង មិនសម្លាប់​ដោយភ្លុក មិន​សម្លាប់​ដោយ​ប្រមោយទេ យើងនឹង​សម្លាប់​អ្នកដោយ​អាចម៍ សត្វស្អុយ ចូរវិនាស​ដោយរបស់​ស្អុយ។

ចប់ គូថបាណកជាតក ទី៧។

កាមនីតជាតក ទី៨

(២២៨. កាមនីតជាតកំ (២-៨-៨))

[៣០៥] (ព្រះបាទពារាណសី ត្រាស់ថា) យើងប្រាថ្នា​នូវដែន ជាចន្លោះ​នៃក្រុង​ទាំង ៣ គឺដែន​បញ្ចាលៈ ១ កុរុ ១ កេកកៈ ១ ម្នាល​ព្រាហ្មណ៍ យើងត្រូវ​ការរាជសម្បត្តិ ក្នុងក្រុង​ទាំង ៣ នោះ ក្រៃលែង​ជាងរាជ​សម្បត្តិ​ក្នុងក្រុងពាណសី​នោះទៅទៀត ម្នាល​ព្រាហ្មណ៍ អ្នកចូរ​រក្សានូវយើង ដែលកាម​នាំទៅហើយ។

[៣០៦] (សក្កទេវរាជពោធិសត្វ ត្រាស់ថា) ពេទ្យពួកខ្លះ រមែងធ្វើ (នូវ​ការរក្សា) ចំពោះ​បុគ្គលដែល​ពស់ចឹកហើយ បណ្ឌិត​ទាំងឡាយ តែងធ្វើ (នូវការរក្សា) ចំពោះ​បុគ្គលដែល​ខ្មោចចូល​ហើយ បុគ្គល​នីមួយ (ក្រៅពីបណ្ឌិត) រមែងមិន​ធ្វើនូវការរក្សា ចំពោះ​បុគ្គល​ដែលកាម​នាំទៅហើយ ព្រោះថា ការរក្សា​ដូចម្ដេច ចំពោះ​បុគ្គល​ដែលមាន​ធម៌ស​ដាក់ចុះ​ហើយ។

ចប់ កាមនីតជាតក ទី៨។

បលាយិជាតក ទី៩

(២២៩. បលាយិតជាតកំ (២-៨-៩))

[៣០៧] (ព្រះបាទព្រហ្មទត្ត ទ្រង់ត្រាស់ថា) ក្រុង​តក្កសិលា យើងឡោម​ព័ទ្ធជុំវិញ​ហើយ ដោយពពក គឺពលដំរី ស្រែកសំទារ​ដ៏ប្រសើរ​ដោយកម្រងផ្កា គឺពលសេះ​ដ៏ប្រសើរ ដោយ​រលកទឹក គឺពលរថ ដោយភ្លៀងខ្លាំង គឺសរ ដោយខ្មាន់ធ្នូ​ជាអ្នកលប​ចាំប្រហារ​មាំ។

[៣០៨] អ្នកទាំងឡាយ ចូរស្ទុះទៅផង ចូរលោតផ្លោះ​ទៅផង ចូរ​ស្រែកដោយ​សម្លេង​ផ្សេងៗ (មួយអន្លើ) ដោយ​ពលដំរី​ទាំងឡាយ សម្លេងគឺក​កងដ៏ខ្លាំង (ប្រាកដ​ស្មើដោយ​សម្លេង​នៃរន្ទះ) ចូរប្រព្រឹត្តទៅ​ក្នុងថ្ងៃនេះ ដូចជា​ផ្លេកបន្ទោរ ដែល​ចេញផុត​ចាកមេឃ​កាលគ្រហឹម​ដូច្នោះ។

ចប់ បលាយិជាតក ទី៩។

ទុតិយបលាយិជាតក ទី១០

(២៣០. ទុតិយបលាយិតជាតកំ (២-៨-១០))

[៣០៩] (ព្រះរាជាគន្ធារៈ ទ្រង់ត្រាស់ថា) ទង់សម្រាប់រថ​ប្រមាណមិន​បាន ពលពាហនៈ​មានត្រើយ​មិនមាន​ទីបំផុត (រាប់មិនបាន) ពួកសត្រូវ​គ្របសង្កត់​បាន​ដោយក្រ ដូចជា​សមុទ្ទសាគរ ដែល​ហ្វូងក្អែក (គ្របសង្កត់​បានដោយក្រ) (ពួកពល​របស់​យើងនេះ) ពួកពល​ដទៃ​គ្របសង្កត់​បានដោយ​ក្រ ដូចជាភ្នំ​ដែលខ្យល់​គ្រប​សង្កត់​បានដោយ​ក្រ ក្នុងថ្ងៃ​នេះ អាត្មាអញ​ប្រកបដោយ​ពល​ប្រាកដ​ដូច្នោះ កម្រអ្នក​ណានឹង​គ្របសង្កត់​បាន។

[៣១០] (ព្រះរាជាពារាណសីពោធិសត្វ ពោលថា) ព្រះអង្គកុំនិយាយ​នូវអំពើ​ពាលឡើយ ព្រោះបុគ្គល​ប្រហែល​ដូចព្រះអង្គ មិន (អាច​យករាជ​សម្បត្តិ​បានទេ) ព្រះអង្គ​ក្ដៅអន្ទះ​អន្ទែង (ដោយភ្លើង គឺរាគៈ ទោសៈ មោហៈ និងមានៈ​តែប៉ុណ្ណោះ) ដ្បិតថា ព្រះអង្គ​រមែង​មិនបាននូវ​បុគ្គលប្រាកដ​ស្មើដោយខ្ញុំ ដែល​ជាអ្នក​កំចាត់បង់​ទេ ដំរីណា នឹងគក់​បោកនូវ​ព្រះអង្គ ដូចជា​ជាន់ឈ្លីនូវ​ដើមបបោស​ដោយជើង ព្រះអង្គ​ដូចជាដំរី (ចុះប្រេង) ចូលទៅ​រក ត្រាច់ទៅតែម្នាក់​ឯងនោះ។

ចប់ ទុតិយបលាយិជាតក ទី១០។

ចប់ កាសាវវគ្គ ទី៨។

ឧទ្ទាននៃកាសាវវគ្គនោះគឺ

និយាយអំពីសំពត់ដ៏ប្រសើរ ១ ពាក្យរបស់អាចារ្យ ១ ផ្លែឈើ​អស់ហើយ ១ ធម៌ដ៏​ប្រសើរ ៤ យ៉ាង ១ បុរសដ៏​ខ្ពង់ខ្ពស់ ១ សត្វក្អែក ១ ពួកជន​ក្នុងដែន​មគធៈ ១ ដែន ៣ កន្លែង ១ ដំរីដ៏​ប្រសើរស្រែក​សំទារ ១ ទង់ដ៏​ប្រសើរ ១ ត្រូវជា ១០។

ឧបាហនវគ្គ ទី៩

(៩. ឧបាហនវគ្គោ)

ឧបាហនជាតក ទី១

(២៣១. ឧបាហនជាតកំ (២-៩-១))

[៣១១] (ទ្រម័កដំរីពោធិសត្វ ពោលថា) ស្បែកជើង​ដែលបុរស​ទិញហើយ ដើម្បី​ប្រយោជន៍​ដោយសេចក្ដី​សុខ ជាស្បែកជើង​ក្ដៅហើយ​ដោយកំដៅថ្ងៃ បៀតបៀន​ផ្ទៃជើង គប្បី​នាំមក​នូវ​សេចក្ដីទុក្ខ គប្បីស៊ី​នូវជើងនៃ​បុរសនោះ​ឯង មានឧបមា​យ៉ាងណា។

[៣១២] បុគ្គលណា កើតក្នុងត្រកូល​អាក្រក់ ជាអ្នកមិន​ប្រសើរ បាន​រៀនវិជ្ជា និង​សូត្រ (អំពីសំណាក់) នៃអ្នក​ទាំងឡាយ (អាចារ្យ) ហើយ រមែងស៊ី​នូវខ្លួន​នោះឯង ព្រោះវិជ្ជា និងសូត្រ​ដែលខ្លួន​រៀនហើយ ក្នុងសំណាក់​នៃអាចារ្យ​នោះ បុគ្គលនោះ (បណ្ឌិត​ពោលថា) ជាមនុស្ស​មិនប្រសើរ មាន​ឧបមា​ដោយស្បែក​ជើង ដែលធ្វើ​មិនល្អ​ហើយ យ៉ាងនោះ​ដែរ។

ចប់ ឧបាហនជាតក ទី១។

វីណាថូណជាតក ទី២

(២៣២. វីណាគុណជាតកំ (២-៩-២))

[៣១៣] (សេដ្ឋីពោធិសត្វ ពោលថា) ប្រយោជន៍នេះ នាងគិត​តែម្នាក់ឯង បុរស​ពាល នាំនាងទៅ​មិនបាន ម្នាលនាង​ដ៏ចំរើន ព្រោះថា នាងមិនគួរ​ដើម្បីទៅជា​មួយនឹង​បុរស​គមតឿ​ឡើយ។

[៣១៤] (សេដ្ឋីធីតា ពោលថា) ខ្ញុំសំគាល់បុរសគម ថាជា​បុរសឧសភៈ បានប្រាថ្នា​ហើយ បុរសគម​នេះ ដេករួញ​អង្កុញ ដូចជា​ពិណ​ដែលមាន​ខ្សែដាច់។

ចប់ វីណាថូណជាតក ទី២។

វិកណ្ណកជាតក ទី៣

(២៣៣. វិកណ្ណជាតកំ (២-៩-៣))

[៣១៥] (បុរសអ្នកឲ្យបាយត្រី ពោលថា) ឯងប្រាថ្នាក្នុង​ទីណាប្រាកដ ចូរទៅក្នុង​ទីនោះចុះ ឯងត្រូវ​ច្បូកមុត​ហើយ ត្រង់ទី​ជាទីស្លាប់ ឯងជាសត្វ​រលោរលាំ ដេញតាម​ចាប់នូវត្រី​ទាំងឡាយ ត្រូវគេ​សម្លាប់ហើយ​ដោយបាយ ព្រមទាំង​គ្រឿងប្រគំ។

[៣១៦] (ព្រះសាស្តា ទ្រង់ត្រាស់ថា) បុគ្គលកាល​ប្រព្រឹត្តទៅតាម​លោកាមិសៈ ជាអ្នក​លុះក្នុង​អំណាច​នៃចិត្ត រមែងក្ដៅ​ក្រហាយ បុគ្គល​នោះ រមែងក្ដៅ​ក្រហាយក្នុង​កណ្តាល​ពួកញាតិ និង​សំឡាញ់ បុគ្គលនោះ ដូចក្រពើ​ដេញតាម​នូវត្រីដូច្នោះ។

ចប់ វិកណ្ណកជាតក ទី៣។

អសិតាភុជាតក ទី៤

(២៣៤. អសិតាភូជាតកំ (២-៩-៤))

[៣១៧] (នាងអសិតាភូ ពោលថា) (ខ្ញុំ) អស់សេចក្ដី​ស្រឡាញ់​ចំពោះ​អ្នក​ព្រោះ​អំពើណា អ្នកបាន​ធ្វើអំពើនេះ ក្នុងកាល​ឥឡូវនេះ សេចក្ដី​ស្រឡាញ់​នោះ មិនតជាប់​វិញទេ ដូចជា​ភ្លុកដំរី​ដែលគេ​កាត់ដោយ​រណា​ដូច្នោះ។

[៣១៨] (ព្រហ្មទត្តរាជកុមារ មានបន្ទូលថា) បុគ្គលមាន​សេចក្ដីប្រាថ្នា​លើសលុប រមែង​សាបសូន្យ​ចាកប្រយោជន៍ ព្រោះលោភ​ហួសហេតុផង ព្រោះ​សេចក្ដី​ស្រវឹង​ក្នុងការចង់​បានហួស​ហេតុ​ផង ដូចយើង​សាបសូន្យ​ចាករាជធីតា​ឈ្មោះ​អសិតាភូ។

ចប់ អសិតាភុជាតក ទី៤។

វច្ឆនខជាតក ទី៥

(២៣៥. វច្ឆនខជាតកំ (២-៩-៥))

[៣១៩] (ពារាណសីសេដ្ឋី ពោលថា) បពិត្រ​វច្ឆនខតាបស លោកជា​អ្នកមិនមាន​សេចក្ដី​ខ្វល់ខ្វាយ គប្បី​បរិភោគ​ផង ផឹកផង ហើយ​ដេកក្នុងផ្ទះ​ទាំងឡាយណា ផ្ទះ​ទាំងឡាយ​នោះ ប្រកបដោយ​ប្រាក់ និងមាស ប្រកបដោយ​ភោជន ជាសុខ (យ៉ាងក្រៃលែង)។

[៣២០] (វច្ឆនខតាបស ពោលថា) ការគ្រប់គ្រងផ្ទះ មិនមាន​ដល់បុគ្គល​ឥត​ព្យាយាម ការគ្រប់គ្រង​ផ្ទះ មិនមាន​ដល់បុគ្គល​មិននិយាយ​ពាក្យកុហក ការគ្រប់​គ្រងផ្ទះ មិនមាន​ដល់បុគ្គល​មិនកាន់យក​នូវអាជ្ញា មិនធ្វើ​ទោសដល់​ជនទាំងឡាយ​ដទៃ បុគ្គល​ណានឹង​គ្រប់គ្រង​ផ្ទះដែលធ្លុះ បំពេញ​បានដោយ​កម្រយ៉ាងនេះ។

ចប់ វច្ឆនខជាតក ទី៥។

ពកជាតក ទី៦

(២៣៦. ពកជាតកំ (២-៩-៦))

[៣២១] (ពួកត្រី ពោលថា) សត្វស្លាបនេះ ស្រួលបួលពេក ដូចផ្កាកុមុទ មានស្លាប​ទាំងពីរ​សម្លប​ហើយ ឈរសំកុក​ហាក់ដូចជា​មានកំឡាំង​ខ្សោយ។

[៣២២] (ត្រីពោធិសត្វ ពោលថា) អ្នកទាំងឡាយ មិនដឹង​ច្បាស់​នូវ​សីល​របស់កុក​នោះទេ អ្នកទាំងឡាយ មិនដឹង​ហើយ នាំគ្នាសរសើរ​សត្វស្លាប​មិនមែន​រក្សានូវ​យើងឡើយ ព្រោះហេតុ​នោះ ទើបសត្វស្លាប (នេះ) មិន​កម្រើកខ្លួន។

ចប់ ពកជាតក ទី៦។

សាកេតជាតក ទី៧

(២៣៧. សាកេតជាតកំ (២-៩-៧))

[៣២៣] (ពួកភិក្ខុ ពោលថា) បពិត្រព្រះមានព្រះភាគ ហេតុអ្វីហ្ន៎ ហឫទ័យ​ត្រជាក់ យ៉ាងក្រៃលែង ទាំងចិត្ត​ក៏ជ្រះថ្លា​ក្នុងបុគ្គល​ពួកខ្លះ ក្នុងលោកនេះ។

[៣២៤] (ព្រះសាស្តា ទ្រង់ត្រាស់ថា) សេចក្តីស្រឡាញ់​នោះ រមែង​កើតដោយ​ហេតុពីរ​យ៉ាង គឺដោយ​ធ្លាប់នៅរួមគ្នា ក្នុង​កាលមុន ១ ដោយការ​ទំនុកបម្រុង​គ្នាក្នុង​បច្ចុប្បន្ន​នេះ ១ ដូចជា​ឧប្បលដែល​ដុះក្នុងទឹក ដោយហេតុ​ពីរយ៉ាង គឺទឹក ១ ភក់ ១។

ចប់ សាកេតជាតក ទី៧។

ឯកបទជាតក ទី៨

(២៣៨. ឯកបទជាតកំ (២-៩-៨))

[៣២៥] (កុមារជាកូននៃព្រះពោធិសត្វ ពោលថា) បពិត្របិតា យើងញ៉ាំង​ប្រយោជន៍​ឲ្យសម្រេច ដោយ​បទណា សូមអញ្ជើញ​លោកបា្រប់​នូវបទនោះ​តែមួយ ដែល​អាស្រ័យ​នូវបទ​ជា​ប្រយោជន៍ច្រើន ដែល​សង្គ្រោះ (រួមចូល) តែមួយ។

[៣២៦] (បិតា ប្រាប់ថា) នែកូន សេចក្ដីឧស្សាហ៍ (ប្រកបដោយ​ញាណ) ជាបទ​តែមួយ​ដែលអាស្រ័យ​នូវបទ​ជាប្រយោជន៍​ច្រើន តែ​សេចក្ដី​ឧស្សាហ៍នោះ ប្រកប​ដោយ​សីល ប្រកប​ដោយខន្តិធម៌ អាចញ៉ាំង​ពួកមិត្រ​ឲ្យសុខ ឬដើម្បី​សេចក្ដីទុក្ខ​ដល់ពួក​បុគ្គល​មិនមែន​ជាមិត្រ។

ចប់ ឯកបទជាតក ទី៨។

ហរិតមាតជាតក ទី៩

(២៣៩. ហរិតមណ្ឌូកជាតកំ (២-៩-៩))

[៣២៧] (សត្វពស់ សួរថា) ម្នាលអ្នកជាកូន​នៃហរិតមណ្ឌុកមាតា ត្រីទាំងឡាយ ស៊ីនូវ​យើង ដែលជាសត្វ​មានពិស ដែល​ចូលទៅកាន់​មាត់លប ដោយ​ហេតុណា ហេតុនេះ ពេញចិត្ត (ដល់អ្នកដែរឬ)។

[៣២៨] (នីលមណ្ឌុកពោធិសត្វ ពោលថា) (ឥស្សរភាព) របស់​បុរសនោះ បាន​ប្រព្រឹត្ត​ទៅ ដរាបណា បុរស (នោះ) រមែង​រឹបជាន់ (ជនដទៃ​ដរាបនោះ) លុះពួក​ជនដទៃ (បានឥស្សរភាព) រមែង​រឹបជាន់វិញ ក្នុងកាលណា បុរស​អ្នករឹបជាន់​នោះ ត្រូវពួក​ជនដទៃ​រឹបជាន់​វិញ ក្នុងកាល​នោះ។

ចប់ ហរិតមាតជាតក ទី៩។

មហាបិង្គលជាតក ទី១០

(២៤០. មហាបិង្គលជាតកំ (២-៩-១០))

[៣២៩] (ព្រះពោធិសត្វ ពោលថា) ជនទាំងអស់ ត្រូវសេ្ដចបិង្គលៈ​បៀតបៀន​ហើយ កាលស្ដេច​នោះ​សោយទិវង្គត​ហើយ ជនទាំងឡាយ រមែង​បាននូវ​សេចក្ដី​ត្រេកអរ ម្នាល​ទ្វារបាល សេ្ដច​អកណ្ហនេត្រ ជាទីស្រឡាញ់​របស់អ្នកឬ ព្រោះហេតុ​អ្វីបាន​ជាអ្នកយំ។

[៣៣០] (ទ្វារបាលបុរស ពោលថា) ស្ដេចអកណ្ហនេត្រ មិនមែន​ជាទី​ស្រឡាញ់​របស់ខ្ញុំទេ ខ្ញុំខ្លាច​ស្ដេចនោះ​ត្រឡប់មក​វិញ (ព្រោះ​សេ្ដចនោះ) ទៅអំពី​មនុស្ស​លោកនេះ គប្បី​បៀតបៀន​នូវ​មច្ចុរាជ មច្ចុរាជនោះ ក្រែងត្រូវ​សេ្ដចបិង្គលៈ​បៀតបៀន​ហើយ គប្បី​នាំមកទុក​ក្នុងមនុស្ស​លោកនេះ​វិញ។

[៣៣១] (ព្រះពោធិសត្វ ពោលថា) ព្រះបាទបិង្គលៈនោះ គេដុត​ដោយឧស ១ ពាន់ដឹក គេស្រោច​ដោយទឹក​មួយរយក្អម ឯទី​សម្រាប់​ដុត គេបិទបាំង​ជុំវិញហើយ អ្នក​កុំភ័យ​ឡើយ ស្ដេចបិង្គលៈ​នោះ នឹងមិនមក​វិញបានទេ។

ចប់ មហាបិង្គលជាតក ទី១០។

ចប់ ឧបាហនវគ្គ ទី៩។

ឧទ្ទាននៃឧបាហនវគ្គនោះគឺ

និយាយអំពីស្បែកជើងប្រសើរ ១ បុរសគម ១ ក្រពើត្រូវច្បូកមុត ១ ព្រះរាជធីតាឈ្មោះ​អសិតាភូ ១ វច្ឆនខតាបស ១ សត្វកុក ១ សេចក្ដី​ស្រឡាញ់​ដ៏ប្រសើរ​ឧត្ដម ១ បទតែមួយ ១ មាត់លប ១ សេ្ដចឈ្មោះ​បិង្គលៈ ១ ត្រូវជា ១០។

សិគាលវគ្គ ទី១០

(១០. សិង្គាលវគ្គោ)

សព្វទាឋិជាតក ទី១

(២៤១. សព្វទាឋិជាតកំ (២-១០-១))

[៣៣២] (ព្រះសាស្តា ទ្រង់ត្រាស់ថា) ចចក រឹងត្អឹងដោយ​មានះ ត្រូវ​ការដោយ​បរិវារ (ច្រើន) ក៏ដល់ភូមិ​សម្បត្តិ​ដ៏ធំ បានជា​សេ្ដច​នៃពួកសត្វ​មានចង្កូម​ទាំងពួង។

[៣៣៣] បណ្ដាមនុស្សទាំងឡាយ មនុស្សណា ជាអ្នកមាន​បរិវារ មនុស្សនោះ ឈ្មោះថា​ជាធំក្នុងពួក​បរិវារនោះ ដូចជា​ចចក (បានជាធំ) ជាងសត្វ​មានចង្កូម​ទាំងឡាយ ដូច្នោះ​ឯង។

ចប់ សព្វទាឋិជាតក ទី១។

សុនខជាតក ទី២

(២៤២. សុនខជាតកំ (២-១០-២))

[៣៣៤] (ព្រះពោធិសត្វ ពោលថា) ឆ្កែណា មិនស៊ីព្រ័ត្រ ឆ្កែនុ៎ះ​ពេញជាល្ងង់ ម្យ៉ាងទៀត ឆ្កែគួរដោះ​ខ្លួនអំពី​ចំណង ស៊ីព្រ័ត្រ​ឆ្អែតហើយ គប្បីទៅ​កាន់ផ្ទះ (របស់ខ្លួន)។

[៣៣៥] (ឆ្កែ​ពោលថា ពាក្យរបស់អ្នក) ខ្ញុំបានតាំង​ទុកក្នុងចិត្ត​ខ្ញុំហើយ ម្យ៉ាងទៀត ខ្ញុំបានធ្វើ​ទុកក្នុងហឫទ័យខ្ញុំហើយ ជនដេកលក់​ស៊ប់ដរាបណា ខ្ញុំរង់ចាំ​នូវកាល ដរាប​នោះ។

ចប់ សុនខជាតក ទី២។

គុត្តិលជាតក ទី៣

(២៤៣. គុត្តិលជាតកំ (២-១០-៣))

[៣៣៦] (ព្រះពោធិសត្វ ពោលថា) បពិត្រ​ព្រះឥន្រ្ទកោសិយ ខ្ញុំបាន (ញុំាំង​សិស្ស​ឈ្មោះ​មុសិលៈ) ឲ្យរៀននូវ​ពិណមាន​ខ្សែ ៧ មាន​សម្លេង​ពីរោះ ជាទី​រីករាយនៃ​ចិត្ត (ឥឡូវនេះ) សិស្សឈ្មោះ​មុសិលៈ​នោះ ហៅខ្ញុំក្នុង​កណ្ដាល​រង្គមណ្ឌល (កន្លែងរាំ) សូម​ព្រះអង្គ​ជាទីពឹង​នៃខ្ញុំ។

[៣៣៧] (សក្កទេវរាជ ទ្រង់មានព្រះបន្ទូលថា) ម្នាលសំឡាញ់ ខ្ញុំនឹង​ជាទីពឹង​របស់​អ្នក ខ្ញុំជាអ្នក​បូជានូវ​អាចារ្យ សិស្ស​នឹងមិនឈ្នះ​អ្នក បពិត្រអាចារ្យ អ្នកនឹង​ឈ្នះនូវសិស្ស​វិញ។

ចប់ គុត្តិលជាតក ទី៣។

វិគតិច្ឆជាតក ទី៤

(២៤៤. វិគតិច្ឆជាតកំ (២-១០-៤))

[៣៣៨] (តាបសពោធិសត្វ ពោលថា) បុគ្គលឃើញ​នូវរបស់ណា មិន​ប្រាថ្នា​នូវ​របស់នោះ មួយទៀត មិនឃើញនូវ​របស់ណា ចង់​បានរបស់នោះ យើង​សំគាល់ថា បុគ្គល​នោះ នឹងត្រាច់ទៅ (ក្នុងសង្សារ) អស់​កាលយូរ ព្រោះថា បុគ្គលនោះ​ប្រាថ្នារបស់​ណា មិនបាន​នូវរបស់​នោះ។

[៣៣៩] (បុគ្គលបាននូវរបស់ណា) មិនត្រេកអរ​នឹងរបស់នោះ ប្រាថ្នា​សម្បត្តិណា មើលងាយ​នូវសម្បត្តិ ដែលបាន​ហើយនោះ ព្រោះ​ថាសេចក្ដី​ប្រាថ្នា ជាដំណើរ​រកទី​បំផុតគ្មាន យើងសូម​ធ្វើនមស្ការ​ចំពោះពួក​បណ្ឌិត ដែលមាន​សេចក្ដី​ប្រាថ្នាទៅ​ប្រាសហើយ។

ចប់ វិគតិច្ឆជាតក ទី៤។

មូលបរិយាយជាតក ទី៥

(២៤៥. មូលបរិយាយជាតកំ (២-១០-៥))

[៣៤០] (អាចារ្យទិសាបាមោក្ខពោធិសត្វ សួរថា) កាល រមែងស៊ី​នូវពួក​សត្វ​ទាំងអស់ ព្រមទាំង​ខ្លួនឯង ចំណែក​សត្វណា ជាអ្នកស៊ី​នូវកាល សត្វនោះ ឈ្មោះថា ដុតនូវ​តណ្ហា​ដែលជា​ធម្មជាតិ​ដុតសត្វ។

[៣៤១] (ព្រះពោធិសត្វ តិះដៀលថា) ក្បាលនរជន​ទាំងឡាយដ៏​ច្រើន ក្បាលទាំង​នោះ មាន​រោមផង ធំផង គ្របនៅលើ ក បណ្តា​មនុស្សទាំង​អម្បាលនេះ គង់មាន​មនុស្ស​ណាមួយ ដែលមាន​ប្រាជ្ញាមិន​ខាន។

ចប់ មូលបរិយាយជាតក ទី៥។

ពាលោវាទជាតក ទី៦

(២៤៦. ពាលោវាទជាតកំ (២-១០-៦))

[៣៤២] (កុដុម្ពិក៍ម្នាក់ ពោលថា) បុគ្គលអ្នកមិនត្រូវ​សង្រួម​ប្រហារសត្វផង ធ្វើសត្វឲ្យ​លំបាកផង ធ្វើសត្វ​ឲ្យស្លាប់ផង ហើយ​ឲ្យទាន (ដល់​សមណៈណា) សមណៈ​នោះ កាលបរិភោគ​នូវភត្តបែបនេះ ឈ្មោះថា ប្រឡាក់ដោយ​បាបដែរ។

[៣៤៣] (ព្រះពោធិសត្វ តបថា) ប្រសិនបើបុគ្គល​អ្នកមិនសង្រួម សូម្បី​សម្លាប់នូវ​កូន និង​ប្រពន្ធ ហើយឲ្យទាន (ដល់សមណៈ​ណា) សមណៈនោះ ជាអ្នក​ប្រកបដោយ​ប្រាជ្ញា ទុកជា​កាលបរិភោគ ក៏មិនប្រឡាក់​ដោយបាប​ឡើយ។

ចប់ ពាលោវាទជាតក ទី៦។

បាទញ្ជលិជាតក ទី៧

(២៤៧. បាទញ្ជលីជាតកំ (២-១០-៧))

[៣៤៤] (អាមាត្យពោធិសត្វ សរសើរថា) ព្រះរាជកុមារ​ព្រះនាម​បាទញ្ជលី រុងរឿង​កន្លង​នូវពួកយើង​ទាំងអស់គ្នា ដោយប្រាជ្ញា​ពិតមែន ដូច្នោះ បានជា​ទ្រង់ពេប​ព្រះឱស្ឋ ទ្រង់ទត​ឃើញ​នូវហេតុ​ដ៏ក្រៃលែង​ដោយពិត។

[៣៤៥] (ព្រះពោធិសត្វ ដៀលថា) ព្រះរាជកុមារព្រះនាម​បាទញ្ជលីនេះ មិនទ្រង់​ជា្របនូវ​សភាពជាធម៌ និង​សភាពមិន​មែនជា​ធម៌ផង នូវប្រយោជន៍ និង​មិនមែន​ជា​ប្រយោជន៍​ផង ព្រះរាជកុមារ​ព្រះនាម​បាទញ្ជលីនេះ វៀរលែង​តែការពេប នូវព្រះឱស្ឋ​ចេញ​ហើយ ទ្រង់មិនជ្រាប​នូវហេតុ​តិចតួចឡើយ។

ចប់ បាទញ្ជលិជាតក ទី៧។

កឹសុកោបមជាតក ទី៨

(២៤៨. កិំសុកោបមជាតកំ (២-១០-៨))

[៣៤៦] (ព្រះរាជា ពោលថា) ដើមចា អ្នករាល់គ្នាបាន​ឃើញហើយ អ្នក​ទាំងឡាយ​នៅ​សង្ស័យ​ក្នុងដើមចា​នោះ ថាដូច​ម្ដេចហ្ន៎ ដ្បិតអ្នក​ទាំងឡាយ មិនបាន​សាកសួរ​នាយសារថី ក្នុងទីទាំង​ពួងសោះ។

[៣៤៧] (ព្រះសាស្ដា ទ្រង់ត្រាស់ថា) ធម៌ទាំងឡាយ ដែលពួកជនណា មិនបាន​ដឹងហើយ ដោយញាណ​ទាំងឡាយ​ទាំងពួង យ៉ាងនេះ ពួកជននោះឯង រមែង​សង្ស័យក្នុង​ធម៌ទាំងឡាយ ដូចជា (ព្រះរាជបុត្រ​ទាំង ៤ ព្រះអង្គ) ជាបងប្អូន​នឹងគ្នា សង្ស័យ​ក្នុងដើមចា​ដូច្នោះ។

ចប់ កឹសុកោបមជាតក ទី៨។

សាលកជាតក ទី៩

(២៤៩. សាលកជាតកំ (២-១០-៩))

[៣៤៨] (ហ្មពស់ ពោលថា) នែសាលកវានរៈ អ្នកជាក់ជាកូន​ប្រុសតែមួយ (នៃយើង) មួយទៀត អ្នកនឹងបាន​ជាធំក្នុងត្រកូល​របស់យើង ចូរអ្នកចុះអំពី​ដើមឈើមក យើងនឹង​ទៅផ្ទះ ក្នុងកាល​ឥឡូវនេះ។

[៣៤៩] (ស្វាពោលតបថា) ក្រែងអ្នកសម្គាល់ខ្ញុំ​ថាជាសត្វមាន​ហឫទ័យល្អ តែអ្នក​បៀតបៀន​ខ្ញុំដោយ​បន្ទះឫស្សី ខ្ញុំត្រេកអរ​ក្នុងព្រៃស្វាយ ដែលមាន​ផ្លែទុំ អ្នកចូរ​ទៅផ្ទះ​តាម​សប្បាយ​ចុះ។

ចប់ សាលកជាតក ទី៩។

កបិជាតក ទី១០

(២៥០. កបិជាតកំ (២-១០-១០))

[៣៥០] (តាបសកុមារ ពោលថា) ឥសីអង្គនេះ ត្រេកអរ​ក្នុងការ​ស្ងប់ និងការសង្រួម លោកត្រូវ​ភ័យអំពី​រងាបៀតបៀន​ហើយ សូមឲ្យតាបសនេះ ចូលមក​កាន់ផ្ទះនេះ ដើម្បី​បន្ទោបង់នូវ​ត្រជាក់ និង​សេចក្ដីក្រវល់​ក្រវាយចេញ កុំឲ្យ​មាន​សេសសល់​ឡើយ។

[៣៥១] (ពោធិសត្វ ពោលថា) អ្នកនេះមិនមែនជាឥសី​អ្នកត្រេកអរ​ក្នុងការស្ងប់ និង​ការសង្រួម​ទេ អ្នកនេះ​ជាសត្វស្វា ជាសត្វគោចរ​នៅលើមែកល្វា ស្វានោះ​ជាសត្វ​ខឹងប្រទូស្ត មាន​សន្ដានចិត្ត​ដ៏លាមក បើវាចូល​មក មុខតែ​ប្រទូស្ត​ផ្ទះនេះមិនខាន។

ចប់ កបិជាតក ទី១០។

ចប់ សិគាលវគ្គ ទី១០។

ឧទ្ទាននៃសិគាលវគ្គនោះគឺ

និយាយអំពីសេ្ដចចចក ១ សុនខ ១ ព្រះឥន្រ្ទកោសិយ ១ បុគ្គល​ប្រាថ្នា ១ បុគ្គលអ្នក​ស៊ីនូវកាល ១ ទានដ៏ប្រសើរ ១ ព្រះរាជកុមារ​ពេបព្រះឱស្ឋ ១ នាយសារថី ១ ព្រៃស្វាយ ១ ស្វារងា ១ ត្រូវជា ១០។

ឧទ្ទាននៃវគ្គគឺ

និយាយអំពីទឡ្ហវគ្គ ១ សន្ថវវគ្គដទៃ ១ កល្យាណវគ្គ ១ អសទិសវគ្គ ១ រុហកវគ្គ ១ នតំទឡ្ហវគ្គ ១ ពីរណត្ថម្ភកវគ្គ ១ កាសាវវគ្គ ១ ឧបាហនវគ្គ ១ សិគាលវគ្គ ១ ត្រូវជា ១០។

ចប់ ទុកនិបាត។

តិកនិបាតជាតក

(៣. តិកនិបាតោ)

សង្កប្បវគ្គ ទី១

(១. សង្កប្បវគ្គោ)

សង្កប្បរាគជាតក ទី១

(២៥១. សង្កប្បរាគជាតកំ (៣-១-១))

[៣៥២] (តាបសពោធិសត្វ ពោលថា) អាត្មាត្រូវ (សរ គឺកិលេស) ដែល​លាង​ដោយ​ទឹក គឺសង្កប្បរាគៈ (រាគៈប្រកប​ដោយកាមវិតក្កៈ) ផង ដែលសំលៀង​ដោយថ្ម គឺ​កាមវិតក្កៈ​ផង មិនបាន​ចំរើនដោយ​គ្រឿងតាក់តែង​ផង (មិនមែន) ជាង​សរធ្វើ​ហើយផង។

[៣៥៣] មិនមែនទាញមក​នូវគុម្ពត្រចៀក​ហើយលែង​ទៅវិញផង ទាំង​មិនជាប់​ដោយ​ស្លាបក្ងោក​ផង ជាសរ​អាចដុត​អវយវៈ​ទាំងអស់​ឲ្យក្ដៅនោះ បានមុត​ហើយត្រង់​ហឫទ័យ។

[៣៥៤] ឈាមគប្បីហូរចេញ ចាកមុខរបួស ដែលសរ​ណាមុតហើយ អាត្មាមើល​មិនឃើញ​មុខរបួស ដែលសរ​នោះមុតហើយ​ទេ ចិត្ត (របស់អាត្មា ត្រូវសរមុត​ជាប់ហើយ) ព្រោះខុស​ទំនង អាត្មានាំ​មកនូវសេចក្ដី​ទុក្ខដោយ​ខ្លួនឯង។

ចប់ សង្កប្បរាគជាតក ទី១។

តិលមុដ្ឋិជាតក ទី២

(២៥២. តិលមុដ្ឋិជាតកំ (៣-១-២))

[៣៥៥] (ព្រះបាទព្រហ្មទត្ត ពោលថា) អ្នកចាប់យើង​ត្រង់ដើមដៃ ហើយ​វាយយើង​ដោយរំពាត់ ព្រោះហេតុ​តែ​ល្ងមួយក្ដាប់ ការវាយ​នោះ ប្រាកដ​ក្នុងចិត្ត​របស់យើង ដរាប​ដល់ថ្ងៃនេះ។

[៣៥៦] ម្នាលព្រាហ្មណ៍ អ្នកមកដោយ​ហេតុណា អ្នកមិន​ត្រេកអរ​ក្នុងជីវិត​ដោយហេតុ​នោះទេឬ ព្រោះអ្នក​ចាប់យើង​ត្រង់ដើមដៃ ហើយវាយ អស់វារៈ​បីដង។

[៣៥៧] (ព្រាហ្មណ៍ ពោលថា) អរិយជនណា ហាមឃាត់​នូវបុគ្គល​មិនប្រសើរ កាលធ្វើ​នូវអំពើ​អាក្រក់​ដោយអាជ្ញា ការហាម​ឃាត់របស់​អរិយជន​នោះ រាប់ថា​ជាពាក្យប្រៀន​ប្រដៅ ការហាម​ឃាត់ អរិយជន​នោះ មិនមែន​ជាពៀរឡើយ បណ្ឌិត​ទាំងឡាយ​រមែងដឹង​នូវហេតុនោះ ដូច្នេះឯង។

ចប់ តិលមុដ្ឋិជាតក ទី២។

មណិកណ្ឋជាតក ទី៣

(២៥៣. មណិកណ្ឋជាតកំ (៣-១-៣))

[៣៥៨] (មណិកណ្ឋនាគរាជ ពោលថា) បាយ និងទឹក កើតដល់​ខ្ញុំច្រើន​ពេកក្រៃ ព្រោះហេតុ​នៃកែវមណី​នេះ ខ្ញុំនឹង​មិនឲ្យកែវមណី​នោះដល់លោក លោក​ជាអ្នកសូម​ហួសហេតុ ខ្ញុំនឹង​មិនមក​កាន់អាស្រម​របស់លោក​ទេ។

[៣៥៩] លោកកាលសូមកែវមណី​ដែលកើត​អំពីថ្ម នាំឲ្យ​ខ្ញុំតក់ស្លុត ដូច​មនុស្ស​កំឡោះ មានដៃកាន់​ដាវសំលៀង​ហើយដោយ​ថ្ម មកញ៉ាំងខ្ញុំ​ឲ្យតក់ស្លុត​ដូច្នោះ ខ្ញុំមិន​ឲ្យកែវមណី​នោះដល់​លោកទេ (ព្រោះ) លោកជា​អ្នកសូម​ហួសហេតុ ខ្ញុំនឹងលែង​មកកាន់​អាស្រម​របស់លោក​ហើយ។

[៣៦០] (តាបសពោធិសត្វជាបង ពោលថា) បុគ្គលដឹងនូវ​វត្ថុណាថា ជាទី​ស្រឡាញ់​របស់គេ មិនត្រូវ​សូមវត្ថុ​នោះទេ សេចក្ដីស្អប់ រមែងមាន ព្រោះការ​សូមជ្រុលពេក ដូច​ស្ដេចនាគ​ដែលត្រូវ​ព្រាហ្មណ៍​សូម​កែវមណី ទៅកាន់ទី​លែងមើល​ឃើញ​តាំងអំពី​កាលនោះ។

ចប់ មណិកណ្ឋជាតក ទី៣។

កុណ្ឌកកុច្ឆិសិន្ធវជាតក ទី៤

(២៥៤. កុណ្ឌកកុច្ឆិសិន្ធវជាតកំ (៣-១-៤))

[៣៦១] (ឈ្មួញសេះពោធិសត្វ ពោលថា) អ្នកធ្លាប់បរិភោគ​ស្មៅដ៏​សល់ដែល ធ្លាប់​បរិភោគ​បាយក្ដាំង និង​កុណ្ឌកមកហើយ នេះជា​ភោជន​របស់អ្នក ឥឡូវនេះ ហេតុអ្វី​ក៏អ្នកមិន​បរិភោគ។

[៣៦២] (កូនសេះសិន្ធវៈ ពោលថា) បពិត្រមហាព្រហ្ម ជនទាំងឡាយ​មិនស្គាល់​សត្វដែល​គួរចិញ្ចឹម​ដោយជាតិ ឬដោយមារយាទ​ដែល​គួរទូន្មាន ក្នុងទីណា ក្នុងទីនោះ ថ្វីក៏ខ្ញុំ​មិនបរិភោគ​បាយក្ដាំង និង​កុណ្ឌកច្រើន។

[៣៦៣] ចំណែកខាងលោក ស្គាល់ខ្ញុំច្បាស់ថា សេះនេះឧត្ដម​យ៉ាងណា ៗ ខ្ញុំកាល​ដឹង ព្រោះអាស្រ័យ​អ្នកជាអ្នកដឹង ទើបមិន​បរិភោគនូវ​កុណ្ឌក​របស់អ្នក។

ចប់ កុណ្ឌកកុច្ឆិសិន្ធវជាតក ទី៤។

សុកជាតក ទី៥

(២៥៥. សុកជាតកំ (៣-១-៥))

[៣៦៤] (ព្រះសាស្ដា ត្រាស់ថា) សត្វហើរ គឺសេកនោះ ដឹងប្រមាណ​ក្នុងភោជន ដរាបណា ក៏បានដល់​នូវអាយុវែង​ផង បាន​ចិញ្ចឹម​មាតាផង ដរាបនោះ។

[៣៦៥] មួយទៀត សេកនោះ​បរិភោគនូវ​ភោជន​ដ៏ច្រើនលើសលុប ក្នុង​កាលណា ក៏លិចចុះ​ក្នុងសមុទ្រនោះ​ឯង ក្នុងកាលនោះ ព្រោះ​សេកនោះ​មិនស្គាល់​ប្រមាណ។

[៣៦៦] ព្រោះហេតុនោះ ការដឹងប្រមាណ មិនល្មោភ​ក្នុងភោជន ជា​ការប្រពៃ ព្រោះ​ពួកជន​ដែលមិនដឹង​ប្រមាណ រមែងលិច ពួកជនដែល​ដឹងប្រមាណ រមែង​មិនលិចទេ។

ចប់ សុកជាតក ទី៥។

ជរូទបានជាតក ទី៦

(២៥៦. ជរូទបានជាតកំ (៣-១-៦))

[៣៦៧] (ព្រះសាស្ដា ត្រាស់ថា) ពួកឈ្មួញអ្នកត្រូវការ​ដោយទឹក កាល​ជីក​អណ្ដូង​ចាស់ ក៏បាននូវ​ដែក និងទង់ដែង​ផង នូវសំណរភក់ផង នូវកែវមណី​ទាំងឡាយផង នូវប្រាក់ និងមាសផង នូវកែវមុក្តា និងកែវពៃទូរ្យ​ទាំងឡាយផង​ដ៏ច្រើន។

[៣៦៨] តែពួកឈ្មួញទាំងនោះ មិនសន្ដោស​ដោយទ្រព្យនោះ រឹងរឹតតែ​ជីកចុះ​ទៅទៀត សត្វមាន​ពិសដ៏ក្លៀវក្លា មានតេជះ ក៏សម្លាប់នូវ​ពួកឈ្មួញ​ទាំងនោះ ដោយ​តេជះ (នៃពិស) ក្នុងអណ្ដូង​ទឹក​នោះឯង។

[៣៦៩] ព្រោះហេតុនោះ បុគ្គលគប្បីជីក តែកុំជីកឲ្យ​ជ្រៅហួសពេក ព្រោះការ​ជីកអណ្ដូង​ជ្រៅហួសពេក ជាការលាមក ទ្រព្យ (ដែល​ពួកឈ្មួញ) បានហើយ​ដោយការ​ជីក ក៏វិនាស​អស់ ព្រោះ​តែការជីក​ជ្រៅហួសពេក។

ចប់ ជរូទបានជាតក ទី៦។

គាមណិចន្ទជាតក ទី៧

(២៥៧. គាមណិចន្ទជាតកំ (៣-១-៧))

[៣៧០] (ព្រះរាជកុមារពោធិសត្វ ពោលថា) សត្វនេះជាសត្វមិនឈ្លាស (ក្នុងការធ្វើ) នូវផ្ទះទាំងឡាយ សត្វនេះជា​សត្វខិលខូច មានមុខ​ជ្រួញ បានតែ​ខាងប្រទូស្ត ចំពោះ​កិច្ចការដែល​គេធ្វើហើយ ៗ ត្រកូលនេះ​ជាធម្មតា​យ៉ាងនេះឯង។

[៣៧១] រោមនេះ មិនមែនជារោម​នៃសត្វមានចិត្ត (សម្បយុត្ត​ដោយបញ្ញា ជាគ្រឿង​ពិចារណា) ទេ ម្រឹគ គឺស្វានេះ មិនអាចធ្វើ​គេឲ្យចូលចិត្ត​បានទេ ក្បួនខ្នាត​ព្រះរាជបិតា​របស់ខ្ញុំ ទ្រង់ព្រះនាម​ជនសន្ធៈ (បានត្រាស់ហើយ) ថា ស្វានេះ មិនដឹង​នូវ​ហេតុតិចតួច​ឡើយ។

[៣៧២] បុរសប្រាកដដូច្នោះ មិនគប្បីចិញ្ចឹម​នូវមាតាបិតា បងប្អូនប្រុស និងបងប្អូនស្រី​របស់ខ្លួន​បានទេ ព្រះបាទ​ទសរថ (ជាព្រះបិតា) បានប្រៀន​ប្រដៅខ្ញុំ (យ៉ាងនេះ)។

ចប់ គាមណិចន្ទជាតក ទី៧។

មន្ធាតុរាជជាតក ទី៨

(២៥៨. មន្ធាតុជាតកំ (៣-១-៨))

[៣៧៣] (ព្រះសាស្ដា ត្រាស់ថា) ព្រះចន្រ្ទ និងព្រះអាទិត្យ​ទាំងឡាយ (ដើរក្រឡឹង) ភ្នំសិនេរុ ទិសទាំងឡាយ​ភ្លឺរុងរឿង រហូតទីមាន​កំណត់ត្រឹមណា សត្វទាំងឡាយ​ណា ដែល​អាស្រ័យ​លើ​ផែនដី សត្វទាំង​អស់នោះ ជាទាសៈរបស់​សេ្ដចមន្ធាតុ រហូត​ទីមាន​កំណត់​ត្រឹមណោះ។

[៣៧៤] ការឆ្អែត​ក្នុងកាមទាំងឡាយ រមែងមិនមាន ដោយភ្លៀង​កហាបណៈ​ទេ បណ្ឌិត​បានដឹងថា កាមទាំងឡាយ​មានសេចក្ដី​សុខតិច មាន​សេចក្ដីទុក្ខ (ច្រើន)។

[៣៧៥] ព្រោះហេតុនោះ សាវ័កនៃព្រះសម្មាសម្ពុទ្ធនោះ មិនបាន​ត្រេកអរ​ក្នុងកាម​ទាំងឡាយ សូម្បី​ជាទិព្យ ជាអ្នកត្រេកអរ​តែក្នុងធម៌ ជាគ្រឿងអស់​ទៅនៃតណ្ហា។

ចប់ មន្ធាតុរាជជាតក ទី៨។

តិរិតិវច្ឆជាតក ទី៩

(២៥៩. តិរីដវច្ឆជាតកំ (៣-១-៩))

[៣៧៦] (ឧបរាជទូលសួរព្រះរាជាថា) កម្មតិចតួចដែលសម្រេចដោយ​វិជ្ជា​របស់​តាបសនេះ មិនមានឡើយ មួយទៀត តាបសនេះ​មិនមែន​ជាផៅពង្ស ទាំង​មិនមែន​ជាសំឡាញ់​របស់​ព្រះអង្គទេ កាលបើ​យ៉ាងនេះ ហេតុអ្វី​បានជាតាបស​ឈ្មោះ​តិរិតិវច្ឆៈ កាន់​ឈើច្រត់​មានចំពាម ៣ បរិភោគ​នូវដុំបាយ​មានរស​ដ៏ប្រសើរ។

[៣៧៧] (ព្រះរាជា ត្រាស់ថា) ក្នុងគ្រាមាន​អន្តរាយ កាលអញ​ច្បាំងចាញ់គេ (តាបសនេះ) បានធ្វើ (នូវសេចក្ដី​អនុគ្រោះ) ដល់អញ​ម្នាក់ឯង ក្នុងព្រៃ​គួរខ្លាចដ៏ពន្លឹក បានលា​នូវដៃ (យោងអញ) ដែលដល់នូវ​សេចក្ដីលំបាក (ក្នុងអណ្តូង) ព្រោះហេតុនោះ អញដែល​ត្រូវសេចក្ដី​ទុក្ខគ្របសង្កត់ ទើបបាន​ឡើងរួចមក។

[៣៧៨] អញ (ឋិតនៅ) ក្នុងជីវលោក (នេះ ដល់) នូវវិស័យ​នៃសេចក្ដីស្លាប់ ទៅហើយ តែមកក្នុង​ទីនេះបាន ព្រោះសេចក្ដី​លំបាក​នៃតាបសនេះ ម្នាលកូន រីតិរិតិវច្ឆតាបស ជាបុគ្គល​គួរដល់លាភ ​អ្នកទាំងឡាយ ចូរឲ្យនូវ​គ្រឿងបរិភោគ​ផង ចូរបូជា​នូវវត្ថុដែល​គួរបូជាផង ដល់លោក។

ចប់ តិរិតិវច្ឆជាតក ទី៩។

ទូតជាតក ទី១០

(២៦០. ទូតជាតកំ (៣-១-១០))

[៣៧៩] (លោលបុរស ពោលថា) សត្វទាំងឡាយ​មកកាន់ប្រទេស​ឆ្ងាយ ដើម្បីសូម​នូវវត្ថុ​នឹងបុគ្គល​សូម្បីជាសត្រូវ ដើម្បី​ប្រយោជន៍​ដល់ផ្ទៃណា ខ្ញុំព្រះអង្គ​ជាទូតរបស់​ផ្ទៃនោះ បពិត្រព្រះអង្គ​ប្រសើរក្នុង​ពលរថ សូមទ្រង់​កុំខ្ញាល់នឹង​ខ្ញុំព្រះអង្គឡើយ។

[៣៨០] មាណពទាំងឡាយ លុះអំណាច​នៃផ្ទៃណា ទាំងថ្ងៃ​ទាំងយប់ ខ្ញុំព្រះអង្គ​ជាទូត​របស់ផ្ទៃ​នោះ បពិត្រ​ព្រះអង្គ​ប្រសើរក្នុង​ពលរថ សូមទ្រង់​កុំខ្ញាល់​នឹងខ្ញុំ​ព្រះអង្គ​ឡើយ។

[៣៨១] (ព្រះរាជា ទ្រង់ត្រាស់ថា) ម្នាលព្រាហ្មណ៍ យើងឲ្យនូវគោសម្បុរក្រហម ១ ពាន់ ព្រមទាំងគោបា ដល់អ្នក ព្រោះយើង​ជាទូត (របស់ផ្ទៃ) នឹងមិនឲ្យ​ដល់អ្នក ជាទូត (របស់ផ្ទៃដែរ) ដូចម្ដេចកើត យើងទាំងឡាយ សុទ្ធតែជា​ទូតរបស់ផ្ទៃ​ដូចគ្នា។

ចប់ ទូតជាតក ទី១០។

ចប់ សង្កប្បវគ្គ ទី១។

ឧទ្ទាននៃសង្កប្បវគ្គនោះគឺ

និយាយអំពីជាងសរប្រសើរ ១ ល្ងមួយក្ដាប់ ១ កែវមណី ១ ស្ដេចសេះ ១ សត្វហើរឰដ៏​អាកាស ១ ពស់មាន​ពិសដ៏ក្លៀវក្លា ១ ស្ដេចទ្រង់​ព្រះនាម​ជនសន្ធៈ ១ ភ្លៀង​កហាបណៈ ១ តាបសឈ្មោះ​តិរិតិវច្ឆៈ ១ ទូតរបស់ផ្ទៃ ១ ត្រូវជា ១០។

បទុមវគ្គ ទី២

(២. បទុមវគ្គោ)

បទុមជាតក ទី១

(២៦១. បទុមជាតកំ (៣-២-១))

[៣៨២] (សេដ្ឋីបុត្រទី ១ ពោលថា) សក់ក្ដី ពុកមាត់ក្ដី ដែលគេកោរ​កាត់​ចោល​ហើយ រមែងដុះ​ឡើងវិញ យ៉ាងណា សូមឲ្យច្រមុះ​របស់អ្នក​ដុះឡើងវិញ យ៉ាងនោះដែរ យើងសូម​ផ្កាឈូក​ហើយ អ្នកចូរឲ្យ។

[៣៨៣] (សេដ្ឋីបុត្រទី ២ ពោលថា) ពូជក្នុង​សរទកាល (រដូវរំហើយ) ដែល​គេព្រោះ​ក្នុងស្រែ រមែង​លូតលាស់ យ៉ាងណាមិញ សូមឲ្យច្រមុះ​របស់អ្នកដុះ​ឡើងវិញ យ៉ាងនោះដែរ យើងសូម​ផ្កាឈូក​ហើយ អ្នកចូរឲ្យ។

[៣៨៤] (សេដ្ឋីបុត្រពោធិសត្វ ទី៣ ពោលថា) ជនទាំងពីរនាក់នេះ និយាយកុហក ដោយ​គិតថា ធ្វើដូច​ម្ដេចហ្ន៎ (បុរសនេះ) នឹងឲ្យផ្កាឈូក​ទាំងឡាយខ្លះ ទោះជនទាំង​ពីរនាក់នោះ ពោលក្ដី មិនពោលក្ដី ការដុះឡើង​នៃច្រមុះ​គ្មានទេ ម្នាល​សំឡាញ់ សូមអ្នក​ឲ្យផ្កាឈូក​ទាំងឡាយ យើងសូមហើយ សូមអ្នកឲ្យ​ផ្កាឈូក​ទាំងឡាយ។

ចប់ បទុមជាតក ទី១។

មុទុបាណិជាតក ទី២

(២៦២. មុទុបាណិជាតកំ (៣-២-២))

[៣៨៥] (ព្រះរាជធីតា ពោលថា) បើចូឡុបដ្ឋាក មានដៃដ៏ទន់ ១ ដំរី​ដែលព្រះអង្គ​បង្ហាត់​រាបសារ​ហើយ ១ ពេល​ងងឹតសូន្យ​ឈឹង ១ ភ្លៀងបង្អុរចុះ ១ គប្បី​មានក្នុង​កាលណា សេចក្ដី​ប៉ងក្នុង​ព្រះរាជ​ហឫទ័យ​របស់​ព្រះអង្គ គង់នឹង​សម្រេច ក្នុងកាលនោះ​មិនខាន។

[៣៨៦] (ព្រះរាជាពោធិសត្វជាបិតា ពោលថា) ស្រីទាំងឡាយនោះ បុគ្គល​មិនគួរ​និយាយ​ដោយពាក្យ​ទន់ភ្លន់ឡើយ ជាស្រី​ដែលបំពេញ​បានដោយកម្រ ប្រាកដ​ស្មើដោយ​ស្ទឹង រមែង​លិចចុះ (ក្នុងអបាយ ៤) បណ្ឌិតបុរស​ដឹងច្បាស់ហើយ គួរគេចចេញ​អំពី​ចម្ងាយ។

[៣៨៧] ស្រីទាំងនុ៎ះ ចូលទៅគប់រកបុរសណា ដោយសេចក្ដី​ពេញចិត្តក្ដី ដោយ​ទ្រព្យក្ដី តែងដុត​បំផ្លាញ​បុរសនោះ (ឲ្យវិនាស) យ៉ាងឆាប់ ដូចភ្លើង (ដែលឆេះ) នូវទីនៅ​របស់ខ្លួន។

ចប់ មុទុបាណិជាតក ទី២។

ចុល្លបលោភនជាតក ទី៣

(២៦៣. ចូឡបលោភនជាតកំ (៣-២-៣))

[៣៨៨] (ព្រះរាជបុត្រពោធិសត្វ ពោលថា) លោកមក (តាមអាកាស) ដោយ​ខ្លួនឯង លើទឹក​មិនបែក​រលក ដោយ​អំណាច​នៃឫទ្ធិ លុះទៅ​ច្រឡូកច្រឡំ​ដោយស្រី ក៏លិចចុះ​ក្នុងសមុទ្រធំ។

[៣៨៩] ធម្មតាស្រីទាំងឡាយ រមែងញ៉ាំង​បុរសឲ្យ​វិលវល់ មានមាយាច្រើន ញ៉ាំង​ព្រហ្មចរិយធម៌​ឲ្យកំរើក រមែង​លិចចុះ (ក្នុង​អបាយ ៤) បណ្ឌិតបុរស ដឹងច្បាស់​ហើយ គប្បី​ចៀសវាង​អំពីចម្ងាយ។

[៣៩០] ស្ដ្រីទាំងឡាយនុ៎ះ ចូលទៅគប់រក​បុរសណា ដោយ​សេចក្ដី​ពេញចិត្តក្ដី ដោយ​ទ្រព្យក្ដី តែងដុត​បំផ្លាញបុរស​នោះ (ឲ្យវិនាស) យ៉ាងឆាប់ ដូចភ្លើង (ដែលឆេះ) នូវលំនៅ​របស់ខ្លួន។

ចប់ ចុល្លបលោភនជាតក ទី៣។

មហាបនាទជាតក ទី៤

(២៦៤. មហាបនាទជាតកំ (៣-២-៤))

[៣៩១] (ព្រះសាស្ដា ត្រាស់ថា) ព្រះរាជាអង្គនោះ ទ្រង់ព្រះនាម​បនាទៈ មាន​ប្រាសាទ​មាស មានទទឹង​ប្រវែងកិរិយា​ធ្លាក់ចុះនៃ​កូនសរ ១៦ (កន្លះយោជន៍) (អ្នកប្រាជ្ញ​ទាំងឡាយ) ពោលថា ប្រាសាទ​នោះកំពស់ ១ ពាន់តំណ​នៃកូនសរ (២៥ យោជន៍)។

[៣៩២] ប្រាសាទនោះ កំពស់ ១ ពាន់តំណនៃកូនសរ មានជាន់​ប្រាំពីរ បរិបូណ៌​ដោយទង់ ព័ន្ធព័ទ្ធ​ហើយដោយ​កែវមណី​មានពណ៌ខៀវ ពួករបាំ ៦០០០ ចែកជា​ប្រាំពីរចំណែក បានរាំលើ​ប្រាសាទ​នោះ (គ្រប់ ៗ ថ្នាក់)។

[៣៩៣] ម្នាលភទ្ទជិ អ្នកពោលហើយយ៉ាងណា ប្រាសាទនោះ​មានហើយ ក្នុង​កាលនោះ យ៉ាងនោះ តថាគត​កើតជាព្រះឥន្ទ្រ ជាវេយ្យាវច្ចករ របស់អ្នក។

ចប់ មហាបនាទជាតក ទី៤។

ខុរប្បជាតក ទី៥

(២៦៥. ខុរប្បជាតកំ (៣-២-៥))

[៣៩៤] (កូនរបស់ឈ្មួញរទេះ ពោលថា) អ្នកឃើញ​នូវព្រួញ​ដែលពួក​ចោរបាញ់​ហើយ​ដោយកំឡាំង​នៃធ្នូផង នូវព្រះខាន់​សំលៀង​ដោយប្រេង​ដ៏មុត ដែលពួក​ចោរកាន់​ហើយផង កាលសេចក្ដី​ស្លាប់ដែល​គួរខ្លាចនោះ ចូលមកតាំង​នៅចំពោះមុខ​ហើយ ហេតុ​អ្វីក៏អ្នក​មិនមាន​សេចក្ដី​តក់ស្លុតសោះ។

[៣៩៥] (ពោធិសត្វ ជាមេអ្នករក្សាដងព្រៃ ពោលថា) ខ្ញុំឃើញ​នូវ​ព្រួញដែល​បាញ់ហើយ​ដោយកំឡាំង​នៃធ្នូ នូវព្រះខាន់​សំលៀង​ដោយប្រេងដ៏មុត ដែលពួក​ចោរកាន់​ហើយ កាល​សេចក្ដី​ស្លាប់ដែល​គួរខ្លាចនោះ ចូលមក​តាំងនៅ​ចំពោះមុខ ខ្ញុំក៏​ត្រឡប់​បានសេចក្ដី​ត្រេកអរច្រើន​ដ៏លើសលុប។

[៣៩៦] ខ្ញុំនោះមានសេចក្ដីត្រេកអរ បានគ្របសង្កត់​នូវពួកសត្រូវ (ព្រោះថា) ខ្ញុំបាន​លះបង់​ជីវិតមុន​ហើយ ព្រោះថា បុគ្គល​អ្នកក្លៀវក្លា កាលធ្វើ​សេចក្ដី​អាល័យ​ក្នុងជីវិត គប្បីធ្វើ​នូវកិច្ច​របស់អ្នក​ក្លៀវក្លា​ក្នុងកាលណា ៗ មិនបានទេ។

ចប់ ខុរប្បជាតក ទី៥។

វាតគ្គសិន្ធវជាតក ទី៦

(២៦៦. វាតគ្គសិន្ធវជាតកំ (៣-២-៦))

[៣៩៧] (កូនលា ពោលថា) អ្នកម្ដាយកើតរោគ​ស្គមលឿង ព្រោះតែប្ដីណា មិនពេញ​ចិត្តនឹងភត្ត ព្រោះតែ​ប្ដីណា ប្ដីនោះ​មកដល់ហើយ ឥឡូវនេះ ហេតុអ្វី​បានជា​អ្នកម្ដាយ​រត់ចេញ​ទៅ។

[៣៩៨] (មេលា ពោលថា) ម្នាលកូន ម្ដាយយល់ថា ធម្មតា សន្ថវៈ (របស់ស្រ្តី) កើតដោយ​ហេតុពីដម្បូង (ភ្លាម) យស​របស់ស្រ្តី​ទាំងឡាយ ក៏សាបសូន្យ ហេតុនោះ​បានជា​អញរត់​ចេញ។

[៣៩៩] (ព្រះសាស្ដា ទ្រង់ត្រាស់ថា) ស្រ្តីណាមិនប្រាថ្នានូវបុរសមាន​យសកើត​ក្នុងត្រកូល ដែលគេ​នាំមកឲ្យ​ ស្រ្តីនោះ រមែងសោក​សៅអស់​កាលយូរ​អង្វែង ដូចជា​មេលា (ដែលយំសោកស្ដាយ) សេះសន្ធព ឈ្មោះ​វាតគ្គៈ។

ចប់ វាតគ្គសិន្ធវជាតក ទី៦។

សុវណ្ណកក្កដកជាតក ទី៧

(២៦៧. កក្កដកជាតកំ (៣-២-៧))

[៤០០] (ដំរីពោធិសត្វ ពោលថា) ម្រឹគមានសម្បុរ​ដូចមាស (ក្ដាម) ជា​សត្វមាន​ភ្នែកលៀន​វែង មានឆ្អឹង​ជាស្បែក ជាសត្វ​នៅក្នុងទឹក មិនមានរោម យើង​ត្រូវក្ដាមនោះ​ថ្កៀប​ហើយ ទើបកំសត់​ទួញយំ​ សូមភរិយា​កុំលះបង់​នូវខ្ញុំដែល​ស្មើដោយ​ជីវិតឡើយ។

[៤០១] (មេដំរី ពោលថា) បពិត្រអ្នកជាម្ចាស់ ខ្ញុំមិន​លះបង់​អ្នកដែល​ជាដំរីថម​ថយកំឡាំង​ក្នុងកាលនៃ​ខ្លួនមានអាយុ ៦០ ឆ្នាំឡើយ ខ្ញុំស្រឡាញ់​អ្នកក្រៃលែង​ជាង​ប្រថពី​ដែលទល់​នឹងសមុទ្រ​ទាំង ៤ ទៅទៀត។

[៤០២] (មេដំរី ពោលថា) ពួកក្ដាមណា ដែលនៅក្នុង​សមុទ្រក្ដី ក្នុងទន្លេគង្គា​ក្ដី យមុនា​ក្ដី អ្នកជា​សត្វទឹក​ប្រសើរ​ជាងក្ដាម​ទាំងនោះ សូមអ្នក​មេត្តាលែងប្ដី កាលដែល​ខ្ញុំកំពុង​ទួញយំ​រកប្ដី សូមអ្នក​មេត្តាលែងប្ដី (របស់ខ្ញុំ) មកវិញ ក្នុងកាល​ឥឡូវនេះ។

ចប់ សុវណ្ណកក្កដកជាតក ទី៧។

អារាមទូសកជាតក ទី៨

(២៦៨. អារាមទូសកជាតកំ (៣-២-៨))

[៤០៣] (បុរសពោធិសត្វ ពោលថា) ស្វាណា ដែលគេសន្មត​ថា ជា​សត្វប្រសើរ​បំផុត​ជាងពួកស្វា ដែលមាន​ជាតិស្មើគ្នានេះ ប្រាជ្ញា​របស់ស្វា​នោះ មានតែ​ត្រឹមប៉ុណ្ណេះ ពួក​សត្វ (ស្វា) ក្រៅនេះ នឹងមានប្រាជ្ញា​ដូចម្ដេចទៅ។

[៤០៤] (ហ្វូងស្វា ពោលថា) បពិត្រអ្នកដ៏ប្រសើរ ការតិះដៀល​យ៉ាង​នេះ​ ព្រោះ​តែមិន​ដឹង បុគ្គលមិន​ឃើញនូវឫស ហើយគប្បី​ដឹងនូវ​ដើមឈើ​ដែលតាំង​នៅស៊ប់ ដូចម្ដេច​កើត។

[៤០៥] (ពោធិសត្វ ពោលថា) យើងមិនតិះដៀល​ពួកអ្នក​ដែលជា​ពានរ អាស្រ័យ​នៅក្នុង​ព្រៃនេះទេ តែថា​ពួកជនអ្នក​ដាំដើមឈើ​ដើម្បីប្រយោជន៍​ដល់ស្ដេច​វិស្សសេនណា ស្ដេច​វិស្សសេននោះ គួរគេតិះ​ដៀលបាន។

ចប់ អារាមទូសកជាតក ទី៨។

សុជាតាជាតក ទី៩

(២៦៩. សុជាតជាតកំ (៣-២-៩))

[៤០៦] (ព្រះរាជាពោធិសត្វ ត្រាស់ថា) ពួកជន​ប្រកបដោយសម្បុរ មាន​សំឡេង​ពីរោះ មានរូបជា​ទីស្រឡាញ់ គួររមិល​មើល តែជា​អ្នកមានវាចា​រឹងរូស មិនជា​ទីស្រឡាញ់​របស់​អ្នកផង​ក្នុងលោកនេះ និងលោក​ខាងមុខទេ។

[៤០៧] ព្រះមាតាឃើញមេតាវ៉ៅខ្មៅនេះ ដែលមានសម្បុរ​អាក្រក់ ដេរដាស​ដោយ​ពណ៌​ពព្រុះអុច ៗ តែថាជាទី​ស្រឡាញ់ របស់​សត្វច្រើន ដោយសារ​វាចា​ពីរោះឬទេ។

[៤០៨] ព្រោះហេតុនោះ បុគ្គល​គប្បីជាអ្នកមាន​វាចាល្អិតល្អ ជាអ្នក​ពោលពាក្យ​លៃតាម​ប្រាជ្ញា មិនមាន​ចិត្តរាយមាយ រមែងសំដែង​នូវអត្ថ និងធម៌ ភាសិត​របស់​បុគ្គល​នោះ ទើបឈ្មោះ​ថាពីរោះ។

ចប់ សុជាតាជាតក ទី៩។

ឧលូកជាតក ទី១០

(២៧០. ឧលូកជាតកំ (៣-២-១០))

[៤០៩] (ក្អែកពោលថា) ឮថាពួកញាតិទាំងអស់ បានលើក​កោសិយៈ (មៀម) ឲ្យធ្វើ​ជាធំ ប្រសិនបើ​ពួកញាតិ​អនុញ្ញាត ខ្ញុំសូម​និយាយនូវ​ពាក្យមួយ​ម៉ាត់។

[៤១០] (ហ្វូងសត្វស្លាប ពោលថា) ម្នាលសំឡាញ់ យើងអនុញ្ញាត​ហើយ អ្នកចូរ​និយាយ​នូវហេតុ និងពាក្យ​ដែលជាប់​ទាក់ទង​ដោយ​បវេណី​ប៉ុណ្ណោះ ដ្បិតពួក​បក្សីក្មេង ៗ ដែល​មានប្រាជ្ញា ទ្រទ្រង់នូវ​សេចក្ដី​រុងរឿង ​នៅមាន។

[៤១១] (ក្អែក ពោលថា) សូមឲ្យអ្នក​ទាំងឡាយ មានសេចក្ដី​ចំរើន ការដែល​អភិសេក​មៀម មិនពេញ​ចិត្តខ្ញុំទេ អ្នកទាំងឡាយ ចូរមើលមុខ​មៀម ដែលមិន​ទាន់ខឹង (បែបនេះ​ទៅហើយ) ចំណង់បើ​ខឹងហើយ តើវា​ធ្វើមុខ​ដូចម្ដេចទៅ។

ចប់ ឧលូកជាតក ទី១០។

ចប់ បទុមវគ្គ ទី២។

ឧទ្ទាននៃបទុមវគ្គនោះគឺ

និយាយអំពីផ្កាឈូកដ៏ឧត្តម ១ ដំរីមានសិរី ១ សមុទ្រធំ ១ ប្រាសាទ ១ ព្រួញ​ដ៏​ប្រសើរ ១ លាញីឈ្មោះ​ភទ្ទលី ១ ដំរី ១ ដើមឈើ ១ វាចារឹងរូស ១ ស្ដេចមៀម ១ ត្រូវជា ១០។

ឧទបានវគ្គ ទី៣

(៣. ឧទបានវគ្គោ)

ឧទបានទូសកជាតក ទី១

(២៧១. ឧទបានទូសកជាតកំ (៣-៣-១))

[៤១២] (ឥសីពោធិសត្វ សួរថា) ម្នាលសំឡាញ់ ហេតុអ្វី​បានជាអ្នក​ប្រទូស្ត​អណ្ដូងទឹក ដែលបុគ្គល​ធ្វើបានដោយ​ក្រ របស់​ឥសី​អ្នកនៅ​ក្នុងព្រៃ ប្រព្រឹត្ត​តបធម៌ អស់រាត្រី​ដ៏អង្វែង។

[៤១៣] (ចចក ពោលថា) ពួកយើងផឹកទឹក​ក្នុងទីណា ហើយជុះនោម បំផ្លាញ (ទីនោះ) នេះជាធម្មតា​របស់ចចក​ទាំងឡាយ នេះជា​ធម្មតា​របស់មាតា និង​ជីតា អ្នកមិនគួរ​ពោលទោស​ចំពោះ​ធម្មតានោះ។

[៤១៤] (ពោធិសត្វ ពោលថា) អាការនេះធម្មតា​របស់ពួក​អ្នកណា ចំណង់​បើអាការ​មិនមែន​ជាធម្មតា នឹងប្រាកដ​ដូចម្ដេចទៅ យើង​សូមកុំ​ឲ្យជួបប្រទះ​នឹងអាការ​ជា​ធម្មតា ឬមិនមែនជា​ធម្មតារបស់​ពួកនោះ ក្នុងកាល​ណាឡើយ។

ចប់ ឧទបានទូសកជាតក ទី១។

ព្យគ្ឃជាតក ទី២

(២៧២. ព្យគ្ឃជាតកំ (៣-៣-២))

[៤១៥] (រុក្ខទេវតាពោធិសត្វ ពោលថា)សេចក្ដីក្សេម​ចាកយោគៈ គឺ​សេចក្ដី​សុខកាយ សុខចិត្ត រមែង​សាបសូន្យទៅ ព្រោះច្រឡូក​ច្រឡំ​ដោយ​បាបមិត្តណា បណ្ឌិត​គប្បីញាំញី​នូវបាបមិត្ត​នោះជាមុន ហើយគប្បី​រក្សា (ខ្លួន) ដូចបុគ្គល​កាលរក្សា​នូវភ្នែក​ដូច្នោះ។

[៤១៦] សេចក្ដីក្សេមចាកយោគៈ រមែងចំរើនឡើង ព្រោះច្រឡូក​ច្រឡំ​ដោយ​កល្យាណមិត្ត​ណា បណ្ឌិត​គប្បីធ្វើ​នូវការប្រព្រឹត្តិ​ក្នុង​កិច្ចទាំងពួង​ឲ្យស្មើនឹងខ្លួន។ [៤១៧] (ទេវតាពាល ពោលថា) នែខ្លា និងសីហៈ អ្នកទាំងឡាយ ចូរមក ចូរត្រឡប់​ទៅកាន់​ព្រៃធំ​វិញចុះ កុំឲ្យមហា​ជនកាប់ព្រៃ​របស់យើង ព្រោះតែ​ព្រៃមិន​មានខ្លា កុំឲ្យខ្លា​ និងសីហៈ​ជាសត្វមិនមាន​ព្រៃឡើយ។

ចប់ ព្យគ្ឃជាតក ទី២។

កច្ឆបជាតក ទី៣

(២៧៣. កច្ឆបជាតកំ (៣-៣-៣))

[៤១៨] (តាបសពោធិសត្វ ពោលថា )បុគ្គលណាហ្ន៎ ដើរមក ហាក់​ដូចជា​បុគ្គល​អ្នកមានភត្ត​ដួសស្រេច​ហើយ ឬដូចជា​ព្រាហ្មណ៍ មានលាភពេញ​ដៃ អ្នកដើរ​ទៅសូម​ក្នុងទី​ណា ឬអ្នកចូល​ទៅរក​បុគ្គលណា ដែលមាន​សទ្ធា។

[៤១៩] (ពានរ ពោលថា) ខ្ញុំជាស្វាឥតប្រាជ្ញា បានប៉ះពាល់​នូវវត្ថុ​ទាំងឡាយ​ដែល​គេមិន​គួរប៉ះពាល់ សូមលោកម្ចាស់​ដោះខ្ញុំឲ្យរួច សូមសេចក្ដី​ចំរើន​ចូរមាន​ដល់លោក ខ្ញុំនោះ​បានរួច​ហើយ នឹងទៅកាន់​ភ្នំវិញ។

[៤២០] (ពោធិសត្វ ពោលថា) ពួកអណ្ដើក ជាកស្សបគោត្ត ពួកស្វា​ជា​កោណ្ឌញ្ញគោត្ត ម្នាលកស្សប អ្នកចូរលែង​កោណ្ឌញ្ញ (ស្វាទ្រុស្តសីលនេះ) ដែល​ធ្វើ​មេថុនកម្ម​នឹងអ្នក។

ចប់ កច្ឆបជាតក ទី៣។

លោលជាតក ទី៤

(២៧៤. លោលជាតកំ (៣-៣-៤))

[៤២១] (ព្រាបពោធិសត្វ ពោលថា) កុកនេះដូចម្ដេច មានសីរជា​សត្វល្មួច មាន​ពពក​ជាជីតា នែកុក អ្នកចូល​មកអាយ (ព្រោះ) ក្អែកជា​សំឡាញ់​យើង ជា​សត្វកាច។

[៤២២] (ក្អែក ពោលថា) ខ្ញុំមិនមែនជាកុក​មានសីរទេ ខ្ញុំជាក្អែក​រលោរលាំ អ្នកទើប​នឹងមក ចូរមើលខ្ញុំ​ដែលត្រូវ​គេដកស្លាប ព្រោះតែ​មិនធ្វើតាម​ពាក្យរបស់អ្នក។

[៤២៣] (ពោធិសត្វ ពោលថា) ម្នាលសំឡាញ់ អ្នកនឹងប្រទះ (បែបនេះ) ម្ដងទៀត​ពុំខាន ព្រោះថា​សីល (មារយាទ) របស់អ្នក​ប្រាកដ​ដូច្នោះ គ្រឿងបរិភោគ​ទាំងឡាយ ជារបស់​នៃ​មនុស្ស មិនមែន​សត្វស្លាប​បរិភោគបាន​ដោយងាយ​ឡើយ។

ចប់ លោលជាតក ទី៤។

រុចិរជាតក ទី៥

(២៧៥. រុចិរជាតកំ (៣-៣-៥))

[៤២៤] (ពោធិសត្វ ពោលថា) កុកនេះជាអ្វី មានសម្បុរ​រលើប មកនៅ​ក្នុង​សំបុក​ក្អែក សំបុកនេះ​ជារបស់ក្អែក​ណា ក្អែកជា​សំឡាញ់​របស់ខ្ញុំនោះ កាចណាស់។

[៤២៥] (ក្អែក ពោលថា) ម្នាលសំឡាញ់ស្មើចិត្ត ជាសត្វ​មានកំណើតពីរ ក្រែង​អ្នកស្គាល់​ខ្ញុំដែលជាសត្វ​មានពូជស្មៅ​ជាភោជន​ដែរឬ អ្នកទើប​នឹងមក ចូរមើលខ្ញុំ​ដែលគេ​ដកស្លាប ព្រោះតែ​មិនធ្វើ​តាមពាក្យ​របស់អ្នក។

[៤២៦] (ពោធិសត្វ ពោលថា) ម្នាលសំឡាញ់ អ្នកនឹងប្រទះ (បែបនេះ) ម្ដងទៀត​ពុំខាន ព្រោះថា សីលធម៌​របស់អ្នក​ប្រាកដ​ដូច្នោះ គ្រឿងបរិភោគ​ទាំងឡាយ ជា​របស់​មនុស្ស មិនមែន​សត្វស្លាប​បរិភោគ​បាន​ដោយងាយ​ឡើយ។

ចប់ រុចិរជាតក ទី៥។

កុរុធម្មជាតក ទី៦

(២៧៦. កុរុធម្មជាតកំ (៣-៣-៦))

[៤២៧] (ពួកព្រាហ្មណ៍ ក្រាបទូលថា) បពិត្រព្រះជនាធិបតី យើង​ទាំងឡាយ ដឹងច្បាស់​នូវសទ្ធា និងសីល​របស់ព្រះអង្គ​ហើយ នឹងទទួល​យកនូវដំរី​មានសម្បុរ​ប្រាកដ​ស្មើ​ដោយផ្កាអញ្ជ័ន ទៅក្នុង​សំណាក់នៃ​ព្រះបាទកាលិង្គៈ។

[៤២៨] (ព្រះរាជាពោធិសត្វ ពោលថា) ពួកសត្វ​ដែលយើង​ចិញ្ចឹមដោយ​បាយក្ដី មិន​ចិញ្ចឹមក្ដី សត្វណា​ក្នុងជីវលោក​នេះ ដើរមក​សំដៅយើង ពួកសត្វទាំង​អស់នោះ យើងមិន​បានឃាត់ឡើយ នេះជាពាក្យ​របស់បុព្វាចារ្យ (មាតា បីតារបស់​យើង)។

[៤២៩] ម្នាលព្រាហ្មណ៍ទាំងឡាយ យើងឲ្យដំរី​ដ៏ប្រសើនេះ ដែល​សមគួរ​ដល់​ព្រះរាជា ជាជំនិះ​របស់​ព្រះរាជា មានយស ប្រដាប់​តាក់តែងហើយ បំពាក់​ហើយ​ដោយ​បណ្ដាញមាស​ ដល់អ្នក​ទាំងឡាយ អ្នកទាំងឡាយ ព្រមទាំង​សារថី (ចូរនាំ) ទៅតាម​ប្រាថ្នា​ចុះ។

ចប់ កុរុធម្មជាតក ទី៦។

រោមជាតក ទី៧

(២៧៧. រោមកជាតកំ (៣-៣-៧))

[៤៣០] (តាបស ពោលថា) ម្នាលរោមកៈ យើងនៅក្នុង​គុហាភ្នំ ជាង ៥០ ឆ្នាំ ពួក​អណ្ឌជសត្វ (សត្វកើតអំពី​ពងទាំងនេះ ) មិនមាន​សេចក្ដីរង្កៀស ជាសត្វ​មានចិត្ត​ស្លូតត្រង់ រមែង​មកកាន់​កណ្ដាប់ដៃ​នៃយើងក្នុង​កាលមុន។

[៤៣១] ម្នាលសត្វមានអវយវៈក្ងក់ ឥឡូវនេះ ពួកទិជសត្វ (សត្វកើត​ពីរដង) ទាំងនោះ (ឃើញ) ហេតុអ្វី​បានជាមាន​សេចក្ដី​ខ្វល់ខ្វាយ (គេចចេញ​អំពីញកភ្នំនេះ) ទៅនៅ​ញកភ្នំ​ដទៃវិញ ក្រែង (ពួកបក្សី​ទាំងនេះ) ទៅឃ្លាតយូរ បានជា​មិនស្គាល់​យើងដូចជា​ក្នុងកាល​មុន ឬក៏​ពួកបក្សី​ទាំងនេះ មិនមែនជា​ពួកបក្សី​ទាំងនោះទេ។

[៤៣២] (ពោធិសត្វ ពោលថា) ពួកយើងស្គាល់​លោក មិនមែនច្រឡំទេ លោក ក៏គឺលោកហ្នឹង​ដដែល ពួកយើង គឺសត្វទាំងនោះ មិនមែន​ជាសត្វ​ដទៃទេ តែថា ចិត្តរបស់​លោក ប្រទូស្តចំពោះ​ពួកជននេះ ម្នាលអាជីវក ព្រោះហេតុនោះ បានជា​ពួកយើង​តក់ស្លុត​នឹងលោក។

ចប់ រោមជាតក ទី៧។

មហិសជាតក ទី៨

(២៧៨. មហិំសរាជជាតកំ (៣-៣-៨))

[៤៣៣] (រុក្ខទេវតា ពោលថា) អ្នកអាស្រ័យហេតុ​ដូចម្ដេច ទើបអត់​ទ្រាំនូវ​សេចក្ដី​លំបាក​នេះ​នឹងស្វា​មានចិត្តរហ័ស ជាសត្វ​ប្រទូស្ត មិត្ត (ដូចជា​បុគ្គល​អត់ទ្រាំ​នឹង​សេចក្ដី​លំបាក) នឹងម្ចាស់​ដែល​ជាអ្នកឲ្យ​សេចក្ដី​ប្រាថ្នាទាំងពួង។

[៤៣៤] អ្នកចូរវ័ធស្វានេះដោយស្នែង ចូរជាន់​កំទេច​ដោយជើងចុះ ប្រសិនបើ​មិនមាន​អ្នកកំចាត់​បង់ទេ ពួកពាល​នឹងគប្បី​រឹងរឹត​បៀតបៀន​ឡើង។

[៤៣៥] (ពោធិសត្វ ពោលថា) ស្វានេះ កាលមើលងាយខ្ញុំបាន គង់នឹងធ្វើ (អនាចារ) យ៉ាងនេះ នឹងក្របី​ដទៃទៀត ក្របីទាំង​នោះ នឹងសម្លាប់​វាក្នុងទីនោះ ការរួច (ចាក​សេចក្ដី​លំបាក) នោះ នឹង​មានដល់ខ្ញុំ។

ចប់ មហិសជាតក ទី៨។

សតបត្តជាតក ទី៩

(២៧៩. សតបត្តជាតកំ (៣-៣-៩))

[៤៣៦] (ព្រះសាស្ដា ត្រាស់ថា) មាណពសំគាល់នូវមេចចក​ក្នុងផ្លូវ ជាសត្វ​គោចរ​ទៅក្នុងព្រៃ ប្រាថ្នា​នូវសេចក្ដី​ចំរើន តែងប្រាប់​ហេតុឲ្យដឹង ថាជា​សត្វប្រាថ្នា​នូវសេចក្ដី​វិនាស សំគាល់​នូវសត្វ​ចចាត ជាសត្វប្រាថ្នា​នូវសេចក្ដី​វិនាស ថាជាសត្វ​ប្រាថ្នា​នូវ​សេចក្ដី​ចំរើន យ៉ាងណាមិញ។

[៤៣៧] បុគ្គលខ្លះ​ក្នុងលោកនេះ ជាអ្នកប្រាកដដូច្នោះ ដែលជន​ទាំងឡាយ អ្នក​ប្រាថ្នានូវ​ប្រយោជន៍ ពោលពាក្យ (ប្រៀនប្រដៅ) ទទួលយក​ឆ្វេងទៅវិញ ក៏យ៉ាង​នោះដែរ។

[៤៣៨] មួយទៀត ពួកបុគ្គលណា សរសើរនូវបុគ្គលនោះក្តី លើកដំកើង​បុគ្គល​នោះ ព្រោះភ័យក្ដី បុគ្គលនោះ រមែងសំគាល់​ពួកបុគ្គល​ថាជាមិត្ត ដូចមាណព (កាល​សំគាល់) នូវសត្វ​ចចាត ថាជា​មិត្តដូច្នោះ។

ចប់ សតបត្តជាតក ទី៩។

បូដទូសកជាតក ទី១០

(២៨០. បុដទូសកជាតកំ (៣-៣-១០))

[៤៣៩] (ពោធិសត្វ ពោលថា) មិគរាជ គឺស្ដេចស្វា ជាសត្វឈ្លាស​ក្នុងការ​ធ្វើ​កញ្ចប់​ស្លឹកឈើ​ដោយពិត ព្រោះហេតុដូច្នោះ ទើបបាន​បំផ្លាញ​កញ្ចប់ចោល នឹង​ធ្វើកញ្ចប់​ដទៃឲ្យ​ល្អជាងកញ្ចប់​មុនដោយ​ពិត។

[៤៤០] (ពានរ ពោលថា) បិតា ឬមាតារបស់ខ្ញុំ មិនមែន​ជាសត្វឈ្លាស​ក្នុងការ​ធ្វើកញ្ចប់​ទេ តែពួកខ្ញុំ បានតែខាង​បំផ្លាញនូវ​វត្ថុដែលគេ​ធ្វើហើយ ៗ ប៉ុណ្ណោះ នេះជា​ត្រកូល (របស់ពានរ) តែងមាន​យ៉ាងនេះ ជាធម្មតា។

[៤៤១] (ពោធិសត្វ ពោលថា) ធម្មតារបស់ពួកអ្នកណា ប្រាកដយ៉ាង​នេះទៅហើយ ចំណង់​បើ​មិនមែន​ធម្មតា តើនឹងដូច​ម្ដេចទៅវិញ យើងសូម​កុំឲ្យ​ជួបប្រទះ​នឹង​អាការ​ជាធម្មតា ឬមិនមែន​ជាធម្មតា​របស់ពួក​អ្នកនោះ ក្នុងកាល​ណាឡើយ។

ចប់ បូដទូសកជាតក ទី១០។

ចប់ ឧទបានវគ្គ ទី៣។

ឧទ្ទាននៃឧទបានវគ្គនោះគឺ

និយាយអំពីអណ្ដូងទឹកប្រសើរ ១ ខ្លាក្នុងព្រៃ ១ ស្វា ១ កុកមានសីរ ១ កុក​ដ៏រលើប​ល្អ ១ ជនាធិបតីល្អ ១ ព្រាបឈ្មោះ​រោមកៈ ១ ស្វាប្រទូស្ត ១ សត្វចចាត ១ ការធ្វើកញ្ចប់ ១ ត្រូវជា ១០។

អព្ភន្តរវគ្គ ទី៤

(៤. អព្ភន្តរវគ្គោ)

អព្ភន្តរជាតក ទី១

(២៨១. អព្ភន្តរជាតកំ (៣-៤-១))

[៤៤២] (សក្កទេវរាជ ត្រាស់ថា) នាងនារីមានបែប​ចាញ់ផ្ទៃ បាន​បរិភោគ​ផ្លែឈើ (ស្វាយ) ឈ្មោះ​អព្ភន្តរៈ​ជាទិព្វ ហើយប្រសូត (ព្រះរាជបុត្រ) ជាសេ្ដច​ចក្រពត្តិ។

[៤៤៣] ម្នាលនាងដ៏ចំរើន នាងជាមហេសី ទាំងជាទី​ស្រឡាញ់​របស់​ព្រះរាជា​ជាភស្តា ព្រះរាជា​នឹងនាំ​ផ្លែស្វាយ ឈ្មោះ​អព្ភន្តរៈ​នេះ មកដល់នាង។

[៤៤៤] (កូនសេក ពោលថា) បុគ្គលអ្នកក្លៀវក្លា ស៊ូលះបង់ខ្លួន ប្រឹងប្រែងក្នុងប្រយោជន៍របស់បុគ្គលអ្នកចិញ្ចឹម 7) ខ្លួន រមែងបាននូវឋានៈណា ខ្ញុំបាននូវឋានៈនោះដែរ។

ចប់ អព្ភន្តរជាតក ទី១។

សេយ្យជាតក ទី២

(២៨២. សេយ្យជាតកំ (៣-៤-២))

[៤៤៥] (ព្រះរាជាពោធិសត្វ ត្រាស់ថា) បុគ្គលណា គប់រក​នូវបុគ្គល​ប្រសើរ (បុគ្គលនោះ) ជាអ្នកមាន​ចំណែកប្រសើរ ជាអ្នក​ប្រសើរបំផុត ខ្ញុំបាន​ធ្វើនូវការ​ជាប់ត​ជាមួយ​នឹងស្ដេច ជាចោរ​ម្នាក់ (ដោយមេត្តាភាវនា) បានដោះ​អ្នកទាំងឡាយ ១០០ នាក់ ដែល​ត្រូវគេ​សំឡាប់ (ឲ្យរួចបាន)។

[៤៤៦] ព្រោះហេតុនោះ បុគ្គលម្នាក់ឯង ធ្វើនូវការ​ជាប់តជា​មួយនឹង​លោក​ទាំងមូល (ដោយ​មេត្តាភាវនា) លុះទំលាយ​ខន្ធទៅ គប្បីបាន​ឋានសួគ៌ អ្នកទាំងឡាយ​ដែលនៅ​ក្នុង​ដែនកាសី ចូរស្ដាប់​នូវពាក្យ​របស់យើង​នេះចុះ។

[៤៤៧] (ព្រះសាស្ដា ត្រាស់ថា) ព្រះរាជាជាធំ ព្រះនាមកំសៈ ព្រះអង្គ​គ្រប់គ្រង​ក្រុង​ពារាណសី បានត្រាស់​ដូច្នេះហើយ ទ្រង់ដាក់​ធ្នូ និង​ព្រួញចោល ហើយទើប​ចូលទៅកាន់​ការសង្រួម គឺបព្វជ្ជា។

ចប់ សេយ្យជាតក ទី២។

វឌ្ឍកីសូករជាតក ទី៣

(២៨៣. វឌ្ឍកីសូករជាតកំ (៣-៤-៣))

[៤៤៨] (ជដិលមានចិត្តកោង ពោលថា) ការពីដើម អ្នករឹបជាន់​នូវជ្រូក​ទាំងឡាយ ក្នុងប្រទេស​នេះ តែងសំឡាប់​ជ្រូកដ៏ប្រសើរ ៗ បាន ម្នាលខ្លា ឥឡូវនេះ អ្នកនោះ​ត្រឡប់​មកម្នាក់ឯង សញ្ជប់សញ្ជឹង ម្នាលខ្លា ថ្ងៃនេះ​កំឡាំងកាយ​របស់អ្នក​គ្មានទេ​ឬ។

[៤៤៩] (ខ្លា ពោលថា) កាលពីដើម ជ្រូកទាំងនេះ​ជាច្រើន ត្រូវភ័យ​បៀត​បៀន​ហើយ ក៏ស្វែងរក​ទីជ្រកកោន ហើយក៏បោល​ទៅកាន់ទិស​តូចទិសធំ ឥឡូវនេះ ជ្រូកទាំង​នេះ ឋិតនៅ​ក្នុងទីណា ដែលខ្ញុំ​បៀតបៀន​មិនបាន ជ្រូកទាំងនោះ ក៏មក​ជួបជុំគ្នា នៅក្នុង​ទីនោះ​ជាមួយគ្នា។

[៤៥០] (រុក្ខទេវតា ពោលថា) យើងសូមថ្វាយបង្គំពួកជ្រូក ដែលមក​ជួបជុំគ្នា (ក្នុងទីនេះ) យើងបាន​ឃើញនូវ​មិត្តភាព (របស់​អ្នកទាំងឡាយ) ដ៏អស្ចារ្យ​ដោយខ្លួន​ឯង​ទើបពោល ព្រោះថា ពួកម្រឹគ​មានខ្នាយ បានឈ្នះ​នូវខ្លា រួចចាក (មរណភ័យ) ដោយ​សេចក្ដី​ព្រមព្រៀង​ក្នុងពួកជ្រូក​មានខ្នាយ​ជាកំឡាំង។

ចប់ វឌ្ឍកីសូករជាតក ទី៣។

សិរីជាតក ទី៤

(២៨៤. សិរិជាតកំ (៣-៤-៤))

[៤៥១] (ព្រះសាស្ដា ត្រាស់ថា) ពួកបុគ្គលឥតបុណ្យ ខ្វល់ខ្វាយ​ប្រមូល​ទ្រព្យណា​ដ៏ច្រើន ចំណែក​ខាងបុគ្គល​អ្នកមានបុណ្យ ទោះមាន​សិល្បៈក្ដី មិនមាន​សិល្បៈក្ដី ក៏រមែង​បាន​បរិភោគនូវ​ទ្រព្យទាំងនោះ។

[៤៥២] ភោគៈទាំងឡាយច្រើន រមែងកន្លងនូវ​ពួកបុគ្គល​ឥតបុណ្យ កើត​ឡើង​សម្រាប់​បុគ្គល​អ្នកមានបុណ្យ​ធ្វើហើយ ក្នុងទីទាំងពួង សូម្បីក្នុងទី​មិនមែន​ជាកន្លែង​សម្រាប់​កើត។

[៤៥៣] មាន់ឈ្មោលក្ដី កែវមណីក្ដី ឈើច្រត់ក្ដី នាងបុញ្ញលក្ខណាទេវី ជាប្រពន្ធ (របស់សេដ្ឋី) ក្ដី រមែងកើត​ឡើងដល់​អនាថបណ្ឌិតសេដ្ឋី អ្នកមិន​មានបាប ជាអ្នក​មានបុណ្យ​ធ្វើហើយ។

ចប់ សិរីជាតក ទី៤។

មណិសូករជាតក ទី៥

(២៨៥. មណិសូករជាតកំ (៣-៤-៥))

[៤៥៤] (ពួកជ្រូក ពោលថា) យើងខ្ញុំប្រមាណ ៣០ នាក់ នៅក្នុង​មណិគុហា អស់​ប្រាំពីរឆ្នាំ យើងខ្ញុំ​ប្រឹក្សាគ្នាថា យើងខ្ញុំ​កំចាត់បង់​នូវពន្លឺនៃ​កែវមណី​ដូច្នេះ។

[៤៥៥] យើងខ្ញុំដដុសកែវមណី ដរាបណា កែវមណី​រឹងរឹតតែ​ភ្លឺឆ្លុះឡើង ឥឡូវនេះ យើងខ្ញុំសូម​សួរនូវហេតុ​នេះថា លោកយល់​នូវកិច្ច​ដូចម្ដេច ក្នុងរឿងនេះ។

[៤៥៦] (ពោធិសត្វ ពោលថា) កែវមណីនេះ ដូចជា​កែវពៃទូរ្យ មិនមែន​កញ្ចក់ ជាកែវ​ស្អាត​ឥតមន្ទិល អ្នកណាមួយ​មិនអាច​ដើម្បីកំចាត់​បង់ពន្លឺនៃ​កែវមណីនុ៎ះ ឲ្យស្អាប់​សម្បុរ​បាន នែជ្រូក​ទាំងឡាយ ពួកអ្នក ចូរចៀស​ចេញទៅ។

ចប់ មណិសូករជាតក ទី៥។

សាលុកជាតក ទី៦

(២៨៦. សាលូកជាតកំ (៣-៤-៦))

[៤៥៧] (គោឈ្មោះ​មហាលោហិត​ពោធិសត្វ ពោលថា) អ្នកកុំប្រាថ្នា (នូវអាហារ) របស់ជ្រូក​ឈ្មោះ​សាលុក​ឡើយ (ដ្បិតជ្រូកនេះ) បរិភោគបាយ ជាគ្រឿងក្ដៅ​ក្រហាយ អ្នកចូរ​មានសេចក្ដី​ខ្វល់ខ្វាយ​តិច ហើយបរិភោគ​នូវអង្កាមចុះ ការបរិភោគ​នូវអង្កាម​នេះឯង​ហើយ ជាលក្ខណៈនៃ​ហេតុឲ្យ​អាយុវែង។

[៤៥៨] បុរសអ្នករៀបការនោះជាសេវកៈ (ប្រកបដោយ​បរិសទ្យ) ជាភ្ញៀវ​មកប្រជុំ​ក្នុង​ទីនេះ ក្នុងកាល​ឥឡូវនេះ អ្នកនឹង​ឃើញជ្រូក​ឈ្មោះ​សាលុក​ដេកស្ងៀម ត្រូវគេ​សម្លាប់ក្នុង​ចន្លោះនៃ​អង្រែ​មិនខាន។

[៤៥៩] (ព្រះសាស្ដា ត្រាស់ថា) គោចាស់ (ទាំងពីរ) ឃើញ​ជ្រូកដេក​ស្ងៀម ត្រូវគេ​សម្លាប់​ក្នុងចន្លោះ​នៃអង្រែ​ដែលគេ​កាច់​ហើយ ក៏គិតថា អង្កាម​ជាអាហារ​ដ៏ប្រសើរ​របស់យើង។

ចប់ សាលុកជាតក ទី៦។

លាភគរហិកជាតក ទី៧

(២៨៧. លាភគរហជាតកំ (៣-៤-៧))

[៤៦០] (អាចារ្យទិសាបាមោក្ខពោធិសត្វ ពោលថា) បុគ្គលមិនឆ្កួត រមែង​មិនបាន​លាភក្នុង​សំណាក់​នៃមនុស្ស​ល្ងង់ទេ បុគ្គល​មិននិយាយ​ញុះញង់ រមែង​មិនបាន​លាភក្នុង​សំណាក់​នៃមនុស្ស​ល្ងង់ទេ បុគ្គល​មិនមែន​អ្នករបាំ រមែង​មិនបាន​លាភ​ក្នុង​សំណាក់​នៃមនុស្ស​ល្ងង់ទេ បុគ្គលមាន​សំដីក្រអឹម​ក្រអៀម រមែង​មិនបាន​លាភក្នុង​សំណាក់​នៃមនុស្ស​ល្ងង់ទេ នេះជា​ពាក្យប្រៀន​ប្រដៅ​របស់អ្នក។

[៤៦១] (កូនសិស្ស ពោលថា) បពិត្រព្រាហ្មណ៍ ខ្ញុំសូមតិះដៀល​នូវការ​បានយស និង​ការបាន​ទ្រព្យ ព្រោះតែ​ប្រព្រឹត្ត​ចិញ្ចឹម​ជីវិត​ដោយធ្វើខ្លួន​ឲ្យលិចលង់ (ដោយ​កិច្ចមាន​កិរិយា​សម្លាប់​គេជាដើម) ឬដោយ​ការប្រព្រឹត្តិ​នូវទុច្ចរិត។

[៤៦២] បុគ្គលសូវធ្វើជាអ្នកបួស កាន់បាត្រ (ដើរសូមគេ) (ព្រោះថា) ការប្រព្រឹត្តិ​ចិញ្ចឹម​ជីវិត​នេះឯង ប្រសើរ​បំផុតជាង​កិរិយាស្វែង​រកចិញ្ចឹម​ជីវិត​ដោយអធម៌។

ចប់ លាភគរហិកជាតក ទី៧។

មច្ឆទានជាតក ទី៨

(២៨៨. មច្ឆុទ្ទានជាតកំ (៣-៤-៨))

[៤៦៣] (ពោធិសត្វ ពោលថា) ត្រីទាំងឡាយ ថ្លៃមួយពាន់​កហាបនៈ លើសដោយ (៧ មាសក) មិនមាន​អ្នកណាមួយ ជឿនូវ​ហេតុនេះ តែថា (មក) ដល់អញ​ក្នុងទីនេះ​នៅតែថ្លៃ ៧ មាសក អញគប្បី​ទិញនូវ​ពួកត្រីនោះ។

[៤៦៤] (នទីទេវតា ពោលថា) អ្នកបានឲ្យភោជន​ដល់ពួកត្រី ហើយ​ផ្សាយ​ចំណែក​ផល​ដល់ខ្ញុំ ខ្ញុំរលឹក​នូវទក្ខិណា​នោះ ជាសេចក្ដី​គោរពដែល​អ្នកធ្វើ​ហើយ (ទើប​រក្សាទ្រព្យ​នេះទុកឲ្យ​អ្នក)។

[៤៦៥] សេចក្ដីចំរើន មិនមានដល់បុគ្គល​អ្នកមាន​ចិត្តប្រទូស្ត​ឡើយ មួយទៀត បុគ្គលណា​ធ្វើអំពើ​អាក្រក់ បោកប្រាស​ទ្រព្យសម្បត្តិ ដែលជា​កេរ្តិ៍មត៌ក​របស់បិតា និងបង​ប្អូន​ឯង ពួកទេវតា​ក៏មិនបូជា​បុគ្គលនោះឡើយ។

ចប់ មច្ឆទានជាតក ទី៨។

នានាឆន្ទជាតក ទី៩

(២៨៩. នានាឆន្ទជាតកំ (៣-៤-៩))

[៤៦៦] (ព្រាហ្មណ៍បុរោហិត ពោលថា) បពិត្រមហារាជ យើងខ្ញុំ​ទាំងឡាយ មាន​ចំណង់​ផ្សេង ៗ គ្នា នៅក្នុងផ្ទះ​ជាមួយគ្នា ចំណែក​ខ្ញុំព្រះអង្គ​ចង់បាន​ស្រុកសួយ នាង​ព្រាហ្មណី​ជាប្រពន្ធ ចង់បានគោ ១០០។

[៤៦៧] កូនប្រុស (របស់ខ្ញុំព្រះអង្គ) ចង់បានរថទឹម​ដោយសេះ​អាជានេយ្យ នាងកញ្ញា (កូនប្រសាស្រី) ចង់បាន​កុណ្ឌលកែវមណី ចំណែក​ខាងនាង​បុណ្ណកាទាសី​ថោកទាប ចង់បាន​ត្បាល់ (មួយអន្លើ​ដោយចង្អេរ និងអង្រែ)។

[៤៦៨] (ព្រះរាជា ត្រាស់ថា) អ្នកទាំងឡាយ ចូរឲ្យស្រុក​សួយដល់​ព្រាហ្មណ៍ ចូរឲ្យ​គោ ១០០ ដល់នាង​ព្រាហ្មណី ចូរឲ្យ​រថទឹម​ដោយសេះ​អាជានេយ្យ​ដល់បុត្ត (របស់​ព្រាហ្មណ៍) ចូរឲ្យ​កុណ្ឌល​កែវមណី​ដល់នាងកញ្ញា មួយទៀត អ្នកទាំងឡាយ ចូរចាត់​ចែងរក​ត្បាល់ (ព្រមទាំង​ចង្អេរ និងអង្រែ) ឲ្យនាងបុណ្ណ​កាទាសីថោកទាប​នោះផង។

ចប់ នានាឆន្ទជាតក ទី៩។

សីលវីមំសជាតក ទី១០

(២៩០. សីលវីមំសកជាតកំ (៣-៤-១០))

[៤៦៩] (ព្រាហ្មណ៍ពោធិសត្វ ពោលថា) ឮថា សីល ជាគុណជាតល្អ សីល ជាគុណជាត​ប្រសើរបំផុត​ក្នុងលោក អ្នកចូរ​មើលចុះ ពស់មាន​ពិសដ៏ពន្លឹក មិន​បៀតបៀន (ហ្មពស់) ដោយ​យល់ថា អ្នកមានសីល។

[៤៧០] បុគ្គលប្រព្រឹត្តស្មើតាមការប្រព្រឹត្តិ​របស់ព្រះអរិយៈ ទើបបណ្ឌិត​ហៅថា អ្នកមានសីល ដោយសីលណា យើងនឹង​សមាទាន​នូវសីលនោះ ដែល​បណ្ឌិត​យល់ព្រម​ហើយថា សីល​នេះជា​របស់ក្សេម (ចាកភ័យ) ក្នុងលោក។

[៤៧១] ម្យ៉ាងទៀត បុគ្គលអ្នកមានសីលជាទី​ស្រឡាញ់​នៃពួកញាតិ​ផង រមែង​រុងរឿង​ក្នុងពួក​មិត្រផង លុះបែកឆ្លាយ​រាងកាយ ក៏ទៅ​កើតក្នុង​សុគតិភព។

ចប់ សីលវីមំសជាតក ទី១០។

ចប់ អព្ភន្តរវគ្គ ទី៤។

ឧទ្ទាននៃអព្ភន្តរវគ្គនោះគឺ

និយាយអំពីផ្លែឈើអព្ភន្តរៈ ១ ព្រះរាជាព្រះនាមកំសៈ ១ ជ្រូកដ៏​ប្រសើរ និង​ម្រឹគ គឺខ្លា ១ កែវមណី ១ ជ្រូកនៅក្នុង​គុហាកែវមណី ១ ជ្រូកឈ្មោះ​សាលុក ១ ការប្រៀន​ប្រដៅ ១ ត្រីដ៏ប្រសើរ ១ កុណ្ឌលកែវមណី ១ សីល ១ ត្រូវជា ១០។

កុម្ភវគ្គ ទី៥

(៥. កុម្ភវគ្គោ)

ភទ្រឃដភេទកជាតក ទី១

(២៩១. សុរាឃដជាតកំ (២-៥-១))

[៤៧២] (ព្រះសាស្ដា ត្រាស់ថា) អ្នកលេងបាននូវ​ឆ្នំាងកំណប់ ដែល​ឲ្យនូវ​សេចក្ដី​ប្រាថ្នា​គ្រប់យ៉ាង ហើយរក្សា​ឆ្នំាងនោះ ដរាបណា អ្នកលេងនោះ ក៏ដល់នូវ​សេចក្ដីសុខ ដរាបនោះ។

[៤៧៣] ក្នុងកាលណា អ្នកលេងស្រវឹងផង គឃ្លើនផង បានបំបែក​ឆ្នំាង ព្រោះ​សេចក្ដី​ប្រមាទ ក្នុងកាល​នោះ បុគ្គលពាល​ទៅជា​អ្នកអាក្រាត​ផង ជាអ្នក​ស្លៀក​កំណាត់​សំពត់​កន្ទបផង រមែង​ក្ដៅក្រហាយ​ក្នុងកាល​ជាខាងក្រោយ។

[៤៧៤] បុគ្គលឥតប្រាជ្ញា បាននូវទ្រព្យយ៉ាងនេះ​ហើយ ជាអ្នកមាន​សេចក្ដី​ប្រមាទ​ប្រើប្រាស់ រមែងក្ដៅ​ក្រហាយ​ក្នុងកាលខាង​ក្រោយ ដូចជា​អ្នកលេង (ដែលក្ដៅ​ក្រហាយ​ស្ដាយក្រោយ) ព្រោះតែបំបែក​ឆ្នំាងចោល។

ចប់ ភទ្រឃដភេទកជាតក ទី១។

សុបត្តជាតក ទី២

(២៩២. សុបត្តជាតកំ (៣-៥-២))

[៤៧៥] (ក្អែក ពោលថា) បពិត្រមហារាជ ស្ដេចក្អែកឈ្មោះ​សុបត្តៈ នៅ​អាស្រ័យ​ក្បែរ​ក្រុង​ពារាណសី មានក្អែក ៨០ ០០០ ជាបរិវារ។

[៤៧៦] នាងសុបស្សា ជាភរិយារបស់ស្ដេចក្អែកនោះ មានសេចក្ដី​ចាញ់ផ្ទៃ ចង់បរិភោគ​នូវក្រយាស្ងោយ​មានថ្លៃច្រើន ដែលនាយ​ពិសេស​ចំអិន ដើម្បីថ្វាយ​ព្រះរាជា​ ក្នុងរោង​សំរាប់​ចំអិនក្រយាស្ងោយ។

[៤៧៧] ឯខ្ញុំព្រះអង្គជារាជទូត​របស់ស្ដេចក្អែក​ទាំងនោះ ត្រូវស្ដេច​បញ្ជូន​មក បានជា​មកក្នុង​ទីនេះ ខ្ញុំព្រះអង្គ​ធ្វើនូវ​សេចក្ដី​គោរព ចំពោះ​ម្ចាស់ ហើយ​បានធ្វើ​ឲ្យមាន​របួស ត្រង់ច្រមុះ (របស់នាយ​ពិសេស)។

ចប់ សុបត្តជាតក ទី២។

កាយនិព្វិន្ទជាតក ទី៣

(២៩៣. កាយនិព្វិន្ទជាតកំ (៣-៥-៣))

[៤៧៨] (តាបសពោធិសត្វ ពោលថា) កាលអញត្រូវព្យាធិរោគ​ណា​មួយ​ប៉ះពាល់​ហើយ ដល់នូវ​សេចក្ដី​ទុក្ខយ៉ាងខ្លាំងក្លា ដែលរោគ​កំពុង​បៀតបៀន រាងកាយនេះ ដ៏នឹងរីងស្ងួត​យ៉ាងឆាប់ ដូចជា​ផ្កាឈើ​ដែលគេដោត​លើអាចម៍ដី ដ៏ក្ដៅ (ក៏ស្ងួត​ដូច្នោះ)។

[៤៧៩] (រាងកាយនេះ) មិនជាទីគាប់ចិត្ត តែជនពាល​ពោលថា ជាទីគាប់ចិត្ត មិន​ស្អាតទេ តែជនពាល សន្មតថា​ជារបស់ស្អាត រាងកាយ​ដ៏ពេញប្រៀប ដោយ​សាកសព​ផ្សេង ៗ មានសភាព​ជាទីគាប់ចិត្ត​នៃជនពាល។

[៤៨០] យើងគួរតិះដៀល​នូវកាយស្អុយនេះ ជារបស់ឈឺ​ជានិច្ច គួរខ្ពើម​រអើម មិនស្អាត មានព្យាធិ​ជាធម្មតា ដែលពួក​សត្វប្រមាទ ជ្រប់ជាប់ ញុំាងផ្លូវនៃ​សុគតិភព ឲ្យវិនាស​សាបសូន្យ។

ចប់ កាយនិព្វិន្ទជាតក ទី៣។

ជម្ពូខាទកជាតក ទី៤

(២៩៤. ជម្ពុខាទកជាតកំ (៣-៥-៤))

[៤៨១] (ចចក ពោលថា) អ្នកណានេះ មានសំឡេងក្រលួច ពីរោះ​ឧត្តម​ជាង​ពួកសត្វ ដែលមាន​សំឡេង ទំលើមែកព្រីង ហើយយំពីរោះ ដូចជាសំឡេង​នៃកូនក្ងោក។

[៤៨២] (ក្អែក ពោលថា) កុលបុត្តចេះសរសើរកុលបុត្ត (ដូចគ្នា) ម្នាលសំឡាញ់ មានសម្បុរដូចជា​សម្បុរ​នៃកូនខ្លា ខ្ញុំសូមជូន (ផ្លែព្រីង) ដល់អ្នក ចូរអ្នកពិសាចុះ។

[៤៨៣] (រុក្ខទេវតា ពោលថា) យូរណាស់ហើយ យើងទើបតែ​ឃើញ​នូវក្អែក​ជាសត្វ​ស៊ីនូវ​កំអួតផង នូវចចក​ជាសត្វស៊ី​នូវសាកសព​ផង ជាសត្វ​ពោលពាក្យ​កុហក មក​ចួបគ្នា ហើយសរសើរ​គ្នាទៅវិញ​ទៅមក។

ចប់ ជម្ពូខាទកជាតក ទី៤។

អន្តជាតក ទី៥

(២៩៥. អន្តជាតកំ (៣-៥-៥))

[៤៨៤] (ក្អែក ពោលថា) ករបស់អ្នក ដូចជាកនៃ​គោឧសភៈ ការមិត​ពត់​របស់អ្នក ដូចជា​ការមិនពត់​នៃសត្វសីហៈ បពិត្រមិគរាជ ខ្ញុំសូម​ថ្វាយបង្គំ​អ្នក ធ្វើម្ដេច​យើងនឹង​បាននូវសាច់​តិចតួច។

[៤៨៥] (ចចក ពោលថា) កុលបុត្រចេះសរសើរ​នូវកុលបុត្រ​ដូចគ្នា ម្នាល​ក្អែក​មានផ្នួតក​ដូចជា​ក្ងោក អ្នកចូរ​ចុះអំពី​ដើមល្ហុង​នេះមក។

[៤៨៦] (រុក្ខទេវតា ពោលថា) ចចកជាសត្វថោកទាប​ជាងម្រឹគ​ទាំងឡាយ ឯក្អែក​ជាសត្វ​ថោកទាប ជាងបក្សី​ទាំងឡាយ​ដែរ ដើមល្ហុង​ជាឈើថោកទាប​ជាងឈើ​ទាំងឡាយ ពួក​ថោកទាប​ទាំង ៣ មកជួបប្រទះគ្នា។

ចប់ អន្តជាតក ទី៥។

សមុទ្ទជាតក ទី៦

(២៩៦. សមុទ្ទជាតកំ (៣-៥-៦))

[៤៨៧] (សមុទ្ទទេវតា ពោលថា) អ្នកណានេះហ្ន៎ ស្ទុះទៅមក ដោយ​ជុំវិញ ក្នុង​សមុទ្រ​មានទឹកប្រៃ ហាមឃាត់​នូវពួកត្រី និងពួក​មករ លំបាក​ក្នុងរលកទឹក។

[៤៨៨] (ក្អែកសមុទ្រ ពោលថា) ខ្ញុំជាសត្វស្លាប ជាសត្វផឹក​ទឹកមិនមាន​ទីបំផុត ល្បីល្បាញ​ទៅគ្រប់ទិស ថាជា​សត្វមិន​ចេះឆ្អែត ប្រាថ្នាដើម្បី​ផឹកនូវ​ទឹកសមុទ្រ គឺ​សាគរ ដែលជា​ម្ចាស់នៃទន្លេ។

[៤៨៩] (សមុទ្ទទេវតា ពោលថា) សមុទ្ទធំនោះ ជួនកាល ក៏នាចទៅ ជួនកាល​ក៏ជោរ​ឡើង ទីបំផុតនៃ​ទឹកសមុទ្ទនោះ​ដែលសកល​លោក​ផឹកហើយ មិនប្រាកដ​ទេ ឮថា​សាគរ អ្នកណា​មួយ ក៏មិនអាច​ផឹកទឹក​ឲ្យអស់​បានឡើយ។

ចប់ សមុទ្ទជាតក ទី៦។

កាមវិលាបជាតក ទី៧

(២៩៧. កាមវិលាបជាតកំ (៣-៥-៧))

[៤៩០] (បុរសម្នាក់ ពោលថា) ម្នាលសត្វស្លាប អ្នកទៅ​ក្នុងទីខ្ពស់ ទៅដោយ​ស្លាប​បាន ទៅតាម​អាកាសបាន សូមអ្នក​ប្រាប់ (ប្រពន្ធខ្ញុំ) ដែលមាន​ភ្លៅស្រលួតដូច​ដើមចេក ប្រពន្ធ​របស់ខ្ញុំនោះ នឹងរលឹក​ខ្ញុំអស់កាល​យូរ។

[៤៩១] ប្រពន្ធខ្ញុំនោះ មិនដឹងនូវដាវ និងលំពែងនេះឯង ដែលគេ​ដោត​ចុះហើយ វាជា​ស្រីឆ្នាស តែងធ្វើនូវ​សេចក្ដីក្រោធ ការក្រោធ​របស់វានោះ រមែងក្ដៅ​ក្រហាយ​ដល់ខ្ញុំ (ឯដាវ និងលំពែង​ដែលគេដោត) ក្នុងទីនេះ មិនមែន​ក្ដៅក្រហាយ​ដល់ខ្ញុំទេ។

[៤៩២] ច្បូកដូចជាផ្កាឧប្បល និងក្រោះនោះ ចិញ្ចៀនមាស សំពត់មាន​សាច់ដ៏ទន់ ដែលជន​នាំមកអំពី​ដែនកាសី ខ្ញុំដាក់​លើក្បាល​ដំណេក (ប្រពន្ធខ្ញុំ) ជាស្រី​ត្រូវការ​នឹងទ្រព្យ ចូរយក​ចិញ្ចឹម​ជីវិតឲ្យស្កប់​ស្កល់ចុះ។

ចប់ កាមវិលាបជាតក ទី៧។

ឧទុម្ពរជាតក ទី៨

(២៩៨. ឧទុម្ពរជាតកំ (៣-៥-៨))

[៤៩៣] (ស្វាធំ ពោលថា) ពួកដើមល្វាផង ដើមជ្រៃផង ដើមខ្វិត​ផង ទាំង​នេះឯង សុទ្ធតែ​មានផ្លែទុំ អ្នកចូរមក ហើយចេញទៅ​បរិភោគ (នូវ​ផ្លែឈើ​ទាំងនោះ) អ្នកស្លាប់​ដោយ​សេចក្ដីឃ្លាន​ដូចម្ដេចកើត។

[៤៩៤] (ស្វាតូច ពោលថា) បុគ្គលណា គោរពកោតក្រែង​ចាស់ព្រឹទ្ធាចារ្យ បុគ្គល​នោះ បានឈ្មោះថា ឆ្អែតស្កប់ស្កល់​ហើយយ៉ាងនេះ ដូចជា​ក្នុងថ្ងៃនេះ ខ្ញុំបាន​បរិភោគ​ផ្លែឈើទុំ​ឆ្អែតស្កប់ស្កល់​ហើយ។

[៤៩៥] (ស្វាធំ ពោលថា) ស្វាដែលកើត​ក្នុងព្រៃ គប្បី​បញ្ឆោត​នូវស្វា​ដែល​កើតក្នុង​ព្រៃដូចគ្នា ព្រោះ​ហេតុណា ហេតុនោះ ស្វាដែលនៅក្មេង (ដូចជាអ្នក) មិនគប្បី​ជឿបានទេ ស្វាចាស់​គ្រាំគ្រា (ដូចយើង) ក៏មិនគប្បី​ជឿបានដែរ។

ចប់ ឧទុម្ភរជាតក ទី៨។

កោមារិយបុត្តជាតក ទី៩

(២៩៩. កោមារបុត្តជាតកំ (៣-៥-៩))

[៤៩៦] (ពួកតាបស ពោលថា) មា្នលស្វា កាលពីដើម អ្នកឯង​លោត​លេងជិត​អាស្រម​ ក្នុងសំណាក់​នៃយើងអ្នក​មានសីល អ្នកចូរធ្វើ (នូវអាការ​ទាំងឡាយ មានញាក់​មុខ​ជាដើម) ដែលជា​ល្បែង​របស់ស្វា យើងមិន​ត្រេកអរ​នឹងសីលវ័ត​នោះទេ។

[៤៩៧] (ស្វា ពោលថា) សេចក្តីបរិសុទ្ធិដ៏ក្រៃលែង​របស់តាបស​ឈ្មោះ​កោមារិយបុត្ត ជាពហូសូត ខ្ញុំបាន​ឮហើយ ឥឡូវនេះ លោកកុំ​សំគាល់​ខ្ញុំដូចមុន​ឡើយ នែអាវុសោ (ឥឡូវនេះ) ពួកយើង​ជាអ្នក​ប្រកប​ក្នុងឈាន។

[៤៩៨] (តាបស ពោលថា) ប្រសិនបើ បុគ្គលគប្បី​ព្រោះ​នូវពូជលើថ្ម ទោះភ្លៀង​បង្អុរ​ចុះក៏ដោយ ឯពូជនោះ​ មិនគប្បី​លូតលាស់​បានឡើយ សេចក្ដី​បរិសុទ្ធិ​ដ៏ក្រៃលែង នោះអ្នក​បានឮហើយ នែស្វា អ្នកឆ្ងាយ​អំពីឈានភូម៌​ណាស់។

ចប់ កោមារិយបុត្តជាតក ទី៩។

ពកជាតក ទី១០

(៣០០. វកជាតកំ (៣-៥-១០))

[៤៩៩] (ព្រះសុគត ទ្រង់ត្រាស់ថា) កុកកាលរស់នៅ មានសាច់ និង​ឈាម​ជា​ភោជន ព្រោះសម្លាប់​តែសត្វដទៃ (ហើយអួតថា) សមាទាន​នូវវត្ត ​រក្សាឧបោសថ។

[៥០០] សក្កទេវរាជ បានដឹងច្បាស់នូវវត្ត​របស់កុកនោះ ហើយចូលមក​ដោយ (ក្លែងខ្លួន) ជារូបពពែ កុក​មានតបៈ​ទៅប្រាស​ហើយ ជាសត្វផឹក​នូវឈាម (នៃសត្វដទៃ) បានស្ទុះ​ចូលទៅ (ដើម្បី​ចឹកពពែស៊ី) ហើយក៏ទំលាយ​បង់នូវតបៈ ដែលខ្លួន​សមាទាន​ហើយ។

[៥០១] បុគ្គលពួកខ្លះ​ក្នុងលោកនេះ ជាអ្នកមាន​កំឡាំថយ ក្នុងការ​សមាទាន ឈ្មោះថា ធ្វើខ្លួនឲ្យរហ័ស ដូចជាកុក (ដែលទំលាយ​នូវតបៈរបស់ខ្លួន) ព្រោះហេតុ​តែពពែ ក៏យ៉ាង​នោះឯង។

ចប់ ពកជាតក ទី១០។

ចប់ កុម្ភវគ្គ ទី៥។

ឧទ្ទាននៃកុម្ភវគ្គនោះគឺ

និយាយអំពីឆ្នំាងដ៏ប្រសើរ ១ ស្ដេចក្អែកឈ្មោះ​សុបត្តៈ ១ រូបកាយ​ដែល​សន្មត​ថាស្អាត ១ ក្អែកមាន​សំឡេង​ក្រឡៅ ១ ចចក​មានកដូច​ឧសភៈ ១ សមុទ្រជាម្ចាស់​នៃទន្លេ ១ ប្រពន្ធឆ្នាស ១ ស្វាចាស់ ១ ល្បែង​របស់ស្វា ១ កុក ១ ត្រូវជា ១០។

ឧទ្ទាននៃវគ្គគឺ

និយាយអំពីសង្កប្បវគ្គ ១ បទុមវគ្គ ១ ឧទបានវគ្គ ជាគំរប់​បី ១ អព្ភន្តរវគ្គ ១ កុម្ភវគ្គ ១ (ទាំងអស់នេះ) រួមបញ្ចូល​ក្នុងតិកនិបាត។

ចប់ តិកនិបាត។

ចតុក្កនិបាតជាតក

(៤. ចតុក្កនិបាតោ)

កាលិង្គវគ្គ ទី១

(១. កាលិង្គវគ្គោ)

ចុល្លកាលិង្គជាតក ទី១

(៣០១. ចូឡកាលិង្គជាតកំ (៤-១-១))

[៥០២] (នន្ទសេនាមាត្យ ពោលថា) អ្នកទាំងឡាយ ចូរបើកទ្វារ ថ្វាយ​ព្រះរាជធីតា​ទាំង ៤ ព្រះអង្គនេះ ដើម្បីស្ដេច​ចូលទៅ​ខាងក្នុង​ព្រះនគរ ដែលខ្ញុំជា​អាមាត្យ​ឈ្មោះ​នន្ទិសេន ជាបុរស​សីហៈរបស់​ព្រះបាទអរុណ ដែលអាចារ្យ​ប្រៀនប្រដៅ​ល្អ រក្សាល្អ​ហើយ។

[៥០៣] (ព្រះបាទកាលិង្គៈ ពោលថា) ម្នាលព្រហ្មចារិតាបស អ្នក​ពោល​យ៉ាង​នេះថា ជំនះ​នឹងមាន​ដល់ពួក​កាលិង្គៈ ដែលជា​អ្នកអត់ធន់​ចំពោះ​ទុក្ខភ័យ ដែល​គេអត់ធន់​មិនបាន បរាជ័យ​នឹងមាន​ដល់ពួក​អស្សកៈ​ដូច្នេះ ជនទាំងឡាយ អ្នកមាន​សន្ដាន​ស្លូតត្រង់ មិនពោល​នូវពាក្យ​មិនពិត​ឡើយ។

[៥០៤] (តាបសពោធិសត្វ ពោលថា) បពិត្រសក្កទេវរាជ ពួកទេវតា​ប្រព្រឹត្ត​កន្លង​ហើយ​នូវមុសាវាទ ព្រះអង្គ​គួរធ្វើ​នូវពាក្យពិត​ដ៏ទៀងទាត់​យ៉ាងក្រៃលែង បពិត្រ​មឃវទេវរាជ ជាធំ​លើផែនដី ម្យ៉ាងទៀត ព្រះអង្គ​អាស្រ័យហេតុអ្វី ទើបពោល​នូវពាក្យ​មុសាវាទ​នោះ។

[៥០៥] (ព្រះឥន្ទ្រ ពោលថា) បពិត្រព្រាហ្មណ៍ ក្រែងលោកបានឮ​ពាក្យគេ​និយាយ​ថា ពពួកទេវតា​មិនច្រណែន​ចំពោះសេចក្ដី​ព្យាយាម​របស់បុរស​ទេ ការទូន្មាន​ខ្លួន ១ ការតម្កល់មាំ មិនបែកចិត្ត ១ ការមិន​បន្ធូរបន្ថយ ការប្រឹងប្រែង​ក្នុងការគួរ ១ ព្យាយាម​ដ៏មាំ ១ ការសង្វាត​របស់បុរស ១ (មានដល់​ពួកអស្សកៈ) ហេតុនោះ​ បានជា​ជ័យជំនះ​មានហើយ ដល់ពួក​អស្សកៈ។

ចប់ ចុល្លកាលិង្គជាតក ទី១។

មហាអស្សារោហជាតក ទី២

(៣០២. មហាអស្សារោហជាតកំ (៤-១-២))

[៥០៦] (ព្រះរាជាពោធិសត្វ ត្រាស់ថា) បុគ្គលណា កាលឲ្យចំពោះ​ជនទាំង​ឡាយ​ដែលមិន​ដែលឲ្យ (ដល់ខ្លួន) មិនឲ្យ​ចំពោះ​ជនទាំងឡាយ​ដែលធ្លាប់​ឲ្យ បុគ្គលនោះ បានដល់​នូវសេចក្ដី​វិនាស មិនបាន​នូវមិត្រសំឡាញ់ ក្នុងគ្រា​មានសេចក្ដី​អន្តរាយ​ទាំងឡាយ។

[៥០៧] បុគ្គលណា មិនឲ្យទានចំពោះ​ជនទាំងឡាយ ដែលមិន​ដែលឲ្យ បានឲ្យ​ចំពោះ​ជនទាំងឡាយ​ដែលឲ្យ បុគ្គលនោះ ក៏ដល់នូវ​សេចក្ដីវិនាស មិនបាន​នូវសំឡាញ់ ក្នុងកាល​មានសេចក្ដី​អន្តរាយ​ទាំងឡាយ។

[៥០៨] ការសំដែងនូវសេចក្ដីស្និទ្ធស្នាល និងការ​បរិភោគរួម ឲ្យវិសេស​ក្នុងពួក​ជនអ្នក​មានធម៌​មិនប្រសើរ ជាអ្នក​អួតអាង ក៏រមែង​វិនាស ម្យ៉ាងទៀត សូម្បី​ទាន​បន្តិចបន្តួច ដែលបុគ្គល​ធ្វើហើយ ចំពោះ​ពួកព្រះអរិយៈផង ចំពោះ​ពួក​បុគ្គល​អ្នកមាន​ចិត្តស្លូត​ត្រង់ផង ជាទានមាន​ផលច្រើន។

[៥០៩] បុគ្គលណា បានធ្វើឧបការៈដ៏ល្អទុកហើយ ក្នុងកាលមុន បុគ្គល​នេះ ឈ្មោះថា បានធ្វើអំពើ​ដែលគេធ្វើបាន​ដោយ​ក្រក្រៃពេក​ក្នុងលោក លុះដល់​កាល​ជា​ខាងក្រោយ បុគ្គល​នោះ ធ្វើ (គុណនីមួយ​ដទៃទៀតក្ដី) មិនធ្វើក្ដី ក៏ឈ្មោះថា​ជាបុគ្គល​គួរដល់កិរិយា​បូជាដោយពិត។

ចប់ មហាអស្សារោហជាតក ទី២។

ឯករាជជាតក ទី៣

(៣០៣. ឯករាជជាតកំ (៤-១-៣))

[៥១០] (ព្រះបាទទុព្ភិសេន ទ្រង់ត្រាស់ថា) បពិត្រព្រះអង្គ ជាឯករាជ កាលពីដើម ព្រះអង្គ​នៅសោយ​កាមគុណ​ទាំងឡាយ ជារបស់​ស្ដុកស្ដម្ភ រកអ្វី​ប្រសើរជាង​គ្មាន ឥឡូវនេះ ព្រះអង្គនោះ គេបោះទៅ​ក្នុងរណ្ដៅ​ក្រហេង​ក្រហូងហើយ នៅតែ​មិនលះបង់​នូវពណ៌​សម្បុរ និងកម្លាំងពីដើម។

[៥១១] (ព្រះបាទពារាណសី ពោលថា) បពិត្រព្រះបាទទុព្ភិសេន សេចក្ដីអត់ធន់ក្ដី សេចក្ដី​ប្រព្រឹត្តិតបៈក្ដី ខ្ញុំមានបំណង​ទុកហើយ​ពីមុន បពិត្រ​មហារាជ ឥឡូវនេះ ខ្ញុំបាន​សម្រេច​នូវសេចក្ដី​ប្រាថ្នានោះ​ហើយ តើគប្បីលះបង់​នូវពណ៌សម្បុរ និងកំឡាំង​ពីដើម​ដូចម្ដេចកើត។

[៥១២] (ទាន សីល ឧបោសថកម្ម) ទាំងអស់របស់ខ្ញុំ សម្រេចហើយ បពិត្រ​ព្រះអង្គ​មានយស មានប្រាជ្ញា​រកនរណា​គ្របសង្កត់​មិនកើត ខ្ញុំបាន​យសដ៏ធំ ជាយស​ដែលខ្ញុំ​មិនធ្លាប់​បានក្នុង​កាលពី​ដើមហើយ ទើបខ្ញុំ​មិនលះបង់​ពណ៌សម្បុរ និង​កម្លាំង​ពីដើម។

[៥១៣] បពិត្រព្រះជនិន្ទ្រ ពួកសប្បុរស បន្ទោបង់​នូវរជ្ជសុខ​ដោយទុក្ខ បន្ទោបង់​នូវ​សេចក្ដី​ទុក្ខ ដែលបុគ្គល​គ្របសង្កត់​មិនបាននោះ ដោយសារ​ឈានសុខ ជាអ្នក​មានចិត្ត​ត្រជាក់ ស្មើក្នុង​សេចក្ដី​សុខ និង​ទុក្ខទាំង ២ យ៉ាង។

ចប់ ឯករាជជាតក ទី៣។

ទទ្ទរជាតក ទី៤

(៣០៤. ទទ្ទរជាតកំ (៤-១-៤))

[៥១៤] (នាគឈ្មោះចុល្លទទ្ទរៈ ពោលថា) បពិត្រមហាទទ្ទរៈ ពាក្យ​អាក្រក់​ទាំង​ឡាយ​នេះ ក្នុងមនុស្សលោក ធ្វើខ្ញុំឲ្យ​ក្ដៅក្រហាយ ឯពួកក្មេង​ទាំងឡាយនេះ មិនមាន​ពិសសោះ ប៉ុន្តែហ៊ាន​ជេរខ្ញុំ​ដែលមានពិស ថាជាអ្នក​ស៊ីកង្កែប​ផង នៅក្នុង​ទឹកផង។

[៥១៥] (នាគឈ្មោះមហាទទ្ទរៈ និយាយតបទៅវិញថា) បុគ្គលដែល​គេបំបរបង់​ចេញ​ចាកដែន​របស់ខ្លួន​ហើយ ទៅកាន់​ជនបទ​ឯទៀត ត្រូវធ្វើ​ជង្រុកឲ្យធំ ដើម្បី​ដាក់នូវ​ពាក្យអាក្រក់​ទាំងឡាយ​ចុះ។

[៥១៦] ពួកជនមិនដឹងនូវបុរស​ដោយជាតិ ឬដោយវិន័យ គឺគុណសម្បត្តិ​ក្នុង​ទីណា បុគ្គលកាល​នៅក្នុង​សំណាក់​នៃពួកជន​ដែលខ្លួន​មិនស្គាល់ មិនត្រូវធ្វើ​សេចក្ដី​ប្រកាន់​ក្នុងទីនោះ​ឡើយ។

[៥១៧] បុគ្គលប្រកបដោយប្រាជ្ញា (សូម្បីមាន​អានុភាព) ស្មើដោយ​ភ្លើង កាល​នៅ​ក្នុង​ប្រទេសដទៃ ត្រូវតែ​អត់សង្កត់​ពាក្យ ទោះបី​មនុស្ស​ជាខ្ញុំគេ គម្រាម​ក៏ដោយ។

ចប់ ទទ្ទរជាតក ទី៤។

សីលវីមំសជាតក ទី៥

(៣០៥. សីលវីមំសនជាតកំ (៤-១-៥))

[៥១៨] (មាណពពោធិសត្វ ពោលថា) ធម្មតាសេចក្ដីស្ងាត់កំបាំង របស់​បុគ្គល​អ្នក​ធ្វើអំពើ​អាក្រក់ មិនមាន​ក្នុងលោកទេ ពួកភូត​ដែល​នៅក្នុងព្រៃ គង់គេឃើញ​បាន បុគ្គល​ពាល រមែង​សំគាល់​នូវ​អំពើអាក្រក់​ដែលធ្វើ​នោះថា ស្ងាត់​កំបាំង។

[៥១៩] ខ្ញុំមិនឃើញថា ស្ងាត់កំបាំងទេ ឬទីដែល​សូន្យ (ចាកសត្វ) ក៏​មិនមាន ខ្ញុំមិន​ឃើញថា សូន្យ ក្នុងទីណា ទីនោះ​ក៏មិនសូន្យ​អំពីខ្ញុំទេ។

[៥២០] (ព្រះសាស្ដា ត្រាស់ថា) ពួកមាណព គឺ ទុជ្ជច្ចៈ ១ សុជច្ចៈ ១ នន្ទៈ ១ សុខវច្ឆនៈ ១ វជ្ឈៈ ១ អធុវសីលៈ ១ (ជាដើម) នោះ ជាអ្នកត្រូវការ (ដោយស្រ្តី) ក៏​សាបសូន្យ​ចាកសភាវៈ (ការ​បាននូវស្ត្រី)។

[៥២១] ចំណែកព្រាហ្មណ៍ណា ដែលមានប្រាជ្ញា មានព្យាយាម​ក្នុងសច្ចៈ បាន​រក្សានូវ​ធម៌ទុក ព្រាហ្មណ៍នោះ ជាអ្នកដល់​នូវត្រើយ​នៃធម៌ទាំងពួង តើគប្បី​សាបសូន្យ (ចាក​ការបាន​នូវស្ត្រី) ដូចម្ដេច​កើត។

ចប់ សីលវីមំសជាតក ទី៥។

សុជាតាជាតក ទី៦

(៣០៦. សុជាតជាតកំ (៤-១-៦))

[៥២២] (នាងសុជាតាទេវី សួរថា) បពិត្រព្រះទេវៈ នេះផ្លែអ្វី មូលរលីង មានពណ៌​ក្រហម ដូចជាឈាម ដែលដាក់ក្នុង​ភាជន៍មាស ខ្ញុំម្ចាស់​សួរហើយ សូមព្រះអង្គ​ប្រាប់ឲ្យ​ទាន។

[៥២៣] (ព្រះបាទពារាណសី ទ្រង់ត្រាស់ថា) ម្នាលទេវី ក្នុងកាល​មុន នាងមាន​ក្បាលរលីង ស្លៀកកំណាត់​សំពត់ចាស់ មានដៃ​ក្នុងថ្នក់ ហើយបេះ​នូវផ្លែឈើ​ទាំងឡាយ​ណា (នេះ) គឺ​ផ្លែពុទ្រា របស់នាង​នោះហើយ។

[៥២៤] ស្ត្រីថោកទាប រមែងក្ដៅក្រហាយ មិនត្រេកអរ (ក្នុងរាជ​ត្រកូល) ភោគៈ​របស់​ស្ដេចទាំង​ឡាយ រមែងលះបង់​នូវស្ត្រីឥត​បុណ្យនោះ ស្ត្រីថោកទាប បេះនូវ​ផ្លែពុទ្រា​ក្នុងទីណា អ្នក​ទាំងឡាយ ចូរនាំស្ត្រី​នោះទៅ​ ក្នុងទីនោះចុះ។

[៥២៥] (អាមាត្យពោធិសត្វ ទូលថា) បពិត្រមហារាជ ទោសខុស ព្រោះ​សេចក្ដី​ប្រមាទ​ទាំងនេះ រមែងមក​ដល់នាង​នារី ដែល​ដល់នូវ​យសសក្តិ បពិត្រ​ព្រះទេវៈ សូមព្រះអង្គ​អត់ទោស​ដល់ព្រះនាង​សុជាតាទេវី បពិត្រ​ព្រះអង្គ​ប្រសើរ​ក្នុងរថ សូម​ព្រះអង្គ​កុំទ្រង់​ព្រះពិរោធ ចំពោះព្រះនាង​សុជាតាទេវី​នេះឡើយ។

ចប់ សុជាតាជាតក ទី៦។

បលាសជាតក ទី៧

(៣០៧. បលាសជាតកំ (៤-១-៧))

[៥២៦] (រុក្ខទេវតាពោធិសត្វ ពោលថា ) ម្នាលព្រាហ្មណ៍ អ្នកដឹង​ថាដើមចារនេះ ជាឈើ​ឥតចេតនា ឥតចេះ​ស្ដាប់ ឥតដឹងអ្វីទេ ជាអ្នកប្រារព្ធ​ព្យាយាម មិនប្រហែស​ធ្វេស​ជានិច្ច ហេតុអ្វី ក៏សួររក​ការដេកជាសុខ (របស់​ដើមឈើ)។

[៥២៧] (ព្រាហ្មណ៍ ពោលថា) ដើមឈើ ប្រាកដ​ក្នុងទីដ៏ឆ្ងាយ​ផង ធំផង ដុះនៅ​ក្នុងទី (ទួល) មាន​សភាពជា​ទីនៅរបស់ភូត ហេតុនោះ បានជា​ខ្ញុំថ្វាយបង្គំ​ដើមចារនេះ ពួក​ភូតណា នៅអាស្រ័យ​លើដើមឈើ​នេះ (ខ្ញុំថ្វាយបង្គំ) ពួកភូតនោះ ព្រោះ​ហេតុតែ​ទ្រព្យ។

[៥២៨] (រុក្ខទេវតា ពោលថា) ម្នាលព្រាហ្មណ៍ ខ្ញុំនោះឯង កាល​សម្លឹង​ឃើញនូវ​ការដឹងគុណ ដែល​អ្នកធ្វើហើយ ខ្ញុំនឹង​ធ្វើនូវការ​តបគុណ​ដល់អ្នក តាមសមគួរ​ដល់​អានុភាព ការដែល​អ្នកមក​ខ្វល់ខ្វាយ ក្នុងសំណាក់​សប្បុរស និងជា​របស់​សោះសូន្យ​ដូចម្ដេច​កើត។

[៥២៩] ដើមលៀបណា ដុះនៅខាង​មុខដើម​ទន្លាប់ យ័ញ្ញ​ដែលគេធ្វើ​ហើយ​ក្នុងកាល​មុនច្រើន ជាកំណប់​ដែលគេកប់​ព័ទ្ធជុំ​វិញក្បែរ​គល់លៀប​នោះឯង ជាកំណប់​មិនមាន​អ្នកទទួល អ្នកចូរទៅ​គាស់យក​កំណប់​ទ្រព្យនោះចុះ។

ចប់ បលាសជាតក ទី៧។

ជវសកុណជាតក ទី៨

(៣០៨. សកុណជាតកំ (៤-១-៨))

[៥៣០] (សត្វសសេះ ពោលថា) កម្លាំងណារបស់​យើង មាន​ហើយ យើងធ្វើ​កិច្ចដល់អ្នក​តាមកម្លាំង​នោះ បពិត្រ​មិគរាជ ខ្ញុំសូម​ក្រាបថ្វាយ​បង្គំអ្នក យើង​ត្រូវបាន​សាច់បន្តិច​បន្តួចខ្លះ។

[៥៣១] (រាជសីហ៍ ឆ្លើយតបថា) អ្នកឯងចូរ​ទៅតាមចន្លោះ​នៃធ្មេញ​របស់ខ្ញុំ ដែលជា​អ្នកស៊ី (សាច់) និងឈាម ធ្វើនូវ​អំពើអាក្រក់​ទាំងឡាយ​ជានិច្ច រស់នៅ​ដោយ​សាច់ណា សាច់នោះ​មានច្រើន។

[៥៣២] (សសេះឆ្លើយតបថា) សេចក្ដីដឹងគុណ​ដែលគេធ្វើ​ហើយ មិនមាន​ក្នុង​បុគ្គល​ណា ការសេពគប់​នឹងបុគ្គល​អ្នកមិនដឹង​គុណដែល​គេធ្វើហើយ មិនធ្វើ (គុណ​នឹងអ្នកណា) មិន​តបស្នងសងគុណ ដល់អ្នក​ដែលធ្វើ​គុណហើយ​ដល់ខ្លួននោះ ជាការ​ឥតប្រយោជន៍។

[៥៣៣] បណ្ឌិត មិនបានមិត្តធម៌ ដោយសារគុណ​ដែលខ្លួន​សន្សំហើយ ក្នុង​ទីចំពោះ​មុខ​បុគ្គលណា បណ្ឌិត​មិនត្រូវ​ឫស្យា មិនត្រូវជេរ ត្រូវតែ​គេចចេញ​ចាកបុគ្គល​នោះ ដោយ​សន្សឹម ៗ។

ចប់ ជវសកុណជាតក ទី៨។

ឆវជាតក ទី៩

(៣០៩. ឆវកជាតកំ (៤-១-៩))

[៥៣៤] (ពោធិសត្វ ក្រាបទូលព្រះបាទពារាណសីថា) កិច្ចដែល​យើងទាំងបីនាក់ ធ្វើហើយ ទាំងអស់នេះ ជាកិច្ចលាមក បុគ្គល​ណា (អង្គុយក្នុងទីទាប) បង្ហាញមន្ត ១ បុគ្គលណា (អង្គុយ​ក្នុងទីខ្ពស់) រៀននូវមន្ត ១ បុគ្គលទាំង​ពីរនាក់ (នោះ) មិនឃើញ​នូវ​បោរាណធម៌ផង បុគ្គលទាំង​ពីរនាក់ (នោះ) ឃ្លាតចាក​ប្រក្រតីផង។

[៥៣៥] (ព្រាហ្មណ៍បុរោហិត ឆ្លើយតបថា) ខ្ញុំបរិភោគ​បាយស្រូវសាលី​ស្អាត (របស់​ស្ដេចនេះ) លាយ​ដោយសាច់ ហេតុនោះ បានជា​ខ្ញុំមិនសេពគប់​នូវធម៌ ដែល​ពួកឥសី​សេពគប់​ហើយនោះទេ។

[៥៣៦] (ពោធិសត្វ ពោលថា ) អ្នកចូរជៀសចេញ​ពីទីនេះទៅ លោក​នេះក៏ធំទូលាយ ពួកសត្វ​ឯទៀត តែងស្លដណ្តាំ​ដែរ អ្នកកុំ​ប្រព្រឹត្តអធម៌ ដូចជាថ្ម​ដែលបំបែក​នូវឆ្នាំងឡើយ។

[៥៣៧] ម្នាលព្រាហ្មណ៍ យើងសូមតិះដៀល​នូវការ​បានយស និងការបាន​ទ្រព្យ ព្រោះការ​ប្រព្រឹត្តិ​បំផ្លាញ​ខ្លួន ឬដោយ​កិរិយា​ប្រព្រឹត្តិ​អធម៌។

ចប់ ឆវជាតក ទី៩។

សយ្ហជាតក ទី១០

(៣១០. សេយ្យជាតកំ (៤-១-១០))

[៥៣៨] (តាបសពោធិសត្វ ពោលថា) បុគ្គលមិនគប្បី​ប្រាថ្នានូវផែនដី ដែល​មានសណ្ឋាន​ដូចកុណ្ឌល ក្នុងកណ្ដាល​សាគរ មានសមុទ្រ​ព័ទ្ធជុំវិញ មួយអន្លើ​ដោយពាក្យ​និន្ទាឡើយ ម្នាល​សយ្ហាមាត្យ ចូរអ្នកដឹង​យ៉ាងនេះចុះ។

[៥៣៩] ម្នាលព្រាហ្មណ៍ យើងសូមតិះដៀល​ការបានយស និង​ការបាន​ទ្រព្យ ព្រោះការ​ប្រព្រឹត្តិ​បំផ្លាញខ្លួន ឬដោយការ​ប្រព្រឹត្តិអធម៌។

[៥៤០] សូវអាត្មា ជាអ្នកមិនមាន​ផ្ទះសម្បែង​ប្រព្រឹត្តិកាន់បាត្រ (សូមគេ) ការចិញ្ចឹម​ជីវិតនោះ​ឯង ប្រសើរជា​ជាងការ​ស្វែងរក មិនប្រកប​ដោយធម៌។

[៥៤១] សូវអាត្មាជាអ្នកមិនមាន​ផ្ទះសំម្បែង ប្រព្រឹត្ត​កាន់បាត្រ មិនបៀត​បៀននូវ​សត្វដទៃ​ក្នុងលោក ការប្រព្រឹត្តិនោះ ប្រសើរ​ជាជាង​រាជសម្បត្តិ​ទៅទៀត។

ចប់ សយ្ហជាតក ទី១០។

ចប់ កាលិង្គវគ្គ ទី១។

ឧទ្ទាននៃកាលិង្គវគ្គនោះគឺ

និយាយអំពីការបើកទ្វារ ​១ ជនមិនឲ្យ ១ កាមគុណ​ដ៏មំាមួន ១ នាគឈ្មោះ​ទទ្ទរៈ ១ អំពើបាប​មិនមានស្ងាត់​កំបាំង ១ ផ្លែពុទ្រា ១ ដើមចារ ១ ការធ្វើអំពើ​ដ៏ប្រសើរ ១ អំពើ​លាមក ១ ផែនដីមាន​សមុទ្រ​ព័ទ្ធជុំវិញ ១ ត្រូវជា ១០។

បុចិមន្ទវគ្គ ទី២

(២. បុចិមន្ទវគ្គោ)

បុចិមន្ទជាតក ទី១

(៣១១. បុចិមន្ទជាតកំ (៤-២-១))

[៥៤២] (និម្ពរុក្ខទេវតា ពោលថា) ម្នាលចោរ អ្នកចូរក្រោកឡើង អ្នក​ដេកធ្វើអ្វី ប្រយោជន៍អ្វី​ដោយការដេកលក់​របស់អ្នក កុំឲ្យរាជ​បុរស​ទាំងឡាយ ចាប់អ្នក​ដែលធ្វើ​កម្មអាក្រក់​ក្នុងស្រុក​ឡើយ។

[៥៤៣] (អស្សត្ថទេវតា និយាយថា) រាជបុរស​ទាំងឡាយ​នឹងចាប់តែ​ចោរ​ដែល​ធ្វើកម្ម​អាក្រក់​ក្នុងស្រុក​ទេតើ ប្រយោជន៍អ្វី​ដល់​បុចិមន្ទ​ទេវតា ដែលឋិត​នៅក្នុងព្រៃនោះ។

[៥៤៤] (បុចិមន្ទទេវតា ពោលថា) ម្នាលអស្សត្ថទេវតា អ្នកមិន​ដឹងនូវ​ទោសនៃខ្ញុំផង នៃចោរ​ផង ពួករាជបុរស​ចាប់បានចោរ អ្នកធ្វើ​អំពើអាក្រក់​ក្នុងស្រុក ហើយ​ដោតចោរ​នោះ​ដោយមែក​ស្ដៅស្រួច ខ្ញុំរង្កៀសចិត្ត​ក្នុងហេតុនោះ។

[៥៤៥] (អស្សត្ថទេវតា ពោលថា) អ្នកប្រាជ្ញគប្បី​រក្សានូវហេតុ​ដែល​គួររង្កៀស គប្បី​រក្សា​នូវភ័យ​ដែលមិនទាន់​មកដល់ អ្នកប្រាជ្ញ​តែងសំឡឹង​មើលនូវលោក​ទាំងពីរ ព្រោះ​អនាគតភ័យ។

ចប់ បុចិមន្ទជាតក ទី១។

កស្សបមន្ទិយជាតក ទី២

(៣១២. កស្សបមន្ទិយជាតកំ (៤-២-២))

[៥៤៦] (តាបសពោធិសត្វ ពោលថា) បពិត្រកស្សបជាបិតា បើក្មេងតូច​ជេរ ឬវាយ ព្រោះ​វាជាក្មេង បណ្ឌិតអ្នក​មានប្រាជ្ញា តែង​អត់សង្កត់​នូវកំហុស​ទាំងអស់នោះ។

[៥៤៧] ប្រសិនបើសប្បុរសទាំងឡាយ ទាស់ទែងគ្នា សប្បុរសរមែងត​បានវិញ​យ៉ាងឆាប់ ឯក្មេងពាល​ទាំងឡយ រមែង​បែកគ្នា​ដូចបាត្រដី ក្មេងពាល​ទាំងនោះ មិនដល់​នូវការ​ស្ងប់រម្ងាប់​ឡើយ។

[៥៤៨] ជនណាដឹងនូវទោស ដែលខ្លួនធ្វើឲ្យកន្លង​ហួសទៅ​ហើយផង ជនណា​ដឹងនូវ​ការសំដែង​នូវទោសផង ជនទាំង​ពីរពួកនោះ (បើទុកជា​បែកគ្នាហើយ) ច្រើន​រួបរួមគ្នា​វិញបាន ការត​មិត្តរបស់​ជនទាំងពីរ​ពួកនោះ មិនរលុប​រលាយឡើយ។

[៥៤៩] ជនណា គួរតនូវមិត្តភាពរបស់ពួកជនដទៃ​ដែល​ទោសគ្រប​សង្កត់ហើយ ដោយ​ខ្លួនឯងបាន ជននោះ​ជាមនុស្ស​ខ្ពង់ខ្ពស់​លើសលុប​ ជាមនុស្ស​នាំទៅនូវ​ភារៈបាន ជាមនុស្ស​ទ្រទ្រង់​នូវធុរៈបាន។

ចប់ កស្សបមន្ទិយជាតក ទី២។

ខន្តិវាទិជាតក ទី៣

(៣១៣. ខន្តីវាទីជាតកំ (៤-២-៣))

[៥៥០] (សេនាបតី ពោលថា) បពិត្រលោកមានព្យាយាមធំ ព្រះរាជា​ណាកាត់​ព្រះហស្ត​ទាំងពីរ​ក្ដី កាត់ព្រះបាទ​ទាំងពីរក្ដី កាត់ត្រចៀក និងច្រមុះក្ដី របស់​លោក សូមលោក​ខ្ញាល់ចំពោះ​បុគ្គល​នោះចុះ សូមលោក​កុំញុំាង​ដែននេះ​ឲ្យវិនាស​ឡើយ។

[៥៥១] (តាបសពោធិសត្វ ពោលថា) ព្រះរាជាណា កាត់ដៃទំាងពីរ​ក្ដី កាត់ជើង​ទាំងពីរ​ក្ដី កាត់ត្រចៀក និង​ច្រមុះក្ដី របស់អាត្មា សូមឲ្យ​ព្រះរាជានោះ ទ្រង់មាន​ព្រះជន្ម​យឺនយូរ ពួកអ្នក​ប្រាជ្ញដូច​យ៉ាងអាត្មា មិនខឹង​ឡើយ។

[៥៥២] (ព្រះសាស្ដា ទ្រង់ត្រាស់ថា) សមណៈ ជាអ្នកសំដែង​នូវខន្តី មានហើយ​ក្នុង​អតីតកាល ព្រះបាទ​កាសី ទ្រង់ត្រាស់​ឲ្យចោរ​ឃាតកបុរស​សម្លាប់​សមណៈ​នោះ អ្នកតាំង​នៅក្នុងខន្តី។

[៥៥៣] ព្រះបាទកាសី តាំងនៅក្នុងនរក សោយនូវផល​នៃកម្មណា ផលនៃ​កម្មអាក្រក់​នោះ ជាផលក្ដៅ​ក្រហាយ។

ចប់ ខន្តិវាទិជាតក ទី៣។

លោហកុម្ភិជាតក ទី៤

(៣១៤. លោហកុម្ភិជាតកំ (៤-២-៤))

[៥៥៤] (សត្វនរកម្នាក់ ពោលថា) ពួកយើងដែល​មិនបានឲ្យ​ទាន បាន​ជាពួក​យើងរស់​នៅ​ដោយត្រដាប​ត្រដួស កាលភោគៈ​ទំាងឡាយ​មាន ពួកយើង​មិនបានធ្វើ​នូវទីពឹង​បម្រុង​ខ្លួនសោះ។

[៥៥៥] (សត្វនរកម្នាក់ទៀត ពោលថា) ពួកយើងដែលឆេះ​ក្នុងនរក គ្រប់ជា ៦០ ០០០ ឆ្នាំ ដោយអាការៈ​ទាំងពួងហើយ កាលណា នឹងមាន​ទីបំផុត (នៃទុក្ខ)។

[៥៥៦] (សត្វនរកម្នាក់ទៀត ពោលថា) ម្នាលអ្នក​ស្មើនឹងខ្ញុំ ទីបំផុត (នៃទុក្ខយើង) មិនមានទេ ទីបំផុត​នឹងមានមក​ពីណា ទីបំផុត​នឹង​មិនប្រាកដ​ទេ ព្រោះថា ខ្ញុំ និងអ្នក បានធ្វើ​បាប​ក្នុងកាលនោះ។

[៥៥៧] (សត្វនរកម្នាក់ទៀត ពោលថា) ខ្ញុំនោះ លុះទៅអំពី​ទីនេះ បាន​កំណើត​ជា​មនុស្ស ចាប់អំពី​ដឹងក្ដីទៅ សូមជា​អ្នកបរិបូណ៌​ដោយសីល ធ្វើកុសល​ឲ្យច្រើន។

ចប់ លោហកុម្ភិជាតក ទី៤។

មំសជាតក ទី៥

(៣១៥. សព្វមំសលាភជាតកំ (៤-២-៥))

[៥៥៨] (ព្រានព្រៃនិយាយនឹងសេដ្ឋីបុត្រ ទី១ ថា) វាចារបស់អ្នក​អាក្រក់​ណាស់ អ្នកជា​អ្នកសុំសាច់ តែវាចាប្រហែល​នឹងវាវ នែសំឡាញ់ យើងនឹងឲ្យ​វាវដល់អ្នក។

[៥៥៩] (ព្រានព្រៃ និយាយនឹងសេដ្ឋីបុត្រ ទី២ ថា) ជនជាបងប្អូន គេទុក​ជា​អវយវៈ​របស់​មនុស្ស​ទាំងឡាយ​ក្នុងលោក វាចា​របស់អ្នក ប្រហែលនឹង​អវយវៈ នែសំឡាញ់ យើងនឹង​ឲ្យសាច់​អវយវៈ​ដល់អ្នក។

[៥៦០] (ព្រានព្រៃ និយាយនឹងសេដ្ឋីបុត្រ ទី៣ ថា) កូនកាលហៅ​បិតាថា ឪពុក ឪពុក ដូច្នេះ រមែងធ្វើបេះដូង​បិតាឲ្យកម្រើក វាចា​របស់អ្នក ប្រហែល​នឹងបេះដូង នែ​សំឡាញ់ យើងនឹងឲ្យ​បេះដូងដល់អ្នក។

[៥៦១] (ព្រានព្រៃ និយាយនឹងសេដ្ឋីបុត្រ ទី៤ ថា) សំឡាញ់​របស់បុរស​ណា មិនមាន​ក្នុងស្រុក លំនៅរបស់​បុរសនោះ ក្នុងស្រុកនោះ​ឯង ដូចព្រៃ វាចា​របស់អ្នក​ប្រហែល​នឹងសម្បត្តិ​ទាំងពួង នែសំឡាញ់ យើនឹងឲ្យ​សាច់ទាំងអស់​ដល់អ្នក។

ចប់ មំសជាតក ទី៥។

សសបណ្ឌិតជាតក ទី៦

(៣១៦. សសបណ្ឌិតជាតកំ (៤-២-៦))

[៥៦២] (ភេ និយាយនឹងឥន្ទព្រាហ្មណ៍ថា) ខ្ញុំមានត្រីឆ្ពិន ៧ ដែលព្រាន​សន្ទូច​ស្រង់ឡើង​ពីទឹក​ដាក់លើគោក ម្នាលព្រាហ្មណ៍ នេះ​របស់ខ្ញុំ អ្នកចូរ​បរិភោគ​របស់នេះ ហើយ (ចំរើនសមណធម៌) នៅក្នុងព្រៃចុះ។

[៥៦៣] (ចចក និយាយនឹងឥន្ទព្រាហ្មណ៍ថា) ភត្តរបស់អ្នក​រក្សាស្រែ​ឯណោះ គឺសាច់ពីរ​ជ្រនួចផង ទន្សង​មួយផង ដបទធិមួយផង ខ្ញុំបាននាំមក​ក្នុងវេលាយប់ ម្នាល​ព្រាហ្មណ៍ នេះរបស់​ខ្ញុំ អ្នកចូរ​បរិភោគ​របស់នេះ ហើយ (ចំរើន​សមណធម៌) នៅក្នុង​ព្រៃចុះ។

[៥៦៤] (ស្វា និយាយនឹងឥន្ទព្រាហ្មណ៍ថា) ផ្លែស្វាយទុំ ទឹកត្រជាក់ ទីមាន​ម្លប់​ត្រជាក់ ជាទី​គាប់ចិត្ត ម្នាលព្រាហ្មណ៍ នេះរបស់ខ្ញុំ អ្នកចូរបរិភោគ​របស់នេះ ហើយ (ចំរើន​សមណធម៌) នៅ​ក្នុងព្រៃចុះ។

[៥៦៥] (ទន្សាយ និយាយនឹងឥន្ទព្រាហ្មណ៍ថា) ទន្សាយ មិនមានល្ង មិនមាន​សណ្ដែក មិនមាន​អង្ករទេ អ្នក​ចូរបរិភោគ​នូវខ្ញុំ ដែលឆ្អិន​ដោយភ្លើង​នេះ ហើយ (ចំរើន​សមណធម៌) នៅក្នុង​ព្រៃចុះ។

ចប់ សសបណ្ឌិតជាតក ទី៦។

មតរោទនជាតក ទី៧

(៣១៧. មតរោទនជាតកំ (៤-២-៧))

[៥៦៦] (សេដ្ឋីពោធិសត្វ ពោលថា) អ្នកទាំងឡាយ យំរកបុគ្គល​ស្លាប់ទៅហើយ ៗ តែម្យ៉ាង បុគ្គលណា បម្រុងស្លាប់ អ្នក​ទាំងឡាយ មិនយំ​រកបុគ្គល​នោះសោះ ពួកសត្វ​ទាំងអស់ ជាអ្នក​ទ្រទ្រង់នូវ​សរីរៈ តែងលះបង់​នូវជីវិត​តាមលំដាប់។

[៥៦៧] ពួកទេវតា មនុស្ស សត្វជើង ៤ ពួកសត្វស្លាប និងពួកពស់ ប្រកប​ដោយ​ភ្នេន មិនជាធំ​ក្នុងសរីរៈឡើយ តែងលះបង់​ជីវិត ទាំងកំពុង​ត្រេកអរ (ក្នុងឋានៈ​ដែលខ្លួន​កើតហើយ)។

[៥៦៨] សុខ និងទុក្ខជាធម្មជាតកម្រើក មិនតំាងនៅ​យ៉ាងនេះ បុគ្គល​គួររមិល​មើល​ក្នុង​ពួកមនុស្ស ការកន្ទក់​កន្ទេញ ការយំសោក ជារបស់​មិនមាន​ប្រយោជន៍ទេ ព្រោះ​ហេតុអ្វី ក៏គំនរ​នៃសេចក្ដី​សោក គ្របសង្កត់​អ្នកទាំងឡាយ។

[៥៦៩] ពួកជនណា ជាអ្នកលេង ជាអ្នកស្រវឹង មិនធ្វើ (សេចក្ដី​ចំរើន) ជា​មនុស្ស​ពាល ក្លៀវក្លា មិនមាន​សេចក្ដី​ព្យាយាម មិនឈ្លាស​ក្នុងធម៌ ពួកជននោះ តែង​សំគាល់​នូវអ្នក​ប្រាជ្ញ (ដែលមិន​យំសោក​ជាដើម) ថាជា​មនុស្ស​ពាលទៅវិញ។

ចប់ មតរោទនជាតក ទី៧។

កណវេរជាតក ទី៨

(៣១៨. កណវេរជាតកំ (៤-២-៨))

[៥៧០] (ពួករបាំ ច្រៀងថា) អ្នកឱបរឹតនាងសាមាណា ដោយដើមដៃ ក្បែរ​គុម្ពច្បារ​ទាំង​ឡាយ មាន​ផ្កាក្រហម ដូចពន្លឺ​ព្រះអាទិត្យ ក្នុង​វសន្តសម័យ (ហើយរត់ទៅ ឥឡូវនេះ) នាង​សាមានោះ​ ប្រាប់មកអ្នក (ថានាង) មិនមាន​រោគទេ។

[៥៧១] (ពោធិសត្វ ពោលថា) នែនាងដ៏ចំរើន បានឮថា ខ្យល់បក់​ផាត់ភ្នំ ដោយ​ហេតុណា ខ្ញុំមិនគប្បី​ជឿ​នូវហេតុ​នោះទេ បើខ្យល់​បក់ផាត់​ភ្នំបាន បក់ផាត់​ផែនដីទាំងមូល ក៏បាន​ដែរ នាង​សាមាណា ស្លាប់បាត់ទៅ​ហើយ អ្នកពោល​ថា នាងសាមានោះ មិនមាន​រោគ (ខ្ញុំមិន​គប្បីជឿទេ)។

[៥៧២] (ពួករបាំ ច្រៀងថា) នាងសាមានោះ មិនស្លាប់ផង នាងមិនចង់​បាន​បុរស​ដទៃផង ឮថា នាងសាមា មានប្ដី​តែមួយ នាងចង់​បានតែប្ដី​នោះឯង។

[៥៧៣] (ព្រះពោធិសត្វ ពោលថា) នាងសាមា ប្ដូរយកខ្ញុំ ដែលមិនឆ្លាប់​ស្និទ្ធស្នាល ដោយប្ដី​ដែល​ស្និទ្ធស្នាល អស់កាលយូរ ប្ដូរយកខ្ញុំ​ជាប្ដី​មិនពិតប្រាកដ ដោយប្ដីពិត​ប្រាកដ នាង​សាមា មុខតែប្ដូរ​យកបុរសដទៃ ដោយខ្ញុំ ខ្ញុំនឹងទៅកាន់​ទីឆ្ងាយ លើស​ពីនេះ​ទៅទៀត។

ចប់ កណវេរជាតក ទី៨។

តិត្តិរជាតក ទី៩

(៣១៩. តិត្តិរជាតកំ (៤-២-៩))

[៥៧៤] (សត្វទទា សួរតាបសពោធិសត្វថា) ខ្ញុំរស់នៅ​ជាសុខសប្បាយ​ណាស់ ទាំង​បាន​បរិភោគ (ដោយស្រួល) តែខ្ញុំឋិត​នៅក្នុង​សេចក្ដី​អន្តរាយ បពិត្រ​លោកដ៏ចំរើន តើគតិ​របស់ខ្ញុំ​ដូចម្ដេច។

[៥៧៥] (ព្រះពោធិសត្វ ពោលថា) ម្នាលចៅបក្សី បើចិត្តរបស់អ្នក​មិនបង្អោន​ទៅរក​អំពើបាបទេ បាបក៏​មិនប្រឡាក់​នូវអ្នកដ៏ចំរើន​ដែលជា​អ្នកមិន​ខ្វល់ខ្វាយ​ឡើយ។

[៥៧៦] (ទទា ពោលថា) សត្វទទាជាច្រើនមក ព្រោះគិតថា ញាតិយើង​ទំនៅ (ត្រង់ទីនោះ) ព្រានប៉ះពាល់​នូវ​បាណាតិបាតកម្ម ព្រោះ​អាស្រ័យខ្ញុំ ចិត្តរបស់ខ្ញុំ ក៏​រង្កៀស​ក្នុងរឿង​នោះ។

[៥៧៧] (ពោធិសត្វ ពោលថា) ព្រានមិនប៉ះពាល់​នូវបាណាតិបាតកម្ម ព្រោះ​អាស្រ័យ​អ្នកទេ បើចិត្តអ្នកមិនប្រទូស្ត បាបមិនប្រឡាក់​នូវអ្នកដ៏ចំរើន ដែលមិន​មានសេចក្ដី​ខ្វល់ខ្វាយ​ឡើយ។

ចប់ តិត្តិរជាតក ទី៩។

សុចជជាតក ទី១០

(៣២០. សុច្ចជជាតកំ (៤-២-១០))

[៥៧៨] (នាងទេវី ពោលថា) ព្រះរាជាកាលមិនប្រទានភ្នំ (សូម្បី) ដោយ​ព្រះវាចា ឈ្មោះថា​មិនលះបង់​នូវរបស់​ដែលគួរ​លះបង់ដោយ​ងាយទេ (ប្រសិន​បើព្រះរាជា​បានប្រទាន​ភ្នំ (សូម្បី) ដោយព្រះវាចា ព្រះរាជានោះ (ដែលខ្ញុំ​សូមហើយ) គង់​លះបង់​វត្ថុខ្លះ។

[៥៧៩] (ព្រះរាជា ត្រាស់ថា) បុគ្គលធ្វើអំពើណា គប្បីនិយាយ​អំពើ​នោះ មិនធ្វើ​អំពើណា មិនគប្បី​និយាយ​អំពើនោះ ពួកបណ្ឌិត​រមែង​កំណត់​ដឹងនូវ​បុគ្គល ដែលមិនធ្វើ (គ្រាន់តែ) និយាយ។

[៥៨០] (ព្រះនាងទេវី ពោលថា) បពិត្រព្រះរាជបុត្រ ខ្ញុំសូមថ្វាយ​បង្គំ​ព្រះអង្គ ដែល​ឋិតនៅក្នុង​វចីសច្ចៈ​ផង ក្នុង​សភាវធម៌​ផង សូម្បី​ដល់នូវ​សេចក្ដី​វិនាស ក៏ព្រះហឫទ័យ របស់​ព្រះអង្គ​នៅតែ​ត្រេកអរ​ក្នុងសច្ចៈ។

[៥៨១] (ព្រះពោធិសត្វ សំដែងគុណរបស់ព្រះនាងទេវីថា) ភរិយាណា របស់ប្ដី​អ្នក​ទ័លក្រ ក៏ជា​ស្រីទ័លក្រ​ដែរ របស់ប្ដី​អ្នកស្ដុកស្ដម្ភ ក៏ជាស្រី​ស្ដុកស្ដម្ភ មានកេរ្តិ៍ឈ្មោះ​ដែរ ភរិយានោះ​ ឈ្មោះថាជា​ភរិយា​ដ៏ឧត្ដម​របស់ប្ដី​នោះ ស្រីទាំងឡាយ​របស់អ្នក​មានប្រាក់ (ក៏ដូច្នោះ​ដែរ)។

ចប់ សុចជជាតក ទី១០។

ចប់ បុចិមន្ទវគ្គ ទី២។

ឧទ្ទាននៃបុចិមន្ទវគ្គនោះគឺ

និយាយអំពីចោរ ១ កស្សបតាបស ១ តាបសខន្តិវាទី ១ ការរស់នៅ​អាក្រក់ ១ សំដីអាក្រក់ ១ ទន្សាយ ១ បុគ្គលស្លាប់ ១ វសន្តកាល ១ ការរស់នៅ​ជាសុខ ១ ព្រះរាជា​មិនលះបង់​នូវរបស់​ដែលលះបង់​ងាយ ១ ត្រូវជា ១០។

កុដិទូសកវគ្គ ទី៣

(៣. កុដិទូសកវគ្គោ)

កុដិទូសកជាតក ទី១

(៣២១. កុដិទូសកជាតកំ (៤-៣-១))

[៥៨២] (គ្រលេងគ្រលោង ពោលថា) នែពានរ ក្បាល ដៃ និងជើង​របស់អ្នក ដូចជា​មនុស្សដែរ តែព្រោះ​ហេតុអ្វី បានជា​ផ្ទះរបស់​អ្នកគ្មាន។

[៥៨៣] (ពានរ ឆ្លើយថា) នែគ្រលេងគ្រលោង ក្បាល ដៃ និងជើង​របស់​ខ្ញុំ ដូច​មនុស្ស​មែនហើយ តែប្រាជ្ញា​ណា ដែល​បោរាណាចារ្យ​ពោលថា ប្រសើរក្នុង​ពួកមនុស្ស ប្រាជ្ញានោះ របស់ខ្ញុំ​មិនមានទេ។

[៥៨៤] (គ្រលេងគ្រលោង ពោលថា) ធម្មតា អ្នកមានចិត្តមិន​នឹងនួន មាន​ចិត្ត​រប៉ិល​រប៉ូច ជាអ្នកប្រទូស្ត​ចំពោះមិត្រ មានមារយាទ​មិនទៀង​ជានិច្ច តែង​មិនមាន​សេចក្ដី​សុខ។

[៥៨៥] នែពានរ អ្នកនោះចូរធ្វើនូវអានុភាព (ឲ្យកើតបញ្ញា) ចូរផ្លាស់​មារយាទ​ចេញ ចូរធ្វើខ្ទម​ជាគ្រឿង​ការពារនូវ​ត្រជាក់ និងខ្យល់។

ចប់ កុដិទូសកជាតក ទី១។

ទុទ្ទុភាយជាតក ទី២

(៣២២. ទុទ្ទុភជាតកំ (៤-៣-២))

[៥៨៦] (ទន្សាយ និយាយថា) សូមសេចក្ដីចំរើនមានដល់លោកចុះ ខ្ញុំនៅក្នុងប្រទេសណា ប្រទេសនោះធ្វើសំឡេងឮទុទ្ទុភ 8) តែខ្ញុំមិនដឹងនូវប្រទេសនុ៎ះថា អ្វីនេះ ធ្វើសំឡេងឮទុទ្ទុភ។

[៥៨៧] (ព្រះសាស្ដា ទ្រង់សំដែងថា) ទន្សាយឮសូរ​ផ្លែព្នៅ​ជ្រុះថា​ទុទ្ទុភ ដូច្នេះ ក៏ស្ទុះ​បោលប្រេច ហ្វូងសត្វម្រឹគ​បានឮពាក្យ​ទន្សាយ ក៏ភ័យ​តក់ស្លុត។

[៥៨៨] ពួកជនពាលនោះ មិនទាន់សម្រេច​នូវចំណែក​នៃ​សោតវិញ្ញាណ ឮ​សំឡេង​នៃជន​ដទៃ មានសេចក្ដី​ប្រហែសធ្វេស​ដ៏ក្រៃលែង ជនពាល​ទាំងនោះ រមែង​លុះតាមពាក្យ​ជនដទៃ។

[៥៨៩] ចំណែកពួកជនណា បរិបូណ៌ដោយសីល និងបញ្ញា ត្រេកអរ​ក្នុង​ការ​ស្ងប់រម្ងាប់ ជាធីរជន អ្នកឆ្ងាយ អ្នកវៀរ​ចាកបាប ធីរជននោះ មិនលុះ​តាមពាក្យ​ជនដទៃ​ទេ។

ចប់ ទុទ្ទុភាយជាតក ទី២។

ព្រហ្មទត្តជាតក ទី៣

(៣២៣. ព្រហ្មទត្តជាតកំ (៤-៣-៣))

[៥៩០] (តាបសពោធិសត្វ ពោលថា) បពិត្រព្រះបាទព្រហ្មទត្ត បុគ្គល​អ្នកសូម រមែង​បានផល​ពីរយ៉ាង គឺការមិន​បានទ្រព្យ ១ ការ​បានទ្រព្យ ១ ព្រោះថា ការសូម មានយ៉ាង​នេះជា​ធម្មតា។

[៥៩១] បពិត្រព្រះអង្គជាឥស្សរៈលើរថ​នៃដែនបញ្ចាល អ្នកប្រាជ្ញ​ទាំងឡាយ បានពោល​នូវការសូម​ថាជាការយំ បុគ្គលណា ឃាត់នូវ​ការសូម អ្នកប្រាជ្ញ​ទាំងឡាយ​ហៅបុគ្គល​នោះ ថាជាអ្នក​មានការ​យំតប។

[៥៩២] កុំឲ្យពួកជនអ្នកដែនបញ្ចាល​មកប្រជុំគ្នា ឃើញ​អាត្មាភាព​កំពុងយំ ឬ​ព្រះអង្គ​កំពុងយំ​តបឡើយ ព្រោះហេតុ​នោះ បានជា​អាត្មាភាព​ត្រូវការ​ទីស្ងាត់។

[៥៩៣] (ព្រះបាទព្រហ្មទត្ត ទ្រង់ត្រាស់ថា) បពិត្រព្រាហ្មណ៍ ខ្ញុំនឹង​ឲ្យគោញី​សម្បុរ​ក្រហម ១០០០ ព្រមទាំង​គោឈ្មោល​ដល់លោក ព្រោះថា​អរិយជន បានស្ដាប់​នូវគាថា​ប្រកប​ដោយធម៌ របស់លោក​ជាអរិយៈ មិនគប្បីឲ្យ ដូចម្ដេចកើត។

ចប់ ព្រហ្មទត្តជាតក ទី៣។

ចម្មសាដកជាតក ទី៤

(៣២៤. ចម្មសាដកជាតកំ (៤-៣-៤))

[៥៩៤] (ចម្មសាដកបរិព្វាជក ពោលថា) ឱ ពពែដ៏ប្រសើរនេះ ជាសត្វ​ជើង ៤ មាន​សភាព​ល្អ ដ៏ចំរើនល្អ មានមារយាទ ជាទីស្រឡាញ់ មានយស តែងគោរព​ព្រាហ្មណ៍​អ្នកបរិបូណ៌​ដោយជាតិ និងមន្ត។

[៥៩៥] (បណ្ឌិតពាណិជពោធិសត្វ ពោលថា) ម្នាលព្រាហ្មណ៍ អ្នកកុំ​ស្និទ្ធស្នាល​នឹងសត្វ​ជើង ៤ ដោយការ​ឃើញមួយ​រំពេចឡើយ ដ្បិតសត្វ​ពពែនេះ ប្រាថ្នានឹង​ធ្វើនូវការ​ប្រហារ​ដ៏មាំ បានជាថយក្រោយ និងព្រលែង​នូវការប្រហារ​ឲ្យងាយ។

[៥៩៦] (ព្រះសាស្ដា ទ្រង់ត្រាស់ថា) ឆ្អឹងភ្លៅរបស់​ព្រាហ្មណ៍ក៏បាក់ អម្រែក​របស់​ព្រាហ្មណ៍​ក៏ធ្លាក់ចុះ ទ្រព្យទាំង​អស់របស់ព្រាហ្មណ៍ ក៏បែក​ហើយ ព្រាហ្មណ៍​លើកដៃ​ទាំងពីរ​ឡើង កន្ទក់កន្ទេញថា ពពែស្ទុះមក​សម្លាប់​ព្រហ្មចារីបុគ្គល។

[៥៩៧] (បរិព្វាជក និយាយតទៅទៀតថា) ខ្ញុំជាមនុស្ស​ឥតប្រាជ្ញា ត្រូវ​ពពែ​បុះសម្លាប់​ក្នុងថ្ងៃ​នេះយ៉ាង​ណា បុគ្គលណា សរសើរ​បុគ្គល​ដែលមិន​គួរបូជា បុគ្គល​នោះ ត្រូវគេសម្លាប់ ដេកនៅ (ក្នុងទីនេះ) យ៉ាងនោះដែរ។

ចប់ ចម្មសាដកជាតក ទី៤។

គោធជាតក ទី៥

(៣២៥. គោធរាជជាតកំ (៤-៣-៥))

[៥៩៨] (ទន្សងពោធិសត្វ និយាយនឹងតាបសថា) ខ្ញុំស្មានអ្នកថាជា​សមណៈ បានចូល​ទៅរកអ្នក ជាអ្នក​មិនសង្រួម អ្នកនោះ ប្រហារខ្ញុំ​ដោយដម្បង ដូចមនុស្ស​មិនមែនជា​សមណៈ​ដែរ។

[៥៩៩] ម្នាលតាបសកម្លៅ ប្រយោជន៍អ្វី​ដោយផ្នួងសក់​របស់អ្នក ប្រយោជន៍​អ្វី ដោយស្បែក​ខ្លាឃ្មុំ​របស់អ្នក ខាងក្នុង​របស់អ្នក​សាំញុំា​ដោយកិលេស អ្នកបោស​រំលីង​តែសរីរៈខាងក្រៅ។

[៦០០] (តាបស និយាយថា) នែទន្សង ឯងចូរមកណេះ ឯងត្រឡប់​មកវិញ ចូរ​បរិភោគ​បាយស្រូវសាលី​ចុះ ប្រេង និង​អម្បិល​របស់អញ​ក៏មាន ដីប្លីរបស់​អញក៏មាន​ច្រើន។

[៦០១] (ទន្សងឆ្លើយថា) ខ្ញុំនោះនឹងចូល​ទៅរកដំបូក ជំរៅ ១០០ជួរបុរស​យ៉ាង​ក្រៃលែង ថ្វីបើអ្នកឯង​មានប្រេង និងអម្បិល ដីប្លីរបស់​អ្នក មិនជា​ប្រយោជន៍​ដល់ខ្ញុំ​ឡើយ។

ចប់ គោធជាតក ទី៥។

កក្ការុជាតក ទី៦

(៣២៦. កក្ការុជាតកំ (៤-៣-៦))

[៦០២] (ទេវបុត្តជាធំ ពោលថា) បុគ្គលណា មិនលួចទ្រព្យ​គេដោយកាយ មិន​និយាយ​កុហក​ដោយវាចា បានយស​សក្តិហើយ មិនស្រវឹង បុគ្គលនោះឯង គួរ​ប្រដាប់​ផ្កាត្រឡាច​ជាទិព្វ​ទាំងឡាយ។

[៦០៣] (ទេវបុត្តទី២ ពោលថា) បុគ្គលណា ស្វះស្វែងរកទ្រព្យ​ដោយធម៌ មិននាំ​យកទ្រព្យ​គេដោយ​បោកប្រាស បានទ្រព្យ​ទាំងឡាយ​ហើយ មិនស្រវឹង បុគ្គលនោះឯង គួរប្រដាប់​នូវផ្កាត្រឡាច​បាន។

[៦០៤] (ទេវបុត្តទី៣ ពោលថា) បុគ្គលណា មានចិត្តមិនឆាប់ហើរដូចរមៀត មាន​សទ្ធា​មិនរសាយ មិនបរិភោគ​វត្ថុមានរស​ឆ្ងាញ់តែ​ម្នាក់ឯង បុគ្គលនោះ ទើបគួរ​ប្រដាប់​នូវផ្កាត្រឡាចបាន។

[៦០៥] (ទេវបុត្តទី៤ ពោលថា) បុគ្គលណា មិនជេរប្រទេច​ពួកសប្បុរស​ក្នុងទី​ចំពោះ​មុខ ឬកំបាំងមុខ ជាអ្នក​និយាយ​យ៉ាងណា ធ្វើយ៉ាងនោះ បុគ្គលនោះ ទើប​គួរ​ប្រដាប់​នូវផ្កាត្រឡាចបាន។

ចប់ កក្ការុជាតក ទី៦។

កាកាតិជាតក ទី៧

(៣២៧. កាកវតីជាតកំ (៤-៣-៧))

[៦០៦] (នដកុវេរគន្ធព្វច្រៀងថា) ស្ត្រីជាទីស្រឡាញ់​របស់ទូល​ព្រះបង្គំ​នៅក្នុង​ទីណា ក្លិនក្រអូបនេះ ក៏បក់មក​អំពីទីនោះ ចិត្តរបស់​ទូលព្រះបង្គំ​ត្រេកអរ​ក្នុងស្ត្រីណា ស្ដ្រីនោះ​ឈ្មោះ​នាង​កាកាតិ ទៅនៅក្នុង​ទីឆ្ងាយ​អំពីទីនេះ។

[៦០៧] (ស្ដេចគ្រុឌ ពោលថា) អ្នកបានឆ្លង​សមុទ្រ ដោយឧបាយ​ដូចម្ដេច បានឆ្លង​ទន្លេ​ឈ្មោះ​កេបុកៈ ដោយឧបាយ​ដូចម្ដេច បានឆ្លង​សមុទ្រទាំង ៧ ជាន់ ដោយ​ឧបាយ​ដូចម្ដេច បានឡើង​ដើមរកា (ជាលំនៅ​របស់យើង) ដោយឧបាយ​ដូចម្ដេច។

[៦០៨] (នដកុវេរគន្ធព្វ ឆ្លើយតបថា) ខ្ញុំបានឆ្លងសមុទ្រ​ជាមួយនឹងលោក បានឆ្លង​ទន្លេ​ឈ្មោះ​កេបុកៈ​ជាមួយ​នឹងលោក បានឆ្លង​សមុទ្រទាំង ៧ ជាន់ជាមួយ​នឹងលោក បាន​ឡើង​ដើមរកា​ជាមួយ​នឹងលោក។

[៦០៩] (ស្ដេចគ្រុឌ ពោលថា) អញនាំមក ទាំងនាំទៅនូវ​សហាយ​របស់ប្រពន្ធ ហេតុណា ហេតុនោះ គួរតិះដៀល​ខ្លួនអញ មានកាយធំ គួរតិះដៀល​ខ្លួនអញ ដែលមិន​មានគំនិត។

ចប់ កាកាតិជាតក ទី៧។

អននុសោចិយជាតក ទី៨

(៣២៨. អននុសោចិយជាតកំ (៤-៣-៨))

[៦១០] (តាបសពោធិសត្វ ពោលថា) នាងសម្មិល្លហាសិនី ជាស្រីដ៏​ចំរើន មាន​ក្នុងចន្លោះ​ពួកសត្វ​ដ៏ច្រើនដែល​ស្លាប់ហើយ ពួកសត្វ​ដែលស្លាប់​ហើយនោះ នឹង​មានប្រយោជន៍​អ្វីដល់ខ្ញុំ ហេតុនោះ បានជា​ខ្ញុំមិនសោក​ស្ដាយនាង​សម្មិល្លហាសិនី ជាទី​ស្រឡាញ់​នុ៎ះឡើយ។

[៦១១] វត្ថុណា ៗ មិនមានដល់សត្វនោះ បើសត្វគប្បី​សោកស្ដាយ ចំពោះ​វត្ថុដែល​គ្មាននោះ ៗ គប្បីសោយ​សោកចំពោះ​ខ្លួនឯង ដែលលុះ​ក្នុងអំណាច​នៃមច្ចុគ្រប់​កាលផង។

[៦១២] អាយុសង្ខារមិនទៅតាមសត្វណាមួយ ដែលឈរ អង្គុយ ដេក ដើរ​ទៅមក​ឡើយ សត្វបើកភ្នែក ធ្មេចភ្នែក ដរាបណា វ័យរបស់សត្វ​តែងរំកិល​ទៅដរាបនោះ។

[៦១៣] កាលបើសេចក្ដីព្រាត់ប្រាសក្នុងខ្លួន ជាផ្លូវឥតសង្ស័យ​នោះហើយ បុគ្គល​គប្បី​អាណិត​សត្វរស់នៅ​ដ៏សេសសល់ មិនគួរ​សោយ​សោក ចំពោះ​សត្វដែល​ច្យុត​ហើយទេ។

ចប់ អននុសោចិយជាតក ទី៨។

កាឡពាហុជាតក ទី៩

(៣២៩. កាឡពាហុជាតកំ (៤-៣-៩))

[៦១៤] (សេកឈ្មោះបោដ្ឋបាទជាប្អូន និយាយថា) កាលពីដើម យើង​បាន​បាយ និង​ទឹកណា អំពីសំណាក់​នៃស្ដេចនោះ ឥឡូវនេះ បាយ និង​ទឹកនោះ បានទៅ​ស្វាវិញ​ហើយ បពិត្រ​បងរាធៈ ឥឡូវនេះ យើងនឹងនាំ​គ្នាទៅព្រៃវិញ ព្រោះព្រះបាទ​ធនញ្ជ័យ លែងរាប់​អានយើងហើយ។

[៦១៥] (សេកពោធិសត្វ ឈ្មោះរាធៈជាបង និយាយតបថា) លាភក្ដី អលាភក្ដី យសក្ដី អយសក្តី និន្ទាក្ដី បសំសាក្ដី សុខក្ដី ទុក្ខក្ដី លោកធម៌ទាំង ៨ នោះ មិនទៀង ក្នុងមនុស្ស​សត្វទាំង​ឡាយទេ ម្នាលបោដ្ឋបាទ អ្នកកុំ​សោកស្ដាយ​ឡើយ អ្នកនឹង​សោកស្ដាយ​ធ្វើអ្វី។

[៦១៦] (សេកឈ្មោះបោដ្ឋបាទ និយាថា) បពិត្របងរាធៈ បងជា​អ្នកប្រាជ្ញ​មែនពិត​ហើយ បងដឹងនូវ​ប្រយោជន៍ ដែលមិន​ទាន់មាន​មក តើយើង​នឹងឃើញ​ស្វាដ៏លាមក ដែលត្រូវ​គេបណ្ដេញ​ពីរាជត្រកូល​ដោយឧបាយ​ដូចម្ដេចហ្ន៎។

[៦១៧] (រាធៈ និយាយតបថា) ស្វាខ្មៅឈ្មោះ​កាឡពាហុ ញាក់ត្រចៀក ធ្វើមុខ​ក្រញូវ គង់ធ្វើឲ្យ​ព្រះរាជកុមារ​ភិតភ័យ ដោយ​ការសង្ឃកថា មុហុំ មុហុំ វាមុខជា​នឹង​ឋិតនៅ​ឆ្ងាយអំពីបាយ និងទឹក ដោយហេតុណា វានឹងធ្វើនូវ​ហេតុនោះ ដោយខ្លួន​ឯងពុំលែង​ឡើយ។

ចប់ កាឡពាហុជាតក ទី៩។

សីលវីមំសជាតក ទី១០

(៣៣០. សីលវីមំសជាតកំ (៤-៣-១០))

[៦១៨] (បុរោហិតពោធិសត្វ និយាយថា) បានឮមកថា សីល ជាគុណជាត​ដ៏ល្អ សីល ជាគុណដ៏ប្រសើរ​ក្រៃលែង​ក្នុងលោក សូម​ព្រះអង្គ​ទតមើលចុះ ដូចយ៉ាង​នាគ ជាសត្វ​មានពិស​ដ៏ខ្លាំងពន្លឹក មិនហ៊ាន​បៀតបៀន ដោយយល់ថា បុគ្គលនេះ​មានសីល។

[៦១៩] (ពោធិសត្វ ពោលថា) ដុំសាច់បន្ដិចបន្តួច នៅមានដល់​ខ្លែងនោះ ដរាប​ណា ពួកប្រមង់​ក្នុងលោក ចោមចឹក​ខ្លែងនោះ ដរាប​នោះដែរ សត្វបក្សី​ដ៏សេស មិនបាន​បៀតបៀន​ខ្លែងដែល​មិនមាន​សាច់ជាគ្រឿង​កង្វល់នោះ។

[៦២០] បុគ្គលដេកលក់ជាសុខ ព្រោះមិនមាន​សេចក្ដី​ប្រាថ្នា សេចក្ដី​ប្រាថ្នា​ដែល​មានលទ្ធផល​ក៏ជាសុខ នាងបិង្គលាទាសី បានធ្វើ​នូវសេចក្ដី​ប្រាថ្នា ឲ្យគ្មាន​សេចក្ដី​ប្រាថ្នា​វិញ ក៏ដេកលក់​ជាសុខ​ដែរ។

[៦២១] ក្នុងលោកនេះក្ដី ក្នុងលោកខាងមុខក្ដី មិនមាន​ធម៌ដទៃ​ប្រសើរ​ជាង​សមាធិ​ឡើយ (ព្រោះ) បុគ្គលអ្នក​តាំងនៅក្នុង​សមាធិហើយ រមែង​មិនបៀតបៀន​បុគ្គល​ដទៃផង មិនបៀតបៀន​ខ្លួនឯងផង។

ចប់ សីលវីមំសជាតក ទី១០។

ចប់ កុដិទូសកវគ្គ ទី៣។

ឧទ្ទាននៃកុដិទូសកវគ្គនោះគឺ

និយាយអំពីក្បាល និងដៃជើង​របស់ស្វាដូចមនុស្ស ១ ប្រទេស​ធ្វើនូវ​សំឡេង​ថា​ទុទ្ទុភៈ ១ បុគ្គលអ្នក​សូម ១ សត្វពពែ​ប្រសើរ ១ សត្វទន្សងប្រសើរ ១ ការ​មិនល្អ​ដោយ​កាយ ១ ទន្លេឈ្មោះ​កេបុកៈ ១ ស្ត្រីចំរើនប្រសើរ ១ សេកឈ្មោះរាធៈ ១ សីល​ប្រសើរ ១ ត្រូវជា ១០។

កោកិលវគ្គ ទី៤

(៤. កោកិលវគ្គោ)

កោកាលិកជាតក ទី១

(៣៣១. កោកិលជាតកំ (៤-៤-១))

[៦២២] (អាមាត្យពោធិសត្វ ពោលថា) បុគ្គលណា​និយាយហួស​ប្រមាណ ក្នុងកាល​ដែលមិន​សម្រេច (លទ្ធផល) បុគ្គលនោះ ត្រូវ​គេកំចាត់​ចេញ ដេក​នៅតែ​ម្នាក់ឯង ដូច​កូនតាវ៉ៅ (ដែល​មេក្អែកចឹក​កំចាត់ចេញ)។

[៦២៣] កាំបិតទុកជាគេសំលៀងមុតហើយ ឬថ្នាំពិស​ដ៏ក្លាខ្លាំង ក៏មិន​ទាញ​បុគ្គលឲ្យ​ធ្លាក់ចុះ ដូច​វាចាជា​ទុព្ភាសិតទេ។

[៦២៤] ហេតុនោះ អ្នកប្រាជ្ញគួររក្សាវាចាទុក ក្នុងកាល​ដែលគួរ និង​កាលមិនគួរ មិនគួរ​និយាយហួស​ប្រមាណ សូម្បីចំពោះ​បុគ្គល​ដែលស្មើ​នឹងខ្លួន។

[៦២៥] ចំណែកបុគ្គលណាមានគំនិត​គិតទុកមុន មានប្រាជ្ញា​ជាគ្រឿង​ពិចារណា និយាយ​ល្មមប្រមាណ ក្នុងកាលគួរ បុគ្គលនោះ អាចចាប់​សត្រូវ​ទាំងពួងបាន ដូច​គ្រុឌចាប់​នាគដូច្នោះ។

ចប់ កោកាលិកជាតក ទី១។

រថលដ្ឋិជាតក ទី២

(៣៣២. រថលដ្ឋិជាតកំ (៤-៤-២))

[៦២៦] (អាមាត្យពោធិសត្វ ពោលថា) បពិត្រព្រះរាជា បុគ្គលខ្លះប្រហារ​ខ្លួន ដោយខ្លួន​ឯង ហើយនិយាយ​ថា គេប្រហារ​ក៏មាន ផ្ចាញ់​គេហើយ​និយាយថា គេផ្ចាញ់ខ្លួន​ក៏មាន អ្នកប្រាជ្ញ​កុំគប្បីជឿពាក្យ​នៃអ្នក​និយាយមុន​ដោយដាច់​ខាតឡើយ។

[៦២៧] ហេតុនោះ បណ្ឌិតជាតិ គួរស្ដាប់ពាក្យ​របស់បុគ្គល​ក្រៅពីនេះផង លុះ​ស្ដាប់ពាក្យ​របស់ជន​ទាំងពីរនាក់​ហើយ គប្បីធ្វើតាម​ច្បាប់ចុះ។

[៦២៨] គ្រហស្ថអ្នកបរិភោគកាម ជាអ្នកខ្ជិលច្រអូស មិនប្រពៃ អ្នកបួស​មិនសង្រួម មិន​ប្រសើរ ព្រះរាជា​មិនពិចារណា​ហើយធ្វើ មិន​ប្រសើរ បណ្ឌិតដែល​ជាអ្នកច្រើន​ក្រោធ ក៏ពុំ​ប្រសើរ។

[៦២៩] បពិត្រព្រះអង្គជាម្ចាស់នៃទិស ក្សត្រិយ៍គប្បី​ពិចារណា​ហើយសឹម​ធ្វើ បើមិន​ទាន់ពិចារណា មិនត្រូវ​ធ្វើទេ យសក្ដី កិត្តិស័ព្ទ​ក្ដី រមែងចំរើន​ដល់ព្រះរាជា ដែល​ពិចារណា​ហើយទើប​ធ្វើ។

ចប់ រថលដ្ឋិជាតក ទី២។

គោធជាតក ទី៣

(៣៣៣. បក្កគោធជាតកំ (៤-៤-៣))

[៦៣០] (នាងទេវី ក្រាបបង្គំទូលថា) ព្រះអង្គណា ដែលមាន​ព្រះខ័នសៀត ទ្រង់ស្អិត​ស្អាងហើយ ទ្រទ្រង់​នូវសំពត់​តិរីដិ ទ្រង់មាន​ទន្សងឆ្អើរ បាន​បោលទៅ​អំពី​មែក​អស្សត្ថព្រឹក្ស ព្រះអង្គនោះ ទ្រង់ប្រសើរ​ក្នុងរថ គឺខ្ញុំដឹង​ច្បាស់ហើយ ក្នុងកណ្ដាល​ព្រៃ ក្នុង​កាល​នោះឯង។

[៦៣១] (ពោធិសត្វ ពោលថា) បុគ្គលគប្បីសំពះ​បុគ្គល​អ្នកសំពះ​ខ្លួន គប្បី​សេពគប់​បុគ្គលអ្នក​សេពគប់ខ្លួន គប្បី​ធ្វើកិច្ច​របស់បុគ្គល​ដែលជួយ​ធ្វើកិច្ចខ្លួន មិនគប្បី​ធ្វើនូវ​សេចក្ដីចំរើន​ដល់បុគ្គល​អ្នកប្រាថ្នា​សេចក្ដីវិនាស មិនគប្បី​គប់រកនូវ​បុគ្គល​ដែលមិន​គប់រក (ខ្លួននោះ​ឡើយ)។

[៦៣២] គប្បីលះបង់នូវបុគ្គល ដែលលះបង់ខ្លួន មិនគប្បី​ធ្វើនូវ​សេចក្ដី​ស្រឡាញ់​ដោយ​តណ្ហា (ក្នុងបុគ្គល​នោះ) មិនគប្បី​គប់រកនូវ​បុគ្គលដែល​មានចិត្ត​រវើរវាយ ដូចសត្វ​បក្សី​ដឹងថា ឈើមានផ្លែ​អស់ហើយ (ហើរទៅរក​ដើមឈើ​ដែលមាន​ផ្លែបរិបូណ៌) គប្បី​រមិលមើល​បុគ្គលដទៃ ព្រោះថា លោកសន្និវាស​ធំណាស់។

[៦៣៣] (ព្រះរាជា ត្រាស់ថា) យើងនោះ ជាក្សត្រិយ៍ កាលឃើញ​នូវភាពនៃ​កតញ្ញូ នឹងធ្វើតប​ដល់នាង​តាម​សមត្ថភាព យើងនឹង​ឲ្យឥស្សរិយយស​ទាំងអស់​ដល់នាង នាង​ចង់បាន​របស់ណា យើងនឹង​ឲ្យរបស់នោះ​ដល់នាង។

ចប់ គោធជាតក ទី៣។

រាជោវាទជាតក ទី៤

(៣៣៤. រាជោវាទជាតកំ (៤-៤-៤))

[៦៣៤] (ព្រះពោធិសត្វ ពោលថា) កាលដែលពួកគោញី​ឆ្លងដើរទៅ បើ​គោមេហ្វូង​ដើរវៀច ពួកគោញី ក៏ដើរវៀច​តាមដែរ ព្រោះ​គោមេហ្វូង​ដើរវៀចនោះ។

[៦៣៥] ក្នុងពួកមនុស្ស ក៏យ៉ាងនោះដែរ មនុស្សណា ដែលគេ​សន្មតថា ប្រសើរ​ជាង​គេ បើមនុស្ស​នោះ ប្រព្រឹត្តអធម៌ នឹងបាច់​និយាយ​ទៅថ្វី ដល់ប្រជាជន​ឯទៀត បើ​ព្រះរាជា​ជាអ្នកប្រព្រឹត្ត​អធម៌ រាស្រ្តទាំងអស់ រមែង​ដេកជាទុក្ខ។

[៦៣៦] កាលដែលពួកគោញីដើរឆ្លងទៅ បើគោមេហ្វូង​ដើរត្រង់ ពួក​គោញី​ទាំងអស់ ក៏ដើរត្រង់​ដែរ កាលបើ​គោមេហ្វូង​នាំដើរទៅត្រង់។

[៦៣៧] ក្នុងពួកមនុស្សក៏យ៉ាងនោះដែរ មនុស្សណា ដែលគេសន្មតថា ប្រសើរ​ជាងគេ បើមនុស្សនោះ ប្រព្រឹត្តិធម៌ នឹងបាច់​និយាយ​ទៅថ្វី ដល់ប្រជាជន​ក្រៅនេះ បើ​ព្រះរាជា​ជាអ្នកប្រព្រឹត្ត​ធម៌ រាស្រ្តទាំង​អស់ក៏ដេក​ជាសុខ។

ចប់ រាជោវាទជាតក ទី៤។

ជម្ពុកជាតក ទី៥

(៣៣៥. ជម្ពុកជាតកំ (៤-៤-៥))

[៦៣៨] (រាជសីហ៍ និយាយថា) នែចចក ដំរីនោះ​ធំណាស់ មានកាយក៏​ខ្ពស់ មានភ្លុក​ក៏វែង ពួកសត្វ​កើតក្នុង​ត្រកូល​រាជសីហ៍ណា រមែង​ចាប់ដំរី​បាន អ្នកឯង​មិនមែន​កើតក្នុង​ត្រកូល​រាជសីហ៍​នោះទេ។

[៦៣៩] សត្វណា មិនមែនជារាជសីហ៍ ក្លែងខ្លួនដោយ​មានះថា អញ​ជារាជសីហ៍ សត្វនោះ រមែងដេក​ថ្ងូរលើផែនដី ដូចជា​ចចក​មកកាន់ដំរី (ត្រូវដំរី​ជាន់)។

[៦៤០] ចចកនេះ មិនដឹងកំឡាំងកាយ កំឡាំងប្រាជ្ញា និងកំណើត​របស់​សីហៈ ដែលជា​សត្វមាន​យស ជាសត្វ​ឧត្តម ជាសត្វ​មានខ្លួន​មាំមួន ជាសត្វ​មានកំឡាំង​ខ្លាំងសោះ ទើប​ត្រូវដំរី​ជាន់ស្លាប់។

[៦៤១] ក្នុងលោកនេះ បុគ្គលណា បានពិចារណា​ឲ្យដឹងច្បាស់​នូវកំឡាំង​កាយ និងកំឡាំង​ប្រាជ្ញាក្នុងខ្លួន ជាអ្នកកំណត់​ដោយការ​ស្វាធ្យាយ ដោយការ​ប្រឹក្សា ដោយ​សុភាសិត (ជាមុន) ទើបធ្វើ​ការងារ បុគ្គលនោះ​ឈ្មោះថា ឈ្នះនូវ​ប្រយោជន៍ធំ គឺមិន​សាបសូន្យ​ប្រយោជន៍។

ចប់ ជម្ពុកជាតក ទី៥។

ព្រហាឆត្តជាតក ទី៦

(៣៣៦. ព្រហាឆត្តជាតកំ (៤-៤-៦))

[៦៤២] (អាមាត្យពោធិសត្វ ទូលថា) ព្រះអង្គត្រាស់ថា ស្មៅ ៗ ដូច្នេះ តើ​នរណាហ្ន៎ លួចយកស្មៅ​របស់ព្រះអង្គ​ទៅ ហេតុដូចម្តេច បានជា​ព្រះអង្គ​មានកិច្ច​ដោយ​ស្មៅ ទើប​ត្រាស់​រកតែស្មៅ​ប៉ុណ្ណោះ។

[៦៤៣] (ព្រះបាទពារាណសី ត្រាស់ថា) តាបសឈ្មោះ​ឆត្ត មានរាងកាយ​ដ៏ខ្ពស់ ជា​ព្រហ្មចារីបុគ្គល ជាពហូស្សូត បានមក​ក្នុងទីនេះ លោកបាន​ប្រមូល​ទ្រព្យរបស់​យើង​ទាំងអស់ រួចដាក់​ស្មៅ (ក្នុងពាង​ទាំងឡាយ) ហើយទៅ​បាត់។

[៦៤៤] (ព្រះពោធិសត្វ ពោលថា) ការកាន់យកទ្រព្យ​ទាំងអស់ របស់​ខ្លួនក្ដី ការមិន​កាន់យកស្មៅ (ដែលមិន​គួរយកទៅ) នេះក្ដី ជាកិច្ចដែល​អ្នកប្រាថ្នា​នូវទ្រព្យ​ដ៏ច្រើន ដោយយក​ស្មៅបន្តិច​បន្តួច (ជាលេស) គប្បីធ្វើ​យ៉ាងនេះឯង (ព្រោះហេតុនោះ) ឆត្តតាបស ដាក់ស្មៅ​ក្នុងពាងទាំងឡាយ ហើយទៅបាត់ ចុះការ​ខ្សឹកខ្សួល​ធ្វើអ្វី ក្នុង​របស់​នោះ។

[៦៤៥] (ព្រះបាទពារាណសី ត្រាស់ថា) ពួកលោក​អ្នកមាន​សីលធម៌ មិនធ្វើ​បែបនេះ​ទេ ចំណែក​មនុស្សពាល ទើបធ្វើ​សីលធម៌​ទាំងឡាយ​របស់ខ្លួន (ឲ្យអាក្រក់) ភាពជា​បណ្ឌិត នឹងធ្វើ​ខ្លួនឲ្យជា​បុគ្គលអ្នក​ទ្រូស្តសីល មានសីល​មិនខ្ជាប់ខ្លួន ដូចម្ដេច​កើត។

ចប់ ព្រហាឆត្តជាតក ទី៦។

បីឋជាតក ទី៧

(៣៣៧. បីឋជាតកំ (៤-៤-៧))

[៦៤៦] (ពារាណសីសេដ្ឋី ពោលថា) យើងខ្ញុំទាំងឡាយ​មិនបាន​ប្រគេន​តំាង មិនបាន​ប្រគេនទឹក ទាំងមិន​បានប្រគេន​ភោជនាហារ​ដល់លោក សូមលោក​ជាព្រហ្មចារី​អត់ទោស​ដល់ខ្ញុំ ខ្ញុំឃើញ​ទោសនុ៎ះហើយ។

[៦៤៧] (ពោធិសត្វ ពោលថា) អាត្មាមិនជាប់ចំពាក់​ផង មិនខឹងផង ទាំងវត្តុ​តិចតួច ដែល​មិនជាទី​ស្រឡាញ់​របស់អាត្មា ក៏មិនមាន​ឡើយ មួយទៀត អាត្មាមាន​សេចក្ដីត្រិះរិះ ក្នុង​ចិត្តថា ធម្មតា នៃត្រកូល​ប្រាកដដូច្នេះ ដោយពិត។

[៦៤៨] (សេដ្ឋី ពោលថា) យើងខ្ញុំបាន​ប្រគេនអាសនៈ ប្រគេនទឹក ប្រគេន​ប្រេង​សម្រាប់​លាងជើង​ទាំងអស់នេះ នេះជា​ធម្មតា​របស់​ឪពុក និងជីតា ក្នុងត្រកូល​របស់យើង​ខ្ញុំ សព្វ ៗ កាល។

[៦៤៩] យើងខ្ញុំនឹងបម្រើ (សមណព្រាហ្មណ៍​អ្នកប្រព្រឹត្ត​ធម៌ល្អ) ដូចជា​ញាតិ​ជាន់ខ្ពស់ ដោយសេចក្ដី​គោរព នេះជាធម្មតា​របស់ឪពុក និងជីតា​ក្នុងត្រកូល​របស់យើងខ្ញុំ សព្វ ៗ កាល។

ចប់ បីឋជាតក ទី៧។

ថុសជាតក ទី៨

(៣៣៨. ថុសជាតកំ (៤-៤-៨))

[៦៥០] (ព្រះរាជា ទ្រង់ត្រាស់ថា) កណ្ដុរទាំងឡាយ ស្គាល់ច្បាស់​នូវអង្កាម ស្គាល់ច្បាស់​នូវអង្ករ កណ្ដុរ​ទាំងឡាយ វៀរបង់​នូវអង្កាម ស៊ីតែអង្ករ។

[៦៥១] ការប្រឹក្សាគ្នាណាក្នុងព្រៃ ការខ្សឹបណាក្នុងស្រុក ទាំងការគិត (ប្រុងប្រហារ) ណា រឿងទាំងនេះ អញដឹង​ច្បាស់ហើយ។

[៦៥២] ឮថាទំនៀម ស្វាជាឪពុក តែងយកធ្មេញ​ទៅខាំផ្ដាច់​នូវអង្គជាត​របស់​កូន​តូច ដែលកើត​ហើយ។

[៦៥៣] អ្នកឯងលូនវារ ដូចជាពពែខ្វាក់​ក្នុងចំការស្ពៃ បុគ្គលណា ដេកខាង​ក្រោមទី​ដេក អំពើ​របស់បុគ្គល​នោះ យើងដឹង​ច្បាស់ហើយ។

ចប់ ថុសជាតក ទី៨។

ពាវេរុជាតក ទី៩

(៣៣៩. ពាវេរុជាតកំ (៤-៤-៩))

[៦៥៤] (ព្រះសាស្ដា ត្រាស់ថា) ជនទាំងឡាយ បានយកសាច់ និងផ្លែឈើ បូជា​ក្អែក​ក្នុងដែន​នោះ ព្រោះមិនទាន់​ឃើញសត្វក្ងោក ជាសត្វ​មានសីរ្ស៍ មានសំឡេង​ពីរោះ។

[៦៥៥] ក្ងោកជាសត្វបរិបូណ៌​ដោយសំឡេងពីរោះ បានមក​ដល់ដែន​ពាវេរុ ក្នុង​កាល​ណា លាភ និង​សក្ការៈ​របស់ក្អែក ក៏សាបសូន្យ​ក្នុងកាលនោះ។

[៦៥៦] ព្រះពុទ្ធជាធម្មរាជ ទ្រង់ធ្វើនូវពន្លឺ មិនទាន់​កើតឡើង​ដរាបណា ពួក​ជន​ឯទៀត បានបូជា​សមណព្រាហ្មណ៍​ដ៏ច្រើន ដរាបនោះ។

[៦៥៧] ព្រះពុទ្ធ ព្រះអង្គបរិបូណ៌​ដោយសំឡេង បានសំដែង​នូវព្រះធម៌​ក្នុង​កាលណា លាភ និង​សក្ការៈ​របស់​តិរ្ថិយ​ទាំងឡាយ ក៏សាប​សូន្យអស់​ក្នុងកាលនោះ។

ចប់ ពាវេរុជាតក ទី៩។

វិសយ្ហជាតក ទី១០

(៣៤០. វិសយ្ហជាតកំ (៤-៤-១០))

[៦៥៨] (សក្កទេវរាជ ត្រាស់ថា) នែវិសយ្ហសេដ្ឋី ក្នុងកាលមុន អ្នក​បានឲ្យ​ទាន​ទាំងឡាយ​ហើយ កាលអ្នក​ចេះតែឲ្យ សភាវៈ​អស់ទៅ​នៃភោគៈ​ទាំងឡាយ បានកើត​មានហើយ ខាងមុខ​អំពីនេះ​ទៅ បើអ្នក​មិនឲ្យ​ទានទេ ភោគសម្បត្តិ​ទាំងឡាយ​របស់អ្នក ដែល​ឈប់ឲ្យ ទើបគង់​នៅ។

[៦៥៩] (វិសយ្ហសេដ្ឋី ពោលថា) នែសហស្សនេត្រ ព្រះអរិយៈ​ទាំងឡាយ បាន​ពោលថា អំពើ​ដ៏លាមក អរិយជន​សូម្បីជាអ្នក​កំសត់ ក៏មិន​គប្បីធ្វើដែរ នែជនិន្ទ្រ យើង​លះបង់​ហើយនូវ​សេចក្ដី​ជឿក្នុងទាន ព្រោះហេតុ​តែទ្រព្យណា ទ្រព្យ​នោះពុំ​មាន​ដល់យើង​ឡើយ។

[៦៦០] រថមួយ បរទៅតាមផ្លូវណា រថឯទៀត ក៏បរទៅតាម​ផ្លូវនោះដែរ នែវាសវៈ កិច្ចវត្ត​ដែលយើង​បំពេញមក​ក្នុងកាលមុន ចូរប្រព្រឹត្ត​ទៅចុះ។

[៦៦១] បើទ្រព្យមាន យើងនឹងឲ្យបាន កាលបើ​ទ្រព្យមិនមាន យើង​នឹង​ឲ្យដូច​ម្ដេចកើត ថ្វីបើ​យើងជាអ្នក (ច្រូតស្មៅលក់) យើង​នៅតែ​ឲ្យទាន យើងមិន​ប្រហែស​ក្នុង​ទានទេ។

ចប់ វិសយ្ហជាតក ទី១០។

ចប់ កោកិលវគ្គ ទី៤។

ឧទ្ទាននៃកោកិលវគ្គនោះគឺ

និយាយអំពីបុគ្គលនិយាយហួសប្រមាណ ១ បុគ្គល​ផ្ចាញ់ខ្លួនឯង ១ ព្រះរាជា​ប្រសើរ​ក្នុងរថ​កណ្ដាលព្រៃ ១ គោដើរវៀច ១ ឆ្កែចចក ១ ស្ដេចត្រាស់​ថាស្មៅ ១ ជើងតាំង​ជាអាសនៈ​ដ៏ប្រសើរ ១ អង្ករ ១ សត្វក្ងោក ១ វិសយ្ហសេដ្ឋី ១ ត្រូវជា ១០។

ចុល្លកុណាលវគ្គ ទី៥

(៥. ចូឡកុណាលវគ្គោ)

កុណ្ឌលិកជាតក ទី១

(៣៤១. កណ្ឌរីជាតកំ (៤-៥-១))

[៦៦២] (ព្រះអង្គ ត្រាស់ថា) ស្ត្រីទាំងឡាយ អ្នកធ្វើនូវសេចក្ដី​ត្រេកអរ ចំពោះ​បុរស​ទាំងឡាយ ជាស្ត្រី​មានចិត្ត​ច្រើនផង ផ្ទញ់ផ្ទាល់​មិនបានផង ប្រសិនបើ​ស្រ្តីទាំងអស់ ធ្វើនូវ​សេចក្ដី​ពេញចិត្ត (ចំពោះបុរស) ដោយខ្លួនឯង​ក៏ដោយ បុរស​មិនគប្បី​ទុកចិត្តទេ ព្រោះថា ស្រី​ទាំងឡាយ ស្មើដោយ​កំពង់ទឹក។

[៦៦៣] ហេតុនៃសេចក្ដីធុញទ្រាន់ណា នៃព្រះរាជា​ទ្រង់ព្រះនាម​កិន្នរៈ និង​នាងទេវី​ទ្រង់​ព្រះនាម​កិន្នរី (ហេតុនៃ​សេចក្ដី​ធុញទ្រាន់នោះ) បុគ្គល​ឃើញហើយ (គប្បី​ដឹងចុះ) ស្រីទាំងពួង រមែង​មិនត្រេកអរ (នឹងស្វាមី) ក្នុងផ្ទះ​របស់ខ្លួន នាង​កិន្នរីទេវី ជា​ភរិយា លះបង់នូវ​ព្រះរាជា​កិន្នរៈនោះ ជាស្វាមី​ប្រាកដ​ដូច្នោះ ព្រោះតែ​ឃើញ​នូវ​បុរសខ្វិន​ដទៃ។

[៦៦៤] នាងបញ្ចបាបី ជាភរិយារបស់ព្រះបាទ​ពកៈ​ផង របស់​ព្រះបាទ​ពាវរិកៈ​ផង ដែលលុះ​ក្នុងកាម​ដ៏ជ្រុលពេក ក៏បាន​ប្រព្រឹត្ត​បទ​មិនគួរ ជាមួយ​នឹងបុរស​អ្នកបម្រើ ធ្វើម្ដេច​ហ្ន៎ ស្រ្ដីមិន​ប្រព្រឹត្ត​បទមិនគួរ នឹងបុរស​ដទៃនោះ។

[៦៦៥] អគ្គមហេសីឈ្មោះនាង​បិយង្គានី ជាទីគាប់​ព្រះហឫទ័យ​របស់​ព្រះបាទ​ព្រហ្មទត្ត ជាធំក្នុង​លោកទាំងមូល បានប្រព្រឹត្ត​បទមិន​គួរជាមួយ​នឹងបុរស​អ្នកឃ្វាល​សេះ​មង្គល ជាអ្នក​បម្រើនៃអគ្គ​មហេសី​នោះ ជាស្រី​ប្រាថ្នាកាម ក៏មិនបាន​នូវបុរសអ្នក​ឃ្វាលសេះ​នោះផង (នូវទី​ជា​អគ្គមហេសី​ផង)។

ចប់ កុណ្ឌលិកជាតក ទី១។

វានរជាតក ទី២

(៣៤២. វានរជាតកំ (៤-៥-២))

[៦៦៦] (ពានរពោធិសត្វ ពោលថា) នែសត្វទឹកក្រពើ អញអាច​រើ​ខ្លួន​អំពីទឹក​មកលើ​គោកហើយ ឥឡូវនេះ អញមិន​លុះអំណាច​នៃអ្នកឯង​ទៀតទេ។

[៦៦៧] ផ្លែឈើទាំងឡាយណា ដែលយើង​គប្បីទៅកាន់​ត្រើយនៃសមុទ្រ ហើយស៊ី​ផ្លែឈើ​ទាំងឡាយ​នោះ គឺផ្លែស្វាយ ផ្លែព្រីង ផ្លែខ្នុរ មិនគួរ​ដល់យើង​ឡើយ ឯផ្លែល្វា​របស់​យើង ទើបប្រសើរ​ជាង។

[៦៦៨] បុគ្គលណា មិនដឹងហេតុដែល​កើតឡើងភ្លាម ៗ ទេ បុគ្គនោះ គង់លុះ​ក្នុងអំណាច​សត្រូវផង រមែងក្ដៅ​ក្រហាយ​ក្នុងកាល​ជាខាង​ក្រោយផង។

[៦៦៩] បុគ្គលណា ដឹងនូវហេតុដែលកើត​ឡើងភ្លាម បុគ្គលនោះ គង់​រួចចាក​សេចក្ដី​ចង្អៀត គឺសត្រូវ​ផង មិនក្ដៅ​ក្រហាយ​ក្នុងកាល​ជាខាង​ក្រោយផង។

ចប់ វានរជាតក ទី២។

កុន្តិនីជាតក ទី៣

(៣៤៣. កុន្តិនីជាតកំ (៤-៥-៣))

[៦៧០] (មេក្រៀលទូលស្ដេចថា) ខ្ញុំនៅអាស្រ័យ​ក្នុងព្រះរាជ​ដំណាក់​របស់ព្រះអង្គ ៗ ធ្វើសក្ការ​បូជា​ជានិច្ច ឥឡូវនេះ ព្រះអង្គបាន​ធ្វើ (នូវហេតុ​ឲ្យខ្ញុំចេញទៅ) បពិត្រ​មហារាជ បើដូច្នោះ ខ្ញុំព្រះអង្គ​នឹងទៅ។

[៦៧១] (ព្រះរាជាពោធិសត្វ ត្រាស់ថា) បុគ្គលណា (ដឹង) អំពើ​អាក្រក់ ដែលអ្នក​ដទៃធ្វើ​ហើយ​ចំពោះខ្លួន (ដឹង) អំពើ​អាក្រក់តប ដែលខ្លួន​ធ្វើតបតវិញ ពៀរ​របស់​បុគ្គល​នោះ រមែង​ស្ងប់រម្ងាប់​ដោយ​អាការ​យ៉ាងនេះ នែនាងក្រៀល ចូរនាង​នៅចុះ កុំទៅ​ឡើយ។

[៦៧២] (មេក្រៀល និយាយថា) មិត្តភាពនៃបុគ្គល​ដែលត្រូវ​គេធ្វើ និង​បុគ្គលអ្នកធ្វើ (តប) រមែងមិន​តគ្នាទៀត​បានឡើយ ចិត្តរបស់​ខ្ញុំ មិនយល់​តាមទេ បពិត្រ​ព្រះអង្គ​ប្រសើរ​ក្នុងរថ ខ្ញុំនឹងទៅ​មិនខាន។

[៦៧៣] (ព្រះរាជា ត្រាស់ថា) មិត្តភាពរបស់បុគ្គល​ដែលត្រូវ​គេធ្វើ និង​បុគ្គល​អ្នកធ្វើ (តប) រមែង​តគ្នាទៀត​បានចំពោះ​ពួកជន​ជាអ្នកប្រាជ្ញ មិនចំពោះ​ពួកជន​ពាលទេ ម្នាល​នាងក្រៀល នាងចូរ​នៅចុះ នាងកុំទៅ​ឡើយ។

ចប់ កុន្តិនីជាតក ទី៣។

អម្ពជាតក ទី៤

(៣៤៤. អម្ពជាតកំ (៤-៥-៤))

[៦៧៤] (សេដ្ឋីធីតាទី១ ពោលថា) ស្ត្រីណាលួចស្វាយ​របស់លោកម្ចាស់ ស្ត្រីនោះ ចូរលុះ​ក្នុងអំណាច​នៃបុរសដែល​ប្រដាប់ដោយ​វត្ថុសម្រាប់​ធ្វើសក់ឲ្យខ្មៅ លំបាក​ដោយ​សណ្ឌាស​ចុះ (បានប្ដីចាស់)។

[៦៧៥] (សេដ្ឋីធីតាទី២ ពោលថា) ស្ត្រីណាលួចស្វាយ​របស់លោកម្ចាស់ ស្ត្រី​បែបនោះ ទោះបី​អាយុដល់ ២០ ឆ្នាំ ឬ ២៥ ឆ្នាំ ឬក៏​ថយពី ៣០ ឆ្នាំ ក៏កុំឲ្យ​បានប្ដី​ឡើយ។

[៦៧៦] (សេដ្ឋីធីតាទី៣ ពោលថា) ស្ត្រីណាលួចស្វាយ​របស់លោកម្ចាស់ ស្ត្រីនោះ​តែម្នាក់ឯង ពឹងផ្អែក​តែនឹងប្ដី ហើយដើរ​ទៅកាន់​ផ្លូវឆ្ងាយ កុំឲ្យចួប​នឹងប្ដី​ក្នុងទី​ដែលសន្យា​គ្នាឡើយ។

[៦៧៧] (សេដ្ឋីធីតាទី៤ ពោលថា) ស្ត្រីណាលួចស្វាយ​របស់លោកម្ចាស់ ស្ត្រីនោះ​មានខ្លួន​ប្រដាប់​ហើយ មាន​សំលៀក​បំពាក់​ដ៏ស្អាត ទ្រទ្រង់​កម្រងផ្កា ប្រោះព្រំ​ដោយ​ខ្លឹមចន្ទន៍ ចូរដេក​នៅលើទី​ដេកតែម្នាក់​ឯងចុះ។

ចប់ អម្ពជាតក ទី៤។

គជកុម្ភជាតក ទី៥

(៣៤៥. គជកុម្ភជាតកំ (៤-៥-៥))

[៦៧៨] (អាមាត្យពោធិសត្វ ពោលថា) កាលណាភ្លើង 9) ឆេះពៃ្រ ម្នាលបចលកៈ អ្នកនឹងធ្វើដូចម្ដេច បើអ្នកមានសេចក្ដីព្យាយាមយឺតយូរយ៉ាងនេះ។

[៦៧៩] (គជកុម្ភៈ (ខ្យងសោក) ពោលថា) ប្រហោងឈើ ក្រហែងដី​មានច្រើន បើយើង​ទៅមិនដល់​ទីទាំងនោះទេ យើងទៀង​តែស្លាប់។

[៦៨០] (ពោធិសត្វ ពោលថា) បុគ្គលណា រហ័សរហួន​ក្នុងកាល​ដែលខ្លួន​ធ្វើ​ការងារ​យឺតយូរ​ផង យឺតយូរ​ក្នុងការងារ​ដែលគេ​ត្រូវធ្វើឲ្យ​រហ័សរហួន​ផង បុគ្គលនោះ ឈ្មោះថា បំបាក់​នូវប្រយោជន៍​របស់ខ្លួន​ចោល ដូចជា​បុរសដើរ​ជាន់ស្លឹក​ត្នោតស្ងួតឲ្យ​ខ្ទេច​ដូច្នោះ។

[៦៨១] បុរសណា យឺតយូរក្នុងការងារ​ដែលខ្លួនត្រូវ​ធ្វើឲ្យយឺតយូរ​ផង រហ័ស​រហួន​ផង ក្នុងការងារ​ដែលខ្លួនធ្វើ​ឲ្យរហ័សផង ប្រយោជន៍​របស់បុរស​នោះ តែងពេញ​គ្រប់គ្រាន់ ដូចជា​ព្រះចន្ទ្រ​វែករាត្រី (ឲ្យលេចពន្លឺ​ធំម្ដងបន្តិច ៗ )។

ចប់ គជកុម្ពជាតក ទី៥។

កេសវជាតក ទី៦

(៣៤៦. កេសវជាតកំ (៤-៥-៦))

[៦៨២] (នារទាមាត្យ ទូលសួរកេសវតាបសថា) កេសវតាបសមាន​ព្រះភាគ (របស់​យើងខ្ញុំ) នេះ លះបង់​ព្រះបាទ​ពារាណសី ជាធំ​ជាងមនុស្ស អ្នកឲ្យ​សំរេច​សេចក្ដី​ប្រាថ្នា​ទាំងពួង ហើយ​ត្រេកអរ​សប្បាយ​ក្នុងអាស្រម​របស់កូន​សិស្សឈ្មោះ​កប្បកៈ តើ​ដោយ​ឧបាយ​ដូចម្ដេច។

[៦៨៣] (កេសវតាបស និយាយថា) ម្នាលអាមាត្យ រសទាំងឡាយ​ដ៏ឆ្ងាញ់ គួររីករាយ​ក៏មាន ដើមឈើ​ទាំងឡាយ ជាទី​រីករាយ​ចិត្ត​ក៏មាន ពាក្យជា​សុភាសិត​ទាំងឡាយ​របស់​កប្បកៈ តែងធ្វើ​ឲ្យអាត្មា​ត្រេកអរ​បាន។

[៦៨៤] (នារទាមាត្យ ពោលថា) លោកម្ចាស់ ឆាន់ចង្ហាន់​ស្រូវសាលី ដែលលាយ​នឹងសាច់​ដ៏ស្អាត ហេតុដូចម្ដេច បានជា​ស្រងែរ និង​ស្មៅគែលលក​ដែល​មិនមាន​រសប្រៃ​សោះ ធ្វើឲ្យលោកម្ចាស់​ត្រេកអរ​បាន។

[៦៨៥] (កេសវតាបស និយាយ​តបថា) បុគ្គលមាន​សេចក្ដី​ស្និទ្ធស្នាល បរិភោគ​ភោជន​ទោះបី​ឆ្ងាញ់ក្ដី មិនឆ្ងាញ់ក្ដី តិចក្ដី ច្រើនក្ដី ក្នុងកន្លែង​ណា ភោជន (ណាមួយ​ដែល​បុគ្គល​បរិភោគ​ហើយ ក្នុងទី​កន្លែងនោះ ជាភោជន​ប្រសើរ) ព្រោះរស មានសេចក្ដី​ស្និទ្ធស្នាល​ជាយ៉ាង​ក្រៃលែង។

ចប់ កេសវជាតក ទី៦។

អយកូដជាតក ទី៧

(៣៤៧. អយកូដជាតកំ (៤-៥-៧))

[៦៨៦] (ពោធិសត្វ ពោលថា) អ្នកណា ឈរកាន់ញញួរ​ដែកទាំងមូល​ធំហួស​ប្រមាណ លើអាកាស អ្នកនោះ​មកឋិតនៅ ដើម្បី​រក្សាអញ (ក្នុងថ្ងៃនេះ) ឬព្យាយាម ដើម្បី​សម្លាប់​អញ។

[៦៨៧] (យក្ស ពោលថា) បពិត្រមហារាជ ខ្ញុំព្រះអង្គ​ជាទូតរបស់​អារក្សទឹក ខ្ញុំព្រះអង្គ​ត្រូវពួក​អារក្ស​ទឹកប្រើមកក្នុង​ទីនេះ ដើម្បីសម្លាប់​ព្រះអង្គ តែថា ព្រះឥន្ទ្រ​ជាស្ដេច​ទេវតា​រក្សាព្រះអង្គ ហេតុនោះ ខ្ញុំព្រះអង្គ​នឹងបំបែក​ព្រះសិរ្ស៍​របស់ព្រះអង្គ​មិនបានទេ។

[៦៨៨] (ពោធិសត្វ ពោលថា) បើទេវរាជ ទេវានមិន្រ្ទ មឃវៈ សុជម្បតិ រក្សានូវ​អញ ម្នាល​បិសាច អារក្សទាំងអស់ ចូរបន្លឺ​ឡើងតាម​សេចក្ដី​ប្រាថ្នាចុះ យ៉ាងអញ​មិនតក់ស្លុត ចំពោះ​ពួក​អារក្សទឹក​ទេ។

[៦៨៩] ពួកកុម្ភណ្ឌ និងពួកបិសាច​នៅលើគំនរ​សំរាម​ទាំងអស់ ចូរកំចាត់​តាម​សេចក្ដី​ប្រាថ្នាចុះ នែបិសាច ពួកបិសាច​ទាំងអស់ មិនអាច​ដើម្បីច្បាំង​នឹងអញ​បានទេ ការបន្លាច​គួរឲ្យខ្លាច​នោះធំ​ណាស់ (តែអញ​មិនខ្លាច​ឯងទេ)។

ចប់ អយកូដជាតក ទី៧។

អរញ្ញជាតក ទី៨

(៣៤៨. អរញ្ញជាតកំ (៤-៥-៨))

[៦៩០] (តាបសកុមារ និយាយប្រាប់បិតាថា) បពិត្របិតា ខ្ញុំបាទ​ចេញ​អំពីព្រៃ មករក​ស្រុកវិញ គួរសេពគប់​នឹងបុរស​មានមារយាទ​ដូចម្ដេច មានវត្ត​ប្រតិបត្តិ​ដូចម្ដេច ខ្ញុំបាទ​សួរហើយ សូមបិតា​ប្រាប់ហេតុ​នោះ (ដល់ខ្ញុំ) ឲ្យទាន។

[៦៩១] (តាបសពោធិសត្វជាបិតា ប្រាប់ថា) ម្នាលកូន បុរសណា គប្បី​ស្និទ្ធស្នាល​នឹងអ្នក គប្បីអត់​ទ្រាំនូវសេចក្ដី​ស្និទ្ធស្នាល​របស់អ្នក ជាអ្នកចង់​ស្ដាប់ពាក្យ​របស់អ្នក អត់ទោស​ដល់អ្នក អ្នកទៅ​អំពីព្រៃនេះទៅ ចូរសេពគប់​នឹងបុរស​នោះចុះ។

[៦៩២] បុរសណា មិនមានអំពើអាក្រក់ដោយ​កាយ វាចា ចិត្ត បើអ្នក​ចេញ​អំពីព្រៃ​នេះទៅ អ្នកចូរ​សេពគប់​បុរសនោះចុះ ធ្វើដូចជា កូនដែលតាំង​នៅឰដ៏ទ្រូង។

[៦៩៣] បើផ្ទៃជម្ពូទ្វីបនេះ គ្មានមនុស្សអ្នក​វៀរចាក​កាយទុច្ចរិត​ជាដើមទេ ម្នាលកូន អ្នក​កុំសេពគប់​នឹងបុរស​ដែលមាន​ចិត្តដូច​ទឹកល្មៀត​ជាគ្រឿង​ជ្រលក់ (មានចិត្ត​មិនបាន​ខ្ជាប់ខ្លួន) មានចិត្ត​ដូចជាអាការ​នៃស្វា ជួនត្រេកអរ ជួនមិន​ត្រេកអរ (ប្រែប្រួល​ភ្លាម ៗ) ប្រាកដ​ដូច្នោះ​ឡើយ។

ចប់ អរញ្ញជាតក ទី៨។

សន្ធិភេទជាតក ទី៩

(៣៤៩. សន្ធិភេទជាតកំ (៤-៥-៩))

[៦៩៤] (ព្រះរាជា មានព្រះឱង្ការ​នឹងសារថីថា) ម្នាលសារថី សេចក្ដី​ស្មើគ្នា (របស់​សត្វ​ទាំងពីរ) ក្នុងសត្វញី​ទាំងឡាយ មិនមាន ​ក្នុងចំណី​អាហារ​ទាំងឡាយ ក៏មិន​មានដែរ អ្នកចូរ​មើលគំនិត​របស់​ចចក​អ្នកបំបែក​នូវតំណ​នៃមិត្រនោះ គិតមើល​ឲ្យល្អចុះ។

[៦៩៥] ពួកម្រឹគអធម៌ (ចចក) ស៊ីគោផង ស៊ីសីហៈផង ព្រោះសេចក្ដី​ញុះញង់ណា សេចក្ដី​ញុះញង់នោះ រមែង​ប្រែប្រួល​ដូចជា​ដាវមុត​ក្នុងសាច់។

[៦៩៦] ម្នាលសារថី អ្នកឃើញកិរិយា​ដេកស្លាប់ (នៃសត្វទាំងពីរ) នេះ បុគ្គលណា ជឿពាក្យ​របស់បុគ្គល​អ្នកញុះញង់ បំបែក​នូវតំណ​នៃមិត្រ បុគ្គលនោះ រមែង​ដេកស្លាប់​យ៉ាងនេះ (ពុំខាន)។

[៦៩៧] ម្នាលសារថី ពួកជនណា មិនជឿពាក្យញុះញង់​របស់អ្នក​បំបែក​នូវតំណ​នៃមិត្រ ពួកជននោះ តែងបាន​នូវសេចក្ដី​សុខ ដូចជា​ពួកនរជន​អ្នកទៅកើត​ក្នុង​ឋានសួគ៌​ដូច្នោះ។

ចប់ សន្ធិភេទជាតក ទី៩។

ទេវតាបញ្ហជាតក ទី១០

(៣៥០. ទេវតាបញ្ហជាតកំ (៤-៥-១០))

[៦៩៨] (ទេវតា សួរថា) បុគ្គលណា ប្រហារ​ដោយដៃ​ទាំងពីរផង ដោយជើង​ទាំងពីរផង ប្រហារ​នូវមាត់ផង បពិត្រ​មហារាជ បុគ្គលនោះ ជាទីស្រឡាញ់​នៃគេ ហេតុនោះ ព្រះអង្គយល់ថា​បុគ្គលណា។

[៦៩៩] បុគ្គលណា ជេរប្រទេច​តាមសេចក្ដីប្រាថ្នា តែមិនប្រាថ្នា​នូវការ​មកដល់​បុគ្គល​នោះ បពិត្រ​មហារាជ បុគ្គលនោះ ជាទីស្រឡាញ់​របស់គេ ហេតុនោះ ព្រះអង្គ​យល់ថា បុគ្គលណា។

[៧០០] បុគ្គលណា ពោលបង្កាច់ដោយពាក្យមិនពិត ប្រកាស​ប្រាប់ឲ្យ​ឮដោយ​ពាក្យ​ឡូឡា បពិត្រ​មហារាជ បុគ្គលនោះ ជាទីស្រឡាញ់​របស់គេ ហេតុនោះ ព្រះអង្គ​យល់ថា បុគ្គលណា។

[៧០១] ពួកអ្នកនាំយកទៅ បាននាំយក​បាយផង ទឹកផង សំពត់ និង​សេនាសនៈ​ទាំងឡាយ​ផង ដោយពិត បពិត្រ​មហារាជ ពួកអ្នក​នាំយកទៅ​នោះ ជាទី​ស្រឡាញ់​របស់គេ ហេតុនោះ ព្រះអង្គ​យល់ថា បុគ្គលណា។

ចប់ ទេវតាបញ្ហជាតក ទី១០។

ចប់ ចុល្លកុណាលវគ្គ ទី៥។

ឧទ្ទាននៃចុល្លកុណាលវគ្គនោះគឺ

និយាយអំពីស្រីធ្វើសេចក្ដីត្រេកអរ​ដល់ពួកបុរស ១ ព្រះពោធិសត្វ​បានរើខ្លួន ១ មេក្រៀល​នៅក្នុង​ដំណាក់​ស្ដេច ១ វត្តុធ្វើ​សក់ឲ្យខ្មៅ ១ ភ្លើងដ៏ប្រសើរ ១ រសទាំងឡាយ ១ ញញួរដែក​ដ៏ប្រសើរ ១ ការចេញ​អំពីព្រៃ ១ នាយសារថី ១ ប្រហារ​ដោយដៃ ១ ត្រូវជា ១០។

ឧទ្ទាននៃវគ្គក្នុងចតុក្កនិបាតនោះគឺ

កាលិង្គវគ្គ ១ បុចិមន្ទវគ្គ ១ កុដិទូសកវគ្គ ១ កោកិលវគ្គ ១ ចុល្លកុណាលវគ្គ គំរប់ជា ៥ លោកសំដែង​ល្អហើយ។

ចប់ ចតុក្កនិបាត។

ចប់ ភាគ៥៨ ។

មាតិកា

លេខ ទំព័រ លេខ​សម្គាល់
ឯកនិបាត sut.kn.jat.v01
អបណ្ណកវគ្គ ទី១ sut.kn.jat.v01.01
អបណ្ណកជាតក ទី១ sut.kn.jat.001
វណ្ណុបថជាតក ទី២ sut.kn.jat.002
សេរិវាណិជជាតក ទី៣ sut.kn.jat.003
ចុល្លកសេដ្ឋិជាតក ទី៤ sut.kn.jat.004
តណ្ឌុលនាឡិជាតក ទី៥ sut.kn.jat.005
ទេវធម្មជាតក ទី៦ sut.kn.jat.006
កដ្ឋហារិជាតក ទី៧ sut.kn.jat.007
គាមណិជាតក ទី៨ sut.kn.jat.008
មឃទេវជាតក ទី៩ sut.kn.jat.009
សុខវិហារជាតក ទី១០ sut.kn.jat.010
សីលវគ្គ ទី២ sut.kn.jat.v01.02
លក្ខណជាតក ទី១ sut.kn.jat.011
និគ្រោធមិគជាតក ទី២ sut.kn.jat.012
កណ្ឌិនជាតក ទី៣ sut.kn.jat.013
វាតមិគជាតក ទី៤ sut.kn.jat.014
ខរាទិយជាតក ទី៥ sut.kn.jat.015
តិបល្លត្ថជាតក ទី៦ sut.kn.jat.016
មាលុតជាតក ទី៧ sut.kn.jat.017
មតកភត្តជាតក ទី៨ sut.kn.jat.018
អាយាចិតភត្តជាតក ទី៩ sut.kn.jat.019
នឡបានជាតក ទី១០ sut.kn.jat.020
កុរុង្គវគ្គ ទី៣ ១១ sut.kn.jat.v01.03
កុរុង្គមិគជាតក ទី១ ១១ sut.kn.jat.021
កុក្កុរជាតក ទី២ ១១ sut.kn.jat.022
ភោជាជានីយជាតក ទី៣ ១១ sut.kn.jat.023
អាជញ្ញជាតក ទី៤ ១២ sut.kn.jat.024
តិត្ថជាតក ទី៥ ១២ sut.kn.jat.025
មហិឡាមុខជាតក ទី៦ ១២ sut.kn.jat.026
អភិណ្ហជាតក ទី៧ ១៣ sut.kn.jat.027
នន្ទិវិសាលជាតក ទី៨ ១៣ sut.kn.jat.028
កណ្ហជាតក ទី៩ ១៣ sut.kn.jat.029
មុណិកជាតក ទី១០ ១៤ sut.kn.jat.030
កុលាវកវគ្គ ទី៤ ១៥ sut.kn.jat.v01.04
កុលាវកជាតក ទី១ ១៥ sut.kn.jat.031
នច្ចជាតក ទី២ ១៥ sut.kn.jat.032
សម្មោទមានជាតក ទី៣ ១៥ sut.kn.jat.033
មច្ឆជាតក ទី៤ ១៦ sut.kn.jat.034
វដ្ដកជាតក ទី៥ ១៦ sut.kn.jat.035
សកុណជាតក ទី៦ ១៦ sut.kn.jat.036
តិត្តិរជាតក ទី៧ ១៧ sut.kn.jat.037
ពកជាតក ទី៨ ១៧ sut.kn.jat.038
នន្ទជាតក ទី៩ ១៧ sut.kn.jat.039
ខទិរង្គារជាតក ទី១០ ១៨ sut.kn.jat.040
អត្ថកាមវគ្គ ទី៥ ១៩ sut.kn.jat.v01.05
លោសកជាតក ទី១ ១៩ sut.kn.jat.041
កបោតកជាតក ទី២ ១៩ sut.kn.jat.042
វេឡុកជាតក ទី៣ ២០ sut.kn.jat.043
មកសជាតក ទី៤ ២០ sut.kn.jat.044
រោហិណីជាតក ទី៥ ២០ sut.kn.jat.045
អារាមទូសកជាតក ទី៦ ២១ sut.kn.jat.046
វារុណិទូសកជាតក ទី៧ ២១ sut.kn.jat.047
វេទព្វជាតក ទី៨ ២១ sut.kn.jat.048
នក្ខត្តជាតក ទី៩ ២២ sut.kn.jat.049
ទុម្មេធជាតក ទី១០ ២២ sut.kn.jat.050
អាសឹសវគ្គ ទី៦ ២៣ sut.kn.jat.v01.06
មហាសីលវជាតក ទី១ ២៣ sut.kn.jat.051
ចូឡជនកជាតក ទី២ ២៣ sut.kn.jat.052
បុណ្ណបាតិជាតក ទី៣ ២៣ sut.kn.jat.053
ផលជាតក ទី៤ ២៤ sut.kn.jat.054
បញ្ចាវុធជាតក ទី៥ ២៤ sut.kn.jat.055
កញ្ចនក្ខន្ធជាតក ទី៦ ២៤ sut.kn.jat.056
វានរិន្ទជាតក ទី៧ ២៥ sut.kn.jat.057
តយោធម្មជាតក ទី៨ ២៥ sut.kn.jat.058
ភេរិវាទជាតក ទី៩ ២៥ sut.kn.jat.059
សង្ខធមនជាតក ទី១០ ២៦ sut.kn.jat.060
ឥត្ថីវគ្គ ទី៧ ២៧ sut.kn.jat.v01.07
អសាតមន្តជាតក ទី១ ២៧ sut.kn.jat.061
អណ្ឌភូតជាតក ទី២ ២៧ sut.kn.jat.062
តក្កជាតក ទី៣ ២៨ sut.kn.jat.063
ទុរាជានជាតក ទី៤ ២៨ sut.kn.jat.064
អនភិរតិជាតក ទី៥ ២៨ sut.kn.jat.065
មុទុលក្ខណជាតក ទី៦ ២៩ sut.kn.jat.066
ឧច្ឆង្គជាតក ទី៧ ២៩ sut.kn.jat.067
សាកេតជាតក ទី៨ ២៩ sut.kn.jat.068
វិសវន្តជាតក ទី៩ ៣០ sut.kn.jat.069
កុទ្ទាលជាតក ទី១០ ៣០ sut.kn.jat.070
វរុណវគ្គ ទី៨ ៣១ sut.kn.jat.v01.08
វរុណជាតក ទី១ ៣១ sut.kn.jat.071
សីលវនាគជាតក ទី២ ៣១ sut.kn.jat.072
សច្ចង្កិរជាតក ទី៣ ៣១ sut.kn.jat.073
រុក្ខធម្មជាតក ទី៤ ៣២ sut.kn.jat.074
មច្ឆជាតក ទី៥ ៣២ sut.kn.jat.075
អសង្កិយជាតក ទី៦ ៣២ sut.kn.jat.076
មហាសុបិនជាតក ទី៧ ៣៣ sut.kn.jat.077
ឥល្លិសជាតក ទី៨ ៣៣ sut.kn.jat.078
ខរស្សរជាតក ទី៩ ៣៤ sut.kn.jat.079
ភីមសេនជាតក ទី១០ ៣៤ sut.kn.jat.080
អបាយិម្ភវគ្គ ទី៩ ៣៦ sut.kn.jat.v01.09
សុរាបានជាតក ទី១ ៣៦ sut.kn.jat.081
មិត្តវិន្ទជាតក ទី២ ៣៦ sut.kn.jat.082
កាឡកណ្ណិជាតក ទី៣ ៣៦ sut.kn.jat.083
អត្ថស្ស ទ្វារជាតក ទី៤ ៣៧ sut.kn.jat.084
កិម្បកជាតក ទី៥ ៣៧ sut.kn.jat.085
សីលវិមំសជាតក ទី៦ ៣៨ sut.kn.jat.086
មង្គលជាតក ទី៧ ៣៨ sut.kn.jat.087
សារម្ភជាតក ទី៨ ៣៩ sut.kn.jat.088
កុហកជាតក ទី៩ ៣៩ sut.kn.jat.089
អកតញ្ញុជាតក ទី១០ ៣៩ sut.kn.jat.090
លិត្តវគ្គ ទី១០ ៤១ sut.kn.jat.v01.10
លិត្តជាតក ទី១ ៤១ sut.kn.jat.091
មសារជាតក ទី២ ៤១ sut.kn.jat.092
វិស្សាសភោជនជាតក ទី៣ ៤២ sut.kn.jat.093
លោមហំសជាតក ទី៤ ៤២ sut.kn.jat.094
មហាសុទស្សនជាតក ទី៥ ៤២ sut.kn.jat.095
តេលបត្តជាតក ទី៦ ៤៣ sut.kn.jat.096
នាមសិទ្ធិជាតក ទី៧ ៤៣ sut.kn.jat.097
កូដវាណិជជាតក ទី៨ ៤៣ sut.kn.jat.098
បរោសហស្សជាតក ទី៩ ៤៤ sut.kn.jat.099
អសាតរូបជាតក ទី១០ ៤៤ sut.kn.jat.100
បរោសតវគ្គ ទី១១ ៤៦ sut.kn.jat.v01.11
បរោសតជាតក ទី១ ៤៦ sut.kn.jat.101
បណ្ណិកជាតក ទី២ ៤៦ sut.kn.jat.102
វេរិជាតក ទី៣ ៤៧ sut.kn.jat.103
មិត្តវិន្ទជាតក ទី៤ ៤៧ sut.kn.jat.104
ទុព្វលកដ្ឋជាតក ទី៥ ៤៧ sut.kn.jat.105
ឧទញ្ចនីជាតក ទី៦ ៤៨ sut.kn.jat.106
សាលិត្តកជាតក ទី៧ ៤៨ sut.kn.jat.107
ពាហិយជាតក ទី៨ ៤៨ sut.kn.jat.108
កុណ្ឌកបូវជាតក ទី៩ ៤៩ sut.kn.jat.109
សព្វសំហារកបញ្ហា ទី១០ ៤៩ sut.kn.jat.110
ហំសិវគ្គ ទី១២ ៥០ sut.kn.jat.v01.12
គទ្រភបញ្ហា ទី១ ៥០ sut.kn.jat.111
អមរាទេវិបញ្ហា ទី២ ៥០ sut.kn.jat.112
សិគាលជាតក ទី៣ ៥១ sut.kn.jat.113
មិតចិន្តិជាតក ទី៤ ៥១ sut.kn.jat.114
អនុសាសិកជាតក ទី៥ ៥១ sut.kn.jat.115
ទុព្វចជាតក ទី៦ ៥២ sut.kn.jat.116
តិត្តិរជាតក ទី៧ ៥២ sut.kn.jat.117
វដ្តកជាតក ទី៨ ៥២ sut.kn.jat.118
អកាលរាវិជាតក ទី៩ ៥៣ sut.kn.jat.119
ពន្ធនមោក្ខជាតក ទី១០ ៥៣ sut.kn.jat.120
កុសនាឡិវគ្គ ទី១៣ ៥៤ sut.kn.jat.v01.13
កុសនាឡិជាតក ទី១ ៥៤ sut.kn.jat.121
ទុម្មេធជាតក ទី២ ៥៤ sut.kn.jat.122
នង្គលីសជាតក ទី៣ ៥៥ sut.kn.jat.123
អម្ពជាតក ទី៤ ៥៥ sut.kn.jat.124
កដាហកជាតក ទី៥ ៥៥ sut.kn.jat.125
អសិលក្ខណជាតក ទី៦ ៥៦ sut.kn.jat.126
កលណ្ឌុកជាតក ទី៧ ៥៦ sut.kn.jat.127
មូសិកជាតក ទី៨ ៥៦ sut.kn.jat.128
អគ្គិកជាតក ទី៩ ៥៧ sut.kn.jat.129
កោសិយជាតក ទី១០ ៥៧ sut.kn.jat.130
អសម្បទានវគ្គ ទី១៤ ៥៨ sut.kn.jat.v01.14
អសម្បទានជាតក ទី១ ៥៨ sut.kn.jat.131
បញ្ចភិរុកជាតក ទី២ ៥៨ sut.kn.jat.132
ឃតាសនជាតក ទី៣ ៥៩ sut.kn.jat.133
ឈានសោធនជាតក ទី៤ ៥៩ sut.kn.jat.134
ចន្ទាភជាតក ទី៥ ៦០ sut.kn.jat.135
សុវណ្ណហំសជាតក ទី៦ ៦០ sut.kn.jat.136
ពព្វុជាតក ទី៧ ៦០ sut.kn.jat.137
គោធជាតក ទី៨ ៦១ sut.kn.jat.138
ឧភតោភដ្ឋជាតក ទី៩ ៦១ sut.kn.jat.139
កាកជាតក ទី១០ ៦១ sut.kn.jat.140
កកណ្តកវគ្គ ទី១៥ ៦៣ sut.kn.jat.v01.15
គោធជាតក ទី១ ៦៣ sut.kn.jat.141
សិង្គាលជាតក ទី២ ៦៣ sut.kn.jat.142
វិរោចនជាតក ទី៣ ៦៣ sut.kn.jat.143
នង្គុដ្ឋជាតក ទី៤ ៦៤ sut.kn.jat.144
រាធជាតក ទី៥ ៦៤ sut.kn.jat.145
កាកជាតក ទី៦ ៦៤ sut.kn.jat.146
បុប្ផរត្តជាតក ទី៧ ៦៥ sut.kn.jat.147
សិង្គាលជាតក ទី៨ ៦៥ sut.kn.jat.148
ឯកបណ្ណជាតក ទី៩ ៦៥ sut.kn.jat.149
សញ្ជីវជាតក ទី១០ ៦៦ sut.kn.jat.150
ទុកនិបាត ៦៨ sut.kn.jat.v02
ទឡ្ហវគ្គ ទី១ ៦៨ sut.kn.jat.02.01
រាជោវាទជាតក ទី១ ៦៨ sut.kn.jat.151
សិគាលជាតក ទី២ ៦៩ sut.kn.jat.152
សូករជាតក ទី៣ ៦៩ sut.kn.jat.153
ឧរគជាតក ទី៤ ៧០ sut.kn.jat.154
ភគ្គជាតក ទី៥ ៧០ sut.kn.jat.155
អលីនចិត្តជាតក ទី៦ ៧១ sut.kn.jat.156
គុណជាតក ទី៧ ៧១ sut.kn.jat.157
សុហនុជាតក ទី៨ ៧២ sut.kn.jat.158
មោរជាតក ទី៩ ៧៣ sut.kn.jat.159
វីនីលកជាតក ទី១០ ៧៤ sut.kn.jat.160
សន្ថវវគ្គ ទី២ ៧៦ sut.kn.jat.v02.02
ឥន្ទសមានគោត្តជាតក ទី១ ៧៦ sut.kn.jat.161
សន្ថវជាតក ទី២ ៧៦ sut.kn.jat.162
សុសីមជាតក ទី៣ ៧៧ sut.kn.jat.163
គិជ្ឈជាតក ទី៤ ៧៨ sut.kn.jat.164
នកុលជាតក ទី៥ ៧៨ sut.kn.jat.165
ឧបសាឡ្ហជាតក ទី៦ ៧៩ sut.kn.jat.166
សមិទ្ធិជាតក ទី៧ ៧៩ sut.kn.jat.167
សកុណគ្ឃិជាតក ទី៨ ៨០ sut.kn.jat.168
អរកជាតក ទី៩ ៨១ sut.kn.jat.169
កកណ្ឋកជាតក ទី១០ ៨១ sut.kn.jat.170
កល្យាណធម្មវគ្គ ទី៣ ៨២ sut.kn.jat.v02.03
កល្យាណធម្មជាតក ទី១ ៨២ sut.kn.jat.171
ទទ្ទរជាតក ទី២ ៨២ sut.kn.jat.172
មក្កដជាតក ទី៣ ៨៣ sut.kn.jat.173
ទុព្ភិយមក្កដជាតក ទី៤ ៨៣ sut.kn.jat.174
អាទិច្ចុបដ្ឋានជាតក ទី៥ ៨៤ sut.kn.jat.175
កឡាយមុដ្ឋិជាតក ទី៦ ៨៤ sut.kn.jat.176
តិន្ទុកជាតក ទី៧ ៨៥ sut.kn.jat.177
កច្ឆបជាតក ទី៨ ៨៥ sut.kn.jat.178
សតធម្មជាតក ទី៩ ៨៦ sut.kn.jat.179
ទុទ្ទទជាតក ទី១០ ៨៧ sut.kn.jat.180
អសទិសវគ្គ ទី៤ ៨៨ sut.kn.jat.v02.04
អសទិសជាតក ទី១ ៨៨ sut.kn.jat.181
សង្គាមាវចរជាតក ទី២ ៨៨ sut.kn.jat.182
វាលោទកជាតក ទី៣ ៨៩ sut.kn.jat.183
គិរិទត្តជាតក ទី៤ ៨៩ sut.kn.jat.184
អនភិរតិជាតក ទី៥ ៩០ sut.kn.jat.185
ទធិវាហនជាតក ទី៦ ៩១ sut.kn.jat.186
ចតុមដ្ឋជាតក ទី៧ ៩១ sut.kn.jat.187
សីហកោត្ថុកជាតក ទី៨ ៩២ sut.kn.jat.188
សីហធម្មជាតក ទី៩ ៩២ sut.kn.jat.189
សីលានិសំសជាតក ទី១០ ៩៣ sut.kn.jat.190
រុហកវគ្គ ទី៥ ៩៤ sut.kn.jat.v02.05
រុហកជាតក ទី១ ៩៤ sut.kn.jat.191
សិរីកាឡកណ្ណិជាតក ទី២ ៩៤ sut.kn.jat.192
ចុល្លបទុមជាតក ទី៣ ៩៥ sut.kn.jat.193
មណិចោរជាតក ទី៤ ៩៦ sut.kn.jat.194
បព្វតូបត្ថរជាតក ទី៥ ៩៦ sut.kn.jat.195
វលាហកជាតក ទី៦ ៩៧ sut.kn.jat.196
មិត្តាមិត្តជាតក ទី៧ ៩៨ sut.kn.jat.197
រាធជាតក ទី៨ ៩៨ sut.kn.jat.198
គហបតិជាតក ទី៩ ៩៩ sut.kn.jat.199
សាធុសីលជាតក ទី១០ ៩៩ sut.kn.jat.200
នតំទឡ្ហវគ្គ ទី៦ ១០១ sut.kn.jat.v02.06
ពន្ធនាគារជាតក ទី១ ១០១ sut.kn.jat.201
កេឡិសីលជាតក ទី២ ១០១ sut.kn.jat.202
ខន្ធបរិត្តជាតក ទី៣ ១០២ sut.kn.jat.203
វីរកជាតក ទី៤ ១០៤ sut.kn.jat.204
គង្គេយ្យជាតក ទី៥ ១០៤ sut.kn.jat.205
កុរុង្គមិគជាតក ទី៦ ១០៥ sut.kn.jat.206
អស្សកជាតក ទី៧ ១០៥ sut.kn.jat.207
សុំសុមារជាតក ទី៨ ១០៦ sut.kn.jat.208
កក្ករជាតក ទី៩ ១០៦ sut.kn.jat.209
កន្ទគលកជាតក ទី១០ ១០៧ sut.kn.jat.210
ពីរណត្ថម្ភកវគ្គ ទី៧ ១០៨ sut.kn.jat.v02.07
សោមទត្តជាតក ទី១ ១០៨ sut.kn.jat.211
ឧច្ឆិដ្ឋភត្តជាតក ទី២ ១០៨ sut.kn.jat.212
ភរុរាជជាតក ទី៣ ១០៩ sut.kn.jat.213
បុណ្ណនទីជាតក ទី៤ ១១០ sut.kn.jat.214
កច្ឆបជាតក ទី៥ ១១០ sut.kn.jat.215
មច្ឆជាតក ទី៦ ១១១ sut.kn.jat.216
សេគ្គុជាតក ទី៧ ១១២ sut.kn.jat.217
កូដវាណិជជាតក ទី៨ ១១២ sut.kn.jat.218
គរហិតជាតក ទី៩ ១១៣ sut.kn.jat.219
ធម្មទ្ធជជាតក ទី១០ ១១៤ sut.kn.jat.220
កាសាវវគ្គ ទី៨ ១១៥ sut.kn.jat.v02.08
កាសាវជាតក ទី១ ១១៥ sut.kn.jat.221
ចុល្លនន្ទិយជាតក ទី២ ១១៥ sut.kn.jat.222
បុដភត្តជាតក ទី៣ ១១៦ sut.kn.jat.223
កុម្ភីលជាតក ទី៤ ១១៧ sut.kn.jat.224
ខន្តិវណ្ណនជាតក ទី៥ ១១៧ sut.kn.jat.225
កោសិយជាតក ទី៦ ១១៨ sut.kn.jat.226
គូថបាណកជាតក ទី៧ ១១៩ sut.kn.jat.227
កាមនីតជាតក ទី៨ ១១៩ sut.kn.jat.228
បលាយិជាតក ទី៩ ១២០ sut.kn.jat.229
ទុតិយបលាយិជាតក ទី១០ ១២១ sut.kn.jat.230
ឧបាហនវគ្គ ទី៩ ១២៣ sut.kn.jat.v02.09
ឧបាហនជាតក ទី១ ១២៣ sut.kn.jat.231
វីណាថូនជាតក ទី២ ១២៣ sut.kn.jat.232
វិកណ្ណកជាតក ទី៣ ១២៤ sut.kn.jat.233
អសិតាភុជាតក ទី៤ ១២៥ sut.kn.jat.234
វច្ឆនខជាតក ទី៥ ១២៥ sut.kn.jat.235
ពកជាតក ទី៦ ១២៦ sut.kn.jat.236
សាកេតជាតក ទី៧ ១២៧ sut.kn.jat.237
ឯកបទជាតក ទី៨ ១២៧ sut.kn.jat.238
ហរិតមាតជាតក ទី៩ ១២៨ sut.kn.jat.239
មហាបិង្គលជាតក ទី១០ ១២៩ sut.kn.jat.240
សិគាលវគ្គ ទី១០ ១៣០ sut.kn.jat.v02.10
សព្វទាឋិជាតក ទី១ ១៣០ sut.kn.jat.241
សុនខជាតក ទី២ ១៣០ sut.kn.jat.242
គុត្តិលជាតក ទី៣ ១៣២ sut.kn.jat.243
វិគតិច្ឆជាតក ទី៤ ១៣២ sut.kn.jat.244
មូលបរិយាយជាតក ទី៥ ១៣៣ sut.kn.jat.245
ពាលោទជាតក ទី៦ ១៣៤ sut.kn.jat.246
បាទញ្ជលិជាតក ទី៧ ១៣៤ sut.kn.jat.247
កឹសុកោបមជាតក ទី៨ ១៣៥ sut.kn.jat.248
សាលកជាតក ទី៩ ១៣៦ sut.kn.jat.249
កបិជាតក ទី១០ ១៣៦ sut.kn.jat.250
តិកនិបាត ១៣៨ sut.kn.jat.v03
សង្កប្បវគ្គ ទី១ ១៣៨ sut.kn.jat.v03.01
សង្កប្បរាគជាតក ទី១ ១៣៨ sut.kn.jat.251
តិលមុដ្ឋិជាតក ទី២ ១៣៩ sut.kn.jat.252
មណិកណ្ឋជាតក ទី៣ ១៣៩ sut.kn.jat.253
កុណ្ឌកកុច្ឆិសិន្ធវជាតក ទី៤ ១៤០ sut.kn.jat.254
សុកជាតក ទី៥ ១៤១ sut.kn.jat.255
ជរូទបានជាតក ទី៦ ១៤២ sut.kn.jat.256
គាមណិចន្ទជាតក ទី៧ ១៤៣ sut.kn.jat.257
មន្ទធាតុរាជជាតក ទី៨ ១៤៤ sut.kn.jat.258
តិរិតិវច្ឆជាតក ទី៩ ១៤៥ sut.kn.jat.259
ទូតជាតក ទី១០ ១៤៦ sut.kn.jat.260
បទុមវគ្គ ទី២ ១៤៨ sut.kn.jat.v03.02
បទុមជាតក ទី១ ១៤៨ sut.kn.jat.261
មុទុបាណិជាតក ទី២ ១៤៩ sut.kn.jat.262
ចុល្លបលោភនជាតក ទី៣ ១៥០ sut.kn.jat.263
មហាបនាទជាតក ទី៤ ១៥០ sut.kn.jat.264
ខុរប្បជាតក ទី៥ ១៥១ sut.kn.jat.265
វាតគ្គសិន្ធវជាតក ទី៦ ១៥២ sut.kn.jat.266
សុវណ្ណកក្កដជាតក ទី៧ ១៥៣ sut.kn.jat.267
អារាមទូសកជាតក ទី៨ ១៥៤ sut.kn.jat.268
សុជាតាជាតក ទី៩ ១៥៥ sut.kn.jat.269
ឧលូកជាតក ទី១០ ១៥៥ sut.kn.jat.270
ឧទបានវគ្គ ទី៣ ១៥៧ sut.kn.jat.v03.03
ឧទបានទូសកជាតក ទី១ ១៥៧ sut.kn.jat.271
ព្យគ្ឃជាតក ទី២ ១៥៧ sut.kn.jat.272
កច្ឆបជាតក ទី៣ ១៥៨ sut.kn.jat.273
លោលជាតក ទី៤ ១៥៩ sut.kn.jat.274
រុចិរជាតក ទី៥ ១៦០ sut.kn.jat.275
កុរុធម្មជាតក ទី៦ ១៦១ sut.kn.jat.276
រោមជាតក ទី៧ ១៦២ sut.kn.jat.277
មហិសជាតក ទី៨ ១៦៣ sut.kn.jat.278
សតបត្តជាតក ទី៩ ១៦៤ sut.kn.jat.279
បូដទូសកជាតក ទី១០ ១៦៤ sut.kn.jat.280
អព្ភន្តរវគ្គ ទី៤ ១៦៦ sut.kn.jat.v03.04
អព្ភន្តរជាតក ទី១ ១៦៦ sut.kn.jat.281
សេយ្យជាតក ទី២ ១៦៧ sut.kn.jat.282
វឌ្ឍកីសូករជាតក ទី៣ ១៦៨ sut.kn.jat.283
សិរីជាតក ទី៤ ១៦៩ sut.kn.jat.284
មណិសូករជាតក ទី៥ ១៦៩ sut.kn.jat.285
សាលុកជាតក ទី៦ ១៧០ sut.kn.jat.286
លាភគរហិកជាតក ទី៧ ១៧១ sut.kn.jat.287
មច្ឆទានជាតក ទី៨ ១៧២ sut.kn.jat.288
នានាឆន្ទជាតក ទី៩ ១៧៣ sut.kn.jat.289
សីលវីមំសជាតក ទី១០ ១៧៤ sut.kn.jat.290
កុម្ភវគ្គ ទី៥ ១៧៦ sut.kn.jat.v03.05
ភទ្រឃដភេទកជាតក ទី១ ១៧៦ sut.kn.jat.291
សុបត្តជាតក ទី២ ១៧៦ sut.kn.jat.292
កាយនិពិ្វន្ទជាតក ទី៣ ១៧៧ sut.kn.jat.293
ជម្ពូខាទកជាតក ទី៤ ១៧៨ sut.kn.jat.294
អន្តជាតក ទី៥ ១៧៩ sut.kn.jat.295
សមុទ្ទជាតក ទី៦ ១៧៩ sut.kn.jat.296
កាមវិលាបជាតក ទី៧ ១៨០ sut.kn.jat.297
ឧទុម្ពរជាតក ទី៨ ១៨១ sut.kn.jat.298
កោមារិយបុត្តជាតក ទី៩ ១៨២ sut.kn.jat.299
ពកជាតក ទី១០ ១៨៣ sut.kn.jat.300
ចតុក្កនិបាត ១៨៥ sut.kn.jat.v04
កាលិង្គវគ្គ ទី១ ១៨៥ sut.kn.jat.v04.01
ចុល្លកាលិង្គជាតក ទី១ ១៨៥ sut.kn.jat.301
មហាអស្សារោហជាតក ទី២ ១៨៦ sut.kn.jat.302
ឯករាជជាតក ទី៣ ១៨៧ sut.kn.jat.303
ទទ្ទរជាតក ទី៤ ១៨៩ sut.kn.jat.304
សីលវីមំសជាតក ទី៥ ១៩០ sut.kn.jat.305
សុជាតាជាតក ទី៦ ១៩១ sut.kn.jat.306
បសាសជាតក ទី៧ ១៩២ sut.kn.jat.307
ជវសកុណជាតក ទី៨ ១៩៣ sut.kn.jat.308
ឆវជាតក ទី៩ ១៩៤ sut.kn.jat.309
សយ្ហជាតក ទី១០ ១៩៥ sut.kn.jat.310
បុចិមន្ទវគ្គ ទី២ ១៩៧ sut.kn.jat.v04.02
បុចិមន្ទជាតក ទី១ ១៩៧ sut.kn.jat.311
កស្សបមន្ទិយជាតក ទី២ ១៩៨ sut.kn.jat.312
ខន្តិវាទិជាតក ទី៣ ១៩៩ sut.kn.jat.313
លោហកុម្ភិជាតក ទី៤ ២០០ sut.kn.jat.314
មំសជាតក ទី៥ ២០១ sut.kn.jat.315
សសបណ្ឌិតជាតក ទី៦ ២០២ sut.kn.jat.316
មតរោទនជាតក ទី៧ ២០៣ sut.kn.jat.317
កណវេរជាតក ទី៨ ២០៤ sut.kn.jat.318
តិត្តិរជាតក ទី៩ ២០៥ sut.kn.jat.319
សុចជជាតក ទី១០ ២០៦ sut.kn.jat.320
កុដិទូសកវគ្គ ទី៣ ២០៨ sut.kn.jat.v04.03
កុដិទូសកជាតក ទី១ ២០៨ sut.kn.jat.321
ទុទ្ទុភាយជាតក ទី២ ២០៩ sut.kn.jat.322
ព្រហ្មទត្តជាតក ទី៣ ២១០ sut.kn.jat.323
ចម្មសាដកជាតក ទី៤ ២១១ sut.kn.jat.324
គោធជាតក ទី៥ ២១២ sut.kn.jat.325
កក្ការុជាតក ទី៦ ២១៣ sut.kn.jat.326
កាកាតិជាតក ទី៧ ២១៤ sut.kn.jat.327
អននុសោចិយជាតក ទី៨ ២១៥ sut.kn.jat.328
កាឡពាហុជាតក ទី៩ ២១៦ sut.kn.jat.329
សីលវីមំសជាតក ទី១០ ២១៧ sut.kn.jat.330
កោកិលវគ្គ ទី៤ ២១៩ sut.kn.jat.v04.04
កោកាលិកជាតក ទី១ ២១៩ sut.kn.jat.331
រថលដ្ឋិជាតក ទី២ ២២០ sut.kn.jat.332
គោធជាតក ទី៣ ២២១ sut.kn.jat.333
រាជោវាទជាតក ទី៤ ២២២ sut.kn.jat.334
ជម្ពុកជាតក ទី៥ ២២៣ sut.kn.jat.335
ព្រហាឆត្តជាតក ទី៦ ២២៤ sut.kn.jat.336
បីឋជាតក ទី៧ ២២៥ sut.kn.jat.337
ថុសជាតក ទី៨ ២២៦ sut.kn.jat.338
ពាវេរុជាតក ទី៩ ២២៧ sut.kn.jat.339
វិសយ្ហជាតក ទី១០ ២២៨ sut.kn.jat.340
ចុល្លកុណាលវគ្គ ទី៥ ២៣០ sut.kn.jat.v04.05
កុណ្ឌលិកជាតក ទី១ ២៣០ sut.kn.jat.341
វានរជាតក ទី២ ២៣១ sut.kn.jat.342
កុន្តិនីជាតក ទី៣ ២៣២ sut.kn.jat.343
អម្ពជាតក ទី៤ ២៣៣ sut.kn.jat.344
គជភុម្ភជាតក ទី៥ ២៣៤ sut.kn.jat.345
កេសវជាតក ទី៦ ២៣៥ sut.kn.jat.346
អយកូដជាតក ទី៧ ២៣៦ sut.kn.jat.347
អរញ្ញជាតក ទី៨ ២៣៨ sut.kn.jat.348
សន្ធិភេទជាតក ទី៩ ២៣៩ sut.kn.jat.349
ទេវតាបញ្ហជាតក ទី១០ ២៤០ sut.kn.jat.350
1)
យុគក្កិលេសនេះ បានដល់កិលេសទាំងឡាយ គឺ កោធៈ ឧបនាហៈ មក្ខៈ បឡាសៈ ជាដើម។
2)
យោគក្កិលេសនេះ បានដល់យោគៈ ៤យ៉ាង គឺកាមយោគៈ ១ ភវយោគៈ ១ ទិដ្ឋិយោគៈ ១ អវិជ្ជាយោគៈ ១។ អដ្ឋកថា។
3)
ត្រី ៣ មួយគិតច្រើន មួយគិតតិច មួយគិតល្មម។
4)
ហេតុ ៤យ៉ាង គឺ សរីរៈ ១ ជាតិ ១ សម្លេង ១ គុណ ១ (អដ្ឋកថា)។
5)
បុរសមានជើង ៤ នេះ សំដៅយកអណ្តើកនេះឯង។ អដ្ឋកថា។
6)
សំដៅយកមនុស្សស្រី។ អដ្ឋកថា។
7)
បុគ្គលអ្នកចិញ្ចឹម មាន៣ គឺ មាតា បិតា ស្វាមី។ អដ្ឋកថា។
8)
ឮទុភ ៗ។
9)
អគ្គិ បាវកោ គណ្ហវត្តនី ទាំង៣សព្ទនេះ ជាឈ្មោះនៃភ្លើងតែម្យ៉ាង។ អដ្ឋកថា។
km/tipitaka/book_058.txt · ពេលកែចុងក្រោយ: 2023/03/16 11:06 និពន្ឋដោយ Johann