User Tools

Site Tools


Translations of this page?:
km:tipitaka:book_062

-Namo tassa bhagavato arahato sammā-
ព្រះ​ត្រៃបិដកភាសាខ្មែរ - Tipiṭaka Khmer language

ភាគ ៦២ - Book 62

Ven. Members of the Sangha, Ven. Theras Valued Upasaka, valued Upasika This is a Work Edition! 1.Edition 28.2.2019 Do not share it further except for editing and working purposes within the transcription project on sangham.net. Only for personal use. If you find any mistake or like to join the merits please feel invited to join here: sangham.net or Upasika Norum on sangham.net
Anumodana!

សូមថ្វាយបង្គំចំពោះ​ព្រះ​សង្ឃ, ជំរាបសួរឧបាសក និងឧបាសិកាទាំង​អស់ នេះ​គឺជាសេចក្តីព្រាងច្បាប់​ការបោះ​ពុម្ពផ្សាយ! 1.Edition 28.2.2019 សូមកុំចែករំលែកបន្ថែមទៀត ប្រសិនបើ​មិន​មែនសម្រាប់​ការកែសម្រួលនៅ sangham.net និងកិច្ចការ​នេះ​។ សូមគិតថាលោកអ្នក​ត្រូវបាន​អញ្ជើញដើម្បីចូលរួមបុណ្យកុសល​នេះ និង​សូមប្រាប់​ពួក​យើងអំពីកំហុស និងប្រើវេទិកា​នេះ​: sangham.net ឬប្រាប់​ឧបាសិកា Norum នៅ​លើ sangham.net
សូមអនុមោទនា!

A topic about progress and feedback can be found here: ព្រះ​ត្រៃបិដក ភាគ ០៦២ - Tipitaka Book 062, for change log on ati.eu see here: រាយការណ៍ ភាគ ០៦២

book_062.jpg

គំរូ ឯកសារ ផ្សេងទៀត ៖
book_062.pdf

លេខ​សម្គាល់​

លេខទំព័រ

ព្រះ​ត្រៃបិដក ភាគ ទី ៦២

ទ. ១

សុត្តន្តបិដក

ខុទ្ទកនិកាយគ

​ជាតក

មហានិបាតជាតក

ភាគទី ៦២ ឯកាទសមភាគ

នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស។

ខ្ញុំ​សូម​នមស្ការ ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ ជា​អរហន្ត​សម្មាសម្ពុទ្ធ ព្រះ​អង្គ​នោះ​។

មហានិបាតជាតក

(២២. មហានិបាតោ)

តេមិយជាតក ទី១

(៥៣៨. មូគបក្ខជាតកំ (១))

[១] (ទេវតាពោលថា) អ្នកកុំប្រកាសនូវភាពជាអ្នកប្រាជ្ញ ចូរឲ្យ​ជនទាំង​ពួងដឹងថា​ជា​មនុស្សល្ងង់ ជនទាំង​អស់ចូរ​មើលងាយ​អ្នកចុះ សេចក្តី​ចំរើននឹង​មាន​ដល់​អ្នកដោយ​វិធី​យ៉ាងនេះ។

[២] (ព្រះមហាសត្វត្រាស់ថា) បពិត្រទេវតា អ្នកនិយាយពាក្យណា​នឹងខ្ញុំ ខ្ញុំនឹង​ធ្វើតាម​ពាក្យរបស់​អ្នកនោះ បពិត្រ​ទេវតា អ្នក​ឈ្មោះថា បា្រថា្ន​នូវសេចក្តី​ចំរើន​ដល់ខ្ញុំ បពិត្រ​ទេវតា អ្នក​ឈោ្មះថា ប្រាថ្នានូវ​ប្រយោជន៍ (ដល់ខ្ញុំ)។

[៣] (ព្រះមហាសត្វ) នែនាយសារថី អ្នកប្រញាប់ប្រញាល់​ជីករណ្តៅ តើព្រោះ​ហេតុអ្វី ម្នាល​សំឡាញ់ អ្នកដែល​ខ្ញុំសួរហើយ ចូរប្រាប់​មកចុះ អ្នកនឹងធ្វើនូវអ្វី​ដោយ​រណ្តៅ។

[៤] (នាយសារថី) ព្រះរាជបុត្តកើតមកហើយ គផង ខ្វិនផង ដូចជា​ឥតចិត្ត ឯខ្ញុំ​នោះ ព្រះរាជា​ទ្រង់ត្រាស់​ប្រើមក​ហើយថា អ្នកត្រូវ​ជីកកប់​កូនអញ​ក្នុងព្រៃចុះ។

[៥] (ព្រះមហាសត្វ) ខ្ញុំមិនថ្លង់ មិនគ មិនខ្វិនទេ មិនមែន​វិកលវិការ​ទេ នែនាយ​សារថី បើអ្នក​កប់ខ្ញុំ​ក្នុងព្រៃ អ្នក​ឈោ្មះថា ធ្វើខុសធម៌ អ្នកចូរមើលភ្លៅ និងដើម​ដៃខ្ញុំ ទាំងចូរ​ស្តាប់សំដី​ខ្ញុំ នែនាយ​សារថី បើអ្នកកប់​ខ្ញុំក្នុងព្រៃ អ្នក​ឈោ្មះថា ធ្វើខុស​ធម៌។

[៦] (នាយសារថី) អ្នកជាទេវតា ឬជាគន្ធព្វ ឬក៏ជា​បុរិន្ទទសក្កទេវរាជ អ្នកជាអ្វី ទាំងជា​កូនអ្នក​ណា យើងនឹង​ស្គាល់អ្នក​បាន​ដោយ​ប្រការ​ដូចម្តេច។

[៧] (ព្រះមហាសត្វ) ខ្ញុំមិនមែនជាទេវតា មិនមែនជា​គន្ធព្វ មិនមែន​ជា​បុរិន្ទទសក្ក​ទេវរាជ​ទេ អ្នកកប់​បុគ្គលណា​ក្នុង​រណ្តៅ បុគ្គលនោះ គឺខ្ញុំ ជាកូន​របស់​ព្រះបាទ​កាសិកៈ អ្នករស់​នៅដោយ​ស្រួល (ព្រោះ​អាស្រ័យ) នូវ​ព្រះរាជា​ណា ខ្ញុំជាកូន​របស់​ព្រះរាជា​នោះ នែ​នាយសារថី បើអ្នក​នឹងកប់ខ្ញុំ​ក្នុងព្រៃ អ្នក​ឈ្មោះថា ធ្វើខុសធម៌ បុគ្គល​គប្បីអង្គុយ ឬដេក​ក្រោមម្លប់​ឈើណា មិនគប្បី​កាច់បំបាក់​មែកឈើ​នោះទេ ព្រោះថា​អ្នក​ទ្រុស្តមិត្រ ជា​មនុស្ស​លាមក នែនាយ​សារថី ព្រះរាជាទុក​ដូចជា​ដើមឈើ ខ្លួនខ្ញុំទុក​ដូចជា​មែកឈើ​ដែរ អ្នកឯង​ទុកដូច​បុរស ដែលចូល​ទៅ​ជ្រកក្រោម​ម្លប់ឈើ​ដូច្នោះ នែ​នាយសារថី បើអ្នក​កប់ខ្ញុំ​​ក្នុងព្រៃ អ្នកឈោ្មះថា ធ្វើខុស​ធម៌។

[៨] បុគ្គលណា មិនទ្រុស្តចំពោះមិត្រទាំងឡាយ បុគ្គលនោះ​បើចេញ​ផុតអំពី​ផ្ទះ​របស់​ខ្លួនហើយ ជាអ្នក​មាន​ភក្ខាហារ​ច្រើន ជនច្រើន​នាក់តែង​ចិញ្ចឹមជីវិត (អាស្រ័យ) បុគ្គល​នោះ។ បុគ្គលណា មិនទ្រុស្ត​ចំពោះមិត្រ​ទាំងឡាយ បុគ្គលនោះ ទៅកាន់​ជនបទ និគម រាជធានី​ណា ៗ គេតែង​បូជាក្នុង​ទីទាំង​អស់នោះ។ បុគ្គលណា មិន​ទ្រុស្ត​ចំពោះ​មិត្រ​ទាំងឡាយ ពួកចោរ​មិនកំហែង​បុគ្គលនោះ ក្សត្រ ក៏មិន​មើលងាយ​បុគ្គលនោះ បុគ្គល​នោះ រមែង​កន្លងនូវ​សត្រូវ​ទាំងអស់។ បុគ្គលណា មិនទ្រុស្ត​ចំពោះមិត្រ​ទាំងឡាយ បុគ្គលនោះ​មិនខឹង មកកាន់ផ្ទះ​របស់ខ្លួន ជាអ្នកគេ​ទទួល​រីករាយ​ក្នុងរោង​សម្រាប់​ប្រជុំ ជាបុគ្គល​ឧត្តម​របស់ពួក​ញាតិ។ បុគ្គលធ្វើ​សក្ការៈ​ចំពោះ (មិត្រ) រមែង​ត្រូវមិត្រធ្វើ​សក្ការៈ​វិញ ជាអ្នក​គោរព (មិត្រ) រមែង​បាន​សេចក្តី​គោរពវិញ បុគ្គល​មិនប្រទូស្ត​មិត្រ រមែង​ពេញដោយ​គុណ និងកិត្តិសព្ទ។ បុគ្គលអ្នក​បូជាមិត្រ រមែងបាន​ការបូជា​វិញ ជាអ្នក​សំពះមិត្រ រមែងបាន​ការសំពះ​តបវិញ បុគ្គល​មិនប្រទូស្ត​មិត្រ រមែងដល់​នូវយសបរិវារ និង​កិត្តិសព្ទ។ បុគ្គលណា មិនប្រទូស្ត​មិត្រទាំងឡាយ បុគ្គលនោះ រមែង​រុងរឿងដូច​ភ្លើង រុងរឿង​ដូច​ទេវតា ជាអ្នក​មិនលះបង់​ចាក​សិរីឡើយ។ បុគ្គលណា មិនប្រទូស្ត​មិត្រ​ទាំងឡាយ គោទាំងឡាយ​របស់​បុគ្គលនោះ សម្រាល​កូនដោយ​ស្រួល ពូជដែល​បុគ្គល​នោះ​សាបព្រោះ​ក្នុងស្រែ រមែងដុះដាល បុគ្គលនោះ រមែង​បរិភោគផ្លែ​នៃពូជ​ទាំងឡាយ ដែល​ខ្លួន​សាបព្រោះ​ហើយ។ បុគ្គលណា មិនប្រទូស្ត​មិត្រទាំងឡាយ បុគ្គលនោះ សូម្បី​ធា្លក់ទៅ​ក្នុង​ជ្រោះក្តី អំពី​ភ្នំក្តី អំពី​ដើមឈើក្តី ធា្លក់ហើយ រមែង​បាន​ទីពឹង។ បុគ្គលណា មិន​ប្រទូស្តមិត្រ​ទាំងឡាយ សត្រូវ​ទាំងឡាយ​គ្របសង្កត់​បុគ្គលនោះ​មិនបាន ដូចខ្យល់​មិនអាច​គ្របសង្កត់​ដើមជ្រៃ ដែលមាន​ឫស និង​ពួរដុះ​ហើយ។

[៩] (នាយសារថី) បពិត្រព្រះរាជបុត្រ សូមទ្រង់សេ្តចមក ទូលព្រះបង្គំ​ជាខ្ញុំ នឹងនាំ​ទ្រង់ទៅ​កាន់​ដំណាក់​របស់​ព្រះអង្គ សូមទ្រង់​សោយរាជ្យ​ចុះ សេចក្តី​ចំរើន​នឹង​មាន​ដល់ទ្រង់ ទ្រង់នឹង​ធើ្វអ្វី​ក្នុងព្រៃ។

[១០] (ព្រះមហាសត្វ) នែនាយសារថី រាជសម្បត្តិណា ដែលខ្ញុំ​គប្បី​បានដោយ​អធម្មចរិយៈ ខ្ញុំមិនត្រូវ​ការដោយ​រាជសម្បត្តិ​នោះ ឬដោយ​ជនជាញាតិ ឬក៏​ដោយ​ទ្រព្យ​ទេ។

[១១] (នាយសារថី) បពិត្រព្រះរាជបុត្រ សូមទ្រង់សេ្តច​ទៅអំពីទីនេះ ហើយញ៉ាំង​ទូល​ព្រះបង្គំ​ជាខ្ញុំ ឲ្យបាន​នូវរង្វាន់​ជាទី​ត្រេកអរ បពិត្រ​ព្រះរាជបុត្រ កាលបើ​ព្រះអង្គ​សេ្តចទៅ​ហើយ ព្រះរាជ​បិតា និង​ព្រះមាតា គប្បី​ប្រទាន (រង្វាន់) ដល់ទូល​ព្រះបង្គំ​ជាខ្ញុំ។ បពិត្រ​ព្រះរាជបុត្រ កាលទ្រង់​ស្តេចទៅ​ហើយ ពួកស្រី​ស្នំ និង​រាជកុមារ ពួកឈ្មួញ និង​ពួកព្រាហ្មណ៍ ជន​ទាំងអម្បាល​នោះ​មានចិត្ត​ត្រេកអរ គប្បីឲ្យ (រង្វាន់​ដល់ទូល​ព្រះបង្គំ​ជាខ្ញុំ)។ បពិត្រ​ព្រះរាជបុត្រ កាលទ្រង់​ស្តេច​ទៅ​ហើយ ពួកហ្មដំរី ពួកពល​រក្សា​ព្រះអង្គ ពួក​ពលរថ ពួក​ថ្មើរជើង ជនទាំង​អម្បាល​នោះ មានចិត្ត​តេ្រកអរ គប្បីឲ្យ (រង្វាន់​ដល់ទូល​ព្រះបង្គំ​ជាខ្ញុំ)។ បពិត្រ​ព្រះរាជបុត្រ កាលទ្រង់សេ្តចទៅ ពួកអ្នក​ជនបទ និង​ពួកអ្នក​និគម មាន​ធញ្ញាហារ​ច្រើន មកប្រជុំគ្នា គប្បីឲ្យ​គ្រឿង​បណ្ណាការ​ទាំងឡាយ​ដល់​ទូល​ព្រះបង្គំ​ជាខ្ញុំ។

[១២] (ព្រះមហាសត្វ…) ខ្ញុំដែលព្រះបិតាមាតា អ្នកដែន អ្នកនិគម និងពួក​រាជកុមារ​ទាំងពួង បាន​លះចោល​ហើយ ផ្ទះរបស់ខ្លួន ខ្ញុំមិនមានទេ។ ខ្ញុំដែល​ព្រះ​មាតាបាន​អនុញ្ញាត​ឲ្យទទួល​រាជ្យ ៧ ថ្ងៃហើយ ខ្ញុំដែល​ព្រះបិតាលះ​ចោល​ស្រឡះ​ហើយ ខ្ញុំនឹងបួស​នៅក្នុង​ព្រៃតែម្នាក់​ឯង មិនប្រាថា្ន​នូវកាម​ទាំងឡាយ​ឡើយ។

[១៣] សេចក្តីប្រាថ្នាជាផល តែងសម្រេចដល់ខ្ញុំកាល​មិនប្រញាប់​ប្រញាល់ (អស់ ១៦ ឆ្នាំ) ខ្ញុំជា​អ្នកមាន​ព្រហ្មចរិយធម៌​ចាស់ក្លាហើយ នែនាយ​សារថី អ្នកចូរដឹង​យ៉ាង​នេះ​ចុះ​។ ប្រយោជន៍​ដ៏ប្រពៃ តែងសម្រេច​ដល់ខ្ញុំ​កាលមិន​ប្រញាប់ប្រញាល់ ខ្ញុំជាអ្នកមាន​ព្រហ្មចរិយធម៌​ចាស់ក្លា​ហើយ ខ្ញុំចេញ​ផុតហើយ នឹងមាន​ភ័យអំពីណា។

[១៤] (នាយសារថី…)​ ទ្រង់នោះមានព្រះបន្ទូលពីរោះ មានព្រះបន្ទូល​ក្បោះក្បាយ​យ៉ាង​នេះ ហេតុអ្វីបាន​ជាទ្រង់​មិនមាន​ព្រះបន្ទូល​ក្នុងសំណាក់​នៃព្រះបិតា ព្រះមាតា​ក្នុង​ពេល​នោះ។

[១៥] (ព្រះមហាសត្វ…) ខ្ញុំមិនមែនខ្វិនព្រោះ​មិនមាន​សន្លាក់ទេ ខ្ញុំមិនមែន​ថ្លង់ព្រោះ​មិនមាន​សោតប្រសាទ​ទេ ខ្ញុំមិនមែន​គ​ព្រោះមិន​មាន​ជិវា្ហប្រសាទ​ទេ អ្នកកុំ​សំគាល់​ខ្ញុំថា ជាមនុស្ស​គឡើយ។ ខ្ញុំរលឹក​ឃើញនូវ​ជាតិមុន ជាជាតិ​ដែល​ខ្ញុំបាន​សោយរាជ្យ លុះខ្ញុំ​បានសោយរាជ្យ​ក្នុងជាតិ​នោះហើយ ក៏ធា្លក់នរក​គួរស្ញើប។ ខ្ញុំ​សោយរាជ្យ​ក្នុង​ជាតិនោះ​អស់ ២០ ឆ្នាំ បានឆេះ​ក្នុងនរក​អស់ ៨ ម៉ឺនឆ្នាំ។ ខ្ញុំខ្លាច​​រាជ្យនោះ កុំឲ្យ​ព្រះមាតា បិតាអភិសេក​ខ្ញុំក្នុងរាជ្យ ព្រោះហេតុនោះ បានជា​ខ្ញុំមិន​និយាយ​ក្នុង​សំណាក់​នៃព្រះបិតា​មាតា​ក្នុងកាល​នោះ។ ព្រះរាជបិតា​បានឲ្យ​ខ្ញុំអង្គុយ​លើព្រះឧរុ ហើយ​ទ្រង់​វិនិច្ឆ័យក្តី​ថា អ្នកទាំងឡាយ ចូរសំឡាប់​ចោរ ១ នាក់ ចូរចង​ចោរ ១ នាក់ (ធ្វើចោរ ១ នាក់) ឲ្យប្រឡាក់ដោយ​ទឹកក្បុង។ ចូរដោតចោរ ១ នាក់​លើ​ឈើស្រួច ព្រះរាជបិតា​ត្រាស់​បង្គាប់​មហាជន ដោយប្រការ​ដូចេ្នះ លុះខ្ញុំ​ស្តាប់នូវវាចា​ដ៏អាក្រក់​នោះ ដែល​ព្រះរាជបិតា ទ្រង់​ត្រាស់​ហើយ។ ខ្ញុំមិនគទេ តែមាន​ភេទដូច​បុគ្គលគ​ ខ្ញុំមិន​ខ្វិនទេ តែសន្មត​ថាដូច​ជាខ្វិន ខ្ញុំបាននៅជ្រមុជ​ជ្រមុលក្នុង​មូត្រ និងករីស​របស់ខ្លួន។ ជីវិត (របស់សត្វ) លំបាកផង តិចផង ជីវិតនោះ ប្រកប​ដោយទុក្ខ បុគ្គលណា​អាស្រ័យ​នូវជីវិត​នេះហើយ គប្បី​ធ្វើនូវ​ពៀរ​ដោយ​ហេតុណានីមួយ។​ បុគ្គលណា​អាស្រ័យនូវ​ជីវិតនេះ​ហើយ គប្បីធ្វើ​នូវពៀរ​ដោយ​ហេតុ​ណានីមួយ ព្រោះមិន​បានបញ្ញាផង ព្រោះមិន​ឃើញធម៌​ផង។ សេចក្តី​ប្រាថា្ន​ជាផល តែងសម្រេច​ដល់ខ្ញុំកាល​មិនប្រញាប់​ប្រញាល់ ខ្ញុំជា​អ្នកមាន​ព្រហ្មចរិយធម៌​ចាស់​ក្លា​ហើយ នែនាយ​សារថី អ្នកចូរ​ដឹងយ៉ាង​នេះចុះ។ ប្រយោជន៍​ដ៏ប្រពៃ តែងសម្រេច​ដល់ខ្ញុំ កាលមិន​ប្រញាប់​ប្រញាល់ ខ្ញុំជា​អ្នកមាន​ព្រហ្មចរិយធម៌​ចាស់ក្លាហើយ ខ្ញុំចេញ​ផុតហើយ នឹងមាន​ភ័យអំពី​ណា។

[១៦] (នាយសារថី) បពិត្រព្រះរាជបុត្រ ទូលព្រះបង្គំជាខ្ញុំ​នឹងបួស​ក្នុងសំណាក់​ព្រះអង្គ បពិត្រ​ព្រះរាជបុត្រ​ដ៏ចំរើន សូមទ្រង់​ត្រាស់ហៅ​ទូលព្រះបង្គំ​ជាខ្ញុំ (ឲ្យបួសផង) ទូល​ព្រះបង្គំជាខ្ញុំ ​ពេញចិត្ត​នឹងបព្វជា្ជ​ដែរ។

[១៧] (ព្រះមហាសត្វ) នែនាយសារថី អ្នកចូរប្រគល់នូវរថ ហើយ​ជាអ្នក​មិនមាន​បំណុល សឹមមកចុះ ព្រោះថា បព្វជ្ជា (រមែងសម្រេច) ដល់បុគ្គល​មិនមាន​បំណុល បព្វជា្ជ​កម្មនេះ ពួកឥសី​សរសើរ​ហើយ។

[១៨] (នាយសារថី) សេចក្តីចំរើន ចូរមានដល់ទ្រង់ ពាក្យណា​ដែលទ្រង់​បានថ្លែង​ហើយ ទូលព្រះបង្គំ​ជាខ្ញុំនឹង​ធ្វើតាម​ពាក្យនោះ ទ្រង់ដែល​ទូលព្រះបង្គំជាខ្ញុំ​អង្វរហើយ គួរ​ធ្វើ​តាមពាក្យ​របស់​ទូលព្រះបង្គំ​ជាខ្ញុំ​នោះផង។ សូមទ្រង់​ស្តេចគង់​នៅក្នុងទីនេះ ដរាប​ដល់​ទូល​ព្រះបង្គំ​ជាខ្ញុំ​នាំព្រះរាជា​មកដល់ ព្រះបិតា​របស់​ទ្រង់ទត​ឃើញ​ហើយ សមជា​មាន​ព្រះហឫទ័យ​ត្រេកអរ​រីករាយ។

[១៩] (ព្រះមហាសត្វ) នែនាយសារថី អ្នកនិយាយពាក្យ​ណានឹងខ្ញុំ ៗ នឹង​ធ្វើតាម​ពាក្យរបស់​អ្នកនោះ ឯខ្ញុំ​មានបំណង​ដើម្បីជួប​ព្រះបិតា​របស់ខ្ញុំ ដែលទ្រង់​សេ្តច​យាងមក​ក្នុង​ទីនេះ​ដែរ។ ម្នាលសំឡាញ់ អ្នកទៅហើយ​ចូរមកវិញ ចូរត្រឡប់ទៅ​​សិនចុះ អ្នកប្រាប់​នូវសេចក្តី​សុខដល់​ញាតិទាំងឡាយ អ្នកដែល​ខ្ញុំបា្រប់ហើយ គប្បីក្រាប​ទូលនូវ​ការថា្វយបង្គំ​ចំពោះ​ព្រះមាតាបិតា។

[២០] (អភិសម្ពុទ្ធគាថា) នាយសារថី ចាប់ព្រះបាទានៃព្រះមហាសត្វនោះ ហើយក៏​ធ្វើ​ប្រទក្សិណព្រះមហាសត្វនោះ រួចឡើងជិះរថ បរចូល​ទៅកាន់​រាជទា្វរ។

[២១] ព្រះមាតាទតឃើញរថទទេ ក៏មានព្រះនេត្រ​ដ៏ពេញ​ពោរដោយ​ព្រះអស្សុ ទ្រង់​ព្រះកន្សែង មៀងមើលទៅ​នាយសារថី​នោះ ដែលមក​វិញតែឯង ដោយ​គិតថា នាយ​សារថីនេះ សម្លាប់​កូនបង្កើត​របស់អញ ហើយ​មកវិញ។ កូនរបស់​អញ ចំរើនផែនដី នាយ​សារថី​កប់ក្នុង​ផែនដី​ដោយពិត ពួកសត្រូវ​រមែងត្រេកអរ​ដោយពិត ពួកជន​មាន​ពៀរ ត្រេកអរ​ហើយ​ដោយពិត ព្រោះឃើញ​នាយសារថី​សម្លាប់​កូនបង្កើត​របស់អញ ហើយ​មក​វិញ។ ព្រះមាតាទត​ឃើញ​រថទទេ ក៏មាន​ព្រះនេត្រ​ដ៏ពេញពោរ​ដោយ​ព្រះអស្សុ ទ្រង់​ព្រះ​កន្សែង សួរទៅនាយ​សារថីនោះ ដែលមក​វិញតែ​ម្នាក់ឯង​ថា កូនរបស់​ខ្ញុំនោះ​ ជា​មនុស្ស​គឬអ្វី ជាមនុស្ស​ខ្វិនឬអ្វី កាលអ្នក​កប់ក្នុង​ផែនដី ក្នុងកាលនោះ កូនរបស់ខ្ញុំ​ពិលាប​ដែរឬ ម្នាល​នាយ​សារថី អ្នកចូរប្រាប់​នូវរឿងនោះ​ដល់ខ្ញុំ។ (កូនរបស់ខ្ញុំនោះ) ជា​មនុស្សគ ជា​មនុស្ស​ខ្វិន កាលអ្នកកប់​ក្នុងផែនដី បាន​កម្រើកដៃ និងជើង​ដូច​មេ្តច​ដែរ (ម្នាលនាយ​សារថី) អ្នកដែល​ខ្ញុំសួរ​ហើយ ចូរប្រាប់​រឿងនោះ។

[២២] (នាយសារថី) បពិត្រព្រះនាងជាម្ចាស់ (បើ) ព្រះនាងឲ្យអភ័យ​ដល់ទូល​ព្រះបង្គំ​ជាខ្ញុំ ហេតុណា​ដែលខ្ញុំ​បានឮ​ហើយ ឬបាន​ឃើញហើយ ក្នុងសំណាក់​នៃ​ព្រះរាជបុត្រ ទូលព្រះ​បង្គំ​ជាខ្ញុំនឹង​ក្រាបទូល​នូវហេតុ​នោះ​ដល់ព្រះនាង។

[២៣] (ព្រះរាជទេវី) មា្នលសារថីសំឡាញ់ ខ្ញុំឲ្យអភ័យដល់អ្នក ហេតុណា​ដែល​អ្នកបាន​ឮហើយ ឬបាន​ឃើញហើយ​ក្នុងសំណាក់​នៃ​ព្រះរាជាបុត្រ អ្នកកុំ​ភិតភ័យ ចូរប្រាប់​នូវហេតុ​នោះចុះ។

[២៤] (នាយសារថី) ព្រះរាជបុត្រនោះ មិនមែនគទេ ព្រះរាជបុត្រ​នោះ មិនមែន​ខ្វិន​ទេ ឯព្រះ​រាជបុត្រ​នោះ មានព្រះបន្ទូល​ក្បោះក្បាយ​ បានឮថា ព្រះរាជបុត្រ​នោះ ទ្រង់​ខ្លាចរាជ្យ ទើបបាន​ជាធ្វើនូវ​ពុតត្បុត​ច្រើនយ៉ាង។ ព្រះរាជបុត្រ​នោះ ទ្រង់រឭក​ឃើញនូវ​ជាតិមុន ជាជាតិ​ដែលបាន​ទ្រង់​សោយរាជ្យ លុះ​សោយរាជ្យ​ក្នុងទីនោះ​ហើយ ធ្លាក់នរក​គួរស្ញែង។ ព្រះរាជបុត្រ​នោះ បាន​សោយរាជ្យ​ក្នុងទីនោះ​អស់ ២០ ឆ្នាំគត់ បានឆេះ​ក្នុង​នរក​អស់ ៨ ម៉ឺនឆ្នាំ។ ព្រះរាជបុត្រ​នោះ ទ្រង់ខ្លាច​រាជ្យ​នោះហើយ​ (ក៏តាំង​ព្រះរាជហ្ឫទ័យ​ថា) ព្រះរាជ​មាតាបិតា កុំអភិសេក​អញក្នុង​រាជ្យ ព្រោះហេតុនោះ ទើប​ព្រះរាជ​បុត្រមិន​មាន​បន្ទូល​ក្នុងសំណាក់​នៃព្រះបិតា និង​ព្រះមាតា​ក្នុងកាល​នោះ។ ព្រះរាជបុត្រ​នោះ បរិបូណ៌​ដោយអវយវៈ​តូចធំ មាន​កំពស់ និងទំហំ​ (ដ៏ស៊ប់សួន) មាន​ព្រះបន្ទូល​ដ៏ក្បោះក្បាយ មានបញ្ញា ទ្រង់ឋិត​នៅក្នុង​ផ្លូវសួគ៌។ បើព្រះនាង​មានប្រាថា្ន​ដើម្បី​ឃើញ​ព្រះ​រាជបុត្រ ជាកូន​បង្កើត​របស់​ព្រះនាង សូមព្រះនាង​យាងទៅចុះ តេមិយកុមារ​គង់នៅ​ក្នុងទីណា ទូល​ព្រះបង្គំ​ជាខ្ញុំនឹង​នាំព្រះនាង​ឲ្យដល់ទីនោះ។

[២៥] (ព្រះបាទកាសិកៈ) នាយសារថីទាំងឡាយ ចូរទឹមសេះ​ក្នុងរថ អ្នកទាំងឡាយ ចូរចង​ដង្គន់នាដំរី ស័ង្ខ និងស្គរ ចូរលាន់​សំឡេង​ឡើង ស្គរមាន​មុខតែម្ខាង ចូរលាន់​សំឡេង​​ឡើង។ ស្គរដែល​គេពាសល្អ​ហើយ ចូរបន្លឺ​សំឡេង ស្គរមាន​សំឡេង​ពីរោះ ចូរលាន់​សំឡេង​ឡើង ទាំងពួក​អ្នកនិគម ចូរទៅ​តាមយើងចុះ យើង​នឹងទៅ​ឲ្យឱវាទ​ដល់កូន​របស់​យើង។ ពួកស្រីស្នំ និងរាជកុមារ ពួកឈ្មួញ និងពួក​ព្រាហ្មណ៍ ចូរនាំគ្នា​ទឹម​យានឲ្យឆាប់ យើងនឹង​ទៅឲ្យ​ឱវាទដល់​កូនរបស់​យើង។​ ពួកហ្មដំរី ពួកពលសេះ ពួកពលរថ ពួកពល​ថ្មើរជើង ចូរនាំគ្នាទឹម​យានឲ្យ​ឆាប់ យើងនឹងទៅ​ឲ្យឱវាទ​ដល់កូន​របស់​យើង។ អ្នកជនបទ​មកប្រជុំគ្នា ទាំងអ្នក​និគម ក៏មកប្រជុំគ្នា ហើយចូរ​ទឹមនូវយាន​ឲ្យឆាប់ យើងនឹង​ទៅឲ្យឱវាទ​ដល់កូន​របស់​យើង។

[២៦] (អភិសម្ពុទ្ធគាថា) ឯពួកនាយសារថី (បាននាំយក) នូវសេះសិន្ធព​ទាំងឡាយ ជាពាហនៈ​មានសន្ទុះ​ដ៏លឿន ដែលទឹម​ហើយ ចូលមកកាន់​រាជទ្វារ (ក្រាបបង្គំ​ទូល​ថា) បពិត្រ​ព្រះសម្មតិ​ទេព សេះទាំងឡាយ​នេះ ទូលព្រះបង្គំ​ជាខ្ញុំបាន​ទឹមរួច​ហើយ។

[២៧] (ព្រះរាជា) ពួកសេះធាត់ៗ រមែងសាបសូន្យ​ចាកសន្ទុះ ពួក​សេះស្គមៗ រមែង​សាបសូន្យ​ចាកកំឡាំង អ្នកទាំងឡាយ ត្រូវវៀរបង់​នូវពួកសេះ​ស្គម និងសេះ​ធាត់ចេញ ហើយ​ទឹមតែពួក​សេះដែល​ប្រកប (ដោយវ័យ សម្បុរ សន្ទុះ កំឡាំង) វិញ។

[២៨] លំដាប់នោះ ព្រះរាជាទ្រង់ប្រញាប់ប្រញាល់​ឡើងគង់រថ ដែល​នាយសារថី​ទឹមហើយ ទ្រង់តា្រស់​ទៅនឹង​ស្រ្តីស្នំថា នាងទាំង​អស់គ្នា ចូរទៅ​តាម​យើងចុះ។ នាងទាំង​ឡាយចូរ​ប្រដាប់​ដោយមាស​ទាំងឡាយ ហើយកាន់​មកនូវផ្លិត មកុដ ព្រះខាន់ សេ្វតច្ឆត្រ និង​សែ្បកជើង រួចឡើង​ជិះរថមក។ បន្ទាប់ពី​នោះមក ព្រះរាជា​បានឲ្យ​នាយសារថី​ដើរ​មុខ ហើយ​ទ្រង់ស្តេចយាងទៅ តេមិយកុមារ​នៅក្នុង​ទីណា ក៏យាងទៅក្នុង​ទីនោះ​យ៉ាងឆាប់។

[២៩] តេមិយៈទតឃើញព្រះបិតានោះ កំពុងសេ្តចយាងមក ហាក់ដូច​ជារុងរឿង​ដោយតេជះ ដែលពួក​អាមាត្យ​អ្នកកាន់​ព្រះខាន់​ហែហមហើយ ទើបត្រាស់​សួរ​ព្រះបិតា​នោះ​ថា បពិត្រ​ព្រះបិតា ព្រះអង្គមាន​សេចក្តីសុខ​សប្បាយ​ទេឬ បពិត្រ​ព្រះបិតា ព្រះអង្គ​មិន​មាន​ព្រះអាពាធ​ទេឬ រាជកញ្ញា​ទាំងអស់ ជាព្រះមាតា​របស់​ខ្ញុំ​មិនមានរោគ​ទេឬ។

[៣០] (ព្រះវរបិតា) នែកូន ខ្ញុំសុខសប្បាយទេ នែកូន ខ្ញុំមិនមាន​ជំងឺដម្កាត់​ទេ រាជកញ្ញា​ទាំងអស់​​ជាមាតា​របស់អ្នក មិនមាន​រោគទេ។

[៣១] (មហាសត្វ) បពិត្រព្រះបិតា ព្រះអង្គមិនសោយ​ទឹកស្រវឹងទេឬ សុរាមិន​ពេញ​ព្រះទ័យ​របស់ព្រះអង្គទេឬ ព្រះទ័យ​របស់​ព្រះអង្គ ត្រេកអរ​ក្នុងសច្ចៈ​ ក្នុងធម៌ និង​ក្នុង​ទានដែរឬ។

[៣២] (ព្រះវរបិតា) នែកូន ខ្ញុំមិនផឹកទឹកស្រវឹងទេ មួយទៀត សុរាមិន​ពេញចិត្ត​ខ្ញុំទេ ឯចិត្ត​របស់ខ្ញុំ តែងត្រេកអរ​ក្នុងសច្ចៈ ក្នុងធម៌ និងក្នុងទាន។

[៣៣] (មហាសត្វ) យានរបស់ព្រះអង្គមិនខូចទេឬ វាហនៈ​របស់ព្រះអង្គ​តែង​ប្រព្រឹត្ត​ទៅបានដែរឬ ព្យាធិទាំងឡាយ​ជាគ្រឿង​ដុតកំដៅ​សរីរៈ មិនមាន​ដល់​ព្រះអង្គ​ទេឬ។

[៣៤] (ព្រះវរបិតា) ឯយានរបស់ខ្ញុំឥតមានខូចទេ វាហនៈ​របស់​ខ្ញុំក៏ប្រព្រឹត្ត​ទៅបាន​ដោយស្រួល ព្យាធិ​ទាំងឡាយ​ជាគ្រឿង​ដុតកំដៅ​សរីរៈ មិនមាន​ដល់ខ្ញុំទេ។

[៣៥] (មហាសត្វ) ជនបទនៅទីប្រទល់ដែន​របស់​ព្រះអង្គ (ស្រុក និងនិគម) របស់​ព្រះអង្គ​ទាំងមូ​ល ដែលតាំងនៅ​កណ្តាលផែនដី​ ជាស្រុក​សម្បូណ៌ដែរឬ ឃ្លាំង និង​ជង្រុក ព្រះអង្គ​បាន​តម្កល់ទុកស្រួល​បួលទេឬ។

[៣៦] (ព្រះវរបិតា) ជនបទនៅទីប្រទល់ដែន​របស់ខ្ញុំ (ស្រុក និងនិគម) ទាំងមូ​ល​របស់ខ្ញុំ ដែលតាំង​នៅកណ្តាល​ដែន ជាស្រុក​សម្បូណ៌ ឃ្លាំង និងជង្រុក​ទាំងអស់ ខ្ញុំបាន​តម្កល់​ទុកស្រួល​បួលហើយ។

[៣៧] (មហាសត្វ) បពិត្រមហារាជ ព្រះអង្គសេ្តចយាងមកល្អ​ហើយ មួយទៀត ព្រះអង្គ​ស្តេចមក មិនមែន​អាក្រក់ទេ រាជបុរស​ចូររៀប​ចំបល្ល័ង្ក​ជាទីគង់​របស់ព្រះរាជា។

[៣៨] ព្រះអង្គគង់លើកម្រាលស្លឹកឈើ ដែលគេតែង​តាំងហើយ សូមព្រះអង្គ យកទឹក​អំពីទីនេះ លាង​ព្រះបាទា​របស់ព្រះអង្គចុះ។

[៣៩] បពិត្រព្រះរាជា ស្លឹកនេះដែលអាត្មាភាពចម្អិន​ហើយ ជារបស់​មិនមានរស​ប្រៃ បពិត្រ​មហារាជ្យ សូមព្រះអង្គ​សេ្តចសោយចុះ ព្រះអង្គ​ទើបស្តេច​យាងមក​ដល់ ទុក​ជា​ភ្ញៀវរបស់​អាត្មាភាព។

[៤០] (ព្រះវរបិតា) ខ្ញុំមិនបរិភោគស្លឹកនេះទេ ព្រោះស្លឹក​ឈើនេះ មិនមែនជា​ភោជន​របស់ខ្ញុំ ខ្ញុំបរិភោគ​តែបាយ​នៃស្រូវសាលី ដែលលាយ​ដោយសាច់​ដ៏ស្អាត។

[៤១] សេចក្តីអស្ចារ្យកើតប្រាកដដល់ខ្ញុំ ព្រោះឃើញ (លោក) នៅស្ងាត់​តែមា្នក់​ឯង កាល​លោកបរិភោគ​ភោជនបែបនេះ សម្បុរនៅ​តែស្រស់ថ្លា​ដោយហេតុ​ដូចមេ្តច។

[៤២] (មហាសត្វ) បពិត្រព្រះរាជា អាត្មាភាពម្នាក់​ឯង សិងលើកម្រាល​ស្លឹក ដែល​តាំងទុក​ហើយ បពិត្រ​ព្រះរាជា វណ្ណៈរបស់​អាត្មាភាព​ស្រស់ថ្លា​ដោយ​ដំណេក​ម្នាក់​ឯង​នោះ ។ ពួកអ្នក​រក្សាព្រះរាជា ដែល​សៀតព្រះខាន់ មិនប្រាកដ​ដល់​អាត្មាភាព​ទេ បពិត្រ​ព្រះរាជា វណ្ណៈ​របស់អាត្មាភាព ថ្លាស្រស់​ដោយ​ដំណេក​ម្នាក់ឯង​នោះ។ អាត្មាភាព មិនតាម​សោក និងអារម្មណ៍​ដែលកន្លង​ហើយ មិនប្រាថា្ន​នូវអារម្មណ៍​ដែល​មិនទាន់​មក​ដល់ ញ៉ាំង​អត្តភាព​ឲ្យប្រព្រឹត្ត​ទៅ​ដោយវត្ថុ​ដែលលើក​ឡើងចំពោះ​មុខ ហេតុនោះ បានជា​វណ្ណៈរបស់​អាត្មាភាព រមែងថ្លា​ស្រស់។ ជនពាល​ទាំងឡាយ តែងរីងស្ងួត ព្រោះសេចក្តី​ប្រាថា្ន​អារម្មណ៍​​ដែលមិន​ទាន់មកដល់ ព្រោះសេចក្តី​តាមសោក​ស្តាយ​អារម្មណ៍​ដែល​កន្លង​ទៅ​ហើយនេះ ដូចជា​ដើមបបុស​មាន​សម្បុរខៀវ ដែល​គេដក​ហាលថ្ងៃ​ដូចោ្នះ។

[៤៣] (ព្រះវរបិតា) នែកូន ខ្ញុំនឹងឲ្យនូវពលដំរី ពលរថ ពលសេះ ពលថើ្មរជើង ពួកជន​ពាក់គ្រឿងក្រោះ និង​និវេសនដ្ឋាន​ទាំងឡាយ ជាទី​ត្រេកអរ​ដល់អ្នក។ មួយទៀត ខ្ញុំឲ្យ​នូវស្រីស្នំ​ដែល​ស្អិតស្អាង​ដោយ​គ្រឿង​អលង្ការ​ទាំងពួង​ដល់អ្នក នែកូន ចូរអ្នក​គ្រប់គ្រង​នូវស្រ្តី​ទាំងនោះចុះ អ្នកជា​ព្រះរាជា​របស់យើង។ ស្រ្តីរបាំ ជាអ្នក​ឈ្លាសក្នុង​ការរាំ និង​ច្រៀង បានសិក្សា (ក្នុងកិច្ចស្រ្តី) ញ៉ាំង​អ្នកឲ្យ​ត្រេកអរ​ក្នុង​កាម អ្នកនឹង​ធ្វើអ្វីក្នុង​ព្រៃ។ ខ្ញុំ​នឹងនាំ​យក​រាជកញ្ញា​ដែលមាន​ខ្លួនប្រដាប់​ហើយ​អំពី​ពួកព្រះរាជា​ដទៃ​ដល់អ្នក អ្នកចូរ​ញ៉ាំង​កូន​ទាំងឡាយ ឲ្យកើត​ក្នុងស្រ្តីទាំងនោះ ហើយ​សិមបួស​ក្នុងកាល​ជាខាង​ក្រោយ។ អ្នកនៅ​កេ្មងកម្លោះ ប្រកបដោយ​បឋមវ័យ មានសក់​ខ្មៅស្រិល ចូរ​សោយរាជ្យ សេចក្តី​ចំរើន​នឹងមាន​ដល់អ្នក អ្នកនឹង​ធ្វើអ្វីក្នុងព្រៃ។

[៤៤] (មហាសត្វ) បុគ្គលនៅកម្លោះ គប្បីប្រព្រឹត្ត​ព្រហ្មចរិយធម៌ បុគ្គល​អ្នកប្រព្រឹត្ត​ព្រហ្មចរិយធម៌ គប្បីជាកម្លោះ ព្រោះថា បព្វជ្ជា​របស់បុគ្គល​នៅកម្លោះ​នេះ ពួក​ឥសី​ទាំងឡាយ​សរសើរ​ហើយ។ បុគ្គល​នៅកម្លោះ គប្បីប្រព្រឹត្ត​ព្រហ្មចរិយធម៌ បុគ្គល​អ្នក​ប្រព្រឹត្ត​ព្រហ្មចរិយធម៌ គប្បីនៅ​កម្លោះ អាត្មាភាព នឹងប្រព្រឹត្ត​ព្រហ្មចរិយធម៌ អាត្មាភាព មិន​ត្រូវការ​ដោយ​រាជ្យទេ។ បពិត្រ​ព្រះមាតា និងបិតា អាត្មាភាព​ឃើញនរជន​នៅក្មេង ទើបនឹង​ចេះនិយាយ ជាកូន​ជាទី​ស្រឡាញ់​ដែល​មាតាបិតា​បានដោយ​លំបាក មិនទាន់​ចាស់​គ្រាំគ្រា ហើយស្លាប់។ អាត្មាភាព ឃើញនាង​កុមារី​មានសម្បុរ​ដូចមាស ដែល​មច្ចុរាជ​ចាប់ដក​ក្ស័យជីវិត​ហើយ ដូច​ជាដក​នូវទំពាំង​ឫស្សី​ដ៏ខ្ចី។ នរជន​ទាំងឡាយ ឬនាង​នារី​ទាំងឡាយ សូម្បីនៅ​ក្មេង ក៏តែងស្លាប់ តើសត្វ​ណា គប្បីទុកចិត្ត​ក្នុងជីវិត​នោះថា អាត្មាអញ​នៅក្មេង​ដូច្នេះ។ អាយុនៃ​កុមារណា មានប្រមាណ​តិច ដោយ​ការកន្លង​ទៅនៃយប់ និងថ្ងៃ ភាពនៃ​ខ្លួនជា​កុមារក្នុង​វ័យនោះ នឹងធ្វើ​ដូចម្តេច​កើត ដូចទី​មានទឹក​តិចរបស់​ត្រី​ទាំងឡាយ។ សត្វលោក ត្រូវសត្រូវ​បៀតបៀន​ជានិច្ចផង ត្រូវសត្រូវ​រួបរិត​ជា​និច្ចផង កាលយប់ និងថ្ងៃ​ទាំងឡាយ​មិនកន្លង​ទៅទទេ​ទេ តើព្រះអង្គ​នឹងអភិសេក​អាត្មាភាព​ក្នុងរាជ្យ​ដូចមេ្តច។

[៤៥] (ព្រះរាជា) សត្វលោកនេះ ត្រូវសត្រូវអ្វីបៀតបៀនផង ត្រូវសត្រូវ​អ្វីរួបរឹតផង ធម្មជាតិ​ដូចមេ្តច មិនកន្លង​ទៅទទេ ខ្ញុំសួរ​ហើយ អ្នកចូរប្រាប់​នូវដំណើរ​នោះ។

[៤៦] (ព្រះមហាសត្វ) សត្វលោកត្រូវមច្ចុបៀតបៀន​ផង ត្រូវជរា​រួបរឹតផង

រាត្រី​ទាំងឡាយ​ រមែង​កន្លងទៅ​មិនទទេ បពិត្រ​ក្សត្រិយ៍ សូមព្រះអង្គ​ជ្រាប​យ៉ាង​នេះចុះ។ កាល​តម្បាញ​ដែលបុគ្គល​ត្បាញ​របស់ណា ៗ ដែលបុគ្គល​នឹងត្បាញ​របស់ដែល​ត្រូវ​ត្បាញ (នោះៗ)​ ជារបស់​នៅសល់​តិច យ៉ាងណា​មិញ ជីវិតរបស់​សត្វទាំងឡាយ ក៏យ៉ាង​នោះដែរ។ ផ្លូវទឹក​ដ៏ពេញ កាលហូរទៅ មិនត្រឡប់ថយ​ក្រោយវិញ យ៉ាងណាមិញ អាយុរបស់​មនុស្ស​ទាំងឡាយ កាលកន្លងទៅ មិន​ត្រឡប់វិញ​ យ៉ាងនោះដែរ។ ផ្លូវទឹក​ដ៏ពេញ គប្បីបន្សាត់​ទៅនូវដើមឈើ​ទាំងឡាយ ដែលដុះ​ក្បែរច្រាំង យ៉ាងណាមិញ សត្វទាំងអស់ ត្រូវជរា និងមរណៈ​បន្សាត់​ទៅ​ក៏យ៉ាង​នោះដែរ។

[៤៧] (ព្រះវរបិតា) នែកូន ខ្ញុំនឹងឲ្យពលដំរី ពលរថ ពលសេះ ពលថ្មើរជើង ពួកពល​ពាក់គ្រឿង​ក្រោះ និងនិវេសនដ្ឋាន​ទាំងឡាយ ជាទីត្រេកអរ​ដល់អ្នក។ មួយ​ទៀត យើងនឹងឲ្យ​ស្រ្តីស្នំដែល​ស្អិតស្អាង​ដោយគ្រឿង​អលង្ការទាំងពួង​ដល់អ្នក នែកូន អ្នកចូរ​គ្រប់​គ្រងពួកស្រ្តី​ទាំងនោះ​ចុះ អ្នកនឹងជារាជារបស់យើង ស្រ្តីរបាំ​ជាអ្នកឈ្លាសក្នុង​ការរាំ និងច្រៀង សិក្សា (ក្នុងកិច្ចរបស់ស្រ្តី) នឹងញ៉ាំងអ្នក​ឲ្យត្រេកអរ​ក្នុងកាម អ្នកនឹង​ធ្វើអ្វី​ក្នុង​ព្រៃ។ យើងនឹងនាំ​យកពួករាជកញ្ញា​ដែលមានខ្លួន​ប្រដាប់​ហើយ អំពីពួក​ព្រះរាជា​ដទៃ​ដល់​អ្នក អ្នកញ៉ាំង​កូនទាំងឡាយ​ឲ្យកើត​ក្នុងពួកនាង​កញ្ញា​ទាំងនោះ ហើយសិមបួស​ក្នុង​កាលជា​ខាង​ក្រោយចុះ។ អ្នកនៅកេ្មង​កម្លោះ ប្រកបដោយ​បឋមវ័យ មាន​សក់​ខ្មៅ​ស្រិល ចូរ​សោយរាជ្យ​ចុះ សេចក្តី​ចំរើននឹង​មានដល់អ្នក អ្នកនឹង​ធ្វើអ្វីក្នុងព្រៃ។ នែកូន ខ្ញុំនឹងឲ្យ​ឃ្លាំង ជជ្រុក វាហនៈ ពល និងនិវេសនដ្ឋាន​ទាំងឡាយ ជាទី​ត្រេកអរ​ដល់អ្នក។ អ្នក​ដែលក្រុម​នៃរាជកញ្ញា​មានចំណែក​ដ៏ល្អចោម​រោមហើយ មានពួក​នៃខ្ញុំស្រ្តីហែ​ហម​ហើយ ​ចូរសោយរាជ្យ​ចុះ សេចក្តីចំរើននឹង​មានដល់អ្នក អ្នកនឹងធើ្វ​អ្វីក្នុងព្រៃ។

[៤៨] (ព្រះមហាសត្វ) ប្រយោជន៍អ្វីដោយទ្រព្យដល់អាត្មាភាព ព្រោះទ្រព្យ​តែង​អស់ទៅ ប្រយោជន៍អ្វី​ដោយភរិយា ព្រោះភរិយា​ក៏គង់ស្លាប់ ប្រយោជន៍​អ្វី​ដោយវ័យ​ដែល​គ្រាំគ្រា ជាវ័យ​ត្រូវជរា​គ្របសង្កត់​ហើយ។ ក្នុងលោក​សន្និវាស​នេះ នៅមាន​សេចក្តី​ត្រេកអរ​អ្វី ការលេង​សើចអ្វី ការរីករាយអ្វី ការស្វែង​រកទ្រព្យអ្វី អាត្មាភាព​ត្រូវការអ្វី​ដោយកូន និងប្រពន្ធ បពិត្រ​ព្រះរាជា អាត្មាភាព​ផុតស្រឡះ​ចាកបំណង​ហើយ។ អាត្មាភាពដឹង​ច្បាស់​​យ៉ាងនេះថា មច្ចុមិនធ្វេស​ប្រហែស​ចំពោះអញឡើយ អាត្មាភាព​នោះ ត្រូវសេចក្តី​ស្លាប់គ្រប​សង្កត់​ហើយ នៅមាន​សេចក្តី​ត្រេកអរ​ដូចមេ្តច ការស្វែង​រកទ្រព្យ​ដូចមេ្តច​​ទៀត។ ផ្លែឈើ​ទុំទាំងឡាយ តែងមាន​ភ័យអំពី​ការជ្រុះ​ជានិច្ច យ៉ាងណាមិញ សត្វទាំង​ឡាយ កើតមក​ហើយ តែងមាន​ភ័យអំពី​សេចក្តីស្លាប់​ជានិច្ច​យ៉ាងនោះដែរ។ ជនជាច្រើន ពួក​ខ្លះដែលគេ​ឃើញ​ក្នុងវេលាព្រឹក តែគេ​មិនឃើញ​ក្នុងវេលា​លា្ងច ជនជាច្រើន​ពួកខ្លះ ដែលគេ​ឃើញក្នុង​វេលាល្ងាច តែគេ​មិនឃើញ​ក្នុងវេលាព្រឹក។ សេចក្តី​ព្យាយាម​ក្នុង​កុសល គេគួរធើ្វ​ក្នុងថ្ងៃ​នេះឯង បុគ្គលណា គប្បីដឹងថា សេចក្តីស្លាប់​​នឹងមាន​ក្នុង​ថ្ងៃស្អែក ដ្បិត​ការបណ្តោះ​បណ្តៃអំពី​សេចក្តីស្លាប់ ដែលមាន​សេនា​ច្រើននោះ មិនមាន​ដល់​យើង​ទេ។ ពួកចោរ​ទាំងឡាយ តែងប្រាថា្ន​ទ្រព្យ បពិត្រ​ព្រះរាជា អាត្មាភាព​ផុតស្រឡះ​ហើយ​អំពី​បំណង បពិត្រ​ព្រះរាជា សូម​ព្រះអង្គមក សូម​ព្រះអង្គ​ត្រឡប់​ព្រះ​ហឫទ័យ​ទៅវិញចុះ អាត្មាភាព​មិនត្រូវការ​ដោយរាជ្យទេ។

ចប់ តេមិយជាតក ទី ១។

មហាជនកជាតក ទី២

(៥៣៩. មហាជនកជាតកំ (២))

[៤៩] (នាងទេវធីតាឈោ្មះមណីមេខលាសួរថា) បុគ្គលណា​នេះ កាលមិនឃើញ​ត្រើយ ក៏ព្យាយាម (ហែល)​ ក្នុងកណ្តាល​សមុទ្រ អ្នកដឹង​នូវអំណាច​នៃប្រយោជន៍​ដូចមេ្តច ក៏ព្យាយាម​ក្រៃពេកម្ល៉េះ។

[៥០] (ព្រះមហាសត្វត្រាស់តបថា) មា្នលទេវតា ខ្ញុំពិចារណា​នូ​វវត្ត​នៃសត្វលោក និង​អានិសង្ស​នៃសេចក្តី​ព្យាយាម ព្រោះហេតុ​ដូចច្នោះ ខ្ញុំសូម្បី​មិនឃើញត្រើយ ក៏នៅតែ​ព្យាយាម​ក្នុងកណ្តាល​សមុទ្រ។

[៥១] (នាងមណីមេខលា) អ្នកមិនឃើញត្រើយនៃសមុទ្រ​ដ៏ជ្រៅ​ប្រមាណមិន​បាន ការព្យាយាម​តាមកម្លាំង​បុរស​របស់អ្នក ជាព្យាយាម​សោះសូន្យ​ទទេ អ្នកមិនដល់​នូវត្រើយទេ មុខជា​នឹងស្លាប់។

[៥២] (ព្រះមហាសត្វ) បុគ្គលធ្វើនូវកិច្ចរបស់បុរស ទើបជា​អ្នកមិនមាន​បំណុល (ក្នុងរវាង) ពួកញាតិ ពួកទេវតា និងពួកបិតា (ព្រហ្ម) ទាំងមិន​ក្តៅក្រហាយ​ក្នុង​កាល​ជា​ខាង​ក្រោយ។

[៥៣] (នាងមណីមេខលា) ការងារណា មិនគប្បីសម្រេច (ដោយ​សេចក្តី​ព្យាយាម​ទេ) ការងារ​នោះ ជារបស់​ឥតផល មានសេចក្តី​លំបាក​ជាកម្រៃ សេចក្តី​ស្លាប់ រមែង​សម្រេច​ដល់បុគ្គល​ណា បុគ្គលនោះ ​មានប្រយោជន៍​ដូចមេ្តច​ដោយ​សេចក្តី​ព្យាយាម​ក្នុងការងារ​នោះ។

[៥៤] (ព្រះមហាសត្វ) ម្នាលទេវតា បុគ្គលណាដឹងច្បាស់ថា ការងារមិនគប្បី​សម្រេច​ដោយពិត ហើយ​មិនរក្សា​ជីវិត​របស់ខ្លួន បុគ្គលនោះ បើបន្ថយ​សេចក្តី​ព្យាយាម គង់ដឹង (នូវផល​នៃសេចក្តី​ខ្ជិលនោះ​មិនខាន)។ ម្នាល​ទេវតា បុគ្គល​ពួកខ្លះ​ក្នុងលោកនេះ (កាលឃើញ) នូវផល​នៃសេចក្តី​ប្រាថា្នហើយ រមែង​ប្រកបនូវ​ការងារ​ទាំងឡាយ ការងារ​ទាំងនោះ សម្រេចខ្លះ មិនសម្រេចខ្លះ។ ម្នាលទេវតា ក្រែងអ្នក​បានឃើញ​ផលនៃកម្មដ៏​ជាក់ច្បាស់​ដោយខ្លួន​ឯងដែរឬ ជនទាំងឡាយ​ដទៃ​លិចលង់​ហើយ ខ្ញុំនៅឆ្លង ទាំងបាន​ឃើញ​នាង ដែលឋិត​នៅក្នុង​ទីជិត​នៃខ្ញុំ។ ខ្ញុំនោះ នឹងព្យាយាម​តាមសម​គួរ​ដល់​សេចក្តី​​អស់អាច និងសម​គួរដល់​កម្លាំង ខ្ញុំកាល​ទៅដល់​ត្រើយនៃ​សមុទ្រ នឹងធ្វើ​នូវសេចក្តី​ព្យាយាម​ដែលបុរស​គប្បីធ្វើ។

[៥៥] (នាងមណីមេខលា) កាលមហាសមុទ្រមានអន្លង់ទឹកដ៏ជ្រៅ​ប្រមាណ​មិន​បាន ប្រព្រឹត្តទៅ​យ៉ាងនេះ អ្នកណា​ប្រកប​ដោយសេចក្តី​ព្យាយាម​ដោយធម៌ រមែង​មិនលិច​ចុះដោយកម្ម គឺសេចក្តី​ព្យាយាម ចិត្តរបស់​អ្នក ត្រេកអរ​ក្នុងទីណា អ្នក​នោះ ចូរទៅ​ក្នុងទីនោះ​ចុះ។

[៥៦] (ព្រះបាទបោលជនក) កំណប់ធំ ១៦ នេះ គឺកំណប់​ត្រង់ទី​ព្រះអាទិត្យរះ កំណប់​ត្រង់ទី​ព្រះអាទិត្យ​លិច កំណប់​ខាងក្នុង កំណប់​ខាងក្រៅ កំណប់​មិនមែន​ខាងក្នុង មិនមែន​ខាងក្រៅ កំណប់ធំ​ត្រង់ទី​សម្រាប់ឡើង កំណប់​ត្រង់ទីសម្រាប់​ចុះ កំណប់​ត្រង់​សាលព្រឹក្ស​ធំទាំងបួន កំណប់​ត្រង់ទីមួយ​យោជន៍​ជុំវិញ កំណប់ធំ​ត្រង់ចុងភ្លុកដំរី​ទាំងពីរ កំណប់​ត្រង់​ចុងកន្ទុយ កំណប់​ក្នុងទឹក កំណប់​ធំត្រង់​ចុងឈើ​សហស្សថាមធ្នូ បល្ល័ង ៤ ជ្រុង នឹងញុំាង​នាងសីវលី​រាជទេវី​ឲ្យត្រេកអរ។

[៥៧] (ព្រះបាទមហាជនក) បុរសជាបណ្ឌិត ត្រូវតែប្រាថា្ន មិនត្រូវនឿយ​ណាយ​ទេ យើងឃើញ​ច្បាស់ចំពោះ​ខ្លួនឯង យើងប្រាថា្ន​យ៉ាងណា ក៏បាន​យ៉ាងនោះ។ បុរសជា​បណ្ឌិត​ ត្រូវតែប្រាថ្នា មិនត្រូវ​នឿយណាយទេ យើងឃើញ​ច្បាស់ចំពោះ​ខ្លួន (ដែល​ទេវតា) ស្រង់អំពី​ទឹក មកដាក់​លើគោក។ បុរស​ជាបណ្ឌិត ត្រូវតែព្យាយាម មិនត្រូវ​នឿយណាយ​ទេ យើងឃើញ​ច្បាស់ចំពោះ​ខ្លួន យើងប្រាថ្នា​យ៉ាងណា ក៏បាន​យ៉ាង​នោះ។ បុរស​ជាបណ្ឌិត ត្រូវតែ​ព្យាយាម មិនត្រូវ​នឿយណាយ​ទេ យើង​ឃើញ​ច្បាស់​ចំពោះ​ខ្លួន (ដែល​​ទេវតា) ស្រង់​អំពីទឹក មកដាក់​លើគោក។ នរជន មានប្រាជ្ញា សូម្បី​សេចក្តី​ទុក្ខប៉ះពាល់​ហើយ មិនគប្បី​កាត់សេចក្តី​ប្រាថា្ន ដើម្បីដល់នូវ​សេចក្តី​សុខទេ ព្រោះថា​ការ​ប៉ះពាល់​ដ៏ច្រើន ឥតប្រយោជន៍​ក៏មាន មានប្រយោជន៍​ក៏មាន ពួកជន​អ្នកមិន​ត្រិះរិះ រមែង​ដល់​នូវសេចក្តី​ស្លាប់។ ហេតុដែល​បុគ្គល​មិនបានគិត សម្រេច​ក៏មាន ហេតុដែល​បុគ្គល​គិតហើយ វិនាស​ទៅក៏មាន ព្រោះភោគៈ​ទាំងឡាយ​របស់ស្រី្ត ឬបុររស មិនមែន​សម្រេច​ដោយការ​គិតទេ​។

[៥៨] (មហាជន) ម្នាលគ្នាយើងដ៏ចំរើន ព្រះរាជា​ត្រួតនូវ​ផែនដី​ទាំងមូល​ ជាម្ចាស់​ក្នុងទិស មិនដូច​អំពីដើមសោះ ថ្ងៃនេះ​មិនទ្រង់​ក្រសាលរបាំ មិនទ្រង់​ធ្វើទុកក្នុង​ព្រះហ្ឫទ័យ​​ចំពោះ​ចំរៀង មិនទតម្រឹគ មិនទត​ឧទ្យាន មិន​ទតហង្ស ទ្រង់គង់​នៅ​ស្ងៀម ហាក់​ដូច​ជាមនុស្ស​គ មិនទ្រង់​កាត់សេចក្តី។

[៥៩] (ព្រះបាទមហាជនក) ព្រះបចេ្ចកពុទ្ធទាំងឡាយ ទាំងកេ្មង ទាំងចាស់ អ្នក​ប្រាថ្នា​សេចក្តី​សុខ មានសេចក្តី​ស្ងប់ស្ងាត់​ជាប្រក្រតី ប្រាសចាក​ចំណងជា​កិលេស គង់នៅ​ក្នុងអារាម​នៃបុគ្គល​ណាហ៎្ន ក្នុងថ្ងៃនេះ។ អ្នកប្រាជ្ញ​ទាំងឡាយ​ណា បានកន្លង​នូវតណ្ហា​ ជាអ្នក​មិនមាន​សេចក្តី​ខ្វល់ខ្វាយ នៅក្នុងលោក​ដែលកំពុង​ខ្វល់ខ្វាយ ខ្ញុំសូម​ថ្វាយ​បង្គំ​អ្នកប្រាជ្ញ​ទាំងនោះ ជាអ្នក​សែ្វងរក​នូវគុណ​ដ៏ធំ។ អ្នកប្រាជ្ញ​ទាំងឡាយនោះ កាត់​ទំលាយ​នូវ​តម្បាញ​ជាបណ្តាញ​ដ៏មាំ​របស់​មច្ចុ​ដែល​មានមាយា​ចេញទៅរួច បុគ្គល​ណាគប្បី​ញុំាង​យើងឲ្យ​ដល់នូវគតិ (លំអាន) នៃអ្នក​ប្រាជ្ញទាំង​នោះបាន។

[៦០] កាលណាអញនឹងលះនគរមិថិលា ​ជាក្រុងសម្បូណ៌ ដែលជាងចែក​ហើយ (ដោយ​ឋាន មានរាជ​និវេសន៍​ជាដើម) វាស់ហើយ​ដោយ​ចំណែក (នៃទា្វរ និងថ្នល់) ហើយ​បួស ការលះបង់នោះ នឹងសម្រេច​ក្នុងកាល​ណាហ្ន៎។ កាលណា​អញ​នឹងលះ​បង់នគរ​មិថិលា ជាក្រុង​សម្បូណ៌​ទូលាយ មានពន្លឺ​ដោយ​ជុំវិញ ហើយបួស ការលះបង់​នោះ នឹង​សម្រេច​ក្នុងកាល​ណាហ្ន៎។ កាលណា​អញនឹង​លះបង់នគរ​មិថិលា ជាក្រុង​សម្បូណ៌ មាន​កំពែង និងក្លោងទ្វារ​ដ៏ច្រើន ហើយបួស ការលះ​បង់នោះ នឹង​សម្រេច​ក្នុងកាល​ណាហ្ន៎។ កាលណា​អញនឹង​លះបង់​នគរ​មិថិលា ជាក្រុង​សម្បូណ៌ មានប៉ម និងស៊ុមទ្វារ​ដ៏មាំមួន ហើយ​បួស ការលះបង់​នោះ នឹងសម្រេច​ក្នុងកាលណាហ្ន៎។ កាលណា​អញនឹង​លះបង់​នគរ​មិថិលា ជាក្រុង​សម្បូណ៌ ដែលគេ​ចែកល្អ មានផ្លូវធំ ហើយបួស ការលះបង់​នោះ នឹងសម្រេច​ក្នុងកាល​ណាហ្ន៎។ កាលណា​អញ​នឹងលះបង់​នគរ​មិថិលា ជាក្រុង​សម្បូណ៌ មាន​រានផ្សារ ដែលគេ​ចែកដោយ​ល្អ ហើយ​បួស ការលះបង់​នោះ នឹង​សម្រេច​ក្នុងកាល​ណាហ្ន៎។ កាលណា​អញនឹង​លះបង់នគរ​មិថិលា ជាក្រុង​សម្បូណ៌ ដ៏កុះករ​ដោយគោ សេះ និងរថ ហើយបួស ការលះបង់​នោះ នឹងសម្រេច​ក្នុងកាល​ណាហ្ន៎។ កាលណា​អញនឹង​លះបង់នគរ​មិថិលា ជាក្រុង​សម្បូណ៌ មានរបៀប​នៃព្រៃសួន ហើយបួស ការលះបង់​នោះ នឹង​សម្រេច​ក្នុងកាល​ណាហ្ន៎។ កាលណា​អញ​នឹងលះបង់​នគរ​មិថិលា ជាក្រុង​សម្បូណ៌ មានរបៀប​នៃ​ព្រៃឧទ្យាន ហើយបួស ការលះបង់​នោះ នឹង​សម្រេច​ក្នុងកាល​ណាហ្ន៎។ កាលណាអញ​នឹងលះបង់​នគរ​មិថិលា ជាក្រុង​សម្បូណ៌ មាន​របៀបនៃ​ប្រាសាទ​ដ៏ប្រសើរ ហើយបួស ការលះបង់​នោះ នឹងសម្រេច​ក្នុងកាល​ណាហ្ន៎។ កាលណា​អញនឹង​លះបង់នគរ​មិថិលា ជាក្រុង​សម្បូណ៌ មានកំពែង ៣ ជាន់ ពេញដោយ​រាជវង្សានុវង្ស ដែល​ព្រះបាទ​វិទេហៈ ព្រះនាម​សោមនស្ស​មានយស ទ្រង់សាងទុក ហើយ​បួស ការលះបង់នោះ នឹងសម្រេច​ក្នុង​កាល​ណាហ្ន៎។ កាលណាអញ​នឹងលះបង់​ដែន​វិទេហៈ ជាដែន​សម្បូណ៌ បរិបូណ៌​ដោយ​ការសន្សំ (នូវធញ្ញាហារ​ជាដើម) ដែល​រក្សា​តាមធម៌ ហើយបួស ការលះបង់​នោះ នឹង​សម្រេច​ក្នុងកាល​ណាហ្ន៎។ កាលណា​អញ​នឹងលះបង់​នូវដែន​វិទេហៈ ជាដែន​សម្បូណ៌ ដែល​បច្ចាមិត្រ​ផ្ចាញ់​មិនបាន ជាដែន​រក្សា​តាមធម៌ ហើយបួស ការលះបង់​នោះ នឹងសម្រេច​ក្នុងកាល​ណាហ្ន៎។ កាលណា​អញ​នឹង​លះបង់​នូវខាង​ក្នុងបុរី ដែលជា​ទីរីករាយ ដែលជាង​ចែកវាស់​ដោយចំណែក ហើយបួស ការលះបង់​នោះ នឹងសម្រេច​ក្នុងកាល​ណា​ហ្ន៎។ កាលណាអញ​នឹងលះបង់​នូវខាង​ក្នុងបុរី ជាទី​រីករាយ​ ដែលបូក​ដោយកំបោ និងដី ហើយបួស ការលះ​បង់នោះ នឹង​សម្រេច​ក្នុងកាល​ណាហ្ន៎។ កាលណាអញ​នឹងលះបង់​នូវខាង​ក្នុងបុរី ជាទី​រីករាយ មានក្លិន​ក្រអូប ជាទី​រីករាយ​នៃចិត្ត ហើយបួស ការលះបង់​នោះ នឹងសម្រេច​ក្នុងកាល​ណាហ្ន៎។ កាលណា​អញនឹង​លះបង់​នូវដំណាក់​កំពូល​ទាំងឡាយ ដែលជាង​ចែកហើយ វាស់ហើយ​ដោយ​ចំណែក ហើយបួស ការលះបង់​នោះ នឹងសម្រេច​ក្នុងកាល​ណាហ្ន៎។ កាលណា​អញ​នឹងលះបង់​នូវដំណាក់​កំពូល​ទាំងឡាយ ដែលបូក​ដោយកំបោ និងដី ហើយបួស ការ​លះបង់​នោះ នឹង​សម្រេច​ក្នុង​កាលណា​ហ្ន៎។ កាលណា​អញ​នឹងលះ​នូវ​ដំណាក់​កំពូល​ទាំងឡាយ ដែលមាន​ក្លិនក្រអូប ជាទី​រីករាយ​នៃចិត្ត ហើយបួស ការលះបង់​នោះ នឹង​សម្រេច​ក្នុងកាល​ណាហ្ន៎។ កាលណា​អញនឹង​លះបង់​នូវដំណាក់​កំពូល​ទាំងឡាយ ដែល​លាបល្អ​ហើយ ប្រោះព្រំ​ដោយ​ខ្លឹមចន្ទន៍​ក្រហម ហើយបួស ការលះបង់​នោះ នឹង​សម្រេច​ក្នុង​កាលណា​ហ្ន៎។ កាលណា​អញនឹង​លះបង់​នូវ​គ្រែមាស​ទាំឡាយ មាន​ព្រំជា​កម្រាល​ដ៏វិចិត្រ ហើយបួស ការលះបង់​នោះ នឹងសម្រេច​ក្នុងកាល​ណាហ្ន៎។ កាលណា​អញ​នឹង​លះបង់​នូវបល្ល័ង្ក​កែវមណី មានព្រំ​ជាកម្រាល​ដ៏វិចិត្រ ហើយបួស ការលះ​បង់នោះ នឹង​សម្រេច​ក្នុង​កាលណាហ្ន៎។ កាលណាអញ​នឹងលះបង់​នូវ​សំពត់អំបោះ និង​សំពត់សូត្រ សំពត់​ទាំងឡាយ​ដែលកើត​អំពី​ដែនខោមៈ និងកើតអំពី​ដែន​កោទុម្ពរ ហើយបួស ការលះ​បង់នោះ នឹងសម្រេច​ក្នុងកាល​ណាហ្ន៎។ កាលណា​អញ​នឹងលះបង់​នូវ​ស្រះបោក្ខរណី​ទាំងឡាយ ជាទីរីករាយ មានសត្វ​ចាក្រពាក​យំ​ទ្រហឹង ដេរដាស​ដោយ​ចង្កុលណី​ទាំងឡាយ​ផង ដោយឈូក និង​ព្រលិត​ទាំង​ឡាយផង ហើយបួស ការលះ​បង់នោះ នឹង​សម្រេច​ក្នុង​កាលណាហ្ន៎។ កាលណាអញ​នឹងលះបង់​នូវហ្វូង​ដំរីមាតង្គៈ ដែលស្អិតស្អាង​ដោយ​គ្រឿង​អលង្ការ​គ្រប់មុខ មានខ្សែ​ដង្គន់មាស មានគ្រឿង​ស្អាងដោយ​បណ្តាញមាស ដែល​ហ្មដំរី​មានលំពែង​ស្នែងក្របី និង​កង្វេរ​ក្នុងដៃ ឡើងជិះ​ហើយ ហើយបួស ការលះ​បង់នោះ នឹងសម្រេច​ក្នុង​កាលណាហ្ន៎។ កាលណា​អញ​នឹងលះបង់​នូវហ្វូវសេះ​អាជានេយ្យ​អំពីជាតិ ជាសេះ​សិន្ធព ដែលស្អិត​ស្អាងដោយ​គ្រឿង​អលង្ការ​គ្រប់មុខ ជា​វាហនៈ​លឿន ដែលអ្នក​បង្ហាត់សេះ​កាន់ស៊ែ និងធ្នូ ឡើងជិះ​ហើយ ហើយបួស ការ​លះបង់​នោះ នឹងសម្រេច​ក្នុងកាល​ណាហ្ន៎។ កាលណា​អញ​នឹងលះបង់នូវ​ពួក​រថ​ ប្រដាប់​ហើយ មាន​ទង់លើកហើយ ទាំងបិទបាំង​ដោយសែ្បក​ខ្លាដំបង និង​ខ្លាធំ ស្អិតស្អាង​ដោយ​គ្រឿង​អលង្ការ​ទាំងពួង ដែលពួក​នាយសារថី​មានធ្នូ និងខែលក្នុង​ដៃ ឡើងជិះ​ហើយ ហើយបួស ការ​លះបង់​នោះ នឹងសម្រេច​ក្នុងកាល​ណាហ្ន៎។ កាលណាអញ​នឹងលះបង់​នូវពួក​រថមាស​ប្រដាប់​ហើយ មានទង់​លើកហើយ ទាំងបិទ​បាំងដោយ​ស្បែក​ខ្លាដំបង និងខ្លាធំ ស្អិតស្អាង​ដោយ​គ្រឿង​អលង្ការ​ទាំងពួង ដែលពួក​នាយសារថី​មាន​ធ្នូ និងខែល​ក្នុងដៃ ឡើងជិះ​ហើយ ហើយបួស ការលះ​បង់នោះ នឹងសម្រេច​ក្នុង​កាលណា​ហ្ន៎។ កាលណា​អញនឹង​លះបង់​នូវរថ​ប្រាក់​ ប្រដាប់ហើយ មានទង់​លើកហើយ ទាំងបិទបាំង​ដោយសែ្បក​ខ្លាដំបង និង​ខ្លាធំ ស្អិតស្អាង​ដោយគ្រឿង​អលង្ការ​ទាំងពួង ដែលពួក​នាយសារថី​មានធ្នូ និងខែល​ក្នុងដៃ ឡើង​ជិះហើយ ហើយបួស ការលះបង់​នោះ នឹងសម្រេច​ក្នុងកាល​ណាហ្ន៎។ កាល​ណាអញ​នឹង​លះបង់​នូវរថទឹមសេះ ​ប្រដាប់ហើយ មានទង់​លើកហើយ ទាំង​បិទបាំង​ដោយសែ្បក​ខ្លាដំបង និងខ្លាធំ ស្អិតស្អាង​ដោយ​គ្រឿង​អលង្ការ​ទាំង​ពួង ដែល​នាយ​សារថី​មានធ្នូ និងខែល​ក្នុងដៃ ឡើងជិះ​ហើយ ហើយបួស ការលះ​បង់នោះ នឹង​សម្រេច​ក្នុងកាល​ណាហ្ន៎។ កាលណា​អញនឹងលះបង់​នូវរថ​ទឹមឱដ្ឋ​ ប្រដាប់ហើយ មានទង់​លើកហើយ ទាំងបិទ​បាំងដោយ​សែ្បកខ្លា​ដំបង និងខ្លាធំ ស្អិតស្អាង​ដោយគ្រឿង​អលង្ការ​ទាំងពួង ដែល​នាយសារថី​មាន​ធ្នូ និង​ខែល​ក្នុងដៃ ឡើងជិះ​ហើយ ហើយបួស ការលះបង់​នោះ នឹង​សម្រេច​ក្នុងកាល​ណាហ្ន៎។ កាលណា​អញ​នឹងលះបង់​នូវរថ​ទឹមគោ ​ប្រដាប់ហើយ មាន​ទង់លើក​ហើយ ទាំងបិទ​បាំងដោយ​សែ្បក​ខ្លាដំបង និងខ្លាធំ ស្អិតស្អាង​ដោយ​គ្រឿង​អលង្ការ​ទាំងពួង ដែលនាយ​សារថីមាន​ធ្នូ និងខែល​ក្នុងដៃ ឡើងជិះ​ហើយ ហើយបួស ការលះ​បង់នោះ នឹងសម្រេច​ក្នុង​កាលណាហ្ន៎។ កាលណាអញ​នឹងលះបង់​នូវរថ​ទឹមកែស ប្រដាប់​ហើយ មានទង់​លើកហើយ ទាំងបិទ​បាំងដោយ​សែ្បក​ខ្លាដំបង និងខ្លាធំ ស្អិតស្អាង​ដោយ​គ្រឿង​អលង្ការ​ទាំងពួង ដែលនាយ​សារថី​មានធ្នូ និងខែល​ក្នុងដៃ ឡើងជិះហើយ ហើយបួស ការលះ​បង់នោះ នឹងសម្រេច​ក្នុងកាល​ណាហ្ន៎។ កាលណា​អញ​នឹងលះបង់​នូវរថទឹម​ពពែ ប្រដាប់​ហើយ មានទង់​លើកហើយ ទាំងបិទ​បាំង​ដោយសែ្បក​ខ្លាដំបង និងខ្លាធំ ស្អិតស្អាង​ដោយ​គ្រឿង​អលង្ការ​ទាំងពួង ដែលនាយសារថី​មានធ្នូ និងខែលក្នុងដៃ ឡើងជិះ​ហើយ ហើយបួស ការលះបង់​នោះ នឹងសម្រេច​ក្នុងកាល​ណាហ្ន៎។ កាលណា​អញ​នឹងលះបង់​នូវរថ​ទឹមម្រឹគ ប្រដាប់​ហើយ មានទង់​លើកហើយ ទាំងបិទ​បាំងដោយ​សែ្បក​ខ្លាដំបង និងខ្លាធំ ស្អិតស្អាង​ដោយគ្រឿង​អលង្ការ​ទាំងពួង ដែលនាយ​សារថី​មានធ្នូ និងខែលក្នុងដៃ ឡើងជិះ​ហើយ ហើយបួស ការលះបង់​នោះ នឹង​សម្រេច​ក្នុងកាល​ណាហ្ន៎។ កាលណាអញ​នឹងលះបង់​នូវពួក​អ្នកជិះដំរី ដែល​ស្អិតស្អាង​ដោយ​គ្រឿង​អលង្ការ​ទាំងពួង កាន់ខែល​មានពណ៌​ខៀវ ជាអ្នកក្លៀវក្លា មាន​លំពែង​ស្នែងក្របី និង​កង្វេរ​ក្នុងដៃ ហើយបួស ការលះ​បង់នោះ នឹងសម្រេច​ក្នុងកាល​ណាហ្ន៎។ កាលណា​អញ​នឹង​លះបង់​នូវពួក​អ្នកជិះសេះ ដែលស្អិត​ស្អាងដោយ​គ្រឿងអលង្ការ​ទាំងពួង កាន់​ខែល​មានពណ៌​ខៀវ ជាអ្នកក្លៀវក្លា ទ្រទ្រង់​នូវស៊ែ និងធ្នូ ហើយបួស ការលះ​បង់នោះ នឹងសម្រេច​ក្នុង​កាលណាហ្ន៎។ កាលណាអញ​នឹងលះបង់​នូវពួក​អ្នកជិះរថ ដែល​ស្អិតស្អាង​ដោយគ្រឿង​អលង្ការ​ទាំងពួង កាន់ខែល​មាន​ពណ៌ខៀវ ជាអ្នក​ក្លៀវក្លា មានធ្នូ និង​ព្រួញ​ក្នុងដៃ ការលះ​បង់នោះ នឹងសម្រេច​ក្នុងកាល​ណាហ្ន៎។ កាលណា​អញ​នឹងលះបង់​នូវ​ពួកខ្មាន់ធ្នូ ដែលស្អិត​ស្អាងដោយ​គ្រឿងអលង្ការ​ទាំងពួង កាន់ខែល​មាន​ពណ៌ខៀវ ជាអ្នក​ក្លៀវក្លា មានធ្នូ និងបំពង់​ព្រួញ​ក្នុងដៃ ហើយបួស ការលះ​បង់នោះ នឹង​សម្រេច​ក្នុងកាល​ណាហ្ន៎។ កាលណាអញ​នឹងលះបង់​នូវ​ពួកព្រះរាជបុត្ត ដែល​ស្អិតស្អាង​ដោយគ្រឿង​អលង្ការ​ទាំងពួង កាន់ខែល​ដ៏វិចិត្រ ជាអ្នក​ក្លៀវក្លា ទ្រទ្រង់​នូវមាស និង​កែវពិទូរ្យ ហើយបួស ការលះបង់​នោះ នឹងសម្រេច​ក្នុងកាល​ណាហ្ន៎។ កាលណាអញ​នឹង​លះបង់​នូវពួក​អរិយជន គឺ​ញ្រហ្មណ៍​ដែលមាន​សំពត់ មាន​គ្រឿងប្រដាប់​ហើយ មានខ្លួន​លាបដោយ​ខ្លឹមចន្ទន៍​ក្រហម ស្លៀកដណ្តប់​ដោយ​សំពត់​ដែល​បានមក​អំពីដែន​កាសី​ដ៏ឧត្តម ហើយបួស ការលះបង់​នោះ នឹង​សម្រេចក្នុង​កាលណាហ្ន៎។ កាលណាអញ​នឹងលះបង់​នូវពួក​អាមាត្យ ដែលស្អិត​ស្អាង​ដោយគ្រឿង​អលង្ការ​ទាំងពួង កាន់ខែល​មានពណ៌​លឿង ជាអ្នក​ក្លៀវក្លា មាន​របៀប​ដើរខាងមុខ ហើយបួស ការលះបង់នោះ នឹងសម្រេច​ក្នុង​កាលណាហ្ន៎។ កាលណាអញ​នឹងលះបង់​នូវពួក​ស្រីស្នំ ៧០០ ដែល​ស្អិតស្អាង​ដោយ​គ្រឿង​អលង្ការ​ទាំងពួង ហើយបួស ការលះ​បង់នោះ នឹង​សម្រេច​ក្នុងកាល​ណាហ្ន៎។ កាលណាអញ​នឹងលះបង់​នូវពួកស្រីស្នំ ៧០០ ជាអ្នក​សង្រួមល្អ មាន​ចង្កេះរៀវ ហើយបួស ការលះ​បង់នោះ នឹងសម្រេច​ក្នុង​កាលណា​ហ្ន៎។ កាលណាអញ​នឹងលះបង់​នូវ​ស្រីស្នំ ៧០០ ជាស្រ្តី​ស្តាប់បង្គាប់ ពោលពាក្យជា​ទីស្រលាញ់​ ហើយបួស ការលះ​បង់នោះ នឹងសម្រេច​ក្នុងកាល​ណាហ្ន៎។ កាលណា​អញនឹង​លះបង់​នូវ​ភាជន៍មាស មាន​ទម្ងន់ ១០០ បល្លៈ ប្រកបដោយ​ស្នាមចំឡាក់ ១០០ ហើយបួស ការលះបង់​នោះ នឹង​សម្រេច​ក្នុងកាល​ណាហ្ន៎។ កាលណា​ហ្វូងដំរី​មាតង្គៈ​របស់អញ ដែលស្អិតស្អាង​ដោយ​គ្រឿង​អលង្ការ​ទាំងពួង មានខ្សែ​ដង្គន់​មាស មានគ្រឿង​ស្អាងដោយ​បណ្តាញមាស ដែល​ហ្មដំរី​មានលំពែង​សែ្នងក្របី និងកង្វេរ​ក្នុងដៃ ឡើងជិះ​ហើយ នឹងមិន​ដើរតាម​អញ​កាល​ទៅ ដំណើរ​នោះ នឹង​សម្រេចក្នុង​កាល​ណាហ្ន៎។ កាលណា​ហ្វូងសេះ​របស់អញ ដែល​ស្អិតស្អាង​ដោយគ្រឿង​អលង្ការ​ទាំងពួង ជាសេះ​អាជានេយ្យ​ដោយជាតិ ជាសេះសិន្ធព ជា​វាហនៈ​ដ៏លឿន ដែលពួក​អ្នករក្សា​សេះ​កាន់ស៊ែ និងធ្នូ ឡើង​ជិះហើយ នឹងមិន​ដើរតាម​អញ​កាលទៅ ដំណើរនោះ​នឹងសម្រេច​ក្នុងកាល​ណាហ្ន៎។ កាលណា​ពួករថ​របស់អញ ប្រដាប់​ហើយ មានទង់​លើកហើយ ទាំងបិទ​បាំងដោយ​សែ្បកខ្លា​ដំបង និងខ្លាធំ ស្អិតស្អាង​ដោយ​គ្រឿង​អលង្ការ​ទាំងពួង ដែលពួក​នាយសារថី​មានធ្នូ និងខែល​ក្នុងដៃ ឡើងជិះ​ហើយ នឹង​មិនដើរ​តាមអញ​កាលទៅ ដំណើរនោះ នឹងសម្រេច​ក្នុងកាល​ណាហ្ន៎។ កាលណា​ពួករថមាស​របស់អញ ប្រដាប់ហើយ មានទង់​លើកហើយ ទាំង​បិទបាំង​ដោយសែ្បក​ខ្លាដំបង និងខ្លាធំ ស្អិតស្អាង​ដោយ​គ្រឿងអលង្ការ​ទាំងពួង ដែលពួក​នាយសារថី មាន​ធ្នូ និងខែល​ក្នុងដៃ ឡើងជិះ​ហើយ នឹងមិនទៅ​តាមអញ កាលទៅ ដំណើរនោះ នឹង​សម្រេច​ក្នុងកាល​ណាហ្ន៎។ កាលណា​ពួករថប្រាក់​របស់អញ មានទង់​លើកហើយ ទាំង​បិទបាំង​ដោយ​សែ្បក​ខ្លាដំបង និងខ្លាធំ ស្អិតស្អាង​ដោយគ្រឿង​អលង្ការ​ទាំងពួង ដែល​ពួកនាយ​សារថី​មានធ្នូ និងខែល​ក្នុងដៃ ឡើងជិះ​ហើយ នឹងមិនទៅ​តាមអញ​កាលទៅ ដំណើរនោះ នឹង​សម្រេច​ក្នុងកាល​ណាហ្ន៎។ កាលណា​រថទឹមសេះ​របស់អញ​ ប្រដាប់ហើយ មានទង់​លើកហើយ ទាំងបិទ​បាំងដោយសែ្បក​ខ្លាដំបង និងខ្លាធំ ស្អិតស្អាង​ដោយ​គ្រឿង​អលង្ការ​ទាំងពួង ដែលពួក​នាយសារថី​មានធ្នូ និងខែល​ក្នុងដៃ ឡើងជិះ​ហើយ នឹង​មិនទៅតាមអញ​កាលទៅ ដំណើរនោះ នឹងសម្រេច​ក្នុងកាល​ណាហ្ន៎។ កាលណា​រថទឹមឱដ្ឋ​របស់អញ ប្រដាប់ហើយ មានទង់​លើកហើយ ទាំងបិទបាំង​ដោយ​សែ្បកខ្លាដំបង និងខ្លាធំ ស្អិតស្អាង​ដោយគ្រឿង​អលង្ការ​ទាំងពួង ដែល​ពួកនាយសារថី មានធ្នូ និងខែល​ក្នុងដៃ ឡើង​ជិះហើយ នឹងមិនទៅតាមអញ​កាល​ទៅ ដំណើរនោះ នឹង​សម្រេចក្នុង​កាលណា​ហ្ន៎។ កាលណា​រថទឹមគោ​របស់អញ​ ប្រដាប់ហើយ មានទង់​លើកហើយ ទាំងបិទ​បាំងដោយ​សែ្បក​ខ្លាដំបង និងខ្លាធំ ស្អិតស្អាង​ដោយគ្រឿង​អលង្ការ​ទាំងពួង ដែលពួក​នាយសារថី​មានធ្នូ និងខែល​ក្នុងដៃ ឡើងជិះ​ហើយ នឹងមិន​ទៅតាម​អញ​កាលទៅ ដំណើរនោះ នឹងសម្រេច​ក្នុង​កាលណាហ្ន៎។ កាលណា​រថទឹមកែស​របស់អញ​ ប្រដាប់ហើយ មាន​ទង់លើក​ហើយ ទាំងបិទបាំង​ដោយសែ្បក​ខ្លាដំបង និងខ្លាធំ ស្អិតស្អាង​ដោយគ្រឿង​អលង្ការ​ទាំងពួង ដែលពួក​នាយសារថី​មានធ្នូ និងខែល​ក្នុងដៃ ឡើង​​ជិះហើយ នឹង​មិនទៅ​តាម​អញកាលទៅ ដំណើរនោះ នឹងសម្រេច​ក្នុងកាល​ណាហ្ន៎។ កាលណា​រថទឹម​ពពែ​របស់អញ ប្រដាប់ហើយ មានទង់​លើកហើយ ទាំងបិទ​បាំងដោយ​សែ្បកខ្លា​ដំបង និងខ្លាធំ ស្អិតស្អាង​ដោយគ្រឿង​អលង្ការ​ទាំងពួង ដែលពួក​នាយសារថី មានធ្នូ និងខែល​ក្នុងដៃ ឡើង​ជិះហើយ នឹងមិនទៅ​តាមអញ​កាលទៅ ដំណើរនោះ នឹង​សម្រេច​ក្នុងកាល​ណាហ្ន៎។ កាលណា​រថទឹមម្រឹគ​របស់អញ​ ប្រដាប់ហើយ មានទង់​លើក​ហើយ ទាំង​បិទបាំង​ដោយ​សែ្បកខ្លា​ដំបង និងខ្លាធំ ស្អិតស្អាង​ដោយគ្រឿង​អលង្ការ​ទាំង​ពួង ដែលពួក​នាយសារថី​មាន​ធ្នូ និងខែល​ក្នុងដៃ ឡើងជិះ​ហើយ នឹងមិន​ទៅតាម​អញ​កាលទៅ ដំណើរនោះ នឹង​សម្រេច​ក្នុង​កាលណាហ្ន៎។ កាលណា​ពួកអ្នក​ជិះដំរី​របស់អញ ស្អិតស្អាង​ដោយគ្រឿង​អលង្ការ​ទាំងពួង កាន់ខែល​មានពណ៌ខៀវ ជាអ្នកក្លៀវ​ក្លា មាន​លំពែង​ស្នែងក្របី និង​កង្វេរ​ក្នុងដៃ នឹងមិនទៅ​តាមអញ​កាលទៅ ដំណើរនោះ នឹង​សម្រេច​​ក្នុង​កាលណាហ្ន៎។ កាលណា​ពួកអ្នក​ជិះសេះ​របស់អញ ដែលស្អិតស្អាង​ដោយ​គ្រឿង​អលង្ការ​ទាំងពួង កាន់ខែល​មាន​ពណ៌ខៀវ ជាអ្នកក្លៀវក្លា ទ្រទ្រង់​នូវស៊ែ និងធ្នូ នឹង​មិនទៅតាម​អញកាលទៅ ដំណើរនោះ នឹងសម្រេច​ក្នុងកាល​ណាហ្ន៎។ កាលណា​ពួកអ្នកជិះរថ​របស់អញ ដែល​ស្អិតស្អាង​ដោយគ្រឿង​អលង្ការ​ទាំងពួង កាន់ខែល​មាន​ពណ៌ខៀវ ជាអ្នក​ក្លៀវក្លា មានធ្នូ និង​បំពង់ព្រួញ​ក្នុងដៃ នឹងមិន​ទៅតាមអញ​កាលទៅ ដំណើរនោះ នឹង​សម្រេច​ក្នុងកាល​ណាហ្ន៎។ កាលណា​ពួកខ្មាន់ធ្នូ​របស់​អញ ដែល​ស្អិត​ស្អាង​ដោយគ្រឿង​អលង្ការ​ទាំងពួង កាន់ខែល​មានពណ៌ខៀវ ជាអ្នក​ក្លៀវក្លា មានធ្នូ និងបំពង់​ព្រួញ​ក្នុងដៃ នឹង​មិនទៅ​តាម​អញ​កាលទៅ​ ដំណើរនោះ នឹងសម្រេច​ក្នុងកាល​ណាហ្ន៎។ កាលណា​ពួករាជបុត្រ​របស់អញ ដែលស្អិតស្អាង​ដោយគ្រឿង​អលង្ការ​ទាំងពួង កាន់ខែល​ដ៏វិចិត្រ ជាអ្នកក្លៀវក្លា ទ្រទ្រង់​នូវមាស និង​កែវពិទូរ្យ នឹងមិន​ទៅតាម​អញ​កាលទៅ ដំណើរនោះ នឹង​សម្រេច​ក្នុងកាល​ណាហ្ន៎។ កាលណា​ពួក​អរិយជន គឺ​ញ្រហ្មណ៍ អ្នកមាន​សំពត់ មាន​គ្រឿង​ប្រដាប់​ហើយ មានខ្លួនលាប​ដោយ​ខ្លឹមចន្ទន៍​ក្រហម ទ្រទ្រង់​នូវសំពត់​ដ៏ឧត្តម​ដែល​បានមក​អំពី​ដែនកាសី នឹងមិន​ទៅតាម​អញកាល​ទៅ ដំណើរ​នោះ នឹងសម្រេច​ក្នុងកាល​ណាហ្ន៎។ កាលណា​ពួកអាមាត្យ​របស់អញ ដែលស្អិត​ស្អាងដោយ​គ្រឿង​អលង្ការ​ទាំងពួង កាន់​ខែលមាន​ពណ៌លឿង ជាអ្នក​ក្លៀវក្លា មានរបៀប​ដើរ​ខាងមុខ នឹងមិនទៅ​តាមអញ​កាលទៅ ដំណើរនោះ នឹងសម្រេច​ក្នុងកាល​ណាហ្ន៎។​ កាលណា​ពួកស្រ្តីស្នំ ៧០០ របស់​អញ ដែលស្អិតស្អាង​ដោយគ្រឿង​អលង្ការ​ទាំងពួង នឹងមិនទៅ​តាមអញ​កាលទៅ ដំណើរ​នោះ នឹងសម្រេច​ក្នុងកាល​ណាហ្ន៎។​ កាលណាពួក​ស្រ្តីស្នំ ៧០០ របស់អញ ជាស្រ្តី​សង្រួម​ល្អ មាន​ចង្កេះរាវ នឹងមិនទៅ​តាមអញ​កាលទៅ ដំណើរនោះ នឹង​សម្រេច​ក្នុងកាល​ណាហ្ន៎។​ កាលណា​ពួក​ស្រ្តីស្នំ​ ៧០០ របស់អញ ជាស្រ្តី​ស្តាប់បង្គាប់ ពោល​ពាក្យជាទី​ស្រលាញ់ នឹងមិន​ទៅតាមអញ​កាលទៅ ដំណើរ​នោះ នឹង​សម្រេចក្នុង​កាលណាហ្ន៎។​ កាលណា​អាត្មាអញ នឹងបាន​ទៅជាអ្នក​កោរក្បាល ឃ្លុំសង្ឃាដិ កាន់បាត្រ ត្រាច់ចរទៅ​បិណ្ឌបាត ដំណើរនោះ នឹងសម្រេច​ក្នុងកាល​ណាហ្ន៎។​ កាលណា​អាត្មាអញ នឹង​ទ្រទ្រង់​នូវ​សង្ឃាដិ​នៃសំពត់​បង្សុកូល​ទាំងឡាយ​ ដែលគេចោល​ក្នុងផ្លូវធំ ដំណើរ​នោះ នឹង​សម្រេច​ក្នុងកាល​ណាហ្ន៎។ កាលណា​អាត្មាអញ កាលដែល​មេឃ​បង្អុរភ្លៀង​ចុះអស់ ៧ ថ្ងៃហើយ នឹង​ត្រាច់ទៅ​បិណ្ឌបាត​ទំាងចីវរ​ទទឹក ដំណើរ​នោះ នឹង​សម្រេច​ក្នុងកាល​ណាហ្ន៎។​ កាលណា​អាត្មាអញ​នឹងចេញទៅ​អំពីដើម​ឈើមួយ ទៅកាន់​ដើមឈើ​មួយ អំពីព្រៃ​មួយ ទៅកាន់​ព្រៃមួយ រហូតថ្ងៃ និងយប់​ទាំងអស់​ ត្រាច់ទៅ​ឥត​អាឡោះ​អាល័យ ដំណើរនោះ នឹង​សម្រេច​ក្នុងកាល​ណាហ្ន៎។​ កាលណា​អាត្មាអញ នឹងលះបង់​នូវភ័យ​គួរខ្លាច ហើយ​មិនមាន​គ្នាជាគំរប់​ពីរនាក់ ដើរទៅលើ​ជ្រោះភ្នំ​ទាំង​ឡាយ ដំណើរ​នោះ នឹង​សម្រេច​ក្នុងកាល​ណាហ្ន៎។​ កាលណា​អាត្មាអញ​ធ្វើចិត្តឲ្យត្រង់ ដូចជាបុគ្គល​ដេញពិណ អាច​ដេញ​ខ្សែទាំង ៧ ឲ្យជា​ទីរីករាយ​ចិត្តបាន ដំណើរ​នោះ នឹង​សម្រេច​ក្នុង​កាលណា​ហ្ន៎។​ កាលណា​អាត្មាអញ នឹងកាត់​នូវ​កាមសំយោជន៍​ជាទិព្វ ទាំង​ជា​របស់​មនុស្ស​បាន ដូចជា​ជាងរថ កាលកាត់​នូវសែ្បក​ជើងដូច្នោះ។

[៦១] (អភិសម្ពុទ្ធគាថា) ពួកស្រីស្នំទាំង ៧០០ នាក់នោះ ដែលស្អិតស្អាង​ដោយ​គ្រឿង​អលង្ការ​ទាំងពួង ផ្គងដើម​ដៃទួញ​យំថា ព្រះអង្គ​នឹងលះចោល​ពួកខ្ញុំមា្ចស់ ព្រោះ​ហេតុអ្វី។ ពួកស្រីស្នំ ៧០០ នាក់នោះ ជាស្រ្តី​សង្រួមល្អ មាន​ចង្កេះរៀវ ផ្គងដើម​ដៃទួញ​យំថា ព្រះអង្គ​នឹងលះចោល​ពួកខ្ញុំមា្ចស់ ព្រោះ​ហេតុអ្វី។ ពួកស្រីស្នំទាំង ៧០០ នាក់នោះ ជាស្រ្តី​ស្តាប់បង្គាប់ ពោលពាក្យ​ជាទី​ស្រលាញ់ ផ្គងដើម​ដៃទួញ​យំថា ព្រះអង្គ​នឹងលះ​ចោលពួក​ខ្ញុំមា្ចស់ ព្រោះហេតុអ្វី។ ព្រះរាជា​ទ្រង់លះនូវ​សម្ប័ទ បានលះបង់​ពួកស្រីស្នំ​ទាំង ៧០០ នាក់នោះ ដែលស្អិតស្អាង​ដោយគ្រឿង​អលង្ការ​ទាំងពួង ព្រះអង្គ​ត្រូវបព្វជ្ជា​បញ្ជូន​ទៅ​ខាង​មុខហើយ។ ព្រះរាជា​ទ្រង់លះ​បង់នូវសម្ប័ទ បានលះបង់​ពួកស្ត្រី​ស្នំ ៧០០ នាក់​នោះ ជាស្រ្តី​សង្រួមល្អ មាន​ចង្កេះរៀវ ត្រូវបព្វជ្ជា​បញ្ជូន​ទៅខាង​មុខហើយ។ ព្រះរាជា​ទ្រង់លះបង់​នូវសម្ប័ទ បានលះនូវ​ពួកស្ត្រីស្នំ ៧០០ នាក់នោះ ជាស្រ្តី​ស្តាប់បង្គាប់ ពោល​ពាក្យជាទី​ស្រលាញ់ ត្រូវបព្វជ្ជា​បញ្ជូន​ទៅខាង​មុខហើយ។ ព្រះរាជា​ទ្រង់លះបង់​នូវភាជន៍​មាស​មានទម្ងន់​មួយរយបល្លៈ ប្រកបដោយ​ស្នាមចម្លាក់​មួយរយ បានកាន់​យកនូវ​បាត្រដី ការកាន់​នូវបាត្រដី​នោះ ទុកជា​អភិសេកទី ២។

[៦២] (ព្រះនាងសីវលីទេវី) ឃ្លាំងទាំងឡាយ គឺឃ្លាំងប្រាក់ ឃ្លាំងមាស​ ឃ្លាំងកែវមុក្តា ឃ្លាំង​កែវពិទូរ្យ ឃ្លាំង​កែវមណី ឃ្លាំងស័ង្ខ ឃ្លាំងកែវមុក្តា​ដ៏ច្រើន ឃ្លាំង​សំពត់ ឃ្លាំងខ្លឹម​ចន្ទន៍ក្រហម ឃ្លាំង​ស្បែកខ្លាឃ្មុំ ឃ្លាំងរបស់​ធ្វើពីភ្លុក ឃ្លាំង​ទង់ដែង​ និង​ឃ្លាំង​ដែកខ្មៅ​ដ៏ច្រើន ជាឃ្លាំង​ដែលរាជបុរស​រៀបចំ​ដោយចំណែក ត្រូវភ្លើង​ឆេះ មាន​អណ្តាត​ភ្លើង​ស្មើគ្នា គួរខ្លាច បពិត្រ​ព្រះរាជា សូមព្រះអង្គ​សេ្តចមក សូមស្តេច​ត្រឡប់​វិលវិញ កុំឲ្យ​ទ្រព្យរបស់​ព្រះអង្គនោះ​វិនាស។

[៦៣] (ព្រះរាជា) កង្វល់មិនមានដល់យើងណា យើងនោះ​ឈ្មោះថា រស់នៅ​ជាសុខ កាលបើ​ក្រុងមិថិលា​ត្រូវភ្លើង​ឆេះ ភ្លើង​មិនមែនឆេះ​នូវទ្រព្យ​បន្តិចបន្តួច​របស់ខ្ញុំទេ។

[៦៤] (ព្រះនាងសីវលីទេវី) ចោរក្នុងដងព្រៃកើតឡើងហើយ បំផ្លាញ​ដែនរបស់​ព្រះអង្គ បពិត្រ​ព្រះរាជា សូមព្រះអង្គ​សេ្តចមក សូមសេ្តច​ត្រឡប់​វិលវិញ កុំឲ្យ​ដែន​នេះវិនាស។

[៦៥] (ព្រះរាជា) កង្វល់មិនមានដល់យើងណា យើងនោះ​ឈ្មោះថា រស់នៅជា​សុខ កាលបើ​ដែនត្រូវ​ពួកចោរប្លន់ ចោរមិន​បានយក​ទ្រព្យបន្តិច​បន្តួច​របស់ខ្ញុំទេ កង្វល់​មិនមាន​ដល់យើងណា យើងនោះ​ឈ្មោះថា រស់នៅ​ជាសុខ យើងជាអ្នក​មានបីតិ​ជា​អាហារ ដូចពួក​អាភស្សរទេវតា។

[៦៦] (នារទតាបស) សំឡេងគឹកកងនៃជនច្រើននេះ តើព្រោះហេតុអ្វី ស្រ្តីនោះ​ជាអ្វី លេងជា​មួយក្នុងព្រៃ ដូចក្នុងស្រុក បពិត្រ​សមណៈ ខ្ញុំសួរ​លោកថា មហាជន​នុ៎ះ ប្រជុំគ្នា​ដើម្បីអ្វី។

[៦៧] (ព្រះរាជា) ខ្ញុំកាលលះបង់នូវមហាជន ហើយចេញទៅ បានជា​មហាជន​ប្រជុំគ្នា​ក្នុងទីនេះ ខ្ញុំកន្លង​នូវដែន គឺកិលេស ហើយទៅបួស​ដើម្បីបាន​នូវមោនធម៌ (ពោល​គឺ ញាណរបស់​អនាគារិយៈ) មុនី ខ្ញុំកាលទៅ​កាន់ទី​ច្រឡូកច្រឡំ​ដោយ​សេចក្តី​រីករាយ​ទាំងឡាយ អ្នកដឹង​ទើបសួរឬ (ឬមិនដឹង)។

[៦៨] (នារទតាបស) ព្រះអង្គកាលទ្រទ្រង់នូវសរីរៈនេះ កុំសំគាល់​ថា អញឆ្លង​កិលេស​ហើយ​ដូច្នេះ កម្ម (គឺកិលេស) នេះ បុគ្គលមិន​គប្បីឆ្លង​បានទេ ព្រោះថា សេចក្តី​អន្តរាយ​មានច្រើន។

[៦៩] (ព្រះរាជា) ខ្ញុំណាមិនប្រាថ្នានូវកាមទាំងឡាយ​ក្នុងមនុស្សលោក ដែល​បុគ្គល​ឃើញហើយ មិនប្រាថ្នា​នូវកាម​ទាំងឡាយ​ក្នុង​ទេវលោក ដែលបុគ្គល​មិន​ឃើញហើយ សេចក្តី​អន្តរាយ​ដូចមេ្តច​ហ្ន៎ នឹងមាន​ដល់ខ្ញុំនោះ មានកិរិយា​ទៅ​យ៉ាងនេះ។

[៧០] (នារទតាបស) ដ្បិតថា សេចក្តីអន្តរាយ តាំងឡើងច្រើន គឺការដេកលក់ សេចក្តីខ្ជិល ការមិតពត់ សេចក្តីអផ្សុក ការពុលបាយ​ តំាងនៅ​ក្នុងសរីរៈ រមែងកើត (ក្នុង​សរីរៈវិញ)។

[៧១] (ព្រះរាជា) បពិត្រញ្រហ្មណ៍ លោកដ៏ចំរើនប្រៀនប្រដៅ​ខ្ញុំល្អណាស់ បពិត្រ​ញ្រហ្មណ៍ ខ្ញុំសួរលោក បពិត្រលោក​និរទុក្ខ លោកជាអ្វី។

[៧២] (នារទតាបស) ជនទាំងឡាយ ស្គាល់អាត្មាភាព​ដោយនាមថា នារទៈ ដោយ​គោត្រថា កស្សបៈ ដូច្នេះ អាតា្មភាព​មកក្នុង​សំណាក់​ព្រះអង្គ​ដ៏ចំរើន ដោយដឹង​ច្បាស់ថា សមាគម​ដោយសប្បុរស​ទាំងឡាយ ជាកិច្ច​ញុំាង​ប្រយោជន៍​ឲ្យសម្រេច។ សេចក្តី​ត្រេកអរ (ក្នុងបព្វជា្ជ) ទាំងអស់ និងព្រហ្មវិហារ ចូរកើត​ដល់ព្រះអង្គ​នោះចុះ បរិកម្ម និង​ឈានណា ការ​ខ្វះខាត (ដោយសីល និងឈាន) ណា ព្រះអង្គ​ចូរបំពេញ​នូវការ​ខ្វះខាត​នោះចុះ ព្រះអង្គ (ចូរប្រកប) ដោយ​អធិវាសនក្ខន្តី និង​ឧបសមៈ។ ព្រះអង្គ​ចូរ​រំសាយ​ចោលនូវ​សេចក្តី​មើលងាយ និង​សេចក្តី​ក្រអឺត​ក្រឱង ចូរធ្វើ​គោរពនូវ​កុសលកម្ម នូវវិជ្ជា និងធម៌។

[៧៣] (មិគាជិនតាបស) បពិត្រព្រះជនក ព្រះអង្គលះបង់​ដំរីសេះ ពួក​អ្នកនគរ និងជនបទ​ជាច្រើន ហើយ​ទ្រង់ព្រះផ្នួស ដល់នូវសេចក្តី​ត្រេកអរ​នឹងអម្បែង បពិត្រ​ព្រះជនក ពួកអ្នក​ជនបទ មិត្រអាមាត្យ និងព្រះញាតិ បានធ្វើ​នូវការទ្រុស្ត​ចំពោះ​ព្រះអង្គ​ខ្លះដែរឬ ព្រោះ​ហេតុអ្វី ក៏ព្រះអង្គ​ពេញ​ព្រះហ្ឫទ័យ​នឹងអម្បែង​របស់ព្រះអង្គ​នោះ។

[៧៤] (ព្រះមហាជនក) បពិត្រមិគាជិនៈ ក្នុងកាលណាមក ខ្ញុំមិនដែល​ផ្ចាញ់នូវ​ញាតិ​ណាមួយ​ដោយ​អធម៌​ជាដាច់ខាត ទាំងពួក​ញាតិ ក៏មិន​ដែលផ្ចាញ់​ខ្ញុំដោយ​អធម៌​ដែរ។

[៧៥] បពិត្រមិគាជិនៈ ខ្ញុំបានឃើញនូវប្រវេណី​នៃសត្វលោក ដែល​កិលេស​កំពុង​ទំពាស៊ី​ ធ្វើឲ្យដូច​ជាភក់ បុថុជ្ជន​លិចចុះហើយ​ក្នុងកិលេស​វត្ថុណា សត្វ​ទាំងឡាយ តែង​បៀតបៀន​គ្នាផង តែងជាប់​ក្នុងកិលេស​វត្ថុនោះ​ផង ហើយ​ក៏ធ្វើ​នូវពួក​បុថុជ្ជន​ទាំងនេះ ឲ្យ​ជា​គ្រឿង​ប្រៀបធៀប ទើបបួស​ជាភិក្ខុ។

[៧៦] (មិគាជិនតាបស) បពិត្រព្រះអង្គប្រសើរក្នុងរថ បុគ្គល​មានជោគ​ណា ជាសាស្តា​របស់​ព្រះអង្គ ពាក្យដ៏ពីរោះ​នេះ ជាពាក្យ​របស់​បុគ្គលណា ព្រោះថា អ្នក​ប្រាជ្ញ​ទាំងឡាយ មិនវៀរ​នូវតាបស​អ្នកសម្រេច​អភិញ្ញា ឬនូវ​ព្រះបច្ចេកពុទ្ធ​ដែល​ប្រកប​ដោយ​វិជ្ជា ហើយ​ពោលនូវ​សមណៈ​ថា អ្នកមាន​វត្តជាគ្រឿង​កន្លងនូវទុក្ខទេ។

[៧៧] (ព្រះមហាជនក) បពិត្រមិគាជិនៈ ខ្ញុំមិនដែលចូលទៅ​គោរព​សមណៈ និង​ញ្រហ្មណ៍​ណាមួយ​ដោយដាច់ខាត ក្នុងកាលណា​ម្តងឡើយ។ បពិត្រ​មិគាជិនៈ ខ្ញុំកាល​ទៅដោយ​អានុភាព​ដ៏ធំ រុងរឿង​ដោយសិរី កាលចម្រៀង​ដែលបុគ្គល​កំពុងច្រៀង កាល​តន្រ្តីមានសំឡេង​ដ៏ពីរោះ ដែលបុគ្គល​កំពុងប្រគំ បាន​ឃើញ​ស្វាយ​មានផ្លែ​ខាងក្រៅ​កំពែង ដែលពួក​មនុស្ស​អ្នកត្រូវ​ការផ្លែ បេះជិត​ឧទ្យាន​ដែលគឹកកង​ដោយការ​ប្រគំតន្រ្តី ជា​ឧទ្យាន​ប្រកប​ដោយសូរ​ប្រគំដ៏​ពីរោះ បពិត្រ​មិគាជិនៈ ខ្ញុំនោះ ​បានលះបង់​សិរីនោះ ហើយចុះ (អំពីដំរី) ចូលទៅ​កាន់គល់​ស្វាយដែល​មានផ្លែ និងមិនមាន​ផ្លែ បានឃើញ​ស្វាយមាន​ផ្លែ ដែលបុគ្គល​បៀត​បៀនហើយ កំចាត់​ហើយ ធ្វើមិនឲ្យ​មានស្លឹក និងស្វាយ ១ ដើមក្រៅនេះ មានពន្លឺ​ខៀវ ជាទីរីករាយ​នៃចិត្ត សត្រូវ​ទាំងឡាយ អាចសម្លាប់​យើងដែល​ជាឥស្សរៈ មាន​បន្លាច្រើន​ដោយពិត ដូចដើមស្វាយ​ដែលមាន​ផ្លែ ដែលបុគ្គល​សម្លាប់ហើយ ខ្លាដំបង ត្រូវគេ​សម្លាប់​ព្រោះសែ្បក ដំរីត្រូវ​គេសម្លាប់​ព្រោះភ្លុក បុគ្គលអ្នក​មាន​ទ្រព្យ ត្រូវគេ​សម្លាប់​ព្រោះ​ទ្រព្យ តើនរណា នឹងសម្លាប់​បុគ្គលអ្នក​មិនមានផ្ទះ មិនមាន​សន្ថវៈ ដើមស្វាយ​មានផ្លែ និងមិន​មានផ្លែ ទាំងពីរ​នោះ ជាសាស្តា​របស់ខ្ញុំ។

[៧៨] (នាងសីវលី) ជនទាំងពួង គឺសេនាដំរី ពលសេះ ពលរថ ពលថ្មើរជើង បាន​ឮថា ព្រះរាជា​ទ្រង់ផ្នួស​ហើយ ក៏តក់ស្លុត សូមព្រះអង្គ​លួងលោម​នូវប្រជុំជន ហើយ​តាំង​ទុក​នូវការ​រក្សា រួចតាំង​ព្រះរាជឱរស​ក្នុង​រាជសម្បត្តិ ហើយសឹម​ទ្រង់​ព្រះផ្នួស ក្នុងកាល​ជា​ខាង​ក្រោយចុះ។

[៧៩] (ព្រះមហាជនក) ពួកអ្នកជនបទ មិត្រ អាមាត្យ និងញាតិ​ទាំងឡាយ ដែល​យើងលះបង់​ហើយ កូនរបស់​អ្នកដែនវិទេហៈ ឈ្មោះ​ទីឃាវុកុមារ អ្នកញ៉ាំង​ដែនឲ្យ​ចំរើន ម្នាល​បជាបតិ កូននោះ នឹងសោយរាជ្យ​ក្នុងក្រុង​មិថិលា​ចុះ។

[៨០] នាងចូរមកនេះ ពាក្យណាដែលអាត្មាពេញចិត្ត អាត្មា​នឹងប្រាប់​នូវ​ពាក្យនោះ នាង​នឹង​ទៅកាន់​ទុគ្គតិ ដោយ​កាយ វាចា ចិត្តណា នាងឯង​កាលសោយ​រាជ្យ (ឈ្មោះ​ថា​ធ្វើ) នូវ​បាបទុច្ចរិត​ដ៏ច្រើន ដោយ​កាយ វាចា ចិត្តនោះ អាត្មានឹង​ញ៉ាំងអត្តភាព ឲ្យប្រព្រឹត្ត​ទៅ​ដោយ​ដុំបាយ ដែលបុគ្គល​ដទៃឲ្យ​ហើយ ដែល​បុគ្គល​ដទៃ​សម្រេច​ហើយ (នេះ) ជា​បវេណី​​របស់អ្នក​ប្រាជ្ញ។

[៨១] (នាងសីវលី) បុគ្គលណា មិនបរិភោគអាហារ​ក្នុងកាល​នៃភត្ត​ជាគំរប់ ៤ បុគ្គនោះ​គប្បីស្លាប់​ដោយសេចក្តី​សេ្រកឃ្លាន ដូចបុគ្គល​ដល់នូវ​សេចក្តី​ស្លាប់ដ៏ពិត មាន​សភាព​ជាកុលបុត្រ មិនគប្បី​បរិភោគ​ដុំបាយ ដែលប្រឡាក់​ដោយ​ធូលីមិន​ស្អាតទេ ឬការ​បរិភោគ​នោះ មិនល្អទេ មិន​ប្រសើរទេ បពិត្រ​មហាជនក ព្រះអង្គ​សោយ​នូវដុំបាយ​ដែល​សល់អំពី​ឆ្កែ។

[៨២] (ព្រះរាជា) ម្នាលសីវលី វត្ថុណាដែលគ្រហស្ថ ឬសុនខ​លះបង់​ហើយ វត្ថុនោះ មិនមែន​ជាអាត្មា​មិនគួរ​ឆាន់ទេ ភោគៈ​ទាំងឡាយ​ណានីមួយ​ក្នុងលោកនេះ ដែល​បានដោយ​ធម៌ ភោគៈ​ទាំងអស់នោះ លោកពោលថា ជាអាហារ​មិនមាន​ទោស។

[៨៣] (ព្រះរាជា) ម្នាលនាងកុមារិកា ជាក្មេងដេកជិតមាតា​នៅឡើយ មានគ្រឿង​ប្រដាប់​មិនឃ្លាត​អំពីខ្លួន​ជានិច្ច ដៃម្ខាង​របស់នាង​លាន់ឮ​សំឡេង ដៃម្ខាង​មិនលាន់​ឮ​សំឡេង តើព្រោះ​ហេតុអ្វី។

[៨៤] (នាងកុមារិកា) បពិត្រសមណៈ កងពីរដែលពាក់នឹង​ដៃរបស់ខ្ញុំ​នេះ ខ្ទប់​គ្នាហើយ សំឡេង​ក៏កើតឡើង នោះ​ជាគតិ​នៃកង​ទាំងពីរ បពិត្រ​សមណៈ កង ១ ដែល​ពាក់នឹង​ដៃរបស់​ខ្ញុំនេះ កងនោះ មិនមាន​កងឯទៀត​ជាគំរប់ពីរ ទើបមិនលាន់ឮ​សំឡេង ដូច​អរិយបុគ្គល ជាអ្នក​ស្ងប់ស្ងៀម ឯបុគ្គល​មានគ្នា​ជាគំរប់​ពីរនាក់ រមែងដល់​នូវការ​ជជែក​គ្នា បុគ្គល ១ នាក់ នឹងជជែក​ជាមួយ​នឹង​បុគ្គល​ណាកើត ព្រះអង្គ​នោះ ជាអ្នក​ប្រាថ្នានូវ​ឋានសួគ៌ សូមទ្រង់​ពេញចិត្ត​នឹងភាព​នៃបុគ្គល​ម្នាក់ឯង​ចុះ។

[៨៥] (ព្រះរាជា) មា្នលនាងសីវលី នាងឮគាថាដែលនាងកុមារិកា​ពោល​ហើយឬទេ នាង​កុមារិកា​តិះដៀល​នូវអាត្មា ដូចជា​អ្នកបំរើ នោះឯង​ជាគតិនៃ​បុគ្គល​ពីរនាក់ មា្នល​នាងដ៏​ចំរើន ផ្លូវបែក​ជាពីរនេះ ដែលអ្នក​ដើរផ្លូវតែង​ដើរទៅ បណ្តា​ផ្លូវទាំង​ពីរនោះ នាង​ចូរ​កាន់ផ្លូវ ១ អាត្មានឹង​កាន់ផ្លូវ ១ ដទៃទៀត នាងកុំ​ហៅអាត្មា​ថាជា​ស្វាមី​របស់អញ អាត្មា​ក៏​មិនហៅ​នាងថាជា​ប្រពន្ធ​ទៀតដែរ។

(អភិសម្ពុទ្ធគាថា) ព្រះរាជា និង​នាងសីវលី កាលពោលនូវ​ពាក្យនេះហើយ ក៏ចូល​ទៅកាន់​ថូណនគរ។ កាលជិត​វេលា​ភត្ត ព្រះរាជា (ក៏ឈរ) ជិតទ្វារ​នៃជាងព្រួញ ជាង​ព្រួញនោះ​ធ្មេចភែ្នកម្ខាង សំឡឹងមើល​ដងព្រួញ​វៀចមួយ ដែលធ្វើ​ឲ្យត្រង់​ដោយ​ភ្នែកម្ខាង ជិតក្លោងទ្វារ​នោះ។

[៨៦] (ព្រះរាជា) ម្នាលជាងព្រួញ អ្នកចូរស្តាប់ពាក្យអាត្មា អ្នកធ្មេចភែ្នក​ម្ខាង សំឡឹង​មើលដងព្រួញ​វៀច អ្នកមើលយ៉ាង​នេះស្រួលឬ។

[៨៧] (ជាងព្រួញ) បពិត្រសមណៈ ទីប្រាកដដូចជាទូលាយ​ដោយភ្នែកពីរ កិច្ច​ដោយភាវៈ​នៃព្រួញ​ត្រង់ រមែង​មិនសម្រេច ព្រោះមិន​ឃើញ​នូវទី​វៀចខាង​មុខ។ កាល​បុគ្គល​ធ្មេចភ្នែក​ម្ខាង សំឡឹង​មើលទីវៀច​ដោយភ្នែកម្ខាង កិច្ចដោយ​ភាព​នៃព្រួញត្រង់ រមែង​សម្រេច ព្រោះឃើញ​ទីវៀច​ខាងមុខ។ បុគ្គល​ជាគំរប់ពីរ រមែង​ដល់នូវការ​ជជែកគ្នា បុគ្គល​ម្នាក់ឯង នឹង​ជជែកគ្នាជាមួយ​នឹងអ្នក​ណាកើត កាល​ព្រះអង្គនោះ ប្រាថ្នា​នូវ​ឋានសួគ៌ សូម​ពេញព្រះទ័យ​នឹងភាពនៃ​បុគ្គលម្នាក់​ឯងចុះ។

[៨៨] (ព្រះរាជា…) នែនាងសីវលី នាងឮគាថាដែលជាងព្រួញ​ពោលហើយ​ឬទេ ជាង​ព្រួញ​តិះដៀល​អាត្មា ដូចជា​អ្នកបំរើ នោះ​ជាគតិនៃ​បុគ្គល​ពីរនាក់ ម្នាលនាង​ដ៏ចំរើន ផ្លូវ​បែកជា​ពីរនេះ ដែលអ្នក​ដើរផ្លូវ​តែងដើរទៅ បណ្តា​ផ្លូវទាំង​ពីរនោះ នាងចូរ​កាន់យកផ្លូវ ១ អាត្មា​នឹងកាន់​យកផ្លូវ ១ ដទៃ​ទៀត នាងកុំ​ហៅអាត្មាថា​ជាស្វាមី​របស់អញ អាត្មា​ក៏មិន​ហៅនាង​ថាជាភរិយា​របស់​អាត្មាដែរ ម្នាលនាង​សីវលី នាងចូរ​នៅម្នាក់​ឯងចុះ ដូច​ស្មៅ​យាប្លង​​ដែលអាត្មាដក​ហើយ។

ចប់ មហាជនកជាតក ទី២។

សុវណ្ណសាមជាតក ទី៣

(៥៤០. សុវណ្ណសាមជាតកំ (៣))

[៨៩] (សុវណ្ណសាមបណ្ឌិតសួរថា) នរណាហ្ន៎ បាញ់ខ្ញុំជាអ្នកដងទឹក ភ្លេចស្មារតី1) ដោយព្រួញ ជនណាជាក្ស័ត្រ ឬជាញ្រហ្មណ៍ ឬជាវេស្សៈ បាញ់​ខ្ញុំ​ហើយ​ពួន។ សាច់ទាំង​ឡាយរបស់ខ្ញុំ មិនមែន​ជារបស់​គួរទំពាស៊ីទេ សេចក្តី​ត្រូវការដោយ​ស្បែក មិនមាន​ទេ កាលបើដូច្នេះ តើអ្នក​សំគាល់​នូវខ្ញុំថា​គួរបាញ់ ដោយហេតុដូច​មេ្តច។ អ្នកជាអ្វី ជាបុត្រ​របស់អ្នក​ណា យើងស្គាល់អ្នក​ដូចមេ្តចបាន ម្នាល​សំឡាញ់ អ្នក ខ្ញុំសួរ​ហើយ ចូរប្រាប់ ម្តេចក៏បាន​ជាអ្នក​បាញ់ខ្ញុំ​ហើយពួន។

[៩០] (ព្រះបាទបិលយក្ខត្រាស់ថា) ខ្ញុំជាព្រះរាជារបស់ពួកអ្នក​កាសី គេស្គាល់ខ្ញុំថា ឈ្មោះ​បិលយក្ខ ខ្ញុំលះបង់​នូវដែន​មកត្រាច់​ស្វែងរកម្រឹគ ព្រោះលោ្មភ (ក្នុងសាច់)។ មួយ​វិញទៀត ខ្ញុំជាអ្នក​ឈ្លាសវៃក្នុង​សិល្បធ្នូ ជាអ្នក​មានឈ្មោះ​ល្បីល្បាញថា ជាអ្នក​ទ្រទ្រង់​នូវធ្នូ​ដ៏មាំបាន2) សូម្បី​ដំរី តែមកត្រង់មុខ​ព្រួញរបស់​ខ្ញុំហើយ មិនគប្បី​រួចទេ។ ចុះអ្នក​ជាអ្វី ជា​បុត្តរបស់​អ្នកណា ដូចមេ្តច​ទើបយើង​ស្គាល់អ្នកបាន សូមអ្នក​ប្រាប់នូវនាម និងគោត្ត​របស់បិតាផង របស់​ខ្លួនផង។

[៩១] (ព្រះមហាសត្វ…) បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំ (ជាកូន​របស់ឥសី) ជាបុត្ត​របស់​នាយ​នេសាទ ពួកញាតិ​ហៅទូលបង្គំ​ជាខ្ញុំ​កំពុង​រស់នៅថា​សាមៈ ថ្ងៃនេះ ទូល​បង្គំ​ជាខ្ញុំ​នោះ ដល់ (មាត់មច្ចុរាជ) ហើយដេក​នៅយ៉ាងនេះ។ ខ្ញុំដែល​ព្រះអង្គបាញ់​ហើយ ហាក់​ដូចម្រឹគ​ដែលព្រាន​ព្រៃបាញ់ហើយ ដោយព្រួញ​ធំប្រកប​ដោយ​ថ្នាំពិស​ដូច្នោះ បពិត្រ​ព្រះរាជា សូមទ្រង់​ទតចុះ ទូលបង្គំជាខ្ញុំ​ដេកត្រាំនៅ​ក្នុងឈាម​របស់​ខ្លួន។ សូមទ្រង់ទត​ព្រួញដែល​មុតធ្លាយ​ទៅខាងឆ្វេង ទូលបង្គំ​ជាខ្ញុំ​ខ្ពុលឈាម ទូលបង្គំ​ជាខ្ញុំចាប់​ពើតណាស់ បានជា​សួរព្រះអង្គ​រឿយៗ មេ្តចក៏ទ្រង់​បាញ់ទូល​បង្គំជាខ្ញុំ​ហើយពួន។ ខ្លាដំបង គេសម្លាប់​ព្រោះតែ​ស្បែក ដំរីគេសម្លាប់​ព្រោះភ្លុកទាំងឡាយ កាលបើ​ដូច្នោះ តើព្រះអង្គ​សំគាល់​នូវទូលបង្គំ​ជាខ្ញុំ​ថា​គួរបាញ់ ដោយ​ហេតុ​ដូចមេ្តច។

[៩២] (ព្រះបាទបិលយក្ខនិយាយកុហកថា) ម្រឹគមកប្រាកដចំមុខ​ព្រួញ​របស់​ខ្ញុំហើយ ឃើញអ្នកហើយ​ក៏ផ្អើលទៅ ម្នាលសាមៈ ព្រោះហេតុនោះ បានជា​ខ្ញុំមាន​សេចក្តី​ក្រោធ​គ្របសង្កត់។

[៩៣] (ព្រះមហាសត្វ…) តាំងពីកាលដែលខ្ញុំរឭកឃើញ​នូវខ្លួន តាំងពីកាល​ដែលខ្ញុំ​ដល់នូវ​ភាពជា​អ្នកដឹងក្តី ម្រឹគទាំងឡាយ​សូម្បីជា​សត្វសាហាវ​ក្នុងព្រៃ មិន​ដែល (ឃើញ) ទូលបង្គំ​ជាខ្ញុំ ហើយ​តក់ស្លុតទេ។ តាំងពីកាល​ដែលខ្ញុំស្លៀក​ដណ្តប់​សំពត់​សំបកឈើ តាំងពី​កាលដែលខ្ញុំ​ដល់នូវវ័យ​ដ៏ចំរើន ម្រឹគទាំងឡាយ សូម្បី​ជាសត្វសាហាវ​ក្នុងព្រៃ មិន​ដែល (ឃើញ) នូវខ្ញុំ ហើយ​តក់ស្លុត​ទេ។ បពិត្រ​ព្រះរាជា កិន្នរទាំងឡាយ ដែលជា​សត្វខ្លាច (នៅ) នា​ភ្នំគន្ធមាទន៍ (មិនដែល​ឃើញខ្ញុំ ហើយតក់​ស្លុតទេ) យើង​ទាំងឡាយ តែង​រីករាយ​ជាមួយ​គ្នា ទៅកាន់​ភ្នំ និងព្រៃ កាលបើ​ដូច្នោះ ម្រឹគ​ទាំងឡាយ (ឃើញ) នូវ​ទូលបង្គំ​ជាខ្ញុំ ហើយតក់​ស្លុត ដោយ​ហេតុដូចមេ្តច។

[៩៤] (ព្រះបាទបិលយក្ខ) ម្នាលសាមៈ ម្រឹគមិនមែនផ្អើល​នឹងអ្នកទេ ខ្ញុំនឹងនិយាយ​កុហក​ធ្វើអ្វី ខ្ញុំមាន​សេចក្តីក្រោធ និងសេចក្តី​លោភគ្រប​សង្កត់​ហើយ ទើបបាញ់​អ្នក​នឹង​ព្រួញនោះ។ មា្នលសាមៈ អ្នកមកអំពី​ប្រទេសណា ឬនរណា​ប្រើមកថា អ្នកដងទឹក ចូរ​ទៅកាន់​ស្ទឹង​ដូច្នេះ បានជាអ្នក​មកកាន់ស្ទឹង មិគសម្មតៈ (នេះ)។

[៩៥] (ព្រះមហាសត្វ) មាតាបិតារបស់ទូលបង្គំជាខ្ញុំខ្វាក់ ទូលបង្គំជាខ្ញុំ​តែងចិញ្ចឹម​គាត់​ក្នុងព្រៃធំ ទូលបង្គំ​ជាខ្ញុំជាអ្នក​ដងទឹក​ដើម្បីអ្នក​មានគុណ​ទាំងឡាយ បានជា​មក​កាន់ស្ទឹង​មិគសម្មតៈ (នេះ)។

[៩៦] (ព្រះមហាសត្វពិលាប) មាតាបិតាទាំងឡាយនោះ មានត្រឹម​តែភោជន កាលបើ​យ៉ាងនេះ (ជីវិត​នឹងប្រព្រឹត្តទៅ) ត្រឹម ៦ ថ្ងៃ ព្រោះ​គាត់ខ្វាក់ មុខជានឹង​ស្លាប់​ដោយឥត​ទឹកពុំខាន។ ទុក្ខនេះ​មិនមែន​ជាទុក្ខរបស់​ទូលបង្គំ​ជាខ្ញុំ​ប៉ុណោ្ណះទេ ព្រោះថា ទុក្ខនេះ បុរសត្រូវ​តែបាន ត្រង់ដែលទូល​បង្គំជាខ្ញុំ ខាន​ឃើញមាតា​ដោយហេតុ​ណា ហេតុនោះ ជាទុក្ខ​ដ៏ក្រៃលែង​របស់ទូល​បង្គំជាខ្ញុំ ជាង​ទុក្ខនេះ (ទៅទៀត)។ ទុក្ខនេះ មិនមែន​ជាទុក្ខ​របស់​ទូលបង្គំ​ជាខ្ញុំប៉ុណោ្ណះ​ទេ ព្រោះថា ទុក្ខនេះ​បុរសត្រូវ​តែបាន ត្រង់​ដែល​ទូល​បង្គំជាខ្ញុំ ខាន​ឃើញ​បិតា​ដោយហេតុណា ហេតុនោះ ជាទុក្ខ​ដ៏ក្រៃលែង​របស់ទូល​បង្គំជាខ្ញុំ ជាង​ទុក្ខនេះ (ទៅទៀត)។ ឱម៉្លេះ សមមាតា​នៅកំព្រាទួញយំ ទាំងអធ្រាត្រ និងទីបំផុត​នៃរាត្រី​អស់កាល​ជាយូរអង្វែង មុខជា​នឹងរីងស្ងួតទៅ ដូចជាស្ទឹង (ក្នុងគិម្ហរដូវ) ពុំខាន។ ឱម៉្លេះ សមបិតា​នៅកំព្រា ទួញយំ​ទាំងអធ្រាត្រ និងទីបំផុត​នៃរាត្រី អស់កាល​ជាយូរអង្វែង មុខជា​នឹងរីង​ស្ងួត ដូចជា​ស្ទឹងពុំខាន។ បពិត្រ​ព្រះរាជា មួយវិញទៀត (ខ្ញុំតែង​ភ្ញាក់ក្នុងមួយ​យប់ពីរ​បីដង) ដើម្បីបំរើ​បាទាដោយ​ព្យាយាម និងដើម្បី​គក់ច្របាច់ ម្ល៉េះសម​គាត់នឹង​ដើរ​ចច្រប់​ក្នុងព្រៃធំ ដងោ្ហយ​ហៅថា អឺបាសាមៈ ដូច្នេះ​ពុំខាន​ឡើយ។ បើទូល​បង្គំជាខ្ញុំ ខានឃើញ​ជនខ្វាក់​ទាំងពីរ​នាក់ដោយ​ហេតុណា ហេតុនោះឯង ទុក្ខជា​សរទីពីរ ដែល​ញ៉ាំងហ្ឫទ័យ​របស់ទូល​បង្គំជាខ្ញុំ​ឲ្យញាប់ញ័រ មុខជា​ជីវិតទូល​បង្គំជាខ្ញុំ​នឹង​វិនាសពុំខាន។

[៩៧] (ព្រះបាទបិលយក្ខ) ម្នាលសាមៈ ជាអ្នកមានរូបល្អ​គួរឲ្យគយគន់ អ្នកកុំ​ទួញយំ​ខ្លាំងឡើយ ខ្ញុំនឹងជា​អ្នកធ្វើការងារ​ចិញ្ចឹមនូវ​ជនទាំង​ឡាយនោះ​ក្នុងព្រៃធំ។ មួយ​វិញទៀត ខ្ញុំជា​អ្នកឈ្លាសវៃ​ក្នុងសិល្ប​ធ្នូស្រាប់ មានឈោ្មះ​ល្បីល្បាញ​ថា ជាអ្នក​ទ្រទ្រង់​នូវធ្នូដ៏មាំ ខ្ញុំជាអ្នក​ធើ្វការងារ​ចិញ្ចឹមនូវជន​ទាំងឡាយ​នោះ​ក្នុងព្រៃធំ។ ខ្ញុំនឹងជា​អ្នកធ្វើ​ការងារ ស្វែងរក​អំពារនៃ​ម្រឹគ និងមើមឈើ ផ្លែឈើ​ទាំងឡាយ​ក្នុងព្រៃ ហើយ​នឹងចិញ្ចឹម​នូវ​ជនទាំង​ឡាយនោះ​ក្នុងព្រៃធំ។ ម្នាលសាមៈ មាតាបិតា​របស់​អ្នក នៅ​ក្នុងព្រៃណា ព្រៃនោះ​ដូចម្តេច អ្នកបាន​ចិញ្ចឹមនូវ​មាតាបិតា​យ៉ាងណា ខ្ញុំក៏នឹង​ចិញ្ចឹមនូវ​គាត់យ៉ាង​នោះដែរ។

[៩៨] (ព្រះមហាសត្ត) បពិត្រព្រះរាជា ផ្លូវចុះតែជើងម្នាក់នេះ នៅខាងក្បាល​ដំណេក​ទូលបង្គំ​ជាខ្ញុំ ព្រះអង្គ​យាងទៅ​អំពីទីនេះ តែកន្លះ​ឃោសៈ (នឹងឃើញ) ខ្ទមជាទីនៅ​របស់មាតា​បិតាទូល​បង្គំជា​ខ្ញុំនោះ ព្រះអង្គយាង​ទៅអំពី​ទីនេះ សូមទ្រង់​ចិញ្ចឹម​នូវគាត់​ក្នុង​ទីនោះផង។

[៩៩] បពិត្រព្រះរាជា ជាធំក្នុងដែនកាសី ទូលបង្គំជាខ្ញុំ​សូមថ្វាយ​បង្គំ​ព្រះអង្គ បពិត្រ​ព្រះរាជា ទ្រង់មាន​សេចក្តី​ចំរើនក្នុង​ដែនកាសី ទូលបង្គំ​ជាខ្ញុំសូម​ថ្វាយបង្គំ​ព្រះអង្គ មាតា​បិតាទាំង​ឡាយ​របស់ទូល​បង្គំជាខ្ញុំ ជាមនុស្សខ្វាក់ សូមទ្រង់​ចិញ្ចឹម​នូវគាត់​ក្នុងព្រៃ​ធំឲ្យទាន។ ទូលបង្គំជាខ្ញុំ សូមផ្គងអញ្ជលី​ចំពោះ​ព្រះអង្គ បពិត្រ​ព្រះរាជា​ជាធំ​ក្នុងដែន​កាសី ទូលបង្គំ​ជាខ្ញុំ សូមថ្វាយ​បង្គំព្រះអង្គ ទូលបង្គំ​ជាខ្ញុំ សូម​ផ្តាំទុក សូម​ទ្រង់ជំរាប​នូវ​ការ​ថ្វាយបង្គំ​ចំពោះ​មាតាបិតា​របស់ទូល​បង្គំជា​ខ្ញុំផង។

[១០០] (អភិសម្ពុទ្ធគាថា) សាមៈ កម្លោះអ្នកមានរូបល្អ គួរពិតពិលរមិលមើល​នោះ លុះ​ពោលនូវ​ពាក្យនេះរួចហើយ ក៏ជ្រប់សន្លប់​ដោយ​កម្លាំងពិស។

[១០១] ព្រះរាជាអង្គនោះ ទ្រង់ព្រះកន្សែងរៀបរាប់នូវពាក្យ​ដែលប្រកប​ដោយ​សេចក្តី​ករុណា​មាន​ប្រមាណ​ច្រើនថា អាត្មាអញ​បានយល់​ថា អញ​មិនចាស់ មិន​ស្លាប់ ថ្ងៃនេះ អញឃើញ​នូវ​សុវណ្ណសាម​នេះ ធ្វើកាល​កិរិយា​ហើយ​ទើបដឹងនូវ​ហេតុនោះ ពីដើម​មិនដឹង​ជាការ​មកនៃ​សេចក្តីស្លាប់ មិនមែន​មិនមាន​ដូច្នេះ។ សាមៈ​ដែលជោក​ដោយ​ថ្នាំពិស កំពុង​ចរចា​ជាមួយ​នឹងអញ (ក្នុងកាល​អម្បាញ់​មិញនេះ) ឥឡូវនេះ គាត់លែង​និយាយ ពាក្យតិចតួច​ក្នុងកាល​ប្រព្រឹត្តទៅ​យ៉ាង​នេះ ក្នុងថ្ងៃនេះ អាត្មាអញ មុខជា​នឹងទៅ​កាន់​នរក​ពុំខាន អាត្មាអញ​ឥតមាន​សេចក្តី​សង្ស័យក្នុង​ដំណើរនេះទេ។ ព្រោះថា អំពើបាប​ដែល​អាត្មាអញ​ធ្វើទុក​ហើយក្នុង​គ្រានោះ នឹងជា​ទោសឲ្យ​ផលលាមក​អស់​កាលជា​អង្វែង (បើ) ក្នុង​ស្រុក គង់មាន​ពួកអ្នក​តិះដៀល​អញនោះ​ថា ព្រះអង្គ​ជាអ្នក​ធ្វើនូវ​អំពើ​អាក្រក់​ដូច្នេះ តែក្នុង​អរញ្ញប្រទេស​ដែលឥតមនុស្ស តើនរណា​តិះដៀល​អញបាន។ បើក្នុង​ស្រុក ពួក​មាណពប្រជុំគ្នា ហើយចោទ​ប្រកាន់​នូវអំពើ​ទាំងឡាយ (របស់អញ) តែក្នុង​អរញ្ញប្រទេស​ដែលឥត​មនុស្ស តើនរណា​នឹងចោទ​ប្រកាន់អញ។

[១០២] ទេវតានោះ3) បាត់​អំពី​ភ្នំគន្ធមាទន៍ ហើយពោល​នូវគាថា​ទាំងឡាយនេះ ដោយ​អនុគ្រោះ​ព្រះរាជា​ថា បពិត្រ​មហារាជ បានឮថា ព្រះអង្គ​ទ្រង់បានធ្វើនូវ​បាប​ជា​ទម្ងន់ ដែលជា​អំពើអាក្រក់ ជន​ទាំងបី​នាក់ គឺ​មាតាបិតា និងបុត្ត ជាអ្នក​មិនប្រទូស្ត ទ្រង់បាន​សមា្លប់​ហើយដោយ​ព្រួញតែមួយ។ សូម​ទ្រង់មក សុគតិភពនឹង​គប្បី​មានដល់​ព្រះអង្គ យ៉ាងណា ខ្ញុំនឹងពន្យល់​ព្រះអង្គ​យ៉ាងនោះ សូម​ទ្រង់ចិញ្ចឹម​នូវជន​ខ្វាក់ទាំង​ពីរនាក់​នោះឯង ដោយធម៌ ខ្ញុំយល់ថា សុគតិ​គប្បីមាន។

[១០៣] ព្រះរាជាអង្គនោះ ទ្រង់ពិលាបរៀបរាប់ ប្រកបដោយ​សេចក្តី​ករុណា​មាន​ប្រមាណ​ច្រើន ហើយ​កណ្ឌៀតក្អម​ទឹកយាង​ឆ្ពោះទៅ​ទិសទក្សិណ។

[១០៤] (ទុកូលបណ្ឌិតសួរ…) សូរជើងនរណានុ៎ះហ្ន៎ ដែលដើរ​មកនេះ ពិត​ជា​សូរជើង​មនុស្ស តែសូរ​ជើងនុ៎ះ មិនមែន​ជាសូរជើង​សាមៈទេ មា្នល​អ្នកនិរទុក្ខ អ្នកជា​អ្វីហ្នឹង។ ដ្បិតសាមៈ តែងដើរថ្មមៗ លើកដាក់​ជើងស្រាលៗ សូរជើងនុ៎ះ មិនមែន​ជាសូរ​ជើង​សាមៈ​ទេ មា្នលអ្នក​និរទុក្ខ អ្នកជា​អ្វីហ្នឹង។

[១០៥] (ព្រះបាទបិលយក្ខ…) ខ្ញុំជាព្រះរាជារបស់ពួកអ្នកដែនកាសី គេស្គាល់ខ្ញុំថា បិលយក្ខ ខ្ញុំលះបង់​នូវដែន ត្រាច់ស្វែង​រកម្រឹគ ព្រោះលោ្មភ (សាច់)។ មួយទៀត ខ្ញុំជាអ្នក​ឈ្លាសវៃ​ក្នុង​សិល្បធ្នូ មានឈ្មោះ​ល្បីល្បាញ​ថាជាអ្នក​ទ្រទ្រង់នូវ​ធ្នូដ៏មាំបាន សូម្បី​ដំរីមក​ចំមុខ​ព្រួញ​របស់ខ្ញុំ​ហើយ មិនគប្បី​រួចទេ។

[១០៦] (ទុកូលបណ្ឌិត…) បពិត្រមហារាជ ព្រះរាជដំណើរមករបស់​ព្រះអង្គល្អ​ហើយ ព្រះដំណើរ​មករបស់​ព្រះអង្គ​មិនអាក្រក់​ទេ ព្រះអង្គជាធំ ទ្រង់យាងមក​ដល់ហើយ វត្ថុណា​មានក្នុង​ទីនេះ សូមទ្រង់​មាន​ព្រះបន្ទូល​ចុះ។ បពិត្រ​ព្រះរាជា ផលាផល គឺផ្លែ​ទន្លាប់ មៈប៉ែន ស្រគំ សឹងមានរសផ្អែមដូច​ទឹកឃ្មុំ អាត្មាភាព ប្រមូលមក​ទុកក្នុង​ទីជាមួយគ្នា សូមទ្រង់​សោយនូវ​ផលាផល​មានរសឆ្ងាញ់ៗ។ នេះ ទឹកត្រជាក់​សម្រាប់សោយ ដែល​ដងមកអំពី​ជ្រោះភ្នំ បពិត្រ​មហារាជ បើទ្រង់​សព្វ​ព្រះទ័យ ទ្រង់ (ដង) អំពីទីនេះ​សោយចុះ។

[១០៧] (ព្រះរាជា…) អ្នកទាំងពីរជាមនុស្សខ្វាក់ មិនអាចឃើញ (អ្វី) ក្នុងព្រៃទេ ចុះ​នរណា​ប្រមូលនូវ​ផលាផល​មកជូនអ្នក អាហារ​ដែល (បាន) ដោយ​ប្រពៃនេះ ប្រាកដ​ដល់​ខ្ញុំ ដូចជា​អាហារ​របស់មនុស្ស​មិនខ្វាក់។

[១០៨] (ទុកូលបណ្ឌិត…) សាមៈកំឡោះនៅក្មេង មិនខ្ពស់ មិនទាបពេក ជាមនុស្ស​មាន​រូបល្អ​គួរគយគន់ មាន​សក់វែងខ្មៅ ទាំងមាន​ចុងទន់ល្វន់។ សាមៈ​នោះឯង តែងស្វែង​រកផលាផល ជាអ្នកដងទឹក បានកាន់​យកក្អមទឹក​អំពីទីនេះ​ទៅកាន់​ស្ទឹង ប្រហែល​ជិតមក​ដល់ហើយ។

[១០៩] (ព្រះបាទបិលយក្ខ…) សាមៈជាអ្នកបំរើអ្នក អ្នកនិយាយ​សំដៅកុមារ​ឈោ្មះ​សាមៈ​ណា ដែលមាន​រូបគួរគយគន់ សាមៈនោះ ខ្ញុំសម្លាប់​ហើយ។ សាមៈដែល​មាន​សក់វែង​ពណ៌ខ្មៅ ចុងទន់ល្វន់ (ឥឡូវនេះ) ខ្ញុំសម្លាប់​ដួលដេក​លើសក់​ទាំងនោះ ប្រឡាក់​ហើយដោយ​ឈាម។

[១១០] (នាងបារិកា) បពិត្រទុកូល អ្នកប្រឹក្សា​ជាមួយនរណា ដែលបាន​និយាយថា ខ្ញុំសម្លាប់​សាមៈហើយ បេះដូង​ខ្ញុំញ័រចំប្រប់ ព្រោះឮថា សាមៈ​ស្លាប់ហើយ។ ហ្ឫទ័យ​ខ្ញុំញាប់ញ័រ ហាក់ដូច​ត្រួយពោធិបាយ​ខ្ចី ដែលមាន​ខ្យល់ប៉ះទង្គិច ព្រោះឮថា សាមៈ​ស្លាប់ហើយ។

[១១១] (ទុកូលបណ្ឌិត…) ម្នាលនាងបារិកា នេះជាព្រះរាជា ជាធំក្នុង​ដែនកាសី ព្រះអង្គ​បាញ់សាមៈ​ដោយព្រួញ ក្បែរស្ទឹង​មិគសម្មតៈ ដោយសេចក្តី​ក្រោធ យើង​កុំចង់​ឲ្យមាន​បាបដល់​ព្រះអង្គឡើយ។

[១១២] (នាងបារិកា..) បុត្រដែលចិញ្ចឹមយើងងងឹតងងល់​ក្នុងព្រៃ ជាបុត្តជាទី​ស្រឡាញ់ យើងរក​បាន​ដោយកម្រ ចិត្តមិន​គប្បីរំជួល​ក្នុងបុរស​អ្នកសម្លាប់​កូន​ប្រុស​តែមួយ​នោះ ដូចម្តេច​បាន។

[១១៣] (ទុកូលបណ្ឌិត…) បុត្តដែលចិញ្ចឹមយើងងងឹតងងល់​ក្នុងព្រៃ ជាបុត្តជាទី​ស្រឡាញ់ យើងរកបាន​ដោយកម្រ បណ្ឌិត​ទាំងឡាយ សរសើរ​សេចក្តី​មិនក្រោធ ចំពោះ​បុរស​អ្នកសម្លាប់​នូវបុត្តតែ​មួយនោះ។

[១១៤] (ព្រះបាទបិលយក្ខ…) អ្នកទាំងពីរ កុំគប្បីខ្សឹកខ្សួល​ខ្លាំង​ចំពោះខ្ញុំ អ្នកពោល​ថា សាមៈ ខ្ញុំសម្លាប់ហើយ ខ្ញុំនឹងជា​អ្នកធ្វើការងារ​ចិញ្ចឹម (អ្នកទាំងពីរ) ក្នុងព្រៃធំ។ ព្រោះខ្ញុំ​ជាអ្នក​ឈ្លាវៃក្នុង​សិល្បធ្នូ មានឈោ្មះ​ល្បីល្បាញថា ជាអ្នក​ទ្រទ្រង់​នូវធ្នូ​ដ៏មាំ ខ្ញុំនឹង​ធ្វើការងារ​ចិញ្ចឹម (អ្នក) ក្នុង​ព្រៃធំ។ ខ្ញុំនឹង​ធ្វើការងារ​ស្វែងរកអំពារ​ម្រឹគទាំងឡាយ ទាំង​មើមឈើ ផ្លែឈើ ហើយ​ចិញ្ចឹម (អ្នក) ក្នុងព្រៃធំ។

[១១៥] (ជនទាំងពីរ…) បពិត្រមហារាជ នេះមិនមែន​ជាទំនៀម​ទេ កិរិយា​ធ្វើនូវ​អំពើ (របស់ព្រះអង្គ) នេះ មិនសមគួរ​ដល់យើង​ឡើយ ព្រះអង្គ​ជាព្រះរាជា​របស់យើង ៗ សូមថ្វាយ​បង្គំព្រះបាទ​របស់​ព្រះអង្គ។

[១១៦] (ព្រះរាជា…) បពិត្រអ្នកនេសាទ អ្នកពោលនូវធម៌ អ្នកធ្វើនូវ​សេចក្តី​គោរព (ចំពោះខ្ញុំ) អ្នកទុក​ជាបិតា​របស់ខ្ញុំ បពិត្រ​នាងបារិកា នាងទុក​ជាមាតា​របស់ខ្ញុំ។

[១១៧] (ជនទាំងពីរ…) បពិត្រព្រះរាជា ជាធំក្នុង​ដែនកាសី ទូលបង្គំ​សូមថ្វាយ​បង្គំ​ព្រះអង្គ បពិត្រ​ព្រះអង្គ ទ្រង់ចំរើន​ក្នុងដែនកាសី ទូលបង្គំសូម​ថ្វាយបង្គំ​ព្រះអង្គ ទូលបង្គំ​ទាំងឡាយ សូមប្រណម្យ​អញ្ជលី​ចំពោះ​ព្រះអង្គ សូមព្រះអង្គ​នាំទូលបង្គំ​ទៅដល់​សាមៈ។ ទូលបង្គំ​ទាំងឡាយ នឹងច្របាច់ជើង ស្ទាបមុខ​ល្អគួរមើល​របស់​សាមៈនោះ ត្រៀម​រង់ចាំ​នូវសេចក្តី​ស្លាប់​ប៉ុណោ្ណះ។

[១១៨] (ព្រះបាទបិលយក្ខ…) សាមៈ ដែលស្លាប់ហើយ ដួលដេក​ដូចជា​ព្រះចន្ទ​ធ្លាក់មក​លើប្រថពី​ក្នុងព្រៃណា ព្រៃនោះឯង ជាព្រៃ​ស្រោងស្រឹង សឹង​ដេរដាស​ដោយ​ម្រឹគ​សាហាវ ប្រាកដ​ដូចជា​ទីបំផុត​នៃអាកាស។ សាមៈ​ ដែលស្លាប់​ហើយ ដួលដេក​ដូចជា​ព្រះអាទិត្យ​ធ្លាក់មក​លើប្រថពី​ក្នុងព្រៃណា ព្រៃនោះឯង ជាព្រៃ​ស្រោងស្រឹង សឹងដេរដាស​ដោយ​ម្រឹគសាហាវ ប្រាកដ​ដូចជា​ទីបំផុត​នៃអាកាស។ សាមៈដែល​ស្លាប់ហើយ ដួលដេក​ប្រឡាក់​ប្រឡូស​ដោយ​អាចម៍ដី​នៅក្នុងព្រៃ​ណា ព្រៃនោះឯង ជាព្រៃ​ស្រោងស្រឹង សឹងដេរដាស​ដោយ​ម្រឹគសាហាវ ប្រាកដ​ដូចជា​ទីបំផុត​នៃអាកាស។ សាមៈ ដែល​ស្លាប់​ហើយ ដួលដេក​នៅក្នុង​ព្រៃណា ព្រៃនោះ​ឯង ជាព្រៃ​ស្រោងស្រឹង សឹង​ដេរដាស​ដោយ​ម្រឹគសាហាវ ប្រាកដ​ដូចជាទី​បំផុតនៃ​អាកាស (ព្រោះហេតុនោះ) អ្នក​ទាំងឡាយ ចូរនៅ​តែក្នុងអាស្រម​នេះហើយ។

[១១៩] (ជនទាំងពីរ…) បើទុកណាជាទីនោះ (មាន​ម្រឹគសាហាវ) រយ​ពាន់ ម៉ឺនក្តី ទូលបង្គំ​ទាំងពីរនាក់ ឥតមាន​សេចក្តី​ភិតភ័យ​តិចតួច ព្រោះ​សត្វសាហាវ​ទាំង​ឡាយ​ក្នុងព្រៃទេ។

[១២០] (អភិសម្ពុទ្ធគាថា…) គ្រានោះ ព្រះរាជា ជាធំក្នុងដែនកាសី នាំជនខ្វាក់ (ទាំងពីរ) ដឹកដៃ​ទៅក្នុង​ព្រៃធំ ត្រង់កន្លែង​ដែលសាមៈ​ស្លាប់។

[១២១] មាតាបិតាឃើញនូវសាមៈ ជាបុត្តដួល​ប្រឡាក់​ប្រឡូស​ដោយអាចម៍ដី ដែល​គេបោះបង់​ចោលក្នុង​ព្រៃធំ ហាក់ដូច​ព្រះចន្ទ​ដែលធ្លាក់​មកលើ​ប្រថពី។ ឃើញ​នូវសាមៈ ជាបុត្ត​ដួលប្រឡាក់​ប្រឡូស​ដោយអាចម៍ដី ដែលគេ​បោះបង់​ចោល​ក្នុងព្រៃធំ ដូច​ព្រះអាទិត្យដែល​ធ្លាក់មក​លើប្រថពី ឃើញនូវសាមៈ​ជាបុត្ត ដួល​ប្រឡាក់​ប្រឡូស​ដោយ​អាចម៍ដី ដែល​គេបោះបង់​ចោលក្នុង​ព្រៃធំ ក៏យំ​រៀបរាប់​គួរឲ្យអាណិត។ ឃើញ​សាមៈ ជាបុត្ត​ដួលប្រឡាក់​ប្រឡូស​ដោយអាចម៍ដី ហើយផ្គង​ដើមដៃ យំទង្គឹះ​ខ្សឹកខ្សួលថា ហៃបា​ដ៏ចំរើន (ការសា្លប់នេះ) មានសភាព​មិនគួរទេ។ ឱបាសាមៈ មានរូបល្អ គួឲ្យក្រឡេក​មើល បាឯង​ជាមនុស្ស​ស្រវឹង​ខ្លាំង​ បានជាក្នុង​កាលដែលដល់​នូវមរណៈ​ថ្ងៃនេះ អ្នក​ឥតនិយាយ​រកយើង​បន្តិច​បន្តួចសោះ។ ឱបាសាមៈ មានរូបល្អ គួរឲ្យ​ក្រឡេកមើល បាជា​មនុស្សភ្លើត​ភ្លើនខ្លាំង បានជា​ក្នុងកាល​ដែល​ដល់នូវ​មរណៈ​ថ្ងៃនេះ អ្នកឥត​និយាយរក​យើង​បន្តិច​បន្តួចសោះ។ ឱបាសាមៈ អ្នកមាន​រូបល្អ គួរឲ្យ​ក្រឡេកមើល បាឯង​ខឹងខ្លាំង បានជា​ក្នុងកាល​ដែលដល់​នូវមរណៈ​ក្នុងថ្ងៃនេះ អ្នកឥត​និយាយ​រកយើង​បន្តិច​បន្តួច​សោះ។ ឱបាសាមៈ មានរូបល្អ គួរឲ្យ​ក្រឡេកមើល បាឯង​ដេកលក់​ស៊ប់ បានជា​ក្នុងកាល​ដែលដល់​នូវមរណៈ​ក្នុងថ្ងៃនេះ បាឥត​និយាយរក​យើងបន្តិច​បន្តួចសោះ។ ឱបាសាមៈ មានរូបល្អ គួរឲ្យ​ក្រឡេកមើល បាជា​បុគ្គលតូច​ចិត្តខ្លាំង បានជា​ក្នុងកាល​ដែលដល់​នូវមរណៈ​ក្នុងថ្ងៃនេះ បាឥត​និយាយ​រកយើង​បន្តិច​បន្តួច​សោះ។ ឥឡូវនេះ នរណា នឹងរៀប​ចំជដា ដ៏សៅហ្មង​ប្រឡាក់​ប្រឡូស​ដោយ​អាចម៍ដី ព្រោះសាមៈ ជាអ្នកបំរើ​យើង​ងងឹត​ងងល់នេះ ធ្វើមរណ​កាលហើយ។ នរណា នឹងកាន់​អំបោស​បោសអាស្រម ដើម្បី​យើង ព្រោះសាមៈ ជាអ្នកបំរើ​យើងងងឹត​ងងល់នេះ ធ្វើមរណ​កាលហើយ។​ ឥឡូវនេះ នរណា​នឹងផ្ងូត (យើង) ដោយ​ទឹកត្រជាក់ ទឹកក្តៅ ព្រោះសាមៈ ជាអ្នកបំរើ​យើង​ងងឹត​ងងល់នេះ ធ្វើមរណកាល​ហើយ។ ឥឡូវនេះ នរណា​នឹងឲ្យយើង​បរិភោគ​មើមឈើ ផ្លែឈើ ព្រោះសាមៈ ជាអ្នកបំរើ យើង​ងងឹតងងុល​នេះ ធ្វើមរណ​កាលហើយ។

[១២២] មាតាឃើញសាមៈជាបុត្ត ដួលប្រឡាក់​ប្រឡូស​ដោយ​អាចម៍ដី ត្រូវ​សេចក្តី​សោក​ព្រោះកូន បៀតបៀន​ហើយ បានពោល​នូវពាក្យ​សច្ចៈថា ក្នុងកាល​មុន សាមៈនេះ ជាអ្នក​ប្រព្រឹត្តធម៌ ដោយសច្ចៈ​ណា សូម្បីឲ្យ​ពិសរបស់​សាមៈ សាបរលាប​ទៅដោយ​ការពោល​សច្ចៈ​នុ៎ះ។ ក្នុងកាលមុន សាមៈនេះ ជាអ្នក​ប្រព្រឹត្តធម៌ដ៏​ប្រសើរ ដោយ​សច្ចៈណា សូម្បី​ឲ្យពិស​របស់សាមៈ សាបរលាបទៅ ដោយ​ការពោល​សច្ចៈនុ៎ះ។ ក្នុងកាលមុន សាមៈនេះ ជាអ្នក​ពោលនូវ​ពាក្យសត្យ​ដោយសច្ចៈ​ណា សូមឲ្យពិស​របស់សាមៈ សាបរលាប​ទៅដោយ​ការពោល​សច្ចៈនុ៎ះ។ សាមៈនេះ ជាអ្នកបំរើ​មាតា និងបិតា ដោយ​សច្ចៈណា សូមឲ្យ​ពិសរបស់​សាមៈ សាបរលាប​ទៅ ដោយ​ការពោល​សច្ចៈនុ៎ះ។ សាមៈនេះ ជាអ្នក​ប្រព្រឹត្ត​កោតក្រែង​នូវបុគ្គល​ជាធំក្នុង​ត្រកូល ដោយសច្ចៈ​ណា សូមឲ្យពិស​របស់​សាមៈ​ សាបរលាប​ទៅដោយ​ការពោល​សច្ចៈនុ៎ះ។ សាមៈនេះ ជាទី​ស្រឡាញ់​ដោយ​វិសេស​របស់​ខ្ញុំ​ជាងជីវិត ដោយសច្ចៈ​ណា សូមឲ្យ​ពិសរបស់​សាមៈ សាប​រលាប​ទៅដោយ​ការពោល​សច្ចៈនុ៎ះ។ បុណ្យ​ណានីមួយ ដែលខ្ញុំផង ដែលបិតា​របស់អ្នក​ផង បានធ្វើហើយ ដោយ​កុសល​ទាំងអស់នោះ សូមឲ្យ​ពិស​របស់​សាមៈ សាបរលាបទៅ។

[១២៣] បិតាឃើញសាមៈជាបុត្ត ដួលប្រឡាក់​ប្រឡូស​ដោយអាចម៍ដី ត្រូវ​សេចក្តី​សោក​ព្រោះកូន​បៀតបៀន​ហើយ បានពោល​នូវពាក្យ​សច្ចៈថា ក្នុងកាល​មុន សាមៈនេះ ជាអ្នក​ប្រព្រឹត្តធម៌ ដោយសច្ចៈ​ណា សូមឲ្យ​ពិសរបស់​សាមៈ សាបរលាប​ទៅដោយ​ការពោល​សច្ចៈនុ៎ះ។ ក្នុងកាលមុន សាមៈនេះ ជាអ្នកប្រព្រឹត្ត​ធម៌ដ៏​ប្រសើរ ដោយ​សច្ចៈណា សូមឲ្យ​ពិស​របស់សាមៈ​ សាបរលាបទៅ​ដោយ​ការ​ពោលសច្ចៈ​នុ៎ះ។ ក្នុងកាល​មុន សាមៈនេះ ជាអ្នក​ពោលនូវ​ពាក្យសត្យ ដោយ​ពាក្យ​សច្ចៈណា សូមឲ្យ​ពិសរបស់​សាមៈ សាបរលាបទៅ ដោយការ​ពោល​សច្ចៈ​នុ៎ះ។ ក្នុងកាលមុន សាមៈនេះ ជាអ្នក​ចិញ្ចឹមមាតា និងបិតា ដោយ​សច្ចៈណា សូមឲ្យ​ពិសរបស់​សាមៈ សាបរលាបទៅ ដោយការ​ពោលសច្ចៈ​នុ៎ះ។ សាមៈនេះ ជាអ្នក​ប្រព្រឹត្ត​កោតក្រែង​នូវបុគ្គល​ជាធំក្នុង​ត្រកូល ដោយសច្ចៈ​ណា សូមឲ្យ​ពិសរបស់​សាមៈ​ សាបរលាប​ទៅ ដោយការ​ពោលសច្ចៈ​នុ៎ះ។ សាមៈនេះ ជាបុគ្គល​ជាទី​ស្រឡាញ់​ដោយវិសេស​របស់ខ្ញុំ​ជាងជីវិត ដោយ​សច្ចៈណា សូមឲ្យ​ពិសរបស់​សាមៈ សាបរលាបទៅ ដោយការ​ពោលសច្ចៈ​នុ៎ះ។ បុណ្យ​ណានីមួយ ដែលខ្ញុំផង ដែលមាតា​របស់​អ្នកផង បានធ្វើ​ហើយ ដោយកុសល​ទាំងអស់​នោះ សូមឲ្យពិស​របស់សាមៈ សាបរលាបទៅ។

[១២៤] ទេវតានោះ បាត់អំពីភ្នំគន្ធមាទន៍ បានពោល​នូវពាក្យ​សច្ចៈនេះ ដោយ​សេចក្តី​អនុគ្រោះ​សាមៈថា ខ្ញុំនៅអាស្រ័យ​លើភ្នំគន្ធមាទន៍ អស់កាល​ជាយូរអង្វែង​ហើយ ឥតមាន​នរណា​ដទៃ ដែលជាទី​ស្រលាញ់ ដោយវិសេស​របស់ខ្ញុំ​ជាងសាមៈទេ ដោយ​ការ​ពោល​សច្ចនុ៎ះ សូមឲ្យ​ពិសរបស់​សាមៈ សាប​រលាបទៅ។ នៅភ្នំ​គន្ធមាទន៍ សព្វព្រៃព្រឹក្សា​ទាំងឡាយ សុទ្ធសឹង​មានក្លិនក្រអូប ដោយ​ការពោល​សច្ចៈនេះ សូមឲ្យ​ពិសរបស់​សាមៈ សាបរលាប​ទៅ។ កាលបើ​ជនទាំងនោះ កំពុង​ចរចារៀបរាប់​នូវពាក្យ​ប្រកបដោយ​សេចក្តី​ករុណា មាន​ប្រមាណច្រើន សាមៈ ជាមនុស្ស​កំឡោះ មានរូបល្អ​គួរឲ្យ​រមិលមើល ក៏ក្រោក​ឡើងភ្លាម។

[១២៥] (មហាសត្វ…) ខ្ញុំឈោ្មះសាមៈ សេចក្តីបំរើន ចូរមាន​ដល់លោក​ទាំងឡាយ ខ្ញុំក្រោក​ឡើងដោយ​សួស្តីហើយ សូមលោក​ទាំងឡាយ​កុំខ្សឹកខ្សួល​ខ្លាំងឡើយ សូម​លោកទាំងឡាយ​ចរចា​ចំពោះខ្ញុំ​ដោយពាក្យ​ពីរោះ។

[១២៦] បពិត្រមហារាជ ព្រះរាជដំណើររបស់ព្រះអង្គ​មកល្អហើយ ទ្រង់យាង​មកមិន​អាក្រក់​ទេ ព្រះអង្គ​ជាធំទ្រង់​យាងមក​ដល់ហើយ វត្ថុណា​មានក្នុង​ទីនេះ សូមទ្រង់​មាន​ព្រះបន្ទូល។ បពិត្រ​មហារាជ ផលាផល មានផ្លែទន្លាប់ មៈប៉ែន ស្រគំ សឹង​មានរស​ផ្អែមដូច​ទឹកឃ្មុំ ទូលបង្គំ​ជាខ្ញុំ​ប្រមូលមក​ទុកក្នុង​ទីជា​មួយគ្នា សូម​ទ្រង់​សោយនូវ​ផលាផល​ដែល​មាន​រសឆ្ងាញ់ៗ។ បពិត្រ​មហារាជ ទឹកសម្រាប់​សោយ​ដ៏ត្រជាក់ ទូលបង្គំ​ជាខ្ញុំបាន​នាំ​មកអំពី​ជ្រោះភ្នំ បើព្រះអង្គ​មានសេចក្តី​ត្រូវការ សូមទ្រង់​ដងអំពី​ទីនោះ​សោយចុះ។

[១២៧] (ព្រះបាទបិលយក្ខ…) ខ្ញុំវងេ្វង ភ័ន្តភាំង​ស្មារតី ងងឹតងងល់​សព្វទិសានុទិស ព្រោះបាន​ឃើញសាមៈ​នោះធ្វើ​មរណកាល​ហើយ ម្នាលសាមៈ អ្នក​ដូចម្តេច ក៏រស់​ឡើងវិញ។

[១២៨] (មហាសត្ត…) បពិត្រមហារាជ (សត្វលោក) តែងសំគាល់​នូវបុរស​ដែល​មាន​វេទនាធ្ងន់ តែនៅរស់ ឬមាន​សេចក្តី​ត្រិះរិះ​ក្នុងចិត្ត ធ្លាក់ចុះ​ក្នុងភវង្គ ដែលនៅ​រស់ថា ស្លាប់។ បពិត្រ​មហារាជ ម្យ៉ាងទៀត (សត្វលោក) តែងសំគាល់​នូវបុរស​ដែល​មានវេទនា​ធ្ងន់ តែនៅ​រស់ ឬចូល​និរោធ​នៅរស់នោះ ថាស្លាប់​ហើយ។

[១២៩] សត្វណា តែងចិញ្ចឹមនូវមាតា និងបិតាដោយធម៌ ទេវតា​ទាំងឡាយ តែងរក្សា​នូវសត្វ អ្នកចិញ្ចឹម​មាតាបិតា​នោះ។ សត្វណា តែងចិញ្ចឹមមាតា និង​បិតា​ដោយធម៌ បណ្ឌិត​ទាំងឡាយ​ក្នុងលោក​នេះឯង តែងសរសើរ​នូវសត្វ​នោះ សត្វនោះ លុះ​លះបង់​លោកនេះ​ទៅ រមែងរីករាយ​ក្នុងស្ថានសួគ៌។

[១៣០] (ព្រះបាទបិលយក្ខ…) ខ្ញុំរឹងរឹតតែវងេ្វង ភ័ន្តភាំងស្មារតី ងងឹតងងល់​សព្វ​ទិសានុទិស ម្នាលសាមៈ ខ្ញុំសូមយក​អ្នកជា​ទីពឹង អ្នកចូរជា​ទីពឹង​របស់ខ្ញុំ។

[១៣១] (មហាសត្ត…) បពិត្រមហារាជ​ជាក្សត្រ សូមព្រះអង្គ​ប្រព្រឹត្តធម៌​ចំពោះ​មាតា និងបិតា បពិត្រ​ព្រះរាជា លុះព្រះអង្គ​បានប្រព្រឹត្ត​ធម៌ក្នុង​លោកនេះ​ហើយ នឹងទៅ​កាន់​ឋានសួគ៌។ បពិត្រ​មហារាជ​ជាក្សត្រ សូមព្រះអង្គ​ប្រព្រឹត្តធម៌​ចំពោះ​បុត្ត និងភរិយា បពិត្រ​ព្រះរាជា លុះព្រះអង្គ​បានប្រព្រឹត្ត​ធម៌ក្នុង​លោកនេះ​ហើយ នឹងទៅ​កាន់​ឋានសួគ៌។ បពិត្រ​មហារាជ​ជាក្សត្រ សូមព្រះអង្គ​ប្រព្រឹត្តធម៌​ចំពោះមិត្ត និង​អាមាត្យ​ទាំងឡាយ បពិត្រ​ព្រះរាជា លុះព្រះអង្គ​បានប្រព្រឹត្ត​ធម៌​ក្នុង​លោកនេះ​ហើយ នឹងទៅ​កាន់​ឋានសួគ៌។ បពិត្រ​មហារាជ សូមព្រះអង្គ​​ប្រព្រឹត្តធម៌​ចំពោះ​សត្វពាហនៈ និងពល បពិត្រ​ព្រះរាជា លុះ​ព្រះអង្គ​បានប្រព្រឹត្ត​ធម៌​ក្នុងលោក​នេះហើយ នឹងទៅ​កាន់​ឋានសួគ៌។ បពិត្រ​មហារាជ សូម​ព្រះអង្គ​ប្រព្រឹត្តធម៌ ចំពោះ​ស្រុក និងនិគម​ទាំងឡាយ បពិត្រ​ព្រះរាជា លុះ​ព្រះអង្គ​បានប្រព្រឹត្ត​ធម៌ក្នុងលោក​នេះហើយ នឹងទៅកាន់​ឋានសួគ៌។ បពិត្រ​មហារាជ សូម​ព្រះអង្គ​ប្រព្រឹត្តធម៌​ចំពោះ​អ្នកដែន និងអ្នក​ជនបទ​ទាំងឡាយ បពិត្រ​ព្រះរាជា លុះ​ព្រះអង្គ​បានប្រព្រឹត្ត​ធម៌ក្នុង​លោកនេះ​ហើយ នឹង​ទៅកាន់​ឋានសួគ៌។ បពិត្រ​មហារាជ សូម​ព្រះអង្គ​ប្រព្រឹត្តធម៌​ចំពោះ​សមណៈ និងព្រាហ្មណ៍​ទាំងឡាយ បពិត្រ​ព្រះរាជា លុះទ្រង់​បាន​ប្រព្រឹត្ត​ធម៌​ក្នុងលោក​នេះហើយ នឹងទៅកាន់​ឋានសួគ៌។ បពិត្រ​មហារាជ​ជាក្សត្រ សូម​ព្រះអង្គ​ប្រព្រឹត្តធម៌​ចំពោះម្រឹគ និងបក្សី បពិត្រ​ព្រះរាជា លុះទ្រង់ប្រព្រឹត្ត​ធម៌​ក្នុង​លោកនេះ​ហើយ នឹងទៅកាន់​ឋានសួគ៌។ បពិត្រ​មហារាជ សូមព្រះអង្គ​ប្រព្រឹត្ត​ធម៌ ធម៌​ដែល​ប្រព្រឹត្តល្អ​ហើយ តែងនាំ​មកនូវសុខ បពិត្រ​ព្រះរាជា លុះ​ទ្រង់​ប្រព្រឹត្តធម៌​ក្នុងលោក​នេះហើយ នឹងទៅកាន់​ឋានសួគ៌។ បពិត្រ​មហារាជ សូម​ព្រះអង្គ​ប្រព្រឹត្តធម៌ (ព្រោះ) ទេវតា ឥន្ទ ព្រហ្ម ដែលបាន​ដល់​នូវឋានសួគ៌ ក៏ព្រោះធម៌​ដែលខ្លួន​ប្រព្រឹត្ត​ល្អហើយ បពិត្រ​ព្រះរាជា ព្រះអង្គ​កុំប្រហែស​ធ្វេសនឹង​ធម៌ឡើយ។

ចប់ សុវណ្ណសាមជាតក ទី៣។

នេមិរាជជាតក ទី៤

(៥៤១. និមិជាតកំ (៤))

[១៣២] (អភិសម្ពុទ្ធគាថា) ក្នុងកាលដែលព្រះបាទនេមិ​ជាបណ្ឌិត អ្នកត្រូវការ​ដោយ​កុសស ជាព្រះរាជា​អ្នកទូនា្មន​នូវសត្រូវ ទ្រង់តែង​ឲ្យទាន​ដល់ជន​អ្នកនៅ​ក្នុងដែន​វិទេហៈ​ទាំងឡាយ​គ្រប់គ្នា គ្រានោះ (មនុស្ស និងទេវតា​ទាំងឡាយ តែង​សរសើរថា) ឱអស្ចារ្យ​ណាស់ អ្នកប្រាជ្ញ​ទាំងឡាយ មានប្រាជ្ញា​ជាគ្រឿង​ពិចារណា កើតឡើង​ក្នុង​លោក​ហើយ។ កាល​ព្រះរាជាអង្គ​នោះ ទ្រង់ឲ្យ​ទាននោះ សេចក្តី​ត្រិះរិះ​កើតឡើងថា ទានក្តី ព្រហ្មចរិយៈ​ក្តី កុសល​ណាហ្ន៎ មានផល​ច្រើនជាង។

[១៣៣] ទេវរាជឈ្មោះមឃវៈ ជាទេវកុញ្ជរ ជា​សហស្សនេត្រ បានជ្រាប​ព្រះតម្រិះ​របស់​ព្រះរាជា​នោះ​ហើយ មក​ប្រាកដ (ក្នុងទីចំពោះ​ព្រះភក្រ្ត​ព្រះរាជា) កំចាត់បង់​នូវងងឹត​ដោយ​វណ្ណៈ។ ព្រះបាទ​នេមិរាជ​ជាធំ​ជាងមនុស្ស ទ្រង់ព្រឺ​ព្រះលោមា បានសួរ​ទេវរាជ​ឈ្មោះ​វាសវៈ​ថា អ្នកជា​ទេវាតា ឬ​ជាគន្ធព្វ ឬក៏ជាសក្កៈ​បុរិន្ទទៈ។ រស្មី​ប្រាកដ​ដូចោ្នះ ខ្ញុំពុំដែល​ឃើញ ទាំងមិនធ្លាប់​ឮឡើយ បពិត្រអ្នក​ដ៏ចំរើន អ្នកចូរប្រាប់ខ្ញុំ ធ្វើ​ម្តេច​យើង​ស្គាល់​​អ្នក​បាន។ ទេវរាជ​ឈ្មោះ​វាសវៈ​ជ្រាបថា ព្រះបាទ​នេមិ ព្រឺ​ព្រះលោមា​ហើយ ទើបឆ្លើយថា ខ្ញុំជា​ព្រះឥន្រ្ទ ជាធំជាង​ទេវតា មកកាន់​សំណាក់​ព្រះអង្គ​ បពិត្រ​ព្រះអង្គ​ជា​ធំ​ជាង​មនុស្ស ទ្រង់​កុំព្រឺព្រះ​លោមា​ឡើយ ព្រះអង្គ​មានសេចក្តី​ប្រាថា្ន ដើម្បីសួរ​នូវប្រស្នាណា សូមទ្រង់​សួរចុះ។ ចំណែក​ព្រះបាទ​នេមិរាជ​អង្គនោះ លុះ​ព្រះឥន្រ្ទាធិរាជ​ធ្វើឱកាស​ហើយ ក៏ទ្រង់​ត្រាស់សួរ​នូវទេវរាជ​ឈ្មោះ​វាសវៈ​ថា បពិត្រ​ទេវរាជ​ជាឥស្សរៈ​ជាងសព្វសត្វ​ទាំង​ឡាយ ខ្ញុំសូម​សួរព្រះអង្គ​ថា ទានក្តី ព្រហ្មចរិយៈ​ក្តី កុសលណា​មានផល​ច្រើនជាង។ ព្រះវាសវៈ​នោះ ដែល​ព្រះបាទនេមិ ជា​នរទេព​សួរហើយ ក៏ឆ្លើយ​តបព្រះបាទ​នេមិ​វិញ ព្រះវាសវៈ​នោះ ប្រាប់នូវ​ផលនៃ​ព្រហ្មចិរយៈ បានទូល​ព្រះបាទ​នេមិ ដែល​មិនជ្រាប​ថា បុគ្គល​កើតក្នុង​ត្រកូល​ក្សត្រ​ដោយ​ព្រហ្មចរិយៈ​ថោកទាប4) ដល់នូវភាព​ជា​ទេវតា​ដោយ​ព្រហ្មចរិយៈ​ជា​កណ្តាល5) បរិសុទ្ធ​ស្អាតដោយ​ព្រហ្មចរិយៈ​ខ្ពង់ខ្ពស់6) ។ ពួក​អ្នកបួស ប្រព្រឹត្ត​តបៈ​ទាំងឡាយ ទៅកើត​ក្នុងពួក​ព្រហ្មណា ពួកព្រហ្ម​ទាំងនុ៎ះ បុគ្គល​អ្នកប្រកប​ក្នុង​ការសូម​ណាមួយ មិនងាយ​បានសោះទេ។

[១៣៤] ព្រះបាទទុទីបៈ ១ ព្រះបាទសាគរៈ ១ ព្រះបាទសេលៈ ១ ព្រះបាទ​មុចលិន្ទ ១ ព្រះបាទភតីរសៈ ១ ព្រះបាទ​ឧសិន្នរៈ ១ ព្រះបាទ​អត្ថកៈ ១ ព្រះបាទ​អស្សកៈ ១ ព្រះបាទ​បុថុទ្ធនៈ ១។ ព្រះរាជា​ទាំងឡាយ​អង្គនេះ​ក្តី ព្រះរាជា​ទាំងឡាយ​ដទៃក្តី ពួកក្សត្រ ពួកព្រាហ្មណ៍​ជាច្រើនក្តី ដែលបូជា​នូវគ្រឿង​យ័ញ្ញ​យ៉ាងច្រើន មិនប្រព្រឹត្ត​កន្លង​នូវ​បេតភាព (កាមាវចរភូមិ) ឡើយ។

[១៣៥] ជនទាំងឡាយណា មិនមានគូ ជាបុគ្គល​ម្នាក់ឯង រមែងមិន​ត្រេកអរ (ត្រេកអរ​តែក្នុងការ​នៅច្រឡូក​ច្រឡំ​ដោយពួក) ជនទាំង​ឡាយណា មិន​មានបីតិ ដែលកើត​អំពី​វិវេកទេ ជន​ទាំងឡាយ​នោះ ទុកជា​មានភោគៈ​ស្មើ​ដោយ​ព្រះឥន្រ្ទ ក៏ដោយ​ចុះ ជនទាំង​ឡាយនោះ ក៏ឈ្មោះថា​ជាបុគ្គល​កំសត់ មាន​សេចក្តីសុខ​ព្រោះកិរិយា​អាស្រ័យ​នូវបុគ្គល​ដទៃ​ដោយពិត។

[១៣៦] ឥសី ៧ អង្គនេះ គឺឥសីឈោ្មះ​យាមហនុ ១ សោមយាគៈ ១ មនោជវៈ ១ សមុទ្ទៈ ១ មាឃៈ ១ ភរតៈ ១ ឥសីឈ្មោះ​កាលបុរក្ខិតៈ ១ និងឥសី​ទាំងឡាយ ៤ អង្គ គឺ​ឥសី​ឈ្មោះ​អង្គិរសៈ ១ កស្សបៈ ១ កីសវច្ឆៈ ១ អកន្តិ ១ ជាអនាគារ​បុគ្គល មានតបៈធម៌ បាន​កន្លង (កាមាវចរភូមិ) ដោយពិត។

[១៣៧] នៅប្រទេសហិមវន្តខាងជើង មានស្ទឹងឈ្មោះ​សីទា មានជម្រៅ​ដ៏ជ្រៅ អ្នកផង​ឆ្លងបាន​ដោយកម្រ (ទាំងពីរ​ខាង​ឆ្នេរស្ទឹងនោះ) មានភ្នំមាស ពណ៌ដូច​ភ្លើងខៀវ រុងរឿង​សព្វ ៗ កាល។ (ទៀបឆ្នេរ​នៃស្ទឹងនោះ) សឹង​មានដើម​ក្រឹស្នា​លូតលាស់​ទង្គំ​ទង្គោល មានទាំង​រុក្ខជាតិ​ផេ្សងៗ មានគុម្ព​លូតលាស់ (អំពីជើង​បព៌ត) ក្នុង​កាលមុន មាន​ពួកឥសី​ចាស់ៗ មួយម៉ឺនអង្គ នៅក្នុង​ទីនោះឯង។ ខ្ញុំជាបុគ្គល​ប្រសើរ​ដោយការ​ឲ្យ និងការ​ប្រព្រឹត្តិ​វត្ត ដោយការសង្រួម និងការ​ទូន្មាន (នូវឥន្រ្ទិយ) ហើយ​ប្រព្រឹត្ត (ម្នាក់ឯង) លះបង់ (ពួក) ជា​អ្នកមាន​ចិត្តតាំងមាំ។ ខ្ញុំមិនរិះគន់​នូវជន​អ្នកមាន​ជាតិទាប និងមាន​ជាតិខ្ពស់ នមស្ការ​ចំពោះ​ជន​អ្នកមាន​ចិត្តត្រង់ មិនមាន​កំណត់កាល​វេលាឡើយ ព្រោះថា សត្វទាំងឡាយ​មាន​កម្ម​ជា​ផៅពង្ស។ វណ្ណ7) ទាំងអស់ អ្នកមិនតាំង​នៅក្នុងធម៌ រមែង​ធ្លាក់ចុះ​ក្នុងនរក ជាខាង​ក្រោម វណ្ណៈទាំងអស់ បាន​ប្រព្រឹត្តធម៌​ដ៏ឧត្តមហើយ រមែង​បរិសុទ្ធ។

[១៣៨] មឃវទេវរាជ សុជម្បតិ ទ្រង់ពោល​ពាក្យនេះ ទ្រង់ប្រៀន​ប្រដៅ​ព្រះបាទ​នេមិ​ជាធំក្នុង​ដែន​វិទេហៈ រួចហើយ​ទ្រង់ចៀស​ចេញ​ទៅកាន់​ពួកទេវតា​ក្នុង​ឋានសួគ៌។

[១៣៩] (ព្រះឥន្រ្ទ…) ម្នាលអ្នកទាំងឡាយ​ដ៏ចំរើន អ្នកទាំងឡាយ​ទាំងប៉ុនា្មន​ដែល​បាន​មកប្រជុំគ្នា​ហើយក្នុង​ទីនេះ ចូរចាំ​ស្តាប់នូវ​គុណខ្ពស់ និងទាប8) មានប្រមាណ​ច្រើននេះ របស់​មនុស្ស​ទាំងឡាយ​អ្នកប្រកប​ដោយធម៌។ ដូចជា​ព្រះបាទនេមិ​អង្គនេះ ជាបណ្ឌិត ជា​អ្នក​ត្រូវការ​ដោយកុសល ជាព្រះរាជា​ទូន្មាននូវ​សត្រូវ បានឲ្យទានដល់​អ្នកដែន​វិទេហៈ​ទាំង​ឡាយគ្រប់ៗ គ្នា។ កាលដែល​ព្រះរាជា​អង្គនោះ កំពុងឲ្យនូវ​ទាននោះ សេចក្តី​ត្រិះរិះ​កើត​ឡើងថា ទានក្តី ព្រហ្មចរិយៈ​ក្តី កុសលណា មានផល​ច្រើនជាង។

[១៤០] (មហាជន…) ឱហ្ន៎ សេចក្តីព្រឺរោម មិនធ្លាប់កើតមាន ក៏កើតឡើយ​ហើយ​ក្នុងលោក រថទិព្វ​កើតប្រាកដ​ហើយ ដល់​ព្រះបាទវិទេហៈ​មានយស។

[១៤១] (អភិសម្ពុទ្ធគាថា) មាតលិទេវបុត្រ អ្នកមានឫទ្ធិ​ច្រើន ជា​ទេវសារថី បាន​អញ្ជើញ​ព្រះបាទ​វិទេហៈ អ្នកគ្រប់គ្រង​ក្រុងមិថិលា​ថា បពិត្រ​ព្រះរាជា​ដ៏ប្រសើរ​ជាម្ចាស់​នៃទិស សូមព្រះអង្គ​យាងមក ទ្រង់ស្តេច​ឡើងកាន់​រថនេះ ដ្បិតទេវតា​ទាំងឡាយ នៅឋាន​តាវត្តឹង្ស ព្រមទាំង​ព្រះឥន្រ្ទ ចង់ឃើញ​ព្រះអង្គ ព្រោះទេវតា​ទាំងឡាយ​នោះ តែងរលឹក (ព្រះអង្គ) កំពុងនៅ​ប្រជុំក្នុង​ធម្មសភា​ឈ្មោះសុធម្មា។

[១៤២] លំដាប់នោះ ព្រះបាទវិទេហៈ អ្នកគ្រប់គ្រង​ក្រុងមិថិលា ទ្រង់ម្នីម្នា​ក្រោក​ចាកអាសនៈ បែរព្រះភក្រ្ត​ឡើងកាន់រថ។ មាតលិទេវបុត្រ ទូលសួរ​ព្រះបាទ​នេមិរាជនុ៎ះ ដែលសេ្តច​ឡើងកាន់​រថទិព្វហើយ ដូច្នេះថា បពិត្រ​ព្រះរាជា​ដ៏ប្រសើរ​ជាម្ចាស់នៃ​ទិស ទូលបង្គំ​ជាខ្ញុំនាំ​ព្រះអង្គ​ទៅតាមផ្លូវណា តាមផ្លូវ​ដែលសត្វ​មាន​បាបកម្ម ឬតាមផ្លូវ​ដែលសត្វ​មានបុញ្ញកម្ម។

[១៤៣] (ព្រះបាទនេមិ…) ម្នាលមាតលិទេវសារថី អ្នកចូរនាំខ្ញុំ​ទៅតាម​ផ្លូវទាំងពីរ គឺផ្លូវដែល​សត្វមាន​បាបកម្មផង ផ្លូវដែល​សត្វមាន​បុញ្ញកម្មផង។

[១៤៤] (មាតលិ…) បពិត្រព្រះរាជាដ៏ប្រសើរ ជាម្ចាស់នៃ​ទិស ទូលបង្គំជាខ្ញុំ​នាំព្រះ​អង្គទៅ​តាមផ្លូវ​ណាមុន តាមផ្លូវ​ដែលសត្វ​មានបាបកម្ម​មុនឬ ឬតាម​ផ្លូវដែល​សត្វ​មាន​បុញ្ញកម្មមុន។

[១៤៥] (ព្រះបាទនេមិ…) ខ្ញុំចង់ឃើញនរកជាទីនៅ​នៃសត្វ​អ្នកមាន​បាបកម្ម​ទាំង​ឡាយ ខ្ញុំចង់ឃើញ​ឋាននៃសត្វ​អ្នកមាន​កម្មលាមក និងគតិនៃ​សត្វទ្រុស្តសីល​ទាំង​ឡាយមុន។

[១៤៦] (អភិសម្ពុទ្ធគាថា) មាតលិទេវសារថី បង្ហាញព្រះរាជា​នូវស្ទឹងឈ្មោះ​វេតរណី ដែលសត្វឆ្លង​បានដោយ​កម្រ ប្រកបព្រម​ដោយទឹកផ្សា​ប្រៃ​កំពុងពុះ ក្តៅដូច​អណ្តាតភ្លើង។

[១៤៧] ព្រះបាទនេមិ ទ្រង់ឃើញសត្វកំពុងធ្លាក់ទៅ​ក្នុងស្ទឹង​វេតរណី ជាទី​ឆ្លងឡើង​បានដោយ​កម្រក្រៃលែង ហើយ​ត្រាស់សួរ មាតលិទេវសារថី​ថា ម្នាល​ទេវបុត្រ​អ្នកបម្រើ ភ័យមាន​ដល់ខ្ញុំ​ព្រោះឃើញ (សត្វកំពុង​ធ្លាក់ទៅក្នុង​ស្ទឹង​វេតរណី) ម្នាល​មាតលិ​ទេវសារថី ខ្ញុំសួរអ្នក សត្វទាំងឡាយ​នេះធ្លាក់​ទៅកាន់ស្ទឹង​វេតរណី តើពួកសត្វ​នេះ បានធ្វើ​បាបកម្មអ្វី។

[១៤៨] មាតលិទេវសារថី ដែលព្រះបាទនេមិ​សួរហើយ ក៏ព្យាករ​ផលនៃ​បាបកម្ម​ទាំងឡាយ ដែលខ្លួន​ដឹងហើយ ទូល​ព្រះរាជា​នោះ​ដែលមិនទ្រង់​ជ្រាបថា ពួកសត្វណា​មានកំឡាំង មាន​ធម៌ដ៏​លាមក បៀតបៀន​ប្រទេច​ផ្តាសា​នូវពួក​សត្វដែល​មានកំឡាំង​ខ្សោយ​ក្នុងជីវលោក ពួកសត្វ​មានកម្ម​លាមកនោះ រមែង​រងបាប ពួកសត្វ​ទាំងនោះឯង តែងធ្លាក់​ទៅកាន់​ស្ទឹងវេតរណី។

[១៤៩] (ព្រះបាទនេមិ…) ពួកឆ្កែព្រៃសម្បុរក្រហម និងពពាល ពួកត្មាត ពួកក្អែក ជា​សត្វគួរខ្លាច តែងទំពាស៊ី (សត្វនរក​ដែលវា​ប្រទះឃើញ) ម្នាល​ទេវបុត្រ​អ្នកបម្រើ ភ័យ​មានដល់​ខ្ញុំ​ព្រោះឃើញ ម្នាលមាតលិ​ទេវសារថី ខ្ញុំសួរអ្នក ហ្វូងក្អែក​តែង​ជញ្ជែង​ស៊ីនូវសត្វ​ទាំងឡាយ​នេះ តើសត្វ​ទាំងឡាយនេះ បានធ្វើបាប​ដូចមេ្តច។

[១៥០] មាតលិទេវសារថី ដែលព្រះបាទនេមិសួរហើយ ក៏ព្យាករ​នូវផល​នៃកម្ម​ដែលខ្លួន​ដឹង ទូលព្រះរាជា​ដែលមិន​ទ្រង់ជ្រាប​ថា សត្វទាំង​ឡាយណា​នីមួយ មានសេចក្តី​កំណាញ់​ កំណាញ់ស្វិតស្វាញ មានធម៌​លាមកពេក ជាអ្នក​ជេរប្រទេច បៀតបៀន​ប្រទូស្ត​សមណ​ព្រាហ្មណ៍ សត្វអ្នកមាន​អំពើលាមក​ទាំងនោះ រមែង​រងបាប ទើបហ្វូងកែ្អក​ជញ្ជែងស៊ី​សត្វ​ទាំង​ឡាយនោះ។

[១៥១] (ព្រះរាជា…) សត្វនរកទាំងឡាយ មានសរីរៈ​ឆេះសន្ធោសនៅ្ធ ដើរលើ​ផែនដី​ដែក ថែមទាំង​នាយ​និរយបាល​សំពងដោយ​ដំបងដែក​ទាំងឡាយ ដែល​ភ្លើងឆេះ ម្នាល​ទេពបម្រើ ភ័យមាន​ដល់ខ្ញុំ​ព្រោះឃើញ ម្នាលមាតលិ​ទេវសារថី ខ្ញុំសួរអ្នក ពួកជន​ដែលនាយ​និរយបាល​វាយដោយ​ដំបង ដួលដេកនេះ តើពួក​សត្វទាំងនេះ បានធ្វើ​បាបដូចមេ្តច។

[១៥២] មាតលិទេវសារថី ដែលព្រះបាទនេមិសួរហើយ ក៏ព្យាករ​នូវផល​បាបកម្ម​ដែលខ្លួនដឹង ទូលព្រះរាជា​ដែលមិន​ទ្រង់ជ្រាប​ថា ជនទាំងឡាយ មាន​បាបធម៌​ពេញបន្ទុក បៀតបៀន​ប្រទេចផ្តាសា​នូវបុរស​ស្រ្តីដែលឥត​បាបធម៌​ក្នុងជីវលោក ឈ្មោះថា​ជាអ្នក​មាន​បាបធម៌​ពេញបន្ទុក ជនអ្នក​មាន​កម្មលាមក​ទាំងនោះ រមែង​រងបាប​ ជនទាំង​ឡាយនោះ​ឯងហើយ ដែលនាយ​និរយបាល​បៀតបៀន​ដោយដំបង ដួលដេកនៅ។

[១៥៣] (ព្រះរាជា…) ពួកសត្វនរកដទៃមានខ្លួនឆេះជុំវិញ កំពុងទួញយំ (ធ្លាក់ទៅ) កាន់​រណ្តៅរងើក​ភ្លើងហើយថ្ងូរ ម្នាលទេពបម្រើ ភ័យមានដល់ខ្ញុំ​ព្រោះ​ឃើញ ម្នាល​មាតលិ​ទេវសារថី ខ្ញុំសួរអ្នក សត្វទាំងឡាយ​ដែលធ្លាក់ទៅ​កាន់រណៅ្ត​រងើកភ្លើង ហើយថ្ងូរ តើពួកសត្វ​ទាំងឡាយ​នេះ បានធ្វើបាប​ដូចមេ្តច។

[១៥៤] មាតលិទេវសារថី ដែលព្រះបាទនេមិសួរហើយ ក៏ព្យាករ​នូវផលនៃ​បាប​កម្មដែល​ខ្លួនដឹង​ហើយ ទូលព្រះរាជា​ដែលមិន​ទ្រង់ជ្រាបថា ជនទាំងឡាយ​ណានីមួយ ពោល​អាងសាក្សី (កោង) ក្នុងហេតុនៃ​ទ្រព្យរបស់​ប្រជុំជន ហើយ​ញុំាងទ្រព្យ​ជាបំណុល​នោះឲ្យ​វិនាស បពិត្រ​ព្រះអង្គ​ជាធំជាងជន ជនទាំងឡាយនោះ​ ញ៉ាំងពួក​ជនឲ្យ​វិនាសហើយ ជនទាំងឡាយ​អ្នកមាន​កម្មដ៏លាមក​នោះ រមែងរងបាប ទើបជន​ទាំងឡាយ​នោះឯង (ធ្លាក់ទៅ) កាន់រណ្តៅ​រងើកភ្លើង ហើយ​ថ្ងូរដូចេ្នះ។

[១៥៥] (ព្រះរាជា) ខ្ទះទង់ដែងធំ មានភ្លើងឆេះ​សនោ្ធសនៅ្ធ រន្ទាលច្រាលឆ្អៅ ប្រាកដ​ជាក់ស្តែង ម្នាល​ទេពបម្រើ ភ័យមាន​ដល់ខ្ញុំ​ព្រោះឃើញ មា្នល​មាតលិ​ទេវសារថី ខ្ញុំសួរ​អ្នក ពួកសត្វទាំងនេះ (មានក្បាល​សំយុងចុះ) ធ្លាក់​ទៅកាន់​ខ្ទះពេញ​ដោយ​ទឹកទង់​ដែង តើពួកសត្វ​ទាំងនេះ​ធ្វើបាប​ដូចមេ្តច។

[១៥៦] មាតលិទេវសារថី ដែលព្រះបាទនេមិ​សួរហើយ ក៏ព្យាករ​នូវផល​នៃបាបកម្ម​ទាំងឡាយ​ដែលខ្លួន​ដឹងហើយ ទូលព្រះរាជា​នោះ ដែលមិន​ទ្រង់ជ្រាបថា ជនទាំង​ឡាយណា មានធម៌​ដ៏លាមក​ពេក បៀតបៀន​ប្រទេច​ផ្តាសានូវ​សមណៈ ឬព្រាហ្មណ៍ អ្នកមានសីល ជនអ្នកមាន​កម្មដ៏លាមក​ទាំងឡាយ​នោះ តែងរងនូវបាប ជនទាំងនោះ (មានក្បាល​សំយុងចុះ) ធ្លាក់ទៅ​កាន់ខ្ទះ ពេញ​ដោយ​ទឹកទង់ដែង។

[១៥៧] (ព្រះរាជា…) ពួកនាយនិរយបាល ត្របែងកនៃសត្វនរក ហើយកាប់​ពន្លះ បោះទៅ​ក្នុងទឹកក្តៅ ម្នាលទេព​បម្រើ ភ័យមាន​ដល់ខ្ញុំ​ព្រោះឃើញ ម្នាល​មាតលិ​ទេវសារថី ខ្ញុំសួរអ្នក ចុះពួក​សត្វដែលមាន​ក្បាលដាច់ ហើយដេក​នៅនេះ តើសត្វពួកនេះ បាន​ធ្វើបាប​ដូចមេ្តច។

[១៥៨] មាតលិទេវសារថី ដែលព្រះបាទនេមិសួរហើយ ក៏ព្យាករ​នូវផលនៃ​បាបកម្ម​ទាំងឡាយ ដែលខ្លួន​ដឹងហើយ ទូលព្រះរាជា​នោះដែល​មិនទ្រង់​ជ្រាបថា ជនទាំង​ឡាយណា ក្នុង​ជីវលោក មានបាបធម៌​ពេញបន្ទុក តែងចាប់​បៀត​បៀននូវ​សត្វស្លាប​ទាំងឡាយ បពិត្រ​ព្រះអង្គ​ជាធំជាងជន ជនទាំងឡាយ​នោះ បៀតបៀន​ហើយ​នូវ​សត្វស្លាប ពួកជន​អ្នកមានកម្មលាមក​នោះ រមែងរង​នូវបាប ជនទាំងឡាយ​នោះ មានក្បាល​ដាច់ហើយ ដេកនៅដូច្នេះ។

[១៥៩] (ព្រះរាជា…) ស្ទឹងនេះ មានទឹកច្រើន មានច្រាំងមិនជ្រៅ មានកំពង់ល្អ រាប​ទាប​ហូរទៅ សត្វដែល​មានសេចក្តី​ស្រេកឃ្លាន​គ្របសង្កត់​ហើយ​តែងផឹក ស្រាប់តែ​ទឹកដែល​សត្វទាំងឡាយ​នោះផឹក​ហើយ ក្លាយទៅ​ជាអង្កាម ម្នាល​ទេពបម្រើ ភ័យមាន​ដល់ខ្ញុំ​ព្រោះឃើញ ម្នាល​មាតលិ​ទេវសារថី ខ្ញុំសួរអ្នក ចុះទឹកដែល​សត្វទាំងឡាយ​នោះ​ផឹកហើយ ក្លាយទៅ​ជាអង្កាម​វិញ តើពួក​សត្វទាំងនេះ បានធ្វើ​នូវបាបដូចម្តេច។

[១៦០] មាតលិទេវសារថី ដែលព្រះបាទនេមិសួរហើយ ក៏ព្យាករ​នូវផល​នៃបាបកម្ម​ដែលខ្លួន​ដឹងហើយ ទូលព្រះរាជា​នោះដែល​មិនទ្រង់​ជ្រាបថា។ ជន​ទាំងឡាយ​ណា អ្នកមាន​កិច្ចការ​មិនបរិសុទ្ធ លាយនូវ​ស្រូវសុទ្ធ​ដោយ​អង្កាម ឲ្យដល់​អ្នកទិញ បានជាទឹក​ដែលជន​ទាំងឡាយ​នោះ​កំពុងមាន​សេចក្តី​ក្តៅបៀតបៀន មានសេចក្តី​ស្រេកឃ្លាន​គ្របសង្កត់​ហើយ ផឹកទៅ​ក្លាយជា​អង្កាមវិញ។

[១៦១] (ព្រះរាជា…) នាយនិរយបាលទាំងឡាយ ចាក់នូវសរីរៈ​ទាំងពីរ​ខាងនៃ​សត្វនរក ដែលកំពុង​កន្ទក់កន្ទេញ ដោយព្រួញ​ទាំងឡាយ​ក៏មាន ដោយ​លំពែង​ទាំងឡាយ​ក៏មាន ដោយ​លំពែង​ស្នែងក្របី​ទាំងឡាយ​ក៏មាន ម្នាល​ទេពបម្រើ សេចក្តីភ័យ​មានដល់ខ្ញុំ​ព្រោះឃើញ ម្នាល​មាតលិ​ទេវសារថី ខ្ញុំសួរអ្នក ពួកជន​ដែលនាយ​និរយបាល បៀតបៀន​ហើយ​ដោយ​លំពែង ដេកនៅដូច្នេះ តើពួក​សត្វទាំង​នេះ បានធ្វើ​នូវបាបដូច​មេ្តច។

[១៦២] មាតលិទេវសារថី ដែលព្រះបាទនេមិសួរហើយ ក៏ព្យាករ​នូវផល​នៃបាបកម្ម​ទាំងឡាយ​ដែលខ្លួនដឹង ហើយទូល​ព្រះរាជា​នោះ ដែលមិន​ទ្រង់ជ្រាប​ថា។ ជនទាំង​ឡាយណា ក្នុងជីវលោក ជាអ្នក​មានកម្ម​មិនល្អ លួចយក​ស្រូវ ទ្រព្យ ប្រាក់ មាស ទាំង​សត្វចិញ្ចឹម ពពែ ចៀម និងក្របី ដែលគេ​មិនឲ្យ ហើយធ្វើ​នូវការ​ចិញ្ចឹមជីវិត ជនអ្នក​មានកម្ម​ដ៏លាមក​ទាំងនោះ រមែងរង​នូវបាប ទើបពួក​ជនទាំងនោះ ត្រូវនាយ​និរយបាល​បៀតបៀន​ហើយ ដោយ​លំពែង​ដេកនៅដូច្នេះ។

[១៦៣] (ព្រះរាជា…) ហេតុអ្វី សត្វនរកទាំងឡាយនេះ មួយពួកត្រូវ​នាយនិរយបាល​ចងកអូស ពួកដទៃ​ត្រូវនាយ​និរយបាល​ចិញ្រ្ចាំ ពួកដទៃ​ទៀត​ត្រូវនាយ​និរយបាល​ធ្វើឲ្យ​ខ្ទេចខ្ទី ដួលដេកនៅ ម្នាល​ទេពបម្រើ ភ័យមានដល់ខ្ញុំ​ព្រោះឃើញ ម្នាល​មាតលិទេវ​សារថី ខ្ញុំសួរអ្នក ជនទាំង​ឡាយដែល​នាយ​និរយបាល​ធ្វើឲ្យខ្ទេចខ្ទី ហើយ​ដួលដេក​នៅ តើពួកជន​ទាំងនោះ បានធ្វើនូវ​បាបដូចមេ្តច។

[១៦៤] មាតលិទេវសារថី ដែលព្រះបាទនេមិសួរហើយ ក៏ព្យាករ​នូវផល​នៃ​បាបកម្ម​ដែលខ្លួន​ដឹងហើយ ទូលព្រះរាជា​នោះ ដែលមិន​ទ្រង់ជ្រាបថា ជនទាំង​ឡាយ​ណា ជាអ្នក​សម្លាប់​ទ្រាយ សម្លាប់ជ្រូក សម្លាប់ត្រី សម្លាប់​សត្វចិញ្ចឹម គឺក្របី ពពែ និងចៀម ហើយដាក់​លក់ឰដ៏រានផ្សា​លក់សាច់ ជនអ្នកមាន​កម្មអាក្រក់​ទាំងនោះ តែង​រងបាប បានជា​ជនទាំង​នោះ ត្រូវនាយ​និរយបាល​ធ្វើខ្ទេចខ្ទី ហើយ​ដេកនៅ។

[១៦៥] (ព្រះរាជា…) អន្លង់នេះ ពេញពោរ ដោយមូត្រ និងករីស មានក្លិន​អាក្រក់​មិនស្អាត ស្អុយផ្សាយទៅ ពួកជន​អ្នកមាន​សេចក្តី​ស្រេកឃ្លាន​គ្របសង្កត់​ហើយ ស៊ី (នូវ​មូត្រ និងករីស​នេះ) ម្នាល​ទេពបម្រើ ភ័យមាន​ដល់ខ្ញុំព្រោះ​ឃើញ ម្នាល​មាតលិ​ទេវសារថី ខ្ញុំសួរអ្នក ពួកជន​អ្នកបរិភោគ​នូវមូត្រ និង​ករីសនេះ តើពួកជន​ទាំងនេះ បានធ្វើ​នូវបាប​ដូចមេ្តច។

[១៦៦] មាតលិទេវសារថី ដែលព្រះបាទនេមិ​សួរហើយ ក៏ព្យាករ​នូវផលនៃ​បាបកម្ម​ដែលខ្លួន​ដឹងហើយ ទូលព្រះរាជា​នោះ ដែលមិន​ទ្រង់ជ្រាបថា ជនទាំង​ឡាយណា​នីមួយ ជាអ្នក​បង្កសេចក្តី​ទុក្ខ អ្នកបៀតបៀន​មិត្រសំឡាញ់ អ្នក​តាំងនៅ​ក្នុងការ​បៀតបៀន​នូវជន​ដទៃ​សព្វៗកាល ពួកជន​ទាំងឡាយ មាន​អំពើ​លាមកនោះ រមែងរងបាប ជនពាល​ទាំងឡាយ​ជាអ្នក​ទ្រូស្តមិត្តនោះ តែងស៊ី​អាហារចាស់។

[១៦៧] (ព្រះរាជា…) អន្លង់នេះ ពេញពោរទៅដោយឈាម និងខ្ទុះ មានក្លិន​អាក្រក់​មិនស្អាត ស្អុយផ្សាយទៅ ពួកសត្វ​ដែលត្រូវ​កំដៅ​បៀតបៀន​ហើយ ផឹក (ឈាម និងខ្ទុះនោះ) ម្នាល​ទេពបម្រើ ភ័យមាន​ដល់ខ្ញុំ​ព្រោះឃើញ ម្នាល​មាតលិ​ទេវសារថី ខ្ញុំសួរអ្នក ពួកជនដែល​មានឈាម និងខ្ទុះ​ជាអាហារនេះ តើពួក​សត្វទាំងនេះ បានធ្វើនូវ​បាបដូចមេ្តច។

[១៦៨] មាតលិទេវសារថី ដែលព្រះបាទ​នេមិសួរ​ហើយ ក៏ព្យាករ​នូវផលនៃ​បាបកម្ម​ដែលខ្លួន​ដឹងហើយ ទូលព្រះរាជា​ដែលមិន​ជ្រាបថា ជនទាំង​ឡាយណា​ក្នុងជីវលោក​នេះ សម្លាប់​ព្រះអរហន្ត គឺ​មាតា ឬបិតា ឈ្មោះថា​បារាជិក (ក្នុងភាព​ជាគ្រហស្ថ) ពួកជន​អ្នកមាន​អំពើលាមក​នោះ តែង​រងបាប ជនទាំង​នោះ មានឈាម និងខ្ទុះ​ជាអាហារ។

[១៦៩] (ព្រះរាជា…) អ្នកចូរមើលនូវសត្វនរក មានអណា្តត​មុតដោយ​សន្ទូច បីដូច​ស្បែកដែល​គេខ្វារ​ដោយកង្វេរ ញាប់ញ័រ​ដូចត្រី ដែលជន​បោះទៅ​លើគោក ព្រោះ​ហេតុអ្វីហ្ន៎ បានជា​សត្វនរក​ទាំងនេះ យំបង្ហៀរ​ទឹកមាត់ ម្នាល​ទេពបម្រើ ភ័យមាន​ដល់ខ្ញុំ​ព្រោះឃើញ ម្នាលមាតលិ​ទេវសារថី ខ្ញុំសួរអ្នក ពួកជន​ដែលស៊ី​សន្ទូច​ដេកនៅ តើពួកសត្វ​ទាំងនេះ បានធ្វើនូវ​បាបដូចមេ្តច។

[១៧០] មាតលិទេវសារថី ដែលព្រះបាទនេមិ​សួរហើយ ក៏ព្យាករ​នូវផល​នៃ​បាបកម្ម​ដែលខ្លួន​ដឹងហើយ ទូលព្រះរាជា​នោះដែលមិន​ទ្រង់ជ្រាបថា មនុស្ស​ទាំងឡាយ​ណានីមួយ ឋិតនៅ​ក្នុងដំណែង​ជាអ្នក​កាត់ថ្លៃទំនិញ ញុំាង​ទំនិញ​ដែលមាន​ថ្លៃ ឲ្យសាបសូន្យ​ចាកថ្លៃ (បនោ្ថក​ទំនិញគេ) ប្រកប​ដោយ​អំពើកោង ធ្វើអំពើកោង ព្រោះហេតុ​ចង់បានទ្រព្យ បីដូចជា​សន្ទូចដែល​គេបិទបាំង (ដោយ​នុយ) ដើម្បី​សម្លាប់ត្រី។ ទីពឹង​របស់អ្នក​ធ្វើនូវអំពើ​កោង ជាបុគ្គល​ដែលកម្ម​របស់ខ្លួន​រួបរឹត​ហើយ មិនមានទេ ពួកជន​អ្នកមាន​អំពើ​លាមក​នោះ តែងរង​បាប បានជា​ពួកជន​ទាំងនោះ ជាអ្នក​ស៊ីសន្ទូច​ដេកនៅ។

[១៧១] (ព្រះរាជា…) ពួកស្រ្តីទាំងនេះ មានខ្លួនដាច់ខេ្ទចខ្ទី មានជាតិ​អាក្រក់ មានខ្លួន​ប្រឡាក់​ពាសពេញ​ដោយឈាម និងខ្ទុះ មានខ្លួន​ដាច់​រយះរយាយ បីដូច​គោ​ទាំងឡាយ​ដែលគេ​ពន្លះក្នុង​ទីសម្លាប់ ផ្គងដើមដៃ​ទាំងឡាយ យំកន្ទក់​កន្ទេញ ​ពួកស្រ្តី​ទាំងនោះ (មានខ្លួន​ត្រឹមចង្កេះ) លិចចុះ​ក្នុងផែនដី មានភ្លើង​ឆេះសន្ធោសន្ធៅ មាន​ភ្នំរមៀល​កិនសព្វៗកាល ម្នាលទេព​បម្រើ ភ័យមាន​ដល់ខ្ញុំ​ព្រោះឃើញ ម្នាល​មាតលិ​ជា​ទេវសារថី ខ្ញុំសួរអ្នក ពួកស្ត្រី​ដែល (មានខ្លួន​ត្រឹមចង្កេះ) លិចចុះ​ក្នុងផែនដី មានភ្លើង​ឆេះ​សន្ធោសន្ធៅ មានភ្នំ​រមៀល​កិនសព្វ ៗ កាល​ តើពួកស្រ្តី​ទាំងនេះ បានធ្វើ​បាបដូចមេ្តច។

[១៧២] មាតលិទេវសារថី ដែលព្រះបាទ​នេមិសួរហើយ ក៏ព្យាករ​នូវផល​នៃ​បាបកម្ម​ដែលខ្លួន​ដឹងហើយ ទូលព្រះរាជានោះ​ដែលមិនទ្រង់​ជ្រាបថា ពួកស្រ្តី​មាន​ត្រកូលក្នុង​ជីវលោក​នេះ មានអំពើ​មិនបរិសុទ្ធ បានប្រព្រឹត្ត​នូវអំពើ​ជារបស់​អសប្បុរស ពួកស្រ្តី​ទាំងនោះ មាន​សភាពជា​អ្នកលេង លះបង់​ស្វាមី ហើយ​ត្រាច់ទៅរក​បុរសដទៃ ព្រោះ​ហេតុតែ​កាមគុណ និងលែ្បងពាល ពួកស្រ្តី​ទាំងនោះ ក្នុង​ជីវលោក លុះញ៉ាំង​បុរស​ដទៃឲ្យត្រេក​ត្រអាល ទើបមាន​ភ្លើងឆេះ​សន្ធោសន្ធៅ មានភ្នំ​រមៀលកិនដូច្នេះ។

[១៧៣] (ព្រះរាជា…) ព្រោះហេតុអ្វី បានជាសត្វនរកមួយ​ពួកទៀតនេះ ត្រូវនាយ​និរយបាល​ចាប់ជើង ឲ្យមាន​ក្បាលសំយុង​ចុះ ហើយទម្លាក់​ទៅក្នុងរណ្តៅ ម្នាល​ទេពបម្រើ ភ័យមាន​ដល់ខ្ញុំ​ព្រោះឃើញ ម្នាល​មាតលិ​ទេវសារថី ខ្ញុំ​សួរអ្នក ពួកសត្វ​ទាំងនេះ ដែលមាន​ក្បាល​សំយុងចុះ នាយ​និរយបាល​ទម្លាក់ទៅ​ក្នុងរណ្តៅនរក តើពួក​សត្វទាំង​នេះ បានធ្វើ​បាបដូចមេ្តច។

[១៧៤] មាតលិទេវសារថី ដែលព្រះបាទនេមិ​សួរហើយ ក៏ព្យាករ​នូវផល​នៃបាបកម្ម​ដែលខ្លួន​ដឹងហើយ ទូលព្រះរាជា​នោះដែលមិន​ជ្រាបថា ជនទាំងឡាយ​ណា ក្នុង​ជីវលោកនេះ អ្នកមាន​អំពើជា​របស់​អសប្បុរស ប្រព្រឹត្ត​កន្លងនូវ​ប្រពន្ធ​ទាំងឡាយ​នៃ​ជនដទៃ សត្វទាំងឡាយ​ប្រាកដ​ដូច្នោះនោះ ឈោ្មះថា​ជាអ្នក​លួចនូវ​របស់ដ៏ថ្លៃថ្លា បានជា​សត្វទាំង​នោះ (មានក្បាល​សំយុងចុះ) ត្រូវ​នាយនិរយបាល​ទម្លាក់​ទៅក្នុងរណ្តៅ។ សត្វ​ទាំងឡាយ​នោះ តែងរងនូវ​ទុក្ខវេទនា​ក្នុងនរក​ទំាងឡាយ​នោះ អស់ប្រជុំ​នៃឆ្នាំដ៏​ច្រើន ព្រោះថា ទីពឹង​ទាំងឡាយ​របស់បុគ្គល​អ្នកធ្វើបាប ជាបុគ្គល​ដែលកម្ម​របស់ខ្លួន​រួបរឹត​ហើយ មិនមានទេ ពួកសត្វ​អ្នកមាន​អំពើលាមក​នោះ រមែង​រងនូវបាប ទើប​បានជា​ពួកជន​ទាំងនោះ (មានក្បាល​សំយុងចុះ) ត្រូវនាយ​និរយបាល​ទម្លាក់​ទៅក្នុងរណ្តៅ។

[១៧៥] (ព្រះរាជា…) ពួកសត្វទាំងឡាយនេះ ខ្ពស់ និងទាបផេ្សង​ៗគ្នា ជាអ្នក​ត្រដាបត្រដួស មានរួប​គួរខ្លាច​ពន់ពេក ប្រាកដ​នៅក្នុង​នរកទាំង​ឡាយ ម្នាល​ទេព​បម្រើ ភ័យមាន​ដល់ខ្ញុំ​ព្រោះឃើញ ម្នាល​មាតលិទេវសារថី ខ្ញុំសួរ​អ្នក ពួក​ជន​ដែលមាន​សេចក្តី​ទុក្ខវេទនា​ក្លៀវក្លា ខ្លោចផ្សា ក្តៅក្រហាយ​ក្រៃលែង​នេះ តើពួក​សត្វទាំងនេះ បានធ្វើបាប​ដូចមេ្តច។

[១៧៦] មាតលិទេវសារថី ដែលព្រះបាទនេមិ​សួរហើយ ក៏ព្យាករ​នូវផល​នៃបាបកម្ម​ដែលខ្លួន​ដឹងហើយ ទូលព្រះរាជានោះ​ដែលមិនទ្រង់​ជ្រាបថា ជនទាំង​ឡាយណា​ក្នុងជីវលោក​នេះ មានទិដ្ឋិ​លាមក​ក្រៃលែង តែងធ្វើ​អំពើដ៏សិ្នទ្ធ ព្រោះ​មោហៈ ទាំង​បបួល​អ្នកដទៃ (ឲ្យយល់) ក្នុងទិដ្ឋិ​ទាំងឡាយ​នោះផង ជនទាំង​ឡាយនោះ មាន​ទិដ្ឋិបាប រមែង​រងបាប ទើបបាន​ជាពួកជន​ទាំងនោះ​រងទុក្ខវេទនា​ដ៏ក្លៀវក្លា ខ្លោចផ្សា ក្តៅ​ក្រហាយ​ក្រៃលែង។

[១៧៧] បពិត្រព្រះរាជា ទីលំនៅរបស់សត្វអ្នកមាន​បាបកម្ម​ទាំងឡាយ ឋាន​របស់​សត្វអ្នក​មានអំពើ​អាក្រក់​ទាំងឡាយ និងគតិ​របស់សត្វ​អ្នកទ្រូស្តសីល​ទាំងឡាយ ព្រះអង្គ​ទ្រង់បាន​ជ្រាបហើយ បពិត្រ​ព្រះរាជា​អ្នកស្វែង​រកគុណ​ដ៏ធំ សូមទ្រង់​សេ្តចទៅ​ក្នុងសំណាក់​ទេវរាជ​ឥឡូវនេះ។

[១៧៨] (ព្រះបាទនេមិ…) វិមាននេះ មានកំពូលប្រាំ ដែលយើង​ឃើញប្រាកដ មាន​នាងនារី​មាន​អានុភាពធំ ប្រដាប់​ដោយ​កម្រងផ្កា សំដែង​នូវទេវឫទ្ធិ​មានប្រការ​ផេ្សង ៗ នៅ​កណ្តាល​ដំណេក ក្នុងវិមាន​នោះ ម្នាល​ទេពបម្រើ សេចក្តី​រីករាយ​មានប្រាកដ​ដល់ខ្ញុំ​ព្រោះឃើញ ម្នាល​មាតលិ​ទេវសារថី ខ្ញុំសួរអ្នក នារីដែល​បានដល់​ឋានសួគ៌ហើយ រីករាយ​ក្នុងវិមាន តើនារីនេះ បានធ្វើ​កុសលដូច​មេ្តច។

[១៧៩] មាតលិទេវសារថី ដែលព្រះបាទនេមិ​សួរហើយ ក៏ព្យាករ​នូវផល​នៃបុញ្ញកម្ម​ទាំងឡាយ ដែលខ្លួន​ដឹងហើយ ទូល​ព្រះរាជា​នោះ ដែលមិន​ទ្រង់ជ្រាបថា ពិរណី​ដែលទ្រង់ធ្លាប់​ជ្រាបហើយ ជាទាសីកើត​ហើយក្នុងផ្ទៃ​នៃទាសី ក្នុង​ផ្ទះនៃព្រាហ្មណ៍ ក្នុង​ជីវលោក នាងពិរណី​នោះដឹងថា ភិក្ខុជាភ្ញៀវ មានកាល​ដល់ហើយ (ហើយ​ក៏អង្គាស​ចង្ហាន់​ប្រគេន​ភិក្ខុនោះ) ហាក់ដូច​ជាមាតា ដែលត្រេកអរ​ចំពោះ​បុត្តរបស់ខ្លួន នាងជា​អ្នកសង្រួម ជាអ្នក​ចែកទាន ទើបនាង​រីករាយ​ក្នុងវិមាន។

[១៨០] (ព្រះបាទនេមិ…) វិមានមាសទាំង ៧ ដែលបុញ្ញកម្ម​តាក់តែង​ហើយ មាន​ពន្លឺរុងរឿង​ផ្សព្វផ្សាយ​ទៅ មានទេវបុត្រ​មានឫទ្ធិច្រើន ប្រដាប់​ហើយដោយ​អាភរណៈ​គ្រប់បែប មានពួក​នាងទេពធីតា​ចោមរោម​ហើយ ដើរ​ប្រទក្សិណ​ដោយជុំវិញ ក្នុង​វិមាន​ទាំង ៧ នោះ។

មា្នលទេពបម្រើ ខ្ញុំមានសេចក្តីត្រេកអរ​ព្រោះឃើញ ម្នាលមាតលិ​ទេវសារថី ខ្ញុំសួរអ្នក តើទេវបុត្តនេះ បានធ្វើ​នូវកុសល​ដូចមេ្តច ទើបដល់នូវ​ឋានសួគ៌ ហើយ​រីករាយ​ក្នុងវិមាន។

[១៨១] មាតលិទេវសារថី ដែលព្រះបាទនេមិ​សួរហើយ ក៏ព្យាករ​នូវផល​នៃបុញ្ញកម្ម​ទាំងឡាយ ដែលខ្លួន​ដឹងហើយ ទូល​ព្រះរាជានោះ ដែលមិន​ទ្រង់ជ្រាបថា ទេវបុត្រ​នេះ ជាគហបតី ឈោ្មះ​សោណទិន្ន ជាម្ចាស់​នៃទាន (ក្នុងដែនកាសី) គាត់​បានសាង​កុដិសម្រាប់​នៅ ៧ ខ្នង ឧទិ្ទស​ចំពោះ​បព្វជិត។ គាត់បាន​បម្រើភិក្ខុទាំងឡាយ ដែលអាស្រ័យនៅ​ក្នុងកុដិនោះ​ដោយគោរព បានប្រគេន​ចីវរសម្រាប់​ស្លៀក​ដណ្តប់ផង ភត្តាហារ​ផង សេនាសនៈ​ផង គ្រឿងប្រទីប​ផង ចំពោះ​លោក​អ្នកមានចិត្ត​ត្រង់ទាំងឡាយ ដោយ​ចិត្តជ្រះថ្លា។ គាត់រក្សា​ឧបោសថ​ប្រកប​ដោយ​អង្គ​ប្រាំបី អស់តិថីទី ១៤ ផង តិថីទី ១៥ ផង តិថីទី៨ នៃបក្ខផង បាដិហារិយបក្ខ​ផង គាត់ជា​អ្នកសង្រួម​ក្នុងសីល​ទាំងឡាយ​សព្វ ៗ កាល ជាអ្នក​សង្រួមនូវ​ឥន្រ្ទិយ ជាអ្នក​ចែកទាន ទើបគាត់​រីករាយ​ក្នុងវិមាន។

[១៨២] (ព្រះរាជា…) វិមាននេះ ដែលបុញ្ញកម្ម​និម្មិតហើយ ដ៏រុងរឿង​ដោយជញ្ជាំង​ជាវិការៈ​នៃកែវផលិក ​ពាសពេញ​ដោយ​ពួកនារី​ដ៏ប្រសើរ រុងរឿង​ដោយផ្ទះ​កំពូល ប្រកប​ដោយ​ទឹក និងភោជន ដោយ​កិរិយារាំ និងច្រៀង​ទាំងពីរ។ ម្នាល​ទេពបម្រើ ខ្ញុំមាន​សេចក្តី​ត្រេកអរ​ព្រោះឃើញ ម្នាលមាតលិ​ទេវសារថី ខ្ញុំសួរអ្នក តើនារី​ទាំងនេះ បានធ្វើ​កុសលកម្ម​ដូចមេ្តច ទើបដល់ឋានសួគ៌ ហើយរីករាយ​ក្នុងវិមាន។

[១៨៣] មាតលិទេវសារថី ដែលព្រះបាទនេមិ​សួរហើយ ក៏ព្យាករ​នូវផល​នៃបុញ្ញកម្ម​ទាំងឡាយ ដែលខ្លួន​ដឹងហើយ ទូលព្រះរាជា​នោះ ដែលមិន​ទ្រង់ជ្រាបថា ពួក​នារីណា​នីមួយ ក្នុងជីវលោក​នេះ មានសីល ជាឧបាសិកា ត្រេកអរក្នុង​ទាន មានចិត្ត​ជ្រះថ្លា​ជានិច្ច តាំងនៅ​ក្នុងសច្ចធម៌ មិនប្រហែស​ធ្វេសក្នុង​ឧបោសថ ជាអ្នក​សង្រួម ជាអ្នក​ចែកទាន ទើបនារី​ទាំងនោះ​រីករាយ​ក្នុងវិមាន។

[១៨៤] (ព្រះរាជា…) វិមាននេះ ដែលបុញ្ញកម្មនិម្មិត​ហើយ ដ៏រុងរឿង​ដោយ​ជញ្ជំាង ជាវិការៈ​នៃកែវពៃទូរ្យ ប្រកប​ដោយភូមិភាគ ចែកវាស់​ដោយ​ចំណែក។ (ក្នុងវិមាននេះ) មានសូរ​សម្លេងទិព្យ​លាន់ឮ គឺស្គរ សមោ្ភរ​ កិរិយារាំ ច្រៀង និងប្រគំ គួរ​ស្តាប់ ជាទី​រីករាយ​នៃចិត្ត។ សម្លេង​ដែលប្រព្រឹត្ត​ទៅយ៉ាង​នេះ ពីរោះ​យ៉ាងនេះ ពីមុនមក ខ្ញុំមិន​ដែលឃើញ ទាំងមិន​ដែលឮ​ឡើយ ទើបតែ​បានដឹង។ ម្នាលទេព​បម្រើ សេចក្តី​ត្រេកអរ​មានដល់ខ្ញុំ​ព្រោះបាន​ឃើញ ម្នាល​មាតលិ​ទេវសារថី ខ្ញុំសួរអ្នក តើពួកទេវបុត្រ​ទាំងនេះ ធ្វើកុសលកម្ម​ដូចមេ្តច ទើបដល់​ឋានសួគ៌ ហើយរីករាយ​ក្នុងវិមាន។

[១៨៥] មាតលិទេវសារថី ដែលព្រះបាទនេមិ​សួរហើយ ក៏ព្យាករ​នូវផល​នៃបុញ្ញកម្ម​ទាំងឡាយ ដែលខ្លួន​ដឹងហើយ ទូលព្រះរាជា​នោះ ដែលមិន​ទ្រង់ជ្រាបថា ជនទាំង​ឡាយ​ណា មានសីល ជាឧបាសក ក្នុងជីវលោកនេះ បានកសាង​សួនច្បារ ស្រះ អណ្តូងទឹក និងស្ពាន ប្រតិបត្តិ​ព្រះអរហន្ត​ទាំងឡាយ អ្នកមាន​ចិត្តត្រជាក់ ដោយគោរព ព្រមទាំង​បាន​ថ្វាយចីវរ បិណ្ឌបាត សេនាសនៈ និង (គិលានប្បច្ច័យ) ចំពោ​ព្រះអរហន្ត​ទាំងឡាយ​អ្នកមាន​ចិត្តត្រង់​ដោយចិត្ត​ជ្រះថ្លា។ ជនទាំងឡាយ​នោះ បានរក្សា​ឧបោសថ ប្រកប​ដោយអង្គ​ប្រាំបី អស់​តិថីទី ១៤ ផង តិថីទី ១៥ ផង តិថីទី ៨ នៃបក្ខផង បាដិហារិយបក្ខ​ផង សង្រួមក្នុង​សីល​ទាំងឡាយ សព្វ ៗ កាល ជាអ្នក​សង្រួមឥន្រ្ទិយ និងជា​អ្នកចែកទាន ទើបជនទាំង​ឡាយនោះ​រីករាយ​ក្នុងវិមាន។

[១៨៦] (ព្រះរាជា…) វិមាននេះ ដែលបុញ្ញកម្មនិមិ្មតល្អ​ហើយ រុងរឿង​ដោយជញ្ជាំង ជាវិការៈ​នៃកែវផលិក ដេរដាសដោយ​ពួកនាង​នារីដ៏ប្រសើរ ចំរើនដោយ​ផ្ទះកំពូល ប្រកប​ដោយទឹក និង​ភោជន ដោយ​កិរិយារាំ និងច្រៀង​ទាំងពីរយ៉ាង មានស្ទឹង​ប្រកប​ដោយ​រុក្ខជាតិ មានផ្កា​ផេ្សងៗ ហូរព័ទ្ធ​ជុំវិញ។

ម្នាលទេពបម្រើ សេចក្តីត្រេកអរ​ មានប្រាកដដល់ខ្ញុំ​ព្រោះឃើញ ម្នាលមាតលិ​ទេវសារថី ខ្ញុំសួរអ្នក តើទេវបុត្រ​នេះ បានធ្វើ​នូវកុសលកម្ម​ដូចមេ្តច ទើបដល់​ឋានសួគ៌ ហើយរីករាយ​ក្នុងវិមាន។

[១៨៧] មាតលិទេវសារថី ដែលព្រះបាទនេមិ​សួរហើយ ក៏ព្យាករ​នូវផលនៃ​បុញ្ញកម្ម​ទាំងឡាយ ដែលខ្លួន​ដឹងហើយ ទូលព្រះរាជា​នោះ ដែលមិន​ទ្រង់ជ្រាបថា ទេវបុត្រ​អង្គ​នុ៎ះ ជាគហបតី ជាម្ចាស់​នៃទាន ក្នុងក្រុង​មិថិលា បានសាង​សួនច្បារ ស្រះ អណ្តូងទឹក​ និងស្ពាន បានប្រតិបត្តិ​ព្រះអរហន្ត​ទាំងឡាយ​អ្នកមាន​ចិត្តត្រជាក់ ដោយ​គោរព បានថ្វាយ​ចីវរ បិណ្ឌបាត សេនាសនៈ​ និង (គិលានប្បច្ច័យ) ចំពោះ​ពួកព្រះអរហន្ត​អ្នកមាន​ចិត្តត្រង់ ដោយចិត្តជ្រះថា្ល។ បានរក្សា​ឧបោសថ​ប្រកប​ដោយអង្គ ៨ អស់តិថីទី ១៤ ផង តិថីទី ១៥ ផង តិថីទី ៨​នៃបក្ខផង អស់​បាដិហារិយបក្ខ​ផង សង្រួម​ក្នុងសីល​ទាំងឡាយ សព្វៗ កាល ជាអ្នក​សង្រួមនូវ​ឥន្រ្ទិយ ជាអ្នក​ចែកទាន ទើប​គហបតី​នោះ រីករាយ​ក្នុងវិមាន។

[១៨៨] (ព្រះរាជា…) វិមាននេះ ដែលបុញ្ញកម្មនិមិ្មត​ល្អហើយ ដ៏រុងរឿង​ដោយ​ជញ្ជាំង ជាវិការៈ​នៃកែវផលិក ដេរដាស​ដោយពួក​នារីដ៏ប្រសើរ ចំរើនដោយ​ផ្ទះកំពូល ប្រកប​ដោយទឹក និងភោជន ដោយការ​ច្រៀង និងការរាំ​ទាំងពីរ​យ៉ាង មានស្ទឹង​ប្រកប​ដោយឈើ មានផ្កាផ្សេងៗ ហូរព័ទ្ធជុំវិញ មានឈើ​ទាំងឡាយ​ជាច្រើនគឺ ដើមកេស ខ្វិត ស្វាយ សាលព្រឹក្ស ព្រីង ទន្លាប់ មៈប៉ែន សុទ្ធសឹង​មានផ្លែ​ជានិច្ច។

ម្នាលទេពបម្រើ សេចក្តីត្រេកអរមានប្រាកដដល់ខ្ញុំ​ព្រោះឃើញ ម្នាលមាតលិ​ទេវសារថី ខ្ញុំសួរអ្នក ទេវបុត្រអង្គ​នេះ បានធ្វើ​កុសលកម្ម​ដូចមេ្តច ទើបដល់​ឋានសួគ៌ រីករាយ​ក្នុងវិមាន។

[១៨៩] មាតលិទេវសារថី ដែលព្រះបាទនេមិ​សួរហើយ ក៏ព្យាករ​នូវផល​នៃបុញ្ញកម្ម​ទាំង​ឡាយ ដែលខ្លួន​ដឹងហើយ ទូល​ព្រះរាជា​នោះ ដែលមិន​ទ្រង់ជ្រាបថា ទេវបុត្រ​អង្គនេះ ជា​គហបតី ជាម្ចាស់​នៃទាន​ក្នុងក្រុងមិថិលា បានសាង​សួនច្បារ ស្រះ អណ្តូងទឹក បានប្រតិបត្តិ​ចំពោះ​ព្រះអរហន្ត​ទាំងឡាយ ដែលជា​អ្នកមាន​ចិត្តត្រជាក់ បានថ្វាយ​នូវចីវរ បិណ្ឌបាត សេនាសនៈ និង (គិលានប្បច័្ចយ) ចំពោះ​ព្រះអរហន្ត​ទាំងឡាយ អ្នកមានចិត្ត​ត្រង់ ដោយចិត្ត​ជ្រះថ្លា។ គហបតីនោះ បានទាំង​រក្សា​ឧបោសថ ប្រកប​ដោយអង្គ ៨ អស់​តិថីទី ១៤ ផង តិថីទី ១៥ ផង តិថីទី ៨​នៃបក្ខផង អស់​បាដិហារិយបក្ខ​ផង សង្រួម​ក្នុងសីល​ទាំងឡាយ សព្វៗ កាល ជាអ្នក​សង្រួម​ឥន្រ្ទិយ ជាអ្នក​ចែកទាន ទើប​គហបតី​នោះ រីករាយ​ក្នុងវិមាន។

[១៩០] (ព្រះរាជា…) វិមាននេះ ដែលបុញ្ញកម្មនិម្មិត​ហើយ ដ៏រុងរឿង​ដោយ​ជញ្ជាំង​ជាវិការៈ​នៃកែវពៃទូរ្យ ប្រកប​ដោយភូមិ​ភាគ ចែក​វាស់ដោយ​ចំណែក (ក្នុង​វិមាននោះ) មាន​សូរសព្ទ​ជាទិព្យ​លាន់ឮ គឺស្គរ សម្ភោរ កិរិយារាំ ច្រៀង និងប្រគំ គួរស្តាប់ ជាទី​រីករាយ​នៃចិត្ត។ សម្លេងដែល​ប្រព្រឹត្ត​ទៅយ៉ាងនេះ ពីរោះ​យ៉ាងនេះ ពីមុនមក ខ្ញុំមិន​ដែលឃើញ ទាំងមិន​ដែលឮឡើយ ទើបតែ​នឹងបានដឹង។

ម្នាលទេពបម្រើ សេចក្តីត្រេកអរ​មានដល់ខ្ញុំ​ព្រោះឃើញ ម្នាល​មាតលិ​ទេវសារថី ខ្ញុំសួរអ្នក តើទេវបុត្រ​អង្គនេះ បានធ្វើ​កុសលកម្ម​ដូចមេ្តច ទើបដល់​ឋានសួគ៌ ហើយរីក​រាយក្នុងវិមាន។

[១៩១] មាតលិទេវសារថី ដែលព្រះបាទនេមិ​សួរហើយ ក៏ព្យាករ​នូវផល​នៃបុញ្ញកម្ម​ទាំងឡាយ ដែលខ្លួន​ដឹងហើយ ទូលព្រះរាជា​នោះ ដែលមិន​ទ្រង់ជ្រាបថា ទេវបុត្រ​អង្គ​នេះ ជាគហបតី ជាម្ចាស់​នៃទាន​ក្នុងក្រុង​ពារាណសី បានកសាង​សួនច្បារ ស្រះ អណ្តូង​ទឹក និងស្ពាន បានប្រតិបត្តិ​ចំពោះ​ព្រះអរហន្ត​ទាំងឡាយ ដែលមាន​ចិត្ត​ត្រជាក់ បានថ្វាយ​ចីវរ បិណ្ឌបាត សេនាសនៈ និង (គិលានប្បច្ច័យ)​ ចំពោះ​ព្រះអរហន្ត​ទាំងឡាយ អ្នកមាន​ចិត្តត្រង់​ដោយចិត្ត​ជ្រះថ្លា។ ទេវបុត្រនោះ បានរក្សាឧបោសថ ប្រកប​ដោយអង្គ ៨ ប្រការ អស់​តិថីទី ១៤ ផង តិថីទី ១៥ ផង តិថីទី ៨​ នៃបក្ខផង អស់​បាដិហារិយបក្ខ​ផង សង្រួម​ក្នុងសីល​ទាំងឡាយ សព្វៗ កាល ជាអ្នក​សង្រួម​ឥន្រ្ទិយ ជាអ្នក​ចែកទាន ទើប​ទេវបុត្រនោះ រីករាយ​ក្នុងវិមាន។

[១៩២] (ព្រះរាជា…) វិមាននេះ ជាវិការនៃមាស​ដែល​បុញ្ញកម្មនិមិ្មត​ហើយ ដូច​ព្រះអាទិត្យ​ទើបរះ​ឡើង មានពណ៌​ក្រហម មានមណ្ឌលធំ។

ម្នាលទេពបម្រើ សេចក្តីត្រេកអរ​មានប្រាកដដល់ខ្ញុំ​ព្រោះឃើញ ម្នាលមាតលិ​ទេវសារថី ខ្ញុំសួរអ្នក ទេវបុត្រ​អង្គនេះ បានធ្វើ​កុសលកម្ម​ដូចមេ្តច ទើបដល់​នូវ​ឋានសួគ៌ ហើយរីករាយ​ក្នុងវិមាន។

[១៩៣] មាតលិទេវសារថី ដែលព្រះបាទនេមិ​សួរហើយ ក៏ព្យាករ​នូវផល​នៃបុញ្ញកម្ម​ទាំងឡាយ ដែលខ្លួន​ដឹងហើយ ទូល​ព្រះរាជា​នោះ ដែលមិន​ទ្រង់ជ្រាបថា ទេវបុត្រ​អង្គនេះ ជា​គហបតី​ជាម្ចាស់​នៃទាន​ក្នុងក្រុង​សាវត្ថី បានកសាង​សួនច្បារ ស្រះ អណ្តូងទឹក និងស្ពាន បានប្រតិបត្តិ​​ព្រះអរហន្ត​ទាំងឡាយ ជាអ្នកមាន​ចិត្តត្រជាក់ ដោយ​គោរព បានថ្វាយ​ចីវរ បិណ្ឌបាត សេនាសនៈ និង (គិលានប្បច្ច័យ)​ ចំពោះ​ព្រះអរហន្ត​ទាំងឡាយ អ្នកមាន​ចិត្តត្រង់​ដោយ​ចិត្តជ្រះថ្លា។​ គហបតីនោះ បានរក្សា​ឧបោសថ​ប្រកប​ដោយអង្គ ៨ ប្រការ អស់​តិថីទី ១៤ ផង តិថីទី ១៥ ផង តិថីទី ៨​ នៃបក្ខផង អស់​បាដិហារិយបក្ខ​ផង សង្រួមក្នុង​សីល​ទាំងឡាយ សព្វៗ កាល ជាអ្នកសង្រួម​ឥន្រ្ទិយ ជាអ្នក​ចែកទាន ទើប​គហបតី​នោះ រីករាយ​ក្នុងវិមាន។

[១៩៤] (ព្រះរាជា…) វិមានទាំងឡាយនេះ ជាវិការនៃមាស មាន​ប្រមាណ​ច្រើន ដែល​បុញ្ញកម្ម​និម្មិត​ហើយ តាំងនៅ​ក្នុងអាកាស មានពន្លឺ​ដ៏រុងរឿង ដូចជា​ផ្លេកបន្ទោរ​ក្នុងចន្លោះ​នៃមេឃ ក្នុងវិមាន​ទាំងឡាយ​នោះ មានពួក​ទេវតា​មានឫទ្ធិ​ច្រើន សឹងប្រដាប់​ដោយ​គ្រឿង​អាភរណៈ​គ្រប់បែប មានពួក​នាងទេព​អប្សរ​ចោមរោម​ហើយ ប្រទក្សិណ​វិលវង់​ដោយជុំវិញ។

ម្នាលទេពបម្រើ សេចក្តីត្រេកអរ​មានប្រាកដ​ដល់ខ្ញុំ​ព្រោះឃើញ ម្នាល​មាតលិ​ទេវសារថី ខ្ញុំសួរអ្នក ពួកទេវបុត្រ​ទាំងនេះ បានធ្វើ​កុសលកម្ម​ដូចមេ្តច ទើបដល់​​ឋានសួគ៌ ហើយរីករាយ​ក្នុងវិមាន។

[១៩៥] មាតលិទេវសារថីដែលព្រះបាទនេមិ​សួរហើយ ក៏ព្យាករ​នូវផល​នៃ​បុញ្ញកម្ម​​ដែលខ្លួន​ដឹងហើយ ទូល​ព្រះរាជា​នោះ​ដែលមិន​ទ្រង់ជ្រាប​ថា ពួកទេវបុត្រ​ទាំងនោះ ជាសាវ័ក​របស់​ព្រះសម្មា​សម្ពុទ្ធ​ តាំងនៅស៊ប់​ដោយសទ្ធា​ក្នុង​ព្រះសទ្ធម្ម ដែល​ព្រះមានព្រះភាគ​ទ្រង់ប្រកាស​ទុកល្អ​ហើយ បានធ្វើ​តាមនូវ​ពុទ្ធវចនៈ​របស់​ព្រះសាស្តា បពិត្រ​ព្រះរាជា ឋានទាំងឡាយ​ដែលទ្រង់​ក្រឡេក​ឃើញហើយ គឺជា​ឋានរបស់​ទេវបុត្រ​ទាំង​ឡាយនោះ។

[១៩៦] បពិត្រមហារាជ ឋានរបស់សត្វ​អ្នកមាន​បាបកម្ម ទ្រង់បាន​ជ្រាបហើយ ព្រោះទ្រង់​ទតឃើញ​នូវលំនៅ (របស់សត្វ) ទាំងឋាន​របស់សត្វ​អ្នកមាន​កល្យាណកម្ម ក៏ទ្រង់​ជ្រាបហើយ បពិត្រ​ព្រះរាជា​ទ្រង់ស្វែង​រកកុសល​ធម៌ ឥឡូវនេះ សូមទ្រង់​យាង​ទៅក្នុង​សំណាក់នៃ​ទេវរាជ។

[១៩៧] (អភិសម្ពុទ្ធគាថា) ព្រះបាទនេមិមហារាជ ទ្រង់ឋិតនៅ​លើទិព្វយាន មាន​សេះជា​វាហនៈ​ដែលទឹម​ដោយ​សេះសិន្ធព ១ ពាន់ កាលសេ្តច​កំពុង​យាងទៅ ទ្រង់​ក្រឡេក​​ឃើញភ្នំ​ទាំងឡាយ​ក្នុងចន្លោះ​សីទន្តរសមុទ្ទ លុះទ្រង់​ទតឃើញ​ហើយ ទ្រង់ត្រាស់​ហៅ​ទេវសារថី​សួរថា ភ្នំទាំងនោះ តើឈ្មោះអ្វីខ្លះ។

[១៩៨] (មាតលិ…) ភ្នំធំៗទាំងឡាយនេះ ក្នុងសមុទ្ទសីទន្តរ គឺភ្នំសុទស្សនៈ ១ ករវិក ១ ឥសិន្ធរ ១ យុគន្ធរ ១ នេមិន្ធរ ១ វិនតក ១ អស្សកណ្ណ ១ ជាភ្នំ​មានកំពូល​ខ្ពស់ឡើង​តាម​លំដាប់​រៀងគ្នា បពិត្រ​មហារាជ​ ភ្នំដែល​ទ្រង់ក្រឡេក​ឃើញ សឹងជា​លំ​នៅនៃ​មហារាជ​ទាំងឡាយ។

[១៩៩] (ព្រះរាជា…) (ទា្វរ) មានរូបជាអនេក​ដ៏រុងរឿង​វិចិត្រដោយ​រតនវត្ថុ​ផេ្សង ៗ ដ៏ដេរដាស​ដោយរូប​ទាំងឡាយ ប្រហែល​រូបព្រះឥន្រ្ទ បីដូចជា (ព្រៃធំ) ដែលពួក​ខ្លាធំ​ចាំនៅ​ហើយ។

ម្នាលទេពបម្រើ សេចក្តីត្រេកអរមាន​ដល់ខ្ញុំ​ព្រោះឃើញ ម្នាល​មាតលិ​ទេវសារថី ខ្ញុំសួរអ្នក គេហៅថា​ទា្វរនេះ​ ឈោ្មះអ្វី ទើបជា​ទីរីករាយ​នៃចិត្ត​ប្រាកដ​អំពី​ចម្ងាយ។

[២០០] មាតលិទេវសារថី ដែលព្រះបាទនេមិ​សួរហើយ ក៏ព្យាករ​នូវផល​នៃបុញ្ញកម្ម​ទាំងឡាយ ដែលខ្លួន​ដឹងហើយ ទូល​ព្រះរាជា​នោះ ដែលមិន​ទ្រង់ជ្រាបថា ទ្វារនេះ​ឈោ្មះ​ចិត្តកូដ ជាទីចេញ​ចូលនៃ​ទេវរាជ (ជាទ្វារ​នៃ​ទេពនគរ ដែលតាំង​នៅត្រង់​ទីបំផុត​នៃភ្នំ​ព្រះសុមេរុ) ជាភ្នំគួរ​ឲ្យចង់មើល​ប្រាកដ (ទា្វរនេះ) មានរូប​ជាអនេក​ដ៏រុងរឿង វិចិត្រ​ដោយរតនៈ​វត្ថុផេ្សងៗ ប្រាកដ​ជាទ្វារ​ដ៏ដេរដាស​ដោយរូប​ទាំងឡាយ ប្រហែល​រូប​ព្រះឥន្រ្ទ បីដូចជា (ព្រៃធំ) ដែលពួក​ខ្លារក្សាហើយ បពិត្រ​ព្រះរាជា ទ្រង់ស្វែង​រកគុណធម៌ សូមទ្រង់​ចូលទៅ​តាមទ្វារនុ៎ះ សូមទ្រង់​ជាន់នូវ​ផែនដី​ទិព្វដ៏រាបសើ្ម។

[២០១] (អភិសម្ពុទ្ធគាថា) ព្រះបាទនេមិមហារាជ ទ្រង់ឋិតនៅ​លើទិព្វយាន មាន​សេះជា​វាហនៈ​ដែលទឹមដោយ​សេះសិន្ធព ១ ពាន់ ទ្រង់យាងទៅ បានទត​ឃើញនូវ​ទេវសភា (ត្រាស់​សួរថា) វិមាននេះ ដែល​បុញ្ញកម្ម​និម្មិតហើយ ដោយ​ជញ្ជាំង​ជាវិការនៃ​កែវពៃទូរ្យ ឃើញច្បាស់​ដូចអាកាស​មានពន្លឺខៀវ​ក្នុង​សរទកាល។

ម្នាលទេពបម្រើ សេចក្តីត្រេកអរមានដល់ខ្ញុំ​ព្រោះឃើញ ម្នាល​មាតលិ​ទេវសារថី ខ្ញុំសួរ​អ្នក គេហៅ​វិមាននុ៎ះ​ឈ្មោះអ្វី។

[២០២] មាតលិទេវសារថី ដែលព្រះបាទនេមិ​សួរហើយ ក៏ព្យាករ​នូវផល​នៃ​បុញ្ញកម្ម​ទាំងឡាយ​ដែលខ្លួន​ដឹងហើយ ទូល​ព្រះរាជា​នោះ​ដែលមិន​ទ្រង់ជ្រាបថា ទេវសភា​ដែលព្រះអង្គ​ទតឃើញ​នុ៎ះឯង គេហៅថា សុធម្មា (ទេវសភានុ៎ះ) រុងរឿង​ដោយ​កែពៃទូរ្យ​ដ៏វិចិត្រ​ដែល​បុញ្ញានុភាពនិម្មិត​ដោយប្រពៃ​តាំងនៅ សសរ​មានជ្រុង​ប្រាំបី ដែល​បុញ្ញកម្ម​តាក់តែង​ល្អ សុទ្ធសឹង​ជាវិការនៃ​កែវពៃទូរ្យ​ទាំងអស់ ពួក​ទេវតានៅ​ជាន់​តាវត្តឹង្ស​គ្រប់អង្គ សឹងមាន​ព្រះឥន្រ្ទ​ជាប្រមុខ តែងប្រជុំ​គ្នាគិតគូរសេចក្តីចំរើន​របស់​ទេវតា និង​មនុស្ស​ទំាងឡាយ បពិត្រ​ព្រះរាជា​ទ្រង់សែ្វង​រកគុណធម៌ សូមទ្រង់​ចូលទៅកាន់​ទី​អនុមោទនា​របស់​ទេវតា​ទាំងឡាយ​តាមទ្វារនេះ។

[២០៣] (អភិសម្ពុទ្ធគាថា) ពួកទេពនិករ បានឃើញព្រះរាជានោះ​សេ្តចយាង​មក​ដល់ហើយ ត្រេកអរ​ទទួលថា បពិត្រ​មហារាជ ដំណើរ​ដែលព្រះអង្គ​យាងមក​នេះប្រពៃ​ហើយ មិនមែន​ទ្រង់យាងមក​អាក្រក់ទេ បពិត្រ​ព្រះរាជា ទ្រង់ស្វែង​រកនូវគុណ​ធម៌ដ៏​ប្រសើរ ឥឡូវនេះ សូមព្រះអង្គ​គង់ក្នុងទី​ជិតនៃទេវរាជ​ចុះ។ សក្កទេវរាជ ទ្រង់​ត្រេកអរ​ទទួល​ព្រះបាទ​វិទេហៈ គ្រប់គ្រង​ក្រុងមិថិលានោះ ព្រះបាទ​វាសវៈ​អញ្ជើញ​ព្រះអង្គ​ដោយកាម​ទាំងឡាយផង ដោយ​អាសនៈ​ផងថា ព្រះអង្គ​សេ្តចមក​ដល់លំនៅ​នៃ​ទេវតាទាំង​ឡាយ ជាដំណើរ​ប្រពៃណាស់ ព្រះរាជា​ទ្រង់ស្វែងរក​នូវគុណ​ដ៏ប្រសើរ សូម​ព្រះអង្គ​គង់នៅ​ក្នុង​ទេវលោក​ទាំងឡាយ ជាទី​ញ៉ាំងសេចក្តី​ប្រាថ្នា​ទំាងពួង​ឲ្យសម្រេច សូមព្រះអង្គ​បរិភោគ​កាមទាំងឡាយ ដែលមិន​មែនជា​របស់​មនុស្ស​ក្នុង​តាវត្តឹង្ស​ទេវលោក​ចុះ។

[២០៤] (ព្រះបាទនេមិ…) វត្ថុណាដែលបានដោយអ្នកដទៃ​ឲ្យជាបច្ច័យ ដូចយាន​ជារបស់​សូមគេ ដូចទ្រព្យ​ជារបស់​សូមគេ វត្ថុនុ៎ះ ក៏មាន​ឧបមេយ្យ​យ៉ាងនេះ​ឯង។ ខ្ញុំឥត​ចង់បាន​វត្ថុ​ដែលបាន​មក​ដោយអ្នក​ដទៃឲ្យជា​បច្ច័យនោះទេ បុណ្យ​ទាំងឡាយ ដែលខ្ញុំ​បាន​ធ្វើហើយ​ដោយខ្លួនឯង នោះទើប​ជាទ្រព្យ​សម្រេច​ដល់ខ្ញុំ។ ខ្ញុំឯងនឹង​ត្រឡប់ទៅ​ធ្វើ​​កុសល​ដែលបុគ្គល​ធ្វើហើយ រមែង​ដល់សេចក្តី​សុខ មិនក្តៅ​ក្រហាយ​ខាងក្រោយ ឲ្យមាន​ប្រមាណ​ច្រើន ដោយការ​ឲ្យផង ដោយការ​ប្រព្រឹត្តិ​សើ្មផង ដោយការ​សង្រួម​ឥន្ទ្រិយផង ដោយការ​ទូន្មាន​នូវឥន្រ្ទិយ​ផង ក្នុងពួក​មនុស្ស។

[២០៥] មាតលិជាទេវសារថីដ៏ចំរើន ជាអ្នកមាន​ឧបការៈ​ច្រើន​ដល់យើង ព្រោះ​បាន​បង្ហាញ​នូវឋាន​នៃ​សត្វអ្នកមាន​បុញ្ញកម្ម និងឋាន​នៃសត្វ​អ្នកមាន​បាបកម្ម​ទាំងឡាយ។

[២០៦] ព្រះបាទនេមិ ទ្រង់ជាឥស្សរៈក្នុងដែន​វិទេហៈ គ្រប់គ្រង​ក្រុងមិថិលា ទ្រង់​បានពោល​ដូច្នេះ​ហើយ (ទើបទ្រង់​លាសក្កទេវរាជ​ត្រឡប់​មកមនុស្ស​វិញ) ទ្រង់បាន​បូជាយញ្ញៈ​ដ៏ច្រើន ហើយទ្រង់​ចូលទៅ​រកការសង្រួម (បព្វជ្ជា)។

ចប់ នេមិរាជជាតក ទី៤។

មហោសធជាតក ទី៥

(៥៤២. ឧមង្គជាតកំ (៥))

[២០៧] (ព្រះបាទវិទេហៈត្រាស់ថា) ម្នាលមហោសធ ព្រះរាជា​ចូឡនី​ព្រហ្មទត្ត ជាម្ចាស់​ក្រុង​បញ្ចាល យាងមក​ជាមួយ​នឹងសេនា​ទាំងពួង សេនា​របស់​ព្រះរាជា​ក្រុង​បញ្ចាល​នោះ បុគ្គល​ប្រមាណ​មិនបាន។ (សេនាទាំងនោះ) មានពល​ជាងឈើ និងពល​ថ្មើរជើង អ្នកឈ្លាស​ក្នុងសង្គ្រាម​ទាំងពួង អាចនឹង​លុកចូល​ទៅក្នុងពួក ជាសេនា​មាន​សំឡេង (មិនស្ងាត់​ចាកសំឡេង​ទាំង ១០ យ៉ាង) ញ៉ាំងគ្នា​នឹងគ្នា​ឲ្យដឹង​ដោយ​សំឡេង​ស្គរ និងស័ង្ខ។ (ពួកសេនា​ទាំងនោះ) មានវិទ្យា​ក្នុងផ្លូវ​លោហធាតុ និងមានគ្រឿង​ប្រដាប់ មាន​ទង់ជ័យ មានមនុស្ស​អ្នកឡើង​កាន់​ពាហនៈ​ខាងឆ្វេង ទាំងបរិបូណ៌​ល្អដោយ​ពួក​មនុស្ស​អ្នកមាន​សិល្ប ដែលពួក​យោធា​ដ៏ក្លៀវក្លា (មានព្យាយាម​ស្មើដោយ​សត្វសីហៈ) តាំងទុក​ដោយល្អ​ហើយ។ ក្នុងចំណោម​សេនា​ទាំងនុ៎ះ មាន​នាយពល ១០ នាក់ ជាអ្នក​ឈ្លាស មានប្រាជ្ញា​ដូចផែនដី ច្រើនទៅ​ប្រជុំប្រឹក្សា​ក្នុង​ទីស្ងាត់ នឹងមាតា​របស់​ព្រះរាជា ជាគំរប់ ១១ រមែង​ទ្រង់ប្រៀន​ប្រដៅសេនា​ក្នុង​ក្រុងបញ្ចាល។ បណ្តាជន​ទាំងនុ៎ះ មាន​ក្សត្រិយ៍ ១០១ សុទ្ធតែ​មានយស ជាចំណុះ ដែលត្រូវ​ព្រះបាទ​ចូឡនី​ព្រហ្មទត្ត​ដណ្តើម​យកដែន​ហើយ មានសេចក្តី​ភ័យអំពី​មរណៈ ក៏លុះ​ក្នុងអំណាច​នៃព្រះបាទ​បញ្ចាល។ (ស្តេចទាំង ១០១ នោះ) ជាអ្នក​ធ្វើតាម​ព្រះរាជ​តម្រាស់ មិនមាន​ប្រាថ្នា ក៏ពោលពាក្យ​ជាទី​ស្រឡាញ់ មិនមាន​ប្រាថ្នា ក៏លុះ​អំណាច​ចុះចូល​ព្រះបាទ​បញ្ចាល។ មិថិលា​រាជធានី​របស់​ពួកអ្នក​វិទេហៈ ត្រូវពួក​សេនានោះ​ចោមព័ទ្ធជា ៣ ជាន់9) (ដូចជា) ជីកគាស់​ដោយ​ជុំវិញ។ (ក្រុងមិថិលា) ត្រូវសេនា​ចោមព័ទ្ធ​ជុំវិញ (ប្រាកដ​ដោយ​សស្រា្តវុធ) ដូចជា​ផ្កាយដែល​ប្រាកដ​ក្នុងខាងលើ ម្នាល​មហោសធ អ្នកឯង​ចូរដឹងថា សេចក្តីរួច (ចាកទុក្ខនេះ) នឹងមាន​ដល់ពួក​យើងដោយ​ប្រការ​ដូចមេ្តច។

[២០៨] (ព្រះមហាសត្វក្រាបបង្គំទូលថា) បពិត្រព្រះទេវៈ សូមព្រះអង្គ​ទ្រង់សណ្តូក​ព្រះបាទ (ឲ្យស្រួលចុះ) សូម​ព្រះអង្គ​ទ្រង់ក្រសាល​រីករាយ​ក្នុងកាមចុះ ព្រះបាទ​ចូឡនី​ព្រហ្មទត្ត មុខជា​នឹងលះបង់​សេនាក្នុង​ក្រុង​បញ្ចាល ហើយរត់ទៅ។

[២០៩] (អាចារ្យកេវដ្ដព្រាហ្មណ៍…) ព្រះរាជាចូឡនីប្រាថ្នា​ដើម្បីធ្វើ​សម្ពន្ធមិត្រ (នឹង​ព្រះអង្គ) ទាំង​ទ្រង់ថ្វាយ​កែវទាំងឡាយ មានស្រីកែវ​ជាដើម ដល់ព្រះអង្គ (ចាប់ដើម) ពីថ្ងៃ​នេះទៅ សូមឲ្យ​ពួករាជទូត​មានវាចា​ពីរោះ ពោលពាក្យ​ជាទី​ស្រលាញ់មក (ក្រុង​មិថិលា​នេះបាន)។ សូមឲ្យពួក​រាជទូត​ទាំងនោះ​ពោលវាចា​ដ៏ទន់ភ្លន់ ជាវាចាគួរ​ត្រេកអរ សូម​ព្រះបាទ​បញ្ចាល និង​ព្រះបាទវិទេហៈ​ទាំងពីរ​អង្គនោះ រួបរួមគ្នា​តែមួយ។

[២១០] (ព្រះបាទវិទេហៈ…) នែកេវដ្ដៈ អ្នកបានជួបនឹង​មហោសធដែរឬ អ្នកចូរ​ពោល​សេចក្តី​នោះ អ្នកបាន​ឲ្យ​មហោសធ​អត់ទោស​ហើយឬ មហោសធ​ត្រេកអរ​ហើយឬ។

[២១១] (អាចារ្យកេវដ្តៈ…) បពិត្រព្រះអង្គជាធំជាងជន មហោសធ​ហៅពេញ​ជា​បុរស​ថោកទាប ពុំមាន​សេចក្តី​សោ្មះស្មើ ជាមនុស្ស​រឹងរូស ជា​អសប្បុរស ពុំបាន​ពោល​សេចក្តី​អ្វីតិចតួច​សោះ ដូចជា​មនុស្សគ ឬដូចជា​មនុស្សថ្លង់។

[២១២] (ព្រះបាទវិទេហៈ…) ចំណែកការដែលគិតនេះ បុរស​ផេ្តសផ្តាស​ឃើញបាន​ក្រណាស់​ដោយពិត សេចក្តី​បរិសុទ្ធិ នរជន​អ្នកមាន​ព្យាយាម មុខជានឹង​ឃើញ​ហេតុនោះ កាយ​របស់អញ​ញប់ញ័រ អ្នកណា​នឹងលះបង់​នូវដែន​របស់ខ្លួន​ ហើយលុះក្នុង​កណ្តាប់ដៃ​ជនដទៃ​វិញកើត។

[២១៣] គំនិតរបស់យើងទាំង ៦ នាក់ ដែលជា​អ្នកឈ្លាស មានប្រាជ្ញា​ដ៏ខ្ពង់ខ្ពស់​ផុត​ដូចផែនដី ស្មើគ្នាជា​ឯកច្ឆន្ទ ម្នាល​មហោសធ អ្នកចូរ​គិតមើល ទៅ ឬ​កុំទៅ ឬក៏ឈប់។

[២១៤] (ព្រះមហាសត្វ…) បពិត្រព្រះរាជា សូមព្រះអង្គ​ទ្រង់ជ្រាបថា ព្រះបាទ​ចូឡនី​ព្រហ្មទត្ត ជាអ្នក​មានអានុភាព​ធំ មានពលច្រើន ឥឡូវប្រាថ្នា​ដើម្បី​នឹង​សំឡាប់​ព្រះអង្គ ដូច​នាយព្រាន​ដែលសំឡាប់​ម្រឹគដោយ​ធ្នាក់។

ត្រីជាសត្វជាប់ចិត្តក្នុងនុយស្រស់ (លេប) ផ្លែសន្ទូច​ដែលគេ​បិទបាំង​ដោយសាច់ មិនដឹង​សេចក្តី​ស្លាប់ខ្លួន​យ៉ាងណា។ បពិត្រ​ព្រះរាជា ព្រះអង្គ​ជាអ្នក​ជាប់ក្នុងកាម ចង់បាន​ធីតា​របស់​ព្រះបាទ​ចូឡនី មិនទ្រង់​ជ្រាបមរណៈ​របស់ព្រះអង្គ​ដូចត្រីនោះ​ឯង។ បើព្រះអង្គ​សេ្តច​យាងទៅ​កាន់​ក្រុងបញ្ចាល ព្រះអង្គ​មុខជា​នឹង​លះចោល​ព្រះអង្គ​យ៉ាងឆាប់ ភ័យ​ធំនឹង​មកដល់​ព្រះអង្គ ដូចភ័យ​ធំមកដល់​ម្រឹគដែល​ដើរ​ទៅតាមផ្លូវ (ទៀបទ្វារ​នៃ​ស្រុកដែរ)។

[២១៥] (ព្រះបាទវិទេហៈ…) យើងដែលបានពោលនូវប្រយោជន៍​ដ៏ឧត្តម ក្នុង​សំណាក់​នៃអ្នក ត្រឡប់ទៅ​ជាមនុស្ស​ល្ងង់លីលា​វិញ អ្នកឯង​ជាអ្នក​ចំរើន​ដោយ​ចុងនង្គ័ល មេ្តចនឹង​ដឹងសេចក្តី​ចំរើន​ដូចអ្នក​ដទៃកើត។

[២១៦] អ្នកទាំងឡាយ ចូរចាប់អ្នកនេះឰដ៏ក ហើយឲ្យ​វិនាសចាក​ដែនរបស់​អញទៅ ព្រោះវា​ហ៊ាននិយាយ​ឲ្យអញ​អន្តរាយ​នូវការ​បានស្រីកែវ។

[២១៧] (អភិសម្ពុទ្ធគាថា) លំដាប់នោះ មហោសធ​ពោធិសត្វ​ក៏ចៀស​ចេញអំពី​សំណាក់​នៃ​ព្រះបាទវិទេហៈ​ហើយ ទើបហៅ​សុវបណ្ឌិត​ឈ្មោះ​មាធុរៈ ជាទូតមក​ប្រាប់ថា ម្នាល​សំឡាញ់​មានស្លាបខៀវ អ្នកចូរមក​ធ្វើការបំរើ​អញ ដ្បិតមាន​សាលិកាញី​មួយ​ដែលគេ​ចិញ្ចឹមទុក​ជិតទី​ក្រឡាបន្ទំ​នៃព្រះ​បាទបញ្ចាល។ ឯងចូរ​ទៅសួរ​សាលិកា​នោះ ដោយ​សន្ថវកិច្ច ព្រោះវា​ជាសត្វឈ្លាស​ក្នុងកិច្ច​ទាំងពួង វាដឹង​ការអាថ៌កំបាំង​ទាំងពួង​របស់ជន​ទាំងពីរ គឺព្រះរាជា និង​កោសិយព្រាហ្មណ៍។ មាធុរៈសុវបណ្ឌិត​មានស្លាប​ខៀវនោះ បានទទួល​ស្តាប់ថា បាទ ដូច្នេះហើយ ក៏ហើរ​ទៅកាន់​សំណាក់​នៃ​នាង​សាលិកា។ មាធុរៈសុវ​បណ្ឌិត លុះហើរទៅដល់​ហើយ ទើបហៅនាង​សាលិកា​មានទ្រុងល្អ ពោល​ពាក្យពីរោះថា នែនាងមាន​ទ្រុងល្អ នាងល្មម​អត់ទ្រាំ​បានដែរឬ នែនាង​ជាវេសជាតិ នាង​មិនមាន​ជំងឺ​តម្កាត់​ទេឬ នែនាង​មាន​ទ្រុងល្អ នាងបាន​លាជលាយ​ដោយ​ទឹកឃ្មុំដែរឬ។

(សាលិកាញី…) ម្នាលសំឡាញ់ សេចក្តីសុខស្រួល​មានដល់ខ្ញុំ​ ម្នាលសំឡាញ់ មួយទៀត ខ្ញុំមិនមាន​ជម្ងឺ​តម្កាត់​ទេ ម្នាល​សុវបណ្ឌិត ទាំងលាជ​លាយ​ដោយទឹក​ឃ្មុំ ខ្ញុំក៏បាន​ដែរ។ នែសំឡាញ់ អ្នកមក​អំពីណា​ហ្ន៎ ឬអ្នក​ណាប្រើ​មក មួយ​វិញទៀត អ្នកជា​សត្វដែលខ្ញុំ​មិនធ្លាប់​ឃើញ មិនធ្លាប់ឮ​ក្នុងកាលមុន​អំពី​កាលនេះទេ។

[២១៨] (សុវបណ្ឌិត…) ខ្ញុំ គេចិញ្ចឹមទុកនៅទីបន្ទំ​ក្នុងប្រាសាទ​នៃ​ព្រះបាទសិវិ ព្រះរាជា​នោះ ទ្រង់ឋិត​នៅក្នុងធម៌ តែងទ្រង់​ដោះលែង​នូវសត្វ​ទាំងឡាយ​ដែលជាប់​ចំណង ចាកចំណង​អំពី​ទីនោះៗ។ មាននាង​សាលិកាមួយ ពោលពាក្យ​ពីរោះ ជាភរិយា​របស់ខ្ញុំ ម្នាលនាង​មានទ្រុងល្អ កាលខ្ញុំ​កំពុង​តែសំឡឹងជាប់​ចិត្ត ស្រាប់តែ​ខ្លែង​សំឡាប់​នាង​សាលិកា​នោះទៅ។ ខ្ញុំបរិបូណ៌​ដោយ​សេចក្តី​ប្រាថ្នា​ចំពោះ​ភរិយា​នោះ បានជា​មកក្នុង​សំណាក់​នៃនាង ប្រសិនបើ​នាងបើក​ឱកាស យើងទាំង​ពីរនាក់ នឹងនៅ​ក្នុងទីជា​មួយគ្នា។

[២១៩] (សាលិកា…) ធម្មតាសេកឈ្មោល គួរតែប្រាថ្នា​រកសេកញី សាលិកា​ឈ្មោល គួរតែ​ប្រាថ្នារក​សាលិកាញី ចុះការ​នៅរួមដោយ​សេកឈ្មោល និង​សាលិកាញី ដូចម្តេច​កើត។

[២២០] (សុវបណ្ឌិត…) បគ្គលណា ប្រាថ្នាស្រ្តីណា​ក្នុងកាម សូម្បីស្រ្តី​នោះជា​ចណ្ឌាល​ក៏ដោយ ព្រោះថា ការនៅរួម​ទាំងអស់​ដូចៗគ្នា ដែល​មិនដូចគ្នា​ក្នុងកាម មិនមាន​ទេ។ ព្រះមាតា​នៃព្រះបាទ​សិវិ ព្រះនាម​ជម្ពាវតី (ជា​ចណ្ឌាល​សោះ) តែបាន​ជា​អគ្គមហេសី ជាទី​ស្រឡាញ់​របស់​ព្រះបាទ​វាសុទេវកណ្ហាយនគោត្រ។ សូម្បី​នាង​កិន្នរី​ឈ្មោះ​រតនវតី ញ៉ាំងតាបស​ឈោ្មះ​វច្ឆៈ ឲ្យប្រាថ្នា​ដែរ។ មនុស្ស​រួមសំវាស​ជាមួយ​នឹង​មេម្រឹគ​ក៏មាន ការនៅរួម​ក្នុងកាម​មិនដូចគ្នា មិនមានទេ។ នែនាង​សាលិកា ពោលពាក្យ​ពីរោះ បើដូច្នោះ យើងនឹង​ទៅវិញ ព្រោះពាក្យ​នាងនុ៎ះ ទុកជា​ពាក្យប្រកែក នាងមើល​ងាយខ្ញុំ​ពិត។

[២២១] (សាលិកា…) នែមាធុរៈសុវបណ្ឌិត សិរីរមែង​មិនមាន​ដល់អ្នក​ប្រញាប់ទេ អ្នកចូរ​ឈប់នៅ​ទីនេះ ដរាបបាន​ឃើញ​ព្រះរាជា​សិន អ្នកនឹង​បានស្តាប់​សំឡេង​សំភោរ បានឃើញ​អានុភាព​ព្រះរាជា។

[២២២] (សុវបណ្ឌិត…) សំឡេងអឺងកងនេះ ឮល្បីប្រាកដ​ទៅជនបទ​ខាងក្រៅថា ព្រះរាជធីតា​ព្រះបាទ​បញ្ចាល មានវណ្ណៈ​ដូចជា​ផ្កាយព្រឹក ព្រះអង្គ​នឹងប្រទាន​ព្រះរាជ​ធីតា​នោះ ដល់​ព្រះបាទ​វិទេហៈ ឯវិវាហមង្គល​នោះ ក៏នឹង​មានដែរ (តើពិតឬទេ)។

[២២៣] (សាលិកា…) នែមាធុរៈ ការរៀបចំ​វិវាហមង្គល​ប្រាកដ​ដូចនេះ​របស់ពួក​សត្រូវ ដូចជា​វិវាហមង្គល​របស់​ព្រះបាទ​បញ្ចាល​ជាមួយនឹង​ព្រះបាទ​វិទេហៈ​របស់អ្នក ចូរលើក​ទុកចុះ។ ព្រះរាជា​ដ៏ប្រសើរ​លើរថ​របស់អ្នក​ក្រុងបញ្ចាល នឹងនាំ​ព្រះបាទ​វិទេហៈ​មកហើយ​ នឹងសំឡាប់​ព្រះបាទ​វិទេហៈ​នោះ ក្នុង​វេលានោះ (ព្រះបាទ​ចូឡនី) មិនមែន​ជាសំឡាញ់​របស់​ព្រះបាទ​វិទេហៈ​នោះទេ។

[២២៤] (សុវបណ្ឌិត…) សូមនាងអនុញ្ញាតឲ្យបង​ទៅត្រឹម ៧ រាត្រី ទំរាំ​បងទូល​ព្រះបាទ​សិវិ និង​ព្រះមហេសីថា ខ្ញុំបាន​នៅរួមក្នុង​សំណាក់​នាង​សាលិកា​ហើយ។

[២២៥] (សាលិកា…) អើ ! ខ្ញុំអនុញ្ញាតឲ្យអ្នកទៅ​ត្រឹម ៧ រាត្រី បើអ្នក​មិនត្រឡប់​មកកាន់​សំណាក់​ខ្ញុំក្នុង​រវាង ៧ រាត្រី​វិញទេ ខ្ញុំសំគាល់​ខ្លួនខ្ញុំថា​អស់ជីវិត កាលបើ​ខ្ញុំស្លាប់​ហួសទៅ​ហើយ ទើបអ្នក​នឹងមកដល់។

[២២៦] (អភិសម្ពុទ្ធគាថា) លំដាប់នោះ មាធុរៈសុវបណ្ឌិតនោះ ក៏ហើរ​ទៅប្រាប់​មហោសធ​ថា ពាក្យនេះ ជាពាក្យ​របស់នាង​សាលិកា។

[២២៧] (មហោសធ…) បុរសគប្បីបរិភោគ​នូវភោគសម្បត្តិ​ក្នុងផ្ទះ​របស់​បុគ្គល​ណា​ គប្បីធ្វើ​ប្រយោជន៍​ដល់បុគ្គល​នោះឯង។

[២២៨] បពិត្រព្រះជនិន្ទ ខ្ញុំព្រះអង្គនឹងសូមទៅ​កាន់បុរី គួរជាទី​រីករាយ​របស់​ព្រះបាទ​បញ្ចាល​ជាមុន ដើម្បី​សាងនិវេសន៍​បំរុងព្រះអង្គ​មានយសធំ​ក្នុង​ដែន​វិទេហៈ។ បពិត្រ​ក្សត្រិយ៍ លុះខ្ញុំ​ព្រះអង្គ​សាង​និវេសន៍​ដើម្បីព្រះអង្គ​មានយសធំ ក្នុងដែន​វិទេហៈ​ស្រេច​ហើយ នឹងបញ្ជូន​ទូតមកទូល​ព្រះអង្គ​ក្នុងវេលា​ណា ព្រះអង្គ​គប្បីយាង​ទៅក្នុង​វេលានោះ។

[២២៩] (អភិសម្ពុទ្ធគាថា) លំដាប់នោះឯង ព្រះមហោសធ ក៏បានទៅ​កាន់បុរីគួរ​ជាទី​រីករាយ​របស់​ព្រះបាទបញ្ចាល​ជាមុន ដើម្បីសាង​និវេសន៍បំរុង​ព្រះបាទ​វិទេហៈ​មាន​យស។ ព្រះមហោសធ​លុះសាង​និវេសន៍ ដើម្បី​ព្រះបាទ​វិទេហៈ​មាន​យស​ស្រេចហើយ ទើបបញ្ជូន​ទូតមកទូល​ព្រះបាទ​វិទេហៈ គ្រប់គ្រង​មិថិលាថា បពិត្រ​មហារាជ និវេសន៍ ខ្ញុំព្រះអង្គ​សាងដើម្បី​ព្រះអង្គ​ហើយ សូមព្រះអង្គ​សេ្តចមក​ក្នុង​កាលឥឡូវ​នេះ។

[២៣០] (អភិសម្ពុទ្ធគាថា) លំដាប់នោះឯង ព្រះរាជា​ព្រមដោយ​សេនា​មានអង្គ ៤ យាង​ទៅដើម្បី​ទតបុរី​ដ៏ធំទូលាយ ដែល​មហោសធបណ្ឌិត​សាងទុកក្នុង​ដែន​កប្បិលៈ មាន​ពាហនៈ​មិនមាន​ទីបំផុត។

[២៣១] លំដាបនោះឯង ព្រះបាទវិទេហៈនោះ លុះសេ្តច​យាងទៅដល់ (ដែន​កប្បិលៈ) ហើយ ទើបបញ្ជូន​រាជសាសន៍​ទៅថ្វាយ​ព្រះបាទ​ចូឡនី​ព្រហ្មទត្តថា បពិត្រ​មហារាជ ខ្ញុំមកដើម្បី​ថ្វាយបង្គំ​ព្រះបាទ​ទាំងឡាយ​របស់​ព្រះអង្គ។ សូម​ព្រះអង្គ​ទ្រង់​ប្រទាន​នាងនារី​ដែលមាន​សព៌ាង្គកាយ​ដ៏ល្អ ប្រដាប់ដោយ​គ្រឿង​អលង្ការ ជាវិការៈ​នៃមាស មានពួក​ទាសីជា​បរិវារ ឲ្យជាភរិយា (របស់ខ្ញុំ) ក្នុងកាល​ឥឡូវនេះ។

[២៣២] (ព្រះបាទចូឡនី…) បពិត្រព្រះបាទវិទេហៈ ព្រះអង្គសេ្តច​មកល្អហើយ មួយទៀត ព្រះអង្គ​សេ្តចមក​មិនអាក្រក់ទេ សូមព្រះអង្គ​សាកសួរ​រកនក្ខត្តឫក្ស​ចុះ ខ្ញុំនឹង​ថ្វាយនាង​កញ្ញា ដ៏ប្រដាប់​ដោយគ្រឿង​អលង្ការ​ជាវិការៈ​នៃ​មាស មាន​ពួកទាសី ជាបរិវារ​ព្រះអង្គ។

[២៣៣] (អភិសម្ពុទ្ធគាថា) លំដាប់នោះឯង ព្រះបាទវិទេហៈ​សួររកនក្ខត្តឫក្ស​លុះសួរ​រកនក្ខត្តឫក្ស​រួចហើយ ទើបបញ្ជូន​រាជសាសន៍​ទៅថ្វាយ​ព្រះបាទ​ព្រហ្មទត្តថា សូម​ព្រះអង្គ​ទ្រង់​ប្រទាន​នារីដែល​មាន​សព៌ាង្គកាយ​ដ៏ល្អ ប្រដាប់​ដោយ​គ្រឿង​អលង្ការ​ជាវិការៈ​នៃមាស មានពួក​ទាសីជា​បរិវារ ឲ្យ​ជាភរិយា​របស់ខ្ញុំ​ក្នុងកាល​ឥឡូវនេះ។

[២៣៤] (ព្រះបាទចូឡនី…) ខ្ញុំថ្វាយនាងនារី ដែលមាន​សព៌ាង្គកាយ​ដ៏ល្អ ប្រដាប់​ដោយ​គ្រឿង​អលង្ការ​ជាវិការៈ​នៃមាស មានពួក​ទាសីជាបរិវារ ឲ្យជា​ភរិយា​របស់ព្រះអង្គ ក្នុងកាល​ឥឡូវនេះ។

[២៣៥] (ព្រះបាទវិទេហៈ…) ពល់ដំរី ពលសេះ ពលរថ ពលថ្មើរជើង និង​សេនា​កាន់​ខែល​ឈរនៅ (ត្រៀបត្រា) គប់ភ្លើង​ឆេះសន្ធោសន្ធៅ តើពួក​បណ្ឌិត​សំគាល់​ដូចម្តេច។

[២៣៦] (អភិសម្ពុទ្ធគាថា) ពល់ដំរី ពលសេះ ពលរថ ពលថ្មើរជើង និង​សេនាកាន់​ខែល​ឈរនៅ (ត្រៀបត្រា) គប់ភ្លើង​ឆេះសន្ធោ​សន្ធៅ នែបណ្ឌិត ពួកសេនា​ទាំង​នោះ នឹង​ធ្វើអ្វីហ៎្ន។

[២៣៧] (មហោសធ…) បពិត្រមហារាជ ព្រះបាទចូឡនីព្រហ្មទត្ត មានពលច្រើន ប្រទូសរ៉ាយ​ដល់ព្រះអង្គ រក្សា​ព្រះអង្គទុក នឹង​សំឡាប់​ព្រះអង្គ​អំពីព្រឹក។

[២៣៨] (ព្រះបាទវិទេហៈ…) ហ្ឫទ័យរបស់យើងញ័ររន្ធត់ ទំាងមាត់​របស់យើង​ក៏​សោះស្ងួត យើងមិន​បានសេចក្តី​រលត់ ដូចជា​ឈើត្រូវភ្លើងឆេះ​ក្នុង​កណ្តាល​កំដៅថ្ងៃ។ ចង្ក្រាន​របស់ជាង​មាស ឆេះ​តែខាង​ក្នុង មិនឆេះខាង​ក្រៅ យ៉ាងណា​មិញ ហ្ឫទ័យ​របស់យើង ក៏ឆេះតែ​ខាងក្នុង មិនឆេះ​ខាងក្រៅ ក៏យ៉ាង​នោះដែរ។

[២៣៩] (មហោសធ…) បពិត្រក្សត្រ ព្រះអង្គស្រវឹង (ដោយកាម) ទើបប្រព្រឹត្ត​កន្លង​ការប្រឹក្សា ទំលាយការ​ប្រឹក្សា​ចោល ឥឡូវនេះ សូមឲ្យ​បណ្ឌិត (ទាំង ៤ នាក់) ដែលជា​អ្នកមាន​ប្រាជ្ញា រក្សា​ព្រះអង្គ​ចុះ។ បពិត្រ​ព្រះរាជា ព្រះអង្គ​មិនធ្វើតាម​ពាក្យរបស់​ទូលបង្គំ​ជា​អាមាត្យ ជាអ្នក​ប្រាថ្នា​សេចក្តី​ចំរើន និងសែ្វង​រក​ប្រយោជន៍ ទ្រង់ត្រេកអរ​ដោយ​បីតិ​ដ៏សៅហ្មង​របស់​ព្រះអង្គ ដូចម្រឹគ​ជាប់អន្ទាក់។ (ទូលបង្គំ​បានក្រាប​ទូលហើយថា) ត្រីជា​សត្វលោ្មភ​ក្នុងនុយស្រស់ លេបនូវ​ផ្លែសន្ទូច​ដ៏វៀច​ដែលគេ​បិទដោយសាច់ ត្រីមិនដឹង​សេចក្តី​ស្លាប់​របស់ខ្លួន យ៉ាងណា។ បពិត្រ​ព្រះរាជា ព្រះអង្គ​ជាអ្នកលោ្មភ​ក្នុងកាម ចង់បាន​ធីតារបស់​ព្រះបាទ​ចូឡនី មិនទ្រង់​ជ្រាប​មរណៈ​របស់​ព្រះអង្គ ដូចត្រី​យ៉ាងនោះឯង។ បើទ្រង់​សេ្តចទៅកាន់​ក្រុងបញ្ចាល ទ្រង់​មុខជានឹង​លះចោល​ព្រះអង្គ​យ៉ាងឆាប់ ភ័យ​ធំនឹង​មកដល់​ព្រះអង្គ ដូចភ័យ​ធំមកដល់​ម្រឹគ ដែលដើរ​ទៅតាមផ្លូវ (ទៀបទ្វារ​នៃស្រុក)។ បពិត្រ​ព្រះជនិន្ទ បុរស​មានសភាព​មិនថ្លៃថ្នូរ ដូចពស់​នៅក្នុងថ្នក់ គប្បីចឹក ​បុរសមាន​ប្រាជ្ញា មិនគប្បី​ធ្វើនូវ​មេត្រីភាព​ដោយបុរស​នោះទេ ព្រោះថា ការគប់រក​ដោយ​បុរសអាក្រក់ រមែង​​នាំមក​នូវសេចក្តី​ទុក្ខ​ដោយពិត។ បពិត្រ​ព្រះជនិន្ទ បណ្ឌិត​បុរស ស្គាល់នូវ​បុគ្គលណា​ថា អ្នកនេះ​មានសីល មាន​ការចេះដឹង​ច្រើនដូចេ្នះ បណ្ឌិត​បុរសនោះ គួរធ្វើ​មេត្រីភាព​ជា​មួយនឹង​បុគ្គល​នោះ ព្រោះថា​ការសេពគប់​ដោយ​សប្បុរស​ទាំងឡាយ រមែង​នាំមកនូវ​សេចក្តី​សុខពិត។

[២៤០] បពិត្រព្រះរាជា ព្រះអង្គជាមនុស្សល្ងង់លីលា បានពោលនូវសេចក្តី​ចំរើនដ៏ឧត្តម​ក្នុងសំណាក់​នៃខ្ញុំ​ព្រះអង្គ​ថា ខ្ញុំព្រះអង្គ​ជាអ្នក​ចំរើនដោយ​ចុងនង្គ័ល ធ្វើមេ្តច​នឹង​ដឹង​សេចក្តី​ចំរើនដូច​អ្នកដទៃ។ អ្នកទាំងឡាយ ចូរចាប់​មហោសធ​នេះត្រង់ ក ហើយឲ្យ​វិនាស​ចាកដែន​របស់អញ​ចេញ​ទៅ ព្រោះវា​ហ៊ាន​និយាយ​ឲ្យអញ​អន្តរាយ​នូវការបាន​ស្រីកែវ។

[២៤១] (ព្រះបាទវិទេហៈ…) ម្នាលមហោសធ បណ្ឌិតទាំងឡាយ រមែងមិនចាក់​ដោតដោយ​ទោសដែល​កន្លងទៅ​ហើយទេ អ្នកចាក់​ដោតយើង ដូចគេ​យក​ជន្លួញ​ចាក់សេះ​ដែលចង​ទុកហើយ​ធ្វើអ្វី។ ប្រសិនបើ​អ្នកឃើញ​សេចក្តី​រួច​របស់យើង ឬឃើញ​សេចក្តី​កេ្សមរបស់​យើង ចូរអ្នក​ពន្យល់យើង​ដោយ​សោត្ថិភាព​នោះចុះ អ្នកចំា​បាច់ចាក់​ដោតយើង​ដោយទោសដែល​កន្លង​ទៅ​ហើយ​ធ្វើអ្វី។

[២៤២] (មហោសធ…) អំពើជារបស់នៃមនុស្ស​ដែលកន្លង​ហួសទៅ​ហើយ ជាអំពើ​គេ​កែបាន​ដោយក្រ សម្រួល​វិញបាន​ដោយក្រ ខ្ញុំព្រះអង្គ​មិនអាច​នឹងដោះ​ព្រះអង្គ​បានទេ បពិត្រ​ក្សត្រិយ៍ សូមព្រះអង្គ​ទ្រង់ជ្រាបចុះ។ ដំរី​ទាំងឡាយ មានឫទ្ធិ មានយស អាចទៅ​តាម​អាកាស​បាន ដំរីបែប​នោះរបស់​ព្រះរាជា​ណា សូមឲ្យ​ដំរីទាំង​នោះ នាំ​ព្រះរាជា​នោះទៅ​ចុះ។ សេះ​ទាំងឡាយ មានឫទ្ធិ មានយស អាចទៅ​តាមអាកាស​បាន សេះបែប​នោះរបស់​ព្រះរាជា​ណា សូមឲ្យ​សេះទាំង​នោះ នាំព្រះរាជា​នោះទៅចុះ។ បក្សីទាំង​ឡាយ មានឫទ្ធិ មានយស អាចទៅតាម​អាកាស​បាន បក្សីបែប​នោះរបស់​ព្រះរាជាណា សូមឲ្យ​បក្សី​ទាំងនោះ នាំព្រះ​រាជានោះ​ទៅចុះ។ យក្សទាំង​ឡាយ មានឫទ្ធិ មានយស អាចទៅ​តាម​អាកាស​បាន យក្សបែប​នោះ​របស់​ព្រះរាជា​ណា សូមឲ្យ​យក្ស​ទាំងនោះ នាំព្រះរាជា​នោះទៅ​ចុះ។ អំពើ​ជារបស់​នៃមនុស្ស ដែលកន្លង​ហួសទៅ​ហើយ ជាអំពើគេ​កែបាន​ដោយក្រ សម្រួល​វិញបាន​ដោយក្រ បពិត្រ​ក្សត្រិយ៍ ខ្ញុំព្រះអង្គ​មិនអាច​ដោះព្រះអង្គ​ទៅតាម​អាកាស​បានទេ។

[២៤៣] (អាចារ្យសេនកៈ…) បុរសជាអ្នកមិនឃើញត្រើយ​ក្នុងមហាសមុទ្រ បុរស​នោះ​បានទី​ពំនាក់​ក្នុងប្រទេស​ណា គេក៏បាន​សេចក្តី​សុខក្នុង​ប្រទេសនោះ (យ៉ាង​ណា​មិញ)។ បពិត្រ​មហោសធ អ្នកជា​ទីពឹងរបស់​ពួកយើង និងព្រះរាជា ក៏យ៉ាង​នោះដែរ ព្រោះអ្នក​ជាបុគ្គល​ប្រសើរ​ជាងពួក​យើង និង​ពួកមន្រ្តី សូមអ្នក​ដោះពួក​យើងអំពី​ទុក្ខ។

[២៤៤] (មហោសធ…) អំពើជារបស់នៃមនុស្ស ដែលកន្លង​ហួសទៅ​ហើយ ជាអំពើ​គេកែ​បានដោយ​ក្រ សម្រួល​វិញបាន​ដោយក្រ ខ្ញុំមិន​អាចនឹងដោះ​អ្នកបានទេ នែសេនកៈ អ្នកចូរ​ដឹងចុះ។

[២៤៥] (ព្រះបាទវិទេហៈ…) អ្នកចូរស្តាប់ពាក្យរបស់យើងនេះ អ្នកឃើញ​ភ័យធំ​នុ៎ះ (ស្រាប់ហើយ) ម្នាល​អាចារ្យ​សេនកៈ ឥឡូវនេះ អញសួរ តើអ្នក​សំគាល់​របស់​ដែលគួរ​ធ្វើដូចមេ្តច​ក្នុងរឿង​នេះ។

[២៤៦] (អាចារ្យសេនកៈ…) ពួកយើងគួរដុតភ្លើងត្រង់ទ្វារ ឬកាន់​កាំបិត​សម្លាប់​គ្នានឹងគ្នា យើងនឹង​លះបង់​ជីវិត​យ៉ាងឆាប់ កុំឲ្យ​ព្រះបាទ​ព្រហ្មទត្ត​សម្លាប់​ពួកយើង​ឲ្យ​លំបាក​​អស់កាល​យូរឡើយ។

[២៤៧] (ព្រះបាទវិទេហៈ…) អ្នកចូរស្តាប់ពាក្យរបស់យើងនេះ អ្នកឃើញ​ភ័យធំនុ៎ះ (ស្រាប់ហើយ) ម្នាល​អាចារ្យ​បុក្កុសៈ ឥឡូវនេះ​អញសួរ តើអ្នក​សំគាល់​របស់​ដែលគួរ​ធ្វើដូចមេ្តច​ក្នុងរឿងនេះ។

[២៤៨] (អាចារ្យបុក្កុសៈ…) ពួកយើងគួរស៊ីថ្នាំពិសឲ្យស្លាប់ នឹងលះបង់​ជីវិត​យ៉ាងឆាប់ កុំឲ្យ​ព្រះបាទ​ព្រហ្មទត្ត​សម្លាប់​ពួកយើង ឲ្យលំបាក​អស់កាល​យូរឡើយ។

[២៤៩] (ព្រះបាទវិទេហៈ…) អ្នកចូរស្តាប់ពាក្យ​របស់យើងនេះ អ្នកឃើញ​ភ័យធំនុ៎ះ (ស្រាប់ហើយ) ម្នាល​អាចារ្យ​កាមិន្ទៈ ឥឡូវនេះ​អញសួរ តើអ្នក​សំគាល់​របស់ដែល​គួរធ្វើ​ដូចមេ្តច​ក្នុងរឿងនេះ។

[២៥០] (អាចារ្យកាមិន្ទៈ…) ពួកយើងគប្បីយកខ្សែចង​ឲ្យស្លាប់ ឬលោត​ចុះទៅ​ក្នុងអណ្តូង (ឲ្យស្លាប់) កុំឲ្យ​ព្រះបាទ​ព្រហ្មទត្ត​សម្លាប់ពួក​យើង​ឲ្យលំបាក​អស់កាល​យូរឡើយ។

[២៥១] (ព្រះបាទវិទេហៈ…) អ្នកចូរស្តាប់ពាក្យ​របស់យើងនេះ អ្នកឃើញ​ភ័យធំនុ៎ះ (ស្រាប់ហើយ) ម្នាល​អាចារ្យទេវិន្ទៈ ឥឡូវនេះ​អញសួរ តើអ្នកសំគាល់​របស់ដែល​គួរធ្វើ​ដូចមេ្តច ក្នុងរឿងនេះ។

[២៥២] (អាចារ្យទេវិន្ទៈ…) ពួកយើង (បិទទា្វរ) ដុតភ្លើង ហើយកាន់​កាំបិតសម្លាប់​គ្នាងនឹងគ្នា យើង​នឹងលះបង់​ជីវិត​យ៉ាងឆាប់ (បើ) មហោសធ​មិនអាច​នឹងដោះ​ពួកយើង​ឲ្យរួច​ដោយងាយ​ទេ។

[២៥៣] (ព្រះបាទវិទេហៈ…) បុគ្គលស្វែងរកខ្លឹមនៃដើមចេក រមែង​មិនបាន​យ៉ាង​ណាមិញ យើង​សែ្វងរក (ឧបាយជា​គ្រឿងរួច​ចាកទុក្ខ) ក៏មិន​បានប្រស្នា​នោះ ក៏យ៉ាង​នោះ​ដែរ។ បុគ្គល​ស្វែងរក​ខ្លឹមនៃ​ដើមរកា រមែងមិនបាន យ៉ាង​ណាមិញ យើង​ស្វែងរក ក៏មិន​បានប្រស្នា​នោះ ក៏យ៉ាង​នោះដែរ។ ការនៅ​នៃដំរី​ទាំងឡាយ ក្នុងទី​មិនមាន​ទឹក ឈោ្មះថា​នៅក្នុង​ទីមិនមែន​ប្រទេស (យ៉ាង​ណាមិញ) កាលបើ​យើងនៅ​ក្នុងទីជិត​នៃពួក​មនុស្ស​អាក្រក់​ល្ងង់ខ្លៅ មិនចេះ មិនដឹង (ឈ្មោះថានៅ​ក្នុងទី​មិនមែនជា​ប្រទេស ក៏ដូច្នោះ​ឯង)។ ហ្ឫទ័យ​របស់យើង​ញ័ររន្ធត់ ទាំងមាត់​របស់​យើង​ក៏សោះស្ងួត យើងមិន​បានសេចក្តី​រលត់ ដូចឈើ​ត្រូវភ្លើង​ឆេះ​ក្នុងកណ្តាល​កំដៅថ្ងៃ។ ចង្រ្កាន​របស់ជាង​មាសឆេះ​តែខាងក្នុង មិនឆេះ​ខាងក្រៅ យ៉ាង​ណាមិញ ហ្ឫទ័យ​របស់យើង ឆេះតែ​ខាងក្នុង មិនឆេះ​ខាងក្រៅ ក៏យ៉ាង​នោះដែរ។

[២៥៤] (អភិសម្ពុទ្ធគាថា…) វេលានោះ មហោសធជាអ្នកប្រាជ្ញ មានប្រាជ្ញា ឃើញ​ប្រយោជន៍​ជាប្រក្រតី​នោះ បានឃើញ​ព្រះបាទវិទេហៈ ទ្រង់មាន​សេចក្តីទុក្ខ ទើប​ក្រាបបង្គំ​ទូលថា បពិត្រ​មហារាជ ព្រះអង្គ​កុំភ័យ​ឡើយ បពិត្រ​ព្រះអង្គ​ប្រសើរ​លើរថ ព្រះអង្គ​កុំភ័យ​ឡើយ ទូលព្រះបង្គំ​នឹងដោះ​ព្រះអង្គ ដូចគេ​ដោះ​ព្រះចន្រ្ទ​ដែលរាហូ​ចាប់ហើយ។ បពិត្រ​មហារាជ ព្រះអង្គ​កុំភ័យ​ឡើយ បពិត្រ​ព្រះអង្គ​ប្រសើរ​លើរថ ព្រះអង្គ​កុំភ័យ​ឡើយ ទូល​ព្រះបង្គំ​នឹង​ដោះព្រះអង្គ ដូចគេ​ដោះ​ព្រះអាទិត្យ​ដែលរាហូ​ចាប់ហើយ។ បពិត្រ​មហារាជ ព្រះអង្គ​កុំភ័យ​ឡើយ បពិត្រ​ព្រះអង្គ​ប្រសើរលើ​រថ ព្រះអង្គ​កុំភ័យ​ឡើយ ទូលព្រះបង្គំ​នឹងដោះ​ព្រះអង្គ ដូចគេ​ដោះដំរី​ផុង​ក្នុងភក់។ បពិត្រ​មហារាជ ព្រះអង្គ​កុំភ័យ​ឡើយ បពិត្រ​ព្រះអង្គ​ប្រសើរលើ​រថ ព្រះអង្គកុំ​ភ័យឡើយ ទូលព្រះបង្គំ​នឹងដោះ​ព្រះ​អង្គ ដូចគេដោះ​ពស់ដែលជាប់​នៅក្នុង​កំប្រោង។ បពិត្រ​មហារាជ ព្រះអង្គ​កុំភ័យឡើយ បពិត្រ​ព្រះអង្គ​ប្រសើរលើរថ ព្រះអង្គ​កុំភ័យ​ឡើយ ទូលព្រះបង្គំ​នឹងដោះ​ព្រះអង្គ ដូចគេ​ដោះ​បក្សី​ដែលជាប់​នៅក្នុងទ្រុង។ បពិត្រ​មហារាជ ព្រះអង្គ​កុំភ័យឡើយ បពិត្រ​ព្រះអង្គ​ប្រសើរ​លើរថ ព្រះអង្គ​កុំភ័យ​ឡើយ ទូលព្រះបង្គំ​នឹងដោះ​ព្រះអង្គ ដូចគេ​ដោះត្រី​ទាំងឡាយ​ដែលជាប់​នៅក្នុង​សំណាញ់។ បពិត្រ​មហារាជ ព្រះអង្គ​កុំភ័យ​ឡើយ បពិត្រ​ព្រះអង្គ​ប្រសើរ​លើរថ ព្រះអង្គ​កុំភ័យ​ឡើយ ទូលព្រះបង្គំ​នឹងដោះ​ព្រះអង្គ​ចេញ ព្រមទាំង​យាន​រេហ៍ពល និង​ពាហនៈ។ បពិត្រ​មហារាជ ព្រះអង្គ​កុំភ័យ​ឡើយ បពិត្រ​ព្រះអង្គ​ប្រសើរ​លើរថ ព្រះអង្គកុំ​ភ័យឡើយ ទូលព្រះបង្គំ​នឹងដេញ​ព្រះបាទ​បញ្ចាល​ឲ្យរត់​ទៅ ដូចជា​គេ​ដេញក្អែក និងខ្លែង​ដោយ​ដុំដី។ បុគ្គល​ណា មិន​ជួយ​ព្រះអង្គ​ដែលមាន​សេចក្តី​ចង្អៀត (ព្រោះ​មរណៈ) ឲ្យរួច​ចាកទុក្ខ​បានទេ ប្រាជ្ញា (របស់​បុគ្គលនោះ) មាន​ប្រយោជន៍​អ្វី ឬអាមាត្យ​បែបនោះ (មាន​ប្រយោជន៍អ្វី)។

[២៥៥] នែមាណពទាំងឡាយ អ្នកទាំងឡាយចូរមក ចូរក្រោកឡើង អ្នកទាំង​ឡាយ ចូរបើក​មាត់នៃ​គន្លឹះយន្ត ព្រះបាទ​វិទេហៈ មួយអន្លើ​ដោយ​ពួកអាមាត្យ នឹងសេ្តច​ទៅតាម​ឧម្មង្គ។

[២៥៦] ពួកជនអ្នកធ្វើការបំរើរបស់មហោសធបណ្ឌិត ស្តាប់ពាក្យ​របស់លោក​ហើយ ទើបបើក​ទ្វារនៃ​ឧម្មង្គ និងគន្លឹះទ្វារ​ដែលប្រកប​ដោយ​គ្រឿងយន្ត។

[២៥៧] អាចារ្យសេនកៈដើរមុន មហោសធដើរក្រោយ ព្រះបាទ​វិទេហៈ មាន​អាមាត្យ​ហែហម សេ្តចយាង​ត្រង់កណ្តាល។

[២៥៨] ព្រះបាទវិទេហៈ សេ្តចទ្រង់ចេញអំពីឧម្មង្គ ហើយឡើង​គង់លើ​ព្រះទីនាំង​នាវា មហោសធ​ដឹងថា ព្រះរាជា​ឡើងគង់​ហើយ ក៏ប្រៀន​ប្រដៅថា បពិត្រ​ព្រះសម្មតិទេព ព្រះបាទ​ចូឡនី​ព្រហ្មទត្ត​នេះ ជា​ព្រះបិតាកេ្មក​របស់​ព្រះអង្គ បពិត្រ​ព្រះអង្គ​ជា​ធំជាង​ជន ព្រះនាង​នន្ទាទេវី​នេះ ជាព្រះមាតា​កេ្មករបស់​ព្រះអង្គ ការប្រតិបតិ្ត​ព្រះវររាជមាតា (របស់​ព្រះអង្គ) យ៉ាងណា ការ​ប្រតិបតិ្ត​ព្រះមាតាកេ្មក ចូរមាន​ដល់ព្រះអង្គ ​ក៏យ៉ាង​នោះដែរ។ ព្រះរាជ​បុត្ត​ច្បង​រួមឧទរ មានព្រះមាតា​ជា​មួយគ្នា យ៉ាងណា បពិត្រ​ព្រះអង្គ​ប្រសើរ​លើរថ បញ្ចាលចន្ទ​រាជកុមារ ព្រះអង្គ​គប្បី​ស្រឡាញ់​យ៉ាងនោះ​ដែរ។ បពិត្រ​ព្រះអង្គ​ប្រសើរ​លើរថ ព្រះនាង​បញ្ចាលចន្ទី​ទេវីនេះ ជា​ព្រះរាជបុត្រី (របស់​ព្រះបាទ​ចូឡនីព្រហ្មទត្ត) ដែល​ព្រះអង្គ​ទ្រង់ប្រាថ្នា សូមព្រះអង្គ​ធ្វើ​សេចក្តីប្រាថ្នា​របស់​ព្រះអង្គ​ចំពោះ​ព្រះនាងនោះ ព្រះនាង​ជាភរិយា​របស់​ព្រះអង្គហើយ។

[២៥៩] (ព្រះបាទវិទេហៈ…) ម្នាលមហោសធ អ្នកចូរប្រញាប់​ប្រញាល់​ឡើងជិះ​ទូកមក នៅឈរ​លើច្រាំង​ធ្វើអ្វី យើងទាំងឡាយ​រួចចាក​ទុក្ខដោយ​លំបាក យើង​នឹងទៅ​ឥឡូវនេះ។

[២៦០] (មហោសធ…) បពិត្រមហារាជ ខ្ញុំព្រះអង្គដែលជានាយក​នៃសេនា លះបង់​ចោលនូវ​អង្គនៃសេនា ហើយដោះ​យកតែខ្លួន នេះមិនមែន​ជាទំនៀម​ទេ។ បពិត្រ​ព្រះសម្មតិ​ទេព​​ប្រសើរ​លើរថ ខ្ញុំព្រះអង្គ​នឹងដឹកនាំ​នូវអង្គ​នៃសេនា​ដែល​ព្រះអង្គ​បោះបង់​ចោលក្នុង​រាជនិវេសន៍ និង​របស់ដែល​ព្រះបាទ​ព្រហ្មទត្ត​ថ្វាយហើយ។

[២៦១] (ព្រះបាទវិទេហៈ…) ម្នាលបណ្ឌិត អ្នកឯង​ជាអ្នកមាន​សេនាតិច នឹងសង្កត់​សង្កិន​ទប់ទល់​ព្រះបាទ​ចូឡនីព្រហ្មទត្ត ដែលមាន​សេនាច្រើន​ដូចមេ្តច​បាន អ្នកឯង​ជាអ្នក​មានកម្លាំងខ្សោយ មុខជា​លំបាក​ដោយ​ព្រះបាទចូឡនី​ព្រហ្មទត្ត​ដែលមាន​កម្លាំង។

[២៦២] (ពោធិសត្វ…) បុគ្គលមានប្រាជ្ញា សូម្បីមាន​សេនាតិច រមែង​ឈ្នះបុគ្គល​មិនមាន​ប្រាជ្ញា ដែលមាន​សេនាច្រើន ព្រះរាជា​តែមួយ​ព្រះអង្គ (ជាអ្នក​ឈ្លាសក្នុង​ឧបាយ) រមែង​ឈ្នះ​ព្រះរាជា​ទាំងឡាយ (ជាអ្នក​ល្ងង់ក្នុង​ឧបាយ) ដូច​ព្រះអាទិត្យ ដែល​រះឡើង (រមែងឈ្នះ) ងងឹត​ដូច្នោះ​ឯង។

[២៦៣] (ព្រះបាទវិទេហៈ…) នែអាចារ្យសេនកៈ ការនៅរួម​ជាមួយ​នឹងពួក​បណ្ឌិត នាំមក​នូវសេចក្តី​សុខស្រួល​ណាស់ហ្ន៎ ព្រោះថា មហោសធ បានដោះ​ពួក​យើង ដែលនៅ​ក្នុងកណ្តាប់​ដៃ​នៃសត្រូវ​ឲ្យរួចបាន ដូចគេ​ដោះហ្វូងបក្សី​ដែល​ជាប់នៅ​ក្នុងទ្រុង ឬដូច​គេដោះ​ហ្វូងត្រី ដែលជាប់​នៅក្នុង​សំណាញ់​ដូច្នោះ។

[២៦៤] (អាចារ្យសេនកៈ…) បពិត្រមហារាជ ពិតមែនហើយ បណ្ឌិត​ទាំងឡាយ នាំមកនូវ​សេចក្តីសុខ​យ៉ាងនោះ​ឯង មហោសធ​បានដោះ​ពួកយើង​ដែលនៅ​ក្នុង​កណ្តាប់​ដៃនៃសត្រូវ​ឲ្យរួច​បាន ដូចគេ​ដោះហ្វូង​បក្សីដែល​ជាប់នៅ​ក្នុងទ្រុង ឬដូច​គេដោះ​ហ្វូងត្រី ដែលជាប់​នៅក្នុង​សំណាញ់​ដូច្នោះ។

[២៦៥] (អភិសម្ពុទ្ធគាថា) ព្រះបាទចូឡនីព្រហ្មទត្ត មានកំឡាំង​ច្រើន ទ្រង់រក្សា​អស់រាត្រី​ទាំងមូល កាល​អរុណរះ​ឡើង ក៏សេ្តច​ចូលទៅ​ដល់ក្រុង​ឧបការៈ។ ព្រះបាទ​ចូឡនី​គ្រប់គ្រង​ក្រុងបញ្ចាល មាន​កំឡាំងច្រើន ស្តេចឡើង​គង់លើ​ដំរីប្រសើរ​ដ៏មានកំឡាំង ជាដំរី​មានអាយុ​ប្រមាណ ៦០ ឆ្នាំ បានត្រាស់ទៅ (នឹងសេនា​របស់​ព្រះអង្គ)។ ព្រះបាទ​ចូឡនី​ព្រហ្មទត្ត ទ្រង់សៀត​គ្រឿង​ក្រោះ ជាវិការៈ​នៃកែវមណី ព្រះហស្ត​ចាប់សរ បានត្រាស់​ទៅនឹង​រេហ៍ពល​អ្នកទទួល​បំរើ (របស់​ព្រះអង្គ) ជាអ្នក​មានសិល្ប​ច្រើនដែល​មកចួបជុំ​គ្នា។ (ព្រះបាទ​ចូឡនី​ត្រាស់ទៅ) នឹងពលដំរី ពលសេះ ពលរថ ពលថ្មើរជើង និងខ្មាន់ធ្នូ ដែលមាន​ដៃដ៏ស្ទាត់​ក្នុងសិល្ប​ធ្នូ អាចបាញ់​រោមត្រូវ ដែលមក​ចួប​ជុំគ្នា។

[២៦៦] (ព្រះបាទចូឡនី…) អ្នកទាំងឡាយ ចូរបញ្ជូនដំរីមានភ្លុក ដ៏មានកំឡាំង ជាដំរី​មានអាយុ​ប្រមាណ ៦០ ឆ្នាំ ចូរឲ្យ​ដំរីទាំងឡាយ​ញាំញី​ទីក្រុង​ដែលព្រះបាទ​វិទេហៈ សាងទុក​ហើយ។ (ពួកព្រួញ) មានសម្បុរ ស មានមុខ​ដូចពន្លាក មានចុង​ដ៏មុត អាចចាក់​ទំលាយ​នូវឆ្អឹង ដែលបាញ់​ដោយ​កំឡាំងធ្នូ ឲ្យធ្លាក់​ចុះព្រមគ្នា អំពីខាង​នេះខាង​នោះ។ ពួក​សេនាកេ្មង ៗ ក្លៀវក្លា ពាក់គ្រឿង​ក្រោះ មានអាវុធ​ប្រកប​ដោយដង​ដ៏វិចិត្រ កាលបើ​ពួកដំរីធំ​ស្ទុះចូលមក ចូរអ្នក​នាំគ្នា (តស៊ូ) ចំពោះ​មុខដំរី​ទាំងឡាយ។ លំពែង​ទាំងឡាយ ដែលគេ​លាងជម្រះ​ដោយប្រេង មានរស្មី​ភ្លឺផ្លេក រុងរឿង​ដូច​ជាផ្កាយព្រឹក មានរស្មី​ច្រើន។ កាលបើ​ពួកយោធា (របស់យើង) មានគ្រឿង​អាវុធ​ជាកំឡាំង ទ្រទ្រង់​សង្វារ គឺគ្រឿង​ក្រោះ​ប្រាកដ​ដូច្នេះ មិនបាន​រត់ក្នុង​សង្រ្គាមទេ ព្រះបាទ​វិទេហៈ​នឹងរួចពី​ដៃយើង​អំពីណា បើក្រែង​តែព្រះបាទ​វិទេហៈ​នឹងធ្វើ​ដូច​បក្សី (ទើបរួច)។ ពួកយោធា​របស់យើង​ទាំងអស់ មាន​ចំនួន ៣៩.០០០ នាក់ អាចកាត់​ក្បាលសត្រូវ ហើយរើស​យកក្បាល​មួយ ៗ មក យើងបាន​ដើរសព្វ​លើផែនដី មិនឃើញ​ពួក​យោធាណា​សើ្មឡើយ។ ដំរី​ទាំងឡាយ មានភ្លុក ប្រដាប់ហើយ មានកំឡាំង ជាដំរីមាន​អាយុ​ប្រមាណ ៦០ ឆ្នាំ ពួកយោធា​នៅ​ក្មេងៗ មានសម្បុរ​ដូចមាស រមែង​ល្អលើ កនៃដំរី​ទាំងឡាយ។ យោធា​ទាំងឡាយ មាន​គ្រឿង​អលង្ការ​មានពណ៌​លឿង ស្លៀក​សំពត់មាន​ពណ៌​លឿង ដណ្តប់​សំពត់​មានពណ៌​លឿង រមែងល្អលើ​-កនៃដំរី​ទាំងឡាយ ដូច​ទេវបុត្ត​ទាំងឡាយ​ក្នុងនន្ទវ័ន។ ព្រះខាន់​ទាំងឡាយ​ មានសម្បុរ​ដូចត្រី​ស្លាត ដែលលាងជំរះ​ដោយប្រេង មានរស្មី​ភ្លឺផ្លេក​ដែលបុរស​អ្នក​មានព្យាយាម​ធ្វើសម្រេច​ហើយ មានមុខស្មើ ដែលគេ​សម្លៀងល្អ​ហើយ។ ព្រះខាន់​ទាំងឡាយ​មិនមាន​ស្នឹម រុងរឿង​ដូចជា​ព្រះអាទិត្យ ឋិតនៅ​ក្នុងទី​ពាក់កណ្តាល ដែល​គេធ្វើ​ដោយដែក​ថែបដ៏មាំ ដែលពួក​យោធាអ្នក​មាន​កំឡាំងជំនាញ​ក្នុងវិធី​ប្រហារមាំ កាន់​យក​ហើយ។ ព្រះខាន់​ទាំងឡាយ បរិបូណ៌​ដោយដង​ជាវិការៈ​នៃមាស ទ្រទ្រង់ដោយ​ស្រោម​មានពណ៌​ក្រហម កាលបើ​គេគ្រវីឡើង រមែងល្អ​ដូចជា​ផ្លេកបន្ទោរ​ភ្លឺផ្លេក​ក្នុងចន្លោះ​នៃ​ពពក។ ពួកខ្មាន់ធ្នូ​អ្នកក្លៀវក្លា ពាក់គ្រឿងក្រោះ អាចប្រព្រឹត្តទៅ​ក្នុងអាកាស​បាន អ្នកឈ្លាស​ក្នុងការ​កាន់ដាវ និងខែល ជាអ្នក​ហាត់ក្នុង​ការកាន់​ធ្នូដ៏ក្រៃលែង អាចកាត់​នូវក​នៃដំរី​ឲ្យធា្លក់​ចុះបាន។ អ្នកឯង​ត្រូវ​ពួកយោធា​ប្រាកដ​ដូច្នេះ ព័ទ្ធហើយ អ្នកឯង​មិនរួច​អំពីទី​នេះទេ អ្នកនឹងទៅ​កាន់​ក្រុងមិថិលា ដោយ​រាជានុភាព​ណា យើងមិន​បានឃើញ​រាជានុភាព​នោះ​របស់​អ្នកទេ។

[២៦៧] (ព្រះពោធិសត្វ…) ព្រះអង្គទ្រង់ប្រញាប់ប្រញាល់បញ្ជូនដំរី​ដ៏ប្រសើរ​មក ព្រះអង្គ​មានព្រះហ្ឫទ័យ​រីករាយ​យាងមក ហើយ​ទ្រង់សំគាល់ថា អាត្មាអញ នឹងបាន​សម្រេច​ប្រយោជន៍​ដូច្នេះ​ឬហ្ន៎។ សូមព្រះអង្គ​ដាក់ធ្នូ និងបំពង់​ព្រួញនុ៎ះ​ចេញ សូមព្រះអង្គ​ដាក់​កូនសរនុ៎ះ​ចេញ សូមព្រះអង្គ​ដាក់គ្រឿង​ក្រោះដ៏ល្អ​ប្រហែល​ដោយ​កែវពៃទូរ្យ និង​កែវមណី​នុ៎ះចេញ។

[២៦៨] (ព្រះបាទចូឡនី…) អ្នកឯងជាអ្នកមានសម្បុរមុខស្រស់បស់ ទាំងនិយាយ ក៏ញញឹម​ញញែម​ជាប់ ឯការបរិបូណ៌​ដោយសម្បុរ​បែបនេះ រមែងមាន​ប្រាកដ​ក្នុង​មរណកាល។

[២៦៩] (មហោសធ…) បពិត្រក្សត្រជាព្រះរាជា ពាក្យដែល​ព្រះអង្គ​គម្រាម​ហើយ ជាពាក្យ​សោះសូន្យ​ទទេ ព្រះអង្គ​មានការប្រឹក្សា​ធ្លាយហើយ ឯព្រះរាជា (របស់យើង) ព្រះអង្គ​មិនងាយ​នឹងចាប់​យកបានទេ ដូចសេះ​សិន្ធព និងសេះខ្ចក។ ព្រះរាជា (ក្រុងមិថិលា) ព្រមដោយ​អាមាត្យ និង​រាជបរិស័ទ ឆ្លងស្ទឹងគង្គា​តាំងពី​ថ្ងៃម្សិលទៅ​ហើយម្ល៉េះ ក្អែកស្ទុះ​តាម​រាជហង្ស នឹងធ្លាក់​ចុះក្នុងពាក់​កណ្តាលផ្លូវ យ៉ាង​ណាមិញ (បើព្រះអង្គ​នឹងតាម​ព្រះរាជា​នោះ នឹងដល់​សេចក្តី​វិនាស​ក្នុងពាក់​កណ្តាល​ផ្លូវ ក៏យ៉ាង​នោះដែរ)។

[២៧០] ឆ្កែចចកទាំងឡាយជាម្រឹគថោកទាប ឃើញផ្កាចា​ដែលរីក​ក្នុងចំណែក​នៃរាត្រី ក៏សំគាល់ថា ដុំសាច់ ហើយនាំ​គ្នាចោមរោម។ (ឆ្កែចចកទាំង​នោះ) ជាម្រឹគ​ថោកទាប កាលបើ​រាត្រីកន្លង​ទៅហើយ ព្រះអាទិត្យ​ក៏រះឡើង ទើបឃើញ​ច្បាស់ថា ជា​ផ្កាចា​រីក ក៏ដាច់​សេចក្តី​ប្រាថ្នា (រត់ទៅ) យ៉ាងណា។ បពិត្រ​ព្រះរាជា ព្រះអង្គ​ចោមព័ទ្ធ​ព្រះបាទ​វិទេហៈ នឹងដាច់​សេចក្តី​ប្រាថ្នា ​ហើយ​ទៅ ដូចពួក​ឆ្កែចចក (ចោមរោម) នូវផ្កាចា​ដូច្នោះ​ដែរ។

[២៧១] (ព្រះបាទចូឡនី…) អ្នកទាំងឡាយ ចូរកាត់ដៃ និងជើង ត្រចៀក និង​ច្រមុះ​នៃ​មហោសធ​នេះ ព្រោះវា​ធ្វើព្រះបាទ​វិទេហៈ​ជាសត្រូវ​ដែលនៅ​ក្នុង​កណ្តាប់​ដៃយើង​ឲ្យ​រួច​ទៅវិញ។ សេនា​ទាំងឡាយ ចូរដោត​គហបតីបុត្រ​នេះ​ដោយឈើស្រួច ហើយ​ចំអិនវា ដូចគេ​ចំអិន​សាច់ដែល​គួរចំអិន ព្រោះវា​ធ្វើសេ្តច​វិទេហៈ​ជាសត្រូវ ដែលនៅ​ក្នុងកណ្តាប់​ដៃយើង​ឲ្យរួច​ទៅវិញ។ បុគ្គល​ដោតសន្ធឹង​ស្បែកគោ​លើផែនដី ពុំនោះ​សោត ថ្ពក់ស្បែក​សីហៈ ឬខ្លាធំ​ដោយកង្វេរ យ៉ាងណា។ យើងនឹង​ចាក់ដោត​វាដោយ​លំពែង យ៉ាងនោះ ព្រោះវាធ្វើ​ព្រះបាទ​វិទេហៈ​ជាសត្រូវ ដែលនៅ​ក្នុងកណ្តាប់​ដៃ​យើងឲ្យរួច​ទៅវិញ។

[២៧២] (មហោសធ…) បើព្រះអង្គកាត់នូវដៃ ជើង ត្រចៀក និងច្រមុះ​របស់ខ្ញុំ​ព្រះអង្គ ព្រះបាទ​វិទេហៈ មុខជា​នឹងកាត់ (ដៃ ជើង ត្រចៀក និងច្រមុះ) របស់​ព្រះរាជបុត្រ​ឈោ្មះ​បញ្ចាលចន្ទៈ យ៉ាង​ហ្នឹងដែរ។ បើព្រះអង្គ​កាត់ដៃ ជើង ត្រចៀក និងច្រមុះ​របស់ខ្ញុំ​ព្រះអង្គ ព្រះបាទ​វិទេហៈ មុខជា​នឹងកាត់ (នូវដៃ ជើង ត្រចៀក និងច្រមុះ) របស់​ព្រះរាជធីតា​ឈោ្មះ​បញ្ចាលចន្ទី យ៉ាងហ្នឹង​ដែរ។ បើព្រះអង្គ​កាត់ដៃ និងជើង ត្រចៀក និងច្រមុះ​របស់ខ្ញុំ​ព្រះអង្គ ព្រះបាទ​វិទេហៈ មុខជា​នឹងកាត់ (នូវដៃជើង ត្រចៀក និងច្រមុះ) របស់​អគ្គមេហសី ឈោ្មះ​នន្ទាទេវី យ៉ាងហ្នឹង​ដែរ។ បើព្រះអង្គ​កាត់ដៃ និងជើង ត្រចៀក និង​ច្រមុះ​របស់ខ្ញុំ​ព្រះអង្គ ព្រះបាទ​វិទេហៈ មុខជា​នឹងកាត់ (នូវដៃ និងជើង ត្រចៀក និងច្រមុះ) របស់​ព្រះរាជបុត្រ និង​ព្រះមហេសី​របស់​ព្រះអង្គ​យ៉ាងហ្នឹង​ដែរ។ បើព្រះអង្គ​ដោតខ្ញុំ​ដោយឈើ​អណ្តោត ហើយ​ចំអិន ដូចគេចំអិន​សាច់ដែល​គួរចំអិន ព្រះបាទ​វិទេហៈ មុខជានឹង​ប្រើឲ្យគេដោត​ព្រះរាជបុត្រ​ឈ្មោះ​បញ្ចាលចន្ទៈ (ដោយ​ឈើ​អណ្តោត) ហើយ​ចំអិន​យ៉ាង​ហ្នឹង​ដែរ។ បើព្រះអង្គ​ដោតខ្ញុំដោយ​ឈើអណ្តោត ហើយចំអិន ដូចគេ​ចំអិន​សាច់ដែល​គួរចំអិន ព្រះបាទ​វិទេហៈ មុខជានឹងប្រើ​ឲ្យគេ​ដោត​ព្រះរាជធីតា ឈ្មោះ​បញ្ចាលចន្ទី (ដោយឈើ​អណ្តាត) ហើយចំអិន​យ៉ាងហ្នឹង​ដែរ។ បើព្រះអង្គ​ដោតខ្ញុំ​នឹងឈើ​អណ្តោត ហើយចំអិន ដូចគេចំអិនសាច់​ដែល​គួរចំអិន ព្រះបាទ​វិទេហៈ មុខជានឹង​ប្រើឲ្យគេ​ដោត​អគ្គមហេសី​ឈ្មោះ​នន្ទាទេវី (ដោយឈើ​អណ្តោត) ហើយ​ចំអិន​យ៉ាងហ្នឹង​ដែរ។ បើព្រះអង្គ​ដោតខ្ញុំ​នឹងឈើ​អណ្តោត ហើយចំអិន ដូចគេ​ចំអិន​សាច់ដែល​គួរចំអិន ព្រះបាទ​វិទេហៈ មុខជានឹង​ប្រើឲ្យគេដោត​ព្រះរាជបុត្រ និងព្រះ​មហេសី​របស់​ព្រះអង្គ (ដោយឈើ​អណ្តោត) ហើយចំអិន​យ៉ាងហ្នឹង​ដែរ។ បើព្រះអង្គ​ចាក់ដោតខ្ញុំ ដោយ​លំពែង ព្រះបាទ​វិទេហៈ មុខជា​នឹងដោតព្រះ​រាជបុត្រ ឈ្មោះ​បញ្ចាលចន្ទៈ (ដោយ​លំពែង) យ៉ាងហ្នឹង​ដែរ។ បើព្រះអង្គ​ចាក់ដោតខ្ញុំ​ដោយលំពែង ព្រះបាទ​វិទេហៈ មុខជា​នឹងចាក់​ដោត​ព្រះរាជធីតា ឈ្មោះ​បញ្ចាលចន្ទី (ដោយ​លំពែង) យ៉ាងនោះ​ដែរ។ បើព្រះអង្គ​ចាក់​ដោតខ្ញុំ ដោយលំពែង ព្រះបាទ​វិទេហៈ មុខជា​នឹងចាក់​ដោត​អគ្គមហេសី ឈ្មោះ​នន្ទាទេវី (ដោយ​លំពែង) យ៉ាងនោះ​ដែរ។ បើព្រះអង្គ​ចាក់ដោតខ្ញុំ​ដោយលំពែង ព្រះបាទវិទេហៈ មុខជា​នឹងចាក់​ដោត​ព្រះរាជបុត្រ និងព្រះ​មហេសី​របស់​ព្រះអង្គ (ដោយ​លំពែង) យ៉ាងនោះ​ដែរ។ យើងទាំង​ពីរនាក់ គឺ​ស្តេចវិទេហៈ និងទូល​ព្រះបង្គំជា​ខ្ញុំ ប្រឹក្សាគ្នា​រួចស្រេច​ក្នុងទី​ស្ងាត់យ៉ាង​នេះហើយ ខែលស្បែក​មានទម្ងន់ ១០០ បលៈ ដែលជាង​ស្បែកឲ្យ​សម្រេច​ហើយ​ដោយ​សស្រ្តា​របស់ជាង​ស្បែក រមែងជួយ​ការពារខ្លួន ដើម្បី​ទប់រង​នូវកូនសរ​ទាំងឡាយ​យ៉ាងណា។ ទូល​ព្រះបង្គំជា​ខ្ញុំ ជាអ្នកនាំ​សេចក្តីសុខ​មក ជួយ​បន្ទោបង់​សេចក្តីទុក្ខ​នៃ​ព្រះបាទ​វិទេហៈ​ដ៏មានយស តែងទប់​រង​នូវកូនសរ គឺ​ព្រះតម្រិះ​របស់​ព្រះអង្គ​ដោយ​ខែលស្បែក​មានទម្ងន់ ១០០ បលៈ (សេចក្តី​គិតរបស់​ទូលព្រះបង្គំ​ជាខ្ញុំ ក៏ដូច្នោះ​ឯង)។

[២៧៣] បពិត្រមហារាជ សូមអញ្ជើញព្រះអង្គ​ទតព្រះនេត្រ​មើល​ព្រះរាជវាំង​របស់​ព្រះអង្គ​ដែលសូន្យ​ឈឹងចុះ បពិត្រ​ព្រះមហាក្សត្រិយ៍ ស្រីស្នំ និងកុមារ​ទាំងឡាយ និង​ព្រះវររាជ​មាតា​របស់​ព្រះអង្គ ខ្ញុំឲ្យ​នាំចេញចាក​ឧម្មង្គ នាំ​ទៅថ្វាយ​ព្រះ​បាទវិទេហៈ​ហើយ។

[២៧៤] (ព្រះបាទចូឡនី…) បើដូច្នោះ អ្នកទាំងឡាយ ចូរទៅ​ឯព្រះរាជវាំង​របស់​អញ ហើយពិចារណា​មើលហេតុ​នោះ តើសម​ដូចពាក្យ​របស់​មហោសធ​នេះពិត ឬកុហក​ទេ។

[២៧៥] (ពួកអាមាត្យ…) បពិត្រមហារាជ មហោសធទូល​យ៉ាងណា សេចក្តីនុ៎ះ ក៏យ៉ាង​នោះឯង ព្រះរាជវាំង​ទាំងមូល​សូន្យឈឹង ដូចឋាន​ជាទីប្រជុំ​ចុះ​នៃពួកក្អែក។

[២៧៦] (មហោសធ…) បពិត្រមហារាជ ព្រះនាងនារីនន្ទាទេវី ព្រះសព៌ាង្គកាយ​ដ៏​ល្អ មាន​ព្រះសោណី​ដ៏ល្អ ដូចដម្បារមាស មានប្រក្រតី​ពោលពាក្យ​ពីរោះ ដូចជា​សំឡេង​នៃហង្ស បានចេញ​ទៅអំពី​ឧម្មង្គនេះ​ហើយ។ បពិត្រ​មហារាជ ព្រះនាង​នារី មាន​សព៌ាង្គកាយ​ដ៏ល្អ ទ្រទ្រង់​កោសេយ្យពស្រ្ត មានសរីរៈ​ដូចមាស មានខ្សែ​រឹតព្រះអង្គ​នោះ​ក៏ល្អវិចិត្រ​ដោយមាស។ ព្រះនាងនារី មានព្រះបាទ​ដ៏ក្រហមល្អ ប្រកប​ដោយលំអ (៥យ៉ាង) មានខែ្ស​រឹតជាវិការៈ​នៃមាស និង​កែវមណី មានដួង​ព្រះនេត្រ​ប្រាកដសើ្ម​ដោយភ្នែក​សត្វព្រាប មានសរីរៈ​ដ៏ល្អ មានរឹម​ព្រះឱស្ឋរលីង ល្អដូចជាផ្លែ​ទន្លាប់ មានចង្កេះ​រៀវ។ ព្រះនាង​នារីមាន​ចង្កេះរៀវ​ដូចវល្លិនាគលតា ដែលលូត​លាស់ល្អ ឬដូច​ក្តារហ៊ឹង (ជាវិការៈ​នៃមាស) ព្រះកេសរបស់​ព្រះនាង​នារីនោះ វែង មានចុង​ខ្មៅងបន្តិច ដូចចុង​កំបិត។ ព្រះនាង​នន្ទាទេវី មានដួង​ព្រះនេត្រ​ថ្លាយង់ ដូច​ជាភ្នែកនៃ​កូនម្រឹគកើត (បាន​មួយខួប) ឬដូច​ជាអណ្តាត​ភ្លើង​ក្នុង​ហេមន្តរដូវ ពុំនោះសោត ដូចជាស្ទឹង​ដ៏ដេរដាស​ដោយ​ដើមឫស្សី​តូច ៗ ទាំងឡាយ ទៀប​ជ្រោះភ្នំ។ ព្រះនាង​នន្ទាទេវី មានព្រះឧរូ​ល្អ ដូច​ប្រមោយដំរី មាន​ស្តនទាំងគូ​ល្អដូចផ្លែ​ទន្លាប់​ដ៏ប្រសើរ មិនខ្ពស់ពេក មិនទាបពេក មិនមែន​ឥត​ព្រះលោមា មិនមែនមាន​ព្រះលោមា​ច្រើន​ពេក។ បពិត្រ​ព្រះអង្គ​មានពាហនៈ​បរិបូណ៌​ដោយសិរី ព្រះអង្គ​ត្រេកអរ​ដោយមរណៈ​នៃព្រះនាង​នន្ទាទេវី​ដោយពិត ឯខ្ញុំព្រះអង្គ និង​ព្រះនាង​នន្ទា នឹងទៅកាន់​សំណាក់​យមរាជ​ដោយពិត។

[២៧៧] (ព្រះបាទចូឡនី…) អ្នកបានរៀនកលមាយាជាទិព្វ ហើយបាន​ធ្វើឧបាយ​បំបាំង​ភ្នែក​ឬ បានជាអ្នក​ដោះលែង​ព្រះបាទ​វិទេហៈ​ជាសត្រូវ​នៅក្នុង​កណ្តាប់ដៃ​នៃយើង​បាន។

[២៧៨] (មហោសធ…) បពិត្រមហារាជ បណ្ឌិតទាំងឡាយ​ក្នុងលោកនេះ រមែង​រៀននូវ​កលមាយា​ជាទិព្វ​ដោយពិត ពួកបណ្ឌិត​ជនអ្នក​មានសេចក្តី​ដឹងនោះ ទើប​ដោះខ្លួន (ចាក​ទុក្ខបាន) ពួកយោធា​កេ្មង ៗ អ្នកបំរើ​របស់ទូល​ព្រះបង្គំ​ជាអ្នកឈ្លាស ជាអ្នក​កាត់ផ្តាច់​នូវទីត ព្រះបាទ​វិទេហៈ​យាងទៅ​កាន់ក្រុង​មិថិលា​តាម​ផ្លូវដែល​ពួកជន​ទាំងនេះ​ធ្វើទុក​ហើយ។

[២៧៩] បពិត្រមហារាជ សូមព្រះអង្គសេ្តចទតឧម្មង្គ ដែលពួក​ជាងសាង​ទុកល្អ​ហើយ សូមព្រះអង្គ​ទតឧម្មង្គដ៏​ល្អរុងរឿង (ដោយរបៀប) នៃដំរី សេះ រថ និងពល​ថ្មើរជើង ដែលគេ​ធ្វើឲ្យ​សម្រេច​ហើយដោយ​ល្អ។

[២៨០] (ព្រះបាទចូឡនី…) ម្នាលមហោសធ ជាលាភរបស់អ្នក​ដែនវិទេហៈ​ដោយ​ពិត បណ្ឌិត​ទាំងឡាយ​បែបដូចជា​អ្នកនេះ នៅក្នុង​ដំណាក់ ក្នុងដែន​របស់​ព្រះរាជាណា (ជាលាភ​របស់​ព្រះរាជា​នោះពិត)។

[២៨១] យើងនឹងឲ្យគ្រឿងចិញ្ចឹមជីវិត និងវត្ថុ គ្រឿងរក្សា គឺស្រុក និងនិគម ទាំង​បាយ និងថ្លៃឈ្នួល​ជាទេ្វគុណ​ដល់អ្នក ទាំងឲ្យ​ភោគសម្ប័ទ​ដ៏ធំទូលាយ​ទៀត អ្នកចូរ​បរិភោគ ចូររីករាយ​តាមប្រាថ្នា​ចុះ អ្នកកុំ​ទៅរក​ព្រះបាទ​វិទេហៈ​ឡើយ ព្រះបាទ​វិទេហៈ នឹងធ្វើអ្វី​ដល់អ្នក។

[២៨២] (មហោសធ…) បពិត្រមហារាជ បុគ្គលណា លះបង់នូវ​បុគ្គលអ្នក​ចិញ្ចឹម ព្រោះហេតុ​នៃទ្រព្យ បុគ្គលនោះ ត្រូវជន​ទាំងពីរគឺ ខ្លួនឯង និងអ្នក​ដទៃតិះ​ដៀល ព្រះបាទ​វិទេហៈ ទ្រង់គង់​ព្រះជន្មាយុ​ដរាបណា ខ្ញុំក៏មិន​គប្បីនៅក្នុង​ដែននៃ​ព្រះរាជា​ដទៃ (ដរាប​នោះ)។ បពិត្រ​មហារាជ បុគ្គលណា លះបង់នូវ​បុគ្គល​អ្នកចិញ្ចឹម ព្រោះហេតុ​នៃទ្រព្យ បុគ្គលនោះ​ត្រូវជន​ទាំងពីរគឺ ខ្លួនឯង និងអ្នកដទៃ​តិះដៀល ព្រះបាទ​វិទេហៈ ទ្រង់ឋិត​នៅដរាប​ណា ខ្ញុំមិន​ត្រូវជា​បុរសរបស់​បុគ្គលដទៃ (ដរាបនោះ)។

[២៨៣] (ព្រះបាទចូឡនី…) ម្នាលមហោសធ យើងឲ្យមាសឆ្តោរ ១០០០ និងស្រុក ចំនួន ៨០ ក្នុងដែនកាសី​ដល់អ្នក យើងឲ្យទាសី ៤០០ និងភរិយា ១០០ ដល់​អ្នក អ្នកចូរ​នាំអង្គនៃ​សេនាទាំងពួង​ទៅដោយ​សួស្តីចុះ។

[២៨៤] ជនទាំងឡាយ ចូរឲ្យវត្ថុផេ្សងៗ ជាទេ្វគុណ ដល់ពួកដំរី ពួកសេះ​ជាកំណត់ ចូរញ៉ាំង​ពលរថ និងពលថ្មើរជើង​ឲ្យឆែ្អត​ស្កប់ស្កល់​ដោយបាយ និងទឹកចុះ។

[២៨៥] ម្នាលបណ្ឌិត អ្នកចូរនាំយកពួកដំរី ពួកសេះ ពួករថ និងពួក​ពលថ្មើរជើង​ទៅ ព្រះបាទ​វិទេហៈ​មហារាជ ចូរទតឃើញ​អ្នក ដែលទៅ​ដល់ក្រុង​មិថិលាចុះ។

[២៨៦] (ព្រះបាទវិទេហៈ…) សេនាប្រកបដោយអង្គ ៤ គឺសេនាដំរី សេនាសេះ សេនារថ និងសេនា​ថ្មើរជើង​នោះ ប្រាកដជា​មានច្រើន មានសភាព​គួរខ្លាច តើបណ្ឌិត​ទាំងឡាយ​សំគាល់​ដូចមេ្តច​ហ្ន៎។

[២៨៧] (អាចារ្យសេនកៈ…) បពិត្រមហារាជ សេចក្តីត្រេកអរ​យ៉ាងខ្ពង់ខ្ពស់ រមែង​ប្រាកដ​ដល់​ព្រះអង្គ មហោសធ​នាំយកអង្គ​នៃសេនា​ទាំងពួង​មកដល់​ហើយ​ដោយសួស្តី។

[២៨៨] (ព្រះបាទវិទេហៈ…) ម្នាលមហោសធ ជនទាំង ៤ នាក់ នាំមនុស្សស្លាប់​ទៅចោលក្នុង​ព្រៃស្មសាន (ហើយ​ត្រឡប់មក) យ៉ាងណា ពួកយើង​បោះបង់អ្នក​ចោល ក្នុងដែន​គប្បីលះ​ហើយ ត្រឡប់​មកក្នុង​ទីនេះ​ក៏ដូច្នោះ។ កាលបើ​ដូច្នេះ អ្នកចេះ​ដោះខ្លួន​ឲ្យរួចមក ដោយ​ហេតុ​ដូចមេ្តច ដោយ​បច្ច័យដូចមេ្តច ដោយដំណើរ​ដូចមេ្តច។

[២៨៩] (មហោសធ…) បពិត្រក្សត្រិយ៍ព្រះនាមវិទេហៈ ទូលព្រះបង្គំ​បានការពារ​នូវសេចក្តី​ដោយ​សេចក្តី នូវការប្រឹក្សា​ដោយប្រឹក្សា ទូលព្រះបង្គំ​បាន​ការពារ​សេ្តច ដូចជា​សាគរ​ការពារ​ជម្ពូទ្វីប​ដូច្នោះ។ ព្រះបាទ​ចូឡនី បាន​ប្រទាន​មាសឆ្តោរ ១០០០ និងស្រុក​ចំនួន ៨០ ក្នុងដែន​កាសី​ដល់​ទូលព្រះបង្គំ ប្រទាន​ទាសី ៤០០ និងភរិយា ១០០ ដល់ទូល​ព្រះបង្គំ ទូលព្រះបង្គំ​ជាអ្នកនាំ​អង្គនៃសេនា​ទាំងពួង មកក្នុង​ទីនេះ​ដោយសួស្តី។

[២៩០] (ព្រះបាទវិទេហៈ…) នែអាចារ្យសេនកៈ ការនៅរួមជាមួយ​នឹងអ្នក​ប្រាជ្ញ នាំមក​នូវសេក្តី​សុខស្រួល​ណាស់ហ្ន៎ មហោសធ បានដោះ​ពួកយើង​ដែល​តាំង​នៅក្នុង​សេចក្តី​វិនាស គឺដៃ​នៃសត្រូវ ដូចជា​គេដោះហ្វូង​បក្សីដែល​ជាប់នៅក្នុង​ទ្រុង ឬដូច​ជាគេ​ដោះត្រី​ដែលជាប់​នៅក្នុង​សំណាញ់។

[២៩១] (អាចារ្យសេនកៈ…) បពិត្រមហារាជ មែនពិត ពួកបណ្ឌិត​រមែង​នាំមកនូវ​សេចក្តី​សុខ​យ៉ាងនេះឯង មហោសធ បានដោះ​ពួកយើង​ដែលតាំង​នៅក្នុង​សេចក្តី​វិនាស គឺដៃ​នៃសត្រូវ ដូចជា​គេដោះហ្វូង​បក្សីដែល​ជាប់ក្នុង​ទ្រុង ឬ​ដូចជា​គេដោះត្រី​ដែលជាប់​ក្នុង​សំណាញ់។

[២៩២] (អភិសម្ពុទ្ធគាថា…) ពួកជនចូរដេញពិណ ចូរវាយស្គរតូច និងស្គរធំ ផ្លុំ​ស័ង្ខដែល​កើតក្នុង​ដែនមគធៈ និងទូងស្គរធំ​មានសំឡេង​ពីរោះ។

[២៩៣] ពួកស្រីស្នំ ពួកកុមារ ពួកវេស្សៈ និងពួកព្រាហ្មណ៍ នាំបាយ និងទឹក​ជា​ច្រើន មកជូន (មហោសធ​បណ្ឌិត)។ ពលដំរី ពលសេះ ពលរថ និង​ពលថ្មើរជើង នាំបាយ និងទឹក​ជាច្រើន មកជូន​បណ្ឌិត។ ពួកអ្នក​ជនបទ ប្រជុំគ្នា ទាំងពួកអ្នក​និគម ក៏មក​ប្រជុំគ្នា នាំបាយ និងទឹក​ជាច្រើន មកជូន​បណ្ឌិត។ ជនជាច្រើន កាលបើបាន​ឃើញ​បណ្ឌិត​មកដល់​ហើយ ក៏មាន​សេចក្តី​ជ្រះថ្លា កាលបើ​បណ្ឌិតមក​ដល់ហើយ ការលើក​ឡើងនូវទង់ ក៏ប្រព្រឹត្ត​ទៅ។

ចប់ មហោសធជាតក ទី៥។

ភូរិទត្តជាតក ទី៦

(៥៤៣. ភូរិទត្តជាតកំ (៦))

[២៩៤] (នាគទាំង ៤ ក្រាបបង្គំទូលថា) រតនៈណាមួយ មានក្នុង​និវេសន៍​របស់​នាគរាជ​ព្រះនាម​ធតរដ្ឋ រតនៈទាំង​អស់នោះ ចូរមក​ដល់ព្រះអង្គ សូមព្រះអង្គ​ទ្រង់​ប្រទាន​ធីតាដល់​ព្រះរាជា​យើង។

[២៩៥] (ព្រះបាទព្រហ្មទត្តត្រាស់ថា) វិវាហៈជាមួយនឹងពួកនាគ យើងមិន​ធ្លាប់ធ្វើ​ក្នុងកាល​ណាម្តង​ទេ យើងនឹង​ធ្វើវិវាហៈ​មិនសម​គួរនោះ ​ដូចមេ្តចកើត។

[២៩៦] (នាគទាំង ៤…) បពិត្រព្រះអង្គជាធំជាងមនុស្ស ជីវិតក្តី ដែនក្តី ព្រះអង្គ​នឹងលះបង់​ដោយពិត កាលបើ​នាគខឹង​ហើយ ព្រះរាជា​ទាំងឡាយ​ប្រហែល​នឹងព្រះអង្គ មិនគង់​ព្រះជន្មនៅ​យូរទេ។ បពិត្រ​ព្រះសម្មតិទេព ព្រះអង្គ​ណាជា​មនុស្ស ព្រះអង្គនោះ មិនមាន​ឫទ្ធិ មើលងាយ​ព្រះរាជា​ដែលមាន​ឫទ្ធិ ជាកូន​បង្កើតនៃ​ព្រះបាទ​វរុណៈ ដែលកើត​ក្នុងទន្លេ​យមុនា។

[២៩៧] (ព្រះរាជា…) យើងមិនមើលងាយព្រះបាទ​ធតរដ្ឋ​ដ៏មាន​យសទេ ព្រោះថា ព្រះបាទ​ធតរដ្ឋ ជាធំជាង​នាគទាំងឡាយ​ដ៏ច្រើន។ ពស់ទុក​ជាមាន​អានុភាព​ច្រើន ក៏មិន​សមគួរ​នឹងធីតា​របស់​យើងទេ ចំណែក​ខាងយើង ជាក្សត្រិយ៍​របស់អ្នក​ដែនវិទេហៈ ធីតា (របស់យើង) ឈ្មោះ​សមុទ្ទជា មានជាតិ​ដ៏ប្រសើរ។

[២៩៨] (ព្រះបាទធតរដ្ឋ…) ពួកនាគឈ្មោះ​កម្ពលស្សតរា10) ចូរក្រោកឡើង អ្នកចូរ​ប្រាប់នាគ​ទាំងអស់ថា នាគ​ទាំងឡាយ ចូរទៅ​កាន់ក្រុង​ពារាណសី តែកុំ​បៀតបៀន​បុគ្គលណា​មួយឡើយ។

[២៩៩] នាគទាំងឡាយដែលមានសរីរៈធំ ចូរសំយុងខ្លួន​ក្នុង​និវេសនដ្ឋាន​ទាំង​ឡាយ ក្នុងស្រះ ត្រង់ផ្លូវដើរ ក្នុងព្រះលាន លើចុងឈើ និងលើ​កោ្លងទ្វារ។ ចំណែក​ខាងខ្ញុំ មានកាយ​ធំសសុទ្ធ នឹងព័ទ្ធបុរី​ដែលធំ​ទូលាយ ដោយភ្នេន​ទាំងឡាយ នឹងញ៉ាំង​ភ័យឲ្យ​កើតឡើង​ដល់ពួក​អ្នកដែន​កាសី។

[៣០០] នាគទាំងឡាយ មានសម្បូរដ៏ច្រើន បានស្តាប់​ពាក្យព្រះបាទ​ធតរដ្ឋ​នោះ​ហើយ ក៏ចូលទៅ​កាន់ក្រុង​ពារាណសី តែមិន​បៀតបៀន​បុគ្គលណា​មួយឡើយ។ នាគ​ទំាងឡាយ​ដែលមាន​សរីរៈធំ ក៏សំយុង​ខ្លួនក្នុង​និវេសនដ្ឋាន ក្នុងស្រះ ត្រង់ផ្លូវដើរ ក្នុង​ព្រះលាន លើចុងឈើ និងលើ​ក្លោងទ្វារ។ នារី​ទាំងឡាយ​ជា​ច្រើន បានឃើញ​នាគទាំងនុ៎ះ កំពុង​សំយុង​ខ្លួន លុះឃើញ​ពួកនាគ​បើកពពារ កំពុង​ឲ្យសម្លេង​រឿយ ៗ ក៏កន្ទក់​កន្ទេញ។ ពួកជន​ក្នុងពារាណសី តក់ស្លុត ក្តៅក្រហាយ ក៏លើកដៃ​កន្ទក់កន្ទេញ​ថា សូមព្រះអង្គ​ប្រទាន​ធីតា ដល់​នាគរាជ។

[៣០១] (ព្រាហ្មណ៍នេសាទ…) អ្នកជាអ្វី មានភ្នែកក្រហម មានចនោ្លះ​ស្មាទូលាយ (អង្គុយ) ក្នុង​កណ្តាល​នៃព្រៃ ជាទីនាំ​មកបូជា​ដោយ​ផ្កាឈើ ស្រីទាំង ១០ នាក់ ជាអ្វី ដែល​ទ្រទ្រង់​នូវសង្វារ​ជាវិការៈ​នៃមាស មានសំពត់​ដ៏ល្អ កំពុង​ឈរសំពះ។ អ្នកជាអ្វី មានដៃ​ធំ​រុងរឿង​ក្នុងកណ្តាល​ព្រៃ ដូចភ្លើងឆេះ​នូវឆ្នាំងខ្លាញ់ អ្នកជា​យក្សណា​មួយ ដែលមាន​សក្តិ​ធំឬ ឬជា​នាគមាន​អានុភាពធំ។

[៣០២] (ភូរិទត្តនាគរាជ…) ខ្ញុំជានាគមានឫទិ្ធ មានតេជះ ដែលគេ​កន្លង​មិនបាន ប្រសិន​ជាខ្ញុំក្រោធ អាចចឹក​សូម្បីនូវ​អ្នកជនបទ ដែល​បរិបូណ៌ (ដោយភោគៈ) ដោយ​តេជះបាន។ ឯមាតារបស់ខ្ញុំ ឈ្មោះ​សមុទ្ទជា បិតា​របស់ខ្ញុំ​ឈ្មោះ​ធតរដ្ឋ ខ្ញុំជាប្អូន​នៃនាគរាជ​ឈ្មោះ​សុទស្សនៈ ជនទាំងឡាយ​ស្គាល់ខ្ញុំថា ភូរិទត្ត។

[៣០៣] លោករមែងឃើញអន្លង់ទឹកណាដ៏ជ្រៅ ដែលហូរ​គួចសព្វ​កាល ជាអន្លង់​ទឹក​គួរខ្លាច អន្លង់ទឹក​នោះជាទិព្វ ជាលំនៅ​របស់ខ្ញុំ មានជម្រៅ​ច្រើនរយនៃ​ជួរបុរស។ អ្នក​កុំខ្លាច ចូរចូល​ទៅកាន់​ស្ទឹងយមុនា មានទឹកខៀវ (ដែលហូរមក) អំពី​កណ្តាលព្រៃ ជាកន្លែង​ដែលក្ងោក និងក្រៀលយំ ជា​ស្ទឹងត្រជាក់​ក្សេមក្សាន្ត ជាលំនៅ​របស់ពួក​អ្នកមាន​វត្ត។

[៣០៤] ម្នាលព្រាហ្មណ៍ អ្នកព្រមទាំងកូនមកដល់ភពនាគនោះហើយ នឹងបាន​ប្រពន្ធ ម្នាលព្រាហ្មណ៍ យើងនឹង​បូជាអ្នក​ដោយកាម​ទាំងឡាយ​របស់យើង អ្នកចូរនៅ​ឲ្យសុខ​ចុះ។

[៣០៥] (ព្រាហ្មណ៍នេសាទ…) ផែនដីមានផ្ទៃរាបស្មើ​ដោយ​ជុំវិញ មាន​ដើមក្រឹស្នា​ច្រើន ដេរដាស​ដោយ​មេភ្លៀង មានស្មៅ​ខៀវដ៏​ឧត្តមល្អ។ ព្រៃជ្រំគួរ​រីករាយ ស្រះ​បោក្ខរណី​ទាំងឡាយ​ដែលបុញ្ញកម្ម​របស់​ព្រះអង្គ​និម្មិតល្អ​ហើយ ជាទី​រីករាយ ដែល​ហង្សយំ​ហើយ មានផ្កាឈូក​ធ្លាក់ចុះ។ សសរ​មានជ្រុង ៨ ដែលគេ​ធ្វើល្អ​ហើយ ជាវិការៈ​នៃកែវពៃទូរ្យ​ទាំងអស់ ប្រាសាទ​ទាំងឡាយ មានសសរ ១ ពាន់ ដ៏ពេញ​ដោយ​នាងកញ្ញា​ភ្លឺរុងរឿង។ ព្រះអង្គ​បានដល់​នូវវិមាន​ជាទិព្វ ដោយបុណ្យ​របស់​ព្រះអង្គ ជាវិមាន​មិន​ចង្អៀត ជាទី​ក្សេមគួរ​រីករាយ ប្រកប​ដោយ​សេចក្តីសុខ​យ៉ាង​ក្រៃលែង។ ខ្ញុំសំគាល់​ថា​ព្រះអង្គ មិនប្រាថា្ន​វិមាន​របស់​ព្រះឥន្រ្ទ ជា​សហស្សនេត្តទេ ព្រោះថា​ឫទ្ធិរបស់​ព្រះ​អង្គនេះ ដ៏ធំដូចជា​ឫទ្ធិនៃ​ព្រះឥន្រ្ទ​ដ៏រុងរឿងដែរ។

[៣០៦] (ភូរិទត្តនាគរាជ…) អានុភាពរបស់ព្រះឥន្រ្ទ អានុភាព​របស់​លោកបាល​ទាំង ៤ ញ៉ាំង​អំណាច​ឲ្យប្រព្រឹត្ត​ទៅ ជាអ្នក​បម្រើ​ព្រះឥន្រ្ទ​ក្តី អ្នកមិន​គប្បីដឹង​ដោយចិត្ត​បានទេ។

[៣០៧] ខ្ញុំប្រាថ្នាវិមាននោះរបស់ទេវតាទាំងឡាយ អ្នកស្វែង​រកសេចក្តី​សុខ បានជា​រក្សា​ឧបោសថ ហើយដេក​លើក្បាល​ដំបូក។

[៣០៨] (ព្រាហ្មណ៍នេសាទ…) ឯខ្ញុំ ព្រមទាំងកូន ស្វែងរកម្រឹគ បាន​ចូលទៅ​កាន់​ព្រៃ ញាតិ​ទាំងនោះ មិនដឹង​ខ្ញុំថា​ស្លាប់ ឬរស់ទេ។ ខ្ញុំសូមលា​ព្រះភូរិទត្ត ជាបុត្ត​ព្រះរាជ​ធីតា​ក្នុង​ដែនកាសី ព្រះអង្គ​មានយស យើងខ្ញុំ បើព្រះអង្គ​ព្រមអនុញ្ញាត​ហើយ គប្បីឃើញ​ពួកញាតិ។

[៣០៩] (ភូរិទត្តនាគរាជ…) ឱ នុ៎ះពិតជាសេចក្តីពេញចិត្ត​របស់ខ្ញុំ​ហើយ ត្រង់ដែល​អ្នកនៅ​ក្នុង​សំណាក់​នៃខ្ញុំ ព្រោះថា​កាមទាំងឡាយ​ប្រាកដ​ដូច្នេះ អ្នកមិន​ងាយបាន​ក្នុង​ពួក​មនុស្ស​ទេ។ អ្នកដែល​ខ្ញុំបូជា​ដោយកាម​ទាំងឡាយ​របស់​ខ្ញុំ បើមិន​ចង់នៅ​ទេ ខ្ញុំនឹង​អនុញ្ញាត​អ្នក សូមអ្នក​ទៅជួប​ពួកញាតិ​ដោយ​សួស្តីចុះ។

[៣១០] អ្នកកាលទ្រទ្រង់កែវមណីជាទិព្វនេះ រមែង​បានសត្វ​ចិញ្ចឹម និងបុត្រ អ្នកចូរ​មិនមាន​រោគ បាន​សេចក្តីសុខ ម្នាល​ព្រាហ្មណ៍ អ្នកចូរ​យក (នូវ​កែវមណី​នេះ) ហើយ​ទៅចុះ។

[៣១១] (ព្រាហ្មណ៍នេសាទ…) បពិត្រព្រះភូរិទត្ត ស្រួលហើយ ខ្ញុំត្រេកអរ​នឹងព្រះ​បន្ទូល​របស់​ព្រះអង្គ ខ្ញុំនឹងបួស ព្រោះខ្ញុំចាស់ ហើយខ្ញុំ​មិនប្រាថ្នា​កាមទេ។

[៣១២] (ភូរិទត្តនាគរាជ…) បើមានការបែកធ្លាយព្រហ្មចរិយៈ កិច្ចការ​ដែល​ត្រូវធ្វើ​ដោយភោគៈ​ទាំងឡាយ (រមែងមាន) អ្នកកុំ​មានសេចក្តី​រង្កៀស​ឡើយ គប្បីមក យើងនឹង​ឲ្យទ្រព្យ​ដ៏ច្រើន​ដល់អ្នក។

[៣១៣] (ព្រាហ្មណ៍នេសាទ…) បពិត្រព្រះភូរិទត្ត ស្រួលហើយ ខ្ញុំត្រេកអរ​នឹងព្រះ​បន្ទូល​របស់​ព្រះអង្គ ប្រសិន​បើមាន​សេចក្តី​ត្រូវការ ខ្ញុំនឹង​មកម្តងទៀត។

[៣១៤] (អភិសម្ពុទ្ធគាថា) ព្រះភូរិទត្ត លុះពោលពាក្យនេះ​ហើយ ក៏បញ្ជូន​នូវនាគ​ទាំង ៤ ថា អ្នកទាំងឡាយ​មកនេះ ចូរទៅ ចូរក្រោកឡើង ចូរញ៉ាំង​ព្រាហ្មណ៍​ឲ្យដល់ (នូវផ្លូវ​ជាទី​ទៅកាន់​ក្រុង​ពារាណសី) ជាឆាប់។ នាគទាំង ៤ ត្រូវភូរិទត្ត​ប្រើទៅ​ហើយ បានស្តាប់​ពាក្យនោះ​របស់​ភូរិទត្តនោះ ក៏ក្រោក​ឡើង ហើយបាន​ញ៉ាំងព្រាហ្មណ៍​ឲ្យដល់​ឆាប់។

[៣១៥] (ព្រាហ្មណ៍នេសាទ…) អ្នកកាន់យកនូវកែវមណី ជាមង្គល ជាទ្រព្យដ៏​ប្រសើរ ជាទី​រីករាយ​នៃចិត្ត ជាថ្ម​បរិបូណ៌​ដោយ​ទ្រង់ទ្រាយ អ្នកបាន​កែវមណី​នេះ អំពី​ទីណា។

[៣១៦] (អាលម្ពាយនព្រាហ្មណ៍…) ថ្ងៃនេះខ្ញុំទៅកាន់ផ្លូវពីព្រឹក បានកែវមណី​នេះ ដែលពួក​នាងនាគ​ភ្នែកក្រហម​មួយពាន់​ថែរក្សា​ហើយ។

[៣១៧] (ព្រាហ្មណ៍នេសាទ…) កែវមណីនេះ បើបុគ្គល​សន្សំទុក​ល្អ ថែទាំ បូជាគ្រប់​គ្រងល្អ ទុកដាក់​ល្អហើយ​សព្វកាល គប្បីញ៉ាំង​ប្រយោជន៍​ទាំងពួង​ឲ្យ​សម្រេច​បាន។ តែកាល​បើបុគ្គល​ជាអ្នក​ប្រាសចាក​ការថែទាំ​ក្នុងការទុក​ដាក់ ឬក្នុង​ការប្រើប្រាស់​វិញ កែវមណីនេះ ដែល​គេសន្សំ​ទុកដោយ​មិន​ត្រូវទំនង នឹងដល់​សេចក្តី​វិនាស។ អ្នកជា​បុគ្គល​មិនឈ្លាស មិនគួរគ្រប់​គ្រង​កែវមណី​ជាទិព្វនេះ​ទេ អ្នកចូរ​គ្រប់គ្រង​មាសឆោ្តរ​មួយរយ​ចុះ ចូរ​ឲ្យកែវមណី​នេះដល់ខ្ញុំ។

[៣១៨] (អាលម្ពាយនព្រាហ្មណ៍…) កែវមណីនេះ ខ្ញុំមិន​គប្បីលក់​ដោយគោ ឬដោយ​រតនៈ​ទាំងឡាយ​ទេ កែវមណី​របស់ខ្ញុំ ដែលកើត​អំពីថ្ម បរិបូណ៌​ដោយ​ទ្រង់ទ្រាយ ខ្ញុំមិន​គប្បីលក់​ទេ។

[៣១៩] (ព្រាហ្មណ៍នេសាទ…) បើកែវមណី អ្នកមិនលក់​ដោយគោ ឬដោយរតនៈ​ទាំងឡាយ​ទេ ចុះ​កែវមណី អ្នកនឹងលក់​ដោយ​វត្ថុអ្វី ខ្ញុំសួរ​ហើយ អ្នកចូរ​ប្រាប់​សេចក្តីនោះ។

[៣២០] (អាលម្ពាយនព្រាហ្មណ៍) បុគ្គលណា គប្បីបង្ហាញ​នាគដ៏ធំ មាន​តេជះ​ដែល​គេកន្លង​បានដោយ​ក្រ ដល់ខ្ញុំ ខ្ញុំនឹងឲ្យ​កែវមណី​ដ៏រុងរឿង​ដោយ​តេជះដល់​បុគ្គល​នោះ។

[៣២១] (ព្រាហ្មណ៍នេសាទ…) អ្នកជាអ្វី ជាគ្រុឌដ៏ប្រសើរ​ជាងសត្វ​ស្លាបទាំង​ឡាយ កាល​ស្វែងរក​ចំណី​ដើម្បីខ្លួន ទើបចាប់​យកនាគ ដោយភេទ​ជា​ព្រាហ្មណ៍​ទេឬ។

[៣២២] (អាលម្ពាយនព្រាហ្មណ៍…) ខ្ញុំមិនមែន​ជាស្តេច​សត្វសា្លប​ទេ គ្រុឌ ខ្ញុំមិនដែល​ឃើញទេ ខ្ញុំជា​អ្នកត្រេកអរ​ដោយ​អាសិរពិស ម្នាល​ព្រាហ្មណ៍ ជនទាំង​ឡាយ​ដឹងថា ខ្ញុំជាហ្មពស់។

[៣២៣] (ព្រាហ្មណ៍នេសាទ…) កម្លាំងរបស់អ្នកដូចមេ្តច សិល្បៈ​របស់អ្នក​ដូចមេ្តច ទាំងអ្នក​រឹងប៉ឹង​ព្រោះ​ហេតុអ្វី បានជា​មិនកោត​ខ្លាចនាគ។

[៣២៤] (អាលម្ពាយនព្រាហ្មណ៍…) គ្រុឌបានប្រាប់វិជ្ជាពិស​ដ៏ប្រសើរ​ដល់ឥសី​មួយ អង្គ ជា​កោសិយគោត្រ​នៅក្នុងព្រៃ ប្រព្រឹត្ត​តបធម៌​អស់រាត្រី​យូរ។ ខ្ញុំជា​អ្នកមិនខ្ជិល​ច្រអូស​ទាំងយប់​ទាំងថ្ងៃ បាន​បម្រើឥសី​មួយអង្គ​នោះ ដែលមាន​ខ្លួន​ចំរើនហើយ កាលគង់នៅ​ក្នុងចន្លោះ​ភ្នំដោយ​សេចក្តី​គោរព។ ឥសីនោះ ​ដែល​ខ្ញុំបានបម្រើ​ហើយក្នុង​កាលនោះ វត្តក្តី ព្រហ្មចរិយៈ​ក្តី ឥសី​នោះបាន​ប្រព្រឹត្ត​ហើយ ឥសីមាន​ជោគនោះ ក៏បង្រៀន​មន្តទិព្វ ដល់ខ្ញុំ​តាមសេចក្តី​ប្រាថ្នា។ ខ្ញុំជា​អ្នករឹងប៉ឹង ព្រោះមន្តនោះ បានជា​មិនខ្លាច​នាគទាំង​ឡាយ ខ្ញុំជា​អាចារ្យ​របស់ពួក​អ្នកសម្លាប់​សត្វ​មានពិស​ទាំងឡាយ ជន​ទាំងឡាយ​ស្គាល់ខ្ញុំថា អាលម្ពាយន៍។

[៣២៥] (ព្រាហ្មណ៍នេសាទ…) ម្នាលសោមទត្ត កូន យើងនឹង​កាន់យក​កែវមណី​ ចូរអ្នក​ដឹងចុះ យើងកុំ​យកដំបង​ទាត់ចោល​សិរីដែល​មកដល់​ហើយ តាមសេចក្តី​ប្រាថ្នា​ឡើយ។

[៣២៦] (សោមទត្តកុមារ…) បពិត្រព្រាហ្មណ៍ ភូរិទត្តណា បានបូជា​លោកដែល​ដល់នូវ​និវេសន៍​របស់ខ្លួន លោកប្រាថ្នា​នឹងប្រទូស្ត​ចំពោះ​ព្រះភូរិទត្ត​នោះ ដែលធ្វើ​អំពើល្អ​យ៉ាងនេះ ព្រោះសេចក្តី​វង្វេង​ធ្វើអ្វី។ បើលោក​ឪពុកចង់​បាន​ទ្រព្យ ព្រះភូរិទត្ត​នឹងប្រទាន ចូរលោក​ឪពុកទៅ​សុំលោកចុះ លោកនឹង​ប្រទាន​ទ្រព្យច្រើន​ដល់លោក​ឪពុក។

[៣២៧] (ព្រាហ្មណ៍នេសាទ…) ម្នាលសោមទត្ត យើងគួរស៊ីរបស់ឆ្អិន ដែលមក​ដល់ដៃ ឬដល់​ភាជន៍ ប្រសើរជាង កុំឲ្យ​ប្រយោជន៍​ដែលឃើញ​ច្បាស់នឹង​ភ្នែក កន្លងផុត​ពីយើង​ទៅបាន។

[៣២៨] (សោមទត្តកុមារ…) បុគ្គលជាអ្នកទ្រុស្តមិត្ត ជាអ្នក​លះបង់​ប្រយោជន៍ រមែង​ឆេះក្នុង​នរកដ៏​គួរខ្លាច ផែនដី​ក៏ស្រូប​បុគ្គល​ទ្រុស្តមិត្ត​នោះ បុគ្គល​ទ្រុស្តមិត្ត សូម្បី​រស់នៅ​ក៏រីងស្ងួត (ដូចជា​ប្រេត) បើឪពុក​ចង់បាន​ទ្រព្យ ព្រះភូរិទត្ត​នឹង​ប្រទាន​មិនខាន ខ្ញុំ​សំគាល់​ថា មិនយូរ​ប៉ុន្មាន ឪពុក​នឹងដឹងច្បាស់​នូវពៀរ​ដែលខ្លួន​ធ្វើ​ហើយ។

[៣២៩] (ព្រាហ្មណ៍នេសាទ…) ព្រាហ្មណ៍ទាំងឡាយ បូជាមហាយញ្ញ​ហើយ រមែង​បរិសុទ្ធ​យ៉ាងនេះ យើងនឹង​បូជា​មហាយញ្ញ គង់នឹងរួច​ចាកបាប​ដោយអាការ​យ៉ាងនេះ។

[៣៣០] (សោមទត្ត…) ណ្ហើយចុះ ឥឡូវនេះ ខ្ញុំនឹងគេច​ចេញថ្ងៃនេះ ខ្ញុំមិន​នៅជា​មួយនឹង​ឪពុកទេ ខ្ញុំមិន​ដើរជាមួយនឹង​ឪពុក ដែលធ្វើ​អំពើអាក្រក់​យ៉ាងនេះ អស់​មួយជំហ៊ាន​ទេ។

[៣៣១] (អភិសម្ពុទ្ធគាថា) សោមទត្តកុមារ ជាពហុស្សូត បានពោល​ពាក្យនេះ​នឹង​បិតា​ហើយ ក៏ប្រកាស​ទេវតា​ទាំងឡាយ ហើយគេច​ចេញចាក​ទីនោះ។

[៣៣២] (ព្រាហ្មណ៍នេសាទ…) នាគណាមានពន្លឺដូចជាសម្បុរ​នៃសត្វ​មេភ្លៀង មានក្បាល​ក្រហម អ្នកចូរ​ចាប់នាគ​ធំនុ៎ះចុះ ហើយចូរ​នាំកែវមណី​នុ៎ះដល់ខ្ញុំ។ កាយរបស់​នាគនុ៎ះ រមែង​ប្រាកដ​ដូចជា​គំនរប៉ុយ​កប្បាស នាគនេះ​ដេកលើ​ដំបូក ម្នាល​ព្រាហ្មណ៍ អ្នកចូរ​ចាប់យក​នាគនោះ​ចុះ។

[៣៣៣] (អភិសម្ពុទ្ធគាថា) គ្រានោះ អាលម្ពាយនព្រាហ្មណ៍ កាលជប់​បទនៃមន្ត​ទាំងឡាយ ធ្វើជា​គ្រឿង​ការពារខ្លួន ដោយ​ឱសធ​ទិព្វទាំងឡាយ​ហើយ ទើបអាច​ចាប់​នាគនោះ ដោយ​វិធីយ៉ាងនេះ។

[៣៣៤] (សុទស្សននាគរាជ…) ឥន្រ្ទិយរបស់លោកមិនស្រស់បស់ ព្រះភក្រ្ត​របស់​លោក​ក៏ខ្មៅ ព្រោះ​ឃើញខ្ញុំ ដែល​សម្រេចសេចក្តី​ប្រាថ្នា​ទាំងពួង កំពុងមក​គាល់ឬ។ ព្រះភក្រ្ត​របស់​លោកខ្មៅ ដូចជា​ផ្កាឈូក​ដែលឋិត​នៅក្នុងដៃ ដែលគេ​ច្របាច់​ដោយដៃ ព្រោះតែ​ឃើញខ្ញុំ​ប្រាកដ​ដូច្នេះឬ។

[៣៣៥] ក្រែងបុគ្គលណាមួយ មិនរាប់អានលោកខ្លះឬ វេទនា​របស់លោក​មាន​ខ្លះឬ ព្រះភក្រ្ត​របស់​លោកខ្មៅ ព្រោះឃើញ​ខ្ញុំមក ដោយ​ហេតុណា (សូម​លោកប្រាប់​នូវហេតុ​នោះដល់​ខ្ញុំចុះ)។

[៣៣៦] (នាងសមុទ្ទជា…) ម្នាលកូន ក្រោយមួយខែមក​ហើយ អំពីថ្ងៃនេះ យើងបាន​ឃើញ​សុបិនថា ហាក់ដូច​ជាបុរស​កាត់ដៃ​ខាងស្តាំ​របស់យើង ហើយនាំ​យកដៃ​ដែល​ប្រឡាក់​ដោយឈាម ដើរចេញ​ទៅក្នុងកាល​ដែលយើង​កំពុង​យំ។ ម្នាល​សុទស្សនៈ កាលណា​យើងបាន​ឃើញ​សុបិន អ្នកចូរ​ដឹងចុះថា​ កាល​ណោះ យើងមិន​បានសេចក្តី​សុខទាំង​ថ្ងៃទាំងយប់។

[៣៣៧] នាងកញ្ញាទាំងឡាយ មានរាងកាយដ៏រុងរឿង ពាក់​បណ្តាញមាស បាន​ចោមរោម​ភូរិទត្ត​ណា ពីក្នុង​កាលមុន (ឥឡូវនេះ) ភូរិទត្តនោះ យើងមិន​ឃើញ​ទេ។ នាគទាំងឡាយ​ដែលកាន់​ព្រះខ័ន​ដ៏ប្រសើរ ដូចជា​ផ្កាកណ្ណិការីក​ ចោមរោម​ភូរិទត្ត​ណា ពីក្នុង​កាលមុន (ឥឡូវនេះ) ភូរិទត្ត​នោះ យើងមិន​ឃើញទេ។ ណ្ហើយចុះ ឥឡូវនេះ យើងនឹង​ទៅកាន់​លំនៅ​របស់​ភូរិទត្ត យើងគង់​នឹងឃើញ​ប្អូនរបស់​អ្នក ដែលតាំង​នៅក្នុងធម៌ បរិបូណ៌​ដោយ​សីល។

[៣៣៨] (អភិសម្ពុទ្ធគាថា) ឯភរិយាទាំងឡាយ​របស់​ភូរិទត្ត បានឃើញ​ព្រះមាតា​នៃ​ភូរិទត្ត​នោះ កំពុង​ដើរមក ក៏ផ្គង​ដៃឡើង​កន្ទក់កន្ទេញ​ថា បពិត្រ​លោកម្តាយ​ជាម្ចាស់ ក្រោយ​មួយខែ​មកហើយ អំពីថ្ងៃនេះ យើងមិន​ដឹងភូរិទត្ត​ដ៏មានយស ជាបុត្ត​របស់លោក ជាស្លាប់ ឬរស់នៅ​ទេ។

[៣៣៩] (នាងសមុទ្ទជា…) យើងកាលមិនឃើញភូរិទត្តទេ នឹងឆេះ​ដោយសេចក្តី​ទុក្ខ អស់កាលយូរ ដូចជា​មេសត្វ​ស្លាបបាត់កូន ឃើញតែ​សំបុក​ទទេដូច្នោះ។ យើង​កាលមិន​ឃើញ​ភូរិទត្ត នឹងឆេះ​ដោយ​សេចក្តីទុក្ខ​អស់កាល​យូរ ដូចជា​មេអក​បាត់កូន ឃើញតែ​សំបុក​ទទេ​ដូច្នោះ។ យើងកាល​មិនឃើញ​ភូរិទត្តទេ នឹងឆេះ​ដោយ​សេចក្តី​ទុក្ខ អស់កាល​យូរ ដូចជា​មេសត្វ​ចាក្រពាក​នោះ នៅលើភក់ ដែលមិន​មានទឹក​ដោយពិត។ ជើងក្រាន​នៃពួក​ជាងមាស ឆេះតែ​ខាងក្នុង មិនឆេះ​ខាងក្រៅ​យ៉ាងណា យើងកាល​មិន​ឃើញភូរិទត្ត នឹងឆេះ​ដោយសេចក្តី​សោក​យ៉ាងនោះ។

[៣៤០] (អភិសម្ពុទ្ធគាថា) កូន និងប្រពន្ធ​ទាំងឡាយ ដួលដេក​ក្នុង​និវេសន៍​របស់​ព្រះភូរិទត្ត ដូចជា​ដើមឈើ​ដែលត្រូវ​ខ្យល់ញាំញី​បំបាក់​ដូច្នោះ។

[៣៤១] អរិដ្ឋៈ និងសុភោគនាគរាជ បានឮសម្លេង​គឹកកង​នៃនាគ​ទាំង​នោះ ក្នុង​និវេសន៍​របស់​ព្រះភូរិទត្ត ក៏ស្ទុះទៅ​តាមលំដាប់ ហើយ​ពោលថា បពិត្រ​លោកម្តាយ សូមលោក​ដកដង្ហើម​ស្រួលចុះ កុំសោយ​សោកឡើយ ព្រោះ​ថា សត្វទាំងឡាយ មាន​សភាព​យ៉ាងនេះ​ជាធម្មតា តែងច្យុត តែងកើត​ឡើងវិញ នេះជា​ការប្រែ​ប្រួល​នៃ​លោក។

[៣៤២] (នាងសមុទ្ទជា…) ម្នាលកូន យើងក៏ដឹងថា សត្វទាំងឡាយ​មានសភាព​យ៉ាងនេះ​ជាធម្មតា​ដែរ តែថា​យើងកាល​មិនឃើញ​ភូរិទត្ត​ទេ ត្រូវសេចក្តី​សោកគ្រប​សង្កត់​ហើយ ប្រសិនបើ (ភូរិទត្ត) មិនបាន (មកចួប) នឹងយើង ក្នុងថ្ងៃនេះ យប់នេះទេ ម្នាល​សុទស្សនៈ អ្នកចូរ​ដឹងចុះ យើងកាល​មិនឃើញ​ភូរិទត្ត​ទេ យើងមុខ​ជានឹង​លះបង់នូវ​ជីវិត​ពុំខាន។

[៣៤៣] (កូនទាំងឡាយ…) បពិត្រព្រះមាតា សូមលោកដកដង្ហើម​ស្រួលចុះ កុំសោយ​សោកឡើយ យើង​ទាំងឡាយ នឹងនាំ​បងមក យើងទាំងឡាយ ត្រាច់ទៅ​កាន់​ទីស្វែង​រកបង នឹងទៅ​កាន់ទិស​តូចធំ​លើភ្នំ ជ្រោះភ្នំ ក្នុង​ស្រុក និងនិគម​ទាំងឡាយ លោកចូរ​ឃើញបង ដែលមក​ក្នុងរវាង​ខាងក្នុង ៧ រាត្រី។

[៣៤៤] (អាលម្ពាយនព្រាហ្មណ៍…) នាគដែលរួច​អំពីដៃ (របស់យើង) ក្រាប​ចុះលើ​ជើងលោក​យ៉ាងខ្លាំង លោកត្រូវ​ពស់ចឹកឬ លោកកុំ​ខ្លាចឡើយ ចូរដល់​សេចក្តី​សុខចុះ។

[៣៤៥] (សុទស្សននាគរាជ…) នាគនេះ មិនអាចឲ្យទុក្ខណាមួយ​ដល់​អាត្មាទេ អ្នក​ចាប់ពស់​មានទាំង​ប៉ុន្មាន មិនមែន​មានច្រើន​ជាង​អាត្មាទេ។

[៣៤៦] (អាលម្ពាយនព្រាហ្មណ៍…) អ្នកណាហ្ន៎ ភ្លីភើ្ល មានភេទ​ដូចជា​ភេទនៃ​ព្រាហ្មណ៍ មកកាន់​បរិស័ទ ហើយហៅ (អញ) ច្បាំង បរិស័ទ​ចូរស្តាប់ពាក្យ​របស់យើង​ចុះ។

[៣៤៧] (សុទស្សននាគរាជ…) ម្នាលអាលម្ពាយន៍ អ្នកច្បាំង​នឹងយើង​ដោយនាគ យើងក៏​ច្បាំងនឹង​អ្នក​ដោយកូន​កង្កែបដែរ ការភ្នាល់​ក្នុងចម្បាំង​នោះ ចូរ​មានដល់​យើង​ដោយ​កហាបណៈ ៥.០០០ ជាកំណត់។

[៣៤៨] (អាលម្ពាយនព្រាហ្មណ៍…) ម្នាលមាណព យើងជាអ្នក​មានទ្រព្យ​ស្តុកស្តម្ភ អ្នកឯង​ជាអ្នក​ទាល់ក្រ តើបុគ្គល​ណា ជាអ្នក​ធានាអ្នក ម្យ៉ាងទៀត ទ្រព្យ​ដំកល់ទុក​ក្នុងការ​ភ្នាល់ មានដែរឬ។ ទ្រព្យដំកល់​ទុកក្នុង​ការភ្នាល់​របស់យើង មាន ទាំងបុគ្គល​ជាអ្នក​ធានា​ប្រាកដ​ដូច្នោះ​ក៏មានដែរ ការភ្នាល់​ក្នុងចម្បាំង​នោះ ចូរមាន​ដល់យើង​ដោយ​កហាបណៈ ៥.០០០ ជាកំណត់។

[៣៤៩] (សុទស្សននាគរាជ…) បពិត្រមហារាជ សូមព្រះអង្គ​ទ្រង់​ព្រះសណ្តាប់​ពាក្យ​អាត្មាភាព សេចក្តី​ចំរើន ចូរមាន​ដល់​ព្រះអង្គ ព្រះអង្គ​មាន​កិត្តិគុណ សូម​ព្រះអង្គ​ធានា​ដោយ​កហាបណៈ ៥.០០០ របស់​អាត្មាភាព។

[៣៥០] (ព្រះរាជា…) នែព្រាហ្មណ៍ បំណុលជារបស់​នៃបិតា ឬថាខ្ញុំ​ជំពាក់​ដោយ​ខ្លួនឯង បានជា​អ្នកទារយក​ទ្រព្យរបស់​យើងច្រើន តើព្រោះ​ហេតុអ្វី។

[៣៥១] (សុទស្សននាគរាជ…) ដ្បិតអាលម្ពាយនព្រាហ្មណ៍ ផ្ចាញ់​អាតា្មភាព​ដោយ នាគ អាត្មាភាព​នឹងញ៉ាំង​កូនកង្កែប​ឲ្យខាំ​ព្រាហ្មណ៍។ បពិត្រ​មហារាជ​ញ៉ាំង​ដែនឲ្យចំរើន ព្រោះ​ហេតុនោះ សូម​ព្រះអង្គ​មានពួក​អ្នកកាន់​ព្រះខ័នហែ​ហម យាងទៅ​ដើម្បី​ទតពស់​ដែលគួរទត។

[៣៥២] (អាលម្ពាយនព្រាហ្មណ៍…) ម្នាលមាណព ខ្ញុំមិនមើលងាយ​អ្នកដោយ​សិប្បវាទ​ទេ ចំណែក​អ្នកមើលងាយ​ដោយ​សិប្បៈ បានជា​មិនកោត​ក្រែងនាគ។

[៣៥៣] (សុទស្សននាគរាជ…) នែព្រាហ្មណ៍ អាត្មាក៏មិនមើលងាយ​អ្នកដោយ​សិប្បវាទ​ទេ តែអ្នក​បញ្ឆោត​ជនច្រើន​ដោយនាគ​ដែលមិន​មានពិស។ អាត្មាដឹងអ្នក​យ៉ាង​ណា ជនក៏ត្រូវ​ដឹងអ្នក​យ៉ាងនោះ​ដែរ ម្នាល​អាលម្ពាយន៍ អ្នកមិន​បានអង្កាម ១ ក្តាប់ នឹងបាន​ទ្រព្យអំពី​ណា។

[៣៥៤] (អាលម្ពាយនព្រាហ្មណ៍…) អ្នកស្លៀកដណ្តប់ស្បែកខ្លា​ទាំងក្រចក មាន​ផ្នួងសក់ ជាមនុស្ស​កខ្វក់​ភ្លីភ្លើ មកកាន់​បរិស័ទ ហើយមើល​ងាយនាគ​បែបនេះ​ថា មិនមាន​ពិស អ្នកចូរមក ហើយគង់​នឹងដឹង​នាគនោះ ដែលពេញ​ដោយតេជះ​របស់នាគ​ដ៏ខ្ពង់ខ្ពស់ ខ្ញុំ​សំគាល់​ថា នាគនុ៎ះ នឹងធ្វើ​អ្នកឲ្យ​ដូចជា​គំនរ​ផេះយ៉ាង​ឆាប់។

[៣៥៥] (សុទស្សននាគរាជ…) ពិសនៃពស់ផ្ទះ ពស់ទឹក ពស់ខៀវ គ្រាន់មានខ្លះ ឯពិស​នៃនាគ​មានក្បាល​ក្រហម មិនមាន​សោះឡើយ។

[៣៥៦] (អាលម្ពាយនព្រាហ្មណ៍…) ខ្ញុំបានស្តាប់ពាក្យនេះ​របស់ពួក​ព្រះអរហន្ត ដែល​សង្រួម​ហើយ មានតបៈថា ទាយក​ទាំងឡាយ​ក្នុងលោក​នេះ ឲ្យទាន​ទាំងឡាយ រមែង​ទៅកាន់​ឋានសួគ៌ ថាបើ​អ្នកមាន​វត្ថុតិចតួច​ដែលគួរ​ឲ្យ​ អ្នកទាន់​នៅរស់ ចូរឲ្យទាន​ទាំងឡាយ​ចុះ។ នាគនេះ មានឫទ្ធិ​ច្រើន មានតេជះ​ដែលគេ​កន្លងបាន​ដោយក្រ ខ្ញុំនឹងប្រើ​នាគនេះ​ឲ្យចឹកអ្នក នាគនោះនឹង​ធ្វើអ្នកឲ្យទៅ​ជាផេះ។

[៣៥៧] (សុទស្សននាគរាជ…) ម្នាលសម្លាញ់ ខ្ញុំក៏បានស្តាប់​ពាក្យនេះ​របស់ពួក​ព្រះអរហន្ត ដែល​សង្រួមហើយ​មានតបៈ​ថា ទាយក​ទាំងឡាយ​ក្នុងលោក​នេះ ឲ្យទាន​ទាំងឡាយ រមែងទៅ​កាន់ឋានសួគ៌ ថាបើ​អ្នកមាន​វត្ថុតិចតួច ដែល​គួរឲ្យ​ អ្នកទាន់​នៅរស់ ចូរឲ្យ​ទានទាំងឡាយ​ចុះ។ កូនកង្កែប​នេះ ឈ្មោះ​អច្ចិមុខី ពេញដោយ​តេជះរបស់​ពស់ដ៏​ខ្ពង់ខ្ពស់ អាត្មា​នឹងប្រើនាង​អច្ចិមុខី​នោះ ឲ្យខាំអ្នក នាង​អច្ចិមុខី​នោះ នឹងធ្វើ​អ្នកឲ្យ​ទៅជា​ផេះ។ នាង​អច្ចិមុខីនោះ ជាធីតា​របស់​ព្រះបាទ​ធតរដ្ឋ មានមាតា​ផេ្សងគ្នា ជាប្អូន​ស្រី​របស់​អាត្មា​ដ៏ពេញ​ដោយតេជះ​របស់ពស់​ដ៏ខ្ពង់ខ្ពស់ ចូរខាំចុះ។

[៣៥៨] បពិត្រព្រះអង្គ ព្រះនាមព្រហ្មទត្ត សូមទ្រង់ជ្រាបចុះ បើអាត្មាភាព​សាចពិស​ទៅលើ​ផែនដី ស្មៅ វល្លិ៍ ពួកឈើ ជាឱសធ នឹងស្វិត​ស្រពោន​គ្មានសល់។

[៣៥៩] បពិត្រព្រះអង្គ ព្រះនាមព្រហ្មទត្ត សូមទ្រង់ជ្រាបចុះ បើអាត្មាភាព​សាច​ពិសទៅ​ខាងលើ ភ្លៀងនឹង​មិនបង្អុរចុះ ទឹកសន្សើម​នឹងមិន​ធ្លាក់ចុះ​អស់ ៧ ឆ្នាំ។

[៣៦០] បពិត្រព្រះអង្គ ព្រះនាមព្រហ្មទត្ត សូមទ្រង់ជ្រាបចុះ បើអាត្មាភាព​សាច​ពិសទៅ​ក្នុងទឹក ត្រី និងអណ្តើក ដែលជា​សត្វកើត​ក្នុងទឹក​ទាំងប៉ុន្មាន នឹង​ស្លាប់​ទាំងអស់។

[៣៦១] (ព្រាហ្មណ៍នេសាទ …) ទឹកដែលតាំងនៅក្នុងកំពង់បយាគៈ ដែលអញ​កំពុង​ស្រោច ជាទឹក​ដែលលោក​សន្មតថា សម្រាប់​លាងបាប ចុះខ្មោចអ្វី ជ្រមុជអញ​ចុះទៅ​ក្នុងស្ទឹង​យមុនា​ដ៏ជ្រៅ។

[៣៦២] (សុភោគនាគរាជ…) នាគណា ជាធំក្នុងលោក មានយស បានមកព័ទ្ធ​ក្រុង​ពារាណសី​ដោយ​ជុំវិញ អញជា​កូននាគ​ដ៏ប្រសើរ​នោះ ម្នាល​ព្រាហ្មណ៍ នាគទាំងឡាយ ហៅអញថា សុភោគ​ដូច្នេះ។

[៣៦៣] (ព្រាហ្មណ៍នេសាទ…) បើអ្នកជាកូននៃនាគដ៏​ប្រសើរ ជាព្រះរាជា​ក្នុងដែន​កាសី ជាធំ​ជាងនាគ​ដែលមាន​អាយុវែង បិតា​របស់អ្នក ជានាគ​មានស័ក្កិធំ​មួយដែរ បណ្តា​សត្វ​ទាំងឡាយ មាតា​របស់អ្នក ក៏មិនមាន​ស្រ្តីណា​ផ្ទឹមបាន​ឡើយ បុគ្គលមាន​អានុភាព​ច្រើន​ដូចអ្នក មិនគួរ​ចាប់ជ្រមុជ​បុគ្គល សូម្បី​ជាទាសៈ​នៃព្រាហ្មណ៍​ទេ។

[៣៦៤] (សុភោគនាគរាជ…) ឯងអែបដើមឈើ ហើយបាញ់ទ្រាយ​ដែល​មកផឹក (ទឹក) ទ្រាយនោះ ដែលឯង​បាញ់ហើយ ក៏ងាក​មើលដោយ​កំឡាំង​នៃសរ ក៏ស្ទុះ​ទៅកាន់​ទីឆ្ងាយ។ ឯងបាន​ឃើញ​ទ្រាយនោះ ដួលក្នុង​ព្រៃធំហើយ ក៏នាំសាច់​មួយអម្រែក​ចូល​ទៅកាន់​ដើមជ្រៃ ក្នុង​វេលាល្ងាច ជាឈើ​ដែល​គឹកកង​ដោយសត្វ​សេក និង​សាលិកា មាន​ស្លឹកលឿង ដេរដាស​ដោយពួរ ដែលសត្វ​តាវៅទំយំ ជាទី​គួររីករាយ មាន​ផែនដីដុះ​ស្មៅខៀវ​ជានិច្ច បងរបស់អញ​ដែលមាន​អានុភាព​ច្រើន រុងរឿង​ដោយឫទ្ធិ និងយស ដែល​ពួកនាគ​កញ្ញា​ចោមរោម​ហើយ ក៏ប្រាកដ​ដល់ឯង​ក្នុងទីនោះ។ ឯងនោះ ដែល​បងរបស់​អញនោះ​ផ្គាប់ហើយ ឲ្យស្កប់ស្កល់​ដោយកាម​ទាំងពួង ឯងបាន​ប្រទូស្ត​ចំពោះ​បង​ដែលមិន​ប្រទូស្ត ពៀរនោះ​មកដល់​ឯង​ក្នុងទី​នេះហើយ។ ឯងចូរដក ក យ៉ាងឆាប់ អញ​នឹងមិនឲ្យ​ជីវិត​ដល់​ឯងទេ អញ​រឭក​ឃើញនូវ​ពៀរ (ដែលឯងធ្វើ) ចំពោះ​បង អញនឹង​កាត់​ក្បាលឯង​ឥឡូវនេះ។

[៣៦៥] (ព្រាហ្មណ៍នេសាទ…) ព្រាហ្មណ៍ជាអ្នករៀនមន្ត ១ ជាអ្នក​ប្រកប​ដោយ​ការសូម ១ ជាអ្នក​បូជាភ្លើង ១ ព្រាហ្មណ៍​ប្រកបដោយ​ហេតុទាំង ៣ នេះ អ្នកមិនគួរ​សម្លាប់​ទេ។

[៣៦៦] (សុភោគនាគរាជ…) បុរីណា របស់ព្រះបាទ​ធតរដ្ឋ ជាវិការៈ​នៃមាស​ទាំង​អស់ ដែលចូល​ទៅកាន់​ស្ទឹង​យមុនា ទល់នឹង​ភ្នំហិមពាន្ត ដែលនៅ​ជិតស្ទឹង​យមុនា រមែង​រុងរឿង។ បងប្អូន​របស់អញ​ទាំងនោះ ជាបុរស​ក្លៀវក្លា ជាអ្នក​រួមផ្ទៃ នៅក្នុង​បុរី​នោះ បងប្អូន​ទាំង​នោះ ក្នុងបុរីនោះ និយាយ​យ៉ាង​ណា ឯងនឹងទៅ​ជាយ៉ាង​នោះ។

[៣៦៧] (កាណារិដ្ឋនាគរាជ…) បពិត្រសុភោគ យ័ញ្ញ និងវេទ​ទាំងឡាយ​ក្នុង​លោកនេះ ដែល​ព្រាហ្មណ៍​ឯទៀត​ប្រកប​ហើយ មិនមែន​ជារបស់​ផ្តេសផ្តាស​ទេ ព្រោះ​ហេតុនោះ បុគ្គល​កាលតិះដៀល​ព្រាហ្មណ៍​ដែលមិន​គួរតិះដៀល ឈ្មោះថា​លះបង់​ទ្រព្យ និងធម៌​របស់​ពួក​សប្បុរស។

[៣៦៨] ពួកអ្នកប្រសើរ (ព្រាហ្មណ៍) ប្រកាន់ខាងការ​រៀនមន្ត ពួកជាធំ​ជាងជន (ក្សត្រិយ៍) ប្រកាន់​ខាងការ​ផែនដី ពួកវេស្សៈ ប្រកាន់​ខាងការ​ភ្ជួររាស់ ពួកសូទ្រៈ​ប្រកាន់​ខាងការ​បម្រើ​ផេ្សងៗគ្នា តាមសមគួរ​ដល់ប្រទេស ជន​ទាំងឡាយ​បានពោល​ថា ត្រកូល​ទាំង ៤ នេះ ព្រហ្ម​បានតាក់តែង​ហើយ។

[៣៦៩] ទេវរាជព្រះនាមធាតុ វិធាតុ វរុណៈ កុវេរៈ សោមៈ យមៈ ចន្ទិមៈ វាយុ សុរិយៈ សេ្តចទាំងនេះ បានបូជា​យ័ញ្ញដ៏​ច្រើន ទាំង (បានឲ្យ) វត្ថុជា​ទីប្រាថ្នា​គ្រប់យ៉ាង ដល់ពួក​ព្រាហ្មណ៍​អ្នករៀន​មន្ត។ ព្រះបាទ​អជ្ជុនណា មានកម្លំាង មានសេនា​គួរខ្លាច មានដៃ​មួយពាន់11) មិនមាន​បុគ្គលណាស្មើ លើផែនដី ជាអ្នក​យិតធ្នូ ៥០០ បាន ព្រះបាទ​អជ្ជុន​នោះឯង ក៏បូជា​ភ្លើងក្នុង​កាលនោះ​ដែរ។

[៣៧០] បុគ្គលណា មានចិត្តជ្រះថ្លា រីករាយ បានញ៉ាំង​ព្រាហ្មណ៍​ឲ្យបរិភោគ​បាយ និងទឹក អស់​កាលយូរ ដ៏សមគួរ​តាម​អានុភាព បពិត្រ​សុភោគ បុគ្គល​នោះ នឹងបាន​ជាទេវតា​មួយអង្គ។

[៣៧១] ព្រះបាទមុជលិន្ទ អាចញ៉ាំងទេវតាភ្លើង ជាអ្នក​ស៊ីច្រើន មានពន្លឺ​មិន​ថោកទាប ឲ្យស្កប់ស្កល់​ដោយសប្បិ បានបូជា​វិធីយ័ញ្ញ​ចំពោះ​ទេវតាភ្លើង​ដ៏ប្រសើរ ទ្រង់បាន​ទៅ​កាន់គតិ​ជាទិព្យ។

[៣៧២] ព្រះរាជា ព្រះនាមទុទីបៈ មានអានុភាពច្រើន មាន​ព្រះជន្ម ១.០០០ ឆ្នាំ បាន​លះបង់​ដែន ព្រមទាំង​សេនា មិនមាន​ទីបំផុត ហើយបួស បានជា​ទក្ខិណេយ្យ​បុគ្គល គួរ​រមិលមើល​ដ៏លើសលុប ទ្រង់បាន​ទៅកាន់​ឋានសួគ៌។

[៣៧៣] បពិត្រសុភោគ ព្រះបាទសាគរឈ្នះផែនដី មាន​សាគរ​ជាទីបំផុត បានលើក​សសរ​យ័ញ្ញដ៏ល្អ ជាវិការៈ​នៃមាស​ដ៏លើសលុប បូជាភ្លើង ទ្រង់បាន​ជាទេវតា​មួយអង្គ។ បពិត្រ​សុភោគ ទន្លេគង្គា ប្រព្រឹត្តទៅ​ដោយ​អានុភាព​នៃព្រះ​រាជាណា ទឹកដោះជូរ​ដែល​ស្ងប់ស្ងៀម ទៅជា​សមុទ្រ​ដោយ​អានុភាព​នៃ​ព្រះរាជា​ណា ព្រះរាជានោះ គឺ​ព្រះបាទអង្គៈ មានរោម​ត្រង់ព្រះបាទ បម្រើ​ភ្លើង ក៏ទ្រង់បាន​ទៅកាន់បុរី​នៃ​ព្រះឥន្រ្ទ។

[៣៧៤] បពិត្រសុភោគ ទេវតាដ៏ប្រសើរ មានឫទ្ធិច្រើន មានយស ជាសេនាបតី​នៃ​ព្រះបាទ​វាសវៈ ក្នុងឋាន​ត្រៃត្រឹង្ស ព្រោះតែ​បានកំចាត់​បង់នូវ​មន្ទិល ដោយ​សោមយាគវិធី ក៏បាន​ជាទេវតា​មួយអង្គ។

[៣៧៥] ទេវតាដ៏ប្រសើរ ព្រហ្មមានឫទ្ធិច្រើន មានយស បានសាង​លោកនេះ និង​លោកដទៃ និងស្ទឹង​ភាគីរថី​ផង ភ្នំហិមពាន្ត​ផង ភ្នំវិជ្ឈៈ​ផង ព្រហ្មនោះឯង ក៏បាន​បូជា​ភ្លើងក្នុង​កាលនោះ​ដែរ។ ម្យ៉ាងទៀត ភ្នំមាលាគិរី ១ ភ្នំហិមពាន្ត ១ ភ្នំវិជ្ឈៈ ១ ភ្នំសុទស្សនៈ ១ ភ្នំនិសភៈ ១ ភ្នំកាកវេរុ ១ ពួកព្រាហ្មណ៍​ពោលថា ភ្នំទាំង​នេះក្តី ភ្នំដទៃ​ធំៗក្តី ពួក​ព្រាហ្មណ៍​អ្នកបូជា​យ័ញ្ញ បានធ្វើឲ្យ​វិចិត្រ​ហើយ។

[៣៧៦] ជនទាំងឡាយ បានពោលចំពោះព្រាហ្មណ៍​អ្នករៀនមន្ត បរិបូណ៌​ដោយ​គុណនៃ​មន្ត មានតបៈ​ក្នុងលោកនេះ ថាជា​អ្នកប្រកប​ដោយការ​សូម សាគរ​បានពន្លិច​ព្រាហ្មណ៍​នោះ ដែលឋិត​នៅលើ​ត្រើយ កំពុង​សាចទឹក​សមុទ្រ ហេតុនោះ បានជា​សមុទ្រ​មានទឹកប្រៃ ផឹកមិនបាន។

[៣៧៧] ព្រាហ្មណ៍ទាំងឡាយ ជាវត្ថុសម្រាប់បូជា មានច្រើន​លើផែនដី មានក្នុង​ទិស​ខាងកើត ទិសខាង​លិច ទិស​ខាងត្បូង និងទិស​ខាងជើង តែង​ញ៉ាំង​សេចក្តី​ត្រេកអរ​ឲ្យកើត​ដល់​វាសវៈ។

[៣៧៨] (ភូរិទត្តនាគរាជ…) ម្នាលអរិដ្ឋ ការៀនយកនូវវេទ​ទាំងឡាយ ជាទោស​របស់អ្នក​ប្រាជ្ញ​ទាំងឡាយ តែជា​អំពើ​របស់បុគ្គល​ពាលទាំង​ឡាយ (ត្រៃវេទ) ជាធម៌ ដូច​ថ្ងៃបណ្តើរ​កូន ព្រោះសំឡឹង​មើលទៅ មិនសើ្ម​វេទទាំង​ឡាយ ជាចំណែក​នៃកល​ឧបាយ ទង់ទាញ​អ្នកមាន​បញ្ញា​មិនបានទេ ការពារ​ជនអ្នក​ទ្រូស្តមិត្រ បំផ្លាញ​សេចក្តី​ចំរើននោះ ក៏មិន​បានទេ ភ្លើងដែល​បុគ្គលបម្រើ​ហើយ រមែងមិន​ការពារនូវ​សត្វមាន​កម្មបាន​ទេ ជារបស់​មិនប្រសើរ ប្រកប​ដោយ​ទោស។ មួយទៀត សត្វទាំងឡាយ មានទ្រព្យ មាន​ភោគៈ យកទ្រព្យ​ទាំងអស់​លាយដោយ​ឧស និងស្មៅ​ហើយ​ដុតភ្លើង មានតេជះ មិនមានអ្វី​ស្មើ កាលឆេះ​វត្ថុដែល​គេដុតហើយ ក៏មិន​គប្បីឆ្អែត ម្នាលអ្នក​ដឹងរស​ដោយ​អណ្តាត​ទាំងពីរ ចុះបុគ្គល​ណា គប្បីធ្វើ​ភ្លើងនោះ​ឲ្យឆ្អែត​បាន។ ខីរៈ មានការប្រែ​ប្រួលជា​ធម្មតា ក្លាយទៅ​ជាទធិ ហើយទៅ​ជា​នវនីត​យ៉ាង​ណា ភ្លើងជា​តេជោធាតុ មាន​ការ​ប្រែប្រួល​ជា​ធម្មតា យ៉ាងនោះ​ដែរ លុះ​តែប្រកប​ដោយ​គ្រឿងពួត ទើបឆេះ។ ភ្លើងដែល​ចូលទៅ​ក្នុងឈើស្ងួត ឬ​ឈើស្រស់​ក៏មិន​ប្រាកដ ភ្លើងដែល​នរជន​មានឈើ​ពំនួត​ក្នុងដៃ មិនបាន​ពួត ក៏មិនឆេះ ភ្លើងមិនមែន​ឆេះដោយ​ការមិន​ធើ្វទេ។ ប្រសិនបើ​ភ្លើងនៅ​ក្នុងឈើ​ស្ងួត ឬឈើស្រស់ នៅខាងក្នុង នៅក្នុង​ព្រៃទាំងអស់​ក្នុងលោក គប្បី​ស្ងួតក្រៀម ឯឈើស្ងួត​ទាំងឡាយ​គប្បីឆេះ។ ថាបើ នរជន​ញ៉ាំងភ្លើង​ដ៏ក្តៅ ប្រកប​ដោយផែ្សង និង​អណ្តាត ឲ្យស៊ី​ដោយឧស និងស្មៅ ឈ្មោះថា ធ្វើបុណ្យឬ ជនអ្នក​ធ្វើធ្យូង អ្នកធ្វើ​អំបិល អ្នកធ្វើ​អាហារ និងអ្នក​ដុតសរីរៈ​នៃបុគ្គល​ស្លាប់ ឈោ្មះថា ធ្វើបុណ្យ​ដែរឬ។ ប្រសិនបើ​ព្រាហ្មណ៍​ទាំងនុ៎ះ ញ៉ាំងការ​រៀនមន្ត និងភ្លើង​ឲ្យឆ្អែត​ក្នុង​លោកនេះ ទើបឈ្មោះ​ថាធ្វើ​បុណ្យ នរជន​ណាមួយ​ក្នុងលោក កាលញ៉ាំង​ភ្លើងមានកំដៅ​ប្រកប​ដោយផ្សែង និង​អណា្តត​ឲ្យស៊ី មិនឈ្មោះថា​ធ្វើបុណ្យទេ។ ម្នាល​អ្នកដឹងរស​ដោយ​អណ្តាត​ពីរ (អគ្គិទេពរបស់អ្នក) ដែល​លោកគោរព​ហើយ ម្តេចក៏​ស៊ីវត្ថុមាន​ក្លិនមិន​ជាទី​គាប់ចិត្ត មិនជា​ទីត្រេកអរ​នៃជន​ដ៏ច្រើន ដែលពួក​មនុស្ស​តែងវៀរ ជាវត្ថុ​មិនប្រសើរ​នោះ។ មនុស្ស​ពួកខ្លះ ពោលថាភ្លើង (ជាទេវតា​មួយអង្គ) ក្នុងពួកទេវតា ឯពួក​មិលក្ខុជន​ពោលថា ទឹក​ជាទេវតា ជនទាំងអស់​នុ៎ះពោលខុស ភ្លើងមិន​មែនជា​ទេវតាណា​មួយទេ ទឹកក៏​មិន​មែន​ដែរ។ ភ្លើងមិន​មានឥន្រ្ទិយ ជាពួក​មិនមាន​ចេតនា សម្រាប់​ធ្វើការងារ​របស់​ពួកមនុស្ស អ្នកធ្វើ​បាបកម្ម​ទាំងឡាយ កាល​បម្រើភ្លើង គប្បីទៅ​កាន់​សុគតិ​ដូចមេ្តច​កើត។ ពួក​ព្រាហ្មណ៍ជាអ្នក​ត្រូវការ​ដោយជីវិត​ក្នុងលោកនេះ ពោលថា (មហាព្រហ្ម) ជាអ្នកគ្រប​សង្កត់​លោក​ទាំងអស់ ហើយពោលថា ព្រហ្មជា​អ្នកបម្រើ​ភ្លើងដូច្នេះ បើ (មហាព្រហ្ម) មាន​អានុភាព​ជាងលោក​ទាំងអស់ មានអំណាច មិនមាន​អ្នកណា​សាង ហេតុអ្វី​ក៏សំពះ​ភ្លើងដែល​ខ្លួននិម្មិត​វិញ។ ពាក្យ​ព្រាហ្មណ៍ ជាពាក្យ​គួរសើច មិនគួរដល់​ការពិនិត្យ ជាពាក្យ​មិនពិត ពួកព្រាហ្មណ៍ ក្នុងកាលមុន តាក់តែង (ពាក្យ​មិនពិត) ព្រោះហេតុ​នៃសក្ការៈ ព្រាហ្មណ៍​ទាំងនោះ កាលបើ​លាភសក្ការៈ​មិនកើត​ឡើងទេ ក៏តនូវ​សន្តិធម៌ ពោលគឺ លទ្ធិរបស់​ខ្លួនជាមួយ​នឹងពួក​សត្វ។ ពួកអ្នក​ប្រសើរ (ព្រាហ្មណ៍) ប្រកាន់​ការរៀន​មន្ត ពួកជា​ធំជាង​ដែន (ក្សត្រិយ៍) ប្រកាន់​ផែនដី ពួកវេស្សៈ​ប្រកាន់​ការភ្ជួរាស់ ពួកសូទ្រៈ​ប្រកាន់​ការបម្រើ ផ្សេងៗគ្នា សមគួរ​តាមប្រទេស ជនទាំង​ឡាយបាន​ពោលថា ត្រកូល​ទាំង ៤ នេះ ព្រហ្មបាន​តាក់តែង​ហើយ។ ប្រសិនបើ​ពាក្យនុ៎ះ ជាពាក្យពិត ដូចយ៉ាង​ពាក្យដែល​ព្រាហ្មណ៍​ទាំងឡាយ ពោល​ហើយនេះ បុគ្គល​មិនមែន​ជាក្សត្រិយ៍ មិនត្រូវ​បានរាជ្យ​ដោយ​ដាច់​ខាត បុគ្គល​មិនមែន​ជាព្រាហ្មណ៍ មិនគប្បី​សិក្សា​នូវបទ​នៃមន្ត បុគ្គលវៀរ​ចាកពួក​វេស្សៈ មិនគប្បី​ធ្វើការ​ភ្ជួររាស់ ពួកសូទ្រៈ​មិនគប្បីរួច​អំពីការ​ប្រើ​នៃជនដទៃ។ ពាក្យនេះ ជាពាក្យ​មិនពិត ព្រោះហេតុ​ណា (ហេតុនោះ) ព្រាហ្មណ៍​ទាំងនេះ ពោលពាក្យ​កុហក​ដើម្បីការ​បំពេញផ្ទៃ បុគ្គល​អ្នកមិន​មានប្រាជ្ញា​ទាំងឡាយ រមែង​ជឿងស៊ប់​នូវពាក្យនោះ ចំណែក​ខាងពួក​បណ្ឌិត រមែងឃើញ​ហេតុនោះ ដោយខ្លួនឯង។ ពួកក្សត្រិយ៍​នាំយក​ពលី (ហូតពន្ធ) របស់ពួក​វេស្សៈ ពួកព្រាហ្មណ៍ កាន់យក​គ្រឿងសស្រ្តា​ទាំងឡាយ ហើយ​ដើរទៅ (សម្លាប់​សត្វ) ហេតុអ្វី ព្រហ្មមិនធ្វើ​លោកដែល​ជ្រួលជ្រើម បែកខ្ញែក​បែបនោះៗ ឲ្យត្រង់។ ប្រសិនបើ​ព្រហ្មជា​ឥស្សរៈ​នោះ ជាប្រធាន ជាម្ចាស់​លើភូត​របស់​ពួកសត្វ​ក្នុងលោក​ទំាងអស់ ហេតុអ្វី ក៏ចាត់ចែង​លោកទាំង​អស់ឲ្យ​មានទុក្ខ ហេតុអ្វី​មិនធ្វើ​លោក​ទាំងអស់​ឲ្យបាន​សេចក្តីសុខ។ ប្រសិនបើ​ព្រហ្មជា​ឥស្សរៈនោះ ជាប្រធាន ជាម្ចាស់​លើភូត​របស់​ពួកសត្វ​ក្នុងលោក​ទាំងអស់ ហេតុអ្វី ក៏ធ្វើ​លោក​ឲ្យវិនាស ដោយ​កលឧបាយ និងការ​ញាំញី ដោយការ​ពោល​ពាក្យកុហក ដែលមិន​មែនជា​ធម៌។ ប្រសិនបើ​​ព្រហ្មជា​ឥស្សរៈ​នោះ ជា​ប្រធាន ជាម្ចាស់​លើភូត​របស់​ពួក​សត្វក្នុងលោកទាំងអស់ ម្នាលអរិដ្ឋ ព្រហ្ម​ជាម្ចាស់​លើភូត មិនប្រកប​ដោយ​ធម៌ទេ ព្រោះកាល​បើធម៌មាន បែរជា​ចាត់ចែង​អធម៌វិញ។ បុគ្គល​សម្លាប់​កណ្តូប កន្ទំរុយ ពស់ កង្កែប​ ដង្កូវ រុយ ទើបឈ្មោះថា បរិសុទ្ធ ឯធម៌​ទាំងនេះ ជាធម៌​របស់ពួក​ជនអ្នក​នៅក្នុង​ដែនកម្ពុជៈ​ដ៏ច្រើន ជាធម៌​មានសភាព​មិនប្រសើរ ជាធម៌​មិនពិត។

[៣៧៩] ប្រសិនបើអ្នកសម្លាប់នោះ បរិសុទ្ធ ឬអ្នកដែល​ត្រូវសម្លាប់នោះ ទៅកាន់​ឋានសួគ៌​បាន ពួកព្រាហ្មណ៍ គប្បីសម្លាប់​ពួកព្រាហ្មណ៍ ឬសម្លាប់ពួកជន​​អ្នកជឿ​ពាក្យព្រាហ្មណ៍​នោះ (មុន)។ មិនមាន​ពួកម្រឹគ មិនមាន​ពួកសត្វ​ចិញ្ចឹម ពួកគោ​ណាមួយ​អង្វរ​ឲ្យសម្លាប់​​ខ្លួនទេ សត្វទាំងឡាយ​ក្នុងលោក​នេះ សុទ្ធតែ​ញាប់ញ័រ ​ត្រូវការដោយជីវិត (ព្រោះថា) ជន​ទាំងឡាយ ប្រារព្ធនឹង​សម្លាប់សត្វ​ទាំងឡាយ និងសត្វ​ចិញ្ចឹម ក្នុងយ័ញ្ញ​ទាំងឡាយ។ ពួកបុគ្គល​ពាល រមែងបើក​មាត់និយាយ ដោយហេតុ​ទាំងឡាយ​ដ៏វិចិត្រ ក្នុង​ការលើក​ឡើង​នូវ​សសរយ័ញ្ញៈ និងទី​ចងនៃ​សត្វចិញ្ចឹម​ថា សសរយ័ញ្ញ​នេះ បង្ហូរ​សេចក្តី​ប្រាថ្នា​ដល់អ្នក ក្នុងបរលោក នឹងឲ្យ​សេចក្តី​ទៀងទាត់​ក្នុង​បរលោក។ ប្រសិនបើ​បុគ្គលគប្បី​បាន​កែវមណី ស័ង្ខ កែវមុក្តា ស្រូវ ទ្រព្យ ប្រាក់ និងមាស ក្នុងសសរ​យ័ញ្ញ ក្នុង​ឈើស្ងួត និង​ឈើស្រស់ ម្យ៉ាងទៀត ប្រសិនបើ​សសរយ័ញ្ញ គប្បី​បង្ហូរសេចក្តី​ប្រាថ្នា​គ្រប់យ៉ាង ក្នុង​ឋានសួគ៌ ពួកជន​អ្នកចេះ​ត្រៃវេទ​ដ៏ច្រើន គប្បីបូជា បុគ្គល​មិនមែនជា​ព្រាហ្មណ៍ មិនគប្បី​បូជាតិច​តួចទេ។ កែវមណី ស័ង្ខ កែវមុក្តា ស្រូវ ទ្រព្យ ប្រាក់ មាស ក្នុង​សសរយ័ញ្ញ ក្នុងឈើ​ស្ងួត និងឈើស្រស់ នឹងមាន​ពីណា សសរយ័ញ្ញ​នឹងបង្ហូរ​សេចក្តី​ប្រាថ្នា​គ្រប់យ៉ាង ក្នុងឋាន​សួគ៌​ដូចមេ្តច​កើត។ ពួកព្រាហ្មណ៍ ជាអ្នក​បោកប្រាស ចិត្តអាក្រក់ ជាពួកពាល ប្រលោម​លោក តែងបើក​មាត់និយាយ​ដោយហេតុ​ដ៏វិចិត្រ​ថា អ្នកឯង​ចូរយក​ភ្លើងចុះ ហើយឲ្យ​ទ្រព្យដល់​យើង លំដាប់នោះ អ្នកឯង​នឹងបាន​នូវសេចក្តី​ប្រាថ្នាគ្រប់​យ៉ាងហើយ នឹង​ដល់នូវ​សេចក្តី​សុខ។ ពួកព្រាហ្មណ៍​នាំបុគ្គល​ជាសរណៈ (ព្រះរាជា និង​មហាមាត្យ) ចូរទៅ​កាន់រោង​សម្រាប់​បូជាភ្លើង​នោះ ក៏បើក​មាត់និយាយ​ដោយហេតុ​ដ៏វិចិត្រ ឲ្យកោរ​សក់ ពុកមាត់ កាត់ក្រចក ហើយគាប​យកទ្រព្យ​ដោយ​វេទ​ទាំងឡាយ។ ពួកព្រាហ្មណ៍ ជាអ្នក​កុហក​ដ៏ច្រើន បាន​ទាយកម្នាក់ ហើយក៏​ចោមស៊ីបាយ ដូចជា​ក្អែកទាំង​ឡាយ ចោម​ចាប់មៀម​ក្នុងទីស្ងាត់ កុហក​ធ្វើឲ្យរលីង ​ហើយ​ដាក់ចុះទៅក្នុងផ្លូវ​នៃយ័ញ្ញ។ ទាយក​តែម្នាក់​នោះ ត្រូវពួក​ព្រាហ្មណ៍​បញ្ឆោត​ហើយដោយ​អាការ​យ៉ាងនេះឯង ព្រាហ្មណ៍​ទាំងនោះ​ជាច្រើន ចោមប្លន់​ដោយការ​ប្រកប​ដោយឧបាយ ក៏នាំយក​ទ្រព្យដែល​ឃើញ​ដោយ​ទេវលោក ដែលមិន​ឃើញ​សោះ។ ដូចយ៉ាង​ពួករាជបុរស ដែល​ព្រះរាជា​ប្រើទៅហើយ ក៏នាំយក​ទ្រព្យនោះ​របស់គេ ម្នាល​អរិដ្ឋ ពួកព្រាហ្មណ៍​ប្រាកដ​ដូច្នោះ ប្រហែលគ្នា​នឹង​ពួកចោរ ជា​អសប្បុរស ជាបុគ្គល​គួរសម្លាប់ តែគេ​មិនសម្លាប់​ក្នុង​លោក។ ពួកព្រាហ្មណ៍ បាន​កាត់ដើមចា មកប្រើ​ក្នុងវិធី​យ័ញ្ញ (ប្រាប់ថា នេះ) ជាដៃស្តាំ​របស់​ព្រះឥន្រ្ទ បើពាក្យ​នោះពិត ព្រះឥន្រ្ទ​ទៅជា​ដាច់ដៃ ចុះព្រះឥន្រ្ទ​ឈ្នះ​ពួកអសុរ ដោយកម្លំាង​ដៃដូចម្តេច។ ពាក្យនោះ​ទទេ​សោះ ព្រះឥន្រ្ទ​នៅមានដើមដៃ​គ្រប់គ្រាន់ ជាទេវតា​ដ៏ប្រសើរ មិនមាន​អ្នកណា​សម្លាប់​បាន បានកំចាត់​ពួកអសុរ មន្តទាំង​ឡាយនេះ របស់​ពួក​ព្រាហ្មណ៍ មាន​សភាព​ជារបស់​ទទេ នេះជា​ការបញ្ឆោត ដែលគេ​ឃើញច្បាស់​ក្នុងលោក។ ភ្នំមាលាគិរី ១ ភ្នំហិមពាន្ត ១ ភ្នំវិជ្ឈៈ ១ ភ្នំសុទស្សនៈ ១ ភ្នំនិសភៈ ១ ភ្នំកាកវេរុ ១ ភ្នំទាំងនុ៎ះក្តី ភ្នំធំ ៗ ឯទៀត​ក្តី ព្រាហ្មណ៍​ទាំងឡាយ​ពោលថា ពួក​ព្រាហ្មណ៍​អ្នកបូជា​យ័ញ្ញ​កសាង​ហើយ ដ៏វិចិត្រ​ដូច្នោះ។ ព្រាហ្មណ៍​ទាំងឡាយ​ពោលថា ភ្នំ​ទាំងឡាយ ដែលពួក​ព្រាហ្មណ៍​អ្នកបូជា​យ័ញ្ញ កាន់​យកឥដ្ឋ​ទាំងឡាយ មានបការៈ​យ៉ាងណា ធ្វើវិចិត្រ​ហើយ ភ្នំ​ទាំងឡាយ មិនមែន​មាន​បការៈ​ដូច្នោះទេ ឯភ្នំ​ទាំងឡាយ មិនដូច​របស់ដទៃ​ទេ ជារបស់​មិនកម្រើក ជាថ្ម​សុទ្ធដែល​គេឃើញ​ច្បាស់។ ភ្នំទាំងឡាយ​មិនមែនជា​ឥដ្ឋទេ ជាថ្ម​យូរយារហើយ ដែក មិនមែន​កើត​ក្នុងឥដ្ឋនោះ​ទេ លោហៈ ក៏មិន​មែន​កើតក្នុង​ឥដ្ឋនោះ​ដែរ ពួកព្រាហ្មណ៍​កាល​សសើរ​នូវយ័ញ្ញ​នេះ បាន​ពោលថា ភ្នំ​ទាំងឡាយ ដែលពួក​ព្រាហ្មណ៍​អ្នកបូជា​យ័ញ្ញ ធ្វើវិចិត្រ​ហើយ។ ព្រាហ្មណ៍​ទាំងឡាយ​ក្នុងលោកនេះ បានពោល​នូវព្រាហ្មណ៍​អ្នក​រៀនមន្ត បរិបូណ៌​ដោយគុណ​នៃមន្ត មានតបៈ ថាជា​អ្នកប្រកប​ដោយការ​សូម ​សាគរ​ពន្លិច​ព្រាហ្មណ៍​នោះ ដែលកំពុង​សាចទឹកនៃ​សមុទ្រ​លើច្រាំង ព្រោះ​ហេតុនោះ បាន​ជាទឹក​សមុទ្រ​នោះប្រៃ ផឹក​មិនបាន។ ស្ទឹងទាំងឡាយ​កួចយកពួក​ព្រាហ្មណ៍ អ្នកបរិបូណ៌​ដោយវេទ បរិបូណ៌​ដោយមន្ត ច្រើនជាង​ពាន់នាក់ ទឹកទាំង​ឡាយមិន​ខូចរស ព្រោះហេតុ​នោះទេ សមុទ្រ​មិនមាន​អ្វីស្មើ មានរសប្រៃ ផឹកមិនបាន តើព្រោះ​ហេតុអ្វី។ អណ្តូងខ្លះ ក្នុង​ជីវលោក​នេះ មានទឹកប្រៃ ដែលពួក​ជនអ្នក​ផឹកអណ្តូង​បានផឹកហើយ ម្នាល​អ្នកដឹង​រសដោយ​អណ្តាត​ទាំងពីរ ជនទាំងឡាយ​មិនពោល​ថា ទឹកក្នុង​អណ្តូង​ទាំងនោះ មានរស​ប្រៃ ផឹកមិនបាន ព្រោះតែ​កួចយក​ព្រាហ្មណ៍​ទេ។ តាំងពី​មុនដម្បូង​មក ស្រ្តីណា ជាភរិយា​របស់​បុរស​ណា មនោបាន​ញ៉ាំងមនុស្សឲ្យ​​កើតឡើង​ក្នុងកាល​មុន មិនមាន​អ្នកណាមួយ ថោកទាប​ជាងគ្នា ដោយ​ធម៌នោះ ព្រាហ្មណ៍​ទាំងឡាយ​បានពោល​នូវការចែក (វណ្ណៈ) ដោយ​ការ​លះបង់ (ធម៌នោះ) យ៉ាងនេះ​ឯង។ សូម្បីកូន​ចណ្ឌាល ជាអ្នក​ឈ្លាសវៃ មាន​ប្រាជ្ញា បានរៀន​វេទទាំងឡាយ ពោលមន្ត​ទាំងឡាយ ក្បាលនៃ​កូនជន​ចណ្ឌាល​នោះ មិន​បែកជា ៧ ភាគទេ មន្ត​ទាំងនេះ ពួកព្រាហ្មណ៍​ធ្វើហើយ ដើម្បី​សម្លាប់ខ្លួន។ វាចាកុហក ពួក​ព្រាហ្មណ៍ បានតាក់​តែងហើយ ការចង់បាន ពួកព្រាហ្មណ៍​បានតាក់តែង កាន់យក​ហើយ កើតឡើង​តាមគន្លង​នៃកាព្យ​ឃ្លោង ដែល​គេស្រាយ​បាន​ដោយក្រ ចិត្តរបស់​បុគ្គលពាល​ទាំងឡាយ ជឿស៊ប់​ក្នុងអំពើ​មិនស្មើ បុគ្គល​ឥតប្រាជ្ញា រមែងជឿ​ពាក្យនោះ។ ព្រាហ្មណ៍​មិន (ប្រកប) ដោយ​កម្លាំងដ៏មាំ​ ដូច​កម្លាំងនៃ​រាជសីហ៍ ខា្លធំ និងខ្លាដំបង មនុស្សភាព (របស់​ព្រាហ្មណ៍​ទាំងនោះ) ត្រូវយល់ថា ដូចគោដែរ ព្រោះជាតិ​របស់​ព្រាហ្មណ៍​ទាំងនោះ សើ្ម (ដោយគោ) ស្មើដោយ​សីហៈ​ជាដើម។ ប្រសិនបើ​ព្រះរាជា​ឈ្នះ​ផែនដី ប្រកប​ដោយ​អាមាត្យ មានអ្នក​ស្តាប់បង្គាប់ មាន​បរិស័ទ ព្រះរាជា​នោះ គប្បីឈ្នះ​ពួកសត្រូវ​ដោយ​ព្រះអង្គឯង ប្រជាជន​របស់​ព្រះរាជា​នោះ គប្បីបាន​សេចក្តី​សុខជានិច្ច។ មន្តរបស់​ក្សត្រិយ៍ និង​វេទទាំង ៣ នេះ ស្មើគ្នា​ដោយអត្ថ (តែក្សត្រិយ៍​ក្តី ព្រាហ្មណ៍​ក្តី) មិនបាន​វិនិច្ឆ័យ​នូវ​អត្ថនៃមន្ត និងវេទ​ទាំងនោះទេ ទាំង​មិនដឹង ដូចបុគ្គល​កាលមិន​ដឹងផ្លូវ ដែលកំបាំង​ដោយទឹក។ មន្ត​របស់​ក្សត្រិយ៍ និងវេទ​ទាំង ៣ នេះ ស្មើគ្នា​ដោយអត្ថ លាភ ឥតលាភ យស និងឥត​យស ទាំងអស់​នេះ ជាធម៌​របស់​វណ្ណៈទាំង ៤ នោះ។ ពួក​គហបតី​ជាច្រើន​លើផែនដី ញ៉ាំង​បុគ្គល​ឲ្យធ្វើ​ការងារ​ទាំងឡាយ ព្រោះហេតុ​តែទ្រព្យ និងស្រូវ យ៉ាងណា សូម្បីពួក​អ្នកមាន​ត្រៃវេទ ជាច្រើន​លើផែនដី ក៏ញ៉ាំង​បុគ្គលឲ្យ​ធ្វើការងារ​ទាំងឡាយ ក្នុងថ្ងៃនេះ​ យ៉ាងនោះ​ដែរ។ ព្រាហ្មណ៍​ទាំងនោះ ស្មើគ្នា​នឹង​គហបតី ព្រាហ្មណ៍​ទាំងឡាយ​ជាច្រើន​លើផែនដី ជាអ្នក​ខ្វល់ខ្វាយ​ជានិច្ច ប្រកប​ក្នុង​កាមគុណ​ទាំងឡាយ តែងញ៉ាំង​បុគ្គល​ឲ្យធ្វើការងារ​ទាំងឡាយ ម្នាលអរិដ្ឋ អ្នកដឹង​រសដោយ​អណា្តត​ទាំងពីរ ព្រោះ​ហេតុនោះ ព្រាហ្មណ៍​ទាំងនោះ ជាអ្នក​ឥតបញ្ញា។

[៣៨០] (ព្រះបាទសាគរព្រហ្មទត្ត…) ស្គរធំ សមោ្ភរ ស័ង្ខ ស្គរជ័យ និងស្គរទ័ព​របស់​អ្នកណា ដែល​ដើរខាងមុខ ហើយញ៉ាំង​ព្រះរាជា​ដ៏ប្រសើរ​ក្នុងរថ​ឲ្យរីករាយ។ (សម្បុរមុខ) របស់​អ្នកណា (ដ៏រុងរឿង) ដោយ​ដម្បារមាស​ដ៏ក្រាស់ មាន​ពន្លឺដូចផ្លេក​បន្ទោរ អ្នកណា​នៅកម្លោះ ប្រដាប់​ដោយបំពង់​ព្រួញ រុងរឿង​ដោយ​សិរី ហើយ​ដើរមក។ មុខអ្នកណា​ស្រស់បស់​ដូចមាស​ឆ្អិន​លើមាត់​ជើងក្រាន ឬប្រាកដ​សើ្មដោយ​រងើកនៃ​ឧសគគីរ អ្នក​ណារុង​រឿងដោយ​សិរីហើយ​ដើរមក។ ឆត្ររបស់​បុគ្គលណា ជាវិការៈ​នៃមាស​ជម្ពូនទ ប្រកប​ដោយឆ្អឹង ជាទី​រីករាយ​នៃចិត្ត ជាគ្រឿង​បិទបាំង​រស្មីនៃព្រះ​អាទិត្យ អ្នកណា​រុងរឿង​ដោយសិរី​ហើយដើរ​មក។ អង្គ (អ្នក​កាន់ផ្លិត) បានកាន់​យកវាល​វិជនីដ៏​ឧត្តម ខាងលើ​ក្បាលទាំង​ពីរខាង​នៃបុគ្គល​មាន​បញ្ញាដ៏​ប្រសើរ​ណា។ បាច់នៃ​កន្ទុយ​ក្ងោក​ដ៏វិចិត្រ​ផង ទន់ផង មានដង​ជាវិការៈ​នៃមាស និង​កែវមណី ប្រព្រឹត្ត​ទៅទាំង​ពីរខាង​មុខ​របស់បុគ្គល​ណា។ កុណ្ឌល​ទាំងឡាយ​នេះ ដ៏ល្អ​មានពន្លឺ​ដូចជាពណ៌​រងើកភ្លើង​នៃ​ឧសគគីរ ដ៏ភ្លឺលើ​មាត់ជើងក្រាន រមែងរុងរឿង​ទាំងពីរ​ខាងមុខ​របស់​បុគ្គលណា។ សក់របស់​បុគ្គលណា មានចុង​ដ៏សិ្នទ្ធ ទន់ខ្មៅ ត្រូវខ្យល់បក់​ហើយ ក៏ញ៉ាំង​ទីបំផុតនៃ​ថ្ងាសឲ្យល្អ ដូចជា​ផ្លេកបន្ទោរ​ដែលចេញ​អំពី​មេឃ។ ភ្នែក​ទាំងនេះ​ វែងធំរបស់​អ្នកណា អ្នកណា​មានភ្នែក​ទូលាយ​សម មុខ​នេះ​របស់អ្នកណា ភ្លឺឆ្លុះ​ដូចកញ្ចក់​មាស មាត់នេះ​របស់អ្នក​ណាដ៏ស្អាត ដូចជា​ស័ង្ខដ៏​ប្រសើរ ធេ្មញរបស់​បុគ្គលណា កាល​និយាយ​ឡើង ដូចជាផ្កា​មណ្ឌាក្រពុំ។ ដៃ និងជើង​ទាំងឡាយ​របស់អ្នក​ណា ដូចជា​ទឹកល័ក្ត តាំង​នៅក្នុង​សេចក្តីសុខ អ្នកណាមាន​រិមបបូរ​មាត់​ដូចផ្លែបាស​ដ៏ល្អ ដូចជាព្រះ​អាទិត្យ​ក្នុងវេលា​ថ្ងៃ។ អ្នកណា​មានសំពត់​បាវារៈ​ដ៏ស ដូចដើម​រាំងដ៏ធំ មានផ្កា​រីកហើយ ក្នុងព្រៃ​ហិមពាន្ត​ក្នុង​កាលដែលកន្លងទៅ​នៃទឹក​សន្សើម ល្អដូច​ព្រះឥន្រ្ទ ដែលមាន​ជ័យជំនះ។ អ្នកណានៅ​ក្នុងបរិស័ទ ដោះដាវ​នៅលើស្មា ដែលមាន​ដងដ៏វិចិត្រ​ដោយ​កែវមណី ដ៏ដេរដាស​ដោយ​ពកជា​វិការៈ​នៃមាស។ អ្នកណា​ដោះស្បែកជើង ដែល​ប៉ាក់ដោយ​មាស វិចិត្រ​ដោយកែវ ៧ ប្រការ ដេរដោយសូត្រ​ដ៏​វិចិត្រ រចនា​ល្អហើយ ក៏ថ្វាយ​បង្គំតាបស អ្នកស្វែង​រក​គុណ​ដ៏ធំ។

[៣៨១] (តាបស ជាបិតា…) នាគទាំងនោះ ជានាគមានឫទ្ធិ មានយស ជាកូននៃ​ព្រះបាទ​ធតរដ្ឋ កើតអំពី​នាង​សមុទ្ទជា នាគទាំងនេះ​ សុទ្ធតែ​ជានាគ​មាន​ឫទ្ធិច្រើន។

ចប់ ភូរិទត្តជាតក ទី៦។

ចន្ទកុមារជាតក ទី៧

(៥៤៤. ចន្ទកុមារជាតកំ (៧))

[៣៨២] (អភិសម្ពុទ្ធគាថា) ព្រះបាទឯករាជ អ្នកមានអំពើ​អាក្រក់ នៅក្នុង​ក្រុង​បុប្ផវតីនោះ សួររកផ្លូវ​ទៅ​ព្រហ្មលោក និង​បុរោហិត ឈោ្មះ​ខណ្ឌហាល ជាពូជពង្ស​ព្រហ្ម ជាមនុស្ស​ល្ងង់វង្វេង​ថា ម្នាល​ព្រាហ្មណ៍ អ្នកជា​មនុស្ស​ឈ្លាសក្នុង​ធម៌វិន័យ សូមអ្នក​ប្រាប់ផ្លូវ​ឋានសួគ៌ តាមទំនង​ដែលពួក​ជន​ធ្វើបុណ្យ​ទាំងឡាយ ហើយចេញ​ចាក​លោកនេះ ទៅកាន់​សុគតិ​ដូច្នោះ។

[៣៨៣] (ខណ្ឌហាលព្រាហ្មណ៍បុរោហិតទូលថា) បពិត្រ​ព្រះទេវៈ ពួកជន​ធ្វើបុណ្យ​ទាំងឡាយ ឲ្យទាន​ដ៏ក្រៃលែង សម្លាប់​បុគ្គល​ដែលមិន​គួរសម្លាប់​ទាំងឡាយ ហើយទៅ​កាន់សុគតិ​យ៉ាងនេះ។

[៣៨៤] (ព្រះបាទឯករាជ…) ទានដ៏ក្រៃលែងនុ៎ះ​ដូចមេ្តច ក្នុងលោកនេះ បុគ្គល​ទាំងឡាយ​ដូចមេ្តច ដែលមិន​គួរសម្លាប់ ចូរអ្នក​ប្រាប់សេចក្តី​នុ៎ះដល់យើង យើង​នឹងបូជា នឹងឲ្យ​ទានទាំង​ឡាយ។

[៣៨៥] (ខណ្ឌហាលព្រាហ្មណ៍…) ហពិត្រព្រះទេវៈ ព្រះអង្គ​គប្បីបូជា​ដោយព្រះ​រាជបុត្រ​ទាំងឡាយ​ផង ដោយ​ព្រះអគ្គមហេសី​ទាំងឡាយ​ផង ដោយ​អ្នក​និគម (សេដ្ឋី) ទាំងឡាយ​ផង បពិត្រ​ព្រះទេវៈ ព្រះអង្គ​គប្បីបូជា​ដោយគោ​ឧសភ សេះអាជានេយ្យ​បួន ៗ ដោយ​ពួកសត្វបួន​ ៗ ទាំងអស់។

[៣៨៦] សំឡេងគឹកកងតែមួយ សំឡេងគួរខ្លាច លាន់ឮ​ឡើងក្នុង​វាំង ព្រោះឮ​ព្រះរាជ​ឱង្ការ​នោះថា ព្រះកុមារ​ទាំងឡាយ និង​ព្រះអគ្គមហេសី​ទាំងឡាយ ត្រូវសម្លាប់។

[៣៨៧] (ព្រះរាជា…) អ្នកទាំងឡាយ ចូរទៅប្រាប់កុមារ​ទាំងឡាយ គឺ​ចន្ទកុមារ ១ សុរិយកុមារ ១ ភទ្ទសេនកុមារ ១ សុរកុមារ ១ វាមគោត្តកុមារ ១ ថា អ្នក​ទាំងឡាយ ចូរមក​ជួបជុំគ្នា ដើម្បី​ប្រយោជន៍​ដល់ការ​បូជាយ័ញ្ញ។

[៣៨៨] អ្នកទាំងឡាយ ចូរប្រាប់កុមារីទាំងឡាយ គឺ​កុមារីឈោ្មះ​ឧបសេនា ១ កោកិលា ១ មុទិតា ១ នន្ទា ១ ថា នាង​ទំាងឡាយ ចូរមក​ជួបជុំគ្នា ដើម្បី​ប្រយោជន៍​ដល់​ការបូជា​យ័ញ្ញ។

[៣៨៩] អ្នកទាំងឡាយ ចូរប្រាប់មហេសីអញ គឺនាង​វិជយា ១ នាងឯរាវតី ១ នាងកេសិនី ១ នាងសុនន្ទា ១ ដែលជា​ស្ត្រីបរិបូណ៌​ដោយលក្ខណៈ​ដ៏ប្រសើរថា នាង​ទំាងឡាយ ចូរមក​ជួបជុំគ្នា ដើម្បី​ប្រយោជន៍​ដល់​ការបូជា​យ័ញ្ញ។

[៣៩០] អ្នកទាំងឡាយ ចូរប្រាប់គហបតីទាំងឡាយ គឺ​គហបតី​ឈោ្មះ​បុណ្ណមុខៈ ១ ភទ្ទិយៈ ១ សិង្គាលៈ ១ វឌ្ឍៈ ១ ថា ចូរអ្នក​ទាំងឡាយ មកជួបជុំគ្នា ដើម្បី​ប្រយោជន៍​ដល់​ការបូជា​យ័ញ្ញ។

[៣៩១] (អភិសម្ពុទ្ធគាថា) ពួកគហបតីទាំងនោះ មកជួបជុំ​គ្នា ដេរដាស​ដោយកូន និងប្រពន្ធ​ក្នុងទីនោះ ក្រាបបង្គំ​ទូលថា បពិត្រ​ព្រះទេវៈ សូមព្រះអង្គ​ធ្វើយើង​ខ្ញុំទាំង​អស់ ឲ្យមាន​ជុកលើ​ក្បាលវិញ ពុំនោះ​សោត សូមព្រះអង្គ​ប្រកាស​នូវយើង​ខ្ញុំថា​ជាទាសៈ។

[៣៩២] (ព្រះរាជា…) អ្នកទាំងឡាយ ចូរនាំមកនូវដំរីរបស់អញ​ឈោ្មះ​អភយង្ករៈ ១ នាឡាគិរី ១ អច្ចុគ្គតៈ ១ (ឈោ្មះ​វរុណទន្តៈ) ១ ដំរី​ទាំងឡាយ​នោះ នឹង​ជាសត្វ​ដើម្បី​ប្រយោជន៍​ដល់ការ​បូជាយ័ញ្ញ​យ៉ាងឆាប់។ អ្នក​ទាំងឡាយ ចូរនាំមក​នូវសេះ​កែវរបស់​អញ គឺសេះ​ឈ្មោះកេសី ១ សុរាមុខៈ ១ បុណ្ណកៈ វិនតកៈ ១ សេះ​ទាំងឡាយ​នោះ នឹងជា​សត្វដើម្បី​ប្រយោជន៍​ដល់ការ​បូជាយ័ញ្ញ​យ៉ាងឆាប់។ អ្នក​ទាំងឡាយ ចូរនាំយក​គោឧសភ​ទំាងនោះ​របស់អញ គឺគោ​ឧសភ​ឈ្មោះ​យូថបតិ ១ អនោជៈ ១ និសភៈ ១ គវម្បតិ ១ មក​ដល់អញ ជនទាំង​ឡាយ ចូរធ្វើកិច្ចការ​ទាំងពួង​ក្នុងទី​ចំពោះ​មុខអញ និងបូជា និងឲ្យ​ទាន​ទាំងឡាយ។ អ្នក​ទាំងឡាយ ចូរតាក់តែង​គ្រឿងបូជា​គ្រប់មុខ កាលបើ​ព្រះអាទិត្យ​រះឡើង​ហើយ អញ​នឹងបូជា ​អ្នកទាំងឡាយ ចូរប្រាប់​ពួកកុមារ មានចន្ទកុមារ​ជាដើម​ថា កុមារ​ទំាងឡាយ ចូររីក​រាយអស់ ១ យប់​នេះចុះ។ អ្នក​ទាំងឡាយ ចូរដំកល់​ទុកនូវ​គ្រឿង​យ័ញ្ញ​គ្រប់មុខ កាលបើ​ព្រះអាទិត្យរះ​ឡើង អញ​នឹងបូជា​ អ្នក​ទាំងឡាយ ចូរប្រាប់​កុមារ​ទាំងឡាយ​ក្នុងកាល​ឥឡូវនេះ​ថា រាត្រីថ្ងៃ​នេះឯង ជារាត្រី​បំផុត។

[៣៩៣] (អភិសម្ពុទ្ធគាថា) ព្រះរាជមាតា (ព្រះបាទឯករាជ) ទ្រង់ព្រះ​កន្សែង ទ្រង់​សេ្តចមក​អំពីវិមាន ទ្រង់មាន​ព្រះរាជ​សវនីយ៍ សួរនូវ​សេចក្តី​នោះ​នឹង​ព្រះរាជា​នោះថា នែកូន ឮថា កូនឯង​នឹងបូជា​យ័ញ្ញ ដោយ​ព្រះរាជបុត្រ​ទាំង ៤ នាក់​មែនឬ។

[៣៩៤] (ព្រះបាទឯករាជ…) កាលបើខ្ញុំសម្លាប់ចន្ទកុមារ​ហើយ បុត្ររបស់​ខ្ញុំទាំង​អស់ ក៏ខ្ញុំលះបង់​ដើម្បីបូជា​យ័ញ្ញដែរ​ លុះខ្ញុំ​បូជាដោយ​បុត្រទាំង​ឡាយហើយ ខ្ញុំនឹង​ទៅកាន់​​សុគតិសួគ៌។

[៣៩៥] (ព្រះរាជមាតា…) ម្នាលកូន អ្នកកុំជឿខណ្ឌហាលព្រាហ្មណ៍​នោះថា សុគតិ​បានដោយ​ការបូជា​បុត្រឡើយ ផ្លូវហ្នឹង ជាផ្លូវទៅ​កាន់នរក មិនមែន​ជាផ្លូវ​ទៅកាន់​ឋានសួគ៌​ទេ។ ម្នាលកូន​កោណ្ឌញ្ញគោត្រ ចូរអ្នកឲ្យ​ទានទាំង​ឡាយ (អ្នក) កុំបៀត​បៀន​សព្វ​​សត្វដែល​កើតហើយ នឹងត្រូវ​កើតឡើយ នេះជា​ផ្លូវនៃ​សុគតិ ផ្លូវ (នៃសុគតិ) មិនមែន​បាន​ដោយការ​បូជាបុត្រ​ទេ។

[៣៩៦] (ព្រះបាទឯករាជ…) ខ្ញុំនឹងសម្លាប់ចន្ទកុមារផង សុរិយកុមារ​ផង តាម​ពាក្យ​ខណ្ឌហាល​អាចារ្យ បូជាបុត្រ​ទាំងឡាយ ដែលគេ​លះបង់​បានដោយ​កម្រ​ហើយ នឹងទៅ​កាន់​សុគតិសួគ៌។

[៣៩៧] (អភិសម្ពុទ្ធគាថា) ចំណែកខាងព្រះវសវត្តី ជាព្រះរាជ​បិតា ត្រាស់​សួរហេតុ​នោះ ចំពោះ​ព្រះបាទ​ឯករាជ ជារាជបុត្រ​កើតអំពី​ព្រះឱរា​នោះថា ម្នាល​កូន ឮថា អ្នកនឹង​បូជាយ័ញ្ញ​ដោយបុត្រ​ទាំង ៤ មែនឬ។

[៣៩៨] (ព្រះបាទឯករាជ…) កាលបើខ្ញុំសម្លាប់ចន្ទកុមារ​ (បូជា) ហើយ បុត្រ​ទាំង​ឡាយ​ទាំងអស់ ក៏ខ្ញុំលះបង់ដែរ​ ខ្ញុំ​បូជាយ័ញ្ញដោយ​បុត្រទាំង​ឡាយហើយ នឹង​ទៅកាន់​សុគតិសួគ៌។

[៣៩៩] (ព្រះរាជបិតា…) ម្នាលកូន អ្នកកុំជឿខណ្ឌហាល​ព្រាហ្ម៍ថា សុគតិ មាន​ដោយការ​បូជាបុត្រ​ឡើយ ផ្លូវហ្នឹង ជាផ្លូវ​ទៅកាន់​នរកទេ មិនមែន​ជាផ្លូវ​ទៅកាន់​ឋានសួគ៌​ទេ។ ម្នាលកូន​កោណ្ឌញ្ញគោត្រ ចូរអ្នក​ឲ្យទានទាំង​ឡាយ (អ្នក) កុំបៀត​បៀន​សព្វ​សត្វទាំងឡាយ​ដែល​កើតហើយ និងត្រូវ​កើត នេះជា​ផ្លូវនៃសុគតិ ផ្លូវ (នៃសុគតិ) មិនមែន​បាន​ដោយការ​បូជាបុត្រ​ទេ។

[៤០០] (ព្រះបាទឯករាជ…) ខ្ញុំនឹងសម្លាប់ចន្ទកុមារផង សុរិយកុមារ​ផង តាម​ពាក្យ​នៃខណ្ឌហាល​អាចារ្យ ខ្ញុំបូជា​បុត្រទាំង​ឡាយ ដែលគេ​លះបង់​បានដោយ​កម្រ ហើយ​នឹងទៅ​កើត​ក្នុងសុគតិសួគ៌។

[៤០១] (ព្រះរាជបិតា…) ម្នាលកូន កោណ្ឌញ្ញគោត្រ អ្នកចូរឲ្យទាន​ទាំងឡាយ (អ្នក) កុំបៀតបៀន​សព្វសត្វ​ដែលកើត​ហើយ និងត្រូវ​កើតទាំង​ឡាយ​ឡើយ អ្នកចូរជា​មនុស្ស​ដែលកូន​ទាំងឡាយ​ចោមរោម​ហើយ រក្សា​ដែន និង​ជនបទ​ចុះ។

[៤០២] (ចន្ទកុមារ…) បពិត្រព្រះទេវៈ ព្រះអង្គកុំសម្លាប់ទូលបង្គំ​ទាំងឡាយ​ឡើយ សូម​ព្រះអង្គ​ព្រះរាជទាន​ទូលបង្គំ​ទាំងឡាយ ឲ្យជា​ទាសៈនៃ​ខណ្ឌហាល​ព្រាហ្មណ៍​ចុះ ចំណែក​ខាងទូល​បង្គំទំាង​ឡាយ សូមជា​អ្នកជាប់​ចំណង ហើយឃ្វាល​ដំរី និងសេះ។ បពិត្រ​ព្រះទេវៈ ព្រះអង្គ​កុំសម្លាប់​ទូលបង្គំ​ជាខ្ញុំ​ទាំងឡាយ​ឡើយ សូមព្រះអង្គ​ព្រះរាជទាន​ទូល​បង្គំ​ជាខ្ញុំ​ទាំងឡាយ ឲ្យជា​ទាសៈនៃ​ខណ្ឌហាល​ព្រាហ្មណ៍​ចុះ ចំណែក​ខាងទូល​បង្គំ​ជាខ្ញុំទំាង​ឡាយ សូមជា​អ្នកជាប់​ចំណង​ហើយ នឹងចោល​អាចម៍ដំរី។ បពិត្រ​ព្រះទេវៈ សូមព្រះអង្គ​កុំសម្លាប់​ទូលបង្គំ​ជាខ្ញុំ​ទាំងឡាយ​ឡើយ សូមព្រះអង្គ​ព្រះរាជទាន​ទូលបង្គំ​ជាខ្ញុំ​ទាំងឡាយ ឲ្យជា​ទាសៈនៃ​ខណ្ឌហាល​ព្រាហ្មណ៍​ចុះ ​ចំណែក​ខាងទូល​បង្គំជាខ្ញុំ​ទំាងឡាយ សូមជា​អ្នកជាប់​ចំណង​ហើយ នឹង​ចោល​អាចម៍សេះ។ បពិត្រ​ព្រះទេវៈ សូម​ព្រះអង្គ​កុំសម្លាប់​ទូល​បង្គំជាខ្ញុំ​ទាំងឡាយ​ឡើយ សូមព្រះអង្គ​ព្រះរាជ​ទានទូល​បង្គំ​ជាខ្ញុំ​ទាំងឡាយ ឲ្យ​ជា​ទាសៈនៃ​ខណ្ឌហាល​ព្រាហ្មណ៍ចុះ ព្រះអង្គ​មានប្រាថ្នា (ដើម្បី​ព្រះរាជទាន) ដល់​ខណ្ឌហាល​ព្រាហ្មណ៍​ណា សូមទ្រង់​ព្រះរាជ​ទានទូល​បង្គំ​ជា​ខ្ញុំទាំងឡាយ ឲ្យជា​ទាសៈនៃ​ខណ្ឌហាល​ព្រាហ្មណ៍​នោះចុះ ពុំនោះ​សោត នឹងសូម​ព្រះអង្គ​បំបរបង់​ទូលបង្គំ​ជាខ្ញុំ​ទាំងឡាយ ចេញ​ចាកដែន ក៏ទូលបង្គំ​ជាខ្ញុំ​ទាំងឡាយ នឹងត្រាច់​ទៅកាន់​ភិក្ខាចារ។

[៤០៣] (ព្រះបាទឯករាជ…) អ្នកទាំងឡាយ បង្កើតទុក្ខ​ដល់យើង​ខ្លាំងណាស់ អ្នក​ទាំងឡាយ យំស្រែក ព្រោះតែ​ចង់បាន​ជីវិត ឥឡូវនេះ ចូរអ្នក​ទាំងឡាយ លែងកុមារ​ទាំងឡាយ​ទៅ ការបូជា​យ័ញ្ញដោយ​កូនរបស់​អញ ល្មមលើក​លែង​ចុះ។

[៤០៤] (ខណ្ឌហាលព្រាហ្មណ៍) ទូលព្រះបង្គំជាខ្ញុំ​ក្រាបទូល​ព្រះអង្គ​តាំងពី​ដើម​មកថា ការបូជា​យ័ញ្ញនុ៎ះ ជាអំពើ​ធ្វើបានដោយ​កម្រផង មិនងាយ​នឹងធ្វើ​ឲ្យកើត​ឡើងបាន​ផង កាលបើ​គ្រឿងយ័ញ្ញ​ដែលទូល​ព្រះបង្គំ​ជាខ្ញុំ​ប្រុងប្រៀប​ស្រេច​ហើយ ហេតុអ្វី​ព្រះអង្គ​ធ្វើឲ្យ​ខានទៅ​វិញ។ ជនទាំង​ឡាយណា បូជា​យ័ញ្ញ​ខ្លួនឯង​ក្តី ជនទាំង​ឡាយណា ឲ្យគេ​បូជាយ័ញ្ញ​ក្តី ឬក៏ជន​ទាំងឡាយ​ណា គ្រាន់តែ​អនុមោទនា​មហាយ័ញ្ញ ដែល​អ្នកផង​កំពុង​បូជា​ប្រាកដ​ដូច្នេះ​ក្តី ជន​ទំាងឡាយ ទាំងអស់​នោះ រមែងទៅ​កាន់សុគតិ។

[៤០៥] (ចន្ទកុមារ…) ចុះព្រះអង្គឲ្យពួកព្រាហ្មណ៍ទាយសួស្តី​របស់​ទូលព្រះ​បង្គំ​ជាខ្ញុំ ពីមុនមក​ដើម្បីអ្វី បពិត្រ​ព្រះទេវៈ កាលបើ​ដូច្នេះ ព្រះអង្គ​ឲ្យគេ​សម្លាប់​ពួកទូល​បង្គំជាខ្ញុំ ដើម្បី​ប្រយោជន៍​ដល់យ័ញ្ញ​ដោយឥត​ហេតុ។ ពីដើម ​កាលដែល​ទូលព្រះបង្គំ​ជាខ្ញុំ​ទាំងឡាយ​នៅក្មេង​នៅឡើយ (មេ្តចក៏) ព្រះអង្គ​មិនសម្លាប់ មិនឲ្យ​គេសម្លាប់​ទៅ បពិត្រ​ព្រះបិតា ឥឡូវនេះ ទូលបង្គំ​ជាខ្ញុំ​ទាំងឡាយ ជាកេ្មង​ពេញកម្លោះ ជាអ្នក​ឥតប្រទូស្ត ក៏ស្រាប់​តែព្រះអង្គ​ឲ្យ​គេសម្លាប់។ បពិត្រ​មហារាជ សូមព្រះអង្គ​ទតមើល ទូល​បង្គំជាខ្ញុំ​ទាំងឡាយ ដែលពាក់​គ្រឿងក្រោះ​ជិះដំរី ជិះសេះ​ច្បាំងហើយ និង​កំពុង​ច្បាំង មនុស្ស​ទាំងឡាយ​បែបខ្ញុំនេះ មិនមែន​ជាមនុស្ស​សម្រាប់​បូជាយ័ញ្ញ​ទេ។ ជន​ទាំងឡាយ តែង​បញ្ជូន​ពួកមនុស្ស​ដូចទូល​បង្គំ​ជាខ្ញុំ ទៅក្នុង​បច្ចន្តគ្រាម ដែល​បះបោរ​ឡើងហើយ ឬក្នុង​ដងព្រៃ បពិត្រ​ព្រះបិតា កាលបើ​ដូច្នោះ ទូលបង្គំ​ជាខ្ញុំ​ទាំងឡាយ មិនត្រូវ​ព្រះអង្គ​ឲ្យគេ​សម្លាប់ ក្នុងទី​មិនជា​ឱកាស ដោយ​ឥតហេតុ​ទេ។ មេសត្វស្លាប​ទាំងឡាយ​ណានីមួយ ធ្វើសម្បុក​ដោយ​ស្មៅទាំង​ឡាយហើយ​នៅ កូនទាំងឡាយ​ជាទី​ស្រឡាញ់​របស់​មេសត្វស្លាប​ទាំងនោះ បពិត្រ​ព្រះទេវៈ កាលបើ​ដូច្នេះ ព្រះអង្គ​នៅតែ​ឲ្យគេ​សម្លាប់ទូល​បង្គំជា​ខ្ញុំទាំង​ឡាយ។ ព្រះអង្គ​កុំជឿ​ពាក្យខណ្ឌហាល​ព្រាហ្មណ៍​នោះថា ខណ្ឌហាល​ព្រាហ្មណ៍ មិនគប្បី​សម្លាប់​អញខ្ញុំ​ដូចនេះ​ឡើយ បពិត្រ​ព្រះទេវៈ ព្រោះ​ខណ្ឌហាល​ព្រាហ្មណ៍​នោះ សម្លាប់​ទូលបង្គំ​ជា​ខ្ញុំទាំងឡាយ​ហើយ គប្បី​សម្លាប់​ព្រះអង្គ​ក្នុងកាល​ជាលំដាប់។ បពិត្រ​មហារាជ ព្រះរាជា​ទាំងឡាយ តែង​ព្រះរាជទាន​ស្រុកដ៏​ប្រសើរ​ផង និគមដ៏​ប្រសើរផង ភោគៈ​ផង ដល់​ព្រាហ្មណ៍​នោះ កាលបើ​ដូច្នោះ ពួក​ព្រាហ្មណ៍​ទាំងនោះ ជាអ្នក​បរិភោគ​រាល់ ៗ ដុំបាយ​ដ៏ថ្មោង តែងបាន​បរិភោគ​រាល់ៗ ត្រកូល។ បពិត្រ​មហារាជ ព្រាហ្មណ៍​នោះ ប្រាថ្នា​ដើម្បី​ប្រទូស្ត​ចំពោះជន​អ្នកឲ្យ​ទាំងនោះ ដូចជា​ព្រះអង្គ បពិត្រ​ព្រះទេវៈ ពួក​ព្រាហ្មណ៍​ទាំងនុ៎ះ ជា​មនុស្ស​អកតញ្ញូ​ដោយច្រើន។ បពិត្រ​ព្រះទេវៈ សូមព្រះអង្គ​កុំសម្លាប់​ទូលបង្គំ​ជាខ្ញុំ​ទាំង​ឡាយ​ឡើយ សូម​ព្រះអង្គ​ព្រះរាជទាន​ទូលបង្គំ​ជាខ្ញុំ​ទាំងឡាយ ឲ្យជា​ទាសៈ​នៃ​ខណ្ឌហាល​ព្រាហ្មណ៍​ចុះ ទូលបង្គំ​ជាខ្ញុំ​ទាំងឡាយ សូមជាប់​ចំណង​ហើយ នឹងឃ្វាល​ដំរី និងសេះ។ បពិត្រ​ព្រះសម្មតិទេព សូមព្រះអង្គកុំ​សម្លាប់​ទូលបង្គំ​ជាខ្ញុំទាំង​ឡាយឡើយ សូម​ព្រះអង្គ​​ព្រះរាជទាន​នូវទូល​បង្គំជាខ្ញុំ​ទាំងឡាយ ឲ្យជា​ទាសៈ​នៃ​ខណ្ឌហាល​ព្រាហ្មណ៍​វិញចុះ ទូលបង្គំ​ជាខ្ញុំ​ទាំងឡាយ ជាប់ចំណង​ហើយ នឹងចាក់​អាចម៌​ដំរី។ បពិត្រ​ព្រះទេវៈ សូមព្រះអង្គ​កុំសម្លាប់​ទូលបង្គំ​ជាខ្ញុំ​ទាំងឡាយ​ឡើយ សូម​ព្រះអង្គ​ព្រះរាជ​ទាន​ទូលបង្គំ​ជាខ្ញុំ​ទាំងឡាយ ឲ្យជា​ទាសៈនៃ​ខណ្ឌហាល​ព្រាហ្មណ៍​វិញចុះ ទូលបង្គំ​ជាខ្ញុំ​ទាំងឡាយ សូមជាប់​ចំណងនឹង​ចាក់អាចម៌​សេះ។ បពិត្រ​ព្រះទេវៈ សូមព្រះអង្គ​កុំសម្លាប់​នូវទូលបង្គំ​ជាខ្ញុំ​ទាំងឡាយ​ឡើយ ព្រះអង្គ​សព្វ​ព្រះរាជហ្ឫទ័យ​ចំពោះ​ខណ្ឌហាល​ព្រាហ្មណ៍ណា សូម​ព្រះរាជទាន​នូវទូល​បង្គំជា​ខ្ញុំទាំងឡាយ ឲ្យជា​ទាសៈ​នៃខណ្ឌហាល​ព្រាហ្មណ៍​នោះវិញ​ចុះ ពុំនោះ​សោត ទូលបង្គំ​ជាខ្ញុំ​ទាំងឡាយ បើព្រះអង្គ​បំបរបង់​ចេញចាក​ដែន នឹងត្រាច់​ទៅកាន់​ភិក្ខាចារ។

[៤០៦] (ព្រះបាទឯករាជ…) អ្នកទាំងឡាយ បង្កើតទុក្ខដល់យើង​ខ្លាំងណាស់ អ្នក​ទាំងឡាយ​យំស្រែក ព្រោះតែ​ចង់បាន​ជីវិត ឥឡូវនេះ ចូរអ្នក​ទាំងឡាយ​លែងកុមារ​ទាំងឡាយ​ទៅ ការបូជា​យ័ញ្ញដោយ​កូនរបស់​អញ ល្មមលើក​លែងចុះ។

[៤០៧] (ខណ្ឌហាលព្រាហ្មណ៍) ទូលបង្គំជាខ្ញុំ​ បានក្រាបទូល​​តាំងពីដើម​មកថា ការបូជា​យ័ញ្ញនុ៎ះ ជាអំពើ​ធ្វើបានដោយ​កម្រផង មិនងាយ​នឹង​ឲ្យកើត​ឡើងបាន​ផង កាលបើ​គ្រឿងយ័ញ្ញ​ដែលទូល​បង្គំជា​ខ្ញុំប្រុងប្រៀប​ស្រេច​ហើយ ហេតុអ្វីក៏​ព្រះអង្គធ្វើ​ឲ្យ​អាក់ខានទៅ​វិញ។ ជនទាំងឡាយ​ណា បូជា​យ័ញ្ញ​ខ្លួនឯងក្តី ជនទាំង​ឡាយណា ឲ្យគេ​បូជាយ័ញ្ញ​ក្តី ឬក៏ជន​ទាំងឡាយ​ណា គ្រាន់តែ​អនុមោទនា​មហាយ័ញ្ញ ដែល​អ្នកផង​កំពុង​បូជាប្រាកដ​ដូច្នេះ​ក្តី ជនទំាងអស់​ (នោះ) រមែងទៅ​កាន់សុគតិ។

[៤០៨] (ចន្ទកុមារ…) បើប្រាកដជាបុគ្គលទាំងឡាយ​បូជាយ័ញ្ញ​ដោយបុត្រ​ទាំង​ឡាយ​ហើយ ច្យុតចាក​មនុស្ស​លោកនេះ រមែង​ទៅកាន់​ទេវលោក បពិត្រ​មហារាជ ចូរ​ព្រាហ្មណ៍​បូជា​មុនចុះ សឹម​ព្រះអង្គ​បូជា​ជាខាងក្រោយ។ ឮថា បើប្រាកដ​ជាបុគ្គល​ទាំងឡាយ បូជា​យ័ញ្ញដោយ​បុត្រទាំង​ឡាយហើយ ច្យុតអំពី​មនុស្ស​លោកនេះ រមែង​ទៅកាន់​ទេវលោក ចូរ​ខណ្ឌហាល​ព្រាហ្មណ៍​ហ្នឹងឯង បូជា​ដោយកូន​ទាំងឡាយ​របស់ខ្លួន​ចុះ។ បើ​ខណ្ឌហាល​ព្រាហ្មណ៍​ដឹង​យ៉ាងនេះ​ហើយ ហេតុអ្វី​ក៏មិន​សម្លាប់​កូនតូច ៗ ទាំងឡាយ​ផង មិនសម្លាប់​ជនជាញាតិ​ទាំងអស់​ផង មិនសម្លាប់​ខ្លួនឯងផង។ ជនទាំង​ឡាយ​ណា បូជាយ័ញ្ញ​ដោយ​ខ្លួនក្តី ជនទាំងឡាយណា​ឲ្យគេបូជា​យ័ញ្ញក្តី ឬក៏ជន​ទាំង​ឡាយណា គ្រាន់តែ​អនុមោទនា​មហាយ័ញ្ញ​ប្រាកដ​ដូច្នេះក្តី ជនទាំង​អស់ (នោះ) រមែងទៅ​កាន់នរក។

[៤០៩] មេ្តចក៏ពួកម្ចាស់ផ្ទះ និងស្រីមេផ្ទះទាំងឡាយ ដែលជា​អ្នកចង់​បានកូន​ក្នុង​ក្រុង មិនទូល​ទាស់​ព្រះរាជាថា កុំទ្រង់​សម្លាប់​បុត្រ ដែលកើត​អំពីទ្រូង​ឡើយ។ មេ្តច​ក៏ពួក​ម្ចាស់ផ្ទះ និងស្រី​មេផ្ទះ​ទាំងឡាយ ដែលជា​អ្នកចង់​បានកូន​ក្នុងក្រុង មិនទូល​ទាស់​ព្រះរាជា​ថា កុំទ្រង់​សម្លាប់បុត្រ ដែលកើត​អំពីខ្លួន​ឡើយ។ ខ្ញុំជា​អ្នកប្រាថ្នា​ប្រយោជន៍​ចំពោះព្រះ​រាជា ប្រយោជន៍​ចំពោះអ្នក​ជនបទ​ទាំងអស់ ឥតមាន​នរណា​មួយ​ថ្នាំងថ្នាក់ចិត្ត​នឹងខ្ញុំ​ឡើយ (ហេតុអ្វីក៏) អ្នកជនបទ​មិនក្រាប​ទូលឲ្យ​ទ្រង់ជ្រាប។

[៤១០] ម្នាលនាងឃរណីទាំងឡាយ (ស្រីមេផ្ទះ) ចូរនាង​ទាំងឡាយ ទៅអង្វរ​ព្រះ​រាជបិតា​ផង ខណ្ឌហាល​ព្រាហ្មណ៍​ផងថា សូមព្រះអង្គ​កុំសម្លាប់​កុមារ​ទាំងឡាយ ដូចជា​សីហៈ ជាអ្នក​មិនប្រទូស្ត ម្នាលនាង​ឃរណី​ទាំងឡាយ ចូរនាង​ទាំងឡាយ​ទៅ​និយាយ​អង្វរព្រះបិតា​ផង ខណ្ឌហាល​ព្រាហ្មណ៍ផង​ថា សូមព្រះអង្គ​កុំសម្លាប់​កុមារ​ទាំងឡាយ ជាទី​អាល័យ​របស់សត្វ​លោក​ទាំងអស់។

[៤១១] បើដូច្នោះ គួរតែអញ​កើតក្នុងត្រកូលអ្នកធ្វើរថ ឬអ្នក​ចោលសម្រាម ឬកើត​ក្នុង​ត្រកូល​វេស្សៈ ទើបព្រះរាជា​នឹងមិន​សម្លាប់អញ ដើម្បី​យ័ញ្ញក្នុង​ថ្ងៃនេះ។

[៤១២] ម្នាលពួកស្រីអ្នកមានគំនិតទាំងឡាយ ចូរនាងទាំងអស់​ទៅក្រាបទៀប​បាទា​នៃខណ្ឌហាល​ព្រាហ្មណ៍ជាម្ចាស់​ហើយ (ប្រាប់ថា) ខ្ញុំមិនឃើញ​កំហុសសោះ។ ម្នាលពួក​ស្រីជាមេផ្ទះ​ទាំងអស់គ្នា ចូរនាង​ទាំងឡាយទៅ​ក្រាប​ទៀប​បាទា​នៃខណ្ឌហាល​ព្រាហ្មណ៍​ជាម្ចាស់​ហើយ (និយាយថា) បពិត្រ​លោក​ខណ្ឌហាល​ដ៏ចំរើន យើង​ទាំងឡាយ​បានប្រទូស្ត​អ្វីដល់​លោក។

[៤១៣] លំដាប់នោះ ព្រះនាងសេលា ជាព្រះរាជធីតា​គួរអាណិត បានឃើញ​ព្រះភាតា​ទាំងឡាយ ដែលគេនាំ​ខ្លួនទៅ​ហើយ ទ្រង់​ព្រះកន្សែង​ថា ឮថា​យ័ញ្ញ ព្រះរាជ​បិតា​អញ ទ្រង់ប្រាថ្នា​ឋានសួគ៌​ឲ្យប្រព្រឹត្ត​ទៅហើយ។

[៤១៤] (លំដាប់នោះ) វសុលរាជកុមារបម្រះននៀល​ក្នុងទី​ចំពោះ​ព្រះភក្រ្ត​ព្រះរាជា ទ្រង់​ព្រះកនែ្សង​អង្វរថា បពិត្រ​ព្រះទេវៈ សូមព្រះអង្គ​កុំសម្លាប់​បិតារបស់​ទូល​បង្គំ​ជាខ្ញុំឡើយ ព្រោះទូល​បង្គំជាខ្ញុំ​នៅកេ្មង ពុំទាន់​ធំនៅ​ឡើយ។

[៤១៥] (ព្រះរាជា…) មា្នលវសុលកុមារ នុ៎ះបិតារបស់ឯង ចូរឯង​ស្ងប់រម្ងាប់​ជាមួយ​នឹងបិតា​របស់​ឯងចុះ ឯងយំ​ស្រែកក្នុង​ព្រះរាជវាំង ឈ្មោះថា​ញ៉ាំង​ទុក្ខយ៉ាងខ្លាំង ឲ្យកើត​ឡើងដល់​អញ អ្នកទាំងឡាយ ចូរលែង​ពួកកុមារ​ក្នុង​កាល​ឥឡូវនេះ​ចុះ ការបូជា​យ័ញ្ញ​ដោយកូន​របស់អញ ល្មមលើក​លែងចុះ។

[៤១៦] (ខណ្ឌហាលព្រាហ្មណ៍) ទូលបង្គំក្រាបទូល​ព្រះអង្គ​តាំងពីដើម​មកថា ការបូជា​យ័ញ្ញនេះ ជាអំពើ​ធ្វើបានដោយ​កម្រផង មិនងាយ​នឹងឲ្យ​កើតឡើង​បានផង កាលបើ​គ្រឿងយ័ញ្ញ​ដែលទូលបង្គំ​ជាខ្ញុំ​ប្រុងប្រៀប​ស្រេចហើយ ហេតុអ្វីក៏ព្រះ​អង្គធ្វើឲ្យ​អាក់​ខានទៅ​វិញ។ ជន​ទាំងឡាយ​ណា ​បូជា​យ័ញ្ញដោយខ្លួន​ឯងក្តី ជនទាំង​ឡាយណា ឲ្យគេ​បូជាយ័ញ្ញ​ក្តី ឬក៏ជន​ទាំងឡាយ​ណា គ្រាន់តែ​អនុមោទនា​មហាយ័ញ្ញ ដែលអ្នក​ផង​កំពុង​បូជា ​ប្រាកដ​ដូច្នេះក្តី ជន​ទំាងអស់នោះ រមែងទៅកើតក្នុងសុគតិ។

[៤១៧] បពិត្រព្រះឯករាជ យ័ញ្ញ ទូលបង្គំជាខ្ញុំ​ចាត់ចែង​រៀបចំ​ដើម្បី​ព្រះអង្គ ដោយ​រតនៈ​ទាំងពួង​ហើយ បពិត្រ​ព្រះទេវៈ សូមព្រះអង្គ​យាង​ចេញទៅ ព្រះអង្គ​នឹងទៅ​រីករាយ​ក្នុងឋានសួគ៌។

[៤១៨] (អភិសម្ពុទ្ធគាថា) ពួកស្រ្តីទាំង ៧០០ នុ៎ះ នៅក្មេង ៗ ដែល​ជាភរិយា​ចន្ទកុមារ រំសាយកេសា ទួញយំ​ដើរតាម​ផ្លូវទៅ។ ចំណែក​ពួកស្រ្តី​ឯទៀត ក៏ចេញទៅ​ដោយ​សេចក្តី​សោកស្តាយ រំសាយកេសា ទួញ​យំដើរ​តាមផ្លូវទៅ ដូចជា​ទេវតា (ចោម​រោមទេវបុត្រ​ដែលរៀប​ច្យុត) ក្នុងនន្ទនវន​ឱទ្យាន។

[៤១៩] ចន្ទកុមារ និងសុរិយកុមារ ទ្រទ្រង់​សំពត់ដ៏​ស្អាតដែល​កើតក្នុង​ដែនកាសី ជាអ្នក​ទ្រទ្រង់​កុណ្ឌល លាប​ស្រឡាយ​ដោយ​កំញាន និង​ខ្លឹមចន្ទន៍ ត្រូវគេ​នាំ​យកទៅ​ដើម្បី​ប្រយោជន៍​ដល់យ័ញ្ញ​នៃ​ព្រះបាទ​ឯករាជ។ ចន្ទកុមារ និង​សុរិយកុមារ ជាអ្នក​ទ្រទ្រង់​សំពត់​ដ៏ស្អាត ដែលកើត​ក្នុងដែន​កាសី ទ្រទ្រង់​កុណ្ឌល លាបស្រឡាប​ដោយកំញាន និង​ខ្លឹមចន្ទន៍ ធ្វើសេចក្តី​សោក​ក្នុង​ហ្ឫទ័យ​នៃមាតា ត្រូវគេ​នាំយក​ទៅ។ ចន្ទកុមារ និង​សុរិយ​កុមារ ជាអ្នក​ទ្រទ្រង់​សំពត់​ដ៏ស្អាត ដែលកើត​ក្នុងដែនកាសី ទ្រទ្រង់​កុណ្ឌល លាប​ស្រឡាប​ដោយកំញាន និង​ខ្លឹមចន្ទន៍ ធ្វើសេចក្តី​សោកក្នុង​ហ្ឫទ័យ​នៃជន ត្រូវគេនាំ​យកទៅ។ ចន្ទកុមារ និង​សុរិយកុមារ ដែលជា​អ្នក​បរិភោគ​សាច់​ដ៏មានរស ជាអ្នកដែល​ខ្មាន់ព្រះកេស​ផ្ងូតៗស្អាតហើយ ទ្រទ្រង់កុណ្ឌល លាបស្រឡាប​ដោយកំញាន និង​ខ្លឹមចន្ទន៍ ត្រូវគេ​នាំយកទៅ​ដើម្បី​ប្រយោជន៍​ដល់យ័ញ្ញ​នៃព្រះបាទ​ឯករាជ។ ចន្ទកុមារ និង​សុរិយកុមារ ជា​អ្នកបរិភោគនូវ​សាច់ដ៏​មានរស ជាអ្នក​ដែលខ្មាន់​ព្រះកេស​ផ្ងូតៗស្អាត​ហើយ ទ្រទ្រង់កុណ្ឌល លាបស្រឡាប​ដោយ​កំញាន និង​ខ្លឹមចន្ទន៍ ធ្វើ​សេចក្តីសោក​ក្នុង​ហ្ឫទ័យ​នៃមាតា ត្រូវគេនាំ​យកទៅ។ ចន្ទកុមារ និង​សុរិយកុមារ ជា​អ្នកបរិភោគ​សាច់ដ៏​មានរស ជាអ្នក​ដែលខ្មាន់​ព្រះកេសផ្ងូតៗស្អាត​ហើយ ទ្រទ្រង់​កុណ្ឌល លាបស្រឡាប​ដោយកំញាន និងខ្លឹម​ចន្ទន៍ ធ្វើសេចក្តី​សោក​ក្នុងហ្ឫទ័យ​នៃជន ត្រូវគេ​នាំយក​ទៅ។ កាលពី​មុន ពួកពលដំរី តែងតាម​ហែហម​នូវចន្ទកុមារ និង​សុរិយកុមារ​ណា ដែល​គង់លើ​ខ្នងដំរី​ដ៏ប្រសើរ ថ្ងៃនេះ ចន្ទកុមារ និង​សុរិយកុមារ​ទាំងពីរ​ព្រះអង្គនោះ យាង​ទៅដោយ​ព្រះបាទាទទេ។ កាលពីមុន ពួកពលសេះ តែងតាម​ហែ​នូវចន្ទកុមារ និង​សុរិយកុមារ​ណា ដែលគង់​លើខ្នងសេះ​ដ៏ប្រសើរ ថ្ងៃនេះ ចន្ទកុមារ និង​សុរិយកុមារ​ទាំងពីរ​ព្រះអង្គនោះ យាងទៅ​ដោយ​ព្រះបាទាទទេ។ កាលពីមុន ពួករថ តែងតាម​ហែ​នូវចន្ទកុមារ និង​សុរិយកុមារ​ណា ដែលគង់​ក្នុងកណ្តាល​រថដ៏​ប្រសើរ ថ្ងៃនេះ ចន្ទកុមារ និង​សុរិយកុមារ​ទាំងពីរ​ព្រះអង្គនោះ យាងទៅ​ដោយ​ព្រះបាទា​ទទេ។ កាល​ពីមុន ចន្ទកុមារ និង​សុរិយកុមារណា សេ្តចទៅ​ដោយ​ព្រះទីនាំង​អស្សតរ ដែល​តាក់តែង​ដោយ​គ្រឿងមាស ថ្ងៃនេះ ចន្ទកុមារ និង​សុរិយកុមារ​ទាំងពីរ​ព្រះអង្គនោះ យាងទៅ​ដោយ​ព្រះបាទា​ទទេ។

[៤២០] (មហាជន…) ម្នាលបក្សី បើអ្នកចង់ស៊ីសាច់ ចូរអ្នកហើរទៅ​តាមទិស​ខាងកើត​នៃ​ក្រុងបុប្ផវតី​ចុះ ព្រោះព្រះបាទ​ឯករាជ ភាន់ស្មារតី ទ្រង់យក​ព្រះរាជបុត្រ ៤ ព្រះអង្គ បូជាយ័ញ្ញ​ក្នុងទីនុ៎ះ។ ម្នាលបក្សី បើអ្នកចង់​ស៊ីសាច់ ចូរអ្នក​ហើរទៅ​តាមទិស​ខាងកើត​នៃ​ក្រុងបុប្ផវតីចុះ ព្រោះព្រះបាទ​ឯករាជ ភាន់ស្មារតី ទ្រង់យក​ព្រះរាជកញ្ញា​ទាំង ៤ ព្រះអង្គ បូជាយ័ញ្ញ​ក្នុងទីនុ៎ះ។ ម្នាលបក្សី បើអ្នកចង់​ស៊ីសាច់ ចូរអ្នកហើរ​ទៅ​តាមទិស​ខាងកើត​នៃក្រុង​បុប្ផវតីចុះ ព្រោះ​ព្រះបាទ​ឯករាជ ភាន់ស្មារតី ទ្រង់យក​ព្រះមហេសី​ទាំង ៤ ព្រះអង្គ បូជាយ័ញ្ញ​ក្នុងទីនុ៎ះ។ ម្នាល​បក្សី បើអ្នកចង់​ស៊ីសាច់ ចូរអ្នក​ហើរទៅទិស​ខាងកើត​នៃ​ក្រុងបុប្ផវតី​ចុះ ព្រោះព្រះបាទ​ឯករាជ ភាន់​ស្មារតី ទ្រង់យក​គហបតី​ទាំង ៤ បូជា​យ័ញ្ញ​ក្នុងទីនុ៎ះ។ ម្នាលបក្សី បើអ្នកចង់​ស៊ីសាច់ ចូរអ្នក​ហើរទៅ​ទិស​ខាងកើត​ក្រុង​បុប្ផវតី​ចុះ ព្រោះព្រះបាទ​ឯករាជ ភាន់​ស្មារតី ទ្រង់យក​ដំរីទាំង ៤ បូជាយ័ញ្ញ​ក្នុងទីនុ៎ះ។ ម្នាលបក្សី បើអ្នកចង់​ស៊ីសាច់ ចូរអ្នក​ហើរទៅ​ទិស​ខាងកើតនៃ​ក្រុង​បុប្ផវតីចុះ ព្រោះព្រះបាទ​ឯករាជ ភាន់​ស្មារតី ទ្រង់យក​សេះទាំង ៤ បូជាយ័ញ្ញ​ក្នុងទីនុ៎ះ។ ម្នាលបក្សី បើអ្នកចង់​ស៊ីសាច់ ចូរអ្នក​ហើរទៅ​ទិសខាង​កើត​នៃក្រុង​បុប្ផវតីចុះ ព្រោះព្រះបាទ​ឯករាជ ភាន់ស្មារតី ទ្រង់យក​គោឧសភ ៤ បូជាយ័ញ្ញ​ក្នុងទីនុ៎ះ។ ម្នាលបក្សី បើអ្នកចង់​ស៊ីសាច់ ចូរអ្នកហើរ​ទៅទិស​ខាងកើត​នៃក្រុង​បុប្ផវតីចុះ ព្រោះព្រះបាទ​ឯករាជ ភាន់ស្មារតី ទ្រង់យក​សត្វបួនៗ គ្រប់មុខ បូជាយ័ញ្ញ​ក្នុងទីនុ៎ះ។

[៤២១] ប្រាសាទនេះ ជាវិការៈនៃមាស ដេរដាស​ដោយផ្កាកម្រង ឥឡូវនេះ ព្រះ​អយ្យបុត្រទាំង ៤ ព្រះអង្គនោះ ត្រូវគេនាំ​ចេញទៅ​សម្លាប់។ ផ្ទះកំពូលនេះ ជាវិការៈ​នៃមាស ដេរដាស​ដោយផ្កា​កម្រង ឥឡូវនេះ ព្រះអយ្យបុត្រ​ទាំង ៤ ព្រះអង្គនោះ ត្រូវគេ​នាំចេញ​ទៅសម្លាប់។ ឱទ្យាននេះ មានផ្ការីក​សព្វកាល ជាទីរីករាយ ឥឡូវនេះ ព្រះអយ្យបុត្រ​ទាំង ៤ ព្រះអង្គ​នោះ ត្រូវគេនាំ​ចេញទៅ​សម្លាប់។ ព្រៃអសោក​នេះ មាន​ផ្ការីក​សព្វកាល ជាទីរីករាយ ឥឡូវនេះ ព្រះអយ្យបុត្រ​ទាំង ៤ ព្រះអង្គ​នោះ ត្រូវគេ​នាំចេញ​ទៅសម្លាប់។ ព្រៃកណ្ណិការនេះ មានផ្ការីក​សព្វកាល ជាទីរីករាយ ឥឡូវនេះ ព្រះអយ្យបុត្រ​ទាំង ៤ ព្រះអង្គនោះ ត្រូវគេ​នាំចេញទៅ​សម្លាប់។ ព្រៃច្រនៀង​នេះ មានផ្ការីក​សព្វកាល ជាទីរីករាយ ឥឡូវនេះ ព្រះអយ្យបុត្រ​ទាំង ៤ ព្រះអង្គ​នោះ ត្រូវគេ​នាំចេញ​ទៅសម្លាប់។ ព្រៃស្វាយ​នេះ មានផ្ការីក​សព្វកាល ជាទី​រីករាយ ឥឡូវនេះ ព្រះអយ្យបុត្រ​ទាំង ៤ ព្រះអង្គ​នោះ ត្រូវគេនាំ​ចេញទៅ​សម្លាប់។ ស្រះបោក្ខរណី​នេះ ដេរដាស ពាសពេញ​ដោយផ្កា​ឈូកស ឈូក្រហម ទាំងទូក​ដែលរចនា​ដោយមាស វិចិត្រ​ដោយ​ភ្ញីវល្លិ៍ ជាទី​រីករាយចិត្ត​ដោយ​ក្រៃលែង ឥឡូវនេះ ព្រះអយ្យបុត្រ​ទាំង ៤ ព្រះអង្គនោះ ត្រូវគេ​នាំចេញ​ទៅសម្លាប់។

[៤២២] ដំរីរ័តន៍នេះ ជាដំរីឈ្មោះ​ឯរាវ័ណ មានកំឡាំង មានភ្លុក ឥឡូវនេះ ព្រះអយ្យបុត្រ​ទាំង ៤ ព្រះអង្គនោះ ត្រូវគេ​នាំចេញទៅ​សម្លាប់។ សេះរ័តន៍នេះ ជាសេះ​មានក្រចក​មួយ មានសន្ទុះ​រហ័ស ឥឡូវនេះ ព្រះអយ្យបុត្រ​ទាំង ៤ ព្រះអង្គ​នោះ ត្រូវគេ​នាំចេញ​ទៅសម្លាប់។ រថសេះនេះ មានសូរសព្ទ័​ដូចសំឡេង​នៃស្រូវ​សាលី ជារថ​ដ៏ស្អាត វិចិត្រ​ដោយ​រតនវត្ថុ ជាលំអ​របស់​ពួក​ព្រះអយ្យបុត្រ ដូចជា​ពួកទេវតា​ក្នុង​នន្ទនវ័ន ឥឡូវនេះ ព្រះអយ្យបុត្រ​ទាំង ៤ ព្រះអង្គនោះ ត្រូវគេ​នាំចេញទៅ​សម្លាប់។ ម្តេចក៏​ព្រះរាជា​ភាន់​ច្រឡំ នឹងបូជាយ័ញ្ញ​ដោយ​ព្រះរាជបុត្រ​ទាំង ៤ ព្រះអង្គ ដែលមាន​សម្បុរ​លឿង មាន​ជាតិស្មើ ជាបុគ្គល​ស្អាត (ឥតទោស) ដែលមាន​ខ្លួនលាប​ហើយ​ដោយ​ខ្លឹមចន្ទន៍។ ម្តេចក៏​ព្រះរាជាភាន់ច្រឡំ នឹងបូជា​យ័ញ្ញដោយ​ព្រះរាជ​កញ្ញា​ទាំង ៤ ព្រះអង្គ ដែលមាន​សម្បុរលឿង មានជាតិ​ស្មើ ជាបុគ្គល​ស្អាត ដែលមាន​ខ្លួនលាប​ហើយ​ដោយ​ខ្លឹមចន្ទន៍។ ម្តេចក៏​ព្រះរាជា​ភាន់ច្រឡំ នឹងបូជា​យ័ញ្ញដោយព្រះ​មហេសីទាំង ៤ ព្រះអង្គ ដែលមាន​សម្បុរ​លឿង មានជាតិស្មើ ជាបុគ្គល​ស្អាត ដែលមាន​ខ្លួនលាប​ហើយ​ដោយ​ខ្លឹមចន្ទន៍។​ ម្តេចក៏​ព្រះរាជាភាន់ច្រឡំ នឹងបូជា​យ័ញ្ញដោយ​គហបតីទាំង ៤ នាក់ ដែលមាន​សម្បុរលឿង មានជាតិស្មើ ជាបុគ្គល​ស្អាត ដែលមាន​ខ្លួនលាប​ដោយ​ខ្លឹមចន្ទន៍។ ស្រុក និងនិគម​ទាំងឡាយ សូន្យ ឥតមនុស្ស ក្លាយទៅ​ជាព្រៃធំ យ៉ាងណាមិញ កាលបើ​ចន្ទកុមារ និង​សុរិយកុមារ ត្រូវ​ព្រះរាជា​យកទៅ​បូជាយ័ញ្ញ​ហើយ ក្រុង​បុប្ផវតី ក៏នឹង (ស្ងាត់សូន្យ​ឈឹង) យ៉ាងនោះដែរ។

[២២៣] (ព្រះនាងគោតមីទេវី…) ខ្ញុំម្ចាស់នឹងឆ្កួត សាបសូន្យ​ចាកសេចក្តី​ចំរើន ប្រឡាក់​ប្រឡូស​ដោយ​អាចម៍ដី​ពុំខាន បើជន​សម្លាប់​ចន្ទកុមារ បពិត្រ​ព្រះសម្មតិទេព ជីវិត​របស់ខ្ញុំ​ម្ចាស់នឹង​បែកធ្លាយ។ ខ្ញុំម្ចាស់​នឹងឆ្កួត សាប​សូន្យចាក​សេចក្តី​ចំរើន ប្រឡាក់​ប្រឡូស ដោយអាចម៍ដីពុំខាន បើជន​សម្លាប់​សុរិយកុមារ បពិត្រ​ព្រះសម្មតិទេព ជីវិត​របស់ខ្ញុំ​ម្ចាស់នឹង​បែក​ធ្លាយ។

[៤២៤] ស្រ្តីទាំងឡាយនេះ គឺនាងឃដ្តិកា នាងឧបរិក្ខី នាងបោក្ខរណី និងនាង​គាយិកា ជាអ្នក​ពោលពាក្យ​ជាទី​ស្រឡាញ់​ទៅរកគ្នា​នឹងគ្នា ម្តេច​ក៏មិនរាំ​ឲ្យចន្ទកុមារ និង​សុរិយកុមារ​សប្បាយ​រីករាយ (ព្រោះស្រ្តីដទៃ) ស្មើដោយ​ស្រ្តីទាំងនោះ មិនមានទេ។

[២២៥] សេចក្តីសោកក្នុងហឫទ័យនៃអញណា ព្រោះតែ​ចន្ទកុមារ​ដែលគេ​នាំទៅ​ដើម្បី​សម្លាប់ នែខណ្ឌហាល​ព្រាហ្មណ៍ ម្តាយអ្នក​ឯងចូរ​ទទួល​យកសេចក្តី​សោកក្នុង​ហ្ឫទ័យ​នៃអញ​នេះទៅ​ចុះ។ សេចក្តី​សោកក្នុង​ហឫទ័យ​នៃអញ​ណា ព្រោះ​តែសុរិយ​កុមារ​ដែលគេ​នាំទៅ​ដើម្បីសម្លាប់ នែខណ្ឌហាល​ព្រាហ្មណ៍ ម្តាយអ្នក​ឯងចូរ​ទទួល​យក​សេចក្តី​សោកក្នុង​ហ្ឫទ័យនៃអញ​នេះ​ទៅចុះ។ សេចក្តី​សោកក្នុង​ហឫទ័យ​នៃអញ​ណា ព្រោះតែ​ចន្ទកុមារ ដែលគេ​នាំទៅ​ដើម្បីសម្លាប់ នែខណ្ឌហាល​ព្រាហ្មណ៍ ប្រពន្ធ​អ្នកឯង ចូរទទួល​យកសេចក្តី​សោក​ក្នុងហឫទ័យ​នៃអញ​នេះទៅចុះ។ សេចក្តី​សោកក្នុង​ហឫទ័យ​នៃអញ​ណា ព្រោះតែ​សុរិយកុមារ ដែលគេ​នាំយកទៅដើម្បី​សម្លាប់ នែខណ្ឌហាល​ព្រាហ្មណ៍ ប្រពន្ធរបស់​អ្នក ចូរទទួល​យកសេចក្តី​សោក​ក្នុងហឫទ័យ​នៃអញនេះ​ទៅចុះ។ អ្នកឯង​សម្លាប់​ពួកកុមារ ដែល​អង់អាច​ដូចសីហៈ ជាអ្នក​មិនប្រទូស្ត នែខណ្ឌហាល​ព្រាហ្មណ៍ ម្តាយអ្នក​ឯង កុំបាន​ឃើញកូន​ទាំងឡាយ​ផង ប្តីផង​ឡើយ។ អ្នកឯង​សម្លាប់ពួក​កុមារ ដែលសត្វ​លោក​ទាំងអស់ អាឡោះអាល័យ នែខណ្ឌហាល​ព្រាហ្មណ៍ ម្តាយ​អ្នកឯង កុំបាន​ឃើញកូន​ទាំងឡាយ​ផង ប្តីផង​ឡើយ។ អ្នកឯង​សម្លាប់ពួក​កុមារ ដែលអង់​អាចដូចសីហៈ ជាអ្នក​មិនប្រទូស្ត នែ​ខណ្ឌហាល​ព្រាហ្មណ៍ ប្រពន្ធ​អ្នកឯង​កុំបាន​ឃើញកូន​ទាំងឡាយ​ផង ប្តីផង​ឡើយ។ អ្នកឯងសម្លាប់​ពួកកុមារ ដែលសត្វ​លោកទាំងអស់​អាឡោះ​អាល័យ នែខណ្ឌហាល​ព្រាហ្មណ៍ ប្រពន្ធ​អ្នកឯង កុំបាន​ឃើញកូន​ទាំងឡាយ​ផង ប្តីផង​ឡើយ។

[៤២៦] (ចន្ទកុមារ…) បពិត្រព្រះសម្មតិទេព ព្រះអង្គ​កុំសម្លាប់​ទូលព្រះបង្គំ​ទាំងឡាយ​ឡើយ សូមទ្រង់ព្រះរាជទាន​ខ្ញុំព្រះអង្គ​ទាំងឡាយ​ឲ្យជាទាសៈ​នៃ​ខណ្ឌហាល​ព្រាហ្មណ៍​វិញ​ចុះ ខ្ញុំព្រះអង្គ​ទាំងឡាយ សូមឲ្យ​ជាអ្នកជាប់​ចំណង ហើយឃ្វាល​ដំរី និងសេះ។ បពិត្រ​ព្រះសម្មតិទេព ព្រះអង្គ​កុំសម្លាប់​ទូលព្រះបង្គំ​ទាំងឡាយ​ឡើយ សូម​ទ្រង់ព្រះរាជ​ទាន​ខ្ញុំព្រះអង្គ​ទាំងឡាយ ឲ្យជា​ទាសៈ​នៃខណ្ឌហាល​ព្រាហ្មណ៍​វិញចុះ ខ្ញុំព្រះអង្គ​ទាំង​ឡាយ សូមឲ្យ​ជាអ្នក​ជាប់ចំណង ហើយចោល​អាចម៍ដំរី។ បពិត្រ​ព្រះសម្មតិទេព ព្រះអង្គ​កុំសម្លាប់​ទូលព្រះបង្គំ​ទាំងឡាយ​ឡើយ សូម​ទ្រង់​ព្រះរាជទាន​ខ្ញុំព្រះអង្គ​ទាំងឡាយ ឲ្យជា​ទាសៈនៃ​ខណ្ឌហាល​ព្រាហ្មណ៍វិញចុះ ខ្ញុំព្រះអង្គ​ទំាងឡាយ សូមឲ្យជា​អ្នកជាប់​ចំណង ហើយ​ចោលអាចម៍​សេះ។ បពិត្រ​ព្រះសម្មតិទេព ព្រះអង្គ​កុំសម្លាប់​ទូលព្រះបង្គំ​ឡើយ បើព្រះអង្គ​សព្វព្រះទ័យ​ចំពោះ​ខណ្ឌហាល​ព្រាហ្មណ៍ណា សូមទ្រង់​ព្រះរាជទាន​ខ្ញុំ​ព្រះអង្គ​​ទាំងឡាយ ឲ្យជា​ទាសៈនៃ​ខណ្ឌហាល​ព្រាហ្មណ៍​នោះចុះ ពុំនោះ​សោត សូមព្រះអង្គ​បំបរបង់​ឲ្យចេញ​ចាកដែន​ ខ្ញុំព្រះអង្គ​នឹងត្រាច់​ទៅកាន់​ភិក្ខាចារ។ បពិត្រ​ព្រះសម្មតិទេព នារី​ពួកខ្លះ សូម្បីជា​ស្រ្តីកំសត់ នៅតែ​ចង់បានកូន ហើយបន់​ស្រន់ទេព្តា ស៊ូ​លះបង់​ចំណង់​ប្លែក នៅតែ​មិនបានកូន​ទាំងឡាយ ក៏មាន។ នារីពួកខ្លះ ធ្វើពាក្យ​ប្រកប​ដោយ​សេចក្តី​ប៉ុនប៉ងថា កូន​ទំាងឡាយ​របស់យើង ចូរកើត​បន្ទាប់ពីនោះ ចៅទំាងឡាយ​ចូរកើត​ទៀត បពិត្រ​ព្រះសម្មតិទេព កាលបើ​ដូច្នេះ (ហេតុអ្វីក៏) ព្រះអង្គ​សម្លាប់​ទូលព្រះបង្គំ​ទាំងឡាយ ដើម្បី​បូជា​យ័ញ្ញ ដោយមិន​សមហេតុ។ ពួកស្រ្តី​តែងបានកូន​ដោយការ​បន់ស្រន់ បពិត្រ​ព្រះរាជបិតា ព្រះអង្គ​កុំសម្លាប់​ទូលព្រះបង្គំ​ទាំងឡាយ​ឡើយ ព្រះអង្គ​កុំបូជា​យ័ញ្ញនេះ ដោយបុត្រ​ទាំងឡាយ ដែលបាន​ដោយលំបាក​ឡើយ។ ពួកស្ត្រី​តែងបាន​កូនដោយ​ការ​បន់ស្រន់ បពិត្រ​ព្រះរាជបិតា ព្រះអង្គកុំ​សម្លាប់​ទូលព្រះបង្គំ​ទាំងឡាយ​ឡើយ សូម​ព្រះអង្គ​កុំញ៉ាំង​ទូលព្រះបង្គំ​ទាំង​ឡាយ ឲ្យព្រាត់​ប្រាសចាក​មាតា និងបុត្រ​ទាំងឡាយ ដែលបាន​ដោយ​លំបាក។

[៤២៧] បពិត្រព្រះមាតា ព្រះអង្គបានបង្កើតបុត្រ គឺចន្ទកុមារ​មក មានទុក្ខព្រួយ​ច្រើនណាស់ ព្រោះតែ​ការចិញ្ចឹម ខ្ញុំជាកូន​សូមក្រាប​ថ្វាយបង្គំ​ព្រះបាទា​នៃព្រះមាតា សូមឲ្យ​ព្រះរាជ​បិតា បានទៅ​បរលោក (ដែល​បរិបូណ៌​ដោយ​សម្បត្តិ) ចុះ។ បពិត្រ​ព្រះមាតា ណ្ហើយចុះ សូម​ព្រះមាតា​ឱបកៀកខ្ញុំ ហើយ​អនុញ្ញាត​ឲ្យថ្វាយបង្គំ​ព្រះបាទា​ព្រះមាតា ឥឡូវនេះ ខ្ញុំនឹង​ទៅកាន់ទី​ព្រាត់​ប្រាស​ដើម្បី​ប្រយោជន៍​ដល់យ័ញ្ញ​របស់ព្រះ​បាទ​ឯករាជ។ បពិត្រ​ព្រះមាតា ណ្ហើយចុះ សូមព្រះមាតា​ឱបកៀក​ខ្ញុំ ហើយ​អនុញ្ញាត​ឲ្យថ្វាយ​បង្គំ​ព្រះបាទា​ព្រះមាតា ឥឡូវនេះ ខ្ញុំនឹង​ធ្វើសេចក្តី​សោកក្នុង​ហ្ឫទ័យ​នៃព្រះមាតា ហើយ​ទៅកាន់​ទីព្រាត់ប្រាស។ បពិត្រ​ព្រះមាតា ណ្ហើយចុះ សូម​ព្រះមាតា​ឱបកៀកខ្ញុំ ហើយ​អនុញ្ញាត​ឲ្យថ្វាយបង្គំ​ព្រះបាទា​ព្រះមាតា ឥឡូវ​នេះ ខ្ញុំនឹងធ្វើ​សេចក្តី​សោកក្នុង​ហ្ឫទ័យ​នៃជន ហើយទៅ​កាន់ទី​ព្រាត់ប្រាស។

[៤២៨] (ព្រះមាតា…) ម្នាលគោតមីបុត្រ ណ្ហើយចុះ បាឯងចូរបួងមោលី​ដោយ​ស្លឹកឈូក បាឯង​ចូរប្រដាប់​ផ្កាកម្រង ដែលលាយ​ដោយ​ត្របកផ្កា​ចម្បានេះ​ជាប្រក្រតី ពីដើម​របស់បា។ ហក បាឯងធ្លាប់​លាបស្រឡាប​ដោយខ្លឹម​ចន្ទន៍​ទាំងឡាយណា ហើយល្អ​រុងរឿង​ក្នុង​រាជបរិស័ទ (នេះ) ជាគ្រឿងលាប​របស់បា បាចូរលាប​ខ្លឹមចន្ទន៍ ជាទី​បំផុតចុះ។ ហក បាឯង​ស្លៀកដណ្តប់​សំពត់​ទាំងឡាយ​ណា មាន​សាច់ទន់ ៗ រមែង​ល្អរុងរឿង ក្នុង​រាជបរិស័ទ (នេះ) ជាសំពត់​មាន​សាច់ទន់ បាចូរ​ស្លៀកសំពត់​ដែលកើត​ក្នុងដែន​កាសី មានក្នុង​ទីបំផុត​ចុះ។ បាឯងល្អ​រុងរឿង​ដោយ​ហត្ថាភរណៈ​ណា ក្នុងរាជ​បរិស័ទ បាចូរ​ពាក់នូវ​ហត្ថាភរណៈ ដ៏ហើយ​ដោយ​កែវមុក្តា កែវមណី និងមាស (នោះចុះ)។

[៤២៩] (នាងចន្ទាទេវី…) ព្រះបាទឯករាជនេះ ជាអ្នករក្សាដែន ជាម្ចាស់​ផែនដី ជាអ្នក​ទទួល​មត៌ករបស់អ្នក​ជនបទ ជាឥស្សរៈ​លើលោក ទ្រង់ជាធំ តែមិនញ៉ាំង​សេចក្តីសេ្នហា​ឲ្យកើត​ក្នុងព្រះ​រាជបុត្រ​ដោយពិត។

[៤៣០] (ព្រះបាទឯករាជ…) បុត្រប្រុសទាំងឡាយ ជាទីស្រឡាញ់​របស់អញ ម្យ៉ាងទៀត នាងឯងក្តី ភរិយា​ទាំងឡាយ (ឯទៀត) ក្តី ក៏ជាទី​ស្រឡាញ់របស់​អញ ប៉ុន្តែ​អញចង់​បានឋានសួគ៌​ទេតើ បានជា​អញឲ្យ​គេសម្លាប់​ដោយ​ហេតុនោះ។

[៤៣១] (នាងចន្ទាទេវី…) បពិត្រព្រះសម្មតិទេព សូមព្រះអង្គ​សម្លាប់ខ្ញុំ​ម្ចាស់មុន កុំឲ្យ​សេចក្តី​ទុក្ខបំបែក​ហ្ឫទ័យ​ខ្ញុំម្ចាស់ឡើយ បពិត្រ​ព្រះសម្មតិទេព បុត្ររបស់​ព្រះអង្គ ជាអ្នក​មានគ្រឿង​អលង្ការ​ប្រដាប់​ហើយ ជាបុត្រល្អល្អះ ជា​សុខុមាលជាតិ។ បពិត្រ​ព្រះអង្គ​ជាម្ចាស់​គេ ណ្ហើយចុះ​ សូមព្រះអង្គ​សម្លាប់ខ្ញុំ​ម្ចាស់ចុះ ខ្ញុំម្ចាស់​ជាស្រ្តីមាន​សេចក្តីសោក​ជាមួយ​គ្នានឹង​ចន្ទកុមារ សូមព្រះអង្គ​ធ្វើបុណ្យ​ឲ្យបរិបូណ៌​ចុះ យើងខ្ញុំ​ទាំងពីរនាក់ នឹង​​ត្រាច់ទៅ​ក្នុងបរលោក។

[៤៣២] (ព្រះបាទឯករាជ…) ម្នាលនាងចន្ទា​មានភ្នែកវិសេសវិសាល នាងកុំយំ​ឡើយ ជនទាំងឡាយ​ជាបង​ប្អូនខាងប្តី​របស់នាង​ជាច្រើន ជនទាំងនោះ នឹងញ៉ាំង​នាង​ឲ្យត្រេកអរ ព្រោះ​គោតមីបុត្រ ត្រូវគេ​បូជាយ័ញ្ញ​ហើយ។

[៤៣៣] (អភិសម្ពុទ្ធគាថា) កាលបើព្រះបាទឯករាជ ទ្រង់ត្រាស់​យ៉ាងនេះ​ហើយ នាង​ចន្ទាទេវី​ប្រហារខ្លួនឯង​ដោយបាត​ដៃទាំងឡាយ (ទ្រង់​ពិលាបថា) ការរស់នៅ​ក្នុងលោក​នេះ ល្មមប៉ុណ្ណឹង​ហើយ អញនឹង​ផឹកថ្នាំពិស​ឲ្យស្លាប់។ ព្រោះថា ជនទាំងឡាយ ជា​ញាតិមិត្រ ជាសំឡាញ់​របស់​ព្រះរាជា​នេះ មិនមាន​អ្នកណា​មួយ​ហ៊ានក្រាប​ទូលព្រះរាជា​ថា សូម​ព្រះអង្គកុំ​សម្លាប់​ព្រះរាជបុត្រ​ទាំងឡាយ ដែល​កើតអំពី​ព្រះឱរា​ដូច្នេះ​ឡើយ។ ជនទាំងឡាយ ជា​ញាតិមិត្រ ជាសំឡាញ់​របស់​ព្រះរាជា​នេះ មិនមាន​អ្នកណាមួយ​ហ៊ានក្រាប​ទូលព្រះរាជា​ថា សូមព្រះអង្គ​កុំសម្លាប់​ព្រះរាជបុត្រ ដែល​កើតអំពី​ព្រះអង្គ​ដូច្នេះ​ឡើយ។ បុត្ររបស់​ខ្ញុំម្ចាស់​ទាំងឡាយ​នេះ ពាក់កម្រង​ផ្កា ទ្រទ្រង់​គ្រឿង​ប្រដាប់​ជាវិការៈ​នៃមាស សូមព្រះរាជា​បូជាយ័ញ្ញ​ដោយរាជបុត្រ​ទាំងឡាយ​ចុះ ប៉ុនែ្ត​សូមព្រះអង្គ​លែង​គោតមីបុត្រ។ បពិត្រ​មហារាជ សូមព្រះអង្គ​កាប់​ខ្ញុំម្ចាស់ ១០០ កំណាត់ ហើយ​បូជាយ័ញ្ញ​គ្រប់ទាំង ៧ កន្លែងចុះ ព្រះអង្គ​កុំសម្លាប់​បុត្រច្បង​ដែលជា​អ្នកអង់អាច​ដូច​សីហៈ ជាអ្នក​មិនប្រទូស្ត។ បពិត្រ​មហារាជ សូម​ព្រះអង្គ​ចិញ្រ្ចាំខ្ញុំម្ចាស់ ១០០ កំណាត់ ហើយ​បូជា​យ័ញ្ញ​គ្រប់ទាំង ៧ កន្លែងចុះ ព្រះអង្គកុំ​សម្លាប់​បុត្រច្បង​ដែល​សត្វលោក​ទាំងអស់​​អាឡោះ​អាល័យ​ឡើយ។​

[៤៣៤] (ចន្ទកុមារ…) គ្រឿងអាភរណៈច្រើនយ៉ាង គឺកែវមុក្តា កែវមណី កែវពៃទូរ្យ​ដែល​ប្រសើរ និងមិន​ប្រសើរ​ យើងឲ្យ​ហើយ​ដល់នាង ក្នុងរឿងដែល​នាង​និយាយល្អ​ហើយ នេះជា​អំណោយ ទីបំផុត ចូរមាន​ដល់នាងចុះ។

[៤៣៥] (នាងចន្ទាទេវី…) កាលពីដើម ព្រះរាជបុត្រទំាងឡាយ​ណា ដែលមាន​កម្រង​ផ្ការីកសំពោង ពាក់ហើយ​លើ ក ទាំងឡាយ ថ្ងៃនេះ​ព្រះរាជបុត្រ​ទាំង​នោះ ត្រឡប់​ទៅជា​មានដាវ ដែលគេ​សំលៀងមុត នឹងធ្លាក់​លើ ក ទាំង​ឡាយ​វិញ។ ពីដើម ព្រះរាជ​បុត្រ​ទាំងឡាយ​ណា ដែលមាន​កម្រងផ្កា​ដ៏វិចិត្រ​ហើយ ពាក់លើ ក ទាំងឡាយ ថ្ងៃនេះ ព្រះរាជបុត្រ​ទាំងនោះ ត្រឡប់​ទៅជា​មានដាវ ដែលគេ​សំលៀងមុត នឹងធ្លាក់​លើ ក ទាំងឡាយ​វិញ។ មិនយូរ​ប៉ុន្មានទេ មុខតែដាវ​នឹងធ្លាក់លើ ក នៃរាជបុត្រ​ទាំងឡាយ​ពុំខាន ហ្ឫទ័យ​របស់ខ្ញុំ​ម្ចាស់ ខានបែក​ធ្លាយឯណា​បាន ព្រោះចំណង​យ៉ាងមាំ មានដល់​ខ្ញុំម្ចាស់​ហើយ។ ម្នាលចន្ទកុមារ និង​សុរិយកុមារ អ្នកទាំងឡាយ ជាអ្នក​ទ្រទ្រង់​សំពត់​សាច់ល្អ ដែល​កើតក្នុង​ដែនកាសី ទ្រទ្រង់​កុណ្ឌល លាប​ស្រឡាប​ដោយ​កំញាន និង​ខ្លឹមចន្ទន៍ ចូរចេញ​ទៅ ដើម្បី​យ័ញ្ញនៃ​ព្រះបាទ​ឯករាជ​ចុះ។ ម្នាលចន្ទកុមារ និង​សុរិយកុមារ អ្នក​ទាំងឡាយ ជាអ្នក​ទ្រទ្រង់​សំពត់​មានសាច់​ល្អ ដែលកើត​ក្នុងដែន​កាសី ទ្រទ្រង់​កុណ្ឌល លាប​ស្រឡាប​ដោយកំញាន និង​ខ្លឹមចន្ទន៍ ធ្វើសេចក្តី​សោកក្នុង​ហ្ឫទ័យ​នៃមាតា ចូរចេញ​ទៅចុះ។ ម្នាលចន្ទកុមារ និង​សុរិយកុមារ អ្នក​ទាំងឡាយ ជាអ្នក​ទ្រទ្រង់​សំពត់​មានសាច់​ល្អ ដែលកើត​ក្នុងដែន​កាសី ទ្រទ្រង់​កុណ្ឌល លាបស្រឡាប​ដោយកំញាន និង​ខ្លឹមចន្ទន៍ ធ្វើសេចក្តី​សោក​ក្នុងហ្ឫទ័យ​នៃជន ចូរចេញ​ទៅចុះ។ ម្នាលចន្ទកុមារ និង​សុរិយកុមារ អ្នក​ទាំងឡាយ ជាអ្នក​បរិភោគ​ភោជន​ដែលលាយ​ដោយសាច់​មានរស ជាអ្នកដែលពួក​អ្នក​ផ្ងូតៗល្អ​ហើយ ទ្រទ្រង់​កុណ្ឌល លាបស្រឡាប​ដោយកំញាន និងខ្លឹម​ចន្ទន៍ ចូរចេញ​ទៅដើម្បី​យ័ញ្ញរបស់​ព្រះបាទ​ឯករាជចុះ។ ម្នាល​ចន្ទកុមារ និង​សុរិយកុមារ អ្នកទាំងឡាយ ជាអ្នក​បរិភោគ​ភោជន​ដែលលាយដោយ​សាច់មានរស ជាអ្នក​ដែលពួកអ្នកផ្ងូត ៗ ល្អ​ហើយ ទ្រទ្រង់​កុណ្ឌល លាប​ស្រឡាប​ដោយកំញាន និង​ខ្លឹមចន្ទន៍ ធ្វើសេចក្តី​សោកក្នុង​ហ្ឫទ័យ​នៃមាតា ចូរសេ្តច​ចេញ​ទៅចុះ។ ម្នាលចន្ទកុមារ និងសុរិយកុមារ អ្នកទាំង​ឡាយ ជាអ្នក​បរិភោគ​ភោជន​ដែលលាយ​ដោយសាច់​មានរស ជាអ្នកដែល​ពួកអ្នកផ្ងូត ៗ ល្អ​ហើយ ទ្រទ្រង់​កុណ្ឌល លាបស្រឡាប​ដោយកំញាន និង​ខ្លឹមចន្ទន៍ ធ្វើសេចក្តី​សោកក្នុង​ហ្ឫទ័យ​នៃជន ចូរចេញ​ទៅចុះ។

[៤៣៦] (អភិសម្ពុទ្ធគាថា) កាលបើគ្រឿងប្រដាប់បូជាយ័ញ្ញ​គ្រប់យ៉ាង ដែលគេ​ចាត់ចែង​ហើយ កាលបើ​ចន្ទកុមារ និង​សុរិយកុមារ​អង្គុយ​ដើម្បី​ប្រយោជន៍​ដល់​យ័ញ្ញ ហើយនាង​បញ្ចាលរាជធីតា លើកកំបង់​អញ្ជលី ដើរចូល​ទៅត្រង់​ចនោ្លះ​ពួកបរិស័ទ​ទាំង​ពួង (ប្រកាសថា) ខណ្ឌហាល​ព្រាហ្មណ៍ ជាមនុស្ស​យល់ខុស ធ្វើបាបកម្ម ដោយ​ពាក្យ​សច្ចៈ​ណា ខ្ញុំម្ចាស់​ព្រមព្រៀង​ជាមួយ​នឹង​ព្រះស្វាមី តាមពាក្យ​សច្ចៈនុ៎ះ។ ពួក​អមនុស្ស ពួកទេវតា និង​ពួកសត្វ​កើតហើយ និងសត្វ​ដែលត្រូវ​កើត មានក្នុង​ទីនេះ ចូរធ្វើ​នូវសេចក្តី​ខ្វល់ខ្វាយ​ចំពោះខ្ញុំ ខ្ញុំសូម​ព្រមព្រៀង (ជាមួយ) នឹង​ព្រះស្វាមី​ហើយ។ ពួកទេវតា ពួកសត្វ​កើតហើយ និង​សត្វដែល​ត្រូវកើត​ទាំងអស់ ដែលមក​ក្នុងទីនេះ សូមអ្នក​ទាំងឡាយ រក្សាខ្ញុំ​ជា​មនុស្ស​អនាថា ដែលស្វែង​រកទីពឹង ខ្ញុំសូម​អង្វរ​ព្រះស្វាមី ដែល​ពួកបច្ចាមិត្រ​ផ្ចាញ់​មិនបាន ចំពោះ​លោក​ទាំងឡាយ។

[៤៣៧] អមនុស្ស (សក្កទេវរាជ) ឮពាក្យនោះហើយ ក៏គ្រវីដម្បងដែក បំភ័យ​ព្រះ​រាជានោះ ហើយ​និយាយ​នឹងព្រះរាជា​ដូច្នេះថា ម្នាលសេ្តច​កាឡកណ្ណី ព្រះអង្គ​ចូរដឹងចុះ កុំឲ្យ​ខ្ញុំសំពង​ក្បាលព្រះអង្គ​ឡើយ ព្រះអង្គ​កុំសម្លាប់​បុត្រច្បង ជាអ្នក​អង់អាច​ដូចសីហៈ ជាអ្នក​មិន​ប្រទូស្ត។ ម្នាលសេ្តច​កាឡកណ្ណី ព្រះអង្គ​ធា្លប់ឃើញ​អ្នកណា ដែលសម្លាប់​បុត្រភរិយា និងសេដ្ឋី គហបតី ជាអ្នក​មិនប្រទូស្ត ព្រោះប្រាថ្នា​ឋានសួគ៌។

[៤៣៨] ខណ្ឌហាលព្រាហ្មណ៍ បានឮពាក្យ​នោះ ទាំងព្រះរាជា​ក៏ឃើញ​សក្កទេវរាជ​ដែល​ព្រះអង្គ​មិនធ្លាប់​ឃើញនេះ ទើបឲ្យ​ស្រាយចំណង​ពីជន​ទាំងពួង ឲ្យ​ដូចជា​មិនមាន​សេចក្តី​បៀតបៀន។ កាលបើ​ពួកជន​ទាំងអស់ រួចពី​ចំណង​ហើយ ក្នុងកាល​នោះ ពួកជន​ដែលមក​ប្រជុំក្នុង​កន្លែងនោះ ក៏នាំ​គ្នាគប់​មួយដុំដី ៗ ម្នាក់ នេះជា​ការសម្លាប់​ខណ្ឌហាល​ព្រាហ្មណ៍។

[៤៣៩] ពួកជនទាំងពួង ធ្វើបាបកម្មហើយ ទៅកាន់នរក​យ៉ាងណា ពួកជនមិន​ធ្វើ​បាបកម្ម ហើយ​ទៅអំពី​លោកនេះ​ទៅ គប្បីបាន​នូវសុគតិ យ៉ាងនោះ​ឯង។

[៤៤០] កាលបើពួកជនទាំងអស់ រួចពីចំណង​ហើយ ក្នុងកាល​នោះ ពួករាជបុរស​មកចួបជុំ​គ្នាក្នុងទីនោះ ក៏ប្រជុំ​គ្នា​អភិសេក​ចន្ទកុមារ។ កាលបើ​ពួកជន​ទាំងអស់ រួចពី​ចំណង​ហើយ ក្នុងកាល​នោះ ពួករាជកញ្ញា​ដែលមកចួប​ជុំគ្នា ក្នុងទីនោះ ក៏ប្រជុំគ្នា អភិសេក​ចន្ទកុមារ។ កាលបើ​ពួកជន​ទាំងអស់ រួចពី​ចំណង​ហើយ ក្នុងកាលនោះ ពួកទេវបុរស​ដែលមក​ចួបជុំគ្នាក្នុង​ទីនោះ ក៏ប្រជុំគ្នា​អភិសេក​ចន្ទកុមារ។ កាលបើ​ពួកជន​ទាំងអស់ រួចពី​ចំណង​ហើយ ក្នុងកាលនោះ ពួកទេវកញ្ញា​ដែលមក​ចួបជុំគ្នា ក្នុងទីនោះ ក៏ប្រជុំ​គ្នាអភិសេក​នូវចន្ទកុមារ។ កាលបើ​ពួកជន​ទាំងអស់ រួចពី​ចំណង​ហើយ ក្នុងកាលនោះ ពួក​រាជបរិស័ទ​ដែលមក​ចួបជុំគ្នា​ក្នុងទីនោះ ក៏ប្រជុំ​គ្នាលើកទង់​សំពត់។ កាល​បើពួកជន​ទាំងអស់ រួចពី​ចំណង​ហើយ ក្នុងកាលនោះ ពួករាជកញ្ញា​ដែលមកចួប​ជុំគ្នា​ក្នុងទីនោះ ក៏ប្រជុំ​គ្នាលើក​ទង់សំពត់។ កាលបើ​ពួកជន​ទាំងអស់ រួចពី​ចំណង​ហើយ ក្នុងកាលនោះ ពួកទេវបុរស​ដែលមក​ចួបជុំគ្នា​ក្នុងទីនោះ ក៏ប្រជុំគ្នា​លើកទង់​សំពត់។ កាលបើ​ពួកជន​ទាំងអស់ រួចពី​ចំណង​ហើយ ក្នុងកាលនោះ ពួកទេវកញ្ញា​ដែលមកចួបជុំ​គ្នា​ក្នុងទីនោះ ក៏ប្រជុំគ្នា​លើកទង់សំពត់។ កាលបើ​ពួកជន​ទាំងអស់ រួចពី​ចំណងហើយ ពួកជន​ជាច្រើន​ត្រេកអរ​រីករាយ ប៉ាវគង​ ទូង​អានន្ទភេរី ក្នុងកាល​ដែល​ចន្ទកុមារ​ចូលទៅ​ក្នុងនគរ ពួកជន​បានប្រកាស​ការរួច​ចាកចំណង (របស់​ពួកសត្វ )។

ចប់ ចន្ទកុមារជាតក ទី៧។

ចប់ ភាគ៦២ ។

មាតិកា

លេខ ទំព័រ លេខ​សម្គាល់
មហានិបាតជាតក sut.kn.jat.v22
តេមិយជាតក ទី១ sut.kn.jat.538
មហាជនកជាតក ទី២ ២១ sut.kn.jat.539
សុវណ្ណសាមជាតក ទី៣ ៤៩ sut.kn.jat.540
នេមិរាជជាតក ទី៤ ៦៨ sut.kn.jat.541
មហោសធជាតក ទី៥ ១០២ sut.kn.jat.542
ភូរិទត្តជាតក ទី៦ ១៣៥ sut.kn.jat.543
ចន្ទកុមារជាតក ទី៧ ១៧៣ sut.kn.jat.544
1)
ពាក្យនេះ ពោធិសត្វ​ពោលសំដៅ​យកការ​ដែលមិនបាន​ផ្គង​ស្មារតី​ទុក​ដោយ​មេត្តាភាវនា​ក្នុងខណៈ​នោះ។
2)
ធ្នូដ៏មាំ សំដៅយក​ធ្នូដែល​កំឡាំង​នៃបុរស ១ពាន់នាក់ ទើប​លើករួច។
3)
នាងទេពធីតានេះ ធ្លាប់ជា​មាតា​ពោធិសត្វ​ក្នុង​បុព្វជាតិទី ៧ លុះច្យុត​មក​ឧប្បត្តិក្នុងទីនេះ នាងតែងព្យាបាល​ពោធិសត្វ​សព្វៗថ្ងៃ​រៀងមក។
4)
១.២.៣. តាមសេចក្តី​យល់របស់​សក្កទេវរាជ​ពោលតាម​ពាហិរសាសនា​ថា សីលដែល​គ្រាន់តែវៀរចាក​មេថុន ហៅថា ព្រហ្មចរិយៈ​ថោកទាប អាច​ញុំាងបុគ្គល​ឲ្យទៅកើត​ក្នុងត្រកូល​ក្សត្រ។ ឧបចារជ្ឈាន ហៅថា ព្រហ្មចរិយៈ​ជាកណ្តាល អាចញុំាង​បុគ្គល​ឲ្យទៅកើត​ជាទេវតា។ សមាបត្តិ​ប្រាំបី ហៅថា ព្រហ្មចរិយៈ​ខ្ពង់ខ្ពស់ អាចញុំាង​បុគ្គលឲ្យ​ទៅកើត​ក្នុងព្រហ្មលោក។ ពួកពាហិរសាសនា​សំដៅ​យក​ព្រហ្មលោក​នោះ ថាជានិព្វាន។ ពុទ្ធសាសនា​ថា ព្រហ្មចរិយៈ​របស់​ភិក្ខុ ដែលមាន​សីលបរិសុទ្ធ តែប្រាថ្នា​យក​ទេពនិកាយ​ណាមួយ ចាត់ជា​ព្រហ្មចរិយៈថោកទាប សមាបត្តិ​ប្រាំបី ចាត់ជា​ព្រហ្មចរិយៈកណ្តាល អរហត្តមគ្គ ចាត់ជា​ព្រហ្មចរិយៈ​ខ្ពង់ខ្ពស់។
5)
6)
7)
សំដៅយក ពួកក្សត្រិយ៍ ព្រាហ្មណ៍ វេស្សៈ និង​សូទ្រៈ។
8)
សក្កទេវរាជ សំដៅ​យក​សីល​ថាជា​គុណខ្ពស់ ទានជា​គុណទាប។ អដ្ឋកថា។
9)
ព័ទ្ធដោយ​កំពែង គឺ​ដំរីជា​ជាន់​ដំបូង លំដាប់​ពីនោះ ព័ទ្ធដោយ​កំពែង គឺរថ តពីនោះ ព័ទ្ធដោយ​កំពែង​គឺសេះ តពីនោះ ព័ទ្ធ​ដោយ​កំពែង​គឺ​ពលថ្មើរជើង រវាង​ពលដំរី និងរថ​ចាត់ជា​ជាន់ទី១ រវាង​ពលរថ និងពលសេះ ចាត់ជា​ជាន់ទី២ រវាងពល​សេះនិង​ពលថ្មើរជើង ចាត់ជា​ជាន់ទី៣។ អដ្ឋកថា។
10)
ពួកនាគ​ដែលមាន​ឈ្មោះ​យ៉ាងនេះ គឺជា​ពួកនាគ​នៅក្បែរ​ជើងភ្នំ​សិនេរុ ត្រូវជា​ញាតិខាង​មាតា​របស់​ព្រះបាទ​ធតរដ្ឋ។ អដ្ឋកថា។
11)
មិនមែន​មានដៃ​មួយពាន់​ទេ គឺអាច​យិតធ្នូ​ដែលខ្មាន់​ធ្នូប្រាំរយ​នាក់​យិតរួច។ អដ្ឋកថា។
km/tipitaka/book_062.txt · ពេលកែចុងក្រោយ: 2023/03/18 09:31 និពន្ឋដោយ Johann