User Tools

Site Tools


Translations of this page?:
km:tipitaka:book_068

-Namo tassa bhagavato arahato sammā-
ព្រះត្រៃបិដកភាសាខ្មែរ - Tipiṭaka Khmer language
ភាគ ៦៨ - Book 68

Ven. Members of the Sangha, Ven. Theras Valued Upasaka, valued Upasika This is a Work Edition! 1.Edition 20191213 Do not share it further except for editing and working purposes within the transcription project on sangham.net. Only for personal use. If you find any mistake or like to join the merits please feel invited to join here: sangham.net or Upasika Norum on sangham.net Anumodana!

សូម​ថ្វាយបង្គំ​ចំពោះ​ព្រះសង្ឃ, ជំរាបសួរ​ឧបាសក និង​ឧបាសិកា​ទាំង​អស់ នេះ​គឺ​ជា​សេចក្តី​ព្រាងច្បាប់​ការ​បោះ​ពុម្ព​ផ្សាយ! 1.Edition 20191213 សូម​កុំ​ចែក​រំលែក​បន្ថែម​ទៀត ប្រសិន​បើ​មិន​មែន​សម្រាប់​ការ​កែសម្រួល​នៅ sangham.net និង​កិច្ច​ការ​នេះ។ សូម​គិត​ថា​លោក​អ្នក​ត្រូវ​បាន​អញ្ជើញ​ដើម្បី​ចូល​រួម​បុណ្យកុសល​នេះ និង​​សូមប្រាប់​ពួក​យើង​អំពី​កំហុស និង​ប្រើវេទិកា​នេះ: sangham.net ឬ​ប្រាប់​ឧបាសិកា Norum នៅ​លើ sangham.net សូម​អនុមោទនា!

A topic about progress and feedback can be found here: ព្រះត្រៃបិដក ភាគ ០៦៨ - Tipitaka Book 068, for change log on ati.eu see here: រាយការណ៍ ភាគ ០៦៨



book_068.jpg

គំរូ ឯកសារ ផ្សេងទៀត ៖
book_068.pdf

លេខសម្គាល់
លេខទំព៍រ

ព្រះ​ត្រៃបិដក ភាគ ទី ៦៨

ទ. 1

សុត្តន្តបិដក

ខុទ្ទកនិកាយគ

(ខុទ្ទកនិកាយេ)

​ចូឡនិទេ្ទស

បារាយនវគ្គនិទ្ទេស

(បារាយនវគ្គនិទ្ទេសោ)

ឧទយមាណវកប្បញ្ហានិទេ្ទស ទី១៣

(១៣. ឧទយមាណវបុច្ឆា)

[១] (ឧទយៈមានអាយុ ក្រាបទូលដូចេ្នះថា)

ខ្ញុំព្រះអង្គជាអ្នកត្រូវការដោយប្រស្នា ទើបមកគាល់ (ដើម្បីសួរ) ព្រះអង្គជាអ្នកមានឈាន មានព្រះសន្តានប្រាសចាកធូលី ទ្រង់គង់នៅ ទ្រង់មានកិច្ចធើ្វរួចហើយ មិនមានអាសវៈ ទ្រង់ដល់នូវត្រើយនៃធម៌ទាំងពួង សូមព្រះអង្គសំដែងអញ្ញាវិមោក្ខ ជាគ្រឿងទម្លាយអវិជ្ជា។

[២] អធិប្បាយពាក្យថា ជាអ្នកមានឈាន មានព្រះសន្តានបា្រសចាកធូលី ទ្រង់គង់នៅ ត្រង់ពាក្យថា មានឈាន គឺព្រះមានព្រះភាគ មានឈានដោយបឋមជ្ឈានផង មានឈានដោយទុតិយជ្ឈានផង មានឈានដោយតតិយជ្ឈានផង មានឈានដោយចតុត្ថជ្ឈានផង មានឈានដោយឈានប្រកបដោយវិតក្កៈ និងវិចារៈផង មានឈានដោយឈានមិនមានវិតក្កៈ មានតែវិចារៈផង មានឈានដោយឈានមិនមានវិតក្កៈ មិនមានវិចារៈផង មានឈានដោយឈានប្រកបដោយបីតិផង មានឈានដោយឈានមិនមានបីតិផង មានឈានដោយឈានប្រកបដោយសុខផង មានឈានដោយឈានប្រកបដោយឧបេក្ខាផង មានឈានដោយឈានប្រកបដោយសុញ្ញតវិមោក្ខផង មានឈានដោយឈានប្រកបដោយអនិមិត្តវិមោក្ខផង មានឈានដោយឈានប្រកបដោយអប្បណិហិតវិមោក្ខផង មានឈានដោយឈានជាលោកិយផង មានឈានដោយឈានជាលោកុត្តរផង ជាបុគ្គលត្រេកអរក្នុងឈាន ប្រកបរឿយៗ នូវភាពជាបុគ្គលម្នាក់ឯង ធ្ងន់ក្នុងប្រយោជន៍របស់ខ្លួន ហេតុនោះ (លោកពោលថា) អ្នកមានឈាន។ ពាក្យថា បា្រសចាកធូលី សេចក្តីថា ធូលីគឺរាគៈ ធូលីគឺទោសៈ ធូលីគឺមោហៈ ធូលីគឺកោធៈ ធូលីគឺឧបនាហៈ។បេ។ ធូលីគឺអភិសង្ខារជាអកុសលទាំងអស់។ ធូលីទាំងនោះ ព្រះពុទ្ធមានជោគលះបង់ ផ្តាច់ផ្តិលឫសគល់ ធើ្វឲ្យនៅសល់តែទីនៅ ដូចជាទីនៅនៃដើមត្នោត ឲ្យដល់នូវការមិនមានបែបភាព មានការមិនកើតតទៅជាធម្មតា ហេតុនោះ ព្រះពុទ្ធឈ្មោះថា មិនមានធូលី បា្រសចាកធូលី មានធូលីទៅបា្រស លះបង់ធូលី ផុតស្រឡះចាកធូលី។

ធូលីសំដៅយករាគៈ មិនមែនលំអងទេ ពាក្យថា ធូលីនុ៎ះ ជាឈ្មោះរាគៈ ព្រះជិនស្រីមានបញ្ញាចក្ខុ លះបង់ធូលីនុ៎ះហើយ ហេតុនោះ ទើបលោកហៅថា អ្នកមានធូលីទៅប្រាស ធូលីសំដៅយកទោសៈ មិនមែនលំអងទេ ពាក្យថា ធូលីនុ៎ះ ជាឈ្មោះទោសៈ ព្រះជិនស្រីមានបញ្ញាចក្ខុ លះបង់ធូលីនុ៎ះហើយ ហេតុនោះ ទើបលោកហៅថា អ្នកមានធូលីទៅប្រាស ធូលីសំដៅយកមោហៈ មិនមែនលំអងទេ ពាក្យថា ធូលីនុ៎ះ ជាឈ្មោះមោហៈ ព្រះជិនស្រីមានបញ្ញាចក្ខុ លះបង់ធូលីនុ៎ះហើយ ហេតុនោះ ទើបលោកហៅថា អ្នកមានធូលីទៅប្រាស។

ហេតុនោះ (លោកពោលថា) ប្រាសចាកធូលី។ ពាក្យថា ទ្រង់គង់នៅ គឺព្រះមានព្រះភាគ ទ្រង់គង់ក្បែរបាសាណកចេតិយ ហេតុនោះ ទើបឈ្មោះថា ទ្រង់គង់នៅ។

ពួកសាវ័កអ្នកមានត្រៃវិជ្ជា លះបង់មច្ចុហើយ ចូលទៅអង្គុយជិតព្រះមុនី ទ្រង់ដល់ត្រើយនៃទុក្ខ គង់ខាងភ្នំ។

ព្រះមានព្រះភាគឈ្មោះថា ទ្រង់គង់នៅ យ៉ាងនេះក៏បាន។ មួយទៀត ព្រះមានព្រះភាគឈ្មោះថា ទ្រង់គង់នៅ ព្រោះព្រះអង្គរំងាប់សេចក្តីខ្វល់ខ្វាយទាំងពួង ហើយទ្រង់មានព្រហ្មចរិយៈនៅហើយ មានចរណធម៌សន្សំហើយ។បេ។ ភពថ្មី គឺជាតិ ជរា មរណៈ សង្សារ របស់ព្រះមានព្រះភាគនោះ មិនមាន ហេតុនោះ ព្រះមានព្រះភាគឈ្មោះថា ទ្រង់គង់នៅ យ៉ាងនេះក៏បាន ហេតុនោះ (លោកពោលថា) អ្នកមានឈានប្រាសចាកធូលី ទ្រង់គង់នៅ។ ពាក្យថា ដូច្នេះ ក្នុងបទថា ឧទយៈមានអាយុពោលដូច្នេះ គឺជាការតបទ។បេ។ ពាក្យថា ដូច្នេះនេះ ជាលំដាប់បទ។ ពាក្យថា មានអាយុ គឺពាក្យជាទីស្រឡាញ់ ជាពាក្យគោរព ពាក្យថា មានអាយុនេះ ជាពាក្យពោលដោយគោរពកោតក្រែង។ ពាក្យថា ឧទយៈ ជាឈ្មោះ។បេ។ ជាពាក្យហៅនូវព្រាហ្មណ៍នោះ ហេតុនោះ (ទើបមានពាក្យថា) ឧទយៈមានអាយុពោលដូច្នេះ។

[៣] ពាក្យថា ទ្រង់មានកិច្ចធើ្វរួចហើយ មិនមានអាសវៈ គឺកិច្ចគួរធើ្វ និងមិនគួរធើ្វ ព្រះពុទ្ធមានជោគ លះបង់ ផ្តាច់ផ្តិលឫសគល់ ធើ្វឲ្យសល់តែទីនៅ ដូចជាទីនៅនៃដើមត្នោត ឲ្យដល់នូវការមិនមានបែបភាព មិនមានការកើតតទៅជាធម្មតា ហេតុនោះ ព្រះពុទ្ធឈ្មោះថា មានកិច្ចធ្វើហើយ។

ភិក្ខុណាមិនមានតណ្ហា សេចក្តីក្តៅក្រហាយ នៃភិក្ខុនោះដែលជាអ្នកកាត់ផ្ដាច់នូវខ្សែនៃតណ្ហា លះបង់នូវកិច្ចគួរធើ្វ និងមិនគួរធ្វើ រមែងមិនមាន។

ហេតុនោះ (លោកពោលថា) មានកិច្ចធើ្វរួចហើយ។ ពាក្យថា អាសវៈ ក្នុងបទថា មិនមានអាសវៈ បានដល់ អាសវៈ ៤ គឺកាមាសវៈ ភវាសវៈ ទិដ្ឋាសវៈ អវិជ្ជាសវៈ។ អាសវៈទាំងនោះ ព្រះពុទ្ធមានជោគលះបង់ ផ្ដិលផ្ដាច់ឫសគល់ ធើ្វឲ្យសល់តែទីនៅ ដូចជាទីនៅនៃដើមត្នោត ឲ្យដល់នូវការមិនមានបែបភាព មិនមានការកើតតទៅជាធម្មតា ហេតុនោះ ព្រះពុទ្ធឈ្មោះថា មិនមានអាសវៈ ហេតុនោះ (លោកពោលថា) ទ្រង់មានកិច្ចធើ្វរួចហើយ មិនមានអាសវៈ។

[៤] ពាក្យថា ទ្រង់ដល់ត្រើយនៃធម៌ទាំងពួង គឺព្រះមានព្រះភាគ ទ្រង់ដល់ត្រើយនៃការត្រាស់ដឹងធម៌ទាំងពួង ដល់ត្រើយនៃការកំណត់ដឹង ដល់ត្រើយនៃការលះបង់ ដល់ត្រើយនៃការចំរើន ដល់ត្រើយនៃការធើ្វឲ្យជាក់ច្បាស់ ដល់ត្រើយនៃសមាបត្តិ ដល់ត្រើយនៃការត្រាស់ដឹងធម៌ទាំងពួង ដល់ត្រើយនៃការកំណត់ដឹងទុក្ខទាំងពួង ដល់ត្រើយនៃការលះកិលេសទាំងពួង ដល់ត្រើយនៃការចំរើនមគ្គទាំង ៤ ដល់ត្រើយនៃការធើ្វឲ្យជាក់ច្បាស់នូវនិរោធ ដល់ត្រើយនៃការចូលកាន់សមាបត្តិទាំងពួង។ ព្រះអង្គដល់នូវការស្ទាត់ ដល់ត្រើយក្នុងអរិយសីល ដល់នូវការស្ទាត់ ដល់ត្រើយក្នុងអរិយសមាធិ ដល់នូវការស្ទាត់ ដល់ត្រើយក្នុងអរិយបញ្ញា ដល់នូវការស្ទាត់ ដល់ត្រើយក្នុងអរិយវិមុត្តិ ព្រះអង្គទៅកាន់ត្រើយ ដល់ត្រើយទៅកាន់ទីបំផុត ដល់ទីបំផុត ទៅកាន់ទីខាងចុង ដល់ទីខាងចុង ទៅកាន់ទីបំផុតជុំវិញ ដល់ទីបំផុតជុំវិញ ទៅកាន់ទីចុងបំផុត ដល់ទីចុងបំផុត ទៅកាន់ទីជាទីពឹង ដល់ទីជាទីពឹង ទៅកាន់ទីជាទីពួន ដល់ទីជាទីពួន ទៅកាន់ទីជាទីប្រព្រឹត្ដ ដល់ទីជាទីប្រព្រឹត្ដ ទៅកាន់ទីមិនមានភ័យ ដល់ទីមិនមានភ័យ ទៅកាន់ទីទៀងទាត់ ដល់ទីទៀងទាត់ ទៅកាន់ទីមិនស្លាប់ ដល់ទីមិនស្លាប់ ទៅកាន់ព្រះនិពា្វន ដល់ព្រះនិពា្វន ព្រះមានព្រះភាគនោះ ទើបឈ្មោះថា ជាបុគ្គលមានអរិយវាសៈនៅរួចហើយ មានចរណធម៌សន្សំហើយ។បេ។ ភពថ្មី គឺជាតិ ជរា និងមរណៈ សង្សារ របស់ព្រះមានព្រះភាគនោះ មិនមាន ហេតុនោះ (លោកពោលថា) ដល់ត្រើយនៃធម៌ទាំងពួង។

[៥] ពាក្យថា ខ្ញុំព្រះអង្គជាអ្នកត្រូវការដោយប្រស្នា ទើបមកគាល់ សេចក្តីថា ពួកខ្ញុំព្រះអង្គត្រូវការដោយប្រស្នា ទើបមក ជាអ្នកសួរប្រស្នា ទើបមក ចង់ស្ដាប់ប្រស្នា ទើបមក ហេតុនោះ (លោកពោលថា) ខ្ញុំព្រះអង្គជាអ្នកត្រូវការដោយប្រស្នា ទើបមកគាល់ យ៉ាងនេះក៏បាន។ មួយទៀត ការមក ការចូលមក ការចូលមកគាល់របស់ខ្ញុំព្រះអង្គ ជាអ្នកត្រូវការដោយប្រស្នា ជាអ្នកសួរប្រស្នា ចង់ស្ដាប់ប្រស្នា ហេតុនោះ (លោកពោលថា) ខ្ញុំព្រះអង្គជាអ្នកត្រូវការដោយប្រស្នា ទើបមក យ៉ាងនេះក៏បាន ឬថា ការមកដោយប្រស្នា មានដល់ព្រះអង្គៗ ជាបុគ្គលអាច ជាបុគ្គលមានព្យាយាម ជាបុគ្គលល្មមដើម្បីសួរ សំដែង ដោះស្រាយ ពន្យល់ ពោល ជាមួយនឹងខ្ញុំព្រះអង្គ ហេតុនោះ (លោកពោលថា) ខ្ញុំព្រះអង្គជាអ្នកត្រូវការដោយប្រស្នា ទើបមក យ៉ាងនេះក៏បាន។

[៦] ពាក្យថា សូមព្រះអង្គសំដែងអញ្ញាវិមោក្ខ សេចក្ដីថា អរហត្តវិមោក្ខ លោកហៅថា អញ្ញាវិមោក្ខ។ សូមព្រះអង្គសំដែង ប្រាប់ ពន្យល់ ប្រញ័ប្ត តាំងផ្ដើម បើក ចែក ធើ្វឲ្យងាយ ប្រកាសនូវអរហត្តវិមោក្ខ ហេតុនោះ (លោកពោលថា) សូមព្រះអង្គសំដែងអញ្ញាវិមោក្ខ។

[៧] ពាក្យថា ជាគ្រឿងទម្លាយអវិជ្ជា គឺជាគ្រឿងបំបែក ទម្លាយ លះបង់ រំងាប់ លះចោល កម្ចាត់បង់នូវអវិជ្ជា គឺអមតនិពា្វន ហេតុនោះ (លោកពោលថា) ជាគ្រឿងទម្លាយអវិជ្ជា។ ហេតុនោះ ព្រាហ្មណ៍នោះ ពោលហើយថា

(ឧទយៈមានអាយុ ក្រាបទូលដូច្នេះថា)

ខ្ញុំព្រះអង្គជាអ្នកត្រូវការដោយប្រស្នា ទើបមកគាល់ (ដើម្បីសួរ) ព្រះអង្គជាអ្នកមានឈាន មានព្រះសន្ដានប្រាសចាកធូលី ទ្រង់គង់នៅ ទ្រង់មានកិច្ចធើ្វរួចហើយ មិនមានអាសវៈ ទ្រង់ដល់នូវត្រើយនៃធម៌ទាំងពួង សូមព្រះអង្គសំដែងអញ្ញាវិមោក្ខ ជាគ្រឿងទម្លាយអវិជ្ជា។

[៨] (ព្រះមានព្រះភាគត្រាស់ថា)

ម្នាលឧទយៈ តថាគតសំដែងថា ការលះនូវអកុសលធម៌ទាំងពីរ គឺកាមច្ឆន្ទៈ និងទោមនស្សផង ការបន្ទោបង់ចិត្តរួញរាផង ការហាមឃាត់កុក្កុច្ចៈទាំងឡាយផង (ជាអញ្ញាវិមោក្ខ)។

[៩] ពាក្យថា ការលះកាមច្ឆន្ទៈ ត្រង់ពាក្យថា ឆន្ទៈ បានដល់សេចក្តីពេញចិត្តចំពោះកាម សេចក្តីត្រេកត្រអាលចំពោះកាម សេចក្តីរីករាយចំពោះកាម សេចក្តីប្រាថ្នាក្នុងកាម សេចក្តីសេ្នហាក្នុងកាម សេចក្តីស្រេកឃ្លានក្នុងកាម សេចក្តីអន្ទះអន្ទែងក្នុងកាម សេចក្តីជ្រប់ក្នុងកាម សេចក្តីងប់ក្នុងកាម ឱឃៈគឺកាម យោគៈគឺកាម ឧបាទានគឺកាម នីវរណៈគឺកាមច្ឆន្ទៈក្នុងកាមទាំងឡាយ។ ពាក្យថា ការលះកាមច្ឆន្ទៈ គឺការលះ ការរំងាប់ ការលះបង់ ការកម្ចាត់បង់កាមច្ឆន្ទៈ អមតនិព្វាន ហេតុនោះ (ទ្រង់ត្រាស់ថា) ការលះកាមច្ឆន្ទៈ។ ពាក្យថា ឧទយៈ ក្នុងបទថា ព្រះមានព្រះភាគ (ត្រាស់ថា) ម្នាលឧទយៈ គឺព្រះមានព្រះភាគត្រាស់ហៅព្រាហ្មណ៍នោះដោយឈ្មោះ។ ត្រង់ពាក្យថា ព្រះមានព្រះភាគនុ៎ះ ជាពាក្យនិយាយដោយគោរព។បេ។ បញ្ញត្តិថា មានព្រះភាគនេះ (កើត) ព្រោះការត្រាស់ដឹង ហេតុនោះ (ទើបមានពាក្យថា) ព្រះមានព្រះភាគត្រាស់ថា ម្នាលឧទយៈ។

[១០] ពាក្យថា ការលះបង់នូវអកុសលធម៌ទាំងពីរ គឺទោមនស្ស ត្រង់ពាក្យថា ទោមនស្ស បានដល់ចេតសិក ដែលមិនជាទីត្រេកអរ ចេតសិកជាទុក្ខ ការទទួលអារម្មណ៍មិនជាទីត្រេកអរជាទុក្ខ ដែលកើតអំពីសម័្ផស្សនៃចិត្ត គឺវេទនាមិនជាទីត្រេកអរជាទុក្ខ ដែលកើតអំពីសម្ផ័ស្សនៃចិត្ត។ ពាក្យថា ការលះនូវអកុសលធម៌ទាំងពីរ គឺទោមនស្ស បានសេចក្តីថា ការលះ ការរំងាប់ ការលះបង់ ការកំចាត់បង់នូវអកុសលធម៌ទាំង ២ គឺកាមច្ឆន្ទៈ និងទោមនស្ស (ដៅចំពោះ) អមតនិព្វាន ហេតុនោះ (ទ្រង់ត្រាស់ថា) ការលះនូវអកុសលធម៌ទាំងពីរ គឺពួកទោមនស្ស។

[១១] ពាក្យថា ការបន្ទោបង់ចិត្តរួញរា បានដល់ភាពនៃចិត្តមិនស្រួល មិនគួរដល់ការងារ កិរិយារួញ ការរួញរា ការក្រាញ អាការនៃការក្រាញ ភាពនៃការក្រាញ ការច្រអូស អាការនៃការច្រអូស ភាពនៃការច្រអូស។ ពាក្យថា ការបន្ទោបង់ចិត្តរួញរា គឺការបន្ទោបង់ ការលះបង់ ការរំងាប់ ការលះចោល ការស្ងប់រំងាប់ចិត្តរួញរា (ដៅចំពោះ) អមតនិពា្វន ហេតុនោះ (ទ្រង់ត្រាស់ថា) ការបន្ទោបង់ចិត្តរួញរា។

[១២] ពាក្យថា កុក្កុច្ចៈទាំងឡាយ ក្នុងបទថា ការហាមឃាត់កុក្កុច្ចៈទាំងឡាយ បានដល់ ការរពឹសដៃ ហៅថាកុក្កុច្ចៈក៏បាន ការរពឹសជើង ហៅថាកុក្កុច្ចៈក៏បាន ការរពឹសទាំងដៃទាំងជើង ហៅថាកុក្កុច្ចៈក៏បាន សេចក្តីសំគាល់ថាគួរ ក្នុងរបស់ដែលមិនគួរ សំគាល់ថាមិនគួរ ក្នុងរបស់ដែលគួរ សេចក្តីសំគាល់ថា មិនមានទោសក្នុងរបស់ដែលមានទោស សេចក្តីសំគាល់ថា មានទោសក្នុងរបស់ដែលមិនមានទោស សេចក្តីរពឹស អាការនៃការប្រព្រឹត្តិរពឹស ភាពនៃការប្រព្រឹត្តិរពឹស សេចក្តីក្ដៅក្រហាយចិត្ត គំនូសនៃចិត្តណា មានសភាពយ៉ាងនេះ នេះលោកហៅថា កុក្កុច្ចៈ។ មួយទៀត សេចក្តីរពឹស សេចក្តីក្ដៅក្រហាយចិត្ត គំនូសនៃចិត្ត តែងកើតដោយហេតុពីរ គឺព្រោះភាពនៃការធើ្វ ១ ព្រោះភាពនៃការមិនធើ្វ ១។ ចុះសេចក្តីរពឹស សេចក្តីក្តៅក្រហាយចិត្ត គំនូសនៃចិត្ត កើតព្រោះភាពនៃការធើ្វ ១ ព្រោះភាពនៃការមិនធើ្វ ១ តើដូចម្តេច។ សេចក្តីរពឹស សេចក្តីក្តៅក្រហាយចិត្ត គំនូសនៃចិត្ត កើតឡើងដោយគំនិតដូច្នេះថា កាយទុច្ចរិត អាត្មាអញបានធើ្វ កាយសុចរិត អាត្មាអញមិនបានធើ្វឡើយ។ សេចក្តីរពឹស សេចក្តីក្តៅក្រហាយចិត្ត គំនូសនៃចិត្ត កើតឡើងដោយគំនិតដូច្នេះថា វចីទុច្ចរិត អាត្មាអញបានធើ្វ វចីសុចរិត អាត្មាអញមិនបានធើ្វឡើយ ថាមនោទុច្ចរិត អាត្មាអញបានធើ្វ មនោសុចរិត អាត្មាអញមិនបានធើ្វឡើយ ថាបាណាតិបាត អាត្មាអញបានធើ្វ ការវៀរចាកបាណាតិបាត អាត្មាអញមិនបានធើ្វឡើយ ថាអទិន្នាទាន អាត្មាអញបានធើ្វ ការវៀរចាកអទិន្នាទាន អាត្មាអញមិនបានធើ្វឡើយ ថាកាមេសុមិច្ឆាចារ អាត្មាអញបានធើ្វ ការវៀរចាកកាមេសុមិច្ឆាចារ អាត្មាអញមិនបានធើ្វឡើយ ថាមុសាវាទ អាត្មាអញបានធើ្វ ការវៀរចាកមុសាវាទ អាត្មាអញមិនបានធើ្វឡើយ ថាបិសុណវាចា អាត្មាអញបានធើ្វ ការវៀរចាកបិសុណវាចា អាត្មាអញមិនបានធើ្វឡើយ ថាផរុសវាចា អាត្មាអញបានធើ្វ ការវៀរចាកផរុសវាចា អាត្មាអញមិនបានធើ្វឡើយ ថាសម្ផប្បលាបៈ អាត្មាអញបានធើ្វ ការវៀរចាកសម្ផប្បលាបៈ អាត្មាអញមិនបានធើ្វឡើយ ថាអភិជ្ឈា អាត្មាអញបានធើ្វ ការមិនមានអភិជ្ឈា អាត្មាអញមិនបានធើ្វឡើយ ថាព្យាបាទ អាត្មាអញបានធើ្វ ការមិនព្យាបាទ អាត្មាអញមិនបានធើ្វឡើយ ថាមិច្ឆាទិដ្ឋិ អាត្មាអញបានធើ្វ សម្មាទិដ្ឋិ អាត្មាអញមិនបានធើ្វឡើយ។ សេចក្តីរពឹស សេចក្តីក្តៅក្រហាយចិត្ត គំនូសនៃចិត្តកើតឡើង ព្រោះភាពនៃការធើ្វ និងភាពនៃការមិនធើ្វយ៉ាងនេះ។ មួយទៀត សេចក្តីរពឹស ការក្តៅក្រហាយចិត្ត គំនូសនៃចិត្ត កើតឡើងដោយគំនិតដូច្នេះថា អាត្មាអញមិនបានបំពេញក្នុងសីលទាំងឡាយទេ។ សេចក្តីរពឹស ការក្តៅក្រហាយចិត្ត គំនូសនៃចិត្តកើតឡើងដោយគំនិតដូច្នេះថា អាត្មាអញមិនបានគ្រប់គ្រងទ្វារក្នុងឥន្រ្ទិយទាំងឡាយ ថាអាត្មាអញមិនដឹងប្រមាណក្នុងភោជនទេ ថាអាត្មាអញមិនបានប្រកបរឿយៗ នូវសេចក្តីភ្ញាក់រឭកទេ ថាអាត្មាអញមិនបានប្រកបដោយសតិ និងសម្បជញ្ញៈទេ ថាសតិប្បដ្ឋានទាំង ៤ អាត្មាអញមិនបានចម្រើនទេ ថាសម្មប្បធានទាំង ៤ អាត្មាអញមិនបានចម្រើនទេ ថាឥទ្ធិបាទ ៤ អាត្មាអញមិនបានចម្រើនទេ ថាឥន្រ្ទិយ ៥ អាត្មាអញមិនបានចម្រើនទេ ថាពលៈ ៥ អាត្មាអញមិនបានចម្រើនទេ ថាពោជ្ឈង្គទាំង ៧ អាត្មាអញមិនបានចម្រើនទេ ថាមគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរ អាត្មាអញមិនបានចម្រើនទេ ថាទុក្ខ អាត្មាអញមិនបានកំណត់ដឹងទេ ថាសមុទ័យ អាត្មាអញមិនបានលះបង់ទេ ថាមគ្គ អាត្មាអញមិនបានចម្រើនទេ ថានិរោធ អាត្មាអញមិនបានធើ្វឲ្យជាក់ច្បាស់ទេ។ ពាក្យថា ការហាមឃាត់កុក្កុច្ចៈទាំងឡាយ បានន័យថា ការទប់ ការរារាំង ការលះ ការរំងាប់ ការលះចោល ការស្ងប់រំងាប់កុក្កុច្ចៈ (ដៅចំពោះ) អមតនិពា្វន ហេតុនោះ (ទ្រង់ត្រាស់ថា) ការហាមឃាត់កុក្កុច្ចៈទាំងឡាយ។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា

(ព្រះមានព្រះភាគត្រាស់ថា ម្នាលឧទយៈ តថាគតសំដែងថា)

ការលះនូវអកុសលធម៌ទាំង ២ គឺកាមច្ឆន្ទៈ និងទោមនស្សផង ការបន្ទោបង់ចិត្តរួញរាផង ការហាមឃាត់កុក្កុច្ចៈទាំងឡាយផង (ជាអញ្ញាវិមោក្ខ)។

[១៣]

មួយទៀត តថាគតសំដែងនូវឧបេក្ខា និងសតិដ៏បរិសុទ្ធ នូវការត្រិះរិះធម៌ស្ទុះទៅមុន ថាជាអញ្ញាវិមោក្ខ ជាគ្រឿងទម្លាយអវិជ្ជា។

[១៤] ពាក្យថា ឧបេក្ខា ក្នុងបទថា ឧបេក្ខា និងសតិដ៏បរិសុទ្ធ បានដល់ការព្រងើយ អាការព្រងើយ អាការនៃចិត្តសោះអង្គើយ ការស្ងប់ចិត្ត សេចក្តីថ្លាស្អាតនៃចិត្ត ភាពនៃចិត្តជាកណ្តាល ក្នុងចតុត្ថជ្ឈាន។ ពាក្យថា សតិ បានដល់ស្មារតី ការរលឹករឿយៗ។បេ។ ការរលឹកដោយប្រពៃ ប្រារព្ធឧបេក្ខាក្នុងចតុត្ថជ្ឈាន ហេតុនោះ (ទ្រង់ត្រាស់ថា) ឧបេក្ខា និងសតិ។ ពាក្យថា បរិសុទ្ធ បានដល់ ឧបេក្ខា និងសតិក្នុងចតុត្ថជ្ឈាន ជាធម្មជាតិដ៏ស្អាត ស្អាតព្រម ផូរផង់ មិនមានទីទួល គឺកិលេស ប្រាសចាកឧបក្កិលេស ជាធម្មជាតិទន់ភ្លន់ គួរដល់ការងារ ជាធម្មជាតិនឹងធឹង ដល់នូវការមិនកម្រើក ហេតុនោះ (ទ្រង់ត្រាស់ថា) ឧបេក្ខា និងសតិដ៏បរិសុទ្ធ។

[១៥] ពាក្យថា ការត្រិះរិះធម៌ស្ទុះទៅមុន សេចក្តីថា សម្មាសង្កប្បៈ លោកហៅថា ការត្រិះរិះធម៌។ សម្មាសង្កប្បៈនោះ ជាខាងដើម ជាខាងមុខ ជាប្រធាននៃអញ្ញាវិមោក្ខ ហេតុនោះ (ទ្រង់ត្រាស់ថា) ការត្រិះរិះធម៌ស្ទុះទៅមុន យ៉ាងនេះក៏បាន។ មួយទៀត សម្មាទិដ្ឋិ លោកហៅថា ការត្រិះរិះធម៌។ សម្មាទិដ្ឋិនោះ ជាខាងដើម ជាខាងមុខ ជាប្រធាននៃអញ្ញាវិមោក្ខ ហេតុនោះ (ទ្រង់ត្រាស់ថា) ការត្រិះរិះធម៌ស្ទុះទៅមុន យ៉ាងនេះក៏បាន។ ឬថា វិបស្សនាក្នុងចំណែកខាងដើមនៃមគ្គទាំង ៤ លោកហៅថា ការត្រិះរិះធម៌។ វិបស្សនានោះ ជាខាងដើម ជាខាងមុខ ជាប្រធាននៃអញ្ញាវិមោក្ខ ហេតុនោះ (ទ្រង់ត្រាស់ថា) ការត្រិះរិះធម៌ស្ទុះទៅមុន យ៉ាងនេះក៏បាន។

[១៦] ពាក្យថា តថាគតសំដែងថា អញ្ញាវិមោក្ខ គឺអរហត្តវិមោក្ខ លោកហៅថា អញ្ញាវិមោក្ខ តថាគតពោលដោយប្រពៃ ប្រាប់ សំដែង ប្រញ័ប្ត តាំងផ្ដើម បើក វែកញែក ធើ្វឲ្យងាយនូវអរហត្តវិមោក្ខ ហេតុនោះ (ទ្រង់ត្រាស់ថា) តថាគតសំដែងថា អញ្ញាវិមោក្ខ។

[១៧] ពាក្យថា អវិជ្ជា ក្នុងបទថា ជាគ្រឿងទម្លាយអវិជ្ជា បានដល់ ការមិនដឹងក្នុងទុក្ខ។បេ។ គន្លឹះគឺអវិជ្ជា មោហៈ អកុសលមូល។ ពាក្យថា ជាគ្រឿងទម្លាយអវិជ្ជា បានន័យថា ការបំបែក ការទម្លាយ ការលះ ការរំងាប់ ការលះចោល ការកំចាត់បង់នូវអវិជ្ជា គឺអមតនិពា្វន ហេតុនោះ (ទ្រង់ត្រាស់ថា) ជាគ្រឿងទម្លាយអវិជ្ជា។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា

(មួយទៀត) តថាគតសំដែងនូវឧបេក្ខា និងសតិដ៏បរិសុទ្ធ នូវការត្រិះរិះធម៌ស្ទុះទៅមុន ថាជាអញ្ញាវិមោក្ខ ជាគ្រឿងទម្លាយអវិជ្ជា។

[១៨] (ឧទយមាណពទូលសួរថា)

សត្វលោកមានអ្វីជាគ្រឿងចងទុក អ្វីជាគ្រឿងត្រាច់ទៅរបស់សត្វលោកនោះ ដែលលោកពោលថា និព្វាន តើព្រោះការលះអ្វីបាន។

[១៩] ពាក្យថា សត្វលោកមានអ្វីជាគ្រឿងចងទុក គឺអ្វីជាគ្រឿងប្រកបព្រម ជាគ្រឿងជាប់ ជាចំណង ជាឧបក្កិលេសនៃសត្វលោក គឺថាសត្វលោកប្រកប ប្រកបសព្វ ប្រកបទួទៅ ផ្សំ ជាប់ ទាក់ ចំពាក់ដោយអ្វី ហេតុនោះ (លោកសួរថា) សត្វលោកមានអ្វីជាគ្រឿងប្រកបព្រម។

[២០] ពាក្យថា អ្វីជាគ្រឿងត្រាច់ទៅរបស់សត្វលោកនោះ គឺអ្វីជាគ្រឿងដើរ ត្រាច់ទៅ ត្រាច់រង្គាត់របស់សត្វលោកនោះ គឺថា សត្វលោកដើរ ត្រាច់ទៅ ត្រាច់រង្គាត់ដោយអ្វី ហេតុនោះ (លោកសួរថា) អ្វីជាគ្រឿងត្រាច់ទៅរបស់សត្វលោកនោះ។

[២១] ពាក្យថា ដែលលោកពោលថា និព្វាន តើព្រោះការលះអ្វីបាន គឺដែលលោកហៅ ពោល ថ្លែង សំដែង ពន្យល់ ថានិពា្វន តើដោយការលះ ការរំងាប់ ការរលាស់ចោល ការស្ងប់រម្ងាប់នូវអ្វី ហេតុនោះ (លោកសួរថា) ដែលលោកពោលថា និពា្វន តើព្រោះការលះអ្វីបាន។ ហេតុនោះ ព្រាហ្មណ៍នោះ ពោលថា

សត្វលោកមានអ្វីជាគ្រឿងចងទុក អ្វីជាគ្រឿងត្រាច់ទៅរបស់សត្វលោកនោះ ដែលលោកពោលថា និពា្វន តើព្រោះការលះអ្វីបាន។

[២២] (ព្រះមានព្រះភាគត្រាស់ថា)

សត្វលោកមានសេចក្តីរីករាយជាគ្រឿងចងទុក សេចក្តីត្រិះរិះទាំងឡាយ ជាគ្រឿងត្រាច់ទៅរបស់សត្វលោកនោះ ដែលលោកពោលថា និព្វាន ព្រោះការលះតណ្ហាបាន។

[២៣] ពាក្យថា សត្វលោកមានសេចក្តីរីករាយជាគ្រឿងចងទុក សេចក្តីថា តណ្ហា លោកហៅថា សេចក្តីរីករាយ បានខាងសេចក្តីត្រេកត្រអាល ការត្រេកត្រអាលខ្លាំង។បេ។ ការសំឡឹងរំពៃ (ទ្រព្យអ្នកដទៃ) លោភៈ អកុសលមូល។ សេចក្តីរីករាយណា ដែលជាគ្រឿងប្រកបព្រម ជាគ្រឿងជាប់ ជាគ្រឿងចង ជាឧបក្កិលេសនៃលោក សត្វលោកប្រកប ប្រកបសព្វ ប្រកបទួទៅ ផ្សំ ជាប់ ទាក់ ចំពាក់ ដោយសេចក្តីរីករាយនេះ ហេតុនោះ (ទ្រង់ត្រាស់ថា) សត្វលោកមានសេចក្តីរីករាយជាគ្រឿងចងទុក។

[២៤] ពាក្យថា សេចក្តីត្រិះរិះទាំងឡាយ ក្នុងបទថា សេចក្តីត្រិះរិះទាំងឡាយ ជាគ្រឿងត្រាច់ទៅរបស់សត្វលោកនោះ បានដល់សេចក្តីត្រិះរិះ ៩ គឺសេចក្តីត្រិះរិះក្នុងកាម សេចក្តីត្រិះរិះក្នុងព្យាបាទ សេចក្តីត្រិះរិះក្នុងវិហឹសា សេចក្តីត្រិះរិះក្នុងញាតិ សេចក្តីត្រិះរិះក្នុងជនបទ សេចក្តីត្រិះរិះក្នុងការមិនស្លាប់ សេចក្តីត្រិះរិះប្រកបចំពោះដោយភាពនៃសេចក្តីអាណិតដល់ជនដទៃ សេចក្តីត្រិះរិះប្រកបចំពោះដោយលាភសក្ការៈ និងសេចក្តីសរសើរ សេចក្តីត្រិះរិះប្រកបដោយការមិនចង់ឲ្យគេមើលងាយ ទាំងនេះហៅថា សេចក្តីត្រិះរិះ ៩។ សេចក្តីត្រិះរិះទាំង ៩ នេះ ជាគ្រឿងដើរទៅ ត្រាច់ទៅ ត្រាច់រង្គាត់ទៅ នៃសត្វលោកនោះ គឺថាសត្វលោកនោះ ដើរទៅ ត្រាច់ទៅ ត្រាច់រង្គាត់ទៅ ដោយសារសេចក្តីត្រិះរិះ ៩ នេះ ហេតុនោះ (ទ្រង់ត្រាស់ថា) សេចក្តីត្រិះរិះទាំងឡាយ ជាគ្រឿងត្រាច់ទៅរបស់សត្វលោកនោះ។

[២៥] ពាក្យថា តណ្ហា ក្នុងបទថា ដែលលោកពោលថា និព្វាន ព្រោះការលះបង់តណ្ហា បានដល់ រូបតណ្ហា សទ្ទតណ្ហា គន្ធតណ្ហា រសតណ្ហា ផោដ្ឋព្វតណ្ហា ធម្មតណ្ហា។ ពាក្យថា ដែលលោកពោលថា និព្វាន ព្រោះការលះបង់តណ្ហា គឺថា ដែលលោកហៅ ពោល ថ្លែង សំដែង បំភ្លឺ ពន្យល់ ថានិព្វាន ព្រោះការលះ ការរំងាប់ ការរលាស់ចោល ការស្ងប់រម្ងាប់តណ្ហា ហេតុនោះ (ទ្រង់ត្រាស់ថា) ដែលលោកពោលថា និព្វាន ព្រោះការលះតណ្ហា។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា

សត្វលោក មានសេចក្តីរីករាយជាគ្រឿងចងទុក សេចក្តីត្រិះរិះទាំងឡាយ ជាគ្រឿងត្រាច់ទៅរបស់សត្វលោកនោះ ដែលលោកហៅថា និព្វាន ព្រោះការលះតណ្ហាបាន។

[២៦]

បុគ្គលមានស្មារតី ប្រព្រឹត្តទៅដូចម្ដេច វិញ្ញាណទើបរលត់ ពួកខ្ញុំព្រះអង្គមកគាល់ ដើម្បីទូលសួរព្រះមានព្រះភាគ នឹងបានស្តាប់ព្រះពុទ្ធដីការបស់ព្រះអង្គ។

[២៧] ពាក្យថា បុគ្គលមានស្មារតី ប្រព្រឹត្តទៅដូចម្តេច គឺបុគ្គលមានស្មារតី ដឹងព្រម ត្រាច់ទៅ ត្រាច់ទៅផ្សេងៗ ដើរទៅ ប្រព្រឹត្តទៅ រក្សា យាត្រា យាត្រាទៅដូចម្តេច ហេតុនោះ (លោកសួរថា) បុគ្គលមានស្មារតី ប្រព្រឹត្តទៅដូចម្តេច។

[២៨] ពាក្យថា វិញ្ញាណទើបរលត់ គឺវិញ្ញាណរលត់ ស្ងប់ អស្តង្គត ស្ងប់រំងាប់ ហេតុនោះ (លោកសួរថា) វិញ្ញាណទើបរលត់។

[២៩] ពាក្យថា ពួកខ្ញុំព្រះអង្គមកគាល់ ដើម្បីទូលសួរព្រះមានព្រះភាគ គឺ ពួកខ្ញុំព្រះអង្គមក មកដល់ មកគាល់ ដល់ព្រម មកជួបជុំ ជាមួយនឹងព្រះអង្គ ដើម្បីទូលសួរ សាកសួរ អង្វរ អារាធនា ជ្រះថ្លា ចំពោះព្រះពុទ្ធមានជោគ ហេតុនោះ (លោកសួរថា) ពួកខ្ញុំព្រះអង្គមកគាល់ដើម្បីទូលសួរព្រះមានព្រះភាគ។

[៣០] ពាក្យថា ព្រះអង្គ ក្នុងបទថា នឹងបានស្តាប់ព្រះពុទ្ធដីការបស់ព្រះអង្គ គឺពួកខ្ញុំព្រះអង្គស្តាប់ រៀន ចងចាំទុក កំណត់ទុក នូវព្រះវាចា ការពោល ការសំដែងអនុសន្ធិរបស់ព្រះអង្គ ហេតុនោះ (លោកសួរថា) នឹងបានស្តាប់ព្រះពុទ្ធដីការបស់ព្រះអង្គ។ ហេតុនោះ ព្រាហ្មណ៍នោះ ពោលថា

បុគ្គលមានស្មារតី ប្រព្រឹត្តទៅដូចម្តេច វិញ្ញាណទើបរលត់ ពួកខ្ញុំព្រះអង្គមកគាល់ ដើម្បីទូលសួរព្រះមានព្រះភាគ នឹងបានស្តាប់ព្រះពុទ្ធដីការបស់ព្រះអង្គ។

[៣១] (ព្រះមានព្រះភាគត្រាស់ថា)

កាលបុគ្គលមិនរីករាយ ចំពោះវេទនាទាំងខាងក្នុងទាំងខាងក្រៅ មានស្មារតីប្រព្រឹត្តទៅយ៉ាងនេះ វិញ្ញាណទើបរលត់។

[៣២] អធិប្បាយពាក្យថា កាលបុគ្គលមិនរីករាយចំពោះវេទនាទាំងខាងក្នុងទាំងខាងក្រៅ គឺបុគ្គលកាលពិចារណាឃើញវេទនាក្នុងវេទនាទាំងឡាយខាងក្នុង មិនរីករាយ មិនសរសើរ មិនឋិតនៅក្នុងសេចក្តីជ្រប់ចិត្តចំពោះវេទនា គឺថា លះបង់ បន្ទោបង់ ធើ្វឲ្យវិនាស ឲ្យដល់នូវការមិនមានបែបភាពនូវការរីករាយ ការសរសើរ ការជ្រប់ចិត្ត ការកួចកាន់ ការស្ទាបអង្អែល ការប្រកាន់។ បុគ្គលកាលពិចារណាឃើញវេទនាក្នុងវេទនាទាំងឡាយខាងក្រៅ មិនរីករាយ មិនសរសើរ មិនឋិតនៅក្នុងការជ្រប់ចិត្តចំពោះវេទនា គឺលះបង់ បន្ទោបង់ ធើ្វឲ្យវិនាស ឲ្យដល់នូវការមិនមានបែបភាពនូវការរីករាយ ការសរសើរ ការជ្រប់ចិត្ត ការកួចកាន់ ការស្ទាបអង្អែល ការប្រកាន់។ បុគ្គលកាលពិចារណាឃើញវេទនាក្នុងវេទនាទាំងឡាយខាងក្នុង ទាំងខាងក្រៅ មិនរីករាយ មិនសរសើរ មិនឋិតនៅក្នុងការជ្រប់ចិត្តចំពោះវេទនា គឺលះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ឲ្យដល់នូវការមិនមានបែបភាពនូវការរីករាយ សរសើរ ជ្រប់ចិត្ត កួចកាន់ ស្ទាបអង្អែល ប្រកាន់។ បុគ្គលកាលពិចារណាឃើញនូវការកើតឡើងជាធម្មតា ក្នុងវេទនាទាំងឡាយខាងក្នុង កាលពិចារណាឃើញនូវការវិនាសទៅជាធម្មតា ក្នុងវេទនាទាំងឡាយខាងក្នុង កាលពិចារណាឃើញនូវការកើតឡើង និងការវិនាសទៅជាធម្មតា ក្នុងវេទនាទាំងឡាយខាងក្នុង កាលពិចារណាឃើញនូវការកើតឡើងជាធម្មតា ក្នុងវេទនាទាំងឡាយខាងក្រៅ កាលពិចារណាឃើញនូវការវិនាសទៅជាធម្មតា ក្នុងវេទនាទាំងឡាយខាងក្រៅ កាលពិចារណាឃើញនូវការកើតឡើង និងការវិនាសទៅជាធម្មតា ក្នុងវេទនាទាំងឡាយខាងក្រៅ កាលពិចារណាឃើញនូវការកើតឡើងជាធម្មតា ក្នុងវេទនាទាំងឡាយខាងក្នុង ទាំងខាងក្រៅ កាលពិចារណាឃើញនូវការវិនាសទៅជាធម្មតា ក្នុងវេទនាទាំងឡាយខាងក្នុង ទាំងខាងក្រៅ កាលពិចារណាឃើញនូវការកើតឡើង និងការវិនាសទៅជាធម្មតា ក្នុងវេទនាទាំងឡាយខាងក្នុង ទាំងខាងក្រៅ មិនរីករាយ មិនសរសើរ មិនឋិតនៅក្នុងសេចក្តីជ្រប់ចិត្ត ចំពោះវេទនា គឺលះបង់ បន្ទោបង់ ធើ្វឲ្យវិនាស ឲ្យដល់នូវការមិនមានបែបភាពនូវការរីករាយ សរសើរ ជ្រប់ចិត្ត កួចកាន់ ស្ទាបអង្អែល ប្រកាន់។ បុគ្គលកាលពិចារណាឃើញវេទនាក្នុងវេទនាទាំងឡាយ ដោយអាការទាំង ១២ នេះ មិនរីករាយ មិនសរសើរ មិនឋិតនៅក្នុងការជ្រប់ចិត្តចំពោះវេទនា។បេ។ ឲ្យដល់នូវការមិនមានបែបភាពនូវការរីករាយ ការសរសើរ ការជ្រប់ចិត្ត។ មួយទៀត បុគ្គលកាលឃើញវេទនា ដោយសេចក្តីថា មិនទៀង មិនរីករាយ មិនសរសើរ មិនឋិតនៅក្នុងការជ្រប់ចិត្តចំពោះវេទនា គឺលះបង់ បន្ទោបង់ ធើ្វឲ្យវិនាស ឲ្យដល់នូវការមិនមានបែបភាពនូវការរីករាយ ការសរសើរ ការជ្រប់ចិត្ត ការកួចកាន់ ការស្ទាបអង្អែល ការប្រកាន់។ បុគ្គលកាលឃើញវេទនាដោយសេចក្តីថា ជាទុក្ខ ជារោគ ជាពក ជាសរ ជាសេចក្តីលំបាក ជាអាពាធ។បេ។ ដោយសេចក្តីថា មិនជាទីរលាស់ទុក្ខ មិនរីករាយ មិនសរសើរ មិនឋិតនៅក្នុងសេចក្តីជ្រប់ចិត្តចំពោះវេទនា គឺលះបង់ បន្ទោបង់ ធើ្វឲ្យវិនាស ឲ្យដល់នូវការមិនមានបែបភាពនូវការរីករាយ ការសរសើរ ការជ្រប់ចិត្ត ការកួចកាន់ ការស្ទាបអង្អែល ការប្រកាន់។ បុគ្គលកាលពិចារណាឃើញវេទនាក្នុងវេទនាទាំងឡាយ ដោយអាការទាំងសែសិបពីរនេះ មិនរីករាយ មិនសរសើរ មិនឋិតនៅក្នុងសេចក្តីជ្រប់ចិត្ត ចំពោះវេទនា គឺលះបង់ បន្ទោបង់ ធើ្វឲ្យវិនាស ឲ្យដល់នូវការមិនមានបែបភាពនូវការរីករាយ ការសរសើរ ការជ្រប់ចិត្ត ការកួចកាន់ ការស្ទាបអង្អែល ការប្រកាន់ ហេតុនោះ (ទ្រង់ត្រាស់ថា) កាលបុគ្គលមិនរីករាយចំពោះវេទនាទាំងឡាយ ទាំងខាងក្នុង ទាំងខាងក្រៅ។

[៣៣] ពាក្យថា មានស្មារតី ប្រព្រឹត្តទៅយ៉ាងនេះ គឺបុគ្គលមានស្មារតី ដឹងខ្លួនយ៉ាងនេះ ត្រាច់ទៅ ត្រាច់ទៅផ្សេងៗ ដើរទៅ ប្រព្រឹត្តទៅ រក្សា យាត្រា យាត្រាទៅ ហេតុនោះ (ទ្រង់ត្រាស់ថា) មានស្មារតីប្រព្រឹត្តទៅ យ៉ាងនេះ។

[៣៤] ពាក្យថា វិញ្ញាណទើបរលត់ បានដល់ វិញ្ញាណដែលប្រកបដោយបុញ្ញាភិសង្ខារ វិញ្ញាណដែលប្រកបដោយអបុញ្ញាភិសង្ខារ វិញ្ញាណដែលប្រកបដោយអានេញ្ជាភិសង្ខារ រលត់ ស្ងប់ អស្តង្គត រំងាប់ ហេតុនោះ (ទ្រង់ត្រាស់ថា) វិញ្ញាណទើបរលត់។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា

កាលបុគ្គលមិនរីករាយ ចំពោះវេទនាទាំងខាងក្នុង ទាំងខាងក្រៅ មានស្មារតីប្រព្រឹត្តទៅយ៉ាងនេះ វិញ្ញាណទើបរលត់។

លុះចប់គាថា។បេ។ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគជាសាស្ដារបស់ខ្ញុំព្រះអង្គ ខ្ញុំព្រះអង្គសូមជាសាវ័ក។

ចប់ ឧទយមាណវកប្បញ្ហានិទេ្ទស ទី១៣។

បោសាលមាណវកប្បញ្ហានិទេ្ទស ទី១៤

(១៤. បោសាលមាណវបុច្ឆា)

[៣៥] (បោសាលៈមានអាយុ ក្រាបទូលដូច្នេះថា)

ព្រះមានព្រះភាគអង្គណា ពោលអាងកាលជាអតីត មិនមានសេចក្តីញាប់ញ័រ ទ្រង់កាត់សេចក្តីសង្ស័យ ទ្រង់ដល់ត្រើយនៃធម៌ទាំងពួងហើយ ពួកខ្ញុំព្រះអង្គជាអ្នកត្រូវការដោយប្រស្នា ទើបមកគាល់ (ដើម្បីទូលសួរព្រះមានព្រះភាគនោះ)។

[៣៦] អធិប្បាយពាក្យថា ព្រះមានព្រះភាគអង្គណា ពោលអាងកាលជាអតីត ត្រង់ពាក្យថា អង្គណា សំដៅដល់ព្រះមានព្រះភាគ ព្រះអង្គត្រាស់ដឹងឯង ឥតមានអាចារ្យ បានត្រាស់ដឹងសច្ចៈទាំងឡាយ ដោយព្រះអង្គឯង ក្នុងធម៌ដែលព្រះអង្គមិនធ្លាប់បានស្ដាប់មកក្នុងកាលមុន ទ្រង់សម្រេចសព្វញ្ញុតញ្ញាណក្នុងធម៌ទាំងឡាយនោះផង សម្រេចនូវភាពស្ទាត់ក្នុងពលធម៌ទាំងឡាយផង។ ពាក្យថា ទ្រង់ពោលអាងកាលជាអតីត បានដល់ ព្រះមានព្រះភាគ ទ្រង់ពោលអាងកាលជាអតីតផង ទ្រង់ពោលអាងកាលជាអនាគតផង ទ្រង់ពោលអាងកាលជាបច្ចុប្បន្នផង របស់ព្រះអង្គ និងពួកសត្វដទៃ។

ព្រះមានព្រះភាគ ទ្រង់ពោលអាងកាលជាអតីតរបស់ព្រះអង្គ តើដូចម្ដេច។ ព្រះមានព្រះភាគ ទ្រង់ពោលអាងអតីតជាតិរបស់ព្រះអង្គ ១ ជាតិខ្លះ ទ្រង់ពោលអាង ២ ជាតិខ្លះ ទ្រង់ពោលអាង ៣ ជាតិខ្លះ ទ្រង់ពោលអាង ៤ ជាតិខ្លះ ទ្រង់ពោលអាង ៥ ជាតិខ្លះ ទ្រង់ពោលអាង ១០ ជាតិខ្លះ ទ្រង់ពោលអាង ២០ ជាតិខ្លះ ទ្រង់ពោលអាង ៣០ ជាតិខ្លះ ទ្រង់ពោលអាង ៤០ ជាតិខ្លះ ទ្រង់ពោលអាង ៥០ ជាតិខ្លះ ទ្រង់ពោលអាងមួយរយជាតិខ្លះមួយពាន់ជាតិខ្លះ មួយសែនជាតិខ្លះ សំវដ្ដកប្បជាច្រើនខ្លះ វិវដ្ដកប្បជាច្រើនខ្លះ សំវដ្ដវិវដ្ដកប្បជាច្រើនខ្លះថា តថាគត បានកើតក្នុងភពឯណោះ មាននាមយ៉ាងនេះ មានគោត្រយ៉ាងនេះ មានវណ្ណៈយ៉ាងនេះ មានអាហារយ៉ាងនេះ សោយសុខ និងទុក្ខយ៉ាងនេះ មានអាយុត្រឹមប៉ុណ្ណេះ លុះតថាគតនោះច្យុតចាកអត្តភាពនោះហើយ ក៏បានទៅកើតក្នុងភពឯណោះ ដែលកើតក្នុងភពនោះ ក៏មាននាមយ៉ាងនេះ មានគោត្រយ៉ាងនេះ មានវណ្ណៈយ៉ាងនេះ មានអាហារយ៉ាងនេះ សោយសុខ និងទុក្ខយ៉ាងនេះ មានអាយុត្រឹមប៉ុណ្ណេះ តថាគតនោះ លុះច្យុតចាកអត្តភាពនោះហើយ ក៏បានមកកើតក្នុងភពនេះ ព្រះមានព្រះភាគទ្រង់ពោលអាងការនៅអាស្រ័យក្នុងកាលមុន ជាច្រើនប្រការ ព្រមទាំងអាការ (គឺវណ្ណៈ និងអាហារជាដើម) ព្រមទាំងឧទ្ទេស (គឺឈ្មោះ និងគោត្រជាដើម) ដោយប្រការដូច្នេះ ព្រះមានព្រះភាគ ទ្រង់ពោលអាងកាលជាអតីតរបស់ព្រះអង្គ យ៉ាងនេះ។

ព្រះមានព្រះភាគ ទ្រង់ពោលអាងកាលជាអតីត របស់ពួកសត្វដទៃ តើដូចម្ដេច។ ព្រះមានព្រះភាគ ទ្រង់ពោលអាងអតីតជាតិ របស់ពួកសត្វដទៃ ១ ជាតិខ្លះ ទ្រង់ពោលអាង ២ ជាតិខ្លះ។បេ។ ទ្រង់ពោលអាងសំវដ្ដវិវដ្ដកប្បដ៏ច្រើនខ្លះ ថា (សត្វនេះ) បានកើតក្នុងភពឯណោះ មាននាមយ៉ាងនេះ មានគោត្រយ៉ាងនេះ មានវណ្ណៈយ៉ាងនេះ មានអាហារយ៉ាងនេះ ទទួលសុខទុក្ខយ៉ាងនេះ មានអាយុត្រឹមប៉ុណ្ណេះ សត្វនោះ ច្យុតចាកអត្តភាពនោះហើយ ក៏បានទៅកើតក្នុងភពឯណោះ ដែលកើតក្នុងភពនោះ មាននាមយ៉ាងនេះ មានគោត្រយ៉ាងនេះ មានវណ្ណៈយ៉ាងនេះ មានអាហារយ៉ាងនេះ ទទួលសុខទុក្ខយ៉ាងនេះ មានអាយុត្រឹមប៉ុណ្ណេះ សត្វនោះ ច្យុតចាកអត្តភាពនោះហើយ ក៏បានមកកើតក្នុងភពនេះ ព្រះមានព្រះភាគ ទ្រង់ពោលអាងការនៅអាស្រ័យក្នុងកាលមុន ច្រើនប្រការ ព្រមទាំងអាការ ព្រមទាំងឧទ្ទេស ដោយប្រការដូច្នេះ ព្រះមានព្រះភាគ ទ្រង់ពោលអាងកាលជាអតីត របស់ពួកសត្វដទៃ យ៉ាងនេះឯង។

ព្រះមានព្រះភាគ ទ្រង់សំដែងជាតកទាំង ៥០០ ឈ្មោះថា ពោលអាងកាលជាអតីតរបស់ព្រះអង្គផង របស់ពួកសត្វដទៃផង ទ្រង់សំដែងមហាធនិយសូត្រ ឈ្មោះថា ពោលអាងកាលជាអតីតរបស់ព្រះអង្គផង របស់ពួកសត្វដទៃផង ទ្រង់សំដែងមហាសុទស្សនសូត្រ ឈ្មោះថា ពោលអាងកាលជាអតីតរបស់ព្រះអង្គផង របស់ពួកសត្វដទៃផង ទ្រង់សំដែងមហាគោវិន្ទសូត្រ ឈ្មោះថា ពោលអាងកាលជាអតីតរបស់ព្រះអង្គផង របស់ពួកសត្វដទៃផង ទ្រង់សំដែងមឃទេវសូត្រ ឈ្មោះថា ពោលអាងកាលជាអតីតរបស់ព្រះអង្គផង របស់ពួកសត្វដទៃផង។

ដូចព្រះពុទ្ធដីកា ដែលព្រះមានព្រះភាគត្រាស់ដូច្នេះថា ម្នាលចុន្ទៈ ញាណជាគ្រឿងរលឹកតាមនូវស្មារតីនៃព្រះតថាគត ប្រារព្ធកាលជាអតីត រមែងមាន ព្រះតថាគតនោះ ប្រាថ្នាត្រឹមណា រលឹកឃើញបានត្រឹមនោះ ម្នាលចុន្ទៈ ញាណជាគ្រឿងរលឹកតាមនូវស្មារតីនៃព្រះតថាគត ប្រារព្ធនូវកាលជាអនាគត។បេ។ ម្នាលចុន្ទៈ ញាណដែលកើតអំពីពោធិនៃព្រះតថាគត ប្រារព្ធកាលជាបច្ចុប្បន្ន រមែងកើតឡើងថា ជាតិនេះ មានក្នុងទីបំផុត ការកើតទៀតក្នុងកាលឥឡូវនេះ មិនមាន។ ឥន្រ្ទិយបរោបរិយត្តញ្ញាណ ជាតថាគតពលរបស់ព្រះតថាគត សត្តានំអាសយានុសយញ្ញាណ ជាតថាគតពលរបស់ព្រះតថាគត យមកប្បាដិហិរិយញ្ញាណ ជាតថាគតពលរបស់ព្រះតថាគត មហាករុណាសមាបត្តិញ្ញាណ ជាតថាគតពលរបស់ព្រះតថាគត សព្វញ្ញុតញ្ញាណ ជាតថាគតពលរបស់ព្រះតថាគត អនាវរណញ្ញាណ ជាតថាគតពលរបស់ព្រះតថាគត សព្វត្ថអសង្គមប្បដិហតមនាវរណញ្ញាណ ជាតថាគតពលរបស់ព្រះតថាគត។ ព្រះមានព្រះភាគ ទ្រង់ពោលអាងជាតិជាអតីតផង ពោលអាងជាតិជាអនាគតផង ទ្រង់ពោលអាង ប្រាប់ សំដែង ប្រញ័ប្ដ តាំងផ្ដើម បើក វែកញែក ធ្វើឲ្យរាក់ ប្រកាស នូវជាតិជាបច្ចុប្បន្នរបស់ព្រះអង្គផង របស់ពួកសត្វដទៃផង យ៉ាងនេះ ហេតុនោះ (លោកពោលថា) ព្រះមានព្រះភាគអង្គណា ពោលអាងកាលជាអតីត។ ពាក្យថា ដូច្នេះ ក្នុងបទថា បោសាលៈមានអាយុ ពោលដូច្នេះ ជាការតបទ។ ពាក្យថា មានអាយុ គឺពាក្យជាទីស្រឡាញ់។ ពាក្យថា បោសាលៈ ជាឈ្មោះ។បេ។ ជាពាក្យហៅព្រាហ្មណ៍នោះ ហេតុនោះ (ទើបមានពាក្យថា) បោសាលៈមានអាយុពោលដូច្នេះ។

[៣៧] ពាក្យថា មិនមានសេចក្តីញាប់ញ័រ ទ្រង់កាត់សេចក្តីសង្ស័យ សេចក្តីថា តណ្ហា លោកហៅថា សេចក្តីញាប់ញ័រ បានខាងតម្រេក តម្រេកខ្លាំង។បេ។ អភិជ្ឈា លោភៈ អកុសលមូល។ សេចក្តីញាប់ញ័រ គឺតណ្ហានោះ ព្រះពុទ្ធមានជោគ ទ្រង់លះបង់ ផ្ដិលផ្ដាច់ឫសគល់ ធ្វើឲ្យសល់តែទីនៅដូចជាទីនៅនៃដើមត្នោត ឲ្យដល់នូវការមិនមានបែបភាព មិនឲ្យមានការកើតតទៅជាធម្មតា ហេតុនោះ ព្រះពុទ្ធឈ្មោះថា មិនមានសេចក្តីញាប់ញ័រ។ ព្រោះទ្រង់លះសេចក្តីញាប់ញ័រ ទើបឈ្មោះថា មិនមានសេចក្តីញាប់ញ័រ។ ព្រះមានព្រះភាគមិនញាប់ញ័រក្នុងលាភផង មិនញាប់ញ័រក្នុងអលាភផង មិនញាប់ញ័រក្នុងយសផង មិនញាប់ញ័រក្នុងអយសផង មិនញាប់ញ័រក្នុងសេចក្តីសរសើរផង មិនញាប់ញ័រក្នុងនិន្ទាផង មិនញាប់ញ័រក្នុងសុខផង មិនញាប់ញ័រ មិនកម្រើក មិនរន្ធត់ មិនកក្រើក មិនកក្រើកព្រម ក្នុងទុក្ខផង ហេតុនោះ ទើបឈ្មោះថា មិនមានសេចក្តីញាប់ញ័រ។ ពាក្យថា ទ្រង់កាត់សេចក្តីសង្ស័យ សេចក្តីថា វិចិកិច្ឆា លោកហៅថា សេចក្តីសង្ស័យ គឺសេចក្តីសង្ស័យក្នុងទុក្ខ។បេ។ សេចក្តីញាប់ញ័រនៃចិត្ត សេចក្តីរសេមរសាមនៃចិត្ត។ សេចក្តីសង្ស័យនោះ ព្រះពុទ្ធមានជោគ ទ្រង់កាត់ ផ្ដាច់ ផ្ដិលផ្ដាច់ រំងាប់ ស្ងប់រម្ងាប់ ធើ្វមិនគួរឲ្យកើតឡើងបាន ដុតដោយភ្លើង គឺញាណហើយ ហេតុនោះ ព្រះពុទ្ធ ឈ្មោះថា កាត់សេចក្តីសង្ស័យ ហេតុនោះ (លោកពោលថា) មិនមានសេចក្តីញាប់ញ័រ ទ្រង់កាត់សេចក្តីសង្ស័យ។

[៣៨] ពាក្យថា ទ្រង់ដល់ត្រើយនៃធម៌ទាំងពួង គឺព្រះមានព្រះភាគ ទ្រង់ដល់ត្រើយនៃការត្រាស់ដឹង ដល់ត្រើយនៃការកំណត់ដឹង ដល់ត្រើយនៃការលះបង់ ដល់ត្រើយនៃការចម្រើន ដល់ត្រើយនៃការធ្វើឲ្យជាក់ច្បាស់ ដល់ត្រើយនៃសមាបត្តិ នៃធម៌ទាំងពួង គឺថា ទ្រង់ដល់ត្រើយនៃការត្រាស់ដឹងនូវធម៌ទាំងពួង។បេ។ ភពថ្មី គឺជាតិ ជរា មរណៈ សង្សារ នៃព្រះមានព្រះភាគនោះ មិនមាន ហេតុនោះ (លោកពោលថា) ទ្រង់ដល់ត្រើយនៃធម៌ទាំងពួង។

[៣៩] ពាក្យថា ពួកខ្ញុំព្រះអង្គជាអ្នកត្រូវការដោយប្រស្នា ទើបមកគាល់ គឺពួកខ្ញុំព្រះអង្គត្រូវការដោយប្រស្នា ទើបមក។បេ។ ដើម្បីបំភ្លឺ ដើម្បីសំដែង ហេតុនោះ (លោកពោលថា) ពួកខ្ញុំព្រះអង្គជាអ្នកត្រូវការដោយប្រស្នា ទើបមកគាល់ យ៉ាងនេះក៏បាន។ ហេតុនោះ ព្រាហ្មណ៍នោះពោលថា

(បោសាលមានអាយុ ក្រាបទូលដូច្នេះថា)

ព្រះមានព្រះភាគអង្គណា ពោលអាងកាលជាអតីត មិនមានសេចក្តីញាប់ញ័រ ទ្រង់កាត់សេចក្តីសង្ស័យ ទ្រង់ដល់ត្រើយនៃធម៌ទាំងពួង ពួកខ្ញុំព្រះអង្គជាអ្នកត្រូវការដោយប្រស្នា ទើបមកគាល់ (ដើម្បីទូលសួរព្រះមានព្រះភាគនោះ)។

[៤០]

បពិត្រព្រះអង្គជាសក្យពង្ស ខ្ញុំព្រះអង្គសូមទូលសួរអំពីញាណរបស់បុគ្គលអ្នកមានរូបសញ្ញាជាក់ច្បាស់ អ្នកលះបង់រូបារម្មណ៍ទាំងអស់ អ្នកឃើញទាំងខាងក្នុង ទាំងខាងក្រៅថា វត្ថុបន្តិចបន្តួចមិនមាន បុគ្គលមានសភាពដូច្នោះ តើព្រះអង្គជ្រាបដោយប្រការដូចម្ដេច។

[៤១] ពាក្យថា អ្នកមានរូបសញ្ញាជាក់ច្បាស់ មានសំនួរថា រូបសញ្ញា តើដូចម្ដេច។ សេចក្តីសំគាល់ អាការនៃសេចក្តីសំគាល់ ភាពនៃសេចក្តីសំគាល់របស់បុគ្គលអ្នកចូលកាន់រូបាវចរសមាបត្តិក្តី អ្នកញុំាងរូបាវចរសមាបត្តិឲ្យកើតក្តី អ្នកមានឈានសុខជាគ្រឿងនៅក្នុងបច្ចុប្បន្នក្តី នេះឈ្មោះថា រូបសញ្ញា។ ពាក្យថា អ្នកមានរូបសញ្ញាជាក់ច្បាស់ បានន័យថា បុគ្គលអ្នកបានអរូបសមាបត្តិទាំង ៤ ហើយ រមែងមានរូបសញ្ញា (ការសំគាល់រូប) ប្រាកដ ធ្វើឲ្យជាក់ច្បាស់ កន្លង រំលង ប្រព្រឹត្តកន្លង ហេតុនោះ (លោកពោលថា) អ្នកមានរូបសញ្ញាជាក់ច្បាស់។

[៤២] ពាក្យថា អ្នកលះរូបារម្មណ៍ទាំងអស់ សេចក្តីថា រូបកាយប្រកបដោយបដិសន្ធិទាំងអស់ បុគ្គលនោះ លះបង់ហើយ គឺថា រូបកាយបុគ្គលនោះលះបង់ហើយ ដោយវិក្ខម្ភនប្បហាន ដែលប្រព្រឹត្តកន្លងនូវតទង្គប្បហាន ហេតុនោះ (លោកពោលថា) អ្នកលះរូបារម្មណ៍ទាំងអស់។

[៤៣] ពាក្យថា អ្នកឃើញទាំងខាងក្នុង ទាំងខាងក្រៅថា វត្ថុបន្តិចបន្តួច មិនមាន ត្រង់ពាក្យថា វត្ថុបន្តិចបន្តួចមិនមាន បានដល់ អាកិញ្ចញ្ញាយតនសមាបត្តិ។ អាកិញ្ចញ្ញាយតនសមាបត្តិ ដោយបរិកម្មថា វត្ថុបន្តិចបន្តួចមិនមាន តើព្រោះហេតុអ្វី។ បុគ្គលមានស្មារតីចូលវិញ្ញាណញ្ចាយតនសមាបត្តិ លុះចេញចាកសមាបត្តិនោះហើយ ក៏ធ្វើវិញ្ញាណនោះឯងឲ្យវិនាស បាត់បង់ សាបសូន្យទៅវិញ ឈ្មោះថា ឃើញថាវត្ថុបន្តិចបន្តួចមិនមាន។ អាកិញ្ចញ្ញាយតនសមាបត្តិ ដោយបរិកម្មថា វត្ថុបន្តិចបន្តួចមិនមាន ព្រោះហេតុនោះឯង ហេតុនោះ (លោកពោលថា) អ្នកឃើញទាំងខាងក្នុង ទាំងខាងក្រៅថា វត្ថុបន្តិចបន្តួចមិនមាន។

[៤៤] ពាក្យថា សក្យពង្ស ក្នុងបទថា បពិត្រព្រះអង្គជាសក្យពង្ស ខ្ញុំព្រះអង្គសូមទូលសួរអំពីញាណ គឺព្រះមានព្រះភាគ ឈ្មោះថាសក្យពង្ស។ ដែលព្រះមានព្រះភាគ ឈ្មោះសក្យៈ ព្រោះទ្រង់ចេញចាកសក្យត្រកូលហើយបួស ក៏បាន។បេ។ ឈ្មោះសក្យៈ ព្រោះព្រះអង្គលះបង់ភ័យ និងសេចក្តីតក់ស្លុត ប្រាសចាកការព្រឺរោម ក៏បាន។ ពាក្យថា បពិត្រព្រះអង្គជាសក្យពង្ស ខ្ញុំព្រះអង្គសូមទូលសួរអំពីញាណ បានន័យថា ខ្ញុំព្រះអង្គសូមទូលសួរញាណ របស់បុគ្គលនោះថា ប្រាកដដូចម្ដេច មានទ្រង់ទ្រាយដូចម្ដេច មានប្រការដូចម្ដេច មានចំណែកប្រៀបដូចម្ដេច ដែលបុគ្គលគប្បីប្រាថ្នា ហេតុនោះ (លោកពោលថា) បពិត្រព្រះអង្គជាសក្យពង្ស ខ្ញុំព្រះអង្គសូមទូលសួរអំពីញាណ។

[៤៥] ពាក្យថា បុគ្គលមានសភាពដូច្នោះ តើព្រះអង្គជ្រាបដោយប្រការដូចម្ដេច សេចក្តីថា បុគ្គលនោះ តើព្រះអង្គជ្រាប ជ្រាបសព្វ ជ្រាបច្បាស់ យល់ច្បាស់ ពិនិត្យច្បាស់ សំឡឹង ជ្រះថ្លា ដោយប្រការដូចម្ដេច គឺថា ញាណដ៏ក្រៃលែងរបស់បុគ្គលនោះ ព្រះអង្គគប្បីឲ្យកើតឡើងដូចម្ដេច។ ពាក្យថា មានសភាពដូច្នោះ គឺមានប្រការដូច្នោះ ប្រាកដដូច្នោះ មានទ្រង់ទ្រាយដូច្នោះ មានសភាពដូច្នោះ មានចំណែកប្រៀបដូច្នោះ បានដល់ បុគ្គលអ្នកបានអាកិញ្ចញ្ញាយតនសមាបត្តិ ហេតុនោះ (លោកពោលថា) បុគ្គលមានសភាពដូច្នោះ តើព្រះអង្គជ្រាបដោយប្រការដូចម្ដេច ហេតុនោះ ព្រាហ្មណ៍នោះពោលថា

បពិត្រព្រះអង្គជាសក្យពង្ស ខ្ញុំព្រះអង្គសូមទូលសួរអំពីញាណរបស់បុគ្គលអ្នកមានរូបសញ្ញាជាក់ច្បាស់ អ្នកលះបង់រូបារម្មណ៍ទាំងអស់ អ្នកឃើញទាំងខាងក្នុង ទាំងខាងក្រៅថា វត្ថុបន្តិចបន្តួចមិនមាន បុគ្គលមានសភាពដូច្នោះ តើព្រះអង្គជ្រាបដោយប្រការដូចម្តេច។

[៤៦] (ព្រះមានព្រះភាគត្រាស់ថា ម្នាលបោសាលៈ)

ព្រះតថាគត ទ្រង់ជ្រាបច្បាស់នូវវិញ្ញាណដ្ឋិតិទាំងពួង ទើបទ្រង់ជ្រាបនូវបុគ្គលនោះ ដែលកំពុងរស់នៅ មានចិត្តងប់ (ក្នុងអាកិញ្ចញ្ញាយតនៈ) មានអាកិញ្ចញ្ញាយតនៈនោះ ប្រព្រឹត្តទៅខាងមុខ។

[៤៧] ពាក្យថា វិញ្ញាណដ្ឋិតិទាំងពួង អធិប្បាយថា ព្រះមានព្រះភាគទ្រង់ជ្រាបវិញ្ញាណដ្ឋិតិ ៤ ដោយអំណាចអភិសង្ខារ ទ្រង់ជ្រាបវិញ្ញាណដ្ឋិតិ ៧ ដោយអំណាចបដិសន្ធិ។ ព្រះមានព្រះភាគ ទ្រង់ជ្រាបវិញ្ញាណដ្ឋិតិ ៤ ដោយអំណាចអភិសង្ខារ តើដូចម្ដេច។ ព្រះពុទ្ធដីកាដែលព្រះមានព្រះភាគត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ វិញ្ញាណអាស្រ័យរូបខ្លះហើយឋិតនៅ រមែងឋិតនៅ មានរូបជាអារម្មណ៍ មានរូបជាទីតម្កល់ មានសេចក្តីត្រេកអរជាគ្រឿងសេព រមែងដល់នូវសេចក្តីចម្រើន សេចក្តីលូតលាស់ សេចក្តីទូលំទូលាយ ម្នាលភិក្ខុទាំងឡាយ (វិញ្ញាណ) អាស្រ័យវេទនាខ្លះ។បេ។ ម្នាលភិក្ខុទាំងឡាយ (វិញ្ញាណ) អាស្រ័យសញ្ញាខ្លះ។បេ។ ម្នាលភិក្ខុទាំងឡាយ វិញ្ញាណអាស្រ័យសង្ខារខ្លះ ហើយឋិតនៅ រមែងឋិតនៅ មានសង្ខារជាអារម្មណ៍ មានសង្ខារជាទីតម្កល់ មានសេចក្តីត្រេកអរជាគ្រឿងសេព ដល់នូវសេចក្តីចម្រើន សេចក្តីលូតលាស់ សេចក្តីទូលំទូលាយ។ ព្រះមានព្រះភាគ ទ្រង់ជ្រាបវិញ្ញាណដ្ឋិតិ ៤ ដោយអំណាចអភិសង្ខារយ៉ាងនេះ។ ព្រះមានព្រះភាគទ្រង់ជ្រាបវិញ្ញាណដ្ឋិតិ ៧ ដោយអំណាចបដិសន្ធិ តើដូចម្ដេច។ ព្រះមានព្រះភាគត្រាស់ព្រះពុទ្ធដីកានេះថា ម្នាលភិក្ខុទាំងឡាយ មានពួកសត្វមានកាយផ្សេងគ្នា មានសញ្ញាផ្សេងគ្នា ដូចពួកមនុស្ស និងទេវតាពួកខ្លះ វិនិបាតិកៈពួកខ្លះ នេះវិញ្ញាណដ្ឋិតិទី ១ ម្នាលភិក្ខុទាំងឡាយ មានពួកសត្វមានកាយផ្សេងគ្នា មានសញ្ញាដូចគ្នា ដូចពួកទេវតា ប្រព្រឹត្តទៅក្នុងពួកព្រហ្ម កើតដោយបឋមជ្ឈាន នេះ វិញ្ញាណដ្ឋិតិទី ២ ម្នាលភិក្ខុទាំងឡាយ មានពួកសត្វមានកាយដូចគ្នា មានសញ្ញាផ្សេងគ្នា ដូចពួកទេវតាជាន់អាភស្សរៈ នេះ វិញ្ញាណដ្ឋិតិទី ៣ ម្នាលភិក្ខុទាំងឡាយ មានពួកសត្វមានកាយដូចគ្នា មានសញ្ញាដូចគ្នា ដូចពួកទេវតាជាន់សុភកិណ្ហកៈ នេះ វិញ្ញាណដ្ឋិតិទី ៤ ម្នាលភិក្ខុទាំងឡាយ មានពួកសត្វព្រោះប្រព្រឹត្តកន្លងរូបសញ្ញា ដោយប្រការទាំងពួង ដល់នូវការវិនាសនៃបដិឃសញ្ញា មិនធ្វើទុកក្នុងចិត្តនូវនានត្តសញ្ញា ចូលអាកាសានញ្ចាយតនៈ ដោយបរិកម្មថា អាកាសមិនមានទីបំផុត នេះ វិញ្ញាណដ្ឋិតិទី ៥ (ពួកសត្វ) ប្រព្រឹត្តកន្លងអាកិញ្ចញ្ញាយតនៈដោយប្រការទាំងពួង ចូលវិញ្ញាណញ្ចាយតនៈ ដោយបរិកម្មថា វិញ្ញាណមិនមានទីបំផុត នេះវិញ្ញាណដ្ឋិតិទី ៦ ពួកសត្វប្រព្រឹត្តកន្លងវិញ្ញាណញ្ចាយតនៈ ដោយប្រការទាំងពួង ចូលអាកិញ្ចញ្ញាយតនៈ ដោយបរិកម្មថា របស់តិចតួច មិនមាន នេះវិញ្ញាណដ្ឋិតិទី ៧។ ព្រះមានព្រះភាគ ទ្រង់ជ្រាបវិញ្ញាណដ្ឋិតិ ៧ ដោយអំណាចបដិសន្ធិ យ៉ាងនេះ ហេតុនោះ (ទ្រង់ត្រាស់ថា) វិញ្ញាណដ្ឋិតិទាំងពួង។ ពាក្យថា បោសាលៈ ក្នុងបទថា ព្រះមានព្រះភាគត្រាស់ថា ម្នាលបោសាលៈ គឺព្រះមានព្រះភាគត្រាស់ហៅព្រាហ្មណ៍នោះតាមឈ្មោះ។ ពាក្យថា ព្រះមានព្រះភាគនុ៎ះ ជាពាក្យនិយាយដោយគោរព។បេ។ បញ្ញត្តិថា ព្រះមានព្រះភាគនេះ កើតព្រោះការត្រាស់ដឹង ហេតុនោះ (ទើបមានពាក្យថា) ព្រះមានព្រះភាគទ្រង់ត្រាស់ថា ម្នាលបោសាលៈ។

[៤៨] អធិប្បាយពាក្យថា ព្រះតថាគតទ្រង់ជ្រាបច្បាស់ ត្រង់ពាក្យថា ជ្រាបច្បាស់ គឺយល់ច្បាស់ ដឹងប្រាកដ ចាក់ធ្លុះ។ ពាក្យថា ព្រះតថាគតមានន័យដូចតទៅនេះ មែនពិត ព្រះមានព្រះភាគ ទ្រង់ត្រាស់ពាក្យនេះថា ម្នាលចុន្ទៈ បើពាក្យអតីត ជាពាក្យមិនពិត មិនទៀង មិនប្រកបដោយប្រយោជន៍ ព្រះតថាគតមិនពោលពាក្យនោះ ម្នាលចុន្ទៈ បើពាក្យអតីត ជាពាក្យពិត ទៀងត្រង់ តែមិនប្រកបដោយប្រយោជន៍ ព្រះតថាគតក៏មិនពោលពាក្យនោះ ម្នាលចុន្ទៈ បើពាក្យអតីត ជាពាក្យពិត ទៀងត្រង់ ប្រកបដោយប្រយោជន៍ ព្រះតថាគតជាអ្នកដឹងកាលគួរ ទើបព្យាករប្រស្នានោះ ក្នុងពាក្យនោះ ម្នាលចុន្ទៈ បើពាក្យអនាគត។បេ។ ម្នាលចុន្ទៈ បើពាក្យបច្ចុប្បន្ន ជាពាក្យមិនពិត មិនទៀងត្រង់ មិនប្រកបដោយប្រយោជន៍ ព្រះតថាគតមិនពោលពាក្យនោះ ម្នាលចុន្ទៈ បើពាក្យបច្ចុប្បន្ន ជាពាក្យពិត ទៀងត្រង់ តែមិនប្រកបដោយប្រយោជន៍ ព្រះតថាគត ក៏មិនពោលពាក្យនោះ ម្នាលចុន្ទៈ បើពាក្យបច្ចុប្បន្នជាពាក្យពិត ទៀងត្រង់ ប្រកបដោយប្រយោជន៍ ព្រះតថាគតជាអ្នកដឹងកាលគួរ ទើបព្យាករប្រស្នានោះ ក្នុងពាក្យនោះ ម្នាលចុន្ទៈ ព្រះតថាគតជាអ្នកពោលតាមកាល ពោលពាក្យពិត ពោលអត្ថ ពោលធម៌ ពោលវិន័យ ក្នុងធម៌ទាំងឡាយជាអតីត អនាគត បច្ចុប្បន្ន ដោយប្រការដូច្នេះឯង ហេតុនោះ ទើបហៅថា ព្រះតថាគត។ ម្នាលចុន្ទៈ ធម្មជាតណា ដែលលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ទាំងពួកសត្វ ព្រមទាំងសមណៈ និងព្រាហ្មណ៍ មនុស្សជាសម្មតិទេព និងមនុស្សដ៏សេស ឃើញ ឮ ប៉ះពាល់ ដឹងច្បាស់ សម្រេច ស្វែងរក ពិចារណា ធម្មជាតទាំងអស់នោះ ព្រះតថាគតត្រាស់ដឹងហើយដោយចិត្ត ហេតុនោះ ទើបហៅថា ព្រះតថាគត។ ម្នាលចុន្ទៈ ព្រះតថាគតត្រាស់ដឹងសម្មាសម្ពោធិញ្ញាណដ៏ក្រៃលែងក្នុងរាត្រីណា បរិនិព្វានដោយអនុបាទិសេសនិព្វានធាតុ ក្នុងរាត្រីណា រមែងពោល ចរចា សំដែងនូវពាក្យណា ក្នុងចន្លោះនៃការត្រាស់ដឹង និងការបរិនិព្វាននោះ របស់ទាំងអស់នោះ នៅដូចដែលមិនប្រែប្រួលទេ ហេតុនោះ ទើបហៅថា ព្រះតថាគត។ ម្នាលចុន្ទៈ ព្រះតថាគតពោលយ៉ាងណា ធ្វើយ៉ាងនោះ ធ្វើយ៉ាងណា ពោលយ៉ាងនោះ ព្រោះហេតុតែព្រះតថាគត ពោលយ៉ាងណា ធ្វើយ៉ាងនោះ ធ្វើយ៉ាងណា ពោលយ៉ាងនោះ ហេតុនោះ ទើបហៅថា ព្រះតថាគត។ ម្នាលចុន្ទៈ ព្រះតថាគតគ្របសង្កត់នូវលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក នូវពួកសត្វ ព្រមទាំងសមណៈ និងព្រាហ្មណ៍ មនុស្សជាសម្មតិទេព និងមនុស្សដ៏សេស មិនមានអ្នកណាគ្របសង្កត់បាន តែងឃើញពិត ញ៉ាំងអំណាចឲ្យប្រព្រឹត្តទៅ ហេតុនោះ ទើបហៅថា ព្រះតថាគត ហេតុនោះ (ទ្រង់ត្រាស់ថា) ព្រះតថាគត ទ្រង់ជ្រាបច្បាស់។

[៤៩] ពាក្យថា ទើបទ្រង់ជ្រាបនូវបុគ្គលនោះ ដែលកំពុងរស់នៅ អធិប្បាយថា ព្រះមានព្រះភាគ ទ្រង់ជ្រាបនូវបុគ្គលដែលឋិតនៅក្នុងទីនេះឯង ដោយអំណាចកម្មាភិសង្ខារថា បុគ្គលនេះ លុះបែកធ្លាយរាងកាយស្លាប់ទៅ នឹងទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក។ ព្រះមានព្រះភាគ ទ្រង់ជ្រាបនូវបុគ្គលដែលឋិតនៅក្នុងទីនេះឯង ដោយអំណាចកម្មាភិសង្ខារថា បុគ្គលនេះ លុះបែកធ្លាយរាងកាយស្លាប់ទៅ នឹងទៅកើតក្នុងកំណើតតិរច្ឆាន។ ព្រះមានព្រះភាគ ទ្រង់ជ្រាបនូវបុគ្គលដែលឋិតនៅ ក្នុងទីនេះឯង ដោយអំណាចកម្មាភិសង្ខារថា បុគ្គលនេះ លុះបែកធ្លាយរាងកាយស្លាប់ទៅ នឹងទៅកើតក្នុងបិត្តិវិស័យ។ ព្រះមានព្រះភាគ ទ្រង់ជ្រាបនូវបុគ្គលដែលឋិតនៅក្នុងទីនេះឯង ដោយអំណាចកម្មាភិសង្ខារថា បុគ្គលនេះ លុះបែកធ្លាយរាងកាយស្លាប់ទៅ នឹងទៅកើតក្នុងពួកមនុស្ស។ ព្រះមានព្រះភាគ ទ្រង់ជ្រាបនូវបុគ្គលដែលឋិតនៅក្នុងទីនេះឯង ដោយអំណាចកម្មាភិសង្ខារថា បុគ្គលនេះ លុះបែកធ្លាយរាងកាយស្លាប់ទៅ នឹងទៅកើតក្នុងសុគតិ សួគ៌ ទេវលោក។ ដូចពាក្យដែលព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលសារីបុត្ត តថាគតកំណត់ដឹងចិត្តរបស់បុគ្គលពួកខ្លះ ក្នុងលោកនេះ ដោយចិត្តយ៉ាងនេះថា បុគ្គលនេះប្រតិបត្តិដូច្នោះ ប្រព្រឹត្តដូច្នោះ ឡើងកាន់ផ្លូវនោះ លុះបែកធ្លាយរាងកាយស្លាប់ទៅ នឹងទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក។ ម្នាលសារីបុត្ត តថាគតកំណត់ដឹងចិត្តរបស់បុគ្គលពួកខ្លះ ក្នុងលោកនេះ ដោយចិត្តយ៉ាងនេះថា បុគ្គលនេះ ប្រតិបត្តិដូច្នោះ ប្រព្រឹត្តដូច្នោះ ឡើងកាន់ផ្លូវនោះ លុះបែកធ្លាយរាងកាយស្លាប់ទៅ នឹងទៅកើតក្នុងកំណើតតិរច្ឆាន។ ម្នាលសារីបុត្ត តថាគតកំណត់ដឹងចិត្តរបស់បុគ្គលពួកខ្លះ ក្នុងលោកនេះ ដោយចិត្តយ៉ាងនេះថា បុគ្គលនេះប្រតិបត្តិដូច្នោះ ប្រព្រឹត្តដូច្នោះ ឡើងកាន់ផ្លូវនោះ លុះបែកធ្លាយរាងកាយស្លាប់ទៅ នឹងទៅកើតក្នុងបិត្តិវិស័យ។ ម្នាលសារីបុត្ត តថាគតកំណត់ដឹងចិត្តរបស់បុគ្គលពួកខ្លះ ក្នុងលោកនេះ ដោយចិត្តយ៉ាងនេះថា បុគ្គលនោះ ប្រតិបត្តិដូច្នោះ ប្រព្រឹត្តដូច្នោះ ឡើងកាន់ផ្លូវនោះ លុះបែកធ្លាយរាងកាយស្លាប់ទៅ នឹងទៅកើតក្នុងពួកមនុស្ស។ ម្នាលសារីបុត្ត តថាគតកំណត់ដឹងចិត្តរបស់បុគ្គលពួកខ្លះ ក្នុងលោកនេះ ដោយចិត្តយ៉ាងនេះថា បុគ្គលនេះ ប្រតិបត្តិដូច្នោះ ប្រព្រឹត្តដូច្នោះ ឡើងកាន់ផ្លូវនោះ លុះបែកធ្លាយរាងកាយស្លាប់ទៅ នឹងទៅកើតក្នុងសុគតិ សួគ៌ ទេវលោក។ ម្នាលសារីបុត្ត តថាគតកំណត់ដឹងចិត្តរបស់បុគ្គលពួកខ្លះ ក្នុងលោកនេះ ដោយចិត្តយ៉ាងនេះថា បុគ្គលនេះ ប្រតិបត្តិដូច្នោះ ប្រព្រឹត្តដូច្នោះ ឡើងកាន់ផ្លូវនោះ នឹងត្រាស់ដឹងដោយខ្លួនឯង ធ្វើឲ្យជាក់ច្បាស់ សម្រេចនូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់ទៅនៃអាសវៈទាំងឡាយ ហើយសម្រេចសម្រាន្តនៅក្នុងបច្ចុប្បន្ន ហេតុនោះ (ទ្រង់ត្រាស់ថា) ទើបទ្រង់ជ្រាបនូវបុគ្គលនោះ ដែលកំពុងរស់នៅ។

[៥០] អធិប្បាយពាក្យថា អ្នកមានចិត្តងប់ (ក្នុងអាកិញ្ចញ្ញាយតនៈ) មានអាកិញ្ចញ្ញាយតនៈនោះប្រព្រឹត្តទៅខាងមុខ ត្រង់ពាក្យថា អ្នកមានចិត្តងប់ គឺមានចិត្តងប់ក្នុងអាកិញ្ចញ្ញាយតនៈ ជ្រប់ក្នុងអាកិញ្ចញ្ញាយតនៈនោះ មានអាកិញ្ចញ្ញាយតនៈនោះ ជាអធិបតី។ មួយទៀត ព្រះមានព្រះភាគទ្រង់ជ្រាបថា បុគ្គលនេះងប់ក្នុងរូប ងប់ក្នុងសំឡេង ងប់ក្នុងក្លិន ងប់ក្នុងរស ងប់ក្នុងផោដ្ឋព្វៈ ងប់ក្នុងត្រកូល ងប់ក្នុងគណៈ ងប់ក្នុងអាវាស ងប់ក្នុងលាភ ងប់ក្នុងយស ងប់ក្នុងសេចក្តីសរសើរ ងប់ក្នុងសុខ ងប់ក្នុងចីវរ ងប់ក្នុងបិណ្ឌបាត ងប់ក្នុងសេនាសនៈ ងប់ក្នុងគិលានប្បច្ចយភេសជ្ជបរិក្ខារ ងប់ក្នុងព្រះសូត្រ ងប់ក្នុងវិន័យ ងប់ក្នុងអភិធម្ម ងប់ក្នុងបំសុកូលិកង្គៈ ងប់ក្នុងតេចីវរិកង្គៈ ងប់ក្នុងបិណ្ឌបាតិកង្គៈ ងប់ក្នុងសបទានចារិកង្គៈ ងប់ក្នុងឯកាសនិកង្គៈ ងប់ក្នុងបត្តបិណ្ឌិកង្គៈ ងប់ក្នុងខលុបច្ឆាភត្តិកង្គៈ ងប់ក្នុងអារញ្ញិកង្គៈ ងប់ក្នុងរុក្ខមូលិកង្គៈ ងប់ក្នុងអព្ភោកាសិកង្គៈ ងប់ក្នុងសោសានិកង្គៈ ងប់ក្នុងយថាសន្ថតិកង្គៈ ងប់ក្នុងនេសជ្ជិកង្គៈ ងប់ក្នុងបឋមជ្ឈាន ងប់ក្នុងទុតិយជ្ឈាន ងប់ក្នុងតតិយជ្ឈាន ងប់ក្នុងចតុត្ថជ្ឈាន ងប់ក្នុងអាកាសានញ្ចាយតនសមាបត្តិ ងប់ក្នុងវិញ្ញាណញ្ចាយតនសមាបត្តិ ងប់ក្នុងអាកិញ្ចញ្ញាយតនសមាបត្តិ ងប់ក្នុងនេវសញ្ញានាសញ្ញាយតនសមាបត្តិ ហេតុនោះ (ទ្រង់ត្រាស់ថា) អ្នកមានចិត្តងប់។ ពាក្យថា មានអាកិញ្ចញ្ញាយតនប្រព្រឹត្តទៅខាងមុខ គឺសម្រេចដោយអាកិញ្ចញ្ញាយតនៈ មានសមាបត្តិនោះប្រព្រឹត្តទៅខាងមុខ មានកម្មប្រព្រឹត្តទៅខាងមុខ មានវិបាកប្រព្រឹត្តទៅខាងមុខ ធ្ងន់ដោយកម្ម ធ្ងន់ដោយបដិសន្ធិ។ មួយវិញទៀត ព្រះមានព្រះភាគទ្រង់ជ្រាបថា បុគ្គលនេះ មានរូបប្រព្រឹត្តទៅខាងមុខ។បេ។ មាននេវសញ្ញានាសញ្ញាយតនសមាបត្តិប្រព្រឹត្តទៅខាងមុខ ហេតុនោះ (ទ្រង់ត្រាស់ថា) ជាអ្នកមានចិត្តងប់ក្នុងអាកិញ្ចញ្ញាយតនៈ មានអាកិញ្ចញ្ញាយតនៈនោះប្រព្រឹត្តទៅខាងមុខ។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា

(ព្រះមានព្រះភាគត្រាស់ថា ម្នាលបោសាលៈ)

ព្រះតថាគតទ្រង់ជ្រាបច្បាស់នូវវិញ្ញាណដ្ឋិតិទាំងពួង ទើបទ្រង់ជ្រាបនូវបុគ្គលនោះ ដែលកំពុងរស់នៅ មានចិត្តងប់ក្នុងអាកិញ្ចញ្ញាយតនៈ មានអាកិញ្ចញ្ញាយតនៈនោះប្រព្រឹត្តទៅខាងមុខ។

[៥១]

បុគ្គលដឹងនូវការកើតព្រមនៃអាកិញ្ចញ្ញា ដឹងនូវសេចក្តីរីករាយ ជាគ្រឿងប្រកបដូច្នេះ លុះដឹងច្បាស់សេចក្តីនុ៎ះយ៉ាងនេះ ហើយចេញអំពីសមាបត្តិនោះ រមែងឃើញច្បាស់ក្នុងសមាបត្តិនោះ នេះឯងជាញាណដ៏ពិតប្រាកដរបស់ព្រាហ្មណ៍ ដែលមានព្រហ្មចរិយៈនៅរួចហើយនោះ។

[៥២] ពាក្យថា ដឹងនូវការកើតព្រមនៃអាកិញ្ចញ្ញា សេចក្តីថា កម្មាភិសង្ខារ ដែលញ៉ាំងអាកិញ្ចញ្ញាយតនៈឲ្យប្រព្រឹត្តទៅព្រម លោកហៅថា ការកើតព្រមនៃអាកិញ្ចញ្ញា។ បុគ្គលដឹងនូវកម្មាភិសង្ខារ ដែលញ៉ាំងអាកិញ្ចញ្ញាយតនៈឲ្យប្រព្រឹត្តទៅព្រមថា ការកើតព្រមនៃអាកិញ្ចញ្ញា ដឹងថាជាគ្រឿងជាប់ ដឹងថាជាចំណង ដឹង ស្គាល់ ស្ទង់មើល ពិចារណា ចម្រើន ធ្វើឲ្យប្រាកដថាជាគ្រឿងកង្វល់ ហេតុនោះ (ទ្រង់ត្រាស់ថា) ដឹងនូវការកើតព្រមនៃអាកិញ្ចញ្ញា។

[៥៣] ពាក្យថា សេចក្តីរីករាយជាគ្រឿងប្រកបដូច្នេះ គឺសេចក្តីត្រេកត្រអាលក្នុងអរូប ហៅថា សេចក្តីរីករាយជាគ្រឿងប្រកប។ កម្មនោះ ជាប់ ជាប់ស្អិត ខ្វល់ ដោយសេចក្តីត្រេកត្រអាលក្នុងអរូប បុគ្គលដឹងនូវសេចក្តីត្រេកត្រអាលក្នុងអរូបថា សេចក្តីរីករាយជាគ្រឿងប្រកប ដឹងថាជាគ្រឿងជាប់ ដឹងថាជាគ្រឿងចង ដឹង ស្គាល់ ស្ទង់មើល ពិចារណា ចម្រើន ធ្វើឲ្យជាក់ច្បាស់ថាជាកង្វល់។ ពាក្យថា ដូច្នេះ ជាការតបទ។បេ។ ពាក្យថា ដូច្នេះ នេះជាលំដាប់បទ ហេតុនោះ (ទ្រង់ត្រាស់ថា) សេចក្តីរីករាយជាគ្រឿងប្រកបដូច្នេះ។

[៥៤] ពាក្យថា លុះដឹងច្បាស់ សេចក្តីនុ៎ះយ៉ាងនេះហើយ គឺ ដឹង ស្គាល់ ស្ទង់មើល ពិចារណា ចម្រើន ធ្វើឲ្យប្រាកដនូវសេចក្តីនុ៎ះ យ៉ាងនេះ ហេតុនោះ (ទ្រង់ត្រាស់ថា) លុះដឹងច្បាស់សេចក្តីនុ៎ះ យ៉ាងនេះហើយ។

[៥៥] ពាក្យថា ចេញអំពីសមាបត្តិនោះ រមែងឃើញច្បាស់ក្នុងសមាបត្តិនោះ គឺចូលអាកិញ្ចញ្ញាយតនៈ ហើយចេញចាកសមាបត្តិនោះ រមែងឃើញច្បាស់នូវពួកធម៌ គឺចិត្ត និងចេតសិក ដែលកើតក្នុងសមាបត្តិនោះថា មិនទៀង ឃើញច្បាស់ថាជាទុក្ខ យល់ច្បាស់ ឃើញ ក្រឡេកមើល សំឡឹងមើល កំណត់មើល ថាជារោគ។បេ។ ថាមិនជាទីរលាស់ទុក្ខ ហេតុនោះ (ទ្រង់ត្រាស់ថា) ចេញអំពីសមាបត្តិនោះ រមែងឃើញច្បាស់ក្នុងសមាបត្តិនោះ។

[៥៦] ពាក្យថា នេះឯងជាញាណដ៏ពិតប្រាកដរបស់ព្រាហ្មណ៍នោះ សេចក្តីថា ញាណនុ៎ះ របស់ព្រាហ្មណ៍នោះ ជាធម្មជាតពិត ទៀង ប្រាកដ មិនប្រែប្រួល ហេតុនោះ (ទ្រង់ត្រាស់ថា) នេះឯងជាញាណដ៏ពិតប្រាកដរបស់ព្រាហ្មណ៍នោះ។

[៥៧] ពាក្យថា របស់ព្រាហ្មណ៍ ក្នុងបទថា របស់ព្រាហ្មណ៍ ដែលមានព្រហ្មចរិយៈនៅរួចហើយ គឺឈ្មោះថាព្រាហ្មណ៍ ព្រោះបន្សាត់បង់ធម៌ទាំង ៧។បេ។ ជាបុគ្គលមិនអាស្រ័យកិលេស មិនញាប់ញ័រ បុគ្គលនោះ លោកហៅថា ព្រាហ្មណ៍ ហេតុនោះ (ទ្រង់ត្រាស់ថា) របស់ព្រាហ្មណ៍។ ពាក្យថា មានព្រហ្មចរិយៈនៅរួចហើយ បានដល់ពួកសេក្ខៈទាំង ៧ រាប់បញ្ចូលទាំងកល្យាណបុថុជ្ជន រមែងនៅ នៅគ្រប់គ្រង នៅថែទាំ នៅនិត្យ ដើម្បីសម្រេចគុណវិសេសដែលមិនទាន់ដល់ ដើម្បីបានធម៌ដែលមិនទាន់បាន ដើម្បីធ្វើឲ្យជាក់ច្បាស់នូវធម៌ដែលមិនទាន់ធ្វើឲ្យជាក់ច្បាស់។ ព្រះអរហន្តមានព្រហ្មចរិយៈនៅរួចហើយ មានករណីយកិច្ចធ្វើរួចហើយ មានភារៈដាក់ចុះហើយ មានប្រយោជន៍ខ្លួនសម្រេចហើយ មានសញ្ញោជនៈក្នុងភពអស់រលីងហើយ មានចិត្តផុតស្រឡះហើយ ព្រោះដឹងដោយប្រពៃ ព្រះអរហន្តនោះ ឈ្មោះថាមានអរិយវាសនៅរួចហើយ មានចរណៈសន្សំហើយ។បេ។ ភពថ្មី គឺជាតិ ជរា មរណៈ សង្សារ របស់ព្រះអរហន្តនោះ មិនមានទេ ហេតុនោះ (ទ្រង់ត្រាស់ថា) របស់ព្រាហ្មណ៍ ដែលមានព្រហ្មចរិយៈនៅរួចហើយ។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា

បុគ្គល ដឹងនូវការកើតព្រមនៃអាកិញ្ចញ្ញា ដឹងនូវសេចក្តីរីករាយជាគ្រឿងប្រកប ដូច្នេះ លុះដឹងច្បាស់សេចក្តីនុ៎ះយ៉ាងនេះ ហើយចេញអំពីសមាបត្តិនោះ រមែងឃើញច្បាស់ក្នុងសមាបត្តិនោះ នេះឯងជាញាណដ៏ពិតប្រាកដរបស់ព្រាហ្មណ៍ ដែលមានព្រហ្មចរិយធម៌នៅរួចហើយនោះ។

លុះចប់គាថា។បេ។ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ ជាសាស្ដារបស់ខ្ញុំព្រះអង្គ ខ្ញុំព្រះអង្គសូមជាសាវ័ក។

ចប់ បោសាលមាណវកប្បញ្ហានិទ្ទេស ទី១៤។

មោឃរាជមាណវកប្បញ្ហានិទ្ទេស ទី១៥

(១៥. មោឃរាជមាណវបុច្ឆា)

[៥៨] (មោឃរាជមានអាយុ ទូលដូច្នេះថា)

បពិត្រព្រះអង្គជាសក្កៈ ខ្ញុំព្រះអង្គបានទូលសួរ អស់វារៈពីរដងរួចហើយ ព្រះអង្គមានចក្ខុ ទ្រង់មិនទាន់ដោះស្រាយចំពោះខ្ញុំព្រះអង្គនៅឡើយ ខ្ញុំព្រះអង្គបានឮថា ព្រះអង្គជាទេវឫសី (កាលបើមានគេសាកសួរ) អស់វារៈបីដង ទ្រង់តែងតែព្យាករពុំខាន។

[៥៩] ពាក្យថា បពិត្រព្រះអង្គជាសក្កៈ ខ្ញុំព្រះអង្គបានទូលសួរអស់វារៈពីរដងរួចហើយ អធិប្បាយថា ព្រាហ្មណ៍នោះ បានទូលសួរប្រស្នាចំពោះព្រះពុទ្ធមានព្រះភាគ អស់វារៈពីរដងរួចហើយ តែព្រះមានព្រះភាគ កាលព្រាហ្មណ៍នោះ សួរប្រស្នាហើយ ទ្រង់មិនទាន់ព្យាករនៅឡើយ ដោយទ្រង់ព្រះតម្រិះថា ព្រាហ្មណ៍នេះ នឹងមានឥន្រ្ទិយចាស់ក្លា ក្នុងកាលជាលំដាប់ស្មើនៃធម្មចក្ខុ។ ពាក្យថា បពិត្រព្រះអង្គជាសក្កៈ គឺព្រះមានព្រះភាគ ឈ្មោះថាសក្កៈ។ ដែលព្រះមានព្រះភាគឈ្មោះសក្កៈ ព្រោះហេតុទ្រង់ចេញចាកសក្យត្រកូលហើយបួសក៏បាន។ ឬថា ឈ្មោះសក្កៈ ព្រោះហេតុទ្រង់ស្តុកស្តម្ភ មានទ្រព្យច្រើន មានធនធាន ក៏បាន។ នេះទ្រព្យរបស់ព្រះអង្គ គឺ ទ្រព្យគឺសទ្ធា ទ្រព្យគឺសីល ទ្រព្យគឺហិរិ ទ្រព្យគឺឱត្តប្បៈ ទ្រព្យគឺសុតៈ ទ្រព្យគឺចាគៈ ទ្រព្យគឺបញ្ញា ទ្រព្យគឺសតិប្បដ្ឋាន ទ្រព្យគឺសម្មប្បធាន ទ្រព្យគឺឥទ្ធិបាទ ទ្រព្យគឺឥន្រ្ទិយ ទ្រព្យគឺពលៈ ទ្រព្យគឺពោជ្ឈង្គ ទ្រព្យគឺមគ្គ ទ្រព្យគឺផល ទ្រព្យគឺនិពា្វន។ ព្រះនាមសក្កៈ ព្រោះហេតុព្រះអង្គស្តុកស្ដម្ភ មានទ្រព្យច្រើន មានធនធានដោយទ្រព្យដ៏ប្រសើរ ច្រើនប្រការទាំងនេះ ក៏បាន។ ពុំនោះសោត ឈ្មោះសក្កៈ ព្រោះហេតុទ្រង់អង់អាច មោះមុត ក្លាហាន មានព្យាយាម តស៊ូ ក្លៀវក្លា សង្វាត ប្រឹងប្រែង មិនខ្លាច មិនរន្ធត់ មិនតក់ស្លុត មិនរត់ចោល លះភ័យគួរខ្លាច មិនព្រឺរោម ក៏បាន។ ហេតុនោះ (លោកពោលថា) បពិត្រព្រះអង្គជាសក្កៈ ខ្ញុំព្រះអង្គ (បានទូលសួរ) អស់វារៈពីរដងរួចហើយ។ ពាក្យថា ខ្ញុំព្រះអង្គបានទូលសួរ (សេចក្តីថា) បពិត្រព្រះអង្គជាសក្កៈ ខ្ញុំព្រះអង្គបានទូលសួរ បានអង្វរ បានអារាធនា បានជ្រះថ្លា អស់វារៈពីរដងរួចហើយ ហេតុនោះ (លោកពោលថា) បពិត្រព្រះអង្គជាសក្កៈ ខ្ញុំព្រះអង្គបានទូលសួរអស់វារៈពីរដងរួចហើយ។ ពាក្យថា ដូច្នេះ នៃបទថា មោឃរាជមានអាយុទូលដូច្នេះ គឺជាការតបទ។ ពាក្យថា មានអាយុ គឺពាក្យជាទីស្រឡាញ់។ ពាក្យថា មោឃរាជ ជាឈ្មោះ។បេ។ ជាពាក្យសម្រាប់ហៅព្រាហ្មណ៍នោះ ហេតុនោះ (មានពាក្យថា) មោឃរាជមានអាយុទូលដូច្នេះ។

[៦០] អធិប្បាយពាក្យថា ព្រះអង្គមានចក្ខុ ទ្រង់មិនទាន់ដោះស្រាយចំពោះខ្ញុំព្រះអង្គនៅឡើយ ត្រង់ពាក្យថា មិនទាន់ដោះស្រាយចំពោះខ្ញុំព្រះអង្គ គឺមិនទាន់ប្រាប់ មិនទាន់សំដែង មិនទាន់បញ្ញត្ត មិនទាន់តាំងទុក មិនទាន់បើក មិនទាន់ចែក មិនទាន់ធ្វើឲ្យងាយ មិនទាន់ប្រកាសដល់ខ្ញុំព្រះអង្គ។ ពាក្យថា មានចក្ខុ គឺព្រះមានព្រះភាគ ទ្រង់មានចក្ខុដោយចក្ខុ ៥ គឺ មានចក្ខុដោយមំសចក្ខុ ១ មានចក្ខុដោយទិព្វចក្ខុ ១ មានចក្ខុដោយបញ្ញាចក្ខុ ១ មានចក្ខុដោយពុទ្ធចក្ខុ ១ មានចក្ខុដោយសមន្ដចក្ខុ ១។

ព្រះមានព្រះភាគ ទ្រង់មានចក្ខុដោយមំសចក្ខុ តើដូចម្ដេច។ ក្នុងមំសចក្ខុរបស់ព្រះមានព្រះភាគ មានសម្បុរ ៥ គឺសម្បុរខៀរ ១ សម្បុរលឿង ១ សម្បុរក្រហម ១ សម្បុរខ្មៅ ១ សម្បុរស ១។ ទីណាដែលមានរោមព្រះនេត្រប្រតិស្ឋាននៅ ទីនោះឯងមានសម្បុរខៀវ ខៀវស្រស់ គួរជ្រះថ្លា គួរក្រឡេកមើល ជាទីដូចផ្កាត្រកៀត។ ទីខាងនាយអំពីនោះ មានសម្បុរលឿង លឿងស្រស់ មានសម្បុរដូចមាស គួរជ្រះថ្លា គួរក្រឡេកមើល ជាទីដូចផ្កាកណ្ណិការ។ មួយទៀត រណ្ដៅព្រះនេត្រទាំងពីរខាងរបស់ព្រះមានព្រះភាគ មានសម្បុរក្រហម ក្រហមច្រាល គួរជ្រះថ្លា គួរក្រឡេកមើល ជាទីដូចសម្បុរមេភ្លៀង។ ទីត្រង់កណ្ដាល មានសម្បុរខ្មៅ ខ្មៅស្រស់ មិនសៅហ្មង ស្និទ្ធគួរជ្រះថ្លា គួរក្រឡេកមើល ជាទីដូចសម្បុរផ្លែផ្គាំ។ ទីខាងនាយពីនោះ មានសម្បុរស សភ្លឹង សស្រស់ សថ្លា គួរជ្រះថ្លា គួរក្រឡេកមើល ជាទីដូចផ្កាយព្រឹក។ ហេតុនោះ បានជាព្រះមានព្រះភាគតែងទតឃើញមួយយោជន៍ដោយជុំវិញ ទាំងថ្ងៃទាំងយប់ ដោយមំសចក្ខុធម្មតា ដែលរាប់បញ្ចូលក្នុងអត្តភាព កើតដោយផលនៃសុចរិតកម្មក្នុងកាលមុន។ សូម្បីក្នុងកាលណា ដែលមានងងឹតប្រកបដោយអង្គបួន គឺព្រះអាទិត្យអស្ដង្គត ១ ឧបោសថខាងកាឡបក្ខ ១ ដងព្រៃយ៉ាងក្រាស់ជិត ១ មហាអកាលមេឃ (ភ្លៀងធំខុសកាល) ប្រាកដឡើង ១ ក្នុងកាលនោះ ព្រះមានព្រះភាគទតឃើញមួយយោជន៍ដោយជុំវិញ ក្នុងទីងងឹត ប្រកបដោយអង្គបួន មានសភាពយ៉ាងនេះ។ ផ្ទះកំពូលក្តី សន្លឹកទ្វារក្ដី កំពែងក្ដី ភ្នំក្ដី គុម្ពឈើក្ដី វល្លិក្ដី ជាគ្រឿងរារាំងនូវការឃើញរូបនោះ មិនមានឡើយ។ ប្រសិនបើបុគ្គលដាក់គ្រាប់ល្ងមួយគ្រាប់ក្នុងរទេះដែលពេញដោយគ្រាប់ល្ង ធ្វើឲ្យជាគ្រឿងសំគាល់ ព្រះមានព្រះភាគ គប្បីរើសយកគ្រាប់ល្ងនោះដដែលវិញបាន។ មំសចក្ខុធម្មតារបស់ព្រះមានព្រះភាគបរិសុទ្ធយ៉ាងនេះ។ ព្រះមានព្រះភាគ ទ្រង់មានចក្ខុដោយមំសចក្ខុយ៉ាងនេះឯង។

ព្រះមានព្រះភាគ ទ្រង់មានចក្ខុដោយទិព្វចក្ខុ តើដូចម្ដេច។ ព្រះមានព្រះភាគ ទ្រង់មានចក្ខុដូចជាទិព្វដ៏បរិសុទ្ធ កន្លងផុតចក្ខុរបស់មនុស្សធម្មតា។បេ។ ទ្រង់ជ្រាបច្បាស់នូវសត្វទាំងឡាយ ដែលរង្គាត់ទៅតាមយថាកម្ម។ បើព្រះមានព្រះភាគប្រាថ្នា (ចង់ឃើញ) គប្បីទតឃើញលោកធាតុមួយក៏បាន ឃើញលោកធាតុ ២ ក៏បាន ឃើញលោកធាតុ ៣ ក៏បាន ឃើញលោកធាតុ ៤ ក៏បាន ឃើញលោកធាតុ ៥ ក៏បាន ឃើញលោកធាតុ ១០ ក៏បាន ឃើញលោកធាតុ ២០ ក៏បាន ឃើញលោកធាតុ ៣០ ក៏បាន ឃើញលោកធាតុ ៤០ ក៏បាន ឃើញលោកធាតុ ៥០ ក៏បាន ឃើញលោកធាតុ ១០០ ក៏បាន ឃើញលោកធាតុតូចចំនួន ១ ពាន់ ក៏បាន ឃើញលោកធាតុកណ្ដាល ចំនួន ២ ពាន់ ក៏បាន ឃើញលោកធាតុចំនួន ៣ ពាន់ ក៏បាន ឃើញលោកធាតុមានពាន់ដ៏ច្រើន ក៏បាន។ មិនតែប៉ុណ្ណោះ ព្រះមានព្រះភាគមានប្រាថ្នា (នឹងឃើញ) ត្រឹមណា គប្បីឃើញាបានត្រឹមណោះ។ ទិព្វចក្ខុរបស់ព្រះមានព្រះភាគបរិសុទ្ធយ៉ាងនេះ។ ព្រះមានព្រះភាគទ្រង់មានចក្ខុដោយទិព្វចក្ខុយ៉ាងនេះឯង។

ព្រះមានព្រះភាគ ទ្រង់មានចក្ខុដោយបញ្ញាចក្ខុ តើដូចម្ដេច។ ព្រះមានព្រះភាគ ទ្រង់មានប្រាជ្ញាច្រើន មានប្រាជ្ញាក្រាស់ មានប្រាជ្ញារីករាយ មានប្រាជ្ញារហ័ស មានប្រាជ្ញាមោះមុត មានប្រាជ្ញាជាគ្រឿងទំលាយកិលេស ទ្រង់ឈ្លាសក្នុងប្រភេទនៃប្រាជ្ញា ទ្រង់បែកព្រះញាណ ទ្រង់បានបដិសម្ភិទា ទ្រង់សម្រេចចតុវេសារជ្ជញ្ញាណ ទ្រទ្រង់នូវកំឡាំង ១០ ជាបុរសប្រសើរ ជាបុរសអង់អាច ជាបុរសនាគ ជាបុរសអាជានេយ្យ ជាបុរសនាំទៅនូវធុរៈ ជាអនន្ដញ្ញាណ មានតេជះមិនមានទីបំផុត មានយសមិនមានទីបំផុត ទ្រង់ស្តុកស្ដម្ភ មានទ្រព្យច្រើន មានធនធាន ទ្រង់ដឹកនាំ ទ្រង់ទូន្មាន ប្រៀនប្រដៅ ទ្រង់ពន្យល់ ទ្រង់ដឹកនាំឲ្យគិតគូរ ទ្រង់ឲ្យគយគន់ ទ្រង់ធើ្វឲ្យជ្រះថ្លា។ ព្រះមានព្រះភាគអង្គនោះ ទ្រង់ញុំាងមគ្គដែលមិនទាន់កើតឲ្យកើតឡើង ទ្រង់ញុំាងមគ្គដែលមិនទាន់កើតមានឲ្យកើតមាន ទ្រង់ប្រាប់ផ្លូវដែលមិនទាន់ប្រាប់ ទ្រង់ស្គាល់ផ្លូវ ទ្រង់ជ្រាបផ្លូវ ទ្រង់ឈ្លាសវៃក្នុងផ្លូវ។ ចំណែកពួកសាវ័ក ឥឡូវនេះ គ្រាន់តែជាអ្នកដើរតាមផ្លូវ ដើរតាមក្រោយ។ ព្រះមានព្រះភាគអង្គនោះ ទ្រង់ជ្រាបហេតុដែលគួរជ្រាប ទ្រង់ឃើញហេតុដែលគួរឃើញ មានចក្ខុ មានញាណ មានធម៌ មានធម៌ដ៏ប្រសើរ ទ្រង់ជាអ្នកស្ដីប្រដៅ ទ្រង់ពោលរំលឹកបង្អោនទៅរកប្រយោជន៍ ឲ្យនូវព្រះនិពា្វន ជាធម្មស្សាមិ ជាតថាគត។ មិនមាន (វត្ថុអ្វីមួយ) ដែលព្រះមានព្រះភាគអង្គនោះ មិនបានដឹង មិនបានឃើញ មិនបានជ្រាប មិនបានធ្វើឲ្យជាក់ច្បាស់ មិនបានប៉ះពាល់ដោយប្រាជ្ញា។ ធម៌ទាំងអស់ រាប់ទាំងអតីត អនាគត និងបច្ចុប្បន្ន រមែងមកកាន់រង្វង់ក្នុងប្រធាននៃព្រះញាណរបស់ព្រះពុទ្ធមានព្រះភាគ ដោយអាការៈសព្វគ្រប់។ ឈ្មោះថា ធម្មជាតដែលគប្បីដឹងណាមួយ ដែលជារបស់គួរដឹង គឺប្រយោជន៍ខ្លួនក្តី ប្រយោជន៍ជនដទៃក្តី ប្រយោជន៍ទាំងពីរក្តី ប្រយោជន៍ជាបច្ចុប្បន្នក្តី ប្រយោជន៍ក្នុងលោកខាងមុខក្តី ប្រយោជន៍រាក់ក្តី ប្រយោជន៍ជ្រៅក្តី ប្រយោជន៍លាក់លៀមក្តី ប្រយោជន៍កំបិតកំបាំងក្តី ប្រយោជន៍ដែលគួរដឹងក្តី ប្រយោជន៍ដែលបានដឹងហើយក្តី ប្រយោជន៍មិនមានទោសក្តី ប្រយោជន៍មិនមានកិលេសក្តី ប្រយោជន៍ផូរផង់ក្តី ប្រយោជន៍ដ៏ល្អិតក្តី ធម្មជាតទាំងអស់នោះ រមែងវិលនៅក្នុងខាងក្នុងពុទ្ធញ្ញាណ។ កាយកម្មទាំងអស់ រមែងប្រព្រឹត្តទៅតាមព្រះញាណរបស់ព្រះពុទ្ធមានព្រះភាគ វចីកម្មទាំងអស់ រមែងប្រព្រឹត្តទៅតាមព្រះញាណ មនោកម្មទាំងអស់ រមែងប្រព្រឹត្តទៅតាមព្រះញាណ (របស់ព្រះពុទ្ធមានព្រះភាគ)។ ញាណរបស់ព្រះពុទ្ធមានព្រះភាគ មិនមានទើសទាល់ក្នុងអតីត ញាណរបស់ព្រះពុទ្ធមានព្រះភាគ មិនមានទើសទាល់ក្នុងអនាគត ញាណរបស់ព្រះពុទ្ធមានព្រះភាគ មិនមានទើសទាល់ក្នុងបច្ចុប្បន្ន។ ធម្មជាតដែលគប្បីដឹង មានកំណត់ត្រឹមណា ព្រះញាណក៏មានកំណត់ត្រឹមនោះ ព្រះញាណមានកំណត់ត្រឹមណា ធម្មជាតដែលគប្បីដឹង ក៏មានកំណត់ត្រឹមនោះ ព្រះញាណមានធម្មជាតដែលគប្បីដឹង ជាកំណត់ ធម្មជាតដែលគប្បីដឹង ក៏មានព្រះញាណជាកំណត់ ព្រះញាណប្រព្រឹត្តកន្លងនូវធម្មជាតដែលគប្បីដឹងមិនបាន គន្លងនៃធម្មជាតដែលគប្បីដឹង ក៏ប្រព្រឹត្តកន្លងនូវព្រះញាណមិនបាន ធម៌ទាំងនោះ តាំងនៅក្នុងទីបំផុតនៃគ្នានឹងគ្នា។ ដូចបាតស្មុគ្រពីរ ដែលគេគ្របហើយយ៉ាងជិតស្និទ្ធ គឺបាតស្មុគ្រខាងក្រោម មិនប្រព្រឹត្តកន្លងបាតស្មុគ្រខាងលើ បាតស្មុគ្រខាងលើ ក៏មិនប្រព្រឹត្តកន្លងបាតស្មុគ្រខាងក្រោម (បាតស្មុគ្រទាំងនោះ) តាំងនៅក្នុងទីបំផុតនៃគ្នានឹងគ្នា យ៉ាងណាមិញ ធម្មជាតដែលគប្បីដឹងក្តី ព្រះញាណក្តី របស់ព្រះពុទ្ធមានព្រះភាគ ក៏តាំងនៅក្នុងទីបំផុតនៃគ្នានឹងគ្នាយ៉ាងនោះដែរ គឺធម្មជាតដែលគប្បីដឹង មានកំណត់ត្រឹមណា ព្រះញាណក៏មានកំណត់ត្រឹមនោះ ព្រះញាណមានកំណត់ត្រឹមណា ធម្មជាតដែលគប្បីដឹង ក៏មានកំណត់ត្រឹមនោះ ព្រះញាណមានធម្មជាតដែលគប្បីដឹងជាកំណត់ ធម្មជាតដែលគប្បីដឹង ក៏មានព្រះញាណជាកំណត់ ព្រះញាណប្រព្រឹត្តកន្លងធម្មជាតដែលគប្បីដឹងមិនបាន គន្លងនៃធម្មជាតដែលគប្បីដឹង ក៏ប្រព្រឹត្តកន្លងព្រះញាណមិនបាន ធម៌ទាំងនោះ តាំងនៅក្នុងទីបំផុតនៃគ្នានឹងគ្នា។ ព្រះញាណរបស់ព្រះពុទ្ធមានព្រះភាគ រមែងប្រព្រឹត្តទៅក្នុងធម៌ទាំងពួង។ ធម៌ទាំងពួង រមែងជាប់ចំពាក់ដោយការរាវរក ជាប់ចំពាក់ដោយការប្រាថ្នា ជាប់ចំពាក់ដោយការនឹក ជាប់ចំពាក់ដោយការតាំងចិត្ត របស់ព្រះពុទ្ធមានព្រះភាគ ព្រះញាណរបស់ព្រះពុទ្ធមានព្រះភាគ រមែងប្រព្រឹត្តទៅក្នុងសត្វទាំងពួង។ ព្រះមានព្រះភាគ តែងជ្រាបអាសយធម៌ ជ្រាបអនុសយធម៌ ជ្រាបចរិត ជ្រាបអធិមុត្តិនៃពួកសត្វទាំងពួង តែងជ្រាបពួកសត្វដែលមានធូលីតិចក្នុងភ្នែក មានធូលីច្រើនក្នុងភ្នែក មានឥន្រ្ទិយរឹង មានឥន្រ្ទិយទន់ មានអាការៈល្អ មានអាការៈអាក្រក់ ជាសត្វឲ្យត្រាស់ដឹងងាយ ឲ្យត្រាស់ដឹងក្រ ជាសត្វមានភ័ព្វ និងឥតភ័ព្វ។ លោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ពួកសត្វ ព្រមទាំងសមណៈ និងព្រាហ្មណ៍ ទាំងមនុស្សជាសម្មតិទេព និងមនុស្សសាមញ្ញ ក៏រមែងវិលនៅតែខាងក្នុងពុទ្ធញ្ញាណ។ ដូចហ្វូងត្រី និងអណ្តើកណាមួយ ដោយហោចទៅ ទោះបីត្រីឈ្មោះតិមិ និងត្រីឈ្មោះតិមិង្គលៈ រមែងវិលនៅតែខាងក្នុងមហាសមុទ្រយ៉ាងណា លោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ពួកសត្វ ព្រមទាំងសមណៈ និងព្រាហ្មណ៍ ទាំងមនុស្សជាសម្មតិទេព និងមនុស្សសាមញ្ញ ក៏រមែងវិលនៅតែខាងក្នុងពុទ្ធញ្ញាណ យ៉ាងនោះឯង។ ដូចពួកបក្សីណាមួយ ដោយហោចទៅ សូម្បីគ្រុឌឈ្មោះវេនតេយ្យៈ តែងវិលនៅតែក្នុងប្រទេសនៃអាកាស យ៉ាងណាមិញ ពួកជនណាដែលមានប្រាជ្ញាស្មើដោយប្រាជ្ញារបស់ព្រះសារីបុត្ត សូម្បីពួកជនទាំងនោះ ក៏រមែងវិលនៅតែខាងក្នុងប្រទេសនៃពុទ្ធញ្ញាណ យ៉ាងនោះឯង ពុទ្ធញ្ញាណ រមែងផ្សាយគ្របប្រាជ្ញានៃពួកទេវតា និងមនុស្ស ហើយប្រតិស្ឋាននៅ។ ពួកជនណាមួយ ទោះបីជាខត្តិយបណ្ឌិតក្តី ព្រាហ្មណបណ្ឌិតក្តី គហបតិបណ្ឌិតក្តី សមណបណ្ឌិតក្តី ដែលមានប្រាជ្ញាល្អិត ស្គាល់ថ្វីមាត់របស់ជនដទៃ ស្រដៀងនឹងខ្មាន់ធ្នូអ្នកបាញ់រោមទ្រាយ ពួកជនទាំងនោះ មានអាការៈដូចជាទំលាយបង់នូវទិដ្ឋិ ដោយប្រាជ្ញា (ខ្លួន) ហើយប្រព្រឹត្តទៅ។ ពួកជនទាំងនោះ ប្រឹងតាក់តែងនូវប្រស្នា លុះតាក់តែងហើយ ក៏ចូលទៅសួរព្រះតថាគត។ ប្រស្នាទាំងនោះ លុះព្រះមានព្រះភាគ បានសំដែង បានដោះស្រាយហើយ ក៏បែរទៅជាប្រស្នាមានហេតុ គួរសំដែងចេញ និងពង្រីកចេញបាន។ ពួកជនទាំងនោះ ក៏នាំគ្នាចុះចូលព្រះមានព្រះភាគ។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់រុងរឿងកន្លងដោយប្រាជ្ញាក្នុងទីប្រជុំនោះ ហេតុនោះ ព្រះមានព្រះភាគ ទ្រង់មានចក្ខុដោយបញ្ញាចក្ខុ យ៉ាងនេះ។

ព្រះមានព្រះភាគ ទ្រង់មានចក្ខុដោយពុទ្ធចក្ខុ តើដូចម្ដេច។ ព្រះមានព្រះភាគ ទ្រង់ប្រមើលមើលលោកដោយពុទ្ធចក្ខុ បានទតឃើញពួកសត្វដែលមានធូលីតិចក្នុងភ្នែក មានធូលីច្រើនក្នុងភ្នែក មានឥន្រ្ទិយរឹង មានឥន្រ្ទិយទន់ មានអាការៈល្អ មានអាការៈអាក្រក់ ឲ្យត្រាស់ដឹងងាយ ឲ្យត្រាស់ដឹងក្រ សត្វជំពូកខ្លះ ឃើញភ័យក្នុងទោសខាងបរលោក។ ដូចក្នុងគុម្ពព្រលិតក្តី គុម្ពឈូកក្រហមក្តី គុម្ពឈូកសក្តី ផ្កាព្រលិត ឬផ្កាឈូកក្រហម ឬក៏ផ្កាឈូកសជំពូកខ្លះ កើតក្នុងទឹក ចំរើនក្នុងទឹក លូតលាស់ក្នុងទឹក ដុះកប់ខាងក្នុងនៅឡើយ ផ្កាព្រលិត ឬផ្កាឈូកក្រហម ឬក៏ផ្កាឈូកសជំពូកខ្លះ កើតក្នុងទឹក ចម្រើនក្នុងទឹក ឋិតនៅស្មើនឹងទឹកហើយ ផ្កាព្រលិត ឬផ្កាឈូកក្រហម ឬក៏ផ្កាឈូកសជំពូកខ្លះ កើតក្នុងទឹក ចម្រើនក្នុងទឹក ឋិតនៅផុតអំពីទឹក មិនទទឹកដោយទឹកឡើយ យ៉ាងណាមិញ ព្រះមានព្រះភាគទ្រង់ប្រមើលមើលលោកដោយពុទ្ធចក្ខុ បានឃើញពួកសត្វដែលមានធូលីតិចក្នុងភ្នែក មានធូលីច្រើនក្នុងភ្នែក មានឥន្រ្ទិយរឹង មានឥន្រ្ទិយទន់ មានអាការៈល្អ មានអាការៈមិនល្អ ឲ្យត្រាស់ដឹងងាយ ឲ្យត្រាស់ដឹងក្រ សត្វជំពូកខ្លះឃើញភ័យក្នុងទោសខាងបរលោក ក៏យ៉ាងនោះឯង។ ព្រះមានព្រះភាគ ទ្រង់ជ្រាបថា បុគ្គលនេះ ជារាគចរិត នេះជាទោសចរិត នេះជាមោហចរិត នេះជាវិតក្កចរិត នេះជាសទ្ធាចរិត នេះជាញាណចរិត។ ព្រះមានព្រះភាគទ្រង់សំដែងអសុភកថា ចំពោះបុគ្គលជារាគចរិត។ ព្រះមានព្រះភាគ ទ្រង់ប្រាប់មេត្តាភាវនា ចំពោះបុគ្គលជាទោសចរិត។ ព្រះមានព្រះភាគ ទ្រង់ញុំាងបុគ្គលជាមោហចរិត ឲ្យតាំងនៅក្នុងធម្មស្សវនៈតាមកាល ក្នុងធម្មសាកច្ឆាតាមកាល និងការនៅរួមជាមួយគ្រូ ដើម្បីរៀន និងការសាកសួរ។ ព្រះមានព្រះភាគ ទ្រង់ប្រាប់អានាបានស្សតិចំពោះបុគ្គលជាវិតក្កចរិត។ ព្រះមានព្រះភាគ ទ្រង់ប្រាប់និមិត្តដែលគួរជ្រះថ្លា គឺការត្រាស់ដឹងប្រពៃនៃព្រះពុទ្ធ សភាពនៃធម៌ជាធម៌ល្អ ការប្រតិបត្តិប្រពៃនៃព្រះសង្ឃ និងសីលរបស់ខ្លួន ចំពោះបុគ្គលជាសទ្ធាចរិត។ ព្រះមានព្រះភាគទ្រង់ប្រាប់វិបស្សនានិមិត្ត គឺអាការៈមិនទៀង អាការៈជាទុក្ខ និងអាការៈជាអនត្តា ចំពោះបុគ្គលជាញាណចរិត។

បពិត្រព្រះសុមេធៈ ព្រះអង្គប្រកបដោយសមន្តចក្ខុ ទ្រង់មិនមានសោក សូមព្រះអង្គឡើងកាន់ប្រាសាទជាវិការៈនៃធម៌ ហើយក្រឡេកមើលពួកជនដែលដេរដាសដោយសោក ត្រូវជាតិ ជរាគ្របសង្កត់ ដូចជាបុរសឈរនៅលើកំពូលភ្នំជាវិការៈនៃថ្ម ហើយក្រឡេកមើលពួកជន ដែលឋិតនៅក្នុងទីជុំវិញ ដូច្នោះចុះ។

ព្រះមានព្រះភាគ ទ្រង់មានចក្ខុដោយពុទ្ធចក្ខុ យ៉ាងនេះ។

ព្រះមានព្រះភាគ ទ្រង់មានចក្ខុដោយសមន្តចក្ខុ តើដូចម្ដេច។ សព្វញ្ញុតញ្ញាណ លោកហៅថា សមន្តចក្ខុ។ ព្រះមានព្រះភាគ ទ្រង់ដល់ ដល់ព្រម មកដល់ មកដល់ព្រម ចូលទៅជិត ចូលទៅជិតព្រម ប្រកបហើយដោយសព្វញ្ញុតញ្ញាណ។

អ្វីមួយក្នុងលោកនេះ ដែលព្រះតថាគតនោះ មិនឃើញ ឬមិនជ្រាបហើយ មិនគប្បីជ្រាប មិនមានទេ របស់ណាដែលគួរដឹង ព្រះតថាគតជ្រាបច្បាស់នូវរបស់នោះទាំងអស់ ហេតុនោះ ទើបឈ្មោះថាសមន្តចក្ខុ។

ព្រះមានព្រះភាគ ទ្រង់មានចក្ខុដោយសមន្តចក្ខុ យ៉ាងនេះ ហេតុនោះ (លោកពោលថា) ព្រះអង្គមានចក្ខុ ទ្រង់មិនទាន់ដោះស្រាយដល់ខ្ញុំព្រះអង្គនៅឡើយ។

[៦១] ពាក្យថា ខ្ញុំព្រះអង្គបានឮថា ព្រះអង្គជាទេវឫសី (កាលបើមានគេសាកសួរ) អស់វារៈបីដង ទ្រង់តែងព្យាករពុំខាន អធិប្បាយថា ខ្ញុំព្រះអង្គបានរៀនមកយ៉ាងនេះ ខ្ញុំព្រះអង្គបានចាំទុកមកយ៉ាងនេះ ខ្ញុំព្រះអង្គបានកំណត់ទុកមកយ៉ាងនេះថា ព្រះពុទ្ធដែលគេសួរប្រស្នាប្រកបដោយធម៌ ត្រឹមវារៈជាគំរប់ ៣ តែងទ្រង់ព្យាករ មិនទើសទាល់។ ពាក្យថា ព្រះអង្គជាទេវឫសី គឺព្រះមានព្រះភាគ ឈ្មោះថាទេវឫសី ព្រោះហេតុទ្រង់ជាវិសុទ្ធិទេពផង ជាឫសីផង។ ដូចពួករាជបព្វជិត គេហៅថា រាជឫសី ពួកព្រាហ្មណបព្វជិត គេហៅថា ព្រាហ្មណឫសី យ៉ាងណាមិញ ព្រះមានព្រះភាគ ឈ្មោះថាទេវឫសី ព្រោះហេតុទ្រង់ជាវិសុទ្ធិទេពផង ជាឫសីផង ក៏យ៉ាងនោះដែរ។ មួយទៀត ព្រះមានព្រះភាគ ឈ្មោះថាឫសី ព្រោះហេតុទ្រង់ជាបព្វជិត ដូច្នេះក៏បាន។ ព្រះមានព្រះភាគ ឈ្មោះថាឫសី ព្រោះទ្រង់រក ស្វែងរក ស្វះស្វែង នូវសីលក្ខន្ធដ៏ធំ ដូច្នេះក៏បាន។ ព្រះមានព្រះភាគ ឈ្មោះថាឫសី ព្រោះទ្រង់រក ស្វែងរក ស្វះស្វែង នូវសមាធិខន្ធដ៏ធំ បញ្ញាខន្ធដ៏ធំ វិមុត្ដិខន្ធដ៏ធំ វិមុត្ដិញ្ញាណទស្សនក្ខន្ធដ៏ធំ ដូច្នេះក៏បាន។ ព្រះមានព្រះភាគ ឈ្មោះថាឫសី ព្រោះទ្រង់រក ស្វែងរក ស្វះស្វែងនូវការទំលាយបង់នូវគំនរងងឹតដ៏ធំ ការទំលាយបង់នូវវិបល្លាសដ៏ធំ ការដកឡើងនូវសរ គឺតណ្ហាដ៏ធំ ការរុះរើចេញនូវឃ្នាប គឺទិដ្ឋិដ៏ធំ ការទំលាក់ចុះនូវទង់ជ័យ គឺមានះដ៏ធំ ការរម្ងាប់នូវអភិសង្ខារដ៏ធំ ការរើចេញចាកឱឃៈដ៏ធំ ការដាក់ចុះនូវភារៈដ៏ធំ ការផ្តាច់បង់នូវសំសារវដ្តដ៏ធំ ការរំលត់នូវកំដៅដ៏ធំ ការរម្ងាប់បង់នូវការក្តៅក្រហាយដ៏ធំ និងការលើកឡើងនូវទង់ជ័យ គឺធម៌ដ៏ធំ ដូច្នេះក៏បាន។ ព្រះមានព្រះភាគ ទ្រង់រក ឈ្មោះថាឫសី ព្រោះទ្រង់ស្វែងរក ស្វះស្វែងនូវសតិប្បដ្ឋានដ៏ធំ សម្មប្បធានដ៏ធំ ឥទ្ធិបាទដ៏ធំ ឥន្រ្ទិយដ៏ធំ ពលៈដ៏ធំ ពោជ្ឈង្គដ៏ធំ អរិយមគ្គប្រកបដោយអង្គ ៨ ដ៏ធំ និងព្រះនិពា្វនដ៏ធំ ដូច្នេះក៏បាន។ ឈ្មោះថាឫសី ព្រោះ (ព្រះមានព្រះភាគ) ត្រូវពួកសត្វមានស័ក្តិធំ គួររក ស្វែងរក ស្វះស្វែងថា ព្រះពុទ្ធ (គង់នៅ) ក្នុងទីណា ព្រះមានព្រះភាគ (គង់នៅ) ក្នុងទីណា ព្រះវិសុទ្ធិទេព (គង់នៅ) ក្នុងទីណា ព្រះនរាសភៈ (គង់នៅ) ក្នុងទីណា ហេតុនោះ (លោកពោលថា) ខ្ញុំព្រះអង្គបានឮថា ព្រះអង្គជាទេវឫសី (កាលបើមានគេសាកសួរ) អស់វារៈបីដង ទ្រង់តែងព្យាករពុំខាន។ ហេតុនោះ ព្រាហ្មណ៍នោះពោលថា

(មោឃរាជមានអាយុ ក្រាបទូលដូច្នេះថា)

បពិត្រព្រះអង្គជាសក្កៈ ខ្ញុំព្រះអង្គបានទូលសួរ (ព្រះអង្គ) អស់វារៈពីរដងរួចហើយ ព្រះអង្គមានចក្ខុ ទ្រង់មិនទាន់ដោះស្រាយដល់ខ្ញុំព្រះអង្គនៅឡើយ ខ្ញុំព្រះអង្គបានឮថា ព្រះអង្គជាទេវឫសី (កាលបើមានគេសាកសួរ) អស់វារៈបីដង ទ្រង់តែងព្យាករពុំខាន។

[៦២]

លោកនេះ លោកដទៃ ព្រហ្មលោក ព្រមទាំងទេវលោក រមែងមិនទាន់ដឹងច្បាស់ នូវសេចក្តីយល់ឃើញរបស់ព្រះអង្គ ជាព្រះគោតមដ៏ទ្រង់យសទេ។

[៦៣] ពាក្យថា លោកនេះ របស់បទថា លោកនេះ លោកដទៃ បានដល់ មនុស្សលោក។ ពាក្យថា លោកដទៃ គឺលោកដទៃទាំងអស់ លើកលែងតែមនុស្សលោកចេញ ហេតុនោះ (លោកពោលថា) លោកនេះ លោកដទៃ។

[៦៤] ពាក្យថា ព្រហ្មលោក ព្រមទាំងទេវលោក បានដល់ ព្រហ្មលោក ព្រមទាំងទេវលោក មារលោក ពួកសត្វ ព្រមទាំងសមណៈ និងព្រាហ្មណ៍ ទាំងមនុស្សជាសម្មតិទេព និងមនុស្សសាមញ្ញ ហេតុនោះ (លោកពោលថា) ព្រហ្មលោក ព្រមទាំងទេវលោក។

[៦៥] ពាក្យថា មិនទាន់ដឹងច្បាស់នូវសេចក្តីឃើញរបស់ព្រះអង្គ គឺសត្វលោកមិនទាន់ដឹងនូវសេចក្តីយល់ឃើញ សេចក្តីចូលចិត្ត សេចក្តីគាប់ចិត្ត លទ្ធិ អធ្យាស្រ័យ បំណងរបស់ព្រះអង្គ គឺថាមិនទាន់ដឹង មិនទាន់ឃើញ មិនទាន់យល់ មិនទាន់ជួបប្រទះ មិនទាន់បាន មិនបានចំពោះថា សមណៈនេះ មានសេចក្តីយល់ឃើញយ៉ាងនេះ មានសេចក្តីចូលចិត្តយ៉ាងនេះ មានសេចក្តីគាប់ចិត្តយ៉ាងនេះ មានលទ្ធិយ៉ាងនេះ មានអធ្យាស្រ័យយ៉ាងនេះ មានបំណងយ៉ាងនេះទេ ហេតុនោះ (លោកពោលថា) មិនទាន់ដឹងច្បាស់នូវសេចក្តីយល់ឃើញរបស់ព្រះអង្គទេ។

[៦៦] ពាក្យថា ជាព្រះគោតមដ៏ទ្រង់យស គឺព្រះមានព្រះភាគ ឈ្មោះថា មានយស ព្រោះហេតុទ្រង់ដល់នូវយស។ ឬថា ព្រះមានព្រះភាគ មានគេធើ្វសក្ការៈ គោរព រាប់អាន បូជា កោតក្រែង ទ្រង់បានចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារ ហេតុនោះ (លោកពោលថា) ជាព្រះគោតមដ៏ទ្រង់យស។ ហេតុនោះ ព្រាហ្មណ៍នោះពោលថា

លោកនេះ លោកដទៃ ព្រហ្មលោក ព្រមទាំងទេវលោក រមែងមិនទាន់ដឹងច្បាស់ នូវសេចក្តីយល់ឃើញរបស់ព្រះអង្គជាព្រះគោតមដ៏ទ្រង់យសទេ។

[៦៧]

ខ្ញុំព្រះអង្គជាអ្នកត្រូវការដោយប្រស្នា ទើបមកគាល់ (ដើម្បីទូលសួរ) ចំពោះព្រះអង្គ ទ្រង់ឃើញវិសេសយ៉ាងនេះ ចុះបុគ្គលសំឡឹងឃើញលោកដោយប្រការៈដូចម្ដេច មច្ចុរាជទើបមិនឃើញ។

[៦៨] ពាក្យថា ព្រះអង្គទ្រង់ឃើញវិសេសយ៉ាងនេះ គឺទ្រង់ឃើញវិសេស ឃើញច្បាស់ ឃើញប្រសើរផុត ឃើញប្រសើរវិសេស ឃើញជាប្រធាន ឃើញដ៏ឧត្ដម ឃើញដ៏ថ្លៃថ្លាយ៉ាងនេះ ហេតុនោះ (លោកពោលថា) ព្រះអង្គឃើញវិសេសយ៉ាងនេះ។

[៦៩] ពាក្យថា ខ្ញុំព្រះអង្គជាអ្នកត្រូវការដោយប្រស្នា ទើបមកគាល់ គឺពួកខ្ញុំព្រះអង្គមានសេចក្តីត្រូវការដោយប្រស្នា ទើបមកគាល់។បេ។ ដើម្បីសន្ទនា ដើម្បីក្រាបបង្គំទូលសួរ ហេតុនោះ (លោកពោលថា) ខ្ញុំព្រះអង្គជាអ្នកត្រូវការដោយប្រស្នា ទើបមកគាល់ យ៉ាងនេះក៏មាន។

[៧០] ពាក្យថា បុគ្គលសំឡឹងឃើញលោកដោយប្រការដូចម្ដេច គឺសំឡឹងឃើញ ពិចារណាឃើញ រំពឹងឃើញ ត្រិះរិះឃើញ ធ្វើឲ្យជាក់ច្បាស់ ធ្វើឲ្យប្រាកដ (នូវលោក) ដោយប្រការដូចម្ដេច ហេតុនោះ (លោកពោលថា) បុគ្គលសំឡឹងឃើញលោក ដោយប្រការដូចម្ដេច។

[៧១] ពាក្យថា មច្ចុរាជទើបមិនឃើញ គឺមច្ចុរាជទើបមិនឃើញ មិនយល់ មិនជួបប្រទះ មិនបាន មិនបានចំពោះ ហេតុនោះ (លោកពោលថា) មច្ចុរាជទើបមិនឃើញ។ ហេតុនោះ ព្រាហ្មណ៍នោះពោលថា

ខ្ញុំព្រះអង្គជាអ្នកត្រូវការដោយប្រស្នា ទើបមកគាល់ (ដើម្បីទូលសួរ) ចំពោះព្រះអង្គ ទ្រង់ឃើញវិសេសយ៉ាងនេះ ចុះបុគ្គលសំឡឹងឃើញលោកដោយប្រការដូចម្ដេច មច្ចុរាជទើបមិនឃើញ។

[៧២] (ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា)

ម្នាលមោឃរាជ អ្នកចូរមានស្មារតីគ្រប់កាល សំឡឹងឃើញលោកដោយសភាពជារបស់សូន្យ (ព្រោះ) បុគ្គលដកអត្តានុទិដ្ឋិចេញ ទើបឆ្លងផុតចាកមច្ចុ បុគ្គលសំឡឹងឃើញលោក យ៉ាងនេះ មច្ចុរាជទើបមិនឃើញ។

[៧៣] អធិប្បាយពាក្យថា អ្នកចូរសំឡឹងឃើញលោក ដោយសភាពជារបស់សូន្យ ត្រង់ពាក្យថា លោក បានដល់ និរយលោក តិរច្ឆានលោក បិត្តិវិសយលោក មនុស្សលោក ទេវលោក ខន្ធលោក ធាតុលោក អាយតនលោក លោកនេះ លោកដទៃ ព្រហ្មលោក ព្រមទាំងទេវលោក។

ភិក្ខុមួយរូប បានក្រាបបង្គំទូលព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ព្រះមានព្រះភាគ តែងត្រាស់ថា លោក លោក ដូច្នេះ បពិត្រព្រះអង្គដ៏ចម្រើន សភាវៈដែលហៅថា លោក តើមានកំណត់ដូចម្ដេច។ ព្រះមានព្រះភាគទ្រង់ត្រាស់ថា ម្នាលភិក្ខុ សភាវៈដែលហៅថា លោក ព្រោះហេតុវិនាស។ អី្វតែងវិនាស។ ចក្ខុតែងវិនាស ពួករូបតែងវិនាស ចក្ខុវិញ្ញាណតែងវិនាស ចក្ខុសម្ផស្សតែងវិនាស ធម្មជាតណាមួយ ដែលបុគ្គលទទួល ជាសុខ ឬទុក្ខ ឬមិនមែនទុក្ខ មិនមែនសុខ រមែងកើតឡើង ព្រោះចក្ខុសម្ផស្សជាបច្ច័យ ធម្មជាតនោះ តែងវិនាសទៅ ត្រចៀកតែងវិនាស ពួកសំឡេងតែងវិនាស ច្រមុះតែងវិនាស ពួកក្លិនតែងវិនាស អណ្ដាតតែងវិនាស ពួករសតែងវិនាស កាយតែងវិនាស ពួកផ្សព្វតែងវិនាស ចិត្តតែងវិនាស ពួកធម្មារម្មណ៍តែងវិនាស មនោវិញ្ញាណតែងវិនាស មនោសម្ផស្សតែងវិនាស ធម្មជាតណាមួយ ដែលបុគ្គលទទួល ជាសុខ ឬទុក្ខ ឬមិនមែនទុក្ខ មិនមែនសុខ កើតឡើងព្រោះមនោសម្ផស្សជាបច្ច័យ ធម្មជាតនោះ រមែងវិនាស ម្នាលភិក្ខុ ហេតុនោះ សភាវៈដែលហៅថា លោក ព្រោះហេតុវិនាស ដូច្នេះឯង។ ពាក្យថា អ្នកចូរសំឡឹងឃើញលោក ដោយសភាពជារបស់សូន្យ សេចក្តីថា បុគ្គលសំឡឹងឃើញលោក ដោយសភាពជារបស់សូន្យ ដោយហេតុពីរ គឺដោយអំណាចនៃការកំណត់សង្ខារដែលប្រព្រឹត្តទៅថា មិនមានអំណាច ១ ដោយអំណាចនៃការពិចារណាឃើញរឿយៗ នូវសង្ខារថា ជារបស់ទទេ ១។

បុគ្គលសំឡឹងឃើញលោក ដោយសភាពជារបស់សូន្យ ដោយអំណាចនៃការកំណត់សង្ខារដែលប្រព្រឹត្តទៅថា មិនមានអំណាច តើដូចម្ដេច។ បុគ្គលមិនបានអំណាចក្នុងរូប មិនបានអំណាចក្នុងវេទនា មិនបានអំណាចក្នុងសញ្ញា មិនបានអំណាចក្នុងសង្ខារទាំងឡាយ មិនបានអំណាចក្នុងវិញ្ញាណ។ ដូចព្រះពុទ្ធដីកានេះ ដែលព្រះមានព្រះភាគត្រាស់ថា ម្នាលភិក្ខុទាំងឡាយ រូបមិនមែនជារបស់ខ្លួន ម្នាលភិក្ខុទាំងឡាយ ប្រសិនបើរូបនេះ ជារបស់ខ្លួនពិតមែន រូបនេះមិនគប្បីប្រព្រឹត្តទៅដើម្បីអាពាធទេ ទាំងបុគ្គលគប្បីបានក្នុងរូបថា សូមឲ្យរូបអាត្មាមានយ៉ាងនេះ កុំឲ្យរូបអាត្មាមានយ៉ាងនេះឡើយ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុតែរូបមិនមែនជារបស់ខ្លួន ហេតុនោះ រូបទើបប្រព្រឹត្តទៅដើម្បីអាពាធ ទាំងបុគ្គលមិនបានក្នុងរូបថា សូមឲ្យរូបអាត្មាមានយ៉ាងនេះ កុំឲ្យរូបអាត្មាមានយ៉ាងនេះឡើយ វេទនា មិនមែនជារបស់ខ្លួន ម្នាលភិក្ខុទាំងឡាយ ប្រសិនបើវេទនានេះ ជារបស់ខ្លួនពិតមែន វេទនានេះមិនគប្បីប្រព្រឹត្តទៅដើម្បីអាពាធទេ ទាំងបុគ្គលគប្បីបានក្នុងវេទនាថា សូមឲ្យវេទនារបស់អាត្មាមានយ៉ាងនេះ កុំឲ្យវេទនារបស់អាត្មាមានយ៉ាងនេះឡើយ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុតែវេទនាមិនមែនជារបស់ខ្លួន ហេតុនោះ វេទនាទើបប្រព្រឹត្តទៅដើម្បីអាពាធ ទាំងបុគ្គលមិនបានក្នុងវេទនាថា សូមឲ្យវេទនារបស់អាត្មាមានយ៉ាងនេះ កុំឲ្យវេទនារបស់អាត្មាមានយ៉ាងនេះឡើយ សញ្ញាមិនមែនជារបស់ខ្លួនទេ ម្នាលភិក្ខុទាំងឡាយ ប្រសិនបើសញ្ញានេះ ជារបស់ខ្លួនពិតមែន សញ្ញានេះមិនគប្បីប្រព្រឹត្តទៅដើម្បីអាពាធទេ ទាំងបុគ្គលគប្បីបានក្នុងសញ្ញាថា សូមឲ្យសញ្ញារបស់អាត្មាមានយ៉ាងនេះ កុំឲ្យសញ្ញារបស់អាត្មាមានយ៉ាងនេះឡើយ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុតែសញ្ញាមិនមែនជារបស់ខ្លួន ហេតុនោះ សញ្ញាទើបប្រព្រឹត្តទៅដើម្បីអាពាធ ទាំងបុគ្គលមិនបានក្នុងសញ្ញាថា សូមឲ្យសញ្ញារបស់អាត្មាមានយ៉ាងនេះ កុំឲ្យសញ្ញារបស់អាត្មាមានយ៉ាងនេះឡើយ សង្ខារទាំងឡាយ មិនមែនជារបស់ខ្លួនទេ ម្នាលភិក្ខុទាំងឡាយ ប្រសិនបើសង្ខារទាំងឡាយនេះ ជារបស់ខ្លួនពិតមែន សង្ខារទាំងឡាយនេះ មិនគប្បីប្រព្រឹត្តទៅដើម្បីអាពាធទេ ទាំងបុគ្គលគប្បីបានក្នុងសង្ខារទាំងឡាយថា សូមឲ្យសង្ខារទាំងឡាយរបស់អាត្មាមានយ៉ាងនេះ កុំឲ្យសង្ខារទាំងឡាយរបស់អាត្មាមានយ៉ាងនេះឡើយ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុតែសង្ខារទាំងឡាយ មិនមែនជារបស់ខ្លួន ហេតុនោះ សង្ខារទាំងឡាយ ទើបប្រព្រឹត្តទៅដើម្បីអាពាធ ទាំងបុគ្គលមិនបានក្នុងសង្ខារទាំងឡាយថា សូមឲ្យសង្ខារទាំងឡាយរបស់អាត្មាមានយ៉ាងនេះ កុំឲ្យសង្ខារទាំងឡាយរបស់អាត្មាមានយ៉ាងនេះឡើយ វិញ្ញាណមិនមែនជារបស់ខ្លួនទេ ម្នាលភិក្ខុទាំងឡាយ ប្រសិនបើវិញ្ញាណនេះជារបស់ខ្លួនពិតមែន វិញ្ញាណនេះ មិនគប្បីប្រព្រឹត្តទៅដើម្បីអាពាធទេ ទាំងបុគ្គលគប្បីបានក្នុងវិញ្ញាណថា សូមឲ្យវិញ្ញាណរបស់អាត្មាមានយ៉ាងនេះ កុំឲ្យវិញ្ញាណរបស់អាត្មាមានយ៉ាងនេះឡើយ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុតែវិញ្ញាណមិនមែនជារបស់ខ្លួន ហេតុនោះ វិញ្ញាណទើបប្រព្រឹត្តទៅដើម្បីអាពាធ ទាំងបុគ្គលមិនបានក្នុងវិញ្ញាណថា សូមឲ្យវិញ្ញាណរបស់អាត្មា មានយ៉ាងនេះ កុំឲ្យវិញ្ញាណរបស់អាត្មា មានយ៉ាងនេះឡើយ។ មួយទៀត ព្រះពុទ្ធដីកានេះ ព្រះមានព្រះភាគត្រាស់ថា ម្នាលភិក្ខុទាំងឡាយ កាយនេះ មិនមែនជារបស់អ្នកទាំងឡាយទេ ទាំងមិនមែនជារបស់ជនទាំងឡាយដទៃទេ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីឃើញថា កាយនេះកើតអំពីកម្មចាស់ ដែលបច្ច័យប្រជុំតាក់តែង មានចេតនាជាមូល ជាទីតាំងនៃវេទនា ម្នាលភិក្ខុទាំងឡាយ អរិយសាវ័កអ្នកចេះដឹង តែងធ្វើទុកក្នុងចិត្តដោយឧបាយយ៉ាងប្រពៃ ចំពោះធម៌ដែលកើតអាស្រ័យគ្នានឹងគ្នាក្នុងកាយនោះថា កាលបើធម្មជាតនេះមាន ធម្មជាតនេះក៏មាន ធម្មជាតនេះកើតឡើង ព្រោះការកើតឡើងនៃធម្មជាតនេះ កាលបើធម្មជាតនេះមិនមាន ធម្មជាតនេះក៏មិនមាន ធម្មជាតនេះរលត់ ព្រោះការរលត់ធម្មជាតនេះ គឺថាសង្ខារទាំងឡាយ (កើតមាន) ព្រោះអវិជ្ជាជាបច្ច័យ វិញ្ញាណ (កើតមាន) ព្រោះសង្ខារជាបច្ច័យ នាមរូប (កើតមាន) ព្រោះវិញ្ញាណជាបច្ច័យ សឡាយតនៈ (កើតមាន) ព្រោះនាមរូបជាបច្ច័យ ផស្សៈ (កើតមាន) ព្រោះសឡាយតនៈជាបច្ច័យ វេទនា (កើតមាន) ព្រោះផស្សៈជាបច្ច័យ តណ្ហា (កើតមាន) ព្រោះវេទនាជាបច្ច័យ ឧបាទាន (កើតមាន) ព្រោះតណ្ហាជាបច្ច័យ ភព (កើតមាន) ព្រោះឧបាទានជាបច្ច័យ ជាតិ (កើតមាន) ព្រោះភពជាបច្ច័យ ការចាស់ ស្លាប់ សោក ខ្សឹកខ្សួល លំបាកកាយ លំបាកចិត្ត ចង្អៀតណែនក្នុងចិត្តទាំងឡាយ កើតមានព្រោះជាតិជាបច្ច័យ កិរិយាកើតឡើងនៃកងទុក្ខទាំងអស់នេះ រមែងកើតមានយ៉ាងនេះ មួយទៀត កិរិយារលត់សង្ខារ ព្រោះកិរិយាវិនាសទៅ រលត់ទៅ មិនមានសេសសល់នៃអវិជ្ជា កិរិយារលត់វិញ្ញាណ ព្រោះកិរិយារលត់សង្ខារ កិរិយារលត់នាមរូប ព្រោះកិរិយារលត់វិញ្ញាណ កិរិយារលត់សឡាយតនៈ ព្រោះកិរិយារលត់នាមរូប កិរិយារលត់ផស្សៈ ព្រោះកិរិយារលត់សឡាយតនៈ កិរិយារលត់វេទនា ព្រោះកិរិយារលត់ផស្សៈ កិរិយារលត់តណ្ហា ព្រោះកិរិយារលត់វេទនា កិរិយារលត់ឧបាទាន ព្រោះកិរិយារលត់តណ្ហា កិរិយារលត់ភព ព្រោះកិរិយារលត់ឧបាទាន កិរិយារលត់ជាតិ ព្រោះកិរិយារលត់ភព ការចាស់ ស្លាប់ សោក ខ្សឹកខ្សួល លំបាកកាយ លំបាកចិត្ត ចង្អៀតចង្អល់ចិត្តទាំងឡាយ តែងរលត់ទៅ ព្រោះកិរិយារលត់ជាតិ កិរិយារលត់កងទុក្ខទាំងអស់នេះ មានយ៉ាងនេះ។ បុគ្គលសំឡឹងឃើញលោកដោយសភាពជារបស់សូន្យ ដោយអំណាចនៃការកំណត់សង្ខារដែលប្រព្រឹត្តទៅថា មិនមានអំណាច យ៉ាងនេះឯង។

បុគ្គលសំឡឹងឃើញលោក ដោយសភាពជារបស់សូន្យ ដោយអំណាចនៃការពិចារណាឃើញរឿយៗ នូវសង្ខារថា ជារបស់ទទេ តើដូចម្ដេច។ បុគ្គលមិនបានខ្លឹមក្នុងរូប មិនបានខ្លឹមក្នុងវេទនា មិនបានខ្លឹមក្នុងសញ្ញា មិនបានខ្លឹមក្នុងសង្ខារទាំងឡាយ មិនបានខ្លឹមក្នុងវិញ្ញាណទេ។ រូបជារបស់មិនមានខ្លឹម ឥតខ្លឹម ប្រាសចាកខ្លឹម ដោយខ្លឹមមានខ្លឹម គឺទៀងក្តីដោយខ្លឹមមានខ្លឹម គឺសុខក្តី ដោយខ្លឹមមានខ្លឹម គឺរបស់ខ្លួនក្តី ដោយភាពជារបស់ទៀងក្តី យឺនយូរក្តី ឋិតថេរក្តី មិនប្រែប្រួលជាធម្មតាក្តី។ វេទនាជារបស់មិនមានខ្លឹម ឥតខ្លឹម ប្រាសចាកខ្លឹម សញ្ញាជារបស់មិនមានខ្លឹម ឥតខ្លឹម ប្រាសចាកខ្លឹម សង្ខារទាំងឡាយ ជារបស់មិនមានខ្លឹម ឥតខ្លឹម ប្រាសចាកខ្លឹម វិញ្ញាណជារបស់មិនមានខ្លឹម ឥតខ្លឹម ប្រាសចាកខ្លឹម ដោយខ្លឹមមានខ្លឹម គឺទៀងក្តី ដោយខ្លឹមមានខ្លឹម គឺសុខក្តី ដោយខ្លឹមមានខ្លឹម គឺរបស់ខ្លួនក្តី ដោយភាពជារបស់ទៀងក្តី យឺនយូរក្តី ឋិតថេរក្តី មិនប្រែប្រួលជាធម្មតាក្តី។ ប្រៀបដូចដើមបបុស ជារបស់មិនមានខ្លឹម ឥតខ្លឹម ប្រាសចាកខ្លឹម ឬដូចដើមល្ហុងខ្ញែ ជារបស់មិនមានខ្លឹម ឥតខ្លឹម ប្រាសចាកខ្លឹម យ៉ាងណាមិញ មួយទៀត ដូចដើមល្វា ជារបស់មិនមានខ្លឹម ឥតខ្លឹម ប្រាសចាកខ្លឹម យ៉ាងណាមិញ ឬដូចដើមសេតគច្ឆព្រឹក្ស (រាក់ស) ជារបស់មិនមានខ្លឹម ឥតខ្លឹម ប្រាសចាកខ្លឹម យ៉ាងណាមិញ មួយទៀត ដូចដើមបាលភទ្ទកព្រឹក្ស (រលួសបាយ) ជារបស់មិនមានខ្លឹម ឥតខ្លឹម ប្រាសចាកខ្លឹម យ៉ាងណាមិញ ឬដូចជាដុំពពុះទឹក ជារបស់មិនមានខ្លឹម ឥតខ្លឹម ប្រាសចាកខ្លឹម យ៉ាងណាមិញ មួយទៀត ដូចក្រពេញទឹក ជារបស់មិនមានខ្លឹម ឥតខ្លឹម ប្រាសចាកខ្លឹម យ៉ាងណាមិញ ឬដូចដើមចេក ជារបស់មិនមានខ្លឹម ឥតខ្លឹម ប្រាសចាកខ្លឹម យ៉ាងណាមិញ មួយទៀត ដូចថ្ងៃបណ្ដើរកូន ជារបស់មិនមានខ្លឹម ឥតខ្លឹម ប្រាសចាកខ្លឹម យ៉ាងណាមិញ រូបជារបស់មិនមានខ្លឹម ឥតខ្លឹម ប្រាសចាកខ្លឹម ដោយខ្លឹមមានខ្លឹម គឺទៀងក្តី ដោយខ្លឹមមានខ្លឹម គឺសុខក្តី ដោយខ្លឹមមានខ្លឹម គឺរបស់ខ្លួនក្តី ដោយភាពជារបស់ទៀងក្តី យឺនយូរក្តី ឋិតថេរក្តី មិនប្រែប្រួលជាធម្មតាក្តី វេទនាជារបស់មិនមានខ្លឹម ឥតខ្លឹម ប្រាសចាកខ្លឹម សញ្ញាជារបស់មិនមានខ្លឹម ឥតខ្លឹម ប្រាសចាកខ្លឹម សង្ខារទាំងឡាយ ជារបស់មិនមានខ្លឹម ឥតខ្លឹម ប្រាសចាកខ្លឹម វិញ្ញាណជារបស់មិនមានខ្លឹម ឥតខ្លឹម ប្រាសចាកខ្លឹម ដោយខ្លឹមមានខ្លឹម គឺទៀងក្តី ដោយខ្លឹមមានខ្លឹម គឺសុខក្តី ដោយខ្លឹមមានខ្លឹម គឺរបស់ខ្លួនក្តី ដោយភាពជារបស់ទៀងក្តី យឺនយូរក្តី ឋិតថេរក្តី មិនប្រែប្រួលជាធម្មតាក្តី ក៏យ៉ាងនោះដែរ។ បុគ្គលសំឡឹងឃើញលោក ដោយសភាពជារបស់សូន្យ ដោយអំណាចការពិចារណារឿយៗ នូវសង្ខារថា ជារបស់ទទេ យ៉ាងនេះ។ បុគ្គលសំឡឹងឃើញលោក ដោយសភាពជារបស់សូន្យ ដោយហេតុពីរប្រការនេះឯង។

មួយទៀត បុគ្គលសំឡឹងឃើញលោក ដោយសភាពជារបស់សូន្យ ដោយអាការៈ ៦ គឺសំឡឹងឃើញរូប ដោយសភាពជារបស់មិនមានអ្វីជាឥស្សរៈ ១ មិនលុះតាមប្រាថ្នា ១ មិនជាទីសប្បាយ ១ មិនលុះអំណាចខ្លួន ១ ប្រព្រឹត្ត (ជាប់ដោយបច្ច័យ) ១ ជារបស់ទទេ ១ សំឡឹងឃើញវេទនា សញ្ញា សង្ខារ វិញ្ញាណ ដោយសភាពជារបស់មិនមានអ្វីជាឥស្សរៈ មិនលុះតាមប្រាថ្នា មិនជាទីសប្បាយ មិនលុះអំណាចខ្លួន ប្រព្រឹត្ត (ជាប់ដោយបច្ច័យ) ជារបស់ទទេ។ បុគ្គលសំឡឹងឃើញលោក ដោយសភាពជារបស់សូន្យ ដោយអាការៈ ៦ យ៉ាងនេះឯង។ មួយទៀត បុគ្គលសំឡឹងឃើញលោកដោយសភាពជារបស់សូន្យ ដោយអាការៈ ១០ គឺ សំឡឹងឃើញរូប ដោយសភាពជារបស់គ្មាន ១ របស់ទទេ ១ របស់សូន្យ ១ របស់មិនមែនខ្លួនប្រាណ ១ របស់មិនមានខ្លឹម ១ ជាអ្នកសម្លាប់ ១ របស់មិនចម្រើន ១ របស់បង្កទុក្ខ ១ របស់ប្រកបដោយអាសវៈ ១ របស់ដែលបច្ច័យប្រជុំតាក់តែង ១ សំឡឹងឃើញវេទនា សញ្ញា សង្ខារ វិញ្ញាណ ដោយសភាពជារបស់គ្មាន របស់ទទេ របស់សូន្យ របស់មិនមែនខ្លួនប្រាណ របស់មិនមានខ្លឹម ជាអ្នកសម្លាប់ របស់មិនចម្រើន របស់បង្កទុក្ខ របស់ប្រកបដោយអាសវៈ របស់ដែលបច្ច័យប្រជុំតាក់តែង។ បុគ្គលសំឡឹងឃើញលោក ដោយសភាពជារបស់សូន្យ ដោយអាការៈ ១០ យ៉ាងនេះឯង។ មួយទៀត បុគ្គលសំឡឹងឃើញលោក ដោយសភាពជារបស់សូន្យ ដោយអាការៈ ១២ គឺឃើញថា រូបមិនមែនសត្វ ១ មិនមែនជីវៈ ១ មិនមែនបុរស ១ មិនមែននរៈ ១ មិនមែនមាណព ១ មិនមែនស្រី ១ មិនមែនប្រុស ១ មិនមែនខ្លួន ១ មិនមែនរបស់ខ្លួន ១ មិនមែនយើង ១ មិនមែនរបស់យើង ១ មិនមែនជាបុគ្គលណាៗ ១ ឃើញថា វេទនា សញ្ញា សង្ខារ វិញ្ញាណ មិនមែនសត្វ មិនមែនជីវៈ មិនមែនបុរស មិនមែននរៈ មិនមែនមាណព មិនមែនស្រី មិនមែនប្រុស មិនមែនខ្លួន មិនមែនរបស់ខ្លួន មិនមែនយើង មិនមែនរបស់យើង មិនមែនជាបុគ្គលណាៗ។ បុគ្គលសំឡឹងឃើញលោក ដោយសភាពជារបស់សូន្យ ដោយអាការៈ ១២ យ៉ាងនេះឯង។

ដូចព្រះពុទ្ធដីកា ដែលព្រះមានព្រះភាគត្រាស់ហើយនេះថា ម្នាលភិក្ខុទាំងឡាយ របស់ណា មិនមែនជារបស់ពួកអ្នក ពួកអ្នកចូរលះបង់របស់នោះ របស់នោះ ដែលពួកអ្នកបានលះបង់ហើយ នឹងបានជាប្រយោជន៍ បានសេចក្តីសុខ អស់កាលយូរ ម្នាលភិក្ខុទាំងឡាយ របស់អ្វី ដែលមិនមែនជារបស់ពួកអ្នក ម្នាលភិក្ខុទាំងឡាយ រូបមិនមែនជារបស់ពួកអ្នក ពួកអ្នកចូរលះបង់រូបនោះ រូបនោះដែលពួកអ្នកលះបង់ហើយ នឹងបានជាប្រយោជន៍ បានសេចក្តីសុខ អស់កាលយូរ ម្នាលភិក្ខុទាំងឡាយ វេទនាមិនមែនជារបស់ពួកអ្នក ពួកអ្នកចូរលះបង់វេទនានោះ វេទនានោះដែលពួកអ្នកលះបង់ហើយ នឹងបានជាប្រយោជន៍ បានសេចក្តីសុខ អស់កាលយូរ ម្នាលភិក្ខុទាំងឡាយ សញ្ញាមិនមែនជារបស់ពួកអ្នក ពួកអ្នកចូរលះបង់សញ្ញានោះ សញ្ញានោះ ដែលពួកអ្នកលះបង់ហើយ នឹងបានជាប្រយោជន៍ បានសេចក្តីសុខអស់កាលយូរ ម្នាលភិក្ខុទាំងឡាយ សង្ខារទាំងឡាយ មិនមែនជារបស់ពួកអ្នក ពួកអ្នកចូរលះបង់សង្ខារទាំងនោះ សង្ខារទាំងនោះ ដែលពួកអ្នកលះបង់ហើយ នឹងបានជាប្រយោជន៍បានសេចក្តីសុខ អស់កាលយូរ ម្នាលភិក្ខុទាំងឡាយ វិញ្ញាណមិនមែនជារបស់ពួកអ្នក ពួកអ្នកចូរលះបង់វិញ្ញាណនោះ វិញ្ញាណនោះដែលពួកអ្នកលះបង់ហើយ នឹងបានជាប្រយោជន៍ បានសេចក្តីសុខ អស់កាលយូរ។ ម្នាលភិក្ខុទាំងឡាយ ពួកអ្នកសំគាល់ហេតុនោះថាដូចម្ដេច ស្មៅ ឈើ មែកឈើ ស្លឹកឈើណា ក្នុងវត្តជេតពននេះ ជនគប្បីនាំទៅក្តី ដុតក្តី ធ្វើឲ្យគួរតាមបច្ច័យក្តី នូវរបស់នោះ តើពួកអ្នកគិតយ៉ាងនេះថា ជននាំទៅក្តី ដុតក្តី ធ្វើឲ្យគួរតាមបច្ច័យក្តី នូវពួកយើងដែរឬ។ បពិត្រព្រះអង្គដ៏ចម្រើន ដំណើរនោះ មិនដូច្នោះទេ។ ដំណើរនោះ ព្រោះហេតុអ្វី។ បពិត្រព្រះអង្គដ៏ចម្រើន (ព្រោះថា) ខ្លួនក្តី របស់សម្រាប់ខ្លួនក្តី មិនមែនជារបស់ពួកខ្ញុំព្រះអង្គឡើយ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីនេះ ពិតយ៉ាងនេះហើយ របស់ណាមិនមែនជារបស់ពួកអ្នកទេ ពួកអ្នកចូរលះបង់របស់នោះ របស់នោះដែលពួកអ្នកលះបង់ហើយ នឹងបានជាប្រយោជន៍ បានសេចក្តីសុខអស់កាលយូរ ម្នាលភិក្ខុទាំងឡាយ របស់អ្វីដែលមិនមែនជារបស់ពួកអ្នក ម្នាលភិក្ខុទាំងឡាយ រូបមិនមែនជារបស់ពួកអ្នក ពួកអ្នកចូរលះបង់រូបនោះ រូបនោះដែលពួកអ្នកលះបង់ហើយ នឹងបានជាប្រយោជន៍ បានសេចក្តីសុខអស់កាលយូរ ម្នាលភិក្ខុទាំងឡាយ វេទនា សញ្ញា សង្ខារ វិញ្ញាណ មិនមែនជារបស់ពួកអ្នក ពួកអ្នកចូរលះបង់វេទនា សញ្ញា សង្ខារ វិញ្ញាណនោះ វេទនា សញ្ញា សង្ខារ វិញ្ញាណនោះ ដែលពួកអ្នកលះបង់ហើយ នឹងបានជាប្រយោជន៍ បានសេចក្តីសុខអស់កាលយូរ។ បុគ្គលសំឡឹងឃើញលោក ដោយសភាពជារបស់សូន្យ យ៉ាងនេះឯង។

ព្រះអានន្ទមានអាយុ បានទូលសួរព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចម្រើន ព្រះមានព្រះភាគត្រាស់ថា លោកសូន្យ បពិត្រព្រះអង្គដ៏ចំរើន ព្រះអង្គទ្រង់ត្រាស់ថា លោកសូន្យ តើដោយហេតុដូចម្ដេច។ ព្រះមានព្រះភាគត្រាស់ថា ម្នាលអានន្ទ ព្រោះហេតុតែធម្មជាតសូន្យចាកខ្លួន ឬចាកវត្ថុសម្រាប់ខ្លួន ហេតុនោះ ទើបតថាគតពោលថា លោកសូន្យ ម្នាលអានន្ទ ចុះធម្មជាតអ្វី សូន្យចាកខ្លួន ឬចាកវត្ថុសម្រាប់ខ្លួន។ ភ្នែកសូន្យ រូបទាំងឡាយសូន្យ ចក្ខុវិញ្ញាណសូន្យ ចក្ខុសម្ផស្សសូន្យ សូម្បីធម្មជាតសម្រាប់ទទួលអារម្មណ៍ណា ជាសុខ ឬជាទុក្ខ ឬមិនជាទុក្ខ មិនជាសុខ កើតឡើងព្រោះចក្ខុសម្ផស្សជាបច្ច័យ ធម្មជាតនោះក៏សូន្យចាកខ្លួន ឬចាកវត្ថុសម្រាប់ខ្លួន ត្រចៀកសូន្យ សំឡេងទាំងឡាយសូន្យ ច្រមុះសូន្យ ក្លិនទាំងឡាយសូន្យ អណ្តាតសូន្យ រសទាំងឡាយសូន្យ កាយសូន្យ ផ្សព្វទាំងឡាយសូន្យ មនៈសូន្យ ធម្មារម្មណ៍សូន្យ មនោវិញ្ញាណសូន្យ មនោសម្ផស្សសូន្យ មួយទៀត សូម្បីធម្មជាតសម្រាប់ទទួលអារម្មណ៍ណា ជាសុខ ឬជាទុក្ខ ឬមិនជាទុក្ខ មិនជាសុខ កើតឡើងព្រោះមនោសម្ផស្សជាបច្ច័យ ធម្មជាតនោះ ក៏សូន្យចាកខ្លួន ឬចាកវត្ថុសម្រាប់ខ្លួន ម្នាលអានន្ទ ព្រោះហេតុតែធម្មជាតសូន្យចាកខ្លួន ឬចាកវត្ថុសម្រាប់ខ្លួន ទើបតថាគតពោលថា លោកសូន្យ។ បុគ្គលសំឡឹងឃើញលោក ដោយសភាពជារបស់សូន្យ យ៉ាងនេះឯង។

ម្នាលគាមិណិ កាលបុគ្គលឃើញតាមពិត នូវការកើតឡើងនៃធម៌ដ៏បរិសុទ្ធ និងការជាប់តនៃសង្ខារដ៏បរិសុទ្ធ ភ័យនោះមិនមានទេ កាលណាបុគ្គលឃើញលោក ថាស្មើគ្នានឹងស្មៅ ឬឈើ ដោយប្រាជ្ញា បុគ្គលមិនគប្បីប្រាថ្នារបស់ដទៃណាមួយឡើយ វៀរលែងតែព្រះនិព្វានដែលមិនមានបដិសន្ធិ។

បុគ្គលសំឡឹងឃើញលោក ដោយសភាពជារបស់សូន្យ យ៉ាងនេះឯង។

មួយទៀត ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ យ៉ាងនេះមែនហើយ ភិក្ខុស្វែងរករូប រហូតដល់ដំណើររបស់រូប ស្វែងរកវេទនា រហូតដល់ដំណើររបស់វេទនា ស្វែងរកសញ្ញា រហូតដល់ដំណើររបស់សញ្ញា ស្វែងរកសង្ខារទាំងឡាយ រហូតដល់ដំណើររបស់សង្ខារទាំងឡាយ ស្វែងរកវិញ្ញាណ រហូតដល់ដំណើររបស់វិញ្ញាណ កាលភិក្ខុនោះ ស្វែងរករូប រហូតដល់ដំណើររបស់រូប ស្វែងរកវេទនា រហូតដល់ដំណើររបស់វេទនា ស្វែងរកសញ្ញា រហូតដល់ដំណើររបស់សញ្ញា ស្វែងរកសង្ខារទាំងឡាយ រហូតដល់ដំណើររបស់សង្ខារទាំងឡាយ ស្វែងរកវិញ្ញាណ រហូតដល់ដំណើររបស់វិញ្ញាណ សេចក្តីប្រកាន់ណា របស់ភិក្ខុណាថា អញក្តី របស់អញក្តី អញមានក្តី សូម្បីសេចក្តីប្រកាន់នោះ របស់ភិក្ខុនោះ ក៏មិនមានទេ។ បុគ្គលសំឡឹងឃើញលោក ដោយសភាពជារបស់សូន្យ យ៉ាងនេះឯង។

ពាក្យថា អ្នកចូរសំឡឹងឃើញលោក ដោយសភាពជារបស់សូន្យ គឺអ្នកចូរសំឡឹងមើល ចូរពិចារណា ចូរប្រៀបផ្ទឹម ចូររំពឹង ចូរធ្វើឲ្យប្រាកដ ចូរធ្វើឲ្យច្បាស់លាស់ នូវលោក ដោយសភាពជារបស់សូន្យ ហេតុនោះ (ទ្រង់ត្រាស់ថា) អ្នកចូរសំឡឹងឃើញលោក ដោយសភាពជារបស់សូន្យ។

[៧៤] ពាក្យថា មោឃរាជ របស់បទថា ម្នាលមោឃរាជ អ្នកចូរមានស្មារតីគ្រប់កាល គឺ ព្រះមានព្រះភាគ ត្រាស់ហៅព្រាហ្មណ៍នោះចំឈ្មោះ។ ពាក្យថា គ្រប់កាល គឺ អស់កាលទាំងពួង។បេ។ ក្នុងគំនរវ័យជាបំផុត។ ពាក្យថា មានស្មារតី គឺ មានស្មារតីដោយហេតុ ៤ គឺ កំពុងចំរើនកាយានុបស្សនាសតិប្បដ្ឋានក្នុងកាយ ឈ្មោះថាមានស្មារតី។បេ។ បុគ្គលនោះ លោកហៅថា មានស្មារតី ហេតុនោះ (ទ្រង់ត្រាស់ថា) ម្នាលមោឃរាជ អ្នកចូរមានស្មារតីគ្រប់កាល។

[៧៥] ពាក្យថា បុគ្គលដកអត្តានុទិដ្ឋិចេញ អធិប្បាយថា សក្កាយទិដ្ឋិ មានវត្ថុ ២០ លោកហៅថា អត្តានុទិដ្ឋិ។ បុថុជ្ជន អ្នកមិនចេះដឹងក្នុងលោកនេះ មិនឃើញពួកព្រះអរិយៈ មិនឈ្លាសវៃចំពោះអរិយធម៌ មិនបានទូន្មានខ្លួនក្នុងអរិយធម៌ មិនឃើញពួកសប្បុរស មិនឈ្លាសវៃចំពោះសប្បុរិសធម៌ មិនបានទូន្មានខ្លួនក្នុងសប្បុរិសធម៌ រមែងពិចារណាឃើញនូវរូបថាខ្លួន នូវខ្លួនថាមានរូបខ្លះ នូវរូបក្នុងខ្លួនខ្លះ នូវខ្លួនក្នុងរូបខ្លះ ពិចារណាឃើញនូវវេទនា សញ្ញា សង្ខារ វិញ្ញាណថាខ្លួន នូវខ្លួនថាមានវិញ្ញាណខ្លះ នូវវិញ្ញាណក្នុងខ្លួនខ្លះ នូវខ្លួនក្នុងវិញ្ញាណខ្លះ សេចក្តីឃើញ សេចក្តីយល់ ការប្រកាន់តាមយល់ ផ្លូវដាច់ស្រយាលគឺទិដ្ឋិ សត្រូវគឺទិដ្ឋិ ការញាប់ញ័រគឺទិដ្ឋិ សំយោជនៈគឺទិដ្ឋិ ការប្រកាន់ ការប្រកាន់មាំ ការប្រកាន់ស្អិត ការបបោសអង្អែល ផ្លូវអាក្រក់ ផ្លូវខុស សេចក្តីខុស លទិ្ធដូចជាកំពង់ ការប្រកាន់ឆ្វេង ការប្រកាន់ឃ្លៀងឃ្លាត ការប្រកាន់វិបល្លាស ការប្រកាន់ខុស ការប្រកាន់ថាពិតក្នុងរបស់មិនពិត ទិដ្ឋិ ៦២ ទាំងប៉ុន្មានយ៉ាងនេះឯណា នេះជាអត្តានុទិដ្ឋិ។ ពាក្យថា បុគ្គលដកអត្តានុទិដ្ឋិចេញ គឺដក ដករំលើង ភើច ភើចរំលើង គាស់ គាស់រំលើង លះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ឲ្យដល់នូវការមិនមានបែបភាពនៃអត្តានុទិដ្ឋិ ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលដកអត្តានុទិដ្ឋិចេញ។

[៧៦] ពាក្យថា ទើបឆ្លងផុតចាកមច្ចុយ៉ាងនេះ គឺនឹងឆ្លងចាកមច្ចុផង ឆ្លងចាកជរាផង ឆ្លង ឆ្លងឡើង ឆ្លងរំលង ប្រព្រឹត្តកន្លងមរណៈផង យ៉ាងនេះ ហេតុនោះ (ទ្រង់ត្រាស់ថា) ទើបឆ្លងផុតចាកមច្ចុ យ៉ាងនេះ។

[៧៧] ពាក្យថា បុគ្គលសំឡឹងឃើញនូវលោកយ៉ាងនេះ គឺបុគ្គលកំពុងសំឡឹងមើល ពិចារណា ប្រៀបផ្ទឹម ត្រិះរិះ ធ្វើឲ្យច្បាស់ ធ្វើឲ្យប្រាកដនូវលោក យ៉ាងនេះ ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលសំឡឹងឃើញលោក យ៉ាងនេះ។

[៧៨] ពាក្យថា មច្ចុរាជទើបមិនឃើញ អធិប្បាយថា មារ ឈ្មោះថាមច្ចុរាជ សេចក្តីស្លាប់ ឈ្មោះថា មច្ចុរាជ។ ពាក្យថា មិនឃើញ គឺមច្ចុរាជមិនឃើញ មិនយល់ មិនជួបប្រទះ មិនបាន មិនបានចំពោះ។ ដូចព្រះពុទ្ធដីកាដែលព្រះមានព្រះភាគត្រាស់ហើយនេះថា ម្នាលភិក្ខុទាំងឡាយ ដូចម្រឹគដែលនៅក្នុងព្រៃ ត្រាច់ទៅក្នុងព្រៃធំ រមែងដើរឥតរង្កៀស ឈរឥតរង្កៀស អង្គុយឥតរង្កៀស ដេកឥតរង្កៀស ដំណើរនោះ ព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ព្រោះម្រឹគនុ៎ះ មិននៅក្នុងគន្លងរបស់ព្រាន យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាកអកុសលធម៌ទាំងឡាយ ហើយចូលបឋមជ្ឈាន ដែលមានវិតក្កៈ និងវិចារៈ មានបីតិ និងសុខ ដែលកើតអំពីសេចក្តីស្ងប់ស្ងាត់ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះ តថាគតហៅថា បានធ្វើមារឲ្យខ្វាក់ សម្លាប់មិនឲ្យមានស្នាមជើង ដល់នូវការមិនឃើញដោយភ្នែកនៃមារដែលមានចិត្តបាប ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុព្រោះរម្ងាប់វិតក្កៈ និងវិចារៈ ចូលទុតិយជ្ឈាន ជាធម្មជាតកើតមានក្នុងសន្ដាន ប្រកបដោយសេចក្តីជ្រះថ្លា មានសភាពជាចិត្តខ្ពស់ឯក មិនមានវិតក្កៈ និងវិចារៈ មានតែបីតិ និងសុខដែលកើតអំពីសមាធិ ចូលតតិយជ្ឈាន ចតុត្ថជ្ឈាន ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះ តថាគតហៅថា បានធ្វើនូវមារឲ្យខ្វាក់ សម្លាប់មិនឲ្យមានស្នាមជើង ដល់នូវការមិនឃើញដោយភ្នែកនៃមារដែលមានចិត្តបាប ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុព្រោះកន្លងរូបសញ្ញាដោយសព្វគ្រប់ ធ្វើបដិឃសញ្ញាឲ្យវិនាស មិនធ្វើទុកក្នុងចិត្តនូវនានត្តសញ្ញា ហើយចូលអាកាសានញ្ចាយតនៈដោយបរិកម្មថា អាកាសមិនមានទីបំផុត ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះ តថាគតហៅថា បានធ្វើមារឲ្យខ្វាក់ សម្លាប់មិនឲ្យមានស្នាមជើង ដល់នូវការមិនឃើញដោយភ្នែកនៃមារដែលមានចិត្តបាប ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុកន្លងអាកាសានញ្ចាយតនៈដោយសព្វគ្រប់ ហើយចូលវិញ្ញាណញ្ចាយតនៈដោយបរិកម្មថា វិញ្ញាណមិនមានទីបំផុត កន្លងវិញ្ញាណញ្ចាយតនៈដោយសព្វគ្រប់ ហើយចូលអាកិញ្ចញ្ញាយតនៈដោយបរិកម្មថា អ្វីតិចតួចមិនមាន កន្លងអាកិញ្ចញ្ញាយតនៈដោយសព្វគ្រប់ ហើយចូលនេវសញ្ញានាសញ្ញាយតនៈ កន្លងនេវសញ្ញានាសញ្ញាយតនៈដោយសព្វគ្រប់ ហើយចូលសញ្ញាវេទយិតនិរោធ លុះភិក្ខុនោះបានឃើញដោយប្រាជ្ញា អាសវៈទាំងឡាយក៏អស់រលីង ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះ តថាគតហៅថា បានធ្វើមារឲ្យខ្វាក់ សម្លាប់មិនឲ្យមានស្នាមជើង ដល់នូវការមិនឃើញដោយភ្នែកនៃមារដែលមានចិត្តបាប ឆ្លងតណ្ហាឈ្មោះវិសត្តិកាក្នុងលោកបាន ភិក្ខុនោះ រមែងដើរឥតរង្កៀស ឈរឥតរង្កៀស អង្គុយឥតរង្កៀស ដេកឥតរង្កៀស ដំណើរនោះ ព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ព្រោះថា ភិក្ខុនោះមិននៅក្នុងគន្លងរបស់មារមានចិត្តបាប ក៏យ៉ាងនោះដែរ ហេតុនោះ (ទ្រង់ត្រាស់ថា) មច្ចុរាជ ទើបមិនឃើញ។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា

ម្នាលមោឃរាជ អ្នកចូរមានស្មារតីគ្រប់កាល សំឡឹងឃើញលោកដោយសភាពជារបស់សូន្យ (ព្រោះ) បុគ្គលដកអត្តានុទិដ្ឋិចេញ ទើបឆ្លងផុតចាកមច្ចុ បុគ្គលសំឡឹងឃើញលោកយ៉ាងនេះ មច្ចុរាជទើបមិនឃើញ។

ព្រមដោយការចប់គាថា។បេ។ បពិត្រព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគជាសាស្ដារបស់ខ្ញុំព្រះអង្គ ខ្ញុំព្រះអង្គសូមជាសាវ័ក។

ចប់ មោឃរាជមាណវកប្បញ្ហានិទ្ទេស ទី១៥។

បិង្គិយមាណវកប្បញ្ហានិទេ្ទស ទី១៦

(១៦. បិង្គិយមាណវបុច្ឆា)

[៧៩] (បិង្គិយៈមានអាយុ ក្រាបទូលដូច្នេះថា)

ខ្ញុំព្រះអង្គជាមនុស្សគ្រាំគ្រា មានកំឡាំងខ្សោយ ប្រាសចាកសម្បុរ ទាំងភ្នែកក៏មិនស្អាត ការស្ដាប់1) ក៏មិនស្រួល សូមកុំឲ្យខ្ញុំព្រះអង្គជាបុគ្គលវង្វេង ខូចក្នុងចន្លោះឡើយ ខ្ញុំព្រះអង្គគប្បីដឹងធម៌ណា ដែលជាគ្រឿងលះបង់ជាតិ និងជរា ក្នុងទីនេះ សូមព្រះអង្គត្រាស់ប្រាប់ធម៌នោះឲ្យទាន។

[៨០] ពាក្យថា ខ្ញុំព្រះអង្គជាមនុស្សគ្រាំគ្រា មានកំឡាំងខ្សោយ ប្រាសចាកសម្បុរ គឺជាមនុស្សគ្រាំគ្រាចម្រើនហើយ មានអាយុច្រើន រស់នៅបានយូរឆ្នាំមកហើយ មានវ័យដល់ហើយតាមលំដាប់ មានអាយុ ១២០ ឆ្នាំ អំពីកំណើត។ ពាក្យថា មានកំឡាំងខ្សោយ គឺមានកំឡាំងថយ មានកំឡាំងកាយតិច មានកំឡាំងចិត្តតិច។ ពាក្យថា ប្រាសចាកសម្បុរ គឺប្រាសចាកសម្បុរ បាត់សម្បុរ ពន្លឺសម្បុរដ៏ល្អណា មានក្នុងកាលមុន ពន្លឺសម្បុរដ៏ល្អនោះ បាត់ទៅ ទោសក៏កើតប្រាកដ ហេតុនោះ (លោកពោលថា) ខ្ញុំព្រះអង្គជាមនុស្សគ្រាំគ្រា មានកំឡាំងខ្សោយ ប្រាសចាកសម្បុរ។ ពាក្យថា បិង្គិយៈមានអាយុក្រាបទូលដូច្នេះ ត្រង់ពាក្យថា ដូច្នេះ គឺជាការតបទ។ ពាក្យថា មានអាយុ គឺពាក្យជាទីស្រឡាញ់។ ពាក្យថា បិង្គិយៈ ជាឈ្មោះ។បេ។ ជាពាក្យសម្រាប់ហៅព្រាហ្មណ៍នោះ ហេតុនោះ (ទើបមានពាក្យថា) បិង្គិយៈមានអាយុ ក្រាបទូលដូច្នេះ។

[៨១] ពាក្យថា ភ្នែកមិនស្អាត ការស្ដាប់មិនស្រួល គឺភ្នែកទាំងពីរមិនស្អាត មិនម៉ត់ចត់ មិនបរិសុទ្ធ មិនផូរផង់ គឺខ្ញុំព្រះអង្គមិនឃើញរូបដោយភ្នែក ដោយប្រការដូច្នោះ ហេតុនោះ (លោកពោលថា) ភ្នែកមិនស្អាត។ ពាក្យថា ការស្ដាប់មិនស្រួល គឺត្រចៀកមិនស្អាត មិនម៉ត់ចត់ មិនបរិសុទ្ធ មិនផូរផង់ គឺខ្ញុំព្រះអង្គមិនឮសំឡេងដោយត្រចៀក ដោយប្រការដូច្នោះ ហេតុនោះ (លោកពោលថា) ភ្នែកមិនស្អាត ការស្ដាប់មិនស្រួល។

[៨២] ពាក្យថា សូមកុំឲ្យខ្ញុំព្រះអង្គជាបុគ្គលវង្វេង ខូចក្នុងចន្លោះឡើយ គឺសូមកុំឲ្យខ្ញុំព្រះអង្គលាញ ខូច វិនាសឡើយ។ ពាក្យថា ជាបុគ្គលវង្វេង គឺជាបុគ្គលមិនយល់ ដល់នូវសេចក្តីល្ងង់ខ្លៅ មិនដឹង មិនវាងវៃ ឥតប្រាជ្ញា។ ពាក្យថា ក្នុងចន្លោះ គឺខ្ញុំព្រះអង្គមិនដឹង មិនធ្វើឲ្យជាក់ច្បាស់ មិនធ្វើឲ្យប្រាកដ មិនបានចំពោះ មិនពាល់ត្រូវ មិនធ្វើឲ្យជាក់ច្បាស់នូវធម៌ ទិដ្ឋិ បដិបទា មគ្គ របស់ព្រះអង្គ ហើយធ្វើមរណកាលក្នុងចន្លោះ ហេតុនោះ (លោកពោលថា) សូមកុំឲ្យខ្ញុំព្រះអង្គជាបុគ្គលវង្វេង ខូចក្នុងចន្លោះឡើយ។

[៨៣] អធិប្បាយពាក្យថា ខ្ញុំព្រះអង្គគប្បីដឹងធម៌ណា សូមព្រះអង្គត្រាស់ប្រាប់ធម៌នោះ ត្រង់ពាក្យថា សូមព្រះអង្គត្រាស់ប្រាប់ធម៌នោះ គឺសូមព្រះអង្គប្រាប់ សំដែង បញ្ញត្ត តាំងផ្ដើម បើក វែកញែក ធ្វើឲ្យរាក់ ប្រកាសនូវព្រហ្មចរិយៈ មានពីរោះបទដើម ពីរោះបទកណ្តាល ពីរោះបទចុង ព្រមទាំងអត្ថ ព្រះទាំងព្យញ្ជនៈដ៏ពេញបរិបូណ៌ បរិសុទ្ធទាំងអស់ សតិប្បដ្ឋាន ៤ សម្មប្បធាន ៤ ឥទ្ធិបាទ ៤ ឥន្រ្ទិយ ៥ ពលៈ ៥ ពោជ្ឈង្គ ៧ មគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរ និព្វាន និងនិព្វានគាមិនីបដិបទា ហេតុនោះ (លោកពោលថា) សូមព្រះអង្គត្រាស់ប្រាប់ធម៌នោះ។ ពាក្យថា ខ្ញុំព្រះអង្គគប្បីដឹងធម៌ណា គឺខ្ញុំព្រះអង្គគប្បីដឹង យល់ច្បាស់ ដឹងច្បាស់លាស់ ចាក់ធ្លុះចំពោះ បានលុះ ពាល់ត្រូវ ធ្វើឲ្យជាក់ច្បាស់នូវធម៌ណា ហេតុនោះ (លោកពោលថា) ខ្ញុំព្រះអង្គគប្បីដឹងធម៌ណា សូមព្រះអង្គត្រាស់ប្រាប់ធម៌នោះ។

[៨៤] ពាក្យថា ជាគ្រឿងលះបង់ជាតិ និងជរា ក្នុងទីនេះ គឺការលះបង់ រម្ងាប់បង់ រលាស់ចោល រម្ងាប់នូវជាតិ ជរា និងមរណៈ ក្នុងទីនេះឯង គឺអមតនិពា្វន ហេតុនោះ (លោកពោលថា) ជាគ្រឿងលះបង់ជាតិ និងជរា ក្នុងទីនេះ។ ហេតុនោះ ព្រាហ្មណ៍នោះ ពោលថា

(បិង្គិយៈមានអាយុ ក្រាបទូលដូច្នេះថា)

ខ្ញុំព្រះអង្គជាមនុស្សគ្រាំគ្រា មានកម្លាំងខ្សោយ ប្រាសចាកសម្បុរ ទាំងភ្នែកក៏មិនស្អាត ការស្ដាប់ក៏មិនស្រួល សូមកុំឲ្យខ្ញុំព្រះអង្គជាបុគ្គលវង្វេង ខូចក្នុងចន្លោះឡើយ ខ្ញុំព្រះអង្គគប្បីដឹងធម៌ណា ដែលជាគ្រឿងលះបង់ជាតិ និងជរា ក្នុងទីនេះ សូមព្រះអង្គត្រាស់ប្រាប់ធម៌នោះឲ្យទាន។

[៨៥] (ព្រះមានព្រះភាគត្រាស់ថា ម្នាលបិង្គិយៈ)

ពួកជនដែលប្រហែស ឃើញសត្វទាំងឡាយកំពុងលំបាកព្រោះរូប ក៏លំបាកព្រោះរូប ម្នាលបិង្គិយៈ ហេតុនោះ អ្នកចូរជាបុគ្គលមិនប្រហែស លះបង់រូបទៅ ដើម្បីការមិនកើតទៀត។

[៨៦] អធិប្បាយពាក្យថា ឃើញសត្វទាំងឡាយកំពុងលំបាកព្រោះរូប ត្រង់ពាក្យថា រូប បានដល់មហាភូតរូបបួនផង រូបដែលអាស្រ័យនឹងមហាភូតរូបបួនផង។ សត្វទាំងឡាយលំបាក ឈឺចាប់ ក្តៅក្រហាយ ចង្អៀតចង្អល់ ព្រោះហេតុនៃរូប ព្រោះរូបជាបច្ច័យ ព្រោះដំណើរនៃរូប កាលបើរូបមាន សត្វទាំងឡាយ ត្រូវគេធ្វើនូវកម្មការណ៍ផ្សេងៗ គឺ វាយដោយរំពាត់ខ្លះ វាយដោយផ្តៅខ្លះ វាយដោយកំណាត់ឈើខ្លះ កាត់ដៃខ្លះ កាត់ជើងខ្លះ កាត់ដៃ និងជើងខ្លះ កាត់ត្រចៀកខ្លះ កាត់ច្រមុះខ្លះ កាត់ត្រចៀក និងច្រមុះខ្លះ ធ្វើពិលង្គថាលិកកម្ម2) ខ្លះ ធ្វើសង្ខមុណ្ឌកកម្ម3) ខ្លះ ធ្វើរាហុមុខកម្ម4) ខ្លះ ធ្វើជោតិមាលិកកម្ម5) ខ្លះ ធ្វើហត្ថប្បជ្ជោតិកកម្ម6) ខ្លះ ធ្វើឯរកវត្តិកកម្ម7) ខ្លះ ធ្វើចិរកវាសិកកម្ម8) ខ្លះ ធ្វើឯណេយ្យកកម្ម9) ខ្លះ ធ្វើពលិសមំសិកកម្ម10) ខ្លះ ធើ្វកហាបណិកកម្ម11) ខ្លះ ធ្វើខារាបតច្ឆិកកម្ម12) ខ្លះ ធ្វើបលិឃបរិវត្តិកកម្ម13) ខ្លះ ធ្វើបលាលបីឋកកម្ម14) ខ្លះ ស្រោចដោយប្រេងដែលក្តៅខ្លះ ឲ្យឆ្កែខាំខ្លះ ឲ្យដេកផ្ងារលើឈើអណ្តោតទាំងរស់ខ្លះ កាត់ក្បាលដោយដាវខ្លះ។ សត្វទាំងឡាយលំបាក ឈឺចាប់ ក្តៅក្រហាយ ចង្អៀតចង្អល់ព្រោះរូបជាហេតុ ព្រោះរូបជាបច្ច័យ ព្រោះរូបជាដំណើរ ដោយប្រការយ៉ាងនេះ។ ឃើញ ចួប ពិចារណា ត្រិះរិះ សំដែង ធ្វើឲ្យប្រាកដនូវសត្វទាំងឡាយ កំពុងលំបាក ក្តៅក្រហាយយ៉ាងនេះ ហេតុនោះ (ទ្រង់ត្រាស់ថា) ឃើញសត្វទាំងឡាយកំពុងលំបាកព្រោះរូប។ ពាក្យថា ម្នាលបិង្គិយៈ ក្នុងបទថា ព្រះមានព្រះភាគត្រាស់ថា ម្នាលបិង្គិយៈ គឺព្រះមានព្រះភាគត្រាស់ហៅព្រាហ្មណ៍នោះចំឈ្មោះ។ ពាក្យថា ព្រះមានព្រះភាគនុ៎ះ ជាពាក្យពោលដោយគោរព។បេ។ បញ្ញត្តិថា ព្រះមានព្រះភាគនេះ ហេតុនោះ (មានពាក្យថា) ព្រះមានព្រះភាគត្រាស់ថា ម្នាលបិង្គិយៈ។

[៨៧] អធិប្បាយពាក្យថា ពួកជនដែលប្រហែស ក៏លំបាកព្រោះរូប ត្រង់ពាក្យថា លំបាក គឺលំបាក កម្រើក បៀតបៀន ខ្ទាំងខ្ទប់ ខ្លាច ដល់នូវទោមនស្ស ដោយរោគក្នុងភ្នែក លំបាក កម្រើក បៀតបៀន ខ្ទាំងខ្ទប់ ខ្លាច ដល់នូវទោមនស្ស ដោយរោគក្នុងត្រចៀក។បេ។ លំបាក កម្រើក បៀតបៀន ខ្ទាំងខ្ទប់ ខ្លាច ដល់នូវទោមនស្ស ដោយសម្ផស្សនៃរបោម មូស ខ្យល់ កំដៅថ្ងៃ សត្វលូន ហេតុនោះ (ទ្រង់ត្រាស់ថា) ក៏លំបាកព្រោះរូប។ មួយទៀត សត្វទាំងឡាយ កាលបើភ្នែកសាបសូន្យ បាត់បង់ រលប់រលាយ វិនាស ទៅប្រាស អន្តរធាន ក៏លំបាក។បេ។ ដល់នូវទោមនស្ស សត្វទាំងឡាយ កាលត្រចៀក ច្រមុះ អណ្តាត កាយ រូប សំឡេង ក្លិន រស ផ្សព្វ ត្រកូល ពួក អាវាស លាភ យស សេចក្តីសរសើរ សុខ ចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ សាបសូន្យ បាត់បង់ រលប់រលាយ វិនាស ទៅប្រាស អន្តរធាន លំបាក កម្រើក ត្រូវសេចក្តីវិនាសបៀតបៀន ខ្ទាំងខ្ទប់ ខ្លាច ដល់នូវទោមនស្ស ហេតុនោះ (ទ្រង់ត្រាស់ថា) ក៏លំបាកព្រោះរូប យ៉ាងនេះក៏បាន។ ពាក្យថា ពួកជន បានដល់ពួកក្សត្រ ព្រាហ្មណ៍ អ្នកជំនួញ អ្នកគ្រួ គ្រហស្ថ បព្វជិត ទេវតា មនុស្ស។ ពាក្យថា ប្រហែស គឺការប្រហែស ខ្ញុំត្រូវពោលដូចតទៅនេះ ការបណ្ដោយចិត្ត ការផ្តល់កម្លាំងដល់ការបណ្ដោយចិត្តទៅក្នុងកាយទុច្ចរិត ក្នុងវចីទុច្ចរិត ក្នុងមនោទុច្ចរិត ឬក្នុងកាមគុណទាំង ៥ ក្តី ភាពនៃកិរិយាមិនធើ្វរឿយៗ ភាពនៃកិរិយាមិនតាំងនៅ ភាពនៃកិរិយាប្រព្រឹត្តធូរថយ ការដាក់ចុះនូវឆន្ទៈ ការដាក់ចុះនូវធុរៈ ការមិនសេព ការមិនចម្រើន ការមិនធ្វើឲ្យច្រើន ការមិនអធិដ្ឋាន ការមិនប្រកបរឿយៗ ក្នុងការចម្រើនធម៌ជាកុសលក្តី ឈ្មោះថា ការប្រហែស សេចក្តីធ្វេសប្រហែស ការបណ្ដែតបណ្ដោយ ភាពនៃសេចក្តីភ្លេចភ្លាំង ដែលមានសភាពយ៉ាងនេះឯណា នេះលោកហៅថា ការប្រហែស។ ពួកជនប្រកបដោយសេចក្តីប្រហែសនេះ ឈ្មោះថា អ្នកប្រហែស ហេតុនោះ (ទ្រង់ត្រាស់ថា) ពួកជនប្រហែស ក៏លំបាកព្រោះរូប។

[៨៨] ពាក្យថា ម្នាលបិង្គិយៈ ព្រោះហេតុនោះ អ្នកចូរជាបុគ្គលមិនប្រហែស ត្រង់ពាក្យថា ព្រោះហេតុនោះ គឺព្រោះហេតុដូច្នោះ ព្រោះការណ៍នោះ ព្រោះហេតុនោះ ព្រោះបច្ច័យនោះ ព្រោះនិទាននោះ បុគ្គលកាលឃើញច្បាស់នូវទោសក្នុងរូបយ៉ាងនេះ ហេតុនោះ (ទ្រង់ត្រាស់ថា) ម្នាលបិង្គិយៈ ហេតុនោះ អ្នក (ចូរជាបុគ្គលមិនប្រហែស)។ ពាក្យថា ចូរជាបុគ្គលមិនប្រហែស គឺធើ្វដោយគោរព ធ្វើឲ្យរឿយៗ។បេ។ មិនប្រហែសក្នុងកុសលធម៌ទាំងឡាយ ហេតុនោះ (ទ្រង់ត្រាស់ថា) ម្នាលបិង្គិយៈ ហេតុនោះ អ្នកចូរជាបុគ្គលមិនប្រហែស។

[៨៩] អធិប្បាយពាក្យថា ចូរលះបង់រូប ដើម្បីការមិនកើតទៀត ត្រង់ពាក្យថា រូប បានដល់មហាភូតរូប ៤ និងរូបអាស្រ័យមហាភូតរូប ៤។ ពាក្យថា ចូរលះបង់រូប គឺចូរលះបង់រូប ចូរចោលរូប ចូរបន្ទោបង់រូប ចូរធើ្វឲ្យវិនាសរូប ចូរឲ្យរូបវិនាស ហេតុនោះ (ទ្រង់ត្រាស់ថា) ចូរលះបង់រូប។ ពាក្យថា ដើម្បីការមិនឲ្យកើតទៀត អធិប្បាយថា រូបរបស់អ្នក គប្បីរលត់ក្នុងភពនេះ យ៉ាងណា បដិសន្ធិភព មិនគប្បីកើតទៀត ក្នុងកាមធាតុក្តី ក្នុងរូបធាតុក្តី ក្នុងអរូបធាតុក្តី ក្នុងកាមភពក្តី ក្នុងរូបភពក្តី ក្នុងអរូបភពក្តី ក្នុងសញ្ញាភពក្តី ក្នុងអសញ្ញាភពក្តី ក្នុងនេវសញ្ញានាសញ្ញាភពក្តី ក្នុងឯកវោការភពក្តី ក្នុងចតុវោការភពក្តី ក្នុងបញ្ចវោការភពក្តី គឺមិនគប្បីកើត មិនគប្បីបង្កើត មិនគប្បីកកើត មិនគប្បីកើតចំពោះទៀត ក្នុងគតិក្តី ក្នុងឧបបត្តិក្តី ក្នុងបដិសន្ធិក្តី ក្នុងសំសារក្តី ក្នុងវដ្តៈក្តី គឺថា គប្បីរលត់ ស្ងប់រម្ងាប់ ដល់នូវការតាំងនៅមិនបាន រម្ងាប់ចំពោះ ក្នុងភពនេះឯង ក៏យ៉ាងនោះដែរ ហេតុនោះ (ទ្រង់ត្រាស់ថា) ចូរលះបង់រូប ដើម្បីការមិនកើតទៀត។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា

(ព្រះមានព្រះភាគត្រាស់ថា ម្នាលបិង្គិយៈ)

ពួកជនដែលប្រហែស ឃើញសត្វទាំងឡាយកំពុងលំបាកព្រោះរូប ក៏លំបាកព្រោះរូប ម្នាលបិង្គិយៈ ហេតុនោះ អ្នកចូរជាបុគ្គលមិនប្រហែស លះបង់រូបទៅ ដើម្បីការមិនកើតទៀត។

[៩០]

ទិសទាំង ១០ នេះ គឺ ទិសធំ ៤ ទិសតូច ៤ ទិសខាងលើ ១ ទិសខាងក្រោម ១ របស់អ្វីបន្តិចបន្តួច ឈ្មោះថា ព្រះអង្គមិនធ្លាប់ឃើញ មិនធ្លាប់ឮ មិនធ្លាប់ប៉ះពាល់ មិនមានទេ មួយទៀត របស់អ្វីបន្តិចបន្តួចក្នុងលោក ឈ្មោះថា ព្រះអង្គមិនធ្លាប់ជ្រាប មិនមានទេ ខ្ញុំព្រះអង្គគប្បីដឹងធម៌ណា ដែលជាគ្រឿងលះបង់ជាតិ និងជរា ក្នុងទីនេះ សូមព្រះអង្គត្រាស់ប្រាប់ធម៌នោះឲ្យទាន។

[៩១] ពាក្យថា ទិសទាំង ១០ នេះ គឺ ទិសធំ ៤ ទិសតូច ៤ ទិសខាងលើ ១ ទិសខាងក្រោម ១ សេចក្តីថា ក្នុងទិសទាំង ១០ របស់អ្វីបន្តិចបន្តួច ដែលជាប្រយោជន៍ខ្លួនក្តី ប្រយោជន៍អ្នកដទៃក្តី ប្រយោជន៍ទាំងពីរក្តី ប្រយោជន៍ប្រព្រឹត្តទៅក្នុងបច្ចុប្បន្នក្តី ប្រយោជន៍ប្រព្រឹត្តទៅក្នុងលោកខាងមុខក្តី។បេ។ ប្រយោជន៍ដ៏ឧត្តមក្តី ឈ្មោះថា ព្រះអង្គមិនធ្លាប់ឃើញ មិនធ្លាប់ឮ មិនធ្លាប់ប៉ះពាល់ មិនធ្លាប់ជ្រាប មិនមាន គ្មាន ឥតអង្គឺមាន គឺថា មិនទាន់បានទេ ហេតុនោះ (លោកពោលថា) របស់អ្វីបន្តិចបន្តួច ឈ្មោះថា ព្រះអង្គមិនធ្លាប់ឃើញ មិនធ្លាប់ឮ មិនធ្លាប់ប៉ះពាល់ មិនមានទេ មួយទៀត របស់អ្វីបន្តិចបន្តួចក្នុងលោក ឈ្មោះថា ព្រះអង្គមិនធ្លាប់ជ្រាប មិនមានទេ។

[៩២] ពាក្យថា សូមព្រះអង្គត្រាស់ប្រាប់ធម៌ ក្នុងបទថា ខ្ញុំព្រះអង្គគប្បីដឹងធម៌ណា សូមព្រះអង្គត្រាស់ប្រាប់ធម៌នោះ គឺសូមព្រះអង្គប្រាប់ សំដែង បញ្ញត្តិ តាំងផ្តើម បើក វែកញែក ធើ្វឲ្យរាក់ ប្រកាសនូវធម៌ឲ្យមានពីរោះបទដើម។បេ។ និងនិព្វានគាមិនិបដិបទា ហេតុនោះ (លោកពោលថា) សូមព្រះអង្គត្រាស់ប្រាប់ធម៌នោះ។ ពាក្យថា ខ្ញុំព្រះអង្គគប្បីដឹងធម៌ណា គឺខ្ញុំព្រះអង្គគប្បីដឹង ដឹងច្បាស់ ដឹងជាក់ ចាក់ធ្លុះ ត្រាស់ដឹង ពាល់ត្រូវ ធ្វើឲ្យជាក់ច្បាស់ ហេតុនោះ (លោកពោលថា) ខ្ញុំព្រះអង្គគប្បីដឹងធម៌ណា សូមព្រះអង្គត្រាស់ប្រាប់ធម៌នោះ។

[៩៣] ពាក្យថា ជាគ្រឿងលះបង់ជាតិ និងជរា ក្នុងទីនេះ គឺការលះបង់ ការរម្ងាប់បង់ ការរលាស់ចោល ការរម្ងាប់នូវជាតិ ជរា និងមរណៈ គឺអមតនិពា្វន ក្នុងទីនេះឯង ហេតុនោះ (លោកពោលថា) ជាគ្រឿងលះបង់ជាតិ និងជរាក្នុងទីនេះ។ ហេតុនោះ ព្រាហ្មណ៍នោះ ពោលថា

ទិសទាំង ១០ នេះ គឺទិសធំ ៤ ទិសតូច ៤ ទិសខាងលើ ១ ទិសខាងក្រោម ១ របស់អ្វីបន្តិចបន្តួច ឈ្មោះថា ព្រះអង្គមិនធ្លាប់ឃើញ មិនធ្លាប់ឮ មិនធ្លាប់ប៉ះពាល់ មិនមានទេ មួយទៀត របស់អ្វីបន្តិចបន្តួចក្នុងលោក ឈ្មោះថា ព្រះអង្គមិនធ្លាប់ជ្រាប មិនមានទេ ខ្ញុំព្រះអង្គគប្បីដឹងធម៌ណា ដែលជាគ្រឿងលះបង់ជាតិ និងជរា ក្នុងទីនេះ សូមព្រះអង្គត្រាស់ប្រាប់ធម៌នោះឲ្យទាន។

[៩៤] (ព្រះមានព្រះភាគត្រាស់ថា ម្នាលបិង្គិយៈ)

អ្នកកាលបើសំឡឹងមើលនូវពួកមនុស្សដែលត្រូវតណ្ហាគ្របសង្កត់ ត្រូវសេចក្តីក្តៅក្រហាយកើតមាន ត្រូវជរាបៀតបៀន ម្នាលបិង្គិយៈ អ្នកនឹងទៅជាបុគ្គលមិនប្រហែស ព្រោះការឃើញនោះ ហេតុនេះ អ្នកចូរលះបង់តណ្ហា ដើម្បីការមិនកើតទៀត។

[៩៥] ពាក្យថា អ្នកកាលបើសំឡឹងមើលនូវពួកមនុស្ស ដែលត្រូវតណ្ហាគ្របសង្កត់ ត្រង់ពាក្យថា តណ្ហា បានដល់ រូបតណ្ហា សទ្ទតណ្ហា គន្ធតណ្ហា រសតណ្ហា ផោដ្ឋព្វតណ្ហា ធម្មតណ្ហា។ ពាក្យថា ដែលត្រូវតណ្ហាគ្របសង្កត់ គឺ តណ្ហាគ្របសង្កត់ ទៅតាមតណ្ហា ទាសទៅតាមតណ្ហា ជ្រមុជចុះក្នុងតណ្ហា ត្រូវតណ្ហាគ្របសង្កត់ មានចិត្ត គឺតណ្ហារួបរឹត។ ពាក្យថា ពួកមនុស្ស គឺជាឈ្មោះនៃសត្វ។ ពាក្យថា កាលបើសំឡឹងមើល គឺកាលបើសំឡឹងមើល ក្រឡេកមើល រមិលមើល ពិនិត្យមើល ពិចារណាមើល (ហេតុនោះ) ទ្រង់ត្រាស់ថា អ្នកកាលបើសំឡឹងមើលពួកមនុស្ស ដែលត្រូវតណ្ហាគ្របសង្កត់។ ពាក្យថា ម្នាលបិង្គិយៈ គឺព្រះមានព្រះភាគត្រាស់ហៅព្រាហ្មណ៍ចំឈ្មោះ។

[៩៦] ពាក្យថា ត្រូវសេចក្តីក្តៅក្រហាយកើតមាន ត្រូវជរាបៀតបៀន ត្រង់ពាក្យថា ត្រូវសេចក្តីក្តៅក្រហាយកើតមាន គឺកើតសេចក្តីក្តៅក្រហាយព្រោះជាតិ កើតសេចក្តីក្តៅក្រហាយព្រោះជរា កើតសេចក្តីក្តៅក្រហាយព្រោះព្យាធិ កើតសេចក្តីក្តៅក្រហាយព្រោះមរណៈ កើតសេចក្តីក្តៅក្រហាយព្រោះសោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស និងសេចក្តីចង្អៀតចង្អល់ចិត្តទាំងឡាយ កើតសេចក្តីក្តៅក្រហាយព្រោះទុក្ខប្រព្រឹត្តទៅក្នុងនរក។បេ។ កើតសេចក្តីក្តៅក្រហាយ កើតមានចង្រៃ កើតមានឧបទ្រព កើតមានឧបសគ្គអំពីទុក្ខ ព្រោះវិនាសទិដ្ឋិ ហេតុនោះ (ទ្រង់ត្រាស់ថា) ត្រូវសេចក្តីក្តៅក្រហាយកើតមាន។ ពាក្យថា ត្រូវជរាបៀតបៀន គឺត្រូវជរាប៉ះពាល់ បៀតបៀន រួបរឹត ប្រព្រឹត្តទៅតាមជាតិ ទាសទៅដោយជរា ត្រូវព្យាធិគ្របសង្កត់ ត្រូវមរណៈកំចាត់ មិនមានទីពំនាក់ មិនមានទីជ្រក មិនមានទីពឹង មិនមានទីរំពឹង ហេតុនោះ (ទ្រង់ត្រាស់ថា) ត្រូវសេចក្តីក្តៅក្រហាយកើតមាន ត្រូវជរាបៀតបៀន។

[៩៧] ពាក្យថា ម្នាលបិង្គិយៈ អ្នកនឹងទៅជាបុគ្គលមិនប្រហែស ព្រោះការឃើញនោះ ត្រង់ពាក្យថា ព្រោះការឃើញនោះ គឺព្រោះហេតុនោះ ព្រោះដំណើរនោះ ព្រោះហេតុដូច្នោះ ព្រោះបច្ច័យនោះ ព្រោះនិទាននោះ បុគ្គលកាលបើឃើញទោសនៃតណ្ហាយ៉ាងនេះ ហេតុនោះ (ទ្រង់ត្រាស់ថា) ម្នាលបិង្គិយៈ អ្នក… ព្រោះការឃើញនោះ។ ពាក្យថា នឹងជាបុគ្គលមិនប្រហែស គឺនឹងជាបុគ្គលធើ្វដោយគោរព ធ្វើរឿយៗ។បេ។ មិនប្រហែសក្នុងកុសលធម៌ ហេតុនោះ (ទ្រង់ត្រាស់ថា) ម្នាលបិង្គិយៈ អ្នកនឹងជាបុគ្គលមិនប្រហែស ព្រោះការឃើញនោះ។

[៩៨] ពាក្យថា ចូរលះបង់តណ្ហា ដើម្បីការមិនកើតទៀត ត្រង់ពាក្យថា តណ្ហា បានដល់រូបតណ្ហា សទ្ទតណ្ហា គន្ធតណ្ហា រសតណ្ហា ផោដ្ឋព្វតណ្ហា ធម្មតណ្ហា។ ពាក្យថា ចូរលះបង់តណ្ហា គឺចូរលះបង់តណ្ហា បន្សាត់បង់តណ្ហា បន្ទោបង់តណ្ហា ធ្វើឲ្យវិនាសតណ្ហា ញុំាងតណ្ហាឲ្យដល់នូវការមិនកើតមាន ហេតុនោះ (ទ្រង់ត្រាស់ថា) ចូរលះបង់តណ្ហា។ ពាក្យថា ដើម្បីការមិនកើតទៀត គឺរូបរបស់អ្នក គប្បីរលត់ក្នុងទីនេះឯង យ៉ាងណា បដិសន្ធិភព មិនគប្បីកើតទៀត ក្នុងកាមធាតុក្តី រូបធាតុក្តី អរូបធាតុក្តី កាមភពក្តី រូបភពក្តី អរូបភពក្តី សញ្ញាភពក្តី អសញ្ញាភពក្តី នេវសញ្ញានាសញ្ញាភពក្តី ឯកវោការភពក្តី ចតុវោការភពក្តី បញ្ចវោការភពក្តី គឺមិនកើត មិនបង្កើត មិនកកើត មិនកើតចំពោះក្នុងគតិ ឧបបត្តិ បដិសន្ធិ សំសារ និងវដ្តៈទៀត គឺថា គប្បីរលត់ គប្បីចូលទៅរម្ងាប់ គប្បីដល់នូវការតាំងនៅមិនបាន គប្បីរម្ងាប់ចំពោះក្នុងភពនេះឯង ក៏យ៉ាងនោះឯង ហេតុនោះ (ទ្រង់ត្រាស់ថា) ចូរលះបង់តណ្ហា ដើម្បីការមិនកើតទៀត។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា

(ព្រះមានព្រះភាគត្រាស់ថា ម្នាលបិង្គិយៈ)

អ្នកកាលបើសំឡឹងមើលពួកមនុស្ស ដែលត្រូវតណ្ហាគ្របសង្កត់ ត្រូវសេចក្តីក្តៅក្រហាយកើតមាន ត្រូវជរាបៀតបៀន ម្នាលបិង្គិយៈ អ្នកនឹងទៅជាបុគ្គលមិនប្រហែស ព្រោះការឃើញនោះ ហេតុនេះ អ្នកចូរលះបង់តណ្ហា ដើម្បីការមិនកើតទៀត។

[៩៩] ក្នុងពេលដំណាលគ្នានឹងចប់ព្រះគាថា ពួកសត្វទាំងឡាយណា មានឆន្ទៈតែមួយ មានប្រយោគតែមួយ មានបំណងតែមួយ នៅដោយការនៅតែមួយ ជាមួយនឹងព្រាហ្មណ៍នោះ ធម្មចក្ខុ គឺសោតាបត្តិមគ្គ ប្រាសចាកធូលី ប្រាសចាកមន្ទិល កើតឡើងដល់ពាន់នៃសត្វទាំងឡាយដ៏ច្រើននោះថា ធម្មជាតណានីមួយ មានកិរិយាកើតឡើងជាធម្មតា ធម្មជាតទាំងអស់នោះ មានកិរិយារលត់ទៅវិញជាធម្មតា មួយទៀត ធម្មចក្ខុប្រាសចាកធូលី ប្រាសចាកមន្ទិល កើតឡើងដល់ព្រាហ្មណ៍នោះថា ធម្មជាតណាមួយ មានកិរិយាកើតឡើងជាធម្មតា ធម្មជាតទាំងអស់នោះ មានកិរិយារលត់ទៅវិញជាធម្មតា។ ស្បែកខ្លា ភ្នួងសក់ សំពត់សម្បកឈើ ឈើច្រត់ កុណ្ឌី សក់ និងពុកមាត់ បាត់ទៅក្នុងពេលដំណាលគ្នានឹងការបានចក្ខុ។ ព្រាហ្មណ៍នោះ ជាភិក្ខុមានភណ្ឌៈ និងសម្លៀកបំពាក់សំពត់កាសាយៈ ទ្រទ្រង់សង្ឃាដិ បាត្រ និងចីវរ អង្គុយប្រណម្យអញ្ជលី នមស្ការព្រះមានព្រះភាគ ដោយការសម្រេចប្រយោជន៍ដ៏សមគួរ បានពោលថា បពិត្រព្រះអង្គដ៏ចម្រើន ព្រះមានព្រះភាគជាគ្រូនៃខ្ញុំព្រះអង្គ ខ្ញុំព្រះអង្គសូមជាសាវ័ក។

ចប់ បិង្គិយមាណវកប្បញ្ហានិទេ្ទស ទី ១៦។

សោឡសមាណវកប្បញ្ហានិគមនិទ្ទេស

(១៧. បារាយនត្ថុតិគាថា)

[១០០]

ព្រះមានព្រះភាគ កាលគង់នៅនាបាសាណកចេតិយក្នុងមគធជនបទ ទ្រង់បានសំដែងធម៌នេះ កាលព្រាហ្មណ៍ទាំង ១៦ ជាអ្នកបំរើ (នៃពាវរីព្រាហ្មណ៍) អារាធនាសួរហើយៗ ព្រះអង្គក៏បានទ្រង់ដោះស្រាយប្រស្នា។

[១០១] ពាក្យថា ព្រះមានព្រះភាគ ទ្រង់បានសំដែងធម៌នេះ គឺបានសំដែងបារាយនៈនេះ។ ពាក្យថា ព្រះមានព្រះភាគ នុ៎ះជាពាក្យពោលដោយគោរព។បេ។ បញ្ញត្តិថា ព្រះមានព្រះភាគនេះ (កើត) ព្រោះការត្រាស់ដឹង ហេតុនោះ (លោកពោលថា) ព្រះមានព្រះភាគទ្រង់បានសំដែងធម៌នេះ។

[១០២] ពាក្យថា កាលគង់នៅក្នុងមគធជនបទ គឺក្នុងជនបទមានឈ្មោះថា មគធៈ។ ពាក្យថា កាលគង់នៅ គឺកាលឋិតនៅ ប្រព្រឹត្ត រក្សា យាត្រា ឲ្យយាត្រាទៅ។ ពាក្យថា បាសាណកចេតិយ សេចក្តីថា ពុទ្ធាសនៈ លោកហៅថា បាសាណកចេតិយ ហេតុនោះ (លោកពោលថា) កាលគង់នៅនាបាសាណកចេតិយ ក្នុងមគធជនបទ។

[១០៣] ពាក្យថា កាលត្រូវព្រាហ្មណ៍ជាអ្នកបំរើទាំង ១៦ សេចក្តីថា បិង្គិយព្រាហ្មណ៍ ជាអ្នកបំរើ ប្រសើរ ថ្លៃថ្លា នៃពាវរីព្រាហ្មណ៍ ព្រាហ្មណ៍ទាំង ១៦ នាក់នោះ រាប់ទាំងបិង្គិយព្រាហ្មណ៍ផង ហេតុនោះ (លោកពោលថា) កាលព្រាហ្មណ៍ទាំង ១៦ ជាអ្នកបំរើ យ៉ាងនេះក៏បាន។ ឬថា ព្រាហ្មណ៍ទាំង ១៦ នោះ ជាអ្នកបំរើ ប្រសើរ ថ្លៃថ្លា នៃព្រះពុទ្ធមានព្រះភាគ ហេតុនោះ (លោកពោលថា) កាលព្រាហ្មណ៍ទាំង ១៦ ជាអ្នកបំរើ យ៉ាងនេះក៏បាន។

[១០៤] ពាក្យថា អារាធនាសួរហើយៗ ព្រះអង្គក៏បានទ្រង់ដោះស្រាយប្រស្នា គឺអារាធនាហើយ និមន្ដហើយ។ ពាក្យថា សួរហើយៗ គឺសួរហើយ សួរបញ្ជាក់ហើយ អង្វរហើយ អារាធនាហើយ ឲ្យជ្រះថ្លាហើយ។ ពាក្យថា ទ្រង់ដោះស្រាយប្រស្នា គឺទ្រង់ដោះស្រាយប្រាប់ សំដែង បញ្ញត្ត តាំងផ្ដើម បើក វែកញែក ធ្វើឲ្យរាក់ ប្រកាសនូវប្រស្នា ហេតុនោះ (លោកពោលថា) អារាធនាសួរហើយៗ ព្រះអង្គក៏បានទ្រង់ដោះស្រាយប្រស្នា។

[១០៥] ប្រសិនបើបុគ្គលបានដឹងអត្ថ បានដឹងធម៌ នៃប្រស្នាមួយៗ ហើយប្រតិបត្តិនូវធម៌ដ៏សមគួរដល់ធម៌ បុគ្គលនោះ នឹងទៅកាន់ត្រើយនៃជរា និងមរណៈពុំខាន (ព្រោះថា) ធម៌ទាំងនេះ ជាធម៌គួរនាំសត្វទៅកាន់ត្រើយ គឺព្រះនិព្វាន ហេតុនោះ ពាក្យថា បារាយនៈ ជាឈ្មោះនៃធម្មបរិយាយនេះ។

[១០៦] ពាក្យថា ប្រសិនបើ នៃប្រស្នាមួយៗ គឺប្រសិនបើ នៃប្រស្នាអជិតមាណពមួយៗ ប្រសិនបើ នៃប្រស្នាតិស្សមេត្តេយ្យមាណពមួយៗ ប្រសិនបើ នៃប្រស្នាបុណ្ណកមាណពមួយៗ ប្រសិនបើ នៃប្រស្នាមេត្តគូមាណពមួយៗ ប្រសិនបើ នៃប្រស្នាធោតកមាណពមួយៗ ប្រសិនបើ នៃប្រស្នាឧបសីវមាណពមួយៗ ប្រសិនបើ នៃប្រស្នានន្ទមាណពមួយៗ ប្រសិនបើ នៃប្រស្នាហេមកមាណពមួយៗ ប្រសិនបើ នៃប្រស្នាតោទេយ្យមាណពមួយៗ ប្រសិនបើ នៃប្រស្នាកប្បមាណពមួយៗ ប្រសិនបើ នៃប្រស្នាជតុកណ្ណីមាណពមួយៗ ប្រសិនបើ នៃប្រស្នាភទ្រាវុធមាណពមួយៗ ប្រសិនបើ នៃប្រស្នាឧទយមាណពមួយៗ ប្រសិនបើ នៃប្រស្នាបោសាលមាណពមួយៗ ប្រសិនបើ នៃប្រស្នាមោឃរាជមាណពមួយៗ ប្រសិនបើ នៃប្រស្នាបិង្គិយមាណពមួយៗ ហេតុនោះ (លោកពោលថា) ប្រសិនបើ នៃប្រស្នាមួយៗ។

[១០៧] ពាក្យថា បានដឹងអត្ថ បានដឹងធម៌ គឺ បានដឹង យល់ ពិចារណា ត្រិះរិះ សំដែង ធ្វើឲ្យប្រាកដនូវសេចក្តីថា ធម៌ គឺប្រស្នានោះឯង អត្ថ គឺការដោះស្រាយនោះឯង ហេតុនោះ (លោកពោលថា) បានដឹងអត្ថ។ ពាក្យថា បានដឹងធម៌ គឺបានដឹង យល់ ពិចារណា ត្រិះរិះ សំដែង ធ្វើឲ្យប្រាកដនូវធម៌ ហេតុនោះ (លោកពោលថា) បានដឹងធម៌។

[១០៨] ពាក្យថា ប្រតិបត្តិធម៌ដ៏សមគួរដល់ធម៌ គឺប្រតិបត្តិសម្មាបដិបទា អនុលោមប្បដិបទា អបច្ចនីកប្បដិបទា អន្វត្ថប្បដិបទា ធម្មានុធម្មប្បដិបទា ហេតុនោះ (លោកពោលថា) ប្រត្តិបត្តិធម៌ដ៏សមគួរដល់ធម៌។

[១០៩] ពាក្យថា ទៅកាន់ត្រើយនៃជរា និងមរណៈពុំខាន សេចក្តីថា អមតនិព្វាន លោកហៅថា ត្រើយនៃជរា និងមរណៈ បានដល់សេចក្តីរម្ងាប់សង្ខារទាំងពួង ការរលាស់ចោលឧបធិទាំងពួង ការអស់តណ្ហា ការប្រាសចាកតម្រេក ការរលត់ និព្វាន។ ពាក្យថា នឹងទៅកាន់ត្រើយនៃជរា និងមរណៈពុំខាន បានសេចក្តីថា នឹងទៅកាន់ត្រើយ នឹងបានត្រើយ នឹងប៉ះពាល់ត្រើយ នឹងធ្វើឲ្យជាក់ច្បាស់នូវត្រើយ ហេតុនោះ (លោកពោលថា) នឹងទៅកាន់ត្រើយនៃជរា និងមរណៈពុំខាន។

[១១០] ពាក្យថា ធម៌ទាំងនេះ ជាធម៌គួរនាំសត្វទៅកាន់ត្រើយ សេចក្តីថា ធម៌ទាំងនេះ ជាធម៌គួរនាំសត្វទៅកាន់ត្រើយ គឺញុំាំងសត្វឲ្យដល់ត្រើយ ឲ្យដល់ព្រមនូវត្រើយ ឲ្យដល់ស៊ប់នូវត្រើយ គឺថា ប្រព្រឹត្តទៅដើម្បីឆ្លងជរា និងមរណៈ ហេតុនោះ (លោកពោលថា) ធម៌ទាំងនេះ ជាធម៌គួរនាំសត្វទៅកាន់ត្រើយ។

[១១១] ពាក្យថា ហេតុនោះ… នៃធម្មបរិយាយនេះ ត្រង់ពាក្យថា ហេតុនោះ គឺព្រោះហេតុនោះ ព្រោះដំណើរនោះ ព្រោះហេតុដូច្នោះ ព្រោះបច្ច័យនោះ ព្រោះនិទាននោះ ហេតុនោះ (លោកពោលថា) ហេតុនោះ។ ពាក្យថា នៃធម្មបរិយាយនេះ គឺនៃបារាយនៈនេះ ហេតុនោះ (លោកពោលថា) ហេតុនោះ… នៃធម្មបរិយាយនេះ។

[១១២] ពាក្យថា បារាយនៈ ជាឈ្មោះ សេចក្តីថា អមតនិព្វាន លោកហៅថា បារៈ បានខាងការរម្ងាប់សង្ខារទាំងពួង ការរលាស់ចោលឧបធិទាំងពួង ការអស់តណ្ហា ការប្រាសចាកតម្រេក ការរលត់ និព្វាន។ មគ្គ គឺសម្មាទិដ្ឋិ។បេ។ សម្មាសមាធិ លោកហៅថា អាយនៈ។ ពាក្យថា ឈ្មោះ គឺជានាម ការរាប់ សេចក្តីសំគាល់ បញ្ញត្តិ។បេ។ ជាពាក្យសម្រាប់ហៅ ហេតុនោះ (លោកពោលថា) ពាក្យថា បារាយនៈ ជាឈ្មោះ។

[១១៣]

អជិតៈ ១ តិស្សមេត្តេយ្យៈ ១ បុណ្ណកៈ ១ មេត្តគូ ១ ធោតកៈ ១ ឧបសីវៈ ១ នន្ទៈ ១ ហេមកៈ ១ ជនទាំងពីរនាក់ គឺតោទេយ្យៈ ១ កប្បៈ ១ និងជតុកណ្ណីបណ្ឌិត ១ ភទ្រាវុធ ១ ឧទយៈ ១ បោសាលព្រាហ្មណ៍ ១ មោឃរាជជាអ្នកប្រាជ្ញ ១ បិង្គិយៈជាអ្នកស្វែងរកគុណធំ ១ ព្រាហ្មណ៍ទាំង ១៦ នាក់នុ៎ះ ចូលមកគាល់ព្រះពុទ្ធជាឥសី ទ្រង់មានចរណៈបរិបូណ៌ បានចូលមកគាល់ សួរប្រស្នាដ៏ល្អិត ចំពោះព្រះពុទ្ធប្រសើរ។

[១១៤] អធិប្បាយពាក្យថា ព្រាហ្មណ៍ទាំង ១៦ នាក់នុ៎ះ ចូលមកគាល់ព្រះពុទ្ធ ត្រង់ពាក្យថា នុ៎ះ គឺពួកព្រាហ្មណ៍នុ៎ះ។ ពាក្យថា ព្រះពុទ្ធ បានដល់ព្រះមានព្រះភាគទ្រង់ត្រាស់ដឹងឯង មិនមានបុគ្គលជាអាចារ្យ បានត្រាស់ដឹងដោយព្រះអង្គឯង នូវសច្ចៈទាំងឡាយ ក្នុងធម៌ទាំងឡាយ ដែលព្រះអង្គមិនធ្លាប់ឮហើយក្នុងកាលមុន ទាំងបានដល់សព្វញ្ញុតញ្ញាណក្នុងសច្ចៈទាំងនោះ និងភាវៈស្ទាត់ក្នុងពលៈទាំងឡាយ។ សំនួរត្រង់ពាក្យថា ព្រះពុទ្ធ ចុះឈ្មោះថាព្រះពុទ្ធ ដោយអត្ថដូចម្ដេច ឈ្មោះថា ព្រះពុទ្ធ ព្រោះហេតុទ្រង់ត្រាស់ដឹងសច្ចៈទាំងឡាយ។ ឈ្មោះថាព្រះពុទ្ធ ព្រោះហេតុទ្រង់ញុំាងពពួកសត្វឲ្យត្រាស់ដឹង។ ឈ្មោះថាព្រះពុទ្ធ ព្រោះព្រះអង្គដឹងធម៌ទាំងពួង។ ឈ្មោះថាព្រះពុទ្ធ ព្រោះព្រះអង្គឃើញធម៌ទាំងពួង។ ឈ្មោះថាព្រះពុទ្ធ ព្រោះព្រះអង្គដឹងច្បាស់។ ឈ្មោះថាព្រះពុទ្ធ ព្រោះព្រះអង្គរីកហើយ។ ឈ្មោះថាព្រះពុទ្ធ ព្រោះគេពោលថា ព្រះអង្គមានអាសវៈអស់ហើយ។ ឈ្មោះថាព្រះពុទ្ធ ព្រោះគេពោលថា ព្រះអង្គមានឧបក្កិលេសចេញហើយ។ ឈ្មោះថាព្រះពុទ្ធ ព្រោះហេតុទ្រង់ប្រាសចាករាគៈដោយចំណែកមួយ។ ឈ្មោះថាព្រះពុទ្ធ ព្រោះហេតុទ្រង់ប្រាសចាកទោសៈដោយចំណែកមួយ។ ឈ្មោះថាព្រះពុទ្ធ ព្រោះហេតុទ្រង់ប្រាសចាកមោហៈដោយចំណែកមួយ។ ឈ្មោះថាព្រះពុទ្ធ ព្រោះហេតុទ្រង់មានកិលេសចេញហើយដោយចំណែកមួយ។ ឈ្មោះថាព្រះពុទ្ធ ព្រោះហេតុទ្រង់ទៅហើយកាន់ផ្លូវជាទីទៅនៃបុគ្គលម្នាក់ឯង។ ឈ្មោះថាព្រះពុទ្ធ ព្រោះហេតុទ្រង់ជាបុគ្គលឯក ត្រាស់ដឹងចំពោះសម្មាសម្ពោធិញ្ញាណ មិនមានគុណជាតដទៃក្រៃលែងជាង។ ឈ្មោះថាព្រះពុទ្ធ ព្រោះទ្រង់កម្ចាត់បង់សេចក្តីល្ងង់ ព្រោះការបាននូវប្រាជ្ញា។ ព្រះនាមព្រះពុទ្ធនុ៎ះ មិនមែនព្រះមាតាថ្វាយ មិនមែនព្រះបិតាថ្វាយ មិនមែនបងប្អូនប្រុសថ្វាយ មិនមែនបងប្អូនស្រីថ្វាយ មិនមែនពួកមិត្ត និងអាមាត្យថ្វាយ មិនមែនពួកញាតិ និងសាលោហិតថ្វាយ មិនមែនពួកសមណព្រាហ្មណ៍ថ្វាយ មិនមែនពួកទេវតាថ្វាយទេ ព្រះនាមថា ព្រះពុទ្ធនុ៎ះ របស់ព្រះពុទ្ធទាំងឡាយមានព្រះភាគ ជាព្រះនាមកើតក្នុងទីបំផុតនៃវិមោក្ខ បញ្ញត្តិថា ព្រះពុទ្ធនេះ កើតព្រោះការត្រាស់ដឹងព្រមដោយការបានចំពោះនូវសព្វញ្ញុតញ្ញាណ ទៀបគល់ពោធិព្រឹក្ស ហេតុនោះ (លោកពោលថា) ព្រះពុទ្ធ។ ពាក្យថា នុ៎ះ ចូលមកគាល់ព្រះពុទ្ធ គឺព្រាហ្មណ៍ទាំងនុ៎ះ ចូលមករក ចូលមកជិត មកអង្គុយជិត សាកសួរ ដណ្ដឹងសួរនូវព្រះពុទ្ធ ហេតុនោះ (លោកពោលថា) ព្រាហ្មណ៍ទាំង ១៦ នាក់នុ៎ះ ចូលមកគាល់ព្រះពុទ្ធ។

[១១៥] ពាក្យថា ជាឥសី មានចរណៈបរិបូណ៌ អធិប្បាយថា ការសម្រេចដោយសីលាចារៈ លោកហៅថា ចរណៈ។ ការសង្រួមសីល ឈ្មោះថាចរណៈ ការសង្រួមឥន្រ្ទិយ ឈ្មោះថាចរណៈ ភាពជាអ្នកដឹងប្រមាណក្នុងភោជន ឈ្មោះថាចរណៈ ការប្រកបរឿយៗ នូវសេចក្តីភ្ញាក់រឭក ឈ្មោះថាចរណៈ ព្រះសទ្ធម្មទាំង ៧ ឈ្មោះថាចរណៈ ឈានទាំង ៤ ឈ្មោះថាចរណៈ។ ពាក្យថា មានចរណៈបរិបូណ៌ គឺ មានចរណៈគ្រប់គ្រាន់ មានចរណៈដ៏ប្រសើរ មានចរណៈជាប្រធាន មានចរណៈដ៏ឧត្តម មានចរណៈដ៏ថ្លៃថ្លា ហេតុនោះ (លោកពោលថា) មានចរណៈបរិបូណ៌។ ពាក្យថា ជាឥសី គឺជាអ្នកស្វែង។ ព្រះមានព្រះភាគ ឈ្មោះថាឥសី ព្រោះហេតុទ្រង់ស្វែង ស្វែងរក ស្វះស្វែងនូវសីលក្ខន្ធដ៏ធំ។បេ។ ឬថា ឈ្មោះថាឥសី ព្រោះហេតុព្រះមានព្រះភាគ ត្រូវសត្វទាំងឡាយមានស័ក្តិធំ រក ស្វែង ស្វះស្វែងថា ព្រះពុទ្ធគង់ក្នុងទីណា ព្រះមានព្រះភាគគង់ក្នុងទីណា ព្រះពុទ្ធជាទេវតាដ៏ធំជាងទេវតា គង់ក្នុងទីណា ព្រះពុទ្ធជានរៈអង់អាច គង់ក្នុងទីណា ហេតុនោះ (លោកពោលថា) ជាឥសី មានចរណៈបរិបូណ៌។

[១១៦] ពាក្យថា សួរប្រស្នាដ៏ល្អិត ត្រង់ពាក្យថា សួរ គឺ សួរ អង្វរ អារាធនា ជ្រះថ្លា។ ពាក្យថា ប្រស្នាដ៏ល្អិត គឺ ប្រស្នាដ៏ជ្រាលជ្រៅ ដែលបុគ្គលឃើញបានដោយកម្រ ត្រាស់ដឹងបានដោយកម្រ ដ៏ល្អិតឧត្តម មិនជាទីស្ទង់ដោយសេចក្តីត្រិះរិះ ជាប្រស្នាដ៏ម៉ត់ចត់ មានតែបណ្ឌិតទើបដឹងបាន ហេតុនោះ (លោកពោលថា) សួរប្រស្នាដ៏ល្អិត។

[១១៧] ពាក្យថា ព្រះពុទ្ធ ក្នុងបទថា ចូលមកគាល់ព្រះពុទ្ធប្រសើរ គឺព្រះមានព្រះភាគ។បេ។ បញ្ញត្តិថា ព្រះពុទ្ធនេះ (កើត) ព្រោះការត្រាស់ដឹង។ ពាក្យថា ប្រសើរ គឺ លើស ប្រសើរ ប្រសើរវិសេស ជាប្រធាន ឧត្តម ថ្លៃថ្លា ហេតុនោះ (លោកពោលថា) ព្រះពុទ្ធប្រសើរ។ ពាក្យថា ចូលមកគាល់ គឺ ចូលមករក ចូលមកជិត ចូលមកអង្គុយជិត សាកសួរ ដណ្ដឹងសួរ ហេតុនោះ (លោកពោលថា) ចូលមកគាល់ព្រះពុទ្ធប្រសើរ។ ហេតុនោះ លោកពោលពាក្យនេះថា

ព្រាហ្មណ៍ទាំង ១៦ នាក់នុ៎ះ ចូលមកគាល់ព្រះពុទ្ធជាឥសី ទ្រង់មានចរណៈបរិបូណ៌ បានចូលមកគាល់សួរប្រស្នាដ៏ល្អិត ចំពោះព្រះពុទ្ធប្រសើរ។

[១១៨]

ព្រះពុទ្ធ ដែលព្រាហ្មណ៍ទាំងនោះសួរប្រស្នាហើយ ក៏ទ្រង់ព្យាករហើយ តាមសេចក្តីពិត ព្រះមុនិ បានទ្រង់ញុំាងពួកព្រាហ្មណ៍ឲ្យត្រេកអរដោយការព្យាករណ៍ប្រស្នាទាំងឡាយ។

[១១៩] ពាក្យថា ព្រះពុទ្ធ ដែលព្រាហ្មណ៍ទាំងនោះ (សួរប្រស្នាហើយ) ក៏ទ្រង់ព្យាករហើយ ត្រង់ពាក្យថា ដែលព្រាហ្មណ៍ទាំងនោះ គឺ ដែលពួកព្រាហ្មណ៍ទាំង ១៦ ជាអ្នកគួរទៅកាន់ត្រើយ។ ពាក្យថា ព្រះពុទ្ធ បានដល់ព្រះមានព្រះភាគ។បេ។ បញ្ញត្តិថា ព្រះពុទ្ធនេះ (កើត) ព្រោះការត្រាស់ដឹង។ ពាក្យថា ទ្រង់ព្យាករហើយ គឺព្រះពុទ្ធទ្រង់ព្យាករ ប្រាប់ សំដែង តែងតាំង តាំងផ្ដើម បើក វែកញែក ធ្វើឲ្យរាក់ ប្រកាសហើយចំពោះជនទាំងនោះ ហេតុនោះ (លោកពោលថា) ព្រះពុទ្ធ ដែលព្រាហ្មណ៍ទាំងនោះ (សួរប្រស្នាហើយ) ទ្រង់ព្យាករហើយ។

[១២០] ពាក្យថា សួរប្រស្នាហើយ… តាមសេចក្តីពិត ត្រង់ពាក្យថា សួរប្រស្នាហើយ គឺអង្វរ អារាធនា ឲ្យជ្រះថ្លាហើយនូវប្រស្នា។ ពាក្យថា តាមសេចក្តីពិត គឺ គួរប្រាប់យ៉ាងណា ទ្រង់ប្រាប់យ៉ាងនោះ គួរសំដែងយ៉ាងណា ទ្រង់សំដែងយ៉ាងនោះ គួរតែងតាំងយ៉ាងណា ទ្រង់តែងតាំងយ៉ាងនោះ គួរតាំងផ្ដើមយ៉ាងណា ទ្រង់តាំងផ្ដើមយ៉ាងនោះ គួរបើកយ៉ាងណា ទ្រង់បើកយ៉ាងនោះ គួរវែកញែកយ៉ាងណា ទ្រង់វែកញែកយ៉ាងនោះ គួរធ្វើឲ្យរាក់យ៉ាងណា ទ្រង់ធ្វើឲ្យរាក់យ៉ាងនោះ គួរប្រកាសយ៉ាងណា ទ្រង់ប្រកាសយ៉ាងនោះ ហេតុនោះ (លោកពោលថា) សួរប្រស្នាហើយ… តាមសេចក្តីពិត។

[១២១] ពាក្យថា ដោយការព្យាករណ៍ប្រស្នាទាំងឡាយ គឺដោយការព្យាករណ៍ ការប្រាប់ ការសំដែង ការតែងតាំង ការតាំងផ្ដើម ការបើក ការវែកញែក ការធ្វើឲ្យរាក់ ការប្រកាស នូវប្រស្នាទាំងឡាយ ហេតុនោះ (លោកពោលថា) ដោយការព្យាករណ៍ប្រស្នាទាំងឡាយ។

[១២២] ពាក្យថា ឲ្យត្រេកអរ ក្នុងបទថា ព្រះមុនិបានទ្រង់ញុំាងពួកព្រាហ្មណ៍ឲ្យត្រេកអរ គឺឲ្យត្រេកអរ ឲ្យត្រេកអរវិសេស ឲ្យជ្រះថ្លា ឲ្យស្រស់ស្រាយ បានធ្វើពួកព្រាហ្មណ៍ទាំងនោះឲ្យមានចិត្តរីករាយ។ ពាក្យថា ញុំាងពួកព្រាហ្មណ៍ គឺពន្យល់ពួកព្រាហ្មណ៍ទាំង ១៦ ដែលជាអ្នកគួរដល់ត្រើយ។ ពាក្យថា ព្រះមុនិ សេចក្តីថា ញាណ លោកហៅថា មោនៈ បានដល់ បញ្ញា ការដឹងច្បាស់។បេ។ បុគ្គលណាកន្លងបង់នូវបណ្តាញ ជាគ្រឿងជាប់ចំពាក់ បុគ្គលនោះ ឈ្មោះថាមុនិ ហេតុនោះ (លោកពោលថា) ព្រះមុនិ បានទ្រង់ញុំាងពួកព្រាហ្មណ៍ឲ្យត្រេកអរ។ ហេតុនោះ លោកពោលពាក្យនេះថា

ព្រះពុទ្ធ ដែលព្រាហ្មណ៍ទាំងនោះសួរប្រស្នាហើយ ក៏ទ្រង់ព្យាករហើយ តាមសេចក្តីពិត ព្រះមុនិ បានញុំាងពួកព្រាហ្មណ៍ឲ្យត្រេកអរ ដោយការព្យាករណ៍ប្រស្នាទាំងឡាយ។

[១២៣]

ជនទាំងនោះ ដែលព្រះពុទ្ធទ្រង់ជាផៅពង្សនៃព្រះអាទិត្យ មានចក្ខុ បានឲ្យត្រេកអរហើយ ក៏បានប្រព្រឹត្តព្រហ្មចរិយៈ ក្នុងសំណាក់ព្រះសាស្តា មានបញ្ញាប្រសើរ។

[១២៤] ពាក្យថា ជនទាំងនោះ ដែលព្រះពុទ្ធមានចក្ខុ បានឲ្យត្រេកអរហើយ ត្រង់ពាក្យថា ជនទាំងនោះ គឺពួកព្រាហ្មណ៍ទាំង ១៦ ដែលគួរទៅកាន់ត្រើយ។ ពាក្យថា បានឲ្យត្រេកអរ គឺបានឲ្យត្រេកអរ ឲ្យត្រេកអរវិសេស ឲ្យជ្រះថ្លា ឲ្យស្រស់ស្រាយ ធើ្វឲ្យមានចិត្តរីករាយ ហេតុនោះ (លោកពោលថា) ជនទាំងនោះ… បានឲ្យត្រេកអរហើយ។ ពាក្យថា មានចក្ខុ គឺព្រះមានព្រះភាគ មានចក្ខុដោយចក្ខុ ៥ គឺមានចក្ខុដោយមំសចក្ខុ ១ មានចក្ខុដោយទិព្វចក្ខុ ១ មានចក្ខុដោយបញ្ញាចក្ខុ ១ មានចក្ខុដោយពុទ្ធចក្ខុ ១ មានចក្ខុដោយសមន្ដចក្ខុ ១។ ព្រះមានព្រះភាគមានចក្ខុដោយមំសចក្ខុ តើដូចម្ដេច។បេ។ ព្រះមានព្រះភាគមានចក្ខុដោយសមន្ដចក្ខុ យ៉ាងនេះ ហេតុនោះ (លោកពោលថា) ជនទាំងនោះដែលព្រះពុទ្ធមានចក្ខុ បានឲ្យត្រេកអរហើយ។

[១២៥] ពាក្យថា ព្រះពុទ្ធទ្រង់ជាផៅពង្សនៃព្រះអាទិត្យ ត្រង់ពាក្យថា ព្រះពុទ្ធ បានដល់ ព្រះមានព្រះភាគ។បេ។ បញ្ញត្តិថា ព្រះពុទ្ធនេះ (កើត) ព្រោះការត្រាស់ដឹង។ ពាក្យថា ទ្រង់ជាផៅពង្សនៃព្រះអាទិត្យ សេចក្តីថា សុរិយៈ លោកហៅថា ព្រះអាទិត្យ។ សុរិយៈនោះជាគោតមៈដោយគោត្រ ព្រះមានព្រះភាគក៏ជាគោតមៈដោយគោត្រ ព្រះមានព្រះភាគ ជាញាតិដោយគោត្រ ជាផៅពង្សដោយគោត្រនៃសុរិយៈ ហេតុនោះ ព្រះពុទ្ធ ឈ្មោះថាជាផៅពង្សនៃព្រះអាទិត្យ ហេតុនោះ (លោកពោលថា) ដែលព្រះពុទ្ធទ្រង់ជាផៅពង្សនៃព្រះអាទិត្យ។

[១២៦] ពាក្យថា បានប្រព្រឹត្តព្រហ្មចរិយៈ សេចក្តីថា ការចៀស ការវាង ការវាងស្រឡះ ចេតនាជាហេតុវៀរ ការវៀរ ការមិនធ្វើ ការមិនសាង ការមិនសម្ពព ការមិនប្រព្រឹត្តកន្លងកម្រិត ការផ្ដាច់ស្ពានក្នុងការប្រកបដោយអសទ្ធម្ម លោកហៅថា ព្រហ្មចរិយៈ។ មួយទៀត បើពោលដោយអំណាចនិប្បរិយាយ មគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរ គឺ ប្រាជ្ញាយល់ឃើញត្រូវ សេចក្តីត្រិះរិះត្រូវ សំដីត្រូវ ការងារត្រូវ ការចិញ្ចឹមជីវិតត្រូវ ការព្យាយាមត្រូវ សេចក្តីរឭកត្រូវ ការតម្កល់ចិត្តឲ្យនឹងត្រូវ លោកហៅថា ព្រហ្មចរិយៈ។ ពាក្យថា បានប្រព្រឹត្តព្រហ្មចរិយៈ គឺបានប្រព្រឹត្ត ប្រព្រឹត្តសមាទានព្រហ្មចរិយៈ ហេតុនោះ (លោកពោលថា) ក៏បានប្រព្រឹត្តព្រហ្មចរិយៈ។

[១២៧] ពាក្យថា ក្នុងសំណាក់ព្រះសាស្តា មានប្រាជ្ញាប្រសើរ គឺ ព្រះសាស្ដាមានប្រាជ្ញាប្រសើរ មានប្រាជ្ញាដ៏លើស មានប្រាជ្ញាប្រសើរបំផុត មានប្រាជ្ញាជាប្រធាន មានប្រាជ្ញាដ៏ឧត្តម មានប្រាជ្ញាដ៏ថ្លៃថ្លា។ ពាក្យថា ក្នុងសំណាក់ គឺក្នុងសំណាក់ ក្បែរ ជិត មិនឆ្ងាយ កៀក ហេតុនោះ (លោកពោលថា) ក្នុងសំណាក់ព្រះសាស្តា មានប្រាជ្ញាប្រសើរ។ ហេតុនោះ លោកពោលពាក្យនេះថា

ជនទាំងនោះ ដែលព្រះពុទ្ធទ្រង់ជាផៅពង្សនៃព្រះអាទិត្យមានចក្ខុ បានឲ្យត្រេកអរហើយ ក៏បានប្រព្រឹត្តព្រហ្មចរិយៈក្នុងសំណាក់ព្រះសាស្តា មានប្រាជ្ញាប្រសើរ។

[១២៨]

សេចក្តីនៃប្រស្នាមួយៗ ដែលព្រះពុទ្ធសំដែងហើយយ៉ាងណា បើបុគ្គលណា ប្រតិបត្តិតាមយ៉ាងនោះ បុគ្គលនោះ នឹងចេញអំពីទីមិនមែនត្រើយ ទៅកាន់ត្រើយបាន។

[១២៩] ពាក្យថា នៃប្រស្នាមួយៗ គឺ នៃប្រស្នាអជិតមាណពមួយៗ នៃប្រស្នាតិស្សមេត្តេយ្យមាណពមួយៗ។បេ។ នៃប្រស្នាបិង្គិយមាណពមួយៗ ហេតុនោះ (លោកពោលថា) នៃប្រស្នាមួយៗ។

[១៣០] ពាក្យថា ដែលព្រះពុទ្ធសំដែងហើយយ៉ាងណា ត្រង់ពាក្យថា ព្រះពុទ្ធ បានដល់ ព្រះមានព្រះភាគ។បេ។ បញ្ញត្តិថា ព្រះពុទ្ធនេះ (កើត) ព្រោះការត្រាស់ដឹង។ ពាក្យថា ដែលព្រះពុទ្ធសំដែងហើយយ៉ាងណា សេចក្តីថា ដែលព្រះពុទ្ធប្រាប់ សំដែង តែងតាំង តាំងផ្ដើម បើក វែកញែក ធ្វើឲ្យរាក់ ប្រកាសហើយ យ៉ាងណា ហេតុនោះ (លោកពោលថា) ដែលព្រះពុទ្ធសំដែងហើយ យ៉ាងណា។

[១៣១] ពាក្យថា បើបុគ្គលណាប្រតិបត្តិតាមយ៉ាងនោះ គឺបើបុគ្គលប្រតិបត្តិសម្មាបដិបទា អនុលោមប្បដិបទា អបច្ចនីកប្បដិបទា អន្វត្ថប្បដិបទា ធម្មានុធម្មប្បដិបទា ហេតុនោះ (លោកពោលថា) បើបុគ្គលណាប្រតិបត្តិតាមយ៉ាងនោះ។

[១៣២] ពាក្យថា បុគ្គលនោះនឹងចេញអំពីទីមិនមែនត្រើយ ទៅកាន់ត្រើយ សេចក្តីថា អមតនិព្វាន លោកហៅថា ត្រើយ បានដល់ សេចក្តីរម្ងាប់សង្ខារទាំងពួង ការរលាស់ចោលឧបធិទាំងពួង ការអស់តណ្ហា ការប្រាសចាកតម្រេក សេចក្តីរលត់ និពា្វន។ កិលេសទាំងឡាយ ខន្ធទាំងឡាយ និងអភិសង្ខារទាំងឡាយ លោកហៅថា ទីមិនមែនត្រើយ។ ពាក្យថា បុគ្គលនោះ នឹងចេញអំពីទីមិនមែនត្រើយ ទៅកាន់ត្រើយ គឺបុគ្គលនោះ នឹងចេញអំពីទីមិនមែនត្រើយ ទៅកាន់ត្រើយ បានត្រើយ ពាល់ត្រូវត្រើយ ធ្វើឲ្យជាក់ច្បាស់ត្រើយ ហេតុនោះ (លោកពោលថា) បុគ្គលនោះ នឹងចេញអំពីទីមិនមែនត្រើយ ទៅកាន់ត្រើយ។ ហេតុនោះ លោកពោលពាក្យនេះថា

សេចក្តីនៃប្រស្នាមួយៗ ដែលព្រះពុទ្ធសំដែងហើយយ៉ាងណា បើបុគ្គលណាប្រតិបត្តិតាម យ៉ាងនោះ បុគ្គលនោះនឹងចេញអំពីទីមិនមែនត្រើយ ទៅកាន់ត្រើយបាន។

[១៣៣]

បុគ្គលកាលចម្រើនមគ្គដ៏ឧត្តម នឹងចេញអំពីទីមិនមែនត្រើយ ទៅកាន់ត្រើយបាន មគ្គនោះ តែងប្រព្រឹត្តទៅដើម្បីទៅកាន់ត្រើយ ហេតុនោះ មគ្គ (លោកពោលថា)បារាយនៈ ដោយប្រការដូច្នេះ។

[១៣៤] ពាក្យថា នឹងចេញអំពីទីមិនមែនត្រើយ ទៅកាន់ត្រើយ សេចក្តីថា កិលេសទាំងឡាយ ខន្ធទាំងឡាយ និងអភិសង្ខារទាំងឡាយ លោកហៅថា ទីមិនមែនត្រើយ អមតនិព្វាន លោកហៅថា ត្រើយ បានដល់សេចក្តីរម្ងាប់សង្ខារទាំងពួង ការរលាស់ចោលឧបធិទាំងពួង ការអស់តណ្ហា សេចក្តីប្រាសចាកតម្រេក សេចក្តីរលត់ និព្វាន។ ពាក្យថា នឹងចេញអំពីទីមិនមែនត្រើយ ទៅកាន់ត្រើយ បានសេចក្តីថា នឹងចេញអំពីទីមិនមែនត្រើយ ទៅកាន់ត្រើយ បានត្រើយ ពាល់ត្រើយ ធ្វើឲ្យជាក់ច្បាស់នូវត្រើយ ហេតុនោះ (លោកពោលថា) នឹងចេញអំពីទីមិនមែនត្រើយ ទៅកាន់ត្រើយ។

[១៣៥] ពាក្យថា មគ្គ ក្នុងបទថា កាលចម្រើនមគ្គដ៏ឧត្តម សេចក្តីថា មគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរ គឺ ប្រាជ្ញាយល់ឃើញត្រូវ។បេ។ ការតម្កល់ចិត្តឲ្យនឹងត្រូវ លោកហៅថា មគ្គ។ ពាក្យថា ដ៏ឧត្តម គឺ ដ៏លើស ដ៏ប្រសើរ ដ៏ប្រសើរវិសេស ជាប្រធាន ឧត្តម ថ្លៃថ្លា ហេតុនោះ (លោកពោលថា) មគ្គដ៏ឧត្តម។ ពាក្យថា កាលចម្រើន គឺ កាលចម្រើន កាលសេព កាលធ្វើឲ្យច្រើន ហេតុនោះ (លោកពោលថា) កាលចម្រើនមគ្គដ៏ឧត្តម។

[១៣៦] ពាក្យថា មគ្គនោះ តែងប្រព្រឹត្តទៅដើម្បីទៅកាន់ត្រើយ សេចក្តីថា ឈ្មោះថាមគ្គ បានដល់ តម្រាយ គន្លង ប្រទេសសម្រាប់ទៅដោយជើង ទីសម្រាប់ដើរ ទីសម្រាប់ដើរទៅដើរមក ទូក ស្ពានសម្រាប់ឆ្លង ផែ ពោងពាយ។ ពាក្យថា ដើម្បីទៅកាន់ត្រើយ គឺ ដើម្បីទៅកាន់ត្រើយ ដើម្បីដល់ព្រមនូវត្រើយ ដើម្បីដល់ឆាប់នូវត្រើយ គឺថា ដើម្បីឆ្លងជរា និងមរណៈ ហេតុនោះ (លោកពោលថា) មគ្គនោះ តែងប្រព្រឹត្តទៅ ដើម្បីទៅកាន់ត្រើយ។

[១៣៧] ពាក្យថា ហេតុនោះ ក្នុងបទថា ហេតុនោះ (លោកពោលថា) បារាយនៈ ដោយប្រការដូច្នេះ គឺព្រោះហេតុនោះ ព្រោះដំណើរនោះ ព្រោះដូច្នោះ ព្រោះហេតុនោះ ព្រោះបច្ច័យនោះ ព្រោះនិទាននោះ។ អមតនិព្វាន លោកហៅថា ត្រើយ បានដល់សេចក្តីរម្ងាប់សង្ខារទាំងពួង ការរលាស់ចោលឧបធិទាំងពួង ការអស់តណ្ហា សេចក្តីប្រាសចាកតម្រេក សេចក្តីរលត់ និពា្វន។ មគ្គ លោកហៅថា អាយនៈ។ ពាក្យថា ដោយប្រការដូច្នេះ គឺជាការតបទ។បេ។ ពាក្យថា ដូច្នេះនុ៎ះ ជាលំដាប់បទ ហេតុនោះ (លោកពោលថា) បារាយនៈ ដោយប្រការដូច្នេះ។ ហេតុនោះ លោកពោលពាក្យនេះថា

បុគ្គលកាលចម្រើនមគ្គដ៏ឧត្តម នឹងចេញអំពីទីមិនមែនត្រើយ ទៅកាន់ត្រើយបាន មគ្គនោះ តែងប្រព្រឹត្តទៅ ដើម្បីទៅកាន់ត្រើយ ហេតុនោះ មគ្គ (លោកពោលថា) បារាយនៈដោយប្រការដូច្នេះ។

(បារាយនានុគីតិគាថា ទី១៨)

(១៨. បារាយនានុគីតិគាថា)

[១៣៨] (បិង្គិយៈមានអាយុពោលដូច្នោះថា)

ខ្ញុំនឹងច្រៀងតាមបារាយនៈ ព្រះមានព្រះភាគ ព្រះអង្គមានមន្ទិលគឺកិលេសទៅប្រាសហើយ មានប្រាជ្ញាដូចផែនដី មានកាមចេញហើយ មានព្រៃចេញហើយ ជាព្រះពុទ្ធនាគ (ទ្រង់ឃើញហើយយ៉ាងណា ទ្រង់ពោលយ៉ាងនោះ) ទ្រង់នឹងពោលមុសាព្រោះហេតុដូចម្តេចកើត។

[១៣៩] ពាក្យថា ខ្ញុំនឹងច្រៀងតាមបារាយនៈ គឺខ្ញុំនឹងច្រៀងតាមចម្រៀង នឹងច្រៀងតាមភាសិតដែលព្រះមានព្រះភាគសំដែងហើយ នឹងច្រៀងតាមភាសិតដែលព្រះមានព្រះភាគពោលហើយ នឹងច្រៀងតាមភាសិត (របស់ព្រះមានព្រះភាគ) ហេតុនោះ (លោកពោលថា) ខ្ញុំនឹងច្រៀងតាមបារាយនៈ។ ពាក្យថា ដូច្នេះ ក្នុងបទថា បិង្គិយៈមានអាយុពោលដូច្នេះ គឺជាការតបទ។បេ។ ពាក្យថា ដូច្នេះនុ៎ះ ជាលំដាប់បទ។ ពាក្យថា មានអាយុ គឺពាក្យជាទីស្រឡាញ់ ជាពាក្យពោលដោយគោរព ពាក្យថា មានអាយុនុ៎ះ ជាពាក្យពោលដោយការគោរពកោតក្រែង។ ពាក្យថា បិង្គិយៈ គឺជាឈ្មោះ ជាពាក្យសម្រាប់រាប់ ជាគ្រឿងសំគាល់ ជាបញ្ញត្តិ ជាវោហារ ជានាម ជានាមកម្ម ជានាមប្បញ្ញត្តិ ជាសំដី ជាគ្រឿងបញ្ជាក់ ជាគ្រឿងប្រកាសនៃព្រះថេរៈនោះ ហេតុនោះ (លោកពោលថា) បិង្គិយៈមានអាយុពោលដូច្នេះ។

[១៤០] ពាក្យថា ទ្រង់ឃើញយ៉ាងណា ទ្រង់ពោលយ៉ាងនោះ គឺទ្រង់ឃើញយ៉ាងណា ទ្រង់ពោល ប្រាប់ សំដែង តែងតាំង តាំងផ្តើម បើក វែកញែក ធ្វើឲ្យរាក់ ប្រកាស យ៉ាងនោះថា សង្ខារទាំងពួងមិនទៀង។បេ។ ធម្មជាតឯណានីមួយ មានកិរិយាកើតឡើងជាធម្មតា ធម្មជាតទាំងអស់នោះ មានកិរិយារលត់ទៅវិញជាធម្មតា ទ្រង់ឃើញយ៉ាងណា ទ្រង់ពោលប្រាប់ សំដែង តែងតាំង តាំងផ្ដើម បើក វែកញែក ធើ្វឲ្យរាក់ ប្រកាសហើយ យ៉ាងនោះ ហេតុនោះ (លោកពោលថា) ទ្រង់ឃើញយ៉ាងណា ទ្រង់ពោលយ៉ាងនោះ។

[១៤១] អធិប្បាយពាក្យថា មានមន្ទិលទៅប្រាសហើយ មានប្រាជ្ញាដូចផែនដី ត្រង់ពាក្យថា មានមន្ទិលទៅប្រាសហើយ សេចក្តីថា រាគៈឈ្មោះថាមន្ទិល ទោសៈ ឈ្មោះថាមន្ទិល មោហៈ ឈ្មោះថាមន្ទិល ក្រោធ ឈ្មោះថាមន្ទិល ការចងក្រោធទុក ឈ្មោះថាមន្ទិល។បេ។ អភិសង្ខារជាអកុសលទាំងពួង ឈ្មោះថាមន្ទិល។ មន្ទិលទាំងនោះ ព្រះពុទ្ធមានព្រះភាគ ទ្រង់លះបង់ កាត់ផ្ដាច់ឫសចេញហើយ ធ្វើឲ្យនៅសល់តែទីនៅដូចជាទីនៅនៃដើមត្នោត ឲ្យដល់នូវការមិនកើតមាន មានកិរិយាមិនកើតតទៅជាធម្មតា ហេតុនោះ ព្រះពុទ្ធឈ្មោះថាមិនមានមន្ទិល មានមន្ទិលទៅប្រាសហើយ ដ៏ស្អាតចាកមន្ទិល ប្រាសចាកមន្ទិល លះបង់មន្ទិល រួចស្រឡះចាកមន្ទិល ប្រព្រឹត្តកន្លងនូវមន្ទិលទាំងពួង។ ប្រថពី លោកហៅថា ផែនដី។ ព្រះមានព្រះភាគ ប្រកបព្រមហើយ ដោយប្រាជ្ញាដ៏ធំទូលាយ ស្មើដោយប្រថពីនេះ។ ប្រាជ្ញា លោកហៅថា មេធា បានដល់ បញ្ញា ការដឹងច្បាស់។បេ។ ការមិនវង្វេង ការពិចារណាធម៌ សេចក្តីឃើញត្រូវ។ ព្រះមានព្រះភាគ អែប អែបនែប កប ប្រកប ចូលទៅដល់ ចូលទៅដល់ព្រម ប្រកបព្រម ដោយមេធា គឺប្រាជ្ញានេះ ហេតុនោះ ព្រះពុទ្ធឈ្មោះថា មានប្រាជ្ញាដូចផែនដី ហេតុនោះ (លោកពោលថា) មានមន្ទិលទៅប្រាសហើយ មានប្រាជ្ញាដូចផែនដី។

[១៤២] អធិប្បាយពាក្យថា មានកាមចេញហើយ មានព្រៃចេញហើយ ជាព្រះពុទ្ធនាគ ត្រង់ពាក្យថា កាម បើពោលតាមឧទ្ទាន កាមមាន ២ គឺ វត្ថុកាម ១ កិលេសកាម ១។បេ។ ទាំងនេះ លោកហៅថា វត្ថុកាម។បេ។ ទាំងនេះ លោកហៅថា កិលេសកាម។ វត្ថុកាម ព្រះពុទ្ធមានព្រះភាគកំណត់ដឹងហើយ កិលេសកាម ទ្រង់លះបង់ហើយ។ ព្រោះទ្រង់កំណត់ដឹងវត្ថុកាម ព្រោះទ្រង់លះកិលេសកាម ព្រះមានព្រះភាគ ឈ្មោះថា មិនប្រាថ្នាកាមទាំងឡាយ មិនចង់បានកាមទាំងឡាយ មិនស្រឡាញ់កាមទាំងឡាយ មិនជាប់ព្រះហឫទ័យនឹងកាមទាំងឡាយ។ ជនទាំងឡាយណា នៅប្រាថ្នាកាមទាំងឡាយ ចង់បានកាមទាំងឡាយ ស្រឡាញ់កាមទាំងឡាយ ជាប់ចិត្តនឹងកាមទាំងឡាយ ជនទាំងឡាយនោះ ឈ្មោះថា មានសេចក្តីប្រាថ្នាកាម មានសេចក្តីរីករាយដោយរាគៈ មានសេចក្តីសំគាល់ដោយកាមសញ្ញា។ ព្រះមានព្រះភាគ មិនប្រាថ្នាកាមទាំងឡាយ មិនចង់បានកាមទាំងឡាយ មិនស្រឡាញ់កាមទាំងឡាយ មិនជាប់ព្រះហឫទ័យនឹងកាមទាំងឡាយ ហេតុនោះ ព្រះពុទ្ធឈ្មោះថា មិនមានកាម មានកាមចេញហើយ ចោលកាម ខ្ជាក់កាម លែងកាម លះកាម រលាស់ចោលកាម ប្រាសចាករាគៈ មានរាគៈទៅបាត់ហើយ ចោលរាគៈ ខ្ជាក់រាគៈ លែងរាគៈ លះរាគៈ រលាស់ចោលរាគៈ ប្រាសចាកសេចក្តីប្រាថ្នា មានទុក្ខរលត់ហើយ មានសេចក្តីត្រជាក់កើតហើយ សោយសុខ មានខ្លួនដូចជាព្រហ្ម សម្រេចសម្រាន្ដនៅ ហេតុនោះ (លោកពោលថា) មានកាមចេញហើយ។ ពាក្យថា មានព្រៃចេញហើយ សេចក្តីថា រាគៈឈ្មោះថាព្រៃ ទោសៈឈ្មោះថាព្រៃ មោហៈឈ្មោះថាព្រៃ ក្រោធឈ្មោះថាព្រៃ ការចងក្រោធទុក ឈ្មោះថាព្រៃ។បេ។ អភិសង្ខារជាអកុសលទាំងពួង ឈ្មោះថាព្រៃ។ ព្រៃទាំងនោះ ព្រះពុទ្ធមានព្រះភាគលះបង់ ផ្ដាច់ផ្ដិលឫសគល់ ធ្វើឲ្យមានទីនៅដូចជាទីនៅនៃដើមត្នោត ឲ្យដល់នូវការមិនមានទីកើត មានកិរិយាមិនកើតតទៅជាធម្មតា ហេតុនោះ ព្រះពុទ្ធ ឈ្មោះថាមិនមានព្រៃ មានព្រៃចេញហើយ ប្រាសចាកព្រៃ លះបង់ព្រៃ រួចស្រឡះចាកព្រៃ ប្រព្រឹត្តកន្លងព្រៃទាំងអស់ ហេតុនោះ (លោកពោលថា) មានព្រៃចេញហើយ។ ពាក្យថា ព្រះពុទ្ធនាគ គឺព្រះមានព្រះភាគ ឈ្មោះថានាគ ព្រោះហេតុទ្រង់មិនធ្វើអំពើអាក្រក់។ ឈ្មោះថានាគ ព្រោះហេតុទ្រង់មិនលុះ។ ឈ្មោះថានាគ ព្រោះហេតុទ្រង់មិនមក។បេ។ ព្រះមានព្រះភាគ ឈ្មោះថានាគ ព្រោះហេតុទ្រង់មិនមក យ៉ាងនេះ ហេតុនោះ (លោកពោលថា) មានកាមចេញហើយ មានព្រៃចេញហើយ ជាព្រះពុទ្ធនាគ។

[១៤៣] អធិប្បាយពាក្យថា គប្បីពោលមុសា ព្រោះហេតុដូចម្ដេចកើត ត្រង់ពាក្យថា ព្រោះហេតុដូចម្ដេចកើត គឺ ព្រោះហេតុអ្វី ព្រោះការណ៍អ្វី ព្រោះបច្ច័យអ្វី ហេតុនោះ (លោកពោលថា) ព្រោះហេតុដូចម្ដេចកើត។ ពាក្យថា គប្បីពោលមុសា គឺគប្បីពោលពាក្យមុសាពោលមុសាវាទ ពោលពាក្យមិនប្រសើរ។ បុគ្គលពួកខ្លះក្នុងលោកនេះ ទៅក្នុងទីប្រជុំក្តី ទៅក្នុងបរិស័ទក្តី ទៅក្នុងកណ្ដាលពួកញាតិក្ដី ទៅក្នុងកណ្ដាលរាជត្រកូលក្តី ដែលគេកោះទៅសួរជាសាក្សីថា ម្នាលបុរសដ៏ចំរើន អ្នកចូរមក អ្នកដឹងហេតុណា ចូរពោលហេតុនោះ កាលមិនដឹង ពោលថាខ្ញុំដឹងក្តី កាលដឹង ពោលថាខ្ញុំមិនដឹងក្តី កាលមិនឃើញ ពោលថាខ្ញុំឃើញក្តី កាលឃើញ ពោលថាខ្ញុំមិនឃើញក្តី ពោលសម្បជានមុសាវាទ ព្រោះហេតុនៃខ្លួនក្តី ព្រោះហេតុនៃបុគ្គលដទៃក្តី ព្រោះហេតុតែសំណូកណាមួយក្តី នេះលោកហៅថា ពាក្យមុសា។ មួយទៀត ការពោលមុសាដោយអាការ ៣ គឺ មុនដំបូង មុសាវាទរបស់បុគ្គលនោះថា អញនឹងពោលមុសា ១ មុសាវាទរបស់បុគ្គលកំពុងពោលថា អញកំពុងពោលមុសា ១ មុសាវាទរបស់បុគ្គលពោលរួចហើយថា អញពោលមុសាហើយ ១ នេះការពោលមុសាដោយអាការ ៣។ មួយទៀត ការពោលមុសាដោយអាការ ៤ យ៉ាង គឺ មុនដំបូង មុសាវាទរបស់បុគ្គលនោះថា អញនឹងពោលមុសា ១។បេ។ ការពោលមុសាដោយអាការ ៥ ដោយអាការ ៦ ដោយអាការ ៧ ដោយអាការ ៨ គឺ មុនដំបូង មុសាវាទរបស់បុគ្គលនោះថា អញនឹងពោលមុសា ១ មុសាវាទរបស់បុគ្គលកំពុងពោលថា អញកំពុងពោលមុសា ១ មុសាវាទរបស់បុគ្គលពោលរួចហើយថា អញពោលមុសាហើយ ១ ពោលបិទបាំងទិដ្ឋិ ១ បិទបាំងខន្ដី ១ បិទបាំងសេចក្តីគាប់ចិត្ត ១ បិទបាំងសញ្ញា ១ បិទបាំងសេចក្តីពិត ១ នេះការពោលមុសាដោយអាការ ៨។ ព្រះអង្គគប្បីពោល និយាយ សំដែង ថ្លែងនូវមុសា ព្រោះហេតុម្តេចបាន ហេតុនោះ (លោកពោលថា) គប្បីពោលមុសា ព្រោះហេតុដូចម្តេចកើត។ ហេតុនោះ បិង្គិយត្ថេរ ពោលថា

(បិង្គិយមានអាយុពោលដូច្នេះថា) ខ្ញុំនឹងច្រៀងតាមបារាយនៈ ព្រះមានព្រះភាគ ព្រះអង្គមានមន្ទិល គឺកិលេសទៅប្រាសហើយ មានប្រាជ្ញាដូចផែនដី មានកាមចេញហើយ មានព្រៃចេញហើយ ជាព្រះពុទ្ធនាគ (ទ្រង់ឃើញហើយយ៉ាងណា ទ្រង់ពោលយ៉ាងនោះ) ទ្រង់គប្បីពោលមុសាព្រោះហេតុដូចម្តេចកើត។

[១៤៤] បើដូច្នោះ ខ្ញុំនឹងសំដែងពាក្យដ៏ប្រកបដោយគុណរបស់ព្រះមានព្រះភាគ ព្រះអង្គលះបង់មន្ទិល និងមោហៈហើយ លះបង់មានះ និងមក្ខៈហើយ។

[១៤៥] អធិប្បាយពាក្យថា ព្រះអង្គលះបង់មន្ទិល និងមោហៈ ត្រង់ពាក្យថា មន្ទិល បានដល់ រាគៈឈ្មោះថាមន្ទិល ទោសៈឈ្មោះថាមន្ទិល មោហៈឈ្មោះថាមន្ទិល មានះឈ្មោះថាមន្ទិល ទិដ្ឋិឈ្មោះថាមន្ទិល កិលេសឈ្មោះថាមន្ទិល ទុច្ចរិតទាំងពួងឈ្មោះថាមន្ទិល។ ពាក្យថា មោហៈ គឺការមិនដឹងក្នុងកងទុក្ខ។បេ។ បង្គោលគឺអវិជ្ជា សេចក្តីវង្វេង ឫសនៃអកុសល នេះលោកហៅថា មោហៈ។ មន្ទិល និងមោហៈ ព្រះពុទ្ធមានព្រះភាគបានលះបង់ គាស់រំលើងឫសគល់ ធ្វើឲ្យមានតែទីនៅដូចជាទីនៅនៃដើមត្នោត ឲ្យដល់នូវការមិនកើតមាន មិនឲ្យមានកិរិយាកើតតទៅជាធម្មតា ហេតុនោះ ព្រះពុទ្ធឈ្មោះថាមានមន្ទិល និងមោហៈលះបង់ហើយ ហេតុនោះ (លោកពោលថា) ព្រះអង្គ លះបង់មន្ទិល និងមោហៈហើយ។

[១៤៦] អធិប្បាយពាក្យថា លះបង់មានះ និងមក្ខៈហើយ ត្រង់ពាក្យថា មានះ សេចក្តីថា មានះដោយប្រការមួយ បានដល់ការប៉ោងឡើងនៃចិត្ត។ មានះដោយប្រការ ២ គឺ មានះដោយការលើកតំកើងខ្លួន ១ មានះដោយការបន្តុះបង្អាប់អ្នកដទៃ ១។ មានះដោយប្រការ ៣ គឺ មានះថាអញជាបុគ្គលប្រសើរ ១ មានះថាអញជាបុគ្គលស្មើ ១ មានះថាអញជាបុគ្គលថោកទាប ១។ មានះដោយប្រការ៤ គឺ បុគ្គលញុំាងមានះឲ្យកើតព្រោះលាភ ១ ញុំាងមានះឲ្យកើតព្រោះយស ១ ញុំាងមានះឲ្យកើតព្រោះសេចក្តីសរសើរ ១ ញុំាងមានះឲ្យកើតព្រោះសុខ ១។ មានះដោយប្រការ ៥ គឺ បុគ្គលញុំាងមានះឲ្យកើតថា អញបានរូបជាទីគាប់ចិត្ត ១ ញុំាងមានះឲ្យកើតថា អញបានសំឡេង ១ ក្លិន ១ រស ១ ផ្សព្វជាទីគាប់ចិត្ត ១។ មានះដោយប្រការ ៦ គឺ បុគ្គលញុំាងមានះឲ្យកើត ព្រោះការបរិបូណ៌ដោយចក្ខុ ១ ញុំាងមានះឲ្យកើត ព្រោះការបរិបូណ៌ដោយសោតៈ ១ ព្រោះការបរិបូណ៌ដោយឃានៈ ១ ព្រោះការបរិបូណ៌ដោយជិវ្ហា ១ ព្រោះការបរិបូណ៌ដោយកាយ ១ ព្រោះការបរិបូណ៌ដោយមនៈ ១។ មានះដោយប្រការ ៧ គឺ ការក្រអឺតក្រអោង ១ ការប្រកាន់គ្រាន់ ១ ការមើលងាយដោយសេចក្តីប្រកាន់ ១ ការប្រកាន់ទាប ១ ការប្រកាន់ថោក ១ ការប្រកាន់ថាអញមាន ១ ការប្រកាន់ខុស ១។ មានះដោយប្រការ ៨ គឺ បុគ្គលញុំាងការក្រអឺតក្រអោងឲ្យកើតព្រោះលាភ ១ ញុំាងការប្រកាន់ទាបឲ្យកើត ព្រោះការមិនមានលាភ ១ ញុំាងការក្រអឺតក្រអោងឲ្យកើតព្រោះយស ១ ញុំាងការប្រកាន់ទាបឲ្យកើត ព្រោះការមិនមានយស ១ ញុំាងការក្រអឺតក្រអោងឲ្យកើតព្រោះសេចក្តីសរសើរ ១ ញុំាងការប្រកាន់ទាបឲ្យកើតព្រោះសេចក្តីតិះដៀល ១ ញុំាងការក្រអឺតក្រអោងឲ្យកើតព្រោះសុខ ១ ញុំាងការប្រកាន់ទាបឲ្យកើតព្រោះទុក្ខ ១។ មានះដោយប្រការ៩ គឺ បុគ្គលអ្នកខ្ពង់ខ្ពស់មានមានះថា អញខ្ពង់ខ្ពស់ជាងគេ ១ បុគ្គលអ្នកខ្ពង់ខ្ពស់ មានមានះថា អញស្មើ ១ បុគ្គលអ្នកខ្ពង់ខ្ពស់មានមានះថា អញថោកទាប ១ បុគ្គលអ្នកស្មើនឹងគេមានមានះថា អញខ្ពង់ខ្ពស់ ១ បុគ្គលអ្នកស្មើនឹងគេមានមានះថាអញស្មើ ១ បុគ្គលអ្នកស្មើនឹងគេ មានមានះថាអញថោកទាប ១ បុគ្គលអ្នកថោកទាបមានមានះថា អញខ្ពង់ខ្ពស់ ១ បុគ្គលអ្នកថោកទាប មានមានះថាអញស្មើ ១ បុគ្គលអ្នកថោកទាបមានមានះថា អញថោកទាប ១។ មានះដោយប្រការ ១០ គឺ បុគ្គលខ្លះ ក្នុងលោកនេះ ញុំាងមានះឲ្យកើតព្រោះជាតិ ឬគោត្រ ឬការកើតជាកូនអ្នកមានត្រកូល ១ ព្រោះភាពជាអ្នកមានរូបល្អ ១ ព្រោះទ្រព្យ ១ ព្រោះការរៀន ១ ព្រោះការងារ ១ ព្រោះសិល្បៈ ១ ព្រោះទីតាំងនៃវិជ្ជា ១ ព្រោះការចេះដឹង ១ ព្រោះសេចក្តីឆ្លៀវឆ្លាស ១ ព្រោះវត្ថុណាមួយ ១ ការមើលងាយ អាការនៃការមើលងាយ ភាពនៃការមើលងាយ ការលើកកំពស់ ការប្រកាន់ខ្ពស់ ការផ្គងចិត្ត ភាពនៃចិត្តប្រាថ្នាដូចទង់ មានសភាពយ៉ាងនេះឯណា នេះលោកហៅថា មានះ។ ពាក្យថា មក្ខៈ បានដល់សេចក្តីលុបគុណ អាការលុបគុណ ភាពនៃសេចក្តីលុបគុណ អំពើនៃសេចក្តីច្រណែន នេះលោកហៅថា មក្ខៈ។ មានះ និងមក្ខៈ ព្រះពុទ្ធមានព្រះភាគបានលះបង់ គាស់រំលើងឫសគល់ ធើ្វឲ្យមានតែទីនៅដូចជាទីនៅនៃដើមត្នោត ឲ្យដល់នូវការមិនមានទីកើត មិនឲ្យមានកិរិយាកើតតទៅជាធម្មតា ហេតុនោះ ព្រះពុទ្ធឈ្មោះថា លះបង់មានះ និងមក្ខៈ ហេតុនោះ (លោកពោលថា) លះបង់មានះ និងមក្ខៈហើយ។

[១៤៧] អធិប្បាយពាក្យថា បើដូច្នោះ ខ្ញុំនឹងសំដែងពាក្យប្រកបដោយគុណ ត្រង់ពាក្យថា បើដូច្នោះ ខ្ញុំ គឺ ការតបទ។បេ។ ពាក្យថា បើដូច្នោះ ខ្ញុំ នុ៎ះជាលំដាប់បទ។ ពាក្យថា សំដែង គឺ នឹងពោល បង្ហាញឲ្យដឹងច្បាស់ តាំងផ្តើម បើក វែកញែក ធ្វើឲ្យរាក់ ប្រកាសនូវពាក្យ វាចា គន្លងពាក្យ និងសំដី ដែលកប កបព្រម ប្រកប ប្រកបព្រម ចូលដល់ ចូលដល់ព្រម មកដល់ព្រម ដោយគុណ ហេតុនោះ (លោកពោលថា) បើដូច្នោះ ខ្ញុំនឹងសំដែងពាក្យប្រកបដោយគុណ។ ហេតុនោះ បិង្គិយត្ថេរពោលថា

បើដូច្នោះ ខ្ញុំនឹងសំដែងពាក្យប្រកបដោយគុណ របស់ព្រះមានព្រះភាគ ទ្រង់លះបង់មន្ទិល និងមោហៈហើយ លះបង់មានះ និងមក្ខៈហើយ។

[១៤៨]

ព្រះពុទ្ធទ្រង់បន្ទោបង់ងងឹត មានសមន្តចក្ខុ ទ្រង់ដល់ទីបំផុតលោក ប្រព្រឹត្តកន្លងហើយនូវភពទាំងពួង មិនមានអាសវៈ ទ្រង់លះបង់ទុក្ខទាំងពួងហើយ មានព្រះនាមដ៏ទៀងទាត់ ខ្ញុំបានចូលទៅគាល់ព្រះមានព្រះភាគប្រសើររួចហើយ។

[១៤៩] អធិប្បាយពាក្យថា ព្រះពុទ្ធទ្រង់បន្ទោបង់ងងឹត មានសមន្តចក្ខុ ត្រង់ពាក្យថា បន្ទោបង់ងងឹត គឺ ព្រះមានព្រះភាគបានបន្ទោបង់ កំចាត់បង់ លះបង់ បន្សាត់បង់ ធ្វើឲ្យវិនាស ឲ្យដល់នូវការមិនកើតមាននូវងងឹតគឺរាគៈ ងងឹតគឺទោសៈ ងងឹតគឺមោហៈ ងងិតគឺមានះ ងងឹតគឺទិដ្ឋិ ងងឹតគឺកិលេស ងងឹតគឺទុច្ចរិត ធម្មជាតធ្វើឲ្យងងឹត ធើ្វមិនឲ្យមានចក្ខុ ធ្វើមិនឲ្យមានញាណ រំលត់ប្រាជ្ញា ប្រព្រឹត្តទៅក្នុងពួកនៃសេចក្តីចង្អៀតចង្អល់ មិនប្រព្រឹត្តទៅដើម្បីនិព្វាន ហេតុនោះ (លោកពោលថា) បន្ទោបង់ងងឹត។ ពាក្យថា ព្រះពុទ្ធ បានដល់ព្រះមានព្រះភាគ។បេ។ បញ្ញត្តិថា ព្រះពុទ្ធនេះ (កើត) ព្រោះការត្រាស់ដឹង។ ពាក្យថា សមន្ដចក្ខុ សេចក្តីថា សព្វញ្ញុតញ្ញាណ លោកហៅថា សមន្ដចក្ខុ។បេ។ ព្រះតថាគត ព្រះនាមថា សមន្ដចក្ខុ ដោយហេតុនោះ ហេតុនោះ (លោកពោលថា) ព្រះពុទ្ធទ្រង់បន្ទោបង់ងងឹត មានសមន្តចក្ខុ។

[១៥០] អធិប្បាយពាក្យថា ទ្រង់ដល់ទីបំផុតលោក ប្រព្រឹត្តកន្លងហើយនូវភពទាំងពួង ត្រង់ពាក្យថា លោក គឺ លោក ១ បានដល់ភវលោក។ លោក២ បានដល់សម្បត្តិភវលោក ១ វិបត្តិភវលោក ១។ លោក ៣ បានដល់វេទនា ៣។ លោក ៤ បានដល់អាហារ ៤។ លោក ៥ បានដល់ឧបាទានក្ខន្ធ ៥។ លោក ៦ បានដល់អាយតនៈខាងក្នុង ៦។ លោក ៧ បានដល់វិញ្ញាណដ្ឋិតិ ៧។ លោក ៨ បានដល់លោកធម៌ ៨។ លោក ៩ បានដល់សត្តាវាសៈ ៩។ លោក ១០ បានដល់ឧបក្កិលេស ១០។ លោក ១១ បានដល់កាមភព ១១។ លោក ១២ បានដល់អាយតនៈ ១២។ លោក ១៨ បានដល់ធាតុ ១៨។ ពាក្យថា ទ្រង់ដល់ទីបំផុតលោក បានសេចក្តីថា ព្រះមានព្រះភាគទៅកាន់ទីបំផុត ដល់ទីបំផុត ទៅកាន់ទីខាងចុង ដល់ទីខាងចុងនៃលោក។បេ។ ទៅនិព្វាន ដល់និព្វាន ព្រះមានព្រះភាគនោះ មានការនៅរួចហើយ មានចរណៈសន្សំហើយ។បេ។ ភពថ្មី គឺ ការអន្ទោលទៅកាន់ជាតិ ជរា និងមរណៈ របស់ព្រះអង្គមិនមានឡើយ ហេតុនោះ (លោកពោលថា) ទ្រង់ដល់ទីបំផុតលោក។ ពាក្យថា ភព ក្នុងបទថា ប្រព្រឹត្តកន្លងហើយនូវភពទាំងពួង បានដល់ភព ២ គឺ កម្មភព ១ បដិសន្ធិកបុនព្ភព ១។ កម្មភព តើដូចម្ដេច។ បុញ្ញាភិសង្ខារ អបុញ្ញាភិសង្ខារ អានេញ្ជាភិសង្ខារ នេះឈ្មោះថា កម្មភព។ បដិសន្ធិកបុនព្ភព តើដូចម្ដេច។ រូប វេទនា សញ្ញា សង្ខារ វិញ្ញាណ ដែលប្រកបដោយបដិសន្ធិ នេះឈ្មោះថា បដិសន្ធិកបុនព្ភព។ ព្រះមានព្រះភាគបានកន្លង ឈានកន្លង ប្រព្រឹត្តកន្លងនូវកម្មភព និងបដិសន្ធិកបុនព្ភព ហេតុនោះ (លោកពោលថា) ទ្រង់ដល់ទីបំផុតលោក ប្រព្រឹត្តកន្លងហើយនូវភពទាំងពួង។

[១៥១] អធិប្បាយពាក្យថា មិនមានអាសវៈ ទ្រង់លះបង់ទុក្ខទាំងពួងហើយ ត្រង់ពាក្យថា មិនមានអាសវៈ សេចក្តីថា អាសវៈ ៤ គឺ កាមាសវៈ ១ ភវាសវៈ ១ ទិដ្ឋាសវៈ ១ អវិជ្ជាសវៈ ១។ អាសវៈទាំងនោះ ព្រះពុទ្ធមានព្រះភាគបានលះបង់ គាល់រំលើងឫសគល់ ធ្វើឲ្យមានតែទីនៅដូចជាទីនៅនៃដើមត្នោត ឲ្យដល់នូវការមិនកើតមាន មិនឲ្យមានកិរិយាកើតតទៅជាធម្មតា ហេតុនោះ ព្រះពុទ្ធឈ្មោះថា មិនមានអាសវៈ។ ពាក្យថា ទ្រង់លះបង់ទុក្ខទាំងពួងហើយ សេចក្តីថា ជាតិទុក្ខ ជរាទុក្ខ ព្យាធិទុក្ខ មរណទុក្ខ សោកទុក្ខ បរិទេវទុក្ខ ទោមនស្សុបាយាសទុក្ខ។បេ។ ទិដ្ឋិព្យសនទុក្ខទាំងពួង ដែលប្រកបដោយបដិសន្ធិ ព្រះពុទ្ធនោះ បានលះបង់ កាត់ផ្ដាច់ រម្ងាប់បង់ ធ្វើមិនឲ្យកើតវិញ បានដុតដោយភ្លើង គឺ ញាណហើយ ហេតុនោះ ព្រះពុទ្ធឈ្មោះថា មានទុក្ខទាំងពួងលះបង់ហើយ។

[១៥២] ពាក្យថា មានព្រះនាមដ៏ទៀងទាត់ ក្នុងបទថា មានព្រះនាមដ៏ទៀងទាត់ ខ្ញុំបានចូលទៅគាល់ព្រះមានព្រះភាគប្រសើររួចហើយ សេចក្តីថា ព្រះពុទ្ធមានព្រះនាមដ៏ទៀងទាត់ដូចគ្នា។ គឺ ព្រះវិបស្សី ព្រះនាមថាភគវា ព្រះសិខី ព្រះនាមថាភគវា ព្រះវេស្សភូ ព្រះនាមថាភគវា ព្រះកកុសន្ធៈ ព្រះនាមថាភគវា ព្រះកោនាគមនៈ ព្រះនាមថាភគវា ព្រះកស្សបៈ ព្រះនាមថាភគវា ព្រះពុទ្ធដ៏មានព្រះភាគទាំងឡាយ សឹងមានព្រះនាមដូចគ្នា មានព្រះនាមដ៏ទៀងទាត់ស្មើគ្នា។ ព្រះសក្យមុនីមានព្រះភាគ មានព្រះនាមដូចគ្នា មានព្រះនាមដ៏ទៀងទាត់ស្មើនឹងព្រះពុទ្ធមានព្រះភាគទាំងឡាយនោះ ព្រោះហេតុនោះ ព្រះពុទ្ធ ឈ្មោះថាមានព្រះនាមដ៏ទៀងទាត់។ ពាក្យថា ខ្ញុំបានចូលទៅគាល់ព្រះមានព្រះភាគប្រសើររួចហើយ គឺ ព្រះមានព្រះភាគនោះ ខ្ញុំបានចូលទៅ ចូលទៅជិត ចូលទៅអង្គុយជិត សាកសួរ ចោទសួរហើយ ហេតុនោះ (លោកពោលថា) ព្រះមានព្រះភាគ មានព្រះនាមដ៏ទៀងទាត់ ខ្ញុំបានចូលទៅគាល់ព្រះមានព្រះភាគប្រសើររួចហើយ។ ហេតុនោះ បិង្គិយត្ថេរពោលថា

ព្រះពុទ្ធ ទ្រង់បន្ទោបង់ងងឹត មានសមន្តចក្ខុ ទ្រង់ដល់ទីបំផុតលោក ប្រព្រឹត្តកន្លងហើយនូវភពទាំងពួង មិនមានអាសវៈ ទ្រង់លះបង់ទុក្ខទាំងពួងហើយ មានព្រះនាមដ៏ទៀងទាត់ ខ្ញុំបានចូលទៅគាល់ព្រះមានព្រះភាគប្រសើររួចហើយ។

[១៥៣] (ព្រះបិង្គិយត្ថេរពោលថា)

ទិជសត្វ លះបង់ព្រៃតូច (មានផ្លែតិច) មកនៅអាស្រ័យនឹងព្រៃធំ មានផ្លែច្រើន ដូចម្ដេចមិញ ខ្ញុំលះបង់បុគ្គលទាំងឡាយ ដែលមានការឃើញតិច (មកជួបប្រសព្វនឹងព្រះពុទ្ធ ទ្រង់មានប្រាជ្ញាច្រើន) ដូចហង្សជួបប្រសព្វនូវស្រះដែលមានទឹកច្រើន ដូច្នោះឯង។

[១៥៤] ពាក្យថា ទិជសត្វលះបង់ព្រៃតូច មកនៅអាស្រ័យនឹងព្រៃធំ ដែលមានផ្លែច្រើន ដូចម្ដេចមិញ អធិប្បាយថា សត្វស្លាប លោកហៅថា ទិជសត្វ។ ហេតុអ្វី សត្វស្លាប លោកហៅថា ទិជសត្វ។ ទិជសត្វតែងកើត ២ លើក គឺ កើតអំពីផ្ទៃមេ ១ លើក អំពីស្រោមស៊ុត ១ លើក ហេតុនោះ សត្វស្លាបទើបលោកហៅថា ទិជសត្វ ហេតុនោះ (លោកពោលថា) ទិជសត្វ។ ពាក្យថា លះបង់ព្រៃតូច ដូចម្ដេចមិញ គឺ ទិជសត្វលះបង់ បោះបង់ កន្លង កន្លងបង់ នូវព្រៃតូច ព្រៃស្ដើងដែលមានចំណីតិច មានទឹកតិច ហើយបានចួបប្រសព្វ បានចំពោះនូវព្រៃធំដទៃ ដែលមានផ្លែច្រើន មានចំណីច្រើន មានឈើច្រើន គឺថា គប្បីសម្រេចការនៅក្នុងដងព្រៃនោះ ដូចម្ដេចមិញ ហេតុនោះ (លោកពោលថា) ទិជសត្វលះបង់ព្រៃតូច មកនៅអាស្រ័យនឹងព្រៃធំដែលមានផ្លែច្រើន ដូចម្ដេចមិញ។

[១៥៥] អធិប្បាយពាក្យថា ខ្ញុំលះបង់បុគ្គលទាំងឡាយ ដែលមានការឃើញតិច (មកចួបប្រសព្វព្រះពុទ្ធ ទ្រង់មានប្រាជ្ញាច្រើន) ដូចហង្សចួបប្រសព្វនូវស្រះដែលមានទឹកច្រើន ដូច្នោះឯង ត្រង់ពាក្យថា ដូច្នោះឯង គឺជាពាក្យញុំាងសេចក្តីឧបមាឲ្យសម្រេច។ពាក្យថា លះបង់បុគ្គលទាំងឡាយ ដែលមានការឃើញតិច សេចក្តីថា ពាវរីព្រាហ្មណ៍ណា និងពួកជនដទៃណា ជាអាចារ្យរបស់ពាវរីព្រាហ្មណ៍នោះ បើប្រៀបផ្ទឹមនឹងព្រះពុទ្ធមានព្រះភាគ ទៅជាអ្នកមានការឃើញតិច មានការឃើញស្តួចស្ដើង មានការឃើញថោកថយ មានការឃើញឱនថយ មានការឃើញលាមក មានការឃើញអាក្រក់។ ខ្ញុំលះបង់ បោះបង់ កន្លង កន្លងបង់ នូវព្រាហ្មណ៍ទាំងនោះ ដែលមានការឃើញតិច មានការឃើញស្ដើងស្តួច មានការឃើញថោកថយ មានការឃើញឱនថយ មានការឃើញលាមក មានការឃើញអាក្រក់ មកចួបប្រសព្វបានចំពោះនូវព្រះពុទ្ធមានព្រះភាគ ទ្រង់ឃើញដ៏លើស ទ្រង់ឃើញដ៏ប្រសើរ ទ្រង់ឃើញវិសេស ទ្រង់ឃើញឧត្តម ព្រះអង្គជាបុគ្គលប្រសើរ រកបុគ្គលស្មើមិនមាន ព្រះអង្គស្មើដោយព្រះពុទ្ធ ដែលមិនមានបុគ្គលស្មើ គ្មានចំណែកប្រៀប មិនមានបុគ្គលប្រៀប ទ្រង់ជាទេវតាវិសេសជាងទេវតា ទ្រង់ជានរាសភៈ ជាបុរិសសីហៈ ជាបុរិសនាគ ជាបុរសអាជានេយ្យ ជាបុរិសនិសភៈ ជាអ្នកនាំទៅនូវធុរៈរបស់បុរស ជាទសពល ជាតាទិបុគ្គល។ ដូចហង្ស គប្បីចួបប្រសព្វបានចំពោះនូវស្រះធំ ដែលមនុស្សកសាងក្តី អនោតត្តស្រះក្តី មហាសមុទ្រក្តី ដែលមិនកម្រើក មានទឹករាប់មិនអស់យ៉ាងណា ខ្ញុំឈ្មោះបិង្គិយព្រាហ្មណ៍ បានចួបប្រសព្វ បានចំពោះនូវព្រះពុទ្ធមានព្រះភាគ ព្រះអង្គមិនកម្រើក មានតេជះរាប់មិនបាន មានញាណបែកធ្លាយ មានចក្ខុបើកហើយ ព្រះអង្គឆ្លៀវឆ្លាសក្នុងប្រភេទនៃប្រាជ្ញា ព្រះអង្គបានបដិសម្ភិទា បានចតុវេសារជ្ជញ្ញាណ ទ្រង់មានព្រះទ័យចុះស៊ប់ក្នុងផលសមាបត្តិដ៏បរិសុទ្ធ ទ្រង់មានអត្តភាពមិនផ្សេងគ្នា ទ្រង់មិនពោលពីរព្រះឱស្ឋ ទ្រង់មិនញាប់ញ័រ ទ្រង់មានការប្ដេជ្ញាទៀង ទ្រង់មិនតូច ទ្រង់ធំ ទ្រង់មានប្រាជ្ញាជ្រៅ ទ្រង់មានប្រាជ្ញាប្រមាណមិនបាន ទ្រង់មានប្រាជ្ញាមិនអាចអ្នកណាស្ទង់បាន ទ្រង់មានរតនៈច្រើន ទ្រង់ស្មើដោយសាគរ ទ្រង់ប្រកបដោយឧបេក្ខា ៦ ទ្រង់មានព្រះគុណធំទូលាយ ថ្លឹងមិនបាន ប្រមាណមិនត្រូវ ព្រះមានព្រះភាគនោះ ទ្រង់ប្រកបដោយតាទិគុណ ទ្រង់ជាអ្នកពោលដ៏ប្រសើរជាងជនអ្នកពោលទាំងឡាយ ដូចភ្នំសិនេរុ ប្រសើរជាងភ្នំទាំងឡាយ ឬដូចគ្រុឌ ប្រសើរជាងទិជសត្វទាំងឡាយ ឬក៏ដូចសីហៈ ប្រសើរជាងពួកម្រឹគ ពុំនោះសោត ដូចសមុទ្រ ប្រសើរជាងអន្លង់ទឹកទាំងឡាយ ព្រះអង្គជាព្រះជិនស្រីដ៏ប្រសើរ ក៏យ៉ាងនោះដែរ ហេតុនោះ (លោកពោលថា) ខ្ញុំលះបង់បុគ្គលទាំងឡាយ ដែលមានការឃើញតិច (មកជួបប្រសព្វព្រះពុទ្ធទ្រង់មានប្រាជ្ញាច្រើន) ដូចហង្សដែលជួបប្រសព្វនូវស្រះ មានទឹកច្រើន ដូច្នោះឯង។ ហេតុនោះ ព្រះបិង្គិយត្ថេរពោលថា

ទិជសត្វលះបង់ព្រៃតូច (មានផ្លែតិច) មកនៅអាស្រ័យនឹងព្រៃធំ មានផ្លែច្រើន ដូចម្ដេចមិញ ខ្ញុំលះបង់បុគ្គលទាំងឡាយ ដែលមានការឃើញតិច (មកចួបប្រសព្វនឹងព្រះពុទ្ធទ្រង់មានប្រាជ្ញាច្រើន) ដូចហង្សចួបប្រសព្វនូវស្រះ មានទឹកច្រើន ដូច្នោះឯង។

[១៥៦]

ជនទាំងឡាយណា ក្នុងកាលមុន (អំពីសាសនានៃព្រះគោតម) ជនទាំងឡាយនោះ បានព្យាករហើយថា ហេតុមានមកហើយ ដូច្នេះៗ នឹងមានតទៅ ដូច្នេះៗ ពាក្យទាំងអស់នោះ (មិនទាន់ប្រាកដទេ) ជាពាក្យជឿស្តាប់បុគ្គលដទៃ ពាក្យទាំងអស់នោះ ជាពាក្យធ្វើសេចក្តីត្រិះរិះឲ្យចម្រើន (ខ្ញុំមិនពេញចិត្តនឹងពាក្យនោះឡើយ)។

[១៥៧] ពាក្យថា ជនទាំងឡាយណា… ជនទាំងឡាយនោះ បានព្យាករហើយ ត្រង់ពាក្យថា ជនទាំងឡាយណា គឺ ពាវរីព្រាហ្មណ៍ណា និងពួកជនដទៃណា ជាអាចារ្យរបស់ពាវរីព្រាហ្មណ៍នោះ ព្រាហ្មណ៍ទាំងនោះបានព្យាករ ប្រាប់ សំដែង បញ្ញត្ត តាំងទុក បើក វែកញែក ធ្វើឲ្យងាយ ប្រកាសនូវទិដ្ឋិរបស់ខ្លួន សេចក្តីគួររបស់ខ្លួន សេចក្តីគាប់ចិត្តរបស់ខ្លួន លទ្ធិរបស់ខ្លួន អធ្យាស្រ័យរបស់ខ្លួន សេចក្តីប៉ុនប៉ងរបស់ខ្លួន ហេតុនោះ (លោកពោលថា) ជនទាំងឡាយណា… ជនទាំងឡាយនោះបានព្យាករហើយ។

[១៥៨] ពាក្យថា ក្នុងកាលមុនអំពីសាសនានៃព្រះគោតម គឺ ក្នុងកាលមុនអំពីសាសនាព្រះគោតម ដទៃអំពីសាសនាព្រះគោតម ក្នុងកាលមុនដំបូងអំពីសាសនាព្រះគោតម ក្នុងកាលមុនបង្អស់អំពីសាសនាព្រះគោតម អំពីសាសនាព្រះពុទ្ធ អំពីសាសនាព្រះជិនស្រី អំពីសាសនាព្រះតថាគត អំពីសាសនាព្រះពុទ្ធជាទេវតា អំពីសាសនាអរហន្ត ហេតុនោះ (លោកពោលថា) ក្នុងកាលមុន អំពីសាសនានៃព្រះគោតម។

[១៥៩] ពាក្យថា ហេតុមានមកហើយ ដូច្នេះៗ នឹងមានតទៅដូច្នេះៗ គឺ ឮថា ហេតុយ៉ាងនេះ ធ្លាប់មានមកហើយ ឮថា ហេតុយ៉ាងនេះ នឹងមានតទៅខាងមុខ ហេតុនោះ (លោកពោលថា) ហេតុមានហើយដូច្នេះៗ នឹងមានតទៅដូច្នេះៗ។

[១៦០] ពាក្យថា ពាក្យទាំងអស់នោះ ជាពាក្យជឿស្តាប់បុគ្គលដទៃ គឺ ពាក្យទាំងអស់នោះ ជាពាក្យជឿស្តាប់បុគ្គលដទៃ ដោយឮដូច្នេះៗ ដោយឮតៗ គ្នា ដោយការផ្សែផ្សំនឹងក្បួន ដោយហេតុនៃការត្រិះរិះ ដោយហេតុនៃការគ្នេរគ្នាន់ ដោយការជញ្ជឹងគិតតាមអាការៈ ដោយការយល់ ការពិនិត្យ និងការគិតគូរ គឺថា ជនទាំងនោះសំដែងធម៌ ដែលមិនបានត្រាស់ដឹងចំពោះខ្លួនឯង មិនជាក់ច្បាស់ចំពោះខ្លួនឯង ហេតុនោះ (លោកពោលថា) ពាក្យទាំងអស់នោះ ជាពាក្យជឿស្តាប់បុគ្គលដទៃ។

[១៦១] ពាក្យថា ពាក្យទាំងអស់នោះ ជាពាក្យធ្វើសេចក្តីត្រិះរិះឲ្យចម្រើន គឺ ពាក្យទាំងអស់នោះ ជាពាក្យធ្វើសេចក្តីត្រិះរិះឲ្យចម្រើន ធ្វើសេចក្តីត្រិះរិះផ្សេងៗ ឲ្យចម្រើន ធ្វើតម្រិះឲ្យចម្រើន ធ្វើសេចក្តីត្រិះរិះក្នុងកាមឲ្យចំរើន ធ្វើសេចក្តីត្រិះរិះក្នុងព្យាបាទ និងការបៀតបៀនឲ្យចម្រើន ធ្វើសេចក្តីត្រិះរិះក្នុងញាតិឲ្យចម្រើន ធ្វើសេចក្តីត្រិះរិះក្នុងជនបទឲ្យចម្រើន ធ្វើសេចក្តីត្រិះរិះក្នុងការមិនស្លាប់ឲ្យចម្រើន ធ្វើសេចក្តីត្រិះរិះ ដែលប្រកបដោយសេចក្តីអាណិតចំពោះបុគ្គលដទៃឲ្យចម្រើន ធ្វើសេចក្តីត្រិះរិះប្រកបដោយលាភសក្ការៈ និងសេចក្តីសរសើរឲ្យចម្រើន ធ្វើសេចក្តីត្រិះរិះ ប្រកបដោយការមិនចង់ឲ្យគេមើលងាយឲ្យចម្រើន ហេតុនោះ (លោកពោលថា) ពាក្យទាំងអស់នោះ ជាពាក្យធ្វើសេចក្តីត្រិះរិះឲ្យចម្រើន។ ហេតុនោះ ព្រះបិង្គិយត្ថេរពោលថា

ជនទាំងឡាយណាក្នុងកាលមុន (អំពីសាសនានៃព្រះគោតម) ជនទាំងឡាយនោះ បានព្យាករហើយថា ហេតុមានមកហើយដូច្នេះៗ នឹងមានតទៅដូច្នេះៗ ពាក្យទាំងអស់នោះ (មិនទាន់ប្រាកដទេ) ជាពាក្យជឿស្តាប់បុគ្គលដទៃ ពាក្យទាំងអស់នោះ ជាពាក្យធ្វើសេចក្តីត្រិះរិះឲ្យចម្រើន (ខ្ញុំមិនពេញចិត្តនឹងពាក្យនោះឡើយ)។

[១៦២]

ព្រះគោតមនោះ តែមួយព្រះអង្គឯង ទ្រង់បន្ទោបង់ងងឹត គង់នៅជាសុខ ទ្រង់មានរស្មីរុងរឿង ទ្រង់ធ្វើពន្លឺ (ដល់លោក) ព្រះគោតម មានប្រាជ្ញាជាគ្រឿងប្រាកដ ព្រះគោតម មានប្រាជ្ញាដូចផែនដី។

[១៦៣] អធិប្បាយពាក្យថា តែមួយព្រះអង្គឯង ទ្រង់បន្ទោបង់ងងឹត គង់នៅជាសុខ ត្រង់ពាក្យថា តែមួយព្រះអង្គឯង គឺ ព្រះមានព្រះភាគ តែមួយព្រះអង្គឯង ដោយចំណែកនៃបព្វជ្ជា តែមួយព្រះអង្គឯង ដោយសេចក្តីថា មិនមានបុគ្គលជាគម្រប់ពីរ តែមួយព្រះអង្គឯង ដោយសេចក្តីថា លះបង់តណ្ហា តែមួយព្រះអង្គឯង ព្រោះហេតុទ្រង់ប្រាសចាករាគៈដោយចំណែកមួយ តែមួយព្រះអង្គឯង ព្រោះហេតុទ្រង់ប្រាសចាកទោសៈដោយចំណែកមួយ តែមួយព្រះអង្គឯង ព្រោះហេតុទ្រង់ប្រាសចាកមោហៈដោយចំណែកមួយ តែមួយព្រះអង្គឯង ព្រោះហេតុទ្រង់មិនមានកិលេសដោយចំណែកមួយ តែមួយព្រះអង្គឯង ព្រោះហេតុទ្រង់ស្ដេចទៅកាន់ផ្លូវជាទីទៅនៃបុគ្គលមួយនាក់ តែមួយព្រះអង្គឯង ព្រោះហេតុត្រាស់ដឹងនូវសម្មាសម្ពោធិញ្ញាណដ៏ប្រសើរតែមួយព្រះអង្គ។

ព្រះមានព្រះភាគ តែមួយព្រះអង្គឯង ដោយចំណែកបព្វជ្ជា តើដូចម្ដេច។ ព្រះមានព្រះភាគ ទ្រង់នៅក្មេង មានព្រះកេសាខ្មៅស្រិល ប្រកបដោយវ័យដ៏ចម្រើន គឺ បឋមវ័យ កាលព្រះមាតា និងព្រះបិតា មិនសព្វព្រះហឫទ័យ (នឹងការចេញបព្វជ្ជា) មានព្រះភ័ក្រ្តជោកដោយទឹកព្រះនេត្រ ទ្រង់ព្រះកន្សែង ពិលាប ទ្រង់ក៏លះបង់ពពួកញាតិ កាត់បលិពោធក្នុងឃរាវាសទាំងអស់ កាត់បលិពោធក្នុងបុត្រ និងព្រះជាយា កាត់បលិពោធក្នុងញាតិ កាត់បលិពោធក្នុងមិត្ត និងអាមាត្យ ទ្រង់ដាក់ព្រះកេសា និងព្រះមស្សុ ទ្រង់ប្រដាប់ព្រះព័ស្ដជ្រលក់ទឹកចត់ ស្ដេចចេញចាកព្រះរាជដំណាក់ ចូលទៅកាន់ផ្នួស ដល់ស៊ប់នូវភាពជាអ្នកមិនមានកង្វល់ តែមួយព្រះអង្គឯង ទ្រង់ចរ ត្រាច់ទៅ ប្រព្រឹត្ត រក្សា យាត្រា ឲ្យយាត្រាទៅ ហេតុនោះ ព្រះមានព្រះភាគ តែមួយព្រះអង្គឯង ដោយចំណែកបព្វជ្ជា យ៉ាងនេះ។

ព្រះមានព្រះភាគ តែមួយព្រះអង្គឯង ដោយសេចក្តីថា មិនមានបុគ្គលជាគម្រប់ពីរ តើដូចម្ដេច។ ព្រះអង្គទ្រង់ផ្នួសយ៉ាងនេះហើយ ទ្រង់សេពចំពោះព្រៃតូច និងព្រៃធំ ជាសេនាសនៈស្ងាត់ មិនមានសំឡេង មិនមានសូរគឹកកង ប្រាសចាកខ្យល់ដែលកើតអំពីសរីរៈនៃជន ជាសេនាសនៈដ៏ស្ងប់ស្ងាត់របស់មនុស្ស ដ៏សមគួរដល់ការពួនសម្ងំ ព្រះអង្គទ្រង់ពុទ្ធដំណើរតែមួយអង្គឯង ទ្រង់ឋិតតែមួយអង្គឯង ទ្រង់គង់តែមួយអង្គឯង ទ្រង់សម្រេចការផ្ទំតែមួយអង្គឯង ទ្រង់ចូលទៅបិណ្ឌបាតក្នុងស្រុកតែមួយអង្គឯង ទ្រង់ត្រឡប់មកវិញតែមួយអង្គឯង ទ្រង់គង់ក្នុងទីរហោស្ថានតែមួយអង្គឯង ទ្រង់អធិដ្ឋានចង្រ្កមតែមួយអង្គឯង ទ្រង់ចរ ត្រាច់ទៅ ប្រព្រឹត្ត រក្សា យាត្រា ឲ្យយាត្រាទៅ តែមួយអង្គឯង ហេតុនោះ ព្រះមានព្រះភាគ តែមួយព្រះអង្គឯង ដោយសេចក្តីថា មិនមានបុគ្គលជាគម្រប់ពីរ យ៉ាងនេះ។

ព្រះមានព្រះភាគ តែមួយព្រះអង្គឯង ដោយសេចក្តីថា លះបង់តណ្ហា តើដូចម្ដេច។ ព្រះអង្គតែមួយព្រះអង្គឯង មិនមានបុគ្គលជាគម្រប់ពីរយ៉ាងនេះហើយ ទ្រង់មិនប្រហែស មានព្យាយាមជាគ្រឿងដុតកម្ដៅកិលេស មានព្រះទ័យបញ្ជូនទៅកាន់ព្រះនិព្វាន ទ្រង់តាំងសេចក្តីព្យាយាមធំ ទៀបគល់ពោធិព្រឹក្ស ក្បែរឆ្នេរស្ទឹងនេរញ្ជរា ទ្រង់កំចាត់បង់មារ ព្រមទាំងសេនា ដែលជាអ្នកមិនលះបង់អកុសលធម៌ ជាផៅពង្សនៃបុគ្គលប្រហែស ទ្រង់លះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ឲ្យដល់នូវការមិនកើតមាននូវតណ្ហា មានបណ្ដាញដែលហូរទៅ ផ្សាយទៅ ក្នុងអារម្មណ៍ផ្សេងៗ។

បុរសដែលមានតណ្ហាជាគម្រប់ពីរ រមែងអន្ទោលទៅកាន់ភាពនៃប្រការនេះ និងភាពនៃប្រការដទៃ អស់កាលដ៏វៃង មិនកន្លងនូវសង្សារបាន ភិក្ខុអ្នកមានស្មារតី មិនមានសេចក្តីប្រកាន់ ប្រាសចាកតណ្ហា ដឹងទោសនេះហើយ តែងចៀសវាងនូវការកើតនៃទុក្ខ ព្រោះតណ្ហា។

ព្រះមានព្រះភាគ តែមួយព្រះអង្គឯង ដោយសេចក្តីថា លះបង់តណ្ហា យ៉ាងនេះ។

ព្រះមានព្រះភាគ តែមួយព្រះអង្គឯង ព្រោះហេតុទ្រង់ប្រាសចាករាគៈ ដោយចំណែកមួយ តើដូចម្ដេច។ ព្រះមានព្រះភាគ តែមួយព្រះអង្គឯង ព្រោះហេតុទ្រង់ប្រាសចាករាគៈដោយចំណែកមួយ ព្រោះទ្រង់លះរាគៈហើយ។ ព្រះមានព្រះភាគ តែមួយព្រះអង្គឯង ព្រោះហេតុទ្រង់ប្រាសចាកទោសៈ ដោយចំណែកមួយ ព្រោះទ្រង់លះទោសៈហើយ។ ព្រះមានព្រះភាគ តែមួយព្រះអង្គឯង ព្រោះហេតុទ្រង់ប្រាសចាកមោហៈដោយចំណែកមួយ ព្រោះទ្រង់លះមោហៈហើយ។ ព្រះមានព្រះភាគ តែមួយព្រះអង្គឯង ព្រោះហេតុទ្រង់មិនមានកិលេសដោយចំណែកមួយ ព្រោះទ្រង់លះកិលេសទាំងឡាយហើយ។

ព្រះមានព្រះភាគ តែមួយព្រះអង្គឯង ព្រោះហេតុទ្រង់ស្ដេចទៅកាន់ផ្លូវជាទីទៅនៃបុគ្គលម្នាក់ឯង តើដូចម្ដេច។ សតិប្បដ្ឋាន ៤។បេ។ មគ្គដ៏ប្រសើរមានអង្គ ៨ លោកហៅថា ផ្លូវជាទីទៅនៃបុគ្គលម្នាក់ឯង។

ព្រះពុទ្ធទ្រង់ឃើញនូវទីបំផុតនៃធម៌ជាទីអស់ជាតិ ទ្រង់អនុគ្រោះនូវប្រយោជន៍ ទ្រង់ជ្រាបច្បាស់នូវផ្លូវជាទីទៅនៃបុគ្គលម្នាក់ឯង ចំណែកអ្នកប្រាជ្ញទាំងឡាយ ឆ្លងហើយក្នុងអតីត នឹងឆ្លងក្នុងអនាគត កំពុងឆ្លងក្នុងបច្ចុប្បន្ន នូវឱឃៈតាមផ្លូវនេះ។

ព្រះមានព្រះភាគ តែមួយព្រះអង្គឯង ព្រោះហេតុទ្រង់ស្ដេចទៅកាន់ផ្លូវជាទីទៅនៃបុគ្គលម្នាក់ឯង យ៉ាងនេះ។

ព្រះមានព្រះភាគ តែមួយព្រះអង្គឯង ព្រោះហេតុទ្រង់ត្រាស់ដឹងសម្មាសម្ពោធិញ្ញាណដ៏ប្រសើរ តែមួយព្រះអង្គ តើដូចម្ដេច។ ញាណ បញ្ញា បញ្ញិន្រ្ទិយ បញ្ញាពលៈ។បេ។ ធម្មវិចយសម្ពោជ្ឈង្គ វិមំសា វិបស្សនា សម្មាទិដ្ឋិ ក្នុងមគ្គ ៤ លោកហៅថា ពោធិ។ ដោយសារពោធិញ្ញាណនោះ ព្រះមានព្រះភាគ ទើបទ្រង់ត្រាស់ដឹងថា សង្ខារទាំងពួងមិនទៀង។បេ។ ត្រាស់ដឹងថា របស់ណានីមួយ មានការកើតឡើងជាធម្មតា របស់ទាំងអស់នោះ មានការរលត់ទៅវិញជាធម្មតា។ ម្យ៉ាងទៀត ធម្មជាតណា ដែលបណ្ឌិតគប្បីដឹង គប្បីត្រាស់ដឹងតាម គប្បីត្រាស់ដឹងចំពោះ គប្បីត្រាស់ដឹងព្រម គប្បីបាន គប្បីពាល់ត្រូវ គប្បីធ្វើឲ្យជាក់ច្បាស់ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដឹង ត្រាស់ដឹងតាម ត្រាស់ដឹងចំពោះ ត្រាស់ដឹងព្រម បានពាល់ត្រូវ ធ្វើឲ្យជាក់ច្បាស់ នូវធម្មជាតទាំងអស់នោះ ដោយសារពោធិញ្ញាណនោះ។ ព្រះមានព្រះភាគ តែមួយព្រះអង្គឯង ព្រោះហេតុទ្រង់ត្រាស់ដឹងសម្មាសម្ពោធិញ្ញាណដ៏ប្រសើរ តែមួយព្រះអង្គ យ៉ាងនេះ។ ពាក្យថា ទ្រង់បន្ទោបង់ងងឹត គឺ ព្រះមានព្រះភាគ ទ្រង់បន្ទោបង់ ទំលាក់ចោល លះបង់ បោះបង់ ធ្វើឲ្យវិនាស ឲ្យដល់នូវការមិនកើតមាននូវងងឹតគឺរាគៈ ងងឹតគឺទោសៈ ងងឹតគឺមោហៈ ងងឹតគឺមានះ ងងឹតគឺទិដ្ឋិ ងងឹតគឺកិលេស ងងឹតគឺទុច្ចរិត គ្រឿងធ្វើឲ្យងងឹត ធ្វើមិនឲ្យមានចក្ខុ ធ្វើមិនឲ្យមានការដឹង នាំឲ្យរលត់បញ្ញា ជាចំណែកនៃសេចក្តីចង្អៀតចង្អល់ មិនប្រព្រឹត្តទៅដើម្បីនិព្វាន។ ពាក្យថា ទ្រង់គង់នៅជាសុខ គឺ ព្រះមានព្រះភាគ ទ្រង់គង់ជិតបាសាណកចេតិយ ហេតុនោះ ឈ្មោះថា ទ្រង់គង់នៅជាសុខ។

ពួកសាវ័កដែលបានវិជ្ជា ៣ លះបង់នូវមច្ចុ តែងចូលទៅអង្គុយជិតព្រះមុនិ ទ្រង់ដល់ត្រើយនៃទុក្ខ ទ្រង់គង់នៅក្បែរខាងភ្នំ។

ហេតុនោះ ព្រះមានព្រះភាគ ឈ្មោះថា ទ្រង់គង់នៅជាសុខ យ៉ាងនេះ។ ម្យ៉ាងទៀត ព្រះមានព្រះភាគ ទ្រង់គង់នៅជាសុខ ព្រោះព្រះអង្គគ្របសង្កត់សេចក្តីខ្វល់ខ្វាយទាំងអស់ ព្រះអង្គមានការនៅ (ក្នុងអរិយវាស) នៅរួចហើយ មានចរណៈសន្សំហើយ។បេ។ ភពថ្មី គឺជាតិ ជរា មរណៈ សង្សារ នៃព្រះអង្គមិនមាន ហេតុនោះ ព្រះមានព្រះភាគ ឈ្មោះថា ទ្រង់គង់នៅជាសុខ យ៉ាងនេះឯង ហេតុនោះ (លោកពោលថា) តែមួយព្រះអង្គឯង ទ្រង់បន្ទោបង់ងងឹត គង់នៅជាសុខ។

[១៦៤] ពាក្យថា ព្រះគោតមនោះ ទ្រង់មានរស្មីរុងរឿង ទ្រង់ធ្វើពន្លឺ (ដល់លោក) ត្រង់ពាក្យថា ទ្រង់មានរស្មីរុងរឿង គឺទ្រង់មានពន្លឺជាបណ្ឌិត មានប្រាជ្ញា មានប្រាជ្ញាជាគ្រឿងត្រាស់ដឹង មានញាណ មានប្រាជ្ញាភ្លឺច្បាស់ មានប្រាជ្ញាជាគ្រឿងទំលាយកិលេស។ ពាក្យថា ទ្រង់ធ្វើពន្លឺ គឺទ្រង់ធ្វើឲ្យឃើញច្បាស់ ទ្រង់ធ្វើពន្លឺ ទ្រង់ធ្វើប្រទីប ទ្រង់ធ្វើរស្មី ទ្រង់ធ្វើពន្លឺសព្វ ហេតុនោះ (លោកពោលថា) ព្រះគោតមនោះ ទ្រង់មានរស្មីរុងរឿង ទ្រង់ធ្វើពន្លឺ (ដល់លោក)។

[១៦៥] ពាក្យថា ព្រះគោតម មានបញ្ញាជាគ្រឿងប្រាកដ គឺព្រះគោតម ទ្រង់មានបញ្ញាជាគ្រឿងប្រាកដ មានញាណជាគ្រឿងប្រាកដ មានប្រាជ្ញាជាទង់ជ័យ មានប្រាជ្ញាជាទង់ មានប្រាជ្ញាជាអធិបតី ច្រើនដោយការពិចារណា ច្រើនដោយការពិចារណាសព្វ ច្រើនដោយការប្រមើលមើល មានការប្រមើលមើលជាធម្មតា ជ្រាបច្បាស់ជាប្រក្រតី ប្រព្រឹត្តដោយប្រាជ្ញានោះ ច្រើនដោយប្រាជ្ញានោះ ធ្ងន់ដោយប្រាជ្ញានោះ ទេរទៅរកប្រាជ្ញានោះ ទោរទៅរកប្រាជ្ញានោះ ឈមទៅរកប្រាជ្ញានោះ បង្អោនទៅរកប្រាជ្ញានោះ យកប្រាជ្ញានោះជាអធិបតី។

រថមានទង់ជាគ្រឿងប្រាកដ ភ្លើងមានផ្សែងជាគ្រឿងប្រាកដ ដែនមានស្ដេចជាគ្រឿងប្រាកដ ស្រ្តីមានភស្ដាជាគ្រឿងប្រាកដ។

ព្រះគោតម ទ្រង់មានប្រាជ្ញាជាគ្រឿងប្រាកដ មានញាណជាគ្រឿងប្រាកដ មានប្រាជ្ញាជាទង់ជ័យ មានប្រាជ្ញាជាទង់ មានប្រាជ្ញាជាអធិបតី ច្រើនដោយការពិចារណា ច្រើនដោយការពិចារណាសព្វ ច្រើនដោយការប្រមើលមើល មានការប្រមើលមើលជាធម្មតា ជ្រាបច្បាស់ជាប្រក្រតី ប្រព្រឹត្តដោយប្រាជ្ញានោះ ច្រើនដោយប្រាជ្ញានោះ ធ្ងន់ដោយប្រាជ្ញានោះ ទេរទៅរកប្រាជ្ញានោះ ទោរទៅរកប្រាជ្ញានោះ ឈមទៅរកប្រាជ្ញានោះ បង្អោនទៅរកប្រាជ្ញានោះ យកប្រាជ្ញានោះជាអធិបតី យ៉ាងនេះឯង ហេតុនោះ (លោកពោលថា) ព្រះគោតមមានប្រាជ្ញាជាគ្រឿងប្រាកដ។

[១៦៦] ពាក្យថា ព្រះគោតមទ្រង់មានប្រាជ្ញាដូចផែនដី អធិប្បាយថា ប្រថពី លោកហៅថា ផែនដី។ ព្រះគោតម ទ្រង់ប្រកបដោយប្រាជ្ញាស្មើដោយប្រថពីដ៏ធំទូលាយ។ បញ្ញា លោកហៅថា មេធា បានដល់ ប្រាជ្ញា ការដឹងច្បាស់។បេ។ ការមិនវង្វេង ការពិចារណាធម៌ ការយល់ត្រូវ។ ព្រះមានព្រះភាគ ទ្រង់ប្រកប ប្រកបព្រម ចូលទៅជិតដល់ ចូលទៅជិតដល់ព្រម ដល់ស៊ប់ ដល់ស៊ប់ព្រម រួបរួមដោយមេធា គឺប្រាជ្ញានេះ ហេតុនោះ ព្រះពុទ្ធឈ្មោះថា មានប្រាជ្ញាដូចផែនដី ហេតុនោះ (លោកពោលថា) ព្រះគោតម ទ្រង់មានប្រាជ្ញាដូចផែនដី។ ហេតុនោះ ព្រះបិង្គិយត្ថេរពោលថា

ព្រះគោតមអង្គនោះ តែមួយព្រះអង្គឯង ទ្រង់បន្ទោបង់ងងឹត គង់នៅជាសុខ ទ្រង់មានរស្មីរុងរឿង ធ្វើពន្លឺ (ដល់លោក) ព្រះគោតមមានប្រាជ្ញា ជាគ្រឿងប្រាកដ ព្រះគោតមមានប្រាជ្ញាដូចផែនដី។

[១៦៧]

ព្រះគោតមអង្គណា ទ្រង់សំដែងធម៌ហើយដល់ខ្ញុំ ជាធម៌ដែលបុគ្គលគប្បីឃើញចំពោះខ្លួន ជាធម៌ឲ្យផលមិនរង់ចាំកាល ជាគ្រឿងអស់តណ្ហា មិនមានចង្រៃ ដែលជាធម៌មិនមានឧបមា ក្នុងទីណាមួយ។

[១៦៨] ពាក្យថា ព្រះគោតមអង្គណា ទ្រង់សំដែងធម៌ដល់ខ្ញុំ ត្រង់ពាក្យថា អង្គណា គឺព្រះមានព្រះភាគអង្គណា ទ្រង់កើតឯង មិនមានអាចារ្យ ត្រាស់ដឹងសច្ចៈទាំងឡាយដោយព្រះអង្គឯង ក្នុងធម៌ទាំងឡាយដែលមិនធ្លាប់ឮមកក្នុងកាលមុន ព្រះអង្គទ្រង់ដល់នូវភាពជាសព្វញ្ញូក្នុងសច្ចៈទាំងនោះផង ទ្រង់ដល់នូវភាពជាអ្នកស្ទាត់ក្នុងពលៈទាំងឡាយផង។ ពាក្យថា ទ្រង់សំដែងនូវធម៌ ត្រង់ពាក្យថា នូវធម៌ គឺទ្រង់ប្រាប់ សំដែង បញ្ញត្ត តាំងទុក បើក វែកញែក ធ្វើឲ្យរាក់ ប្រកាស នូវព្រហ្មចរិយធម៌ មានពីរោះបទដើម ពីរោះបទកណ្ដាល ពីរោះបទចុង ព្រមទាំងអត្ថ ទាំងព្យញ្ជនៈ ដ៏ពេញបរិបូណ៌បរិសុទ្ធទាំងអស់ផង សតិប្បដ្ឋានផង។បេ។ អដ្ឋង្គិកមគ្គដ៏ប្រសើរផង និព្វានផង បដិបទាជាដំណើរទៅកាន់ព្រះនិព្វានផង ហេតុនោះ (លោកពោលថា) ព្រះគោតមអង្គណា ទ្រង់សំដែងនូវធម៌ដល់ខ្ញុំ។

[១៦៩] ពាក្យថា ជាធម៌ដែលបុគ្គលគប្បីឃើញចំពោះខ្លួន ជាធម៌ឲ្យផលមិនរង់ចាំកាល គឺជាធម៌ដែលបុគ្គលគប្បីឃើញចំពោះខ្លួន ជាធម៌ឲ្យផលមិនរង់ចាំកាល ជាធម៌គួរដល់ឯហិបស្សវិធី គួរបង្អោនមកទុកក្នុងខ្លួន ជាធម៌ដែលវិញ្ញូជនទាំងឡាយ គប្បីដឹងចំពោះខ្លួន ហេតុនោះ (លោកពោលថា) ជាធម៌ដែលបុគ្គលគប្បីឃើញចំពោះខ្លួន ជាធម៌ឲ្យផលមិនរង់ចាំកាល យ៉ាងនេះ។ មួយទៀត បុគ្គលណា ចម្រើនអដ្ឋង្គិកមគ្គដ៏ប្រសើរក្នុងបច្ចុប្បន្ន បុគ្គលនោះ រមែងជួប បាន បានចំពោះ នូវផលក្នុងលំដាប់ លំដាប់ស្មើនៃមគ្គនោះ ហេតុនោះ (លោកពោលថា) ជាធម៌ដែលបុគ្គលគប្បីឃើញចំពោះខ្លួន ជាធម៌ឲ្យផលមិនរង់ចាំកាល យ៉ាងនេះ ក៏បាន។ មនុស្សទាំងឡាយ ឲ្យទ្រព្យ ប្រកបដោយកាល មិនបានផលក្នុងលំដាប់ រមែងរង់ចាំកាលយ៉ាងណា ធម៌នេះមិនមែនយ៉ាងនោះទេ។ បុគ្គលណា ចំរើនអដ្ឋង្គិកមគ្គដ៏ប្រសើរក្នុងបច្ចុប្បន្ន បុគ្គលនោះ រមែងចួប បាន បានចំពោះនូវផលក្នុងលំដាប់ លំដាប់ស្មើនៃមគ្គនោះ មិនមែនបានក្នុងពេលដទៃ មិនមែនបានក្នុងលោកដទៃទេ ជាធម៌ឲ្យផលមិនរង់ចាំកាលយ៉ាងនេះ ហេតុនោះ (លោកពោលថា) ជាធម៌ដែលបុគ្គលគប្បីឃើញចំពោះខ្លួន ជាធម៌ឲ្យផលមិនរង់ចាំកាល។

[១៧០] ពាក្យថា ជាគ្រឿងអស់តណ្ហា មិនមានចង្រៃ ត្រង់ពាក្យថា តណ្ហា បានដល់រូបតណ្ហា សទ្ទតណ្ហា គន្ធតណ្ហា រសតណ្ហា ផោដ្ឋព្វតណ្ហា ធម្មតណ្ហា។ ពាក្យថា ជាគ្រឿងអស់តណ្ហា គឺជាគ្រឿងអស់តណ្ហា អស់រាគៈ អស់ទោសៈ អស់មោហៈ អស់គតិ អស់ឧបបត្តិ អស់បដិសន្ធិ អស់ភព អស់សង្សារ អស់វដ្តៈ។ ពាក្យថា មិនមានចង្រៃ សេចក្តីថា កិលេស ខន្ធ និងអភិសង្ខារ លោកហៅថា ចង្រៃ។ ការលះចង្រៃ ការស្ងប់ចង្រៃ ការរលាស់ចោលចង្រៃ ការគ្របសង្កត់ចង្រៃ អមតនិព្វាន ហេតុនោះ (លោកពោលថា) ជាគ្រឿងអស់តណ្ហា មិនមានចង្រៃ។

[១៧១] អធិប្បាយពាក្យថា ដែលជាធម៌មិនមានឧបមាក្នុងទីណាមួយ ត្រង់ពាក្យថា ធម៌ បានដល់ និព្វាន។ ពាក្យថា មិនមានឧបមា គឺមិនមានការប្រៀប មិនមានសេចក្តីប្រៀបធៀប មិនមានភាពស្មើគ្នា មិនមាន មិនមានព្រម មិនបាននូវចំណែកប្រៀប។ ពាក្យថា ក្នុងទីណាមួយ គឺក្នុងទីណាមួយ ក្នុងទីណាៗ ក្នុងទីនីមួយ ជាខាងក្នុង ឬខាងក្រៅ ឬទាំងខាងក្នុង ទាំងខាងក្រៅ ហេតុនោះ (លោកពោលថា) ដែលជាធម៌មិនមានឧបមាក្នុងទីណាមួយ។ ហេតុនោះ ព្រះបិង្គិយត្ថេរពោលថា

ព្រះគោតមអង្គណា ទ្រង់សំដែងធម៌ហើយដល់ខ្ញុំ ជាធម៌ដែលបុគ្គលគប្បីឃើញចំពោះខ្លួន ជាធម៌ឲ្យផល មិនរង់ចាំកាល ជាគ្រឿងអស់តណ្ហា មិនមានចង្រៃ ដែលជាធម៌មិនមានឧបមា ក្នុងទីណាមួយ។

[១៧២] (ពាវរីព្រាហ្មណ៍សួរថា) បពិត្រព្រះបិង្គិយៈ ចុះលោកម្ចាស់ ធ្លាប់ឃ្លាតអំពីព្រះគោតម ទ្រង់មានប្រាជ្ញាជាគ្រឿងប្រាកដ អំពីព្រះគោតម មានប្រាជ្ញាដូចផែនដីនោះសូម្បីមួយរំពេចដែរឬ។

[១៧៣] ពាក្យថា ចុះលោកម្ចាស់ ធ្លាប់ឃ្លាតអំពីព្រះគោតមនោះដែរឬ គឺចុះលោកម្ចាស់ធ្លាប់ឃ្លាតឃ្លា ឃ្លាតចេញ ថយចេញ វៀរចេញ អំពីព្រះពុទ្ធនោះដែរឬ ហេតុនោះ (ព្រាហ្មណ៍ពោលថា) ចុះលោកម្ចាស់ ធ្លាប់ឃ្លាតអំពីព្រះគោតមនោះដែរឬ។

[១៧៤] ពាក្យថា បពិត្រព្រះបិង្គិយៈ …សូម្បីមួយរំពេច គឺសូម្បីមួយរំពេច មួយខណៈ មួយស្របក់ មួយចំណែក មួយថ្ងៃ ហេតុនោះ (ព្រាហ្មណ៍ពោលថា) សូម្បីមួយរំពេច។ ពាក្យថា បពិត្រព្រះបិង្គិយៈ គឺពាវរីព្រាហ្មណ៍ ហៅចៅនោះដោយនាម។

[១៧៥] ពាក្យថា អំពីព្រះគោតម ទ្រង់មានប្រាជ្ញាជាគ្រឿងប្រាកដ គឺអំពីព្រះគោតមទ្រង់មានប្រាជ្ញាជាគ្រឿងប្រាកដ មានញាណជាគ្រឿងប្រាកដ មានប្រាជ្ញាជាទង់ជ័យ មានប្រាជ្ញាជាទង់ យកប្រាជ្ញាជាអធិបតី ច្រើនដោយការពិចារណា ច្រើនដោយការពិចារណាសព្វ ច្រើនដោយការប្រមើលមើល មានការប្រមើលមើលព្រមជាធម្មតា ជ្រាបច្បាស់ជាប្រក្រតី ប្រព្រឹត្តដោយប្រាជ្ញានោះ ច្រើនដោយប្រាជ្ញានោះ ធ្ងន់ដោយប្រាជ្ញានោះ ទេរទៅរកប្រាជ្ញានោះ ទោរទៅរកប្រាជ្ញានោះ ឈមទៅរកប្រាជ្ញានោះ ឱនទៅរកប្រាជ្ញានោះ យកប្រាជ្ញានោះជាអធិបតី ហេតុនោះ (ព្រាហ្មណ៍ពោលថា) អំពីព្រះគោតម ទ្រង់មានប្រាជ្ញាជាគ្រឿងប្រាកដ។

[១៧៦] ពាក្យថា អំពីព្រះគោតម មានប្រាជ្ញាដូចផែនដី សេចក្តីថា ប្រថពី លោកហៅថា ផែនដី។ ព្រះមានព្រះភាគ ទ្រង់ប្រកបដោយប្រាជ្ញាស្មើដោយផែនដីដ៏ធំទូលាយនេះ។ ប្រាជ្ញា លោកហៅថា មេធា បានដល់ ប្រាជ្ញា ការដឹងច្បាស់។បេ។ ការមិនវង្វេង ការពិចារណាធម៌ ការយល់ត្រូវ។ ព្រះមានព្រះភាគ ប្រកប ប្រកបព្រម ចូលទៅជិតដល់ ចូលទៅជិតដល់ព្រម ដល់ស៊ប់ ដល់ស៊ប់ព្រម រួបរួមដោយមេធា គឺប្រាជ្ញានេះ ហេតុនោះ ព្រះពុទ្ធឈ្មោះថា មានប្រាជ្ញាដូចផែនដី។ ហេតុនោះ (ព្រាហ្មណ៍ពោលថា) អំពីព្រះគោតម មានប្រាជ្ញាដូចផែនដី។ ហេតុនោះ ពាវរីព្រាហ្មណ៍នោះពោលថា

បពិត្រព្រះបិង្គិយៈ ចុះលោកម្ចាស់ ធ្លាប់ឃ្លាតអំពីព្រះគោតម ទ្រង់មានប្រាជ្ញាជាគ្រឿងប្រាកដ អំពីព្រះគោតម មានប្រាជ្ញាដូចផែនដីនោះ សូម្បីមួយរំពេចដែរឬ។

[១៧៧]

ព្រះគោតមអង្គណា ទ្រង់សំដែងធម៌ដល់លោកម្ចាស់ ជាធម៌ដែលបុគ្គលគប្បីឃើញចំពោះខ្លួន ជាធម៌ឲ្យផលមិនរង់ចាំកាល ជាគ្រឿងអស់តណ្ហា មិនមានចង្រៃ ដែលជាធម៌មិនមានឧបមា ក្នុងទីណាមួយ។

[១៧៨] ត្រង់ពាក្យថា ព្រះគោតមអង្គណា ទ្រង់សំដែងធម៌ដល់លោកម្ចាស់ ត្រង់ពាក្យថា អង្គណា គឺព្រះមានព្រះភាគអង្គណា។បេ។ ទ្រង់ដល់នូវភាពជាសព្វញ្ញូ ក្នុងសច្ចៈនោះផង នូវភាពជាអ្នកស្ទាត់ក្នុងពលៈទាំងឡាយផង។ ពាក្យថា ទ្រង់សំដែងធម៌ ត្រង់ពាក្យថា ធម៌ គឺទ្រង់ប្រាប់ សំដែង បញ្ញត្ត តាំងទុក បើក វែកញែក ធ្វើឲ្យរាក់ ប្រកាស នូវព្រហ្មចរិយធម៌ មានពីរោះបទដើម។បេ។ នូវបដិបទាជាដំណើរទៅកាន់ព្រះនិព្វានផង ហេតុនោះ (ព្រាហ្មណ៍ពោលថា) ព្រះគោតមអង្គណា ទ្រង់សំដែងធម៌ដល់លោកម្ចាស់។

[១៧៩] ពាក្យថា ជាធម៌ដែលបុគ្គលគប្បីឃើញចំពោះខ្លួន ជាធម៌ឲ្យផលមិនរង់ចាំកាល គឺជាធម៌ដែលបុគ្គលគប្បីឃើញចំពោះខ្លួន ជាធម៌ឲ្យផលមិនរង់ចាំកាល ជាធម៌គួរដល់ឯហិបស្សវិធី គួរបង្អោនមកទុកក្នុងខ្លួន ជាធម៌ដែលវិញ្ញូជនទាំងឡាយគប្បីដឹងចំពោះខ្លួន ហេតុនោះ ( ព្រាហ្មណ៍ពោលថា) ជាធម៌ដែលបុគ្គលគប្បីឃើញចំពោះខ្លួន ជាធម៌ឲ្យផលមិនរង់ចាំកាល យ៉ាងនេះ។ មួយទៀត បុគ្គលណា ចម្រើនអដ្ឋង្គិកមគ្គដ៏ប្រសើរ ក្នុងបច្ចុប្បន្ន បុគ្គលនោះ រមែងចួប បាន បានចំពោះនូវផលក្នុងលំដាប់ លំដាប់ស្មើនៃមគ្គនោះ ហេតុនោះ (ព្រាហ្មណ៍ពោលថា) ជាធម៌ដែលបុគ្គលគប្បីឃើញចំពោះខ្លួន ជាធម៌ឲ្យផលមិនរង់ចាំកាល យ៉ាងនេះក៏បាន។ មនុស្សទាំងឡាយឲ្យទ្រព្យ ប្រកបដោយកាល រមែងមិនបានផល ក្នុងលំដាប់ តែងរង់ចាំកាលយ៉ាងណា ធម៌នេះ មិនមែនយ៉ាងនោះទេ។ បុគ្គលណា ចម្រើនអដ្ឋង្គិកមគ្គដ៏ប្រសើរ ក្នុងបច្ចុប្បន្ន បុគ្គលនោះ រមែងចួប បាន បានចំពោះនូវផលក្នុងលំដាប់ លំដាប់ស្មើនៃមគ្គនោះ មិនមែនបានក្នុងពេលដទៃ មិនមែនបានក្នុងលោកដទៃទេ ជាធម៌ឲ្យផលមិនរង់ចាំកាលយ៉ាងនេះ ហេតុនោះ (ព្រាហ្មណ៍ពោលថា) ជាធម៌ដែលបុគ្គលគប្បីឃើញចំពោះខ្លួន ជាធម៌ឲ្យផលមិនរង់ចាំកាល។

[១៨០] ពាក្យថា ជាគ្រឿងអស់តណ្ហា មិនមានចង្រៃ ត្រង់ពាក្យថា តណ្ហា បានដល់រូបតណ្ហា សទ្ទតណ្ហា គន្ធតណ្ហា រសតណ្ហា ផោដ្ឋព្វតណ្ហា ធម្មតណ្ហា។ ពាក្យថា ជាគ្រឿងអស់តណ្ហា គឺជាគ្រឿងអស់តណ្ហា អស់រាគៈ អស់ទោសៈ អស់មោហៈ អស់គតិ អស់ឧបបត្តិ អស់បដិសន្ធិ អស់ភព អស់សង្សារ អស់វដ្ដៈ។ ពាក្យថា មិនមានចង្រៃ សេចក្តីថា កិលេស ខន្ធ និងអភិសង្ខារ លោកហៅថា ចង្រៃ។ ការលះចង្រៃ ការស្ងប់ចង្រៃ ការរលាស់ចោលចង្រៃ ការគ្របសង្កត់ចង្រៃ អមតនិព្វាន ហេតុនោះ (ព្រាហ្មណ៍ពោលថា) ជាគ្រឿងអស់តណ្ហា មិនមានចង្រៃ។

[១៨១] ពាក្យថា ដែលជាធម៌មិនមានឧបមា ក្នុងទីណាមួយ ត្រង់ពាក្យថា ដែលជាធម៌ បានដល់និព្វាន។ ពាក្យថា មិនមានឧបមា គឺមិនមានការប្រៀប មិនមានសេចក្តីប្រៀបធៀប មិនមានភាពស្មើគ្នា មិនមាន មិនមានព្រម មិនបាននូវចំណែកប្រៀប ហេតុនោះ (ព្រាហ្មណ៍ពោលថា) មិនមានឧបមា។ ពាក្យថា ក្នុងទីណាមួយ គឺក្នុងទីណាមួយ ក្នុងទីណាៗ ក្នុងទីនីមួយ ជាខាងក្នុង ឬខាងក្រៅ ឬទាំងខាងក្នុងទាំងខាងក្រៅ ហេតុនោះ (ព្រាហ្មណ៍ពោលថា) ដែលជាធម៌មិនមានឧបមាក្នុងទីណាមួយ។ ហេតុនោះ ពាវរីព្រាហ្មណ៍នោះ ពោលថា

ព្រះគោតមអង្គណា ទ្រង់សំដែងធម៌ដល់លោកម្ចាស់ ជាធម៌ដែលបុគ្គលគប្បីឃើញចំពោះខ្លួន ជាធម៌ឲ្យផលមិនរង់ចាំកាល ជាគ្រឿងអស់តណ្ហា មិនមានចង្រៃ ដែលជាធម៌មិនមានឧបមា ក្នុងទីណាមួយ។

[១៨២] (ព្រះបិង្គិយត្ថេរពោលថា)

បពិត្រព្រាហ្មណ៍ អាត្មាមិនធ្លាប់ឃ្លាតអំពីព្រះគោតម ទ្រង់មានប្រាជ្ញាជាគ្រឿងប្រាកដ អំពីព្រះគោតម មានប្រាជ្ញាដូចផែនដីនោះ សូម្បីមួយរំពេចទេ។

[១៨៣] ពាក្យថា អាត្មាមិនធ្លាប់ឃ្លាត អំពីព្រះគោតមនោះ គឺអាត្មាមិនធ្លាប់ឃ្លាតឃ្លា មិនគេចចេញ មិនថយចេញ មិនវៀរចេញ ចាកព្រះពុទ្ធនោះទេ ហេតុនោះ (លោកពោលថា) អាត្មាមិនធ្លាប់ឃ្លាតអំពីព្រះគោតមនោះទេ។

[១៨៤] ពាក្យថា បពិត្រព្រាហ្មណ៍… សូម្បីមួយរំពេច គឺសូម្បីមួយរំពេច មួយខណៈ មួយស្របក់ មួយចំណែក មួយថ្ងៃ ហេតុនោះ (លោកពោលថា) សូម្បីមួយរំពេច។ ពាក្យថា បពិត្រព្រាហ្មណ៍ គឺព្រះបិង្គិយត្ថេរ ហៅឪពុកធំដោយគោរព។

[១៨៥] ពាក្យថា អំពីព្រះគោតម ទ្រង់មានប្រាជ្ញាជាគ្រឿងប្រាកដ គឺអំពីព្រះគោតម ទ្រង់មានប្រាជ្ញាជាគ្រឿងប្រាកដ មានញាណជាគ្រឿងប្រាកដ មានប្រាជ្ញាជាទង់ជ័យ មានប្រាជ្ញាជាទង់ យកប្រាជ្ញាជាអធិបតី ច្រើនដោយការពិចារណា ច្រើនដោយការពិចារណាសព្វ ច្រើនដោយការប្រមើលមើល មានការប្រមើលមើលព្រមជាធម្មតា ជ្រាបច្បាស់ជាប្រក្រតី ប្រព្រឹត្តដោយប្រាជ្ញានោះ ច្រើនដោយប្រាជ្ញានោះ ធ្ងន់ដោយប្រាជ្ញានោះ ទេរទៅរកប្រាជ្ញានោះ ទោរទៅរកប្រាជ្ញានោះ ឈមទៅរកប្រាជ្ញានោះ បង្អោនទៅរកប្រាជ្ញានោះ យកប្រាជ្ញានោះជាអធិបតី ហេតុនោះ (លោកពោលថា) អំពីព្រះគោតម ទ្រង់មានប្រាជ្ញាជាគ្រឿងប្រាកដ។

[១៨៦] ពាក្យថា អំពីព្រះគោតម មានប្រាជ្ញាដូចផែនដី សេចក្តីថា ប្រថពី លោកហៅថា ផែនដី។ ព្រះមានព្រះភាគ ទ្រង់ប្រកបដោយប្រាជ្ញាស្មើដោយផែនដីដ៏ធំទូលាយនេះ។ ប្រាជ្ញា លោកហៅថា មេធា បានដល់ប្រាជ្ញា ការដឹងច្បាស់។បេ។ ការមិនវង្វេង ការពិចារណាធម៌ ការយល់ត្រូវ។ ព្រះមានព្រះភាគទ្រង់ប្រកប ប្រកបព្រម ចូលទៅជិតដល់ ចូលទៅជិតដល់ព្រម ដល់ស៊ប់ ដល់ស៊ប់ព្រម រួបរួមដោយមេធា គឺប្រាជ្ញានេះ ហេតុនោះ ព្រះពុទ្ធឈ្មោះថា មានប្រាជ្ញាដូចផែនដី ហេតុនោះ (លោកពោលថា) អំពីព្រះគោតម មានប្រាជ្ញាដូចផែនដី។ ហេតុនោះ ព្រះបិង្គិយត្ថេរពោលថា

បពិត្រព្រាហ្មណ៍ អាត្មាមិនធ្លាប់ឃ្លាតអំពីព្រះគោតម ទ្រង់មានប្រាជ្ញាជាគ្រឿងប្រាកដ អំពីព្រះគោតម មានប្រាជ្ញាដូចផែនដីនោះ សូម្បីមួយរំពេចទេ។

[១៨៧]

ព្រះគោតមអង្គណា ទ្រង់សំដែងធម៌ដល់អាត្មា ជាធម៌ដែលបុគ្គលគប្បីឃើញចំពោះខ្លួន ជាធម៌ឲ្យផលមិនរង់ចាំកាល ជាគ្រឿងអស់តណ្ហា មិនមានចង្រៃ ដែលជាធម៌មិនមានឧបមា ក្នុងទីណាមួយ។

[១៨៨] ពាក្យថា ព្រះគោតមអង្គណា ទ្រង់សំដែងធម៌ដល់អាត្មា ត្រង់ពាក្យថា អង្គណា គឺព្រះមានព្រះភាគអង្គណា ទ្រង់កើតឯង មិនមានអាចារ្យ ត្រាស់ដឹងសច្ចៈទាំងឡាយដោយព្រះអង្គឯង ក្នុងធម៌ទាំងឡាយដែលមិនធ្លាប់ឮមកក្នុងកាលមុនផង ទ្រង់ដល់នូវភាពជាសព្វញ្ញូក្នុងសច្ចៈទាំងនោះផង ទ្រង់ដល់នូវភាពជាអ្នកស្ទាត់ក្នុងពលៈទាំងឡាយផង។ ពាក្យថា ទ្រង់សំដែងធម៌ ត្រង់ពាក្យថា ធម៌ គឺទ្រង់ប្រាប់ សំដែង បញ្ញត្ត តាំងទុក បើក វែកញែក ធ្វើឲ្យរាក់ ប្រកាសនូវព្រហ្មចរិយធម៌ មានពីរោះបទដើម ពីរោះបទកណ្ដាល ពីរោះបទចុង ព្រមទាំងអត្ថ ទាំងព្យញ្ជនៈដ៏បរិសុទ្ធ បរិបូណ៌ទាំងអស់ នូវសតិប្បដ្ឋាន ៤ សម្មប្បធាន ៤ ឥទ្ធិបាទ ៤ ឥន្រ្ទិយ ៥ ពលៈ ៥ ពោជ្ឈង្គ ៧ អដ្ឋង្គិកមគ្គដ៏ប្រសើរ និព្វាន និងបដិបទាជាដំណើរទៅកាន់ព្រះនិព្វាន ហេតុនោះ (លោកពោលថា) ព្រះគោតមអង្គណា ទ្រង់សំដែងធម៌ដល់អាត្មា។

[១៨៩] ពាក្យថា ជាធម៌ដែលបុគ្គលគប្បីឃើញចំពោះខ្លួន ជាធម៌ឲ្យផលមិនរង់ចាំកាល គឺជាធម៌ដែលបុគ្គលគប្បីឃើញច្បាស់ចំពោះខ្លួន ជាធម៌ឲ្យផលមិនរង់ចាំកាល ជាធម៌គួរដល់ឯហិបស្សវិធី គួរបង្អោនមកទុកក្នុងខ្លួន ជាធម៌ដែលវិញ្ញូជនគប្បីដឹងចំពោះខ្លួន ហេតុនោះ (លោកពោលថា) ជាធម៌ដែលបុគ្គលគប្បីឃើញចំពោះខ្លួន ជាធម៌ឲ្យផលមិនរង់ចាំកាល យ៉ាងនេះ។ មួយទៀត បុគ្គលណា ចម្រើនអដ្ឋង្គិកមគ្គដ៏ប្រសើរ ក្នុងបច្ចុប្បន្ន បុគ្គលនោះ រមែងចួប បាន បានចំពោះនូវផលក្នុងលំដាប់ លំដាប់ស្មើនៃមគ្គនោះ ហេតុនោះ (លោកពោលថា) ជាធម៌ដែលបុគ្គលគប្បីឃើញចំពោះខ្លួន ជាធម៌ឲ្យផលមិនរង់ចាំកាល យ៉ាងនេះក៏បាន។ មនុស្សទាំងឡាយឲ្យទ្រព្យ ប្រកបដោយកាល មិនបានផលក្នុងលំដាប់ រមែងរង់ចាំកាលយ៉ាងណា ធម៌នេះ មិនមែនយ៉ាងនោះទេ បុគ្គលណា ចម្រើនអដ្ឋង្គិកមគ្គដ៏ប្រសើរ ក្នុងបច្ចុប្បន្ន បុគ្គលនោះ រមែងចួប បាន បានចំពោះនូវផលក្នុងលំដាប់ លំដាប់ស្មើនៃមគ្គនោះ មិនមែនបានក្នុងពេលដទៃ មិនមែនបានក្នុងលោកដទៃទេ ជាធម៌ឲ្យផលមិនរង់ចាំកាល យ៉ាងនេះ ហេតុនោះ (លោកពោលថា) ជាធម៌ដែលបុគ្គលគប្បីឃើញចំពោះខ្លួន ជាធម៌ឲ្យផលមិនរង់ចាំកាល។

[១៩០] អធិប្បាយពាក្យថា ជាគ្រឿងអស់តណ្ហា មិនមានចង្រៃ ត្រង់ពាក្យថា តណ្ហា បានដល់ រូបតណ្ហា សទ្ទតណ្ហា គន្ធតណ្ហា រសតណ្ហា ផោដ្ឋព្វតណ្ហា ធម្មតណ្ហា។ ពាក្យថា ជាគ្រឿងអស់តណ្ហា គឺជាគ្រឿងអស់ចំណង់ អស់រាគៈ អស់ទោសៈ អស់មោហៈ អស់គតិ អស់ឧបបត្តិ អស់បដិសន្ធិ អស់ភព អស់សង្សារ អស់វដ្តៈ។ ពាក្យថា មិនមានចង្រៃ សេចក្តីថា កិលេស ខន្ធ និងអភិសង្ខារ លោកហៅថា ចង្រៃ។ ការលះចង្រៃ ការស្ងប់ចង្រៃ ការរលាស់ចោលចង្រៃ ការគ្របសង្កត់ចង្រៃ អមតនិព្វាន ហេតុនោះ (លោកពោលថា) ជាគ្រឿងអស់តណ្ហា មិនមានចង្រៃ។

[១៩១] ពាក្យថា ដែលជាធម៌មិនមានឧបមា ក្នុងទីណាមួយ ត្រង់ពាក្យថា ដែលជាធម៌ បានដល់និព្វាន។ ពាក្យថា មិនមានឧបមា គឺ មិនមានការប្រៀបផ្ទឹម មិនមានសេចក្តីប្រៀបធៀប មិនមានភាពស្មើគ្នា មិនមាន មិនមានព្រម មិនបាននូវចំណែកប្រៀប ហេតុនោះ (លោកពោលថា) មិនមានឧបមា។ ពាក្យថា ក្នុងទីណាមួយ គឺ ក្នុងទីណាមួយ ក្នុងទីណាៗ ក្នុងទីនីមួយ ជាខាងក្នុង ឬខាងក្រៅ ឬទាំងខាងក្នុងទាំងខាងក្រៅ ហេតុនោះ (លោកពោលថា) ដែលជាធម៌មិនមានឧបមាក្នុងទីណាមួយ។ ហេតុនោះ ព្រះបិង្គិយត្ថេរពោលថា

ព្រះគោតមអង្គណា ទ្រង់សំដែងធម៌ដល់អាត្មា ជាធម៌ដែលបុគ្គលគប្បីឃើញចំពោះខ្លួន ជាធម៌ឲ្យផលមិនរង់ចាំកាល ជាគ្រឿងអស់តណ្ហា មិនមានចង្រៃ ដែលជាធម៌មិនមានឧបមា ក្នុងទីណាមួយ។

[១៩២]

បពិត្រព្រាហ្មណ៍ អាត្មាជាអ្នកមិនប្រហែស តែងឃើញព្រះពុទ្ធនោះ ដោយចិត្ត ហាក់ដូចឃើញដោយភ្នែកទាំងយប់ទាំងថ្ងៃ អាត្មាតែងនមស្ការ នៅរហូតយប់ និងថ្ងៃ ទើបអាត្មាសំគាល់ថា ការមិនឃ្លាតដោយហេតុនោះឯង។

[១៩៣] ពាក្យថា អាត្មាតែងឃើញព្រះពុទ្ធនោះ ដោយចិត្ត ហាក់ដូចឃើញដោយភ្នែក គឺ បុរសមានភ្នែកគប្បីរមិលមើល គប្បីឃើញ គប្បីចួប គប្បីគន់មើល គប្បីសំឡឹងមើល គប្បីពិចារណាមើល នូវរូបទាំងឡាយ យ៉ាងណា អាត្មាតែងឃើញ ចួប គន់មើល សំឡឹងមើល ពិចារណាមើល នូវព្រះពុទ្ធមានព្រះភាគ ដោយចិត្ត ក៏យ៉ាងនោះដែរ ហេតុនោះ (លោកពោលថា) អាត្មាតែងឃើញព្រះពុទ្ធនោះ ដោយចិត្ត ហាក់ដូចឃើញដោយភ្នែក។

[១៩៤] ពាក្យថា បពិត្រព្រាហ្មណ៍ អាត្មាជាអ្នកមិនប្រហែសទាំងយប់ទាំងថ្ងៃ គឺ អាត្មាខំចំរើនដោយចិត្ត ទាំងយប់ទាំងថ្ងៃ ឈ្មោះថា ជាអ្នកមិនប្រហែស ហេតុនោះ (លោកពោលថា) បពិត្រព្រាហ្មណ៍ អាត្មាជាអ្នកមិនប្រហែស ទាំងយប់ទាំងថ្ងៃ។

[១៩៥] ពាក្យថា អាត្មាតែងនមស្ការនៅរហូតយប់ និងថ្ងៃ ត្រង់ពាក្យថា នមស្ការ គឺ នមស្ការដោយកាយក្តី នមស្ការដោយវាចាក្តី នមស្ការដោយចិត្តក្តី នមស្ការដោយការប្រតិបត្តិ ទៅតាមប្រយោជន៍ក្តី នមស្ការធ្វើសក្ការៈ ធ្វើសេចក្តីគោរពរាប់អាន បូជា ដោយការប្រតិបត្តិធម៌ដ៏សមគួរដល់ធម៌ក្តី នៅរហូតយប់ និងថ្ងៃ គឺ ញុំាងយប់ និងថ្ងៃឲ្យប្រព្រឹត្តកន្លងទៅ ហេតុនោះ (លោកពោលថា) អាត្មាតែងនមស្ការនៅរហូតយប់និងថ្ងៃ។

[១៩៦] ពាក្យថា ទើបអាត្មាសំគាល់ថា ការមិនឃ្លាតដោយហេតុនោះឯង គឺ អាត្មាកាលអប់រំដោយពុទ្ធានុស្សតិនោះ ទើបសំគាល់នូវអំពើនោះថា ជាការមិនឃ្លាត សំគាល់ គឺ ដឹង ដឹងយ៉ាងនេះ យល់យ៉ាងនេះ ដឹងច្បាស់យ៉ាងនេះ ដឹងចំពោះយ៉ាងនេះ នូវព្រះពុទ្ធនោះថា ព្រះអង្គមិនធ្លាប់ឃ្លាត ហេតុនោះ (លោកពោលថា) ទើបអាត្មាសំគាល់ថា ការមិនឃ្លាត ដោយហេតុនោះឯង។ ហេតុនោះ ព្រះបិង្គិយត្ថេរពោលថា

បពិត្រព្រាហ្មណ៍ អាត្មាជាអ្នកមិនប្រហែស តែងឃើញព្រះពុទ្ធនោះ ដោយចិត្ត ហាក់ដូចឃើញដោយភ្នែក ទាំងយប់ទាំងថ្ងៃ អាត្មាតែងនមស្ការ នៅរហូតយប់និងថ្ងៃ ទើបអាត្មាសំគាល់ថា ការមិនឃ្លាត ដោយហេតុនោះឯង។

[១៩៧]

ធម៌ទាំង ៤ នេះ គឺ សទ្ធា បីតិ មនោ និងសតិ (របស់អាត្មា) តែងមិនឃ្លាតចាកសាសនា របស់ព្រះគោតមឡើយ ព្រះគោតម ទ្រង់មានប្រាជ្ញាដូចផែនដី ស្ដេចទៅកាន់ទិសណាៗ អាត្មានោះ ក៏ជាអ្នកឱនទៅរកទិសនោះៗ។

[១៩៨] អធិប្បាយពាក្យថា សទ្ធា បីតិ មនោ និងសតិ ត្រង់ពាក្យថា សទ្ធា បានដល់ ជំនឿ ការជឿ ការចុះចិត្ត សេចក្តីជ្រះថ្លាខ្លាំង សទ្ធា សទ្ធិន្រ្ទិយ សទ្ធាពលៈ ប្រារព្ធព្រះមានព្រះភាគ។ ពាក្យថា បីតិ បានដល់ ការឆ្អែត បាមោជ្ជៈ ការរីករាយ ការរីករាយចំពោះ ការត្រេកអរ ការត្រេកអរស៊ប់ ភាពនៃចិត្តរបស់ខ្លួន ភាពនៃចិត្តជ្រះថ្លាក្រៃពេក ប្រារព្ធព្រះមានព្រះភាគ។ ពាក្យថា មនោ បានដល់ចិត្ត ធម្មជាតសម្រាប់បង្អោនទៅ សេចក្តីប្រាថ្នាក្នុងចិត្ត ហឫទ័យ បណ្ឌរៈ មនោ មនាយតនៈ មនិន្រ្ទិយ វិញ្ញាណ វិញ្ញាណក្ខន្ធ មនោវិញ្ញាណធាតុ ដែលកើតអំពីវិញ្ញាណក្ខន្ធនោះ ប្រារព្ធព្រះមានព្រះភាគ។ ពាក្យថា សតិ បានដល់ស្មារតី ការរឭករឿយៗ។បេ។ ការរឭកត្រូវ ប្រារព្ធព្រះមានព្រះភាគ ហេតុនោះ (លោកពោលថា) សទ្ធា បីតិ មនោ និងសតិ។

[១៩៩] ពាក្យថា ធម៌ទាំង ៤ នេះ តែងមិនឃ្លាតចាកសាសនារបស់ព្រះគោតម គឺ ធម៌ទាំង ៤ នេះ តែងមិនប្រាសចេញ មិនមក មិនលះបង់ មិនវិនាស ចាកសាសនាព្រះគោតម ចាកសាសនាព្រះពុទ្ធ ចាកសាសនាព្រះជិនស្រី ចាកសាសនាព្រះតថាគត ចាកសាសនាព្រះអរហន្ដ ហេតុនោះ (លោកពោលថា) ធម៌ទាំង ៤ នេះ តែងមិនប្រាសចាកសាសនា របស់ព្រះគោតម។

[២០០] ពាក្យថា ទ្រង់មានប្រាជ្ញាដូចផែនដី ស្ដេចទៅកាន់ទិសណាៗ ត្រង់ពាក្យថា ទិសណាៗ គឺ ទ្រង់ទៅ ដល់ ឈាន ឈានកន្លង ទៅកាន់ទិសខាងកើតក្តី ទិសខាងលិចក្តី ទិសខាងត្បូងក្តី ទិសខាងជើងក្តី។ ពាក្យថា មានប្រាជ្ញាដូចផែនដី គឺ ទ្រង់មានប្រាជ្ញាដូចប្រឹថពី មានប្រាជ្ញាច្រើន មានប្រាជ្ញាមុត មានប្រាជ្ញាក្រាស់ មានប្រាជ្ញារីករាយ មានប្រាជ្ញារហ័ស មានប្រាជ្ញាធ្លុះធ្លាយ ហេតុនោះ (លោកពោលថា) ទ្រង់មានប្រាជ្ញាដូចផែនដី ស្ដេចទៅកាន់ទិសណាៗ។

[២០១] ពាក្យថា អាត្មានោះ ជាអ្នកឱនទៅរកទិសនោះៗ គឺព្រះពុទ្ធទ្រង់គង់នៅក្នុងទិសណា អាត្មានោះ ជាអ្នកឱនទៅរកទិសនោះ ទេរទៅរកទិសនោះ ទោរទៅរកទិសនោះ ឈមទៅរកទិសនោះ បង្អោនទៅរកទិសនោះ យកទិសនោះ ជាអធិបតី ហេតុនោះ (លោកពោលថា) អាត្មានោះ ជាអ្នកឱនទៅរកទិសនោះៗ។ ហេតុនោះ ព្រះបិង្គិយត្ថេរពោលថា

ធម៌ទាំង ៤ នេះ គឺ សទ្ធា បីតិ មនោ និងសតិ (របស់អាត្មា) តែងមិនឃ្លាតចាកសាសនា របស់ព្រះគោតមឡើយ ព្រះគោតម ទ្រង់មានប្រាជ្ញាដូចផែនដី ស្ដេចទៅកាន់ទិសណាៗ អាត្មានោះ ក៏ជាអ្នកឱនទៅរកទិសនោះៗ។

[២០២]

អាត្មាជាបុគ្គលគ្រាំគ្រា មានកម្លាំងថយហើយ ហេតុនោះ កាយទៅក្នុងទិសនោះ មិនបានទេ តែអាត្មាទៅដោយដំណើរនៃសេចក្តីត្រិះរិះ អស់កាលជានិច្ច បពិត្រព្រាហ្មណ៍ ព្រោះថា ចិត្តរបស់អាត្មា ប្រកបតាមទិសនោះ។

[២០៣] ពាក្យថា អាត្មាជាបុគ្គលគ្រាំគ្រា មានកម្លាំងថយហើយ ត្រង់ពាក្យថា គ្រាំគ្រា គឺ ចាស់ ចម្រើន មានអាយុច្រើន រស់នៅបានយូរឆ្នាំមកហើយ មានវ័យដល់ហើយតាមលំដាប់ ហេតុនោះ (លោកពោលថា ) គ្រាំគ្រា។ ពាក្យថា មានកម្លាំងថយ គឺ មានកម្លាំងខ្សោយ មានកម្លាំងតិច មានកម្លាំងស្ដួចស្ដើង ហេតុនោះ (លោកពោលថា) អាត្មាជាបុគ្គលគ្រាំគ្រា មានកម្លាំងថយហើយ។

[២០៤] ពាក្យថា កាយទៅក្នុងទិសនោះ មិនបានទេ គឺ ព្រះពុទ្ធគង់ក្នុងទិសណា កាយទៅមិនបាន ចេញទៅមិនបាន ដើរទៅមិនបាន ឈានទៅមិនបាន ក្នុងទិសនោះទេ ហេតុនោះ (លោកពោលថា) កាយទៅក្នុងទិសនោះ មិនបានទេ។

[២០៥] ពាក្យថា តែអាត្មាទៅដោយដំណើរនៃសេចក្តីត្រិះរិះ អស់កាលជានិច្ច គឺ អាត្មាទៅ ដើរទៅ ឈានទៅ ដោយដំណើរនៃតម្រិះ ដោយដំណើរវិតក្កៈ ដោយដំណើរញាណ ដោយដំណើរបញ្ញា ដោយដំណើរប្រាជ្ញា ជាគ្រឿងត្រាស់ដឹង ហេតុនោះ (លោកពោលថា) តែអាត្មាទៅដោយដំណើរនៃសេចក្តីត្រិះរិះ អស់កាលជានិច្ច។

[២០៦] ពាក្យថា បពិត្រព្រាហ្មណ៍ ព្រោះថា ចិត្តរបស់អាត្មាប្រកបតាមទិសនោះ ត្រង់ពាក្យថា ចិត្ត បានដល់គំនិត ធម្មជាតសម្រាប់បង្អោនទៅ សេចក្តីប្រាថ្នាក្នុងចិត្ត ហឫទ័យ បណ្ឌរៈ មនោ មនាយតនៈ មនិន្រ្ទិយ វិញ្ញាណ វិញ្ញាណក្ខន្ធ មនោវិញ្ញាណធាតុ ដែលកើតអំពីវិញ្ញាណក្ខន្ធនោះ។ ពាក្យថា បពិត្រព្រាហ្មណ៍… ប្រកបហើយតាមទិសនោះ គឺ ព្រះពុទ្ធគង់ក្នុងទិសណា ចិត្តរបស់អាត្មាក៏ប្រកប ប្រកបព្រម តាមទិសនោះ ហេតុនោះ (លោកពោលថា) បពិត្រព្រាហ្មណ៍ ព្រោះថា ចិត្តរបស់អាត្មាប្រកបតាមទិសនោះ។ ហេតុនោះ ព្រះបិង្គិយត្ថេរពោលថា

អាត្មាជាបុគ្គលគ្រាំគ្រា មានកម្លាំងថយហើយ ហេតុនោះកាយទៅក្នុងទិសនោះ មិនបានទេ តែអាត្មាទៅដោយដំណើរនៃសេចក្តីត្រិះរិះ អស់កាលជានិច្ច បពិត្រព្រាហ្មណ៍ព្រោះថា ចិត្តរបស់អាត្មា ប្រកបតាមទិសនោះ។

[២០៧]

អាត្មាដេកក្នុងភក់ បម្រះននៀល ស្ទុះចេញអំពីទីពឹង ទៅរកទីពឹង គ្រានោះ អាត្មាបានឃើញព្រះសម្ពុទ្ធទ្រង់ឆ្លងអន្លង់ហើយ ទ្រង់មិនមានអាសវៈទេ។

[២០៨] អធិប្បាយពាក្យថា ដេកក្នុងភក់ បម្រះននៀល ត្រង់ពាក្យថា ដេកក្នុងភក់ គឺ ដេក ដេកស៊ប់ ដេកត្រាំ ក្នុងភក់គឺកាម ក្នុងល្បាប់គឺកាម ក្នុងកិលេសគឺកាម ក្នុងសន្ទូចគឺកាម ក្នុងសេចក្តីក្តៅក្រហាយគឺកាម ក្នុងកង្វល់គឺកាម ហេតុនោះ (លោកពោលថា) ដេកក្នុងភក់។ ពាក្យថា បម្រះននៀល គឺ បម្រះននៀល ដោយការបម្រះននៀលគឺតណ្ហា បម្រះននៀល ដោយការបម្រះននៀលគឺទិដ្ឋិ បម្រះននៀល ដោយការបម្រះននៀលគឺកិលេស បម្រះននៀល ដោយការបម្រះននៀលគឺប្រយោគ បម្រះននៀល ដោយការបម្រះននៀលគឺវិបាក បម្រះននៀល ដោយការបម្រះននៀលគឺទុច្ចរិត ជាអ្នកត្រេកអរ បម្រះននៀលដោយរាគៈ ជាអ្នកប្រទូស្ដ បម្រះននៀលដោយទោសៈ ជាអ្នកវង្វេង បម្រះននៀលដោយមោហៈ ជាអ្នកជាប់ចំពាក់ បម្រះននៀលដោយមានះ ជាអ្នកស្ទាបអង្អែល បម្រះននៀលដោយទិដ្ឋិ ជាអ្នករវើរវាយ បម្រះននៀលដោយឧទ្ធច្ចៈ ជាអ្នកដល់នូវការមិនដាច់ស្រេច បម្រះននៀលដោយវិចិកិច្ឆា ជាអ្នកដល់នូវកម្លាំង បម្រះននៀលដោយអនុស័យ បម្រះននៀលដោយលាភ បម្រះននៀលដោយអលាភ បម្រះននៀលដោយយស បម្រះននៀល ដោយអយស បម្រះននៀលដោយនិន្ទា បម្រះននៀលដោយសេចក្តីសរសើរ បម្រះននៀលដោយសុខ បម្រះននៀលដោយទុក្ខ បម្រះននៀលដោយជាតិ បម្រះននៀលដោយជរា បម្រះននៀលដោយព្យាធិ បម្រះននៀលដោយមរណៈ បម្រះននៀលដោយសេចក្តីសោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស សេចក្តីតានតឹង បម្រះននៀលដោយទុក្ខក្នុងនរក បម្រះននៀលដោយទុក្ខក្នុងតិរច្ឆានកំណើត បម្រះននៀលដោយទុក្ខ ក្នុងប្រេតវិស័យ បម្រះននៀល អន្ទះសា ញាប់ញ័រ ញ័ររន្ធត់ ដោយទុក្ខ ជារបស់មនុស្ស ដោយទុក្ខមានការចុះកាន់គភ៌ជាមូល ដោយទុក្ខមានការតាំងនៅក្នុងគភ៌ជាមូល ដោយទុក្ខមានការចេញចាកគភ៌ជាមូល ដោយទុក្ខដែលទាក់ទងនឹងសត្វកើតហើយ ដោយទុក្ខដែលបណ្តាលអំពីរឿងដទៃនៃសត្វកើតហើយ ដោយទុក្ខព្រោះសេចក្តីព្យាយាមរបស់ខ្លួន ដោយទុក្ខព្រោះសេចក្តីព្យាយាមរបស់បុគ្គលដទៃ ដោយទុក្ខទុក្ខ សង្ខារទុក្ខ វិបរិណាមទុក្ខ ចក្ខុរោគទុក្ខ សោតរោគទុក្ខ ឃានរោគទុក្ខ ជិវ្ហារោគទុក្ខ កាយរោគទុក្ខ សីសរោគទុក្ខ កណ្ណរោគទុក្ខ មុខរោគទុក្ខ ទន្ដរោគទុក្ខ ដោយទុក្ខព្រោះរោគក្អក ហឺត ឫសដូងច្រមុះ ក្តៅក្រហាយ ស្គាំងស្គម ឈឺពោះ វិលមុខ ធ្លាក់ឈាម ចុកសៀត ចុកផ្ទៃ ឃ្លង់ ពក ស្រែង រីងរៃ ឆ្កួតជ្រូក ដំណួចពិស រមាស់ កម រោគកើតក្នុងទីខ្វារដោយក្រចក ឃ្លង់ដែក ឈាមប្រមាត់ ប្រមេះ ឫសដូងដុះ បូស ឫសដូងបាត ព្រោះអាពាធកើតអំពីប្រមាត់ អាពាធកើតអំពីស្លេស្ម៍ អាពាធកើតអំពីខ្យល់ អាពាធកើតអំពីធាតុប្រជុំគ្នា អាពាធកើតអំពីការប្រែប្រួលរដូវ អាពាធកើតអំពីការរក្សាឥរិយាបថមិនស្មើ អាពាធកើតអំពីសេចក្តីព្យាយាម មានវាយចងជាដើម អាពាធកើតអំពីកម្មវិបាក ព្រោះត្រជាក់ ក្តៅ ឃ្លាន ស្រេក ឧច្ចារៈ បស្សាវៈ សម្ផស្ស របោម មូស ខ្សល់ កំដៅថ្ងៃ សត្វលូនវារ ដោយទុក្ខព្រោះស្លាប់មាតា ដោយទុក្ខព្រោះស្លាប់បិតា ដោយទុក្ខព្រោះស្លាប់បងប្អូនប្រុស ដោយទុក្ខព្រោះស្លាប់បងប្អូនស្រី ដោយទុក្ខព្រោះស្លាប់កូនប្រុស ដោយទុក្ខព្រោះស្លាប់កូនស្រី ដោយទុក្ខព្រោះវិនាសញាតិ ដោយទុក្ខព្រោះវិនាសភោគសម្បត្តិ ដោយទុក្ខព្រោះវិនាសដោយសាររោគ ដោយទុក្ខព្រោះវិនាសសីល ដោយទុក្ខ ព្រោះវិនាសទិដ្ឋិ ហេតុនេះ (លោកពោលថា) ដេកក្នុងភក់ បម្រះននៀល។

[២០៩] ពាក្យថា ស្ទុះចេញអំពីទីពឹង ទៅរកទីពឹង គឺស្ទុះ ស្ទុះចេញអំពីសាស្ដា ទៅរកសាស្ដា អំពីអ្នកប្រាប់ធម៌ ទៅរកអ្នកប្រាប់ធម៌ អំពីគណៈ ទៅរកគណៈ អំពីទិដ្ឋិ ទៅរកទិដ្ឋិ អំពីបដិបទា ទៅរកបដិបទា អំពីមគ្គ ទៅរកមគ្គ ហេតុនោះ (លោកពោលថា) ស្ទុះចេញអំពីទីពឹង ទៅរកទីពឹង។

[២១០] ពាក្យថា គ្រានោះ អាត្មាបានឃើញព្រះសម្ពុទ្ធ ត្រង់ពាក្យថា គ្រានោះ គឺជាការតបទ។បេ។ ពាក្យថា គ្រានោះ ជាលំដាប់នៃបទ។ ពាក្យថា បានឃើញ គឺ បានឃើញ បានចួប បានប្រសព្វ បានចាក់ធ្លុះ។ ពាក្យថា ព្រះសម្ពុទ្ធ បានដល់ព្រះមានបុណ្យ។បេ។ បញ្ញត្តិថា ព្រះពុទ្ធនេះ កើតអំពីការត្រាស់ដឹង ហេតុនោះ (លោកពោលថា) គ្រានោះ អាត្មាបានឃើញព្រះសម្ពុទ្ធ។

[២១១] ពាក្យថា ទ្រង់ឆ្លងអន្លង់ហើយ គឺ ព្រះមានព្រះភាគ ទ្រង់ឆ្លងអន្លង់គឺកាម ឆ្លងអន្លង់គឺភព ឆ្លងអន្លង់គឺទិដ្ឋិ ឆ្លង ឆ្លងឡើង ឆ្លងចេញ កន្លង កន្លងព្រម ប្រព្រឹត្តកន្លង អន្លង់គឺវិជ្ជា គឺថា ព្រះអង្គទ្រង់មានការនៅក្នុងអរិយវាស នៅរួចហើយ មានចរណៈសន្សំហើយ។បេ។ ភពថ្មី គឺ ជាតិ ជរា មរណៈ សង្សារ នៃព្រះអង្គមិនមាន ហេតុនោះ (លោកពោលថា) ទ្រង់ឆ្លងអន្លង់ហើយ។ ពាក្យថា មិនមានអាសវៈ សេចក្តីថា អាសវៈ ៤ គឺ កាមាសវៈ ភវាសវៈ ទិដ្ឋាសវៈ អវិជ្ជាសវៈ។ អាសវៈទាំងនោះ ព្រះពុទ្ធមានជោគ ទ្រង់លះបង់ហើយ មានឫសគល់ផ្ដាច់ផ្ដិលហើយ ធ្វើឲ្យសល់តែទីនៅ ដូចជាទីនៅនៃដើមត្នោត ធ្វើឲ្យដល់នូវការមិនកើតមាន ឲ្យជាធម៌លែងកើតតទៅទៀត ហេតុនោះ ព្រះពុទ្ធ ឈ្មោះថា មិនមានអាសវៈ ហេតុនោះ (លោកពោលថា) ទ្រង់ឆ្លងអន្លង់ហើយ មិនមានអាសវៈ។ ហេតុនោះ ព្រះបិង្គិយត្ថេរ ពោលថា

អាត្មាដេកក្នុងភក់ បម្រះននៀល ស្ទុះចេញអំពីទីពឹង ទៅរកទីពឹង គ្រានោះ អាត្មាបានឃើញព្រះសម្ពុទ្ធ ព្រះអង្គទ្រង់ឆ្លងអន្លង់ហើយ ទ្រង់មិនមានអាសវៈទេ។

[២១២] (ព្រះមានព្រះភាគត្រាស់ថា)

វក្កលិ ភទ្រាវុធ និងអឡវិគោតម សុទ្ធតែជាអ្នកមានសទ្ធាបញ្ចេញហើយ យ៉ាងណា សូម្បីអ្នក ក៏ចូរបញ្ចេញនូវសទ្ធា យ៉ាងនោះចុះម្នាលបិង្គិយៈ អ្នកនឹងដល់នូវត្រើយ នៃលំនៅរបស់មច្ចុ។

[២១៣] ពាក្យថា វក្កលិ ភទ្រាវុធ និងអាឡវិគោតម សុទ្ធតែជាអ្នកមានសទ្ធាបញ្ចេញហើយ យ៉ាងណា អធិប្បាយថា វក្កលិ មានសទ្ធាបញ្ចេញហើយ ជាអ្នកធ្ងន់ក្នុងសទ្ធា មានសទ្ធាជាប្រធាន មានចិត្តចុះស៊ប់ក្នុងសទ្ធា មានសទ្ធាជាអធិបតី បានសម្រេចព្រះអរហត្ត យ៉ាងណា ភទ្រាវុធ មានសទ្ធាបញ្ចេញហើយ ជាអ្នកធ្ងន់ក្នុងសទ្ធា មានសទ្ធាជាប្រធាន មានចិត្តចុះស៊ប់ក្នុងសទ្ធា មានសទ្ធាជាអធិបតី បានសម្រេចព្រះអរហត្ត យ៉ាងណា អាឡវិគោតម មានសទ្ធាបញ្ចេញហើយ ជាអ្នកធ្ងន់ក្នុងសទ្ធា មានសទ្ធាជាប្រធាន មានចិត្តចុះស៊ប់ក្នុងសទ្ធា មានសទ្ធាជាអធិបតី បានសម្រេចព្រះអរហត្ត យ៉ាងណា ហេតុនោះ (ទ្រង់ត្រាស់ថា) វក្កលិ ភទ្រាវុធ និងអាឡវិគោតម សុទ្ធតែជាអ្នកមានសទ្ធាបញ្ចេញហើយ យ៉ាងណា។

[២១៤] ពាក្យថា សូម្បីអ្នកក៏ចូរបញ្ចេញនូវសទ្ធាយ៉ាងនោះចុះ សេចក្តីថា អ្នកចូរលែង ចូរបញ្ចេញ ចូរបញ្ចេញព្រម ចូរចុះស៊ប់កាន់សទ្ធា គឺ ចូរជឿថា សង្ខារទាំងពួងមិនទៀង។បេ។ អ្នកចូរលែង ចូរបញ្ចេញ ចូរបញ្ចេញព្រម ចូរចុះស៊ប់កាន់សទ្ធា គឺ ចូរជឿថា របស់ណាមានការកើតឡើងជាធម្មតា របស់ទាំងអស់នោះ មានការរលត់ទៅវិញជាធម្មតា យ៉ាងនោះដែរ ហេតុនោះ (ទ្រង់ត្រាស់ថា) សូម្បីអ្នក ក៏ចូរបញ្ចេញនូវសទ្ធាយ៉ាងនោះចុះ។

[២១៥] ពាក្យថា ម្នាលបិង្គិយៈ អ្នកនឹងដល់ត្រើយនៃលំនៅរបស់មច្ចុ សេចក្តីថា កិលេស ខន្ធ និងអភិសង្ខារ លោកហៅថា លំនៅរបស់មច្ចុ។ អមតនិព្វាន លោកហៅថា ត្រើយនៃលំនៅរបស់មច្ចុ បានដល់ការរម្ងាប់សង្ខារទាំងពួង ការរលាស់ចោលឧបធិទាំងពួង ការអស់តណ្ហា ការប្រាសចាកតម្រេក សេចក្តីរលត់ និព្វាន។ ពាក្យថា ម្នាលបិង្គិយៈ អ្នកនឹងដល់ត្រើយនៃលំនៅរបស់មច្ចុ បានសេចក្តីថា អ្នកនឹងដល់ នឹងបាន នឹងពាល់ត្រូវ នឹងធ្វើឲ្យជាក់ច្បាស់នូវត្រើយ ហេតុនោះ (ទ្រង់ត្រាស់ថា) ម្នាលបិង្គិយៈ អ្នកនឹងដល់ត្រើយនៃលំនៅរបស់មច្ចុ។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា

វក្កលិ ភទ្រាវុធ និងអាឡវិគោតម សុទ្ធតែជាអ្នកមានសទ្ធាបញ្ចេញហើយ យ៉ាងណា សូម្បីអ្នក ក៏ចូរបញ្ចេញសទ្ធា យ៉ាងនោះចុះ ម្នាលបិង្គិយៈ អ្នកនឹងដល់ត្រើយនៃលំនៅរបស់មច្ចុ។

[២១៦] (ព្រះបិង្គិយត្ថេរទូលថា)

ខ្ញុំព្រះអង្គនេះ ជ្រះថ្លាក្រៃពេក ព្រោះបានស្ដាប់ព្រះបន្ទូលនៃព្រះអង្គ ជាព្រះមុនី ព្រះអង្គទ្រង់មានគ្រឿងបិទ បើកហើយ ព្រះអង្គមិនមានគ្រឿងរឹងរូស ទ្រង់មានបដិភាណ។

[២១៧] ពាក្យថា ខ្ញុំព្រះអង្គនេះ ជ្រះថ្លាក្រៃពេក គឺ ខ្ញុំព្រះអង្គនេះ ជ្រះថ្លា ជឿ ចុះចិត្តស៊ប់ ជឿមាំក្រៃពេកថា សង្ខារទាំងពួងមិនទៀង។បេ។ ខ្ញុំព្រះអង្គនេះ ជ្រះថ្លា ជឿ ចុះចិត្តស៊ប់ ជឿមាំក្រៃពេកថា របស់ណា មានការកើតឡើងជាធម្មតា របស់នោះ មានការរលត់ទៅវិញជាធម្មតា ហេតុនោះ (លោកពោលថា) ខ្ញុំព្រះអង្គនេះ ជ្រះថ្លាក្រៃពេក។

[២១៨] ពាក្យថា ព្រោះបានស្ដាប់ព្រះបន្ទូលនៃព្រះអង្គជាព្រះមុនិ ត្រង់ពាក្យថា មុនិ សេចក្តីថា ញាណ លោកហៅថា មោនៈ បានដល់បញ្ញា ការដឹងច្បាស់។បេ។ មុនិនោះ កន្លងនូវបណ្ដាញ គឺ កិលេស ជាគ្រឿងចំពាក់។ ពាក្យថា ព្រោះបានស្ដាប់ព្រះបន្ទូលនៃព្រះអង្គជាព្រះមុនិ បានសេចក្តីថា ព្រោះបានស្ដាប់ ឮ រៀន ចងចាំទុក កំណត់ទុកនូវព្រះបន្ទូល គន្លងនៃព្រះបន្ទូល ទេសនា អនុសន្ធិនៃព្រះអង្គ ហេតុនោះ (លោកពោលថា) ព្រោះបានស្ដាប់ព្រះបន្ទូលនៃព្រះអង្គជាព្រះមុនិ។

[២១៩] ពាក្យថា ព្រះសម្ពុទ្ធទ្រង់មានគ្រឿងបិទ បើកហើយ ត្រង់ពាក្យថា គ្រឿងបិទ បានដល់ គ្រឿងបិទ ៥ គឺ គ្រឿងបិទគឺតណ្ហា គ្រឿងបិទគឺទិដ្ឋិ គ្រឿងបិទគឺកិលេស គ្រឿងបិទគឺទុច្ចរិត គ្រឿងបិទគឺអវិជ្ជា។ គ្រឿងបិទទាំងនោះ ព្រះពុទ្ធមានព្រះភាគ ទ្រង់បើក គឺកំចាត់បង់ ដកឡើង លះបង់ ផ្ដាច់ផ្ដិល រំងាប់ គ្របសង្កត់ ធ្វើមិនគួរឲ្យកើតឡើងបាន ដុតដោយភ្លើង គឺ ញាណហើយ ហេតុនោះ ព្រះពុទ្ធ ឈ្មោះថា មានគ្រឿងបិទ បើកហើយ។ ពាក្យថា ព្រះពុទ្ធ បានដល់ ព្រះមានព្រះភាគ។បេ។ បញ្ញត្តិថា ព្រះពុទ្ធនេះ កើតព្រោះការត្រាស់ដឹង ហេតុនោះ (លោកពោលថា) ព្រះសម្ពុទ្ធទ្រង់មានគ្រឿងបិទ បើកហើយ។

[២២០] អធិប្បាយពាក្យថា ព្រះអង្គមិនមានគ្រឿងរឹងរូស ទ្រង់មានបដិភាណ ត្រង់ពាក្យថា មិនមានគ្រឿងរឹងរូស សេចក្តីថា រាគៈឈ្មោះថាគ្រឿងរឹងរូស ទោសៈឈ្មោះថាគ្រឿងរឹងរូស មោហៈឈ្មោះថាគ្រឿងរឹងរូស ក្រោធឈ្មោះថាគ្រឿងរឹងរូស ការចងគំនុំ ឈ្មោះថាគ្រឿងរឹងរូស។បេ។ អកុសលាភិសង្ខារទាំងអស់ ឈ្មោះថាគ្រឿងរឹងរូស។ គ្រឿងរឹងរូសទាំងនោះ ព្រះពុទ្ធមានជោគ ទ្រង់លះបង់ ផ្ដាច់ផ្ដិលឫសគល់ ធ្វើឲ្យសល់តែទីនៅ ដូចជាទីនៅនៃដើមត្នោត ឲ្យដល់នូវការមិនកើតមាន ធ្វើឲ្យជាធម៌លែងកើតតទៅទៀត ហេតុនោះ ព្រះពុទ្ធឈ្មោះថា មិនមានគ្រឿងរឹងរូស។ ពាក្យថា ទ្រង់មានបដិភាណ បានដល់បុគ្គលមានបដិភាណ ៣ ពួក គឺ បុគ្គលមានបដិភាណព្រោះបរិយត្តិ ១ បុគ្គលមានបដិភាណព្រោះបរិបុច្ឆា ១ បុគ្គលមានបដិភាណព្រោះអធិគមៈ ១។

បុគ្គលមានបដិភាណព្រោះបរិយត្តិ តើដូចម្ដេច។ បុគ្គលខ្លះ ក្នុងលោកនេះ រៀនពុទ្ធវចនៈ គឺ សុត្តៈ គេយ្យៈ វេយ្យាករណៈ គាថា ឧទានៈ ឥតិវុត្តកៈ ជាតកៈ អព្ភូតធម្មៈ វេទល្លៈ ពុទ្ធវចនៈនោះ រមែងភ្លឺច្បាស់ដល់បុគ្គលនោះ ព្រោះអាស្រ័យបរិយត្តិនេះ ឈ្មោះថា បុគ្គលមានបដិភាណព្រោះបរិយត្តិ។

បុគ្គលមានបដិភាណព្រោះបរិបុច្ឆា តើដូចម្ដេច។ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកសាកសួរក្នុងអត្ថ ក្នុងធម៌គួរដឹង ក្នុងលក្ខណៈ ក្នុងហេតុ ក្នុងឋានៈ និងអដ្ឋានៈ សភាវៈមានអត្ថជាដើមនោះ រមែងភ្លឺច្បាស់ដល់បុគ្គលនោះ ព្រោះអាស្រ័យការសាកសួរ នេះឈ្មោះថា បុគ្គលមានបដិភាណព្រោះបរិបុច្ឆា។

បុគ្គលមានបដិភាណព្រោះអធិគមៈ តើដូចម្ដេច។ បុគ្គលខ្លះ ក្នុងលោកនេះ ត្រាស់ដឹងសតិប្បដ្ឋាន ៤ សម្មប្បធាន ៤ ឥទ្ធិបាទ ៤ ឥន្រ្ទិយ ៥ ពលៈ ៥ ពោង្ឈង្គ ៧ អដ្ឋង្គិកមគ្គដ៏ប្រសើរ អរិយមគ្គ ៤ សាមញ្ញផល ៤ បដិសម្ភិទា ៤ អភិញ្ញា ៦ បុគ្គលនោះ ដឹងអត្ថ ដឹងធម៌ ដឹងនិរុត្តិ កាលបុគ្គលដឹងអត្ថហើយ អត្ថក៏ភ្លឺច្បាស់ កាលបុគ្គលដឹងធម៌ហើយ ធម៌ក៏ភ្លឺច្បាស់ កាលបុគ្គលដឹងនិរុត្តិហើយ និរុត្តិក៏ភ្លឺច្បាស់ ការដឹងក្នុងធម៌ទាំង ៣ នេះ ឈ្មោះថាបដិភាណប្បដិសម្ភិទា។ ព្រះមានព្រះភាគ ទ្រង់ប្រកបហើយ ប្រកបព្រម ចូលទៅជិតដល់ ចូលទៅជិតដល់ព្រម ចូលទៅជិតសម្រេច ចូលទៅជិតសម្រេចព្រម រួបរួម ដោយបដិសម្ភិទានេះ ហេតុនោះ ព្រះពុទ្ធ ឈ្មោះថា ទ្រង់មានបដិភាណ។ បុគ្គលណា ពុំមានបរិយត្តិ ពុំមានបរិបុច្ឆា ពុំមានអធិគមៈទេ អ្វីនឹងភ្លឺច្បាស់ដល់បុគ្គលនោះ ហេតុនោះ (លោកពោលថា) ព្រះអង្គមិនមានគ្រឿងរឹងរូស ទ្រង់មានបដិភាណ។ ហេតុនោះ ព្រះបិង្គិយត្ថេរ ពោលថា

ខ្ញុំព្រះអង្គនេះ ជ្រះថ្លាក្រៃពេក ព្រោះបានស្ដាប់ព្រះបន្ទូលនៃព្រះអង្គជាព្រះមុនិ ព្រះសម្ពុទ្ធទ្រង់មានគ្រឿងបិទ បើកហើយ ព្រះអង្គមិនមានគ្រឿងរឹងរូស ទ្រង់មានបដិភាណ។

[២២១]

ព្រះសាស្ដាទ្រង់ជ្រាប់ច្បាស់នូវអធិទេវតាទាំងឡាយ ទ្រង់ជ្រាបនូវធម្មជាតទាំងអស់ ដែលថោកទាប និងប្រសើរ ទ្រង់ធ្វើទីបំផុតនៃប្រស្នាទាំងឡាយ ដល់ពួកជនអ្នកសង្ស័យដែលប្ដេជ្ញា (ថាអស់សង្ស័យ)។

[២២២] អធិប្បាយពាក្យថា ទ្រង់ជ្រាបច្បាស់នូវអធិទេវតាទាំងឡាយ ត្រង់ពាក្យថា ទេវតាទាំងឡាយ បានដល់ទេវតា ៣ ពួក គឺ ពួកសម្មតិទេវតា ១ ឧបបត្តិទេវតា ១ វិសុទ្ធិទេវតា ១។

សម្មតិទេវតា តើដូចម្ដេច។ ព្រះរាជា ព្រះរាជកុមារ និងព្រះរាជទេពី ទាំងនេះ ហៅថា សម្មតិទេវតា។

ឧបបត្តិទេវតា តើដូចម្ដេច។ ពួកទេវតាជាន់ចាតុម្មហារាជិកៈ ពួកទេវតាជាន់តាវត្តិង្ស។បេ។ ពួកទេវតាជាន់ព្រហ្មកាយិកៈ និងពួកទេវតាជាន់ខាងលើអំពីនោះ ទាំងនេះហៅថា ឧបបត្តិទេវតា។

វិសុទ្ធិទេវតា តើដូចម្ដេច។ ព្រះអរហន្ដខីណាស្រព ជាសាវ័ករបស់តថាគត និងព្រះបច្ចេកសម្ពុទ្ធ ទាំងនេះ ហៅថា វិសុទ្ធិទេវតា។

ព្រះមានព្រះភាគជ្រាបច្បាស់ នូវសម្មតិទេវតាទាំងឡាយថា ជាអធិទេវតា ទ្រង់ជ្រាបច្បាស់នូវពួកឧបបត្តិទេវតាថា ជាអធិទេវតា ទ្រង់ជ្រាបច្បាស់ ទ្រង់យល់ ទ្រង់ថ្លឹង ទ្រង់ត្រិះរិះ ទ្រង់ជាក់ច្បាស់ ទ្រង់ធ្វើឲ្យប្រាកដ នូវពួកវិសុទ្ធិទេវតាថា ជាអធិទេវតា ហេតុនោះ (លោកពោលថា) ទ្រង់ជ្រាបច្បាស់នូវអធិទេវតាទាំងឡាយ។

[២២៣] ពាក្យថា ទ្រង់ជ្រាបច្បាស់ធម្មជាតទាំងអស់ដ៏ថោកទាប និងប្រសើរ អធិប្បាយថា ព្រះមានព្រះភាគទ្រង់ជ្រាបច្បាស់ ទ្រង់យល់ ទ្រង់ប៉ះពាល់ ទ្រង់ចាក់ធ្លុះ នូវពួកធម៌ ដែលធ្វើព្រះអង្គ និងបុគ្គលដទៃ ឲ្យជាអធិទេវតា។ ពួកធម៌ដែលធ្វើព្រះអង្គ ឲ្យជាអធិទេវតា តើដូចម្ដេច។ សេចក្តីប្រតិបត្តិដោយប្រពៃ សេចក្តីប្រតិបត្តិបណ្ដោយតាម សេចក្តីប្រតិបត្តិមិនទំនាស់ សេចក្តីប្រតិបត្តិធម៌ដ៏សមគួរដល់ធម៌ ការធ្វើបំពេញក្នុងសីល ការគ្រប់គ្រងទ្វារក្នុងឥន្រ្ទិយ ការដឹងប្រមាណក្នុងភោជន ការប្រកបរឿយៗ នូវសេចក្តីភ្ញាក់រឭក សតិ សម្បជញ្ញៈ សតិប្បដ្ឋាន ៤។បេ។ អដ្ឋង្គិកមគ្គដ៏ប្រសើរ ទាំងនេះ ហៅថា ធម៌ដែលធ្វើព្រះអង្គឲ្យជាអធិទេវតា។ ធម៌ធើ្វបុគ្គលដទៃឲ្យជាអធិទេវតា តើដូចម្ដេច។ សេចក្តីប្រតិបត្តិដោយប្រពៃ។បេ។ អដ្ឋង្គិកមគ្គដ៏ប្រសើរ ទាំងនេះហៅថា ធម៌ធ្វើបុគ្គលដទៃឲ្យជាអធិទេវតា។ ព្រះមានព្រះភាគទ្រង់ជ្រាប ទ្រង់យល់ ទ្រង់ប៉ះពាល់ ទ្រង់ចាក់ធ្លុះ នូវធម៌ដែលធ្វើព្រះអង្គ និងបុគ្គលដទៃ ឲ្យជាអធិទេវតាហេតុនោះ (លោកពោលថា) ទ្រង់ជ្រាបធម្មជាតទាំងអស់ដ៏ថោកទាប និងប្រសើរ។

[២២៤] ពាក្យថា ព្រះសាស្ដា ទ្រង់ធ្វើទីបំផុតនៃប្រស្នា អធិប្បាយថា ព្រះមានព្រះភាគទ្រង់ធ្វើទីបំផុត ធ្វើទីបំផុតជុំវិញ ធ្វើការកំណត់ ធ្វើផ្លូវជុំវិញ នៃបារាយនិកប្បញ្ហា ទ្រង់ធ្វើទីបំផុត ធ្វើទីបំផុតជុំវិញ ធ្វើការកំណត់ ធ្វើផ្លូវជុំវិញ នៃបរិសប្បញ្ហា ទ្រង់ធ្វើទីបំផុត ធ្វើទីបំផុតជុំវិញ ធ្វើការកំណត់ ធ្វើផ្លូវជុំវិញ នៃបិង្គិយប្បញ្ហា ទ្រង់ធ្វើទីបំផុត ធ្វើទីបំផុតជុំវិញ ធ្វើការកំណត់ ធ្វើផ្លូវជុំវិញ នៃសក្កប្បញ្ហា អមនុស្សប្បញ្ហា ភិក្ខុប្បញ្ហា ភិក្ខុនីបញ្ហា ឧបាសកប្បញ្ហា ឧបាសិកាបញ្ហា រាជប្បញ្ហា ខត្តិយប្បញ្ហា ព្រាហ្មណប្បញ្ហា វេស្សប្បញ្ហា សុទ្ទប្បញ្ហា ព្រហ្មប្បញ្ហា ហេតុនោះ (លោកពោលថា) ទ្រង់ធ្វើនូវទីបំផុតនៃបញ្ហាទាំងឡាយ។ ពាក្យថា ព្រះសាស្ដា បានន័យថា ព្រះមានព្រះភាគ ទ្រង់ជាអ្នកនាំពួក។ អ្នកនាំពួក ញុំាងពួកឲ្យឆ្លងផ្លូវលំបាក គឺឲ្យឆ្លងផ្លូវលំបាកគឺចោរ ឲ្យឆ្លងផ្លូវលំបាកគឺសត្វសាហាវ ឲ្យឆ្លងផ្លូវលំបាកគឺទុរ្ភិក្ស ឲ្យឆ្លង ឲ្យឆ្លងឡើង ឲ្យឆ្លងចេញអំពីផ្លូវលំបាក គឺមិនមានទឹក ឲ្យដល់ខេមន្តភូមិយ៉ាងណា ព្រះមានព្រះភាគ ទ្រង់ជាអ្នកនាំពួក ញុំាងសត្វឲ្យឆ្លងផ្លូវលំបាក គឺឲ្យឆ្លងផ្លូវលំបាក គឺ ជាតិ ជរា ព្យាធិ មរណៈ សោកៈ បរិទេវៈ ទុក្ខៈ ទោមនស្សៈ និងឧបាយាសៈ ឲ្យឆ្លងផ្លូវលំបាកគឺ រាគៈ ឲ្យឆ្លងផ្លូវលំបាកគឺ ទោសៈ មោហៈ មានះ ទិដ្ឋិ កិលេស ទុច្ចរិត ឲ្យឆ្លងព្រៃស្បាត គឺរាគៈ ឲ្យឆ្លងព្រៃស្បាត គឺទោសៈ ឲ្យឆ្លងព្រៃស្បាត គឺមោហៈ ឲ្យឆ្លង ឲ្យឆ្លងឡើង ឲ្យឆ្លងចេញអំពីព្រៃស្បាត គឺទិដ្ឋិ កិលេស និងទុច្ចរិត ឲ្យដល់ខេមន្តភូមិ គឺអមតនិព្វាន ក៏យ៉ាងនោះដែរ ហេតុនោះ ព្រះមានព្រះភាគ ឈ្មោះថា ជាអ្នកនាំពួក យ៉ាងនេះ។ មួយទៀត ព្រះមានព្រះភាគ ទ្រង់នាំ ទូន្មាន ទូន្មានរឿយៗ ទ្រង់ឲ្យយល់ ឲ្យចូលចិត្ត ឲ្យឃើញ ឲ្យជ្រះថ្លា ហេតុនោះ ព្រះមានព្រះភាគ ឈ្មោះថា ជាអ្នកនាំពួក យ៉ាងនេះក៏បាន។ ឬថា ព្រះមានព្រះភាគទ្រង់ញុំាងមគ្គ ដែលមិនទាន់កើតឲ្យកើតបាន ញុំាងមគ្គដែលមិនទាន់កកើតឲ្យកកើតបាន ទ្រង់ប្រាប់មគ្គដែលគេមិនទាន់ប្រាប់ ទ្រង់ជ្រាបមគ្គ ទ្រង់ស្គាល់មគ្គ ទ្រង់ឈ្លាសក្នុងមគ្គ ចំណែកខាងពួកសាវ័ក ក្នុងកាលឥឡូវនេះ ជាអ្នកដើរទៅតាមមគ្គ ជាអ្នកប្រកបក្នុងកាលខាងក្រោយ ហេតុនោះ ព្រះមានព្រះភាគ ឈ្មោះថា ជាអ្នកនាំពួក យ៉ាងនេះក៏បាន ហេតុនោះ (លោកពោលថា) ព្រះសាស្ដា ទ្រង់ធ្វើទីបំផុត នៃប្រស្នាទាំងឡាយ។

[២២៥] ពាក្យថា ដល់ពួកជនអ្នកសង្ស័យ ដែលប្ដេជ្ញា (ថាជាអ្នកអស់សង្ស័យ) អធិប្បាយថា ជនទាំងឡាយ ដែលមានសេចក្តីងឿងឆ្ងល់ មកសម្រេចថា ជាអ្នកមិនមានសេចក្តីងឿងឆ្ងល់ អ្នកដែលមានចិត្តរសេមរសាម មកសម្រេចថា ជាអ្នកមានចិត្តមិនរសេមរសាម អ្នកដែលមានចិត្តបែកជាពីរ មកសម្រេចថា ជាអ្នកមានចិត្តមិនបែកជាពីរ អ្នកដែលមានសេចក្តីស្ទាក់ស្ទើរ មកសម្រេចថា ជាអ្នកមិនមានសេចក្តីស្ទាក់ស្ទើរ អ្នកដែលមានរាគៈ មកសម្រេចថា ជាអ្នកមិនមានរាគៈ អ្នកដែលមានទោសៈ មកសម្រេចថា ជាអ្នកមិនមានទោសៈ អ្នកដែលមានមោហៈ មកសម្រេចថា ជាអ្នកមិនមានមោហៈ អ្នកដែលមានកិលេស មកសម្រេចថា ជាអ្នកមិនមានកិលេស ហេតុនោះ (លោកពោលថា ) ដល់ពួកជនអ្នកសង្ស័យ ដែលប្ដេជ្ញា (ថាជាអ្នកអស់សង្ស័យ )។ ហេតុនោះ ព្រះបិង្គិយត្ថេរពោលថា

ព្រះសាស្ដា ទ្រង់ជ្រាបច្បាស់នូវអធិទេវតាទាំងឡាយ ទ្រង់ជ្រាបនូវធម្មជាតទាំងអស់ ដែលថោកទាប និងប្រសើរ ទ្រង់ធ្វើទីបំផុតនៃប្រស្នាទាំងឡាយ ដល់ពួកជនអ្នកសង្ស័យដែលប្ដេជ្ញា (ថាជាអ្នកអស់សង្ស័យ )។

[២២៦]

ទីណា ដែលកិលេសនាំទៅមិនបាន ដែលមិនកម្រើក មួយទៀត ទីណា ដែលមិនមានឧបមា ក្នុងឋានណាមួយ ខ្ញុំនឹងទៅកាន់ទីនោះ ដោយពិត ខ្ញុំមិនមានសេចក្តីងឿងឆ្ងល់ ក្នុងទីនោះទេ សូមព្រះអង្គចាំទុកនូវខ្ញុំព្រះអង្គ ថាជាអ្នកមានចិត្តចុះស៊ប់ហើយ យ៉ាងនេះចុះ។

[២២៧] ពាក្យថា ទីណា ដែលកិលេសនាំទៅមិនបាន ដែលមិនកម្រើក អធិប្បាយថា អមតនិព្វាន ហៅថា ទីដែលកិលេសនាំទៅមិនបាន បានដល់ការរម្ងាប់សង្ខារទាំងពួង ការរលាស់ចោលឧបធិទាំងពួង ការអស់តណ្ហា ការប្រាសចាករាគៈ សេចក្តីរលត់ទុក្ខ និពា្វន។ ត្រង់ពាក្យថា ដែលកិលេសនាំទៅមិនបាន គឺ ដែលរាគៈ ទោសៈ មោហៈ កោធៈ ឧបនាហៈ មក្ខៈ បឡាសៈ ឥស្សា មច្ឆរិយៈ មាយា សាឋេយ្យៈ ឋម្ភៈ សារម្ភៈ មានះ អតិមានះ មទៈ បមាទៈ កិលេសទាំងពួង ទុច្ចរិតទាំងពួង សេចក្តីក្តៅក្រហាយទាំងពួង សេចក្តីអន្ទះអន្ទែងទាំងពួង អកុសលាភិសង្ខារទាំងពួង នាំទៅមិនបាន គឺថា ជាទីទៀង ទៀងទាត់ ពិតប្រាកដ មិនប្រែប្រួលជាធម្មតា ហេតុនោះ (លោកពោលថា) ដែលកិលេសនាំទៅមិនបាន។ ត្រង់ពាក្យថា មិនកម្រើក សេចក្តីថា អមតនិព្វាន ហៅថា ទីមិនកម្រើក បានដល់ ការរម្ងាប់សង្ខារទាំងពួង ការរលាស់ចោលឧបធិទាំងពួង ការអស់តណ្ហា ការប្រាសចាករាគៈ សេចក្តីរលត់ និព្វាន។ ការកើតឡើងនៃធម្មជាតណា ប្រាកដ ការវិនាសនៃធម្មជាតណា មិនមាន ការពិតនៃធម្មជាតនោះ ក៏រមែងប្រាកដ គឺថា ព្រះនិព្វានទៀង ជាធម្មជាតទៀងទាត់ ពិតប្រាកដ មិនប្រែប្រួលជាធម្មតា ហេតុនោះ (លោកពោលថា) ទីណា ដែលកិលេសនាំទៅមិនបាន ដែលមិនកម្រើក។

[២២៨] អធិប្បាយពាក្យថា ទីណាដែលមិនមានឧបមា ក្នុងឋានណាមួយ ត្រង់ពាក្យថា ទីណា បានដល់និព្វាន។ ពាក្យថា មិនមានឧបមា គឺ មិនមានសេចក្តីប្រៀបផ្ទឹម មិនមានការប្រៀបធៀប មិនមានភាពស្មើគ្នា មិនមាន មិនមានព្រម មិនបាននូវចំណែកប្រៀប ហេតុនោះ (លោកពោលថា) មិនមានឧបមា។ ពាក្យថា ក្នុងឋានណាមួយ គឺ ក្នុងទីណាមួយ ក្នុងទីដូចម្ដេច ក្នុងទីណា ជាខាងក្នុង ឬខាងក្រៅ ឬទាំងខាងក្នុងទាំងខាងក្រៅ ហេតុនោះ (លោកពោលថា) ទីណា ដែលមិនមានឧបមាក្នុងឋានណាមួយ។

[២២៩] អធិប្បាយពាក្យថា ខ្ញុំនឹងទៅកាន់ទីនោះ ដោយពិត ខ្ញុំមិនមានសេចក្តីងឿងឆ្ងល់ ក្នុងទីនោះទេ ត្រង់ពាក្យថា ខ្ញុំនឹងទៅដោយពិត គឺ ខ្ញុំនឹងដើរទៅ នឹងបាន នឹងពាល់ត្រូវ នឹងធ្វើឲ្យជាក់ច្បាស់ដោយពិត ហេតុនោះ (លោកពោលថា) ខ្ញុំនឹងទៅដោយពិត។ ពាក្យថា ខ្ញុំមិនមានសេចក្តីងឿងឆ្ងល់ ក្នុងទីនោះទេ គឺ សេចក្តីងឿងឆ្ងល់មិនមាន ការស្ទាក់ស្ទើរមិនមាន ការគិតបែកជាពីរមិនមាន ការសង្ស័យមិនមាន មិនមានព្រម មិនកើតមានក្នុងនិព្វាននោះទេ គឺថា ខ្ញុំលះបង់ ផ្ដាច់ផ្ដិល រម្ងាប់ គ្របសង្កត់ ធ្វើមិនគួរឲ្យកើតឡើងបាន ដុតដោយភ្លើង គឺ ញាណហើយ ហេតុនោះ (លោកពោលថា) ខ្ញុំនឹងទៅកាន់ទីនោះ ដោយពិត ខ្ញុំមិនមានសេចក្តីងឿងឆ្ងល់ ក្នុងទីនោះទេ។

[២៣០] ពាក្យថា សូមព្រះអង្គចាំទុកនូវខ្ញុំព្រះអង្គ ថាជាអ្នកមានចិត្តចុះស៊ប់ហើយយ៉ាងនេះចុះ ត្រង់ពាក្យថា សូមព្រះអង្គចាំទុកនូវខ្ញុំព្រះអង្គយ៉ាងនេះ គឺ សូមព្រះអង្គកំណត់ទុកនូវខ្ញុំព្រះអង្គយ៉ាងនេះ។ ពាក្យថា មានចិត្តចុះស៊ប់ហើយ គឺ មានចិត្តទេរទៅរកព្រះនិព្វាន ទោរទៅរកព្រះនិព្វាន ឈមទៅរកព្រះនិព្វាន ឱនទៅរកព្រះនិព្វាន ហេតុនោះ (លោកពោលថា) សូមព្រះអង្គចាំទុកនូវខ្ញុំព្រះអង្គ ថាជាអ្នកមានចិត្តចុះស៊ប់ហើយ យ៉ាងនេះចុះ។ ហេតុនោះ ព្រះបិង្គិយត្ថេរពោលថា

ទីណា ដែលកិលេសនាំទៅមិនបាន ដែលមិនកម្រើក មួយទៀត ទីណា ដែលមិនមានឧបមា ក្នុងឋានណាមួយ ខ្ញុំនឹងទៅកាន់ទីនោះ ដោយពិត ខ្ញុំមិនមានសេចក្តីងឿងឆ្ងល់ក្នុងទីនោះទេ សូមព្រះអង្គចាំទុកនូវខ្ញុំព្រះអង្គ ថាជាអ្នកមានចិត្តចុះស៊ប់ហើយ យ៉ាងនេះចុះ។

ចប់ បារាយនវគ្គ។

(ខគ្គវិសាណសុត្ត)

(ខគ្គវិសាណសុត្តោ)

ខគ្គវិសាណសុត្តនិទ្ទេស

(ខគ្គវិសាណសុត្តនិទ្ទេសោ)

(បឋមវគ្គ)

(បឋមវគ្គោ)

[២៣១] (ព្រះបច្ចេកពុទ្ធត្រាស់ថា)

បុគ្គលទម្លាក់ចេញនូវអាជ្ញាចំពោះពួកសត្វទាំងពួង មិនបៀតបៀននូវសត្វទាំងនោះ សូម្បីសត្វណាមួយ គេមិនចង់បានបុត្រទៅហើយ តើនឹងប្រាថ្នាសម្លាញ់អំពីណាកើត បុគ្គលនោះតែងប្រព្រឹត្តម្នាក់ឯង ដូចកុយរមាស។

[២៣២] អធិប្បាយពាក្យថា បុគ្គលទម្លាក់ចេញនូវអាជ្ញា ចំពោះពួកសត្វទាំងពួង ត្រង់ពាក្យថា ទាំងពួង គឺ គ្រប់ទាំងអស់ សព្វទាំងអស់ មិនសល់ ឥតសល់ ពាក្យថា ទាំងពួងនុ៎ះ ជាពាក្យពោលរួម។ ពាក្យថា ពួកសត្វ សេចក្តីថា ពួកសត្វតក់ស្លុត និងពួកសត្វនឹងនួន ហៅថា ពួកសត្វ។ ពាក្យថា ពួកសត្វតក់ស្លុត បានខាងពួកសត្វមិនទាន់លះបង់តណ្ហា និងពួកសត្វ មិនទាន់លះបង់ភ័យដែលគួរខ្លាច។ ដែលលោកពោលថា ពួកសត្វតក់ស្លុត តើព្រោះហេតុដូចម្ដេច។ សត្វទាំងនោះ រមែងតក់ស្លុត ញ័រចំប្រប់ ញាប់ញ័រ ដល់នូវសេចក្តីតក់ស្លុត ព្រោះហេតុនោះ លោកពោលថា ពួកសត្វតក់ស្លុត។ ពាក្យថា ពួកសត្វនឹងនួន បានខាងពួកសត្វលះបង់តណ្ហាហើយ និងពួកសត្វលះបង់ភ័យដែលគួរខ្លាច។ ដែលលោកពោលថា ពួកសត្វនឹងនួន តើព្រោះហេតុដូចម្ដេច។ សត្វទាំងនោះមិនតក់ស្លុត មិនញ័រចំប្រប់ មិនញាប់ញ័រ មិនដល់នូវសេចក្តីតក់ស្លុត ព្រោះហេតុនោះ លោកពោលថា ពួកសត្វនឹងនួន។ ពាក្យថា អាជ្ញា បានដល់អាជ្ញា ៣ គឺ អាជ្ញាគឺកាយ ១ អាជ្ញាគឺវាចា ១ អាជ្ញាគឺចិត្ត ១។ កាយទុច្ចរិត ៣ ឈ្មោះថា អាជ្ញាគឺកាយ វចីទុច្ចរិត ៤ ឈ្មោះថា អាជ្ញាគឺវាចា មនោទុច្ចរិត ៣ ឈ្មោះថា អាជ្ញាគឺចិត្ត។ ពាក្យថា បុគ្គលទម្លាក់ចេញនូវអាជ្ញា ចំពោះពួកសត្វទាំងពួង បានន័យថា បុគ្គលទម្លាក់ចេញ ដាក់ចេញ បោះបង់ រលាស់ចោល រម្ងាប់នូវអាជ្ញាចំពោះពួកសត្វទាំងពួង ហេតុនោះ (លោកពោលថា) បុគ្គលទម្លាក់ចេញនូវអាជ្ញា ចំពោះពួកសត្វទាំងពួង។

[២៣៣] ត្រង់ពាក្យថា មិនបៀតបៀននូវសត្វទាំងនោះ សូម្បីសត្វណាមួយ គឺ មិនបៀតបៀននូវសត្វសូម្បីតែមួយ ដោយដៃក្តី ដោយដុំដីក្តី ដោយដំបងក្តី ដោយសស្ត្រាក្តី ដោយពួរក្តី ដោយខ្សែក្តី មិនបៀតបៀននូវពួកសត្វទាំងអស់ ដោយដៃក្តី ដោយដុំដីក្តី ដោយដំបងក្តី ដោយសស្ត្រាក្តី ដោយពួរក្តី ដោយខ្សែក្តី ហេតុនោះ (លោកពោលថា) មិនបៀតបៀននូវសត្វទាំងនោះ សូម្បីសត្វណាមួយ។

[២៣៤] អធិប្បាយពាក្យថា មិនចង់បានបុត្រទៅហើយ តើនឹងប្រាថ្នាសំឡាញ់អំពីណាកើត ត្រង់ពាក្យថា មិន គឺ ជាពាក្យបដិសេធ។ ពាក្យថា បុត្រ បានដល់បុត្រ ៤ គឺ បុត្រកើតអំពីខ្លួន ១ បុត្រកើតអំពីខេត្ត ១ បុត្រដែលគេឲ្យ ១ បុត្រគឺសិស្ស ១។ ពាក្យថា សំឡាញ់ សេចក្តីថា ការទៅសប្បាយ ការមកសប្បាយ ការទៅមកសប្បាយ ការអង្គុយសប្បាយ ការដេកសប្បាយ ការហៅរកសប្បាយ ការនិយាយសប្បាយ ការនិយាយឆ្លើយឆ្លងរកគ្នាសប្បាយ ជាមួយនឹងពួកជនណា ពួកជននោះ លោកហៅថា សំឡាញ់។ ពាក្យថា មិនចង់បានបុត្រទៅហើយ តើនឹងប្រាថ្នាសំឡាញ់ អំពីណាកើត បានសេចក្តីថា មិនប្រាថ្នា មិនត្រេកអរ មិនស្រឡាញ់ មិនជាប់ចំពាក់ សូម្បីនូវបុត្រទៅហើយ តើនឹងប្រាថ្នា នឹងត្រេកអរ នឹងស្រឡាញ់ នឹងជាប់ចំពាក់ចំពោះមិត្តក្តី ចំពោះជនដែលធ្លាប់ឃើញគ្នាក្តី ចំពោះមិត្រធ្លាប់បរិភោគរួមគ្នាក្តី ចំពោះសំឡាញ់ក្តី អំពីណាកើត ហេតុនោះ (លោកពោលថា) មិនចង់បានបុត្រទៅហើយ តើនឹងប្រាថ្នាសំឡាញ់អំពីណាកើត។

[២៣៥] អធិប្បាយពាក្យថា គប្បីប្រព្រឹត្តម្នាក់ឯង ដូចកុយរមាស ត្រង់ពាក្យថា ម្នាក់ឯង គឺ ព្រះបច្ចេកសម្ពុទ្ធនោះ ជាបុគ្គលម្នាក់ឯង ព្រោះចំណែកបព្វជ្ជា ជាបុគ្គលម្នាក់ឯង ព្រោះអត្ថថា មិនមានបុគ្គលជាគំរប់ពីរ ជាបុគ្គលម្នាក់ឯង ព្រោះអត្ថថា លះបង់តណ្ហា ជាបុគ្គលម្នាក់ឯង ព្រោះហេតុប្រាសចាករាគៈដោយដាច់ខាត ជាបុគ្គលម្នាក់ឯង ព្រោះហេតុប្រាសចាកទោសៈដោយដាច់ខាត ជាបុគ្គលម្នាក់ឯង ព្រោះហេតុប្រាសចាកមោហៈដោយដាច់ខាត ជាបុគ្គលម្នាក់ឯង ព្រោះហេតុមិនមានកិលេសដោយដាច់ខាត ជាបុគ្គលម្នាក់ឯង ព្រោះហេតុទៅកាន់ផ្លូវជាទីទៅតែម្នាក់ឯង ជាបុគ្គលម្នាក់ឯង ព្រោះហេតុត្រាស់ដឹងនូវបច្ចេកសម្ពោធិដ៏ប្រសើរ តែម្នាក់ឯង។

ព្រះបច្ចេកសម្ពុទ្ធនោះ ឈ្មោះថាជាបុគ្គលម្នាក់ឯង ព្រោះចំណែកបព្វជ្ជា តើដូចម្ដេច។ ព្រះបច្ចេកសម្ពុទ្ធនោះ ទ្រង់កាត់បលិពោធក្នុងឃរាវាស កាត់បលិពោធក្នុងបុត្រ និងភរិយា កាត់បលិពោធក្នុងញាតិ កាត់បលិពោធក្នុងការសន្សំ កោរសក់ ពុកមាត់ និងពុកចង្កា ស្លៀកដណ្ដប់សំពត់កាសាយៈ ចេញចាកផ្ទះចូលទៅកាន់ផ្នួស ដល់នូវភាពមិនមានកង្វល់ ជាបុគ្គលម្នាក់ឯង ចរទៅ ត្រាច់ទៅ ប្រព្រឹត្ត រក្សា យាត្រា ឲ្យយាត្រាទៅ ហេតុនោះ ព្រះបច្ចេកសម្ពុទ្ធនោះ ឈ្មោះថា ជាបុគ្គលម្នាក់ឯង ព្រោះចំណែកបព្វជ្ជា យ៉ាងនេះ។

ព្រះបច្ចេកសម្ពុទ្ធនោះ ជាបុគ្គលម្នាក់ឯង ព្រោះអត្ថថា មិនមានបុគ្គលជាគំរប់ពីរ តើដូចម្ដេច។ ព្រះបច្ចេកសម្ពុទ្ធនោះ កាលបួសយ៉ាងនេះហើយ ជាបុគ្គលម្នាក់ឯង គប់រកសេនាសនៈដ៏ស្ងាត់ គឺ ព្រៃរបោះ និងព្រៃញាតស្បាត ជាទីមិនមានសំឡេង មិនមានសំឡេងគឹកកង ប្រាសចាកខ្យល់ដែលកើតអំពីសរីរៈមនុស្ស ជាទីស្ងាត់កំបាំងរបស់មនុស្ស សមគួរដល់ទីពួនសម្ងំ លោកដើរទៅម្នាក់ឯង ឈរនៅម្នាក់ឯង អង្គុយម្នាក់ឯង សម្រេចសេយ្យាម្នាក់ឯង ចូលទៅកាន់ស្រុក ដើម្បីបិណ្ឌបាតម្នាក់ឯង ត្រឡប់មកវិញម្នាក់ឯង អង្គុយក្នុងទីស្ងាត់ម្នាក់ឯង អធិដ្ឋានចង្រ្កមម្នាក់ឯង ចរ ត្រាច់ទៅ ប្រព្រឹត្ត រក្សា យាត្រា ឲ្យយាត្រាទៅតែម្នាក់ឯង ហេតុនោះ ព្រះបច្ចេកសម្ពុទ្ធនោះ ឈ្មោះថា ជាបុគ្គលម្នាក់ឯង ព្រោះអត្ថថា មិនមានបុគ្គលជាគំរប់ពីរ យ៉ាងនេះ។

ព្រះបច្ចេកសម្ពុទ្ធនោះ ជាបុគ្គលម្នាក់ឯង ព្រោះអត្ថថា លះបង់តណ្ហា តើដូចម្ដេច។ ព្រះបច្ចេកសម្ពុទ្ធនោះ ជាបុគ្គលម្នាក់ឯង ឥតមានបុគ្គលជាគំរប់ពីរយ៉ាងនេះហើយ ជាអ្នកមិនប្រហែស មានព្យាយាមដុតកំដៅកិលេស មានចិត្តស្លុង (ទៅកាន់ព្រះនិព្វាន) ផ្គងព្យាយាមធំ កំចាត់បង់មារ ព្រមទាំងសេនានៃមារ ដែលមិនដោះលែង ជាផៅពង្សនៃបុគ្គលប្រហែស គឺថា លះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ញុំាងតណ្ហាដូចជាបណ្តាញ ដែលហូរទៅ ផ្សាយទៅ ឲ្យដល់នូវការមិនកើតមាន។

បុរសមានតណ្ហាជាគំរប់ពីរ កាលអន្ទោលទៅអស់កាលដ៏វែង រមែងមិនកន្លងផុតសង្សារ មានភាពបែបនេះ និងភាពដទៃ ភិក្ខុអ្នកមានសតិ ប្រាសចាកតណ្ហា មិនមានសេចក្តីប្រកាន់ លុះឃើញទោសយ៉ាងនេះហើយ គួរវៀរនូវតណ្ហា ជាដែនកើតទុក្ខចេញ។

ព្រះបច្ចេកសម្ពុទ្ធនោះ ជាបុគ្គលម្នាក់ឯង ព្រោះអត្ថថា លះបង់តណ្ហាយ៉ាងនេះ។

ព្រះបច្ចេកសម្ពុទ្ធនោះ ជាបុគ្គលម្នាក់ឯង ព្រោះហេតុប្រាសចាករាគៈដោយដាច់ខាត តើដូចម្ដេច។ ជាបុគ្គលម្នាក់ឯង ព្រោះហេតុប្រាសចាករាគៈដោយដាច់ខាត ព្រោះលោកលះរាគៈហើយ។ ជាបុគ្គលម្នាក់ឯង ព្រោះហេតុប្រាសចាកទោសៈដោយដាច់ខាត ព្រោះលោកលះទោសៈហើយ។ ជាបុគ្គលម្នាក់ឯង ព្រោះហេតុប្រាសចាកមោហៈដោយដាច់ខាត ព្រោះលោកលះមោហៈហើយ។ ជាបុគ្គលម្នាក់ឯង ព្រោះហេតុមិនមានកិលេសដោយដាច់ខាត ព្រោះលោកលះកិលេសទាំងឡាយហើយ។ ព្រះបច្ចេកសម្ពុទ្ធនោះ ជាបុគ្គលម្នាក់ឯង ព្រោះហេតុប្រាសចាករាគៈដោយដាច់ខាត យ៉ាងនេះ។

ព្រះបច្ចេកសម្ពុទ្ធនោះ ជាបុគ្គលម្នាក់ឯង ព្រោះហេតុទៅកាន់ផ្លូវជាទីទៅម្នាក់ឯង តើដូចម្ដេច។ សតិប្បដ្ឋាន ៤ សម្មប្បធាន ៤ ឥទិ្ធបាទ ៤ ឥន្រ្ទិយ ៥ ពលៈ ៥ ពោជ្ឈង្គ ៧ អរិយមគ្គប្រកបដោយអង្គ ៨ លោកហៅថា ផ្លូវជាទីទៅម្នាក់ឯង។

បុគ្គលអ្នកឃើញទីបំផុតនៃកិរិយាអស់ជាតិ ជាអ្នកអនុគ្រោះនូវប្រយោជន៍ រមែងដឹងច្បាស់នូវផ្លូវជាទីទៅម្នាក់ឯង ពួកអរិយបុគ្គល បានឆ្លងហើយក្នុងអតីតកាលក្តី នឹងឆ្លងក្នុងអនាគតក្តី កំពុងឆ្លងក្នុងបច្ចុប្បន្ននេះក្តី នូវឱឃៈ តាមផ្លូវនេះឯង។

ព្រះបច្ចេកសម្ពុទ្ធនោះ ជាបុគ្គលម្នាក់ឯង ព្រោះហេតុទៅកាន់ផ្លូវជាទីទៅម្នាក់ឯង យ៉ាងនេះ។

ព្រះបច្ចេកសម្ពុទ្ធនោះ ជាបុគ្គលម្នាក់ឯង ព្រោះហេតុត្រាស់ដឹងនូវបច្ចេកសម្ពោធិដ៏ប្រសើរ តែម្នាក់ឯង តើដូចម្ដេច។ ញាណ បញ្ញា បញ្ញិន្រ្ទិយ បញ្ញាពលៈ ធម្មវិចយសម្ពោជ្ឈង្គ វិមំសា វិបស្សនា សម្មាទិដិ្ឋ ក្នុងមគ្គទាំង ៤ លោកហៅថា ពោធិ។ ព្រះបច្ចេកសម្ពុទ្ធនោះ ត្រាស់ដឹងហើយនូវសច្ចៈទាំងឡាយ ដោយបច្ចេកពុទ្ធញ្ញាណ ត្រាស់ដឹងហើយថា សង្ខារទាំងពួងមិនទៀង ត្រាស់ដឹងហើយថា សង្ខារទាំងពួងជាទុក្ខ ត្រាស់ដឹងហើយថា ធម៌ទាំងពួងជាអនតា្ត ត្រាស់ដឹងហើយថា សង្ខារទាំងឡាយ (កើតមាន) ព្រោះអវិជ្ជាជាបច្ច័យ ត្រាស់ដឹងហើយថា វិញ្ញាណ (កើតមាន) ព្រោះសង្ខារជាបច្ច័យ ត្រាស់ដឹងហើយថា នាម និងរូប (កើតមាន) ព្រោះវិញ្ញាណជាបច្ច័យ ត្រាស់ដឹងហើយថា អាយតនៈ ៦ (កើតមាន) ព្រោះនាមរូបជាបច្ច័យ ត្រាស់ដឹងហើយថា ផស្សៈ (កើតមាន) ព្រោះអាយតនៈ ៦ ជាបច្ច័យ ត្រាស់ដឹងហើយថា វេទនា (កើតមាន) ព្រោះផស្សៈជាបច្ច័យ ត្រាស់ដឹងហើយថា តណ្ហា (កើតមាន) ព្រោះវេទនាជាបច្ច័យ ត្រាស់ដឹងហើយថា ឧបាទាន (កើតមាន) ព្រោះតណ្ហាជាបច្ច័យ ត្រាស់ដឹងហើយថា ភព (កើតមាន) ព្រោះឧបាទានជាបច្ច័យ ត្រាស់ដឹងហើយថា ជាតិ (កើតមាន) ព្រោះភពជាបច្ច័យ ត្រាស់ដឹងហើយថា ជរា និងមរណៈ (កើតមាន) ព្រោះជាតិជាបច្ច័យ ត្រាស់ដឹងហើយថា ការរលត់សង្ខារ ព្រោះការរលត់ទៅនៃអវិជ្ជា ត្រាស់ដឹងហើយថា ការរលត់វិញ្ញាណ ព្រោះការរលត់សង្ខារ ត្រាស់ដឹងហើយថា ការរលត់នាមរូប ព្រោះការរលត់វិញ្ញាណ ត្រាស់ដឹងហើយថា ការរលត់អាយតនៈ ៦ ព្រោះការរលត់នាម និងរូប ត្រាស់ដឹងហើយថា ការរលត់ផស្សៈ ព្រោះការរលត់អាយតនៈ ៦ ត្រាស់ដឹងហើយថា ការរលត់វេទនា ព្រោះការរលត់ផស្សៈ ត្រាស់ដឹងហើយថា ការរលត់តណ្ហា ព្រោះការរលត់វេទនា ត្រាស់ដឹងហើយថា ការរលត់ឧបាទាន ព្រោះការរលត់តណ្ហា ត្រាស់ដឹងហើយថា ការរលត់ភព ព្រោះការរលត់ឧបាទាន ត្រាស់ដឹងហើយថា ការរលត់ជាតិ ព្រោះការរលត់ភព ត្រាស់ដឹងហើយថា ការរលត់ជរា មរណៈ ព្រោះការរលត់ជាតិ ត្រាស់ដឹងហើយថា នេះទុក្ខ ត្រាស់ដឹងហើយថា នេះការកើតទុក្ខ ត្រាស់ដឹងហើយថា នេះការរលត់ទុក្ខ ត្រាស់ដឹងហើយថា នេះបដិបទាជាដំណើរទៅកាន់ការរលត់ទុក្ខ ត្រាស់ដឹងហើយថា ទាំងនេះអាសវៈ ត្រាស់ដឹងហើយថា នេះការកើតអាសវៈ ត្រាស់ដឹងហើយថា នេះការរលត់អាសវៈ ត្រាស់ដឹងហើយថា នេះបដិបទាជាដំណើរទៅកាន់ការរលត់អាសវៈ ត្រាស់ដឹងហើយថា ធម៌ទាំងនេះ គួរដឹងច្បាស់ ត្រាស់ដឹងហើយថា ធម៌ទាំងនេះគួរលះបង់ ត្រាស់ដឹងហើយថា ធម៌ទាំងនេះគួរចំរើន ត្រាស់ដឹងហើយនូវការកើតឡើងផង ការវិនាសផង ទោសផង ការរលាស់ចេញនូវផស្សាយតនៈ ៦ ផង ត្រាស់ដឹងហើយនូវការកើតឡើងផង ការវិនាសផង ទោសផង ការរលាស់ចេញនូវឧបាទានក្ខន្ធ ៥ ផង ត្រាស់ដឹងហើយនូវការកើតឡើងផង ការវិនាសផង ទោសផង ការរលាស់ចេញនូវមហាភូតរូប ៤ ផង ត្រាស់ដឹងហើយថា ធម្មជាតណាមួយ មានការកើតឡើងជាធម្មតា ធម្មជាតទាំងអស់នោះ មានការរលត់ទៅវិញជាធម្មតា គឺថា ត្រាស់ដឹង ត្រាស់ដឹងតាម ត្រាស់ដឹងឯង ប៉ះពាល់ ធ្វើឲ្យជាក់ច្បាស់នូវធម៌ដែលត្រូវត្រាស់ដឹង ដែលត្រូវត្រាស់ដឹងតាម ដែលត្រូវត្រាស់ដឹងឯង ដែលត្រូវប៉ះពាល់ ដែលត្រូវធ្វើឲ្យជាក់ច្បាស់ទាំងអស់ ដោយបច្ចេកពោធិញ្ញាណនោះ ហេតុនោះ ព្រះបច្ចេកសម្ពុទ្ធនោះ ជាបុគ្គលម្នាក់ឯង ព្រោះហេតុត្រាស់ដឹងនូវបច្ចេកសម្ពោធិដ៏ប្រសើរម្នាក់ឯង យ៉ាងនេះ។

ពាក្យថា គប្បីប្រព្រឹត្ត បានដល់ការប្រព្រឹត្តិ ៨ គឺ ការប្រព្រឹត្តិឥរិយាបថ ១ ការប្រព្រឹត្តិអាយតនៈ ១ ការប្រព្រឹត្តិសតិ ១ ការប្រព្រឹត្តិសមាធិ ១ ការប្រព្រឹត្តិញាណ ១ ការប្រព្រឹត្តិមគ្គ ១ ការប្រព្រឹត្តិបដិបត្តិ ១ ការប្រព្រឹត្តិជាប្រយោជន៍លោក ១។ ពាក្យថា ការប្រព្រឹត្តិឥរិយាបថ បានដល់ ការប្រព្រឹត្តិក្នុងឥរិយាបថ ៤។ ពាក្យថា ការប្រព្រឹត្តិអាយតនៈ បានដល់ ការប្រព្រឹត្តិក្នុងអាយតនៈ ៦ ទាំងខាងក្នុងទាំងខាងក្រៅ។ ពាក្យថា ការប្រព្រឹត្តិសតិ បានដល់ការប្រព្រឹត្តិក្នុងសតិប្បដ្ឋាន ៤។ ពាក្យថា ការប្រព្រឹត្តិសមាធិ បានដល់ការប្រព្រឹត្តិក្នុងឈាន ៤។ ពាក្យថា ការប្រព្រឹត្តិញាណ បានដល់ការប្រព្រឹត្តិក្នុងអរិយសច្ច ៤។ ពាក្យថា ការប្រព្រឹត្តិមគ្គ បានដល់ការប្រព្រឹត្តិក្នុងមគ្គ ៤។ ពាក្យថា ការប្រព្រឹត្តិបដិបត្តិ បានដល់ការប្រព្រឹត្តិក្នុងសាមញ្ញផល ៤។ ពាក្យថា ការប្រព្រឹត្តិជាប្រយោជន៍លោក បានដល់ការប្រព្រឹត្តិមានក្នុងព្រះតថាគតទាំងឡាយ ជាអរហន្ដសម្មាសម្ពុទ្ធ ក្នុងព្រះបច្ចេកសម្ពុទ្ធទាំងឡាយ ដោយឯកទេសក្នុងសាវ័កទាំងឡាយ ដោយឯកទេស។ ការប្រព្រឹត្តិឥរិយាបថ សម្រាប់ពួកបុគ្គលអ្នកបរិបូណ៌ដោយសេចក្តីកសាង ការប្រព្រឹត្តិអាយតនៈ សម្រាប់បុគ្គលអ្នកមានទ្វារគ្រប់គ្រងក្នុងឥន្រ្ទិយទាំងឡាយ ការប្រព្រឹត្តិសតិ សម្រាប់ពួកបុគ្គលអ្នកមានកិរិយានៅដោយសេចក្តីមិនប្រហែស ការប្រព្រឹត្តិសមាធិ សម្រាប់ពួកបុគ្គលអ្នកប្រកបរឿយៗ នូវអធិចិត្ត ការប្រព្រឹត្តិញាណ សម្រាប់ពួកបុគ្គលអ្នកបរិបូណ៌ដោយបញ្ញា ការប្រព្រឹត្តិមគ្គ សម្រាប់ពួកបុគ្គលអ្នកប្រតិបត្តិត្រូវ ការប្រព្រឹត្តិបដិបត្តិ សម្រាប់ពួកបុគ្គលអ្នកសម្រេចផល ការប្រព្រឹត្តិជាប្រយោជន៍ សម្រាប់ព្រះតថាគតទាំងឡាយ ជាអរហន្ដសម្មាសម្ពុទ្ធ និងសម្រាប់ព្រះបច្ចេកសម្ពុទ្ធទាំងឡាយ ដោយឯកទេស សម្រាប់សាវ័កទាំងឡាយ ដោយឯកទេស។ នេះការប្រព្រឹត្តិ ៨។ ការប្រព្រឹត្តិ ៨ ដោយឡែកទៀត គឺ បុគ្គលជឿប្រព្រឹត្តដោយសទ្ធា ១ ប្រឹងប្រព្រឹត្តដោយវីរិយៈ ១ ប្រុងប្រព្រឹត្តដោយសតិ ១ ធ្វើសេចក្តីមិនរាយមាយ ប្រព្រឹត្តដោយសមាធិ ១ ដឹងច្បាស់ ប្រព្រឹត្តដោយបញ្ញា ១ ដឹងវិសេស ប្រព្រឹត្តដោយវិញ្ញាណ ១ បុគ្គលប្រព្រឹត្តដោយការប្រព្រឹត្តិអាយតនៈថា ពួកធម៌ជាកុសល របស់បុគ្គលអ្នកប្រតិបត្តិយ៉ាងនេះ រមែងប្រព្រឹត្តទៅ ១ បុគ្គលប្រព្រឹត្តដោយវិសេសចរិយាថា បុគ្គលប្រតិបត្តិយ៉ាងនេះ រមែងបាននូវគុណវិសេស ១ នេះការប្រព្រឹត្តិ ៨។ ការប្រព្រឹត្តិ ៨ ដោយឡែកទៀត គឺ ការប្រព្រឹត្តិដោយការឃើញ របស់សម្មាទិដិ្ឋ ១ ការប្រព្រឹត្តិដោយការលើកចិត្ត របស់សម្មាសង្កប្បៈ ១ ការប្រព្រឹត្តិដោយការរក្សា របស់សម្មាវាចា ១ ការប្រព្រឹត្តិដោយការតាំងឡើងរបស់សម្មាកម្មន្តៈ ១ ការប្រព្រឹត្តិដោយការផូរផង់ របស់សម្មាអាជីវៈ ១ ការប្រព្រឹត្តិដោយការផ្គង របស់សម្មាវាយាមៈ ១ ការប្រព្រឹត្តិដោយការប្រុង របស់សម្មាសតិ ១ ការប្រព្រឹត្តិដោយការមិនរាយមាយ របស់សម្មាសមាធិ ១ នេះការប្រព្រឹត្តិ ៨។

ពាក្យថា ដូចកុយរមាស គឺ កុយរមាសមានតែមួយ មិនមានពីរ យ៉ាងណា ព្រះបច្ចេកសម្ពុទ្ធនោះ ប្រហែលនឹងកុយរមាសនោះ ប្រាកដស្មើដោយកុយរមាសនោះ មានការប្រៀបដោយកុយរមាសនោះ យ៉ាងនោះ។ វត្ថុមានរសប្រៃក្រៃលែង អ្នកផងតែងនិយាយថា ដូចអំបិល វត្ថុមានរសល្វីងក្រៃលែង អ្នកផងតែងនិយាយថា ដូចម្រះ វត្ថុមានរសផ្អែមក្រៃលែង អ្នកផងតែងនិយាយថា ដូចទឹកឃ្មុំ កំដៅដ៏ក្រៃលែង អ្នកផងតែងនិយាយថា ដូចភ្លើង វត្ថុត្រជាក់ដ៏ក្រៃលែង អ្នកផងតែងនិយាយថា ដូចព្រឹល (ឬទឹកកក ) ធារនៃទឹកច្រើន អ្នកផងតែងនិយាយថា ដូចសមុទ្រ សាវ័កដែលដល់នូវកំឡាំងអភិញ្ញាដ៏ច្រើន អ្នកផងតែងនិយាយថា ដូចព្រះសាស្ដា យ៉ាងណាមិញ ព្រះបច្ចេកសម្ពុទ្ធនោះ ដូចកុយរមាសនោះ ប្រាកដស្មើដោយកុយរមាសនោះ មានការប្រៀបដោយកុយរមាសនោះ ជាបុគ្គលឯក មិនមានបុគ្គលជាគំរប់ពីរ របូតចាកចំណងហើយ តែងចរ ត្រាច់ទៅ ប្រព្រឹត្ត រក្សា យាត្រា ឲ្យយាត្រាទៅ ក្នុងលោកដោយប្រពៃ ក៏យ៉ាងនោះដែរ ព្រោះហេតុនោះ លោកពោលថា គប្បីប្រព្រឹត្តម្នាក់ឯង ដូចកុយរមាស។ ហេតុនោះ ព្រះបច្ចេកសម្ពុទ្ធនោះ ពោលថា

បុគ្គលទំលាក់ចេញនូវអាជ្ញា ចំពោះពួកសត្វទាំងពួង មិនបៀតបៀននូវសត្វទាំងនោះ សូម្បីសត្វណាមួយ គេមិនចង់បានបុត្រទៅហើយ តើនឹងប្រាថ្នាសំឡាញ់អំពីណាកើតបុគ្គលនោះ គប្បីប្រព្រឹត្តម្នាក់ឯង ដូចកុយរមាស។

[២៣៦]

សេចក្តីស្នេហា របស់បុគ្គលអ្នកមានការជាប់ចំពាក់ រមែងមាន សេចក្តីទុក្ខនេះ មានឡើង ព្រោះអាស្រ័យសេចក្តីស្នេហា បុគ្គលកាលសំឡឹងឃើញទោសដែលកើតអំពីសេចក្តីស្នេហា គប្បីប្រព្រឹត្តម្នាក់ឯង ដូចកុយរមាស។

[២៣៧] អធិប្បាយពាក្យថា សេចក្តីស្នេហា របស់បុគ្គលអ្នកមានការជាប់ចំពាក់ រមែងមាន ត្រង់ពាក្យថា ការជាប់ចំពាក់ បានដល់ ការជាប់ចំពាក់ ២ គឺការជាប់ចំពាក់ដោយការឃើញ ១ ការជាប់ចំពាក់ដោយការស្ដាប់ ១។

ការជាប់ចំពាក់ ដោយការឃើញ តើដូចម្ដេច។ បុគ្គលខ្លះ ក្នុងលោកនេះ ឃើញស្រី្ដឬកុមារី ដែលមានរូបល្អ គួររមិលមើល ជាទីជ្រះថ្លា ប្រកបដោយសម្បុរល្អក្រៃលែង លុះមើលឃើញហើយ ក៏កាន់យកនិមិត្ត ដោយអនុព្យញ្ជនៈថា សក់ល្អ មុខល្អ ភ្នែកល្អ ត្រចៀកល្អ ច្រមុះល្អ បបូរមាត់ល្អ ធ្មេញល្អ មាត់ល្អ កល្អ ដោះល្អ ទ្រូងល្អ ពោះល្អ ចង្កេះល្អ ភ្លៅល្អ ជង្គង់ល្អ ដៃល្អ ម្រាមដៃល្អ ក្រចកល្អ លុះមើលឃើញហើយ រមែងត្រេកអរសរសើរ ប៉ុនប៉ង ក្រវែលរក ជាប់តាម នូវចំណង គឺរាគៈ នេះការជាប់ចំពាក់ដោយការឃើញ។

ការជាប់ចំពាក់ដោយការឮ តើដូចម្ដេច។ បុគ្គលខ្លះ ក្នុងលោកនេះ ឮថា ស្រ្ដី ឬកុមារី ក្នុងស្រុកក្តី ក្នុងនិគមក្តី ឈ្មោះឯណោះ មានរូបល្អ គួររមិលមើល ជាទីជ្រះថ្លា ប្រកបដោយសម្បុរល្អក្រៃលែង លុះស្ដាប់ឮហើយ រមែងត្រេកអរ សសើរ ប៉ុនប៉ង ក្រវែលរក ជាប់តាមនូវចំណងគឺរាគៈ នេះការជាប់ចំពាក់ដោយការឮ។

ពាក្យថា សេចក្តីស្នេហា បានដល់សេចក្តីស្នេហា ២ គឺ តណ្ហាស្នេហា ១ ទិដ្ឋិស្នេហា ១។

តណ្ហាស្នេហា តើដូចម្ដេច។ អំពើដែលបុគ្គលធ្វើឲ្យមានដែន ធ្វើឲ្យមានខាន់ ធ្វើឲ្យមានជួរ ធ្វើឲ្យមានទីបំផុត ហួងហែង ប្រកាន់ដោយចំណែកតណ្ហា ទាំងប៉ុន្មានថា នេះ របស់អញ នុ៎ះ របស់អញ វត្ថុប៉ុណ្ណេះ របស់អញ វត្ថុមានប្រមាណប៉ុណ្ណេះ របស់អញ រូប សំឡេង ក្លិន រស ផ្សព្វ កម្រាល ប្រដាប់ស្លៀកពាក់ ខ្ញុំស្រីប្រុស ពពែ ចៀម មាន់ ជ្រូក ដំរី គោ សេះឈ្មោល សេះញី ស្រែចម្ការ ប្រាក់ មាស ស្រុក និគម រាជធានី ដែន ជនបទ ជង្រុក ឃ្លាំង របស់អញ ប្រកាន់នូវមហាប្រឹថពី សូម្បីទាំងអស់ ដោយអំណាចតណ្ហា តណ្ហាវិបរិត ១០៨ ទាំងប៉ុន្មាន នេះតណ្ហាស្នេហា។

ទិដ្ឋិស្នេហា តើដូចម្ដេច។ សក្កាយទិដ្ឋិមានវត្ថុ ២០ មិច្ឆាទិដ្ឋិ មានវត្ថុ ១០ អន្តគ្គាហិកទិដ្ឋិ មានវត្ថុ ១០ ទិដ្ឋិ ដំណើរគឺទិដ្ឋិ ការសាំញ៉ាំគឺទិដ្ឋិ ផ្លូវលំបាកគឺទិដ្ឋិ គ្រឿងចាក់ដោតគឺទិដ្ឋិ ការអន្ទះសាគឺទិដ្ឋិ គ្រឿងប្រកបទុក្ខគឺទិដ្ឋិ សេចក្តីប្រកាន់ សេចក្តីប្រកាន់ខ្ជាប់ ការជាប់ចំពាក់ ការស្ទាបអង្អែល ផ្លូវអាក្រក់ ផ្លូវខុស សភាពខុស លទិ្ធដូចជាកំពង់ សេចក្តីប្រកាន់ក្នុងការស្វែងរកខុស ការប្រកាន់ឃ្លៀងឃ្លាត ការប្រកាន់ឃ្វាង ការប្រកាន់ខុស ការប្រកាន់ថាពិតក្នុងវត្ថុមិនពិត ទិដ្ឋិ ៦២ ទាំងប៉ុន្មាន នេះទិដ្ឋិស្នេហា។

ពាក្យថា សេចក្តីស្នេហា របស់បុគ្គលអ្នកមានការជាប់ចំពាក់ រមែងមាន បានន័យថា តណ្ហាស្នេហាក្តី ទិដ្ឋិស្នេហាក្តី រមែងមាន កើត កើតព្រម លូតលាស់ ចំរើនឡើង កើតប្រាកដឡើង ព្រោះវិបល្លាសជាបច័្ចយផង ព្រោះការជាប់ចំពាក់ដោយការមើលឃើញ និងការឮជាបច្ច័យផង ហេតុនោះ (លោកពោលថា) សេចក្តីស្នេហារបស់បុគ្គលអ្នកមានការជាប់ចំពាក់ រមែងមាន។

[២៣៨] អធិប្បាយពាក្យថា សេចក្តីទុក្ខនេះ មានឡើងព្រោះអាស្រ័យសេចក្តីស្នេហា ត្រង់ពាក្យថា សេចក្តីស្នេហា បានដល់សេចក្តីស្នេហា ២ យ៉ាង គឺ តណ្ហាស្នេហា ១ ទិដ្ឋិស្នេហា ១។បេ។ នេះតណ្ហាស្នេហា។បេ។ នេះទិដ្ឋិស្នេហា។ ពាក្យថា សេចក្តីទុក្ខនេះ មានឡើង សេចក្តីថា បុគ្គលពួកខ្លះ ក្នុងលោកនេះ ប្រព្រឹត្តទុច្ចរិតដោយកាយ ប្រព្រឹត្តទុច្ចរិតដោយវាចា ប្រព្រឹត្តទុច្ចរិតដោយចិត្ត សម្លាប់សត្វខ្លះ កាន់យកទ្រព្យដែលគេមិនបានឲ្យខ្លះ កាត់ទីតខ្លះ ប្លន់ធំខ្លះ ប្លន់តូចខ្លះ ចាំស្កាត់ផ្លូវខ្លះ គប់រកភរិយាបុគ្គលដទៃខ្លះ ពោលពាក្យកុហកខ្លះ។ ពួករាជបុរសចាប់បុគ្គលនុ៎ះ ថ្វាយព្រះរាជាថា បពិត្រព្រះសម្មតិទេព ចោរនេះ ប្រព្រឹត្តអាក្រក់ ទ្រង់សព្វព្រះហឫទ័យអាជ្ញាណា សូមទ្រង់ដាក់អាជ្ញានោះ ដល់ចោរនេះចុះ។ ព្រះរាជាទ្រង់ដៀលត្មះចោរនោះ។ ចោរនោះ រងទុក្ខ ទោមនស្ស ព្រោះការដៀលត្មះជាបច្ច័យ។ ភ័យ ទុក្ខ ទោមនស្សនុ៎ះ កើតហើយព្រោះអ្វី។ កើតហើយដល់ចោរនោះ ព្រោះសេចក្តីស្នេហាជាបច្ច័យខ្លះ ព្រោះសេចក្តីរីករាយជាបច្ច័យខ្លះ ព្រោះតម្រេកជាបច្ច័យខ្លះ ព្រោះសេចក្តីរីករាយ និងតម្រេកជាបច្ច័យខ្លះ។ បើព្រះរាជាមិនសព្វព្រះហឫទ័យ ដោយហេតុមានប្រមាណប៉ុណ្ណេះទេ។ ព្រះរាជាញុំាងរាជបុរសឲ្យចងចោរនោះ ដោយចំណងគឺខ្នោះក្តី ដោយចំណងគឺខ្សែក្តី ដោយចំណងគឺច្រវាក់ក្តី ដោយចំណងគឺវល្លិក្តី ដោយចំណងគឺរបងក្តី ដោយចំណងគឺស្រុកក្តី ដោយចំណងគឺនិគមក្តី ដោយចំណងគឺនគរក្តី ដោយចំណងគឺដែនក្តី ដោយចំណងគឺជនបទក្តី ដោយហោចទៅ ព្រះរាជាធ្វើការហាមប្រាម ដោយព្រះបន្ទូលថា អ្នកមិនត្រូវបានចេញអំពីទីនេះទេ។ ចោរនោះ រងទុក្ខ ទោមនស្ស ព្រោះការចងជាបច្ច័យ។ ភ័យ ទុក្ខ ទោមនស្សនុ៎ះ កើតហើយព្រោះអ្វី។ កើតហើយដល់ចោរនោះ ព្រោះសេចក្តីស្នេហាជាបច្ច័យខ្លះ ព្រោះសេចក្តីរីករាយជាបច្ច័យខ្លះ ព្រោះតម្រេកជាបច្ច័យខ្លះ ព្រោះសេចក្តីរីករាយនឹងតម្រេកជាបច្ច័យខ្លះ។ បើព្រះរាជាមិនសព្វព្រះហឫទ័យ ដោយហេតុត្រឹមប៉ុណ្ណេះទេ។ ព្រះរាជាទ្រង់ឲ្យរឹបយកទ្រព្យនោះ រាប់រយ ឬរាប់ពាន់ របស់ចោរនោះ។ ចោរនោះ ក៏រងទុក្ខ ទោមនស្ស ព្រោះការសាបសូន្យទ្រព្យជាបច្ច័យ។ ភ័យ ទុក្ខ ទោមនស្សនុ៎ះ កើតហើយព្រោះអ្វី។ កើតហើយដល់ចោរនោះ ព្រោះសេចក្តីស្នេហាជាបច្ច័យខ្លះ ព្រោះសេចក្តីរីករាយជាបច្ច័យខ្លះ ព្រោះតម្រេកជាបច្ច័យខ្លះ ព្រោះសេចក្តីរីករាយនឹងតម្រេកជាបច្ច័យខ្លះ។ បើព្រះរាជាមិនសព្វព្រះហឫទ័យ ដោយហេតុប៉ុណ្ណេះទេ។ ព្រះរាជាក៏ទ្រង់ឲ្យធ្វើកម្មករណ៍ផ្សេងៗ ដល់ចោរនោះ គឺឲ្យវាយដោយស៊ែខ្លះ ឲ្យវាយដោយរំពាត់ផ្ដៅខ្លះ ឲ្យវាយដោយដំបងខ្លីខ្លះ កាត់ដៃខ្លះ កាត់ជើងខ្លះ កាត់ទាំងដៃទាំងជើងខ្លះ កាត់ស្លឹកត្រចៀកខ្លះ កាត់ច្រមុះខ្លះ កាត់ទាំងស្លឹកត្រចៀកទាំងច្រមុះខ្លះ ធ្វើពិលង្គថាលិកកម្មខ្លះ ធ្វើសង្ខមុណ្ឌកកម្មខ្លះ ធ្វើរាហុមុខកម្មខ្លះ ធ្វើជោតិមាលិកកម្មខ្លះ ធ្វើហត្ថប្បជ្ជោតិកកម្មខ្លះ ធ្វើឯរកវដ្ដិកកម្មខ្លះ ធ្វើចិរវាសិកកម្មខ្លះ ធ្វើឯណេយ្យកកម្មខ្លះ ធ្វើពលិសមំសិកកម្មខ្លះ ធ្វើកហាបណិកកម្មខ្លះ ធ្វើខារាបតច្ឆិកកម្មខ្លះ ធ្វើបលិឃបរិវត្តិកកម្មខ្លះ ធ្វើបលាលបីឋកកម្មខ្លះ ស្រោចដោយប្រេងក្តៅខ្លះ ឲ្យឆ្កែខាំខ្លះ ឲ្យដេកផ្ងារលើឈើអណ្ដោតទាំងរស់ខ្លះ កាត់ក្បាលដោយដាវខ្លះ។ ចោរនោះ ក៏រងទុក្ខ ទោមនស្ស ព្រោះកម្មករណ៍ជាបច្ច័យ។ ភ័យ ទុក្ខ ទោមនស្សនុ៎ះ កើតហើយព្រោះអ្វី។ កើតហើយដល់ចោរនោះ ព្រោះសេចក្តីស្នេហាជាបច្ច័យខ្លះ ព្រោះសេចក្តីរីករាយជាបច្ច័យខ្លះ ព្រោះតម្រេកជាបច្ច័យខ្លះ ព្រោះសេចក្តីរីករាយ និងតម្រេកជាបច្ច័យខ្លះ។ ព្រះរាជា ជាឥស្សរៈនៃអាជ្ញាទាំង ៤ នេះ។ ចោរនោះ លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើតឯអបាយ ទុគ្គតិ វិនិបាត នរក ព្រោះកម្មជារបស់ខ្លួន។ ពួកនាយនិរយបាល ឲ្យធ្វើកម្មករណ៍ ឈ្មោះចំណង ៥ ប្រការនុ៎ះ គឺ បោះដែកគោលក្ដៅត្រង់ដៃ ១ បោះដែកគោលក្ដៅត្រង់ដៃទីពីរ ១ បោះដែកគោលក្ដៅត្រង់ជើង ១ បោះដែកគោលក្ដៅត្រង់ជើងទីពីរ ១ បោះដែកគោលក្ដៅត្រង់កណ្ដាលទ្រូង ១។ សត្វនោះ រងទុក្ខវេទនាខ្លោចផ្សាដ៏ក្លាខ្លាំង ក្នុងទីនោះ បាបកម្មនោះ មិនទាន់អស់ ដរាបណា សត្វនោះ ក៏មិនទាន់ធ្វើមរណកាល ដរាបនោះ។ ភ័យ ទុក្ខ ទោមនស្សនុ៎ះ កើតហើយព្រោះអ្វី។ កើតហើយដល់សត្វនោះ ព្រោះសេចក្តីស្នេហាជាបច្ច័យខ្លះ ព្រោះសេចក្តីរីករាយជាបច្ច័យខ្លះ ព្រោះតម្រេកជាបច្ច័យខ្លះ ព្រោះសេចក្តីរីករាយ និងតម្រេកជាបច្ច័យខ្លះ។ ពួកនាយនិរយបាល ញុំាងសត្វនុ៎ះ ឲ្យដេកសន្ធឹង ហើយចាំងដោយដឹងទាំងឡាយ។ ពួកនាយនិរយបាលចាប់សត្វនុ៎ះ ឲ្យមានជើងឡើងលើ មានក្បាលចុះក្រោម ហើយច្រាសដោយកាំបិតទាំងឡាយ។ ពួកនាយនិរយបាល ទឹមសត្វនុ៎ះ ក្នុងរថ ហើយបរទៅខ្លះ បរត្រឡប់មកវិញខ្លះ លើផែនដីដែលភ្លើងឆេះសន្ធោសន្ធៅរន្ទាលច្រាលឆ្អៅ។ ពួកនាយនិរយបាល ឲ្យសត្វនុ៎ះឡើងកាន់ភ្នំរងើកភ្លើងដ៏ធំ ដែលភ្លើងឆេះសន្ធោសន្ធៅ រន្ទាលច្រាលឆ្អៅខ្លះ ឲ្យចុះមកវិញខ្លះ ពួកនាយនិរយបាល ចាប់សត្វនុ៎ះ ឲ្យមានជើងឡើងលើ មានក្បាលចុះក្រោម ហើយបោះទៅក្នុងខ្ទះដែកដ៏ក្តៅ ដែលភ្លើងឆេះសន្ធោសន្ធៅ រន្ទាលច្រាលឆ្អៅ។ សត្វនោះ ពុះផុលឡើងដូចពពុះក្នុងខ្ទះនោះ។ សត្វនោះ កាលពុះផុលឡើងដូចពពុះក្នុងខ្ទះនោះ អណ្តែតឡើងលើម្តង លិចចុះក្រោមម្តង ទៅទទឹងម្តង។ សត្វនោះ រងទុក្ខវេទនាដ៏ក្លាខ្លាំង ខ្លោចផ្សាក្នុងខ្ទះនោះ បាបកម្មនោះ មិនទាន់អស់ដរាបណា សត្វនោះ ក៏មិនទាន់ធ្វើមរណកាល ដរាបនោះ។ ភ័យ ទុក្ខ ទោមនស្សនុ៎ះ កើតហើយព្រោះអ្វី។ កើតហើយដល់សត្វនោះ ព្រោះសេចក្តីស្នេហាជាបច្ច័យខ្លះ ព្រោះសេចក្តីរីករាយជាបច្ច័យខ្លះ ព្រោះតម្រេកជាបច្ច័យខ្លះ ព្រោះសេចក្តីរីករាយនិងតម្រេកជាបច្ច័យខ្លះ។ ពួកនាយនិរយបាល ក៏បោះសត្វនោះ ទៅក្នុងនរក។ មហានរកនោះសោត

មានជ្រុង ៤ មានទ្វារ ៤ ដែលធម្មតាចែករាប់តាមចំណែកព័ន្ធព័ទ្ធដោយកំពែងដែក គ្របដោយបន្ទះដែក។ ផ្ទៃមហានរកនោះ សុទ្ធដែកច្រាលឆ្អៅ ប្រកបដោយកំដៅ ផ្សាយទៅមួយរយយោជន៍ដោយជុំវិញ សព្វកាល។ មហានរកទាំងនោះ មានអណ្តាតភ្លើងអាក្រក់ក្តៅពន្លឹក ពុំគួរត្រេកអរ មានសភាពគួរព្រឺរោម គួរតក់ស្លុត គួរជាទុក្ខ គួរខ្លាច។ គំនរអណ្តាតភ្លើង ដែលតាំងឡើងអំពីជញ្ជាំងខាងកើត ឆាបឆេះសត្វទាំងឡាយដែលមានបាបកម្ម ហើយផ្ទប់ទៅត្រង់ជញ្ជាំងខាងលិច។ គំនរអណ្តាតភ្លើង ដែលតាំងឡើងអំពីជញ្ជាំងខាងលិច ឆាបឆេះសត្វទាំងឡាយ ដែលមានបាកកម្ម ហើយផ្ទប់ទៅត្រង់ជញ្ជាំងខាងកើត។ គំនរអណ្តាតភ្លើង ដែលតាំងឡើង អំពីជញ្ជាំងខាងត្បូង ឆាបឆេះសត្វទាំងឡាយ ដែលមានបាបកម្ម ហើយផ្ទប់ទៅត្រង់ជញ្ជាំងខាងជើង។ គំនរអណ្តាតភ្លើង ដែលតាំងឡើងអំពីជញ្ជាំងខាងជើង ឆាបឆេះសត្វទាំងឡាយដែលមានបាបកម្ម ហើយផ្ទប់ទៅត្រង់ជញ្ជាំងខាងត្បូង។ គំនរអណ្តាតភ្លើងគួរខ្លាច តាំងឡើងអំពីខាងក្រោម ឆាបឆេះសត្វទាំងឡាយ ដែលមានបាបកម្ម ហើយផ្ទប់ទៅនឹងដម្បូល។ គំនរអណ្តាតភ្លើងគួរខ្លាច តាំងឡើងអំពីដម្បូល ឆាបឆេះសត្វទាំងឡាយ ដែលមានបាបកម្ម ហើយផ្ទប់មកនឹងផ្ទៃ។ អំបែងដែក កំពុងឆេះក្តៅសព្វ រុងរឿងយ៉ាងណា នរកអវីចិ (ក៏ប្រាកដ ) ដល់សត្វដែលតាំងនៅខាងក្រោម និងខាងលើ យ៉ាងនោះដែរ។ សត្វទាំងឡាយ ជាអ្នកអាក្រក់ខ្លាំង ធ្វើអំពើអាក្រក់ច្រើន មានអំពើបាបតែមួយយ៉ាង រមែងឆេះ តែមិនស្លាប់ ក្នុងនរកនោះទេ។ កាយសត្វនរកទាំងឡាយ ដែលអាស្រ័យនៅក្នុងនរកនោះ ប្រាកដស្មើដោយភ្លើង អ្នកចូរមើលនូវភាពនៃបាបកម្មដ៏មាំមួនចុះ សត្វទាំងនោះ មិនទៅជាផេះ ទាំងមិនទៅជាធ្យូង។ សត្វនរកទាំងឡាយ រមែងស្ទុះទៅតាមទិសខាងកើតខ្លះ ស្ទុះចេញអំពីទិសខាងកើតនោះមកកាន់ទិសខាងលិចខ្លះ ស្ទុះទៅតាមទិសខាងជើងខ្លះ ស្ទុះចេញអំពីទិសខាងជើងនោះ មកកាន់ទិសខាងត្បូងខ្លះ។ សត្វនរកទាំងនោះ ស្ទុះទៅកាន់ទិសណាៗ ទ្វារក្នុងទិសនោះៗក៏បិទជិតឯង សត្វទាំងនោះ សុទ្ធតែមានសេចក្តីប្រាថ្នាដើម្បីចេញ ស្វែងរកនូវការចេញ។ សត្វនរកទាំងនោះ ចេញអំពីនរកនោះមិនបាន ព្រោះកម្មជាបច្ច័យ ព្រោះថាបាបកម្មរបស់សត្វទាំងនោះ មានច្រើនយ៉ាង ដែលខ្លួនធ្វើហើយ ជាកម្មមិនទាន់ទំ។

ភ័យ ទុក្ខ ទោមនស្សនុ៎ះ កើតហើយព្រោះអ្វី។ កើតហើយដល់សត្វនោះ ព្រោះសេចក្តីស្នេហាជាបច្ច័យខ្លះ ព្រោះសេចក្តីរីករាយជាបច្ច័យខ្លះ ព្រោះតម្រេកជាបច្ច័យខ្លះ ព្រោះសេចក្តីរីករាយ និងតម្រេកជាបច្ច័យខ្លះ។ ទុក្ខណាមានក្នុងនរកក្តី ទុក្ខណាមានក្នុងកំណើតតិរច្ឆានក្តី ទុក្ខណាមានក្នុងបិត្តិវិស័យក្តី ទុក្ខណាមានក្នុងពួកមនុស្សក្តី ទុក្ខទាំងនោះ កើតហើយព្រោះអ្វី កើតព្រមហើយព្រោះអ្វី ដុះដាលហើយព្រោះអ្វី ចំរើនហើយព្រោះអ្វី កើតប្រាកដហើយព្រោះអ្វី។ ទុក្ខទាំងនោះ មាន មានព្រម កើត កើតព្រម ដុះដាល ចំរើន កើតប្រាកដ ព្រោះសេចក្តីស្នេហាជាបច្ច័យខ្លះ ព្រោះសេចក្តីរីករាយជាបច្ច័យខ្លះ ព្រោះតម្រេកជាបច្ច័យខ្លះ ព្រោះសេចក្តីរីករាយ និងតម្រេកជាបច្ច័យខ្លះ ហេតុនោះ (លោកពោលថា) សេចក្តីទុក្ខនេះ មានឡើងព្រោះអាស្រ័យសេចក្តីសេ្នហា។

[២៣៩ ] អធិប្បាយពាក្យថា បុគ្គលកាលសំឡឹងឃើញទោស ដែលកើតអំពីសេចក្តីស្នេហា ត្រង់ពាក្យថា សេចក្តីស្នេហា បានដល់សេចក្តីស្នេហា ២ គឺ តណ្ហាស្នេហា ១ ទិដ្ឋិស្នេហា ១។បេ។ នេះតណ្ហាស្នេហា។បេ។ នេះទិដ្ឋិស្នេហា។ ពាក្យថា បុគ្គលកាលសំឡឹងឃើញទោស ដែលកើតអំពីសេចក្តីស្នេហា បានសេចក្តីថា បុគ្គលកាលសំឡឹងឃើញ រមិលមើល ពិនិត្យមើល ពិចារណាមើល នូវទោសក្នុងតណ្ហាស្នេហាផង ក្នុងទិដ្ឋិស្នេហាផង ហេតុនោះ (លោកពោលថា) បុគ្គលកាលសំឡឹងឃើញទោស ដែលកើតអំពីសេចក្តីស្នេហា។ គប្បីប្រព្រឹត្តម្នាក់ឯង ដូចកុយរមាស។ ហេតុនោះ ព្រះបច្ចេកសម្ពុទ្ធនោះ ពោលថា

សេចក្តីស្នេហា របស់បុគ្គលអ្នកមានការជាប់ចំពាក់ រមែងមាន សេចក្តីទុក្ខនេះ មានឡើយ ព្រោះអាស្រ័យសេចក្តីស្នេហា បុគ្គលកាលសំឡឹងឃើញទោស ដែលកើតអំពីសេចក្តីស្នេហា គប្បីប្រព្រឹត្តម្នាក់ឯង ដូចកុយរមាស។

[២៤០]

បុគ្គលអ្នកមានចិត្តជាប់ចំពាក់ កាលអនុគ្រោះចំពោះមិត្ត និងអ្នកមានចិត្តល្អ រមែងញុំាងប្រយោជន៍ឲ្យវិនាស បុគ្គលកាលសំឡឹងឃើញភ័យ ក្នុងការស្និទ្ធស្នាលនុ៎ះ គប្បីប្រព្រឹត្តម្នាក់ឯង ដូចកុយរមាស។

[២៤១] អធិប្បាយពាក្យថា បុគ្គលអ្នកមានចិត្តជាប់ចំពាក់ កាលអនុគ្រោះចំពោះមិត្តអ្នកមានចិត្តល្អ រមែងញុំាងប្រយោជន៍ឲ្យវិនាស ត្រង់ពាក្យថា មិត្ត បានដល់មិត្ត ២ គឺ អាគារិកមិត្ត ១ អនាគារិកមិត្ត ១។

អាគារិកមិត្ត តើដូចម្ដេច។ បុគ្គលខ្លះក្នុងលោកនេះ ឲ្យវត្ថុដែលគេឲ្យបានដោយក្រ លះបង់វត្ថុដែលគេលះបង់បានដោយក្រ ធ្វើអំពើដែលគេធ្វើបានដោយក្រ អត់ទ្រាំហេតុដែលគេអត់ទ្រាំបានដោយក្រ ប្រាប់ការកំបាំងដល់មិត្តនោះ លាក់ការកំបាំងរបស់មិត្តនោះ មិនលះបង់គ្នាក្នុងកាលមានអន្ដរាយ សូម្បីជីវិតក៏ហ៊ានលះបង់ ដើម្បីប្រយោជន៍ដល់មិត្តនោះ មិនមើលងាយមិត្ត ក្នុងកាលមិត្តអស់ទ្រព្យ នេះអាគារិកមិត្ត។

អនាគារិកមិត្ត តើដូចម្ដេច។ ភិក្ខុក្នុងសាសនានេះ រមែងជាទីស្រឡាញ់ផង ជាទីពេញចិត្តផង គួរគោរពផង គួរអ្នកផងស្ងើចផង អត់ធន់ក្នុងពាក្យពោលផង ធ្វើពាក្យឲ្យជ្រាលជ្រៅផង មិនដឹកនាំក្នុងហេតុមិនគួរផង ដឹកនាំក្នុងអធិសីល ដឹកនាំក្នុងការប្រកបរឿយៗ នូវការចំរើនសតិប្បដ្ឋាន ៤ ដឹកនាំក្នុងការប្រកបរឿយៗ នូវការចំរើនសម្មប្បធាន ៤។បេ។ នូវឥទ្ធិបាទ ៤ នូវឥន្រ្ទិយ ៥ នូវពលៈ ៥ នូវពោជ្ឈង្គៈ ៧ នូវអរិយមគ្គមានអង្គ ៨ ផង នេះអនាគារិកមិត្ត។

ការដើរទៅជាសុខ ការមកជាសុខ ការទៅមកជាសុខ ការឈរជាសុខ ការអង្គុយជាសុខ ការដេកជាសុខ ការហៅរកជាសុខ ការនិយាយរកគ្នាជាសុខ ការនិយាយឆ្លើយឆ្លងគ្នាជាសុខ ការនិយាយស្រុះស្រួលគ្នាជាសុខ ជាមួយនឹងពួកជនណា ពួកជននោះ លោកហៅថា អ្នកមានចិត្តល្អ។

ពាក្យថា បុគ្គលកាលអនុគ្រោះចំពោះមិត្ត និងអ្នកមានចិត្តល្អ រមែងញុំាងប្រយោជន៍ឲ្យវិនាស គឺបុគ្គលកាលអនុគ្រោះ ទំនុកបម្រុង ផ្ចុងផ្ដើមចំពោះមិត្តផង ចំពោះអ្នកមានចិត្តល្អផង ចំពោះជនដែលធ្លាប់ឃើញគ្នាផង ចំពោះជនដែលរាប់គ្នាស្និទ្ធផង ចំពោះសំឡាញ់ផង រមែងញុំាងប្រយោជន៍ខ្លួន និងប្រយោជន៍អ្នកដទៃឲ្យវិនាស ញុំាងប្រយោជន៍ទាំងពីរឲ្យវិនាស ញុំាងប្រយោជន៍បច្ចុប្បន្នឲ្យវិនាស ញុំាងប្រយោជន៍បរលោកឲ្យវិនាស ញុំាងប្រយោជន៍ដ៏ក្រៃលែងឲ្យវិនាស ឲ្យខ្ចាត់ខ្ចាយ ឲ្យបាត់បង់ ឲ្យអន្ដរធាន ហេតុនោះ (លោកពោលថា) បុគ្គលកាលអនុគ្រោះចំពោះមិត្ត និងអ្នកមានចិត្តល្អ រមែងញុំាងប្រយោជន៍ឲ្យវិនាស។

ពាក្យថា អ្នកមានចិត្តជាប់ចំពាក់ គឺ ជាអ្នកមានចិត្តជាប់ចំពាក់ដោយហេតុ ២ គឺ ជាអ្នកមានចិត្តជាប់ចំពាក់ តាំងខ្លួនឲ្យទាប តាំងអ្នកដទៃឲ្យខ្ពស់ ឬជាអ្នកមានចិត្តជាប់ចំពាក់ តាំងខ្លួនឲ្យខ្ពស់ តាំងអ្នកដទៃ ឲ្យទាប។

បុគ្គលជាអ្នកមានចិត្តជាប់ចំពាក់ តាំងខ្លួនឲ្យទាប តាំងបុគ្គលដទៃឲ្យខ្ពស់ តើដូចម្ដេច។ បុគ្គលនោះ ពោលថា លោកមានឧបការៈច្រើនដល់ខ្ញុំ ខ្ញុំបានចីវរ បិណ្ឌបាត សេនាសនៈ និងថ្នាំគ្រឿងរក្សារោគ ជាបរិវាររបស់ជីវិត ព្រោះអាស្រ័យលោក ជនទាំងឡាយដទៃ កាលអាស្រ័យលោក ឃើញលោក ទើបសំគាល់ដើម្បីឲ្យ ឬដើម្បីធ្វើវត្ថុណា ដល់ខ្ញុំក្តី នាម និងគោត្រណា ជារបស់មាតាបិតា ដែលមានពីមុន របស់ខ្ញុំក្តី សូម្បីវត្ថុនោះ ទាំងនាម និងគោត្រនោះ ក៏បាត់បង់ទៅហើយ (ហេតុនេះ) ខ្ញុំសុំទទួលស្គាល់លោកថា ជាជីតុនរបស់បុរសឯណោះ ជាជីតុនរបស់ស្ត្រីឯណោះ បុគ្គលជាអ្នកមានចិត្តជាប់ចំពាក់ តាំងខ្លួនឲ្យទាប តាំងអ្នកដទៃឲ្យខ្ពស់ យ៉ាងនេះឯង។

បុគ្គលជាអ្នកមានចិត្តជាប់ចំពាក់ តាំងខ្លួនឲ្យខ្ពស់ តាំងអ្នកដទៃឲ្យទាប តើដូចម្ដេច។ បុគ្គលនោះ ពោលថា ខ្ញុំមានឧបការៈច្រើនដល់លោក លោកអាស្រ័យខ្ញុំ ទើបដល់ព្រះពុទ្ធជាទីពឹង ដល់ព្រះធម៌ជាទីពឹង ដល់ព្រះសង្ឃជាទីពឹង វៀរចាកបាណាតិបាត វៀរចាកអទិន្នាទាន វៀរចាកកាមេសុ មិច្ឆាចារៈ វៀរចាកមុសាវាទ វៀរចាកហេតុជាទីតាំងនៃសេចក្តីប្រមាទ ក្នុងទឹកស្រវឹង គឺ សុរា និងមេរ័យ ខ្ញុំបានប្រាប់ឧទ្ទេសផង បរិបុច្ឆាផង សីលផង ឧបោសថផង អធិដ្ឋាននវកម្ម ដល់លោក ប៉ុន្ដែលោកលះបង់ខ្ញុំ ទៅធ្វើសក្ការៈ គោរព រាប់អាន បូជា ចំពោះបុគ្គលដទៃវិញ បុគ្គលជាអ្នកមានចិត្តជាប់ចំពាក់ តាំងខ្លួនឲ្យខ្ពស់ តាំងអ្នកដទៃឲ្យទាប យ៉ាងនេះឯង ហេតុនោះ (លោកពោលថា) បុគ្គលអ្នកមានចិត្តជាប់ចំពាក់ កាលអនុគ្រោះចំពោះមិត្ត និងអ្នកមានចិត្តល្អ រមែងញុំាងប្រយោជន៍ឲ្យវិនាស។

[២៤២] អធិប្បាយពាក្យថា បុគ្គលកាលសំឡឹងឃើញភ័យ ក្នុងការស្និទ្ធស្នាលនុ៎ះ ត្រង់ពាក្យថា ភ័យ បានដល់ភ័យអំពីជាតិ ភ័យអំពីជរា ភ័យអំពីព្យាធិ ភ័យអំពីមរណៈ ភ័យអំពីព្រះរាជា ភ័យអំពីចោរ ភ័យអំពីភ្លើង ភ័យអំពីទឹក ភ័យអំពីការតិះដៀលខ្លួនឯង ភ័យអំពីការតិះដៀលរបស់បុគ្គលដទៃ ភ័យអំពីអាជ្ញា ភ័យអំពីទុគ្គតិ ភ័យអំពីរលកទឹក ភ័យអំពីក្រពើ ភ័យអំពីទឹកកួច ភ័យអំពីត្រីសាហាវ ភ័យអំពីការរកចិញ្ចឹមជីវិត ភ័យអំពីការមិនសរសើរ ភ័យអំពីសេចក្តីរញោចរញើមក្នុងបរិស័ទ ហេតុគួរខ្លាច ការញាប់ញ័រ ការព្រឺរោម ការរន្ធត់ចិត្ត ការតក់ស្លុត។ ពាក្យថា ការស្និទ្ធស្នាល បានដល់សេចក្តីស្និទ្ធស្នាល ២ គឺ សេចក្តីស្និទ្ធស្នាលគឺតណ្ហា ១ សេចក្តីស្និទ្ធស្នាលគឺទិដ្ឋិ ១។បេ។ នេះ សេចក្តីស្និទ្ធស្នាល គឺតណ្ហា។បេ។ នេះ សេចក្តីស្និទ្ធស្នាលគឺទិដ្ឋិ។ ពាក្យថា បុគ្គល កាលសំឡឹងឃើញភ័យ ក្នុងសេចក្តីស្និទ្ធស្នាលនុ៎ះ បានសេចក្តីថា បុគ្គលកាលសំឡឹងឃើញ ក្រឡេកមើល ពិនិត្យមើល ពិចារណាមើល នូវភ័យក្នុងសេចក្តីស្និទ្ធស្នាលនុ៎ះ ហេតុនោះ (លោកពោលថា) បុគ្គលកាលសំឡឹងឃើញភ័យ ក្នុងសេចក្តីស្និទ្ធស្នាលនុ៎ះ។ គប្បីប្រព្រឹត្តម្នាក់ឯង ដូចកុយរមាស។ ហេតុនោះ ព្រះបច្ចេកសម្ពុទ្ធនោះពោលថា

បុគ្គលអ្នកមានចិត្តជាប់ចំពាក់ កាលអនុគ្រោះចំពោះមិត្ត និងអ្នកមានចិត្តល្អ រមែងញុំាងប្រយោជន៍ឲ្យវិនាស បុគ្គលកាលសំឡឹងឃើញភ័យ ក្នុងការស្និទ្ធស្នាលនុ៎ះ គប្បីប្រព្រឹត្តម្នាក់ឯង ដូចកុយរមាស។

[២៤៣]

អាល័យណា ក្នុងពួកបុត្ត និងប្រពន្ធ អាល័យនោះ ចាក់ស្រេះ ដូចឫស្សី មានមែកសាងញ៉ាង បុគ្គលមិនជាប់ចំពាក់ ដូចទំពាំងឫស្សី គប្បីប្រព្រឹត្តម្នាក់ឯង ដូចកុយរមាស។

[២៤៤] ពាក្យថា អាល័យនោះ ចាក់ស្រេះ ដូចឫស្សីមានមែកសាងញ៉ាង អធិប្បាយថា គុម្ពឫស្សី ហៅថា ឫស្សី។ បន្លាក្នុងគុម្ពឫស្សី សាំញុំា ចាក់ស្រែះ ចាក់កណ្ដាញ់ ប្រទាក់គ្នា ឆ្វាក់គ្នា ជាប់គ្នា យ៉ាងណាមិញ តណ្ហា លោកពោលថា វិសត្តិកា ក៏យ៉ាងនោះដែរ គឺ បានខាងតម្រេក តម្រេកខ្លាំង សេចក្តីត្រេកអរ សេចក្តីស្រើបស្រាល សេចក្តីរីករាយ សេចក្តីត្រេកត្រអាល តម្រេកខ្លាំងនៃចិត្ត ការចង់បាន ការជ្រប់ចិត្ត ការងប់ចិត្ត ការប្រាថ្នា ការប្រាថ្នាខ្លាំង ការជាប់នៅ កិលេសដូចភក់ ការញាប់ញ័រ កិលេសជាតិ ជាគ្រឿងបិទបាំងទោស កិលេសជាតិនាំឲ្យកើត ញុំាងទុក្ខឲ្យកើត ជាគ្រឿងដេរភ្ជាប់ ដូចជាបណ្ដាញ ជាទីហូរទៅ ជាគ្រឿងចាក់ស្រែះ ដូចជាខ្សែ ផ្សាយទៅ ជាគ្រឿងប្រមូលមក ជាគំរប់ពីរ (របស់សត្វ ) ជាគ្រឿងតំកល់ទុក ជាគ្រឿងនាំទៅកាន់ភព ដូចជាព្រៃតូច ព្រៃធំ សេចក្តីស្និទ្ធស្នាល សេចក្តីស្នេហា ការអាល័យ ការជាប់ចំពោះ ចំណង់ ការប៉ុនប៉ង ភាពនៃសេចក្តីប៉ុនប៉ង ការប៉ុនប៉ងរូប ការប៉ុនប៉ងសំឡេង ការប៉ុនប៉ងក្លិន ការប៉ុនប៉ងរស ការប៉ុនប៉ងផ្សព្វ ការប៉ុនប៉ងលាភ ការប៉ុនប៉ងទ្រព្យ ការប៉ុនប៉ងបុត្ត ការប៉ុនប៉ងជីវិត ការជាប់ចិត្ត ការជាប់ចិត្តទួទៅ ការជាប់ចិត្តខ្លាំង អាការជាទីជាប់ចិត្ត ភាពនៃការជាប់ចិត្ត ការរវះរវាម អាការជាទីរវះរវាម ភាពនៃចិត្តរវះរវាម ការធ្វើឲ្យញាប់ញ័រ ការធ្វើមិនប្រពៃ តម្រេកមិនត្រូវតាមធម៌ តម្រេកមិនចេះល្មម លោភមិនល្មម ការស្រឡាញ់ ការកួចកាន់ ការប្រាថ្នា ការពេញចិត្ត ការប្រាថ្នាខ្លាំង ការអន្ទះសាក្នុងកាម ការអន្ទះសាក្នុងភព ការអន្ទះសាក្នុងវិភព ការអន្ទះសាក្នុងរូប ការអន្ទះសាក្នុងអរូប ការអន្ទះសាក្នុងនិរោធ ការអន្ទះសាក្នុងរូប ការអន្ទះសាក្នុងសំឡេង ការអន្ទះសាក្នុងក្លិន ការអន្ទះសាក្នុងរស ការអន្ទះសាក្នុងផ្សព្វ ការអន្ទះសាក្នុងធម្មារម្មណ៍ កិលេសដូចជាជំនន់ ជាគ្រឿងប្រកបទុក ជាគ្រឿងរួបរឹត ជាគ្រឿងថ្ដក់ ជាគ្រឿងរារាំង ជាគ្រឿងហាម ជាគ្រឿងប្រក់ ជាគ្រឿងចង គ្រឿងសៅហ្មង ជាគ្រឿងដេកនៅរឿយៗ ជាគ្រឿងស្ទាក់ វល្លិគឺតណ្ហា សេចក្តីប្រាថ្នា

ផ្សេងៗ ឫសគល់នៃទុក្ខ ហេតុនៃទុក្ខ ដែនផ្ដើមកើតទុក្ខ អន្ទាក់មារ សន្ទូចមារ វិស័យមារ លំនៅមារ ចំណងមារ ស្ទឹងគឺតណ្ហា បណ្ដាញគឺតណ្ហា ដងដោយគឺតណ្ហា សមុទ្រគឺតណ្ហា អភិជ្ឈា លោភៈ អកុសលមូល។ សំនួរត្រង់ពាក្យថា វិសត្តិកា ចុះកិលេសជាតិ ឈ្មោះថាវិសត្តិកា តើដោយសេចក្តីដូចម្ដេច។ ឈ្មោះថា វិសត្តិកា ព្រោះហេតុផ្សាយទៅ។ ឈ្មោះថាវិសត្តិកា ព្រោះហេតុធំទូលាយ។ ឈ្មោះថា វិសត្តិកា ព្រោះហេតុជ្រួតជ្រាប។ ឈ្មោះថាវិសត្តិកា ព្រោះហេតុអត់ធន់។ ឈ្មោះថា វិសត្តិកា ព្រោះហេតុនាំខុស។ ឈ្មោះថា វិសត្តិកា ព្រោះហេតុពោលខុស។ ឈ្មោះថា វិសត្តិកា ព្រោះហេតុមានឫសគល់ជាពិស។ ឈ្មោះថាវិសត្តិកា ព្រោះហេតុមានផ្លែជាពិស។ ឈ្មោះថា វិសត្តិកា ព្រោះហេតុមានការបរិភោគជាពិស។ មួយទៀត ឈ្មោះថា វិសត្តិកា ព្រោះហេតុតណ្ហា ដ៏ធំទូលាយ ផ្សាយ លាតទៅ ក្នុងរូប សំឡេង ក្លិន រស ផ្សព្វ ត្រកូល គណៈ អាវាស លាភ យស សេចក្តីសរសើរ សេចក្តីសុខ ចីវរ បិណ្ឌបាត សេនាសនៈ និងថ្នាំគ្រឿងរក្សារោគ ជាបរិវាររបស់ជីវិត ក្នុងកាមធាតុ រូបធាតុ អរូបធាតុ កាមភព រូបភព អរូបភព សញ្ញាភព អសញ្ញាភព នេវសញ្ញានាសញ្ញាភព ឯកវោការភព ចតុវោការភព បញ្ចវោការភព ក្នុងអតីត អនាគត បច្ចុប្បន្ន ក្នុងអារម្មណ៍ទាំងឡាយ ដែលឃើញ ឮ ប៉ះពាល់ ដឹងច្បាស់ ហេតុនោះ (លោកពោលថា) អាល័យនោះ ចាកស្រែះ ដូចឫស្សី មានមែកសាងញ៉ាង។

[២៤៥] ពាក្យថា អាល័យណា ក្នុងពួកបុត្ត និងប្រពន្ធ ត្រង់ពាក្យថា បុត្ត បានដល់បុត្ត ៤ ពួក គឺ បុត្តកើតអំពីខ្លួន ១ បុត្តកើតក្នុងខេត្ត ១ បុត្តដែលគេឲ្យ ១ បុត្តគឺសិស្ស ១។ ភរិយា ហៅថា ប្រពន្ធ។ តណ្ហា ហៅថា អាល័យ បានខាងតម្រេក តម្រេកខ្លាំង។បេ។ អភិជ្ឈា លោភៈ អកុសលមូល ហេតុនោះ (លោកពោលថា ) អាល័យណា ក្នុងពួកបុត្ត និងប្រពន្ធ។

[២៤៦] ពាក្យថា បុគ្គលមិនជាប់ចំពាក់ ដូចទំពាំងឫស្សី អធិប្បាយថា គុម្ពឫស្សី ហៅថា ឫស្សី។ ទំពាំងដ៏ខ្ចី ក្នុងគុម្ពឫស្សី មិនជាប់ មិនចំពាក់ មិនព័ទ្ធព័ន្ធ មិនចាក់កណ្ដាញ់ គឺចេញ រលាស់ផុតស្រឡះហើយ យ៉ាងណាមិញ ការចំពាក់ ២ គឺ ការចំពាក់គឺតណ្ហា ១ ការចំពាក់គឺទិដ្ឋិ ១ ក៏យ៉ាងនោះដែរ។បេ។ នេះ ការចំពាក់គឺតណ្ហា។បេ។ នេះការចំពាក់គឺទិដ្ឋិ។ ព្រះបច្ចេកសម្ពុទ្ធនោះ លះការចំពាក់គឺតណ្ហា រលាស់ចោលការចំពាក់គឺទិដ្ឋិហើយ ព្រោះលះការចំពាក់គឺតណ្ហា ព្រោះរលាស់ចោលការចំពាក់គឺទិដ្ឋិ ព្រះបច្ចេកសម្ពុទ្ធនោះ ទើបមិនជាប់ក្នុងរូប មិនជាប់ក្នុងសំឡេង មិនជាប់ក្នុងក្លិន មិនជាប់ក្នុងរស មិនជាប់ក្នុងផ្សព្វ មិនជាប់ មិនប្រកាន់ មិនចង មិនជាប់ស្អិត ក្នុងត្រកូល គណៈ អាវាស លាភ យស សេចក្តីសរសើរ សេចក្តីសុខ ចីវរ បិណ្ឌបាត សេនាសនៈ និងថ្នាំគ្រឿងរក្សារោគជាបរិវាររបស់ជីវិត ក្នុងកាមធាតុ រូបធាតុ អរូបធាតុ កាមភព រូបភព អរូបភព សញ្ញាភព អសញ្ញាភព នេវសញ្ញានាសញ្ញាភព ឯកវោការភព ចតុវោការភព បញ្ចវោការភព ក្នុងអតីត អនាគត បច្ចុប្បន្ន ក្នុងអារម្មណ៍ទាំងឡាយ ដែលឃើញ ឮ ប៉ះពាល់ ដឹងច្បាស់ គឺលោកចេញ រលាស់ ផុតស្រឡះ ប្រាសចេញ មានចិត្តប្រាសចាកសេចក្តីសល់វល់ ហេតុនោះ (លោកពោលថា) បុគ្គលមិនជាប់ចំពាក់ ដូចទំពាំងឫស្សី។ គប្បីប្រព្រឹត្តម្នាក់ឯង ដូចកុយរមាស។ ហេតុនោះ ព្រះបច្ចេកសម្ពុទ្ធនោះពោលថា

អាល័យណា ក្នុងពួកបុត្ត និងប្រពន្ធ អាល័យនោះ ចាក់ស្រែះ ដូចឫស្សី មានមែកសាងញ៉ាង បុគ្គលមិនជាប់ចំពាក់ ដូចទំពាំងឫស្សី គប្បីប្រព្រឹត្តម្នាក់ឯង ដូចកុយរមាស។

[២៤៧]

ម្រឹគក្នុងព្រៃ ជាសត្វមិនជាប់ចំណង ទៅរកចំណី តាមប្រាថ្នាបាន យ៉ាងណា វិញ្ញូជន កាលសំឡឹងឃើញសេរីភាព15) គប្បីប្រព្រឹត្តម្នាក់ឯង ដូចកុយរមាស យ៉ាងនោះ។

[២៤៨] អធិប្បាយពាក្យថា ម្រឹគក្នុងព្រៃ ជាសត្វមិនជាប់ចំណង ទៅរកចំណី តាមប្រាថ្នាបាន យ៉ាងណា ត្រង់ពាក្យថា ម្រឹគ បានដល់ ម្រឹគ ២ ពួកគឺ ឯណិម្រឹគ ១ សរភម្រឹគ ១។ ម្រឹគព្រៃ កាលនៅក្នុងព្រៃ រមែងដើរទៅឥតរង្កៀស ឈប់ឥតរង្កៀស អង្គុយឥតរង្កៀសសម្រេចការដេកឥតរង្កៀស យ៉ាងណាមិញ។

សមដូចពាក្យ ដែលព្រះមានព្រះភាគទ្រង់ត្រាស់នេះថា ម្នាលភិក្ខុទាំងឡាយ ម្រឹគព្រៃកាលត្រាច់ទៅក្នុងព្រៃរបោះ ព្រៃស្បាត រមែងដើរទៅឥតរង្កៀស ឈប់ឥតរង្កៀស អង្គុយឥតរង្កៀស សម្រេចការដេកឥតរង្កៀស ដំណើរនោះ ព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ព្រោះថា ម្រឹគនោះនៅក្នុងទីមិនមែនជាគន្លងរបស់ព្រាន យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាកធម៌ទាំងឡាយ ជាអកុសលហើយ ចូលបឋមជ្ឈាន ប្រកបដោយវិតក្កៈ និងវិចារៈ មានបីតិ និងសុខៈ ដែលកើតអំពីវិវេក ក៏យ៉ាងនោះដែរ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះ តថាគតពោលថា បានធ្វើមារឲ្យងងឹត សម្លាប់មារមិនឲ្យមានដានជើង ដល់នូវការមិនចួបប្រទះដោយភ្នែកមារ របស់មារលាមក ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុចូលទុតិយជ្ឈាន ជាទីផូរផង់ ប្រព្រឹត្តក្នុងសន្តាន មានសេចក្តីជ្រះថ្លាគឺសទ្ធា មានសភាពជាធម្មជាតខ្ពស់ឯក មិនមានវិតក្កៈ មិនមានវិចារៈ មានតែបីតិ និងសុខៈ ដែលកើតអំពីសមាធិ គឺបឋមជ្ឈាន ព្រោះរម្ងាប់វិតក្កៈ និងវិចារៈ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះ តថាគតពោលថា បានធ្វើមារឲ្យងងឹត សម្លាប់មារមិនឲ្យមានដានជើង ដល់នូវការមិនចួបប្រទះដោយភ្នែកមារ របស់មារលាមក ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុជាអ្នកព្រងើយកន្តើយ មានសតិ និងការដឹងច្បាស់ សោយសុខដោយនាមកាយ ព្រោះរសាយនៃបីតិ ព្រះអរិយៈទាំងឡាយ តែងសរសើរបុគ្គលដែលបានតតិយជ្ឈាននោះឯង ថាជាបុគ្គលមានចិត្តព្រងើយកន្ដើយ មានស្មារតី មានការនៅជាសុខ ភិក្ខុចូលតតិយជ្ឈាននោះ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះ តថាគតពោលថា បានធ្វើមារឲ្យងងឹត សម្លាប់មារមិនឲ្យមានដានជើង ដល់នូវការមិនចួបប្រទះដោយភ្នែកមារ របស់មារលាមក ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុចូលចតុត្ថជ្ឈាន ឥតទុក្ខឥតសុខ មានសតិដ៏បរិសុទ្ធដោយឧបេក្ខា ព្រោះលះបង់សុខផង លះបង់ទុក្ខផង ព្រោះដល់នូវការវិនាសនៃសោមនស្ស និងទោមនស្សក្នុងការមុនផង ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះ តថាគតពោលថា បានធ្វើមារឲ្យងងឹត សម្លាប់មារមិនឲ្យមានដានជើង ដល់នូវការមិនចួបប្រទះដោយភ្នែកមារ របស់មារលាមក ម្នាលភិក្ខុទាំងឡាយ មួយទៀត ព្រោះកន្លងរូបសញ្ញា ព្រោះវិនាសនៃបដិឃសញ្ញា ព្រោះមិនធ្វើទុកក្នុងចិត្តនូវនានត្តសញ្ញា ដោយប្រការទាំងពួង ភិក្ខុចូលអាកាសានញ្ចាយតនៈ (ដោយបរិកម្ម) ថា អាកាសមិនមានទីបំផុត ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះ តថាគតពោលថា បានធ្វើមារឲ្យងងឹត សម្លាប់មារមិនឲ្យមានដានជើង ដល់នូវការមិនចួបប្រទះដោយភ្នែកមារ របស់មារលាមក ម្នាលភិក្ខុទាំងឡាយ មួយទៀត ព្រោះកន្លងអាកាសានញ្ចាយតនៈ ដោយប្រការទាំងពួង ហើយចូលវិញ្ញាណញ្ចាយតនៈ (ដោយបរិកម្ម ) ថា វិញ្ញាណ មិនមានទីបំផុត ព្រោះកន្លងវិញ្ញាណញ្ចាយតនៈ ដោយប្រការទាំងពួង ភិក្ខុចូលអាកិញ្ចញ្ញាយតនៈ (ដោយបរិកម្ម ) ថា វត្ថុតិចតួចមិនមាន ព្រោះកន្លងអាកិញ្ចញ្ញាយតនៈ ដោយប្រការទាំងពួង ហើយចូលនេវសញ្ញានាសញ្ញាយតនៈ (ដោយបរិកម្ម ) ថា ធម្មជាតនុ៎ះ ជាគុណដ៏ស្ងប់ ធម្មជាតនុ៎ះ ជាគុណដ៏ឧត្តម ព្រោះកន្លងនេវសញ្ញានាសញ្ញាយតនៈដោយប្រការទាំងពួងហើយ ចូលសញ្ញាវេទយិតនិរោធ ទាំងអាសវៈទាំងឡាយរបស់ភិក្ខុនោះ ក៏អស់ ព្រោះឃើញដោយបញ្ញា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះ តថាគតពោលថា បានធ្វើមារឲ្យងងឹត សម្លាប់មារមិនឲ្យមានដានជើង ដល់នូវការមិនចួបប្រទះដោយភ្នែកមារ របស់មារលាមក បានឆ្លងតណ្ហាឈ្មោះវិសត្តិកាក្នុងលោក ភិក្ខុនោះ រមែងដើរទៅឥតរង្កៀស ឈរឥតរង្កៀស អង្គុយឥតរង្កៀស សម្រេចការដេកឥតរង្កៀស ដំណើរនោះ ព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ (ព្រោះថា) ភិក្ខុនោះ នៅក្នុងទីមិនមែនជាគន្លងនៃមារដ៏លាមក ហេតុនោះ (លោកពោលថា) ម្រឹគក្នុងព្រៃ ជាសត្វមិនជាប់ចំណង ទៅរកចំណីតាមប្រាថ្នាបាន យ៉ាងណា។

[២៤៩] អធិប្បាយពាក្យថា វិញ្ញូជន កាលសំឡឹងឃើញសេរីភាព ត្រង់ពាក្យថា វិញ្ញូជន គឺ បុគ្គលអ្នកដឹង ជាបណ្ឌិត មានបញ្ញា មានយោបល់ មានញាណ មានបញ្ញាឈ្វេងយល់ មានបញ្ញាធ្លុះធ្លាយ។ ពាក្យថា ជន បានដល់សត្វ មាណព បុរស បុគ្គល សត្វមានជីវៈ សត្វមានជាតិ សត្វមានជរា សត្វទៅដោយឥន្រ្ទិយ សត្វកើតអំពីមនុស្ស។ ពាក្យថា សេរី បានដល់សេរី ២ គឺ ធម៌សេរី ១ បុគ្គលសេរី ១។

ធម៌សេរី តើដូចម្ដេច។ សតិប្បដ្ឋាន ៤ សម្មប្បធាន ៤ ឥទ្ធិបាទ ៤ ឥន្រ្ទិយ ៥ ពលៈ ៥ ពោជ្ឈង្គ ៧ អរិយមគ្គប្រកបដោយអង្គ ៨។ នេះ ធម៌សេរី។

បុគ្គលសេរី តើដូចម្ដេច។ បុគ្គលណា ប្រកបដោយធម៌សេរីនេះ បុគ្គលនោះ លោកហៅថា បុគ្គលសេរី។

ពាក្យថា វិញ្ញូជន កាលសំឡឹងឃើញសេរីភាព បានសេចក្តីថា វិញ្ញូជន កាលរំពឹងមើល គន់មើល ពិនិត្យមើល ពិចារណាមើល នូវធម៌គឺសេរីភាព ហេតុនោះ (លោកពោលថា) វិញ្ញូជន កាលសំឡឹងឃើញសេរីភាព។ គប្បីប្រព្រឹត្តម្នាក់ឯង ដូចកុយរមាស។ ហេតុនោះ ព្រះបច្ចេកសម្ពុទ្ធនោះពោលថា

ម្រឹគក្នុងព្រៃ ជាសត្វមិនជាប់ចំណង ទៅរកចំណីតាមប្រាថ្នាបាន យ៉ាងណា វិញ្ញូជន កាលសំឡឹងឃើញសេរីភាព គប្បីប្រព្រឹត្តម្នាក់ឯង ដូចកុយរមាសយ៉ាងនោះ។

[២៥០]

ការប្រឹក្សា ក្នុងលំនៅ ក្នុងទី (បំរើ) ក្នុងការដើរ ក្នុងចារិក រមែងមាន ក្នុងកណ្ដាលសំឡាញ់ បុគ្គលកាលសំឡឹងឃើញសេរីភាព ដែលបុគ្គលពាលមិនប្រាថ្នា គប្បីប្រព្រឹត្តម្នាក់ឯង ដូចកុយរមាស។

[២៥១] ពាក្យថា ការប្រឹក្សាក្នុងលំនៅ ក្នុងទី (បំរើ) ក្នុងការដើរ ក្នុងចារិក រមែងមានក្នុងកណ្ដាលសំឡាញ់ សេចក្តីថា ការដើរទៅជាសុខ ការមកជាសុខ ការទៅមកជាសុខ ការឈរជាសុខ ការអង្គុយជាសុខ ការដេកជាសុខ ការហៅរកជាសុខ ការចរចាជាសុខ ការឆ្លើយឆ្លងរកគ្នាជាសុខ ការនិយាយស្រស់ស្រាយជាសុខ ជាមួយនឹងពួកជនណា ពួកជននោះ លោកហៅថា សំឡាញ់។ ពាក្យថា ការប្រឹក្សា ក្នុងលំនៅ ក្នុងទី (បំរើ) ក្នុងការដើរ ក្នុងចារិក រមែងមានក្នុងកណ្ដាលនៃសំឡាញ់ បានសេចក្តីថា ការប្រឹក្សាអំពីប្រយោជន៍របស់ខ្លួន ការប្រឹក្សាអំពីប្រយោជន៍របស់បុគ្គលដទៃ ការប្រឹក្សាអំពីប្រយោជន៍ទាំងពីរ ការប្រឹក្សាអំពីប្រយោជន៍បច្ចុប្បន្ន ការប្រឹក្សាអំពីប្រយោជន៍បរលោក ការប្រឹក្សាអំពីប្រយោជន៍ដ៏ក្រៃលែង គឺព្រះនិពា្វន ក្នុងលំនៅក្តី ក្នុងទី (បំរើ) ក្តី ក្នុងការដើរក្តី ក្នុងចារិកក្តី (រមែងមាន) ក្នុងកណ្ដាលសំឡាញ់ ហេតុនោះ (លោកពោលថា) ការប្រឹក្សា ក្នុងលំនៅ ក្នុងទី (បំរើ) ក្នុងការដើរ ក្នុងចារិក រមែងមានក្នុងកណ្ដាលសំឡាញ់។

[២៥២] ពាក្យថា បុគ្គលកាលសំឡឹងឃើញសេរីភាព ដែលបុគ្គលពាលមិនប្រាថ្នា អធិប្បាយថា វត្ថុដែលពួកជនពាលជាអសប្បុរស ជាពួកតិរិ្ថយ ជាពួកសាវ័កនៃតិរ្ថិយ មិនប្រាថ្នា គឺការកោរសក់ ពុកមាត់ និងការស្លៀកដណ្ដប់សំពត់កាសាយៈ វត្ថុដែលពួកបណ្ឌិតជាសប្បុរស ជាពួកសាវ័កព្រះពុទ្ធ និងព្រះបច្ចេកពុទ្ធទាំងឡាយ ប្រាថ្នាហើយ គឺការកោរសក់ ពុកមាត់ និងការស្លៀកដណ្ដប់សំពត់កាសាយៈ។ ពាក្យថា សេរី បានដល់សេរី ២ គឺ ធម៌សេរី ១ បុគ្គលសេរី ១។ ធម៌សេរី តើដូចម្ដេច។ សតិប្បដ្ឋាន ៤។បេ។ អរិយមគ្គប្រកបដោយអង្គ ៨ នេះ ធម៌សេរី។ បុគ្គលសេរី តើដូចម្ដេច។ បុគ្គលណាប្រកបដោយធម៌សេរីនេះ បុគ្គលនោះ លោកហៅថា បុគ្គលសេរី។ ពាក្យថា បុគ្គលកាលសំឡឹងឃើញសេរីភាព ដែលបុគ្គលពាលមិនប្រាថ្នា បានសេចក្តីថា បុគ្គលកាលសំឡឹងឃើញ គន់មើល ពិនិត្យមើល ពិចារណាមើល នូវសេរីភាព ហេតុនោះ (លោកពោលថា) បុគ្គលកាលសំឡឹងឃើញសេរីភាព ដែលបុគ្គលពាលមិនប្រាថ្នា។ គប្បីប្រព្រឹត្តម្នាក់ឯង ដូចកុយរមាស។ ហេតុនោះ ព្រះបច្ចេកសម្ពុទ្ធនោះ ពោលថា

ការប្រឹក្សា ក្នុងលំនៅ ក្នុងទី (បំរើ) ក្នុងការដើរ ក្នុងចារិក រមែងមានក្នុងកណ្ដាលសំឡាញ់ បុគ្គលកាលសំឡឹងឃើញសេរីភាព ដែលបុគ្គលពាលមិនប្រាថ្នា គប្បីប្រព្រឹត្តម្នាក់ឯង ដូចកុយរមាស។

[២៥៣]

ល្បែង តម្រេក រមែងមានក្នុងកណ្ដាលសំឡាញ់ ទាំងសេចក្តីស្រឡាញ់ដ៏ធំទូលាយ រមែងមានក្នុងពួកបុត្ត បុគ្គលកាលធុញទ្រាន់ចំពោះការព្រាត់ប្រាសចាកអារម្មណ៍ជាទីស្រឡាញ់ គប្បីប្រព្រឹត្តម្នាក់ឯង ដូចកុយរមាស។

[២៥៤] អធិប្បាយពាក្យថា ល្បែង តម្រេក រមែងមានក្នុងកណ្ដាលសំឡាញ់ ត្រង់ពាក្យថា ល្បែង បានដល់ល្បែង ២ គឺ ល្បែងខាងផ្លូវកាយ ១ ល្បែងខាងផ្លូវវាចា ១។

ល្បែងខាងផ្លូវកាយ តើដូចម្ដេច។ ពួកជនរមែងលេងដោយដំរីខ្លះ លេងសេះខ្លះ លេងរថខ្លះ លេងធ្នូខ្លះ លេងចត្រង្គមានក្រឡាប្រាំបីខ្លះ16) លេងល្បែងមានក្រឡាដប់ខ្លះ17) លេងចត្រង្គក្នុងអាកាសខ្លះ18) លេងផ្លូវវាងដែលគួរវាងខ្លះ19) លេងផ្ទាត់គ្រាប់មានគ្រាប់គ្រួសជាដើមខ្លះ លេងបាស្កាក្នុងលានសម្រាប់លេងខ្លះ លេងហឹងខ្លះ លេងរលាស់ទឹកល័ខ ឲ្យទាយរូបខ្លះ លេងអង្គញ់ខ្លះ លេងផ្លុំប៉ីស្លឹកខ្លះ លេងនង្គ័លតូចខ្លះ លេងល្បែងដាំដូងខ្លះ លេងកង្ហារខ្លះ លេងវាល់ខ្សាច់ខ្លះ លេងរទេះតូចខ្លះ លេងធ្នូតូចខ្លះ លេងសរសេរអក្សរឰដ៏អាកាសឲ្យទាយខ្លះ លេងទាយចិត្ត (ស្ដេចចង់) ខ្លះ លេងកំប្លែងត្រាប់គេខ្លះ នេះល្បែងខាងផ្លូវកាយ។

ល្បែងខាងផ្លូវវាចា តើដូចម្ដេច។ ការលេងវាយស្គរដោយមាត់ ការធ្វើសំឡេងស្គរ ដែលជាប់ដោយមាត់ ការយកមាត់ធ្វើត្រាប់សំឡេងស្គរ ការហួច ការពោលសំឡេងដូចជាសំឡេងស្គរដោយមាត់ ការបង្រៀនរាំ ការច្រៀងបញ្ជើច ការច្រៀង ការធ្វើឲ្យសើច នេះ ល្បែងខាងផ្លូវវាចា។

សេចក្តីនៃពាក្យថា តម្រេក គឺពាក្យថា តម្រេកនុ៎ះ ជាឈ្មោះនៃសេចក្តីមិនអផ្សុក។ ពាក្យថា ក្នុងកណ្តាលសំឡាញ់ គឺ ការដើរទៅជាសុខ ការមកជាសុខ ការទៅមកជាសុខ ការឈរជាសុខ ការអង្គុយជាសុខ ការដេកជាសុខ ការហៅរកជាសុខ ការចរចាជាសុខ ការឆ្លើយឆ្លងរកគ្នាជាសុខ ការនិយាយស្រស់ស្រាយជាសុខ ជាមួយពួកជនណា ពួកជននោះ លោកហៅថា សំឡាញ់។ ពាក្យថា ល្បែង តម្រេក (រមែងមាន) ក្នុងកណ្ដាលសំឡាញ់ គឺ ល្បែងផង តម្រេកផង រមែងមានក្នុងកណ្ដាលសំឡាញ់ ហេតុនោះ (លោកពោលថា) ល្បែងតម្រេក រមែងមានក្នុងកណ្ដាលសំឡាញ់។

[២៥៥] អធិប្បាយពាក្យថា សេចក្តីស្រឡាញ់ដ៏ធំទូលាយ រមែងមានក្នុងពួកបុត្ត ត្រង់ពាក្យថា បុត្ត បានដល់បុត្ត ៤ ពួក គឺ បុត្តកើតអំពីខ្លួន ១ បុត្តកើតក្នុងខេត្ត ១ បុត្តដែលគេឲ្យ ១ បុត្តគឺសិស្ស ១។ ពាក្យថា សេចក្តីស្រឡាញ់ដ៏ធំទូលាយ រមែងមានក្នុងពួកបុត្ត គឺសេចក្តីស្រឡាញ់ដ៏ក្រៃលែង រមែងមានក្នុងពួកបុត្ត ហេតុនោះ (លោកពោលថា) ទាំងសេចក្តីស្រឡាញ់ដ៏ធំទូលាយ រមែងមានក្នុងពួកបុត្ត។

[២៥៦] ពាក្យថា បុគ្គលកាលធុញទ្រាន់ ចំពោះការព្រាត់ប្រាសចាកអារម្មណ៍ជាទីស្រឡាញ់ អធិប្បាយថា អារម្មណ៍ជាទីស្រឡាញ់មាន ២ គឺ ពួកសត្វជាទីស្រឡាញ់ ១ ពួកសង្ខារជាទីស្រឡាញ់ ១។

ពួកសត្វជាទីស្រឡាញ់ តើដូចម្ដេច។ ពួកជនណា ក្នុងលោកនេះ ទោះជាមាតាក្តី បិតាក្តី បងប្អូនប្រុសក្តី បងប្អូនស្រីក្តី បុត្តក្តី ធីតាក្តី មិត្តក្តី អាមាត្យក្តី ញាតិក្តី សាលោហិតក្តី ជាអ្នកប្រាថ្នាសេចក្តីចំរើន ប្រាថ្នាប្រយោជន៍ ប្រាថ្នាសេចក្តីសុខ ប្រាថ្នាការក្សេមចាកយោគៈរបស់ជននោះ នេះ ពួកសត្វជាទីស្រឡាញ់។

ពួកសង្ខារជាទីស្រឡាញ់ តើដូចម្ដេច។ រូបជាទីពេញចិត្ត សំឡេងជាទីពេញចិត្ត ក្លិនជាទីពេញចិត្ត រសជាទីពេញចិត្ត ផ្សព្វជាទីពេញចិត្ត នេះ ពួកសង្ខារជាទីស្រឡាញ់។

ពាក្យថា បុគ្គលកាលធុញទ្រាន់ ចំពោះការព្រាត់ប្រាសចាកអារម្មណ៍ជាទីស្រឡាញ់ បានសេចក្តីថា បុគ្គលកាលធុញទ្រាន់ នឿយណាយ ខ្ពើមរអើម ចំពោះការព្រាត់ប្រាស ចាកអារម្មណ៍ជាទីស្រឡាញ់ ហេតុនោះ (លោកពោលថា) បុគ្គលកាលធុញទ្រាន់ចំពោះការព្រាត់ប្រាសចាកអារម្មណ៍ជាទីស្រឡាញ់។ គប្បីប្រព្រឹត្តម្នាក់ឯង ដូចកុយរមាស។ ហេតុនោះ ព្រះបច្ចេកសម្ពុទ្ធនោះ ពោលថា

ល្បែង តម្រេក រមែងមានក្នុងកណ្ដាលសំឡាញ់ ទាំងសេចក្តីស្រឡាញ់ ដ៏ធំទូលាយ រមែងមានក្នុងពួកបុត្ត បុគ្គលកាលធុញទ្រាន់ ចំពោះការព្រាត់ប្រាស ចាកអារម្មណ៍ជាទីស្រឡាញ់ គប្បីប្រព្រឹត្តម្នាក់ឯង ដូចកុយរមាស។

[២៥៧]

បុគ្គលមានកិរិយានៅជាសុខ ក្នុងទិស ៤ ទាំងមិនមានសេចក្តីថ្នាំងថ្នាក់ចិត្ត សន្ដោសដោយបច្ច័យតាមមានតាមបាន ជាអ្នកអត់ធ្មត់ចំពោះអន្ដរាយទាំងឡាយ ជាអ្នកមិនតក់ស្លុត គប្បីប្រព្រឹត្តម្នាក់ឯង ដូចកុយរមាស។

[២៥៨] អធិប្បាយពាក្យថា បុគ្គលមានកិរិយានៅជាសុខក្នុងទិស ៤ ទាំងមិនមានសេចក្តីថ្នាំងថ្នាក់ចិត្ត ត្រង់ពាក្យថា មានកិរិយានៅជាសុខ សេចក្តីថា ព្រះបច្ចេកសម្ពុទ្ធនោះ មានចិត្តប្រកបដោយមេត្តា ផ្សាយទៅកាន់ទិសទី ១ ទិសទី ២ ក៏ដូចគ្នា ទិសទី ៣ ក៏ដូចគ្នា ទិសទី ៤ ក៏ដូចគ្នា មានចិត្តប្រកបដោយមេត្តាដ៏ធំទូលាយ ដល់នូវសេចក្តីប្រសើរ ប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់លោក ដែលមានសត្វទាំងអស់ ក្នុងទិសខាងលើ ទិសខាងក្រោម ទិសទទឹង ព្រោះយកខ្លួនទៅប្រៀបផ្ទឹមក្នុងសត្វទាំងអស់ ក្នុងទិសទាំងអស់ ហើយសម្រេចសម្រាន្ដនៅ ដោយប្រការដូច្នេះ មានចិត្តប្រកបដោយករុណា មានចិត្តប្រកបដោយមុទិតា មានចិត្តប្រកបដោយឧបេក្ខា ផ្សាយទៅកាន់ទិសទី ១ ទិសទី ២ ក៏ដូចគ្នា ទិសទី ៣ ក៏ដូចគ្នា ទិសទី ៤ ក៏ដូចគ្នា មានចិត្តប្រកបដោយឧបេក្ខាដ៏ធំទូលាយ ដល់នូវសេចក្តីប្រសើរ ប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់លោក ដែលមានសត្វទាំងអស់ ក្នុងទិសខាងលើ ទិសខាងក្រោម ទិសទទឹង ព្រោះយកខ្លួនទៅប្រៀបផ្ទឹម ក្នុងសត្វទាំងអស់ ក្នុងទិសទាំងអស់ ហើយសម្រេចសម្រាន្ដនៅ ដោយប្រការដូច្នេះ។ ពាក្យថា បុគ្គលមានកិរិយានៅជាសុខក្នុងទិស ៤ ទាំងមិនមានសេចក្តីថ្នាំងថ្នាក់ចិត្ត បានសេចក្តីថា ព្រោះបានចំរើនមេត្តា (ទើបយល់ថា) ពួកសត្វណា ក្នុងទិសខាងកើត ពួកសត្វនោះ មិនគួរខ្ពើម ពួកសត្វណា ក្នុងទិសខាងលិច ពួកសត្វនោះមិនគួរខ្ពើម ពួកសត្វណា ក្នុងទិសខាងត្បូង ពួកសត្វនោះ មិនគួរខ្ពើម ពួកសត្វណាក្នុងទិសខាងជើង ពួកសត្វនោះ មិនគួរខ្ពើម ពួកសត្វណា ក្នុងទិសខាងអាគ្នេយ៍ ពួកសត្វនោះ មិនគួរខ្ពើម ពួកសត្វណា ក្នុងទិសពាយ័ព្យ ពួកសត្វនោះ មិនគួរខ្ពើម ពួកសត្វណា ក្នុងទិសនិរតី ពួកសត្វនោះ មិនគួរខ្ពើម ពួកសត្វណា ក្នុងទិសឦសាន ពួកសត្វនោះ មិនគួរខ្ពើម ពួកសត្វណា ក្នុងទិសខាងក្រោម ពួកសត្វនោះ មិនគួរខ្ពើម ពួកសត្វណា ក្នុងទិសខាងលើ ពួកសត្វនោះ មិនគួរខ្ពើម ពួកសត្វណា ក្នុងទិសធំ ក្នុងទិសតូចទាំងឡាយ ពួកសត្វនោះ មិនគួរខ្ពើម ព្រោះបានចំរើនករុណា ព្រោះបានចំរើនមុទិតា ព្រោះបានចំរើនឧបេក្ខា (ទើបយល់ថា) ពួកសត្វណាក្នុងទិសខាងកើត ពួកសត្វនោះ មិនគួរខ្ពើម។បេ។ ពួកសត្វណាក្នុងទិសធំ ក្នុងទិសតូចទាំងឡាយ ពួកសត្វនោះ មិនគួរខ្ពើម ហេតុនោះ (លោកពោលថា) បុគ្គលមានកិរិយានៅជាសុខ ក្នុងទិស ៤ ទាំងមិនមានសេចក្តីថ្នាំងថ្នាក់ចិត្ត។

[២៥៩] ពាក្យថា សន្ដោសដោយបច្ច័យ តាមមានតាមបាន អធិប្បាយថា ព្រះបច្ចេកសម្ពុទ្ធនោះ ជាបុគ្គលសន្ដោសដោយចីវរ តាមមានតាមបានផង ថ្លែងគុណសន្ដោសដោយចីវរ តាមមានតាមបានផង មិនដល់នូវអនេសនៈដែលមិនសមគួរ ព្រោះហេតុតែចីវរផង មិនបានចីវរ ក៏មិនតក់ស្លុតផង បានចីវរហើយ ក៏មិនជក់ចិត្ត មិនឈ្លក់ចិត្ត មិនងប់ចិត្ត ឃើញទោស មានប្រាជ្ញាជាគ្រឿងរលាស់ ប្រើប្រាស់ផង មួយទៀត មិនលើកតំកើងខ្លួន មិនបង្អាប់បុគ្គលដទៃ ព្រោះតែសេចក្តីសន្ដោសដោយចីវរតាមមានតាមបាននោះ ដ្បិតថាព្រះបច្ចេកសម្ពុទ្ធណា វាងវៃ មិនខ្ជិល ដឹងខ្លួន មានស្មារតីស៊ប់សួនក្នុងការសន្ដោសដោយចីវរតាមមានតាមបាននោះ ព្រះបច្ចេកសម្ពុទ្ធនេះ លោកពោលថា អ្នកឋិតនៅក្នុងអរិយវង្ស មានក្នុងកាលមុន ដែលពួកបណ្ឌិតគួរស្គាល់ថា ប្រសើរ។ ជាបុគ្គលសន្ដោស ដោយបណ្ឌិបាត តាមមានតាមបានផង ថ្លែងគុណសន្ដោសដោយបិណ្ឌបាតតាមមានតាមបានផង មិនដល់នូវអនេសនៈ ដែលមិនសមគួរ ព្រោះហេតុតែបិណ្ឌបាតផង មិនបានបិណ្ឌបាត ក៏មិនតក់ស្លុតផង បានបិណ្ឌបាតហើយក៏មិនជក់ចិត្ត មិនឈ្លក់ចិត្ត មិនងប់ចិត្ត ឃើញទោស មានប្រាជ្ញាជាគ្រឿងរលាស់ ប្រើប្រាស់ផង មួយទៀត មិនលើកតំកើងខ្លួន មិនបង្អាប់បុគ្គលដទៃ ព្រោះតែការសន្ដោស ដោយបិណ្ឌបាតតាមមានតាមបាននោះ ដ្បិតថាព្រះបច្ចេកសម្ពុទ្ធណា វាងវៃ មិនខ្ជិល ដឹងខ្លួន មានស្មារតីស៊ប់សួន ក្នុងការសន្ដោសដោយបិណ្ឌបាត តាមមានតាមបាននោះ ព្រះបច្ចេកសម្ពុទ្ធនេះ លោកពោលថា អ្នកឋិតនៅក្នុងអរិយវង្ស មានក្នុងកាលមុន ដែលពួកបណ្ឌិតគួរស្គាល់ថា ប្រសើរ។ ជាបុគ្គលសន្ដោសដោយសេនាសនៈ តាមមានតាមបានផង ថ្លែងគុណសន្ដោសដោយសេនាសនៈ តាមមានតាមបានផង មិនដល់នូវអនេសនៈ ដែលមិនសមគួរ ព្រោះហេតុតែសេនាសនៈផង មិនបានសេនាសនៈ ក៏មិនតក់ស្លុតផង បានសេនាសនៈហើយ ក៏មិនជក់ចិត្ត មិនឈ្លក់ចិត្ត មិនងប់ចិត្ត ឃើញទោស មានប្រាជ្ញាជាគ្រឿងរលាស់ ប្រើប្រាស់ផង មួយទៀត មិនលើកតំកើងខ្លួន មិនបង្អាប់បុគ្គលដទៃ ព្រោះតែការសន្ដោស ដោយសេនាសនៈ តាមមានតាមបាននោះ ដ្បិតថា ព្រះបច្ចេកសម្ពុទ្ធណា វាងវៃ មិនខ្ជិល ដឹងខ្លួន មានស្មារតីស៊ប់សួន ក្នុងការសន្ដោសដោយសេនាសនៈ តាមមានតាមបាននោះ ព្រះបច្ចេកសម្ពុទ្ធនេះ លោកពោលថា អ្នកឋិតនៅក្នុងអរិយវង្ស មានក្នុងកាលមុន ដែលពួកបណ្ឌិតគួរស្គាល់ថា ប្រសើរ។ ជាបុគ្គលសន្ដោសដោយគិលានប្បច្ចយភេសជ្ជបរិក្ខារ តាមមានតាមបានផង ថ្លែងគុណសន្ដោសដោយគិលានប្បច្ចយភេសជ្ជបរិក្ខារ តាមមានតាមបានផង មិនដល់នូវអនេសនៈដែលមិនសមគួរ ព្រោះហេតុតែគិលានប្បច្ចយភេសជ្ជបរិក្ខារ មិនបានគិលានប្បច្ចយភេសជ្ជបរិក្ខារ ក៏មិនតក់ស្លុតផង បានគិលានប្បច្ចយភេសជ្ជបរិក្ខារហើយ ក៏មិនជក់ចិត្ត មិនឈ្លក់ចិត្ត មិនងប់ចិត្ត ឃើញទោស មានប្រាជ្ញាជាគ្រឿងរលាស់ ប្រើប្រាស់ផង មួយទៀត មិនលើកតំកើងខ្លួន មិនបង្អាប់បុគ្គលដទៃ ព្រោះតែការសន្ដោសដោយគិលានប្បច្ចយភេសជ្ជបរិក្ខារ តាមមានតាមបាននោះ ដ្បិតថា ព្រះបច្ចេកសម្ពុទ្ធណា វាងវៃ មិនខ្ជិល ដឹងខ្លួន មានស្មារតីស៊ប់សួន ក្នុងការសន្ដោសដោយគិលានប្បច្ចយភេសជ្ជបរិក្ខារ តាមមានតាមបាននោះ ព្រះបច្ចេកសម្ពុទ្ធនេះ លោកពោលថា ឋិតនៅក្នុងអរិយវង្ស ក្នុងកាលមុន ដែលពួកបណ្ឌិតស្គាល់ថា ប្រសើរ។ ហេតុនោះ (លោកពោលថា) សន្ដោសដោយបច្ច័យ តាមមានតាមបាន។

[២៦០] អធិប្បាយពាក្យថា ជាអ្នកអត់ធ្មត់ ចំពោះអន្ដរាយទាំងឡាយ ជាអ្នកមិនតក់ស្លុត ត្រង់ពាក្យថា អន្ដរាយ បានដល់អន្ដរាយ ២ គឺ អន្ដរាយប្រាកដ ១ អន្ដរាយកំបាំង ១ អន្ដរាយប្រាកដ តើដូចម្ដេច។ ពួកសីហៈ ពួកខ្លាធំ ខ្លាដំបង ពួកខ្លាឃ្មុំ និងខ្លារខិន ពួកឆ្កែព្រៃពួកគោ និងក្របី ពួកដំរី ពស់ ខ្ទួយ ក្អែប ឬពួកមាណព ជាចោរធ្វើកម្មហើយ ឬមិនទាន់ធ្វើកម្មហើយ ឬរោគក្នុងភ្នែក រោគត្រចៀក រោគច្រមុះ រោគអណ្ដាត រោគកាយ រោគក្បាល រោគស្លឹកត្រចៀក រោគមាត់ រោគឆ្មេញ ក្អក ហឺត រោគខាងក្រៅច្រមុះ រោគក្ដៅ រោគគ្រាំគ្រា រោគពោះ ខ្យល់ចាប់ ធ្លាក់ឈាម ចុកសៀត រាករូស ឃ្លង់ បូស ស្រែង របេង ឆ្កួតជ្រូក ដំនួចពឹស រមាស់ កម រោគក្លាយអំពីក្រចក ឃ្លង់ដែក ឈាម ប្រមាត់ ទឹកមូត្រផ្អែម ឫសដូងដុះ រលកកែវ ឫសដូងបាត ពួកអាពាធកើតអំពីប្រមាត់ ពួកអាពាធកើតអំពីស្លេស្ម៍ ពួកអាពាធកើតអំពីខ្យល់ ពួកអាពាធកើតអំពីប្រជុំនៃប្រមាត់ស្លេស្ម៍ និងខ្យល់ ពួកអាពាធកើតអំពីការប្រែប្រួលរដូវ ពួកអាពាធកើតអំពីការប្រើឥរិយាបថមិនស្មើ ពួកអាពាធកើតអំពីព្យាយាម (មានការសំឡាប់ ចាប់ចងជាដើម) ពួកអាពាធកើតអំពីវិបាករបស់កម្ម ត្រជាក់ ក្តៅ គំលាន សម្រេក ឧច្ចារៈ បស្សាវៈ ពួកសម្ផស្សនៃរបោម មូស ខ្យល់ កំដៅថ្ងៃ និងសត្វលូន ទាំងនេះ លោកហៅថា អន្ដរាយប្រាកដ។

អន្ដរាយកំបាំង តើដូចម្ដេច។ កាយទុច្ចរិត វចីទុច្ចរិត មនោទុច្ចរិត កាមច្ឆន្ទនីវរណៈ ព្យាបាទនីវរណៈ ថីនមិទ្ធនីវរណៈ ឧទ្ធច្ចកុក្កុច្ចនីវរណៈ វិចិកិច្ឆានីវរណៈ រាគៈ ទោសៈ មោហៈ កោធៈ ឧបនាហៈ មក្ខៈ បឡាសៈ ឥស្សា មច្ឆរិយៈ មាយា សាឋេយ្យៈ ថម្ភៈ សារម្ភៈ មានះ អតិមានះ មទៈ បមាទៈ ពួកកិលេសទាំងពួង ទុច្ចរិតទាំងពួង សេចក្តីក្រវល់ក្រវាយទាំងពួង សេចក្តីក្រហល់ក្រហាយទាំងពួង សេចក្តីក្តៅក្រហាយទាំងពួង អកុសលាភិសង្ខារទាំងពួង ទាំងនេះ លោកហៅថា អន្ដរាយកំបាំង។

សំនួរត្រង់ពាក្យថា ពួកអន្ដរាយ ចុះអន្ដរាយ តើដោយសេចក្តីដូចម្ដេច។ ឈ្មោះថាអន្ដរាយ ព្រោះហេតុបង្រ្គប។ ឈ្មោះថា អន្ដរាយ ព្រោះហេតុប្រព្រឹត្តទៅ ដើម្បីសេចក្តីសាបសូន្យ។ ឈ្មោះថា អន្ដរាយ ព្រោះហេតុអាស្រ័យក្នុងសរីរៈនោះ។

ចុះឈ្មោះថា អន្ដរាយ ព្រោះហេតុបង្រ្គប តើដូចម្ដេច។ ពួកអន្ដរាយនោះ សង្រ្គប បង្រ្គប គ្របសង្កត់ រួបរឹត សង្កត់សង្កិន បៀតបៀននូវបុគ្គលនោះ ឈ្មោះថា អន្ដរាយ ព្រោះហេតុបង្រ្គប យ៉ាងនេះឯង។ ចុះឈ្មោះថា អន្ដរាយ ព្រោះហេតុប្រព្រឹត្តទៅ ដើម្បីសេចក្តីសាបសូន្យ តើដូចម្ដេច។ ពួកអន្ដរាយនោះ ប្រព្រឹត្តទៅព្រម ដើម្បីសេចក្តីអន្ដរាយ ដើម្បីសេចក្តីសាបសូន្យ នូវពួកធម៌ជាកុសល។ ពួកធម៌ជាកុសល តើដូចម្ដេចខ្លះ។ សម្មាបដិបទា អនុលោមប្បដិបទា អបច្ចនីកប្បដិបទា អន្វត្ថប្បដិបទា ធម្មានុធម្មប្បដិបទា ការធ្វើឲ្យពេញលេញក្នុងសីលទាំងឡាយ ការគ្រប់គ្រងទ្វារក្នុងឥន្រ្ទិយទាំងឡាយ ការដឹងប្រមាណក្នុងភោជន ការប្រកបរឿយៗ នូវសេចក្តីភ្ញាក់រឭក សតិ និងសម្បជញ្ញៈ ការប្រកបរឿយៗ នូវការចំរើនសតិប្បដ្ឋាន ៤ ការប្រកបរឿយៗ នូវកិរិយាចំរើនសម្មប្បធាន ៤ ឥទ្ធិបាទ ៤ ឥន្រ្ទិយ ៥ ពលៈ ៥ ពោជ្ឈង្គ ៧ អរិយមគ្គប្រកបដោយអង្គ ៨ ពួកអន្ដរាយនោះ ប្រព្រឹត្តទៅព្រម ដើម្បីសេចក្តីអន្ដរាយ ដើម្បីសេចក្តីសាបសូន្យ នូវពួកធម៌ជាកុសលទាំងនេះ ឈ្មោះថា អន្ដរាយ ព្រោះហេតុប្រព្រឹត្តទៅ ដើម្បីសេចក្តីសាបសូន្យ យ៉ាងនេះឯង។

ចុះឈ្មោះថា អន្ដរាយ ព្រោះហេតុអាស្រ័យក្នុងសរីរៈនោះ តើដូចម្ដេច។ ពួកធម៌ជាកុសលដ៏អាក្រក់ទាំងនុ៎ះ អាស្រ័យព្រមនូវអត្តភាព រមែងកើតក្នុងអត្តភាពនោះ។ ពួកពិលាសយសត្វ (សត្វនៅក្នុងរន្ធ) តែងដេកក្នុងរន្ធ ពួកឧទកាសយសត្វ (សត្វនៅក្នុងទឹក) តែងដេកក្នុងទឹក ពួកវនាសយសត្វ (សត្វនៅក្នុងព្រៃ) តែងដេកក្នុងព្រៃ ពួករុក្ខាសយសត្វ

(សត្វនៅលើឈើ) តែងដេកលើឈើ យ៉ាងណា ពួកធម៌ជាអកុសលដ៏អាក្រក់ទាំងនុ៎ះ អាស្រ័យព្រមនូវអត្តភាព រមែងកើតក្នុងអត្តភាពនោះ យ៉ាងនោះដែរ ឈ្មោះថា អន្ដរាយ ព្រោះហេតុអាស្រ័យក្នុងសរីរៈនោះ យ៉ាងនេះក៏មាន។

សមដូចព្រះមានព្រះភាគ បានត្រាស់ព្រះតម្រាស់នេះថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកនៅរួមដោយសិស្ស អ្នកនៅរួមដោយអាចារ្យ តែងនៅជាទុក្ខ មិនសប្បាយ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកនៅរួមដោយសិស្ស អ្នកនៅរួមដោយអាចារ្យ តែងនៅជាទុក្ខ មិនសប្បាយ តើដូចម្ដេច ម្នាលភិក្ខុទាំងឡាយ ពួកធម៌ជាអកុសលដ៏អាក្រក់ណា គឺ សេចក្តីត្រិះរិះ ដែលកើតដោយអំណាចនៃការរង្គាត់ទៅ (ក្នុងអារម្មណ៍ផ្សេងៗ) ជាគ្រឿងទំនុកបម្រុងដល់សំយោជនៈ របស់ភិក្ខុក្នុងសាសនានេះ កើតឡើងព្រោះឃើញរូបដោយចក្ខុ ពួកធម៌ជាអកុសលដ៏អាក្រក់នោះ នៅខាងក្នុងសន្ដាននៃភិក្ខុនោះ ជាប់ដិតប្រកិតតាមភិក្ខុនោះ ព្រោះហេតុនោះ ភិក្ខុនោះ តថាគតហៅថា អ្នកនៅរួមដោយសិស្ស ពួកធម៌ជាអកុសលដ៏អាក្រក់នោះ រមែងប្រើភិក្ខុនោះ ព្រោះហេតុនោះ ភិក្ខុនោះ តថាគតហៅថា អ្នកនៅរួមដោយអាចារ្យ ម្នាលភិក្ខុទាំងឡាយ មួយទៀត ពួកធម៌ជាអកុសលដ៏អាក្រក់ណា គឺសេចក្តីត្រិះរិះដែលកើតដោយអំណាចនៃការរង្គាត់ទៅ ជាគ្រឿងទំនុកបម្រុងដល់សំយោជនៈរបស់ភិក្ខុ កើតឡើងព្រោះឮសំឡេងដោយត្រចៀក ធុំក្លិនដោយច្រមុះ ក្រេបជញ្ជក់រសដោយអណ្ដាត ពាល់ត្រូវផ្សព្វដោយកាយ ដឹងធម្មារម្មណ៍ដោយចិត្ត ពួកធម៌ជាអកុសលដ៏អាក្រក់នោះ នៅខាងក្នុងសន្ដាននៃភិក្ខុនោះ ជាប់ដិតប្រកិតតាមភិក្ខុនោះ ព្រោះហេតុនោះ ភិក្ខុនោះ តថាគតហៅថា អ្នកនៅរួមដោយសិស្ស ពួកធម៌ជាអកុសលដ៏អាក្រក់នោះ រមែងប្រើភិក្ខុនោះ ព្រោះហេតុនោះ ភិក្ខុនោះ តថាគតហៅថា អ្នកនៅរួមដោយអាចារ្យ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកនៅរួមដោយសិស្ស អ្នកនៅរួមដោយអាចារ្យ តែងនៅជាទុក្ខ មិនសប្បាយ យ៉ាងនេះឯង។ ឈ្មោះថា អន្ដរាយ ព្រោះហេតុអាស្រ័យក្នុងសរីរៈនោះ យ៉ាងនេះក៏មាន។

មួយទៀត ព្រះមានព្រះភាគបានត្រាស់ព្រះតម្រាស់នេះថា ម្នាលភិក្ខុទាំងឡាយ អកុសលធម៌ ៣ នេះ ជាមន្ទិលខាងក្នុង ជាអមិត្រខាងក្នុង ជាសត្រូវខាងក្នុង ជាពេជ្ឈឃាតខាងក្នុង ជាខ្មាំងខាងក្នុង អកុសលធម៌ ៣ តើដូចម្ដេចខ្លះ ម្នាលភិក្ខុទាំងឡាយ លោភៈជាមន្ទិលខាងក្នុង ជាអមិត្រខាងក្នុង ជាសត្រូវខាងក្នុង ជាពេជ្ឈឃាតខាងក្នុង ជាខ្មាំងខាងក្នុង ម្នាលភិក្ខុទាំងឡាយ ទោសៈ។បេ។ ម្នាលភិក្ខុទាំងឡាយ មោហៈ ជាមន្ទិលខាងក្នុង ជាអមិត្រខាងក្នុង ជាសត្រូវខាងក្នុង ជាពេជ្ឈឃាតខាងក្នុង ជាខ្មាំងខាងក្នុង ម្នាលភិក្ខុទាំងឡាយ អកុសលធម៌ ៣ នេះឯង ជាមន្ទិលខាងក្នុង ជាអមិត្រខាងក្នុង ជាសត្រូវខាងក្នុង ជាពេជ្ឈឃាតខាងក្នុង ជាខ្មាំងខាងក្នុង។

លោភៈ ឲ្យកើតវិនាស លោភៈ ឲ្យចិត្តរំជួល ភ័យកើតខាងក្នុង អ្នកផងមិនយល់ភ័យនោះ ជនលោភមិនស្គាល់អត្ថ ជនលោភមិនឃើញធម៌ សេចក្តីងងឹតឈឹង តែងមានក្នុងកាលដែលលោភៈគ្របសង្កត់នរៈនោះ ទោសៈ ឲ្យកើតវិនាស ទោសៈឲ្យចិត្តរំជួល ភ័យកើតខាងក្នុង អ្នកផងមិនយល់ភ័យនោះ ជនប្រទុស្ត មិនស្គាល់អត្ថ ជនប្រទុស្ត មិនឃើញធម៌ សេចក្តីងងឹតឈឹង តែងមានក្នុងកាលដែលទោសៈគ្របសង្កត់នរៈនោះ មោហៈ ឲ្យកើតវិនាស មោហៈឲ្យចិត្តរំជួល ភ័យកើតខាងក្នុង អ្នកផងមិនយល់ភ័យនោះ ជនវង្វេងមិនស្គាល់អត្ថ ជនវង្វេងមិនឃើញធម៌ សេចក្តីងងឹតឈឹងតែងមាន ក្នុងកាលដែលមោហៈគ្របសង្កត់នរៈនោះ។

ឈ្មោះថា អន្ដរាយ ព្រោះហតុអាស្រ័យក្នុងសរីរៈនោះ យ៉ាងនេះក៏មាន។

មួយទៀត ព្រះមានព្រះភាគបានត្រាស់ព្រះតម្រាស់នេះថា បពិត្រមហារាជ អកុសលធម៌ ៣ ជាធម៌អន្ដរាយ កាលកើតខាងក្នុង កើតឡើងដើម្បីមិនជាគុណ ដើម្បីការលំបាក ដើម្បីការនៅមិនស្រួល អកុសលធម៌ ៣ តើដូចម្ដេចខ្លះ បពិត្រមហារាជ លោភៈ ជាធម៌អន្ដរាយ កាលកើតខាងក្នុង កើតឡើងដើម្បីមិនជាគុណ ដើម្បីការលំបាក ដើម្បីការនៅមិនស្រួល បពិត្រមហារាជ ទោសៈ។បេ។ បពិត្រមហារាជ មោហៈ ជាធម៌អន្ដរាយ កាលកើតខាងក្នុង កើតឡើងដើម្បីមិនជាគុណ ដើម្បីការលំបាក ដើម្បីការនៅមិនស្រួល បពិត្រមហារាជ អកុសលធម៌ ៣ នេះឯង ជាធម៌អន្ដរាយ កាលកើតខាងក្នុង កើតឡើងដើម្បីមិនជាគុណ ដើម្បីការលំបាក ដើម្បីការនៅមិនស្រួល។

លោភៈ ទោសៈ និងមោហៈ កើតពីខ្លួន រមែងសម្លាប់បុរសដែលមានចិត្តបាប ដូចផ្លែឫស្សីដែលសម្លាប់ដើមរបស់ខ្លួន។

ឈ្មោះថាអន្ដរាយ ព្រោះហេតុអាស្រ័យក្នុងសរីរៈនោះ យ៉ាងនេះក៏មាន។

មួយទៀត ព្រះមានព្រះភាគបានត្រាស់ព្រះតម្រាស់នេះថា

រាគៈ ទោសៈ និងមោហៈ មានអត្តភាពនេះជាហេតុ សេចក្តីមិនត្រេកអរ សេចក្តីត្រេកអរ និងសេចក្តីព្រឺព្រួចរោម កើតហើយអំពីអត្តភាពនេះ សេចក្តីត្រិះរិះក្នុងចិត្តទាំងឡាយ ដាលឡើងអំពីអត្តភាពនេះ ហើយលែងចិត្ត ដូចជាពួកក្មេងលែងក្អែក។

ឈ្មោះថា អន្ដរាយ ព្រោះហេតុអាស្រ័យក្នុងសរីរៈនោះ យ៉ាងនេះក៏មាន។

ពាក្យថា ជាអ្នកអត់ធ្មត់ ចំពោះអន្ដរាយទាំងឡាយ គឺ ជាអ្នកអត់ធ្មត់ មិនជក់ចិត្ត រួបរឹត បៀតបៀន នូវពួកអន្ដរាយ ហេតុនោះ (លោកពោលថា) ជាអ្នកអត់ធ្មត់ចំពោះអន្ដរាយទាំងឡាយ។ ពាក្យថា ជាអ្នកមិនតក់ស្លុត គឺ ព្រះបច្ចេកសម្ពុទ្ធនោះ មិនខ្លាច មិនតក់ស្លុត មិនរន្ធត់ មិនរត់ លះបង់សេចក្តីខ្លាច និងសេចក្តីញ័រចំប្រប់ហើយ ប្រាសចាកសេចក្តីព្រឺព្រួចរោម ហេតុនោះ (លោកពោលថា) ជាអ្នកអត់ធ្មត់ ចំពោះអន្ដរាយទាំងឡាយ ជាអ្នកមិនតក់ស្លុត។ គប្បីប្រព្រឹត្តម្នាក់ឯង ដូចកុយរមាស។ ហេតុនោះ ព្រះបច្ចេកសម្ពុទ្ធនោះពោលថា

បុគ្គលមានកិរិយានៅជាសុខ ក្នុងទិស ៤ ទាំងមិនមានសេចក្តីថ្នាំងថ្នាក់ចិត្ត សន្ដោសដោយបច្ច័យ តាមមានតាមបាន ជាអ្នកអត់ធ្មត់ចំពោះអន្ដរាយទាំងឡាយ ជាអ្នកមិនតក់ស្លុត គប្បីប្រព្រឹត្តម្នាក់ឯង ដូចកុយរមាស។

[២៦១]

ពួកបព្វជិតខ្លះ និងពួកគ្រហស្ថដែលនៅគ្រប់គ្រងផ្ទះខ្លះ គេសង្គ្រោះបានដោយកម្រ បុគ្គលជាអ្នកមិនខ្វល់ខ្វាយក្នុងពួកបុត្តនៃអ្នកដទៃទេ គប្បីប្រព្រឹត្តម្នាក់ឯង ដូចកុយរមាស។

[២៦២] ពាក្យថា ពួកបព្វជិតខ្លះ គេសង្គ្រោះបានដោយកម្រ អធិប្បាយថា ពួកបព្វជិតខ្លះ ក្នុងលោកនេះ កាលបើគេឲ្យនិស្ស័យក្តី ឲ្យឧទ្ទេសក្តី ឲ្យបរិបុច្ឆាក្តី ឲ្យចីវរក្តី ឲ្យបាត្រក្តី ឲ្យផ្ដិលលោហៈក្តី ឲ្យធម្មក្រកក្តី ឲ្យតម្រងទឹកក្តី ឲ្យកូនសោក្តី ឲ្យស្បែកជើងក្តី ឲ្យវត្ថពន្ធចង្កេះក្តី តែងមិនស្ដាប់ មិនផ្ទៀងត្រចៀក មិនតាំងចិត្តចង់ដឹង ជាអ្នកមិនព្រមស្ដាប់ មិនធ្វើតាមពាក្យ ប្រព្រឹត្តច្រាស បែរមុខទៅកាន់ទីដទៃ ហេតុនោះ (លោកពោលថា) ពួកបព្វជិតខ្លះ គេសង្គ្រោះបានដោយកម្រ។

[២៦៣] ពាក្យថា ពួកគ្រហស្ថដែលនៅគ្រប់គ្រងផ្ទះខ្លះ គឺ ពួកគ្រហស្ថខ្លះ ក្នុងលោកនេះ កាលបើគេឲ្យដំរីក្តី ឲ្យរថក្តី ស្រែក្តី ចម្ការក្តី ប្រាក់ក្តី មាសក្តី ឲ្យស្រុកក្តី ក្រុងក្តី ខេត្តក្តី តែងមិនស្ដាប់ មិនផ្ទៀងត្រចៀក មិនតាំងចិត្តចង់ដឹង ជាអ្នកមិនព្រមស្ដាប់ មិនធ្វើតាមពាក្យ ប្រព្រឹត្តច្រាស បែរមុខទៅកាន់ទីដទៃ ហេតុនោះ (លោកពោលថា) ពួកគ្រហស្ថដែលនៅគ្រប់គ្រងផ្ទះខ្លះ។

[២៦៤] ពាក្យថា បុគ្គលជាអ្នកមិនខ្វល់ខ្វាយ ក្នុងពួកបុត្តនៃអ្នកដទៃ គឺ បុគ្គលទាំងអស់ លើកលែងតែខ្លួនចេញ លោកពោលក្នុងអត្ថនេះ។ ពាក្យថា បុគ្គលជាអ្នកមិនខ្វល់ខ្វាយ ក្នុងពួកបុត្តនៃអ្នកដទៃ បានសេចក្តីថា បុគ្គលជាអ្នកមិនខ្វល់ខ្វាយ ជាអ្នកមិនក្រវើន ជាអ្នកមិនអាឡោះអាល័យ ហេតុនោះ (លោកពោលថា) បុគ្គលជាអ្នកមិនខ្វល់ខ្វាយ ក្នុងពួកបុត្តនៃអ្នកដទៃ។ គប្បីប្រព្រឹត្តម្នាក់ឯង ដូចកុយរមាស។ ហេតុនោះ ព្រះបច្ចេកសម្ពុទ្ធនោះ ពោលថា

ពួកបព្វជិតខ្លះ និងពួកគ្រហស្ថដែលនៅគ្រប់គ្រងផ្ទះខ្លះ គេសង្គ្រោះបានដោយកម្រ បុគ្គលជាអ្នកមិនខ្វល់ខ្វាយក្នុងពួកបុត្តនៃអ្នកដទៃទេ គប្បីប្រព្រឹត្តម្នាក់ឯងដូចកុយរមាស។

[២៦៥]

វីរបុរស លះបង់វត្ថុទាំងឡាយជាគ្រឿងប្រាកដរបស់គ្រហស្ថ កាត់ចំណងរបស់គ្រហស្ថទាំងឡាយ ដូចរលួសផ្អុងដែលជម្រុះស្លឹក គប្បីប្រព្រឹត្តម្នាក់ឯង ដូចកុយរមាស។

[២៦៦] ពាក្យថា លះបង់វត្ថុទាំងឡាយ ជាគ្រឿងប្រាកដរបស់គ្រហស្ថ សេចក្តីថា សក់ ពុកមាត់ ពុកចង្កា កម្រងផ្កា គ្រឿងក្រអូប គ្រឿងលាប គ្រឿងអាភរណៈ គ្រឿងប្រដាប់ សំពត់ គ្រឿងដណ្ដប់ ឈ្នួតក្បាល គ្រឿងដុសខាត់ ការគក់រឹតនួត ការផ្ងូត ការគក់ច្របាច់ កញ្ចក់ ប្រដាប់សម្រាប់បន្ដក់ កម្រងផ្កា និងគ្រឿងលាបស្រឡាប គ្រឿងលំអិតសម្រាប់ប្រស់មុខ គ្រឿងសម្រាប់លុបលាបមុខ គ្រឿងចងដៃ គ្រឿងចងជុក ដំបង បំពង់ថ្នាំ ព្រះខ័ន ឆត្រ ស្បែកជើង ក្បាំងមុខ ស្នៀតសក់ ស៊ែ សំពត់សវែង និងខ្លី លោកហៅថា វត្ថុជាគ្រឿងប្រាកដ របស់គ្រហស្ថ។ ពាក្យថា លះបង់វត្ថុទាំងឡាយ ជាគ្រឿងប្រាកដរបស់គ្រហស្ថ គឺ ទំលាក់ចោល ដាក់ចោល ជម្រុះចោល ហេតុនោះ (លោកពោលថា) លះបង់វត្ថុទាំងឡាយ ជាគ្រឿងប្រាកដរបស់គ្រហស្ថ។

[២៦៧] ពាក្យថា ដូចរលួសផ្អុងដែលជម្រុះស្លឹក សេចក្តីថា ស្លឹកទាំងឡាយ របស់រលួសផ្អុង ដែលរបេះ ដាច់ជ្រុះ យ៉ាងណា វត្ថុទាំងឡាយ ជាគ្រឿងប្រាកដរបស់គ្រហស្ថ នៃព្រះបច្ចេកសម្ពុទ្ធនោះ ក៏ដាច់ជ្រុះ យ៉ាងនោះដែរ ហេតុនោះ (លោកពោលថា) ដូចរលួសផ្អុងដែលជម្រុះស្លឹក។

[២៦៨] ពាក្យថា វីរបុរស កាត់ចំណងរបស់គ្រហស្ថទាំងឡាយ អធិប្បាយថា ឈ្មោះថាវីរបុរស ព្រោះហេតុមានសេចក្តីព្យាយាម។ ឈ្មោះថាវីរបុរស ព្រោះហេតុជាអ្នកអាច។ ឈ្មោះថាវីរបុរស ព្រោះហេតុញុំាងសេចក្តីព្យាយាមឲ្យកើត។ ឈ្មោះថាវីរបុរស ព្រោះហេតុមានចិត្តអង់អាច។ ឈ្មោះថាវីរបុរស ព្រោះហេតុជាអ្នកហ៊ាន។ ឈ្មោះថាវីរបុរស ព្រោះហេតុជាអ្នកមោះមុត មិនខ្លាច មិនរន្ធត់ មិនស្រឡាំងកាំង មិនរត់ លះបង់សេចក្តីខ្លាច និងសេចក្តីញ័រចំប្រប់ហើយ ប្រាសចាកសេចក្តីព្រឺរោម។

ព្រះខីណាស្រព វៀរចាកបាបទាំងពួង ក្នុងលោកនេះឯង មានការព្យាយាមជាលំនៅ កន្លងទុក្ខក្នុងនរក លោកមានព្យាយាម មានសេចក្តីប្រឹងប្រែង ជាអ្នកនឹងធឹង មានសភាពដូច្នោះ ទើបលោកហៅថា វីរបុរស។

ពួកកូន ខ្ញុំស្រី និងខ្ញុំប្រុស ពពែ និងចៀម មាន់ និងជ្រូក ដំរី គោ សេះឈ្មោល សេះញី ស្រែ ចម្ការ ប្រាក់ មាស ស្រុក និគម រាជធានី ដែន ជនបទ បន្ទាយ ឃ្លាំង និងវត្ថុជាទីត្រេកត្រអាលណាមួយ លោកហៅថា ចំណងរបស់គ្រហស្ថ។ ពាក្យថា វីរបុរស កាត់ចំណងរបស់គ្រហស្ថទាំងឡាយ បានសេចក្តីថា ព្រះបច្ចេកសម្ពុទ្ធនោះ ជាវីរបុរស កាត់ ក្របែល លះ បន្ទោបង់ ធ្វើឲ្យវិនាស នូវចំណងរបស់គ្រហស្ថទាំងឡាយ ធ្វើឲ្យដល់នូវកិរិយាលែងកើត ហេតុនោះ (លោកពោលថា) វីរបុរស កាត់ចំណងរបស់គ្រហស្ថទាំងឡាយ។ គប្បីប្រព្រឹត្តម្នាក់ឯង ដូចកុយរមាស។ ហេតុនោះ ព្រះបច្ចេកសម្ពុទ្ធ នោះពោលថា

វីរបុរស លះបង់វត្ថុទាំងឡាយ ជាគ្រឿងប្រាកដរបស់គ្រហស្ថ កាត់ចំណងរបស់គ្រហស្ថទាំងឡាយដូចរលួសផ្អុងដែលជម្រុះស្លឹក គប្បីប្រព្រឹត្តម្នាក់ឯង ដូចកុយរមាស។

(ទុតិយវគ្គ)

(ទុតិយវគ្គោ)

[២៦៩]

បើបុគ្គលបានសំឡាញ់ មានប្រាជ្ញាចាស់ទុំ ជាអ្នកប្រព្រឹត្តត្រូវគ្នា មានការនៅប្រពៃ ជាអ្នកប្រាជ្ញ អាចគ្របសង្កត់អន្ដរាយទាំងពួងបាន គប្បីមានស្មារតី មានចិត្តត្រេកអរ ប្រព្រឹត្តនៅជាមួយសំឡាញ់នោះចុះ។

[២៧០] ពាក្យថា បើបុគ្គលបានសំឡាញ់ មានប្រាជ្ញាចាស់ទុំ គឺបើបុគ្គលគប្បីបាន គប្បីចួប គប្បីប្រទះ គប្បីពើបពះនូវសំឡាញ់មានប្រាជ្ញាចាស់ទុំ ជាបណ្ឌិត ជាបញ្ញវន្ដ មានសេចក្តីចេះ មានសេចក្តីដឹង មានសេចក្តីយល់ច្បាស់ មានប្រាជ្ញាជាគ្រឿងទម្លាយកិលេស ហេតុនោះ (លោកពោលថា) បើបុគ្គលបានសំឡាញ់មានប្រាជ្ញា។

[២៧១] អធិប្បាយពាក្យថា ជាអ្នកប្រព្រឹត្តត្រូវគ្នា មានការនៅប្រពៃ ជាអ្នកប្រាជ្ញ ត្រង់ពាក្យថា ជាអ្នកប្រព្រឹត្តត្រូវគ្នា គឺ ប្រព្រឹត្តក្នុងមុខការជាមួយគ្នា។ ពាក្យថា មានការនៅប្រពៃ គឺ មានការនៅដ៏ប្រពៃ ដោយបឋមជ្ឈានក៏បាន មានការនៅដ៏ប្រពៃដោយទុតិយជ្ឈានក៏បាន ដោយតតិយជ្ឈានក៏បាន ដោយចតុត្ថជ្ឈានក៏បាន មានការនៅដ៏ប្រពៃដោយចេតោវិមុត្តិ គឺមេតា្តក៏បាន មានការនៅដ៏ប្រពៃដោយចេតោវិមុត្តិ គឺករុណាក៏បាន មុទិតាក៏បាន ឧបេក្ខាក៏បាន មានការនៅដ៏ប្រពៃដោយអាកាសានញ្ចាយតនសមាបត្តិក៏បាន មានការនៅដ៏ប្រពៃដោយវិញ្ញាណញ្ចាយតនសមាបត្តិក៏បាន ដោយអាកិញ្ចញ្ញាយតនសមាបត្តិក៏បាន ដោយនេវសញ្ញានាសញ្ញាយតនសមាបត្តិក៏បាន មានការនៅដ៏ប្រពៃដោយនិរោធសមាបត្តិក៏បាន មានការនៅដ៏ប្រពៃដោយផលសមាបត្តិក៏បាន។ ពាក្យថា ជាអ្នកប្រាជ្ញ គឺជាអ្នកមានប្រាជ្ញា ជាបណ្ឌិត ជាបញ្ញវន្ដ មានសេចក្តីចេះ មានសេចក្តីដឹង មានសេចក្តីយល់ច្បាស់ មានប្រាជ្ញាជាគ្រឿងទម្លាយកិលេស ហេតុនោះ (លោកពោលថា) ជាអ្នកប្រព្រឹត្តត្រូវគ្នា មានការនៅប្រពៃ ជាអ្នកប្រាជ្ញ។

[២៧២] អធិប្បាយពាក្យថា គ្របសង្កត់អន្ដរាយទាំងពួង ត្រង់ពាក្យថា អន្ដរាយ បានដល់ អន្ដរាយ ២ គឺ អន្ដរាយប្រាកដ ១ អន្ដរាយកំបាំង ១។បេ។ ទាំងនេះ ហៅថា អន្ដរាយប្រាកដ។បេ។ ទាំងនេះហៅថា អន្ដរាយកំបាំង។ ពាក្យថា គ្របសង្កត់អន្ដរាយទាំងពួង បានសេចក្តីថា គ្រប គ្របសង្កត់ បង្គ្រប រួបរឹតនូវពួកអន្ដរាយទាំងពួង ហេតុនោះ (លោកពោលថា) គ្របសង្កត់អន្ដរាយទាំងពួង។

[២៧៣] ពាក្យថា គប្បីមានស្មារតី មានចិត្តត្រេកអរ ប្រព្រឹត្តនៅជាមួយសំឡាញ់នោះចុះ អធិប្បាយថា ព្រះបច្ចេកសម្ពុទ្ធនោះ មានចិត្តត្រេកអរ មានចិត្តសប្បាយ មានចិត្តរីករាយ មានចិត្តស្រស់ស្រាយ មានចិត្តអណ្ដែត មានចិត្តពព្រាយ គប្បីត្រាច់ទៅ គប្បីត្រាច់ទៅផ្សេងៗ ទៅ ប្រព្រឹត្ត រក្សា យាត្រា ឲ្យយាត្រាទៅជាមួយនឹងសំឡាញ់ ជាអ្នកមានប្រាជ្ញាចាស់ទុំ ជាបណ្ឌិត ជាបញ្ញវន្ដ មានសេចក្តីចេះ មានសេចក្តីដឹង មានសេចក្តីយល់ច្បាស់ មានប្រាជ្ញាជាគ្រឿងទម្លាយកិលេសនោះ ហេតុនោះ (លោកពោលថា) គប្បីមានចិត្តត្រេកអរ ប្រព្រឹត្តនៅជាមួយសំឡាញ់នោះចុះ។ ពាក្យថា មានស្មារតី គឺព្រះបច្ចេកសម្ពុទ្ធនោះ ជាបុគ្គលមានស្មារតី ប្រកបដោយស្មារតី និងប្រាជ្ញាដ៏ក្រៃលែង រឭក រឭកឃើញនូវអំពើដែលលោកធ្វើយូរមកហើយផង នូវពាក្យដែលលោកពោលយូរមកហើយផង ហេតុដូច្នោះ (លោកពោលថា) គប្បីមានស្មារតី មានចិត្តត្រេកអរ ប្រព្រឹត្តនៅជាមួយសំឡាញ់នោះចុះ។ ហេតុនោះ ព្រះបច្ចេកសម្ពុទ្ធនោះពោលថា

បើបុគ្គលបានសំឡាញ់ មានប្រាជ្ញាចាស់ទុំ ជាអ្នកប្រព្រឹត្តត្រូវគ្នា មានការនៅប្រពៃ ជាអ្នកប្រាជ្ញ អាចគ្របសង្កត់អន្ដរាយទាំងពួងបាន គប្បីមានស្មារតី មានចិត្តត្រេកអរ ប្រព្រឹត្តនៅជាមួយសំឡាញ់នោះចុះ។

[២៧៤]

បើបុគ្គលរកមិនបានសំឡាញ់ មានប្រាជ្ញាចាស់ទុំ ជាអ្នកប្រព្រឹត្តត្រូវគ្នា មានការនៅប្រពៃ ជាអ្នកប្រាជ្ញទេ គប្បីប្រព្រឹត្តម្នាក់ឯង ដូចព្រះរាជាលះបង់ដែនដែលទ្រង់ឈ្នះហើយ ឬដូចកុយរមាស។

[២៧៥] ពាក្យថា បើបុគ្គលរកមិនបានសំឡាញ់មានប្រាជ្ញាចាស់ទុំ គឺបើបុគ្គលរកមិនបាន មិនចួប មិនប្រទះ មិនពើបពះ នូវសំឡាញ់ដែលមានប្រាជ្ញាចាស់ទុំ ជាបណ្ឌិត ជាបញ្ញវន្ដ មានសេចក្តីចេះ មានសេចក្តីដឹង មានសេចក្តីយល់ច្បាស់ មានប្រាជ្ញាជាគ្រឿងទម្លាយកិលេស ហេតុនោះ (លោកពោលថា) បើបុគ្គលរកមិនបានសំឡាញ់មានប្រាជ្ញាចាស់ទុំ។

[២៧៦] អធិប្បាយពាក្យថា ជាអ្នកប្រព្រឹត្តត្រូវគ្នា មានការនៅប្រពៃ ជាអ្នកប្រាជ្ញ ត្រង់ពាក្យថា ជាអ្នកប្រព្រឹត្តត្រូវគ្នា គឺជាអ្នកប្រព្រឹត្តក្នុងមុខការជាមួយគ្នា។ ពាក្យថា មានការនៅប្រពៃ គឺមានការនៅប្រពៃដោយបឋមជ្ឈានក៏បាន។បេ។ មានការនៅប្រពៃដោយនិរោធសមាបត្តិក៏បាន មានការនៅប្រពៃដោយផលសមាបត្តិក៏បាន។ ពាក្យថា ជាអ្នកប្រាជ្ញ គឺជាអ្នកមានប្រាជ្ញា ជាបណ្ឌិត ជាបញ្ញវន្ដ មានសេចក្តីចេះ មានសេចក្តីដឹង មានសេចក្តីយល់ច្បាស់ មានប្រាជ្ញាជាគ្រឿងទម្លាយកិលេស ហេតុនោះ (លោកពោលថា) ជាអ្នកប្រព្រឹត្តត្រូវគ្នា មានការនៅប្រពៃ ជាអ្នកប្រាជ្ញ។

[២៧៧] ពាក្យថា ដូចព្រះរាជាលះបង់ដែនដែលទ្រង់ឈ្នះហើយ អធិប្បាយថា ព្រះរាជាជាក្សត្រិយ៍ ដែលបានមុទ្ធាភិសេក បានឈ្នះសង្គ្រាម បានកំចាត់បច្ចាមិត្រ បានសម្រេចតាមព្រះបំណងហើយ មានឃ្លាំងបរិបូណ៌ ទ្រង់លះបង់ដែនផង ជនបទផង ឃ្លាំងដាក់ប្រាក់ និងមាសច្រើនផង នគរផង ហើយកោរព្រះកេស និងព្រះមស្សុ ទ្រង់កាសាយពស្ត្រ ចេញចាកដំណាក់ ហើយទ្រង់ព្រះផ្នួស ដល់នូវភាពមិនមានកង្វល់ ត្រាច់ ត្រាច់ទៅផ្សេងៗ ទៅ ប្រព្រឹត្ត រក្សា យាត្រា ឲ្យយាត្រាទៅមួយអង្គឯង (យ៉ាងណា) ឯព្រះបច្ចេកសម្ពុទ្ធ កាត់សេចក្តីកង្វល់ក្នុងឃរាវាសទាំងអស់ កាត់សេចក្តីកង្វល់ក្នុងកូន និងប្រពន្ធ កាត់សេចក្តីកង្វល់ក្នុងញាតិ កាត់សេចក្តីកង្វល់ក្នុងមិត្ត និងអាមាត្យ កោរសក់ ពុកមាត់ ពុកចង្កា ស្លៀកដណ្ដប់កាសាយពស្ត្រ ចេញចាកគេហដ្ឋាន ហើយដល់នូវភាពមិនមានកង្វល់ ត្រាច់ ត្រាច់ទៅផ្សេងៗ ទៅ ប្រព្រឹត្ត រក្សា យាត្រា ឲ្យយាត្រាទៅតែម្នាក់ឯង ក៏យ៉ាងនោះ ហេតុនោះ (លោកពោលថា) ដូចព្រះរាជាលះបង់ដែនដែលទ្រង់ឈ្នះហើយ។ គប្បីប្រព្រឹត្តម្នាក់ឯង ដូចកុយរមាស។ ហេតុនោះ ព្រះបច្ចេកសម្ពុទ្ធនោះពោលថា

បើបុគ្គលរកមិនបានសំឡាញ់ មានប្រាជ្ញាចាស់ទុំ ជាអ្នកប្រព្រឹត្តត្រូវគ្នា មានការនៅប្រពៃ ជាអ្នកប្រាជ្ញទេ គប្បីប្រព្រឹត្តម្នាក់ឯង ដូចព្រះរាជាលះបង់ដែនដែលទ្រង់ឈ្នះហើយ ឬដូចកុយរមាស។

[២៧៨]

តាមពិត យើងសរសើរនូវការបរិបូណ៌ដោយសំឡាញ់ហើយ តែបុគ្គលគួរគប់រកសំឡាញ់មានគុណប្រសើរជាងខ្លួន និងសំឡាញ់មានគុណស្មើនឹងខ្លួន បើរកមិនបានសំឡាញ់ទាំងនុ៎ះទេ គប្បីជាអ្នកបរិភោគភោជនមិនមានទោស ហើយប្រព្រឹត្តម្នាក់ឯងដូចកុយរមាស។

[២៧៩] អធិប្បាយពាក្យថា តាមពិត យើងសរសើរនូវការបរិបូណ៌ដោយសំឡាញ់ហើយ ត្រង់ពាក្យថា តាមពិត គឺជាពាក្យពោលដោយចំណែកមួយ ជាពាក្យពោលដោយឥតមានសង្ស័យ ជាពាក្យពោលដោយឥតងឿងឆ្ងល់ ជាពាក្យមិនបែកជាពីរ ជាពាក្យមិនព្រែកជាពីរ ជាពាក្យប្រកបអស់ជើង ជាពាក្យមិនខុស ពាក្យថា តាមពិតនុ៎ះ ជាពាក្យកំណត់។ ពាក្យថា ការបរិបូណ៌ដោយសំឡាញ់ សេចក្តីថា ដែលហៅថា ការបរិបូណ៌ដោយសំឡាញ់ បានដល់សំឡាញ់ ប្រកបដោយអសេក្ខសីលក្ខន្ធ ប្រកបដោយអសេក្ខសមាធិក្ខន្ធ ដោយអសេក្ខប្បញ្ញាខន្ធ ដោយអសេក្ខវិមុត្តិក្ខន្ធ ដោយអសេក្ខវិមុត្តិញ្ញាណទស្សនក្ខន្ធ។ ពាក្យថា តាមពិត យើងសរសើរនូវការបរិបូណ៌ដោយសំឡាញ់ហើយ គឺយើងសរសើរ ស្ងើច កោត ថ្លែងគុណនូវការបរិបូណ៌ដោយសំឡាញ់ហេតុនោះ (លោកពោលថា) តាមពិត យើងសរសើរនូវការបរិបូណ៌ដោយសំឡាញ់ហើយ។

[២៨០] ពាក្យថា បុគ្គលគួរគប់រកសំឡាញ់ មានគុណប្រសើរជាងខ្លួន និងសំឡាញ់មានគុណស្មើនឹងខ្លួន អធិប្បាយថា សំឡាញ់ជាបុគ្គលប្រសើរជាងដោយសីល សមាធិ បញ្ញា វិមុត្តិ វិមុត្តិញ្ញាណទស្សនៈ សំឡាញ់ជាបុគ្គលស្មើដោយសីល សមាធិ បញ្ញា វិមុត្តិ វិមុត្តិញ្ញាណទស្សនៈ បុគ្គលត្រូវសេពគប់ ត្រូវគប់រក ត្រូវចូលទៅអង្គុយជិត ត្រូវសាកសួរ ត្រូវដេញដោល នូវសំឡាញ់មានគុណប្រសើរជាងខ្លួន ឬសំឡាញ់មានគុណស្មើនឹងខ្លួន ហេតុនោះ (លោកពោលថា) បុគ្គលគួរគប់រកសំឡាញ់មានគុណប្រសើរជាងខ្លួន និងសំឡាញ់មានគុណស្មើនឹងខ្លួន។

[២៨១] ពាក្យថា បើរកមិនបានសំឡាញ់ទាំងនុ៎ះទេ គប្បីជាអ្នកបរិភោគភោជនមិនមានទោស អធិប្បាយថា បុគ្គលបរិភោគភោជនប្រកបដោយទោសក៏មាន បុគ្គលបរិភោគភោជនមិនមានទោសក៏មាន។

ចុះបុគ្គលបរិភោគភោជន ប្រកបដោយទោស តើដូចម្ដេច។ បុគ្គលខ្លះ ក្នុងលោកនេះ បាន ចួប ប្រទះ ពើបពះ ប្រសព្វ ដោយអធម៌មិនរាបទាប ហើយចិញ្ចឹមជីវិត គឺដោយកិរិយាបំភាន់ កិរិយារួសរ៉ាវ កិរិយាបញ្ឆិតបញ្ឆៀង កលល្បិច កិរិយាស្វែងលាភដោយលាភ ដោយការឲ្យឈើ ឲ្យឫស្សី ឲ្យស្លឹកឈើ ឲ្យផ្កាឈើ ឲ្យគ្រឿងសម្រាប់ងូត ឲ្យលំអិត ឲ្យដីស្អិត ឲ្យឈើស្ទន់ ឲ្យទឹកសម្រាប់លុបមុខ ដោយការបន្ទាបខ្លួនចំពោះត្រកូល ដោយសំដីដូចជាសំឡសណ្ដែកបាយ ដោយការបី ព បញ្ជិះសេះកូនត្រកូល ដោយការស៊ីសាច់ខ្នងគេ ដោយវត្ថុវិជ្ជា តិរច្ឆានវិជ្ជា អង្គវិជ្ជា នក្ខត្តវិជ្ជា ដោយធ្វើទូតេយ្យកម្ម ហើយទៅ ដោយការទៅកាន់ទីដែលគេប្រើទៅ ដោយការបម្រើគេដោយស្មង ដោយវេជ្ជកម្ម ទូតកម្ម ដោយដុំបាយតបដុំបាយ ដោយការឲ្យវត្ថុដែលគេឲ្យដល់ខ្លួនវិញនេះ លោកហៅថា បុគ្គលបរិភោគភោជនប្រកបដោយទោស។

ចុះបុគ្គលបរិភោគភោជន មិនមានទោស តើដូចម្ដេច។ បុគ្គលខ្លះ ក្នុងលោកនេះ បាន ចួប ប្រទះ ពើបពះ ប្រសព្វ ដោយធម៌ដ៏រាបទាប ហើយចិញ្ចឹមជីវិត គឺ មិនមែនដោយការបំភាន់ មិនមែនដោយការរួសរ៉ាវ មិនមែនដោយការបញ្ឆិតបញ្ឆៀង មិនមែនដោយកលល្បិច មិនមែនដោយការស្វែងលាភដោយលាភ មិនមែនដោយការឲ្យឈើ មិនមែនដោយការឲ្យឫស្សី មិនមែនដោយការឲ្យស្លឹកឈើ មិនមែនដោយការឲ្យផ្កាឈើ មិនមែនដោយការឲ្យគ្រឿងសម្រាប់ងូត មិនមែនដោយការឲ្យលំអិត មិនមែនដោយការឲ្យដីស្អិត មិនមែនដោយការឲ្យឈើស្ទន់ មិនមែនដោយការឲ្យទឹកសម្រាប់លុបមុខ មិនមែនដោយការបន្ទន់បន្ទាបខ្លួនចំពោះត្រកូល មិនមែនដោយសំដីដូចសំឡសណ្ដែកបាយ មិនមែនដោយការបី ព បញ្ជិះសេះកូនត្រកូល មិនមែនដោយការស៊ីសាច់ខ្នងគេ មិនមែនដោយវត្ថុវិជ្ជា មិនមែនដោយតិរច្ឆានវិជ្ជា មិនមែនដោយអង្គវិជ្ជា មិនមែនដោយនក្ខត្តវិជ្ជា មិនមែនដោយទូតេយ្យកម្ម ហើយទៅ មិនមែនដោយកិរិយាទៅកាន់ទីដែលគេបញ្ជូនទៅ មិនមែនដោយការបម្រើគេ ដោយស្មង មិនមែនដោយវេជ្ជកម្ម មិនមែនដោយទូតកម្ម មិនមែនដោយដុំបាយតបដុំបាយ មិនមែនដោយការឲ្យនូវវត្ថុដែលគេឲ្យដល់ខ្លួនវិញ នេះលោកហៅថា បុគ្គលបរិភោគភោជន មិនមានទោស។

ពាក្យថា បើរកមិនបានសំឡាញ់ទាំងនុ៎ះទេ គប្បីជាអ្នកបរិភោគភោជនមិនមានទោស គឺ មិនបាន មិនចួប មិនប្រទះ មិនពើបពះ មិនប្រសព្វនូវសំឡាញ់នុ៎ះ ហេតុនោះ (លោកពោលថា) បើរកមិនបានសំឡាញ់ទាំងនុ៎ះទេ គប្បីជាអ្នកបរិភោគភោជនមិនមានទោស។ គប្បីប្រព្រឹត្តម្នាក់ឯង ដូចកុយរមាស។ ហេតុនោះ ព្រះបច្ចេកសម្ពុទ្ធនោះ ពោលថា

តាមពិត យើងសរសើរនូវការបរិបូណ៌ដោយសំឡាញ់ហើយ តែបុគ្គលគួរគប់រកសំឡាញ់មានគុណប្រសើរជាងខ្លួន និងសំឡាញ់មានគុណស្មើនឹងខ្លួន បើរកមិនបានសំឡាញ់ទាំងនុ៎ះទេ គប្បីជាអ្នកបរិភោគភោជនមិនមានទោស ហើយប្រព្រឹត្តម្នាក់ឯង ដូចកុយរមាស។

[២៨២]

បុគ្គលឃើញកងមាសទាំងពីរ ដ៏ភ្លឺផ្លេកៗ ដែលកម្មារបុត្ត ធ្វើសម្រេចល្អហើយ ទង្គិចគ្នាឰដ៏ដៃ គប្បីប្រព្រឹត្តម្នាក់ឯង ដូចកុយរមាស។

[២៨៣] ពាក្យថា ឃើញកងមាសដ៏ភ្លឺផ្លេកៗ គឺ ឃើញ មើល ស្ទង់ ត្រួត បញ្ជាក់ ធ្វើឲ្យច្បាស់។ ពាក្យថា មាស គឺ ជាតរូប។ ពាក្យថា ភ្លឺផ្លេកៗ គឺស្អាត ផូរផង់ ហេតុនោះ (លោកពោលថា) ឃើញកងមាសដ៏ភ្លឺផ្លេកៗ។

[២៨៤] ពាក្យថា ដែលកម្មារបុត្តធ្វើសម្រេចល្អហើយ សេចក្តីថា ជាងមាស លោកហៅថា កម្មារបុត្ត។ ពាក្យថា ដែលកម្មារបុត្តធ្វើសម្រេចល្អហើយ បានសេចក្តីថា ដែលកម្មារបុត្តឲ្យសម្រេចល្អហើយ ធ្វើល្អហើយ មានការសម្រិតសម្រាំងល្អហើយ ហេតុនោះ (លោកពោលថា) ដែលកម្មារបុត្តធ្វើសម្រេចល្អហើយ។

[២៨៥] ពាក្យថា កងមាសទាំងពីរ ដែលទង្គិចគ្នាឰដ៏ដៃ អធិប្បាយថា ហត្ថៈ លោកហៅថា ដៃ។ កងមាសទាំងពីរឰដ៏ដៃមួយ ទង្គិចគ្នាយ៉ាងណា ពួកសត្វតែងទង្គិចដោយអំណាចតណ្ហា គឺទង្គិចក្នុងកំណើតតិរច្ឆាន ទង្គិចក្នុងបិត្តិវិស័យ ទង្គិចក្នុងមនុស្សលោក ទង្គិចក្នុងទេវលោក គឺថា ទង្គិច ត្រាច់ នៅ ទៅ ប្រព្រឹត្ត រក្សា យាត្រា ឲ្យយាត្រាទៅ កាន់គតិដោយគតិ កាន់ឧបបត្តិដោយឧបបត្តិ កាន់បដិសន្ធិដោយបដិសន្ធិ កាន់ភពដោយភព កាន់សង្សារដោយសង្សារ កាន់វដ្តៈដោយវដ្តៈ ហេតុនោះ (លោកពោលថា) កងមាសទាំងពីរដែលទង្គិចគ្នាឰដ៏ដៃ គប្បីប្រព្រឹត្តម្នាក់ឯង ដូចកុយរមាស។ ហេតុនោះ ព្រះបច្ចេកសម្ពុទ្ធនោះ ពោលថា

បុគ្គលឃើញ កងមាសទាំងពីរដ៏ភ្លឺផ្លេកៗ ដែលកម្មារបុត្តធ្វើសម្រេចល្អហើយ ទង្គិចគ្នា ឰដ៏ដៃ គប្បីប្រព្រឹត្តម្នាក់ឯង ដូចកុយរមាស។

[២៨៦]

ការរួសរាយ ដោយវាចាក្តី ការជាប់ចំពាក់ក្តី ជាមួយនឹងបុគ្គលជាគម្រប់ពីរ របស់អញ យ៉ាងនេះ បុគ្គលកាលសំឡឹងឃើញភ័យនុ៎ះ ក្នុងអនាគត គប្បីប្រព្រឹត្តម្នាក់ឯង ដូចកុយរមាស។

[២៨៧] អធិប្បាយពាក្យថា ជាមួយនឹងបុគ្គលជាគម្រប់ពីរ របស់អញ យ៉ាងនេះ គឺ បុគ្គលមានតណ្ហាជាគម្រប់ពីរ។ បុគ្គលមានតណ្ហាជាគម្រប់ពីរក៏មាន មានបុគ្គលជាគម្រប់ពីរក៏មាន។ បុគ្គលមានតណ្ហាជាគម្រប់ពីរ តើដូចម្ដេច។ ពាក្យថា តណ្ហា បានដល់ រូបតណ្ហា សទ្ទតណ្ហា គន្ធតណ្ហា រសតណ្ហា ផោដ្ឋព្វតណ្ហា ធម្មតណ្ហា។ បុគ្គលណាមិនបានលះបង់តណ្ហានេះ បុគ្គលនោះ លោកហៅថា មានតណ្ហាជាគម្រប់ពីរ។

បុរស មានតណ្ហាជាគម្រប់ពីរ តែងអន្ទោលទៅអស់កាលយូរ មិនប្រព្រឹត្តកន្លងនូវសង្សារដែលមានភាពនេះ និងភាពដទៃបានទេ។

បុគ្គលមានតណ្ហាជាគម្រប់ពីរ យ៉ាងនេះឯង។ បុគ្គលមានបុគ្គលគម្រប់ពីរ តើដូចម្ដេច។ បុគ្គលខ្លះ ក្នុងលោកនេះ រាយមាយ មានចិត្តមិនស្ងប់រំងាប់ មិនមែនព្រោះហេតុខ្លួន មិនមែនព្រោះហេតុដំណើរទេ ជាគម្រប់ពីរនឹងបុគ្គលមួយនាក់ក៏មាន ជាគម្រប់បីនឹងបុគ្គលពីរនាក់ក៏មាន ជាគម្រប់បួននឹងបុគ្គលបីនាក់ក៏មាន និយាយសម្ផប្បលាបៈច្រើនក្នុងទីនោះ គឺ និយាយរាជកថា ចោរកថា មហាមត្តកថា សេនាកថា ភយកថា យុទ្ធកថា អន្នកថា បានកថា វត្ថកថា មាលាកថា ញាតិកថា យានកថា គាមកថា និគមកថា នគរកថា ជនបទកថា ឥត្ថីកថា បុរិសកថា សូរកថា វិសិក្ខាកថា កុម្ភដ្ឋានកថា លោកក្ខាយិកកថា សមុទ្ទកាយិកកថា ឥតិភវាភវកថា ដូច្នេះៗ ខ្លះ បុគ្គលមានបុគ្គលជាគម្រប់ពីរ យ៉ាងនេះឯង ហេតុនោះ (លោកពោលថា) ជាមួយនឹងបុគ្គលជាគម្រប់ពីរ របស់អញ យ៉ាងនេះ។

[២៨៨] ពាក្យថា ការរួសរាយដោយវាចាក្តី ការជាប់ចំពាក់ក្តី អធិប្បាយថា ការរួសរាយដោយវាចា លោកសំដៅយកតិរច្ឆានកថា ៣២ គឺ រាជកថា ចោរកថា។បេ។ ឥតិភវាភវកថា ដូច្នេះៗ ខ្លះ ពាក្យថាការជាប់ចំពាក់ បានដល់កាជាប់ចំពាក់ ២ គឺ ការជាប់ចំពាក់គឺតណ្ហា ១ការជាប់ចំពាក់គឺទិដ្ឋិ ១។បេ។ នេះ ការជាប់ចំពាក់គឺតណ្ហា។បេ។ នេះ ការជាប់ចំពាក់គឺទិដ្ឋិ ហេតុនោះ (លោកពោលថា) ការរួសរាយដោយវាចាក្តី ការជាប់ចំពាក់ក្តី។

[២៨៩] អធិប្បាយពាក្យថា បុគ្គលកាលសំឡឹងឃើញភ័យនុ៎ះ ក្នុងអនាគត ត្រង់ពាក្យថា ភ័យ បានដល់ភ័យអំពីជាតិ ភ័យអំពីជរា ភ័យអំពីព្យាធិ ភ័យអំពីមរណៈ ភ័យអំពីព្រះរាជា ភ័យអំពីចោរ ភ័យអំពីភ្លើង ភ័យអំពីទឹក ភ័យអំពីការតិះដៀលរបស់ខ្លួន ភ័យអំពីការតិះដៀលរបស់បុគ្គលដទៃ ភ័យអំពីអាជ្ញា ភ័យអំពីទុគ្គតិ ភ័យអំពីរលក ភ័យអំពីក្រពើ ភ័យអំពីកន្លែងទឹកវល់ ភ័យអំពីឆ្លាម ភ័យអំពីការចិញ្ចឹមជីវិត ភ័យអំពីដំណៀល ភ័យអំពីការញញើតបរិស័ទ អារម្មណ៍គួរស្បើម សេចក្តីរន្ធត់ សេចក្តីព្រឺរោម សេចក្តីតក់ស្លុតចិត្ត សេចក្តីស្រឡាំងកាំងចិត្ត។ ពាក្យថា បុគ្គលកាលសំឡឹងឃើញភ័យនុ៎ះ ក្នុងអនាគត សេចក្តីថា បុគ្គលកាលសំឡឹងឃើញ មើល រមិលមើល ពិនិត្យ ជញ្ជឹងនូវភ័យនុ៎ះក្នុងអនាគត ហេតុនោះ (លោកពោលថា) បុគ្គលកាលសំឡឹងឃើញភ័យនុ៎ះ ក្នុងអនាគត។ គប្បីប្រព្រឹត្តម្នាក់ឯង ដូចកុយរមាស។ ហេតុនោះ ព្រះបច្ចេកសម្ពុទ្ធនោះពោលថា

ការរួសរាយដោយវាចាក្តី ការជាប់ចំពាក់ក្តី ជាមួយនឹងបុគ្គលជាគម្រប់ពីរ របស់អញ យ៉ាងនេះ បុគ្គលការសំឡឹងឃើញភ័យនុ៎ះ ក្នុងអនាគត គប្បីប្រព្រឹត្តម្នាក់ឯង ដូចកុយរមាស។

[២៩០]

ពិតណាស់ កាមទាំងឡាយដ៏វិចិត្រ មានរសឆ្ងាញ់ ជាទីត្រេកអរនៃចិត្ត តែងញាំញីចិត្ត ដោយសភាពនៃរូបផ្សេងៗ បុគ្គលឃើញទោស ក្នុងកាមគុណទាំងឡាយហើយ គប្បីប្រព្រឹត្តម្នាក់ឯង ដូចកុយរមាស។

[២៩១] អធិប្បាយពាក្យថា ពិតណាស់ កាមទាំងឡាយដ៏វិចិត្រមានរសឆ្ងាញ់ ជាទីត្រេកអរនៃចិត្ត ត្រង់ពាក្យថា កាម តាមឧទ្ទាន កាមមាន ២ គឺ វត្តុកាម ១ កិលេសកាម ១។បេ។ ទាំងនេះហៅថា វត្ថុកាម។បេ។ ទាំងនេះហៅថា កិលេសកាម។ ពាក្យថា ដ៏វិចិត្រ គឺរូបមានបែបផ្សេងៗ សំឡេងមានបែបផ្សេងៗ ក្លិនមានបែបផ្សេងៗ រសមានបែបផ្សេងៗ ផោដ្ឋព្វៈមានបែបផ្សេងៗ។ ពាក្យថា មានរសឆ្ងាញ់ សេចក្តីថា មែនពិត ព្រះមានព្រះភាគបានត្រាស់ព្រះតម្រាស់នេះថា ម្នាលភិក្ខុទាំងឡាយ កាមគុណនេះ មាន ៥ កាមគុណ ៥ គឺអ្វីខ្លះ គឺ រូបដែលត្រូវដឹងដោយចក្ខុ ជាទីប្រាថ្នា ជាទីស្រឡាញ់ ជាទីគាប់ចិត្ត មានភាពជាទីស្រឡាញ់ ប្រកបដោយកាម គួរឲ្យត្រេកត្រអាល ១ សំឡេងដែលត្រូវដឹងដោយសោតៈ ១ ក្លិនដែលត្រូវដឹងដោយឃានៈ ១ រសដែលត្រូវដឹងដោយជិវ្ហា ១ ផោដ្ឋព្វៈ ដែលត្រូវដឹងដោយកាយ ជាទីប្រាថ្នា ជាទីស្រឡាញ់ ជាទីគាប់ចិត្ត មានភាពជាទីស្រឡាញ់ ប្រកបដោយកាមគួរឲ្យត្រេកត្រអាល ១ ម្នាលភិក្ខុទាំងឡាយ នេះឯង កាមគុណ ៥ ម្នាលភិក្ខុទាំងឡាយ សុខ សោមនស្សណា កើតឡើងព្រោះអាស្រ័យកាមគុណ ៥ នេះ សុខ សោមនស្សនេះ តថាគតហៅថា សុខក្នុងកាម សុខដូចលាមក សុខរបស់បុថុជ្ជន សុខមិនប្រសើរ តថាគតពោលថា បុគ្គលមិនគួរសេព មិនគួរគប់ មិនគួរចំរើន មិនគួរធ្វើឲ្យរឿយៗ បុគ្គលគួរខ្លាចសុខនុ៎ះ ហេតុនោះ (លោកពោលថា ពិតណាស់ កាមទាំងឡាយដ៏វិចិត្រ មានរសឆ្ងាញ់។ ពាក្យថា ជាទីត្រេកអរនៃចិត្ត ត្រង់ពាក្យថា ចិត្ត បានដល់ ចិត្តៈ មនៈ មានសៈ ហទយៈ បណ្ឌរៈ មនៈ មនាយតនៈ មនិន្រ្ទិយ វិញ្ញាណ វិញ្ញាណក្ខន្ធ មនោវិញ្ញាណធាតុ ដែលកើតអំពីវិញ្ញាណក្ខន្ធនោះ។

[២៩២] ពាក្យថា តែងញាំញីចិត្ត ដោយសភាពនៃរូបផ្សេងៗ គឺតែងញាំញី ញុំាងចិត្តឲ្យតក់ស្លុត ឲ្យសាបសូន្យ ឲ្យសាបរលាបដោយរូបទាំងឡាយ មានបែបផ្សេងៗ។បេ។ ដោយផោដ្ឋព្វៈទាំងឡាយ មានបែបផ្សេងៗ ហេតុនោះ (លោកពោលថា) តែងញាំញីចិត្ត ដោយសភាពនៃរូបផ្សេងៗ។

[២៩៣] ពាក្យថា បុគ្គលឃើញទោស ក្នុងកាមគុណទាំងឡាយ អធិប្បាយថា មែនពិត ព្រះមានព្រះភាគ បានត្រាស់ព្រះតម្រាស់នេះថា ម្នាលភិក្ខុទាំងឡាយ ទោសរបស់កាមទាំងឡាយ តើដូចម្ដេច ម្នាលភិក្ខុទាំងឡាយ កុលបុត្រក្នុងលោកនេះ ចិញ្ចឹមជីវិត ដោយថ្នាក់នៃសិប្បៈណា គឺ ការរាប់ដោយដៃទទេក្តី ការរាប់មិនដាច់ក្តី ការរាប់បូកក្តី ការភ្ជួររាស់ក្តី ជំនួញក្តី ការរក្សាគោក្តី ការកាន់អាវុធបម្រើក្តី ភាពជារាជបុរសក្តី សិប្បៈ មានហតិ្ថសិប្បៈជាដើមក្តី ជាអ្នកត្រូវត្រជាក់បៀតបៀន ត្រូវកម្តៅបៀតបៀន ប៉ះ ទង្គិច ទង្គុក ដោយសម្ផស្សនៃរបោម មូលខ្យល់ កម្តៅថ្ងៃ និងសត្វលូន ស្លាប់ដោយគម្លាន និងសម្រេក ម្នាលភិក្ខុទាំងឡាយ នេះទោសរបស់កាមទាំងឡាយ ដែលគេត្រូវឃើញផ្ទាល់ខ្លួន ជាកងទុក្ខ (កើតឡើង) ព្រោះកាមជាហេតុ ព្រោះកាមជាដើមចម ព្រោះកាមជាដើមទង ព្រោះហេតុនៃកាមទាំឡាយតែម្យ៉ាង ម្នាលភិក្ខុទាំងឡាយ បើកាលកុលបុត្រនោះ ខ្នះខ្នែង ប្រឹងប្រែង ព្យាយាមយ៉ាងម្ល៉េះហើយ ភោគៈទាំងនោះ មិនសម្រេចទេ កុលបុត្រនោះ តែងក្រៀមក្រំ លំបាក ខ្សឹកខ្សួល កន្ទក់កន្ទេញ គក់ទ្រូង ដល់នូវសេចក្តីងេងងោងថា ការប្រឹងប្រែងរបស់អញ ឥតអំពើហើយតើ សេចក្តីព្យាយាមរបស់អញ មិនមានផលហើយតើ ម្នាលភិក្ខុទាំងឡាយ នេះទោសរបស់កាមទាំងឡាយ ដែលគេត្រូវឃើញផ្ទាល់ខ្លួន ជាកងទុក្ខ (កើតឡើង) ព្រោះកាមជាហេតុ ព្រោះកាមជាដើមចម ព្រោះកាមជាដើមទង ព្រោះហេតុនៃកាមទាំងឡាយតែម្យ៉ាង ម្នាលភិក្ខុទាំងឡាយ បើកាលកុលបុត្រនោះ ខ្នះខ្នែង ប្រឹងប្រែង ព្យាយាមយ៉ាងម្ល៉េះហើយ ភោគៈទាំងនោះ សម្រេច កុលបុត្រនោះ ក៏គង់រងទុក្ខ និងទោមនស្ស ដែលមានការហួងហែងភោគៈទាំងនោះជាហេតុថា ធ្វើដូចម្ដេច កុំឲ្យព្រះរាជានាំយកទៅបាន កុំឲ្យចោរនាំយកទៅបាន កុំឲ្យភ្លើងឆេះ កុំឲ្យទឹកនាំយកទៅបាន កុំឲ្យពួកជនជាទាយាទមិនជាទីស្រឡាញ់នាំយកទៅបាន នូវភោគៈទាំងឡាយរបស់អញ កាលបើកុលបុត្រនោះ ហួងហែង គ្រប់គ្រង យ៉ាងម្ល៉េះហើយ ព្រះរាជាទាំងឡាយនាំយកទៅក្តី ចោរទាំងឡាយនាំយកទៅក្តី ភ្លើងឆេះក្តី ទឹកនាំទៅក្តី ពួកជនជាទាយាទមិនជាទីស្រឡាញ់នាំយកទៅក្តី នូវភោគទាំងឡាយនោះ កុលបុត្រនោះ តែងក្រៀមក្រំ។បេ។ ដល់នូវសេចក្តីងេងងោងថា ទ្រព្យណា របស់អញមានហើយ អញមិនមានទ្រព្យនោះវិញ ម្នាលភិក្ខុទាំងឡាយ នេះទោសរបស់កាមទាំងឡាយ ដែលគេត្រូវឃើញផ្ទាល់ខ្លួន ជាកងទុក្ខ (កើតឡើង) ព្រោះកាមជាហេតុ ព្រោះកាមជាដើមចម ព្រោះកាមជាដើមទង ព្រោះហេតុនៃកាមទាំងឡាយតែម្យ៉ាង។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ព្រោះកាមជាហេតុ ព្រោះកាមជាដើមចម ព្រោះកាមជាដើមទង ព្រោះហេតុនៃកាមទាំងឡាយតែម្យ៉ាង ពួកព្រះរាជាក៏វិវាទដោយពួកព្រះរាជា ពួកក្សត្រិយ៍ក៏វិវាទដោយពួកក្សត្រិយ៍ ពួកព្រាហ្មណ៍ក៏វិវាទដោយពួកព្រាហ្មណ៍ ពួកគហបតីក៏វិវាទដោយពួកគហបតី មាតាក៏វិវាទដោយបុត្រ បុត្រក៏វិវាទដោយមាតា បិតាក៏វិវាទដោយបុត្រ បុត្រក៏វិវាទដោយបិតា បងប្អូនប្រុសក៏វិវាទដោយបងប្អូនស្ត្រី បងប្អូស្រ្តីក៏វិវាទដោយបងប្អូនប្រុស សំឡាញ់ក៏វិវាទដោយសំឡាញ់ ពួកជននោះដល់នូវ ជម្លោះ និងការវិវាទក្នុងទីនោះ ប្រហារគ្នាដោយដៃខ្លះ ប្រហារគ្នាដោយដុំដីខ្លះ ប្រហារគ្នា ដោយដំបងខ្លះ ប្រហារគ្នាដោយសស្ត្រាខ្លះ ពួកជននោះ ដល់នូវសេចក្តីស្លាប់ខ្លះ ដល់នូវទុក្ខ ស្ទើរស្លាប់ខ្លះ ព្រោះតែការប្រហារគ្នានោះ ម្នាលភិក្ខុទាំងឡាយ នេះទោសរបស់កាម ទាំងឡាយ ដែលគេត្រូវឃើញផ្ទាល់ខ្លួន ជាកងទុក្ខ (កើតឡើង) ព្រោះកាមជាហេតុ ព្រោះ កាមជាដើមចម ព្រោះកាមជាដើមទង ព្រោះហេតុនៃកាមទាំងឡាយតែម្យ៉ាង។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ព្រោះកាមជាហេតុ ព្រោះកាមជាដើមចម ព្រោះកាមជាដើមទង ព្រោះហេតុនៃកាមទាំងឡាយតែម្យ៉ាង ជនទាំងឡាយក៏កាន់ដាវ និងខែល សៀតធ្នូរ និងបំពង់ ព្រួញ ហើយរុករានគង្គានទៅកាន់សង្រ្គាម ដែលពពាក់ពពូនទាំងសងខាង កាលបើព្រួញ ទាំងឡាយ ដែគេបាញ់ទៅខ្លះ លំពែងទាំងឡាយដែលគេពួយទៅខ្លះ ដាវទាំងឡាយដែលគេគ្រវីគ្រវាត់ខ្លះ ជនទាំងនោះបាញ់ដោយព្រួញទាំងឡាយក្នុងសង្រ្គាមនោះខ្លះ ចាក់ដោយ លំពែងទាំងឡាយខ្លះ កាត់ក្បាលដោយដាវខ្លះ ជនទាំងនោះ ដល់នូវសេចក្តីស្លាប់ខ្លះ ដល់នូវទុក្ខស្ទើរស្លាប់ខ្លះ ក្នុងសង្រ្គាមនោះ ម្នាលភិក្ខុទាំងឡាយ នេះទោសរបស់កាមទាំងឡាយ ដែលគេត្រូវឃើញផ្ទាល់ខ្លួន ជាកងទុក្ខ (កើតឡើង) ព្រោះកាមជាហេតុ ព្រោះកាមជាដើមចម ព្រោះកាមជាដើមទង ព្រោះហេតុនៃកាមទាំងឡាយតែម្យ៉ាង។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ព្រោះកាមជាហេតុ ព្រោះកាមជាដើមចម ព្រោះកាមជាដើមទង ព្រោះហេតុនៃកាមទាំងឡាយតែម្យ៉ាង ជនទាំងឡាយក៏កាន់ដាវ និងខែល សៀតធ្នូរ និងបំពង់ព្រួញ រុករាន គង្គានទៅកាន់ជើងកំពែង មានប៉មដែលបូកដោយបាយអ កាលបើព្រួញទាំងឡាយដែលគេ បាញ់ទៅខ្លះ លំពែងទាំងឡាយដែលគេពួយទៅខ្លះ ដាវទាំងឡាយដែលគេគ្រវីគ្រវាត់ខ្លះ ជនទាំងនោះបាញ់ដោយព្រួញទាំងឡាយ ក្នុងសង្រ្គាមនោះខ្លះ ចាក់ដោយលំពែងទាំងឡាយខ្លះ ស្រោចចុះដោយអាចម៍គោកំពុងពុះខ្លះ ច្រំដោយអាវុធមានធ្មេញ ៧ ខ្លះ កាត់ក្បាលដោយដាវខ្លះ ជនទាំងនោះដល់នូវសេចក្តីស្លាប់ខ្លះ ដល់នូវទុក្ខស្ទើរស្លាប់ខ្លះ ក្នុងសង្រ្គាមនោះ ម្នាលភិក្ខុទាំងឡាយ នេះទោសរបស់កាមទាំងឡាយ ដែលគេត្រូវឃើញផ្ទាល់ខ្លួន ជាកងទុក្ខ (កើតឡើង) ព្រោះកាមជាហេតុ ព្រោះកាមជាដើមចម ព្រោះកាមជាដើមទង ព្រោះហេតុនៃកាមតែម្យ៉ាង។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ព្រោះកាមជាហេតុ ព្រោះកាមជាដើមចម ព្រោះកាមជាដើមទង ព្រោះហេតុនៃកាមតែម្យ៉ាង ជនទាំងឡាយកាន់ទីតផ្ទះខ្លះ ប្លន់ធំខ្លះ ធ្វើនូវការប្លន់ផ្ទះមួយខ្លះ ឈរស្កាត់ផ្លូវខ្លះ គប់រកប្រពន្ធគេខ្លះ ព្រះរាជាទាំងឡាយ ប្រើឲ្យចាប់ជននោះ ហើយឲ្យធ្វើកម្មករណ៍ផ្សេងៗ គឺឲ្យវាយដោយសែតីទាំងឡាយខ្លះ ឲ្យវាយដោយរំពាត់ផ្តៅទាំងឡាយខ្លះ ឲ្យដំដោយអន្លូងទាំងឡាយខ្លះ ឲ្យកាត់ដៃខ្លះ ឲ្យកាត់ជើងខ្លះ។បេ។ ឲ្យកាត់ក្បាលដោយដាវខ្លះ ជនទាំងនោះ ដល់នូវសេចក្តីស្លាប់ខ្លះ ដល់នូវទុក្ខស្ទើរស្លាប់ខ្លះ ព្រោះតែដំណើរនោះ ម្នាលភិក្ខុទាំងឡាយ នេះទោសរបស់កាមទាំងឡាយ ដែលគេត្រូវឃើញផ្ទាល់ខ្លួន ជាកងទុក្ខ (កើតឡើង) ព្រោះកាមជាហេតុ ព្រោះកាមជាដើមចម ព្រោះកាមជាដើមទង ព្រោះហេតុនៃកាមទាំងឡាយតែម្យ៉ាង។ ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត ព្រោះកាមជាហេតុ ព្រោះកាមជាដើមចម ព្រោះកាមជាដើមទង ព្រោះហេតុនៃកាមទាំងឡាយតែម្យ៉ាង ជនទាំងឡាយប្រព្រឹត្តទុច្ចរិតដោយកាយ ប្រព្រឹត្តទុច្ចរិតដោយវាចា ប្រព្រឹត្តទុច្ចរិតដោយចិត្ត ជនទាំងនោះ ប្រព្រឹត្តទុច្ចរិតដោយកាយ ប្រព្រឹត្តទុច្ចរិតដោយវាចា ប្រព្រឹត្តទុច្ចរិតដោយចិត្តហើយ លុះបែកធ្លាយរាងកាយ ស្លាប់ទៅ រមែងទៅកើតក្នុងទុគ្គតិ វិនិបាត នរក ម្នាលភិក្ខុទាំងឡាយ នេះទោសរបស់កាមទាំងឡាយដែលត្រូវឃើញក្នុងលោកខាងនាយ ជាកងទុក្ខ (កើតឡើង) ព្រោះកាមជាហេតុ ព្រោះកាមជាដើមចម ព្រោះកាមជាដើមទង ព្រោះហេតុនៃកាមទាំងឡាយតែម្យ៉ាង។ ពាក្យថា បុគ្គលឃើញទោសក្នុងកាមគុណទាំងឡាយ បានសេចក្តីថា ឃើញ មើល ថ្លឹង ត្រួត បញ្ជាក់ ធ្វើឲ្យជាក់ នូវទោសក្នុងកាមគុណទាំងឡាយ ហេតុនោះ (លោកពោលថា) បុគ្គលឃើញទោស ក្នុងកាមគុណទាំងឡាយ។ គប្បីប្រព្រឹត្តម្នាក់ឯង ដូចកុយរមាស។ ហេតុនោះ ព្រះបច្ចេកសម្ពុទ្ធនោះពោលថា

ពិតណាស់ កាមទាំងឡាយដ៏វិចិត្រ មានរសឆ្ងាញ់ ជាទីត្រេកអរនៃចិត្ត តែងញាំញីចិត្ត ដោយសភាពនៃរូបផ្សេងៗ បុគ្គលឃើញទោសក្នុងកាមគុណទាំងឡាយហើយ គប្បីប្រព្រឹត្តម្នាក់ឯង ដូចកុយរមាស។

[២៩៤]

បុគ្គលឃើញភ័យនុ៎ះ ក្នុងកាមគុណទាំងឡាយថា នេះជាចង្រៃ ជាបូស ជាឧបទ្រព ជារោគ ជាព្រួញ និងជាភ័យរបស់អញហើយ គប្បីប្រព្រឹត្តម្នាក់ឯង ដូចកុយរមាស។

[២៩៥] ពាក្យថា នេះជាចង្រៃ ជាបូស ជាឧបទ្រព ជារោគ ជាព្រួញ និងជាភ័យរបស់អញ អធិប្បាយថា ព្រះមានព្រះភាគបានត្រាស់ព្រះតម្រាស់នេះថា ម្នាលភិក្ខុទាំងឡាយ ពាក្យថា ភ័យ នេះជាឈ្មោះនៃកាមទាំងឡាយ ម្នាលភិក្ខុទាំងឡាយ ពាក្យថា ទុក្ខ នេះជាឈ្មោះនៃកាមទាំងឡាយ ម្នាលភិក្ខុទាំងឡាយ ពាក្យថា រោគ នេះជាឈ្មោះនៃកាមទាំងឡាយ ម្នាលភិក្ខុទាំងឡាយ ពាក្យថា បូស នេះជាឈ្មោះនៃកាមទាំងឡាយ ម្នាលភិក្ខុទាំងឡាយ ពាក្យថា ការថ្ពក់ នេះជាឈ្មោះនៃកាមទាំងឡាយ ម្នាលភិក្ខុទាំងឡាយ ពាក្យថា ភាវៈជាប់ នេះជាឈ្មោះនៃកាមទាំងឡាយ ម្នាលភិក្ខុទាំងឡាយ ពាក្យថា ភក់ នេះជាឈ្មោះនៃកាមទាំងឡាយ ម្នាលភិក្ខុទាំងឡាយ ពាក្យថា គភ៌ នេះជាឈ្មោះនៃកាមទាំងឡាយ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុតែពាក្យថា ភ័យ នេះជាឈ្មោះនៃកាមទាំងឡាយ ម្នាលភិក្ខុទាំងឡាយ បានជាសត្វអ្នកត្រេកត្រអាលដោយកាមរាគៈនេះ ជាប់ចំពាក់ដោយឆន្ទរាគៈ ទើបមិនរួចចាកភ័យ ដែលមានក្នុងបច្ចុប្បន្នផង មិនរួចចាកភ័យដែលមានក្នុងបរលោកផង ព្រោះហេតុនោះ ពាក្យថា ភ័យ នេះជាឈ្មោះនៃកាមទាំងឡាយ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុតែពាក្យថា ទុក្ខ ថារោគ ថាបូស ថាការថ្ពក់ ថាភាវៈជាប់ ថាភក់ ថាគភ៌ នេះ ជាឈ្មោះនៃកាមទាំងឡាយ ម្នាលភិក្ខុទាំងឡាយ បានជាសត្វអ្នកត្រេកត្រអាលដោយកាមរាគៈនេះ ជាប់ចំពាក់ដោយឆន្ទរាគៈ ទើបមិនរួចចាកគភ៌ ដែលមានក្នុងបច្ចុប្បន្នផង មិនរួចចាកគភ៌ដែលមានក្នុងបរលោកផង ព្រោះហេតុនោះ ពាក្យថា គភ៌ នេះជាឈ្មោះនៃកាមទាំងឡាយ។

បុថុជ្ជន ជាប់ក្នុងកាមទាំងឡាយណា កាមទាំងឡាយនុ៎ះ ព្រះមានព្រះភាគត្រាស់ហៅថា ភ័យផង ទុក្ខផង រោគផង ភាវៈជាប់ផង ភក់ផង ធម្មជាតិទាំងពីរ គឺការថ្ពក់ផង គភ៌ផង ជាសត្វត្រូវរាគៈមានសភាពឆ្ងាញ់សម្រុកហើយ តែងទៅកាន់គភ៌។ ម្នាលភិក្ខុទាំងឡាយ លុះណាតែភិក្ខុ មិនលះបង់ឈាន ទើបភិក្ខុនោះកន្លងផ្លូវ មានភក់ គឺកាមនេះ ជាជង្ហុកមានបែបដូច្នោះ ហើយសំឡឹងមើលនូវពួកសត្វដែលប្រកបដោយជាតិ និងជរា កំពុងញញាក់ញញ័រ។

ហេតុនោះ (លោកពោលថា) នេះជាចង្រៃ ជាបូស ជាឧបទ្រព ជារោគ ជាព្រួញ និងជាភ័យរបស់អញ។

[២៩៦] ពាក្យថា បុគ្គលឃើញភ័យនុ៎ះ ក្នុងកាមគុណទាំងឡាយ គឺឃើញ មើល ថ្លឹង ត្រួត បញ្ជាក់ ធ្វើឲ្យច្បាស់ នូវភ័យនុ៎ះ ក្នុងកាមគុណទាំងឡាយ ហេតុនោះ (លោកពោលថា) បុគ្គលឃើញភ័យនុ៎ះ ក្នុងកាមគុណទាំងឡាយ។ គប្បីប្រព្រឹត្តម្នាក់ឯង ដូចកុយរមាស។ ហេតុនោះ ព្រះបច្ចេកសម្ពុទ្ធនោះពោលថា

បុគ្គលឃើញភ័យនុ៎ះ ក្នុងកាមគុណទាំងឡាយថា នេះជាចង្រៃ ជាបូស ជាឧបទ្រព ជារោគ ជាព្រួញ និងជាភ័យរបស់អញហើយ គប្បីប្រព្រឹត្តម្នាក់ឯងដូចកុយរមាស។

[២៩៧]

បុគ្គលគ្របសង្កត់នូវធម្មជាតទាំងអស់នុ៎ះ គឺត្រជាក់ កម្ដៅ គម្លាន សម្រេក ខ្យល់ និងកម្ដៅថ្ងៃ របោម និងសត្វលូនហើយ គប្បីប្រព្រឹត្តម្នាក់ឯងដូចកុយរមាស។

[២៩៨] ពាក្យថា ត្រជាក់ កម្ដៅ គម្លាន សម្រេក សេចក្តីថា ត្រជាក់ ដោយហេតុ ២ គឺ ត្រជាក់ដោយអំណាចកម្រើកធាតុខាងក្នុង ឬត្រជាក់ដោយអំណាចរដូវខាងក្រៅ។ ពាក្យថា កម្ដៅ បានដល់ កម្ដៅដោយហេតុ ២ គឺ កម្ដៅដោយអំណាចកម្រើកធាតុខាងក្នុង ឬកម្ដៅដោយអំណាចរដូវខាងក្រៅ។ ដែលហៅថា គម្លាន បានដល់សេចក្តីឃ្លាន។ ដែលហៅថា សម្រេក បានដល់ការស្រេកទឹក ហេតុនោះ (លោកពោលថា) ត្រជាក់ កម្ដៅ គម្លាន សម្រេក។

[២៩៩] ពាក្យថា ខ្យល់ និងកម្ដៅថ្ងៃ របោម និងសត្វលូន ត្រង់ពាក្យថា ខ្យល់ គឺ ខ្យល់ខាងកើត ខ្យល់ខាងលិច ខ្យល់ខាងជើង ខ្យល់ខាងត្បូង ខ្យល់មានធូលី ខ្យល់ត្រជាក់ ខ្យល់ក្ដៅ ខ្យល់រំភើយ ខ្យល់យ៉ាងខ្លាំង ខ្យល់កំបុតត្បូង ខ្យល់គ្រុឌ ខ្យល់ស្លឹកត្នោត ខ្យល់ផ្លិត។ ដែលហៅថា កម្ដៅថ្ងៃ បានដល់ កម្ដៅព្រះអាទិត្យ។ ដែលហៅថា របោម បានដល់ ពួកមក្ខិកាលឿង។ ដែលហៅថា សត្វលូន បានដល់ពួកសត្វពស់ ហេតុនោះ (លោកពោលថា) ខ្យល់ និងកម្ដៅថ្ងៃ របោម និងសត្វលូន។

[៣០០] ពាក្យថា បុគ្គលគ្របសង្កត់នូវធម្មជាតទាំងអស់នុ៎ះ គឺគ្របសង្កត់ បង្រ្គប សង្កត់សង្កិន ញាំញី ហេតុនោះ (លោកពោលថា) បុគ្គលគ្របសង្កត់នូវធម្មជាតទាំងអស់នុ៎ះ។ គប្បីប្រព្រឹត្តម្នាក់ឯង ដូចកុយរមាស។ ហេតុនោះ ព្រះបច្ចេកសម្ពុទ្ធនោះ ពោលថា

បុគ្គលគ្របសង្កត់នូវធម្មជាតទាំងអស់នុ៎ះ គឺត្រជាក់ កម្ដៅ គម្លាន សម្រេក ខ្យល់ និងកម្ដៅថ្ងៃ របោម និងសត្វលូនហើយ គប្បីប្រព្រឹត្តម្នាក់ឯង ដូចកុយរមាស។

[៣០១]

បុគ្គលដូចនាគ មានខន្ធកើតព្រមហើយ មានសម្បុរដូចផ្កាឈូក ជាសត្វខ្ពង់ខ្ពស់ គេចចាកហ្វូងហើយ នៅក្នុងព្រៃតាមសប្បាយ គប្បីប្រព្រឹត្តម្នាក់ឯង ដូចកុយរមាស។

[៣០២] ពាក្យថា ដូចនាគគេចចាកហ្វូង អធិប្បាយថា ដំរីដ៏ប្រសើរ លោកហៅថា នាគ។ ព្រះបច្ចេកសម្ពុទ្ធ ក៏ឈ្មោះនាគដែរ។ ព្រះបច្ចេកសម្ពុទ្ធ ឈ្មោះថានាគ ព្រោះហេតុអ្វី។ ឈ្មោះថានាគ ព្រោះហេតុមិនធ្វើអំពើអាក្រក់។ ឈ្មោះថានាគ ព្រោះហេតុមិនលុះ។ ឈ្មោះថានាគ ព្រោះហេតុមិនមក។

ព្រះបច្ចេកសម្ពុទ្ធនោះ ឈ្មោះថានាគ ព្រោះហេតុមិនធ្វើអំពើអាក្រក់ តើដូចម្ដេច។ ធម៌ទាំងឡាយ ជាអកុសលដ៏លាមក ប្រកបដោយសេចក្តីសៅហ្មង នាំសត្វឲ្យកើតក្នុងភពថ្មី ប្រកបដោយសេចក្តីក្រវល់ក្រវាយ មានទុក្ខជាវិបាក ជាទីតាំងនៃជាតិ ជរា និងមរណៈតទៅ លោកហៅថា អំពើអាក្រក់។

ព្រះបច្ចេកសម្ពុទ្ធ មិនធ្វើអំពើអាក្រក់តិចតួចក្នុងលោក លះបង់កិលេសជាគ្រឿងប្រកបទាំងពួង និងចំណងទាំងឡាយ ផុតស្រឡះ មិនជាប់ចំពាក់ក្នុងអារម្មណ៍ទាំងពួង មិនរំភើបដោយលោកធម៌ លោកហៅថា នាគ ព្រោះទ្រង់គុណ ប្រាកដដូច្នោះ។

ព្រះបច្ចេកសម្ពុទ្ធនោះ ឈ្មោះថា នាគ ព្រោះហេតុមិនធ្វើនូវអំពើអាក្រក់យ៉ាងនេះឯង។

ព្រះបច្ចេកសម្ពុទ្ធនោះ ឈ្មោះថា នាគ ព្រោះហេតុមិនលុះ តើដូចម្ដេច។ ព្រះបច្ចេកសម្ពុទ្ធនោះ មិនលុះឆន្ទាគតិ មិនលុះទោសាគតិ មិនលុះមោហាគតិ មិនលុះភយាគតិ មិនលុះដោយអំណាចរាគៈ មិនលុះដោយអំណាចទោសៈ មិនលុះដោយអំណាចមោហៈ មិនលុះដោយអំណាចមានះ មិនលុះដោយអំណាចទិដ្ឋិ មិនលុះដោយអំណាចឧទ្ធច្ចៈ មិនលុះ ដោយអំណាចវិចិកិច្ឆា មិនលុះដោយអំណាចអនុស័យ មិនត្រូវធម៌ជាពួកនាំទៅ ដឹកទៅ បន្សាត់ទៅ កួចទៅ ព្រះបច្ចេកសម្ពុទ្ធនោះ ឈ្មោះថា នាគ ព្រោះហេតុមិនលុះ យ៉ាងនេះឯង។

ព្រះបច្ចេកសម្ពុទ្ធ ឈ្មោះថា នាគ ព្រោះហេតុមិនមក តើដូចម្ដេច។ កិលេសទាំងឡាយណា ដែលលោកលះបង់ហើយ ដោយសោតាបត្តិមគ្គ លោកមិនមក មិនត្រឡប់មក មិនវិលមករកកិលេសទាំងនោះទៀត កិលេសទាំងឡាយណា ដែលលោកលះបង់ហើយ ដោយសកទាគាមិមគ្គ អនាគាមិមគ្គ អរហត្តមគ្គ លោកមិនមក មិនត្រឡប់មក មិនវិលមករកកិលេសទាំងនោះទៀត ព្រះបច្ចេកសម្ពុទ្ធនោះ ឈ្មោះថានាគ ព្រោះហេតុមិនមក យ៉ាងនេះឯង។ ពាក្យថា ដូចនាគ គេចចាកហ្វូង បានសេចក្តីថា ដំរីដ៏ប្រសើរនោះ វៀងលែង ចៀសវាង វៀរស្រឡះនូវហ្វូងទាំងឡាយ ចូលទៅនៅកណ្តាលព្រៃ ក្នុងអរញ្ញប្រទេស ចរ ត្រាច់ទៅ ប្រព្រឹត្ត រក្សា យាត្រា ឲ្យយាត្រាទៅតែម្នាក់ឯង យ៉ាងណា ចំណែកព្រះបច្ចេកសម្ពុទ្ធ ក៏វៀរលែង ចៀសវាង វៀរស្រឡះនូវពួក ប្រព្រឹត្តនៅតែមួយអង្គឯង ដូចកុយរមាស ទ្រង់គប់រកព្រៃតូច និងព្រៃធំ ជាសេនាសនៈដ៏ស្ងាត់ មិនមានសម្លេង មិនមានសូរគឹកកង ប្រាសចាកខ្យល់ដែលកើតអំពីសរីរៈនៃជន ជាសេនាសនៈដ៏ស្ងាត់ចាកមនុស្ស សមគួរដល់ការពួនសម្ងំ ព្រះបច្ចេកសម្ពុទ្ធនោះ និមន្តទៅតែមួយអង្គឯង ឈរតែមួយអង្គឯង គង់នៅតែមួយអង្គឯង សម្រេចការសិងតែមួយអង្គឯង ចូលទៅបិណ្ឌបាតក្នុងស្រុកតែមួយអង្គឯង ត្រឡប់មកវិញតែមួយអង្គឯង គង់ក្នុងទីស្ងាត់តែមួយអង្គឯង អធិដ្ឋានចង្រ្កមតែមួយអង្គឯង ចរ ត្រាច់ទៅ ប្រព្រឹត្ត រក្សា យាត្រា ឲ្យយាត្រាទៅ តែមួយអង្គឯង (ក៏យ៉ាងនោះដែរ) ហេតុនោះ (លោកពោលថា) ដូចនាគ គេចចាកហ្វូង។

[៣០៣] ពាក្យថា មានខន្ធកើតព្រមហើយ មានសម្បុរដូចផ្កាឈូក ជាសត្វខ្ពង់ខ្ពស់ អធិប្បាយថា ដំរីដ៏ប្រសើរនោះ មានខន្ធកើតព្រមហើយ ជាដំរី ៧ ហត្ថ ឬ ៨ ហត្ថ យ៉ាងណា ឯព្រះបច្ចេកសម្ពុទ្ធ ក៏មានខន្ធកើតព្រមហើយ ដោយអសេក្ខសីលក្ខន្ធ អសេក្ខសមាធិក្ខន្ធ អសេក្ខបញ្ញាខន្ធ អសេក្ខវិមុត្តិក្ខន្ធ អសេក្ខវិមុត្តិញ្ញាណទស្សនក្ខន្ធ ក៏យ៉ាងនោះ។ ដំរីដ៏ប្រសើរនោះ មានផ្កាឈូកយ៉ាងណា ឯព្រះបច្ចេកសម្ពុទ្ធ ឈ្មោះថា មានផ្កាឈូក ដោយផ្កាគឺពោជ្ឈង្គ ៧ គឺ ដោយផ្កាគឺសតិសម្ពោជ្ឈង្គ ១ ផ្កាគឺធម្មវិចយសម្ពោជ្ឈង្គ ១ ផ្កាគឺវីរិយសម្ពោជ្ឈង្គ ១ ផ្កាគឺបីតិសម្ពោជ្ឈង្គ ១ ផ្កាគឺបស្សទ្ធិសម្ពោជ្ឈង្គ ១ ផ្កាគឺសមាធិសម្ពោជ្ឈង្គ ១ ផ្កាគឺឧបេក្ខាសម្ពោជ្ឈង្គ ១ (យ៉ាងនោះដែរ)។ ដំរីដ៏ប្រសើរនោះ ជាសត្វលើសលុប ដោយកម្លាំងកាយ កម្លាំងចិត្ត សន្ទុះ និងសេចក្តីក្លៀវក្លាយ៉ាងណា ឯព្រះបច្ចេកសម្ពុទ្ធ ក៏ជាបុគ្គលលើសលុបដោយសីល សមាធិ បញ្ញា វិមុត្តិ និងវិមុត្តិញ្ញាណទស្សនៈ (យ៉ាងនោះដែរ) ហេតុនោះ (លោកពោលថា) មានខន្ធកើតព្រមហើយ មានសម្បុរដូចផ្កាឈូក ជាសត្វខ្ពង់ខ្ពស់។

[៣០៤] ពាក្យថា នៅក្នុងព្រៃតាមសប្បាយ សេចក្តីថា ដំរីដ៏ប្រសើរនោះ នៅក្នុងព្រៃតាមសប្បាយ យ៉ាងណា ឯព្រះបច្ចេកសម្ពុទ្ធ ក៏នៅក្នុងព្រៃតាមសប្បាយ (យ៉ាងនោះដែរ) គឺនៅក្នុងព្រៃតាមសប្បាយដោយបឋមជ្ឈានខ្លះ នៅក្នុងព្រៃតាមសប្បាយដោយទុតិយជ្ឈានខ្លះ តតិយជ្ឈានខ្លះ ចតុត្ថជ្ឈានខ្លះ នៅក្នុងព្រៃតាមសប្បាយដោយមេត្តាចេតោវិមុត្តិខ្លះ នៅក្នុងព្រៃតាមសប្បាយដោយករុណាចេតោវិមុត្តិខ្លះ មុទិតាចេតោវិមុត្តិខ្លះ ឧបេក្ខាចេតោវិមុត្តិខ្លះ នៅក្នុងព្រៃតាមសប្បាយដោយអាកាសានញ្ចាយតនសមាបត្តិខ្លះ នៅក្នុងព្រៃតាមសប្បាយដោយវិញ្ញាណញ្ចាយតនសមាបត្តិខ្លះ ដោយអាកិញ្ចញ្ញាយតនសមាបត្តិខ្លះ ដោយនេវសញ្ញានាសញ្ញាយតនសមាបត្តិខ្លះ ដោយផលសមាបត្តិខ្លះ ហេតុនោះ (លោកពោលថា) នៅក្នុងព្រៃតាមសប្បាយ។ គប្បីប្រព្រឹត្តម្នាក់ឯង ដូចកុយរមាស។ ហេតុនោះ ព្រះបច្ចេកសម្ពុទ្ធនោះ ពោលថា

បុគ្គលដែលដូចនាគ មានខន្ធកើតព្រមហើយ មានសម្បុរដូចផ្កាឈូក ជាសត្វខ្ពង់ខ្ពស់ គេចចាកហ្វូងហើយ នៅក្នុងព្រៃតាមសប្បាយ គប្បីប្រព្រឹត្តម្នាក់ឯងដូចកុយរមាស។

[៣០៥]

បុគ្គលគប្បីបានសាមយិកវិមុត្តិ20) ដោយហេតុណា ហេតុនោះ មិនមែនជាទីតាំងនៃបុគ្គលអ្នកត្រេកអរក្នុងពួកទេ បុគ្គលពិចារណាពាក្យនៃព្រះពុទ្ធ ជាព្រះអាទិច្ចពន្ធុហើយ គប្បីប្រព្រឹត្តម្នាក់ឯង ដូចកុយរមាស។

[៣០៦] ពាក្យថា បុគ្គលគប្បីបានសាមយិកវិមុត្តិ ដោយហេតុណា ហេតុនោះ មិនមែនជាទីតាំងនៃបុគ្គលអ្នកត្រេកអរក្នុងពួកទេ អធិប្បាយថា មែនពិត ព្រះមានព្រះភាគ បានត្រាស់ព្រះពុទ្ធដីកានេះថា ម្នាលអានន្ទ ភិក្ខុមានការនៅច្រឡូកច្រឡំដោយពួក ជាទីត្រេកអរ ត្រេកអរក្នុងការនៅច្រឡូកច្រឡំដោយពួក ប្រកបរឿយៗនូវសេចក្តីត្រេកអរ ក្នុងការនៅច្រឡូកច្រឡំដោយពួក មានពួកជាទីត្រេកអរ ត្រេកអរក្នុងពួក រួសរាយក្នុងពួក ប្រកបរឿយៗ នូវសេចក្តីត្រេកអរក្នុងពួក ជាកំណត់ សេចក្តីសុខក្នុងការចេញបួស សេចក្តីសុខក្នុងការស្ងាត់ សេចក្តីសុខក្នុងការស្ងប់ សេចក្តីសុខក្នុងការត្រាស់ដឹងណា (ភិក្ខុនោះ) នឹងជាអ្នកបានតាមប្រាថ្នា បានដោយមិនក្រ បានដោយមិនលំបាក នូវសេចក្តីសុខនោះ ហេតុការណ៍បែបនេះ មិនមានទេ។ ម្នាលអានន្ទ លុះតែភិក្ខុណា ចៀសចេញចាកពួក ហើយនៅតែម្នាក់ឯង សេចក្តីសុខនុ៎ះ ទើបមានប្រាកដដល់ភិក្ខុនោះ គឺថា សេចក្តីសុខក្នុងការចេញបួស សេចក្តីសុខក្នុងការស្ងាត់ សេចក្តីសុខក្នុងការស្ងប់ សេចក្តីសុខក្នុងការត្រាស់ដឹងណា (ភិក្ខុនោះ) នឹងជាអ្នកបានតាមប្រាថ្នា បានដោយមិនក្រ បានដោយមិនលំបាក នូវសេចក្តីសុខនោះ ហេតុការណ៍បែបនេះ ទើបមាន។ ម្នាលអានន្ទ ភិក្ខុមានការនៅច្រឡូកច្រឡំដោយពួកជាទីត្រេកអរ ត្រេកអរក្នុងការនៅច្រឡូកច្រឡំដោយពួក ប្រកបរឿយៗ នូវសេចក្តីត្រេកអរក្នុងការនៅច្រឡូកច្រឡំដោយពួក មានពួកជាទីត្រេកអរ ត្រេកអរក្នុងពួក រួសរាយក្នុងពួក ប្រកបរឿយៗ នូវសេចក្តីត្រេកអរក្នុងពួក ជាកំណត់ (ភិក្ខុនោះ) នឹងបានសាមយិកចេតោវិមុត្តិ (ចេតោវិមុត្តិជាលោកិយ) ឬអសាមយិកអកុប្បធម៌ (មគ្គជាលោកុត្តរៈ) ហេតុការណ៍បែបនេះ មិនមានទេ ម្នាលអានន្ទ លុះតែភិក្ខុណា ចៀសចេញចាកពួក ហើយនៅតែម្នាក់ឯង សេចក្តីសុខនោះ ទើបមានប្រាកដដល់ភិក្ខុនោះ គឺថា (ភិក្ខុនោះ) នឹងបានសាមយិកចេតោវិមុត្តិ ឬអសាមយិកអកុប្បធម៌ ហេតុការណ៍បែបនេះទើបមាន ហេតុនោះ (លោកពោលថា) បុគ្គលគប្បីបានសាមយិកវិមុត្តិ ដោយហេតុណា ហេតុនោះ មិនមែនជាទីតាំងនៃបុគ្គលអ្នកត្រេកអរក្នុងពួកទេ។

[៣០៧] ពាក្យថា បុគ្គលពិចារណាពាក្យនៃព្រះពុទ្ធ ជាព្រះអាទិច្ចពន្ធុ សេចក្តីថា ព្រះអាទិត្យ លោកហៅថា អាទិច្ចៈ។ ព្រះអាទិត្យនោះ ជាគោតមដោយគោត្ត ចំណែកព្រះបច្ចេកសម្ពុទ្ធ ក៏ជាគោតមដោយគោត្ត ព្រះបច្ចេកសម្ពុទ្ធនោះ ជាញាតិដោយគោត្ត ជាផៅពង្សដោយគោត្តនៃព្រះអាទិត្យ ព្រោះហេតុនោះ ព្រះបច្ចេកសម្ពុទ្ធ ឈ្មោះថា ព្រះអាទិច្ចពន្ធុ។ ពាក្យថា បុគ្គលពិចារណាពាក្យនៃព្រះពុទ្ធ ជាព្រះអាទិច្ចពន្ធុ បានសេចក្តីថា បុគ្គលបានស្ដាប់ ឮ រៀន ចាំទុក កំណត់នូវពាក្យ គន្លងពាក្យ ទេសនា អនុសន្ធិនៃព្រះពុទ្ធជាព្រះអាទិច្ចពន្ធុ ហេតុនោះ (លោកពោលថា) បុគ្គលពិចារណាពាក្យនៃព្រះពុទ្ធ ជាព្រះអាទិច្ចពន្ធុ។ គប្បីប្រព្រឹត្តម្នាក់ឯង ដូចកុយរមាស។ ហេតុនោះ ព្រះបច្ចេកសម្ពុទ្ធនោះ ពោលថា

បុគ្គលគប្បីបានសាមយិកវិមុត្តិ ដោយហេតុណា ហេតុនោះ មិនមែនជាទីតាំងនៃបុគ្គលអ្នកត្រេកអរក្នុងពួកទេ បុគ្គលពិចារណាពាក្យនៃព្រះពុទ្ធ ជាព្រះអាទិច្ចពន្ធុហើយ គប្បីប្រព្រឹត្តម្នាក់ឯង ដូចកុយរមាស។

(តតិយវគ្គ)

(តតិយវគ្គោ)

[៣០៨]

បុគ្គលប្រព្រឹត្តកន្លងនូវចម្រូង គឺទិដ្ឋិទាំងឡាយ បានសម្រេចធម៌ដ៏ទៀងទាត់ បានចំពោះនូវមគ្គ មិនមានបុគ្គលដទៃណែនាំ (ព្រោះដឹងថា ) អាត្មាអញមានញាណកើតហើយ គប្បីប្រព្រឹត្តម្នាក់ឯង ដូចកុយរមាស។

[៣០៩] ពាក្យថា បុគ្គលប្រព្រឹត្តកន្លងនូវចម្រូង គឺទិដ្ឋិទាំងឡាយ សេចក្តីថា សក្កាយទិដ្ឋិ មានវត្ថុ ២០ ហៅថា ចម្រូង គឺទិដ្ឋិ។ បុថុជ្ជនក្នុងលោកនេះ ជាអ្នកមិនចេះដឹង មិនឃើញនូវពួកព្រះអរិយៈ មិនឈ្លាសវៃក្នុងអរិយធម៌ មិនបានទូន្មានខ្លួនក្នុងអរិយធម៌ មិនឃើញពួកសប្បុរស មិនឈ្លាសវៃក្នុងសប្បុរិសធម៌ មិនបានទូន្មានខ្លួនក្នុងសប្បុរិសធម៌ រមែងពិចារណាឃើញរូបថាខ្លួន នូវខ្លួនថាមានរូបខ្លះ នូវរូបក្នុងខ្លួនខ្លះ នូវខ្លួនក្នុងរូបខ្លះ ពិចារណាឃើញនូវវេទនា សញ្ញា សង្ខារ វិញ្ញាណថាខ្លួន នូវខ្លួនថាមានវិញ្ញាណខ្លះ នូវវិញ្ញាណក្នុងខ្លួនខ្លះ នូវខ្លួនក្នុងវិញ្ញាណខ្លះ ទិដ្ឋិ ដំណើរគឺទិដ្ឋិ ព្រៃស្បាតគឺទិដ្ឋិ ផ្លូវដាច់ស្រយាលគឺទិដ្ឋិ ចម្រូងគឺទិដ្ឋិ សេចក្តីញាប់ញ័រគឺទិដ្ឋិ ចំណងគឺទិដ្ឋិ ការប្រកាន់ ការប្រកាន់ខ្ជាប់ ការប្រកាន់មាំ ការស្ទាបអង្អែល ផ្លូវខុស គន្លងខុស សេចក្តីខុស លទ្ធិដូចជាកំពង់ សេចក្តីប្រកាន់ដោយការស្វែងរកខុស ការប្រកាន់វិបរិត ការប្រកាន់វិបល្លាស ការប្រកាន់ខុស ការប្រកាន់ថាពិត ក្នុងរបស់ដែលមិនពិត ទិដ្ឋិ ៦២ ទាំងប៉ុន្មាន មានសភាពយ៉ាងនេះឯណា នេះឈ្មោះថា ចម្រូងគឺទិដ្ឋិ។ ពាក្យថាប្រព្រឹត្តកន្លង គឺប្រព្រឹត្តរំលង ឈានកន្លង ឈានរំលង ប្រព្រឹត្តកន្លងនូវចម្រូង គឺទិដ្ឋិទាំងឡាយ ហេតុនោះ (លោកពោលថា) បុគ្គលប្រព្រឹត្តកន្លងនូវចម្រូង គឺទិដ្ឋិទាំងឡាយ។

[៣១០] ពាក្យថា បានសម្រេចធម៌ដ៏ទៀងទាត់ បានចំពោះនូវមគ្គ សេចក្តីថា មគ្គ ៤ មគ្គដ៏ប្រសើរ ប្រកបដោយអង្គ ៨ គឺសម្មាទិដ្ឋិ ១ សម្មាសង្កប្បៈ ១ សម្មាវាចា ១ សម្មាកម្មន្តៈ ១ សម្មាអាជីវៈ ១ សម្មាវាយាមៈ ១ សម្មាសតិ ១ សម្មាសមាធិ ១ លោកហៅថា ធម៌ដ៏ទៀង។ បុគ្គលប្រកប សម្រេច បាន ប៉ះពាល់ ធ្វើឲ្យជាក់ច្បាស់ដោយអរិយមគ្គទាំង ៤ ហេតុនោះ (លោកពោលថា) បានសម្រេចធម៌ដ៏ទៀងទាត់។ ពាក្យថា បានចំពោះនូវមគ្គ គឺបានមគ្គ បានចំពោះមគ្គ បានសម្រេចមគ្គ បានប៉ះពាល់មគ្គ ហេតុនោះ (លោកពោលថា) បានសម្រេចធម៌ដ៏ទៀងទាត់ បានចំពោះនូវមគ្គ។

[៣១១] ពាក្យថា មិនមានបុគ្គលដទៃណែនាំ (ព្រោះដឹងថា) អាត្មាអញមានញាណកើតហើយ អធិប្បាយថា ព្រះបច្ចេកសម្ពុទ្ធនោះ មានញាណកើតឡើង កើតឡើងព្រម កើត កើតចំពោះ កើតប្រាកដ គឺមានញាណកើតឡើង កើតឡើងព្រម កើត កើតចំពោះ កើតប្រាកដថា សង្ខារទាំងពួងមិនទៀង ថាសង្ខារទាំងពួងជាទុក្ខ។បេ។ មានញាណកើតឡើង កើតឡើងព្រម កើត កើតចំពោះ កើតប្រាកដថា របស់ណាមួយ មានការកើតឡើងជាធម្មតា របស់ទាំងអស់នោះ មានការរលត់ទៅវិញជាធម្មតា ហេតុនោះ (លោកពោលថា) អាត្មាអញមានញាណកើតហើយ។ ពាក្យថា មិនមានបុគ្គលដទៃណែនាំ គឺព្រះបច្ចេកសម្ពុទ្ធនោះ មិនមានបុគ្គលដទៃណែនាំ មិនមានបុគ្គលដទៃឲ្យជឿ មិនមានបុគ្គលដទៃជាទីអាង មិនដល់នូវការជាប់ចំពាក់ដោយបុគ្គលដទៃ រមែងដឹង ឃើញតាមពិត ជាបុគ្គលមិនវង្វេង ជាអ្នកដឹងច្បាស់ មានស្មារតីប្រុងជានិច្ចថា សង្ខារទាំងពួងមិនទៀង។បេ។ មិនមានបុគ្គលដទៃណែនាំ មិនមានបុគ្គលដទៃឲ្យជឿ មិនមានបុគ្គលដទៃជាទីអាង មិនដល់នូវការជាប់ចំពាក់ដោយបុគ្គលដទៃ រមែងដឹង ឃើញតាមពិត ជាបុគ្គលមិនវង្វេង ជាអ្នកដឹងច្បាស់ មានស្មារតីប្រុងជានិច្ចថា របស់ណាមួយ មានការកើតឡើងជាធម្មតា របស់ទាំងអស់នោះ មានការរលត់ទៅវិញជាធម្មតា ហេតុនោះ (លោកពោលថា) មិនមានបុគ្គលដទៃណែនាំ (ព្រោះដឹងថា) អាត្មាអញមានញាណកើតហើយ។ គប្បីប្រព្រឹត្តម្នាក់ឯង ដូចកុយរមាស។ ហេតុនោះ ព្រះបច្ចេកសម្ពុទ្ធនោះ ពោលថា

បុគ្គលប្រព្រឹត្តកន្លងនូវចម្រូង គឺទិដ្ឋិទាំងឡាយ បានសម្រេចធម៌ដ៏ទៀងទាត់ បានចំពោះនូវមគ្គ មិនមានបុគ្គលដទៃណែនាំ (ព្រោះដឹងថា) អាត្មាអញមានញាណកើតហើយ គប្បីប្រព្រឹត្តម្នាក់ឯង ដូចកុយរមាស។

[៣១២]

បុគ្គលអ្នកមិនលោភ អ្នកមិនកុហក អ្នកមិនមានការស្រេកឃ្លាន អ្នកមិនមានការលុបគុណគេ មានទឹកចត់ និងមោហៈកំចាត់ចេញហើយ មិនមានសេចក្តីប្រាថ្នា ក្នុងលោកទាំងមូល គប្បីប្រព្រឹត្តម្នាក់ឯង ដូចកុយរមាស។

[៣១៣] ពាក្យថា បុគ្គលអ្នកមិនលោភ អ្នកមិនកុហក អ្នកមិនមានការស្រេកឃ្លាន អធិប្បាយថា តណ្ហា ហៅថា សេចក្តីលោភ បានដល់តម្រេក តម្រេកខ្លាំង។បេ។ អភិជ្ឈា លោភៈ អកុសលមូល។ តណ្ហា គឺសេចក្តីលោភនោះ ព្រះបច្ចេកសម្ពុទ្ធនោះ បានលះបង់ គាស់រំលើងឫស ធ្វើឲ្យសល់តែទីនៅ ដូចជាទីនៅនៃដើមត្នោត ឲ្យដល់នូវការមិនកើតមាន ឲ្យជាធម៌លែងកើតឡើងតទៅទៀត ហេតុនោះ ព្រះបច្ចេកសម្ពុទ្ធនោះ ឈ្មោះថា អ្នកមិនមានលោភ។ ពាក្យថា អ្នកមិនកុហក សេចក្តីថា កុហនវត្ថុ មាន ៣ គឺកុហនវត្ថុប៉ែកខាងការសេពបច្ច័យ ១ កុហនវត្ថុប៉ែកខាងឥរិយាបថ ១ កុហនវត្ថុប៉ែកខាងការខ្សឹប ១។

កុហនវត្ថុប៉ែកខាងការសេពបច្ច័យ តើដូចម្ដេច។ ពួកគហបតីក្នុងសាសនានេះ និមន្តភិក្ខុដោយចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារ។ ភិក្ខុនោះ ជាអ្នកមានសេចក្តីប្រាថ្នាលាមក ត្រូវសេចក្តីប្រាថ្នាគ្របសង្កត់ មានសេចក្តីត្រូវការដោយចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារ អាស្រ័យសេចក្តីប្រាថ្នាខ្លាំង ក៏ពោលឃាត់ចីវរ ពោលឃាត់បិណ្ឌបាត ពោលឃាត់សេនាសនៈ ពោលឃាត់គិលានប្បច្ចយភេសជ្ជបរិក្ខារ។ ភិក្ខុនោះ បាននិយាយយ៉ាងនេះថា សមណៈមានប្រយោជន៍អ្វីដោយចីវរដែលមានថ្លៃច្រើន ឯអំពើដ៏សមគួរនុ៎ះ ត្រង់សមណៈរើសកំណាត់សំពត់អំពីព្រៃស្មសាន អំពីគំនរសំរាម ឬអំពីរានផ្សារ ធ្វើជាសង្ឃាដិ ហើយទ្រទ្រង់ សមណៈមានប្រយោជន៍អ្វីដោយបិណ្ឌបាតដែលមានថ្លៃច្រើន ឯអំពើដ៏សមគួរនុ៎ះ ត្រង់សមណៈចិញ្ចឹមជីវិតដោយពំនូតអាហារ ដោយការដើរស្វែង សមណៈមានប្រយោជន៍អ្វី ដោយសេនាសនៈដែលមានថ្លៃច្រើន ឯអំពើដ៏សមគួរនុ៎ះ ត្រង់សមណៈគួរជាអ្នកនៅជិតគល់ឈើ ឬនៅក្នុងទីវាល សមណៈមានប្រយោជន៍អ្វី ដោយគិលានប្បច្ចយភេសជ្ជបរិក្ខារដែលមានថ្លៃច្រើន ឯអំពើដ៏សមគួរនុ៎ះ ត្រង់សមណៈធ្វើថ្នាំដោយទឹកមូត្រគោ ឬដោយចំណិតផ្លែសម៉ ភិក្ខុអាស្រ័យដំណើរនោះ ក៏ទ្រទ្រង់ចីវរសៅហ្មង បរិភោគបិណ្ឌបាតសៅហ្មង ប្រើប្រាស់សេនាសនៈសៅហ្មង សេពគិលានប្បច្ចយភេសជ្ជបរិក្ខារសៅហ្មង។ ពួកគហបតី ដឹងនូវភិក្ខុនោះយ៉ាងនេះថា សមណៈនេះ ជាអ្នកប្រាថ្នាតិច ជាអ្នកសន្តោស ជាអ្នកស្ងប់ស្ងាត់ ជាអ្នកមិនច្រឡូកច្រឡំ (ដោយពួក) ប្រារព្ធព្យាយាម ពោលពាក្យជាគ្រឿងកំចាត់បង់កិលេស ក៏រឹតតែនិមន្តដោយចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារ។

ភិក្ខុនោះ បាននិយាយយ៉ាងនេះថា កុលបុត្រអ្នកមានសទ្ធា បានបុណ្យច្រើនព្រោះធម៌ ៣ មានចំពោះមុខ គឺកុលបុត្រអ្នកមានសទ្ធា បានបុណ្យច្រើន ព្រោះមានសទ្ធាចំពោះមុខ ១ កុលបុត្រអ្នកមានសទ្ធា បានបុណ្យច្រើន ព្រោះមានទេយ្យធម៌ចំពោះមុខ ១ កុលបុត្រអ្នកមានសទ្ធា បានបុណ្យច្រើន ព្រោះពួកទក្ខិណេយ្យបុគ្គលមានចំពោះមុខ ១ (ឥឡូវ) សទ្ធានេះ របស់អ្នកទាំងឡាយ ក៏មានផង ទេយ្យធម៌ក៏មានផង ទាំងអាត្មាក៏ជាអ្នកទទួលស្រាប់ បើអាត្មាមិនទទួលទេ អ្នកទាំងឡាយនឹងសាបសូន្យចាកបុណ្យយ៉ាងនេះមិនខាន អាត្មាមិនមានសេចក្តីត្រូវការដោយទេយ្យធម៌នេះទេ ប៉ុន្តែអាត្មាទទួលដើម្បីអនុគ្រោះដល់អ្នកទាំងឡាយប៉ុណ្ណោះ (ភិក្ខុ) អាស្រ័យដំណើរនោះ ក៏ទទួលចីវរយ៉ាងច្រើនផង ទទួលបិណ្ឌបាតយ៉ាងច្រើនផង ទទួលសេនាសនៈយ៉ាងច្រើនផង ទទួលគិលានប្បច្ចយភេសជ្ជបរិក្ខារ យ៉ាងច្រើនផង។ អាការធ្វើមុខស្រពោន ភាពនៃការធ្វើមុខស្រពោន ការកុហក អាការនៃកុហក ភាពនៃកុហក មានសភាពយ៉ាងនេះឯណា នេះលោកហៅថា កុហនវត្ថុប៉ែកខាងការសេពបច្ច័យ។

កុហនវត្ថុប៉ែកខាងឥរិយាបថ តើដូចម្ដេច។ ភិក្ខុខ្លះ ក្នុងសាសនានេះ មានសេចក្តីប្រាថ្នាលាមក ត្រូវសេចក្តីប្រាថ្នាគ្របសង្កត់ មានបំណងនូវការសរសើរថា អ្នកផងនឹងសរសើរអញយ៉ាងនេះ ក៏រៀបចំដំណើរ រៀបចំជំហរ រៀបចំបង្គុយ រៀបចំដំណេក រៀបឫកដើរ រៀបឫកឈរ រៀបឫកអង្គុយ រៀបឫកសម្រេចការដេក ដើរដូចជាមានចិត្តតម្ដល់មាំ ឈរដូចជាមានចិត្តតម្ដល់មាំ អង្គុយដូចជាមានចិត្តតម្ដល់មាំ សម្រេចការដេកដូចជាមានចិត្តតម្ដល់មាំ ហាក់ដូចជាចូលឈានក្នុងទីចំពោះមុខ (នៃអ្នកផង)។ ការតាំងក្នុងខាងដើម ការតាំងទុក ការរៀបចំឥរិយាបថ អាការធ្វើមុខស្រពោន ភាពនៃការធ្វើមុខស្រពោន ការកុហក អាការនៃកុហក ភាពនៃកុហក មានសភាពយ៉ាងនេះឯណា នេះហៅថា កុហកវត្ថុ ប៉ែកខាងឥរិយាបថ។

កុហនវត្ថុប៉ែកខាងការខ្សឹប តើដូចម្ដេច។ ភិក្ខុខ្លះ ក្នុងសាសនានេះ មានសេចក្តីប្រាថ្នាលាមក ត្រូវសេចក្តីប្រាថ្នាគ្របសង្កត់ មានបំណងនូវការសរសើរថា អ្នកផងនឹងសរសើរអញយ៉ាងនេះ ក៏ពោលវាចាផ្តួលទៅរកអរិយធម៌ គឺពោលថា សមណៈណា ទ្រទ្រង់ចីវរមានសភាពយ៉ាងនេះ សមណៈនោះ មានស័ក្តិធំ។ ពោលថា សមណៈណា ទ្រទ្រង់បាត្រ ទ្រទ្រង់ផ្ដិលលោហៈ ទ្រទ្រង់ធម្មក្រក ទ្រទ្រង់សំពត់តម្រងទឹក ទ្រទ្រង់កូនសោ ទ្រទ្រង់ស្បែកជើង ទ្រទ្រង់វត្ថពន្ធន៍ចង្កេះ ទ្រទ្រង់សំពត់អាយោគពន្ធន៍ មានសភាពយ៉ាងនេះៗ សមណៈនោះ មានស័ក្តិធំ។ ពោលថា ឧបជ្ឈាយ៍នៃសមណៈណា មានសភាពយ៉ាងនេះ សមណៈនោះ មានស័ក្តិធំ។ ពោលថា សមណៈណា មានអាចារ្យ មានពួកភិក្ខុដែលមានឧបជ្ឈាយ៍ស្មើគ្នា មានពួកភិក្ខុដែលមានអាចារ្យស្មើគ្នា មានមិត្ត មានមិត្តស្ទាក់ស្ទើរ មានមិត្តស៊ប់សួន មានសំឡាញ់ មានសភាពយ៉ាងនេះៗ សមណៈនោះ មានស័ក្តិធំ។ ពោលថា សមណៈណា នៅក្នុងវិហារមានសភាពយ៉ាង សមណៈនោះមានស័ក្តិធំ។ ពោលថា សមណៈណា នៅក្នុងអឌ្ឍយោគ (បង្ហា) នៅក្នុងប្រាសាទមានកំពូល នៅក្នុងគុហា នៅក្នុងខ្ទម នៅក្នុងផ្ទះកំពូល នៅក្នុងប៉ម នៅក្នុងរោងមូល នៅក្នុងថែវ នៅក្នុងឧបដ្ឋានសាលា នៅក្នុងមណ្ឌប (បារាំ ) នៅក្បែរគល់ឈើ មានសភាពយ៉ាងនេះៗ សមណៈនោះមានស័ក្តិធំ។ ម្យ៉ាងទៀត ភិក្ខុជាអ្នកស្រគត់ស្រគំពេក មានមុខស្រពាប់ស្រពោនពេក ជាអ្នកកុហកពេក ជាអ្នករួសរាយពេក ដែលត្រូវគេសរសើរ ដោយអំណាចមាត់ (របស់ខ្លួន) ថា សមណៈនេះ ជាអ្នកបាននូវវិហារសមាបត្តិទាំងនេះ ជាគុណដ៏ស្ងប់ស្ងាត់ មានសភាពយ៉ាងនេះ តែងពោលពាក្យប្រាកដដូច្នោះ ជាពាក្យជ្រាលជ្រៅ លំបាកយល់ ដ៏ល្អិត កំបិទកំបាំង ជាវាចាប្រកបដោយលោកុត្តរធម៌ និងសុញ្ញតនិព្វាន។ អាការធ្វើមុខស្រពោន ភាពនៃការធ្វើមុខស្រពោន ការកុហក អាការនៃកុហក ភាពនៃកុហក មានសភាពយ៉ាងនេះឯណា នេះហៅថា កុហនវត្ថុប៉ែកខាងការខ្សឹប។

កុហនវត្ថុទាំង ៣ នេះ ព្រះបច្ចេកសម្ពុទ្ធនោះ បានលះបង់ ផ្តាច់ផ្តិល រម្ងាប់ គ្របសង្កត់ ធ្វើមិនគួរឲ្យកើតឡើងបាន ដុតដោយភ្លើង គឺញាណហើយ ហេតុនោះ ព្រះបច្ចេកសម្ពុទ្ធនោះ ឈ្មោះថា អ្នកមិនកុហក។ ពាក្យថា អ្នកមិនមានការស្រេកឃ្លាន សេចក្តីថា តណ្ហា លោកហៅថា ការស្រេកឃ្លាន បានដល់តម្រេក តម្រេកខ្លាំង។បេ។ អភិជ្ឈា លោភៈ អកុសលមូល។ តណ្ហា គឺការស្រេកឃ្លាននោះ ព្រះបច្ចេកសម្ពុទ្ធនោះ បានលះបង់ គាស់ឫសគល់ ធ្វើឲ្យសល់តែទីនៅ ដូចជាទីនៅនៃដើមត្នោត ឲ្យដល់នូវការមិនកើតមាន ឲ្យជាធម៌លែងកើតតទៅទៀត ហេតុនោះ ព្រះបច្ចេកសម្ពុទ្ធនោះ ឈ្មោះថា អ្នកមិនមានការស្រេកឃ្លាន ហេតុនោះ (លោកពោលថា) បុគ្គលអ្នកមិនលោភ អ្នកមិនកុហក អ្នកមិនមានការស្រេកឃ្លាន។

[៣១៤] អធិប្បាយពាក្យថា អ្នកមិនមានការលុបគុណគេ មានទឹកចត់ និងមោហៈកំចាត់ចេញហើយ ត្រង់ពាក្យថា ការលុបគុណ បានខាងការបំបាត់គុណ អាការនៃការលុបគុណ ភាពនៃការលុបគុណ សេចក្តីច្រណែន កម្មគឺសេចក្តីច្រណែន។ ពាក្យថា ទឹកចត់ សំដៅយក រាគៈឈ្មោះថាទឹកចត់ ទោសៈឈ្មោះថាទឹកចត់ មោហៈឈ្មោះថាទឹកចត់ កោធៈ ឧបនាហៈ មក្ខៈ បឡាសៈ។បេ។ អកុសលាភិសង្ខារទាំងអស់ ឈ្មោះថាទឹកចត់។ ពាក្យថា មោហៈ បានដល់ការមិនដឹងក្នុងទុក្ខ ការមិនដឹងក្នុងទុក្ខសមុទ័យ ការមិនដឹងក្នុងទុក្ខនិរោធ ការមិនដឹងក្នុងទុក្ខនិរោធគាមិនីបដិបទា ការមិនដឹងក្នុងចំណែកខន្ធមុន ការមិនដឹងក្នុងចំណែកខន្ធក្រោយ ការមិនដឹងក្នុងចំណែកខន្ធមុន និងចំណែកខន្ធក្រោយ ការមិនដឹងក្នុងធម៌ទាំងឡាយ ដែលអាស្រ័យគ្នាកើតឡើង ព្រោះធម៌នេះជាបច្ច័យគឺ ដែលជាការមិនដឹង ការមិនឃើញ ការមិនយល់ច្បាស់ ការមិនត្រាស់ដឹងតាម ការមិនត្រាស់ដឹងព្រម ការមិនចាក់ធ្លុះ ការមិនកាន់យក (ដោយសាមញ្ញលក្ខណៈ) ការមិនចុះកាន់ (សាមញ្ញលក្ខណៈ) ការមិនសំឡឹងស្មើ ការមិនពិចារណា អំពើមិនជាក់ច្បាស់ សន្ដានចិត្តអាក្រក់ ភាពជាបុគ្គលល្ងង់ ការមិនដឹងខ្លួន ការវង្វេង ការវង្វេងសព្វ អន្លង់គឺអវិជ្ជា យោគៈគឺអវិជ្ជា អនុស័យគឺអវិជ្ជា កិលេសជាគ្រឿងគ្របសង្កត់ចិត្តគឺអវិជ្ជា បណ្ដាញគឺអវិជ្ជា សន្ទះទ្វារធំគឺអវិជ្ជា មោហៈ អកុសលមូល មានសភាពយ៉ាងនេះ។ ការលុបគុណ ទឹកចត់ និងមោហៈ ព្រះបច្ចេកសម្ពុទ្ធនោះ បានខ្ជាក់ចោល កំចាត់ចោល លះបង់ កាត់ផ្ដាច់ រម្ងាប់ គ្របសង្កត់ ធ្វើមិនគួរឲ្យកើតឡើងបាន ដុតបំផ្លាញដោយភ្លើងគឺញាណ ព្រោះហេតុនោះ ព្រះបច្ចេកសម្ពុទ្ធនោះ ឈ្មោះថា អ្នកមិនមានការលុបគុណគេ មានទឹកចត់ និងមោហៈកំចាត់ចេញហើយ។

[៣១៥] ពាក្យថា មិនមានសេចក្តីប្រាថ្នា ក្នុងលោកទាំងមូល សេចក្តីថា តណ្ហា លោកហៅថា សេចក្តីប្រាថ្នា បានខាងតម្រេក តម្រេកខ្លាំង។បេ។ អភិជ្ឈា លោភៈ អកុសលមូល។ ពាក្យថា ក្នុងលោភទាំងមូល គឺ ក្នុងអបាយលោកទាំងមូល មនុស្សលោកទាំងមូល ទេវលោកទាំងមូល ខន្ធលោកទាំងមូល ធាតុលោកទាំងមូល អាយតនលោកទាំងមូល។ ពាក្យថា មិនមានសេចក្តីប្រាថ្នាក្នុងលោកទាំងមូល បានសេចក្តីថា ជាអ្នកមិនមានសេចក្តីប្រាថ្នា មិនមានតណ្ហា មិនមានសេចក្តីស្រេកឃ្លានក្នុងលោកទាំងមូល ហេតុនោះ (លោកពោលថា) មិនមានសេចក្តីប្រាថ្នាក្នុងលោកទាំងមូល។ គប្បីប្រព្រឹត្តម្នាក់ឯង ដូចកុយរមាស។ ព្រោះហេតុនោះ ព្រះបច្ចេកសម្ពុទ្ធនោះ ពោលថា

បុគ្គលអ្នកមិនលោភ អ្នកមិនកុហក អ្នកមិនមានការស្រេកឃ្លាន អ្នកមិនមានការលុបគុណគេ មានទឹកចត់ និងមោហៈកំចាត់ចេញហើយ មិនមានសេចក្តីប្រាថ្នាក្នុងលោកទាំងមូល គប្បីប្រព្រឹត្តម្នាក់ឯង ដូចកុយរមាស។

[៣១៦]

បុគ្គលគួរចៀសវាង នូវសំឡាញ់អាក្រក់ អ្នកឃើញនូវអំពើមិនមានប្រយោជន៍ អ្នកតាំងនៅក្នុងអំពើមិនស្មើ មិនគួរសេពគប់នូវបុគ្គលអ្នកខ្វល់ខ្វាយ អ្នកធ្វេសប្រហែសដោយខ្លួនឯង គប្បីប្រព្រឹត្តម្នាក់ឯង ដូចកុយរមាស។

[៣១៧] ពាក្យថា បុគ្គលគួរចៀសវាងនូវសំឡាញ់អាក្រក់ សេចក្តីថា ដែលហៅថា សំឡាញ់អាក្រក់ បានដល់សំឡាញ់ដែលប្រកបដោយមិច្ឆាទិដ្ឋិ មានវត្ថុ ១០ យ៉ាងថា ទានដែលគេឲ្យមិនមានផល បូជាធំមិនមានផល បូជាតូចមិនមានផល ផលវិបាកនៃកម្មដែបុគ្គលធ្វើល្អធ្វើអាក្រក់ មិនមាន លោកនេះមិនមាន លោកដទៃមិនមាន មាតាមិនមានគុណ បិតាមិនមានគុណ ពួកសត្វជាឱបបាតិកៈមិនមាន ពួកសមណព្រាហ្មណ៍ក្នុងលោកដែលប្រព្រឹត្តត្រឹមត្រូវ ប្រតិបត្តិត្រឹមត្រូវ បានធ្វើឲ្យជាក់ច្បាស់ដោយប្រាជ្ញាយ៉ាងខ្ពង់ខ្ពស់ចំពោះខ្លួន ហើយប្រកាសនូវលោកនេះ និងលោកខាងមុខ មិនមាន សំឡាញ់បែបនេះ ឈ្មោះថាសំឡាញ់អាក្រក់។ ពាក្យថា បុគ្គលគួរចៀសវាងនូវសំឡាញ់អាក្រក់ បានសេចក្តីថា បុគ្គលគួរចៀសវាង គួរវៀរលែង គួរគេចវាងនូវសំឡាញ់អាក្រក់ ហេតុនោះ (លោកពោលថា) បុគ្គលគួរចៀសវាងនូវសំឡាញ់អាក្រក់។

[៣១៨] ពាក្យថា អ្នកឃើញនូវអំពើមិនមានប្រយោជន៍ អ្នកតាំងនៅក្នុងអំពើមិនស្មើ សេចក្តីថា ដែលហៅថា អ្នកឃើញនូវអំពើមិនមានប្រយោជន៍ បានខាងសំឡាញ់ ដែលប្រកបដោយមិច្ឆាទិដ្ឋិ មានវត្ថុ ១០ យ៉ាងថា ទានដែលគេឲ្យ មិនមានផល បូជាធំ មិនមានផល។បេ។ ដែលបានធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញាយ៉ាងខ្ពង់ខ្ពស់ចំពោះខ្លួន ហើយប្រកាសនូវលោកនេះ និងលោកខាងមុខ មិនមាន សំឡាញ់បែបនេះ ឈ្មោះថា សំឡាញ់អ្នកឃើញនូវអំពើមិនមានប្រយោជន៍។ ពាក្យថា អ្នកតាំងនៅក្នុងអំពើមិនស្មើ សេចក្តីថា អ្នកតាំងនៅក្នុងកាយកម្មមិនស្មើ តាំងនៅក្នុងវចីកម្មមិនស្មើ តាំងនៅក្នុងមនោកម្មមិនស្មើ គឺថា តាំងនៅក្នុងកម្មមិនស្មើ គឺបាណាតិបាត តាំងនៅក្នុងកម្មមិនស្មើ គឺអទិន្នាទាន តាំងនៅក្នុងកម្មមិនស្មើ គឺកាមេសុមិច្ឆាចារ តាំងនៅក្នុងកម្មមិនស្មើ គឺមុសាវាទ តាំងនៅក្នុងកម្មមិនស្មើ គឺបិសុណវាចា តាំងនៅក្នុងកម្មមិនស្មើ គឺផរុសវាចា តាំងនៅក្នុងកម្មមិនស្មើ គឺសម្ផប្បលាបៈ តាំងនៅក្នុងកម្មមិនស្មើ គឺអភិជ្ឈា តាំងនៅក្នុងកម្មមិនស្មើ គឺ ព្យាបាទ តាំងនៅក្នុងកម្មមិនស្មើ គឺមិច្ឆាទិដ្ឋិ តាំងនៅក្នុងកម្មទាំងឡាយមិនស្មើ គឺសង្ខារ តាំងនៅ ជាប់ ជាប់ស្អិត ចូលទៅដល់ស៊ប់ លិចចុះ ចុះចិត្តស៊ប់ ក្នុងកម្មមិនស្មើ គឺកាមគុណ ៥ ហេតុនោះ (លោកពោលថា) អ្នកឃើញនូវអំពើមិនមានប្រយោជន៍ អ្នកតាំងនៅក្នុងអំពើមិនស្មើ។

[៣១៩] អធិប្បាយពាក្យថា មិនគួរសេពគប់នូវបុគ្គលអ្នកខ្វល់ខ្វាយ អ្នកធ្វេសប្រហែស ដោយខ្លួនឯង ត្រង់ពាក្យថា បុគ្គលអ្នកខ្វល់ខ្វាយ សេចក្តីថា បុគ្គលណា ដើររក ស្វែងរក ស្វះស្វែងរក នូវកាមទាំងឡាយ ជាអ្នកប្រព្រឹត្តកាមនោះ ច្រើនដោយកាមនោះ ធ្ងន់ក្នុងកាមនោះ ទេរទៅរកកាមនោះ ទោរទៅរកកាមនោះ ឈមទៅរកកាមនោះ ចុះចិត្តស៊ប់ក្នុងកាមនោះ យកកាមនោះជាអធិបតី បុគ្គលនោះឯង ឈ្មោះថា អ្នកខ្វល់ខ្វាយក្នុងកាម។ បុគ្គលណា ស្វះស្វែងរករូបទាំងឡាយដោយអំណាចតណ្ហាក្តី បុគ្គលណា បានរូបទាំងឡាយដោយអំណាចតណ្ហាក្តី បុគ្គលណា ប្រើប្រាស់រូបទាំងឡាយ ដោយអំណាចតណ្ហាក្តី ប្រើប្រាស់សម្លេង ក្លិន រស និងផោដ្ឋព្វៈ ដោយអំណាចតណ្ហាក្តី ជាអ្នកប្រព្រឹត្តអារម្មណ៍នោះ ច្រើនដោយអារម្មណ៍នោះ ធ្ងន់ក្នុងអារម្មណ៍នោះ ទេរទៅរកអារម្មណ៍នោះ ទោរទៅរកអារម្មណ៍នោះ ឈមទៅរកអារម្មណ៍នោះ ចុះចិត្តស៊ប់ក្នុងអារម្មណ៍នោះ យកអារម្មណ៍នោះជាអធិបតី បុគ្គលនោះឯង ក៏ឈ្មោះថា អ្នកខ្វល់ខ្វាយក្នុងកាមដែរ។ ពាក្យថា អ្នកធ្វេសប្រហែស គឺសេចក្តីធ្វេសប្រហែស ខ្ញុំគប្បីពោលដូចតទៅនេះ។ ការបណ្តោយចិត្ត ការផ្តល់កម្លាំងដល់ការបណ្តោយចិត្ត ក្នុងកាយទុច្ចរិតក្តី ក្នុងវចីទុច្ចរិតក្តី ក្នុងមនោទុច្ចរិតក្តី ក្នុងកាមគុណទាំង ៥ ក្តី ពុំនោះសោត ការមិនធ្វើដោយផ្ចិតផ្ចង់ ការមិនធ្វើរឿយៗ ការមិនធ្វើឲ្យឋិតថេរ កិរិយាប្រព្រឹត្តរួញរា ការដាក់សេចក្តីប្រាថ្នា ការដាក់ធុរៈ ការមិនសេពគប់ ការមិនចម្រើន ការមិនធ្វើឲ្យច្រើន ការមិនអធិដ្ឋាន ការមិនប្រកបរឿយៗ ក្នុងការចម្រើននូវធម៌ទាំងឡាយជាកុសល សេចក្តីប្រហែស សេចក្តីធ្វេសប្រហែស ភាពនៃសេចក្តីធ្វេសប្រហែស មានសភាពយ៉ាងនេះឯណា នេះលោកហៅថា សេចក្តីធ្វេសប្រហែស។ ពាក្យថា មិនគួរសេពគប់នូវបុគ្គលអ្នកខ្វល់ខ្វាយ អ្នកធ្វេសប្រហែសដោយខ្លួនឯង បានសេចក្តីថា មិនគួរសេពនូវបុគ្គលអ្នកខ្វល់ខ្វាយផង មិនគួរសេព មិនគួរគប់រក មិនគួររាប់រក មិនគួររាប់អាន មិនគួរប្រព្រឹត្តអើពើ មិនគួរប្រព្រឹត្តរួម មិនគួរប្រព្រឹត្តសមាទាន នូវបុគ្គលអ្នកធ្វេសប្រហែសផង ហេតុនោះ (លោកពោលថា) មិនគួរសេពគប់នូវបុគ្គលអ្នកខ្វល់ខ្វាយ អ្នកធ្វេសប្រហែសដោយខ្លួនឯង។ គប្បីប្រព្រឹត្តម្នាក់ឯង ដូចកុយរមាស។ ព្រោះហេតុនោះ ព្រះបច្ចេកសម្ពុទ្ធនោះ ពោលថា

បុគ្គលគួរចៀសវាងនូវសំឡាញ់អាក្រក់ អ្នកឃើញនូវអំពើមិនមានប្រយោជន៍ អ្នកតាំងនៅក្នុងអំពើមិនស្មើ មិនគួរសេពគប់នូវបុគ្គលអ្នកខ្វល់ខ្វាយ អ្នកធ្វេសប្រហែស ដោយខ្លួនឯង គប្បីប្រព្រឹត្តម្នាក់ឯង ដូចកុយរមាស។

[៣២០]

បុគ្គលគួរគប់រកជនជាពហុស្សូត អ្នកទ្រទ្រង់ធម៌ជាមិត្តដ៏ខ្ពង់ខ្ពស់ មានបដិភាណ បុគ្គលបានដឹងច្បាស់នូវប្រយោជន៍ទាំងឡាយហើយ គួរកំចាត់នូវសេចក្តីសង្ស័យ គប្បីប្រព្រឹត្តម្នាក់ឯង ដូចកុយរមាស។

[៣២១] អធិប្បាយពាក្យថា បុគ្គលគួរគប់រកជនជាពហុស្សូត អ្នកទ្រទ្រង់ធម៌ ត្រង់ពាក្យថា់ ជនជាពហុស្សូត គឺជនអ្នកចេះដឹងច្រើន អ្នកចងចាំនូវសូត្រ សន្សំទុកនូវសូត្រ គឺថា ធម៌ទាំងឡាយណា មានលំអបទដើម លំអបទកណ្តាល លំអបទចុង ព្រមទាំងអត្ត និងព្យញ្ជនៈ ប្រកាសនូវព្រហ្មចរិយៈដ៏បរិសុទ្ធ បរិបូណ៌ទាំងអស់ ធម៌ទាំងឡាយមានសភាពដូច្នោះ ជននោះ បានស្ដាប់ច្រើន បានទ្រទ្រង់ បានចាំស្ទាត់រត់មាត់ បានពិនិត្យមើលដោយចិត្ត បានចាក់ធ្លុះប្រពៃដោយសេចក្តីយល់។ ពាក្យថា អ្នកទ្រទ្រង់ធម៌ សេចក្តីថា អ្នកទ្រទ្រង់នូវធម៌ គឺសុត្តៈ គេយ្យៈ វេយ្យាករណៈ គាថា ឧទានៈ ឥតិវុត្តកៈ ជាតកៈ អព្ភូតធម្មៈ វេទល្លៈ។ ពាក្យថា បុគ្គលគួរគប់រកជនជាពហុស្សូត អ្នកទ្រទ្រង់ធម៌ បានសេចក្តីថា បុគ្គលគួរគប់រក គួរសេព គួររាប់រក គួររាប់អាន គួរសេពចំពោះនូវមិត្តជាពហុស្សូតផង អ្នកទ្រទ្រង់ធម៌ផង ហេតុនោះ (លោកពោលថា) បុគ្គលគួរគប់រកជនជាពហុស្សូត អ្នកទ្រទ្រង់ធម៌។

[៣២២] ពាក្យថា ជាមិត្តដ៏ខ្ពង់ខ្ពស់ មានបដិភាណ អធិប្បាយថា ជនជាមិត្តដ៏ខ្ពង់ខ្ពស់ ដោយសីល សមាធិ បញ្ញា វិមុត្តិ វិមុត្តិញ្ញាណទស្សនៈ។ ពាក្យថា មានបដិភាណ គឺជនមានបដិភាណ ៣ ពួក គឺ មានបដិភាណក្នុងបរិយត្តិ ១ មានបដិភាណក្នុងបរិបុច្ឆា ១ មានបដិភាណក្នុងអធិគមៈ ១។

ជនអ្នកមានបដិភាណក្នុងបរិយត្តិ តើដូចម្ដេច។ ជនខ្លះក្នុងសាសនានេះ បានរៀននូវពុទ្ធវចនៈ គឺសុត្តៈ គេយ្យៈ វេយ្យករណៈ គាថា ឧទានៈ ឥតិវុត្តកៈ ជាតកៈ អព្ភូតធម្មៈ វេទល្លៈ (ពុទ្ធវចនៈនោះ) រមែងភ្លឺច្បាស់ដល់ជននោះ ព្រោះអាស្រ័យបរិយត្តិ នេះឈ្មោះថា អ្នកមានបដិភាណ ក្នុងបរិយត្តិ។

ជនអ្នកមានបដិភាណក្នុងបរិបុច្ឆា តើដូចម្ដេច។ ជនខ្លះក្នុងសាសនានេះ ជាអ្នកសាកសួរក្នុងអត្ថ ក្នុងធម៌ដែលគួរដឹង ក្នុងលក្ខណៈ ក្នុងហេតុ ក្នុងឋានៈ និងអដ្ឋានៈ (សភាវៈមានអត្ថជាដើម ) រមែងភ្លឺច្បាស់ដល់ជននោះ ព្រោះអាស្រ័យការសាកសួរ នេះឈ្មោះថា អ្នកមានបដិភាណក្នុងបរិបុច្ឆា។

ជនអ្នកមានបដិភាណ ក្នុងអធិគមៈ តើដូចម្ដេច។ ជនខ្លះ ក្នុងសាសនានេះ បានត្រាស់ដឹងនូវសតិប្បដ្ឋាន ៤ សម្មប្បធាន ៤ ឥទ្ធិបាទ ៤ ឥន្រ្ទិយ ៥ ពលៈ ៥ ពោជ្ឈង្គ ៧ មគ្គដ៏ប្រសើរ ប្រកបដោយអង្គ ៨ អរិយមគ្គ ៤ សាមញ្ញផល ៤ បដិសម្ភិទា ៤ អភិញ្ញា ៦។ បុគ្គលនោះ បានដឹងអត្ថ ដឹងធម៌ ដឹងនិរុតិ្ត។ កាលបើដឹងអត្ថហើយ អត្ថរមែងច្បាស់ប្រាកដ កាលបើដឹងធម៌ហើយ ធម៌រមែងច្បាស់ប្រាកដ កាលបើដឹងនិរុត្តិហើយ និរុត្តិរមែងច្បាស់ប្រាកដ។ ការដឹងក្នុងបដិភាណទាំង ៣ នេះ ឈ្មោះថា បដិភាណប្បដិសម្ភិទា។ ព្រះបច្ចេកសម្ពុទ្ធនោះ ប្រកប ប្រកបព្រម ចូលទៅជិត ចូលទៅជិតព្រម ចូលទៅដល់ ចូលទៅដល់ព្រម ប្រកបព្រមដោយបដិភាណប្បដិសម្ភិទានេះ ព្រោះហេតុនោះ ព្រះបច្ចេកសម្ពុទ្ធ ឈ្មោះថា មានបដិភាណ។ បុគ្គលណា មិនមានបរិយត្តិ មិនមានបរិបុច្ឆា មិនមានអធិគមៈ ធម្មជាតអ្វី នឹងច្បាស់ប្រាកដ ដល់បុគ្គលនោះបាន ហេតុនោះ (លោកពោលថា) ជាមិត្តដ៏ខ្ពង់ខ្ពស់ មានបដិភាណ។

[៣២៣] ពាក្យថា បុគ្គលបានដឹងច្បាស់នូវប្រយោជន៍ទាំងឡាយហើយ គួរកំចាត់នូវសេចក្តីសង្ស័យ សេចក្តីថា បុគ្គលដឹងនូវប្រយោជន៍ខ្លួន ដឹងនូវប្រយោជន៍ជនដទៃ ដឹងនូវប្រយោជន៍ទាំងពីរ ដឹងនូវប្រយោជន៍បច្ចុប្បន្ន ដឹង ដឹងច្បាស់ ស្គាល់ ថ្លឹង ត្រិះរិះ ធ្វើឲ្យច្បាស់ ធ្វើឲ្យប្រាកដ នូវប្រយោជន៍ក្នុងលោកខាងមុខហើយ គួរកំចាត់ បំបាត់ចេញ លះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ឲ្យដល់នូវការមិនកើតមាននូវសេចក្តីសង្ស័យ ហេតុនោះ (លោកពោលថា) បុគ្គលបានដឹងច្បាស់នូវប្រយោជន៍ទាំងឡាយហើយ គួរកំចាត់នូវសេចក្តីសង្ស័យ។ គប្បីប្រព្រឹត្តម្នាក់ឯង ដូចកុយរមាស។ ហេតុនោះ ព្រះបច្ចេកសម្ពុទ្ធនោះ ពោលថា

បុគ្គលគួរគប់រកជនជាពហុស្សូត អ្នកទ្រទ្រង់ធម៌ ជាមិត្តដ៏ខ្ពង់ខ្ពស់ មានបដិភាណ បុគ្គលបានដឹងច្បាស់នូវប្រយោជន៍ទាំងឡាយហើយ គួរកំចាត់នូវសេចក្តីសង្ស័យ គប្បីប្រព្រឹត្តម្នាក់ឯង ដូចកុយរមាស។

[៣២៤]

បុគ្គលមិនអើពើ មិនអាឡោះអាល័យនូវល្បែង នូវសេចក្តីត្រេកអរ និងកាមសុខក្នុងលោក ជាអ្នកវៀរចាកគ្រឿងស្អិតស្អាង អ្នកពោលពាក្យពិត គប្បីប្រព្រឹត្តម្នាក់ឯង ដូចកុយរមាស។

[៣២៥] អធិប្បាយពាក្យថា នូវល្បែង នូវសេចក្តីត្រេកអរ និងកាមសុខក្នុងលោក ត្រង់ពាក្យថា ល្បែង បានដល់ល្បែង ២ យ៉ាង គឺ ល្បែងប្រកបដោយកាយ ១ ល្បែងប្រកបដោយវាចា ១។បេ។ នេះ ល្បែងប្រកបដោយកាយ។បេ។ នេះ ល្បែងប្រកបដោយវាចា។ពាក្យថា សេចក្តីត្រេកអរ ចំពោះពាក្យថា សេចក្តីត្រេកអរនេះ ជាឈ្មោះនៃសេចក្តីមិនអផ្សុក។ ពាក្យថា កាមសុខ សេចក្តីថា មែនពិត ព្រះមានព្រះភាគ បានត្រាស់ព្រះពុទ្ធដីកានេះថា ម្នាលភិក្ខុទាំងឡាយ កាមគុណនេះ មាន ៥ កាមគុណ ៥ តើដូចម្ដេច រូប ដែលគប្បីដឹងដោយភ្នែក ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត មានសភាពគួរស្រឡាញ់ ប្រកបដោយសេចក្តីប្រាថ្នា ជាទីតាំងនៃសេចក្តីត្រេកអរ សំឡេង ដែលគប្បីដឹងដោយត្រចៀក ក្លិន ដែលគប្បីដឹងដោយច្រមុះ រស ដែលគប្បីដឹងដោយអណ្តាត ផោដ្ឋព្វៈ ដែលគប្បីដឹងដោយកាយ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត មានសភាពគួរស្រឡាញ់ ប្រកបដោយសេចក្តីប្រាថ្នា ជាទីតាំងនៃសេចក្តីត្រេកអរ ម្នាលភិក្ខុទាំងឡាយ នេះឯង កាមគុណ ៥ ម្នាលភិក្ខុទាំងឡាយ សេចក្តីសុខ សោមនស្សណា កើតឡើងព្រោះអាស្រ័យកាមគុណ ៥ នេះ សេចក្តីសុខ សោមនស្សនេះ តថាគតហៅថា កាមសុខ ហេតុនោះ (លោកពោលថា) កាមសុខ។ ពាក្យថា ក្នុងលោក គឺ ក្នុងមនុស្សលោក ហេតុនោះ (លោកពោលថា) នូវល្បែង នូវសេចក្តីត្រេកអរ និងកាមសុខ ក្នុងលោក។

[៣២៦] ពាក្យថា មិនអើពើ មិនអាឡោះអាល័យ សេចក្តីថា មិនអើពើ មិនអាឡោះអាល័យ គឺថា លះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ឲ្យដល់នូវការមិនកើតមាន នូវល្បែងផង នូវសេចក្តីត្រេកអរផង នូវកាមសុខផង ក្នុងលោក ហេតុនោះ (លោកពោលថា) មិនអើពើ មិនអាឡោះអាល័យ។

[៣២៧] អធិប្បាយពាក្យថា ជាអ្នកវៀរចាកគ្រឿងស្អិតស្អាង អ្នកពោលពាក្យពិត ត្រង់ពាក្យថា គ្រឿងស្អិតស្អាង សំដៅយកគ្រឿងស្អិតស្អាង ២ យ៉ាង គឺ គ្រឿងស្អិតស្អាងសម្រាប់គ្រហស្ថក៏មាន គ្រឿងស្អិតស្អាងសម្រាប់បព្វជិតក៏មាន។

គ្រឿងស្អិតស្អាងសម្រាប់គ្រហស្ថ តើដូចម្ដេច។ សក់ ពុកមាត់ ពុកចង្កា ផ្កាកម្រង គ្រឿងក្រអូប គ្រឿងស្រឡាប គ្រឿងអាភរណៈ គ្រឿងប្រដាប់ សំពត់ គ្រឿងសំអាង ឆ្នួត គ្រឿងអប់ ការច្របាច់រឹត ការផ្ងូតទឹក ការគក់ច្របាច់ កញ្ចក់ គ្រឿងបន្តក់ កម្រងផ្កា គ្រឿងលាប លំអិតសម្រាប់ប្រស់មុខ វត្ថុសម្រាប់លាបមុខ គ្រឿងប្រដាប់ដៃ ប្រដាប់ផ្នូងសក់ ដំបង បំពង់ថ្នាំ ព្រះខ័ន ឆត្រ ស្បែកជើង ក្បាំងមុខ ស៊ែ សំពត់ស វែងខ្លះ ខ្លីខ្លះ នេះគ្រឿងស្អិតស្អាងសម្រាប់គ្រហស្ថ។

គ្រឿងស្អិតស្អាងសម្រាប់បព្វជិត តើដូចម្ដេច។ គ្រឿងប្រដាប់ចីវរ គ្រឿងប្រដាប់បាត្រ គ្រឿងប្រដាប់សេនាសនៈ ការប្រដាប់ ការស្អិតស្អាង ការលេង ការលេងសព្វ ការជាប់ចិត្ត សេចក្តីជាប់ចិត្ត ការតាក់តែង សេចក្តីតាក់តែង នូវកាយស្អុយនេះ ឬនូវបរិក្ខារខាងក្រៅ នេះគ្រឿងស្អិតស្អាងសម្រាប់បព្វជិត។

ពាក្យថា អ្នកពោលពាក្យពិត សេចក្តីថា ព្រះបច្ចេកសម្ពុទ្ធនោះ ជាអ្នកពោលពាក្យពិត តពាក្យពិត មានសំដីទៀង មានសំដីគួរជឿ មិនបោកប្រាស់សត្វលោក គឺជាអ្នកនៅឆ្ងាយ វៀរស្រឡះ ឃ្លាតចេញ រលាស់ចេញ ផុតស្រឡះ ប្រាសចេញ ចាកគ្រឿងស្អិតស្អាង នៅដោយចិត្តដែលប្រាសចាកដែន គឺកិលេស ហេតុនោះ (លោកពោលថា) ជាអ្នកវៀរចាកគ្រឿងស្អិតស្អាង អ្នកពោលនូវពាក្យពិត។ គប្បីប្រព្រឹត្តម្នាក់ឯង ដូចកុយរមាស។ ព្រោះហេតុនោះ ព្រះបច្ចេកសម្ពុទ្ធនោះ ពោលថា

បុគ្គលមិនអើពើ មិនអាឡោះអាល័យនូវល្បែង នូវសេចក្តីត្រេកអរ និងកាមសុខ ក្នុងលោក ជាអ្នកវៀរចាកគ្រឿងស្អិតស្អាង អ្នកពោលពាក្យពិត គប្បីប្រព្រឹត្តម្នាក់ឯង ដូចកុយរមាស។

[៣២៨]

បុគ្គលលះបង់នូវបុត្ត ប្រពន្ធ បិតា មាតា ទ្រព្យ ស្រូវ ផៅពង្ស និងកាមទាំងឡាយ តាមថ្នាក់ តាមជាន់ហើយ គប្បីប្រព្រឹត្តម្នាក់ឯង ដូចកុយរមាស។

[៣២៩] ពាក្យថា បុត្ត ប្រពន្ធ បិតា មាតា ត្រង់ពាក្យថា បុត្ត បានដល់បុត្ត ៤ ពួក គឺ បុត្តកើតអំពីខ្លួន ១ បុត្តកើតក្នុងខេត្ត ១ បុត្តដែលគេឲ្យ ១ បុត្តគឺកូនសិស្ស ១។ ភរិយាទាំងឡាយ ហៅថា ប្រពន្ធ។ ពាក្យថា បិតា បានដល់ បុរសអ្នកបង្កើតកូន។ ពាក្យថា មាតា បានដល់ស្រ្តីអ្នកបង្កើតកូន ហេតុនោះ (លោកពោលថា) បុត្ត ប្រពន្ធ បិតា មាតា។

[៣៣០] ពាក្យថា ទ្រព្យ ស្រូវ ផៅពង្ស គឺ កែវមុក្តា កែវមណី កែវពៃទូរ្យ ស័ង្ខ ថ្ម កែវប្រពាល ប្រាក់ មាស កែវទទឹម កែវមរកត ហៅថា ទ្រព្យ។ បុព្វណ្ណជាត21) អបរណ្ណជាត22) ហៅថា ស្រូវ។ ស្រូវខ្សាយស ស្រូវខ្សាយក្រហម ស្រូវដំណើប ស្រងែ ស្ពៅ ស្គួយ គែលលក ឈ្មោះថា បុព្វណ្ណជាត។ គ្រឿងសម្ល ឈ្មោះថា អបរណ្ណជាត។ ពាក្យថា ផៅពង្ស បានដល់ផៅពង្ស ៤ ពួក គឺ បុគ្គលជាប់ដោយញាតិ ឈ្មោះថាផៅពង្ស ១ បុគ្គលជាប់ដោយគោត្រ ឈ្មោះថាផៅពង្ស ១ បុគ្គលជាប់ដោយមិត្ត ឈ្មោះថាផៅពង្ស ១ បុគ្គលជាប់ដោយសិល្បៈ ឈ្មោះថាផៅពង្ស ១ ហេតុនោះ (លោកពោលថា) ទ្រព្យ ស្រូវ ផៅពង្ស។

[៣៣១] អធិប្បាយពាក្យថា លះបង់កាមទាំងឡាយ តាមថ្នាក់ តាមជាន់ ត្រង់ពាក្យថា កាម តាមឧទ្ទាន កាមមាន ២ គឺ វត្ថុកាម ១ កិលេសកាម ១។បេ។ ទាំងនេះហៅថា វត្ថុកាម។បេ។ ទាំងនេះហៅថា កិលេសកាម។ ពាក្យថា លះបង់កាមទាំងឡាយ គឺកំណត់ដឹងនូវវត្ថុកាម ហើយលះបង់ ផ្តាច់បង់ បន្ទោបង់ ធ្វើឲ្យវិនាស ឲ្យដល់នូវការមិនកើតមាន នូវកិលេសកាម ហេតុនោះ (លោកពោលថា) លះបង់កាមទាំងឡាយ។ ពាក្យថា តាមថ្នាក់តាមជាន់ គឺកិលេសទាំងឡាយណា ដែលព្រះបច្ចេកសម្ពុទ្ធលះបង់ហើយ ដោយសោតាបត្តិមគ្គ លោកមិនមក មិនវិលមក មិនត្រឡប់មក កាន់កិលេសទាំងនោះទេ កិលេសទាំងឡាយណា ដែលលោកលះបង់ហើយ ដោយសកទាគាមិមគ្គ កិលេសទាំងឡាយណា ដែលលោកលះបង់ហើយ ដោយអនាគាមិមគ្គ កិលេសទាំងឡាយណា ដែលលោកលះបង់ហើយដោយអរហត្តមគ្គ លោកមិនមក មិនវិលមក មិនត្រឡប់មក កាន់កិលេសទាំងនោះទេ ហេតុនោះ (លោកពោលថា) លះបង់នូវកាមទាំងឡាយ តាមថ្នាក់ តាមជាន់។ គប្បីប្រព្រឹត្តម្នាក់ឯង ដូចកុយរមាស។ ព្រោះហេតុនោះ ព្រះបច្ចេកសម្ពុទ្ធនោះ ពោលថា

បុគ្គលលះបង់នូវបុត្ត ប្រពន្ធ បិតា មាតា ទ្រព្យ ស្រូវ ផៅពង្ស និងកាមទាំងឡាយ តាមថ្នាក់ តាមជាន់ហើយ គប្បីប្រព្រឹត្តម្នាក់ឯង ដូចកុយរមាស។

[៣៣២]

កាមគុណនេះ ជាគ្រឿងចំពាក់ សេចក្តីសុខក្នុងកាមគុណនេះ មានប្រមាណតិច កាមគុណនេះ មានសេចក្តីត្រេកអរតិច សេចក្តីទុក្ខក្នុងកាមគុណនេះ មានច្រើនក្រៃលែង កាមគុណនេះ ជាពក បុគ្គលអ្នកមានប្រាជ្ញាបានដឹងដូច្នេះហើយ គប្បីប្រព្រឹត្តម្នាក់ឯង ដូចកុយរមាស។

[៣៣៣] អធិប្បាយពាក្យថា កាមគុណនេះ ជាគ្រឿងចំពាក់ សេចក្តីសុខក្នុងកាមនេះ មានប្រមាណតិច ពាក្យថា គ្រឿងចំពាក់ក្តី ថាសន្ទូចក្តី ថានុយក្តី ថាគ្រឿងថ្ពក់ក្តី ថាគ្រឿងកង្វល់ក្តី នេះជាឈ្មោះនៃកាមគុណទាំង ៥។ ពាក្យថា សេចក្តីសុខក្នុងកាមនេះ មានប្រមាណតិច សេចក្តីថា មែនពិត ព្រះមានព្រះភាគ បានត្រាស់ព្រះពុទ្ធដីកានេះថា ម្នាលភិក្ខុទាំងឡាយ កាមគុណនេះ មាន ៥ កាមគុណ ៥ តើដូចម្ដេច រូប ដែលគប្បីដឹងដោយភ្នែក ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត មានសភាពគួរស្រឡាញ់ ប្រកបដោយសេចក្តីប្រាថ្នា ជាទីតាំងនៃសេចក្តីត្រេកអរ សំឡេង ដែលគប្បីដឹងដោយត្រចៀក ក្លិន ដែលគប្បីដឹងដោយច្រមុះ រស ដែលគប្បីដឹងដោយអណ្តាត ផ្សព្វ ដែលគប្បីដឹងដោយកាយ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត មានសភាពគួរស្រឡាញ់ ប្រកបដោយសេចក្តីប្រាថ្នា ជាទីតាំងនៃសេចក្តីត្រេកអរ ម្នាលភិក្ខុទាំងឡាយ ទាំងនេះឯង កាមគុណ ៥ ម្នាលភិក្ខុទាំងឡាយ សេចក្តីសុខ សោមនស្សណា កើតឡើងព្រោះអាស្រ័យកាមគុណ ៥ នេះ សេចក្តីសុខ សោមនស្សនេះ តថាគតហៅថា កាមសុខ សេចក្តីសុខនេះ មានប្រមាណតិច សេចក្តីសុខនេះ ថោកទាប សេចក្តីសុខនេះ លាមក សេចក្តីសុខនេះ នាំមកនូវទុក្ខ ហេតុនោះ (លោកពោលថា) កាមគុណនេះ ជាគ្រឿងចំពាក់ សេចក្តីសុខក្នុងកាមនេះ មានប្រមាណតិច។

[៣៣៤] ពាក្យថា កាមគុណនេះ មានសេចក្តីត្រេកអរតិច សេចក្តីទុក្ខក្នុងកាមគុណនេះ មានច្រើនក្រៃលែង អធិប្បាយថា កាមទាំងឡាយ ព្រះមានព្រះភាគត្រាស់ថា មានសេចក្តីត្រេកអរតិច មានទុក្ខច្រើន មានសេចក្តីចង្អៀតចង្អល់ច្រើន ទោសក្នុងកាមនេះ មានច្រើនក្រៃលែង។ កាមទាំងឡាយ ព្រះមានព្រះភាគត្រាស់ថា មានឧបមាដោយរាងឆ្អឹង។ កាមទាំងឡាយ ព្រះមានព្រះភាគត្រាស់ថា មានឧបមាដោយដុំសាច់។ កាមទាំងឡាយ ព្រះមានព្រះភាគត្រាស់ថា មានឧបមាដោយគប់ភ្លើង។ កាមទាំងឡាយ ព្រះមានព្រះភាគត្រាស់ថា មានឧបមាដោយរណ្តៅរងើកភ្លើង។ កាមទាំងឡាយ ព្រះមានព្រះភាគត្រាស់ថា មានឧបមាដោយការយល់សប្តិ។ កាមទាំងឡាយ ព្រះមានព្រះភាគត្រាស់ថា មានឧបមាដោយរបស់ខ្ចីគេ។ កាមទាំងឡាយ ព្រះមានព្រះភាគត្រាស់ថា មានឧបមាដោយផ្លែឈើ។ កាមទាំងឡាយ ព្រះមានព្រះភាគត្រាស់ថា មានឧបមាដោយកាំបិត និងជ្រញ់។ កាមទាំងឡាយ ព្រះមានព្រះភាគត្រាស់ថា មានឧបមាដោយចុងលំពែង។ កាមទាំងឡាយ ព្រះមានព្រះភាគត្រាស់ថា មានឧបមាដោយក្បាលពស់ កាមទាំងឡាយ មានទុក្ខច្រើន មានសេចក្តីចង្អៀតចង្អល់ច្រើន ទោសក្នុងកាមនេះ មានច្រើនក្រៃលែង ហេតុនោះ (លោកពោលថា) កាមមានសេចក្តីត្រេកអរតិច ទុក្ខក្នុងកាមនេះ មានច្រើនក្រៃលែង។

[៣៣៥] អធិប្បាយពាក្យថា កាមគុណនេះ ជាពក បុគ្គលអ្នកមានប្រាជ្ញា ដឹងដូច្នេះហើយ ពាក្យថា ពកក្តី ថាសន្ទូចក្តី ថានុយក្តី ថាកង្វល់ក្តី នេះជាឈ្មោះនៃកាមគុណ ៥។ ពាក្យថា ដូច្នេះ ជាតំណបទ ជាពាក្យភ្ជាប់បទ ជាពាក្យបំពេញបទ ជាពាក្យប្រជុំអក្ខរៈ ជាពាក្យសម្រួលព្យញ្ជនៈ ពាក្យថា ដូច្នេះ នេះ ជាលំដាប់បទ។ ពាក្យថា កាមគុណនេះ ជាពក បុគ្គលអ្នកមានប្រាជ្ញាដឹងដូច្នេះហើយ បានសេចក្តីថា គឺបុគ្គលអ្នកមានគំនិត ជាបណ្ឌិត មានប្រាជ្ញា មានការត្រាស់ដឹង មានញាណ មានប្រាជ្ញាភ្លឺច្បាស់ មានប្រាជ្ញាជាគ្រឿងទំលាយនូវកិលេស ដឹងថាជាពក ដឹងថាជាសន្ទូច ដឹងថាជានុយ ដឹងថាជាគ្រឿងជាប់ ដឹង យល់ ថ្លឹង ត្រិះរិះ ធ្វើឲ្យជាក់ច្បាស់ ធ្វើឲ្យប្រាកដ ថាជាកង្វល់ ហេតុនោះ (លោកពោលថា) កាមគុណនេះ ជាពក បុគ្គលអ្នកមានប្រាជ្ញា ដឹងដូច្នេះហើយ។ គប្បីប្រព្រឹត្តម្នាក់ឯង ដូចកុយរមាស។ ហេតុនោះ ព្រះបច្ចេកសម្ពុទ្ធនោះ ពោលថា

កាមគុណនេះ ជាគ្រឿងចំពាក់ សេចក្តីសុខ ក្នុងកាមគុណនេះ មានប្រមាណតិច កាមគុណនេះ មានសេចក្តីត្រេកអរតិច សេចក្តីទុក្ខក្នុងកាមគុណនេះ មានច្រើនក្រៃលែង កាមគុណនេះ ជាពក បុគ្គលអ្នកមានប្រាជ្ញា ដឹងដូច្នេះហើយ គប្បីប្រព្រឹត្តម្នាក់ឯង ដូចកុយរមាស។

[៣៣៦]

បុគ្គលទំលាយនូវសំយោជនៈទាំងឡាយ ដូចសត្វត្រាច់ទៅក្នុងទឹក ដែលទំលាយនូវបណ្តាញ គេមិនត្រឡប់មក (រកសំយោជនៈវិញ) ដូចភ្លើងឆេះ (មិនត្រឡប់វិលវិញ) គប្បីប្រព្រឹត្តម្នាក់ឯង ដូចកុយរមាស។

[៣៣៧] ពាក្យថា ទំលាយនូវសំយោជនៈទាំងឡាយ បានដល់សំយោជនៈទាំង ១០ គឺ កាមរាគសំយោជនៈ បដិឃសំយោជនៈ មានសំយោជនៈ ទិដ្ឋិសំយោជនៈ វិចិកិច្ឆាសំយោជនៈ សីលព្វតបរាមាសសំយោជនៈ ភវរាគសំយោជនៈ ឥស្សាសំយោជនៈ មច្ឆរិយសំយោជនៈ អវិជ្ជាសំយោជនៈ។ ពាក្យថា ទំលាយនូវសំយោជនៈទាំងឡាយ គឺ ទំលាយ ទំលាយចោល លះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ឲ្យដល់នូវការមិនកើតមាននូវសំយោជនៈ ទាំង ១០ ហេតុនោះ (លោកពោលថា) ទំលាយនូវសំយោជនៈទាំងឡាយ។

[៣៣៨] ពាក្យថា ដូចសត្វត្រាច់ទៅក្នុងទឹក ដែលទំលាយនូវបណា្តញ អធិប្បាយថា សំណាញ់ដែលត្បាញដោយអំបោះ ហៅថា បណ្តាញ។ ឧទកៈ ហៅថា ទឹក។ ត្រី ហៅថា សត្វត្រាច់ទៅក្នុងទឹក។ ត្រីទំលាយ ទម្លុះ ហែក ប្រឹងទំលាយ ប្រឹងទម្លុះ នូវសំណាញ់ ហើយចរ ត្រាច់ ទៅ ប្រព្រឹត្ត រក្សា យាត្រា ឲ្យយាត្រាទៅ។ បណា្តញមាន ២ គឺ បណ្តាញគឺតណ្ហា ១ បណ្តាញគឺទិដ្ឋិ ១។បេ។ នេះ បណ្តាញគឺតណ្ហា។បេ។ នេះ បណ្តាញគឺទិដ្ឋិ។ ព្រះបច្ចេកសម្ពុទ្ធនោះ លះបង់នូវបណ្តាញគឺតណ្ហា បានរលាស់ចោលនូវបណ្តាញគឺទិដ្ឋិ ដូចត្រីទំលាយសំណាញ់យ៉ាងនោះឯង។ ព្រោះលះបង់នូវបណ្តាញគឺតណ្ហា ព្រោះរលាស់ចោលនូវបណ្តាញគឺទិដ្ឋិហើយ ទើបព្រះបច្ចេកសម្ពុទ្ធនោះ មិនជាប់ក្នុងរូប មិនជាប់ក្នុងសំឡេង មិនជាប់ក្នុងក្លិន។បេ។ មិនជាប់ មិនកួចកាន់ មិនចំពាក់ក្នុងធម្មារម្មណ៍ ដែលឃើញ ឮ ប៉ះពាល់ ដឹងច្បាស់ គឺថា លោកឃ្លាតចេញ រលាស់ចេញ ផុតស្រឡះ មិនប្រកបនៅដោយចិត្តដែលប្រាសចាកដែន គឺកិលេស ហេតុនោះ (លោកពោលថា) ដូចសត្វត្រាច់ទៅក្នុងទឹក ដែលទំលាយនូវបណ្តាញ។

[៣៣៩] ពាក្យថា មិនត្រឡប់មក (រកសំយោជនៈវិញ) ដូចភ្លើងឆេះ (មិនត្រឡប់វិលវិញ) អធិប្បាយថា ភ្លើងកាលឆេះនូវចំណីភ្លើង គឺស្មៅ និងឧស រាលទៅ មិនវិលត្រឡប់វិញ យ៉ាងណា ព្រះបច្ចេកសម្ពុទ្ធនោះ លះបង់កិលេសទាំងឡាយណា ដោយសោតាបត្តិមគ្គហើយ លោកមិនមក មិនវិលមក មិនត្រឡប់មករកកិលេសទាំងនោះទេ លោកលះបង់កិលេសទាំងឡាយណា ដោយសកទាគាមិមគ្គ លះបង់កិលេសទាំងឡាយណា ដោយអនាមិមគ្គ លះបង់កិលេសទាំងឡាយណា ដោយអរហត្តមគ្គ លោកមិនមក មិនវិលមក មិនត្រឡប់មករកកិលេសទាំងនោះទេ ក៏យ៉ាងនោះដែរ ហេតុនោះ (លោកពោលថា) ដូចភ្លើងឆេះ (មិនត្រឡប់វិលវិញ)។ គប្បីប្រព្រឹត្តម្នាក់ឯង ដូចកុយរមាស។ ហេតុនោះ ព្រះបច្ចេកសម្ពុទ្ធនោះ ពោលថា

បុគ្គលទំលាយនូវសំយោជនៈទាំងឡាយ ដូចសត្វត្រាច់ទៅក្នុងទឹក ដែលទំលាយនូវបណ្តាញ មិនត្រឡប់មក (រកសំយោជនៈវិញ) ដូចភ្លើងឆេះ (មិនត្រឡប់វិលវិញ) គប្បីប្រព្រឹត្តម្នាក់ឯង ដូចកុយរមាស។

[៣៤០]

ភិក្ខុមានចក្ខុដាក់ចុះ ជាអ្នកមិនរពឹសជើង ជាអ្នកគ្រប់គ្រងឥន្ទ្រិយ រក្សាចិត្តទុក មានចិត្តមិនទទឹក មិនរោលរាល (ដោយកិលេស) គប្បីប្រព្រឹត្តម្នាក់ឯង ដូចកុយរមាស។

[៣៤១] អធិប្បាយពាក្យថា ភិក្ខុមានចក្ខុដាក់ចុះ ជាអ្នកមិនរពឹសជើង សំនួរថា ភិក្ខុមានចក្ខុបោះទៅ តើដូចម្ដេច។ ភិក្ខុខ្លះក្នុងសាសនានេះ ជាអ្នករពឹសភ្នែក ប្រកបដោយការរពឹសភ្នែក ដោយគិតថា អាត្មាអញគប្បីឃើញនូវរបស់ដែលមិនធ្លាប់ឃើញ គប្បីរំលងចោលនូវរបស់ដែលធ្លាប់ឃើញហើយ ជាអ្នកប្រកបរឿយៗ នូវការត្រាច់ទៅឆ្ងាយៗ នូវការត្រាច់ទៅរឿយៗ ដើម្បីឃើញរូប គឺចេញអំពីអារាមទៅអារាម ចេញអំពីឧទ្យានទៅឧទ្យាន ចេញអំពីស្រុកទៅស្រុក ចេញអំពីនិគមទៅនិគម ចេញអំពីនគរទៅនគរ ចេញអំពីដែនទៅដែន ចេញអំពីជនបទទៅជនបទ ភិក្ខុជាអ្នកមានចក្ខុបោះទៅ យ៉ាងនេះឯង។ មួយទៀត ភិក្ខុចូលទៅកាន់ចន្លោះផ្ទះ ដើរទៅកាន់ថ្នល់ មិនសង្រួមដើរទៅ ក្រឡេកមើលដំរី ក្រឡេកមើលសេះ ក្រឡេកមើលរថ ក្រឡេកមើលពលថ្មើរជើង ក្រឡេកមើលពួកក្មេងប្រុស ក្រឡេកមើលពួកក្មេងស្រី ក្រឡេកមើលពួកស្រ្តី ក្រឡេកមើលពួកបុរស ក្រឡេកមើលរានផ្សារ ក្រឡេកមើលមុខផ្ទះ ក្រឡេកមើលលើ ក្រឡេកមើលក្រោម ក្រឡេកមើលក្នុងទិសតូច និងទិសធំ ដើរទៅ ភិក្ខុជាអ្នកមានចក្ខុបោះទៅ យ៉ាងនេះខ្លះ។ មួយទៀត ភិក្ខុឃើញនូវរូបដោយភ្នែក ជាអ្នកកាន់យកនូវនិមិត្ត កាន់យកនូវអនុព្យញ្ជនៈ អភិជ្ឈា និងទោមនស្ស ដែលជាអកុសលធម៌ដ៏លាមក គប្បីជាប់តាមភិក្ខុដែលមិនសង្រួមនូវចក្ខុន្រ្ទិយនុ៎ះ ព្រោះហេតុមិនបានសង្រួមនូវចក្ខុន្រ្ទិយណា មិនប្រតិបត្តិដើម្បីសង្រួមនូវចក្ខុន្រ្ទិយនោះ មិនរក្សានូវចក្ខុន្រ្ទិយ មិនដល់នូវការសង្រួមក្នុងចក្ខុន្រ្ទិយ ភិក្ខុជាអ្នកមានចក្ខុបោះទៅ យ៉ាងនេះខ្លះ។ មួយវិញទៀត សមណព្រាហ្មណ៍ដ៏ចំរើនពួកខ្លះ បរិភោគភោជនដែលគេឲ្យដោយសទ្ធាហើយ សមណព្រាហ្មណ៍ទាំងនោះ តែងប្រកបរឿយៗ នូវការមើលរបស់ដែលជាសត្រូវ មានសភាពយ៉ាងនេះ គឺរបាំ ចម្រៀង ប្រគំ មហោស្រព ការនិយាយ (រឿងស្ដេចភារតៈ និងព្រះរាមជាដើម) គង រគាំង ស្គរមានជ្រុង ៤ រូបគំនូរ ល្បែងដុំដែក ល្បែងរ៉ាវ ល្បែងលាងឆ្អឹង ប្រជល់ដំរី ប្រខាំសេះ ប្រជល់ក្របី ប្រជល់គោ ប្រជល់កែះ ប្រជល់មាន់ គុណដំបង ប្រដាល់ ចំបាប់ ទីសម្រាប់ច្បាំង ទីសម្រាប់រៀបពល ទីនៅសេនា ទីត្រួតកងទ័ព ភិក្ខុជាអ្នកប្រកបរឿយៗ នូវការមើលរបស់ដែលជាសត្រូវ មានសភាពយ៉ាងនេះ ដូច្នេះៗ ខ្លះ ភិក្ខុជាអ្នកមានចក្ខុបោះទៅ យ៉ាងនេះខ្លះ។

ភិក្ខុជាអ្នកមានចក្ខុដាក់ចុះ តើដូចម្ដេច។ ភិក្ខុក្នុងសាសនានេះ មិនមែនជាអ្នករពឹសភ្នែក មិនមែនប្រកបដោយការរពឹសភ្នែក ដោយគិតថា អាត្មាអញគប្បីឃើញរបស់ដែលមិនដែលឃើញ គប្បីដើររំលងរបស់ដែលបានឃើញហើយ ដូច្នេះទេ ជាអ្នកមិនប្រកបនូវការត្រាច់ទៅឆ្ងាយៗ នូវការត្រាច់ទៅរឿយៗ ដើម្បីឃើញរូបទេ គឺមិនចេញអំពីអារាមទៅអារាម មិនចេញអំពីឧទ្យានទៅឧទ្យាន មិនចេញអំពីស្រុកទៅស្រុក មិនចេញអំពីនិគមទៅនិគម មិនចេញអំពីនគរទៅនគរ មិនចេញអំពីដែនទៅដែន មិនចេញអំពីជនបទទៅជនបទ ភិក្ខុជាអ្នកមានចក្ខុដាក់ចុះ យ៉ាងនេះខ្លះ។ មួយទៀត ភិក្ខុចូលទៅកាន់ចន្លោះផ្ទះ ដើរទៅតាមថ្នល់ ជាអ្នកសង្រួមដើរទៅ មិនក្រឡេកមើលដំរី មិនក្រឡេកមើលសេះ មិនក្រឡេកមើលរថ មិនក្រឡេកមើលពលថ្មើរជើង មិនក្រឡេកមើលពួកក្មេងប្រុស មិនក្រឡេកមើលពួកក្មេងស្រី មិនក្រឡេកមើលពួកស្ត្រី មិនក្រឡេកមើលពួកប្រុស មិនក្រឡេកមើលរានផ្សារ មិនក្រឡេកមើលមុខផ្ទះ មិនក្រឡេកមើលលើ មិនក្រឡេកមើលក្រោម មិនមៀងមើលក្នុងទិសតូច និងទិសធំ ដើរទៅ ភិក្ខុជាអ្នកមានចក្ខុដាក់ចុះ យ៉ាងនេះខ្លះ។ មួយទៀត ភិក្ខុឃើញរូបដោយភ្នែក តែជាអ្នកមិនកាន់យកនូវនិមិត្ត មិនកាន់យកនូវអនុព្យញ្ជនៈ អភិជ្ឈា និងទោមនស្ស ដែលជាអកុសលធម៌ដ៏លាមក គប្បីជាប់តាមភិក្ខុដែលមិនសង្រួមនូវចក្ខុន្ទ្រិយនុ៎ះ ព្រោះហេតុមិនសង្រួមនូវចក្ខុន្រ្ទិយណា មិនប្រតិបត្តិដើម្បីសង្រួម នូវចក្ខុន្ទ្រិយនោះ រក្សានូវចក្ខុន្រ្ទិយ ដល់នូវការសង្រួមក្នុងចក្ខុន្រ្ទិយ ភិក្ខុជាអ្នកមានចក្ខុដាក់ចុះ យ៉ាងនេះខ្លះ។ មួយវិញទៀត សមណព្រាហ្មណ៍ដ៏ចំរើនពួកខ្លះ បរិភោគភោជនដែលគេឲ្យដោយសទ្ធាហើយ សមណព្រាហ្មណ៍ទាំងនោះ មិនប្រកបរឿយៗ នូវការមើលនូវល្បែង ដែលជាសត្រូវ មានសភាពយ៉ាងនេះ គឺរបាំ ចម្រៀង ប្រគំ។បេ។ ទីសម្រាប់ត្រួតកងទ័ព ជាអ្នកវៀរចាកការប្រកបរឿយៗ នូវការមើលល្បែង ដែលជាសត្រូវ មានសភាពយ៉ាងនេះ ដូច្នេះៗ ភិក្ខុជាអ្នកមានចក្ខុដាក់ចុះ យ៉ាងនេះខ្លះ។

អធិប្បាយពាក្យថា ជាអ្នកមិនរពឹសជើង សំនួរថា ភិក្ខុជាអ្នករពឹសជើង តើដូចម្ដេច។ ភិក្ខុខ្លះ ក្នុងសាសនានេះ ជាអ្នករពឹសជើង ប្រកបដោយការរពឹសជើង ជាអ្នកប្រកបរឿយៗ នូវការត្រាច់ទៅឆ្ងាយៗ នូវការត្រាច់ទៅរឿយៗ គឺចេញអំពីអារាមទៅអារាម ចេញអំពីឧទ្យានទៅឧទ្យាន ចេញអំពីស្រុកទៅស្រុក ចេញអំពីនិគមទៅនិគម ចេញអំពីនគរទៅនគរ ចេញអំពីដែនទៅដែន ចេញអំពីជនបទទៅជនបទ ភិក្ខុជាអ្នករពឹសជើង យ៉ាងនេះខ្លះ។ ម្យ៉ាងទៀត ភិក្ខុជាអ្នកប្រកបដោយការរពឹសជើង តែខាងក្នុងអារាមរបស់សង្ឃ ជាអ្នកមានចិត្តរាយមាយ មានចិត្តមិនស្ងប់ មិនមែនព្រោះហេតុប្រយោជន៍ មិនមែនព្រោះហេតុដំណើរអ្វីទេ ចេញអំពីបរិវេណទៅបរិវេណ ចេញអំពីវិហារទៅវិហារ ចេញអំពីអឌ្ឍយោគទៅអឌ្ឍយោគ ចេញអំពីប្រាសាទទៅប្រាសាទ ចេញអំពីប្រាសាទត្រងិលទៅប្រាសាទត្រងិល ចេញអំពីគុហាទៅគុហា ចេញអំពីលេណដ្ឋានទៅលេណដ្ឋាន ចេញអំពីខ្ទមទៅខ្ទម ចេញអំពីផ្ទះកំពូលទៅផ្ទះកំពូល ចេញអំពីប៉មទៅប៉ម ចេញអំពីរោងមូលទៅរោងមូល ចេញអំពីរោងដោលទៅរោងដោល ចេញអំពីឃ្លាំងរបស់ទៅឃ្លាំងរបស់ ចេញអំពីឧបដ្ឋានសាលាទៅឧបដ្ឋានសាលា ចេញអំពីមណ្ឌបទៅមណ្ឌប ចេញអំពីគល់ឈើទៅគល់ឈើ បើពុំនោះទេ ពួកភិក្ខុអង្គុយ ឬដើរទៅក្នុងទីណា (ភិក្ខុនោះ) ជាគម្រប់ពីរនឹងភិក្ខុមួយរូបខ្លះ ជាគម្រប់បីនឹងភិក្ខុពីររូបខ្លះ ជាគម្រប់បួននឹងភិក្ខុបីរូបខ្លះ ក្នុងទីទាំងនោះ និយាយពាក្យឥតប្រយោជន៍ច្រើនក្នុងទីនោះ គឺនិយាយរាជកថា ចោរកថា។បេ។ ឥតិភវាភវកថាដូច្នេះៗ ភិក្ខុជាអ្នករពឹសជើង យ៉ាងនេះខ្លះ។ ពាក្យថា ជាអ្នកមិនរពឹសជើង សេចក្តីថា ព្រះបច្ចេកសម្ពុទ្ធនោះ នៅឆ្ងាយ វៀរ វៀរលែង ចេញ រលាស់ចេញ រួចផុត ប្រាសចេញ ចាកការរពឹសដោយជើង មានព្រះទ័យមិនសល់វល់ មានការសម្ងំនៅក្នុងកម្មដ្ឋាន ជាទីត្រេកអរ ត្រេកអរក្នុងការសម្ងំ ប្រកបរឿយៗ នូវការស្ងប់ចិត្តក្នុងខាងក្នុង មិនឃ្លាតចាកឈាន ប្រកបដោយវិបស្សនា ចម្រើនសុញ្ញាគារដ្ឋាន ជាអ្នកមានឈាន ត្រេកអរក្នុងឈាន ប្រកបរឿយៗ នូវភាពនៃខ្លួនជាបុគ្គលម្នាក់ឯង ជាអ្នកធ្ងន់ក្នុងប្រយោជន៍របស់ខ្លួន ហេតុនោះ (លោកពោលថា) មានចក្ខុដាក់ចុះ ទាំងមិនរពឹសជើង។

[៣៤២] ពាក្យថា អ្នកគ្រប់គ្រងឥន្ទ្រិយ អធិប្បាយថា ព្រះបច្ចេកសម្ពុទ្ធនោះ ឃើញរូបដោយភ្នែក មិនកាន់យកនិមិត្ត មិនកាន់យកអនុព្យញ្ជនៈ ពួកអកុសលធម៌ដ៏លាមក គឺ អភិជ្ឈា និងទោមនស្ស គប្បីជាប់តាមបុគ្គលមិនសង្រួមចក្ខុន្រ្ទិយនោះ ព្រោះហេតុមិនសង្រួមនូវចក្ខុន្រ្ទិយណា លោកប្រតិបត្តិដើម្បីសង្រួមចក្ខុន្រ្ទិយនោះ រក្សាចក្ខុន្រ្ទិយ ដល់នូវការសង្រួមក្នុងចក្ខុន្រ្ទិយ ឮសំឡេងដោយត្រចៀក ធុំក្លិនដោយច្រមុះ ទទួលរសដោយអណ្តាត ពាល់ត្រូវផោដ្ឋព្វៈដោយកាយ ដឹងធម្មារម្មណ៍ដោយចិត្ត មិនកាន់យកនិមិត្ត មិនកាន់យកអនុព្យញ្ជនៈ ពួកអកុសលធម៌ដ៏លាមក គឺអភិជ្ឈា និងទោមនស្ស គប្បីជាប់តាមបុគ្គលអ្នកមិនសង្រួមមនិន្រ្ទិយនោះ ព្រោះហេតុមិនសង្រួមមនិន្រ្ទិយណា លោកប្រតិបត្តិដើម្បីសង្រួមមនិន្រ្ទិយនោះ រក្សានូវមនិន្រ្ទិយ ដល់នូវការសង្រួមក្នុងមនិន្រ្ទិយ ហេតុនោះ (លោកពោលថា) ជាអ្នកគ្រប់គ្រងឥន្រ្ទិយ។ ពាក្យថា រក្សាចិត្ត គឺ គ្រប់គ្រងចិត្ត ថែទាំចិត្ត ហេតុនោះ (លោកពោលថា) ជាអ្នកគ្រប់គ្រងឥន្រ្ទិយ រក្សាចិត្ត។

[៣៤៣] អធិប្បាយពាក្យថា មានចិត្តមិនទទឹក មិនរោលរាល (ដោយកិលេស) ត្រង់ពាក្យថា មានចិត្តមិនទទឹក សេចក្តីថា ព្រះមហាមោគ្គល្លានមានអាយុ បានពោលពាក្យនេះថា ម្នាលលោកមានអាយុ ខ្ញុំនឹងសំដែងនូវបរិយាយនៃបុគ្គលមានចិត្តទទឹកផង នូវបរិយាយនៃបុគ្គលមានចិត្តមិនទទឹកផង ចំពោះអ្នកទាំងឡាយ ចូរអ្នកទាំងឡាយស្តាប់នូវបរិយាយនោះ ចូរធ្វើទុកក្នុងចិត្តឲ្យល្អចុះ ខ្ញុំនឹងសំដែង។ ភិក្ខុទាំងនោះ ទទួលស្តាប់ព្រះមហាមោគ្គល្លានមានអាយុថា អើ អាវុសោ។ ព្រះមហាមោគ្គល្លានមានអាយុ បានពោលពាក្យនេះថា ម្នាលអាវុសោ បុគ្គលមានចិត្តទទឹក តើដូចម្ដេច ម្នាលអាវុសោ ភិក្ខុក្នុងសាសនានេះ ឃើញរូបដោយភ្នែកហើយ ងប់ក្នុងរូបមានសភាពជាទីស្រឡាញ់ ស្អប់ក្នុងរូបមានសភាពមិនជាទីស្រឡាញ់ មិនប្រុងសតិក្នុងកាយ មានចិត្តស្តួចស្តើងផង អកុសលធម៌ដ៏លាមកទាំងនោះ កើតឡើងដល់បុគ្គលនោះ ហើយរលត់ទៅវិញ មិនសេសសល់ក្នុងវិមុត្តិណា ក៏មិនដឹងច្បាស់នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិនោះ តាមពិតផង ឮសំឡេងដោយត្រចៀក ធុំក្លិនដោយច្រមុះ ទទួលរសដោយអណ្តាត ពាល់ត្រូវសម្ផស្សដោយកាយ ដឹងធម្មារម្មណ៍ដោយចិត្តហើយ ងប់ក្នុងធម្មារម្មណ៍ មានសភាពជាទីស្រឡាញ់ ស្អប់ធម្មារម្មណ៍ ដែលមានសភាពមិនជាទីស្រឡាញ់ មិនប្រុងសតិក្នុងកាយ មានចិត្តស្តួចស្តើងផង អកុសលធម៌ដ៏លាមកទាំងនោះ កើតឡើងដល់បុគ្គលនោះ ហើយរលត់ទៅវិញ មិនសេសសល់ ក្នុងវិមុត្តិណា ក៏មិនដឹងច្បាស់ នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិនោះ តាមពិតផង ម្នាលអាវុសោ ភិក្ខុនេះ គេហៅថា អ្នកមានចិត្តទទឹក ក្នុងរូបដែលគប្បីដឹងដោយភ្នែក អ្នកមានចិត្តទទឹក ក្នុងសំឡេងដែលគប្បីដឹងដោយត្រចៀក។បេ។ អ្នកមានចិត្តទទឹក ក្នុងធម្មារម្មណ៍ ដែលគប្បីដឹងដោយចិត្ត ម្នាលអាវុសោ ភិក្ខុមានកិរិយានៅយ៉ាងនេះ ប្រសិនបើ មារចូលទៅជិតភិក្ខុនោះ តាមទ្វារភ្នែក មារគង់បាននូវឱកាស មារគង់បាននូវអារម្មណ៍ ប្រសិនបើ (មារចូលទៅ) ជិតភិក្ខុនោះ តាមទ្វារត្រចៀក។បេ។ ប្រសិនបើមារចូលទៅជិតភិក្ខុនោះ តាមទា្វរចិត្ត មារគង់បាននូវឱកាស មារគង់បាននូវអារម្មណ៍ ម្នាលអាវុសោ ដូចផ្ទះបបុសក្តី ផ្ទះស្មៅក្តី ជាអាគារស្ងួត ពុក កន្លងយូរឆ្នាំ ប្រសិនបើ បុរសកាន់គប់ស្មៅ ដែលភ្លើងឆេះ ទៅជិតផ្ទះនោះ ពីទិសខាងកើត ភ្លើងតែងបាននូវឱកាស ភ្លើងតែងបាននូវអារម្មណ៍ ប្រសិនបើ (ទៅ) ជិតផ្ទះនោះ ពីទិសខាងលិច ប្រសិនបើ (ទៅ) ជិតផ្ទះនោះ ពីទិសខាងជើង ប្រសិនបើ (ទៅ) ជិតផ្ទះនោះ ពីទិសខាងត្បូង ប្រសិនបើ (ទៅ) ជិតផ្ទះនោះ ពីខាងក្រោម ប្រសិនបើ (ទៅ) ជិតផ្ទះនោះ ពីខាងលើ ប្រសិនបើ បុរសកាន់គប់ស្មៅដែលភ្លើងឆេះ ទៅជិតផ្ទះនោះ ពីទិសខាងណា ក៏ដោយ ភ្លើងតែងបាននូវឱកាស ភ្លើងតែងបាននូវអារម្មណ៍ មានឧបមាយ៉ាងណាមិញ ម្នាលអាវុសោ ភិក្ខុមានកិរិយានៅយ៉ាងនេះ ប្រសិនបើ មារចូលទៅជិតភិក្ខុនោះតាមទ្វារភ្នែក មារគង់បាននូវឱកាស មារគង់បាននូវអារម្មណ៍ ប្រសិនបើ (មារចូលទៅ) ជិតភិក្ខុនោះ តាមទ្វារត្រចៀក។បេ។ ប្រសិនបើ មារចូលទៅជិតភិក្ខុនោះ តាមទា្វរចិត្ត មារតែងបាននូវឱកាស មារតែងបាននូវអារម្មណ៍ មានឧបមេយ្យដូច្នោះឯង ម្នាលអាវុសោ រូបគ្របសង្កត់ភិក្ខុ អ្នកមានកិរិយានៅយ៉ាងនេះ ភិក្ខុមិនគ្របសង្កត់រូបបានឡើយ សំឡេងគ្របសង្កត់ភិក្ខុ ភិក្ខុមិនគ្របសង្កត់សំឡេងបានឡើយ ក្លិនគ្របសង្កត់ភិក្ខុ ភិក្ខុមិនគ្របសង្កត់ក្លិនបានឡើយ រសគ្របសង្កត់ភិក្ខុ ភិក្ខុមិនគ្របសង្កត់រសបានឡើយ ផ្សព្វគ្របសង្កត់ភិក្ខុ ភិក្ខុមិនគ្របសង្កត់ផ្សព្វបានឡើយ ធម្មារម្មណ៍គ្របសង្កត់ភិក្ខុ ភិក្ខុមិនគ្របសង្កត់ធម្មារម្មណ៍បានឡើយ ម្នាលអាវុសោ ភិក្ខុនេះ គេហៅថា អ្នកត្រូវរូបគ្របសង្កត់ អ្នកត្រូវសំឡេងគ្របសង្កត់ អ្នកត្រូវក្លិនគ្របសង្កត់ អ្នកត្រូវរសគ្របសង្កត់ អ្នកត្រូវផ្សព្វគ្របសង្កត់ អ្នកត្រូវពួកកិលេសទាំងនោះ គ្របសង្កត់ ព្រោះថា ភិក្ខុនោះ មិនបានគ្របសង្កត់នូវពួកអកុសលធម៌ដ៏លាមក ដែលប្រកបដោយសេចក្តីសៅហ្មង នាំទៅកើតក្នុងភពថ្មីទៀត ប្រកបដោយសេចក្តីក្រវល់ក្រវាយ មានទុក្ខជាផល មានជាតិ ជរា និងមរណៈតទៅខាងមុខទៀតទេ ម្នាលអាវុសោ ភិក្ខុមានចិត្តទទឹក យ៉ាងនេះឯង។ ម្នាលអាវុសោ ភិក្ខុមានចិត្តមិនទទឹក តើដូចម្ដេច។ ម្នាលអាវុសោ ភិក្ខុក្នុងសាសនានេះ ឃើញរូបដោយភ្នែក មិនងប់ក្នុងរូបមានសភាពជាទីស្រឡាញ់ មិនស្អប់រូបមិនជាទីស្រឡាញ់ ប្រុងសតិក្នុងកាយ មានចិត្តប្រមាណមិនបានផង អកុសលធម៌ដ៏លាមកទាំងនោះ កើតឡើងដល់បុគ្គលនោះហើយ រលត់ទៅមិនមានសេសសល់ក្នុងវិមុត្តិណា ក៏ដឹងច្បាស់នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិនោះ តាមពិតផង ឮសំឡេងដោយត្រចៀក។បេ។ ដឹងធម្មារម្មណ៍ដោយចិត្ត មិនងប់ក្នុងធម្មារម្មណ៍ មានសភាពជាទីស្រឡាញ់ មិនស្អប់ធម្មារម្មណ៍ មានសភាពមិនជាទីស្រឡាញ់ ប្រុងសតិក្នុងកាយ មានចិត្តប្រមាណមិនបានផង អកុសលធម៌ដ៏លាមកទាំងនោះ កើតឡើងដល់បុគ្គលនោះហើយ រលត់ទៅមិនមានសេសសល់ក្នុងវិមុត្តិណា ក៏ដឹងច្បាស់នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិនោះ តាមពិតផង ម្នាលអាវុសោ ភិក្ខុនេះ គេហៅថា អ្នកមានចិត្តមិនទទឹកក្នុងរូប ដែលគប្បីដឹងដោយភ្នែក អ្នកមានចិត្តមិនទទឹកក្នុងសំឡេង ដែលគប្បីដឹងដោយត្រចៀក។បេ។ អ្នកមានចិត្តមិនទទឹក ក្នុងធម្មារម្មណ៍ ដែលគប្បីដឹងដោយចិត្ត ម្នាលអាវុសោ ភិក្ខុមានកិរិយានៅយ៉ាងនេះ ប្រសិនបើ មារចូលទៅជិតភិក្ខុនោះ តាមទា្វរភ្នែក មារមិនបាននូវឱកាស មារមិនបាននូវអារម្មណ៍ ប្រសិនបើមារ (ចូលទៅ) ជិតភិក្ខុនោះ តាមទា្វរត្រចៀក។បេ។ ប្រសិនបើមារចូលទៅជិតភិក្ខុនោះ តាមទា្វរចិត្ត មារមិនបាននូវឱកាស មារមិនបាននូវអារម្មណ៍ ម្នាលអាវុសោ ប្រៀបដូចកូដាគារសាលាក្តី សណ្ឋាគារសាលាក្តី ដែលបូកដោយដីដ៏ក្រាស់ លាបដោយអាចម៍គោស្រស់ ប្រសិនបើ បុរសកាន់គប់ស្មៅដែលភ្លើងឆេះ ទៅជិតសាលានោះ ពីទិសខាងកើត ភ្លើងមិនបាននូវឱកាស ភ្លើងមិនបាននូវអារម្មណ៍ ប្រសិនបើ ទៅជិតសាលានោះ ពីទិសខាងលិច ប្រសិនបើ ទៅជិតសាលានោះ ពីទិសខាងជើង ប្រសិនបើ ទៅជិតសាលានោះ ពីទិសខាងត្បូង ប្រសិនបើ ទៅជិតសាលានោះ ពីខាងក្រោម ប្រសិនបើ ទៅជិតសាលានោះ ពីខាងលើ ប្រសិនបើ បុរសកាន់គប់ស្មៅ ដែលភ្លើងឆេះ ទៅជិតសាលានោះ ពីទិសខាងណាក៏ដោយ ភ្លើងមិនបាននូវឱកាស ភ្លើងមិនបាននូវអារម្មណ៍ មានឧបមាយ៉ាងណាមិញ ម្នាលអាវុសោ ភិក្ខុមានកិរិយានៅយ៉ាងនេះ ប្រសិនបើមារចូលទៅជិតភិក្ខុនោះតាមទា្វរភ្នែក មារមិនបាននូវឱកាស មារមិនបាននូវអារម្មណ៍ ប្រសិនបើ (ចូលទៅ) ជិតភិក្ខុនោះ តាមទ្វារត្រចៀក។បេ។ ប្រសិនបើ មារចូលទៅជិតភិក្ខុនោះ តាមទា្វរចិត្ត មារមិនបាននូវឱកាស មារមិនបាននូវអារម្មណ៍ មានឧបមេយ្យដូច្នោះឯង ម្នាលអាវុសោ រូបមិនគ្របសង្កត់ភិក្ខុ ដែលមានកិរិយានៅយ៉ាងនេះ ភិក្ខុគ្របសង្កត់រូប សំឡេងមិនគ្របសង្កត់ភិក្ខុ ភិក្ខុគ្របសង្កត់សំឡេង។បេ។ ធម្មារម្មណ៍មិនគ្របសង្កត់ភិក្ខុ ភិក្ខុគ្របសង្កត់ធម្មារម្មណ៍ ម្នាលអាវុសោ ភិក្ខុនេះ គេហៅថា អ្នកគ្របសង្កត់រូប អ្នកគ្របសង្កត់សំឡេង អ្នកគ្របសង្កត់ក្លិន អ្នកគ្របសង្កត់រស អ្នកគ្របសង្កត់ផោដ្ឋព្វៈ អ្នកគ្របសង្កត់ធម្មារម្មណ៍ អ្នកមិនត្រូវពួកកិលេសទាំងនោះ គ្របសង្កត់ទេ ព្រោះថា ភិក្ខុនោះ គ្របសង្កត់ពួកអកុសលធម៌ដ៏លាមក ដែលប្រកបដោយសេចក្តីសៅហ្មង នាំឲ្យកើតក្នុងភពថ្មី ប្រកបដោយសេចក្តីក្រវល់ក្រវាយ មានទុក្ខជាផល ជាទីតាំងនៃជាតិ ជរា និងមរណៈតទៅ ម្នាលអាវុសោ ភិក្ខុមានចិត្តមិនទទឹកយ៉ាងនេះឯង ហេតុនោះ (លោកពោលថា) មានចិត្តមិនទទឹក។ ពាក្យថា មិនរោលរាល គឺ មិនក្តៅក្រហាយដោយភ្លើងរាគៈ មិនក្តៅក្រហាយដោយភ្លើងទោសៈ មិនក្តៅក្រហាយដោយភ្លើងមោហៈ ហេតុនោះ (លោកពោលថា) មានចិត្តមិនទទឹក មិនរោលរាល (ដោយកិលេស)។ គប្បីប្រព្រឹត្តម្នាក់ឯង ដូចកុយរមាស។ ហេតុនោះ ព្រះបច្ចេកសម្ពុទ្ធនោះ ពោលថា

ភិក្ខុមានចក្ខុដាក់ចុះ ជាអ្នកមិនរពឹសជើង អ្នកគ្រប់គ្រងឥន្រ្ទិយ រក្សាចិត្ត មានចិត្តមិនទទឹក មិនរោលរាល (ដោយកិលេស) គប្បីប្រព្រឹត្តម្នាក់ឯង ដូចកុយរមាស។

[៣៤៤]

បុគ្គលលះបង់នូវវត្ថុជាគ្រឿងប្រាកដនៃគ្រហស្ថ ចេញទៅបួស ស្លៀកដណ្តប់សំពត់កាសាយៈ ដូចដើមបារិច្ឆត្តព្រឹក្ស មានស្លឹកដ៏ខ្នាប់ គប្បីប្រព្រឹត្តម្នាក់ឯង ដូចកុយរមាស។

[៣៤៥] ពាក្យថា បុគ្គលលះបង់នូវវត្ថុជាគ្រឿងប្រាកដនៃគ្រហស្ថ អធិប្បាយថា សក់ ពុកមាត់ ពុកចង្កា។បេ។ សំពត់វែង និងខ្លី ហៅថា វត្ថុជាគ្រឿងប្រាកដនៃគ្រហស្ថ។ ពាក្យថា បុគ្គលលះបង់នូវវត្ថុជាគ្រឿងប្រាកដនៃគ្រហស្ថ គឺ ដាក់ចុះ ដាក់ស្រឡះ លះបង់ នូវវត្ថុជាគ្រឿងប្រាកដនៃគ្រហស្ថ ហេតុនោះ (លោកពោលថា) បុគ្គលលះបង់នូវវត្ថុជាគ្រឿងប្រាកដនៃគ្រហស្ថ។

[៣៤៦] ពាក្យថា ដូចដើមបារិច្ឆត្តព្រឹក្ស មានស្លឹកដ៏ខ្នាប់ គឺព្រះបច្ចេកសម្ពុទ្ធនោះ ទ្រទ្រង់នូវបាត្រ និងចីវរដ៏បរិបូណ៌ ដូចដើមបារិច្ឆត្តព្រឹក្ស គឺដើមរលួសផ្អុង មានស្លឹក និងត្រួយដ៏ក្រាស់ មានម្លប់ត្រឈៃ ហេតុនោះ (លោកពោលថា) ដូចដើមបារិច្ឆត្តព្រឹក្ស មានស្លឹកដ៏ខ្នាប់។

[៣៤៧] ពាក្យថា ចេញទៅបួស ស្លៀកដណ្តប់សំពត់កាសាយៈ អធិប្បាយថា ព្រះបច្ចេកសម្ពុទ្ធនោះ កាត់កង្វល់ក្នុងឃរាវាសទាំងពួង កាត់កង្វល់ក្នុងបុត្រ និងភិរិយា កាត់កង្វល់ក្នុងញាតិ កាត់កង្វល់ក្នុងការសន្សំ កោរសក់ ពុកមាត់ ពុកចង្កា ទ្រទ្រង់នូវសំពត់កាសាយៈ ចេញចាកផ្ទះចូលទៅកាន់ផ្នួស ដល់នូវភាពជាអ្នកមិនមានកង្វល់ ចរ ត្រាច់ទៅ ប្រព្រឹត្ត រក្សា យាត្រា ឲ្យយាត្រាទៅតែម្នាក់ឯង ហេតុនោះ (លោកពោលថា) ចេញទៅបួស ស្លៀកដណ្តប់សំពត់កាសាយៈ។ គប្បីប្រព្រឹត្តម្នាក់ឯង ដូចកុយរមាស។ ហេតុនោះ ព្រះបច្ចេកសម្ពុទ្ធនោះ ពោលថា

បុគ្គលលះបង់នូវវត្ថុជាគ្រឿងប្រាកដនៃគ្រហស្ថ ចេញទៅបួស ស្លៀកដណ្តប់សំពត់កាសាយៈ ដូចដើមបារិច្ឆត្តព្រឹក្ស មានស្លឹកដ៏ខ្នាប់ គប្បីប្រព្រឹត្តម្នាក់ឯងដូចកុយរមាស។

(ចតុត្ថវគ្គ)

(ចតុត្ថវគ្គោ)

[៣៤៨]

បុគ្គលមិនធ្វើនូវចំណង់ក្នុងរសទាំងឡាយ ជាអ្នកមិនរពឹស មិនចិញ្ចឹមបុគ្គលដទៃ ត្រាច់ទៅតាមលំដាប់ច្រក មិនមានចិត្តជាប់ក្នុងត្រកូល ក្នុងត្រកូល គប្បីប្រព្រឹត្តម្នាក់ឯង ដូចកុយរមាស។

[៣៤៩] អធិប្បាយពាក្យថា មិនធ្វើនូវចំណង់ក្នុងរសទាំងឡាយ ជាអ្នកមិនរពឹស ត្រង់ពាក្យថា រសទាំងឡាយ បានដល់រសមើម រសដើម រសសំបក រសស្លឹក រសផ្កា រសផ្លែ ជូរ ផ្អែម ល្វីង ហឹរ ប្រៃ ខារ ជូរចត់ ចត់ ឆ្ងាញ់ មិនឆ្ងាញ់ ត្រជាក់ ក្តៅ។ មានពួកសមណព្រាហ្មណ៍ក្នុងលោក ជាអ្នកល្មោភក្នុងរស សមណព្រាហ្មណ៍ទាំងនោះ រមែងដើរស្វែងរកនូវរស ព្រោះចុងអណ្តាត។ បានរសជូរហើយ ស្វែងរករសមិនជូរ បានរសមិនជូរហើយ ស្វែងរករសជូរ។ បានរសផ្អែមហើយ ស្វែងរករសមិនផ្អែម បានរសមិនផ្អែមហើយ ស្វែងរករសផ្អែម។ បានរសល្វីងហើយ ស្វែងរករសមិនល្វីង បានរសមិនល្វីងហើយ ស្វែងរករសល្វីង។ បានរសហឹរហើយ ស្វែងរករសមិនហឹរ បានរសមិនហឹរហើយ ស្វែងរករសហឹរ។ បានរសប្រៃហើយ ស្វែងរករសមិនប្រៃ បានរសមិនប្រៃហើយ ស្វែងរករសប្រៃ។ បានរសខារហើយ ស្វែងរករសមិនខារ បានរសមិនខារហើយ ស្វែងរករសខារ។ បានរសជូរចត់ហើយ ស្វែងរករសចត់ បានរសចត់ហើយ ស្វែងរករសជូរចត់។ បានរសឆ្ងាញ់ហើយ ស្វែងរករសមិនឆ្ងាញ់ បានរសមិនឆ្ងាញ់ហើយ ស្វែងរករសឆ្ងាញ់។ បានត្រជាក់ហើយ ស្វែងរកក្តៅ បានក្តៅហើយ ស្វែងរកត្រជាក់។ ពួកសមណព្រាហ្មណ៍ទាំងនោះ បានរសណាៗ រមែងមិនសន្តោសដោយរសនោះៗ ទេ នៅតែស្វែងរករសផ្សេងៗ ទៀត ជាអ្នកត្រេកអរជាប់ចិត្ត ជ្រប់ចិត្ត លង់ចិត្ត ងប់ចិត្ត ស្អិត ទាក់ ចំពាក់ ក្នុងរសទាំងឡាយ។ ចំណង់ក្នុងរសនោះ ព្រះបច្ចេកសម្ពុទ្ធនោះ លះបង់ គាស់រំលើងឫសគល់ ធ្វើឲ្យសល់តែទីនៅ ដូចជាទីនៅនៃដើមត្នោត ឲ្យដល់នូវការមិនកើតមាន ឲ្យជាធម៌លែងកើតតទៅទៀត ព្រោះហេតុនោះ ព្រះបច្ចេកសម្ពុទ្ធនោះ ពិចារណាដោយឧបាយនៃប្រាជ្ញាហើយ ទើបឆាន់នូវអាហារ មិនមែនដើម្បីលេង មិនមែនដើម្បីស្រវឹង មិនមែនដើម្បីប្រដាប់ មិនមែនដើម្បីស្អិតស្អាងទេ គ្រាន់តែដើម្បីឲ្យតាំងនៅនៃកាយនេះតែប៉ុណ្ណោះ ដើម្បីញុំាំងឥរិយាបថឲ្យប្រព្រឹត្តទៅ ដើម្បីបំបាត់នូវសេចក្តីលំបាក ដើម្បីអនុគ្រោះដល់ព្រហ្មចរិយៈ (ឆាន់ដោយគិត) ថា អាត្មាអញនឹងបំបាត់បង់នូវវេទនាចាស់ផង មិនឲ្យវេទនាថ្មីកើតឡើងផង ការប្រព្រឹត្តិទៅផង ការមិនមានទោសផង ការនៅជាសុខផង នឹងមានដល់អាត្មាអញ ដោយឧបាយនេះ។ ដូចបុគ្គលលាបដំបៅ គ្រាន់តែនឹងឲ្យដុះសាច់ ឬដូចពួកអ្នករទេះលាបភ្លៅរទេះ គ្រាន់តែនឹងដឹកនូវរបស់ធ្ងន់ ឬក៏ដូចបុគ្គលស៊ីសាច់កូន គ្រាន់តែនឹងឆ្លងផ្លូវកន្តារៈ ព្រះបច្ចេកសម្ពុទ្ធនោះ ក៏ដូច្នោះដែរ លោកពិចារណាដោយឧបាយនៃប្រាជ្ញា ហើយឆាន់នូវអាហារ មិនមែនដើម្បីលេង មិនមែនដើម្បីស្រវឹង មិនមែនដើម្បីប្រដាប់ មិនមែនដើម្បីស្អិតស្អាងទេ គ្រាន់តែដើម្បីឲ្យតាំងនៅនៃកាយនេះ ដើម្បីញុំាំងឥរិយាបថឲ្យប្រព្រឹត្តទៅ ដើម្បីបំបាត់នូវសេចក្តីលំបាក ដើម្បីអនុគ្រោះដល់ព្រហ្មចរិយៈ (ឆាន់ដោយគិត) ថា អាត្មាអញនឹងបំបាត់បង់នូវវេទនាចាស់ផង មិនឲ្យវេទនាថ្មីកើតឡើងផង ការប្រព្រឹត្តិទៅផង ការមិនមានទោសផង ការនៅជាសុខផង នឹងមានដល់អាត្មាអញ ដោយឧបាយនេះ។ ជាអ្នកឆ្ងាយ វៀរ វៀរលែង ចេញ ដោះចេញ រួចផុត ប្រាសចេញ ចាកចំណង់ក្នុងរស មានចិត្តមិនសល់វល់ ហេតុនោះ (លោកពោលថា) មិនធ្វើនូវចំណង់ក្នុងរសទាំងឡាយ។ ពាក្យថា មិនរពឹស សេចក្តីថា តណ្ហា លោកហៅថា ការរពឹសផង ហៅថា សេចក្តីប្រាថ្នាក្រៃពេកផង បានខាងតម្រេក តម្រេកខ្លាំង។បេ។ អភិជ្ឈា លោភៈ អកុសលមូល។ តណ្ហា គឺការរពឹស និងសេចក្តីប្រាថ្នាក្រៃពេកនោះ ព្រះបច្ចេកសម្ពុទ្ធនោះ លះបង់ គាស់រំលើងឫសគល់ ធ្វើឲ្យសល់តែទីនៅ ដូចជាទីនៅនៃដើមត្នោត ឲ្យដល់នូវការមិនកើតមាន ឲ្យជាធម៌លែងកើតតទៅទៀត ហេតុនោះ ព្រះបច្ចេកសម្ពុទ្ធ ឈ្មោះថា ជាអ្នកមិនរពឹស ហេតុនោះ (លោកពោលថា) មិនធ្វើនូវចំណង់ក្នុងរស ជាអ្នកមិនរពឹស។

[៣៥០] អធិប្បាយពាក្យថា មិនចិញ្ចឹមបុគ្គលដទៃ ត្រាច់ទៅតាមលំដាប់ច្រក ត្រង់ពាក្យថា មិនចិញ្ចឹមបុគ្គលដទៃ គឺព្រះបច្ចេកសម្ពុទ្ធនោះ ចិញ្ចឹមតែព្រះអង្គឯង មិនចិញ្ចឹមបុគ្គលដទៃទេ។

តថាគតហៅបុគ្គល ដែលមិនចិញ្ចឹមបុគ្គលដទៃ ជាអ្នកត្រាស់ដឹង តាំងនៅស៊ប់ក្នុងសារធម៌ទាំងឡាយ អស់អាសវៈ ខ្ជាក់ចោលនូវទោស ថាជាព្រាហ្មណ៍។

ហេតុនោះ (លោកពោលថា) មិនចិញ្ចឹមបុគ្គលដទៃ។ ពាក្យថា ត្រាច់ទៅតាមលំដាប់ច្រក គឺព្រះបច្ចេកសម្ពុទ្ធនោះ ទ្រង់ស្បង់ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ហើយចូលទៅកាន់ស្រុក ឬនិគម ដើម្បីបិណ្ឌបាត មានកាយរក្សាហើយ មានវាចារក្សាហើយ មានចិត្តរក្សាហើយ មានសតិប្រុងហើយ មានឥន្រ្ទិយសង្រួមហើយ មានចក្ខុដាក់ចុះហើយ បរិបូណ៌ដោយឥរិយាបថ ចេញអំពីត្រកូលទៅកាន់ត្រកូល ត្រាច់ទៅដើម្បីបិណ្ឌបាត ហេតុនោះ (លោកពោលថា) មិនចិញ្ចឹមបុគ្គលដទៃ ត្រាច់ទៅតាមលំដាប់ច្រក។

[៣៥១] ពាក្យថា មិនមានចិត្តជាប់ក្នុងត្រកូល ក្នុងត្រកូល អធិប្បាយថា ភិក្ខុដែលមានចិត្តជាប់ចំពាក់ ដោយហេតុ ២ យ៉ាង គឺភិក្ខុបន្ទាបខ្លួនឯងឲ្យទាប លើកអ្នកដទៃឲ្យខ្ពស់ ឈ្មោះថា អ្នកមានចិត្តជាប់ចំពាក់ ឬភិក្ខុលើកខ្លួនឯងឲ្យខ្ពស់ បន្ទាបអ្នកដទៃឲ្យទាប ឈ្មោះថាអ្នកមានចិត្តជាប់ចំពាក់។

ភិក្ខុបន្ទាបខ្លួនឯងឲ្យទាប លើកអ្នកដទៃឲ្យខ្ពស់ ឈ្មោះថា អ្នកមានចិត្តជាប់ចំពាក់ តើដូចម្ដេច។ ភិក្ខុនោះ ពោលយ៉ាងនេះថា លោកមានឧបការៈច្រើនដល់ខ្ញុំ ខ្ញុំអាស្រ័យលោក ទើបបាននូវចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ ព្រោះពួកជនដទៃ អាស្រ័យនូវលោក ស្គាល់លោក ទើបសំគាល់នឹងឲ្យ នឹងធ្វើដល់ខ្ញុំ សូម្បីនាម និងគោត្រណា ពីដើម របស់មាតាបិតានៃខ្ញុំ នាម និងគោត្ររបស់ខ្ញុំនោះ បាត់បង់ទៅហើយ ខ្ញុំដែលគេស្គាល់ថា ជាជីតុននៃឧបាសកឯណោះ ជាជីតុននៃឧបាសិកាឯណោះ ដោយសារតែលោក ភិក្ខុបន្ទាបខ្លួនឯងឲ្យទាប លើកអ្នកដទៃឲ្យខ្ពស់ ឈ្មោះថា អ្នកមានចិត្តជាប់ចំពាក់ យ៉ាងនេះឯង។

ភិក្ខុលើកខ្លួនឯងឲ្យខ្ពស់ បន្ទាបអ្នកដទៃឲ្យទាប ឈ្មោះថា អ្នកមានចិត្តជាប់ចំពាក់ តើដូចម្ដេច។ ភិក្ខុពោលយ៉ាងនេះថា ខ្ញុំមានឧបការៈច្រើនដល់ពួកអ្នក ពួកអ្នកអាស្រ័យខ្ញុំ ទើបបានដល់នូវព្រះពុទ្ធជាទីពឹង ដល់នូវព្រះធម៌ជាទីពឹង ដល់នូវព្រះសង្ឃជាទីពឹង វៀរចាកបាណាតិបាត វៀរចាកអទិន្នាទាន វៀរចាកកាមេសុមិច្ឆាចារ វៀរចាកមុសាវាទ វៀរចាកសុរាមេរយមជ្ជប្បមាទដ្ឋាន ខ្ញុំឲ្យឧទ្ទេស ខ្ញុំឲ្យបរិបុច្ឆា ខ្ញុំប្រាប់ឧបោសថ ខ្ញុំអធិដ្ឋាននវកម្ម ដល់លោក លុះមកខាងក្រោយ លោកលះចោលខ្ញុំ ហើយទៅធ្វើសក្ការៈ ធ្វើការគោរព រាប់អាន បូជាអ្នកដទៃវិញ ភិក្ខុលើកខ្លួនឯងឲ្យខ្ពស់ បន្ទាបអ្នកដទៃឲ្យទាប ឈ្មោះថា អ្នកមានចិត្តជាប់ចំពាក់ យ៉ាងនេះឯង។

ពាក្យថា មិនមានចិត្តជាប់ក្នុងត្រកូល ក្នុងត្រកូល បានសេចក្តីថា ព្រះបច្ចេកសម្ពុទ្ធនោះ មិនមានចិត្តជាប់ចំពាក់ដោយកង្វល់ក្នុងត្រកូល មិនមានចិត្តជាប់ចំពាក់ដោយកង្វល់ក្នុងគណៈ មិនមានចិត្តជាប់ចំពាក់ដោយកង្វល់ក្នុងអាវាស មិនមានចិត្តជាប់ចំពាក់ដោយកង្វល់ក្នុងចីវរ មិនមានចិត្តជាប់ចំពាក់ដោយកង្វល់ក្នុងបិណ្ឌបាត មិនមានចិត្តជាប់ចំពាក់ដោយកង្វល់ក្នុងសេនាសនៈ មិនមានចិត្តជាប់ចំពាក់ដោយកង្វល់ក្នុងគិលានប្បច្ចយភេសជ្ជបរិក្ខារ ហេតុនោះ (លោកពោលថា) មិនមានចិត្តជាប់ចំពាក់ក្នុងត្រកូល ក្នុងត្រកូល។ គប្បីប្រព្រឹត្តម្នាក់ឯង ដូចកុយរមាស។ ហេតុនោះ ព្រះបច្ចេកសម្ពុទ្ធនោះ ពោលថា

បុគ្គលមិនធ្វើនូវចំណង់ក្នុងរសទាំងឡាយ ជាអ្នកមិនរពឹស មិនចិញ្ចឹមបុគ្គលដទៃ ត្រាច់ទៅតាមលំដាប់ច្រក មិនមានចិត្តជាប់ក្នុងត្រកូល ក្នុងត្រកូល គប្បីប្រព្រឹត្តម្នាក់ឯង ដូចកុយរមាស។

[៣៥២]

បុគ្គលលះបង់នូវរបាំងរបស់ចិត្ត ៥ បន្ទោបង់នូវឧបក្កិលេសទាំងពួង ជាអ្នកមិនអាស្រ័យ កាត់បង់នូវសេចក្តីស្នេហា និងទោសៈ គប្បីប្រព្រឹត្តម្នាក់ឯងដូចកុយរមាស។

[៣៥៣] ពាក្យថា លះបង់នូវរបាំងរបស់ចិត្ត ៥ គឺព្រះបច្ចេកសម្ពុទ្ធនោះ លះ លះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ឲ្យដល់នូវការមិនកើតមាន នូវកាមច្ឆន្ទនីវរណៈ លះ លះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ឲ្យដល់នូវការមិនកើតមាន នូវព្យាបាទនីវរណៈ ថីនមិទ្ធនីវរណៈ ឧទ្ធច្ចកុក្កុច្ចនីវរណៈ វិចិកិច្ឆានីវរណៈ ជាអ្នកស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាកអកុសលធម៌ទាំងឡាយ ហើយចូលកាន់បឋមជ្ឈាន ប្រកបដោយវិតក្កៈ និងវិចារៈ មានបីតិ និងសុខៈ កើតអំពីសេចក្តីស្ងាត់ ហេតុនោះ (លោកពោលថា) លះបង់នូវរបាំងរបស់ចិត្ត ៥។

[៣៥៤] ពាក្យថា បន្ទោបង់នូវឧបក្កិលេសទាំងពួង សេចក្តីថា រាគៈជាឧបក្កិលេសរបស់ចិត្ត ទោសៈជាឧបក្កិលេសរបស់ចិត្ត មោហៈជាឧបក្កិលេសរបស់ចិត្ត កោធៈ ឧបនាហៈ។បេ។ អកុសលាភិសង្ខារទាំងពួង ជាឧបក្កិលេសរបស់ចិត្ត។ ពាក្យថា បន្ទោបង់នូវឧបក្កិលេសទាំងពួង គឺ បន្ទោ បន្ទោបង់ បន្សាត់បង់ លះបង់ ធ្វើឲ្យវិនាស ឲ្យដល់នូវការមិនកើតមាននូវឧបក្កិលេសទាំងពួងនៃចិត្ត ហេតុនោះ (លោកពោលថា) បន្ទោបង់នូវឧបក្កិលេសទាំងពួង។

[៣៥៥] អធិប្បាយពាក្យថា ជាអ្នកមិនអាស្រ័យ កាត់បង់នូវសេចក្តីស្នេហា និងទោសៈ ត្រង់ពាក្យថា ជាអ្នកមិនអាស្រ័យ សេចក្តីថា ការអាស្រ័យមាន ២ គឺ ការអាស្រ័យគឺតណ្ហា ១ ការអាស្រ័យគឺទិដ្ឋិ ១។បេ។ នេះការអាស្រ័យគឺតណ្ហា។បេ។ នេះការអាស្រ័យគឺទិដ្ឋិ។ ពាក្យថា សេចក្តីស្នេហា បានដល់ស្នេហា ២ គឺ តណ្ហាស្នេហា ១ ទិដ្ឋិស្នេហា ១។បេ។ នេះតណ្ហាស្នេហា។បេ។ នេះទិដ្ឋិស្នេហា។ ពាក្យថា ទោសៈ បានដល់ការអាឃាត គំនុំ ការថ្នាំងថ្នាក់ ការអាក់អន់ ការក្រោធ ការក្រោធខ្លាំង ការកម្រើក ការប្រទូស្ត ការប្រទូស្តខ្លាំង ការក្តៅក្រហាយនៃចិត្ត សេចក្តីចង្អៀតចង្អល់នៃចិត្ត សេចក្តីប្រទូស្តនៃចិត្ត សេចក្តីក្រោធ អាការនៃសេចក្តីក្រោធ ភាពនៃសេចក្តីក្រោធ សេចក្តីប្រទូស្ត អាការនៃសេចក្តីប្រទូស្ត ភាពនៃសេចក្តីប្រទូស្ត សេចក្តីចង្អៀតចង្អល់ អាការនៃសេចក្តីចង្អៀតចង្អល់ ភាពនៃសេចក្តីចង្អៀតចង្អល់ សេចក្តីខឹង ការថ្នាំងថ្នាក់ កាច ការពោលពាក្យមិនពីរោះ ភាពនៃចិត្តមិនត្រេកអរ។ ពាក្យថា ជាអ្នកមិនអាស្រ័យ កាត់បង់នូវសេចក្តីស្នេហា និងទោសៈ បានសេចក្តីថា ព្រះបច្ចេកសម្ពុទ្ធនោះ កាត់ កាត់ផ្តាច់ កាត់ចោល លះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ឲ្យដល់នូវការមិនកើតមាន នូវតណ្ហាស្នេហា ទិដ្ឋិស្នេហា និងទោសៈ មិនអាស្រ័យនូវចក្ខុ មិនអាស្រ័យនូវសោតៈ។បេ។ មិនអាស្រ័យ មិនផ្តេកផ្តិត មិនប្រកប មិនងប់ចិត្ត មិនចុះចិត្តស៊ប់ ងាកចេញ ដោះចេញ រួចស្រឡះ មិនប្រកបនូវធម្មារម្មណ៍ ដែលគប្បីឃើញ ឮ ប៉ះពាល់ ឬដឹង មានចិត្តមិនសល់វល់ ហេតុនោះ (លោកពោលថា) ជាអ្នកមិនអាស្រ័យ កាត់បង់នូវសេចក្តីស្នេហា និងទោសៈ។ គប្បីប្រព្រឹត្តម្នាក់ឯង ដូចកុយរមាស។ ហេតុនោះ ព្រះបច្ចេកសម្ពុទ្ធនោះ ពោលថា

បុគ្គលលះបង់ នូវរបាំងរបស់ចិត្ត ៥ បន្ទោបង់នូវឧបក្កិលេសទាំងពួង ជាអ្នកមិនអាស្រ័យ កាត់បង់នូវសេចក្តីស្នេហា និងទោសៈ គប្បីប្រព្រឹត្តម្នាក់ឯង ដូចកុយរមាស។

[៣៥៦]

បុគ្គលធ្វើឲ្យនៅពីខាងក្រោយខ្នង នូវសុខ ទុក្ខ សោមនស្ស និងទោមនស្ស ក្នុងកាលមុន បាននូវឧបេក្ខា និងសមថៈដ៏បរិសុទ្ធ គប្បីប្រព្រឹត្តម្នាក់ឯង ដូចកុយរមាស។

[៣៥៧] ពាក្យថា បុគ្គលធ្វើឲ្យនៅពីខាងក្រោយខ្នង នូវសុខ ទុក្ខ សោមនស្ស និងទោមនស្ស ក្នុងកាលមុន សេចក្តីថា ព្រោះលះសុខផង លះទុក្ខផង ធ្វើនូវសោមនស្ស និងទោមនស្សក្នុងកាលមុន ឲ្យវិនាសផង ព្រះបច្ចេកសម្ពុទ្ធនោះ ចូលចតុត្ថជ្ឈាន ឥតទុក្ខឥតសុខ មានសេចក្តីបរិសុទ្ធិដោយឧបេក្ខា និងសតិ ហេតុនោះ (លោកពោលថា) ធ្វើឲ្យនៅពីខាងក្រោយខ្នង នូវសុខ ទុក្ខ សោមនស្ស និងទោមនស្សក្នុងកាលមុន។

[៣៥៨] អធិប្បាយពាក្យថា បាននូវឧបេក្ខា និងសមថៈដ៏បរិសុទ្ធ ត្រង់ពាក្យថា ឧបេក្ខា បានដល់ការព្រងើយ អាការនៃការព្រងើយ ការព្រងើយកន្តើយ ភាពនៃចិត្តស្ងប់ ភាពនៃចិត្តតាំងនៅជាកណ្តាល ក្នុងចតុត្ថជ្ឈាន។ ពាក្យថា សមថៈ បានដល់ការតាំងនៅ ការតាំងនៅព្រម ការតាំងនៅខ្ជាប់ ការមិនរសេមរសាម ការមិនរាយមាយ ភាពមិនអណ្តែតអណ្តូង នៃចិត្ត សមថៈ សមាធិន្រ្ទិយ សមាធិពលៈ សម្មាសមាធិ។ ឧបេក្ខា និងសមថៈ ក្នុងចតុត្ថជ្ឈាន ជាសភាវៈបរិសុទ្ធ ស្អាត ផូរផង់ មិនមានទីទួល គឺកិលេស ប្រាសចាកឧបក្កិលេស ជាសភាពទន់ភ្លន់ គួរដល់កម្ម នឹងនួន ដល់នូវការមិនញាប់ញ័រ។ ពាក្យថា បាននូវឧបេក្ខា និងសមថៈដ៏បរិសុទ្ធ បានសេចក្តីថា បាន បានហើយ នូវឧបេក្ខា និងសមថៈ ក្នុងចតុត្ថជ្ឈាន ហេតុនោះ (លោកពោលថា) បាននូវឧបេក្ខា និងសមថៈដ៏បរិសុទ្ធ។ គប្បីប្រព្រឹត្តម្នាក់ឯង ដូចកុយរមាស។ ហេតុនោះ ព្រះបច្ចេកសម្ពុទ្ធនោះ ពោលថា

បុគ្គលធ្វើឲ្យនៅពីខាងក្រោយខ្នង នូវសុខ ទុក្ខ សោមនស្ស និងទោមនស្ស ក្នុងកាលមុន បាននូវឧបេក្ខា និងសមថៈដ៏បរិសុទ្ធ គប្បីប្រព្រឹត្តម្នាក់ឯងដូចកុយរមាស។

[៣៥៩]

បុគ្គលប្រារព្ធព្យាយាម ដើម្បីសម្រេចនូវប្រយោជន៍ដ៏ឧត្តម មានចិត្តមិនរួញរា ជាអ្នកប្រព្រឹត្តមិនខ្ជិល មានព្យាយាមមាំ បរិបូណ៌ដោយកំឡាំងចិត្ត និងកំឡាំងកាយ គប្បីប្រព្រឹត្តម្នាក់ឯង ដូចកុយរមាស។

[៣៦០] ពាក្យថា ប្រារព្ធព្យាយាម ដើម្បីសម្រេចនូវប្រយោជន៍ដ៏ឧត្តម សេចក្តីថា អមតនិព្វាន ហៅថា ប្រយោជន៍ដ៏ឧត្តម បានដល់ការរំងាប់សង្ខារទាំងពួង ការលះបង់នូវឧបធិទាំងពួង ការអស់តណ្ហា ការអស់តម្រេក ការរលត់ និព្វាន។ បុគ្គលជាអ្នកប្រារព្ធព្យាយាមក្នុងការលះអកុសលធម៌ ក្នុងការបំពេញកុសលធម៌ ដើម្បីការដល់ ការបាន ការបានចំពោះ ការត្រាស់ដឹង ការពាល់ត្រូវ ការធ្វើឲ្យជាក់ច្បាស់នូវប្រយោជន៍ដ៏ឧត្តម គឺជាអ្នកមានកំឡាំងចិត្ត មានសេចក្តីប្រឹងប្រែងមាំ មិនដាក់ធុរៈ ក្នុងកុសលធម៌ទាំងឡាយ ហេតុនោះ (លោកពោលថា) ប្រារព្ធព្យាយាម ដើម្បីសម្រេចនូវប្រយោជន៍ដ៏ឧត្តម។

[៣៦១] ពាក្យថា មានចិត្តមិនរួញរា ជាអ្នកប្រព្រឹត្តមិនខ្ជិល អធិប្បាយថា ព្រះបច្ចេកសម្ពុទ្ធនោះ ញុំាងឆន្ទៈឲ្យកើត ព្យាយាម ប្រារព្ធនូវសេចក្តីព្យាយាម ផ្គងចិត្ត តាំងចិត្ត ដើម្បីញុំាំងអកុសលធម៌ដ៏លាមក ដែលមិនទាន់កើតឡើង មិនឲ្យកើតឡើងបាន ញុំាងឆន្ទៈឲ្យកើត ព្យាយាម ប្រារព្ធនូវសេចក្តីព្យាយាម ផ្គងចិត្ត តាំងចិត្ត ដើម្បីលះនូវកុសលធម៌ដ៏លាមក ដែលកើតឡើងហើយ ញុំាងឆន្ទៈឲ្យកើត ព្យាយាម ប្រារព្ធនូវសេចក្តីព្យាយាម ផ្គងចិត្ត តាំងចិត្ត ដើម្បីញុំាំងកុសលធម៌ ដែលមិនទាន់កើត ឲ្យកើតឡើង ញុំាងឆន្ទៈឲ្យកើត ព្យាយាម ប្រារព្ធនូវសេចក្តីព្យាយាម ផ្គងចិត្ត តាំងចិត្ត ដើម្បីញុំាំងកុសលធម៌ ដែលកើតឡើងហើយ ឲ្យឋិតថេរ មិនឲ្យសាបសូន្យ ឲ្យចំរើនក្រៃលែង ឲ្យទូលំទូលាយ ឲ្យពេញលេញដោយភាវនា ហេតុនោះ (លោកពោលថា) មានចិត្តមិនរួញរា ជាអ្នកប្រព្រឹត្តមិនខ្ជិល យ៉ាងនេះ។ មួយទៀត បុគ្គលផ្គងចិត្ត តាំងចិត្តថា ចង់សល់នៅតែស្បែក សរសៃ និងឆ្អឹង ក៏ដោយចុះ ចង់សាច់ និងឈាមក្នុងសរីរៈ រីងស្ងួតទៅក៏ដោយចុះ គុណជាតណា ដែលបុគ្គលគប្បីសម្រេចដោយកំឡាំងចិត្តរបស់បុរស ដោយកំឡាំងកាយរបស់បុរស ដោយសេចក្តីព្យាយាមរបស់បុរស ដោយសេចក្តីប្រឹងប្រែងរបស់បុរស បើអាត្មាមិនទាន់សម្រេចនូវគុណជាតនោះទេ នឹងមិនបញ្ឈប់នូវព្យាយាមឡើយ បុគ្គលមានចិត្តមិនរួញរា ជាអ្នកប្រព្រឹត្តមិនខ្ជិល ដោយវិធីយ៉ាងនេះ ក៏មាន។ បុគ្គលផ្គងចិត្ត តាំងចិត្តថា ចិត្តរបស់អាត្មាអញ មិនទាន់រួចចាកអាសវៈ ព្រោះមិនប្រកាន់មាំ ដរាបណា អាត្មាអញនឹងមិនទំលាយភ្នែនដរាបនោះ បុគ្គលមានចិត្តមិនរួញរា ជាអ្នកប្រព្រឹត្តមិនខ្ជិល ដោយវិធីយ៉ាងនេះ ក៏មាន។ បុគ្គលផ្គងចិត្ត តាំងចិត្តថា

កាលបើសរ គឺតណ្ហា មិនទាន់រដកចេញទេ អាត្មាអញនឹងមិនស៊ី នឹងមិនផឹក នឹងមិនចេញអំពីវិហារ ទាំងនឹងមិនដាក់នូវបង្អៀង (ទម្រេត) ឡើយ។

បុគ្គល មានចិត្តមិនរួញរា ជាអ្នកប្រព្រឹត្តមិនខ្ជិល ដោយវិធីយ៉ាងនេះ ក៏មាន។ បុគ្គលផ្គងចិត្ត តាំងចិត្តថា បើចិត្តរបស់អាត្មាអញ នឹងមិនទាន់រួចចាកអាសវៈ ព្រោះមិនប្រកាន់មាំ ដរាបណា អាត្មាអញនឹងមិនក្រោកចាកអាសនៈនេះ ដរាបនោះ បុគ្គលមានចិត្តមិនរួញរា ជាអ្នកប្រព្រឹត្តមិនខ្ជិល ដោយវិធីយ៉ាងនេះ ក៏មាន។ បុគ្គលផ្គងចិត្ត តាំងចិត្តថា អាត្មាអញនឹងមិនចុះអំពីទីចង្រ្កមនេះ មិនចេញអំពីវិហារនេះ មិនចេញអំពីអឌ្ឍយោគនេះ មិនចេញអំពីប្រាសាទនេះ មិនចេញអំពីប្រាសាទមានជ្រុង ៤ នេះ មិនចេញអំពីគុហានេះ មិនចេញអំពីគុកនេះ មិនចេញអំពីកុដិនេះ មិនចេញអំពីផ្ទះមានកំពូលនេះ មិនចេញអំពីប៉មនេះ មិនចេញអំពីរោងនេះ មិនចេញអំពីរោងដោលនេះ មិនចេញអំពីឧបដ្ឋានសាលានេះ មិនចេញអំពីមណ្ឌបនេះ មិនចេញអំពីគល់ឈើនេះ បើចិត្តរបស់អាត្មាអញមិនទាន់រួចចាកអាសវៈទាំងឡាយ ព្រោះមិនប្រកាន់មាំ បុគ្គលមានចិត្តមិនរួញរា ជាអ្នកប្រព្រឹត្តមិនខ្ជិល ដោយវិធីយ៉ាងនេះ ក៏មាន។ បុគ្គលផ្គងចិត្ត តាំងចិត្តថា អាត្មាអញនឹងនាំមក នឹងប្រមូលមក នឹងត្រាស់ដឹង នឹងពាល់ត្រូវ នឹងធ្វើឲ្យជាក់ច្បាស់ នូវអរិយធម៌ ឲ្យទាន់ក្នុងបុព្វណ្ហសម័យនេះ បុគ្គលមានចិត្តមិនរួញរា ជាអ្នកប្រព្រឹត្តមិនខ្ជិល ដោយវិធីយ៉ាងនេះ ក៏មាន។ បុគ្គលផ្គងចិត្ត តាំងចិត្តថា អាត្មាអញនឹងនាំមក នឹងប្រមូលមក នឹងត្រាស់ដឹង នឹងពាល់ត្រូវ នឹងធ្វើឲ្យជាក់ច្បាស់ នូវអរិយធម៌ ឲ្យទាន់ក្នុងវេលាថ្ងៃត្រង់នេះ ក្នុងវេលាថ្ងៃរសៀលនេះ ក្នុងវេលាមុនភត្តនេះ ក្នុងវេលាក្រោយភត្តនេះ ក្នុងបឋមយាមនេះ ក្នុងមជ្ឈិមយាមនេះ ក្នុងបច្ឆិមយាមនេះ ក្នុងរនោចនេះ ក្នុងខ្នើតនេះ ក្នុងវស្សានរដូវនេះ ក្នុងហេមន្តរដូវនេះ ក្នុងគិម្ហរដូវនេះ ក្នុងចំណែកបឋមវ័យនេះ ក្នុងចំណែកមជ្ឈិមវ័យនេះ ក្នុងចំណែកបច្ឆិមវ័យនេះ បុគ្គលមានចិត្តមិនរួញរា ជាអ្នកប្រព្រឹត្តមិនខ្ជិល ដោយវិធីយ៉ាងនេះ ក៏មាន។

[៣៦២] អធិប្បាយពាក្យថា មានព្យាយាមមាំ បរិបូណ៌ដោយកំឡាំងចិត្ត និងកំឡាំងកាយ ត្រង់ពាក្យថា មានព្យាយាមមាំ សេចក្តីថា ព្រះបច្ចេកសម្ពុទ្ធនោះ ជាអ្នកមានការសមាទានមាំ ក្នុងពួកកុសលធម៌ មានការសមាទានខ្ជាប់ខ្ជួន ក្នុងកាយសុចរិត ក្នុងវចីសុចរិត ក្នុងមនោសុចរិត ក្នុងការចែករលែក ក្នុងការសមាទានសីល ក្នុងការរក្សាឧបោសថ ក្នុងភាពជាអ្នកគោរពមាតា ក្នុងភាពជាអ្នកគោរពបិតា ក្នុងភាពជាអ្នកគោរពសមណៈ ក្នុងភាពជាអ្នកគោរពព្រាហ្មណ៍ ក្នុងសេចក្តីគោរពបុគ្គលជាច្បងក្នុងត្រកូល ក្នុងធម៌ទាំងឡាយ ជាអធិកុសលណាមួយ ហេតុនោះ (លោកពោលថា) មានព្យាយាមមាំ។ ពាក្យថា បរិបូណ៌ដោយកម្លាំងចិត្ត និងកម្លាំងកាយ បានសេចក្តីថា ព្រះបច្ចេកសម្ពុទ្ធនោះ ដល់ ដល់ព្រម មកជិត មកជិតព្រម ចូលដល់ ចូលដល់ព្រម ប្រកបដោយកម្លាំងចិត្តផង កម្លាំងកាយផង ព្យាយាមផង សេចក្តីប្រឹងប្រែងផង ហេតុនោះ (លោកពោលថា) មានព្យាយាមមាំ បរិបូណ៌ដោយកម្លាំងចិត្ត និងកម្លាំងកាយ។ គប្បីប្រព្រឹត្តម្នាក់ឯង ដូចកុយរមាស។ ហេតុនោះ ព្រះបច្ចេកសម្ពុទ្ធនោះ ពោលថា

បុគ្គលប្រារព្ធព្យាយាម ដើម្បីសម្រេចនូវប្រយោជន៍ដ៏ឧត្តម មានចិត្តមិនរួញរា ជាអ្នកប្រព្រឹត្តមិនខ្ជិល មានព្យាយាមមាំ បរិបូណ៌ដោយកម្លាំងចិត្ត និងកម្លាំងកាយ គប្បីប្រព្រឹត្តម្នាក់ឯង ដូចកុយរមាស។

[៣៦៣]

បុគ្គលមិនលះបង់នូវការសម្ងំផង នូវឈានផង ជាអ្នកប្រព្រឹត្តធម៌បន្ទាប់បន្សំ ក្នុងធម៌ទាំងឡាយ អស់កាលជានិច្ច ពិចារណាឃើញទោសក្នុងភពទាំងឡាយ គប្បីប្រព្រឹត្តម្នាក់ឯង ដូចកុយរមាស។

[៣៦៤] ពាក្យថា មិនលះបង់នូវការសម្ងំផង នូវឈានផង អធិប្បាយថា ព្រះបច្ចេកសម្ពុទ្ធនោះ ជាអ្នកមានការសម្ងំជាទីត្រេកអរ ត្រេកអរក្នុងការសម្ងំ ប្រកបរឿយៗ នូវចេតោសមថៈខាងក្នុង មិនធ្វើឈានឲ្យរបូតចុះ មិនលះបង់ឈាន ប្រកប ប្រកបរឿយៗ ប្រកបព្រម ប្រកបមិនដាច់ ប្រកបមិនដាច់ព្រម ដើម្បីធ្វើបឋមជ្ឈានដែលមិនទាន់កើត ឲ្យកើតឡើង ឬប្រកប ប្រកបរឿយៗ ប្រកបព្រម ប្រកបមិនដាច់ ប្រកបមិនដាច់ព្រម ដើម្បីធ្វើទុតិយជ្ឈាន ដែលមិនទាន់កើត ឬតតិយជ្ឈានដែលមិនទាន់កើត ឬក៏ចតុត្ថជ្ឈានដែលមិនទាន់កើត ឲ្យកើតឡើង ហេតុនោះ ឈ្មោះថា មិនលះបង់នូវឈាន យ៉ាងនេះឯង។ មួយទៀត ព្រះបច្ចេកសម្ពុទ្ធ សេព ចម្រើន ធ្វើឲ្យច្រើន នូវបឋមជ្ឈាន ដែលកើតឡើងហើយ ឬសេព ចម្រើន ធ្វើឲ្យច្រើន នូវទុតិយជ្ឈាន ដែលកើតឡើងហើយ ឬតតិយជ្ឈាន ដែលកើតឡើងហើយ ឬចតុត្ថជ្ឈាន ដែលកើតឡើងហើយ ហេតុនោះ ឈ្មោះថា មិនលះបង់នូវឈាន យ៉ាងនេះក៏មាន ហេតុនោះ (លោកពោលថា) មិនលះបង់នូវការសម្ងំផង នូវឈានផង។

[៣៦៥] ពាក្យថា ជាអ្នកប្រព្រឹត្តធម៌បន្ទាប់បន្សំ ក្នុងធម៌ទាំងឡាយ អស់កាលជានិច្ច អធិប្បាយថា សតិប្បដ្ឋាន ៤។បេ។ មគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរ ហៅថា ធម៌។ ធម៌បន្ទាប់បន្សំ តើដូចម្ដេច។ ការប្រតិបត្តិត្រូវ ការប្រតិបត្តិជាអនុលោម ការប្រតិបត្តិមិនមានទំនាស់ ការប្រតិបត្តិគួរតាមប្រយោជន៍ ការប្រតិបត្តិនូវធម៌តាមធម៌ ការបំពេញក្នុងសីលទាំងឡាយ ការគ្រប់គ្រងទ្វារក្នុងឥន្រ្ទិយ ការស្គាល់ប្រមាណក្នុងភោជន ការប្រកបរឿយៗ នូវសេចក្តីភ្ញាក់រឭក សតិ និងសម្បជញ្ញៈទាំងនេះហៅថា ធម៌បន្ទាប់បន្សំ។ ពាក្យថា ជាអ្នកប្រព្រឹត្តធម៌បន្ទាប់បន្សំ ក្នុងធម៌ទាំងឡាយ អស់កាលជានិច្ច បានសេចក្តីថា ចរ ត្រាច់ ទៅ ប្រព្រឹត្ត រក្សា យាត្រា ឲ្យយាត្រាទៅ ក្នុងធម៌ទាំងឡាយ អស់កាលជានិច្ចរឿយៗ ជាប់តមិនដាច់ញយៗ មិនល្បោះ ជាប់មិនដាច់ ជាប់ត ជិតស្និទ្ធ វេលាមុនភត្ត វេលាក្រោយភត្ត បុរិមយាម មជ្ឈិមយាម បច្ឆិមយាម រនោច ខ្នើត វស្សានរដូវ ហេមន្តរដូវ គិម្ហរដូវ ចំណែកបុរិមវ័យ ចំណែកមជ្ឈិមវ័យ ចំណែកបច្ឆិមវ័យ ហេតុនោះ (លោកពោលថា) ជាអ្នកប្រព្រឹត្តធម៌បន្ទាប់បន្សំ ក្នុងធម៌ទាំងឡាយ អស់កាលជានិច្ច។

[៣៦៦] ពាក្យថា ពិចារណាឃើញទោស ក្នុងភពទាំងឡាយ គឺពិចារណាឃើញនូវទោសក្នុងភពថា សង្ខារទាំងពួងមិនទៀង ថាសង្ខារទាំងពួងជាទុក្ខ ថា ធម៌ទាំងពួងជាអនត្តា។បេ។ ពិចារណាឃើញទោសក្នុងភពថា ធម្មជាតណាមួយមានការកើតឡើងជាធម្មតា ធម្មជាតទាំងអស់នោះ មានការរលត់ទៅវិញជាធម្មតា ហេតុនោះ (លោកពោលថា) ពិចារណាឃើញទោសក្នុងភពទាំងឡាយ។ គប្បីប្រព្រឹត្តម្នាក់ឯង ដូចកុយរមាស។ ហេតុនោះ ព្រះបច្ចេកសម្ពុទ្ធនោះ ពោលថា

បុគ្គលមិនលះបង់នូវការសម្ងំផង នូវឈានផង ជាអ្នកប្រព្រឹត្តធម៌បន្ទាប់បន្សំ ក្នុងធម៌ទាំងឡាយ អស់កាលជានិច្ច ពិចារណាឃើញទោស ក្នុងភពទាំងឡាយ គប្បីប្រព្រឹត្តម្នាក់ឯង ដូចកុយរមាស។

[៣៦៧]

បុគ្គលកាលប្រាថ្នានូវកាអស់តណ្ហា ជាអ្នកមិនប្រហែស មិនល្ងង់ខ្លៅ ជាអ្នកចេះដឹង មានស្មារតី មានធម៌ពិចារណាហើយ ជាអ្នកទៀងទាត់ មានព្យាយាម គប្បីប្រព្រឹត្តម្នាក់ឯង ដូចកុយរមាស។

[៣៦៨] អធិប្បាយពាក្យថា កាលប្រាថ្នានូវការអស់តណ្ហា ជាអ្នកមិនប្រហែស ត្រង់ពាក្យថា តណ្ហា បានដល់រូបតណ្ហា សទ្ទតណ្ហា គន្ធតណ្ហា រសតណ្ហា ផោដ្ឋព្វតណ្ហា ធម្មតណ្ហា។ ពាក្យថា កាលប្រាថ្នានូវការអស់តណ្ហា គឺ កាលប្រាថ្នា ប៉ុនប៉ង ផ្គង បំណង នូវការអស់រាគៈ ការអស់ទោសៈ ការអស់មោហៈ ការអស់គតិ ការអស់ឧបបត្តិ ការអស់បដិសន្ធិ ការអស់ភព ការអស់សង្សារ ការអស់វដ្តៈ ហេតុនោះ (លោកពោលថា) កាលប្រាថ្នានូវការអស់តណ្ហា។ ពាក្យថា ជាអ្នកមិនប្រហែស គឺព្រះបច្ចេកសម្ពុទ្ធនោះ ជាអ្នកធ្វើសេចក្តីគោរព។បេ។ ជាអ្នកមិនប្រហែសក្នុងកុសលធម៌ទាំងឡាយ ហេតុនោះ (លោកពោលថា) កាលប្រាថ្នានូវការអស់តណ្ហា ជាអ្នកមិនប្រហែស។

[៣៦៩] អធិប្បាយពាក្យថា មិនល្ងង់ខ្លៅ ជាអ្នកចេះដឹង មានស្មារតី ត្រង់ពាក្យថា មិនល្ងង់ខ្លៅ គឺព្រះបច្ចេកសម្ពុទ្ធនោះ ជាបណ្ឌិត មានប្រាជ្ញា មានការត្រាស់ដឹង មានញាណ មានការភ្លឺស្វាង មានប្រាជ្ញាជាគ្រឿងទម្លាយកិលេស ហេតុនោះ (លោកពោលថា) មិនល្ងង់ខ្លៅ។ ពាក្យថា ជាអ្នកចេះដឹង គឺព្រះបច្ចេកសម្ពុទ្ធនោះ ជាពហុស្សូត ទ្រទ្រង់នូវចំណេះ សន្សំនូវចំណេះ ពួកធម៌ណាដែលល្អខាងដើម ល្អកណ្តាល ល្អទីបំផុត ប្រកបដោយអត្ថ ប្រកបដោយព្យញ្ជនៈ ប្រកាសនូវព្រហ្មចរិយធម៌ដ៏បរិសុទ្ធបរិបូណ៌ ពេញលេញ ពួកធម៌មានសភាពដូច្នោះ គឺព្រះបច្ចេកសម្ពុទ្ធនោះ បានចេះចាំច្រើន បានទ្រទ្រង់ទុក ចាំស្ទាត់រត់មាត់ ចូលចិត្តច្បាស់លាស់ ចាក់ធ្លុះដោយទិដ្ឋិ ហេតុនោះ (លោកពោលថា) ជាអ្នកចេះដឹង។ ពាក្យថា មានស្មារតី គឺ ព្រះបច្ចេកសម្ពុទ្ធនោះ មានស្មារតី ប្រកបដោយសតិ និងប្រាជ្ញា ជាគ្រឿងរក្សាខ្លួនដ៏ក្រៃលែង ជាអ្នករឭកឃើញនូវអំពើដែលធ្វើយូរហើយផង នូវសំដីដែលពោលយូរហើយផង ហេតុនោះ (លោកពោលថា) មិនល្ងង់ខ្លៅ ជាអ្នកចេះដឹង មានស្មារតី។

[៣៧០] ពាក្យថា មានធម៌ពិចារណាហើយ ជាអ្នកទៀងទាត់ មានព្យាយាម អធិប្បាយថា ញាណ លោកហៅថា ធម៌ដែលពិចារណាហើយ បានដល់ បញ្ញា ការដឹងច្បាស់។បេ។ ការមិនវង្វេង ការពិចារណានូវធម៌ ការយល់ត្រូវ។ ពាក្យថា មានធម៌ពិចារណាហើយ គឺព្រះបច្ចេកសម្ពុទ្ធនោះ មានធម៌ពិចារណាហើយ មានធម៌ដឹងហើយ មានធម៌ថ្លឹងហើយ មានធម៌ត្រិះរិះហើយ មានធម៌ច្បាស់ហើយ មានធម៌ធ្វើឲ្យកើតប្រាកដហើយថា សង្ខារទាំងពួង មិនទៀង។បេ។ មានធម៌ពិចារណាហើយ មានធម៌ដឹងហើយ មានធម៌ថ្លឹងហើយ មានធម៌ត្រិះរិះហើយ មានធម៌ច្បាស់ហើយ មានធម៌ធ្វើឲ្យកើតប្រាកដហើយថា ធម្មជាតណាមួយ មានការកើតឡើងជាធម្មតា ធម្មជាតទាំងអស់នោះ មានការរលត់ទៅវិញ ជាធម្មតា។ មួយទៀត ព្រះបច្ចេកសម្ពុទ្ធនោះ បានពិចារណា ខន្ធ ពិចារណាធាតុ ពិចារណាអាយតនៈ ពិចារណាគតិ ពិចារណាឧបបត្តិ ពិចារណាបដិសន្ធិ ពិចារណាភព ពិចារណាសង្សារ ពិចារណាវដ្តៈ។ មួយទៀត ព្រះបច្ចេកសម្ពុទ្ធ ឋិតនៅក្នុងទីបំផុតនៃខន្ធ ឋិតនៅក្នុងទីបំផុតនៃធាតុ ឋិតនៅក្នុងទីបំផុតនៃអាយតនៈ ឋិតនៅក្នុងទីបំផុតនៃគតិ ឋិតនៅក្នុងទីបំផុតនៃឧបបត្តិ ឋិតនៅក្នុងទីបំផុតនៃបដិសន្ធិ ឋិតនៅក្នុងទីបំផុតនៃភព ឋិតនៅក្នុងទីបំផុតនៃសង្សារ ឋិតនៅក្នុងទីបំផុតនៃវដ្តៈ ឋិតនៅក្នុងទីបំផុតនៃសង្ខារ ឋិតនៅក្នុងភពជាទីបំផុត ព្រះបច្ចេកសម្ពុទ្ធ ទ្រទ្រង់នូវរាងកាយជាទីបំផុត។

ភពនេះ ជាខាងក្រោយ រាងកាយនេះ ជាខាងក្រោយ របស់បុគ្គលណា ការអន្ទោលទៅកាន់ជាតិ ជរា មរណៈ គឺភពថ្មី របស់បុគ្គលនោះ មិនមានឡើយ។

ហេតុនោះ (លោកពោលថា) មានធម៌ពិចារណាហើយ។ ពាក្យថា ជាអ្នកទៀងទាត់ សេចក្តីថា អរិយមគ្គ ៤ ហៅថា ការទៀងទាត់។ បុគ្គលប្រកបដោយអរិយមគ្គ ៤ ឈ្មោះថាជាអ្នកទៀងទាត់ គឺ ជាអ្នកដល់ ដល់ព្រម ពាល់ត្រូវ ធ្វើឲ្យជាក់ច្បាស់ នូវការទៀងទាត់ ដោយអរិយមគ្គទាំងឡាយ ហេតុនោះ (លោកពោលថា) ជាអ្នកទៀងទាត់។ ពាក្យថា មានព្យាយាម សេចក្តីថា សេចក្តីប្រឹងប្រែង ហៅថា សេចក្តីព្យាយាម បានដល់ ការប្រារព្ធព្យាយាមនៃចិត្ត ការប្រឹងប្រែង ការខ្នះខ្នែង ការឧស្សាហ៍ ការខ្មីឃ្មាត ការសង្វាត ការសង្វាតមាំ ការមិនបន្ធូរបន្ថយព្យាយាម ការមិនដាក់បំណង ការមិនទម្លាក់ធុរៈ ការផ្គងនូវធុរៈ វីរិយៈ វីរិយិន្រ្ទិយ វីរិយពលៈ សម្មាវាយាមៈ។ ព្រះបច្ចេកសម្ពុទ្ធនោះ ដល់ ដល់ព្រម មកជិត មកជិតព្រម ចូលទៅដល់ ចូលទៅដល់ព្រម ប្រកបដោយសេចក្តីព្យាយាមនេះ ហេតុនោះ ព្រះបច្ចេកសម្ពុទ្ធនោះ ឈ្មោះថា មានព្យាយាម ហេតុនោះ (លោកពោលថា) មានធម៌ពិចារណាហើយ ជាអ្នកទៀងទាត់ មានព្យាយាម។ គប្បីប្រព្រឹត្តម្នាក់ឯង ដូចកុយរមាស។ ហេតុនោះ ព្រះបច្ចេកសម្ពុទ្ធនោះ ពោលថា

បុគ្គលប្រាថ្នានូវការអស់តណ្ហា ជាអ្នកមិនប្រហែស មិនល្ងង់ខ្លៅ ជាអ្នកចេះដឹង មានស្មារតី មានធម៌ពិចារណាហើយ ជាអ្នកទៀងទាត់ មានព្យាយាម គប្បីប្រព្រឹត្តម្នាក់ឯង ដូចកុយរមាស។

[៣៧១]

បុគ្គលអ្នកមិនតក់ស្លុត ព្រោះសំឡេងទាំងឡាយដូចសីហៈ មិនជាប់ក្នុងជាលដូចខ្យល់ មិនទទឹកដោយទឹកដូចឈូក គប្បីប្រព្រឹត្តម្នាក់ឯង ដូចកុយរមាស។

[៣៧២] ពាក្យថា បុគ្គលមិនតក់ស្លុត ព្រោះសំឡេងទាំងឡាយ ដូចសីហៈ អធិប្បាយថា សីហៈជាស្តេចម្រឹគ មិនតក់ស្លុត មិនរន្ធត់ មិនញាប់ញ័រ មិនភ្ញាក់ផ្អើល មិនព្រឺព្រួច មិនរំភើប មិនខ្លាច មិនភិតភ័យ មិនស្ញប់ស្ញែង មិនរត់ ព្រោះសំឡេងទាំងឡាយ យ៉ាងណាមិញ ឯព្រះបច្ចេកសម្ពុទ្ធ ក៏មិនតក់ស្លុត មិនរន្ធត់ មិនញាប់ញ័រ មិនភ្ញាក់ផ្អើល មិនព្រឺព្រួច មិនរំភើប មិនខ្លាច មិនភិតភ័យ មិនស្ញប់ស្ញែង មិនរត់ លះភ័យគួរខ្លាច មិនព្រឺរោម ព្រោះសំឡេងទាំងឡាយ ក៏យ៉ាងនោះដែរ ហេតុនោះ (លោកពោលថា) បុគ្គលមិនតក់ស្លុត ព្រោះសំឡេងទាំងឡាយ ដូចសីហៈ។

[៣៧៣] អធិប្បាយពាក្យថា មិនជាប់ក្នុងជាលដូចខ្យល់ ត្រង់ពាក្យថា ខ្យល់ បានដល់ ខ្យល់ខាងកើត ខ្យល់ខាងលិច ខ្យល់ខាងជើង ខ្យល់ខាងត្បូង ខ្យល់មានធូលី ខ្យល់ត្រជាក់ ខ្យល់ក្តៅ ខ្យល់តិច ខ្យល់ច្រើន ខ្យល់កើតតាមកាល ខ្យល់ព្យុះ ខ្យល់ស្លាបសត្វ ខ្យល់គ្រុឌ ខ្យល់ផ្លិតស្លឹកត្នោត ខ្យល់កើតអំពីការបក់។ បណ្តាញធ្វើអំពីអំបោះ ហៅថា ជាល។ ខ្យល់មិនជាប់ បុគ្គលចាប់មិនបាន មិនទើសទាក់ មិនជាប់ចំពាក់ក្នុងជាល យ៉ាងណាមិញ ជាលមាន ២យ៉ាង គឺ ជាលគឺតណ្ហា ១ ជាលគឺទិដ្ឋិ ១។បេ។ នេះជាលគឺតណ្ហា។បេ។ នេះជាលគឺទិដ្ឋិ។ ព្រះបច្ចេកសម្ពុទ្ធនោះ លះចោលនូវជាលគឺតណ្ហា រលាស់ចោលនូវជាលគឺទិដ្ឋិ ព្រោះតែលះចោលនូវជាលគឺតណ្ហា ព្រោះតែរលាស់ចោលនូវជាលគឺទិដ្ឋិ ព្រះបច្ចេកសម្ពុទ្ធនោះ ទើបមិនជាប់ក្នុងរូប មិនជាប់ក្នុងសំឡេង។បេ។ មិនជាប់ មិនកាន់យក មិនទើសទាក់ មិនជាប់ចំពាក់ក្នុងធម្មារម្មណ៍ ដែលឃើញ ឮ ប៉ះពាល់ ឬដឹង គឺលោកងាកចេញ ដោះចេញ រួចស្រឡះ មិនប្រកប មានចិត្តមិនសល់វល់ ក៏យ៉ាងនោះឯង ហេតុនោះ (លោកពោលថា) មិនជាប់ក្នុងជាល ដូចខ្យល់។

[៣៧៤] ពាក្យថា មិនទទឹកដោយទឹក ដូចឈូក អធិប្បាយថា ផ្កាឈូក ហៅថា ឈូក។ ឧទកៈ ហៅថា ទឹក។ ផ្កាឈូកមិនជាប់ មិនប្រឡាក់ មិនដិតដាមដោយទឹក យ៉ាងណាមិញ គ្រឿងប្រឡាក់ពីរយ៉ាង គឺ គ្រឿងប្រឡាក់គឺតណ្ហា ១ គ្រឿងប្រឡាក់ គឺទិដ្ឋិ ១។បេ។ នេះគ្រឿងប្រឡាក់គឺតណ្ហា។បេ។ នេះគ្រឿងប្រឡាក់គឺទិដ្ឋិ។ ព្រះបច្ចេកសម្ពុទ្ធនោះ លះបង់នូវគ្រឿងប្រឡាក់គឺតណ្ហា រលាស់ចោលនូវគ្រឿងប្រឡាក់គឺទិដ្ឋិ ព្រោះតែលះបង់នូវគ្រឿងប្រឡាក់គឺតណ្ហា ព្រោះតែរលាស់ចោលនូវគ្រឿងប្រឡាក់គឺទិដ្ឋិ ព្រះបច្ចេកសម្ពុទ្ធនោះ ទើបមិនប្រឡាក់ក្នុងរូប មិនប្រឡាក់ក្នុងសំឡេង។បេ។ មិនជាប់ មិនជាប់ស្អិត ក្នុងធម្មារម្មណ៍ដែលឃើញ ឮ ប៉ះពាល់ ឬដឹង គឺថាលោកមិនប្រឡាក់ មិនដិតដាម ងាកចេញ ដោះចេញ រួចស្រឡះ មិនប្រកប មានចិត្តមិនសល់វល់ ក៏យ៉ាងនោះដែរ ហេតុនោះ (លោកពោលថា) មិនទទឹកដោយទឹកដូចឈូក។ គប្បីប្រព្រឹត្តម្នាក់ឯង ដូចកុយរមាស។ ហេតុនោះព្រះបច្ចេកសម្ពុទ្ធនោះ ពោលថា

បុគ្គលមិនតក់ស្លុត ព្រោះសំឡេងទាំងឡាយ ដូចសីហៈ មិនជាប់ក្នុងជាល ដូចខ្យល់ មិនទទឹកដោយទឹក ដូចឈូក គប្បីប្រព្រឹត្តម្នាក់ឯង ដូចកុយរមាស។

[៣៧៥]

សីហៈជាស្តេចម្រឹគ មានចង្កូមជាកម្លាំង ប្រព្រឹត្តគ្របសង្កត់ កំហែងនូវសត្វទាំងឡាយ យ៉ាងណា បុគ្គលសេពសេនាសនៈដ៏ស្ងាត់ ក៏យ៉ាងនោះ គប្បីប្រព្រឹត្តទៅម្នាក់ឯង ដូចកុយរមាស។

[៣៧៦] ពាក្យថា សីហៈជាស្តេចចម្រឹគ មានចង្កូមជាកម្លាំង ប្រព្រឹត្តគ្របសង្កត់ កំហែង យ៉ាងណា អធិប្បាយថា សីហៈជាស្តេចម្រឹគ មានចង្កូមជាកម្លាំង មានចង្កូមជាអាវុធ គំរាម កំហែង គ្របសង្កត់ កាច់កិន ញាំញី នូវសត្វតិរច្ឆានទាំងពួង ចរ ត្រាច់ ទៅ ប្រព្រឹត្ត រក្សា យាត្រា ឲ្យយាត្រាទៅ យ៉ាងណាមិញ ឯព្រះបច្ចេកសម្ពុទ្ធ មានបញ្ញាជាកម្លាំង មានបញ្ញាជាអាវុធ គំរាម កំហែង គ្របសង្កត់ កាច់កិន ញាំញី នូវសត្វទាំងពួងដោយបញ្ញា ហើយចរ ត្រាច់ ទៅ ប្រព្រឹត្ត រក្សា យាត្រា ឲ្យយាត្រាទៅ ក៏យ៉ាងនោះដែរ ហេតុនោះ (លោកពោលថា) សីហៈជាស្តេចម្រឹគ មានចង្កូមជាកម្លាំង ប្រព្រឹត្តគ្របសង្កត់ កំហែង យ៉ាងណា។

[៣៧៧] ពាក្យថា សេពនូវសេនាសនៈដ៏ស្ងាត់ អធិប្បាយថា សីហៈជាស្តេចម្រឹគ ចូលកាន់ព្រៃតូច ព្រៃធំ ហើយចរ ត្រាច់ ទៅ ប្រព្រឹត្ត រក្សា យាត្រា ឲ្យយាត្រាទៅ យ៉ាងណា ឯព្រះបច្ចេកសម្ពុទ្ធ ក៏សេពព្រៃតូច ព្រៃធំ ជាសេនាសនៈដ៏ស្ងាត់ មិនមានសំឡេង មិនមានសូរគឹកកង ប្រាសចាកខ្យល់ដែលកើតអំពីសរីរៈរបស់ជន ជាទីស្ងាត់របស់មនុស្ស គួរដល់ការពួនសម្ងំ យ៉ាងនោះដែរ។ ព្រះបច្ចេកសម្ពុទ្ធនោះ ដើរម្នាក់ឯង ឈរម្នាក់ឯង អង្គុយម្នាក់ឯង សិងម្នាក់ឯង ចូលទៅកាន់ស្រុក ដើម្បីបិណ្ឌបាតម្នាក់ឯង ត្រឡប់មកវិញម្នាក់ឯង គង់នៅក្នុងទីស្ងាត់ម្នាក់ឯង អធិដ្ឋានចង្រ្កមម្នាក់ឯង ចរ ត្រាច់ ទៅ ប្រព្រឹត្ត រក្សា យាត្រា ឲ្យយាត្រាទៅ ម្នាក់ឯង ហេតុនោះ (លោកពោលថា) សេពនូវសេនាសនៈដ៏ស្ងាត់។ គប្បីប្រព្រឹត្តម្នាក់ឯង ដូចកុយរមាស។ ហេតុនោះ ព្រះបច្ចេកសម្ពុទ្ធនោះ ពោលថា

សីហៈជាស្តេចម្រឹគ មានចង្កូមជាកម្លាំង ប្រព្រឹត្តគ្របសង្កត់ កំហែង នូវសត្វទាំងឡាយ យ៉ាងណា បុគ្គលសេពសេនាសនៈដ៏ស្ងាត់ ក៏យ៉ាងនោះ គប្បីប្រព្រឹត្តម្នាក់ឯង ដូចកុយរមាស។

[៣៧៨]

បុគ្គលកាលសេពនូវវិមុត្តិ គឺ មេត្តា ឧបេក្ខា ករុណា និងមុទិតា ក្នុងកាលគួរ តែងត្រូវសត្វលោកទាំងពួងមិនស្អប់ គប្បីប្រព្រឹត្តម្នាក់ឯង ដូចកុយរមាស។

[៣៧៩] ពាក្យថា កាលសេពនូវវិមុត្តិ គឺ មេត្តា ឧបេក្ខា ករុណា និងមុទិតា ក្នុងកាលគួរ អធិប្បាយថា ព្រះបច្ចេកសម្ពុទ្ធនោះ មានចិត្តប្រកបដោយមេត្តា ផ្សាយទៅកាន់ទិសទី ១ ទិសទី ២ ដូចគ្នា ទិសទី ៣ ដូចគ្នា ទិសទី ៤ ដូចគ្នា មានចិត្តប្រកបដោយមេត្តា ដ៏ធំទូលាយ ប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់លោកទាំងមូល ក្នុងទិសខាងលើ ទិសខាងក្រោម និងទិសទទឹង ដោយការយកខ្លួនទៅប្រៀបផ្ទឹមនឹងសត្វទាំងពួង ក្នុងទីទាំងពួង ដោយប្រការដូច្នេះ មានចិត្តប្រកបដោយករុណា មានចិត្តប្រកបដោយមុទិតា មានចិត្តប្រកបដោយឧបេក្ខា ផ្សាយទៅកាន់ទិសទី ១ ទិសទី ២ ដូចគ្នា ទិសទី ៣ ដូចគ្នា ទិសទី ៤ ដូចគ្នា មានចិត្តប្រកបដោយឧបេក្ខា ដ៏ធំទូលាយ ប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់លោកទាំងមូល ក្នុងទិសខាងលើ ទិសខាងក្រោម និងទិសទទឹង ដោយការយកខ្លួនទៅប្រៀបផ្ទឹមនឹងសត្វទាំងពួង ក្នុងទីទាំងពួង ដោយប្រការដូច្នេះ ហេតុនោះ (លោកពោលថា) កាលសេពនូវវិមុត្តិ គឺ មេត្តា ឧបេក្ខា ករុណា និងមុទិតា ក្នុងកាលគួរ។

[៣៨០] ពាក្យថា តែងត្រូវសត្វលោកទាំងពួងមិនស្អប់ អធិប្បាយថា ព្រោះព្រះបច្ចេកសម្ពុទ្ធនោះ ចម្រើនហើយនូវព្រហ្មវិហារ មានមេត្តាជាដើម ពួកសត្វណាក្នុងទិសខាងកើត ពួកសត្វទាំងនោះ រមែងមិនស្អប់ ពួកសត្វណាក្នុងទិសខាងលិច ពួកសត្វណាក្នុងទិសខាងជើង ពួកសត្វណាក្នុងទិសខាងត្បូង ពួកសត្វណាក្នុងទិសអាគ្នេយ៍ ពួកសត្វណាក្នុងទិសពាយ័ព្យ ពួកសត្វណាក្នុងទិសឦសាន ពួកសត្វណាក្នុងទិសនិរតី ពួកសត្វណាក្នុងទិសខាងក្រោម ពួកសត្វណាក្នុងទិសខាងលើ ពួកសត្វណាក្នុងទិសតូចទិសធំ ទាំង ១០ ពួកសត្វទាំងនោះ រមែងមិនស្អប់។ ពាក្យថា តែងត្រូវសត្វលោកទាំងពួងមិនស្អប់ បានសេចក្តីថា សត្វលោកទាំងពួង មិនទោមនស្ស មិនអាក់អន់ មិនថ្នាំងថ្នាក់ មិនខ្ទាំងខ្ទប់ ហេតុនោះ (លោកពោលថា) តែងត្រូវសត្វលោកទាំងពួង មិនស្អប់។ គប្បីប្រព្រឹត្តម្នាក់ឯង ដូចកុយរមាស។ ហេតុនោះ ព្រះបច្ចេកសម្ពុទ្ធនោះ ពោលថា

បុគ្គលកាលសេពនូវវិមុត្តិ គឺ មេត្តា ឧបេក្ខា ករុណា និងមុទិតា ក្នុងកាលគួរ តែងត្រូវសត្វលោកទាំងពួងមិនស្អប់ គប្បីប្រព្រឹត្តម្នាក់ឯង ដូចកុយរមាស។

[៣៨១]

បុគ្គលលះរាគៈ ទោសៈ និងមោហៈ ទំលាយនូវសញ្ញោជនៈទាំងឡាយ មិនតក់ស្លុត ក្នុងការអស់ជីវិត គប្បីប្រព្រឹត្តម្នាក់ឯង ដូចកុយរមាស។

[៣៨២] អធិប្បាយពាក្យថា លះរាគៈ ទោសៈ និងមោហៈ ត្រង់ពាក្យថា រាគៈ បានដល់ការត្រេកអរ ការត្រេកអរខ្លាំង។បេ។ អភិជ្ឈា លោភៈ អកុសលមូល។ ពាក្យថា ទោសៈ បានដល់ ការគុំគួននៃចិត្ត។បេ។ ចិត្តកាច ការពោលពាក្យមិនពីរោះ ភាពនៃចិត្តមិនត្រេកអរ។ ពាក្យថា មោហៈ បានដល់ការមិនដឹងទុក្ខ។បេ។ សន្ទះ គឺអវិជា្ជ មោហៈ អកុសលមូល។ ពាក្យថា លះរាគៈ ទោសៈ និងមោហៈ បានសេចក្តីថា ព្រះបច្ចេកសម្ពុទ្ធនោះ លះ លះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ឲ្យដល់នូវការមិនកើតមាននូវរាគៈ ទោសៈ និងមោហៈ ហេតុនោះ (លោកពោលថា) លះរាគៈ ទោសៈ និងមោហៈ។

[៣៨៣] ពាក្យថា ទំលាយនូវសញ្ញាជនៈទាំងឡាយ អធិប្បាយថា សញ្ញោជនៈ ១០ យ៉ាង គឺ កាមរាគសញ្ញោជនៈ ១ បដិឃសញ្ញោជនៈ ១។បេ។ អវិជ្ជាសញ្ញោជនៈ ១។ ពាក្យថា ទំលាយនូវសញ្ញោជនៈទាំងឡាយ បានសេចក្តីថា ទំលុះទំលាយ បំបែក បំផ្លាញ លះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ឲ្យដល់នូវការមិនកើតមាននូវសញ្ញោជនៈទាំងឡាយ ហេតុនោះ (លោកពោលថា) ទំលាយនូវសញ្ញាជនៈទាំងឡាយ។

[៣៨៤] ពាក្យថា មិនតក់ស្លុតក្នុងការអស់ជីវិត គឺព្រះបច្ចេកសម្ពុទ្ធនោះ មិនតក់ស្លុត មិនរន្ធត់ មិនញាប់ញ័រ មិនភ្ញាក់ផ្អើល មិនព្រឺព្រួច មិនរំភើប មិនខ្លាច មិនភិតភ័យ មិនស្ញប់ស្ញែង មិនរត់ លះភ័យគួរខ្លាច មិនព្រឺរោមក្នុងការអស់ជីវិត ហេតុនោះ (លោកពោលថា) មិនតក់ស្លុតក្នុងការអស់ជីវិត។ គប្បីប្រព្រឹត្តម្នាក់ឯង ដូចកុយរមាស។ ហេតុនោះ ព្រះបច្ចេកសម្ពុទ្ធនោះ ពោលថា

បុគ្គលលះរាគៈ ទោសៈ និងមោហៈ ទំលាយនូវសញ្ញោជនៈទាំងឡាយ មិនតក់ស្លុត ក្នុងការអស់ជីវិត គប្បីប្រព្រឹត្តម្នាក់ឯង ដូចកុយរមាស។

[៣៨៥]

ជនទាំងឡាយ អ្នកមានការណ៍ជាប្រយោជន៍ ទើបគប់រក ទើបសេពគប់ ឯមិត្តថ្មីទាំងឡាយ ដែលឥតត្រូវការណ៍ គេពុំងាយនឹងរកបានទេ ចំណែកមនុស្សទាំងឡាយ ដែលមិនស្អាត ជាអ្នកយល់ប្រយោជន៍របស់ខ្លួន (ក៏តែងគប់រក តែងសេពគប់ដែរ) បុគ្គលគប្បីប្រព្រឹត្តម្នាក់ឯង ដូចកុយរមាស។

[៣៨៦] ពាក្យថា ជនទាំងឡាយអ្នកមានការណ៍ជាប្រយោជន៍ ទើបគប់រក ទើបសេពគប់ សេចក្តីថា ពួកជនមានប្រយោជន៍ខ្លួនជាហេតុ មានប្រយោជន៍អ្នកដទៃជាហេតុ មានប្រយោជន៍ទាំងពីរជាហេតុ មានប្រយោជន៍ក្នុងបច្ចុប្បន្នជាហេតុ មានប្រយោជន៍ក្នុងបរលោកជាហេតុ មានប្រយោជន៍ក្នុងព្រះនិព្វានជាហេតុ ទើបគប់ សមគប់ សេពគប់ រាប់រក ហេតុនោះ (លោកពោលថា) ជនទាំងឡាយអ្នកមានការណ៍ជាប្រយោជន៍ ទើបគប់រក ទើបសេពគប់។

[៣៨៧] ពាក្យថា មិត្តថ្មីទាំងឡាយដែលឥតត្រូវការណ៍ គេពុំងាយនឹងរកបានទេ អធិប្បាយថា មិត្តមាន ២ ពួក គឺ អាគារិកមិត្ត ១ អនាគារិកមិត្ត ១។បេ។ នេះ អាគារិកមិត្ត។បេ។ នេះ អនាគារិកមិត្ត។ ពាក្យថា មិត្តថ្មីទាំងឡាយដែលឥតត្រូវការណ៍ គេពុំងាយនឹងរកបានទេ បានសេចក្តីថា មិត្តទាំងពីរប្រភេទនេះ ដែលមិនមានការណ៍ មិនមានហេតុ មិនមានបច្ច័យ គេរកបានដោយក្រ ហេតុនោះ (លោកពោលថា) មិត្តថ្មីទាំងឡាយ ដែលឥតត្រូវការណ៍ គេពុំងាយនឹងរកបានទេ។

[៣៨៨] អធិប្បាយពាក្យថា មនុស្សទាំងឡាយដែលមិនស្អាត ជាអ្នកយល់ប្រយោជន៍របស់ខ្លួន ត្រង់ពាក្យថា ជាអ្នកយល់ប្រយោជន៍របស់ខ្លួន គឺ ពួកមនុស្សមិនស្អាត តែងគប់រក សមគប់ សេពគប់ រាប់រក អែប នែប អែបជិត ចូលទៅរក ចូលទៅអង្គុយជិត សាកសួរ ដោះសា ព្រោះតែប្រយោជន៍របស់ខ្លួន ព្រោះតែហេតុរបស់ខ្លួន ព្រោះតែបច្ច័យរបស់ខ្លួន ព្រោះតែការណ៍របស់ខ្លួន ហេតុនោះ (លោកពោលថា) ជាអ្នកយល់ប្រយោជន៍របស់ខ្លួន។ពាក្យថា មនុស្សមិនស្អាត សេចក្តីថា ពួកមនុស្សប្រកបដោយកាយកម្មមិនស្អាត ឈ្មោះថា មនុស្សមិនស្អាត។ ពួកមនុស្សប្រកបដោយវចីកម្មមិនស្អាត ឈ្មោះថា មនុស្សមិនស្អាត។ ពួកមនុស្សប្រកបដោយមនោកម្មមិនស្អាត ឈ្មោះថា មនុស្សមិនស្អាត។ ពួកមនុស្សប្រកបដោយការមិនស្អាត គឺបាណាតិបាត ដោយការមិនស្អាត គឺអទិន្នាទាន ដោយការមិនស្អាត គឺកាមេសុមិច្ឆាចារ ដោយការមិនស្អាត គឺមុសាវាទ ដោយការមិនស្អាត គឺបិសុណវាចា ដោយការមិនស្អាត គឺផរុសវាចា ដោយការមិនស្អាត គឺសម្ផប្បលាបៈ ដោយការមិនស្អាត គឺអភិជ្ឈា ដោយការមិនស្អាត គឺព្យាបាទ ដោយការមិនស្អាត គឺមិច្ឆាទិដ្ឋិ ឈ្មោះថា មនុស្សមិនស្អាត។ ពួកមនុស្សប្រកបដោយចេតនាមិនស្អាត ឈ្មោះថា មនុស្សមិនស្អាត។ ពួកមនុស្សប្រកបដោយសេចក្តីប្រាថ្នាមិនស្អាត ឈ្មោះថា មនុស្សមិនស្អាត។ ពួកមនុស្សប្រកបដោយការតាំងសេចក្តីប៉ុនប៉ងមិនស្អាត ឈ្មោះថា មនុស្សមិនស្អាត ថោកទាប ថោកថយ ទន់ទាប អាក្រក់ លាមក គម្រក់ មនុស្សកំទេចកំទី ហេតុនោះ (លោកពោលថា) មនុស្សទាំងឡាយ ដែលមិនស្អាត ជាអ្នកយល់ប្រយោជន៍របស់ខ្លួន។

[៣៨៩] អធិប្បាយពាក្យថា គប្បីប្រព្រឹត្តម្នាក់ឯង ដូចកុយរមាស ត្រង់ពាក្យថា ម្នាក់ឯង។បេ។ ពាក្យថា គប្បីប្រព្រឹត្ត បានដល់ចរិយា ៨ យ៉ាង។បេ។ ហេតុនោះ (លោកពោលថា) គប្បីប្រព្រឹត្តម្នាក់ឯង ដូចកុយរមាស។ ហេតុនោះ ព្រះបច្ចេកសម្ពុទ្ធនោះ ពោលថា

ជនទាំងឡាយអ្នកមានការណ៍ជាប្រយោជន៍ ទើបគប់រក ទើបសេពគប់ ឯមិត្តថ្មីទាំងឡាយ ដែលឥតត្រូវការណ៍ គេពុំងាយនឹងរកបានទេ ចំណែកមនុស្សទាំងឡាយដែលមិនស្អាត ជាអ្នកយល់ប្រយោជន៍របស់ខ្លួន (ក៏តែងគប់រក តែងសេពគប់ដែរ) បុគ្គលគប្បីប្រពឹត្តម្នាក់ឯង ដូចកុយរមាស។

ចប់ ខគ្គវិសាណសុត្តនិទ្ទេស។

និទ្ទេស គឺការសំដែងចេញនូវពាក្យប្រៀនប្រដៅរបស់ព្រាហ្មណ៍ ជាអ្នកដល់នូវត្រើយ ទាំង ១៦ នាក់ នុ៎ះ គឺ អជិត ១ តិស្សមេត្តេយ្យៈ ១ បុណ្ណកៈ ១ មេត្តគូ ១ ធោតកៈ ១ ឧបសីវៈ ១ នន្ទៈ ១ ហេមកៈ ១ តោទេយ្យៈ ១ កប្បៈ ១ ជតុកណ្ណីបណ្ឌិត ១ ភទ្រាវុធ ១ ឧទយៈ ១ បោសាលព្រាហ្មណ៍ ១ មោឃរាជមេធាវី ១ បិង្គិយមហាឥសី ១ ផង និទ្ទេស គឺការសំដែងចេញនូវខគ្គវិសាណសូត្រទាំងឡាយ ក្នុងទីនោះផង និទ្ទេសទាំងពីរ មានប្រមាណប៉ុណ្ណោះ បណ្ឌិតគប្បីដឹងថា ជានិទ្ទេសដែលបរិបូណ៌ លោកចារិកត្រឹមត្រូវហើយ។

ចប់ សុត្តនិទ្ទេស។

ចប់ ភាគ ៦៨។

មាតិកា

លេខ ទំព័រ លេខ​សម្គាល់
សុត្តន្តបិដក sut
ខុទ្ទកនិកាយ sut.kn
ចូឡនិទ្ទេស បឋមភាគ sut.kn.cun

(Index: transcription missing)


1)
ត្រចៀក
2)
ចោះរលាក្បាលដាក់ដែកក្តៅឲ្យខួរពុះខ្ជោលឡើង។
3)
ពន្លះស្បែកតាំងពីបបូរមាត់លើ គុម្ពត្រចៀកសងខាង និងកញ្ចឹងក ហើយខាត់ឆ្អឹងឲ្យរលីងដូចសម្បុរស័ង្ខ។
4)
យកកង្វារបើកមាត់ ហើយអុជភ្លើងក្នុងមាត់ ឬដាប់មាត់ឲ្យធ្លាយដល់គុម្ពត្រចៀកទាំងពីរ ធ្វើឲ្យឈាមហូរចេញតាមមាត់។
5)
រុំខ្លួនទាំងអស់ដោយសំពត់ប្រេង ហើយដុត។
6)
រុំដៃទាំងពីរដោយសំពត់ប្រេង ហើយដុត។
7)
ចៀរស្បែកជាចំរៀកតាំងពីក ដល់កជើង ហើយដឹកឲ្យដើរជាន់លើស្បែកខ្លួន។
8)
ចៀរស្បែកពីក ទុកត្រឹមចង្កេះ ហើយចៀរពីចង្កេះដល់កជើង។
9)
ស៊កក្រវិលដែកត្រង់កជើង និងជង្គង់ទាំងពីរ ហើយដោតនឹងបង្គោលដែកឲ្យអ្នកទោសឈរ ដុតភ្លើងជុំវិញ។
10)
យកកង្វារដែកមានមុខសងខាង ខ្វារយកស្បែក សាច់ សរសៃចេញ។ តិស្សមេត្តេយ្យសុត្តនិទ្ទេសវណ្ណនា។
11)
អារសាច់ប៉ុនៗកហាបណៈ។
12)
យកអាវុធប្រហារសរីរៈ ហើយយកទឹកក្រុតលាប កិនយកស្បែក សាច់ សរសៃចេញ ឲ្យនៅសល់តែរាងឆ្អឹង។
13)
ឲ្យដេកផ្អៀង ហើយដោតដែកស្រួចត្រង់រន្ធត្រចៀក កប់ទៅនឹងផែនដី ហើយចាប់ជើងបង្វិល។
14)
ដំឆ្អឹងឲ្យខ្ទេចទក់ តែមិនឲ្យដាច់ស្បែកក្រៅ ហើយមូរសាច់ជាដុំរុំនឹងសក់។ តិស្សមេត្តេយ្យសុត្តនិទ្ទេសវណ្ណនា។
15)
ការប្រព្រឹត្តតាមសេចក្តីប្រាថ្នារបស់ខ្លួន មិនជាប់ទាក់ទងនឹងបុគ្គលដទៃ។ អដ្ឋកថា។
16)
ល្បែងបាស្កា។
17)
ល្បែងក្រឡាដប់នេះ គឺល្បែងបាយខុំ។
18)
ចត្រង្គគ្មានក្តារ លេងថាតែមាត់ទទេ។
19)
ល្បែងបិទពួន។ អដ្ឋកថា។
20)
វិមុត្តិប្រព្រឹត្តទៅតាមសម័យ គឺវិមុត្តិជាលោកិយ។
21)
វត្ថុដែលត្រូវបរិភោគមុន។
22)
វត្ថុដែលត្រូវបរិភោគក្រោយ។
km/tipitaka/book_068.txt · ពេលកែចុងក្រោយ: 2023/03/20 08:45 និពន្ឋដោយ Johann