User Tools

Site Tools


Translations of this page?:
km:tipitaka:sut:an:an10:an10.069.than

៩. បឋមកថាវត្ថុសូត្រ

[៦៩] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅ​ក្នុងវត្តជេតពន របស់​អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុង​​សាវត្ថី។ ក្នុង​សម័យនោះឯង ភិក្ខុទាំងឡាយ​ច្រើនរូប ត្រឡប់​អំពី​បិណ្ឌបាត ក្នុង​បច្ឆាភត្តហើយ ក៏អង្គុយ​ជួបជុំគ្នា ក្នុង​ឧបដ្ឋានសាលា ប្រកប​តិរច្ឆានកថា​ច្រើនយ៉ាង គឺនិយាយអំពី​ស្តេច និយាយ​អំពីចោរ និយាយ​អំពីអាមាត្យធំ និយាយ​អំពីសេនាទាហាន និយាយ​អំពីភ័យ និយាយ​អំពីចម្បាំង និយាយអំពី​ម្ហូបចំណី និយាយ​អំពីទឹក និយាយ​អំពីសំពត់ និយាយ​អំពីទីដេក និយាយ​អំពីផ្កាកម្រង និយាយ​អំពី​គ្រឿងក្រអូប និយាយ​អំពីញាតិ និយាយ​អំពីយាន និយាយ​អំពីស្រុក និយាយ​អំពី​និគម និយាយ​អំពីនគរ និយាយ​អំពីជនបទ និយាយ​អំពីស្រ្តី និយាយ​អំពី​យោធា​ដែល​ក្លៀវក្លា និយាយ​អំពីច្រកផ្លូវ និយាយ​អំពីកំពង់ទឹក និយាយ​អំពីញាតិ ដែល​ចែកឋាន​ទៅ​កាន់​បរលោក និយាយ​អំពីពាក្យ ដែលឥត​ប្រយោជន៍ មាន​សភាពផ្សេង ៗ និយាយ​អំពី​លោក និយាយ​អំពីរឿង​ជីកសមុទ្រ និយាយ​អំពីសេចក្តី​ចំរើន និង​មិនចំរើន ដែលជា​ហេតុ​ឥត​ប្រយោជន៍។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់ចេញ​អំពីទី​សម្ងំ ក្នុង​សាយណ្ហសម័យ​ហើយ ស្តេចចូល​ទៅកាន់​ឧបដ្ឋានសាលា លុះ​ចូលទៅដល់ហើយ​ ទ្រង់​គង់​លើអាសនៈ ដែលគេ​ក្រាលថ្វាយ។ លុះ​ព្រះដ៏មានព្រះភាគ ទ្រង់គង់​ស្រេចហើយ ទើបត្រាស់​សួរភិក្ខុ​ទាំងឡាយថា ម្នាលភិក្ខុ​ទាំងឡាយ ក្នុងកាល​អម្បាញ់មិញ​នេះ អ្នក​ទាំងឡាយ​ប្រជុំគ្នា ដោយកថា​ដូចម្តេចហ្ន៎ ម៉្យាងទៀត អន្តរាកថា ដូចម្តេចហ្ន៎ ដែល​អ្នក​ទាំងឡាយ បញ្ឈប់​ទៅ។ ភិក្ខុទាំងឡាយ ក្រាបទូលថា បពិត្រ​ព្រះអង្គដ៏ចំរើន ក្នុងទីនេះ ពួកខ្ញុំ​ព្រះអង្គ​ត្រឡប់អំពី​បិណ្ឌបាត ក្នុង​បច្ឆាភត្តហើយ អង្គុយ​ជួបជុំគ្នា ក្នុងឧបដ្ឋានសាលា ប្រកប​តិរច្ឆានកថា​ជាច្រើនយ៉ាង គឺនិយាយ​អំពីស្តេច និយាយ​អំពីចោរ។បេ។ និយាយ​អំពីសេចក្តី​ចំរើន និង​មិនចំរើន ដែល​ជាហេតុ​ឥតប្រយោជន៍។ ម្នាលភិក្ខុ​ទាំងឡាយ អ្នក​ទាំងឡាយ ប្រកប​តិរច្ឆានកថា​ជាច្រើនយ៉ាង ដោយ​ហេតុណា ហេតុនោះ មិនសមគួរ​ដល់អ្នក​ទាំងឡាយ ដែលជា​កុលបុត្ត​អ្នកចេញ​ចាកផ្ទះ​ដោយ​សទ្ធា ហើយចូលកាន់​ផ្នួស​ឡើយ តិរច្ឆានកថា​នោះគឺ និយាយ​អំពីស្តេច និយាយ​អំពីចោរ និយាយ​អំពីអាមាត្យធំ និយាយ​អំពីសេនាទាហាន និយាយ​អំពីភ័យ និយាយ​អំពីចម្បាំង និយាយ​អំពីម្ហូបចំណី និយាយ​អំពីទឹក និយាយ​អំពីសំពត់ និយាយ​អំពីទីដេក និយាយ​អំពីកម្រងផ្កា និយាយ​អំពី​គ្រឿង​ក្រអូប និយាយ​អំពីញាតិ និយាយ​អំពីយាន និយាយ​អំពីស្រុក និយាយ​អំពី​និគម និយាយ​អំពីនគរ និយាយ​អំពីជនបទ និយាយ​អំពីស្រ្តី និយាយ​អំពីយោធា​​ក្លៀវក្លា និយាយ​អំពីច្រកផ្លូវ និយាយ​អំពីកំពង់​ទឹក និយាយ​អំពីញាតិ ដែលចែកឋាន​ទៅកាន់​បរលោក និយាយ​ពាក្យ​ដែលឥត​ប្រយោជន៍ មាន​សភាពផ្សេង ៗ និយាយ​អំពីលោក និយាយ​អំពី​រឿងជីក​សមុទ្រ និយាយ​អំពីសេចក្តី​ចំរើន និង​មិនចំរើន ដែល​ជាហេតុ​ឥត​ប្រយោជន៍។ ម្នាលភិក្ខុ​ទាំងឡាយ កថាវត្ថុ (ហេតុគួរ​និយាយ) អម្បាល​នេះ​ មាន ១០ ប្រការ។ កថាវត្ថុ ១០ ប្រការ តើដូចម្តេច​ខ្លះ។ គឺនិយាយ​អំពីសេចក្តី​ប្រាថ្នាតិច ១ និយាយ​អំពីសេចក្តី​សន្តោស ១ និយាយអំពី​សេចក្តី​ស្ងាត់ ១ និយាយ​អំពីសេចក្តី​មិនច្រឡូក​ច្រឡំ ដោយ​ពួកគណៈ ១ និយាយ​អំពីប្រារព្ធ​សេចក្តី​ព្យាយាម ១ និយាយ​អំពីសីល ១ និយាយ​អំពីសមាធិ ១ និយាយ​អំពីបញ្ញា ១ និយាយ​អំពីវិមុត្តិ ១ និយាយ​អំពី​វិមុត្តិញ្ញាណទស្សនៈ ១ ​ម្នាលភិក្ខុ​ទាំងឡាយ កថាវត្ថុ មាន ១០ ប្រការ​នេះឯង។ ម្នាលភិក្ខុ​ទាំងឡាយ បើអ្នក​ទាំងឡាយ និយាយ​នូវកថា ដែល​អាស្រ័យ​កថាវត្ថុ ១០ ប្រការ​នេះឯង អ្នកទាំង​ឡាយ នឹងគ្រប​សង្កត់នូវ​តេជះនៃ​ព្រះចន្ទ និង​ព្រះអាទិត្យ​នេះឯង ដែល​មានឫទ្ធិ​ច្រើន​យ៉ាងនេះ មានអានុភាព​ធំយ៉ាងនេះ ដោយតេជះ​របស់ខ្លួន នឹងបាច់​ពោលទៅថ្វី ដល់​ពួកបរិញ្វជក ជាអន្យតិរ្ថិយ​ឡើយ។

km/tipitaka/sut/an/an10/an10.069.than.txt · ពេលកែចុងក្រោយ: 2019/08/31 07:45 និពន្ឋដោយ Johann