User Tools

Site Tools


Translations of this page?:
km:tipitaka:sut:an:an11:an11.017.than

អដ្ឋកនាគរសូត្រ ទី៦

[១២៣] សម័យមួយ ព្រះអានន្ទដ៏មានអាយុ គង់នៅក្នុង​វេឡុវគ្រាម ជិត​ក្រុង​វេសាលី។ សម័យ​នោះឯង ទសមគហបតី អ្នកនៅ​ក្នុងក្រុង​ឈ្មោះ អដ្ឋកៈ បានមក​ដល់ក្រុង​បាតលិបុត្ត ដោយកិច្ច​នីមួយ។ លំដាប់នោះ ទសមគហបតី អ្នកនៅ​ក្នុងក្រុង​អដ្ឋកៈ បានចូល​ទៅរក​ភិក្ខុ ១ រូប ក្នុង​កុក្កុដារាម លុះចូល​ទៅដល់​ហើយ បាន​ពោលពាក្យ​នេះ នឹង​ភិក្ខុនោះ​ដូច្នេះថា បពិត្រ​លោក​ដ៏ចំរើន ឥឡូវនេះ ព្រះអានន្ទ​ដ៏មានអាយុ គង់នៅ​ក្នុង​ទីណា បពិត្រ​លោកដ៏ចំរើន ព្រោះយើង​ចង់ជួប​ព្រះអានន្ទ​ដ៏មានអាយុ។ ភិក្ខុ​នោះ​តបថា ម្នាល​គហបតី ព្រះអានន្ទ​ដ៏មាន​អាយុនុ៎ះ គង់នៅ​ក្នុងវេឡុវគ្រាម ជិត​ក្រុង​វេសាលី។ លំដាប់នោះ ទសមគហបតី អ្នកនៅ​ក្នុងក្រុង​អដ្ឋកៈ សម្រេច​នូវកិច្ច​នោះ ក្នុងក្រុង​បាតលិបុត្ត ហើយចូល​ទៅរក​ព្រះអានន្ទដ៏​មានអាយុ ក្នុង​វេឡុវគ្រាម ជិតក្រុង​វេសាលី លុះចូល​ទៅដល់​ហើយ ថ្វាយបង្គំ​ព្រះអានន្ទ​ដ៏មានអាយុ ហើយ​អង្គុយ​ក្នុងទីសមគួរ។ លុះ​ទសមគហបតី អ្នកនៅ​ក្នុង​ក្រុងអដ្ឋកៈ អង្គុយ​ក្នុងទី​សមគួរ​ហើយ បានពោល​ពាក្យ​នឹង​ព្រះអានន្ទ​ដ៏មានអាយុ​ដូច្នេះថា បពិត្រ​ព្រះអានន្ទ​ដ៏ចំរើន ចិត្ត​របស់ភិក្ខុ​អ្នកមិន​មាន​សេចក្តី​ប្រមាទ មានព្យាយាម​ជាគ្រឿង​ដុតកំដៅ​កិលេស មានចិត្ត​ឆ្ពោះទៅ​កាន់​ព្រះនិញ្វន មិនទាន់​រួចស្រឡះ​ក្តី រមែងរួច​ស្រឡះ អាសវៈ​ទាំងឡាយ មិនទាន់​អស់ក្តី រមែងដល់​នូវការ​អស់ ចិត្តដែល​មិនទាន់​ដល់ក្តី ក៏រមែង​ដល់នូវ​ធម៌ជា​ទីក្សេម ចាកយោគៈ​ដ៏ប្រសើរ ក្នុង​ធម៌តែ​មួយណា ធម៌តែ​មួយនោះ ដែល​ព្រះមានព្រះភាគ​អង្គនោះ ជា​អរហន្ត​សម្មាសម្ពុទ្ធ ទ្រង់​ជ្រាបច្បាស់ ឃើញច្បាស់ បានសំដែង​ហើយ ដោយ​ប្រពៃ មាន​ដែរឬ។ ម្នាល​គហបតី ចិត្តរបស់​ភិក្ខុ ដែលមិន​មានសេចក្តី​ប្រមាទ មាន​ព្យាយាម​ជាគ្រឿង​ដុតកំដៅ​កិលេស មានចិត្តឆ្ពោះ​ទៅកាន់ព្រះ​និញ្វន មិនទាន់​រួចស្រឡះក្តី រមែង​រួចស្រឡះ អាសវៈ​ទាំងឡាយ មិនទាន់​អស់ក្តី រមែង​ដល់នូវ​ការអស់ ចិត្តដែល​មិនទាន់​ដល់ក្តី ក៏រមែង​ដល់នូវ​ធម៌ ជាទីក្សេម​ចាកយោគៈ​ដ៏ប្រសើរ ក្នុងធម៌​តែមួយ​ណា ធម៌តែ​មួយនោះ ​ដែល​ព្រះមានព្រះភាគ​អង្គនោះ ជាអរហន្ត​សម្មាសម្ពុទ្ធ ទ្រង់​ជ្រាបច្បាស់​ ឃើញច្បាស់ បាន​សំដែង​ហើយ ដោយប្រពៃ មានដែរ។ បពិត្រ​ព្រះអានន្ទ​ដ៏ចំរើន ចិត្ត​របស់ភិក្ខុ អ្នកមិនមាន​សេចក្តី​ប្រមាទ មាន​ព្យាយាម ជាគ្រឿង​ដុតកំដៅ​កិលេស មានចិត្ត​ឆ្ពោះទៅ​កាន់​ព្រះនិញ្វន មិនទាន់​រួចស្រឡះក្តី រមែង​រួចស្រឡះ អាសវៈ​ទាំងឡាយ​មិនទាន់​អស់ក្តី រមែងដល់​នូវការ​អស់ ចិត្តដែល​មិនទាន់​ដល់ក្តី ក៏រមែង​ដល់នូវ​ធម៌​ជាទី​ក្សេមចាក​យោគៈ​ដ៏ប្រសើរ ក្នុងធម៌​តែមួយណា ធម៌តែ​មួយនោះ ដែល​ព្រះមានព្រះភាគ​អង្គនោះ ជា​អរហន្ត​សម្មាសម្ពុទ្ធ ទ្រង់ជ្រាប​ច្បាស់ ឃើញច្បាស់ បានសំដែង​ហើយ ដោយ​ប្រពៃ តើដូចម្តេច។ ម្នាល​គហបតី ភិក្ខុក្នុង​សាសនានេះ ស្ងាត់ចាក​កាមទាំងឡាយ ស្ងាត់​ចាក​អកុសលធម៌​ទាំងឡាយ ក៏បាន​ចូលកាន់​បឋមជ្ឈាន ប្រកប​ដោយវិតក្កៈ ប្រកប​ដោយ​វិចារៈ មានបីតិ និងសុខៈ ដែលកើត​អំពីសេចក្តី​ស្ងប់ស្ងាត់។ ភិក្ខុនោះ បាន​ពិចារណា​ដូច្នេះ ក៏ដឹង​ច្បាស់ថា បឋមជ្ឈាន​នេះ ដែល (អាត្មាអញ) បាន​តាក់តែង បាន​ពិចារណា ដោយ​ផ្ចិតផ្ចង់ ឈាន​ណាមួយ ដែល​អាត្មាអញ បាន​តាក់តែង បាន​ពិចារណា ដោយ​ផ្ចិតផ្ចង់​ហើយ ឈាននោះ ក៏មិនទៀង មានការ​រលត់ទៅ​ជាធម្មតា។ ភិក្ខុនោះ បានឋិត​នៅក្នុង​សមថវិបស្សនា​ធម៌នោះ រមែង​ដល់នូវ​ការអស់​អាសវៈ​ទាំងឡាយ បើមិន​ដល់នូវ​ការអស់​អាសវៈ​ទាំងឡាយ​ទេ ក៏បានជា​ឱបបាតិកៈ ព្រោះអស់​សំយោជនៈទាំងឡាយ​ ជា​ចំណែក​ខាង​ក្រោម ៥ ដោយ​តម្រេក​ក្នុងធម៌នោះ ដោយ​សេចក្តី​រីករាយ ក្នុង​ធម៌នោះ បរិនិញ្វន ក្នុង​លោកនោះ មានការ​មិនត្រឡប់​ចាកលោក​នោះ​ជាធម្មតា។ ម្នាល​គហបតី ចិត្តរបស់​ភិក្ខុដែល​គ្មាន​សេចក្តី​ប្រមាទ មាន​ព្យាយាម​ជាគ្រឿងដុត​កំដៅ​កិលេស មាន​ចិត្តឆ្ពោះ​ទៅកាន់​ព្រះនិញ្វន បើមិនទាន់​រួចស្រឡះក្តី រមែង​រួចស្រឡះ អាសវៈ​ទាំងឡាយ មិនទាន់​អស់ក្តី រមែង​ដល់នូវ​ការអស់ ចិត្តដែល​មិនទាន់​ដល់ក្តី រមែង​ដល់នូវ​ធម៌ជា​ទីក្សេម ចាកយោគៈ​ដ៏ប្រសើរ ក្នុងធម៌​តែមួយណា ធម៌តែ​មួយនេះឯង ដែល​ព្រះមានព្រះភាគ​អង្គនោះ ជាអរហន្ត​សម្មាសម្ពុទ្ធ ទ្រង់​ជ្រាបច្បាស់ ឃើញច្បាស់​ បាន​សំដែង​ហើយ ដោយ​ប្រពៃ។ ម្នាលគហបតី មួយទៀត ភិក្ខុ ព្រោះបាន​រម្ងាប់វិតក្កៈ និង​វិចារៈ (ក៏បានចូល) កាន់​ទុតិយជ្ឈាន ជា​ធម្មជាត កើតមាន​ក្នុងសន្តាន​នៃខ្លួន ប្រកប​ដោយ​សេចក្តី​ជ្រះថ្លា គឺសទ្ធា មាន​សភាព​ជាចិត្ត​ខ្ពស់ឯក ដែល​មិនមាន​វិតក្កៈ មិនមាន​វិចារៈ មានតែ​បីតិ និងសុខៈ ដែលកើត​អំពី​សមាធិ គឺ​បឋមជ្ឈាន… តតិយជ្ឈាន… ចូលកាន់​ចតុត្ថជ្ឈាន។ ភិក្ខុនោះ បាន​ពិចារណា​ដូច្នេះ ក៏ដឹង​ច្បាស់ថា ចតុត្ថជ្ឈាន​នេះឯង (ដែល​អាត្មាអញ) បាន​តាក់តែង បាន​ពិចារណា ដោយ​ផ្ចិតផ្ចង់ ឈាន​ឯណានីមួយ ដែល​អាត្មាអញ បាន​តាក់តែង បាន​ពិចារណា ដោយ​ផ្ចិតផ្ចង់​ហើយ ឈាននោះ ក៏​មិនទៀង មាន​កិរិយា​រលត់​ទៅជា​ធម្មតា។ ភិក្ខុនោះ បានឋិត​នៅក្នុង​សមថវិបស្សនាធម៌​នោះ រមែង​ដល់នូវ​ការអស់អាសវៈ​ទាំងឡាយ បើមិន​ទាន់ដល់​នូវការអស់​អាសវៈ​ទាំងឡាយ​ទេ រមែងបាន​ជាឱបបាតិកៈ ព្រោះអស់​សំយោជនៈ​ទាំងឡាយ ជាចំណែក​ខាងក្រោម ៥ ដោយ​តម្រេក ក្នុង​ធម៌នោះ ដោយ​សេចក្តី​រីករាយ ក្នុង​ធម៌នោះ ក៏បរិនិញ្វន​ក្នុងលោក​នោះ បានការ​មិនត្រឡប់ ចាក​លោកនោះ​ជាធម្មតា។ ម្នាល​គហបតី ចិត្ត​របស់ភិក្ខុ ដែល​មិនមាន​សេចក្តីប្រមាទ អ្នកមាន​ព្យាយាម​ជាគ្រឿង​ដុតកំដៅ​កិលេស មានចិត្ត​ឆ្ពោះទៅកាន់​ព្រះនិញ្វន មិនទាន់​រួចស្រឡះ​ក្តី រមែង​រួចស្រឡះ អាសវៈ​ទាំងឡាយ​មិនទាន់​អស់ក្តី រមែង​ដល់នូវ​ការអស់ ចិត្តដែល​មិនទាន់​ដល់ក្តី រមែងដល់​នូវធម៌ជា​ទីក្សេម​ចាកយោគៈ​ដ៏ប្រសើរ ក្នុងធម៌​តែមួយណា ធម៌តែ​មួយនេះ​ឯង ដែល​ព្រះមានព្រះភាគ​អង្គនោះ ជា​អរហន្ត​សម្មាសម្ពុទ្ធ ទ្រង់ជ្រាប​ច្បាស់ ឃើញច្បាស់ បានសំដែង​ហើយ ដោយប្រពៃ។

ម្នាលគហបតី មួយទៀត ភិក្ខុមាន​ចិត្តប្រកប​ដោយមេត្តា ផ្សាយទៅ​កាន់ទិសទី១ ទី២ ទី៣ ទី៤ ក៏ដូចគ្នា ផ្សាយទៅ​កាន់ទិស​ខាងលើ ខាងក្រោម និង​ទិសទទឹង [សំដៅ​យក​ទិសតូច​ទាំង ៤ គឺ​ទិសអាគ្នេយ៍ ឦសាន និរតី ពាយ័ព្យ។] មាន​ចិត្តប្រកប​ដោយ​មេត្តា​ដ៏ធំទូលាយ​មាន​ប្រមាណ​មិនបាន មិនមាន​ពៀរ មិនមាន​ព្យាបាទ ផ្សាយ​ទៅកាន់​សត្វលោក​ទាំងពួង ដោយ​យកខ្លួន​ទៅប្រៀប​នឹង​សត្វ​ទាំងពួង ក្នុង​ទីទាំងពួង។ ភិក្ខុនោះ បាន​ពិចារណា​ដូច្នេះ ក៏ដឹងច្បាស់​ថា មេត្តាចេតោវិមុត្តិ​នេះឯង (ដែល​អាត្មាអញ) បាន​តាក់តែង បាន​ពិចារណា​ដោយ​ផ្ចិតផ្ចង់​ហើយ ឈាន​ណានីមួយ ដែល​អាត្មាអញ បាន​តាក់តែង បានពិចារណា​ដោយ​ផ្ចិតផ្ចង់​ហើយ ឈាននោះ​ក៏មិន​ទៀង មានការ​រលត់ទៅ ជា​ធម្មតា។ ភិក្ខុនោះ បានឋិតនៅ​ក្នុង​សមថវិបស្សនាធម៌​នោះ រមែង​ដល់នូវ​ការអស់​អាសវៈ​ទាំងឡាយ បើមិនទាន់​បានដល់​នូវការអស់​អាសវៈ​ទាំងឡាយ​ទេ ក៏គង់បាន​​​ជា​ឱបបាតិកៈ ព្រោះ​អស់​សំយោជនៈ​ទាំងឡាយ ជាចំណែក​ខាងក្រោម ៥ ដោយ​តម្រេក ក្នុងធម៌នោះ ដោយ​សេចក្តី​រីករាយ ក្នុងធម៌នោះ ហើយក៏​បរិនិញ្វន ក្នុង​លោក​នោះ មានការ​មិនត្រឡប់ ចាក​លោកនោះ​ជា​ធម្មតា។ ម្នាល​គហបតី ចិត្តរបស់​ភិក្ខុ​ដែលមិនមាន​សេចក្តី​ប្រមាទ មាន​ព្យាយាម ជាគ្រឿង​ដុតកំដៅ​កិលេស មានចិត្ត​ឆ្ពោះទៅ​កាន់​ព្រះនិញ្វន មិនទាន់រួច​ស្រឡះ​ក្តី រមែង​រួច​ស្រឡះ អាសវៈ​ទាំងឡាយ មិនទាន់​អស់ក្តី រមែងដល់​នូវការអស់ ចិត្ត​ដែលមិន​ទាន់​ដល់ក្តី រមែង​ដល់នូវ​ធម៌ជាទី​កេ្សម​ចាក​យោគៈ​ដ៏ប្រសើរ ក្នុងធម៌​តែមួយណា ធម៌​តែមួយ​នេះឯង ដែល​ព្រះមានព្រះភាគ​អង្គនោះ ជាអរហន្ត​សម្មាសម្ពុទ្ធ ទ្រង់ជ្រាប​ច្បាស់ ឃើញ​ច្បាស់ បាន​សំដែង​ហើយ ដោយ​ប្រពៃ។

ម្នាលគហបតី មួយទៀត ភិក្ខុមានចិត្តប្រកប​ដោយ​ករុណា… មាន​ចិត្តប្រកប​ដោយ​មុទិតា… មាន​ចិត្ត​ប្រកប​ដោយ​ឧបេក្ខា ផ្សាយទៅ​កាន់ ទិសទី១ ទី២ ទី៣ ទី៤ ក៏ដូចគ្នា ផ្សាយ​ទៅកាន់​ទិសខាងលើ ខាងក្រោម និង​ទិសទទឹង មាន​ចិត្តប្រកប​ដោយ​ឧបេក្ខា​ដ៏ធំ​ទូលាយ រក​ប្រមាណ​មិនបាន មិនមាន​ពៀរ មិនមាន​ព្យាបាទ ផ្សាយ​ទៅកាន់​សត្វលោក​ទាំងពួង ដោយ​ការយក​ខ្លួនទៅ​ប្រៀប​នឹង​សត្វទាំងពួង ក្នុង​ទីទាំងពួង។ ភិក្ខុនោះ បាន​ពិចារណា​ដូច្នេះ ក៏ដឹង​ច្បាស់ថា ឧបេក្ខាចេតោវិមុត្តិ​នេះឯង ដែល (អាត្មាអញ) បាន​តាក់​តែង បាន​ពិចារណា ដោយ​ផ្ចិតផ្ចង់​ហើយ ក៏​ឈានឯណា​នីមួយ ដែល​អាត្មាអញ បាន​តាក់​តែង បាន​ពិចារណា​ដោយ​ផ្ចិតផ្ចង់​ហើយ ឈាននោះ ក៏​មិនទៀង មានការ​រលត់ទៅ ជា​ធម្មតា។ ភិក្ខុនោះ បាន​ឋិតនៅ​ក្នុង​សមថវិបស្សនាធម៌​នោះហើយ រមែង​ដល់នូវ​ការ​អស់​អាសវៈ​ទាំងឡាយ បើមិន​ទាន់​បានដល់​នូវ​ការអស់​អាសវៈ​ទាំងឡាយ​ទេ ក៏​គង់បាន​ជា​ឱបបាតិកៈ ព្រោះ​អស់​សំយោជនៈ​ទាំងឡាយ ជាចំណែក​ខាងក្រោម ៥ ដោយ​តម្រេក​ក្នុង​ធម៌នោះ ដោយ​សេចក្តី​រីករាយ​ក្នុង​ធម៌នោះ ហើយក៏​បរិនិញ្វន​ក្នុង​លោកនោះ មាន​ការមិន​ត្រឡប់​ចាក​លោកនោះ​ជា​ធម្មតា។ ម្នាល​គហបតី ចិត្តរបស់​ភិក្ខុ អ្នក​មិនមាន​សេចក្តី​ប្រមាទ មាន​ព្យាយាម ជាគ្រឿង​ដុតកំដៅ​កិលេស មានចិត្ត​ឆ្ពោះទៅ​កាន់​ព្រះនិញ្វន មិនទាន់​រួចស្រឡះ​ក្តី រមែងរួច​ស្រឡះ អាសវៈ​ទាំងឡាយ មិនទាន់​អស់ក្តី រមែង​ដល់នូវ​ការ​អស់ ចិត្តដែល​មិនទាន់​ដល់ក្តី រមែងដល់​នូវធម៌​ជាទីក្សេម ចាក​យោគៈ​ដ៏ប្រសើរ ក្នុងធម៌​តែមួយ​ណា ធម៌តែ​មួយនេះ​ឯង ដែល​ព្រះមានព្រះភាគ​អង្គនោះ ជា​អរហន្ត​សម្មាសម្ពុទ្ធ ទ្រង់​ជ្រាប​ច្បាស់ ឃើញច្បាស់ បានសំដែង​ហើយ ដោយ​ប្រពៃ។

ម្នាលគហបតី មួយទៀត ភិក្ខុបានដល់​អាកាសានញ្ចាយតនជ្ឈាន ដោយធ្វើ​ទុកក្នុង​ចិត្តថា អាកាស​មិនមាន​ទីបំផុត​ដូច្នេះ ព្រោះ​ប្រព្រឹត្ត​កន្លងនូវ​រូបសញ្ញា ដោយ​ប្រការ​ទាំងពួង ព្រោះ​វិនាសនៃ​បដិឃសញ្ញា​ទាំងឡាយ ព្រោះ​លែងធ្វើ​ទុកក្នុង​ចិត្ត នូវ​នានត្តសញ្ញា។ ​ភិក្ខុនោះ បាន​ពិចារណា​ដូច្នេះ ក៏ដឹង​ច្បាស់ថា អាកាសានញ្ចាយតនសមាបត្តិ​នេះ​ឯង ដែល​អាត្មាអញ បាន​តាក់តែង បាន​ពិចារណា ដោយ​ផ្ចិតផ្ចង់​ហើយ ឈានណា​មួយ ដែល​អាត្មាអញ​បាន​តាក់តែង បាន​ពិចារណា​ដោយ​ផ្ចិតផ្ចង់​ហើយ ឈាននោះ​ក៏មិនទៀង មាន​ការរលត់​ជាធម្មតា។ ភិក្ខុនោះ ឋិតនៅ​ក្នុង​សមថវិបស្សនា​ធម៌នោះ រមែង​ដល់នូវ​ការអស់​អាសវៈ​ទាំងឡាយ បើមិន​ទាន់ដល់ នូវ​ការអស់​អាសវៈ​ទាំងឡាយទេ ក៏គង់​បានជា​ឱបបាតិកៈ ព្រោះអស់​សំយោជនៈ​ទាំងឡាយ ជាចំណែក​ខាងក្រោម ៥ ដោយ​សេចក្តី​ត្រេកអរ​ក្នុងធម៌​នោះ ដោយ​សេចក្តី​រីករាយ ក្នុងធម៌​នោះ ហើយក៏​បរិនិញ្វន ក្នុង​លោកនោះ មានការ​មិនត្រឡប់​ចាក​លោកនោះ ជា​ធម្មតា។ ម្នាល​គហបតី ចិត្តរបស់​ភិក្ខុ ដែលមិនមាន​សេចក្តី​ប្រមាទ មានព្យាយាម ជាគ្រឿង​ដុត​កំដៅកិលេស មានចិត្ត​ឆ្ពោះទៅ​កាន់​ព្រះនិញ្វន ចិត្តមិន​ទាន់រួច​ស្រឡះក្តី រមែងរួច​ស្រឡះ អាសវៈ​ទាំងឡាយ មិនទាន់​អស់ក្តី ក៏រមែង​ដល់នូវ​ការអស់ ចិត្តដែល​មិនទាន់​ដល់ក្តី រមែងដល់​នូវធម៌​ជាទីក្សេម ចាកយោគៈ​ដ៏ប្រសើរ ក្នុងធម៌​តែមួយ​ណា ធម៌តែ​មួយ​នេះឯង ដែល​ព្រះមានព្រះភាគ អង្គនោះ ជាអរហន្ត​សម្មាសម្ពុទ្ធ ទ្រង់ជ្រាប​ច្បាស់ ឃើញច្បាស់ បានសំដែង​ហើយ ដោយប្រពៃ។

ម្នាលគហបតី មួយទៀត ភិក្ខុកន្លង​អាកាសានញ្ចាយតនជ្ឈាន ដោយ​ប្រការ​ទាំងពួង ក៏បាន​ដល់​នូវ​វិញ្ញាណញ្ចាយតនជ្ឈាន ដោយធ្វើ​ទុកក្នុង​ចិត្តថា វិញ្ញាណ មិនមាន​ទីបំផុត… កន្លង​វិញ្ញាណញ្ចាយតនជ្ឈាន ដោយ​ប្រការ​ទាំងពួង ក៏បាន​ដល់​អាកិញ្ចញ្ញាយតនជ្ឈាន ដោយធ្វើទុក​ក្នុងចិត្តថា វត្ថុតិចតួច មិន​មាន​ដូច្នេះ។ ភិក្ខុនោះ ពិចារណា​ដូច្នេះ ក៏ដឹង​ច្បាស់ថា អាកិញ្ចញ្ញាយតនសមាបត្តិ​នេះឯង ដែល​អាត្មាអញ បាន​តាក់តែង បាន​ពិចារណា ដោយផ្ចិត​ផ្ចង់ហើយ ក៏ឈាន​ណានីមួយ ដែល​អាត្មាអញ បាន​តាក់​តែង បាន​ពិចារណា ដោយផ្ចត់​ផ្ចង់ហើយ ឈាននោះ ក៏មិនទៀង មាន​ការរលត់ ជា​ធម្មតា។ ភិក្ខុនោះ បានឋិតនៅ​ក្នុង​សមថវិបស្សនាធម៌​នោះហើយ រមែង​ដល់នូវ​ការអស់​អាសវៈ​ទាំងឡាយ បើមិន​ទាន់បាន​ដល់​នូវការ​អស់អាសវៈ​ទាំងឡាយទេ ក៏គង់បាន​ជា​ឱបបាតិកៈ ព្រោះ​អស់សំយោជនៈ​ទាំងឡាយ ជាចំណែក​ខាងក្រោម ៥ ដោយ​តម្រេក​ក្នុងធម៌​នោះ ដោយសេចក្តី​រីករាយ ក្នុង​ធម៌នោះ ហើយ​បរិនិញ្វន​ក្នុងលោក​នោះ មាន​ការមិន​ត្រឡប់​ចាកលោក​នោះ ជា​ធម្មតា។ ម្នាល​គហបតី ចិត្ត​របស់ភិក្ខុ ដែលមិន​មានសេចក្តី​ប្រមាទ មាន​ព្យាយាម ជាគ្រឿង​ដុតកំដៅ​កិលេស មានចិត្ត​ឆ្ពោះ​ទៅកាន់​ព្រះនិញ្វន មិនទាន់រួច​ស្រឡះក្តី រមែង​រួចស្រឡះ អាសវៈ​ទាំងឡាយ ដែល​មិនទាន់​អស់ក្តី រមែងដល់​នូវការ​អស់ ចិត្តដែល​​មិនទាន់​ដល់ក្តី រមែង​ដល់នូវ​ធម៌ជា​ទីក្សេម ចាកយោគៈ​ដ៏ប្រសើរ ក្នុង​ធម៌តែ​មួយណា ធម៌តែ​មួយនេះ​ឯង ដែល​ព្រះមានព្រះភាគ អង្គនោះ ជា​អរហន្ត​សម្មាសម្ពុទ្ធ ទ្រង់ជ្រាប​ច្បាស់ ឃើញច្បាស់ បាន​សំដែង​ហើយ ដោយប្រពៃ។

កាលដែលព្រះអានន្ទដ៏មានអាយុ បានពោល​យ៉ាងនេះ​ហើយ ទសមគហបតី អ្នកនៅ​ក្នុង​ក្រុង​អដ្ឋកៈ បានពោល​នឹង​ព្រះអានន្ទដ៏មាន​អាយុ ដូច្នេះថា បពិត្រ​ព្រះអានន្ទ​ដ៏ចំរើន ដូចជា​បុរស​អ្នកស្វែង​រកកំណប់​ទ្រព្យ​តែមួយ ស្រាប់តែ​បាន​កំណប់​ទ្រព្យ ១១ តែម្តង យ៉ាងណាមិញ បពិត្រ​លោក​ដ៏ចំរើន ខ្ញុំ​ព្រះករុណា ស្វែង​រកទ្វារ​នៃព្រះនិញ្វន​ឈ្មោះ​អមតៈ​តែ​មួយទេ ស្រាប់តែ​បានស្តាប់​នូវទ្វារនៃ​ព្រះនិញ្វន ឈ្មោះ​អមតៈ​ទាំងឡាយ ១១ តែម្តង យ៉ាងនោះដែរ។ បពិត្រ​លោកដ៏ចំរើន ដូចជា​ផ្ទះ​របស់​បុរស មានទ្វារ ១១ កាលបើ​ភ្លើងឆេះ​ផ្ទះនោះ បុរសនោះ ក៏អាច​ធ្វើខ្លួន​ឲ្យមាន​សួស្តី ដោយទ្វារ​តែមួយ ៗ បាន យ៉ាង​ណាមិញ បពិត្រ​លោក​ដ៏ចំរើន បណ្តា​អមតទ្វារ ១១ នេះ ខ្ញុំព្រះករុណា នឹង​អាច​ធ្វើខ្លួន ឲ្យ​មានសួស្តី​ដោយ​អមតទ្វារ​តែមួយ ៗ បាន ក៏​យ៉ាងនោះ​ដែរ។ បពិត្រ​លោក​ដ៏ចំរើន អម្បាល​ដូចជា​ពួក​អន្យតិរ្ថិយ​ទាំងនេះ តែងស្វែង​រកទ្រព្យ​សម្រាប់​អាចារ្យ ដើម្បី​អាចារ្យ ចុះខ្ញុំ​ព្រះករុណា នឹង​ធ្វើនូវការ​បូជាដល់​ព្រះអានន្ទដ៏​មានអាយុ តើ​ដូចម្តេច​ទៅវិញ។ គ្រានោះ ទសមគហបតី អ្នកនៅ​ក្នុងក្រុង​អដ្ឋកៈ ក៏បាន​ប្រជុំភិក្ខុ​សង្ឃ ដែលនៅ​ក្នុងក្រុង​វេសាលីផង នៅក្នុង​ក្រុង​បាតលិបុត្ត​ផង ហើយអង្គាស​ភិក្ខុសង្ឃ ឲ្យឆ្អែត​ស្កប់ស្កល់ ដោយ​ខាទនីយ​ភោជនីយាហារ​ដ៏ផ្ចិតផ្ចង់ ដោយ​ដៃរបស់​ខ្លួន ត្រាតែ​ហាមឃាត់ ហើយញុំាង​ភិក្ខុ ១ រូបៗ ឲ្យស្លៀកដណ្តប់​ដោយគូ​នៃសំពត់​គ្រប់អង្គ ញុំាង​ព្រះអានន្ទ​ដ៏មាន​អាយុ ឲ្យស្លៀក​ដណ្តប់​ដោយ​ត្រៃចីវរ​ផង ញុំាងជាង​ឲ្យធ្វើ​វិហារ [ពាក្យថា​វិហារ​ក្នុងទីនេះ បានដល់​សាលាដែល​ប្រក់ស្លឹក។ អដ្ឋកថា។] តម្លៃ ៥០០ កហាបណៈ ប្រគេន​ព្រះអានន្ទ​ដ៏មាន​អាយុ​ផង។

km/tipitaka/sut/an/an11/an11.017.than.txt · ពេលកែចុងក្រោយ: 2019/08/26 13:51 និពន្ឋដោយ Johann