km:tipitaka:sut:kn:iti:sut.kn.iti.022

ព្រះត្រៃបិដក » សុត្តន្តបិដក » ខុទ្ទកនិកាយគ » ឥតិវុត្តកៈ » ឯកកនិបាត » តតិយវគ្គ

មេត្តសូត្រ (២.)

សង្ខេប

ទោះបីព្រះសង្ឃ៖ មិនគួរ​ខ្លាច​ការ​ធ្វើ​បុណ្យ​ទេ! អានិសង្សនៃការចម្រើនមេត្តាចិត្ត របស់ព្រះសម្មាសម្ពុទ្ធ កាលព្រះអង្គ នៅជាពោធិសត្វ។ ធម៌បីយ៉ាង និងផល។


ទ. ២១

(២. មេត្តសុត្តំ)

[២២] ខ្ញុំ​បាន​ស្ដាប់​មក​ថា ព្រះ​មាន​ព្រះ​ភាគ ទ្រង់​ត្រាស់​ហើយ ព្រះ​អរហន្ត​សំដែង​ហើយ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ អ្នក​ទាំង​ឡាយ កុំ​ខ្លាច​បុណ្យ​ឡើយ ម្នាល​ភិក្ខុ​ទាំង​ឡាយ ព្រោះ​ពាក្យ​ថា បុណ្យ​នេះ ជា​ឈ្មោះ​នៃ​សេចក្ដី​សុខ​ដែល​ជា​ទី​ប្រាថ្នា ជា​ទី​ត្រេកអរ ជា​ទី​ស្រឡាញ់ ជា​ទី​ពេញចិត្ត។ ម្នាល​ភិក្ខុ​ទាំង​ឡាយ តថាគត​ស្គាល់​ច្បាស់ ផល​នៃ​បុណ្យ ដែល​ជា​ទី​ប្រាថ្នា ជា​ទី​ត្រេកអរ ជា​ទី​ស្រឡាញ់ ជា​ទី​ពេញចិត្ត ដែល​តថាគត​បាន​ហើយ អស់​កាល​ជា​អង្វែង ដែល​តថាគត​ធ្វើ​ហើយ អស់​កាល​ជា​អង្វែង។ តថាគត​បាន​ចំរើន​មេត្តា ចិត្ត អស់ ៧ ឆ្នាំ មិន​បាន​មក​កាន់​លោក​នេះ​ទៀត អស់ ៧ សំវដ្ដ​វិវដ្ដ​កប្ប ម្នាល​ភិក្ខុ​ទាំង​ឡាយ ដំណើរ​ថា កាល​កប្ប​វិនាស តថាគត​បាន​ទៅ​កើត​ក្នុង​អាភស្សរព្រហ្ម កាល​កប្ប​ចំរើន តថាគត​បាន​ចូល​ទៅ​កាន់​ព្រហ្មវិមាន ដែល​សូន្យ​ទទេ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ក្នុង​ទី​នោះ តថាគត​ជា​ព្រហ្ម ជា​មហាព្រហ្ម គ្រប​សង្កត់​សត្វ​ដទៃ​បាន សត្វ​ដទៃ​មិន​អាច​គ្រប​សង្កត់​តថាគត​បាន​ទេ តថាគតឃើញ​ហេតុ​សព្វ​គ្រប់​ អាចញុាំង​​អំណាច ឲ្យ​ប្រព្រឹត្ត​ទៅ​បាន ដោយ​ពិត។ ម្នាល​ភិក្ខុ​ទាំង​ឡាយ មួយ​ទៀត តថាគត​បាន​កើត​ជា​ព្រះ​ឥន្ទ្រ ជាធំ​ជាង​ទេវតា​ទាំង​ឡាយ ៣៦ ដង បាន​ជា​ស្ដេច​ចក្រពត្តិ ធម្មិកធម្មរាជ ជា​ឥស្សរៈ​លើ​ផែនដី ដែល​មាន​សមុទ្រ​ទាំង ៤ ជា​ទី​បំផុត ជា​ស្ដេច​ឈ្នះ​សង្គ្រាម មាន​ជនបទ ដល់​នូវ​ការ​មាំមួន បរិបូណ៌​ដោយ​រតនៈ​ទាំង ៧ ប្រការ អស់​ច្រើន​រយ​ដង នឹង​បាច់​ពោល​ទៅ​ថ្វី ដល់​ប្រទេស​រាជ្យ។ ទ. ២២ ម្នាល​ភិក្ខុ​ទាំង​ឡាយ តថាគត​នោះ មាន​សេចក្ដី​ត្រិះ​រិះ​ថា នេះ​ជា​ផលកម្ម​របស់​អាត្មា​អញ​ដូច​ម្ដេច​ហ្ន៎ នេះ​ជា​វិបាក​នៃ​កម្ម​ដូច​ម្ដេច ដែល​នាំ​ឲ្យ​អាត្មា​អញ​មាន​ឫទ្ធិ​ច្រើន​យ៉ាង​នេះ មាន​អានុភាព​ច្រើន​យ៉ាង​នេះ ក្នុង​កាល​ឥឡូវ​នេះ​។

ម្នាល​ភិក្ខុ​ទាំង​ឡាយ តថាគត​នោះ មាន​សេចក្ដី​ត្រិះ​រិះ​ថា នេះ​ជា​ផលកម្ម​ទាំង​ឡាយ ៣ យ៉ាង របស់​អាត្មា​អញ នេះ​ជា​វិបាក​នៃ​កម្ម​ទាំង​ឡាយ ៣ យ៉ាង ដែល​នាំ​ឲ្យ​អាត្មា​អញ​មាន​ឫទ្ធិ​ច្រើន​យ៉ាង​នេះ មាន​អានុភាព​ច្រើន​យ៉ាង​នេះ ក្នុង​កាល​ឥឡូវ​នេះ គឺ​ផល​ទាន ១ ការ​ទូន្មាន​ឥន្ទ្រិយ ១ ការ​សង្រួម ១។

លុះ​ព្រះ​មាន​ព្រះ​ភាគ ទ្រង់​សំដែង​សេចក្ដី​នុ៎ះ​ហើយ។ ទ្រង់​ត្រាស់​គាថា​ព័ន្ធ​នេះ ក្នុង​សូត្រ​នោះ​ថា

កុលបុត្រ​អ្នក​ប្រាថ្នា​ប្រយោជន៍ គួរ​សិក្សា គឺ​ថា គប្បី​សេព​នូវ​បុណ្យ​ដែល​មាន​ផល​បរិបូណ៌ មាន​វិបាក​ជា​សុខ គួរ​ចំរើន​ទាន ១ ការ​ប្រព្រឹត្តិ​ស្មើ គឺ​សីល ១ មេត្តា​ចិត្ត ១ លុះ​ចំរើន​ធម៌​ទាំង ៣ នេះ ដែល​មាន​អានិសង្ស​ជា​សុខ​ហើយ រមែង​ចូល​ទៅ​កាន់​លោក​ជា​សុខ1) ឥតមានទុក្ខ។

ខ្ញុំ​បាន​ស្ដាប់​មក​ហើយ​ថា សេចក្ដី​នេះ ព្រះ​មាន​ព្រះ​ភាគ បាន​ត្រាស់​ទុក​ហើយ។

សូត្រ ទី ២។

 

1)
សុខ​ក្នុង​ទី​នេះ បាន​ដល់​សុខ​ដែល​កើត​អំពី​ឈាន​សមាបត្តិ។
km/tipitaka/sut/kn/iti/sut.kn.iti.022.txt · ពេលកែចុងក្រោយ: 2023/03/17 10:15 និពន្ឋដោយ Johann