km:tipitaka:sut:kn:iti:sut.kn.iti.024

ព្រះត្រៃបិដក » សុត្តន្តបិដក » ខុទ្ទកនិកាយគ » ឥតិវុត្តកៈ » ឯកកនិបាត » តតិយវគ្គ

អដ្ឋិបុញ្ជសូត្រ (៤.)

សង្ខេប

ការបានឃើញសច្ចៈធម៌ មានទុក្ខអរិយសច្ច ទុក្ខគឺសេចក្តីស្លាប់ សូម្បីត្រឹមបុគ្គលម្នាក់ ប្រព្រឹត្តទៅរាប់មិនអស់។ ជាហេតុ បុគ្គលនោះអាច ធ្វើនូវទីបំផុតទុក្ខបាន យ៉ាងច្រើនត្រឹម៧ ជាតិ។


ទ. ២៤

(៤. អដ្ឋិបុញ្ជសុត្តំ)

[២៤] ខ្ញុំ​បាន​ស្ដាប់​មក​ថា ព្រះ​មាន​ព្រះ​ភាគ ទ្រង់​ត្រាស់​ហើយ ព្រះ​អរហន្ត​សំដែង​ហើយ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ កាល​បុគ្គល​ម្នាក់​ស្ទុះ​ទៅ អន្ទោល ទៅ អស់​កប្ប បំណែក​ឆ្អឹង ពំនូក​ឆ្អឹង គំនរ​ឆ្អឹង​ជា​ច្រើន បើ​បុគ្គល​ប្រមូល​នាំមក​ដំ​កល់​ទុក (១ កន្លែង) ហើយ​រក្សាទុក មិន​ឲ្យ​វិនាស​ខ្ចាត់​ខ្ចាយ​ទៅ ឆ្អឹង​នឹង​ដូច​ជា​ភ្នំ​វេបុល្ល​នេះ​ដូច្នោះ​ឯង។

លុះ​ព្រះ​មាន​ព្រះ​ភាគ សំដែង​សេចក្ដី​នុ៎ះ​ហើយ។ ទ្រង់​ត្រាស់​គាថា​ព័ន្ធ​នេះ ក្នុង​សូត្រ​នោះ​ថា

ព្រះ​សម្មាសម្ពុទ្ធ ព្រះ​អង្គ​ស្វែង​រក​គុណ​ដ៏​ធំ ទ្រង់​ត្រាស់​ដូច​នេះ​ថា គំនរ​ឆ្អឹង​បុគ្គល​ម្នាក់​ៗ ក្នុង​មួយ​កប្ប ជា​គំនរ​ប៉ុន​ភ្នំ ឯ​ភ្នំ​នោះ​ឯង ដែល​ព្រះ​សម្មាសម្ពុទ្ធ​ត្រាស់​ថា ភ្នំ​វេបុល្ល ជា​ភ្នំ​ធំ ជា​ភ្នំ​ខ្ពស់​ជាង​ភ្នំ​គិជ្ឈកូដ ក្បែរក្រុង​គិរិព្វជះ គឺ​រាជគ្រឹះ​របស់​ពួក​ជន​អ្នក​ស្រុក​មគធៈ កាល​ណា​បើ​បុគ្គល​ឃើញ​អរិយ​សច្ច​ទាំង​ឡាយ​ដោយ​បញ្ញា​ដ៏​ប្រពៃ គឺ​ទុក្ខ ១ ហេតុ​ដែល​នាំ​ឲ្យ​កើត​ទុក្ខ ១ ការ​កន្លង​បង់​ទុក្ខ ១ មគ្គ​ប្រកប​ដោយ​អង្គ ៨ ដ៏​ប្រសើរ ដែល​ជា​ទី​ញុាំង​​សត្វ​ឲ្យ​ទៅ​កាន់​ទី​រលត់​ទុក្ខ ១ លុះ​បុគ្គល​នោះ អន្ទោល​ទៅ​អស់ ៧ ជាតិ ជា​យ៉ាង​ក្រៃលែង នឹង​ធ្វើ​នូវ​ទី​បំផុត​នៃ​ទុក្ខ​បាន ព្រោះ​អស់​សំយោជនៈ​ទាំង​ពួង។

ខ្ញុំ​បាន​ស្ដាប់​មក​ហើយ​ថា សេចក្ដី​នេះ​ឯង ព្រះ​មាន​ព្រះ​ភាគ បាន​ត្រាស់​ទុក​ហើយ។

សូត្រ ទី ៤។

 

km/tipitaka/sut/kn/iti/sut.kn.iti.024.txt · ពេលកែចុងក្រោយ: 2023/03/17 10:15 និពន្ឋដោយ Johann