km:tipitaka:sut:kn:iti:sut.kn.iti.027

ព្រះត្រៃបិដក » សុត្តន្តបិដក » ខុទ្ទកនិកាយគ » ឥតិវុត្តកៈ » ឯកកនិបាត » តតិយវគ្គ

មេត្តាភាវនាសូត្រ (៧.)

សង្ខេប

តម្លៃ​នៃ​ការ​អភិវឌ្ឍ​មេត្តា​ចិត្តចំពោះ​សត្វ​ទាំង​អស់។

sut kn iti 027 បាលី cs-km: sut.kn.iti.027 អដ្ឋកថា: sut.kn.iti.027_att PTS: ?

មេត្តាភាវនាសូត្រ ទី៧

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា វិឡា

sut.kn.iti.027.mp4

(៧. មេត្តាភាវនាសុត្តំ)

[២៧] ខ្ញុំ​បាន​ស្ដាប់​មក​ថា ព្រះ​មាន​ព្រះ​ភាគ ទ្រង់​ត្រាស់​ហើយ ព្រះ​អរហន្ត​សំដែង​ហើយ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុញ្ញ​កិរិយា​វត្ថុ​ទាំង​ឡាយ ដែល​ឲ្យ​ផល​ក្នុង​បដិសន្ធិ​កាល និង​បវត្តិ​កាល​ឯណា​នី​មួយ បុញ្ញ​កិរិយា​វត្ថុ​ទាំង​អស់​នោះ មិន​ដល់​មួយ​ចំណិត​នៃ​មេត្តាចេតោវិមុត្តិ ដែល​បុគ្គល​ចែក​ឲ្យ​ជា​ចំណែក ១៦ ៗ ដង​ឡើយ មេត្តាចេតោវិមុត្តិ តែង​គ្រប​សង្កត់​បុញ្ញ​កិរិយា​វត្ថុ​ទាំង​នោះ ភ្លឺ​ស្វាង​រុងរឿង។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ដូច​ពន្លឺ​ពួក​ផ្កាយ​ឯណា​នី​មួយ ពន្លឺ​ពួក​ផ្កាយ​ទាំង​អស់​នោះ មិន​ដល់​មួយ​ចំណិត​ពន្លឺ​ព្រះ​ចន្រ្ទ ដែល​បុគ្គល​ចែក​ជា​ចំណែក ១៦ ៗ ដង​ឡើយ ពន្លឺ​ព្រះ​ចន្រ្ទ តែង​គ្រប​សង្កត់​ពន្លឺ​ផ្កាយ​ទាំង​អម្បាល​នោះ ភ្លឺ​ស្វាង​រុងរឿង ដូច​ម្ដេច​មិញ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុញ្ញ​កិរិយា​វត្ថុ​ទាំង​ឡាយ ដែល​ឲ្យ​ផល​ក្នុង​បដិសន្ធិ​កាល និង​បវត្តិ​កាល​ឯណា​នី​មួយ បុញ្ញ​កិរិយា​វត្ថុ​ទាំង​អស់​នោះ មិន​ដល់​មួយ​ចំណិត​នៃ​មេត្តាចេតោវិមុត្តិ ដែល​ចែក​ឲ្យ​ជា​ចំណែក ១៦ ៗ ដង មេត្តាចេតោវិមុត្តិ តែង​គ្រប​សង្កត់​បុញ្ញ​កិរិយា​វត្ថុ​ទាំង​នោះ ភ្លឺ​ស្វាង​រុងរឿង ក៏​ដូច្នោះ​ឯង។ ទ. ២៨ម្នាល​ភិក្ខុ​ទាំង​ឡាយ ដូច​មេឃ​ដែល​ស្រឡះ ប្រាស​ចាក​ពពក ក្នុង​សរទសម័យ ក្នុង​ខែ​ជា​ខាងចុង​នៃ​រដូវ​ភ្លៀង ព្រះ​អាទិត្យ ក៏​រះ​ត្រដួច​ត្រដឹម​ក្នុង​ពពក កំចាត់​បង់​ងងឹត​ឰដ៏​អាកាស​ទាំង​អស់ ភ្លឺ​ស្វាង​រុងរឿង ដូច​ម្ដេច​មិញ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុញ្ញ​កិរិយា​វត្ថុ​ទាំង​ឡាយ ដែល​ឲ្យ​ផល​ក្នុង​បដិសន្ធិ​កាល និង​បវត្តិ​កាល​ឯណា​នី​មួយ បុញ្ញ​កិរិយា​វត្ថុ​ទាំង​អស់​នោះ មិន​ដល់​មួយ​ចំណិត នៃ​មេត្តាចេតោវិមុត្តិ ដែល​បុគ្គល​ចែក​ឲ្យ​ជា​ចំណែក ១៦ ៗ ដង​ឡើយ មេត្តាចេតោវិមុត្តិ តែង​គ្រប​សង្កត់​បុញ្ញ​កិរិយា​វត្ថុ​ទាំង​នោះ ភ្លឺ​ស្វាង​រុងរឿង ដូច្នោះ​ឯង។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ដូច​ផ្កាយ​ព្រឹក ភ្លឺ​ស្វាង​រុងរឿង ក្នុង​បច្ចូសសម័យ​នៃ​រាត្រី ដូច​ម្ដេច​មិញ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុញ្ញ​កិរិយា​វត្ថុ​ទាំង​ឡាយ ដែល​ឲ្យ​ផល ក្នុង​បដិសន្ធិ​កាល និង​បវត្តិ​កាល​ឯណា​នី​មួយ បុញ្ញ​កិរិយា​វត្ថុ​ទាំង​អស់​នោះ មិន​ដល់​មួយ​ចំណិត​នៃមេត្តាចេតោវិមុត្តិ ដែល​ចែក​ឲ្យ​ជា​ចំណែក ១៦ ៗ ដង​ឡើយ មេត្តាចេតោវិមុត្តិ តែង​គ្រប​សង្កត់​បុញ្ញ​កិរិយា​វត្ថុ​ទាំង​នោះ ភ្លឺ​ស្វាង​រុងរឿង ដូច្នោះ​ឯង។

លុះ​ព្រះ​មាន​ព្រះ​ភាគ ទ្រង់​សំដែង​សេចក្តី​នុ៎ះ​ហើយ។ ទ្រង់​ត្រាស់​គាថា​ព័ន្ធ​នេះ ក្នុង​សូត្រ​នោះ​ថា ទ. ២៩

បុគ្គល​ណា មានស្មារតី ចំរើន​មេត្តា មិន​មាន​ប្រមាណ បដិឃ​សំយោជនៈ​ទាំង​ឡាយ របស់​បុគ្គល​នោះ អ្នក​ឃើញ​កិរិយា​អស់​ទៅ​នៃ​កិលេស រមែង​ស្ដួចស្ដើង បើ​បុគ្គល​មាន​ចិត្ត​មិន​ប្រទូស្ដ​សត្វ សូម្បី​តែ​សត្វ​មួយ ចំរើន​មេត្តា ជា​បុគ្គល​ឈ្លាសវៃ​ដោយ​មេត្តា​នោះ មួយ​ទៀត ព្រះ​អរិយៈ កាល​អនុគ្រោះ​សត្វ​ទាំង​អស់​ដោយ​ចិត្ត​ហើយ ឈ្មោះ​ថា ធ្វើ​បុណ្យ​ច្រើន ជន​ទាំង​ឡាយ​ណា ឈ្នះ​ផែនដី​ដ៏​ដេរដាស​ទៅ​ដោយ​សត្វ ជន​ទាំង​ឡាយ​នោះ ជា​ធម្មិករាជ ប្រហែល​ដោយ​ឥសី ហើយ​ញុាំង​​ការ​បូជា​ឲ្យ​ប្រព្រឹត្ត​ទៅ (គឺ​ទ្រង់​ឈ្លាសវៃ​ក្នុង​ការ​ទំនុក​បម្រុង​ធញ្ញាហារ គឺ​ស្រែ​ស្រូវ ឲ្យ​សម្បូណ៌​ក្នុង​ព្រះ​រាជអាណាចក្រ ១ ទ្រង់​ឈ្លាសវៃ​ក្នុង​ការ​សង្គ្រោះ​រាជបុរស ១ ទ្រង់​ប្រកប​ឧបាយ​ចងចិត្ត​មនុស្ស​ឲ្យចូល​ចិត្ត ១ ទ្រង់​មាន​ព្រះ​បន្ទូល​ផ្អែមល្ហែម ១ ជា​ហេតុ​ឲ្យ​ស្រុក​ទេស​រាបទាប​សាន្គ​ត្រាណ ​គ្មាន​ចោរ ទាល់​តែ​មិនបាច់​ដាក់​គន្លឹះ ចាក់​សោ​ទ្វារ​ផ្ទះ ១) កា​បូជា​ទាំង​ឡាយ​នោះ មិន​ដល់​មួយ​ចំណិត នៃ​បុគ្គល​អ្នក​ចំរើន​មេត្តា​ចិត្ត ដែល​ចែក​ឲ្យ​ជា​ចំណែក ១៦ ៗ ដង​ឡើយ (ដូច​ពួក​ផ្កាយ​ទាំង​អស់ មិន​ដល់​មួយ​ចំណិត​នៃ​ពន្លឺ​ព្រះ​ចន្ទ្រ) ទ. ៣០បុគ្គល​ណា មិន​សម្លាប់​សត្វ​ដោយ​ខ្លួន​ឯង មិន​ប្រើ​គេ​ឲ្យ​សម្លាប់ មិន​ផ្ចាញ់​ផ្ចាល​ដោយ​ខ្លួន​ឯង មិន​ប្រើ​គេ​ឲ្យ​ផ្ចាញ់​ផ្ចាល ជា​អ្នក​មាន​ចំណែក​នៃ​មេត្តា ក្នុង​សត្វ​ទាំង​ឡាយ​ទាំង​ពួង ពៀរ​មិន​មាន​ដល់​បុគ្គល​នោះ ដោយ​ហេតុ​ណា​នី​មួយ​ឡើយ។

ខ្ញុំ​បាន​ស្ដាប់​មក​ហើយ​ថា សេចក្ដី​នេះ​ឯង ព្រះ​មាន​ព្រះ​ភាគ បាន​ត្រាស់​ទុក​ហើយ។

សូត្រ ទី ៧។

ចប់ តតិយវគ្គ។

ឧទា្ទននៃតតិយវគ្គ​នោះ​គឺ

និយាយ​អំពីចិត្ត ១ ចំរើន​ឈាន ១ ប្រយោជន៍​ទាំង​ពីរ ១ គំនរ​ឆ្អឹង​ដូច​ជា​ភ្នំ​វេបុល្ល ១ សម្បជាន​មុសាវាទ ១ ទាន ១ ការ​ចំរើន​មេត្តា ១ ព្រះ​សូត្រ​ទាំង​ឡាយ ក្នុង​ធម៌​មួយ ៗ គឺ​ព្រះ​សូត្រ (ខាងចុង) ៧ សូត្រ ព្រះ​សូត្រ​ខាង​ដើម ២០ សូត្រ សង្គ្រោះ​ជា​សូត្រ ២៧ សូត្រ។

ចប់ ឯកនិបាត។

ទ. ៣១

 

km/tipitaka/sut/kn/iti/sut.kn.iti.027.txt · ពេលកែចុងក្រោយ: 2023/03/17 10:15 និពន្ឋដោយ Johann