User Tools

Site Tools


Translations of this page?:
km:tipitaka:sut:kn:iti:sut.kn.iti.031

ព្រះត្រៃបិដក » សុត្តន្តបិដក » ខុទ្ទកនិកាយគ » ឥតិវុត្តកៈ » ទុកនិបាត » បឋមវគ្គ

អតបនីយសូត្រ (៤.)

sut.kn.iti.031 | book_053
ទ. ៣៤

(៤. អតបនីយសុត្តំ)

[៣១] ខ្ញុំ​បាន​ស្ដាប់​មក​ថា ព្រះ​មាន​ព្រះ​ភាគ ទ្រង់​ត្រាស់​ហើយ ព្រះ​អរហន្ត​សំដែង​ហើយ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ធម៌​នាំ​មិន​ឲ្យ​ក្ដៅ​ក្រហាយ​នេះ មាន ២។ ធម៌​នាំ​មិន​ឲ្យ​ក្ដៅ​ក្រហាយ ២ តើ​ដូច​ម្ដេច។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​ពួក​ខ្លះ ក្នុង​លោក​នេះ បាន​ធ្វើ​សេចក្ដី​ល្អ​ទុក​ហើយ បាន​ធ្វើ​កុសល​ទុក​ហើយ បាន​ធ្វើ​សេចក្ដី​ពឹង​ពាក់​ទុក​ហើយ មិន​បាន​ធ្វើ​បាប មិន​បាន​ធ្វើ​សេចក្ដី​រឹងរូស មិន​បាន​ធ្វើ​សេចក្ដី​អាក្រក់ បុគ្គល​នោះ តែង​មិន​ក្ដៅ​ក្រហាយ ដោយ​គិតថា អាត្មា​អញ បាន​ធ្វើ​សេចក្ដី​ល្អ​ទុក​ហើយ​ផង តែង​មិន​ក្ដៅ​ក្រហាយ ដោយ​គិតថា អាត្មា​អញ មិន​បាន​ធ្វើ​សេចក្ដី​អាក្រក់​ទុក​ហើយ​ផង។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ធម៌​នាំ​មិន​ឲ្យ​ក្ដៅ​ក្រហាយ មាន ២ នេះ​ឯង។

លុះ​ព្រះ​មាន​ព្រះ​ភាគ ទ្រង់​សំដែង​សេចក្ដី​នុ៎ះ​ហើយ។ ទ្រង់​ត្រាស់​គាថា​ព័ន្ធ​នេះ ក្នុង​សូត្រ​នោះ​ថា

បុគ្គល​ណា លះ​បង់​កាយ​ទុច្ចរិត វចី​ទុច្ចរិត ឬ​លះ​បង់​មនោ​ទុច្ចរិត ឬ​អំពើ​ណា​មួយ​ដទៃទៀត ដែល​ប្រកប​ដោយ​ទោស មិន​ធ្វើ​អកុសល​កម្ម ធ្វើ​តែ​កុសល​កម្ម​ជា​ច្រើន បុគ្គល​នោះ ជា​អ្នក​ប្រកប​ដោយ​បញ្ញា លុះ​បែក​ធ្លាយ​រាង​កាយ​ស្លាប់​ទៅ តែង​ចូល​ទៅ​កាន់​ស្ថានសួគ៌។

ខ្ញុំ​បាន​ស្ដាប់​មក​ហើយ​ថា សេចក្ដី​នេះ​ឯង ព្រះ​មាន​ព្រះ​ភាគ បាន​ត្រាស់​ទុក​ហើយ។

សូត្រ ទី ៤។

 

km/tipitaka/sut/kn/iti/sut.kn.iti.031.txt · ពេលកែចុងក្រោយ: 2019/01/30 10:04 និពន្ឋដោយ Johann