User Tools

Site Tools


Translations of this page?:
km:tipitaka:sut:kn:iti:sut.kn.iti.039

ព្រះត្រៃបិដក » សុត្តន្តបិដក » ខុទ្ទកនិកាយគ » ឥតិវុត្តកៈ » ទុកនិបាត » ទុតិយវគ្គ

ទេសនាសូត្រ (២.)

sut.kn.iti.039 | book_053

(២. ទេសនាសុត្តំ)

[៣៩] ខ្ញុំ​បាន​ស្ដាប់​មក​ថា ព្រះ​មាន​ព្រះ​ភាគ ទ្រង់​ត្រាស់​ហើយ ព្រះ​អរហន្ត​សំដែង​ហើយ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ព្រះ​ធម៌​ទេសនា របស់​ព្រះ​តថាគត អរហន្ត​សម្មាសម្ពុទ្ធ មាន ២ យ៉ាង ដោយ​បរិយាយ។ ធម៌ ទេសនា ២ យ៉ាង តើ​ដូច​ម្ដេច។ គឺ​អ្នក​ទាំង​ឡាយ ចូរ​ឃើញ​នូវ​បាប ថា​ជា​បាប នេះ​ជា​ធម៌​ទេសនា​ទី ១ លុះ​អ្នក​ទាំង​ឡាយ ឃើញ​នូវ​បាប ថា​ជា​បាប​ហើយ ចូរ​នឿយ​ណាយ ចូរជិនឆ្អន់ ចូរ​ផុត​ស្រឡះ​ចាក​បាប​នោះ នេះ​ឯង​ជា​ធម៌​ទេសនា​ទី ២។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ធម៌​ទេសនា​របស់​ព្រះ​តថាគត អរហន្ត​សម្មាសម្ពុទ្ធ មាន ២ យ៉ាង​នេះ​ឯង ដោយ​បរិយាយ។

លុះ​ព្រះ​មាន​ព្រះ​ភាគ ទ្រង់​សំដែង​សេចក្ដី​នុ៎ះ​ហើយ។ ទ្រង់​ត្រាស់​គាថា​ព័ន្ធ​នេះ ក្នុង​សូត្រ​នោះ​ថា ទ. ៤៥

អ្នក​ចូរ​ឃើញ​នូវ​ព្រះ​វាចា ដោយ​បរិយាយ​នៃ​ព្រះ​តថាគត ជា​ព្រះ​ពុទ្ធ ដែល​ទ្រង់​មាន​សេចក្ដី​អនុគ្រោះ ដល់​សព្វ​សត្វ​ផង នូវ​ធម៌​ទេសនា ២ យ៉ាង ដែល​ព្រះ​តថាគត ប្រកាស​ហើយ​ផង អ្នក​ទាំង​ឡាយ ជា​អ្នក​ឈ្លាស ចូរ​ឃើញ​នូវ​អំពើ​បាប អ្នក​ទាំង​ឡាយ ចូរ​លះ​បង់​នូវ​បាប​ក្នុង​បាប​នោះ ត​អំពី​នោះ​ទៅ ចូរ​អ្នក​ទាំង​ឡាយ មាន​ចិត្ត​ប្រាស​ចាក​សេចក្ដី​ត្រេកអរ​ហើយ និង​ធ្វើ​នូវ​ទី​បំផុត​នៃ​ទុក្ខ​បាន។

ខ្ញុំ​បាន​ស្ដាប់​មក​ហើយ​ថា សេចក្ដី​នេះ​ឯង ព្រះ​មាន​ព្រះ​ភាគ បាន​ត្រាស់​ទុក​ហើយ។

សូត្រ ទី ២។

 

km/tipitaka/sut/kn/iti/sut.kn.iti.039.txt · ពេលកែចុងក្រោយ: 2019/01/30 10:15 និពន្ឋដោយ Johann