km:tipitaka:sut:kn:iti:sut.kn.iti.043

ព្រះត្រៃបិដក » សុត្តន្តបិដក » ខុទ្ទកនិកាយគ » ឥតិវុត្តកៈ » ទុកនិបាត » ទុតិយវគ្គ

អជាតសូត្រ (៦.)

សង្ខេប

តើ​​ការ​​ប្រតិបត្តិ​​ព្រះ​​ធម៌​​មាន​​តម្លៃ​​យ៉ាង​​ណា បើ​មិន​​មាន​​អ្វី​​ជា​​របស់​​ទៀង! កុំយល់ខុស។

sut kn iti 043 បាលី cs-km: sut.kn.iti.043 អដ្ឋកថា: sut.kn.iti.043_att PTS: ?

អជាតសូត្រ ទី៦

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា វិឡា


ទ. ៤៩

(៦. អជាតសុត្តំ)

[៤៣] ខ្ញុំ​បាន​ស្ដាប់​មក​ថា ព្រះ​មាន​ព្រះ​ភាគ ទ្រង់​ត្រាស់​ហើយ ព្រះ​អរហន្ត​សំដែង​ហើយ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ធម្មជាតិ​ដែល​មិន​កើត មិន​មាន មិន​បាន​ធ្វើ ដែល​បច្ច័យ​មិន​តាក់​តែង​ហើយ តែង​មាន ម្នាល​ភិក្ខុ​ទាំង​ឡាយ បើ​ធម្មជាត​ដែល​មិន​កើត មិន​មាន មិន​ធ្វើ ដែល​បច្ច័យ​មិន​តាក់​តែង នឹង​មិន​បាន​មាន​ហើយ ការ​រលាស់​ចេញ​ចាក​ធម្មជាត ដែល​កើត ដែល​មាន ដែល​បាន​ធ្វើ ដែល​បច្ច័យ​តាក់​តែង ក៏​រមែង​មិន​ប្រាកដ​ក្នុង​លោក​នេះ​ឡើយ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ព្រោះ​ហេតុ​តែ​ធម្មជាត ដែល​មិន​កើត មិន​មាន មិន​បាន​ធ្វើ ដែល​បច្ច័យ​មិន​តាក់​តែង​ហើយ តែង​មាន បាន​ជា​ការ​រលាស់​ចេញ​ចាក​ធម្មជាត ដែល​កើត ដែល​មាន ដែល​បាន​ធ្វើ ដែល​បច្ច័យ​តាក់​តែង​ហើយ ទើប​ប្រាកដ​ឡើង​បាន។

លុះ​ព្រះ​មាន​ព្រះ​ភាគ ទ្រង់​សំដែង​សេចក្ដី​នុ៎ះ​ហើយ។ ទ្រង់​ត្រាស់​គាថា​ព័ន្ធ​នេះ ក្នុង​សូត្រ​នោះ​ថា

បុគ្គល​មិន​គួរ​ត្រេកអរ​នឹង​កាយ​នោះ ដែល​កើត ដែល​មាន ដែល​កើត​ព្រម ដែល​បាន​ធ្វើ ដែល​បច្ច័យ​តាក់​តែង​ហើយ ជា​របស់​មិន​ទៀង ជា​របស់​ដែល​ជរា និង​មរណៈ​តាក់​តែង​ហើយ ជា​ទី​នៅ​នៃ​រោគ ជា​របស់​ពុករលួយ មាន​អាហារ និង​តណ្ហា​ជា​ប្រភព (ជា​ដែន​កើត) ទ. ៥០ឯ​ព្រះ​និព្វាន ជា​គ្រឿង​រលាស់​ចេញ​នូវ​កាយ​នោះ ទើប​ជា​របស់​ស្ងប់ មិន​ជា​របស់​ប្រព្រឹត្ត​ទៅ​តាម​សេចក្ដី​ត្រិះ​រិះ ជា​របស់​ទៀង ជា​របស់​មិន​កើត មិន​កើត​ព្រម មិន​មាន​សោក ប្រាស​ចាក​សេចក្ដី​ត្រេកអរ ការ​រលត់​នូវ​ហេតុ​នៃ​ទុក្ខ​ទាំង​ឡាយ ការ​រម្ងាប់​នូវ​សង្ខារ ជា​គុណ​នាំមក​នូវ​សេចក្ដី​សុខ។

ខ្ញុំ​បាន​ស្ដាប់​មក​ហើយ​ថា សេចក្ដី​នេះ​ឯង ព្រះ​មាន​ព្រះ​ភាគ បាន​ត្រាស់​ទុក​ហើយ។

សូត្រ ទី ៦។

 

km/tipitaka/sut/kn/iti/sut.kn.iti.043.txt · ពេលកែចុងក្រោយ: 2023/08/06 15:51 និពន្ឋដោយ Johann