User Tools

Site Tools


Translations of this page?:
km:tipitaka:sut:kn:iti:sut.kn.iti.046

ព្រះត្រៃបិដក » សុត្តន្តបិដក » ខុទ្ទកនិកាយគ » ឥតិវុត្តកៈ » ទុកនិបាត » ទុតិយវគ្គ

សិក្ខានិសំសសូត្រ (៩.)

sut.kn.iti.046 | book_053

(៩. សិក្ខានិសំសសុត្តំ)

[៤៦] ខ្ញុំ​បាន​ស្ដាប់​មក​ថា ព្រះ​មាន​ព្រះ​ភាគ ទ្រង់​ត្រាស់​ហើយ ព្រះ​អរហន្ត​សំដែង​ហើយ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ អ្នក​ទាំង​ឡាយ ចូរ​ជា​បុគ្គល​មាន​សិក្ខា​ជា​អានិសង្ស មាន​បញ្ញា​ជា​កំពូល មាន​វិមុត្តិ​ជា​ខ្លឹម មាន​សតិ​ជា​អធិបតី។ ម្នាល​ភិក្ខុ​ទាំង​ឡាយ កាល​បើ​អ្នក​ទាំង​ឡាយ មាន​សិក្ខា​ជា​អានិសង្ស មាន​បញ្ញា​ជាកំពូល មាន​វិមុត្តិ​ជា​ខ្លឹម មាន​សតិ ជា​អធិបតី​ហើយ បណ្ដា​ផល​ទាំង​ឡាយ​ពីរ ផល​ណា​មួយ គង់​នឹង​បាន​ប្រាកដ គឺ​បាន​សម្រេច​អរហត្ត​ក្នុង​បច្ចុប្បន្ន ពុំនោះ​សោត បើ​មាន​ឧបាទានក្ខន្ធ​សេស​សល់​នៅ ក៏​គង់​បាន​សម្រេច​ភាពជា​អនាគាមី។

លុះ​ព្រះ​មាន​ព្រះ​ភាគ ទ្រង់​សំដែង​សេចក្ដី​នុ៎ះ​ហើយ។ ទ្រង់​ត្រាស់​គាថា​ព័ន្ធ​នេះ ក្នុង​សូត្រ​នោះ​ថា ទ. ៥៤

តថាគត​ហៅ​នូវ​បុគ្គល ដែល​មាន​ការ​សិក្សា​បរិបូណ៌ មាន​ធម៌​មិន​បាន​លះ​បង់ មាន​បញ្ញា​ដ៏​ឧត្តម បាន​ឃើញ​ព្រះ​និព្វាន ជា​ទី​អស់​ទៅ​នៃ​ជាតិ​នោះ​ឯង ថា​ជា​មុនី ទ្រទ្រង់​នូវ​រាង​កាយ ជា​ទី​បំផុត កំចាត់​បង់​មារ (មាន​កិលេសមារ​ជា​ដើម) បាន​ដល់​ត្រើយ​នៃ​ជរា។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ព្រោះ​ហេតុ​នោះ អ្នក​ទាំង​ឡាយ ចូរ​ត្រេកអរ​ក្នុង​ឈាន មាន​ចិត្ត​ដំ​កល់​មាំ មាន​ព្យាយាម​ជា​គ្រឿង​ដុត​កំដៅ​កិលេស ឃើញ​ព្រះ​និព្វាន​ជា​ទី​អស់​ទៅ​នៃ​ជាតិ គ្រប​សង្កត់​នូវ​មារ ព្រម​ទាំង​សេនា​សព្វកាល ដល់​ត្រើយ​នៃ​ជាតិ និង​មរណៈ។

ខ្ញុំ​បាន​ស្ដាប់​មក​ហើយ​ថា សេចក្ដី​នេះ​ឯង ព្រះ​មាន​ព្រះ​ភាគ បាន​ត្រាស់​ទុក​ហើយ។

សូត្រ ទី ៩។

 

km/tipitaka/sut/kn/iti/sut.kn.iti.046.txt · ពេលកែចុងក្រោយ: 2019/01/30 10:35 និពន្ឋដោយ Johann