km:tipitaka:sut:kn:iti:sut.kn.iti.049

ព្រះត្រៃបិដក » សុត្តន្តបិដក » ខុទ្ទកនិកាយគ » ឥតិវុត្តកៈ » ទុកនិបាត » ទុតិយវគ្គ

ទិដ្ឋិគតសូត្រ (១២.)

សង្ខេប

សំណួរថា ចង់កើត? ឬមិនចង់កើតទៀត? សេចក្តីប្រាថ្នាទាំងនេះ មិនមានដល់អរិយសាវកទៀតទេ។

sut kn iti 049 បាលី cs-km: sut.kn.iti.049 អដ្ឋកថា: sut.kn.iti.049_att PTS: ?

ទិដ្ឋិគតសូត្រ ទី១២

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា វិឡា

(១២. ទិដ្ឋិគតសុត្តំ)

[៤៩] ខ្ញុំ​បាន​ស្ដាប់​មក​ថា ពាក្យ​នុ៎ះ ព្រះ​មាន​ព្រះ​ភាគ ទ្រង់​ត្រាស់​ហើយ ព្រះ​អរហន្ត​សំដែង​ហើយ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ទេវតា និង​មនុស្ស​ទាំង​ឡាយ ត្រូវ​ទិដ្ឋិ​ទាំង ២ រួបរឹត​ហើយ ពួក ១ រមែង​ជាប់​នៅ ពួក ១ រមែង​ស្ទុះ​ទៅ ចំណែក​ឯ​ពួក​បុគ្គល​មាន​ចក្ខុ រមែង​ឃើញ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​ពួក ១ រមែង​ជាប់​នៅ តើ​ដូច​ម្ដេច។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ទេវតា និង​មនុស្ស​ទាំង​ឡាយ ជា​អ្នក​រីករាយ​ក្នុង​ភព ត្រេកអរ​ក្នុង​ភព ស្រើបស្រាល​ក្នុង​ភព កាល​តថាគត​សំដែងធម៌ ដើម្បី​រំលត់​ភព ចិត្ត​របស់​ទេវតា និង​មនុស្ស​ទាំង​ឡាយ​នោះ ក៏​មិន​ស្ទុះ​ទៅ មិន​ជ្រះ​ថ្លា មិន​តាំង​នៅ មិន​ចុះ​ស៊ប់ ម្នាល​ភិក្ខុ​ទាំង​ឡាយ ទេវតា និង​មនុស្ស​ទាំង​ឡាយ​ពួក ១ រមែង​ជាប់​នៅ​យ៉ាង​នេះ​។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ទេវតា និង​មនុស្ស​ទាំង​ឡាយ​ពួក ១ រមែង​ស្ទុះ​ទៅ តើ​ដូច​ម្ដេច។ ទេវតា និង​មនុស្ស​ទាំង​ឡាយ​ពួក ១ កាល​ជិនឆ្អន់ នឿយ​ណាយ ស្អប់​ខ្ពើម​ភព រមែង​ត្រេកអរ​ចំពោះ​ការ​ប្រាស​ចាក​ភព​ថា ម្នាល​អ្នក​ដ៏​ចំរើន បានឮ​ថា អត្តភាព​នេះ លុះ​បែក​ធ្លាយ​រាង​កាយ​ស្លាប់​ទៅ រមែង​ដាច់​សូន្យ វិនាស​ទៅ មិន​កើត​ទៅ​ក្នុង​ខាង​មុខ​ទៀត ព្រោះ​ហេតុ​ណា នេះ​ជា​ធម្មជាត ស្ងប់​រម្ងាប់ នេះ​ជា​ធម្មជាត​ដ៏​ឧត្តម នេះ​ជា​ធម្មជាត ដ៏​ពិត ទ. ៥៨ម្នាល​ភិក្ខុ​ទាំង​ឡាយ ទេវតា និង​មនុស្ស​ទាំង​ឡាយ​ពួក ១ រមែង​ស្ទុះ​ទៅ​យ៉ាង​នេះ​ឯង។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ចុះ​ចំណែក​បុគ្គល​អ្នក​មាន​ចក្ខុ រមែង​ឃើញ តើ​ដូច​ម្ដេច។ ភិក្ខុ​ក្នុង​សាសនា​នេះ ឃើញ​នូវ​ខន្ធបញ្ចកៈ ដោយ​សភាវៈ​ពិត លុះ​ឃើញ​នូវ​ខន្ធបញ្ចកៈ ដោយ​សភាវៈ​ពិតហើយ ជា​អ្នក​ប្រតិបត្តិ ដើម្បី​នឿយ​ណាយ ដើម្បី​ប្រាស​ចាក​តម្រេក ដើម្បី​រំលត់​នូវ​ខន្ធបញ្ចកៈ ម្នាល​ភិក្ខុ​ទាំង​ឡាយ ចំណែក​បុគ្គល​មាន​ចក្ខុ រមែង​ឃើញ​យ៉ាង​នេះ​ឯង។

លុះ​ព្រះ​មាន​ព្រះ​ភាគ ទ្រង់​សំដែង​សេចក្ដី​នុ៎ះ​ហើយ។ ទ្រង់​ត្រាស់​គាថា​ព័ន្ធ​នេះ ក្នុង​សូត្រ​នោះ​ថា

អរិយ​សាវ័ក​ណា ឃើញ​នូវ​ខន្ធបញ្ចកៈ ដោយ​សភាវៈ​ពិត​ផង នូវ​ការ​ប្រព្រឹត្តិ​កន្លង​ខន្ធបញ្ចកៈ​ផង រមែង​ចុះ​ចិត្ត​ស៊ប់ ក្នុង​ព្រះ​និព្វាន ដោយ​សភាវៈ​ពិត ព្រោះ​អស់​តណ្ហា​ក្នុង​ភព ប្រសិន​បើ​អរិយ​សាវ័ក​នោះ កំណត់​ដឹង​នូវ​ខន្ធបញ្ចកៈ ប្រាស​ចាក​តណ្ហា ក្នុង​ភព​តូច​ភព​ធំ​ហើយ ភិក្ខុ​ទាំង​ឡាយ សូន្យ​ចាក​ខន្ធបញ្ចកៈ​ហើយ រមែង​មិន​បាន​មក​កាន់​ភព​ថ្មី​ទៀត។

ខ្ញុំ​បាន​ស្ដាប់​មក​ហើយ​ថា សេចក្ដី​នេះ​ឯង ព្រះ​មាន​ព្រះ​ភាគ បាន​ត្រាស់​ទុក​ហើយ។

សូត្រ ទី ១២។

ចប់ ទុតិយវគ្គ។ ទ. ៥៩ ឧទ្ទាននៃទុតិយវគ្គនោះ គឺ

និយាយ​អំពី​ឥន្ទ្រិយ មាន​ពីរ​លើក តបនិយធម៌ មាន​ពីរ​លើក សីល និង​រឿង​ដទៃ​ទៀត មាន​ពីរ​លើក អំពី​មិន​មាន​ឱត្តប្បៈ ១ រឿង​កុហក មាន​ពីរ​លើក សំវេជនីយ ១ ត្រូវជា ១០ អំពី​វិតក្កៈ ១ ទេសនា ១ វិជ្ជា ១ បញ្ញា ១ និង​ធម៌ ១ ត្រូវជា ៥ អំពី​អជាតធម៌ ១ ធាតុ ១ ទី​សម្ងំ ១ សិក្ខា ១ ជាគរិយធម៌ ១ អបាយ ១ ទិដ្ឋិ ១ ត្រូវជា ២២ ដែល​លោក​បាន​ប្រកាស​ទុក​ហើយ។

ចប់ ទុកនិបាត។

ទ. ៦០

 

km/tipitaka/sut/kn/iti/sut.kn.iti.049.txt · ពេលកែចុងក្រោយ: 2023/06/24 17:04 និពន្ឋដោយ Cheav Villa