User Tools

Site Tools


Translations of this page?:
km:tipitaka:sut:kn:iti:sut.kn.iti.069

ព្រះត្រៃបិដក » សុត្តន្តបិដក » ខុទ្ទកនិកាយគ » ឥតិវុត្តកៈ » តិកនិបាត » ទុតិយវគ្គ

ទុតិយរាគសូត្រ (១០.)

sut.kn.iti.069 | book_053
ទ. ៧៧

(១០. ទុតិយរាគសុត្តំ)

[៦៩] ខ្ញុំ​បាន​ស្ដាប់​មក​ថា ពាក្យ​នុ៎ះ ព្រះ​មាន​ព្រះ​ភាគ ទ្រង់​ត្រាស់​ហើយ ព្រះ​អរហន្ត​សំដែង​ហើយ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​ណាមួយ ទោះ​ជា​ភិក្ខុ​ក្ដី ភិក្ខុនី​ក្តី មិន​បាន​លះ​រាគៈ មិន​បាន​លះ​ទោសៈ មិន​បាន​លះ​មោហៈ​ទេ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​នេះ ហៅ​ថា មិន​បាន​ឆ្លង​នូវ​សមុទ្រ (គឺ​សំសារ) ដែល​ប្រកប​ដោយ​រលក​ធំ ប្រកប​ដោយ​រលក​តូច (គឺ​សេចក្ដី​ក្រោធ និង​ឧបាយាសៈ) ប្រកប​ដោយ​អាវដ្ដៈ (គឺ​កាមគុណ ៥) ប្រកប​ដោយ​ការ​ចាប់ ទាំង​ប្រកប​ដោយ​អារក្ខ​ទឹក (គឺវិសភាគបុគ្គល ដែល​ប្រាកដ​ស្មើ​ដោយ​មករ​កាច និង​ត្រី​កាច)។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​ណា​មួយ ទោះ​ជា​ភិក្ខុ​ក្ដី ភិក្ខុនី​ក្ដី បាន​លះ​រាគៈ លះ​ទោសៈ លះ​មោហៈ​ហើយ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​នេះ ហៅ​ថា បាន​ឆ្លង​សមុទ្រ ដែល​ប្រកប​ដោយ​រលក​ធំ ប្រកប​ដោយ​រលក​តូច ប្រកប​ដោយ​អាវដ្ដៈ ប្រកប​ដោយ​ការ​ចាប់ ទាំង​ប្រកប​ដោយ​អារក្ខ​ទឹក បាន​ឈ្មោះ​ថា ខីណាសវព្រាហ្មណ៍ បាន​ឆ្លង​ទៅ​កាន់​ត្រើយ​ខាងនាយ ហើយ​ឋិត​នៅ​លើ​គោក (គឺ​ព្រះ​និព្វាន)។

លុះ​ព្រះ​មាន​ព្រះ​ភាគ ទ្រង់​សំដែង​សេចក្ដី​នុ៎ះ​ហើយ។ ទ្រង់​ត្រាស់​គាថា​ព័ន្ធ​នេះ ក្នុង​សូត្រ​នោះ​ថា ទ. ៧៨

បុគ្គល​ណា ឃ្លាត​ចាករាគៈ​ផង ទោសៈ​ផង អវិជ្ជា​ផង បុគ្គល​នោះ ឈ្មោះ​ថា បាន​ឆ្លង​នូវ​សមុទ្រ​នេះ ដែល​ប្រកប​ដោយ​ការ​ចាប់ ប្រកប​ដោយ​អារក្ខ​ទឹក ទាំង​ប្រកប​ដោយ​រលក​ធំ​គួរខ្លាច ដែល​ឆ្លង​បាន​ដោយ​កម្រ ជា​អ្នក​កន្លង​នូវ​កិលេស​ជា​គ្រឿង​ជាប់​ចំពាក់ លះ​បង់​មច្ចុ មិន​មាន​ឧបធិ បាន​លះ​បង់​ទុក្ខ ដើម្បី​មិនទៅ​កើត​ក្នុង​ភព​ថ្មី​ទៀត បុគ្គល​នោះ ឈ្មោះ​ថា សម្រេច​ប្រយោជន៍ គឺ​ព្រះ​និព្វាន រមែង​មិន​ដល់​នូវ​ការ​រាប់​ដោយ (នាម និង​គោត្ត) ឡើយ តថាគត​ពោល​ថា បុគ្គល​នោះ បាន​ញុាំង​​មច្ចុរាជ​ឲ្យ​វង្វេង។

ខ្ញុំ​បាន​ស្ដាប់​មក​ហើយ​ថា សេចក្ដី​នេះ​ឯង ព្រះ​មាន​ព្រះ​ភាគ ទ្រង់​ត្រាស់​ទុក​ហើយ។

សូត្រ ទី ១០។

ចប់ វគ្គ ទី ២។

ឧទ្ទាននៃទុតិយវគ្គ​នោះ​គឺ

និយាយ​អំពី​បុញ្ញ​កិរិយា​វត្ថុ ១ ចក្ខុ ១ ឥន្ទ្រិយ ១ កាល ១ ចរិត ២ លើក សេចក្ដី​ស្អាត ១ ការ​ស្ងប់​ស្ងៀម ១ រាគៈ ២ លើក លោក​ពោល​នូវ​វគ្គ​ទី​ពីរ ថា​ជា​វគ្គ​ដ៏​ឧត្តម។

ទ. ៧៩

 

km/tipitaka/sut/kn/iti/sut.kn.iti.069.txt · ពេលកែចុងក្រោយ: 2019/01/30 12:45 និពន្ឋដោយ Johann