km:tipitaka:sut:kn:iti:sut.kn.iti.070

ព្រះត្រៃបិដក » សុត្តន្តបិដក » ខុទ្ទកនិកាយគ » ឥតិវុត្តកៈ » តិកនិបាត » តតិយវគ្គ

មិច្ឆាទិដ្ឋិកសូត្រ (១.)

សង្ខេប

ព្រះពុទ្ធ​​ទ្រង់​​ត្រាស់​​ថា ដែល​ទ្រង់​​បាន​​ឃើញ​​ហេតុ​​ដែល​​ត្រូវ​​ទៅ​​នរក។

sut kn iti 070 បាលី cs-km: sut.kn.iti.070 អដ្ឋកថា: sut.kn.iti.070_att PTS: ?

មិច្ឆាទិដ្ឋិកសូត្រ (១.)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា វិឡា

(១. មិច្ឆាទិដ្ឋិកសុត្តំ)

[៧០] ខ្ញុំ​បាន​ស្ដាប់​មក​ថា ពាក្យ​នុ៎ះ ព្រះ​មាន​ព្រះ​ភាគ ទ្រង់​ត្រាស់​ហើយ ព្រះ​អរហន្ត​សំដែង​ហើយ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ តថាគត​បាន​ឃើញ​ពួក​សត្វ ដែល​ប្រកប​ដោយ​កាយ​ទុច្ចរិត ប្រកប​ដោយ​វចី​ទុច្ចរិត ប្រកប​ដោយ​មនោ​ទុច្ចរិត ជា​អ្នក​តិះ​ដៀល​ពួក​ព្រះ​អរិយៈ ជា​មិច្ឆាទិដ្ឋិ សមាទាន​នូវ​អំពើ​ជា​មិច្ឆាទិដិ្ឋ សត្វ​ទាំង​នោះ លុះ​បែក​ធ្លាយ​រាង​កាយ​ស្លាប់​ទៅ តែង​កើត​ក្នុង​អបាយ ទុគ្គតិ វិនិបាត នរក ម្នាល​ភិក្ខុ​ទាំង​ឡាយ តថាគត មិន​មែន​ឮ​សេចក្ដី​នោះ (អំពី​សំណាក់​) នៃ​សមណៈ ឬ​ព្រាហ្មណ៍​ដទៃ ហើយ​ពោល​ទេ ម្នាល​ភិក្ខុ​ទាំង​ឡាយ តថាគត​បាន​ឃើញ​ពួក​សត្វ​ដែល​ប្រកប​ដោយ​កាយ​ទុច្ចរិត ប្រកប​ដោយ​វចី​ទុច្ចរិត ប្រកប​ដោយ​មនោ​ទុច្ចរិត ជា​អ្នក​តិះ​ដៀល​ពួក​ព្រះ​អរិយៈ ជា​មិច្ឆាទិដ្ឋិ សមាទាន​នូវ​អំពើ​ជា​មិច្ឆាទិដ្ឋិ សត្វ​ទាំង​នោះ លុះ​បែក​ធ្លាយ​រាង​កាយ​ស្លាប់​ទៅ តែង​កើត​ក្នុង​អបាយ ទុគ្គតិ វិនិបាត នរក ម្នាល​ភិក្ខុ​ទាំង​ឡាយ លុះ​តែ​ហេតុ​ណា ដែល​តថាគត ដឹង​ដោយ​ខ្លួន​ឯង ឃើញ​ដោយ​ខ្លួន​ឯង ជ្រាប​ច្បាស់​ដោយ​ខ្លួន​ឯង ទើប​តថាគត​ពោល​នូវ​ហេតុ​នោះ​ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ តថាគត បាន​ឃើញ​ពួក​សត្វ ដែល​ប្រកប​ដោយ​កាយ​ទុច្ចរិត ប្រកប​ដោយ​វចី​ទុច្ចរិត ប្រកប​ដោយ​មនោ​ទុច្ចរិត ជា​អ្នក​តិះ​ដៀល​ពួក​ព្រះ​អរិយៈ ជា​មិច្ឆាទិដ្ឋិ សមាទាន​នូវ​អំពើ​ជា​មិច្ឆាទិដ្ឋិ សត្វ​ទាំង​នោះ លុះ​បែកឆ្លាយ​រាង​កាយ​ស្លាប់​ទៅ តែង​កើត​ក្នុង​អបាយ ទុគ្គតិ វិនិបាត នរក។ ទ. ៨០ លុះ​ព្រះ​មាន​ព្រះ​ភាគ ទ្រង់​សំដែង​សេចក្ដី​នុ៎ះ​ហើយ។ ទ្រង់​ត្រាស់​គាថា​ព័ន្ធ​នេះ ក្នុង​សូត្រ​នោះ​ថា

បុគ្គល​ក្នុង​លោក​នេះ ជា​អ្នក​ស្ដាប់​តិច មិន​បាន​ធ្វើ​បុណ្យ ដំ​កល់​ចិត្ត​ខុស ពោល​វាចា​ខុស ធ្វើ​ការងារ​ខុស​ដោយ​កាយ បុគ្គល​នោះ ជា​អ្នក​ឥត​ប្រាជ្ញា លុះ​បែក​ធ្លាយ​រាង​កាយ​ស្លាប់​ទៅ ព្រោះ​ជីវិត​ក្នុង​មនុស្ស​លោក​នេះ​តិចណាស់ រមែង​កើត​ក្នុង​នរក។

ខ្ញុំ​បាន​ស្ដាប់​មក​ហើយ​ថា សេចក្ដី​នេះ​ឯង ព្រះ​មាន​ព្រះ​ភាគ ទ្រង់​ត្រាស់​ទុក​ហើយ។

សូត្រ ទី ១។

 

km/tipitaka/sut/kn/iti/sut.kn.iti.070.txt · ពេលកែចុងក្រោយ: 2023/03/17 10:15 និពន្ឋដោយ Johann