km:tipitaka:sut:kn:iti:sut.kn.iti.071

ព្រះត្រៃបិដក » សុត្តន្តបិដក » ខុទ្ទកនិកាយគ » ឥតិវុត្តកៈ » តិកនិបាត » តតិយវគ្គ

សម្មាទិដ្ឋិកសូត្រ (២.)

សង្ខេប

ព្រះពុទ្ធ​បាន​ឃើញ​ហេតុ ដែល​បុគ្គល​ជា​សម្មាទិដ្ឋិ តែង​ស្លាប់​ទៅ​កើត​នៅ​សុគតិភព។

sut kn iti 071 បាលី cs-km: sut.kn.iti.071 អដ្ឋកថា: sut.kn.iti.071_att PTS: ?

សម្មាទិដ្ឋិកសូត្រ ទី២

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា វិឡា

(២. សម្មាទិដ្ឋិកសុត្តំ)

[៧១] ខ្ញុំ​បាន​ស្ដាប់​មក​ថា ពាក្យ​នុ៎ះ ព្រះ​មាន​ព្រះ​ភាគ ទ្រង់​ត្រាស់​ហើយ ព្រះ​អរហន្ត​សំដែង​ហើយ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ តថាគត​បាន​ឃើញ​ពួក​សត្វ ដែល​ប្រកប​ដោយ​កាយសុចរិត ប្រកប​ដោយ​វចីសុចរិត ប្រកប​ដោយ​មនោសុចរិត ជា​អ្នក​មិន​តិះ​ដៀល​ពួក​ព្រះ​អរិយៈ ជា​សម្មាទិដ្ឋិ សមាទាន​នូវ​អំពើ​ជា​សម្មាទិដ្ឋិ សត្វ​ទាំង​នោះ លុះ​បែក​ធ្លាយ​រាង​កាយ​ស្លាប់​ទៅ តែង​កើត​ក្នុង​សុគតិ សួគ៌ ទេវលោក ម្នាល​ភិក្ខុ​ទាំង​ឡាយ តថាគត មិន​មែន​ឮ​សេចក្ដី​នោះ (អំពីសំណាក់​) នៃ​សមណៈ ឬ​ព្រាហ្មណ៍​ដទៃ ហើយ​ពោល​ទេ ម្នាល​ភិក្ខុ​ទាំង​ឡាយ តថាគត​បាន​ឃើញ​ពួក​សត្វ​ដែល​ប្រកប​ដោយ​កាយសុចរិត ប្រកប​ដោយ​វចីសុចរិត ប្រកប​ដោយ​មនោសុចរិត ជា​អ្នក​មិន​តិះ​ដៀល​ពួក​ព្រះ​អរិយៈ ជា​សម្មាទិដ្ឋិ សមាទាន​នូវ​អំពើ​ជា​សម្មាទិដ្ឋិ ទ. ៨១សត្វ​ទាំង​នោះ លុះ​បែក​ធ្លាយ​រាង​កាយ​ស្លាប់​ទៅ តែង​កើត​ក្នុង​សុគតិ សួគ៌ ទេវលោក ម្នាល​ភិក្ខុ​ទាំង​ឡាយ លុះ​តែ​ហេតុ​ណា ដែល​តថាគត បាន​ដឹង​ដោយ​ខ្លួន​ឯង បាន​ឃើញ​ដោយ​ខ្លួន​ឯង ជ្រាប​ច្បាស់​ដោយ​ខ្លួន​ឯង​ពិត​មែន ទើប​តថាគត ពោល​នូវ​ហេតុ​នោះ​ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ តថាគត​បាន​ឃើញ​ពួក​សត្វ ដែល​ប្រកប​ដោយ​កាយ​សុចរិត ប្រកប​ដោយ​វចីសុចរិត ប្រកប​ដោយ​មនោសុចរិត ជា​អ្នក​មិន​តិះ​ដៀល​ពួក​ព្រះ​អរិយៈ ជា​សម្មាទិដ្ឋិ សមាទាន​នូវ​អំពើ​ជា​សម្មាទិដ្ឋិ សត្វ​ទាំង​នោះ លុះ​បែក​ឆ្លាយ​រាង​កាយ​ស្លាប់​ទៅ តែង​កើត​ក្នុង​សុគតិ សួគ៌ ទេវលោក។

លុះ​ព្រះ​មាន​ព្រះ​ភាគ ទ្រង់​សំដែង​សេចក្ដី​នុ៎ះ​ហើយ។ ទ្រង់​ត្រាស់​គាថា​ព័ន្ធ​នេះ ក្នុង​សូត្រ​នោះ​ថា

បុគ្គល​ក្នុង​លោក​នេះ ជា​ពហុស្សូត បាន​ធ្វើ​បុណ្យ ដំ​កល់​ចិត្ត​ត្រូវ ពោល​វាចា​ត្រូវ ធ្វើ​ការងារ​ត្រូវ​ដោយ​កាយ បុគ្គល​នោះ ប្រកប​ដោយ​បញ្ញា លុះ​បែក​ធ្លាយ​រាង​កាយ​ស្លាប់​ទៅ ព្រោះ​ជីវិត ក្នុង​មនុស្ស​លោក​នេះ​តិចណាស់ រមែង​ទៅ​កើត​ក្នុង​ស្ថានសួគ៌។

ខ្ញុំ​បាន​ស្ដាប់​មក​ហើយ​ថា សេចក្ដី​នេះ​ឯង ព្រះ​មាន​ព្រះ​ភាគ ទ្រង់​ត្រាស់​ទុក​ហើយ។

សូត្រ ទី ២។

 

km/tipitaka/sut/kn/iti/sut.kn.iti.071.txt · ពេលកែចុងក្រោយ: 2023/03/17 10:15 និពន្ឋដោយ Johann