km:tipitaka:sut:kn:iti:sut.kn.iti.074

ព្រះត្រៃបិដក » សុត្តន្តបិដក » ខុទ្ទកនិកាយគ » ឥតិវុត្តកៈ » តិកនិបាត » តតិយវគ្គ

បុត្តសូត្រ (៥.)

សង្ខេប

កូន ៣ នេះ រមែង​មាន​ប្រាកដ​ក្នុង​លោក។

sut kn iti 074 បាលី cs-km: sut.kn.iti.074 អដ្ឋកថា: sut.kn.iti.074_att PTS: ?

បុត្តសូត្រ ទី៥

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា វិឡា

អានដោយ ឧបាសិកា សុខវឌ្ឍនា


ទ. ៨៤

(៥. បុត្តសុត្តំ)

[៧៤] ខ្ញុំ​បាន​ស្ដាប់​មក​ថា ពាក្យ​នុ៎ះ ព្រះ​មាន​ព្រះ​ភាគ ទ្រង់​ត្រាស់​ហើយ ព្រះ​អរហន្ត​សំដែង​ហើយ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុត្ត ៣ នេះ រមែង​មាន​ប្រាកដ​ក្នុង​លោក។ បុត្ត ៣ តើ​អ្វី​ខ្លះ​។ គឺ​អតិជាតបុត្ត ១ អនុជាតបុត្ត ១ អវជាតបុត្ត ១។ ម្នាល​ភិក្ខុ​ទាំង​ឡាយ អតិជាតបុត្ត តើ​ដូច​ម្ដេច។ ម្នាល​ភិក្ខុ​ទាំង​ឡាយ មាតាបិតា​របស់​បុត្ត​ក្នុង​លោក​នេះ ជា​អ្នក​មិន​ដល់​ព្រះ​ពុទ្ធ​ជា​ទីរឭក មិន​ដល់​ព្រះ​ធម៌​ជា​ទីរឭក មិន​ដល់​ព្រះ​សង្ឃ​ជា​ទីរឭក មិន​វៀរ​ចាក​បាណាតិបាត មិន​វៀរចាក​អទិន្នាទាន មិន​វៀរចាក​កាមេសុមិច្ឆាចារ មិន​វៀរ​ចាក​មុសាវាទ មិន​វៀរ​ចាក​សុរាមេរយមជ្ជប្បមាទដ្ឋាន ជា​បុគ្គល​ទ្រុស្ដសីល ជា​អ្នក​មាន​ធម៌​ដ៏​លាមក ទើប​ឯ​កូន​របស់​មាតាបិតា​ទាំង​នោះ ជា​អ្នក​ដល់​ព្រះ​ពុទ្ធ​ជា​ទីរឭក ដល់​ព្រះ​ធម៌​ជា​ទីរឭក ដល់​ព្រះ​សង្ឃ​ជា​ទីរឭក វៀរ​ចាក​បាណាតិបាត វៀរ​ចាក​អទិន្នាទាន វៀរ​ចាក​កាមេសុមិច្ឆាចារ វៀរ​ចាក​មុសាវាទ វៀរ​ចាក​សុរាមេរយមជ្ជប្បមាទដ្ឋាន ជា​អ្នក​មាន​សីល មាន​កល្យាណធម៌ ម្នាល​ភិក្ខុ​ទាំង​ឡាយ កូន​យ៉ាង​នេះ​ឯង ឈ្មោះ​ថា អតិជាតបុត្ត។ ម្នាល​ភិក្ខុ​ទាំង​ឡាយ អនុជាតបុត្ត តើ​ដូច​ម្ដេច។ ម្នាល​ភិក្ខុ​ទាំង​ឡាយ មាតាបិតា​របស់​បុត្ត ក្នុង​លោក​នេះ ទ. ៨៥ដល់​ព្រះ​ពុទ្ធ​ជា​ទីរឭក ដល់​ព្រះ​ធម៌​ជា​ទីរឭក ដល់​ព្រះ​សង្ឃ​ជា​ទីរឭក វៀរ​ចាក​បាណាតិបាត វៀរ​ចាក​អទិន្នាទាន វៀរ​ចាក​កាមេសុមិច្ឆាចារ វៀរ​ចាក​មុសាវាទ វៀរ​ចាក​សុរាមេរយមជ្ជប្បមាទដ្ឋាន ជា​អ្នក​មាន​សីល មាន​កល្យាណធម៌ ទើប​ឯ​កូន​របស់​មាតា​បិតា​ទាំង​នោះ ដល់​ព្រះ​ពុទ្ធ​ជា​ទីរឭក ដល់​ព្រះ​ធម៌​ជា​ទីរឭក ដល់​ព្រះ​សង្ឃ​ជា​ទីរឭក វៀរ​ចាក​បាណាតិបាត វៀរ​ចាក​អទិន្នាទាន វៀរ​ចាក​កាមេសុមិច្ឆាចារ វៀរ​ចាក​មុសាវាទ វៀរ​ចាក​សុរាមេរយមជ្ជប្បមាទដ្ឋាន ជា​អ្នក​មាន​សីល មាន​កល្យាណធម៌​ដែរ ម្នាល​ភិក្ខុ​ទាំង​ឡាយ កូន​យ៉ាង​នេះ​ឯង ឈ្មោះ​ថា អនុជាតបុត្ត។ ម្នាល​ភិក្ខុ​ទាំង​ឡាយ អវជាតបុត្ត តើ​ដូច​ម្ដេច។ ម្នាល​ភិក្ខុ​ទាំង​ឡាយ មាតាបិតា​របស់​បុត្ត ក្នុង​លោក​នេះ ដល់​ព្រះ​ពុទ្ធ​ជា​ទីរឭក ដល់​ព្រះ​ធម៌​ជា​ទីរឭក ដល់​ព្រះ​សង្ឃ​ជា​ទីរឭក វៀរចាក​បាណាតិបាត វៀរ​ចាក​អទិន្នាទាន វៀរ​ចាក​កាមេសុមិច្ឆាចារ វៀរ​ចាក​មុសាវាទ វៀរចាក​សុរាមេរយមជ្ជប្បមាទដ្ឋាន ជា​អ្នក​មាន​សីល មាន​កល្យាណធម៌ ទើប​កូន​របស់​មាតាបិតា​ទាំង​នោះ មិន​ដល់​ព្រះ​ពុទ្ធ​ជា​ទីរឭក មិន​ដល់​ព្រះ​ធម៌​ជា​ទីរឭក មិន​ដល់​ព្រះ​សង្ឃ​ជា​ទីរឭក ទ. ៨៦មិន​វៀរ​ចាក​បាណាតិបាត មិន​វៀរចាក​អទិន្នាទាន មិន​វៀរ​ចាក​កាមេសុមិច្ឆាចារ មិន​វៀរ​ចាក​មុសាវាទ មិន​វៀរចាក​សុរាមេរយមជ្ជប្បមាទដ្ឋាន ជា​អ្នក​ទ្រុស្ដសីល មាន​ធម៌​ដ៏​លាមក ម្នាល​ភិក្ខុ​ទាំង​ឡាយ កូន​យ៉ាង​នេះ​ឯង ឈ្មោះ​ថា អវជាតបុត្ត ម្នាល​ភិក្ខុ​ទាំង​ឡាយ កូន ៣ នេះ រមែង​មាន​ប្រាកដ​ក្នុង​លោក។

លុះ​ព្រះ​មាន​ព្រះ​ភាគ ទ្រង់​សំដែង​សេចក្ដី​នុ៎ះ​ហើយ។ ទ្រង់​ត្រាស់​គាថា​ព័ន្ធ​នេះ ក្នុង​សូត្រ​នោះ​ថា

បណ្ឌិត​ទាំង​ឡាយ តែង​ប្រាថ្នា​អតិជាតបុត្ត និង​អនុជាតបុត្ត មិន​ប្រាថ្នា​អវជាតបុត្ត ដែល​ជា​កូនផ្ដាច់​បង់​ត្រកូល​ឡើយ។ កូន​ទាំង​នេះ​ឯង តែង​មាន​ក្នុង​លោក ម្យ៉ាង​ទៀត កូន​ទាំង​ឡាយ​ណា ជា​ឧបាសក (កូន​ទាំង​នោះ​) ឈ្មោះ​ថា​ជា​អ្នក​បរិបូណ៌​ដោយ​សទ្ធា និង​សីល ជា​អ្នក​ដឹង​ពាក្យពេចន៍ ជា​អ្នក​ប្រាស​ចាក​សេចក្ដី​កំណាញ់ រមែង​រុងរឿង​ក្នុង​ពួក​បរិស័ទ ដូច​ជា​ព្រះ​ចន្ទ្រ ដែល​ផុត​ស្រឡះ​ហើយ ចាក​ដុំ​នៃ​ពពក​ដូច្នោះ​។

ខ្ញុំ​បាន​ស្ដាប់​មក​ហើយ​ថា សេចក្ដី​នេះ​ឯង ព្រះ​មាន​ព្រះ​ភាគ បាន​ត្រាស់​ទុក​ហើយ។

សូត្រ ទី ៥។

 

km/tipitaka/sut/kn/iti/sut.kn.iti.074.txt · ពេលកែចុងក្រោយ: 2023/03/17 10:15 និពន្ឋដោយ Johann