ព្រះត្រៃបិដក » សុត្តន្តបិដក » ខុទ្ទកនិកាយគ » ឥតិវុត្តកៈ » តិកនិបាត » តតិយវគ្គ
ព្រះពុទ្ធសម្តែងអំពីបុគ្គល៣ ពួកស្មើដោយមេឃ។
sut kn iti 075 បាលី cs-km: sut.kn.iti.075 អដ្ឋកថា: sut.kn.iti.075_att PTS: ?
អវុដ្ឋិកសូត្រ ទី៦
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ឧបាសិកា វិឡា
ទ. ៨៧
(៦. អវុដ្ឋិកសុត្តំ)
[៧៥] ខ្ញុំបានស្ដាប់មកថា ពាក្យនុ៎ះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្តសំដែងហើយ។ ម្នាលភិក្ខុទាំងឡាយ បុគ្គល ៣ ពួកនេះ រមែងមានប្រាកដ ក្នុងលោក។ បុគ្គល ៣ ពួក តើដូចម្ដេចខ្លះ។ គឺបុគ្គលស្មើដោយមេឃមិនបង្អុរភ្លៀងចុះ ១ បុគ្គលស្មើដោយមេឃដែលបង្អុរភ្លៀងចុះត្រង់ប្រទេសមួយ ៗ ១ បុគ្គលស្មើដោយមេឃដែលបង្អុរភ្លៀងចុះសព្វប្រទេស ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលស្មើដោយមេឃមិនបង្អុរភ្លៀងចុះ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះក្នុងលោកនេះ ជាអ្នកមិនដែលឲ្យបាយ ទឹក សំពត់ យានជំនិះ កម្រងផ្កា គ្រឿងក្រអូប គ្រឿងលាប ទីដេក ទីនៅ និងគ្រឿងសម្រាប់ប្រទីប ដល់ពួកសមណៈ ព្រាហ្មណ៍ អ្នកកំព្រា អ្នកដំណើរ និងអ្នកពណ៌នាហើយសូម និងយាចកទាំងពួង ដល់ម្ដងឡើយ ម្នាលភិក្ខុទាំងឡាយ បុគ្គលស្មើដោយមេឃមិនបង្អុរភ្លៀងចុះ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ បុគ្គលស្មើដោយមេឃបង្អុរភ្លៀងចុះ ត្រង់ប្រទេសមួយ ៗ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះក្នុងលោកនេះ ជាអ្នកឲ្យបាយ ទឹក សំពត់ យានជំនិះ កម្រងផ្កា គ្រឿងក្រអូប គ្រឿងលាប ទីដេក ទីនៅ និងគ្រឿងសម្រាប់ប្រទីប ដល់ពួកសមណៈ ព្រាហ្មណ៍ អ្នកកំព្រា អ្នកដំណើរ អ្នកពណ៌នាហើយសូម និងយាចកពួកខ្លះ មិនឲ្យទានដល់សមណៈ ព្រាហ្មណ៍ពួកខ្លះ ទ. ៨៨ម្នាលភិក្ខុទាំងឡាយ បុគ្គលស្មើដោយមេឃបង្អុរភ្លៀងចុះត្រង់ប្រទេសមួយ ៗ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ បុគ្គលស្មើដោយមេឃបង្អុរភ្លៀងចុះសព្វប្រទេស តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះក្នុងលោកនេះ តែងឲ្យបាយ ទឹក សំពត់ យានជំនិះ កម្រងផ្កា គ្រឿងក្រអូប គ្រឿងលាប ទីដេក ទីនៅ និងគ្រឿងសម្រាប់ប្រទីប ដល់សមណៈ ព្រាហ្មណ៍ អ្នកកំព្រា អ្នកដំណើរ អ្នកពណ៌នាហើយសូម និងយាចកទាំងពួង ម្នាលភិក្ខុទាំងឡាយ បុគ្គលស្មើដោយមេឃបង្អុរភ្លៀងចុះសព្វប្រទេស យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ បុគ្គល ៣ ពួកនេះឯង តែងមានប្រាកដក្នុងលោក។
លុះព្រះមានព្រះភាគ ទ្រង់សំដែងសេចក្ដីនុ៎ះហើយ។ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា
បុគ្គលណា បាននូវសមណៈ បាននូវព្រាហ្មណ៍ បាននូវអ្នកកំព្រា អ្នកដំណើរ ទាំងបាននូវជនអ្នកពណ៌នាហើយសូមទាំងឡាយ ហើយមិនចាត់ចែងនូវបាយ ទឹក ភោជន បណ្ឌិតទាំងឡាយ តែងហៅនូវបុគ្គលដ៏លាមកនោះឯងថា ដូចជាមេឃ ដែលមិនបង្អុរភ្លៀងចុះ ដូច្នោះ។ បុគ្គលណា មិនឲ្យទាន ដល់សមណៈពួកខ្លះ ឲ្យទានដល់សមណៈពួកខ្លះ ពួកជនអ្នកមានប្រាជ្ញា តែងហៅបុគ្គលនោះឯងថា ដូចជាមេឃដែលបង្អុរភ្លៀងចុះ ក្នុងប្រទេសមួយ ៗ ដូច្នោះ។ ទ. ៨៩បុរស មានវាចានាំឲ្យបានបាយដោយងាយ មានសេចក្ដីអនុគ្រោះសព្វសត្វ មានចិត្តរីករាយ តែងចាត់ចែង (ទេយ្យធម៌) ពោលថា អ្នកទាំងឡាយ ចូរឲ្យ អ្នកទាំងឡាយ ចូរឲ្យ ប្រៀបដូចមហាមេឃគ្រហឹមគម្រាម ហើយបង្អុរភ្លៀងចុះ ធ្វើទីទួល និងទីទាប បង្ហូរឲ្យពេញដោយទឹក យ៉ាងណាមិញ បុគ្គលខ្លះក្នុងលោកនេះ ជាអ្នកមានសភាពដូច្នោះ បានប្រមូលមកនូវទ្រព្យ ដែលកើតដោយសេចក្ដីព្យាយាមតាមផ្លូវធម៌ ក៏ជប់លៀង ពួកជនអ្នកពណ៌នាហើយសូម ដែលមកដល់ដោយល្អ ដោយបាយ ទឹក ក៏យ៉ាងនោះដែរ។
ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់ទុកហើយ។
សូត្រ ទី ៦។