km:tipitaka:sut:kn:iti:sut.kn.iti.076

ព្រះត្រៃបិដក » សុត្តន្តបិដក » ខុទ្ទកនិកាយគ » ឥតិវុត្តកៈ » តិកនិបាត » តតិយវគ្គ

សុខបត្ថនាសូត្រ (៧.)

សង្ខេប

«តើហេតុអ្វីខ្លះ ដែលនាំឲ្យបណ្ឌិតរក្សាសីល?»

sut kn iti 076 បាលី cs-km: sut.kn.iti.076 អដ្ឋកថា: sut.kn.iti.076_att PTS: ?

សុខបត្ថនាសូត្រ ទី៧

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា វិឡា

អានដោយ ឧបាសិកា សុខវឌ្ឍនា

ដោយ ឧបាសិកា វិឡា

sut.kn.iti.076.mp4

(៧. សុខបត្ថនាសុត្តំ)

[៧៦] ខ្ញុំ​បាន​ស្ដាប់​មក​ថា ពាក្យ​នុ៎ះ ព្រះ​មាន​ព្រះ​ភាគ ទ្រង់​ត្រាស់​ហើយ ព្រះ​អរហន្ត​សំដែង​ហើយ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បណ្ឌិត​កាល​ប្រាថ្នា​សេចក្ដី​សុខ ៣ យ៉ាង​នេះ គួរតែ​រក្សាសីល។ សេចក្ដី​សុខ ៣ យ៉ាង តើ​ដូច​ម្ដេច​ខ្លះ​។ គឺ​បណ្ឌិត​គប្បី​រក្សា​សីល ដោយ​បំណង​ថា សូម​ឲ្យ​សេចក្ដី​សរសើរ មក​ដល់​អាត្មា​អញ ១ បណ្ឌិត​គប្បី​រក្សាសីល ដោយ​បំណង​ថា សូម​ឲ្យ​ភោគៈ​ទាំង​ឡាយ កើត​ឡើង​ដល់​អាត្មា​អញ ១ បណ្ឌិត​គប្បី​រក្សា​សីល ដោយ​បំណង​ថា អាត្មា​អញ លុះ​ដល់​បែក​ធ្លាយ​រាង​កាយ​ស្លាប់​ទៅ នឹង​ទៅ​កើត​ឯ​សុគតិ សួគ៌ ទេវលោក ១។ ទ. ៩០ម្នាល​ភិក្ខុ​ទាំង​ឡាយ បណ្ឌិត​កាល​ប្រាថ្នា​សេចក្ដី​សុខ ៣ យ៉ាង​នេះ​ឯង គួរតែ​រក្សាសីល។

លុះ​ព្រះ​មាន​ព្រះ​ភាគ ទ្រង់​សំដែង​សេចក្ដី​នុ៎ះ​ហើយ។ ទ្រង់​ត្រាស់​គាថា​ព័ន្ធ​នេះ ក្នុង​សូត្រ​នោះ​ថា

បណ្ឌិត​កាល​ប្រាថ្នា​នូវ​សេចក្ដី​សុខ ៣ យ៉ាង គឺ​សេចក្ដី​សរសើរ ១ ការបាន​ទ្រព្យ ១ ការ​លះ​លោក​នេះ ហើយ​រីករាយ​ក្នុង​ស្ថានសួគ៌ ១ គួរ​តែ​រក្សា​សីល។ កាល​បើ​បុគ្គល​មិន​ធ្វើ​បាប​ទេ តែ​ទៅ​សេពគប់​នឹង​បុគ្គល​ធ្វើ​បាប បុគ្គល​នោះ ត្រូវ​អ្នក​ផង​រង្កៀស​ព្រោះ​អំពើ​អាក្រក់​ផង តំណិះ​ដំនៀល ​រមែង​ចំរើន​ឡើង​ដល់​បុគ្គល​នោះ​ផង។ បុគ្គល​យក​បុគ្គល​បែប​ណា​ជា​មិត្រ​ផង សេពគប់​នូវ​មិត្ត​បែប​ណា​ផង បុគ្គល​នោះ​ឯង នឹង​ប្រាកដ​ស្មើ​ដោយ​មិត្រ​នោះ ៗ ព្រោះ​ការ​នៅ​រួម នឹង​ក្លាយ​ទៅជា​បែប​គ្នា​នោះ​ពិត។ បុគ្គល​បាប កាល​បើ​បុគ្គល​ស្អាត​ដទៃ មក​សេពគប់​ហើយ បុគ្គល​បាប ត្រូវ​បុគ្គល​ស្អាត (នោះ​) មក​ភប់​ប្រសព្វ​ហើយ រមែង​ប្រឡាក់ នូវ​បុគ្គល​អ្នក​មក​ភប់​ប្រសព្វ (នោះ​) ដែល​គេ​មិន​បាន​ប្រឡាក់ (ដោយ​បាបធម៌) ផង ដូច​ព្រួញ ដែលគេ​លាបថ្នាំ​ពិស កាល​ប្រឡាក់​នូវ​បំពង់​ព្រួញ​ដូច្នោះ​ឯង។ អ្នក​ប្រាជ្ញ ព្រោះ​ខ្លាច​ការ​ប្រឡាក់ (ដោយ​បាប) ទើប​មិន​យក​បុគ្គល​បាប​ជា​សំឡាញ់​ឡើយ។ ទ. ៩១នរ​ជន​ណា ខ្ចប់​ត្រី​ស្អុយ ដោយ​ចុង​ស្បូវ ស្បូវ​ក៏​មាន​ក្លិនស្អុយ ផ្សាយ​ចេញទៅ យ៉ាងណា​មិញ ការ​សេព​គប់​នឹង​បុគ្គល​ពាល ក៏​យ៉ាង​នោះ​ដែរ នរ​ជន​ណា ខ្ចប់​ខ្លឹម​ក្រស្នា ដោយ ស្លឹកឈើ ស្លឹកឈើ ក៏​មាន​ក្លិន​ក្រអូប​ផ្សាយ​ទៅ យ៉ាង​ណា​មិញ ការ​សេព​នឹង​អ្នក​ប្រាជ្ញ ក៏​យ៉ាង​នោះ​ដែរ។ ហេតុ​នោះ បណ្ឌិត ដឹង​នូវ​ការ​សម្រេច​នៃ​ផល​របស់​ខ្លួន ដូច​ជា​កញ្ចប់​នៃ​ស្លឹកឈើ ហើយ​មិន​គប្បី​សេពគប់ នឹង​ពួក​អសប្បុរស​ឡើយ គួរ​សេពគប់​តែ​នឹង​ពួក​សប្បុរស។ (ព្រោះ​) ពួក​អសប្បុរស តែង​នាំ​ទៅ​កាន់​នរក ពួក​សប្បុរស តែង​ញុាំង​​សត្វ​ឲ្យ​ទៅ​កាន់​ស្ថានសួគ៌។

ខ្ញុំ​បាន​ស្ដាប់​មក​ហើយ​ថា សេចក្ដី​នេះ​ឯង ព្រះ​មាន​ព្រះ​ភាគ ទ្រង់​ត្រាស់​ទុក​ហើយ។

សូត្រ ទី ៧។

 

km/tipitaka/sut/kn/iti/sut.kn.iti.076.txt · ពេលកែចុងក្រោយ: 2023/03/17 10:15 និពន្ឋដោយ Johann