km:tipitaka:sut:kn:iti:sut.kn.iti.078

ព្រះត្រៃបិដក » សុត្តន្តបិដក » ខុទ្ទកនិកាយគ » ឥតិវុត្តកៈ » តិកនិបាត » តតិយវគ្គ

ធាតុសោសំសន្ទនសូត្រ (៩.)

សង្ខេប

ការ​សេពគប់​បុគ្គល​ខ្ជិល នឹង​នាំ​ឲ្យ​លិចចុះ ការ​សេពគប់ ជាប់​ជំពាក់​បុរស​ជា​បណ្ឌិត នឹង​នាំ​ឲ្យ​ដល់​ទី​បំផុត​នៃ​ទុក្ខ​បាន។ ព្រោះ​ហេតុ​នេះ បុគ្គល​សេពគប់ បុគ្គល​ណា​នឹង​ក្លាយ​ជា​ដូច​គ្នា ប្រហែល​គ្នា។

sut kn iti 078 បាលី cs-km: sut.kn.iti.078 អដ្ឋកថា: sut.kn.iti.078_att PTS: ?

ធាតុសោសំសន្ទនសូត្រ ទី៩

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា វិឡា

(៩. ធាតុសោសំសន្ទនសុត្តំ)

[៧៨] ខ្ញុំ​បាន​ស្ដាប់​មក​ថា ពាក្យ​នុ៎ះ ព្រះ​មាន​ព្រះ​ភាគ ទ្រង់​ត្រាស់​ហើយ ព្រះ​អរហន្ត​សំដែង​ហើយ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ សត្វ​ទាំង​ឡាយ រមែង​ប្រហែល​គ្នា ស្មើ​គ្នា ជា​មួយ​នឹង​ពួក​សត្វ ដោយ​ធាតុ​ដូច​គ្នា គឺ​សត្វ​ដែល​មាន​អធ្យាស្រ័យ​ថោក​ទាប រមែង​ប្រហែល​គ្នា ស្មើ​គ្នា ជា​មួយ​នឹង​ពួក​សត្វ​ដែល​មាន​អធ្យាស្រ័យ​ថោកទាប សត្វ​ដែល​មាន​អធ្យាស្រ័យ​ល្អ រមែង​ប្រហែល​គ្នា ស្មើ​គ្នា ជា​មួយ​នឹង​ពួក​សត្វ​ដែល​មាន​អធ្យាស្រ័យ​ល្អ។ ទ. ៩៣ម្នាល​ភិក្ខុ​ទាំង​ឡាយ សត្វ​ទាំង​ឡាយ ប្រហែល​គ្នា ស្មើ​គ្នា ជា​មួយ​នឹង​ពួក​សត្វ ដោយ​ធាតុ​ដូច​គ្នា ក្នុង​អតីតកាល គឺ​ពួក​សត្វ ដែល​មាន​អធ្យាស្រ័យ​ថោកទាប ប្រហែល​គ្នា ស្មើ​គ្នា ជា​មួយ​នឹង​ពួក​សត្វ ដែល​មាន​អធ្យាស្រ័យ​ថោកទាប សត្វ​ទាំង​ឡាយ ដែល​មាន​អធ្យាស្រ័យ​ល្អ ប្រហែល​គ្នា ស្មើ​គ្នា ជា​មួយ​នឹង​ពួក​សត្វ​ដែល​មាន​អធ្យាស្រ័យ​ល្អ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ សត្វ​ទាំង​ឡាយ គង់​នឹង​ប្រហែល​គ្នា នឹង​ស្មើ​គ្នា ជា​មួយ​នឹង​ពួក​សត្វ ដោយ​ធាតុ​ដូច​គ្នា ក្នុង​អនាគតកាល គឺ​ពួក​សត្វ​ដែល​មាន​អធ្យាស្រ័យ​ថោកទាប នឹង​ប្រហែល​គ្នា នឹង​ស្មើ​គ្នា ជា​មួយ​នឹង​ពួក​សត្វ ដែល​មាន​អធ្យាស្រ័យ​ថោកទាប ពួក​សត្វ​ដែល​មាន​អធ្យាស្រ័យ​ល្អ នឹង​ប្រហែល​គ្នា នឹង​ស្មើ​គ្នា ជា​មួយ​នឹង​ពួក​សត្វ​ដែល​មាន​អធ្យាស្រ័យ​ល្អ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ឥឡូវ​នេះ សត្វ​ទាំង​ឡាយ រមែង​ប្រហែល​គ្នា ស្មើ​គ្នា ជា​មួយ​នឹង​ពួក​សត្វ ដោយ​ធាតុ​ដូច​គ្នា ក្នុង​បច្ចុប្បន្ន​កាល គឺ​ពួក​សត្វ ដែល​មាន​អធ្យាស្រ័យ​ថោកទាប រមែង​ប្រហែល​គ្នា ស្មើ​គ្នា ជា​មួយ​នឹង​ពួក​សត្វ​ដែល​មាន​អធ្យាស្រ័យ​ថោកទាប ពួក​សត្វ​ដែល​មាន​អធ្យាស្រ័យ​ល្អ រមែង​ប្រហែល​គ្នា ស្មើ​គ្នា ជា​មួយ​នឹង​ពួក​សត្វ ដែល​មាន​អធ្យាស្រ័យ​ល្អ។

លុះ​ព្រះ​មាន​ព្រះ​ភាគ ទ្រង់​សំដែង​សេចក្ដី​នុ៎ះ​ហើយ។ ទ្រង់​ត្រាស់​គាថា​ព័ន្ធ​នេះ ក្នុង​សូត្រ​នោះ​ថា

ព្រៃ គឺ​កិលេស កើត​ឡើង​ហើយ ព្រោះ​តែ​ការ​ជាប់​ចំពាក់ ដែល​បុគ្គល​នឹង​កាត់​ផ្ដាច់​បាន ដោយ​ការ​មិន​ជាប់​ចំពាក់ បុគ្គល​អ្នក​មាន​ប្រាថ្នា​នឹង​ឆ្លង​មហាសមុទ្រ ហើយ​លិចទៅ​ក្នុង​មហាសមុទ្រ​វិញ ព្រោះ​តែ​ឡើង​កាន់​ក្បូនឈើ​ដ៏​តូច យ៉ាង​ណា​មិញ ឯ​បុគ្គល​អ្នក​ចិញ្ចឹម​ជីវិត​ដោយ​ប្រពៃ រមែង​លិច​ចុះ ក្នុង​មហាសមុទ្រ គឺ​សង្សារ ព្រោះ​តែ​អាស្រ័យ​នឹង​បុគ្គល​ខ្ជិលច្រអូស យ៉ាង​នោះ​ដែរ។ ទ. ៩៤ព្រោះ​ហេតុ​នោះ បុគ្គល​គួរ​វៀរ​នូវ​បុគ្គល​ខ្ជិល​នោះ ដែល​មាន​ព្យាយាម​ថោក​ទាប ហើយ​គួរ​នៅ​រួម​ដោយ​បណ្ឌិត​ទាំង​ឡាយ ដែល​ជា​អ្នក​ឆ្ងាយ​ចាក​កិលេស មាន​ចិត្ត​បញ្ជូន​ទៅ​កាន់​ព្រះ​និព្វាន ជា​អ្នក​មាន​ឈាន អ្នក​ប្រារព្ធ​ព្យាយាម​ជានិច្ច។ ​

ខ្ញុំ​បាន​ស្ដាប់​មក​ហើយ​ថា សេចក្ដី​នេះ​ឯង ព្រះ​មាន​ព្រះ​ភាគ បាន​ត្រាស់​ទុក​ហើយ។

សូត្រ ទី ៩។

 

km/tipitaka/sut/kn/iti/sut.kn.iti.078.txt · ពេលកែចុងក្រោយ: 2023/03/17 10:15 និពន្ឋដោយ Johann