km:tipitaka:sut:kn:iti:sut.kn.iti.079

ព្រះត្រៃបិដក » សុត្តន្តបិដក » ខុទ្ទកនិកាយគ » ឥតិវុត្តកៈ » តិកនិបាត » តតិយវគ្គ

បរិហានសូត្រ (១០.)

សង្ខេប

ធម៌​៣ យ៉ាង​ដែល​សេក្ខ​ភិក្ខុ​ត្រេកអរ​ហើយ​សាប​សូន្យ​ចាក​ធម៌ និង​ត្រេកអរ​ហើយ​គួរ​នឹង​បាន​ត្រាស់​ដឹង។

sut kn iti 079 បាលី cs-km: sut.kn.iti.079 អដ្ឋកថា: sut.kn.iti.079_att PTS: ?

បរិហានសូត្រ ទី១០

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា វិឡា

(១០. បរិហានសុត្តំ)

[៧៩] ខ្ញុំ​បាន​ស្ដាប់​មក​ថា ពាក្យ​នុ៎ះ ព្រះ​មាន​ព្រះ​ភាគ ទ្រង់​ត្រាស់​ហើយ ព្រះ​អរហន្ត​សំដែង​ហើយ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ធម៌ ៣ នេះ រមែង​ប្រព្រឹត្ត​ទៅ ដើម្បី​សេចក្ដី​សាបសូន្យ​ដល់​សេក្ខភិក្ខុ។ ធម៌ ៣ តើ​ដូច​ម្ដេច​ខ្លះ​។ ម្នាល​ភិក្ខុ​ទាំង​ឡាយ សេក្ខភិក្ខុ ក្នុង​សាសនា​នេះ ជា​អ្នក​មាន​ការងារ 1) ជា​ទី​ត្រេកអរ​ត្រេកអរ​ក្នុង​ការងារ ប្រកប​រឿយ ៗ នូវ​ការងារ​ជា​ទី​ត្រេកអរ ១ ជា​អ្នក​មាន​តិរច្ឆានកថា​ជា​ទី​ត្រេកអរ ត្រេកអរ​ក្នុង​តិរច្ឆានកថា ប្រកប​រឿយៗ នូវ​តិរច្ឆានកថា​ជា​ទី​ត្រេកអរ ១ ជា​អ្នក​មាន​ការ​ដេក​លក់​ជា​ទី​ត្រេកអរ ត្រេកអរ​ក្នុង​ការ​ដេក​លក់ ប្រកប​រឿយ ៗ នូវ​ការ​ដេក​លក់​ជា​ទី​ត្រេកអរ ១ ម្នាល​ភិក្ខុ​ទាំង​ឡាយ ធម៌ ៣ នេះ​ឯង រមែង​ប្រព្រឹត្ត​ទៅ ដើម្បី​សេចក្ដី​សាបសូន្យ ដល់​សេក្ខភិក្ខុ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ធម៌ ៣ នេះ រមែង​ប្រព្រឹត្ត​ទៅ ដើម្បី​មិន​សាបសូន្យ​ដល់​សេក្ខភិក្ខុ។ ធម៌ ៣ តើ​ដូច​ម្ដេច។ ទ. ៩៥ម្នាល​ភិក្ខុ​ទាំង​ឡាយ សេក្ខភិក្ខុ ក្នុង​សាសនា​នេះ ជា​អ្នក​មិន​មាន​ការងារ ជា​ទី​ត្រេកអរ មិន​ត្រេកអរ​ក្នុង​ការងារ មិន​ប្រកប​រឿយៗ នូវ​ការងារ​ជា​ទី​ត្រេកអរ ១ ជា​អ្នក​មិន​មាន​តិរច្ឆានកថា​ជា​ទី​ត្រេកអរ មិន​ត្រេកអរ​ក្នុង​តិរច្ឆានកថា មិន​ប្រកប​រឿយៗ នូវ​តិរច្ឆានកថា​ជា​ទី​ត្រេកអរ ១ ជា​អ្នក​មិន​មាន​ការ​ដេក​លក់​ជា​ទី​ត្រេកអរ មិន​ត្រេកអរ​ក្នុង​ការ​ដេក​លក់ មិន​ប្រកប​រឿយៗ នូវ​ការ​ដេក​លក់​ជា​ទី​ត្រេកអរ ១ ម្នាល​ភិក្ខុ​ទាំង​ឡាយ ធម៌​ទាំង ៣ នេះ​ឯង រមែង​ប្រព្រឹត្ត​ទៅ ដើម្បី​មិន​សាបសូន្យ​ដល់​សេក្ខភិក្ខុ។

លុះ​ព្រះ​មាន​ព្រះ​ភាគ ទ្រង់​សំដែង​សេចក្ដី​នុ៎ះ​ហើយ។ ទ្រង់​ត្រាស់​គាថា​ព័ន្ធ​នេះ ក្នុង​សូត្រ​នោះ​ថា

ភិក្ខុ​អ្នក​មាន​ការងារ​ជា​ទី​ត្រេកអរ​ផង ត្រេកអរ​ក្នុង​តិរច្ឆានកថា​ផង មាន​ការ​ដេក​លក់​ជា​ទី​ត្រេកអរ​ផង មាន​ចិត្ត​រវើរវាយ​ប្រាកដ​ដូច្នោះ មិន​គួរ​ដើម្បី​បាន​សម្ពោធិ​ដ៏​ប្រសើរ​ឡើយ។ ព្រោះ​ហេតុ​នោះ ភិក្ខុ​នោះ គួរ​ជា​អ្នក​មាន​កិច្ចការ​តិច មាន​ការ​ដេក​លក់​តិច មាន​ចិត្ត​មិន​រវើរវាយ​ប្រាកដ​ដូច្នោះ ទើប​គួរ​នឹង​បាន​សម្ពោធិ​ដ៏​ប្រសើរ។

ខ្ញុំ​បាន​ស្ដាប់​មក​ហើយ​ថា សេចក្ដី​នេះ​ឯង ព្រះ​មាន​ព្រះ​ភាគ ទ្រង់​ត្រាស់​ទុក​ហើយ។

សូត្រ ទី១០។

ចប់ តតិយវគ្គ។ ទ. ៩៦ ឧទ្ទាននៃតតិយវគ្គ​នោះ​គឺ

និយាយ​អំពី​ទិដ្ឋិ ២លើក និស្សរណីយធាតុ ១ រូបជ្ឈាន និង​អរូបជ្ឈាន ១ បុត្ត ១ បុគ្គល​ប្រៀប​ដោយ​មេឃ​មិន​បង្អុរ​ភ្លៀង ១ សេចក្ដី​សុខ ១ ការ​បែក​ធ្លាយ ១ ធាតុ ១ សេចក្ដី​សាបសូន្យ ១ រួម​ទាំង​អស់ ត្រូវជា ១០។

 

1)
សំដៅយកការវាស់ ដេរ​ចីវរ ស្លោកបាត្រ​ជា​ដើម។ អដ្ឋកថា។
km/tipitaka/sut/kn/iti/sut.kn.iti.079.txt · ពេលកែចុងក្រោយ: 2023/03/17 10:15 និពន្ឋដោយ Johann