km:tipitaka:sut:kn:iti:sut.kn.iti.083

ព្រះត្រៃបិដក » សុត្តន្តបិដក » ខុទ្ទកនិកាយគ » ឥតិវុត្តកៈ » តិកនិបាត » ចតុត្ថវគ្គ

បញ្ចបុព្វនិមិត្តសូត្រ (៤.)

សង្ខេប

និមិត្ត​៥ យ៉ាង​ទេវតា​បាន​ដឹង​ជា​មុនថា នឹង​ច្យុត​ចាក​ទេវ​លោក មក​កាន់​មនុស្ស​លោក។

sut kn iti 083 បាលី cs-km: sut.kn.iti.083 អដ្ឋកថា: sut.kn.iti.083_att PTS: ?

បញ្ចបុព្វនិមិត្តសូត្រ ទី៤

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា វិឡា

ដោយ ឧបាសិកា វិឡា

sut.kn.iti.083.mp4


ទ. ១០២

(៤. បញ្ចបុព្វនិមិត្តសុត្តំ)

[៨៣] ម្នាល​ភិក្ខុ​ទាំង​ឡាយ ទេវតា​មាន​ការ​ច្យុតិ​ជា​ធម្មតា ចាក​ពួក​ទេវតា ក្នុង​កាល​ណា បុព្វនិមិត្ត ៥ យ៉ាង តែង​កើត​ឡើង​ប្រាកដ ដល់​ទេវតា​នោះ (ក្នុង​កាលនោះ​) គឺ​កម្រងផ្កា​ទាំង​ឡាយ ស្វិត​ស្រពោន ១ សំពត់​ទាំង​ឡាយ​សៅហ្មង ១ ញើស​ទាំង​ឡាយ តែង​ហូរ​ចេញ​អំពី​ក្លៀក ១ សម្បុរមិនល្អ តាំង​ឡើង​ក្នុង​កាយ ១ ទេវតា​មិន​ត្រេកអរ​ក្នុង​ទេវាសនៈ​របស់​ខ្លួន ១។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ទេវតា​ទាំង​ឡាយ តែង​ដឹង​នូវ​បុព្វនិមិត្ត​នោះ​ថា ទេវបុត្ត​នេះ មាន​ការ​ច្យុតិ​ជា​ធម្មតា ហើយ​ក៏​អនុមោទនា​ដោយ​វាចា ៣ បទ​ថា ម្នាល​អ្នក​ដ៏​ចំរើន សូមអ្នក​ច្យុត​អំពី​ទេវលោក​នេះ ទៅ​កាន់​សុគតិ​ចុះ លុះ​អ្នក​ទៅ​កាន់​សុគតិ​ហើយ សូមឲ្យ​មានលាភ ដែល​បាន​ដោយ​ងាយ​ចុះ លុះ​មានលាភ​ដែល​បាន​ដោយ​ងាយ​ហើយ សូម​តាំង​នៅ​ដោយ​ប្រពៃ​ចុះ​។

[៨៤] កាល​ព្រះ​មាន​ព្រះ​ភាគ ទ្រង់​ត្រាស់​យ៉ាង​នេះ​ហើយ ភិក្ខុ ១ រូប ក្រាប​បង្គំ​ទូល​ព្រះ​មាន​ព្រះ​ភាគ ដូច​នេះ​ថា បពិត្រ​ព្រះ​អង្គ​ដ៏​ចំរើន ចុះ​អ្វី​ហៅ​ថា ដំណើរ​ទៅ​កាន់​សុគតិ​របស់​ទេវតា​ទាំង​ឡាយ បពិត្រ​ព្រះ​អង្គ​ដ៏​ចំរើន អ្វី​ហៅ​ថា​លាភ ដែល​បាន​ដោយ​ងាយ​របស់​ទេវតា​ទាំង​ឡាយ បពិត្រ​ព្រះ​អង្គ​ដ៏​ចំរើន អ្វី​ហៅ​ថា ការ​តាំង​នៅ​ដោយ​ប្រពៃ​នៃ​ទេវតា​ទាំង​ឡាយ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ភាព​នៃ​មនុស្ស (នេះ) ឯង ដែល​ហៅ​ថា ដំណើរ​ទៅ​កាន់​សុគតិ របស់​ទេវតា​ទាំង​ឡាយ លុះ​បាន​កើតជា​មនុស្ស​ហើយ បាន​ចំពោះ​នូវ​សទ្ធា ក្នុងធម្មវិន័យ​ណា ដែលព្រះ​តថាគត សំដែង​ហើយ ទ. ១០៣ម្នាល​ភិក្ខុ​ទាំង​ឡាយ ការបាន​នូវ​សទ្ធា​នេះ​ឯង ហៅ​ថា លាភ​ដែល​បាន​ដោយ​ងាយ​របស់​ទេវតា​ទាំង​ឡាយ ឯ​សទ្ធា​របស់​គេនោះ ជា​សទ្ធា​ខ្ជាប់​ខ្ជួន កើតជា​ឫសគល់​តាំង​នៅ​មាំមួន ដែល​បុគ្គល​ណាមួយ ទោះ​ជា​សមណៈ ឬ​ព្រាហ្មណ៍ ឬ ទេវតា ឬ​មារ ឬ​ព្រហ្ម ក្នុង​លោក មិន​អាច​នឹង​នាំ​យក​ទៅ​បាន ម្នាល​ភិក្ខុ​ទាំង​ឡាយ ការ​តាំង​នៅ​មាំ នៃ​សទ្ធា​នេះ​ឯង ហៅ​ថា ការ​តាំង​នៅ​ដោយ​ប្រពៃ របស់​ទេវតា​ទាំង​ឡាយ។

ទេវតា​ច្យុត​ចាក​ពួក​ទេវតា ព្រោះ​អស់​ទៅ​នៃ​អាយុ ក្នុង​កាល​ណា សំឡេង ៣ យ៉ាង របស់​ពួក​ទេវតា កាលអនុមោទនា តែង​លាន់​ឮ​ឡើង (ក្នុង​កាលនោះ​) ថា ម្នាល​អ្នក​ដ៏​ចំរើន សូមអ្នក​ច្យុត​អំពី​ទេវលោក​នេះ ទៅ​កាន់​សុគតិ ជា​មួយ​នឹង​ពួក​មនុស្ស​ចុះ លុះ​អ្នក​បាន​កើត​ជា​មនុស្ស​ហើយ សូមឲ្យ​បាន​នូវ​សទ្ធា​ដ៏​ប្រសើរ ក្នុង​ព្រះ​សទ្ធម្ម​ចុះ ក៏​សទ្ធា​របស់​អ្នក​នោះ ជា​សទ្ធា​ខ្ជាប់​ខ្ជួន ដែល​បាន​ជា​ឫសគល់ តាំង​នៅ​មាំមួន ក្នុង​ព្រះ​សទ្ធម្ម ដែលព្រះ​តថាគត​សំដែង​ហើយ​ដោយ​ប្រពៃ ដែល​បុគ្គល​ណាមួយ មិន​អាច​នាំ​យក​ទៅ​បាន ដរាប​អស់​ជីវិត។ អ្នក​ត្រូវ​លះ​កាយ​ទុច្ចរិត​ផង លះ​វចី​ទុច្ចរិត​ផង លះ​មនោ​ទុច្ចរិត​ផង លះ​អំពើ​ដទៃ ដែល​ប្រកប​ដោយ​ទោស​ផង ធ្វើកុសល​ដោយ​កាយ ធ្វើកុសល​ដោយ​វាចា ធ្វើកុសល​ដោយ​ចិត្ត​ឲ្យ​ច្រើន ប្រមាណ​មិន​បាន បរិសុទ្ធ មិន​មាន​គ្រឿង​សៅហ្មង។ ទ. ១០៤លំដាប់​នោះ អ្នក​ប្រាជ្ញ​ត្រូវ​ធ្វើ​បុណ្យ ដែល​ប្រព្រឹត្ត​ទៅ ក្នុង​បច្ចុប្បន្ន​នោះ ឲ្យ​ច្រើន​ដោយ​ទាន ហើយ​ញុាំង​​ពួក​សត្វ​ដទៃ ឲ្យ​តាំង​នៅ​ក្នុង​ព្រះ​សទ្ធម្ម ដែល​ជា​ព្រហ្មចរិយៈ ទេវតា​ទាំង​ឡាយ ដឹង​ច្បាស់​នូវ​ទេវតា​កាល​ច្យុត ក្នុង​កាល​ណា ក៏​អនុមោទនា (ក្នុង​កាលនោះ​) ដោយ​សេចក្ដី​អនុគ្រោះ​នេះ​ថា ម្នាល​ទេវតា ចូរ​អ្នក​មក​ឲ្យ​រឿយៗ។

សូត្រ ទី ៤។

 

km/tipitaka/sut/kn/iti/sut.kn.iti.083.txt · ពេលកែចុងក្រោយ: 2023/03/17 10:15 និពន្ឋដោយ Johann