km:tipitaka:sut:kn:iti:sut.kn.iti.084

ព្រះត្រៃបិដក » សុត្តន្តបិដក » ខុទ្ទកនិកាយគ » ឥតិវុត្តកៈ » តិកនិបាត » ចតុត្ថវគ្គ

ពហុជនហិតសូត្រ (៥.)

សង្ខេប

ជន ៣ ពួក​នេះ​ឯង កាល​កើត​ឡើង​ក្នុង​លោក តែង​កើត​ឡើង ដើម្បី​ប្រយោជន៍​ដល់​ជន​ច្រើន ដើម្បី​សេចក្តី​សុខ​ដល់​ជន​ច្រើន ដើម្បី​អនុគ្រោះ​ដល់​សត្វ​លោក ដើម្បី​សេចក្តី​ចំរើន ដើម្បី​ប្រយោជន៍ ដើម្បី​សេចក្តី​សុខ ដល់​ទេវតា និង​មនុស្ស​ទាំង​ឡាយ។

sut kn iti 084 បាលី cs-km: sut.kn.iti.084 អដ្ឋកថា: sut.kn.iti.084_att PTS: ?

ពហុជនហិតសូត្រ ទី៥

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា វិឡា

(៥. ពហុជនហិតសុត្តំ)

[៨៥] ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល ៣ ពួក​នេះ កាល​កើត​ឡើង​ក្នុង​លោក តែង​កើត​ឡើង ដើម្បី​ប្រយោជន៍ ដល់​ជន​ច្រើន ដើម្បី​សេចក្ដី​សុខ ដល់​ជន​ច្រើន ដើម្បី​អនុគ្រោះ ដល់​សត្វ​លោក ដើម្បី​ចំរើន ដើម្បី​ប្រយោជន៍ ដើម្បី​សេចក្ដី​សុខ ដល់​ទេវតា និង​មនុស្ស​ទាំង​ឡាយ។ បុគ្គល ៣ ពួក តើ​ដូច​ម្ដេច​ខ្លះ​។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ព្រះ​តថាគត ជា​អរហន្ត​សម្មាសម្ពុទ្ធ ទ្រង់​បរិបូណ៌​ដោយ​វិជ្ជា និង​ចរណៈ មានដំណើរ​ល្អ ទ្រង់​ជ្រាប​ច្បាស់​នូវ​ត្រៃ​លោក ទ្រង់​ប្រសើរ​ដោយ​សីលាទិគុណ ជានាយសារថី ទូន្មាន​នូវ​បុរស ជា​សាស្ដា​នៃ​ទេវតា និង​មនុស្ស​ទាំង​ឡាយ ទ្រង់​ត្រាស់​ដឹង​នូវ​ចតុរារិយសច្ចធម៌ ទ្រង់​ខ្ជាក់​ចោល​នូវ​ត្រៃភព ព្រះ​អង្គ​បាន​ត្រាស់​ឡើង​ក្នុង​លោក​នេះ ទ្រង់​សំដែងធម៌ មាន​លំអ​បទ​ដើម លំអ​បទ​កណ្ដាល លំអ​បទ​ចុង ប្រកប​ដោយ​អត្ថ និង​ព្យញ្ជនៈ ទ្រង់​ប្រកាស​ព្រហ្មចរិយធម៌ ដ៏​បរិសុទ្ធ បរិបូណ៌​ទាំង​អស់ ម្នាល​ភិក្ខុ​ទាំង​ឡាយ នេះ​ជា​បុគ្គល​ទី ១ ទ. ១០៥កាល​កើត​ឡើង​ក្នុង​លោក តែង​កើត​ឡើង ដើម្បី​ប្រយោជន៍​ដល់​ជន​ច្រើន ដើម្បី​សេចក្តី​សុខ​ដល់​ជន​ច្រើន ដើម្បី​អនុគ្រោះ ដល់​សត្វ​លោក ដើម្បី​សេចក្តី​ចំរើន ដើម្បី​ប្រយោជន៍ ដើម្បី​សេចក្តី​សុខ ដល់​ទេវតា និង​មនុស្ស​ទាំង​ឡាយ ​។ ម្នាល​ភិក្ខុ​ទាំង​ឡាយ មួយ​ទៀត សាវ័ក​របស់​ព្រះ​សាស្តា​នោះ ជា​អរហន្តខី​ណា​ស្រព មាន​ព្រហ្មចរិយធម៌​ប្រព្រឹត្ត​រួច​ហើយ មាន​សោឡស​កិច្ច ធ្វើ​ស្រេច​ហើយ មានភារៈ គឺ​ខន្ធ ៥ ដាក់​ចុះ​ហើយ មាន​ប្រយោជន៍​របស់​ខ្លួន​សម្រេច​ហើយ មាន​កិលេស​ជា​គ្រឿង​ប្រកប​សត្វ​ទុក​ក្នុង​ភព​អស់​រលីង​ហើយ មាន​ចិត្ត​ផុត​ស្រឡះ​ហើយ ព្រោះ​ដឹង​ដោយ​ប្រពៃ សាវ័ក​នោះ តែង​សំដែងធម៌ មាន​លំអ​បទ​ដើម មាន​លំអ​បទ​កណ្តាល មាន​លំអ​បទ​ចុង ប្រកប​ដោយ​អត្ថ និង​ព្យញ្ជនៈ ប្រកាស​នូវ​ព្រហ្មចរិយធម៌​បរិសុទ្ធ បរិបូណ៌​ទាំង​អស់ ម្នាល​ភិក្ខុ​ទាំង​ឡាយ នេះ​បុគ្គល​ទី ២ កាល​កើត​ឡើង​ក្នុង​លោក តែង​កើត​ឡើង​ដើម្បី​ប្រយោជន៍​ដល់​ជន​ច្រើន ដើម្បី​សេចក្តី​សុខ​ដល់​ជន​ច្រើន ដើម្បី​អនុគ្រោះ​ដល់​សត្វ​លោក ដើម្បី​សេចក្តី​ចំរើន ដើម្បី​ប្រយោជន៍ ដើម្បី​សេចក្តី​សុខ ដល់​ទេវតា និង​មនុស្ស​ទាំង​ឡាយ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ មួយ​វិញទៀត សាវ័ក​របស់​ព្រះ​សាស្តា​នោះ ជា​សេក្ខបុគ្គល កំពុងប្រតិបត្តិ ជា​ពហុស្សូត បរិបូណ៌​ដោយ​សីល និង​វត្ត សាវ័ក​នោះ តែង​សំដែងធម៌ មាន​លំអ​បទ​ដើម មាន​លំអ​បទ​កណ្តាល មាន​លំអ​បទ​ចុង ប្រកប​ដោយ​អត្ថ និង​ព្យញ្ជនៈ ប្រកាស​ព្រហ្មចរិធម៌​ដ៏​បរិសុទ្ធ បរិបូណ៌ ​ទាំង​អស់ ទ. ១០៦ម្នាល​ភិក្ខុ​ទាំង​ឡាយ នេះ​បុគ្គល​ទី ៣ កាល​កើត​ឡើង​ក្នុង​លោក ក៏​កើត​ឡើង ដើម្បី​ប្រយោជន៍​ដល់​ជន​ច្រើន ដើម្បី​សេចក្តី​សុខ​ដល់​ជន​ច្រើន ដើម្បី​អនុគ្រោះ​ដល់​សត្វ​លោក ដើម្បី​សេចក្តី​ចំរើន ដើម្បី​ប្រយោជន៍ ដើម្បី​សេចក្តី​សុខ ដល់​ទេវតា និង​មនុស្ស​ទាំង​ឡាយ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល ៣ ពួក​នេះ​ឯង កាល​កើត​ឡើង​ក្នុង​លោក តែង​កើត​ឡើង ដើម្បី​ប្រយោជន៍​ដល់​ជន​ច្រើន ដើម្បី​សេចក្តី​សុខ​ដល់​ជន​ច្រើន ដើម្បី​អនុគ្រោះ​ដល់​សត្វ​លោក ដើម្បី​សេចក្តី​ចំរើន ដើម្បី​ប្រយោជន៍ ដើម្បី​សេចក្តី​សុខ ដល់​ទេវតា និង​មនុស្ស​ទាំង​ឡាយ។

ព្រះ​សាស្តា ព្រះ​អង្គ​ស្វែង​រក​គុណ​ដ៏​ធំ ជា​បុគ្គល​ទី ១ ក្នុង​លោក សាវ័ក​អ្នក​ប្រព្រឹត្ត​តាម​ព្រះ​សាស្តា​នោះ មានខ្លួន​អប់​រំហើយ (ជា​បុគ្គល​ទី ២) មួយ​ទៀត សាវ័ក​ដទៃ ជា​សេក្ខបុគ្គល កំពុងប្រតិបត្តិ ជា​ពហុស្សូត បរិបូណ៌​ដោយ​សីល និង​វត្ត (ជា​បុគ្គល​ទី ៣)។ បុគ្គល ៣ ពួក​នេះ ប្រសើរ​ជាង​ទេវតា និង​មនុស្ស លោក​ជា​អ្នក​ធ្វើ​ពន្លឺ គឺ​ធម៌ សំដែង​ឡើង​នូវ​ធម៌ គឺ​ចតុរារិយសច្ច បាន​បើក​ទ្វារ​នៃ​ព្រះ​អមតនិព្វាន លោក​ទាំង​នោះ តែង​ញុាំង​​ជន​ច្រើន​នាក់​ឲ្យ​រួចចាក​យោគៈ​បាន។ ទ. ១០៧ពួក​ជន​ណា ឈានឡើង​កាន់​អរិយមគ្គ ដែល​ព្រះ​មាន​ព្រះ​ភាគ ដូច​ជា នាយ​ឈ្មួញ​ដ៏​ប្រសើរ​ដោយ​សីលាទិគុណ ទ្រង់​សំដែង​ហើយ​ដោយ​ប្រពៃ ពួក​ជន​ណា មិន​ប្រមាទ​ក្នុង​សាសនា​របស់​ព្រះ​សុគត ពួក​ជន​នោះ ៗ តែង​ធ្វើ​នូវ​ទី​បំផុត​ទុក្ខ ក្នុង​អត្តភាព​នេះ​បាន។

សូត្រ ទី ៥។

 

km/tipitaka/sut/kn/iti/sut.kn.iti.084.txt · ពេលកែចុងក្រោយ: 2023/03/17 10:15 និពន្ឋដោយ Johann