km:tipitaka:sut:kn:iti:sut.kn.iti.088

ព្រះត្រៃបិដក » សុត្តន្តបិដក » ខុទ្ទកនិកាយគ » ឥតិវុត្តកៈ » តិកនិបាត » ចតុត្ថវគ្គ

អន្តរាមលសូត្រ (៩.)

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

sut kn iti 088 បាលី cs-km: sut.kn.iti.088 អដ្ឋកថា: sut.kn.iti.088_att PTS: ?

អន្តរាមលសូត្រ ទី៩

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(៩. អន្តរាមលសុត្តំ)

[៩០] ម្នាល​ភិក្ខុ​ទាំង​ឡាយ ធម៌​ជា​មន្ទិល​ខាង​ក្នុង មិន​មែន​ជា​មិត្ត​ខាង​ក្នុង ជា​ខ្មាំង​ខាង​ក្នុង ជា​អ្នក​សម្លាប់​ខាង​ក្នុង ជា​សឹក​សត្រូវ​ខាង​ក្នុង នេះ​មាន ៣ យ៉ាង។ ធម៌ ៣ តើ​ដូច​ម្តេច​ខ្លះ​។ ម្នាល​ភិក្ខុ​ទាំង​ឡាយ លោភៈ ជា​មន្ទិល​ខាង​ក្នុង មិន​មែន​ជា​មិត្ត​ខាង​ក្នុង ជា​ខ្មាំង​ខាង​ក្នុង ជា​អ្នក​សម្លាប់​ខាង​ក្នុង ជា​សឹក​សត្រូវ​ខាង​ក្នុង ១។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ទោសៈ ជា​មន្ទិល​ខាង​ក្នុង មិន​មែន​ជា​មិត្ត​ខាង​ក្នុង ជា​ខ្មាំង​ខាង​ក្នុង ជា​អ្នក​សម្លាប់​ខាង​ក្នុង ជា​សឹក​សត្រូវ​ខាង​ក្នុង ១។ ម្នាល​ភិក្ខុ​ទាំង​ឡាយ មោហៈ ជា​មន្ទិល​ខាង​ក្នុង មិន​មែន​ជា​មិត្ត​ខាង​ក្នុង ជា​ខ្មាំង​ខាង​ក្នុង ជា​អ្នក​សម្លាប់​ខាង​ក្នុង ជា​សឹក​សត្រូវ​ខាង​ក្នុង ១។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ធម៌​ជា​មន្ទិល​ខាង​ក្នុង មិន​មែន​ជា​មិត្ត​ខាង​ក្នុង ជា​អ្នក​សម្លាប់​ខាង​ក្នុង ជា​សឹក​សត្រូវ​ខាង​ក្នុង មាន ៣ យ៉ាង​នេះ​ឯង។ ទ. ១១២

លោភៈ ជា​ធម៌​ញុាំង​​សេចក្តី​វិនាស​ឲ្យ​កើត លោភៈ​ជា​ធម៌​ញុាំង​​ចិត្ត​ឲ្យ​កម្រើក ភ័យ​កើត​ហើយ​ក្នុង​ចិត្ត ជន​មិន​ដឹង​នូវ​ភ័យ​នោះ​ឡើយ។ បុគ្គល​អ្នក​លោភ រមែង​មិន​ស្គាល់​ប្រយោជន៍ បុគ្គល​អ្នក​លោភ រមែង​មិន​ឃើញ​ធម៌ សេចក្តី​លោភ​គ្រប​សង្កត់​នរ​ជន ក្នុង​កាល​ណា សេចក្តី​ងងឹត​ដ៏​មាន​កំឡាំង ក៏​កើត​ឡើង​ក្នុង​កាល​នោះ​។ លុះ​តែ​បុគ្គល​ណា បាន​លះ​បង់​សេចក្តី​លោភ​ហើយ ទើប​មិន​ជាប់​ចិត្ត ក្នុង​អារម្មណ៍ ដែល​គួរ​ជាប់​ចិត្ត សេចក្តី​លោភ ដែល​អរិយមគ្គ​កំចាត់​បង់​ចាក​បុគ្គល​នោះ ​ដូច​ដំណក់​ទឹក​ដែល​រមៀល​ចេញ​អំពី​ស្លឹក​ឈូក ដូច្នោះ​ឯង។ ទោសៈ ជា​ធម៌​ញុាំង​​សេចក្តី​វិនាស​ឲ្យ​កើត ទោសៈ​ជា​ធម៌​ញុាំង​​ចិត្ត​ឲ្យ​កម្រើក ភ័យ​កើត​ហើយ​ក្នុង​ចិត្ត ជន​មិន​ដឹង​នូវ​ភ័យ​នោះ​។ ជន​អ្នក​ប្រទូស្ត រមែង​មិន​ស្គាល់​ប្រយោជន៍ ជន​អ្នក​ប្រទូស្ត រមែង​មិន​ឃើញ​ធម៌ ទោសៈ​គ្រប​សង្កត់​នរ​ជន ក្នុង​កាល​ណា សេចក្តី​ងងឹត​ដ៏​មាន​កំឡាំង ក៏​កើត​ឡើង​ក្នុង​កាលនោះ​។ លុះ​តែ​បុគ្គល​ណា បាន​លះ​បង់​ទោសៈ​ហើយ ទើប​មិន​ប្រទូស្ត​ក្នុង​អារម្មណ៍ ដែល​គួរ​ប្រទូស្ត ទោសៈ​ដែល​អរិយមគ្គ​កំចាត់​បង់​ហើយ ចាក​បុគ្គល​នោះ ដូច​ជា​ផ្លែ​ត្នោត​ទុំ ដែល​ជ្រុះ​ចាក​ទង ដូច្នោះ​ឯង។ ទ. ១១៣មោហៈ ជា​ធម៌​ញុាំង​​សេចក្តី​វិនាស​ឲ្យ​កើត មោហៈ​ជា​ធម៌​ញុាំង​​ចិត្ត​ឲ្យ​កម្រើក ភ័យ​កើត​ហើយ​ខាង​ក្នុង​ចិត្ត ជន​មិន​ដឹង​នូវ​ភ័យ​នោះ​។ ជន​អ្នក​វង្វេង រមែង​មិន​ស្គាល់​ប្រយោជន៍ ជន​អ្នក​វង្វេង រមែង​មិន​ឃើញ​ធម៌ មោហៈ​គ្រប​សង្កត់​នរ​ជន ក្នុង​កាល​ណា សេចក្តី​ងងឹត​ដ៏​មាន​កំឡាំង ក៏​កើត​ឡើង​ក្នុង​កាល​នោះ​។ លុះ​តែ​បុគ្គល​ណា បាន​លះ​បង់​មោហៈ​ហើយ ទើប​មិន​វង្វេង​ក្នុង​អារម្មណ៍ ដែល​គួរ​វង្វេង បុគ្គល​នោះ រមែង​កំចាត់​បង់​នូវ​មោហៈ​ទាំង​ពួង (ដោយ​មគ្គ​ទី ៤) ដូច​ជា​ព្រះ​អាទិត្យ កាល​រះ​ឡើង កំចាត់​បង់​ងងឹត ដូច្នោះ​ឯង។

សូត្រ ទី ៩។

 

km/tipitaka/sut/kn/iti/sut.kn.iti.088.txt · ពេលកែចុងក្រោយ: 2023/03/17 10:15 និពន្ឋដោយ Johann