km:tipitaka:sut:kn:iti:sut.kn.iti.092

ព្រះត្រៃបិដក » សុត្តន្តបិដក » ខុទ្ទកនិកាយគ » ឥតិវុត្តកៈ » តិកនិបាត » បញ្ចមវគ្គ

សង្ឃាដិកណ្ណសូត្រ (៣.)

សង្ខេប

មើល​ថា​គាត់​នៅ​ឆ្ងាយណាស់! ឃើញ​គាត់​នៅ​ជិត!

sut kn iti 092 បាលី cs-km: sut.kn.iti.092 អដ្ឋកថា: sut.kn.iti.092_att PTS: ?

សង្ឃាដិកណ្ណសូត្រ ទី៣

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា ធីតា

(៣. សង្ឃាដិកណ្ណសុត្តំ)

[៩៤] ម្នាល​ភិក្ខុ​ទាំង​ឡាយ បើ​ទុកជា​ភិក្ខុ ចាប់​ជាយ​សង្ឃាដី (នៃ​តថាគត) ហើយ​ដើរ​តាម​អំពី​ខាងក្រោយ ៗ ដាក់​ជើង (ខ្លួន) ត្រង់​កន្លែង​ជើង (នៃ​តថាគត) តែថា​ភិក្ខុ​នោះ ជា​អ្នក​ច្រើន​ដោយ​អភិជ្ឈា មានតម្រេក​ដ៏​ក្លៀវ​ក្លា​ក្នុង​កាម មាន​ចិត្ត​ព្យាបាទ មាន​សេចក្តី​ត្រិះ​រិះ​ក្នុង​ចិត្ត​ដ៏​អាក្រក់ ភ្លេច​ស្មារតី មិន​ដឹង​ខ្លួន មាន​ចិត្ត​មិន​មាំមួន មាន​ចិត្ត​ភ្ញាក់​ផ្អើល មាន​ឥន្ទ្រិយ​ជា​ប្រក្រតី ភិក្ខុ​នោះ ឈ្មោះ​ថា នៅ​ឆ្ងាយ​អំពី​តថាគត​ដោយ​ពិត ឯ​តថាគត ក៏​ឈ្មោះ​ថា នៅ​ឆ្ងាយ​អំពី​ភិក្ខុ​នោះ​ដែរ។ ដំណើរ​នោះ ព្រោះ​ហេតុ​អី្វ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ព្រោះ​ថា ភិក្ខុ​នោះ មិន​ឃើញ​ធម៌ កាល​បើ​មិន​ឃើញ​ធម៌​ហើយ ឈ្មោះ​ថា មិន​ឃើញ​តថាគត។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បើ​ទុក​ជា​ភិក្ខុ​នោះ នៅក្នុង​ទី​មួយ ចំនួន​រយ​យោជន៍ ទ. ១២១តែ​ភិក្ខុ​នោះ មិន​ជា​អ្នក​ច្រើន​ដោយ​អភិជ្ឈា មិន​មាន​តម្រេក​ក៏​ក្លៀវ​ក្លា​ក្នុង​កាម មិន​មាន​ចិត្ត​ព្យាបាទ មិន​មាន​សេចក្តី​ត្រិះ​រិះ​ក្នុង​ចិត្ត​ដ៏​អាក្រក់ ប្រុង​ស្មារតី ដឹង​ខ្លួន មាន​ចិត្ត​មាំមួន មាន​ចិត្ត​មូល​នឹង​ធឹង​ក្នុង​អារម្មណ៍​តែ​មួយ សង្រួម​ឥន្ទ្រិយ ភិក្ខុ​នោះ ឈ្មោះ​ថា នៅ​ជិត​តថាគត​ដោយ​ពិត ទាំង​តថាគត ក៏​ឈ្មោះ​ថា នៅ​ជិត​ភិក្ខុ​នោះ​ដែរ។ ដំណើរ​នោះ ព្រោះ​ហេតុ​អ្វី។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ព្រោះ​ថា ភិក្ខុ​នោះ ឃើញ​ធម៌ កាល​បើ​ឃើញ​ធម៌​ហើយ ឈ្មោះ​ថា ឃើញ​តថាគត។

អ្នក​ចូរ​មើលចុះ ភិក្ខុ​ណា ដែល​ជា​អ្នក​ប្រាថ្នា​ធំ បៀត​បៀន​គេ លុះ​អំណាច​តណ្ហា​ជា​គ្រឿង​ញាប់​ញ័រ មាន​ចិត្ត​មិន​ត្រជាក់ ចំពាក់​នៅ (ក្នុង​កាម) បើ​ទុក​ជា​ភិក្ខុ​នោះ ជាប់​កៀក​នឹង​ព្រះ​ពុទ្ធ ដែល​មិន​មាន​តណ្ហា​ជា​គ្រឿង​ញាប់​ញ័រ មាន​ចិត្ត​ត្រជាក់ ឥត​ជាប់​ចំពាក់ ក៏​ឈ្មោះ​ថា នៅ​ឆ្ងាយ​ជាដរាប។ លុះ​តែ​ភិក្ខុ​ណា ជា​បណ្ឌិត បាន​ដឹង​ច្បាស់​នូវ​ធម៌ (ដោយ​ញាតបរិញ្ញា និង​តីរណបរិញ្ញា) ដឹង​ច្បាស់​នូវ​ចតុសច្ចធម៌ (ដោយ​មគ្គញ្ញាណ) មិន​មាន​តណ្ហា​ជា​គ្រឿង​ញាប់​ញ័រ ស្ងប់​រម្ងាប់ ដូច​ជា​អន្លង់​ទឹក ប្រាស​ចាក​ខ្យល់ មិន​កំរើក​មាន​ចិត្ត​ត្រជាក់ មិន​ជាប់​ចំពាក់ អ្នក​ចូរ​មើលចុះ ភិក្ខុ​នោះ ឈ្មោះ​ថា នៅ​ជិត​ព្រះ​ពុទ្ធ ដែល​មិន​មាន​តណ្ហា​ជា​គ្រឿង​ញាប់​ញ័រ មាន​ចិត្ត​ត្រជាក់ មិន​ជាប់​ចំពាក់​ក្នុង​កាម​ជាដរាប។

សូត្រ ទី ៣។

 

km/tipitaka/sut/kn/iti/sut.kn.iti.092.txt · ពេលកែចុងក្រោយ: 2023/06/12 15:00 និពន្ឋដោយ Johann