km:tipitaka:sut:kn:iti:sut.kn.iti.097

ព្រះត្រៃបិដក » សុត្តន្តបិដក » ខុទ្ទកនិកាយគ » ឥតិវុត្តកៈ » តិកនិបាត » បញ្ចមវគ្គ

កល្យាណសីលសូត្រ (៨.)

សង្ខេប

ភិក្ខុ​មាន​សីល​ជា​ទី​ស្រលាញ់។

sut kn iti 097 បាលី cs-km: sut.kn.iti.097 អដ្ឋកថា: sut.kn.iti.097_att PTS: ?

កល្យាណសីលសូត្រ ទី៨

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា វិឡា


ទ. ១២៦

(កល្យាណសីលសុត្តំ)

[៩៩] ម្នាល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុ​មាន​សីល​ល្អ មាន​ធម៌​ល្អ មាន​ប្រាជ្ញា​ល្អ បាន​ប្រព្រឹត្ត​មគ្គ​ព្រហ្មចរិយៈ​ចប់​សព្វ​គ្រប់​ហើយ ហៅ​ថា​ជា​បុរស​ដ៏​ខ្ពង់​ខ្ពស់ ក្នុង​ធម្មវិន័យ​នេះ​។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុ​មាន​សីល​ល្អ តើ​ដូច​ម្ដេច។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុ​ក្នុង​សាសនា​នេះ ជា​អ្នក​មាន​សីល បាន​សង្រួម​ដោយ​ការ​សង្រួម​ក្នុង​បាតិមោក្ខ បរិបូណ៌​ដោយ​អាចារ និង​គោចរៈ ឃើញ​ភ័យ​ក្នុង​ទោស​បន្តិច​បន្តួច សមាទាន​សិក្សា​ក្នុង​សិក្ខាបទ​ទាំង​ឡាយ ម្នាល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុ​មាន​សីល​ល្អ យ៉ាង​នេះ​ឯង។ ដូច​នេះ ហៅ​ថា ភិក្ខុ​មាន​សីល​ល្អ។ ភិក្ខុ​មាន​ធម៌​ល្អ តើ​ដូច​ម្ដេច។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុ​ក្នុង​សាសនា​នេះ ជា​អ្នក​ប្រកប​រឿយៗ នូវ​ការ​ចំរើន​នូវ​ពោធិបក្ខិយធម៌ ៣៧ ម្នាល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុ​មាន​ធម៌​ល្អ យ៉ាង​នេះ​ឯង។ ដូច​នេះ ហៅ​ថា ភិក្ខុ​មាន​សីល​ល្អ មាន​ធម៌​ល្អ។ ភិក្ខុ​មាន​ប្រាជ្ញា​ល្អ តើ​ដូច​ម្ដេច។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុ​ក្នុង​សាសនា​នេះ បាន​ធ្វើ​ឲ្យ​ជាក់​ច្បាស់ សម្រេច​ដោយ​ប្រាជ្ញា​ដ៏​ឧត្តម ដោយ​ខ្លួន​ឯង ក្នុង​បច្ចុប្បន្ន នូវ​ចេតោវិមុត្តិ និង​បញ្ញាវិមុត្តិ ដែល​មិន​មាន​អាសវៈ ព្រោះ​អស់​ទៅ​នៃ​អាសវៈ​ទាំង​ឡាយ ម្នាល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុ​មាន​ប្រាជ្ញា​ល្អ យ៉ាង​នេះ​ឯង។ ទ. ១២៧ភិក្ខុ​ដែល​មាន​សីល​ល្អ មាន​ធម៌​ល្អ មាន​ប្រាជ្ញា​ល្អ បាន​ប្រព្រឹត្ត​មគ្គ​ព្រហ្មចរិយៈ​ចប់​សព្វ​គ្រប់​ហើយ ហៅ​ថា ឧត្តមបុរស ក្នុងធម្មវិន័យ​នេះ ដូច​នេះ​។

ភិក្ខុ​ណា មិន​មានអំពើ​អាក្រក់ ដោយ​កាយ ដោយ​វាចា ដោយ​ចិត្ត អ្នក​ប្រាជ្ញ​ហៅ​ភិក្ខុ​នោះ ដែល​មាន​សេចក្ដី​ខ្មាស​បាប ថា​ជា​អ្នក​មាន​សីល​ល្អ ដោយ​ពិត។ ធម៌​ទាំង​ឡាយ ប្រព្រឹត្ត​ទៅ ដើម្បី​សម្រេច​សម្ពោធិញ្ញាណ ដែល​ភិក្ខុ​ណា​បាន​ចំរើន​ដោយ​ល្អ​ហើយ អ្នក​ប្រាជ្ញ​ហៅ​ភិក្ខុ​នោះ ដែល​មិន​មាន​កិលេស​ក្រាស់ ថា​ជា​អ្នក​មាន​ធម៌​ល្អ​ដោយ​ពិត។ ភិក្ខុ​ណា ដឹង​ច្បាស់​នូវ​ធម៌​ជា​គ្រឿង​អស់​ទៅ​នៃ​ទុក្ខ​របស់​ខ្លួន ក្នុង​លោក​នេះ អ្នក​ប្រាជ្ញ​ហៅ​ភិក្ខុ​នោះ ដែល​មិន​មាន​អាសវៈ ថា​ជា​អ្នក​មាន​ប្រាជ្ញា​ល្អ​ដោយ​ពិត អ្នក​ប្រាជ្ញ​ពោល​នូវ​ភិក្ខុ​ដែល​បរិបូណ៌​ដោយ​ធម៌​ទាំង​ឡាយ​នោះ ជា​អ្នក​មិន​មានទុក្ខ អស់​សេចក្ដី​សង្ស័យ លះ​បង់​នូវ​កិលេស​ទាំង​ពួង ថា​ជា​អ្នក​មិន​អាស្រ័យ​ដោយ​តណ្ហា និង​ទិដ្ឋិ ក្នុង​លោក​ទាំង​ពួង។

សូត្រ ទី ៨។

 

km/tipitaka/sut/kn/iti/sut.kn.iti.097.txt · ពេលកែចុងក្រោយ: 2023/03/17 10:15 និពន្ឋដោយ Johann