User Tools

Site Tools


Translations of this page?:
km:tipitaka:sut:kn:iti:sut.kn.iti.100

ព្រះត្រៃបិដក » សុត្តន្តបិដក » ខុទ្ទកនិកាយគ » ឥតិវុត្តកៈ » ចតុក្កនិបាត

ព្រាហ្មណធម្មយាគសូត្រ (១.)

sut.kn.iti.100 | book_053

(១. ព្រាហ្មណធម្មយាគសុត្តំ)

[១០២] ខ្ញុំ​បាន​ស្តាប់​មក​ថា ពាក្យ​នុ៎ះ ព្រះ​មាន​ព្រះ​ភាគ ទ្រង់​ត្រាស់​ហើយ ព្រះ​អរហន្ត​សំដែង​ហើយ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ តថាគត​ជា​ព្រាហ្មណ៍ គួរ​គេ​សូម​បាន មានដៃ​លាង​ស្អាត​គ្រប់​កាល ទ្រទ្រង់​នូវ​អត្តភាព​ជា​ទី​បំផុត ជា​ពេទ្យ​វះ​កាត់​យ៉ាង​ប្រសើរ អ្នក​ទាំង​ឡាយ ជា​បុត្ត ជា​ឱរស កើត​អំពី​មាត់​តថាគត កើត​អំពី​ធម៌ មាន​ធម៌​តាក់​តែង​ហើយ មាន​ធម៌​ជា​មត៌ក មិន​មាន​អាមិសៈ​ជា​មត៌ក​ឡើយ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ទាន​នេះ​មាន ២ គឺ​អាមិសទាន ១ ធម្មទាន ១ ម្នាល​ភិក្ខុ​ទាំង​ឡាយ បណ្តា​ទាន​ទាំង ២ នេះ ធម្មទាន​ប្រសើរ​ជាង។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ការ​ចែក​នេះ​មាន ២ គឺ​ការ​ចែក​អាមិសៈ ១ ការ​ចែក​ធម៌ ១ ម្នាល​ភិក្ខុ​ទាំង​ឡាយ បណ្តា​ការ​ចែក​ទាំង ២ នេះ ការ​ចែក​ធម៌​ប្រសើរ​ជាង។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ការ​អនុគ្រោះ​នេះ មាន ២ គឺ​ការ​អនុគ្រោះ​ដោយ​អាមិសៈ ១ ការ​អនុគ្រោះ​ដោយ​ធម៌ ១ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ បណ្តា​ការ​អនុគ្រោះ ទាំង ២ នេះ ការ​អនុគ្រោះ​ដោយ​ធម៌ ប្រសើរ​ជាង។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ការ​បូជា​នេះ មាន ២ គឺ​ការ​បូជា​ដោយ​អាមិស ១ ការ​បូជា​ដោយ​ធម៌ ១ ម្នាល​ភិក្ខុ​ទាំង​ឡាយ បណ្តា​ការ​បូជា​ទាំង ២ នេះ ការ​បូជា​ដោយ​ធម៌ ប្រសើរ​ជាង។

លុះ​ព្រះ​មាន​ព្រះ​ភាគ ទ្រង់​សំដែង​សេចក្តី​នុ៎ះ​ហើយ។ ទ្រង់​ត្រាស់​គាថា​ព័ន្ធ​នេះ ក្នុង​សូត្រ​នោះ​ថា ទ. ១៣៤

ព្រះ​តថាគត​អង្គ​ណា មិន​មាន​ព្រះ​ទ័យ​កំណាញ់ មាន​ការ​អនុគ្រោះ​ដល់​សព្វ​សត្វ បាន​ប្រោស​ប្រទាន​ធម៌ សត្វ​ទាំង​ឡាយ តែង​នមស្ការ​ព្រះ​តថាគត​នោះ ប្រាកដ​ដូ​ច្នោះ ព្រះ​អង្គ​ប្រសើរ​ជាង​ទេវតា និង​មនុស្ស ទ្រង់​ដល់​នូវ​ត្រើយ​នៃ​ភព។

ខ្ញុំ​បាន​ស្តាប់​មក​ហើយ​ថា សេចក្តី​នេះ​ឯង ព្រះ​មាន​ព្រះ​ភាគ ទ្រង់​ត្រាស់​ទុក​ហើយ។

សូត្រ ទី ១។

 

km/tipitaka/sut/kn/iti/sut.kn.iti.100.txt · ពេលកែចុងក្រោយ: 2019/01/30 13:22 និពន្ឋដោយ Johann