km:tipitaka:sut:kn:iti:sut.kn.iti.103

ព្រះត្រៃបិដក » សុត្តន្តបិដក » ខុទ្ទកនិកាយគ » ឥតិវុត្តកៈ » ចតុក្កនិបាត

សមណព្រាហ្មណសូត្រ (៤.)

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

sut kn iti 103 បាលី cs-km: sut.kn.iti.103 អដ្ឋកថា: sut.kn.iti.103_att PTS: ?

សមណព្រាហ្មណសូត្រ ទី៤

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)


ទ. ១៣៧

(៤. សមណព្រាហ្មណសុត្តំ)

[១០៥] ម្នាល​ភិក្ខុ​ទាំង​ឡាយ ពួក​សមណៈ ឬ​ព្រាហ្មណ៍​ណាមួយ មិន​ដឹង​ច្បាស់​តាម​ពិត​ថា នេះ​ជា​ទុក្ខ មិន​ដឹង​ច្បាស់​តាម​ពិត​ថា នេះ​ជា​ហេតុ​នាំ​ឲ្យ​កើតទុក្ខ មិន​ដឹង​ច្បាស់​តាម​ពិត​ថា នេះ​ជា​ទី​រលត់​ទុក្ខ មិន​ដឹង​ច្បាស់​តាម​ពិត​ថា នេះ​ជា​បដិបទា ប្រព្រឹត្ត​ទៅ​កាន់​ទី​រលត់​ទុក្ខ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ សមណៈ ឬ​ព្រាហ្មណ៍​ទាំង​នោះ តថាគត​មិន​សន្មត​ថា ជា​សមណៈ ក្នុង​ពួក​សមណៈ មិន​សន្មត​ថា​ជា​ព្រាហ្មណ៍ ក្នុង​ពួក​ព្រាហ្មណ៍​ឡើយ មួយ​ទៀត លោក​ដ៏​មាន​អាយុ​ទាំង​នោះ រមែង​មិន​ធ្វើ​ឲ្យ​ជាក់​ច្បាស់ សម្រេច​ដោយ​ប្រាជ្ញា​ដ៏​ឧត្តម​ដោយ​ខ្លួន​ឯង ក្នុង​បច្ចុប្បន្ន នូវ​សាមញ្ញ​ប្រយោជន៍ គឺ​អរិយមគ្គ ៤ និង​ព្រហ្មញ្ញ​ប្រយោជន៍ គឺ​អរិយផល ៤ បាន​ឡើយ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ លុះ​តែ​ពួក​សមណៈ ឬ​ព្រាហ្មណ៍​ណាមួយ ដឹង​ច្បាស់​តាម​ពិត​ថា នេះ​ជា​ទុក្ខ ដឹង​ច្បាស់​តាម​ពិត​ថា នេះ​ជា​ហេតុ​នាំ​ឲ្យ​កើតទុក្ខ ដឹង​ច្បាស់​តាម​ពិត​ថា នេះ​ជា​ទី​រលត់​ទុក្ខ ដឹង​ច្បាស់​តាម​ពិត​ថា នេះ​ជា​បដិបទា ប្រព្រឹត្ត​ទៅ​កាន់​ទី​រលត់​ទុក្ខ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ សមណៈ ឬ​ព្រាហ្មណ៍​ទាំង​នោះ ទើប​តថាគត​សន្មត​ថា​ជា​សមណៈ ក្នុង​ពួក​សមណៈ សន្មត​ថា​ជា​ព្រាហ្មណ៍ ក្នុង​ពួក​ព្រាហ្មណ៍​បាន មួយ​វិញទៀត លោក​ដ៏​មាន​អាយុ​ទាំង​នោះ រមែង​ធ្វើ​ឲ្យ​ជាក់​ច្បាស់ សម្រេច​ដោយ​ប្រាជ្ញា​ដ៏​ឧត្តម​ដោយ​ខ្លួន​ឯង ក្នុង​បច្ចុប្បន្ន នូវ​សាមញ្ញ​ប្រយោជន៍ និង​ព្រហ្មញ្ញប្រយោជន៍​បាន។ ទ. ១៣៨

ពួក​បុគ្គល​ណា មិន​ដឹង​ច្បាស់​នូវ​ទុក្ខ​ផង នូវ​ហេតុ​នាំឲ្យ​កើត​ទុក្ខ​ផង នូវ​ទី​រលត់​ទុក្ខ សព្វ​គ្រប់ ឥតមាន​សេស​សល់​ផង មិន​ដឹង​ច្បាស់​នូវ​ផ្លូវ​ប្រព្រឹត្ត​ទៅ​កាន់​ទី​ស្ងប់​រម្ងាប់​ទុក្ខ​នោះ​ផង ពួក​បុគ្គល​នោះ រមែង​សាបសូន្យ ចាក​ចេតោវិមុត្តិ និង​បញ្ញាវិមុត្តិ ពួក​បុគ្គល​នោះ មិន​គួរ​ធ្វើ​នូវ​ទី​បំផុត​នៃ​ទុក្ខ​បាន​ឡើយ ពួក​បុគ្គល​នោះ ចូល​ទៅ​កាន់​ជាតិ និង​ជរា​ដោយ​ពិត។ លុះ​តែ​ពួក​បុគ្គល​ណា ដឹង​ច្បាស់​នូវ​ទុក្ខ​ផង នូវ​ហេតុ​នាំឲ្យ​កើត​ទុក្ខ​ផង នូវ​ទី​រលត់​ទុក្ខ​សព្វ​គ្រប់ ឥតមាន​សេស​សល់​ផង ដឹង​ច្បាស់​នូវ​ផ្លូវ​ប្រព្រឹត្ត​ទៅ​កាន់​ទី​ស្ងប់​រម្ងាប់​ទុក្ខ​នោះ​ផង ទើប​បរិបូណ៌​ដោយ​ចេតោវិមុត្តិ និង​បញ្ញាវិមុត្តិ ពួក​បុគ្គល​នោះ គួរ​ធ្វើ​នូវ​ទី​បំផុត​នៃ​ទុក្ខ​បាន ពួក​បុគ្គល​នោះ មិន​ចូល​ទៅ​កាន់​ជាតិ និង​ជរា​ឡើយ។

សូត្រ ទី ៤។

 

km/tipitaka/sut/kn/iti/sut.kn.iti.103.txt · ពេលកែចុងក្រោយ: 2023/03/17 10:15 និពន្ឋដោយ Johann