km:tipitaka:sut:kn:iti:sut.kn.iti.104

ព្រះត្រៃបិដក » សុត្តន្តបិដក » ខុទ្ទកនិកាយគ » ឥតិវុត្តកៈ » ចតុក្កនិបាត

សីលសម្បន្នសូត្រ (៥.)

សង្ខេប

បុគ្គល​ដែល​បរិបូណ៌​ដោយ​សីល​សម្បត្តិ គ្រប់​យ៉ាង​គួរ​ជា​អ្នក​ទូន្មាន ឬបង្ហាត់​អ្នក​ដទៃ​បាន ព្រោះ​បាន​ចេញ​ចាក​ទុក្ខ​ហើយ ឆ្លង​ដល់​ត្រើយ គឺ​​ព្រះ​និព្វាន។

sut kn iti 104 បាលី cs-km: sut.kn.iti.104 អដ្ឋកថា: sut.kn.iti.104_att PTS: ?

សីលសម្បន្នសូត្រ ទី៥

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា វិឡា

(៥. សីលសម្បន្នសុត្តំ)

[១០៦] ម្នាល​ភិក្ខុ​ទាំង​ឡាយ ពួក​ភិក្ខុ​ណា បរិបូណ៌​ដោយ​សីល បរិបូណ៌​ដោយ​សមាធិ បរិបូណ៌​ដោយ​បញ្ញា បរិបូណ៌​ដោយ​វិមុត្តិ បរិបូណ៌​ដោយ​វិមុត្តិញ្ញាណទស្សនៈ ជា​អ្នក​ទូន្មាន ពន្យល់​ឲ្យដឹង សំដែង​បញ្ជាក់​ឲ្យ​ឃើញ​ងាយ ណែនាំ ធ្វើ​ឲ្យ​អង់​អាច ធ្វើ​ឲ្យ​រីករាយ (ក្នុង​កុសល​ធម៌) អាច​សំដែង​នូវ​ព្រះ​សទ្ធម្ម​បាន។ ទ. ១៣៩ម្នាល​ភិក្ខុ​ទាំង​ឡាយ តថាគត ពោល​នូវ​ការ​ជួប​ប្រទះ​នូវ​ភិក្ខុ​ទាំង​នោះ​ថា មាន​ឧបការៈ​ច្រើន​ផង ម្នាល​ភិក្ខុ​ទាំង​ឡាយ តថាគត ពោល​នូវ​ការ​ស្តាប់ នូវ​ភិក្ខុ​ទាំង​នោះ​ថា មាន​ឧបការៈ​ច្រើន​ផង ម្នាល​ភិក្ខុ​ទាំង​ឡាយ តថាគត ពោល​នូវ​ការ​ចូល​ទៅ​រក​ភិក្ខុ​ទាំង​នោះ​ថា មាន​ឧបការៈ​ច្រើន​ផង ម្នាល​ភិក្ខុ​ទាំង​ឡាយ តថាគត ពោល​នូវ​ការ​ចូល​ទៅ​អង្គុយ​ជិត​ភិក្ខុ​ទាំង​នោះ ថា​មាន​ឧបការៈ​ច្រើន​ផង ម្នាល​ភិក្ខុ​ទាំង​ឡាយ តថាគត ពោល​នូវ​ការ​រលឹក​នូវ​ភិក្ខុ​ទាំង​នោះ​ថា មាន​ឧបការៈ​ច្រើន​ផង ម្នាល​ភិក្ខុ​ទាំង​ឡាយ តថាគត ពោល​នូវ​ការ​បួស​កាម​ភិក្ខុ​ទាំង​នោះ ថា​មាន​ឧបការៈ​ច្រើន​ផង។ ដំណើរ​នោះ ព្រោះ​ហេតុ​អ្វី។ ម្នាល​ភិក្ខុ​ទាំង​ឡាយ កាល​បើ​បុគ្គល​សេព​គប់ ចូល​ទៅ​អង្គុយ​ជិត​ពួក​ភិក្ខុ​បែប​នោះ​ហើយ សីលក្ខន្ធ​ដែល​មិន​ទាន់​បរិបូណ៌ រមែង​ដល់​នូវ​ការ​បរិបូណ៌​ដោយ​ភាវនា​ផង សមាធិក្ខន្ធ ដែល​មិន​ទាន់​បរិបូណ៌ រមែង​ដល់​នូវ​ការ​បរិបូណ៌​ដោយ​ភាវនា​ផង បញ្ញាក្ខន្ធ ដែល​មិន​ទាន់​បរិបូណ៌ រមែង​ដល់​នូវ​ការ​បរិបូណ៌​ដោយ​ភាវនា​ផង វិមុត្តិក្ខន្ធ ដែល​មិន​ទាន់​បរិបូណ៌ រមែង​ដល់​នូវ​ការ​បរិបូណ៌​ដោយ​ភាវនា​ផង វិមុត្តិញ្ញាណទស្សនក្ខន្ធ ដែល​មិន​ទាន់​បរិបូណ៌ រមែង​ដល់​នូវ​ការ​បរិបូណ៌​ដោយ​ភាវនា​ផង។ ទ. ១៤០ម្នាល​ភិក្ខុ​ទាំង​ឡាយ ពួក​ភិក្ខុ​បែប​នោះ ហៅ​ថា សាស្តា​ក៏​បាន ហៅ​ថា អ្នក​នាំ​ទៅ​នូវ​ពួក​ក៏បាន ហៅ​ថា អ្នក​លះ​បង់​សត្រូវ ក៏បាន ហៅ​ថា អ្នក​បន្ទោបង់​ងងឹត​ក៏បាន ហៅ​ថា អ្នក​ធ្វើ​ពន្លឺ​ក៏បាន ហៅ​ថា អ្នក​ធ្វើ​ឲ្យ​ភ្លឺ​ស្វាង​ក៏បាន ហៅ​ថា អ្នក​ធ្វើ​ប្រទីប​ក៏បាន ហៅ​ថា អ្នក​ធ្វើ​រស្មីក៏​បាន ហៅ​ថា អ្នក​ទ្រោល​បំភ្លឺ​ដោយ​គប់​ភ្លើង​ក៏បាន ហៅ​ថា អរិយៈ​ក៏បាន ហៅ​ថា អ្នក​មាន​ចក្ខុ​ក៏​បាន​។

ការដែល​បាន​ជួបប្រទះ​ជា​ដើម នូវ​ពួក​អរិយៈ ជា​អ្នក​ដឹង​ច្បាស់ បាន​ចំរើន​ចិត្ត ចិញ្ចឹម​ជីវិត​តាម​ធម៌​នុ៎ះ​ឯង ជា​ហេតុ​ធ្វើ​ឲ្យ​មាន​បាមោជ្ជៈ។ ពួក​អរិយៈ​នោះ តែង​បំភ្លឺ សំដែង​នូវ​ព្រះ​សទ្ធម្ម អ្នក​ធ្វើ​រស្មី ធ្វើ​ពន្លឺ អ្នក​មាន​ប្រាជ្ញា មាន​ចក្ខុ លះ​បង់​នូវ​សឹក​សត្រូវ គឺ​កិលេស។ ពួក​អ្នក​ប្រាជ្ញ បាន​ស្តាប់​នូវ​ពាក្យ​ប្រដៅ​របស់​ពួក​អរិយៈ​ទាំង​នោះ​ហើយ រមែង​ដឹង​ច្បាស់​ដោយ​ប្រពៃ ស្គាល់​ច្បាស់​នូវ​ធម៌​ជា​គ្រឿង​អស់​ទៅ​នៃ​ជាតិ ហើយ​មិន​ត្រឡប់​មក​កាន់​ភព​ថ្មី​ទៀត​ឡើយ។

សូត្រ ទី ៥។

 

km/tipitaka/sut/kn/iti/sut.kn.iti.104.txt · ពេលកែចុងក្រោយ: 2023/03/17 10:15 និពន្ឋដោយ Johann