km:tipitaka:sut:kn:iti:sut.kn.iti.107

ព្រះត្រៃបិដក » សុត្តន្តបិដក » ខុទ្ទកនិកាយគ » ឥតិវុត្តកៈ » ចតុក្កនិបាត

ពហុការសូត្រ (៨.)

សង្ខេប

អន្តរកម្មរវាងបុព្វជិក និងគ្រហស្ថ។

sut kn iti 107 បាលី cs-km: sut.kn.iti.107 អដ្ឋកថា: sut.kn.iti.107_att PTS: ?

ពហុការសូត្រ ទី៨

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា វិឡា


ទ. ១៤៣

(៨. ពហុការសុត្តំ)

[១០៩] ម្នាល​ភិក្ខុ​ទាំង​ឡាយ ពួក​ព្រាហ្មណ៍ និងគហបតី​ណា បាន​ទំនុក​បំរុង​អ្នក​ទាំង​ឡាយ ដោយ​ចីវរ បិណ្ឌបាត សេនាសនៈ និង​គិលានប្បច្ចយ​ភេសជ្ជបរិក្ខារ ព្រាហ្មណ៍ និង​គហបតី​ទាំង​នោះ ឈ្មោះ​ថា មាន​ឧបការៈ​ច្រើន ដល់​អ្នក​ទាំង​ឡាយ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ឯ​អ្នក​ទាំង​ឡាយ ក៏​ឈ្មោះ​ថា​មាន​ឧបការៈ​ច្រើន ដល់​ពួក​ព្រាហ្មណ៍ និងគហបតី​ដែរ ព្រោះ​អ្នក​ទាំង​ឡាយ សំដែងធម៌ មាន​លំអ​បទ​ដើម លំអ​បទ​កណ្តាល លំអ​បទ​ចុង ប្រកាស​នូវ​ព្រហ្មចរិយធម៌ ព្រម​ទាំង​អត្ថ និង​ព្យព្ជានៈ​ដ៏​បរិបូណ៌ បរិសុទ្ធ​ទាំង​អស់​។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ព្រហ្មចរិយធម៌​នេះ ដែល​បុគ្គល​ប្រព្រឹត្ត ដើម្បី​ប្រយោជន៍​រើចេញ​ចាក​ឱឃៈ និង​ធ្វើ​ឲ្យ​ផុត​ទុក្ខ​ដោយ​ប្រពៃ​បាន ក៏​ព្រោះ​តែ​អាស្រ័យ​គ្នា​ទៅ​វិញ​ទៅមក យ៉ាង​នេះ​ឯង។

ពួក​គ្រហស្ថ និង​បព្វជិត​ទាំង​ពីរ​ពួក អាស្រ័យ​គ្នា​ទៅវិញ​ទៅមក ទើប​ញុាំង​​ព្រះ​សទ្ធម្ម ដែល​ជា​ទី​ក្សេម​ចាក​យោគៈ​ដ៏​ប្រសើរ ឲ្យ​សម្រេច​បាន ឯពួក​បព្វជិត តែង​ទទួល​ចីវរប្បច្ច័យ បិណ្ឌបាតប្បច្ច័យ សេនាសនប្បច្ច័យ និង​ភេសជ្ជប្បច្ច័យ ជា​គ្រឿង​បន្ទោបង់​សេចក្តី​អន្តរាយ អំពី​ពួក​គ្រហស្ថ។ ទ. ១៤៤ឯពួក​គ្រហស្ថ អ្នក​ស្វែង​រក​ប្រយោជន៍​ក្នុងផ្ទះ បាន​អាស្រ័យ​សង្ឃ​ជា​សាវ័ក​នៃ​ព្រះ​សុគត​ហើយ ជឿ (សេចក្តី​ប្រតិបត្តិ និង​ពាក្យ) របស់​ព្រះ​អរហន្ត​ទាំង​ឡាយ ដោយ​ប្រាជ្ញា​ដ៏​ប្រសើរ ជា​អ្នក​ពិនិត្យ បាន​ប្រព្រឹត្ត​ធម៌ ក្នុង​សាសនា​នេះ ដែល​ជា​ផ្លូវ​ប្រព្រឹត្ត​ទៅ​កាន់​សុគតិ រមែង​ជា​អ្នក​មាន​អំណរ រីករាយ​ក្នុង​ទេវលោក បាន​សម្រេច​តាម​សេចក្តី​ប្រាថ្នា។

សូត្រ ទី ៨។

 

km/tipitaka/sut/kn/iti/sut.kn.iti.107.txt · ពេលកែចុងក្រោយ: 2024/03/20 15:34 និពន្ឋដោយ Cheav Villa