User Tools

Site Tools


Translations of this page?:
km:tipitaka:sut:kn:iti:sut.kn.iti.110

ព្រះត្រៃបិដក » សុត្តន្តបិដក » ខុទ្ទកនិកាយគ » ឥតិវុត្តកៈ » ចតុក្កនិបាត

ចរសូត្រ (១១.)

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

sut kn iti 110 បាលី cs-km: sut.kn.iti.110 អដ្ឋកថា: sut.kn.iti.110_att PTS: ?

ចរសូត្រ ទី១១

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(១១. ចរសុត្តំ)

[១១២] ម្នាល​ភិក្ខុ​ទាំង​ឡាយ កាល​បើ​ភិក្ខុ​កំពុង​ដើរ​ទៅ បើ​មាន​កាមវិតក្កៈ​ក្ដី ព្យាបាទ​វិតក្កៈ​ក្ដី វិហឹសា​វិតក្កៈ​ក្ដី កើត​ឡើង បើ​ភិក្ខុ​ទទួល​នូវ​វិតក្កៈ​នោះ មិន​លះ​បង់ មិន​បន្ទោបង់ មិន​ធ្វើ​ឲ្យ​វិនាស មិន​ធ្វើ​ឲ្យ​ដល់​នូវ​ការ​សាបសូន្យ​ទេ ម្នាល​ភិក្ខុ​ទាំង​ឡាយ ទុកជា​ភិក្ខុ​កំពុង​ដើរ​ក៏​ដោយ តែ​មាន​សភាព​យ៉ាង​នេះ​ហើយ ហៅ​ថា ជា​អ្នក​មិន​មាន​ព្យាយាម​ដុត​កំដៅ​កិលេស មិន​ជា​អ្នក​ក្ដៅ​នឹង​បាប ជា​អ្នក​ខ្ជិលច្រអូស​ជានិច្ចកាល មិន​មាន​ព្យាយាម។ ម្នាល​ភិក្ខុ​ទាំង​ឡាយ កាល​ភិក្ខុ​កំពុង​ឈរ បើ​មាន​កាមវិតក្កៈ​ក្ដី ព្យាបាទ​វិតក្កៈ​ក្ដី វិហឹសា​វិតក្កៈ​ក្ដី កើត​ឡើង បើ​ភិក្ខុ​ទទួល​នូវ​វិតក្កៈ​នោះ មិន​លះ​បង់ មិនបន្ទោបង់ មិន​ធ្វើ​ឲ្យ​វិនាស មិន​ធ្វើ​ឲ្យ​ដល់​នូវ​ការ​សាបសូន្យ​ទេ ម្នាល​ភិក្ខុ​ទាំង​ឡាយ ទុកជា​ភិក្ខុ​កំពុង​ឈរ​ក៏ដោយ តែ​មាន​សភាព​យ៉ាង​នេះ​ហើយ ហៅ​ថា ជា​អ្នក​មិន​មាន​ព្យាយាម​ដុត​កំដៅ​កិលេស មិន​ជា​អ្នក​ក្ដៅ​នឹង​បាប ជា​អ្នក​ខ្ជិលច្រអូស​ជានិច្ចកាល មិន​មាន​ព្យាយាម។ ទ. ១៤៨ម្នាល​ភិក្ខុ​ទាំង​ឡាយ កាល​ភិក្ខុ​កំពុង​អង្គុយ បើ​មាន​កាមវិតក្កៈ​ក្ដី ព្យាបាទ​វិតក្កៈ​ក្ដី វិហឹសា​វិតក្កៈ​ក្ដី កើត​ឡើង បើ​ភិក្ខុ​ទទួល​នូវ​វិតក្កៈ​នោះ មិន​លះ​បង់ មិន​បន្ទោបង់ មិន​ធ្វើ​ឲ្យ​វិនាស មិន​ធ្វើ​ឲ្យ​ដល់​នូវ​ការ​សាបសូន្យ​ទេ ម្នាល​ភិក្ខុ​ទាំង​ឡាយ ទុកជា​ភិក្ខុ​កំពុង​អង្គុយ​ក៏ដោយ តែ​មាន​សភាព​យ៉ាង​នេះ​ហើយ ហៅ​ថា ជា​អ្នក​មិន​មាន​ព្យាយាម​ដុត​កំដៅ​កិលេស មិន​ជា​អ្នក​ក្ដៅ​នឹង​បាប ជា​អ្នក​ខ្ជិលច្រអូស​ជានិច្ចកាល មិន​មាន​ព្យាយាម។ ម្នាល​ភិក្ខុ​ទាំង​ឡាយ កាល​ភិក្ខុ​កំពុង​ដេក កំពុង​ភ្ញាក់ (ដឹង​ខ្លួន) បើ​មាន​កាមវិតក្កៈ​ក្ដី ព្យាបាទ​វិតក្កៈ​ក្ដី វិហឹសា​វិតក្កៈ​ក្ដី កើត​ឡើង បើ​ភិក្ខុ​ទទួល​នូវ​វិតក្កៈ​នោះ មិន​លះ​បង់ មិន​បន្ទោបង់ មិន​ធ្វើ​ឲ្យ​វិនាស មិន​ធ្វើ​ឲ្យ​ដល់​នូវ​ការ​សាបសូន្យ​ទេ ម្នាល​ភិក្ខុ​ទាំង​ឡាយ ទុកជា​ភិក្ខុ​កំពុង​ដេក ភ្ញាក់ ក៏ដោយ តែ​មាន​សភាព​យ៉ាង​នេះ​ហើយ ហៅ​ថា ជា​អ្នក​មិន​មាន​ព្យាយាម​ដុត​កំដៅ​កិលេស មិន​ជា​អ្នក​ក្ដៅ​នឹង​បាប ជា​អ្នក​ខ្ជិលច្រអូស​ជានិច្ចកាល មិន​មាន​ព្យាយាម។

[១១៣] ម្នាល​ភិក្ខុ​ទាំង​ឡាយ កាល​ភិក្ខុ​កំពុង​ដើរ​ទៅ បើ​មាន​កាមវិតក្កៈ​ក្ដី ព្យាបាទវិតក្កៈ​ក្ដី វិហឹសា​វិតក្កៈ​ក្ដី កើត​ឡើង​ហើយ បើ​ភិក្ខុ​មិន​ទទួល​នូវ​វិតក្កៈ​នោះ​ទេ បាន​លះ​បង់ បន្ទោបង់ ធ្វើ​ឲ្យ​វិនាស ធ្វើ​ឲ្យ​ដល់​នូវ​ការ​សាបសូន្យ​ហើយ ម្នាល​ភិក្ខុ​ទាំង​ឡាយ ទុកជា​ភិក្ខុ​កំពុង​ដើរទៅ​ក៏ដោយ ទ. ១៤៩តែ​មាន​សភាព​យ៉ាង​នេះ​ហើយ ហៅ​ថា ជា​អ្នក​មាន​ព្យាយាម​ដុត​កំដៅ​កិលេស ជា​អ្នក​ក្ដៅ​នឹង​បាប ជា​អ្នក​ប្រារព្ធ​ព្យាយាម​ជានិច្ចកាល មាន​ចិត្ត​ស្លុង​ទៅ​កាន់​ព្រះ​និព្វាន។ ម្នាល​ភិក្ខុ​ទាំង​ឡាយ កាល​ភិក្ខុ​កំពុង​ឈរ បើ​មាន​កាម​វិតក្កៈ​ក្ដី ព្យាបាទ​វិតក្កៈ​ក្ដី វិហឹសា​វិតក្កៈ​ក្ដី កើត​ឡើង​ហើយ បើ​ភិក្ខុ​មិន​ទទួល​នូវ​វិតក្កៈ​នោះ​ទេ បាន​លះ​បង់ បន្ទោបង់ ធ្វើ​ឲ្យ​វិនាស ធ្វើ​ឲ្យ​ដល់​នូវ​ការ​សាបសូន្យ​ហើយ ម្នាល​ភិក្ខុ​ទាំង​ឡាយ ទុកជា​ភិក្ខុ​កំពុង​ឈរ​ក៏​ដោយ តែ​មាន​សភាព​យ៉ាង​នេះ​ហើយ ហៅ​ថា ជា​អ្នក​មាន​ព្យាយាម​ដុត​កំដៅ​កិលេស ជា​អ្នក​ក្ដៅ​នឹង​បាប ជា​អ្នក​ប្រារព្ធ​ព្យាយាម​ជានិច្ចកាល មាន​ចិត្ត​ស្លុង​ទៅ​កាន់​ព្រះ​និព្វាន។ ម្នាល​ភិក្ខុ​ទាំង​ឡាយ កាល​ភិក្ខុ​កំពុង​អង្គុយ បើ​មាន​កាមវិតក្កៈ​ក្ដី ព្យាបាទ​វិតក្កៈ​ក្ដី វិហឹសា​វិតក្កៈ​ក្ដី កើត​ឡើង ម្នាល​ភិក្ខុ​ទាំង​ឡាយ បើ​ភិក្ខុ​មិន​ទទួល​នូវ​វិតក្កៈ​នោះ​ទេ បាន​លះ​បង់ បន្ទោបង់ ធ្វើ​ឲ្យ​វិនាស ធ្វើ​ឲ្យ​ដល់​នូវ​ការ​សាប​សូន្យ​ហើយ ទ. ១៥០ម្នាល​ភិក្ខុ​ទាំង​ឡាយ ទុក​ជា​ភិក្ខុ​កំពុង​អង្គុយ​ក៏ដោយ តែ​មាន​សភាព​យ៉ាង​នេះ​ហើយ ហៅ​ថា ជា​អ្នក​មាន​ព្យាយាម​ដុត​កំដៅ​កិលេស ជា​អ្នក​ក្ដៅ​នឹង​បាប ជា​អ្នក​ប្រារព្ធ​ព្យាយាម​ជានិច្ច​កាល មាន​ចិត្ត​ស្លុង​ទៅ​កាន់​ព្រះ​និព្វាន។ ម្នាល​ភិក្ខុ​ទាំង​ឡាយ កាល​ភិក្ខុ​កំពុង​ដេក ភ្ញាក់ បើ​មាន​កាមវិតក្កៈ​ក្ដី ព្យាបាទ​វិតក្កៈ​ក្ដី វិហឹសា​វិតក្កៈ​ក្ដី កើត​ឡើង​ហើយ បើ​ភិក្ខុ​មិន​ទទួល​នូវ​វិតក្កៈ​នោះ​ទេ បាន​លះ​បង់ បន្ទោបង់ ​ធ្វើ​ឲ្យ​វិនាស ធ្វើ​ឲ្យ​ដល់​នូវ​ការ​សាបសូន្យ​ហើយ ម្នាល​ភិក្ខុ​ទាំង​ឡាយ ទុកជា​ភិក្ខុ​កំពុង​ដេក កំពុង​ភ្ញាក់​ក៏​ដោយ តែ​មាន​សភាព​យ៉ាង​នេះ​ហើយ ហៅ​ថា ជា​អ្នក​មាន​ព្យាយាម​ដុត​កំដៅ​កិលេស ជា​អ្នក​ក្ដៅ​នឹង​បាប ជា​អ្នក​ប្រារព្ធ​ព្យាយាម​ជានិច្ចកាល មាន​ចិត្ត​ស្លុង​ទៅ​កាន់​ព្រះ​និព្វាន។

ភិក្ខុ​ណា កំពុងដើរក្តី ឈរ​ក្តី អង្គុយ​ក្តី ដេក​ក្តី ត្រិះ​រិះ​នូវ​វិតក្កៈ​ដ៏​លាមក ដែល​អាស្រ័យ​នូវ​ផ្ទះ គឺ​តណ្ហា ភិក្ខុ​បែប​នោះ​ឯង​ហៅ​ថា ដើរ​ទៅ​រក​ផ្លូវខុស ជ្រប់​នៅក្នុង (អារម្មណ៍ មាន​រូប​ជា​ដើម) ជា​ទី​តាំង​នៃ​សេចក្តី​ប្រព្រឹត្ត​ទៅ​នៃ​មោហៈ មិន​គួរ​បាន​នូវ​សម្ពោធិញ្ញាណ​ដ៏​ឧត្តម​ឡើយ។ ភិក្ខុ​ណា កំពុង​ដើរ​ក្តី ឈរ​ក្តី អង្គុយ​ក្តី ដេក​ក្តី បាន​ញុាំង​​អកុសល​វិតក្កៈ​ឲ្យ​ស្ងប់​រម្ងាប់ ត្រេកអរ​ក្នុង​កិរិយា​រម្ងាប់​នូវ​វិតក្កៈ ភិក្ខុ​បែប​នោះ​ឯង គួរ​បាន​នូវ​សម្ពោធិញ្ញាណ​ដ៏​ឧត្តម។

សូត្រ ទី ១១។

 

km/tipitaka/sut/kn/iti/sut.kn.iti.110.txt · ពេលកែចុងក្រោយ: 2023/03/17 10:15 និពន្ឋដោយ Johann