km:tipitaka:sut:kn:iti:sut.kn.iti.111

ព្រះត្រៃបិដក » សុត្តន្តបិដក » ខុទ្ទកនិកាយគ » ឥតិវុត្តកៈ » ចតុក្កនិបាត

សម្បន្នសីលសូត្រ (១២.)

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

sut kn iti 111 បាលី cs-km: sut.kn.iti.111 អដ្ឋកថា: sut.kn.iti.111_att PTS: ?

សម្បន្នសីលសូត្រ ទី១២

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(១២. សម្បន្នសីលសុត្តំ)

[១១៤] ម្នាល​ភិក្ខុ​ទាំង​ឡាយ អ្នក​ទាំង​ឡាយ ចូរ​ជា​បុគ្គល​បរិបូណ៌​ដោយ​សីល បរិបូណ៌​ដោយ​បាតិមោក្ខ សង្រួម​ដោយ​ការ​សង្រួម​ក្នុង​បាតិមោក្ខ បរិបូណ៌​ដោយ​អាចារៈ និង​គោចរៈ ឃើញ​ភ័យ​ក្នុង​ទោស​ទាំង​ឡាយ សូម្បី​បន្តិចបន្តួច សមាទាន​សិក្សា ក្នុង​សិក្ខាបទ​ទាំង​ឡាយ។ ទ. ១៥០ម្នាល​ភិក្ខុ​ទាំង​ឡាយ កាល​បើ​អ្នក​ទាំង​ឡាយ ជា​បុគ្គល​បរិបូណ៌​ដោយ​សីល បរិបូណ៌​ដោយ​បាតិមោក្ខ សង្រួម​ដោយ​ការ​សង្រួម​ក្នុង​បាតិមោក្ខ បរិបូណ៌​ដោយ​អាចារៈ និង​គោចរៈ ឃើញ​ភ័យ​ក្នុង​ទោស​ទាំង​ឡាយ សូម្បី​បន្តិចបន្តួច សមាទាន​សិក្សា ក្នុង​សិក្ខាបទ​ទាំង​ឡាយ​ហើយ ម្នាល​ភិក្ខុ​ទាំង​ឡាយ អ្នក​ទាំង​ឡាយ គួរ​ធ្វើ​ដូចម្តេច​តទៅទៀត ម្នាល​ភិក្ខុ​ទាំង​ឡាយ កាល​ភិក្ខុ​កំពុង​ដើរ​ទៅ​ក្តី បើ​ប្រាស​ចាក​អភិជ្ឈា ប្រាស​ចាក​ព្យាបាទ ប្រាស​ចាក​ថីនមិទ្ធៈ ប្រាស​ចាក​ឧទ្ធច្ចកុក្កុច្ចៈ លះ​បង់​វិចិកិច្ឆា ប្រារព្ធ​ព្យាយាម​មិន​ធូរ​ថយ ប្រុង​ស្មារតី​មិន​ភ្លេចភ្លាំង មាន​កាយ​ស្ងប់​រម្ងាប់ មិន​ក្រវល់​ក្រវាយ មាន​ចិត្ត​តាំង​មាំ មូល​នឹង​នួន​ក្នុង​អារម្មណ៍​តែ ១ ហើយ ម្នាល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុ​បើ​ទុកជា​កំពុង​ដើរ​ទៅ តែ​មាន​សភាព​យ៉ាង​នេះ​ហើយ ហៅ​ថា ជា​អ្នក​មាន​ព្យាយាម ដុត​កំដៅ​កិលេស ក្តៅ​នឹង​បាប ប្រារព្ធ​ព្យាយាម​ជានិច្ចកាល មាន​ចិត្ត​ស្លុង​ទៅ​កាន់​ព្រះ​និព្វាន។ ម្នាល​ភិក្ខុ​ទាំង​ឡាយ កាល​ភិក្ខុ​កំពុង​ឈរ​ក្តី បើ​ប្រាស​ចាក​អភិជ្ឈា ប្រាស​ចាក​ព្យាបាទ ប្រាស​ចាក​ថីនមិទ្ធៈ ប្រាស​ចាក​ឧទ្ធច្ចកុក្កុច្ចៈ លះ​បង់​វិចិកិច្ឆា ប្រារព្ធ​ព្យាយាម​មិន​ធូរ​ថយ ប្រុង​ស្មារតី​មិន​ភ្លេច​ភ្លាំង មាន​កាយ​ស្ងប់​រម្ងាប់ មិន​ក្រវល់​ក្រវាយ មាន​ចិត្ត​តាំង​មាំ មូល​នឹង​នួន​ក្នុង​អារម្មណ៍​តែ ១ ហើយ ទ. ១៥១ម្នាល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុ​ទុក​ជា​កំពុង​ឈរ តែ​មាន​សភាព​យ៉ាង​នេះ​ហើយ ហៅ​ថា​ជា​អ្នក​មាន​ព្យាយាម​ដុត​កំដៅ​កិលេស ក្តៅ​នឹង​បាប ប្រារព្ធ​ព្យាយាម​ជានិច្ចកាល មាន​ចិត្ត​ស្លុង​ទៅ​កាន់​ព្រះ​និព្វាន។ ម្នាល​ភិក្ខុ​ទាំង​ឡាយ កាល​ភិក្ខុ​កំពុង​អង្គុយ​ក្តី បើ​ប្រាស​ចាក​អភិជ្ឈា ប្រាស​ចាក​ព្យាបាទ ប្រាស​ចាក​ថីនមិទ្ធៈ ប្រាស​ចាក​ឧទ្ធច្ចកុក្កុច្ចៈ លះ​បង់​វិចិកិច្ឆា ប្រារព្ធ​ព្យាយាម​មិន​ធូរ​ថយ ប្រុង​ស្មារតី​មិន​ភ្លេចភ្លាំង មាន​កាយ​ស្ងប់​រម្ងាប់ មិន​ក្រវល់​ក្រវាយ មាន​ចិត្ត​តាំង​មាំមួន នឹងនួន​ក្នុង​អារម្មណ៍​តែ​មួយ​ហើយ ម្នាល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុ​ទុក​ជា​កំពុង​អង្គុយ តែ​មាន​សភាព​យ៉ាង​នេះ​ហើយ ហៅ​ថា​ជា​អ្នក​មាន​ព្យាយាម​ដុត​កំដៅ​កិលេស ក្តៅ​នឹង​បាប ប្រារព្ធ​ព្យាយាម​ជានិច្ចកាល មាន​ចិត្ត​ស្លុង​ទៅ​កាន់​ព្រះ​និព្វាន។ ម្នាល​ភិក្ខុ​ទាំង​ឡាយ កាល​ភិក្ខុ​កំពុង​ដេក​ក្តី កំពុង​ភ្ញាក់​ក្តី បើ​ប្រាស​ចាក​អភិជ្ឈា ប្រាស​ចាក​ព្យាបាទ ប្រាស​ចាក​ថីនមិទ្ធៈ ប្រាស​ចាក​ឧទ្ធច្ចកុក្កុច្ចៈ លះ​បង់​វិចិកិច្ឆា ប្រារព្ធ​ព្យាយាម​មិន​ធូរ​ថយ ប្រុង​ស្មារតី​មិន​ភ្លេច​ភ្លាំង មាន​កាយ​ស្ងប់​រម្ងាប់ មិន​ក្រវល់​ក្រវាយ មាន​ចិត្ត​តាំង​មាំ មូល​នឹង​នួន ក្នុង​អារម្មណ៍​តែ​មួយ​ហើយ ម្នាល​ភិក្ខុ​ទាំង​ឡាយ ​ភិក្ខុ​ទុក​ជា​កំពុង​ដេក កំពុង​ភ្ញាក់ តែ​មាន​សភាព​យ៉ាង​នេះ​ហើយ ហៅ​ថា​ជា​អ្នក​មាន​ព្យាយាម ដុត​កំដៅ​កិលេស ក្តៅ​នឹង​បាប ប្រារព្ធ​ព្យាយាម​ជានិច្ចកាល មាន​ចិត្ត​ស្លុង​ទៅ​កាន់​ព្រះ​និព្វាន។ ទ. ១៥៣

ភិក្ខុ គួរ​ដើរ​ទៅ​ឲ្យ​មាន​ព្យាយាម (រារាំង​បាប) គួរ​ឈរ​ឲ្យ​មាន​ព្យាយាម គួរ​អង្គុយ​ឲ្យ​មាន​ព្យាយាម គួរ​ដេក​ឲ្យ​មាន​ព្យាយាម គួរ​បត់​ចូល (នូវ​អវយវៈ) ឲ្យ​មាន​ព្យាយាម គួរ​លា​ចេញ (នូវ​អវយវៈ) ឲ្យ​មាន​ព្យាយាម ការ​ប្រព្រឹត្តិ​ទៅ​នៃ​លោក ក្នុង​ខាងលើ ក្នុង​ទីជុំ​វិញ ក្នុង​ទិស​ខាងក្រោម​ត្រឹមណា ភិក្ខុ​គួរ​ជា​អ្នក​ពិចារណា​នូវ​ការ​កើត និង​ការ​រលត់​នៃ​ខន្ធ​ទាំង​ឡាយ ដែល​មាន​ការ​សាប​សូន្យ​ជា​ធម្មតា ត្រឹម​ណោះ អ្នក​ប្រាជ្ញ​ទាំង​ឡាយ បាន​សរសើរ ​នូវ​ភិក្ខុ​អ្នក​សម្រេច​សម្រាន្ត​នៅ​យ៉ាង​នេះ មាន​ព្យាយាម​ដុត​កំដៅ​កិ​លេស មាន​ការ​ប្រព្រឹត្តិ​ស្ងប់​រម្ងាប់ មាន​ចិត្ត​មិន​រាយមាយ សិក្សា​ឲ្យ​សមគួរ​ដល់​ធម៌​ជា​គ្រឿង​ស្ងប់​ចិត្ត មានស្មារតី​គ្រប់​កាល​បែប​នោះ ថា​ជា​បុគ្គល​មាន​ចិត្ត​ស្លុងទៅ​កាន់​ព្រះ​និព្វាន។

សូត្រ ទី១២។

 

km/tipitaka/sut/kn/iti/sut.kn.iti.111.txt · ពេលកែចុងក្រោយ: 2023/03/17 10:15 និពន្ឋដោយ Johann