km:tipitaka:sut:kn:iti:sut.kn.iti.112

ព្រះត្រៃបិដក » សុត្តន្តបិដក » ខុទ្ទកនិកាយគ » ឥតិវុត្តកៈ » ចតុក្កនិបាត

លោកសូត្រ (១៣.)

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

sut kn iti 112 បាលី cs-km: sut.kn.iti.112 អដ្ឋកថា: sut.kn.iti.112_att PTS: ?

លោកសូត្រ ទី១៣

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(១៣. លោកសុត្តំ)

[១១៥] ខ្ញុំ​បាន​ស្តាប់​មក​ថា ពាក្យ​នុ៎ះ ព្រះ​មាន​ព្រះ​ភាគ ទ្រង់​ត្រាស់​ហើយ ព្រះ​អរហន្ត​សំដែង​ហើយ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ លោក (ទាំងមូល) តថាគត បាន​ត្រាស់​ដឹង​ច្បាស់​ហើយ តថាគត ជា​បុគ្គល​ប្រាស​ចាក​លោក ម្នាល​ភិក្ខុ​ទាំង​ឡាយ ធម៌​ជា​គ្រឿង​បណ្តាល​ឲ្យ​កើត​លោក តថាគត បាន​ត្រាស់​ដឹង​ច្បាស់​ហើយ ធម៌​ជា​គ្រឿង​បណ្តាល​ឲ្យ​កើត​លោក តថាគត បាន​លះ​បង់​ហើយ ទ. ១៥៤ម្នាល​ភិក្ខុ​ទាំង​ឡាយ ធម៌​ជា​គ្រឿង​រលត់​ទៅ​នៃ​លោក តថាគត បាន​ត្រាស់​ដឹង​ច្បាស់​ហើយ ធម៌​ជា​គ្រឿង​រលត់​ទៅ​នៃ​លោក តថាគត បាន​ធ្វើ​ឲ្យ​ជាក់​ច្បាស់​ហើយ ម្នាល​ភិក្ខុ​ទាំង​ឡាយ បដិ​ទា​ប្រព្រឹត្ត​ទៅ​កាន់​ទី​រលត់​ទៅ​នៃ​លោក តថាគត បាន​ត្រាស់​ដឹង​ច្បាស់​ហើយ បដិ​ទា​ប្រព្រឹត្ត​ទៅ​កាន់​ទី​រលត់​ទៅ​នៃ​លោក តថាគត បាន​អប់​រំ​ហើយ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ របស់​ណា ដែល​លោក ព្រម​ទាំង​ទេវតា មារ និង​ព្រហ្ម ពួក​សត្វ ព្រម​ទាំង​សមណព្រាហ្មណ៍ ទាំង​មនុស្ស​ជា​សម្មតិទេព និង​មនុស្ស​ដ៏​សេស បាន​ឃើញ បានឮ បាន​ប៉ះ​ពាល់ បានដឹង បាន​ដល់ បាន​ស្វះ​ស្វែង​រក បាន​រាវរក ដោយ​ចិត្ត​ហើយ របស់​នោះ តថាគត បាន​ត្រាស់​ដឹង​ច្បាស់​ហើយ ព្រោះ​ហេតុ​ណា ហេតុ​នោះ បាន​ជា​ហៅ​ថា ព្រះ​តថាគត។ ម្នាល​ភិក្ខុ​ទាំង​ឡាយ តថាគត ត្រាស់​ដឹង​នូវ​អនុត្តរសម្មាសម្ពោធិញ្ញាណ ក្នុង​រាត្រី​ណា​ផង បរិនិព្វាន​ទៅ​ដោយ​អនុបាទិសេស​និព្វាន​ធាតុ ក្នុង​រាត្រី​ណា​ផង សំដែង​ចរចា​ពន្យល់​នូវ​សត្ថុសាសនា​ណា ក្នុង​ចន្លោះ​រាត្រី​ទាំង​ពីរ​នុ៎ះ សត្ថុសាសនា​ទាំង​អស់​នោះ ក៏​នៅ​ជា​យ៉ាង​នោះ​ដដែល មិន​ប្រែ​ទៅ​ជា​យ៉ាង​ដទៃ​ឡើយ ព្រោះ​ហេតុ​នោះ ​បាន​ជា​ហៅ​ថា ព្រះ​តថាគត។ ម្នាល​ភិក្ខុ​ទាំង​ឡាយ តថាគត ពោល​យ៉ាង​ណា ធ្វើ​យ៉ាង​នោះ ធ្វើ​យ៉ាង​ណា ពោល​យ៉ាង​នោះ​ឯង ព្រោះ​ហេតុ​នោះ បាន​ជា​ហៅ​ថា ព្រះ​តថាគត។ ទ. ១៥៥ម្នាល​ភិក្ខុ​ទាំង​ឡាយ ក្នុង​លោក ព្រម​ទាំង​ទេវ​លោក មារ​លោក ព្រហ្មលោក ក្នុង​ពួក​សត្វ ព្រម​ទាំង​សមណៈ និង​ព្រាហ្មណ៍ ទាំង​មនុស្ស​ជា​សម្មតិទេព និង​មនុស្ស​ដ៏​សេស តថាគត ជា​អ្នក​គ្រប​សង្កត់​លើ​សត្វ​ឯ​ទៀត (ដោយ​គុណ) សត្វ​ឯ​ទៀត​គ្រប​សង្កត់ (តថាគត​វិញ) មិន​បាន ជា​អ្នក​ឃើញ​ហេតុ​សព្វ​គ្រប់ ធ្វើ​អំណាច​ឲ្យ​ប្រព្រឹត្ត​ទៅ ព្រោះ​ហេតុ​នោះ បាន​ជា​ហៅ​ថា ព្រះ​តថាគត។ លុះ​ព្រះ​មាន​ព្រះ​ភាគ ទ្រង់​សំដែង​សេចក្តី​នុ៎ះ​ហើយ។ ទ្រង់​ត្រាស់​គាថា​ព័ន្ធ​នេះ ក្នុង​សូត្រ​នោះ​ថា

អ្នក​ប្រាជ្ញ បាន​ដឹង​ច្បាស់ នូវ​លោក​ទាំង​ពួង ក្នុង​លោក​ទាំង​ពួង​ដោយ​ពិត ជា​អ្នក​ប្រាស​ចាក​លោក​ទាំង​ពួង ក្នុង​លោក​ទាំង​ពួង មិន​មាន​នរណា1) ប្រៀប​បាន ជា​អ្នក​គ្រប​សង្កត់​លោក​ទាំង​អស់ (ដោយ​គុណ) ជា​អ្នក​ញុាំង​​លោក​ទាំង​អស់ ឲ្យ​ផុត​ចាក​គ្រឿង​ចំពាក់​ទាំង​ពួង ព្រះ​និព្វាន ជា​ទី​ស្ងប់​រម្ងាប់​យ៉ាង​ក្រៃ​លែង មិន​មាន​ភ័យ​អំពី​ទីណា ៗ ដល់​អ្នក​ប្រាជ្ញ​ដែល​បាន​ហើយ អ្នក​ប្រាជ្ញ​នុ៎ះ ជា​ព្រះ​ខីណាស្រព ត្រាស់​ដឹង​នូវ​សច្ចៈ ៤ ជា​បុគ្គល​មិន​មាន​ទុក្ខ បាន​កាត់​ផ្តាច់​នូវ​សេចក្តី​សង្ស័យ ដល់​នូវ​ការ​អស់​ទៅ​នៃ​កម្ម​ទាំង​ពួង មាន​ចិត្ត​ផុត​ស្រឡះ ក្នុង​ធម៌​ជា​គ្រឿង​អស់​ទៅ​នៃ​កិលេស ទ. ១៥៦អ្នក​ប្រាជ្ញ​នុ៎ះ ជា​ព្រះ​ពុទ្ធ លែង​វិល​មក​កាន់​ភព​ថ្មី​ទៀត អ្នក​ប្រាជ្ញ​នុ៎ះ ជា​សីហៈ (អ្នក​កំចាត់​នូវ​កិលេស) ដ៏​ប្រសើរ ញុាំង​​ចក្រ​ដ៏​ប្រសើរ ឲ្យ​ប្រព្រឹត្ត​ទៅ​ដល់​លោក ព្រម​ទាំង​ទេវលោក។ ពួក​ទេវតា និង​មនុស្ស​ណា បាន​ដល់​ព្រះ​ពុទ្ធ​ជា​ទី​រលឹក ទេវតា និង​មនុស្ស​ទាំង​នោះ ក៏​មក​ប្រជុំ​នមស្ការ​ចំពោះ​ព្រះ​ពុទ្ធ ដែល​មាន​ព្រះ​ទ័យ​ក្លៀវក្លា​ដ៏​ប្រសើរ​នោះ​។ ព្រះ​ពុទ្ធ ព្រះ​អង្គ​ទូន្មាន​ខ្លួន​ដ៏​ប្រសើរ ជាង​ពួក​ជន​អ្នក​ទូន្មាន​ខ្លួន ព្រះ​អង្គ​ស្ងប់​រម្ងាប់​ដ៏​ប្រសើរ ជាង​ពួក​ជន​អ្នក​ស្ងប់​រម្ងាប់ ព្រះ​អង្គ​ស្វែង​រក​នូវ​គុណ មាន​សីលគុណ​ជា​ដើម ព្រះ​អង្គ​មាន​ចិត្ត​រួច​ស្រឡះ​ដ៏​ប្រសើរ ជាង​ពួក​ជន​អ្នក​មាន​ចិត្ត​រួច​ស្រឡះ ព្រះ​អង្គ​ឆ្លងផុត​ដ៏​ប្រសើរ​ជាង​ជន​អ្នក​ឆ្លង​ទាំង​ឡាយ។ ព្រោះ​ហេតុ​នោះ​ឯង ទើប​ពួក​ទេវតា និង​មនុស្ស តែង​នមស្ការ​ចំពោះ​ព្រះ​ពុទ្ធ ដែល​មាន​ព្រះ​ទ័យ​ក្លៀវក្លា​ដ៏​ប្រសើរ​អង្គ​នុ៎ះ​។ ក្នុង​លោក ព្រម​ទាំង​ទេវលោក ឥតមាន​បុគ្គល​ណា ប្រៀបផ្ទឹម​នឹង​ព្រះ​អង្គ​បាន​ឡើយ។

ខ្ញុំ​បាន​ស្តាប់​មក​ហើយ​ថា សេចក្តី​នេះ​ឯង ព្រះ​មាន​ព្រះ​ភាគ បាន​ត្រាស់​ទុក​ហើយ។

សូត្រ ទី ១៣។

ចប់ ចតុក្កនិបាត។ ទ. ១៥៧ ឧទ្ទាននៃចតុក្កនិបាតនោះ​គឺ

និយាយ​អំពី​ព្រះ​មាន​ព្រះ​ភាគ​ជា​ព្រាហ្មណ៍ ១ វត្ថុ​ងាយ​បាន ៤ យ៉ាង ១ ការ​អស់​ទៅ​នៃ​អាសវៈ របស់​បុគ្គល​អ្នក​ដឹង ១ ពួក​សមណ​ព្រាហ្មណ៍ ១ ពួក​ភិក្ខុ​មាន​សីល ១ តណ្ហា ១ ត្រកូល​ដែល​នៅ​រួម​នឹង​ព្រហ្ម​ជា​ដើម ១ ពួក​ព្រាហ្មណ៍ និង​គហបតី​មាន​ឧបការៈ​ច្រើន ១ ពួក​ភិក្ខុ​អ្នក​ធ្វើ​ឲ្យ​គេ​ស្ញើប​ជា​ដើម ១ បុរស​ត្រូវ​ទឹក​ស្ទឹង​កួច ១ អកុសល​វិតក្កៈ​កើត​ដល់​ភិក្ខុ​កំពុង​ដើរទៅ​ជា​ដើម ១ ភិក្ខុ​មាន​សីលបរិបូណ៌​ជា​ដើម ១ ព្រះ​តថាគត​ត្រាស់​ដឹង​នូវ​លោក ១ រួម​ជា ១៣ រឿង។

ក្នុង​ឥតិវុត្តកៈ មាន​សូត្រ ១១២។

ចប់ ភាគ៥៣។

សុត្តន្តបិដក

ខុទ្ទកនិកាយ ឥតិវុត្តកៈ

ទុតិយភាគ

 

សុត្តនិបាត

1)
ក្នុង​អដ្ឋកថា​ថា មិន​មាន​គឺ​នរ គឺ​តណ្ហា និង​ទិដ្ឋិ (អនូសយោ)។
km/tipitaka/sut/kn/iti/sut.kn.iti.112.txt · ពេលកែចុងក្រោយ: 2023/03/17 10:15 និពន្ឋដោយ Johann